មេត្តាវគ្គកែប្រែ

មេត្តាសូត្រ ទី១កែប្រែ

[១] ខ្ញុំ​បាន​ស្ដាប់មកយ៉ាង​នេះ​ ។ សម័យ​មួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​គង់​ក្នុង​វត្ត​ជេតពន ​របស់​អនាថបិណ្ឌិកសេដ្ឋី ជិត​ក្រុង​សាវត្ថី ។ ​ក្នុង​ទី​នោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំង​ឡាយ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ។ ​ភិក្ខុ​ទាំង​នោះ ទទួល​ព្រះ​ពុទ្ធដីកា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះ​ករុណា​ ​ព្រះ​អង្គ ។ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ មេត្តាចេតោវិមុត្តិ ​ដែល​បុគ្គលធ្វើ​ឲ្យ​ថ្នឹក ​ចម្រើន​ធ្វើ​ឲ្យ​រឿយ​ៗ ធ្វើ​ឲ្យ​ដូច​ជា​យាន ធ្វើ​ឲ្យ​ជា​ទី​នៅ ​បាន​តាំង​ទុករឿយ ៗ ​បាន​សន្សំ ​បាន​ប្រារព្ធ​ល្អ​ហើយ មាន​អានិសង្ស ៨ ប្រការ​ជា​ប្រាកដ ។ អានិសង្ស ៨ ប្រការ ​តើ​ដូចម្តេច​ខ្លះ ។ ​គឺ​ដេកលក់​ជា​សុខ ១ ភ្ញាក់​ឡើង​ជា​សុខ ១ ​មិន​ឃើញ​នូវ​សុបិន​អាក្រក់ ១ ​ជា​ទីស្រឡាញ់​នៃ​ពួក​មនុស្ស ១ ​ជា​ទី​ស្រឡាញ់​នៃ​ពួក​អមនុស្ស ១ ​ពួក​ទេវតា​តែង​រក្សា ១ ភ្លើងក្តី ថ្នាំពិសក្តី សស្រ្តាវុធក្តី ​មិន​ប៉ះពាល់​នូវ​បុគ្គល​នោះ​ ១ ​កាល​បើ​មិន​ទាន់​បាន​គុណ​វិសេស​ដ៏​ខ្ពង់​ខ្ពស់ទេ រមែង​ទៅ​កើត​ក្នុង​ព្រហ្ម‌‌​លោក​ ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ មេត្តាចេតោវិមុត្តិ ​ដែល​បុគ្គល​ធ្វើ​ឲ្យ​ថ្នឹក ​ចម្រើន​ធ្វើ​ឲ្យ​រឿយ ៗ​ ធ្វើ​ឲ្យ​ដូច​ជា​យាន ធ្វើ​ឲ្យ​ជា​ទីនៅ ​បាន​តាំង​ទុករឿយ ៗ ​បាន​សន្សំ បាន​ប្រារព្ធ​ល្អ​ហើយ​ រមែង​មាន​អានិសង្ស ៨ ប្រការ​នេះ​ឯង​ជា​ប្រាកដ ។

បុគ្គល​ដែល​នឹក​រលឹក​ចំពោះ ចម្រើន​នូវ​មេត្តា ប្រមាណ​មិន​បាន​ ពិចារណា​ឃើញ​នូវ​ការ​អស់​ទៅនៃ​ឧបធិក្កិលេស សំយោជនៈ​ទាំង​ឡាយ ក៏ស្រាលស្តើង (​ចាក​ខន្ធសន្ដាន) បើបុគ្គល​មាន​ចិត្ត​មិន​បាន​ប្រទុស្ដ​សត្វ​ណា​មួយ ឈ្មោះ​ថា ជា​ប់​មេត្តា កុសល​ក៏​រមែង​កើត​មាន ដោយ​ហេតុ​នោះ​ ចំណែក​ព្រះ​អរិយៈ ​មាន​ចិត្ត​អនុគ្រោះ​សត្វ​ទាំង​ឡាយ​ទាំង​ពួង តែង​ធ្វើ​បុណ្យ​ច្រើន ​ពួក​ស្ដេច​ណា ​ដែល​ប្រាកដ​ដូច​ជា​ឥសី ​បាន​ឈ្នះ​នូវ​ផែនដី ​ដែល​ពាសពេញ​ដោយ​មនុស្ស​សត្វ កាល​ឲ្យ​ទាន ប្រព្រឹត្ត​រឿយ ៗ (​ដោយ​សង្គហវត្ថុ ៤ ប្រការ) ​គឺ​ឈ្លាសវៃ ​ក្នុង​ការ​ទំនុក​បម្រុងធញ្ញ​ជា​តិ ១ ឈ្លាសវៃ​ក្នុង​ការ​ទំនុក​បម្រុង​មនុស្ស ១ ការចង​ចិត្ត​មនុស្ស ១ ​ពោល​ពាក្យ​ជា​ទីស្រឡាញ់ ១ ​មិន​បាច់ប្រើ​រនុក​ទ្វារ​ផ្ទះ​ឡើយ ការ​ឲ្យ​ទាន​ទាំង​ឡាយ​នោះ​ ក៏​មិន​ដល់​នូវ​ចំណិត​ក្នុង​ចំណែក ១៦ ​នៃ​មេត្តា​ចិត្ត ដែល​បាន​អប់រំ​ហើយ​ ដូច​ជា​រស្មី​ព្រះ​ចន្ទ្រ ​និង​ពួក​ផ្កាយ​ទាំង​ពួង បុគ្គល​ណា ​ជា​អ្នក​មាន​ចំណែក​នៃ​មេត្តាសមាធិ​ចិត្ត ចំពោះ​ពួក​សត្វ​ទាំង​អស់ មិន​បៀតបៀន ​មិន​សម្លាប់ ​មិន​ធ្វើ​សេចក្តី​វិនាស​ដល់​សត្វ​ដទៃ​ដោយ​ខ្លួន​ឯង មិន​ប្រើ​អ្នក​ដទៃ ​ឲ្យ​ធ្វើ​សេចក្តី​វិនាស​ដល់​សត្វ​ដទៃ វេរា​របស់​បុគ្គល​នោះ មិន​មាន​ដោយ​ហេតុ​ណា​មួយ​ឡើយ ។

បញ្ញាសូត្រ ទី២កែប្រែ

[២] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុ ៨ យ៉ាង បច្ច័យ ៨ យ៉ាង​នេះ​ ប្រព្រឹត្ត​ទៅ​ដើម្បី​បាន​នូវ​បញ្ញា​ជា​ខាង​ដើម​នៃ​មគ្គព្រហ្មចារ្យ​ដែល​ខ្លួន​មិន​ធ្លាប់​បាន​ ដើម្បី​ជា​ភិយ្យោភាព​ដ៏​ធំទូលាយ ​ចម្រើន​បរិបូណ៌​នូវ​បញ្ញា​ដែល​ខ្លួន​បាន​ហើយ​ ។ ហេតុបច្ច័យ ៨ យ៉ាង ​តើ​ដូច​ម្ដេច​ខ្លះ ? ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ក្នុង​សាសនា​នេះ ចូល​ទៅ​អាស្រ័យ​នៅ​នឹង​គ្រូ ​ឬ​សព្រហ្មចារី​បុគ្គល​ណា​មួយ ជា​គរុដ្ឋានិយបុគ្គល (បុគ្គល​តាំងនៅ​ក្នុង​ស្ថាន​ដែល​គួរ​គោរព) ​ជា​អ្នក​មាន​ហិរិ ​និង​ឱត្តប្បៈ​ដ៏​ក្លៀវក្លា តម្កល់​នូវ​សេចក្តី​ស្រឡាញ់ ​និង​សេចក្តី​គោរព ​ចំពោះ​បុគ្គល​ជា​គរុដ្ឋានិយៈ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ហេតុទី១ ​នេះ​ជា​បច្ច័យទី១ ​ដែល​ប្រព្រឹត្ត​ទៅ​ ដើម្បី​បាន​ចំពោះ​នូវ​បញ្ញា​ជា​ខាង​ដើម​នៃ​មគ្គ​ព្រហ្មចារ្យ​ដែល​ខ្លួន​មិន​ធ្លាប់​បាន​ ដើម្បី​ជា​ភិយ្យោភាពដ៏​ធំ​ទូលាយ ​ចម្រើន​បរិបូណ៌​នូវ​បញ្ញា​ដែល​ខ្លួន​បាន​ ។ បុគ្គល​នោះ ចូល​ទៅ​អាស្រ័យ​នៅ​នឹង​គ្រូ​នោះ ឬ​សព្រហ្មចារី​បុគ្គល​ណា​មួយ ជា​គរុដ្ឋានិយៈ ​ជា​អ្នក​មាន​ហិរិ ​និង​ឱត្តប្បៈ​ដ៏​ក្លៀវក្លា តម្កល់​សេចក្តី​ស្រឡាញ់ ​និង​សេចក្តី​គោរព​ចំពោះ​បុគ្គល​គរុដ្ឋានិយៈ ​ភិក្ខុ​នោះ ចូល​ទៅ​រក (បុគ្គល​នោះ​) ​តាម​កាល​គួរ ​ហើយ​សាក​សួរ​ត្រង់​ប្រស្នា​ថា​ បពិត្រ​លោក​ដ៏​ចម្រើន​ ហេតុ​នេះ​ដូចម្តេច ​សេចក្តី​អធិប្បាយ ​នៃ​ភាសិត​នេះ​ដូចម្តេច ។ ​លោក​ដ៏​មាន​អាយុ​ទាំង​ឡាយ​នោះ​ បើក​បង្ហាញ​នូវ​ធម៌​ដែល​កំបាំង​ផង​ ធ្វើ​ធម៌​ដែល​មាន​ជម្រៅ ​ឲ្យ​រាក់​ផង​ បន្ទោបង់​នូវ​សេចក្តី​សង្ស័យ ​ក្នុង​ធម៌​ដែល​គួរ​សង្ស័យ​ច្រើន​ប្រការ​ផង ដល់​ភិក្ខុ​នោះ ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ហេតុទី២ ​ជា​បច្ច័យទី២ ដែល​ប្រព្រឹត្ត​ទៅ​ ដើម្បី​បាន​ចំពោះ​នូវ​បញ្ញា ​ជា​ខាង​ដើម​នៃ​មគ្គ​ព្រហ្មចារ្យ​ដែល​ខ្លួន​មិន​ធ្លាប់​បាន​ ដើម្បី​ជា​ភិយ្យោភាព ​ដ៏​ធំទូលាយ ​ចម្រើន​បរិបូណ៌​នូវ​បញ្ញា​ដែល​ខ្លួន​បាន​ ។ ​ភិក្ខុ​នោះ លុះ​បាន​ស្ដាប់ធម៌​នោះ​ហើយ ទើបញុំាង​សេចក្តី​ស្ងប់​រម្ងាប់ ២ ប្រការ ​ឲ្យ​សម្រេច ​គឺ​ការ​ស្ងប់​រម្ងាប់​កាយ ១ ស្ងប់រម្ងាប់​ចិត្ត​ ១ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ហេតុទី៣ ​ជា​បច្ច័យទី៣ ​ដែល​ប្រព្រឹត្ត​ទៅ​ ដើម្បី​បាន​ចំពោះ​នូវ​បញ្ញា ​ជា​ខាង​ដើម​នៃ​មគ្គព្រហ្មចារ្យ ​ដែល​ខ្លួន​មិន​ធ្លាប់​បាន​ ដើម្បី​ជា​ភិយ្យោភាព ​ដ៏​ធំទូលាយ ​ចម្រើន​ បរិបូណ៌​នូវ​បញ្ញា​ដែល​ខ្លួន​បាន​ ។ ​ភិក្ខុ​ជា​អ្នក​មាន​សីល សង្រួម​ហើយ​ក្នុង​បាតិមោក្ខសំវរៈ បរិបូណ៌​ដោយ​អាចារៈ ​និង​គោចរៈ ឃើញភ័យ​ក្នុង​ទោស​ទាំង​ឡាយ សូម្បី​បន្តិចបន្តួច សមាទាន សិក្សា​ក្នុង​សិក្ខាបទ​ទាំង​ឡាយ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ហេតុទី៤ ​ជា​បច្ច័យទី៤ ​ដែល​ប្រព្រឹត្ត​ទៅ​ ដើម្បី​បាន​ចំពោះ​នូវ​បញ្ញា ​ជា​ខាង​ដើម​នៃ​មគ្គព្រហ្មចារ្យ ​ដែល​ខ្លួន​មិន​ធ្លាប់​បាន​ ដើម្បី​ជា​ភិយ្យោភាព​ដ៏​ធំទូលាយ ​ចម្រើន​ បរិបូណ៌​នូវ​បញ្ញា ​ដែល​ខ្លួន​បាន​ ។ ​ភិក្ខុ​ជា​អ្នក​រៀន​សូត្រ​ច្រើន ទ្រ​ទ្រង់​ព្រះ​សូត្រ ចេះចាំ​ព្រះ​សូត្រ ធម៌​ទាំង​ឡាយណា ​មាន​ពីរោះ​បទ​ដើម​ ពីរោះ​បទកណ្ដាល ពីរោះ​បទចុង​ ប្រកាស​នូវ​ព្រហ្មចរិយ​ធម៌ ព្រម​ទាំង​អត្ថ ព្រម​ទាំង​ព្យញ្ជនៈ ​ដ៏​បរិបូណ៌ បរិសុទ្ធ​ទាំង​អស់​ ធម៌​ទាំង​ឡាយ ​មាន​សភាព​ដូច្នោះ ​ភិក្ខុ​នោះ បាន​រៀនសូត្រ​ច្រើន ទ្រ​ទ្រង់​ចាំស្ទាត់ រត់មាត់ ​ជា​ក់ច្បាស់​ក្នុង​ចិត្ត​ យល់ច្បាស់​ដោយ​ទិដ្ឋិ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ហេតុទី៥ ​ជា​បច្ច័យទី៥ ​ដែល​ប្រព្រឹត្ត​ទៅ​ ដើម្បី​បាន​ចំពោះ​នូវ​បញ្ញា ​ជា​ខាង​ដើម​នៃ​មគ្គព្រហ្មចារ្យ ​ដែល​ខ្លួន​មិន​ធ្លាប់​បាន​ ដើម្បី​ជា​ភិយ្យោភាព ​ដ៏​ធំទូលាយ ​ចម្រើន​ បរិបូណ៌​នូវ​បញ្ញា ​ដែល​ខ្លួន​បាន​ ។ ​ភិក្ខុ​ប្រារព្ធ​សេចក្តី​ព្យាយាម ដើម្បីលះបង់​នូវ​អកុសលធម៌​ទាំង​ឡាយ ​ហើយ​បំពេញ​នូវ​កុសលធម៌​ទាំង​ឡាយ ​មាន​កម្លាំង ​មាន​សេចក្តី​ប្រឹងប្រែង​ដ៏​មាំ ​មិន​ដាក់ធុរៈក្នុង​ធម៌​ទាំង​ឡាយ​ជា​កុសល ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ហេតុទី៦ ​ជា​បច្ច័យទី៦ ​ដែល​ប្រព្រឹត្ត​ទៅ​ ដើម្បី​បាន​ចំពោះ​នូវ​បញ្ញា ​ជា​ខាង​ដើម​នៃ​មគ្គព្រហ្មចារ្យ ​ដែល​ខ្លួន​មិន​ធ្លាប់​បាន​ ដើម្បី​ជា​ភិយ្យោភាព​ដ៏​ធំទូលាយ ​ចម្រើន​ បរិបូណ៌​នូវ​បញ្ញា​ដែល​ខ្លួន​បាន​ ។ ​ភិក្ខុ​នៅ​ក្នុង​សង្ឃ ​មិន​មែន​និយាយ​ផ្តេសផ្ដាសមិន​មែន​ជា​អ្នក​និយាយ​តិរច្ឆានក​ថារមែង​សំដែង​ធម៌​ដោយ​ខ្លួន​ឯង​ផង​ អារាធនា​អ្នក​ឯទៀត​ឲ្យ​សំដែង​ផង មិន​មើល​ងាយ​ព្រះ​អរិយៈដែល​ស្ងប់ស្ងៀម​ផង ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ហេតុទី៧ ​ជា​បច្ច័យទី៧ ​ដែល​ប្រព្រឹត្ត​ទៅ​ ដើម្បី​បាន​ចំពោះ​នូវ​បញ្ញា ​ជា​ខាង​ដើម​នៃ​មគ្គព្រហ្មចារ្យ ​ដែល​ខ្លួន​ធ្លាប់​បាន​ ដើម្បី​ជា​ភិយ្យោភាព ​ដ៏​ធំទូលាយ ​ចម្រើន​ បរិបូណ៌​នូវ​បញ្ញា​ដែល​ខ្លួន​បាន​ ។ ​ភិក្ខុ​ពិចារណា​ឃើញរឿយៗនូវ​ការ​កើតឡើងនិង​សូន្យ​ទៅ ក្នុង​ឧបាទានក្ខន្ធ​ទាំង​ឡាយ ៥ ​ថា​ រូបដូច្នេះ ការកើតឡើង​នៃ​រូប​ដូច្នេះ ការ​វិនាស​នៃ​រូប​ដូច្នេះ វេទនា​ដូច្នេះ សញ្ញា​ដូច្នេះ សង្ខារ​ទាំង​ឡាយ​ដូច្នេះ វិញ្ញាណ​ដូច្នេះ ការកើតឡើង​នៃ​វិញ្ញាណ​ដូច្នេះ ការ​វិនាស​ទៅនៃ​វិញ្ញាណ​ដូច្នេះ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ហេតុទី៨ ​ជា​បច្ច័យទី៨ ​ដែល​ប្រព្រឹត្ត​ទៅ​ ដើម្បី​បាន​ចំពោះ​នូវ​បញ្ញាជា​ខាង​ដើម​នៃ​មគ្គ​ព្រហ្មចារ្យ​ដែល​ខ្លួន​មិន​ធ្លាប់​បាន​ ដើម្បី​ជា​ភិយ្យោភាព​ដ៏​ធំទូលាយ ​ចម្រើន​ បរិបូណ៌​នូវ​បញ្ញា ​ដែល​ខ្លួន​បាន​ហើយ​ ។ ​

ពួក​សព្រហ្មចារីបុគ្គលតែង​នាំ​គ្នា​សរសើរ​នូវ​ភិក្ខុ​នោះ​ យ៉ាង​នេះ​ថា លោក​ដ៏​មាន​អាយុ (​នេះ​) ​បាន​ចូល​ទៅ​នៅអាស្រ័យ​នៅ​នឹង​គ្រូ ​ឬ​សព្រហ្មចារីបុគ្គល​ណា​មួយ ជា​គរុដ្ឋានិយៈ ​ជា​អ្នក​មាន​ហិរិ ​និង​ឱត្តប្បៈ​ ដម្កល់​សេចក្តី​ស្រឡាញ់ ​និង​សេចក្តី​គោរព ​ចំពោះ​បុគ្គល​ជា​គរុដ្ឋានិយៈ ​ដោយ​គិត​ថា លោក​ដ៏​មាន​អាយុ​នេះ ដឹង​នូវ​ហេតុ​ដែល​គួរ​ដឹង​ ឃើញ​នូវ​ហេតុ ​ដែល​គួរ​ឃើញ​ដោយ​ពិត ធម៌​នេះ​ប្រព្រឹត្ត​ទៅ​ ដើម្បី​ឲ្យ​គេ​ស្រឡាញ់ ដើម្បី​ឲ្យ​គេ​គោរព ដើម្បីញុំាង​គុណ ​ឲ្យ​ចម្រើន​ ដើម្បីភាព​ជា​សមណៈ ដើម្បីសេចក្ដី​ស្ងប់ស្ងាត់ ។ ចំណែក​លោក​ដ៏​មាន​អាយុ​នេះ ចូល​ទៅ​នៅ​អាស្រ័យ​នឹង​គ្រូ​នោះ ឬ​សព្រហ្មចារីបុគ្គល​ណា​មួយ ជា​គរុដ្ឋានិយៈ ​ជា​អ្នក​មាន​ហិរិ ​និង​ឱត្តប្បៈ​ ដម្កល់​សេចក្តី​ស្រឡាញ់ ​និង​សេចក្តី​គោរព ​ចំពោះ​បុគ្គល​ជា​គរុដ្ឋានិយៈ ​លុះ​លោក​ដ៏​មាន​អាយុ​នោះ ចូល​ទៅ​រក​គ្រូ​នោះ​តាម​កាល​ដ៏​សមគួរ​ហើយ​ សាកសួរ​ត្រង់ប្រស្នា​ថា​ បពិត្រ​លោក​ដ៏​ចម្រើន​ ហេតុ​នេះ​ដូចម្ដេច​ សេចក្ដី​អធិប្បាយ​នៃ​ភាសិត​នេះ​ដូចម្ដេច ។ ​លោក​ដ៏​មាន​អាយុ​ទាំង​នោះ​ ក៏បើក​បង្ហាញ ​នូវ​ធម៌​ដែល​កំបាំង​ផង​ ធ្វើធម៌​ដែល​មាន​ជម្រៅ ​ឲ្យ​រាក់​ផង​ បន្ទោបង់​នូវ​សេចក្តី​សង្ស័យ ​ក្នុង​ធម៌​ទាំង​ឡាយ ​ដែល​គួរសង្ស័យ​ច្រើនប្រការ​ផង ដោយ​គិត​ថា លោក​ដ៏​មាន​អាយុ​នេះ​ រមែង​ដឹង​នូវ​ហេតុ​ដែល​គួរ​ដឹង​ ឃើញ​នូវ​ហេតុ​ដែល​គួរឃើញ​ដោយ​ពិត ឯធម៌​នេះ​ ប្រព្រឹត្ត​ទៅ​ ដើម្បី​ឲ្យ​គេ​ស្រឡាញ់ ដើម្បី​ឲ្យ​គេគោរព ដើម្បីញុំាង​គុណ​ឲ្យ​ចម្រើន​ ដើម្បី​ភាព​ជា​សមណៈ ដើម្បី​សេចក្ដី​ស្ងប់ស្ងាត់ ។ ​លុះ​លោក​មាន​អាយុ​នេះ​ ស្ដាប់ធម៌​នោះ​ហើយ​ ទើបញុំាង​ការស្ងប់​រម្ងាប់ ២ ប្រការ​ឲ្យ​សម្រេច ​គឺ​ការ​ស្ងប់រម្ងាប់​កាយ ១ ស្ងប់រម្ងាប់​ចិត្ត​ ១ ​ដោយ​គិត​ថា លោក​ដ៏​មាន​អាយុ​នេះ​ រមែង​ដឹង​នូវ​ហេតុ​ដែល​គួរ​ដឹង​ ឃើញ​នូវ​ហេតុ ​ដែល​គួរឃើញ​ដោយ​ពិត ធម៌​នេះ​ឯង​ ប្រព្រឹត្ត​ទៅ​ ដើម្បី​ឲ្យ​គេ​ស្រឡាញ់ ដើម្បី​ឲ្យ​គេ​គោរព ដើម្បី​ញុំាងគុណ​ឲ្យ​ចម្រើន​ ដើម្បីភាព​ជា​សមណៈ ដើម្បី​សេចក្ដី​ស្ងប់ស្ងាត់ ។ ចំណែក​ខាង​លោក​ដ៏​មាន​អាយុ​នេះ ជា​អ្នក​មាន​សីល សង្រួម​ហើយ​ក្នុង​បាតិមោក្ខសំវរៈ បរិបូណ៌​ដោយ​អាចារៈ ​និង​គោចរៈ ឃើញភ័យ​ក្នុង​ទោស​ទាំង​ឡាយ​បន្តិចបន្តួច សមាទាន សិក្សា​ក្នុង​សិក្ខាបទ​ទាំង​ឡាយ ក៏គិត​ថា លោក​ដ៏​មាន​អាយុ​នេះ​ រមែង​ដឹង​នូវ​ហេតុ ​ដែល​គួរ​ដឹង​ ឃើញ​នូវ​ហេតុ​ដែល​គួរ​ឃើញ​ដោយ​ពិត ធម៌​នេះ​ឯង​ប្រព្រឹត្ត​ទៅ​ ដើម្បី​ឲ្យ​គេ​ស្រឡាញ់ ដើម្បី​ឲ្យ​គេ​គោរព ដើម្បី​ញុំាង​គុណ​ឲ្យ​ចម្រើន​ ដើម្បីភាព​ជា​សមណៈ ដើម្បី​សេចក្ដី​ស្ងប់ស្ងាត់ ។ ចំណែក​លោក​ដ៏​មាន​អាយុ​នេះ ជា​អ្នក​រៀនសូត្រ​ច្រើន ទ្រ​ទ្រង់​ព្រះ​សូត្រ ចេះ​ដឹង​ព្រះ​សូត្រ ធម៌​ទាំង​ឡាយណា ​មាន​ពីរោះ​បទ​ដើម​ ពីរោះ​បទកណ្ដាល ពីរោះ​បទចុង ប្រកាស​នូវ​ព្រហ្មចរិយធម៌ ព្រម​ទាំង​អត្ថ ព្រម​ទាំង​ព្យញ្ជនៈ ​ដ៏​បរិបូណ៌ បរិសុទ្ធ​ទាំង​អស់​ ធម៌​ទាំង​ឡាយ​មាន​សភាព​ដូច្នោះ ​ភិក្ខុ​នោះ បាន​រៀន​សូត្រ​ច្រើន ទ្រ​ទ្រង់​ ចាំ​ស្ទាត់​រត់មាត់ ​ជា​ក់ច្បាស់​ក្នុង​ចិត្ត​ យល់ច្បាស់​ដោយ​ទិដ្ឋិ ក៏គិត​ថា លោក​ដ៏​មាន​អាយុ​នេះ​ រមែង​ដឹង​នូវ​ហេតុ​ដែល​គួរ​ដឹង​ ឃើញ​នូវ​ហេតុ​ដែល​គួរឃើញ​ដោយ​ពិត ធម៌​នេះ​ឯង​ ប្រព្រឹត្ត​ទៅ​ ដើម្បី​ឲ្យ​គេស្រឡាញ់ ដើម្បី​ឲ្យ​គេគោរព ដើម្បី​ញុំាង​គុណ​ឲ្យ​ចម្រើន​ ដើម្បីភាព​ជា​សមណៈ ដើម្បីសេចក្ដី​ស្ងប់ស្ងាត់ ។ ចំណែកខាង​លោក​ដ៏​មាន​អាយុ​នេះ​ ប្រារព្ធ​នូវ​សេចក្ដី​ព្យាយាម ដើម្បីលះបង់​នូវ​អកុសលធម៌​ទាំង​ឡាយ ដើម្បីបំពេញ​នូវ​កុសលធម៌​ទាំង​ឡាយ ​ជា​អ្នក​មាន​កំឡាំង ​មាន​សេចក្ដី​ប្រឹងប្រែងមាំ ​មិន​ដាក់ធុរៈ​ក្នុង​ធម៌​ជា​កុសល ក៏គិត​ថា លោក​ដ៏​មាន​អាយុ​នេះ​ រមែង​ដឹង​នូវ​ហេតុ​ដែល​គួរ​ដឹង​ ឃើញ​នូវ​ហេតុ​ដែល​គួរ​ឃើញ​ដោយ​ពិត ធម៌​នេះ​ឯង​ ប្រព្រឹត្ត​ទៅ​ ដើម្បី​ឲ្យ​គេស្រ​ឡាញ់ ដើម្បី​ឲ្យ​គេគោរព ដើម្បី​ញុំាងគុណ​ឲ្យ​ចម្រើន​ ដើម្បីភាព​ជា​សមណៈ ដើម្បីសេចក្ដី​ស្ងប់ស្ងាត់ ។ ចំណែកខាង​លោក​ដ៏​មាន​អាយុ​នេះ​ តាំងនៅ​ក្នុង​សង្ឃ ​មិន​មែន​និយាយ​ពាក្យ​ផ្ដេសផ្ដាស ​មិន​មែន​និយាយ​តិរច្ឆានក​ថា​ តែង​សំដែង​ធម៌​ដោយ​ខ្លួន​ឯង​ផង​ អារាធនា​អ្នក​ដទៃ​ឲ្យ​សំដែង​ផង មិន​មើលងាយ​នូវ​ព្រះ​អរិយៈ​ដែល​ស្ងប់ស្ងៀម​ផង ដោយ​គិត​ថា លោក​ដ៏​មាន​អាយុ​នេះ​ រមែង​ដឹង​នូវ​ហេតុ​ដែល​គួរ​ដឹង​ ឃើញ​នូវ​ហេតុ​ដែល​គួរឃើញ​ដោយ​ពិត ធម៌​នេះ​ឯង​ ប្រព្រឹត្ត​ទៅ​ ដើម្បី​ឲ្យ​គេស្រ​ឡាញ់ ដើម្បី​ឲ្យ​គេគោរព​ ដើម្បី​ញុំាង​គុណ​ឲ្យ​ចម្រើន​ ដើម្បី​ភាព​ជា​សមណៈ ដើម្បីសេចក្ដី​ស្ងប់ស្ងាត់ ។ ក៏ឯ​លោក​ដ៏​មាន​អាយុ​នេះ​ ពិចារណា​ឃើញ​រឿយ ៗ ​នូវ​ការ​ចម្រើន​ឡើង ​និង​ការសាបសូន្យ​ទៅ ក្នុង​ឧបាទានក្ខន្ធ​ទាំង​ឡាយ ៥ ​ថា​ រូប​ដូច្នេះ ការកើតឡើង​នៃ​រូបដូច្នេះ​ ការ​វិនាស​ទៅ​នៃ​រូប​ដូច្នេះ វេទនា​ដូច្នេះ សញ្ញា​ដូច្នេះ សង្ខារ​ទាំង​ឡាយ​ដូច្នេះ វិញ្ញាណ​ដូច្នេះ ការកើតឡើង​នៃ​វិញ្ញាណ​ដូច្នេះ ការ​វិនាស​នៃ​វិញ្ញាណ​ដូច្នេះ ក៏គិត​ថា លោក​ដ៏​មាន​អាយុ​នេះ​ រមែង​ដឹង​នូវ​ហេតុ​ដែល​គួរ​ដឹង​ ឃើញ​នូវ​ហេតុ​ដែល​គួរឃើញ​ដោយ​ពិត ធម៌​នេះ​ឯង​ប្រព្រឹត្ត​ទៅ​ ដើម្បី​ឲ្យ​គេ​ស្រ​ឡាញ់ ដើម្បី​ឲ្យ​គេគោរព​ ដើម្បី​ញុំាង​គុណ​ឲ្យ​ចម្រើន​ ដើម្បី​ភាព​ជា​សមណៈ ដើម្បី​សេចក្ដី​ស្ងប់ស្ងាត់ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុ​ទាំង​ ៨ យ៉ាង បច្ច័យ​ទាំង​ ៨ យ៉ាង​នេះ​ឯង​ ប្រព្រឹត្ត​ទៅ​ ដើម្បី​បាន​ចំពោះ​នូវ​បញ្ញា ​ជា​ខាង​ដើម​នៃ​មគ្គ​ព្រហ្មចារ្យ ​ដែល​ខ្លួន​មិន​ធ្លាប់​បាន​ ដើម្បី​ជា​ភិយ្យោភាព ​ដ៏​ធំទូលាយ ​ចម្រើន​បរិបូណ៌​នូវ​បញ្ញា​ដែល​ខ្លួន​បាន​ ។

បឋមអប្បិយសូត្រ ទី៣កែប្រែ

[៣] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ប្រកប​ដោយ​ធម៌ ៨ ​យ៉ាង រមែង​មិន​ជា​ទី​ស្រឡាញ់ ​មិន​ជា​ទីពេញ​ចិត្ត មិន​ជា​ទីគោរព ​មិន​ជា​ទីសរសើរ​នៃ​សព្រហ្មចារី​បុគ្គល​ទាំង​ឡាយ ។ ធម៌ ៨ យ៉ាង ​តើ​ដូចម្ដេច​ខ្លះ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​សរសើរ​ចំពោះ​ បុគ្គល​មិន​ជា​ទី​ស្រឡាញ់ ១ តិះដៀល​នូវ​ជន​ជា​ទីស្រឡាញ់ ១ ប្រាថ្នាលាភ ១ ប្រាថ្នា​សក្ការៈ ១ ​មិន​ខ្មាសបាប ១ ​មិន​ខ្លាចបាប ១​ ប្រាថ្នាលាមក ១​ យល់ខុស ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ប្រកប​ដោយ​ធម៌ ៨ យ៉ាង​នេះ​ឯង​ រមែង​មិន​ជា​ទី​ស្រឡាញ់ ​មិន​ជា​ទី​ពេញ​ចិត្ត មិន​ជា​ទី​គោរព ​មិន​ជា​ទី​សរសើរ ​នៃ​សព្រហ្មចារី​បុគ្គល​ទាំង​ឡាយ​ឡើយ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ប្រកប​ដោយ​ធម៌ ៨ ​យ៉ាង រមែង​ជា​ទី​ស្រឡាញ់ ​ជា​ទីពេញ​ចិត្ត ជា​ទី​គោរព ​ជា​ទី​សរសើរ​នៃ​សព្រហ្មចារី​បុគ្គល​ទាំង​ឡាយ ។ ធម៌ ៨ យ៉ាង ​តើ​ដូចម្ដេច​ខ្លះ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​មិន​សរសើរ​នូវ​បុគ្គល​មិន​ជា​ទី​ស្រឡាញ់ ១ ​មិន​តិះដៀល​នូវ​ជន​ជា​ទី​ស្រឡាញ់ ១ ​មិន​ប្រាថ្នាលាភ ១ ​មិន​ប្រាថ្នា​សក្ការៈ ១ ​មាន​សេចក្ដី​ខ្មាស​បាប ១ ​មាន​សេចក្ដី​ខ្លាចបាប ១​ ប្រាថ្នាតិច ១ ​មាន​សេចក្ដី​យល់​ត្រូវ​ ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ប្រកប​ដោយ​ធម៌ ៨ ​យ៉ាង​នេះ​ឯង​ ទើប​ជា​ទីស្រឡាញ់ ​ជា​ទីពេញ​ចិត្ត ជា​ទី​គោរព ​ជា​ទី​សរសើរ ​នៃ​សព្រហ្មចារី​បុគ្គល​ទាំង​ឡាយ​ ។

ទុតិយអប្បិយសូត្រ ទី៤កែប្រែ

[៤] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ប្រកប​ដោយ​ធម៌ ៨ ​យ៉ាង រមែង​មិន​ជា​ទី​ស្រឡាញ់ ​មិន​ជា​ទី​ពេញ​ចិត្ត មិន​ជា​ទី​គោរព ​មិន​ជា​ទីសរសើរ ​នៃ​សព្រហ្មចារីបុគ្គល​ទាំង​ឡាយ ។ ធម៌​ ៨ យ៉ាង ​តើ​ដូចម្ដេច​ខ្លះ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​ប្រាថ្នាលាភ ១ ប្រាថ្នាសក្ការៈ ១ ប្រាថ្នា​មិន​ឲ្យ​គេមើល​ងាយ ១ ​មិន​ស្គាល់​កាល​ ១ ​មិន​ស្គាល់​ប្រមាណ ១ ​មាន​ការងារ​មិន​ស្អាត ១ និយាយ​ច្រើន ១ ជេរ​ប្រទេច​ផ្ដាសា ​នូវ​សព្រហ្មចារីបុគ្គល​ទាំង​ឡាយ ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ប្រកប​ដោយ​ធម៌ ៨ ​យ៉ាង​នេះ​ឯង​ រមែង​មិន​ជា​ទី​ស្រឡាញ់ ​មិន​ជា​ទីគាប់​ចិត្ត មិន​ជា​ទី​គោរព ​មិន​ជា​ទី​សរសើរ ​នៃ​សព្រហ្មចារី​បុគ្គល​ទាំង​ឡាយ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ប្រកប​ដោយ​ធម៌ ៨ យ៉ាង រមែង​ជា​ទី​ស្រឡាញ់ ​ជា​ទី​ពេញ​ចិត្ត ជា​ទី​គោរព គួរ​ជា​ទី​សរសើរ ​នៃ​សព្រហ្មចារីបុគ្គល​ទាំង​ឡាយ ។ ធម៌ ៨ យ៉ាង ​តើ​ដូចម្ដេច​ខ្លះ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​មិន​ប្រាថ្នា​លាភ ១ ​មិន​ប្រាថ្នា​សក្ការៈ ១ ​មិន​មែន​ជា​អ្នក​ប្រាថ្នា​មិន​ឲ្យ​អ្នក​ដទៃ​មើលងាយ ១​ ស្គាល់​កាល ១ ស្គាល់​ប្រមាណ ១ ​មាន​ការងារ​ស្អាត ១ ​មិន​និយាយ​ច្រើន ១ ​មិន​ជេរ​ប្រទេច​ផ្ដាសា ​នូវ​សព្រហ្មចារី​បុគ្គល​ទាំង​ឡាយ ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ប្រកប​ដោយ​ធម៌ ៨ យ៉ាង​នេះ​ឯង​ ទើប​ជា​ទី​ស្រឡាញ់ ​ជា​ទី​ពេញ​ចិត្ត ជា​ទី​គោរព ​ជា​ទី​សរសើរ ​នៃ​សព្រហ្មចារី​បុគ្គល​ទាំង​ឡាយ ។

បឋម​លោក​ធម្មសូត្រ ទី៥កែប្រែ

[៥] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​លោក​ធម៌​ទាំង​ឡាយ ៨ យ៉ាង​នេះ​ តែង​ជា​ប់​តាម​នូវ​សត្វ​លោក ទាំង​សត្វ​លោក​ ក៏វិល​ទៅ​តាម​នូវ​លោក​ធម៌​ទាំង​ ៨ ​ដែរ​ ។ ​លោក​ធម៌ ៨ យ៉ាង ​តើ​ដូចម្ដេច​ខ្លះ ។ ​គឺ​ លាភ ១ អលាភ ១​ យស ១ អយស ១ និន្ទា ១ បសំសា ១ សុខ ១ ទុក្ខ ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​លោក​ធម៌​ទាំង​ ៨ យ៉ាង​នេះ​ តែង​ជា​ប់​តាម​សត្វ​លោក ទាំង​សត្វ​លោក​ ក៏វិល​ទៅ​តាម​នូវ​លោក​ធម៌​ទាំង​ ៨ យ៉ាង​នេះ​ដែរ​ ។

ធម៌​ទាំង​ឡាយ​នេះ​គឺ​ លាភៈ ១ អលាភៈ ១​ យសៈ ១ អយសៈ ១ និន្ទា ១ ​បសំសា ១ សុខ ១ ទុក្ខ ១ ​ជា​ធម៌​មិន​ទៀង ​ក្នុង​មនុស្ស​ជា​តិ​ទាំង​ឡាយ ​ជា​ធម៌​មិន​ឋិតថេរ ​មាន​សេចក្ដី​ប្រែលប្រួល​ជា​ធម្មតា ចំណែក​បុគ្គល​អ្នក​មាន​ប្រាជ្ញា ​មាន​ស្មារតី ​លុះ​ដឹង​នូវ​ធម៌​នេះ​ហើយ​ រមែង​ពិចារណា​នូវ​ធម៌ ​ដែល​មាន​សេចក្ដី​ប្រែលប្រួល​ជា​ធម្មតា ឥដ្ឋារម្មណ៍​ទាំង​ឡាយ រមែង​មិន​ញាំញី​នូវ​ចិត្ត​របស់​បុគ្គល​នោះ​បាន ទាំង​អនិដ្ឋារម្មណ៍ ក៏​មិន​អាច​ប៉ះ​ទង្គិច​បាន​ សេចក្ដី​ត្រេកអរ ​ឬ​ថា​សេចក្ដី​ថ្នាំថ្នាក់​ចិត្ត​ ក៏បុគ្គល​នោះ​បាន​កំចាត់​បង់​ហើយ ដល់​នូវ​សេចក្ដី​វិនាស មិន​មាន​ត​ទៅ​ទៀត​ឡើយ បុគ្គល​អ្នក​ដល់​នូវ​ត្រើយ​នៃ​ភព រមែង​ដឹង​ច្បាស់​ដោយ​ប្រពៃ ព្រោះ​ដឹង​ច្បាស់​នូវ​បទ ​គឺ​ព្រះ​និព្វាន ​ដែល​មិន​មាន​ធូលី ​គឺ​កិលេស ​មិន​មាន​សេចក្ដី​សោក ។

ទុតិយ​លោក​ធម្មសូត្រ ទី៦កែប្រែ

[៦] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​លោក​ធម៌​ទាំង​ ៨ យ៉ាង​នេះ​ តែង​ជា​ប់​តាម​សត្វ​លោក ទាំង​សត្វ​លោក​ ក៏វិល​ទៅ​តាម​នូវ​លោក​ធម៌​ទាំង​ ៨ យ៉ាង​ដែរ​ ។ ​លោក​ធម៌​ ៨ យ៉ាង ​តើ​ដូចម្តេច​ខ្លះ ។ ​គឺ​លាភ ១ អលាភ ១​ យស ១ អយស ១ និន្ទា ១ បសំសា ១ សុខ ១ ទុក្ខ ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​លោក​ធម៌​ទាំង​ ៨ យ៉ាង​នេះ​ឯង​ តែង​ជា​ប់​តាម​សត្វ​លោក ទាំង​សត្វ​លោក​ ក៏វិល​ទៅ​តាម​នូវ​លោក​ធម៌​ទាំង​ ៨ យ៉ាង​ដែរ​ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ លាភក្ដី អលាភក្ដី យសក្ដី អយសក្ដី និន្ទាក្ដី បសំសាក្ដី សុខក្ដី ទុក្ខក្ដី តែង​កើតឡើង​ដល់​បុថុជ្ជន​អ្នក​មិន​ចេះ​ដឹង ម្នាល​ភិក្ខុ​ទាំង​ឡាយ លាភក្ដី អលាភក្ដី យសក្ដី អយសក្ដី និន្ទាក្ដី បសំសា​ក្ដី សុខក្ដី ទុក្ខក្ដី តែងកើត​ឡើង​ដល់​អរិយសាវក ​អ្នក​ចេះ​ដឹង​ដែរ​ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​ក្នុង​លោក​ធម៌​ទាំង​នោះ មាន​សេចក្ដី​ប្លែកគ្នា​ដូចម្ដេច ​មាន​អធិប្បាយ​ដូចម្ដេច ​មាន​ហេតុ​ផ្សេងគ្នា​ដូចម្ដេច ​របស់​អរិយសាវក ​អ្នក​ចេះ​ដឹង និង​បុថុជ្ជន​អ្នក​មិន​ចេះ​ដឹង​ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ធម៌​ទាំង​ឡាយ ​មាន​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​មូល ​មាន​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ជា​អ្នក​ណែ​នាំ មាន​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ជា​ទីពឹង​របស់​យើង​ទាំង​ឡាយ​ស្រាប់​ហើយ​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ សេចក្ដី​នៃ​ភាសិត​នោះ ជា​ក់ច្បាស់​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដោយ​ល្អ​ស្រាប់​ហើយ ភិក្ខុ​ទាំង​ឡាយ ​បាន​ស្ដាប់ (ធម៌) ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​នឹង​ចង​ចាំទុក​បាន​ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បើដូច្នោះ ​ចូរ​អ្នក​ទាំង​ឡាយ ប្រុងស្ដាប់​ ធ្វើទុក​ក្នុង​ចិត្ត​ដោយ​ប្រពៃចុះ ​តថាគត​នឹង​សំដែង​ ។ ​ភិក្ខុ​ទាំង​នេះ ទទួល​ព្រះ​ពុទ្ធដីកា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា ​ព្រះ​ករុណា ​ព្រះ​អង្គ ។ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​បាន​ត្រាស់​ដូច្នេះ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ លាភ​តែងកើត​ឡើង​ដល់​បុថុជ្ជន​អ្នក​មិន​ចេះ​ដឹង​ បុថុជ្ជន​នោះ មិន​ពិចារណា មិន​ដឹង​ច្បាស់​តាម​ពិត​ដូច្នេះ​ថា​ លាភ​នេះ​ កើតឡើង​ដល់​អាត្មា​អញ​ហើយ​ លាភ​នោះ​ឯង មិន​ទៀង ​ជា​ទុក្ខ ​មាន​សេចក្តី​ប្រែប្រួល ​ជា​ធម្មតា អលាភ រមែង​កើតឡើង យស​រមែង​កើតឡើង អយស រមែង​កើតឡើង និន្ទា រមែង​កើតឡើង បសំសា រមែង​កើតឡើង សុខ រមែង​កើតឡើង ទុក្ខ រមែង​កើតឡើង (​ដល់​បុថុជ្ជន​អ្នក​មិន​ចេះ​ដឹង​) បុថុជ្ជន​នោះ មិន​ពិចារណា ​មិន​ដឹង​ច្បាស់​តាម​ពិតដូច្នេះ​ថា​ ទុក្ខ​នេះ​ កើតឡើង​ដល់​អាត្មា​អញ​ហើយ​ ទុក្ខ​នោះ​ឯង មិន​ទៀង ​ជា​របស់​អត់ធន់​បាន​ដោយ​ក្រ ​មាន​សេចក្ដី​ប្រែប្រួល​ជា​ធម្មតា ។ លាភក្ដី រមែង​គ្របសង្កត់​ចិត្ត របស់​បុថុជ្ជន​នោះ​ អលាភក្ដី រមែង​គ្របសង្កត់​ចិត្ត​ យសក្ដី រមែង​គ្របសង្កត់​ចិត្ត​ អយស​ក្ដី រមែង​គ្របសង្កត់​ចិត្ត​ និន្ទា​ក្ដី រមែង​គ្របសង្កត់​ចិត្ត​ បសំសា​ក្ដី រមែង​គ្របសង្កត់​ចិត្ត​ សុខក្ដី រមែង​គ្របសង្កត់​ចិត្ត​ ទុក្ខក្ដី រមែង​គ្របសង្កត់​ចិត្ត​ ។ បុថុជ្ជន​នោះ​ តែង​ត្រេកអរ ​នឹង​លាភ​ដែល​កើត​ឡើង តូច​ចិត្ត​ព្រោះអលាភ ត្រេកអរ​នឹង​យស​ដែល​កើត​ឡើង តូច​ចិត្ត​ព្រោះអយស ត្រេកអរ​នឹង​បសំសា​ដែល​កើត​ឡើង តូច​ចិត្ត​ព្រោះនិន្ទា ត្រេកអរ​នឹង​សុខ​ដែល​កើតឡើង តូច​ចិត្ត​ព្រោះទុក្ខ ។ បុថុជ្ជន​នោះ ប្រកប​នូវ​សេចក្ដី​ត្រេកអរ ​និង​សេចក្ដី​តូច​ចិត្ត​យ៉ាង​នេះ​ហើយ​ រមែង​មិន​រួច​ចាក​ជា​តិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ ​តថាគត​ពោល​ថា មិន​រួច​ចាក​វដ្ដទុក្ខ​ឡើយ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ លាភកើតឡើង​ដល់​អរិយសាវក​អ្នក​ចេះ​ដឹង​ អរិយសាវក​នោះ​ ពិចារណា ​ដឹង​ច្បាស់​តាម​ពិត​ដូច្នេះ​ថា​ លាភ​នេះ​កើតឡើង​ដល់​អាត្មា​អញ​ហើយ​ លាភ​នោះ​ឯង មិន​ទៀង ​ជា​ទុក្ខ ​មាន​សេចក្ដី​ប្រែប្រួល​ជា​ធម្មតា ​អលាភ​កើតឡើង យស​កើត​ឡើង អយស​កើតឡើង និន្ទាកើត​ឡើង បសំសា​កើតឡើង សុខ​កើតឡើង ទុក្ខ​កើតឡើង អរិយ​សាវក​នោះ​ ពិចារណា​ដឹង​ច្បាស់​តាម​ពិត​ដូច្នេះ​ថា​ ទុក្ខ​កើតឡើង​ដល់​អាត្មា​អញ​ហើយ​ ទុក្ខ​នោះ​ឯង​ ក៏​មិន​ទៀង អត់ធន់​បាន​ដោយ​ក្រ ​មាន​សេចក្ដី​ប្រែប្រួល​ជា​ធម្មតា ។ អរិយសាវក ​ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​ទុក្ខ ទុក្ខ​នោះ​ឯង​ ក៏​មិន​ទៀង អត់ធន់​បាន​ដោយ​ក្រ ​មាន​សេចក្ដី​ប្រែប្រួល​ជា​ធម្មតា លាភក្ដី ​មិន​គ្រប​សង្កត់​ចិត្ត​របស់​អរិយសាវក​នោះ​ អលាភក្ដី ក៏​មិន​គ្របសង្កត់​ចិត្ត​ យសក្ដី ក៏​មិន​គ្របសង្កត់​ចិត្ត​ អយសក្ដី ក៏​មិន​គ្របសង្កត់​ចិត្ត​ និន្ទា​ក្ដី ក៏​មិន​គ្រប​សង្កត់​ចិត្ត​ បសំសាក្ដី ក៏​មិន​គ្រប​សង្កត់​ចិត្ត​ សុខក្ដី ក៏​មិន​គ្រប​សង្កត់​ចិត្ត​ ទុក្ខក្ដី ក៏​មិន​គ្របសង្កត់​ចិត្ត​បាន​ ។ អរិយសាវក​នោះ មិន​ត្រេកអរ​នឹង​លាភ ​ដែល​កើតឡើង ​មិន​អាក់អន់​ព្រោះអលាភ ​មិន​ត្រេកអរ​នឹង​យស ​ដែល​កើតឡើង ​មិន​អាក់អន់​ព្រោះអយស ​មិន​ត្រេកអរ​នឹង​បសំសា ​ដែល​កើតឡើង ​មិន​អាក់អន់​ព្រោះនិន្ទា ​មិន​ត្រេកអរ​នឹង​សុខ​ដែល​កើត​ឡើង ​មិន​អាក់អន់ ព្រោះ​សេចក្ដី​ទុក្ខ ។ អរិយសាវក​នោះ​ លះបង់​សេចក្ដី​ត្រេកអរ ​និង​សេចក្ដី​អាក់អន់​យ៉ាង​នេះ​ហើយ​ រមែង​រួច​ចាក​ជា​តិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ ​តថាគត​ពោល​ថា​ រួចស្រឡះ​ចាក​វដ្ដទុក្ខ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ឯង​ជា​សេចក្ដី​ប្លែកគ្នា ​នេះ​ជា​អធិប្បាយ ​នេះ​ជា​ហេតុ​ផ្សេងៗ គ្នា ​នៃ​អរិយសាវក​អ្នក​ចេះ​ដឹង និង​បុថុជ្ជន​អ្នក​មិន​ចេះ​ដឹង​ ។

ធម៌​ទាំង​ឡាយ​នេះ គឺ​ លាភ ១ អលាភ ១​ យស ១ អយស ១ និន្ទា ១ បសំសា ១ សុខ ១ ទុក្ខ ១ ​ជា​ធម៌​មិន​ទៀង​ក្នុង​មនុស្ស​ជា​តិ​ទាំង​ឡាយ ​ជា​ធម៌​មិន​ឋិតថេរ ​មាន​សេចក្ដី​ប្រែប្រួល​ជា​ធម្មតា ចំណែក​បុគ្គល​អ្នក​មាន​ប្រាជ្ញា ​មាន​ស្មារតី ​លុះ​ដឹង​នូវ​ធម៌​ទាំង​នេះ​ហើយ​ រមែង​ពិចារណាឃើញ​ច្បាស់​នូវ​ធម៌​ដែល​មាន​សេចក្ដី​ប្រែប្រួល​ជា​ធម្មតា ឥដ្ឋារម្មណ៍ រមែង​មិន​ញាំញី​ចិត្ត​របស់​បុគ្គល​នោះ​បាន ទាំង​អនិដ្ឋារម្មណ៍ ក៏​មិន​អាច​ប៉ះទង្គិច​បាន​ សេចក្ដី​ត្រេកអរ ឬ​ថា​សេចក្ដី​ថ្នាំងថ្នាក់ ក៏បុគ្គល​នោះ​បាន​កំចាត់​បង់​ហើយ ដល់​នូវ​សេចក្ដី​វិនាស មិន​មាន​ត​ទៅ​ទៀត​ឡើយ បុគ្គល​អ្នក​ដល់​នូវ​ត្រើយ​នៃ​ភព រមែង​ដឹង​ច្បាស់​ដោយ​ប្រពៃ ព្រោះ​ដឹង​ច្បាស់​នូវ​បទ ​គឺ​ ​ព្រះ​និព្វាន ​ដែល​មិន​មាន​ធូលី ​គឺ​កិលេស ​មិន​មាន​សេចក្ដី​សោក ។

ទេវទត្តវិបត្តិសូត្រ ទី៧កែប្រែ

[៧] សម័យ​មួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​គង់​នៅលើភ្នំ​គិជ្ឈកូដ ​ទៀប​ក្រុង​រាជគ្រឹះ ។ ​កាល​ដែល​ទេវទត្ត​ភិក្ខុ​ ចៀសចេញ​មិន​យូរប៉ុន្មាន ​ក្នុង​ទី​នោះ​ឯង​ ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ប្រារព្ធ​នូវ​ទេវទត្ត​ភិក្ខុ ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំង​ឡាយ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ជា​អ្នក​ពិចារណា​នូវ​វិបត្តិ​នៃ​ខ្លួនសព្វៗ ​កាល ជា​ការ​ប្រពៃ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ជា​អ្នក​ពិចារណា ​នូវ​វិបត្តិ​របស់​បុគ្គល​ដទៃសព្វៗ ​កាល ជា​ការ​ប្រពៃ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ជា​អ្នក​ពិចារណា ​នូវ​សម្បត្តិ​នៃ​ខ្លួន​សព្វៗ ​កាល ជា​ការ​ប្រពៃ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ជា​អ្នក​ពិចារណា ​នូវ​សម្បត្តិ​របស់​បុគ្គល​ដទៃសព្វៗ​កាល ជា​ការ​ប្រពៃ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទេវទត្ត​ត្រូវ​អសទ្ធម្ម​ទាំង​ឡាយ ៨ ប្រការ​ គ្របសង្កត់​ហើយ មាន​ចិត្ត​ត្រូវ​អសទ្ធម្មរួបរឹត​ហើយ ទៅ​កើត​ក្នុង​អបាយ ​ទៅ​កាន់​នរក តាំងនៅ​អស់​ ១ កប្ប ​មិន​អាច​អ្នក​ណា​ស្រោចស្រង់​បាន​ ។ អសទ្ធម្ម ៨ ប្រការ ​តើ​ដូចម្តេច ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ទេវទត្ត ​ត្រូវ​លាភ​គ្របសង្កត់​ហើយ មាន​ចិត្ត​ដែល​លាភ​រួបរឹត​ហើយ ទៅ​កើត​ក្នុង​អបាយ ​ទៅ​កាន់​នរក តាំងនៅ​អស់​ ១ កប្ប ​មិន​អាច​អ្នក​ណា​ស្រោចស្រង់​បាន​ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ត្រូវ​អលាភ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ត្រូវ​យស ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ត្រូវ​អយស ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ត្រូវ​សក្ការៈ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ត្រូវ​អសក្ការៈ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ត្រូវ​សេចក្តី​ប្រាថ្នា​ដ៏​លាមក ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ទេវទត្ត​ត្រូវ​បាបមិត្តគ្របសង្កត់​ហើយ មាន​ចិត្ត​ត្រូវ​បាបមិត្ត​រួបរឹត​ហើយ ទៅ​កើត​ក្នុង​អបាយ ​ទៅ​កាន់​នរក តាំងនៅ​អស់​ ១ កប្ប ​មិន​អាច​អ្នក​ណា​ស្រោចស្រង់​បាន​ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ទេវទត្ត ​ត្រូវ​អសទ្ធម្ម​ទាំង​ ៨ ប្រការ​នេះ​ឯង​ គ្របសង្កត់ ​មាន​ចិត្ត​ត្រូវ​អសទ្ធម្ម​រួបរឹត ​ទៅ​កើត​ក្នុង​អបាយ ​ទៅ​កាន់​នរក តាំង​នៅ​អស់​ ១ កប្ប ​មិន​អាច​អ្នក​ណា​ស្រោចស្រង់​បាន​ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​គ្របសង្កត់ ញាំញី​នូវ​លាភ ​ដែល​កើតឡើង​ហើយ ជា​ការ​ប្រពៃ ​នូវ​អលាភ​ដែល​កើត​ឡើង​ហើយ នូវ​យស​ដែល​កើតឡើង​ហើយ នូវ​អយស​ដែល​កើតឡើង​ហើយ នូវ​សក្ការៈ​ដែល​កើត​ឡើង​ហើយ នូវ​អសក្ការៈ​ដែល​កើតឡើង​ហើយ នូវ​សេចក្ដី​ប្រាថ្នា​លាមក ​ដែល​កើតឡើង​ហើយ​ គ្របសង្កត់ ញាំញី​នូវ​បាបមិត្ត ​ដែល​កើតឡើង​ហើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​គ្រប​សង្កត់ ញាំញី​នូវ​លាភ ​ដែល​កើត​ឡើង​ហើយ តើ​ព្រោះ​អាស្រ័យ​នូវ​អំណាច​ប្រយោជន៍​ដូចម្ដេច ។បេ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​ថា​ អាសវៈ​ទាំង​ឡាយ​ណា ​ជា​សភាវៈ​ចង្អៀត​ចង្អល់រោលរាល កើតឡើង​ដល់​ភិក្ខុ​នោះ​ ព្រោះ​មិន​បាន​គ្របសង្កត់​នូវ​លាភ ដែល​កើត​ឡើង​ហើយ​ អាសវៈ​ទាំង​ឡាយ​នោះ ជា​សភាវៈ​ចង្អៀតចង្អល់ រោលរាល រមែង​មិន​មាន​ដល់​ភិក្ខុ​នោះ​យ៉ាង​នេះ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​ថា អាសវៈ​ទាំង​ឡាយណា ​ជា​សភាវៈ​ចង្អៀតចង្អល់ រោលរាល​កើត​ឡើង​ដល់​ភិក្ខុ​នោះ កាល​មិន​បាន​គ្របសង្កត់​នូវ​អលាភ ​ដែល​កើត​ឡើង​ហើយ នូវ​យស ​ដែល​កើត​ឡើង​ហើយ នូវ​អយស ​ដែល​កើត​ឡើង​ហើយ នូវ​សក្ការៈ ​ដែល​កើត​ឡើង​ហើយ នូវ​អសក្ការៈ ​ដែល​កើតឡើង​ហើយ នូវ​សេចក្ដី​ប្រាថ្នា​លាមក ​ដែល​កើតឡើង​ហើយ នូវ​បាបមិត្ត​ដែល​កើតឡើង​ហើយ​ អាសវៈ​ទាំង​ឡាយ​នោះ ជា​សភាវៈ​ចង្អៀតចង្អល់ រោល​រាល រមែង​មិន​មាន​ដល់​ភិក្ខុ កាល​គ្រប​សង្កត់ ​នូវ​បាបមិត្ត​ដែល​កើតឡើង​ហើយ​ យ៉ាង​នេះ​ឯង​ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​គ្របសង្កត់ ញាំញី​នូវ​លាភ ​ដែល​កើត​ឡើង​ហើយ នូវ​អលាភ​ដែល​កើត​ឡើង​ហើយ នូវ​យស​ដែល​កើត​ឡើង​ហើយ នូវ​អយស ​ដែល​កើត​ឡើង​ហើយ នូវ​សក្ការៈ​ដែល​កើត​ឡើង​ហើយ នូវ​អសក្ការៈ ​ដែល​កើត​ឡើង​ហើយ នូវ​សេចក្ដី​ប្រាថ្នាលាមក ​ដែល​កើត​ឡើង​ហើយ​ គ្របសង្កត់ ញាំញី​នូវ​បាបមិត្ត ​ដែល​កើត​ឡើង​ហើយ​ ព្រោះ​អាស្រ័យ​នូវ​អំណាច​ប្រយោជន៍​នេះ​ឯង ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​ហេតុ​នោះ ភិក្ខុ​ក្នុង​សាសនា​នេះ គប្បី​សិក្សា​យ៉ាង​នេះ​ថា​ យើង​ទាំង​ឡាយ គួរ​ជា​អ្នក​គ្របសង្កត់ ញាំញី​នូវ​លាភ ​ដែល​កើតឡើង យើង​ទាំង​ឡាយ​ គួរ​ជា​អ្នក​គ្រប​សង្កត់ ញាំញី​នូវ​អលាភ ​ដែល​កើត​ឡើង​ហើយ នូវ​យស​ដែល​កើត​ឡើង​ហើយ នូវ​អយស ​ដែល​កើត​ឡើង​ហើយ នូវ​សក្ការៈ ​ដែល​កើត​ឡើង​ហើយ នូវ​អសក្ការៈ ​ដែល​កើត​ឡើង​ហើយ នូវ​សេចក្តី​ប្រាថ្នាលាមក ​ដែល​កើត​ឡើង​ហើយ នូវ​បាបមិត្ត​ដែល​កើត​ឡើង​ហើយ​ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​អ្នក​ទាំង​ឡាយ ​ត្រូវ​សិក្សា​យ៉ាង​នេះ​ឯង​ ។

ឧត្តរវិបត្តិសូត្រ ទី៨កែប្រែ

[៨] សម័យ​មួយ​ ​ព្រះ​ឧត្តរ​ដ៏​មាន​អាយុ ​គង់​ក្នុង​វិហារ​ឈ្មោះ​វដ្ត​ជា​លិកា ​ទៀប​ភ្នំ​ឈ្មោះ​សង្ខេយ្យកៈ ជិត​ស្រុក​មហិសវត្ថុ ។ ​ក្នុង​ទី​នោះ​ ​ព្រះ​ឧត្តរ​ដ៏​មាន​អាយុ ​ហៅ​ភិក្ខុ​ទាំង​ឡាយ​ថា ម្នាល​អាវុសោ​ទាំង​ឡាយ ​ភិក្ខុ​ជា​អ្នក​ពិចារណា ​នូវ​វិបត្តិ​នៃ​ខ្លួន​សព្វៗ​កាល ជា​ការ​ប្រពៃ ​ម្នាល​អាវុសោ​ទាំង​ឡាយ ​ភិក្ខុ​ជា​អ្នក​ពិចារណា​នូវ​វិបត្តិ​របស់​បុគ្គល​ដទៃ​សព្វៗ​កាល ជា​ការ​ប្រពៃ ​ម្នាល​អាវុសោ​ទាំង​ឡាយ ​ភិក្ខុ​ជា​អ្នក​ពិចារណា​នូវ​សម្បត្តិ​នៃ​ខ្លួន​សព្វៗ​កាល ជា​ការ​ប្រពៃ ​ម្នាល​អាវុសោ​ទាំង​ឡាយ ​ភិក្ខុ​ជា​អ្នក​ពិចារណា​នូវ​សម្បត្តិ​របស់​អ្នក​ដទៃ​សព្វ ៗ​កាល ជា​ការប្រពៃ ។

សម័យ​នោះ​ឯង​ មហារាជ​ឈ្មោះ​វេស្សវ័ណ ចេញ​អំពី​ឧត្តរ​ទិស ទៅ​កាន់​ទក្សិណ​ទិស ដោយ​កិច្ចនី​មួយ​ ។ មហារាជ​ឈ្មោះ​វេស្សវ័ណ ​បាន​ឮ​ថេរវាចា​នៃ​ព្រះ​ឧត្តរ​ដ៏​មាន​អាយុ កំពុង​សំដែង​ធម៌​ដល់​ភិក្ខុ​ទាំង​ឡាយ ​ក្នុង​វិហារ​ឈ្មោះ​វដ្ត​ជា​លិកា ​ទៀប​ភ្នំ​សង្ខេយ្យកៈ ជិតស្រុកមហិសវត្ថុ យ៉ាង​នេះ​ថា ម្នាល​អាវុសោ​ទាំង​ឡាយ ​ភិក្ខុ​ជា​អ្នក​ពិចារណា ​នូវ​វិបត្តិ​នៃ​ខ្លួន​សព្វៗ​កាល ជា​ការប្រពៃ ​ម្នាល​អាវុសោ​ទាំង​ឡាយ ​ភិក្ខុ​ជា​អ្នក​ពិចារណា ​នូវ​វិបត្តិ​របស់​អ្នក​ដទៃសព្វ​ ៗ​កាល ជា​ការប្រពៃ ​ម្នាល​អាវុសោ​ទាំង​ឡាយ ​ភិក្ខុ​ជា​អ្នក​ពិចារណា​នូវ​សម្បត្តិ​នៃ​ខ្លួន​សព្វ ៗ​កាល ជា​ការប្រពៃ ​ម្នាល​អាវុសោ​ទាំង​ឡាយ ​ភិក្ខុ​ជា​អ្នក​ពិចារណា​នូវ​សម្បត្តិ​របស់​អ្នក​ដទៃ​សព្វៗ​កាល ជា​ការប្រពៃ ។ លំដាប់​នោះ​ មហារាជ​ឈ្មោះ​វេស្សវ័ណ ក៏បាត់​អំពី​វដ្ត​ជា​លិកាវិហារ ​ទៀប​ភ្នំ​សង្ខេយ្យកៈ ជិត​ស្រុក​មហិស​វត្ថុ ​ទៅ​ប្រាកដ​ក្នុង​តាវត្តឹង្ស​ទេវ​លោក​ ដូច​បុរស​មាន​កំឡាំង ​លា​ដៃ​ដែល​បត់​ចូល ឬ​បត់​ចូល​នូវ​ដៃ​ដែល​លាចេញ​យ៉ាង​នោះ​ឯង​ ។ លំដាប់​នោះ​ មហារាជវេស្សវ័ណ ​ចូល​ទៅ​គាល់​ព្រះ​ឥន្ទ្រ​ជា​ធំ​ជា​ង​ពួក​ទេវតា ​លុះ​ចូល​ទៅ​ដល់​ហើយ បាន​ទូល​ពាក្យ​នេះ នឹង​ព្រះ​ឥន្ទ្រ​ជា​ធំ​ជា​ង​ពួក​ទេវតា បពិត្រ​លោក​ជា​ម្ចាស់​យើង ​សូម​ទ្រង់​ជ្រាប ​ព្រះ​ឧត្តរ​ដ៏​មាន​អាយុនុ៎ះ ​សំដែង​ធម៌​ដល់​ភិក្ខុ​ទាំង​ឡាយ ​ក្នុង​វដ្ត​ជា​លិកាវិហារ ​ទៀប​ភ្នំ​សង្ខេយ្យកៈ ជិត​ស្រុក​មហិសវត្ថុ​យ៉ាង​នេះ​ថា ម្នាល​អាវុសោ​ទាំង​ឡាយ ​ភិក្ខុ​ជា​អ្នក​ពិចារណា​នូវ​វិបត្តិ​របស់​ខ្លួន​សព្វៗ​កាល ជា​ការប្រពៃ ។បេ។ ​ជា​អ្នក​ពិចារណា​នូវ​សម្បត្តិ​របស់​អ្នក​ដទៃ ។

គ្រា​នោះ​ សក្កៈ​ជា​ធំ​ជា​ង​ពួក​ទេវតា ក៏បាត់​អំពី​ទេវ​លោក ទៅ​ប្រាកដ​ក្នុង​ទី​ចំពោះ​មុខ​ព្រះ​ឧត្តរ​ដ៏​មាន​អាយុ ​ក្នុង​វត្ត​ជា​លិកា​វិហារ ​ទៀប​ភ្នំ​សង្ខេយ្យកៈ ជិតស្រុក​មហិសវត្ថុ ដូច​បុរស​មាន​កំឡាំង លា​ដៃ​ដែល​បត់​ចូល ឬ​បត់​ចូល​នូវ​ដៃ​ដែល​លាចេញ​យ៉ាង​នោះ​ឯង​ ។ លំដាប់​នោះ​ សក្កៈ​ជា​ធំ​ជា​ង​ពួក​ទេវតា ​ចូល​ទៅ​រក​ព្រះ​ឧត្តរ​ដ៏​មាន​អាយុ ត្រង់​កន្លែង​ដែល​លោក​គង់​នៅ ​លុះ​ចូល​ទៅ​ហើយ ថ្វាយ​បង្គំ​ព្រះ​ឧត្តរ​ដ៏​មាន​អាយុ ​ហើយ​ឋិតនៅ​ក្នុង​ទី​សមគួរ ។ ​លុះ​សក្កៈ​ជា​ធំ​ជា​ង​ពួក​ទេវតា ឋិត​នៅ​ក្នុង​ទីសមគួរ​ហើយ បាន​ដំ​ណាល​ពាក្យ​នេះ នឹង​ព្រះ​ឧត្តរ​ដ៏​មាន​អាយុ ដូច្នេះ​ថា បាន​ឮ​ថា​ ​ព្រះ​ឧត្តរ​ដ៏​មាន​អាយុ ​សំដែង​ធម៌​ដល់​ភិក្ខុ​ទាំង​ឡាយ​ថា ម្នាល​អាវុសោ​ទាំង​ឡាយ ​ភិក្ខុ​ជា​អ្នក​ពិចារណា​នូវ​វិបត្តិ​នៃ​ខ្លួន ​ជា​ការប្រពៃ ។បេ។ ​ជា​អ្នក​ពិចារណា​នូវ​សម្បត្តិ​របស់​អ្នក​ដទៃ​ពិតមែន​ឬ​ ។ ​ថ្វាយ​ព្រះ​ពរ ទេវានមិន្ទ ។ បពិត្រ​លោក​ដ៏​ចម្រើន​ ចុះ​ការ​សំដែង​តាម​សេចក្តី​យល់​របស់​ខ្លួន​ព្រះ​ឧត្តរ​ដ៏​មាន​អាយុ​ឬ ឬ​ក៏​សំដែង​តាម​ព្រះ​ពុទ្ធ​ដីកា​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ អរហន្ត សម្មាសម្ពុទ្ធ ។ ​ថ្វាយ​ព្រះ​ពរ ទេវានមិន្ទ បើដូច្នោះ ​អាត្មា​ភាព ​នឹង​ឧបមា​ថ្វាយ​មហាបពិត្រ ​ពួក​វិញ្ញូបុរស​ក្នុង​លោក​នេះ គង់​ដឹង​នូវ​សេចក្តី​អធិប្បាយ​នៃ​ភាសិត​ដោយ​សេចក្តី​ឧបមា ថ្វាយ​ព្រះ​ពរ ទេវានមិន្ទ ដូច​ជា​គំនរ​ស្រូវ​ដ៏​ធំ ​ក្នុង​ទីជិត​ស្រុក​ក្តី និគម​ក្តី ​ពួក​មហាជន​នាំ​យក​ស្រូវ​អំពី​គំនរ​នោះ ដោយ​អម្រែក​ទាំង​ឡាយខ្លះ ​ដោយ​ល្អី​ទាំង​ឡាយ​ខ្លះ ​ដោយ​ថ្នក់​ទាំង​ឡាយ​ខ្លះ ​ដោយ​កំបង់​ដៃ​ទាំង​ឡាយ​ខ្លះ ​ថ្វាយ​ព្រះ​ពរ ទេវានមិន្ទ ​ពួក​មហា​ជនណា ​ដែល​មិន​បាន​ចូល​ទៅ​ (​នឹង​គេ) ​គប្បី​សួរ​យ៉ាង​នេះ​ថា អ្នក​ទាំង​ឡាយ ​នាំ​យក​ស្រូវ​នេះ​អំពី​ទីណា ។ ​ថ្វាយ​ព្រះ​ពរ ទេវានមិន្ទ ​ពួក​មហាជន​នោះ កាល​នឹង​ឆ្លើយ​ប្រាប់ ​គប្បី​ឆ្លើយ​ប្រាប់​តាម​ទំនង​ដូចម្ដេច ។ បពិត្រ​លោក​ដ៏​ចម្រើន ពួក​មហាជន​នោះ កាល​ឆ្លើយ​ប្រាប់ ​គប្បី​ឆ្លើយ​ប្រាប់​តាម​ទំនង​ថា​ យើង​ទាំង​ឡាយ ​នាំ​មក​អំពី​គំនរស្រូវ​ធំឯណោះ ដូច្នេះ ។ ​ថ្វាយ​ព្រះ​ពរ ទេវានមិន្ទ ​ពាក្យ​ឯណានី​មួយ ជា​សុភាសិត សុភាសិត​ទាំង​អស់​នោះ ជា​ព្រះ​ពុទ្ធ​ដីកា ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ អរហន្តសម្មាសម្ពុទ្ធ​អង្គ​នោះ​ យើង​ទាំង​ឡាយ ​នាំ​ចេញ​មក​អំពី​ព្រះ​ពុទ្ធដីកា​នោះ​ ទើប​សំដែង​ដូច​ជា​សូ្រវ យ៉ាង​នោះ​ដែរ​ ។ បពិត្រ​លោក​ដ៏​ចម្រើន​ អស្ចារ្យ​ណាស់​ បពិត្រ​លោក​ដ៏​ចម្រើន​ ចំឡែក​ណាស់ ពាក្យ​នេះ​ ​ព្រះ​ឧត្ដរ​ដ៏​មាន​អាយុ ​ពោល​ហើយ​ដោយ​ប្រពៃ (ព្រោះ) ​ពាក្យ​ឯណា​នី​មួយ​ជា​សុភាសិត ​ពាក្យ​ទាំង​អស់​នោះ ជា​ព្រះ​ពុទ្ធ​ដីកា ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ អរហន្ដ​សម្មាសម្ពុទ្ធ​ព្រះ​អង្គ​នោះ​ យើង​ទាំង​ឡាយ ក៏​ពោល​នូវ​ស្រូវ ប្រៀបធៀប​នឹង​ព្រះ​ពុទ្ធដីកា​នោះ​ដែរ​ បពិត្រ​ព្រះ​ឧត្ដរ​ដ៏​ចម្រើន​ សេចក្ដី​នេះ​យ៉ាង​នេះ​ សម័យ​មួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​គង់​លើភ្នំ​គិជ្ឈកូដ ជិត​ក្រុង​រាជគ្រឹះ ​កាល​ដែល​ព្រះ​ទេវទត្ត ចៀសចេញ​ទៅ​មិន​យូរប៉ុន្មាន ​ក្នុង​ទី​នោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ប្រារព្ធ​នូវ​ទេវទត្ត ត្រាស់​នឹង​ភិក្ខុ​ទាំង​ឡាយ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ជា​អ្នក​ពិចារណា​នូវ​វិបត្តិ​នៃ​ខ្លួន ​ជា​ការ​ប្រពៃ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ជា​អ្នក​ពិចារណា​នូវ​វិបត្តិ​របស់​អ្នក​ដទៃ ​នូវ​សម្បត្តិ​របស់​ខ្លួន ​នូវ​សម្បត្តិ​របស់​អ្នក​ដទៃ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ទេវទត្ត ​ត្រូវ​អសទ្ធម្ម​ទាំង​ ៨ ប្រការ​គ្របសង្កត់​ហើយ មាន​ចិត្ត​ត្រូវ​អសទ្ធម្ម​រួបរឹត​ហើយ ទៅ​កើត​ក្នុង​អបាយ ​ទៅ​កាន់​នរក តាំង​នៅ​អស់​ ១ កប្ប ​មិន​អាច​អ្នក​ណា​ស្រោច​ស្រង់​បាន​ ។ អសទ្ធម្ម ៨ ប្រការ ​តើ​ដូចម្ដេច ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ទេវទត្ត ​ត្រូវ​លាភ​គ្រប​សង្កត់​ហើយ មាន​ចិត្ត​ត្រូវ​លាភរួប​រឹត​ហើយ ទៅ​កើត​ក្នុង​អបាយ ​ទៅ​កាន់​នរក តាំងនៅ​អស់​ ១ កប្ប ​មិន​អាច​អ្នក​ណា​ស្រោចស្រង់​បាន​ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ត្រូវ​អលាភ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ត្រូវ​យស ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ត្រូវ​អយស ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ត្រូវ​សក្ការៈ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ត្រូវ​អសក្ការៈ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ដែល​ត្រូវ​សេចក្ដី​ប្រាថ្នា​លាមក ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ទេវទត្ត​ត្រូវ​បាបមិត្ត​គ្របសង្កត់​ហើយ មាន​ចិត្ត​ដែល​ត្រូវ​បាបមិត្ត​រួបរឹត​ហើយ ទៅ​កើត​ក្នុង​អបាយ ​ទៅ​កាន់​នរក តាំងនៅ​អស់​ ១ កប្ប ​មិន​អាច​អ្នក​ណា​ស្រោចស្រង់​បាន​ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ទេវទត្ត ​ត្រូវ​អសទ្ធម្ម​ទាំង​ឡាយ ៨ ប្រការ​នេះ​ឯង​ គ្របសង្កត់​ហើយ មាន​ចិត្ត​ត្រូវ​អសទ្ធម្ម​រួបរឹត​ហើយ ទៅ​កើត​ក្នុង​អបាយ ​ទៅ​កាន់​នរក តាំងនៅ​អស់​ ១ កប្ប ​មិន​អាច​អ្នក​ណា​ស្រោច​ស្រង់​បាន​ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​គ្រប​សង្កត់ ញាំញី​នូវ​លាភ ​ដែល​កើត​ឡើង​ហើយ ជា​ការប្រពៃ ​នូវ​អលាភ​ដែល​កើត​ឡើង​ហើយ នូវ​យស​ដែល​កើត​ឡើង​ហើយ នូវ​អយស ​ដែល​កើត​ឡើង​ហើយ នូវ​សក្ការៈ​ដែល​កើត​ឡើង​ហើយ នូវ​អសក្ការៈ​ដែល​កើត​ឡើង​ហើយ នូវ​សេចក្ដី​ប្រាថ្នា​លាមក ​ដែល​កើតឡើង​ហើយ​ គ្របសង្កត់ ញាំញី​នូវ​បាបមិត្ត ​ដែល​កើត​ឡើង​ហើយ​ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​គ្រប​សង្កត់ ញាំញី​នូវ​លាភ ​ដែល​កើត​ឡើង​ហើយ​ គ្របសង្កត់ ញាំញី​នូវ​អលាភ ​ដែល​កើត​ឡើង​ហើយ នូវ​យស​ដែល​កើត​ឡើង​ហើយ នូវ​អយស​ដែល​កើត​ឡើង​ហើយ នូវ​សក្ការៈ​ដែល​កើត​ឡើង​ហើយ នូវ​អសក្ការៈ​ដែល​កើតឡើង​ហើយ នូវ​សេចក្ដី​ប្រាថ្នា​លាមក ​ដែល​កើត​ឡើង​ហើយ តើ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍ដូចម្ដេច ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​ថា​ អាសវៈ​ទាំង​ឡាយណា ​ជា​សភាវៈ​ចង្អៀត​ចង្អល់ រោលរាល កើតឡើង​ដល់​ភិក្ខុ​នោះ កាល​មិន​បាន​គ្របសង្កត់​នូវ​លាភ ​ដែល​កើត​ឡើង​ហើយ​ អាសវៈ​ទាំង​ឡាយ​នោះ ជា​សភាវៈ​ចង្អៀត​ចង្អល់ រោលរាល រមែង​មិន​មាន​ដល់​ភិក្ខុ​នោះ កាល​គ្របសង្កត់​នូវ​លាភ ​ដែល​កើត​ឡើង​ហើយ​ យ៉ាង​នេះ​ឯង​ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​ថា​ អាសវៈ​ទាំង​ឡាយ​ណា ​ជា​សភាវៈ​ចង្អៀតចង្អល់ រោលរាល ​គប្បី​កើតឡើង​ដល់​ភិក្ខុ​នោះ កាល​មិន​បាន​គ្រប​សង្កត់ ​នូវ​អលាភ ​ដែល​កើត​ឡើង​ហើយ នូវ​យស ​ដែល​កើតឡើង​ហើយ នូវ​អយស ​ដែល​កើត​ឡើង​ហើយ នូវ​សក្ការៈ ​ដែល​កើតឡើង​ហើយ នូវ​អសក្ការៈ ​ដែល​កើត​ឡើង​ហើយ នូវ​សេចក្ដី​ប្រាថ្នា​លាមក ​ដែល​កើត​ឡើង​ហើយ នូវ​បាបមិត្ត ​ដែល​កើត​ឡើង​ហើយ​ អាសវៈ​ទាំង​ឡាយ​នោះ ជា​សភាវៈ​ចង្អៀត​ចង្អល់ រោលរាល រមែង​មិន​មាន​ដល់​ភិក្ខុ​នោះ កាល​គ្រប​សង្កត់​នូវ​បាបមិត្ត​ដែល​កើតឡើង​បាន​យ៉ាង​នេះ​ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​គ្រប​សង្កត់ ញាំញី​នូវ​លាភ ​ដែល​កើត​ឡើង​ហើយ​ គ្រប​សង្កត់ ញាំញី​នូវ​អលាភ ​ដែល​កើត​ឡើង​ហើយ នូវ​យស ​ដែល​កើតឡើង​ហើយ នូវ​អយស ​ដែល​កើត​ឡើង​ហើយ នូវ​សក្ការៈ ​ដែល​កើត​ឡើង​ហើយ នូវ​អសក្ការៈ​ដែល​កើត​ឡើង​ហើយ នូវ​សេចក្ដី​ប្រាថ្នា​លាមក ​ដែល​កើត​ឡើង​ហើយ នូវ​បាបមិត្ត ​ដែល​កើត​ឡើង​ហើយ​ ព្រោះ​អាស្រ័យ​នូវ​អំណាច​ប្រយោជន៍​នេះ​ឯង​ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះហេតុ​នោះ ភិក្ខុ​ក្នុង​សាសនា​នេះ គប្បី​សិក្សា​យ៉ាង​នេះ​ថា​ យើង​ទាំង​ឡាយ គួរ​ជា​អ្នក​គ្របសង្កត់ ញាំញី​នូវ​លាភ ​ដែល​កើត​ឡើង​ហើយ​ យើង​ទាំង​ឡាយ គួរ​ជា​អ្នក​គ្របសង្កត់ ញាំញី​នូវ​អលាភ ​ដែល​កើត​ឡើង​ហើយ នូវ​យស ​ដែល​កើត​ឡើង​ហើយ នូវ​អយស ​ដែល​កើត​ឡើង​ហើយ នូវ​សក្ការៈ ​ដែល​កើត​ឡើង​ហើយ នូវ​អសក្ការៈ ​ដែល​កើតឡើង​ហើយ នូវ​សេចក្ដី​ប្រាថ្នា​លាមក ​ដែល​កើត​ឡើង​ហើយ នូវ​បាបមិត្ត ដែល​កើត​ឡើង​ហើយ​ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​អ្នក​ទាំង​ឡាយ ​ត្រូវ​សិក្សា​យ៉ាង​នេះ​ឯង​ ។ បពិត្រ​ព្រះ​ឧត្ដរ​ដ៏​ចម្រើន​ បណ្ដា​បរិសទ្យ​ទាំង​ ៤ ​ពួក គឺ ភិក្ខុ ភិក្ខុ​នី ឧបាសក ឧបាសិកា ធម្មបរិយាយ​នេះ មិន​ទាន់​តាំងនៅ​ក្នុង​បរិសទ្យ​ណាទេ បពិត្រ​លោក​ដ៏​ចម្រើន​ សូម​ព្រះ​ឧត្ដរ​ដ៏​មាន​អាយុ កាន់​យក​នូវ​ធម្មបរិយាយ​នេះ​ បពិត្រ​លោក​ដ៏​ចម្រើន​ សូម​ព្រះ​ឧត្ដរ​ដ៏​មាន​អាយុ រៀន​យក​នូវ​ធម្មបរិយាយ​នេះ​ បពិត្រ​លោក​ដ៏​ចម្រើន​ សូម​ព្រះ​ឧត្ដរ​ដ៏​មាន​អាយុ ទ្រ​ទ្រង់​នូវ​ធម្មបរិយាយ​នេះ​ បពិត្រ​លោក​ដ៏​ចម្រើន​ ធម្មបរិយាយ​នេះ ប្រកប​ដោយ​ប្រយោជន៍​ជា​ខាង​ដើម​នៃ​មគ្គ​ព្រហ្មចរិយធម៌ ។

នន្ទសូត្រ ទី៩កែប្រែ

[៩] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​អ្នក​ផង​កាល​បើ​ពោល​តាម​ត្រឹម​ត្រូវ គប្បី​ពោល​នូវ​នន្ទ​ភិក្ខុ ថា​ជា​កុលបុត្ត​ដូច្នេះ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​អ្នក​ផង​កាល​បើ​ពោល​តាម​ត្រឹម​ត្រូវ គប្បី​ពោល​នូវ​នន្ទ​ភិក្ខុ​ថា​ជា​អ្នក​មាន​កម្លាំង​កាយ​ដូច្នេះ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​អ្នក​ផង​កាល​បើ​ពោល​តាម​ត្រឹម​ត្រូវ គប្បី​ពោល​នូវ​នន្ទ​ភិក្ខុ ថា​ជា​អ្នក​គួរ​នាំ​មក​នូវ​សេចក្ដី​ជ្រះថ្លា​ដូច្នេះ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​អ្នក​ផង​កាល​បើ​ពោល​តាម​ត្រឹម​ត្រូវ គប្បី​ពោល​នូវ​នន្ទ​ភិក្ខុ ថា​ជា​អ្នក​មាន​រាគៈ​ដ៏​ក្លៀវក្លា​ដូច្នេះ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ចាំបាច់​ពោល​ទៅ​ថ្វី ​ក្នុង​ទីដទៃ ​ថា​នន្ទ​ភិក្ខុ​ គ្រប់គ្រង​ទ្វារ​ក្នុង​ឥន្ទ្រិយ​ទាំង​ឡាយ ​ដឹង​ប្រមាណ​ក្នុង​ភោជន ​ប្រកប​រឿយៗ ​នូវ​ការ​ភ្ញាក់​រលឹក ប្រកប​ដោយ​សតិ ​និង​សម្បជញ្ញៈ ទើប​នន្ទ​ភិក្ខុ​អាច​ដើម្បី​ប្រព្រឹត្ត​នូវ​ព្រហ្មចរិយធម៌ ​ឲ្យ​បរិបូណ៌ បរិសុទ្ធ​បាន​ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុ​ដែល​នន្ទ​ភិក្ខុ​មាន​ទ្វារ​គ្រប់គ្រង​ហើយ ក្នុង​ឥន្រ្ទិយ​ទាំង​ឡាយ​នោះ យ៉ាង​នេះ​ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បើនន្ទ​ភិក្ខុ​រមិលមើល​ទៅ​ទិស​ខាងកើត ​លុះ​តែ​ប្រមូល​នូវ​ហេតុ​ទាំង​អស់ ដោយ​ចិត្ត​ ទើបនន្ទ​ភិក្ខុ​ រមិលមើល​នូវ​ទិស​ខាងកើត ​ដោយ​គំនិត​ថា អកុសលធម៌​ទាំង​ឡាយ​ដ៏​លាមក ​គឺ​អភិជ្ឈា ​និង​ទោមនស្ស ​នឹង​មិន​ជា​ប់​តាម​អាត្មា​អញ ដែល​កំពុង​រមិល​មើល​ទិស​ខាង​កើត​យ៉ាង​នេះ​ ។ ព្រោះ​ហេតុ​នោះ ក្នុង​សាសនា​នេះ​ នន្ទ​ភិក្ខុ​ ទើប​ឈ្មោះ​ថា ជា​អ្នក​មាន​សេចក្ដី​ដឹង​ខ្លួន ​ក្នុង​ការគ្រប់គ្រង​ទ្វារ​នោះ​ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បើនន្ទ​ភិក្ខុ​រមិល​មើល​ទិស​ខាង​លិច​ រមិល​មើល​ទិស​ខាង​ជើង រមិល​មើល​ទិស​ខាង​ត្បូង ងើយមើល​ទៅ​ទិស​ខាងលើ ឱន​មើល​ទិស​ខាងក្រោម ងាកមើល​ទៅ​ទិស​ជា​លំដាប់ ​លុះ​តែ​ប្រមូល​នូវ​ហេតុ​ទាំង​អស់​ដោយ​ចិត្ត​ ទើប​នន្ទ​ភិក្ខុ​ងាកមើល​នូវ​ទិស​ជា​លំដាប់ ដោយ​គំនិត​ថា​ អកុសល​ធម៌​ទាំង​ឡាយ​ដ៏​លាមក ​គឺ​អភិជ្ឈា ​និង​ទោមនស្ស ​នឹង​មិន​ជា​ប់​តាម​អាត្មា​អញ ដែល​កំពុង​ងាកមើល​ទិស​ជា​លំដាប់​ ។​ ព្រោះ​ហេតុ​នោះ ក្នុង​សាសនា​នេះ​ នន្ទ​ភិក្ខុ​ ទើប​ឈ្មោះ​ថា ជា​អ្នក​មាន​សេចក្ដី​ដឹង​ខ្លួន ​ក្នុង​ការគ្រប់​គ្រង​ទ្វារ​យ៉ាង​នេះ​ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុ​ដែល​នន្ទ​ភិក្ខុ មាន​ឥន្រ្ទិយ​គ្រប់គ្រង​ហើយ​ យ៉ាង​នេះ​ឯង​ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុ​ដែល​នន្ទ​ភិក្ខុ​ស្គាល់​ប្រមាណ​ក្នុង​ភោជន​នោះ​ យ៉ាង​នេះ ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ក្នុង​សាសនា​នេះ​ នន្ទ​ភិក្ខុ​ពិចារណា ​ដោយ​ឧបាយ​ហើយ​ ទើប​បរិភោគ ​នូវ​អាហារ ​មិន​មែន​ដើម្បី​លេង មិន​មែន​ដើម្បី​ស្រវឹង ​មិន​មែន​ដើម្បី​តាក់តែង​រាងកាយ ​មិន​មែន​ដើម្បី​ផូរផង់ គ្រាន់តែ​ឲ្យ​តាំងនៅ​នៃ​កាយ​នេះ​ ដើម្បីញុំាង​ជីវិតិន្ទ្រិយ​ឲ្យ​ប្រព្រឹត្ត​ទៅ​ ដើម្បី​បំបាត់​បង់​នូវ​សេចក្តី​លំបាក ដើម្បី​អនុគ្រោះ​ដល់​ព្រហ្មចារ្យ ​អាត្មា​អញ នឹង​កំចាត់​បង់​នូវ​វេទនា​ចាស់​ផង​ ញុំាង​វេទនា​ថ្មី មិន​ឲ្យ​កើតឡើង​បាន​ផង​ ការ​ប្រព្រឹត្តិ​ទៅ​នៃ​ឥរិយាបថ​ក្ដី ការ​មិន​មាន​ទោសក្ដី ការនៅ​សប្បាយ​ក្ដី ​នឹង​មាន​ដល់​អាត្មា​អញ​ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុ​ដែល​នន្ទ​ភិក្ខុ​ស្គាល់​ប្រមាណ​ក្នុង​ភោជន យ៉ាង​នេះ​ឯង​ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុ​ដែល​នន្ទ​ភិក្ខុ​ប្រកប​រឿយ ៗ ក្នុង​ការ​ភ្ញាក់រលឹក​នោះ​ យ៉ាង​នេះ ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ក្នុង​សាសនា​នេះ​ នន្ទ​ភិក្ខុ​ ជម្រះ​ចិត្ត​ចាក​អាវរណីយធម៌ ​ដោយ​ការ​ចង្ក្រមន៍ ​ដោយ​ការ​អង្គុយ​អស់​មួយ​ថ្ងៃ​ ជម្រះ​ចិត្ត​ចាក​អាវរណីយធម៌ ​ដោយ​ការ​ចង្រ្កមន៍ ​ដោយ​ការ​អង្គុយ​អស់​បឋមយាម​នៃ​រាត្រី សម្រេច​នូវ​សីហសេយ្យ ​ដោយ​ផ្អៀង​ទៅ​ខាង​ស្ដាំ តំរួត​ជើង​ដោយ​ជើង ​ជា​អ្នក​មាន​សតិសម្បជញ្ញៈ ធ្វើទុក​ក្នុង​ចិត្ត​នូវ​ឧដ្ឋាន​សញ្ញា ​អស់​មជ្ឈិមយាម​នៃ​រាត្រី ​ហើយ​ក្រោកឡើង ជម្រះ​ចិត្ត​ចាក​អាវរណីយ​ធម៌ ​ដោយ​ការ​ចង្រ្កមន៍ ​ដោយ​ការ​អង្គុយ អស់​បច្ឆិមយាម​នៃ​រាត្រី ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុ​ដែល​នន្ទ​ភិក្ខុ​ប្រកប​រឿយ ៗ ក្នុង​ការភ្ញាក់​រលឹក​ យ៉ាង​នេះ​ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុ​ដែល​នន្ទ​ភិក្ខុ​មាន​សតិសម្បជញ្ញៈ​នោះ យ៉ាង​នេះ ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ វេទនា​កើតឡើង​ដល់​នន្ទ​ភិក្ខុ​ ក៏​ដឹង​ច្បាស់ វេទនា​ប្រាកដ​ឡើង ក៏​ដឹង​ច្បាស់ ​ដល់​នូវ​សេចក្ដី​វិនាស​ ក៏​ដឹង​ច្បាស់​ សញ្ញា​ដែល​កើតឡើង ក៏​ដឹង​ច្បាស់ សញ្ញា​ប្រាកដ​ឡើង ក៏​ដឹង​ច្បាស់ សញ្ញា​ដល់​នូវ​សេចក្ដី​វិនាស​ ក៏​ដឹង​ច្បាស់ វិតក្កៈ ​ដែល​កើតឡើង ក៏​ដឹង​ច្បាស់ វិតក្កៈ​ដែល​ប្រាកដ​ឡើង ក៏​ដឹង​ច្បាស់ វិតក្កៈ​ដែល​ដល់​នូវ​សេចក្ដី​វិនាស​ ក៏​ដឹង​ច្បាស់ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុ​ដែល​នន្ទ​ភិក្ខុ មាន​សតិសម្បជញ្ញៈ យ៉ាង​នេះ​ឯង​ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ចាំបាច់​ពោល​ទៅ​ថ្វី ​ក្នុង​ទីដទៃ​ថា​ នន្ទ​ភិក្ខុ​គ្រប់​គ្រង​ទ្វារ ​ក្នុង​ឥន្ទ្រិយ​ទាំង​ឡាយ ​ដឹង​ប្រមាណ ​ក្នុង​ភោជន ​ប្រកប​រឿយៗ ​នូវ​ការភ្ញាក់​រលឹក ប្រកប​ដោយ​សតិសម្បជញ្ញៈ ទើបនន្ទ​ភិក្ខុ អាច​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ​ឲ្យ​បរិបូណ៌ បរិសុទ្ធ ​បាន​ ។

ការណ្ឌវសូត្រ ទី១០កែប្រែ

[១០] សម័យ​មួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​គង់​ក្បែរឆ្នេរ​ស្រះបោក្ខរណី​ឈ្មោះ​គគ្គរា ជិត​ក្រុង​ចម្បា ។ សម័យ​នោះ​ឯង ភិក្ខុ​ទាំង​ឡាយ ​ចោទ​ភិក្ខុ​ផង​គ្នា​ដោយ​អាបត្តិ ។ ​ភិក្ខុ​នោះ កាល​ត្រូវ​ពួក​ភិក្ខុ​ផង​គ្នា ចោទ​ដោយ​អាបត្តិ ក៏អាង​ពាក្យ​ដទៃ​ដោយ​ពាក្យ​ដទៃ បដិសេធ​ពាក្យ​ទៅ​ខាងក្រៅ ធ្វើសេចក្ដី​ក្រោធ​ផង​ ទោស​ផង​ សេចក្ដី​មិន​ពេញ​ចិត្ត​ផង ឲ្យ​កើត​ប្រាកដ ។ លំដាប់​នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំង​ឡាយ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ​អ្នក​ទាំង​ឡាយ ​ចូរ​បណ្ដេញ​នូវ​បុគ្គល​នេះ​ចេញ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​អ្នក​ទាំង​ឡាយ ​ចូរ​បណ្ដេញ​នូវ​បុគ្គល​នេះ​ចេញ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល (​នោះ​) ​ជា​បុគ្គល​គួរ​បណ្ដេញ​ចេញ បុគ្គល​ដូច​ជា​កូន​នៃ​បុគ្គល​ដទៃ រមែង​បៀតបៀន​បាន​ទេ​ដឹង ម្នាល​ភិក្ខុ​ទាំង​ឡាយ ការឈាន​ទៅ​មុខ ​និង​ថយ​ក្រោយ ការ​មើល​ទួទៅ​ មើល​ផ្សេងៗ ការបត់​អវយវៈ​ចូល​ ការលា​អវយវៈ​ចេញ ការទ្រ​ទ្រង់​នូវ​សង្ឃាដិ ​បាត្រ​ ចីវរ ​របស់​បុគ្គល​ពួក​ខ្លះ​ក្នុង​សាសនា​នេះ​ ប្រាកដ​ដូច្នោះ ដូចដំណើរ​នៃ​ពួក​ភិក្ខុ​ដ៏​ចម្រើន​ដទៃ ​ពួក​ភិក្ខុ​មិន​ឃើញ​នូវ​អាបត្ដិ​របស់​ភិក្ខុ​នោះ លុះ​កាល​ណា​ពួក​ភិក្ខុ​ ឃើញ​នូវ​អាបត្ដិ ​ភិក្ខុ​នោះ​ ក៏​ដឹង​នូវ​ភិក្ខុ​នោះ​យ៉ាង​នេះ​ថា ភិក្ខុ​នេះ​ជា​អ្នក​ប្រទូស្ដ​ដល់​សមណៈ ដូច​ជា​សម្តី ឬ​អង្កាម​ក្នុង​សមណៈ ​ជា​សម្រាម​ក្នុង​សមណៈ ​លុះ​ពួក​ភិក្ខុ​ដឹង​ច្បាស់​នូវ​ភិក្ខុ​នោះ​ ដូច្នេះ​ហើយ​ ក៏ធ្វើ​ឲ្យ​វិនាស ទៅ​ខាង​ក្រៅ (ជំនុំសង្ឃ) ។ ដំណើរ​នោះ​ ព្រោះហេតុអ្វី ។ ព្រោះ​ថា អ្នក​កុំ​ប្រទូស្ត​ភិក្ខុ​ល្អ​ទាំង​ឡាយឯ​ទៀត​ឡើយ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូចយ៉ាង​ស្មៅ​ដែល​បង្ខូច​ស្រូវ ​ជា​សម្តី​ក្នុង​ស្រូវ ​ជា​សម្រាម​ដល់​ស្រូវ ដុះឡើង​ក្នុង​ស្រែ​នៃ​ស្រូវ​ដ៏​ល្អ គល់ស្មៅ​នោះ​ ក៏ដូច្នោះ​ដែរ​ ដូចគល់​នៃ​ស្រូវ​ដ៏​ចម្រើន​ដទៃ ​ដើម​ ក៏ដូច្នោះ​ដែរ​ ដូច​ជា​ដើម​នៃ​ស្រូវ​ដ៏​ចម្រើន​ដទៃ ស្លឹក ក៏ដូច្នោះ​ដែរ​ ដូច​ជា​ស្លឹក​នៃ​ស្រូវ ​ដ៏​ចម្រើន​ដទៃ កំណត់ត្រឹម​គួរ​នៃ​ស្មៅ​នោះ​មិន​ទាន់​កើត ​លុះ​កាល​ណា​គួរ​នៃ​ស្មៅ​នោះ​កើត​ឡើង ​អ្នក​ផង​ទើប​ដឹង​ស្មៅ​នោះ​យ៉ាង​នេះ​ថា នេះ​ជា​ស្មៅបង្ខូច​ស្រូវ ​ជា​សម្តី​ក្នុង​ស្រូវ ​ជា​សម្រាម​ដល់​ស្រូវ ​លុះ​អ្នក​ផង​ដឹង​ច្បាស់​នូវ​ស្មៅ​នោះ​ យ៉ាង​នេះ​ហើយ​ ក៏ដក​រំលើង​ទាំង​ឫស​ចោល​ទៅ​ខាងក្រៅ​នៃ​ស្រែ​ស្រូវ ។ ដំណើរ​នោះ​ ព្រោះ​ហេតុអ្វី ។ ព្រោះ​ថា​ កុំ​ឲ្យ​បង្ខូច​ស្រូវ​ទាំង​ឡាយ​ឯទៀត​បាន​ឡើយ សេចក្ដី​នេះ​ យ៉ាងណា​មិញ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ការឈាន​ទៅ​មុខ ​និង​ការ​ថយ​ក្រោយ​ ការមើល​ទួ​ទៅ​ ការមើល​ផ្សេង ៗ ការបត់​អវយវៈ​ចូល​ ការលា​អវយវៈ​ចេញ ការទ្រ​ទ្រង់​នូវ​សង្ឃាដិ ​បាត្រ​ ចីវរ ​របស់​បុគ្គល​ពួក​ខ្លះ ​ក្នុង​សាសនា​នេះ​ ប្រាកដ​ដូចយ៉ាង​ដំណើរ ​នៃ​ពួក​ភិក្ខុ​ល្អ​ដទៃ កំណត់​ត្រឹម​ពួក​ភិក្ខុ​មិន​ឃើញ​នូវ​អាបត្តិ​របស់​ភិក្ខុ​នោះ ក្នុង​កាល​ណា​ពួក​ភិក្ខុ​ឃើញ​នូវ​អាបត្តិ​របស់​ភិក្ខុ​នោះ​ ក៏​ដឹង​នូវ​ភិក្ខុ​នោះ​ យ៉ាង​នេះ​ថា ភិក្ខុ​នេះ ជា​អ្នក​ប្រទូស្ដ​សមណៈ ដូច​ជា​សម្តី ឬ​អង្កាម​ក្នុង​សមណៈ ​ជា​សម្រាម​ដល់​សមណៈ ​លុះ​ពួក​ភិក្ខុ​ដឹង​ច្បាស់​នូវ​ភិក្ខុ​នោះ ដូច្នេះ​ហើយ​ ក៏​ធ្វើ​ឲ្យ​វិនាស​ទៅ​ខាងក្រៅ (ជំនុំសង្ឃ) ​ក្នុង​កាល​នោះ​ ក៏យ៉ាង​នោះ​ឯង​ ។ ដំណើរ​នោះ​ ព្រោះ​ហេតុអ្វី ។ ព្រោះ​ថា កុំ​ឲ្យ​ប្រទូស្ដ​ភិក្ខុ​ល្អ​ទាំង​ឡាយ​ឯទៀត​ឡើយ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូច​យ៉ាងគំនរ​ស្រូវ​ដ៏​ធំ ​ដែល​គេ​កំពុង​រោយ ស្រូវណា​ក្នុង​គំនរ​ទាំង​នោះ ដែល​ជា​ស្រូវ​សុទ្ធ ​ជា​ស្រូវ​មាន​គ្រាប់ ស្រូវ​ទាំង​នោះ​ ក៏​ទៅ​ជា​គំនរ​ដោយ​ឡែក ចំណែក​ស្រូវណា ​ជា​ស្រូវ​មាន​កំឡាំង​ថយ ជា​សម្តី​ស្រូវ ខ្យល់ក៏បក់​ស្រូវ​ទាំង​នោះ ទៅ​ជា​គំនរ​ដោយ​ឡែក ​ពួក​ម្ចាស់​ក៏​យក​អម្បោស​ទៅ​បោស​ស្រូវ​នោះ​ (​ឲ្យ​ស្អាត​ចេញ) ​ដោយ​ក្រៃលែង ។ ដំណើរ​នោះ​ ព្រោះ​ហេតុអ្វី ។ ព្រោះ​ថា​ កុំ​ឲ្យ​បង្ខូច​ស្រូវល្អ​ទាំង​ឡាយ​ឯទៀត​បាន​ឡើយ យ៉ាងណា​មិញ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ដំណើរ​ប្រាកដ​ដូច្នោះ ​គឺ​ ការឈាន​ទៅ​មុខ ​និង​ការ​ថយ​ក្រោយ ការ​មើល​ទួ​ទៅ​ ការមើល​ផ្សេង ៗ ការបត់​អវយវៈ​ចូល​ ការលា​អវយវៈ​ចេញ ការទ្រ​ទ្រង់​នូវ​សង្ឃាដិ ​បាត្រ​ ចីវរ ​របស់​បុគ្គល​ពួក​ខ្លះ ​ក្នុង​សាសនា​នេះ​ ប្រាកដ​ដូច​យ៉ាង​ដំណើរ​នៃ​ពួក​ភិក្ខុ​ល្អ​ដទៃ កំណត់​ត្រឹម​ពួក​ភិក្ខុ​មិន​ឃើញ​នូវ​អាបត្តិ​របស់​ភិក្ខុ​នោះ លុះ​កាល​ណា​ពួក​ភិក្ខុ​ឃើញ​នូវ​អាបត្តិ​របស់​ភិក្ខុ​នោះ​ ក៏​ដឹង​ភិក្ខុ​នោះ​យ៉ាង​នេះ​ថា ភិក្ខុ​នេះ​ជា​អ្នក​ប្រទូស្ដ​សមណៈ ដូច​ជា​សម្តី ឬ​អង្កាម​ក្នុង​សមណៈ ​ជា​សម្រាម​ដល់​សមណៈ ​លុះ​ពួក​ភិក្ខុ​ដឹង​ច្បាស់​នូវ​ភិក្ខុ​នោះ​ដូច្នេះ​ហើយ​ ធ្វើ​ឲ្យ​វិនាស​ទៅ​ខាងក្រៅ (ជំនុំសង្ឃ) ​ក្នុង​កាល​នោះ​ ក៏យ៉ាង​នោះ​ឯង​ ។ ដំណើរ​នោះ​ ព្រោះហេតុអ្វី ។ ព្រោះ​ថា​ កុំ​ឲ្យ​ប្រទូស្ដ​ពួក​ភិក្ខុ​ល្អ​ទាំង​ឡាយ​ឯទៀត​បាន​ឡើយ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូចយ៉ាង​បុរស​ត្រូវ​ការថាំង​សម្រាប់​ដង​ទឹក​អណ្ដូង ក៏​ត្រូវ​កាន់​យក​ដឹង​ដ៏​មុត ​ចូល​ទៅ​ព្រៃ បុរស​នោះ​ គោះមើល​ឈើ​នោះ ដោយ​ស្លាប​ដឹង​ ។ ឈើ​ទាំង​នោះ​ ឈើណា​ជា​ឈើ​មាំមួន ​មាន​ខ្លឹម ឈើ​ទាំង​នោះ កាល​ត្រូវ​គេគោះ​ដោយ​ស្លាប​ដឹង​ហើយ​ ក៏បញេ្ចញ​សូរបែប​រឹងតាន់ ។ ចំណែក​ឈើ​ទាំង​ឡាយ​ណា ​ជា​ឈើ​ស្អុយ​ក្នុង ជា​ឈើពុក ​ជា​ឈើ​ជ្រោកជ្រាក ឈើ​ទាំង​នោះ កាល​ត្រូវ​គេគោះ​ដោយ​ស្លាប​ដឹង​ហើយ​ ក៏​បញេ្ចញ​សូរ​បែបព្រុក ៗ ។ បុរស​នោះ​ ក៏កាត់​យក​ឈើ​នោះ​ត្រង់​គល់ ​លុះ​កាត់​គល់​ហើយ​ ទើប​កាត់​ចុង ​លុះ​កាត់​ចុង​ហើយ​ ទើប​សំអាត​ខាង​ក្នុង​ឲ្យ​ស្អាត ​លុះ​សំអាត​ខាង​ក្នុង​ឲ្យ​ស្អាត​ហើយ​ ទើបធ្វើ​ទៅ​ជា​ថាំង​សម្រាប់​ដង​ទឹក​អណ្ដូង យ៉ាងណា ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ការឈាន​ទៅ​មុខ ​និង​ការ​ថយ​ក្រោយ ការមើល​ទួ​ទៅ​ ការមើល​ផ្សេង ៗ ការបត់​អវយវៈ​ចូល​ ការ​លាអវយវៈ​ចេញ ការ​ទ្រ​ទ្រង់​នូវ​សង្ឃាដិ ​បាត្រ​ ចីវរ តែង​មាន​ដល់​បុគ្គល​ពួក​ខ្លះ ​ក្នុង​សាសនា​នេះ​ ប្រាកដ​ដូចយ៉ាង​ដំណើរ​នៃ​ពួក​ភិក្ខុ​ល្អដទៃ កំណត់​ត្រឹម​ពួក​ភិក្ខុ​មិន​ទាន់​ឃើញ​នូវ​អាបត្តិ​របស់​ភិក្ខុ​នោះ លុះ​កាល​ណា ​ពួក​ភិក្ខុ​ឃើញ​នូវ​អាបត្តិ​របស់​ភិក្ខុ​នោះ​ហើយ​ ក៏​ដឹង​នូវ​ភិក្ខុ​នោះ​ យ៉ាង​នេះ​ថា ភិក្ខុ​នេះ ជា​អ្នក​ប្រទូស្ដ​សមណៈ ដូច​ជា​សម្តី ឬ​អង្កាម​ក្នុង​សមណៈ ​ជា​សម្រាម​ដល់​សមណៈ ​លុះ​ពួក​ភិក្ខុ ដឹង​ច្បាស់​នូវ​ភិក្ខុ​នោះ​ ដូច្នេះ​ហើយ​ ធ្វើ​ឲ្យ​វិនាស​ទៅ​ខាងក្រៅ (ជំនុំសង្ឃ) ​ក្នុង​កាល​នោះ​ ក៏យ៉ាង​នោះ​ដែរ​ ។ ដំណើរ​នោះ​ ព្រោះ​ហេតុអ្វី ។ ព្រោះ​ថា​ កុំ​ឲ្យ​ប្រទូស្ដ​ពួក​ភិក្ខុ​ល្អ​ឯទៀត​បាន​ឡើយ ។

