ព្រះត្រៃបិដក > សុត្តន្តបិដក > អង្គុត្តរនិកាយ > ទសកនិបាត > ឯកាទសមភាគ

បឋមបណ្ណាសកកែប្រែ

អានិសំសវគ្គ ទី១កែប្រែ

១. កិមត្ថិយសូត្រកែប្រែ

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូល ព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពួកសីលជាកុសល មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស ។ ម្នាលអានន្ទ ពួកសីលជាកុសល មានអវិប្បដិសារៈ (សេចក្តីមិនក្តៅក្រហាយ) ជាប្រយោជន៍ មានអវិប្បដិសារៈ ជាអានិសង្ស ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះអវិប្បដិសារៈ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស ។ ម្នាលអានន្ទ អវិប្បដិសារៈ មានបាមុជ្ជៈ (សេចក្តីរីករាយ) ជាប្រយោជន៍ មានបាមុជ្ជៈជាអានិសង្ស ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះបាមុជ្ជៈ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស ។ ម្នាលអានន្ទ បាមុជ្ជៈ មានបីតិ (សេចក្តីឆ្អែតចិត្ត) ជាប្រយោជន៍ មានបីតិជាអានិសង្ស ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះបីតិ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស ។ ម្នាលអានន្ទ បីតិ មានបស្សទ្ធិ (សេចក្តីស្ងប់) ជាប្រយោជន៍ មានបស្សទ្ធិ ជាអានិសង្ស ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះបស្សទ្ធិ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស ។ ម្នាលអានន្ទ បស្សទិ្ធ មានសុខៈជាប្រយោជន៍ មានសុខៈជាអានិសង្ស ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះសុខៈ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស ។ ម្នាលអានន្ទ សុខៈ មានសមាធិ ជាប្រយោជន៍ មានសមាធិ ជាអានិសង្ស ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះសមាធិ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស ។ មា្នលអានន្ទ សមាធិ មានយថាភូតញ្ញាណទស្សនៈ (វិបស្សនាញាណទន់ខ្ចី) ជាប្រយោជន៍ មានយថាភូតញ្ញាណទស្សនៈ ជាអានិសង្ស ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះយថាភូតញ្ញាណទស្សនៈ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស ។ ម្នាលអានន្ទ យថាភូតញ្ញាណទស្សនៈ មាននិព្វិទា និងវិរាគៈ (វិបស្សនាញាណដ៏មានកំឡាំង និងមគ្គ) ជាប្រយោជន៍ មាននិព្វិទា និងវិរាគៈ ជាអានិសង្ស ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះនិព្វិទា និងវិរាគៈ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស ។ ម្នាលអានន្ទ និព្វិទា និងវិរាគៈ មានវិមុត្តិញ្ញាណទស្សនៈ (អរហត្តផល និងបច្ចវេក្ខណញ្ញាណ) ជាប្រយោជន៍ មានវិមុត្តិញ្ញាណទស្សនៈ ជាអានិសង្ស ។ ម្នាលអានន្ទ ពួកសីលជាកុសល មានអវិប្បដិសារៈ ជាប្រយោជន៍ មានអវិប្បដិសារៈ ជាអានិសង្ស អវិប្បដិសារៈ មានបាមុជ្ជៈ ជាប្រយោជន៍ មានបាមុជ្ជៈ ជាអានិសង្ស បាមុជ្ជៈ មាន បីតិ ជាប្រយោជន៍ មានបីតិ ជាអានិសង្ស បីតិ មានបស្សទ្ធិ ជាប្រយោជន៍ មានបស្សទ្ធិ ជាអានិសង្ស បស្សទ្ធិ មានសុខៈ ជាប្រយោជន៍ មានសុខៈ ជាអានិសង្ស សុខៈ មានសមាធិជាប្រយោជន៍ មានសមាធិ ជាអានិសង្ស សមាធិ មានយថាភូតញ្ញាណទស្សនៈជាប្រយោជន៍ មានយថាភូតញ្ញាណទស្សនៈ ជាអានិសង្ស យថាភូតញ្ញាណទស្សនៈ មាននិព្វិទា និងវិរាគៈ ជាប្រយោជន៍ មាននិព្វិទា និងវិរាគៈ ជាអានិសង្ស និព្វិទា និងវិរាគៈ មានវិមុត្តិញ្ញាណៈទស្សនៈ ជាប្រយោជន៍ មានវិមុត្តិញ្ញាណទស្សនៈ ជាអានិសង្ស ដោយប្រការដូច្នេះឯង ។ ម្នាលអានន្ទ ពួកសីលជាកុសល រមែងញុំាងធម៌ទាំងនោះ ឲ្យពេញតាមលំដាប់ ដើម្បីព្រះអរហត្តដោយប្រការដូច្នេះ ។

២. ចេតនាករណីយសូត្រកែប្រែ

[២] ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមានសីល បរិបូណ៌ដោយសីលហើយ មិនបាច់ធ្វើដោយចេតនាថា អវិប្បដិសារៈ ចូរកើតឡើងដល់អាត្មាអញ ។ ម្នាលភិក្ខុទាំងឡាយ អវិប្បដិសារៈ កើតឡើងដល់បុគ្គលមានសីល អ្នកបរិបូណ៌ដោយសីល ដោយហេតុណា ហេតុនុ៎ះ រមែងមានជាធម្មតា ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមិនមានវិប្បដិសារៈហើយ មិនបាច់ធ្វើដោយចេតនាថា បាមុជ្ជៈ ចូរកើតឡើងដល់អាត្មាអញ ។ ម្នាលភិក្ខុទាំងឡាយ បាមុជ្ជៈ កើតឡើងដល់បុគ្គលមិនមានវិប្បដិសារៈ ដោយហេតុណា ហេតុនុ៎ះ រមែងមានជាធម្មតា ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមានបាមុជ្ជៈហើយ មិនបាច់ធ្វើដោយចេតនាថា បីតិ ចូរកើតឡើងដល់អាត្មាអញ ។ ម្នាលភិក្ខុទាំងឡាយ បីតិ កើតឡើងដល់បុគ្គលអ្នកមានបាមុជ្ជៈ ដោយហេតុណា ហេតុនុ៎ះ រមែងមានជាធម្មតា ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមានចិត្តប្រកបដោយបីតិហើយ មិនបាច់ធ្វើដោយចេតនាថា កាយ របស់អាត្មាអញ ចូរស្ងប់រម្ងាប់ ។ ម្នាលភិក្ខុទាំងឡាយ កាយស្ងប់រម្ងាប់ដល់បុគ្គលមានចិត្តប្រកបដោយបីតិ ដោយហេតុណា ហេតុនុ៎ះ រមែងមានជាធម្មតា ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមានកាយស្ងប់រម្ងាប់ហើយ មិនបាច់ធ្វើដោយចេតនាថា អាត្មាអញនឹងសោយសុខៈ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានកាយស្ងប់រម្ងាប់ សោយសុខៈ ដោយហេតុណា ហេតុនុ៎ះ រមែងមានជាធម្មតា ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គល មានសុខៈហើយ មិនបាច់ធ្វើដោយចេតនាថា ចិត្តរបស់អាត្មាអញ ចូរនឹងធឹង ។ ម្នាលភិក្ខុទាំងឡាយ ចិត្តរបស់បុគ្គលមានសុខៈ នឹងធឹង ដោយហេតុណា ហេតុនុ៎ះ រមែងមានជាធម្មតា ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមានចិត្តនឹងធឹងហើយ មិនបាច់ធ្វើដោយចេតនាថា អាត្មាអញនឹងដឹង នឹងឃើញតាមពិត ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានចិត្តនឹងធឹង ដឹង ឃើញតាមពិត ដោយហេតុណា ហេតុនុ៎ះ រមែងមានជាធម្មតា ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលដឹង ឃើញតាមពិតហើយ មិនបាច់ធ្វើដោយចេតនាថា អាត្មាអញ នឹងធុញទ្រាន់ នឿយណាយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹង ឃើញតាមពិត ធុញទ្រាន់នឿយណាយ ដោយហេតុណា ហេតុនុ៎ះ រមែងមានជាធម្មតា ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលធុញទ្រាន់ នឿយណាយហើយ មិនបាច់ធ្វើដោយចេតនាថា អាត្មាអញ នឹងធ្វើឲ្យជាក់ច្បាស់នូវវិមុត្តិញ្ញាណទស្សនៈ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលធុញទ្រាន់ នឿយណាយ ធ្វើឲ្យជាក់ច្បាស់ នូវវិមុត្តិញ្ញាណទស្សនៈ ដោយហេតុណា ហេតុនុ៎ះ រមែងមានជាធម្មតា ។ ម្នាលភិក្ខុទាំងឡាយ និព្វិទា និងវិរាគៈ មានវិមុត្តិញ្ញាណទស្សនៈ ជាប្រយោជន៍ មានវិមុត្តិញ្ញាណទស្សនៈ ជាអានិសង្ស យថាភូតញ្ញាណទស្សនៈ មាននិព្វិទា និងវិរាគៈ ជាប្រយោជន៍ មាននិព្វិទា និងវិរាគៈ ជាអានិសង្ស សមាធិ មានយថាភូតញ្ញាណទស្សនៈ ជាប្រយោជន៍ មានយថាភូតញ្ញាណទស្សនៈ ជាអានិសង្ស សុខៈ មានសមាធិ ជាប្រយោជន៍ មានសមាធិ ជាអានិសង្ស បស្សទ្ធិ មានសុខៈ ជាប្រយោជន៍ មានសុខៈ ជាអានិសង្ស បីតិ មានបស្សទ្ធិ ជាប្រយោជន៍ មានបស្សទ្ធិ ជាអានិសង្ស បាមុជ្ជៈ មានបីតិ ជាប្រយោជន៍ មានបីតិ ជាអានិសង្ស អវិប្បដិសារៈ មានបាមុជ្ជៈ ជាប្រយោជន៍ មានបាមុជ្ជៈ ជាអានិសង្ស ពួកសីលជាកុសល មានអវិប្បដិសារៈ ជាប្រយោជន៍ មានអវិប្បដិសារៈ ជាអានិសង្ស ដោយប្រការដូច្នេះ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ តែងហូរទៅកាន់ធម៌ទាំងឡាយ ធម៌ទាំងឡាយ តែងញុំាងធម៌ទាំងឡាយឲ្យពេញ ដើម្បីចេញចាកទីមិនមែនជាត្រើយ គឺវដ្តៈ ប្រកបដោយភូមិ ៣ ហើយទៅកាន់ត្រើយ គឺព្រះនិញ្វន ដោយប្រការដូច្នេះឯង ។

៣. បឋមឧបនិសសូត្រកែប្រែ

[៣] ម្នាលភិក្ខុទាំងឡាយ អវិប្បដិសារៈ របស់បុគ្គលទ្រុស្តសីល វិបត្តិចាកសីល រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើអវិប្បដិសារៈមិនមានហើយ បាមុជ្ជៈរបស់បុគ្គលវិបត្តិចាកអវិប្បដិសារៈ រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើបាមុជ្ជៈ មិនមានហើយ បីតិ របស់បុគ្គលវិបត្តិចាកបាមុជ្ជៈ រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើបីតិមិនមានហើយ បស្សទ្ធិរបស់បុគ្គលវិបត្តិចាកបីតិ រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើបស្សទ្ធិមិនមានហើយ សុខៈរបស់បុគ្គលវិបត្តិចាកបស្សទ្ធិ រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើសុខៈ មិនមានហើយ សម្មាសមាធិ របស់បុគ្គលវិបត្តិចាកសុខៈ រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើសម្មាសមាធិ មិនមានហើយ យថាភូតញ្ញាណទស្សនៈ របស់បុគ្គលវិបត្តិចាកសម្មាសមាធិ រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើយថាភូតញ្ញាណទស្សនៈ មិនមានហើយ និព្វិទា និងវិរាគៈ របស់បុគ្គលវិបត្តិចាកយថាភូតញ្ញាណទស្សនៈ រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើនិព្វិទា និងវិរាគៈមិនមានហើយ វិមុត្តិញ្ញាណទស្សនៈរបស់បុគ្គលវិបត្តិចាកនិព្វិទា និងវិរាគៈ រមែងសាបសូន្យ ចាកឧបនិស្ស័យ ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចដើមឈើ ដែលមិនមានមែក និងស្លឹកហើយ ក្រមររបស់ឈើនោះក្តី ក៏មិនសូវបរិបូណ៌ សំបកក្តី ស្រាយក្តី ខ្លឹមក្តី ក៏មិនសូវបរិបូណ៌ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ អវិប្បដិសារៈ របស់បុគ្គលទ្រុស្តសីល វិបត្តិចាកសីល រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើអវិប្បដិសារៈ មិនមានហើយ បាមុជ្ជៈរបស់បុគ្គលវិបត្តិចាកអវិប្បដិសារៈ រមែងសាបសូន្យ ចាកឧបនិស្ស័យ ។បេ។ វិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ អវិប្បដិសារៈ របស់បុគ្គលមានសីល បរិបូណ៌ដោយសីល រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើមានអវិប្បដិសារៈហើយ បាមុជ្ជៈ របស់បុគ្គលបរិបូណ៌ដោយអវិប្បដិសារៈ រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើបាមុជ្ជៈ មានហើយ បីតិរបស់បុគ្គលបរិបូណ៌ដោយបាមុជ្ជៈ រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើបីតិ មានហើយ បស្សទ្ធិរបស់បុគ្គលបរិបូណ៌ដោយបីតិ រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើបស្សទ្ធិ មានហើយ សុខៈរបស់បុគ្គលបរិបូណ៌ដោយបស្សទ្ធិ រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើសុខៈ មានហើយ សម្មាសមាធិរបស់បុគ្គលបរិបូណ៌ដោយសុខៈ រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើសម្មាសមាធិ មានហើយ យថាភូតញ្ញាណទស្សនៈ របស់បុគ្គលបរិបូណ៌ដោយសម្មាសមាធិ រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើយថាភូតញ្ញាណទស្សនៈមានហើយ និព្វិទា និងវិរាគៈ របស់បុគ្គលបរិបូណ៌ដោយយថាភូតញ្ញាណទស្សនៈ រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើនិព្វិទា និងវិរាគៈមានហើយ វិមុត្តិញ្ញាណទស្សនៈ របស់បុគ្គលបរិបូណ៌ដោយនិព្វិទា និងវិរាគៈ រមែងបរិបូណ៌ដោយឧបនិស្ស័យ ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចដើមឈើ ដែលបរិបូណ៌ដោយមែក និងស្លឹកហើយ ក្រមររបស់ឈើនោះក្តី ក៏រមែងបរិបូណ៌ សំបកក្តី ស្រាយក្តី ខ្លឹមក្តី ក៏រមែងបរិបូណ៌ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ អវិប្បដិសារៈ របស់បុគ្គលមានសីល បរិបូណ៌ដោយសីល រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើអវិប្បដិសារៈមានហើយ បាមុជ្ជៈរបស់បុគ្គលបរិបូណ៌ដោយអវិប្បដិសារៈ រមែងបរិបូណ៌ដោយឧបនិស្ស័យ ។បេ។ វិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះដែរ ។

៤. ទុតិយឧបនិសសូត្រកែប្រែ

[៤] ក្នុងទីនោះឯង ព្រះសារីបុត្រដ៏មានអាយុ មានថេរវាចានឹងភិក្ខុទាំងឡាយថា ម្នាលអាវុសោទាំងឡាយ អវិប្បដិសារៈរបស់បុគ្គលទ្រុស្តសីល វិបត្តិចាកសីល រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើអវិប្បដិសារៈមិនមានហើយ បាមុជ្ជៈរបស់បុគ្គលវិបត្តិចាកអវិប្បដិសារៈ រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើបាមុជ្ជៈ មិនមានហើយ បីតិ របស់បុគ្គលវិបត្តិចាកបាមុជ្ជៈ រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើបីតិ មិនមានហើយ បស្សទ្ធិរបស់បុគ្គលវិបត្តិចាកបីតិ រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើបស្សទ្ធិ មិនមានហើយ សុខៈរបស់បុគ្គលវិបត្តិចាកបស្សទ្ធិ រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើសុខៈ មិនមានហើយ សម្មាសមាធិរបស់បុគ្គលវិបត្តិចាកសុខៈ រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើសម្មាសមាធិ មិនមានហើយ យថាភូតញ្ញាណទស្សនៈ របស់បុគ្គលវិបត្តិចាកសម្មាសមាធិ រមែងសាបសូន្យចាកឧបនិស្ស័យ កាលបើយថាភូតញ្ញាណទស្សនៈមិនមានហើយ និព្វិទា និងវិរាគៈរបស់បុគ្គលវិបត្តិចាកយថាភូតញ្ញាណទស្សនៈ រមែងសាបសូន្យចាកឧបនិស្ស័យ កាលបើនិព្វិទា និងវិរាគៈមិនមានហើយ វិមុត្តិញ្ញាណទស្សនៈ របស់បុគ្គលវិបត្តិចាកនិព្វិទា និងវិរាគៈ រមែងសាបសូន្យចាកឧបនិស្ស័យ ។ ម្នាលអាវុសោទាំងឡាយ ប្រៀបដូចដើមឈើ ដែលវិបត្តិចាកមែក និងស្លឹកហើយ ក្រមររបស់ឈើនោះក្តី ក៏មិនសូវបរិបូណ៌ សំបកក្តី ស្រាយក្តី ខ្លឹមក្តី ក៏មិនសូវបរិបូណ៌ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ អវិប្បដិសារៈរបស់បុគ្គលទ្រុស្តសីល វិបត្តិចាកសីល រមែងសាបសូន្យចាកឧបនិស្ស័យ កាលបើអវិប្បដិសារៈ មិនមានហើយ បាមុជ្ជៈរបស់បុគ្គលវិបត្តិចាកអវិប្បដិសារៈ រមែងសាបសូន្យចាកឧបនិស្ស័យ ។បេ។ វិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះដែរ ។ ម្នាលអាវុសោទាំងឡាយ អវិប្បដិសារៈរបស់បុគ្គលមានសីល បរិបូណ៌ដោយសីលហើយ រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើអវិប្បដិសារៈ មានហើយ បាមុជ្ជៈរបស់បុគ្គលបរិបូណ៌ដោយអវិប្បដិសារៈ រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើបាមុជ្ជៈមានហើយ បីតិរបស់បុគ្គលបរិបូណ៌ដោយបាមុជ្ជៈ រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើបីតិ មានហើយ បស្សទ្ធិរបស់បុគ្គលបរិបូណ៌ដោយបីតិ រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើបស្សទ្ធិមានហើយ សុខៈរបស់បុគ្គលបរិបូណ៌ដោយបស្សទ្ធិ រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើសុខៈមានហើយ សម្មាសមាធិ របស់បុគ្គលបរិបូណ៌ដោយសុខៈ រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើសម្មាសមាធិ មានហើយ យថាភូតញ្ញាណទស្សនៈ របស់បុគ្គលបរិបូណ៌ដោយសម្មាសមាធិ រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើយថាភូតញ្ញាណទស្សនៈមានហើយ និព្វិទា និងវិរាគៈរបស់បុគ្គលបរិបូណ៌ដោយយថាភូតញ្ញាណទស្សនៈ រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើនិព្វិទា និងវិរាគៈមានហើយ វិមុត្តិញ្ញាណទស្សនៈរបស់បុគ្គលបរិបូណ៌ដោយនិព្វិទា និងវិរាគៈ រមែងបរិបូណ៌ដោយឧបនិស្ស័យ ។ ម្នាលអាវុសោទាំងឡាយ ប្រៀបដូចដើមឈើ ដែលបរិបូណ៌ដោយមែក និងស្លឹកហើយ ក្រមររបស់ឈើនោះក្តី ក៏បរិបូណ៌ សំបកក្តី ស្រាយក្តី ខ្លឹមក្តី ក៏បរិបូណ៌ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ អវិប្បដិសារៈ របស់បុគ្គលមានសីល បរិបូណ៌ដោយសីល រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើអវិប្បដិសារៈមានហើយ បាមុជ្ជៈរបស់បុគ្គលបរិបូណ៌ដោយអវិប្បដិសារៈ រមែងបរិបូណ៌ដោយឧបនិស្ស័យ ។បេ។ វិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះដែរ ។

៥. តតិយឧបនិសសូត្រកែប្រែ

[៥] ក្នុងទីនោះឯង ព្រះអានន្ទដ៏មានអាយុ មានថេរវាចានឹងភិក្ខុទាំងឡាយថា ម្នាលអាវុសោទាំងឡាយ អវិប្បដិសារៈរបស់បុគ្គលទ្រុស្តសីល វិបត្តិចាកសីល រមែងសាបសូន្យចាកឧបនិស្ស័យ កាលបើអវិប្បដិសារៈ មិនមានហើយ បាមុជ្ជៈរបស់បុគ្គលវិបត្តិចាកអវិប្បដិសារៈ រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើបាមុជ្ជៈ មិនមានហើយ បីតិរបស់បុគ្គលវិបត្តិចាកបាមុជ្ជៈ រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើបីតិ មិនមានហើយ បស្សទ្ធិរបស់បុគ្គលវិបត្តិចាកបីតិ រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើបស្សទ្ធិ មិនមានហើយ សុខៈរបស់បុគ្គលវិបត្តិចាកបស្សទ្ធិ រមែងសាបសូន្យចាកឧបនិស្ស័យ កាលបើសុខៈមិនមានហើយ សម្មាសមាធិ របស់បុគ្គលវិបត្តិចាកសុខៈ រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើសម្មាសមាធិ មិនមានហើយ យថាភូតញ្ញាណទស្សនៈ របស់បុគ្គលវិបត្តិចាកសម្មាសមាធិ រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើយថាភូតញ្ញាណទស្សនៈ មិនមានហើយ និព្វិទា និងវិរាគៈរបស់បុគ្គលវិបត្តិចាកយថាភូតញ្ញាណទស្សនៈ រមែងសាបសូន្យចាកឧបនិស្ស័យ កាលបើនិព្វិទា និងវិរាគៈ មិនមានហើយ វិមុត្តិញ្ញាណទស្សនៈ របស់បុគ្គលវិបត្តិចាកនិព្វិទា និងវិរាគៈ រមែងសាបសូន្យ ចាកឧបនិស្ស័យ ។ ម្នាលអាវុសោទាំងឡាយ ប្រៀបដូចដើមឈើ ដែលវិបត្តិចាកមែក និងស្លឹកហើយ ក្រមររបស់ឈើនោះក្តី ក៏មិនសូវបរិបូណ៌ សំបកក្តី ស្រាយក្តី ខ្លឹមក្តី ក៏មិនសូវបរិបូណ៌ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ អវិប្បដិសារៈរបស់បុគ្គលទ្រុស្តសីល វិបត្តិចាកសីលហើយ រមែងសាបសូន្យចាកឧបនិស្ស័យ កាលបើអវិប្បដិសារៈ មិនមានហើយ បាមុជ្ជៈរបស់បុគ្គលវិបត្តិចាកអវិប្បដិសារៈ រមែងសាបសូន្យ ចាកឧបនិស្ស័យ ។បេ។ វិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះដែរ ។ ម្នាលអាវុសោទាំងឡាយ អវិប្បដិសារៈ របស់បុគ្គលមានសីល បរិបូណ៌ដោយសីលហើយ រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើអវិប្បដិសារៈ មានហើយ បាមុជ្ជៈ របស់បុគ្គលបរិបូណ៌ដោយអវិប្បដិសារៈ រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើបាមុជ្ជៈមានហើយ បីតិរបស់បុគ្គលបរិបូណ៌ដោយបាមុជ្ជៈ រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើបីតិ មានហើយ បស្សទ្ធិរបស់បុគ្គលបរិបូណ៌ដោយបីតិ រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើបស្សទ្ធិមានហើយ សុខៈរបស់បុគ្គលបរិបូណ៌ដោយបស្សទ្ធិ រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើសុខៈ មានហើយ សម្មាសមាធិរបស់បុគ្គលបរិបូណ៌ដោយសុខៈ រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើសម្មាសមាធិមានហើយ យថាភូតញ្ញាណទស្សនៈ របស់បុគ្គលបរិបូណ៌ ដោយសម្មាសមាធិ រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើយថាភូតញ្ញាណទស្សនៈមានហើយ និព្វិទា និងវិរាគៈ របស់បុគ្គលបរិបូណ៌ដោយយថាភូតញ្ញាណទស្សនៈ រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើនិព្វិទា និងវិរាគៈ មានហើយ វិមុត្តិញ្ញាណទស្សនៈ របស់បុគ្គលបរិបូណ៌ ដោយនិព្វិទា និងវិរាគៈ រមែងបរិបូណ៌ដោយឧបនិស្ស័យ ។ ម្នាលអាវុសោទាំងឡាយ ប្រៀបដូចដើមឈើ ដែលបរិបូណ៌ដោយមែក និងស្លឹកហើយ ក្រមររបស់ឈើនោះក្តី ក៏រមែងបរិបូណ៌ សំបកក្តី ស្រាយក្តី ខ្លឹមក្តី ក៏រមែងបរិបូណ៌ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ អវិប្បដិសារៈ របស់បុគ្គលមានសីល បរិបូណ៌ដោយសីលហើយ រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើអវិប្បដិសារៈ មានហើយ បាមុជ្ជៈរបស់បុគ្គលបរិបូណ៌ដោយអវិប្បដិសារៈ រមែងបរិបូណ៌ដោយឧបនិស្ស័យ ។បេ។ វិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះដែរ ។

៦. សមាធិសូត្រកែប្រែ

[៦] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ គង់ក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ការបាននូវសមាធិ មានសភាពដូច្នោះ គប្បីមានដល់ភិក្ខុដែរឬ ដូចយ៉ាងភិក្ខុ មិនសំគាល់ថា ដីក្នុងដី មិនសំគាល់ថា ទឹកក្នុងទឹក មិនសំគាល់ថា ភ្លើងក្នុងភ្លើង មិនសំគាល់ថាខ្យល់ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថាលោកនេះ ក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកខាងមុខទេ គ្រាន់តែជាអ្នកមានសញ្ញា (សេចក្តីសំគាល់ជាធម្មតា) ប៉ុណ្ណោះ ។ ម្នាលអានន្ទ ការបាននូវសមាធិ មានសភាពដូច្នោះ គប្បីមានដល់ភិក្ខុដែរ ដូចយ៉ាងភិក្ខុ មិនសំគាល់ថា ដីក្នុងដី មិនសំគាល់ថា ទឹកក្នុងទឹក មិនសំគាល់ថា ភ្លើងក្នុងភ្លើង មិនសំគាល់ថា ខ្យល់ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះ ក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកខាងមុខទេ គ្រាន់តែមានសញ្ញា ជាធម្មតាប៉ុណ្ណោះ ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះការបាននូវសមាធិ មានសភាពដូច្នោះ គប្បីមានដល់ភិក្ខុ តើដូចម្តេច ដូចយ៉ាងភិក្ខុ មិនសំគាល់ថា ដីក្នុងដី មិនសំគាល់ថា ទឹកក្នុងទឹក មិនសំគាល់ថា ភ្លើងក្នុងភ្លើង មិនសំគាល់ថា ខ្យល់ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះ ក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកមុខទេ គ្រាន់តែជាអ្នកមានសញ្ញា ជាធម្មតាប៉ុណ្ណោះ ។ ម្នាលអានន្ទ ក្នុងធម្មវិន័យនេះ ភិក្ខុជាអ្នកមានសេចក្តីសំគាល់ យ៉ាងនេះថា នុ៎ះ ជាធម្មជាតស្ងប់ នុ៎ះ ជាធម្មជាតឧត្តម គឺធម៌ ជាគ្រឿងរម្ងាប់នូវសង្ខារទាំងពួង ជាគ្រឿងរលាស់ចោល នូវកិលេសទាំងពួង ជាគ្រឿងអស់ទៅនៃតណ្ហា ជាគ្រឿងនឿយណាយ ជាទីរលត់ គឺព្រះនិញ្វន ។ ម្នាលអានន្ទ ការបាននូវសមាធិ មានសភាពដូច្នោះ គប្បីមានដល់ភិក្ខុ យ៉ាងនេះឯង ដូចយ៉ាងភិក្ខុ មិនសំគាល់ថា ដី ក្នុងដី មិនសំគាល់ថា ទឹក ក្នុងទឹក មិនសំគាល់ថា ភ្លើង ក្នុងភ្លើង មិនសំគាល់ថា ខ្យល់ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះ ក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកខាងមុខទេ គ្រាន់តែជាអ្នកមានសញ្ញា ជាធម្មតាប៉ុណ្ណោះ ។

៧. សារិបុត្តសូត្រកែប្រែ

[៧] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងព្រះសារីបុត្តដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររព្ញកហើយ ក៏គង់ក្នុងទីដ៏សមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ ក៏មានថេរវាចា នឹងព្រះសារីបុត្តដ៏មានអាយុដូច្នេះថា ម្នាលអាវុសោសារីបុត្ត ការបាននូវសមាធិ មានសភាពដូច្នោះ គប្បីមានដល់ភិក្ខុដែរឬហ្ន៎ ដូចយ៉ាងភិក្ខុមិនសំគាល់ថា ដី ក្នុងដី មិនសំគាល់ថា ទឹក ក្នុងទឹក មិនសំគាល់ថា ភ្លើង ក្នុងភ្លើង មិនសំគាល់ថា ខ្យល់ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះ ក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកខាងមុខទេ គ្រាន់តែជាអ្នកមានសញ្ញា ជាធម្មតាប៉ុណ្ណោះ ។ ម្នាលអាវុសោអានន្ទ ការបាននូវសមាធិ មានសភាពដូច្នោះ គប្បីមានដល់ភិក្ខុដែរ ដូចយ៉ាងភិក្ខុមិនសំគាល់ថា ដីក្នុងដី ។បេ។ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកខាងមុខទេ គ្រាន់តែជាអ្នកមានសញ្ញា ជាធម្មតាប៉ុណ្ណោះ ។ ម្នាលអាវុសោសារីបុត្ត ចុះការបាននូវសមាធិ មានសភាពដូច្នោះ គប្បីមានដល់ភិក្ខុ តើដូចម្តេច ដូចយ៉ាងភិក្ខុ មិនសំគាល់ថា ដីក្នុងដី ។បេ។ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកខាងមុខទេ គ្រាន់តែជាអ្នកមានសញ្ញា ជាធម្មតាប៉ុណ្ណោះ ។ ម្នាលអាវុសោ អានន្ទ សម័យមួយ ខ្ញុំនៅក្នុងអន្ធវន ទៀបក្រុងសាវត្ថីនេះឯង ខ្ញុំបានចូលសមាធិ មានសភាពដូច្នោះ ក្នុងទីនោះ គឺខ្ញុំមិនសំគាល់ថា ដីក្នុងដី មិនសំគាល់ថា ទឹកក្នុងទឹក មិនសំគាល់ថា ភ្លើងក្នុងភ្លើង មិនសំគាល់ថា ខ្យល់ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកខាងមុខទេ គ្រាន់តែជាអ្នកមានសញ្ញា ជាធម្មតាប៉ុណ្ណោះ ។ ចុះព្រះសារីបុត្តដ៏មានអាយុ មានសញ្ញាដូចម្តេច ក្នុងសម័យនោះ ។ ម្នាលអាវុសោ សញ្ញា កើតឡើងដល់ខ្ញុំដោយឡែកថា ការរលត់ទៅនៃភព គឺនិញ្វន ការរលត់ទៅនៃភព គឺនិញ្វនដូច្នេះ សញ្ញារលត់ទៅវិញដោយឡែក ។ ម្នាលអាវុសោ ប្រៀបដូចបំណែកភ្លើងកំពុងឆេះ អណ្តាតកើតឡើងដោយឡែក អណ្តាតរលត់ទៅវិញដោយឡែក យ៉ាងណាមិញ ម្នាលអាវុសោ សញ្ញាកើតឡើងដល់ខ្ញុំដោយឡែកថា ការរលត់ទៅនៃភព គឺនិញ្វន ការរលត់ទៅនៃភព គឺនិញ្វន ដូច្នេះ សញ្ញារលត់ទៅវិញ ដោយឡែក ម្នាលអាវុសោ ក្នុងសម័យនោះ ខ្ញុំនៅតែមានសញ្ញាថា ការរលត់ទៅនៃភព គឺនិញ្វន (ប៉ុណ្ណោះ) ។

៨. ឈានសូត្រកែប្រែ

[៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសទ្ធាហើយ តែមិនមានសីល ភិក្ខុនោះ ឈ្មោះថា មិនពេញលេញ ដោយអង្គនោះ យ៉ាងនេះ ភិក្ខុនោះ គប្បីបំពេញអង្គនោះ ឲ្យពេញលេញឡើង ដោយគិតថា ធ្វើដូចម្តេចហ្ន៎ ឲ្យអាត្មាអញ មានសទ្ធាផង មានសីលផង ។ ម្នាលភិក្ខុទាំងឡាយ កាលណា ភិក្ខុមានសទ្ធាផង មានសីលផង ទើបភិក្ខុនោះ ឈ្មោះថា ពេញលេញដោយអង្គនោះ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសទ្ធា ទាំងមានសីលហើយ តែថាមិនបានចេះដឹងច្រើន ។បេ។ ចេះដឹងច្រើនហើយ តែមិនចេះសំដែងធម៌ ចេះសំដែងធម៌ហើយ តែចូលកាន់បរិសទ្យមិនកើត ចូលកាន់បរិសទ្យកើតហើយ តែមិនក្លៀវក្លាសំដែងធម៌ដល់បរិសទ្យ ក្លៀវក្លាសំដែងធម៌ដល់បរិសទ្យហើយ តែមិនទ្រទ្រង់វិន័យ ទ្រទ្រង់វិន័យហើយ តែមិនប្រព្រឹត្តនៅក្នុងព្រៃ ដែលមានសេនាសនៈស្ងាត់ នៅក្នុងព្រៃ មានសេនាសនៈស្ងាត់ហើយ តែមិនបានតាមប្រាថ្នា មិនបានដោយមិនលំបាក មិនបានដោយងាយ នូវចតុត្ថជ្ឈាន ដែលអាស្រ័យនូវចិត្តដ៏ប្រសើរ ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន បានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយ នូវចតុត្ថជ្ឈាន ដែលអាស្រ័យនូវចិត្តដ៏ប្រសើរ ជាគ្រឿងនៅជាសុខក្នុងបច្ចុប្បន្នហើយ តែមិនធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ។ ភិក្ខុនោះ ឈ្មោះថា នៅមិនទាន់ពេញលេញ ដោយអង្គនោះ យ៉ាងនេះ ភិក្ខុនោះ ត្រូវបំពេញអង្គនោះ ដោយគិតថា ធ្វើដូចម្តេចហ្ន៎ ឲ្យអាត្មាអញមានសទ្ធាផង មានសីលផង ជាអ្នកចេះដឹងច្រើនផង  ចេះសំដែងធម៌ផង ចូលកាន់បរិសទ្យកើតផង ក្លៀវក្លាសំដែងធម៌ដល់បរិសទ្យផង ទ្រទ្រង់វិន័យផង ប្រព្រឹត្តនៅក្នុងព្រៃ មានសេនាសនៈស្ងាត់ផង បានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយ នូវចតុត្ថជ្ឈាន ដែលអាស្រ័យនូវចិត្តដ៏ប្រសើរ ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្នផង បានធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ។ ម្នាលភិក្ខុទាំងឡាយ កាលណា ភិក្ខុមានសទ្ធាផង មានសីលផង ជាអ្នកចេះដឹងច្រើនផង ចេះសំដែងធម៌ផង ចូលកាន់បរិសទ្យកើតផង ក្លៀវក្លាសំដែងធម៌ដល់បរិសទ្យផង ទ្រទ្រង់វិន័យផង ប្រព្រឹត្តនៅក្នុងព្រៃ មានសេនាសនៈស្ងាត់ផង បានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយនូវចតុត្ថជ្ឈាន ដែលអាស្រ័យនូវចិត្តដ៏ប្រសើរ ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្នផង ធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្នផង ។ ភិក្ខុនោះ ទើបពេញលេញ ដោយអង្គនោះ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយធម៌ទាំង ១០ នេះហើយ ឈ្មោះថា នាំឲ្យកើតសេចក្តីជ្រះថ្លា ដោយជុំវិញផង បរិបូណ៌ដោយអាការគ្រប់យ៉ាងផង ។

៩. សន្តវិមោក្ខសូត្រកែប្រែ

[៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសទ្ធាហើយ តែគ្មានសីល មានសីលហើយ តែមិនចេះដឹងច្រើន ចេះដឹងច្រើនហើយ តែមិនចេះសំដែងធម៌ ចេះសំដែងធម៌ហើយ តែចូលកាន់បរិសទ្យមិនកើត ចូលកាន់បរិសទ្យកើតហើយ តែមិនក្លៀវក្លា សំដែងធម៌ដល់បរិសទ្យ ក្លៀវក្លាសំដែងធម៌ ដល់បរិសទ្យហើយ តែមិនទ្រទ្រង់វិន័យ ទ្រទ្រង់វិន័យហើយ តែមិនប្រព្រឹត្តនៅក្នុងព្រៃ មានសេនាសនៈស្ងាត់ប្រព្រឹត្តនៅក្នុងព្រៃ មានសេនាសនៈស្ងាត់ហើយ តែមិនបានវិមោក្ខធម៌ដ៏ល្អិត ដែលកន្លងរូបជ្ឈានហើយ បានអារុប្បជ្ឈានដោយកាយ បានវិមោក្ខធម៌ដ៏ល្អិត ដែលកន្លងរូបជ្ឈាន បានអារុប្បជ្ឈាន ដោយកាយហើយ តែមិនបានធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ។ ភិក្ខុនោះ ឈ្មោះថា នៅមិនទាន់ពេញលេញ ដោយអង្គនោះ យ៉ាងនេះ ភិក្ខុនោះ ត្រូវបំពេញអង្គនោះ ដោយគិតថា ធ្វើដូចម្តេចហ្ន៎ ឲ្យអាត្មាអញមានសទ្ធាផង មានសីលផង ចេះដឹងច្រើនផង ចេះសំដែងធម៌ផង ចូលកាន់បរិសទ្យកើតផង ក្លៀវក្លាសំដែងធម៌ដល់បរិសទ្យផង ទ្រទ្រង់វិន័យផង ប្រព្រឹត្តនៅក្នុងព្រៃ មានសេនាសនៈស្ងាត់ផង បានវិមោក្ខធម៌ដ៏ល្អិត ដែលកន្លងរូបជ្ឈានហើយ បានអារុប្បជ្ឈានដោយកាយផង ធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្នផង ។ ម្នាលភិក្ខុទាំងឡាយ កាលណាភិក្ខុមានសទ្ធាផង មានសីលផង ចេះដឹងច្រើនផង ចេះសំដែងធម៌ផង ចូលកាន់បរិសទ្យកើតផង ក្លៀវក្លាសំដែងធម៌ដល់បរិសទ្យផង ទ្រទ្រង់វិន័យផង ប្រព្រឹត្តនៅក្នុងព្រៃ មានសេនាសនៈស្ងាត់ផង បានវិមោក្ខធម៌ដ៏ល្អិត ដែលកន្លងរូបជ្ឈានហើយ បានអារុប្បជ្ឈានដោយកាយផង ធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្នផង ភិក្ខុនោះ ទើបឈ្មោះថា ពេញលេញដោយអង្គនោះ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយធម៌ទាំង ១០ នេះហើយ ឈ្មោះថា នាំឲ្យកើតសេចក្តីជ្រះថ្លា ដោយជុំវិញផង បរិបូណ៌ដោយអាការគ្រប់យ៉ាងផង ។

១០. វិជ្ជាសូត្រកែប្រែ

[១០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសទ្ធាហើយ តែមិនមានសីល ភិក្ខុនោះឈ្មោះថា នៅមិនទាន់ពេញលេញ ដោយអង្គនោះ យ៉ាងនេះឡើយ ភិក្ខុនោះ ត្រូវបំពេញអង្គនោះ ដោយគិតថា ធ្វើដូចម្តេចហ្ន៎ ឲ្យអាត្មាអញ មានសទ្ធាផង មានសីលផង ។ ម្នាលភិក្ខុទាំងឡាយ កាលណាភិក្ខុមានសទ្ធាផង មានសីលផងហើយ ភិក្ខុនោះ ទើបឈ្មោះថា ពេញលេញដោយអង្គនោះ យ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសទ្ធាផង មានសីលផងហើយ តែមិនជាអ្នកចេះដឹងច្រើន ចេះដឹងច្រើនហើយ តែមិនចេះសំដែងធម៌ ចេះសំដែងធម៌ហើយ តែចូលកាន់បរិសទ្យមិនកើត ចូលកាន់បរិសទ្យកើតហើយ តែមិនក្លៀវក្លាសំដែងធម៌ដល់បរិសទ្យ ក្លៀវក្លាសំដែងធម៌ដល់បរិសទ្យហើយ តែមិនទ្រទ្រង់វិន័យ ទ្រទ្រង់វិន័យហើយ តែមិនបានរលឹកនូវបុព្វេនិវាសច្រើនប្រការ គឺរលឹកឃើញ ១ ជាតិខ្លះ ២ ជាតិខ្លះ ។បេ។ រលឹកឃើញនូវបុព្វេនិវាសច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ រលឹកឃើញនូវបុព្វេនិវាសច្រើនប្រការ គឺរលឹកឃើញ ១ ជាតិខ្លះ ២ ជាតិខ្លះ ។បេ។ រលឹកឃើញនូវបុព្វេនិវាសច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះហើយ តែទាស់មិនមានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងនូវចក្ខុជារបស់មនុស្សធម្មតា ។បេ។ ដឹងច្បាស់នូវពួកសត្វ ដែលអន្ទោលទៅតាមកម្ម មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងនូវចក្ខុជារបស់មនុស្សធម្មតា ។បេ។ ដឹងច្បាស់នូវពួកសត្វ ដែលអន្ទោលទៅតាមកម្មហើយ តែមិនធ្វើឲ្យជាក់ច្បាស់ ។បេ។ ព្រោះអស់អាសវៈទាំងឡាយហើយ ។ ភិក្ខុនោះ ឈ្មោះថា នៅមិនទាន់ពេញលេញ ដោយអង្គនោះ យ៉ាងនេះឡើយ ភិក្ខុនោះ ត្រូវបំពេញអង្គនោះ ដោយគិតថា ធ្វើដូចម្តេចហ្ន៎ ឲ្យអាត្មាអញ មានសទ្ធាផង មានសីលផង ជាអ្នកចេះដឹងច្រើនផង ចេះសំដែងធម៌ផង ចូលកាន់បរិសទ្យកើតផង ក្លៀវក្លាសំដែងធម៌ដល់បរិសទ្យផង ទ្រទ្រង់វិន័យផង រលឹកឃើញនូវបុព្វេនិវាសច្រើនប្រការ គឺរលឹកឃើញ ១ ជាតិខ្លះ ២ ជាតិខ្លះ ។បេ។ រលឹកឃើញនូវបុព្វេនិវាសច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះផង មានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងនូវចក្ខុជារបស់មនុស្សធម្មតា ។បេ។ ដឹងច្បាស់នូវពួកសត្វដែលអន្ទោលទៅតាមកម្មផង ធ្វើឲ្យជាក់ច្បាស់ ។បេ។ ព្រោះអស់អាសវៈទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ កាលណា ភិក្ខុមានសទ្ធាផង មានសីលផង ជាអ្នកចេះដឹងច្រើនផង ចេះសំដែងធម៌ផង ចូលកាន់បរិសទ្យកើតផង ក្លៀវក្លាសំដែងធម៌ដល់បរិសទ្យផង ទ្រទ្រង់វិន័យផង រលឹកឃើញនូវបុព្វេនិវាសច្រើនប្រការ គឺរលឹកឃើញ ១ ជាតិខ្លះ ២ ជាតិខ្លះ ។បេ។ រលឹកឃើញនូវបុព្វេនិវាសច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះផង មានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងនូវចក្ខុជារបស់មនុស្សធម្មតាផង ។បេ។ ដឹងច្បាស់នូវពួកសត្វដែលអន្ទោលទៅតាមកម្មផង ធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្នផង ភិក្ខុនោះ ទើបឈ្មោះថា ពេញលេញដោយអង្គនោះ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយធម៌ទាំង ១០ យ៉ាងនេះហើយ ឈ្មោះថា នាំឲ្យកើតសេចក្តីជ្រះថ្លាដោយជុំវិញផង បរិបូណ៌ដោយអាការគ្រប់យ៉ាងផង ។

ចប់ អានិសំសវគ្គ ទី១ ។

ឧទ្ទាននៃអានិសំសវគ្គនោះគឺ

និយាយអំពីសីល មានប្រយោជន៍ដូចម្តេច ១ អំពីចេតនា ១ អំពីសីល ១ អំពីការសាបសូន្យចាកឧបនិស្ស័យ ១ អំពីព្រះអានន្ទជាគំរប់ ៥ អំពីសមាធិ ១ អំពីព្រះសារីបុត្រ ១ អំពីភិក្ខុមានសទ្ធា ១ អំពីសន្តវិមោក្ខ ១ អំពីភិក្ខុមានសទ្ធាជាដើម ១ ។

នាថករណវគ្គ ទី២កែប្រែ

១. សេនាសនសូត្រកែប្រែ

[១១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ ៥ កាលសេពគប់នូវសេនាសនៈ ដែលប្រកបដោយអង្គ ៥ មិនយូរប៉ុន្មាន គប្បីធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ ៥ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានសទ្ធា ជឿសេចក្តីត្រាស់ដឹង របស់ព្រះតថាគតថា ព្រះដ៏មានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ជាសារថីទូន្មាននូវបុរស ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធ មានបុញ្ញសិរី ១ ជាអ្នកមានអាពាធតិច មានទុក្ខតិច ប្រកបដោយតេជោធាតុ បក់កំដៅស្មើ គឺមិនត្រជាក់ពេក មិនក្តៅពេក យ៉ាងកណ្តាល អត់ធន់នូវសេចក្តីព្យាយាមបាន ១ មិនជាអ្នកអួតអាង មិនមានមាយា គឺប្រព្រឹត្តខ្លួនឲ្យពិតប្រាកដ ក្នុងព្រះសាស្តា ឬក្នុងពួកសព្រហ្មចារី ជាអ្នកចេះដឹង ១ ជាអ្នកមានព្យាយាមប្រារព្ធ ដើម្បីលះបង់ពួកអកុសលធម៌ ចូលដល់នូវកុសលធម៌ ១ ជាអ្នកមានកំឡាំង ប្រឹងប្រែងមាំមួន មិនដាក់ធុរៈ ក្នុងកុសលធម៌ទាំងឡាយ ១ មានប្រាជ្ញា ប្រកបដោយបញ្ញា យល់ច្បាស់នូវសេចក្តីចម្រើន និងសេចក្តីវិនាស ជាប្រាជ្ញាប្រសើរមោះមុត ប្រព្រឹត្តទៅ ដើម្បីឲ្យអស់ទុក្ខដោយប្រពៃ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ ៥ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះសេនាសនៈប្រកបដោយអង្គ ៥ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សេនាសនៈក្នុងលោកនេះ មិនធ្ងាយពេក មិនជិតពេក ល្មមទៅមកស្រួល មិនកុះករដោយមនុស្សក្នុងវេលាថ្ងៃ មិនសូវមានសំឡេង មិនសូវគឹកកង ក្នុងរាត្រី មិនសូវមានសម្ផស្ស ដោយរបោមមូសខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំ ១ ចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ កើតឡើងដល់ភិក្ខុដែលនៅក្នុងសេនាសនៈនោះ ដោយមិនលំបាក ១ ពួកភិក្ខុជាថេរៈដែលនៅក្នុងសេនាសនៈនោះ ជាពហុស្សូត ចេះចាំនូវនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ១ ភិក្ខុចូលទៅរកភិក្ខុជាថេរៈទាំងនោះម្តង ៗ ហើយសួរប្រឹក្សាថា បពិត្រលោកដ៏ចម្រើន រឿងនេះតើដូចម្តេច សេចក្តីអធិប្បាយនៃរឿងនេះ តើដូចម្តេច ១ លោកដ៏មានអាយុទាំងនោះ រមែងពន្យល់រឿងដែលមិនទាន់ច្បាស់លាស់ផង ធ្វើឲ្យងាយនូវរឿងដែលជ្រៅផង បន្ទោបង់នូវសេចក្តីសង្ស័យក្នុងធម៌ទាំងឡាយ ដែលជាទីតាំងនៃសេចក្តីសង្ស័យច្រើនប្រការផង ១ ។ ម្នាលភិក្ខុទាំងឡាយ សេនាសនៈ ប្រកបដោយអង្គ ៥ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ ៥ កាលបើសេពគប់នូវសេនាសនៈ ប្រកបដោយអង្គ ៥ ហើយ មិនយូរប៉ុន្មាន នឹងបានធ្វើឲ្យជាក់ច្បាស់ ។បេ។ ព្រោះអស់អាសវៈទាំងឡាយ ។

២. បញ្ចង្គសូត្រកែប្រែ

[១២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុលះអង្គ ៥ ប្រកបដោយអង្គ ៥ ហៅថាជាឧត្តមបុរស មានគុណគ្រប់គ្រាន់ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងធម្មវិន័យនេះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុលះអង្គ ៥ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានលះកាមច្ឆន្ទៈ ១ លះព្យាបាទ ១ លះថីនមិទ្ធៈ ១ លះឧទ្ធច្ចកុក្កច្ចៈ ១ លះវិចិកិច្ឆា ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុលះអង្គ ៥ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុប្រកបដោយអង្គ ៥ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុប្រកបដោយសីលក្ខន្ធ ជាអសេក្ខៈ ១ ប្រកបដោយសមាធិក្ខន្ធ ជាអសេក្ខៈ ១ ប្រកបដោយបញ្ញាខន្ធ ជាអសេក្ខៈ ១ ប្រកបដោយវិមុត្តិក្ខន្ធ ជាអសេក្ខៈ ១ ប្រកបដោយវិមុត្តិញ្ញាណទស្សនក្ខន្ធ ជាអសេក្ខៈ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ ៥ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុលះអង្គ ៥ ប្រកបដោយអង្គ ៥ ហៅថាជាឧត្តមបុរស មានគុណគ្រប់គ្រាន់ ប្រព្រឹត្តព្រហ្មចរិយធម៌ក្នុងធម្មវិន័យនេះ ។

កាមច្ឆន្ទៈ ១ ព្យាបាទៈ ១ ថីនមិទ្ធៈ ១ ឧទ្ធច្ចៈ ១ វិចិកិច្ឆា   ១ មិនមានដល់ភិក្ខុ ដោយប្រការទាំងពួង ភិក្ខុបែបនោះ ប្រកបដោយអសេក្ខសីលផង ដោយអសេក្ខសមាធិ ផង (ដោយអសេក្ខបញ្ញាផង) ដោយវិមុត្តិផង ដោយវិមុត្តិញ្ញាណផង ភិក្ខុនោះឯង ឈ្មោះថា ប្រកបដោយអង្គ ៥ លះអង្គ ៥ ភិក្ខុនោះឯង ហៅថា ប្រកបដោយគុណ ទាំងអស់ ក្នុងធម្មវិន័យនេះ ។

៣. សំយោជនសូត្រកែប្រែ

[១៣] ម្នាលភិក្ខុទាំងឡាយ សំយោជនៈនេះមាន ១០ យ៉ាង ។ សំយោជនៈ ១០ យ៉ាង តើដូចម្តេច ។ គឺសំយោជនៈ ជាចំណែកខាងក្រោម ៥ សំយោជនៈជាចំណែកខាងលើ ៥ ។ សំយោជនៈជាចំណែកខាងក្រោម ៥ តើដូចម្តេច ។ គឺសក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរាមាស ១ កាមច្ឆន្ទៈ ១ ព្យាបាទៈ ១ ។ នេះជាសំយោជនៈ ជាចំណែកខាងក្រោម ៥ ។ សំយោជនៈជាចំណែកខាងលើ ៥ តើដូចម្តេច ។ គឺ រូបរាគៈ ១ អរូបរាគៈ ១ មានៈ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១ ។ នេះជាសំយោជនៈ ជាចំណែកខាងលើ ៥ ។ ម្នាលភិក្ខុទាំងឡាយ សំយោជនៈមាន ១០ យ៉ាងនេះឯង ។

៤. ចេតោខិលសូត្រកែប្រែ

[១៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ឬភិក្ខុនីណាមួយ មិនបានលះសេចក្តីរឹងត្អឹងនៃចិត្ត ៥ មិនបានផ្តាច់ផ្តិលចំណងរបស់ចិត្ត ៥ ទេ យប់ ឬថ្ងៃមកដល់ភិក្ខុ ឬភិក្ខុនីនោះ សេចក្តីសាបសូន្យក្នុងកុសលធម៌ទាំងឡាយ រមែងប្រាកដឡើង មិនមានសេចក្តីចម្រើនឡើយ ។ សេចក្តីរឹងត្អឹងនៃចិត្ត ៥ ដែលភិក្ខុមិនបានលះបង់ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លា ក្នុងព្រះសាស្តា ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លាក្នុងព្រះសាស្តា ចិត្តរបស់ភិក្ខុនោះ មិនបង្អោនទៅ ដើម្បីព្យាយាមជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីព្យាយាមមិនដាច់ ដើម្បីតាំងទុកព្យាយាម ។ ចិត្តរបស់ភិក្ខុណា មិនបង្អោនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីព្យាយាមមិនដាច់ ដើម្បីតាំងទុកនូវព្យាយាម ភិក្ខុនោះឈ្មោះថា មិនបានលះបង់សេចក្តីរឹងត្អឹងនៃចិត្ត ទី១ នេះ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុសង្ស័យក្នុងធម៌ ។បេ។ សង្ស័យក្នុងសង្ឃ សង្ស័យក្នុងសិក្ខា ក្រោធខឹង មិនពេញចិត្ត មានចិត្តត្រូវទោសៈខ្ទាំងខ្ទប់ មានសេចក្តីរឹងរូសក្នុងសព្រហ្មចារីទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាជាអ្នកក្រោធខឹង មិនពេញចិត្ត មានចិត្តត្រូវទោសៈខ្ទាំងខ្ទប់ មានសេចក្តីរឹងរូសក្នុងសព្រហ្មចារីទាំងឡាយហើយ ចិត្តរបស់ភិក្ខុនោះ រមែងមិនបង្អោនទៅដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីព្យាយាមមិនដាច់ ដើម្បីតាំងទុកនូវព្យាយាម ។ ចិត្តរបស់ភិក្ខុណា មិនបង្អោនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីព្យាយាមមិនដាច់ ដើម្បីតាំងទុកព្យាយាម ភិក្ខុនោះឈ្មោះថា មិនបានលះបង់សេចក្តីរឹងត្អឹងនៃចិត្តទាំង ៥ នេះ យ៉ាងនេះឯង ។ នេះជាសេចក្តីរឹងត្អឹងនៃចិត្តទាំង ៥ ដែលភិក្ខុមិនបានលះបង់ហើយ ។ ចុះចំណងរបស់ចិត្ត ៥ ដែលភិក្ខុមិនបានផ្តាច់ផ្តិល តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនទាន់ប្រាសចាកតម្រេក មិនទាន់ប្រាសចាកសេចក្តីប្រាថ្នា មិនទាន់ប្រាសចាកសេចក្តីគាប់ចិត្ត មិនទាន់ប្រាសចាកសេចក្តីស្រេកឃ្លាន មិនទាន់ប្រាសចាកសេចក្តីក្តៅក្រហាយ មិនទាន់ប្រាសចាកបំណងក្នុងកាមទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា មិនទាន់ប្រាសចាកតម្រេក មិនទាន់ប្រាសចាកសេចក្តីប្រាថ្នា មិនទាន់ប្រាសចាកសេចក្តីគាប់ចិត្ត មិនទាន់ប្រាសចាកសេចក្តីស្រេកឃ្លាន មិនទាន់ប្រាសចាកសេចក្តីក្តៅក្រហាយ មិនទាន់ប្រាសចាកបំណងក្នុងកាមទាំងឡាយហើយ ចិត្តរបស់ភិក្ខុនោះ រមែងមិនបង្អោនទៅដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីព្យាយាមមិនដាច់ ដើម្បតាំងទុកព្យាយាម ។ ចិត្តរបស់ភិក្ខុណា មិនបង្អោនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីព្យាយាមមិនដាច់ ដើម្បីតាំងទុកព្យាយាមទេ ភិក្ខុនោះឈ្មោះថា មិនបានផ្តាច់ផ្តិលនូវចំណងរបស់ចិត្ត ទី១ នេះ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុមិនទាន់ប្រាសចាកតម្រេកក្នុងកាយ ។បេ។ មិនទាន់ប្រាសចាកតម្រេកក្នុងរូប បរិភោគអាហារពេញពោះដរាបដល់ឆ្អែត រៀបចំតែទីដេកឲ្យស្រួល ទីផ្អែកឲ្យស្រួល ទីលក់ឲ្យស្រួល ប្រព្រឹត្តព្រហ្មចរិយធម៌ ព្រោះដំកល់ទុកនូវសេចក្តីប្រាថ្នា ឲ្យបានជាពួកទេវតាណាមួយថា ខ្ញុំសូមឲ្យបានជាទេវតាធំ ឬទេវតាតូចណាមួយ ដោយសីល ឬវ័ត ឬតបៈ ឬក៏ព្រហ្មចរិយៈនេះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ប្រព្រឹត្តព្រហ្មចរិយធម៌ ព្រោះដំកល់ទុកនូវសេចក្តីប្រាថ្នាឲ្យបានជាពួកទេវតាណាមួយថា ខ្ញុំសូមឲ្យបានជាទេវតាធំ ឬទេវតាតូចណាមួយ ដោយសីល ឬវ័ត ឬតបៈ ឬក៏ព្រហ្មចរិយៈនេះ ចិត្តរបស់ភិក្ខុនោះ រមែងមិនបង្អោនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីព្យាយាមមិនដាច់ ដើម្បីតាំងទុកព្យាយាម ។ ចិត្តរបស់ភិក្ខុណា មិនបង្អោនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីព្យាយាមមិនដាច់ ដើម្បីតាំងទុកព្យាយាមមិនដាច់ទេ ភិក្ខុនោះឈ្មោះថា មិនបានផ្តាច់ផ្តិល នូវចំណងរបស់ចិត្តទី ៥ នេះ យ៉ាងនេះឯង ។ នេះជាចំណងរបស់ចិត្តទាំង ៥ ដែលភិក្ខុមិនបានផ្តាច់ផ្តិល ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ឬភិក្ខុនីណាមួយ មិនបានលះបង់នូវសេចក្តីរឹងត្អឹងរបស់ចិត្តទាំង ៥ នេះ មិនបានផ្តាច់ផ្តិលនូវចំណងរបស់ចិត្តទាំង ៥ នេះហើយ យប់ និងថ្ងៃ មកដល់ភិក្ខុ ឬភិក្ខុនីនោះ សេចក្តីសាបសូន្យ ក្នុងកុសលធម៌ទាំងឡាយ រមែងប្រាកដ មិនមានសេចក្តីចម្រើនឡើយ ។ ម្នាលភិក្ខុទាំងឡាយ ដូចជាយប់ និងថ្ងៃ រមែងមកដល់ព្រះចន្រ្ទក្នុងកាលបក្ខ តែងសាបសូន្យចាកវណ្ណៈ សាបសូន្យចាកមណ្ឌល សាបសូន្យចាករស្មី សាបសូន្យចាកទំហំ និងកំពស់ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ឬភិក្ខុនីណាមួយ មិនបានលះបង់នូវសេចក្តីរឹងត្អឹងរបស់ចិត្តទាំង ៥ នេះ មិនបានផ្តាច់ផ្តិល នូវចំណងរបស់ចិត្ត ទាំង ៥ នេះហើយ យប់ និងថ្ងៃមកដល់ភិក្ខុ ឬភិក្ខុនីនោះ សេចក្តីសាបសូន្យ ក្នុងកុសលធម៌ទាំងឡាយ រមែងប្រាកដ មិនមានសេចក្តីចម្រើនឡើយ ក៏ យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ឬភិក្ខុនីណាមួយ បានលះបង់នូវចំណងរបស់ចិត្ត ៥ បានផ្តាច់ផ្តិលនូវចំណងរបស់ចិត្ត ៥ ហើយ យប់ និងថ្ងៃមកដល់ភិក្ខុ ឬភិក្ខុនីនោះ សេចក្តីចម្រើន ក្នុងកុសលធម៌ទាំងឡាយ រមែងប្រាកដ មិនបានសាបសូន្យឡើយ ។ សេចក្តីរឹងត្អឹងរបស់ចិត្តទាំង ៥ ដែលភិក្ខុ ឬភិក្ខុនីបានលះបង់ហើយ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនងឿងឆ្ងល់ មិនសង្ស័យ ចុះចិត្តស៊ប់ ជ្រះថ្លា ក្នុងព្រះសាស្តា ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា មិនងឿងឆ្ងល់ មិនសង្ស័យ ចុះចិត្តស៊ប់ ជ្រះថ្លាក្នុងព្រះសាស្តាហើយ ចិត្តរបស់ភិក្ខុនោះ រមែងបង្អោនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីព្យាយាមមិនដាច់ ដើម្បីតាំងទុកព្យាយាម ។ ចិត្តរបស់ភិក្ខុណា បង្អោនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីព្យាយាមមិនដាច់ ដើម្បីតាំងទុកព្យាយាម ភិក្ខុនោះឈ្មោះថា បានលះបង់នូវសេចក្តីរឹងត្អឹងរបស់ចិត្តទី ១ នេះ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុមិនងឿងឆ្ងល់ ក្នុងធម៌ ។បេ។ មិនងឿងឆ្ងល់ ក្នុងសង្ឃ… មិនងឿងឆ្ងល់ ក្នុងសិក្ខា មិនក្រោធខឹង មិនអន់ចិត្ត មិនមានចិត្តត្រូវទោសៈខ្ទាំងខ្ទប់ មិនមានសេចក្តីរឹងរូស ក្នុងពួកសព្រហ្មចារី ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា មិនក្រោធខឹង មិនអន់ចិត្ត មិនមានចិត្តត្រូវទោសៈខ្ទាំងខ្ទប់ មិនមានសេចក្តីរឹងរូស ក្នុងពួកសព្រហ្មចារីហើយ ចិត្តរបស់ភិក្ខុនោះ រមែងបង្អោនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីព្យាយាមមិនដាច់ ដើម្បីតាំងទុកព្យាយាម ចិត្តរបស់ភិក្ខុណា បង្អោនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីព្យាយាមមិនដាច់ ដើម្បីតាំងទុកព្យាយាម ភិក្ខុនោះឈ្មោះថា លះបង់នូវសេចក្តីរឹងត្អឹងរបស់ចិត្តទី ៥ នេះ យ៉ាងនេះឯង ។ នេះជាសេចក្តីរឹងត្អឹង របស់ចិត្តទាំង ៥ ដែលភិក្ខុបានលះបង់ហើយ ។ ចំណងរបស់ចិត្ត ៥ ដែលភិក្ខុបានផ្តាច់ផ្តិលហើយ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រាសចាកតម្រេក ប្រាសចាកសេចក្តីប្រាថ្នា ប្រាសចាកសេចក្តីស្រឡាញ់ ប្រាសចាកសម្រេក ប្រាសចាកសេចក្តីក្តៅក្រហាយ ប្រាសចាកចំណង់ក្នុងកាមទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ជាអ្នកប្រាសចាកតម្រេក ប្រាសចាកសេចក្តីប្រាថ្នា ប្រាសចាកសេចក្តីស្រឡាញ់ ប្រាសចាកសម្រេក ប្រាសចាកសេចក្តីក្តៅក្រហាយ ប្រាសចាកចំណង់ ក្នុងកាមទាំងឡាយហើយ ចិត្តរបស់ភិក្ខុនោះ រមែងបង្អោនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីព្យាយាមមិនដាច់ ដើម្បីតាំងទុកព្យាយាម ។ ចិត្តរបស់ភិក្ខុណា បង្អោនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីព្យាយាមមិនដាច់ ដើម្បីតាំងទុកព្យាយាម ភិក្ខុនោះឈ្មោះថា បានផ្តាច់ផ្តិលនូវចំណងរបស់ចិត្តទី ១ នេះ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកប្រាសចាកតម្រេកក្នុងកាយ ។បេ។ ប្រាសចាកតម្រេកក្នុងរូប មិនបរិភោគពេញពោះដរាបដល់ឆ្អែត ហើយរៀបចំតែទីដេកឲ្យស្រួល ទីផ្អែកឲ្យស្រួល ទីលក់ឲ្យស្រួល មិនប្រព្រឹត្តព្រហ្មចរិយធម៌ ព្រោះដំកល់ទុក នូវសេចក្តីប្រាថ្នា ឲ្យបានជាពួកទេវតាណាមួយថា អាត្មាអញ សូមឲ្យបានជាទេវតាធំ ឬទេវតាតូចណាមួយ ដោយសីល ឬវ័ត ឬក៏តបៈ ឬក៏ព្រហ្មចរិយៈនេះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា មិនប្រព្រឹត្តព្រហ្មចរិយៈ ព្រោះដំកល់ទុកនូវសេចក្តីប្រាថ្នា ឲ្យបានជាពួកទេវតាណាមួយថា អាត្មាអញ សូមឲ្យបានជាទេវតាធំ ឬទេវតាតូចណាមួយ ដោយសីល ឬវ័ត ឬក៏តបៈ ឬក៏ព្រហ្មចរិយៈនេះហើយ ចិត្តរបស់ភិក្ខុនោះ រមែងបង្អោនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីព្យាយាមមិនដាច់ ដើម្បីតាំងទុកព្យាយាម ។ ចិត្តរបស់ភិក្ខុណា បង្អោនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីព្យាយាមមិនដាច់ ដើម្បីតាំងទុកព្យាយាម ។ ភិក្ខុនោះឈ្មោះថា ផ្តាច់ផ្តិលនូវចំណងរបស់ចិត្តទី ៥ នេះ យ៉ាងនេះឯង ។ នេះជាចំណងរបស់ចិត្តទាំង ៥ ដែលភិក្ខុបានផ្តាច់ផ្តិល ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ឬភិក្ខុនីណាមួយ បានលះបង់នូវសេចក្តីរឹងត្អឹងរបស់ចិត្តទាំង ៥ នេះ បានផ្តាច់ផ្តិលនូវចំណងរបស់ចិត្តទាំង ៥ នេះហើយ យប់ និងថ្ងៃមកដល់ភិក្ខុ ឬភិក្ខុនីនោះ សេចក្តីចម្រើន ក្នុងកុសលធម៌ទាំងឡាយ រមែងប្រាកដ មិនមានសេចក្តីសាបសូន្យឡើយ ។ ម្នាលភិក្ខុទាំងឡាយ ដូចយប់ និងថ្ងៃ រមែងមកដល់ព្រះចន្ទ្រខាងខ្នើត តែងចម្រើនដោយវណ្ណៈ ចម្រើនដោយមណ្ឌល ចម្រើនដោយរស្មី ចម្រើនដោយកំពស់ និងទំហំ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ឬភិក្ខុនីណាមួយ បានលះបង់នូវសេចក្តីរឹងត្អឹងរបស់ចិត្តទាំង ៥ នេះ បានផ្តាច់ផ្តិលនូវសេចក្តីរឹងត្អឹងរបស់ចិត្តទាំង ៥ នេះហើយ យប់ និងថ្ងៃ មកដល់ភិក្ខុ ឬភិក្ខុនីនោះ សេចក្តីចម្រើន ក្នុងកុសលធម៌ទាំងឡាយ រមែងប្រាកដ មិនមានសេចក្តីសាបសូន្យឡើយ ក៏យ៉ាងនោះដែរ ។