ដោយ​ការនៅ​រួមគ្នា បុគ្គល​គប្បី​ដឹង​ថា​ បុគ្គល​មាន​ប្រាថា្ន​ដ៏​លាមក ​មាន​សេចក្ដី​ក្រោធ ​ជា​អ្នក​លុបគុណ រឹងត្អឹង លើកខ្លួន ច្រណែន ​មាន​សេចក្ដី​កំណាញ់ ​ជា​អ្នក​អួតអាង ​មាន​សម្តី​ទន់ភ្លន់ និយាយ​ក្នុង​កណ្ដាល​ប្រជុំជន ដូច​ជា​សមណៈ តែ​ជា​អ្នក​មាន​ទិដ្ឋិ​អាក្រក់ ​មិន​អើពើ (​ក្នុង​ធម៌វិន័យ) ​ជា​បុគ្គល​រឡេម​រឡាម ​ពោល​នូវ​ពាក្យ​កុហក តែង​ធ្វើ​នូវ​អំពើ (អាក្រក់) ​ក្នុង​ទី​ស្ងាត់ យ៉ាងណា ​អ្នក​ទាំង​ឡាយ ​ទាំង​អស់​គ្នា ​លុះ​ដឹង​ច្បាស់​នូវ​ពាក្យ​នោះ​ យ៉ាង​ណា​ហើយ​ គួរ​ជា​អ្នក​ព្រមព្រៀង​គ្នា ​ចូរ​បណ្ដេញ​នូវ​បុគ្គល​នោះ​ចេញ កំចាត់​បង់​នូវ​បុគ្គល​ដូច​ជា​សម្រាម កំចាត់បង់​នូវ​បុគ្គល​ជ្រោកជ្រាក​ចេញ លំដាប់​អំពី​នោះ អ្នក​ទាំង​ឡាយ ​ចូរ​បន្សាត់​នូវ​បុគ្គល​ទាំង​ឡាយ ដូច​ជា​សម្តី ឬ​អង្កាម ​មិន​មែន​ជា​សមណៈ​ លើក​ខ្លួន​ថា​ជា​សមណៈ​នោះ​ចេញ ​លុះ​អ្នក​ទាំង​ឡាយ កំចាត់បង់​នូវ​បុគ្គល​ប្រាថ្នា​លាមក​មាន​អាចារៈ ​និង​គោចរៈ​ដ៏​លាមកចេញ​ហើយ ជា​អ្នក​មាន​ស្មារតី ​ចូរ​កំណត់​នូវ​ការនៅរួមគ្នា​ដោយ​បុគ្គល​បរិសុទ្ធ ​និង​មិន​បរិសុទ្ធ គួរ​ជា​អ្នក​ព្រមព្រៀង​គ្នា ​មាន​ប្រាជ្ញា​ដ៏​ខ្ជាប់ខ្ជួន ​និង​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​បាន​ ។

ចប់ មេត្តាវគ្គ ទី១ ។

ឧទ្ទាន​ក្នុង​មេត្តាវគ្គ​នោះ​គឺ និយាយ​អំពី​អានិសង្សមេត្តាចេតោសមាធិ ១ ​អំពី​ការ​បាន​បញ្ញា​ ពីរលើក ​អំពី​បុគ្គល​ជា​ទី​ស្រឡាញ់​ ពីរលើក ​អំពី​បុគ្គល​មិន​ជា​ទី​ស្រឡាញ់​ ពីរលើក ​អំពី​លោក​ធម៌ ​និង​ការប្រាស​ចាក​លោក​ធម៌ ១ ​អំពី​ទេវទត្ត ១ ​អំពី​ព្រះ​ឧត្ដរៈ ១ ​អំពី​ព្រះ​នន្ទៈ ១ ​អំពី​សមណៈ​ដូច​ជា​សម្រាម ១ ។​

មហាវគ្គកែប្រែ

វេរញ្ជសូត្រ ទី១កែប្រែ

[១១] ខ្ញុំ​បាន​ស្ដាប់មកយ៉ាង​នេះ​ ។ សម័យ​មួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​គង់​នៅក្បែរ​ដើម​ស្ដៅ ​ជា​លំនៅ​របស់​នឡេរុយក្ស ជិតស្រុកវេរញ្ជា ។ គ្រា​នោះ​ វេរញ្ជព្រាហ្មណ៍ ​ចូល​សំដៅ​ទៅ​ត្រង់​ទី ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​គង់ លុះ​ចូល​ទៅ​ដល់​ហើយ​ ធ្វើ​សេចក្ដី​រីករាយ ​ជា​មួយ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ទើប​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ ។ ​កាល​ដែល​វេរញ្ជព្រាហ្មណ៍ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ បាន​ក្រាប​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​យ៉ាង​នេះ​ថា​ បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ខ្ញុំ​បាន​ឮ​ពាក្យ​ថា​ ​ព្រះ​សមណ​គោតម ​មិន​សំពះ ​មិន​ក្រោក​ទទួល​ព្រាហ្មណ៍​ទាំង​ឡាយ ​ដែល​ចាស់ជរា ជា​ព្រឹទ្ធាចារ្យ​មាន​អាយុ​ច្រើន រស់នៅ​បាន​យូរ​ឆ្នាំ​មក​ហើយ មាន​អាយុ​ជ្រុល​ចូល​ក្នុង​បច្ឆិម​វ័យ​ហើយ​ ទោះបី​គ្រាន់តែ​អញ្ជើញ​ហៅ​រក​ព្រាហ្មណ៍​ទាំង​នោះ ឲ្យ​អង្គុយ​លើអាសនៈ (​ព្រះ​អង្គ​ក៏​មិន​ធ្វើ) បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន ពាក្យ​ដែល​ខ្ញុំ​បាន​ឮ​មក​នោះ ជា​ប្រាកដ​ថា​ ​ព្រះ​គោតម​ដ៏​ចម្រើន​មិន​សំពះ ​មិន​ក្រោក​ទទួល​ព្រាហ្មណ៍​ទាំង​ឡាយ ​ដែល​ចាស់ជរា ​ជា​ព្រឹទ្ធាចារ្យ​មាន​អាយុ​ច្រើន រស់នៅ​បាន​យូរ​ឆ្នាំមក​ហើយ មាន​អាយុ​ជ្រុល​ចូល​មក​ក្នុង​បច្ឆិមវ័យ​ហើយ ថា​សូម្បី​ត្រឹមតែអញ្ជើញ​ហៅ​រក​ព្រាហ្មណ៍​ទាំង​នោះ​ដោយ​អាសនៈ (​ព្រះ​អង្គ​ក៏​មិន​ធ្វើ) បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ កិច្ច​មាន​មិន​សំពះ​ជា​ដើម​នោះ ជា​ទំនង​ពុំសមគួរ​ឡើយ ។ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ ​ក្នុង​លោក​ ព្រម​ទាំង​ទេវ​លោក​ មារ​លោក​ ព្រហ្ម​លោក ក្នុង​ព​ពួក​សត្វ​ ព្រម​ទាំង​សមណព្រាហ្មណ៍ ​ទាំង​មនុស្ស​ជា​សម្មតិទេព ​និង​មនុស្ស​ដ៏​សេស ​តថាគតមិន​ឃើញ​អ្នក​ណា​មួយ​ ល្មម​ឲ្យ​តថាគត​សំពះ ​ឬ​ក្រោក​ទទួល ឬ​អញ្ជើញ​ហៅ​រក​ឲ្យ​អង្គុយ​លើអាសនៈ​ឡើយ ​ម្នាល​ព្រាហ្មណ៍ ព្រោះ​ថា​ បើ​តថាគត​សំពះ​អ្នក​ណា ​ឬ​ក្រោក​ទទួល​អ្នក​ណា ​ឬ​ក៏​អញ្ជើញ​ហៅ​រក​ដោយ​អាសនៈ ក្បាល​របស់​អ្នក​នោះ នឹង​ដាច់​ធ្លាក់​ចេញ​ចាក​ក

វេរញ្ជព្រាហ្មណ៍ ក៏​ពោល​ពាក្យ​ច្រឡោះបោះទៅ​រក​ព្រះ​សាស្ដា​ថា​ ​ព្រះ​គោតម​ដ៏​ចម្រើន ជា​មនុស្ស​សោះកក្រោះ ឥត​រស​ជា​តិ​ទេ​តើ​ (lack taste)​ ។ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ត្រាស់​តប​ថា ម្នាល​ព្រាហ្មណ៍ ពិតមែន ​មាន​ហេតុ​ជា​ទំនង​គួរ​ឲ្យ​អ្នក​ផង​គេ​ថា​ ​ព្រះ​សមណ​គោតម ​ជា​មនុស្ស​សោះ​កក្រោះ ឥតរស​ជា​តិ ​ដែល​គេ​ថា​នោះ ត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍ ពីព្រោះ​រស​ជា​តិ ​គឺ​ រូប សំឡេង ក្លិន រស ផោដ្ឋព្វ ​ទាំង​ប៉ុន្មាន​នោះ តថាគត​បាន​លះស្រឡះ​ហើយ បាន​ផ្ដាច់ផ្ដិល​ឫស​គល់​អស់​ហើយ បាន​ធ្វើ​មិន​ឲ្យ​មាន​ទីកើត ដូច​ជា​ដើម​ត្នោតដែល​គេគាស់​រំលើងឲ្យ​លែងដុះ​ត​ទៅ​ទៀត​ហើយ ជា​ធម៌​លែង​មាន​បែបភាព​ត​ទៅ​ទៀត​ហើយ ជា​ធម៌​លែង​មាន​កំណើត​ត​ទៅ​មុខ​ទៀត​ហើយ ម្នាល​ព្រាហ្មណ៍ ​ដែល​អ្នក​ផង​គេ​ថា​ ​ព្រះ​សមណ​គោតម ​ជា​មនុស្ស​សោះ​កក្រោះ ឥត​មាន​រស​ជា​តិ​នោះ គឺ​ត្រូវ​ត្រង់​ហេតុ​នេះ​ឯង​ ប៉ុន្តែ​មិន​មែន​ត្រូវ​ត្រង់​ហេតុ​ដែល​ព្រាហ្មណ៍​ឯង​ និយាយ​ដៅ​នោះ​ទេ ។

ព្រាហ្មណ៍​ពោល​ថា​ ​ព្រះ​គោតម​ដ៏​ចម្រើន​ គ្មានគ្រឿង​ប្រើ​ការ​ទេ​តើ​ (lacks property) ។ ​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​តប​ថា ម្នាល​ព្រាហ្មណ៍ ពិតមែន ​មាន​ហេតុ​ជា​ទំនង​គួរ​ឲ្យ​អ្នក​ផង​គេ​ថា​ ​ព្រះ​សមណ​គោតម ​ជា​មនុស្ស​ប្រើការ​មិន​កើត ​ដែល​គេ​ថា​នោះ ត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍ ពីព្រោះ​គ្រឿង​ប្រើការ ​គឺ​រូប សំឡេង ក្លិន រស ផោដ្ឋព្វ ​ទាំង​ប៉ុន្មាន​នោះ តថាគត បាន​លះស្រឡះ​ហើយ បាន​ផ្ដាច់ផ្ដិលឫសគល់​អស់​ហើយ បាន​ធ្វើ​មិន​ឲ្យ​មាន​ទី​កើត ដូច​ជា​ដើម​ត្នោត​ដែល​គេ​គាស់​រំលើង ​ឲ្យ​លែងដុះ​ត​ទៅ​ទៀត​ហើយ ជា​ធម៌​លែង​មាន​បែប​ភាព​ត​ទៅ​ទៀត​ហើយ ជា​ធម៌​មិន​មាន​កំណើត​ត​ទៅ​ខាង​មុខ​ទៀតទេ ​ម្នាល​ព្រាហ្មណ៍ ​ដែល​អ្នក​ផង​គេ​ថា​ ​ព្រះ​សមណ​គោតម ​ជា​មនុស្ស​ប្រើការ​មិន​កើត​នោះ គឺ​ជា​សម្តី​ត្រូវ​ត្រង់​ហេតុ​នេះ​ឯង​ ប៉ុន្តែ​មិន​មែន​ត្រូវ​ត្រង់​ហេតុ ​ដែល​អ្នក​និយាយ​សំដៅ​នោះ​ទេ ។

ព្រាហ្មណ៍​ពោល​ថា​ ​ព្រះ​គោតម​ដ៏​ចម្រើន ជា​អកិរិយវាទ​ទេ​តើ​ (affirms the theory of inaction) ។ ​ព្រះ​សាស្ដា​ទ្រង់​ត្រាស់តប​ថា ម្នាល​ព្រាហ្មណ៍ ពិតមែន ​មាន​ហេតុ​ជា​ទំនង​គួរ​ឲ្យ​អ្នក​ផង​គេ​ថា​ ​ព្រះ​សមណ​គោតម ​ជា​អកិរិយវាទ ​ដែល​គេ​ថា​នោះ ត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍ ​ពីព្រោះ​តថាគត​ ប្រកាន់​និយាយ​ហាមឃាត់​ថា មិន​ត្រូវ​អ្នក​ណា​មួយ​ ធ្វើកាយទុច្ចរិត​ វចីទុច្ចរិត មនោទុច្ចរិត​ឡើយ តែង​និយាយ​ហាមឃាត់​ថា មិន​ត្រូវ​អ្នក​ណា​មួយ ធ្វើ​នូវ​ធម៌​ទាំង​ឡាយ ​ជា​អកុសល​អាក្រក់​ច្រើនប្រការ​នោះ​ឡើយ ​ម្នាល​ព្រាហ្មណ៍ ​ដែល​អ្នក​ផង​គេ​ថា ​ព្រះ​សមណ​គោតម ​ជា​អកិរិយវាទ​នោះ គឺ​ជា​សម្តី​ត្រូវ​ត្រង់​ហេតុ​នេះ​ឯង ប៉ុន្តែ​មិន​មែន​ត្រូវ​ត្រង់​ហេតុ​ដែល​អ្នក​និយាយ​សំដៅ​នោះ​ទេ ។

ព្រាហ្មណ៍​ពោល​ថា ​ព្រះ​គោតម​ដ៏​ចម្រើន ជា​ឧច្ឆេទវាទទេ​តើ​ (an annihilationist) ។ ​ព្រះ​សាស្ដា​ទ្រង់​ត្រាស់​តប​ថា ម្នាល​ព្រាហ្មណ៍ ពិតមែន ​មាន​ហេតុ​ជា​ទំនង​គួរ​ឲ្យ​អ្នក​ផង​គេ​ថា​ ​ព្រះ​សមណ​គោតម ​ជា​ឧច្ឆេទវាទ ​ដែល​គេ​ថា​នោះ ត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍​ ពីព្រោះ​តថាគត​ប្រកាន់​និយាយ​ថា ឲ្យ​សត្វ​កាត់ផ្ដាច់ផ្ដិល​នូវ​រាគៈ ទោសៈ មោហៈ ​តថាគត​ តែងនិយាយ​ថា ឲ្យ​សត្វ​កាត់ផ្ដាច់ផ្ដិល​នូវ​ធម៌​ទាំង​ឡាយ ​ជា​អកុសល​អាក្រក់​ច្រើនយ៉ាង​នេះ​ចេញ ​ម្នាល​ព្រាហ្មណ៍ ​ដែល​អ្នក​ផង​គេ​ថា ​ព្រះ​សមណ​គោតម ​ជា​ឧច្ឆេទវាទ​នោះ គឺ​ត្រូវ​ត្រង់ហេតុ​នេះ​ឯង ប៉ុន្តែ​មិន​មែន​ត្រូវ​ត្រង់​ហេតុ​ដែល​អ្នក​និយាយសំ​ដៅ​នោះ​ទេ​ ។ ​

ព្រាហ្មណ៍​ពោល​ថា ​ព្រះ​គោតម​ដ៏​ចម្រើន ជា​អ្នក​ខ្ពើមរអើម (​ណាស់​) ទេ​តើ​ (feels abhorrence) ។ ​ព្រះ​សម្ពុទ្ធ​ទ្រង់​ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ ពិតមែន ​មាន​ហេតុ​ជា​ទំនង​គួរ​ឲ្យ​អ្នក​ផង​គេ​ថា ​ព្រះ​សមណ​គោតម ​ជា​អ្នក​ខ្ពើមរអើម ដែល​គេ​ថា​នោះ ត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍ ​ពីព្រោះ​តថាគត​តែងនិយាយ​ថា​ គួរខ្ពើម​រអើម​សេចក្ដី​ប្រព្រឹត្តិអាក្រក់​ដោយ​កាយ ​វាចា ​ចិត្ត តថាគត​តែងនិយាយ​ថា​ គួរខ្ពើមរអើម​សេចក្ដី​ប្រកប​ចិត្ត​ ផ្ដេកផ្ដិត​ទៅ​រក​អកុសល​ធម៌​ទាំង​ឡាយ​ដ៏​អាក្រក់​ច្រើន​ប្រការ ​ម្នាល​ព្រាហណ៍ ​ដែល​អ្នក​ផង​គេ​ថា​ ​ព្រះ​សមណ​គោតម ​ជា​អ្នក​ខ្ពើមរអើម​នោះ គឺ​ត្រូវ​ត្រង់ហេតុ​នេះ​ឯង​ ប៉ុន្តែ​មិន​មែន​ត្រូវ​ត្រង់​ហេតុ​ដែល​អ្នក​និយាយ​សំដៅ​នោះ​ទេ​ ។

ព្រាហ្មណ៍​ពោល​ថា ​ព្រះ​គោតម​ដ៏​ចម្រើន ជា​អ្នក​បំផ្លាញ​ទេ​តើ​ (an abolitionist) ។ ​ព្រះ​លោក​នាថ​ជា​ម្ចាស់ ​ទ្រង់​ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ ពិតមែន ​មាន​ហេតុ​ជា​ទំនង ​គួរ​ឲ្យ​អ្នក​ផង​គេ​ថា​ ​ព្រះ​សមណ​គោតម ​ជា​អ្នក​បំផ្លាញ ​ដែល​គេ​ថា​នោះ​ត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍ ពីព្រោះ​តថាគត​សំដែង​ធម៌​ចំពោះ​ផ្លូវ​ប្រតិបត្តិ ដែល​បំផ្លាញ​បង់​នូវ​រាគៈ ​ទោសៈ មោហៈ តថាគត​សំដែង​ធម៌​ចំពោះ​ផ្លូវ​ប្រតិបត្តិ ​ដែល​រំលាយ​បង់​នូវ​អកុសលធម៌​ទាំង​ឡាយ​ដ៏​អាក្រក់​ច្រើនប្រការ ​ម្នាល​ព្រាហ្មណ៍ ​ដែល​អ្នក​ផង​គេ​ថា ​ព្រះ​សមណ​គោតម ​ជា​អ្នក​បំផ្លាញ​នោះ គឺ​ត្រូវ​ត្រង់​ហេតុ​នេះ​ឯង​ ប៉ុន្តែ​មិន​មែន​ត្រូវ​ត្រង់​ហេតុ​ដែល​អ្នក​និយាយ​សំដៅ​នោះ​ទេ ។

ព្រាហ្មណ៍​ពោល​ថា​ ​ព្រះ​គោតម​ដ៏​ចម្រើន ជា​អ្នក​ដុតកំដៅ​ទេ​តើ​ (give to mortification) ។ ​ព្រះ​សព្វញ្ញូ​ទ្រង់​ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ ពិតមែន ​មាន​ហេតុ​ជា​ទំនង គួរ​ឲ្យ​អ្នក​ផង​គេ​ថា​ ​ព្រះ​សមណ​គោតម ​ជា​អ្នក​ដុត​កំដៅ ​ដែល​គេ​ថា​នោះ ត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍ ពីព្រោះ​តថាគត​ប្រកាន់​និយាយ​ថា​ ការប្រព្រឹត្តិអាក្រក់​ដោយ​កាយ វាចា ​ចិត្ត ជា​ទីតាំង​នៃ​សេចក្ដី​ក្ដៅក្រហាយ ​ជា​អកុសល​ធម៌​ដ៏​អាក្រក់ អកុសល​ធម៌​ទាំង​ឡាយ​ដ៏​អាក្រក់ ​ដែល​ជា​ទីតាំង​នៃ​សេចក្ដី​ក្ដៅក្រហាយ (​នោះ​) បើ​អ្នក​ណា​បាន​លះបង់​ស្រឡះ​ហើយ បាន​ផ្ដាច់ផ្ដិលឫស​គល់​អស់​ហើយ បាន​ធ្វើ​មិន​ឲ្យ​មាន​ទីកើត​ដូច​ជា​ដើម​ត្នោត ​ដែល​គេគាស់​រំលើង ​ឲ្យ​លែងដុះ​ត​ទៅ​ទៀត​ហើយ បាន​ធ្វើ​ឲ្យ​លែង​មាន​បែប​ភាព​ត​ទៅ​ទៀត​ហើយ ឲ្យ​ជា​ធម៌​លែង​មាន​កំណើត​ត​ទៅ​ខាង​មុខ​ទៀត​ហើយ តថាគត​ហៅ​អ្នក​នោះ​ថា អ្នក​ដុត​កំដៅ ​ម្នាល​ព្រាហ្មណ៍ អកុសលធម៌​ទាំង​ឡាយ​ដ៏​អាក្រក់ ​ជា​ទីតាំង​នៃ​សេចក្ដី​ក្ដៅក្រហាយ ​តថាគត​បាន​លះបង់​ស្រឡះ​ហើយ បាន​ផ្ដាច់ផ្ដិល​ឫស​គល់​អស់​ហើយ បាន​ធ្វើ​មិន​ឲ្យ​មាន​ទីកើត ដូច​ជា​ដើម​ត្នោត ​ដែល​គេគាស់​រំលើង ​ឲ្យ​លែង​ដុះ​ត​ទៅ​ទៀត​ហើយ បាន​ធ្វើ​ឲ្យ​លែង​មាន​បែបភាព​ត​ទៅ​ទៀត​ហើយ ឲ្យ​ជា​ធម៌​លែង​មាន​កំណើត​ត​ទៅ​ខាង​មុខទៀត​ហើយ ម្នាល​ព្រាហ្មណ៍ ដែល​អ្នក​ផង​គេ​ថា​ ​ព្រះ​សមណ​គោតម ​ជា​អ្នក​ដុតកំដៅ​នោះ គឺ​ត្រូវ​ត្រង់​ហេតុ​នេះ​ឯង​ ប៉ុន្តែ​មិន​មែន​ត្រូវ​ត្រង់​ហេតុ ​ដែល​អ្នក​និយាយ​សំដៅ​នោះ​ទេ ។

ព្រាហ្មណ៍​ពោល​ថា​ ​ព្រះ​គោតម​ដ៏​ចម្រើន ជា​មនុស្សឥត​កំណើត​ទេ​តើ​ (against rebirth) ។ ​ព្រះ​ដ៏​មាន​ជោគ​ទ្រង់​ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ ពិតមែន ​មាន​ហេតុ​ជា​ទំនងគួរ​ឲ្យ​អ្នក​ផង​គេ​ថា​ ​ព្រះ​សមណ​គោតម ​ជា​មនុស្ស​ឥត​កំណើត ​ដែល​គេ​ថា​នោះ ត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍ ពីព្រោះ​កិរិយាដេក​ក្នុង​គភ៌ត​ទៅ​ទៀត​ ដំណើរ​កើត​ក្នុង​ភពត​ទៅ​ទៀត បើ​អ្នក​ណា​បាន​លះ​បង់ស្រឡះ​ហើយ បាន​ផ្ដាច់​ផ្ដិលឫស​គល់​អស់​ហើយ បាន​ធ្វើ​មិន​ឲ្យ​មាន​ទីកើត ដូច​ដើម​ត្នោត​ដែល​គេគាស់​រំលើង​ឲ្យ​លែងដុះ​ត​ទៅ​ទៀត​ហើយ ធ្វើ​ឲ្យ​លែង​មាន​បែបភាព​ត​ទៅ​ទៀត​ហើយ ឲ្យ​ជា​ធម៌​លែង​មាន​កំណើត​ត​ទៅ​ទៀត​ហើយ តថាគត​ហៅ​អ្នក​នោះ​ថា អ្នក​ឥតកំណើត ​ម្នាល​ព្រាហ្មណ៍ កិរិយាដេក​ក្នុង​គភ៌​ត​ទៅ​ទៀត ដំណើរ​កើត​ក្នុង​ភព​ត​ទៅ​មុខទៀត ​តថាគត​បាន​លះបង់ស្រឡះ​ហើយ បាន​ផ្ដាច់ផ្ដិល​ឫស​គល់​អស់​ហើយ បាន​ធ្វើ​មិន​ឲ្យ​មាន​ទីកើត​ ដូច​ជា​ដើម​ត្នោត​ដែល​គេ​គាស់​រំលើង ​ឲ្យ​លែង​ដុះត​ទៅ​ទៀត​ហើយ បាន​ធ្វើ​ឲ្យ​លែង​មាន​បែប​ភាព​ត​ទៅ​ទៀត​ហើយ ឲ្យ​ជា​ធម៌​លែង​មាន​កំណើត​ទៅ​ខាង​មុខ​ទៀត​ហើយ ម្នាល​ព្រាហ្មណ៍ ​ដែល​អ្នក​ផង​គេ​ថា​ ​ព្រះ​សមណគោតម ​ជា​មនុស្ស​ឥតកំណើត​នោះ គឺ​ត្រូវ​ត្រង់​ហេតុ​នេះ​ឯង​ ប៉ុន្តែ​មិន​មែន​ត្រូវ​ត្រង់​ហេតុ ​ដែល​អ្នក​និយាយ​សំដៅ​នោះ​ទេ ។

ម្នាល​ព្រាហ្មណ៍ ដូច​ជា​ស៊ុត​មាន់​ទាំង​ឡាយ ៨ក្ដី ១០ក្ដី ១២ក្ដី ស៊ុត​មាន់​ទាំង​នោះ គឺ​មេមាន់​ក្រាប​ដោយ​ប្រពៃ​ហើយ​ ធ្វើ​ឲ្យ​កក់ក្ដៅ ​ដោយ​ប្រពៃ​ហើយ ឲ្យ​ចាប់​ក្លិនមេ ​ដោយ​ប្រពៃ​ហើយ​ (​លុះ​ដល់​វេលា​ញាស់) ក៏បណ្ដាកូនមាន់​ទាំង​នោះ​ កូនមាន់​ណា ទំលាយ​សម្បកស៊ុត ​ដោយ​ចុង​ក្រចកជើង ​ឬ​ដោយ​ចុង​ចំពុះ ​ហើយ​ញាស់ចេញមក​ដោយ​ស្រួល​មុនគេ​បំផុត បើដូច្នេះ ​តើ​អ្នក​ផង​គួរ​ហៅ​កូន​មាន់​នោះ​ថា​ កូនច្បង ​ឬ​កូន​ពៅហៈ! ។ ព្រាហ្មណ៍​ក្រាប​ទូល​ថា​ បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ (កូនមាន់​នោះ​) គេគួរ​ហៅ​ថា​ កូន​ច្បង បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ពីព្រោះ​វា​ជា​បងគេ​បំផុត ។ ​ព្រះ​សាស្ដា​ទ្រង់​ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ ​កាល​បើ​ព​ពួក​សត្វ​ ដូច​ជា​ស៊ុត (មាន់) ​មាន​អវិជ្ជា ​គឺ​សេចក្ដី​ល្ងង់ ដូច​ជា​សម្បកស៊ុត កំពុង​រួបរឹត ​ក្នុង​លោក​មាន​តែ​តថាគត​ម្នាក់​ឯង ដែល​ទំលាយ​សម្បក​ស៊ុត ​គឺ​សេចក្ដី​ល្ងង់ ​ហើយ​ត្រាស់​ដឹង​ខ្លួន​ឯង ដោយ​ប្រពៃ ​នូវ​សម្មាសម្ពោធិញ្ញាណ ​ដែល​មិន​មាន​គុណ​ជា​ត​ឯទៀត​ប្រសើរ​ជា​ង​ឡើយ ​ម្នាល​ព្រាហ្មណ៍ ​តថាគត​ឯង ជា​ចម្បង ​ជា​បុគ្គល​ប្រសើរបំផុត​ជា​ង​សត្វ​លោក ម្នាល​ព្រាហ្មណ៍ ព្យាយាម ​តថាគត​បាន​តាំង​ផ្ដើម​ហើយ មិន​បន្ធូរ​បន្ថយ​ឡើយ ​ទាំង​ស្មារតី ​តថាគត​ក៏ប្រុង​មិន​ឲ្យ​មាន​ភ្លាត់ កាយសោត ក៏ស្ងប់​រម្ងាប់ ​មិន​ក្រវល់​ក្រវាយ ​ចិត្ត​ក៏​នឹង​ល្អ ​ជា​ចិត្ត​មាន​អារម្មណ៍​តែ​មួយ ម្នាល​ព្រាហ្មណ៍ ​តថាគត​នោះ លុះ​ស្ងាត់​ចាក​កាម​ទាំង​ឡាយ ស្ងាត់​ចាក​ធម៌​ទាំង​ឡាយ​ជា​អកុសល​ហើយ​ ក៏​ចូល​បឋមជ្ឈាន ​ដែល​ប្រកប​ដោយ​វិតក្កវិចារៈ ​មាន​បីតិ ​និង​សុខ ​ដែល​កើត​អំពើ​សេចក្ដី​ស្ងប់ស្ងាត់ ព្រោះ​រម្ងាប់វិតក្កវិចារៈ ​តថាគត បាន​ចូល​ដល់​ទុតិយជ្ឈាន ​ជា​ធម្ម​ជា​ត​កើត​មាន​ក្នុង​សន្ដាន ​ចិត្ត​ប្រកប​ដោយ​សេចក្ដី​ជ្រះថ្លា ​មាន​សភាព​ជា​ចិត្ត​ខ្ពស់ឯក ​មិន​មាន​វិតក្កៈ ​មិន​មាន​វិចារៈ ​មាន​តែបីតិ ​និង​សុខ កើត​អំពី​សមាធិ ព្រោះ​លះបង់​បីតិ​ចេញ​ហើយ តថាគត ជា​បុគ្គល​ព្រងើយ​ផង មាន​សតិ សម្បជញ្ញៈ​ផង​ សោយសុខ​ដោយ​នាមកាយ​ផង​ ​ព្រះ​អរិយ​ទាំង​ឡាយ តែងសរសើរ​នូវ​បុគ្គល ​ដែល​បាន​នូវ​តតិយជ្ឈាន​នោះ​ថា​ បុគ្គល​អ្នក​បាន​តតិយជ្ឈាន ​មាន​ចិត្ត​ព្រងើយ ​មាន​ស្មារតី ​មាន​ប្រក្រតី​នៅ​ជា​សុខ ព្រោះ​តតិយជ្ឈាន​ណា ​តថាគត​ ក៏​បាន​ដល់​នូវ​តតិយជ្ឈាន​នោះ​ ព្រោះលះបង់​នូវ​សេចក្ដី​សុខ​ផង​ ព្រោះលះបង់​នូវ​សេចក្ដី​ទុក្ខ​ផង​ ព្រោះ​រំលត់​នូវ​សោមនស្ស ​និង​ទោមនស្ស​អំពី​មុន​ផង តថាគត​បាន​ចូល​ដល់​ចតុត្ថជ្ឈាន ​ដែល​ឥតទុក្ខ ឥតសុខ ​មាន​សតិ​ដ៏​ស្អាត ប្រាកដ​ចំពោះ​ត្រង់​ឧបេក្ខា ​កាល​ដែល​ចិត្ត​ខ្ជាប់ខ្ជួន បរិសុទ្ធ​ផូរផង់ ​មិន​មាន​កិលេស ប្រាស​ចាក​សេចក្ដី​សៅហ្មង ​ជា​ចិត្ត​ទន់ សមគួរ​ដល់​កម្ម ​ជា​ចិត្ត​នឹង​ធឹង មិន​ញាប់ញ័រ​យ៉ាង​នេះ​ហើយ តថាគត​ ក៏​បាន​បង្អោន​ចិត្ត​ចូល​ទៅ​ក្នុង​បុព្វេនិវាសានុស្សតិញ្ញាណ ​តថាគត​ ក៏រលឹក​ជា​តិ ​ដែល​បាន​អាស្រ័យ​នៅ​អំពី​មុន ​ជា​អនេក​ជា​តិ ​គឺ​រលឹក​បាន​ ១​ ជា​តិ, ​២​ ជា​តិ, ៣​ ជា​តិ, ៤ ​ជា​តិ, ៥ ​ជា​តិ, ១០ ​ជា​តិ, ២០ ​ជា​តិ, ៣០ ​ជា​តិ, ៤០ ​ជា​តិ, ៥០​ ជា​តិ, ១០០ ​ជា​តិ, ១ ពាន់​ជា​តិ, ១ សែន​ជា​តិ​ក៏​បាន​ រលឹក​បាន​ច្រើន​សំវដ្ដកប្ប ច្រើន​វិវដ្ដកប្ប ច្រើន​សំវដ្ដវិវដ្ដកប្ប​ក៏​បាន​ ដូច្នេះ​ថា តថាគត​បាន​កើត​ក្នុង​ភព​ឯណោះ ​មាន​ឈ្មោះ​យ៉ាង​នេះ មាន​គោត្ត​យ៉ាង​នេះ មាន​សម្បុរ​យ៉ាង​នេះ មាន​អាហារ​យ៉ាង​នេះ​ សោយសុខ​ទុក្ខយ៉ាង​នេះ មាន​កំណត់​អាយុ​ប៉ុណ្ណេះ ​តថាគត​ច្យុត​ចាក​អត្តភាព​នោះ​ហើយ បាន​ទៅ​កើត​ក្នុង​ភពឯណោះ ​ដែល​ទៅ​កើត​ក្នុង​ភព​នោះ តថាគត មាន​ឈ្មោះ​យ៉ាង​នេះ មាន​គោត្ត​យ៉ាង​នេះ មាន​សម្បុរ​យ៉ាង​នេះ មាន​អាហារយ៉ាង​នេះ បាន​សោយសុខ ទុក្ខយ៉ាង​នេះ មាន​កំណត់អាយុ​ប៉ុណ្ណេះ ​តថាគត​ច្យុត​ចាក​អត្តភាព​នោះ​ហើយ​ មកកើត​ក្នុង​ភព​នេះ​ ។ ​តថាគត​រលឹក​តាម​នូវ​ជា​តិ ​ដែល​អាស្រ័យ​នៅពីមុន​បាន​ច្រើន​ជា​តិ ព្រម​ទាំង​អាការ ព្រម​ទាំង​ឧទ្ទេស​យ៉ាង​នេះ​ ។

ម្នាល​ព្រាហ្មណ៍ បឋមវិជ្ជា​នេះ​ហើយ ដែល​តថាគត បាន​ក្នុង​យាម​ជា​ដំបូង​នៃ​រាត្រី អវិជ្ជា​ខ្ចាត់បាត់​ទៅ​ វិជ្ជា​ក៏កើតឡើង ងងឹត​ខ្ចាត់បាត់​ទៅ​ ពន្លឺក៏​កើតឡើង ​ដល់​តថាគត​ ដូច​ជា​បុគ្គល​ដែល​មិន​ប្រហែសធ្វេស ខំប្រឹងដុត​បំផ្លាញ​កិលេស ​មាន​ចិត្ត​បញ្ជូន​ទៅ​ ។ ​ម្នាល​ព្រាហ្មណ៍ ​នេះ​ឯង​ជា​ការ​ញាស់​ចេញ​ជា​ដំបូង ​របស់​តថាគត​ ដូច​ជា​កូនមាន់​ញាស់ចេញ​ចាក​សម្បក​ស៊ុត ។ ​កាល​ដែល​ចិត្ត​ខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ ​មិន​មាន​កិលេស ប្រាស​ចាក​សេចក្ដី​សៅហ្មង ​ជា​ចិត្ត​ទន់​ សមគួរ​ដល់​កម្ម ​ជា​ចិត្ត​នឹង​ធឹង ​មិន​ញាប់ញ័រ​យ៉ាង​នេះ​ហើយ តថាគត​ ទើបបង្អោន​ចិត្ត​ ដើម្បី​ដឹង​នូវ​ចុតិ ​និង​បដិសន្ធិ​នៃ​សត្វ​ទាំង​ឡាយ (ចុតូបបាតញ្ញាណ) ។ ​តថាគត​ពិចារណា​មើល​នូវ​សត្វ​ទាំង​ឡាយ ​ដែល​ច្យុត ​និង​ចាប់​បដិសន្ធិ ថោកទាប ​និង​ឧត្ដម ​មាន​សណ្ឋានល្អ ​និង​អាក្រក់ ​ទៅ​កាន់​សុគតិ ​និង​ទុគ្គតិ ​ដោយ​ចក្ខុ​ដូច​ជា​ទិព្វ ​ដ៏​បរិសុទ្ធ ក្រៃលែង​ជា​ងចក្ខុ​របស់​មនុស្ស​សាមញ្ញ ក៏​ដឹង​ច្បាស់​នូវ​សត្វ​ទាំង​ឡាយ ​ដែល​អន្ទោល​ទៅ​តាម​កម្ម​ថា​ អើហ្ន៎! ​សត្វ​ទាំង​ឡាយ​អម្បាល​នេះ ប្រកប​ដោយ​កិរិយា​ប្រព្រឹត្ត​អាក្រក់​ដោយ​កាយ ​ដោយ​វាចា ​ដោយ​ចិត្ត​ និយាយ​តិះដៀល​អរិយបុគ្គល​ទាំង​ឡាយ ​ជា​មិច្ឆាទិដ្ឋិ ប្រកាន់មាំ​នូវ​កម្ម ​ជា​មិច្ឆាទិដ្ឋិ ​សត្វ​ទាំង​នោះ លុះ​រំលាង​ខន្ធ បន្ទាប់​អំពី​មរណៈ ក៏​ទៅ​កើត​ឯអបាយ ទុគ្គតិ វិនិបាត នរក ​មួយ​សោត ឱហ្ន៎‌! ​សត្វ​ទាំង​ឡាយ​នេះ ប្រកប​ដោយ​កិរិយា​ប្រព្រឹត្តល្អ ​ដោយ​កាយ ​ដោយ​វាចា ​ដោយ​ចិត្ត មិន​តិះ​ដៀល​អរិយបុគ្គល​ទាំង​ឡាយ ​ជា​សម្មាទិដ្ឋិ ប្រកាន់មាំ​នូវ​កម្ម​ជា​សម្មាទិដ្ឋិ ​សត្វ​ទាំង​នោះ លុះ​រំលាង​ខន្ធ បន្ទាប់​អំពី​មរណៈ ក៏​ទៅ​កើត​ឯឋាន​សុគតិ សួគ៌ ទេវ​លោក​ ។ ​តថាគត​ពិចារណា​មើល​សត្វ​ទាំង​ឡាយ ​ដែល​ច្យុត ​និង​ចាប់​បដិសន្ធិ ថោកទាប ​និង​ឧត្ដម ​មាន​សណ្ឋានល្អ ​និង​អាក្រក់ ​ទៅ​កាន់សុគតិ ​និង​ទុគ្គតិ ​ដោយ​ចក្ខុដូច​ជា​ទិព្វ ​ដ៏​បរិសុទ្ធ​ក្រៃលែង​ជា​ង​ចក្ខុ​របស់​មនុស្ស​សាមញ្ញ ក៏​ដឹង​ច្បាស់​នូវ​សត្វ​ទាំង​ឡាយ ​ដែល​អន្ទោល​ទៅ​តាម​កម្ម ​ដោយ​ប្រការ​ដូច្នេះ ។ ​ម្នាល​ព្រាហ្មណ៍ វិជ្ជាទី២ ​នេះ​ហើយ ដែល​តថាគត​បាន​ក្នុង​យាម​ជា​កណ្ដាល​នៃ​រាត្រី អវិជ្ជាខ្ចាត់​បាត់​ទៅ​ វិជ្ជា ក៏កើតឡើង ងងឹត​ខ្ចាត់បាត់​ទៅ​ ពន្លឺ​ក៏កើតឡើង ​ដល់​តថាគត​ ដូច​ជា​បុគ្គល​មិន​ប្រហែស​ធ្វេស ខំប្រឹងដុត​បំផ្លាញកិលេស ​មាន​ចិត្ត​បញ្ជូន​ទៅ​ ។ ​ម្នាល​ព្រាហ្មណ៍ ​នេះ​ឯង​ជា​ការ​ញាស់ចេញ ​ជា​គម្រប់​ ២ ​របស់​តថាគត​ ដូច​ជា​កូនមាន់ ​ដែល​ញាស់ចេញ​ចាក​សម្បកស៊ុត ។ ​កាល​ដែល​ចិត្ត​ខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ ​មិន​មាន​កិលេស ប្រាស​ចាក​សេចក្ដី​សៅហ្មង ​ជា​ចិត្ត​ទន់ សមគួរ​ដល់​កម្ម ​ជា​ចិត្ត​នឹង​ធឹង ​មិន​ញាប់ញ័រ យ៉ាង​នេះ​ហើយ តថាគត​ ទើប​បង្អោន​ចិត្ត​ទៅ​ ដើម្បី​ដឹង​នូវ​ធម៌​ជា​គ្រឿង​អស់​ទៅ​នៃ​អាសវៈ​ទាំង​ឡាយ (​អាសវក្ខយញ្ញាណ) ។ ​តថាគត​ដឹង​ប្រាកដ​តាម​ពិត​ថា នេះ​ជា​ទុក្ខ ​ដឹង​ប្រាកដ​តាម​ពិត​ថា នេះ​ជា​ហេតុ​នាំ​ឲ្យ​កើតទុក្ខ ​ដឹង​ប្រាកដ​តាម​ពិត​ថា នេះ​ជា​សេចក្ដី​រំលត់ទុក្ខ ​ដឹង​ប្រាកដ​តាម​ពិត​ថា នេះ​ជា​ឧបាយ​ឲ្យ​បាន​ដល់​នូវ​សេចក្ដី​រលត់ទុក្ខ ​ដឹង​ប្រាកដ​តាម​ពិត​ថា​ ធម៌​ប៉ុណ្ណេះ​ជា​អាសវៈ ​ដឹង​ប្រាកដ​តាម​ពិត​ថា​ ធម៌​នេះ​ជា​ហេតុ​នាំ​ឲ្យ​កើត​អាសវៈ ​ដឹង​ប្រាកដ​តាម​ពិត​ថា នេះ​ជា​សេចក្ដី​រលត់​នៃ​អាសវៈ ​ដឹង​ប្រាកដ​តាម​ពិត​ថា នេះ​ជា​ឧបាយ​ឲ្យ​បាន​ដល់​នូវ​សេចក្ដី​រលត់​នៃ​អាសវៈ ​កាល​ដែល​តថាគត​ដឹង​យ៉ាង​នេះ​ ឃើញ​យ៉ាង​នេះ ចិត្ត​នៃ​តថាគត​ក៏ផុត​ចាក​គ្រឿង​ត្រាំង ​គឺ​កាម​ផង គឺ​ភព​ផង គឺ​អវិជ្ជា​ផង កាល​បើ​ចិត្ត​នៃ​តថាគត បាន​រួចផុត​ស្រឡះ​ហើយ​ សេចក្ដី​ដឹង​ថា​ចិត្ត​ផុត​ស្រឡះ ក៏កើត​ប្រាកដ​ឡើង ​តថាគត ដឹង​ច្បាស់​ថា​ កំណើត​របស់​អញ​អស់​ហើយ​ ព្រហ្មចរិយធម៌ ​អញ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ​ សោឡសកិច្ច ​អញ​ក៏​បាន​ធ្វើស្រេច​ហើយ​ មគ្គភាវនាកិច្ច​ដទៃ ប្រព្រឹត្ត​ទៅ​ដើម្បី​សោឡកិច្ច​នេះ​ទៀត​មិន​មាន​ឡើយ ។ ​ម្នាល​ព្រាហ្មណ៍ វិជ្ជា​ទី៣ ​នេះ​ហើយ ដែល​តថាគត​បាន​ក្នុង​យាម​ជា​បំផុត​នៃ​រាត្រី អវិជ្ជា​ខ្ចាត់​បាត់​ទៅ​ វិជ្ជា​ក៏កើត​ឡើង ងងឹត​ខ្ចាត់បាត់​ទៅ​ ពន្លឺ​ក៏កើតឡើង ​ដល់​តថាគត​ ដូច​ជា​បុគ្គល​មិន​ប្រហែស​ធ្វេស ខំប្រឹង​ដុត​បំផ្លាញ​កិលេស ​មាន​ចិត្ត​បញ្ជូន​ទៅ​ ។ ​ម្នាល​ព្រាហ្មណ៍ ​នេះ​ឯង​ជា​ការ​ញាស់​ជា​គម្រប់​ ៣ ​របស់​តថាគត​ ដូចគ្នា​នឹង​ការ​ញាស់ចេញ​របស់​កូន​មាន់​អំពី​សម្បកស៊ុត ។ ​កាល​បើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់យ៉ាង​នេះ​ហើយ​ វេរញ្ជព្រាហ្មណ៍ ​បាន​ក្រាប​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​វិញ​ថា​ ​ព្រះ​គោតម​ដ៏​ចម្រើន​ ​ព្រះ​អង្គ​ជា​ចម្បង​ជា​ងមនុស្ស ​ព្រះ​គោតម​ដ៏​ចម្រើន​ ​ព្រះ​អង្គ​ប្រសើរ​បំផុត​ជា​ងមនុស្ស បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ច្បាស់ពេក​ណាស់​ បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ច្បាស់ពេក​ណាស់​ បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ធម៌​ដែល​ព្រះ​គោតម​ដ៏​ចម្រើន​សំដែង​ហើយ ដោយ​អនេកបរិយាយ​យ៉ាង​នេះ​ (ភ្លឺច្បាស់​ណាស់​) គួរនា​ដូច​ជា​មនុស្ស​ចាប់​របស់​ដែល​គេផ្កាប់ចុះ ​ឲ្យ​ផ្ងារឡើង ពុំ​នោះ​ ដូចមនុស្ស​បើក​បង្ហាញ​របស់​ដែល​គេលាក់​បិទបាំង ពុំ​នោះ​សោត ដូច​ជា​មនុស្ស​ប្រាប់ផ្លូវ​ដល់​អ្នក​វង្វេង​ទិស ឬ​ក៏ដូច​ជា​មនុស្ស​កាន់ប្រទីប​ទ្រោល​បំភ្លឺ​ក្នុង​ទីងងឹត ​ដោយ​គិត​ថា​ មនុស្ស​អ្នក​មាន​ភ្នែក ​នឹង​ឃើញ​នូវ​រូប​ទាំង​ឡាយ​បាន​ ខ្ញុំ​ព្រះ​អង្គនុ៎ះ សូម​ដល់​នូវ​ព្រះ​គោតម​ដ៏​ចម្រើន​ផង​ ​ព្រះ​ធម៌​ផង​ ​ព្រះ​ភិក្ខុ​សង្ឃ​ផង ជា​ទីពឹង​ទីរលឹក ចាប់​ដើម​តាំង​ពី​ថ្ងៃ​នេះ​ទៅ​ សូម​ព្រះ​គោតម​ដ៏​ចម្រើន​ ជ្រាប​នូវ​ខ្ញុំ​ព្រះ​អង្គ ​ថា​ជា​ឧបាសក ​អ្នក​ដល់​សរណៈ​ស្មើ​ដោយ​ជីវិត ។

សីហសូត្រ ទី២កែប្រែ

[១២] សម័យ​មួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​កាល​គង់​ក្នុង​កូដាគារសាលា នា​មហាវន ជិត​ក្រុង​វេសាលី ។ សម័យ​នោះ​ឯង ពួក​លិច្ឆវី​ជន​ច្រើននាក់ ​ដែល​មាន​កេរ្តិ​ឈ្មោះ​​ល្បីល្បាញ ​អង្គុយ​ប្រជុំគា្ន​ក្នុង​សណ្ឋាគារសាលា ​ពោល​សរសើរ​គុណ​ព្រះ​ពុទ្ធ សរសើរ​គុណ​ព្រះ​ធម៌ សរសើរ​គុណ​ព្រះ​សង្ឃ ​ដោយ​អនេក​បរិយាយ ។ ជួន​សម័យ​នោះ​ឯង​ សីហសេនាបតី ​ជា​សាវក​របស់​និគន្ថនាដបុត្រ ​អង្គុយ​ក្នុង​បរិសទ្យ​នោះ​ដែរ​ ។ គ្រា​នោះ​ សីហសេនាបតី ​មាន​សេចក្ដី​ត្រិះរិះ​ដូច្នេះ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​អង្គ​នោះ ជា​ក់​ជា​អរហន្ត សម្មាសម្ពុទ្ធ​ប្រាកដ ​បាន​ជា​ពួក​លិច្ឆវិជន​ច្រើននាក់ ​ដែល​មាន​កេរ្តិ​ឈ្មោះ​ល្បីល្បាញ​ទាំង​នោះ អង្គុយ​ប្រជុំគា្ន​ក្នុង​សណ្ឋាគារសាលា ​ពោល​សរសើរ​គុណ​ព្រះ​ពុទ្ធ សរសើរ​គុណ​ព្រះ​ធម៌ សរសើរ​គុណ​ព្រះ​សង្ឃ ​ដោយ​អនេកបរិយាយ បើដូច្នោះ គួរតែ​អញ​ចូល​ទៅ​ដើម្បី​ជួប​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ជា​ព្រះ​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ។ លំដាប់​នោះ​ សីហសេនាបតី ​ចូល​ទៅ​ឯលំនៅ​និគន្ថនាដបុត្រ ​លុះ​ចូល​ទៅ​ដល់​ហើយ បាន​ស្នើសេចក្ដី​នេះ នឹង​និគន្ថនាដបុត្រ​ថា​ បពិត្រ​លោក​ដ៏​ចម្រើន​ ខ្ញុំ​ចង់​ចូល​ទៅ​ដើម្បីជួប​នឹង​ព្រះ​សមណ​គោតម ។ និគន្ថនាដបុត្រ​តប​ថា ម្នាល​សីហៈ ​អ្នក​ឯង ជា​កិរិយវាទ ​នឹង​ចូល​ទៅ​ជួប​ព្រះ​សមណគោតម ​ជា​អកិរិយវាទដូចម្ដេចកើត ​ម្នាល​សីហៈ ព្រោះ​ថា​ សមណគោតម ​ជា​អកិរិយវាទ តែង​សំដែង​ធម៌ ដើម្បី​ឃាត់កិច្ចការ​ថា​មិន​ត្រូវ​ធ្វើ ​ទាំង​ទូន្មាន​ពួក​សាវក ​ដោយ​ធម៌​នោះ​ដែរ​ ។ លំដាប់​នោះ​ ការប្រុងប្រៀប​ដំណើរដើម្បី​ទៅ​ជួប​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​របស់​សីហសេនាបតី ក៏ត្រឡប់​ជា​អាក់ខាន​ទៅ​វិញ ។ ​ពួក​លិច្ឆវីជន​ច្រើននាក់ ​ដែល​មាន​កេរ្តិ​ឈ្មោះ​ល្បីល្បាញ ​អង្គុយ​ប្រជុំគា្ន​ក្នុង​សណ្ឋាគារសាលា ​ពោល​សរសើរ​គុណ​ព្រះ​ពុទ្ធ សរសើរ​គុណ​ព្រះ​ធម៌ សរសើរ​គុណ​ព្រះ​សង្ឃ ​ដោយ​អនេកបរិយាយ ​ក្នុង​លើក​ទី២ ទៀត ។ សីហសេនាបតី ​មាន​សេចក្ដី​ត្រិះរិះ​ក្នុង​លើក​ទី២ ទៀត​ដូច្នេះ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​អង្គ​នោះ ជា​ក់​ជា​ព្រះ​អរហន្ត​សម្មាសម្ពុទ្ធ​ប្រាកដ ​បាន​ជា​ពួក​លិច្ឆវិជន ច្រើន​នាក់​ដែល​មាន​កេរ្តិ​ឈ្មោះ​ល្បីល្បាញ​ទាំង​នេះ អង្គុយ​ប្រជុំគា្ន​ក្នុង​សណ្ឋាគារ​សាលា ​ពោល​សរសើរ​គុណ​ព្រះ​ពុទ្ធ សរសើរ​គុណ​ព្រះ​ធម៌ សរសើ​គុណ​ព្រះ​សង្ឃ ​ដោយ​អនេកបរិយាយ បើដូច្នោះ គួរតែ​អញ​ចូល​ទៅ​ដើម្បីជួប​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ជា​ព្រះ​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ។ លំដាប់​នោះ​ សីហសេនាបតី ក៏​ចូល​ទៅ​ឯលំនៅ​របស់​និគន្ថនាដ​បុត្រ ​លុះ​ចូល​ទៅ​ដល់​ហើយ បាន​ស្នើ​សេចក្ដី​នេះ​នឹង​និគន្ថនាដបុត្រ​ថា​ បពិត្រ​លោក​ដ៏​ចម្រើន​ ខ្ញុំ​ចង់​ចូល​ទៅ​ដើម្បីជួប​ព្រះ​សមណ​គោតម ។ និគន្ថនាដបុត្រ​តប​ថា ម្នាល​សីហៈ ចំណែក​អ្នក​ឯង​ជា​កិរិយវាទ ​នឹង​ចូល​ទៅ​ដើម្បី​ជួប​ព្រះ​សមណ​គោតម ​ជា​អកិរិយវាទ​ដូចម្ដេច​កើត ​ម្នាល​សីហៈ ព្រោះ​ថា​ សមណ​គោតម ​ជា​អកិរិយវាទ តែង​សំដែង​ធម៌​ដើម្បី​ឃាត់​ថា​ កិច្ចការ ​មិន​ត្រូវ​ធ្វើ ​ទាំង​ទូន្មាន​ពួក​សាវក​ដោយ​ធម៌​នោះ​ដែរ​ ។ ការ​ប្រុងប្រៀប​ដំណើរ​ដើម្បី​ទៅ​ជួប​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​របស់​សីហសេនាបតី ក៏ត្រឡប់​ជា​អាក់ខាន​ទៅ​វិញ ​ក្នុង​លើក​ទី២ ទៀត ។ ​ពួក​លិច្ឆវីជន​ច្រើន​នាក់ ​ដែល​មាន​កេរ្តិ​ឈ្មោះ​ល្បីល្បាញ ​អង្គុយ​ប្រជុំគា្ន​ក្នុង​សណ្ឋាគារសាលា ​ពោល​សរសើរ​គុណ​ព្រះ​ពុទ្ធ សរសើរ​គុណ​ព្រះ​ធម៌ សរសើរ​គុណ​ព្រះ​សង្ឃ ​ដោយ​អនេកបរិយាយ ​ក្នុង​លើកទី៣​ទៀត ។ សីហសេនាបតី ​មាន​សេចក្តី​ត្រិះរិះ​ក្នុង​លើក​ទី៣ ដូច្នេះ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​អង្គ​នោះ ជា​ក់​ជា​ព្រះ​អរហន្តសម្មាសម្ពុទ្ធ​ប្រាកដ ​បាន​ជា​ពួក​លិច្ឆវិជន​ច្រើននាក់ ​ដែល​មាន​កេរ្តិ​ឈ្មោះ​ល្បីល្បាញ​ទាំង​នេះ អង្គុយ​ប្រជុំគា្ន​ក្នុង​សណ្ឋាគារ​សាលា ​ពោល​សរសើរ​គុណ​ព្រះ​ពុទ្ធ សរសើរ​គុណ​ព្រះ​ធម៌ សរសើរគុណ​ព្រះ​សង្ឃ ​ដោយ​អនេកបរិយាយ ក៏​ឯ​និគ្រន្ថ​ទាំង​ឡាយ​នេះ​ ទោះបី​អញ​លាក្ដី ​មិន​លាក្ដី ​នឹង​ហ៊ាន​ធ្វើអ្វី បើដូច្នោះ ​អញ​មិន​បាច់​លា​និគន្ថនាដបុត្រទេ ​នឹង​ចូល​ទៅ​ដើម្បីជួប​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ជា​ព្រះ​អរហន្តសម្មាសម្ពុទ្ធ​នោះ​តែ​ម្ដង ។ លំដាប់​នោះ​ សីហសេនាបតី​ចេញ​ទៅ​អំពី​ក្រុង​វេសាលី​ពេលជ្រេ​ពី​ត្រង់ ​ដោយ​រថ​ចំនួន​ប្រាំរយ ដើម្បី​ជួប​ព្រះ​ដ៏​មាន​ព្រះ​ភាគ ទី (​ទៅ​) ​ដោយ​យាន​បាន​ត្រឹម​ណា​ ក៏​ទៅ​ដោយ​យាន​ត្រឹម​នោះ ហើយ​ចុះ​អំពី​យាន ដើរ​ដោយ​ជើង ​ចូល​ទៅ​កាន់​អារាម ។ លំដាប់​នោះ​ សីហសេនាបតី ក៏​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​លុះ​ចូល​ទៅ​ដល់​ហើយ ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ ។ ​លុះ​សីហសេនាបតី ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ បាន​ក្រាប​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ខ្ញុំ​ព្រះ​អង្គ​បាន​ឮ​ពាក្យ​នេះ​ថា​ ​ព្រះ​សមណ​គោតម ​ជា​អកិរិយវាទ តែង​សំដែង​ធម៌ ដើម្បី​ឃាត់​ថា​ កិច្ចការ​មិន​ត្រូវ​ធ្វើ ​ទាំង​ទូន្មាន​ពួក​សាវក​ដោយ​ធម៌​នោះ​ដែរ​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ជន​ទាំង​ឡាយណា ​ពោល​ពាក្យ​យ៉ា​នេះ​ថា​ ​ព្រះ​សមណ​គោតម ​ជា​អកិរិយវាទ តែង​សំដែង​ធម៌ ដើម្បី​ឃាត់​ថា​ កិច្ចការ​មិន​ត្រូវ​ធ្វើ ​ទាំង​ទូន្មាន​ពួក​សាវក​ដោយ​ធម៌​នោះ​ដែរ​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ចុះជន​ទាំង​ឡាយ​នោះ ឈ្មោះ​ថា​អ្នក​ពោល​តាម​ពាក្យ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ពោល​ហើយ​ផង ឈ្មោះ​ថា​មិន​ពោល​បង្កាច់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ដោយ​ពាក្យ​មិន​ពិត​ផង ឈ្មោះ​ថា​ ព្យាករ​នូវ​ធម៌​សមគួរ​ដល់​ធម៌​ផង​ លំអាន​នៃ​ពាក្យ​តូចធំ ​ប្រកប​ដោយ​ធម៌​តិចតួច រមែង​មិន​មក​កាន់ឋានៈ​គួរតិះដៀល​ផង​ទេ​ឬ​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ព្រោះយើងខ្ញុំ​មិន​បាន​ប្រាថ្នា​បង្កាច់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ឡើយ ។ ​ព្រះ​សាស្ដា​ទ្រង់​ត្រាស់​តប​ថា ម្នាល​សីហៈ ​ដែល​អ្នក​ផង​ថា​ ​ព្រះ​សមណ​គោតម ​ជា​អកិរិយវាទ តែង​សំដែង​ធម៌ ដើម្បី​ឃាត់​ថា​ កិច្ចការ​មិន​ត្រូវ​ធ្វើ ​ទាំង​ទូន្មាន​ពួក​សាវក​ដោយ​ធម៌​នោះ​ដែរ ដែល​គេ​ថា​នោះ ត្រូវ​ហើយ​ ។ ​ម្នាល​សីហៈ ​ដែល​អ្នក​ផង​ថា​ ​ព្រះ​សមណ​គោតម ​ជា​កិរិយវាទ តែង​សំដែង​ធម៌ ដើម្បីធ្វើ​ដែរ ទាំង​ទូន្មាន​ពួក​សាវក​ដោយ​ធម៌​នោះ ត្រូវ​ហើយ​ ។ ​ម្នាល​សីហៈ ​ដែល​អ្នក​ផង​ថា​ ​ព្រះ​សមណ​គោតម ​ជា​ឧច្ឆេទវាទ តែង​សំដែង​ធម៌ ដើម្បី​កាត់ផ្ដាច់​ផ្ដិល​ដែរ ទាំង​ទូន្មាន​ពួក​សាវក​ដោយ​ធម៌​នោះ ដែល​គេ​ថា​នោះ ត្រូវ​ហើយ​ ។ ​ម្នាល​សីហៈ ​ដែល​អ្នក​ផង​ថា​ ​ព្រះ​សមណ​គោតម ​ជា​អ្នក​ខ្ពើម​រអើម តែង​សំដែង​ធម៌ ដើម្បី​សេចក្ដី​ខ្ពើម​រអើម ​ទាំង​ទូន្មាន​ពួក​សាវក​ដោយ​ធម៌​នោះ ត្រូវ​ហើយ​ ។ ​ម្នាល​សីហៈ ​ដែល​អ្នក​ផង​ថា​ ​ព្រះ​សមណ​គោតម ​ជា​អ្នក​បំផ្លាញ តែង​សំដែង​ធម៌ ដើម្បី​បំផ្លាញ ​ទាំង​ទូន្មាន​ពួក​សាវក​ដោយ​ធម៌​នោះ ដែល​គេ​ថា​នោះ ត្រូវ​ហើយ​ ។ ​ម្នាល​សីហៈ ​ដែល​អ្នក​ផង​ថា​ ​ព្រះ​សមណ​គោតម ​ជា​អ្នក​ដុតកំដៅ តែង​សំដែង​ធម៌ ដើម្បី​ដុតកំដៅ ​ទាំង​ទូន្មាន​ពួក​សាវក​ដោយ​ធម៌​នោះ ដែល​គេ​ថា​នោះ ត្រូវ​ហើយ​ ។ ​ម្នាល​សីហៈ ​ដែល​អ្នក​ផង​ថា​ ​ព្រះ​សមណ​គោតម ​ជា​មនុស្ស​ឥតកំណើត តែង​សំដែង​ធម៌ ដើម្បីឥត​កំណើត ​ទាំង​ទូន្មាន​ពួក​សាវក​ដោយ​ធម៌​នោះ ដែល​គេ​ថា​នោះ ត្រូវ​ហើយ​ ។ ​ម្នាល​សីហៈ ​ដែល​អ្នក​ផង​ថា​ ​ព្រះ​សមណ​គោតម ​ជា​អ្នក​លួងលោម ​ទាំង​ទូន្មាន​ពួក​សាវក​ដោយ​ធម៌​នោះ ដែល​គេ​ថា​នោះ ត្រូវ​ហើយ​ ។ ​ម្នាល​សីហៈ ចុះបរិយាយ​ដែល​អ្នក​ផង​ថា​ ​ព្រះ​សមណគោតម ​ជា​អកិរិយវាទ តែង​សំដែង​ធម៌ ដើម្បីឃាត់​ថា​ កិច្ចការ​មិន​ត្រូវ​ធ្វើ ​ទាំង​ទូន្មាន​ពួក​សាវក​ដោយ​ធម៌​នោះ តើ​ដូចម្ដេច ។ ​ម្នាល​សីហៈ ព្រោះ​ថា តថាគត​ តែង​និយាយ​ថា មិន​គួរធ្វើ​កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត​ទេ តែង​និយាយ​ថា មិន​គួរធ្វើ​អកុសល​ទាំង​ឡាយ​ដ៏​អាក្រក់​ច្រើន​ប្រការ​ទេ ។ ​ម្នាល​សីហៈ ​នេះ​ឯង​ជា​បរិយាយ​ដែល​អ្នក​ផង​ថា​ ​ព្រះ​សមណ​គោតម ​ជា​អកិរិយវាទ តែង​សំដែង​ធម៌ ដើម្បី​ឃាត់​ថា​ កិច្ចការ​មិន​ត្រូវ​ធ្វើ ​ទាំង​ទូន្មាន​ពួក​សាវក​ដោយ​ធម៌​នោះ​ ។ ​ម្នាល​សីហៈ ចុះ​បរិយាយ​ដែល​អ្នក​ផង​ថា​ ​ព្រះ​សមណ​គោតម ​ជា​កិរិយវាទ តែង​សំដែង​ធម៌ ដើម្បីធ្វើ ​ទាំង​ទូន្មាន​ពួក​សាវក​ដោយ​ធម៌​នោះ តើ​ដូចម្ដេច ។ ​ម្នាល​សីហៈ ព្រោះ​ថា​តថាគត​តែង​និយាយ​ថា​ គួរធ្វើ​កាយសុចរិត វចីសុចរិត មនោសុចរិត តែង​និយាយ​ថា​ គួរធ្វើ​កុសល​ធម៌​ទាំង​ឡាយ​ច្រើនប្រការ ។ ​ម្នាល​សីហៈ ​នេះ​ឯង ជា​បរិយាយ ​ដែល​អ្នក​ផង​ថា​ ​ព្រះ​សមណ​គោតម ​ជា​កិរិយវាទ តែង​សំដែង​ធម៌ ដើម្បីធ្វើ ​ទាំង​ទូន្មាន​ពួក​សាវក ​ដោយ​ធម៌​នោះ​ ។ ​ម្នាល​សីហៈ ចុះ​បរិយាយ​ដែល​អ្នក​ផង​ថា​ ​ព្រះ​សមណ​គោតម ​ជា​ឧច្ឆេទវាទ តែង​សំដែង​ធម៌ ដើម្បីកាត់​ផ្ដាច់ផ្ដិល ​ទាំង​ទូន្មាន​ពួក​សាវក​ដោយ​ធម៌​នោះ តើ​ដូចម្ដេច ។ ​ម្នាល​សីហៈ ព្រោះ​ថា តថាគត​តែង​និយាយ ​ចំពោះ​ការកាត់​ផ្ដាច់ផ្ដិល​រាគៈ ទោសៈ មោហៈ តែងនិយាយ​ចំពោះ​ការកាត់​ផ្ដាច់ផ្ដិល​នូវ​អកុសលធម៌​ទាំង​ឡាយ​ច្រើន​ប្រការ ។ ​ម្នាល​សីហៈ ​នេះ​ឯង​ជា​បរិយាយ ​ដែល​អ្នក​ផង​ថា​ ​ព្រះ​សមណ​គោតម ​ជា​ឧច្ឆេទវាទ តែង​សំដែង​ធម៌ ដើម្បីកាត់​ផ្ដាច់ផ្ដិល ​ទាំង​ទូន្មាន​ពួក​សាវក​ដោយ​ធម៌​នោះ​ ។ ​ម្នាល​សីហៈ ចុះបរិយាយ ​ដែល​អ្នក​ផង​ថា​ ​ព្រះ​សមណ​គោតម ​ជា​អ្នក​ខ្ពើម​រអើម តែង​សំដែង​ធម៌ ដើម្បី​ខ្ពើមរអើម ​ទាំង​ទូន្មាន​ពួក​សាវក​ដោយ​ធម៌​នោះ តើ​ដូចម្ដេច ។ ​ម្នាល​សីហៈ ព្រោះ​ថា តថាគត​ខ្ពើមរអើម​កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត ខ្ពើម​រអើមការ​ប្រកប​ចិត្ត​ ផ្ដេកផ្ដិត​ទៅ​រកអកុសលធម៌​ទាំង​ឡាយ​ដ៏​អាក្រក់​ច្រើន​ប្រការ ។ ​ម្នាល​សីហៈ ​នេះ​ឯង​ជា​បរិយាយ​ដែល​អ្នក​ផង​ថា​ ​ព្រះ​សមណ​គោតម ​ជា​អ្នក​ខ្ពើមរអើម តែង​សំដែង​ធម៌ ដើម្បី​ខ្ពើមរអើម ​ទាំង​ទូន្មាន​ពួក​សាវក​ដោយ​ធម៌​នោះ​ ។ ​ម្នាល​សីហៈ ចុះ​បរិយាយ​ដែល​អ្នក​ផង​ថា​ ​ព្រះ​សមណ​គោតម ​ជា​អ្នក​បំផ្លាញ តែង​សំដែង​ធម៌ ដើម្បី​បំផ្លាញ ​ទាំង​ទូន្មាន​ពួក​សាវក​ដោយ​ធម៌​នោះ តើ​ដូចម្ដេច ។ ​ម្នាល​សីហៈ ព្រោះ​ថា តថាគត សំដែង​ធម៌ ដើម្បី​បំផ្លាញ​រាគៈ ទោសៈ មោហៈ ​សំដែង​ធម៌ដើម្បីបំផ្លាញ​អកុសលធម៌​ទាំង​ឡាយ ​ដ៏​អាក្រក់​ច្រើន​ប្រការ ។ ​ម្នាល​សីហៈ ​នេះ​ឯង​ជា​បរិយាយ​ដែល​អ្នក​ផង​ថា​ ​ព្រះ​សមណ​គោតម ​ជា​អ្នក​បំផ្លាញ តែង​សំដែង​ធម៌ ដើម្បី​បំផ្លាញ ​ទាំង​ទូន្មាន​ពួក​សាវក​ដោយ​ធម៌​នោះ​ ។ ​ម្នាល​សីហៈ ចុះបរិយាយ​ដែល​អ្នក​ផង​ថា​ ​ព្រះ​សមណ​គោតម ​ជា​អ្នក​ដុតកំដៅ តែង​សំដែង​ធម៌ ដើម្បីដុត​កំដៅ ​ទាំង​ទូន្មាន​ពួក​សាវក​ដោយ​ធម៌​នោះ តើ​ដូចម្ដេច ។ ​ម្នាល​សីហៈ ​តថាគត​ តែង​និយាយ​ចំពោះ​កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត ​ជា​ទីតាំង​នៃ​សេចក្ដី​ក្ដៅក្រហាយ ​ជា​អកុសលធម៌​ដ៏​អាក្រក់ ។ ​ម្នាល​សីហៈ អកុសលធម៌​ទាំង​ឡាយ​ដ៏​អាក្រក់ ​ដែល​ជា​ទីតាំង​នៃ​សេចក្ដី​ក្ដៅក្រហាយ បើ​អ្នក​ណា ​បាន​លះបង់​ស្រឡះ​ហើយ បាន​ផ្ដាច់ផ្ដិល​ឫសគល់​អស់​ហើយ បាន​ធ្វើ​មិន​ឲ្យ​មាន​ទីកើត ដូច​ជា​ដើម​ត្នោត ​ដែល​គេគាស់រំលើង ឲ្យ​លែងដុះ​ត​ទៅ​ទៀត​ហើយ បាន​ធ្វើ​ឲ្យ​លែង​មាន​បែប​ភាព ត​ទៅ​ទៀត​ហើយ ឲ្យ​ជា​ធម៌​លែង​មាន​កំណើត​ត​ទៅ​មុខ​ទៀត​ហើយ តថាគត ហៅ​អ្នក​នោះ​ថា អ្នក​ដុត​កំដៅ ។ ​ម្នាល​សីហៈ អកុសលធម៌​ទាំង​ឡាយ​ដ៏​អាក្រក់ ​ដែល​ជា​ទី​តាំង​នៃ​សេចក្ដី​ក្ដៅ​ក្រហាយ ​តថាគត​បាន​លះបង់​ស្រឡះ​ហើយ បាន​ផ្ដាច់​ផ្ដិល​ឫសគល់​ហើយ បាន​ធ្វើ​មិន​ឲ្យ​មាន​ទីកើត ដូច​ជា​ដើម​ត្នោត ​ដែល​គេគាស់​រំលើង ​ឲ្យ​លែងដុះ​ត​ទៅ​ទៀត​ហើយ បាន​ធ្វើ​ឲ្យ​លែង​មាន​បែប​ភាព ត​ទៅ​ទៀត​ហើយ ឲ្យ​ជា​ធម៌​លែង​មាន​កំណើត​ត​ទៅ​មុខ​ទៀត​ហើយ​ ។ ​ម្នាល​សីហៈ ​នេះ​ឯង​ជា​បរិយាយ​ដែល​អ្នក​ផង​ថា​ ​ព្រះ​សមណ​គោតម ​ជា​អ្នក​ដុតកំដៅ តែង​សំដែង​ធម៌ ដើម្បី​ដុតកំដៅ ​ទាំង​ទូន្មាន​ពួក​សាវក​ដោយ​ធម៌​នោះ​ ។ ​ម្នាល​សីហៈ បរិយាយ​ដែល​អ្នក​ផង​ថា​ ​ព្រះ​សមណ​គោតម ​ជា​មនុស្ស​មិន​មាន​កំណើត តែង​សំដែង​ធម៌ ដើម្បី​មិន​មាន​កំណើត ​ទាំង​ទូន្មាន​ពួក​សាវក​ដោយ​ធម៌​នោះ តើ​ដូចម្ដេច ។ ​ម្នាល​សីហៈ កិរិយាដេក​ក្នុង​គភ៌​ត​ទៅ​ទៀត ដំណើរ​កើត​ក្នុង​ភពត​ទៅ​ទៀត បើ​អ្នក​ណា ​បាន​លះស្រឡះ​ហើយ បាន​ផ្ដាច់ផ្ដិល​ឫសគល់​អស់​ហើយ បាន​ធ្វើ​មិន​ឲ្យ​មាន​ទីកើត ដូច​ជា​ដើម​ត្នោត ​ដែល​គេ​គាល់រំលើង ឲ្យ​លែង​ដុះត​ទៅ​ទៀត​ហើយ ឲ្យ​ជា​ធម៌​លែង​មាន​កំណើត​ត​ទៅ​ខាង​មុខទៀត​ហើយ តថាគត ហៅ​អ្នក​នោះ​ថា ជា​អ្នក​មិន​មាន​កំណើត ។ ​ម្នាល​សីហៈ កិរិយាដេក​នៅ​ក្នុង​គភ៌​ត​ទៅ​ទៀត ដំណើរ​កើត​ក្នុង​ភពត​ទៅ​ទៀត ​តថាគត បាន​លះបង់​ស្រឡះ​ហើយ បាន​ផ្ដាច់ផ្ដិល​អស់​ហើយ បាន​ធ្វើ​មិន​ឲ្យ​មាន​ទីកើត ដូច​ជា​ដើម​ត្នោត ​ដែល​គេគាស់រំលើង ​ឲ្យ​លែងដុះ​ត​ទៅ​ទៀត​ហើយ បាន​ធ្វើ​ឲ្យ​លែង​មាន​បែបភាព​ត​ទៅ​ទៀត​ហើយ ឲ្យ​ជា​ធម៌​លែង​មាន​កំណើត​ត​ទៅ​ខាង​មុខទៀត​ហើយ​ ។ ​ម្នាល​សីហៈ ​នេះ​ឯង​ជា​បរិយាយ ​ដែល​អ្នក​ផង​ថា​ ​ព្រះ​សមណ​គោតម ​ជា​អ្នក​មិន​មាន​កំណើត តែង​សំដែង​ធម៌ ដើម្បី​មិន​មាន​កំណើត ​ទាំង​ទូន្មាន​ពួក​សាវក​ដោយ​ធម៌​នោះ​ ។ ​ម្នាល​សីហៈ បរិយាយ​ដែល​អ្នក​ផង​ថា​ ​ព្រះ​សមណ​គោតម ​ជា​អ្នក​លួងលោម តែង​សំដែង​ធម៌ ដើម្បី​លួងលោម ​ទាំង​ទូន្មាន​ពួក​សាវក​ដោយ​ធម៌​នោះ តើ​ដូចម្ដេច ។ ​ម្នាល​សីហៈ ព្រោះ​ថា តថាគត ជា​អ្នក​លួងលោម តែង​សំដែង​ធម៌ ដើម្បី​លួងលោម ​ដោយ​សេចក្ដី​លួងលោម​យ៉ាង​ក្រៃលែង ​ទាំង​ទូន្មាន​ពួក​សាវក​ដោយ​ធម៌​នោះ​ ។ ​ម្នាល​សីហៈ ​នេះ​ឯង​ជា​បរិយាយ ​ដែល​អ្នក​ផង​ថា​ ​ព្រះ​សមណ​គោតម ​ជា​អ្នក​លួងលោម តែង​សំដែង​ធម៌ ដើម្បី​លួងលោម ​ទាំង​ទូន្មាន​ពួក​សាវក​ដោយ​ធម៌​នោះ​ ។ ​កាល​បើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​យ៉ាង​នេះ​ហើយ​ សីហសេនាបតី ​បាន​ក្រាប​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​យ៉ាង​នេះ​ថា​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ច្បាស់​ពេក​ណាស់​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ច្បាស់​ពេក​ណាស់​ ។បេ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ចាប់​ដើម​តាំង​អំពី​ថ្ងៃ​នេះ​ទៅ​ សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ ចាំទុក​នូវ​ខ្ញុំ​ព្រះ​អង្គ ​ថា​ជា​ឧបាសក ​ដល់​សរណៈ​ស្មើ​ដោយ​ជីវិត ។ ​ព្រះ​សាស្ដា​ទ្រង់​ត្រាស់​ថា ម្នាល​សីហៈ ​អ្នក​ចូរ​ធ្វើ​នូវ​ការពិចារណា រួច​ហើយ​សិមធ្វើ (ព្រោះ) ការពិចារណា​រួច​ហើយ​ សិមធ្វើ រមែង​ជា​គុណ​គាប់​ប្រសើរ​របស់​ពួក​មនុស្ស​អ្នក​ចេះ​ដឹង​ប្រហែល​នឹង​អ្នក​ ។ សីហសេនាបតី ​ក្រាប​បង្គំ​ទូល​ថា​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ខ្ញុំ​ព្រះ​អង្គ​មាន​សេចក្ដី​ពេញ​ចិត្ត​ ត្រេកអរ​លើសលុប​ហួសប្រមាណ ​ចំពោះ​ភាសិត​របស់​ព្រះ​អង្គ ​ដោយ​ហេតុ​ដែល​ព្រះ​អង្គ ​សំដែង​នឹង​ខ្ញុំ​ព្រះ​អង្គ​យ៉ាង​នេះ​ថា ម្នាល​សីហៈ ​អ្នក​ចូរ​ធ្វើ​នូវ​ការ​ពិចារណា​រួច​ហើយ​សិមធ្វើ (ព្រោះ) ការ​ពិចារណា​រួច​ហើយ​សិមធ្វើ រមែង​ជា​គុណគាប់​ប្រសើរ​របស់​ពួក​មនុស្ស​អ្នក​ចេះ​ដឹង​ប្រហែល​នឹង​អ្នក​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ដ្បិត​ពួក​អន្យតិរិ្ថយ ​បាន​ខ្ញុំ​ព្រះ​អង្គ​ជា​សាវក​ហើយ​ ក៏​ដង្ហែ​ទង់ ​ចូល​ទៅ​កាន់​ក្រុង​វេសាលី​ទាំង​មូល ​ហើយ​ប្រកាស​សេចក្តី​ថា​ សីហសេនាបតី ​បាន​ចុះ​ចូល​មក​ជា​សាវក​របស់​ពួក​យើង​ហើយ​ ចំឡែក​តែ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ត្រឡប់​ជា​ទ្រង់​ត្រាស់​ចំពោះ​ខ្ញុំ​ព្រះ​អង្គ​យ៉ាង​នេះ​វិញ​ថា ម្នាល​សីហៈ ​អ្នក​ចូរ​ធ្វើ​នូវ​ការពិចារណា រួច​ហើយ​សិមធ្វើ (ព្រោះ) ការ​ពិចារណា​រួច​ហើយ​សិមធ្វើ រមែង​ជា​គុណគាប់​ប្រសើរ ​របស់​មនុស្ស​អ្នក​ចេះ​ដឹង​ប្រហែល​នឹង​អ្នក​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ខ្ញុំ​ព្រះ​អង្គ​នេះ​ សូម​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ផង​ ​ព្រះ​ធម៌​ផង​ ​ព្រះ​សង្ឃ​ផង ជា​ទី​ពឹង​ ទីរលឹក ចាប់​ដើម​តាំងពី​ថ្ងៃ​នេះ​ទៅ​ សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ ចាំទុក​នូវ​ខ្ញុំ​ព្រះ​អង្គ​ថា​ជា​ឧបាសក ​អ្នក​ដល់​នូវ​សរណៈ​ស្មើ​ដោយ​ជីវិត ​ជា​គម្រប់​ពីរ​ដង​ផង​ ។ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​ថា ម្នាល​សីហៈ ត្រកូល​របស់​អ្នក​ ដូច​ជា​អណ្ដូង​ទឹក​របស់​ពួក​និគ្រន្ថ ​អស់​កាល​យូរ​ណាស់​មក​ហើយ អ្នក​គប្បី​សំគាល់​នូវ​បិណ្ឌបាត ​ដែល​អ្នក​គួរ​ឲ្យ​ដល់​ពួក​និគ្រន្ថ ​ដែល​ចូល​មករក​នោះ​ផង​ ។ សីហសេនាបតី ​ក្រាប​ទូល​ថា​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ខ្ញុំ​ព្រះ​អង្គ ​មាន​សេចក្ដី​ពេញ​ចិត្ត​ ត្រេកអរ​លើសលុប​ហួសប្រមាណ ​ចំពោះ​ភាសិត​របស់​ព្រះ​អង្គ ​ដោយ​ហេតុ​ដែល​ព្រះ​អង្គ​បាន​សំដែង​នឹង​ខ្ញុំ​ព្រះ​អង្គ​យ៉ាង​នេះ​ថា ម្នាល​សីហៈ ត្រកូល​របស់​អ្នក​ ដូច​ជា​អណ្ដូង​ទឹក របស់​ពួក​និគ្រន្ថ ​អស់​កាល​យូរ​ណាស់​មក​ហើយ អ្នក​គប្បី​សំគាល់ នូវ​បិណ្ឌបាត ​ដែល​អ្នក​គួរ​ឲ្យ​ដល់​ពួក​និគ្រន្ថ ​ដែល​ចូល​មករក​នោះ​ផង​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ខ្ញុំ​ព្រះ​អង្គ​ធ្លាប់​ឮ​ពាក្យ​នេះ​ថា​ ​ព្រះ​សមណ​គោតម ​ទ្រង់​ត្រាស់​យ៉ាង​នេះ​ថា​ បុគ្គល​ត្រូវ​ឲ្យ​ទាន​ដល់​តថាគត​តែម្យ៉ាង ​មិន​ត្រូវ​ឲ្យ​ទាន​ដល់​ពួក​សាស្ដាដទៃ​ឡើយ បុគ្គល​ត្រូវ​ឲ្យ​ទាន​ដល់​ពួក​សាវក​របស់​តថាគត​តែម្យ៉ាង ​មិន​ត្រូវ​ឲ្យ​ទាន​ដល់​ពួក​សាវក ​របស់​ពួក​សាស្ដាដទៃ​ឡើយ បុគ្គល​ឲ្យ​ទាន​ដល់​តថាគត​តែម្យ៉ាង ទើប​មាន​ផលច្រើន ​ឲ្យ​ដល់​ពួក​សាស្ដា​ដទៃ ​មិន​មាន​ផលច្រើន​ឡើយ បុគ្គល​ឲ្យ​ទាន​ដល់​ពួក​សាវក​របស់​តថាគត​តែម្យ៉ាង ទើប​មាន​ផលច្រើន ​ឲ្យ​ទាន​ដល់​ពួក​សាវក​របស់​ពួក​សាស្ដាដទៃ ​មិន​មាន​ផលច្រើន​ឡើយ តែឥឡូវ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ត្រឡប់​ជា​បបួល​ខ្ញុំ​ព្រះ​អង្គ ​ឲ្យ​ធ្វើទាន​ក្នុង​ពួក​និគ្រន្ថ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ចំណែកខាង​ខ្ញុំ​ព្រះ​អង្គ ​គង់​នឹង​ដឹង​នូវ​កាល​គួរ ​ក្នុង​ទាននុ៎ះ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ខ្ញុំ​ព្រះ​អង្គ​នេះ​ សូម​ដល់​នូវ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ផង​ ​ព្រះ​ធម៌​ផង​ ​ព្រះ​ភិក្ខុ​សង្ឃ​ផង ជា​ទីពឹង ទីរលឹក បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ចាប់​ដើម​តាំង​អំពី​ថ្ងៃ​នេះ​ទៅ​ សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ ចំាទុក​នូវ​ខ្ញុំ​ព្រះ​អង្គ ​ថា​ជា​ឧបាសក ​អ្នក​ដល់​នូវ​សរណៈ ស្មើ​ដោយ​ជីវិត ​ជា​គម្រប់​បី​ដង​ផង​ ។ គ្រា​នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​សំដែង​អនុបុព្វីក​ថា ចំពោះ​សីហសេនាបតី ​គឺ​ទ្រង់​ប្រកាស​នូវ​ទានក​ថា​ សីលក​ថា​ សគ្គក​ថា នូវ​ទោស​របស់​កាម​ដ៏​លាមក សៅហ្មង ​និង​អានិសង្ស​ក្នុង​ការចេញ​ចាក​កាម ។ ​កាល​ណា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ជ្រាប​ថា​ សីហសេនាបតី ​មាន​ចិត្ត​ស្រួល ​មាន​ចិត្ត​ទន់ ​មាន​ចិត្ត​ផុត​ចាក​នីវរណធម៌ ​មាន​ចិត្ត​ខ្ពស់ ​មាន​ចិត្ត​ជ្រះថ្លា​ហើយ​ ទើប​ទ្រង់​ប្រកាស​នូវ​ធម្មទេសនា ​ដែល​ព្រះ​ពុទ្ធ​ទាំង​ឡាយ តែង​លើកឡើង​សំដែង​ដោយ​ព្រះ​អង្គ​ឯង គឺ​ ទុក្ខសច្ច សមុទយសច្ច និរោធសច្ច មគ្គសច្ច ។ ធម្មតា សំពត់​សស្អាត ​មិន​ដិត​ប្រឡាក់​ដោយ​វត្ថុ​មាន​ពណ៌​ខ្មៅ គួរ​ទទួល​ទឹក​ជ្រលក់​បាន​ដោយ​ល្អ ​មាន​ឧបមា​ដូចម្ដេច​មិញ ​ធម្មចក្ខុ ​គឺ​សោតាបត្តិមគ្គ ​ដ៏​ប្រាស​ចាក​ធូលី ប្រាស​ចាក​មនិ្ទល ក៏កើតឡើង​ដល់​សីហសេនាបតី ​ក្នុង​ទី​នោះ​ឯង​ថា​ ធម្ម​ជា​ត​ណា​មួយ ដែល​កើត​ឡើង ធម្ម​ជា​ត​ទាំង​អស់​នោះ​ តែងរលត់​ទៅ​វិញ​ជា​ធម្មតា ​មាន​ឧបមេយ្យ​ដូច្នោះ​ឯង​ ។ គ្រា​នោះ​ សីហសេនាបតី ​បាន​ឃើញ​អរិយសច្ចធម៌​ហើយ បាន​លុះ​អរិយសច្ចធម៌​ហើយ បាន​ដឹង​ច្បាស់​អរិយសច្ចធម៌​ហើយ បាន​ជឿ​ជា​ក់​អរិយសច្ចធម៌​ហើយ​ ឆ្លងផុត​សេចក្ដី​សង្ស័យ ​មិន​មាន​ងឿងឆ្ងល់ ​ដល់​នូវ​ភាព​ជា​អ្នក​ក្លាហាន ​មិន​ជឿ​ស្ដាប់បុគ្គល​ដទៃ ​ក្នុង​សាសនា​នៃ​ព្រះ​សាស្ដា ហើយ​ទើប​ក្រាប​បង្គំ​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ទទួល​នូវ​ភត្ត​របស់​ខ្ញុំ​ព្រះ​អង្គ ​ជា​មួយ​នឹង​ភិក្ខុ​សង្ឃ ដើម្បីឆាន់​ក្នុង​ថ្ងៃ​ស្អែក ។ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ទទួល​ដោយ​តុណ្ហីភាព ។ លំដាប់​នោះ​ សីហសេនាបតី ​ដឹង​ច្បាស់​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទទួល​និមន្ដ​ហើយ​ ទើប​ក្រោក​ចាក​ទី​អង្គុយ ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ធ្វើ​ប្រទក្សិណ ​ហើយ​ដើរចេញ​ទៅ​ ។ លំដាប់​នោះ​ សីហសេនាបតី ​បាន​ហៅ​បុរស ១នាក់​មក​ថា ម្នាល​បុរស​ដ៏​ចម្រើន អ្នក​ចូរ​ទៅ ចូរ​ដឹង​នូវ​សាច់ ​ដែល​គួរ​ប្រព្រឹត្ត​ទៅ​តាម​ប្រក្រតី (សាច់ទុកលក់) ។ លំដាប់​នោះ​ សីហសេនាបតី ក៏ចាត់ចែង​ខាទនីយ​ភោជនីយាហារ​ដ៏​ផ្ចិតផ្ចង់ ​ក្នុង​ផ្ទះ​របស់​ខ្លួន ​ដោយ​កាល​កន្លង​ទៅ​នៃ​រាត្រី​នោះ​ ទើប​ប្រើបុរស​នោះ ឲ្យ​ទៅ​ក្រាប​ទូល​នូវ​ភត្ត​កាល​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន កាល​គួរ​ហើយ​ ភត្ត​ក្នុង​ផ្ទះ​របស់​សីហសេនាបតី សម្រេច​ហើយ​ ។ លំដាប់​នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ស្បង់ ប្រដាប់​បាត្រ និង​ចីវរ ​ក្នុង​បុព្វណ្ហសម័យ ស្ដេច​ចូល​ទៅ​កាន់​លំនៅ​របស់​សីហសេនាបតី ​លុះ​ចូល​ទៅ​ដល់​ហើយ ទ្រង់​គង់​លើអាសនៈ ​ដែល​សីហសេនាបតី​ក្រាល​បម្រុង​ទុក ​ជា​មួយ​នឹង​ភិក្ខុ​សង្ឃ ។ ​ក្នុង​សម័យ​នោះ ពួក​និគ្រន្ថ ​ជា​ច្រើន​នាក់ ផ្គង​នូវ​ដើម​ដៃ​ ស្រែក​កន្ទក់កន្ទេញ សព្វច្រក សព្វផ្លូវ​ត្រឡែងកែង ​ក្នុង​ក្រុង​វេសាលី​ថា ថ្ងៃ​នេះ​សីហសេនាបតី សម្លាប់​សត្វ​មាន​សរីរៈ​ធាត់ធំ ធ្វើភត្ត​ដើម្បី​សមណគោតម ៗ ទុក​ជា​ដឹង គង់​ឆាន់​នូវ​សាច់​ដែល​គេ​សម្លាប់​ចំពោះ​ខ្លួន (​ព្រះ​សមណ​គោតម​នេះ​ឈ្មោះ​ថា​ត្រូវ​) បដិច្ចកម្ម [​ពាក្យ​ថា​ បដិច្ចកម្ម​នេះ ជា​ឈ្មោះ​អំពើ​របស់​អ្នក​ដែល​គ្រាន់តែ​បរិភោគសាច់ ក៏​បាន​នាម​ថា​សម្លាប់​សត្វ​ដែរ ឬ​ជា​ឈ្មោះ​អំពើ​ដែល​គេសម្លាប់​ព្រោះ​អាស្រ័យ​ខ្លួន ពុំ​នោះ​សោត ​ពាក្យ​ថា​ បដិច្ចកម្ម​នេះ ជា​ឈ្មោះ​របស់​និមិត្តកម្ម ។ លទ្ធិ​ពួក​និគ្រន្ថ​ប្រកាន់​ថា​ បដិច្ចកម្ម​នោះ ជា​អកុសល ​ត្រូវ​បាន​ដល់​អ្នក​ឲ្យ​ពាក់កណ្តាល ​អ្នក​ទទួល​ពាក់កណ្តាល ។ អដ្ឋក​ថា​ ។] ។ លំដាប់​នោះ​ បុរស​ម្នាក់ ក៏​ចូល​ទៅ​ឯកន្លែង ​ដែល​សីហសេនាបតី​នៅ ​លុះ​ចូល​ទៅ​ដល់​ហើយ​ ក៏ខ្សឹប​ប្រាប់ក្បែរ​ត្រចៀក​នៃ​សីហសេនាបតី​ថា​ សូម​ព្រះ​តេជ​ព្រះ​គុណ​ជ្រាប ​ពួក​និគ្រន្ថ​ជា​ច្រើន​ទាំង​អម្បាល​នេះ​ ផ្គង​ដើម​ដៃ​កន្ទក់​កន្ទេញ សព្វច្រក សព្វផ្លូវ​ត្រឡែង​កែង ​ជិត​ក្រុង​វេសាលី​ថា ក្នុង​ថ្ងៃ​នេះ​ សីហសេនាបតី សម្លាប់​សត្វ​មាន​សរីរៈ​ធាត់ធំ ធ្វើភត្ត​ដើម្បី​ព្រះ​សមណ​គោតម ៗ ទុក​ជា​ដឹង​ ក៏​គង់​ឆាន់​នូវ​សាច់​ដែល​គេ​សម្លាប់​ចំពោះ​ខ្លួន​ ​ព្រះ​សមណ​គោតម​នេះ ឈ្មោះ​ថា ត្រូវ​បដិច្ចកម្ម ។ ​លោក​ម្ចាស់​ទាំង​ឡាយ ​មិន​គួរសោះ ព្រោះ​ថា លោក​ដ៏​មាន​អាយុ​ទាំង​នោះ​ ប្រាថ្នា​រកទោស​ព្រះ​ពុទ្ធ ប្រាថ្នា​រកទោស​ព្រះ​ធម៌ ប្រាថ្នា​រកទោស​ព្រះ​សង្ឃ ​អស់​កាល​ជា​យូរ​ណាស់​មក​ហើយ​ តែ​លោក​ដ៏​មាន​អាយុ​ទាំង​នោះ មិន​អៀនសោះ នៅតែ​ពោល​បង្កាច់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នោះ ដោយ​ពាក្យ​មិន​មាន ពាក្យ​ទទេ ​ជា​ពាក្យ​កុហក ​មិន​ពិត ​ទាំង​ពួង​យើង​ក៏​មិន​ក្លែង​ផ្ដាច់បង់​សត្វ​ចាក​ជីវិត​ព្រោះហេតុ​តែជីវិត (​របស់​ខ្លួន​ឡើយ) ។ លំដាប់​នោះ​ សីហសេនាបតី ញុំាង​ភិក្ខុ​សង្ឃ មាន​ព្រះ​ពុទ្ធ​ជា​ប្រធាន ​ឲ្យ​ឆាន់ឆ្អែត​ស្កប់ស្កល់ ​ដោយ​ខាទនីយ​ភោជនីយាហារ​ដ៏​ឧត្ដម​ដោយ​ដៃ​ខ្លួន​ឯង​ ។ ​កាល​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​អង្គ​នោះ​ឆាន់រួច​ លែងដាក់​ព្រះ​ហស្ដ​ទៅ​ក្នុង​បាត្រ​ទៀត​ហើយ​ សីហសេនាបតី ក៏​អង្គុយ​ក្នុង​ទី​សមគួរ ។ ​កាល​ដែល​សីហសេនាបតី ​អង្គុយ​ក្នុង​ទីសមគួរ​ហើយ​ ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ពន្យល់​ឲ្យ​ឃើញ​ច្បាស់ ​ឲ្យ​កាន់​យក ឲ្យ​អាច​ហ៊ាន ​ឲ្យ​រីករាយ ​ដោយ​ធម្មីក​ថា ហើយ​ក្រោក​ចាក​អាសនៈ សេ្ដច​ចេញ​ទៅ​ ។

អស្សាជានីយសូត្រ ទី៣កែប្រែ

[១៣] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ សេះ​អាជានេយ្យ​ដ៏​ល្អ ​របស់​ស្ដេច​ដែល​ប្រកប​ដោយ​អង្គ ៨យ៉ាង ​ជា​សត្វ​គួរ​ដល់​ព្រះ​រា​ជា ជា​រាជ​បម្រើ ​ដល់​នូវ​ការរាប់​ថា​ជា​អង្គ​របស់​ព្រះ​រា​ជា​ ។ អង្គ ៨ យ៉ាង ដូចម្ដេច​ខ្លះ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ក្នុង​លោក​នេះ​ សេះ​អាជានេយ្យ​ដ៏​ល្អ​របស់​សេ្ដច ជា​សត្វ​មាន​កំណើត​ដ៏​ល្អ​ទាំង​ពីរខាង ​គឺ​ទាំង​ខាងមេ ​និង​ខាង​បា ១ សេះ​អាជានេយ្យ​ទាំង​ឡាយ ​ដ៏​ល្អ​ដទៃទៀត កើត​ក្នុង​ទិស​ណា ក៏កើត​ក្នុង​ទិស​នោះ​ ១ ជន​ទាំង​ឡាយ ​ឲ្យ​ស្មៅ​ស្រស់ក្ដី ស្មៅស្ងួត​ក្ដីណា ​ដល់​វា ៗ ក៏ចេះតែ​ស៊ីស្មៅស្រស់ ​ឬ​ស្មៅស្ងួត​នោះ ដោយ​គោរព ​មិន​ឲ្យ​រាត់រាយ ១ ​ជា​សត្វ​ខ្ពើមរអើម​នឹង​ការ​អង្គុយ​សង្កត់​នូវ​ឧច្ចារៈ ​និង​បស្សាវៈ ១ វា​ជា​សត្វ​ត្រេកអរ តែង​សប្បាយ ​មិន​បៀតបៀន​នូវ​ពួក​សេះដទៃ ១ ការ​អួតអាង កោង មិតពត់ ​និង​ការវៀច​ទាំង​ឡាយ​ណា​របស់​វា ៗ ក៏ធ្វើ​នូវ​ការអួតអាង​ជា​ដើម​នោះ ឲ្យ​ជា​ក់ច្បាស់​គួរ​តាម​ពិត ​ដល់​នាយសារថី ៗ ក៏ព្យាយាម​ដើម្បី​ញាំញី​នូវ​ការ​អួតអាង​ជា​ដើម​របស់​វា ១ ​ជា​សត្វ​តែង​នាំ​ទៅ​ តែងញុំាង​ចិត្ត​ឲ្យ​កើតឡើង​ថា ពួក​សេះ​ដទៃ ទោះ​នាំ​ទៅ​ក៏​ដោយ មិន​នាំ​ទៅ​ក៏​ដោយ អញ​នឹង​នាំ​ទៅ​ដោយ​ពិត​ក្នុង​ទី​នោះ កាល​ដែល​ទៅ​ ក៏រមែង​ទៅ​តាម​ផ្លូវ​ត្រង់តែម្យ៉ាង ១ ​ជា​សត្វ​មាន​កំឡាំងមាំមួន ​ដែល​នឹង​ថយ​កំឡាំង​ត្រាតែ​សេចក្ដី​ស្លាប់​គ្របសង្កត់​ជីវិត ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ សេះ​អាជានេយ្យ​ដ៏​ល្អ​របស់​ស្ដេច ​ប្រកប​ដោយ​អង្គ ៨ យ៉ាង​នេះ​ឯង ជា​សត្វ​គួរ​ដល់​ព្រះ​រា​ជា ជា​រាជ​បម្រើ ​ដល់​នូវ​ការរាប់​ថា​ជា​អង្គ​របស់​ព្រះ​រា​ជា​ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ក៏យ៉ាង​នោះ​ដែរ ជា​អ្នក​ប្រកប​ដោយ​ធម៌ ៨ យ៉ាង ទើប​ជា​អ្នក​គួរ​ទទួល​នូវ​ចតុប្បច្ច័យ ​ដែល​បុគ្គល​ឧទ្ទិស​ចំពោះ​អ្នក​មាន​សីល ហើយ​នាំ​មក​បូ​ជា​ ។បេ។ ​ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​របស់​សត្វ​លោក​ ។ ធម៌ ៨ យ៉ាង ​តើ​ដូចម្ដេច​ខ្លះ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​មាន​សីល តែង​សង្រួម​ក្នុង​បាតិមោក្ខ​សំវរសីល ​ជា​អ្នក​បរិបូណ៌​ដោយ​អាចារៈ ​និង​គោចរៈ ១ ឃើញ​ភ័យ​ក្នុង​ទោស​ទាំង​ឡាយ សូម្បី​មាន​ប្រមាណ​តិចតួច សមាទាន​សិក្សា ​ក្នុង​សិក្ខាបទ​ទាំង​ឡាយ ១ ជន​ប្រគេន​នូវ​ភោជន​ណា​មួយ​ ទោះសៅហ្មង​ក្ដី ឧត្តមក្ដី ​ដល់​លោក​ ៗ ក៏ចេះតែ​ឆាន់​នូវ​ភោជន​នោះ ដោយ​គោរព ​មិន​រើស​អើង ១ ​ជា​អ្នក​ខ្ពើម​រអើម​ចំពោះ​កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត ខ្ពើមរអើម ​ចំពោះ​ការជួប​ប្រសព្វ​នឹង​អកុសលធម៌​ទាំង​ឡាយ​ដ៏​លាមក ១ ​លោក​ជា​អ្នក​រីករាយ ​មាន​ការនៅ​សប្បាយ ​មិន​បៀតបៀន​ពួក​ភិក្ខុ​ដទៃ ១ ការអួតអាង កោង មិតពត់ ​និង​ការវៀច​ទាំង​ឡាយ​ណា​របស់​លោក​ ៗ ​ជា​អ្នក​ធ្វើ​នូវ​ការ​អួតអាង​ជា​ដើម​នោះ ឲ្យ​ជា​ក់​ច្បាស់​តាម​ពិត​ចំពោះ​ព្រះ​សាស្ដា ​ឬ​សព្រហ្មចារី​ជា​វិញ្ញូជន ​ព្រះ​សាស្ដា ​ឬ​សព្រហ្មចារី​ជា​វិញ្ញូជន តែងព្យាយាម​ដើម្បី​ញាំញី​នូវ​ការអួតអាង​ជា​ដើម​នោះ របស់​លោក​ ១ ​ជា​អ្នក​សិក្សា ញុំាង​ចិត្ត​ឲ្យ​កើតឡើង​ថា ពួក​ភិក្ខុ​ដទៃ ទោះសិក្សា​ក៏​ដោយ មិន​សិក្សា​ក៏​ដោយ អញ​នឹង​សិក្សា​ក្នុង​ធម្មវិន័យ​នេះ​ដោយ​ពិត ​លោក​កាល​នឹង​ទៅ​ ក៏​ទៅ​តាម​ផ្លូវ​ត្រង់តែ​ម្យ៉ាង បណ្ដាផ្លូវ​ត្រង់​ទាំង​នោះ​ ផ្លូវត្រង់​នេះ គឺ​សម្មាទិដ្ឋិ ១ ។បេ។ សម្មាសមាធិ ១ ​ជា​អ្នក​មាន​សេចក្ដីព្យាយាម​តឹង​តែង​ថា​ ស្បែក​ សរសៃ ​និង​ឆ្អឹង ​ចូរ​ស្វិត​ក្រៀមចុះ សាច់ ​និង​ឈាម ​ចូរ​រីងស្ងួត​ក្នុង​សរីរៈ​ចុះ កិច្ចណា ​ដែល​អ្នក​ផង​ត្រូវ​ដល់​ដោយ​កំឡាំង​នៃ​បុរស ព្យាយាម​នៃ​បុរស សេចក្ដី​ប្រឹងប្រែង​នៃ​បុរស បើ​មិន​ទាន់​ដល់​នូវ​កិច្ច​នោះ​ទេ ក៏​មិន​បញ្ឈប់​សេចក្ដី​ព្យាយាម ១ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ប្រកប​ដោយ​ធម៌ ៨ យ៉ាង​នេះ​ឯង​ ទើប​ជា​អ្នក​គួរ​ទទួល​នូវ​ចតុប្បច្ច័យ ​ដែល​បុគ្គល​ឧទ្ទិស​ចំពោះ​អ្នក​មាន​សីល ​ហើយ​នាំ​មក​បូ​ជា​ ។បេ។ ​ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​របស់​សត្វ​លោក​ ។