៥. អប្បមាទសូត្រកែប្រែ

[១៥] ម្នាលភិក្ខុទាំងឡាយ ពួកសត្វទាំងអម្បាលមាណ ទោះបីមិនមានជើងក្តី មានជើងពីរក្តី មានជើងបួនក្តី មានជើងច្រើនក្តី មានរូបក្តី មិនមានរូបក្តី មានសញ្ញាក្តី មិនមានសញ្ញាក្តី មានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែនក្តី ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ប្រាកដជាប្រសើរជាងពួកសត្វទាំងអម្បាលនោះ (យ៉ាងណាមិញ) ម្នាលភិក្ខុទាំងឡាយ កងធម៌ជាកុសលឯណានីមួយ កងធម៌ជាកុសលទាំងអស់នោះ មានអប្បមាទ ជាឫស ប្រជុំចុះក្នុងអប្បមាទ អប្បមាទ ប្រាកដជាប្រសើរជាងកងធម៌ជាកុសលទាំងនោះ ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាស្នាមជើងទាំងឡាយណាមួយ របស់ពួកសត្វ ដែលដើរលើផ្ទៃផែនដី ស្នាមជើងទាំងអស់នោះ រមែងដល់នូវការប្រជុំចុះ ក្នុងស្នាមជើងនៃដំរី ស្នាមជើងនៃដំរី ប្រាកដជាប្រសើរជាងស្នាមជើងនៃសត្វទាំងនោះ ព្រោះជាស្នាមជើងធំ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កងធម៌ជាកុសលឯណានីមួយ កងធម៌ជាកុសលទាំងអស់នោះ មានអប្បមាទ ជាឫស ប្រជុំចុះក្នុងអប្បមាទ អប្បមាទ ប្រាកដជាប្រសើរជាងកងធម៌ជាកុសលទាំងអស់នោះ ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ដូចជាបង្កង់ទាំងឡាយឯណានីមួយ របស់កូដាគារ (ផ្ទះដែលគេសង្គ្រោះដោយកំពូល) បង្កង់ទាំងអស់នោះ ឈមទៅរកកំពូល ទេរទៅរកកំពូល ប្រជុំទៅត្រង់កំពូល កំពូលប្រាកដជាប្រសើរជាងបង្កង់ទាំងនោះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កងធម៌ជាកុសលឯណានីមួយ កងធម៌ជាកុសលទាំងអស់នោះ មានអប្បមាទ ជាឫស ប្រជុំចុះក្នុងអប្បមាទ អប្បមាទ ប្រាកដជាប្រសើរជាងកងធម៌ជាកុសលទាំងនោះ ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាក្លិនឫសឈើទាំងឡាយឯណានីមួយ ក្លិនឫសក្លាំពាក់ ប្រាកដជាប្រសើរជាងក្លិនឫសឈើទាំងនោះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ។បេ។ ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាក្លិនខ្លឹមទាំងឡាយណានីមួយ ក្លិនខ្លឹមចន្ទន៍ក្រហមប្រាកដជាប្រសើរជាងក្លិនខ្លឹមទាំងនោះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ។បេ។ យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាក្លិនផ្កាឈើទាំងឡាយ ឯណានីមួយ ក្លិនផ្កាម្លិះ ប្រាកដជាប្រសើរជាងក្លិនផ្កាឈើទាំងនោះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ។បេ។ ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាពួកស្តេចតូច ៗ ឯណានីមួយ ពួកស្តេចតូច ៗ ទាំងអស់នោះ រមែងជាចំណុះរបស់ស្តេចចក្រពត្តិ ស្តេចចក្រពត្តិ ប្រាកដជាប្រសើរជាងពួកស្តេចតូច ៗ ទាំងនោះយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ។បេ។ ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាពន្លឺ របស់រូបផ្កាយទាំងឡាយឯណានីមួយ ពន្លឺទាំងអស់នោះ មិនបានដល់នូវចំណិត ជាគំរប់ ១៦ ៗ ដង នៃពន្លឺព្រះចន្រ្ទ ពន្លឺព្រះចន្ទ្រ ប្រាកដជាប្រសើរជាងពន្លឺនៃរូបផ្កាយទាំងនោះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ។បេ។ ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាព្រះអាទិត្យ កាលបើភ្លៀងស្វាង ប្រាសចាកពពក ក្នុងសរទសម័យ ខ្ពស់ផុតពពក កំចាត់បង់នូវងងឹតទាំងអស់ ដែលនៅលើអាកាស ហើយភ្លឺស្វាងរុងរឿង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ។បេ។ ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាទន្លេធំទាំងឡាយ ឯណានីមួយ គឺទន្លេគង្គា យមុនា អចិរវតី សរភូ មហី ទន្លេទាំងអស់នោះ ក៏ឈមទៅរកសមុទ្រ ឱនទៅរកសមុទ្រ ទេរទៅរកសមុទ្រ ញោចទៅរកសមុទ្រ មហាសមុទ្រ ប្រាកដជាប្រសើរជាងទន្លេធំទាំងនោះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កងធម៌ជាកុសលឯណានីមួយ  កងធម៌ជាកុសលទាំងអស់នោះ មានអប្បមាទ ជាឫស ប្រជុំចុះក្នុងអប្បមាទ អប្បមាទ ប្រាកដជាប្រសើរជាងកងធម៌ជាកុសលទាំងនោះ ក៏យ៉ាងនោះដែរ ។

៦. អាហុនេយ្យសូត្រកែប្រែ

[១៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល ១០ ពួកនេះ ជាអ្នកគួរទទួលនូវវត្ថុ ដែលគេនាំមកដើម្បីបូជា គួរទទួលវត្ថុដែលគេតាក់តែងដើម្បីទទួលភ្ញៀវ គួរទទួលទានដែលគេជឿកម្ម និងផលរបស់កម្មហើយបូជា គួរឲ្យបុគ្គលដែលត្រូវការដោយកុសល ប្រណម្យអញ្ជលី ជាស្រែបុណ្យដ៏ប្រសើររបស់សត្វលោក ។ បុគ្គលទាំង ១០ ពួក តើដូចម្តេច ។ គឺព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ១ ព្រះបច្ចេកសម្ពុទ្ធ ១ ឧភតោភាគវិមុត្តបុគ្គល ១ បញ្ញាវិមុត្តបុគ្គល ១ កាយសក្ខិបុគ្គល ១ ទិដ្ឋិប្បត្តបុគ្គល ១ សទ្ធាវិមុត្តបុគ្គល ១ ធម្មានុសារីបុគ្គល ១ សទ្ធានុសារីបុគ្គល ១ គោត្រភូបុគ្គល ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ១០ ពួកនេះ ជាអ្នកគួរទទួលនូវវត្ថុ ដែលគេនាំមកដើម្បីបូជា ។បេ។ ជាស្រែបុណ្យដ៏ប្រសើរ របស់សត្វលោក ។

៧. បឋមនាថសូត្រកែប្រែ

[១៧] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរជាបុគ្គលមានទីពឹង កុំជាបុគ្គល មិនមានទីពឹងឡើយ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនមានទីពឹង រមែងនៅជាទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ នាថករណធម៌ (ធម៌សម្រាប់ធ្វើឲ្យមានទីពឹង) នេះមាន ១០ យ៉ាង ។ នាថករណធម៌ ១០ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញភ័យក្នុងទោស សូម្បីបន្តិចបន្តួច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសីល ។បេ។ សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ព្រោះធម៌ណា នេះឯង ជានាថករណធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាពហុស្សូត ទ្រទ្រង់នូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ សន្សំនូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ ធម៌ទាំងឡាយណា មានលំអបទដើម លំអបទកណ្តាល លំអបទចុង ប្រកាសនូវព្រហ្មចរិយៈ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈដ៏បរិបូណ៌ បរិសុទ្ធទាំងអស់ ធម៌មានសភាពដូច្នោះ ភិក្ខុនោះ ក៏ចេះចាំច្រើន បានចាំទុក ចាំជាប់ក្នុងចិត្ត បានចាក់ធ្លុះល្អដោយទិដ្ឋិ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាពហុស្សូត ។បេ។ បានចាក់ធ្លុះល្អដោយទិដ្ឋិ ព្រោះធម៌ណា នេះឯង ជានាថករណធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុមានមិត្តល្អ មានសំឡាញ់ល្អ ជាអ្នកពត់ខ្លួនតាមមិត្តសំឡាញ់ល្អ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានមិត្តល្អ មានសំឡាញ់ល្អ ជាអ្នកងាកចិត្តទៅតាមមិត្តសំឡាញ់ល្អ ព្រោះធម៌ណា នេះឯង ជានាថករណធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកប្រដៅងាយ ប្រកបដោយធម៌ទាំងឡាយ ជាគ្រឿងធ្វើឲ្យប្រដៅងាយ ជាអ្នកអត់ធន់ ទទួលយកនូវពាក្យប្រៀនប្រដៅ ដោយផ្ចិតផ្ចង់ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកដែលគេប្រដៅងាយ ជាអ្នកអត់ធន់ ទទួលយកនូវពាក្យប្រៀនប្រដៅ ដោយផ្ចិតផ្ចង់ ព្រោះធម៌ណា នេះឯង ជានាថករណធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អំពើណា ដ៏ខ្ពស់ និងទាប ដែលពួកសព្រហ្មចារីបុគ្គល ត្រូវសួរគ្នីគ្នាហើយ ទើបធ្វើ ភិក្ខុជាអ្នកឈ្លាសវៃ មិនខ្ជិលច្រអូស ក្នុងអំពើនោះ ប្រកបដោយការពិចារណា ដោយឧបាយក្នុងអំពើនោះថា គួរធ្វើ គួរចាត់ចែងបាន ។ ម្នាលភិក្ខុទាំងឡាយ អំពើណា ដ៏ខ្ពស់ និងទាប ដែលពួកសព្រហ្មចារីបុគ្គលត្រូវសួរគ្នីគ្នា ហើយទើបធ្វើ ភិក្ខុ ។បេ។ ថា គួរធ្វើ គួរចាត់ចែង ព្រោះធម៌ណា នេះឯង ជានាថករណធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកប្រាថ្នាធម៌ ពេញចិត្តនឹងការនិយាយធម៌ មានសេចក្តីរីករាយដ៏លើសលុប ក្នុងអភិធម៌ និងអភិវិន័យ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រាថ្នាធម៌ ពេញចិត្តនឹងការនិយាយធម៌ មានសេចក្តីរីករាយលើសលុប ក្នុងអភិធម៌ និងអភិវិន័យ ព្រោះធម៌ណា នេះឯង ជានាថករណធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកប្រារព្ធព្យាយាម ដើម្បីលះបង់នូវពួកអកុសលធម៌ និងញុំាងពួកកុសលធម៌ ឲ្យសម្រេច ជាអ្នកមានកំឡាំង សង្វាតមាំមួន មិនដាក់ចុះនូវធុរៈ ក្នុងកុសលធម៌ទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រារព្ធព្យាយាម ដើម្បីលះបង់នូវអកុសលធម៌  និងញុំាងកុសលធម៌ ឲ្យសម្រេច ជាអ្នកមានកំឡាំង សង្វាតមាំមួន មិនដាក់ចុះនូវធុរៈ ក្នុងកុសលធម៌ទាំងឡាយ ព្រោះធម៌ណា នេះឯង ជានាថករណធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកសន្តោសដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន តាមបាន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកសន្តោសដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន តាមបាន ព្រោះហេតុណា នេះឯង ជានាថករណធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានស្មារតី ប្រកបដោយស្មារតី និងបញ្ញាដ៏ឧត្តម ជាអ្នករលឹកឃើញ រលឹកតាមនូវអំពើ ដែលធ្វើយូរហើយផង នូវពាក្យដែលនិយាយយូរហើយផង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានស្មារតី ប្រកបដោយស្មារតី និងបញ្ញាដ៏ឧត្តម ជាអ្នករលឹកឃើញ រលឹកតាមនូវអំពើ ដែលធ្វើយូរហើយផង នូវពាក្យដែលនិយាយយូរហើយផង ព្រោះហេតុណា នេះឯង ជានាថករណធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុជាអ្នកមានប្រាជ្ញា ប្រកបដោយប្រាជ្ញា ជាគ្រឿងដឹងនូវការកើត និងការរលត់នៃ (ខន្ធ) ដ៏ប្រសើរ ជាប្រាជ្ញាសម្រាប់ទំលុះទំលាយនូវកិលេស ប្រព្រឹត្តទៅក្នុងធម៌ជាគ្រឿងអស់ទៅនៃទុក្ខដោយប្រពៃ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានប្រាជ្ញា ប្រកបដោយប្រាជ្ញាជាគ្រឿងដឹងនូវការកើត និងការរលត់នៃ (ខន្ធ) ដ៏ប្រសើរ ជាប្រាជ្ញាសម្រាប់ទំលុះទំលាយនូវកិលេស ប្រព្រឹត្តទៅ ក្នុងធម៌ជាគ្រឿងអស់ទៅនៃទុក្ខដោយប្រពៃ ព្រោះធម៌ណា នេះឯង ជានាថករណធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរជាបុគ្គលមានទីពឹង កុំជាបុគ្គលមិនមានទីពឹងឡើយ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនមានទីពឹង រមែងនៅជាទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ នាថករណធម៌ (ធម៌ជាគ្រឿងធ្វើឲ្យមានទីពឹង) ១០ យ៉ាងនេះឯង ។

៨. ទុតិយនាថសូត្រកែប្រែ

[១៨] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរជាបុគ្គលមានទីពឹង កុំជាបុគ្គលមិនមានទីពឹងឡើយ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនមានទីពឹង រមែងនៅជាទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ នាថករណធម៌ (ធម៌ជាគ្រឿងធ្វើឲ្យមានទីពឹង) នេះមាន ១០ យ៉ាង ។ នាថករណធម៌ ១០ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល ។បេ។ សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ពួកភិក្ខុជាថេរៈក្តី តែងសំគាល់នូវភិក្ខុនោះ ថាជាបុគ្គលគួរស្តី គួរប្រៀនប្រដៅ ពួកភិក្ខុជាកណ្តាលក្តី … ពួកភិក្ខុថ្មីក្តី តែងសំគាល់នូវភិក្ខុនោះ ថាជាបុគ្គលគួរស្តី គួរប្រៀនប្រដៅ ដោយគិតថា ឱហ្ន៎ ភិក្ខុនេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញភ័យ ក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយដែរ ។ កាលភិក្ខុនោះ ដែលភិក្ខុជាថេរៈអនុគ្រោះហើយ ដែលភិក្ខុជាកណ្តាលអនុគ្រោះហើយ ដែលភិក្ខុថ្មី អនុគ្រោះហើយ រមែងមានសេចក្តីចម្រើនប្រាកដ ក្នុងកុសលធម៌ទាំងឡាយតែម៉្យាង មិនមានសេចក្តីសាបសូន្យឡើយ នេះឯងជានាថករណធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាពហុស្សូត ។បេ។ បានចាក់ធ្លុះល្អដោយទិដ្ឋិ ពួកភិក្ខុជាថេរៈ តែងសំគាល់នូវភិក្ខុនោះ ថាជាបុគ្គលគួរស្តី គួរប្រៀនប្រដៅ ពួកភិក្ខុជាកណ្តាលក្តី… ពួកភិក្ខុថ្មីក្តី តែងសំគាល់នូវភិក្ខុនោះ ថាជាបុគ្គលគួរស្តី គួរប្រៀនប្រដៅ ដោយគិតថា ឱហ្ន៎ ភិក្ខុនេះ ជាពហុស្សូត ទ្រទ្រង់នូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ សន្សំនូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ ធម៌ទាំងឡាយណា មានលំអបទដើម លំអបទកណ្តាល លំអបទចុង ប្រកាសនូវព្រហ្មចរិយៈ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈដ៏បរិបូណ៌ បរិសុទ្ធទាំងអស់ ធម៌មានសភាពដូច្នោះ ភិក្ខុនោះ ក៏បានចេះចាំច្រើន បានចាំទុក ចាំរត់មាត់ ចាំជាប់ក្នុងចិត្ត បានចាក់ធ្លុះល្អ ដោយទិដ្ឋិដែរ ។ កាលភិក្ខុនោះ ដែលភិក្ខុជាថេរៈ អនុគ្រោះហើយ ដែលភិក្ខុជាកណ្តាលអនុគ្រោះហើយ ដែលភិក្ខុថ្មីអនុគ្រោះហើយ រមែងមានសេចក្តីចម្រើនប្រាកដ ក្នុងកុសលធម៌ទាំងឡាយតែម៉្យាង មិនមានសេចក្តីសាបសូន្យឡើយ នេះឯងជានាថករណធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានមិត្តល្អ មានសំឡាញ់ល្អ មានការងាកចិត្ត ទៅតាមមិត្តសំឡាញ់ល្អ ពួកភិក្ខុជាថេរៈក្តី តែងសំគាល់នូវភិក្ខុនោះ ថាជាបុគ្គលគួរស្តី គួរប្រៀនប្រដៅ ពួកភិក្ខុជាកណ្តាលក្តី… ពួកភិក្ខុថ្មីក្តី តែងសំគាល់នូវភិក្ខុនោះ ថាជាបុគ្គលគួរស្តី គួរប្រៀនប្រដៅ ដោយគិតថា ឱហ្ន៎ ភិក្ខុនេះ ជាអ្នកមានមិត្តល្អ មានសំឡាញ់ល្អ មានការងាកចិត្ត ទៅតាមសំឡាញ់ល្អដែរ ។ កាលភិក្ខុនោះ ដែលភិក្ខុជាថេរៈអនុគ្រោះហើយ ដែលភិក្ខុជាកណ្តាលអនុគ្រោះហើយ ដែលភិក្ខុថ្មី អនុគ្រោះហើយ រមែងមានសេចក្តីចម្រើនប្រាកដ ក្នុងកុសលធម៌ទាំងឡាយតែម៉្យាង មិនមានសេចក្តីសាបសូន្យឡើយ នេះឯងជានាថករណធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកប្រដៅងាយ ប្រកបដោយធម៌ ជាគ្រឿងធ្វើឲ្យប្រដៅងាយ ជាអ្នកអត់ធន់ ទទួលយកនូវពាក្យប្រៀនប្រដៅ ដោយផ្ចិតផ្ចង់ ពួកភិក្ខុជាថេរៈក្តី តែងសំគាល់នូវភិក្ខុនោះ ថាជាបុគ្គលគួរស្តី គួរប្រៀនប្រដៅ ពួកភិក្ខុជាកណ្តាលក្តី … ពួកភិក្ខុថ្មីក្តី តែងសំគាល់នូវភិក្ខុនោះ ថាជាបុគ្គលគួរស្តី គួរប្រៀនប្រដៅ ដោយគិតថា ឱហ្ន៎ ភិក្ខុនេះ ជាអ្នកប្រដៅងាយ ប្រកបដោយធម៌ ជាគ្រឿងធ្វើឲ្យប្រដៅងាយ ជាអ្នកអត់ធន់ ទទួលយកនូវពាក្យប្រៀនប្រដៅ ដោយផ្ចិតផ្ចង់ដែរ ។ កាលភិក្ខុនោះ ដែលភិក្ខុជាថេរៈ អនុគ្រោះហើយ ដែលភិក្ខុជាកណ្តាល អនុគ្រោះហើយ ដែលភិក្ខុថ្មី អនុគ្រោះហើយ រមែងមានសេចក្តីចម្រើនប្រាកដ ក្នុងកុសលធម៌ទាំងឡាយ តែម៉្យាង មិនមានសេចក្តីសាបសូន្យឡើយ នេះឯងជានាថករណធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អំពើណា ដ៏ខ្ពស់ និងទាប ដែលពួកសព្រហ្មចារីបុគ្គល ត្រូវសួរគ្នីគ្នាហើយ ទើបធ្វើ ភិក្ខុជាអ្នកឈ្លាសវៃ មិនខ្ជិលច្រអូស ក្នុងអំពើនោះ ប្រកបដោយប្រាជ្ញា ជាគ្រឿងពិចារណាដោយឧបាយ ក្នុងអំពើនោះថា គួរធ្វើ គួរចាត់ចែងបាន ។ ពួកភិក្ខុជាថេរៈក្តី តែងសំគាល់នូវភិក្ខុនោះ ថាជាបុគ្គលគួរស្តី គួរប្រៀនប្រដៅ ពួកភិក្ខុជាកណ្តាលក្តី … ពួកភិក្ខុថ្មីក្តី តែងសំគាល់ភិក្ខុនោះ ថាជាបុគ្គលគួរស្តី គួរប្រៀនប្រដៅ ដោយគិតថា ឱហ្ន៎ អំពើណាដ៏ខ្ពស់ និងទាប ដែលពួកសព្រហ្មចារីបុគ្គល ត្រូវសួរគ្នីគ្នា ហើយទើបធ្វើ ភិក្ខុនេះ ជាអ្នកឈ្លាសវៃ មិនខ្ជិលច្រអូស ក្នុងអំពើនោះ ប្រកបដោយប្រាជ្ញា ជាគ្រឿងពិចារណាដោយឧបាយ ក្នុងអំពើនោះ ថាគួរធ្វើ គួរចាត់ចែងបានដែរ ។ កាលភិក្ខុនោះ ដែលភិក្ខុជាថេរៈ អនុគ្រោះហើយ ដែលភិក្ខុជាកណ្តាលអនុគ្រោះហើយ ដែលភិក្ខុថ្មី អនុគ្រោះហើយ រមែងមានសេចក្តីចម្រើន កើតប្រាកដ ក្នុងកុសលធម៌ទាំងឡាយតែម៉្យាង មិនមានសេចក្តីសាបសូន្យឡើយ នេះឯងជានាថករណធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកប្រាថ្នាធម៌ មានសេចក្តីពេញចិត្ត ចំពោះការពោលធម៌ មានសេចក្តីរីករាយ ដ៏លើសលុប ក្នុងអភិធម៌ ក្នុងអភិវិន័យ ពួកភិក្ខុជាថេរៈក្តី តែងសំគាល់នូវភិក្ខុនោះ ថាជាបុគ្គលគួរស្តី គួរប្រៀនប្រដៅ ពួកភិក្ខុជាកណ្តាលក្តី … ពួកភិក្ខុថ្មីក្តី តែងសំគាល់ នូវភិក្ខុនោះ ថាជាបុគ្គលគួរស្តី គួរប្រៀនប្រដៅ ដោយគិតថា ឱហ្ន៎ ភិក្ខុនេះ ជាអ្នកប្រាថ្នាធម៌ មានសេចក្តីពេញចិត្ត ចំពោះការពោលធម៌ មានសេចក្តីរីករាយដ៏លើសលុប ក្នុងអភិធម៌ ក្នុងអភិវិន័យដែរ ។ កាលភិក្ខុនោះ ដែលភិក្ខុជាថេរៈ អនុគ្រោះហើយ ដែលភិក្ខុជាកណ្តាលអនុគ្រោះហើយ ដែលភិក្ខុថ្មីអនុគ្រោះហើយ រមែងមានសេចក្តីចម្រើន កើតប្រាកដ ក្នុងកុសលធម៌ទាំងឡាយតែម៉្យាង មិនមានសេចក្តីសាបសូន្យឡើយ នេះឯងជានាថករណធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកប្រារព្ធព្យាយាម ដើម្បីលះបង់នូវអកុសលធម៌ ញុំាងពួកកុសលធម៌ឲ្យសម្រេច ជាអ្នកមានកម្លាំង សង្វាតមាំ មិនដាក់ចុះនូវធុរៈ ក្នុងកុសលធម៌ទាំងឡាយ ពួកភិក្ខុជាថេរៈក្តី តែងសំគាល់នូវភិក្ខុនោះ ថាជាបុគ្គលគួរស្តី គួរប្រៀនប្រដៅ ពួកភិក្ខុជាកណ្តាលក្តី … ពួកភិក្ខុថ្មីក្តី តែងសំគាល់នូវភិក្ខុនោះ ថាជាបុគ្គលគួរស្តី គួរប្រៀនប្រដៅ ដោយគិតថា ឱហ្ន៎ ភិក្ខុនេះ ជាអ្នកប្រារព្ធព្យាយាម ដើម្បីលះបង់នូវពួកអកុសលធម៌ ទាំងញុំាងពួកកុសលធម៌ ឲ្យសម្រេច ជាអ្នកមានកម្លាំង សង្វាតមាំ មិនដាក់ចុះនូវធុរៈ ក្នុងកុសលធម៌ទាំងឡាយដែរ ។ កាលភិក្ខុនោះ ដែលភិក្ខុជាថេរៈអនុគ្រោះហើយ ដែលភិក្ខុជាកណ្តាល អនុគ្រោះហើយ ដែលភិក្ខុថ្មី អនុគ្រោះហើយ រមែងមានសេចក្តីចម្រើនប្រាកដ ក្នុងកុសលធម៌ទាំងឡាយតែម៉្យាង មិនមានសេចក្តីសាបសូន្យឡើយ នេះឯងជានាថករណធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកសន្តោសដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន តាមបាន ពួកភិក្ខុជាថេរៈក្តី តែងសំគាល់នូវភិក្ខុនោះ ថាជាបុគ្គលគួរស្តី គួរប្រៀនប្រដៅ ពួកភិក្ខុជាកណ្តាលក្តី … ពួកភិក្ខុថ្មីក្តី តែងសំគាល់នូវភិក្ខុនោះ ថាជាបុគ្គលគួរស្តី គួរប្រៀនប្រដៅ ដោយគិតថា ឱហ្ន៎ ភិក្ខុនេះ ជាអ្នកសន្តោសដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារដែរ ។ កាលភិក្ខុនោះ ដែលភិក្ខុជាថេរៈ អនុគ្រោះហើយ ដែលភិក្ខុជាកណ្តាលអនុគ្រោះហើយ ដែលភិក្ខុថ្មីអនុគ្រោះហើយ រមែងមានសេចក្តីចម្រើនប្រាកដ ក្នុងកុសលធម៌ទាំងឡាយតែម៉្យាង មិនមានសេចក្តីសាបសូន្យឡើយ នេះឯង ជានាថករណធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានស្មារតី ប្រកបដោយស្មារតី និងបញ្ញាដ៏ឧត្តម ជាអ្នករលឹកឃើញ រលឹកតាមនូវអំពើដែលធ្លាប់ធ្វើមកយូរហើយផង នូវពាក្យដែលធ្លាប់និយាយមកយូរហើយផង ពួកភិក្ខុជាថេរៈក្តី តែងសំគាល់ នូវភិក្ខុនោះ ថាជាបុគ្គលគួរស្តី គួរប្រៀនប្រដៅ ពួកភិក្ខុជាកណ្តាលក្តី … ពួកភិក្ខុថ្មីក្តី តែងសំគាល់ នូវភិក្ខុនោះ ថាជាបុគ្គលគួរស្តី គួរប្រៀនប្រដៅ ដោយគិតថា ឱហ្ន៎ ភិក្ខុនេះ ជាអ្នកមានស្មារតី ប្រកបដោយស្មារតី និងបញ្ញាដ៏ឧត្តម ជាអ្នករលឹកឃើញ រលឹកតាមនូវអំពើដែលធ្លាប់ធ្វើមកយូរហើយផង នូវពាក្យដែលធ្លាប់និយាយមក យូរហើយផង បានដែរ ។ កាលភិក្ខុនោះ ដែលភិក្ខុជាថេរៈ អនុគ្រោះហើយ ដែលភិក្ខុជាកណ្តាល អនុគ្រោះហើយ ដែលភិក្ខុថ្មី អនុគ្រោះហើយ រមែងមានសេចក្តីចម្រើនប្រាកដ ក្នុងកុសលធម៌ទាំងឡាយតែម៉្យាង មិនមានសេចក្តីសាបសូន្យឡើយ នេះឯង ជានាថករណធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុជាអ្នកមានប្រាជ្ញា ប្រកបដោយប្រាជ្ញា ជាគ្រឿងដឹងការកើត និងការរលត់ (ខន្ធ) ជាបញ្ញាដ៏ប្រសើរ ជាគ្រឿងទំលុះទំលាយនូវកិលេស ប្រព្រឹត្តទៅក្នុងធម៌ ជាគ្រឿងអស់ទុក្ខដោយប្រពៃ ពួកភិក្ខុជាថេរៈក្តី តែងសំគាល់នូវភិក្ខុនោះ ថាជាបុគ្គលគួរស្តី គួរប្រៀនប្រដៅ ពួកភិក្ខុជាកណ្តាលក្តី … ពួកភិក្ខុថ្មីក្តី តែងសំគាល់នូវភិក្ខុនោះ ថាជាបុគ្គលគួរស្តី គួរប្រៀនប្រដៅ ដោយគិតថា ឱហ្ន៎ ភិក្ខុនេះ ជាអ្នកមានប្រាជ្ញា ប្រកបដោយប្រាជ្ញា ជាគ្រឿងដឹងការកើត និងការរលត់ ជាបញ្ញាដ៏ប្រសើរ ជាគ្រឿងទំលុះទំលាយនូវកិលេស ប្រព្រឹត្តទៅក្នុងធម៌ ជាគ្រឿងអស់ទុក្ខដោយប្រពៃដែរ ។ កាលភិក្ខុនោះ ដែលភិក្ខុជាថេរៈ អនុគ្រោះហើយ ដែលភិក្ខុជាកណ្តាល អនុគ្រោះហើយ ដែលភិក្ខុថ្មី អនុគ្រោះហើយ រមែងមានសេចក្តីចម្រើន កើតប្រាកដ ក្នុងកុសលធម៌ទាំងឡាយ តែម៉្យាង មិនមានសេចក្តីសាបសូន្យឡើយ នេះឯង ជានាថករណធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរជាបុគ្គលមានទីពឹង កុំជាបុគ្គលមិនមានទីពឹងឡើយ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនមានទីពឹង រមែងនៅជាទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ នាថករណធម៌ (ធម៌ជាគ្រឿងធ្វើឲ្យមានទីពឹង) មាន ១០ យ៉ាងនេះឯង ។

៩. បឋមអរិយាវាសសូត្រកែប្រែ

[១៩] ម្នាលភិក្ខុទាំងឡាយ អរិយវាសៈ (ធម៌ជាគ្រឿងអប់រំដ៏ប្រសើរ) នេះ មាន ១០ យ៉ាង ដែលពួកព្រះអរិយៈ បានអប់រំហើយក្តី កំពុងអប់រំក្តី នឹងអប់រំក្តី ។ អរិយវាសៈ ទាំង ១០ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានលះបង់នូវអង្គ ៥ ប្រកបដោយអង្គ ៦ មានគ្រឿងរក្សាចិត្តតែមួយ មានធម៌ជាបង្អែក ៤ បានបន្ទោបង់នូវបច្ចេកសច្ចៈ (សច្ចៈដែលតិរ្ថិយប្រកាន់ប្លែកៗ គ្នា) បានលះបង់នូវការស្វែងរក ជ្រះស្រឡះហើយ មានការត្រិះរិះ មិនកករល្អក់ មានកាយសង្ខារស្ងប់រម្ងាប់ហើយ មានចិត្តផុតស្រឡះហើយ មានប្រាជ្ញាដឹងថា ចិត្តផុតស្រឡះហើយ ។ ម្នាលភិក្ខុទាំងឡាយ អរិយវាសៈ ១០ យ៉ាងនេះឯង ដែលពួកព្រះអរិយៈ បានអប់រំហើយក្តី កំពុងអប់រំក្តី នឹងអប់រំក្តី ។

១០. ទុតិយអរិយាវាសសូត្រកែប្រែ

[២០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគមឈ្មោះ កម្មាសធម្មៈ របស់ពួកជនអ្នកដែនកុរុ ជិតដែនកុរុ ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុមក ។បេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អរិយវាសៈ នេះមាន ១០ យ៉ាង ដែលពួកព្រះអរិយៈ បានអប់រំហើយក្តី កំពុងអប់រំក្តី នឹងអប់រំក្តី ។ អរិយវាសៈ ១០ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានលះបង់នូវអង្គ ៥ ប្រកបដោយអង្គ ៦ មានគ្រឿងរក្សាចិត្តតែមួយ មានធម៌ជាបង្អែក ៤ បានបន្ទោបង់នូវបច្ចេកសច្ចៈ បានលះបង់នូវការស្វែងរកជ្រះស្រឡះហើយ មានការត្រិះរិះមិនកករល្អក់ មានកាយសង្ខារស្ងប់រម្ងាប់ហើយ មានចិត្តផុតស្រឡះហើយ មានប្រាជ្ញាដឹងថា ចិត្តផុតស្រឡះហើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានលះបង់អង្គ ៥ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានលះកាមច្ឆន្ទៈ បានលះព្យាបាទ បានលះថីនមិទ្ធៈ បានលះឧទ្ធច្ចកុក្កុច្ចៈ បានលះវិចិកិច្ឆា ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានលះអង្គ ៥ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ ៦ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានឃើញរូបដោយភ្នែកហើយ មិនសោមនស្ស មិនទោមនស្ស ជាបុគ្គលមានចិត្តព្រងើយ មានស្មារតីដឹងខ្លួន គ្រប់ឥរិយាបថទាំង ៤ បានឮសំឡេងដោយត្រចៀក ។បេ។ បានធុំក្លិនដោយច្រមុះ បានជញ្ជក់រសដោយអណ្តាត បានប៉ះផ្សព្វដោយកាយ បានដឹងធម្មារម្មណ៍ដោយចិត្តហើយ មិនសោមនស្ស មិនទោមនស្ស ជាបុគ្គលមានចិត្តព្រងើយ មានស្មារតីដឹងខ្លួន គ្រប់ឥរិយាបថទាំង ៤ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ ៦ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានគ្រឿងរក្សាចិត្តតែមួយ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ប្រកបដោយចិត្ត ដែលមានស្មារតីថែរក្សា ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានគ្រឿងរក្សាចិត្តតែមួយ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានធម៌ជាបង្អែក ៤ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាហើយ ទើបសេពនូវរបស់ដែលគួរសេព ពិចារណាហើយ ទើបអត់សង្កត់នូវហេតុដែលគួរអត់សង្កត់ ពិចារណាហើយ  ទើបវៀរនូវហេតុដែលគួរវៀរ ពិចារណាហើយ ទើបបន្ទោបង់ នូវហេតុដែលគួរបន្ទោបង់ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានធម៌ជាបង្អែក ៤ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានបន្ទោបង់នូវបច្ចេកសច្ចៈ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បច្ចេកសច្ចៈ ជាច្រើនណា របស់សមណៈ និងញ្រហ្មណ៍ជាច្រើន គឺការប្រកាន់ថា លោកទៀង ដូច្នេះខ្លះ លោកមិនទៀង ដូច្នេះខ្លះ លោកមានទីបំផុត ដូច្នេះខ្លះ លោកមិនមានទីបំផុត ដូច្នេះខ្លះ ជីវិតនោះ គឺសរីរៈនោះ ដូច្នេះខ្លះ ជីវិតដទៃ សរីរៈដទៃ ដូច្នេះខ្លះ សត្វស្លាប់ទៅកើតទៀត ដូច្នេះខ្លះ សត្វស្លាប់ទៅមិនកើតទៀត ដូច្នេះខ្លះ សត្វស្លាប់ទៅ កើតទៀតក៏មាន មិនកើតទៀតក៏មាន ដូច្នេះខ្លះ សត្វស្លាប់ទៅកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ដូច្នេះខ្លះ ភិក្ខុក្នុងសាសនានេះ បានបន្ទោបង់ បោះបង់ លះបង់ ខ្ជាក់ចោល លែងចោល លះលែង លះស្រឡះ នូវបច្ចេកសច្ចៈជាច្រើនទាំងអស់នោះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានបន្ទោបង់នូវបច្ចេកសច្ចៈយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុបានលះបង់ នូវការស្វែងរកជ្រះស្រឡះហើយ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានលះបង់ការស្វែងរកកាម លះបង់ការស្វែងរកភព មានការស្វែងរកនូវព្រហ្មចរិយៈ ស្ងប់រម្ងាប់ហើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានលះបង់ការស្វែងរក ជ្រះស្រឡះហើយ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមានសេចក្តីត្រិះរិះ មិនកករល្អក់ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានលះបង់សេចក្តីត្រិះរិះ ក្នុងកាម បានលះបង់សេចក្តីត្រិះរិះក្នុងការព្យាបាទ បានលះបង់សេចក្តីត្រិះរិះ ក្នុងការបៀតបៀន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសេចក្តីត្រិះរិះ មិនកករល្អក់ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានកាយសង្ខារ ស្ងប់រម្ងាប់ហើយ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះលះបង់សុខផង ព្រោះលះបង់ទុក្ខផង ព្រោះអស់ទៅ នៃសោមនស្ស និងទោមនស្ស ក្នុងកាលមុន ក៏បានសម្រេចនូវចតុត្ថជ្ឈាន មិនមែនជាទុក្ខ មិនមែនជាសុខ មានតែសតិ ដ៏បរិសុទ្ធ កើតអំពីឧបេក្ខា ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានកាយសង្ខារស្ងប់រម្ងាប់ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានចិត្តផុតស្រឡះហើយ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានចិត្តផុតស្រឡះចាករាគៈ មានចិត្តផុតស្រឡះ ចាកទោសៈ មានចិត្តផុតស្រឡះ ចាកមោហៈ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានចិត្តផុតស្រឡះហើយ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានប្រាជ្ញាដឹងថា ចិត្តផុតស្រឡះហើយ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់ថា អាត្មាអញបានលះបង់រាគៈហើយ បានផ្តាច់ផ្តិលឫសគល់ហើយ ធ្វើមិនឲ្យមានទីកើត ដូចជាត្នោតកំបុតចុង ធ្វើមិនឲ្យមានបែបភាព ជាសភាពមិនមានការកើតឡើងតទៅទៀតជាធម្មតា ដឹងច្បាស់ថា អាត្មាអញបានលះបង់ទោសៈហើយ ។បេ។ អាត្មាអញ បានលះបង់មោហៈហើយ បានផ្តាច់ផ្តិលឫសគល់ហើយ ធ្វើមិនឲ្យមានទីកើត ដូចជាត្នោតកំបុតចុង បានធ្វើមិនឲ្យមានបែបភាព ជាសភាពមិនមានការកើតឡើងតទៅទៀតជាធម្មតា ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានប្រាជ្ញាដឹងថា ចិត្តផុតស្រឡះហើយ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ពួកអរិយៈណាមួយ បានអាស្រ័យនៅក្នុងអរិយវាសៈ ក្នុងកាលដែលកន្លងហើយ ពួកអរិយៈទាំងអស់នោះ បានអាស្រ័យនៅ ក្នុងអរិយវាសៈ ទាំង ១០ យ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ ពួកអរិយៈណាមួយ នឹងអាស្រ័យនៅ ក្នុងអរិយវាសៈ ក្នុងកាលដែលមិនទាន់មកដល់ ពួកអរិយៈទាំងអស់នោះ នឹងអាស្រ័យនៅក្នុងអរិយវាសៈទាំង ១០ យ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ ពួកអរិយៈណាមួយ កំពុងអាស្រ័យនៅ ក្នុងអរិយសវាសៈ ក្នុងកាលឥឡូវនេះ ពួកអរិយៈទាំងអស់នោះ អាស្រ័យនៅ ក្នុងអរិយវាសៈទាំង ១០ នេះឯង ។ ម្នាលភិក្ខុទាំងឡាយ អរិយវាសៈទាំង ១០ នេះឯង ដែលពួកអរិយៈ បានអប់រំហើយក្តី កំពុងអប់រំក្តី នឹងអប់រំក្តី ។

ចប់ នាថករណវគ្គ ទី២ ។

ឧទ្ទាននៃនាថករណវគ្គនោះគឺ

និយាយអំពីសេនាសនៈ ១ អំពីអង្គ ១ អំពីសំយោជនៈ ១ អំពីចេតោខីលៈ ១ អំពីអប្បមាទ ១ អំពីអាហុនេយ្យ ១ អំពីនាថករណធម៌ មានពីរលើក អំពីអរិយវាសៈ មានពីរលើក ។

មហាវគ្គ ទី៣កែប្រែ

១. សីហនាទសូត្រកែប្រែ

[២១] ម្នាលភិក្ខុទាំងឡាយ ក្នុងសាយណ្ហសម័យ សត្វសីហជាស្តេចម្រឹគ ចេញពីលំនៅ លុះចេញពីលំនៅហើយ ក៏មិតពត់ខ្លួន លុះមិតពត់ខ្លួនរួចហើយ ក៏ក្រឡេកមៀងមើលទិសទាំង ៤ ជុំវិញ លុះក្រឡេកមៀងមើលទិសទាំង ៤ ជុំវិញហើយ ក៏បន្លឺសីហនាទ ៣ ដង លុះបន្លឺសីហនាទ  ៣ ដងហើយ ទើបចេញទៅរកចំណី ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ព្រោះថា សត្វសីហៈគិតថា អាត្មាអញ កុំធ្វើពួកសត្វតូច ៗ ដែលដើរទៅរកស៊ីក្នុងទីក្រហេងក្រហូងឲ្យស្លាប់ ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា សីហៈ នេះ ជាឈ្មោះរបស់ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតសំដែងធម៌ដល់បរិស័ទ ដោយហេតុណា នេះជាសីហនាទ របស់ព្រះតថាគតនោះ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពល របស់ព្រះតថាគតនេះ មាន ១០ ប្រការ គឺព្រះតថាគត ប្រកបដោយពលៈទាំងឡាយហើយ ទើបប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រ (ចក្រដ៏ប្រសើរ) ឲ្យប្រព្រឹត្តទៅ ។ តថាគតពល ១០ ប្រការ តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតក្នុងលោកនេះ រមែងជ្រាបច្បាស់នូវហេតុតាមហេតុផង ជ្រាបច្បាស់នូវអំពើមិនមែនជាហេតុ តាមអំពើមិនមែនជាហេតុផង ដោយសេចក្តីជាក់លាក់ ។ ម្នាលភិក្ខុទាំងឡាយ ត្រង់ដែលព្រះតថាគត ជ្រាបច្បាស់នូវហេតុ តាមហេតុផង ជ្រាបច្បាស់នូវអំពើ មិនមែនជាហេតុ តាមអំពើមិនមែនជាហេតុផង ដោយសេចក្តីជាក់លាក់ ម្នាលភិក្ខុទាំងឡាយ នេះជាតថាគតពលរបស់ព្រះតថាគត ព្រោះព្រះតថាគត អាស្រ័យនឹងពលៈ ហើយប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រឲ្យប្រព្រឹត្តទៅ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត ជ្រាបច្បាស់នូវវិបាកនៃកុសលកម្ម និងអកុសលកម្ម ដែលសត្វបានធ្វើហើយ ទាំងអតីត អនាគត និងបច្ចុប្បន្ន តាមថ្នាក់ តាមហេតុ ដោយសេចក្តីជាក់លាក់ ។ ម្នាលភិក្ខុទាំងឡាយ ត្រង់ដែលព្រះតថាគត ជ្រាបច្បាស់នូវវិបាកនៃកុសលកម្ម និងអកុសលកម្ម ដែលសត្វបានធ្វើហើយ ទាំងអតីត អនាគត និងបច្ចុប្បន្ន តាមថ្នាក់ តាមហេតុ ដោយសេចក្តីជាក់លាក់ ម្នាលភិក្ខុទាំងឡាយ នេះជាតថាគតពល របស់ព្រះតថាគត ព្រោះព្រះតថាគត អាស្រ័យនឹងពលៈ ហើយប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត ជ្រាបច្បាស់នូវផ្លូវ ដែលទៅកាន់ទីទាំងពួង ដោយសេចក្តីជាក់លាក់ ។ ម្នាលភិក្ខុទាំងឡាយ ត្រង់ដែលព្រះតថាគត ជ្រាបច្បាស់នូវផ្លូវ ដែលទៅកាន់ទីទាំងពួង ដោយសេចក្តីជាក់លាក់ ម្នាលភិក្ខុទាំងឡាយ នេះជាតថាគតពល របស់ព្រះតថាគត ព្រោះព្រះតថាគត អាស្រ័យនឹងពលៈ ហើយប្តេជ្ញានូវហេតុ ដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រឲ្យប្រព្រឹត្តទៅ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត ជ្រាបច្បាស់នូវលោក ដែលមានធាតុច្រើនយ៉ាង មានធាតុផ្សេង ៗ គ្នា ដោយសេចក្តីជាក់លាក់ ។ ម្នាលភិក្ខុទាំងឡាយ ត្រង់ដែលព្រះតថាគត ជ្រាបច្បាស់នូវលោក ដែលមានធាតុច្រើនយ៉ាង មានធាតុផ្សេង ៗ គ្នា ដោយសេចក្តីជាក់លាក់ ម្នាលភិក្ខុទាំងឡាយ នេះជាតថាគតពល របស់ព្រះតថាគត ព្រោះព្រះតថាគត អាស្រ័យនឹងពលៈ ហើយប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រឲ្យប្រព្រឹត្តទៅ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត ជ្រាបច្បាស់នូវអធ្យាស្រ័យផ្សេង ៗ គ្នា របស់ពួកសត្វ ដោយសេចក្តីជាក់លាក់ ។ ម្នាលភិក្ខុទាំងឡាយ ត្រង់ដែលព្រះតថាគត ជ្រាបច្បាស់នូវអធ្យាស្រ័យផ្សេង ៗ គ្នា របស់ពួកសត្វ ដោយសេចក្តីជាក់លាក់ ម្នាលភិក្ខុទាំងឡាយ នេះជាតថាគតពល របស់ព្រះតថាគត ព្រោះព្រះតថាគត អាស្រ័យនឹងពលៈ ហើយប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រឲ្យប្រព្រឹត្តទៅ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត ជ្រាបច្បាស់នូវឥន្រ្ទិយក្លៀវក្លា និងទន់របស់ពួកសត្វដទៃ ពួកបុគ្គលដទៃ ដោយសេចក្តីជាក់លាក់ ។ ម្នាលភិក្ខុទាំងឡាយ ត្រង់ដែលព្រះតថាគត ជ្រាបច្បាស់នូវឥន្រ្ទិយក្លៀវក្លា និងទន់របស់ពួកសត្វដទៃ ពួកបុគ្គលដទៃ ដោយសេចក្តីជាក់លាក់ ម្នាលភិក្ខុទាំងឡាយ នេះជាតថាគតពល របស់ព្រះតថាគត ព្រោះព្រះតថាគត អាស្រ័យនឹងពលៈហើយ ប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត ជ្រាបច្បាស់នូវសេចក្តីសៅហ្មង ផូរផង់ និងការចេញចាកឈាន វិមោក្ខ សមាធិ និងសមាបត្តិ ដោយសេចក្តីជាក់លាក់ ។ ម្នាលភិក្ខុទាំងឡាយ ត្រង់ដែលព្រះតថាគត ជ្រាបច្បាស់នូវសេចក្តីសៅហ្មង ផូរផង់ និងការចេញចាកឈាន វិមោក្ខ សមាធិ និងសមាបត្តិ ដោយសេចក្តីជាក់លាក់ ម្នាលភិក្ខុទាំងឡាយ នេះជាតថាគតពល របស់ព្រះតថាគត ព្រោះព្រះតថាគត អាស្រ័យនឹងពលៈ ហើយប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត រលឹកឃើញជាតិ ដែលបាននៅអាស្រ័យ ក្នុងកាលមុន ជាអនេកជាតិ គឺ ១ ជាតិខ្លះ ២ ជាតិខ្លះ ៣ ជាតិខ្លះ ៤ ជាតិខ្លះ ៥ ជាតិខ្លះ ១០ ជាតិខ្លះ ២០ ជាតិខ្លះ ៣០ ជាតិខ្លះ ៤០ ជាតិខ្លះ ៥០ ជាតិខ្លះ ១០០ ជាតិខ្លះ ១.០០០ ជាតិខ្លះ ១០.០០០ ជាតិខ្លះ រលឹកឃើញបានច្រើនសំវដ្តកប្បខ្លះ ច្រើនវិវដ្តកប្បខ្លះ ច្រើនសំវដ្តវិវដ្តកប្បខ្លះថា ក្នុងភពឯណោះ អាត្មាអញ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ អាត្មាអញនោះ ច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងភពឯណោះ ដែលទៅកើតក្នុងភពនោះទៀត អាត្មាអញ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញនោះ ច្យុតចាកអត្តភាពនោះហើយ ទើបមកកើតក្នុងភពនេះ ។ ព្រះតថាគត រលឹកឃើញជាតិ ដែលបាននៅអាស្រ័យក្នុងកាលមុន ជាអនេកជាតិ ព្រមទាំងអាការ ព្រមទាំងឧទ្ទេសយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ ត្រង់ដែលព្រះតថាគត រលឹកឃើញជាតិ ដែលបាននៅអាស្រ័យក្នុងកាលមុន ជាអនេកជាតិ គឺ ១ ជាតិខ្លះ ២ ជាតិខ្លះ ។បេ។ រលឹកឃើញជាតិ ដែលបាននៅអាស្រ័យក្នុងកាលមុន ជាអនេកជាតិ ព្រមទាំងអាការ ព្រមទាំងឧទ្ទេសយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ នេះជាតថាគតពល របស់ព្រះតថាគត ព្រោះព្រះតថាគត អាស្រ័យនឹងពលៈ ហើយប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា ឃើញនូវពួកសត្វដែលកំពុងច្យុត កំពុងកើត ជាសត្វថោកទាបខ្លះ ខ្ពង់ខ្ពស់ខ្លះ មានសម្បុរល្អខ្លះ មានសម្បុរអាក្រក់ខ្លះ មានគតិល្អខ្លះ មានគតិអាក្រក់ខ្លះ ជ្រាបច្បាស់នូវពួកសត្វ ដែលអន្ទោលទៅតាមកម្មថា អើហ្ន៎ សត្វអម្បាលនេះ ដែលជាអ្នកប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត តិះដៀលពួកអរិយៈ ជាមិច្ឆាទិដ្ឋិ ប្រកាន់កម្មជាមិច្ឆាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក អើហ្ន៎ ចំណែកខាងសត្វទាំងនេះ ដែលជាអ្នកប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត មិនតិះដៀលពួកអរិយៈ ជាសម្មាទិដ្ឋិ ប្រកាន់កម្មជាសម្មាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិ សួគ៌ទេវលោក ។ ព្រះតថាគត មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា ឃើញនូវពួកសត្វដែលច្យុត ដែលកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ជ្រាបច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្ម ដោយប្រការដូច្នេះ ។ ម្នាលភិក្ខុទាំងឡាយ ត្រង់ដែលព្រះតថាគត មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា ។បេ។ ជ្រាបច្បាស់នូវពួកសត្វ ដែលអន្ទោលទៅតាមកម្ម ម្នាលភិក្ខុទាំងឡាយ នេះជាតថាគតពល របស់ព្រះតថាគត ព្រោះព្រះតថាគត អាស្រ័យនឹងពលៈ ហើយប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ព្រះតថាគត បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ប្រសើរ ដោយខ្លួនឯងក្នុងបច្ចុប្បន្ន ។ ម្នាលភិក្ខុទាំងឡាយ ត្រង់ដែលព្រះតថាគត បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ប្រសើរ ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ម្នាលភិក្ខុទាំងឡាយ នេះជាតថាគតពល របស់ព្រះតថាគត ព្រោះព្រះតថាគត អាស្រ័យនឹងពលៈ ហើយប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រឲ្យប្រព្រឹត្តទៅ ។ ម្នាលភិក្ខុទាំងឡាយ នេះជាតថាគតពល ១០ ប្រការ របស់ព្រះតថាគត ព្រោះព្រះតថាគត ប្រកបដោយពលៈទាំងឡាយ ហើយប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ ។

២. អធិវុត្តិបទសូត្រកែប្រែ

[២២] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលអានន្ទ ធម៌ទាំងឡាយណា ប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអធិមុត្តិបទ [ធម៌ គឺ ខន្ធ អាយតនៈ ធាតុ និងសំដៅដល់ទិដ្ឋិ (អដ្ឋកថា) ។] ទាំងឡាយនោះ ៗ ដោយប្រាជ្ញាដ៏ឧត្តម ម្នាលអានន្ទ តថាគតជាអ្នកក្លៀវក្លា ដឹងច្បាស់ក្នុងអធិមុត្តិបទនោះ ៗ អាចសំដែងធម៌ដល់ពួកសត្វនោះ ៗ តាមដែលអ្នកប្រតិបត្តិ ហើយនឹងដឹងរបស់ដែលមានថា មានក្តី ដឹងរបស់ដែលមិនមាន ថាមិនមានក្តី ដឹងរបស់ថោកទាបថា ថោកទាបក្តី ដឹងរបស់ឧត្តមថា ឧត្តមក្តី ដឹងរបស់ដែលមានរបស់ដទៃប្រសើរជាងថា មានរបស់ដទៃប្រសើរជាងក្តី ដឹងរបស់ដែលមិនមានរបស់ដទៃប្រសើរជាងថា មិនមានរបស់ដទៃប្រសើរជាងក្តី ម៉្យាងទៀត របស់នោះ ដែលបុគ្គលត្រូវដឹង ឬត្រូវឃើញ ឬក៏ត្រូវធ្វើឲ្យជាក់ច្បាស់ ដោយហេតុណា ៗ នឹងដឹង ឬនឹងឃើញ ឬក៏នឹងធ្វើឲ្យជាក់ច្បាស់ ដោយហេតុនោះ ៗ ហេតុនេះ រមែងមានជាធម្មតា ។ ម្នាលអានន្ទ បណ្តាសេចក្តីដឹងទាំងឡាយ សេចក្តីដឹងតាមពិត ក្នុងធម៌នោះ ៗ ណាមួយ សេចក្តីដឹងតាមពិតនុ៎ះ ឈ្មោះថា មិនមានសេចក្តីដឹងដទៃ ប្រសើរជាង ។ ម្នាលអានន្ទ មួយទៀត តថាគតសំដែងថា ញាណដទៃលើសលុប ឬថ្លៃថ្លាជាងញាណនុ៎ះ មិនមានទេ ។ ម្នាលអានន្ទ តថាគតពល របស់ព្រះតថាគតនេះ មាន ១០ ប្រការ ព្រោះព្រះតថាគត ប្រកបដោយពលៈទាំងឡាយ ហើយទើបប្តេជ្ញានូវហេតុ ដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រឲ្យប្រព្រឹត្តទៅ ។ ចុះតថាគតពល ១០ ប្រការ តើដូចម្តេចខ្លះ ។ ម្នាលអានន្ទ ព្រះតថាគត ក្នុងលោកនេះ ជ្រាបច្បាស់នូវហេតុ តាមហេតុផង ជ្រាបច្បាស់នូវអំពើមិនមែនជាហេតុ តាមអំពើមិនមែនជាហេតុផង ដោយសេចក្តីជាក់លាក់ ។ ម្នាលអានន្ទ ត្រង់ដែលព្រះតថាគត ជ្រាបច្បាស់នូវហេតុ តាមហេតុផង ជ្រាបច្បាស់នូវអំពើ ដែលមិនមែនជាហេតុ តាមអំពើដែលមិនមែនជាហេតុផង ដោយសេចក្តីជាក់លាក់ ។ ម្នាលអានន្ទ នេះជាតថាគតពល របស់ព្រះតថាគត ព្រោះព្រះតថាគត អាស្រ័យនឹងពលៈ ហើយប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រឲ្យប្រព្រឹត្តទៅ ។ ម្នាលអានន្ទ មួយទៀត ព្រះតថាគត ជ្រាបច្បាស់នូវវិបាកនៃកុសលកម្ម និងអកុសលកម្ម ដែលសត្វបានធ្វើហើយ ទាំងអតីត អនាគត និងបច្ចុប្បន្ន តាមថ្នាក់ តាមហេតុ ដោយសេចក្តីជាក់លាក់ ។ ម្នាលអានន្ទ ត្រង់ដែល ។បេ។ ម្នាលអានន្ទ នេះជា ។បេ។ ម្នាលអានន្ទ មួយទៀត ព្រះតថាគត ជ្រាបច្បាស់នូវផ្លូវ ដែលទៅកាន់ទីទាំងពួង ដោយសេចក្តីជាក់លាក់ ។ ម្នាលអានន្ទ ត្រង់ដែល ។បេ។ ម្នាលអានន្ទ នេះជា ។បេ។ ម្នាលអានន្ទ មួយទៀត ព្រះតថាគត ជ្រាបច្បាស់នូវលោក ដែលមានធាតុច្រើនយ៉ាង មានធាតុផ្សេង ៗ គ្នា ដោយសេចក្តីជាក់លាក់ ។ ម្នាលអានន្ទ ត្រង់ដែល ។បេ។ ម្នាលអានន្ទ នេះជា ។បេ។ ម្នាលអានន្ទ មួយទៀត ព្រះតថាគត ជ្រាបច្បាស់នូវអធ្យាស្រ័យផ្សេង ៗ គ្នា របស់សត្វទាំងឡាយ ដោយសេចក្តីជាក់លាក់ ។ ម្នាលអានន្ទ ត្រង់ដែល ។បេ។ ម្នាលអានន្ទ នេះជា ។បេ។ ម្នាលអានន្ទ មួយទៀត ព្រះតថាគត ជ្រាបច្បាស់នូវឥន្រ្ទិយក្លៀវក្លា និងទន់ របស់ពួកសត្វដទៃ របស់ពួកបុគ្គលដទៃ ដោយសេចក្តីជាក់លាក់ ។ ម្នាលអានន្ទ ត្រង់ដែល ។បេ។ ម្នាលអានន្ទ នេះជា ។បេ។ ម្នាលអានន្ទ មួយទៀត ព្រះតថាគត ជ្រាបច្បាស់នូវសេចក្តីសៅហ្មង សេចក្តីផូរផង់ និងការចេញចាកឈាន វិមោក្ខ សមាធិ និងសមាបត្តិទាំងឡាយ ដោយសេចក្តីជាក់លាក់ ។ ម្នាលអានន្ទ ត្រង់ដែល ។បេ។ អានន្ទ នេះជា ។បេ។ ម្នាលអានន្ទ មួយទៀត ព្រះតថាគត រលឹកឃើញនូវជាតិ ដែលបាននៅអាស្រ័យ ក្នុងកាលមុន ជាអនេកជាតិ គឺ ១ ជាតិខ្លះ ២ ជាតិខ្លះ ។បេ។ រលឹកឃើញនូវជាតិ ដែលធ្លាប់នៅអាស្រ័យហើយ ក្នុងកាលមុនជាច្រើន ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ។ ម្នាលអានន្ទ ត្រង់ដែល ។បេ។ ម្នាលអានន្ទ នេះជា ។បេ។ ម្នាលអានន្ទ មួយទៀត ព្រះតថាគត មានទិព្វចក្ខុ ដ៏បរិសុទ្ធ កន្លងផុតចក្ខុរបស់មនុស្សធម្មតា ។បេ។ ជ្រាបច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្ម ។ ម្នាលអានន្ទ ត្រង់ដែល ។បេ។ ម្នាលអានន្ទ នេះជា ។បេ។ ម្នាលអានន្ទ មួយវិញទៀត ព្រះតថាគត បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ។ ម្នាលអានន្ទ ត្រង់ដែលព្រះតថាគត ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ម្នាលអានន្ទ នេះជាតថាគតពល របស់ព្រះតថាគត ព្រោះព្រះតថាគតអាស្រ័យនឹងពលៈ ហើយប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រឲ្យប្រព្រឹត្តទៅ ។ ម្នាលអានន្ទ នេះជាតថាគតពល របស់ព្រះតថាគតទាំង ១០ ប្រការ ព្រោះព្រះតថាគត ប្រកបដោយពលៈទាំងឡាយ ហើយប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រឲ្យប្រព្រឹត្តទៅ ។

៣. កាយសូត្រកែប្រែ

[២៣] ម្នាលភិក្ខុទាំងឡាយ ពួកធម៌ ដែលបុគ្គលគប្បីលះដោយកាយ មិនបាច់វាចាក៏មាន ម្នាលភិក្ខុទាំងឡាយ ពួកធម៌ ដែលបុគ្គលគប្បីលះដោយវាចា មិនបាច់កាយ ក៏មាន ម្នាលភិក្ខុទាំងឡាយ ពួកធម៌ ដែលបុគ្គលមិនគប្បីលះដោយកាយ មិនគប្បីលះដោយវាចា គប្បីលះចេញ ព្រោះឃើញជាក់ស្តែងដោយប្រាជ្ញាក៏មាន ។ ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ ដែលបុគ្គលគប្បីលះដោយកាយ មិនបាច់វាចា តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកត្រូវនូវចំណែកនៃអាបត្តិណាមួយ ជាអកុសល ដោយកាយ ។ ពួកវិញ្ញូជន ជាសព្រហ្មចារី ដៀងមើលរឿយ ៗ នូវភិក្ខុនោះ ហើយនិយាយយ៉ាងនេះថា លោកដ៏មានអាយុ បានត្រូវនូវចំណែកនៃអាបត្តិណាមួយ ជាអកុសលដោយកាយហើយ លោកដ៏មានអាយុ ចូរលះកាយទុច្ចរិត ហើយចម្រើនកាយសុចរិត ឲ្យត្រឹមត្រូវឡើង ។ កាលពួកវិញ្ញូជន ជាសព្រហ្មចារី ដៀងមើលរឿយ ៗ ហើយស្តីថា ភិក្ខុនោះ ក៏លះកាយទុច្ចរិត ហើយចម្រើនកាយសុចរិតទៅ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលបុគ្គលគប្បីលះដោយកាយ មិនបាច់វាចា ។ ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ ដែលបុគ្គលគប្បីលះដោយវាចា មិនបាច់កាយ តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកត្រូវនូវចំណែកនៃអាបត្តិណាមួយ ជាអកុសល ដោយវាចា ។ ពួកវិញ្ញូជន ជាសព្រហ្មចារី ដៀងមើលរឿយ ៗ នូវភិក្ខុនោះ ហើយនិយាយយ៉ាងនេះថា លោកដ៏មានអាយុ បានត្រូវនូវចំណែកនៃអាបត្តិណាមួយ ជាអកុសល ដោយវាចាហើយ លោកដ៏មានអាយុ ចូរលះវចីទុច្ចរិត ហើយចម្រើនវចីសុចរិតឲ្យត្រឹមត្រូវឡើង ។ កាលពួកវិញ្ញូជន ជាសព្រហ្មចារី ដៀងមើលរឿយ ៗ ហើយស្តីថា ភិក្ខុនោះ ក៏លះវចីទុច្ចរិត ហើយចម្រើនវចីសុចរិតទៅ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលបុគ្គលគប្បីលះ ដោយវាចា មិនបាច់កាយ ។ ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ ដែលបុគ្គលមិនគប្បីលះ ដោយកាយ មិនគប្បីលះដោយវាចា គប្បីលះចេញ ព្រោះឃើញជាក់ស្តែងដោយប្រាជ្ញាបាន តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ លោភៈ បុគ្គលមិនគប្បីលះដោយកាយ មិនគប្បីលះដោយវាចាទេ គប្បីលះចេញ ព្រោះឃើញជាក់ស្តែងដោយប្រាជ្ញាបាន ។ ម្នាលភិក្ខុទាំងឡាយ ទោសៈ… ម្នាលភិក្ខុទាំងឡាយ មោហៈ… ម្នាលភិក្ខុទាំងឡាយ កោធៈ… ម្នាលភិក្ខុទាំងឡាយ ឧបនាហៈ… ម្នាលភិក្ខុទាំងឡាយ មក្ខៈ… ម្នាលភិក្ខុទាំងឡាយ បលាសៈ… ម្នាលភិក្ខុទាំងឡាយ មច្ឆរិយៈ បុគ្គលមិនគប្បីលះដោយកាយ មិនគប្បីលះដោយវាចា គប្បីលះចេញ ព្រោះឃើញជាក់ស្តែង ដោយប្រាជ្ញាបាន ។ ម្នាលភិក្ខុទាំងឡាយ ឥស្សា ដ៏លាមក បុគ្គលមិនគប្បីលះដោយកាយ មិនគប្បីលះដោយវាចាទេ គប្បីលះចេញ ព្រោះឃើញជាក់ស្តែងដោយប្រាជ្ញាបាន ។ ម្នាលភិក្ខុទាំងឡាយ ចុះឥស្សា ដ៏លាមក តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ គហបតី ឬគហបតិបុត្ត ក្នុងលោកនេះ បរិបូណ៌ដោយទ្រព្យក្តី ស្រូវក្តី ប្រាក់ក្តី មាសក្តី ។ ខ្ញុំកំដរ ឬអ្នកដែលនៅជ្រកកោនណាមួយ មានសេចក្តីច្រណែន នឹងគហបតី ឬគហបតិបុត្តនោះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ កុំឲ្យគហបតី ឬគហបតិបុត្តនេះ បានបរិបូណ៌ដោយទ្រព្យក្តី ស្រូវក្តី ប្រាក់ក្តី មាសក្តី ដូច្នេះឡើយ ។ ចំណែកខាង សមណៈ ឬញ្រហ្មណ៍វិញ ដែលជាអ្នកបាននូវចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ។ សមណៈ ឬញ្រហ្មណ៍ណាមួយ មានសេចក្តីច្រណែននឹងសមណៈ ឬញ្រហ្មណ៍នោះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ កុំឲ្យលោកដ៏មានអាយុនេះ បានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារដូច្នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឥស្សា ដ៏លាមក ។ ម្នាលភិក្ខុទាំងឡាយ ឥស្សា ដ៏លាមក បុគ្គលមិនគប្បីលះដោយកាយ មិនគប្បីលះដោយវាចាទេ គប្បីលះចេញ ព្រោះឃើញជាក់ស្តែងដោយប្រាជ្ញាបាន ។ ម្នាលភិក្ខុទាំងឡាយ ឥច្ឆា ដ៏លាមក បុគ្គលមិនគប្បីលះដោយកាយ មិនគប្បីលះដោយវាចាទេ គប្បីលះចេញ ព្រោះឃើញជាក់ស្តែង ដោយប្រាជ្ញាបាន ។ ម្នាលភិក្ខុទាំងឡាយ ចុះឥច្ឆា ដ៏លាមក តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុខ្លះ ក្នុងសាសនានេះ ជាបុគ្គលមិនមានសទ្ធា តែប្រាថ្នាថា អ្នកផង គប្បីស្គាល់អញ ថាជាអ្នកមានសទ្ធា ជាបុគ្គលទ្រុស្តសីល តែប្រាថ្នាថា អ្នកផងគប្បីស្គាល់អញ ថាជាអ្នកមានសីល ជាបុគ្គលចេះដឹងតិច តែប្រាថ្នាថា អ្នកផង គប្បីស្គាល់អញ ថាជាអ្នកចេះដឹងច្រើន ជាបុគ្គលត្រេកអរ ក្នុងការច្របូកច្របល់ដោយគ្នីគ្នា តែប្រាថ្នាថា អ្នកផង គប្បីស្គាល់អញ ថាជាអ្នកស្ងាត់កាយ ជាបុគ្គលខ្ជិល តែប្រាថ្នាថា អ្នកផង គប្បីស្គាល់អញថា ជាអ្នកមានប្រារព្ធព្យាយាម ជាបុគ្គលភ្លេចភ្លាំងស្មារតី តែប្រាថ្នាថា អ្នកផង គប្បីស្គាល់អញ ថាជាអ្នកមានស្មារតីតាំងមាំ ជាបុគ្គលមិនបានសមាធិ តែប្រាថ្នាថា អ្នកផងគប្បីស្គាល់អញ ថាជាអ្នកបានសមាធិ ជាបុគ្គលអប្បប្រាជ្ញា តែប្រាថ្នាថា អ្នកផងគប្បីស្គាល់អញ ថាជាអ្នកមានប្រាជ្ញា ជាបុគ្គលមិនទាន់អស់អាសវៈ តែប្រាថ្នាថា អ្នកផង គប្បីស្គាល់អញ ថាជាអ្នកអស់អាសវៈហើយ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឥច្ឆាដ៏លាមក ។ ម្នាលភិក្ខុទាំងឡាយ ឥច្ឆា ដ៏លាមក បុគ្គលមិនគប្បីលះដោយកាយ មិនគប្បីលះដោយវាចាទេ គប្បីលះចេញ ព្រោះឃើញជាក់ស្តែង ដោយប្រាជ្ញាបាន ។ ម្នាលភិក្ខុទាំងឡាយ បើលោភៈ គ្របសង្កត់ភិក្ខុនោះ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សា ដ៏លាមក ឥច្ឆាដ៏លាមក គ្របសង្កត់ភិក្ខុនោះ អ្នកទាំងឡាយ គប្បីដឹងយ៉ាងនេះថា លោភៈមិនកើតមានដល់បុគ្គលដែលដឹងច្បាស់យ៉ាងនេះថា លោកដ៏មានអាយុនេះ មិនដឹងច្បាស់យ៉ាងនោះទេ ហេតុដូច្នោះ បានជាលោភៈ មកគ្របសង្កត់លោកដ៏មានអាយុនេះបាន ។ ទោសៈ មិនមានដល់បុគ្គល ដែលដឹងច្បាស់យ៉ាងណា លោកដ៏មានអាយុនេះ មិនដឹងច្បាស់យ៉ាងនោះទេ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សា ដ៏លាមក ឥច្ឆា ដ៏លាមក មិនមាន ហេតុដូច្នោះ ទើបឥច្ឆា ដ៏លាមក គ្របសង្កត់លោកដ៏មានអាយុនេះបាន ។ ម្នាលភិក្ខុទាំងឡាយ បើលោភៈ មិនគ្របសង្កត់ភិក្ខុនោះទេ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សា ដ៏លាមក ឥច្ឆាដ៏លាមក មិនគ្របសង្កត់ភិក្ខុនោះ អ្នកទាំងឡាយ គប្បីដឹងយ៉ាងនេះថា លោភៈមិនមានដល់បុគ្គល ដែលដឹងច្បាស់ យ៉ាងណា លោកដ៏មានអាយុនេះ ក៏ដឹងច្បាស់ យ៉ាងនោះដែរ ហេតុដូច្នោះ បានជាលោភៈមិនគ្របសង្កត់លោកដ៏មានអាយុនេះបាន ។ ទោសៈ មិនមានដល់បុគ្គលដែលដឹងច្បាស់យ៉ាងណា លោកដ៏មានអាយុនេះ ដឹងច្បាស់យ៉ាងនោះដែរ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សា ដ៏លាមក ឥច្ឆា ដ៏លាមក មិនមាន ហេតុដូច្នោះ បានជាឥច្ឆាដ៏លាមក មិនគ្របសង្កត់លោកដ៏មានអាយុនេះបាន ។