អស្សខឡុង្កសូត្រ ទី៤កែប្រែ

[១៤] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​តថាគត​នឹង​សំដែង​នូវ​សេះ​មាន​ពុតត្បុត ៨ យ៉ាង ​និង​ ទោស​នៃ​សេះ ៨យ៉ាង បុរស​មាន​ពុតត្បុត ៨ យ៉ាង ​និង​ទោស​នៃ​បុរស ៨ យ៉ាង ​ចូរ​អ្នក​ទាំង​ឡាយ​ ចាំស្ដាប់​នូវ​ធម៌​នោះ​ចុះ ។បេ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ សេះ​មាន​ពុត​ត្បុត ៨ យ៉ាង ​និង​ទោស​នៃ​សេះ ៨ យ៉ាង ​តើ​ដូចម្ដេច ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ សេះ​មាន​ពុតត្បុត​ពួក​ខ្លះ ​ក្នុង​លោក​នេះ កាល​ដែល​នាយសារថី​និយាយ​ថា ឯង​ចូរ​ដើរ​ទៅ ហើយ​ចាក់ ដាស់តឿន ក៏ត្រឡប់​ថយ​ក្រោយ ញុំាងរថ​ឲ្យ​ត្រឡប់​ថយ​ក្រោយ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ សេះ​មាន​ពុតត្បុត ​ពួក​ខ្លះ ​ក្នុង​លោក​នេះ​បែប​នេះ​ឯង ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ទោស​របស់​សេះ ទី១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​មួយ​ទៀត សេះ​មាន​ពុតត្បុត​ពួក​ខ្លះ ​ក្នុង​លោក​នេះ កាល​ដែល​នាយ​សារថីនិយាយ​ថា ឯង​ចូរ​ដើរ​ទៅ ហើយ​ចាក់ ដាស់តឿន ក៏ប្រាយ​ជើងខាងក្រោយ ទង្គិច​ក្បាល​នឹង​ក្បាល​ក្រពើរថ បំបាក់ឈើ​ជា​ ៣ កំណាត់ (ចែរថ) ​ម្នាល​ភិក្ខុ​ទាំង​ឡាយ សេះ​មាន​ពុតត្បុត​ពួក​ខ្លះ ​ក្នុង​លោក​នេះ​ បែប​នេះ​ឯង ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ទោស​របស់​សេះ ទី២ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​មួយ​ទៀត សេះ​មាន​ពុតត្បុត​ពួក​ខ្លះ ​ក្នុង​លោក​នេះ កាល​ដែល​នាយ​សារថី​និយាយ​ថា ឯង​ចូរ​ដើរ​ទៅ ហើយ​ចាក់ ដាស់តឿន ក៏លើក​នូវ​ជើង ពាក់លើ​ចន្ទោល​នៃ​រថ ញាំញី​នូវ​ចន្ទោលរថ ​ឲ្យ​ខ្ទេចខ្ទី ​ម្នាល​ភិក្ខុ​ទាំង​ឡាយ សេះ​មាន​ពុតត្បុត ​ពួក​ខ្លះ ​ក្នុង​លោក​នេះ បែប​នេះ​ឯង ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ទោស​របស់​សេះ ទី៣ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​មួយ​ទៀត សេះ​មាន​ពុតត្បុត​ពួក​ខ្លះ ​ក្នុង​លោក​នេះ កាល​ដែល​នាយ​សារថីនិយាយ​ថា ឯង​ចូរ​ដើរ​ទៅ ហើយ​ចាក់ ដាស់តឿន ក៏ប្រកាន់ខុស​ផ្លូវ ធ្វើរថ​ឲ្យ​ខុស​ផ្លូវ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ សេះ​មាន​ពុតត្បុត​ពួក​ខ្លះ ​ក្នុង​លោក​នេះ​ បែប​នេះ​ឯង ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ទោស​របស់​សេះ ទី៤ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​មួយ​ទៀត សេះ​មាន​ពុតត្បុត​ពួក​ខ្លះ ​ក្នុង​លោក​នេះ កាល​ដែល​នាយ​សារថី​និយាយ​ថា ឯង​ចូរ​ដើរ​ទៅ ហើយ​ចាក់ ដាស់តឿន ក៏លោត​កញ្ជ្រោល​កាយខាងមុខ ផ្គង​នូវ​ជើង​ទាំង​ពីរ​ខាងមុខ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ សេះ​មាន​ពុតត្បុត​ពួក​ខ្លះ ​ក្នុង​លោក​នេះ​ បែប​នេះ​ឯង ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ទោស​របស់​សេះ ទី៥ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​មួយ​ទៀត សេះ​មាន​ពុតត្បុត​ពួក​ខ្លះ ​ក្នុង​លោក​នេះ កាល​ដែល​នាយ​សារថី​និយាយ​ថា ឯង​ចូរ​ដើរ​ទៅ ហើយ​ចាក់ ដាស់តឿន ក៏​មិន​អើពើ​នឹង​ដង​ជន្លួញ ខាំផ្ដាច់​នូវ​ខ្សែ​បង្ហៀរ ​ដោយ​ធ្មេញ​ទាំង​ឡាយ ​ហើយ​គេច​ចេញ​ទៅ​តាម​សេចក្ដី​ប្រាថ្នា ​ម្នាល​ភិក្ខុ​ទាំង​ឡាយ សេះ​មាន​ពុតត្បុត​ពួក​ខ្លះ ​ក្នុង​លោក​នេះ​ បែប​នេះ​ឯង ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ទោស​របស់​សេះ ទី៦ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​មួយ​ទៀត សេះ​មាន​ពុតត្បុត​ពួក​ខ្លះ ​ក្នុង​លោក​នេះ កាល​ដែល​នាយ​សារថី​និយាយ​ថា ឯង​ចូរ​ដើរ​ទៅ ហើយ​ចាក់ ដាស់តឿន ក៏​មិន​ឈាន​ទៅ​មុខ ​មិន​ឈាន​ថយ​ក្រោយ នៅឈរ​នឹង​ថ្កល់ ដូច​ជា​សសរខឿន​ក្នុង​ទី​នោះ​ដ​ដែល ម្នាល​ភិក្ខុ​ទាំង​ឡាយ សេះ​មាន​ពុតត្បុត​ពួក​ខ្លះ ​ក្នុង​លោក​នេះ​ បែប​នេះ​ឯង ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ទោស​របស់​សេះ ទី៧ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​មួយ​វិញទៀត សេះ​មាន​ពុតត្បុត​ពួក​ខ្លះ ​ក្នុង​លោក​នេះ កាល​ដែល​នាយ​សារថី​និយាយ​ថា ឯង​ចូរ​ដើរ​ទៅ ហើយ​ចាក់ ដាស់តឿន ក៏កង្កុញ​ជើង​ទាំង​ពីរ​ខាងមុខ កង្កុញ​ជើង​ទាំង​ពីរ​ខាងក្រោយ ​ហើយ​ក្រាប​សង្កត់​នូវ​ជើង​ទាំង​៤ ​ក្នុង​ទី​នោះ​ឯង ម្នាល​ភិក្ខុ​ទាំង​ឡាយ សេះ​មាន​ពុតត្បុត​ពួក​ខ្លះ ​ក្នុង​លោក​នេះ​ បែប​នេះ​ឯង ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ទោស​របស់​សេះ ទី៨ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ សេះ​មាន​ពុតត្បុត ៨ យ៉ាង ​និង​ទោស​នៃ​សេះ ៨ យ៉ាង​នេះ​ឯង​ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរស​មាន​ពុតត្បុត ៨យ៉ាង ​និង​ទោស​នៃ​បុរស ៨យ៉ាង ​តើ​ដូចម្ដេច ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ទាំង​ឡាយ​ក្នុង​សាសនា​នេះ​ ដាស់តឿន​ភិក្ខុ​ផង​គ្នា ​ដោយ​អាបតិ្ត ភិក្ខុ​នោះ កាល​ដែល​ភិក្ខុ​ទាំង​ឡាយ ដាស់តឿន​ដោយ​អាបត្តិ ក៏បណ្ដោះ​បណ្ដៃ​អំពី​អាបត្តិ​ថា​ ខ្ញុំនឹក​មិន​ឃើញ​ទេៗ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ សេះ​មាន​ពុតត្បុត​នោះ កាល​ដែល​នាយ​សារថី​និយាយ​ថា ឯង​ចូរ​ដើរ​ទៅ ហើយ​ចាក់ ដាស់តឿន ក៏ត្រឡប់​ថយ​ក្រោយ ញុំាងរថ​ឲ្យ​ត្រឡប់ខាង​ក្រោយ មាន​ឧបមា​ដូចម្តេចមិញ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​តថាគត​ពោល​ថា​ បុគ្គល​នេះ មាន​ឧបមេយ្យ​ដូច្នោះ​ឯង ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរស​មាន​ពុតត្បុត​ពួក​ខ្លះ ​ក្នុង​លោក​នេះ​ បែប​នេះ​ឯង ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ទោស​របស់​បុរស ទី១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​មួយ​ទៀត ​ពួក​ភិក្ខុ​ដាស់តឿន​ភិក្ខុ​ផង​គ្នា ​ដោយ​អាបត្តិ ​ភិក្ខុ​នោះ កាល​ដែល​ពួក​ភិក្ខុ​ដាស់តឿន​ដោយ​អាបត្តិ ក៏តបត​នឹង​ពាក្យ​ចោទ​វិញ​ថា​ ប្រយោជន៍អ្វី ​អញ​នឹង​និយាយ​ជា​មួយ​អ្នក​ឯង ដែល​ជា​មនុស្សពាល ​មិន​ឈ្លាសវៃ អម្បាលយ៉ាង​អញ អ្នក​ឯង​ហ៊ាន​សំគាល់​ថា​ជា​បុគ្គល​គួរគេស្ដី​ថា​បាន​ទៅ​ហើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ សេះ​មាន​ពុតត្បុត​នោះ កាល​ដែល​នាយ​សារថី​និយាយ​ថា ឯង​ចូរ​ដើរ​ទៅ ហើយ​ចាក់ ដាស់តឿន ក៏ប្រាយជើងខាង​ក្រោយ ទង្គិចក្បាល​នឹង​ក្បាល​ក្រពើរថ បំបាក់ឈើ​ជា​ ៣ កំណាត់ (ចែរថ) ​មាន​ឧបមា​ដូចម្ដេច​មិញ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​តថាគត​ពោល​ថា​ បុគ្គល​នេះ មាន​ឧបមេយ្យ ដូច្នោះ​ឯង ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរស​មាន​ពុតត្បុត​ពួក​ខ្លះ ​ក្នុង​លោក​នេះ​ បែប​នេះ​ឯង ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ទោស​របស់​បុរស ទី២ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​មួយ​ទៀត ​ពួក​ភិក្ខុ​ដាស់តឿន​ភិក្ខុ​ផង​គ្នា​ដោយ​អាបត្តិ ​ភិក្ខុ​នោះ កាល​ដែល​ពួក​ភិក្ខុ​ ដាស់តឿន ​ដោយ​អាបត្តិ ក៏ត្រឡប់​លើកទោស ​ដល់​ភិក្ខុ​អ្នក​ដាស់តឿន​វិញ​ថា អ្នក​ឯង​ទេ​តើ ដែល​ត្រូវ​អាបត្តិ​ឈ្មោះ​នេះ អ្នក​ឯង​ចូរ​សំដែង​អាបត្តិមុន​សិន​ទៅ ម្នាល​ភិក្ខុ​ទាំង​ឡាយ សេះ​មាន​ពុតត្បុត​នោះ កាល​ដែល​នាយ​សារថី​និយាយ​ថា ឯង​ចូរ​ដើរ​ទៅ ហើយ​ចាក់ ដាស់តឿន ក៏លើក​នូវ​ជើង​ពាក់លើចន្ទោលរថ ​ហើយ​ញាំញី​នូវ​ចន្ទោល​រថ ​ឲ្យ​ខ្ទេចខ្ទី ​មាន​ឧបមាដូចម្ដេច​មិញ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​តថាគត​ពោល​ថា​ បុគ្គល​នេះ​មាន​ឧបមេយ្យ​ដូច្នោះ​ឯង ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរស​មាន​ពុតត្បុត​ពួក​ខ្លះ ​ក្នុង​លោក​នេះ​ បែប​នេះ​ឯង ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ទោស​របស់​បុរស​ ទី៣ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​មួយ​ទៀត ​ពួក​ភិក្ខុ​ដាស់តឿន​ភិក្ខុ​ផង​គ្នា​ដោយ​អាបត្តិ ​ភិក្ខុ​នោះ កាល​ដែល​ពួក​ភិក្ខុ​ដាស់តឿន​ដោយ​អាបត្តិ ក៏បិទបាំង​នូវ​ហេតុ​ដទៃ​ដោយ​ហេតុដទៃ ទាត់​ពាក្យ​សម្តី​ចោល​ទៅ​ខាងក្រៅ ធ្វើ​នូវ​សេចក្តី​ក្រោធ​ផង នូវ​ទោស​ផង នូវ​សេចក្តី​មិន​ត្រេកអរ​ផង ឲ្យ​ប្រាកដ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ សេះ​មាន​ពុតត្បុត​នោះ កាល​ដែល​នាយ​សារថី​និយាយ​ថា ឯង​ចូរ​ដើរ​ទៅ ហើយ​ចាក់ ដាស់តឿន ក៏ប្រកាន់ខុសផ្លូវ ធ្វើរថ​ឲ្យ​ខុសផ្លូវ ​មាន​ឧបមា​ដូចម្ដេច​មិញ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​តថាគត​ពោល​ថា​ បុគ្គល​នេះ មាន​ឧបមេយ្យ​ដូច្នោះ​ឯង ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរស​មាន​ពុតត្បុត​ពួក​ខ្លះ ​ក្នុង​លោក​នេះ​ បែប​នេះ​ឯង ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ទោស​របស់​បុរស​ ទី៤ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​មួយ​ទៀត ​ពួក​ភិក្ខុ​ដាស់តឿន ​ភិក្ខុ​ផង​គ្នា​ដោយ​អាបត្តិ ​ភិក្ខុ​នោះ កាល​ដែល​ពួក​ភិក្ខុ​ដាស់តឿន​ដោយ​អាបត្តិ ក៏និយាយ​ឆ្កា​ដៃ ក្នុង​កណ្ដាល​ជំនុំសង្ឃ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ សេះ​មាន​ពុត​ត្បុត​នោះ កាល​ដែល​នាយ​សារថី​និយាយ​ថា ឯង​ចូរ​ដើរ​ទៅ ហើយ​ចាក់ ដាស់តឿន ក៏លោត​កញ្ជ្រោល​កាយខាង​មុខ ផ្គង​នូវ​ជើង​ទាំង​ពីរខាង​មុខ ​មាន​ឧបមា​ដូច​ម្ដេចមិញ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​តថាគត​ពោល​ថា​ បុគ្គល​នេះ​មាន​ឧបមេយ្យ​ដូច្នោះ​ឯង ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរស​មាន​ពុតត្បុត​ពួក​ខ្លះ ​ក្នុង​លោក​នេះ​ បែប​នេះ​ឯង ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ទោស​របស់​បុរស ទី៥ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​មួយ​ទៀត ​ពួក​ភិក្ខុ​ដាស់តឿន​ភិក្ខុ​ផង​គ្នា​ដោយ​អាបត្តិ ​ភិក្ខុ​នោះ កាល​ដែល​ភិក្ខុ​ទាំង​ឡាយ​ដាស់តឿន​ដោយ​អាបត្តិ ក៏​មិន​អើពើ​នឹង​សង្ឃ ​មិន​អើពើ​នឹង​ភិក្ខុ​អ្នក​ដាស់តឿន ដើរចេញ​ទៅ​ទាំង​អាបត្តិ កាន់ទី​តាម​សេចក្ដី​ប្រាថា្ន ​ម្នាល​ភិក្ខុ​ទាំង​ឡាយ សេះ​មាន​ពុតត្បុត​នោះ កាល​ដែល​នាយ​សារថី និយាយ​ថា ឯង​ចូរ​ដើរ​ទៅ ហើយ​ចាក់ ដាស់តឿន ក៏​មិន​អើពើ​នឹង​ដង​ជន្លួញ ខាំផ្ដាច់​នូវ​ខ្សែបង្ហៀរ​ដោយ​ធ្មេញ​ទាំង​ឡាយ ​ហើយ​គេច​ចេញ​ទៅ​តាម​សេចក្ដី​ប្រាថា្ន ​មាន​ឧបមា​ដូចម្ដេចមិញ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​តថាគត​ពោល​ថា​ បុគ្គល​នេះ មាន​ឧបមេយ្យ​ដូច្នោះ​ឯង ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរស​មាន​ពុតត្បុត​ពួក​ខ្លះ ​ក្នុង​លោក​នេះ​ បែប​នេះ​ឯង ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ទោស​របស់​បុរស ទី៦ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​មួយ​ទៀត ​ពួក​ភិក្ខុ​ដាស់តឿន​ភិក្ខុ​ផង​គ្នា​ដោយ​អាបត្តិ ​ភិក្ខុ​នោះ កាល​ដែល​ពួក​ភិក្ខុ​ដាស់តឿន​ដោយ​អាបត្តិ ក៏ប្រកែក​ថា​ ខ្ញុំ​មិន​ត្រូវ​អាបតិ្តទេ ៗ ​ភិក្ខុ​នោះ​ រមែង​បៀតបៀន​នូវ​សង្ឃ​ដោយ​តុណ្ហីភាព ​ម្នាល​ភិក្ខុ​ទាំង​ឡាយ សេះ​មាន​ពុតត្បុត​នោះ កាល​ដែល​នាយ​សារថី​និយាយ​ថា ឯង​ចូរ​ដើរ​ទៅ ហើយ​ចាក់ ដាស់តឿន ក៏​មិន​ឈាន​ទៅ​មុខ ​មិន​ឈាន​ថយ​ក្រោយ នៅឈរ​នឹង​ថ្កល់ ដូច​ជា​សសរ​ខឿន ​ក្នុង​ទី​នោះ​ដ​ដែល មាន​ឧបមា​ដូចម្ដេចមិញ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​តថាគត​ពោល​ថា​ បុគ្គល​នេះ មាន​ឧបមេយ្យ​ដូច្នោះ​ឯង ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរស​មាន​ពុតត្បុត​ពួក​ខ្លះ ​ក្នុង​លោក​នេះ​ បែប​នេះ​ឯង ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ទោស​របស់​បុរស ទី៧ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​មួយ​វិញទៀត ​ពួក​ភិក្ខុ​ដាស់តឿន​ភិក្ខុ​ផង​គ្នា​ដោយ​អាបត្តិ ​ភិក្ខុ​នោះ កាល​ដែល​ពួក​ភិក្ខុ​ចោទ​ដោយ​អាបត្តិ ក៏​ពោល​យ៉ាង​នេះ​ថា លោក​ទាំង​ឡាយ​ដ៏​មាន​អាយុ ហេតុអ្វី​ក៏​បាន​ជា​ខំខ្វល់ខ្វាយ​នឹង​ខ្ញុំ​ខ្លាំងម្ល៉េះ ណ្ហើយចុះ ខ្ញុំ​នឹង​លាសិក្ខា ត្រឡប់មកកាន់​ភេទថោក​ទាប​វិញ ​ក្នុង​ឥឡូវ​នេះ ភិក្ខុ​នោះ​ ក៏លាសិក្ខា ​ហើយ​ត្រឡប់​មកកាន់​ភេទ​ថោកទាប រួច​ពោល​យ៉ាង​នេះ​ថា​ ឥឡូវ​នេះ លោក​ទាំង​ឡាយ​ដ៏​មាន​អាយុ ​ចូរ​មាន​ចិត្ត​ត្រេកអរ​ចុះ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ សេះ​មាន​ពុតត្បុត​នោះ កាល​ដែល​នាយ​សារថី​និយាយ​ថា ឯង​ចូរ​ដើរ​ទៅ ហើយ​ចាក់ ដាស់តឿន ក៏កង្កុញជើង​ទាំង​ពីរ​ខាងមុខ កង្កុញ​ជើង​ទាំង​ពីរ​ខាង​ក្រោយ ​ក្រាប​សង្កត់​នូវ​ជើង​ទាំង​ ៤ ​ក្នុង​ទី​នោះ​ឯង មាន​ឧបមា​ដូចម្ដេច​មិញ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​តថាគត​ពោល​ថា​ បុគ្គល​នេះ មាន​ឧបមេយ្យ​ដូច្នោះ​ឯង ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរស​មាន​ពុតត្បុត​ពួក​ខ្លះ ​ក្នុង​លោក​នេះ​ បែប​នេះ​ឯង ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ទោស​របស់​បុរស ទី៨ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរស​មាន​ពុតត្បុត​ ៨ យ៉ាង ​និង​ទោស​នៃ​បុរស ៨ យ៉ាង​នេះ​ឯង​ ។

មលសូត្រ ទី៥កែប្រែ

[១៥] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ មន្ទិល​នេះ មាន​ ៨ យ៉ាង ។ មន្ទិល ៨ យ៉ាង ​តើ​ដូចម្ដេច​ខ្លះ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ មន្ត​ទាំង​ឡាយ ​មាន​ការ​មិន​ស្វាធ្យាយ ​ជា​មន្ទិល ១ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ផ្ទះ​ទាំង​ឡាយ ​មាន​ការ​មិន​ថែទាំ​ជា​មន្ទិល ១ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ការខ្ជិល​ច្រអូស ​ជា​មន្ទិល​នៃ​សម្បុរសរីរៈ ១ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ការប្រហែស​ធ្វេស ​ជា​មន្ទិល​នៃ​អ្នក​ថែរក្សា ១ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ការប្រព្រឹត្តិ​អាក្រក់ [សំដៅ​យក​ការ​ប្រព្រឹត្តិ​ក្បត់​ចិត្ត​ប្តី ។] (​ចំពោះ​ប្ដី) ​ជា​មន្ទិល​របស់​ស្រ្តី ១ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ សេចក្ដី​កំណាញ់ ​ជា​មន្ទិល​របស់​អ្នក​ឲ្យ​ ១ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ អកុសលធម៌​ដ៏​លាមក ​ជា​មន្ទិល​ក្នុង​លោក​នេះ និង​លោក​ខាងមុខ ១ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ មន្ទិល​ដ៏​លើស​ជា​ង​មន្ទិល​ទាំង​នោះ គឺ​អវិជ្ជា ​ជា​មន្ទិល​យ៉ាងក្រៃលែង ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ មន្ទិល ៨ យ៉ាង​នេះ​ឯង​ ។

មន្ត​ទាំង​ឡាយ ​មាន​ការ​មិន​ស្វាធ្យាយ​ជា​មន្ទិល ​ផ្ទះ​ទាំង​ឡាយ ​មាន​ការ​មិន​ថែទាំ​ជា​មន្ទិល ការខ្ជិលច្រអូស ​ជា​មន្ទិល​នៃ​ពណ៌​សម្បុរ ការ​ប្រហែល​ធ្វេស ​ជា​មន្ទិល​នៃ​អ្នក​ថែរក្សា ការប្រព្រឹត្តិ​អាក្រក់ (​ចំពោះ​ប្ដី) ​ជា​មន្ទិល​របស់​ស្រ្តី សេចក្ដី​កំណាញ់ ​ជា​មន្ទិល​របស់​អ្នក​ឲ្យ​ អកុសលធម៌​ដ៏​លាមក ​ជា​មន្ទិល​ក្នុង​លោក​នេះ និង​លោក​ខាងមុខ មន្ទិល​ដ៏​លើស​ជា​ង​មន្ទិល​ទាំង​នោះ គឺ​អវិជ្ជា ​ជា​មន្ទិល​យ៉ាងក្រៃលែង ។

ទូតេយ្យសូត្រ ទី៦កែប្រែ

[១៦] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ប្រកប​ដោយ​ធម៌ ៨ យ៉ាង ទើបគួរ​ដើម្បី​ដល់​នូវ​ទូត​កម្ម [​បាន​សេច​ក្តី​ថា​ គួរ​ធ្វើ​ជា​ទូត ​គឺ​ជា​អ្នក​ទទួល​ពាក្យ​បណ្តាំ ។] ​បាន​ ។ ធម៌ ៨ យ៉ាង ​តើ​ដូចម្ដេចខ្លះ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​ស្ដាប់ខ្លួន​ឯង​ ១ ​ជា​អ្នក​ញុំាង​បុគ្គល​ដទៃ​ឲ្យ​ស្ដាប់ ១ ​ជា​អ្នក​រៀនខ្លួន​ឯង​ ១ ​ជា​អ្នក​យល់ច្បាស់​នូវ​សេចក្ដី​មាន​ប្រយោជន៍ ​និង​មិន​មាន​ប្រយោជន៍ ១ ​ជា​អ្នក​ញុំាង​បុគ្គល​ដទៃ ​ឲ្យ​យល់ច្បាស់​នូវ​សេចក្ដី​មាន​ប្រយោជន៍ ​និង​មិន​មាន​ប្រយោជន៍ ១ ​ជា​អ្នក​ឈ្លាស​ក្នុង​អំពើ​មាន​ប្រយោជន៍ ​និង​មិន​មាន​ប្រយោជន៍ ១ ​ជា​អ្នក​មិន​ធ្វើ​នូវ​ការឈ្លោះ​ប្រកែក ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ប្រកប​ដោយ​ធម៌ ៨ យ៉ាង​នេះ​ ទើបគួរ​ដើម្បី​ដល់​នូវ​ទូតកម្ម​បាន​ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ សារីបុត្រ​ប្រកប​ដោយ​ធម៌ ៨ យ៉ាង ទើបគួរ​ដើម្បី​ដល់​នូវ​ទូតកម្ម​បាន​ ។ ធម៌ ៨ យ៉ាង ​តើ​ដូចម្ដេច​ខ្លះ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ក្នុង​ធម្មវិន័យ​នេះ​ សារីបុត្រ ​ជា​អ្នក​ស្តាប់​ខ្លួន​ឯង​ ១ ​ជា​អ្នក​ញុំាងបុគ្គល​ដទៃ​ឲ្យ​ស្តាប់ ១ ​ជា​អ្នក​រៀនខ្លួន​ឯង​ ១ ​ជា​អ្នក​ចងចាំ​ទុក ១ ​ជា​អ្នក​យល់ច្បាស់ (​នូវ​សេចក្ដី​មាន​ប្រយោជន៍ ​និង​មិន​មាន​ប្រយោជន៍) ១ ​ជា​អ្នក​ញុំាង​បុគ្គល​ដទៃ​ឲ្យ​យល់​ច្បាស់ (​នូវ​សេចក្ដី​មាន​ប្រយោជន៍ ​និង​មិន​មាន​ប្រយោជន៍) ១ ​ជា​អ្នក​ឈ្លាស ​ក្នុង​អំពើ​មាន​ប្រយោជន៍ ​និង​មិន​មាន​ប្រយោជន៍ ១ ​ជា​អ្នក​មិន​ធ្វើ​នូវ​ការឈ្លោះ​ប្រកែក ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ សារីបុត្រ​ប្រកប​ដោយ​ធម៌ ៨ យ៉ាង ​នេះ​ឯង​ ទើបគួរ​ដើម្បី​ដល់​នូវ​ទូតកម្ម​បាន​ ។

ភិក្ខុ​ណានិយាយ​ទៅ​រក​បរិសទ្យ ​ដែល​ជា​អ្នក​ពោល​ពាក្យ​លើកដំកើង ក៏​មិន​តក់​ស្លុត​ផង មិន​ឲ្យ​បាត់​ពាក្យ​ផង មិន​ឲ្យ​បាត់​ពាក្យ​បណ្ដាំ​ផង ពោល​ពាក្យ​មិន​ឲ្យ​គេ​មាន​សេចក្ដី​សង្ស័យ​ផង​ គេសួរ​មិន​ខឹង​ផង ភិក្ខុ​ប្រាកដ​ដូច្នោះ​នោះ​ឯង​ គួរ​ដើម្បី​ដល់​នូវ​ទូតកម្ម​បាន​ ។

បឋមពន្ធនសូត្រ ទី៧កែប្រែ

[១៧] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ស្រ្តីតែងចង​បុរស​ដោយ​អាការ ៨ យ៉ាង ។ អាការ ៨ យ៉ាង ​តើ​ដូចម្ដេច​ខ្លះ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ស្រ្តីចងបុរស​ដោយ​រូប ១ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ស្រ្តី​ចង​បុរស ​ដោយ​សំណើច ១ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ស្រ្តីចងបុរស ​ដោយ​និយាយ ១ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ស្រ្តីចងបុរស ​ដោយ​ចម្រៀង ១ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ស្រ្តីចង​បុរស​ដោយ​យំ ១ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ស្រ្តីចង​បុរស ​ដោយ​ការស្អាង (​មាន​វិធី​ស្លៀកពាក់​ជា​ដើម​) ១ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ស្រ្តីចងបុរស ​ដោយ​គ្រឿង​បណ្ណាការ ​មាន​ផ្កា​ឈើ ​និង​ផ្លែឈើ ​ដែល​ខ្លួន​កាច់មក​អំពី​ព្រៃ ១ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ស្រ្តីចងបុរស ​ដោយ​ផស្សៈ ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ស្រ្តីចង​បុរស​ដោយ​អាការ ៨យ៉ាង​នេះ​ឯង ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ពួក​សត្វ​ដែល​ស្ត្រី​ចងក្រៀក ​ដោយ​អាការ​ទាំង​ ៨ យ៉ាង​នេះ​ឯង ឈ្មោះ​ថា ជា​ប់អន្ទាក់ ។

ទុតិយពន្ធនសូត្រ ទី៨កែប្រែ

[១៨] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរស​ចង​ស្រ្តី ​ដោយ​អាការ ៨យ៉ាង ។ អាការ ៨ យ៉ាង ​តើ​ដូច​ម្ដេចខ្លះ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរសចងស្រ្តី ​ដោយ​រូប ១ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរសចង​ស្រ្តី ​ដោយ​សំណើច ១ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរសចងស្រ្តី ​ដោយ​និយាយ ១ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរស​ចង​ស្រ្តី ​ដោយ​ចម្រៀង ១ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរសចងស្រ្តី ​ដោយ​យំ ១ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរសចងស្រ្តី ​ដោយ​ការស្អាង ១ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរសចងស្រ្តី ​ដោយ​គ្រឿង​បណ្ណាការ ​ដែល​ខ្លួន​កាច់មក​អំពី​ព្រៃ ១ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរស​ចងស្រ្តី ​ដោយ​ផស្សៈ ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរស​ចងស្រ្តី​ដោយ​អាការ ៨​យ៉ាង​នេះ​ឯង ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ពួក​សត្វ​ដែល​បុរស​ចងក្រៀក ​ដោយ​អាការ​ ៨ យ៉ាង​នោះ​ឯង ឈ្មោះ​ថា ជា​ប់អន្ទាក់ ។

បហារាទសូត្រ ទី៩កែប្រែ

[១៩] សម័យ​មួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​គង់​នៅក្រោម​ដើម​ស្ដៅ​ជា​លំនៅ​នៃ​នឡេរុយក្ខ​ទៀប​ស្រុក​វេរញ្ជា។គ្រា​នោះ​ បហារាទអសុរិន្ទ​ (សេ្ដច​អសុរ​ឈ្មោះ​បហារាទ) ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​លុះ​ចូល​ទៅ​ដល់ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ហើយ​ឋិត​នៅ​ក្នុង​ទីសមគួរ។​លុះ​បហារាទអសុរិន្ទ​ឋិតនៅ​ក្នុង​ទីសមគួរ​ហើយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ដូច្នេះ​ថាម្នាល​បហារាទចុះ​ពួក​អសុរតែង​រីករាយ​ក្នុង​មហាសមុទ្រ​ដែរ​ឬ​ ។បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើនពួក​អសុរតែង​រីករាយ​ក្នុង​មហាសមុទ្រ​ដែរ​ ។​ម្នាល​បហារាទចុះ​ក្នុង​មហាសមុទ្រ​មាន​ហេតុ​ជា​អស្ចារ្យចំឡែក​ប៉ុន្មាន​យ៉ាង​បាន​ជា​ពួក​អសុរ​ឃើញ​ហើយ​ ៗតែងរីករាយ​ក្នុង​មហាសមុទ្រ។បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើនក្នុង​មហាសមុទ្រ​មាន​ហេតុ​ជា​អស្ចារ្យ​ចំឡែក៨យ៉ាង​បាន​ជា​ពួក​អសុរ​ឃើញ​ហើយ​ ៗតែង​រីករាយ​ក្នុង​មហាសមុទ្រ។ហេតុ​ជា​អស្ចារ្យ​ចំឡែក៨យ៉ាង​តើ​ដូចម្ដេច​ខ្លះ។បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ មហាសមុទ្រ​មាន​ទំនាប​ទៅ​ដោយ​លំដាប់​មាន​ទី​ជម្រាល​ទៅ​ដោយ​លំដាប់​មាន​ទីទេរ​ទៅ​ដោយ​លំដាប់​មិន​មែន​ចោតជ្រៅ​ទៅ​តែម្ដងដូច​ជា​អណ្ដូង​ទេ។បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ មហាសមុទ្រ​មាន​ទំនាប​ទៅ​ដោយ​លំដាប់​មាន​ទី​ជម្រាល​ទៅ​ដោយ​លំដាប់​មាន​ទីទេរ​ទៅ​ដោយ​លំដាប់​មិន​ចោតជ្រៅ​ទៅ​តែម្ដងដូច​ជា​អណ្ដូង​ដោយ​ហេតុណាបពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើននេះ​ជា​ហេតុ​អស្ចារ្យទី ១​ ក្នុង​មហាសមុទ្រ​ដែល​ពួក​អសុរ​ឃើញ​ហើយ​ ៗតែងរីករាយ​ក្នុង​មហាសមុទ្រ។បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើនមួយ​ទៀតមហាសមុទ្រ​មាន​ទឹក​តាំងនៅ​នឹង​ជា​ធម្មតា​មិន​ដែល​ឡើង​ឬ​ជោរ​ហួសច្រាំង​ទៅ​បាន​ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ មហាសមុទ្រ​មាន​ទឹក​តាំង​នៅ​នឹង​ជា​ធម្មតា​មិន​ដែល​ឡើង​ឬ​ជោរ​ហួស​ច្រាំង​ទៅ​បានដោយ​ហេតុ​ណាបពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើននេះ​ជា​ហេតុ​អស្ចារ្យចំឡែកទី ២​ ក្នុង​មហាសមុទ្រ​ដែល​ពួក​អសុរ​ឃើញ​ហើយ​ ៗតែងរីករាយ​ក្នុង​មហាសមុទ្រ។បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើនមួយ​ទៀតមហាសមុទ្រ​មិន​ដែល​នៅរួម​ដោយ​សាកសព​ស្លាប់ទេបើ​សាកសព​ស្លាប់ណា​មាន​ក្នុង​មហាសមុទ្ររលកតែង​បន្សាត់​សាកសព​ស្លាប់​នោះទៅ​រកច្រាំងផាត់ឡើង​ទៅ​លើ​គោក​មួយ​រំពេច។បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ មហាសមុទ្រ​មិន​ដែល​នៅរួម​ដោយ​សាកសព​ស្លាប់ បើសាកសព​ស្លាប់ណា ​មាន​នៅ​ក្នុង​មហាសមុទ្រ រលក​តែងបន្សាត់​សាកសព​ស្លាប់​នោះ​ទៅ​រក​ច្រាំង ផាត់ឡើង​ទៅ​លើគោក​មួយ​រំពេច ​ដោយ​ហេតុណា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន នេះ​ជា​ហេតុ​អស្ចារ្យចំឡែក​ទី ៣ ​ក្នុង​មហាសមុទ្រ ​ដែល​ពួក​អសុរ​ឃើញ​ហើយ​ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន មួយ​ទៀត ទន្លេធំៗ ​ទាំង​ឡាយ​ណា​មួយ គឺ​ទន្លេគង្គា យមុនា អចិរវតី សរភូ មហី ​កាល​បើ​ទន្លេ​ទាំង​នោះ​ ហូរ​ទៅ​ដល់​មហាសមុទ្រ​ហើយ​ រមែង​លះបង់​នាម ​និង​គោត្រ​ដើម​ (​របស់​ខ្លួន) ​ហើយ​ដល់​នូវ​កិរិយា​រាប់​បញ្ចូល​ថា​ មហាសមុទ្រ​តែម្យ៉ាង ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ទន្លេធំៗ​ទាំង​ឡាយ​ណា​មួយ គឺ​ ទន្លេគង្គា ។បេ។ ​ដល់​នូវ​កិរិយា​រាប់​ថា​ មហាសមុទ្រ​តែម្យ៉ាង ​ដោយ​ហេតុ​ណា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន នេះ​ជា​ហេតុអស្ចារ្យចំឡែក​ទី ៤ ​ក្នុង​មហាសមុទ្រ ​ដែល​ពួក​អសុរ​ឃើញ​ហើយ​ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន មួយ​ទៀត ​ទឹក​ទន្លេ​ទាំង​ឡាយណា​មួយ​ក្នុង​លោក ដែល​ហូរ​ស្រោច​ទៅ​រក​មហាសមុទ្រ​ក្ដី ធារ​ទឹក​ភ្លៀង​ទាំង​ឡាយ​ណា ​ដែល​ហូរ​ធ្លាក់ចុះ​មក​អំពី​អាកាស​ក្ដី មហាសមុទ្រ ក៏​មិន​ប្រាកដ​ជា​ស្រក ​ឬ​ពេញ​ដោយ​ទឹក​ទន្លេ ​និង​ធារ​ទឹក​ភ្លៀង​នោះ​ឡើយ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ទឹក​ទន្លេ​ទាំង​ឡាយ​ណា​មួយ​ក្នុង​លោក ដែល​ហូរ​ស្រោច ​ទៅ​រក​មហាសមុទ្រ​ក្ដី ធារ​ទឹក​ភ្លៀង​ទាំង​ឡាយណា ​ដែល​ហូរ​ធ្លាក់ចុះ​មក​អំពី​អាកាសក្ដី មហាសមុទ្រ ក៏​មិន​ប្រាកដ​ជា​ស្រក ​ឬ​ពេញ​ដោយ​ទឹក​ទន្លេ ​និង​ធារ​ទឹក​ភ្លៀង​នោះ ដោយ​ហេតុ​ណា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន នេះ​ជា​ហេតុអស្ចារ្យចំឡែកទី ៥ ​ក្នុង​មហាសមុទ្រ ​ដែល​ពួក​អសុរ​ឃើញ​ហើយ​ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន មួយ​ទៀត មហាសមុទ្រ ​មាន​រស​តែ​មួយ គឺ​រសប្រៃ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ មហា​សមុទ្រ ​មាន​រស​តែ​មួយ គឺ​រសប្រៃ ​ដោយ​ហេតុណា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន នេះ​ជា​ហេតុអស្ចារ្យចំឡែកទី ៦ ​ក្នុង​មហាសមុទ្រ ​ដែល​ពួក​អសុរឃើញ​ហើយ​ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន មួយ​ទៀត មហាសមុទ្រ ​មាន​រតនៈ (ទ្រព្យ​ជា​គ្រឿងពេញ​ចិត្ត​) ច្រើន​យ៉ាង ​មិន​មែន​មាន​តែរតនៈ​ម្យ៉ាងទេ ឯរតនៈ​ទាំង​នេះ ដែល​មាន​នៅ​ក្នុង​មហាសមុទ្រ​នោះ គឺ​ កែវមុក្តា កែវមណី កែវពីទូរ្យ សង្ខ សិលា កែវប្រពាឡ ប្រាក់ មាស កែវក្រហម (ត្បូងទទឹម) ​និង​កែវ​មរកត ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ មហាសមុទ្រ ​មាន​រតនៈ​ច្រើនយ៉ាង ​មិន​មែន​មាន​រតនៈ​ម្យ៉ាងទេ ឯរតនៈ​ទាំង​នេះ ដែល​មាន​នៅ​ក្នុង​មហាសមុទ្រ​នោះ គឺ​កែវមុក្តា កែវមណី កែវពិទូរ្យ សង្ខ សិលា កែវប្រពាឡ ប្រាក់ មាស កែវក្រហម ​និង​កែវ​មរកត ​ដោយ​ហេតុណា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន នេះ​ជា​ហេតុអស្ចារ្យចំឡែកទី ៧ ​ក្នុង​មហាសមុទ្រ ​ដែល​ពួក​អសុរ​ឃើញ​ហើយ​ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន មួយ​វិញទៀត មហាសមុទ្រ ​ជា​ទីនៅ​អាស្រ័យ​នៃ​ពួក​សត្វ​ធំៗ ​ជា​ច្រើន ​ពួក​សត្វ​ធំៗ ​ទាំង​នេះ ដែល​នៅ​ក្នុង​មហាសមុទ្រ​នោះ គឺ​ត្រី​ឈ្មោះ​តិមិ ​ឈ្មោះ​តិមិង្គលៈ ​ឈ្មោះ​តិមិរមិង្គលៈ ​និង​ពួក​អសុរ នាគ គន្ធព្វ ​ដែល​មាន​ក្នុង​មហាសមុទ្រ ​មាន​អត្តភាព ១០០​យោជន៍​ខ្លះ ​មាន​អត្តភាព ២០០​យោជន៍ខ្លះ ​មាន​អត្តភាព ៣០០​យោជន៍ខ្លះ ​មាន​អត្តភាព ៤០០​យោជន៍ខ្លះ ​មាន​អត្តភាព ៥០០​យោជន៍ខ្លះ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ មហាសមុទ្រ ​ជា​ទីនៅ​អាស្រ័យ​នៃ​ពួក​សត្វ​ធំៗ ​ជា​ច្រើន ​ពួក​សត្វ​ធំៗ ​ទាំង​នេះ ដែល​នៅ​អាស្រ័យ​ក្នុង​មហា​សមុទ្រ​នោះ គឺ​ត្រី​ឈ្មោះ​តិមិ ​ឈ្មោះ​តិមិង្គលៈ ​ឈ្មោះ​តិមិរមិង្គលៈ ​និង​ពួក​អសុរ នាគ គន្ធព្វ ​ដែល​មាន​ក្នុង​មហាសមុទ្រ ​មាន​អត្តភាព ១០០​យោជន៍ខ្លះ ។បេ។ ​មាន​អត្តភាព ៣០០​យោជន៍ខ្លះ ​មាន​អត្តភាព ៤០០​យោជន៍ខ្លះ ​មាន​អត្តភាព ៥០០​យោជន៍ខ្លះ ​ដោយ​ហេតុណា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន នេះ​ជា​ហេតុអស្ចារ្យចំឡែកទី ៨ ​ក្នុង​មហាសមុទ្រ ​ដែល​ពួក​អសុរ​ឃើញ​ហើយ​ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ហេតុ​ជា​អស្ចារ្យ​ចំឡែក ​ក្នុង​មហាសមុទ្រ ​មាន​ ៨យ៉ាង​នេះ​ឯង ដែល​ពួក​អសុរ​ឃើញ​ហើយ​ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ចុះ​ពួក​ភិក្ខុ​ តែងរីករាយ​ក្នុង​ធម្មវិន័យ​នេះ​ដែរ​ឬ​ ។ ​ម្នាល​បហារាទ ​ពួក​ភិក្ខុ​តែង​រីករាយ ​ក្នុង​ធម្មវិន័យ​នេះ​ដែរ​ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ក្នុង​ធម្មវិន័យ​នេះ មាន​ហេតុ​ជា​អស្ចារ្យ​ចំឡែក ប៉ុន្មាន​យ៉ាង ​ដែល​ពួក​ភិក្ខុ​ឃើញ​ហើយ​ ៗ តែងរីករាយ ​ក្នុង​ធម្មវិន័យ​នេះ​ ។ ​ម្នាល​បហារាទ ​ក្នុង​ធម្មវិន័យ​នេះ មាន​ហេតុ​ជា​អស្ចារ្យ​ចំឡែក ៨ យ៉ាង ​ដែល​ពួក​ភិក្ខុ​ឃើញ​ហើយ​ ៗ តែង​រីករាយ ​ក្នុង​ធម្មវិន័យ​នេះ​ ។ ហេតុ​ជា​អស្ចារ្យ​ចំឡែក ៨ យ៉ាង ​តើ​ដូចម្ដេច ។ ​ម្នាល​បហារាទ មហាសមុទ្រ​ដែល​មាន​ទំនាប​ទៅ​ដោយ​លំដាប់ ​មាន​ទី​ជម្រាល​ទៅ​ដោយ​លំដាប់ ​មាន​ទី​ទេរ​ទៅ​ដោយ​លំដាប់ ​មិន​ចោត​ជ្រៅ​ទៅ​តែម្ដង​ដូច​អណ្ដូង​ទេ យ៉ាងណា​មិញ ​ម្នាល​បហារាទ ​ក្នុង​ធម្មវិន័យ​នេះ មាន​ការ​សិក្សា​ដោយ​លំដាប់ ​មាន​កិច្ច​ដែល​ត្រូវ​ធ្វើ​ដោយ​លំដាប់ ​មាន​សេចក្ដី​ប្រតិបត្តិ​ដោយ​លំដាប់ ​មិន​មែន​បាន​ត្រាស់​ដឹង​អរហត្តផល​តែម្ដង​ទេ ក៏​យ៉ាង​នោះ​ដែរ​ ។ ​ម្នាល​បហារាទ ​ក្នុង​ធម្មវិន័យ​នេះ មាន​ការ​សិក្សា​ដោយ​លំដាប់ ​មាន​កិច្ច​ដែល​ត្រូវ​ធ្វើ​ដោយ​លំដាប់ ​មាន​សេចក្ដី​ប្រតិបត្តិ​ដោយ​លំដាប់ ​មិន​មែន​បាន​ត្រាស់​ដឹង​អរហត្តផល​តែម្ដង​ទេ ​ដោយ​ហេតុណា ​ម្នាល​បហារាទ ​នេះ​ជា​ហេតុ​អស្ចារ្យចំឡែក ទី១ ​ក្នុង​ធម្មវិន័យ​នេះ ដែល​ពួក​ភិក្ខុ​ឃើញ​ហើយ​ ៗ តែង​រីករាយ​ក្នុង​ធម្មវិន័យ​នេះ​ ។ ​ម្នាល​បហារាទ មហាសមុទ្រ ​ដែល​មាន​ទឹក​តាំងនៅ​នឹង​ជា​ធម្មតា ​មិន​ដែល​ឡើង ​ឬ​ជោរ​ហួសច្រាំង​ទៅ​ យ៉ាងណាមិញ ​ម្នាល​បហារាទ សិក្ខាបទណា ​ដែល​តថាគត​បាន​បញ្ញត្ត​ដល់​សាវក​ទាំង​ឡាយ​ហើយ ពួក​សាវក​តថាគត​ សូម្បី​មាន​ហេតុ​ដល់​ជីវិត ក៏​មិន​ហ៊ាន​ប្រព្រឹត្ត​កន្លង​សិក្ខាបទ​នោះ​ឡើយ ក៏យ៉ាង​នោះ​ដែរ​ ។ ​ម្នាល​បហារាទ សិក្ខាបទ​ណា ​ដែល​តថាគត​បាន​បញ្ញត្ត​ដល់​សាវក​ទាំង​ឡាយ​ហើយ ពួក​សាវក​តថាគត​ សូម្បី​មាន​ហេតុ​ដល់​ជីវិត ក៏​មិន​ហ៊ាន​ប្រព្រឹត្ត​កន្លង​សិក្ខាបទ​នោះ ដោយ​ហេតុណា ​ម្នាល​បហារាទ ​នេះ​ជា​ហេតុ​អស្ចារ្យ​ចំឡែក ទី២ ​ក្នុង​ធម្មវិន័យ​នេះ ដែល​ពួក​ភិក្ខុ​ឃើញ​ហើយ​ ៗ តែង​រីករាយ​ក្នុង​ធម្មវិន័យ​នេះ​ ។ ​ម្នាល​បហារាទ មហាសមុទ្រ ​ដែល​មិន​នៅរួម​ដោយ​សាកសព​ស្លាប់ បើសាកសព​ស្លាប់ណា ​ដែល​មាន​ក្នុង​មហាសមុទ្រ រលក​តែងបន្សាត់​សាកសព​នោះ ទៅ​រកច្រាំង ផាត់ឡើង​ទៅ​លើគោក​មួយ​រំពេច យ៉ាងណាមិញ ​ម្នាល​បហារាទ បុគ្គល​ណា ​ជា​អ្នក​ទ្រុស្ដសីល ​មាន​ធម៌​អាក្រក់ ​មាន​មារយាទ​មិន​ស្អាត គួរ​ឲ្យ​គេរង្កៀស បិទបាំង​អំពើ​អាក្រក់​ទុក ​មិន​មែន​ជា​សមណៈ ប្ដេជ្ញា​ខ្លួន​ថា​ជា​សមណៈ ​ជា​អ្នក​ប្រព្រឹត្តធម៌​មិន​ប្រសើរ ប្ដេជ្ញាខ្លួន​ជា​អ្នក​ប្រព្រឹត្តធម៌​ដ៏​ប្រសើរ ស្អុយ​ក្នុង មាន​ចិត្ត​ជោក​ដោយ​រាគៈ ក្រខ្វក់​ដូច​សម្រាម សង្ឃនៅរួម​ជា​មួយ​នឹង​បុគ្គល​នោះ​មិន​បាន​ សង្ឃ​តែងប្រជុំ​គ្នា ​នាំ​យក​បុគ្គល​នោះ​ចេញ​មួយ​រំពេច បុគ្គល​នោះ​ ទុក​ជា​អង្គុយ​នៅ​ក្នុង​កណ្ដាល​ជំនុំសង្ឃ​ពិតមែន ប៉ុន្តែ​បុគ្គល​នោះ ឈ្មោះ​ថា​នៅឆ្ងាយ​អំពី​សង្ឃ ចំណែក​ខាងសង្ឃ ក៏​ឈ្មោះ​ថា​នៅ​ឆ្ងាយ​អំពី​បុគ្គល​នោះ​ដែរ​ ។ ​ម្នាល​បហារាទ បុគ្គល​ណា ​ជា​អ្នក​ទ្រុស្ដសីល ​មាន​ធម៌​អាក្រក់ ​មាន​មារយាទ​មិន​ស្អាត គួរ​ឲ្យ​គេរង្កៀស បិទបាំង​អំពើអាក្រក់​ទុក ​មិន​មែន​ជា​សមណៈ ប្ដេជ្ញា​ខ្លួន​ថា​ជា​សមណៈ ​ជា​អ្នក​ប្រព្រឹត្តធម៌​មិន​ប្រសើរ ប្ដេជ្ញាខ្លួន​ថា​ជា​អ្នក​ប្រព្រឹត្តធម៌​ដ៏​ប្រសើរ ស្អុយ​ក្នុង មាន​ចិត្ត​ជោក​ដោយ​រាគៈ ក្រខ្វក់​ដូចសម្រាម សង្ឃនៅរួម​ជា​មួយ​នឹង​បុគ្គល​នោះ​មិន​បាន​ សង្ឃ​តែងប្រជុំគ្នា ​នាំ​យក​បុគ្គល​នោះ​ចេញ​មួយ​រំពេច បុគ្គល​នោះ​ ទុក​ជា​អង្គុយ​នៅ​ក្នុង​កណ្ដាល​ជំនុំសង្ឃ​ពិតមែន ប៉ុន្តែ​បុគ្គល​នោះ ឈ្មោះ​ថា​នៅឆ្ងាយ​អំពី​សង្ឃ ចំណែក​ខាង​សង្ឃ ក៏​ឈ្មោះ​ថា​ នៅឆ្ងាយ​អំពី​បុគ្គល​នោះ ដោយ​ហេតុណា ​ម្នាល​បហារាទ ​នេះ​ជា​ហេតុ​អស្ចារ្យ​ចំឡែក ទី៣ ​ក្នុង​ធម្មវិន័យ​នេះ ដែល​ពួក​ភិក្ខុ​ឃើញ​ហើយ​ ៗ តែង​រីករាយ​ក្នុង​ធម្មវិន័យ​នេះ​ ។ ​ម្នាល​បហារាទ ទន្លេធំៗ ​ទាំង​ឡាយណា​មួយ គឺ​ទន្លេគង្គា យមុនា អចិរវតី សរភូ មហី ​កាល​បើទន្លេ​ទាំង​នោះ​ ហូរ​ចូល​ទៅ​ដល់​មហាសមុទ្រ​ហើយ​ តែង​លះបង់​នាម ​និង​គោត្រ​ដើម​ (​របស់​ខ្លួន) ​ហើយ​ដល់​នូវ​កិរិយា​រាប់​ថា​ជា​មហាសមុទ្រ​តែម្យ៉ាង យ៉ាង​ណា​មិញ ​ម្នាល​បហារាទ វណ្ណៈ ​គឺ​ត្រកូល ៤ ​ពួក​នេះ គឺ​ក្សត្រិយ៍ ១ ព្រាហ្មណ៍ ១ វេស្សៈ ១ សុទ្ទៈ ១ បើវណ្ណៈ​ទាំង​នោះ​ចេញ​ចាក​ផ្ទះ​ បួស​ក្នុង​ធម្មវិន័យ ​ដែល​តថាគត​សំដែង​ហើយ​ រមែង​លះបង់​នាម ​និង​គោត្រ​ដើម​ (​របស់​ខ្លួន) ​ហើយ​ដល់​នូវ​កិរិយា​រាប់​ថា​ជា​សមណ​សក្យបុត្រ​តែម្យ៉ាង ក៏យ៉ាង​នោះ​ដែរ​ ។ ​ម្នាល​បហារាទ វណ្ណៈ ៤​ពួក​នេះ គឺ​ក្សត្រិយ៍ ១ ព្រាហ្មណ៍ ១ វេស្សៈ ១ សុទ្ទៈ ១ វណ្ណៈ​ទាំង​នោះ​ចេញ​ចាក​ផ្ទះ​ បួស​ក្នុង​ធម្មវិន័យ ​ដែល​តថាគត​សំដែង​ហើយ​ រមែង​លះ​បង់នាម ​និង​គោត្រ​ដើម​ (​របស់​ខ្លួន) ​ដល់​នូវ​កិរិយា​រាប់​ថា​ជា​ សមណ​សក្យបុត្រ​តែម្យ៉ាង ​ដោយ​ហេតុណា ​ម្នាល​បហារាទ ​នេះ​ជា​ហេតុ​អស្ចារ្យ​ចំឡែក ទី៤ ​ក្នុង​ធម្មវិន័យ​នេះ ដែល​ពួក​ភិក្ខុ​ឃើញ​ហើយ​ ៗ តែង​រីករាយ​ក្នុង​ធម្មវិន័យ​នេះ​ ។ ​ម្នាល​បហារាទ ​ទឹក​ទន្លេ​ទាំង​ឡាយណា​មួយ​ក្នុង​លោក ដែល​ហូរ​ស្រោច​ចុះ​ទៅ​កាន់​មហាសមុទ្រ​ក្ដី ធារ​ទឹក​ភ្លៀង​ទាំង​ឡាយ​ណា ​ដែល​ហូរ​ធ្លាក់ចុះ​មក​អំពី​អាកាស​ក្ដី មហាសមុទ្រ​ក៏​មិន​ប្រាកដ​ជា​ស្រក ​ឬ​ពេញ​ដោយ​ទឹក​នោះ​ យ៉ាង​ណា​មិញ ​ម្នាល​បហារាទ ទោះបី​ពួក​ភិក្ខុ​ច្រើនរូប បរិនិព្វាន​ដោយ​អនុបាទិសេសនិព្វានធាតុ និព្វានធាតុ​ក៏​មិន​ប្រាកដ​ជា​ខ្វះ ​ឬ​ពេញ​ដោយ​ភិក្ខុ​ទាំង​នោះ​ ក៏យ៉ាង​នោះ​ដែរ​ ។ ​ម្នាល​បហារាទ ទោះបី​ពួក​ភិក្ខុ​ច្រើនរូប បរិនិព្វាន​ដោយ​អនុបាទិសេស​និព្វានធាតុ និព្វានធាតុ ក៏​មិន​ប្រាកដ​ជា​ខ្វះ ​ឬ​ពេញ​ដោយ​ភិក្ខុ​ទាំង​នោះ ដោយ​ហេតុណា ​ម្នាល​បហារាទ ​នេះ​ជា​ហេតុ​អស្ចារ្យ​ចំឡែក​ ទី៥ ​ក្នុង​ធម្មវិន័យ​នេះ ដែល​ពួក​ភិក្ខុ​ឃើញ​ហើយ​ ៗ តែងរីករាយ​ក្នុង​ធម្មវិន័យ​នេះ​ ។ ​ម្នាល​បហារាទ មហាសមុទ្រ ​ដែល​មាន​រសតែ​មួយ គឺ​រសប្រៃ យ៉ាង​ណា​មិញ ​ម្នាល​បហារាទ ធម្មវិន័យ​នេះ មាន​រស​តែ​មួយ គឺ​វិមុត្តិរស ក៏យ៉ាង​នោះ​ដែរ​ ។ ​ម្នាល​បហារាទ ធម្មវិន័យ​នេះ មាន​រស​តែ​មួយ គឺ​វិមុត្តិរស ​ដោយ​ហេតុណា ​ម្នាល​បហារាទ ​នេះ​ជា​ហេតុ​អស្ចារ្យ​ចំឡែក​ ទី៦ ​ក្នុង​ធម្មវិន័យ​នេះ ដែល​ពួក​ភិក្ខុ​ឃើញ​ហើយ​ ៗ តែងរីករាយ​ក្នុង​ធម្មវិន័យ​នេះ​ ។ ​ម្នាល​បហារាទ មហាសមុទ្រ ​មាន​រតនៈ​ច្រើនយ៉ាង ​មិន​មែន​មាន​តែ​មួយ​ទេ រតនៈ​ទាំង​នេះ ក្នុង​មហាសមុទ្រ​នោះ គឺ​កែវមុក្តា កែវមណី កែវពិទូរ្យ ស័ង្ខ សិលា កែវប្រពាឡ ប្រាក់ មាស កែវក្រហម (ត្បូងទទឹម) ​កែវ​មរកត យ៉ាង​ណាមិញ ​ម្នាល​បហារាទ ធម្មវិន័យ​នេះ មាន​រតនៈ​ច្រើនយ៉ាង ​មិន​មែន​មាន​ត្រឹម​តែ​មួយ​ទេ រតនៈ​ទាំង​នេះ ក្នុង​ធម្មវិន័យ​នោះ គឺ​សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ ​និង​មគ្គ​ប្រកប​ដោយ​អង្គ ៨ ​ដ៏​ប្រសើរ ក៏យ៉ាង​នោះ​ដែរ​ ។ ​ម្នាល​បហារាទ ធម្មវិន័យ​នេះ មាន​រតនៈ​ច្រើនយ៉ាង ​មិន​មែន​មាន​ត្រឹម​តែ​មួយ​ទេ រតនៈ​ទាំង​នេះ ក្នុង​ធម្មវិន័យ​នោះ​គឺ​ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គ​ប្រកប​ដោយ​អង្គ ៨ ​ដ៏​ប្រសើរ ​ដោយ​ហេតុណា ​ម្នាល​បហារាទ ​នេះ​ជា​ហេតុ​អស្ចារ្យ​ចំឡែក​ ទី៧ ​ក្នុង​ធម្មវិន័យ​នេះ ដែល​ពួក​ភិក្ខុ​ឃើញ​ហើយ​ ៗ តែងរីករាយ​ក្នុង​ធម្មវិន័យ​នេះ​ ។ ​ម្នាល​បហារាទ មហាសមុទ្រ​ដែល​ជា​ទី​នៅអាស្រ័យ​នៃ​ពួក​សត្វ​ធំៗ ​ជា​ច្រើន ​ពួក​សត្វ​ធំៗ ​ទាំង​នេះ ដែល​នៅ​ក្នុង​មហាសមុទ្រ​នោះ គឺ​ត្រី​ឈ្មោះ​តិមិ ​ឈ្មោះ​តិមិង្គលៈ ​ឈ្មោះ​តិមិរមិង្គលៈ ​និង​ពួក​អសុរ នាគ គន្ធព្វ ​ដែល​មាន​ក្នុង​មហាសមុទ្រ ​មាន​អត្តភាព ១០០យោជន៍​ខ្លះ ​មាន​អត្តភាព ២០០​យោជន៍​ខ្លះ ​មាន​អត្តភាព​ ៣០០​យោជន៍​ខ្លះ ​មាន​អត្តភាព ៤០០​យោជន៍​ខ្លះ ​មាន​អត្តភាព ៥០០​យោជន៍ខ្លះ យ៉ាងណា​មិញ ​ម្នាល​បហារាទ ធម្មវិន័យ​នេះ ជា​ទីនៅ​អាស្រ័យ​នៃ​ពួក​បុគ្គល​ធំៗ ​ជា​ច្រើន បុគ្គល​ទាំង​នេះ ក្នុង​ធម្មវិន័យ​នោះ​គឺ​ សោតាបន្នបុគ្គល ​និង​បុគ្គល​ដែល​កំពុង​ប្រតិបត្តិ ដើម្បី​ឲ្យ​ជា​ក់ច្បាស់​នូវ​សោតាបត្តិផល សកទាគាមិបុគ្គល ​និង​បុគ្គល​ដែល​កំពុង​ប្រតិបត្តិ ដើម្បី​ឲ្យ​ជា​ក់ច្បាស់​នូវ​សកទាគាមិផល អនាគាមិផល ​និង​បុគ្គល​ដែល​កំពុង​ប្រតិបត្តិ ដើម្បី​ធ្វើ​ឲ្យ​ជា​ក់ច្បាស់​នូវ​អនាគាមិផល អរហន្ដ ​និង​បុគ្គល​ដែល​កំពុង​ប្រតិបត្តិ ដើម្បីភាវៈ​នៃ​ខ្លួន​ជា​អរហន្ដ ក៏យ៉ាង​នេះ​ដែរ​ ។ ​ម្នាល​បហារាទ ធម្មវិន័យ​នេះ ជា​ទីនៅអាស្រ័យ​នៃ​ពួក​បុគ្គលធំៗ ​ជា​ច្រើន បុគ្គល​ទាំង​នេះ ក្នុង​ធម្មវិន័យ​នោះ​គឺ​ សោតាបន្នបុគ្គល ​និង​បុគ្គល​ដែល​កំពុង​ប្រតិបត្តិ ដើម្បី​ធ្វើ​ឲ្យ​ជា​ក់ច្បាស់​នូវ​សោតាបត្តិផល សកទាគាមិបុគ្គល ​និង​បុគ្គល​ដែល​កំពុង​ប្រតិបត្តិ ដើម្បីធ្វើ​ឲ្យ​ជា​ក់ច្បាស់​នូវ​សកទាគាមិផល អនាគាមិបុគ្គល ​និង​បុគ្គល​ដែល​កំពុង​ប្រតិបត្តិ ដើម្បីធ្វើ​ឲ្យ​ជា​ក់ច្បាស់​នូវ​អនាគាមិផល អរហន្ដ ​និង​បុគ្គល​ដែល​កំពុងប្រតិបត្តិ ដើម្បី​ភាវៈ​នៃ​ខ្លួន​ជា​អរហន្ដ ​ដោយ​ហេតុណា ​ម្នាល​បហារាទ ​នេះ​ជា​ហេតុ​អស្ចារ្យ​ចំឡែក​ ទី៨ ​ក្នុង​ធម្មវិន័យ​នេះ ដែល​ពួក​ភិក្ខុ​ឃើញ​ហើយ​ ៗ តែងរីករាយ​ក្នុង​ធម្មវិន័យ​នេះ​ ។ ​ម្នាល​បហារាទ ​ក្នុង​ធម្មវិន័យ​នេះ មាន​ហេតុ​ជា​អស្ចារ្យ​ចំឡែក ​ទាំង​ ៨ យ៉ាង​នេះ​ឯង ដែល​ពួក​ភិក្ខុ​ឃើញ​ហើយ​ ៗ តែងរីករាយ ​ក្នុង​ធម្មវិន័យ​នេះ​ ។

ឧបោសថសូត្រ ទី១០កែប្រែ

[២០] សម័យ​មួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​គង់​នៅ​ក្នុង​មិគារមាតុប្រាសាទ ​ក្នុង​បុព្វារាម ​ទៀប​ក្រុង​សាវត្ថី ។ សម័យ​នោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​មាន​ភិក្ខុ​សង្ឃ​ចោមរោម ​ទ្រង់​គង់​ក្នុង​ឧបោសថ​ថ្ងៃ​នោះ​ ។ ​លុះ​វេលារាត្រី​អស់​ហើយ​ បឋមយាម​កន្លង​ទៅ​ហើយ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ ក៏ក្រោក​ចាក​អាសនៈ ធ្វើ​ឧត្តរាសង្គៈ ឆៀងស្មាម្ខាង លើកអញ្ជលី​ប្រណម្យ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ក្រាប​បង្គំ​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ វេលារាត្រី​អស់​ហើយ​ បឋមយាម​កន្លង​ទៅ​ហើយ ភិក្ខុ​សង្ឃ​អង្គុយ​ចាំយូរ​ហើយ​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​សំដែង​បាតិមោក្ខ​ដល់​ភិក្ខុ​ទាំង​ឡាយ ។ ​កាល​ដែល​ព្រះ​អានន្ទ​ដ៏​មាន​អាយុ ​ក្រាប​បង្គំ​ទូល​យ៉ាង​នេះ​ហើយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ក៏​គង់​ស្ងៀម ។ ​កាល​បើ​វេលារាត្រី​អស់​ហើយ​ មជ្ឈិមយាម ​កន្លង​ទៅ​ហើយ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ ក៏ក្រោក​ចាក​អាសនៈ ធ្វើ​ឧត្តរាសង្គៈ ឆៀងស្មាម្ខាង លើក​អញ្ជលី​ប្រណម្យ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ក្រាប​បង្គំ​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​អស់​វារៈ​ជា​គម្រប់​ពីរ​ដង​ទៀត​ថា​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ វេលារាត្រី​អស់​ហើយ​ មជ្ឈិមយាម​កន្លង​ទៅ​ហើយ ភិក្ខុ​សង្ឃ​អង្គុយ​ចាំយូរ​ហើយ​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​សំដែង​បាតិមោក្ខ​ដល់​ភិក្ខុ​ទាំង​ឡាយ ។ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​គង់​ស្ងៀម ​អស់​វារៈ​ជា​គម្រប់​ពីរ​ដង​ ។ ​កាល​បើ​វេលារាត្រី​អស់​ហើយ​ បច្ឆិមយាម កន្លង​ទៅ​ហើយ​ រាត្រី​ប្រាកដ​ដូច​ជា​មាន​មុខស្រស់ (បំព្រង) ​ក្នុង​ពេល​ដែល​អរុណរះ​ឡើង ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ ក៏ក្រោក​ចាក​អាសនៈ ​ហើយ​ធ្វើ​ឧត្តរាសង្គៈ ឆៀង​ស្មាម្ខាង លើកអញ្ជលីប្រណម្យ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ក្រាប​បង្គំ​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​អស់​វារៈ​ជា​គម្រប់​ ៣​ដង​ទៀត​ដូច្នេះ​ថា​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ឥឡូវ​នេះ​ រាត្រី​អស់​ហើយ​ បច្ឆិមយាម​កន្លង​ទៅ​ហើយ​ អរុណ​ក៏រះ​ហើយ​ រាត្រី​ក៏ប្រាកដ​ដូច​ជា​មុខស្រស់​ហើយ ភិក្ខុ​សង្ឃ​ក៏​អង្គុយ​ចាំយូរ​ហើយ​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​សំដែង​បាតិមោក្ខ​ដល់​ភិក្ខុ​ទាំង​ឡាយ​ ។ ​ព្រះ​អង្គ​ទ្រង់​ត្រាស់​ថា ម្នាល​អានន្ទ ​មាន​បរិសទ្យ​មិន​បរិសុទ្ធទេ ។ គ្រា​នោះ​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ដៅ​យក​បុគ្គលណា​ហ្ន៎ បាន​ជា​ទ្រង់​ត្រាស់​ថា ម្នាល​អានន្ទ បរិសទ្យ ​មិន​បរិសុទ្ធទេ យ៉ាង​នេះ​ ។ លំដាប់​នោះ​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ ស្ទង់មើល​ចិត្ត​ (​របស់​ភិក្ខុ​សង្ឃ) ​ដោយ​ចិត្ត​ (​របស់​លោក​) ​ហើយ​ធ្វើទុក​ក្នុង​ចិត្ត​ចំពោះ​ភិក្ខុ​សង្ឃ​ទាំង​អស់​នោះ​ ។ ​ព្រះ​មហា​មោគ្គល្លាន​ដ៏​មាន​អាយុ ​បាន​ឃើញ​បុគ្គល​នោះ​ទ្រុស្តសីល ​មាន​ធម៌លាមក ​មាន​មារយាទ​មិន​ស្អាត គួរ​ឲ្យ​រង្កៀស ​មាន​អំពើអាក្រក់​បិទបាំង​ទុក ​មិន​មែន​ជា​សមណៈ ប្តេជ្ញាខ្លួន​ថា​ជា​សមណៈ ប្រព្រឹត្តធម៌​មិន​ប្រសើរ ប្តេជ្ញាខ្លួន​ថា​ជា​អ្នក​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ ស្អុយ​ក្នុង មាន​ចិត្ត​ជោក​ដោយ​រាគៈ ក្រខ្វក់​ដូច​សម្រាម ​អង្គុយ​នៅ​ក្នុង​កណ្តាល​ភិក្ខុ​សង្ឃ ​លុះ​ឃើញ​ហើយ​ ក៏​ក្រោក​ចាក​អាសនៈ ​ចូល​ទៅ​រក​បុគ្គល​នោះ លុះ​ចូល​ទៅ​ជិត​ហើយ​ ក៏​ពោល​ចំពោះ​ទៅ​បុគ្គល​នោះ​ ដូច្នេះ​ថា​ នែ​អាវុសោ ​អ្នក​ចូរ​ក្រោក​ចេញ ដ្បិត​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​បាន​ឃើញ​អ្នក​ច្បាស់​ហើយ អ្នក​លែង​បាន​នៅរួម​ជា​មួយ​នឹង​ភិក្ខុ​ទាំង​ឡាយ​ហើយ​ ។ ​កាល​ដែល​ព្រះ​មហាមោគ្គល្លាន ​ពោល​យ៉ាង​នេះ​ហើយ​ បុគ្គល​នោះ​ក៏នៅ​ស្ងៀម ។ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ ​បាន​និយាយ​នឹង​បុគ្គល​នោះ ជា​គម្រប់​ពីរ​ដង​ទៀត ដូច្នេះ​ថា​ នែអាវុសោ ​អ្នក​ចូរ​ក្រោកចេញ ដ្បិត​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​បាន​ឃើញ​អ្នក​ច្បាស់​ហើយ អ្នក​លែង​បាន​នៅរួម​ជា​មួយ​នឹង​ភិក្ខុ​ទាំង​ឡាយ​ហើយ​ ។ បុគ្គល​នោះ​ក៏​នៅ​ស្ងៀម ​អស់​វារៈ​ពីរ​ដង​ទៀត ។ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ ​បាន​និយាយ​នឹង​បុគ្គល​នោះ ជា​គម្រប់​បី​ដង​ទៀត​ដូច្នេះ​ថា​ នែ​អាវុសោ ​អ្នក​ចូរ​ក្រោកចេញ ដ្បិត​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​បាន​ឃើញ​អ្នក​ច្បាស់​ហើយ អ្នក​លែង​បាន​នៅរួម​ជា​មួយ​នឹង​ភិក្ខុ​ទាំង​ឡាយ​ទៀត​ហើយ​ ។ បុគ្គល​នោះ​ក៏​នៅស្ងៀម ​អស់​វារៈ​ជា​គម្រប់​បី​ដង​ទៀត ។ ទើប​ព្រះ​មហា​មោគ្គលា្លន​ដ៏​មាន​អាយុ ចាប់​ដើម​ដៃ​បុគ្គល​នោះ​ ទាញចេញ​ទៅ​ខាងក្រៅ​ស៊ុំទ្វារ ​ហើយ​ខ្ទាស់គន្លឹះ ​និង​រនុក​ទ្វារ រួច​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​លុះ​ចូល​ទៅ​ដល់​ហើយ​ ក៏​ក្រាប​បង្គំ​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ដូច្នេះ​ថា​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ បុគ្គល (ទ្រុស្តសីល) ​នោះ​ ខ្ញុំ​ព្រះ​អង្គ​បាន​បណ្តេញ​ឲ្យ​ដើរ​ចេញ​ហើយ​ ឥឡូវ​នេះ​ បរិសទ្យ​បរិសុទ្ធ​ហើយ​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ សូម​ព្រះ​អង្គ​ទ្រង់​សំដែង​បាតិមោក្ខ ​ដល់​ភិក្ខុ​ទាំង​ឡាយ ​ព្រះ​អង្គ​ទ្រង់​ត្រាស់​ថា ម្នាល​មោគ្គល្លាន ហេតុ​នេះ​ អស្ចារ្យ​ណាស់ ម្នាល​មោគ្គលា្លន ហេតុ​នេះ​ចំឡែក​ណាស់​ មោឃបុរស​នោះ មិន​សមបើ​នឹង​បង្អង់​ទាល់តែ​ចាប់ទាញ​ដៃ​ចេញសោះ ។ លំដាប់​នោះ​ ​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំង​ឡាយ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ឥឡូវ​នេះ អ្នក​ទាំង​ឡាយ ​គប្បី​ធ្វើ​ឧបោសថ ​គប្បី​សំដែង​បាតិមោក្ខចុះ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ឥឡូវ​នេះ តថាគត​ ឈប់​សំដែង​បាតិមោក្ខ ចាប់​ដើម​តាំង​អំពី​ថ្ងៃ​នេះ​ត​ទៅ​ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ព្រះ​តថាគត គប្បី​សំដែង​នូវ​បាតិមោក្ខ​ដល់​បរិសទ្យ ​មិន​បរិសុទ្ធ ​ដោយ​ហេតុ​ណា ហេតុ​នោះ​មិន​មែន​ជា​ឋានៈ ​មិន​មែន​ជា​បច្ច័យ​ឡើយ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ក្នុង​មហាសមុទ្រ ​មាន​ហេតុ​ជា​អស្ចារ្យ​ចំឡែក ៨ យ៉ាង​នេះ ដែល​ពួក​អសុរ​ឃើញ​ហើយ​ ៗ តែង​រីករាយ​ក្នុង​មហាសមុទ្រ ។ ហេតុ​ជា​អស្ចារ្យចំឡែក ៨ យ៉ាង ​តើ​ដូចម្តេច ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ មហាសមុទ្រ ​មាន​ទំនាប​ទៅ​ដោយ​លំដាប់ ​មាន​ទីជម្រាល​ទៅ​ដោយ​លំដាប់ ​មាន​ទីទេរ​ទៅ​ដោយ​លំដាប់ ​មិន​មែន​ចោតជ្រៅ​តែម្តង ដូច​ជា​អណ្តូង​ទេ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ មហាសមុទ្រ ​មាន​ទំនាប​ទៅ​ដោយ​លំដាប់ ​មាន​ទីជម្រាល​ទៅ​ដោយ​លំដាប់ ​មាន​ទីទេរ​ទៅ​ដោយ​លំដាប់ ​មិន​មែនចោតជ្រៅ​ទៅ​តែម្តង ដូច​ជា​អណ្តូង ​ដោយ​ហេតុ​ណា ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ហេតុ​អស្ចារ្យ​ចំឡែក ទី១ ​ក្នុង​មហាសមុទ្រ ដែល​ពួក​អសុរ​ឃើញ​ហើយ​ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ ។ ​សេចក្តី​ពិស្តារ ដូច​ពាក្យ​ខាង​ដើម​ដែរ​ ។បេ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​មួយ​ទៀត​ មហាសមុទ្រ ​ជា​ទីនៅអាស្រ័យ​នៃ​ពួក​សត្វ​ធំ ៗ ​ជា​ច្រើន ​ពួក​សត្វ​ធំៗ ​ទាំង​នេះ ដែល​នៅ​ក្នុង​មហាសមុទ្រ​នោះ​គឺ​ ត្រី​ឈ្មោះ​តិមិ ​ឈ្មោះ​តិមិង្គលៈ ​ឈ្មោះ​តិមិរមិង្គលៈ ​និង​ពួក​អសុរ នាគ គន្ធព្វ ​ដែល​មាន​អត្តភាព ១០០ យោជន៍ខ្លះ ។បេ។ ​មាន​អត្តភាព ៥០០ យោជន៍ខ្លះ តែងនៅ​ក្នុង​មហាសមុទ្រ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ មហាសមុទ្រ ​ជា​ទីនៅអាស្រ័យ ​នៃ​ពួក​សត្វ​ធំៗ ​ជា​ច្រើន ​ពួក​សត្វ​ធំៗ​ទាំង​នេះ ដែល​នៅ​ក្នុង​មហាសមុទ្រ​នោះ គឺ​ត្រី​ឈ្មោះ​តិមិ ​ឈ្មោះ​តិមិង្គលៈ ​ឈ្មោះ​តិមិរមិង្គលៈ ​និង​ពួក​អសុរ នាគ គន្ធព្វ ​ដែល​មាន​អត្តភាព ១០០ យោជន៍ខ្លះ ។បេ។ ​មាន​អត្តភាព ៥០០ យោជន៍ខ្លះ តែងនៅ​ក្នុង​មហាសមុទ្រ ​ដោយ​ហេតុណា ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ហេតុ​អស្ចារ្យ​ចំឡែក ទី៨ ​ក្នុង​មហាសមុទ្រ ​ដែល​ពួក​អសុរឃើញ​ហើយ​ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ក្នុង​មហាសមុទ្រ ​មាន​ហេតុ​ជា​អស្ចារ្យចំឡែក ៨ យ៉ាង​នេះ​ឯង ដែល​ពួក​អសុរឃើញ​ហើយ​ ៗ តែងរីករាយ​ក្នុង​មហា​សមុទ្រ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ក្នុង​ធម្មវិន័យ​នេះ មាន​ហេតុ​ជា​អស្ចារ្យ​ចំឡែក ៨ យ៉ាង​នេះ ដែល​ពួក​ភិក្ខុ​ឃើញ​ហើយ​ ៗ តែងរីករាយ​ក្នុង​ធម្មវិន័យ​នេះ​ ។ ហេតុ​ជា​អស្ចារ្យចំឡែក ៨ យ៉ាង ​តើ​ដូចម្តេច​ខ្លះ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ មហាសមុទ្រ ​ដែល​មាន​ទំនាប​ទៅ​ដោយ​លំដាប់ ​មាន​ទីជម្រាល​ទៅ​ដោយ​លំដាប់ ​មាន​ទីទេរ​ទៅ​ដោយ​លំដាប់ ​មិន​ចោត​ជ្រៅ​ទៅ​តែ​ម្តង ដូច​ជា​អណ្តូង យ៉ាង​ណា​មិញ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ក្នុង​ធម្មវិន័យ​នេះ មាន​ការសិក្សា​ដោយ​លំដាប់ ​មាន​កិច្ច​ដែល​ត្រូវ​ធ្វើ ​ដោយ​លំដាប់ ​មាន​សេចក្តី​ប្រតិបត្តិ​ដោយ​លំដាប់ ​មិន​មែន​បាន​ត្រាស់​ដឹង​នូវ​អរហត្តផល​តែម្តង​ទេ ក៏យ៉ាង​នោះ​ដែរ​ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ក្នុង​ធម្មវិន័យ​នេះ មាន​ការសិក្សា​ដោយ​លំដាប់ ​មាន​កិច្ច​ដែល​ត្រូវ​ធ្វើ​ដោយ​លំដាប់ ​មាន​សេចក្តី​ប្រតិបត្តិ​ដោយ​លំដាប់ ​មិន​មែន​បាន​ត្រាស់​ដឹង​នូវ​អរហត្តផល​តែម្តង​ទេ ​ដោយ​ហេតុណា ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ហេតុ​អស្ចារ្យ ចំឡែក​ ទី១ ​ក្នុង​ធម្មវិន័យ​នេះ ដែល​ពួក​ភិក្ខុ​ឃើញ​ហើយ​ ៗ​ តែង​រីករាយ​ក្នុង​ធម្មវិន័យ​នេះ​ ។បេ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ មហាសមុទ្រ ​ជា​ទីអាស្រ័យ​នៃ​ពួក​សត្វ​ធំ ៗ ​ជា​ច្រើន ​ពួក​សត្វ​ធំ ៗ ​ទាំង​នេះ ដែល​នៅ​ក្នុង​មហាសមុទ្រ​នោះ​គឺ​ ត្រី​ឈ្មោះ​តិមិ ​ឈ្មោះ​តិមិង្គលៈ ​ឈ្មោះ​តិមិរមិង្គលៈ ​និង​ពួក​អសុរ នាគ គន្ធព្វ ​ដែល​មាន​អត្តភាព ១០០ ​យោជន៍​ខ្លះ ។បេ។ ​មាន​អត្តភាព ៥០០ យោជន៍​ខ្លះ ​ដែល​នៅ​ក្នុង​មហាសមុទ្រ យ៉ាងណាមិញ ។បេ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម្មវិន័យ​នេះ ជា​ទីនៅអាស្រ័យ​នៃ​ពួក​បុគ្គលធំ ៗ ​ជា​ច្រើន​ពួក​ បុគ្គល​ទាំង​នេះ ក្នុង​ធម្មវិន័យ​នោះ គឺ​ សោតាបន្នបុគ្គល ​និង​បុគ្គល​ដែល​កំពុង​ប្រតិបត្តិ ដើម្បីធ្វើ​ឲ្យ​ជា​ក់ច្បាស់​នូវ​សោតាបត្តិផល ។បេ។ អរហន្ត ​និង​បុគ្គល​ដែល​កំពុង​ប្រតិបត្តិ ដើម្បីភាវៈ​នៃ​ខ្លួន​ជា​អរហន្ត ក៏យ៉ាង​នោះ​ដែរ​ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ធម្មវិន័យ​នេះ ជា​ទីនៅអាស្រ័យ​នៃ​ពួក​បុគ្គលធំ ៗ ​ជា​ច្រើន បុគ្គល​ទាំង​នេះ ក្នុង​ធម្មវិន័យ​នោះ គឺ​ សោតាបន្នបុគ្គល ​និង​បុគ្គល​ដែល​កំពុង​ប្រតិបត្តិ ដើម្បី​ធ្វើ​ឲ្យ​ជា​ក់​ច្បាស់ ​នូវ​សោតាបត្តិផល ។បេ។ អរហន្ត ​និង​បុគ្គល​ដែល​កំពុង​ប្រតិបត្តិ ដើម្បីភាវៈ​នៃ​ខ្លួន​ជា​អរហន្ត ​ដោយ​ហេតុណា ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ហេតុអស្ចារ្យ​ចំឡែក ទី៨ ​ក្នុង​ធម្មវិន័យ​នេះ ដែល​ពួក​ភិក្ខុ​ឃើញ​ហើយ​ ៗ តែងរីករាយ ​ក្នុង​ធម្មវិន័យ​នេះ​ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ក្នុង​ធម្មវិន័យ​នេះ មាន​ហេតុ​ជា​អស្ចារ្យ​ចំឡែក ៨ យ៉ាង​នេះ​ឯង ដែល​ពួក​ភិក្ខុ​ឃើញ​ហើយ​ ៗ តែងរីករាយ ​ក្នុង​ធម្មវិន័យ​នេះ​ ។

ចប់ មហាវគ្គ ទី២ ។

ឧទ្ទាន​នៃ​មហាវគ្គ​នោះ​គឺ​

និយាយ​អំពី​វេរញ្ជព្រាហ្មណ៍ ១ ​អំពី​សីហសេនាបតី ១ ​អំពី​សេះ​អាជានេយ្យ​ ១ ​អំពី​ពុតត្បុត​របស់​សេះ ១ ​អំពី​មន្ទិល ១ ​អំពី​ភិក្ខុ​ដែល​គួរ​ធ្វើ​ជា​ទូត ១ ​អំពី​ចំណង ​មាន​ ២លើក ​អំពី​បហារាទអសុរ ១ ​អំពី​ឧបោសថ ១ ។

គហបតិវគ្គកែប្រែ

បឋមឧគ្គសូត្រ ទី១កែប្រែ

[២១] សម័យ​មួយ​​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​គង់​នៅ​ក្នុង​កូដាគារសាលា នាព្រៃ​មហាវន ជិត​ក្រុង​វេសាលី ។ ​ក្នុង​ទី​នោះ​ឯង​​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំង​ឡាយ ។បេ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​អ្នក​ទាំង​ឡាយ​ចូល​ចាំទុក​នូវ​ឧគ្គគហបតី ​អ្នក​ស្រុក​វេសាលី ​ថា​ជា​អ្នក​ប្រកប​ដោយ​ធម៌ អស្ចារ្យចំឡែក ៨ យ៉ាង ។ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​បាន​ត្រាស់​នូវ​ពាក្យ​នេះ លុះ​ព្រះ​សុគត ​ទ្រង់​ត្រាស់​នូវ​ពាក្យ​នេះ​រួច​ហើយ​ទើប​ក្រោក​ចាក​អាសនៈ ​ហើយ​ទ្រង់​ស្តេច​ចូល​ទៅ​កាន់​វិហារ ។ គ្រា​នោះ មាន​ភិក្ខុ​១ រូប ស្លៀកស្បង់ ប្រដាប់​បាត្រ និង​ចីវរ ​ក្នុង​បុព្វណ្ហសម័យ ​ចូល​ទៅ​កាន់​លំនៅ ​របស់​ឧគ្គគហបតី ​អ្នក​ស្រុក​វេសាលី ​លុះ​ចូល​ទៅ​ដល់​ហើយ​ក៏​អង្គុយ​លើអាសនៈ ​ដែល​គេក្រាល​ទុក ។ ទើប​ឧគ្គគហបតី ​អ្នក​ស្រុក​វេសាលី ​ចូល​ទៅ​រក​ភិក្ខុ​នោះ លុះ​ចូល​ទៅ​ដល់ ថ្វាយ​បង្គំ​ភិក្ខុ​នោះ​ដោយ​គោរព ​ហើយ​អង្គុយ​ក្នុង​ទីសមគួរ ។ ​លុះ​ឧគ្គគហបតី ​អ្នក​ស្រុក​វេសាលី ​អង្គុយ​ក្នុង​ទី​សមគួរ​ហើយ ភិក្ខុ​នោះ​ក៏​បាន​ពោល​ដូច្នេះ​ថា ម្នាល​គហបតី ​អ្នក​ប្រកប​ដោយ​ធម៌​អស្ចារ្យ​ចំឡែក ៨ យ៉ាង ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ព្យាករ​ហើយ​។ ​ម្នាល​គហបតី ​អ្នក​ប្រកប​ដោយ​ធម៌អស្ចារ្យ​ចំឡែក​ទាំង​ឡាយ​ណា ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ព្យាករ​ហើយ​ធម៌អស្ចារ្យ​ចំឡែក​ទាំង​៨ ​នោះ តើ​ដូចម្តេច ។ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន​ខ្ញុំ​ព្រះ​ករុណា​មិន​ដឹង​សោះ​ថា​ខ្ញុំករុណា​ប្រកប​ដោយ​ធម៌អស្ចារ្យចំឡែក ៨ យ៉ាង​ដូចម្តេចខ្លះ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ព្យាករ​ហើយ​បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន​ប៉ុន្តែធម៌​អស្ចារ្យ​ចំឡែក ៨យ៉ាងណា ​ដែល​មាន​ដល់​ខ្ញុំ​ករុណា ​លោក​ម្ចាស់​ចូរ​ប្រុង​ស្តាប់ ​ចូរ​ធ្វើទុក​ក្នុង​ចិត្ត​ដោយ​ប្រពៃ​ចុះ ខ្ញុំ​ព្រះ​ករុណា​នឹង​សំដែង​នូវ​ធម៌អស្ចារ្យ​ចំឡែក​ទាំង​នោះ​។ ​ភិក្ខុ​នោះ ទទួល​ស្តាប់​ពាក្យ​ឧគ្គគហបតី ​អ្នក​ស្រុក​វេសាលី​ថា ចម្រើន​ពរ​គហបតី ។ ឧគ្គគហបតី​អ្នក​ស្រុកវេសាលី ​បាន​ពោល​ដូច្នេះ​ថា​បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន កាល​ណា​បើខ្ញុំ​ករុណា​បាន​ឃើញ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​អំពី​ចម្ងាយ​ជា​ដំបូង​ហើយ​បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន ចិត្ត​ខ្ញុំករុណា ក៏ជ្រះថ្លា​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ដោយ​គ្រាន់​តែ​បាន​ឃើញ​ប៉ុណ្ណោះ ។ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន នោះ​ជា​ធម៌អស្ចារ្យ​ចំឡែក ទី១ តែង​មាន​ដល់​ខ្ញុំករុណា ។ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន លុះ​ខ្ញុំករុណា ​មាន​ចិត្ត​ជ្រះថ្លា​ហើយ​ក៏​ចូល​ទៅ​អង្គុយ​ជិត​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​សំដែង​នូវ​អនុបុព្វីក​ថា ដល់​ខ្ញុំករុណា ​គឺ​ទ្រង់​សំដែង​ទានក​ថា​សីលក​ថា​សគ្គក​ថា​ទោស​របស់​កាម​ទាំង​ឡាយ​ដ៏​លាមក សៅហ្មង ​និង​អានិសង្ស​ក្នុង​ការ​ចេញ​ចាក​កាម ។ ​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​ជ្រាប​ថា​ខ្ញុំ​ព្រះ​ករុណា​មាន​ចិត្ត​ស្រួល ​មាន​ចិត្ត​ទន់ ​មាន​ចិត្ត​ផុត​ចាក​នីវរណធម៌ ​មាន​ចិត្ត​អណ្តែត​ឡើង ​មាន​ចិត្ត​ជ្រះថ្លា ​ក្នុង​កាល​ណា​ហើយ​​ព្រះ​ដ៏​មាន​ព្រះ​ភាគ ក៏​ទ្រង់​សំដែង​ធម៌ទេសនា ​ដែល​ព្រះ​ពុទ្ធ​ទាំង​ឡាយ ​ទ្រង់​លើកឡើង​សំដែង​ដោយ​ព្រះ​អង្គ​ឯង គឺ​ទ្រង់​សំដែង​ទុក្ខសច្ច សមុទយសច្ច និរោធសច្ច មគ្គសច្ច ​ក្នុង​កាល​នោះ​។ សំពត់សស្អាត ​មិន​ប្រឡាក់​ពណ៌​ខ្មៅ គួរ​ទទួល​ទឹក​ជ្រលក់​បាន ដោយ​ប្រពៃ យ៉ាងណាមិញ ធម្មចក្ខុ ​គឺ​សោតាបត្តិមគ្គ ប្រាស​ចាក​ធូលី ប្រាស​ចាក​មន្ទិល កើតឡើង​ដល់​ខ្ញុំករុណា លើអាសនៈ​នោះ​ឯង​ថា​ធម្ម​ជា​ត​ណា​មួយ ដែល​កើត​ឡើង​ជា​ធម្មតា ធម្ម​ជា​ត​ទាំង​អស់​នោះ​តែងរលត់​ទៅ​វិញ​ជា​ធម្មតា ក៏យ៉ាង​នោះ​ដែរ​។ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន​ខ្ញុំករុណា​បាន​ឃើញ​អរិយសច្ច​ធម៌ ​បាន​ដល់​អរិយសច្ចធម៌ ​បាន​ដឹង​ច្បាស់​អរិយសច្ចធម៌ ​បាន​ចុះ​ចិត្ត​ស៊ប់ ​ក្នុង​អរិយសច្ចធម៌ ​បាន​ឆ្លងផុត​សេចក្តី​សង្ស័យ ​មិន​មាន​ងឿងឆ្ងល់ ​ដល់​នូវ​សេចក្តី​ក្លៀវក្លា​ហើយ មិន​បាន​ជឿស្តាប់​បុគ្គល​ដទៃ ​ក្នុង​សាសនា​នៃ​ព្រះ​សាស្តា បាន​ដល់​ព្រះ​ពុទ្ធ​ផង​​ព្រះ​ធម៌​ផង​​ព្រះ​សង្ឃ​ផង ជា​ទីពឹង ក្នុង​ទី​នោះ ទាំង​បាន​សមាទាន​នូវ​សិក្ខាបទ​ទាំង​ឡាយ ​មាន​ព្រហ្មចរិយៈ ​ជា​គម្រប់​៥ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន នេះ​ជា​ធម៌​អស្ចារ្យ​ចំឡែក ទី២ តែង​មាន​ដល់​ខ្ញុំ​ព្រះ​ករុណា ។ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន​ខ្ញុំ​ព្រះ​ករុណា ​មាន​នាងកុមារី​ជា​ប្រពន្ធ ៤ នាក់ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន​លំដាប់​នោះ​ខ្ញុំ​ព្រះ​ករុណា ​ចូល​ទៅ​រក​ប្រពន្ធ​ទាំង​នោះ លុះ​ចូល​ទៅ​ដល់​ហើយ​ក៏​ពោល​ទៅ​នឹង​ប្រពន្ធ​ទាំង​នោះ​ដូច្នេះ​ថា ម្នាល​នាង​ទាំង​ឡាយ យើង​សមាទាន​សិក្ខាបទ​ទាំង​ឡាយ ​មាន​ព្រហ្មចរិយៈ ​ជា​គម្រប់​៥ ​ហើយ​(បើ) នាងណា​ប្រាថ្នា នាង​នោះ ចូរ​ប្រើប្រាស់​នូវ​ភោគៈ​ទាំង​ឡាយ​នេះ​ផង ចូរ​ធ្វើ​បុណ្យ​ទាំង​ឡាយ​ផង​ចុះ ​ឬ​ថា ទៅ​កាន់​ត្រកូលញាតិ ​ជា​របស់​ខ្លួនក៏​បាន​ពុំ​នោះ​សោត នាង​ទាំង​ឡាយ ​ត្រូវ​ការ​បុរសណា យើង​នឹង​ឲ្យ​នាង​ទាំង​ឡាយ​ទៅ​បុរស​នោះ​។បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន កាល​ដែល​ខ្ញុំករុណា និយាយ​យ៉ាង​នេះ​ហើយ​នាង​ដែល​ជា​ប្រពន្ធ​ច្បង​នោះ​និយាយ​នឹង​ខ្ញុំករុណា​ថា​បពិត្រ​អយ្យបុត្ត ​ចូរ​អ្នក​ឲ្យ​ខ្ញុំ​ទៅ​បុរស​ឈ្មោះ​នេះ​ចុះ ។ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន​ឯខ្ញុំករុណា ក៏​ឲ្យ​គេ​ហៅ​បុរស​នោះ​មក ​ហើយ​ដៃ​ឆ្វេង​កាន់ប្រពន្ធ ​ដៃ​ស្តាំ​កាន់កុណ្ឌី (ច្រួច​ទឹក​) ប្រគល់​ឲ្យ​ដល់​បុរស​នោះ​បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន កាល​ខ្ញុំ​ករុណា លះបង់​នូវ​នាង​កុមារី ​ឲ្យ​ទៅ​ជា​ទាន​ហើយ​ក៏​មិន​ដឹង​ធ្វើ​ចិត្ត​ឲ្យ​ប្រែប្រួល​ឡើយ ។ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន នេះ​ជា​ធម៌អស្ចារ្យ​ចំឡែក ទី៣ តែង​មាន​ដល់​ខ្ញុំករុណា ។ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន​ភោគៈ​ទាំង​ឡាយ ​មាន​ច្រើន​ក្នុង​ត្រកូល​របស់​ខ្ញុំ​ករុណា តែភោគៈ​ទាំង​នោះ មិន​បាន​ចែកមុខ​អំពី​លោក​អ្នក​មាន​សីល ​មាន​កល្យាណធម៌​ទាំង​ឡាយ​ទេ ។​បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន នេះ​ជា​ធម៌អស្ចារ្យ​ចំឡែក ទី៤ តែង​មាន​ដល់​ខ្ញុំ​ករុណា ។​បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន​បើខ្ញុំ​ករុណា​ចូល​ទៅ​អង្គុយ​ជិត​ភិក្ខុ​ណា តែង​ចូល​ទៅ​អង្គុយ​ជិត ​ដោយ​គោរព ​មិន​មែន​ចូល​ទៅ​អង្គុយ​ជិត ​ដោយ​មិន​គោរពទេ ។ បពិត្រ​លោក​ដ៏​ចម្រើន នេះ​ជា​ធម៌​អស្ចារ្យ​ចំឡែក ទី៥ តែង​មាន​ដល់​ខ្ញុំករុណា ។ បើ​លោក​ដ៏​មាន​អាយុ​នោះ សំដែង​ធម៌​ដល់​ខ្ញុំករុណា ខ្ញុំករុណា​តែងស្តាប់​ដោយ​គោរព ​មិន​មែនស្តាប់​ដោយ​មិន​គោរព​ទេ បើ​លោក​ដ៏​មាន​អាយុ ​មិន​សំដែង​ធម៌​ដល់​ខ្ញុំ​ករុណា​ទេ ខ្ញុំករុណា តែង​សំដែង​ធម៌​ដល់​លោក​ដ៏​មាន​អាយុ​នោះ​វិញ ។ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន នេះ​ជា​ធម៌​អស្ចារ្យ​ចំឡែក ទី៦ តែង​មាន​ដល់​ខ្ញុំករុណា ។ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន ពួក​ទេវតា​តែង​ចូល​មករក​ខ្ញុំករុណា ​ហើយ​ប្រាប់​ថា ម្នាល​គហបតិ ធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​សំដែង​ហើយ ដោយ​ប្រពៃ​ដូច្នេះ ​មិន​ជា​ទីអស្ចារ្យ​ទេ ។​បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន កាល​ដែល​ទេវតា និយាយ​យ៉ាង​នេះ​ហើយ​ខ្ញុំករុណា ក៏និយាយ​ទៅ​រក​ពួក​ទេវតា​ទាំង​នោះ យ៉ាង​នេះ​ថា ម្នាល​ទេវតា​ទាំង​ឡាយ ​អ្នក​ទាំង​ឡាយ ​គប្បី​ពោល​យ៉ាង​នេះ​ក្តី មិន​គប្បី​ពោល​យ៉ាង​នេះ​ក្តី​ឯធម៌​ពិត ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​សំដែង​ហើយ​ដោយ​ប្រពៃ​មែន ។ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន​ខ្ញុំ​មិន​ដឹង​ថា ចិត្ត​ដែល​ប៉ោងឡើង ព្រោះរឿង​នោះ​ជា​ហេតុ​ទេ ​ពួក​ទេវតា​តែង​ចូល​មក​រកខ្ញុំករុណា​ក៏​មាន​ខ្ញុំករុណា​តែង​ចរចា ​ជា​មួយ​នឹង​ពួក​ទេវតា​ក៏​មាន​។ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន នេះ​ជា​ធម៌អស្ចារ្យ​ចំឡែក ទី៧ តែង​មាន​ដល់​ខ្ញុំករុណា ។ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន​សញ្ញោជនធម៌​ទាំង​ឡាយ ​ជា​ចំណែកខាង​ក្រោម ៥ យ៉ាង​ណា ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​សំដែង​ហើយ​បណ្តា​សញ្ញោជនៈ​ទាំង​នោះ​ខ្ញុំ​ករុណា​ពិចារណារក​សញ្ញោជនធម៌​បន្តិចបន្តួច ​ដែល​មិន​ទាន់​លះបង់​ក្នុង​ខ្លួន​មិន​ឃើញ​ឡើយ ។ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន នេះ​ជា​ធម៌​អស្ចារ្យ​ចំឡែក ទី៨ តែង​មាន​ដល់​ខ្ញុំ​ករុណា ។ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន​ធម៌អស្ចារ្យ​ចំឡែក​ទាំង​៨ ​នេះ​ឯង​តែង​មាន​(​ដល់​ខ្ញុំករុណា) ចំណែក​ខ្ញុំករុណា ​មិន​ដឹង​សោះ​ថា​ខ្ញុំករុណា​ប្រកប​ដោយ​ធម៌​អស្ចារ្យ​ចំឡែក ៨ យ៉ាង ដូចម្តេចខ្លះ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​បាន​ព្យាករ​ហើយ​។ ​គ្រា​នោះ ភិក្ខុ​នោះ ទទួល​ចង្ហាន់​បិណ្ឌបាត ​ក្នុង​លំនៅ​របស់​ឧគ្គគហបតី ​អ្នក​ស្រុក​វេសាលី​ហើយ​ក៏ក្រោក​ចាក​អាសនៈ ចៀស​ចេញ​ទៅ​។ ​លុះ​ភិក្ខុ​នោះ​ត្រឡប់ពី​បិណ្ឌបាត ​ក្នុង​វេលា​ខាង​ក្រោយ​នៃ​ភត្ត​ហើយ​ក៏​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​លុះ​ចូល​ទៅ​ដល់ ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ហើយ​ក៏​អង្គុយ​ក្នុង​ទី​សមគួរ ។ ​លុះ​ភិក្ខុ​នោះ អង្គុយ​ក្នុង​ទី​សមគួរ​ហើយ​ក៏​ក្រាប​បង្គំទូល​នូវ​រឿងរ៉ាវ​ទាំង​អស់​នោះ ដែល​ខ្លួន​ចរចា​ទាំង​ប៉ុន្មាន ​ជា​មួយ​នឹង​ឧគ្គគហបតី ​អ្នក​ស្រុក​វេសាលី ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ។ ​ព្រះ​អង្គ​ត្រាស់​ថា ម្នាល​ភិក្ខុ​ប្រពៃ​ហើយ​ប្រពៃ​ហើយ​ឧគ្គគហបតី ​អ្នក​ស្រុក​វេសាលី ​កាល​បើ​ព្យាករ​ឲ្យ​សម​ហេតុ ​ឈ្មោះ​ថា​ព្យាករ​តាម​ពិត ​ម្នាល​ភិក្ខុ​ឧគ្គគហបតី ​អ្នក​ស្រុក​វេសាលី ​ប្រកប​ដោយ​ធម៌អស្ចារ្យចំឡែក ៨ យ៉ាង​នេះ​ឯង ដែល​តថាគត​បាន​ព្យាករ​ហើយ ម្នាល​ភិក្ខុ មួយ​ទៀត ​អ្នក​ទាំង​ឡាយ ​ចូរ​ចាំទុក​នូវ​ឧគ្គគហបតី ​អ្នក​ស្រុក​វេសាលី ​ថា​ប្រកប​ដោយ​ធម៌​អស្ចារ្យ​ចំឡែក​ទាំង​៨ យ៉ាង​នេះ​ចុះ ។