៤. មហាចុន្ទសូត្រកែប្រែ

[២៤] សម័យមួយ ព្រះមហាចុន្ទៈដ៏មានអាយុ គង់ក្នុងប្រទេសឈ្មោះ សហជាតិ ក្នុងដែនចេតី ។ ក្នុងទីនោះឯង ព្រះមហាចុន្ទៈដ៏មានអាយុ ហៅភិក្ខុទាំងឡាយថា ម្នាលអាវុសោ ភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ បានទទួលស្តាប់ពាក្យ របស់ព្រះមហាចុន្ទដ៏មានអាយុថា ម្នាលអាវុសោ ។ ព្រះមហាចុន្ទៈដ៏មានអាយុ មានថេរវាចា ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនិយាយនូវញាណវាទថា ខ្ញុំដឹងធម៌នេះ ខ្ញុំឃើញធម៌នេះ ។ ម្នាលអាវុសោទាំងឡាយ បើលោភៈគ្របសង្កត់ភិក្ខុនោះ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សាដ៏លាមក ឥច្ឆាដ៏លាមក គ្របសង្កត់ភិក្ខុនោះ អ្នកទាំងឡាយ គប្បីដឹងយ៉ាងនេះថា លោភៈ មិនមានដល់បុគ្គលដែលដឹងច្បាស់យ៉ាងណា លោកដ៏មានអាយុនេះ មិនដឹងច្បាស់យ៉ាងនោះទេ ហេតុដូច្នោះ បានជាលោភៈ គ្របសង្កត់លោកដ៏មានអាយុនេះ ។  ទោសៈ មិនមានដល់បុគ្គលដែលដឹងច្បាស់យ៉ាងណា លោកដ៏មានអាយុនេះ មិនដឹងច្បាស់យ៉ាងនោះទេ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សាដ៏លាមក ឥច្ឆាដ៏លាមក មិនមាន ហេតុដូច្នោះ បានជាឥច្ឆាដ៏លាមក គ្របសង្កត់លោកដ៏មានអាយុ ។ ម្នាលអាវុសោទាំងឡាយ កាលភិក្ខុនិយាយភាវនាវាទថា ខ្ញុំដឹងធម៌នេះ ឃើញធម៌នេះ ខ្ញុំជាអ្នកបានចម្រើនកាយ បានចម្រើនសីល បានចម្រើនចិត្ត បានចម្រើនប្រាជ្ញាហើយ ។ ម្នាលអាវុសោទាំងឡាយ បើលោភៈគ្របសង្កត់ភិក្ខុនោះ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សាដ៏លាមក ឥច្ឆាដ៏លាមក គ្របសង្កត់ភិក្ខុនោះ អ្នកទាំងឡាយ គប្បីដឹងយ៉ាងនេះថា លោភៈមិនមានដល់បុគ្គលដែលដឹងច្បាស់យ៉ាងណា លោកដ៏មានអាយុនេះ មិនដឹងច្បាស់យ៉ាងនោះទេ ហេតុដូច្នោះ បានជាលោភៈគ្របសង្កត់លោកដ៏មានអាយុនេះ ។ ទោសៈ មិនមានដល់បុគ្គល ដែលដឹងច្បាស់យ៉ាងណា លោកដ៏មានអាយុនេះ មិនដឹងច្បាស់យ៉ាងនោះទេ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សាដ៏លាមក ឥច្ឆាដ៏លាមក មិនមាន ហេតុដូច្នោះ បានជាឥច្ឆាដ៏លាមក គ្របសង្កត់លោកដ៏មានអាយុនេះ ។ ម្នាលអាវុសោទាំងឡាយ កាលភិក្ខុអ្នកនិយាយនូវញាណវាទ និងភាវនាវាទថា ខ្ញុំដឹងធម៌នេះ ឃើញធម៌នេះ ខ្ញុំជាអ្នកបានចម្រើនកាយ បានចម្រើនសីល បានចម្រើនចិត្ត បានចម្រើនប្រាជ្ញាហើយ ។ ម្នាលអាវុសោទាំងឡាយ បើលោភៈគ្របសង្កត់ភិក្ខុនោះ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សាដ៏លាមក ឥច្ឆាដ៏លាមក គ្របសង្កត់ភិក្ខុនោះ អ្នកទាំងឡាយ គប្បីដឹងយ៉ាងនេះថា លោភៈ មិនមានដល់បុគ្គលដែលដឹងច្បាស់យ៉ាងណា លោកដ៏មានអាយុនេះ មិនដឹងច្បាស់យ៉ាងនោះទេ ហេតុដូច្នោះ បានជាលោភៈ គ្របសង្កត់លោកដ៏មានអាយុនេះ ។ ទោសៈ មិនមានដល់បុគ្គលដែលដឹងច្បាស់យ៉ាងណា លោកដ៏មានអាយុនេះ មិនដឹងច្បាស់យ៉ាងនោះទេ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សាដ៏លាមក ឥច្ឆាដ៏លាមក មិនមាន ហេតុដូច្នោះ បានជាឥច្ឆាដ៏លាមក គ្របសង្កត់លោកដ៏មានអាយុនេះ ។ ម្នាលអាវុសោទាំងឡាយ ដូចបុរសកំសត់ តែអួតថាអ្នកស្តុកស្តម្ភ ជាអ្នកឥតទ្រព្យ តែអួតថាអ្នកមានទ្រព្យ ជាអ្នកឥតភោគៈ តែអួតថាជាអ្នកមានភោគៈ កាលបើមានករណីយកិច្ចដែលត្រូវធ្វើដោយទ្រព្យណាមួយ កើតឡើងហើយ បុរសនោះ មិនអាចប្រមូលមកនូវទ្រព្យក្តី ស្រូវក្តី ប្រាក់ក្តី មាសក្តី បានឡើយ អ្នកផងត្រូវដឹងបុរសនោះ យ៉ាងនេះថា អ្នកដ៏មានអាយុនេះ ជាអ្នកកំសត់សោះ តែអួតថាអ្នកស្តុកស្តម្ភ អ្នកដ៏មានអាយុនេះ ឥតទ្រព្យសោះ តែអួតថាអ្នកមានទ្រព្យ អ្នកដ៏មានអាយុនេះ ជាអ្នកឥតភោគៈសោះ តែអួតថាអ្នកមានភោគៈ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ព្រោះថា កាលបើកិច្ចដែលត្រូវធ្វើ ដោយទ្រព្យណាមួយ កើតឡើងហើយ អ្នកដ៏មានអាយុនេះ មិនអាចដើម្បីប្រមូលមកនូវទ្រព្យក្តី ស្រូវក្តី ប្រាក់ក្តី មាសក្តី បានឡើយ យ៉ាងណាមិញ ។ ម្នាលអាវុសោទាំងឡាយ កាលភិក្ខុនិយាយនូវញាណវាទ និងភាវនាវាទថា ខ្ញុំដឹងធម៌នេះ ឃើញធម៌នេះ ខ្ញុំជាអ្នកបានចម្រើនកាយ បានចម្រើនសីល បានចម្រើនចិត្ត បានចម្រើនប្រាជ្ញាហើយ ម្នាលអាវុសោទាំងឡាយ បើលោភៈគ្របសង្កត់ភិក្ខុនោះ ទោសៈ មោហៈ កោធៈ ឧបនាហៈ  មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សាដ៏លាមក ឥច្ឆាដ៏លាមក គ្របសង្កត់ភិក្ខុនោះ អ្នកទាំងឡាយ គប្បីដឹងយ៉ាងនេះថា លោភៈ មិនមានដល់បុគ្គល ដែលដឹងច្បាស់យ៉ាងណា លោកដ៏មានអាយុនេះ មិនដឹងច្បាស់យ៉ាងនោះទេ ហេតុដូច្នោះ បានជាលោភៈគ្របសង្កត់លោកដ៏មានអាយុនេះ ។ ទោសៈ មិនមានដល់បុគ្គលដែលដឹងច្បាស់យ៉ាងណា លោកដ៏មានអាយុនេះ មិនដឹងច្បាស់យ៉ាងនោះទេ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សាដ៏លាមក ឥច្ឆាដ៏លាមក មិនមាន ហេតុដូច្នោះ បានជាឥច្ឆាដ៏លាមក គ្របសង្កត់លោកដ៏មានអាយុនេះ យ៉ាងនោះដែរ ។ ម្នាលអាវុសោទាំងឡាយ កាលភិក្ខុនិយាយនូវញាណវាទថា ខ្ញុំដឹងធម៌នេះ ឃើញធម៌នេះ ។ ម្នាលអាវុសោទាំងឡាយ បើលោភៈ មិនគ្របសង្កត់ភិក្ខុនោះទេ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សាដ៏លាមក ឥច្ឆាដ៏លាមក មិនគ្របសង្កត់ភិក្ខុនោះ អ្នកទាំងឡាយ គប្បីដឹងយ៉ាងនេះថា លោភៈ មិនមានដល់បុគ្គល ដែលដឹងច្បាស់ យ៉ាងណា លោកដ៏មានអាយុនេះ ក៏ដឹងច្បាស់យ៉ាងនោះដែរ ហេតុដូច្នោះ បានជាលោភៈ មិនគ្របសង្កត់លោកដ៏មានអាយុនេះ ។ ទោសៈ មិនមានដល់បុគ្គល ដែលដឹងច្បាស់ យ៉ាងណា លោកដ៏មានអាយុនេះ ក៏ដឹងច្បាស់យ៉ាងនោះដែរ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយ ឥស្សាដ៏លាមក ឥច្ឆាដ៏លាមក មិនមាន ហេតុដូច្នោះ បានជាឥច្ឆាដ៏លាមក មិនគ្របសង្កត់លោកដ៏មានអាយុនេះ ។ ម្នាលអាវុសោទាំងឡាយ កាលភិក្ខុនិយាយនូវភាវនាវាទថា ខ្ញុំជាអ្នកបានចម្រើនកាយ បានចម្រើនសីល បានចម្រើនចិត្ត បានចម្រើនប្រាជ្ញាហើយ ។ ម្នាលអាវុសោទាំងឡាយ បើលោភៈមិនគ្របសង្កត់ភិក្ខុនោះទេ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សាដ៏លាមក ឥច្ឆាដ៏លាមក មិនគ្របសង្កត់ទេ ភិក្ខុនោះ អ្នកទាំងឡាយ គប្បីដឹងយ៉ាងនេះថា លោភៈ មិនមានដល់បុគ្គលដែលដឹងច្បាស់ យ៉ាងណា លោកដ៏មានអាយុនេះ ក៏ដឹងច្បាស់ យ៉ាងនោះដែរ ហេតុដូច្នោះ បានជាលោភៈ មិនគ្របសង្កត់លោកដ៏មានអាយុនេះ ។ ទោសៈ មិនមានដល់បុគ្គលដែលដឹងច្បាស់ យ៉ាងណា លោកដ៏មានអាយុនេះ ក៏ដឹងច្បាស់ យ៉ាងនោះដែរ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សាដ៏លាមក ឥច្ឆាដ៏លាមក មិនមាន ហេតុដូច្នោះ បានជាឥច្ឆាដ៏លាមក មិនគ្របសង្កត់លោកដ៏មានអាយុនេះ ។ ម្នាលអាវុសោទាំងឡាយ កាលភិក្ខុនិយាយនូវញាណវាទ និងភាវនាវាទថា ខ្ញុំដឹងធម៌នេះ ឃើញធម៌នេះ ខ្ញុំជាអ្នកបានចម្រើនកាយ បានចម្រើនសីល បានចម្រើនចិត្ត បានចម្រើនប្រាជ្ញាហើយ ។ ម្នាលអាវុសោទាំងឡាយ បើជាលោភៈ មិនគ្របសង្កត់ភិក្ខុនោះទេ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សាដ៏លាមក ឥច្ឆាដ៏លាមក មិនគ្របសង្កត់ទេ ភិក្ខុនោះ អ្នកទាំងឡាយ គប្បីដឹងយ៉ាងនេះថា លោភៈ មិនមានដល់បុគ្គលដែលដឹងច្បាស់ យ៉ាងណា លោកដ៏មានអាយុនេះ ក៏ដឹងច្បាស់យ៉ាងនោះដែរ ហេតុដូច្នោះ បានជាលោភៈមិនគ្របសង្កត់លោកដ៏មានអាយុនេះ ។ ទោសៈ មិនមានដល់បុគ្គល ដែលដឹងច្បាស់ យ៉ាងណា លោកដ៏មានអាយុនេះ ក៏ដឹងច្បាស់ យ៉ាងនោះដែរ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សាដ៏លាមក ឥច្ឆាដ៏លាមក មិនមាន ហេតុដូច្នោះ បានជាឥច្ឆាដ៏លាមក មិនគ្របសង្កត់លោកដ៏មានអាយុនេះបានឡើយ ។ ម្នាលអាវុសោទាំងឡាយ ដូចជាបុរសស្តុកស្តម្ភមែន ហើយនិយាយថា អ្នកស្តុកស្តម្ភ អ្នកមានទ្រព្យមែន ហើយនិយាយថា អ្នកមានទ្រព្យ អ្នកមានភោគៈមែន ហើយនិយាយថា អ្នកមានភោគៈ កាលបើកិច្ចដែលត្រូវធ្វើដោយទ្រព្យណាមួយ កើតឡើងហើយ បុរសនោះ ក៏អាចប្រមូលមកនូវទ្រព្យក្តី ស្រូវក្តី ប្រាក់ក្តី មាសក្តី អ្នកផង ត្រូវដឹងបុរសនោះ យ៉ាងនេះថា អ្នកដ៏មានអាយុនេះ ជាអ្នកស្តុកស្តម្ភមែន ហើយនិយាយថា អ្នកស្តុកស្តម្ភ អ្នកដ៏មានអាយុនេះ ជាអ្នកមានទ្រព្យមែន និយាយថា អ្នកមានទ្រព្យ អ្នកដ៏មានអាយុនេះ ជាអ្នកមានភោគៈមែន និយាយថា អ្នកមានភោគៈ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ព្រោះថា កាលបើកិច្ចដែលខ្លួនត្រូវធ្វើ ដោយទ្រព្យណាមួយ កើតឡើងហើយ អ្នកដ៏មានអាយុនេះ ក៏អាចប្រមូលមកនូវទ្រព្យក្តី ស្រូវក្តី ប្រាក់ក្តី មាសក្តី យ៉ាងណាមិញ ។ ម្នាលអាវុសោទាំងឡាយ កាលភិក្ខុនិយាយអួតញាណវាទ និងភាវនាវាទថា ខ្ញុំដឹងធម៌នេះ ឃើញធម៌នេះ ខ្ញុំជាអ្នកបានចម្រើនកាយ បានចម្រើនសីល បានចម្រើនចិត្ត បានចម្រើនប្រាជ្ញាហើយ ។ ម្នាលអាវុសោទាំងឡាយ បើជាលោភៈ មិនគ្របសង្កត់ភិក្ខុនោះ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សា ដ៏លាមក ឥច្ឆា ដ៏លាមក មិនគ្របសង្កត់ទេ ភិក្ខុនោះ អ្នកទាំងឡាយ គប្បីដឹងយ៉ាងនេះថា លោភៈ មិនមានដល់បុគ្គលដែលដឹងច្បាស់ យ៉ាងណា លោកដ៏មានអាយុនេះ ក៏ដឹងច្បាស់ យ៉ាងនោះដែរ ហេតុដូច្នោះ បានជាលោភៈ មិនគ្របសង្កត់លោកដ៏មានអាយុនេះបាន ។ ទោសៈ មិនមាន ដល់បុគ្គលដែលដឹងច្បាស់យ៉ាងណា លោកដ៏មានអាយុនេះ ក៏ដឹងច្បាស់យ៉ាងនោះដែរ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សា ដ៏លាមក ឥច្ឆា ដ៏លាមក មិនមាន ហេតុដូច្នោះ បានជាឥច្ឆា ដ៏លាមក មិនគ្របសង្កត់លោក ដ៏មានអាយុនេះ ។

៥. កសិណសូត្រកែប្រែ

[២៥]  ម្នាលភិក្ខុទាំងឡាយ កសិណាយតនៈនេះ មាន ១០ ប្រការ ។ កសិណាយតនៈ ១០ ប្រការ តើដូចម្តេចខ្លះ ។ បុគ្គលមួយពួក ដឹងបឋវីកសិណ ទាំងខាងលើ ខាងក្រោម ទទឹង មិនមានគូ មិនមានប្រមាណ ១ បុគ្គលមួយពួក ដឹងអាបោកសិណ… ១ បុគ្គលមួយពួក ដឹងតេជោកសិណ …១ បុគ្គលមួយពួក ដឹងវាយោកសិណ… ១ បុគ្គលមួយពួក ដឹងនីលកសិណ… ១ បុគ្គលមួយពួក ដឹងបីតកសិណ…១ បុគ្គលមួយពួក ដឹងលោហិតកសិណ…១ បុគ្គលមួយពួក ដឹងឱទាតកសិណ…១ បុគ្គលមួយពួក ដឹងអាកាសកសិណ… ១ បុគ្គលមួយពួក ដឹងវិញ្ញាណកសិណ ទាំងខាងលើ ខាងក្រោម ទទឹង មិនមានគូ មិនមានប្រមាណ ១ ។ ម្នាលភិក្ខុទាំងឡាយ កសិណាយតនៈ មាន ១០ ប្រការនេះឯង ។

៦. កាឡីសូត្រកែប្រែ

[២៦] សម័យមួយ ព្រះមហាកច្ចានៈ គង់នៅបវត្តបព៌ត ជិតក្រុងកុររឃរៈ ក្នុងដែនអវន្តី ។ គ្រានោះ នាងកាលីឧបាសិកា នៅក្នុងក្រុងឈ្មោះកុររឃរៈ ចូលទៅរកព្រះមហាកច្ចានៈដ៏មានអាយុ លុះចូលទៅដល់ ថ្វាយបង្គំព្រះកច្ចានៈដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ ។ លុះនាងកាលីឧបាសិកា នៅក្នុងក្រុងឈ្មោះកុររឃរៈ អង្គុយក្នុងទីសមគួរហើយ ក៏ទូលព្រះមហាកច្ចានៈដ៏មានអាយុ ដូច្នេះថា បពិត្រលោកដ៏ចម្រើន ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ក្នុងកុមារីបញ្ហា [ប្រស្នាដែលទ្រង់ពោលចំពោះពួកកុមារី ជាធីតានៃមារ ។] ថា

ការសម្រេចប្រយោជន៍ ជាសេចក្តីស្ងប់រម្ងាប់នៃហ្ឫទ័យ តថាគតម្នាក់ឯង បានឈ្នះនូវកិលេសសេនា ជាទីស្រឡាញ់ ជាទីត្រេកអរ បានឈាន ត្រាស់ដឹងនូវព្រះនិញ្វនជាសុខ ហេតុនោះ តថាគតមិនធ្វើសាក្សីដោយសារជនទេ សាក្សី (មិត្តធម៌) ដោយជនណាមួយ មិនសម្រេច ដល់តថាគតឡើយ ។

បពិត្រលោកដ៏ចម្រើន សេចក្តីនៃភាសិត ដែលព្រះដ៏មានព្រះភាគ សំដែងដោយសង្ខេបនេះ យើងគប្បីយល់ដោយពិស្តារ ដូចម្តេចបាន ។ ម្នាលនាង ពួកសមណញ្រហ្មណ៍ខ្លះ ចូលកាន់បឋវីកសិណដ៏ឧត្តម ហើយញុំាងបឋវីកសិណនោះ ឲ្យកើត ដោយប្រកាន់ថាជាប្រយោជន៍ ។ ម្នាលនាង ព្រះដ៏មានព្រះភាគ បានត្រាស់ដឹងនូវការចូលកាន់បឋវីកសិណ ដ៏ឧត្តមនោះ ព្រះដ៏មានព្រះភាគ បានជ្រាបច្បាស់នូវការចូលកាន់បឋវីកសិណដ៏ឧត្តមនោះ ហើយបានឃើញខាងដើម គឺសមុទយសច្ច បានឃើញទោស គឺទុក្ខសច្ច បានឃើញនូវធម៌ជាគ្រឿងរលាស់ គឺនិរោធសច្ច បានឃើញមគ្គាមគ្គញ្ញាណទស្សនៈ គឺមគ្គសច្ច ព្រះអង្គបានជ្រាប នូវការសម្រេចប្រយោជន៍ ជាការស្ងប់នៃហ្ឫទ័យ ព្រោះហេតុនៃការឃើញខាងដើម ព្រោះហេតុនៃការឃើញទោស ព្រោះហេតុនៃការឃើញនូវធម៌ជាគ្រឿងរលាស់ ព្រោះហេតុនៃការឃើញនូវមគ្គាមគ្គញ្ញាណ ។ ម្នាលនាង… ចូលកាន់អាបោកសិណដ៏ឧត្តម ម្នាលនាង… ចូលកាន់តេជោកសិណដ៏ឧត្តម ម្នាលនាង… ចូលកាន់វាយោកសិណដ៏ឧត្តម ម្នាលនាង… ចូលកាន់នីលកសិណដ៏ឧត្តម ម្នាលនាង… ចូលកាន់បីតកសិណដ៏ឧត្តម ម្នាលនាង… ចូលកាន់លោហិតកសិណដ៏ឧត្តម ម្នាលនាង… ចូលកាន់ឱទាតកសិណដ៏ឧត្តម ម្នាលនាង… ចូលកាន់អាកាសកសិណដ៏ឧត្តម ម្នាលនាង ពួកសមណញ្រហ្មណ៍ខ្លះ ចូលកាន់វិញ្ញាណកសិណដ៏ឧត្តម ហើយញុំាងវិញ្ញាណកសិណ (នោះ) ឲ្យកើត ដោយប្រកាន់ថាជាប្រយោជន៍ ។ ម្នាលនាង ព្រះដ៏មានព្រះភាគ បានជ្រាបច្បាស់នូវការចូលកាន់វិញ្ញាណកសិណដ៏ឧត្តមនោះ លុះព្រះដ៏មានព្រះភាគ បានជ្រាបច្បាស់នូវការចូលកាន់វិញ្ញាណកសិណដ៏ឧត្តមនោះហើយ បានឃើញខាងដើម បានឃើញទោស បានឃើញធម៌ជាគ្រឿងរលាស់ បានឃើញមគ្គាមគ្គញ្ញាណទស្សនៈ ព្រះអង្គជ្រាបនូវការបានសម្រេចប្រយោជន៍ ជាការស្ងប់ហឫទ័យ ព្រោះហេតុនៃការឃើញខាងដើម ព្រោះហេតុនៃការឃើញទោស ព្រោះហេតុនៃការឃើញធម៌ជាគ្រឿងរលាស់ ព្រោះហេតុនៃការឃើញមគ្គាមគ្គញ្ញាណ ។ ម្នាលនាង ព្រះដ៏មានព្រះភាគ បានត្រាស់ពាក្យណា ក្នុងកុមារីបញ្ហាទាំងឡាយថា

ការសម្រេចប្រយោជន៍ ជាសេចក្តីស្ងប់នៃហឫទ័យ តថាគតម្នាក់ឯង បានឈ្នះនូវកិលេសសេនា ជាទីស្រឡាញ់ ជាទីត្រេកអរ បានឈាន ត្រាស់ដឹងនូវព្រះនិញ្វន ជាសុខ ហេតុនោះ តថាគត មិនធ្វើសាក្សី ដោយសារជនទេ សាក្សី ដោយសារជន (ណាមួយ) មិនសម្រេចដល់តថាគតឡើយ ។

ម្នាលនាង សេចក្តីនៃភាសិត ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងដោយសង្ខេបនេះឯង យើងគប្បីដឹងដោយពិស្តារយ៉ាងនេះ ។

៧. បឋមមហាបញ្ហាសូត្រកែប្រែ

[២៧] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯង ពួកភិក្ខុច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី ។ លំដាប់នោះ ភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះដូច្នេះថា ការត្រាច់ទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី នៅព្រឹកពេក បើដូច្នោះ គួរយើងចូលទៅឯអារាមនៃពួកបរិញ្វជក ជាអន្យតិរ្ថិយសិនចុះ ។ លំដាប់នោះ ភិក្ខុទាំងនោះ ក៏ចូលទៅឯអារាមរបស់បរិញ្វជក ជាអន្យតិរ្ថិយ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងបរិញ្វជក ជាអន្យតិរ្ថិយទាំងនោះ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹករួចហើយ ក៏អង្គុយក្នុងទីសមគួរ ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ពួកបរិញ្វជក អន្យតិរ្ថិយទាំងនោះ បាននិយាយថា ម្នាលអាវុសោទាំងឡាយ សមណគោតម តែងសំដែងធម៌ដល់សាវកទាំងឡាយ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរមកនេះ អ្នកទាំងឡាយ ចូរដឹងច្បាស់នូវធម៌ទាំងពួង អ្នកទាំងឡាយ ចូរត្រាស់ដឹងរឿយ ៗ នូវធម៌ទាំងពួង ។ ម្នាលអាវុសោទាំងឡាយ ពួកយើងក៏សំដែងធម៌ ដល់ពួកសាវកយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ ចូរចូលមកនេះ អ្នកទាំងឡាយ ចូរដឹងច្បាស់នូវធម៌ទាំងពួង អ្នកទាំងឡាយ ចូរត្រាស់ដឹងរឿយ ៗ នូវធម៌ទាំងពួង ។ ម្នាលអាវុសោទាំងឡាយ ដូចយ៉ាងធម្មទេសនា ជាមួយនឹងធម្មទេសនាក្តី ពាក្យប្រៀនប្រដៅ ជាមួយនឹងពាក្យប្រៀនប្រដៅក្តី របស់សមណគោតម និងយើងនេះ តើមានសេចក្តីប្លែកគ្នាដូចម្តេច មានអធិប្បាយ ដូចម្តេច មានដំណើរផ្សេង ៗ គ្នាដូចម្តេច ។ លំដាប់នោះ ភិក្ខុទាំងនោះ ក៏មិនត្រេកអរ មិនទទឹងទាស់នឹងភាសិតរបស់ពួកបរិញ្វជក ជាអន្យតិរ្ថិយទាំងនោះ លុះមិនត្រេកអរ មិនទទឹងទាស់ហើយ ក៏ក្រោកចាកអាសនៈ ចៀសចេញទៅ ដោយគិតថា យើងទាំងឡាយ នឹងយល់សេចក្តីនៃភាសិតនុ៎ះ ក្នុងសំណាក់ព្រះដ៏មានព្រះភាគចុះ ។ គ្រានោះ ភិក្ខុទាំងនោះ ក៏ត្រាច់ទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាជាខាងក្រោយភត្តហើយ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួររួចហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ យើងខ្ញុំទាំងឡាយ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី ។ បពិត្រព្រះអង្គដ៏ចម្រើន យើងខ្ញុំទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ការត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី នៅព្រឹកពេកនៅឡើយ បើដូច្នោះ គួរតែយើងឈៀងចូលទៅឯអារាម របស់ពួកបរិញ្វជក ជាអន្យតិរ្ថិយសិនចុះ ។ បពិត្រព្រះអង្គដ៏ចម្រើន លំដាប់នោះ ពួកយើងខ្ញុំ ក៏បានចូលទៅឯអារាមរបស់ពួកបរិញ្វជក ជាអន្យតិរ្ថិយ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងពួកបរិញ្វជក ជាអន្យតិរ្ថិយទាំងនោះ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ ។ បពិត្រព្រះអង្គដ៏ចម្រើន លុះពួកយើងខ្ញុំ អង្គុយក្នុងទីសមគួរហើយ ពួកបរិញ្វជក ជាអន្យតិរ្ថិយ បាននិយាយពាក្យដូច្នេះថា ម្នាលអាវុសោទាំងឡាយ សមណគោតម តែងសំដែងធម៌ដល់ពួកសាវកយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចូលមកនេះ អ្នកទាំងឡាយ ចូរដឹងច្បាស់នូវធម៌ទាំងពួង អ្នកទាំងឡាយ ចូរត្រាស់ដឹងរឿយ ៗ នូវធម៌ទាំងពួង ។ ម្នាលអាវុសោទាំងឡាយ ពួកយើងក៏សំដែងធម៌ដល់ពួកសាវក យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ ចូរចូលមកនេះ អ្នកទាំងឡាយ ចូរដឹងច្បាស់នូវធម៌ទាំងពួង អ្នកទាំងឡាយ ចូរត្រាស់ដឹងរឿយ ៗ នូវធម៌ទាំងពួងដែរ ។ ម្នាលអាវុសោទាំងឡាយ ដូចយ៉ាងធម្មទេសនាជាមួយនឹងធម្មទេសនាក្តី ពាក្យប្រដៅជាមួយនឹងពាក្យប្រដៅក្តី របស់សមណគោតម និងយើងនេះ តើមានសេចក្តីប្លែកគ្នាដូចម្តេច មានអធិប្បាយដូចម្តេច មានដំណើរផ្សេង ៗ គ្នាដូចម្តេច ។ បពិត្រព្រះអង្គដ៏ចម្រើន គ្រានោះ ពួកយើងខ្ញុំមិនត្រេកអរ មិនទទឹងទាស់នឹងភាសិត របស់ពួកបរិញ្វជក ជាអន្យតិរ្ថិយទាំងនោះទេ លុះមិនត្រេកអរ មិនទទឹងទាស់ហើយ ក៏ក្រោកចាកអាសនៈ ចៀសចេញទៅ ដោយគិតថា ពួកយើងនឹងយល់សេចក្តីនៃភាសិតនុ៎ះ ក្នុងសំណាក់ព្រះដ៏មានព្រះភាគចុះ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវនិយាយយ៉ាងនេះ នឹងពួកបរិញ្វជក ជាអន្យតិរ្ថិយដែលមានវាទៈ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ចុះបញ្ហា១ ឧទ្ទេស១ វេយ្យាករណ៍១ បញ្ហា២ ឧទ្ទេស២ វេយ្យាករណ៍២ បញ្ហា៣ ឧទ្ទេស៣ វេយ្យាករណ៍៣ បញ្ហា៤ ឧទ្ទេស៤ វេយ្យាករណ៍៤ បញ្ហា៥ ឧទ្ទេស៥ វេយ្យាករណ៍៥ បញ្ហា៦ ឧទ្ទេស៦ វេយ្យាករណ៍៦ បញ្ញា៧ ឧទ្ទេស៧ វេយ្យាករណ៍៧ បញ្ហា៨ ឧទ្ទេស៨ វេយ្យាករណ៍៨ បញ្ហា៩ ឧទ្ទេស៩ វេយ្យាករណ៍៩ បញ្ហា១០ ឧទ្ទេស១០ វេយ្យាករណ៍១០ (តើដូចម្តេច) ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ សួរយ៉ាងនេះហើយ ពួកបរិញ្វជក ជាអន្យតិរ្ថិយ ក៏ឆ្លើយមិនរួច ទាំងបានសេចក្តីចង្អៀតចង្អល់ថែមទៀតផង ។ ដំណើរនោះ ព្រោះអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា មិនមែនជាវិស័យរបស់ខ្លួនទេ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណញ្រហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស តថាគត មិនដែលឃើញអ្នកណាមួយ អាចញុំាងចិត្តតថាគត ឲ្យត្រេកអរ ដោយការឆ្លើយនូវបញ្ហាទាំងនេះបានឡើយ លើកលែងតែព្រះតថាគត ឬសាវករបស់ព្រះតថាគត ឬក៏អ្នកធ្លាប់ស្តាប់អំពីសំណាក់ព្រះតថាគតចេញ ។ ពាក្យថា បញ្ហា១ ឧទ្ទេស១ វេយ្យាករណ៍១ ដូច្នេះនុ៎ះ តថាគតពោលហើយ ចុះពាក្យដែលតថាគត ពោលហើយនុ៎ះ ព្រោះអាស្រ័យហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនឿយណាយដោយប្រពៃ ធុញទ្រាន់ដោយប្រពៃ រួចស្រឡះដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ដោយប្រពៃ ក្នុងធម៌មួយ រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន ។ ធម៌មួយ គឺអ្វី ។ គឺពួកសត្វទាំងពួង រស់នៅដោយសារអាហារ ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនឿយណាយដោយប្រពៃ ធុញទ្រាន់ដោយប្រពៃ រួចស្រឡះដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ដោយប្រពៃ ក្នុងធម៌មួយនេះឯង រមែងធ្វើនូវទីបំផុតនៃទុក្ខក្នុងបច្ចុប្បន្នបាន ។ ពាក្យណា ដែលតថាគតពោលថា បញ្ហា១ ឧទ្ទេស១ វេយ្យាករណ៍១ ដូច្នេះ ពាក្យនុ៎ះ ដែលតថាគតពោលហើយ ព្រោះអាស្រ័យហេតុនោះ ។ ពាក្យថា បញ្ហា២ ឧទ្ទេស២ វេយ្យាករណ៍២ ដូច្នេះ នុ៎ះ តថាគតពោលហើយ ពាក្យដែលតថាគត ពោលហើយនុ៎ះ ព្រោះអាស្រ័យហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនឿយណាយដោយប្រពៃ ធុញទ្រាន់ដោយប្រពៃ រួចស្រឡះដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ដោយប្រពៃ ក្នុងធម៌ ២ រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន ។ ធម៌ ២ គឺអ្វី ។ គឺនាម ១ រូប ១ ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនឿយណាយដោយប្រពៃ ធុញទ្រាន់ដោយប្រពៃ រួចស្រឡះដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ដោយប្រពៃ ក្នុងធម៌ទាំង ២ នេះឯង រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន ។ ពាក្យណា ដែលតថាគតពោលថា បញ្ហា២ ឧទ្ទេស២ វេយ្យាករណ៍២ ដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះ ។ ពាក្យថា បញ្ហា៣ ឧទ្ទេស៣ វេយ្យាករណ៍៣ ដូច្នេះនុ៎ះ តថាគតពោលហើយ ពាក្យដែលតថាគត ពោលហើយនុ៎ះ ព្រោះអាស្រ័យហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ដោយប្រពៃ ក្នុងធម៌ ៣ រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន ។ ធម៌ ៣ គឺអ្វីខ្លះ ។ គឺវេទនា ទាំង ៣ ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនឿយណាយដោយប្រពៃ ធុញទ្រាន់ដោយប្រពៃ រួចស្រឡះដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ដោយប្រពៃ ក្នុងធម៌ទាំង ៣ នេះឯង រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន ។ ពាក្យណា ដែលតថាគតពោលថា បញ្ហា៣ ឧទ្ទេស៣ វេយ្យាករណ៍៣ ដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះ ។ ពាក្យថា បញ្ហា៤ ឧទ្ទេស៤ វេយ្យាករណ៍៤ ដូច្នេះនុ៎ះ តថាគតពោលហើយ ពាក្យដែលតថាគតពោលហើយ ព្រោះអាស្រ័យហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ដោយប្រពៃ រួចស្រឡះដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ ដោយប្រពៃ ក្នុងធម៌ ៤ រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន ។ ធម៌ ៤ គឺអ្វី ។ គឺអាហារទាំង ៤ ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ដោយប្រពៃ រួចស្រឡះដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ ដោយប្រពៃ ក្នុងធម៌ទាំង ៤ នេះឯង រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន ។ ពាក្យណា ដែលតថាគតពោលថា បញ្ហា៤ ឧទ្ទេស៤ វេយ្យាករណ៍៤ ដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះ ។ ពាក្យថា បញ្ហា៥ ឧទ្ទេស៥ វេយ្យាករណ៍៥ ដូច្នេះនុ៎ះ តថាគតពោលហើយ ចុះពាក្យដែលតថាគត ពោលហើយនុ៎ះ ព្រោះអាស្រ័យហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ដោយប្រពៃ ក្នុងធម៌ ៥ រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន ។ ធម៌ ៥ គឺអ្វីខ្លះ ។ គឺឧបាទានក្ខន្ធទាំង ៥ ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ដោយប្រពៃ រួចស្រឡះដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ ដោយប្រពៃ ក្នុងធម៌ទាំង ៥ នេះឯង រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន ។ ពាក្យណា ដែលតថាគតពោលថា បញ្ហា៥ ឧទ្ទេស៥ វេយ្យាករណ៍៥ ដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះ ។ ពាក្យថា បញ្ហា៦ ឧទ្ទេស៦ វេយ្យាករណ៍៦ ដូច្នេះនុ៎ះ តថាគតពោលហើយ ចុះពាក្យដែលតថាគត ពោលហើយនុ៎ះ ព្រោះអាស្រ័យហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ដោយប្រពៃ រួចស្រឡះដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ដោយប្រពៃ ក្នុងធម៌ ៦ រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន ។ ធម៌ ៦ គឺអ្វី ។ គឺអាយតនៈខាងក្នុងទាំង ៦ ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនឿយណាយដោយប្រពៃ ធុញទ្រាន់ដោយប្រពៃ រួចស្រឡះដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ដោយប្រពៃ ក្នុងធម៌ទាំង ៦ នេះឯង រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន ។ ពាក្យណា ដែលតថាគត ពោលថា បញ្ហា៦ ឧទ្ទេស៦ វេយ្យាករណ៍៦ ដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគត ពោលហើយ ព្រោះអាស្រ័យហេតុនេះ ។ ពាក្យថា បញ្ហា៧ ឧទ្ទេស៧ វេយ្យាករណ៍៧ ដូច្នេះនុ៎ះ តថាគតពោលហើយ ចុះពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនឿយណាយដោយប្រពៃ ធុញទ្រាន់ដោយប្រពៃ រួចស្រឡះដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ដោយប្រពៃ ក្នុងធម៌ ៧ រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន ។ ធម៌ ៧ គឺអ្វី ។ គឺវិញ្ញាណដ្ឋិតិទាំង ៧ ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនឿយណាយដោយប្រពៃ ធុញទ្រាន់ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវទីបំផុតនៃទុក្ខដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ដោយប្រពៃ ក្នុងធម៌ទាំង ៧ នេះឯង រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន ។ ពាក្យណា ដែលតថាគតពោលថា បញ្ហា៧ ឧទ្ទេស៧ វេយ្យាករណ៍៧ ដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះ ។ ពាក្យថា បញ្ហា៨ ឧទ្ទេស៨ វេយ្យាករណ៍៨ ដូច្នេះនុ៎ះ តថាគតពោលហើយ ចុះពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវទីបំផុតនៃទុក្ខ ដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ ដោយប្រពៃ ក្នុងធម៌ ៨ រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន ។ ធម៌ ៨ គឺអ្វី ។ គឺលោកធម៌ទាំង ៨ ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវទីបំផុតនៃទុក្ខ ដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ដោយប្រពៃ ក្នុងធម៌ទាំង ៨ នេះឯង រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន ។ ពាក្យណា ដែលតថាគតពោលថា បញ្ហា៨ ឧទ្ទេស៨ វេយ្យាករណ៍៨ ដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះ ។ ពាក្យថា បញ្ហា៩ ឧទ្ទេស៩ វេយ្យាករណ៍៩ ដូច្នេះនុ៎ះ តថាគតពោលហើយ ចុះពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ កាលបើ ភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវទីបំផុត ដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ ដោយប្រពៃ ក្នុងធម៌ ៩ រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន ។ ធម៌ ៩ គឺអ្វី ។ គឺសត្តាវាសៈទាំង ៩ ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ដោយប្រពៃ ក្នុងធម៌ទាំង ៩ នេះឯង រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន ។ ពាក្យណា ដែលតថាគតពោលថា បញ្ហា៩ ឧទ្ទេស៩ វេយ្យាករណ៍៩ ដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះ ។ ពាក្យថា បញ្ហា១០ ឧទ្ទេស១០ វេយ្យាករណ៍១០ ដូច្នេះនុ៎ះ តថាគតពោលហើយ ចុះពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវទីបំផុត ដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ដោយប្រពៃ ក្នុងធម៌ទាំង ១០ រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន ។ ធម៌ទាំង ១០  គឺអ្វី ។ គឺអកុសលកម្មបថទាំង ១០ ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ ដោយប្រពៃ ក្នុងធម៌ទាំង ១០ នេះឯង រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន ។ ពាក្យណា ដែលតថាគតពោលថា បញ្ហា១០ ឧទ្ទេស១០ វេយ្យាករណ៍១០ ដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះ ។

៨. ទុតិយមហាបញ្ហាសូត្រកែប្រែ

[២៨] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន ទៀបក្រុងកជង្គលា ។ គ្រានោះ ពួកជង្គលឧបាសក (ឧបាសកអ្នកនៅក្នុងក្រុងកជង្គលា) ជាច្រើនគ្នា បានចូលទៅរកកជង្គលាភិក្ខុនី (ភិក្ខុនីនៅក្នុងក្រុងកជង្គលា) លុះចូលទៅដល់ ថ្វាយបង្គំកជង្គលាភិក្ខុនីហើយ អង្គុយក្នុងទីសមគួរ ។ លុះពួកកជង្គលាឧបាសក អង្គុយក្នុងទីសមគួរហើយ ក៏ពោលទៅនឹងកជង្គលាភិក្ខុនីថា បពិត្រនាងម្ចាស់ ពាក្យដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ក្នុងមហាបញ្ហាថា បញ្ហា១ ឧទ្ទេស១ វេយ្យាករណ៍១ បញ្ហា២ ឧទ្ទេស២ វេយ្យាករណ៍២ បញ្ហា៣ ឧទ្ទេស៣ វេយ្យាករណ៍៣ បញ្ហា៤ ឧទ្ទេស៤ វេយ្យាករណ៍៤ បញ្ហា៥ ឧទ្ទេស៥ វេយ្យាករណ៍៥ បញ្ហា៦ ឧទ្ទេស៦ វេយ្យាករណ៍៦ បញ្ហា៧ ឧទ្ទេស៧ វេយ្យាករណ៍៧ បញ្ហា៨ ឧទ្ទេស៨ វេយ្យាករណ៍៨ បញ្ហា៩ ឧទ្ទេស៩ វេយ្យាករណ៍៩ បញ្ហា១០ ឧទ្ទេស១០ វេយ្យាករណ៍១០ ។ បពិត្រនាងម្ចាស់ សេចក្តីនៃពាក្យដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែង ដោយបំប្រួញនេះ តើគួរយល់ដោយពិស្តារ ដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ពាក្យនុ៎ះ អាត្មាមិនបានស្តាប់ ក្នុងទីចំពោះព្រះភក្រ្ត មិនបានត្រងត្រាប់ ក្នុងទីចំពោះព្រះភក្រ្ត នៃព្រះដ៏មានព្រះភាគទេ ទាំងមិនបានស្តាប់ ក្នុងទីចំពោះមុខ មិនបានត្រងត្រាប់ ក្នុងទីចំពោះមុខពួកភិក្ខុអ្នកអប់រំចិត្តទេ ប៉ុន្តែពាក្យនុ៎ះ អាត្មាយល់យ៉ាងណា អ្នកទាំងឡាយ ចូរប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្ត នូវពាក្យនុ៎ះ ឲ្យប្រពៃចុះ អាត្មានឹងសំដែងប្រាប់ ។ ពួកកជង្គលឧបាសក ក៏បានទទួលពាក្យ នៃកជង្គលាភិក្ខុនីថា ករុណានាងម្ចាស់ ។ កជង្គលាភិក្ខុនី បានពោលដូច្នេះថា ពាក្យដែលព្រះដ៏មានព្រះភាគសំដែងថា បញ្ហា១ ឧទ្ទេស១ វេយ្យាករណ៍១ ដូច្នេះនុ៎ះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យហេតុអ្វី ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ដោយប្រពៃ ក្នុងធម៌ ១ រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន ។ ធម៌ ១ គឺអ្វី ។ គឺសត្វទាំងពួង រស់ដោយសារអាហារ ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ ដោយប្រពៃ ក្នុងធម៌មួយនេះឯង រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន ។ ពាក្យណា ដែលព្រះដ៏មានព្រះភាគ សំដែងថា បញ្ហា១ ឧទ្ទេស១ វេយ្យាករណ៍១ ដូច្នេះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យហេតុនេះ ។ ពាក្យដែលព្រះដ៏មានព្រះភាគ សំដែងថា បញ្ហា២ ឧទ្ទេស២ វេយ្យាករណ៍២ ដូច្នេះនុ៎ះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យហេតុអ្វី ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវទីបំផុត ដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ដោយប្រពៃ ក្នុងធម៌ ២ រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន ។ ធម៌ ២ គឺអ្វី ។ គឺនាម ១ រូប ១ ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវទីបំផុត ដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ ដោយប្រពៃ ក្នុងធម៌ទាំង ២ នេះឯង រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន ។ ពាក្យណា ដែលព្រះដ៏មានព្រះភាគ សំដែងថា បញ្ហា២ ឧទ្ទេស២ វេយ្យាករណ៍២ ដូច្នេះ ពាក្យនុ៎ះ ព្រះមានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យហេតុនេះ ។ ពាក្យដែលព្រះដ៏មានព្រះភាគ សំដែងថា បញ្ហា៣ ឧទ្ទេស៣ វេយ្យាករណ៍៣ ដូច្នេះនុ៎ះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យហេតុអ្វី ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ដោយប្រពៃ ក្នុងធម៌ទាំង ៣ ជាអ្នកធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន ។ ធម៌ ៣ គឺអ្វី ។ គឺវេទនា ទាំង ៣ ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវទីបំផុត ដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ដោយប្រពៃ ក្នុងធម៌ទាំង ៣ នេះឯង រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន ។ ពាក្យណា ដែលព្រះដ៏មានព្រះភាគ សំដែងថា បញ្ហា៣ ឧទ្ទេស៣ វេយ្យាករណ៍៣ ដូច្នេះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យហេតុនេះ ។ ពាក្យដែលព្រះដ៏មានព្រះភាគសំដែងថា បញ្ហា៤ ឧទ្ទេស៤ វេយ្យាករណ៍៤ ដូច្នេះនុ៎ះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យហេតុអ្វី ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានចិត្តចម្រើនល្អ ដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ដោយប្រពៃ ក្នុងធម៌ ៤ រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន ។ ធម៌ ៤ គឺអ្វី ។ គឺសតិប្បដ្ឋាន ៤ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានចិត្តចម្រើនល្អ ដោយប្រពៃ ឃើញនូវទីបំផុត ដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ ដោយប្រពៃ ក្នុងធម៌ទាំង ៤ នេះឯង រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន ។ ពាក្យណា ដែលព្រះដ៏មានព្រះភាគ សំដែងថា បញ្ហា៤ ឧទ្ទេស៤ វេយ្យាករណ៍៤ ដូច្នេះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យហេតុនេះ ។ ពាក្យដែលព្រះដ៏មានព្រះភាគ សំដែងថា បញ្ហា៥ ឧទ្ទេស៥ វេយ្យាករណ៍៥ ដូច្នេះនុ៎ះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យហេតុអ្វី ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានចិត្តបានចម្រើនល្អ ដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ ដោយប្រពៃ ក្នុងធម៌ ៥ រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន ។ ធម៌ ៥ គឺអ្វី ។ គឺឥន្រ្ទិយទាំង ៥… ធម៌ ៦ គឺអ្វី ។ គឺនិស្សរណីយធាតុទាំង ៦… ធម៌ ៧ គឺអ្វី ។ គឺពោជ្ឈង្គទាំង ៧… ធម៌ ៨ គឺអ្វី ។ គឺអដ្ឋង្គិកមគ្គដ៏ប្រសើរទាំង ៨ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានចិត្តចម្រើនល្អ ដោយប្រពៃ ឃើញនូវទីបំផុត ដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ ដោយប្រពៃ ក្នុងធម៌ទាំង ៨ នេះឯង រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន ។ ពាក្យណា ដែលព្រះដ៏មានព្រះភាគ សំដែងថា បញ្ហា៨ ឧទ្ទេស៨ វេយ្យាករណ៍៨ ដូច្នេះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យហេតុនេះ ។ ពាក្យដែលព្រះមានព្រះភាគ សំដែងថា បញ្ហា៩ ឧទ្ទេស៩ វេយ្យាករណ៍៩ ដូច្នេះនុ៎ះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យហេតុអ្វី ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវទីបំផុត ដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ ដោយប្រពៃ ក្នុងធម៌ ៩ រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន ។ ធម៌ ៩ គឺអ្វី ។ គឺសត្តាវាសៈទាំង ៩ ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ ដោយប្រពៃ ក្នុងធម៌ទាំង ៩ នេះឯង រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន ។ ពាក្យណា ដែលព្រះដ៏មានព្រះភាគ សំដែងថា បញ្ហា៩ ឧទ្ទេស៩ វេយ្យាករណ៍៩ ដូច្នេះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យហេតុនេះ ។ ពាក្យដែលព្រះដ៏មានព្រះភាគ សំដែងថា បញ្ហា១០ ឧទ្ទេស១០ វេយ្យាករណ៍១០ ដូច្នេះនុ៎ះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យហេតុអ្វី ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានចិត្តបានចម្រើនល្អដោយប្រពៃ ឃើញនូវទីបំផុត ដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ ដោយប្រពៃ ក្នុងធម៌ ១០ រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន ។ ធម៌ ១០  គឺអ្វី ។ គឺកុសលកម្មបថទាំង ១០ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានចិត្តចម្រើនល្អ ដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ ដោយប្រពៃ ក្នុងធម៌ទាំង ១០ នេះឯង រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន ។ ពាក្យណា ដែលព្រះដ៏មានព្រះភាគ សំដែងថា បញ្ហា១០ ឧទ្ទេស១០ វេយ្យាករណ៍១០ ដូច្នេះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យហេតុនេះ ។ ម្នាលអាវុសោទាំងឡាយ ពាក្យណា ដែលព្រះដ៏មានព្រះភាគ សំដែងហើយ ក្នុងមហាបញ្ហាថា បញ្ហា១ ឧទ្ទេស១ វេយ្យាករណ៍១ ។បេ។ បញ្ហា១០ ឧទ្ទេស១០ វេយ្យាករណ៍១០ ដូច្នេះនោះ ម្នាលអាវុសោទាំងឡាយ ពាក្យដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងដោយសង្ខេបនេះ អាត្មាយល់សេចក្តីដោយពិស្តារយ៉ាងនេះ ។ ម្នាលអាវុសោទាំងឡាយ ប្រសិនណាបើអ្នកទាំងឡាយ ប្រាថ្នា (ចង់ដឹងច្បាស់) ត្រូវចូលទៅគាល់ព្រះដ៏មានព្រះភាគ ហើយទូលសួរបញ្ជាក់សេចក្តីនុ៎ះ ព្រះដ៏មានព្រះភាគ ទ្រង់ដោះស្រាយសេចក្តីនោះយ៉ាងណា អ្នកទាំងឡាយ ចូរចាំទុកនូវសេចក្តីនោះ យ៉ាងនោះចុះ ។ ពួកកជង្គលឧបាសក ក៏ត្រេកអរអនុមោទនា នូវភាសិតរបស់កជង្គលាភិក្ខុនីថា ករុណានាងម្ចាស់ ហើយក៏ក្រោកចាកអាសនៈ ថ្វាយបង្គំកជង្គលាភិក្ខុនី រួចធ្វើប្រទក្សិណ ហើយក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះពួកកជង្គលឧបាសក អង្គុយក្នុងទីសមគួរហើយ ក្រាបទូលព្រះដ៏មានព្រះភាគ តាមទំនងពាក្យ ដែលខ្លួនបានសំណេះសំណាល ជាមួយនឹងកជង្គលាភិក្ខុនី ដោយសព្វគ្រប់ ។ (ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា) ម្នាលគហបតីទាំងឡាយ ល្អហើយ ល្អហើយ ម្នាលគហបតីទាំងឡាយ កជង្គលាភិក្ខុនី ជាអ្នកប្រាជ្ញ ម្នាលគហបតីទាំងឡាយ កជង្គលាភិក្ខុនី ជាមនុស្សមានប្រាជ្ញាច្រើនមែន ម្នាលគហបតីទាំងឡាយ ប្រសិនបើអ្នកទាំងឡាយ ចូលមករកតថាគត ហើយសួរនូវសេចក្តីនុ៎ះ តថាគតក៏ដោះស្រាយសេចក្តីនោះ យ៉ាងនោះ ដូចជាកជង្គលាភិក្ខុនី ដែលដោះស្រាយដែរ ។ នុ៎ះជាសេចក្តីនៃបញ្ហានោះ អ្នកទាំងឡាយ ត្រូវចាំទុកនូវសេចក្តីនោះ យ៉ាងនេះចុះ ។

៩. បឋមកោសលសូត្រកែប្រែ

[២៩] ម្នាលភិក្ខុទាំងឡាយ ជនអ្នកនៅក្នុងកាសីជនបទ និងកោសលជនបទ កំណត់ត្រឹមណា ដែនរបស់ស្តេចបសេនទិកោសល កំណត់ត្រឹមណា ស្តេចបសេនទិកោសល ប្រាកដថា ជាអ្នកប្រសើរក្នុងដែននោះ (កំណត់ត្រឹមណោះ) ។ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែស្តេចបសេនទិកោសល គង់មានសភាពក្លាយទៅ ប្រែប្រួលទៅ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកអ្នកចេះដឹង កាលបើឃើញយ៉ាងនេះហើយ រមែងនឿយណាយ ក្នុងការឋិតនៅក្នុងរាជសម្បត្តិនោះ កាលនឿយណាយ ក្នុងការឋិតនៅក្នុងរាជសម្បត្តិនោះហើយ រមែងមិនត្រេកអរ ក្នុងភាពនៃខ្លួនជាស្តេចក្នុងដែនកោសល ដ៏ប្រសើរ ដោយរាជសម្បត្តិឡើយ នឹងបាច់ពោលទៅថ្វី ក្នុងរបស់ដ៏ថោកទាប ម្នាលភិក្ខុទាំងឡាយ ព្រះចន្ទ និងព្រះអាទិត្យទាំងឡាយ គោចរទៅត្រឹមណា ទិសទាំងឡាយ ក៏ភ្លឺរុងរឿង កំណត់ត្រឹមណោះ លោកធាតុត្រឹមមួយពាន់ ក្នុងលោកមួយពាន់នោះ មានព្រះចន្ទមួយពាន់ ព្រះអាទិត្យមួយពាន់ ស្តេចភ្នំសិនេរុមួយពាន់ ជម្ពូទ្វីបមួយពាន់ អមរគោយានទ្វីបមួយពាន់ ឧត្តរកុរុទ្វីបមួយពាន់ បុព្វវិទេហទ្វីបមួយពាន់ មហាសមុទ្ទ ៤ ពាន់ មហារាជ ៤ ពាន់ ចាតុម្មហារាជិកៈមួយពាន់ តាវត្តិង្សមួយពាន់ យាមៈមួយពាន់ តុសិតមួយពាន់ និម្មានរតីមួយពាន់ បរនិម្មិតវសវត្តីមួយពាន់ ព្រហ្មលោកមួយពាន់ ម្នាលភិក្ខុទាំងឡាយ លោកធាតុមួយពាន់ កំណត់ត្រឹមណា មហាព្រហ្ម ប្រាកដថាជាអ្នកប្រសើរ ក្នុងលោកធាតុមួយពាន់នោះ កំណត់ត្រឹមណោះ ។ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែមហាព្រហ្ម គង់មានសភាពក្លាយទៅ ប្រែប្រួលទៅ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកអ្នកចេះដឹង កាលឃើញយ៉ាងនេះហើយ រមែងនឿយណាយ ក្នុងការឋិតនៅក្នុងសម្បត្តិនោះ កាលនឿយណាយ ក្នុងការឋិតនៅក្នុងសម្បត្តិនោះហើយ រមែងមិនត្រេកអរ ក្នុងភាពនៃខ្លួនជាអ្នកប្រសើរឡើយ នឹងបាច់ពោលទៅថ្វី ក្នុងរបស់ដ៏ថោកទាប ។ ម្នាលភិក្ខុទាំងឡាយ មានសម័យដែលលោកនេះកំពុងវិនាស ម្នាលភិក្ខុទាំងឡាយ កាលលោកកំពុងវិនាស ពួកសត្វជាច្រើន រមែងទៅកើតក្នុងព្រហ្មលោកជាន់អាភស្សរៈ ។ ពួកសត្វក្នុងជាន់អាភស្សរៈនោះ កើតដោយឈានចិត្ត មានបីតិជាអាហារ មានពន្លឺខ្លួនឯង ចរទៅក្នុងអាកាស ឋិតនៅក្នុងវិមានដ៏ល្អ ឋិតនៅអស់កាលដ៏យូរអង្វែង ។ ម្នាលភិក្ខុទាំងឡាយ កាលលោកកំពុងវិនាស ពួកទេវតាជាន់អាភស្សរៈ រមែងប្រសើរជាងគេ ។ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែពួកទេវតាជាន់អាភស្សរៈ គង់មានសភាពក្លាយទៅ ប្រែប្រួលទៅ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក អ្នកចេះដឹង កាលឃើញយ៉ាងនេះហើយ រមែងនឿយណាយ ក្នុងការឋិតនៅក្នុងសម្បត្តិនោះ កាលនឿយណាយ ក្នុងការឋិតនៅក្នុងសម្បត្តិនោះហើយ រមែងមិនត្រេកអរ ក្នុងភាពនៃខ្លួនជាអ្នកប្រសើរ នឹងបាច់ពោលទៅថ្វី ក្នុងរបស់ដ៏ថោកទាប ។ ម្នាលភិក្ខុទាំងឡាយ កសិណាយតនៈមាន ១០ យ៉ាង ។ កសិណាយតនៈ ១០ យ៉ាង តើដូចម្តេចខ្លះ ។ គឺបុគ្គលពួកមួយ ស្គាល់ច្បាស់នូវបឋវីកសិណ ទាំងខាងលើ ខាងក្រោម ទទឹង មិនមានចំណែកពីរ រកប្រមាណមិនបាន ។ បុគ្គលពួកមួយ ស្គាល់ច្បាស់នូវអាបោកសិណ…បុគ្គលពួកមួយ ស្គាល់ច្បាស់នូវតេជោកសិណ… បុគ្គលពួកមួយ ស្គាល់ច្បាស់នូវវាយោកសិណ… បុគ្គលពួកមួយ ស្គាល់ច្បាស់នូវនីលកសិណ… បុគ្គលពួកមួយ ស្គាល់ច្បាស់នូវបីតកសិណ… បុគ្គលពួកមួយ ស្គាល់ច្បាស់នូវលោហិតកសិណ… បុគ្គលពួកមួយ ស្គាល់ច្បាស់នូវឱទាតកសិណ… បុគ្គលពួកមួយ ស្គាល់ច្បាស់នូវអាកាសកសិណ… បុគ្គលពួកមួយ ស្គាល់ច្បាស់នូវវិញ្ញាណកសិណ ទាំងខាងលើ ខាងក្រោម ទទឹង មិនមានចំណែកពីរ រកប្រមាណមិនបាន ។ ម្នាលភិក្ខុទាំងឡាយ កសិណាយតនៈ មាន ១០ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាកសិណាយតនៈទាំង ១០ នេះ កសិណាយតនៈដ៏ប្រសើរនុ៎ះ បានដល់បុគ្គលពួកមួយ ស្គាល់ច្បាស់នូវវិញ្ញាណកសិណ ទាំងខាងលើ ខាងក្រោម ទទឹង មិនមានចំណែកពីរ រកប្រមាណមិនបាន ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ តែងមានសេចក្តីសំគាល់យ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែពួកសត្វ ដែលមានសញ្ញាយ៉ាងនេះ គង់មានសភាពក្លាយទៅ ប្រែប្រួលទៅ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក អ្នកចេះដឹង កាលឃើញយ៉ាងនេះហើយ រមែងនឿយណាយ ក្នុងវិញ្ញាណកសិណនោះ កាលនឿយណាយក្នុងវិញ្ញាណកសិណនោះហើយ រមែងមិនត្រេកអរក្នុងរបស់ដ៏ប្រសើរ នឹងបាច់ពោលទៅថ្វី ក្នុងរបស់ដ៏ថោកទាប ។ ម្នាលភិក្ខុទាំងឡាយ អភិភាយតនៈ (ហេតុជាគ្រឿងគ្របសង្កត់នូវបច្ចនីកធម៌) នេះមាន ៨ យ៉ាង ។ អភិភាយតនៈ ៨ យ៉ាង តើដូចម្តេចខ្លះ ។ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ មានប្រមាណតិច មានសម្បុរល្អ ឬសម្បុរអាក្រក់ គ្របសង្កត់រូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជាអភិភាយតនៈទី ១ ។ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ មាន ប្រមាណច្រើន មានសម្បុរល្អ ឬសម្បុរអាក្រក់ គ្របសង្កត់នូវរូបទាំងនោះហើយ មានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ នេះជាអភិភាយតនៈទី ២ ។ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់ នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ មានប្រមាណតិច មានសម្បុរល្អ ឬសម្បុរអាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ នេះជាអភិភាយតនៈទី ៣ ។ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់នូវរូបខាងក្នុង ហើយឃើញនូវរូបខាងក្រៅ មានប្រមាណច្រើន មានសម្បុរល្អ ឬសម្បុរអាក្រក់ គ្របសង្កត់នូវរូបទាំងនោះហើយ មានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ នេះជាអភិភាយតនៈទី ៤ ។ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់ នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ដែលជារូបខៀវ មានសម្បុរខៀវ ជាទីចង្អុលបង្ហាញថា នេះមានសម្បុរខៀវ មានពន្លឺខៀវ ។ ប្រៀបដូចជាផ្កាត្រកៀតខៀវ មានពណ៌ខៀវ ជាទីចង្អុលបង្ហាញថា នេះមានពណ៌ខៀវ មានពន្លឺខៀវ ពុំនោះសោត រូបនោះ ប្រៀបដូចជាសំពត់កើតក្នុងក្រុងពារាណសី មានសាច់មដ្ឋ ទាំងពីរខាង ហៅថា សំពត់ខៀវ មានពណ៌ខៀវ ជាទីចង្អុលបង្ហាញថា នេះមានពណ៌ខៀវ មានពន្លឺខៀវ យ៉ាងណាមិញ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់ នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ដែលជារូបខៀវ មានសម្បុរខៀវ ជាទីចង្អុលបង្ហាញថា នេះមានសម្បុរខៀវ មានពន្លឺខៀវ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ ក៏យ៉ាងនោះដែរ នេះជាអភិភាយតនៈទី ៥ ។ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់ នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ដែលជារូបលឿង មានសម្បុរលឿង ជាទីចង្អុលបង្ហាញថា នេះមានសម្បុរលឿង មានពន្លឺលឿង ។ ប្រៀបដូចជាផ្កាកណ្ណិការលឿង មានពណ៌លឿង ជាទីចង្អុលបង្ហាញថា នេះមានពណ៌លឿង មានពន្លឺលឿង ពុំនោះសោត រូបនោះ ប្រៀបដូចជាសំពត់ កើតក្នុងក្រុងពារាណសី មានសាច់មដ្ឋទាំងពីរខាង ហៅថា សំពត់លឿង ជាទីចង្អុលបង្ហាញថា នេះមានពណ៌លឿង មានពន្លឺលឿង យ៉ាងណាមិញ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់ នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ដែលជារូបលឿង មានសម្បុរលឿង ជាទីចង្អុលបង្ហាញថា នេះមានសម្បុរលឿង មានពន្លឺលឿង គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ ក៏យ៉ាងនោះដែរ នេះជាអភិភាយតនៈទី ៦ ។ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់ នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ដែលជារូបក្រហម មានសម្បុរក្រហម ជាទីចង្អុលបង្ហាញថា នេះមានសម្បុរក្រហម មានពន្លឺក្រហម ។ ប្រៀបដូចជាផ្កាច្បារក្រហម មានពណ៌ក្រហម ជាទីចង្អុលបង្ហាញថា នេះមានពណ៌ក្រហម មានពន្លឺក្រហម ពុំនោះសោត រូបនោះ ប្រៀបដូចសំពត់ កើតក្នុងក្រុងពារាណសី មានសាច់មដ្ឋ ទាំងពីរខាង ដែលជាសំពត់ក្រហម មានពណ៌ក្រហម ជាទីចង្អុលបង្ហាញថា នេះមានពណ៌ក្រហម មានពន្លឺក្រហម យ៉ាងណាមិញ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់ នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ដែលជារូបក្រហម មានសម្បុរក្រហម ជាទីចង្អុលបង្ហាញថា នេះមានសម្បុរក្រហម មានពន្លឺក្រហម គ្របសង្កត់នូវរូបទាំងនោះហើយ មានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ ក៏យ៉ាងនោះដែរ នេះជាអភិភាយតនៈទី ៧ ។ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់ នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ដែលជារូប ស មានសម្បុរ ស ជាទីចង្អុលបង្ហាញថា នេះមានសម្បុរ ស មានពន្លឺ ស ។ ប្រៀបដូចជាផ្កាយព្រឹក ស មានពណ៌ ស ជាទីចង្អុលបង្ហាញថា នេះមានពណ៌ ស មានពន្លឺ ស ពុំនោះសោត រូបនោះ ប្រៀបដូចជាសំពត់ កើតក្នុងក្រុងពារាណសី មានសាច់មដ្ឋទាំងពីរខាង ដែលជាសំពត់ ស មានពណ៌ ស ជាទីចង្អុលបង្ហាញថា នេះមានពណ៌ ស មានពន្លឺ ស យ៉ាងណាមិញ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ដែលជារូប ស មានសម្បុរ ស ជាទីចង្អុលបង្ហាញថា នេះមានសម្បុរ ស មានពន្លឺ ស គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ ក៏យ៉ាងនោះដែរ នេះជាអភិភាយតនៈទី ៨ ។ ម្នាលភិក្ខុទាំងឡាយ អភិភាយតនៈមាន ៨ យ៉ាង នេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាអភិភាយតនៈទាំង ៨ នេះ អភិភាយតនៈដ៏ប្រសើរនុ៎ះ បានដល់បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ដែលជារូប ស មានសម្បុរ ស ជាទីចង្អុលបង្ហាញថា នេះមានសម្បុរ ស មានពន្លឺ ស គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វតែងមានសេចក្តីសំគាល់យ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែពួកសត្វដែលមានសញ្ញាយ៉ាងនេះ គង់មានសភាពក្លាយទៅ ប្រែប្រួលទៅ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក អ្នកចេះដឹង កាលឃើញយ៉ាងនេះហើយ រមែងនឿយណាយ ក្នុងអត្តភាព នៃពួកសត្វនោះ កាលនឿយណាយ ក្នុងអត្តភាព នៃពួកសត្វនោះ រមែងមិនត្រេកអរ ក្នុងរបស់ដ៏ប្រសើរ នឹងបាច់ពោលទៅថ្វី ក្នុងរបស់ដ៏ថោកទាប ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រតិបត្តិនេះ មាន ៤ យ៉ាង ។ សេចក្តីប្រតិបត្តិ   ៤ យ៉ាង តើដូចម្តេចខ្លះ ។ គឺសេចក្តីប្រតិបត្តិលំបាក ទាំងត្រាស់ដឹងបានដោយយឺតយូរ ១ សេចក្តីប្រតិបត្តិលំបាក តែត្រាស់ដឹងបានដោយឆាប់រហ័ស ១ សេចក្តីប្រតិបត្តិស្រួល តែត្រាស់ដឹងបានដោយយឺតយូរ ១ សេចក្តីប្រតិបត្តិស្រួល ទាំងត្រាស់ដឹងបានដោយឆាប់រហ័ស ១ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រតិបត្តិ មាន ៤ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាសេចក្តីប្រតិបត្តិទាំង ៤ យ៉ាងនេះ សេចក្តីប្រតិបត្តិ ដ៏ប្រសើរនុ៎ះ បានដល់សេចក្តីប្រតិបត្តិស្រួល ទាំងត្រាស់ដឹងបានដោយឆាប់រហ័ស ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ តែងមានសេចក្តីប្រតិបត្តិយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែពួកសត្វដែលមានសេចក្តីប្រតិបត្តិយ៉ាងនេះ គង់មានសភាពក្លាយទៅ ប្រែប្រួលទៅ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកអ្នកចេះដឹង កាលឃើញយ៉ាងនេះហើយ រមែងនឿយណាយ ក្នុងអត្តភាពនៃពួកសត្វនោះ កាលនឿយណាយ ក្នុងអត្តភាពនៃពួកសត្វនោះហើយ រមែងមិនត្រេកអរក្នុងរបស់ដ៏ប្រសើរ នឹងបាច់ពោលទៅថ្វី ក្នុងរបស់ដ៏ថោកទាប ។ ម្នាលភិក្ខុទាំងឡាយ សញ្ញានេះ មាន ៤ យ៉ាង ។ សញ្ញា ៤ តើដូចម្តេចខ្លះ ។ បុគ្គលពួកមួយ ស្គាល់នូវបរិត្តារម្មណ៍គឺ កាមាវចរ បុគ្គលពួកមួយ ស្គាល់នូវមហគ្គតារម្មណ៍ គឺរូបាវចរ បុគ្គលពួកមួយ ស្គាល់នូវអប្បមាណារម្មណ៍ គឺលោកុត្តរ បុគ្គលពួកមួយ ស្គាល់នូវអាកិញ្ចញ្ញាយតនៈថា វត្ថុតិចតួចមិនមាន ។ ម្នាលភិក្ខុទាំងឡាយ សញ្ញាមាន ៤ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាសញ្ញាទាំង ៤ យ៉ាងនេះ សញ្ញាដ៏ប្រសើរនុ៎ះ បានដល់បុគ្គលពួកមួយ ស្គាល់នូវអាកិញ្ចញ្ញាយតនៈថា វត្ថុតិចតួច មិនមាន ដូច្នេះ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វតែងមានសញ្ញាយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែពួកសត្វដែលមានសញ្ញាយ៉ាងនេះ គង់មានសភាពក្លាយទៅ ប្រែប្រួលទៅ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកអ្នកចេះដឹង កាលឃើញយ៉ាងនេះហើយ រមែងនឿយណាយ ក្នុងអត្តភាព នៃពួកសត្វនោះ កាលនឿយណាយ ក្នុងអត្តភាពនៃពួកសត្វនោះហើយ រមែងមិនត្រេកអរក្នុងរបស់ដ៏ប្រសើរ នឹងបាច់ពោលទៅថ្វី ក្នុងរបស់ដ៏ថោកទាប ។ ម្នាលភិក្ខុទាំងឡាយ បណ្តាទិដ្ឋិ (សេចក្តីយល់) ទាំងឡាយ ដែលប្រព្រឹត្តទៅខាងក្រៅសាសនា សេចក្តីយល់ដ៏លើសនុ៎ះ បានដល់សេចក្តីយល់ថា បើអាត្មាអញ មិនមាន ក្នុងអតីតទេ អត្តភាពរបស់អាត្មាអញនេះ ក៏មិនមាន ក្នុងបច្ចុប្បន្នដែរ បើអាត្មាអញ នឹងមិនមាន ក្នុងអនាគតទេ គ្រឿងកង្វល់បន្តិចបន្តួច ក៏មិនមានដល់អាត្មាអញដែរ ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ តែងកើតប្រាកដ ដល់បុគ្គលអ្នកមានទិដ្ឋិ យ៉ាងនេះថា ការមិនខ្ពើមរអើម ក្នុងភពណា របស់បុគ្គលនោះ ការមិនខ្ពើមរអើមនោះ នឹងមិនមានដល់បុគ្គលនោះផង ការខ្ពើមរអើម ក្នុងធម៌ជាគ្រឿងរលត់ភពណា របស់បុគ្គលនោះ ការខ្ពើមរអើមនោះ នឹងមិនមាន ដល់បុគ្គលនោះផង ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ តែងមានទិដ្ឋិយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែ ពួកសត្វដែលមានទិដ្ឋិយ៉ាងនេះ ក៏គង់មានសភាពក្លាយទៅ ប្រែប្រួលទៅ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក អ្នកចេះដឹង កាលឃើញយ៉ាងនេះហើយ រមែងនឿយណាយ ក្នុងពួកសត្វនោះ កាលនឿយណាយ ក្នុងពួកសត្វនោះហើយ រមែងមិនត្រេកអរ ក្នុងរបស់ដ៏ប្រសើរ នឹងបាច់ពោលទៅថ្វី ក្នុងរបស់ដ៏ថោកទាប ។ ម្នាលភិក្ខុទាំងឡាយ មានសមណញ្រហ្មណ៍ពួកមួយ រមែងបញ្ញត្តនូវសេចក្តីបរិសុទ្ធិ ក្នុងសត្វដ៏ឧត្តម [ជាឈ្មោះនេវសញ្ញានាសញ្ញាយតនលាភីបុគ្គល] ។ ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណញ្រហ្មណ៍ កាលបញ្ញត្តនូវសេចក្តីបរិសុទ្ធិ ក្នុងពួកសត្វដ៏ឧត្តម ការបញ្ញត្តិដ៏ប្រសើរនុ៎ះ បានដល់បុគ្គល ដែលកន្លងនូវអាកិញ្ចញ្ញាយតនៈ ដោយប្រការទាំងពួង ហើយបានដល់នូវនេវសញ្ញានាសញ្ញាយតនៈ ។ ពួកសមណញ្រហ្មណ៍ទាំងនោះ ដឹងនូវនេវសញ្ញានាសញ្ញាយតនៈនោះហើយ ក៏សំដែងធម៌ដើម្បីធ្វើឲ្យជាក់ច្បាស់នូវនេវសញ្ញានាសញ្ញាយតនៈនោះ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វទុកជាមានវាទៈយ៉ាងនេះហើយ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែពួកសត្វដែលមានវាទៈយ៉ាងនេះ គង់មានសភាពក្លាយទៅ ប្រែប្រួលទៅ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក អ្នកចេះដឹង កាលឃើញយ៉ាងនេះ រមែងនឿយណាយ ក្នុងពួកសត្វនោះ កាលនឿយណាយ ក្នុងពួកសត្វនោះហើយ រមែងមិនត្រេកអរ ក្នុងរបស់ដ៏ប្រសើរ នឹងបាច់ពោលទៅថ្វី ក្នុងរបស់ដ៏ថោកទាប ។ ម្នាលភិក្ខុទាំងឡាយ មានសមណញ្រហ្មណ៍ពួកមួយ តែងបញ្ញត្តនូវព្រះនិញ្វនដ៏ឧត្តម ក្នុងបច្ចុប្បន្ន ។ ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណញ្រហ្មណ៍ កាលបញ្ញត្តនូវនិញ្វនដ៏ឧត្តម ក្នុងបច្ចុប្បន្ន ការបញ្ញត្តិដ៏ប្រសើរនុ៎ះ បានដល់ការរួចស្រឡះ ដោយមិនប្រកាន់ ព្រោះដឹងតាមពិតនូវការកើតឡើងផង នូវការរលត់ទៅផង នូវអានិសង្សផង នូវទោសផង នូវការរលាស់ចេញផង នៃផស្សាយតនៈទាំង ៦ មានសមណញ្រហ្មណ៍ពួកមួយ តែងនិយាយបង្កាច់តថាគត ដែលពោលយ៉ាងនេះ ប្រាប់យ៉ាងនេះ ដោយពាក្យមិនទៀងទាត់ មិនពិត ជាពាក្យកុហកថា សមណគោតម មិនបញ្ញត្តនូវការកំណត់ដឹងពួកកាមផង មិនបញ្ញត្តនូវការកំណត់ដឹងនូវពួករូបផង មិនបញ្ញត្តនូវការកំណត់ដឹង ពួកវេទនាផង ។ ម្នាលភិក្ខុទាំងឡាយ តថាគត បញ្ញត្តនូវការកំណត់ដឹង [អដ្ឋកថាថា កន្លងនូវកាមទាំងឡាយបាន ដោយបឋមជ្ឈាន ។] នូវកាមទាំងឡាយផង បញ្ញត្តនូវការកំណត់ដឹង [កន្លងនូវរូបទាំងឡាយបាន ដោយអរូបាវចរជ្ឈានទាំងឡាយ ។] នូវរូបទាំងឡាយផង បញ្ញត្តនូវការកំណត់ដឹង [កន្លងនូវវេទនា ដោយអនុបាទានិព្វាន ។] នូវវេទនាទាំងឡាយផង តថាគតមិនមានសេចក្តីស្រេកឃ្លាន មានទុក្ខរលត់ហើយ មានត្រជាក់កើតហើយ រមែងបញ្ញត្តនូវបរិនិញ្វន ដោយមិនមានសេចក្តីប្រកាន់ ក្នុងបច្ចុប្បន្ន ដូច្នេះ ។

១០. ទុតិយកោសលសូត្រកែប្រែ

[៣០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេនពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះ ព្រះបាទបសេនទិកោសល ទ្រង់ត្រឡប់មកពីច្បាំង ទ្រង់បានឈ្នះសង្រ្គាមហើយ ទ្រង់បានតាមព្រះរាជបំណងហើយ ។ គ្រានោះ ព្រះបាទបសេនទិកោសល ទ្រង់ស្តេចទៅកាន់អារាម ទ្រង់ស្តេចទៅដោយព្រះរាជយាន កំណត់ត្រឹមទី ដែលបរយានទៅបាន រួចស្តេចទ្រង់ចុះអំពីព្រះរាជយាន ទ្រង់ស្តេចទៅ ដោយព្រះបាទទទេ ចូលទៅកាន់អារាម ។ សម័យនោះ ភិក្ខុទាំងឡាយជាច្រើនរូប កំពុងចង្រ្កមក្នុងទីវាល ។ គ្រានោះ ព្រះបាទបសេនទិកោសល ទ្រង់ក៏ចូលទៅរកភិក្ខុទាំងឡាយនោះ លុះចូលទៅដល់ហើយ បានសួរភិក្ខុទាំងនោះដូច្នេះថា បពិត្រព្រះករុណាទាំងឡាយដ៏ចម្រើន ឥឡូវនេះ ព្រះដ៏មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ស្តេចគង់នៅក្នុងទីណា បពិត្រព្រះករុណាទាំងឡាយដ៏ចម្រើន ដ្បិតយើងខ្ញុំមានប្រាថ្នា ចង់គាល់ព្រះដ៏មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ។ បពិត្រមហារាជ វិហារនុ៎ះ មានទ្វារបិទហើយ សូមព្រះអង្គមានព្រះសូរសៀងតិច ស្តេចចូលទៅតាមទ្វារនោះ កុំរួសរាន់ពេក ចូលទៅកាន់របៀង សឹមគ្រហែម ហើយគោះសន្ទះទ្វារ ព្រះដ៏មានព្រះភាគ នឹងទ្រង់បើកទ្វារថ្វាយព្រះអង្គ ។ គ្រានោះ ព្រះបាទបសេនទិកោសល ទ្រង់មានព្រះសូរសៀងតិចហើយ ចូលទៅកាន់វិហារ ដែលមានទ្វារបិទហើយ មិនបានរួសរាន់ ហើយទ្រង់ចូលទៅកាន់របៀង ហើយគ្រហែម គោះសន្ទះទ្វារ ។ ព្រះដ៏មានព្រះភាគ ក៏ទ្រង់បើកទ្វារ ។ គ្រានោះ ព្រះបាទបសេនទិកោសល ស្តេចចូលទៅកាន់វិហារ ក្រាបចុះទៀបព្រះបាទទាំងគូ នៃព្រះដ៏មានព្រះភាគដោយព្រះសិរ្ស ហើយជប់នូវព្រះបាទទាំងគូ នៃព្រះដ៏មានព្រះភាគ ដោយព្រះឱស្ឋផង ទ្រង់ច្របាច់ដោយព្រះហស្តផង ទ្រង់ក្រាបទូលឲ្យជ្រាបព្រះនាមផងថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គជាស្តេចឈ្មោះបសេនទិកោសល បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ជាស្តេចឈ្មោះបសេនទិកោសល ។ បពិត្រមហារាជ ព្រះអង្គពិចារណាឃើញ នូវអំណាចប្រយោជន៍ ដូចម្តេច ទើបធ្វើសេចក្តីគោរពដ៏ក្រៃលែង ទ្រង់សំដែងនូវកិរិយារាប់អាន ប្រកបដោយមេត្តា មានសភាពយ៉ាងនេះ ចំពោះសរីរៈនេះ ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ពិចារណាឃើញនូវកតញ្ញូកតវេទិតា ទើបធ្វើសេចក្តីគោរពដ៏ក្រៃលែង សំដែងនូវកិរិយារាប់អាន ប្រកបដោយមេត្តា មានសភាពយ៉ាងនេះ ចំពោះព្រះដ៏មានព្រះភាគ ។ បពិត្រព្រះអង្គដ៏ចម្រើន ដ្បិតព្រះដ៏មានព្រះភាគ ប្រតិបត្តិ ដើម្បីប្រយោជន៍ដល់ជនច្រើន ព្រះអង្គទ្រង់តាំងទុក នូវអរិយញ្ញាណទាំងឡាយ [អដ្ឋកថាថា មគ្គប្រកបដោយវិបស្សនា ។] គឺកល្យាណធម៌ និងកុសលធម៌ ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីប្រយោជន៍ដល់ជនច្រើន ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះដ៏មានព្រះភាគ ទ្រង់ប្រតិបត្តិដើម្បីប្រយោជន៍ ដល់ជនច្រើន ព្រះអង្គទ្រង់តាំងទុក នូវអរិយញ្ញាណទាំងឡាយ គឺកល្យាណធម៌ និងកុសលធម៌ ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីប្រយោជន៍ដល់ជនច្រើន ដោយអំណាចនៃប្រយោជន៍ណា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គពិចារណាឃើញនូវអំណាចនៃប្រយោជន៍នេះឯង ទើបធ្វើសេចក្តីគោរព ដ៏ក្រៃលែង សំដែងនូវកិរិយារាប់អាន ប្រកបដោយមេត្តា មានសភាពយ៉ាងនេះ ចំពោះព្រះដ៏មានព្រះភាគ ។ បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត ព្រះដ៏មានព្រះភាគ ព្រះអង្គមានសីល មានសីលចម្រើនហើយ មានសីលដ៏ប្រសើរ មានកុសលសីល (សីលល្អ) ប្រកបដោយកុសលសីល [អដ្ឋកថាថា សីលមិនមានទោស ។] ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះដ៏មានព្រះភាគ មានសីល មានសីលចម្រើនហើយ មានសីលដ៏ប្រសើរ មានកុសលសីល ប្រកបដោយកុសលសីល ដោយអំណាចនៃប្រយោជន៍ណា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គពិចារណាឃើញនូវអំណាចនៃប្រយោជន៍នេះឯង ទើបធ្វើនូវសេចក្តីគោរពដ៏ក្រៃលែង សំដែងនូវកិរិយារាប់អាន ប្រកបដោយមេត្តា មានសភាពយ៉ាងនេះ ចំពោះព្រះដ៏មានព្រះភាគ ។ បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត ព្រះដ៏មានព្រះភាគ ព្រះអង្គគង់នៅក្នុងព្រៃ ទ្រង់គប់រកសេនាសនៈដ៏ស្ងាត់ ដែលតាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ អស់កាលយូរ ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះដ៏មានព្រះភាគ ព្រះអង្គគង់នៅក្នុងព្រៃ ទ្រង់គប់រកសេនាសនៈដ៏ស្ងាត់ ដែលតាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ អស់កាលយូរ ដោយអំណាច នៃប្រយោជន៍ណា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ពិចារណាឃើញនូវអំណាច នៃប្រយោជន៍នេះឯង ទើបធ្វើនូវសេចក្តីគោរពដ៏ក្រៃលែង សំដែងនូវកិរិយារាប់អាន ប្រកបដោយមេត្តា មានសភាពយ៉ាងនេះ ចំពោះព្រះដ៏មានព្រះភាគ ។ បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត ព្រះដ៏មានព្រះភាគ ទ្រង់សន្តោសដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន តាមបាន ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះដ៏មានព្រះភាគ ទ្រង់សន្តោសដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន តាមបាន ដោយអំណាចនៃប្រយោជន៍ណា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គពិចារណាឃើញនូវអំណាចនៃប្រយោជន៍នេះឯង ទើបធ្វើនូវសេចក្តីគោរពដ៏ក្រៃលែង សំដែងកិរិយារាប់អាន ប្រកបដោយមេត្តា មានសភាពយ៉ាងនេះ ចំពោះព្រះដ៏មានព្រះភាគ ។ បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត ព្រះដ៏មានព្រះភាគ ព្រះអង្គគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួលនូវទាន ដែលគេតាក់តែងដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះដ៏មានព្រះភាគ ព្រះអង្គគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួលនូវទានដែលគេតាក់តែងដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ដោយអំណាចនៃប្រយោជន៍ណា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គពិចារណាឃើញនូវអំណាច នៃប្រយោជន៍នេះឯង ទើបធ្វើនូវសេចក្តីគោរពដ៏ក្រៃលែង សំដែងកិរិយារាប់អាន ប្រកបដោយមេត្តា មានសភាពយ៉ាងនេះ ចំពោះព្រះដ៏មានព្រះភាគ ។ បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត ព្រះដ៏មានព្រះភាគ ព្រះអង្គបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយ នូវកថា មានសភាពយ៉ាងនេះ ដែលជាកថាផូរផង់ដ៏ក្រៃលែង ជាទីសប្បាយនៃការត្រាច់ទៅនៃចិត្ត គឺអប្បិច្ឆកថា សន្តុដ្ឋិកថា បវិវេកកថា អសំសគ្គកថា វីរិយារម្ភកថា សីលកថា សមាធិកថា បញ្ញាកថា វិមុត្តិកថា វិមុត្តិញ្ញាណទស្សនកថា ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះដ៏មានព្រះភាគ ព្រះអង្គបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយ នូវកថាមានសភាពយ៉ាងនេះ ដែលជាកថាផូរផង់ដ៏ក្រៃលែង ជាទីសប្បាយនៃការត្រាច់ទៅនៃចិត្ត គឺអប្បិច្ឆកថា ។បេ។ វិមុត្តិញ្ញាណទស្សនកថា ដោយអំណាចនៃប្រយោជន៍ណា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គពិចារណាឃើញនូវអំណាច នៃប្រយោជន៍នេះឯង ទើបធ្វើនូវសេចក្តីគោរព ដ៏ក្រៃលែង សំដែងនូវកិរិយារាប់អាន ប្រកបដោយមេត្តា មានសភាពយ៉ាងនេះ ចំពោះព្រះដ៏មានព្រះភាគ ។ បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត ព្រះដ៏មានព្រះភាគ ព្រះអង្គបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយ នូវឈានទាំង ៤ ដែលប្រព្រឹត្តទៅក្នុងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខក្នុងបច្ចុប្បន្ន ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះដ៏មានព្រះភាគ ព្រះអង្គបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយ នូវឈានទាំង ៤ ដែលប្រព្រឹត្តទៅ ក្នុងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន ដោយអំណាចនៃប្រយោជន៍ណា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គពិចារណាឃើញនូវអំណាច នៃប្រយោជន៍នេះឯង ទើបធ្វើនូវសេចក្តីគោរពដ៏ក្រៃលែង សំដែងនូវកិរិយារាប់អាន ប្រកបដោយមេត្តា មានសភាពយ៉ាងនេះ ចំពោះព្រះដ៏មានព្រះភាគ ។ បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត ព្រះដ៏មានព្រះភាគ ព្រះអង្គរលឹកឃើញនូវជាតិ ដែលព្រះអង្គ ធ្លាប់អាស្រ័យនៅ ក្នុងកាលមុន ជាច្រើនជាតិ គឺរលឹកឃើញបាន ១ ជាតិខ្លះ ២ ជាតិខ្លះ ៣ ជាតិខ្លះ ៤ ជាតិខ្លះ ៥ ជាតិខ្លះ ១០ ជាតិខ្លះ ២០ ជាតិខ្លះ ៣០ ជាតិខ្លះ ៤០ ជាតិខ្លះ ៥០ ជាតិខ្លះ ១០០ ជាតិខ្លះ ១០០០ ជាតិខ្លះ ១ សែនជាតិខ្លះ រលឹកឃើញបានច្រើនសំវដ្តកប្បខ្លះ ច្រើនវិវដ្តកប្បខ្លះ ច្រើនសំវដ្តវិវដ្តកប្បខ្លះ ដូច្នេះថា អាត្មាអញនៅក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ លុះអាត្មាអញនោះ ច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងភពឯណោះ ដែលទៅកើតក្នុងភពនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ លុះអាត្មាអញនោះ ច្យុតចាកអត្តភាពនោះហើយ មកកើតក្នុងភពនេះ ។ ព្រះមានព្រះភាគ ព្រះអង្គរលឹកឃើញជាតិ ដែលព្រះអង្គធ្លាប់អាស្រ័យនៅ ក្នុងកាលមុន បានច្រើនជាតិ ព្រមទាំងអាការ ទាំងឧទ្ទេស ដោយប្រការដូច្នេះ ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះដ៏មានព្រះភាគ ទ្រង់រលឹកឃើញនូវជាតិ ដែលព្រះអង្គធ្លាប់អាស្រ័យនៅ ក្នុងកាលមុនជាច្រើនជាតិ គឺរលឹកឃើញបាន ១ ជាតិខ្លះ ២ ជាតិខ្លះ ។បេ។ រលឹកឃើញនូវជាតិ ដែលព្រះអង្គធ្លាប់អាស្រ័យនៅ ក្នុងកាលមុន បានច្រើនជាតិ ព្រមទាំងអាការ ទាំងឧទ្ទេស ដូច្នេះ ដោយអំណាចនៃប្រយោជន៍ណា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គពិចារណាឃើញនូវអំណាច នៃប្រយោជន៍នេះឯង ទើបធ្វើនូវសេចក្តីគោរពដ៏ក្រៃលែង សំដែងកិរិយារាប់អាន ប្រកបដោយមេត្តា មានសភាពយ៉ាងនេះ ចំពោះព្រះដ៏មានព្រះភាគ ។ បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត ព្រះដ៏មានព្រះភាគ មានចក្ខុទិព្វដ៏បរិសុទ្ធ កន្លងបង់ចក្ខុរបស់មនុស្សធម្មតា ទ្រង់ឃើញសត្វទាំងឡាយ ដែលច្យុត ដែលចាប់បដិសន្ធិ ជាសត្វថោកទាប និងឧត្តម មានសម្បុរល្អ និងសម្បុរអាក្រក់ ទៅកាន់សុគតិ និងទុគ្គតិ ដឹងច្បាស់នូវពួកសត្វ ដែលអន្ទោលទៅតាមកម្មថា អើហ្ន៎ សត្វទាំងនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាមិច្ឆាទិដ្ឋិ តិះដៀលពួកអរិយបុគ្គល ប្រកាន់មាំនូវកម្មជាមិច្ឆាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក អើហ្ន៎ ចំណែកឯសត្វទាំងនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាសម្មាទិដ្ឋិ មិនតិះដៀលពួកអរិយបុគ្គល ប្រកាន់មាំ នូវកម្មជាសម្មាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិ សួគ៌ទេវលោក ។ ព្រះដ៏មានព្រះភាគ មានចក្ខុទិព្វដ៏បរិសុទ្ធ កន្លងបង់ចក្ខុរបស់មនុស្សធម្មតា ទ្រង់ឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលចាប់បដិសន្ធិ ជាសត្វថោកទាប និងឧត្តម មានសម្បុរល្អ និងសម្បុរអាក្រក់ ទៅកាន់សុគតិ និងទុគ្គតិ ដឹងច្បាស់នូវពួកសត្វ ដែលអន្ទោលទៅតាមកម្ម ដោយប្រការដូច្នេះ ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះដ៏មានព្រះភាគ មានចក្ខុទិព្វដ៏បរិសុទ្ធ កន្លងបង់ចក្ខុជារបស់មនុស្សធម្មតា ។បេ។ ដឹងច្បាស់នូវពួកសត្វ ដែលអន្ទោលទៅតាមកម្ម ដោយអំណាចនៃប្រយោជន៍ណា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គពិចារណាឃើញនូវអំណាច នៃប្រយោជន៍នេះឯង ទើបធ្វើនូវសេចក្តីគោរព ដ៏ក្រៃលែង សំដែងនូវកិរិយារាប់អាន ប្រកបដោយមេត្តា មានសភាពយ៉ាងនេះ ចំពោះព្រះដ៏មានព្រះភាគ ។ បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត ព្រះដ៏មានព្រះភាគ ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញា ដ៏ឧត្តម ដោយព្រះអង្គឯង ក្នុងបច្ចុប្បន្ន ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះដ៏មានព្រះភាគ ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅ នៃអាសវៈទាំងឡាយ ។បេ។ ដោយអំណាចនៃប្រយោជន៍ណា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គពិចារណាឃើញអំណាច នៃប្រយោជន៍នេះឯង ទើបធ្វើនូវសេចក្តីគោរពដ៏ក្រៃលែង សំដែងនូវកិរិយារាប់អាន ប្រកបដោយមេត្តា មានសភាពយ៉ាងនេះ ចំពោះព្រះដ៏មានព្រះភាគ ។ បពិត្រព្រះអង្គដ៏ចម្រើន ណ្ហើយ ប៉ុណ្ណឹងចុះ យើងខ្ញុំព្រះអង្គ នឹងទៅឥឡូវនេះ (ព្រោះថា) យើងខ្ញុំព្រះអង្គមានកិច្ចច្រើន មានការងារច្រើន ។ បពិត្រមហារាជ សូមព្រះអង្គ សំគាល់នូវកាលគួរនឹងស្តេចយាងទៅ ក្នុងកាលឥឡូវនេះចុះ ។ គ្រានោះ ព្រះបាទបសេនទិកោសល ទ្រង់ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ ។

ចប់ មហាវគ្គ ទី៣ ។

ឧទ្ទាននៃមហាវគ្គនោះ គឺ

និយាយអំពីសត្វសីហៈ ១ អធិមុត្តបទ ១ អំពីធម៌ដែលត្រូវលះដោយកាយ ១ ព្រះចុន្ទត្ថេរ ១ កសិណាយតនៈ ១ ឧបាសិកាឈ្មោះកាលី ១ មហាបញ្ហា ពីរលើក ព្រះបាទបសេនទិកោសល ពីរលើកដទៃទៀត ។

ឧបាលិវគ្គ ទី៤កែប្រែ

១. ឧបាលិសូត្រកែប្រែ

២. បាតិមោក្ខដ្ឋបនាសូត្រកែប្រែ

[៣១] គ្រានោះ ព្រះឧបាលិដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះឧបាលិដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូលចំពោះព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ សំដែងឡើងនូវបាតិមោក្ខ ដល់សាវកទាំងឡាយ តើព្រោះអាស្រ័យអំណាចប្រយោជន៍ប៉ុន្មានយ៉ាង ។ ម្នាលឧបាលិ តថាគត បញ្ញត្តសិក្ខាបទ សំដែងឡើងនូវបាតិមោក្ខ ដល់សាវកទាំងឡាយ ព្រោះអាស្រ័យអំណាចប្រយោជន៍ ១០ យ៉ាង ។ ប្រយោជន៍ ១០ យ៉ាង តើដូចម្តេចខ្លះ ។ គឺដើម្បីសេចក្តីល្អនៃសង្ឃ ១ ដើម្បីនៅសប្បាយនៃសង្ឃ ១ ដើម្បីសង្កត់សង្កិននូវបុគ្គលទាំងឡាយដែលទ្រុស្តសីល ១ ដើម្បីនៅជាសុខស្រួលនៃភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់ ១ ដើម្បីរារាំងនូវអាសវធម៌ទាំងឡាយក្នុងបច្ចុប្បន្ន ១ ដើម្បីកំចាត់បង់នូវអាសវធម៌ទាំងឡាយ ក្នុងបរលោក ១ ដើម្បីញុំាងបុគ្គលទាំងឡាយ ដែលមិនជ្រះថ្លា ឲ្យជ្រះថ្លាឡើង ១ ដើម្បីញុំាងបុគ្គលទាំងឡាយ ដែលជ្រះថ្លាស្រាប់ហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើង ១ ដើម្បីតាំងនៅមាំនៃព្រះសទ្ធម្ម ១ ដើម្បីអនុគ្រោះដល់ព្រះវិន័យ ១ ។ ម្នាលឧបាលិ តថាគត បញ្ញត្តសិក្ខាបទ សំដែងឡើងនូវបាតិមោក្ខ ដល់សាវកទាំងឡាយ ព្រោះអាស្រ័យនូវអំណាចប្រយោជន៍ ១០ យ៉ាងនេះឯង ។ បពិត្រព្រះអង្គដ៏ចម្រើន ការបញ្ឈប់បាតិមោក្ខ តើមានប៉ុន្មានយ៉ាង ។ ម្នាលឧបាលិ ការបញ្ឈប់បាតិមោក្ខមាន ១០ យ៉ាង ។ ការបញ្ឈប់បាតិមោក្ខ ១០ យ៉ាង តើដូចម្តេចខ្លះ ។ គឺភិក្ខុត្រូវបារាជិក អង្គុយក្នុងបរិស័ទនោះ ១ ពាក្យពណ៌នាអំពីភិក្ខុត្រូវបារាជិក ដែលសង្ឃធ្វើមិនទាន់ស្រេច ១ អនុប្បសម្បន្ន អង្គុយក្នុងបរិស័ទនោះ ១ ពាក្យពណ៌នាអំពីអនុប្បសម្បន្ន ដែលសង្ឃធ្វើមិនទាន់ស្រេច ១ ភិក្ខុពោលលាសិក្ខា អង្គុយក្នុងបរិស័ទនោះ ១ ពាក្យពណ៌នាអំពីភិក្ខុអ្នកពោលលាសិក្ខា ដែលសង្ឃធ្វើមិនទាន់ស្រេច ១ បណ្ឌកៈ អង្គុយក្នុងបរិស័ទនោះ ១ ពាក្យពណ៌នាអំពីបណ្ឌកៈ ដែលសង្ឃធ្វើមិនទាន់ស្រេច ១ ភិក្ខុអ្នកប្រទូស្តភិក្ខុនី អង្គុយក្នុងបរិស័ទនោះ ១ ពាក្យពណ៌នាអំពីភិក្ខុអ្នកប្រទូស្តភិក្ខុនី ដែលសង្ឃធ្វើមិនទាន់ស្រេច ១ ។ ម្នាលឧបាលិ ការបញ្ឈប់បាតិមោក្ខ មានប្រយោជន៍ ១០ យ៉ាងនេះឯង ។

៣. ឧព្វាហិកាសូត្រកែប្រែ

[៣២] បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុប្រកបដោយធម៌ ប៉ុន្មានយ៉ាង ទើបគួរសន្មតដោយឧញ្វហិកាកម្ម [បានពោលទុកក្នុងសមថក្ខន្ធកៈរួចហើយ ។] វាចាបាន ។ ម្នាលឧបាលិ ភិក្ខុប្រកបដោយធម៌ ១០ យ៉ាង ទើបគួរសន្មតដោយឧញ្វហិកាកម្មវាចាបាន ។ ប្រកបដោយធម៌ ១០ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីលសង្រួមហើយ ដោយការសង្រួមក្នុងបាតិមោក្ខ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ១ ពហុស្សូតទ្រទ្រង់នូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ សន្សំទុកនូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ ធម៌ទាំងឡាយណា មានលំអបទដើម លំអបទកណ្តាល លំអបទចុង ប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ទាំងឡាយ មានសភាពដូច្នោះ ភិក្ខុនោះ ក៏បានស្តាប់ច្រើន បានចាំទុក បានសន្សំទុក ដោយវាចា (ស្ទាត់ជំនាញ) ជាក់ច្បាស់ក្នុងចិត្ត ចេះដឹងល្អដោយទិដ្ឋិ ១ មិនតែប៉ុណ្ណោះទេ ទើបឯបាតិមោក្ខទាំងពីរយ៉ាង ក៏ភិក្ខុនោះ ចាំបានដោយពិស្តារ ចេះចែករំលែកបានដោយស្រួល ចេះស្ទាត់រត់មាត់ វិនិច្ឆ័យបានដោយល្អ តាមសូត្រ តាមអនុព្យញ្ជនៈ ១ ជាអ្នកខ្ជាប់ខ្ជួន ឥតទើសទាស់ក្នុងផ្លូវវិន័យ ១ ជាអ្នកអង់អាច ដើម្បីធ្វើបុគ្គលទាំងពីរ ដែលជាសត្រូវនឹងគ្នា ឲ្យដឹងច្បាស់ ឲ្យពិនិត្យ ឲ្យពិចារណា ឲ្យឃើញ ឲ្យជ្រះថ្លាបាន ១ អ្នកឈ្លាស ក្នុងការរម្ងាប់អធិករណ៍ ដែលកើតឡើងហើយ ១ អ្នកស្គាល់អធិករណ៍ ១ ស្គាល់ហេតុដែលកើតអធិករណ៍ ១ ស្គាល់ធម៌ សំរាប់រម្ងាប់អធិករណ៍ ១ ស្គាល់បដិបទា ជាដំណើរទៅកាន់ធម៌ សំរាប់រំលត់អធិករណ៍ ១ ។ ម្នាលឧបាលិ ភិក្ខុប្រកបដោយធម៌ ១០ យ៉ាងនេះឯង ទើបគួរសន្មតដោយឧញ្វហិកាកម្មវាចាបាន ។

៤. ឧបសម្បទាសូត្រកែប្រែ

[៣៣] បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុប្រកបដោយធម៌ប៉ុន្មានយ៉ាង ទើបគួរញុំាងកុលបុត្រឲ្យឧបសម្បទាបាន ។ ម្នាលឧបាលិ ភិក្ខុប្រកបដោយធម៌ ១០ យ៉ាង គួរញុំាងកុលបុត្រឲ្យឧបសម្បទាបាន ។ ប្រកបដោយធម៌ ១០ យ៉ាង តើអ្វីខ្លះ ។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីលសង្រួមហើយ ដោយការសង្រួមក្នុងបាតិមោក្ខ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច សមាទាន សិក្សាក្នុងសិក្ខាបទទាំងឡាយ ១ ពហុស្សូត ទ្រទ្រង់នូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ សន្សំទុកនូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ ធម៌ទាំងឡាយណា មានលំអបទដើម លំអបទកណ្តាល លំអបទចុង ប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ទាំងឡាយមានសភាពដូច្នោះ ភិក្ខុនោះ ក៏បានស្តាប់ច្រើន បានចាំទុក បានសន្សំទុកដោយវាចា (ស្ទាត់ជំនាញ) ជាក់ច្បាស់ក្នុងចិត្ត ចេះដឹងល្អ ដោយទិដ្ឋិ ១ មិនតែប៉ុណ្ណោះទេ បាតិមោក្ខ ក៏ភិក្ខុនោះចាំបានដោយពិស្តារ ចេះចែករំលែកបានស្រួល ចេះស្ទាត់រត់មាត់ វិនិច្ឆ័យបានដោយល្អ តាមសូត្រ តាមអនុព្យញ្ជនៈ ១ អ្នកអង់អាច ដើម្បីបំរើ ឬឲ្យគេបំរើនូវអ្នកជម្ងឺ ១ អ្នកអង់អាច ដើម្បីរម្ងាប់ ឬឲ្យគេរម្ងាប់សេចក្តីអផ្សុក ១ អ្នកអង់អាច ដើម្បីបន្ទោបង់សេចក្តីសង្ស័យ ដែលកើតហើយដោយធម៌ ១ អ្នកអង់អាច ដើម្បីកំចាត់បង់ទិដ្ឋិ ដែលកើតហើយដោយធម៌ ១ អ្នកអង់អាច ដើម្បីញុំាងបុគ្គលឲ្យសមាទានក្នុងអធិសីល ១ អ្នកអង់អាចដើម្បីញុំាងបុគ្គលឲ្យសមាទានក្នុងអធិចិត្ត ១ អ្នកអង់អាច ដើម្បីញុំាងបុគ្គលឲ្យសមាទាន ក្នុងអធិប្បញ្ញា ១ ។ ម្នាលឧបាលិ ភិក្ខុប្រកបដោយធម៌ ១០ យ៉ាងនេះឯង ទើបគួរញុំាងកុលបុត្រឲ្យឧបសម្បទាបាន ។

៥. និស្សយសូត្រកែប្រែ

៦. សាមណេរសូត្រកែប្រែ

[៣៤] បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុប្រកបដោយធម៌ប៉ុន្មានយ៉ាង ទើបគួរឲ្យនិស្ស័យបាន ។បេ។ គួរឲ្យសាមណេរបំរើបាន ។ ម្នាលឧបាលិ ភិក្ខុប្រកបដោយធម៌ ១០ យ៉ាង គួរឲ្យសាមណេរបំរើបាន ។ ប្រកបដោយធម៌ ១០ យ៉ាង តើអ្វីខ្លះ ។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល ។បេ។ សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ១ ពហុស្សូត ។បេ។ ចេះដឹងល្អដោយទិដ្ឋិ ១ មិនតែប៉ុណ្ណោះឡើយ បាតិមោក្ខ ក៏ភិក្ខុនោះចាំបានដោយពិស្តារ ចេះចែករំលែកបានដោយស្រួល ចាំស្ទាត់រត់មាត់ វិនិច្ឆ័យបានដោយស្រួល តាមសូត្រ តាមអនុព្យញ្ជនៈ ១ អ្នកអង់អាច ដើម្បីបំរើ ឬឲ្យគេបំរើនូវអ្នកជម្ងឺ ១ អ្នកអង់អាច ដើម្បីរម្ងាប់ ឬប្រើគេឲ្យរម្ងាប់នូវសេចក្តីអផ្សុក ១ អ្នកអង់អាច ដើម្បីបន្ទោបង់សេចក្តីសង្ស័យ ដែលកើតឡើងហើយដោយធម៌ ១ អ្នកអង់អាច ដើម្បីកំចាត់បង់នូវទិដ្ឋិដែលកើតឡើងហើយដោយធម៌ ១ អ្នកអង់អាច ដើម្បីញុំាងកុលបុត្រឲ្យសមាទាន ក្នុងអធិសីល ១ អ្នកអង់អាច ដើម្បីញុំាងកុលបុត្រឲ្យសមាទានក្នុងអធិចិត្ត ១ អ្នកអង់អាច ដើម្បីញុំាងកុលបុត្រឲ្យសមាទានក្នុងអធិប្បញ្ញា ១ ។ ម្នាលឧបាលិ ភិក្ខុប្រកបដោយធម៌ ១០ យ៉ាងនេះឯង ទើបគួរឲ្យសាមណេរបំរើបាន ។

៧. សង្ឃភេទសូត្រកែប្រែ

[៣៥] បពិត្រព្រះអង្គដ៏ចម្រើន ដែលហៅថា ការបែកសង្ឃ ៗ បពិត្រព្រះអង្គដ៏ចម្រើន សង្ឃបែកគ្នា តើដោយហេតុប៉ុន្មានយ៉ាង ។ ម្នាលឧបាលិ ពួកភិក្ខុក្នុងសាសនានេះ សំដែងសភាពមិនមែនធម៌ថាជាធម៌ ១ សំដែងធម៌ថា មិនមែនធម៌ ១ សំដែងសភាពមិនមែនជាវិន័យ ថាជាវិន័យ ១ សំដែងវិន័យថា មិនមែនជាវិន័យ ១ សំដែងធម្មវិន័យ ដែលតថាគត មិនបានសំដែង មិនបានពោលហើយ ថាជាធម្មវិន័យ ដែលតថាគតបានសំដែង បានពោលហើយ ១ សំដែងធម្មវិន័យ ដែលតថាគតបានសំដែង បានពោលហើយថា ធម្មវិន័យដែលតថាគតមិនបានសំដែង មិនបានពោលហើយ ១ សំដែងនូវវត្ត ដែលតថាគតមិនបានសន្សំហើយ ថាជាវត្តដែលតថាគតបានសន្សំហើយ ១ សំដែងនូវវត្ត ដែលតថាគត បានសន្សំហើយ ថាជាវត្តដែលតថាគតមិនបានសន្សំវិញ ១ សំដែងនូវសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្តហើយ ថាជាសិក្ខាបទ ដែលតថាគតបានបញ្ញត្ត ១ សំដែងនូវសិក្ខាបទដែលតថាគតបានបញ្ញត្តហើយ ថាជាសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្តហើយ ១ ។ ភិក្ខុទាំងនោះ ដឹកនាំបង្ខំធ្វើនូវសង្ឃកម្មផ្សេងគ្នា សំដែងនូវបាតិមោក្ខផ្សេងគ្នា ដោយវត្ថុ ១០ យ៉ាង នេះឯង ។ ម្នាលឧបាលិ សង្ឃបែកគ្នា ដោយហេតុប៉ុណ្ណេះឯង ។

៨. សង្ឃសាមគ្គីសូត្រកែប្រែ

[៣៦] បពិត្រព្រះអង្គដ៏ចម្រើន ដែលហៅថាសេចក្តីព្រមព្រៀងនៃសង្ឃ ៗ បពិត្រព្រះអង្គដ៏ចម្រើន សង្ឃព្រមព្រៀងគ្នា តើដោយហេតុប៉ុន្មានយ៉ាង ។ ម្នាលឧបាលិ ពួកភិក្ខុក្នុងសាសនានេះ សំដែងនូវសភាពមិនមែនធម៌ថា មិនមែនធម៌ ១ សំដែងនូវធម៌ថាជាធម៌ ១ សំដែងនូវសភាពមិនមែនជាវិន័យថា មិនមែនជាវិន័យ ១ សំដែងនូវវិន័យថាជាវិន័យ ១ សំដែងនូវធម្មវិន័យ ដែលតថាគតមិនបានសំដែង មិនបានពោលហើយ ថាជាធម្មវិន័យដែលតថាគតមិនបានសំដែងមិនបានពោលហើយ ១ សំដែងនូវធម្មវិន័យ ដែលតថាគតបានសំដែង បានពោលហើយ ថាជាធម្មវិន័យ ដែលតថាគតបានសំដែង បានពោលហើយ ១ សំដែងនូវវត្តដែលតថាគតមិនបានសន្សំហើយ ថាជាវត្តដែលតថាគតមិនបានសន្សំហើយ ១ សំដែងនូវវត្តដែលតថាគតបានសន្សំហើយ ថាជាវត្តដែលតថាគតបានសន្សំហើយ ១ សំដែងនូវសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្តហើយ ថាជាសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្តហើយ ១ សំដែងនូវសិក្ខាបទ ដែលតថាគតបានបញ្ញត្តហើយ ថាជាសិក្ខាបទដែលតថាគតបានបញ្ញត្ត ១ ។ ភិក្ខុទាំងនោះ មិនដឹកនាំ មិនបង្ខំ មិនធ្វើនូវសង្ឃកម្មផ្សេងគ្នា មិនសំដែងនូវបាតិមោក្ខផ្សេងគ្នា ដោយវត្ថុ ១០ យ៉ាងនេះឯង ។ ម្នាលឧបាលិ សង្ឃព្រមព្រៀងគ្នាដោយហេតុប៉ុណ្ណេះឯង ។

៩. បឋមអានន្ទសូត្រកែប្រែ

[៣៧] គ្រានោះ ព្រះអានន្ទដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំចំពោះព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ដែលហៅថា ការបែកសង្ឃ ៗ បពិត្រព្រះអង្គដ៏ចម្រើន សង្ឃបែកគ្នា តើដោយហេតុប៉ុន្មានយ៉ាង ។ ម្នាលអានន្ទ ពួកភិក្ខុក្នុងសាសនានេះ សំដែងនូវសភាពមិនមែនធម៌ ថាជាធម៌ ១ សំដែងនូវធម៌ថា មិនមែនជាធម៌ ១ សំដែងនូវសភាពមិនមែនវិន័យ ថាជាវិន័យ ១ សំដែងនូវវិន័យ ថាមិនមែនជាវិន័យ ១ សំដែងនូវធម្មវិន័យ ដែលតថាគត មិនបានសំដែង មិនបានពោលហើយ ថាជាធម្មវិន័យ ដែលតថាគត បានសំដែង បានពោលហើយ ១ សំដែងនូវធម្មវិន័យ ដែលតថាគត បានសំដែង បានពោលហើយ ថាជាធម្មវិន័យ ដែលតថាគត មិនបានសំដែង មិនបានពោលវិញ ១ សំដែងនូវវត្តដែលតថាគតមិនបានសន្សំហើយ ថាជាវត្ត ដែលតថាគតបានសន្សំហើយ ១ សំដែងនូវវត្ត ដែលតថាគតបានសន្សំហើយ ថាជាវត្ត ដែលតថាគត មិនបានសន្សំវិញ ១ សំដែងនូវសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្តហើយ ថាជាសិក្ខាបទ ដែលតថាគតបានបញ្ញត្តហើយ ១ សំដែងនូវសិក្ខាបទ ដែលតថាគតបានបញ្ញត្តហើយ ថាជាសិក្ខាបទ ដែលតថាគត មិនបានបញ្ញត្តវិញ ១ ។ ភិក្ខុទាំងនោះ ដឹកនាំបង្ខំ ធ្វើនូវសង្ឃកម្មផ្សេងគ្នា សំដែងនូវបាតិមោក្ខផ្សេងគ្នា ដោយវត្ថុ ១០ យ៉ាងនេះឯង ។ ម្នាលអានន្ទ សង្ឃបែកគ្នា ដោយហេតុប៉ុណ្ណេះឯង ។

[៣៨] បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុបំបែកសង្ឃ ដែលព្រមព្រៀងគ្នានោះ តើទទួលនូវផលដូចម្តេច ។ ម្នាលអានន្ទ ភិក្ខុនោះ រមែងទទួលផលដ៏ខ្លោចផ្សា តាំងនៅអស់មួយកប្ប [អស់ ១ អាយុកប្បក្នុងនរក (អដ្ឋកថា) ។] ។ បពិត្រព្រះអង្គដ៏ចម្រើន ផលដ៏ខ្លោចផ្សា តាំងនៅអស់មួយកប្ប តើដូចម្តេច ។ ម្នាលអានន្ទ ភិក្ខុនោះ ឆេះនៅក្នុងនរក អស់មួយកប្ប ។

ភិក្ខុអ្នកបំបែកសង្ឃ ត្រេកអរក្នុងពួក មិនតាំងខ្លួននៅក្នុងធម៌ ទៅកើតក្នុងអបាយ ទៅកើតក្នុងនរក តាំងនៅអស់មួយកប្ប រមែងឃ្លាតចាកធម៌ ជាគ្រឿងក្សេមចាកយោគៈ ភិក្ខុបំបែកសង្ឃ ដែលព្រមព្រៀងគ្នា រមែងឆេះនៅក្នុងនរក អស់មួយកប្ប ។

១០. ទុតិយអានន្ទសូត្រកែប្រែ

[៣៩] បពិត្រព្រះអង្គដ៏ចម្រើន ដែលហៅថាសេចក្តីព្រមព្រៀងគ្នានៃសង្ឃ ៗ បពិត្រព្រះអង្គដ៏ចម្រើន សង្ឃព្រមព្រៀងគ្នា តើដោយហេតុប៉ុន្មានយ៉ាង ។ ម្នាលអានន្ទ ពួកភិក្ខុក្នុងសាសនានេះ សំដែងនូវសភាពមិនមែនធម៌ ថាមិនមែនធម៌ ១ សំដែងនូវធម៌ ថាជាធម៌ ១ សំដែងនូវសភាពមិនមែនជាវិន័យ ថាមិនមែនជាវិន័យ ១ សំដែងនូវវិន័យ ថាជាវិន័យ ១ សំដែងនូវធម្មវិន័យដែលតថាគត មិនបានសំដែង មិនបានពោលហើយ ថាជាធម្មវិន័យ ដែលតថាគត មិនបានសំដែង មិនបានពោលហើយ ១ សំដែងនូវធម្មវិន័យ ដែលតថាគត បានសំដែង បានពោលហើយ ថាជាធម្មវិន័យដែលតថាគតបានសំដែង បានពោលហើយ ១ សំដែងនូវវត្តដែលតថាគត មិនបានសន្សំហើយ ថាជាវត្តដែលតថាគត មិនបានសន្សំហើយ ១ សំដែងនូវវត្ត ដែលតថាគតបានសន្សំហើយ ថាជាវត្តដែលតថាគតបានសន្សំហើយ ១ សំដែងនូវសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្តហើយ ថាជាសិក្ខាបទ ដែលតថាគត មិនបានបញ្ញត្តហើយ ១ សំដែងនូវសិក្ខាបទ ដែលព្រះតថាគត បានបញ្ញត្តហើយ ថាជាសិក្ខាបទ ដែលតថាគតបានបញ្ញត្ត ១ ។ ភិក្ខុទាំងនោះ មិនដឹកនាំ មិនបង្ខំ មិនធ្វើសង្ឃកម្មផ្សេងគ្នា មិនសំដែងបាតិមោក្ខផ្សេងគ្នា ដោយវត្ថុ ១០ យ៉ាងនេះឯង ។ ម្នាលអានន្ទ សង្ឃព្រមព្រៀងគ្នា ដោយហេតុប៉ុណ្ណេះឯង ។

[៤០] បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុអ្នកសង្រួបសង្រួមសង្ឃ ដែលបែកគ្នាហើយ ឲ្យបានព្រមព្រៀងគ្នាទៅវិញនោះ តើទទួលផលដូចម្តេច ។ ម្នាលអានន្ទ ភិក្ខុនោះ រមែងទទួលនូវបុណ្យដ៏ប្រសើរ ។ បពិត្រព្រះអង្គដ៏ចម្រើន បុណ្យដ៏ប្រសើរ តើដូចម្តេច ។ ម្នាលអានន្ទ ភិក្ខុនោះ រមែងបានរីករាយ ក្នុងឋានសួគ៌ អស់មួយកប្ប ។

សេចក្តីព្រមព្រៀងគ្នានៃសង្ឃ រមែងនាំមកនូវសេចក្តីសុខ ភិក្ខុអ្នកអនុគ្រោះពួកភិក្ខុដែលព្រមព្រៀងគ្នាផង អ្នកត្រេកអរក្នុងការព្រមព្រៀងគ្នាផង តាំងខ្លួនក្នុងធម៌ផង រមែងមិនឃ្លាតចាកធម៌ជាគ្រឿងក្សេមចាកយោគៈ ភិក្ខុអ្នកសង្រួបសង្រួមសង្ឃ ឲ្យព្រមព្រៀងគ្នា រមែងរីករាយ ក្នុងឋានសួគ៌ អស់មួយកប្ប ។

ចប់ ឧបាលិវគ្គ ទី៤ ។

ឧទ្ទាននៃឧបាលិវគ្គនោះគឺ

និយាយអំពីព្រះឧបាលិ ១ ឧញ្វហិកាកម្មវាចា ១ ភិក្ខុគួរឲ្យឧបសម្បទាដល់កុលបុត្រ ១ ភិក្ខុគួរឲ្យនិស្ស័យ ១ ភិក្ខុគួរឲ្យសាមណេរបំរើ ១ សង្ឃភេទ ២ លើក សង្ឃភេទ ២ លើក ដទៃទៀត ដែលព្រះឧបាលិ និងព្រះអានន្ទទូលសួរ ។

អក្កោសវគ្គ ទី៥កែប្រែ

១. វិវាទសូត្រកែប្រែ

[៤១] គ្រានោះ ព្រះឧបាលិដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះឧបាលិដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យសេចក្តីបង្កហេតុ ជម្លោះ សេចក្តីប្រកួតប្រកាន់ វិវាទគ្នា កើតឡើងក្នុងសង្ឃ ពួកភិក្ខុក៏នៅមិនសប្បាយ ។ ម្នាលឧបាលិ ពួកភិក្ខុក្នុងសាសនានេះ សំដែងនូវសភាពមិនមែនធម៌ ថាជាធម៌ ១ សំដែងនូវធម៌ ថាមិនមែនជាធម៌ ១ សំដែងនូវសភាពមិនមែនជាវិន័យ ថាជាវិន័យ ១ សំដែងនូវវិន័យ ថាមិនមែនជាវិន័យ ១ សំដែងនូវធម្មវិន័យ ដែលតថាគតមិនបានសំដែង មិនបានពោលហើយ ថាជាធម្មវិន័យដែលតថាគតបានសំដែង បានពោលហើយ ១ សំដែងនូវធម្មវិន័យ ដែលតថាគតបានសំដែង បានពោលហើយ ថាជាធម្មវិន័យដែលតថាគត មិនបានសំដែង មិនបានពោលវិញ ១ សំដែងនូវវត្ត ដែលតថាគតមិនបានសន្សំហើយ ថាជាវត្ត ដែលតថាគតបានសន្សំហើយ ១ សំដែងនូវវត្ត ដែលតថាគតបានសន្សំហើយ ថាជាវត្តដែលតថាគតមិនបានសន្សំហើយ ១ សំដែងនូវសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្តហើយ ថាជាសិក្ខាបទ ដែលតថាគតបានបញ្ញត្តហើយ ១ សំដែងនូវសិក្ខាបទ ដែលតថាគត បានបញ្ញត្តហើយ ថាជាសិក្ខាបទដែលតថាគតមិនបានបញ្ញត្តហើយ ១ ។ ម្នាលឧបាលិ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យមានសេចក្តីបង្កហេតុ ជម្លោះ សេចក្តីប្រកួតប្រកាន់ វិវាទគ្នាកើតឡើងក្នុងសង្ឃ ពួកភិក្ខុក៏នៅមិនសប្បាយ ។

២. បឋមវិវាទមូលសូត្រកែប្រែ

[៤២] បពិត្រព្រះអង្គដ៏ចម្រើន មូលហេតុនៃវិវាទ មានប៉ុន្មានយ៉ាង ។ ម្នាលឧបាលិ មូលហេតុនៃវិវាទមាន ១០ យ៉ាង ។ មូលហេតុនៃវិវាទ ១០ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលឧបាលិ ពួកភិក្ខុក្នុងសាសនានេះ សំដែងនូវសភាពមិនមែនធម៌ ថាជាធម៌ ១ សំដែងនូវធម៌ថា មិនមែនជាធម៌ ១ សំដែងនូវសភាពមិនមែនវិន័យ ថាជាវិន័យ ១ សំដែងនូវវិន័យ ថាមិនមែនជាវិន័យ ១ សំដែងនូវធម្មវិន័យ ដែលតថាគតមិនបានសំដែង មិនបានពោលហើយ ថាជាធម្មវិន័យ ដែលតថាគតបានសំដែង បានពោលហើយ ១ សំដែងនូវធម្មវិន័យ ដែលតថាគតបានសំដែង បានពោលហើយ ថាជាធម្មវិន័យ ដែលតថាគតមិនបានសំដែង មិនបានពោលវិញ ១ សំដែងនូវវត្ត ដែលតថាគត មិនបានសន្សំហើយ ថាជាវត្ត ដែលតថាគតបានសន្សំហើយ ១ សំដែងនូវវត្ត ដែលតថាគតបានសន្សំហើយ ថាជាវត្ត ដែលតថាគត មិនបានសន្សំហើយ ១ សំដែងនូវសិក្ខាបទដែលតថាគត មិនបានបញ្ញត្តហើយ ថាជាសិក្ខាបទ ដែលតថាគតបានបញ្ញត្តហើយ ១ សំដែងនូវសិក្ខាបទ ដែលតថាគតបានបញ្ញត្តហើយ ថាជាសិក្ខាបទដែលតថាគតមិនបានបញ្ញត្តហើយ ១ ។ ម្នាលឧបាលិ មូលហេតុនៃវិវាទ មាន ១០ យ៉ាងនេះឯង ។

៣. ទុតិយវិវាទមូលសូត្រកែប្រែ

[៤៣] បពិត្រព្រះអង្គដ៏ចម្រើន មូលហេតុនៃវិវាទ តើមានប៉ុន្មានយ៉ាង ។ ម្នាលឧបាលិ មូលហេតុនៃវិវាទមាន ១០ យ៉ាង ។ មូលហេតុនៃវិវាទ ១០ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលឧបាលិ ពួកភិក្ខុក្នុងសាសនានេះ សំដែងនូវអនាបត្តិ ថាជាអាបត្តិ ១ សំដែងនូវអាបត្តិ ថាជាអនាបត្តិ ១ សំដែងនូវលហុកាបត្តិ ថាជាគរុកាបត្តិ ១ សំដែងនូវគរុកាបត្តិ ថាជាលហុកាបត្តិ ១ សំដែងនូវទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ ១ សំដែងអទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ១ សំដែងនូវសាវសេសាបត្តិ [សំដៅយកអាបត្តិ ៦កង គឺសង្ឃាទិសេស ១ ថុល្លច្ច័យ ១ បាចិត្តិយ ១ បាដិទេសនីយ ១ ទុក្កដ ១ ទុព្ភាសិត ១ ។] ថាជាអនវសេសាបត្តិ [សំដៅយកបារាជិកាបត្តិ ។] ១ សំដែងនូវអនវសេសាបត្តិ ថាជាសាវសេសាបត្តិ ១ សំដែងសប្បដិកម្មាបត្តិ [សំដៅយកអាបត្តិ ៦កង គឺសង្ឃាទិសេស ១ ថុល្លច្ច័យ ១ បាចិត្តិយ ១ បាដិទេសនីយ ១ ទុក្កដ ១ ទុព្ភាសិត ១ ។] គឺ អាបត្តិដែលកែបាន ថាជាអប្បដិកម្មាបត្តិ [សំដៅយកបារាជិកាបត្តិ ។] គឺអាបត្តិកែមិនបាន ១ សំដែងនូវអប្បដិកម្មាបត្តិ ថាជាសប្បដិកម្មាបត្តិ ១ ។ ម្នាលឧបាលិ មូលហេតុនៃវិវាទ មាន ១០ យ៉ាងនេះឯង ។

៤. កុសិនារសូត្រកែប្រែ

[៤៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងដងព្រៃ ជាទីនាំទៅនូវពលិកម្ម (ដើម្បីប្រយោជន៍ដល់ទេវតា) ទៀបក្រុងកុសិនារា ។ ក្នុងទីនោះ ព្រះដ៏មានព្រះភាគ ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ  ដូច្នេះ ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកចោទ មានបំណងនឹងចោទភិក្ខុដទៃ ត្រូវពិចារណាធម៌ ៥ ប្រការ ចំពោះខ្លួនឯងសិន ត្រូវតាំងធម៌ ៥ ប្រការ ទុកក្នុងខ្លួន រួចសិមចោទភិក្ខុដទៃ ។ ធម៌ ៥ ប្រការ តើដូចម្តេច ដែលភិក្ខុអ្នកចោទ ត្រូវពិចារណាចំពោះខ្លួនឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកចោទ មានបំណងនឹងចោទភិក្ខុដទៃ ត្រូវពិចារណា យ៉ាងនេះថា អាត្មាអញ មានកាយសមាចារបរិសុទ្ធ ឬហ្ន៎ អាត្មាអញ ជាអ្នកប្រកបដោយកាយសមាចារ ដ៏បរិសុទ្ធ មិនធ្លុះធ្លាយ មិនមានទំនងគួរឲ្យគេចាប់ថ្នាក់បាន ធម៌នុ៎ះ មានគ្រប់គ្រាន់ ដល់អាត្មាអញ ឬមិនមានទេ ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុមិនមានកាយសមាចារ បរិសុទ្ធ តែជាអ្នកមិនប្រកបដោយកាយសមាចារបរិសុទ្ធ មិនធ្លុះធ្លាយ មិនមានទំនងគួរឲ្យគេចាប់ថ្នាក់បាន ភិក្ខុនោះឯង គង់មានអ្នកផងស្តីដាស់តឿនថា នែលោកដ៏មានអាយុ លោកសិក្សានូវសមាចារផ្លូវកាយជាមុនសិន ភិក្ខុនោះ គង់មានអ្នកផងស្តីដាស់តឿន ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុអ្នកចោទ មានបំណងនឹងចោទភិក្ខុដទៃ ត្រូវពិចារណាយ៉ាងនេះថា អាត្មាអញ មានវចីសមាចារបរិសុទ្ធឬហ្ន៎ អាត្មាអញ ប្រកបដោយវចីសមាចារដ៏បរិសុទ្ធ មិនធ្លុះធ្លាយ មិនមានទំនងគួរឲ្យគេចាប់ថ្នាក់បាន ធម៌នុ៎ះ មានគ្រប់គ្រាន់ដល់អាត្មាអញ ឬមិនមានទេ ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុមិនមានវចីសមាចារ បរិសុទ្ធទេ តែជាអ្នកមិនប្រកបដោយវចីសមាចារបរិសុទ្ធ មិនធ្លុះធ្លាយ មិនមានទំនងគួរឲ្យគេចាប់ថ្នាក់បាន ភិក្ខុនោះ គង់មានអ្នកផងស្តីដាស់តឿនថា នែលោកដ៏មានអាយុ ចូរលោកសិក្សា នូវសមាចារផ្លូវវាចាជាមុនសិន ភិក្ខុនោះ គង់មានអ្នកផងស្តីដាស់តឿន ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុអ្នកចោទ មានបំណងនឹងចោទភិក្ខុដទៃ ត្រូវពិចារណាយ៉ាងនេះថា ចិត្តរបស់អាត្មាអញមានមេត្តាតាំងមាំ មិនមានអាឃាត ក្នុងសព្រហ្មចារីបុគ្គលទេឬហ្ន៎ ធម៌នុ៎ះ មានគ្រប់គ្រាន់ដល់អាត្មាអញ ឬមិនមានទេ ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុមិនតាំងមេត្តាចិត្ត ដែលមិនមានអាឃាត ក្នុងសព្រហ្មចារីបុគ្គលទេ ភិក្ខុនោះ គង់មានអ្នកផងស្តីដាស់តឿនថា នែលោកដ៏មានអាយុ ចូរលោកតាំងមេត្តាចិត្ត (ឲ្យមាំ) ក្នុងសព្រហ្មចារីបុគ្គលចុះ ភិក្ខុនោះ គង់មានអ្នកផងស្តីដាស់តឿន ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុអ្នកចោទ មានបំណងនឹងចោទភិក្ខុដទៃ ត្រូវពិចារណា យ៉ាងនេះថា អាត្មាអញ ជាពហុស្សូត ជាអ្នកទ្រទ្រង់នូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់មកហើយ សន្សំនូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ ឬហ្ន៎ ធម៌ទាំងឡាយណា មានលំអបទដើម លំអបទកណ្តាល លំអបទចុង ប្រកាសនូវព្រហ្មចរិយៈ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ទាំងឡាយ មានសភាពដូច្នោះ ដែលអាត្មាអញនោះ បានស្តាប់ច្រើន បានទ្រទ្រង់ បានសន្សំដោយពាក្យ បានពិចារណាមុតមាំក្នុងចិត្ត បានយល់ត្រឹមត្រូវដោយទិដ្ឋិ ធម៌នុ៎ះ មានគ្រប់គ្រាន់ដល់អាត្មាអញ ឬមិនមានទេ ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុមិនមែនជាពហុស្សូត ជាអ្នកទ្រទ្រង់នូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ សន្សំទុកនូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយសោះទេ បើធម៌ទាំងឡាយណា មានលំអបទដើម លំអបទកណ្តាល លំអបទចុង ប្រកាសនូវព្រហ្មចរិយៈ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ទាំងឡាយ មានសភាពដូច្នោះ ភិក្ខុនោះ ជាអ្នកមិនបានស្តាប់ច្រើន ទ្រទ្រង់សន្សំដោយពាក្យ ពិចារណាមុតមាំក្នុងចិត្ត យល់ត្រឹមត្រូវដោយទិដ្ឋិទេ ភិក្ខុនោះឯង គង់មានអ្នកផងស្តី ដាស់តឿនថា នែលោកដ៏មានអាយុ ចូរលោករៀននិកាយសិនទៅ ភិក្ខុនោះ គង់មានអ្នកផងស្តីដាស់តឿន ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុអ្នកចោទ មានបំណងនឹងចោទភិក្ខុដទៃ ត្រូវពិចារណាថា បាតិមោក្ខទាំងពីរ អាត្មាអញចេះចាំដោយពិស្តារ ចែកចេញបានដោយប្រពៃ ចាំស្ទាត់រត់មាត់ កាត់សេចក្តីបានដោយល្អ តាមសូត្រ គឺខន្ធកៈ និងបរិវារៈ តាមអនុព្យញ្ជនៈដែរឬ ធម៌នុ៎ះ មានគ្រប់គ្រាន់ដល់អាត្មាអញ ឬមិនមានទេ ។ ម្នាលភិក្ខុទាំងឡាយ បើបាតិមោក្ខទាំងពីរ ភិក្ខុមិនបានចេះចាំដោយពិស្តារ ចែកចេញដោយប្រពៃ ចាំស្ទាត់រត់មាត់ កាត់សេចក្តីដោយល្អ តាមសូត្រ តាមអនុព្យញ្ជនៈទេ ភិក្ខុនោះឯង បើមានគេសួរថា ម្នាលលោកដ៏មានអាយុ ចុះសិក្ខាបទនេះ ព្រះដ៏មានព្រះភាគ ទ្រង់សំដែងក្នុងទីណា មុខជានឹងឆ្លើយប្រាប់ទៅវិញមិនរួច ភិក្ខុនោះឯង គង់មានអ្នកផងស្តីដាស់តឿនថា នែលោកដ៏មានអាយុ ចូរលោករៀននូវវិន័យសិនទៅ ភិក្ខុនោះ គង់មានអ្នកផងស្តីដាស់តឿន ១ ។ ធម៌ ៥ ប្រការនេះ ភិក្ខុត្រូវពិចារណាចំពោះខ្លួន ។ ធម៌ ៥ ប្រការ តើដូចម្តេច ដែលភិក្ខុអ្នកចោទត្រូវតាំងទុកក្នុងខ្លួន ។ អាត្មាអញ និយាយត្រូវតាមកាល មិននិយាយខុសកាល ១ អាត្មាអញ និយាយពាក្យពិត មិននិយាយពាក្យមិនពិត ១ អាត្មាអញនិយាយពាក្យផ្អែមល្ហែម មិននិយាយពាក្យអាក្រក់ ១ អាត្មាអញនិយាយពាក្យប្រកបដោយប្រយោជន៍ មិននិយាយពាក្យដែលឥតប្រយោជន៍ ១ អាត្មាអញតាំងមេត្តាចិត្ត ហើយសិមនិយាយ មិននិយាយទាំងទោសចិត្ត ១ ។ ធម៌ ៥ ប្រការនេះឯង ដែលភិក្ខុអ្នកចោទ ត្រូវតាំងទុកក្នុងខ្លួន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកចោទ មានបំណងដើម្បីចោទភិក្ខុដទៃ ត្រូវពិចារណាធម៌ ៥ ប្រការនេះចំពោះខ្លួន ហើយត្រូវតាំងធម៌ ៥ ប្រការនេះ ទុកក្នុងខ្លួន រួចសិមចោទភិក្ខុដទៃ ។

៥. រាជន្តេបុរប្បវេសនសូត្រកែប្រែ

[៤៥] ម្នាលភិក្ខុទាំងឡាយ ទោស ១០ យ៉ាងនេះ រមែងមានក្នុងការចូលទៅខាងក្នុងរាជបុរី ។ ទោស ១០ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជាក្នុងលោកនេះ កំពុងគង់នៅជាមួយនឹងមហេសី បើភិក្ខុចូលទៅក្នុងទីនោះ មហេសីបានឃើញភិក្ខុនោះ រមែងធ្វើនូវញញឹមឲ្យប្រាកដខ្លះ ភិក្ខុឃើញមហេសីហើយ ធ្វើនូវញញឹមឲ្យប្រាកដខ្លះ ព្រះរាជា រមែងរង្កៀសក្នុងរឿងនោះ យ៉ាងនេះថា ការកន្លងនូវមេថុននៃអ្នកទាំងពីរនេះ បានធ្វើហើយ ឬថានឹងធ្វើនូវការកន្លងនូវមេថុនមិនខាន ។ ម្នាលភិក្ខុទាំងឡាយ នេះជាទោស ទី១ ក្នុងការចូលទៅក្នុងរាជបុរី ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះរាជា ជាបុគ្គលមានកិច្ចច្រើន មានការងារច្រើន ទ្រង់ស្តេចទៅប្រោសប្រាណស្រ្តីណាមួយ ហើយក៏ភ្លេចទៅ ឯស្រ្តីនោះ ក៏មានគភ៌ ដោយព្រះរាជានោះ ព្រះរាជា រមែងរង្កៀសក្នុងរឿងនោះ យ៉ាងនេះថា បុគ្គលនីមួយដទៃ មិនដែលចូលទៅក្នុងទីនេះទេ លើកលែងតែបព្វជិតចេញ ទំនងជាកម្មរបស់បព្វជិតទេដឹង ។ ម្នាលភិក្ខុទាំងឡាយ នេះជាទោស ទី២ ក្នុងការចូលទៅខាងក្នុងរាជបុរី ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត រតនៈណាមួយ ក្នុងរាជបុរីបាត់ទៅ ព្រះរាជា រមែងរង្កៀសក្នុងរឿងនោះ យ៉ាងនេះថា បុគ្គលនីមួយដទៃ មិនដែលចូលទៅក្នុងទីនេះទេ លើកលែងតែបព្វជិតចេញ ទំនងជាកម្មរបស់បព្វជិតទេដឹង ។ ម្នាលភិក្ខុទាំងឡាយ នេះជាទោស ទី៣ ក្នុងការចូលទៅក្នុងរាជបុរី ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត រឿងរ៉ាវទាំងឡាយ ដែលព្រះរាជា ត្រូវបិទបាំងទុកខាងក្នុង មាននៅខាងក្នុងបុរីរបស់ព្រះរាជា ត្រឡប់បែកខ្ចរខ្ចាយទៅខាងក្រៅ ព្រះរាជា ទ្រង់រង្កៀសក្នុងរឿងនោះ យ៉ាងនេះថា បុគ្គលនីមួយដទៃ មិនដែលចូលទៅក្នុងទីនេះទេ លើកលែងតែបព្វជិតចេញ ទំនងជាកម្មរបស់បព្វជិតទេដឹង ។ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី ៤ ក្នុងការចូលទៅខាងក្នុងរាជបុរី ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះរាជបិតា រមែងប្រាថ្នា (ដើម្បីសម្លាប់) ព្រះរាជបុត្រខាងក្នុងរាជបុរី ឬថា ព្រះរាជបុត្រ ប្រាថ្នា (ដើម្បីសម្លាប់) ព្រះរាជបិតា ព្រះរាជបិតា និងព្រះរាជបុត្រ ទ្រង់រង្កៀសយ៉ាងនេះថា បុគ្គលនីមួយដទៃ មិនដែលចូលទៅក្នុងទីនេះទេ លើកលែងតែបព្វជិតចេញ ទំនងជាកម្មរបស់បព្វជិតទេដឹង ។ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី ៥ ក្នុងការចូលទៅខាងក្នុងរាជបុរី ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ស្តេចទ្រង់តាំងមន្រ្តី ដែលតាំងនៅក្នុងដំណែងទាប ឲ្យឡើងកាន់ដំណែងខ្ពស់ ការតាំងនោះ មិនជាទីគាប់ចិត្តរបស់ជនទាំងឡាយណា ជនទាំងឡាយនោះ រមែងរង្កៀសយ៉ាងនេះថា ស្តេចតែងនៅច្រឡូកច្រឡំ ដោយបព្វជិត ទំនងជាកម្មរបស់បព្វជិតទេដឹង ។ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី ៦ ក្នុងការចូលទៅខាងក្នុងរាជបុរី ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះរាជាទ្រង់បន្ថយមន្រ្តី ដែលតាំងនៅក្នុងដំណែងខ្ពស់ ឲ្យថយចុះ ក្នុងដំណែងទាបវិញ ការតាំងនោះមិនជាទីគាប់ចិត្ត របស់ជនទាំងឡាយណា ជនទាំងឡាយនោះ រមែងរង្កៀសយ៉ាងនេះថា ព្រះរាជាតែងនៅច្រឡូកច្រឡំ ដោយបព្វជិត ទំនងជាកម្មរបស់បព្វជិតទេដឹង ។ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី ៧ ក្នុងការចូលទៅខាងក្នុងរាជបុរី ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះរាជា ទ្រង់បញ្ជូនកងទ័ពទៅក្នុងកាលមិនគួរ ការបញ្ជូនកងទ័ពទៅនោះ មិនជាទីគាប់ចិត្ត របស់ជនទាំងឡាយណា ជនទាំងឡាយនោះ រមែងរង្កៀសយ៉ាងនេះថា ព្រះរាជានៅច្រឡូកច្រឡំដោយបព្វជិត ទំនងជាកម្មរបស់បព្វជិតទេដឹង ។ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី ៨ ក្នុងការចូលទៅខាងក្នុងរាជបុរី ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះរាជាបញ្ជូនកងទ័ពទៅ ក្នុងកាលគួរ ហើយឲ្យត្រឡប់មកវិញ ពាក់កណ្តាលផ្លូវ ការឲ្យត្រឡប់មកវិញនោះ មិនជាទីគាប់ចិត្ត របស់ជនទាំងឡាយណា ជនទាំងឡាយនោះ រមែងរង្កៀសយ៉ាងនេះថា ព្រះរាជានៅច្រឡូកច្រឡំ ដោយបព្វជិត ទំនងជាកម្មរបស់បព្វជិតទេដឹង ។ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី ៩ ក្នុងការចូលទៅក្នុងរាជបុរី ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ខាងក្នុងរាជបុរី តែងចង្អៀតដោយដំរី ចង្អៀតដោយសេះ ចង្អៀតដោយរថ ទាំងរូប សំឡេង ក្លិន រស ផោដ្ឋព្វៈ ជាហេតុនៃសេចក្តីត្រេកអរ សុទ្ធតែជារបស់មិនសមគួរ ដល់បព្វជិតទេ ។ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី ១០ ក្នុងការចូលទៅខាងក្នុងរាជបុរី ។ ម្នាលភិក្ខុទាំងឡាយ ទោស ១០ យ៉ាងនេះឯង រមែងមានក្នុងការចូលទៅខាងក្នុងរាជបុរី ។