ទុតិយឧគ្គសូត្រ ទី២កែប្រែ

[២២] សម័យ​មួយ​​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​គង់​ក្នុង​ហត្ថិគ្រាម ​ក្នុង​ដែនវជ្ជី ។ ​ក្នុង​ទី​នោះ​ឯង​​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំង​ឡាយ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ​អ្នក​ទាំង​ឡាយ ​ចូរ​ចាំទុក​នូវ​ឧគ្គគហបតី ​អ្នក​ស្រុក​ហត្ថិគ្រាម ​ថា​ជា​អ្នក​ប្រកប​ដោយ​ធម៌​អស្ចារ្យ​ចំឡែក ៨ ប្រការ ។ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​បាន​ត្រាស់​ពាក្យ​នេះ លុះ​ព្រះ​សុគត ​ទ្រង់​ត្រាស់​ពាក្យ​នេះ​រួច​ហើយ​ក៏ក្រោក​ចាក​អាសនៈ ស្តេច​ចូល​ទៅ​កាន់​វិហារ ។ គ្រា​នោះ ភិក្ខុ​១រូប ស្លៀកស្បង់ ប្រដាប់​បាត្រ និង​ចីវរ ​ក្នុង​បុព្វណ្ហសម័យ ​ចូល​ទៅ​កាន់​លំនៅ​របស់​ឧគ្គគហបតី​អ្នក​ស្រុក​ហត្ថិគ្រាម ​លុះ​ចូល​ទៅ​ដល់​ហើយ​ក៏​អង្គុយ​លើអាសនៈ ​ដែល​គេ​ក្រាលទុក ។ លំដាប់​នោះ​ឧគ្គគហបតី​អ្នក​ស្រុក​ហត្ថិគ្រាម ​ចូល​ទៅ​រក​ភិក្ខុ​នោះ លុះ​ចូល​ទៅ​ដល់ ថ្វាយ​បង្គំ​ភិក្ខុ​នោះ ហើយ​អង្គុយ​ក្នុង​ទីសមគួរ ។ ​លុះ​ឧគ្គគហបតី ​អ្នក​ស្រុក​ហត្ថិគ្រាម ​អង្គុយ​ក្នុង​ទី​សមគួរ​ហើយ ភិក្ខុ​នោះ​ពោល​ដូច្នេះ​ថា ម្នាល​គហបតី ​អ្នក​ប្រកប​ដោយ​ធម៌​អស្ចារ្យ​ចំឡែក ៨ យ៉ាង ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ព្យាករ​ហើយ ម្នាល​គហបតី ​អ្នក​ប្រកប​ដោយ​ធម៌​អស្ចារ្យ​៨យ៉ាងណា ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ព្យាករ​ហើយ​ធម៌អស្ចារ្យ​ចំឡែក ៨ យ៉ាង​នោះ តើ​ដូចម្តេច ។ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន​ខ្ញុំករុណា​មិន​ដឹង​សោះ​ថា​ខ្ញុំ​ករុណា ​ប្រកប​ដោយ​ធម៌​អស្ចារ្យ​ចំឡែក ៨ យ៉ាង ដូចម្តេច​ខ្លះ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ព្យាករ​ហើយ​ទេ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន​ក៏ប៉ុន្តែ ធម៌​អស្ចារ្យ​ចំឡែក ៨ យ៉ាងណា ​ដែល​មាន​ដល់​ខ្ញុំ​ករុណា សូម​លោក​ម្ចាស់​ស្តាប់​នូវ​ធម៌​អស្ចារ្យ​ចំឡែក​ទាំង​នោះ​សូមធ្វើ​ទុក​ក្នុង​ចិត្ត​ដោយ​ប្រពៃចុះ ខ្ញុំករុណា​នឹង​សំដែង​។ ​ភិក្ខុ​នោះ ទទួល​ស្តាប់​ពាក្យ​ឧគ្គគហបតី ​អ្នក​ស្រុក​ហត្ថិគ្រាម​ថា ចម្រើន​ពរ គហបតី ។ ឧគ្គគហបតី ​អ្នក​ស្រុក​ហត្ថិគ្រាម ​បាន​ពោល​ដូច្នេះ​ថា​បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន កាល​ណា​ខ្ញុំករុណា កំពុង​ត្រាច់​ទៅ​ក្នុង​នាគវន ​បាន​ឃើញ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ដំបូង ​អំពី​ចម្ងាយ បពិត្រ​លោក​ដ៏​ចម្រើន ចិត្ត​ខ្ញុំ​ករុណា​ក៏ជ្រះថ្លា ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ដោយ​គ្រាន់តែ​ឃើញ​ប៉ុណ្ណោះ ​ទាំង​ការ​ស្រវឹង​សុរា ក៏​ស្វាង​ទៅ​។ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន នេះ​ជា​ធម៌​អស្ចារ្យ​ចំឡែក ទី១ តែង​មាន​ដល់​ខ្ញុំករុណា ។ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន លុះ​ខ្ញុំ​ករុណា​មាន​ចិត្ត​ជ្រះថ្លា​ហើយ​ក៏​ចូល​ទៅ​អង្គុយ​ជិត​ព្រះ​មាន​ព្រះ​ភាគ ​ព្រះ​អង្គ​ទ្រង់​សំដែង​អនុបុព្វីក​ថា​ដល់​ខ្ញុំ​ករុណា ​គឺ​ទ្រង់​ប្រកាស​ទានក​ថា​សីលក​ថា​សគ្គក​ថា​ទោស​របស់​កាម​ដ៏​លាមក​សៅហ្មង ​និង​អានិសង្ស​ក្នុង​ការ​ចេញ​ចាក​កាម ។ ​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​ជ្រាប​ថា​ខ្ញុំករុណា​មាន​ចិត្ត​ស្រួល ​មាន​ចិត្ត​ទន់ ​មាន​ចិត្ត​ផុត​ចាក​នីវរណធម៌ ​មាន​ចិត្ត​អណ្តែត​ឡើង ​មាន​ចិត្ត​ជ្រះថ្លា ​ក្នុង​កាល​ណា ​ព្រះ​អង្គ​ក៏​ទ្រង់​សំដែង​ធម៌ទេសនា ដែល​ព្រះ​ពុទ្ធ​ទាំង​ឡាយ ​ទ្រង់​លើកឡើង​សំដែង ដោយ​ព្រះ​អង្គ​ឯង គឺ​ទ្រង់​សំដែង​ទុក្ខសច្ច សមុទយសច្ច និរោធសច្ច មគ្គសច្ច ​ក្នុង​កាល​នោះ​។ សំពត់​សស្អាត ​មិន​ប្រឡាក់​ពណ៌​ខ្មៅ គួរ​ទទួល​ទឹក​ជ្រលក់​បាន ដោយ​ប្រពៃ យ៉ាង​ណា​មិញ ធម្មចក្ខុ ​គឺ​សោតាបត្តិមគ្គ ​ដ៏​ប្រាស​ចាក​ធូលី ប្រាស​ចាក​មន្ទិល កើតឡើង​ដល់​ខ្ញុំ​ករុណា លើអាសនៈ​នោះ​ឯង​ថា​ធម្ម​ជា​ត​ណា​មួយ ដែល​កើតឡើង​ហើយ​ជា​ធម្មតា ធម្ម​ជា​ត​ទាំង​អស់​នោះ មាន​ការ​រលត់​ទៅ​វិញ​ជា​ធម្មតា ក៏យ៉ាង​នោះ​ដែរ​។ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន​ខ្ញុំករុណា ​បាន​ឃើញ​អរិយសច្ចធម៌ ​បាន​ដល់​អរិយសច្ចធម៌ ​បាន​ដឹង​ច្បាស់​អរិយសច្ចធម៌ ​បាន​ចុះ​ចិត្ត​ស៊ប់​ក្នុង​អរិយសច្ច​ធម៌ ​បាន​ឆ្លងផុត​សេចក្តី​សង្ស័យ ​មិន​មាន​ងឿង​ឆ្ងល់ ​ដល់​នូវ​សេចក្តី​ក្លៀវក្លា ​មិន​ជឿស្តាប់​បុគ្គល​ដទៃ ​ក្នុង​សាសនា​នៃ​ព្រះ​សស្តា ​បាន​ដល់​នូវ​ព្រះ​ពុទ្ធ​ផង​​ព្រះ​ធម៌​ផង​​ព្រះ​សង្ឃ​ផង ជា​ទីពឹង​ក្នុង​ទី​នោះ ទាំង​បាន​សមាទាន ​នូវ​សិក្ខាបទ​ទាំង​ឡាយ ​មាន​ព្រហ្មចរិយៈ ​ជា​គម្រប់​៥ ។ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន នេះ​ជា​ធម៌​អស្ចារ្យ​ចំឡែក ទី២ តែង​មាន​ដល់​ខ្ញុំករុណា ។ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន​ខ្ញុំករុណា ​មាន​នាង​កុមារី​ជា​ប្រពន្ធ ៤ នាក់ ។ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន​លំដាប់​នោះ​ខ្ញុំករុណា​ចូល​ទៅ​រក​ប្រពន្ធ​ទាំង​នោះ លុះ​ចូល​ទៅ​ដល់​ហើយ បាន​និយាយ​ទៅ​នឹង​ប្រពន្ធ​ទាំង​នោះ​ដូច្នេះ​ថា ម្នាល​នាង​ទាំង​ឡាយ យើង​បាន​សមាទាន​សិក្ខាបទ​ទាំង​ឡាយ ​មាន​ព្រហ្ម​ចរិយៈ ​ជា​គម្រប់​៥ ​ហើយ​បើនាង​ណាប្រាថ្នា នាង​នោះ​ចូរ​ប្រើប្រាស់​នូវ​ភោគសម្បត្តិ​ទាំង​នេះ​ផង ចូរ​ធ្វើបុណ្យ​ទាំង​ឡាយ​ផង​ចុះ ​ឬ​ថា ទៅ​កាន់​ត្រកូល​ញាតិ​របស់​ខ្លួន​ក៏​បាន​ពុំ​នោះ​សោត នាង​ទាំង​ឡាយ ​ត្រូវ​ការ​បុរសណា យើង​នឹង​ឲ្យ​នាង​ទាំង​ឡាយ​ទៅ​បុរស​នោះ​។ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន កាល​ដែល​ខ្ញុំករុណា​និយាយ​យ៉ាង​នេះ​ហើយ​នាង​ដែល​ជា​ប្រពន្ធ​ច្បង​នោះ​ក៏និយាយ​នឹង​ខ្ញុំ​ករុណា ដូច្នេះ​ថា​បពិត្រ​អយ្យបុត្គ សូម​អ្នក​ឲ្យ​ខ្ញុំ​ទៅ​បុរស​ឈ្មោះ​នេះ​ចុះ ។ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន​ទើបខ្ញុំករុណា​ក៏​ឲ្យ​គេ​ហៅ​បុរស​នោះ​មក ​ហើយ​ដៃ​ឆ្វេងកាន់​ប្រពន្ធ ​ដៃ​ស្តាំ​កាន់​កុណ្ឌី (ច្រួច​ទឹក​) ប្រគល់​ឲ្យ​ទៅ​បុរស​នោះ​។ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន កាល​ខ្ញុំករុណា លះបង់​នាងកុមារី​ឲ្យ​ទៅ​ជា​ទាន​ហើយ​ក៏​មិន​ដឹង​ធ្វើ​ចិត្ត​ឲ្យ​ប្រែប្រួល​ឡើយ ។ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន នេះ​ជា​ធម៌អស្ចារ្យ​ចំឡែក ទី៣ តែង​មាន​ដល់​ខ្ញុំករុណា ។ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន​ភោគសម្បត្តិ​ទាំង​ឡាយ ​មាន​ច្រើន​ក្នុង​ត្រកូល​របស់​ខ្ញុំករុណា តែ​ភោគសម្បត្តិ​ទាំង​នោះ មិន​ទាន់​បាន​ចែកមុខ ​អំពី​អ្នក​មាន​សីល ​មាន​កល្យាណធម៌​ទាំង​ឡាយ​ទេ ។ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន នេះ​ជា​ធម៌អស្ចារ្យ​ចំឡែក ទី៤ តែង​មាន​ដល់​ខ្ញុំ​ករុណា ។ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន​បើខ្ញុំករុណា​ចូល​ទៅ​អង្គុយ​ជិត​ភិក្ខុ​ណា តែ​ចូល​ទៅ​អង្គុយ​ជិត​ដោយ​គោរព ​មិន​បាន​ចូល​ទៅ​អង្គុយ​ជិត​ដោយ​មិន​គោរព​ទេ ។ បើ​លោក​ដ៏​មាន​អាយុ​នោះ សំដែង​ធម៌​ដល់​ខ្ញុំករុណា ខ្ញុំករុណា​តែងស្តាប់​ដោយ​គោរព ​មិន​បាន​ស្តាប់​ដោយ​មិន​គោរពទេ ប្រសិនបើ​លោក​ដ៏​មាន​អាយុ ​មិន​សំដែង​ធម៌​ដល់​ខ្ញុំ​ករុណា​ទេ ខ្ញុំករុណា​តែង​សំដែង​ធម៌​ដល់​លោក​ដ៏​មាន​អាយុ​នោះ​វិញ ។ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន នេះ​ជា​ធម៌អស្ចារ្យ​ចំឡែក ទី៥ តែង​មាន​ដល់​ខ្ញុំករុណា ។​បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន កាល​ដែល​ខ្ញុំករុណា និមន្ត​ព្រះ​សង្ឃមក​ហើយ ពួក​ទេវតា ​ចូល​ទៅ​ប្រាប់​ថា ម្នាល​គហបតី ​ភិក្ខុ​ឯណោះ ​ជា​ឧភតោភាគវិមុត្ត [​បាន​ដល់​បុគ្គល​ដែល​ផុតស្រឡះ​ចាក​ចំណែក​ទាំង​ពីរ ​គឺ​ផុតស្រឡះ​ចាក​រូបកាយ ​ដោយ​អរូបសមាបត្តិ ១ ផុតស្រឡះ​ចាក​នាមកាយ ​ដោយ​មគ្គ ១ ។] ​ភិក្ខុ​ឯណោះ ​ជា​បញ្ញាវិមុត្ត [​បាន​ដល់​បុគ្គល​ជា​សុក្ខវិបស្សកៈ ។] ​ភិក្ខុ​ឯណោះ ​ជា​កាយសក្ខី [​បាន​ដល់​បុគ្គល​ដែល​បាន​នូវ​ឈានសម្ផស្ស​ជា​ដំបូង ទើបធ្វើ​ឲ្យ​ជា​ក់ច្បាស់​នូវ​ព្រះ​និព្វាន​ជា​ខាងក្រោយ ។] ​ភិក្ខុ​ឯណោះ ​ជា​ទិដ្ឋិប្បត្តៈ [​បាន​ដល់​បុគ្គល​ដែល​ដឹង​ច្បាស់ ឃើញ​ច្បាស់ ធ្វើ​ឲ្យ​ជា​ក់ច្បាស់ ​ដោយ​បញ្ញា​ថា​សង្ខារ​ទាំង​ឡាយ​រមែង​នាំ​មក​នូវ​ទុក្ខ ​មាន​តែ​ព្រះ​និព្វាន ទើប​បាន​សុខ ​គឺ​ថា​ឃើញច្បាស់​នូវ​អរិយសច្ច​ទាំង​៤ ​ដោយ​បញ្ញា ។] ​ភិក្ខុ​ឯណោះ ​ជា​សទ្ធាវិមុត្ត [​បាន​ដល់​បុគ្គល​ដែល​ផុតស្រឡះ ចាក​កិលេស​ដោយ​សទ្ធា ​សេចក្តី​ដូចគ្នា​នឹង​ទិដ្ឋិប្បត្តបុគ្គល ប្លែកគ្នាតែត្រង់​សេចក្តី​ជឿស៊ប់សួន ​ក្នុង​ខណៈ​ដែល​បាន​នូវ​មគ្គ​ជា​ចំណែក​ខាង​ដើម​។] ​ភិក្ខុ​ឯណោះ ​ជា​ធម្មានុសារី [​បាន​ដល់​បុគ្គល​ដែល​ចម្រើន​នូវ​មគ្គ ​មាន​ធម៌ ​គឺ​បញ្ញា​ជា​ប្រធាន ។] ​ភិក្ខុ​ឯណោះ ​ជា​សទ្ធានុសារី [ប្រហែលគ្នា​នឹង​ធម្មានុសារីបុគ្គល ។] ​ភិក្ខុ​ឯណោះ ​ជា​អ្នក​មាន​សីល ​មាន​កល្យាណធម៌ ​ភិក្ខុ​ឯណោះ ​ជា​អ្នក​ទ្រុស្តសីល ​មាន​ធម៌​ដ៏​លាមក ហេតុ​នេះ មិន​ជា​អស្ចារ្យទេ ។បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន កាល​ខ្ញុំ​ករុណា កំពុងអង្គាស​ព្រះ​សង្ឃ ​មិន​ដឹង​ធ្វើ​ចិត្ត​ឲ្យ​កើតឡើង​យ៉ាង​នេះ​ថា អាត្មា​អញ ឲ្យ​វត្ថុតិច ​ដល់​ភិក្ខុ​នេះ​ផង ឲ្យ​វត្ថុច្រើន​ដល់​ភិក្ខុ​នេះ​ផង​ទេ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន​ខ្ញុំករុណា​ឲ្យ​ទាន​មាន​ចិត្ត​ស្មើ​ដោយ​ពិត ។ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន នេះ​ជា​ធម៌អស្ចារ្យ​ចំឡែក ទី៦ តែង​មាន​ដល់​ខ្ញុំ​ករុណា ។ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន ពួក​ទេវតា តែង​ចូល​មករក​ខ្ញុំករុណា ​ហើយ​ប្រាប់​ថា ម្នាល​គហបតី ​ព្រះ​ធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​សំដែង​ហើយ​ដោយ​ប្រពៃ ​មិន​ជា​អស្ចារ្យ​ទេ ។ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន កាល​ដែល​ពួក​ទេវតា​ពោល​យ៉ាង​នេះ​ហើយ​ខ្ញុំករុណា ក៏និយាយ​ទៅ​រកទេវតា​ទាំង​នោះ​យ៉ាង​នេះ​ថា ម្នាល​ទេវតា ​អ្នក​ទាំង​ឡាយ ​គប្បី​ពោល​យ៉ាង​នេះ​ក្តី មិន​គប្បី​ពោល​យ៉ាង​នេះ​ក្តី​ឯធម៌ពិត ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​សំដែង​ហើយ ដោយ​ប្រពៃមែន ។ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន​ខ្ញុំករុណា​មិន​ដឹង​ថា ចិត្ត​ដែល​ប៉ោងឡើង ព្រោះរឿង​នោះ​ជា​ហេតុទេ ទោះ​ពួក​ទេវតា ​ចូល​មករក​ខ្ញុំករុណា​ក្តី​ខ្ញុំករុណា​ចរចា ​ជា​មួយ​នឹង​ពួក​ទេវតាក្តី ។បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន នេះ​ជា​ធម៌​អស្ចារ្យ​ចំឡែក ទី៧ តែង​មាន​ដល់​ខ្ញុំករុណា ។ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន​ប្រសិនបើ​ខ្ញុំករុណា ​គប្បី​ធ្វើ​មរណ​កាល​មុន​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ព្រះ​អង្គ​គប្បី​ព្យាករ​យ៉ាង​នេះ ចំពោះ​ខ្ញុំករុណា​ថា​ឧគ្គគហបតី ​អ្នក​ស្រុក​ហត្ថិគ្រាម ​ប្រកប​ដោយ​សំយោជនៈណា​ហើយ គប្បី​មកកាន់​មនុស្ស​លោក​នេះ​ម្តងទៀត សំយោជនៈ​នោះ​គ្មានទេ ហេតុនុ៎ះ ​មិន​ជា​អស្ចារ្យទេ ។ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន នេះ​ជា​ធម៌​អស្ចារ្យ​ចំឡែក ទី៨ តែង​មាន​ដល់​ខ្ញុំករុណា ។ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន​ធម៌​ជា​ទី​អស្ចារ្យ​ចំឡែក​ទាំង​៨ ​នេះ​តែង​មាន​(​ដល់​ខ្ញុំករុណា) តែ​ថា​ខ្ញុំករុណា​មិន​ដឹង​សោះ​ថា​ខ្ញុំករុណា​ប្រកប​ដោយ​ធម៌ ​ជា​អស្ចារ្យ​ចំឡែក​៨ យ៉ាង ដូចម្តេចខ្លះ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ព្យាករ​ហើយ​ទេ ។ លំដាប់​នោះ ភិក្ខុ​នោះ ទទួល​ចង្ហាន់​បិណ្ឌបាត ​ក្នុង​លំនៅ​របស់​ឧគ្គគហបតី​អ្នក​ស្រុក​ហត្ថិគ្រាម ​រួច​ក្រោក​ចាក​អាសនៈ ចៀស​ចេញ​ទៅ​។ ​លុះ​ភិក្ខុ​នោះ​ត្រឡប់​អំពី​បិណ្ឌបាត ​ក្នុង​វេលា​ខាង​ក្រោយ​នៃ​ភត្ត ​ហើយ​ក៏​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​លុះ​ចូល​ទៅ​ដល់ ក្រាប​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ហើយ​អង្គុយ​ក្នុង​ទីសមគួរ ។ ​លុះ​ភិក្ខុ​នោះ អង្គុយ​ក្នុង​ទី​សមគួរ​ហើយ​ក៏​ក្រាប​បង្គំទូល​នូវ​ហេតុ​ទាំង​អស់​នោះ ដែល​ខ្លួន​ចរចា​ទាំង​ប៉ុន្មាន ​ជា​មួយ​នឹង​ឧគ្គគហបតី ​អ្នក​ស្រុក​ហត្ថិគ្រាម ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ។ ​ព្រះ​អង្គ​ត្រាស់​ថា ម្នាល​ភិក្ខុ​ប្រពៃ​ហើយ​ប្រពៃ​ហើយ​ឧគ្គគហបតី ​អ្នក​ស្រុក​ហត្ថិគ្រាម ​កាល​បើ​ព្យាករ​ឲ្យ​សមហេតុ ​ឈ្មោះ​ថា​ព្យាករ​តាម​ពិត ​ម្នាល​ភិក្ខុ​ឧគ្គគហបតី ​អ្នក​ស្រុក​ហត្ថិគ្រាម ​ប្រកប​ដោយ​ធម៌​អស្ចារ្យ​ចំឡែក ៨ ប្រការ​នេះ​ឯង ដែល​តថាគត​ព្យាករ​ហើយ ម្នាល​ភិក្ខុ អ្នក​ចូរ​ចាំទុក​នូវ​ឧគ្គគហបតី​អ្នក​ស្រុក​ហត្ថិគ្រាម​ថា ប្រកប​ដោយ​ធម៌អស្ចារ្យ ចំឡែក ៨ ប្រការ​នេះ​ចុះ ។

បឋមហត្ថកសូត្រ ទី៣កែប្រែ

[២៣] សម័យ​មួយ​​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​កាល​គង់​ក្នុង​អគ្គាឡវចេតិយ ជិត​ស្រុក​អាឡវី ។ ​ក្នុង​ទី​នោះ​ឯង​​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ហៅ​ភិក្ខុ​ទាំង​ឡាយ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ​អ្នក​ទាំង​ឡាយ ​ចូរ​ចាំទុក​នូវ​ហត្ថក​អាឡវក ​ថា​ជា​អ្នក​ប្រកប​ដោយ​ធម៌អស្ចារ្យ ចំឡែក ៧ ប្រការ ។ ហត្ថកអាឡវក ​ប្រកប​ដោយ​ធម៌​អស្ចារ្យ ចំឡែក ៧ ប្រការ ​តើ​ដូច​ម្តេច ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ហត្ថកអាឡវក ​មាន​សទ្ធា ១ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ហត្ថកអាឡវក ​មាន​សីល ១ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ហត្ថកអាឡវក ​មាន​សេចក្តី​ខ្មាសបាប ១ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ហត្ថកអាឡវក ​មាន​សេចក្តី​ខ្លាចបាប ១ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ហត្ថក​អាឡវក ​ជា​ពហុស្សូត ១ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ហត្ថកអាឡវក ​មាន​ចាគៈ ១ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ហត្ថកអាឡវក ​មាន​បញ្ញា​១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​អ្នក​ទាំង​ឡាយ ​ចូរ​ចាំទុក​នូវ​ហត្ថកអាឡវក ​ថា​ជា​អ្នក​ប្រកប​ដោយ​ធម៌ អស្ចារ្យ ចំឡែក ៧ ប្រការ​នេះ​ឯង​។ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​បាន​ត្រាស់​ពាក្យ​នេះ លុះ​ព្រះ​សុគត ​ទ្រង់​ត្រាស់​ពាក្យ​នេះ​រួច​ហើយ ទ្រង់​ក្រោក​ចាក​អាសនៈ ស្តេច​ចូល​ទៅ​កាន់វិហារ ។ គ្រា​នោះ ភិក្ខុ​១ រូប ស្លៀកស្បង់ ប្រដាប់​បាត្រ និង​ចីវរ ​ក្នុង​បុព្វណ្ហសម័យ ​ហើយ​ចូល​ទៅ​កាន់​លំនៅ​របស់​ហត្ថកអាឡវក ​លុះ​ចូល​ទៅ​ដល់​ហើយ ក៏​អង្គុយ​លើអាសនៈ​ដែល​គេក្រាល​ទុក ។ លំដាប់​នោះ​ហត្ថកអាឡវក ​ចូល​ទៅ​រក​ភិក្ខុ​នោះ លុះ​ចូល​ទៅ​ដល់​ហើយ ថ្វាយ​បង្គំ​ភិក្ខុ​នោះ ហើយ​អង្គុយ​ក្នុង​ទី​សមគួរ ។ ​លុះ​ហត្ថកអាឡវក ​អង្គុយ​ក្នុង​ទី​សមគួរ​ហើយ ភិក្ខុ​នោះ បាន​ពោល​ថា ម្នាល​អាវុសោ ​អ្នក​ប្រកប​ដោយ​ធម៌​អស្ចារ្យ ចំឡែក ៧ ប្រការ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ព្យាករ​ហើយ​។ ​ប្រកប​ដោយ​ធម៌ អស្ចារ្យ ចំឡែក ៧ ប្រការ ​តើ​ដូច​ម្តេច ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ហត្ថកអាឡវក ​មាន​សទ្ធា ១ ​មាន​សីល ១ ​មាន​សេចក្តី​ខ្មាស​បាប ១ ​មាន​សេចក្តី​ខ្លាចបាប ១ ​ជា​ពហុស្សូត ១ ​មាន​ចាគៈ ១ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ហត្ថក​អាឡវក ​មាន​បញ្ញា ១ ។ ​ម្នាល​អាវុសោ ​អ្នក​ប្រកប​ដោយ​ធម៌​អស្ចារ្យ ចំឡែក ៧ ប្រការ​នេះ ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ព្យាករ​ហើយ​។ ហត្ថកអាឡវក សួរតប​ថា​បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន​ចុះ​គ្រហស្ថ​នី​មួយ អ្នក​ស្លៀកស ​មិន​មាន​ក្នុង​ហេតុ​ដែល​ព្យាករ​នេះ​ទេ​ឬ​។ ​ម្នាល​អាវុសោ គ្រហស្ថ​នី​មួយ អ្នក​ស្លៀកស ​មិន​មាន​ក្នុង​ហេតុ​ព្យាករ​នេះ​ទេ ។ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន​បើគ្រហស្ថនី​មួយ អ្នក​ស្លៀកស ​មិន​មាន​ក្នុង​ហេតុ​ព្យាករ​នេះ​ទេ នុ៎ះ​ជា​ការ​ប្រពៃ​ហើយ​។ លំដាប់​នោះ ភិក្ខុ​នោះ ទទួល​បិណ្ឌបាត ​ក្នុង​លំនៅ​ហត្ថកអាឡវក​ហើយ​ក៏ក្រោក​ចាក​អាសនៈ ចៀសចេញ​ទៅ​។ ​លុះ​ភិក្ខុ​នោះ​ត្រឡប់​អំពី​បិណ្ឌបាត ​ក្នុង​វេលាខាង​ក្រោយ​នៃ​ភត្ត ​ហើយ​ក៏​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​លុះ​ចូល​ទៅ​ដល់ ក្រាប​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ហើយ​អង្គុយ​ក្នុង​ទី​សមគួរ ។ ​លុះ​ភិក្ខុ​នោះ អង្គុយ​ក្នុង​ទី​សមគួរ​ហើយ​ក៏​ក្រាប​បង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ដូច្នេះ​ថា​បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ក្នុង​ទី​ឯណោះ ខ្ញុំ​ព្រះ​អង្គ​ស្លៀកស្បង់ ប្រដាប់​បាត្រ និង​ចីវរ ​ក្នុង​វេលាបុព្វណ្ហសម័យ ​ហើយ​ចូល​ទៅ​កាន់លំនៅ​របស់​ហត្ថកអាឡវក ​លុះ​ចូល​ទៅ​ដល់​ហើយ​ក៏​អង្គុយ​លើអាសនៈ​ដែល​គេក្រាល​ទុក ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​លំដាប់​នោះ​ហត្ថកអាឡវក ​ចូល​ទៅ​រកខ្ញុំ​ព្រះ​អង្គ ​លុះ​ចូល​ទៅ​ដល់​ហើយ​ក៏​ថ្វាយ​បង្គំ​ខ្ញុំ​ព្រះ​អង្គ ​ហើយ​អង្គុយ​ក្នុង​ទី​សមគួរ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន លុះ​ហត្ថកអាឡវក ​អង្គុយ​ក្នុង​ទី​សមគួរ​ហើយ​ខ្ញុំ​ព្រះ​អង្គ​បាន​ពោល​ទៅ​ដូច្នេះ​ថា ម្នាល​អាវុសោ ​អ្នក​ប្រកប​ដោយ​ធម៌​អស្ចារ្យចំឡែក ៧ ប្រការ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ព្យាករ​ហើយ​។ ​ប្រកប​ដោយ​ធម៌អស្ចារ្យ​ចំឡែក ៧ ប្រការ ​តើ​ដូចម្តេច ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ហត្ថកអាឡវក ​មាន​សទ្ធា ១ ​មាន​សីល ១ ​មាន​សេចក្តី​ខ្មាសបាប ១ ​មាន​សេចក្តី​ខ្លាចបាប ១ ​ជា​ពហុស្សូត ១ ​មាន​ចាគៈ ១ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ហត្ថកអាឡវក ​មាន​បញ្ញា ១ ។ ​ម្នាល​អាវុសោ អ្នក​ប្រកប​ដោយ​ធម៌​អស្ចារ្យ​ចំឡែក ៧ ប្រការ​នេះ​ឯង ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ព្យាករ​ហើយ​។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន កាល​ដែល​ខ្ញុំ​ព្រះ​អង្គ​ពោល​យ៉ាង​នេះ​ហើយ​ហត្ថកអាឡវក និយាយ​នឹង​ខ្ញុំ​ព្រះ​អង្គ​ដូច្នេះ​ថា​បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន​គ្រហស្ថ​នី​មួយ​អ្នក​ស្លៀក​ស ​មិន​មាន​ក្នុង​ហេតុ​ព្យាករ​នេះ​ទេ​ឬ​។ ​ម្នាល​អាវុសោ គ្រហស្ថ​នី​មួយ​អ្នក​ស្លៀកស ​មិន​មាន​ក្នុង​ហេតុ​ព្យាករ​នេះ​ទេ ។ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន​បើគ្រហស្ថនី​មួយ​អ្នក​ស្លៀក​ស ​មិន​មាន​ក្នុង​ហេតុព្យាករ​នេះ​ទេ នុ៎ះ​ជា​ការ​ប្រពៃ​ហើយ​។ ​ព្រះ​អង្គ​ត្រាស់​ថា ម្នាល​ភិក្ខុ​ប្រពៃ​ហើយ​ប្រពៃ​ហើយ​កុលបុត្រ​នោះ ជា​អ្នក​ប្រាថ្នា​តិច ​កាល​បើ​កុសលធម៌​មាន​នៅ​ក្នុង​ខ្លួន​ហើយ​រមែង​មិន​ប្រាថ្នា​ឲ្យ​អ្នក​ដទៃ​ដឹង​ទេ ។ ​ម្នាល​ភិក្ខុ​បើដូច្នោះ ​អ្នក​ចូរ​ចាំទុក​នូវ​ហត្ថកអាឡវក ​ថា​ជា​អ្នក​ប្រកប​ដោយ​ធម៌​អស្ចារ្យ​ចំឡែក​នេះ​គឺ​។បេ។ ភាព​ជា​អ្នក​ប្រាថ្នាតិច ។

ទុតិយហត្ថកសូត្រ ទី៤កែប្រែ

[២៤] សម័យ​មួយ​​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​គង់​នៅ​ក្នុង​អគ្គាឡវចេតិយ ជិត​ស្រុក​អាឡវី ។ គ្រា​នោះ​ហត្ថកអាឡវក ​មាន​ឧបាសក​ចំនួន ៥០០ នាក់ចោមរោម ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​លុះ​ចូល​ទៅ​ដល់​ហើយ​ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ហើយ​អង្គុយ​ក្នុង​ទីសមគួរ ។ ​លុះ​ហត្ថកអាឡវក ​អង្គុយ​ក្នុង​ទី​សមគួរ​ហើយ​​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា ម្នាល​ហត្ថកៈ ​ពួក​បរិសទ្យ​របស់​អ្នក​ច្រើន​ណាស់ ម្នាល​ហត្ថកៈ ចុះ​អ្នក​សង្គ្រោះ​បរិសទ្យ​ច្រើន​នេះ​ដូចម្តេចខ្លះ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​សង្គហវត្ថុ​ទាំង​ឡាយ ៤ ប្រការ​ណា ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​សំដែង​ហើយ​ខ្ញុំ​ព្រះ​អង្គ​រមែង​សង្គ្រោះ​បរិសទ្យ​ច្រើន​នេះ ដោយ​សង្គហវត្ថុ​ទាំង​ឡាយ​នោះ​។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ខ្ញុំ​ព្រះ​អង្គ ​ដឹង​នូវ​បុគ្គល​ណា​ថា​បុគ្គល​នេះ​គួរ​សង្គ្រោះ​ដោយ​ការ​ឲ្យ​ខ្ញុំ​ព្រះ​អង្គក៏​សង្គ្រោះ​បុគ្គល​នោះ ដោយ​ការ​ឲ្យ​ខ្ញុំ​ព្រះ​អង្គ​ដឹង​នូវ​បុគ្គល​ណា​ថា​បុគ្គល​នេះ​គួរសង្គ្រោះ​ដោយ​សម្តី ជា​ទីស្រឡាញ់ ខ្ញុំ​ព្រះ​អង្គ ក៏សង្គ្រោះ​បុគ្គល​នោះ ដោយ​សម្តី​ជា​ទីស្រឡាញ់ ខ្ញុំ​ព្រះ​អង្គ​ដឹង​នូវ​បុគ្គល​ណា​ថា​បុគ្គល​នេះ​គួរ​សង្គ្រោះ​ដោយ​ការប្រព្រឹត្តិ​នូវ​ប្រយោជន៍ ខ្ញុំ​ព្រះ​អង្គ ក៏សង្គ្រោះបុគ្គល​នោះ ដោយ​ការ​ប្រព្រឹត្តិ​នូវ​ប្រយោជន៍ ខ្ញុំ​ព្រះ​អង្គ​ដឹង​នូវ​បុគ្គលណា​ថា​បុគ្គល​នេះ​គួរ​សង្គ្រោះ​ដោយ​ការ​តាំងខ្លួន​ឲ្យ​ស្មើៗ ខ្ញុំ​ព្រះ​អង្គ​ក៏សង្គ្រោះ​បុគ្គល​នោះ ដោយ​ការ​តាំងខ្លួន​ឲ្យ​ស្មើៗ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ភោគសម្បត្តិ​ក្នុង​ត្រកូល​របស់​ខ្ញុំ​ព្រះ​អង្គ មាន​ច្រើន ​ពួក​មហាជន រមែង​មិន​សំគាល់​នូវ​ពាក្យ​របស់​ជន​អ្នក​កំសត់​ថា​ជា​ពាក្យ​គួរស្តាប់ ដូច​ជា​ពាក្យ​របស់​ខ្ញុំ​ព្រះ​អង្គទេ ។ ​ម្នាល​ហត្ថកៈ ប្រពៃ​ហើយ​ប្រពៃ​ហើយ ម្នាល​ហត្ថកៈ ​នេះ​ជា​ឧបាយ​របស់​អ្នក​ដើម្បីសង្គ្រោះ​នូវ​បរិសទ្យ​ច្រើន ។ ​ម្នាល​ហត្ថកៈ ព្រោះ​ថា ពួក​ជនណា​មួយ បាន​សង្គ្រោះ​បរិសទ្យច្រើន ​ក្នុង​កាល​កន្លង​ទៅ​ហើយ​ជន​ទាំង​អស់​នោះ បាន​សង្គ្រោះ​នូវ​បរិសទ្យ​ច្រើន ​ដោយ​សង្គហវត្ថុ​ទាំង​៤ ​នេះ​ឯង​។ ​ម្នាល​ហត្ថកៈ ​ពួក​ជនណា​មួយ នឹង​សង្គ្រោះ​បរិសទ្យ​ច្រើន ​ក្នុង​កាល​ជា​អនាគត ជន​ទាំង​អស់​នោះ នឹង​សង្គ្រោះ​បរិសទ្យ​ច្រើន ដោយ​សង្គហវត្ថុ​ទាំង​៤ ​នេះ​ឯង​។ ​ម្នាល​ហត្ថកៈ ​ពួក​ជនណា​មួយ​សង្គ្រោះ​បរិសទ្យ​ច្រើន ​ក្នុង​កាល​ឥឡូវ​នេះ​ជន​ទាំង​អស់​នោះ​តែងសង្គ្រោះ​នូវ​បរិសទ្យ​ច្រើន ​ដោយ​សង្គហវត្ថុ​ទាំង​៤ ​នេះ​ឯង​។ លំដាប់​នោះ​ហត្ថកអាឡវក ​កាល​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ពន្យល់​ណែ​នាំ ឲ្យ​អាច​ហ៊ាន ​ឲ្យ​រីករាយ ​ដោយ​ធម្មីក​ថា​ហើយ​ក៏ក្រោក​ចាក​អាសនៈ ​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគធ្វើប្រទក្សិណ​ចៀសចេញ​ទៅ​។ ​លុះ​ហត្ថកអាឡវក ចៀសចេញ​ទៅ​មិន​យូរប៉ុន្មាន ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំង​ឡាយ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ​អ្នក​ទាំង​ឡាយ ​ចូរ​ចាំទុក​នូវ​ហត្ថកអាឡវក ថា​ជា​អ្នក​ប្រកប​ដោយ​ធម៌​អស្ចារ្យ​ចំឡែក ៨ ប្រការ ។ ហត្ថកអាឡវក ​ប្រកប​ដោយ​ធម៌​អស្ចារ្យ​ចំឡែក ៨ ប្រការ ​តើ​ដូចម្តេច ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ហត្ថកអាឡវក ​មាន​សទ្ធា ១ ​មាន​សីល ១ ​មាន​សេចក្តី​ខ្មាសបាប ១ ​មាន​សេចក្តី​ខ្លាច​បាប ១ ​ជា​ពហុស្សូត ១ ​មាន​ចាគៈ ១ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ហត្ថកអាឡវក ​មាន​បញ្ញា ១ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ហត្ថកអាឡវក ​មាន​សេចក្តី​ប្រាថ្នា​តិច ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​អ្នក​ទាំង​ឡាយ ​ចូរ​ចាំទុក​នូវ​ហត្ថកអាឡវក ថា​ជា​អ្នក​ប្រកប​ដោយ​ធម៌​អស្ចារ្យចំឡែក ៨ ប្រការ​នេះ​ចុះ ។

មហានាមសូត្រ ទី៥កែប្រែ

[២៥] សម័យ​មួយ​​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​គង់​នៅ​ក្នុង​និគ្រោធារាម ជិត​ក្រុង​កបិលពស្តុ ​ក្នុង​ដែន​សក្កៈ ។ គ្រា​នោះ​សក្យមហានាម ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​លុះ​ចូល​ទៅ​ដល់​ហើយ ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ រួច​គង់​ក្នុង​ទី​ដ៏​សមគួរ ។ ​លុះ​សក្យមហានាម ​គង់​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ក៏​ក្រាប​បង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ យ៉ាង​នេះ​ថា​បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​បុគ្គល​បាន​ជា​ឧបាសក ​តើ​ដោយ​ហេតុ​ដូចម្តេច ។ បពិត្រ​មហានាម បុគ្គល​អ្នក​ដល់​នូវ​ព្រះ​ពុទ្ធ​ជា​ទីពឹង ​ដល់​នូវ​ព្រះ​ធម៌​ជា​ទីពឹង ​ដល់​នូវ​ព្រះ​សង្ឃ​ជា​ទីពឹង ​ដោយ​ហេតុណា បពិត្រ​មហានាម បុគ្គល​បាន​ជា​ឧបាសក ​ដោយ​ហេតុ​ប៉ុណ្ណេះ​ឯង​។

បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ចុះ​ឧបាសក​អ្នក​មាន​សីល ​តើ​ដោយ​ហេតុ​ដូចម្តេច ។ បពិត្រ​មហានាម ឧបាសក​ជា​អ្នក​វៀរ​ចាក​បាណាតិបាត វៀរ​ចាក​អទិន្នាទាន វៀរ​ចាក​កាមេសុមិច្ឆាចារ វៀរ​ចាក​មុសាវាទ វៀរ​ចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន​ដោយ​ហេតុ​ណា បពិត្រ​មហានាម ឧបាសក​អ្នក​មាន​សីល ​ដោយ​ហេតុ​ប៉ុណ្ណេះ​ឯង​។

បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ចុះឧបាសក​អ្នក​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន ​មិន​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​បុគ្គល​ដទៃ​ទេ ​តើ​ដោយ​ហេតុ​ដូចម្តេច ។ បពិត្រ​មហានាម ឧបាសក​អ្នក​បរិបូណ៌​ដោយ​សទ្ធា ​ដោយ​ខ្លួន​ឯង មិន​បបួល​បុគ្គល​ដទៃ ​ឲ្យ​បរិបូណ៌​ដោយ​សទ្ធា ១ ​អ្នក​បរិបូណ៌​ដោយ​សីល ​ដោយ​ខ្លួន​ឯង មិន​បបួលបុគ្គលដទៃ ​ឲ្យ​បរិបូណ៌​ដោយ​សីល ១ ​អ្នក​បរិបូណ៌​ដោយ​ចាគៈ ​ដោយ​ខ្លួន​ឯង មិន​បបួល​បុគ្គលដទៃ​ឲ្យ​បរិបូណ៌​ដោយ​ចាគៈ ១ ​អ្នក​ចង់​ជួប​ប្រទះ​ពួក​ភិក្ខុ​ដោយ​ខ្លួន​ឯង មិន​បបួល​បុគ្គល​ដទៃ ​ឲ្យ​ជួប​ប្រទះ​ពួក​ភិក្ខុ​១ ​អ្នក​ចង់​ស្តាប់​ព្រះ​សទ្ធម្ម​ដោយ​ខ្លួន​ឯង មិន​បបួល​បុគ្គលដទៃ ​ឲ្យ​បាន​ស្តាប់​ព្រះ​សទ្ធម្ម ១ ​អ្នក​ទ្រ​ទ្រង់​ធម៌​ទាំង​ឡាយ ​ដែល​បាន​ស្តាប់​ហើយ ដោយ​ខ្លួន​ឯង មិន​បបួល​បុគ្គល​ដទៃ ​ឲ្យ​ទ្រ​ទ្រង់​នូវ​ធម៌ ១ ​អ្នក​ពិចារណា​នូវ​អត្ថ​នៃ​ធម៌​ទាំង​ឡាយ ​ដែល​បាន​ស្តាប់​ហើយ ដោយ​ខ្លួន​ឯង មិន​បបួល​បុគ្គល​ដទៃ ​ឲ្យ​ពិចារណា​នូវ​អត្ថ ១ ​អ្នក​ដឹង​នូវ​អត្ថ​ដឹង​នូវ​ធម៌ ​ហើយ​ប្រតិបត្តិ​នូវ​ធម៌ ដ៏​សមគួរ​ដល់​ធម៌ ​ដោយ​ខ្លួន​ឯង មិន​បបួល​បុគ្គល​ដទៃ ​ឲ្យ​ប្រតិបត្តិ​នូវ​ធម៌ ដ៏​សមគួរ​ដល់​ធម៌ ១ ​ដោយ​ហេតុណា បពិត្រ​មហានាម ឧបាសក​អ្នក​ប្រតិបត្តិ ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន ​មិន​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​បុគ្គលដទៃ ​ដោយ​ហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ឯង​។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ចុះ​ឧបាសក ​អ្នក​ប្រតិបត្តិ ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ផង​ដើម្បី​ប្រយោជន៍​បុគ្គល​ដទៃ​ផង តើ​ដោយ​ហេតុ​ដូចម្តេច ។ បពិត្រ​មហានាម ឧបាសក ​អ្នក​បរិបូណ៌​ដោយ​សទ្ធា ​ដោយ​ខ្លួន​ឯង ទាំង​បបួល​បុគ្គល​ដទៃ ​ឲ្យ​បរិបូណ៌​ដោយ​សទ្ធា ១ ​អ្នក​បរិបូណ៌​ដោយ​សីល ​ដោយ​ខ្លួន​ឯង ទាំង​បបួល​បុគ្គល​ដទៃ ​ឲ្យ​បរិបូណ៌​ដោយ​សីល ១ ​អ្នក​បរិបូណ៌​ដោយ​ចាគៈ​ដោយ​ខ្លួន​ឯង ទាំង​បបួល​បុគ្គល​ដទៃ ​ឲ្យ​បរិបូណ៌​ដោយ​ចាគៈ ១ ​អ្នក​ចង់​ជួបប្រទះ​ពួក​ភិក្ខុ​ដោយ​ខ្លួន​ឯង ទាំង​បបួល​បុគ្គល​ដទៃ ​ឲ្យ​បាន​ជួបប្រទះ​ពួក​ភិក្ខុ​១ ​អ្នក​ចង់​ស្តាប់​ព្រះ​សទ្ធម្ម​ដោយ​ខ្លួន​ឯង ទាំង​បបួល​បុគ្គល​ដទៃ ​ឲ្យ​បាន​ស្តាប់​ព្រះ​សទ្ធម្ម ១ ​អ្នក​ទ្រ​ទ្រង់​នូវ​ធម៌​ទាំង​ឡាយ ​ដែល​បាន​ស្តាប់​ហើយ​ដោយ​ខ្លួន​ឯង ទាំង​បបួល​បុគ្គល​ដទៃ ​ឲ្យ​ទ្រ​ទ្រង់​នូវ​ធម៌ ១ ​អ្នក​ពិចារណា​នូវ​អត្ថ​នៃ​ធម៌​ទាំង​ឡាយ ​ដែល​បាន​ស្តាប់​ហើយ​ដោយ​ខ្លួន​ឯង ទាំង​បបួល​បុគ្គលដទៃ ​ឲ្យ​ពិចារណា​នូវ​អត្ថ ១ ​អ្នក​ដឹង​នូវ​អត្ថ ​ដឹង​នូវ​ធម៌ ​ហើយ​ប្រតិបត្តិ​នូវ​ធម៌​ដ៏​សមគួរ​ដល់​ធម៌ ​ដោយ​ខ្លួន​ឯង ទាំង​បបួល​បុគ្គលដទៃ ​ឲ្យ​ប្រតិបត្តិ​នូវ​ធម៌​ដ៏​សមគួរ​ដល់​ធម៌ ១ ​ដោយ​ហេតុ​ណា បពិត្រ​មហានាម ឧបាសក​អ្នក​ប្រតិបត្តិ ដើម្បី​ប្រយោជន៍​ខ្លួន​ផង​ដើម្បីប្រយោជន៍​បុគ្គល​ដទៃ​ផង ដោយ​ហេតុ​មាន​ប្រមាណប៉ុណ្ណេះ ។

ជីវកសូត្រ ទី៦កែប្រែ

[២៦] សម័យ​មួយ​​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​គង់​នៅ​ក្នុង​ជីវកម្ពវន ជិត​ក្រុង​រាជគ្រឹះ ។ គ្រា​នោះ​ជីវកកោមារភត្យ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​លុះ​ចូល​ទៅ​ដល់​ហើយ​ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ រួច​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ ។ ​លុះ​ជីវក​កោមារភត្យ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ក៏​ក្រាប​បង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​យ៉ាង​នេះ​ថា​បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​បុគ្គល​បាន​ជា​ឧបាសក ​តើ​ដោយ​ហេតុ​ដូចម្តេច ។ ​ម្នាល​ជីវក បុគ្គល​អ្នក​ដល់​នូវ​ព្រះ​ពុទ្ធ​ជា​ទីពឹង ​ដល់​នូវ​ព្រះ​ធម៌​ជា​ទីពឹង ​ដល់​នូវ​ព្រះ​សង្ឃ​ជា​ទីពឹង ​ដោយ​ហេតុ​ណា ​ម្នាល​ជីវក បុគ្គល​នោះ បាន​ជា​ឧបាសក ​ដោយ​ហេតុ​មាន​ប្រមាណប៉ុណ្ណេះ​ឯង​។

បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ចុះឧបាសក​អ្នក​មាន​សីល ​តើ​ដោយ​ហេតុដូចម្តេច ។ ​ម្នាល​ជីវក ឧបាសក​ជា​អ្នក​វៀរ​ចាក​បាណាតិបាត ។បេ។វៀរ​ចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន​ដោយ​ហេតុណា ​ម្នាល​ជីវក ឧបាសក​ជា​អ្នក​មាន​សីល ​ដោយ​ហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ឯង​។

បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ចុះឧបាសក​អ្នក​ប្រតិបត្តិ ដើម្បីប្រយោជន៍​ផ្ទាល់ខ្លួន ​មិន​ប្រតិបត្តិ ដើម្បីប្រយោជន៍​បុគ្គល​ដទៃ ​តើ​ដោយ​ហេតុ​ដូចម្តេច ។ ​ម្នាល​ជីវក ឧបាសក ​អ្នក​បរិបូណ៌​ដោយ​សទ្ធា ​ដោយ​ខ្លួន​ឯង​តែ​មិន​បបួល​បុគ្គលដទៃ ​ឲ្យ​បរិបូណ៌ ​ដោយ​សទ្ធា ១ ។បេ។ ​អ្នក​ដឹង​ច្បាស់​នូវ​អត្ថ ​ដឹង​ច្បាស់​នូវ​ធម៌ ​ហើយ​ប្រតិបត្តិ​នូវ​ធម៌​ដ៏​សមគួរ​ដល់​ធម៌ ​ដោយ​ខ្លួន​ឯង​តែ​មិន​បបួល​បុគ្គលដទៃ ​ឲ្យ​ប្រតិបត្តិ​នូវ​ធម៌​ដ៏​សមគួរ​ដល់​ធម៌ ១ ​ដោយ​ហេតុ​ណា ​ម្នាល​ជីវក ឧបាសក​អ្នក​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន ​មិន​ប្រតិបត្តិ​ដើម្បីប្រយោជន៍​បុគ្គល​ដទៃ ​ដោយ​ហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ឯង​។

បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ចុះឧបាសក​អ្នក​ប្រតិបត្តិ ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ផង​ដើម្បីប្រយោជន៍បុគ្គល​ដទៃ​ផង តើ​ដោយ​ហេតុ​ដូចម្តេច ។ ​ម្នាល​ជីវក ឧបាសក​អ្នក​បរិបូណ៌​ដោយ​សទ្ធា ​ដោយ​ខ្លួន​ឯង ទាំង​បបួល​បុគ្គល​ដទៃ ​ឲ្យ​បរិបូណ៌​ដោយ​សទ្ធា ១ ​អ្នក​បរិបូណ៌​ដោយ​សីល​ដោយ​ខ្លួន​ឯង ទាំង​បបួល​បុគ្គល​ដទៃ ​ឲ្យ​បរិបូណ៌​ដោយ​សីល ១ ​អ្នក​បរិបូណ៌​ដោយ​ចាគៈ​ដោយ​ខ្លួន​ឯង ទាំង​បបួល​បុគ្គល​ដទៃ ​ឲ្យ​បរិបូណ៌​ដោយ​ចាគៈ ១ ​អ្នក​ចង់​ចួប​ប្រទះ​ពួក​ភិក្ខុ​ដោយ​ខ្លួន​ឯង ទាំង​បបួល​បុគ្គល​ដទៃ ​ឲ្យ​ចួប​ប្រទះ​ពួក​ភិក្ខុ​១ ​អ្នក​ចង់​ស្តាប់​ព្រះ​សទ្ធម្ម​ដោយ​ខ្លួន​ឯង ទាំង​បបួល​បុគ្គល​ដទៃ ​ឲ្យ​បាន​ស្តាប់​នូវ​ព្រះ​សទ្ធម្ម ១ ​ជា​អ្នក​ទ្រ​ទ្រង់​នូវ​ធម៌​ទាំង​ឡាយ ​ដែល​បាន​ស្តាប់​ហើយ​ដោយ​ខ្លួន​ឯង ទាំង​បបួល​បុគ្គល​ដទៃ ​ឲ្យ​ទ្រ​ទ្រង់​នូវ​ធម៌ ១ ​អ្នក​ពិចារណា ​នូវ​អត្ថ​នៃ​ធម៌​ទាំង​ឡាយ ​ដែល​បាន​ស្តាប់​ហើយ ដោយ​ខ្លួន​ឯង ទាំង​បបួល​បុគ្គល​ដទៃ ​ឲ្យ​ពិចារណា​នូវ​អត្ថ ១ ​អ្នក​ដឹង​ច្បាស់​នូវ​អត្ថ ​ដឹង​ច្បាស់​នូវ​ធម៌ ​ហើយ​ប្រតិបត្តិ​នូវ​ធម៌​ដ៏​សមគួរ​ដល់​ធម៌ ​ដោយ​ខ្លួន​ឯង ទាំង​បបួល​បុគ្គល​ដទៃ ​ឲ្យ​ប្រតិបត្តិ​នូវ​ធម៌​ដ៏​សមគួរ​ដល់​ធម៌ ១ ​ដោយ​ហេតុណា ​ម្នាល​ជីវក ឧបាសក​អ្នក​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ផង​ដើម្បីប្រយោជន៍​បុគ្គល​ដទៃ​ផង ដោយ​ហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ឯង​។

បឋមពលសូត្រ ទី៧កែប្រែ

[២៧] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ កំឡាំង​នេះ មាន​៨ យ៉ាង ។ កំឡាំង ៨ យ៉ាង ​តើ​អ្វីខ្លះ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ពួក​ក្មេង​មាន​ការ​យំ​ជា​កំឡាំង​១ ​ពួក​មាតុគ្រាម​មាន​សេចក្តី​ក្រោធ ​ជា​កំឡាំង ១ ​ពួក​ចោរ​មាន​គ្រឿង​អាវុធ​ជា​កំឡាំង ១ ​ពួក​ព្រះ​រា​ជា​មាន​ឥស្សរិយៈ ​ជា​កំឡាំង ១ ​ពួក​ជនពាល​មាន​ការ​លើក​ទោស ​ជា​កំឡាំង ១ ​ពួក​បណ្ឌិត​មាន​ការ​រំពឹង​គិត ​ជា​កំឡាំង ១ ​ពួក​ពហុស្សូត ​មាន​ការ​ពិចារណា ​ជា​កំឡាំង ១ ​ពួក​សមណ​ព្រាហ្មណ៍ ​មាន​ការ​អត់ធន់ ​ជា​កំឡាំង ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ កំឡាំង​មាន​៨ យ៉ាង​នេះ​ឯង​។

ទុតិយពលសូត្រ ទី៨កែប្រែ

[២៨] គ្រា​នោះ​​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ ​បាន​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​លុះ​ចូល​ទៅ​ដល់​ហើយ ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ រួច​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ ។ ​លុះ​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​យ៉ាង​នេះ​ថា ម្នាល​សារីបុត្ត ​ភិក្ខុ​ជា​ខីណាស្រព ​ប្រកប​ដោយ​កំឡាំង​ទាំង​ឡាយ​ណា រមែង​ប្តេជ្ញា​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​ទាំង​ឡាយ​ថា​អាសវៈ​ទាំង​ឡាយ ​របស់​អាត្មា​អញ​អស់​ហើយ​កំឡាំង​ទាំង​នោះ របស់​ភិក្ខុ​ជា​ខីណាស្រព តើ​មាន​ប៉ុន្មាន​យ៉ាង ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ភិក្ខុ​ជា​ខីណាស្រព ​ប្រកប​ដោយ​កំឡាំង​ទាំង​ឡាយ​ណា រមែង​ប្តេជ្ញា​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​ទាំង​ឡាយ​ថា​អាសវៈ​ទាំង​ឡាយ ​របស់​អាត្មា​អញ​អស់​ហើយ​កំឡាំង​ទាំង​នោះ របស់​ភិក្ខុ​ជា​ខីណាស្រព ​មាន​៨ យ៉ាង ។ ៨ យ៉ាង ​តើ​ដូចម្តេច ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ភិក្ខុ​ជា​ខីណាស្រព ​ក្នុង​សាសនា​នេះ​ឃើញច្បាស់​នូវ​សង្ខារ​ទាំង​ពួង​ថា មិន​ទៀង ​ដោយ​បញ្ញា​ដ៏​ប្រពៃ គួរ​តាម​ពិត ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ភិក្ខុ​ជា​ខីណាស្រព ឃើញច្បាស់​នូវ​សង្ខារ​ទាំង​ពួង​ថា មិន​ទៀង ​ដោយ​បញ្ញា​ដ៏​ប្រពៃ គួរ​តាម​ពិត ​ដោយ​កំឡាង​ណា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​(ម្យ៉ាងទៀត) ​ភិក្ខុ​ជា​ខីណាស្រព ប្តេជ្ញា​នូវ​កិរិយា​អស់​ទៅ​នៃ​អាសវៈ​ទាំង​ឡាយ​ថា​អាសវៈ​ទាំង​ឡាយ ​របស់​អាត្មា​អញ​អស់​ហើយ​ព្រោះ​អាស្រ័យ​កំឡាំង​ណា កំឡាំង​នេះ ជា​កំឡាំង​របស់​ភិក្ខុ​ជា​ខីណាស្រព ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន មួយ​ទៀត ​ភិក្ខុ​ជា​ខីណាស្រព​ឃើញច្បាស់​នូវ​កាម​ទាំង​ឡាយ ​មាន​ឧបមា​ដូច​ជា​រណ្តៅ​ដ៏​ពេញ​ដោយ​រងើក​ភ្លើង ​ដោយ​បញ្ញា​ដ៏​ប្រពៃ គួរ​តាម​ពិត ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ភិក្ខុ​ជា​ខីណាស្រព​ឃើញច្បាស់​នូវ​កាម​ទាំង​ឡាយ ​ដែល​មាន​ឧបមា​ដូច​ជា​រណ្តៅ​ដ៏​ពេញ​ដោយ​រងើក​ភ្លើង ​ដោយ​បញ្ញា​ដ៏​ប្រពៃ គួរ​តាម​ពិត ​ដោយ​កំឡាំង​ណា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​(ម្យ៉ាងទៀត) ​ភិក្ខុ​ជា​ខីណាស្រព ប្តេជ្ញា​នូវ​កិរិយា​អស់​ទៅ​នៃ​អាសវៈ​ទាំង​ឡាយ​ថា​អាសវៈ​ទាំង​ឡាយ ​របស់​អាត្មា​អញ​អស់​ហើយ​ព្រោះអាស្រ័យ​កំឡាំងណា កំឡាំង​នេះ ជា​កំឡាំង​របស់​ភិក្ខុ​ជា​ខីណាស្រព ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន មួយ​ទៀត ​ចិត្ត​របស់​ភិក្ខុ​ជា​ខីណាស្រព តែងឱន​ទៅ​រក​វិវេក ឈាន​ទៅ​រកវិវេក បែរ​ទៅ​រកវិវេក តម្កល់​នៅ​ក្នុង​វិវេក ត្រេកអរ​ចំពោះ​ក្នុង​ការ​ចេញ​ចាក​កាម ​ជា​ចិត្ត​ប្រាស​ចាក​ធម៌​ទាំង​ឡាយ ​ដែល​ជា​ទីតាំង​នៃ​អាសវៈ​ដោយ​ប្រការ​ទាំង​ពួង ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ចិត្ត​របស់​ភិក្ខុ​ជា​ខីណាស្រព តែងឱន​ទៅ​រកវិវេក ឈាន​ទៅ​រកវិវេក បែរ​ទៅ​រក​វិវេក តម្កល់នៅ​ក្នុង​វិវេក ត្រេកអរ​ចំពោះ​ក្នុង​ការ​ចេញ​ចាក​កាម ​ជា​ចិត្ត​ប្រាស​ចាក​ធម៌​ទាំង​ឡាយ ​ដែល​ជា​ទីតាំង​នៃ​អាសវៈ ​ដោយ​ប្រការ​ទាំង​ពួង ​ដោយ​កំឡាំងណា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន មួយ​ទៀត ​ភិក្ខុ​ជា​ខីណាស្រព ប្តេជ្ញា​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​ទាំង​ឡាយ​ថា​អាសវៈ​ទាំង​ឡាយ ​របស់​អាត្មា​អញ​អស់​ហើយ​ព្រោះ​អាស្រ័យ​កំឡាំងណា កំឡាំង​នេះ ជា​កំឡាំង​របស់​ភិក្ខុ​ជា​ខីណាស្រព ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន មួយ​ទៀត ​ភិក្ខុ​ជា​ខីណាស្រព បាន​ចម្រើន​អប់រំល្អ​ហើយ នូវ​សតិប្បដ្ឋាន​ទាំង​៤ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ភិក្ខុ​ជា​ខីណាស្រព ​បាន​ចម្រើន​អប់រំល្អ​ហើយ នូវ​សតិប្បដ្ឋាន​៤ ​ដោយ​កំឡាំង​ណា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន មួយ​ទៀត ​ភិក្ខុ​ជា​ខីណាស្រព ប្តេជ្ញា​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​ទាំង​ឡាយ​ថា​អាសវៈ​ទាំង​ឡាយ ​របស់​អាត្មា​អញ​អស់​ហើយ​ព្រោះអាស្រ័យ​កំឡាំងណា កំឡាំង​នេះ ជា​កំឡាំង​របស់​ភិក្ខុ​ជា​ខីណាស្រព ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន មួយ​ទៀត ​ភិក្ខុ​ជា​ខីណាស្រព ​បាន​ចម្រើន​អប់រំ​ល្អ​ហើយ នូវ​ឥទ្ធិបាទ ៤ ។បេ។ ​បាន​ចម្រើន​អប់រំ​ល្អ​ហើយ នូវ​ឥន្រ្ទិយ ៥ ​បាន​ចម្រើន​អប់រំ​ល្អ​ហើយ នូវ​ពោជ្ឈង្គ ៧ ​បាន​ចម្រើន​អប់រំ​ល្អ​ហើយ នូវ​មគ្គ​ប្រកប​ដោយ​អង្គ ៨ ​ដ៏​ប្រសើរ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ភិក្ខុ​ជា​ខីណាស្រព បាន​ចម្រើន​អប់រំល្អ​ហើយ នូវ​មគ្គ​ប្រកប​ដោយ​អង្គ ៨ ​ដ៏​ប្រសើរ ​ដោយ​កំឡាំង​ណា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​(ម្យ៉ាងទៀត) ​ភិក្ខុ​ជា​ខីណាស្រព ប្តេជ្ញា​នូវ​ការ​អស់​ទៅ នៃ​អាសវៈ​ទាំង​ឡាយ​ថា​អាសវៈ​ទាំង​ឡាយ​របស់​អាត្មា​អញ​អស់​ហើយ​ព្រោះ​អាស្រ័យ​កំឡាំង​ណា កំឡាំង​នេះ ជា​កំឡាំង​របស់​ភិក្ខុ​ជា​ខីណាស្រព ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ភិក្ខុ​ជា​ខីណាស្រព ​ប្រកប​ដោយ​កំឡាំង​ទាំង​ឡាយ​ណា រមែងប្តេជ្ញា​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​ទាំង​ឡាយ​ថា​អាសវៈ​ទាំង​ឡាយ ​របស់​អាត្មា​អញ​អស់​ហើយ​កំឡាំង​ទាំង​នោះ របស់​ភិក្ខុ​ជា​ខីណាស្រព ​មាន​៨ យ៉ាង​នេះ​ឯង​។

អក្ខណសូត្រ ទី៩កែប្រែ

[២៩] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បុថុជ្ជន​មិន​មាន​ការ​ចេះ​ដឹង​រមែង​និយាយ​ថា សត្វ​លោក​មាន​កិច្ច​ក្នុង​ខណៈ ​សត្វ​លោក​មាន​កិច្ច​ក្នុង​ខណៈ តែ​បុថុជ្ជន​នោះ មិន​ដឹង​នូវ​ខណៈ ​ឬ​អក្ខណៈ​ទេ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ អក្ខណៈ អសម័យ ​នៃ​ការនៅ​ប្រព្រឹត្ត​ព្រហ្មចារ្យ​នេះ មាន​៨ យ៉ាង ។ ៨ យ៉ាង ​តើ​អ្វីខ្លះ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ព្រះ​តថាគត​ឆ្ងាយ​ចាក​កិលេល ​ទ្រង់​ត្រាស់​ដឹង​នូវ​ញេយ្យធម៌​ទាំង​ពួង ​ដោយ​ប្រពៃ​ចំពោះ​ព្រះ​អង្គ ​ទ្រង់​បរិបូណ៌​ដោយ​វិជ្ជា ​និង​ចរណៈ ​ទ្រង់​មាន​ដំណើរ​ល្អ ​ទ្រង់​ជ្រាបច្បាស់​នូវ​ត្រៃ​លោក ទ្រង់​ប្រសើរ​ដោយ​សីលាទិគុណ ឥត​មាន​បុគ្គល​ណាស្មើ ​ទ្រង់​ទូន្មាន​នូវ​បុរស​ដែល​គួរទូន្មាន ដូច​នាយ​សារថី ​ជា​សាស្តា​នៃ​ទេវតា ​និង​មនុស្ស​ទាំង​ឡាយ ​ទ្រង់​ជ្រាបច្បាស់​នូវ​ចតុរារិយសច្ច ​ទ្រង់​មាន​ដំណើរ​ទៅ​កាន់​ត្រៃភព​ខ្ជាក់ចោល​ហើយ បាន​កើតឡើង​ក្នុង​លោក​នេះ ទាំង​ធម៌​ដែល​ធ្វើកិលេល​ឲ្យ​ស្ងប់រម្ងាប់ ប្រព្រឹត្ត​ទៅ​ដើម្បី​ព្រះ​និព្វាន ​ជា​ដំណើរ​ដើម្បី​ត្រាស់​ដឹង ជា​ធម៌​ដែល​ព្រះ​សុគត ​ទ្រង់​ប្រកាស​ទុក ​ព្រះ​អង្គ​ក៏​បាន​សំដែង​ហើយ​តែទាស់​បុគ្គល​នេះ​ទៅ​កើត​ក្នុង​នរក ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​អក្ខណៈ អសម័យ ​នៃ​ការនៅ​ប្រព្រឹត្ត​ព្រហ្មចារ្យ ទី១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​មួយ​ទៀត ​ព្រះ​តថាគត​។បេ។ ​ជា​សាស្តា​នៃ​ទេវតា ​និង​មនុស្ស​ទាំង​ឡាយ ​ទ្រង់​ជ្រាបច្បាស់​នូវ​ចតុរារិយសច្ច ​ទ្រង់​មាន​ដំណើរ​ទៅ​កាន់​ត្រៃភព​ខ្ជាក់​ចោល​ហើយ​រមែងកើតឡើង​ក្នុង​លោក ទាំង​ធម៌​ដែល​ធ្វើ​កិលេល​ឲ្យ​ស្ងប់រម្ងាប់ ប្រព្រឹត្ត​ទៅ​ដើម្បី​ព្រះ​និព្វាន ​ជា​ដំណើរ​ដើម្បី​ត្រាស់​ដឹង ជា​ធម៌​ដែល​ព្រះ​សុគត​ទ្រង់​ប្រកាស​ទុក ​ព្រះ​អង្គ​បាន​សំដែង​ហើយ​តែទាស់​បុគ្គល​នេះ ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន ។បេ។ តែទាស់​បុគ្គល​នេះ ទៅ​កើត​ក្នុង​បិត្តិវិស័យ ។បេ។ តែទាស់​បុគ្គល​នេះ ទៅ​កើត​ក្នុង​ពួក​ទេវតា​ណា​មួយ​មាន​អាយុវែង ។បេ។ តែទាស់​បុគ្គល​នេះ ជា​អ្នក​មកកើត​ក្នុង​ពួក​បច្ចនិ្តមជនបទ ​ទាំង​ជា​អ្នក​បាន​កើត​ក្នុង​ពួក​មិលក្ខជន ​ដែល​មិន​ដឹង​ការខុស​ត្រូវ​ច្បាស់លាស់ ​ដែល​ជា​ប្រទេស​គ្មាន​ភិក្ខុ ភិក្ខុ​នី ឧបាសក ឧបាសិកា​ទៅ​ដល់​។បេ។ បុគ្គល​នេះ បាន​មកកើត​ក្នុង​ពួក​មជ្ឈិមជនបទ​ហើយ​ទាស់តែបុគ្គល​នោះ ជា​មិច្ឆាទិដ្ឋិ ​មាន​សេចក្តី​ឃើញ​វិបរិត​ថា​ទាន​ដែល​បុគ្គល​ឲ្យ​ហើយ​គ្មានផល ការបូ​ជា​ធំ គ្មានផល ការបូ​ជា​តូច គ្មានផល ផល ​និង​វិបាក​របស់​កម្ម ​ដែល​សត្វ​ធ្វើល្អ ​និង​ធ្វើ​អាក្រក់ ​មិន​មាន លោក​នេះ​ក៏​មិន​មាន លោក​ដទៃ ក៏​មិន​មាន​មាតាក៏​មិន​មាន​បិតាក៏​មិន​មាន ពួក​សត្វ​ជា​ឱបបាតិកៈ ក៏​មិន​មាន ពួក​សមណ​ព្រាហ្មណ៍​ក្នុង​លោក ជា​អ្នក​ព្រម​ព្រៀងគ្នា ប្រតិបត្តិ​ដោយ​ល្អ ធ្វើ​ឲ្យ​ជា​ក់ច្បាស់​នូវ​លោក​នេះ និង​លោក​ខាង​មុខ ព្រោះ​ដឹង​ច្បាស់​ដោយ​ខ្លួន​ឯង ហើយ​ញុំាង​អ្នក​ដទៃ​ឲ្យ​ត្រាស់​ដឹង​ផង​ក៏​មិន​មាន​។បេ។ បុគ្គល​នេះ បាន​មក​កើត​ក្នុង​ពួក​មជ្ឈិម​ជនបទ ទាស់តែ​បុគ្គល​នោះ ជា​អ្នក​អប្បឥត​ប្រាជ្ញា ល្ងង់ខ្លៅ ​ជា​មនុស្សគ ​មិន​អង់​អាច​ដើម្បី​ដឹង​សេចក្តី​នៃ​សុភាសិត ​និង​ទុព្ភាសិត​បាន​។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​អក្ខណៈ អសម័យ ​នៃ​ការនៅ​ប្រព្រឹត្ត​ព្រហ្មចារ្យ ទី៧ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​មួយ​ទៀត ​ព្រះ​តថាគត​ឆ្ងាយ​ចាក​កិលេស ​ទ្រង់​ត្រាស់​ដឹង​នូវ​ញេយ្យធម៌​ទាំង​ពួង ​ចំពោះ​ព្រះ​អង្គ ។បេ​។ ​ជា​សាស្តា​នៃ​ទេវតា ​និង​មនុស្ស​ទាំង​ឡាយ ​ទ្រង់​ត្រាស់​ដឹង​នូវ​ចតុរារិយសច្ច ​មាន​ដំណើរ​ទៅ​កាន់​ត្រៃភព​ខ្ជាក់ចោល​ហើយ មិន​កើតឡើង​ក្នុង​លោក ទាំង​ធម៌​ដែល​ធ្វើ​កិសេល ​ឲ្យ​ស្ងប់រម្ងាប់ ប្រព្រឹត្ត​ទៅ​ដើម្បី​ព្រះ​និព្វាន ​ជា​ដំណើរ​ដើម្បី​ត្រាស់​ដឹង ជា​ធម៌​ដែល​ព្រះ​សុគត ​ទ្រង់​ប្រកាសទុក​​ព្រះ​អង្គ​ក៏​មិន​បាន​សំដែង​បុគ្គល​នេះ បាន​កើត​ក្នុង​មជ្ឈិម​ជនបទ ក៏ឯ​បុគ្គល​នោះ ជា​អ្នក​មាន​ប្រាជ្ញា ​មិន​ល្ងង់ខ្លៅ ​មិន​ជា​មនុស្សគ អង់​អាច​ដើម្បី​ដឹង​សេចក្តី​នៃ​សុភាសិត ​និង​ទុព្ភាសិត​បាន​។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​អក្ខណៈ អសម័យ ​នៃ​ការនៅ​ប្រព្រឹត្ត​ព្រហ្មចារ្យ ទី៨ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ អក្ខណៈ អសម័យ ​នៃ​ការនៅ​ប្រព្រឹត្ត​ព្រហ្មចារ្យ ​មាន​៨ យ៉ាង​នេះ​ឯង​។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ខណៈ ​និង​សម័យ​នៃ​ការ​នៅ​ប្រព្រឹត្ត​ព្រហ្មចារ្យ ​មាន​តែ​មួយ​។ ​មួយ តើ​ដូចម្តេច ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ព្រះ​តថាគត​ឆ្ងាយ​ចាក​កិលេស ​ទ្រង់​ត្រាស់​ដឹង​នូវ​ញេយ្យធម៌​ទាំង​ពួង ​ដោយ​ប្រពៃ​ចំពោះ​ព្រះ​អង្គ ​ទ្រង់​បរិបូរណ៌ ​ដោយ​វិជ្ជា ​និង​ចរណៈ ​ទ្រង់​មាន​ដំណើរល្អ ​ទ្រង់​ជ្រាបច្បាស់​នូវ​ត្រៃ​លោក ទ្រង់​ប្រសើរ​ដោយ​សីលាទិគុណ ឥត​មាន​បុគ្គល​ណាស្មើ ​ទ្រង់​ទូន្មាន​នូវ​បុរស​ដែល​គួរ​ទូន្មាន ដូច​នាយ​សារថី ​ជា​សាស្តា​នៃ​ទេវតា ​និង​មនុស្ស​ទាំង​ឡាយ ​ទ្រង់​ជ្រាបច្បាស់​នូវ​ចតុរារិយសច្ច ​ទ្រង់​មាន​ដំណើរ​ទៅ​កាន់​ត្រៃភព​ខ្ជាក់ចោល​ហើយ បាន​កើតឡើង​ក្នុង​លោក​នេះ ទាំង​ធម៌​ដែល​ធ្វើ​កិលេល​ឲ្យ​ស្ងប់រម្ងាប់ ប្រព្រឹត្ត​ទៅ​ដើម្បី​ព្រះ​និព្វាន ​ជា​ដំណើរ​ដើម្បី​ត្រាស់​ដឹង ជា​ធម៌​ដែល​ព្រះ​សុគត​ទ្រង់​ប្រកាសទុក ​ព្រះ​អង្គ​ក៏​បាន​សំដែង​ហើយ ទាំង​បុគ្គល​នេះ បាន​កើត​ក្នុង​ពួក​មជ្ឈិម​ជនបទ ថែម​ទាំង​បុគ្គល​នោះ ជា​អ្នក​មាន​ប្រាជ្ញា ​មិន​ល្ងង់ខ្លៅ ​មិន​ជា​មនុស្ស​គ អង់​អាច​ដើម្បី​ដឹង​សេចក្តី​នៃ​សុភាសិត ​និង​ទុព្ភាសិត​បាន​។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ខណៈ ​និង​សម័យ ​នៃ​ការនៅប្រព្រឹត្ត​ព្រហ្មចារ្យ​តែ​មួយ​។

ពួក​ជនណា ​បាន​នូវ​មនុស្ស​លោក​ហើយ​(​បាន​កើត​ជា​មនុស្ស) តែ​មិន​ចួប​ប្រទះ​នូវ​ខណៈ ​ក្នុង​ព្រះ​សទ្ធម្ម ​ដែល​ព្រះ​តថាគត​ទ្រង់​សំដែង​ដោយ​ល្អ ជន​ទាំង​នោះ ឈ្មោះ​ថា​កន្លងបង់​នូវ​ខណៈ អក្ខណៈ​ទាំង​ឡាយ ​ដែល​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ជា​ច្រើន ​បាន​ពោល​ហើយ​ថា​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ដល់​បុគ្គល ​ព្រះ​តថាគត​ទាំង​ឡាយ ​ទ្រង់​កើតឡើង ​ក្នុង​លោក​ម្តង ៗ ការកើត​ឡើង ​នៃ​ព្រះ​តថាគត​ទាំង​ឡាយ​ណា ​ដែល​សត្វ​បាន​ដោយ​កម្រក្រៃពេក ​ក្នុង​លោក​ការកើតឡើង​នៃ​ព្រះ​តថាគត​ទាំង​ឡាយ​នោះ​ក៏កើត​ចំពោះ​មុខ​ហើយ​ការ​បាន​អត្តភាព​ជា​មនុស្ស​ផង​ការ​សំដែង​នូវ​ព្រះ​សទ្ធម្ម​ផង​(ក៏​បាន​កើត​ចំពោះ​មុខ​ហើយ​) ជន​អ្នក​មាន​សេចក្តី​ប្រាថ្នា​នូវ​ប្រយោជន៍ គួរព្យាយាម​ក្នុង​ព្រះ​សទ្ធម្ម​នោះ​។ បុគ្គល​គប្បី​ដឹង​ច្បាស់ ​នូវ​ព្រះ​សទ្ធម្ម​ដោយ​ហេតុ​ដូចម្តេច ខណៈ​កុំកន្លង​នូវ​អ្នក​ទាំង​ឡាយ​ឡើយ ព្រោះ​ថា ពួក​ជន​ដែល​ខណៈ​កន្លង​ហើយ​រមែង​សង្រេង​សង្រៃ​ក្នុង​នរក​ត្រៀបត្រា ។ បើ​បុគ្គល​ណា ​ក្នុង​លោក​នេះ​ញុំាង​សេចក្តី​កំណត់​នូវ​ព្រះ​សទ្ធម្ម ​គឺ​អរិយមគ្គ ​មិន​ឲ្យ​សម្រេច​ទេ បុគ្គល​នោះ ជា​អ្នក​កន្លងបង់​នូវ​ប្រយោជន៍ រមែង​សង្រេង​សង្រៃ ​អស់​រាត្រីយូរ ដូច​ជា​ពាណិជ ​ដែល​កន្លងបង់​នូវ​ប្រយោជន៍ ដូច្នោះ​ដែរ សត្វ​ដែល​អវិជ្ជា រួបរឹត​ហើយ មិន​ញុំាង​ព្រះ​សទ្ធម្ម​ឲ្យ​សម្រេច​បាន គង់​នឹង​ត្រឡប់​មក​កាន់សង្សារ ​គឺ​ការកើត ​និង​ការ​ស្លាប់ ​អស់​កាល​ដ៏​យូរ ​មួយ​ទៀត ​ពួក​ជនណា ​បាន​នូវ​អត្តភាព​ជា​មនុស្ស ​ក្នុង​ព្រះ​សទ្ធម្ម ដែល​ព្រះ​តថាគត សំដែង​ល្អ​ហើយ បាន​ធ្វើ​ហើយ នឹង​ធ្វើ ​ឬ​កំពុង​ធ្វើ ​តាម​ពាក្យ​នៃ​ព្រះ​សាស្តា ​ពួក​ជនណា ដើរ​ទៅ​កាន់​ផ្លូវ ​ដែល​ព្រះ​តថាគត សំដែង​ទុក​ហើយ ពួក​ជន​នោះ ឈ្មោះ​ថា​ត្រាស់​ដឹង​នូវ​ខណៈ ​និង​ព្រហ្មចារ្យ​ដ៏​ប្រសើរ​ក្នុង​លោក សេចក្តី​សង្រួម​ណា ​ដែល​ព្រះ​ពុទ្ធ​ជា​អាទិច្ចពន្ធុ ​ព្រះ​អង្គ​មាន​ចក្ខុ ​បាន​សំដែង​ហើយ​បុគ្គល​មាន​ចិត្ត​មិន​ទ​ទឹក​ដោយ​កិលេស ​ជា​អ្នក​មាន​ស្មារតី​គ្រប់​កាល គប្បី​គ្រប់គ្រង​ក្នុង​សេចក្តី​សង្រួម​ទាំង​នោះ ពួក​ជនណា ​បាន​ដល់​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ ជន​ទាំង​នោះ បាន​កាត់​នូវ​អនុស័យ​ទាំង​ពួង ​ដែល​ទៅ​កាន់​សង្សារ ​ជា​លំនៅ​នៃ​មារ ​ហើយ​ដល់​នូវ​ត្រើយ ​គឺ​ព្រះ​និព្វាន ​ក្នុង​លោក​។

អនុរុទ្ធមហាវិតក្កសូត្រ ទី១០កែប្រែ

[៣០] សម័យ​មួយ​​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​គង់​នៅ​ក្នុង​ភេសកឡាវន ​ជា​ទី​ឲ្យ​នូវ​អភ័យ​ដល់​សត្វ​ម្រឹគ ជិត​ក្រុង​សុំសុមារគិរៈ ​ក្នុង​ភគ្គជនបទ ។ ​ក្នុង​សម័យ​នោះ​​ព្រះ​អនុរុទ្ធ​ដ៏​មាន​អាយុ ​គង់​នៅ​ក្នុង​បាចីនវង្សទាយវន ​ក្នុង​ដែន​ចេតី ។ គ្រា​នោះ​​ព្រះ​អនុរុទ្ធ​ដ៏​មាន​អាយុ នៅ​ក្នុង​ទីស្ងាត់ពួនសម្ងំ ​មាន​ចិត្ត​ត្រិះរិះ​កើតឡើង យ៉ាង​នេះ​ថា នេះ​ជា​ធម៌​របស់​អ្នក​ប្រាថ្នា​តិច ​នេះ​មិន​មែន​ជា​ធម៌​របស់​អ្នក​ប្រាថ្នា​ច្រើន ​នេះ​ជា​ធម៌​របស់​អ្នក​សន្តាស ​នេះ​មិន​មែន​ជា​ធម៌​របស់​អ្នក​មិន​សន្តាស ​នេះ​ជា​ធម៌​របស់​អ្នក​ស្ងាត់ ​នេះ​មិន​មែន​ជា​ធម៌​របស់​អ្នក​ត្រេកអរ ​ក្នុង​ការ​ច្រឡូកច្រឡំ​ដោយ​ពួក នេះ​ជា​ធម៌​របស់​អ្នក​ប្រារព្ធ​ព្យាយាម ​នេះ​មិន​មែន​ជា​ធម៌​របស់​អ្នក​ខ្ជិល​ច្រអូស ​នេះ​ជា​ធម៌​របស់​អ្នក​មាន​ស្មារតី​ខ្ជាប់ខ្ជួន ​នេះ​មិន​មែន​ជា​ធម៌​របស់​អ្នក​ភ្លេច​ស្មារតី ​នេះ​ជា​ធម៌​របស់​អ្នក​មាន​ចិត្ត​តាំងមាំ ​នេះ​មិន​មែន​ជា​ធម៌​របស់​អ្នក​មាន​ចិត្ត​មិន​តាំងមាំ ​នេះ​ជា​ធម៌​របស់​អ្នក​មាន​ប្រាជ្ញា ​នេះ​មិន​មែន​ជា​ធម៌​របស់​អ្នក​ឥតប្រាជ្ញា ។ លំដាប់​នោះ​​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ជ្រាបច្បាស់​នូវ​សេចក្តី​ត្រិះរិះ​ក្នុង​ចិត្ត របស់​ព្រះ​អនុរុទ្ធ​ដ៏​មាន​អាយុ ​ដោយ​ព្រះ​ហឫទ័យ​នៃ​ព្រះ​អង្គ​ហើយ​ក៏បាត់​អំពី​ភេសកឡាវន ​ជា​ទី​ឲ្យ​នូវ​អភ័យ​ដល់​សត្វ​ម្រឹគ ជិត​ក្រុង​សុំសុមារគិរៈ ​ក្នុង​ភគ្គជនបទ ស្រាប់តែ​មកប្រាកដ ​ក្នុង​ទី​ចំពោះ​មុខ​នៃ​ព្រះ​អនុរុទ្ធ​ដ៏​មាន​អាយុ ​ក្នុង​បាចីន​វំសទាយវន ​ក្នុង​ដែន​ចេតី ​ព្រះ​អង្គ​ទ្រង់​គង់​លើអាសនៈ​ដែល​គេ​ក្រាល​ថ្វាយ​ដូច​ជា​បុរស​មាន​កំឡាំង លា​នូវ​ដៃ​ដែល​ខ្លួន​បត់​ចូល ឬ​បត់​ចូល​នូវ​ដៃ ដែល​ខ្លួន​លាចេញ ដូច្នោះ​ឯង​។ ​ព្រះ​អនុរុទ្ធ​ដ៏​មាន​អាយុ ​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ ។ ​លុះ​ព្រះ​អនុរុទ្ធ​ដ៏​មាន​អាយុ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​យ៉ាង​នេះ​ថា ម្នាល​អនុរុទ្ធ ប្រពៃ​ហើយ​ៗ ​ម្នាល​អនុរុទ្ធ ​អ្នក​បាន​ត្រិះរិះ​នូវ​មហាបុរិសវិតក្កៈ​ប្រពៃ​ហើយ​ថា នេះ​ជា​ធម៌​របស់​អ្នក​ប្រាថ្នា​តិច ​នេះ​មិន​មែន​ជា​ធម៌​របស់​អ្នក​ប្រាថ្នា​ច្រើន ​នេះ​ជា​ធម៌​របស់​អ្នក​សន្តោស ​នេះ​មិន​មែន​ជា​ធម៌​របស់​អ្នក​មិន​សន្តោស ​នេះ​ជា​ធម៌​របស់​អ្នក​ស្ងាត់ ​នេះ​មិន​មែន​ជា​ធម៌​របស់​អ្នក​ត្រេកអរ ​ក្នុង​ការនៅ​ច្រឡូក​ប្រឡំ​ដោយ​ពួក នេះ​ជា​ធម៌​របស់​អ្នក​ប្រារព្ធ​ព្យាយាម ​នេះ​មិន​មែន​ជា​ធម៌ ​របស់​អ្នក​ខ្ជិល​ច្រអូស ​នេះ​ជា​ធម៌​របស់​អ្នក​មាន​ស្មារតី​ខ្ជាប់ខ្ជួន ​នេះ​មិន​មែន​ជា​ធម៌​របស់​អ្នក​ភ្លេច​ស្មារតី ​នេះ​ជា​ធម៌​របស់​អ្នក​មាន​ចិត្ត​តាំងមាំ ​នេះ​មិន​មែន​ជា​ធម៌​របស់​អ្នក​មាន​ចិត្ត​មិន​តាំងមាំ ​នេះ​ជា​ធម៌​របស់​អ្នក​មាន​ប្រាជ្ញា ​នេះ​មិន​មែន​ជា​ធម៌​របស់​អ្នក​ឥតប្រាជ្ញា ។ ​ម្នាល​អនុរុទ្ធ បើដូច្នោះ ​អ្នក​ត្រិះរិះ​នូវ​មហាបុរិសវិតក្កៈ ទី៨ ​នេះ​ថា នេះ​ជា​ធម៌​របស់​អ្នក​មាន​និប្បបញ្ចធម៌ ​គឺ​ព្រះ​និព្វាន ​ជា​ទីត្រេកអរ ​អ្នក​ត្រេកអរ​ក្នុង​និប្បបញ្ចធម៌ ​នេះ​មិន​មែន​ជា​ធម៌​របស់​អ្នក​មាន​បបញ្ចធម៌ [តណ្ហា ទិដ្ឋិ មានះ ។ អដ្ឋក​ថា​។] ​ជា​ទី​ត្រេកអរ ​អ្នក​ត្រេកអរ​ក្នុង​បបញ្ចធម៌ ។ ​ម្នាល​អនុរុទ្ធ ​កាល​ណា​អ្នក​នឹង​ត្រិះរិះ ​នូវ​មហាបុរិសវិតក្កៈ ​ទាំង​៨ ​នេះ ម្នាល​អនុរុទ្ធ ​កាល​នោះ អ្នក​នឹង​ប្រាថ្នា​ដរាបណា ​អ្នក​នឹង​ស្ងាត់​ចាក​កាម​ទាំង​ឡាយ ស្ងាត់​ចាក​អកុសលធម៌​ទាំង​ឡាយ ​ដល់​បឋមជ្ឈាន ​ប្រកប​ដោយ​វិតក្កៈ ​និង​វិចារៈ ​មាន​បីតិ ​និង​សុខ កើត​អំពី​សេចក្តី​ស្ងប់ស្ងាត់​ដរាប​នោះ​។ ​ម្នាល​អនុរុទ្ធ ​កាល​ណា​អ្នក​នឹង​ត្រិះរិះ ​នូវ​មហាបុរិសវិតក្កៈ​ទាំង​៨ ​នេះ ម្នាល​អនុរុទ្ធ ​កាល​នោះ អ្នក​នឹង​ប្រាថ្នា​ដរាបណា ព្រោះ​រម្ងាប់​នូវ​វិតក្កៈ ​និង​វិចារៈ ​អ្នក​នឹង​ដល់​នូវ​ទុតិយជ្ឈាន ​ជា​ធម្ម​ជា​ត កើត​មាន​ក្នុង​សន្តាន​នៃ​ខ្លួន ​ប្រកប​ដោយ​សេចក្តី​ជ្រះថ្លា ​គឺ​សទ្ធា ​មាន​សភាព​ជា​ចិត្ត​ខ្ពស់ឯក ​មិន​មាន​វិតក្កៈ ​មិន​មាន​វិចារៈ ​មាន​តែ​បីតិ ​និង​សុខ ​ដែល​កើត​អំពី​សមាធិ ​គឺ​បឋមជ្ឈាន (ដរាប​នោះ​) ។ ​ម្នាល​អនុរុទ្ធ ​កាល​ណា​អ្នក​ត្រិះរិះ​នូវ​មហាបុរិសវិតក្កៈ​ទាំង​៨ ​នេះ ម្នាល​អនុរុទ្ធ ​កាល​នោះ អ្នក​នឹង​ប្រាថ្នា ដរាបណា ​អ្នក​នឹង​ប្រកប​ដោយ​ឧបេក្ខា ព្រោះ​មាន​ចិត្ត​នឿយណាយ ​ចាក​បីតិ ​មាន​ស្មារតី ដឹង​ខ្លួន សោយ​នូវ​សេចក្តី​សុខ ​ដោយ​នាមកាយ ​ព្រះ​អរិយៈ​ទាំង​ឡាយ តែង​សរសើរ​នូវ​បុគ្គល ​ដែល​បាន​តតិយជ្ឈាន​នោះ​ថា​បុគ្គល​នេះ ប្រកប​ដោយ​ឧបេក្ខា ​មាន​ស្មារតី ​មាន​ធម៌​ជា​គ្រឿងនៅ​ជា​សុខ​ដូច្នេះ ព្រោះ​តតិយជ្ឈាន​ណា ​អ្នក​នឹង​ដល់​នូវ​តតិយជ្ឈាន​នោះ​(ដរាប​នោះ​) ។ ​ម្នាល​អនុរុទ្ធ ​កាល​ណា ​អ្នក​នឹង​ត្រិះរិះ​នូវ​មហាបុរិសវិតក្កៈ​ទាំង​៨ ​នេះ ម្នាល​អនុរុទ្ធ ​កាល​នោះ អ្នក​នឹង​ប្រាថ្នា ដរាបណា ​អ្នក​នឹង​ដល់​នូវ​ចតុត្ថជ្ឈាន ​ជា​ធម្ម​ជា​ត ​មាន​អារម្មណ៍​មិន​មែន​ជា​ទុក្ខ ​មិន​មែន​ជា​សុខ ​គឺ​ឧបេក្ខា ​មាន​សតិ​ដ៏​បរិសុទ្ធ​ដោយ​ឧបេក្ខា ព្រោះ​លះបង់​នូវ​សុខ​ផង​លះបង់​នូវ​ទុក្ខ​ផង អស់​ទៅ​នៃ​សោមនស្ស ​និង​ទោមនស្ស​ផង​(ដរាប​នោះ​) ។ ​ម្នាល​អនុរុទ្ធ ​កាល​ណា ​អ្នក​នឹង​ត្រិះរិះ​នូវ​មហាបុរិសវិតក្កៈ​ទាំង​៨ ​នេះ​ផង ជា​អ្នក​បាន​តាម​ប្រាថ្នា ​បាន​មិន​លំបាក ​បាន​ដោយ​ងាយ ​នូវ​ឈាន​ទាំង​៤ ​នេះ​ប្រព្រឹត្ត​ទៅ​ក្នុង​ចិត្ត​ដ៏​ថ្លៃថ្លា ជា​គ្រឿង​នៅ​ជា​សុខ​ក្នុង​បច្ចុប្បន្ន​ផង ម្នាល​អនុរុទ្ធ ដូច​ជា​ទូ​សម្រាប់​ដាក់សំពត់​ដ៏​ពេញ​ដោយ​សំពត់​ទាំង​ឡាយ ​ដែល​គេជ្រលក់​ដោយ​ពណ៌​ផ្សេងៗ ​របស់​គហបតី ​ឬ​គហបតិបុត្ត យ៉ាងណាមិញ បំសុកូល​ចីវរ ក៏​នឹង​ប្រាកដ​ដល់​អ្នក​ដែល​សន្តោស ដើម្បី​សេចក្តី​ត្រេកអរ ដើម្បី​មិន​តក់​ស្លុត ដើម្បី​នៅសប្បាយ ដើម្បីចុះ​កាន់​ព្រះ​និព្វាន ​ក្នុង​កាល​នោះ​ក៏យ៉ាង​នោះ​ដែរ​។ ​ម្នាល​អនុរុទ្ធ ​កាល​ណា​អ្នក​នឹង​ត្រិះរិះ​នូវ​មហា​បុរិសវិតក្កៈ​ទាំង​៨ ​នេះ​ផង ជា​អ្នក​បាន​តាម​ប្រាថ្នា ​បាន​មិន​លំបាក ​បាន​ដោយ​ងាយ​នូវ​ឈាន​ទាំង​៤ ​នេះ​ប្រព្រឹត្ត​ទៅ​ក្នុង​ចិត្ត​ដ៏​ថ្លៃថ្លា​ជា​គ្រឿង​នៅ​ជា​សុខ ​ក្នុង​បច្ចុប្បន្ន​ផង ម្នាល​អនុរុទ្ធ ដូច​ជា​បាយ​នៃ​ស្រូវ​សាលី​របស់​គហបតី ​ឬ​គហបតិបុត្ត ​ដែល​ប្រាស​ចាក​ពណ៌​ខ្មៅ ​មាន​សម្លច្រើន​មុខ ​មាន​ម្ហូប​ក្រៀម​ច្រើនមុខ យ៉ាង​ណា​មិញ ភោជន​ជា​ដុំ ​ជា​ពំនូត ​នឹង​ប្រាកដ​ដល់​អ្នក​ដែល​សន្តោស ដើម្បី​សេចក្តី​ត្រេកអរ ដើម្បី​មិន​តក់ស្លុត ដើម្បី​នៅ​សប្បាយ ដើម្បី​ចុះកាន់​ព្រះ​និព្វាន ​ក្នុង​កាល​នោះ​យ៉ាង​នោះ​ដែរ​។ ​ម្នាល​អនុរុទ្ធ ​កាល​ណា​អ្នក​នឹង​ត្រិះរិះ​នូវ​មហាបុរិសវិតក្កៈ​ទាំង​៨ ​នេះ​ផង ជា​អ្នក​បាន​តាម​ប្រាថ្នា ​បាន​មិន​លំបាក ​បាន​ដោយ​ងាយ​នូវ​ឈាន​ទាំង​៤ ​នេះ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ចិត្ត​ដ៏​ថ្លៃថ្លា ​ជា​គ្រឿង​នៅសប្បាយ ​ក្នុង​បច្ចុប្បន្ន​ផង ម្នាល​អនុរុទ្ធ ដូច​ជា​ផ្ទះ​កំពូល ​របស់​គហបតី ​ឬ​គហបតិបុត្ត ​ដែល​គេលាប​ខាង​ក្នុង និង​ខាងក្រៅ ​មិន​មាន​ខ្យល់ (ចេញ​ចូល​) ​មាន​គន្លឹះ​ដ៏​ជិត​ស្និទ្ធ ​មាន​បង្អួច​បិទ​ហើយ​យ៉ាង​ណាមិញ រុក្ខមូល​សេនាសនៈ ក៏​នឹង​ប្រាកដ​ដល់​អ្នក​ដែល​សន្តោស ដើម្បី​សេចក្តី​ត្រេកអរ ដើម្បី​មិន​តក់ស្លុត ដើម្បី​នៅ​សប្បាយ ដើម្បី​ចុះកាន់​ព្រះ​និព្វាន ​ក្នុង​កាល​នោះ​ក៏​យ៉ាង​នោះ​ដែរ​។ ​ម្នាល​អនុរុទ្ធ ​កាល​ណា​អ្នក​នឹង​ត្រិះរិះ​នូវ​មហា​បុរិស​វិតក្កៈ​ទាំង​៨ ​នេះ​ផង ជា​អ្នក​បាន​តាម​ប្រាថ្នា ​បាន​មិន​លំបាក ​បាន​ដោយ​ងាយ ​នូវ​ឈាន​ទាំង​៤ ​នេះ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ចិត្ត​ដ៏​ថ្លៃថ្លា ​ជា​គ្រឿង​នៅ​ជា​សុខ​ក្នុង​បច្ចុប្បន្ន​ផង ម្នាល​អនុរុទ្ធ ដូច​ជា​បល្លង្ក (គ្រែ​ដែល​មាន​ជើងខ្ពស់ វិចិត្រ​ដោយ​រូប​សត្វ​សាហាវ) ​របស់​គហបតី ​ឬ​គហបតិបុត្ត ​ដែល​ក្រាល​ដោយ​ព្រំ ​មាន​រោមវែង​ជា​ង ៤ ធ្នាប់ ​ដែល​ក្រាល​ដោយ​កម្រាល​មាន​ពណ៌​ស ​ដែល​ធ្វើ​ដោយ​រោម​សត្វ ដែល​ក្រាល​ដោយ​កម្រាល​ធ្វើ​ដោយ​រោម​សត្វ ជា​ផ្កា​ចង្កោម ​មាន​កម្រាល​ដ៏​ឧត្តម ​ដែល​គេ​ធ្វើ​ដោយ​ស្បែក​សត្វ​ឈ្មុស ​មាន​ខ្នើយ​មាន​ពណ៌​ក្រហម​ទាំង​ពីរខាង ​គឺ​ខ្នើយក្បាល ​និង​ខ្នើយ​ជើង ព្រម​ទាំង​ពិដាន​មាន​ពណ៌​ក្រហម​ពីខាងលើ យ៉ាងណាមិញ ទីដេក ​និង​ទី​អង្គុយ ដែល​ធ្វើ​ដោយ​កម្រាល​ស្មៅ ក៏​នឹង​ប្រាកដ​ដល់​អ្នក​ដែល​សន្តោស ដើម្បី​សេចក្តី​ត្រេកអរ ដើម្បី​មិន​តក់ស្លុត ដើម្បីនៅ​សប្បាយ ដើម្បីចុះកាន់​ព្រះ​និព្វាន ​ក្នុង​កាល​នោះ​ក៏យ៉ាង​នោះ​ដែរ​។​ម្នាល​អនុរុទ្ធ ​កាល​ណា​អ្នក​នឹង​ត្រិះរិះ​នូវ​មហា​បុរិសវិតក្កៈ​ទាំង​៨ ​នេះ​ផង ជា​អ្នក​បាន​តាម​ប្រាថ្នា ​បាន​មិន​លំបាក ​បាន​ដោយ​ងាយ ​នូវ​ឈាន​ទាំង​៤ ​នេះ​ប្រព្រឹត្ត​ទៅ​ក្នុង​ចិត្ត​ដ៏​ថ្លៃថ្លា​ជា​គ្រឿង​នៅ​ជា​សុខ ​ក្នុង​បច្ចុប្បន្ន​ផង ម្នាល​អនុរុទ្ធ ដូច​ជា​ភេសជ្ជៈផ្សេង ៗ ​គឺ​ទឹក​ដោះថ្លា ​ទឹក​ដោះ​ខាប់ ប្រេង ​ទឹក​ឃ្មុំ ​ទឹក​អំពៅ ​របស់​គហបតី ​ឬ​គហបតិបុត្ត យ៉ាងណា​មិញ ថ្នាំ​ដែល​ត្រាំ​ដោយ​ទឹក​មូត្រ​ស្អុយ ​នឹង​ប្រាកដ​ដល់​អ្នក​ដែល​សន្តោស ដើម្បី​សេចក្តី​ត្រេកអរ ដើម្បី​មិន​តក់​ស្លុត ដើម្បីនៅ​សប្បាយ ដើម្បីចុះកាន់​ព្រះ​និព្វាន ​ក្នុង​កាល​នោះ​ក៏​យ៉ាង​នោះ​ដែរ​។ ​ម្នាល​អនុរុទ្ធ បើដូច្នោះ ​អ្នក​គប្បី​នៅ​ចាំវស្សា​ត​ទៅ​ទៀត ​ក្នុង​បាចីនវំសទាយវន ជិត​ដែន​ចេតី​នេះ​ចុះ ។ ​ព្រះ​អនុរុទ្ធ​ដ៏​មាន​អាយុ ​ទទួល​ស្តាប់​ព្រះ​ពុទ្ធ​ដីកា​ថា​​ព្រះ​ករុណា ​ព្រះ​អង្គ ។ គ្រា​នោះ​​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ទូន្មាន​ព្រះ​អនុរុទ្ធ​ដ៏​មាន​អាយុ ​ដោយ​ឱវាទ​នេះ​ហើយ​ក៏បាត់​អំពី​បាចីនវំសទាយវន ​ក្នុង​ដែន​ចេតី មកប្រាកដ​ក្នុង​ភេសកឡាវន ​ជា​ទី​ឲ្យ​នូវ​អភ័យ​ដល់​ពួក​សត្វ​ម្រឹគ ជិត​ក្រុង​សុំសុមារគិរៈ ​ក្នុង​ភគ្គជនបទ ​ព្រះ​អង្គ​គង់​លើ​អាសនៈ ​ដែល​គេ​ក្រាល​ថ្វាយ​ដូច​ជា​បុរស​មាន​កំឡាំង លា​ដៃ​ដែល​ខ្លួន​បត់​ចូល ឬ​បត់​ចូល​នូវ​ដៃ ដែល​ខ្លួន​លាចេញ​ដូច្នោះ​ឯង​។ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​គង់​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំង​ឡាយ​មក​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ​តថាគត នឹង​សំដែង​នូវ​មហាបុរិសវិតក្កៈ ៨ យ៉ាង​ដល់​អ្នក​ទាំង​ឡាយ ​អ្នក​ទាំង​ឡាយ ​ចូរ​ស្តាប់​នូវ​ពាក្យ​នោះ​ចុះ ។បេ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​មហាបុរិសវិតក្កៈ ៨ យ៉ាង​តើ​អ្វីខ្លះ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ធម៌​របស់​អ្នក​ប្រាថ្នាតិច ​នេះ​មិន​មែន​ជា​ធម៌​របស់​អ្នក​ប្រាថ្នា​ច្រើន ១ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ធម៌​របស់​អ្នក​មាន​សេចក្តី​សន្តោស ​នេះ​មិន​មែន​ជា​ធម៌​របស់​អ្នក​មិន​មាន​សេចក្តី​សន្តោស ១ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ធម៌​របស់​អ្នក​ស្ងាត់ ​នេះ​មិន​មែន​ជា​ធម៌​របស់​អ្នក​ត្រេកអរ​ដោយ​ពួក​១ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ធម៌​របស់​អ្នក​ប្រារព្ធ​សេចក្តី​ព្យាយាម ​នេះ​មិន​មែន​ជា​ធម៌​របស់​អ្នក​ខ្ជិលច្រអូស ១ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ធម៌​របស់​អ្នក​មាន​ស្មារតី​ខ្ជាប់ខ្លួន ​នេះ​មិន​មែន​ជា​ធម៌​របស់​អ្នក​ភ្លេច​ស្មារតី ១ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ធម៌​របស់​អ្នក​មាន​ចិត្ត​តាំងមាំ ​នេះ​មិន​មែន​ជា​ធម៌​របស់​អ្នក​មាន​ចិត្ត​មិន​តាំងមាំ ១ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ​នេះ​ជា​ធម៌​របស់​អ្នក​មាន​ប្រាជ្ញា នេះ​មិន​មែន​ជា​ធម៌​របស់​អ្នក​ឥតប្រាជ្ញា ១ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ធម៌​របស់​អ្នក​មាន​និប្បបញ្ចធម៌ ​គឺ​ព្រះ​និព្វាន ​ជា​ទី​ត្រេកអរ ​អ្នក​ត្រេកអរ​ក្នុង​និប្បបញ្ចធម៌ ​នេះ​មិន​មែន​ជា​ធម៌​របស់​អ្នក​មាន​បបញ្ចធម៌​ជា​ទី​ត្រេកអរ ​អ្នក​ត្រេកអរ​ក្នុង​បបញ្ចធម៌ ១ ។

ឯ​ពាក្យ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ​នេះ​ជា​ធម៌​របស់​អ្នក​ប្រាថ្នាតិច ​នេះ​មិន​មែន​ជា​ធម៌​របស់​អ្នក​ប្រាថ្នាច្រើន ដូច្នេះ​នេះ ដែល​តថាគត​ពោល​ហើយ ពាក្យ​នុ៎ះ​ដែល​តថាគត​ពោល​ហើយ តើ​ព្រោះ​អាស្រ័យ​ហេតុ​ដូចម្តេច ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​ប្រាថ្នាតិច រមែង​មិន​ប្រាថ្នា​ថា ពួក​ជន ​គប្បី​ដឹង​នូវ​អាត្មា​អញ ថា​ជា​អ្នក​ប្រាថ្នា​តិច ដូច្នេះ ​ជា​អ្នក​មាន​សេចក្តី​សន្តោស រមែង​មិន​ប្រាថ្នា​ថា ពួក​ជន ​គប្បី​ដឹង​នូវ​អាត្មា​អញ​ថា ជា​អ្នក​មាន​សេចក្តី​សន្តោស ដូច្នេះ ​ជា​អ្នក​ស្ងាត់ រមែង​មិន​ប្រាថ្នា​ថា ពួក​ជន​គប្បី​ដឹង​នូវ​អាត្មា​អញ ថា​ជា​អ្នក​ស្ងាត់ ដូច្នេះ ​ជា​អ្នក​ប្រារព្ធ​សេចក្តី​ព្យាយាម រមែង​មិន​ប្រាថ្នា​ថា ពួក​ជន ​គប្បី​ដឹង​នូវ​អាត្មា​អញ ថា​ជា​អ្នក​ប្រារព្ធ​សេចក្តី​ព្យាយាម ដូច្នេះ ​ជា​អ្នក​មាន​ស្មារតី​ខ្ជាប់ខ្ជួន រមែង​មិន​ប្រាថ្នា​ថា ពួក​ជន ​គប្បី​ដឹង​នូវ​អាត្មា​អញ ថា​ជា​អ្នក​មាន​ស្មារតី​ខ្ជាប់ខ្ជួនដូច្នេះ ​ជា​អ្នក​មាន​ចិត្ត​តាំងមាំ រមែង​មិន​ប្រាថ្នា​ថា ពួក​ជន ​គប្បី​ដឹង​នូវ​អាត្មា​អញ ថា​ជា​អ្នក​មាន​ចិត្ត​តាំងមាំ ដូច្នេះ ​ជា​អ្នក​មាន​ប្រាជ្ញា រមែង​មិន​ប្រាថ្នា​ថា ពួក​ជន ​គប្បី​ដឹង​នូវ​អាត្មា​អញ ថា​ជា​អ្នក​មាន​ប្រាជ្ញា ដូច្នេះ ​ជា​អ្នក​មាន​និប្បបញ្ចធម៌ ​ជា​ទីត្រេកអរ រមែង​មិន​ប្រាថ្នា​ថា ពួក​ជន ​គប្បី​ដឹង​នូវ​អាត្មា​អញ ថា​ជា​អ្នក​មាន​និប្បបញ្ចធម៌ ​ជា​ទីត្រេកអរ ដូច្នេះ ។ ​ពាក្យ​ណា​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ធម៌​របស់​អ្នក​ប្រាថ្នាតិច ​នេះ​មិន​មែន​ជា​ធម៌​របស់​អ្នក​ប្រាថ្នា​ច្រើន​ដូច្នេះ ​ដែល​តថាគត​ពោល​ហើយ ពាក្យ​នុ៎ះ ​តថាគត​ពោល​ហើយ​ព្រោះ​អាស្រ័យ​ហេតុ​នេះ​។

ពាក្យ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ធម៌​របស់​អ្នក​មាន​សេចក្តី​សន្តោស ​នេះ​មិន​មែន​ជា​ធម៌​របស់​អ្នក​មិន​មាន​សេចក្តី​សន្តោស ដូច្នេះ​នេះ ដែល​តថាគត​ពោល​ហើយ ពាក្យ​នុ៎ះ ​ដែល​តថាគត​ពោល​ហើយ តើ​ព្រោះអាស្រ័យ​ហេតុដូចម្តេច ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​សន្តោស​ដោយ​ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ​តាម​មាន តាម​បាន ពាក្យ​ណា​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ធម៌​របស់​អ្នក​មាន​សេចក្តី​សន្តោស ​នេះ​មិន​មែន​ជា​ធម៌​របស់​អ្នក​មិន​មាន​សេចក្តី​សន្តោស ដូច្នេះ ​ដែល​តថាគត​ពោល​ហើយ ពាក្យ​នុ៎ះ ​តថាគត​ពោល​ហើយ​ព្រោះ​អាស្រ័យ​ហេតុ​នេះ​។

ពាក្យ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ធម៌​របស់​អ្នក​ស្ងាត់ ​នេះ​មិន​មែន​ជា​ធម៌​របស់​អ្នក​ត្រេកអរ​ដោយ​ពួក​ដូច្នេះ​នេះ ដែល​តថាគត​ពោល​ហើយ ពាក្យ​នុ៎ះ ​តថាគត​ពោល​ហើយ តើ​ព្រោះ​អាស្រ័យ​ហេតុដូចម្តេច ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​ស្ងប់ស្ងាត់ នៅ​មាន​ពួក​ភិក្ខុ ភិក្ខុ​នី ឧបាសក ឧបាសិកា ​ព្រះ​រា​ជា​មហាមាត្យ​របស់​ព្រះ​រា​ជា​តិរិ្ថយ ​និង​សាវក​របស់​តិរ្ថិយ រមែង​ចូល​ទៅ​រក​ភិក្ខុ​នោះ​។ ​ក្នុង​ទី​នោះ ភិក្ខុ​មាន​ចិត្ត​ឱន​ទៅ​រក​វិវេក ឈាន​ទៅ​រកវិវេក បែរ​ទៅ​រកវិវេក តម្កល់​នៅ​ក្នុង​វិវេក ត្រេកអរ​ចំពោះ​ក្នុង​ការ​ចេញ​ចាក​កាម ​ជា​អ្នក​ធ្វើ​តាម​នូវ​ពាក្យ ដែល​ប្រកប​ចំពោះ​ដោយ​ពាក្យ ដែល​គួរ​បញ្ជូន​ទៅ​ដោយ​ពិត ​ពាក្យ​ណា​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ធម៌​របស់​អ្នក​ស្ងាត់ ​នេះ​មិន​មែន​ជា​ធម៌​របស់​អ្នក​ត្រេកអរ​ដោយ​ពួក​ដូច្នេះ ​ដែល​តថាគត​ពោល​ហើយ ពាក្យ​នុ៎ះ ​តថាគត​ពោល​ហើយ​ព្រោះ​អាស្រ័យ​ហេតុ​នេះ​។

ពាក្យ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ធម៌​របស់​អ្នក​ប្រារព្ធ​ព្យាយាម ​នេះ​មិន​មែន​ជា​ធម៌​របស់​អ្នក​ខ្ជិល​ច្រអូស ​ដូច្នេះ​នេះ ដែល​តថាគត​ពោល​ហើយ ពាក្យ​នុ៎ះ​តថាគត​ពោល​ហើយ តើ​ព្រោះអាស្រ័យ​ហេតុដូចម្តេច ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​ប្រារព្ធ​សេចក្តី​ព្យាយាម ដើម្បីលះបង់​នូវ​ពួក​អកុសលធម៌ ដើម្បី​ញុំាង​ពួក​កុសលធម៌​ឲ្យ​កើត​ឡើង ​ជា​អ្នក​មាន​កំឡាំង ​មាន​សេចក្តី​ប្រឹងប្រែងមាំ ​មិន​ទំលាក់​ធុរៈ​ចោល​ក្នុង​កុសលធម៌​ទាំង​ឡាយ ​ពាក្យ​ណា​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ធម៌​របស់​អ្នក​ប្រារព្ធ​ព្យាយាម ​នេះ​មិន​មែន​ជា​ធម៌​របស់​អ្នក​ខ្ជិលច្រអូស ដូច្នេះ ​ដែល​តថាគត​ពោល​ហើយ ពាក្យ​នុ៎ះ ​តថាគត​ពោល​ហើយ​ព្រោះអាស្រ័យ​ហេតុ​នេះ​។

ពាក្យ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ធម៌​របស់​អ្នក​មាន​ស្មារតី​ខ្ជាប់ខ្ជួន ​នេះ​មិន​មែន​ជា​ធម៌​របស់​អ្នក​ភ្លេច​ស្មារតី​ដូច្នេះ​នេះ ដែល​តថាគត​ពោល​ហើយ ពាក្យ​នុ៎ះ តថាគត​ពោល​ហើយ តើ​ព្រោះ​អាស្រ័យ​ហេតុ​ដូចម្តេច ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​មាន​ស្មារតី ​ប្រកប​ដោយ​ស្មារតី ​និង​ភាព​ជា​អ្នក​មាន​ប្រាជ្ញា​ចាស់ក្លា​ដ៏​ខ្ពង់ខ្ពស់ នឹក​ឃើញ រឭក​បាន​រឿយ ៗ ​នូវ​អំពើ​ដែល​ធ្វើរួច​យូរ​ហើយ​ផង នូវ​សម្តី​ដែល​និយាយ​រួច​យូរ​ហើយ​ផង ពាក្យ​ណា​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ធម៌​របស់​អ្នក​មាន​ស្មារតី​ខ្ជាប់ខ្ជួន ​នេះ​មិន​មែន​ជា​ធម៌​របស់​អ្នក​ភ្លេច​ស្មារតី ដូច្នេះ ​ដែល​តថាគត​ពោល​ហើយ ពាក្យ​នុ៎ះ ​តថាគត​ពោល​ហើយ​ព្រោះ​អាស្រ័យ​ហេតុ​នេះ​។

ពាក្យ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ធម៌​របស់​អ្នក​មាន​ចិត្ត​តាំងមាំ ​នេះ​មិន​មែន​ជា​ធម៌​របស់​អ្នក​មាន​ចិត្ត​មិន​តាំងមាំ ដូច្នេះ​នេះ ដែល​តថាគត​ពោល​ហើយ ពាក្យ​នុ៎ះ ​តថាគត​ពោល​ហើយ តើ​ព្រោះ​អាស្រ័យ​ហេតុដូចម្តេច ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ស្ងប់ស្ងាត់​ចាក​កាម​ទាំង​ឡាយ ។បេ។ ​ដល់​នូវ​ចតុត្ថជ្ឈាន ​ពាក្យ​ណា​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ធម៌​របស់​អ្នក​មាន​ចិត្ត​តាំងមាំ ​នេះ​មិន​មែន​ជា​ធម៌​របស់​អ្នក​មាន​ចិត្ត​មិន​តាំងមាំ​ដូច្នេះ ​ដែល​តថាគត​ពោល​ហើយ ពាក្យ​នុ៎ះ ​តថាគត​ពោល​ហើយ​ព្រោះអាស្រ័យ​ហេតុ​នេះ​។