៦. សក្កសូត្រកែប្រែ

[៤៦] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ទៀបក្រុងកបិលព័ស្តុ ក្នុងដែនសក្កៈ ។ គ្រានោះ ពួកសក្យឧបាសកជាច្រើន បានចូលទៅគាល់ព្រះដ៏មានព្រះភាគ ក្នុងថ្ងៃឧបោសថនោះ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះពួកសក្យឧបាសក អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលសក្យៈទាំងឡាយ អ្នកទាំងឡាយ បានរក្សាឧបោសថ ប្រកបដោយអង្គ ៨ ដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន ជួនកាល យើងទាំងឡាយ បានរក្សាឧបោសថ ប្រកបដោយអង្គ ៨ ជួនកាល យើងទាំងឡាយ មិនបានរក្សា ។ ម្នាលសក្យៈទាំងឡាយ អ្នកទាំងឡាយនោះ ពេញជាឥតលាភហើយ ការបាននូវអត្តភាពជាមនុស្ស អ្នកទាំងឡាយនោះ បានដោយកម្រ ដ្បិតថាអ្នកទាំងឡាយ ជួនកាលក៏បានរក្សាឧបោសថ ប្រកបដោយអង្គ ៨ ជួនកាលក៏មិនបានរក្សា ក្នុងជីវិតប្រកបដោយសោក និងភ័យក្នុងជីវិត ប្រកបដោយមរណៈ និងភ័យយ៉ាងនេះ ។ ម្នាលសក្យៈទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ដូចម្តេច ។ បុរសក្នុងលោកនេះ ក្នុង ១ ថ្ងៃ រកបានកន្លះកហាបណៈ ដោយហេតុនៃការងារណាមួយ ដែលមិនប៉ះពាល់អកុសលកម្ម តើគួរហៅថា បុរសអ្នកឈ្លាស បរិបូណ៌ដោយសេចក្តីព្យាយាមដែរឬទេ ។ ព្រះករុណា ព្រះអង្គ ។ ម្នាលសក្យៈទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះដូចម្តេច ។ បុរសក្នុងលោកនេះ ក្នុង ១ ថ្ងៃ រកបាន ១ កហាបណៈ ដោយហេតុនៃការងារណាមួយ ដែលមិនប៉ះពាល់អកុសលកម្ម តើគួរហៅថា បុរសអ្នកឈ្លាស បរិបូណ៌ដោយសេចក្តីព្យាយាមដែរឬទេ ។ ព្រះករុណា ព្រះអង្គ ។ ម្នាលសក្យៈទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះដូចម្តេច ។ បុរសក្នុងលោកនេះ ក្នុង ១ ថ្ងៃ រកបាន ២ កហាបណៈ ដោយហេតុនៃការងារណាមួយ ដែលមិនប៉ះពាល់អកុសលកម្ម រកបាន ៣ កហាបណៈ រកបាន ៤ កហាបណៈ រកបាន ៥ កហាបណៈ រកបាន ៦ កហាបណៈ រកបាន ៧ កហាបណៈ រកបាន ៨ កហាបណៈ រកបាន ៩ កហាបណៈ រកបាន ១០ កហាបណៈ រកបាន ២០ កហាបណៈ រកបាន ៣០ កហាបណៈ រកបាន ៤០ កហាបណៈ រកបាន  ៥០ កហាបណៈ រកបាន ១០០ កហាបណៈ តើគួរហៅថា បុរសអ្នកឈ្លាស បរិបូណ៌ដោយសេចក្តីព្យាយាមដែរឬទេ ។ ព្រះករុណា ព្រះអង្គ ។ ម្នាលសក្យៈទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ដូចម្តេច ។ បុរសនោះ កាលរកបាន ១០០ កហាបណៈ ១.០០០ កហាបណៈ ក្នុងមួយថ្ងៃ ទុកដាក់នូវកហាបណៈ ដែលខ្លួនរកបានហើយ ៗ រស់នៅបាន ១០០ ឆ្នាំ គប្បីបាននូវគំនរនៃភោគៈដ៏ច្រើនដែរឬ ។ ព្រះករុណា ព្រះអង្គ ។ ម្នាលសក្យៈទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះ ដូចម្តេច ។ បុរសនោះ គប្បីបានទទួលនូវសុខយ៉ាងឯក អស់រាត្រីមួយ ឬមួយថ្ងៃ អស់កន្លះរាត្រី ឬកន្លះថ្ងៃ ដែលមានភោគៈជាហេតុ មានភោគៈជាគ្រឿងប្រគល់ឲ្យ មានភោគៈជាអធិករណ៍ មែនដែរឬ ។ ហេតុនុ៎ះ មិនមែនទេ ព្រះអង្គ ។ រឿងនោះ ព្រោះហេតុអ្វី ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថា កាមទាំងឡាយ មិនទៀង ទទេ មិនពិត វិនាសទៅជាធម្មតា ។ ម្នាលសក្យៈទាំងឡាយ ចំណែកខាងសាវករបស់តថាគត ក្នុងសាសនានេះ ជាអ្នកមិនមានសេចក្តីប្រមាទ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ប្រតិបត្តិតាមពាក្យដែលតថាគត ប្រៀនប្រដៅហើយ អស់ ១០ ឆ្នាំ គប្បីទទួលសេចក្តីសុខយ៉ាងឯក អស់ ១០០ ឆ្នាំ ក៏មាន ១០.០០០ (១ ម៉ឺន) ឆ្នាំ ក៏មាន ១០០.០០០ (១សែន) ឆ្នាំ ក៏មាន ។ សាវករបស់តថាគតនោះ បានជាសកទាគាមីខ្លះ អនាគាមីខ្លះ បានដល់សោតៈពិតប្រាកដខ្លះ ។ ម្នាលសក្យៈទាំងឡាយ ១០ ឆ្នាំ លើកទុកចុះ សាវករបស់តថាគតក្នុងសាសនានេះ ជាអ្នកមិនមានសេចក្តីប្រមាទ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ប្រតិបត្តិតាមពាក្យដែលតថាគត ប្រៀនប្រដៅហើយ អស់ ៩ឆ្នាំ ៨ឆ្នាំ ៧ឆ្នាំ ៦ឆ្នាំ ៥ឆ្នាំ ៤ឆ្នាំ ៣ឆ្នាំ ២ឆ្នាំ ១ឆ្នាំ គប្បីទទួលនូវសេចក្តីសុខយ៉ាងឯក អស់ ១០០ ឆ្នាំ ក៏មាន ១០. ០០០ (១ម៉ឺន) ឆ្នាំ ក៏មាន ១០០.០០០ (១សែន) ឆ្នាំ ក៏មាន ។ សាវករបស់តថាគតនោះ បានជាសកទាគាមីខ្លះ អនាគាមីខ្លះ បានដល់សោតៈពិត ប្រាកដខ្លះ ។ ម្នាលសក្យៈទាំងឡាយ ១ ឆ្នាំ លើកទុកចុះ សាវករបស់តថាគត ក្នុងសាសនានេះ ជាអ្នកមិនមានសេចក្តីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ប្រតិបត្តិតាមពាក្យដែលតថាគតប្រៀនប្រដៅហើយ អស់ត្រឹមតែ ១០ ខែ ក៏គប្បីទទួលនូវសេចក្តីសុខយ៉ាងឯក អស់ ១០០ ឆ្នាំ ក៏មាន ១០.០០០ (១ម៉ឺន) ឆ្នាំ ក៏មាន ១០០.០០០ (១សែន) ឆ្នាំ ក៏មាន ។ សាវករបស់តថាគតនោះ បានជាសកទាគាមីខ្លះ អនាគាមីខ្លះ បានដល់សោតៈពិតប្រាកដខ្លះ ។ ម្នាលសក្យៈទាំងឡាយ ១០ ខែ លើកទុកចុះ សាវករបស់តថាគត ក្នុងសាសនានេះ ជាអ្នកមិនមានសេចក្តីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ប្រតិបត្តិតាមពាក្យដែលតថាគតប្រៀនប្រដៅហើយ អស់ ៩ខែ ៨ខែ ៧ខែ ៦ខែ ៥ខែ ៤ខែ ៣ខែ ២ខែ ១ខែ កន្លះខែ ក៏គប្បីបានទទួលនូវសេចក្តីសុខយ៉ាងឯក អស់ ១០០ ឆ្នាំ ក៏មាន ១០. ០០០ (១ម៉ឺន) ឆ្នាំ ក៏មាន ១០០.០០០ (១សែន) ឆ្នាំ ក៏មាន ។ សាវករបស់តថាគតនោះ បានជាសកទាគាមីខ្លះ អនាគាមីខ្លះ បានដល់សោតៈពិតប្រាកដខ្លះ ។ ម្នាលសក្យៈទាំងឡាយ កន្លះខែ លើកទុកចុះ សាវករបស់តថាគត ក្នុងសាសនានេះ ជាអ្នកមិនមានសេចក្តីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ប្រតិបត្តិតាមពាក្យដែលតថាគត ប្រៀនប្រដៅហើយ អស់យប់ និងថ្ងៃ ១០ ក៏គប្បីបានទទួលនូវសេចក្តីសុខយ៉ាងឯក អស់ ១០០ ឆ្នាំ ក៏មាន ១០.០០០ (១ម៉ឺន) ឆ្នាំ ក៏មាន ១០០.០០០ (១សែន) ឆ្នាំ ក៏មាន ។ សាវករបស់តថាគតនោះ បានជាសកទាគាមីខ្លះ អនាគាមីខ្លះ បានដល់សោតៈពិតប្រាកដខ្លះ ។ ម្នាលសក្យៈទាំងឡាយ យប់ និងថ្ងៃ ១០ លើកទុកចុះ សាវករបស់តថាគត ក្នុងសាសនានេះ ជាអ្នកមិនមានសេចក្តីប្រមាទ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ប្រតិបត្តិតាមពាក្យដែលតថាគតប្រៀនប្រដៅហើយ អស់យប់ និងថ្ងៃ ៩ យប់ និងថ្ងៃ ៨ យប់និងថ្ងៃ ៧ យប់និងថ្ងៃ ៦ យប់និងថ្ងៃ ៥ យប់និងថ្ងៃ ៤ យប់និងថ្ងៃ ៣ យប់និងថ្ងៃ ២ យប់និងថ្ងៃ ១ ក៏គប្បីបានទទួលនូវសេចក្តីសុខយ៉ាងឯក អស់ ១០០ ឆ្នាំ ក៏មាន ១០.០០០ (១ម៉ឺន) ឆ្នាំ ក៏មាន ១០០.០០០ (១សែន) ឆ្នាំ ក៏មាន ។ សាវករបស់តថាគតនោះ បានជាសកទាគាមីខ្លះ អនាគាមីខ្លះ បានដល់សោតៈពិតប្រាកដខ្លះ ។ ម្នាលសក្យៈទាំងឡាយ អ្នកទាំងឡាយ ចំជាឥតលាភហើយ ការបាននូវអត្តភាពជាមនុស្ស អ្នកទាំងឡាយនោះ បានដោយកម្រ ដ្បិតថា អ្នកទាំងឡាយ ជួនកាលបានរក្សាឧបោសថ ប្រកបដោយអង្គ ៨ ជួនកាលមិនបានរក្សា ក្នុងជីវិតប្រកបដោយសោក និងភ័យ ក្នុងជីវិតប្រកបដោយមរណៈ និងភ័យយ៉ាងនេះ ។ បពិត្រព្រះអង្គដ៏ចម្រើន យើងទាំងឡាយនេះ នឹងរក្សានូវឧបោសថ ប្រកបដោយអង្គ ៨ ចាប់ដើមតាំងពីថ្ងៃនេះ តរៀងទៅ ។

៧. មហាលិសូត្រកែប្រែ

[៤៧] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវន ជិតក្រុងវេសាលី ។ គ្រានោះ លិច្ឆវី ឈ្មោះមហាលិ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះលិច្ឆវី ឈ្មោះមហាលិ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ចុះអ្វីជាហេតុ អ្វីជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏លាមក នៃកិរិយាប្រព្រឹត្តទៅ នៃកម្មដ៏លាមក ។ ម្នាលមហាលិ លោភៈជាហេតុ លោភៈជាបច្ច័យនៃកិរិយាធ្វើនូវកម្មដ៏លាមក នៃកិរិយាប្រព្រឹត្តទៅ នៃកម្មដ៏លាមក ម្នាលមហាលិ ទោសៈជាហេតុ ទោសៈជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏លាមក នៃកិរិយាប្រព្រឹត្តទៅ នៃកម្មដ៏លាមក ម្នាលមហាលិ មោហៈ ជាហេតុ មោហៈជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏លាមក នៃកិរិយាប្រព្រឹត្តទៅនៃកម្មដ៏លាមក ម្នាលមហាលិ អយោនិសោមនសិការៈ (ការមិនបានធ្វើទុកក្នុងចិត្ត ដោយឧបាយ) ជាហេតុ អយោនិសោមនសិការៈជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏លាមក នៃកិរិយាប្រព្រឹត្តទៅ នៃកម្មដ៏លាមក ម្នាលមហាលិ ចិត្តដែលបុគ្គលដំកល់ខុស ជាហេតុ ចិត្តដែលបុគ្គលដំកល់ខុស ជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏លាមក នៃកិរិយាប្រព្រឹត្តទៅ នៃកម្មដ៏លាមក ។ ម្នាលមហាលិ នេះជាហេតុ នេះជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏លាមក នៃកិរិយាប្រព្រឹត្តទៅ នៃកម្មដ៏លាមក ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះអ្វីជាហេតុ អ្វីជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏ល្អ នៃកិរិយាប្រព្រឹត្តទៅ នៃកម្មដ៏ល្អ ។ ម្នាលមហាលិ អលោភៈ (ការមិនលោភ) ជាហេតុ អលោភៈ ជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏ល្អ នៃកិរិយាប្រព្រឹត្តិទៅនៃកម្មដ៏ល្អ ម្នាលមហាលិ អទោសៈ (ការមិនប្រទូស្ត) ជាហេតុ អទោសៈ ជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏ល្អ នៃកិរិយាប្រព្រឹត្តិទៅ នៃកម្មដ៏ល្អ ម្នាលមហាលិ អមោហៈ (ការមិនវង្វេង) ជាហេតុ អមោហៈ ជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏ល្អ នៃកិរិយាប្រព្រឹត្តិទៅ នៃកម្មដ៏ល្អ ម្នាលមហាលិ យោនិសោមនសិការៈ (ការធ្វើទុកក្នុងចិត្ត ដោយឧបាយ) ជាហេតុ យោនិសោមនសិការៈ ជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏ល្អ នៃកិរិយាប្រព្រឹត្តិទៅ នៃកម្មដ៏ល្អ ចិត្តដែលបុគ្គលដំកល់ត្រូវ ជាហេតុ ចិត្តដែលបុគ្គលដំកល់ត្រូវ ជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏ល្អ នៃកិរិយាប្រព្រឹត្តិទៅ នៃកម្មដ៏ល្អ ។ ម្នាលមហាលិ នេះជាហេតុ នេះជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏ល្អ នៃកិរិយាប្រព្រឹត្តិទៅ នៃកម្មដ៏ល្អ ។ ម្នាលមហាលិ បើធម៌ ១០ យ៉ាងនេះ មិនគប្បីមានក្នុងលោកទេ ពាក្យថា អធម្មចរិយវិសមចរិយាក្តី [កិរិយាប្រព្រឹត្តិមិនស្មើ បានដល់ការមិនប្រព្រឹត្តិធម៌ដោយអំណាចអកុសលកម្មបថ ។] ពាក្យថា ធម្មចរិយសមចរិយាក្តី [កិរិយាប្រព្រឹត្តិស្មើ បានដល់ការប្រព្រឹត្តិធម៌ដោយអំណាចកុសលកម្មបថ ។ អដ្ឋកថា ។] ក៏មិនគប្បីប្រាកដ ក្នុងលោកនេះដែរ ។ ម្នាលមហាលិ ព្រោះតែធម៌ ១០ យ៉ាងនេះ មានប្រាកដក្នុងលោក ហេតុនោះ បានជាពាក្យថា អធម្មចរិយវិសមចរិយាក្តី ធម្មចរិយសមចរិយាក្តី ទើបមានប្រាកដ ។

៨. បព្វជិតអភិណ្ហសូត្រកែប្រែ

[៤៨] ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាងនេះ បព្វជិតគប្បីពិចារណារឿយ ៗ ។ ធម៌ ១០ យ៉ាង គឺអ្វីខ្លះ ។ គឺបព្វជិត គប្បីពិចារណារឿយ ៗ ថា អាត្មាអញ កាន់យកនូវភេទដ៏ប្លែកអំពីភេទរបស់គ្រហស្ថ ១ បព្វជិតគប្បីពិចារណារឿយ ៗ ថា ការប្រព្រឹត្តិចិញ្ចឹមជីវិត របស់អាត្មាអញប្រព្រឹត្តជាប់ ដោយបុគ្គលដទៃ ១ បព្វជិត គប្បីពិចារណារឿយ ៗ ថា អាកប្បកិរិយាផ្សេងអំពីគ្រហស្ថ អាត្មាអញគួរធ្វើ ១ បព្វជិត គប្បីពិចារណារឿយ ៗ ថា អាត្មាអញ មិនតិះដៀលខ្លួនឯង ដោយសីលធម៌បានទេឬ ១ បព្វជិត គប្បីពិចារណា រឿយ ៗ ថា ពួកសព្រហ្មចារី ជាវិញ្ញូជន គយគន់មើលហើយ មិនតិះដៀលអាត្មាអញ ដោយសីលធម៌បានទេឬ ១ បព្វជិត គប្បីពិចារណារឿយ ៗ ថា ការញ្រត់ប្រាសនិរាសចាកសត្វ និងសង្ខារទាំងអស់ ដែលជាទីស្រឡាញ់ ជាទីគាប់ចិត្ត នៃអាត្មាអញ តែងមានជាធម្មតា ១ បព្វជិត គប្បីពិចារណារឿយ ៗ ថា អាត្មាអញ មានកម្មជារបស់ខ្លួន មានកម្មជាទាយាទ មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាគ្រឿងរលឹកឃើញ អាត្មាអញ នឹងធ្វើនូវកម្មណា ល្អ ឬអាក្រក់ អាត្មាអញ គង់នឹងបានជាអ្នកទទួលយកនូវផល នៃកម្មនោះពុំខានឡើយ ១ បព្វជិត គប្បីពិចារណារឿយ ៗ ថា យប់ និងថ្ងៃទាំងឡាយ ចេះតែកន្លងទៅ ៗ តើអាត្មាអញ បានធ្វើដូចម្តេចខ្លះហើយ ១ បព្វជិត គប្បីពិចារណារឿយ ៗ ថា សព្វថ្ងៃនេះ អាត្មាអញមានសេចក្តីអភិរម្យ ត្រេកអរក្នុងផ្ទះដ៏ស្ងាត់ខ្លះដែរឬទេ ១ បព្វជិត គប្បីពិចារណារឿយ ៗ ថា ឧត្តរិមនុស្សធម៌ គឺធម៌ជារបស់មនុស្ស ដ៏ប្រសើរក្រៃលែង មានដល់អាត្មាអញដែរឬ ធម៌ដ៏វិសេស ដែលគួរនឹងឃើញ ដោយប្រាជ្ញាដ៏ប្រសើរ អាត្មាអញបានត្រាស់ដឹងហើយឬ អាត្មាអញនោះ សព្រហ្មចារីទាំងឡាយ សួរក្នុងកាលជាទីបំផុត (មរណសម័យ) នឹងមិនអឹមអៀមទេឬ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាងនេះឯង បព្វជិតគប្បីពិចារណារឿយ ៗ ។

៩. សរីរដ្ឋធម្មសូត្រកែប្រែ

[៤៩] ម្នាលភិក្ខុទាំងឡាយ ធម៌ដែលឋិតនៅក្នុងសរីរៈ ១០ យ៉ាងនេះ បព្វជិត គប្បីពិចារណារឿយ ៗ ។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ ។ គឺត្រជាក់ ១ ក្តៅ ១ សេចក្តីឃ្លាន ១ ស្រេក ១ ឧច្ចារៈ ១ បស្សាវៈ ១ សង្រួមកាយ ១ សង្រួមវាចា ១ សង្រួមក្នុងការចិញ្ចឹមជីវិត ១ ភវសង្ខារ ដែលនាំសត្វឲ្យកើតក្នុងភពទៀត ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាងនេះឯង ដែលឋិតនៅក្នុងសរីរៈ ។

១០. ភណ្ឌនសូត្រកែប្រែ

[៥០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ពួកភិក្ខុច្រើនរូប ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ហើយអង្គុយប្រជុំគ្នា ក្នុងឧបដ្ឋានសាលា កើតមានសេចក្តីប្រកួតប្រកាន់ ឈ្លោះប្រកែក និយាយចាក់ដោតគ្នា ដោយលំពែង គឺមាត់ ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញចាកទីពួនសម្ងំ ក្នុងសាយណ្ហសម័យ ក៏ចូលទៅរកឧបដ្ឋានសាលា លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់ហើយ ក៏ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយ អង្គុយប្រជុំគ្នា ដោយកថាដូចម្តេច ចុះអន្តរាកថាដូចម្តេច ដែលអ្នកទាំងឡាយ ធ្វើមិនទាន់ដាច់ស្រេច ។ បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីនេះ យើងខ្ញុំទាំងឡាយ ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ហើយអង្គុយប្រជុំគ្នា ក្នុងឧបដ្ឋានសាលា ក៏កើតមានសេចក្តីប្រកួតប្រកាន់ ឈ្មោះប្រកែក និយាយចាក់ដោតគ្នា ដោយលំពែង គឺមាត់ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មានសេចក្តីប្រកួតប្រកាន់ ឈ្មោះប្រកែក និយាយចាក់ដោតគ្នា ដោយលំពែង គឺមាត់ ព្រោះហេតុណា ហេតុនុ៎ះ មិនសមគួរដល់អ្នកទាំងឡាយ ជាកុលបុត្ត អ្នកមានសទ្ធា ចេញចាកផ្ទះ ចូលមកកាន់ផ្នួសសោះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាងនេះ ជាធម៌គួររលឹករកគ្នា ធ្វើនូវសេចក្តីស្រឡាញ់ ធ្វើនូវសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសង្រ្គោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀង ដើម្បីមូលមិត្រគ្នា ។ ធម៌ ១០ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចារៈ ឃើញភ័យក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសីល ។បេ។ សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ដោយហេតុណា នេះជាធម៌ គួររលឹករកគ្នា ធ្វើនូវសេចក្តីស្រឡាញ់ ធ្វើនូវសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសង្រ្គោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀង ដើម្បីមូលមិត្រគ្នា ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាពហុស្សូត ទ្រទ្រង់នូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ សន្សំទុកនូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ ធម៌ទាំងឡាយណា មានលំអបទដើម លំអបទកណ្តាល លំអបទចុង ប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ទាំងឡាយមានសភាពដូច្នោះ ភិក្ខុនោះឯង ក៏បានស្តាប់ច្រើន បានចាំទុក ចាំស្ទាត់រត់មាត់ ជាក់ច្បាស់ក្នុងចិត្ត ត្រាស់ដឹងល្អដោយទិដ្ឋិ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាពហុស្សូត ។បេ។ ចេះដឹងល្អដោយទិដ្ឋិ ដោយហេតុណា នេះជាធម៌គួររលឹករកគ្នា ធ្វើនូវសេចក្តីស្រឡាញ់ ធ្វើនូវសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសង្រ្គោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្រគ្នា ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុមានមិត្រល្អ មានសំឡាញ់ល្អ សមគប់រកមិត្រល្អ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានមិត្រល្អ មានសំឡាញ់ល្អ សមគប់រកមិត្រល្អ ដោយហេតុណា នេះជាធម៌គួររលឹករកគ្នា ធ្វើនូវសេចក្តីស្រឡាញ់ ធ្វើនូវសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសង្រ្គោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្រគ្នា ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុដែលគេប្រដៅងាយ ប្រកបដោយធម៌ជាគ្រឿងធ្វើនូវភាវៈជាអ្នកប្រដៅងាយ ជាអ្នកអត់ធន់ ទទួលយកនូវពាក្យប្រៀនប្រដៅ ដោយចំណែកខាងស្តាំ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលគេប្រដៅងាយ ប្រកបដោយធម៌ជាគ្រឿងធ្វើនូវភាវៈ ជាអ្នកប្រដៅងាយ ជាអ្នកអត់ធន់ ទទួលយកនូវពាក្យប្រៀនប្រដៅ ដោយចំណែកខាងស្តាំ ដោយហេតុណា នេះជាធម៌គួររលឹករកគ្នា ធ្វើនូវសេចក្តីស្រឡាញ់ ធ្វើនូវសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសង្រ្គោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បីមូលមិត្រគ្នា ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត កិច្ចការណានីមួយ ធំ ឬតូច របស់សព្រហ្មចារីបុគ្គលទាំងឡាយ ភិក្ខុជាអ្នកប៉ិនប្រសប់ មិនខ្ជិលច្រអូស ក្នុងកិច្ចការទាំងនោះ ប្រកបដោយឧបាយជាគ្រឿងពិចារណា ក្នុងកិច្ចការទាំងនោះ ថាគួរធ្វើ គួរចាត់ចែង ។ ម្នាលភិក្ខុទាំងឡាយ កិច្ចការណានីមួយ ធំ ឬតូច របស់សព្រហ្មចារីបុគ្គលទាំងឡាយ ភិក្ខុជាអ្នកប៉ិនប្រសប់ មិនខ្ជិលច្រអូស ក្នុងកិច្ចការទាំងនោះ ប្រកបដោយឧបាយជាគ្រឿងពិចារណា ក្នុងកិច្ចការទាំងនោះថា គួរធ្វើ គួរចាត់ចែង ដោយហេតុណា នេះជាធម៌គួររលឹករកគ្នា ធ្វើនូវសេចក្តីស្រឡាញ់ ធ្វើនូវសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសង្រ្គោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បីមូលមិត្រគ្នា ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកប្រាថ្នាក្នុងធម៌ មានការហៅរកដោយពាក្យជាទីស្រឡាញ់ អ្នកមានសេចក្តីរីករាយ ដ៏លើសលុប ក្នុងអភិធម្ម ក្នុងអភិវិន័យ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រាថ្នានូវធម៌ មានការហៅរកដោយពាក្យជាទីស្រឡាញ់ អ្នកមានសេចក្តីរីករាយ ដ៏លើសលុប ក្នុងអភិធម្ម ក្នុងអភិវិន័យ ដោយហេតុណា នេះជាធម៌គួររលឹករកគ្នា ធ្វើនូវសេចក្តីស្រឡាញ់ ធ្វើនូវសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសង្រ្គោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្រគ្នា ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកប្រារព្ធព្យាយាម ដើម្បីលះបង់ពួកអកុសលធម៌ ដើម្បីធ្វើនូវពួកកុសលធម៌ឲ្យបរិបូណ៌ ជាអ្នកមានកំឡាំង មានសេចក្តីប្រឹងប្រែងមាំមួន មិនដាក់ធុរៈក្នុងពួកកុសលធម៌ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រារព្ធព្យាយាម ដើម្បីលះបង់ពួកអកុសលធម៌ ដើម្បីធ្វើពួកកុសលធម៌ ឲ្យបរិបូណ៌ ជាអ្នកមានកំឡាំង មានសេចក្តីប្រឹងប្រែងមាំមួន មិនដាក់ធុរៈក្នុងពួកកុសលធម៌ ដោយហេតុណា នេះជាធម៌គួររលឹករកគ្នា ធ្វើនូវសេចក្តីស្រឡាញ់ ធ្វើនូវសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសង្រ្គោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្រគ្នា ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកសន្តោស ដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន តាមបាន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកសន្តោសដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន តាមបាន ដោយហេតុណា នេះជាធម៌គួររលឹករកគ្នា ធ្វើនូវសេចក្តីស្រឡាញ់ ធ្វើនូវសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសង្រ្គោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្រគ្នា ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានស្មារតី ប្រកបដោយស្មារតី និងភាវៈជាអ្នកមានប្រាជ្ញាចាស់ក្លាដ៏ប្រសើរ រលឹកឃើញរឿយ ៗ នូវកិច្ចដែលខ្លួនធ្វើយូរហើយផង នូវសំដីដែលខ្លួននិយាយយូរហើយផង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានស្មារតី ប្រកបដោយស្មារតី និងភាវៈជាអ្នកមានប្រាជ្ញាចាស់ក្លាដ៏ប្រសើរ រលឹកឃើញរឿយ ៗ នូវកិច្ចដែលខ្លួនធ្វើយូរហើយផង នូវសំដីដែលខ្លួននិយាយយូរហើយផង ដោយហេតុណា នេះជាធម៌គួររលឹករកគ្នា ធ្វើនូវសេចក្តីស្រឡាញ់ ធ្វើនូវសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសង្រ្គោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្រគ្នា ១ ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុជាអ្នកមានបញ្ញា ប្រកបដោយបញ្ញា ដែលអាចកំណត់នូវការកើតឡើង និងសេចក្តីវិនាសទៅ (នៃខន្ធបញ្ចកៈ) ជាបញ្ញាដ៏ប្រសើរ ជាគ្រឿងទំលាយបង់នូវកិលេស ជាធម្មជាតិ ដល់នូវការអស់ទៅនៃទុក្ខ ដោយប្រពៃ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានបញ្ញា ប្រកបដោយបញ្ញា ដែលអាចកំណត់នូវការកើតឡើង និងវិនាសទៅ ជាបញ្ញាដ៏ប្រសើរ ជាគ្រឿងទំលាយបង់នូវកិលេស ជាធម្មជាតិ ដល់នូវកិរិយាអស់ទៅនៃទុក្ខ ដោយប្រពៃ ដោយហេតុណា នេះជាធម៌គួររលឹករកគ្នា ធ្វើនូវសេចក្តីស្រឡាញ់ ធ្វើនូវសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសង្រ្គោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្រគ្នា ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាងនេះឯង ជាធម៌គួររលឹករកគ្នា ធ្វើនូវសេចក្តីស្រឡាញ់ធ្វើនូវសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសង្រ្គោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្រគ្នា ។

ចប់ អកោ្កសវគ្គ ទី៥ ។

ឧទ្ទាននៃអក្កោសវគ្គនោះ គឺ

និយាយអំពីវិវាទ ១ វិវាទមូល ពីរលើក ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងនគរកុសិនារា ១ ទោសក្នុងការចូលទៅខាងក្នុងរាជបុរី ១ សក្យឧបាសក ១ លិច្ឆវី ឈ្មោះមហាលិ ១ ធម៌ដែលបព្វជិតគួរពិចារណារឿយ ១ ធម៌ដែលឋិតនៅក្នុងសរីរៈ ១ ពួកភិក្ខុអ្នកមានសេចក្តីប្រកួតប្រកាន់គ្នា ១ ។

ទុតិយបណ្ណាសក

សចិត្តវគ្គ ទី១កែប្រែ

១. សចិត្តសូត្រកែប្រែ

[៥១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ដូច្នេះ ។ ភិក្ខុទាំងនោះ ទទួលតបព្រះពុទ្ធដីកានៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះដ៏មានព្រះភាគ បានត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើភិក្ខុមិនឆ្លាស ក្នុងវារៈនៃចិត្តអ្នកដទៃទេ ត្រូវគិតថា យើងទាំងឡាយ គួរជាអ្នកឆ្លាស ក្នុងវារៈនៃចិត្តរបស់ខ្លួន ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកឆ្លាសក្នុងវារៈនៃចិត្តរបស់ខ្លួន តើដោយប្រការដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ដូចជាស្រ្តី ឬបុរស កំឡោះជំទង់ ប្រកបដោយជាតិជាអ្នកស្អិតស្អាង កាលពិចារណាមើលនូវស្រមោលមុខរបស់ខ្លួន ក្នុងកញ្ចក់ដែលបរិសុទ្ធផូរផង់ ឬក្នុងភាជន៍ទឹកថ្លា បើឃើញធូលី ឬកន្ទួលក្នុងកញ្ចក់នោះ រមែងព្យាយាម ដើម្បីលះបង់នូវធូលី ឬកន្ទួលនោះចេញ បើមិនឃើញធូលី ឬកន្ទួលក្នុងកញ្ចក់នោះទេ ក៏មានចិត្តត្រេកអរ មានសេចក្តីត្រិះរិះគ្រប់គ្រាន់ដោយហេតុនោះថា ឱហ្ន៎ អាត្មាអញ មានលាភ ឱហ្ន៎ មុខរបស់អាត្មាអញបរិសុទ្ធ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ឧបមេយ្យដូចជាការពិចារណា ក្នុងកុសលធម៌ទាំងឡាយ រមែងមានឧបការៈច្រើនដល់ភិក្ខុថា អាត្មាអញជាអ្នកមានអភិជ្ឈាច្រើនឬហ្ន៎ អាត្មាអញ ជាអ្នកមិនមានអភិជ្ឈាច្រើនឬហ្ន៎ អាត្មាអញជាអ្នកមានចិត្តព្យាបាទច្រើនឬហ្ន៎ អាត្មាអញ ជាអ្នកមិនមានចិត្តព្យាបាទច្រើនឬហ្ន៎ អាត្មាអញជាអ្នកត្រូវថីនមិទ្ធៈរួបរឹតច្រើនឬហ្ន៎ អាត្មាអញជាអ្នកប្រាសចាកថីនមិទ្ធៈច្រើនឬហ្ន៎ អាត្មាអញជាអ្នកមានចិត្តអណ្តែតអណ្តូងច្រើនឬហ្ន៎ អាត្មាអញជាអ្នកមិនមានចិត្តអណ្តែតអណ្តូងច្រើនឬហ្ន៎ អាត្មាអញជាអ្នកមានវិចិកិច្ឆាច្រើនឬហ្ន៎ អាត្មាអញជាអ្នកឆ្លងចាកវិចិកិច្ឆាច្រើនឬហ្ន៎ អាត្មាអញមានសេចក្តីក្រោធច្រើនឬហ្ន៎ អាត្មាអញ ជាអ្នកមានចិត្តសៅហ្មងច្រើនឬហ្ន៎ អាត្មាអញ ជាអ្នកមានចិត្តមិនសៅហ្មងច្រើនឬហ្ន៎ អាត្មាអញ ជាអ្នកមានកាយក្រវល់ក្រវាយច្រើនឬហ្ន៎ អាត្មាអញ មានកាយមិនបានក្រវល់ក្រវាយច្រើនឬហ្ន៎ អាត្មាអញ មានសេចក្តីខ្ជិលច្រអូសច្រើនឬហ្ន៎ អាត្មាអញ មានព្យាយាមប្រារព្ធហើយច្រើនឬហ្ន៎ អាត្មាអញ មានចិត្តមិនខ្ជាប់ខ្ជួនច្រើនឬហ្ន៎ អាត្មាអញ មានចិត្តខ្ជាប់ខ្ជួនច្រើនឬហ្ន៎ ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុកាលពិចារណាដឹងយ៉ាងនេះថា អាត្មាអញ មានអភិជ្ឈាច្រើន អាត្មាអញ មានចិត្តព្យាបាទច្រើន អាត្មាអញ ត្រូវថីនមិទ្ធៈរួបរឹតច្រើន អាត្មាអញ មានចិត្តអណ្តែតអណ្តូងច្រើន អាត្មាអញ មានវិចិកិច្ឆាច្រើន អាត្មាអញ មានសេចក្តីក្រោធច្រើន អាត្មាអញ មានចិត្តសៅហ្មងច្រើន អាត្មាអញ មានកាយក្រវល់ក្រវាយច្រើន អាត្មាអញ ជាអ្នកខ្ជិលច្រអូសច្រើន អាត្មាអញ មានចិត្តមិនខ្ជាប់ខ្ជួនច្រើន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីធ្វើនូវសេចក្តីប៉ុនប៉ងផង សេចក្តីព្យាយាមផង ខ្មីឃ្មាតផង សេចក្តីប្រឹងប្រែងផង សេចក្តីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីលះបង់នូវពួកអកុសលធម៌ ដ៏លាមកទាំងនោះចេញ ។ ម្នាលភិក្ខុទាំងឡាយ ដូចជាសំពត់ដែលភ្លើងឆេះ ឬក្បាលដែលត្រូវភ្លើងឆេះ បុគ្គលគប្បីធ្វើនូវសេចក្តីប៉ុនប៉ងផង ព្យាយាមផង ខ្មីឃ្មាតផង ប្រឹងប្រែងផង សេចក្តីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីលត់សំពត់ ឬក្បាលនោះឯង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីធ្វើនូវសេចក្តីប៉ុនប៉ងផង ព្យាយាមផង សេចក្តីខ្មីឃ្មាតផង ប្រឹងប្រែងផង សេចក្តីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីលះបង់នូវពួកអកុសលធម៌ដ៏លាមកទាំងនោះ ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុកាលពិចារណា ដឹងយ៉ាងនេះថា អាត្មាអញ ជាអ្នកមិនមានអភិជ្ឈាច្រើន អាត្មាអញ ជាអ្នកមានចិត្តមិនព្យាបាទច្រើន អាត្មាអញ ជាអ្នកប្រាសចាកថីនមិទ្ធៈច្រើន អាត្មាអញ ជាអ្នកមានចិត្តមិនអណ្តែតអណ្តូងច្រើន អាត្មាអញ ជាអ្នកឆ្លងចាកវិចិកិច្ឆាច្រើន អាត្មាអញ ជាអ្នកមិនមានសេចក្តីក្រោធច្រើន អាត្មាអញ ជាអ្នកមានចិត្តមិនសៅហ្មងច្រើន អាត្មាអញ ជាអ្នកមានកាយមិនក្រវល់ក្រវាយច្រើន អាត្មាអញ ជាអ្នកប្រារព្ធសេចក្តីព្យាយាមច្រើន អាត្មាអញ ជាអ្នកមានចិត្តខ្ជាប់ខ្ជួនច្រើន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីតាំងនៅក្នុងកុសលធម៌ទាំងនោះ ធ្វើព្យាយាម ដើម្បីឲ្យអស់ទៅនៃអាសវៈទាំងឡាយតទៅ ។

២. សារិបុត្តសូត្រកែប្រែ

[៥២] ក្នុងទីនោះឯង ព្រះសារីបុត្តដ៏មានអាយុ ហៅភិក្ខុទាំងឡាយថា ម្នាលអាវុសោភិក្ខុទាំងឡាយ ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ថេរវាចារបស់ព្រះសារីបុត្តដ៏មានអាយុថា ករុណា អាវុសោ ។ ព្រះសារីបុត្តដ៏មានអាយុ បានពោលពាក្យនេះថា ម្នាលអាវុសោទាំងឡាយ បើភិក្ខុមិនឆ្លាស ក្នុងវារៈនៃចិត្តបុគ្គលដទៃទេ ត្រូវគិតថា យើងទាំងឡាយ គួរជាអ្នកឆ្លាស ក្នុងវារៈនៃចិត្តរបស់ខ្លួន ។ ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ គួរសិក្សាយ៉ាងនេះឯង ។ ម្នាលអាវុសោទាំងឡាយ ចុះភិក្ខុជាអ្នកឆ្លាស ក្នុងវារៈនៃចិត្តរបស់ខ្លួន តើដោយប្រការដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ដូចជាស្រ្តី ឬបុរសកំឡោះជំទង់ ប្រកបដោយជាតិ ជាអ្នកស្អិតស្អាង កាលពិចារណាមើលស្រមោលរបស់ខ្លួនក្នុងកញ្ចក់ ដែលបរិសុទ្ធផូរផង់ ឬក្នុងភាជន៍ទឹកថ្លា បើឃើញធូលី ឬកន្ទួលក្នុងកញ្ចក់ ក៏រមែងព្យាយាមលះបង់នូវធូលី ឬកន្ទួលនោះចេញ បើមិនឃើញធូលី ឬកន្ទួលនោះទេ ក៏មានចិត្តត្រេកអរ មានតម្រិះគ្រប់គ្រាន់ ដោយហេតុនោះថា ឱហ្ន៎ អាត្មាអញ មានលាភ ឱហ្ន៎ (មុខ) របស់អាត្មាអញ បរិសុទ្ធ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ ឧបមេយ្យ ដូចជា ការពិចារណា ក្នុងកុសលធម៌ទាំងឡាយ រមែងមានឧបការៈច្រើន ដល់ភិក្ខុថា អាត្មាអញ ជាអ្នកមានអភិជ្ឈាច្រើនឬហ្ន៎ អាត្មាអញ ជាអ្នកមិនមានអភិជ្ឈាច្រើនឬហ្ន៎ អាត្មាអញ មានចិត្តព្យាបាទច្រើនឬហ្ន៎ អាត្មាអញ ត្រូវថីនមិទ្ធៈរួបរឹតច្រើនឬហ្ន៎ អាត្មាអញ មិនមានចិត្តព្យាបាទច្រើនឬហ្ន៎ អាត្មាអញ ប្រាសចាកថីនមិទ្ធៈច្រើនឬហ្ន៎ អាត្មាអញ មានចិត្តអណ្តែតអណ្តូងច្រើនឬហ្ន៎ អាត្មាអញ មិនមានចិត្តអណ្តែតអណ្តូងច្រើនឬហ្ន៎ អាត្មាអញ មានវិចិកិច្ឆាច្រើនឬហ្ន៎ អាត្មាអញ ឆ្លងវិចិកិច្ឆាច្រើនឬហ្ន៎ អាត្មាអញ មានសេចក្តីក្រោធច្រើនឬហ្ន៎ អាត្មាអញ មិនមានសេចក្តីក្រោធច្រើនឬហ្ន៎ អាត្មាអញ មានចិត្តសៅហ្មងច្រើនឬហ្ន៎ អាត្មាអញ មិនមានចិត្តសៅហ្មងច្រើនឬហ្ន៎ អាត្មាអញ មានកាយក្រវល់ក្រវាយច្រើនឬហ្ន៎ អាត្មាអញ មានកាយមិនក្រវល់ក្រវាយច្រើនឬហ្ន៎ អាត្មាអញ ខ្ជិលច្រអូសច្រើនឬហ្ន៎ អាត្មាអញ ប្រារព្ធព្យាយាមច្រើនឬហ្ន៎ អាត្មាអញ មានចិត្តមិនខ្ជាប់ខ្ជួនច្រើនឬហ្ន៎ អាត្មាអញ មានចិត្តខ្ជាប់ខ្ជួនច្រើនឬហ្ន៎ ។ ម្នាលអាវុសោទាំងឡាយ បើភិក្ខុពិចារណា រមែងដឹងយ៉ាងនេះថា អាត្មាអញ មានអភិជ្ឈាច្រើន ។បេ។ អាត្មាអញ មានចិត្តមិនបានខ្ជាប់ខ្ជួនច្រើន ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គប្បីធ្វើនូវសេចក្តីប៉ុនប៉ងផង ព្យាយាមផង សេចក្តីខ្មីឃ្មាតផង ប្រឹងប្រែងផង មិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីលះនូវពួកអកុសលធម៌ ដ៏លាមកទាំងនោះចេញ ។ ម្នាលអាវុសោទាំងឡាយ ដូចជាសំពត់ដែលត្រូវភ្លើងឆេះ ឬក្បាលដែលត្រូវភ្លើងឆេះ បុគ្គលគប្បីប្រញាប់ធ្វើនូវសេចក្តីប៉ុនប៉ងផង ព្យាយាមផង សេចក្តីខ្មីឃ្មាតផង ប្រឹងប្រែងផង សេចក្តីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីលត់សំពត់ ឬក្បាលនោះឯង យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គប្បីប្រញាប់ធ្វើនូវសេចក្តីប៉ុនប៉ងផង ព្យាយាមផង សេចក្តីខ្មីឃ្មាតផង ប្រឹងប្រែងផង សេចក្តីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីលះបង់នូវពួកអកុសលធម៌ដ៏លាមកទាំងនោះចេញ ក៏យ៉ាងនោះដែរ ។ ម្នាលអាវុសោទាំងឡាយ បើភិក្ខុពិចារណា រមែងដឹងយ៉ាងនេះថា អាត្មាអញ ជាអ្នកមិនមានអភិជ្ឈាច្រើន ។បេ។ អាត្មាអញ មានចិត្តខ្ជាប់ខ្ជួនច្រើន ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គួរតាំងនៅក្នុងកុសលធម៌ទាំងនោះ ហើយធ្វើនូវសេចក្តីព្យាយាម ដើម្បីអស់ទៅនៃអាសវៈទាំងឡាយតទៅ ។

៣. ឋិតិសូត្រកែប្រែ

[៥៣] ម្នាលភិក្ខុទាំងឡាយ តថាគត មិនសរសើរការតាំងនៅដដែល ក្នុងកុសលធម៌ទាំងឡាយទេ នឹងបាច់និយាយថ្វីដល់ការសាបសូន្យ ។ ម្នាលភិក្ខុទាំងឡាយ តថាគត សរសើរនូវសេចក្តីចម្រើន ក្នុងកុសលធម៌ទាំងឡាយ តែម៉្យាង មិនសរសើរការតាំងនៅដដែល មិនសរសើរការសាបសូន្យទេ ។ ម្នាលភិក្ខុទាំងឡាយ ការសាបសូន្យ ក្នុងកុសលធម៌ទាំងឡាយ មិនមែនជាការតាំងនៅដដែល មិនមែនជាការចម្រើន តើដោយប្រការដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងប៉ុន្មាន ក្នុងសាសនានេះ ប្រកបដោយសទ្ធា សីលៈ សុតៈ ចាគៈ បញ្ញា និងបដិភាណៈ ធម៌ទាំងឡាយនោះ របស់ភិក្ខុនោះ មិនតាំងនៅដដែល មិនចម្រើន ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវហេតុនេះថា ជាសេចក្តីសាបសូន្យ ក្នុងកុសលធម៌ទាំងឡាយ មិនមែនជាការតាំងនៅដដែល មិនមែន ជាសេចក្តីចម្រើនទេ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសាបសូន្យ ក្នុងកុសលធម៌ទាំងឡាយ មិនមែនជាការតាំងនៅដដែល មិនមែនសេចក្តីចម្រើន យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ការតាំងនៅដដែល ក្នុងកុសលធម៌ទាំងឡាយ មិនមែនជាសេចក្តីសាបសូន្យ មិនមែនជាសេចក្តីចម្រើន តើដោយប្រការដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងប៉ុន្មាន ក្នុងសាសនានេះ ប្រកបដោយសទ្ធា សីលៈ សុត្តៈ ចាគៈ បញ្ញា និងបដិភាណៈ ពួកធម៌នោះ របស់ភិក្ខុនោះ មិនសាបសូន្យ មិនចម្រើន ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវហេតុនេះ ថាជាការតាំងនៅដដែល ក្នុងកុសលធម៌ទាំងឡាយ មិនមែនជាការសាបសូន្យ មិនមែនជាសេចក្តីចម្រើន ។ ម្នាលភិក្ខុទាំងឡាយ ការតាំងនៅដដែល ក្នុងកុសលធម៌ទាំងឡាយ មិនមែនជាការសាបសូន្យ មិនមែនជាសេចក្តីចម្រើន យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន ក្នុងកុសលធម៌ទាំងឡាយ មិនមែនជាការតាំងនៅដដែល មិនមែនជាការសាបសូន្យ តើដោយប្រការដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងប៉ុន្មាន ក្នុងសាសនានេះ ប្រកបដោយសទ្ធា សីលៈ សុតៈ ចាគៈ បញ្ញា និងបដិភាណៈ ពួកធម៌នោះ របស់ភិក្ខុនោះ មិនតាំងនៅដដែល មិនសាបសូន្យទេ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវហេតុនេះថា ជាសេចក្តីចម្រើន ក្នុងកុសលធម៌ទាំងឡាយ មិនមែនជាការតាំងនៅដដែល មិនមែនជាសេចក្តីសាបសូន្យទេ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន ក្នុងកុសលធម៌ទាំងឡាយ មិនមែនជាការតាំងនៅដដែល មិនមែនជាសេចក្តីសាបសូន្យយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុមិនឆ្លាស ក្នុងវារៈនៃចិត្តបុគ្គលដទៃទេ គួរគិតថា យើងទាំងឡាយ ជាអ្នកឆ្លាស ក្នុងវារៈនៃចិត្តរបស់ខ្លួន ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរសិក្សាយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុឆ្លាស ក្នុងវារៈនៃចិត្តរបស់ខ្លួន តើដោយប្រការដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ដូចជាស្រ្តី ឬបុរសកំឡោះ ឬជំទង់ ប្រកបដោយជាតិជាអ្នកស្អិតស្អាង កាលពិចារណា មើលស្រមោលមុខរបស់ខ្លួន ក្នុងកញ្ចក់ដ៏បរិសុទ្ធផូរផង់ ឬក្នុងភាជន៍ទឹកថ្លា បើឃើញនូវធូលី ឬកន្ទួលក្នុងកញ្ចក់ ឬទឹកនោះ តែងព្យាយាម ដើម្បីលះបង់នូវធូលី ឬកន្ទួលនោះចេញ បើមិនឃើញធូលី ឬកន្ទួល ក្នុងកញ្ចក់ ឬទឹកនោះទេ ក៏មានចិត្តត្រេកអរ មានតម្រិះគ្រប់គ្រាន់ ដោយហេតុនោះថា ឱហ្ន៎ អាត្មាអញ មានលាភ ឱហ្ន៎ មុខរបស់អាត្មាអញ បរិសុទ្ធ ឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ឧបមេយ្យ ដូចជា ការពិចារណា ក្នុងកុសលធម៌ទាំងឡាយ រមែងមានឧបការៈច្រើន ដល់ភិក្ខុនោះថា អាត្មាអញ ជាអ្នកមានអភិជ្ឈាច្រើនឬហ្ន៎ អាត្មាអញ ជាអ្នកមិនមានអភិជ្ឈាច្រើនឬហ្ន៎ អាត្មាអញ ជាអ្នកមានចិត្តព្យាបាទច្រើនឬហ្ន៎ អាត្មាអញ ជាអ្នកមានចិត្តមិនមានព្យាបាទច្រើនឬហ្ន៎ អាត្មាអញ ជាអ្នកត្រូវថីនមិទ្ធៈគ្របសង្កត់ច្រើនឬហ្ន៎ អាត្មាអញ ជាអ្នកប្រាសចាកថីនមិទ្ធៈច្រើនឬហ្ន៎ អាត្មាអញ ជាអ្នកមានចិត្តអណ្តែតអណ្តូងច្រើនឬហ្ន៎ អាត្មាអញ ជាអ្នកមានចិត្តមិនអណ្តែតអណ្តូងច្រើនឬហ្ន៎ អាត្មាអញ ជាអ្នកមានវិចិកិច្ឆាច្រើនឬហ្ន៎ អាត្មាអញ ជាអ្នកឆ្លងចាកវិចិកិច្ឆាច្រើនឬហ្ន៎ អាត្មាអញ ជាអ្នកមានសេចក្តីក្រោធច្រើនឬហ្ន៎ អាត្មាអញ មិនមានសេចក្តីក្រោធច្រើនឬហ្ន៎ អាត្មាអញ ជាអ្នកមានចិត្តសៅហ្មងច្រើនឬហ្ន៎ អាត្មាអញ ជាអ្នកមានចិត្តមិនសៅហ្មងច្រើនឬហ្ន៎ អាត្មាអញ ជាអ្នកមានកាយក្រវល់ក្រវាយច្រើនឬហ្ន៎ អាត្មាអញ ជាអ្នកមានកាយមិនក្រវល់ក្រវាយច្រើនឬហ្ន៎ អាត្មាអញ ជាអ្នកខ្ជិលច្រអូសច្រើនឬហ្ន៎ អាត្មាអញ ជាអ្នកមានព្យាយម ប្រារព្ធច្រើនឬហ្ន៎ អាត្មាអញ ជាអ្នកមានចិត្តមិនខ្ជាប់ខ្ជួនច្រើនឬហ្ន៎ អាត្មាអញ ជាអ្នកមានចិត្តខ្ជាប់ខ្ជួនច្រើនឬហ្ន៎ ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុពិចារណា ដឹងយ៉ាងនេះថា អាត្មាអញ ជាអ្នកមានអភិជ្ឈាច្រើន អាត្មាអញ ជាអ្នកមានចិត្តព្យាបាទច្រើន អាត្មាអញ ជាអ្នកត្រូវថីនមិទ្ធៈគ្របសង្កត់ច្រើន អាត្មាអញ ជាអ្នកមានចិត្តអណ្តែតអណ្តូងច្រើន អាត្មាអញ ជាអ្នកមានវិចិកិច្ឆាច្រើន អាត្មាអញ ជាអ្នកមានសេចក្តីក្រោធច្រើន អាត្មាអញ ជាអ្នកមានចិត្តសៅហ្មងច្រើន អាត្មាអញ ជាអ្នកមានកាយក្រវល់ក្រវាយច្រើន អាត្មាអញ ជាអ្នកខ្ជិលច្រអូសច្រើន អាត្មាអញ ជាអ្នកមានចិត្តមិនខ្ជាប់ខ្ជួនច្រើន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គួរធ្វើសេចក្តីប៉ុនប៉ងផង ព្យាយាមផង សេចក្តីខ្មីឃ្មាតផង ប្រឹងប្រែងផង សេចក្តីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីលះបង់នូវពួកអកុសលធម៌ដ៏លាមកទាំងនោះចេញ ។ ម្នាលអាវុសោទាំងឡាយ ដូចជាសំពត់ត្រូវភ្លើងឆេះ ឬក្បាលដែលត្រូវភ្លើងឆេះ បុគ្គលគប្បីប្រញាប់ធ្វើសេចក្តីប៉ុនប៉ងផង ព្យាយាមផង សេចក្តីខ្មីឃ្មាតផង ប្រឹងប្រែងផង សេចក្តីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីលត់សំពត់ ឬក្បាលនោះឯង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គួរប្រញាប់ធ្វើសេចក្តីប៉ុនប៉ងផង ព្យាយាមផង សេចក្តីខ្មីឃ្មាតផង ប្រឹងប្រែងផង សេចក្តីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីលះបង់នូវពួកអកុសលធម៌ដ៏លាមក ទាំងនោះចេញ ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុពិចារណា ដឹងយ៉ាងនេះថា អាត្មាអញ ជាអ្នកមិនមានអភិជ្ឈាច្រើន អាត្មាអញ ជាអ្នកមានចិត្តមិនព្យាបាទច្រើន អាត្មាអញ ជាអ្នកប្រាសចាកថីនមិទ្ធៈច្រើន អាត្មាអញ ជាអ្នកមានចិត្តមិនអណ្តែតអណ្តូងច្រើន អាត្មាអញ ជាអ្នកឆ្លងចាកវិចិកិច្ឆាច្រើន អាត្មាអញ ជាអ្នកមិនមានសេចក្តីក្រោធច្រើន អាត្មាអញ ជាអ្នកមានចិត្តមិនសៅហ្មងច្រើន អាត្មាអញ ជាអ្នកមានកាយមិនក្រវល់ក្រវាយច្រើន អាត្មាអញ ជាអ្នកមានព្យាយាម ប្រារព្ធច្រើន អាត្មាអញ ជាអ្នកមានចិត្តខ្ជាប់ខ្ជួនច្រើន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីតាំងនៅក្នុងកុសលធម៌ទាំងនោះ ហើយគួរធ្វើព្យាយាម ដើម្បីឲ្យអស់ទៅនៃអាសវៈទាំងឡាយតទៅ ។

៤. សមថសូត្រកែប្រែ

[៥៤] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុមិនឆ្លាស ក្នុងវារៈនៃចិត្តអ្នកដទៃទេ គួរគិតថា យើងទាំងឡាយ ជាអ្នកឆ្លាសក្នុងវារៈនៃចិត្តរបស់ខ្លួន ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរសិក្សាយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុឆ្លាសក្នុងវារៈនៃចិត្តរបស់ខ្លួន តើដោយប្រការដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ដូចជាស្រ្តី ឬបុរសកំឡោះ ឬជំទង់ ប្រកបដោយជាតិជាអ្នកស្អិតស្អាង ពិចារណាមើលស្រមោលមុខរបស់ខ្លួន ក្នុងកញ្ចក់ដ៏បរិសុទ្ធផូរផង់ ឬក្នុងភាជន៍ទឹកថ្លា បើឃើញនូវធូលី ឬកន្ទួលក្នុងកញ្ចក់ ឬទឹកនោះ ក៏ព្យាយាម ដើម្បីលះបង់នូវធូលី ឬកន្ទួលនោះចេញ បើមិនឃើញធូលី ឬកន្ទួលនៃមុខនោះទេ ក៏មានចិត្តត្រេកអរ មានតម្រិះគ្រប់គ្រាន់ ដោយហេតុនោះថា ឱហ្ន៎ អាត្មាអញ មានលាភ ឱហ្ន៎ មុខរបស់អាត្មាអញ បរិសុទ្ធ ឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ឧបមេយ្យដូចជា ការពិចារណា ក្នុងកុសលធម៌ទាំងឡាយ រមែងមានឧបការៈច្រើន ដល់ភិក្ខុថា អាត្មាអញ ជាអ្នកបាននូវចេតោសមថៈ ខាងក្នុងសន្តានឬហ្ន៎ អាត្មាអញ ជាអ្នកមិនបាននូវចេតោសមថៈ ខាងក្នុងសន្តានឬហ្ន៎ អាត្មាអញ ជាអ្នកបានអធិប្បញ្ញាធម្មវិបស្សនាឬហ្ន៎ អាត្មាអញ ជាអ្នកមិនបានអធិប្បញ្ញាធម្មវិបស្សនាឬហ្ន៎ ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុពិចារណា ដឹងយ៉ាងនេះថា អាត្មាអញ បានចេតោសមថៈខាងក្នុងសន្តាន តែមិនបានអធិប្បញ្ញាធម្មវិបស្សនាទេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គួរឋិតនៅក្នុងចេតោសមថៈ ខាងក្នុងសន្តាន ហើយធ្វើព្យាយាម ក្នុងអធិប្បញ្ញាធម្មវិបស្សនា ។ លុះសម័យខាងក្រោយមក ភិក្ខុនោះ ក៏បាននូវចេតោសមថៈ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុពិចារណា រមែងដឹងយ៉ាងនេះថា អាត្មាអញ បាននូវអធិប្បញ្ញាធម្មវិបស្សនា តែមិនបានចេតោសមថៈខាងក្នុងសន្តានទេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គួរឋិតនៅក្នុងអធិប្បញ្ញាធម្មវិបស្សនា ហើយធ្វើសេចក្តីព្យាយាម ក្នុងចេតោសមថៈខាងក្នុងសន្តាន ។ លុះសម័យខាងក្រោយមក ភិក្ខុនោះ បាននូវអធិប្បញ្ញាធម្មវិបស្សនាផង បាននូវចេតោសមថៈ ខាងក្នុងសន្តានផង ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុពិចារណា រមែងដឹងយ៉ាងនេះថា អាត្មាអញ មិនបានចេតោសមថៈខាងក្នុងសន្តាន ទាំងមិនបានអធិប្បញ្ញាធម្មវិបស្សនា ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីធ្វើសេចក្តីប៉ុនប៉ងផង ព្យាយាមផង សេចក្តីខ្មីឃ្មាតផង ប្រឹងប្រែងផង សេចក្តីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីបាននូវពួកធម៌ ជាកុសលទាំងនោះឯង ។ ម្នាលភិក្ខុទាំងឡាយ ដូចជាសំពត់ដែលត្រូវភ្លើងឆេះ ឬក្បាលដែលត្រូវភ្លើងឆេះ បុគ្គលគប្បីប្រញាប់ធ្វើសេចក្តីប៉ុនប៉ងផង ព្យាយាមផង សេចក្តីខ្មីឃ្មាតផង ប្រឹងប្រែងផង សេចក្តីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីលត់នូវសំពត់ ឬក្បាលនោះឯង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីធ្វើនូវសេចក្តីប៉ុនប៉ងផង ព្យាយាមផង សេចក្តីខ្មីឃ្មាតផង ប្រឹងប្រែងផង សេចក្តីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីបាននូវពួកកុសលធម៌ទាំងនោះ ក៏យ៉ាងនោះដែរ ។ លុះសម័យខាងក្រោយមក ភិក្ខុនោះ បាននូវចេតោសមថៈ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុពិចារណា រមែងដឹងយ៉ាងនេះថា អាត្មាអញ បានចេតោសមថៈខាងក្នុងសន្តាន បានអធិប្បញ្ញាធម្មវិបស្សនា ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គួរតាំងនៅក្នុងកុសលធម៌ទាំងនោះ ហើយធ្វើព្យាយាមដើម្បីឲ្យអស់ទៅនៃអាសវៈទាំងឡាយតទៅ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវចីវរដោយចំណែកពីរប្រការ គឺគួរសេព ១ មិនគួរសេព ១ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវបិណ្ឌបាត ដោយចំណែកពីរប្រការ គឺគួរសេព ១ មិនគួរសេព ១ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវសេនាសនៈ ដោយចំណែកពីរប្រការ គឺគួរសេព ១ មិនគួរសេព ១ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវស្រុក ឬនិគមដោយចំណែកពីរប្រការ គឺគួរសេព ១ មិនគួរសេព ១ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវជនបទ ឬប្រទេសដោយចំណែកពីរប្រការ គឺគួរសេព ១ មិនគួរសេព ១ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវបុគ្គល ដោយចំណែកពីរ គឺគួរសេព ១ មិនគួរសេព ១ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវចីវរ ដោយចំណែកពីរប្រការ គឺគួរសេព ១ មិនគួរសេព ១ ពាក្យនេះ តថាគតពោលហើយ ដោយប្រការដូច្នេះឯង ពាក្យដែលតថាគតពោលហើយនុ៎ះ ព្រោះអាស្រ័យ ហេតុដូចម្តេច ។ បណ្តាចីវរទាំងពីរប្រការនោះ ភិក្ខុគប្បីដឹងនូវចីវរណាថា កាលបើអាត្មាអញ សេពចីវរនេះឯង អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ ចីវរបែបនេះ ភិក្ខុមិនគួរសេពឡើយ ។ បណ្តាចីវរទាំងពីរប្រការនោះ ភិក្ខុគប្បីដឹងចីវរណាមួយ កាលបើអាត្មាអញ សេពចីវរណា អកុសលធម៌ទាំងឡាយ សាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើនឡើង ចីវរបែបនេះភិក្ខុគួរសេព ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវចីវរដោយចំណែកពីរប្រការ គឺគួរសេព ១ មិនគួរសេព ១ ពាក្យណាដែលតថាគតពោលហើយ ដោយប្រការដូច្នេះ ពាក្យនេះ តថាគតពោលហើយ ព្រោះសំដៅហេតុនេះឯង ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវបិណ្ឌបាត ដោយចំណែកពីរប្រការ គឺគួរសេព ១ មិនគួរសេព ១ ពាក្យនុ៎ះ តថាគតពោលហើយ ដោយប្រការដូច្នេះនេះ ពាក្យដែលតថាគត ពោលហើយនុ៎ះ ព្រោះអាស្រ័យហេតុដូចម្តេច ។ បណ្តាបិណ្ឌបាតទាំងនោះ ភិក្ខុគប្បីដឹងនូវបិណ្ឌបាតណាថា កាលបើអាត្មាអញ សេពបិណ្ឌបាតនេះឯង អកុសលធម៌ទាំងឡាយ ចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ បិណ្ឌបាតបែបនេះ ភិក្ខុមិនគួរសេពឡើយ ។ បណ្តាបិណ្ឌបាតទាំងនោះ ភិក្ខុគប្បីដឹងនូវបិណ្ឌបាតណាថា កាលបើអាត្មាអញ សេពបិណ្ឌបាតនេះឯង អកុសលធម៌ទាំងឡាយ សាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចម្រើនឡើង បិណ្ឌបាតបែបនេះ ភិក្ខុគួរសេព ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវបិណ្ឌបាត ដោយចំណែកពីរប្រការ គឺគួរសេព ១ មិនគួរសេព ១ ពាក្យណា ដែលតថាគតពោលហើយ ដោយប្រការដូច្នេះ ពាក្យនេះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវសេនាសនៈ ដោយចំណែកពីរប្រការ គឺគួរសេព ១ មិនគួរសេព ១ ពាក្យនុ៎ះ តថាគតពោលហើយ ដោយប្រការដូច្នេះ ពាក្យដែលតថាគតពោលហើយនុ៎ះ ព្រោះអាស្រ័យហេតុដូចម្តេច ។ បណ្តាសេនាសនៈទាំងនោះ ភិក្ខុគប្បីដឹងនូវសេនាសនៈណាថា កាលបើអាត្មាអញ សេពសេនាសនៈនេះឯង អកុសលធម៌ទាំងឡាយ ចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ សេនាសនៈបែបនេះ ភិក្ខុមិនគួរសេពឡើយ ។ បណ្តាសេនាសនៈទាំងនោះ ភិក្ខុដឹងនូវសេនាសនៈណាថា កាលបើអាត្មាអញ សេពសេនាសនៈនេះឯង អកុសលធម៌ទាំងឡាយ សាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចម្រើនឡើង សេនាសនៈបែបនេះ ភិក្ខុគួរសេព ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវសេនាសនៈ ដោយចំណែកពីរប្រការ គឺគួរសេព ១ មិនគួរសេព ១ ពាក្យណា ដែលតថាគតពោលហើយ ដោយប្រការដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវស្រុក ឬនិគមដោយចំណែកពីរប្រការ គឺគួរសេព ១ មិនគួរសេព ១ ពាក្យនុ៎ះ តថាគតពោលហើយ ដោយប្រការដូច្នេះ ពាក្យដែលតថាគត ពោលហើយ អាស្រ័យហេតុដូចម្តេច ។ បណ្តាស្រុក ឬនិគមនោះ ភិក្ខុគប្បីដឹងនូវស្រុក ឬនិគមណាថា កាលបើអាត្មាអញ សេពស្រុក ឬនិគមនោះឯង អកុសលធម៌ទាំងឡាយ ចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ ស្រុក ឬនិគមបែបនេះ ភិក្ខុមិនគួរសេពឡើយ ។ បណ្តាស្រុក ឬនិគមទាំងនោះ ភិក្ខុគប្បីដឹងស្រុក ឬនិគមណាថា កាលបើអាត្មាអញ សេពស្រុក ឬនិគមនេះឯង អកុសលធម៌ទាំងឡាយ សាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចម្រើនឡើង ស្រុក ឬនិគមបែបនេះ ភិក្ខុគួរសេព ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវស្រុក ឬនិគម ដោយចំណែកពីរប្រការ គឺគួរសេព ១ មិនគួរសេព ១ ពាក្យណា ដែលតថាគតពោលហើយ ដោយប្រការដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវជនបទ ឬប្រទេសដោយចំណែកពីរប្រការ គឺគួរសេព ១ មិនគួរសេព ១ ពាក្យនុ៎ះ តថាគតពោលហើយ ដោយប្រការដូច្នេះ ពាក្យដែលតថាគតពោលហើយនុ៎ះ ព្រោះអាស្រ័យហេតុដូចម្តេច ។ បណ្តាជនបទ ឬប្រទេសទាំងនោះ ភិក្ខុគប្បីដឹងជនបទ ឬប្រទេសណាថា កាលបើអាត្មាអញសេពជនបទ ឬប្រទេសនេះឯង អកុសលធម៌ទាំងឡាយ ចម្រើនឡើង កុសលធម៌ទាំងឡាយសាបសូន្យទៅ ជនបទ ឬប្រទេសបែបនេះ ភិក្ខុមិនគួរសេពឡើយ ។ បណ្តាជនបទ ឬប្រទេសទាំងនោះ ភិក្ខុគប្បីដឹងនូវជនបទ ឬប្រទេសណាថា កាលបើអាត្មាអញ សេពជនបទ ឬប្រទេសនេះឯង អកុសលធម៌ទាំងឡាយ សាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចម្រើនឡើង ជនបទ ឬប្រទេសបែបនេះ ភិក្ខុគួរសេព ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវជនបទ ឬប្រទេសដោយចំណែកពីរប្រការ គឺគួរសេព ១ មិនគួរសេព ១ ពាក្យណាដែលតថាគតពោលហើយ ដោយប្រការដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវបុគ្គលដោយចំណែកពីរ គឺគួរសេព ១ មិនគួរសេព ១ ពាក្យនុ៎ះ តថាគតពោលហើយ ដោយប្រការដូច្នេះ ពាក្យដែលតថាគតពោលហើយនុ៎ះ ព្រោះអាស្រ័យហេតុដូចម្តេច ។ បណ្តាបុគ្គលទាំងនោះ ភិក្ខុគប្បីដឹងនូវបុគ្គលណាថា កាលបើអាត្មាអញសេព បុគ្គលនេះឯង អកុសលធម៌ទាំងឡាយ ចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ បុគ្គលបែបនេះ ភិក្ខុមិនគួរសេព ។ បណ្តាបុគ្គលទាំងនោះ ភិក្ខុគប្បីដឹងនូវបុគ្គលណាថា កាលបើអាត្មាអញ សេពបុគ្គលនេះឯង អកុសលធម៌ទាំងឡាយ សាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចម្រើនឡើង បុគ្គលបែបនេះ ភិក្ខុគួរសេព ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវបុគ្គលដោយចំណែកពីរ គឺគួរសេព ១ មិនគួរសេព ១ ពាក្យណា ដែលតថាគតពោលហើយ ដោយប្រការដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង ។

៥. បរិហានសូត្រកែប្រែ

[៥៥] ក្នុងទីនោះ ព្រះសារីបុត្តដ៏មានអាយុ ហៅភិក្ខុទាំងឡាយថា ម្នាលអាវុសោ ភិក្ខុទាំងឡាយ ។ ពួកភិក្ខុទាំងនោះ ទទួលថេរវាចារបស់ព្រះសារីបុត្តដ៏មានអាយុថា អាវុសោ ។ ព្រះសារីបុត្តដ៏មានអាយុ បានពោលពាក្យនេះថា ម្នាលអាវុសោទាំងឡាយ អ្នកផងតែងនិយាយថា បុគ្គលមានធម៌សាបសូន្យ បុគ្គលមានធម៌សាបសូន្យ ដូច្នេះ ម្នាលអាវុសោទាំងឡាយ អ្នកផង តែងនិយាយថា បុគ្គលមានធម៌មិនសាបសូន្យ បុគ្គលមានធម៌មិនសាបសូន្យ ដូច្នេះ ។ ម្នាលអាវុសោទាំងឡាយ បុគ្គលមានធម៌សាបសូន្យ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហើយ ដោយបរិយាយដូចម្តេច ចំណែកខាងបុគ្គល មានធម៌មិនសាបសូន្យ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហើយ ដោយបរិយាយដូចម្តេច ។ ពួកភិក្ខុតបថា ម្នាលអាវុសោទាំងឡាយ យើងទាំងឡាយមកអំពីចម្ងាយ ដើម្បីដឹងនូវសេចក្តីនៃភាសិតនេះ ក្នុងសំណាក់នៃព្រះសារីបុត្តដ៏មានអាយុ សូមព្រះសារីបុត្តដ៏មានអាយុ សំដែងនូវសេចក្តីនៃភាសិតនោះឲ្យទាន ពួកភិក្ខុបានស្តាប់ព្រះសារីបុត្តដ៏មានអាយុហើយ នឹងចងចាំបាន ។ ម្នាលអាវុសោទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ ខ្ញុំនឹងសំដែង ។ ពួកភិក្ខុទាំងនោះ ទទួលថេរវាចា របស់ព្រះសារីបុត្តដ៏មានអាយុថា ករុណា អាវុសោ យ៉ាងនេះ ។ ព្រះសារីបុត្តដ៏មានអាយុ បានពោលពាក្យនេះថា ម្នាលអាវុសោទាំងឡាយ បុគ្គលដែលមានធម៌សាបសូន្យ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហើយ ដោយបរិយាយដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនបានស្តាប់ធម៌ ដែលខ្លួនមិនធ្លាប់បានស្តាប់ផង ធម៌ទាំងឡាយ ដែលភិក្ខុនោះ ធ្លាប់បានស្តាប់ហើយ ក៏ដល់នូវការភ្លេចភ្លាំងទៅផង មួយទៀត ធម៌ទាំងឡាយណា ដែលភិក្ខុនោះ ធ្លាប់ពាល់ត្រូវដោយចិត្ត ក្នុងកាលមុន ធម៌ទាំងនោះ ក៏មិនផុសឡើង ដល់ភិក្ខុនោះផង ភិក្ខុនោះ មិនដឹងនូវធម៌ដែលខ្លួនមិនទាន់ដឹងផង ។ ម្នាលអាវុសោទាំងឡាយ បុគ្គលមានធម៌សាបសូន្យ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហើយ ដោយបរិយាយប៉ុណ្ណេះឯង ។ ម្នាលអាវុសោទាំងឡាយ បុគ្គលមានធម៌មិនសាបសូន្យ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហើយ ដោយបរិយាយដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្តាប់នូវធម៌ដែលខ្លួនមិនធ្លាប់បានស្តាប់ផង ពួកធម៌ដែលភិក្ខុនោះ ធ្លាប់ស្តាប់ហើយ ក៏មិនដល់នូវការភ្លេចភ្លាំងទៅផង មួយទៀត ពួកធម៌ណា ដែលភិក្ខុនោះ ធ្លាប់ពាល់ត្រូវដោយចិត្តក្នុងកាលមុន ពួកធម៌នោះ ក៏ផុសឡើង ដល់ភិក្ខុនោះឯង ភិក្ខុនោះ ក៏ដឹងច្បាស់នូវធម៌ ដែលខ្លួនមិនធ្លាប់ដឹងផង ។ ម្នាលអាវុសោទាំងឡាយ បុគ្គលមានធម៌មិនសាបសូន្យ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហើយ ដោយបរិយាយប៉ុណ្ណេះឯង ។ ម្នាលអាវុសោទាំងឡាយ បើភិក្ខុមិនឈ្លាស ក្នុងវារៈនៃចិត្តអ្នកដទៃ គួរគិតថា យើងទាំងឡាយ ជាអ្នកឈ្លាស ក្នុងវារៈនៃចិត្តរបស់ខ្លួន ។ ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ គួរសិក្សាយ៉ាងនេះឯង ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកឈ្លាស ក្នុងវារៈនៃចិត្តរបស់ខ្លួន តើដោយប្រការដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ដូចជាស្រ្តី ឬបុរសកំឡោះ ឬជំទង់ ប្រកបដោយជាតិជាអ្នកស្អិតស្អាង កាលពិចារណាមើលស្រមោលមុខរបស់ខ្លួន ក្នុងកញ្ចក់ដ៏បរិសុទ្ធផូរផង់ ឬក្នុងភាជន៍ទឹកថ្លា បើឃើញធូលី ឬកន្ទួល ក្នុងកញ្ចក់ ឬទឹកនោះ តែងព្យាយាម ដើម្បីលះបង់ធូលី ឬកន្ទួលនោះចេញ បើមិនឃើញធូលី ឬកន្ទួលក្នុងកញ្ចក់ ឬទឹកនោះទេ ក៏មានចិត្តត្រេកអរ មានតម្រិះគ្រប់គ្រាន់ ដោយហេតុនោះថា ឱហ្ន៎ អាត្មាអញមានលាភ ឱហ្ន៎ (មុខ) របស់អាត្មាអញបរិសុទ្ធ មានឧបមាយ៉ាងណា ម្នាលអាវុសោទាំងឡាយ ឧបមេយ្យដូចជាការពិចារណា ក្នុងកុសលធម៌ទាំងឡាយ ជាធម៌មានឧបការៈច្រើនដល់ភិក្ខុថា អាត្មាអញ ជាអ្នកមិនមានអភិជ្ឈាច្រើនឬហ្ន៎ ធម៌នុ៎ះ មានដល់អាត្មាអញឬហ្ន៎ ឬថាមិនមានទេ អាត្មាអញ ជាអ្នកមិនមានចិត្តព្យាបាទច្រើនឬហ្ន៎ ធម៌នុ៎ះ មានដល់អាត្មាអញឬហ្ន៎  ឬថាមិនមានទេ អាត្មាអញ ជាអ្នកប្រាសចាកថីនមិទ្ធៈច្រើនឬហ្ន៎ ធម៌នុ៎ះ មានដល់អាត្មាអញឬហ្ន៎ ឬថាមិនមានទេ អាត្មាអញ ជាអ្នកមានចិត្តមិនអណ្តែតអណ្តូងច្រើនឬហ្ន៎ ធម៌នុ៎ះ មានដល់អាត្មាអញឬហ្ន៎ ឬថាមិនមានទេ អាត្មាអញ ជាអ្នកឆ្លងចាកវិចិកិច្ឆាច្រើនឬហ្ន៎ ធម៌នុ៎ះ មានដល់អាត្មាអញឬហ្ន៎ ឬថាមិនមានទេ អាត្មាអញ ជាអ្នកមិនមានសេចក្តីក្រោធច្រើនឬហ្ន៎ ធម៌នុ៎ះ មានដល់អាត្មាអញឬហ្ន៎ ឬថាមិនមានទេ អាត្មាអញ ជាអ្នកមានចិត្តមិនសៅហ្មងច្រើនឬហ្ន៎ ធម៌នុ៎ះ មានដល់អាត្មាអញឬហ្ន៎ ឬថាមិនមានទេ អាត្មាអញ ជាអ្នកបាននូវធម្មប្បាមុជ្ជៈ ខាងក្នុងសន្តានឬហ្ន៎ ធម៌នុ៎ះ មានដល់អាត្មាអញឬហ្ន៎ ឬថាមិនមានទេ អាត្មាអញ ជាអ្នកបានចេតោសមថៈ ខាងក្នុងសន្តានឬហ្ន៎ ធម៌នុ៎ះ មានដល់អាត្មាអញឬហ្ន៎ ឬថាមិនមានទេ អាត្មាអញ ជាអ្នកបាននូវអធិប្បញ្ញាធម្មវិបស្សនាឬហ្ន៎ ធម៌នុ៎ះ មានដល់អាត្មាអញឬហ្ន៎ ឬថាមិនមានទេ ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុពិចារណា មិនឃើញពួកកុសលធម៌ទាំងអស់នេះ ក្នុងខ្លួនទេ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គប្បីធ្វើនូវសេចក្តីប៉ុនប៉ងផង ព្យាយាមផង សេចក្តីខ្មីឃ្មាតផង ប្រឹងប្រែងផង សេចក្តីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីបាននូវពួកកុសលធម៌ទាំងអស់នេះ ។ ម្នាលអាវុសោទាំងឡាយ ដូចជាសំពត់ដែលត្រូវភ្លើងឆេះ ឬក្បាលដែលត្រូវភ្លើងឆេះ បុគ្គលគួរប្រញាប់ធ្វើនូវសេចក្តីប៉ុនប៉ងផង ព្យាយាមផង សេចក្តីខ្មីឃ្មាតផង ប្រឹងប្រែងផង សេចក្តីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីលត់នូវសំពត់ ឬក្បាលនោះឯង យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គប្បីប្រញាប់ធ្វើនូវសេចក្តីប៉ុនប៉ងផង ព្យាយាមផង សេចក្តីខ្មីឃ្មាតផង ប្រឹងប្រែងផង សេចក្តីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីបានចំពោះនូវពួកកុសលធម៌ទាំងនេះ ក៏យ៉ាងនោះដែរ ។ ម្នាលអាវុសោទាំងឡាយ បើភិក្ខុពិចារណាឃើញនូវកុសលធម៌ទាំងឡាយពួកខ្លះ ក្នុងខ្លួន មិនឃើញនូវកុសលធម៌ទាំងឡាយពួកខ្លះក្នុងខ្លួនទេ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ ពិចារណាឃើញនូវកុសលធម៌ទាំងឡាយណា ក្នុងខ្លួន ឋិតនៅក្នុងកុសលធម៌ទាំងឡាយនោះ (បើ) មិនទាន់ឃើញនូវកុសលធម៌ទាំងឡាយណាក្នុងខ្លួនទេ ត្រូវធ្វើនូវសេចក្តីប៉ុនប៉ងផង ព្យាយាមផង សេចក្តីខ្មីឃ្មាតផង ប្រឹងប្រែងផង សេចក្តីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីបាននូវកុសលធម៌ទាំងឡាយនោះ ។ ម្នាលអាវុសោទាំងឡាយ ដូចជាសំពត់ដែលត្រូវភ្លើងឆេះ ឬក្បាលដែលត្រូវភ្លើងឆេះ បុគ្គលគប្បីប្រញាប់ធ្វើនូវសេចក្តីប៉ុនប៉ងផង ព្យាយាមផង សេចក្តីខ្មីឃ្មាតផង ប្រឹងប្រែងផង សេចក្តីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីលត់សំពត់ ឬក្បាលនោះឯង យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ ពិចារណាឃើញ នូវកុសលធម៌ទាំងឡាយណាក្នុងខ្លួន ឋិតនៅក្នុងកុសលធម៌ទាំងឡាយនោះ (បើ) មិនទាន់ឃើញនូវកុសលធម៌ទាំងឡាយណា ក្នុងខ្លួនទេ ត្រូវធ្វើនូវសេចក្តីប៉ុនប៉ងផង ព្យាយាមផង សេចក្តីខ្មីឃ្មាតផង ប្រឹងប្រែងផង សេចក្តីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីបាននូវកុសលធម៌ទាំងឡាយនោះ ក៏យ៉ាងនោះដែរ ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុពិចារណាឃើញកុសលធម៌ទាំងអស់នេះ ក្នុងខ្លួន ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គួរឋិតនៅ ក្នុងកុសលធម៌ទាំងអស់នេះ ហើយធ្វើនូវសេចក្តីព្យាយាម ដើម្បីអស់ទៅនៃអាសវៈទាំងឡាយតទៅ ។

៦. បឋមសញ្ញាសូត្រកែប្រែ

[៥៦] ម្នាលភិក្ខុទាំងឡាយ សញ្ញានេះ មាន ១០ ប្រការ ដែលបុគ្គលបានចម្រើន បានធ្វើឲ្យច្រើនហើយ មានផលច្រើន មានអានិសង្សច្រើន ឈមទៅកាន់អមតៈ មានអមតៈជាបរិយោសាន ។ សញ្ញា ១០ តើដូចម្តេចខ្លះ ។ គឺអសុភសញ្ញា (សំគាល់ថាមិនស្អាត) ១ មរណសញ្ញា (សំគាល់ក្នុងសេចក្តីស្លាប់) ១ អាហារេ បដិកូលសញ្ញា (សំគាល់ថាគួរខ្ពើមរអើមក្នុងអាហារ) ១ សព្វលោកេ អនភិរតសញ្ញា (សេចក្តីសំគាល់ថាមិនគួរត្រេកអរ ក្នុងលោកទាំងអស់) ១ អនិច្ចសញ្ញា (សំគាល់ថាមិនទៀង) ១ អនិច្ចេ ទុក្ខសញ្ញា (សំគាល់ថាជាទុក្ខក្នុងរបស់មិនទៀង) ១ ទុក្ខេ អនត្តសញ្ញា (សំគាល់ថាមិនមែនខ្លួនក្នុងរបស់ដែលជាទុក្ខ) ១ បហានសញ្ញា (សំគាល់ថាគួរលះបង់) ១ វិរាគសញ្ញា (សំគាល់ការប្រាសចាកតម្រេក) ១ និរោធសញ្ញា (សំគាល់ការរលត់) ១ ។ ម្នាលភិក្ខុទាំងឡាយ សញ្ញាទាំង ១០ នេះឯង ដែលបុគ្គលបានចម្រើន បានធ្វើឲ្យច្រើនហើយ មានផលច្រើន មានអានិសង្សច្រើន ឈមទៅកាន់អមតៈ មានអមតៈ ជាបរិយោសាន ។

៧. ទុតិយសញ្ញាសូត្រកែប្រែ

[៥៧] ម្នាលភិក្ខុទាំងឡាយ សញ្ញានេះ មាន ១០ ប្រការ ដែលបុគ្គលបានចម្រើនហើយ បានធ្វើឲ្យច្រើនហើយ មានផលច្រើន មានអានិសង្សច្រើន ឈមទៅកាន់អមតៈ មានអមតៈ ជាបរិយោសាន ។ សញ្ញា ១០ តើដូចម្តេចខ្លះ ។ គឺ អនិច្ចសញ្ញា ១ អនត្តសញ្ញា ១ មរណសញ្ញា ១ អាហារេ បដិកូលសញ្ញា ១ សព្វលោកេ អនភិរតសញ្ញា ១ អដ្ឋិកសញ្ញា (សំគាល់អសុភដែលមានតែរាងឆ្អឹង) ១ បុឡុវកសញ្ញា (សំគាល់អសុភដែលមានដង្កូវចុះ) ១ វិនីលកសញ្ញា (សំគាល់អសុភដែលមានពណ៌ខៀវ) ១ វិចិ្ឆទ្ទកសញ្ញា (សំគាល់អសុភដែលដាច់ជាកំណាត់) ១ ឧទ្ធុមាតកសញ្ញា (សំគាល់អសុភ ដែលហើមប៉ោង) ១ ។ ម្នាលភិក្ខុទាំងឡាយ សញ្ញា ១០ យ៉ាងនេះឯង ដែលបុគ្គលបានចម្រើន បានធ្វើឲ្យច្រើនហើយ មានផលច្រើន មានអានិសង្សច្រើន ឈមទៅកាន់អមតៈ មានអមតៈជាបរិយោសាន ។

៨. មូលកសូត្រកែប្រែ

[៥៨] ម្នាលភិក្ខុទាំងឡាយ កាលបើពួកអន្យតិរ្ថិយបរិញ្វជក សួរយ៉ាងនេះថា ម្នាលអាវុសោ ពួកធម៌ទាំងអស់ មានអ្វីជាឫសគល់ ពួកធម៌ទាំងអស់ មានអ្វីជាដែនកើត ពួកធម៌ទាំងអស់ មានអ្វីជាទីប្រជុំកើត ពួកធម៌ទាំងអស់ មានអ្វីជាទីប្រជុំចុះ ពួកធម៌ទាំងអស់ មានអ្វីជាប្រធាន ពួកធម៌ទាំងអស់ មានអ្វីជាធំ ពួកធម៌ទាំងអស់ មានអ្វីជាគ្រឿងវិសេស ពួកធម៌ទាំងអស់ មានអ្វីជាខ្លឹម ពួកធម៌ទាំងអស់មានអ្វីជាគ្រឿងឈមទៅរក ពួកធម៌ទាំងអស់ មានអ្វីជាបរិយោសាន ម្នាលភិក្ខុទាំងឡាយ កាលបើត្រូវពួកអន្យតិរ្ថិយបរិញ្វជកទាំងនោះសួរយ៉ាងនេះ តើអ្នកទាំងឡាយ គប្បីដោះស្រាយដូចម្តេច ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ មានព្រះដ៏មានព្រះភាគជាឫសគល់ មានព្រះដ៏មានព្រះភាគ ជាអ្នកណែនាំ មានព្រះដ៏មានព្រះភាគ ជាទីពឹងនៃយើងទាំងឡាយស្រាប់ហើយ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគ សំដែងនូវសេចក្តីនៃភាសិតនេះ ភិក្ខុទាំងឡាយ បានស្តាប់ព្រះពុទ្ធដីការបស់ព្រះដ៏មានព្រះភាគហើយ នឹងចងចាំបាន ។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរស្តាប់ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគតនឹងសំដែង ។ ពួកភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកានៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះដ៏មានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បើពួកអន្យតិរ្ថិយបរិញ្វជក សួរយ៉ាងនេះថា ម្នាលអាវុសោ ពួកធម៌ទាំងអស់ មានអ្វីជាឫសគល់ ពួកធម៌ទាំងអស់ មានអ្វីជាដែនកើត ពួកធម៌ទាំងអស់ មានអ្វីជាទីប្រជុំកើត ពួកធម៌ទាំងអស់ មានអ្វីជាទីប្រជុំចុះ ពួកធម៌ទាំងអស់ មានអ្វីជាប្រធាន ពួកធម៌ទាំងអស់ មានអ្វីជាធំ ពួកធម៌ទាំងអស់ មានអ្វីជាគ្រឿងវិសេស ពួកធម៌ទាំងអស់ មានអ្វីជាខ្លឹម ពួកធម៌ទាំងអស់ មានអ្វីជាគ្រឿងឈមទៅរក ពួកធម៌ទាំងអស់ មានអ្វីជាបរិយោសាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កាលបើត្រូវពួកអន្យតិរ្ថិយ បរិញ្វជកទាំងនោះ សួរយ៉ាងនេះ គប្បីដោះស្រាយ យ៉ាងនេះថា ម្នាលអាវុសោ ពួកធម៌ទាំងអស់ មានឆន្ទៈជាឫសគល់ ពួកធម៌ទាំងអស់ មានមនសិការៈជាដែនកើត ពួកធម៌ទាំងអស់ មានផស្សៈជាទីប្រជុំកើត ពួកធម៌ទាំងអស់ មានវេទនាជាទីប្រជុំចុះ ពួកធម៌ទាំងអស់ មានសមាធិ ជាប្រធាន ពួកធម៌ទាំងអស់ មានសតិជាធំ ពួកធម៌ទាំងអស់ មានបញ្ញាជាគ្រឿងវិសេស ពួកធម៌ទាំងអស់ មានវិមុត្តិជាខ្លឹម ពួកធម៌ទាំងអស់ មានអមតៈជាគ្រឿងឈមទៅរក ពួកធម៌ទាំងអស់ មាននិញ្វនជាបរិយោសាន ម្នាលភិក្ខុទាំងឡាយ កាលបើត្រូវពួកអន្យតិរ្ថិយ បរិញ្វជកទាំងនោះ សួរយ៉ាងនេះ គប្បីដោះស្រាយយ៉ាងនេះឯង ។

៩. បព្វជ្ជាសូត្រកែប្រែ

[៥៩] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ ភិក្ខុគប្បីសិក្សាយ៉ាងនេះថា ចិត្តយើងនឹងសន្សំដោយសមគួរដល់បព្វជ្ជាផង អកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ ក៏នឹងមិនគ្របសង្កត់ចិត្តផង ចិត្តយើងសន្សំ ក្នុងអនិច្ចសញ្ញាផង ចិត្តយើងនឹងសន្សំ ក្នុងអនត្តសញ្ញាផង ចិត្តយើងនឹងសន្សំ ក្នុងអសុភសញ្ញាផង ចិត្តយើងនឹងសន្សំ ក្នុងអាទីនវសញ្ញាផង ចិត្តយើងនឹងសន្សំក្នុងសញ្ញានោះ ព្រោះដឹងនូវសុចរិត និងទុច្ចរិត នៃសត្វលោកផង ចិត្តយើងនឹងសន្សំ ក្នុងសញ្ញានោះ ព្រោះដឹងនូវសេចក្តីចម្រើន និងសេចក្តីវិនាសនៃសត្វលោកផង ចិត្តយើងនឹងសន្សំ ក្នុងសញ្ញានោះ ព្រោះដឹងការប្រជុំកើតនិងសាបសូន្យទៅ នៃសត្វលោកផង ចិត្តយើងនឹងសន្សំក្នុងបហានសញ្ញាផង ចិត្តយើងនឹងសន្សំ ក្នុងវិរាគសញ្ញាផង ចិត្តយើងនឹងសន្សំ ក្នុងនិរោធសញ្ញាផង ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរសិក្សាយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើចិត្តដែលភិក្ខុសន្សំហើយ ដោយសមគួរដល់បព្វជ្ជាផង ពួកអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ ក៏មិនគ្របសង្កត់ចិត្តផង ចិត្តដែលភិក្ខុសន្សំហើយ ក្នុងអនិច្ចសញ្ញាផង ចិត្តដែលភិក្ខុសន្សំហើយ ក្នុងអនត្តសញ្ញាផង ចិត្តដែលភិក្ខុសន្សំហើយ ក្នុងអសុភសញ្ញាផង ចិត្តដែលភិក្ខុសន្សំហើយ ក្នុងអាទីនវសញ្ញាផង ចិត្តដែលភិក្ខុសន្សំហើយ ក្នុងសញ្ញានោះ ព្រោះដឹងនូវសុចរិត និងទុច្ចរិតរបស់សត្វលោកផង ចិត្តដែលភិក្ខុសន្សំហើយ ក្នុងសញ្ញានោះ ព្រោះដឹងនូវសេចក្តីចម្រើន និងវិនាសរបស់សត្វលោកផង ចិត្តដែលភិក្ខុសន្សំហើយ ក្នុងសញ្ញានោះ ព្រោះដឹងនូវការប្រជុំកើត និងសាបសូន្យរបស់សត្វលោកផង ចិត្តដែលភិក្ខុសន្សំហើយ ក្នុងបហានសញ្ញាផង ចិត្តដែលភិក្ខុសន្សំហើយ ក្នុងវិរាគសញ្ញាផង ចិត្តដែលភិក្ខុសន្សំហើយ ក្នុងនិរោធសញ្ញាផង ។ បណ្តាផលទាំងពីរ ផលណាមួយ រមែងប្រាកដដល់ភិក្ខុនោះ គឺនឹងបានអរហត្តផង ក្នុងបច្ចុប្បន្ន ឬកាលបើឧបាទិ នៅសេសសល់ នឹងបានអនាគាមិផល ។

១០. គិរិមានន្ទសូត្រកែប្រែ

[៦០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះគិរិមានន្ទដ៏មានអាយុ លោកមានអាពាធ ប្រកបដោយទុក្ខវេទនា ជាជម្ងឺធ្ងន់ ។ គ្រានោះឯង ព្រះអានន្ទត្ថេរដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ ត្រង់ទីដែលព្រះអង្គគង់ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទត្ថេរដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលនូវពាក្យនេះ នឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន គិរិមានន្ទដ៏មានអាយុ មានអាពាធ ប្រកបដោយទុក្ខវេទនា ជាជម្ងឺធ្ងន់ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគ ទ្រង់អនុគ្រោះ (ចំពោះគិរិមានន្ទ) សូមស្តេចចូលទៅត្រង់កន្លែង ដែលគិរិមានន្ទអាស្រ័យនៅ ។ ព្រះដ៏មានព្រះភាគ ត្រាស់តបថា ម្នាលអានន្ទ ប្រសិនបើអ្នកចូលទៅកាន់សំណាក់នៃគិរិមានន្ទភិក្ខុ សំដែងប្រាប់សញ្ញា ទាំង ១០ ប្រការ ដំណើរនេះ ជាហេតុនឹងនាំឲ្យអាពាធរបស់គិរិមានន្ទភិក្ខុនោះ បានរម្ងាប់សះស្បើយទៅមួយរំពេច ព្រោះគិរិមានន្ទភិក្ខុ បានស្តាប់នូវសញ្ញាទាំង ១០ ប្រការ ។ សញ្ញាទាំង ១០ ប្រការនោះ ដូចម្តេចខ្លះ ។ គឺ អនិច្ចសញ្ញា ១ អនត្តសញ្ញា ១ អសុភសញ្ញា ១ អាទីនវសញ្ញា ១ បហានសញ្ញា ១ វិរាគសញ្ញា ១ និរោធសញ្ញា ១ សព្វលោកេ អនភិរតសញ្ញា ១ សព្វសង្ខារេសុ អនិច្ចសញ្ញា ១ អានាបានស្សតិ ១ ។

ម្នាលអានន្ទ អនិច្ចសញ្ញា តើដូចម្តេច ។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះដ៏ស្ងាត់ក្តី ពិចារណាឃើញដូច្នេះថា រូបមិនទៀង វេទនាមិនទៀង សញ្ញាមិនទៀង សង្ខារទាំងឡាយមិនទៀង វិញ្ញាណមិនទៀង ។ ភិក្ខុពិចារណាឃើញរឿយ ៗ ថាមិនទៀង ក្នុងឧបាទានក្ខន្ធទាំង ៥ នេះ ដោយប្រការដូច្នេះ ។ ម្នាលអានន្ទ នេះហៅថា អនិច្ចសញ្ញា ។

ម្នាលអានន្ទ អនត្តសញ្ញា តើដូចម្តេច ។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី ពិចារណាឃើញដូច្នេះថា ភ្នែកមិនមែនជារបស់ខ្លួនទេ រូបមិនមែនជារបស់ខ្លួនទេ ត្រចៀកមិនមែនជារបស់ខ្លួនទេ សម្លេងទាំងឡាយ មិនមែនជារបស់ខ្លួនទេ ច្រមុះមិនមែនជារបស់ខ្លួនទេ ក្លិនទាំងឡាយ មិនមែនជារបស់ខ្លួនទេ អណ្តាតមិនមែនជារបស់ខ្លួនទេ រសទាំងឡាយ មិនមែនជារបស់ខ្លួនទេ កាយមិនមែនជារបស់ខ្លួនទេ ផោដ្ឋព្វៈទាំងឡាយ មិនមែនជារបស់ខ្លួនទេ ចិត្តមិនមែនជារបស់ខ្លួនទេ ធម៌ទាំងឡាយ មិនមែនជារបស់ខ្លួនទេ ។ ភិក្ខុពិចារណាឃើញរឿយ ៗ ដូច្នេះថា មិនមែនជារបស់ខ្លួន ក្នុងអាយតនៈ ខាងក្នុង ៦ និងអាយតនៈខាងក្រៅ ៦ នេះ ដោយប្រការដូច្នេះ ។ ម្នាលអានន្ទ នេះហៅថា អនត្តសញ្ញា ។

ម្នាលអានន្ទ អសុភសញ្ញា តើដូចម្តេច ។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញនូវកាយនេះឯង ខាងលើអំពីផ្ទៃនៃបាតជើងឡើងទៅ ខាងក្រោមអំពីចុងសក់ចុះមក ព័ទ្ធជុំវិញដោយស្បែក ពេញដោយគ្រឿងមិនស្អាត មានប្រការផ្សេង ៗ ដូច្នេះថា ក្នុងរូបកាយនេះ សក់ទាំងឡាយ រោមទាំងឡាយ ក្រចកទាំងឡាយ ធេ្មញទាំងឡាយ ស្បែក សាច់ សរសៃទាំងឡាយ ឆ្អឹងទាំងឡាយ ខួរក្នុងឆ្អឹង ទាច បេះដូង ថ្លើម វាវ ក្រពះ ឬលំពែងអរឹស សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសម្បោរ ទឹករំអិល ទឹកមូត្រ ។ ភិក្ខុពិចារណាឃើញរឿយ ៗ ថា មិនល្អ ក្នុងរូបកាយនេះ ដោយប្រការដូច្នេះ ។ ម្នាលអានន្ទ នេះហៅថា អសុភសញ្ញា ។

ម្នាលអានន្ទ អាទីនវសញ្ញា តើដូចម្តេច ។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី ពិចារណាឃើញដូច្នេះថា រូបកាយនេះ មានទុក្ខច្រើន មានទោសច្រើនដោយពិត ។ អាពាធទាំងឡាយផ្សេង ៗ តែងកើតឡើង ក្នុងកាយនេះដូច្នេះ អាពាធនោះ ដូចម្តេចខ្លះ គឺរោគក្នុងភ្នែក រោគក្នុងត្រចៀក រោគក្នុងច្រមុះ រោគក្នុងអណ្តាត រោគក្នុងកាយ រោគក្នុងក្បាល រោគស្លឹកត្រចៀក រោគក្នុងមាត់ រោគត្រង់គល់ធ្មេញ រោគក្អក រោគហឺត រោគខាងក្រៅច្រមុះ រោគក្តៅក្រហាយ រោគស្គាំងស្គម រោគក្នុងផ្ទៃ រោគខ្យល់ចាប់ វិលមុខ រោគធ្លាក់ឈាម រោគចុកសៀត រោគចុះរាក រោគឃ្លង់ រោគមួល រោគស្រែង រោគរីងរៃ រោគឆ្កួតជ្រូក រោគដំនួចពិស រោគរមាស់ រោគកមក្រិន រោគកើតក្នុងទីដែលខ្វារដោយក្រចក រោគឃ្លង់ដែក រោគឈាម រោគប្រមាត់ រោគទឹកនោមផ្អែម រោគឫសដូងដុះ រោគរលកកែវ រោគឫសដូងបាត [ឫសដូងបាត ដែលដុះខាងក្នុង ត្រង់ចន្លោះទ្វារធំ និងទ្វារតូច ។ អដ្ឋកថា ។] អាពាធបណ្តាលអំពីប្រមាត់ អាពាធបណ្តាលអំពីស្លេស្ម អាពាធបណ្តាលអំពីខ្យល់ អាពាធបណ្តាលអំពីសន្និបាត គឺការកម្រើកប្រមាត់ ស្លេស្ម និងខ្យល់ប្រជុំគ្នា អាពាធកើតអំពីរដូវប្រែប្រួល អាពាធកើតអំពីការផ្លាស់ប្តូរឥរិយាបថមិនស្មើគ្នា អាពាធកើតអំពីសេចក្តីព្យាយាមរបស់អ្នកឯទៀត (មានចាប់ចងវាយជាដើម) អាពាធកើតអំពីវិបាករបស់កម្ម ការត្រជាក់ ការក្តៅ សេចក្តីឃ្លាន សេចក្តីស្រេក ឧច្ចារៈ (អាចម៍) បស្សាវៈ (មូត្រ) ។ ភិក្ខុពិចារណាឃើញរឿយ ៗ ថាជាទោស ក្នុងរូបកាយនេះ ដោយប្រការដូច្នេះ ។ ម្នាលអានន្ទ នេះហៅថា អាទីនវសញ្ញា ។

ម្នាលអានន្ទ បហានសញ្ញា តើដូចម្តេច ។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ មិនទទួលទុក លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតទៀតនូវកាមវិតក្ក ដែលកើតឡើងហើយ មិនទទួលទុក លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតទៀត នូវព្យាបាទវិតក្ក ដែលកើតឡើងហើយ មិនទទួលទុក លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតតទៅទៀត នូវវិហឹសាវិតក្ក ដែលកើតឡើងហើយ មិនទទួលទុក លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតតទៅទៀត នូវធម៌ដែលជាបាបអកុសលដែលកើតឡើងហើយរឿយ ៗ ។ ម្នាលអានន្ទ នេះហៅថា បហានសញ្ញា ។

ម្នាលអានន្ទ វិរាគសញ្ញា តើដូចម្តេច ។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី ពិចារណាឃើញរឿយ ៗ ដូច្នេះថា ធម៌ជាគ្រឿងរម្ងាប់សង្ខារទាំងពួង លះបង់នូវឧបធិទាំងពួង អស់ទៅនៃតណ្ហា ប្រាសចាករាគៈ រំលត់ទុក្ខ នេះជាធម៌ស្ងប់ ធម៌ឧត្តម ។ ម្នាលអានន្ទ នេះហៅថា វិរាគសញ្ញា ។

ម្នាលអានន្ទ និរោធសញ្ញា តើដូចម្តេច ។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះដ៏ស្ងាត់ក្តី ពិចារណាឃើញដូច្នេះថា ធម៌ជាគ្រឿងរម្ងាប់សង្ខារទាំងពួង លះបង់នូវឧបធិទាំងពួង អស់ទៅនៃតណ្ហា ប្រាសចាករាគៈ រលត់ទុក្ខ នេះជាធម៌ស្ងប់ ជាធម៌ឧត្តម ។ ម្នាលអានន្ទ នេះហៅថា និរោធសញ្ញា ។

ម្នាលអានន្ទ សព្វលោកេ អនភិរតសញ្ញា តើដូចម្តេច ។ ម្នាលអានន្ទ ឧបាយ គឺតណ្ហា និងទិដ្ឋិណា ឧបាទាន គឺសេចក្តីប្រកាន់មាំណា អភិនិវេសៈ គឺសស្សតទិដ្ឋិ និងឧច្ឆេទទិដ្ឋិ ជាទីអាស្រ័យនៅនៃចិត្តណា អនុស័យ គឺកិលេសដែលដេកនៅរឿយ ៗ ក្នុងសត្តសន្តានណា ក្នុងលោក ភិក្ខុក្នុងសាសនានេះ កាលបើលះបង់នូវបាបធម៌ទាំងនោះ មិនបានប្រកាន់មាំដោយចិត្ត ក៏រមែងវៀរ (ចាកបាបធម៌ទាំងនោះ) បាន ។ ម្នាលអានន្ទ នេះហៅថា សព្វលោកេ អនភិរតសញ្ញា ។

ម្នាលអានន្ទ សព្វសង្ខារេសុ អនិច្ចសញ្ញា តើដូចម្តេច ។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ នឿយណាយ ធុញទ្រាន់ ស្អប់ខ្ពើម ចាកសង្ខារទាំងពួង ។ ម្នាលអានន្ទ នេះហៅថា សព្វសង្ខារេសុ អនិច្ចសញ្ញា ។

ម្នាលអានន្ទ អានាបានស្សតិ តើដូចម្តេច ។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះដ៏ស្ងាត់ក្តី អង្គុយផ្គត់ភ្នែន តាំងកាយឲ្យត្រង់ ផ្ចង់ស្មារតីឲ្យឆ្ពោះ ត្រង់ (ទៅរកកម្មដ្ឋាន) ។ ភិក្ខុនោះ មានស្មារតី ដកដង្ហើមចេញ មានស្មារតីដកដង្ហើមចូល កាលដកដង្ហើមចេញវែង ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញវែង កាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលវែង កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញខ្លី កាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលខ្លី ភិក្ខុសិក្សា [អដ្ឋកថា ថា ព្យាយាម ។] ថា អាត្មាអញ នឹងជាអ្នកដឹងច្បាស់នូវកាយ [ធ្វើខាងដើម ខាងកណ្តាល និងទីបំផុតនៃកាយ គឺដង្ហើមចេញទាំងអស់ឲ្យប្រាកដ ។] គឺដង្ហើមចេញទាំងអស់ឲ្យប្រាកដ ទើបដកដង្ហើមចេញ ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នកដឹងច្បាស់នូវកាយ [ធ្វើខាងដើម ខាងកណ្តាល និងទីបំផុតនៃកាយ គឺដង្ហើមចូលទាំងអស់ឲ្យប្រាកដ ។] គឺដង្ហើមចូលទាំងអស់ឲ្យប្រាកដ ទើបដកដង្ហើមចូល ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នករម្ងាប់នូវកាយសង្ខារ [កាយសង្ខារដ៏គ្រោតគ្រាត ។] គឺដង្ហើមចេញ ទើបដកដង្ហើមចេញ ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នករម្ងាប់នូវកាយសង្ខារ [កាយសង្ខារដ៏គ្រោតគ្រាត ។] គឺដង្ហើមចូល ទើបដកដង្ហើមចូល ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នកដឹងច្បាស់នូវបីតិ ទើបដកដង្ហើមចេញ ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នកដឹងច្បាស់នូវបីតិ ទើបដកដង្ហើមចូល ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នកដឹងច្បាស់ នូវសេចក្តីសុខ ទើបដកដង្ហើមចេញ ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នកដឹងច្បាស់ នូវសេចក្តីសុខ ទើបដកដង្ហើមចូល ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នកដឹងច្បាស់នូវចិត្តសង្ខារ [បានដល់វេទនាខន្ធ និងសញ្ញាខន្ធ ។] ទើបដកដង្ហើមចេញ ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នកដឹងច្បាស់នូវចិត្តសង្ខារ ទើបដកដង្ហើមចូល ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នករម្ងាប់នូវចិត្តសង្ខារ ទើបដកដង្ហើមចេញ ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នករម្ងាប់នូវចិត្តសង្ខារ ទើបដកដង្ហើមចូល ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នកដឹងច្បាស់នូវចិត្ត ទើបដកដង្ហើមចេញ ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នកដឹងច្បាស់នូវចិត្ត ទើបដកដង្ហើមចូល ភិក្ខុសិក្សាថា អាត្មាអញ ធ្វើចិត្តឲ្យរីករាយ… ដំកល់ចិត្តឲ្យស្មើក្នុងអារម្មណ៍… ដោះចិត្តឲ្យរួចចាកនីវរណធម៌ ជាដើម [អដ្ឋកថា ពន្យល់ថា ភិក្ខុដោះចិត្តឲ្យរួចចាកនីវរណធម៌ ដោយបឋមជ្ឈាន ឲ្យរួចចាកវិតក្កៈ និងវិចារៈ ដោយទុតិយជ្ឈាន ឲ្យរួចចាកបីតិ ដោយតតិយជ្ឈាន ឲ្យរួចចាកសុខ និងទុក្ខ ដោយចតុត្ថជ្ឈាន ឲ្យរួចចាកនិច្ចសញ្ញា ដោយអនិច្ចានុបស្សនា ឲ្យរួចចាកសុខសញ្ញា ដោយទុក្ខានុបស្សនា ឲ្យរួចចាកអត្តសញ្ញា ដោយអនត្តានុបស្សនា ឲ្យរួចចាកនន្ទិ ដោយនិព្វិទានុបស្សនា ឲ្យរួចចាករាគៈ ដោយវិរាគានុបស្សនា ឲ្យរួចចាកសមុទយៈ ដោយនិរោធានុបស្សនា ឲ្យរួចចាកអាទានៈ ដោយបដិនិស្សគ្គានុបស្សនា ។]… ឃើញរឿយ ៗ នូវបញ្ចក្ខន្ធថា មិនទៀង… ឃើញរឿយ ៗ នូវធម៌ដែលប្រាសចាករាគៈ… ឃើញរឿយ ៗ នូវធម៌ ដែលរលត់បង់នូវកងទុក្ខ… ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នកឃើញរឿយ ៗ នូវធម៌ ជាគ្រឿងលះបង់នូវកិលេស ទើបដកដង្ហើមចេញ ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នកឃើញរឿយ ៗ នូវធម៌ ជាគ្រឿងលះចោលនូវកិលេស ទើបដកដង្ហើមចូល ។ ម្នាលអានន្ទ នេះហៅថា អានាបានស្សតិ ។ ម្នាលអានន្ទ បើអ្នកចូលទៅ (កាន់សំណាក់) នៃគិរិមានន្ទភិក្ខុហើយ គប្បីសំដែងនូវសញ្ញា ទាំងឡាយ ១០ ប្រការនេះ ដំណើរនេះ ជាហេតុនឹងឲ្យអាពាធរបស់គិរិមានន្ទភិក្ខុនោះ រម្ងាប់សះស្បើយទៅ ១ រំពេច ព្រោះគិរិមានន្ទភិក្ខុ បានស្តាប់សញ្ញាទាំងឡាយ ១០ ប្រការនេះ ។ លំដាប់នោះ ព្រះអានន្ទត្ថេរដ៏មានអាយុ ក៏រៀនសញ្ញាទាំងឡាយ ១០ ប្រការនេះ ក្នុងសំណាក់នៃព្រះដ៏មានព្រះភាគ ហើយចូលទៅត្រង់កន្លែងដែលគិរិមានន្ទលោកគង់នៅ លុះចូលទៅដល់ហើយ បានសំដែងសញ្ញាទាំងឡាយ ១០ ប្រការនេះ ដល់គិរិមានន្ទដ៏មានអាយុ ។ លំដាប់នោះឯង អាពាធរបស់គិរិមានន្ទដ៏មានអាយុនោះ ក៏រម្ងាប់សះស្បើយទៅ ១ រំពេច ព្រោះបានស្តាប់សញ្ញាទាំងឡាយ ១០ ប្រការនេះ ឯគិរិមានន្ទដ៏មានអាយុ ក៏បានជាសះស្បើយ ចាកអាពាធនោះ ក៏អាពាធនោះ គិរិមានន្ទដ៏មានអាយុ លះបង់បានហើយ ដោយកិរិយាបានស្តាប់សញ្ញាទាំង ១០ ប្រការ ដែលព្រះអានន្ទត្ថេរ សំដែងហើយដូច្នោះ ដោយប្រការដូច្នេះឯង ។

ចប់ សចិត្តវគ្គ ទី១ ។

ឧទ្ទាននៃសចិត្តវគ្គនោះ

និយាយអំពីការឈ្លាសក្នុងវារៈចិត្តរបស់ខ្លួន ១ អំពីព្រះសារីបុត្ត ១ អំពីការតាំងនៅដដែល ១ អំពីសមថៈ ១ អំពីបរិហានៈ ១ អំពីសញ្ញាពីរលើក អំពីធម៌ជាមូល ១ ចិត្តសន្សំដោយបព្វជ្ជា ១ អាពាធ ១ ។

យមកវគ្គ ទី២កែប្រែ

១. អវិជ្ជាសូត្រកែប្រែ

[៦១] ម្នាលភិក្ខុទាំងឡាយ ទីបំផុតខាងដើមរបស់អវិជ្ជា មិនប្រាកដទេ អវិជ្ជាមិនមានក្នុងកាលមុនអំពីកាលនេះ ឬថា កើតឡើងក្នុងខាងក្រោយឡើយ ហេតុនោះ ម្នាលភិក្ខុទាំងឡាយ ពាក្យថា អវិជ្ជានេះ តថាគតពោលយ៉ាងនេះ តែថា អវិជ្ជា រមែងប្រាកដ ព្រោះមានរបស់នេះជាបច្ច័យ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អវិជ្ជា ប្រាកដដោយអាហារ មិនបានពោលថា អវិជ្ជាឥតអាហារទេ ។ ចុះអ្វីជាអាហាររបស់អវិជ្ជា ។ គប្បីឆ្លើយថា នីវរណៈ ៥ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា នីវរណៈ ៥ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ ។ ចុះអ្វីជាអាហារ របស់នីវរណៈ ៥ ។ គប្បីឆ្លើយថា ទុច្ចរិត ៣ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ទុច្ចរិត ៣ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ ។ ចុះអ្វីជាអាហារ របស់ទុច្ចរិត ៣ ។ គប្បីឆ្លើយថា ការមិនសង្រួមឥន្រ្ទិយ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ការមិនសង្រួមឥន្រ្ទិយ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ ។ ចុះអ្វីជាអាហាររបស់ការមិនសង្រួមឥន្រ្ទិយ ។ គប្បីឆ្លើយថា ការមិនមានសតិ មិនមានសម្បជញ្ញៈ ។ ម្នាលភិក្ខុទាំងឡាយ តថាតគពោលថា ការមិនមានសតិ មិនមានសម្បជញ្ញៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ ។ ចុះអ្វីជាអាហារ របស់ការមិនមានសតិ មិនមានសម្បជញ្ញៈ ។ គប្បីឆ្លើយថា អយោនិសោមនសិការៈ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អយោនិសោមនសិការៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ ។ ចុះអ្វីជាអាហារ របស់អយោនិសោមនសិការៈ ។ គប្បីឆ្លើយថា អស្សទ្ធិយៈ (សេចក្តីមិនជឿ) ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អស្សទ្ធិយៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ ។ ចុះអ្វីជាអាហាររបស់អស្សទ្ធិយៈ ។ គប្បីឆ្លើយថា អស្សទ្ធម្មស្សវនៈ (ការមិនស្តាប់ព្រះសទ្ធម្ម) ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អស្សទ្ធម្មស្សវនៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ ។ ចុះអ្វីជាអាហាររបស់អស្សទ្ធម្មស្សវនៈ ។ គប្បីឆ្លើយថា អសប្បុរិសសំសេវៈ (ការសេពគប់អសប្បុរស) ។ ម្នាលភិក្ខុទាំងឡាយ អសប្បុរិសសំសេវៈ ពេញបរិបូណ៌ រមែងញុំាងអស្សទ្ធម្មស្សវនៈ ឲ្យពេញបរិបូណ៌ អស្សទ្ធម្មស្សវនៈ ពេញបរិបូណ៌ រមែងញុំាងអស្សទ្ធិយៈ ឲ្យពេញបរិបូណ៌ អស្សទ្ធិយៈពេញបរិបូណ៌ រមែងញុំាងអយោនិសោមនសិការៈ ឲ្យពេញបរិបូណ៌ អយោនិសោមនសិការៈ ពេញបរិបូណ៌ រមែងញុំាងការមិនមានសតិ និងមិនមានសម្បជញ្ញៈ ឲ្យពេញបរិបូណ៌ ការមិនមានសតិ មិនមានសម្បជញ្ញៈពេញបរិបូណ៌ រមែងញុំាងការមិនសង្រួមឥន្រ្ទិយ ឲ្យពេញបរិបូណ៌ ការមិនសង្រួមឥន្រ្ទិយ ពេញបរិបូណ៌ រមែងញុំាងទុច្ចរិត ៣ ឲ្យពេញបរិបូណ៌ ទុច្ចរិតទាំង ៣ ពេញបរិបូណ៌ រមែងញុំាងនីវរណៈ ៥ ឲ្យពេញបរិបូណ៌ នីវរណៈ ៥ ពេញបរិបូណ៌ រមែងញុំាងអវិជ្ជាឲ្យពេញបរិបូណ៌ ដោយប្រការដូច្នេះឯង ។ អាហាររបស់អវិជ្ជានេះ រមែងមានយ៉ាងនេះ អាហាររបស់អវិជ្ជានេះ ពេញបរិបូណ៌យ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ ដូចទឹកភ្លៀង មានដំណក់ថ្លោស កាលបង្អោរ កាលរំលា ហូរធ្លាក់លើកំពូលភ្នំ ទឹកនោះក៏ហូរទៅតាមទីទាប រមែងញុំាងជ្រោះភ្នំ ល្អាង និងអូរតូចឲ្យពេញ ជ្រោះភ្នំល្អាង និងអូរតូចពេញហើយ រមែងញុំាងត្រពាំងតូច ឲ្យពេញ ត្រពាំងតូចពេញហើយ រមែងញុំាងត្រពាំងធំ ឲ្យពេញ ត្រពាំងធំពេញហើយ រមែងញុំាងស្ទឹងតូចឲ្យពេញ ស្ទឹងតូចពេញហើយ រមែងញុំាងស្ទឹងធំឲ្យពេញ ស្ទឹងធំពេញហើយ រមែងញុំាងមហាសមុទ្រសាគរឲ្យពេញ អាហារនៃមហាសមុទ្រសាគរនេះ រមែងមានយ៉ាងនេះ មហាសមុទ្រសាគរពេញបរិបូណ៌យ៉ាងនេះ ឧបមា យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ ឧបមេយ្យដូចជា អសប្បុរិសសំសេវៈ ពេញបរិបូណ៌ រមែងញុំាងអស្សទ្ធម្មស្សវនៈ ឲ្យពេញបរិបូណ៌ អស្សទ្ធម្មស្សវនៈ ពេញបរិបូណ៌ហើយ រមែងញុំាងអស្សទ្ធិយៈ ឲ្យពេញបរិបូណ៌ អស្សទ្ធិយៈ ពេញបរិបូណ៌ហើយ រមែងញុំាងអយោនិសោមនសិការៈ ឲ្យពេញបរិបូណ៌ អយោនិសោមនសិការៈ ពេញបរិបូណ៌ហើយ រមែងញុំាងការមិនមានសតិ មិនមានសម្បជញ្ញៈ ឲ្យពេញបរិបូណ៌ ការមិនមានសតិ មិនមានសម្បជញ្ញៈ ពេញបរិបូណ៌ហើយ រមែងញុំាងការមិនសង្រួមឥន្រ្ទិយ ឲ្យពេញបរិបូណ៌ ការមិនសង្រួមឥន្រ្ទិយពេញបរិបូណ៌ហើយ រមែងញុំាងទុច្ចរិត ៣ ឲ្យពេញបរិបូណ៌ ទុច្ចរិត ៣ ពេញបរិបូណ៌ហើយ រមែងញុំាងនីវរណៈ ៥ ឲ្យពេញបរិបូណ៌ នីវរណៈ ៥ ពេញបរិបូណ៌ហើយ រមែងញុំាងអវិជ្ជា ឲ្យពេញបរិបូណ៌ ដោយប្រការដូច្នេះ ។ អាហាររបស់អវិជ្ជានេះ រមែងមានយ៉ាងនេះ អាហាររបស់អវិជ្ជានេះ ពេញបរិបូណ៌យ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា វិជ្ជា និងវិមុត្តិ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ ។ ចុះអ្វីជាអាហាររបស់វិជ្ជា និងវិមុត្តិ ។ គប្បីឆ្លើយថា ពោជ្ឈង្គ ៧ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ពោជ្ឈង្គ ៧ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ ។ ចុះអ្វីជាអាហាររបស់ពោជ្ឈង្គ ៧ ។ គប្បីឆ្លើយថា សតិប្បដ្ឋាន ៤ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សតិប្បដ្ឋាន ៤ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ ។ ចុះអ្វីជាអាហាររបស់សតិប្បដ្ឋាន ៤ ។ គប្បីឆ្លើយថា សុចរិត ៣ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សុចរិត ៣ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ ។ ចុះអ្វីជាអាហាររបស់សុចរិត ៣ ។ គប្បីឆ្លើយថា ការសង្រួមឥន្រ្ទិយ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ការសង្រួមឥន្រ្ទិយ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ ។ ចុះអ្វីជាអាហាររបស់ការសង្រួមឥន្រ្ទិយ ។ គប្បីឆ្លើយថា សតិ និងសម្បជញ្ញៈ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សតិ និងសម្បជញ្ញៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ ។ ចុះអ្វីជាអាហាររបស់សតិ និងសម្បជញ្ញៈ ។ គប្បីឆ្លើយថា យោនិសោមនសិការៈ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា យោនិសោមនសិការៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ ។ ចុះអ្វីជាអាហាររបស់យោនិសោមនសិការៈ ។ គប្បីឆ្លើយថា សទ្ធា ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សទ្ធាប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ ។ ចុះអ្វីជាអាហាររបស់សទ្ធា ។ គប្បីឆ្លើយថា សទ្ធម្មស្សវនៈ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សទ្ធម្មស្សវនៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ ។ ចុះអ្វីជាអាហាររបស់សទ្ធម្មស្សវនៈ ។ គប្បីឆ្លើយថា សប្បុរិសសំសេវៈ ។ ម្នាលភិក្ខុទាំងឡាយ សប្បុរិសសំសេវៈ ពេញបរិបូណ៌ រមែងញុំាងសទ្ធម្មស្សវនៈ ឲ្យពេញបរិបូណ៌ សទ្ធម្មស្សវនៈ ពេញបរិបូណ៌ហើយ រមែងញុំាងសទ្ធាឲ្យពេញបរិបូណ៌ សទ្ធា ពេញបរិបូណ៌ហើយ រមែងញុំាងយោនិសោមនសិការៈ ឲ្យពេញបរិបូណ៌ យោនិសោមនសិការៈ ពេញបរិបូណ៌ហើយ រមែងញុំាងសតិ និងសម្បជញ្ញៈ ឲ្យពេញបរិបូណ៌ សតិ និងសម្បជញ្ញៈ ពេញបរិបូណ៌ហើយ រមែងញុំាងការសង្រួមឥន្រ្ទិយឲ្យពេញបរិបូណ៌ ការសង្រួមឥន្រ្ទិយពេញបរិបូណ៌ហើយ រមែងញុំាងសុចរិត ៣ ឲ្យពេញបរិបូណ៌ សុចរិត ៣ ពេញបរិបូណ៌ហើយ រមែងញុំាងសតិប្បដ្ឋាន ៤ ឲ្យពេញបរិបូណ៌ សតិប្បដ្ឋាន ៤ ពេញបរិបូណ៌ហើយ រមែងញុំាងពោជ្ឈង្គ ៧ ឲ្យពេញបរិបូណ៌ ពោជ្ឈង្គ ៧ ពេញបរិបូណ៌ហើយ រមែងញុំាងវិជ្ជា និងវិមុត្តិឲ្យពេញបរិបូណ៌ដោយប្រការដូច្នេះឯង ។ អាហាររបស់វិជ្ជា និងវិមុត្តិនេះ រមែងមានយ៉ាងនេះ ពេញបរិបូណ៌យ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ ដូចទឹកភ្លៀងមានដំណក់ថ្លោស កាលបង្អោរ កាលរំលា ហូរធ្លាក់លើកំពូលភ្នំ ទឹកនោះក៏ហូរទៅតាមទីទាប រមែងញុំាងជ្រោះភ្នំ ល្អាង និងអូរតូច ឲ្យពេញ ជ្រោះភ្នំ ល្អាង និងអូរតូច ពេញហើយ រមែងញុំាងត្រពាំងតូច ឲ្យពេញ ត្រពាំងតូចពេញហើយ រមែងញុំាងត្រពាំងធំឲ្យពេញ ត្រពាំងធំពេញហើយ រមែងញុំាងស្ទឹងតូចឲ្យពេញ ស្ទឹងតូចពេញហើយ រមែងញុំាងស្ទឹងធំឲ្យពេញ ស្ទឹងធំពេញហើយ រមែងញុំាងមហាសមុទ្រសាគរឲ្យពេញ អាហារនៃមហាសមុទ្រសាគរនេះ រមែងមានយ៉ាងនេះ ពេញបរិបូណ៌យ៉ាងនេះ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ឧបមេយ្យដូចជាសប្បុរិសសំសេវៈ ពេញបរិបូណ៌ រមែងញុំាងសទ្ធម្មស្សវនៈ ឲ្យពេញបរិបូណ៌ សទ្ធម្មស្សវនៈ ពេញបរិបូណ៌ហើយ រមែងញុំាងសទ្ធាឲ្យពេញបរិបូណ៌ សទ្ធាពេញបរិបូណ៌ហើយ រមែងញុំាងយោនិសោមនសិការៈ ឲ្យពេញបរិបូណ៌ យោនិសោមនសិការៈ ពេញបរិបូណ៌ហើយ រមែងញុំាងសតិ និងសម្បជញ្ញៈ ឲ្យពេញបរិបូណ៌ សតិ និងសម្បជញ្ញៈ ពេញបរិបូណ៌ហើយ រមែងញុំាងការសង្រួមឥន្រ្ទិយ ឲ្យពេញបរិបូណ៌ ការសង្រួមឥន្រ្ទិយពេញបរិបូណ៌ហើយ រមែងញុំាងសុចរិត ៣ ឲ្យពេញបរិបូណ៌ សុចរិត ៣ ពេញបរិបូណ៌ហើយ រមែងញុំាងសតិប្បដ្ឋាន ៤ ឲ្យពេញបរិបូណ៌ សតិប្បដ្ឋាន ៤ ពេញបរិបូណ៌ហើយ រមែងញុំាងពោជ្ឈង្គ ៧ ឲ្យពេញបរិបូណ៌ ពោជ្ឈង្គ ៧ ពេញបរិបូណ៌ហើយ រមែងញុំាងវិជ្ជា និងវិមុត្តិឲ្យពេញបរិបូណ៌ ដោយប្រការដូច្នេះ ។ អាហាររបស់វិជ្ជា និងវិមុត្តិនេះ រមែងមានយ៉ាងនេះ ពេញបរិបូណ៌យ៉ាងនេះ ។

២. តណ្ហាសូត្រកែប្រែ

[៦២] ម្នាលភិក្ខុទាំងឡាយ ទីបំផុតខាងដើមរបស់ភវតណ្ហា មិនប្រាកដទេ ភវតណ្ហា (សេចក្តីប្រាថ្នាក្នុងភព) មិនមានក្នុងកាលមុន អំពីកាលនេះ ឬថា កើតឡើងក្នុងខាងក្រោយឡើយ ហេតុនោះ ម្នាលភិក្ខុទាំងឡាយ ក៏ពាក្យថា ភវតណ្ហានេះ តថាគតពោលយ៉ាងនេះ តែថា ភវតណ្ហា រមែងប្រាកដ ព្រោះមានរបស់នេះជាបច្ច័យ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ភវតណ្ហា ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ ។ ចុះអ្វីជាអាហាររបស់ភវតណ្ហា ។ គប្បីឆ្លើយថា អវិជ្ជា ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អវិជ្ជា ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ ។ ចុះអ្វីជាអាហាររបស់អវិជ្ជា ។ គប្បីឆ្លើយថា នីវរណៈ ៥ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា នីវរណៈ ៥ ប្រកបដោយអាហារ មិនបានពោថា ឥតអាហារទេ ។ ចុះអ្វីជាអាហាររបស់នីវរណៈ ៥ ។ គប្បីឆ្លើយថា ទុច្ចរិត ៣ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ទុច្ចរិត ៣ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ ។ ចុះអ្វីជាអាហាររបស់ទុច្ចរិត ៣ ។ គប្បីឆ្លើយថា ការមិនសង្រួមឥន្រ្ទិយ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ការមិនសង្រួមឥន្រ្ទិយ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ ។ ចុះអ្វីជាអាហាររបស់ការមិនសង្រួមឥន្រ្ទិយ ។ គប្បីឆ្លើយថា ការមិនមានសតិ មិនមានសម្បជញ្ញៈ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ការមិនមានសតិ មិនមានសម្បជញ្ញៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ ។ ចុះអ្វីជាអាហាររបស់ការមិនមានសតិ មិនមានសម្បជញ្ញៈ ។ គប្បីឆ្លើយថា អយោនិសោមនសិការៈ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អយោនិសោមនសិការៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ ។ ចុះអ្វីជាអាហាររបស់អយោនិសោមនសិការៈ ។ គប្បីឆ្លើយថា អស្សទ្ធិយៈ (សេចក្តីមិនជឿ) ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អស្សទ្ធិយៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ ។ ចុះអ្វីជាអាហាររបស់អស្សទ្ធិយៈ ។ គប្បីឆ្លើយថា អស្សទ្ធម្មស្សវនៈ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អស្សទ្ធម្មស្សវនៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ ។ ចុះអ្វីជាអាហាររបស់អស្សទ្ធម្មស្សវនៈ ។ គប្បីឆ្លើយថា អសប្បុរិសសំសេវៈ ។ ម្នាលភិក្ខុទាំងឡាយ អសប្បុរិសសំសេវៈ ពេញបរិបូណ៌ហើយ រមែងញុំាងអស្សទ្ធម្មស្សវនៈ ឲ្យពេញបរិបូណ៌ លុះអស្សទ្ធម្មស្សវនៈ ពេញបរិបូណ៌ហើយ រមែងញុំាងអស្សទ្ធិយៈ ឲ្យពេញបរិបូណ៌ លុះអស្សទ្ធិយៈ ពេញបរិបូណ៌ហើយ រមែងញុំាងអយោនិសោមនសិការៈ ឲ្យពេញបរិបូណ៌ លុះអយោនិសោមនសិការៈ ពេញបរិបូណ៌ហើយ រមែងញុំាងការមិនមានសតិ មិនមានសម្បជញ្ញៈ ឲ្យពេញបរិបូណ៌ លុះការមិនមានសតិ មិនមានសម្បជញ្ញៈពេញបរិបូណ៌ហើយ រមែងញុំាងការមិនសង្រួមឥន្រ្ទិយ ឲ្យពេញបរិបូណ៌ លុះការមិនសង្រួមឥន្រ្ទិយពេញបរិបូណ៌ហើយ រមែងញុំាងទុច្ចរិត ៣ ឲ្យពេញបរិបូណ៌ លុះទុច្ចរិត ៣ ពេញបរិបូណ៌ហើយ រមែងញុំាងនីវរណៈ ៥ ឲ្យពេញបរិបូណ៌ លុះនីវរណៈ ៥ ពេញបរិបូណ៌ហើយ រមែងញុំាងអវិជ្ជាឲ្យពេញបរិបូណ៌ លុះអវិជ្ជាពេញបរិបូណ៌ហើយ រមែងញុំាងភវតណ្ហា ឲ្យពេញបរិបូណ៌ដោយប្រការដូច្នេះឯង ។ អាហាររបស់ភវតណ្ហានេះ រមែងមានយ៉ាងនេះ ពេញបរិបូណ៌យ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ ដូចទឹកភ្លៀង មានដំណក់ដ៏ថ្លោស កាលបង្អោរ កាលរំលា ហូរធ្លាក់លើកំពូលភ្នំ ទឹកនោះក៏ហូរទៅកាន់ទីទាប រមែងញុំាងជ្រោះភ្នំ ល្អាង និងអូរតូចឲ្យពេញ លុះជ្រោះភ្នំ ល្អាង និងអូរតូចពេញហើយ រមែងញុំាងត្រពាំងតូច ឲ្យពេញ លុះត្រពាំងតូចពេញហើយ រមែងញុំាងត្រពាំងធំ ឲ្យពេញ លុះត្រពាំងធំពេញហើយ រមែងញុំាងស្ទឹងតូចឲ្យពេញ លុះស្ទឹងតូចពេញហើយ រមែងញុំាងស្ទឹងធំឲ្យពេញ លុះស្ទឹងធំ ពេញហើយ រមែងញុំាងមហាសមុទ្រសាគរឲ្យពេញ អាហារនៃមហាសមុទ្រសាគរនេះ រមែងមានយ៉ាងនេះ ពេញបរិបូណ៌ហើយយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ឧបមេយ្យដូចជា អសប្បុរិសសំសេវៈ ពេញបរិបូណ៌ហើយ រមែងញុំាងអស្សទ្ធម្មស្សវនៈ ឲ្យពេញបរិបូណ៌ លុះអស្សទ្ធម្មស្សវនៈ ពេញបរិបូណ៌ហើយ រមែងញុំាងអស្សទ្ធិយៈ ឲ្យពេញបរិបូណ៌ លុះអស្សទ្ធិយៈ ពេញបរិបូណ៌ហើយ រមែងញុំាងអយោនិសោមនសិការៈ ឲ្យពេញបរិបូណ៌ លុះអយោនិសោមនសិការៈពេញបរិបូណ៌ហើយ រមែងញុំាងការមិនមានសតិ មិនមានសម្បជញ្ញៈឲ្យពេញបរិបូណ៌ លុះការមិនមានសតិ មិនមានសម្បជញ្ញៈ ពេញបរិបូណ៌ហើយ រមែងញុំាងការមិនសង្រួមឥន្រ្ទិយ ឲ្យពេញបរិបូណ៌ លុះការមិនសង្រួមឥន្រ្ទិយ ពេញបរិបូណ៌ហើយ រមែងញុំាងទុច្ចរិត ៣ ឲ្យពេញបរិបូណ៌ លុះទុច្ចរិត ៣ ពេញបរិបូណ៌ហើយ រមែងញុំាងនីវរណៈ ៥ ឲ្យពេញបរិបូណ៌ លុះនីវរណៈ ៥ ពេញបរិបូណ៌ហើយ រមែងញុំាងអវិជ្ជាឲ្យពេញបរិបូណ៌ លុះអវិជ្ជាពេញបរិបូណ៌ហើយ រមែងញុំាងភវតណ្ហា ឲ្យពេញបរិបូណ៌ ។ អាហាររបស់ភវតណ្ហានេះ រមែងមានយ៉ាងនេះ ពេញបរិបូណ៌ យ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា វិជ្ជា និងវិមុត្តិ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ ។ ចុះអ្វីជាអាហាររបស់វិជ្ជា និងវិមុត្តិ ។ គប្បីឆ្លើយថា ពោជ្ឈង្គ ៧ ប្រការ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ពោជ្ឈង្គ ៧ ប្រការ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ ។ ចុះអ្វីជាអាហារ របស់ពោជ្ឈង្គ ៧ ប្រការ ។ គប្បីឆ្លើយថា សតិប្បដ្ឋាន ៤ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សតិប្បដ្ឋាន ៤ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ ។ ចុះអ្វីជាអាហារ របស់សតិប្បដ្ឋាន ៤ ។ គប្បីឆ្លើយថា សុចរិត ៣ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សុចរិត ៣ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ ។ ចុះអ្វីជាអាហាររបស់សុចរិត ៣ ។ គប្បីឆ្លើយថា ការសង្រួមឥន្រ្ទិយ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ការសង្រួមឥន្រ្ទិយ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ ។ ចុះអ្វីជាអាហាររបស់ការសង្រួមឥន្រ្ទិយ ។ គប្បីឆ្លើយថា សតិ និងសម្បជញ្ញៈ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សតិ និងសម្បជញ្ញៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ ។ ចុះអ្វីជាអាហាររបស់សតិ និងសម្បជញ្ញៈ ។ គប្បីឆ្លើយថា យោនិសោមនសិការៈ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា យោនិសោមនសិការៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ ។ ចុះអ្វីជាអាហារ របស់យោនិសោមនសិការៈ ។ គប្បីឆ្លើយថា សទ្ធា ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សទ្ធាប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ ។ ចុះអ្វីជាអាហាររបស់សទ្ធា ។ គប្បីឆ្លើយថា សទ្ធម្មស្សវនៈ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សទ្ធម្មស្សវនៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ ។ ចុះអ្វីជាអាហាររបស់សទ្ធម្មស្សវនៈ ។ គប្បីឆ្លើយថា សប្បុរិសសំសេវៈ ។ ម្នាលភិក្ខុទាំងឡាយ សប្បុរិសសំសេវៈ ពេញបរិបូណ៌ហើយ រមែងញុំាងសទ្ធម្មស្សវនៈ ឲ្យពេញបរិបូណ៌ លុះសទ្ធម្មស្សវនៈ ពេញបរិបូណ៌ហើយ រមែងញុំាងសទ្ធា ឲ្យពេញបរិបូណ៌ លុះសទ្ធាពេញបរិបូណ៌ហើយ រមែងញុំាងយោនិសោមនសិការៈឲ្យពេញបរិបូណ៌ លុះយោនិសោមនសិការៈពេញបរិបូណ៌ហើយ រមែងញុំាងសតិ និងសម្បជញ្ញៈឲ្យពេញបរិបូណ៌ លុះសតិ និងសម្បជញ្ញៈ ពេញបរិបូណ៌ហើយ រមែងញុំាងការសង្រួមឥន្រ្ទិយឲ្យពេញបរិបូណ៌ លុះការសង្រួមឥន្រ្ទិយ ពេញបរិបូណ៌ហើយ រមែងញុំាងសុចរិត ៣ ឲ្យពេញបរិបូណ៌ លុះសុចរិត ៣ ពេញបរិបូណ៌ហើយ រមែងញុំាងសតិប្បដ្ឋាន ៤ ឲ្យពេញបរិបូណ៌ លុះសតិប្បដ្ឋាន ៤ ពេញបរិបូណ៌ហើយ រមែងញុំាងពោជ្ឈង្គ ៧ ប្រការ ឲ្យពេញបរិបូណ៌ លុះពោជ្ឈង្គ ៧ ប្រការ ពេញបរិបូណ៌ហើយ រមែងញុំាងវិជ្ជា និងវិមុត្តិ ឲ្យពេញបរិបូណ៌ដោយប្រការដូច្នេះឯង ។ អាហាររបស់វិជ្ជា និងវិមុត្តិនេះ រមែងមានយ៉ាងនេះ ពេញបរិបូណ៌យ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ ដូចទឹកភ្លៀង មានដំណក់ដ៏ថ្លោស កាលបង្អោរ កាលរំលា ហូរធ្លាក់លើកំពូលភ្នំ ទឹកនោះក៏ហូរទៅកាន់ទីទាប រមែងញុំាងជ្រោះភ្នំ ល្អាង និងអូរតូចឲ្យពេញ លុះជ្រោះភ្នំ ល្អាង និងអូរតូចពេញ រមែងញុំាងត្រពាំងតូច ឲ្យពេញ លុះត្រពាំងតូចពេញ រមែងញុំាងត្រពាំងធំ ឲ្យពេញ លុះត្រពាំងធំពេញ រមែងញុំាងស្ទឹងតូចឲ្យពេញ លុះស្ទឹងតូចពេញ រមែងញុំាងស្ទឹងធំឲ្យពេញ លុះស្ទឹងធំពេញហើយ រមែងញុំាងមហាសមុទ្រសាគរ ឲ្យពេញ អាហាររបស់មហាសមុទ្រសាគរនេះ រមែងមានយ៉ាងនេះ ពេញបរិបូណ៌យ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ឧបមេយ្យដូចជាសប្បុរិសសំសេវៈ ពេញបរិបូណ៌ហើយ រមែងញុំាងសទ្ធម្មស្សវនៈ ឲ្យពេញបរិបូណ៌ លុះសទ្ធម្មស្សវនៈ ពេញបរិបូណ៌ រមែងញុំាងសទ្ធាឲ្យពេញបរិបូណ៌ លុះសទ្ធាពេញបរិបូណ៌ រមែងញុំាងយោនិសោមនសិការៈ ឲ្យពេញបរិបូណ៌ លុះយោនិសោមនសិការៈពេញបរិបូណ៌ហើយ រមែងញុំាងសតិសម្បជញ្ញៈឲ្យពេញបរិបូណ៌ លុះសតិ និងសម្បជញ្ញៈពេញបរិបូណ៌ រមែងញុំាងការសង្រួមឥន្រ្ទិយឲ្យពេញបរិបូណ៌ លុះការសង្រួមឥន្រ្ទិយពេញបរិបូណ៌ រមែងញុំាងសុចរិត ៣ ឲ្យពេញបរិបូណ៌ លុះសុចរិត ៣ ពេញបរិបូណ៌ រមែងញុំាងសតិប្បដ្ឋាន ៤ ឲ្យពេញបរិបូណ៌ លុះសតិប្បដ្ឋាន ៤ ពេញបរិបូណ៌ រមែងញុំាងពោជ្ឈង្គ ៧ ប្រការ ឲ្យពេញបរិបូណ៌ លុះពោជ្ឈង្គ ៧ ប្រការ ពេញបរិបូណ៌ រមែងញុំាងវិជ្ជា និងវិមុត្តិ ឲ្យពេញបរិបូណ៌ ។ អាហាររបស់វិជ្ជា និងវិមុត្តិនេះ រមែងមានយ៉ាងនេះ ពេញបរិបូណ៌យ៉ាងនេះឯង ។