ពាក្យ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ធម៌ ​របស់​អ្នក​មាន​ប្រាជ្ញា ​នេះ​មិន​មែន​ជា​ធម៌​របស់​អ្នក​ឥតប្រាជ្ញា ដូច្នេះ​នេះ ដែល​តថាគត​ពោល​ហើយ ពាក្យ​នុ៎ះ ​តថាគត​ពោល​ហើយ តើ​ព្រោះអាស្រ័យ​ហេតុដូចម្តេច ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​មាន​ប្រាជ្ញា ​ប្រកប​ដោយ​ប្រាជ្ញា ​ជា​ដំណើរ​ទៅ​កាន់​សេចក្តី​ចម្រើន និង​សេចក្តី​វិនាស ជា​ប្រាជ្ញា​ដ៏​ប្រសើរ ​ជា​គ្រឿង​ត្រាស់​ដឹង ជា​ដំណើរ​ទៅ​កាន់​ការ​អស់​ទៅ​នៃ​ទុក្ខ​ដោយ​ប្រពៃ ​ពាក្យ​ណា​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ធម៌​របស់​អ្នក​មាន​ប្រាជ្ញា ​នេះ​មិន​មែន​ជា​ធម៌ ​របស់​អ្នក​ឥត​ប្រាជ្ញា​ដូច្នេះ ​ដែល​តថាគត​ពោល​ហើយ ពាក្យ​នុ៎ះ ​តថាគត​ពោល​ហើយ​ព្រោះ​អាស្រ័យ​ហេតុ​នេះ​។

ពាក្យ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ធម៌​របស់​អ្នក​មាន​និប្បបញ្ចធម៌​ជា​ទី​ត្រេកអរ ​អ្នក​ត្រេកអរ​ក្នុង​និប្បបញ្ចធម៌ ​នេះ​មិន​មែន​ជា​ធម៌​របស់​អ្នក​មាន​បបញ្ចធម៌​ជា​ទី​ត្រេកអរ ​អ្នក​ត្រេកអរ ​ក្នុង​បបញ្ចធម៌ ដូច្នេះ​នេះ ដែល​តថាគត​ពោល​ហើយ ពាក្យ​នុ៎ះ ​តថាគត​ពោល​ហើយ តើ​ព្រោះ​អាស្រ័យ​ហេតុដូចម្តេច ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ចិត្ត​របស់​ភិក្ខុ​ក្នុង​សាសនា​នេះ​រមែងស្ទុះ​ទៅ​រមែងជ្រះថ្លា រមែង​តាំងនៅ រមែងបង្អោន​ទៅ ក្នុង​កិរិយារលត់​នៃ​បបញ្ចធម៌ ​គឺ​ព្រះ​និព្វាន ​ពាក្យ​ណា​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ធម៌​របស់​អ្នក​មាន​និប្បបញ្ចធម៌ ​ជា​ទី​ត្រេកអរ ​អ្នក​ត្រេកអរ​ក្នុង​និប្បបញ្ចធម៌ ​នេះ​មិន​មែន​ជា​ធម៌​របស់​អ្នក​មាន​បបញ្ចធម៌​ជា​ទី​ត្រេកអរ ​អ្នក​ត្រេកអរ ​ក្នុង​បបញ្ចធម៌ ដូច្នេះ ​ដែល​តថាគត​ពោល​ហើយ ពាក្យ​នុ៎ះ ​តថាគត​ពោល​ហើយ​ព្រោះអាស្រ័យ​ហេតុ​នេះ​។

គ្រា​នោះ​​ព្រះ​អនុរុទ្ធ​ដ៏​មាន​អាយុ ក៏នៅចាំ​វស្សា​ត​ទៅ ក្នុង​បាចីនវំសទាយវន ​ក្នុង​ដែន​ចេតី​នោះ​ឯង​។ លំដាប់​នោះ​​ព្រះ​អនុរុទ្ធ​ដ៏​មាន​អាយុ តែម្នាក់​ឯង​ចៀសចេញ​ចាក​ពួក មិន​មាន​សេចក្តី​ប្រមាទ ​មាន​ព្យាយាម​ដុត​កំដៅកិលេស ​មាន​ចិត្ត​បញ្ជូន​ទៅ​កាន់​ព្រះ​និព្វាន ​ពួក​កុលបុត្ត​ចេញ​ចាក​ផ្ទះ ចូល​កាន់​ផ្នួស​ដោយ​ប្រពៃ ដើម្បី​ប្រយោជន៍​ដល់​អនុត្តរ​ធម៌ណា ​មិន​យូរប៉ុន្មាន ​លោក​ក៏​បាន​ធ្វើ​ឲ្យ​ជា​ក់ច្បាស់ ​នូវ​អនុត្តរធម៌ ​ដែល​មាន​ព្រហ្មចរិយៈ​ជា​ទីបំផុត​នោះ ដោយ​បញ្ញា​ដ៏​ឧត្តម​របស់​ខ្លួន ក្នុង​បច្ចុប្បន្ន ក៏​ដឹង​ច្បាស់​ថា ជា​តិ​អស់​ហើយ​ព្រហ្មចរិយធម៌ ​បាន​នៅរួច​ហើយ​សោឡសកិច្ច ​បាន​ធ្វើ​រួច​ហើយ​មគ្គភាវនាកិច្ច​ដទៃ ប្រព្រឹត្ត​ទៅ​ដើម្បី​សោឡសកិច្ច​នេះ មិន​មាន​ទៀតឡើយ ​មាន​សេចក្តី​សរសើរ​ថា​បណ្តា​ព្រះ​អរហន្ត​ទាំង​ឡាយ ​ព្រះ​អនុរុទ្ធ​ដ៏​មាន​អាយុ ​ជា​ព្រះ​អរហន្ត​មួយ​អង្គ​ដែរ​។ ​លុះ​ព្រះ​អនុរុទ្ធ​ដ៏​មាន​អាយុ ​បាន​ដល់​ព្រះ​អរហត្ត​ហើយ បាន​ពោល​គា​ថា​ទាំង​ឡាយ​នេះ ក្នុង​វេលា​នោះ​ថា​

ព្រះ​សាស្តា ​ជា​បុគ្គលប្រសើរ​ក្នុង​លោក​​ព្រះ​អង្គ​ទ្រង់​ជ្រាបច្បាស់​នូវ​សេចក្តី​ត្រិះរិះ ​របស់​អាត្មា​អញ ទ្រង់​មាន​កាយ​សម្រេច​ដោយ​ចិត្ត ទ្រង់​ស្តេច​ចូល​មក​ដោយ​ឫទ្ធិ តម្រិះ​របស់​អាត្មា​អញ​កើត​មាន​យ៉ាងណា ​ព្រះ​អង្គ​ក៏​ទ្រង់​សំដែង​នូវ​ធម៌​ដ៏​លើសលុប​យ៉ាង​នោះ​​ព្រះ​ពុទ្ធ​ទ្រង់​ត្រេកអរ​ក្នុង​និប្បបញ្ចធម៌ ក៏​ទ្រង់​សំដែង​នូវ​និប្បបញ្ចធម៌ ​អាត្មា​អញ បាន​ដឹង​ច្បាស់​នូវ​ធម៌​របស់​ព្រះ​អង្គ ក៏ត្រេកអរ​ក្នុង​សាសនា​វិជ្ជា​ទាំង​៣ ​អាត្មា​អញ​ក៏​បាន​សម្រេច​ហើយ​សាសនា​របស់​ព្រះ​ពុទ្ធ ​អាត្មា​អញ​ក៏​បាន​ធ្វើ​ហើយ​។

ចប់ គហបតិវគ្គ ទី៣ ។

ឧទ្ទាន​នៃ​គហបតិវគ្គ​នោះ​គឺ​

និយាយ​អំពី​ឧគ្គគហបតី ពីរលើក ហត្ថកអាឡវក ពីរលើក សក្កមហានាម ១ ជីវកកោមារភត្យ ១ កំឡាំង ពីរលើក អក្ខណៈ ​ជា​គម្រប់​១០ ​នឹង​ព្រះ​អនុរុទ្ធ ។

ទានវគ្គកែប្រែ

បឋមទានសូត្រ ទី១កែប្រែ

[៣១] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ទាន​នេះ​មាន​ ៨ យ៉ាង ។ ទាន ៨ យ៉ាង ​តើ​ដូចម្តេចខ្លះ ។ ​គឺ​បុគ្គល​ឲ្យ​ទាន ព្រោះ​បាន​ចាត់ចែង​ទុកស្រេច ១ ​ឲ្យ​ទានព្រោះភ័យ ១ ​ឲ្យ​ទាន​ដោយ​គិត​ថា​ គេ​បាន​ឲ្យ​ដល់​អញ​ ១ ​ឲ្យ​ទាន​ដោយ​គិត​ថា​ គេ​នឹង​ឲ្យ​ដល់​អញ​វិញ ១ ​ឲ្យ​ទាន​ដោយ​គិត​ថា​ ទាន​ជា​ការប្រពៃ ១ ​ឲ្យ​ទាន​ដោយ​គិត​ថា អញ​ចំអិន បុគ្គល​ទាំង​ឡាយ​នេះ មិន​ទាន់​ចំអិន ​អញ​កាល​ចំអិន ​មិន​គួរ​ដើម្បី​មិន​ឲ្យ​ទាន​ដល់​បុគ្គល​មិន​ទាន់ចំអិន ១ ​ឲ្យ​ទាន​ដោយ​គិត​ថា កាល​បើ​អញ​ឲ្យ​នូវ​ទាន​នេះ​ កិត្តិស័ព្ទ​ដ៏​ពីរោះ រមែងខ្ចរខ្ចាយ​ទៅ​ ១ ​ឲ្យ​ទាន​ដើម្បី​ជា​គ្រឿង​ប្រដាប់​នៃ​ចិត្ត និង​ជា​បរិក្ខារ​នៃ​ចិត្ត​ ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ទាន​មាន​ ៨ យ៉ាង​នេះ​ឯង​ ។

ទុតិយទានសូត្រ ទី២កែប្រែ

[៣២] សទ្ធាទាន ហិរិទាន កុសលទាន ធម៌​ទាំង​នេះ ជា​ធម៌​តាំងនៅ​ក្នុង​ពួក​សប្បុរស សប្បុរស​ទាំង​ឡាយ តែង​ពោល​នូវ​ធម៌​នេះ ថា​ជា​ផ្លូវ​ទៅ​កាន់​ទេវ​លោក​ ព្រោះ​ថា​បុគ្គល​តែង​ទៅ​កាន់​ទេវ​លោក​បាន​ដោយ​ធម៌​នេះ​ ។

ទានវត្ថុសូត្រ ទី៣កែប្រែ

[៣៣] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ទានវត្ថុ​នេះ​មាន​ ៨ យ៉ាង ។ ទានវត្ថុ ៨ យ៉ាង ​តើ​ដូចម្តេច​ខ្លះ ។ ​គឺ​បុគ្គល​ឲ្យ​ទាន ព្រោះ​សេចក្តី​ស្រលាញ់ ១ ​ឲ្យ​ទាន​ព្រោះ​សេចក្តី​ខឹង ១ ​ឲ្យ​ទាន​ព្រោះ​សេចក្តី​ល្ងង់ ១ ​ឲ្យ​ទាន​ព្រោះ​សេចក្តី​ភ័យ ១ ​ឲ្យ​ទាន​ព្រោះគិត​ថា​ ជីដូន​ជីតា​ទាំង​ឡាយ (​របស់​អញ​) ធ្លាប់​ឲ្យ​ ធ្លាប់ធ្វើមក ​អញ​មិន​គួរ​ញុំាងវង្សត្រកូល​ពី​បូរាណនុ៎ះ​ឲ្យ​វិនាស​ ១ ​ឲ្យ​ទាន​ព្រោះគិត​ថា អញ​បាន​ឲ្យ​ទាន​នេះ លុះ​បែក​ធ្លាយរាង​កាយ​ស្លាប់​ទៅ នឹង​ទៅ​កើត​ក្នុង​សុគតិ សួគ៌ ទេវ​លោក​ ១ ​ឲ្យ​ទានព្រោះគិត​ថា កាល​អញ​ឲ្យ​ទាន​នេះ ចិត្ត​រមែង​ជ្រះថ្លា ​ទាំង​សេចក្តី​ពេញ​ចិត្ត និង​សោមនស្ស ក៏រមែងកើតឡើង ១ ​ឲ្យ​ទាន ដើម្បី​ជា​គ្រឿង​ប្រដាប់​នៃ​ចិត្ត និង​ជា​បរិក្ខារ​នៃ​ចិត្ត​ ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ទានវត្ថុ​មាន​ ៨យ៉ាង​នេះ​ឯង​ ។

ខេត្តសូត្រ ទី៤កែប្រែ

[៣៤] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ពូជ​ដែល​បុគ្គល​សាបព្រោះ​ក្នុង​ស្រែ​ប្រកប​ដោយ​អង្គ ៨ ​ជា​ពូជ​មិន​មាន​ផលច្រើន ​មិន​មាន​សេចក្តី​ត្រេកអរ​ច្រើន ​មិន​ចម្រើន​ ។ ស្រែ​ប្រកប​ដោយ​អង្គ ៨ ​តើ​ដូចម្តេច ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ស្រែ​ក្នុង​លោក​នេះ ជា​ស្រែ​មាន​ទីទួលខ្លះ ទីទំនាបខ្លះ ១ ​មាន​ថ្ម ​និង​ក្រួស ១ ​មាន​ទឹក​ប្រៃ ១ គន្លង​នង្គ័ល​មិន​ជ្រៅ ១ ​មិន​បរិបូណ៌​ដោយ​ផ្លូវ​ទឹក​សម្រាប់​បញ្ចូល ១ ​មិន​បរិបូណ៌​ដោយ​ផ្លូវ​ទឹក​សម្រាប់​បញ្ចេញ ១ ​មិន​បរិបូណ៌​ដោយ​ប្រឡាយ​ទឹក​ ១ ​មិន​បរិបូណ៌​ដោយ​ភ្លឺ ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ពូជ​ដែល​បុគ្គល​សាបព្រោះ​ក្នុង​ស្រែ​ប្រកប​ដោយ​អង្គ ៨ យ៉ាង​នេះ ជា​ពូជ​មិន​មាន​ផលច្រើន ​មិន​មាន​សេចក្តី​ត្រេកអរច្រើន ​មិន​ចម្រើន​ទេ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ទាន​ដែល​បុគ្គល​ឲ្យ ចំពោះ​ពួក​សមណព្រាហ្មណ៍ ​ដែល​ប្រកប​ដោយ​អង្គ ៨ ​ជា​ទាន​មិន​មាន​ផលច្រើន ​មិន​មាន​អានិសង្ស​ច្រើន ​មិន​មាន​សេចក្តី​រុងរឿង​ច្រើន ​មិន​ផ្សាយ​ទៅ​ច្រើន ក៏យ៉ាង​នោះ​ដែរ​ ។ សមណព្រាហ្មណ៍ ​ដែល​ប្រកប​ដោយ​អង្គ ៨ ​តើ​ដូចម្តេច​ខ្លះ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ពួក​សមណ​ព្រាហ្មណ៍​ក្នុង​លោក​នេះ ជា​អ្នក​យល់ឃើញ​ខុស ១ ត្រិះរិះ​ខុស ១ និយាយ​ខុស ១ ធ្វើការងារ​ខុស ១ ចិញ្ចឹម​ជីវិតខុស ១ ព្យាយាមខុស ១ នឹក​រលឹកខុស ១ តាំង​ចិត្ត​ខុស ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ទាន​ដែល​បុគ្គល​ឲ្យ ចំពោះ​សមណ​ព្រាហ្មណ៍ ​ដែល​ប្រកប​ដោយ​អង្គ ៨ យ៉ាង​នេះ ជា​ទាន​មិន​មាន​ផលច្រើន ​មិន​មាន​អានិសង្ស​ច្រើន ​មិន​មាន​សេចក្តី​រុងរឿង​ច្រើន ​មិន​ផ្សាយ​ទៅ​ច្រើន ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ ចំណែកខាងពូជ​ដែល​បុគ្គល​សាបព្រោះ ​ក្នុង​ស្រែ​ប្រកប​ដោយ​អង្គ ៨ ទើប​ជា​ពូជ​មាន​ផលច្រើន ​មាន​សេចក្តី​ត្រេកអរច្រើន ​មាន​សេចក្តី​ចម្រើន​ ។ ស្រែ​ប្រកប​ដោយ​អង្គ ៨ ​តើ​ដូចម្តេច​ខ្លះ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ស្រែ​ក្នុង​លោក​នេះ មិន​មាន​ទីទួលខ្លះ ​ឬ​ទីទំនាបខ្លះ ១ ​មិន​មាន​ថ្ម ​និង​ក្រួស ១ ​មិន​មាន​ទឹក​ប្រៃ ១ ​មាន​គន្លង​នង្គ័ល​ជ្រៅ ១ បរិបូណ៌​ដោយ​ផ្លូវ​ទឹក​សម្រាប់​បញ្ចូល ១ បរិបូណ៌​ដោយ​ផ្លូវ​ទឹក​សម្រាប់​បញ្ចេញ ១ បរិបូណ៌​ដោយ​ប្រឡាយ​ទឹក​ ១ បរិបូណ៌​ដោយ​ភ្លឺ ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ពូជ​ដែល​បុគ្គល​សាបព្រោះ ​ក្នុង​ស្រែ​ប្រកប​ដោយ​អង្គ ៨ យ៉ាង​នេះ ជា​ពូជ​មាន​ផល​ច្រើន ​មាន​សេចក្តី​ត្រេកអរ​ច្រើន ​មាន​សេចក្តី​ចម្រើន​ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ទាន​ដែល​បុគ្គល​ឲ្យ​ហើយ ចំពោះ​សមណព្រាហ្មណ៍ ​ដែល​ប្រកប​ដោយ​អង្គ ៨ ​ជា​ទាន​មាន​ផលច្រើន ​មាន​អានិសង្ស​ច្រើន ​មាន​សេចក្តី​រុងរឿងច្រើន ​មាន​សេចក្តី​ផ្សាយ​ទៅ​ច្រើន ក៏យ៉ាង​នោះ​ដែរ​ ។ សមណ​ព្រាហ្មណ៍ ​ប្រកប​ដោយ​អង្គ ៨ ​តើ​ដូចម្តេច​ខ្លះ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ពួក​សមណ​ព្រាហ្មណ៍ ​ក្នុង​លោក​នេះ ជា​អ្នក​យល់​ឃើញ​ត្រូវ​ ១ ត្រិះរិះ​ត្រូវ​ ១ និយាយ​ត្រូវ​ ១ ធ្វើការ​ងារ​ត្រូវ​ ១ ចិញ្ចឹមជីវិត​ត្រូវ​ ១ ព្យាយាម​ត្រូវ​ ១ នឹករលឹក​ត្រូវ​ ១ តាំង​ចិត្ត​ត្រូវ​ ១ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទាន​ដែល​បុគ្គល​ឲ្យ​ហើយ ចំពោះ​ពួក​សមណ​ព្រាហ្មណ៍ ​ដែល​ប្រកប​ដោយ​អង្គ ៨ យ៉ាង​នេះ​ ទើប​ជា​ទាន​មាន​ផល​ច្រើន ​មាន​អានិសង្ស​ច្រើន ​មាន​សេចក្តី​រុងរឿង​ច្រើន ​មាន​សេចក្តី​ផ្សាយ​ទៅ​ច្រើន ។

ពូជ​ដ៏​បរិបូណ៌ ​ដែល​គេ​សាបព្រោះ​ក្នុង​ស្រែ​ដ៏​ល្អ ​កាល​បើ​មាន​ភ្លៀង​ស្រួល ការ​បរិបូណ៌​ដោយ​គ្រាប់ស្រូវ ក៏រមែង​មាន គឺ​បរិបូណ៌​ដោយ​ការ​មិន​អន្តរាយ ១ ការ​ចម្រើន​ឡើង បរិបូណ៌ ១ ការលូតលាស់ បរិបូណ៌ ១ ផ្លែហ្នឹង​ឯង​ បរិបូណ៌ ១ ​មាន​ឧបមា​យ៉ាងណា​មិញ ។ ភោជន​ដ៏​បរិបូណ៌ ​ដែល​បុគ្គល​ឲ្យ​ហើយ ចំពោះ​ពួក​បុគ្គល​មាន​សីល​បរិបូណ៌ រមែងញុំាង​ចំណែក​កុសល​ឲ្យ​កើត​ឡើង កុសលកម្ម​ដែល​បុគ្គល​នោះ​ធ្វើ​ហើយ ឈ្មោះ​ថា​កម្ម​ដ៏​បរិបូណ៌ ​មាន​ឧបមេយ្យ​យ៉ាង​នោះ​ដែរ​ ព្រោះ​ហេតុ​នោះ​ បុគ្គល​ក្នុង​លោក​នេះ ជា​អ្នក​បរិបូណ៌ ​មាន​ប្រាថ្នា​នូវ​សេចក្តី​បរិបូណ៌ គួរ​សេពគប់​នូវ​បុគ្គល​ដែល​មាន​បញ្ញា​ដ៏​បរិបូណ៌ ការ​បរិបូណ៌ រមែង​សម្រេច​យ៉ាង​នេះ​ឯង​ ។ បុគ្គល​អ្នក​បរិបូណ៌​ដោយ​វិជ្ជា ​និង​ចរណៈ ​បាន​នូវ​សេចក្តី​បរិបូណ៌​នៃ​ចិត្ត​ រមែង​ធ្វើ​នូវ​កម្ម​ដ៏​បរិបូណ៌​ផង បាន​នូវ​ប្រយោជន៍​ក៏បរិបូណ៌ ។ បុគ្គល​ដឹង​ច្បាស់​នូវ​សត្វ​លោក តាម​សេចក្តី​ពិត រមែង​សម្រេច​នូវ​វិបស្សនា​សម្មាទិដ្ឋិ​ដ៏​បរិបូណ៌ បុគ្គល​អាស្រ័យ​នូវ​មគ្គ​ដ៏​បរិបូណ៌ ​មាន​ចិត្ត​ដ៏​បរិបូណ៌ រមែង​ដល់​នូវ​ (​ព្រះ​អរហត្ត) ។ បុគ្គល​កំចាត់​បង់​នូវ​មន្ទិល​ទាំង​ពួង ​ដល់​នូវ​ព្រះ​និព្វាន ​ដ៏​បរិបូណ៌ រមែង​រួច​ចាក​ទុក្ខ​ទាំង​ពួង ការរួច​ចាក​ទុក្ខ​នោះ​ឯង​ ទើប​ឈ្មោះ​ថា សេចក្តី​បរិបូណ៌គ្រប់យ៉ាង ។

ទានូបបត្តិសូត្រ ទី៥កែប្រែ

[៣៥] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ការកើតឡើង​នៃ​ទាន​នេះ មាន​ ៨ យ៉ាង ។ ការកើតឡើង​នៃ​ទាន ៨ យ៉ាង ​តើ​ដូចម្តេច​ខ្លះ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ​ក្នុង​លោក​នេះ ឲ្យ​ទាន ​គឺ​បាយ ​ទឹក​ សំពត់ យានជំនិះ កំរងផ្កា គ្រឿង​ក្រអូប គ្រឿង​លាប ទីដេក ទីអាស្រ័យ​នៅ គ្រឿង​ប្រដាប់ ប្រទីប ​ជា​ទាន ​ដល់​សមណៈ ​ឬ​ព្រាហ្មណ៍ បុគ្គល​នោះ ឲ្យ​នូវ​វត្ថុណា ក៏ប្រាថ្នា​នូវ​វត្ថុ​នោះ​ បុគ្គល​នោះ​ឃើញ​ពួក​ខត្តិយមហាសាល​ក្តី​ ព្រាហ្មណមហាសាល​ក្តី​ គហបតិ​មហាសាល​ក្តី ដែល​កំពុង​ឆ្អែត​ស្កប់ស្កល់ មូលមិត្រ បំរើ​ដោយ​កាមគុណ​ទាំង​ ៥ ។ បុគ្គល​នោះ មាន​សេចក្តី​ត្រិះរិះ​យ៉ាង​នេះ​ថា​ ឱហ្ន៎ ​អញ​លុះ​បែក​ធ្លាយ​រាងកាយ ស្លាប់​ទៅ​ សូម​ឲ្យ​ទៅ​កើត​ជា​មួយ​នឹង​ខត្តិយមហា​សាល​ក្តី​ ព្រាហ្មណ​មហាសាល​ក្តី​ គហបតិ​មហាសាល​ក្តី​ បុគ្គល​នោះ​ ក៏ដម្កល់​ចិត្ត​នោះ​ អធិដ្ឋាន​ចិត្ត​នោះ ចម្រើន​ចិត្ត​នោះ ចិត្ត​របស់​បុគ្គល​នោះ​ ក៏ស៊ប់​ក្នុង​កាមគុណ​ដ៏​ថោកទាប ​មិន​បាន​ចម្រើន​គុណធម៌​ដ៏​លើសលុប​ឡើង​ទៅ​ទៀត ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ក៏រមែង​ទៅ​កើត​ជា​មួយ​នឹង​ពួក​ខត្តិយមហាសាលខ្លះ ព្រាហ្មណមហាសាលខ្លះ គហបតិ​មហាសាល​ខ្លះ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​តថាគត​ពោល​នូវ​ការសម្រេច​នោះ​ឯង ចំពោះ​បុគ្គល​មាន​សីល ​មិន​ចំពោះ​បុគ្គល​ទ្រុស្តសីល​ឡើយ ​សេចក្តី​ប្រាថ្នា​ដោយ​ចិត្ត​របស់​បុគ្គល​មាន​សីល រមែង​សម្រេច​ព្រោះ​ចិត្ត​ដ៏​បរិសុទ្ធ ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គលខ្លះ ​ក្នុង​លោក​នេះ ឲ្យ​ទាន​គឺ​បាយ ​ទឹក​ សំពត់ យានជំនិះ កម្រងផ្កា គ្រឿង​ក្រអូប គ្រឿងលាប ទីដេក ទីអាស្រ័យនៅ គ្រឿង​ប្រដាប់ ប្រទីប ​ជា​ទាន​ដល់​សមណៈ ​ឬ​ព្រាហ្មណ៍ បុគ្គល​នោះ​ឲ្យ​វត្ថុណា ក៏ប្រាថ្នា​វត្ថុ​នោះ​ បុគ្គល​នោះ បាន​ឮ​ថា ពួក​ទេវតា​ចាតុម្មហារាជិកៈ ​មាន​អាយុវែង ​មាន​សម្បុរល្អ ​មាន​សេចក្តី​សុខច្រើន បុគ្គល​នោះ មាន​សេចក្តី​ត្រិះរិះ​យ៉ាង​នេះ​ថា​ ឱហ្ន៎ ​អាត្មា​អញ​លុះ​បែកធ្លាយ​រាងកាយ ស្លាប់​ទៅ សូម​ឲ្យ​ទៅ​កើត​ជា​មួយ​នឹង​ពួក​ទេវតា​ចាតុម្មហារាជិកៈ បុគ្គល​នោះ​ ដម្កល់​ចិត្ត​នោះ​ អធិដ្ឋាន​ចិត្ត​នោះ ចម្រើន​ចិត្ត​នោះ ចិត្ត​របស់​បុគ្គល​នោះ​ ក៏ចុះស៊ប់​ក្នុង​កាមគុណ​ដ៏​ថោកទាប ​មិន​ចម្រើន​គុណធម៌​ដ៏​លើសលុប​ឡើង​ទៅ​ទៀត ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ក៏រមែង​ទៅ​កើត​ជា​មួយ​នឹង​ពួក​ទេវតា​ចាតុម្មហារាជិកៈ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​តថាគត​ពោល​នូវ​ការ​សម្រេច​នោះ​ឯង ចំពោះ​បុគ្គល​មាន​សីល ​មិន​ចំពោះ​បុគ្គល​ទ្រុស្តសីល​ឡើយ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​សេចក្តី​ប្រាថ្នា​ដោយ​ចិត្ត​របស់​បុគ្គល​មាន​សីល រមែង​សម្រេច​ព្រោះ​ចិត្ត​បរិសុទ្ធ ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គលខ្លះ ​ក្នុង​លោក​នេះ ឲ្យ​ទាន​គឺ​បាយ ​ទឹក​ សំពត់ យានជំនិះ កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីអាស្រ័យនៅ គ្រឿងប្រដាប់ ប្រទីប ​ជា​ទាន ​ដល់​សមណៈ ​ឬ​ព្រាហ្មណ៍ បុគ្គល​នោះ ឲ្យ​វត្ថុណា ក៏ប្រាថ្នា​វត្ថុ​នោះ​ បុគ្គល​នោះ បាន​ឮ​ថា ពួក​ទេវតា​តាវត្តិង្ស ។បេ។ ​ពួក​ទេវតាយាមៈ ... ពួក​ទេវតាតុសិត ...ពួក​ទេវតានិម្មារតី ... ពួក​ទេវតា​បរនិម្មិតវសវត្តី ​មាន​អាយុវែង ​មាន​សម្បុល្អ ​មាន​សេចក្តី​សុខច្រើន បុគ្គល​នោះ មាន​សេចក្តី​ត្រិះរិះ​យ៉ាង​នេះ​ថា​ ឱហ្ន៎ ​អាត្មា​អញ លុះ​បែកធ្លាយ​រាងកាយ ស្លាប់​ទៅ សូម​ឲ្យ​ទៅ​កើត​ជា​មួយ​នឹង​ពួក​ទេវតា​បរនិម្មិតវសវត្តី បុគ្គល​នោះ​ ដម្កល់​ចិត្ត​នោះ​ អធិដ្ឋាន​ចិត្ត​នោះ ចម្រើន​ចិត្ត​នោះ ចិត្ត​របស់​បុគ្គល​នោះ​ ក៏ចុះស៊ប់​ក្នុង​កាមគុណ​ដ៏​ថោកទាប ​មិន​បាន​ចម្រើន​គុណធម៌​ដ៏​លើសលុប​ឡើង​ទៅ​ទៀត ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ក៏រមែង​ទៅ​កើត​ជា​មួយ​នឹង​ពួក​ទេវតា​បរនិម្មិតវសវត្តី ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​តថាគត​ពោល​នូវ​ការសម្រេច​នោះ​ឯង ចំពោះ​បុគ្គល​មាន​សីល ​មិន​ចំពោះ​បុគ្គល​ទ្រុស្តសីល​ឡើយ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​សេចក្តី​ប្រាថ្នា​ដោយ​ចិត្ត របស់​បុគ្គល​មាន​សីល រមែង​សម្រេច​ព្រោះ​ចិត្ត​បរិសុទ្ធ ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គលខ្លះ ​ក្នុង​លោក​នេះ ឲ្យ​ទាន​គឺ​បាយ ​ទឹក​ សំពត់ យានជំនិះ កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីអាស្រ័យនៅ គ្រឿងប្រដាប់ ប្រទីប ​ជា​ទាន ​ដល់​សមណៈ ​ឬ​ព្រាហ្មណ៍ បុគ្គល​នោះ​ឲ្យ​វត្ថុណា ក៏ប្រាថ្នាវត្ថុ​នោះ​ បុគ្គល​នោះ បាន​ឮ​ថា ពួក​ទេវតា ព្រហ្មកាយិកៈ ​មាន​អាយុវែង ​មាន​សម្បុរល្អ ​មាន​សេចក្តី​សុខ​ច្រើន បុគ្គល​នោះ មាន​សេចក្តី​ត្រិះរិះ​យ៉ាង​នេះ​ថា​ ឱហ្ន៎ ​អាត្មា​អញ​លុះ​បែកធ្លាយ​រាងកាយ ស្លាប់​ទៅ​ សូម​ឲ្យ​ទៅ​កើត​ជា​មួយ​នឹង​ពួក​ទេវតា​ព្រហ្មកាយិកៈ បុគ្គល​នោះ​ ដម្កល់​ចិត្ត​នោះ​ តាំង​ចិត្ត​នោះ ចម្រើន​ចិត្ត​នោះ ចិត្ត​របស់​បុគ្គល​នោះ​ ក៏ចុះស៊ប់​ក្នុង​កាមគុណ​ដ៏​ថោកទាប ​មិន​ចម្រើន​គុណធម៌​ដ៏​លើសលុប​ឡើង​ទៅ​ទៀត ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ រមែង​ទៅ​កើត​ជា​មួយ​នឹង​ពួក​ទេវតា​ព្រហ្មកាយិកៈ ​តថាគត​ពោល​នូវ​ការសម្រេច​នោះ​ឯង ចំពោះ​បុគ្គល​មាន​សីល ​មិន​ចំពោះ​បុគ្គល​ទ្រុស្តសីល​ទេ ទាន​ចំពោះ​បុគ្គលប្រាស​ចាក​រាគៈ ​មិន​ចំពោះ​បុគ្គល​ប្រកប​ដោយ​រាគៈ​ទេ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​សេចក្តី​ប្រាថ្នា​ដោយ​ចិត្ត​របស់​បុគ្គល​មាន​សីល រមែង​សម្រេច​ព្រោះ​ប្រាស​ចាក​រាគៈ ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ការកើត​ឡើង​នៃ​ទាន ​មាន​៨ ប្រការ​នេះ​ឯង​ ។

បុញ្ញកិរិយវត្ថុសូត្រ ទី៦កែប្រែ

[៣៦] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បុញ្ញកិរិយាវត្ថុ​នេះ​មាន​ ៣ យ៉ាង ។ បុញ្ញកិរិយាវត្ថុ​ ៣ យ៉ាង ​តើ​ដូចម្តេច​ខ្លះ ។ ​គឺ​ទានមយបុញ្ញកិរិយាវត្ថុ (វត្ថុ​ជា​ទីតាំង​នៃ​ការ​បំពេញបុណ្យ សម្រេច​អំពី​ការ​ឲ្យ​) ១ សីលមយបុញ្ញកិរិយាវត្ថុ (វត្ថុ​ជា​ទីតាំង​នៃ​ការបំពេញ​បុណ្យ សម្រេច​អំពី​ការរក្សាសីល) ១ ភាវនាមយបុញ្ញកិរិយាវត្ថុ (វត្ថុ​ជា​ទីតាំង​នៃ​ការ​បំពេញ​បុណ្យ​សម្រេច​អំពី​ការ​ចម្រើន​) ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គលខ្លះ ​ក្នុង​លោក​នេះ​ ធ្វើ​ទាន​មយបុញ្ញកិរិយា​វត្ថុ ​មាន​ប្រមាណតិច ធ្វើ​សីលមយបុញ្ញកិរិយាវត្ថុ ​មាន​ប្រមាណ​តិច ប៉ុន្តែ​ភាវនា​មយបុញ្ញកិរិយាវត្ថុ ​មិន​ទាន់​សម្រេច​នៅឡើយ ។ បុគ្គល​នោះ លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ រមែង​ទៅ​កើត​ក្នុង​ត្រកូល​មនុស្ស​ថោកទាប ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គលខ្លះ ​ក្នុង​លោក​នេះ​ ធ្វើទាន​មយបុញ្ញកិរិយាវត្ថុ​ល្មមប្រមាណ ធ្វើសីល​មយបុញ្ញកិរិយា​វត្ថុ​ក៏ល្មមប្រមាណ ប៉ុន្តែ​ភាវនា​មយបុញ្ញកិរិយា​វត្ថុ ​មិន​ទាន់​សម្រេច​នៅ​ឡើយ ។ បុគ្គល​នោះ លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ រមែងកើត​ក្នុង​ត្រកូល​មនុស្ស​ដ៏​ខ្ពង់ខ្ពស់ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គលខ្លះ ​ក្នុង​លោក​នេះ​ ធ្វើទានមយបុញ្ញកិរិយា​វត្ថុ​ដ៏​ច្រើន​ក្រៃលែង ធ្វើសីល​មយបុញ្ញកិរិយា​វត្ថុ​ដ៏​ច្រើនក្រៃលែង ប៉ុន្តែ​ភាវនា​មយបុញ្ញកិរិយា​វត្ថុ ​មិន​ទាន់សម្រេចនៅឡើយ ។ បុគ្គល​នោះ លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ រមែង​ទៅ​កើត​ជា​មួយ​នឹង​ពួក​ទេវតា​ចាតុម្មហារាជិកៈ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បណ្តា​ទេវតា​ទាំង​នោះ​ មហារាជ​ទាំង​ ៤ អង្គ ​បាន​ធ្វើ​ទានមយបុញ្ញកិរិយាវត្ថុ​ច្រើនក្រៃពេក ធ្វើ​សីលមយបុញ្ញកិរិយា​វត្ថុ​ច្រើនក្រៃពេក រមែងខ្ពង់ខ្ពស់​កន្លង​នូវ​ពួក​ទេវតា​ចាតុម្មហារាជិកៈ ​ដោយ​ស្ថាន ១០ យ៉ាង​គឺ​ អាយុ​ជា​ទិព្យ ១ ​ពណ៌​ជា​ទិព្យ ១ សុខ​ជា​ទិព្យ ១ យស​ជា​ទិព្យ ១ អធិបតី​ជា​ទិព្យ ១ រូប​ជា​ទិព្យ ១ សំឡេង​ជា​ទិព្យ ១ ក្លិន​ជា​ទិព្យ ១ រស​ជា​ទិព្យ ១ ផោដ្ឋព្វៈ​ជា​ទិព្យ ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គលខ្លះ ​ក្នុង​លោក​នេះ​ ធ្វើ​ទានមយបុញ្ញកិរិយាវត្ថុ​ច្រើន​ក្រៃលែង ធ្វើ​សីលមយបុញ្ញកិរិយាវត្ថុ​ច្រើនក្រែលែង ប៉ុន្តែ​ភាវនា​មយបុញ្ញកិរិយាវត្ថុ ​មិន​ទាន់​សម្រេចនៅឡើយ ។ បុគ្គល​នោះ លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ រមែង​ទៅ​កើត​ជា​មួយ​នឹង​ពួក​ទេវតាតាវត្តិង្ស ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បណ្តា​ទេវតា​ទាំង​នោះ​ សក្កទេវរាជ ​ជា​ធំ​ជា​ង​ទេវតា ​បាន​ធ្វើ​ទានមយបុញ្ញកិរិយាវត្ថុ​ដ៏​ច្រើនក្រៃពេក ធ្វើ​សីលមយបុញ្ញកិរិយាវត្ថុ​ដ៏​ច្រើនក្រៃពេក រមែង​ខ្ពង់ខ្ពស់​កន្លងទេវតា​ជា​ន់​តាវត្តិង្ស ​ដោយ​ស្ថាន ១០ យ៉ាង ​គឺ​ អាយុ​ជា​ទិព្យ ១ ។បេ។ ផោដ្ឋព្វៈ​ជា​ទិព្យ ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គលខ្លះ ​ក្នុង​លោក​នេះ​ ធ្វើទានមយបុញ្ញកិរិយាវត្ថុ​ច្រើនក្រៃលែង ធ្វើ​សីល​មយបុញ្ញកិរិយាវត្ថុ​ច្រើន​ក្រៃលែង ប៉ុន្តែ​ភាវនា​មយបុញ្ញកិរិយាវត្ថុ ​មិន​ទាន់​សម្រេច​នៅ​ឡើយ ។ បុគ្គល​នោះ លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ក៏រមែង​ទៅ​កើត​ជា​មួយ​នឹង​ពួក​ទេវតា​ជា​ន់យាមៈ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បណ្តា​ទេវតា​ទាំង​នោះ​ សុយាមទេវបុត្រ ​បាន​ធ្វើ​ទានមយបុញ្ញកិរិយាវត្ថុ​ដ៏​ច្រើនក្រៃពេក ​បាន​ធ្វើ​សីលមយបុញ្ញកិរិយាវត្ថុ​ដ៏​ច្រើនក្រៃពេក រមែង​ខ្ពង់ខ្ពស់​កន្លង​នូវ​ពួក​ទេវតា​ជា​ន់​យាមៈ ​ដោយ​ស្ថាន ១០ យ៉ាង​គឺ​ អាយុ​ជា​ទិព្យ ១ ។បេ។ ផោដ្ឋព្វៈ​ជា​ទិព្យ ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គលខ្លះ ​ក្នុង​លោក​នេះ​ ធ្វើ​ទានមយបុញ្ញកិរិយាវត្ថុ​ច្រើនក្រៃលែង ធ្វើសីល​មយបុញ្ញកិរិយាវត្ថុ​ច្រើនក្រែលែង ប៉ុន្តែ​ភាវនា​មយបុញ្ញកិរិយាវត្ថុ ​មិន​ទាន់​សម្រេចនៅឡើយ ។ បុគ្គល​នោះ លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ក៏រមែង​ទៅ​កើត​ជា​មួយ​នឹង​ពួក​ទេវតា​ជា​ន់តុសិត ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បណ្តា​ទេវតា​ទាំង​នោះ​ សន្តុសិតទេវបុត្រ ​បាន​ធ្វើ​ទានមយបុញ្ញកិរិយាវត្ថុ​ដ៏​ច្រើន​ក្រៃពេក ​បាន​ធ្វើ​សីលមយបុញ្ញកិរិយាវត្ថុ​ដ៏​ច្រើនក្រៃពេក រមែង​ខ្ពង់ខ្ពស់​កន្លង​នូវ​ពួក​ទេវតា​ជា​ន់តុសិត ​ដោយ​ស្ថាន ១០ យ៉ាង ​គឺ​ អាយុ​ជា​ទិព្យ ១ ។បេ។ ផោដ្ឋព្វៈ​ជា​ទិព្យ ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គលខ្លះ ​ក្នុង​លោក​នេះ​ ធ្វើ​ទានមយបុញ្ញកិរិយាវត្ថុ​ច្រើន​ក្រៃលែង ធ្វើ​សីលមយបុញ្ញកិរិយាវត្ថុ​ច្រើនក្រៃលែង ប៉ុន្តែ​ភាវនា​មយបុញ្ញកិរិយាវត្ថុ ​មិន​សម្រេចនៅឡើយ ។ បុគ្គល​នោះ លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ក៏រមែង​ទៅ​កើត​ជា​មួយ​នឹង​ពួក​ទេវតា​និម្មានរតី ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បណ្តា​ទេវតា​ទាំង​នោះ​ សុនិម្មិតទេវបុត្រ ​បាន​ធ្វើ​ទានមយបុញ្ញកិរិយាវត្ថុ​ដ៏​ច្រើនក្រៃពេក ​បាន​ធ្វើ​សីលមយ​បុញ្ញកិរិយា​វត្ថុ​ដ៏​ច្រើន​ក្រៃពេក រមែង​ខ្ពង់ខ្ពស់​កន្លង​ពួក​ទេវតា​និម្មានរតី ​ដោយ​ស្ថាន ១០ យ៉ាង​គឺ​ អាយុ​ជា​ទិព្យ ១ ។បេ។ ផោដ្ឋព្វៈ​ជា​ទិព្យ ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គលខ្លះ ​ក្នុង​លោក​នេះ​ ធ្វើ​ទានមយបុញ្ញកិរិយាវត្ថុ​ដ៏​ច្រើន​ក្រៃលែង ធ្វើ​សីលមយបុញ្ញកិរិយាវត្ថុ​ដ៏​ច្រើន​ក្រៃលែង ប៉ុន្តែ​ភាវនា​មយបុញ្ញកិរិយាវត្ថុ ​មិន​ទាន់​សម្រេច​នៅឡើយ ។ បុគ្គល​នោះ លុះ​បែកធ្លាយ​រាងកាយ ស្លាប់​ទៅ​ ក៏រមែង​ទៅ​កើត​ជា​មួយ​នឹង​ពួក​ទេវតា​បរនិម្មិតវសវត្តី ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បណ្តាទេវតា​ទាំង​នោះ​ បរនិម្មិតវសវត្តីទេវបុត្រ ​បាន​ធ្វើ​ទានមយបុញ្ញកិរិយា​វត្ថុ ​ដ៏​ច្រើន​ក្រៃពេក ​បាន​ធ្វើ​សីលមយបុញ្ញកិរិយាវត្ថុ​ដ៏​ច្រើន​ក្រៃពេក រមែង​ខ្ពង់ខ្ពស់​កន្លង​នូវ​ពួក​ទេវតា​បរនិម្មិតវសវត្តី ​ដោយ​ស្ថាន ១០ យ៉ាង​គឺ​ អាយុ​ជា​ទិព្យ ១ ​ពណ៌​ជា​ទិព្យ ១ សុខ​ជា​ទិព្យ ១ យស​ជា​ទិព្យ ១ អធិបតី​ជា​ទិព្យ ១ រូប​ជា​ទិព្យ ១ សំឡេង​ជា​ទិព្យ ១ ក្លិន​ជា​ទិព្យ ១ រស​ជា​ទិព្យ ១ ផោដ្ឋព្វៈ​ជា​ទិព្យ ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បុញ្ញកិរិយាវត្ថុ ​មាន​ ៣ យ៉ាង​នេះ​ឯង​ ។

សប្បុរិសទានសូត្រ ទី៧កែប្រែ

[៣៧] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ សប្បុរិសទាន​នេះ​មាន​ ៨ យ៉ាង ។ សប្បុរិសទាន ៨ យ៉ាង ​តើ​ដូចម្តេច​ខ្លះ ។ ​គឺ​បុគ្គល​ឲ្យ​វត្ថុស្អាត ១ ​ឲ្យ​វត្ថុថ្លៃថ្លា ១ ​ឲ្យ​តាម​កាល​ ១ ​ឲ្យ​វត្ថុគួរ ១ ជ្រើសរើស​ហើយ​ទើប​ឲ្យ​ ១ ​ឲ្យ​ទាន​រឿយៗ ១ កំពុង​ឲ្យ​ ញុំាំង​ចិត្ត​ឲ្យ​ជ្រះថ្លា ១ ​លុះ​ឲ្យ​ផុត​ហើយ​ រមែង​មាន​សេចក្តី​ពេញ​ចិត្ត​ ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ សប្បុរិសទាន ៨ យ៉ាង​នេះ​ឯង​ ។

បុគ្គល រមែង​ឲ្យ​នូវ​ទាន​ទាំង​ឡាយ​គឺ ទឹក និង​ភោជន​ដ៏​ស្អាត ថ្លៃថ្លា ​តាម​កាល​ វត្ថុ​ដ៏​គួរ រឿយ​ ៗ ​ចំពោះ​ព្រហ្មចារីបុគ្គល​ទាំង​ឡាយ ដូច​ជា​ស្រែ​ដ៏​ល្អ ​ពួក​អ្នក​ប្រាជ្ញ រមែង​សរសើរ ​នូវ​ទាន​ទាំង​ឡាយ ​ដែល​បុគ្គល​លះបង់​នូវ​អាមិសៈ​ជា​ច្រើន ​ដែល​មិន​គួរ​ឲ្យ​កើត​សេចក្តី​ក្តៅក្រហាយ ​ហើយ​ឲ្យ​យ៉ាង​នេះ អ្នក​ប្រាជ្ញ​មាន​បញ្ញា ​ជា​អ្នក​មាន​សទ្ធា ​បាន​បូ​ជា​យ៉ាង​នេះ​ហើយ មាន​ចិត្ត​រួចស្រឡះ រមែង​ចូល​ទៅ​កាន់​ទេវ​លោក ដែល​មិន​មាន​សេចក្តី​ទុក្ខ ​មាន​តែ​សេចក្តី​សុខ ។

សប្បុរិសសូត្រ ទី៨កែប្រែ

[៣៨] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ សប្បុរស ​កាល​កើត​ក្នុង​ត្រកូល រមែងប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​ចម្រើន​ ដើម្បី​សេចក្តី​សុខ​ដល់​ជន​ច្រើន ប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​ចម្រើន​ ដើម្បី​សេចក្តី​សុខ​ដល់​មាតាបិតា ប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​ចម្រើន​ ដើម្បី​សេចក្តី​សុខ​ដល់​បុត្ត​ភរិយា ប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​ចម្រើន​ ដើម្បី​សេចក្តី​សុខ​ដល់​បុរស​ជា​ទាសកម្មករ ប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​ចម្រើន​ ដើម្បី​សេចក្តី​សុខ ​ដល់​មិត្ត ​និង​អាមាត្យ​ទាំង​ឡាយ ប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​ចម្រើន​ ដើម្បី​សេចក្តី​សុខ​ដល់​ពួក​ញាតិ ​ដែល​ចែកឋាន​ទៅ​កាន់​បរ​លោក​ ប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​ចម្រើន​ ដើម្បី​សេចក្តី​សុខ​ដល់​ព្រះ​រា​ជា​ ប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​ចម្រើន​ ដើម្បី​សេចក្តី​សុខ​ដល់​ពួក​ទេវតា ប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​ចម្រើន​ ដើម្បី​សេចក្តី​សុខ​ដល់​សមណ​ព្រាហ្មណ៍​ទាំង​ឡាយ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ មហាមេឃ ​កាល​ញុំាងសំទូង​ទាំង​អស់ ឲ្យ​សម្រេច​ព្រម រមែង​ប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​ចម្រើន​ដល់​ជន​ច្រើន ។បេ។ ​មាន​ឧបមា​ដូចម្តេច​មិញ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ សប្បុរស ​កាល​កើត​ក្នុង​ត្រកូល រមែង​ប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​ចម្រើន​ ដើម្បី​សេចក្តី​សុខ​ដល់​ជនច្រើន ប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​ចម្រើន​ ដើម្បី​សេចក្តី​សុខ ​ដល់​មាតា ​និង​បិតា​ទាំង​ឡាយ ប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​ចម្រើន​ ដើម្បី​សេចក្តី​សុខ ​ដល់​បុត្តភរិយា ប្រព្រឹត្ត​ទៅ​ ដើម្បីប្រយោជន៍ ដើម្បី​សេចក្តី​ចម្រើន​ ដើម្បី​សេចក្តី​សុខ ​ដល់​បុរស​ជា​ទាសកម្មករ ប្រព្រឹត្ត​ទៅ​ ដើម្បីប្រយោជន៍ ដើម្បី​សេចក្តី​ចម្រើន​ ដើម្បី​សេចក្តី​សុខ ​ដល់​មិត្ត ​និង​អាមាត្យ​ទាំង​ឡាយ ប្រព្រឹត្ត​ទៅ​ ដើម្បីប្រយោជន៍ ដើម្បី​សេចក្តី​ចម្រើន​ ដើម្បី​សេចក្តី​សុខ ​ដល់​ពួក​ញាតិ ​ដែល​ចែកឋាន ​ទៅ​កាន់បរ​លោក​ ប្រព្រឹត្ត​ទៅ​ ដើម្បីប្រយោជន៍ ដើម្បី​សេចក្តី​ចម្រើន​ ដើម្បី​សេចក្តី​សុខ ​ដល់​ព្រះ​រា​ជា​ ប្រព្រឹត្ត​ទៅ​ ដើម្បីប្រយោជន៍ ដើម្បី​សេចក្តី​ចម្រើន​ ដើម្បី​សេចក្តី​សុខ ​ដល់​ពួក​ទេវតា ប្រព្រឹត្ត​ទៅ​ ដើម្បីប្រយោជន៍ ដើម្បី​សេចក្តី​ចម្រើន​ ដើម្បី​សេចក្តី​សុខ ​ដល់​សមណ​ព្រាហ្មណ៍​ទាំង​ឡាយ ក៏​មាន​ឧបមេយ្យ​ដូច្នោះ​ដែរ​ ។

បុគ្គល​ប្រកប​ដោយ​បញ្ញា ​កាល​នៅគ្រប់គ្រង​ផ្ទះ​ រមែង​ប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រយោជន៍​ដល់​ពួក​ជនច្រើន ​ជា​អ្នក​មិន​ខ្ជិលច្រអូស ​ក្នុង​វេលាយប់ ​និង​ថ្ងៃ កាល​នឹករលឹក​ដល់​បុព្វការគុណ ដែល​មាតា ​និង​បិតាធ្វើ​ហើយ​ រមែងបូ​ជា​មាតាបិតា​ជា​មុន ​ដោយ​ហេតុ​ប្រកប​ដោធម៌ រមែងកោតក្រែង​ចំពោះ​បព្វជិត ​ជា​អនាគារិកបុគ្គល ​ជា​ព្រហ្មចារីបុគ្គល ​មាន​សទ្ធា​ដម្កល់មាំ ​មាន​សីល​ជា​ទីស្រលាញ់ ​លុះ​ដឹង​ច្បាស់​នូវ​ធម៌​ទាំង​ឡាយ​ហើយ​ រមែង​បូ​ជា​ បុគ្គលណា​ដែល​មាន​ប្រយោជន៍​ដល់​ព្រះ​រា​ជា មាន​ប្រយោជន៍​ដល់​ទេវតា ​មាន​ប្រយោជន៍​ដល់​ពួក​ញាតិ ​ដល់​មិត្ត​សំឡាញ់ ដម្កល់ស៊ប់​ក្នុង​ព្រះ​សទ្ធម្ម បុគ្គល​នោះ​ឈ្មោះ​ថា មាន​ប្រយោជន៍​ដល់​បុគ្គល​ទាំង​អស់​ បុគ្គលណា កំចាត់បង់​នូវ​មន្ទិល ​គឺ​សេចក្តី​កំណាញ់​ បុគ្គល​នោះ​ រមែង​ជួបប្រទះ​នូវ​លោក​ក្សេមក្សាន្ត ។

អភិសន្ទសូត្រ ទី៩កែប្រែ

[៣៩] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ អានិសង្ស​នៃ​បុណ្យ អានិសង្ស​នៃ​កុសល ​ជា​អាហារ​នៃ​សេចក្តី​សុខ ​ជា​ធម៌​ឲ្យ​នូវ​អារម្មណ៍​ដ៏​ល្អលើស ​ជា​ផល​នៃ​សេចក្តី​សុខ ប្រព្រឹត្ត​ទៅ​ ដើម្បី​សួគ៌ ៨ យ៉ាង​នេះ​ រមែង​ប្រព្រឹត្ត​ទៅ​ ដើម្បី​សេចក្តី​ត្រេកអរ ដើម្បី​សេចក្តី​រីករាយ ដើម្បី​សេចក្តី​ពេញ​ចិត្ត​ ដើម្បី​សេចក្តី​ចម្រើន​ ដើម្បី​សេចក្តី​សុខ ។ អានិសង្ស​នៃ​បុណ្យ អានិសង្ស​នៃ​កុសល ៨ យ៉ាង ដូចម្តេចខ្លះ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ អរិយសាវក ​ក្នុង​សាសនា​នេះ ជា​អ្នក​ដល់​នូវ​ព្រះ​ពុទ្ធ​ជា​ទីពឹង ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​អានិសង្ស​នៃ​បុណ្យ អានិសង្ស​នៃ​កុសល ​ជា​អាហារ​នៃ​សេចក្តី​សុខ ​ជា​ធម៌​ឲ្យ​នូវ​អារម្មណ៍​ដ៏​ល្អលើស ​ជា​ផល​នៃ​សេចក្តី​សុខ ប្រព្រឹត្ត​ទៅ​ ដើម្បី​សួគ៌ ទី១ រមែង​ប្រព្រឹត្ត​ទៅ​ ដើម្បី​សេចក្តី​ត្រេកអរ ដើម្បី​សេចក្តី​រីករាយ ដើម្បី​សេចក្តី​ពេញ​ចិត្ត​ ដើម្បី​សេចក្តី​ចម្រើន​ ដើម្បី​សេចក្តី​សុខ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​មួយ​ទៀត អរិយសាវក ​ជា​អ្នក​ដល់​នូវ​ព្រះ​ធម៌​ជា​ទីពឹង ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​អានិសង្ស​នៃ​បុណ្យ ទី២ ។បេ។ រមែង​ប្រព្រឹត្ត​ទៅ​ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​មួយ​ទៀត អរិយសាវក ​ជា​អ្នក​ដល់​នូវ​ព្រះ​សង្ឃ​ជា​ទីពឹង ​នេះ​ជា​អានិសង្ស​នៃ​បុណ្យ អានិសង្ស​នៃ​កុសល ​ជា​អាហារ​នៃ​សេចក្តី​សុខ ​ជា​ធម៌​ឲ្យ​នូវ​អារម្មណ៍​ដ៏​ល្អលើស ​ជា​ផល​នៃ​សេចក្តី​សុខ ប្រព្រឹត្ត​ទៅ​ ដើម្បីសួគ៌ ទី៣ រមែងប្រព្រឹត្ត​ទៅ​ ដើម្បី​សេចក្តី​ត្រេកអរ ដើម្បី​សេចក្តី​រីករាយ ដើម្បី​សេចក្តី​ពេញ​ចិត្ត​ ដើម្បី​សេចក្តី​ចម្រើន​ ដើម្បី​សេចក្តី​សុខ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ទាន​ទាំង​ ៥ យ៉ាង​នេះ​ ចាត់​ជា​មហាទាន ​ដែល​អ្នក​ប្រាជ្ញ​ដឹង​ថា ជា​របស់​ប្រសើរ ​ដឹង​ថា​ជា​របស់​ប្រព្រឹត្ត​ទៅ អស់​រាត្រីយូរ ​ដឹង​ថា​ជា​វង្ស​នៃ​ (កល្យាណ​ជន) ​ជា​របស់​មាន​មក​ក្នុង​កាល​មុន ​ជា​របស់​មិន​រោយរាយ ​ជា​របស់​មិន​ធ្លាប់​រោយរាយ​ហើយ​ រមែង​មិន​ខ្ចាត់ខ្ចាយ (​ក្នុង​កាល​ឥឡូវ​នេះ​) ​និង​មិន​ខ្ចាត់ខ្ចាយ (​ក្នុង​អនាគត) ​ពួក​សមណព្រាហ្មណ៍ ​ជា​វិញ្ញូជន ក៏​មិន​ដែល​តិះដៀល​ឡើយ ។ ទាន ៥ យ៉ាង ​តើ​ដូចម្តេច​ខ្លះ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ អរិយសាវក ​ក្នុង​សាសនា​នេះ​ លះបង់​បាណាតិបាត វៀរ​ចាក​បាណាតិបាត ​ម្នាល​ភិក្ខុ​ទាំង​ឡាយ អរិយសាវក ​ជា​អ្នក​វៀរ​ចាក​បាណាតិបាត ​ឈ្មោះ​ថា​ឲ្យ​នូវ​អភ័យ ​ឲ្យ​នូវ​អំពើ​មិន​មាន​ពៀរ ​ឲ្យ​នូវ​អំពើ​មិន​មាន​ទុក្ខ ​ដល់​សត្វ​ទាំង​ឡាយ ​មាន​ប្រមាណ​មិន​បាន លុះ​ឲ្យ​នូវ​អភ័យ ​ឲ្យ​នូវ​អំពើ​មិន​មាន​ពៀរ ​ឲ្យ​នូវ​អំពើ​មិន​មាន​ទុក្ខ ​ដល់​សត្វ​ទាំង​ឡាយ ​មាន​ប្រមាណ​មិន​បាន​ហើយ​ រមែង​ជា​អ្នក​មាន​ចំណែក ​នៃ​សេចក្តី​មិន​មាន​ភ័យ ​មិន​មាន​ពៀរ ​មិន​មាន​ទុក្ខ ​មាន​ប្រមាណ​មិន​បាន​វិញ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ទាន ទី១ ចាត់​ជា​មហាទាន ​ដែល​អ្នក​ប្រាជ្ញ​ដឹង​ថា ជា​របស់​ប្រសើរ ​ដឹង​ថា​ជា​របស់​ប្រព្រឹត្ត​ទៅ​អស់​រាត្រីយូរ ​ដឹង​ថា​ជា​វង្ស​នៃ​ (កល្យាណជន) ​ជា​របស់​មាន​មក​ក្នុង​កាល​មុន ​ជា​របស់​មិន​រោយរាយ ​មិន​ធ្លាប់​រោយរាយ​ហើយ​ រមែង​មិន​ខ្ចាត់ខ្ចាយ ​នឹង​មិន​ខ្ចាត់ខ្ចាយ ​ពួក​សមណ​ព្រាហ្មណ៍ ​ជា​វិញ្ញូជន ក៏​មិន​ដែល​តិះដៀលឡើយ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​អានិសង្ស​នៃ​បុណ្យ អានិសង្ស​នៃ​កុសល ​ជា​អាហារ​នៃ​សេចក្តី​សុខ ​ជា​ធម៌​ឲ្យ​នូវ​អារម្មណ៍​ដ៏​ល្អលើស ​ជា​ផល​នៃ​សេចក្តី​សុខ ប្រព្រឹត្ត​ទៅ​ ដើម្បីសួគ៌ ទី៤ រមែងប្រព្រឹត្ត​ទៅ​ ដើម្បី​សេចក្តី​ត្រេកអរ ដើម្បី​សេចក្តី​រីករាយ ដើម្បី​សេចក្តី​ពេញ​ចិត្ត​ ដើម្បី​សេចក្តី​ចម្រើន​ ដើម្បី​សេចក្តី​សុខ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​មួយ​ទៀត អរិយសាវក លះបង់​អទិន្នាទាន វៀរ​ចាក​អទិន្នាទាន ។បេ។ លះបង់​កាមេសុមិច្ឆាចារ វៀរ​ចាក​កាមេសុមិច្ឆាចារ ។បេ។ លះបង់​មុសាវាទ វៀរ​ចាក​មុសាវាទ ។បេ។ លះបង់​សុរាមេរយមជ្ជប្បមាទដ្ឋាន វៀរ​ចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន ​ម្នាល​ភិក្ខុ​ទាំង​ឡាយ អរិយសាវក វៀរ​ចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន ​ឈ្មោះ​ថា​ឲ្យ​នូវ​អភ័យ ​ឲ្យ​នូវ​អំពើ​មិន​មាន​ពៀរ ​ឲ្យ​នូវ​អំពើ​មិន​មាន​ទុក្ខ ​ដល់​សត្វ​ទាំង​ឡាយ ​មាន​ប្រមាណ​មិន​បាន លុះ​ឲ្យ​នូវ​អភ័យ ​ឲ្យ​នូវ​អំពើ​មិន​មាន​ពៀរ ​ឲ្យ​នូវ​អំពើ​មិន​មាន​ទុក្ខ ​ដល់​សត្វ​ទាំង​ឡាយ ​មាន​ប្រមាណ​មិន​បាន​ហើយ​ រមែង​ជា​អ្នក​មាន​ចំណែក ​នៃ​សេចក្តី​មិន​មាន​ភ័យ ​មិន​មាន​ពៀរ ​មិន​មាន​ទុក្ខ ​មាន​ប្រមាណ​មិន​បាន​វិញ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​ទាន ទី៥ ចាត់​ជា​មហាទាន ​ដែល​អ្នក​ប្រាជ្ញ​ដឹង​ថា ជា​របស់​ប្រសើរ ​ដឹង​ថា​ជា​របស់​ប្រព្រឹត្ត​ទៅ​អស់​រាត្រីយូរ ​ដឹង​ថា​ជា​វង្ស​នៃ​ (កល្យាណជន) ​ជា​របស់​មាន​មក​ក្នុង​កាល​មុន ​មិន​រោយរាយ ​មិន​ធ្លាប់​រោយរាយ​ហើយ​ រមែង​មិន​ខ្ចាត់​ខ្ចាយ ​នឹង​មិន​ខ្ចាត់ខ្ចាយ ​ពួក​សមណ​ព្រាហ្មណ៍ ​ជា​វិញ្ញូជន ក៏​មិន​ដែល​តិះដៀលឡើយ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ជា​អានិសង្ស​នៃ​បុណ្យ អានិសង្ស​នៃ​កុសល ​ជា​អាហារ​នៃ​សេចក្តី​សុខ ​ជា​ធម៌​ឲ្យ​នូវ​អារម្មណ៍​ដ៏​ល្អលើស ​ជា​ផល​នៃ​សេចក្តី​សុខ ប្រព្រឹត្ត​ទៅ​ ដើម្បីសួគ៌ ទី៨ រមែង​ប្រព្រឹត្ត​ទៅ​ ដើម្បី​សេចក្តី​ត្រេកអរ ដើម្បី​សេចក្តី​រីករាយ ដើម្បី​សេចក្តី​ពេញ​ចិត្ត​ ដើម្បី​សេចក្តី​ចម្រើន​ ដើម្បី​សេចក្តី​សុខ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ អានិសង្ស​នៃ​បុណ្យ អានិសង្ស​នៃ​កុសល ​ជា​អាហារ​នៃ​សេចក្តី​សុខ ​ជា​ធម៌​ឲ្យ​នូវ​អារម្មណ៍​ដ៏​ល្អលើស ​ជា​ផល​នៃ​សេចក្តី​សុខ ប្រព្រឹត្ត​ទៅ​ ដើម្បីសួគ៌ ៨ ប្រការ​នេះ​ឯង​ រមែង​ប្រព្រឹត្ត​ទៅ​ ដើម្បី​សេចក្តី​ត្រេកអរ ដើម្បី​សេចក្តី​រីករាយ ដើម្បី​សេចក្តី​ពេញ​ចិត្ត​ ដើម្បី​សេចក្តី​ចម្រើន​ ដើម្បី​សេចក្តី​សុខ ។

ទុច្ចរិតវិបាកសូត្រ ទី១០កែប្រែ

[៤០] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បាណាតិបាត ​ដែល​បុគ្គល​សេព​ថ្នឹក​ហើយ ចម្រើន​ហើយ​ ធ្វើ​ឲ្យ​ច្រើន​ហើយ​ ប្រព្រឹត្ត​ទៅ​ ដើម្បីនរក ប្រព្រឹត្ត​ទៅ​ ដើម្បី​កំណើត​តិរច្ឆាន ប្រព្រឹត្ត​ទៅ​ ដើម្បី​បិត្តិវិស័យ ។ ផល​នៃ​បាណាតិបាត ​ដែល​ស្រាល​ជា​ងផល​ទាំង​អស់​ រមែង​ប្រព្រឹត្ត​ទៅ​ ដើម្បី​មាន​អាយុខ្លី ​ដល់​កើត​ជា​មនុស្ស ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ អទិន្នាទាន ​ដែល​បុគ្គល​ថ្នឹក​ហើយ ចម្រើន​ហើយ​ ធ្វើ​ឲ្យ​ច្រើន​ហើយ​ ប្រព្រឹត្ត​ទៅ​ ដើម្បីនរក ប្រព្រឹត្ត​ទៅ​ ដើម្បី​កំណើត​តិរច្ឆាន ប្រព្រឹត្ត​ទៅ​ ដើម្បីបិត្តិវិស័យ ។ ផល​នៃ​អទិន្នាទាន ​ដែល​ស្រាល​ជា​ង​ផល​ទាំង​អស់​ រមែងប្រព្រឹត្ត​ទៅ​ ដើម្បី​វិនាស​នូវ​ភោគៈ ​ដល់​កើត​ជា​មនុស្ស ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ កាមេសុមិច្ឆាចារ ​ដែល​បុគ្គល​ថ្នឹក​ហើយ ចម្រើន​ហើយ​ ធ្វើ​ឲ្យ​ច្រើន​ហើយ​ ប្រព្រឹត្ត​ទៅ​ ដើម្បីនរក ប្រព្រឹត្ត​ទៅ​ ដើម្បី​កំណើត​តិរច្ឆាន ប្រព្រឹត្ត​ទៅ​ ដើម្បី​បិត្តិវិស័យ ។ ផល​នៃ​កាមេសុមិច្ឆាចារ ​ដែល​ស្រាល​ជា​ងផល​ទាំង​អស់​ រមែងប្រព្រឹត្ត​ទៅ​ ដើម្បីស​ត្រូវ និង​ពៀរ ​ដល់​កើត​ជា​មនុស្ស ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ មុសាវាទ ​ដែល​បុគ្គល​ថ្នឹក​ហើយ ចម្រើន​ហើយ​ ធ្វើ​ឲ្យ​ច្រើន​ហើយ​ ប្រព្រឹត្ត​ទៅ​ ដើម្បីនរក ប្រព្រឹត្ត​ទៅ​ ដើម្បី​កំណើត​តិរច្ឆាន ប្រព្រឹត្ត​ទៅ​ ដើម្បី​បិត្តិវិស័យ ។ ផល​នៃ​មុសាវាទ ​ដែល​ស្រាល​ជា​ងផល​ទាំង​អស់​ រមែងប្រព្រឹត្ត​ទៅ​ ដើម្បី​គេ​ពោល​បង្កាច់ ​ដោយ​ពាក្យ​មិន​ពិត ​ដល់​កើត​ជា​មនុស្ស ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បិសុណាវាចា ​ដែល​បុគ្គល​ថ្នឹក​ហើយ ចម្រើន​ហើយ​ ធ្វើ​ឲ្យ​ច្រើន​ហើយ​ ប្រព្រឹត្ត​ទៅ​ ដើម្បីនរក ប្រព្រឹត្ត​ទៅ​ ដើម្បី​កំណើត​តិរច្ឆាន ប្រព្រឹត្ត​ទៅ​ ដើម្បី​បិត្តិវិស័យ ។ ផល​នៃ​បិសុណាវាចា ​ដែល​ស្រាល​ជា​ង​ផល​ទាំង​អស់​ រមែងប្រព្រឹត្ត​ទៅ​ ដើម្បីបែកបាក់​ចាក​មិត្រ ​ដល់​កើត​ជា​មនុស្ស ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ផរុសវាចា ​ដែល​បុគ្គល​ថ្នឹក​ហើយ ចម្រើន​ហើយ​ ធ្វើ​ឲ្យ​ច្រើន​ហើយ​ ប្រព្រឹត្ត​ទៅ​ ដើម្បីនរក ប្រព្រឹត្ត​ទៅ​ ដើម្បីកំណើត​តិរច្ឆាន ប្រព្រឹត្ត​ទៅ​ ដើម្បី​បិត្តិវិស័យ ។ ផល​នៃ​ផរុសវាចា ​ដែល​ស្រាល​ជា​ងផល​ទាំង​អស់​ រមែងប្រព្រឹត្ត​ទៅ​ ដើម្បី​សម្លេង​មិន​ជា​ទីគាប់​ចិត្ត ដល់​កើត​ជា​មនុស្ស ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ សម្ជប្បលាបៈ ​ដែល​បុគ្គល​ថ្នឹក​ហើយ ចម្រើន​ហើយ​ ធ្វើ​ឲ្យ​ច្រើន​ហើយ​ ប្រព្រឹត្ត​ទៅ​ ដើម្បីនរក ប្រព្រឹត្ត​ទៅ​ ដើម្បី​កំណើត​តិរច្ឆាន ប្រព្រឹត្ត​ទៅ​ ដើម្បី​បិត្តិវិស័យ ។ ផល​នៃ​សម្ជប្បលាបៈ ​ដែល​ស្រាល​ជា​ងផល​ទាំង​អស់​ រមែងប្រព្រឹត្ត​ទៅ​ ដើម្បី​ពាក្យ​ដែល​មិន​គួរកាន់​យក ដល់​កើត​ជា​មនុស្ស ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ កាផឹក​នូវ​សុរា ​និង​មេរ័យ ​ដែល​បុគ្គល​ថ្នឹក​ហើយ ចម្រើន​ហើយ​ ធ្វើ​ឲ្យ​ច្រើន​ហើយ​ ប្រព្រឹត្ត​ទៅ​ ដើម្បីនរក ប្រព្រឹត្ត​ទៅ​ ដើម្បីកំណើត​តិរច្ឆាន ប្រព្រឹត្ត​ទៅ​ ដើម្បី​បិត្តិវិស័យ ។ ផល​នៃ​ការ​ផឹក​នូវ​សុរាមេរ័យ ​ដែល​ស្រាល​ជា​ងផល​ទាំង​អស់​ រមែងប្រព្រឹត្ត​ទៅ​ ដើម្បី​ភាព​ជា​ឆ្កួត ​ដល់​កើត​ជា​មនុស្ស ។

ចប់ ទានវគ្គ ទី៤ ។

ឧទ្ទាន​ក្នុង​វគ្គ​នោះ គឺ​

និយាយ​អំពី​ទាន ពីរលើក ​អំពី​វត្ថុ ១ ​អំពី​បុញ្ញក្ខេត្ត ១ ​អំពី​ការកើតឡើង​នៃ​ទាន ១ ​អំពី​បុញ្ញកិរិយាវត្ថុ ១ ​អំពី​សប្បុរស ពីរលើក ​អំពី​ផល​ដ៏​ស្រាល​ជា​ងផល​ទាំង​អស់​ ១ ​អំពី​អានិសង្ស ១ ។

ឧបោសថវគ្គកែប្រែ

សង្ខិត្តូបោសថសូត្រ ទី១កែប្រែ

[៤១] ខ្ញុំ​បាន​ស្តាប់មកយ៉ាង​នេះ​។ សម័យ​មួយ​​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​គង់​នៅ​ក្នុង​វត្តជេតពន ​របស់​អនាថបិណ្ឌិកសេដ្ឋី ​ទៀប​ក្រុង​សាវត្ថី ។ ​ក្នុង​ទី​នោះ​ឯង​​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​ហៅ​ពួក​ភិក្ខុ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ។ ​ភិក្ខុ​ទាំង​នោះ ទទួល​ស្តាប់​ព្រះ​ពុទ្ធដីកា​ព្រះ​មាន​ព្រះ​ភាគ​ថា​​ព្រះ​ករុណា ​ព្រះ​អង្គ ។ ​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ឧបោសថ ​ប្រកប​ដោយ​អង្គ ៨ ប្រការ ​ដែល​បុគ្គល​ចាំរក្សា​ហើយ​រមែង​មាន​ផល​ច្រើន ​មាន​អានិសង្ស​ច្រើន ​មាន​សេចក្តី​រុងរឿងច្រើន ​មាន​សេចក្តី​ផ្សាយ​ទៅ​ច្រើន ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​ឧបោសថ ​ប្រកប​ដោយ​អង្គ ៨ ប្រការ ​ដែល​បុគ្គល​ចាំរក្សា​ហើយ​រមែង​មាន​ផលច្រើន ​មាន​អានិសង្សច្រើន ​មាន​សេចក្តី​រុងរឿងច្រើន ​មាន​សេចក្តី​ផ្សាយ​ទៅ​ច្រើន ​តើ​ដោយ​ប្រការ​ដូចម្តេច ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ អរិយសាវក ​ក្នុង​សាសនា​នេះ​ពិចារណា​ថា​​ព្រះ​អរហន្ត​ទាំង​ឡាយ លះបង់​បាណាតិបាត វៀរ​ចាក​បាណាតិបាត ​មាន​អាជ្ញា​ដាក់ចុះ​ហើយ មាន​គ្រឿង​សស្រ្តា​ដាក់ចុះ​ហើយ ជា​អ្នក​មាន​សេចក្តី​ខ្មាសបាប ​មាន​សេចក្តី​អាណិត ​មាន​សេចក្តី​អនុគ្រោះ ​ដោយ​ប្រយោជន៍​ដល់​សព្វ​សត្វ​ដរាប​អស់​ជីវិត ​ក្នុង​ថ្ងៃ​នេះ​ចំណែកខ្លួន​អញ​លះបង់​នូវ​បាណាតិបាត វៀរ​ចាក​បាណាតិបាត ​មាន​អាជ្ញា​ដាក់ចុះ​ហើយ មាន​គ្រឿង​សស្រ្តា​ដាក់ចុះ​ហើយ មាន​សេចក្តី​ខ្មាសបាប ​មាន​សេចក្តី​អាណិត ​មាន​សេចក្តី​អនុគ្រោះ ​ដោយ​ប្រយោជន៍​ដល់​សព្វ​សត្វ អស់​យប់​នេះ និង​ថ្ងៃ​នេះ​ដែរ យក​តម្រាប់​ព្រះ​អរហន្ត​ទាំង​ឡាយ​ផង​ខ្លួន​អញ​នឹង​ចាំរក្សា​ឧបោសថ​ផង ដោយ​អង្គ​នេះ​ឯង​។ ឧបោសថ ​ប្រកប​ដោយ​អង្គ ទី១ ​នេះ​ឯង​។បេ។ ​ព្រះ​អរហន្ត​ទាំង​ឡាយ លះបង់​អទិន្នាទាន វៀរ​ចាក​អទិន្នាទាន កាន់​យក​តែវត្ថុ​ដែល​គេ​ឲ្យ​ប្រាថ្នា​ចំពោះ​វត្ថុ​ដែល​គេ​ឲ្យ មាន​ខ្លួន​ដ៏​ស្អាត ​មិន​មែន​ជា​អ្នក​លួច​ដរាប​អស់​ជីវិត ​ក្នុង​ថ្ងៃ​នេះ​ចំណែកខ្លួន​អញ​លះបង់​អទិន្នាទាន វៀរ​ចាក​អទិន្នាទាន កាន់​យក​តែវត្ថុ​ដែល​គេ​ឲ្យ​ប្រាថ្នា​ចំពោះ​តែវត្ថុ​ដែល​គេ​ឲ្យ មាន​ខ្លួន​ដ៏​ស្អាត ​មិន​មែន​ជា​អ្នក​លួច ​អស់​យប់​នេះ និង​ថ្ងៃ​នេះ​ដែរ យក​តម្រាប់​ព្រះ​អរហន្ត​ទាំង​ឡាយ​ផង​ខ្លួន​អញ​ចាំរក្សា​ឧបោសថ​ផង ដោយ​អង្គ​នេះ​ឯង​។ ឧបោសថ ​ប្រកប​ដោយ​អង្គ ទី២ ​នេះ​ឯង​។បេ។ ​ព្រះ​អរហន្ត​ទាំង​ឡាយ លះបង់​អព្រហ្មចរិយៈ ​ជា​អ្នក​មាន​ព្រហ្មចារ្យ ប្រព្រឹត្តឆ្ងាយ វៀរ​ចាក​មេថុន ​ដែល​ជា​ធម៌​របស់​អ្នក​ស្រុក ដរាប​អស់​ជីវិត ​ក្នុង​ថ្ងៃ​នេះ​ចំណែក​ខ្លួន​អញ​លះបង់​អព្រហ្មចរិយៈ ​ជា​អ្នក​មាន​ព្រហ្មចារ្យ ប្រព្រឹត្តឆ្ងាយ វៀរ​ចាក​មេថុន ​ដែល​ជា​ធម៌​របស់​អ្នក​ស្រុក ​អស់​យប់​នេះ និង​ថ្ងៃ​នេះ​ដែរ យក​តម្រាប់​ព្រះ​អរហន្ត​ទាំង​ឡាយ​ផង​ខ្លួន​អញ​នឹង​ចាំរក្សា​ឧបោសថ​ផង ដោយ​អង្គ​នេះ​ឯង​។ ឧបោសថ ​ប្រកប​ដោយ​អង្គ ទី៣ ​នេះ​ឯង​។បេ។ ​ព្រះ​អរហន្ត​ទាំង​ឡាយ លះបង់​មុសាវាទ វៀរ​ចាក​មុសាវាទ ​អ្នក​ពោល​ពាក្យ​ពិត ទ្រ​ទ្រង់​ពាក្យ​ពិត ​ពោល​ពាក្យ​ខ្ជាប់ខ្ជួន គួរ​ឲ្យ​គេជឿ​បាន មិន​បាន​ពោល​ពាក្យ​បង្កាច់​លោក ក្នុង​ថ្ងៃ​នេះ​ចំណែក​ខ្លួន​អញ​លះបង់​មុសាវាទ វៀរ​ចាក​មុសាវាទ ​ជា​អ្នក​ពោល​ពាក្យ​ពិត ទ្រ​ទ្រង់​ពាក្យ​ពិត ​ពោល​ពាក្យ​ខ្ជាប់ខ្ជួន គួរ​ឲ្យ​គេជឿ​បាន មិន​បាន​ពោល​ពាក្យ​បង្កាច់​លោក អស់​យប់​នេះ និង​ថ្ងៃ​នេះ​ដែរ យក​តម្រាប់​ព្រះ​អរហន្ត​ទាំង​ឡាយ​ផង​ខ្លួន​អញ​នឹង​ចាំរក្សា ឧបោសថ​ផង ដោយ​អង្គ​នេះ​ឯង​។ ឧបោសថ ​ប្រកប​ដោយ​អង្គ ទី៤ ​នេះ​ឯង​។បេ។ ​ព្រះ​អរហន្ត​ទាំង​ឡាយ លះបង់ហេតុ​ជា​ទីតាំង​នៃ​សេចក្តី​ប្រមាទ ​គឺ​ផឹក​គ្រឿង​ស្រវឹង ​គឺ​សុរា ​និង​មេរ័យ វៀរ​ចាក​ហេតុ​ជា​ទីតាំង​នៃ​សេចក្តី​ប្រមាទ ​គឺ​ផឹកគ្រឿង​ស្រវឹង ​គឺ​សុរា ​និង​មេរ័យ ដរាប​អស់​ជីវិត ​ក្នុង​ថ្ងៃ​នេះ​ចំណែកខ្លួន​អញ​លះបង់ហេតុ​ជា​ទីតាំង​នៃ​សេចក្តី​ប្រមាទ ​គឺ​ផឹក​គ្រឿងស្រវឹង ​គឺ​សុរា ​និង​មេរ័យ វៀរ​ចាក​ហេតុ​ជា​ទីតាំង​នៃ​សេចក្តី​ប្រមាទ ​គឺ​ផឹក​គ្រឿង​ស្រវឹង ​គឺ​សុរា ​និង​មេរ័យ ​អស់​យប់​នេះ និង​ថ្ងៃ​នេះ​ដែរ យក​តម្រាប់​ព្រះ​អរហន្ត​ទាំង​ឡាយ​ផង​ខ្លួន​អញ​នឹង​ចាំរក្សា​ឧបោសថ​ផង ដោយ​អង្គ​នេះ​ឯង​។ ឧបោសថ ​ប្រកប​ដោយ​អង្គ​ទី៥​នេះ​ឯង​។បេ។ ​ព្រះ​អរហន្ត​ទាំង​ឡាយ បរិភោគ​បាយតែម្តង វៀរបរិភោគ​ក្នុង​វេលាយប់ វៀរ​ចាក​ភោជន​ក្នុង​វេលាវិ​កាល​ដរាប​អស់​ជីវិត ​ក្នុង​ថ្ងៃ​នេះ​ចំណែក​ខ្លួន​អញ​បរិភោគ​បាយតែម្តង វៀរបរិភោគ​ក្នុង​វេលាយប់ វៀរ​ចាក​ភោជន​ក្នុង​វេលាវិ​កាល អស់​យប់​នេះ និង​ថ្ងៃ​នេះ​ដែរ យក​តម្រាប់​ព្រះ​អរហន្ត​ទាំង​ឡាយ​ផង​ខ្លួន​អញ​នឹង​ចាំរក្សា​ឧបោសថ​ផង ដោយ​អង្គ​នេះ​ឯង​។ ឧបោសថ ​ប្រកប​ដោយ​អង្គ ទី៦ ​នេះ​ឯង​។បេ។ ​ព្រះ​អរហន្ត​ទាំង​ឡាយ លះបង់​ការរាំ ច្រៀង ប្រគំ មើលល្បែង​ដែល​ជា​ស​ត្រូវ​ដល់​កុសលធម៌ ​និង​ការទ្រ​ទ្រង់​ប្រដាប់​តាក់តែង ស្អិតស្អាង​រាងកាយ ​ដោយ​ផ្កា​កម្រង គ្រឿង​ក្រអូប គ្រឿងលាប​ផ្សេង ៗ វៀរ​ចាក​ការរាំ ច្រៀង ប្រគំ មើលល្បែង ​ដែល​ជា​ស​ត្រូវ​ដល់​កុសលធម៌ ​និង​ការទ្រ​ទ្រង់​ប្រដាប់​តាក់តែង ស្អិតស្អាង​រាងកាយ ​ដោយ​ផ្កាកម្រង គ្រឿង​ក្រអូប គ្រឿងលាប​ផ្សេង ៗ ដរាប​អស់​ជីវិត ​ក្នុង​ថ្ងៃ​នេះ​ចំណែក​ខ្លួន​អញ​លះបង់​ការរាំ ច្រៀង ប្រគំ មើល​នូវ​ល្បែង ​ដែល​ជា​ស​ត្រូវ​ដល់​កុសលធម៌ ​និង​ការទ្រ​ទ្រង់​ប្រដាប់​តាក់តែង ស្អិតស្អាង​រាងកាយ ​ដោយ​ផ្កាកម្រង គ្រឿង​ក្រអូប គ្រឿងលាប​ផ្សេង ៗ វៀរ​ចាក​ការរាំ ច្រៀង ប្រគំ មើល​នូវ​ល្បែង ​ដែល​ជា​ស​ត្រូវ​ដល់​កុសលធម៌ ​និង​ការទ្រ​ទ្រង់​ប្រដាប់​តាក់តែង ស្អិតស្អាង​រាងកាយ ​ដោយ​ផ្កាកម្រង គ្រឿង​ក្រអូប គ្រឿង​លាបផ្សេង ៗ ​អស់​យប់​នេះ និង​ថ្ងៃ​នេះ​ដែរ យក​តម្រាប់​ព្រះ​អរហន្ត​ទាំង​ឡាយ​ផង​ខ្លួន​អញ​នឹង​ចាំរក្សា​ឧបោសថ​ផង ដោយ​អង្គ​នេះ​ឯង​។ ឧបោសថ ​ប្រកប​ដោយ​អង្គ ទី៧ ​នេះ​ឯង​។បេ។ ​ព្រះ​អរហន្ត​ទាំង​ឡាយ លះបង់​សេនាសនៈ ​ដ៏​ខ្ពស់ហួសប្រមាណ ​និង​សេនាសនៈ​ដ៏​ប្រសើរ វៀរ​ចាក​សេនាសនៈ​ដ៏​ខ្ពស់​ហួសប្រមាណ ​និង​សេនាសនៈ​ដ៏​ប្រសើរ សម្រេច​នូវ​ទីដេក​ដ៏​ទាប​លើគ្រែក្តី លើកម្រាល ​ដែល​គេធ្វើ​ដោយ​ស្មៅក្តី ដរាប​អស់​ជីវិត ​ក្នុង​ថ្ងៃ​នេះ​ចំណែក​ខ្លួន​អញ​លះបង់​សេនាសនៈ​ដ៏​ខ្ពស់​ហួសប្រមាណ ​និង​សេនាសនៈ​ដ៏​ប្រសើរ វៀរ​ចាក​សេនាសនៈ​ដ៏​ខ្ពស់​ហួសប្រមាណ ​និង​សេនាសនៈ​ដ៏​ប្រសើរ សម្រេច​នូវ​ទីដេក​ដ៏​ទាប​លើគ្រែ​ក្តី​លើកម្រាល​ដែល​គេធ្វើ​ដោយ​ស្មៅក្តី ​អស់​យប់​នេះ និង​ថ្ងៃ​នេះ​ដែរ យក​តម្រាប់​ព្រះ​អរហន្ត​ទាំង​ឡាយ​ផង​ខ្លួន​អញ នឹង​ចាំរក្សា​ឧបោសថ​ផង ដោយ​អង្គ​នេះ​ឯង​។ ឧបោសថ ​ប្រកប​ដោយ​អង្គ ទី៨ ​នេះ​ឯង​។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ឧបោសថ ​ប្រកប​ដោយ​អង្គ ៨ ​ដែល​បុគ្គល​ចាំរក្សា​យ៉ាង​នេះ​ឯង​រមែង​មាន​ផល​ច្រើន ​មាន​អានិសង្ស​ច្រើន ​មាន​សេចក្តី​រុង​រឿង​ច្រើន ​មាន​សេចក្តី​ផ្សាយច្រើន ។

វិត្ថតូបោសថសូត្រ ទី២កែប្រែ

[៤២] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ឧបោសថ​ប្រកប​ដោយ​អង្គ ៨ ប្រការ ​ដែល​បុគ្គលចាំ​រក្សា​ហើយ​រមែង​មាន​ផលច្រើន ​មាន​អានិសង្សច្រើន ​មាន​សេចក្តី​រុងរឿង​ច្រើន ​មាន​សេចក្តី​ផ្សាយ​ទៅ​ច្រើន ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ឧបោសថ​ប្រកប​ដោយ​អង្គ ៨ ប្រការ ​ដែល​បុគ្គល​ចាំរក្សា​ហើយ​រមែង​មាន​ផលច្រើន ​មាន​អានិសង្សច្រើន ​មាន​សេចក្តី​រុងរឿង​ច្រើន ​មាន​សេចក្តី​ផ្សាយ​ទៅ​ច្រើន ​តើ​ដោយ​ប្រការ​ដូចម្តេច ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ អរិយសាវក ​ក្នុង​សាសនា​នេះ​ពិចារណា​ថា​​ព្រះ​អរហន្ត​ទាំង​ឡាយ លះបង់​បាណាតិបាត ​មាន​អាជ្ញាដាក់ចុះ​ហើយ មាន​គ្រឿងសស្រ្តា​ដាក់ចុះ​ហើយ មាន​សេចក្តី​ខ្មាសបាប ​មាន​សេចក្តី​អាណិត ​មាន​សេចក្តី​អនុគ្រោះ ​ដោយ​ប្រយោជន៍​ដល់​សព្វ​សត្វ​ដរាប​អស់​ជីវិត​ក្នុង​ថ្ងៃ​នេះ​ចំណែក​ខ្លួន​អញ​លះបង់បាណាតិបាត វៀរ​ចាក​បាណាតិបាត ​មាន​អាជ្ញា​ដាក់ចុះ​ហើយ មាន​គ្រឿងសស្រ្តា​ដាក់ចុះ​ហើយ មាន​សេចក្តី​ខ្មាសបាប ​មាន​សេចក្តី​អាណិត ​មាន​សេចក្តី​អនុគ្រោះ ​ដោយ​ប្រយោជន៍​ដល់​សព្វ​សត្វ អស់​យប់​នេះ និង​ថ្ងៃ​នេះ យក​តម្រាប់​ព្រះ​អរហន្ត​ទាំង​ឡាយ​ផង​ខ្លួន​អញ​នឹង​ចាំរក្សា​ឧបោសថ​ផង ដោយ​អង្គ​នេះ​ឯង​។ ឧបោសថ ​ប្រកប​ដោយ​អង្គ ទី១ ​នេះ​ឯង​។ (​សេចក្តី​ពិស្តារ​ដូចអង្គ ទី១) ​ព្រះ​អរហន្ត​ទាំង​ឡាយ លះបង់​សេនាសនៈ​ដ៏​ខ្ពស់​ហួសប្រមាណ ​និង​សេនាសនៈ​ដ៏​ប្រសើរ វៀរ​ចាក​សេនាសនៈ​ដ៏​ខ្ពស់​ហួសប្រមាណ ​និង​សេនាសនៈ​ដ៏​ប្រសើរ សម្រេច​នូវ​ទីដេក​ដ៏​ទាប​លើគ្រែ​ក្តី​លើ​កម្រាល ​ដែល​គេ​ធ្វើ​ដោយ​ស្មៅក្តី ដរាប​អស់​ជីវិត ​ក្នុង​ថ្ងៃ​នេះ​ចំណែក​ខ្លួន​អញ​លះបង់​សេនាសនៈ​ដ៏​ខ្ពស់​ហួសប្រមាណ ​និង​សេនាសនៈ​ដ៏​ប្រសើរ វៀរ​ចាក​សេនាសនៈ​ដ៏​ខ្ពស់​ហួសប្រមាណ ​និង​សេនាសនៈ​ដ៏​ប្រសើរ សម្រេច​នូវ​ទីដេក​ដ៏​ទាប​លើ​គ្រែក្តី លើ​កម្រាល​ដែល​ធ្វើ​ដោយ​ស្មៅ​ក្តី អស់​យប់​នេះ និង​ថ្ងៃ​នេះ​ដែរ យក​តម្រាប់​ព្រះ​អរហន្ត​ទាំង​ឡាយ​ផង អញ​នឹង​ចាំរក្សា​ឧបោសថ​ផង ដោយ​អង្គ​នេះ​ឯង​។ ឧបោសថ ​ប្រកប​ដោយ​អង្គ ទី៨ ​នេះ​ឯង​។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ឧបោសថ ​ប្រកប​ដោយ​អង្គ ៨ ប្រការ ​ដែល​បុគ្គល​ចាំរក្សា យ៉ាង​នេះ​ឯង​រមែង​មាន​ផល​ច្រើន ​មាន​អានិសង្ស​ច្រើន ​មាន​សេចក្តី​រុងរឿងច្រើន ​មាន​សេចក្តី​ផ្សាយ​ទៅ​ច្រើន ។

ឧបោសថ ​មាន​ផលច្រើនដូចម្តេច ​មាន​អានិសង្សច្រើន ដូចម្តេច​មាន​សេចក្តី​រុងរឿង​ច្រើន ដូចម្តេច ​មាន​សេចក្តី​ផ្សាយ​ទៅ​ច្រើន ដូចម្តេច ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ប្រៀបដូច​បុគ្គល​សោយរាជ្យ ​ជា​ឥស្សរាធិបតី​នៃ​មហាជនបទ ​ទាំង​១៦ ​នេះ ដែល​ជា​ជនបទ​សម្បូរ​ដោយ​កែវ ៧ ប្រការ ​គឺ​មហាជនបទ ​ឈ្មោះ​អង្គៈ ១ មគធៈ ១ កាសី ១ កោសលៈ ១ វជ្ជី ១ មល្លៈ ១ ចេតី ១ វង្សៈ ១ កុរុ ១ បញ្ចាលៈ ១ មច្ឆៈ ១ សូរសេនៈ ១ អស្សកៈ ១ អវន្តី ១ គន្ធារៈ ១ កម្ពោជៈ ១ រាជសម្បត្តិ​នៃ​មហាជនបទ​ទាំង​នុ៎ះ ​មិន​ដល់​នូវ​ចំណិត ១ ​ក្នុង​ចំណិត ទី១៦ ៗ លើក​នៃ​ឧបោសថ​ប្រកប​ដោយ​អង្គ ៨ ប្រការ​ឡើយ ។ ដំណើរ​នោះ​ព្រោះហេតុអ្វី ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ រាជសម្បត្តិ​របស់​មនុស្ស ​ជា​របស់​ស្តួចស្តើង ​ហើយ​យក​ទៅ​ប្រៀបធៀប​នឹង​សេចក្តី​សុខ​ជា​របស់​ទិព្យ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ៥០ ឆ្នាំ ​របស់​មនុស្ស ​ត្រូវ​ជា​១យប់ ១​ថ្ងៃ របស់​ចាតុម្មហារាជិក​ទេវតា រាប់រាត្រី​នោះ បាន​៣០រាត្រី ​ត្រូវ​ជា​១ខែ រាប់ខែ​នោះ​បាន​១២ខែ ​ត្រូវ​ជា​១ឆ្នាំ រាប់ឆ្នាំ​នោះ​បាន​៥០០ឆ្នាំទិព្យ ​ត្រូវ​ជា​ប្រមាណ​នៃ​អាយុ​របស់​ចាតុម្មហារាជិកទេវតា ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុ​នេះ​រមែង​មាន​ត្រង់​ដែល​ស្រ្តី ​ឬ​បុរស​ពួក​ខ្លះ ​ក្នុង​លោក​នេះ ចាំរក្សា​នូវ​ឧបោសថ​ដែល​ប្រកប​ដោយ​អង្គ ៨ ប្រការ ​លុះ​បែកធ្លាយ​រាងកាយស្លាប់​ទៅ​រមែង​ទៅ​កើត​ជា​មួយ​នឹង​ពួក​ចាតុម្មហារាជិកទេវតា ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ រាជសម្បត្តិ​របស់​មនុស្ស ​ជា​របស់​ស្តួចស្តើង ​ហើយ​យក​ទៅ​ប្រៀប​ធៀប​នឹង​សេចក្តី​សុខ​ជា​របស់​ទិព្យ ​ដែល​តថាគត​សំដែង​ហើយ​ព្រោះ​អាស្រ័យ​ហេតុ​នេះ​ឯង​។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ១០០ឆ្នាំ ​របស់​មនុស្ស ​ត្រូវ​ជា​១យប់ ១​ថ្ងៃ របស់​តាវត្តិង្សទេវតា រាប់រាត្រី​នោះ​បាន​៣០ ​ត្រូវ​ជា​១ខែ រាប់ខែ​នោះ​បាន​១២ខែ ​ត្រូវ​ជា​១ឆ្នាំ រាប់ឆ្នាំ​នោះ​បាន​១០០០ឆ្នាំទិព្យ ​ត្រូវ​ជា​ប្រមាណ​នៃ​អាយុ​របស់​តាវត្តិង្ស​ទេវតា ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុ​នេះ​រមែង​មាន​ត្រង់​ដែល​ស្រ្តី ​ឬ​បុរស​ពួក​ខ្លះ ​ក្នុង​លោក​នេះ​ចាំរក្សា​នូវ​ឧបោសថ ​ប្រកប​ដោយ​អង្គ ៨ ប្រការ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​រមែង​ទៅ​កើត​ជា​មួយ​នឹង​ពួក​តាវត្តិង្សទេវតា ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ រាជសម្បត្តិ​របស់​មនុស្ស​នេះ​ឯង ជា​របស់​ស្តួចស្តើង ​ហើយ​យក​ទៅ​ប្រៀបធៀប​នឹង​សេចក្តី​សុខ​ជា​របស់​ទិព្យ ​ដែល​តថាគត​សំដែង​ហើយ​ព្រោះ​អាស្រ័យ​ហេតុ​នេះ​ឯង​។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ២០០ឆ្នាំ ​របស់​មនុស្ស ​ត្រូវ​ជា​១យប់ ១​ថ្ងៃ របស់​ពួក​យាមទេវតា រាប់​រាត្រី​នោះ​បាន​៣០រាត្រី ​ត្រូវ​ជា​១ខែ រាប់ខែ​នោះ​បាន​១២ខែ ​ត្រូវ​ជា​១ឆ្នាំ រាប់ឆ្នាំ​នោះ​បាន​២០០០ ​ឆ្នាំទិព្យ ​ត្រូវ​ជា​ប្រមាណ​នៃ​អាយុ​របស់​យាមទេវតា ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុ​នេះ​រមែង​មាន​ត្រង់​ដែល​ស្រ្តី ​ឬ​បុរស​ពួក​ខ្លះ ​ក្នុង​លោក​នេះ​ចាំរក្សា​នូវ​ឧបោសថ ​ប្រកប​ដោយ​អង្គ ៨ ប្រការ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​រមែង​ទៅ​កើត​ជា​មួយ​នឹង​ពួក​យាម​ទេវតា ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ រាជសម្បត្តិ​របស់​មនុស្ស​នេះ​ឯង ជា​របស់​ស្តួចស្តើង ​ហើយ​យក​ទៅ​ប្រៀបធៀប​នឹង​សេចក្តី​សុខ​ជា​របស់​ទិព្យ ​ដែល​តថាគត​សំដែង​ហើយ​ព្រោះអាស្រ័យ​ហេតុ​នេះ​ឯង​។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ៤០០​ឆ្នាំ ​របស់​មនុស្ស ​ត្រូវ​ជា​១យប់ ១​ថ្ងៃ របស់​ពួក​តុសិតទេវតា រាប់រាត្រី​នោះ​បាន​៣០រាត្រី ​ត្រូវ​ជា​១ខែ រាប់ខែ​នោះ​បាន​១២ខែ ​ត្រូវ​ជា​១ឆ្នាំ រាប់ឆ្នាំ​នោះ​បាន​៤០០០ឆ្នាំទិព្យ ​ត្រូវ​ជា​ប្រមាណ​នៃ​អាយុ​របស់​ពួក​តុសិតទេវតា ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុ​នេះ​រមែង​មាន​ត្រង់​ដែល​ស្រ្តី ​ឬ​បុរស​ពួក​ខ្លះ ​ក្នុង​លោក​នេះ​ចាំរក្សា​ឧបោសថ ​ប្រកប​ដោយ​អង្គ ៨ ប្រការ ​លុះ​បែក​ធ្លាយ​រាងកាយ​ស្លាប់​ទៅ​រមែង​ទៅ​កើត​ជា​មួយ​នឹង​ពួក​តុសិតទេវតា ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ រាជសម្បត្តិ​របស់​មនុស្ស​នេះ​ឯង ជា​របស់​ស្តួចស្តើង ​ហើយ​យក​ទៅ​ប្រៀបធៀប​នឹង​សេចក្តី​សុខ​ជា​របស់​ទិព្យ ​ដែល​តថាគត​សំដែង​ហើយ​ព្រោះអាស្រ័យ​ហេតុ​នេះ​ឯង​។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ៨០០ឆ្នាំ ​របស់​មនុស្ស ​ត្រូវ​ជា​១យប់ ១​ថ្ងៃ របស់​ពួក​និម្មានរតីទេវតា រាប់​រាត្រី​នោះ​បាន​៣០រាត្រី ​ត្រូវ​ជា​១ខែ រាប់ខែ​នោះ​បាន​១២ខែ ​ត្រូវ​ជា​១ឆ្នាំ រាប់ឆ្នាំ​នោះ​បាន​៨០០០ឆ្នាំទិព្យ ​ត្រូវ​ជា​ប្រមាណ​នៃ​អាយុ​របស់​ពួក​និម្មានរតី​ទេវតា ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុ​នេះ​រមែង​មាន​ត្រង់​ដែល​ស្រ្តី ​ឬ​បុរស​ពួក​ខ្លះ ​ក្នុង​លោក​នេះ​ចាំរក្សា​នូវ​ឧបោសថ ​ប្រកប​ដោយ​អង្គ ៨ ប្រការ ​លុះ​បែកធ្លាយ​រាងកាយស្លាប់​ទៅ​រមែង​ទៅ​កើត​ជា​មួយ​នឹង​ពួក​និម្មានរតី​ទេវតា ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ រាជសម្បត្តិ​របស់​មនុស្ស​នេះ​ឯង ជា​របស់​ស្តួចស្តើង ​ហើយ​យក​ទៅ​ប្រៀបធៀប​នឹង​សេចក្តី​សុខ​ជា​របស់​ទិព្យ ​ដែល​តថាគត​សំដែង​ហើយ​ព្រោះអាស្រ័យ​ហេតុ​នេះ​ឯង​។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ១៦០០ឆ្នាំ ​របស់​មនុស្ស ​ត្រូវ​ជា​១យប់ ១​ថ្ងៃ របស់​ពួក​បរនិម្មិតវសវត្តី​ទេវតា រាប់រាត្រី​នោះ​បាន​៣០ ​ត្រូវ​ជា​១ខែ រាប់ខែ​នោះ​បាន​១២ខែ ​ត្រូវ​ជា​១ឆ្នាំ រាប់ឆ្នាំ​នោះ​បាន​១៦០០០ឆ្នាំទិព្យ ​ត្រូវ​ជា​ប្រមាណ​នៃ​អាយុ​របស់​ពួក​បរនិម្មិតវសវត្តី​ទេវតា ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុ​នេះ​រមែង​មាន​ត្រង់​ដែល​ស្រ្តី ​ឬ​បុរស​ពួក​ខ្លះ ​ក្នុង​លោក​នេះ​ចាំរក្សា​នូវ​ឧបោសថ ​ប្រកប​ដោយ​អង្គ ៨ ប្រការ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​រមែង​ទៅ​កើត​ជា​មួយ​នឹង​ពួក​បរនិម្មិត​វសវត្តីទេវតា ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ រាជសម្បត្តិ​របស់​មនុស្ស​នេះ​ឯង ជា​របស់​ស្តួចស្តើង ​ហើយ​យក​ទៅ​ប្រៀបធៀប​នឹង​សេចក្តី​សុខ​ជា​របស់​ទិព្យ ​ដែល​តថាគត​សំដែង​ហើយ​ព្រោះអាស្រ័យ​ហេតុ​នេះ​ឯង​។

បុគ្គល​មិន​គប្បី​សម្លាប់​សត្វ​១ ​មិន​គប្បី​កាន់​យក​វត្ថុ​ដែល​គេ​មិន​បាន​ឲ្យ​១ ​មិន​គប្បី​ពោល​ពាក្យ​កុហក ១ ​មិន​គប្បី​ផឹក​ទឹក​ស្រវឹង ១ ​គប្បី​វៀរ​ចាក​ការ​ប្រព្រឹត្តិ​មិន​ប្រសើរ ​គឺ​មេថុន ១ ​មិន​គប្បី​បរិភោគ​ភោជន ​ក្នុង​វេលារាត្រី និង​ក្នុង​វេលា​វិ​កាល​១ ​មិន​គប្បី​ទ្រ​ទ្រង់​ផ្កាកម្រង ​មិន​គប្បី​ប្រស់ព្រំ​ដោយ​គ្រឿង​ក្រអូប ១ ​គប្បី​ដេក​លើគ្រែ លើ​ផែនដី ​ឬ​លើ​កម្រាល ១ ​ព្រះ​ពុទ្ធ​ព្រះ​អង្គ​ដល់​នូវ​ទីបំផុត​នៃ​ទុក្ខ ​ទ្រង់​ប្រកាស​ហើយ នូវ​ឧបោសថ ​ដែល​ប្រកប​ដោយ​អង្គ ៨ ប្រការ​នេះ​ឯង​សភាវៈ​ទាំង​ឡាយ​ពីរ ​គឺ​ព្រះ​ចន្ទ ១ ​ព្រះ​អាទិត្យ ១ ​ជា​សភាវៈ​ល្អមើល ​កាល​បំភ្លឺ​លោក​រមែង​ចរ​ទៅ​អស់​ទីត្រឹម​ណា ​ព្រះ​ចន្ទ ​និង​ព្រះ​អាទិត្យ​ទាំង​នោះ ដែល​កំចាត់បង់​នូវ​ងងឹត ចរ​ទៅ​ក្នុង​អាកាស ញុំាង​ទិស​ឲ្យ​រុងរឿង​ភ្លឺច្បាស់​ក្នុង​អាកាស ​អស់​ទី​ត្រឹម​នោះ​ទ្រព្យ​ណា ​មាន​ក្នុង​ចន្លោះ​នេះ គឺ​កែវមុក្តា​ក្តី​កែវមណី​ក្តី​កែវពិទូរ្យ​ដ៏​ល្អក្តី មាស​ឈ្មោះ​សិង្គីក្តី ​ឈ្មោះ​សុវណ្ណ​ក្តី ឬ​មាស​ឈ្មោះ​កាញ្ចនៈ​ក្តី ឈ្មោះ​ជា​តរូប​ក្តី ឈ្មោះ​ហដកៈ​ក្តី​ទ្រព្យ​ទាំង​អម្បាល​នោះ មិន​ដល់​នូវ​ចំណិត​មួយ​ក្នុង​ចំណែក ១៦ ៗ លើក​នៃ​ឧបោសថ ​ដែល​ប្រកប​ដោយ​អង្គ៨ ប្រការ​ឡើយ ដូច​ជា​ពួក​ផ្កាយ​ទាំង​អស់ មិន​ដល់​នូវ​ពន្លឺ​នៃ​ព្រះ​ចន្ទ ហេតុដូច្នោះ ស្រ្តីក្តី បុរសក្តី ​ជា​អ្នក​មាន​សីល គួរ​ចាំរក្សា​នូវ​ឧបោសថ ប្រកប​ដោយ​អង្គ ៨ ប្រការ ​ពួក​ជន​ដែល​មិន​មាន​គេនិន្ទា បំពេញ​នូវ​បុណ្យ​ទាំង​ឡាយ ​ដែល​មាន​សេចក្តី​សុខ​ជា​កម្រៃ រមែង​ចូល​ទៅ​កាន់​ឋានសួគ៌​បាន​។