៣. និដ្ឋង្គតសូត្រកែប្រែ

[៦៣] ម្នាលភិក្ខុទាំងឡាយ ជនទាំងឡាយណានីមួយ ដល់នូវការចូលចិត្តចំពោះតថាគត បុគ្គលទាំងអស់នោះ ជាអ្នកបរិបូណ៌ដោយទិដ្ឋិ ។ បណ្តាអ្នកបរិបូណ៌ដោយទិដ្ឋិនោះ បុគ្គល ៥ ពួក សម្រេច (បរិនិញ្វន) ក្នុងលោកនេះ បុគ្គល ៥ ពួក លះលោកនេះហើយ ទើបសម្រេច ។ បុគ្គល ៥ ពួកដែលសម្រេចក្នុងលោកនេះ តើដូចម្តេច ។ គឺសត្តក្ខត្តុំបរមបុគ្គល ១ កោលំកោលបុគ្គល ១ ឯកពីជិបុគ្គល ១ សកទាគាមិបុគ្គល ១ ព្រះអរហន្ត ក្នុងបច្ចុប្បន្ន ១ បុគ្គល ៥ ពួកនេះ មានការសម្រេចក្នុងលោកនេះ ។ បុគ្គល ៥ ពួក ដែលលះលោកនេះហើយ សម្រេច តើដូចម្តេច ។ គឺ [គឺលោកបរិនិព្វាន ក្នុងរវាងអាយុមិនទាន់ដល់ពាក់កណ្តាល ។] អន្តរាបរិនិញ្វយិបុគ្គល ១ [គឺលោកបរិនិព្វាន ក្នុងកាលអាយុផុតពាក់កណ្តាលហើយ ទើបដល់ទីបំផុត ។] ឧបហច្ចបរិនិញ្វយិបុគ្គល ១ [លោកបរិនិព្វាន ដោយមិនមានសេចក្តីព្យាយាមយ៉ាងខ្លាំង ។] អសង្ខារបរិនិញ្វយិបុគ្គល ១ [លោកបរិនិព្វាន ដោយសេចក្តីព្យាយាមខ្លាំង ។] សសង្ខារបរិនិញ្វយិបុគ្គល ១ [លោកមានខ្សែក្នុងខាងលើទៅកាន់អកនិដ្ឋភព ។] ឧទ្ធំសោតអកនិដ្ឋគាមិបុគ្គល ១ បុគ្គល ៥ ពួកនេះ លះលោកនេះហើយ ទើបសម្រេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំងឡាយណានីមួយ ដល់នូវការចូលចិត្តចំពោះតថាគត ពួកបុគ្គលទាំងអស់នោះ ជាអ្នកបរិបូណ៌ដោយទិដ្ឋិ ។ បណ្តាអ្នកបរិបូណ៌ដោយទិដ្ឋិនោះ បុគ្គល ៥ ពួកនេះ សម្រេចក្នុងលោកនេះ បុគ្គល ៥ ពួកនេះ លះលោកនេះហើយ ទើបសម្រេច ។

៤. អវេច្ចប្បសន្នសូត្រកែប្រែ

[៦៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំងឡាយណានីមួយ ជ្រះថ្លា មិនញាប់ញ័រ ចំពោះតថាគត ពួកបុគ្គលទាំងអស់នោះ ជាសោតាបន្ន ជាអ្នកដល់នូវដើមខ្សែនៃអរិយមគ្គ ។ បណ្តាសោតាបន្នបុគ្គលទាំងនោះ បុគ្គល ៥ ពួក សម្រេចក្នុងលោកនេះ បុគ្គល ៥ ពួក លះលោកនេះ ទើបសម្រេច ។ បុគ្គល ៥ ពួក ដែលសម្រេចក្នុងលោកនេះ តើដូចម្តេច ។ គឺសត្តក្ខត្តុំបរមបុគ្គល ១ កោលំកោលបុគ្គល ១ ឯកពីជិបុគ្គល ១ សកទាគាមិបុគ្គល ១ ព្រះអរហន្តក្នុងបច្ចុប្បន្ន ១ បុគ្គល ៥ ពួកនេះ មានការសម្រេចក្នុងលោកនេះ ។ បុគ្គល ៥ ពួក ដែលលះលោកនេះហើយ ទើបសម្រេច តើដូចម្តេច ។ គឺអន្តរាបរិនិញ្វយិបុគ្គល ១ ឧបហច្ចបរិនិញ្វយិបុគ្គល ១ អសង្ខារបរិនិញ្វយិបុគ្គល ១ សសង្ខារបរិនិព្វាយិបុគ្គល ១ ឧទ្ធំសោតអកនិដ្ឋគាមិបុគ្គល ១ បុគ្គល ៥ ពួកនេះ លះលោកនេះហើយ ទើបសម្រេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំងឡាយណានីមួយ ជ្រះថ្លា មិនញាប់ញ័រ ចំពោះតថាគត ពួកបុគ្គលទាំងអស់នោះ ជាសោតាបន្ន (អ្នកដល់នូវដើមខ្សែនៃអរិយមគ្គ) ។ បណ្តាសោតាបន្នបុគ្គលទាំងនោះ បុគ្គល ៥ ពួកនេះ សម្រេចក្នុងលោកនេះ បុគ្គល ៥ ពួកនេះ លះលោកនេះហើយ ទើបសម្រេច ។

៥. បឋមសុខសូត្រកែប្រែ

[៦៥] សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ គង់នៅនាលកគ្រាម ក្នុងដែនមគធៈ ។ គ្រានោះ បរិញ្វជកឈ្មោះសាមណ្ឌកានិ ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏បានពោលពាក្យរាក់ទាក់ ជាមួយនឹងព្រះសារីបុត្តដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ លុះបរិញ្វជកឈ្មោះ សាមណ្ឌកានិ អង្គុយក្នុងទីសមគួរហើយ បានសួរព្រះសារីបុត្តដ៏មានអាយុដូច្នេះថា ម្នាលអាវុសោសារីបុត្ត អ្វីហ្ន៎ ឈ្មោះថា សុខ អ្វីឈ្មោះថា ទុក្ខ ។ ព្រះសារីបុត្តឆ្លើយថា ម្នាលអាវុសោ ការកើតឡើងហ្នឹងឯង ឈ្មោះថា ទុក្ខ ការមិនកើតឡើង ឈ្មោះថា សុខ ។ ម្នាលអាវុសោ កាលបើមានការកើតឡើង សេចក្តីទុក្ខនេះ រមែងប្រាកដ គឺការត្រជាក់ ក្តៅ ឃ្លាន ស្រេក ឧច្ចារៈ បស្សាវៈ ប៉ះត្រូវនឹងភ្លើង ប៉ះត្រូវនឹងដំបង ប៉ះត្រូវនឹងគ្រឿងសស្រ្តាវុធ ញាតិទាំងឡាយក្តី មិត្រទាំងឡាយក្តី រមែងជួបជុំប្រសព្វគ្នា បៀតបៀន បុគ្គលនោះ ។ ម្នាលអាវុសោ កាលបើមានការកើតឡើង សេចក្តីទុក្ខនេះ រមែងប្រាកដ ។ ម្នាលអាវុសោ កាលបើមិនមានការកើតឡើង សេចក្តីសុខនេះ រមែងប្រាកដ គឺការមិនមានត្រជាក់ មិនមានក្តៅ មិនមានឃ្លាន មិនមានស្រេក មិនមានឧច្ចារៈ មិនមានបស្សាវៈ មិនមានប៉ះត្រូវនឹងភ្លើង មិនមានប៉ះត្រូវនឹងដំបង មិនមានប៉ះត្រូវនឹងគ្រឿងសស្រ្តាវុធ ឬញាតិទាំងឡាយក្តី មិត្រទាំងឡាយក្តី មិនជួបជុំប្រសព្វគ្នា បៀតបៀនបុគ្គលនោះ ។ ម្នាលអាវុសោ កាលបើមិនមានការកើតឡើង សេចក្តីសុខនេះ រមែងប្រាកដ ។

៦. ទុតិយសុខសូត្រកែប្រែ

[៦៦] សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ នៅក្នុងនាលកគ្រាម ក្នុងដែនមគធៈ ។ គ្រានោះ បរិញ្វជកឈ្មោះសាមណ្ឌកានិ ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ជាមួយនឹងព្រះសារីបុត្តដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ លុះបរិញ្វជក ឈ្មោះសាមណ្ឌកានិ អង្គុយក្នុងទីដ៏សមគួរហើយ បានសួរព្រះសារីបុត្ត ដ៏មានអាយុដូច្នេះថា ម្នាលអាវុសោសារីបុត្ត អ្វីហ្ន៎ ឈ្មោះថា សុខ អ្វីឈ្មោះថា ទុក្ខ ក្នុងធម្មវិន័យនេះ ។ ព្រះសារីបុត្តឆ្លើយថា ម្នាលអាវុសោ សេចក្តីមិនត្រេកអរនេះឯង ឈ្មោះថា ទុក្ខ សេចក្តីត្រេកអរ ឈ្មោះថា សុខ ក្នុងធម្មវិន័យនេះ ។ ម្នាលអាវុសោ កាលបើមិនមានសេចក្តីត្រេកអរ សេចក្តីទុក្ខនេះ រមែងប្រាកដ គឺបុគ្គលកាលដើរទៅក្តី រមែងមិនមានសេចក្តីសុខជាទីត្រេកអរ ឈរនៅក្តី … អង្គុយនៅក្តី … ដេកនៅក្តី … នៅក្នុងស្រុកក្តី… នៅក្នុងព្រៃក្តី… នៅជិតគល់ឈើក្តី … នៅក្នុងផ្ទះស្ងាត់ក្តី … នៅក្នុងទីវាលក្តី … នៅក្នុងកណ្តាលភិក្ខុក្តី ក៏រមែងមិនបានសេចក្តីសុខ ជាទីត្រេកអរឡើយ ។ ម្នាលអាវុសោ កាលបើមិនមានសេចក្តីត្រេកអរ សេចក្តីទុក្ខនេះ រមែងប្រាកដ ។ ម្នាលអាវុសោ កាលបើមានសេចក្តីត្រេកអរ សេចក្តីសុខនេះ រមែងប្រាកដ គឺបុគ្គលកាលដើរទៅ ក៏បានប្រសព្វសេចក្តីសុខ ជាទីត្រេកអរ ឈរក្តី… អង្គុយក្តី… ដេកក្តី… នៅក្នុងស្រុកក្តី … នៅក្នុងព្រៃក្តី… នៅជិតគល់ឈើក្តី… នៅក្នុងផ្ទះស្ងាត់ក្តី… នៅទីវាលក្តី… នៅកណ្តាលភិក្ខុក្តី… រមែងបានប្រសព្វសេចក្តីសុខ ជាទីត្រេកអរ ។ ម្នាលអាវុសោ កាលបើមានសេចក្តីត្រេកអរ សេចក្តីសុខនេះ រមែងប្រាកដ ។

៧. បឋមនឡកបានសូត្រកែប្រែ

[៦៧] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងកោសលជនបទ ជាមួយនឹងភិក្ខុសង្ឃច្រើនរូប ស្តេចឆ្ពោះទៅកាន់និគមឈ្មោះនឡកបានៈ របស់អ្នកដែនកោសល ។ ក្នុងទីនោះ បានឮថា ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងព្រៃចារ ទៀបស្រុក ឈ្មោះនឡកបានៈ ។ សម័យនោះឯង ព្រះដ៏មានព្រះភាគ មានភិក្ខុសង្ឃចោមរោមហើយ ទ្រង់គង់ក្នុងឧបោសថថ្ងៃនោះ ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ពួកភិក្ខុ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា អស់វេលាយប់ជ្រៅ ទ្រង់រមិលមើលភិក្ខុសង្ឃ ដែលអង្គុយនៅស្ងប់សៀម ហើយក៏ត្រាស់នឹងព្រះសារីបុត្តដ៏មានអាយុថា ម្នាលសារីបុត្ត ភិក្ខុសង្ឃប្រាសចាកថីនមិទ្ធៈហើយ ម្នាលសារីបុត្ត លោកចូរបំភ្លឺធម្មីកថា ដល់ភិក្ខុទាំងឡាយចុះ តថាគតរួយខ្នង តថាគតនឹងសម្រាកខ្នងបន្តិច ។ ព្រះសារីបុត្តដ៏មានអាយុ ទទួលព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យក្រាលសង្ឃាដីមានជាន់ ៤ ហើយសម្រេចនូវសីហសេយ្យាស ផ្អៀងទៅខាងស្តាំ តម្រួតព្រះបាទលើព្រះបាទ មានព្រះសតិ និងសម្បជញ្ញៈ ធ្វើមនសិការៈនូវឧដ្ឋានសញ្ញា ។ ក្នុងទីនោះ ព្រះសារីបុត្តដ៏មានអាយុ ហៅភិក្ខុទាំងឡាយថា ម្នាលអាវុសោភិក្ខុទាំងឡាយ ។ ភិក្ខុទាំងអម្បាលនោះ ទទួលស្តាប់ពាក្យព្រះសារីបុត្តដ៏មានអាយុថា ករុណា អាវុសោ ។ ព្រះសារីបុត្តដ៏មានអាយុ សំដែងដូច្នេះថា ម្នាលអាវុសោទាំងឡាយ សទ្ធាក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយមិនមាន ហិរិ មិនមាន… ឱត្តប្បៈ មិនមាន… វីរិយៈ មិនមាន… បញ្ញាក្នុងកុសលធម៌ទាំងឡាយ មិនមាន យប់ និងថ្ងៃរបស់បុគ្គលនោះ មកដល់ សេចក្តីសាបសូន្យក្នុងកុសលធម៌ទាំងឡាយ តែងប្រាកដ សេចក្តីចម្រើន មិនប្រាកដឡើយ ។ ម្នាលអាវុសោ ដូចជាយប់ និងថ្ងៃ របស់ព្រះចន្ទ ក្នុងកាឡបក្ខ មកដល់ ព្រះចន្ទនោះ រមែងបាត់ចាកពណ៌ បាត់ចាកមណ្ឌល បាត់ចាកពន្លឺ បាត់ចាកកំពស់ និងទំហំ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ សទ្ធាក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយ មិនមាន ហិរិ មិនមាន… ឱត្តប្បៈ មិនមាន…វីរិយៈ មិនមាន… បញ្ញាក្នុងកុសលធម៌ទាំងឡាយ មិនមាន យប់ និងថ្ងៃ របស់បុគ្គលនោះមកដល់ សេចក្តីសាបសូន្យ ក្នុងកុសលធម៌ទាំងឡាយ តែងប្រាកដ សេចក្តីចម្រើន មិនប្រាកដឡើយ ក៏យ៉ាងនោះដែរ ។ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គលមិនមានសទ្ធានេះ ជាសេចក្តីសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គលមិនមានហិរិនេះ ជាសេចក្តីសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គលមិនមានឱត្តប្បៈនេះ ជាសេចក្តីសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គល ជាអ្នកខ្ជិលច្រអូសនេះ ជាសេចក្តីសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គល អប្បឥតបញ្ញានេះ ជាសេចក្តីសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គល ជាអ្នកក្រោធនេះ ជាសេចក្តីសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គល ជាអ្នកចងសេចក្តីក្រោធទុកនេះ ជាសេចក្តីសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គលជាអ្នកប្រាថ្នាអាក្រក់នេះ ជាសេចក្តីសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គល ជាអ្នកមានមិត្តអាក្រក់នេះ ជាសេចក្តីសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គល ជាអ្នកមានសេចក្តីឃើញខុសនេះ ជាសេចក្តីសាបសូន្យ ។ ម្នាលអាវុសោទាំងឡាយ ពាក្យថា សទ្ធា ក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយមាន ហិរិមាន  …ឱត្តប្បៈមាន… វីរិយៈមាន… បញ្ញាក្នុងកុសលធម៌ទាំងឡាយមាន យប់ និងថ្ងៃរបស់បុគ្គលនោះ មកដល់ សេចក្តីចម្រើនក្នុងកុសលធម៌ទាំងឡាយ តែងប្រាកដ សេចក្តីសាបសូន្យ រមែងមិនប្រាកដឡើយ ។ ម្នាលអាវុសោទាំងឡាយ ដូចជាយប់ និងថ្ងៃរបស់ព្រះចន្ទ ក្នុងជុណ្ហបក្ខ មកដល់ ព្រះចន្ទនោះ រមែងចម្រើនដោយពណ៌ ចម្រើនដោយមណ្ឌល ចម្រើនដោយពន្លឺ ចម្រើនដោយកំពស់ និងទំហំ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ សទ្ធាក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយ មាន ហិរិមាន… ឱត្តប្បៈមាន… វីរិយៈមាន… បញ្ញាក្នុងកុសលធម៌ទាំងឡាយ មាន យប់ និងថ្ងៃរបស់បុគ្គលនោះ មកដល់ សេចក្តីចម្រើនក្នុងកុសលធម៌ទាំងឡាយ តែងប្រាកដ សេចក្តីសាបសូន្យ មិនប្រាកដឡើយ ក៏យ៉ាងនោះដែរ ។ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គលអ្នកមានសទ្ធានេះ ជាសេចក្តីមិនសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គល ជាអ្នកមានហិរិនេះ ជាសេចក្តីមិនសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គល ជាអ្នកមានឱត្តប្បៈនេះ ជាសេចក្តីមិនសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គល ជាអ្នកមានវីរិយៈប្រារព្ធហើយនេះ ជាសេចក្តីមិនសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គល ជាអ្នកមានបញ្ញានេះ ជាសេចក្តីមិនសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គល ជាអ្នកមិនមានសេចក្តីក្រោធនេះ ជាសេចក្តីមិនសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គល ជាអ្នកមិនចងសេចក្តីក្រោធទុកនេះ ជាសេចក្តីមិនសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គលជាអ្នកមានសេចក្តីប្រាថ្នាតិចនេះ ជាសេចក្តីមិនសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គល ជាអ្នកមានកល្យាណមិត្តនេះ ជាសេចក្តីមិនសាបសូន្យ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គលអ្នកមានការយល់ឃើញត្រូវនេះ ជាសេចក្តីមិនសាបសូន្យ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់តើនឡើង ត្រាស់នឹងព្រះសារីបុត្តដ៏មានអាយុថា ប្រពៃហើយ ៗ សារីបុត្ត ម្នាលសារីបុត្ត សទ្ធាក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយ មិនមាន ហិរិ មិនមាន… ឱត្តប្បៈ មិនមាន … វីរិយៈ មិនមាន … បញ្ញាក្នុងកុសលធម៌ទាំងឡាយ មិនមាន យប់ និងថ្ងៃរបស់បុគ្គលនោះមកដល់ សេចក្តីសាបសូន្យ ក្នុងកុសលធម៌ទាំងឡាយ តែងប្រាកដ សេចក្តីចម្រើន មិនប្រាកដឡើយ ។ ម្នាលសារីបុត្ត ដូចជាយប់ និងថ្ងៃរបស់ព្រះចន្ទ ក្នុងកាឡបក្ខ មកដល់ ព្រះចន្ទនោះ ក៏បាត់ចាកពណ៌ បាត់ចាកមណ្ឌល បាត់ចាកពន្លឺ បាត់ចាកកំពស់ និងទំហំ យ៉ាងណាមិញ ម្នាលសារីបុត្ត សទ្ធាក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយ មិនមាន ។បេ។ បញ្ញាក្នុងកុសលធម៌ទាំងឡាយមិនមាន ។បេ។ ក៏យ៉ាងនោះដែរ ម្នាលសារីបុត្ត ពាក្យថា បុរសបុគ្គលមិនមានសទ្ធានេះ ជាសេចក្តីសាបសូន្យ ជាអ្នកមិនមានហិរិ… ជាអ្នកមិនមានឱត្តប្បៈ… ជាអ្នកខ្ជិលច្រអូស … ជាអ្នកអប្បឥតប្រាជ្ញា… ជាអ្នកក្រោធ… ជាអ្នកចងសេចក្តីក្រោធទុក… ជាអ្នកមានសេចក្តីប្រាថ្នាអាក្រក់ … ជាអ្នកមានមិត្តអាក្រក់… ម្នាលសារីបុត្ត ពាក្យថា បុរសបុគ្គលអ្នកមានការយល់ឃើញខុសនេះ ជាសេចក្តីសាបសូន្យ ។ ម្នាលសារីបុត្ត សទ្ធាក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណា មាន ហិរិ មាន… ឱត្តប្បៈ មាន… វីរិយៈ មាន … បញ្ញាក្នុងកុសលធម៌ទាំងឡាយ មាន យប់ និងថ្ងៃរបស់បុគ្គលនោះមកដល់ សេចក្តីចម្រើនក្នុងកុសលធម៌ទាំងឡាយ រមែងប្រាកដ សេចក្តីសាបសូន្យ មិនប្រាកដឡើយ ។ ម្នាលសារីបុត្ត ដូចជាយប់ និងថ្ងៃណា របស់ព្រះចន្ទ ក្នុងជុណ្ហបក្ខមកដល់ ព្រះចន្ទនោះ ចម្រើនដោយពណ៌ ចម្រើនដោយមណ្ឌល ចម្រើនដោយពន្លឺ ចម្រើនដោយកំពស់ និងទំហំ យ៉ាងណាមិញ ម្នាលសារីបុត្ត សទ្ធាក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយ មាន ហិរិ មាន… ឱត្តប្បៈ មាន… វីរិយៈ មាន… បញ្ញាក្នុងកុសលធម៌ទាំងឡាយ មាន យប់ និងថ្ងៃរបស់បុគ្គលនោះ មកដល់ សេចក្តីចម្រើន ក្នុងកុសលធម៌ទាំងឡាយ តែងប្រាកដ សេចក្តីសាបសូន្យ មិនប្រាកដឡើយ ក៏យ៉ាងនោះដែរ ។ ម្នាលសារីបុត្ត ពាក្យថា បុរសបុគ្គលជាអ្នកមានសទ្ធានេះ ជាសេចក្តីមិនសាបសូន្យ ជាអ្នកមានហិរិ … ជាអ្នកមាន ឱត្តប្បៈ… ជាអ្នកមានវីរិយៈប្រារព្ធហើយ… ជាអ្នកមានបញ្ញា … ជាអ្នកមិនមានសេចក្តីក្រោធ… ជាអ្នកមិនចងសេចក្តីក្រោធទុក … ជាអ្នកប្រាថ្នាតិច … ជាអ្នកមានមិត្តល្អ… ម្នាលសារីបុត្ត ពាក្យថា បុរសបុគ្គលជាអ្នកមានសេចក្តីយល់ឃើញត្រូវនេះ ជាសេចក្តីមិនសាបសូន្យទេ ។

៨. ទុតិយនឡកបានសូត្រកែប្រែ

[៦៨] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងព្រៃចារ ទៀបនិគមឈ្មោះនឡកបានៈ ។ សម័យនោះឯង ព្រះដ៏មានព្រះភាគ មានភិក្ខុសង្ឃចោមរោម គង់នៅក្នុងឧបោសថថ្ងៃនោះ ។ គ្រានោះ ព្រះដ៏មានព្រះភាគ ពន្យល់ពួកភិក្ខុឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា អស់វេលាយប់ជ្រៅ ទ្រង់រមិលមើលភិក្ខុសង្ឃ ដែលអង្គុយនៅស្ងប់ស្ងៀម ហើយត្រាស់នឹងព្រះសារីបុត្តដ៏មានអាយុថា ម្នាលសារីបុត្ត ភិក្ខុសង្ឃប្រាសចាកថីនមិទ្ធៈហើយ ម្នាលសារីបុត្ត លោកចូរបំភ្លឺធម្មីកថា ដល់ភិក្ខុទាំងឡាយចុះ តថាគតរួយខ្នង តថាគតនឹងសម្រាកខ្នងបន្តិច ។ ព្រះសារីបុត្តដ៏មានអាយុ ទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យក្រាលសង្ឃាដីមានជាន់ ៤ ហើយទ្រង់សម្រេចនូវសីហសេយ្យាស ផ្អៀងទៅខាងស្តាំ តម្រួតព្រះបាទលើព្រះបាទ មានព្រះសតិ និងសម្បជញ្ញៈ ធ្វើមនសិការៈ នូវឧដ្ឋានសញ្ញា ។ ក្នុងទីនោះឯង ព្រះសារីបុត្តដ៏មានអាយុ ហៅភិក្ខុទាំងឡាយថា ម្នាលអាវុសោភិក្ខុទាំងឡាយ ។ ភិក្ខុទាំងឡាយនោះ ទទួលស្តាប់ពាក្យព្រះសារីបុត្តដ៏មានអាយុថា ករុណា អាវុសោ ។ ព្រះសារីបុត្តដ៏មានអាយុ បានពោលពាក្យនេះថា ម្នាលអាវុសោទាំងឡាយ សទ្ធាក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយ មិនមាន ហិរិ មិនមាន… ឱត្តប្បៈ មិនមាន… វីរិយៈ មិនមាន… បញ្ញា មិនមាន… ការផ្ចង់ដើម្បីស្តាប់ មិនមាន … ការទ្រទ្រង់ធម៌ មិនមាន… ការពិចារណាអត្ថ មិនមាន… ការប្រតិបត្តិធម៌ សមគួរតាមធម៌ មិនមាន… សេចក្តីមិនប្រមាទក្នុងកុសលធម៌ទាំងឡាយ មិនមាន យប់ និងថ្ងៃរបស់បុគ្គលនោះ មកដល់ សេចក្តីសាបសូន្យ ក្នុងកុសលធម៌ទាំងឡាយ រមែងប្រាកដ សេចក្តីចម្រើន មិនប្រាកដឡើយ ។ ម្នាលអាវុសោទាំងឡាយ ដូចជាយប់ និងថ្ងៃ របស់ព្រះចន្ទក្នុងកាឡបក្ខមកដល់ ព្រះចន្ទនោះ រមែងបាត់ចាកពណ៌ បាត់ចាកមណ្ឌល បាត់ចាករស្មី បាត់ចាកកំពស់ និងទំហំ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ សទ្ធាក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយ មិនមាន ហិរិ មិនមាន… ឱត្តប្បៈ មិនមាន… វីរិយៈ មិនមាន… បញ្ញា មិនមាន… ការផ្ចង់ ដើម្បីស្តាប់ មិនមាន… ការទ្រទ្រង់ធម៌ មិនមាន… ការពិចារណាអត្ថ មិនមាន… ការប្រតិបត្តិធម៌សមគួរតាមធម៌ មិនមាន… សេចក្តីមិនប្រមាទ ក្នុងកុសលធម៌ទាំងឡាយ មិនមាន យប់ និងថ្ងៃរបស់បុគ្គលនោះ មកដល់ សេចក្តីសាបសូន្យ ក្នុងកុសលធម៌ទាំងឡាយប្រាកដ សេចក្តីចម្រើន រមែងមិនប្រាកដឡើយ ក៏យ៉ាងនោះដែរ ។ ម្នាលអាវុសោទាំងឡាយ សទ្ធាក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយ មាន ហិរិ មាន … ឱត្តប្បៈ មាន… វីរិយៈ មាន … បញ្ញា មាន… ការផ្ចង់ដើម្បីស្តាប់ មាន… ការទ្រទ្រង់ធម៌ មាន… ការពិចារណាអត្ថ មាន… ការប្រតិបត្តិធម៌ តាមសមគួរដល់ធម៌ មាន… សេចក្តីមិនប្រមាទ ក្នុងកុសលធម៌ទាំងឡាយ មាន យប់ និងថ្ងៃ របស់បុគ្គលនោះ មកដល់ សេចក្តីចម្រើនក្នុងកុសលធម៌ទាំងឡាយ រមែងប្រាកដ សេចក្តីសាបសូន្យ រមែងមិនប្រាកដឡើយ ។ ម្នាលអាវុសោទាំងឡាយ ដូចជាយប់ និងថ្ងៃ របស់ព្រះចន្ទ ក្នុងជុណ្ហបក្ខ មកដល់ ព្រះចន្ទនោះ ចម្រើនដោយពណ៌ ចម្រើនដោយមណ្ឌល ចម្រើនដោយពន្លឺ ចម្រើនដោយកំពស់ និងទំហំ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ សទ្ធាក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយ មាន ហិរិ មាន… ឱត្តប្បៈ មាន… វីរិយៈ មាន… បញ្ញា មាន… ការផ្ចង់ដើម្បីស្តាប់ មាន … ការទ្រទ្រង់ធម៌ មាន… ការពិចារណាអត្ថ មាន… ការប្រតិបត្តិធម៌ តាមសមគួរដល់ធម៌ មាន… សេចក្តីមិនប្រមាទ ក្នុងកុសលធម៌ទាំងឡាយ មាន យប់ និងថ្ងៃរបស់បុគ្គលនោះ មកដល់ សេចក្តីចម្រើន ក្នុងកុសលធម៌ទាំងឡាយ រមែងប្រាកដ សេចក្តីសាបសូន្យ រមែងមិនប្រាកដឡើយ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់តើនចាកអាសនៈហើយ បានត្រាស់នឹងព្រះសារីបុត្តដ៏មានអាយុថា ប្រពៃណាស់ហើយ សារីបុត្ត ម្នាលសារីបុត្ត សទ្ធាក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយ មិនមាន ហិរិ មិនមាន… ឱត្តប្បៈ មិនមាន … វីរិយៈ មិនមាន … បញ្ញា មិនមាន… ការផ្ចង់ដើម្បីស្តាប់ មិនមាន… ការទ្រទ្រង់ធម៌ មិនមាន… ការពិចារណាអត្ថ មិនមាន… ការប្រតិបត្តិធម៌ តាមសមគួរដល់ធម៌ មិនមាន… សេចក្តីមិនប្រមាទ ក្នុងកុសលធម៌ទាំងឡាយ មិនមាន យប់ និងថ្ងៃរបស់បុគ្គលនោះ មកដល់ សេចក្តីសាបសូន្យ ក្នុងកុសលធម៌ទាំងឡាយ រមែងប្រាកដ សេចក្តីចម្រើន រមែងមិនប្រាកដឡើយ ។ ម្នាលសារីបុត្ត ដូចជាយប់ និងថ្ងៃ របស់ព្រះចន្ទ ក្នុងកាឡបក្ខ មកដល់ ព្រះចន្ទនោះ រមែងបាត់ចាកពណ៌ បាត់ចាកមណ្ឌល បាត់ចាកពន្លឺ បាត់ចាកកំពស់ និងទំហំ យ៉ាងណាមិញ ម្នាលសារីបុត្ត សទ្ធា ក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយ មិនមាន ។បេ។ សេចក្តីមិនប្រមាទ ក្នុងកុសលធម៌ទាំងឡាយ មិនមាន យប់ និងថ្ងៃរបស់បុគ្គលនោះ មកដល់ សេចក្តីសាបសូន្យ ក្នុងកុសលធម៌ទាំងឡាយ ប្រាកដ សេចក្តីចម្រើន រមែងមិនប្រាកដឡើយ ក៏យ៉ាងនោះដែរ ។ ម្នាលសារីបុត្ត សទ្ធា ក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយ មាន ហិរិ មាន… ឱត្តប្បៈ មាន… វីរិយៈ មាន… បញ្ញា មាន… ការផ្ចង់ដើម្បីស្តាប់ មាន… ការទ្រទ្រង់ធម៌ មាន… ការពិចារណាអត្ថ មាន… សេចក្តីមិនប្រមាទ ក្នុងកុសលធម៌ទាំងឡាយ មាន យប់ និងថ្ងៃរបស់បុគ្គលនោះ មកដល់ សេចក្តីចម្រើន រមែងប្រាកដ សេចក្តីសាបសូន្យ រមែងមិនប្រាកដឡើយ ។ ម្នាលសារីបុត្ត ដូចជាយប់ និងថ្ងៃ របស់ព្រះចន្ទក្នុងជុណ្ហបក្ខ មកដល់ ព្រះចន្ទនោះ រមែងចម្រើនដោយពណ៌ ចម្រើនដោយមណ្ឌល ចម្រើនដោយពន្លឺ ចម្រើនដោយកំពស់ និងទំហំ យ៉ាងណាមិញ ម្នាលសារីបុត្ត សទ្ធាក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយមាន ។បេ។ សេចក្តីមិនប្រមាទ ក្នុងកុសលធម៌ទាំងឡាយ មាន យប់ និងថ្ងៃរបស់បុគ្គលនោះ មកដល់ សេចក្តីចម្រើន ក្នុងកុសលធម៌ទាំងឡាយ រមែងប្រាកដ សេចក្តីសាបសូន្យ រមែងមិនប្រាកដឡើយ ក៏យ៉ាងនោះដែរ ។

៩. បឋមកថាវត្ថុសូត្រកែប្រែ

[៦៩] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ ក្នុងសម័យនោះឯង ភិក្ខុទាំងឡាយច្រើនរូប ត្រឡប់អំពីបិណ្ឌបាត ក្នុងបច្ឆាភត្តហើយ ក៏អង្គុយជួបជុំគ្នា ក្នុងឧបដ្ឋានសាលា ប្រកបតិរច្ឆានកថាច្រើនយ៉ាង គឺនិយាយអំពីស្តេច និយាយអំពីចោរ និយាយអំពីអាមាត្យធំ និយាយអំពីសេនាទាហាន និយាយអំពីភ័យ និយាយអំពីចម្បាំង និយាយអំពីម្ហូបចំណី និយាយអំពីទឹក និយាយអំពីសំពត់ និយាយអំពីទីដេក និយាយអំពីផ្កាកម្រង និយាយអំពីគ្រឿងក្រអូប និយាយអំពីញាតិ និយាយអំពីយាន និយាយអំពីស្រុក និយាយអំពីនិគម និយាយអំពីនគរ និយាយអំពីជនបទ និយាយអំពីស្រ្តី និយាយអំពីយោធាដែលក្លៀវក្លា និយាយអំពីច្រកផ្លូវ និយាយអំពីកំពង់ទឹក និយាយអំពីញាតិ ដែលចែកឋានទៅកាន់បរលោក និយាយអំពីពាក្យ ដែលឥតប្រយោជន៍ មានសភាពផ្សេង ៗ និយាយអំពីលោក និយាយអំពីរឿងជីកសមុទ្រ និយាយអំពីសេចក្តីចម្រើន និងមិនចម្រើន ដែលជាហេតុឥតប្រយោជន៍ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យហើយ ស្តេចចូលទៅកាន់ឧបដ្ឋានសាលា លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់ស្រេចហើយ ទើបត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ក្នុងកាលអម្បាញ់មិញនេះ អ្នកទាំងឡាយប្រជុំគ្នា ដោយកថាដូចម្តេចហ្ន៎ ម៉្យាងទៀត អន្តរាកថា ដូចម្តេចហ្ន៎ ដែលអ្នកទាំងឡាយ បញ្ឈប់ទៅ ។ ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីនេះ ពួកខ្ញុំព្រះអង្គត្រឡប់អំពីបិណ្ឌបាត ក្នុងបច្ឆាភត្តហើយ អង្គុយជួបជុំគ្នា ក្នុងឧបដ្ឋានសាលា ប្រកបតិរច្ឆានកថាជាច្រើនយ៉ាង គឺនិយាយអំពីស្តេច និយាយអំពីចោរ ។បេ។ និយាយអំពីសេចក្តីចម្រើន និងមិនចម្រើន ដែលជាហេតុឥតប្រយោជន៍ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ប្រកបតិរច្ឆានកថាជាច្រើនយ៉ាង ដោយហេតុណា ហេតុនោះ មិនសមគួរដល់អ្នកទាំងឡាយ ដែលជាកុលបុត្តអ្នកចេញចាកផ្ទះដោយសទ្ធា ហើយចូលកាន់ផ្នួសឡើយ តិរច្ឆានកថានោះគឺ និយាយអំពីស្តេច និយាយអំពីចោរ និយាយអំពីអាមាត្យធំ និយាយអំពីសេនាទាហាន និយាយអំពីភ័យ និយាយអំពីចម្បាំង និយាយអំពីម្ហូបចំណី និយាយអំពីទឹក និយាយអំពីសំពត់ និយាយអំពីទីដេក និយាយអំពីកម្រងផ្កា និយាយអំពីគ្រឿងក្រអូប និយាយអំពីញាតិ និយាយអំពីយាន និយាយអំពីស្រុក និយាយអំពីនិគម និយាយអំពីនគរ និយាយអំពីជនបទ និយាយអំពីស្រ្តី និយាយអំពីយោធាក្លៀវក្លា និយាយអំពីច្រកផ្លូវ និយាយអំពីកំពង់ទឹក និយាយអំពីញាតិ ដែលចែកឋានទៅកាន់បរលោក និយាយពាក្យដែលឥតប្រយោជន៍ មានសភាពផ្សេង ៗ និយាយអំពីលោក និយាយអំពីរឿងជីកសមុទ្រ និយាយអំពីសេចក្តីចម្រើន និងមិនចម្រើន ដែលជាហេតុឥតប្រយោជន៍ ។ ម្នាលភិក្ខុទាំងឡាយ កថាវត្ថុ (ហេតុគួរនិយាយ) អម្បាលនេះ មាន ១០ ប្រការ ។ កថាវត្ថុ ១០ ប្រការ តើដូចម្តេចខ្លះ ។ គឺនិយាយអំពីសេចក្តីប្រាថ្នាតិច ១ និយាយអំពីសេចក្តីសន្តោស ១ និយាយអំពីសេចក្តីស្ងាត់ ១ និយាយអំពីសេចក្តីមិនច្រឡូកច្រឡំ ដោយពួកគណៈ ១ និយាយអំពីប្រារព្ធសេចក្តីព្យាយាម ១ និយាយអំពីសីល ១ និយាយអំពីសមាធិ ១ និយាយអំពីបញ្ញា ១ និយាយអំពីវិមុត្តិ ១ និយាយអំពីវិមុត្តិញ្ញាណទស្សនៈ ១ ម្នាលភិក្ខុទាំងឡាយ កថាវត្ថុ មាន ១០ ប្រការនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ និយាយនូវកថា ដែលអាស្រ័យកថាវត្ថុ ១០ ប្រការនេះឯង អ្នកទាំងឡាយ នឹងគ្របសង្កត់នូវតេជះនៃព្រះចន្ទ និងព្រះអាទិត្យនេះឯង ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពធំយ៉ាងនេះ ដោយតេជះរបស់ខ្លួន នឹងបាច់ពោលទៅថ្វី ដល់ពួកបរិញ្វជក ជាអន្យតិរ្ថិយឡើយ ។

១០. ទុតិយកថាវត្ថុសូត្រកែប្រែ

[៧០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ភិក្ខុច្រើនរូប ត្រឡប់អំពីបិណ្ឌបាត ក្នុងបច្ឆាភត្តហើយ អង្គុយជួបជុំគ្នា ក្នុងឧបដ្ឋានសាលា ប្រកបតិរច្ឆានកថា ច្រើនប្រការ គឺនិយាយអំពីស្តេច និយាយអំពីចោរ និយាយអំពីអាមាត្យធំ ។បេ។ និយាយអំពីសេចក្តីចម្រើន និងមិនចម្រើន ដែលជាហេតុឥតប្រយោជន៍ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយស្តេចចូលទៅកាន់ឧបដ្ឋានសាលា លុះចូលទៅដល់ហើយ គង់លើអាសនៈ ដែលគេក្រាលថ្វាយ ។ លុះព្រះដ៏មានព្រះភាគ គង់ស្រេចហើយ ទើបត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ក្នុងកាលអម្បាញ់មិញនេះ អ្នកទាំងឡាយ អង្គុយជួបជុំគ្នា ដោយកថាដូចម្តេចហ្ន៎ ចុះអន្តរាកថាដូចម្តេច ដែលពួកអ្នកបញ្ឈប់ទៅ ។ ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ពួកខ្ញុំព្រះអង្គ ត្រឡប់អំពីបិណ្ឌបាត ក្នុងបច្ឆាភត្តហើយ អង្គុយប្រជុំគ្នាក្នុងឧបដ្ឋានសាលា ប្រកបតិរច្ឆានកថាជាច្រើន គឺនិយាយអំពីស្តេច និយាយអំពីចោរ ។បេ។ និយាយអំពីសេចក្តីចម្រើន និងមិនចម្រើន ដែលជាហេតុឥតប្រយោជន៍ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ប្រកបតិរច្ឆានកថាជាច្រើន ដោយហេតុណា ហេតុនេះ មិនសមគួរដល់អ្នកទាំងឡាយ ដែលជាកុលបុត្តចេញចាកផ្ទះ ដោយសទ្ធា ចូលមកកាន់ផ្នួសទេ តិរច្ឆានកថានោះ គឺនិយាយអំពីសេ្តច ។បេ។ និយាយអំពីសេចក្តីចម្រើន និងមិនចម្រើន ដែលជាហេតុឥតប្រយោជន៍ ។ ម្នាលភិក្ខុទាំងឡាយ ឋានៈ ដែលគួរសរសើរនេះ មាន ១០ យ៉ាង ។ ឋានៈ ១០ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រាថ្នាតិច ដោយខ្លួនឯងផង សំដែងអំពីសេចក្តីប្រាថ្នាតិច ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈគួរសរសើរថា ភិក្ខុជាអ្នកប្រាថ្នាតិច ដោយខ្លួនឯងផង សំដែងអំពីសេចក្តីប្រាថ្នាតិច ដល់ភិក្ខុទាំងឡាយផង ១ ។ ភិក្ខុជាអ្នកសន្តោស ដោយខ្លួនឯងផង សំដែងអំពីសេចក្តីសន្តោសដល់ភិក្ខុទាំងឡាយផង នេះជាឋានៈដែលគួរសរសើរថា ភិក្ខុជាអ្នកសន្តោសផង សំដែងអំពីសេចក្តីសន្តោសដល់ភិក្ខុទាំងឡាយផង ១ ។ ភិក្ខុជាអ្នកស្ងប់ស្ងាត់ ដោយខ្លួនឯងផង សំដែងអំពីសេចក្តីស្ងប់ស្ងាត់ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈ ដែលគួរសរសើរថា ភិក្ខុជាអ្នកស្ងប់ស្ងាត់ផង សំដែងអំពីសេចក្តីស្ងប់ស្ងាត់ ដល់ភិក្ខុទាំងឡាយផង ១ ។ ភិក្ខុជាអ្នកមិនច្រឡូកច្រឡំដោយពួកគណៈ ដោយខ្លួនឯងផង សំដែងអំពីសេចក្តីមិនច្រឡូកច្រឡំ ដោយពួកគណៈ ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈ ដែលគួរសរសើរថា ភិក្ខុជាអ្នកមិនច្រឡូកច្រឡំ ដោយពួកគណៈផង សំដែងអំពីសេចក្តីមិនច្រឡូកច្រឡំ ដោយពួកគណៈ ដល់ភិក្ខុទាំងឡាយផង ១ ។ ភិក្ខុជាអ្នកមានព្យាយាម ប្រារព្ធហើយ ដោយខ្លួនឯងផង សំដែងអំពីសេចក្តីប្រារព្ធ ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈ ដែលគួរសរសើរថា ភិក្ខុជាអ្នកមានព្យាយាម ប្រារព្ធហើយផង សំដែងអំពីសេចក្តីប្រារព្ធព្យាយាម ដល់ភិក្ខុទាំងឡាយផង ១ ។ ភិក្ខុជាអ្នកបរិបូណ៌ដោយសីល ដោយខ្លួនឯងផង សំដែងអំពីសេចក្តីបរិបូណ៌ដោយសីល ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈដែលគួរសរសើរថា ភិក្ខុជាអ្នកបរិបូណ៌ដោយសីលផង សំដែងអំពីការបរិបូណ៌ដោយសីល ដល់ភិក្ខុទាំងឡាយផង ១ ។ ភិក្ខុជាអ្នកបរិបូណ៌ដោយសមាធិ ដោយខ្លួនឯងផង សំដែងអំពីការបរិបូណ៌ដោយសមាធិ ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈ ដែលគួរសរសើរថា ភិក្ខុជាអ្នកបរិបូណ៌ដោយសមាធិផង សំដែងអំពីការបរិបូណ៌ដោយសមាធិ ដល់ភិក្ខុទាំងឡាយផង ១ ។ ភិក្ខុជាអ្នកបរិបូណ៌ដោយបញ្ញា ដោយខ្លួនឯងផង សំដែងអំពីការបរិបូណ៌ដោយបញ្ញា ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈ ដែលគួរសរសើរថា ភិក្ខុជាអ្នកបរិបូណ៌ដោយបញ្ញាផង សំដែងអំពីការបរិបូណ៌ដោយបញ្ញា ដល់ភិក្ខុទាំងឡាយផង ១ ។ ភិក្ខុជាអ្នកបរិបូណ៌ដោយវិមុត្តិ ដោយខ្លួនឯងផង សំដែងអំពីការបរិបូណ៌ដោយវិមុត្តិ ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈ ដែលគួរសរសើរថា ភិក្ខុជាអ្នកបរិបូណ៌ដោយវិមុត្តិផង សំដែងអំពីការបរិបូណ៌ដោយវិមុត្តិ ដល់ភិក្ខុទាំងឡាយផង ១ ។ ភិក្ខុជាអ្នកបរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈ ដោយខ្លួនឯងផង សំដែងអំពីការបរិបូណ៌ ដោយវិមុត្តិញ្ញាណទស្សនៈ ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈដែលគួរសរសើរថា ភិក្ខុជាអ្នកបរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈផង សំដែងអំពីការបរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈ ដល់ភិក្ខុទាំងឡាយផង ១ ។ ម្នាលភិក្ខុទាំងឡាយ ឋានៈដែលគួរសរសើរ មាន ១០ យ៉ាងនេះឯង ។

ចប់ យមកវគ្គ ទី២ ។

ឧទ្ទាននៃយមកវគ្គនោះគឺ

និយាយអំពីអវិជ្ជា ១ តណ្ហា ១ (ព្រះនិញ្វន)  ១ សេចក្តីជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះតថាគត ១ សេចក្តីសុខ ពីរលើក ពីព្រះដ៏មានព្រះភាគ ត្រាច់ទៅកាន់និគមឈ្មោះនឡកបានៈ ពីរលើក និងវត្ថុកថា ដទៃទៀត ពីរលើក ។

អាកង្ខវគ្គ ទី៣កែប្រែ

១. អាកង្ខសូត្រកែប្រែ

[៧១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ក្នុងទីនោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ បានទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរបរិបូណ៌ដោយសីល បរិបូណ៌ដោយបាតិមោក្ខ ជាអ្នកសង្រួម ក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញនូវភ័យ ក្នុងទោសមានប្រមាណតិច ជាអ្នកសមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុគប្បីប្រាថ្នាថា អាត្មាអញគប្បីជាទីស្រឡាញ់ ជាទីគាប់ចិត្ត ជាទីគោរព ជាទីសរសើរ នៃសព្រហ្មចារីបុគ្គលទាំងឡាយ ភិក្ខុនោះ គួរជាអ្នកបំពេញក្នុងសីល ប្រកបរឿយ ៗ នូវការរម្ងាប់នូវចិត្តខាងក្នុង មានឈានមិនសាបសូន្យ ប្រកបដោយវិបស្សនាញាណ ជាអ្នកចម្រើននូវសុញ្ញាគារៈ (ផ្ទះស្ងាត់) ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុគប្បីប្រាថ្នាថា អាត្មាអញ គួរជាបុគ្គលបាននូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ភិក្ខុនោះ គួរជាអ្នកបំពេញក្នុងសីល ប្រកបរឿយ ៗ នូវការរម្ងាប់នូវចិត្តខាងក្នុង មានឈានមិនសាបសូន្យ ប្រកបដោយវិបស្សនាញាណ ជាអ្នកចម្រើននូវសុញ្ញាគារៈ ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុគប្បីប្រាថ្នាថា អាត្មាអញប្រើប្រាស់ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយ របស់ទាយកណា ការឲ្យនូវបច្ច័យទាំងនោះ របស់ទាយកទាំងនោះ សូមឲ្យមានផលច្រើន មានអានិសង្សច្រើន ភិក្ខុនោះ គួរជាអ្នកបំពេញក្នុងសីល… ជាអ្នកចម្រើននូវសុញ្ញាគារៈ ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុគប្បីប្រាថ្នាថា ពួកប្រេតជាញាតិ សាលោហិតណា (របស់អាត្មាអញ) ដែលធ្វើមរណកាលស្លាប់ទៅហើយ មានចិត្តជ្រះថ្លា រលឹករឿយ ៗ ការរលឹកនោះ របស់ប្រេតទាំងនោះ សូមឲ្យមានផលច្រើន មានអានិសង្សច្រើន ភិក្ខុនោះ គួរជាអ្នកបំពេញក្នុងសីល … ជាអ្នកចម្រើននូវសុញ្ញាគារៈ ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុគប្បីប្រាថ្នាថា អាត្មាអញ គប្បីជាអ្នកសន្តោស ដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន តាមបាន ភិក្ខុនោះ គួរជាអ្នកបំពេញ ក្នុងសីល… ជាអ្នកចម្រើននូវសុញ្ញាគារៈ ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុគប្បីប្រាថ្នាថា អាត្មាអញ គប្បីជាអ្នកអត់ធន់នូវត្រជាក់ ក្តៅ ការឃ្លាន ការស្រេក សម្ផស្ស របោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូចពស់ធំ ជាអ្នកអត់សង្កត់ នូវគន្លងនៃពាក្យ ដែលគេនិយាយអាក្រក់ មកកាន់សោតទ្វារ ដែលញុំាងទុក្ខឲ្យកើតឡើង នាំឲ្យវេទនា ប្រព្រឹត្តទៅ ក្នុងសរីរៈ ជាទុក្ខក្លាខ្លាំង ខ្លោចផ្សា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត ជាទីនាំទៅនូវជីវិត ភិក្ខុនោះ ជាអ្នកបំពេញក្នុងសីល… ជាអ្នកចម្រើននូវសុញ្ញាគារៈ ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុគប្បីប្រាថ្នាថា អាត្មាអញ គប្បីអត់ធន់នូវសេចក្តីអផ្សុក (ក្នុងនេក្ខម្មៈ) និងសេចក្តីត្រេកអរក្នុងកាមគុណ (ឯសេចក្តីត្រេកអរ និងសេចក្តីអផ្សុក) ក្នុងនេក្ខម្មៈ និងសេចក្តីត្រេកអរ (ក្នុងកាមគុណ) កុំគប្បីគ្របសង្កត់នូវអាត្មាអញឡើយ អាត្មាអញ គប្បីគ្របសង្កត់នូវសេចក្តីអផ្សុក (ក្នុងនេក្ខម្មៈ) និងសេចក្តីត្រេកអរ (ក្នុងកាមគុណ) ដែលកើតឡើងហើយ ភិក្ខុនោះ គួរជាអ្នកបំពេញក្នុងសីល… ជាអ្នកចម្រើននូវសុញ្ញាគារៈ ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុគប្បីប្រាថ្នាថា អាត្មាអញគប្បីជាអ្នកគ្របសង្កត់នូវអារម្មណ៍ ដែលគួរខ្លាច ឯអារម្មណ៍ដែលគួរខ្លាច កុំគប្បីគ្របសង្កត់នូវអាត្មាអញឡើយ អាត្មាអញ គប្បីគ្របសង្កត់នូវអារម្មណ៍ ដែលគួរខ្លាច ដែលកើតឡើងហើយ ភិក្ខុនោះ គួរជាអ្នកបំពេញក្នុងសីល… ជាអ្នកចម្រើននូវសុញ្ញាគារៈ ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុគប្បីប្រាថ្នាថា អាត្មាអញគប្បីបានដោយមិនបាច់ប្រាថ្នា បានដោយងាយ បានដោយមិនលំបាក នូវចតុត្ថជ្ឈាន ទាំងកិរិយានៅជាសុខ ក្នុងបច្ចុប្បន្ន ដែលអាស្រ័យនូវចិត្ត ភិក្ខុនោះ គួរជាអ្នកបំពេញក្នុងសីល … ជាអ្នកចម្រើននូវសុញ្ញាគារៈ ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុគប្បីប្រាថ្នាថា អាត្មាអញគប្បីធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន បានដល់នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈ ហើយសម្រេចសម្រាន្តនៅ ភិក្ខុនោះ គួរជាអ្នកបំពេញក្នុងសីល ប្រកបនូវការរម្ងាប់នូវចិត្តខាងក្នុង មានឈានមិនសាបសូន្យ ប្រកបដោយវិបស្សនាញាណ ជាអ្នកចម្រើននូវសុញ្ញាគារៈ ។ ពាក្យណា ដែលតថាគតពោលហើយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរបរិបូណ៌ដោយសីល ដោយបាតិមោក្ខ ចូរសង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យ ក្នុងទោសមានប្រមាណតិច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង ។

២. កណ្ដកសូត្រកែប្រែ

[៧២] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងកូដាគារសាលា នាមហាវន ជិតក្រុងវេសាលី ជាមួយនឹងសាវកជាថេរៈច្រើនរូប ដែលមានឈ្មោះល្បីល្បាញ គឺព្រះបាលៈដ៏មានអាយុ ១ ព្រះឧបបាលៈដ៏មានអាយុ ១ ព្រះកក្កដៈដ៏មានអាយុ ១ ព្រះកឡិម្ភៈដ៏មានអាយុ ១ ព្រះនិកដៈដ៏មានអាយុ ១ ព្រះកដិស្សហៈដ៏មានអាយុ ១ ព្រមទាំងសាវកជាថេរៈ ដែលមានឈ្មោះល្បីល្បាញឯទៀតផង ។ សម័យនោះឯង ពួកស្តេចលិច្ឆវីច្រើនអង្គ ដែលមានឈ្មោះល្បីល្បាញ ត្រាច់ទៅដោយយានដ៏ប្រសើរក្រៃលែង ត ៗ គ្នា មានសំឡេងអឺងកងរំពង បរទៅកាន់ព្រៃមហាវន ដើម្បីជួបព្រះដ៏មានព្រះភាគ ។ គ្រានោះឯង ព្រះថេរៈដ៏មានអាយុទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកស្តេចលិច្ឆវីមានប្រមាណច្រើនទាំងនេះ ដែលមានឈ្មោះល្បីល្បាញ ត្រាច់ទៅដោយយានដ៏ប្រសើរក្រៃលែងត ៗ គ្នា មានសំឡេង អឺងកងរំពង ចូលទៅកាន់ព្រៃមហាវន ដើម្បីជួបព្រះដ៏មានព្រះភាគ ឯព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ឈានមានសំឡេងជាបន្លា បើដូច្នោះ គួរតែយើងទាំងឡាយ ចូលទៅរកព្រៃគោសិង្គសាលវន ហើយយើងទាំងឡាយ គប្បីមានសំឡេងតិច មានការនៅច្រឡូកច្រឡំគ្នាតិច ទើបនៅជាសុខក្នុងទីនោះ បានជាព្រះថេរៈដ៏មានអាយុទាំងនោះ ក៏ចូលទៅឯព្រៃគោសិង្គសាលវន ព្រះថេរៈដ៏មានអាយុទាំងនោះ មានសំឡេងតិច មានការច្រឡូកច្រឡំគ្នាតិច ហើយនៅជាសុខក្នុងទីនោះ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុបាលៈ នៅក្នុងទីណា ភិក្ខុឧបបាលៈនៅក្នុងទីណា ភិក្ខុកក្កដៈ នៅក្នុងទីណា ភិក្ខុកឡិម្ភៈនៅក្នុងទីណា ភិក្ខុនិកដៈ នៅក្នុងទីណា ភិក្ខុកដិស្សហៈ នៅក្នុងទីណា ម្នាលភិក្ខុទាំងឡាយ ឯសាវកជាថេរៈទាំងនោះ នៅចំទីណាដែរ ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីនេះ ព្រះថេរៈដ៏មានអាយុទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកស្តេចលិច្ឆវី មានប្រមាណច្រើននេះ ដែលមានឈ្មោះល្បីល្បាញ ត្រាច់ទៅដោយយានដ៏ប្រសើរក្រៃលែងត ៗ គ្នា មានសំឡេងអឺងកងរំពង ចូលទៅកាន់ព្រៃមហាវន ដើម្បីជួបព្រះដ៏មានព្រះភាគ ព្រះអង្គក៏ទ្រង់សំដែងថា ឈាន មានសំឡេងជាបន្លា បើដូច្នោះ គួរតែយើងទាំងឡាយ ចូលទៅឯព្រៃគោសិង្គសាលវន យើងទាំងឡាយ គប្បីមានសំឡេងតិច មានការនៅច្រឡូកច្រឡំគ្នាតិច ទើបនៅជាសុខក្នុងទីនោះ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនោះ លោកដ៏មានអាយុទាំងនោះ ចូលទៅឯព្រៃគោសិង្គសាលវន លោកដ៏មានអាយុទាំងនោះ ក៏មានសំឡេងតិច មានការនៅច្រឡូកច្រឡំគ្នាតិច ហើយនៅជាសុខក្នុងទីនោះ ។ ម្នាលភិក្ខុទាំងឡាយ ប្រពៃហើយ ប្រពៃហើយ កាលមហាសាវកទាំងនោះ ព្យាករដោយប្រពៃ គប្បីព្យាករ តាមពិត ម្នាលភិក្ខុទាំងឡាយ ព្រោះតថាគត ពោលហើយថា ឈាន មានសំឡេងជាបន្លា ។ ម្នាលភិក្ខុទាំងឡាយ បន្លាទាំងឡាយនេះ មាន ១០ យ៉ាង ។ បន្លាទាំង ១០ យ៉ាង តើដូចម្តេចខ្លះ ។ គឺសភាពជាអ្នកត្រេកអរ ក្នុងពួកគណៈ ជាបន្លារបស់បុគ្គលដែលមានសេចក្តីស្ងប់ស្ងាត់ជាទីត្រេកអរ ១ ការប្រកបរឿយ ៗ នូវសុភនិមិត្ត ជាបន្លារបស់បុគ្គលដែលប្រកបរឿយ ៗ នូវអសុភនិមិត្ត ១ ការឃើញនូវសត្រូវ គឺល្បែងផ្សេង ៗ ជាបន្លារបស់បុគ្គលមានទ្វារគ្រប់គ្រងហើយ ក្នុងឥន្រ្ទិយទាំងឡាយ ១ ការត្រាច់ទៅជិតមាតុគ្រាម ជាបន្លារបស់ព្រហ្មចរិយៈ ១ សំឡេង ជាបន្លារបស់បឋមជ្ឈាន ១ វិតក្កៈ និងវិចារៈ ជាបន្លារបស់ទុតិយជ្ឈាន ១ បីតិ ជាបន្លារបស់តតិយជ្ឈាន ១ អស្សាសប្បស្សាសៈ ជាបន្លារបស់ចតុត្ថជ្ឈាន ១ សញ្ញា និងវេទនា ជាបន្លារបស់សញ្ញាវេទយិតនិរោធសមាបត្តិ ១ រាគៈ ជាបន្លា ទោសៈ ជាបន្លា មោហៈ ជាបន្លា ១ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរកុំមានធម៌ ជាបន្លាឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរកុំមានធម៌ ជាបន្លាឡើយ ចូរនាំធម៌ជាបន្លាចេញ ម្នាលភិក្ខុទាំងឡាយ ព្រះអរហន្តទាំងឡាយ មិនមានធម៌ជាបន្លាទេ ម្នាលភិក្ខុទាំងឡាយ ព្រះអរហន្តទាំងឡាយ មិនមានធម៌ជាបន្លាទេ បាននាំធម៌ជាបន្លាចេញហើយ ។

៣. ឥដ្ឋធម្មសូត្រកែប្រែ

[៧៣] ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាងនេះ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែលបុគ្គលបានដោយកម្រ ក្នុងលោក ។ ធម៌ទាំង ១០ យ៉ាង តើដូចម្តេច ។ គឺភោគៈជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែលបុគ្គលបានដោយកម្រក្នុងលោក ១ ពណ៌សម្បុរជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក ១ សភាពមិនមានរោគ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក ១ សីលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក ១ ព្រហ្មចរិយៈ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក ១ មិត្តជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក ១ សភាពជាអ្នកចេះដឹងច្រើន ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក ១ បញ្ញាជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក ១ ធម៌ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក ១ ឋានសួគ៌ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាងនេះឯង ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាង នាំឲ្យអន្តរាយដល់ធម៌ ១០ យ៉ាងនេះ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក ។ គឺការខ្ជិល និងការមិនប្រឹងប្រែង នាំឲ្យអន្តរាយដល់ភោគៈ ១ ការមិនប្រដាប់ មិនតាក់តែង នាំឲ្យអន្តរាយដល់ពណ៌សម្បុរ ១ ការធ្វើនូវសេចក្តីមិនសប្បាយ នាំឲ្យអន្តរាយដល់ភាពមិនមានរោគ ១ មិត្តលាមក នាំឲ្យអន្តរាយដល់សីល ១ ការមិនសង្រួមនូវឥន្រ្ទិយ នាំឲ្យអន្តរាយដល់ព្រហ្មចរិយៈ ១ ការពោលពាក្យខុស នាំឲ្យអន្តរាយ ដល់ពួកមិត្ត ១ ការធ្វើនូវសេចក្តីមិនស្វាធ្យាយ នាំឲ្យអន្តរាយ ដល់ភាពចេះដឹងច្រើន ១ ការមិនប្រុងស្តាប់ មិនសាកសួរ នាំឲ្យអន្តរាយដល់បញ្ញា ១ ការមិនប្រកបរឿយ ៗ ការមិនពិចារណា នាំឲ្យអន្តរាយដល់ធម៌ទាំងឡាយ ១ សេចក្តីប្រតិបត្តិខុស នាំឲ្យអន្តរាយដល់ឋានសួគ៌ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ១០ នេះ នាំឲ្យអន្តរាយដល់ធម៌ ១០ យ៉ាងនេះ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែលបុគ្គលបានដោយកម្រក្នុងលោក ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ១០ យ៉ាង ជាអាហារនៃធម៌ទាំង ១០ នេះ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក ។ គឺសេចក្តីមិនខ្ជិល សេចក្តីព្យាយាម ជាអាហាររបស់ភោគៈ ១ ការប្រដាប់ ការតាក់តែង ជាអាហាររបស់ពណ៌សម្បុរ ១ ការធ្វើនូវសេចក្តីសប្បាយ ជាអាហាររបស់ភាពមិនមានរោគ ១ សភាពមិត្តល្អ ជាអាហាររបស់សីល ១ ការសង្រួមឥន្រ្ទិយ ជាអាហាររបស់ព្រហ្មចរិយៈ ១ ការមិនពោលពាក្យខុស ជាអាហាររបស់មិត្តទាំងឡាយ ១ ការធ្វើនូវកិរិយាស្វាធ្យាយ ជាអាហាររបស់ភាពអ្នកចេះដឹងច្រើន ១ ការស្តាប់ ការសាកសួរ ជាអាហាររបស់បញ្ញា ១ ការប្រកបរឿយ ៗ ការពិចារណា ជាអាហាររបស់ធម៌ទាំងឡាយ ១ សេចក្តីប្រតិបត្តិល្អ ជាអាហាររបស់ឋានសួគ៌ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ១០ នេះឯង ជាអាហារនៃធម៌ ១០ យ៉ាងនេះ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក ។

៤. វឌ្ឍិសូត្រកែប្រែ

[៧៤] ម្នាលភិក្ខុទាំងឡាយ អរិយសាវក កាលចម្រើនដោយសេចក្តី ១០ យ៉ាង រមែងចម្រើន ដោយសេចក្តីចម្រើនដ៏ប្រសើរ ឈ្មោះថាអ្នកកាន់យកនូវខ្លឹមរបស់កាយផង ជាអ្នកកាន់យកនូវវត្ថុ ដ៏ប្រសើររបស់កាយផង ។ ការចម្រើនដោយសេចក្តីទាំង ១០ យ៉ាង តើដូចម្តេច ។ គឺចម្រើនដោយស្រែចំការ ១ ចម្រើនដោយទ្រព្យ និងស្រូវ ១ ចម្រើនដោយកូន និងប្រពន្ធ ១ ចម្រើនដោយបុរសជាទាសៈ និងកម្មករ ១ ចម្រើនដោយសត្វមានជើង ៤ ទាំងឡាយ ១ ចម្រើនដោយសទ្ធា ១ ចម្រើនដោយសីល ១ ចម្រើនដោយសុតៈ ១ ចម្រើនដោយចាគៈ ១ ចម្រើនដោយបញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក កាលចម្រើន ដោយសេចក្តីចម្រើន ១០ យ៉ាង នេះឯង រមែងចម្រើន ដោយសេចក្តីចម្រើនដ៏ប្រសើរ ឈ្មោះថា អ្នកកាន់យកនូវខ្លឹមរបស់កាយផង ជាអ្នកកាន់យកនូវវត្ថុដ៏ប្រសើររបស់កាយផង ។

បុគ្គលណាក្នុងលោកនេះ ចម្រើនដោយទ្រព្យផង ដោយស្រូវផង ដោយកូនផង ដោយប្រពន្ធផង ដោយសត្វជើង ៤ ផង បុគ្គលនោះឈ្មោះថា មានភោគៈ មានយសដែលពួកញាតិ និងមិត្ត ព្រមទាំងស្តេច បូជាហើយ ។ បុគ្គលណាក្នុងលោកនេះ ចម្រើនដោយសទ្ធាផង ដោយសីលផង ដោយបញ្ញាផង ដោយចាគៈផង ដោយសុតៈទាំងពីរផង បុគ្គលបែបនោះ ហៅថា សប្បុរស ជាអ្នកពិចារណាឃើញច្បាស់ រមែងចម្រើនដោយហេតុទាំងពីរ ក្នុងបច្ចុប្បន្ននេះឯង ។