វិសាខាសូត្រ ទី៣កែប្រែ

[៤៣] សម័យ​មួយ​​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​កាល​គង់​នៅ​នាប្រាសាទ​មិគារមាតា ​ក្នុង​បុព្វារាម ជិត​ក្រុង​សាវត្ថី ។ គ្រា​នោះ​នាង​វិសាខា​ជា​មិគារមាតា ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​លុះ​ចូល​ទៅ​ដល់ ក្រាប​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ហើយ​អង្គុយ​ក្នុង​ទី​សមគួរ ។ ​លុះ​វិសាខា ​ជា​មិគារមាតា ​អង្គុយ​ក្នុង​ទីសមគួរ​ហើយ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​ដូច​នេះ​ថា ម្នាល​វិសាខា ឧបោសថ ​ប្រកប​ដោយ​អង្គ ៨ ប្រការ ​ដែល​បុគ្គល​ចាំរក្សា​ហើយ​រមែង​មាន​ផល​ច្រើន ​មាន​អានិសង្ស​ច្រើន ​មាន​សេចក្តី​រុងរឿងច្រើន ​មាន​សេចក្តី​ផ្សាយ​ទៅ​ច្រើន ។ ​ម្នាល​វិសាខា ចុះ​ឧបោសថ ​ប្រកប​ដោយ​អង្គ ៨ ប្រការ ​ដែល​បុគ្គល​ចាំរក្សា​ហើយ​រមែង​មាន​ផលច្រើន ​មាន​អានិសង្ស​ច្រើន ​មាន​សេចក្តី​រុងរឿងច្រើន ​មាន​សេចក្តី​ផ្សាយ​ទៅ​ច្រើន ​តើ​ដោយ​ប្រការ​ដូចម្តេច ។ ​ម្នាល​វិសាខា អរិយសាវក ​ក្នុង​សាសនា​នេះ​ពិចារណា​ថា​​ព្រះ​អរហន្ត​ទាំង​ឡាយ លះបង់​បាណាតិបាត វៀរ​ចាក​បាណាតិបាត ​មាន​អាជ្ញា​ដាក់ចុះ​ហើយ មាន​គ្រឿង​សស្រ្តា​ដាក់ចុះ​ហើយ មាន​សេចក្តី​ខ្មាសបាប ​មាន​សេចក្តី​អាណិត ​មាន​សេចក្តី​អនុគ្រោះ ​ដោយ​ប្រយោជន៍ ​ដល់​សព្វ​សត្វ​ដរាប​អស់​ជីវិត ក្នុង​ថ្ងៃ​នេះ​ចំណែក​ខ្លួន​អញ​លះបង់​បាណាតិបាត វៀរ​ចាក​បាណាតិបាត​មាន​អាជ្ញាដាក់​ចុះ​ហើយ មាន​គ្រឿង​សស្រ្តា​ដាក់​ចុះ​ហើយ មាន​សេចក្តី​ខ្មាស​បាប ​មាន​សេចក្តី​អាណិត ​មាន​សេចក្តី​អនុគ្រោះ​ដោយ​ប្រយោជន៍ ​ដល់​សព្វ​សត្វ អស់​យប់​នេះ និង​ថ្ងៃ​នេះ​ដែរ យក​តម្រាប់​ព្រះ​អរហន្ត​ទាំង​ឡាយ​ផង​ខ្លួន​អញ​នឹង​ចាំ​រក្សា​ឧបោសថ​ផង ដោយ​អង្គ​នេះ​ឯង​។ ឧបោសថ ​ប្រកប​ដោយ​អង្គ ទី១ ​នេះ​ឯង​។បេ។ ​ព្រះ​អរហន្ត​ទាំង​ឡាយ លះបង់​នូវ​សេនាសនៈ​ដ៏​ខ្ពស់ ​និង​សេនាសនៈ​ដ៏​ប្រសើរ វៀរ​ចាក​សេនាសនៈ​ដ៏​ខ្ពស់ ​និង​សេនាសនៈ​ដ៏​ប្រសើរ សម្រេច​នូវ​ទីដេក​ដ៏​ទាប លើគ្រែក្តី លើកម្រាល​ដែល​គេធ្វើ​ដោយ​ស្មៅក្តី ដរាប​អស់​ជីវិត ​ក្នុង​ថ្ងៃ​នេះ​ចំណែក​ខ្លួន​អញ​លះបង់​សេនាសនៈ​ដ៏​ខ្ពស់ ​និង​សេនាសនៈ​ដ៏​ប្រសើរ វៀរ​ចាក​សេនាសនៈ​ដ៏​ខ្ពស់ ​និង​សេនាសនៈ​ដ៏​ប្រសើរ សម្រេច​នូវ​ទីដេក​ដ៏​ទាប លើគ្រែ​ក្តី​លើ​កម្រាល ​ដែល​គេធ្វើ​ដោយ​ស្មៅក្តី ​អស់​យប់​នេះ និង​ថ្ងៃ​នេះ​ដែរ យក​តម្រាប់​ព្រះ​អរហន្ត​ទាំង​ឡាយ​ផង​ខ្លួន​អញ​នឹង​ចាំរក្សា​ឧបោសថ​ផង ដោយ​អង្គ​នេះ​ឯង​។ ឧបោសថ ​ប្រកប​ដោយ​អង្គ ទី៨ ​នេះ​ឯង​។ ​ម្នាល​វិសាខា ឧបោសថ ​ប្រកប​ដោយ​អង្គ ៨ ប្រការ ​ដែល​បុគ្គល​ចាំរក្សា​យ៉ាង​នេះ​ហើយ​រមែង​មាន​ផលច្រើន ​មាន​អានិសង្ស​ច្រើន ​មាន​សេចក្តី​រុង​រឿង​ច្រើន ​មាន​សេចក្តី​ផ្សាយ​ទៅ​ច្រើន ។

ឧបោសថ ​មាន​ផលច្រើន​ដូចម្តេច ​មាន​អានិសង្សច្រើន ដូចម្តេច​មាន​សេចក្តី​រុងរឿង​ច្រើន ដូចម្តេច ​មាន​សេចក្តី​ផ្សាយ​ទៅ​ច្រើន ដូចម្តេច ។ ​ម្នាល​វិសាខា ប្រៀប​ដូច​បុគ្គល​សោយរាជ្យ ​ជា​ឥស្សរាធិបតី​នៃ​មហាជនបទ ​ទាំង​១៦ ​នេះ ដែល​ជា​ជនបទ​សម្បូរ​ដោយ​កែវ ៧ ប្រការ ​គឺ​មហាជនបទ ​ឈ្មោះ​អង្គៈ ១ មគធៈ ១ កាសី ១ កោសលៈ ១ វជ្ជី ១ មល្លៈ ១ ចេតី ១ វំសៈ ១ កុរុ ១ បញ្ចាលៈ ១ មច្ឆៈ ១ សូរសេនៈ ១ អស្សកៈ ១ អវន្តី ១ គន្ធារៈ ១ កម្ពោជៈ ១ រាជសម្បត្តិ​នៃ​មហាជនបទ​ទាំង​នុ៎ះ ​មិន​ដល់​នូវ​ចំណិត ១ ​ក្នុង​ចំណិត​ទី១៦ ៗ លើក​នៃ​ឧបោសថ ដែល​ប្រកប​ដោយ​អង្គ ៨ ប្រការ​ឡើយ ។ ដំណើរ​នោះ​ព្រោះ​ហេតុអ្វី ។ ​ម្នាល​វិសាខា រាជសម្បត្តិ​របស់​មនុស្ស ​ជា​របស់​ស្តួចស្តើង ​ហើយ​យក​ទៅ​ប្រៀបធៀប​នឹង​សេចក្តី​សុខ​ជា​របស់​ទិព្យ ។ ​ម្នាល​វិសាខា ៥០​ឆ្នាំ​របស់​មនុស្ស ​ត្រូវ​ជា​១យប់ ១​ថ្ងៃ របស់​ចាតុម្មហារាជិក​ទេវតា រាប់រាត្រី​នោះ​បាន​៣០រាត្រី ​ត្រូវ​ជា​១ខែ រាប់ខែ​នោះ​បាន​១២ខែ ​ត្រូវ​ជា​១ឆ្នាំ រាប់ឆ្នាំ​នោះ​បាន​៥០០ឆ្នាំទិព្យ ​ត្រូវ​ជា​ប្រមាណ​នៃ​អាយុ​របស់​ពួក​ចាតុម្មហារាជិក​ទេវតា ។ ​ម្នាល​វិសាខា ហេតុ​នេះ​រមែង​មាន​ត្រង់​ដែល​ស្រ្តី ​ឬ​បុរស​ពួក​ខ្លះ ​ក្នុង​លោក​នេះ​ចាំរក្សា​នូវ​ឧបោសថ ​ប្រកប​ដោយ​អង្គ ៨ ប្រការ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​រមែង​ទៅ​កើត​ជា​មួយ​នឹង​ពួក​ចាតុម្មហារាជិក​ទេវតា ។ ​ម្នាល​វិសាខា រាជសម្បត្តិ​របស់​មនុស្ស​នេះ​ឯង ជា​របស់​ស្តួចស្តើង ​ហើយ​យក​ទៅ​ប្រៀបធៀប​នឹង​សេចក្តី​សុខ​ជា​របស់​ទិព្យ ​ដែល​តថាគត​សំដែង​ហើយ​ព្រោះអាស្រ័យ​ហេតុ​នេះ​។ ​ម្នាល​វិសាខា ១០០ឆ្នាំ ​របស់​មនុស្ស ​ត្រូវ​ជា​១យប់ ១​ថ្ងៃ របស់​ពួក​តាវត្តិង្ស​ទេវតា រាប់រាត្រី​នោះ​បាន​៣០រាត្រី ​ត្រូវ​ជា​១ខែ រាប់ខែ​នោះ​បាន​១២ខែ ​ត្រូវ​ជា​១ឆ្នាំ រាប់ឆ្នាំ​នោះ​បាន​១០០០ឆ្នាំទិព្យ ​ត្រូវ​ជា​ប្រមាណ​នៃ​អាយុ​របស់​តាវត្តិង្ស​ទេវតា ។ ​ម្នាល​វិសាខា ហេតុ​នេះ​រមែង​មាន​ត្រង់​ដែល​ស្រ្តី ​ឬ​បុរស​ពួក​ខ្លះ ​ក្នុង​លោក​នេះ​ចាំរក្សា​ឧបោសថ ​ប្រកប​ដោយ​អង្គ ៨ ប្រការ ​លុះ​បែក​ធ្លាយរាង​កាយ​ស្លាប់​ទៅ​រមែង​ចូល​ទៅ​កើត​ជា​មួយ​នឹង​ពួក​តាវត្តិង្សទេវតា ។ ​ម្នាល​វិសាខា រាជសម្បត្តិ​របស់​មនុស្ស​នេះ​ឯង​ស្តួចស្តើង ​ហើយ​យក​ទៅ​ប្រៀបធៀប​នឹង​សេចក្តី​សុខ ​ជា​របស់​ទិព្យ ​ដែល​តថាគត​សំដែង​ហើយ​ព្រោះអាស្រ័យ​ហេតុ​នេះ​។ ​ម្នាល​វិសាខា ២០០ឆ្នាំ​របស់​មនុស្ស ។បេ។ ៤០០ឆ្នាំ ។បេ។ ៨០០​ឆ្នាំ ។បេ។ ១៦០០ ឆ្នាំ ​ត្រូវ​ជា​១យប់ ១​ថ្ងៃ របស់​ពួក​បរនិម្មិតវសវត្តី​ទេវតា រាប់​រាត្រី​នោះ​បាន​៣០រាត្រី ​ត្រូវ​ជា​១ខែ រាប់ខែ​នោះ​បាន​១២ខែ ​ត្រូវ​ជា​១ឆ្នាំ រាប់ឆ្នាំ​នោះ​បាន​១៦០០០ (​មួយ​ហ្មឺន​ប្រាំ​មួយ​ពាន់) ឆ្នាំទិព្យ ​ត្រូវ​ជា​ប្រមាណ​នៃ​អាយុ ​របស់​ពួក​បរនិម្មិតវសវត្តី​ទេវតា ។ ​ម្នាល​វិសាខា ហេតុ​នេះ​រមែង​មាន​ត្រង់​ដែល​ស្រ្តី ​ឬ​បុរស​ពួក​ខ្លះ ​ក្នុង​លោក​នេះ​ចាំរក្សា​ឧបោសថ ​ប្រកប​ដោយ​អង្គ ៨ ប្រការ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​រមែង​ទៅ​កើត​ជា​មួយ​នឹង​ពួក​បរនិម្មិតវសវត្តី​ទេវតា ។ ​ម្នាល​វិសាខា រាជសម្បត្តិ​របស់​មនុស្ស​នេះ​ឯង ជា​របស់​ស្តួចស្តើង ​ហើយ​យក​ទៅ​ប្រៀបធៀប​នឹង​សេចក្តី​សុខ ​ជា​របស់​ទិព្យ ​ដែល​តថាគត​សំដែង​ហើយ​ព្រោះអាស្រ័យ​ហេតុ​នេះ​។

បុគ្គល​មិន​គប្បី​សម្លាប់​សត្វ​១ ​មិន​គប្បី​កាន់​យក​វត្ថុ​ដែល​គេ​មិន​បាន​ឲ្យ​១ ​មិន​គប្បី​ពោល​ពាក្យ​កុហក ១ ​មិន​គប្បី​ផឹក​ទឹក​ស្រវឹង ១ ​គប្បី​វៀរ​ចាក​ការ​ប្រព្រឹត្តិ​មិន​ប្រសើរ ​គឺ​មេថុន ១ ​មិន​គប្បី​បរិភោគ​ភោជន ​ក្នុង​វេលារាត្រី និង​ក្នុង​វេលា​វិ​កាល​១ ​មិន​គប្បី​ទ្រ​ទ្រង់​នូវ​ផ្កាកម្រង ​មិន​គប្បី​ប្រស់ព្រំ​ដោយ​គ្រឿង​ក្រអូប ១ ​គប្បី​ដេកលើ​គ្រែ លើ​ផែនដី ​ឬ​លើ​កម្រាល ១ ​ព្រះ​ពុទ្ធ ​ព្រះ​អង្គ​ដល់​នូវ​ទីបំផុត​នៃ​ទុក្ខ ​ទ្រង់​ប្រកាស​ហើយ នូវ​ឧបោសថ​ប្រកប​ដោយ​អង្គ ៨ ប្រការ​នេះ​ឯង​សភាវៈ​ទាំង​ឡាយ​ពីរ ​គឺ​ព្រះ​ចន្ទ ១ ​ព្រះ​អាទិត្យ ១ ​ជា​សភាវៈ​ល្អមើល ​កាល​បំភ្លឺ​លោក​រមែង​ចរ​ទៅ អស់​ទី​ត្រឹមណា ​ព្រះ​ចន្ទ ​និង​ព្រះ​អាទិត្យ​ទាំង​នោះ ដែល​កំចាត់​បង់​នូវ​ងងឹត ចរ​ទៅ​ក្នុង​អាកាស ញុំាង​ទិស​ឲ្យ​រុងរឿង​ភ្លឺច្បាស់ ​ក្នុង​អាកាស ​អស់​ទី​ត្រឹម​នោះ​ទ្រព្យណា ​មាន​ក្នុង​ចន្លោះ​នេះ គឺ​កែវមុក្តា​ក្តី​កែវមណី​ក្តី​កែវពិទូរ្យ​ដ៏​ល្អក្តី មាស​ឈ្មោះ​សិង្គី​ក្តី ឈ្មោះ​សុវណ្ណក្តី ​ឬ​មាស​ឈ្មោះ​កាព្ចានៈ​ក្តី ឈ្មោះ​ជា​តរូប​ក្តី ឈ្មោះ​ហដកៈ​ក្តី​ទ្រព្យ​ទាំង​អម្បាល​នោះ មិន​ដល់​នូវ​ចំណិត​១ ​ក្នុង​ចំណែក ១៦ ៗ លើក ​នៃ​ឧបោសថ ​ដែល​ប្រកប​ដោយ​អង្គ ៨ ប្រការ​ឡើយ ដូច​ជា​ពួក​ផ្កាយ​ទាំង​អស់ មិន​ដល់​នូវ​ពន្លឺ ​នៃ​ព្រះ​ចន្ទ ហេតុដូច្នោះ ស្រ្តីក្តី បុរសក្តី ​ជា​អ្នក​មាន​សីល គួរចាំ​រក្សា​នូវ​ឧបោសថ ​ប្រកប​ដោយ​អង្គ ៨ ប្រការ ​ពួក​ជន​ដែល​មិន​មាន​គេនិន្ទា បំពេញ​នូវ​បុណ្យ ​ដែល​មាន​សេចក្តី​សុខ​ជា​កម្រៃ រមែង​ចូល​ទៅ​កាន់​ឋានសួគ៌​បាន​។

វាសេដ្ឋសូត្រ ទី៤កែប្រែ

[៤៤] សម័យ​មួយ​​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​កាល​គង់​នៅ​ក្នុង​កូដាគារសាលា នា​ព្រៃ​មហាវន ជិត​ក្រុង​វេសាលី ។ គ្រា​នោះ​វាសេដ្ឋឧបាសក (ឧបាសក​ឈ្មោះ​វាសេដ្ឋ) ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​លុះ​ចូល​ទៅ​ដល់ ក្រាប​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ហើយ​ក៏​អង្គុយ​ក្នុង​ទីសមគួរ ។ ​លុះ​វាសេដ្ឋ​ឧបាសក ​អង្គុយ​ក្នុង​ទីសមគួរ​ហើយ​​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា ម្នាល​វាសេដ្ឋ ឧបោសថ​ប្រកប​ដោយ​អង្គ ៨ ​ដែល​បុគ្គល​ចាំ​រក្សា​ហើយ​រមែង​មាន​ផលច្រើន ។បេ។ ​ពួក​ជន​ដែល​គេ​មិន​និន្ទា តែង​ទៅ​កាន់​ឋានសួគ៌ ។ ​កាល​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​យ៉ាង​នេះ​ហើយ​វាសេដ្ឋឧបាសក ​បាន​ក្រាប​បង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ពួក​ញាតិ​សាលោហិត ​ជា​ទី​ស្រឡាញ់ ​របស់​ខ្ញុំ​ព្រះ​អង្គ ​គប្បី​រក្សា​ឧបោសថ​ប្រកប​ដោយ​អង្គ ៨ ការ​រក្សា​ឧបោសថ​នោះ គប្បី​ប្រព្រឹត្ត​ទៅ​ដើម្បី​ជា​ប្រយោជន៍ ដើម្បី​សេចក្តី​សុខ ​ដល់​ពួក​ញាតិ​សាលោហិត ​ជា​ទី​ស្រឡាញ់ ​របស់​ខ្ញុំ​ព្រះ​អង្គ ​អស់​កាល​យូរ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ប្រសិនបើ​ពួក​ក្សត្រិយ៍​ទាំង​ពួង ​គប្បី​ចាំរក្សា​ឧបោសថ​ប្រកប​ដោយ​អង្គ ៨ ការរក្សា​ឧបោសថ​នោះ គប្បី​ប្រព្រឹត្ត​ទៅ​ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​សុខ ​ដល់​ពួក​ក្សត្រយ៍​ទាំង​ពួង ​អស់​កាល​យូរ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ប្រសិនបើ​ពួក​ព្រាហ្មណ៍​ទាំង​ពួង ។បេ។ ​ពួក​វេស្សៈ សុទ្ទៈ ​គប្បី​ចាំ​រក្សា​ឧបោសថ​ប្រកប​ដោយ​អង្គ ៨ ការរក្សា​ឧបោសថ​នោះ គប្បី​ប្រព្រឹត្ត​ទៅ​ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​សុខ ​ដល់​ពួក​សុទ្ទៈ​ទាំង​ពួង​អស់​កាល​យូរ ។ ​ម្នាល​វាសេដ្ឋ ប្រសិនបើ​ពួក​ក្សត្រិយ៍​ទាំង​ពួង ​គប្បី​ចាំ​រក្សា​ឧបោសថ​ប្រកប​ដោយ​អង្គ ៨ ការរក្សា​ឧបោសថ​នោះ គប្បី​ប្រព្រឹត្ត​ទៅ​ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្ដីសុខ ​ដល់​ពួក​ក្សត្រិយ៍​ទាំង​ពួង ​អស់​កាល​យូរ ។ ​ម្នាល​វាសេដ្ឋ ប្រសិនបើ​ពួក​ព្រាហ្មណ៍​ទាំង​ពួង ។បេ។ ​ពួក​វេស្សៈ សុទ្ទៈ ​គប្បី​ចាំរក្សា​ឧបោសថ ​ប្រកប​ដោយ​អង្គ ៨ ​ហើយ​ការរក្សា​ឧបោសថ​នោះ គប្បី​ប្រព្រឹត្ត​ទៅ​ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​សុខ ​ដល់​ពួក​សុទ្ទៈ​ទាំង​ពួង ​អស់​កាល​យូរ ។ ​ម្នាល​វាសេដ្ឋ ប្រសិនបើ​លោក​(​នេះ​) ព្រម​ទាំង​ទេវ​លោក​មារ​លោក​ព្រហ្ម​លោក​ព​ពួក​សត្វ​ព្រម​ទាំង​សមណ​ព្រាហ្មណ៍​ទាំង​មនុស្ស ​ជា​សម្មតិទេព ​និង​មនុស្ស​ដ៏​សេស ​គប្បី​ចាំរក្សា​ឧបោសថ​ប្រកប​ដោយ​អង្គ ៨ ការ​រក្សា​ឧបោសថ​នោះ គប្បី​ប្រព្រឹត្ត​ទៅ​ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​សុខ ​ដល់​លោក​ព្រម​ទាំង​ទេវ​លោក​មារ​លោក​ព្រហ្ម​លោក ដល់​ព​ពួក​សត្វ​ព្រម​ទាំង​សមណ​ព្រាហ្មណ៍ ទាំង​មនុស្ស ​ជា​សម្មតិទេព ​និង​មនុស្ស​ដ៏​សេស ​អស់​កាល​យូរ ។ ​ម្នាល​វាសេដ្ឋ ប្រសិនបើ​ដើម​មហាសាលព្រឹក្ស​ទាំង​នេះ គប្បី​ចាំរក្សា​ឧបោសថ​ប្រកប​ដោយ​អង្គ ៨ ការ​រក្សា​ឧបោសថ​នោះ គប្បី​ប្រព្រឹត្ត​ទៅ​ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​សុខ ​ដល់​ដើម​មហាសាលព្រឹក្ស​ទាំង​នេះ អស់​កាល​យូរ ប្រសិនបើ​ឈើ​ទាំង​នេះ​ចេះគិត ចាំបាច់​ទៅ​និយាយ​ថ្វី ​ដល់​មនុស្ស ។

ពោជ្ឈសូត្រ ទី៥កែប្រែ

[៤៥] សម័យ​មួយ​​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​កាល​គង់​នៅ​ក្នុង​វត្តជេតពន ​របស់​អនាថ​បិណ្ឌិកសេដ្ឋី ជិត​ក្រុង​សាវត្ថី ។ គ្រា​នោះ​នាង​ពោជ្ឈាឧបាសិកា (ឧបាសិកា​ឈ្មោះ​ពោជ្ឈា) ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​លុះ​ចូល​ទៅ​ដល់ ក្រាប​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ហើយ​អង្គុយ​ក្នុង​ទី​សមគួរ ។ ​លុះ​នាង​ពោជ្ឈា​ឧបាសិកា ​អង្គុយ​ក្នុង​ទី​សមគួរ​ហើយ​​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា ម្នាល​នាង​ពោជ្ឈា​ឧបោសថ​ប្រកប​ដោយ​អង្គ ៨ ​ដែល​បុគ្គល​ចាំរក្សា​ហើយ​រមែង​មាន​ផលច្រើន ​មាន​អានិសង្ស​ច្រើន ​មាន​ការ​រុងរឿង​ច្រើន ​មាន​គុណផ្សាយ​ទៅ​ច្រើន ។ ​ម្នាល​នាង​ពោជ្ឈា ចុះ​ឧបោសថ​ប្រកប​ដោយ​អង្គ ៨ ​ដែល​បុគ្គល​ចាំរក្សា​ហើយ​រមែង​មាន​ផលច្រើន ​មាន​អានិសង្ស​ច្រើន ​មាន​ការរុង​រឿង​ច្រើន ​មាន​ការផ្សាយ​ទៅ​ច្រើន ​តើ​ដូចម្ដេច ។ ​ម្នាល​នាងពោជ្ឈា អរិយសាវក ​ក្នុង​សាសនា​នេះ​ពិចារណា​ថា​​ព្រះ​អរហន្ដ​ទាំង​ឡាយ លះបង់​បាណាតិបាត វៀរ​ចាក​បាណាតិបាត ដាក់ចុះ​នូវ​អាជ្ញា ដាក់ចុះ​នូវ​គ្រឿង​សស្រ្ដា ​មាន​សេចក្ដី​អៀនខ្មាស ​ដល់​នូវ​ការ​អាណិត អនុគ្រោះ​ដោយ​ប្រយោជន៍ ​ដល់​សត្វ​ទាំង​អស់​ដរាប​ដល់​អស់​ជីវិត ​ក្នុង​ថ្ងៃ​នេះ​ចំណែក​អាត្មា​អញ បាន​លះបង់​បាណាតិបាត វៀរ​ចាក​បាណាតិបាត ដាក់ចុះ​នូវ​អាជ្ញា ដាក់ចុះ​នូវ​គ្រឿងសស្រ្ដា ​មាន​សេចក្ដី​អៀនខ្មាស ​ដល់​នូវ​ការអាណិត អនុគ្រោះ​ដោយ​ប្រយោជន៍ ​ដល់​សត្វ​ទាំង​អស់ អស់​យប់​នេះ និង​ថ្ងៃ​នេះ​ដែរ​ធ្វើ​តាម​ព្រះ​អរហន្ដ​ទាំង​ឡាយ​ផង​ឧបោសថ​អាត្មា​អញ នឹង​ចាំរក្សា​ហើយ​ផង ដោយ​អង្គ​នេះ​។ អរិយសាវក​ប្រកប​ដោយ​អង្គ ទី១​នេះ​។បេ។ ​ព្រះ​អរហន្ដ​ទាំង​ឡាយ លះបង់ទីដេក ទី​អង្គុយ​ដ៏​ខ្ពស់​ហួស​ប្រមាណ ​និង​ទីដេក​ទី​អង្គុយ​ដ៏​ប្រសើរ វៀរ​ចាក​ទីដេក ទី​អង្គុយ​ដ៏​ខ្ពស់​ហួស​ប្រមាណ ​និង​ទីដេក​ទី​អង្គុយ​ដ៏​ប្រសើរ សម្រេច​ការដេក​លើអាសនៈ​ទាប ​គឺ​លើគ្រែ ​ឬ​លើ​កម្រាល​ស្មៅ ដរាប​អស់​ជីវិត ​ក្នុង​ថ្ងៃ​នេះ​ចំណែក​អាត្មា​អញ បាន​លះបង់​ទីដេក ទី​អង្គុយ​ដ៏​ខ្ពស់​ហួស​ប្រមាណ ​និង​ទីដេក ទី​អង្គុយ​ដ៏​ប្រសើរ វៀរ​ចាក​ទីដេក ទី​អង្គុយ​ខ្ពស់​ហួស​ប្រមាណ ​និង​ទីដេក ទី​អង្គុយ​ដ៏​ប្រសើរ សម្រេច​ការដេក​លើអាសនៈ​ទាប ​គឺ​លើគ្រែ ​ឬ​លើ​កម្រាល​ស្មៅ ​អស់​យប់​នេះ និង​ថ្ងៃ​នេះ​ដែរ​ធ្វើ​តាម​ព្រះ​អរហន្ដ​ទាំង​ឡាយ​នេះ​ផង​ឧបោសថ ​អាត្មា​អញ​នឹង​ចាំរក្សា​ហើយ​ផង ដោយ​អង្គ​នេះ​ឯង​។ អរិយសាវក​ប្រកប​ដោយ​អង្គ ទី៨ ​នេះ​។ ​ម្នាល​នាង​ពោជ្ឈា ឧបោសថ​ប្រកប​ដោយ​អង្គ ៨ ​ដែល​បុគ្គល​ចាំរក្សា​យ៉ាង​នេះ​ហើយ​រមែង​មាន​ផលច្រើន ​មាន​អានិសង្ស​ច្រើន ​មាន​ការ​រុងរឿង​ច្រើន ​មាន​គុណ​ផ្សាយ​ទៅ​ច្រើន ។ ឧបោសថ​មាន​ផល​ច្រើន​ប៉ុនណា ​មាន​អានិសង្ស​ច្រើន​ប៉ុន​ណា ​មាន​ការរុងរឿង​ច្រើនប៉ុនណា ​មាន​គុណ​ផ្សាយ​ទៅ​ច្រើន​ប៉ុនណា ។ ​ម្នាល​នាង​ពោជ្ឈា ប្រៀបដូច​ជា​បុគ្គលណា​សោយរាជ្យ ​ជា​ឥស្សរាធិបតី​លើមហាជនបទ​ទាំង​១៦ ​នេះ ដែល​សម្បូណ៌​ដោយ​រតនៈ (ទ្រព្យ​ជា​គ្រឿងរីករាយ) ​ទាំង​៧ ប្រការ ​គឺ​មហាជនបទ​ឈ្មោះ​អង្គៈ ១ មគធៈ ១ កាសី ១ កោសលៈ ១ វជ្ជី ១ មល្លៈ ១ ចេតី១ វង្សៈ ១ កុរុ ១ បញ្ចាលៈ ១​មច្ឆៈ ១ សូរសេនៈ ១ អស្សកៈ ១ អវន្ដី ១ គន្ធារៈ ១ កម្ពោជៈ ១ ឯភោគសម្បទ​ទាំង​នុ៎ះ ​មិន​ដល់​នូវ​ចំណិត​នៃ​ចំណែក ១៦ ៗ លើក​នៃ​ឧបោសថ ​ដែល​ប្រកប​ដោយ​អង្គ ៨ ឡើយ ។ ដំណើរ​នោះ​ព្រោះហេតុអ្វី ។ ​ម្នាល​នាង​ពោជ្ឈា (ព្រោះ​ថា​) រាជសម្បតិ្ត​របស់​មនុស្ស ​ជា​របស់​ស្ដួចស្ដើង ​ហើយ​ប្រៀបផ្ទឹម​នឹង​សុខ​ជា​ទិព្វ ។ ​ម្នាល​នាង​ពោជ្ឈា ព្រោះ​ថា​៥០ឆ្នាំ​របស់​មនុស្ស ​ជា​១យប់ ១​ថ្ងៃ​របស់​ពួក​ទេវតា​ជា​ន់​ចាតុម្មហារាជិកៈ រាប់​រាត្រី​នោះ​បាន​៣០រាត្រី ​ត្រូវ​ជា​១ខែ រាប់ខែ​នោះ​បាន ១២​ខែ ​ត្រូវ​ជា​១ឆ្នាំ រាប់ឆ្នាំ​នោះ​បាន​៥០០​ឆ្នាំ​ទិព្វ ​ត្រូវ​ជា​ប្រមាណ​នៃ​អាយុ​របស់​ពួក​ទេវតា​ជា​ន់​ចាតុម្មហារាជិកៈ ។ ​ម្នាល​នាង​ពោជ្ឈា ហេតុ​នេះ​រមែង​មាន​ប្រាកដ ត្រង់​ដែល​ស្រ្ដី ​ឬ​បុរស​ពួក​ខ្លះ ​ក្នុង​លោក​នេះ​ចាំរក្សា​ឧបោសថ​ប្រកប​ដោយ​អង្គ ៨ ​ហើយ លុះ​ទំលាយ​រាងកាយ​ស្លាប់​ទៅ គប្បី​ទៅ​កើត​ជា​មួយ​នឹង​ពួក​ទេវតា​ជា​ន់​ចាតុម្មហារាជិកៈ ។ ​ម្នាល​នាង​ពោជ្ឈា ​ពាក្យ​ដែល​តថាគត​សំដែង​ហើយ​ថា​រាជសម្បតិ្ត​របស់​មនុស្ស ​ជា​របស់​ស្ដួចស្ដើង ប្រៀប​ផ្ទឹម​ដោយ​សុខ​ជា​ទិព្វ​នេះ​ព្រោះ​សំដៅ​នូវ​ហេតុនុ៎ះ ។ ​ម្នាល​នាង​ពោជ្ឈា ១០០ឆ្នាំ​របស់​មនុស្ស ។បេ។ ​ម្នាល​នាង​ពោជ្ឈា២០០ឆ្នាំ​របស់​មនុស្ស ។បេ។ ៤០០ឆ្នាំ ។បេ។ ៨០០ឆ្នាំ ។បេ។ ១៦០០ឆ្នាំ (​របស់​មនុស្ស) ​ត្រូវ​ជា​១យប់ ១​ថ្ងៃ​របស់​ពួក​ទេវតា​ជា​ន់​បរនិមិ្មតវសវត្តី រាប់រាត្រី​នោះ​បាន​៣០រាត្រី ​ត្រូវ​ជា​១ខែ រាប់ខែ​នោះ​បាន​១២ ​ត្រូវ​ជា​១ឆ្នាំ រាប់ឆ្នាំ​នោះ​បាន​១៦០០០ឆ្នាំ​ទិព្វ ​ត្រូវ​ជា​ប្រមាណ​នៃ​អាយុ​របស់​ពួក​ទេវតា​ជា​ន់​បរនិមិ្មតវសវត្តី ។ ​ម្នាល​នាង​ពោជ្ឈា ហេតុ​នេះ​រមែង​មាន​ពិត​ប្រាកដ ត្រង់​ដែល​ស្រ្ដី ​ឬ​បុរស​ពួក​ខ្លះ ​ក្នុង​លោក​នេះ​ចាំរក្សា​ឧបោសថ​ប្រកប​ដោយ​អង្គ ៨​ហើយ លុះ​ទំលាយ​រាងកាយ​ស្លាប់​ទៅ គប្បី​ទៅ​កើត​ជា​មួយ​នឹង​ពួក​ទេវតា​ជា​ន់​បរនិមិ្មតវសវត្តី ។ ​ម្នាល​នាង​ពោជ្ឈា ​ពាក្យ​ដែល​តថាគត​សំដែង​ហើយ​ថា​រាជសម្បតិ្ត ​របស់​មនុស្ស ​ជា​របស់​ស្ដួចស្ដើង ប្រៀបផ្ទឹម​ដោយ​សុខ​ជា​ទិព្យ​នេះ​ព្រោះសំដៅ​នូវ​ហេតុនុ៎ះ ។

បុគ្គល​កុំ​គប្បី​សម្លាប់​សត្វ​១ កុំ​គប្បី​កាន់​យក​ទ្រព្យ​ដែល​គេ​មិន​បាន​ឲ្យ​១ កុំ​គប្បី​ពោល​ពាក្យ​កុហក ១ កុំ​គប្បី​ផឹក​ទឹក​ស្រវឹង ១ ​គប្បី​វៀរ​ចាក​អព្រហ្មចរិយៈ ​គឺ​មេថុន ១ កុំ​គប្បី​បរិភោគ​ភោជន​ក្នុង​វេលារាត្រី ​និង​វេលា​វិ​កាល​១ កុំ​គប្បី​ទ្រ​ទ្រង់​ផ្កា​កម្រង កុំ​គប្បី​លាបគ្រឿង​ក្រអូប ១ ​គប្បី​ដេក​លើគ្រែ លើផែនដី ​ឬ​លើកម្រាល ១ ព្រោះ​ថា​ឧបោសថ​ប្រកប​ដោយ​អង្គ ៨​នេះ​​ព្រះ​ពុទ្ធ​ទ្រង់​ដល់​នូវ​ទីបំផុត​នៃ​ទុក្ខ ​ទ្រង់​ប្រកាស​ហើយ​​ព្រះ​ចន្ទ ​និង​ព្រះ​អាទិត្យ​ទាំង​២ ​ជា​របស់​ល្អ​មើល ​កាល​ចរ​ទៅ​បំភ្លឺ​ត្រឹមណា ​ព្រះ​ចន្ទ ​និង​ព្រះ​អាទិត្យ​ទាំង​ពីរ​នោះ​តែងកំចាត់​បង់​នូវ​ងងឹត ត្រាច់​ទៅ​ក្នុង​អាកាស ភ្លឺ​ក្នុង​អាកាស រុងរឿង​សព្វ​ទិស​ទ្រព្យណា​ដែល​មាន​ក្នុង​ចន្លោះនុ៎ះ ​គឺ​កែវមុក្ដា កែវមណី កែវពិទូរ្យ​ដ៏​ល្អ ម្យ៉ាងទៀត មាស​ឈ្មោះ​សិង្គី ​ឈ្មោះ​សុវណ្ណ ​ឬ​មាស ឈ្មោះ​កាញ្ចនៈ ​ឈ្មោះ​ជា​តរូប ​ឈ្មោះ​ហដកៈ ​របស់​ទាំង​អស់​នោះ​ក៏​មិន​ដល់​នូវ​១ ចំណិត​នៃ​ចំណែក ១៦ ៗ លើក ​នៃ​ឧបោសថ ​ប្រកប​ដោយ​អង្គ ៨ ដូច​ជា​ពួក​ផ្កាយ​ទាំង​អស់ មិន​ដល់​នូវ​ពន្លឺ​នៃ​ព្រះ​ចន្ទ ព្រោះ​ហេតុ​នោះ​ជនស្រីប្រុស ​អ្នក​មាន​សីល គួររក្សាឧបោសថ ​ប្រកប​ដោយ​អង្គ ៨ ​ពួក​ជន​ដែល​គេ​មិន​និន្ទា​ហើយ​បំពេញបុណ្យ​ដែល​ជា​កម្រៃ​នៃ​សេចក្ដី​សុខ រមែង​ចូល​ទៅ​កាន់​ឋានសួគ៌​បាន​។

អនុរុទ្ធសូត្រ ទី៦កែប្រែ

[៤៦] សម័យ​មួយ​​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​កាល​គង់​នៅ​ឃោសិតារាម ​ទៀប​ក្រុង​កោសម្ពី ។ សម័យ​នោះ​ឯង​​ព្រះ​អនុរុទ្ធ​ដ៏​មាន​អាយុ ​ចូល​ទៅ​កាន់​ទីនៅ ​ក្នុង​វេលា​ថ្ងៃ​សម្ងំ​នៅ ។ គ្រា​នោះ ពួក​ទេវតា​ឈ្មោះ​មនាបកាយិកា ​ជា​ច្រើនអង្គ ​នាំ​គ្នា​ចូល​ទៅ​រក​ព្រះ​អនុរុទ្ធ ​លុះ​ចូល​ទៅ​ដល់ ថ្វាយ​បង្គំ​ព្រះ​អនុរុទ្ធ ​ហើយ​ឋិតនៅ​ក្នុង​ទីសមគួរ ។ ​លុះ​ទេវតា​ទាំង​នោះ​ឋិតនៅ​ក្នុង​ទី​សមគួរ​ហើយ​ក៏​ពោល​ទៅ​នឹង​ព្រះ​អនុរុទ្ធ​ដ៏​មាន​អាយុ ដូច្នេះ​ថា​បពិត្រ​ព្រះ​អនុរុទ្ធ​ដ៏​ចម្រើន​យើងខ្ញុំ​ជា​ពួក​ទេវតា ​ឈ្មោះ​មនាបកាយិកា ធ្វើឥស្សរិយភាព ញុំាង​អំណាច​ឲ្យ​ប្រព្រឹត្ត​ទៅ ក្នុង​ហេតុ​ទាំង​៣ បពិត្រ​ព្រះ​អនុរុទ្ធ​ដ៏​ចម្រើន​យើងខ្ញុំ​ប្រាថ្នា​នូវ​វណ្ណៈ​បែប​ណា ក៏​បាន​នូវ​វណ្ណៈ​បែប​នោះ​មួយ​រំពេច ១ ប្រាថ្នា​នូវ​សំឡេង​បែបណា ក៏​បាន​នូវ​សំឡេង បែប​នោះ​មួយ​រំពេច ១ ប្រាថ្នា​នូវ​សុខ​បែបណា ក៏​បាន​នូវ​សុខ​បែប​នោះ​មួយ​រំពេច ១ បពិត្រ​ព្រះ​អនុរុទ្ធ​ដ៏​ចម្រើន​យើងខ្ញុំ​ជា​ពួក​ទេវតា ​ឈ្មោះ​មនាបកាយិកា ធ្វើ​នូវ​ឥស្សរិយភាព ញុំាង​អំណាច​ឲ្យ​ប្រព្រឹត្ត​ទៅ ក្នុង​ហេតុ​ទាំង​៣​នេះ​។ លំដាប់​នោះ​​ព្រះ​អនុរុទ្ធ​ដ៏​មាន​អាយុ ​មាន​សេចក្ដី​ត្រិះរិះ​ថា​ធ្វើដូចម្ដេច​ហ្ន៎ ​នឹង​បាន​ទេវតា​ទាំង​នេះ ទៅ​ជា​ខៀវ​ទាំង​អស់ គឺ​មាន​សម្បុរ ក៏ខៀវ ​មាន​សំពត់ ក៏ខៀវ ​មាន​គ្រឿង​អលង្ការ ក៏ខៀវ ។ វេលា​នោះ​ទេវតា​ទាំង​នោះ បាន​ដឹង​ចិត្ត​នៃ​ព្រះ​អនុរុទ្ធ​ដ៏​មាន​អាយុ ​ហើយ​ក៏​ទៅ​ជា​ខៀវ​ទាំង​អស់ គឺ​មាន​សម្បុរ ក៏ខៀវ ​មាន​សំពត់ ក៏ខៀវ ​មាន​គ្រឿងអលង្ការ ក៏ខៀវ ។ លំដាប់​នោះ​​ព្រះ​អនុរុទ្ធ​ដ៏​មាន​អាយុ ​មាន​សេចក្ដី​ត្រិះរិះដូច្នេះ​ថា​ធ្វើដូចម្ដេចហ្ន៎ ​នឹង​បាន​ទេវតា​ទាំង​នេះ ទៅ​ជា​លឿង​ទាំង​អស់​។បេ។ ​ទៅ​ជា​ក្រហម​ទាំង​អស់ ទៅ​ជា​ស​ទាំង​អស់ គឺ​មាន​សម្បុរ ក៏ស ​មាន​សំពត់ ក៏ស ​មាន​គ្រឿងអលង្ការ ក៏ស ។ វេលា​នោះ​ទេវតា​ទាំង​នោះ បាន​ដឹង​ចិត្ត​នៃ​ព្រះ​អនុរុទ្ធ​ដ៏​មាន​អាយុ​ហើយ​ក៏​ទៅ​ជា​ស​ទាំង​អស់ គឺ​មាន​សម្បុរ ក៏ស ​មាន​សំពត់ ក៏ស ​មាន​គ្រឿង​អលង្ការ ក៏ស ។ លំដាប់​នោះ​ទេវតា​ទាំង​នោះ​១ អង្គច្រៀង ១ អង្គរាំ ១ អង្គទះ​ដៃ​។ ប្រៀប​ដូចតូរ្យតន្ត្រី​ប្រកប​ដោយ​អង្គ ៥ ​ដែល​បុគ្គល​អ្នក​ឈ្លាសវៃ ​បាន​សិក្សា​ស្ទាត់​ប្រគំ​ដោយ​ប្រពៃ ដេញដំ​ដោយ​ប្រពៃ ​មាន​សំឡេង​ពីរោះ​ផង​គួរត្រេកអរ​ផង​គួរប្រាថ្នា​ផង​គួរ​ស្រឡាញ់​ផង​គួររីករាយ​ផង​យ៉ាងណាមិញ សំឡេង​នៃ​គ្រឿងអលង្ការ ​របស់​ពួក​ទេវតា​ទាំង​នោះ​ពីរោះ​ផង​គួរត្រេកអរ​ផង​គួរប្រាថ្នា​ផង​គួរស្រឡាញ់​ផង​គួររីករាយ​ផង​ក៏​យ៉ាង​នោះ​ដែរ​។ គ្រា​នោះ​​ព្រះ​អនុរុទ្ធ​ដ៏​មាន​អាយុ ដាក់ចុះ​នូវ​ឥន្រ្ទិយ​ទាំង​ឡាយ ​គឺ​ធ្វើ​ព្រងើយ ។ លំដាប់​នោះ​ទេវតា​ទាំង​នោះ​ដឹង​ថា​​ព្រះ​អនុរុទ្ធ​ជា​ម្ចាស់ ​មិន​ត្រេកអរ ហើយ​បាត់​ក្នុង​ទី​នោះ​ទៅ​។ គ្រា​នោះ​​ព្រះ​អនុរុទ្ធ​ដ៏​មាន​អាយុ ​ចេញ​ចាក​ទី​សម្ងំ នៅ​ក្នុង​សាយណ្ហសម័យ ​ហើយ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​លុះ​ចូល​ទៅ​ដល់ ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ហើយ​អង្គុយ​ក្នុង​ទីសមគួរ ។ ​លុះ​ព្រះ​អនុរុទ្ធ​ដ៏​មាន​អាយុ ​អង្គុយ​ក្នុង​ទី​សមគួរ​ហើយ​ក៏​ក្រាប​បង្គំ​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ក្នុង​ទី​ឯណោះ ខ្ញុំ​ព្រះ​អង្គ​ចូល​ទៅ​កាន់​ទីនៅ ​ក្នុង​វេលា​ថ្ងៃ ហើយ​សម្ងំនៅ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​លំដាប់​នោះ ពួក​ទេវតា ​ឈ្មោះ​មនាបកាយិកា ​ជា​ច្រើនអង្គ ​ចូល​ទៅ​រក​ខ្ញុំ​ព្រះ​អង្គ ​លុះ​ចូល​ទៅ​ដល់ ថ្វាយ​បង្គំ​ខ្ញុំ​ព្រះ​អង្គ ​ហើយ​ឋិតនៅ​ក្នុង​ទីសមគួរ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន លុះ​ទេវតា​ទាំង​នោះ​ឋិតនៅ​ក្នុង​ទីសមគួរ​ហើយ​ក៏​ពោល​ទៅ​នឹង​ខ្ញុំ​ព្រះ​អង្គ​ដូច្នេះ​ថា​បពិត្រ​ព្រះ​អនុរុទ្ធ​ដ៏​ចម្រើន​យើងខ្ញុំ​ជា​ពួក​ទេវតា ​ឈ្មោះ​មនាបកាយិកា ធ្វើ​នូវ​ឥស្សរិយភាព ញុំាង​អំណាច​ឲ្យ​ប្រព្រឹត្ត​ទៅ ក្នុង​ហេតុ ៣យ៉ាង បពិត្រ​ព្រះ​អនុរុទ្ធ​ដ៏​ចម្រើន​យើងខ្ញុំ​ប្រាថ្នា​នូវ​វណ្ណៈ​បែបណា ក៏​បាន​នូវ​វណ្ណៈ​បែប​នោះ មួយ​រំពេច ១ ប្រាថ្នា​នូវ​សំឡេង​បែបណា ក៏​បាន​នូវ​សំឡេង​បែប​នោះ​មួយ​រំពេច ១ ប្រាថ្នា​នូវ​សុខ​បែបណា ក៏​បាន​នូវ​សុខ​បែប​នោះ​មួយ​រំពេច ១ បពិត្រ​ព្រះ​អនុរុទ្ធ​ដ៏​ចម្រើន​យើងខ្ញុំ​ជា​ពួក​ទេវតា ​ឈ្មោះ​មនាបកាយិកា ធ្វើ​នូវ​ឥស្សរិយភាព ញុំាង​អំណាច​ឲ្យ​ប្រព្រឹត្ត​ទៅ ក្នុង​ហេតុ​ទាំង​៣​នេះ​។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ខ្ញុំ​ព្រះ​អង្គ​មាន​សេចក្ដី​ត្រិះរិះ​ដូច្នេះ​ថា​ធ្វើដូចម្ដេច​ហ្ន៎ ​នឹង​បាន​ទេវតា​ទាំង​នេះ ទៅ​ជា​ខៀវ​ទាំង​អស់ គឺ​មាន​សម្បុរ ក៏ខៀវ ​មាន​សំពត់ ក៏ខៀវ ​មាន​គ្រឿង​អលង្ការ ក៏ខៀវ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​វេលា​នោះ​ទេវតា​ទាំង​នោះ បាន​ដឹង​ចិត្ត​ខ្ញុំ​ព្រះ​អង្គ​ហើយ​ក៏​ទៅ​ជា​ខៀវ​ទាំង​អស់ គឺ​មាន​សម្បុរ ក៏ខៀវ ​មាន​សំពត់ ក៏ខៀវ ​មាន​គ្រឿងអលង្ការ ក៏ខៀវ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ខ្ញុំ​ព្រះ​អង្គ​មាន​សេចក្ដី​ត្រិះរិះ​ដូច្នេះ​ថា​ធ្វើដូច​ម្ដេចហ្ន៎ ​នឹង​បាន​ទេវតា​ទាំង​នេះ ទៅ​ជា​លឿង​ទាំង​អស់​។បេ។ ​ទៅ​ជា​ក្រហម​ទាំង​អស់​។បេ។ ​ទៅ​ជា​ស​ទាំង​អស់ គឺ​មាន​សម្បុរ ក៏ស ​មាន​សំពត់ ក៏ស ​មាន​គ្រឿងអលង្ការ ក៏ស ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន លុះ​ទេវតា​ទាំង​នោះ បាន​ដឹង​ចិត្ត​ខ្ញុំ​ព្រះ​អង្គ​ហើយ​ក៏​ទៅ​ជា​ស​ទាំង​អស់ គឺ​មាន​សម្បុរ ក៏ស ​មាន​សំពត់ ក៏ស ​មាន​គ្រឿង​អលង្ការ ក៏ស ។បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​វេលា​នោះ​ទេវតា​ទាំង​នោះ​១ អង្គច្រៀង ១ អង្គរាំ ១ អង្គទះ​ដៃ​។ ប្រៀបដូច​តូរ្យតន្ត្រី ​ប្រកប​ដោយ​អង្គ​៥ ​ដែល​គេរៀប​ចំល្អ​ហើយ​បុគ្គល​ឈ្លាសវៃ ​បាន​ប្រគំ​ដោយ​ប្រពៃ ​បាន​ដេញដំ​ដោយ​ប្រពៃ ​មាន​សំឡេង​ពីរោះ​ផង​គួរត្រេកអរ​ផង​គួរ​ប្រាថ្នា​ផង​គួរ​ស្រឡាញ់​ផង​គួរ​រីករាយ​ផង​យ៉ាងណាមិញ សំឡេង​គ្រឿងអលង្ការ ​របស់​ពួក​ទេវតា​ទាំង​នោះ​ក៏ពីរោះ​ផង​គួរត្រេកអរ​ផង​គួរប្រាថ្នា​ផង​គួរស្រឡាញ់​ផង​គួររីករាយ​ផង​ក៏យ៉ាង​នោះ​ដែរ​។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ឯខ្ញុំ​ព្រះ​អង្គ ក៏​ដាក់ចុះ​នូវ​ឥន្រ្ទិយ​ទាំង​ឡាយ ​គឺ​ធ្វើព្រងើយ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​វេលា​នោះ​ទេវតា​ទាំង​នោះ​គិតគ្នា​ថា​​ព្រះ​អនុរុទ្ធ​ជា​ម្ចាស់ ​មិន​ត្រេកអរ​ហើយ​ក៏បាត់​ក្នុង​ទី​នោះ​ទៅ​បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ចុះ​មាតុគ្រាម ​ប្រកប​ដោយ​ធម៌​ប៉ុន្មានយ៉ាង ​លុះ​បែកធ្លាយ​រាងកាយ ស្លាប់​ទៅ បាន​ទៅ​កើត​ជា​មួយ​នឹង​ពួក​ទេវតា​ឈ្មោះ​មនាបកាយិកា ។ ​ព្រះ​អង្គ​ត្រាស់​ថា ម្នាល​អនុរុទ្ធ មាតុគ្រាម​ប្រកប​ដោយ​ធម៌ ៨ ប្រការ ​លុះ​បែកធ្លាយ​រាងកាយ ស្លាប់​ទៅ​រមែង​ទៅ​កើត​ជា​មួយ​នឹង​ពួក​ទេវតា​ឈ្មោះ​មនាបកាយិកា ។ ​ប្រកប​ដោយ​ធម៌ ៨ ប្រការ ​តើ​ដូចម្ដេចខ្លះ ។ ​ម្នាល​អនុរុទ្ធ មាតុគ្រាម ​ក្នុង​លោក​នេះ ដែល​មាតាបិតា​ប្រាថ្នា​សេចក្ដី​ចម្រើន​ស្វែង​រក​ប្រយោជន៍ ​ជា​អ្នក​អនុគ្រោះ អាស្រ័យ​នូវ​សេចក្ដី​អនុគ្រោះ ​បាន​រៀបចំ​ឲ្យ​ដល់​ស្វាមី​ណា​ហើយ ជា​ស្រី​ក្រោកមុន ដេកក្រោយ ​ទទួល​ស្ដាប់​កិច្ចការអ្វីៗ ប្រព្រឹត្ត​នូវ​អំពើ​ជា​ទីគាប់​ចិត្ត ពោល​ពាក្យ​ជា​ទី​ស្រឡាញ់ ​ចំពោះ​ស្វាមី​នោះ​១ ​ពួក​ជនណា​ជា​ទីគោរព​របស់​ស្វាមី ទោះមាតាក្ដី បិតា​ក្ដី សមណ​ព្រាហ្មណ៍ក្ដី មាតុគ្រាម តែងធ្វើសក្ការៈ គោរព រាប់អាន បូ​ជា​ចំពោះ​ជន​ទាំង​នោះ​ផង​តែងបូ​ជា​ពួក​ជន ​ដែល​ទើប​មក​ដល់​ថ្មី ដោយ​អាសនៈ ​និង​ទឹក​ផង​១ ការងារ​ទាំង​ឡាយ​ណា ​ជា​បន្ទុក​របស់​ស្វាមី ទោះ​ជា​រោម​សត្វ​ក្ដី កប្បាស​ក្ដី ​ជា​ស្រី​ប៉ិនប្រសប់​ក្នុង​ការងារ​ទាំង​នោះ មិន​ខ្ជិល​ច្រអូស ​ប្រកប​ដោយ​ការពិចារណា​ដោយ​ឧបាយ​ក្នុង​កិច្ច​ទាំង​នោះ​ថា​គួរធ្វើ គួរចាត់ចែង ១ ​ពួក​ជនណា​នៅខាង​ក្នុង ជា​បន្ទុក​របស់​ស្វាមី ទោះ​ជា​ខ្ញុំក្ដី ​ជា​អ្នក​បម្រើក្ដី ​ជា​កម្មករ​ក្ដី មាតុគ្រាម តែង​ដឹង​នូវ​អំពើ​ដែល​ជន​ទាំង​នោះ​ធ្វើ​ថា​ធ្វើ ​ដឹង​នូវ​អំពើ​ដែល​ជន​ទាំង​នោះ​មិន​បាន​ធ្វើ ​ថា​មិន​បាន​ធ្វើ ​ដឹង​នូវ​កំឡាំង​តិច ​និង​កំឡាំងច្រើន​របស់​អ្នក​ឈឺ ​ទាំង​ចេះ​ចាត់ចែង ​នូវ​ខាទនីយ​ភោជនីយាហារ ​តាម​ចំណែក​ដែល​គួរ​ដល់​ជន​ជា​ខាង​ក្នុង​បន្ទុក​នោះ​១ ស្វាមី​បាន​នាំ​មក ​នូវ​ទ្រព្យណាក្ដី ស្រូវ​ណាក្ដី ប្រាក់ណាក្ដី មាសណាក្ដី មាតុគ្រាម​នោះ​តែងសម្រេច​ដោយ​ការរក្សា គ្រប់គ្រង​នូវ​ទ្រព្យ​ជា​ដើម​នោះ និង​ជា​អ្នក​មិន​លេង ​មិន​លួច ​មិន​ខិលខូច ​មិន​ធ្វើសម្បតិ្ត​ទាំង​នោះ ឲ្យ​វិនាស​១ ​ជា​ឧបាសិកា​ដល់​នូវ​ព្រះ​ពុទ្ធ​ជា​ទីពឹង ​ដល់​នូវ​ព្រះ​ធម៌​ជា​ទីពឹង ​ដល់​នូវ​ព្រះ​សង្ឃ​ជា​ទីពឹង ១ ​ជា​ស្រ្ដី​មាន​សីល វៀរ​ចាក​បាណាតិបាត វៀរ​ចាក​អទិន្នាទាន វៀរ​ចាក​កាមេសុមិច្ឆាចារ វៀរ​ចាក​មុសាវាទ វៀរ​ចាក​ការផឹក​ទឹក​ស្រវឹង ​គឺ​សុរា ​និង​មេរ័យ ​ដែល​ជា​ទីតាំង​នៃ​សេចក្ដី​ប្រមាទ ១ ​ជា​ស្រ្ដី​មាន​ចាគៈ ​មាន​ចិត្ត​ប្រាស​ចាក​មន្ទិល ​គឺ​សេចក្ដី​កំណាញ់ នៅ​គ្រប់គ្រង​ផ្ទះ មាន​ទាន​បរិច្ចាគ ស្រឡះ​ហើយ មាន​ដៃ​លាង​ហើយ​ត្រេកអរ​ក្នុង​ការ​លះបង់ គួរ​ដល់​ពួក​ស្មូម ត្រេកអរ​ក្នុង​ការចែក​រលែក​នូវ​ទាន ១​។ ​ម្នាល​អនុរុទ្ធ មាតុគ្រាម ​ប្រកប​ដោយ​ធម៌​ទាំង​៨ ​នេះ​ឯង លុះ​បែក​ធ្លាយ​រាងកាយ ស្លាប់​ទៅ​តែង​ទៅ​កើត​ជា​មួយ​នឹង​ពួក​ទេវតា​ឈ្មោះ​មនាបកាយិកា ។

មាតុគ្រាម​ណា ​មាន​ព្យាយាម​ខ្វល់ខ្វាយ​ចិញ្ចឹម​ស្វាមី​នោះ​សព្វ​កាល​ជា​និច្ច ​មិន​មើល​ងាយ​បុរស​ជា​ស្វាមី ​ដែល​នាំ​មក​នូវ​សេចក្ដី​ប្រាថ្នា​គ្រប់យ៉ាង​នោះ ជា​ស្រ្ដី​ល្អ ​មិន​ធ្វើស្វាមី​ឲ្យ​ក្តៅក្រហាយ ​ដោយ​ពាក្យ​ច្រណែន ​ជា​ស្រ្តី​មាន​បញ្ញា តែង​បូ​ជា​ស្វាមី និង​បុគ្គល​ដែល​ជា​ទី​គោរព​ទាំង​អស់ ជា​ស្រ្ដី​មាន​សេចក្ដី​ខ្នះខ្នែង ​មិន​ខ្ជិល​ច្រអូស សង្រ្គោះ​ជន​ជា​បរិសទ្យ តែង​ប្រព្រឹត្ត​នូវ​អំពើ​ជា​ទីគាប់​ចិត្ត​នៃ​ស្វាមី ថែទាំ​សម្បតិ្ត​ដែល​ស្វាមី​រក​បាន​មក នារីណា ​ជា​ស្ត្រី​លុះ​ក្នុង​អំណាច​សេចក្តី​ប្រាថ្នា​របស់​ស្វាមី ​ហើយ​ប្រព្រឹត្ត​យ៉ាង​នេះ​នារី​នោះ​រមែង​ទៅ​កើត​ក្នុង​ពួក​ទេវតា ​ឈ្មោះ​មនាបកាយិកា ។

ទុតិយវិសាខាសូត្រ ទី៧កែប្រែ

[៤៧] សម័យ​មួយ​​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​កាល​គង់​នៅ​ក្នុង​មិគារមាតុប្រាសាទ ​ក្នុង​វត្តបុព្វារាម ជិត​ក្រុង​សាវតី្ថ ។ គ្រា​នោះ​នាង​វិសាខាមិគារមាតា ។បេ។ ​អង្គុយ​ក្នុង​ទីសមគួរ​។ ​លុះ​នាងវិសាខាមិគារមាតា ​អង្គុយ​ក្នុង​ទី​សម​គួរ​ហើយ​​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា ម្នាល​នាងវិសាខា មាតុគ្រាម​ប្រកប​ដោយ​ធម៌ ៨ ប្រការ ​លុះ​បែក​ធ្លាយ​រាងកាយ ស្លាប់​ទៅ​រមែង​ទៅ​កើត​ជា​មួយ​នឹង​ពួក​ទេវតា​មនាបកាយិកា ។ ​ប្រកប​ដោយ​ធម៌ ៨ ប្រការ ​តើ​ដូចម្ដេចខ្លះ ។ ​ម្នាល​នាងវិសាខា មាតុគ្រាម ​ក្នុង​លោក​នេះ ដែល​មាតាបិតា ​មាន​ប្រាថ្នា​សេចក្ដី​ចម្រើន​ស្វែងរកប្រយោជន៍ ​ជា​អ្នក​អនុគ្រោះ អាស្រ័យ​នូវ​សេចក្ដី​អនុគ្រោះ ​បាន​រៀបចំ​ឲ្យ​ដល់​ស្វាមីណា​ហើយ ជា​ស្រី​ក្រោកមុន ដេកក្រោយ ​ទទួល​ស្ដាប់​កិច្ចការអ្វីៗ ប្រព្រឹត្ត​នូវ​អំពើ​ជា​ទី​គាប់​ចិត្ត ពោល​ពាក្យ​ជា​ទី​ស្រឡាញ់ ​ចំពោះ​ស្វាមី​នោះ​១ ។បេ។ ​ជា​ស្ដ្រី​មាន​ចាគៈ ​មាន​ចិត្ត​ប្រាស​ចាក​មន្ទិល ​គឺ​សេចក្ដី​កំណាញ់ នៅគ្រប់គ្រង​ផ្ទះ មាន​ទានបរិច្ចាគ​ស្រឡះ​ហើយ មាន​ដៃ​លាង​ហើយ​ត្រេកអរ​ក្នុង​ការ​លះបង់ គួរ​ដល់​ពួក​ស្មូម ត្រេកអរ​ក្នុង​ការ​ចែករលែក​នូវ​ទាន ១​។ ​ម្នាល​នាងវិសាខា មាតុគ្រាម ​ប្រកប​ដោយ​ធម៌ ៨ ប្រការ​នេះ​ឯង លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​រមែង​ទៅ​កើត​ជា​មួយ​នឹង​ពួក​ទេវ​តាម​នាបកាយិកា ។

មាតុគ្រាមណា ​មាន​ព្យាយាម ខ្វល់ខ្វាយ​ចិញ្ចឹមស្វាមី​នោះ​សព្វ​កាល​ជា​និច្ច ​មិន​មើល​ងាយ​បុរស​ជា​ស្វាមី ​ដែល​នាំ​មក​នូវ​សេចក្ដី​ប្រាថ្នាគ្រប់យ៉ាង​នោះ ជា​ស្រ្ដីល្អ ​មិន​បាន​ធ្វើស្វាមី​ឲ្យ​ក្ដៅក្រហាយ ​ដោយ​ពាក្យ​ច្រណែន ​ជា​ស្រ្ដី​មាន​បញ្ញា តែង​បូ​ជា​ស្វាមី ​និង​បុគ្គល​ដែល​ជា​ទី​គោរព​ទាំង​អស់ ជា​ស្រ្ដី​មាន​សេចក្ដី​ខ្នះខ្នែង ​មិន​ខ្ជិល​ច្រអូស សង្រ្គោះ​ជន​ជា​បរិសទ្យ តែងប្រព្រឹត្ត​នូវ​អំពើ​ជា​ទី​គាប់​ចិត្ត​នៃ​ស្វាមី ថែទាំ​សម្បតិ្ត​ដែល​ស្វាមី​រក​បាន​មក នារីណា ​ជា​ស្រ្ដី​លុះ​ក្នុង​អំណាច​សេចក្ដី​ប្រាថ្នា​របស់​ស្វាមី ប្រព្រឹត្ត​យ៉ាង​នេះ​នារី​នោះ​រមែង​ទៅ​កើត​ក្នុង​ពួក​ទេវតា ​ឈ្មោះ​មនាបកាយិកា ។

នកុលមាតាសូត្រ ទី៨កែប្រែ

[៤៨] សម័យ​មួយ​​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​កាល​គង់​នៅ​ក្នុង​ភេសកឡាវន ​ជា​ទី​ឲ្យ​អភ័យ ​ដល់​សត្វ​ម្រឹគ ​ទៀប​ក្រុង​សុំសុមារគិរៈ ​ក្នុង​ដែនភគ្គៈ ។ គ្រា​នោះ​នកុលមាតាគហបតានី (នាង​គហបតានី ​ឈ្មោះ​នកុលមាតា) ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​លុះ​ចូល​ទៅ​ដល់​ហើយ​។បេ។ ក៏​អង្គុយ​នៅ ។ ​លុះ​នកុលមាតា​គហបតានី ​អង្គុយ​ក្នុង​ទី​សមគួរ​ហើយ​​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា ម្នាល​នកុលមាតា មាតុគ្រាម​ប្រកប​ដោយ​ធម៌ ៨ ប្រការ ​លុះ​បែក​ធ្លាយរាងកាយ​ស្លាប់​ទៅ​តែង​ទៅ​កើត​ជា​មួយ​នឹង​ពួក​ទេវ​តាម​នាបកាយិកា ។ ​ប្រកប​ដោយ​ធម៌ ៨ ប្រការ ​តើ​ដូចម្ដេចខ្លះ ។ ​ម្នាល​នកុលមាតា មាតុគ្រាម​ក្នុង​លោក​នេះ ដែល​មាតាបិតា មាន​ប្រាថ្នាសេចក្ដី​ចម្រើន​ស្វែងរក​ប្រយោជន៍ ​ជា​អ្នក​អនុគ្រោះ អាស្រ័យ​នូវ​សេចក្ដីអនុគ្រោះ ​បាន​រៀបចំ​ឲ្យ​ដល់​ស្វាមី​ណា​ហើយ ជា​ស្ត្រី​ក្រោក​មុន ដេកក្រោយ ​ទទួល​ស្ដាប់​កិច្ចការអ្វីៗ ប្រព្រឹត្ត​នូវ​អំពើ​ជា​ទីគាប់​ចិត្ត ពោល​ពាក្យ​ជា​ទី​ស្រឡាញ់ ​ចំពោះ​ស្វាមី​នោះ​១ ។បេ។ ​ជា​ស្ដ្រី​មាន​ចាគៈ ​មាន​ចិត្ត​ប្រាស​ចាក​មន្ទិល ​គឺ​សេចក្ដី​កំណាញ់ នៅគ្រប់គ្រង​ផ្ទះ មាន​ទាន​បរិច្ចាគ​ស្រឡះ​ហើយ មាន​ដៃ​លាង​ហើយ​ត្រេកអរ​ក្នុង​ការ​លះបង់ គួរ​ដល់​ពួក​ស្មូម ត្រេកអរ​ក្នុង​ការចែក​រលែក​នូវ​ទាន ១​។ ​ម្នាល​នកុលមាតា មាតុគ្រាម ​ប្រកប​ដោយ​ធម៌ ៨ ប្រការ​នេះ​ឯង លុះ​បែក​ធ្លាយរាងកាយ ស្លាប់​ទៅ​តែង​ទៅ​កើត​ជា​មួយ​នឹង​ពួក​ទេវ​តាម​នាបកាយិកា ។

មាតុគ្រាមណា ​មាន​ព្យាយាម ខ្វល់ខ្វាយចិញ្ចឹម​ស្វាមី​នោះ​សព្វ​កាល​ជា​និច្ច ​មិន​មើលងាយ​បុរស​ជា​ស្វាមី ​ដែល​នាំ​មក​នូវ​សេចក្ដីប្រាថ្នា​គ្រប់​យ៉ាង​នោះ ជា​ស្រ្ដីល្អ ​មិន​បាន​ធ្វើស្វាមី​ឲ្យ​ក្ដៅក្រហាយ ​ដោយ​ពាក្យ​ច្រណែន ​ជា​ស្រ្ដី​មាន​បញ្ញា តែង​បូ​ជា​ស្វាមី ​និង​បុគ្គល​ដែល​ជា​ទីគោរព​ទាំង​អស់ ជា​ស្រ្ដី​មាន​សេចក្ដីខ្នះខ្នែង ​មិន​ខ្ជិលច្រអូស សង្រ្គោះជន​ជា​បរិសទ្យ ប្រព្រឹត្ត​នូវ​អំពើ​ជា​ទីគាប់​ចិត្ត​នៃ​ស្វាមី ថែទាំ​សម្បតិ្ត ​ដែល​ស្វាមី​រក​បាន​មក នារីណា ​ជា​ស្រ្ដី​លុះ​ក្នុង​អំណាច​សេចក្ដី​ប្រាថ្នា​របស់​ស្វាមី ប្រព្រឹត្ត​យ៉ាង​នេះ​នារី​នោះ​រមែង​ទៅ​កើត​ក្នុង​ពួក​ទេវតា ​ឈ្មោះ​មនាបកាយិកា ។

បឋមឥធលោកិកសូត្រ ទី៩កែប្រែ

[៤៩] សម័យ​មួយ​​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​កាល​គង់​នៅ​ក្នុង​វត្តបុព្វារាម ​ជា​ប្រាសាទ ​របស់​មិគារមាតា ជិត​ក្រុង​សាវត្ថី ។ គ្រា​នោះ​នាងវិសាខា​មិគារមាតា ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​លុះ​ចូល​ទៅ​ដល់​ហើយ​។បេ។ ក៏​អង្គុយ​នៅ ។ ​លុះ​នាង​វិសាខា​មិគារមាតា ​អង្គុយ​ក្នុង​ទីសមគួរ​ហើយ​​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា ម្នាល​វិសាខា មាតុគ្រាម​ប្រកប​ដោយ​ធម៌ ៤ ប្រការ ​ឈ្មោះ​ថា​ប្រតិបត្តិ ដើម្បី​ឈ្នះ​នូវ​លោក​នេះ លោក​នេះ​ក៏​ឈ្មោះ​ថា​មាតុគ្រាម​នោះ​ប្រារព្ធ​ហើយ​។ ​ប្រកប​ដោយ​ធម៌ ៤ ប្រការ ​តើ​ដូចម្ដេច​ខ្លះ ។ ​ម្នាល​វិសាខា មាតុគ្រាម ​ក្នុង​លោក​នេះ ជា​ស្រ្ដី​ចេះចាត់​ចែង​ការងារ ​ដោយ​ប្រពៃ ១ ចេះសង្រ្គោះ​ពួក​ជន​ជា​បរិសទ្យ ១ ចេះ​ប្រព្រឹត្ត​នូវ​អំពើ​ជា​ទីគាប់​ចិត្ត​របស់​ស្វាមី ១ ចេះថែទាំ​សម្បតិ្ត​ដែល​ស្វាមី​រក​បាន​មក ១ ។ ​ម្នាល​វិសាខា ចុះមាតុគ្រាម ​ជា​ស្រ្ដី​ចេះ​ចាត់​ចែង​ការងារ ​ដោយ​ប្រពៃ ​តើ​ដូចម្ដេច ។ ​ម្នាល​វិសាខា មាតុគ្រាម ​ក្នុង​លោក​នេះ​ការ​ទាំង​ឡាយណា ​ជា​បន្ទុក​របស់​ស្វាមី ទោះរោម​សត្វ​ក្តី​កប្បាសក្តី ​ជា​ស្រ្ដីឆ្លៀវឆ្លាស ​មិន​ខ្ជិល​ច្រអូស ​ក្នុង​ការងារ​ទាំង​នោះ ប្រកប​ដោយ​ការពិចារណា ​ដោយ​ឧបាយ​ក្នុង​ការងារ​នោះ​ថា​គួរធ្វើ គួរ​ចាត់ចែង ។ ​ម្នាល​វិសាខា មាតុគ្រាម ​ជា​ស្រ្ដី​ចេះចាត់ចែង​ការងារ ​ដោយ​ប្រពៃ យ៉ាង​នេះ​ឯង​។ ​ម្នាល​វិសាខា ចុះមាតុគ្រាម ​ជា​ស្រ្ដីចេះ​សង្គ្រោះ​ពួក​ជន​ជា​បរិសទ្យ ​តើ​ដូចម្ដេច ។ ​ម្នាល​វិសាខា មាតុគ្រាម ​ក្នុង​លោក​នេះ ពួក​ជនណា ​ជា​ខាង​ក្នុង ជា​បន្ទុក​របស់​ស្វាមី ទោះខ្ញុំក្ដី ​អ្នក​បំរើក្ដី កម្មករក្ដី តែង​ដឹង​នូវ​អំពើ​ដែល​ជន​ទាំង​នោះ​ធ្វើ ​ថា​ធ្វើ ​ដឹង​នូវ​អំពើ​ដែល​ជន​ទាំង​នោះ​មិន​បាន​ធ្វើ ​ថា​មិន​បាន​ធ្វើ ​ដឹង​នូវ​កំឡាំង​តិច ​និង​កំឡាំង​ច្រើន​នៃ​ពួក​ជន​អ្នក​ឈឺ ចេះចាត់ចែង​ខាទនីយ​ភោជនីយាហារ ​តាម​ចំណែក​ដែល​គួរ ​ដល់​ពួក​ជន​ខាង​ក្នុង​បន្ទុក​នោះ​។ ​ម្នាល​វិសាខា មាតុគ្រាម ​ជា​ស្រ្ដីចេះ​សង្គ្រោះ​ពួក​ជន​ជា​បរិសទ្យ យ៉ាង​នេះ​ឯង​។ ​ម្នាល​វិសាខា ចុះមាតុគ្រាម ចេះ​ប្រព្រឹត្ត​នូវ​អំពើ​ជា​ទីគាប់​ចិត្ត​នៃ​ស្វាមី ​តើ​ដូចម្ដេច ។ ​ម្នាល​វិសាខា មាតុគ្រាម ​ក្នុង​លោក​នេះ​អំពើណា ​មិន​ជា​ទី​គាប់​ចិត្ត​របស់​ស្វាមី បើទុក​ជា​មាន​ហេតុ​ដល់​ជីវិត ក៏​មិន​ប្រព្រឹត្ត​កន្លង​នូវ​អំពើ​នោះ​។ ​ម្នាល​វិសាខា មាតុគ្រាម ចេះប្រព្រឹត្ត​អំពើ ​ជា​ទីគាប់​ចិត្ត​នៃ​ស្វាមី យ៉ាង​នេះ​ឯង​។ ​ម្នាល​វិសាខា ចុះ​មាតុគ្រាម ចេះថែទាំ​សម្បត្តិ ​ដែល​ស្វាមី​រក​បាន​មក ​តើ​ដូចម្ដេច ។ ​ម្នាល​វិសាខា ទ្រព្យ​ណា​ក្ដី ស្រូវណាក្ដី ប្រាក់ណាក្ដី មាស​ណាក្ដី ​ដែល​ស្វាមី​រក​បាន​មក មាតុគ្រាម ​ក្នុង​លោក​នេះ​តែងសម្រេច​ដោយ​ការរក្សា គ្រប់គ្រង​នូវ​ទ្រព្យ​ជា​ដើម​នោះ ទាំង​ជា​ស្រ្ដី​អ្នក​មិន​លេង ​មិន​លួច ​មិន​ខិលខូច ​មិន​ធ្វើ​សម្បត្តិ​ទាំង​នោះ ឲ្យ​វិនាស​។ ​ម្នាល​វិសាខា មាតុគ្រាម ចេះថែ​ទាំសម្បត្តិ ​ដែល​ស្វាមីរក​បាន​មក យ៉ាង​នេះ​ឯង​។ ​ម្នាល​វិសាខា មាតុគ្រាម ​ប្រកប​ដោយ​ធម៌ ៤ ប្រការ​នេះ​ឯង ឈ្មោះ​ថា​ប្រតិបត្តិ ដើម្បី​ឈ្នះ​នូវ​លោក​នេះ លោក​នេះ​ក៏​ឈ្មោះ​ថា​មាតុគ្រាម​នោះ បាន​ប្រារព្ធ​ហើយ​។ ​ម្នាល​វិសាខា មាតុគ្រាម ​ប្រកប​ដោយ​ធម៌ ៤ ប្រការ ​ឈ្មោះ​ថា​ប្រតិបត្តិ ដើម្បីឈ្នះ​នូវ​លោក​ខាងមុខ ​លោក​ខាងមុខ ក៏​ឈ្មោះ​ថា​មាតុគ្រាម​នោះ បាន​ប្រារព្ធ​ហើយ​។ ​ប្រកប​ដោយ​ធម៌ ៤ ប្រការ ​តើ​ដូចម្ដេច​ខ្លះ ។ ​ម្នាល​វិសាខា មាតុគ្រាម ​ក្នុង​លោក​នេះ​បរិបូណ៌​ដោយ​សទ្ធា ១ បរិបូណ៌​ដោយ​សីល ១ បរិបូណ៌​ដោយ​ចាគៈ ១ បរិបូណ៌​ដោយ​បញ្ញា ១ ។ ​ម្នាល​វិសាខា ចុះ​មាតុគ្រាម បរិបូណ៌​ដោយ​សទ្ធា ​តើ​ដូចម្ដេច ។ ​ម្នាល​វិសាខា មាតុគ្រាម ​ក្នុង​លោក​នេះ ជា​ស្រ្ដី​មាន​សទ្ធា ជឿ​ការត្រាស់​ដឹង​របស់​ព្រះ​តថាគត​ថា​​ព្រះ​ដ៏​មាន​ព្រះ​ភាគ​អង្គ​នោះ ជា​អរហន្ដ​សម្មាសម្ពុទ្ធ ​ទ្រង់​បរិបូណ៌​ដោយ​វិជ្ជា ​និង​ចរណៈ ​ជា​ព្រះ​សុគត ជ្រាបច្បាស់​នូវ​ត្រៃ​លោក ទ្រង់​ប្រសើរ​បំផុត ​ទ្រង់​ទូន្មាន​នូវ​បុរស ​ដែល​គួរ​ទូន្មាន​បាន ជា​សាស្ដា​នៃ​ទេវតា ​និង​មនុស្ស​ទាំង​ឡាយ ​ទ្រង់​ត្រាស់​ដឹង​នូវ​អរិយសច្ច ៤ ​ទ្រង់​ខ្ជាក់ចោល​នូវ​ត្រៃភព ​គឺ​លែង​វិល​ត្រឡប់មក​កើតទៀត​ហើយ​។ ​ម្នាល​វិសាខា មាតុគ្រាម បរិបូណ៌​ដោយ​សទ្ធា យ៉ាង​នេះ​ឯង​។ ​ម្នាល​វិសាខា ចុះមាតុគ្រាម បរិបូណ៌​ដោយ​សីល ​តើ​ដូចម្តេច ។ ​ម្នាល​វិសាខា មាតុគ្រាម ​ក្នុង​លោក​នេះ ជា​ស្រ្ដី​វៀរ​ចាក​បាណាតិបាត ។បេ។វៀរ​ចាក​ហេតុ​ជា​ទីតាំង​នៃ​សេចក្ដី​ប្រមាទ ​គឺ​ផឹក​នូវ​ទឹក​ស្រវឹង ​គឺ​សុរា ​និង​មេរ័យ ។ ​ម្នាល​វិសាខា មាតុគ្រាម បរិបូណ៌​ដោយ​សីល យ៉ាង​នេះ​ឯង​។ ​ម្នាល​វិសាខា ចុះមាតុគ្រាម បរិបូណ៌​ដោយ​ចាគៈ ​តើ​ដូចម្តេច ។ ​ម្នាល​វិសាខា មាតុគ្រាម ​ក្នុង​លោក​នេះ មាន​ចិត្ត​ប្រាស​ចាក​មន្ទិល ​គឺ​សេចក្ដី​កំណាញ់ នៅគ្រប់​គ្រង​ផ្ទះ មាន​ទាន​បរិច្ចាគ​រួចស្រឡះ​ហើយ មាន​ដៃ​លាង​ហើយ​ត្រេកអរ​ក្នុង​ការ​លះបង់ គួរ​ដល់​ពួក​ស្មូម ត្រេកអរ​ក្នុង​ការចែក​រលែក​នូវ​ទាន ។ ​ម្នាល​វិសាខា មាតុគ្រាម បរិបូណ៌​ដោយ​ចាគៈ យ៉ាង​នេះ​ឯង​។ ​ម្នាល​វិសាខា មាតុគ្រាម បរិបូណ៌​ដោយ​បញ្ញា ​តើ​ដូចម្ដេច ។ ​ម្នាល​វិសាខា ចុះមាតុគ្រាម ​ក្នុង​លោក​នេះ ជា​ស្រ្ដី​មាន​បញ្ញា ​ប្រកប​ដោយ​បញ្ញា ​ជា​ដំណើរ​ទៅ​កាន់​សេចក្ដី​ចម្រើន និង​សេចក្ដី​វិនាស ជា​បញ្ញា​ដ៏​ប្រសើរ​មុះមុត ​ដល់​នូវ​ការ​អស់​ទៅ​នៃ​ទុក្ខ​ដោយ​ប្រពៃ ។ ​ម្នាល​វិសាខា មាតុគ្រាម បរិបូណ៌​ដោយ​បញ្ញា យ៉ាង​នេះ​ឯង​។ ​ម្នាល​វិសាខា មាតុគ្រាម បរិបូណ៌​ដោយ​ធម៌ ៤ ប្រការ​នេះ ឈ្មោះ​ថា​ប្រតិបត្តិ ដើម្បីឈ្នះ​នូវ​លោក​ខាងមុខ ​លោក​ខាងមុខ ក៏​ឈ្មោះ​ថា​មាតុគ្រាម​នោះ បាន​ប្រារព្ធ​ហើយ​។

មាតុគ្រាមចាត់ចែងការងារ​ដោយ​ប្រពៃ ១ សង្រ្គោះ​ពួក​ជន​ជា​បរិសទ្យ ១ ប្រព្រឹត្ត​នូវ​អំពើ​ជា​ទី​គាប់​ចិត្ត​នៃ​ស្វាមី ១ ថែទាំ​សម្បតិ្ត​ដែល​ស្វាមី​រក​បាន​មក ១ បរិបូណ៌​ដោយ​សទ្ធា ១ សីល ១ ​ដឹង​នូវ​ពាក្យ​ពោល​១ ប្រាស​ចាក​សេចក្ដី​កំណាញ់ ១ ជម្រះ​ផ្លូវ​ជា​ទី​ទៅ​កាន់​បរ​លោក ឲ្យ​ស្អាត​ជា​និច្ច ១ ធម៌​ទាំង​៨ ​នេះ មាន​ដល់​នារី​ណា ​អ្នក​ប្រាជ្ញ​ពោល​ថា​នារី​នោះ​មាន​សីល ឋិតនៅ​ក្នុង​ធម៌ ​ពោល​នូវ​ពាក្យ​ពិត ​ជា​ឧបាសិកា ​ដែល​បរិបូណ៌​ដោយ​អាការ ១៦ [អាការ ១៦ ​នោះ​សំដៅ​យក​បបួល​អ្នក​ដទៃ ៨ ​ចូល​មកទៀត​ផង​។ អដ្ឋក​ថា​។] ​ប្រកប​ដោយ​អង្គ​ទាំង​៨ ប្រការ ​មាន​សីល​បែប​នោះ​រមែង​ទៅ​កើត​ក្នុង​ទេវ​លោក ឈ្មោះ​មនាបកាយិកា ។

ទុតិយឥធលោកិកសូត្រ ទី១០កែប្រែ

[៥០] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ មាតុគ្រាម​ប្រកប​ដោយ​ធម៌ ៤ ប្រការ ​ឈ្មោះ​ថា​ប្រតិបត្តិ ដើម្បី​ឈ្នះ​នូវ​លោក​នេះ លោក​នេះ​ក៏​ឈ្មោះ​ថា​មាតុគ្រាម​នោះ បាន​ប្រារព្ធ​ហើយ​។ ​ប្រកប​ដោយ​ធម៌ ៤ ប្រការ ​តើ​ដូច​ម្ដេចខ្លះ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ មាតុគ្រាម ​ក្នុង​លោក​នេះ ជា​ស្រ្ដីចេះចាត់​ចែងការងារ​ដោយ​ប្រពៃ ១ ចេះសង្រ្គោះ​ពួក​ជន​ជា​បរិសទ្យ ១ ចេះប្រព្រឹត្ត​នូវ​អំពើ​ជា​ទីគាប់​ចិត្ត​នៃ​ស្វាមី ១ ​ចេះថែទាំ​សម្បត្តិ​ដែល​ស្វាមី​រក​បាន​មក ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះមាតុគ្រាម ​ជា​ស្រ្ដីចេះចាត់​ចែង​ការងារ​ដោយ​ប្រពៃ ​តើ​ដូចម្ដេច ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ មាតុគ្រាម ​ក្នុង​លោក​នេះ​ការងារ​ទាំង​ឡាយ​ណា ​ជា​បន្ទុក​របស់​ស្វាមី ។បេ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ មាតុគ្រាម ​ជា​ស្រ្ដី​ចេះចាត់ចែង​ការងារ​ដោយ​ប្រពៃ យ៉ាង​នេះ​ឯង​។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះមាតុគ្រាម ចេះសង្រ្គោះ​ពួក​ជន​ជា​បរិសទ្យ ​តើ​ដូចម្ដេច ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ មាតុគ្រាម ​ក្នុង​លោក​នេះ ពួក​ជនណា​ជា​ខាង​ក្នុង ជា​បន្ទុក​របស់​ស្វាមី ។បេ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ មាតុគ្រាម ចេះសង្គ្រោះ​ពួក​ជន​ជា​បរិសទ្យ យ៉ាង​នេះ​ឯង​។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះមាតុគ្រាម ចេះប្រព្រឹត្តអំពើ​ជា​ទីគាប់​ចិត្ត​របស់​ស្វាមី ​តើ​ដូចម្ដេច ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ មាតុគ្រាម ​ក្នុង​លោក​នេះ​អំពើណា​ដែល​មិន​ជា​ទី​គាប់​ចិត្ត​នៃ​ស្វាមី បើទុក​ជា​មាន​ហេតុ​ដល់​ជីវិត ក៏​មិន​ប្រព្រឹត្ត​កន្លង​នូវ​អំពើ​នោះ​។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ មាតុគ្រាម​ប្រព្រឹត្ត​អំពើ​ជា​ទី​គាប់​ចិត្ត​នៃ​ស្វាមី យ៉ាង​នេះ​ឯង​។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះមាតុគ្រាម ចេះថែ​ទាំសម្បតិ្ត ​ដែល​ស្វាមី​រក​បាន​មក ​តើ​ដូចម្ដេច ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ មាតុគ្រាម ​ក្នុង​លោក​នេះ​ស្វាមី​នាំ​មក​នូវ​ទ្រព្យណា ។បេ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ មាតុគ្រាម ចេះថែទាំ​សម្បតិ្ត ​ដែល​ស្វាមីរក​បាន​មក យ៉ាង​នេះ​ឯង​។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ មាតុគ្រាម​ប្រកប​ដោយ​ធម៌ ៤ ប្រការ​នេះ​ឯង ឈ្មោះ​ថា​ប្រតិបត្តិ ដើម្បី​ឈ្នះ​លោក​នេះ លោក​នេះ​ក៏​ឈ្មោះ​ថា​មាតុគ្រាម​នោះ បាន​ប្រារព្ធ​ហើយ​។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ មាតុគ្រាម ​ប្រកប​ដោយ​ធម៌ ៤ ប្រការ ​ឈ្មោះ​ថា​ប្រតិបត្តិ ដើម្បី​ឈ្នះ​លោក​ខាងមុខ ​លោក​ខាងមុខ ក៏​ឈ្មោះ​ថា​មាតុគ្រាម​នោះ បាន​ប្រារព្ធ​ហើយ​។ ​ប្រកប​ដោយ​ធម៌ ៤ ប្រការ ​តើ​ដូចម្ដេច ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ មាតុគ្រាម ​ក្នុង​លោក​នេះ​បរិបូណ៌​ដោយ​សទ្ធា ១ បរិបូណ៌​ដោយ​សីល ១ បរិបូណ៌​ដោយ​ចាគៈ ១ បរិបូណ៌​ដោយ​បញ្ញា ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​មាតុគ្រាម បរិបូណ៌​ដោយ​សទ្ធា ​តើ​ដូចម្ដេច ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ មាតុគ្រាម​ក្នុង​លោក​នេះ មាន​សទ្ធា ។បេ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ មាតុគ្រាម បរិបូណ៌​ដោយ​សទ្ធា យ៉ាង​នេះ​ឯង​។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះមាតុគ្រាម បរិបូណ៌​ដោយ​សីល ​តើ​ដូច​ម្ដេច ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ មាតុគ្រាម ​ក្នុង​លោក​នេះ​វៀរ​ចាក​បាណាតិបាត ។បេ។ វៀរ​ចាក​ហេតុ​ជា​ទីតាំង​នៃ​សេចក្ដី​ប្រមាទ ​គឺ​ផឹក​នូវ​ទឹក​ស្រវឹង ​គឺ​សុរា ​និង​មេរ័យ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ មាតុគ្រាម បរិបូណ៌​ដោយ​សីល យ៉ាង​នេះ​ឯង​។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះមាតុគ្រាម បរិបូណ៌​ដោយ​ចាគៈ ​តើ​ដូចម្ដេច ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ មាតុគ្រាម ​ក្នុង​លោក​នេះ មាន​ចិត្ត​ប្រាស​ចាក​មន្ទិល ​គឺ​សេចក្ដី​កំណាញ់ នៅគ្រប់គ្រង​ផ្ទះ​។បេ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ មាតុគ្រាម បរិបូណ៌​ដោយ​ចាគៈ យ៉ាង​នេះ​ឯង​។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​មាតុគ្រាម បរិបូណ៌​ដោយ​បញ្ញា ​តើ​ដូចម្ដេច ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ មាតុគ្រាម ​ក្នុង​លោក​នេះ ជា​ស្រ្ដី​មាន​បញ្ញា ។បេ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ មាតុគ្រាម បរិបូណ៌​ដោយ​បញ្ញា យ៉ាង​នេះ​ឯង​។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ មាតុគ្រាម ​ប្រកប​ដោយ​ធម៌ ៤ ​ប្រការ​នេះ​ឯង ឈ្មោះ​ថា​ប្រតិបត្តិ ដើម្បីឈ្នះ​លោក​ខាងមុខ ​លោក​ខាងមុខ ក៏​ឈ្មោះ​ថា​មាតុគ្រាម​នោះ បាន​ប្រារព្ធ​ហើយ​។

មាតុគ្រាមចាត់ចែងការងារ​ដោយ​ប្រពៃ ១ សង្រ្គោះ​ពួក​ជន​ជា​បរិសទ្យ ១ ប្រព្រឹត្ត​អំពើ​ជា​ទីគាប់​ចិត្ត​នៃ​ស្វាមី ១ ថែទាំសម្បតិ្ត​ដែល​ស្វាមី​រក​បាន​មក ១ បរិបូណ៌​ដោយ​សទ្ធា ១ សីល ១ ​ដឹង​នូវ​ពាក្យ​ពោល​១ ប្រាស​ចាក​សេចក្ដី​កំណាញ់ជម្រះ​ផ្លូវ​ជា​ទី​ទៅ​កាន់​បរ​លោក​ឲ្យ​ស្អាត​ជា​និច្ច ១ ធម៌​ទាំង​៨ ​នេះ មាន​ដល់​នារីណា ​អ្នក​ប្រាជ្ញ​ពោល​ថា​នារី​នោះ មាន​សីល ឋិតនៅ​ក្នុង​ធម៌ ​ពោល​នូវ​ពាក្យ​ពិត ឧបាសិកា ​ដែល​បរិបូណ៌​ដោយ​អាការ ១៦ ​ប្រកប​ដោយ​អង្គ​ទាំង​៨ ​មាន​សីល​បែប​នោះ​រមែង​ទៅ​កើត​ក្នុង​ទេវ​លោក ឈ្មោះ​មនាបកាយិកា ។

ចប់ ​ឧបោសថវគ្គ ទី៥​។

ឧទ្ទាន​ក្នុង​ឧបោសថវគ្គ​នោះ​គឺ​

និយាយ​អំពី​ការរក្សាឧបោសថ​យ៉ាងសង្ខេប ១ ពិស្តារ ១​អំពី​នាង​វិសាខា​១​អំពី​វាសេដ្ឋ​ព្រាហ្មណ៍ ១ ​ជា​គម្រប់​៥ ​និង​នាង​ពោជ្ឈា ​អំពី​ព្រះ​អនុរុទ្ធ ១ ​អំពី​នាង​វិសាខា​១ ​អំពី​នកុលមាតា ១ ​អំពី​ការឈ្នះ​លោក​នេះ មាន​ពីរលើក ។

ចប់ បណ្ណាសក ។

បណ្ណាសកាសង្គហិតវគ្គ

សន្ធានវគ្គកែប្រែ

គោតមីសូត្រ ទី១កែប្រែ

[៥១] សម័យ​មួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​កាល​គង់​ក្នុង​និគ្រោធារាម ក្បែរ​ក្រុង​កបិលពស្តុ ​ក្នុង​ដែនសក្កៈ ។ គ្រា​នោះ​ ​ព្រះ​នាង​​មហាប​ជា​បតិគោតមី ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​លុះ​ចូល​ទៅ​ដល់ ក្រាប​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ហើយ​ឋិតនៅ​ក្នុង​ទី​សមគួរ ។ ​លុះ​ព្រះ​នាង​មហាប​ជា​បតិគោតមី ឋិតនៅ​ក្នុង​ទី​សមគួរ​ហើយ​ ទើប​ក្រាប​បង្គំ​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ដូច្នេះ​ថា​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ខ្ញុំម្ចាស់​សូមអង្វរ​ មាតុគ្រាម គួរ​ចេញ​ចាក​ផ្ទះ បាន​បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ ​ដែល​ព្រះ​តថាគត ទ្រង់​សំដែង​ហើយ​ ។ ​ព្រះ​សម្ពុទ្ធ​ទ្រង់​ត្រាស់​ឃាត់​ថា ម្នាល​នាង​គោតមី ណ្ហើយនាង កុំគាប់​ចិត្ត​ឲ្យ​មាតុគ្រាម​ចេញ​ចាក​ផ្ទះ ហើយ​បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្ម​វិន័យ ​ដែល​តថាគត​បាន​សំដែង​ឡើយ ។ ​ព្រះ​នាង​មហាប​ជា​បតិគោតមី ​ក្រាប​ថ្វាយ​បង្គំ​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ ​ជា​គម្រប់​ពីរ​ដង​ថា​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ខ្ញុំម្ចាស់​សូមអង្វរ មាតុគ្រាម គួរចេញ​ចាក​ផ្ទះ បាន​បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ ​ដែល​ព្រះ​តថាគត​ទ្រង់​សំដែង​ហើយ​ ។ ​ម្នាល​នាងគោតមី ណ្ហើយនាង កុំគាប់​ចិត្ត​ឲ្យ​មាតុគ្រាម​ចេញ​ចាក​ផ្ទះ​ បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ ​ដែល​តថាគត​បាន​សំដែង​ឡើយ ។ ​ព្រះ​នាង​មហាប​ជា​បតិគោតមី ​ក្រាប​បង្គំទូល​ព្រះ​មាន​ព្រះ​ភាគ​ដូច្នេះ ​ជា​គម្រប់​បី​ដង​ថា​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ខ្ញុំម្ចាស់​សូមអង្វរ មាតុគ្រាម គួរចេញ​ចាក​ផ្ទះ បាន​បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ ​ដែល​ព្រះ​តថាគត សំដែង​ហើយ​ ។ ​ម្នាល​នាង​គោតមី ណ្ហើយនាង កុំគាប់​ចិត្ត​ឲ្យ​មាតុគ្រាម​ចេញ​ចាក​ផ្ទះ បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ ​ដែល​តថាគត​បាន​សំដែង​ឡើយ ។ លំដាប់​នោះ​ឯង​ ​ព្រះ​នាង​មហាប​ជា​បតិគោតមី ​បាន​ជ្រាប​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​មិន​ទ្រង់​អនុញ្ញាត​ឲ្យ​មាតុគ្រាម​ចេញ​ចាក​ផ្ទះ​ បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្ម​វិន័យ ​ដែល​ព្រះ​តថាគត​សំដែង​ហើយ​ ក៏កើតទុក្ខ តូច​ព្រះ​ទ័យ ស្រក់​ទឹក​ព្រះ​នេត្រ ​ទ្រង់​ព្រះ​កន្សែង ​ហើយ​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ធ្វើ​ប្រទក្សិណ​ រួចចៀសចេញ​ទៅ​ ។ គ្រា​នោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​គង់​សម្រេចសម្រាន្ដ ​ក្នុង​ក្រុង​កបិលពស្ដុ ​តាម​គួរ​ដល់​ពុទ្ធ​អធ្យាស្រ័យ ​ហើយ​ស្ដេច​ចៀសចេញ​ទៅ​កាន់ចារិក ​ក្រុង​វេសាលី ​កាល​ទ្រង់​ស្ដេច​ទៅ​កាន់​ចារិក ​តាម​លំដាប់ ក៏​បាន​ទៅ​ដល់​ក្រុង​វេសាលី​នោះ​ឯង​ ។ ​មាន​សេចក្ដី​ដំណាល​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​គង់​សម្រេចសម្រាន្ដ ​ក្នុង​កូដាគារ​សាលា នាមហាវន ​ទៀប​ក្រុង​វេសាលី​នោះ​ ។ លំដាប់​នោះ​ឯង​ ​ព្រះ​នាង​មហាប​ជា​បតិ​គោតមី ​ឲ្យ​គេកោរ​ព្រះ​កេសា ​ហើយ​ស្លៀក​សំពត់ជ្រលក់​ដោយ​ទឹក​អម្ចត់ ​ទ្រង់​យាងសំដៅ​ទៅ​ក្រុង​វេសាលី ​ជា​មួយ​នឹង​ពួក​នាង​សាកិយានី​ជា​ច្រើន យាង​ចូល​ទៅ​កាន់​កូដាគារសាលា នាមហាវន ​ទៀប​ក្រុង​វេសាលី​នោះ តាម​លំដាប់ ។ វេលា​នោះ​ ​ព្រះ​នាង​មហាប​ជា​បតិ​គោតមី ​មាន​ព្រះ​បាទ​ទាំង​គូ​ពុរពង មាន​ព្រះ​អង្គ​ប្រឡាក់​ដោយ​ធូលី កើតទុក្ខ​តូច​ព្រះ​ទ័យ ស្រក់​ទឹក​ព្រះ​នេត្រ ឈរ​ទ្រង់​ព្រះ​កន្សែង ​ទៀប​ក្លោង​ទ្វារខាងក្រៅ ។ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ ​បាន​ឃើញ​ព្រះ​នាង​មហាប​ជា​បតិ​គោតមី ​មាន​ព្រះ​បាទ​ទាំង​គូ​ពុរពង ​មាន​ព្រះ​អង្គ​ប្រឡាក់​ដោយ​ធូលី កើត​ទុក្ខ តូច​ព្រះ​ទ័យ ស្រក់​ទឹក​ព្រះ​នេត្រ កំពុងតែឈរ​ទ្រង់​ព្រះ​កន្សែង​ទៀប​ក្លោងទ្វារ​ខាង​ក្រៅ ​លុះ​បាន​ឃើញ​ហើយ​ ក៏​ពោល​ទៅ​នឹង​ព្រះ​នាង​មហា​ប​ជា​បតិ​គោតមី​ដូច្នេះ​ថា​ បពិត្រ​ព្រះ​នាង​គោតមី ហេតុអ្វី​បាន​ជា​ព្រះ​នាង​មាន​ព្រះ​បាទ​ទាំង​គូ​ពុរពង ​មាន​ព្រះ​អង្គ​ប្រឡាក់​ដោយ​ធូលី កើតទុក្ខ​តូច​ព្រះ​ទ័យ ស្រក់​ទឹក​ព្រះ​នេត្រ ឈរ​ទ្រង់​ព្រះ​កន្សែង ​ទៀប​ក្លោងទ្វារ​ខាង​ក្រៅ​ដូច្នេះ ។ បពិត្រ​ព្រះ​អានន្ទ​ដ៏​ចម្រើន បាន​ជា​ដូច្នោះ ព្រោះតែ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​មិន​ទ្រង់​អនុញ្ញាត​ឲ្យ​មាតុគ្រាម​ចេញ​ចាក​ផ្ទះ​ បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ​ដែល​ព្រះ​តថាគត​ទ្រង់​សំដែង​ហើយ​ផង​សោះ ។ បពិត្រ​ព្រះ​នាង​គោតមី បើ​ដូច្នោះ សូម​ព្រះ​នាង​ទ្រង់​រង់ចាំ​ក្នុង​ទី​នេះ​សិនចុះ ​ទម្រាំ​អាត្មា​ភាព ​ទៅ​ក្រាប​បង្គំ​ទូល​សុំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ឲ្យ​មាតុគ្រាម​បាន​ចេញ​ចាក​ផ្ទះ​ បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ ​ដែល​ព្រះ​តថាគត​ទ្រង់​សំដែង​ហើយ​ ។ លំដាប់​នោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​លុះ​ចូល​ទៅ​ដល់ ក្រាប​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ហើយ​ ក៏​អង្គុយ​ក្នុង​ទីសមគួរ ។ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ទើប​ក្រាប​បង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ​ព្រះ​នាង​មហាប​ជា​បតិ​គោតមី​នុ៎ះ ​មាន​ព្រះ​បាទ​ទាំង​គូ​ពុរពង ​មាន​ព្រះ​អង្គ​ប្រឡាក់​ដោយ​ធូលី កើត​ទុក្ខ តូច​ព្រះ​ទ័យ ស្រក់​ទឹក​ព្រះ​នេត្រ ឈរ​ទ្រង់​ព្រះ​កន្សែង ​ទៀប​ក្លោងទ្វារ​ខាង​ក្រៅ​ដោយ​ជ្រាប​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​មិន​ទ្រង់​អនុញ្ញាត​ឲ្យ​មាតុគ្រាម​ចេញ​ចាក​ផ្ទះ​ បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ ​ដែល​ព្រះ​តថាគត​ទ្រង់​សំដែង​ហើយ​ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ សូម​ទ្រង់​ព្រះ​មេត្តាប្រោស ​ឲ្យ​មាតុគ្រាម​ចេញ​ចាក​ផ្ទះ បាន​បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ ​ដែល​ព្រះ​តថាគត​ទ្រង់​សំដែង​ហើយ​ ។ ​ម្នាល​អានន្ទ ណ្ហើយ ​អ្នក​កុំគាប់​ចិត្ត​ឲ្យ​មាតុគ្រាម​ចេញ​ចាក​ផ្ទះ​ បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ​ដែល​តថាគត​សំដែង​ឡើយ ។ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ ​ក្រាប​បង្គំ​ទូល ​ជា​គម្រប់​ពីរ​ដង​ផង​ ។បេ។ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ ​ក្រាប​បង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ ​ជា​គម្រប់​ ៣​ដង​ផង​ថា​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ សូម​ទ្រង់​ព្រះ​មេត្តាប្រោស ​ឲ្យ​មាតុគ្រាម​ចេញ​ចាក​ផ្ទះ បាន​បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ ​ដែល​ព្រះ​តថាគត​ទ្រង់​សំដែង​ហើយ​ផង​ ។ ​ម្នាល​អានន្ទ ណ្ហើយ ​អ្នក​កុំគាប់​ចិត្ត​ឲ្យ​មាតុគ្រាម​ចេញ​ចាក​ផ្ទះ​ បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ ​ដែល​តថាគត​សំដែង​ឡើយ ។ លំដាប់​នោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ ​មាន​សេចក្តី​ត្រិះរិះដូច្នេះ​ថា​ ឥឡូវ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​មិន​ទ្រង់​អនុញ្ញាត​ឲ្យ​មាតុគ្រាម​ចេញ​ចាក​ផ្ទះ​ បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ ​ដែល​ព្រះ​តថាគត​ទ្រង់​សំដែង​ហើយ​ទេ បើដូច្នេះ គួរតែ​អាត្មា​អញ ក្រាប​បង្គំទូល​សុំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ដោយ​បរិយាយ​ដទៃទៀត ដើម្បី​ឲ្យ​មាតុគ្រាម​ចេញ​ចាក​ផ្ទះ​ បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ ​ដែល​ព្រះ​តថាគត​ទ្រង់​សំដែង​ហើយ​ ។ លំដាប់​នោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ ​បាន​ក្រាប​បង្គំ​ទូលសួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ មាតុគ្រាម បើចេញ​ចាក​ផ្ទះ​ បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ ​ដែល​ព្រះ​តថាគត​ទ្រង់​សំដែង​ហើយ​ គួរធ្វើ​ឲ្យ​ជា​ក់ច្បាស់​នូវ​សោតាបតិ្តផល​ក្ដី សកទាគាមិផលក្ដី អនាគាមិផលក្ដី អរហត្ត​ផល​ក្ដី ​បាន​ដែរ​ឬ​ ។ ​ម្នាល​អានន្ទ មាតុគ្រាម បើ​ចេញ​ចាក​ផ្ទះ​ បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ ​ដែល​តថាគត​សំដែង​ហើយ​ ក៏គួរធ្វើ​ឲ្យ​ជា​ក់ច្បាស់​នូវ​សោតាបតិ្តផល​ផង​ សកទាគាមិផល​ផង​ អនាគាមិផល​ផង​ អរហត្តផល​ផង​ ។ ​បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ បើមាតុគ្រាម ​ចេញ​ចាក​ផ្ទះ​ បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ ​ដែល​ព្រះ​តថាគត​សំដែង​ហើយ​ គួរធ្វើ​ឲ្យ​ជា​ក់​ច្បាស់​នូវ​សោតាបតិ្តផល​ផង​ ។បេ។ អរហត្តផល​ផង បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ​ព្រះ​នាង​មហាប​ជា​បតិ​គោតមី ​មាន​ឧបការៈច្រើនជា​ព្រះ​មាតុច្ឆា​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគបាន​បី​បាច់ចិញ្ចឹម ​កាល​ព្រះ​មាតា​ទ្រង់​ទិវង្គត​ទៅ បាន​បំបៅ​ព្រះ​ដ៏​មាន​ព្រះ​ភាគ តរៀងមក ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ​ឲ្យ​មាតុគ្រាម​ចេញ​ចាក​ផ្ទះ បាន​បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ ​ដែល​ព្រះ​តថាគត​ទ្រង់​សំដែង​ហើយ​ផង​ ។ ​ម្នាល​អានន្ទ បើ​ព្រះ​នាង​មហាប​ជា​បតិ​គោតមី ​ទទួល​ប្រតិបត្តិ​តាម​គរុធម៌ ៨ ប្រការ​បាន​ ឧបសម្បទា​នោះ ចូរ​សម្រេច​ដល់​ព្រះ​នាងចុះ ។ (ឯ​គរុធម៌ ៨ ប្រការ​នោះ​គឺ​) ​[១] ភិក្ខុ​នី សូម្បីឧបសម្បទា​បាន មួយ​រយវស្សា​ហើយ​ ក៏​ត្រូវ​តែ​ថ្វាយ​បង្គំ ក្រោក​ទទួល​ ធ្វើអញ្ជលិកម្ម សាមីចិកម្ម ​ចំពោះ​ភិក្ខុ ដែល​ទើប​នឹង​ឧបសម្បទា​ក្នុង​ថ្ងៃ​នោះ នេះ​ជា​ធម៌​ដែល​ភិក្ខុ​នី​ត្រូវ​ធ្វើសក្ការៈ គោរពរាប់អាន បូ​ជា​ កុំ​គប្បី​ប្រព្រឹត្ត​កន្លង ដរាប​អស់​ជីវិត ១ ។ ​[២] ភិក្ខុ​នី​មិន​ត្រូវ​នៅចាំវស្សា ​ក្នុង​អាវាស​ដែល​គ្មាន​ភិក្ខុ​ឡើយ ​នេះ​ជា​ធម៌​ដែល​ភិក្ខុ​នី​ត្រូវ​ធ្វើសក្ការៈ គោរព រាប់អាន បូ​ជា​ កុំ​គប្បី​ប្រព្រឹត្ត​កន្លង ដរាប​អស់​ជីវិត ១ ។ ​[៣] ភិក្ខុ​នី ​ត្រូវ​ស្វែងរកសួរ​ឧបោសថ​ផង ចូល​ទៅ​ស្ដាប់ឱវាទ​ផង អំពី​សំណាក់​ភិក្ខុ​សង្ឃ​រាល់កន្លះខែ ​នេះ​ជា​ធម៌​ដែល​ភិក្ខុ​នី​ត្រូវ​ធ្វើសក្ការៈ គោរព រាប់អាន បូ​ជា​ កុំ​គប្បី​ប្រព្រឹត្ត​កន្លង ដរាប​អស់​ជីវិត ១ ។ ​[៤] ភិក្ខុ​នី​នៅចាំវស្សា​រួច​ហើយ ត្រូវ​បវារណា ​ក្នុង​សំណាក់សង្ឃ​ទាំង​ ២ ​ពួក​ (​គឺ​ភិក្ខុ​សង្ឃ ១ ​ភិក្ខុ​នីសង្ឃ ​១) ​ដោយ​ឋាន ៣ យ៉ាង​គឺ​ ឃើញ ​ឮ​ រង្កៀស ​នេះ​ជា​ធម៌​ដែល​ភិក្ខុ​នី​ត្រូវ​ធ្វើសក្ការៈ គោរព រាប់អាន បូ​ជា​ កុំ​គប្បី​ប្រព្រឹត្ត​កន្លង ដរាប​អស់​ជីវិត ១ ។ ​[៥] ភិក្ខុ​នី​ត្រូវ​គរុកាបត្តិ​ហើយ គប្បី​ប្រព្រឹត្ត​បក្ខ​មាន​ត្ត ​ក្នុង​សំណាក់​សង្ឃ​ទាំង​ ២ ​ពួក នេះ​ជា​ធម៌​ដែល​ភិក្ខុ​នី​ត្រូវ​ធ្វើសក្ការៈ គោរព រាប់អាន បូ​ជា​ កុំ​គប្បី​ប្រព្រឹត្ត​កន្លង ដរាប​អស់​ជីវិត ១ ។ ​[៦] ភិក្ខុ​នី​ត្រូវ​ជួយស្វែងរក​ឧបសម្បទា ​ក្នុង​សំណាក់​សង្ឃ​ទាំង​ ២ ​ពួក ដល់​សិក្ខមានា ​ដែល​បាន​សិក្សាសិក្ខា​ក្នុង​ធម៌ ៦ [ សំដៅ​យក​សិក្ខាបទ ៦ ពីបាណាតិបាត ​ដល់​វិ​កាល​ភោជនៈ ។ ] ប្រការ គ្រប់ ២ ឆ្នាំ​ហើយ នេះ​ជា​ធម៌​ដែល​ភិក្ខុ​នី​ត្រូវ​ធ្វើ​សក្ការៈ គោរព រាប់អាន បូ​ជា​ កុំ​គប្បី​ប្រព្រឹត្តកន្លង ដរាប​អស់​ជីវិត ១ ។ ​[៧] ភិក្ខុ​នី​មិន​ត្រូវ​ជេរ ​មិន​ត្រូវ​ប្រទេច​ភិក្ខុ ដោយ​បរិយាយ​ណា​មួយ​ឡើយ ​នេះ​ជា​ធម៌​ដែល​ភិក្ខុ​នី​ត្រូវ​ធ្វើ​សក្ការៈ គោរព រាប់អាន បូ​ជា​ កុំ​គប្បី​ប្រព្រឹត្ត​កន្លង ដរាប​អស់​ជីវិត ១ ។ [៨] តាំងពី​ថ្ងៃ​ដែល​បាន​ឧបសម្បទា​នេះ​ទៅ ភិក្ខុ​នី​ត្រូវ​តែស្ដាប់​បង្គាប់​ភិក្ខុ​ ឯ​ភិក្ខុ​មិន​ត្រូវ​ស្ដាប់បង្គាប់​ភិក្ខុ​នី​វិញឡើយ ​នេះ​ជា​ធម៌​ដែល​ភិក្ខុ​នី​ត្រូវ​ធ្វើសក្ការៈ គោរព រាប់អាន បូ​ជា​ កុំ​គប្បី​ប្រព្រឹត្ត​កន្លង ដរាប​អស់​ជីវិត ១ ។ ​ម្នាល​អានន្ទ បើ​ព្រះ​នាង​មហាប​ជា​បតិ​គោតមី ​ទទួល​ប្រព្រឹត្ត​តាម​គរុធម៌​ទាំង​ ៨ ​នេះ​បាន​ ឧបសម្បទា​នោះ ចូរ​សម្រេច​ដល់​ព្រះ​នាងចុះ ។ លំដាប់​នោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ ​បាន​រៀន​គរុធម៌ ៨ ប្រការ ​ក្នុង​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ (ចាំស្ទាត់​ហើយ​) ក៏​ចូល​ទៅ​រក​ព្រះ​នាង​មហាប​ជា​បតិ​គោតមី ​លុះ​ចូល​ទៅ​ដល់​ហើយ​ ក៏​ពោល​ទៅ​នឹង​ព្រះ​នាង​មហាប​ជា​បតិ​គោតមី​ដូច្នេះ​ថា​ បពិត្រ​ព្រះ​នាង​គោតមី បើ​ព្រះ​នាង​ទទួល​ប្រតិបត្តិ​តាម​គរុធម៌ ៨ ប្រការ​បាន​ ឧបសម្បទា​នោះ នឹង​សម្រេច​ដល់​ព្រះ​នាង ។ (ឯគរុធម៌ ៨ ប្រការ​នោះ​គឺ​) ​ភិក្ខុ​នីសូម្បីឧបសម្បទា ​បាន​មួយ​រយវស្សា​ហើយ​ ក៏​ត្រូវ​តែ​ថ្វាយ​បង្គំ ក្រោកទទូល ធ្វើអញ្ជលិកម្ម សាមីចិកម្ម ​ចំពោះ​ភិក្ខុ ដែល​ទើប​នឹង​បួស​ហើយ​ក្នុង​ថ្ងៃ​នោះ នេះ​ជា​ធម៌ ​ដែល​ភិក្ខុ​នី​ត្រូវ​ធ្វើសក្ការៈ គោរព រាប់អាន បូ​ជា​ កុំ​គប្បី​ប្រព្រឹត្តកន្លង ដរាប​អស់​ជីវិត ១ ។បេ។ ចាប់​ដើម​តាំងពី​ថ្ងៃ​ (​ដែល​បាន​ឧបសម្បទា) ​នេះ​ទៅ ភិក្ខុ​នី​ត្រូវ​តែស្ដាប់​បង្គាប់​ភិក្ខុ​ ឯ​ភិក្ខុ​មិន​ត្រូវ​ស្ដាប់បង្គាប់​ភិក្ខុ​នីវិញឡើយ ​នេះ​ជា​ធម៌​ដែល​ភិក្ខុ​នី​ត្រូវ​ធ្វើ​សក្ការៈ គោរព រាប់អាន បូ​ជា​ កុំ​គប្បី​ប្រព្រឹត្ត​កន្លង ដរាប​អស់​ជីវិត ១ ។ បពិត្រ​ព្រះ​នាង​គោតមី បើ​ព្រះ​នាង​ទទួល​ប្រតិបត្តិ​គរុធម៌ ៨ ប្រការ​នេះ​បាន​ ។ ឧបសម្បទា​នោះ នឹង​សម្រេច​ដល់​ព្រះ​នាង​បាន​ ។ ​ព្រះ​នាង​មហាប​ជា​បតិ​គោតមី ឆ្លើយតប​ថា​ បពិត្រ​ព្រះ​អានន្ទ​ដ៏​ចម្រើន​ ស្រ្ដី ​ឬ​បុរស​នៅក្រមុំ​កំឡោះ ​ប្រកប​ដោយ​ជា​តិ​ជា​អ្នក​ស្អិតស្អាងខ្លួន ​មាន​ក្បាលលុបលាង​ហើយ បាន​កម្រងផ្កា​ឧប្បលក្ដី កម្រងផ្កា​ម្លិះក្ដី កម្រងផ្កា​ដែល​មាន​ក្លិនក្រអូប​ណាស់​ក្ដី ​ហើយ​ទទួល​យក​ដោយ​ដៃ​ទាំង​ពីរ តម្កល់​ទុក​លើ​អវយវៈ​ដ៏​ឧត្តម ​គឺ​ក្បាល យ៉ាងណាមិញ បពិត្រ​ព្រះ​អានន្ទ​ដ៏​ចម្រើន​ ខ្ញុំ​នឹង​ទទួល​ប្រតិបត្តិ​តាម​គរុធម៌ ៨ ប្រការ​នេះ មិន​ប្រព្រឹត្ត​កន្លង ដរាប​អស់​ជីវិត ក៏យ៉ាង​នោះ​ដែរ​ ។ លំដាប់​នោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​លុះ​ចូល​ទៅ​ដល់ ក្រាប​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ រួច​អង្គុយ​ក្នុង​ទីសមគួរ​ ។ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ក៏​ក្រាប​បង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ គរុធម៌​ទាំង​ ៨ ប្រការ ​ព្រះ​នាង​មហាប​ជា​បតិ​គោតមី ព្រម​ទទួល​ហើយ មិន​ប្រព្រឹត្ត​ឲ្យ​កន្លង ដរាប​អស់​ជីវិតទេ ។ ​ម្នាល​អានន្ទ ប្រសិនបើ​មាតុគ្រាម ​មិន​បាន​ចេញ​ចាក​ផ្ទះ​ បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ ​ដែល​តថាគត​សំដែង​ហើយ​ទេ ​ម្នាល​អានន្ទ ព្រហ្មចរិយធម៌ ​នឹង​បាន​តាំង​នៅ​ជា​អង្វែង ​ព្រះ​សទ្ធម្ម ​គឺ​អរហត្តផល ​នឹង​បាន​តាំង​នៅ​អស់​ ១ ពាន់ឆ្នាំ ។ ​ម្នាល​អានន្ទ តែ​កាល​ណា​មាតុគ្រាម​ចេញ​ចាក​ផ្ទះ​ បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ ​ដែល​តថាគត​សំដែង​ហើយ ម្នាល​អានន្ទ ឥឡូវ​នេះ​ ព្រហ្មចរិយធម៌ ​នឹង​មិន​តាំងនៅ​យូរអង្វែង​ទេ ​ម្នាល​អានន្ទ ឥឡូវ​នេះ​ ​ព្រះ​សទ្ធម្ម​នឹង​ឋិត​នៅ​បាន​ត្រឹមតែ​ប្រាំរយ​ឆ្នាំវិញ ​ម្នាល​អានន្ទ ត្រកូល​ទាំង​ឡាយណា​មួយ ដែល​មាន​ស្រី​ច្រើន ​មាន​ប្រុស​តិច ត្រកូល​ទាំង​នោះ ពួក​ចោរលួច​ឧជប្រទីប​ក្នុង​ក្អមឆ្នាំង ​ហើយ​គន់​មើលទ្រព្យ​ក្នុង​ផ្ទះ​អ្នក​ដទៃ ​ដោយ​ពន្លឺ​នោះ អាច​ចូល​មកបំផ្លាញ​បាន​ដោយ​ងាយ យ៉ាង​ណា​មិញ ​ម្នាល​អានន្ទ មាតុគ្រាម​ចេញ​ចាក​ផ្ទះ បាន​បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ ​គឺ​ព្រហ្មចរិយធម៌ណា ព្រហ្មចរិយធម៌​នោះ មិន​បាន​តាំងនៅ​យូរអង្វែងទេ ក៏យ៉ាង​នោះ​ដែរ​ ។ ​ម្នាល​អានន្ទ រោគ​ជា​តិ​ឈ្មោះ​សេតដ្ឋិកា (ក្រា-ស) ធ្លាប់ចុះ​ក្នុង​ស្រែ​ស្រូវ​ណា ​ដែល​កំពុង​តែលូតលាស់​ល្អ ស្រែស្រូវ​នោះ មិន​បាន​តាំងនៅ​យូរអង្វែង ​ដោយ​ប្រការ​យ៉ាង​នេះ​ យ៉ាងណា​មិញ ​ម្នាល​អានន្ទ មាតុគ្រាម ​ចេញ​ចាក​ផ្ទះ បាន​បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ ​គឺ​ព្រហ្មចរិយធម៌​ណា ព្រហ្មចរិយធម៌​នោះ មិន​បាន​តាំង​នៅ​យូរ​អង្វែងទេ ក៏យ៉ាង​នោះ​ដែរ​ ។ ​ម្នាល​អានន្ទ រោគ​ជា​តិ​ឈ្មោះ​មញ្ជេដ្ឋិកា (ក្រាក្រហម) ធ្លាក់ចុះ​ក្នុង​ច្បារអំពៅ​ណា ​ដែល​កំពុង​លូតលាស់ល្អ ច្បារអំពៅ​នោះ មិន​បាន​តាំង​នៅយូរអង្វែង ​ដោយ​ប្រការ​យ៉ាង​នេះ​ យ៉ាងណាមិញ ​ម្នាល​អានន្ទ មាតុគ្រាម ​ចេញ​ចាក​ផ្ទះ បាន​បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ ​គឺ​ព្រហ្មចរិយធម៌​ណា ព្រហ្មចរិយធម៌​នោះ មិន​បាន​តាំងនៅ​យូរអង្វែង​ទេ ក៏យ៉ាង​នោះ​ដែរ​ ។ ​ម្នាល​អានន្ទ បុរស ប្រញាប់​លើកទំនប់​ទប់​ទឹក​ស្រះ​ដ៏​ធំ​ជា​មុន ដើម្បី​មិន​ឲ្យ​ទឹក​ហូរ​ចេញ​ទៅ​ជា​កំណត់ យ៉ាង​ណាមិញ ​ម្នាល​អានន្ទ គរុធម៌ ៨ ប្រការ ​ដែល​តថាគត បាន​បញ្ញត្ត​ហើយ ចំពោះ​ភិក្ខុ​នី​ជា​ដំបូង ដើម្បី​មិន​ឲ្យ​ (​ភិក្ខុ​នី) ប្រព្រឹត្ត​កន្លង ដរាប​ដល់​អស់​ជីវិត ក៏យ៉ាង​នោះ​ដែរ​ ។

ឱវាទសូត្រ ទី២កែប្រែ

[៥២] សម័យ​មួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​កាល​គង់​ក្នុង​កូដាគារសាលា នាមហាវន ក្បែរ​ក្រុង​វេសាលី ។ គ្រា​នោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​លុះ​ចូល​ទៅ​ដល់ ក្រាប​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ហើយ​អង្គុយ​ក្នុង​ទីសមគួរ ។ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ ​អង្គុយ​ក្នុង​ទីសមគួរ​ហើយ​ ទើប​ក្រាប​បង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ដូច្នេះ​ថា​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ភិក្ខុ​ប្រកប​ដោយ​ធម៌​ប៉ុន្មាន ​ដែល​សង្ឃ​គួរសន្មត ​ជា​អ្នក​ឲ្យ​ឱវាទ​ដល់​នាង​ភិក្ខុ​នី​បាន​ ។ ​ម្នាល​អានន្ទ ​ភិក្ខុ​ប្រកប​ដោយ​ធម៌ ៨ ប្រការ ទើបសង្ឃ​គួរ​សន្មត ​ជា​អ្នក​ឲ្យ​ឱវាទ​ដល់​នាង​ភិក្ខុ​នី​បាន​ ។ ​ប្រកប​ដោយ​ធម៌​ទាំង​ ៨ ប្រការ ​តើ​ដូចម្ដេច ។ ​ម្នាល​អានន្ទ ​ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​មាន​សីល ។បេ។ សមាទាន​សិក្សា ​ក្នុង​សិក្ខាបទ​ទាំង​ឡាយ ១ ​ជា​អ្នក​ចេះចាំច្រើន ។បេ។ យល់ត្រឹម​ត្រូវ​ដោយ​ទិដ្ឋិ ១​ បាតិមោក្ខ​ទាំង​ពីរ ភិក្ខុ​នោះ​ ក៏ចេះចាំ​ដោយ​សេចក្ដី​ពិស្ដារ ចែកចេញ​ដោយ​ប្រពៃ ចាំស្ទាត់​រត់មាត់ កាត់​សេចក្ដី​បាន​ដោយ​ល្អ ​តាម​សូត្រ ​តាម​អនុព្យញ្ជនៈ ១ ​ជា​អ្នក​មាន​វាចាពីរោះ ​ពោល​ពាក្យ​ពីរោះ ​ប្រកប​ដោយ​វាចា​អ្នក​ក្រុង ជា​វាចា​ក្បោះក្បាយ មិន​មាន​ទោស ​អាច​ញុំាង​អ្នក​ផង ឲ្យ​ដឹង​ច្បាស់​សេចក្ដី ១ ​ជា​អ្នក​អង់​អាច​ ដើម្បីញុំាង​ភិក្ខុ​នីសង្ឃ ​ឲ្យ​យល់ ​ឲ្យ​ប្រតិបត្តិ​តាម ឲ្យ​ក្លាហាន ឲ្យ​ជ្រះថ្លា​ដោយ​ធមី្មក​ថា​ ១ ​ជា​ទីស្រឡាញ់ ​ជា​ទីគាប់​ចិត្ត​នៃ​នាង​ភិក្ខុ​នី​ទាំង​ឡាយ​ដោយ​ច្រើន ១ ​ជា​អ្នក​មិន​ធ្លាប់​ត្រូវ​គរុកាបត្តិ [សំដៅ​យក​កាយសំសគ្គៈ ការចាប់​ពាល់​ត្រូវ​កាយ​ភិក្ខុ​នី ។ អដ្ឋក​ថា​ ។] ​ដោយ​នាង​ភិក្ខុ​នី ​ដែល​ស្លៀក​សំពត់​ជ្រលក់​ដោយ​ទឹក​អម្ចត់ បួស​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​អង្គនុ៎ះ ១ ​ជា​អ្នក​មាន​វស្សា ២០ ​ឬ​មាន​វស្សា​ច្រើន​ជា​ង ២០ ឡើង​ទៅ​ ១ ។ ​ម្នាល​អានន្ទ ​ភិក្ខុ​ប្រកប​ដោយ​ធម៌​ទាំង​ ៨ ប្រការ​នេះ​ឯង​ ទើប​សង្ឃ​គួរសន្មត​ជា​អ្នក​ឲ្យ​ឱវាទ​ដល់​នាង​ភិក្ខុ​នី​បាន​ ។

សំខិត្តសូត្រ ទី៣កែប្រែ

[៥៣] សម័យ​មួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​កាល​គង់​ក្នុង​កូដាគារសាលា នាមហាវន ក្បែរ​ក្រុង​វេសាលី ។ គ្រា​នោះ​ ​ព្រះ​នាង​មហាប​ជា​បតិ​គោតមី ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​លុះ​ចូល​ទៅ​ដល់ ក្រាប​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ រួច​ហើយ​ក៏ឋិតនៅ​ក្នុង​ទី​សម​គួរ ។ ​លុះ​ព្រះ​នាង​មហា​ប​ជា​បតិ​គោតមី ឋិតនៅ​ក្នុង​ទីសមគួរ​ហើយ​ ក៏​ក្រាប​បង្គំ​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ដូច្នេះ​ថា​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​សំដែង​ធម៌​ដោយ​សង្ខេប​ដល់​ខ្ញុំ​ព្រះ​អង្គ ព្រោះ​ថា​ ខ្ញុំ​ព្រះ​អង្គ​បាន​ស្ដាប់​ធម៌​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ហើយ គប្បី​ចៀសចេញ​ទៅ​តែម្នាក់​ឯង មិន​ប្រមាទ ​មាន​សេចក្ដី​ព្យាយាម ​ជា​គ្រឿងដុត​កំដៅកិលេស ​មាន​ចិត្ត​បញ្ជូន​ទៅ​កាន់​ព្រះ​និព្វាន (​មិន​ខាន) ។ ​ម្នាល​នាងគោតមី នាង​គប្បី​ដឹង​នូវ​ធម៌​ទាំង​ឡាយ​ណា ធម៌​ទាំង​នេះ​ រមែងប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រកប​ដោយ​តម្រេក ​មិន​ប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រាស​ចាក​តម្រេក ប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រកប​ក្នុង​វដ្តៈ ​មិន​ប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រាស​ចាក​ការ​ប្រកប​ក្នុង​វដ្ដៈ ប្រព្រឹត្ត​ទៅ​ ដើម្បីការសន្សំ​កិលេសវដ្ដៈ ​មិន​ប្រព្រឹត្ត​ទៅ​ ដើម្បី​មិន​មាន​ការសន្សំ​កិលេសវដ្ដៈ ប្រព្រឹត្ត​ទៅ​ ដើម្បីសេចក្ដី​ប្រាថ្នាច្រើន ​មិន​ប្រព្រឹត្ត​ទៅ​ ដើម្បី​សេចក្ដី​ប្រាថ្នាតិច ប្រព្រឹត្ត​ទៅ​ ដើម្បី​សេចក្ដី​មិន​សន្ដោស ​មិន​ប្រព្រឹត្ត​ទៅ​ ដើម្បីសេចក្ដី​សន្ដោស ប្រព្រឹត្ត​ទៅ​ ដើម្បី​ច្រឡូកច្រឡំ​ដោយ​ពួក មិន​ប្រព្រឹត្ត​ទៅ​ ដើម្បី​ស្ងាត់​ចាក​ពួក​ ប្រព្រឹត្ត​ទៅ​ ដើម្បី​សេចក្ដីខ្ជិល​ច្រអូស ​មិន​ប្រព្រឹត្ត​ទៅ​ ដើម្បីប្រារព្ធ​សេចក្ដី​ព្យាយាម ប្រព្រឹត្ត​ទៅ​ ដើម្បី​ឲ្យ​គេ​ចិញ្ចឹមក្រ ​មិន​ប្រព្រឹត្ត​ទៅ​ ដើម្បី​ឲ្យ​គេចិញ្ចឹមងាយ ។ ​ម្នាល​នាងគោតមី នាង​គប្បី​ចាំទុក​ដោយ​ពិតចុះ​ថា នេះ​មិន​មែន​ជា​ធម៌ ​នេះ​មិន​មែន​ជា​វិន័យ ​នេះ​មិន​មែន​ជា​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​សាស្ដា​ទេ ។ ​ម្នាល​នាង​គោតមី ​មួយ​ទៀត នាង​គប្បី​ដឹង​នូវ​ធម៌​ទាំង​ឡាយណា ធម៌​ទាំង​នេះ​ រមែង​ប្រព្រឹត្ត​ទៅ​ ដើម្បីប្រាស​ចាក​តម្រេក ​មិន​ប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រកប​ដោយ​តម្រេក ប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រាស​ចាក​ការ​ប្រកប​ក្នុង​វដ្តៈ ​មិន​ប្រព្រឹត្ត​ទៅ​ ដើម្បីការ​ប្រកប​ក្នុង​វដ្ដៈ ប្រព្រឹត្ត​ទៅ​ ដើម្បី​មិន​មាន​ការសន្សំ​កិលេសវដ្ដៈ ​មិន​ប្រព្រឹត្ត​ទៅ​ ដើម្បី​ការ​សន្សំកិលេសវដ្ដៈ ប្រព្រឹត្ត​ទៅ​ ដើម្បី​សេចក្ដីប្រាថ្នាតិច ​មិន​ប្រព្រឹត្ត​ទៅ​ ដើម្បី​សេចក្ដី​ប្រាថ្នាច្រើន ប្រព្រឹត្ត​ទៅ​ ដើម្បីសេចក្ដី​សន្ដោស ​មិន​ប្រព្រឹត្ត​ទៅ​ ដើម្បី​មិន​សន្ដោស ប្រព្រឹត្ត​ទៅ​ ដើម្បីសេចក្ដី​ស្ងាត់​ចាក​ពួក មិន​ប្រព្រឹត្ត​ទៅ​ ដើម្បីច្រឡូក​ច្រឡំ​ដោយ​ពួក​ ប្រព្រឹត្ត​ទៅ​ ដើម្បីប្រារព្ធ​សេចក្ដីព្យាយាម ​មិន​ប្រព្រឹត្ត​ទៅ​ ដើម្បីសេចក្ដី​ខ្ជិលច្រអូស ប្រព្រឹត្ត​ទៅ​ ដើម្បី​ឲ្យ​គេចិញ្ចឹម​ងាយ ​មិន​ប្រព្រឹត្ត​ទៅ​ ដើម្បី​ឲ្យ​គេ​ចិញ្ចឹមក្រ ។ ​ម្នាល​នាង​គោតមី នាង​គប្បី​ចាំទុក ​ដោយ​ពិតចុះ​ថា នេះ​ជា​ធម៌ ​នេះ​ជា​វិន័យ ​នេះ​ជា​ពាក្យ​ប្រៀនប្រដៅ ​របស់​ព្រះ​សាស្ដា​ហើយ​ ។

ទីឃ​ជា​ណុសូត្រ ទី៤កែប្រែ

[៥៤] សម័យ​មួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​គង់​ក្នុង​និគម​ឈ្មោះ​កក្ករបត្តៈ ​របស់​កោឡិយក្សត្រ ​ក្នុង​ដែន​កោឡិយៈ ។ គ្រា​នោះ​ ទីឃ​ជា​ណុកោឡិយបុត្រ (កោឡិយបុត្រ ​ឈ្មោះ​ទីឃ​ជា​ណុ) ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​លុះ​ចូល​ទៅ​ដល់ ក្រាប​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​រួច​ហើយ អង្គុយ​ក្នុង​ទីសមគួរ ។ ​លុះ​ទីឃ​ជា​ណុកោឡិយបុត្រ ​អង្គុយ​ក្នុង​ទីសមគួរ​ហើយ​ ក៏​ក្រាប​បង្គំ​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ យើងខ្ញុំ​ព្រះ​អង្គ​ជា​គ្រហស្ថ បរិភោគកាម តែង​គ្រប់គ្រង​ទីដំណេក​ចង្អៀតចង្អល់​ដោយ​កូន ប្រស់​ព្រំ​នូវ​លំអិត​នៃ​ខ្លឹមចន្ទន៍ ពីដែន​កាសី ទ្រ​ទ្រង់​នូវ​ផ្កាកម្រង គ្រឿងក្រអូប គ្រឿង​លាប ត្រេកអរ​នូវ​មាស ​និង​ប្រាក់ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​សំដែង​ធម៌​បែប​នោះ ដល់​យើងខ្ញុំ​ទាំង​ឡាយ​នោះ ជា​ធម៌​ប្រពឹត្ត​ទៅ​ ដើម្បី​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន ដើម្បី​សេចក្ដីសុខ​ក្នុង​បច្ចុប្បន្ន ដើម្បី​ប្រយោជន៍​ក្នុង​បរ​លោក​ ដើម្បី​សេចក្ដីសុខ ​ក្នុង​បរ​លោក ដល់​យើង​ខ្ញុំ​ព្រះ​អង្គ ។ ​ម្នាល​ព្យគ្ឃបជ្ជៈ [​ហៅ​តាម​បវេណី ព្រោះបុព្វបុរស ​គឺ​ត្រកូល​របស់​បុរស​នោះ​ កើតក្បែរផ្លូវខ្លាធំ ។ អដ្ឋក​ថា​ ។] ធម៌​ទាំង​ឡាយ ៤ ប្រការ​នេះ​ ប្រព្រឹត្ត​ទៅ​ ដើម្បីប្រយោជន៍​ក្នុង​បច្ចុប្បន្ន ដើម្បីសេចក្ដី​សុខ​ក្នុង​បច្ចុប្បន្ន ​ដល់​កុលបុត្រ ។ ធម៌៤ ប្រការ ​តើ​ដូចម្ដេច ។ ​គឺ​ ឧដ្ឋានសម្បទា ១ អារក្ខសម្បទា ១ កល្យាណមិត្តតា ១ សមជីវិតា ១ ។ ​ម្នាល​ព្យគ្ឃបជ្ជៈ ចុះឧដ្ឋានសម្បទា ​តើ​ដូចម្ដេច ។ ​ម្នាល​ព្យគ្ឃបជ្ជៈ កុលបុត្រ ​ក្នុង​លោក​នេះ​ ចិញ្ចឹមជីវិត ​ដោយ​ការ​ប្រឹងប្រែង ​ក្នុង​ការងារ​ណា ទោះភ្ជួររាស់​ក្ដី ជួញ​ប្រែក្ដី រក្សាគោក្ដី ការងារ​របស់​ខ្មាន់ធ្នូក្ដី ការងារ​របស់​រាជ​បុរសក្ដី សិល្បៈ​ណា​មួយ​ក្ដី ​ជា​អ្នក​ប៉ិន​ប្រសប់ ​ក្នុង​ការងារ​ទាំង​នោះ មិន​ខ្ជិលច្រអូស ​ប្រកប​ដោយ​ឧបាយ ​ជា​គ្រឿង​ពិចារណា ​ក្នុង​ការងារ​ទាំង​នោះ​ថា​ គួរធ្វើ គួរចាត់ចែង ​ម្នាល​ព្យគ្ឃបជ្ជៈ ​នេះ​ហៅ​ថា​ ឧដ្ឋានសម្បទា ។ ​ម្នាល​ព្យគ្ឃបជ្ជៈ ចុះ​អារក្ខសម្បទា ​តើ​ដូចម្ដេច ។ ​ម្នាល​ព្យគ្ឃបជ្ជៈ ភោគៈ​ទាំង​ឡាយ ​ដែល​កុលបុត្រ​ក្នុង​លោក​នេះ បាន​មក​ដោយ​កំឡាំង​ព្យាយាម ប្រឹងប្រែង សន្សំ​ដោយ​កំឡាំង​ដៃ​ បែកញើស ហូរញើស ​ជា​ភោគៈ​ប្រកប​ដោយ​ធម៌ ​បាន​មក​ដោយ​ធម៌ កុលបុត្រ​នោះ បាន​ញុំាង​ភោគៈ​ទាំង​នោះ ឲ្យ​សម្រេច​ដោយ​ការ​រក្សា​គ្រប់គ្រង ​ដោយ​គិត​ថា​ ធ្វើដូចម្ដេច កុំ​ឲ្យ​សេ្ដច​ទាំង​ឡាយ ​នាំ​យក​ភោគៈ​ទាំង​នេះ របស់​អាត្មា​អញ​ទៅ​បាន​ កុំ​ឲ្យ​ពួក​ចោរ​លួច​ទៅ​បាន​ កុំ​ឲ្យ​ភ្លើង​ឆេះ​បាន​ កុំ​ឲ្យ​ទឹក​បន្សាត់​ទៅ​បាន​ កុំ​ឲ្យ​ពួក​ទាយាទ ​មិន​ជា​ទីស្រឡាញ់ ដណ្ដើម​យក​ទៅ​បាន ម្នាល​ព្យគ្ឃបជ្ជៈ ​នេះ​ហៅ​ថា​ អារក្ខសម្បទា ។ ​ម្នាល​ព្យគ្ឃបជ្ជៈ ចុះ​កល្យាណមិត្តតា ​តើ​ដូចម្ដេច ។ ​ម្នាល​ព្យគ្ឃបជ្ជៈ កុលបុត្រ​ក្នុង​លោក​នេះ​ នៅអាស្រ័យ​ក្នុង​ស្រុក ​ឬ​និគមណា ​ពួក​ជនណា ទោះ​គហបតីក្ដី គហបតិបុត្រក្ដី ក្មេង តែ​ចម្រើន​ដោយ​សីលក្ដី ចាស់​ហើយ​ តែ​ចម្រើន​ដោយ​សីលក្ដី បរិបូណ៌​ដោយ​សទ្ធា បរិបូណ៌​ដោយ​សីល បរិបូណ៌​ដោយ​ចាគៈ បរិបូណ៌​ដោយ​បញ្ញា ​ដែល​នៅ​ក្នុង​ស្រុក ​ឬ​និគម​នោះ​ កុលបុត្រ​នោះ​ តែងឈរ ចរចា សាកច្ឆា​ជា​មួយ​នឹង​ពួក​ជន​ទាំង​នោះ​ តែង​សិក្សា​នូវ​សទ្ធាសម្បទា​នឹង​ពួក​ជន​អ្នក​បរិបូណ៌​ដោយ​សទ្ធា ​តាម​សមគួរ សិក្សា​នូវ​សីលសម្បទា ​នឹង​ពួក​ជន​អ្នក​បរិបូណ៌​ដោយ​សីល ​តាម​សមគួរ សិក្សា​នូវ​ចាគសម្បទា ​នឹង​ពួក​ជន​អ្នក​បរិបូណ៌​ដោយ​ចាគៈ ​តាម​សមគួរ សិក្សា​នូវ​បញ្ញាសម្បទា ​នឹង​ពួក​ជន​អ្នក​បរិបូណ៌​ដោយ​បញ្ញា ​តាម​សមគួរ ​ម្នាល​ព្យគ្ឃបជ្ជៈ ​នេះ​ហៅ​ថា​ កល្យាណមិត្តតា ។ ​ម្នាល​ព្យគ្ឃបជ្ជៈ ចុះសមជីវិតា ​តើ​ដូចម្តេច ។ ​ម្នាល​ព្យគ្ឃបជ្ជៈ កុលបុត្រ​ក្នុង​លោក​នេះ ដឹង​ច្បាស់​នូវ​ការ​ចម្រើន​នៃ​ភោគៈ​ទាំង​ឡាយ​ផង ដឹង​ច្បាស់​នូវ​ការ​វិនាស​ទៅ នៃ​ភោគៈ​ទាំង​ឡាយ​ផង ហើយ​ចិញ្ចឹម​ជីវិតស្មើ ​មិន​ខ្ជះខ្ជាយពេក ​មិន​ក្បិតក្បៀត​ពេក ​ដោយ​គិត​ថា​ សេចក្ដី​ចម្រើន​របស់​អាត្មា​អញ នឹង​គ្របសង្កត់​សេចក្ដី​វិនាស​យ៉ាង​នេះ​ ឯសេចក្ដី​វិនាស​របស់​អាត្មា​អញ នឹង​កុំគ្រប​សង្កត់​សេចក្ដី​ចម្រើន​បាន​ឡើយ ។ ​ម្នាល​ព្យគ្ឃបជ្ជៈ ប្រៀបដូច​ជន​អ្នក​ថ្លឹង​ជញ្ជីង​ក្ដី កូនសិស្ស​នៃ​ជន​អ្នក​ថ្លឹង​ជញ្ជីងក្ដី លើក​នូវ​ជញ្ជីង​ថ្លឹង​ហើយ​ ក៏​ដឹង​ថា​ ទន់​ទៅ​ខាង​ម្ខាង​ផង​ បះឡើង​ខាងម្ខាង​ផង​ យ៉ាងណាមិញ ​ម្នាល​ព្យគ្ឃបជ្ជៈ កុលបុត្រ​អ្នក​ដឹង​ច្បាស់​នូវ​ការ​ចម្រើន​នៃ​ភោគៈ​ទាំង​ឡាយ​ផង ដឹង​ច្បាស់​នូវ​ការ​វិនាស​ទៅ នៃ​ភោគៈ​ទាំង​ឡាយ​ផង ហើយ​ចិញ្ចឹម​ជិវិតស្មើ ​មិន​ខ្ជះខ្ជាយពេក ​មិន​ក្បិតក្បៀត​ពេក ​ដោយ​គិត​ថា​ សេចក្ដី​ចម្រើន របស់​អាត្មា​អញ នឹង​គ្របសង្កត់​សេចក្ដី​វិនាស​យ៉ាង​នេះ​ ឯសេចក្ដី​វិនាស​របស់​អាត្មា​អញ នឹង​កុំគ្របសង្កត់​សេចក្ដី​ចម្រើន​បាន​ឡើយ ក៏យ៉ាង​នោះ​ដែរ​ ។ ​ម្នាល​ព្យគ្ឃបជ្ជៈ ប្រសិនបើ​កុលបុត្រ​នេះ មាន​សេចក្ដី​ចម្រើន​តិច ​ហើយ​ចិញ្ចឹម​ជីវិតច្រើន​លើស​លុប ​អ្នក​ផង​តែងនិយាយ​ដល់​កុលបុត្រ​នោះ​ថា​ កុលបុត្រ​នេះ​ បរិភោគ​នូវ​ភោគៈ​ទាំង​ឡាយ ដូច​ជា​គេ​ស៊ីផ្លែល្វា [​អ្នក​ចង់​ស៊ីផ្លែល្វា ​មិន​បេះ​ឲ្យ​ល្មម​តែបរិភោគឆ្អែត ​ទៅ​ចាប់​ដើម​អង្រន់ ​ឲ្យ​ជ្រុះ​ផ្លែ​ទាំង​អស់​នោះ​តែម្តង ​ហើយ​រើស​យក​តែផ្លែណា​ដែល​គួរស៊ី​បាន​ ផ្លែ​ក្រៅពី​នោះ​ នៅសល់ចោល​ជា​ច្រើន ។ អដ្ឋក​ថា​ ។] ។ ​ម្នាល​ព្យគ្ឃបជ្ជៈ ប្រសិនបើ​កុលបុត្រ​នេះ មាន​សេចក្ដី​ចម្រើន​ធំ​ហើយ​ ចិញ្ចឹមជីវិត​ដោយ​ក្បិតក្បៀត ​អ្នក​ផង​ទាំង​ឡាយ រមែងនិយាយ​ដល់​កុលបុត្រ​នោះ​ថា​ កុលបុត្រ​នេះ​ មុខ​ជា​នឹង​ស្លាប់ ៗ ​ដោយ​ឥតទីពឹង ។ ​ម្នាល​ព្យគ្ឃបជ្ជៈ ​កាល​ណា​កុលបុត្រ​នេះ ដឹង​ច្បាស់​នូវ​សេចក្ដី​ចម្រើន នៃ​ភោគៈ​ទាំង​ឡាយ​ផង ដឹង​ច្បាស់​នូវ​សេចក្ដី​វិនាស​នៃ​ភោគៈ​ទាំង​ឡាយ​ផង ហើយ​ចិញ្ចឹម​ជីវិតស្មើ ​មិន​ខ្ជះខ្ជាយ​ពេក ​មិន​ក្បិតក្បៀត​ពេក ​ដោយ​គិត​ថា​ សេចក្ដី​ចម្រើន​របស់​អាត្មា​អញ នឹង​គ្របសង្កត់​នូវ​សេចក្ដី​វិនាស​យ៉ាង​នេះ​ ឯសេចក្ដី​វិនាស របស់​អាត្មា​អញ នឹង​កុំគ្រប​សង្កត់សេចក្ដី​ចម្រើន​បាន​ឡើយ ​ម្នាល​ព្យគ្ឃបជ្ជៈ ​នេះ​ហៅ​ថា​ សមជីវិតា ។ ​ម្នាល​ព្យគ្ឃបជ្ជៈ ​កាល​ដែល​ភោគៈ​ទាំង​ឡាយ ​ចម្រើន​ឡើង​យ៉ាង​នេះ​ហើយ​ រមែង​មាន​ផ្លូវ​នៃ​សេចក្ដី​វិនាស​ ៤ យ៉ាង គឺ ជា​អ្នក​លេងស្រី ១ លេងសុរា ១ លេងល្បែងភ្នាល់ ១ ​មាន​មិត្រ​ដ៏​លាមក ​មាន​សំឡាញ់​ដ៏​លាមក សមគប់​នឹង​បុគ្គល​ដ៏​លាមក ១ ។ ​ម្នាល​ព្យគ្ឃបជ្ជៈ ដូច​ស្រះ​ទឹក​ដ៏​ធំ ​មាន​ផ្លូវ​នៃ​សេចក្ដី​ចម្រើន​ ៤ យ៉ាង​ផង មាន​ប្រធាន​នៃ​សេចក្ដី​វិនាស​ ៤ យ៉ាង​ផង​ បុរស​គប្បី​បិទ​ខ្ទប់​នូវ​ផ្លូវ​នៃ​សេចក្ដី​វិនាស​ទាំង​នោះ របស់​ស្រះ​នោះ​ក្ដី ​គប្បី​បើក​បង្ហូរ​នូវ​ផ្លូវ​នៃ​សេចក្ដី​វិនាស​ទាំង​នោះ របស់​ស្រះ​នោះ​ក្ដី ​ទាំង​ភ្លៀង ក៏​មិន​បង្អោរ​នូវ​ធារ​ទឹក​ដោយ​ប្រពៃក្ដី ​ម្នាល​ព្យគ្ឃបជ្ជៈ ​កាល​បើ​យ៉ាង​នេះ​ហើយ​ ស្រះ​ដ៏​ធំ​នោះ នឹង​មាន​សេចក្ដី​សាបសូន្យ​ជា​ប្រាកដ ​មិន​មាន​សេចក្ដី​ចម្រើន​ឡើយ​ យ៉ាងណាមិញ ​ម្នាល​ព្យគ្ឃបជ្ជៈ ​កាល​ភោគៈ​ទាំង​ឡាយ ​ចម្រើន​ឡើង​យ៉ាង​នេះ​ហើយ​ រមែង​មាន​ផ្លូវ​នៃ​សេចក្ដី​វិនាស​ ៤ យ៉ាង​គឺ ជា​អ្នក​លេងស្រី ១ លេងសុរា ១ លេងល្បែងភ្នាល់ ១ ​មាន​មិត្រ​ដ៏​លាមក ​មាន​សំឡាញ់​ដ៏​លាមក សមគប់​នឹង​បុគ្គល​ដ៏​លាមក ១ ក៏យ៉ាង​នោះ​ដែរ​ ។ ​ម្នាល​ព្យគ្ឃបជ្ជៈ ​កាល​បើភោគៈ​ទាំង​ឡាយ ​ចម្រើន​ឡើង​យ៉ាង​នេះ​ហើយ​ ប្រធាន​នៃ​សេចក្ដី​ចម្រើន​ ៤ យ៉ាង​គឺ ជា​អ្នក​មិន​លេងស្រី ១ ​មិន​លេងសុរា ១ ​មិន​លេង​ល្បែងភ្នាល់១ ​មាន​មិត្រល្អ ​មាន​សំឡាញ់ល្អ សមគប់​នឹង​បុគ្គលល្អ ១ ក៏​មាន​ឡើង ។ ​ម្នាល​ព្យគ្ឃបជ្ជៈ ដូចស្រះ​ទឹក​ដ៏​ធំ ​មាន​ផ្លូវ​នៃ​សេចក្ដី​ចម្រើន​ ៤ យ៉ាង​ផង មាន​ប្រធាន​នៃ​សេចក្ដី​វិនាស​ ៤ យ៉ាង​ផង​ បុរស​គប្បី​បើក​បង្ហូរ​នូវ​ផ្លូវ​នៃ​សេចក្ដី​ចម្រើន​ទាំង​នោះ របស់​ស្រះ​នោះ​ផង គប្បី​បិទ​នូវ​ផ្លូវ​នៃ​សេចក្ដី​វិនាស​ទាំង​នោះ របស់​ស្រះ​នោះ​ផង ទាំង​ភ្លៀង ក៏បង្អោរ​ចុះ​នូវ​ធារ​ទឹក ដោយ​ប្រពៃ​ផង ម្នាល​ព្យគ្ឃបជ្ជៈ ​កាល​បើ​យ៉ាង​នេះ​ហើយ​ សេចក្ដី​ចម្រើន​របស់​ស្រះ​នោះ នឹង​មាន​ប្រាកដ ​មិន​មាន​សេចក្ដី​សាបសូន្យ​ឡើយ យ៉ាង​ណាមិញ ​ម្នាល​ព្យគ្ឃបជ្ជៈ ​កាល​បើ​ភោគៈ​ទាំង​ឡាយ ​ចម្រើន​ឡើង​យ៉ាង​នេះ​ហើយ​ រមែង​មាន​ផ្លូវ ​នៃ​សេចក្ដី​ចម្រើន​ ៤ យ៉ាង​គឺ អ្នក​មិន​លេងស្រី ១ ​មិន​លេងសុរា ១ ​មិន​លេង​ល្បែងភ្នាល់ ១ ​មាន​មិត្រល្អ ​មាន​សំឡាញ់ល្អ សមគប់​នឹង​បុគ្គលល្អ ១ ក៏យ៉ាង​នោះ​ដែរ​ ។ ​ម្នាល​ព្យគ្ឃបជ្ជៈ ធម៌​ទាំង​ឡាយ ៤ ប្រការ​នេះ​ឯង​ ប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន ដើម្បីសេចក្ដីសុខ​ក្នុង​បច្ចុប្បន្ន ​ដល់​កុលបុត្រ ។ ​ម្នាល​ព្យគ្ឃបជ្ជៈ ធម៌​ទាំង​ឡាយ ៤ ប្រការ​នេះ​ ប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រយោជន៍​ក្នុង​បរ​លោក​ ដើម្បី​សេចក្ដីសុខ​ក្នុង​បរ​លោក ដល់​កុលបុត្រ ។ ធម៌ ៤ ប្រការ ​តើ​ដូចម្ដេច ។ ​គឺ​សទ្ធាសម្បទា ១ សីលសម្បទា ១ ចាគសម្បទា ១ បញ្ញាសម្បទា ១ ។ ​ម្នាល​ព្យគ្ឃបជ្ជៈ ចុះ​សទ្ធាសម្បទា ​តើ​ដូចម្ដេច ។ ​ម្នាល​ព្យគ្ឃបជ្ជៈ កុលបុត្រ​ក្នុង​លោក​នេះ ជា​អ្នក​មាន​សទ្ធា ជឿការ​ត្រាស់​ដឹង​នៃ​ព្រះ​តថាគត​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​អង្គ​នោះ​ ។បេ។ ​ជា​សាស្ដា​នៃ​ទេវតា ​និង​មនុស្ស​ទាំង​ឡាយ ​ទ្រង់​ត្រាស់​ដឹង​នូវ​ចតុរារិយសច្ច ​ទ្រង់​លែង​វិលត្រឡប់​មកកាន់​ភព​ថ្មី​ទៀត​ហើយ ម្នាល​ព្យគ្ឃបជ្ជៈ ​នេះ​ហៅ​ថា​សទ្ធាសម្បាទា ។ ​ម្នាល​ព្យគ្ឃបជ្ជៈ ចុះ​សីលសម្បទា ​តើ​ដូចម្ដេច ។ ​ម្នាល​ព្យគ្ឃបជ្ជៈ កុលបុត្រ​ក្នុង​លោក​នេះ ជា​អ្នក​វៀរ​ចាក​បាណាតិបាត ។បេ។ វៀរ​ចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន ​ម្នាល​ព្យគ្ឃបជ្ជៈ ​នេះ​ហៅ​ថា​ សីលសម្បទា ។ ​ម្នាល​ព្យគ្ឃបជ្ជៈ ចុះ​ចាគៈសម្បទា ​តើ​ដូចម្ដេច ។ ​ម្នាល​ព្យគ្ឃបជ្ជៈ កុលបុត្រ​ក្នុង​លោក​នេះ មាន​ចិត្ត​ប្រាស​ចាក​មន្ទិល ​គឺ​សេចក្ដី​កំណាញ់ នៅគ្រប់​គ្រង​ផ្ទះ មាន​ទាន​បរិច្ចាគ​រួចស្រឡះ​ហើយ មាន​ដៃ​លាង​ហើយ​ ត្រេកអរ​ក្នុង​ការលះបង់ គួរ​ដល់​ស្មូម ត្រេកអរ​ក្នុង​ការចែក​រលែក​នូវ​ទាន ​ម្នាល​ព្យគ្ឃបជ្ជៈ ​នេះ​ហៅ​ថា​ ចាគសម្បទា ។ ​ម្នាល​ព្យគ្ឃបជ្ជៈ ចុះ​បញ្ញាសម្បទា ​តើ​ដូចម្ដេច ។ ​ម្នាល​ព្យគ្ឃបជ្ជៈ កុលបុត្រ​ក្នុង​លោក​នេះ មាន​ប្រាជ្ញា ប្រកប​ដោយ​ប្រាជ្ញា ​ជា​ដំណើរ​យល់ការ​សេចក្ដី​ចម្រើន និង​សេចក្ដី​វិនាស ជា​ប្រាជ្ញា​ដ៏​ប្រសើរ​មុះមុត ​ជា​ដំណើរ​យល់ការ​ដែល​អស់​ទៅ នៃ​ទុក្ខ​ដោយ​ប្រពៃ ​ម្នាល​ព្យគ្ឃបជ្ជៈ ​នេះ​ហៅ​ថា​ បញ្ញាសម្បទា ។ ​ម្នាល​ព្យគ្ឃបជ្ជៈ ធម៌​ទាំង​៤ យ៉ាង​នេះ​ឯង​ រមែង​ប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រយោជន៍​ក្នុង​បរ​លោក​ ដើម្បី​សេចក្ដីសុខ​ក្នុង​បរ​លោក ដល់​កុលបុត្រ ។

កុលបុត្រ ​អ្នក​មាន​ព្យាយាម​ប្រឹងប្រែង ​ក្នុង​ទី​នៃ​ការងារ​ទាំង​ឡាយ ១ ​មិន​ប្រហែស​ធ្វេស​មាន​ការចាត់ចែង ១ ចិញ្ចឹម​ជីវិតស្មើ ១ ចេះ​ថែរក្សាទ្រព្យ ​ដែល​រក​បាន​មក ១ ​មាន​សទ្ធា ១ បរិបូណ៌​ដោយ​សីល ១ ​ដឹង​នូវ​ពាក្យ​ពេចន៍ ១ ប្រាស​ចាក​សេចក្ដី​កំណាញ់ រមែងជំរះ​នូវ​ផ្លូវ មាន​សួស្ដី ​ជា​ផ្លូវ​ទៅ​កាន់​បរ​លោក​ជា​និច្ច ១ ធម៌​ទាំង​៨ ប្រការ​នេះ​ តែង​នាំ​មក​នូវ​សេចក្ដី​សុខ​ក្នុង​លោក​ទាំង​ពីរ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ព្រះ​អង្គ​ជា​សច្ចនាម ​ទ្រង់​សំដែង​ហើយ ដល់​កុលបុត្រ​អ្នក​មាន​សទ្ធា ស្វែង​រក​ផ្ទះ​ ដើម្បី​ប្រយោជន៍ ​ក្នុង​បច្ចុប្បន្ន​ផង​ ដើម្បី​សេចក្ដីសុខ​ក្នុង​បរ​លោក​ផង ដោយ​ប្រការ​ដូច្នេះ ការ​បរិច្ចាគ ​និង​បុណ្យ​នេះ​ តែង​ចម្រើន​ដល់​គ្រហស្ថ​ទាំង​ឡាយ យ៉ាង​នេះ​ឯង​ ។

ឧជ្ជយសូត្រ ទី៥កែប្រែ

[៥៥] លំដាប់​នោះ​ ឧជ្ជយព្រាហ្មណ៍ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​លុះ​ចូល​ទៅ​ដល់​ហើយ​ ក៏និយាយរីករាយ​ជា​មួយ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​លុះ​បញ្ចប់​ពាក្យ ដែល​គួរ​រីករាយ ​និង​ពាក្យ​ដែល​គួររលឹក​ហើយ​ ក៏​អង្គុយ​ក្នុង​ទី​សមគួរ ។ ​លុះ​ឧជ្ជយព្រាហ្មណ៍ ​អង្គុយ​ក្នុង​ទី​សមគួរ​ហើយ​ ក៏​ក្រាប​បង្គំ​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ដូច្នេះ​ថា​ បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ យើងខ្ញុំ​មាន​ប្រាថ្នា ដើម្បី​ទៅ​ឃ្លាត​ចេញ​អំពី​ស្រុក ធម៌​ទាំង​ឡាយ​ណា ប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រយោជន៍ ​ក្នុង​បច្ចុប្បន្ន ដើម្បី​សេចក្ដីសុខ ​ក្នុង​បច្ចុប្បន្ន ដើម្បី​ប្រយោជន៍​ក្នុង​បរ​លោក​ ដើម្បី​សេចក្តី​សុខ ​ក្នុង​បរ​លោក គប្បី​មាន​ដល់​ពួក​យើងខ្ញុំ សូម​ព្រះ​គោតម​ដ៏​ចម្រើន ទ្រង់​សំដែង​នូវ​ធម៌​នោះ​ដល់​យើងខ្ញុំ ។ ​ព្រះ​អង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ ធម៌​ទាំង​ឡាយ ៤ ប្រការ​នេះ​ ប្រព្រឹត្ត​ទៅ​ ដើម្បីប្រយោជន៍ ​ក្នុង​បច្ចុប្បន្ន ដើម្បីសេចក្ដី​សុខ ​ក្នុង​បច្ចុប្បន្ន ​ដល់​កុលបុត្រ ។ ធម៌៤ ប្រការ ​តើ​ដូចម្ដេច ។ ​គឺ​ ឧដ្ឋានសម្បទា ១ អារក្ខសម្បទា ១ កល្យាណមិត្តតា ១ ​សមជីវិតា ១ ។ ​ម្នាល​ព្រាហ្មណ៍ ចុះឧដ្ឋានសម្បទា ​តើ​ដូចម្តេច ។ ​ម្នាល​ព្រាហ្មណ៍ កុលបុត្រ​ក្នុង​លោក​នេះ​ ចិញ្ចឹម​ជីវិត​ដោយ​ការ​ប្រឹងប្រែង ​ក្នុង​ការងារ​ណា ទោះភ្ជួរក្ដី ជួញប្រែក្ដី រក្សាគោក្តី ការងារ​របស់​ខ្មាន់ធ្នូក្ដី ការងារ​របស់​រាជបុរស​ក្ដី សិល្បៈណា​មួយ​ក្ដី ​ជា​អ្នក​ប៉ិន​ប្រសប់​ក្នុង​ការងារ​ទាំង​នោះ មិន​ខ្ជិល​ច្រអូស ​ប្រកប​ដោយ​ឧបាយ ​ជា​គ្រឿង​ពិចារណា ​ក្នុង​ការងារ​ទាំង​នោះ​ថា​ គួរធ្វើ គួរ​ចាត់ចែង ​ម្នាល​ព្រាហ្មណ៍ ​នេះ​ហៅ​ថា​ ឧដ្ឋានសម្បទា ។ ​ម្នាល​ព្រាហ្មណ៍ ចុះ​អារក្ខសម្បទា ​តើ​ដូចម្ដេច ។ ​ម្នាល​ព្រហ្មណ៍ ភោគៈ​ទាំង​ឡាយ ​ដែល​កុលបុត្រ​ក្នុង​លោក​នេះ បាន​មក​ដោយ​កំឡាំង​ព្យាយាម ប្រឹងប្រែង សន្សំ ​ដោយ​កំឡាំង​ដៃ​ បែកញើស ហូរញើស ​ជា​ភោគៈ ​ប្រកប​ដោយ​ធម៌ កុលបុត្រ​នោះ​ រមែងញុំាង​ភោគៈ​ទាំង​នោះ ឲ្យ​សម្រេច ​ដោយ​ការ​រក្សា​គ្រប់គ្រង ដោយ​គិត​ថា​ ធ្វើដូចម្ដេច កុំ​ឲ្យ​សេ្ដច​ទាំង​ឡាយ ​នាំ​យក​ភោគៈ​ទាំង​នេះ របស់​អាត្មា​អញ​ទៅ​បាន​ កុំ​ឲ្យ​ពួក​ចោរ​លួច​យក​ទៅ​បាន​ កុំ​ឲ្យ​ភ្លើង​ឆេះ​បាន​ កុំ​ឲ្យ​ទឹក​បន្សាត់​ទៅ​បាន​ កុំ​ឲ្យ​ពួក​ទាយាទ ​មិន​ជា​ទី​ស្រឡាញ់ ដណ្ដើម​យក​ទៅ​បាន ម្នាល​ព្រាហ្មណ៍ ​នេះ​ហៅ​ថា​អារក្ខសម្បទា ។ ​ម្នាល​ព្រាហ្មណ៍ ចុះ​កល្យាណមិត្តតា ​តើ​ដូចម្ដេច ។ ​ម្នាល​ព្រាហ្មណ៍ កុលបុត្រ​ក្នុង​លោក​នេះ​ នៅអាស្រ័យ​ក្នុង​ស្រុក ​ឬ​និគម​ណា ​ពួក​ជនណា ទោះ​គហបតី​ក្ដី គហបតិ​បុត្រក្ដី ក្មេង​ តែ​ចម្រើន​ដោយ​សីល ចាស់​ហើយ​តែ​ចម្រើន​ដោយ​សីល បរិបូណ៌​ដោយ​សទ្ធា បរិបូណ៌​ដោយ​សីល បរិបូណ៌​ដោយ​ចាគៈ បរិបូណ៌​ដោយ​បញ្ញា ​មាន​នៅ​ក្នុង​ស្រុក ​ឬ​និគម​នោះ​ (កុលបុត្រ​នោះ​) រមែង​ឈរចរចា សាកច្ឆា​ជា​មួយ​នឹង​ពួក​ជន​ទាំង​នោះ​ តែង​សិក្សា​នូវ​សទ្ធាសម្បទា ​នឹង​ពួក​ជន​អ្នក​បរិបូណ៌​ដោយ​សទ្ធា ​តាម​សមគួរ សិក្សា​នូវ​សីលសម្បទា នឹង​ពួក​ជន​អ្នក​បរិបូណ៌​ដោយ​សីល ​តាម​សមគួរ សិក្សា​នូវ​ចាគសម្បទា ​នឹង​ពួក​ជន​អ្នក​បរិបូណ៌​ដោយ​ចាគៈ ​តាម​សមគួរ សិក្សា​នូវ​បញ្ញាសម្បទា ​នឹង​ពួក​ជន​អ្នក​បរិបូណ៌​ដោយ​បញ្ញា ​តាម​សមគួរ ​ម្នាល​ព្រាហ្មណ៍ ​នេះ​ហៅ​ថា​ កល្យាណមិត្តតា ។ ​ម្នាល​ព្រាហ្មណ៍ ចុះ​សមជីវិតា ​តើ​ដូចម្ដេច ។ ​ម្នាល​ព្រាហ្មណ៍ កុលបុត្រ​ក្នុង​លោក​នេះ ដឹង​ច្បាស់​នូវ​ការ​ចម្រើន​នៃ​ភោគៈ​ទាំង​ឡាយ​ផង ដឹង​ច្បាស់​នូវ​ការ​វិនាស​ទៅ នៃ​ភោគៈ​ទាំង​ឡាយ​ផង ហើយ​ចិញ្ចឹម​ជីវិតស្មើ ​មិន​ខ្ជះខ្ជាយ​ពេក ​មិន​ក្បិតក្បៀត​ពេក ​ដោយ​គិត​ថា​ សេចក្ដី​ចម្រើន​របស់​អាត្មា​អញ នឹង​គ្របសង្កត់​សេចក្ដី​វិនាស​យ៉ាង​នេះ​ ឯ​សេចក្ដី​វិនាស របស់​អាត្មា​អញ នឹង​កុំគ្របសង្កត់​សេចក្ដី​ចម្រើន​បាន​ឡើយ ។ ​ម្នាល​ព្រាហ្មណ៍ ប្រៀប​ដូចជន​អ្នក​ថ្លឹង​ជញ្ជីង​ក្ដី កូនសិស្ស​នៃ​ជន​អ្នក​ថ្លឹងជញ្ជីង​ក្ដី លើក​នូវ​ជញ្ជីងថ្លឹង ​ហើយ​ក៏​ដឹង​ថា​ ទន់​ទៅ​ខាងម្ខាង បះឡើង​ខាងម្ខាង​ផង​ យ៉ាងណាមិញ ​ម្នាល​ព្រាហ្មណ៍ កុលបុត្រ​អ្នក​ដឹង​ច្បាស់​នូវ​ការ​ចម្រើន នៃ​ភោគៈ​ទាំង​ឡាយ​ផង ដឹង​ច្បាស់​នូវ​ការ​វិនាស​ទៅ នៃ​ភោគៈ​ទាំង​ឡាយ​ផង ហើយ​ចិញ្ចឹម​ជីវិតស្មើ ​មិន​ខ្ជះខ្ជាយពេក ​មិន​ក្បិត​ក្បៀតពេក ​ដោយ​គិត​ថា​ សេចក្ដី​ចម្រើន​របស់​អាត្មា​អញ នឹង​គ្របសង្កត់​សេចក្ដី​វិនាស​យ៉ាង​នេះ​ ឯ​សេចក្ដី​វិនាស​របស់​អាត្មា​អញ នឹង​កុំគ្របសង្កត់​សេចក្ដី​ចម្រើន​បាន​ឡើយ ក៏យ៉ាង​នោះ​ដែរ​ ។ ​ម្នាល​ព្រាហ្មណ៍ ប្រសិនបើ​កុលបុត្រ​នេះ មាន​សេចក្ដី​ចម្រើន​តិច តែ​ចិញ្ចឹមជីវិត ច្រើន​លើស​លុប ​អ្នក​ផង​ទាំង​ឡាយ តែង​និយាយ​ដល់​កុលបុត្រ​នោះ​ថា​ កុលបុត្រ​នេះ​ បរិភោគ​នូវ​ភោគៈ​ទាំង​ឡាយ ដូច​ជា​គេ​ស៊ីផ្លែល្វា ។ ​ម្នាល​ព្រាហ្មណ៍ ប្រសិនបើ​កុលបុត្រ​នេះ មាន​សេចក្ដី​ចម្រើន​ធំ តែ​ចិញ្ចឹម​ជីវិត ​ដោយ​ក្បិតក្បៀត ​អ្នក​ផង​ទាំង​ឡាយ រមែង​និយាយ​ដល់​កុលបុត្រ​នោះ​ថា​ កុលបុត្រ​នេះ​ មុខ​ជា​នឹង​ស្លាប់ ៗ ​ដោយ​ឥត​ទីពឹង ។ ​ម្នាល​ព្រាហ្មណ៍ ​កាល​ណា​កុលបុត្រ​នេះ ដឹង​ច្បាស់​នូវ​ការ​ចម្រើន នៃ​ភោគៈ​ទាំង​ឡាយ​ផង ដឹង​ច្បាស់​នូវ​ការ​វិនាស​ទៅ នៃ​ភោគៈ​ទាំង​ឡាយ​ផង ហើយ​ចិញ្ចឹម​ជីវិតស្មើ ​មិន​ខ្ជះខ្ជាយ​ពេក ​មិន​ក្បិតក្បៀតពេក ​ដោយ​គិត​ថា​ សេចក្ដី​ចម្រើន​របស់​អាត្មា​អញ នឹង​គ្របសង្កត់​សេចក្ដី​វិនាស​ យ៉ាង​នេះ​ ឯ​សេចក្ដី​វិនាស របស់​អាត្មា​អញ នឹង​កុំគ្រប​សង្កត់​សេចក្ដី​ចម្រើន​បាន​ឡើយ ​ម្នាល​ព្រាហ្មណ៍ ​នេះ​ហៅ​ថា​ សមជីវិតា ។ ​ម្នាល​ព្រាហ្មណ៍ ​កាល​ដែល​ភោគៈ​ទាំង​ឡាយ ​ចម្រើន​ឡើង​យ៉ាង​នេះ​ហើយ​ រមែង​មាន​ផ្លូវ​នៃ​សេចក្ដី​វិនាស​ ៤ ប្រការ ​គឺ​ជា​អ្នក​លេងស្រី ១ លេងសុរា ១ លេងល្បែង​ភ្នាល់ ១ ​មាន​មិត្រលាមក ​មាន​សំឡាញ់​លាមក សមគប់​នឹង​បុគ្គលលាមក ១ ។ ​ម្នាល​ព្រាហ្មណ៍ ដូចស្រះធំ ​មាន​ផ្លូវ​នៃ​សេចក្ដី​ចម្រើន​ ៤ ​ផង មាន​ផ្លូវ​នៃ​សេចក្ដី​វិនាស​ ៤ ​ផង​ បុរស​គប្បី​បិទខ្ទប់​នូវ​ផ្លូវ​នៃ​សេចក្ដី​ចម្រើន​ទាំង​នោះ របស់​ស្រះ​នោះ​ផង គប្បី​បើកបង្ហូរ ​នូវ​ផ្លូវ​នៃ​សេចក្ដី​វិនាស​ទាំង​នោះ របស់​ស្រះ​នោះ​ផង ទាំង​ភ្លៀង​សោត ក៏​មិន​បង្អោរ​នូវ​ធារ​ទឹក ដោយ​ប្រពៃ​ផង ម្នាល​ព្រាហ្មណ៍ ​កាល​បើ​យ៉ាង​នេះ​ ស្រះ​ដ៏​ធំ​នោះ នឹង​មាន​សេចក្ដី​សាបសូន្យ​ជា​ប្រាកដ ​មិន​មាន​សេចក្ដី​ចម្រើន​ឡើយ យ៉ាងណា​មិញ ​ម្នាល​ព្រាហ្មណ៍ ​កាល​ដែល​ភោគៈ​ទាំង​ឡាយ ​ចម្រើន​ឡើង យ៉ាង​នេះ​ហើយ​ រមែង​មាន​ផ្លូវ​នៃ​សេចក្ដី​វិនាស​ ៤ យ៉ាង​គឺ ជា​អ្នក​លេងស្រី ១ លេងសុរា ១ លេងល្បែងភ្នាល់ ១ ​មាន​មិត្រលាមក ​មាន​សំឡាញ់​លាមក សមគប់​នឹង​បុគ្គលលាមក ១ ក៏យ៉ាង​នោះ​ដែរ​ ។ ​ម្នាល​ព្រាហ្មណ៍ ​កាល​ដែល​ភោគៈ​ទាំង​ឡាយ​ចម្រើន​ឡើង យ៉ាង​នេះ​ហើយ​ រមែង​មាន​ផ្លូវ​នៃ​សេចក្ដី​ចម្រើន​ ៤ ប្រការ​គឺ ជា​អ្នក​មិន​លេងស្រី ១ ​មិន​លេងសុរា ១ ​មិន​លេង​ល្បែងភ្នាល់ ១ ​មាន​មិត្រល្អ ​មាន​សំឡាញ់ល្អ សមគប់​នឹង​បុគ្គលល្អ ១ ។ ​ម្នាល​ព្រាហ្មណ៍ ស្រះធំ​មាន​ផ្លូវ​នៃ​សេចក្ដី​ចម្រើន​ ៤​ផង មាន​ផ្លូវ​នៃ​សេចក្ដី​វិនាស​ ៤​ផង​ បុរស​គប្បី​បើកបង្ហូរ​នូវ​ផ្លូវ​នៃ​សេចក្ដី​ចម្រើន​ទាំង​នោះ របស់​ស្រះ​នោះ​ផង គប្បី​បិទ​នូវ​ផ្លូវ​នៃ​សេចក្ដី​វិនាស​ទាំង​នោះ របស់​ស្រះ​នោះ​ផង ទាំង​ភ្លៀងសោត ក៏បង្អោរ​ចុះ​នូវ​ធារ​ទឹក​ដោយ​ប្រពៃ​ផង ម្នាល​ព្រាហ្មណ៍ ​កាល​បើ​យ៉ាង​នេះ​ហើយ​ សេចក្ដី​ចម្រើន​របស់​ស្រះ​នោះ នឹង​មាន​ប្រាកដ ​មិន​មាន​សេចក្ដី​សាបសូន្យ​ឡើយ យ៉ាងណា​មិញ ​ម្នាល​ព្រាហ្មណ៍ ​កាល​បើ​ភោគៈ​ទាំង​ឡាយ ​ចម្រើន​ឡើង យ៉ាង​នេះ​ហើយ​ រមែង​មាន​ផ្លូវ​នៃ​សេចក្ដី​ចម្រើន​ ៤ ប្រការ ​គឺ​ជា​អ្នក​មិន​លេង​ស្ត្រី​ ១ ។បេ។ សមគប់​នឹង​បុគ្គលល្អ ១ យ៉ាង​នោះ​ដែរ​ ។ ​ម្នាល​ព្រាហ្មណ៍ ធម៌​ទាំង​ឡាយ ៤ ប្រការ​នេះ​ឯង​ តែង​ប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន ដើម្បី​សេចក្តី​សុខ​ក្នុង​បច្ចុប្បន្ន ​ដល់​កុលបុត្រ ។ ​ម្នាល​ព្រាហ្មណ៍ ធម៌​ទាំង​ឡាយ ៤ ប្រការ​នេះ​ ប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រយោជន៍​ក្នុង​បរ​លោក​ ដើម្បីសេចក្ដី​សុខ ​ក្នុង​បរ​លោក ដល់​កុលបុត្រ ។ ធម៌ ៤ ប្រការ ​តើ​ដូចម្ដេច ។ ​គឺ​សទ្ធាសម្បទា ១ សីលសម្បទា ១ ចាគសម្បទា ១ បញ្ញាសម្បទា ១ ។ ​ម្នាល​ព្រាហ្មណ៍ ចុះ​សទ្ធាសម្បទា ​តើ​ដូចម្ដេច ។ ​ម្នាល​ព្រាហ្មណ៍ កុលបុត្រ​ក្នុង​លោក​នេះ ជា​អ្នក​មាន​សទ្ធា ជឿ​នូវ​ការ​ត្រាស់​ដឹង​នៃ​ព្រះ​តថាគត​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ អង្គ​នោះ​ ។បេ។ ​ជា​សាស្ដា​នៃ​ទេវតា ​និង​មនុស្ស​ទាំង​ឡាយ ​ទ្រង់​ត្រាស់​ដឹង​នូវ​ចតុរារិយសច្ច ​ទ្រង់​លែងវិល​ត្រឡប់មក​កាន់​ភព​ថ្មី​ទៀត​ហើយ ម្នាល​ព្រាហ្មណ៍ ​នេះ​ហៅ​ថា សទ្ធាសម្បាទា ។ ​ម្នាល​ព្រាហ្មណ៍ ចុះ​សីលសម្បទា ​តើ​ដូចម្ដេច ។ ​ម្នាល​ព្រាហ្មណ៍ កុលបុត្រ​ក្នុង​លោក​នេះ ជា​អ្នក​វៀរ​ចាក​បាណាតិបាត ។បេ។ វៀរ​ចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន ​ម្នាល​ព្រាហ្មណ៍ ​នេះ​ហៅ​ថា​ សីលសម្បទា ។ ​ម្នាល​ព្រាហ្មណ៍ ចុះ​ចាគសម្បទា ​តើ​ដូចម្ដេច ។ ​ម្នាល​ព្រាហ្មណ៍ កុលបុត្រ​ក្នុង​លោក​នេះ មាន​ចិត្ត​ប្រាស​ចាក​មន្ទិល ​គឺ​សេចក្ដី​កំណាញ់ នៅគ្រប់គ្រង​ផ្ទះ មាន​ទាន​បរិច្ចាគ​រួច​ស្រឡះ​ហើយ មាន​ដៃ​លាង​ហើយ​ ត្រេកអរ​ក្នុង​ការលះបង់ ​ជា​អ្នក​គួរ​ដល់​ស្មូម ត្រេកអរ​ក្នុង​ការចែក​រលែក​នូវ​ទាន ​ម្នាល​ព្រាហ្មណ៍ ​នេះ​ហៅ​ថា​ ចាគសម្បទា ។ ​ម្នាល​ព្រាហ្មណ៍ ចុះបញ្ញាសម្បទា ​តើ​ដូចម្ដេច ។ ​ម្នាល​ព្រាហ្មណ៍ កុលបុត្រ​ក្នុង​លោក​នេះ ជា​អ្នក​មាន​ប្រាជ្ញា ។បេ។ ​ជា​ដំណើរ​យល់ការ ​ដែល​អស់​ទៅ​នៃ​ទុក្ខ​ដោយ​ប្រពៃ ​ម្នាល​ព្រាហ្មណ៍ ​នេះ​ហៅ​ថា​ បញ្ញាសម្បទា ។ ​ម្នាល​ព្រាហ្មណ៍ ធម៌​ទាំង​ឡាយ ៤ ប្រការ​នេះ​ឯង​ តែង​ប្រព្រឹត្ត​ទៅ​ ដើម្បីប្រយោជន៍​ក្នុង​បរ​លោក​ ដើម្បី​សេចក្ដីសុខ ​ក្នុង​បរ​លោក ដល់​កុលបុត្រ ។

កុលបុត្រ​អ្នក​មាន​ព្យាយាម ប្រឹងប្រែង ​ក្នុង​ទី​នៃ​ការងារ​ទាំង​ឡាយ ១ ​មិន​ប្រហែស​ធ្វេស ​មាន​ការចាត់ចែង ១ ចិញ្ចឹមជីវិតស្មើ ១ ចេះថែរក្សាទ្រព្យ ​ដែល​រក​បាន​មក ១ ​មាន​សទ្ធា ១ បរិបូណ៌​ដោយ​សីល ១ ​ដឹង​នូវ​ពាក្យ​ពេចន៍ ១ ប្រាស​ចាក​សេចក្ដី​កំណាញ់ ជំរះ​នូវ​ផ្លូវ មាន​សួស្ដី ​ជា​ផ្លូវ​ទៅ​កាន់​បរ​លោក​ជា​និច្ច ១ ធម៌​ទាំង​ ៨ ប្រការ​នេះ​ តែង​នាំ​មក​នូវ​សេចក្ដីសុខ​ក្នុង​លោក​ទាំង​ពីរ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ព្រះ​អង្គ​ជា​សច្ចនាម ​ទ្រង់​សំដែង​ដល់​កុលបុត្រ​អ្នក​មាន​សទ្ធា ស្វែងរក​ផ្ទះ​ ដើម្បី​ប្រយោជន៍ ​ក្នុង​បច្ចុប្បន្ន​ផង​ ដើម្បី​សេចក្ដីសុខ​ក្នុង​បរ​លោក​ផង ដោយ​ប្រការដូច្នេះ ការ​បរិច្ចាគ ​និង​បុណ្យ​នេះ​ តែង​ចម្រើន​ដល់​គ្រហស្ថ​ទាំង​ឡាយ​ យ៉ាង​នេះ​ឯង​ ។

ភយសូត្រ ទី៦កែប្រែ

[៥៦] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ពាក្យ​ថា​ ភ័យ​នេះ ជា​ឈ្មោះ​របស់​កាម ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ពាក្យ​ថា​ ទុក្ខ​នេះ ជា​ឈ្មោះ​របស់​កាម ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ពាក្យ​ថា​ រោគ​នេះ ជា​ឈ្មោះ​របស់​កាម ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ពាក្យ​ថា​ ពក​នេះ ជា​ឈ្មោះ​របស់​កាម ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ពាក្យ​ថា​ ព្រួយ​នេះ ជា​ឈ្មោះ​របស់​កាម ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ពាក្យ​ថា ជា​ប់​ជំពាក់​នេះ ជា​ឈ្មោះ​របស់​កាម ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ពាក្យ​ថា​ ភក់​នេះ ជា​ឈ្មោះ​របស់​កាម ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ពាក្យ​ថា​ គភ៌​នេះ ជា​ឈ្មោះ​របស់​កាម ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុ​ដូចម្ដេច ​បាន​ជា​ពាក្យ​ថា​ ភ័យ​នេះ ជា​ឈ្មោះ​របស់​កាម ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ កុលបុត្រ​នេះ​ ត្រេកអរ​ដោយ​អំណាច​កាមរាគ ​ជា​ប់ជំពាក់​ដោយ​ឆន្ទរាគ រមែង​មិន​រួច​ចាក​ភ័យ​ក្នុង​បច្ចុប្បន្ន​ផង មិន​រួច​ចាក​ភ័យ​ក្នុង​បរ​លោក​ផង​ ហេតុ​នោះ​បាន​ជា​ពាក្យ​ថា​ ភ័យ​នេះ ជា​ឈ្មោះ​របស់​កាម ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុដូចម្ដេច ​បាន​ជា​ពាក្យ​ថា​ទុក្ខ ។បេ។ ​ថា​រោគ ​ថា​ពក ​ថា​ព្រួយ ​ថា​ជា​ប់ជំពាក់ ​ថា​ភក់ (​នេះ​ជា​ឈ្មោះ​របស់​កាម) ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុដូចម្ដេច ​បាន​ជា​ពាក្យ​ថា​គភ៌​នេះ ជា​ឈ្មោះ​របស់​កាម ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ កុលបុត្រ​នេះ​ ត្រេកអរ​ដោយ​អំណាច​កាមរាគ ​ជា​ប់ជំពាក់​ដោយ​ឆន្ទរាគ រមែង​មិន​រួច​ចាក​គភ៌ ​ក្នុង​បច្ចុប្បន្ន​ផង មិន​រួច​ចាក​គភ៌ ​ក្នុង​បរ​លោក​ផង​ ហេតុ​នោះ​បាន​ជា ពាក្យ​ថា​ គភ៌​នេះ ជា​ឈ្មោះ​របស់​កាម ។

បុថុជ្ជន​ជា​ប់ជំពាក់​ក្នុង​កាមណា កាម​ទាំង​ពីរនុ៎ះ ​លោក​ហៅ​ថា​ ភ័យ ​ថា​ទុក្ខ ​ថា​រោគ ​ថា​ពក ​ថា​ព្រួយ ​ថា​ការ​ជា​ប់ជំពាក់ ​ថា​ភក់ ​ថា​គភ៌ បុថុជ្ជន ​ត្រូវ​សេចក្ដី​សុខ​ក្នុង​កាម​គ្របសង្កត់​ហើយ​ រមែង​ទៅ​កាន់គភ៌​ទៀត ​លុះ​តែ​ភិក្ខុ​មាន​ព្យាយាម ដុតកំដៅ​កិលេស ត្រេកអរ​ដោយ​សម្បជញ្ញៈ​ក្នុង​វេលាណា ​ភិក្ខុ​នោះ​ បែប​នោះ​ កន្លង​នូវ​ផ្លូវ​វាង​គឺ​ វដ្ដៈ​នេះ ដែល​គេ​ឆ្លង​បាន​ដោយ​ក្រ រមែង​ឃើញ​នូវ​ពួក​សត្វ ដែល​ចូល​ទៅ​កាន់​ជា​តិ ​និង​ជរា កំពុង​តែ​ញាប់ញ័រ (​ក្នុង​ភព​ទាំង​ ៣ ​ក្នុង​វេលា​នោះ​) ។

បឋមអាហុនេយ្យសូត្រ ទី៧កែប្រែ

[៥៧] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ប្រកប​ដោយ​ធម៌ ៨យ៉ាង ​ជា​អ្នក​គួរ​ទទួល​នូវ​ចតុប្បច្ច័យ​ដែល​គេ​នាំ​មក​បូ​ជា​ គួរ​ទទួល​នូវ​ចតុប្បច្ច័យ​ដែល​គេ​តាក់តែង​ដើម្បីភ្ញៀវ គួរ​ទទួល​នូវ​ទក្ខិណាទាន គួរ​ដល់​អញ្ជលិកម្ម​ដែល​សត្វ​លោក​គប្បី​ធ្វើ ​ជា​បុញ្ញកេ្ខត្ត​នៃ​សត្វ​លោក​ រកខេត្ត​ដទៃ​ក្រៃលែង​ជា​ងគ្មាន ។ ​ប្រកប​ដោយ​ធម៌ ​ទាំង​ ៨យ៉ាង ​តើ​ដូចម្ដេច ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​មាន​សីល ។បេ។ សមាទាន​សិក្សា ​ក្នុង​សិក្ខាបទ​ទាំង​ឡាយ ១ ​ជា​អ្នក​ចេះ​ចាំច្រើន ១ ។បេ។ យល់ត្រឹម​ត្រូវ​ដោយ​ទិដ្ឋិ ១ ​ជា​អ្នក​មាន​មិត្រល្អ ​មាន​សំឡាញ់ល្អ សមគប់​នឹង​បុគ្គល​ល្អ ១ ​ជា​អ្នក​សមា្មទិដ្ឋិ ​ប្រកប​ដោយ​សម្មាទស្សនៈ ១ ​ជា​អ្នក​បាន​តាម​ប្រាថ្នា ​បាន​ដោយ​មិន​លំបាក ​បាន​ដោយ​ទូលាយ ​នូវ​ឈាន​ទាំង​ ៤ ​ដែល​អាស្រ័យ​នូវ​ចិត្ត​ដ៏​ប្រសើរ ​ជា​គ្រឿង​នៅសប្បាយ ​ក្នុង​បច្ចុប្បន្ន ១ តែង​រឭក​ឃើញ ​នូវ​បុព្វេនិវាស ​គឺ​ការនៅ​ក្នុង​ភពមុន ​មាន​ប្រការ​ដ៏​ច្រើន​គឺ​ រឭក​ឃើញ ១​ជា​តិ​ខ្លះ ២​ជា​តិខ្លះ ។បេ។ រលឹកឃើញ​នូវ​បុព្វេនិវាស ព្រម​ទាំង​អាការៈ ព្រម​ទាំង​ឧទ្ទេស ​មាន​ប្រការ​ដ៏​ច្រើន ​ដោយ​ប្រការដូច្នេះ ១ ​បាន​ដឹង​ច្បាស់​នូវ​ពួក​សត្វ ដែល​អន្ទោល​ទៅ​តាម​កម្ម ។បេ។ ទិព្វចក្ខុ​ដ៏​ស្អាត កន្លងបង់​នូវ​ចក្ខុ​របស់​មនុស្ស​ធម្មតា ។បេ។ ​ដឹង​ច្បាស់​នូវ​ពួក​សត្វ ដែល​អន្ទោល​ទៅ​តាម​កម្ម ១ ​បាន​ធ្វើ​ឲ្យ​ជា​ក់ច្បាស់ ​បាន​ដល់​ ។បេ។ ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំង​ឡាយ ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ប្រកប​ដោយ​ធម៌ ​ទាំង​ ៨ យ៉ាង​នេះ​ឯង ជា​អ្នក​គួរ​ទទួល​ចតុប្បច្ច័យ ​ដែល​គេ​នាំ​មកបូ​ជា​ ។បេ។ ​ជា​បុញ្ញកេ្ខត្ត​នៃ​សត្វ​លោក​ រក​ខេត្ត​ដទៃ ក្រៃលែង​ជា​ងគ្មាន ។

ទុតិយអាហុនេយ្យសូត្រ ទី៨កែប្រែ

[៥៨] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ប្រកប​ដោយ​ធម៌ ៨យ៉ាង ​ជា​អ្នក​គួរ​ទទួល​ចតុប្បច្ច័យ ​ដែល​គេ​នាំ​មក​បូ​ជា​ ។បេ។ ​ជា​បុញ្ញកេ្ខត្ត​នៃ​សត្វ​លោក​ រកខេត្ត​ដទៃ​ក្រៃលែង​ជា​ង​គ្មាន ។ ​ប្រកប​ដោយ​ធម៌ ៨យ៉ាង ​តើ​ដូចម្ដេច ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​មាន​សីល ។បេ។ សមាទាន​សិក្សា ​ក្នុង​សិក្ខាបទ​ទាំង​ឡាយ ១ ​ជា​អ្នក​ចេះ​ចាំ​ច្រើន ១ ។បេ។ យល់ត្រឹម​ត្រូវ​ដោយ​ទិដ្ឋិ ១ ​ជា​អ្នក​ប្រារព្ធ​សេចក្ដីព្យាយាម ​មាន​កំឡាំង​ប្រឹង​ប្រែង​ដ៏​មាំ ​មិន​ដាក់ធុរៈ​ចោល ​ក្នុង​កុសលធម៌​ទាំង​ឡាយ ១ ​ជា​អ្នក​នៅ​ក្នុង​ព្រៃ ​មាន​ទីសេនាសនៈ​ស្ងាត់ ១ អត់ទ្រាំ​នូវ​សេចក្ដីអផ្សុក ​និង​សេចក្ដីត្រេកអរ តែងគ្រប​សង្កត់ ​នូវ​សេចក្ដី​អផ្សុក ​ដែល​កើត​ឡើង​ហើយ​ ១ ​ជា​អ្នក​អត់ទ្រាំ​នូវ​ភ័យ គួរ​ស្ញប់ស្ញែង តែង​គ្រប​សង្កត់​នូវ​ភ័យ គួរស្ញប់ស្ញែង​ដែល​កើត​ឡើង​ហើយ​ ១ ​ជា​អ្នក​បាន​តាម​ប្រាថ្នា ​បាន​ដោយ​មិន​លំបាក ​បាន​ដោយ​ទូលាយ ​នូវ​ឈាន​ទាំង​ ៤ ​ដែល​អាស្រ័យ​នូវ​ចិត្ត​ដ៏​ប្រសើរ ​ជា​គ្រឿង​នៅ​ជា​សុខ ​ក្នុង​បច្ចុប្បន្ន ១ ​បាន​ធ្វើ​ឲ្យ​ជា​ក់ច្បាស់ ​បាន​ដល់​ ។បេ។ ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំង​ឡាយ ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ប្រកប​ដោយ​ធម៌ ៨យ៉ាង​នេះ​ឯង ជា​អ្នក​គួរ​ទទួល​នូវ​ចតុប្បច្ច័យ​ដែល​គេ​នាំ​មកបូ​ជា​ ។បេ។ ​ជា​បុញ្ញកេ្ខត្ត​នៃ​សត្វ​លោក​ រកខេត្តដទៃ​ក្រៃលែង​ជា​ង​គ្មាន ។

បឋមបុគ្គលសូត្រ ទី៩កែប្រែ

[៥៩] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល ៨ ​ពួក​នេះ ជា​អ្នក​គួរ​ទទួល​នូវ​ចតុប្បច្ច័យ ​ដែល​គេ​នាំ​មកបូ​ជា​ គួរ​ទទួល​នូវ​ចតុប្បច្ច័យ​ដែល​គេ​តាក់តែង​ដើម្បីភ្ញៀវ គួរ​ទទួល​នូវ​ទក្ខិណាទាន គួរ​ដល់​អញ្ជលិកម្ម ​ដែល​សត្វ​លោក​គប្បី​ធ្វើ ​ជា​បុញ្ញកេ្ខត្ត​នៃ​សត្វ​លោក​ រកខេត្ត​ដទៃក្រៃលែង​ជា​ងគ្មាន ។ បុគ្គល ៨ ​ពួក តើ​ដូចម្ដេច ។ ​គឺ​បុគ្គល​ជា​សោតាបន្ន ១ បុគ្គល​អ្នក​ប្រតិបត្តិ ដើម្បីធ្វើ​ឲ្យ​ជា​ក់ច្បាស់​សោតាបត្តិផល ១ បុគ្គល​ជា​សកទាគាមី ១ បុគ្គល​អ្នក​ប្រតិបត្តិ ដើម្បីធ្វើ​ឲ្យ​ជា​ក់​ច្បាស់​សកទាគាមិផល ១ បុគ្គល​ជា​អនាគាមី ១ បុគ្គល​អ្នក​ប្រតិបត្តិ ដើម្បីធ្វើ​ឲ្យ​ជា​ក់ច្បាស់​អនាគាមិផល ១ បុគ្គល​ជា​អរហន្ដ ១ បុគ្គល​ជា​អ្នក​ប្រតិបត្តិ ដើម្បីអរហត្ត ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល ​ទាំង​៨ ​ពួក​នេះ​ឯង ជា​អ្នក​គួរ​ទទួល​នូវ​ចតុប្បច្ច័យ​ដែល​គេ​នាំ​មកបូ​ជា​ ។បេ។ ​ជា​បុញ្ញកេ្ខត្ត​នៃ​សត្វ​លោក​ រក​ខេត្តដទៃ ក្រៃលែង​ជា​ងគ្មាន ។

បុគ្គល ៤​ពួក ជា​អ្នក​ប្រតិបត្តិ​ផង​ ៤​ពួក​តាំងនៅ​ក្នុង​ផល​ផង នេះ​ជា​សង្ឃ​មាន​សភាព​ដ៏​ត្រង់ ​ប្រកប​ដោយ​បញ្ញា ​និង​សីល រមែងធ្វើ​នូវ​បុណ្យ​ដ៏​ក្រៃលែង ដល់​ពួក​សត្វ គឺ​មនុស្ស ​កាល​ស្វែងរក​នូវ​បុណ្យ ​ហើយ​បូ​ជា​ ព្រោះទាន​ដែល​បុគ្គល​ឲ្យ​ហើយ​ចំពោះ​សង្ឃ​ រមែង​មាន​ផលច្រើន ។

ទុតិយបុគ្គលសូត្រ ទី១០កែប្រែ

[៦០] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល ៨ ​ពួក​នេះ ជា​អ្នក​គួរ​ទទួល​នូវ​ចតុប្បច្ច័យ ​ដែល​គេ​នាំ​មកបូ​ជា​ ។បេ។ ​ជា​បុញ្ញកេ្ខត្ត​នៃ​សត្វ​លោក​ រកខេត្តដទៃ​ក្រៃលែង​ជា​ងគ្មាន ។ បុគ្គល​ទាំង​ ៨ ​ពួក តើ​ដូចម្ដេច ។ ​គឺ​បុគ្គល​ជា​សោតាបន្ន ១ បុគ្គល​អ្នក​ប្រតិបត្តិ​ដើម្បីធ្វើ​ឲ្យ​ជា​ក់ច្បាស់​សោតាបត្តិផល ១ បុគ្គល​ជា​សកទាគាមី ១ បុគ្គល​អ្នក​ប្រតិបត្តិ ដើម្បីធ្វើ​ឲ្យ​ជា​ក់ច្បាស់​សកទាគាមិផល ១ បុគ្គល​ជា​អនាគាមី ១ បុគ្គល​អ្នក​ប្រតិបត្តិ ដើម្បីធ្វើ​ឲ្យ​ជា​ក់ច្បាស់​នូវ​អនាគាមិផល ១ បុគ្គល​ជា​អរហន្ដ ១ បុគ្គល​អ្នក​ប្រតិបត្តិ ដើម្បី​អរហត្ត ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ទាំង​ ៨ ​ពួក​នេះ​ឯង ជា​អ្នក​គួរ​ទទួល​នូវ​ចតុប្បច្ច័យ​ដែល​គេ​នាំ​មកបូ​ជា​ ។បេ។ ​ជា​បុញ្ញកេ្ខត្ត​នៃ​សត្វ​លោក​ រកខេត្ត​ដទៃ​ក្រៃលែង​ជា​ងគ្មាន ។

បុគ្គល ៤​ពួក ជា​អ្នក​ប្រតិបត្តិ​ផង​ ៤​ពួក ជា​អ្នក​តាំងនៅ​ក្នុង​ផល​ផង នេះ​ជា​សង្ឃ​ដ៏​ឧត្ដម ​ជា​ង​សត្វ​ទាំង​ឡាយ បុគ្គល ៨ ​ពួក​ រមែងធ្វើបុណ្យ​ដ៏​ក្រៃលែង ​ដល់​ពួក​សត្វ គឺ​មនុស្ស ​កាល​ស្វែង​រក​នូវ​បុណ្យ​ហើយ​បូ​ជា​ ព្រោះទាន​ដែល​បុគ្គល​ឲ្យ​ហើយ​ចំពោះ​សង្ឃនុ៎ះ រមែង​មាន​ផលច្រើន ។

ចប់ សន្ធានវគ្គ ទី១ ។

ឧទ្ទាន​នៃ​សន្ធានវគ្គ​នោះ គឺ​

និយាយ​អំពី​រឿងនាងមហាប​ជា​បតិគោតមី ១ ​អំពី​ភិក្ខុ​គួរ​ឲ្យ​ឱវាទ​ដល់​ភិក្ខុ​នី ១ ​អំពី​ធម៌​ដ៏​សង្ខេប ១ ​អំពី​ទីឃ​ជា​ណុកោឡិយបុត្ត ១ ​អំពី​ឧជ្ជយព្រាហ្មណ៍ ១ ​អំពី​ភ័យ ១ ​អំពី​អាហុនេយ្យបុគ្គល ​មាន​ ២លើក ​អំពី​បុគ្គល ៨​ពួក មាន​២លើក ។


សន្ធានវគ្គកែប្រែ

គោតមីសូត្រ ទី១កែប្រែ

[៥១] សម័យ​មួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​កាល​គង់​ក្នុង​និគ្រោធារាម ក្បែរ​ក្រុង​កបិលពស្តុ ​ក្នុង​ដែនសក្កៈ ។ គ្រា​នោះ​ ​ព្រះ​នាង​មហាប​ជា​បតិគោតមី ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​លុះ​ចូល​ទៅ​ដល់ ក្រាប​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ហើយ​ឋិតនៅ​ក្នុង​ទី​សមគួរ ។ ​លុះ​ព្រះ​នាង​មហាប​ជា​បតិគោតមី ឋិតនៅ​ក្នុង​ទី​សមគួរ​ហើយ​ ទើប​ក្រាប​បង្គំ​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ដូច្នេះ​ថា​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ខ្ញុំម្ចាស់​សូមអង្វរ​ មាតុគ្រាម គួរ​ចេញ​ចាក​ផ្ទះ បាន​បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ ​ដែល​ព្រះ​តថាគត ទ្រង់​សំដែង​ហើយ​ ។ ​ព្រះ​សម្ពុទ្ធ​ទ្រង់​ត្រាស់​ឃាត់​ថា ម្នាល​នាង​គោតមី ណ្ហើយនាង កុំគាប់​ចិត្ត​ឲ្យ​មាតុគ្រាម​ចេញ​ចាក​ផ្ទះ ហើយ​បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្ម​វិន័យ ​ដែល​តថាគត​បាន​សំដែង​ឡើយ ។ ​ព្រះ​នាង​មហាប​ជា​បតិគោតមី ​ក្រាប​ថ្វាយ​បង្គំ​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ ​ជា​គម្រប់​ពីរ​ដង​ថា​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ខ្ញុំម្ចាស់​សូមអង្វរ មាតុគ្រាម គួរចេញ​ចាក​ផ្ទះ បាន​បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ ​ដែល​ព្រះ​តថាគត​ទ្រង់​សំដែង​ហើយ​ ។ ​ម្នាល​នាងគោតមី ណ្ហើយនាង កុំគាប់​ចិត្ត​ឲ្យ​មាតុគ្រាម​ចេញ​ចាក​ផ្ទះ​ បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ ​ដែល​តថាគត​បាន​សំដែង​ឡើយ ។ ​ព្រះ​នាង​មហាប​ជា​បតិគោតមី ​ក្រាប​បង្គំទូល​ព្រះ​មាន​ព្រះ​ភាគ​ដូច្នេះ ​ជា​គម្រប់​បី​ដង​ថា​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ខ្ញុំម្ចាស់​សូមអង្វរ មាតុគ្រាម គួរចេញ​ចាក​ផ្ទះ បាន​បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ ​ដែល​ព្រះ​តថាគត សំដែង​ហើយ​ ។ ​ម្នាល​នាង​គោតមី ណ្ហើយនាង កុំគាប់​ចិត្ត​ឲ្យ​មាតុគ្រាម​ចេញ​ចាក​ផ្ទះ បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ ​ដែល​តថាគត​បាន​សំដែង​ឡើយ ។ លំដាប់​នោះ​ឯង​ ​ព្រះ​នាង​មហាប​ជា​បតិគោតមី ​បាន​ជ្រាប​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​មិន​ទ្រង់​អនុញ្ញាត​ឲ្យ​មាតុគ្រាម​ចេញ​ចាក​ផ្ទះ​ បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្ម​វិន័យ ​ដែល​ព្រះ​តថាគត​សំដែង​ហើយ​ ក៏កើតទុក្ខ តូច​ព្រះ​ទ័យ ស្រក់​ទឹក​ព្រះ​នេត្រ ​ទ្រង់​ព្រះ​កន្សែង ​ហើយ​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ធ្វើ​ប្រទក្សិណ​ រួចចៀសចេញ​ទៅ​ ។ គ្រា​នោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​គង់​សម្រេចសម្រាន្ដ ​ក្នុង​ក្រុង​កបិលពស្ដុ ​តាម​គួរ​ដល់​ពុទ្ធ​អធ្យាស្រ័យ ​ហើយ​ស្ដេច​ចៀសចេញ​ទៅ​កាន់ចារិក ​ក្រុង​វេសាលី ​កាល​ទ្រង់​ស្ដេច​ទៅ​កាន់​ចារិក ​តាម​លំដាប់ ក៏​បាន​ទៅ​ដល់​ក្រុង​វេសាលី​នោះ​ឯង​ ។ ​មាន​សេចក្ដី​ដំណាល​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​គង់​សម្រេចសម្រាន្ដ ​ក្នុង​កូដាគារ​សាលា នាមហាវន ​ទៀប​ក្រុង​វេសាលី​នោះ​ ។ លំដាប់​នោះ​ឯង​ ​ព្រះ​នាង​មហាប​ជា​បតិ​គោតមី ​ឲ្យ​គេកោរ​ព្រះ​កេសា ​ហើយ​ស្លៀក​សំពត់ជ្រលក់​ដោយ​ទឹក​អម្ចត់ ​ទ្រង់​យាងសំដៅ​ទៅ​ក្រុង​វេសាលី ​ជា​មួយ​នឹង​ពួក​នាង​សាកិយានី​ជា​ច្រើន យាង​ចូល​ទៅ​កាន់​កូដាគារសាលា នាមហាវន ​ទៀប​ក្រុង​វេសាលី​នោះ តាម​លំដាប់ ។ វេលា​នោះ​ ​ព្រះ​នាង​មហាប​ជា​បតិ​គោតមី ​មាន​ព្រះ​បាទ​ទាំង​គូ​ពុរពង មាន​ព្រះ​អង្គ​ប្រឡាក់​ដោយ​ធូលី កើតទុក្ខ​តូច​ព្រះ​ទ័យ ស្រក់​ទឹក​ព្រះ​នេត្រ ឈរ​ទ្រង់​ព្រះ​កន្សែង ​ទៀប​ក្លោង​ទ្វារខាងក្រៅ ។ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ ​បាន​ឃើញ​ព្រះ​នាង​មហាប​ជា​បតិ​គោតមី ​មាន​ព្រះ​បាទ​ទាំង​គូ​ពុរពង ​មាន​ព្រះ​អង្គ​ប្រឡាក់​ដោយ​ធូលី កើត​ទុក្ខ តូច​ព្រះ​ទ័យ ស្រក់​ទឹក​ព្រះ​នេត្រ កំពុងតែឈរ​ទ្រង់​ព្រះ​កន្សែង​ទៀប​ក្លោងទ្វារ​ខាង​ក្រៅ ​លុះ​បាន​ឃើញ​ហើយ​ ក៏​ពោល​ទៅ​នឹង​ព្រះ​នាង​មហា​ប​ជា​បតិ​គោតមី​ដូច្នេះ​ថា​ បពិត្រ​ព្រះ​នាង​គោតមី ហេតុអ្វី​បាន​ជា​ព្រះ​នាង​មាន​ព្រះ​បាទ​ទាំង​គូ​ពុរពង ​មាន​ព្រះ​អង្គ​ប្រឡាក់​ដោយ​ធូលី កើតទុក្ខ​តូច​ព្រះ​ទ័យ ស្រក់​ទឹក​ព្រះ​នេត្រ ឈរ​ទ្រង់​ព្រះ​កន្សែង ​ទៀប​ក្លោងទ្វារ​ខាង​ក្រៅ​ដូច្នេះ ។ បពិត្រ​ព្រះ​អានន្ទ​ដ៏​ចម្រើន បាន​ជា​ដូច្នោះ ព្រោះតែ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​មិន​ទ្រង់​អនុញ្ញាត​ឲ្យ​មាតុគ្រាម​ចេញ​ចាក​ផ្ទះ​ បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ​ដែល​ព្រះ​តថាគត​ទ្រង់​សំដែង​ហើយ​ផង​សោះ ។ បពិត្រ​ព្រះ​នាង​គោតមី បើ​ដូច្នោះ សូម​ព្រះ​នាង​ទ្រង់​រង់ចាំ​ក្នុង​ទី​នេះ​សិនចុះ ​ទម្រាំ​អាត្មា​ភាព ​ទៅ​ក្រាប​បង្គំ​ទូល​សុំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ឲ្យ​មាតុគ្រាម​បាន​ចេញ​ចាក​ផ្ទះ​ បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ ​ដែល​ព្រះ​តថាគត​ទ្រង់​សំដែង​ហើយ​ ។ លំដាប់​នោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​លុះ​ចូល​ទៅ​ដល់ ក្រាប​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ហើយ​ ក៏​អង្គុយ​ក្នុង​ទីសមគួរ ។ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ទើប​ក្រាប​បង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ​ព្រះ​នាង​មហាប​ជា​បតិ​គោតមី​នុ៎ះ ​មាន​ព្រះ​បាទ​ទាំង​គូ​ពុរពង ​មាន​ព្រះ​អង្គ​ប្រឡាក់​ដោយ​ធូលី កើត​ទុក្ខ តូច​ព្រះ​ទ័យ ស្រក់​ទឹក​ព្រះ​នេត្រ ឈរ​ទ្រង់​ព្រះ​កន្សែង ​ទៀប​ក្លោងទ្វារ​ខាង​ក្រៅ​ដោយ​ជ្រាប​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​មិន​ទ្រង់​អនុញ្ញាត​ឲ្យ​មាតុគ្រាម​ចេញ​ចាក​ផ្ទះ​ បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ ​ដែល​ព្រះ​តថាគត​ទ្រង់​សំដែង​ហើយ​ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ សូម​ទ្រង់​ព្រះ​មេត្តាប្រោស ​ឲ្យ​មាតុគ្រាម​ចេញ​ចាក​ផ្ទះ បាន​បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ ​ដែល​ព្រះ​តថាគត​ទ្រង់​សំដែង​ហើយ​ ។ ​ម្នាល​អានន្ទ ណ្ហើយ ​អ្នក​កុំគាប់​ចិត្ត​ឲ្យ​មាតុគ្រាម​ចេញ​ចាក​ផ្ទះ​ បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ​ដែល​តថាគត​សំដែង​ឡើយ ។ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ ​ក្រាប​បង្គំ​ទូល ​ជា​គម្រប់​ពីរ​ដង​ផង​ ។បេ។ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ ​ក្រាប​បង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ ​ជា​គម្រប់​ ៣​ដង​ផង​ថា​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ សូម​ទ្រង់​ព្រះ​មេត្តាប្រោស ​ឲ្យ​មាតុគ្រាម​ចេញ​ចាក​ផ្ទះ បាន​បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ ​ដែល​ព្រះ​តថាគត​ទ្រង់​សំដែង​ហើយ​ផង​ ។ ​ម្នាល​អានន្ទ ណ្ហើយ ​អ្នក​កុំគាប់​ចិត្ត​ឲ្យ​មាតុគ្រាម​ចេញ​ចាក​ផ្ទះ​ បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ ​ដែល​តថាគត​សំដែង​ឡើយ ។ លំដាប់​នោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ ​មាន​សេចក្តី​ត្រិះរិះដូច្នេះ​ថា​ ឥឡូវ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​មិន​ទ្រង់​អនុញ្ញាត​ឲ្យ​មាតុគ្រាម​ចេញ​ចាក​ផ្ទះ​ បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ ​ដែល​ព្រះ​តថាគត​ទ្រង់​សំដែង​ហើយ​ទេ បើដូច្នេះ គួរតែ​អាត្មា​អញ ក្រាប​បង្គំទូល​សុំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ដោយ​បរិយាយ​ដទៃទៀត ដើម្បី​ឲ្យ​មាតុគ្រាម​ចេញ​ចាក​ផ្ទះ​ បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ ​ដែល​ព្រះ​តថាគត​ទ្រង់​សំដែង​ហើយ​ ។ លំដាប់​នោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ ​បាន​ក្រាប​បង្គំ​ទូលសួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ មាតុគ្រាម បើចេញ​ចាក​ផ្ទះ​ បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ ​ដែល​ព្រះ​តថាគត​ទ្រង់​សំដែង​ហើយ​ គួរធ្វើ​ឲ្យ​ជា​ក់ច្បាស់​នូវ​សោតាបតិ្តផល​ក្ដី សកទាគាមិផលក្ដី អនាគាមិផលក្ដី អរហត្ត​ផល​ក្ដី ​បាន​ដែរ​ឬ​ ។ ​ម្នាល​អានន្ទ មាតុគ្រាម បើ​ចេញ​ចាក​ផ្ទះ​ បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ ​ដែល​តថាគត​សំដែង​ហើយ​ ក៏គួរធ្វើ​ឲ្យ​ជា​ក់ច្បាស់​នូវ​សោតាបតិ្តផល​ផង​ សកទាគាមិផល​ផង​ អនាគាមិផល​ផង​ អរហត្តផល​ផង​ ។ ​បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ បើមាតុគ្រាម ​ចេញ​ចាក​ផ្ទះ​ បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ ​ដែល​ព្រះ​តថាគត​សំដែង​ហើយ​ គួរធ្វើ​ឲ្យ​ជា​ក់​ច្បាស់​នូវ​សោតាបតិ្ត ផល​ផង​ ។បេ។ អរហត្តផល​ផង បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ​ព្រះ​នាង​មហាប​ជា​បតិ​គោតមី ​មាន​ឧបការៈច្រើន ​ជា​ព្រះ​មាតុច្ឆា​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​បាន​បី​បាច់ចិញ្ចឹម ​កាល​ព្រះ​មាតា​ទ្រង់​ទិវង្គត​ទៅ បាន​បំបៅ​ព្រះ​ដ៏​មាន​ព្រះ​ភាគ តរៀងមក ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ​ឲ្យ​មាតុគ្រាម​ចេញ​ចាក​ផ្ទះ បាន​បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ ​ដែល​ព្រះ​តថាគត​ទ្រង់​សំដែង​ហើយ​ផង​ ។ ​ម្នាល​អានន្ទ បើ​ព្រះ​នាង​មហាប​ជា​បតិ​គោតមី ​ទទួល​ប្រតិបត្តិ​តាម​គរុធម៌ ៨ ប្រការ​បាន​ ឧបសម្បទា​នោះ ចូរ​សម្រេច​ដល់​ព្រះ​នាងចុះ ។ (ឯ​គរុធម៌ ៨ប្រការ​នោះ​គឺ​) ​ភិក្ខុ​នី សូម្បីឧបសម្បទា​បាន មួយ​រយវស្សា​ហើយ​ ក៏​ត្រូវ​តែ​ថ្វាយ​បង្គំ ក្រោក​ទទួល​ ធ្វើអញ្ជលិកម្ម សាមីចិកម្ម ​ចំពោះ​ភិក្ខុ ដែល​ទើប​នឹង​ឧបសម្បទា​ក្នុង​ថ្ងៃ​នោះ នេះ​ជា​ធម៌​ដែល​ភិក្ខុ​នី​ត្រូវ​ធ្វើសក្ការៈ គោរពរាប់អាន បូ​ជា​ កុំ​គប្បី​ប្រព្រឹត្ត​កន្លង ដរាប​អស់​ជីវិត ១ ។ ​ភិក្ខុ​នី​មិន​ត្រូវ​នៅចាំវស្សា ​ក្នុង​អាវាស​ដែល​គ្មាន​ភិក្ខុ​ឡើយ ​នេះ​ជា​ធម៌​ដែល​ភិក្ខុ​នី​ត្រូវ​ធ្វើសក្ការៈ គោរព រាប់អាន បូ​ជា​ កុំ​គប្បី​ប្រព្រឹត្ត​កន្លង ដរាប​អស់​ជីវិត ១ ។ ​ភិក្ខុ​នី ​ត្រូវ​ស្វែងរកសួរ​ឧបោសថ​ផង ចូល​ទៅ​ស្ដាប់ឱវាទ​ផង អំពី​សំណាក់​ភិក្ខុ​សង្ឃ​រាល់កន្លះខែ ​នេះ​ជា​ធម៌​ដែល​ភិក្ខុ​នី​ត្រូវ​ធ្វើសក្ការៈ គោរព រាប់អាន បូ​ជា​ កុំ​គប្បី​ប្រព្រឹត្ត​កន្លង ដរាប​អស់​ជីវិត ១ ។ ​ភិក្ខុ​នី​នៅចាំវស្សា​រួច​ហើយ ត្រូវ​បវារណា ​ក្នុង​សំណាក់សង្ឃ​ទាំង​២ ​ពួក​ (​គឺ​ភិក្ខុ​សង្ឃ ១ ​ភិក្ខុ​នីសង្ឃ ​១) ​ដោយ​ឋាន ៣ យ៉ាង​គឺ​ ឃើញ ​ឮ​ រង្កៀស ​នេះ​ជា​ធម៌​ដែល​ភិក្ខុ​នី​ត្រូវ​ធ្វើសក្ការៈ គោរព រាប់អាន បូ​ជា​ កុំ​គប្បី​ប្រព្រឹត្ត​កន្លង ដរាប​អស់​ជីវិត ១ ។ ​ភិក្ខុ​នី​ត្រូវ​គរុកាបត្តិ​ហើយ គប្បី​ប្រព្រឹត្ត​បក្ខ​មាន​ត្ត ​ក្នុង​សំណាក់​សង្ឃ​ទាំង​ ២ ​ពួក នេះ​ជា​ធម៌​ដែល​ភិក្ខុ​នី​ត្រូវ​ធ្វើសក្ការៈ គោរព រាប់អាន បូ​ជា​ កុំ​គប្បី​ប្រព្រឹត្ត​កន្លង ដរាប​អស់​ជីវិត ១ ។ ​ភិក្ខុ​នី​ត្រូវ​ជួយស្វែងរក​ឧបសម្បទា ​ក្នុង​សំណាក់​សង្ឃ​ទាំង​ ២ ​ពួក ដល់​សិក្ខមានា ​ដែល​បាន​សិក្សាសិក្ខា​ក្នុង​ធម៌ ៦ [សំដៅ​យក​សិក្ខាបទ ៦ ពីបាណាតិបាត ​ដល់​វិ​កាល​ភោជនៈ ។] ប្រការ គ្រប់ ២ ឆ្នាំ​ហើយ នេះ​ជា​ធម៌​ដែល​ភិក្ខុ​នី​ត្រូវ​ធ្វើ​សក្ការៈ គោរព រាប់អាន បូ​ជា​ កុំ​គប្បី​ប្រព្រឹត្តកន្លង ដរាប​អស់​ជីវិត ១ ។ ​ភិក្ខុ​នី​មិន​ត្រូវ​ជេរ ​មិន​ត្រូវ​ប្រទេច​ភិក្ខុ ដោយ​បរិយាយ​ណា​មួយ​ឡើយ ​នេះ​ជា​ធម៌​ដែល​ភិក្ខុ​នី​ត្រូវ​ធ្វើ​សក្ការៈ គោរព រាប់អាន បូ​ជា​ កុំ​គប្បី​ប្រព្រឹត្ត​កន្លង ដរាប​អស់​ជីវិត ១ ។ តាំងពី​ថ្ងៃ​ដែល​បាន​ឧបសម្បទា​នេះ​ទៅ ភិក្ខុ​នី​ត្រូវ​តែស្ដាប់​បង្គាប់​ភិក្ខុ​ ឯ​ភិក្ខុ​មិន​ត្រូវ​ស្ដាប់បង្គាប់​ភិក្ខុ​នី​វិញឡើយ ​នេះ​ជា​ធម៌​ដែល​ភិក្ខុ​នី​ត្រូវ​ធ្វើសក្ការៈ គោរព រាប់អាន បូ​ជា​ កុំ​គប្បី​ប្រព្រឹត្ត​កន្លង ដរាប​អស់​ជីវិត ១ ។ ​ម្នាល​អានន្ទ បើ​ព្រះ​នាង​មហាប​ជា​បតិ​គោតមី ​ទទួល​ប្រព្រឹត្ត​តាម​គរុធម៌​ទាំង​ ៨ ​នេះ​បាន​ ឧបសម្បទា​នោះ ចូរ​សម្រេច​ដល់​ព្រះ​នាងចុះ ។ លំដាប់​នោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ ​បាន​រៀន​គរុធម៌ ៨ ប្រការ ​ក្នុង​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ (ចាំស្ទាត់​ហើយ​) ក៏​ចូល​ទៅ​រក​ព្រះ​នាង​មហាប​ជា​បតិ​គោតមី ​លុះ​ចូល​ទៅ​ដល់​ហើយ​ ក៏​ពោល​ទៅ​នឹង​ព្រះ​នាង​មហាប​ជា​បតិ​គោតមី​ដូច្នេះ​ថា​ បពិត្រ​ព្រះ​នាង​គោតមី បើ​ព្រះ​នាង​ទទួល​ប្រតិបត្តិ​តាម​គរុធម៌ ៨ ប្រការ​បាន​ ឧបសម្បទា​នោះ នឹង​សម្រេច​ដល់​ព្រះ​នាង ។ (ឯគរុធម៌ ៨ ប្រការ​នោះ​គឺ​) ​ភិក្ខុ​នីសូម្បីឧបសម្បទា ​បាន​មួយ​រយវស្សា​ហើយ​ ក៏​ត្រូវ​តែ​ថ្វាយ​បង្គំ ក្រោកទទូល ធ្វើអញ្ជលិកម្ម សាមីចិកម្ម ​ចំពោះ​ភិក្ខុ ដែល​ទើប​នឹង​បួស​ហើយ​ក្នុង​ថ្ងៃ​នោះ នេះ​ជា​ធម៌ ​ដែល​ភិក្ខុ​នី​ត្រូវ​ធ្វើសក្ការៈ គោរព រាប់អាន បូ​ជា​ កុំ​គប្បី​ប្រព្រឹត្តកន្លង ដរាប​អស់​ជីវិត ១ ។បេ។ ចាប់​ដើម​តាំងពី​ថ្ងៃ​ (​ដែល​បាន​ឧបសម្បទា) ​នេះ​ទៅ ភិក្ខុ​នី​ត្រូវ​តែស្ដាប់​បង្គាប់​ភិក្ខុ​ ឯ​ភិក្ខុ​មិន​ត្រូវ​ស្ដាប់បង្គាប់​ភិក្ខុ​នីវិញឡើយ ​នេះ​ជា​ធម៌​ដែល​ភិក្ខុ​នី​ត្រូវ​ធ្វើ​សក្ការៈ គោរព រាប់អាន បូ​ជា​ កុំ​គប្បី​ប្រព្រឹត្ត​កន្លង ដរាប​អស់​ជីវិត ១ ។ បពិត្រ​ព្រះ​នាង​គោតមី បើ​ព្រះ​នាង​ទទួល​ប្រតិបត្តិ​គរុធម៌ ៨ ប្រការ​នេះ​បាន​ ។ ឧបសម្បទា​នោះ នឹង​សម្រេច​ដល់​ព្រះ​នាង​បាន​ ។ ​ព្រះ​នាង​មហាប​ជា​បតិ​គោតមី ឆ្លើយតប​ថា​ បពិត្រ​ព្រះ​អានន្ទ​ដ៏​ចម្រើន​ ស្រ្ដី ​ឬ​បុរស​នៅក្រមុំ​កំឡោះ ​ប្រកប​ដោយ​ជា​តិ​ជា​អ្នក​ស្អិតស្អាងខ្លួន ​មាន​ក្បាលលុបលាង​ហើយ បាន​កម្រងផ្កា​ឧប្បលក្ដី កម្រងផ្កា​ម្លិះក្ដី កម្រងផ្កា​ដែល​មាន​ក្លិនក្រអូប​ណាស់​ក្ដី ​ហើយ​ទទួល​យក​ដោយ​ដៃ​ទាំង​ពីរ តម្កល់​ទុក​លើ​អវយវៈ​ដ៏​ឧត្តម ​គឺ​ក្បាល យ៉ាងណាមិញ បពិត្រ​ព្រះ​អានន្ទ​ដ៏​ចម្រើន​ ខ្ញុំ​នឹង​ទទួល​ប្រតិបត្តិ​តាម​គរុធម៌ ៨ ប្រការ​នេះ មិន​ប្រព្រឹត្ត​កន្លង ដរាប​អស់​ជីវិត ក៏យ៉ាង​នោះ​ដែរ​ ។ លំដាប់​នោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​លុះ​ចូល​ទៅ​ដល់ ក្រាប​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ រួច​អង្គុយ​ក្នុង​ទីសមគួរ​ ។ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ក៏​ក្រាប​បង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ គរុធម៌​ទាំង​ ៨ ប្រការ ​ព្រះ​នាង​មហាប​ជា​បតិ​គោតមី ព្រម​ទទួល​ហើយ មិន​ប្រព្រឹត្ត​ឲ្យ​កន្លង ដរាប​អស់​ជីវិតទេ ។ ​ម្នាល​អានន្ទ ប្រសិនបើ​មាតុគ្រាម ​មិន​បាន​ចេញ​ចាក​ផ្ទះ​ បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ ​ដែល​តថាគត​សំដែង​ហើយ​ទេ ​ម្នាល​អានន្ទ ព្រហ្មចរិយធម៌ ​នឹង​បាន​តាំង​នៅ​ជា​អង្វែង ​ព្រះ​សទ្ធម្ម ​គឺ​អរហត្តផល ​នឹង​បាន​តាំង​នៅ​អស់​ ១ ពាន់ឆ្នាំ ។ ​ម្នាល​អានន្ទ តែ​កាល​ណា​មាតុគ្រាម​ចេញ​ចាក​ផ្ទះ​ បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ ​ដែល​តថាគត​សំដែង​ហើយ ម្នាល​អានន្ទ ឥឡូវ​នេះ​ ព្រហ្មចរិយធម៌ ​នឹង​មិន​តាំងនៅ​យូរអង្វែង​ទេ ​ម្នាល​អានន្ទ ឥឡូវ​នេះ​ ​ព្រះ​សទ្ធម្ម​នឹង​ឋិត​នៅ​បាន​ត្រឹមតែ​ប្រាំរយ​ឆ្នាំវិញ ​ម្នាល​អានន្ទ ត្រកូល​ទាំង​ឡាយណា​មួយ ដែល​មាន​ស្រី​ច្រើន ​មាន​ប្រុស​តិច ត្រកូល​ទាំង​នោះ ពួក​ចោរលួច​ឧជប្រទីប​ក្នុង​ក្អមឆ្នាំង ​ហើយ​គន់​មើលទ្រព្យ​ក្នុង​ផ្ទះ​អ្នក​ដទៃ ​ដោយ​ពន្លឺ​នោះ អាច​ចូល​មកបំផ្លាញ​បាន​ដោយ​ងាយ យ៉ាង​ណា​មិញ ​ម្នាល​អានន្ទ មាតុគ្រាម​ចេញ​ចាក​ផ្ទះ បាន​បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ ​គឺ​ព្រហ្មចរិយធម៌ណា ព្រហ្មចរិយធម៌​នោះ មិន​បាន​តាំងនៅ​យូរអង្វែងទេ ក៏យ៉ាង​នោះ​ដែរ​ ។ ​ម្នាល​អានន្ទ រោគ​ជា​តិ​ឈ្មោះ​សេតដ្ឋិកា (ក្រា-ស) ធ្លាប់ចុះ​ក្នុង​ស្រែ​ស្រូវ​ណា ​ដែល​កំពុង​តែលូតលាស់​ល្អ ស្រែស្រូវ​នោះ មិន​បាន​តាំងនៅ​យូរអង្វែង ​ដោយ​ប្រការ​យ៉ាង​នេះ​ យ៉ាងណា​មិញ ​ម្នាល​អានន្ទ មាតុគ្រាម ​ចេញ​ចាក​ផ្ទះ បាន​បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ ​គឺ​ព្រហ្មចរិយធម៌​ណា ព្រហ្មចរិយធម៌​នោះ មិន​បាន​តាំង​នៅ​យូរ​អង្វែងទេ ក៏យ៉ាង​នោះ​ដែរ​ ។ ​ម្នាល​អានន្ទ រោគ​ជា​តិ​ឈ្មោះ​មញ្ជេដ្ឋិកា (ក្រាក្រហម) ធ្លាក់ចុះ​ក្នុង​ច្បារអំពៅ​ណា ​ដែល​កំពុង​លូតលាស់ល្អ ច្បារអំពៅ​នោះ មិន​បាន​តាំង​នៅយូរអង្វែង ​ដោយ​ប្រការ​យ៉ាង​នេះ​ យ៉ាងណាមិញ ​ម្នាល​អានន្ទ មាតុគ្រាម ​ចេញ​ចាក​ផ្ទះ បាន​បព្វជ្ជា ​មិន​មាន​ប្រយោជន៍​ដោយ​ផ្ទះ ក្នុង​ធម្មវិន័យ ​គឺ​ព្រហ្មចរិយធម៌​ណា ព្រហ្មចរិយធម៌​នោះ មិន​បាន​តាំងនៅ​យូរអង្វែង​ទេ ក៏យ៉ាង​នោះ​ដែរ​ ។ ​ម្នាល​អានន្ទ បុរស ប្រញាប់​លើកទំនប់​ទប់​ទឹក​ស្រះ​ដ៏​ធំ​ជា​មុន ដើម្បី​មិន​ឲ្យ​ទឹក​ហូរ​ចេញ​ទៅ​ជា​កំណត់ យ៉ាង​ណាមិញ ​ម្នាល​អានន្ទ គរុធម៌ ៨ ប្រការ ​ដែល​តថាគត បាន​បញ្ញត្ត​ហើយ ចំពោះ​ភិក្ខុ​នី​ជា​ដម្បូង ដើម្បី​មិន​ឲ្យ​ (​ភិក្ខុ​នី) ប្រព្រឹត្ត​កន្លង ដរាប​ដល់​អស់​ជីវិត ក៏យ៉ាង​នោះ​ដែរ​ ។

ឱវាទសូត្រ ទី២កែប្រែ

[៥២] សម័យ​មួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​កាល​គង់​ក្នុង​កូដាគារសាលា នាមហាវន ក្បែរ​ក្រុង​វេសាលី ។ គ្រា​នោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​លុះ​ចូល​ទៅ​ដល់ ក្រាប​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ហើយ​អង្គុយ​ក្នុង​ទីសមគួរ ។ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ ​អង្គុយ​ក្នុង​ទីសមគួរ​ហើយ​ ទើប​ក្រាប​បង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ដូច្នេះ​ថា​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ភិក្ខុ​ប្រកប​ដោយ​ធម៌​ប៉ុន្មាន ​ដែល​សង្ឃ​គួរសន្មត ​ជា​អ្នក​ឲ្យ​ឱវាទ​ដល់​នាង​ភិក្ខុ​នី​បាន​ ។ ​ម្នាល​អានន្ទ ​ភិក្ខុ​ប្រកប​ដោយ​ធម៌ ៨ ប្រការ ទើបសង្ឃ​គួរ​សន្មត ​ជា​អ្នក​ឲ្យ​ឱវាទ​ដល់​នាង​ភិក្ខុ​នី​បាន​ ។ ​ប្រកប​ដោយ​ធម៌​ទាំង​ ៨ ប្រការ ​តើ​ដូចម្ដេច ។ ​ម្នាល​អានន្ទ ​ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​មាន​សីល ។បេ។ សមាទាន​សិក្សា ​ក្នុង​សិក្ខាបទ​ទាំង​ឡាយ ១ ​ជា​អ្នក​ចេះចាំច្រើន ។បេ។ យល់ត្រឹម​ត្រូវ​ដោយ​ទិដ្ឋិ ១​ បាតិមោក្ខ​ទាំង​ពីរ ភិក្ខុ​នោះ​ ក៏ចេះចាំ​ដោយ​សេចក្ដី​ពិស្ដារ ចែកចេញ​ដោយ​ប្រពៃ ចាំស្ទាត់​រត់មាត់ កាត់​សេចក្ដី​បាន​ដោយ​ល្អ ​តាម​សូត្រ ​តាម​អនុព្យញ្ជនៈ ១ ​ជា​អ្នក​មាន​វាចាពីរោះ ​ពោល​ពាក្យ​ពីរោះ ​ប្រកប​ដោយ​វាចា​អ្នក​ក្រុង ជា​វាចា​ក្បោះក្បាយ មិន​មាន​ទោស ​អាច​ញុំាង​អ្នក​ផង ឲ្យ​ដឹង​ច្បាស់​សេចក្ដី ១ ​ជា​អ្នក​អង់​អាច​ ដើម្បីញុំាង​ភិក្ខុ​នីសង្ឃ ​ឲ្យ​យល់ ​ឲ្យ​ប្រតិបត្តិ​តាម ឲ្យ​ក្លាហាន ឲ្យ​ជ្រះថ្លា​ដោយ​ធមី្មក​ថា​ ១ ​ជា​ទីស្រឡាញ់ ​ជា​ទីគាប់​ចិត្ត​នៃ​នាង​ភិក្ខុ​នី​ទាំង​ឡាយ​ដោយ​ច្រើន ១ ​ជា​អ្នក​មិន​ធ្លាប់​ត្រូវ​គរុកាបត្តិ [សំដៅ​យក​កាយសំសគ្គៈ ការចាប់​ពាល់​ត្រូវ​កាយ​ភិក្ខុ​នី ។ អដ្ឋក​ថា​ ។] ​ដោយ​នាង​ភិក្ខុ​នី ​ដែល​ស្លៀក​សំពត់​ជ្រលក់​ដោយ​ទឹក​អម្ចត់ បួស​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​អង្គនុ៎ះ ១ ​ជា​អ្នក​មាន​វស្សា ២០ ​ឬ​មាន​វស្សា​ច្រើន​ជា​ង ២០ ឡើង​ទៅ​ ១ ។ ​ម្នាល​អានន្ទ ​ភិក្ខុ​ប្រកប​ដោយ​ធម៌​ទាំង​ ៨ ប្រការ​នេះ​ឯង​ ទើប​សង្ឃ​គួរសន្មត​ជា​អ្នក​ឲ្យ​ឱវាទ​ដល់​នាង​ភិក្ខុ​នី​បាន​ ។

សំខិត្តសូត្រ ទី៣កែប្រែ

[៥៣] សម័យ​មួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​កាល​គង់​ក្នុង​កូដាគារសាលា នាមហាវន ក្បែរ​ក្រុង​វេសាលី ។ គ្រា​នោះ​ ​ព្រះ​នាង​មហាប​ជា​បតិ​គោតមី ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​លុះ​ចូល​ទៅ​ដល់ ក្រាប​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ រួច​ហើយ​ក៏ឋិតនៅ​ក្នុង​ទី​សម​គួរ ។ ​លុះ​ព្រះ​នាង​មហា​ប​ជា​បតិ​គោតមី ឋិតនៅ​ក្នុង​ទីសមគួរ​ហើយ​ ក៏​ក្រាប​បង្គំ​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ដូច្នេះ​ថា​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​សំដែង​ធម៌​ដោយ​សង្ខេប​ដល់​ខ្ញុំ​ព្រះ​អង្គ ព្រោះ​ថា​ ខ្ញុំ​ព្រះ​អង្គ​បាន​ស្ដាប់​ធម៌​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ហើយ គប្បី​ចៀសចេញ​ទៅ​តែម្នាក់​ឯង មិន​ប្រមាទ ​មាន​សេចក្ដី​ព្យាយាម ​ជា​គ្រឿងដុត​កំដៅកិលេស ​មាន​ចិត្ត​បញ្ជូន​ទៅ​កាន់​ព្រះ​និព្វាន (​មិន​ខាន) ។ ​ម្នាល​នាងគោតមី នាង​គប្បី​ដឹង​នូវ​ធម៌​ទាំង​ឡាយ​ណា ធម៌​ទាំង​នេះ​ រមែងប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រកប​ដោយ​តម្រេក ​មិន​ប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រាស​ចាក​តម្រេក ប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រកប​ក្នុង​វដ្តៈ ​មិន​ប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រាស​ចាក​ការ​ប្រកប​ក្នុង​វដ្ដៈ ប្រព្រឹត្ត​ទៅ​ ដើម្បីការសន្សំ​កិលេសវដ្ដៈ ​មិន​ប្រព្រឹត្ត​ទៅ​ ដើម្បី​មិន​មាន​ការសន្សំ​កិលេសវដ្ដៈ ប្រព្រឹត្ត​ទៅ​ ដើម្បីសេចក្ដី​ប្រាថ្នាច្រើន ​មិន​ប្រព្រឹត្ត​ទៅ​ ដើម្បី​សេចក្ដី​ប្រាថ្នាតិច ប្រព្រឹត្ត​ទៅ​ ដើម្បី​សេចក្ដី​មិន​សន្ដោស ​មិន​ប្រព្រឹត្ត​ទៅ​ ដើម្បីសេចក្ដី​សន្ដោស ប្រព្រឹត្ត​ទៅ​ ដើម្បី​ច្រឡូកច្រឡំ​ដោយ​ពួក មិន​ប្រព្រឹត្ត​ទៅ​ ដើម្បី​ស្ងាត់​ចាក​ពួក​ ប្រព្រឹត្ត​ទៅ​ ដើម្បី​សេចក្ដីខ្ជិល​ច្រអូស ​មិន​ប្រព្រឹត្ត​ទៅ​ ដើម្បីប្រារព្ធ​សេចក្ដី​ព្យាយាម ប្រព្រឹត្ត​ទៅ​ ដើម្បី​ឲ្យ​គេ​ចិញ្ចឹមក្រ ​មិន​ប្រព្រឹត្ត​ទៅ​ ដើម្បី​ឲ្យ​គេចិញ្ចឹមងាយ ។ ​ម្នាល​នាងគោតមី នាង​គប្បី​ចាំទុក​ដោយ​ពិតចុះ​ថា នេះ​មិន​មែន​ជា​ធម៌ ​នេះ​មិន​មែន​ជា​វិន័យ ​នេះ​មិន​មែន​ជា​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​សាស្ដា​ទេ ។ ​ម្នាល​នាង​គោតមី ​មួយ​ទៀត នាង​គប្បី​ដឹង​នូវ​ធម៌​ទាំង​ឡាយណា ធម៌​ទាំង​នេះ​ រមែង​ប្រព្រឹត្ត​ទៅ​ ដើម្បីប្រាស​ចាក​តម្រេក ​មិន​ប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រកប​ដោយ​តម្រេក ប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រាស​ចាក​ការ​ប្រកប​ក្នុង​វដ្តៈ ​មិន​ប្រព្រឹត្ត​ទៅ​ ដើម្បីការ​ប្រកប​ក្នុង​វដ្ដៈ ប្រព្រឹត្ត​ទៅ​ ដើម្បី​មិន​មាន​ការសន្សំ​កិលេសវដ្ដៈ ​មិន​ប្រព្រឹត្ត​ទៅ​ ដើម្បី​ការ​សន្សំកិលេសវដ្ដៈ ប្រព្រឹត្ត​ទៅ​ ដើម្បី​សេចក្ដីប្រាថ្នាតិច ​មិន​ប្រព្រឹត្ត​ទៅ​ ដើម្បី​សេចក្ដី​ប្រាថ្នាច្រើន ប្រព្រឹត្ត​ទៅ​ ដើម្បីសេចក្ដី​សន្ដោស ​មិន​ប្រព្រឹត្ត​ទៅ​ ដើម្បី​មិន​សន្ដោស ប្រព្រឹត្ត​ទៅ​ ដើម្បីសេចក្ដី​ស្ងាត់​ចាក​ពួក មិន​ប្រព្រឹត្ត​ទៅ​ ដើម្បីច្រឡូក​ច្រឡំ​ដោយ​ពួក​ ប្រព្រឹត្ត​ទៅ​ ដើម្បីប្រារព្ធ​សេចក្ដីព្យាយាម ​មិន​ប្រព្រឹត្ត​ទៅ​ ដើម្បីសេចក្ដី​ខ្ជិលច្រអូស ប្រព្រឹត្ត​ទៅ​ ដើម្បី​ឲ្យ​គេចិញ្ចឹម​ងាយ ​មិន​ប្រព្រឹត្ត​ទៅ​ ដើម្បី​ឲ្យ​គេ​ចិញ្ចឹមក្រ ។ ​ម្នាល​នាង​គោតមី នាង​គប្បី​ចាំទុក ​ដោយ​ពិតចុះ​ថា នេះ​ជា​ធម៌ ​នេះ​ជា​វិន័យ ​នេះ​ជា​ពាក្យ​ប្រៀនប្រដៅ ​របស់​ព្រះ​សាស្ដា​ហើយ​ ។

ទីឃ​ជា​ណុសូត្រ ទី៤កែប្រែ

[៥៤] សម័យ​មួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​គង់​ក្នុង​និគម​ឈ្មោះ​កក្ករបត្តៈ ​របស់​កោឡិយក្សត្រ ​ក្នុង​ដែន​កោឡិយៈ ។ គ្រា​នោះ​ ទីឃ​ជា​ណុកោឡិយបុត្រ (កោឡិយបុត្រ ​ឈ្មោះ​ទីឃ​ជា​ណុ) ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​លុះ​ចូល​ទៅ​ដល់ ក្រាប​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​រួច​ហើយ អង្គុយ​ក្នុង​ទីសមគួរ ។ ​លុះ​ទីឃ​ជា​ណុកោឡិយបុត្រ ​អង្គុយ​ក្នុង​ទីសមគួរ​ហើយ​ ក៏​ក្រាប​បង្គំ​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ យើងខ្ញុំ​ព្រះ​អង្គ​ជា​គ្រហស្ថ បរិភោគកាម តែង​គ្រប់គ្រង​ទីដំណេក​ចង្អៀតចង្អល់​ដោយ​កូន ប្រស់​ព្រំ​នូវ​លំអិត​នៃ​ខ្លឹមចន្ទន៍ ពីដែន​កាសី ទ្រ​ទ្រង់​នូវ​ផ្កាកម្រង គ្រឿងក្រអូប គ្រឿង​លាប ត្រេកអរ​នូវ​មាស ​និង​ប្រាក់ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​សំដែង​ធម៌​បែប​នោះ ដល់​យើងខ្ញុំ​ទាំង​ឡាយ​នោះ ជា​ធម៌​ប្រពឹត្ត​ទៅ​ ដើម្បី​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន ដើម្បី​សេចក្ដីសុខ​ក្នុង​បច្ចុប្បន្ន ដើម្បី​ប្រយោជន៍​ក្នុង​បរ​លោក​ ដើម្បី​សេចក្ដីសុខ ​ក្នុង​បរ​លោក ដល់​យើង​ខ្ញុំ​ព្រះ​អង្គ ។ ​ម្នាល​ព្យគ្ឃបជ្ជៈ [​ហៅ​តាម​បវេណី ព្រោះបុព្វបុរស ​គឺ​ត្រកូល​របស់​បុរស​នោះ​ កើតក្បែរផ្លូវខ្លាធំ ។ អដ្ឋក​ថា​ ។] ធម៌​ទាំង​ឡាយ ៤ ប្រការ​នេះ​ ប្រព្រឹត្ត​ទៅ​ ដើម្បីប្រយោជន៍​ក្នុង​បច្ចុប្បន្ន ដើម្បីសេចក្ដី​សុខ​ក្នុង​បច្ចុប្បន្ន ​ដល់​កុលបុត្រ ។ ធម៌៤ ប្រការ ​តើ​ដូចម្ដេច ។ ​គឺ​ ឧដ្ឋានសម្បទា ១ អារក្ខសម្បទា ១ កល្យាណមិត្តតា ១ សមជីវិតា ១ ។ ​ម្នាល​ព្យគ្ឃបជ្ជៈ ចុះឧដ្ឋានសម្បទា ​តើ​ដូចម្ដេច ។ ​ម្នាល​ព្យគ្ឃបជ្ជៈ កុលបុត្រ ​ក្នុង​លោក​នេះ​ ចិញ្ចឹមជីវិត ​ដោយ​ការ​ប្រឹងប្រែង ​ក្នុង​ការងារ​ណា ទោះភ្ជួររាស់​ក្ដី ជួញ​ប្រែក្ដី រក្សាគោក្ដី ការងារ​របស់​ខ្មាន់ធ្នូក្ដី ការងារ​របស់​រាជ​បុរសក្ដី សិល្បៈ​ណា​មួយ​ក្ដី ​ជា​អ្នក​ប៉ិន​ប្រសប់ ​ក្នុង​ការងារ​ទាំង​នោះ មិន​ខ្ជិលច្រអូស ​ប្រកប​ដោយ​ឧបាយ ​ជា​គ្រឿង​ពិចារណា ​ក្នុង​ការងារ​ទាំង​នោះ​ថា​ គួរធ្វើ គួរចាត់ចែង ​ម្នាល​ព្យគ្ឃបជ្ជៈ ​នេះ​ហៅ​ថា​ ឧដ្ឋានសម្បទា ។ ​ម្នាល​ព្យគ្ឃបជ្ជៈ ចុះ​អារក្ខសម្បទា ​តើ​ដូចម្ដេច ។ ​ម្នាល​ព្យគ្ឃបជ្ជៈ ភោគៈ​ទាំង​ឡាយ ​ដែល​កុលបុត្រ​ក្នុង​លោក​នេះ បាន​មក​ដោយ​កំឡាំង​ព្យាយាម ប្រឹងប្រែង សន្សំ​ដោយ​កំឡាំង​ដៃ​ បែកញើស ហូរញើស ​ជា​ភោគៈ​ប្រកប​ដោយ​ធម៌ ​បាន​មក​ដោយ​ធម៌ កុលបុត្រ​នោះ បាន​ញុំាង​ភោគៈ​ទាំង​នោះ ឲ្យ​សម្រេច​ដោយ​ការ​រក្សា​គ្រប់គ្រង ​ដោយ​គិត​ថា​ ធ្វើដូចម្ដេច កុំ​ឲ្យ​សេ្ដច​ទាំង​ឡាយ ​នាំ​យក​ភោគៈ​ទាំង​នេះ របស់​អាត្មា​អញ​ទៅ​បាន​ កុំ​ឲ្យ​ពួក​ចោរ​លួច​ទៅ​បាន​ កុំ​ឲ្យ​ភ្លើង​ឆេះ​បាន​ កុំ​ឲ្យ​ទឹក​បន្សាត់​ទៅ​បាន​ កុំ​ឲ្យ​ពួក​ទាយាទ ​មិន​ជា​ទីស្រឡាញ់ ដណ្ដើម​យក​ទៅ​បាន ម្នាល​ព្យគ្ឃបជ្ជៈ ​នេះ​ហៅ​ថា​ អារក្ខសម្បទា ។ ​ម្នាល​ព្យគ្ឃបជ្ជៈ ចុះ​កល្យាណមិត្តតា ​តើ​ដូចម្ដេច ។ ​ម្នាល​ព្យគ្ឃបជ្ជៈ កុលបុត្រ​ក្នុង​លោក​នេះ​ នៅអាស្រ័យ​ក្នុង​ស្រុក ​ឬ​និគមណា ​ពួក​ជនណា ទោះ​គហបតីក្ដី គហបតិបុត្រក្ដី ក្មេង តែ​ចម្រើន​ដោយ​សីលក្ដី ចាស់​ហើយ​ តែ​ចម្រើន​ដោយ​សីលក្ដី បរិបូណ៌​ដោយ​សទ្ធា បរិបូណ៌​ដោយ​សីល បរិបូណ៌​ដោយ​ចាគៈ បរិបូណ៌​ដោយ​បញ្ញា ​ដែល​នៅ​ក្នុង​ស្រុក ​ឬ​និគម​នោះ​ កុលបុត្រ​នោះ​ តែងឈរ ចរចា សាកច្ឆា​ជា​មួយ​នឹង​ពួក​ជន​ទាំង​នោះ​ តែង​សិក្សា​នូវ​សទ្ធាសម្បទា​នឹង​ពួក​ជន​អ្នក​បរិបូណ៌​ដោយ​សទ្ធា ​តាម​សមគួរ សិក្សា​នូវ​សីលសម្បទា ​នឹង​ពួក​ជន​អ្នក​បរិបូណ៌​ដោយ​សីល ​តាម​សមគួរ សិក្សា​នូវ​ចាគសម្បទា ​នឹង​ពួក​ជន​អ្នក​បរិបូណ៌​ដោយ​ចាគៈ ​តាម​សមគួរ សិក្សា​នូវ​បញ្ញាសម្បទា ​នឹង​ពួក​ជន​អ្នក​បរិបូណ៌​ដោយ​បញ្ញា ​តាម​សមគួរ ​ម្នាល​ព្យគ្ឃបជ្ជៈ ​នេះ​ហៅ​ថា​ កល្យាណមិត្តតា ។ ​ម្នាល​ព្យគ្ឃបជ្ជៈ ចុះសមជីវិតា ​តើ​ដូចម្តេច ។ ​ម្នាល​ព្យគ្ឃបជ្ជៈ កុលបុត្រ​ក្នុង​លោក​នេះ ដឹង​ច្បាស់​នូវ​ការ​ចម្រើន​នៃ​ភោគៈ​ទាំង​ឡាយ​ផង ដឹង​ច្បាស់​នូវ​ការ​វិនាស​ទៅ នៃ​ភោគៈ​ទាំង​ឡាយ​ផង ហើយ​ចិញ្ចឹម​ជីវិតស្មើ ​មិន​ខ្ជះខ្ជាយពេក ​មិន​ក្បិតក្បៀត​ពេក ​ដោយ​គិត​ថា​ សេចក្ដី​ចម្រើន​របស់​អាត្មា​អញ នឹង​គ្របសង្កត់​សេចក្ដី​វិនាស​យ៉ាង​នេះ​ ឯសេចក្ដី​វិនាស​របស់​អាត្មា​អញ នឹង​កុំគ្រប​សង្កត់​សេចក្ដី​ចម្រើន​បាន​ឡើយ ។ ​ម្នាល​ព្យគ្ឃបជ្ជៈ ប្រៀបដូច​ជន​អ្នក​ថ្លឹង​ជញ្ជីង​ក្ដី កូនសិស្ស​នៃ​ជន​អ្នក​ថ្លឹង​ជញ្ជីងក្ដី លើក​នូវ​ជញ្ជីង​ថ្លឹង​ហើយ​ ក៏​ដឹង​ថា​ ទន់​ទៅ​ខាង​ម្ខាង​ផង​ បះឡើង​ខាងម្ខាង​ផង​ យ៉ាងណាមិញ ​ម្នាល​ព្យគ្ឃបជ្ជៈ កុលបុត្រ​អ្នក​ដឹង​ច្បាស់​នូវ​ការ​ចម្រើន​នៃ​ភោគៈ​ទាំង​ឡាយ​ផង ដឹង​ច្បាស់​នូវ​ការ​វិនាស​ទៅ នៃ​ភោគៈ​ទាំង​ឡាយ​ផង ហើយ​ចិញ្ចឹម​ជិវិតស្មើ ​មិន​ខ្ជះខ្ជាយពេក ​មិន​ក្បិតក្បៀត​ពេក ​ដោយ​គិត​ថា​ សេចក្ដី​ចម្រើន របស់​អាត្មា​អញ នឹង​គ្របសង្កត់​សេចក្ដី​វិនាស​យ៉ាង​នេះ​ ឯសេចក្ដី​វិនាស​របស់​អាត្មា​អញ នឹង​កុំគ្របសង្កត់​សេចក្ដី​ចម្រើន​បាន​ឡើយ ក៏យ៉ាង​នោះ​ដែរ​ ។ ​ម្នាល​ព្យគ្ឃបជ្ជៈ ប្រសិនបើ​កុលបុត្រ​នេះ មាន​សេចក្ដី​ចម្រើន​តិច ​ហើយ​ចិញ្ចឹម​ជីវិតច្រើន​លើស​លុប ​អ្នក​ផង​តែងនិយាយ​ដល់​កុលបុត្រ​នោះ​ថា​ កុលបុត្រ​នេះ​ បរិភោគ​នូវ​ភោគៈ​ទាំង​ឡាយ ដូច​ជា​គេ​ស៊ីផ្លែល្វា [​អ្នក​ចង់​ស៊ីផ្លែល្វា ​មិន​បេះ​ឲ្យ​ល្មម​តែបរិភោគឆ្អែត ​ទៅ​ចាប់​ដើម​អង្រន់ ​ឲ្យ​ជ្រុះ​ផ្លែ​ទាំង​អស់​នោះ​តែម្តង ​ហើយ​រើស​យក​តែផ្លែណា​ដែល​គួរស៊ី​បាន​ ផ្លែ​ក្រៅពី​នោះ​ នៅសល់ចោល​ជា​ច្រើន ។ អដ្ឋក​ថា​ ។] ។ ​ម្នាល​ព្យគ្ឃបជ្ជៈ ប្រសិនបើ​កុលបុត្រ​នេះ មាន​សេចក្ដី​ចម្រើន​ធំ​ហើយ​ ចិញ្ចឹមជីវិត​ដោយ​ក្បិតក្បៀត ​អ្នក​ផង​ទាំង​ឡាយ រមែងនិយាយ​ដល់​កុលបុត្រ​នោះ​ថា​ កុលបុត្រ​នេះ​ មុខ​ជា​នឹង​ស្លាប់ ៗ ​ដោយ​ឥតទីពឹង ។ ​ម្នាល​ព្យគ្ឃបជ្ជៈ ​កាល​ណា​កុលបុត្រ​នេះ ដឹង​ច្បាស់​នូវ​សេចក្ដី​ចម្រើន នៃ​ភោគៈ​ទាំង​ឡាយ​ផង ដឹង​ច្បាស់​នូវ​សេចក្ដី​វិនាស​នៃ​ភោគៈ​ទាំង​ឡាយ​ផង ហើយ​ចិញ្ចឹម​ជីវិតស្មើ ​មិន​ខ្ជះខ្ជាយ​ពេក ​មិន​ក្បិតក្បៀត​ពេក ​ដោយ​គិត​ថា​ សេចក្ដី​ចម្រើន​របស់​អាត្មា​អញ នឹង​គ្របសង្កត់​នូវ​សេចក្ដី​វិនាស​យ៉ាង​នេះ​ ឯសេចក្ដី​វិនាស របស់​អាត្មា​អញ នឹង​កុំគ្រប​សង្កត់សេចក្ដី​ចម្រើន​បាន​ឡើយ ​ម្នាល​ព្យគ្ឃបជ្ជៈ ​នេះ​ហៅ​ថា​ សមជីវិតា ។ ​ម្នាល​ព្យគ្ឃបជ្ជៈ ​កាល​ដែល​ភោគៈ​ទាំង​ឡាយ ​ចម្រើន​ឡើង​យ៉ាង​នេះ​ហើយ​ រមែង​មាន​ផ្លូវ​នៃ​សេចក្ដី​វិនាស​ ៤ យ៉ាង គឺ ជា​អ្នក​លេងស្រី ១ លេងសុរា ១ លេងល្បែងភ្នាល់ ១ ​មាន​មិត្រ​ដ៏​លាមក ​មាន​សំឡាញ់​ដ៏​លាមក សមគប់​នឹង​បុគ្គល​ដ៏​លាមក ១ ។ ​ម្នាល​ព្យគ្ឃបជ្ជៈ ដូច​ស្រះ​ទឹក​ដ៏​ធំ ​មាន​ផ្លូវ​នៃ​សេចក្ដី​ចម្រើន​ ៤ យ៉ាង​ផង មាន​ប្រធាន​នៃ​សេចក្ដី​វិនាស​ ៤ យ៉ាង​ផង​ បុរស​គប្បី​បិទ​ខ្ទប់​នូវ​ផ្លូវ​នៃ​សេចក្ដី​វិនាស​ទាំង​នោះ របស់​ស្រះ​នោះ​ក្ដី ​គប្បី​បើក​បង្ហូរ​នូវ​ផ្លូវ​នៃ​សេចក្ដី​វិនាស​ទាំង​នោះ របស់​ស្រះ​នោះ​ក្ដី ​ទាំង​ភ្លៀង ក៏​មិន​បង្អោរ​នូវ​ធារ​ទឹក​ដោយ​ប្រពៃក្ដី ​ម្នាល​ព្យគ្ឃបជ្ជៈ ​កាល​បើ​យ៉ាង​នេះ​ហើយ​ ស្រះ​ដ៏​ធំ​នោះ នឹង​មាន​សេចក្ដី​សាបសូន្យ​ជា​ប្រាកដ ​មិន​មាន​សេចក្ដី​ចម្រើន​ឡើយ​ យ៉ាងណាមិញ ​ម្នាល​ព្យគ្ឃបជ្ជៈ ​កាល​ភោគៈ​ទាំង​ឡាយ ​ចម្រើន​ឡើង​យ៉ាង​នេះ​ហើយ​ រមែង​មាន​ផ្លូវ​នៃ​សេចក្ដី​វិនាស​ ៤ យ៉ាង​គឺ ជា​អ្នក​លេងស្រី ១ លេងសុរា ១ លេងល្បែងភ្នាល់ ១ ​មាន​មិត្រ​ដ៏​លាមក ​មាន​សំឡាញ់​ដ៏​លាមក សមគប់​នឹង​បុគ្គល​ដ៏​លាមក ១ ក៏យ៉ាង​នោះ​ដែរ​ ។ ​ម្នាល​ព្យគ្ឃបជ្ជៈ ​កាល​បើភោគៈ​ទាំង​ឡាយ ​ចម្រើន​ឡើង​យ៉ាង​នេះ​ហើយ​ ប្រធាន​នៃ​សេចក្ដី​ចម្រើន​ ៤ យ៉ាង​គឺ ជា​អ្នក​មិន​លេងស្រី ១ ​មិន​លេងសុរា ១ ​មិន​លេង​ល្បែងភ្នាល់១ ​មាន​មិត្រល្អ ​មាន​សំឡាញ់ល្អ សមគប់​នឹង​បុគ្គលល្អ ១ ក៏​មាន​ឡើង ។ ​ម្នាល​ព្យគ្ឃបជ្ជៈ ដូចស្រះ​ទឹក​ដ៏​ធំ ​មាន​ផ្លូវ​នៃ​សេចក្ដី​ចម្រើន​ ៤ យ៉ាង​ផង មាន​ប្រធាន​នៃ​សេចក្ដី​វិនាស​ ៤ យ៉ាង​ផង​ បុរស​គប្បី​បើក​បង្ហូរ​នូវ​ផ្លូវ​នៃ​សេចក្ដី​ចម្រើន​ទាំង​នោះ របស់​ស្រះ​នោះ​ផង គប្បី​បិទ​នូវ​ផ្លូវ​នៃ​សេចក្ដី​វិនាស​ទាំង​នោះ របស់​ស្រះ​នោះ​ផង ទាំង​ភ្លៀង ក៏បង្អោរ​ចុះ​នូវ​ធារ​ទឹក ដោយ​ប្រពៃ​ផង ម្នាល​ព្យគ្ឃបជ្ជៈ ​កាល​បើ​យ៉ាង​នេះ​ហើយ​ សេចក្ដី​ចម្រើន​របស់​ស្រះ​នោះ នឹង​មាន​ប្រាកដ ​មិន​មាន​សេចក្ដី​សាបសូន្យ​ឡើយ យ៉ាង​ណាមិញ ​ម្នាល​ព្យគ្ឃបជ្ជៈ ​កាល​បើ​ភោគៈ​ទាំង​ឡាយ ​ចម្រើន​ឡើង​យ៉ាង​នេះ​ហើយ​ រមែង​មាន​ផ្លូវ ​នៃ​សេចក្ដី​ចម្រើន​ ៤ យ៉ាង​គឺ អ្នក​មិន​លេងស្រី ១ ​មិន​លេងសុរា ១ ​មិន​លេង​ល្បែងភ្នាល់ ១ ​មាន​មិត្រល្អ ​មាន​សំឡាញ់ល្អ សមគប់​នឹង​បុគ្គលល្អ ១ ក៏យ៉ាង​នោះ​ដែរ​ ។ ​ម្នាល​ព្យគ្ឃបជ្ជៈ ធម៌​ទាំង​ឡាយ ៤ ប្រការ​នេះ​ឯង​ ប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន ដើម្បីសេចក្ដីសុខ​ក្នុង​បច្ចុប្បន្ន ​ដល់​កុលបុត្រ ។ ​ម្នាល​ព្យគ្ឃបជ្ជៈ ធម៌​ទាំង​ឡាយ ៤ ប្រការ​នេះ​ ប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រយោជន៍​ក្នុង​បរ​លោក​ ដើម្បី​សេចក្ដីសុខ​ក្នុង​បរ​លោក ដល់​កុលបុត្រ ។ ធម៌ ៤ ប្រការ ​តើ​ដូចម្ដេច ។ ​គឺ​សទ្ធាសម្បទា ១ សីលសម្បទា ១ ចាគសម្បទា ១ បញ្ញាសម្បទា ១ ។ ​ម្នាល​ព្យគ្ឃបជ្ជៈ ចុះ​សទ្ធាសម្បទា ​តើ​ដូចម្ដេច ។ ​ម្នាល​ព្យគ្ឃបជ្ជៈ កុលបុត្រ​ក្នុង​លោក​នេះ ជា​អ្នក​មាន​សទ្ធា ជឿការ​ត្រាស់​ដឹង​នៃ​ព្រះ​តថាគត​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​អង្គ​នោះ​ ។បេ។ ​ជា​សាស្ដា​នៃ​ទេវតា ​និង​មនុស្ស​ទាំង​ឡាយ ​ទ្រង់​ត្រាស់​ដឹង​នូវ​ចតុរារិយសច្ច ​ទ្រង់​លែង​វិលត្រឡប់​មកកាន់​ភព​ថ្មី​ទៀត​ហើយ ម្នាល​ព្យគ្ឃបជ្ជៈ ​នេះ​ហៅ​ថា​សទ្ធាសម្បាទា ។ ​ម្នាល​ព្យគ្ឃបជ្ជៈ ចុះ​សីលសម្បទា ​តើ​ដូចម្ដេច ។ ​ម្នាល​ព្យគ្ឃបជ្ជៈ កុលបុត្រ​ក្នុង​លោក​នេះ ជា​អ្នក​វៀរ​ចាក​បាណាតិបាត ។បេ។ វៀរ​ចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន ​ម្នាល​ព្យគ្ឃបជ្ជៈ ​នេះ​ហៅ​ថា​ សីលសម្បទា ។ ​ម្នាល​ព្យគ្ឃបជ្ជៈ ចុះ​ចាគៈសម្បទា ​តើ​ដូចម្ដេច ។ ​ម្នាល​ព្យគ្ឃបជ្ជៈ កុលបុត្រ​ក្នុង​លោក​នេះ មាន​ចិត្ត​ប្រាស​ចាក​មន្ទិល ​គឺ​សេចក្ដី​កំណាញ់ នៅគ្រប់​គ្រង​ផ្ទះ មាន​ទាន​បរិច្ចាគ​រួចស្រឡះ​ហើយ មាន​ដៃ​លាង​ហើយ​ ត្រេកអរ​ក្នុង​ការលះបង់ គួរ​ដល់​ស្មូម ត្រេកអរ​ក្នុង​ការចែក​រលែក​នូវ​ទាន ​ម្នាល​ព្យគ្ឃបជ្ជៈ ​នេះ​ហៅ​ថា​ ចាគសម្បទា ។ ​ម្នាល​ព្យគ្ឃបជ្ជៈ ចុះ​បញ្ញាសម្បទា ​តើ​ដូចម្ដេច ។ ​ម្នាល​ព្យគ្ឃបជ្ជៈ កុលបុត្រ​ក្នុង​លោក​នេះ មាន​ប្រាជ្ញា ប្រកប​ដោយ​ប្រាជ្ញា ​ជា​ដំណើរ​យល់ការ​សេចក្ដី​ចម្រើន និង​សេចក្ដី​វិនាស ជា​ប្រាជ្ញា​ដ៏​ប្រសើរ​មុះមុត ​ជា​ដំណើរ​យល់ការ​ដែល​អស់​ទៅ នៃ​ទុក្ខ​ដោយ​ប្រពៃ ​ម្នាល​ព្យគ្ឃបជ្ជៈ ​នេះ​ហៅ​ថា​ បញ្ញាសម្បទា ។ ​ម្នាល​ព្យគ្ឃបជ្ជៈ ធម៌​ទាំង​៤ យ៉ាង​នេះ​ឯង​ រមែង​ប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រយោជន៍​ក្នុង​បរ​លោក​ ដើម្បី​សេចក្ដីសុខ​ក្នុង​បរ​លោក ដល់​កុលបុត្រ ។

កុលបុត្រ ​អ្នក​មាន​ព្យាយាម​ប្រឹងប្រែង ​ក្នុង​ទី​នៃ​ការងារ​ទាំង​ឡាយ ១ ​មិន​ប្រហែស​ធ្វេស​មាន​ការចាត់ចែង ១ ចិញ្ចឹម​ជីវិតស្មើ ១ ចេះ​ថែរក្សាទ្រព្យ ​ដែល​រក​បាន​មក ១ ​មាន​សទ្ធា ១ បរិបូណ៌​ដោយ​សីល ១ ​ដឹង​នូវ​ពាក្យ​ពេចន៍ ១ ប្រាស​ចាក​សេចក្ដី​កំណាញ់ រមែងជំរះ​នូវ​ផ្លូវ មាន​សួស្ដី ​ជា​ផ្លូវ​ទៅ​កាន់​បរ​លោក​ជា​និច្ច ១ ធម៌​ទាំង​៨ ប្រការ​នេះ​ តែង​នាំ​មក​នូវ​សេចក្ដី​សុខ​ក្នុង​លោក​ទាំង​ពីរ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ព្រះ​អង្គ​ជា​សច្ចនាម ​ទ្រង់​សំដែង​ហើយ ដល់​កុលបុត្រ​អ្នក​មាន​សទ្ធា ស្វែង​រក​ផ្ទះ​ ដើម្បី​ប្រយោជន៍ ​ក្នុង​បច្ចុប្បន្ន​ផង​ ដើម្បី​សេចក្ដីសុខ​ក្នុង​បរ​លោក​ផង ដោយ​ប្រការ​ដូច្នេះ ការ​បរិច្ចាគ ​និង​បុណ្យ​នេះ​ តែង​ចម្រើន​ដល់​គ្រហស្ថ​ទាំង​ឡាយ យ៉ាង​នេះ​ឯង​ ។

ឧជ្ជយសូត្រ ទី៥កែប្រែ

[៥៥] លំដាប់​នោះ​ ឧជ្ជយព្រាហ្មណ៍ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​លុះ​ចូល​ទៅ​ដល់​ហើយ​ ក៏និយាយរីករាយ​ជា​មួយ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​លុះ​បញ្ចប់​ពាក្យ ដែល​គួរ​រីករាយ ​និង​ពាក្យ​ដែល​គួររលឹក​ហើយ​ ក៏​អង្គុយ​ក្នុង​ទី​សមគួរ ។ ​លុះ​ឧជ្ជយព្រាហ្មណ៍ ​អង្គុយ​ក្នុង​ទី​សមគួរ​ហើយ​ ក៏​ក្រាប​បង្គំ​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ដូច្នេះ​ថា​ បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ យើងខ្ញុំ​មាន​ប្រាថ្នា ដើម្បី​ទៅ​ឃ្លាត​ចេញ​អំពី​ស្រុក ធម៌​ទាំង​ឡាយ​ណា ប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រយោជន៍ ​ក្នុង​បច្ចុប្បន្ន ដើម្បី​សេចក្ដីសុខ ​ក្នុង​បច្ចុប្បន្ន ដើម្បី​ប្រយោជន៍​ក្នុង​បរ​លោក​ ដើម្បី​សេចក្តី​សុខ ​ក្នុង​បរ​លោក គប្បី​មាន​ដល់​ពួក​យើងខ្ញុំ សូម​ព្រះ​គោតម​ដ៏​ចម្រើន ទ្រង់​សំដែង​នូវ​ធម៌​នោះ​ដល់​យើងខ្ញុំ ។ ​ព្រះ​អង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ ធម៌​ទាំង​ឡាយ ៤ ប្រការ​នេះ​ ប្រព្រឹត្ត​ទៅ​ ដើម្បីប្រយោជន៍ ​ក្នុង​បច្ចុប្បន្ន ដើម្បីសេចក្ដី​សុខ ​ក្នុង​បច្ចុប្បន្ន ​ដល់​កុលបុត្រ ។ ធម៌៤ ប្រការ ​តើ​ដូចម្ដេច ។ ​គឺ​ ឧដ្ឋានសម្បទា ១ អារក្ខសម្បទា ១ កល្យាណមិត្តតា ១ ​សមជីវិតា ១ ។ ​ម្នាល​ព្រាហ្មណ៍ ចុះឧដ្ឋានសម្បទា ​តើ​ដូចម្តេច ។ ​ម្នាល​ព្រាហ្មណ៍ កុលបុត្រ​ក្នុង​លោក​នេះ​ ចិញ្ចឹម​ជីវិត​ដោយ​ការ​ប្រឹងប្រែង ​ក្នុង​ការងារ​ណា ទោះភ្ជួរក្ដី ជួញប្រែក្ដី រក្សាគោក្តី ការងារ​របស់​ខ្មាន់ធ្នូក្ដី ការងារ​របស់​រាជបុរស​ក្ដី សិល្បៈណា​មួយ​ក្ដី ​ជា​អ្នក​ប៉ិន​ប្រសប់​ក្នុង​ការងារ​ទាំង​នោះ មិន​ខ្ជិល​ច្រអូស ​ប្រកប​ដោយ​ឧបាយ ​ជា​គ្រឿង​ពិចារណា ​ក្នុង​ការងារ​ទាំង​នោះ​ថា​ គួរធ្វើ គួរ​ចាត់ចែង ​ម្នាល​ព្រាហ្មណ៍ ​នេះ​ហៅ​ថា​ ឧដ្ឋានសម្បទា ។ ​ម្នាល​ព្រាហ្មណ៍ ចុះ​អារក្ខសម្បទា ​តើ​ដូចម្ដេច ។ ​ម្នាល​ព្រហ្មណ៍ ភោគៈ​ទាំង​ឡាយ ​ដែល​កុលបុត្រ​ក្នុង​លោក​នេះ បាន​មក​ដោយ​កំឡាំង​ព្យាយាម ប្រឹងប្រែង សន្សំ ​ដោយ​កំឡាំង​ដៃ​ បែកញើស ហូរញើស ​ជា​ភោគៈ ​ប្រកប​ដោយ​ធម៌ កុលបុត្រ​នោះ​ រមែងញុំាង​ភោគៈ​ទាំង​នោះ ឲ្យ​សម្រេច ​ដោយ​ការ​រក្សា​គ្រប់គ្រង ដោយ​គិត​ថា​ ធ្វើដូចម្ដេច កុំ​ឲ្យ​សេ្ដច​ទាំង​ឡាយ ​នាំ​យក​ភោគៈ​ទាំង​នេះ របស់​អាត្មា​អញ​ទៅ​បាន​ កុំ​ឲ្យ​ពួក​ចោរ​លួច​យក​ទៅ​បាន​ កុំ​ឲ្យ​ភ្លើង​ឆេះ​បាន​ កុំ​ឲ្យ​ទឹក​បន្សាត់​ទៅ​បាន​ កុំ​ឲ្យ​ពួក​ទាយាទ ​មិន​ជា​ទី​ស្រឡាញ់ ដណ្ដើម​យក​ទៅ​បាន ម្នាល​ព្រាហ្មណ៍ ​នេះ​ហៅ​ថា​អារក្ខសម្បទា ។ ​ម្នាល​ព្រាហ្មណ៍ ចុះ​កល្យាណមិត្តតា ​តើ​ដូចម្ដេច ។ ​ម្នាល​ព្រាហ្មណ៍ កុលបុត្រ​ក្នុង​លោក​នេះ​ នៅអាស្រ័យ​ក្នុង​ស្រុក ​ឬ​និគម​ណា ​ពួក​ជនណា ទោះ​គហបតី​ក្ដី គហបតិ​បុត្រក្ដី ក្មេង​ តែ​ចម្រើន​ដោយ​សីល ចាស់​ហើយ​តែ​ចម្រើន​ដោយ​សីល បរិបូណ៌​ដោយ​សទ្ធា បរិបូណ៌​ដោយ​សីល បរិបូណ៌​ដោយ​ចាគៈ បរិបូណ៌​ដោយ​បញ្ញា ​មាន​នៅ​ក្នុង​ស្រុក ​ឬ​និគម​នោះ​ (កុលបុត្រ​នោះ​) រមែង​ឈរចរចា សាកច្ឆា​ជា​មួយ​នឹង​ពួក​ជន​ទាំង​នោះ​ តែង​សិក្សា​នូវ​សទ្ធាសម្បទា ​នឹង​ពួក​ជន​អ្នក​បរិបូណ៌​ដោយ​សទ្ធា ​តាម​សមគួរ សិក្សា​នូវ​សីលសម្បទា នឹង​ពួក​ជន​អ្នក​បរិបូណ៌​ដោយ​សីល ​តាម​សមគួរ សិក្សា​នូវ​ចាគសម្បទា ​នឹង​ពួក​ជន​អ្នក​បរិបូណ៌​ដោយ​ចាគៈ ​តាម​សមគួរ សិក្សា​នូវ​បញ្ញាសម្បទា ​នឹង​ពួក​ជន​អ្នក​បរិបូណ៌​ដោយ​បញ្ញា ​តាម​សមគួរ ​ម្នាល​ព្រាហ្មណ៍ ​នេះ​ហៅ​ថា​ កល្យាណមិត្តតា ។ ​ម្នាល​ព្រាហ្មណ៍ ចុះ​សមជីវិតា ​តើ​ដូចម្ដេច ។ ​ម្នាល​ព្រាហ្មណ៍ កុលបុត្រ​ក្នុង​លោក​នេះ ដឹង​ច្បាស់​នូវ​ការ​ចម្រើន​នៃ​ភោគៈ​ទាំង​ឡាយ​ផង ដឹង​ច្បាស់​នូវ​ការ​វិនាស​ទៅ នៃ​ភោគៈ​ទាំង​ឡាយ​ផង ហើយ​ចិញ្ចឹម​ជីវិតស្មើ ​មិន​ខ្ជះខ្ជាយ​ពេក ​មិន​ក្បិតក្បៀត​ពេក ​ដោយ​គិត​ថា​ សេចក្ដី​ចម្រើន​របស់​អាត្មា​អញ នឹង​គ្របសង្កត់​សេចក្ដី​វិនាស​យ៉ាង​នេះ​ ឯ​សេចក្ដី​វិនាស របស់​អាត្មា​អញ នឹង​កុំគ្របសង្កត់​សេចក្ដី​ចម្រើន​បាន​ឡើយ ។ ​ម្នាល​ព្រាហ្មណ៍ ប្រៀប​ដូចជន​អ្នក​ថ្លឹង​ជញ្ជីង​ក្ដី កូនសិស្ស​នៃ​ជន​អ្នក​ថ្លឹងជញ្ជីង​ក្ដី លើក​នូវ​ជញ្ជីងថ្លឹង ​ហើយ​ក៏​ដឹង​ថា​ ទន់​ទៅ​ខាងម្ខាង បះឡើង​ខាងម្ខាង​ផង​ យ៉ាងណាមិញ ​ម្នាល​ព្រាហ្មណ៍ កុលបុត្រ​អ្នក​ដឹង​ច្បាស់​នូវ​ការ​ចម្រើន នៃ​ភោគៈ​ទាំង​ឡាយ​ផង ដឹង​ច្បាស់​នូវ​ការ​វិនាស​ទៅ នៃ​ភោគៈ​ទាំង​ឡាយ​ផង ហើយ​ចិញ្ចឹម​ជីវិតស្មើ ​មិន​ខ្ជះខ្ជាយពេក ​មិន​ក្បិត​ក្បៀតពេក ​ដោយ​គិត​ថា​ សេចក្ដី​ចម្រើន​របស់​អាត្មា​អញ នឹង​គ្របសង្កត់​សេចក្ដី​វិនាស​យ៉ាង​នេះ​ ឯ​សេចក្ដី​វិនាស​របស់​អាត្មា​អញ នឹង​កុំគ្របសង្កត់​សេចក្ដី​ចម្រើន​បាន​ឡើយ ក៏យ៉ាង​នោះ​ដែរ​ ។ ​ម្នាល​ព្រាហ្មណ៍ ប្រសិនបើ​កុលបុត្រ​នេះ មាន​សេចក្ដី​ចម្រើន​តិច តែ​ចិញ្ចឹមជីវិត ច្រើន​លើស​លុប ​អ្នក​ផង​ទាំង​ឡាយ តែង​និយាយ​ដល់​កុលបុត្រ​នោះ​ថា​ កុលបុត្រ​នេះ​ បរិភោគ​នូវ​ភោគៈ​ទាំង​ឡាយ ដូច​ជា​គេ​ស៊ីផ្លែល្វា ។ ​ម្នាល​ព្រាហ្មណ៍ ប្រសិនបើ​កុលបុត្រ​នេះ មាន​សេចក្ដី​ចម្រើន​ធំ តែ​ចិញ្ចឹម​ជីវិត ​ដោយ​ក្បិតក្បៀត ​អ្នក​ផង​ទាំង​ឡាយ រមែង​និយាយ​ដល់​កុលបុត្រ​នោះ​ថា​ កុលបុត្រ​នេះ​ មុខ​ជា​នឹង​ស្លាប់ ៗ ​ដោយ​ឥត​ទីពឹង ។ ​ម្នាល​ព្រាហ្មណ៍ ​កាល​ណា​កុលបុត្រ​នេះ ដឹង​ច្បាស់​នូវ​ការ​ចម្រើន នៃ​ភោគៈ​ទាំង​ឡាយ​ផង ដឹង​ច្បាស់​នូវ​ការ​វិនាស​ទៅ នៃ​ភោគៈ​ទាំង​ឡាយ​ផង ហើយ​ចិញ្ចឹម​ជីវិតស្មើ ​មិន​ខ្ជះខ្ជាយ​ពេក ​មិន​ក្បិតក្បៀតពេក ​ដោយ​គិត​ថា​ សេចក្ដី​ចម្រើន​របស់​អាត្មា​អញ នឹង​គ្របសង្កត់​សេចក្ដី​វិនាស​ យ៉ាង​នេះ​ ឯ​សេចក្ដី​វិនាស របស់​អាត្មា​អញ នឹង​កុំគ្រប​សង្កត់​សេចក្ដី​ចម្រើន​បាន​ឡើយ ​ម្នាល​ព្រាហ្មណ៍ ​នេះ​ហៅ​ថា​ សមជីវិតា ។ ​ម្នាល​ព្រាហ្មណ៍ ​កាល​ដែល​ភោគៈ​ទាំង​ឡាយ ​ចម្រើន​ឡើង​យ៉ាង​នេះ​ហើយ​ រមែង​មាន​ផ្លូវ​នៃ​សេចក្ដី​វិនាស​ ៤ ប្រការ ​គឺ​ជា​អ្នក​លេងស្រី ១ លេងសុរា ១ លេងល្បែង​ភ្នាល់ ១ ​មាន​មិត្រលាមក ​មាន​សំឡាញ់​លាមក សមគប់​នឹង​បុគ្គលលាមក ១ ។ ​ម្នាល​ព្រាហ្មណ៍ ដូចស្រះធំ ​មាន​ផ្លូវ​នៃ​សេចក្ដី​ចម្រើន​ ៤ ​ផង មាន​ផ្លូវ​នៃ​សេចក្ដី​វិនាស​ ៤ ​ផង​ បុរស​គប្បី​បិទខ្ទប់​នូវ​ផ្លូវ​នៃ​សេចក្ដី​ចម្រើន​ទាំង​នោះ របស់​ស្រះ​នោះ​ផង គប្បី​បើកបង្ហូរ ​នូវ​ផ្លូវ​នៃ​សេចក្ដី​វិនាស​ទាំង​នោះ របស់​ស្រះ​នោះ​ផង ទាំង​ភ្លៀង​សោត ក៏​មិន​បង្អោរ​នូវ​ធារ​ទឹក ដោយ​ប្រពៃ​ផង ម្នាល​ព្រាហ្មណ៍ ​កាល​បើ​យ៉ាង​នេះ​ ស្រះ​ដ៏​ធំ​នោះ នឹង​មាន​សេចក្ដី​សាបសូន្យ​ជា​ប្រាកដ ​មិន​មាន​សេចក្ដី​ចម្រើន​ឡើយ យ៉ាងណា​មិញ ​ម្នាល​ព្រាហ្មណ៍ ​កាល​ដែល​ភោគៈ​ទាំង​ឡាយ ​ចម្រើន​ឡើង យ៉ាង​នេះ​ហើយ​ រមែង​មាន​ផ្លូវ​នៃ​សេចក្ដី​វិនាស​ ៤ យ៉ាង​គឺ ជា​អ្នក​លេងស្រី ១ លេងសុរា ១ លេងល្បែងភ្នាល់ ១ ​មាន​មិត្រលាមក ​មាន​សំឡាញ់​លាមក សមគប់​នឹង​បុគ្គលលាមក ១ ក៏យ៉ាង​នោះ​ដែរ​ ។ ​ម្នាល​ព្រាហ្មណ៍ ​កាល​ដែល​ភោគៈ​ទាំង​ឡាយ​ចម្រើន​ឡើង យ៉ាង​នេះ​ហើយ​ រមែង​មាន​ផ្លូវ​នៃ​សេចក្ដី​ចម្រើន​ ៤ ប្រការ​គឺ ជា​អ្នក​មិន​លេងស្រី ១ ​មិន​លេងសុរា ១ ​មិន​លេង​ល្បែងភ្នាល់ ១ ​មាន​មិត្រល្អ ​មាន​សំឡាញ់ល្អ សមគប់​នឹង​បុគ្គលល្អ ១ ។ ​ម្នាល​ព្រាហ្មណ៍ ស្រះធំ​មាន​ផ្លូវ​នៃ​សេចក្ដី​ចម្រើន​ ៤​ផង មាន​ផ្លូវ​នៃ​សេចក្ដី​វិនាស​ ៤​ផង​ បុរស​គប្បី​បើកបង្ហូរ​នូវ​ផ្លូវ​នៃ​សេចក្ដី​ចម្រើន​ទាំង​នោះ របស់​ស្រះ​នោះ​ផង គប្បី​បិទ​នូវ​ផ្លូវ​នៃ​សេចក្ដី​វិនាស​ទាំង​នោះ របស់​ស្រះ​នោះ​ផង ទាំង​ភ្លៀងសោត ក៏បង្អោរ​ចុះ​នូវ​ធារ​ទឹក​ដោយ​ប្រពៃ​ផង ម្នាល​ព្រាហ្មណ៍ ​កាល​បើ​យ៉ាង​នេះ​ហើយ​ សេចក្ដី​ចម្រើន​របស់​ស្រះ​នោះ នឹង​មាន​ប្រាកដ ​មិន​មាន​សេចក្ដី​សាបសូន្យ​ឡើយ យ៉ាងណា​មិញ ​ម្នាល​ព្រាហ្មណ៍ ​កាល​បើ​ភោគៈ​ទាំង​ឡាយ ​ចម្រើន​ឡើង យ៉ាង​នេះ​ហើយ​ រមែង​មាន​ផ្លូវ​នៃ​សេចក្ដី​ចម្រើន​ ៤ ប្រការ ​គឺ​ជា​អ្នក​មិន​លេង​ស្ត្រី​ ១ ។បេ។ សមគប់​នឹង​បុគ្គលល្អ ១ យ៉ាង​នោះ​ដែរ​ ។ ​ម្នាល​ព្រាហ្មណ៍ ធម៌​ទាំង​ឡាយ ៤ ប្រការ​នេះ​ឯង​ តែង​ប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន ដើម្បី​សេចក្តី​សុខ​ក្នុង​បច្ចុប្បន្ន ​ដល់​កុលបុត្រ ។ ​ម្នាល​ព្រាហ្មណ៍ ធម៌​ទាំង​ឡាយ ៤ ប្រការ​នេះ​ ប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រយោជន៍​ក្នុង​បរ​លោក​ ដើម្បីសេចក្ដី​សុខ ​ក្នុង​បរ​លោក ដល់​កុលបុត្រ ។ ធម៌ ៤ ប្រការ ​តើ​ដូចម្ដេច ។ ​គឺ​សទ្ធាសម្បទា ១ សីលសម្បទា ១ ចាគសម្បទា ១ បញ្ញាសម្បទា ១ ។ ​ម្នាល​ព្រាហ្មណ៍ ចុះ​សទ្ធាសម្បទា ​តើ​ដូចម្ដេច ។ ​ម្នាល​ព្រាហ្មណ៍ កុលបុត្រ​ក្នុង​លោក​នេះ ជា​អ្នក​មាន​សទ្ធា ជឿ​នូវ​ការ​ត្រាស់​ដឹង​នៃ​ព្រះ​តថាគត​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ អង្គ​នោះ​ ។បេ។ ​ជា​សាស្ដា​នៃ​ទេវតា ​និង​មនុស្ស​ទាំង​ឡាយ ​ទ្រង់​ត្រាស់​ដឹង​នូវ​ចតុរារិយសច្ច ​ទ្រង់​លែងវិល​ត្រឡប់មក​កាន់​ភព​ថ្មី​ទៀត​ហើយ ម្នាល​ព្រាហ្មណ៍ ​នេះ​ហៅ​ថា សទ្ធាសម្បាទា ។ ​ម្នាល​ព្រាហ្មណ៍ ចុះ​សីលសម្បទា ​តើ​ដូចម្ដេច ។ ​ម្នាល​ព្រាហ្មណ៍ កុលបុត្រ​ក្នុង​លោក​នេះ ជា​អ្នក​វៀរ​ចាក​បាណាតិបាត ។បេ។ វៀរ​ចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន ​ម្នាល​ព្រាហ្មណ៍ ​នេះ​ហៅ​ថា​ សីលសម្បទា ។ ​ម្នាល​ព្រាហ្មណ៍ ចុះ​ចាគសម្បទា ​តើ​ដូចម្ដេច ។ ​ម្នាល​ព្រាហ្មណ៍ កុលបុត្រ​ក្នុង​លោក​នេះ មាន​ចិត្ត​ប្រាស​ចាក​មន្ទិល ​គឺ​សេចក្ដី​កំណាញ់ នៅគ្រប់គ្រង​ផ្ទះ មាន​ទាន​បរិច្ចាគ​រួច​ស្រឡះ​ហើយ មាន​ដៃ​លាង​ហើយ​ ត្រេកអរ​ក្នុង​ការលះបង់ ​ជា​អ្នក​គួរ​ដល់​ស្មូម ត្រេកអរ​ក្នុង​ការចែក​រលែក​នូវ​ទាន ​ម្នាល​ព្រាហ្មណ៍ ​នេះ​ហៅ​ថា​ ចាគសម្បទា ។ ​ម្នាល​ព្រាហ្មណ៍ ចុះបញ្ញាសម្បទា ​តើ​ដូចម្ដេច ។ ​ម្នាល​ព្រាហ្មណ៍ កុលបុត្រ​ក្នុង​លោក​នេះ ជា​អ្នក​មាន​ប្រាជ្ញា ។បេ។ ​ជា​ដំណើរ​យល់ការ ​ដែល​អស់​ទៅ​នៃ​ទុក្ខ​ដោយ​ប្រពៃ ​ម្នាល​ព្រាហ្មណ៍ ​នេះ​ហៅ​ថា​ បញ្ញាសម្បទា ។ ​ម្នាល​ព្រាហ្មណ៍ ធម៌​ទាំង​ឡាយ ៤ ប្រការ​នេះ​ឯង​ តែង​ប្រព្រឹត្ត​ទៅ​ ដើម្បីប្រយោជន៍​ក្នុង​បរ​លោក​ ដើម្បី​សេចក្ដីសុខ ​ក្នុង​បរ​លោក ដល់​កុលបុត្រ ។

កុលបុត្រ​អ្នក​មាន​ព្យាយាម ប្រឹងប្រែង ​ក្នុង​ទី​នៃ​ការងារ​ទាំង​ឡាយ ១ ​មិន​ប្រហែស​ធ្វេស ​មាន​ការចាត់ចែង ១ ចិញ្ចឹមជីវិតស្មើ ១ ចេះថែរក្សាទ្រព្យ ​ដែល​រក​បាន​មក ១ ​មាន​សទ្ធា ១ បរិបូណ៌​ដោយ​សីល ១ ​ដឹង​នូវ​ពាក្យ​ពេចន៍ ១ ប្រាស​ចាក​សេចក្ដី​កំណាញ់ ជំរះ​នូវ​ផ្លូវ មាន​សួស្ដី ​ជា​ផ្លូវ​ទៅ​កាន់​បរ​លោក​ជា​និច្ច ១ ធម៌​ទាំង​ ៨ ប្រការ​នេះ​ តែង​នាំ​មក​នូវ​សេចក្ដីសុខ​ក្នុង​លោក​ទាំង​ពីរ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ព្រះ​អង្គ​ជា​សច្ចនាម ​ទ្រង់​សំដែង​ដល់​កុលបុត្រ​អ្នក​មាន​សទ្ធា ស្វែងរក​ផ្ទះ​ ដើម្បី​ប្រយោជន៍ ​ក្នុង​បច្ចុប្បន្ន​ផង​ ដើម្បី​សេចក្ដីសុខ​ក្នុង​បរ​លោក​ផង ដោយ​ប្រការដូច្នេះ ការ​បរិច្ចាគ ​និង​បុណ្យ​នេះ​ តែង​ចម្រើន​ដល់​គ្រហស្ថ​ទាំង​ឡាយ​ យ៉ាង​នេះ​ឯង​ ។

ភយសូត្រ ទី៦កែប្រែ

[៥៦] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ពាក្យ​ថា​ ភ័យ​នេះ ជា​ឈ្មោះ​របស់​កាម ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ពាក្យ​ថា​ ទុក្ខ​នេះ ជា​ឈ្មោះ​របស់​កាម ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ពាក្យ​ថា​ រោគ​នេះ ជា​ឈ្មោះ​របស់​កាម ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ពាក្យ​ថា​ ពក​នេះ ជា​ឈ្មោះ​របស់​កាម ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ពាក្យ​ថា​ ព្រួយ​នេះ ជា​ឈ្មោះ​របស់​កាម ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ពាក្យ​ថា ជា​ប់​ជំពាក់​នេះ ជា​ឈ្មោះ​របស់​កាម ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ពាក្យ​ថា​ ភក់​នេះ ជា​ឈ្មោះ​របស់​កាម ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ពាក្យ​ថា​ គភ៌​នេះ ជា​ឈ្មោះ​របស់​កាម ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុ​ដូចម្ដេច ​បាន​ជា​ពាក្យ​ថា​ ភ័យ​នេះ ជា​ឈ្មោះ​របស់​កាម ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ កុលបុត្រ​នេះ​ ត្រេកអរ​ដោយ​អំណាច​កាមរាគ ​ជា​ប់ជំពាក់​ដោយ​ឆន្ទរាគ រមែង​មិន​រួច​ចាក​ភ័យ​ក្នុង​បច្ចុប្បន្ន​ផង មិន​រួច​ចាក​ភ័យ​ក្នុង​បរ​លោក​ផង​ ហេតុ​នោះ​បាន​ជា​ពាក្យ​ថា​ ភ័យ​នេះ ជា​ឈ្មោះ​របស់​កាម ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុដូចម្ដេច ​បាន​ជា​ពាក្យ​ថា​ទុក្ខ ។បេ។ ​ថា​រោគ ​ថា​ពក ​ថា​ព្រួយ ​ថា​ជា​ប់ជំពាក់ ​ថា​ភក់ (​នេះ​ជា​ឈ្មោះ​របស់​កាម) ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុដូចម្ដេច ​បាន​ជា​ពាក្យ​ថា​គភ៌​នេះ ជា​ឈ្មោះ​របស់​កាម ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ កុលបុត្រ​នេះ​ ត្រេកអរ​ដោយ​អំណាច​កាមរាគ ​ជា​ប់ជំពាក់​ដោយ​ឆន្ទរាគ រមែង​មិន​រួច​ចាក​គភ៌ ​ក្នុង​បច្ចុប្បន្ន​ផង មិន​រួច​ចាក​គភ៌ ​ក្នុង​បរ​លោក​ផង​ ហេតុ​នោះ​បាន​ជា ពាក្យ​ថា​ គភ៌​នេះ ជា​ឈ្មោះ​របស់​កាម ។

បុថុជ្ជន​ជា​ប់ជំពាក់​ក្នុង​កាមណា កាម​ទាំង​ពីរនុ៎ះ ​លោក​ហៅ​ថា​ ភ័យ ​ថា​ទុក្ខ ​ថា​រោគ ​ថា​ពក ​ថា​ព្រួយ ​ថា​ការ​ជា​ប់ជំពាក់ ​ថា​ភក់ ​ថា​គភ៌ បុថុជ្ជន ​ត្រូវ​សេចក្ដី​សុខ​ក្នុង​កាម​គ្របសង្កត់​ហើយ​ រមែង​ទៅ​កាន់គភ៌​ទៀត ​លុះ​តែ​ភិក្ខុ​មាន​ព្យាយាម ដុតកំដៅ​កិលេស ត្រេកអរ​ដោយ​សម្បជញ្ញៈ​ក្នុង​វេលាណា ​ភិក្ខុ​នោះ​ បែប​នោះ​ កន្លង​នូវ​ផ្លូវ​វាង​គឺ​ វដ្ដៈ​នេះ ដែល​គេ​ឆ្លង​បាន​ដោយ​ក្រ រមែង​ឃើញ​នូវ​ពួក​សត្វ ដែល​ចូល​ទៅ​កាន់​ជា​តិ ​និង​ជរា កំពុង​តែ​ញាប់ញ័រ (​ក្នុង​ភព​ទាំង​ ៣ ​ក្នុង​វេលា​នោះ​) ។

បឋមអាហុនេយ្យសូត្រ ទី៧កែប្រែ

[៥៧] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ប្រកប​ដោយ​ធម៌ ៨យ៉ាង ​ជា​អ្នក​គួរ​ទទួល​នូវ​ចតុប្បច្ច័យ​ដែល​គេ​នាំ​មក​បូ​ជា​ គួរ​ទទួល​នូវ​ចតុប្បច្ច័យ​ដែល​គេ​តាក់តែង​ដើម្បីភ្ញៀវ គួរ​ទទួល​នូវ​ទក្ខិណាទាន គួរ​ដល់​អញ្ជលិកម្ម​ដែល​សត្វ​លោក​គប្បី​ធ្វើ ​ជា​បុញ្ញកេ្ខត្ត​នៃ​សត្វ​លោក​ រកខេត្ត​ដទៃ​ក្រៃលែង​ជា​ងគ្មាន ។ ​ប្រកប​ដោយ​ធម៌ ​ទាំង​ ៨យ៉ាង ​តើ​ដូចម្ដេច ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​មាន​សីល ។បេ។ សមាទាន​សិក្សា ​ក្នុង​សិក្ខាបទ​ទាំង​ឡាយ ១ ​ជា​អ្នក​ចេះ​ចាំច្រើន ១ ។បេ។ យល់ត្រឹម​ត្រូវ​ដោយ​ទិដ្ឋិ ១ ​ជា​អ្នក​មាន​មិត្រល្អ ​មាន​សំឡាញ់ល្អ សមគប់​នឹង​បុគ្គល​ល្អ ១ ​ជា​អ្នក​សមា្មទិដ្ឋិ ​ប្រកប​ដោយ​សម្មាទស្សនៈ ១ ​ជា​អ្នក​បាន​តាម​ប្រាថ្នា ​បាន​ដោយ​មិន​លំបាក ​បាន​ដោយ​ទូលាយ ​នូវ​ឈាន​ទាំង​ ៤ ​ដែល​អាស្រ័យ​នូវ​ចិត្ត​ដ៏​ប្រសើរ ​ជា​គ្រឿង​នៅសប្បាយ ​ក្នុង​បច្ចុប្បន្ន ១ តែង​រឭក​ឃើញ ​នូវ​បុព្វេនិវាស ​គឺ​ការនៅ​ក្នុង​ភពមុន ​មាន​ប្រការ​ដ៏​ច្រើន​គឺ​ រឭក​ឃើញ ១​ជា​តិ​ខ្លះ ២​ជា​តិខ្លះ ។បេ។ រលឹកឃើញ​នូវ​បុព្វេនិវាស ព្រម​ទាំង​អាការៈ ព្រម​ទាំង​ឧទ្ទេស ​មាន​ប្រការ​ដ៏​ច្រើន ​ដោយ​ប្រការដូច្នេះ ១ ​បាន​ដឹង​ច្បាស់​នូវ​ពួក​សត្វ ដែល​អន្ទោល​ទៅ​តាម​កម្ម ។បេ។ ទិព្វចក្ខុ​ដ៏​ស្អាត កន្លងបង់​នូវ​ចក្ខុ​របស់​មនុស្ស​ធម្មតា ។បេ។ ​ដឹង​ច្បាស់​នូវ​ពួក​សត្វ ដែល​អន្ទោល​ទៅ​តាម​កម្ម ១ ​បាន​ធ្វើ​ឲ្យ​ជា​ក់ច្បាស់ ​បាន​ដល់​ ។បេ។ ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំង​ឡាយ ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ប្រកប​ដោយ​ធម៌ ​ទាំង​ ៨ យ៉ាង​នេះ​ឯង ជា​អ្នក​គួរ​ទទួល​ចតុប្បច្ច័យ ​ដែល​គេ​នាំ​មកបូ​ជា​ ។បេ។ ​ជា​បុញ្ញកេ្ខត្ត​នៃ​សត្វ​លោក​ រក​ខេត្ត​ដទៃ ក្រៃលែង​ជា​ងគ្មាន ។

ទុតិយអាហុនេយ្យសូត្រ ទី៨កែប្រែ

[៥៨] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ប្រកប​ដោយ​ធម៌ ៨យ៉ាង ​ជា​អ្នក​គួរ​ទទួល​ចតុប្បច្ច័យ ​ដែល​គេ​នាំ​មក​បូ​ជា​ ។បេ។ ​ជា​បុញ្ញកេ្ខត្ត​នៃ​សត្វ​លោក​ រកខេត្ត​ដទៃ​ក្រៃលែង​ជា​ង​គ្មាន ។ ​ប្រកប​ដោយ​ធម៌ ៨យ៉ាង ​តើ​ដូចម្ដេច ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​មាន​សីល ។បេ។ សមាទាន​សិក្សា ​ក្នុង​សិក្ខាបទ​ទាំង​ឡាយ ១ ​ជា​អ្នក​ចេះ​ចាំ​ច្រើន ១ ។បេ។ យល់ត្រឹម​ត្រូវ​ដោយ​ទិដ្ឋិ ១ ​ជា​អ្នក​ប្រារព្ធ​សេចក្ដីព្យាយាម ​មាន​កំឡាំង​ប្រឹង​ប្រែង​ដ៏​មាំ ​មិន​ដាក់ធុរៈ​ចោល ​ក្នុង​កុសលធម៌​ទាំង​ឡាយ ១ ​ជា​អ្នក​នៅ​ក្នុង​ព្រៃ ​មាន​ទីសេនាសនៈ​ស្ងាត់ ១ អត់ទ្រាំ​នូវ​សេចក្ដីអផ្សុក ​និង​សេចក្ដីត្រេកអរ តែងគ្រប​សង្កត់ ​នូវ​សេចក្ដី​អផ្សុក ​ដែល​កើត​ឡើង​ហើយ​ ១ ​ជា​អ្នក​អត់ទ្រាំ​នូវ​ភ័យ គួរ​ស្ញប់ស្ញែង តែង​គ្រប​សង្កត់​នូវ​ភ័យ គួរស្ញប់ស្ញែង​ដែល​កើត​ឡើង​ហើយ​ ១ ​ជា​អ្នក​បាន​តាម​ប្រាថ្នា ​បាន​ដោយ​មិន​លំបាក ​បាន​ដោយ​ទូលាយ ​នូវ​ឈាន​ទាំង​ ៤ ​ដែល​អាស្រ័យ​នូវ​ចិត្ត​ដ៏​ប្រសើរ ​ជា​គ្រឿង​នៅ​ជា​សុខ ​ក្នុង​បច្ចុប្បន្ន ១ ​បាន​ធ្វើ​ឲ្យ​ជា​ក់ច្បាស់ ​បាន​ដល់​ ។បេ។ ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំង​ឡាយ ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ប្រកប​ដោយ​ធម៌ ៨យ៉ាង​នេះ​ឯង ជា​អ្នក​គួរ​ទទួល​នូវ​ចតុប្បច្ច័យ​ដែល​គេ​នាំ​មកបូ​ជា​ ។បេ។ ​ជា​បុញ្ញកេ្ខត្ត​នៃ​សត្វ​លោក​ រកខេត្តដទៃ​ក្រៃលែង​ជា​ង​គ្មាន ។

បឋមបុគ្គលសូត្រ ទី៩កែប្រែ

[៥៩] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល ៨ ​ពួក​នេះ ជា​អ្នក​គួរ​ទទួល​នូវ​ចតុប្បច្ច័យ ​ដែល​គេ​នាំ​មកបូ​ជា​ គួរ​ទទួល​នូវ​ចតុប្បច្ច័យ​ដែល​គេ​តាក់តែង​ដើម្បីភ្ញៀវ គួរ​ទទួល​នូវ​ទក្ខិណាទាន គួរ​ដល់​អញ្ជលិកម្ម ​ដែល​សត្វ​លោក​គប្បី​ធ្វើ ​ជា​បុញ្ញកេ្ខត្ត​នៃ​សត្វ​លោក​ រកខេត្ត​ដទៃក្រៃលែង​ជា​ងគ្មាន ។ បុគ្គល ៨ ​ពួក តើ​ដូចម្ដេច ។ ​គឺ​បុគ្គល​ជា​សោតាបន្ន ១ បុគ្គល​អ្នក​ប្រតិបត្តិ ដើម្បីធ្វើ​ឲ្យ​ជា​ក់ច្បាស់​សោតាបត្តិផល ១ បុគ្គល​ជា​សកទាគាមី ១ បុគ្គល​អ្នក​ប្រតិបត្តិ ដើម្បីធ្វើ​ឲ្យ​ជា​ក់​ច្បាស់​សកទាគាមិផល ១ បុគ្គល​ជា​អនាគាមី ១ បុគ្គល​អ្នក​ប្រតិបត្តិ ដើម្បីធ្វើ​ឲ្យ​ជា​ក់ច្បាស់​អនាគាមិផល ១ បុគ្គល​ជា​អរហន្ដ ១ បុគ្គល​ជា​អ្នក​ប្រតិបត្តិ ដើម្បីអរហត្ត ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល ​ទាំង​៨ ​ពួក​នេះ​ឯង ជា​អ្នក​គួរ​ទទួល​នូវ​ចតុប្បច្ច័យ​ដែល​គេ​នាំ​មកបូ​ជា​ ។បេ។ ​ជា​បុញ្ញកេ្ខត្ត​នៃ​សត្វ​លោក​ រក​ខេត្តដទៃ ក្រៃលែង​ជា​ងគ្មាន ។

បុគ្គល ៤​ពួក ជា​អ្នក​ប្រតិបត្តិ​ផង​ ៤​ពួក​តាំងនៅ​ក្នុង​ផល​ផង នេះ​ជា​សង្ឃ​មាន​សភាព​ដ៏​ត្រង់ ​ប្រកប​ដោយ​បញ្ញា ​និង​សីល រមែងធ្វើ​នូវ​បុណ្យ​ដ៏​ក្រៃលែង ដល់​ពួក​សត្វ គឺ​មនុស្ស ​កាល​ស្វែងរក​នូវ​បុណ្យ ​ហើយ​បូ​ជា​ ព្រោះទាន​ដែល​បុគ្គល​ឲ្យ​ហើយ​ចំពោះ​សង្ឃ​ រមែង​មាន​ផលច្រើន ។

ទុតិយបុគ្គលសូត្រ ទី១០កែប្រែ

[៦០] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល ៨ ​ពួក​នេះ ជា​អ្នក​គួរ​ទទួល​នូវ​ចតុប្បច្ច័យ ​ដែល​គេ​នាំ​មកបូ​ជា​ ។បេ។ ​ជា​បុញ្ញកេ្ខត្ត​នៃ​សត្វ​លោក​ រកខេត្តដទៃ​ក្រៃលែង​ជា​ងគ្មាន ។ បុគ្គល​ទាំង​ ៨ ​ពួក តើ​ដូចម្ដេច ។ ​គឺ​បុគ្គល​ជា​សោតាបន្ន ១ បុគ្គល​អ្នក​ប្រតិបត្តិ​ដើម្បីធ្វើ​ឲ្យ​ជា​ក់ច្បាស់​សោតាបត្តិផល ១ បុគ្គល​ជា​សកទាគាមី ១ បុគ្គល​អ្នក​ប្រតិបត្តិ ដើម្បីធ្វើ​ឲ្យ​ជា​ក់ច្បាស់​សកទាគាមិផល ១ បុគ្គល​ជា​អនាគាមី ១ បុគ្គល​អ្នក​ប្រតិបត្តិ ដើម្បីធ្វើ​ឲ្យ​ជា​ក់ច្បាស់​នូវ​អនាគាមិផល ១ បុគ្គល​ជា​អរហន្ដ ១ បុគ្គល​អ្នក​ប្រតិបត្តិ ដើម្បី​អរហត្ត ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ទាំង​ ៨ ​ពួក​នេះ​ឯង ជា​អ្នក​គួរ​ទទួល​នូវ​ចតុប្បច្ច័យ​ដែល​គេ​នាំ​មកបូ​ជា​ ។បេ។ ​ជា​បុញ្ញកេ្ខត្ត​នៃ​សត្វ​លោក​ រកខេត្ត​ដទៃ​ក្រៃលែង​ជា​ងគ្មាន ។

បុគ្គល ៤​ពួក ជា​អ្នក​ប្រតិបត្តិ​ផង​ ៤​ពួក ជា​អ្នក​តាំងនៅ​ក្នុង​ផល​ផង នេះ​ជា​សង្ឃ​ដ៏​ឧត្ដម ​ជា​ង​សត្វ​ទាំង​ឡាយ បុគ្គល ៨ ​ពួក​ រមែងធ្វើបុណ្យ​ដ៏​ក្រៃលែង ​ដល់​ពួក​សត្វ គឺ​មនុស្ស ​កាល​ស្វែង​រក​នូវ​បុណ្យ​ហើយ​បូ​ជា​ ព្រោះទាន​ដែល​បុគ្គល​ឲ្យ​ហើយ​ចំពោះ​សង្ឃនុ៎ះ រមែង​មាន​ផលច្រើន ។

ចប់ សន្ធានវគ្គ ទី១ ។

ឧទ្ទាន​នៃ​សន្ធានវគ្គ​នោះ គឺ​

និយាយ​អំពី​រឿងនាងមហាប​ជា​បតិគោតមី ១ ​អំពី​ភិក្ខុ​គួរ​ឲ្យ​ឱវាទ​ដល់​ភិក្ខុ​នី ១ ​អំពី​ធម៌​ដ៏​សង្ខេប ១ ​អំពី​ទីឃ​ជា​ណុកោឡិយបុត្ត ១ ​អំពី​ឧជ្ជយព្រាហ្មណ៍ ១ ​អំពី​ភ័យ ១ ​អំពី​អាហុនេយ្យបុគ្គល ​មាន​ ២លើក ​អំពី​បុគ្គល ៨​ពួក មាន​២លើក ។

ចាលវគ្គកែប្រែ

ឥច្ឆាសូត្រ ទី១កែប្រែ

[៦១] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល ៨​ពួក​នេះ​ រមែង​មាន​ប្រាកដ​ក្នុង​លោក​ ។ បុគ្គល​ ៨​ពួក តើ​ដូចម្ដេច​ខ្លះ​ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​ស្ងាត់ តែ​ប្រព្រឹត្ត​មិន​ជា​ប់លាប់ សេចក្ដីប្រាថ្នា​ដើម្បីលាភ ក៏កើតឡើង ។ ​ភិក្ខុ​នោះ​ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ ។ ​កាល​ភិក្ខុ​នោះ​ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ លាភ​ក៏​មិន​កើត​ឡើង ។ ​ភិក្ខុ​នោះ​ រមែងសោកស្ដាយ លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ​ដល់​នូវ​សេចក្ដីវង្វេង ព្រោះ​មិន​មាន​លាភ​នោះ​ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ហៅ​ថា ភិក្ខុ​អ្នក​ប្រាថ្នា​ដើម្បីលាភ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ ប៉ុន្តែ​ជា​អ្នក​មិន​មាន​លាភ​ផង​ សោក​ស្ដាយ​ផង​ ខ្សឹកខ្សួល​ផង​ ឃ្លាត​ចាក​ព្រះ​សទ្ធម្ម​ផង​ (១) ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​មួយ​ទៀត ​ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​ស្ងាត់ ប្រព្រឹត្ត​មិន​ជា​ប់លាប់ សេចក្ដីប្រាថ្នា​ដើម្បី​លាភ ក៏កើតឡើង ។ ​ភិក្ខុ​នោះ​ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ ។ ​កាល​ភិក្ខុ​នោះ​ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ លាភក៏​កើតឡើង ។ ​ភិក្ខុ​នោះ​ ស្រវឹងជ្រុលជ្រប់ ​ដល់​នូវ​សេចក្ដីប្រមាទ ព្រោះលាភ​នោះ​ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ហៅ​ថា ភិក្ខុ​អ្នក​ប្រាថ្នា​ដើម្បី​លាភ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ ​ជា​អ្នក​មាន​លាភ​ផង​ ស្រវឹង​ផង​ ប្រមាទ​ផង​ ឃ្លាត​ចាក​ព្រះ​សទ្ធម្ម​ផង​ (២) ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​មួយ​ទៀត ​ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​ស្ងាត់ ប្រព្រឹត្ត​មិន​ជា​ប់លាប់ សេចក្ដីប្រាថ្នា​ដើម្បី​លាភ ក៏កើតឡើង ។ ​ភិក្ខុ​នោះ មិន​ខំសង្វាត ​មិន​ខ្មីឃ្មាត ​មិន​ព្យាយាម ដើម្បីលាភទេ ។ ​កាល​ភិក្ខុ​នោះ មិន​ខំសង្វាត ​មិន​ខ្មីឃ្មាត ​មិន​ព្យាយាម ដើម្បីលាភទេ លាភក៏​មិន​កើត​ដែរ​ ។ ​ភិក្ខុ​នោះ​ រមែងសោកស្ដាយ លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ​ដល់​នូវ​សេចក្ដី​វង្វេង ព្រោះ​មិន​មាន​លាភ​នោះ​ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ហៅ​ថា ភិក្ខុ​អ្នក​ប្រាថ្នា​ដើម្បី​លាភ តែ​មិន​ខំសង្វាត ​មិន​ខ្មីឃ្មាត ​មិន​ព្យាយាម​ដើម្បីលាភ ប៉ុន្តែ​ជា​អ្នក​មិន​មាន​លាភ​ផង​ សោកស្ដាយ​ផង​ ខ្សឹកខ្សួល​ផង​ ឃ្លាត​ចាក​ព្រះ​សទ្ធម្ម​ផង​ (៣) ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​មួយ​ទៀត ​ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​ស្ងាត់ ប្រព្រឹត្ត​មិន​ជា​ប់លាប់ សេចក្ដី​ប្រាថ្នា​ដើម្បីលាភ ក៏កើតឡើង ។ ​ភិក្ខុ​នោះ មិន​ខំសង្វាត ​មិន​ខ្មីឃ្មាត ​មិន​ព្យាយាម​ដើម្បីលាភទេ ។ ​កាល​ភិក្ខុ​នោះ មិន​សង្វាត ​មិន​ខ្មីឃ្មាត ​មិន​ព្យាយាម ដើម្បីលាភទេ ប៉ុន្តែ​លាភ​ក៏កើត​ឡើង​បាន​ ។ ​ភិក្ខុ​នោះ​ ស្រវឹង​ជ្រុលជ្រប់ ​ដល់​នូវ​សេចក្ដីប្រមាទ ព្រោះ​លាភ​នោះ​ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ហៅ​ថា ភិក្ខុ​អ្នក​ប្រាថ្នា​ដើម្បីលាភ ​មិន​ខំសង្វាត ​មិន​ខ្មីឃ្មាត ​មិន​ព្យាយាម ដើម្បី​លាភទេ ប៉ុន្តែ​ជា​អ្នក​មាន​លាភ​ផង​ ស្រវឹង​ផង​ ប្រមាទ​ផង​ ឃ្លាត​ចាក​ព្រះ​សទ្ធម្ម​ផង​ (៤) ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​មួយ​ទៀត ​ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​ស្ងាត់ ប្រព្រឹត្ត​មិន​ជា​ប់លាប់ សេចក្ដីប្រាថ្នា ដើម្បីលាភ ក៏កើតឡើង ។ ​ភិក្ខុ​នោះ​ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ ប៉ុន្តែ​លាភ ​មិន​កើតឡើង ។ ​ភិក្ខុ​នោះ មិន​សោកស្ដាយ ​មិន​លំបាក ​មិន​ខ្សឹកខ្សួល ​មិន​គក់ទ្រូង កន្ទក់​កន្ទេញ ​មិន​ដល់​នូវ​សេចក្ដីវង្វេង ព្រោះ​មិន​មាន​លាភ​នោះ​ទេ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ហៅ​ថា ភិក្ខុ​អ្នក​ប្រាថ្នា​ដើម្បីលាភ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ ប៉ុន្តែ​ជា​អ្នក​មិន​មាន​លាភ​ផង មិន​សោកស្ដាយ​ផង មិន​ខ្សឹក​ខ្សួល​ផង មិន​ឃ្លាត​ចាក​ព្រះ​សទ្ធម្ម​ផង​ (៥) ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​មួយ​ទៀត ​ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​ស្ងាត់ ប្រព្រឹត្ត​មិន​ជា​ប់លាប់ សេចក្ដីប្រាថ្នា​ដើម្បីលាភ ក៏កើតឡើង ។ ​ភិក្ខុ​នោះ​ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ ។ ​កាល​ភិក្ខុ​នោះ​ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ លាភ​ក៏កើត​ឡើង ។ ​ភិក្ខុ​នោះ មិន​ស្រវឹង ​មិន​ជ្រុលជ្រប់ ​មិន​ដល់​នូវ​សេចក្ដីប្រមាទ ព្រោះលាភ​នោះ​ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ហៅ​ថា ភិក្ខុ​អ្នក​ប្រាថ្នា​ដើម្បីលាភ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ ​ជា​អ្នក​មាន​លាភ​ផង មិន​ស្រវឹង​ផង មិន​ប្រមាទ​ផង មិន​ឃ្លាត​ចាក​ព្រះ​សទ្ធម្ម​ផង​ (៦) ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​មួយ​ទៀត ​ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​ស្ងាត់ ប្រព្រឹត្ត​មិន​ជា​ប់លាប់ សេចក្ដីប្រាថ្នា​ដើម្បីលាភ ក៏កើតឡើង ។ ​ភិក្ខុ​នោះ មិន​ខំសង្វាត ​មិន​ខ្មីឃ្មាត ​មិន​ព្យាយាម ដើម្បីលាភទេ ។ ​កាល​ភិក្ខុ​នោះ មិន​ខំសង្វាត ​មិន​ខ្មីឃ្មាត ​មិន​ព្យាយាម ដើម្បីលាភទេ លាភក៏​មិន​កើតឡើង​ដែរ​ ។ ​ភិក្ខុ​នោះ​ រមែង​មិន​សោកស្ដាយ ​មិន​លំបាក ​មិន​ខ្សឹកខ្សួល ​មិន​គក់ទ្រូង កន្ទក់កន្ទេញ ​មិន​ដល់​នូវ​សេចក្ដីវង្វេង ព្រោះ​មិន​មាន​លាភ​នោះ​ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ហៅ​ថា ភិក្ខុ​អ្នក​ប្រាថ្នា​ដើម្បីលាភ ​មិន​ខំសង្វាត ​មិន​ខ្មីឃ្មាត ​មិន​ព្យាយាម ដើម្បីលាភ ​ទាំង​ជា​អ្នក​មិន​មាន​លាភ​ផង មិន​សោកស្ដាយ​ផង មិន​ខ្សឹកខ្សួល​ផង មិន​ឃ្លាត​ចាក​ព្រះ​សទ្ធម្ម​ផង​ (៧) ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​មួយ​ទៀត ​ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​ស្ងាត់ ប្រព្រឹត្ត​មិន​ជា​ប់លាប់ សេចក្ដីប្រាថ្នា​ដើម្បីលាភ ក៏កើតឡើង ។ ​ភិក្ខុ​នោះ មិន​ខំសង្វាត ​មិន​ខ្មីឃ្មាត ​មិន​ព្យាយាម ដើម្បី​លាភទេ ។ ​កាល​ភិក្ខុ​នោះ មិន​ខំសង្វាត ​មិន​ខ្មីឃ្មាត ​មិន​ព្យាយាម ដើម្បីលាភទេ ប៉ុន្តែ​លាភ​កើតឡើង​បាន​ ។ ​ភិក្ខុ​នោះ មិន​ស្រវឹង ​មិន​ជ្រុលជ្រប់ ​មិន​ដល់​នូវ​សេចក្ដីប្រមាទ ព្រោះលាភ​នោះ​ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ហៅ​ថា ភិក្ខុ​អ្នក​ប្រាថ្នា ដើម្បីលាភ ​មិន​ខំសង្វាត ​មិន​ខ្មីឃ្មាត ​មិន​ព្យាយាម ដើម្បីលាភ ក៏​ជា​អ្នក​មាន​លាភ​ផង មិន​ស្រវឹង​ផង មិន​ប្រមាទ​ផង មិន​ឃ្លាត​ចាក​ព្រះ​សទ្ធម្ម​ផង​ (៨) ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល ៨ ​ពួក​នេះ​ឯង​ រមែង​មាន​ប្រាកដ​ក្នុង​លោក​ ។

អលំសូត្រ ទី២កែប្រែ

[៦២] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ប្រកប​ដោយ​ធម៌ ៦ យ៉ាង ទើបគួរ​ដល់​ខ្លួន គួរ​ដល់​ពួក​ជនដទៃ ។ ៦ យ៉ាង ​តើ​អ្វីខ្លះ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​ចេះ​ដឹង​ឆាប់ ​ក្នុង​កុសលធម៌​ទាំង​ឡាយ ១ ​ជា​អ្នក​ទ្រ​ទ្រង់​ធម៌​ទាំង​ឡាយ ​ដែល​ខ្លួនស្ដាប់​ហើយ​ ១ ​ជា​អ្នក​ពិចារណា ​នូវ​អត្ថ​នៃ​ធម៌​ទាំង​ឡាយ ​ដែល​ខ្លួន​ទ្រ​ទ្រង់​ហើយ​ ១ ​ជា​អ្នក​ដឹង​នូវ​អត្ថ ​ដឹង​នូវ​ធម៌ ​ហើយ​ប្រតិបត្តិ​ធម៌​ដ៏​សមគួរ​ដល់​ធម៌ ១ ​ជា​អ្នក​មាន​វាចាល្អ ​មាន​ពាក្យ​ពីរោះ ​ប្រកប​ដោយ​វាចា​អ្នក​ក្រុង ជា​វាចា​ច្បាស់លាស់ ​ជា​វាចា​ឥតទោស ​ជា​គ្រឿងញុំាង​ជន ​ឲ្យ​ដឹង​ច្បាស់​នូវ​សេចក្ដី ១ ​ជា​អ្នក​ញុំាង​ពួក​សព្រហ្មចារី​ឲ្យ​ឃើញច្បាស់ ​ឲ្យ​កាន់​យក ឲ្យ​ក្លាហាន ​ឲ្យ​រីករាយ ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ប្រកប​ដោយ​ធម៌ ៦ យ៉ាង​នេះ​ឯង​ ទើបគួរ​ដល់​ខ្លួន គួរ​ដល់​ពួក​ជនដទៃ ។

[៦៣] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ប្រកប​ដោយ​ធម៌ ៥ យ៉ាង ទើបគួរ​ដល់​ខ្លួន គួរ​ដល់​ពួក​ជនដទៃ ។ ៥ យ៉ាង ​តើ​អ្វីខ្លះ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​មិន​ចេះ​ដឹង​ឆាប់ ​ក្នុង​កុសលធម៌​ទាំង​ឡាយទេ តែ​ជា​អ្នក​ទ្រ​ទ្រង់​ធម៌​ទាំង​ឡាយ ​ដែល​ខ្លួនស្ដាប់ ១ ​ជា​អ្នក​ពិចារណា​នូវ​អត្ថ​នៃ​ធម៌​ដែល​ខ្លួន​ទ្រ​ទ្រង់​ ១ ​ជា​អ្នក​ដឹង​នូវ​អត្ថ ​ដឹង​នូវ​ធម៌ ​ហើយ​ប្រតិបត្តិធម៌ ​ដ៏​សមគួរ​ដល់​ធម៌ ១ ​ជា​អ្នក​មាន​វាចា​ល្អ ។បេ។ ​ជា​គ្រឿងញុំាង​ជន​ឲ្យ​ដឹង​ច្បាស់​នូវ​សេចក្ដី ១ ​ជា​អ្នក​ញុំាង​ពួក​សព្រហ្មចារី​ឲ្យ​ឃើញច្បាស់ ​ឲ្យ​កាន់​យក ឲ្យ​ក្លាហាន ​ឲ្យ​រីករាយ ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ប្រកប​ដោយ​ធម៌ ៥ យ៉ាង​នេះ​ឯង​ ទើបគួរ​ដល់​ខ្លួន គួរ​ដល់​ពួក​ជនដទៃ ។

[៦៤] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ប្រកប​ដោយ​ធម៌ ៤ យ៉ាង រមែងគួរ​ដល់​ខ្លួន តែ​មិន​គួរ​ដល់​ពួក​ជនដទៃទេ ។ ៤ យ៉ាង ​តើ​អ្វីខ្លះ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​ចេះ​ដឹង​ឆាប់ ​ក្នុង​កុសលធម៌​ទាំង​ឡាយ ១ ​ជា​អ្នក​ទ្រ​ទ្រង់​ធម៌​ទាំង​ឡាយ ​ដែល​ខ្លួន​បាន​ស្ដាប់​ហើយ​ ១ ​ជា​អ្នក​ពិចារណា ​នូវ​អត្ថ​នៃ​ធម៌​ទាំង​ឡាយ ​ដែល​ខ្លួន​ទ្រ​ទ្រង់​ហើយ​ ១ ​ជា​អ្នក​ដឹង​នូវ​អត្ថ ​ដឹង​នូវ​ធម៌​ហើយ​ ប្រតិបត្តិ​ធម៌​ដ៏​សម​គួរ​ដល់​ធម៌ តែ​ជា​អ្នក​មាន​វាចា​មិន​ល្អ ​ជា​អ្នក​មាន​ពាក្យ​មិន​ពីរោះ ​ជា​អ្នក​មិន​ប្រកប​ដោយ​វាចា​អ្នក​ក្រុង ដែល​ជា​វាចា​ច្បាស់​លាស់ ​ជា​វាចា​ឥតទោស ​ជា​គ្រឿងញុំាង​ជន​ឲ្យ​ដឹង​ច្បាស់​នូវ​សេចក្ដី ​ទាំង​ជា​អ្នក​មិន​ញុំាង​ពួក​សព្រហ្មចារី ​ឲ្យ​ឃើញច្បាស់ ​ឲ្យ​កាន់​យក ឲ្យ​ក្លាហាន ​ឲ្យ​រីករាយ ១ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ប្រកប​ដោយ​ធម៌ ៤ យ៉ាង​នេះ​ឯង​ រមែងគួរ​ដល់​ខ្លួន តែ​មិន​គួរ​ដល់​ពួក​ជន​ដទៃឡើយ ។

[៦៥] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ប្រកប​ដោយ​ធម៌ ៤ យ៉ាង រមែងគួរ​ដល់​ពួក​ជនដទៃ តែ​មិន​គួរ​ដល់​ខ្លួនទេ ។ ៤ យ៉ាង ​តើ​អ្វីខ្លះ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​ចេះ​ដឹង​ឆាប់ ​ក្នុង​កុសលធម៌​ទាំង​ឡាយ ១ ​ជា​អ្នក​ទ្រ​ទ្រង់​នូវ​ធម៌​ទាំង​ឡាយ ​ដែល​ខ្លួន​ស្ដាប់​ហើយ​ តែ​ជា​អ្នក​មិន​ពិចារណា ​នូវ​អត្ថ​នៃ​ធម៌​ទាំង​ឡាយ ​ដែល​ខ្លួន​ទ្រ​ទ្រង់​ហើយ ទាំង​ជា​អ្នក​មិន​ដឹង​នូវ​អត្ថ ​មិន​ដឹង​នូវ​ធម៌ ​ហើយ​ប្រតិបត្តិ​នូវ​ធម៌​ដ៏​សមគួរ​ដល់​ធម៌ ១ ​ជា​អ្នក​មាន​វាចាល្អ ​ជា​អ្នក​មាន​ពាក្យ​ពីរោះ ។បេ។ ​ជា​គ្រឿងញុំាង​ជន​ឲ្យ​ដឹង​ច្បាស់ ​នូវ​សេចក្ដី ១ ​ជា​អ្នក​ញុំាង​ពួក​សព្រហ្មចារី ​ឲ្យ​ឃើញ​ច្បាស់១ ។បេ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ប្រកប​ដោយ​ធម៌ ៤ យ៉ាង​នេះ​ឯង​ រមែងគួរ​ដល់​ពួក​ជនដទៃ តែ​មិន​គួរ​ដល់​ខ្លួនឡើយ ។

[៦៦] ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ប្រកប​ដោយ​ធម៌ ៣ យ៉ាង រមែងគួរ​ដល់​ខ្លួន តែ​មិន​គួរ​ដល់​ពួក​ជនដទៃទេ ។ ៣យ៉ាង ​តើ​អ្វីខ្លះ ។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ក្នុង​សាសនា​នេះ មិន​ចេះ​ដឹង​ឆាប់ ​ក្នុង​កុសលធម៌​ទាំង​ឡាយទេ តែ​ជា​អ្នក​ទ្រ​ទ្រង់​នូវ​ធម៌​ទាំង​ឡាយ ​ដែល​ខ្លួន​ស្ដាប់​ហើយ​ ១ ​ជា​អ្នក​ពិចារណា​នូវ​អត្ថ​នៃ​ធម៌​ទាំង​ឡាយ ​ដែល​ខ្លួន​ទ្រ​ទ្រង់​ហើយ​ ១ ​ជា​អ្នក​ដឹង​នូ