៥. មិគសាលាសូត្រកែប្រែ

[៧៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅឯលំនៅ នៃមិគសាលាឧបាសិកា លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈដែលគេក្រាលទុក ។ លំដាប់នោះ មិគសាលាឧបាសិកា ចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះអានន្ទដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ ។ លុះមិគសាលាឧបាសិកា អង្គុយក្នុងទីសមគួរហើយ ក៏បានទូលសួរព្រះអានន្ទដ៏មានអាយុថា បពិត្រព្រះអានន្ទដ៏ចម្រើន ធម៌ដែលព្រះដ៏មានព្រះភាគទ្រង់សំដែងហើយនេះ តើគប្បីយល់ដូចម្តេច ព្រោះដូចជាបុគ្គលពីរពួក គឺព្រហ្មចារីបុគ្គល ១ អព្រហ្មចារីបុគ្គល ១ សឹងមានគតិស្មើ ៗ គ្នាក្នុងបរលោក ។ បពិត្រលោកម្ចាស់ដ៏ចម្រើន បិតារបស់ខ្ញុំឈ្មោះបុរាណៈជាព្រហ្មចារី ជាអ្នកប្រព្រឹត្ត ឆ្ងាយវៀរចាកមេថុន ជាធម៌របស់អ្នកស្រុក លុះគាត់ធ្វើមរណកាលទៅ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសកទាគាមិសត្វ បានទៅកើតក្នុងពពួកទេវតាក្នុងជាន់តុសិត ។ បពិត្រលោកម្ចាស់ដ៏ចម្រើន ឥសិទត្ត ជាទីស្រឡាញ់របស់បិតានៃខ្ញុំ មិនមែនជាព្រហ្មចារី នៅត្រេកអរដោយប្រពន្ធរបស់ខ្លួន លុះធ្វើមរណកាលទៅ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសកទាគាមិសត្វ បានទៅកើតក្នុងពពួកទេវតាជាន់តុសិតដែរ ។ បពិត្រព្រះអានន្ទដ៏ចម្រើន ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយនេះ តើគប្បីយល់ដូចម្តេច ព្រោះដូចជាបុគ្គលពីរពួក គឺព្រហ្មចារីបុគ្គល ១ អព្រហ្មចារីបុគ្គល ១ សឹងមានគតិស្មើ ៗ គ្នា ក្នុងបរលោក ។ ម្នាលនាង ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ព្យាករហើយ យ៉ាងនេះឯង ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ ទទួលចង្ហាន់បិណ្ឌបាត ក្នុងលំនៅនៃមិគសាលាឧបាសិការួចហើយ ក៏ក្រោកចាកអាសនៈ ចៀសចេញទៅ ។ ក៏កាលដែលព្រះអានន្ទដ៏មានអាយុ ត្រឡប់អំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្តហើយ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីនេះ ខ្ញុំព្រះអង្គស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅឯលំនៅនៃមិគសាលាឧបាសិកា លុះចូលទៅដល់ហើយ អង្គុយលើអាសនៈ ដែលគេក្រាលទុក ។ បពិត្រព្រះអង្គដ៏ចម្រើន លំដាប់នោះ មិគសាលាឧបាសិកា ចូលទៅរកខ្ញុំព្រះអង្គ លុះចូលទៅដល់ហើយ ថ្វាយបង្គំខ្ញុំព្រះអង្គ ហើយអង្គុយក្នុងទីសមគួរ ។ បពិត្រព្រះអង្គដ៏ចម្រើន លុះមិគសាលាឧបាសិកា អង្គុយក្នុងទីសមគួរហើយ បាននិយាយនឹងខ្ញុំព្រះអង្គថា បពិត្រព្រះអានន្ទដ៏ចម្រើន ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់ព្យាករហើយនេះ តើគប្បីយល់ដូចម្តេច ព្រោះដូចជាបុគ្គលពីរពួក គឺព្រហ្មចារីបុគ្គល ១ អព្រហ្មចារីបុគ្គល ១ សឹងមានគតិស្មើ ៗ គ្នា ក្នុងបរលោក ។ បពិត្រលោកម្ចាស់ដ៏ចម្រើន បិតាខ្ញុំឈ្មោះបុរាណៈ ជាព្រហ្មចារី ជាអ្នកប្រព្រឹត្តឆ្ងាយ វៀរចាកមេថុន ជាធម៌របស់អ្នកស្រុក លុះគាត់ធ្វើមរណកាលទៅ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករ ថាជាសកទាគាមិសត្វ បានទៅកើតក្នុងពួកទេវតាជាន់តុសិត ។ បពិត្រលោកម្ចាស់ដ៏ចម្រើន ឥសិទត្ត ជាទីស្រឡាញ់នៃបិតារបស់ខ្ញុំ មិនមែនជាព្រហ្មចារី នៅត្រេកអរដោយប្រពន្ធរបស់ខ្លួន លុះគាត់ធ្វើមរណកាលទៅ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសកទាគាមិសត្វ បានទៅកើតក្នុងពពួកទេវតាជាន់តុសិតដែរ ។ បពិត្រព្រះអានន្ទដ៏ចម្រើន ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយនេះ តើគប្បីយល់ដូចម្តេច ព្រោះដូចជា បុគ្គលពីរពួក គឺព្រហ្មចារីបុគ្គល ១ អព្រហ្មចារីបុគ្គល ១ សឹងមានគតិស្មើ ៗ គ្នា ក្នុងបរលោក ។ បពិត្រព្រះអង្គដ៏ចម្រើន កាលមិគសាលាឧបាសិកា និយាយយ៉ាងនេះរួចហើយ ខ្ញុំព្រះអង្គ ក៏បាននិយាយនឹងមិគសាលាឧបាសិកាដូច្នេះថា ម្នាលនាង ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករយ៉ាងហ្នឹងឯង ។ ម្នាលអានន្ទ មិគសាលាឧបាសិកាជាអ្វី ជាស្រ្តីពាល មិនឈ្លាសវៃ ជាស្រ្តីងងឹត មានបញ្ញាងងឹត មួយទៀត បុរសបុគ្គលណា (មានវិស័យមិនទើសទាល់) ក្នុងបរោបរិយញ្ញាណ (បញ្ញាជាគ្រឿងដឹងនូវឥន្រ្ទិយក្លា និងទន់របស់បុគ្គលដទៃ) ។ ម្នាលអានន្ទ បុគ្គល ១០ ពួកនេះ រមែងមានប្រាកដក្នុងលោក ។ បុគ្គលទាំង ១០ ពួក តើដូចម្តេច ។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកទ្រុស្តសីល ទាំងមិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុនាំឲ្យភាពទ្រុស្តសីលនោះ រលត់ទៅដោយមិនមានសេសសស់ បុគ្គលនោះ មិនបានធ្វើដោយការស្តាប់ផង មិនបានធ្វើដោយភាវៈចេះដឹងច្រើនផង មិនបានចាក់ធ្លុះដោយទិដ្ឋិផង មិនបាននូវវិមុត្តិដែលប្រព្រឹត្តទៅតាមកាលផង លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ មិនប្រព្រឹត្តទៅ ដើម្បីគុណវិសេសទេ ជាបុគ្គលប្រព្រឹត្ត ដើម្បីសេចក្តីសាបសូន្យតែម៉្យាង មិនប្រព្រឹត្តទៅ ដើម្បីគុណវិសេសឡើយ ។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកទ្រុស្តសីល តែដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុនាំឲ្យភាពទ្រុស្តសីលនោះ រលត់ទៅដោយមិនមានសេសសល់ បុគ្គលនោះ ធ្វើដោយការស្តាប់ផង ភាវៈចេះដឹងច្រើនផង ចាក់ធ្លុះដោយទិដ្ឋិផង បានូវវិមុត្តិដែលប្រព្រឹត្តទៅតាមកាលផង លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីគុណវិសេស មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យទេ ជាបុគ្គលប្រព្រឹត្តទៅ ដើម្បីគុណវិសេសតែម៉្យាង មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យឡើយ ។ ម្នាលអានន្ទ បុគ្គលអ្នកកាន់យកនូវប្រមាណក្នុងបុគ្គលនោះ អាចត្រិះរិះថា នោះជាធម៌ របស់បុគ្គលនេះ នោះជាធម៌ របស់បុគ្គលដទៃ បណ្តាបុគ្គលទាំងនោះ ហេតុអ្វីបានជាបុគ្គលម្នាក់ថោកទាប បុគ្គលម្នាក់ខ្ពង់ខ្ពស់ ។ ម្នាលអានន្ទ ព្រោះកិរិយាធ្វើនូវប្រមាណនោះ របស់បុគ្គលទាំងនោះ តែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលជាយូរអង្វែង ។ ម្នាលអានន្ទ ក្នុងដំណើរនោះ បុគ្គលណាទ្រុស្តសីល តែដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ជាហេតុនាំឲ្យភាពទ្រុស្តសីលនោះ រលត់ទៅដោយមិនសេសសល់ បុគ្គលនោះ ធ្វើការដោយការស្តាប់ផង ធ្វើដោយភាវៈចេះដឹងច្រើនផង ចាក់ធ្លុះដោយទិដ្ឋិផង បាននូវវិមុត្តិប្រព្រឹត្តទៅ តាមកាលផង ។ ម្នាលអានន្ទ បុគ្គលនេះប្រសើរផង ឧត្តមផង ជាងបុគ្គលមុនឯណោះ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលអានន្ទ ព្រោះក្រសែធម៌ គឺវិបស្សនាញាណ រមែងដឹកនាំបុគ្គលនេះ (ឲ្យដល់នូវអរិយភូមិ) អ្នកណាក្រៅពីតថាគត នឹងគប្បីដឹងហេតុនោះបាន ។ ម្នាលអានន្ទ ព្រោះហេតុនោះ ក្នុងលោកនេះ អ្នកទាំងឡាយ ជាអ្នកកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយ កុំមានឡើយ កុំកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយឡើយ ។ ម្នាលអានន្ទ បុគ្គលក្នុងលោកនេះ កាលកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយ ឈ្មោះថា ជីករំលើងនូវគុណ ម្នាលអានន្ទ តថាគតក្តី បុគ្គលណា ដែលប្រហែលនឹងតថាគតក្តី ទើបគួរកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយបាន ។ ម្នាលអានន្ទ បុគ្គលខ្លះក្នុងលោកនេះ ជាអ្នកមានសីល តែមិនដឹងច្បាស់ តាមពិតនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុនាំឲ្យសីលនោះរលត់ទៅ ដោយមិនមានសេសសល់ បុគ្គលនោះ មិនបានធ្វើដោយការស្តាប់ផង មិនបានធ្វើដោយភាវៈចេះដឹងច្រើនផង មិនបានចាក់ធ្លុះ ដោយទិដ្ឋិផង មិនបាននូវវិមុត្តិ ដែលប្រព្រឹត្តតាមកាលផង លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ មិនប្រព្រឹត្តទៅ ដើម្បីគុណវិសេសទេ ជាបុគ្គលប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យតែម៉្យាង មិនប្រព្រឹត្តទៅ ដើម្បីគុណវិសេសឡើយ ។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសីល ទាំងដឹងច្បាស់ តាមពិតនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុនាំឲ្យសីលនោះរលត់ទៅ ដោយមិនមានសេសសល់ បុគ្គលនោះ ធ្វើដោយការស្តាប់ផង ធ្វើដោយភាវៈចេះដឹងច្រើនផង ចាក់ធ្លុះដោយទិដ្ឋិផង បាននូវវិមុត្តិ ដែលប្រព្រឹត្តទៅតាមកាលផង លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីគុណវិសេស មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យទេ ជាបុគ្គលប្រព្រឹត្តទៅ ដើម្បីគុណវិសេសតែម៉្យាង មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យឡើយ ។ ម្នាលអានន្ទ ក្នុងដំណើរនោះ ។បេ។ ម្នាលអានន្ទ តថាគតក្តី បុគ្គលដែលប្រហែលនឹងតថាគតក្តី ទើបគួរកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយបាន ។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានរាគៈក្លៀវក្លា ទាំងមិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុនាំឲ្យរាគៈនោះរលត់ទៅ ដោយមិនមានសេសសល់ បុគ្គលនោះ មិនបានធ្វើដោយការស្តាប់ផង មិនបានធ្វើដោយភាវៈចេះដឹងច្រើនផង មិនបានចាក់ធ្លុះដោយទិដ្ឋិផង មិនបានវិមុត្តិ ដែលប្រព្រឹត្តទៅ តាមកាលផង លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ មិនប្រព្រឹត្តទៅ ដើម្បីគុណវិសេសទេ ជាបុគ្គលប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យតែម៉្យាង មិនប្រព្រឹត្តទៅ ដើម្បីគុណវិសេសឡើយ ។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានរាគៈក្លៀវក្លា តែដឹងច្បាស់តាមពិតនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុនាំឲ្យរាគៈនោះ រលត់ទៅ ដោយមិនមានសេសសល់ បុគ្គលនោះ ធ្វើដោយការស្តាប់ផង ធ្វើដោយភាវៈចេះដឹងច្រើនផង ចាក់ធ្លុះដោយទិដ្ឋិផង បាននូវវិមុត្តិ ដែលប្រព្រឹត្តទៅ តាមកាលផង លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីគុណវិសេស មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យទេ ជាបុគ្គលប្រព្រឹត្តទៅ ដើម្បីគុណវិសេសតែម៉្យាង មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យឡើយ ។ ម្នាលអានន្ទ ក្នុងដំណើរនោះ ។បេ។ ម្នាលអានន្ទ តថាគតក្តី បុគ្គលណាដែលប្រហែលនឹងតថាគតក្តី ទើបគួរកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយបាន ។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសេចក្តីក្រោធ ទាំងមិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុនាំឲ្យសេចក្តីក្រោធនោះ រលត់ទៅ ដោយមិនមានសេសសល់ បុគ្គលនោះ មិនបានធ្វើ ដោយការស្តាប់ផង មិនបានធ្វើ ដោយភាវៈចេះដឹងច្រើនផង មិនបានចាក់ធ្លុះ ដោយទិដ្ឋិផង មិនបាននូវវិមុត្តិ ដែលប្រព្រឹត្តទៅ តាមកាលផង លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ មិនប្រព្រឹត្តទៅ ដើម្បីគុណវិសេសទេ ជាបុគ្គលប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យតែម៉្យាង មិនប្រព្រឹត្តទៅ ដើម្បីគុណវិសេសឡើយ ។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសេចក្តីក្រោធ តែដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុនាំឲ្យសេចក្តីក្រោធនោះរលត់ទៅ ដោយមិនមានសេសសល់ បុគ្គលនោះ ធ្វើដោយការស្តាប់ផង ធ្វើដោយភាវៈចេះដឹងច្រើនផង ចាក់ធ្លុះដោយទិដ្ឋិផង បាននូវវិមុត្តិដែលប្រព្រឹត្តទៅ តាមកាលផង លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីគុណវិសេស មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យទេ ជាបុគ្គលប្រព្រឹត្តទៅ ដើម្បីគុណវិសេសតែម៉្យាង មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យឡើយ ។ ម្នាលអានន្ទ ក្នុងដំណើរនោះ ។បេ។ ម្នាលអានន្ទ តថាគតក្តី បុគ្គលណាដែលប្រហែលនឹងតថាគតក្តី ទើបគួរកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយបាន ។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានចិត្តរវើរវាយ ទាំងមិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុនាំឲ្យសេចក្តីរវើរវាយនោះរលត់ទៅ ដោយមិនមានសេសសល់ បុគ្គលនោះ មិនបានធ្វើដោយការស្តាប់ផង មិនបានធ្វើ ដោយភាវៈចេះដឹងច្រើនផង មិនបានចាក់ធ្លុះ ដោយទិដ្ឋិផង មិនបាននូវវិមុត្តិ ដែលប្រព្រឹត្តទៅតាមកាលផង លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ មិនប្រព្រឹត្តទៅ ដើម្បីគុណវិសេសទេ ជាបុគ្គលប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យតែម៉្យាង មិនប្រព្រឹត្តទៅ ដើម្បីគុណវិសេសឡើយ ។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានចិត្តរវើរវាយ តែដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុនាំឲ្យចិត្តរវើរវាយនោះ រលត់ទៅ ដោយមិនមានសេសសល់ បុគ្គលនោះ ធ្វើដោយការស្តាប់ផង ធ្វើដោយភាវៈចេះដឹងច្រើនផង ចាក់ធ្លុះដោយទិដ្ឋិផង បាននូវវិមុត្តិ ដែលប្រព្រឹត្តទៅ តាមកាលផង លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីគុណវិសេស មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យទេ ជាបុគ្គលប្រព្រឹត្តទៅ ដើម្បីគុណវិសេសតែម៉្យាង មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យឡើយ ។ ម្នាលអានន្ទ បុគ្គលអ្នកកាន់យកនូវប្រមាណ ក្នុងបុគ្គលនោះ រមែងត្រិះរិះថា នោះជាធម៌របស់បុគ្គលនេះ នោះជាធម៌របស់បុគ្គលដទៃ បណ្តាបុគ្គលទាំងនោះ ហេតុអ្វីបានជាបុគ្គលម្នាក់ថោកទាប បុគ្គលម្នាក់ខ្ពង់ខ្ពស់ ។ ម្នាលអានន្ទ ព្រោះកិរិយាធ្វើនូវប្រមាណនោះ របស់បុគ្គលទាំងនោះ តែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលជាយូរអង្វែង ។ ម្នាលអានន្ទ ក្នុងដំណើរនោះ បុគ្គលណា ជាអ្នកមានចិត្តរវើរវាយ តែដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុនាំឲ្យចិត្តរវើរវាយនោះ រលត់ទៅ ដោយមិនមានសេសសល់ បុគ្គលនោះ ធ្វើដោយការស្តាប់ផង ធ្វើដោយភាវៈចេះដឹងច្រើនផង ចាក់ធ្លុះដោយទិដ្ឋិផង បាននូវវិមុត្តិ ដែលប្រព្រឹត្តទៅតាមកាលផង ។ ម្នាលអានន្ទ បុគ្គលនេះ ប្រសើរផង ឧត្តមផង ជាងបុគ្គលមុនឯណោះ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលអានន្ទ ព្រោះថា ក្រសែធម៌ រមែងដឹកនាំបុគ្គលនោះ (ឲ្យដល់នូវអរិយភូមិ) អ្នកណាក្រៅពីព្រះតថាគត នឹងគប្បីដឹងហេតុនោះបាន ។ ម្នាលអានន្ទ ព្រោះហេតុនោះ ក្នុងលោកនេះ អ្នកទាំងឡាយ ជាអ្នកកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយ កុំមានឡើយ កុំកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយឡើយ ។ ម្នាលអានន្ទ បុគ្គលក្នុងលោកនេះ កាលកាន់យកនូវប្រមាណក្នុងបុគ្គលទាំងឡាយ ឈ្មោះថា ជីករំលើងនូវគុណ ម្នាលអានន្ទ តថាគតក្តី បុគ្គលណា ដែលប្រហែលនឹងតថាគតក្តី ទើបគួរកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយបាន ។ ម្នាលអានន្ទ មិគសាលាឧបាសិកា ជាអ្វី ជាស្រ្តីពាល មិនឈ្លាសវៃ ជាស្រ្តីងងឹត មានបញ្ញាងងឹត មួយទៀត បុរសបុគ្គលណា (មានវិស័យមិនទើសទាល់) ក្នុងបរោបរិយញ្ញាណ (បញ្ញាជាគ្រឿងដឹងនូវឥន្រ្ទិយក្លា និងទន់របស់បុគ្គលដទៃ) ។ ម្នាលអានន្ទ បុគ្គល ១០ ពួកនេះឯង រមែងមានប្រាកដក្នុងលោក ។ ម្នាលអានន្ទ ឧបាសកឈ្មោះបុរាណៈ ប្រកបដោយសីលមានសភាពយ៉ាងណា ឥសិទត្ត ក៏ប្រកបដោយសីល មានសភាពយ៉ាងនោះដែរ ។ បុរាណឧបាសក ក្នុងលោកនេះ មានគតិ មិនប្លែកអំពីឥសិទត្តទេ ម្នាលអានន្ទ ឥសិទត្ត ប្រកបដោយបញ្ញា មានសភាពយ៉ាងណា បុរាណឧបាសក ប្រកបដោយបញ្ញា មានសភាពយ៉ាងនោះដែរ ។ ឥសិទត្តឧបាសកក្នុងលោកនេះ មានគតិមិនប្លែកអំពីបុរាណឧបាសកទេ ។ ម្នាលអានន្ទ បុគ្គលទាំងពីរនេះ ថោកទាបដោយគុណធម៌មួយ ៗ ម្នាក់ ។

៦. តយោធម្មសូត្រកែប្រែ

[៧៦] ម្នាលភិក្ខុទាំងឡាយ (ប្រសិនបើ) ធម៌ទាំង ៣ នេះ មិនមានក្នុងលោកទេ ព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ ក៏មិនគប្បីកើតឡើង ក្នុងលោកឡើយ ទាំងធម្មវិន័យ ដែលព្រះតថាគតសំដែងហើយ ក៏មិនភ្លឺច្បាស់ក្នុងលោកដែរ ។ ធម៌ទាំង ៣ តើដូចម្តេច ។ គឺជាតិ ១ ជរា ១ មរណៈ  ១ ។ ម្នាលភិក្ខុទាំងឡាយ (ប្រសិនបើ) ធម៌ទាំង ៣ នេះ មិនមានក្នុងលោកទេ ព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ ក៏មិនគប្បីកើតឡើងក្នុងលោក ទាំងធម្មវិន័យ ដែលព្រះតថាគតសំដែងហើយ ក៏មិនភ្លឺច្បាស់ ក្នុងលោកនេះដែរ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៣ នេះ រមែងមានក្នុងលោក ព្រោះហេតុណា ព្រោះហេតុនោះ ទើបព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ កើតឡើងក្នុងលោក ព្រោះហេតុនោះ ទើបធម្មវិន័យ ដែលព្រះតថាគតសំដែងហើយ ភ្លឺច្បាស់ក្នុងលោកដែរ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ ហើយ មិនគួរលះបង់ជាតិ លះបង់ជរា លះបង់មរណៈបានទេ ។ ធម៌ទាំង ៣ តើដូចម្តេច ។ គឺមិនលះបង់រាគៈ ១ មិនលះបង់ទោសៈ ១ មិនលះបង់មោហៈ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលមិនលះបង់ធម៌ទាំង ៣ នេះចេញហើយ មិនគួរលះបង់ជាតិ លះបង់ជរា លះបង់មរណៈបានទេ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនលះបង់ធម៌ទាំង ៣ ចេញហើយ មិនគួរលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបានទេ ។ ធម៌ទាំង ៣ តើដូចម្តេច ។ គឺមិនលះបង់សក្កាយទិដ្ឋិ ១ មិនលះបង់វិចិកិច្ឆា ១ មិនលះបង់សីលព្វតបរាមាសៈ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនលះបង់ធម៌ទាំង ៣ នេះហើយ មិនគួរលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបានទេ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនលះបង់ធម៌ទាំង ៣ ហើយ មិនគួរលះបង់សក្កាយទិដ្ឋិ លះបង់វិចិកិច្ឆា លះបង់សីលព្វតបរាមាសៈបានទេ ។ ធម៌ទាំង ៣ តើដូចម្តេច ។ គឺមិនលះបង់ នូវការធ្វើទុកក្នុងចិត្តដោយមិនមែនឧបាយ ១ មិនលះបង់នូវកិរិយាសេពគប់នូវផ្លូវខុស ១ មិនលះបង់នូវភាពរួញរានៃចិត្ត ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ នេះចេញហើយ មិនគួរលះបង់សក្កាយទិដ្ឋិ លះបង់វិចិកិច្ឆា លះបង់សីលព្វតបរាមាសៈបានទេ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ ចេញហើយ មិនគួរលះបង់នូវការធ្វើទុកក្នុងចិត្ត ដោយមិនមែនឧបាយ លះបង់នូវកិរិយាសេពគប់នូវផ្លូវខុស លះបង់នូវភាពរួញរានៃចិត្តបានទេ ។ ធម៌ទាំង ៣ តើដូចម្តេច ។ គឺមិនលះបង់ការភ្លេចស្មារតី ១ មិនលះបង់សេចក្តីមិនដឹងខ្លួន ១ មិនលះបង់សេចក្តីរវើរវាយនៃចិត្ត ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលមិនបានលះបង់ធម៌ទាំង ៣ នេះហើយ មិនគួរលះបង់នូវការធ្វើទុកក្នុងចិត្ត ដោយមិនមែនឧបាយ លះបង់នូវកិរិយាសេពគប់នូវផ្លូវខុស លះបង់នូវភាពរួញរានៃចិត្តបានទេ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ ហើយ មិនគួរលះបង់នូវការភ្លេចស្មារតី លះបង់នូវសេចក្តីមិនដឹងខ្លួន លះបង់នូវសេចក្តីរវើរវាយនៃចិត្តបានទេ ។ ធម៌ទាំង ៣ តើដូចម្តេច ។ គឺលះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ ១ មិនលះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ ១ មិនលះបង់នូវភាពនៃចិត្តប្រកាន់ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ នេះហើយ មិនគួរលះបង់នូវការភ្លេចស្មារតី លះបង់នូវសេចក្តីមិនដឹងខ្លួន លះបង់នូវសេចក្តីរវើរវាយ នៃចិត្តបានទេ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ ចេញហើយ មិនគួរលះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ លះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ លះបង់នូវភាពនៃចិត្តប្រកួតប្រកាន់បានទេ ។ ធម៌ទាំង ៣ តើដូចម្តេច ។ គឺមិនលះបង់នូវសេចក្តីរវើរវាយ ១ មិនលះបង់នូវសេចក្តីមិនសង្រួម ១ មិនលះបង់នូវភាពទ្រុស្តសីល ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ នេះហើយ មិនគួរលះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ លះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ទាំងឡាយ លះបង់នូវភាពនៃចិត្តប្រកួតប្រកាន់បានទេ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ ហើយ មិនគួរលះបង់នូវចិត្តរវើរវាយ លះបង់នូវសេចក្តីមិនសង្រួម លះបង់នូវភាពទ្រុស្តសីលបានទេ ។ ធម៌ទាំង ៣ តើដូចម្តេច ។ គឺមិនលះបង់នូវភាពមិនមានសទ្ធា ១ មិនលះបង់នូវភាពមិនដឹងនូវពាក្យពោល ១ មិនលះបង់នូវសេចក្តីខ្ជិល ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ ៣ នេះហើយ មិនគួរលះបង់នូវសេចក្តីរវើរវាយ លះបង់នូវសេចក្តីមិនសង្រួម លះបង់នូវភាពទ្រុស្តសីលបានទេ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ ចេញហើយ មិនគួរលះបង់នូវភាពមិនមានសទ្ធា លះបង់នូវភាពមិនដឹងពាក្យពោល លះបង់នូវសេចក្តីខ្ជិលបានទេ ។ ធម៌ទាំង ៣ តើដូចម្តេច ។ គឺមិនលះបង់នូវសេចក្តីមិនអើពើ ១ មិនលះបង់នូវភាពជាអ្នកប្រដៅក្រ ១ មិនលះបង់នូវភាពនៃបាបមិត្រ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ នេះហើយ មិនគួរលះបង់នូវភាពមិនមានសទ្ធា លះបង់នូវភាពមិនដឹងពាក្យពោល លះបង់នូវសេចក្តីខ្ជិលបានទេ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលមិនបានលះបង់ធម៌ទាំង ៣ ហើយ មិនគួរលះបង់នូវសេចក្តីអើពើ លះបង់ភាពនៃបាបមិត្របានទេ ។ ធម៌ទាំង ៣ តើដូចម្តេច ។ គឺមិនលះបង់នូវសេចក្តីមិនអៀនខ្មាសនឹងអំពើទុច្ចរិត ១ មិនលះបង់នូវសេចក្តីក្តៅក្រហាយនឹងអំពើទុច្ចរិត ១ មិនលះបង់នូវសេចក្តីធ្វេសប្រហែស ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានលះបង់ធម៌ទាំង ៣ នេះហើយ មិនគួរលះបង់នូវសេចក្តីមិនអើពើ លះបង់នូវភាពជាអ្នកប្រដៅក្រ លះបង់នូវភាពនៃបាបមិត្របានទេ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ជាអ្នកមិនមានសេចក្តីអៀនខ្មាស មិនមានសេចក្តីក្តៅក្រហាយនឹងអំពើទុច្ចរិត ជាអ្នកប្រមាទ ។ កាលបើបុគ្គលនោះ ជាអ្នកប្រមាទហើយ មិនគួរលះបង់នូវសេចក្តីមិនអើពើ លះបង់នូវភាពជាអ្នកប្រដៅក្រ លះបង់នូវភាពនៃបាបមិត្របានទេ ។ កាលបើបុគ្គលនោះ មានបាបមិត្រហើយ មិនគួរលះបង់នូវភាពមិនមានសទ្ធា លះបង់នូវភាពមិនដឹងពាក្យពោល លះបង់នូវសេចក្តីខ្ជិលបានទេ ។ កាលបើបុគ្គលនោះ មានសេចក្តីខ្ជិលហើយ មិនគួរលះបង់នូវសេចក្តីរវើរវាយ លះបង់នូវសេចក្តីមិនសង្រួម លះបង់នូវភាពទ្រុស្តសីលបានទេ ។ កាលបើបុគ្គលនោះ មានភាពជាអ្នកទ្រុស្តសីលហើយ មិនគួរលះបង់ភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនឃើញព្រះអរិយៈទាំងឡាយ លះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ លះបង់នូវភាពនៃចិត្តប្រកួតប្រកាន់បានទេ ។ កាលបើបុគ្គលនោះ មានភាពនៃចិត្តប្រកួតប្រកាន់ហើយ មិនគួរលះបង់នូវការភ្លេចស្មារតី លះបង់នូវសេចក្តីមិនដឹងខ្លួន លះបង់នូវចិត្តរវើរវាយបានទេ ។ កាលបើបុគ្គលនោះ មានចិត្តរវើរវាយហើយ មិនគួរលះបង់នូវការធ្វើទុកក្នុងចិត្ត ដោយមិនមែនឧបាយ លះបង់នូវកិរិយាសេពគប់នូវផ្លូវខុស លះបង់នូវសេចក្តីរួញរានៃចិត្តបានទេ ។ កាលបើបុគ្គលនោះ មានចិត្តរួញរា មិនគួរលះបង់នូវសក្កាយទិដ្ឋិ លះបង់នូវវិចិកិច្ឆា លះបង់នូវសីលព្វតបរាមាសៈបានទេ ។ កាលបើបុគ្គលនោះ មានវិចិកិច្ឆា មិនគួរលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបានទេ ។ កាលបើមិនបានលះបង់រាគៈ មិនបានលះបង់ទោសៈ មិនបានលះបង់មោហៈ មិនគួរលះបង់ជាតិ លះបង់ជរា លះបង់មរណៈបានឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់ជាតិ លះបង់ជរា លះបង់មរណៈបាន ។ ធម៌ទាំង ៣ តើដូចម្តេចខ្លះ ។ គឺលះបង់រាគៈ ១ លះបង់ទោសៈ ១ លះបង់មោហៈ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ទាំង ៣ នេះចេញបានហើយ ទើបគួរលះបង់ជាតិ លះបង់ជរា លះបង់មរណៈបាន ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបាន ។ ធម៌ទាំង ៣ តើដូចម្តេច ។ គឺលះបង់សក្កាយទិដ្ឋិ ១ លះបង់វិចិកិច្ឆា ១ លះបង់សីលព្វតបរាមាសៈ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ នេះបានហើយ ទើបគួរលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបាន ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់សក្កាយទិដ្ឋិ លះបង់វិចិកិច្ឆា លះបង់សីលព្វតបរាមាសៈបាន ។ ធម៌ទាំង ៣ តើដូចម្តេច ។ គឺលះបង់ការធ្វើទុកក្នុងចិត្តដោយមិនមែនឧបាយ ១ លះបង់ការសេពគប់ផ្លូវខុស ១ លះបង់សេចក្តីរួញរានៃចិត្ត ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ នេះបានហើយ ទើបគួរលះបង់សក្កាយទិដ្ឋិ លះបង់វិចិកិច្ឆា លះបង់សីលព្វតបរាមាសៈបាន ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់ការធ្វើទុកក្នុងចិត្ត ដោយមិនមែនឧបាយ លះបង់នូវការសេពគប់នូវផ្លូវខុស លះបង់នូវសេចក្តីរួញរានៃចិត្តបាន ។ ធម៌ទាំង ៣ តើដូចម្តេច ។ គឺលះបង់នូវការភ្លេចស្មារតី ១ លះបង់នូវសេចក្តីមិនដឹងខ្លួន ១ លះបង់នូវសេចក្តីរវើរវាយនៃចិត្ត ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវការធ្វើទុកក្នុងចិត្ត ដោយមិនមែនឧបាយ លះបង់នូវការសេពគប់នូវផ្លូវខុស លះបង់នូវសេចក្តីរួញរានៃចិត្តបាន ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវការភ្លេចស្មារតី លះបង់នូវសេចក្តីមិនដឹងខ្លួន លះបង់នូវសេចក្តីរវើរវាយនៃចិត្តបាន ។ ធម៌ ទាំង ៣ តើដូចម្តេច ។ គឺលះបង់នូវសេចក្តីប្រាថ្នា ដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ ១ លះបង់នូវសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ ១ លះបង់នូវចិត្តប្រកួតប្រកាន់ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ នេះបានហើយ ទើបគួរលះបង់នូវការភ្លេចស្មារតី លះបង់នូវសេចក្តិមិនដឹងខ្លួន លះបង់នូវសេចក្តីរវើរវាយនៃចិត្តបាន ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់សេចក្តីប្រាថ្នា ដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ លះបង់នូវសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ លះបង់នូវចិត្តប្រកួតប្រកាន់បាន ។ ធម៌ទាំង ៣ តើដូចម្តេច ។ គឺលះបង់នូវសេចក្តីរវើរវាយ ១ លះបង់នូវសេចក្តីមិនសង្រួម ១ លះបង់នូវភាពទ្រុស្តសីល ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ នេះបានហើយ ទើបគួរលះបង់នូវសេចក្តីប្រាថ្នា ដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ លះបង់នូវសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ លះបង់នូវចិត្តប្រកួតប្រកាន់បាន ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវសេចក្តីរវើរវាយ លះបង់នូវសេចក្តីមិនសង្រួម លះបង់នូវភាពទ្រុស្តសីល ។ ធម៌ទាំង ៣ តើដូចម្តេច ។ គឺលះបង់នូវភាពមិនមានសទ្ធា ១ លះបង់នូវសេចក្តីមិនដឹងនូវពាក្យពោល ១ លះបង់នូវសេចក្តីខ្ជិល ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ នេះបានហើយ ទើបគួរលះបង់នូវសេចក្តីរវើរវាយ លះបង់នូវសេចក្តីមិនសង្រួម លះបង់នូវភាពទ្រុស្តសីលបាន ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវភាពមិនមានសទ្ធា លះបង់នូវសេចក្តីមិនដឹងនូវពាក្យពោល លះបង់នូវសេចក្តីខ្ជិលបាន ។ ធម៌ទាំង ៣ តើដូចម្តេច ។ គឺលះបង់នូវសេចក្តីមិនអើពើ ១ លះបង់នូវភាពជាអ្នកប្រដៅក្រ ១ លះបង់នូវភាពនៃបាបមិត្ត ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវភាពមិនមានសទ្ធា លះបង់នូវភាពមិនដឹងនូវពាក្យពោល លះបង់នូវសេចក្តីខ្ជិលបាន ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវសេចក្តីមិនអើពើ លះបង់នូវភាពជាអ្នកប្រដៅក្រ លះបង់នូវភាពនៃបាបមិត្តបាន ។ ធម៌ទាំង ៣ តើដូចម្តេច ។ គឺលះបង់នូវសេចក្តីមិនអៀនខ្មាសនឹងអំពើទុច្ចរិត ១ លះបង់នូវសេចក្តីមិនក្តៅនឹងអំពើទុច្ចរិត ១ លះបង់នូវសេចក្តីធ្វេសប្រហែស ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវសេចក្តីមិនអើពើ លះបង់នូវភាពជាអ្នកប្រដៅក្រ លះបង់នូវភាពនៃបាបមិត្តបាន ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ជាអ្នកមានសេចក្តីអៀនខ្មាសនឹងអំពើទុច្ចរិត ក្តៅនឹងអំពើទុច្ចរិត មិនប្រមាទ ។ កាលបើបុគ្គលនោះ មិនប្រមាទហើយ ទើបគួរដើម្បីលះបង់នូវសេចក្តីមិនអើពើ លះបង់នូវភាពជាអ្នកប្រដៅក្រ លះបង់នូវភាពនៃបាបមិត្តបាន ។ កាលបើបុគ្គលនោះ មានកល្យាណមិត្តហើយ ទើបគួរដើម្បីលះបង់នូវភាពមិនមានសទ្ធា លះបង់នូវសេចក្តីមិនដឹងនូវពាក្យពោល លះបង់នូវសេចក្តីខ្ជិលបាន ។ កាលបើបុគ្គលនោះ មានសេចក្តីព្យាយាមប្រារព្ធហើយ ទើបគួរដើម្បីលះបង់នូវសេចក្តីរវើរវាយ លះបង់នូវការមិនសង្រួម លះបង់នូវភាពទ្រុស្តសីលបាន ។ កាលបើបុគ្គលនោះ មានសីល ទើបគួរដើម្បីលះបង់នូវសេចក្តីប្រាថ្នា ដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ លះបង់នូវសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ លះបង់នូវចិត្តប្រកួតប្រកាន់បាន ។ កាលបើបុគ្គលនោះ មិនមានចិត្តប្រកួតប្រកាន់ហើយ ទើបគួរដើម្បីលះបង់នូវការភ្លេចស្មារតី លះបង់នូវសេចក្តីមិនដឹងខ្លួន លះបង់នូវសេចក្តីរសាប់រសល់នៃចិត្តបាន ។ កាលបើបុគ្គលនោះ មិនមានចិត្តរសាប់រសល់ហើយ ទើបគួរដើម្បីលះបង់នូវកិរិយាធ្វើទុកក្នុងចិត្ត ដោយមិនមែនឧបាយ លះបង់នូវការសេពគប់នូវផ្លូវខុស លះបង់នូវសេចក្តីរួញរានៃចិត្តបាន ។ កាលបើបុគ្គលនោះ មិនមានចិត្តរួញរាហើយ ទើបគួរដើម្បីលះបង់នូវសក្កាយទិដ្ឋិ លះបង់នូវវិចិកិច្ឆា លះបង់នូវសីលព្វតបរាមាសៈបាន ។ កាលបើបុគ្គលនោះ មិនមានវិចិកិច្ឆាហើយ ទើបគួរដើម្បីលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបាន ។ កាលបើបុគ្គលនោះ លះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈហើយ ទើបគួរដើម្បីលះបង់ជាតិ លះបង់ជរា លះបង់មរណៈបាន ។

៧. កាកសូត្រកែប្រែ

[៧៧] ម្នាលភិក្ខុទាំងឡាយ ក្អែកប្រកបដោយអសទ្ធម្ម ១០ យ៉ាង ។ ប្រកបដោយអសទ្ធម្មទាំង ១០ យ៉ាង តើដូចម្តេច ។ គឺជាសត្វកំចាត់បង់ (នូវគុណ) ១ ក្រអឺតក្រឱង ១ មានសេចក្តីរវះរវាម ១ ស៊ីច្រើន ១ អាក្រក់ ១ មិនមានសេចក្តីករុណា ១ មានកំឡាំងថយ ១ មានសំឡេងគ្រាវ ១ មានស្មារតីវង្វេង ១ ធ្វើនូវសេចក្តីសន្សំ ១ ។ ម្នាលភិក្ខុទាំងឡាយ ក្អែកប្រកបដោយអសទ្ធម្ម ១០ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបាបប្រកបដោយអសទ្ធម្ម ១០ យ៉ាង ក៏យ៉ាងនោះដែរ ។ ប្រកបដោយអសទ្ធម្ម ១០ យ៉ាង តើដូចម្តេច ។ គឺជាអ្នកកំចាត់បង់ (នូវគុណ) ១ ជាអ្នកក្រអឺតក្រឱង ១ ជាអ្នកមានសេចក្តីរវះរវាម ១ ជាអ្នកស៊ីច្រើន ១ ជាមនុស្សអាក្រក់ ១ ជាអ្នកមិនមានសេចក្តីករុណា ១ ជាអ្នកមានកំឡាំងថយ ១ ជាអ្នកមានសំឡេងអាក្រក់ ១ ជាអ្នកមានស្មារតីវង្វេង ១ ជាអ្នកធ្វើនូវសេចក្តីសន្សំ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបាបប្រកបដោយអសទ្ធម្ម ១០ យ៉ាងនេះឯង ។

៨. និគណ្ឋសូត្រកែប្រែ

[៧៨] ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថ ប្រកបដោយអសទ្ធម្ម ១០ យ៉ាង ។ ប្រកបដោយអសទ្ធម្ម ១០ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថមិនមានសទ្ធា ១ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថជាអ្នកទ្រុស្តសីល ១ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថមិនមានហិរិ ១ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថមិនមានឱត្តប្បៈ ១ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថ ជាអ្នកមានអសប្បុរសជាមិត្រ ១ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថ ជាអ្នកដំកើងខ្លួនឯង ហើយបង្អាប់បុគ្គលដទៃ ១ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថ ជាអ្នកស្ទាបអង្អែល ក្នុងទិដ្ឋិរបស់ខ្លួន ជាអ្នកប្រកាន់មាំ ជាអ្នកលះបង់នូវអំពើ ដែលខ្លួនប្រកាន់បានដោយកម្រ ១ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថ ជាអ្នកកុហក ១ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថជាអ្នកមានសេចក្តីប្រាថ្នាដ៏លាមក ១ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថជាអ្នកមានទិដ្ឋិខុស ១ ។ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថប្រកបដោយអសទ្ធម្ម ១០ យ៉ាងនេះឯង ។

៩. អាឃាតវត្ថុសូត្រកែប្រែ

[៧៩] ម្នាលភិក្ខុទាំងឡាយ អាឃាតវត្ថុ (ហេតុនៃគំនុំ) នេះមាន ១០ យ៉ាង ។ អាឃាតវត្ថុទាំង ១០ យ៉ាង តើដូចម្តេច ។ គឺបុគ្គលចងគំនុំ ដោយគិតថា ជនឯណោះ បានប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់អាត្មាអញហើយ ១ ចងគំនុំ ដោយគិតថា ជនឯណោះ កំពុងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់អាត្មាអញ ១ ចងគំនុំ ដោយគិតថា ជនឯណោះ នឹងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់អាត្មាអញ ១ ចងគំនុំ ដោយគិតថា ជនឯណោះ បានប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ដល់បុគ្គលជាទីស្រឡាញ់ ជាទីគាប់ចិត្ត របស់អាត្មាអញហើយ… ១ កំពុងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍… ១ នឹងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ១ ចងគំនុំ ដោយគិតថា ជនឯណោះ បានប្រព្រឹត្តនូវអំពើជាប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្តរបស់អាត្មាអញហើយ… ១ កំពុងប្រព្រឹត្តនូវអំពើជាប្រយោជន៍… ១ នឹងប្រព្រឹត្តនូវអំពើជាប្រយោជន៍ ១ ក្រោធក្នុងទីដែលមិនគួរ ១ ។ ម្នាលភិក្ខុទាំងឡាយ អាឃាតវត្ថុ មាន ១០ យ៉ាងនេះឯង ។

១០. អាឃាតបដិវិនយសូត្រកែប្រែ

[៨០] ម្នាលភិក្ខុទាំងឡាយ អាឃាតប្បដិវិន័យ (ការកំចាត់បង់នូវគំនុំ) នេះមាន ១០ យ៉ាង ។ អាឃាតប្បដិវិន័យទាំង ១០យ៉ាង តើដូចម្តេច ។ គឺបុគ្គលកំចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះ បានប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់អាត្មាអញហើយ អាត្មាអញ គប្បីបាននូវអំពើមិនជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះអំពីណា ១ កំចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះ កំពុងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់អាត្មាអញ អាត្មាអញ គប្បីបាននូវអំពើមិនជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះ អំពីណា ១ កំចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះ នឹងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់អាត្មាអញ អាត្មាអញ គប្បីបាននូវអំពើមិនជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះអំពីណា ១ កំចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះ បានប្រព្រឹត្តអំពើមិនជាប្រយោជន៍ ដល់បុគ្គលជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់អាត្មាអញហើយ… ១ កំពុងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍… ១ នឹងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ អាត្មាអញ គប្បីបាននូវអំពើមិនជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះ អំពីណា ១ កំចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះ បានប្រព្រឹត្តនូវអំពើជាប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្តរបស់អាត្មាអញហើយ ១… កំពុងប្រព្រឹត្តនូវអំពើជាប្រយោជន៍… ១ នឹងប្រព្រឹត្តនូវអំពើជាប្រយោជន៍ អាត្មាអញ គប្បីបាននូវអំពើជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះ អំពីណា ១ មិនក្រោធក្នុងទីមិនគួរ ១ ។ ម្នាលភិក្ខុទាំងឡាយ អាឃាតប្បដិវិន័យ មាន ១០ យ៉ាងនេះឯង ។

ចប់ អាកង្ខវគ្គ ទី៣ ។

ឧទ្ទាននៃអាកង្ខវគ្គនោះគឺ

និយាយអំពីសេចក្តីប្រាថ្នា ១ អំពីធម៌ជាបន្លា ១ អំពីធម៌ជាទីប្រាថ្នា ១ អំពីសេចក្តីចម្រើន ១ អំពីមិគសាលាឧបាសិកា ១ អំពីបុគ្គលមិនគួរលះបង់ ១ អំពីក្អែក ១ អំពីពួកនិគ្រន្ថ ១ អំពីវត្ថុ ១០ យ៉ាង មាន (ពីរលើក) ១ ។

ថេរវគ្គ ទី៤កែប្រែ

១. វាហនសូត្រកែប្រែ

[៨១] សម័យមួយ ព្រះដ៏មានព្រះភាគ គង់ក្បែរឆ្នេរស្រះឈ្មោះគគ្គរា ជិតក្រុងចម្បា ។ គ្រានោះ ព្រះវាហុនៈដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះវាហុនៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះតថាគត មានព្រះហឫទ័យទំលាយនូវទំនប់ គឺកិលេស តើរលាស់ចេញ ឃ្លាតចេញ រួចស្រឡះ ចាកធម៌ប៉ុន្មានយ៉ាង ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលវាហុនៈ ព្រះតថាគតមានចិត្តទំលាយនូវទំនប់ គឺកិលេស រលាស់ចេញ ឃ្លាតចេញ រួចស្រឡះចាកធម៌ ១០ យ៉ាង ។ ធម៌  ១០ យ៉ាង តើអ្វីខ្លះ ។ ម្នាលវាហុនៈ ព្រះតថាគតមានចិត្តទំលាយនូវទំនប់ គឺកិលេស រលាស់ចេញ ឃ្លាតចេញ រួចស្រឡះចាករូប ១ ម្នាលវាហុនៈ ចាកវេទនា …១ ម្នាលវាហុនៈ ចាកសញ្ញា… ១ ម្នាលវាហុនៈ ចាកសង្ខារទាំងឡាយ… ១ ម្នាលវាហុនៈ ចាកវិញ្ញាណ… ១ ម្នាលវាហុនៈ ចាកជាតិ… ១ ម្នាលវាហុនៈ ចាកជរា… ១ ម្នាលវាហុនៈ ចាកមរណៈ …១ ម្នាលវាហុនៈ ចាកទុក្ខទាំងឡាយ… ១ ម្នាលវាហុនៈ ព្រះតថាគតមានចិត្តទំលាយនូវទំនប់ គឺកិលេស រលាស់ចេញ ឃ្លាតចេញ រួចស្រឡះចាកកិលេស ១ ។ ម្នាលវាហុនៈ ដូចឧប្បលក្តី ឈូកក្រហមក្តី ឈូកសក្តី ដែលដុះក្នុងទឹក លូតលាស់ក្នុងទឹក លូតផុតអំពីទឹក មិនជាប់ដោយទឹក យ៉ាងណាមិញ ម្នាលវាហុនៈ ព្រះតថាគត មានចិត្តទំលាយនូវទំនប់ គឺកិលេស រលាស់ចេញ ឃ្លាតចេញ ផុតស្រឡះហើយ ចាកធម៌ទាំង ១០ ប្រការនេះ ក៏យ៉ាងនោះដែរ ។

២. អានន្ទសូត្រកែប្រែ

[៨២] គ្រានោះ ព្រះអានន្ទដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង មិនមានសទ្ធា នឹងដល់នូវសេចក្តីចម្រើន លូតលាស់ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នកទ្រុស្តសីល នឹងដល់នូវសេចក្តីចម្រើនលូតលាស់ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នកចេះដឹងតិច នឹងដល់នូវសេចក្តីចម្រើន លូតលាស់ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នកប្រដៅក្រ នឹងដល់នូវសេចក្តីចម្រើន លូតលាស់ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នកមានមិត្តអាក្រក់ នឹងដល់នូវសេចក្តីចម្រើន លូតលាស់ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នកខ្ជិលច្រអូស នឹងដល់នូវសេចក្តីចម្រើន លូតលាស់ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នកមានស្មារតីភ្លេចភ្លាំង នឹងដល់នូវសេចក្តីចម្រើន លូតលាស់ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នកមិនមានសន្តោស នឹងដល់នូវសេចក្តីចម្រើន លូតលាស់ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នកប្រាថ្នាលាមក នឹងដល់នូវសេចក្តីចម្រើន លូតលាស់ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាមិច្ឆាទិដ្ឋិ នឹងដល់នូវសេចក្តីចម្រើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ប្រកបដោយធម៌ទាំង ១០ ប្រការនេះ នឹងដល់នូវសេចក្តីចម្រើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នកមានសទ្ធា នឹងដល់នូវសេចក្តីចម្រើន លូតលាស់ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើបជាឋានៈ ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នកមានសីល នឹងដល់នូវសេចក្តីចម្រើន លូតលាស់ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើបជាឋានៈ ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នកចេះដឹង អ្នកទ្រទ្រង់ព្រះសូត្រ នឹងដល់នូវសេចក្តីចម្រើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើបជាឋានៈ ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នកប្រដៅងាយ នឹងដល់នូវសេចក្តីចម្រើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើបជាឋានៈ ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នកមានកល្យាណមិត្ត នឹងដល់នូវសេចក្តីចម្រើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើបជាឋានៈ ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នកមានព្យាយាមប្រារព្ធហើយ នឹងដល់នូវសេចក្តីចម្រើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើបជាឋានៈ ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នកមានស្មារតីតាំងមាំ នឹងដល់នូវសេចក្តីចម្រើន លូតលាស់ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើបជាឋានៈ ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នកមានចិត្តសន្តោស នឹងដល់នូវសេចក្តីចម្រើនលូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើបជាឋានៈ ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នកប្រាថ្នាតិច នឹងដល់នូវសេចក្តីចម្រើនលូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើបជាឋានៈ ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាសម្មាទិដ្ឋិ នឹងដល់នូវសេចក្តីចម្រើនលូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើបជាឋានៈ ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ប្រកបដោយធម៌ទាំង ១០ យ៉ាងនេះ នឹងដល់នូវសេចក្តីចម្រើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើបជាឋានៈ ។

៣. បុណ្ណិយសូត្រកែប្រែ

[៨៣] គ្រានោះ ព្រះបុណ្ណិយៈដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏ព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះបុណ្ណិយៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ហេតុដូចម្តេច បច្ច័យដូចម្តេច ក្នុងកាលខ្លះ ធម្មទេសនា ប្រាកដដល់ព្រះតថាគត ក្នុងកាលខ្លះ មិនប្រាកដ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលបុណ្ណិយៈ ភិក្ខុជាអ្នកមានសទ្ធា តែមិនចូលទៅរក ដរាបណា ធម្មទេសនាមិនប្រាកដ ដល់ព្រះតថាគត ដរាបនោះ ។ ម្នាលបុណ្ណិយៈ កាលបើភិក្ខុមានសទ្ធាផង ចូលទៅរកផង យ៉ាងនេះ ទើបធម្មទេសនា ប្រាកដដល់ព្រះតថាគត ម្នាលបុណ្ណិយៈ ភិក្ខុអ្នកមានសទ្ធាផង ចូលទៅរកផង តែមិនចូលទៅអង្គុយជិត… ចូលទៅអង្គុយជិតហើយ តែមិនសាកសួរ… សាកសួរហើយ តែមិនផ្ចង់ត្រចៀកស្តាប់ធម៌… ផ្ចង់ត្រចៀកស្តាប់ធម៌ហើយ តែស្តាប់មិនចាំធម៌ … ស្តាប់ចាំធម៌ទុកហើយ… តែមិនពិចារណានូវអត្ថនៃធម៌ ដែលខ្លួនចាំទុកហើយ… ពិចារណានូវធម៌ ដែលខ្លួនចាំទុកហើយ តែមិនដឹងអត្ថមិនដឹងធម៌ ប្រតិបត្តិសមគួរតាមធម៌… ដឹងអត្ថដឹងធម៌ ប្រតិបត្តិសមគួរតាមធម៌ហើយ តែមិនមានវាចាល្អ ពោលពាក្យដ៏ពីរោះ ប្រកបដោយសម្តីអ្នកក្រុង ដែលជាវាចាច្បាស់លាស់ ជាវាចាឥតទោស ញុំាងជនដទៃឲ្យដឹងនូវអត្ថបាន មានវាចាល្អ ពោលពាក្យពីរោះ ប្រកបដោយសម្តីអ្នកក្រុង ជាវាចាឥតទោស ញុំាងជនដទៃឲ្យដឹងនូវអត្ថហើយ តែមិនពន្យល់ មិនណែនាំ មិនឲ្យក្លៀវក្លា មិនឲ្យរីករាយ ដល់ពួកសព្រហ្មចារីបុគ្គល ធម្មទេសនា រមែងមិនប្រាកដដល់ព្រះតថាគត ដរាបនោះទេ ។ ម្នាលបុណ្ណិយៈ លុះតែភិក្ខុមានសទ្ធា ១ បានចូលមកជិត ១ ចូលទៅអង្គុយជិត ១ សាកសួរ ១ ផ្ចង់ត្រចៀកស្តាប់ធម៌ ១ ស្តាប់ហើយចាំធម៌ទុក ១ ពិចារណានូវអត្ថនៃធម៌ ដែលខ្លួនចាំហើយ ១ ដឹងអត្ថដឹងធម៌ ហើយប្រតិបត្តិសមគួរតាមធម៌ ១ មានវាចាល្អ ពោលពាក្យពីរោះ ប្រកបដោយវាចាអ្នកក្រុង ជាវាចាល្អច្បាស់លាស់ ជាវាចាឥតទោស អាចញុំាងជនដទៃ ឲ្យដឹងសេចក្តី ១ ពន្យល់ណែនាំ ឲ្យក្លាហាន ឲ្យរីករាយ ដល់ពួកសព្រហ្មចារីបុគ្គល ១ យ៉ាងនេះ ទើបធម្មទេសនាប្រាកដដល់ព្រះតថាគត ។ ម្នាលបុណ្ណិយៈ ធម្មទេសនា ដែលប្រកបដោយធម៌ទាំង ១០ យ៉ាងនេះឯង ទើបប្រាកដដល់ព្រះតថាគតដោយពិត ។

៤. ព្យាករណសូត្រកែប្រែ

[៨៤] ក្នុងទីនោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ បានទទួលស្តាប់ពាក្យរបស់ព្រះមហាមោគ្គល្លានដ៏មានអាយុថា ព្រះករុណា អាវុសោ ។ ព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏ពោលពាក្យដូច្នេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ អួតនូវអរហត្តផលថា អាត្មាអញដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញប្រព្រឹត្តចប់ហើយ សោឡសកិច្ច អាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីកិច្ចនេះទៀត មិនមានឡើយ ។ ព្រះតថាគត ឬសាវក របស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងនូវចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ តែងសួរឈ្លេចឈ្លី ដេញដោល ពិនិត្យបញ្ជាក់មើលនូវភិក្ខុនោះ ។ ភិក្ខុនោះ កាលបើព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងនូវចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្ត របស់បុគ្គលដទៃ សួរឈ្លេចឈ្លី ដេញដោល ពិនិត្យបញ្ជាក់មើល ក៏ដល់នូវភាវៈទទេ ដល់នូវភាវៈឥតគុណ ដល់នូវសេចក្តីមិនចម្រើន ដល់នូវសេចក្តីវិនាស ដល់នូវសេចក្តីមិនចម្រើន និងសេចក្តីវិនាស ។ ព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តរបស់បុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ ធ្វើទុកក្នុងចិត្ត ព្រោះបានកំណត់ដឹងនូវចិត្តដោយចិត្តយ៉ាងនេះថា ហេតុអ្វី អ្នកដ៏មានអាយុនេះ អួតនូវអរហត្តផលថា អាត្មាអញដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបានប្រព្រឹត្តចប់ហើយ សោឡសកិច្ច អាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីកិច្ចនេះទៀត មិនមានឡើយ ។ ព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ ក៏ដឹងច្បាស់នូវបុគ្គលនោះ ព្រោះបានកំណត់ដឹងនូវចិត្តដោយចិត្ត យ៉ាងនេះថា អ្នកដ៏មានអាយុនេះ ជាអ្នកមានសេចក្តីក្រោធ មានចិត្តត្រូវសេចក្តីក្រោធ រួបរឹតនៅដោយច្រើន ចំណែកខាងការរួបរឹតដោយសេចក្តីក្រោធនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគត ប្រកាសហើយ ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានឧបនាហៈ មានចិត្តត្រូវឧបនាហៈ រួបរឹតនៅដោយច្រើន ចំណែកខាងការរួបរឹត ដោយឧបនាហៈនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានមក្ខៈ មានចិត្តត្រូវមក្ខៈរួបរឹតនៅដោយច្រើន ចំណែកខាងការរួបរឹត ដោយមក្ខៈនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានបឡាសៈ មានចិត្តត្រូវបឡាសៈរួបរឹតនៅដោយច្រើន ចំណែកខាងការរួបរឹត ដោយបឡាសៈនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យដែលព្រះតថាគតប្រកាសហើយ ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានឫស្យា មានចិត្តត្រូវឫស្យារួបរឹតនៅដោយច្រើន ចំណែកខាងការរួបរឹតដោយឫស្យានេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យដែលព្រះតថាគតប្រកាសហើយ ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានមច្ឆរិយៈ មានចិត្តត្រូវមច្ឆរិយៈរួបរឹតនៅដោយច្រើន ចំណែកខាងការរួបរឹតដោយមច្ឆរិយៈនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគត ប្រកាសហើយ ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានការអួត មានចិត្តត្រូវសាថេយ្យៈរួបរឹតនៅដោយច្រើន ចំណែកខាងការរួបរឹត ដោយសាថេយ្យៈនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានមាយា មានចិត្តត្រូវមាយារួបរឹតនៅដោយច្រើន ចំណែកខាងការរួបរឹត ដោយមាយានេះ ជាសេចក្តីសាបសូន្យក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានសេចក្តីប្រាថ្នាលាមក មានចិត្តត្រូវសេចក្តីប្រាថ្នាលាមករួបរឹតនៅដោយច្រើន ចំណែកខាងការរួបរឹតដោយសេចក្តីប្រាថ្នាលាមកនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យដែលព្រះតថាគតប្រកាសហើយ ។ អ្នកដ៏មានអាយុនេះ ជាអ្នកភ្លេចស្មារតី ដល់នូវការផ្អាកទុកនូវសេចក្តីព្យាយាម ក្នុងចន្លោះ ដោយការបាននូវគុណវិសេសដ៏ថយថោក ក្នុងកិច្ចដែលខ្លួនត្រូវធ្វើតទៅទៀត ចំណែកខាងដំណើរដែលផ្អាកនូវសេចក្តីព្យាយាម ក្នុងចន្លោះនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ ។ ម្នាលអាវុសោទាំងឡាយ ពាក្យថា ភិក្ខុនោះឯង មិនបានលះបង់នូវធម៌ទាំង ១០ នេះ នឹងដល់នូវការចម្រើន លូតលាស់ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ ។ ម្នាលអាវុសោទាំងឡាយ ពាក្យថា ភិក្ខុនោះឯង លះបង់នូវធម៌ទាំង ១០ នេះ នឹងដល់នូវការចម្រើនលូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើបជាឋានៈ ។

៥. កត្ថីសូត្រកែប្រែ

[៨៥] សម័យមួយ ព្រះមហាចុន្ទៈដ៏មានអាយុ គង់ក្នុងសហជាតិប្រទេស ក្នុងដែនចេតី ។ ក្នុងទីនោះឯង ព្រះមហាចុន្ទៈដ៏មានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ បានទទួលស្តាប់ពាក្យព្រះមហាចុន្ទៈដ៏មានអាយុថា អាវុសោ ។ ព្រះមហាចុន្ទៈដ៏មានអាយុ បានសំដែងដូច្នេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ តែងពោលអួតក្នុងអធិគមៈ (ធម៌ដែលគួរត្រាស់ដឹង) ថា ខ្ញុំចូលកាន់បឋមជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់ទុតិយជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់តតិយជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់ចតុត្ថជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់អាកាសានញ្ចាយតនជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់វិញ្ញាណញ្ចាយតនជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់អាកិញ្ចញ្ញាយតនជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់សញ្ញាវេទយិតនិរោធក៏បាន ចេញក៏បាន ។ ព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ សួរឈ្លេចឈ្លី ដេញដោល ពិនិត្យបញ្ជាក់មើល ចំពោះភិក្ខុនោះ ។ ភិក្ខុនោះ កាលព្រះតថាគត ឬសាវករបស់ព្រះតថាគត ដែលជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តបុគ្គលដទៃ កាលសួរឈ្លេចឈ្លី ដេញដោល ពិនិត្យបញ្ជាក់មើលទៅ ក៏ដល់នូវភាវៈទទេ ដល់នូវភាវៈឥតគុណ ដល់នូវសេចក្តីមិនចម្រើន ដល់នូវសេចក្តីវិនាស ដល់នូវសេចក្តីមិនចម្រើន និងសេចក្តីវិនាស ។ ព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តបុគ្គលដទៃ រមែងកំណត់ទុកក្នុងចិត្ត ចំពោះភិក្ខុនោះ ព្រោះបានកំណត់ដឹងនូវចិត្តដោយចិត្ត យ៉ាងនេះថា ហេតុអ្វី អ្នកដ៏មានអាយុនេះ តែងពោលអួតចំពោះអធិគមធម៌ថា ខ្ញុំចូលទៅកាន់បឋមជ្ឈានក៏បាន ចេញក៏បាន ។បេ។ ខ្ញុំចូលកាន់សញ្ញាវេទយិតនិរោធក៏បាន ចេញក៏បាន ។ ព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈ នៃចិត្តបុគ្គលដទៃ រមែងកំណត់ដឹងចិត្តភិក្ខុនោះ ដោយចិត្តយ៉ាងនេះថា អ្នកដ៏មានអាយុនេះ ជាអ្នកធ្វើឲ្យដាច់ ធ្វើឲ្យធ្លុះធ្លាយ ធ្វើឲ្យពពាល ធ្វើឲ្យពព្រុះ ធ្វើមិនឲ្យទៀងទាត់ ប្រព្រឹត្តមិនទៀងត្រង់ ក្នុងសីលទាំងឡាយ អស់កាលវែង ។ អ្នកដ៏មានអាយុនេះ ជាអ្នកទ្រុស្តសីល ចំណែកខាងភាពនៃបុគ្គលទ្រុស្តសីលនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ ។ អ្នកដ៏មានអាយុនេះ ជាអ្នកមិនមានសទ្ធា មិនមានអាចារៈ ចំណែកខាងការមិនមានសទ្ធានេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគត ប្រកាសហើយ ។ អ្នកដ៏មានអាយុនេះ ជាអ្នកចេះដឹងតិច មិនមានអាចារៈ ចំណែកខាងការចេះដឹងតិចនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគត ប្រកាសហើយ ។ អ្នកដ៏មានអាយុនេះ ជាបុគ្គលដែលគេប្រដៅក្រ មិនមានអាចារៈ ចំណែកខាងភាពនៃបុគ្គលប្រដៅក្រនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ ។ អ្នកដ៏មានអាយុនេះ មានមិត្តអាក្រក់ ចំណែកខាងភាពនៃបុគ្គលមានមិត្តអាក្រក់នេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ ។ អ្នកដ៏មានអាយុនេះ ជាបុគ្គលខ្ជិលច្រអូស ចំណែកខាងសេចក្តីខ្ជិលច្រអូសនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគត ប្រកាសហើយ ។ អ្នកដ៏មានអាយុនេះ ជាអ្នកភ្លេចស្មារតី ចំណែកខាងការភ្លេចស្មារតីនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ ។ អ្នកដ៏មានអាយុនេះ ជាបុគ្គលកុហក ចំណែកខាងការកុហកនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ ។ អ្នកដ៏មានអាយុនេះ ជាបុគ្គលដែលគេចិញ្ចឹមក្រ ចំណែកខាងភាពនៃបុគ្គលដែលគេចិញ្ចឹមក្រនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគត ប្រកាសហើយ ។ អ្នកដ៏មានអាយុនេះ ជាអ្នកឥតបញ្ញា ចំណែកខាងភាពនៃបុគ្គលឥតបញ្ញានេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគត ប្រកាសហើយ ។ ម្នាលអាវុសោទាំងឡាយ ដូចជាសំឡាញ់ម្នាក់និយាយទៅនឹងសំឡាញ់យ៉ាងនេះថា ម្នាលសំឡាញ់ បើអ្នកត្រូវការចំពោះធនកិច្ចដោយទ្រព្យ ក្នុងកាលណា អ្នកគប្បីប្រាប់ធនកិច្ច (នោះ) ដល់ខ្ញុំ ៗ នឹងឲ្យទ្រព្យដល់អ្នក ។ សំឡាញ់នោះ កាលបើធនកិច្ចណាមួយ កើតឡើង ក៏និយាយទៅនឹងសំឡាញ់យ៉ាងនេះថា ម្នាលសំឡាញ់ ខ្ញុំត្រូវការដោយទ្រព្យ ចូរអ្នកឯងឲ្យទ្រព្យ (នោះ) មកខ្ញុំ ។ សំឡាញ់នោះ ក៏និយាយយ៉ាងនេះថា ម្នាលសំឡាញ់ បើដូច្នោះ អ្នកចូរជីកក្នុងទីនេះចុះ ។ សំឡាញ់នោះ កាលជីកក្នុងទីនោះទៅ ក៏មិនបាន ។ សំឡាញ់នោះ និយាយយ៉ាងនេះថា ម្នាលសំឡាញ់ អ្នកឯងនិយាយឡេះឡោះនឹងខ្ញុំ ម្នាលសំឡាញ់ អ្នកឯងនិយាយពាក្យទទេនឹងខ្ញុំថា អ្នកឯងចូរជីក ក្នុងទីនេះចុះ ។ សំឡាញ់នោះ និយាយយ៉ាងនេះថា ម្នាលសំឡាញ់ ខ្ញុំមិននិយាយឡេះឡោះនឹងអ្នកទេ ខ្ញុំមិននិយាយពាក្យទទេ នែសំឡាញ់ បើដូច្នោះ អ្នកឯងចូរជីក ក្នុងទីនេះដូច្នេះ ។ សំឡាញ់នោះ កាលបើជីកក្នុងទីនោះម្តងទៀត ក៏នៅតែមិនបាន ។ សំឡាញ់នោះ និយាយយ៉ាងនេះថា ម្នាលសំឡាញ់ អ្នកឯងនិយាយឡេះឡោះនឹងខ្ញុំ ម្នាលសំឡាញ់ អ្នកឯងនិយាយពាក្យទទេនឹងខ្ញុំថា អ្នកឯងចូរជីកក្នុងទីនេះចុះ ។ សំឡាញ់នោះ និយាយយ៉ាងនេះថា ម្នាលសំឡាញ់ ខ្ញុំមិននិយាយឡេះឡោះនឹងអ្នកទេ ខ្ញុំមិននិយាយទទេទេ ម្នាលសំឡាញ់ បើដូច្នោះ អ្នកឯងចូរជីកក្នុងទីនេះចុះ ។ សំឡាញ់នោះ កាលជីកក្នុងទីនោះម្តងទៀត ក៏នៅតែមិនបាន ។ សំឡាញ់នោះ និយាយយ៉ាងនេះថា ម្នាលសំឡាញ់ អ្នកឯងនិយាយឡេះឡោះនឹងខ្ញុំ ម្នាលសំឡាញ់ អ្នកឯងនិយាយពាក្យទទេនឹងខ្ញុំថា អ្នកឯងចូរជីក ក្នុងទីនេះចុះ ។ សំឡាញ់នោះ និយាយយ៉ាងនេះថា ម្នាលសំឡាញ់ ខ្ញុំមិននិយាយឡេះឡោះនឹងអ្នកទេ ខ្ញុំមិននិយាយពាក្យទទេនឹងអ្នកទេ ប៉ុន្តែខ្ញុំដល់នូវភាពជាអ្នកឆ្កួត ប្រែប្រួលចិត្ត សេចក្តីនេះ យ៉ាងណាមិញ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកពោលអួតក្នុងអធិគមធម៌ថា ខ្ញុំចូលកាន់បឋមជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់ទុតិយជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់តតិយជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់ចតុត្ថជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់អាកាសានញ្ចាយតនជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់វិញ្ញាណញ្ចាយតនជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់អាកិញ្ចញ្ញាយតនជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់សញ្ញាវេទយិតនិរោធក៏បាន ចេញក៏បាន ។ ព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ តែងសួរឈ្លេចឈ្លី ដេញដោល ពិនិត្យមើលនូវភិក្ខុនោះ ។ ភិក្ខុនោះ កាលបើព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្ត នៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ សួរឈ្លេចឈ្លី ដេញដោល ពិនិត្យបញ្ជាក់មើលទៅ ក៏ដល់នូវភាវៈទទេ ដល់នូវភាវៈឥតគុណ ដល់នូវសេចក្តីមិនចម្រើន ដល់នូវសេចក្តីវិនាស ដល់នូវសេចក្តីមិនចម្រើន និងសេចក្តីវិនាស ។ ព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ ធ្វើទុកក្នុងចិត្តចំពោះភិក្ខុនោះ ព្រោះបានកំណត់ដឹងនូវចិត្តដោយចិត្ត យ៉ាងនេះថា ហេតុអ្វីអ្នកដ៏មានអាយុនេះ តែងពោលអួត ក្នុងអធិគមធម៌ថា ខ្ញុំចូលកាន់បឋមជ្ឈានក៏បាន ចេញក៏បាន ។បេ។ ខ្ញុំចូលកាន់សញ្ញាវេទយិតនិរោធក៏បាន ចេញក៏បាន ។ ព្រះតថាគត ឬសាវក របស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ រមែងកំណត់ដឹងនូវចិត្តភិក្ខុនោះដោយចិត្តយ៉ាងនេះថា អ្នកដ៏មានអាយុនេះ ជាអ្នកធ្វើឲ្យដាច់ ធ្វើឲ្យធ្លុះធ្លាយ ធ្វើឲ្យពពាល ធ្វើឲ្យពព្រុះ ធ្វើមិនទៀងទាត់ ប្រព្រឹត្តមិនទៀងត្រង់ ក្នុងសីលទាំងឡាយ អស់កាលវែង ។ អ្នកដ៏មានអាយុនេះ ជាបុគ្គលទ្រុស្តសីល ចំណែកខាងភាពនៃបុគ្គលទ្រុស្តសីលនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យដែលព្រះតថាគតប្រកាសហើយ ។ អ្នកដ៏មានអាយុនេះ ជាអ្នកមិនមានសទ្ធា ចំណែកខាងការមិនមានសទ្ធានេះ ជាសេចក្តីសាបសូន្យក្នុងធម្មវិន័យដែលព្រះតថាគតប្រកាសហើយ ។ អ្នកដ៏មានអាយុនេះ ជាបុគ្គលមានការចេះដឹងតិច មិនមានអាចារៈ ចំណែកខាងការចេះដឹងតិចនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគត ប្រកាសហើយ ។ អ្នកដ៏មានអាយុនេះ ជាបុគ្គលដែលគេប្រដៅក្រ ចំណែកខាងភាវៈនៃបុគ្គលគេប្រដៅក្រនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យដែលព្រះតថាគតប្រកាសហើយ ។ អ្នកដ៏មានអាយុនេះ ជាបុគ្គលមានមិត្តអាក្រក់ ចំណែកខាងភាពនៃបុគ្គលមានមិត្តអាក្រក់នេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ ។ អ្នកដ៏មានអាយុនេះ ជាបុគ្គលខ្ជិលច្រអូស ចំណែកខាងការខ្ជិលច្រអូសនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យដែលព្រះតថាគត ប្រកាសហើយ ។ អ្នកដ៏មានអាយុនេះ ជាអ្នកភ្លេចស្មារតី ចំណែកខាងការភ្លេចស្មារតីនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគត ប្រកាសហើយ ។ អ្នកដ៏មានអាយុនេះ ជាបុគ្គលកុហក ចំណែកខាងការកុហកនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ ។ អ្នកដ៏មានអាយុនេះ ជាបុគ្គលដែលគេចិញ្ចឹមក្រ ចំណែកខាងភាពនៃបុគ្គលដែលគេចិញ្ចឹមក្រនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគត ប្រកាសហើយ ។ អ្នកដ៏មានអាយុនេះ ជាបុគ្គលអប្បបញ្ញា ចំណែកខាងភាពនៃបុគ្គលអប្បបញ្ញានេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ ក៏យ៉ាងនោះឯង ។ ម្នាលអាវុសោទាំងឡាយ ពាក្យថា ភិក្ខុនោះឯង មិនលះបង់នូវធម៌ទាំង ១០ ប្រការនេះ នឹងដល់នូវសេចក្តីចម្រើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យ ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ ។ ម្នាលអាវុសោទាំងឡាយ ពាក្យថា បើភិក្ខុនោះឯង លះបង់នូវធម៌ទាំង ១០ ប្រការនេះ នឹងដល់នូវសេចក្តីចម្រើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើបជាឋានៈ ។

៦. អធិមានសូត្រកែប្រែ

[៨៦] សម័យមួយ ព្រះមហាកស្សបដ៏មានអាយុ គង់ក្នុងវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ ។ ក្នុងទីនោះឯង ព្រះមហាកស្សបដ៏មានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ បានទទួលស្តាប់ពាក្យព្រះមហាកស្សបដ៏មានអាយុថា ករុណាអាវុសោ ។ ព្រះមហាកស្សបដ៏មានអាយុ បានពោលពាក្យ ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពោលអួតអរហត្តផលថា ខ្ញុំដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញប្រព្រឹត្តស្រេចហើយ សោឡសកិច្ច អាត្មាអញធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។ ព្រះតថាគត ឬសាវក របស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តបុគ្គលដទៃ តែងសួរឈ្លេចឈ្លី ដេញដោល ពិនិត្យបញ្ជាក់មើលនូវភិក្ខុនោះ ។ ភិក្ខុនោះ កាលបើព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ សួរឈ្លេចឈ្លី ដេញដោល ពិនិត្យបញ្ជាក់មើល ក៏ដល់នូវភាវៈទទេ ដល់នូវភាវៈឥតគុណ ដល់នូវសេចក្តីមិនចម្រើន ដល់នូវសេចក្តីវិនាស ដល់នូវសេចក្តីមិនចម្រើន និងសេចក្តីវិនាស ។ ព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ រមែងកំណត់ធ្វើទុកក្នុងចិត្តនូវភិក្ខុនោះ ដោយចិត្តយ៉ាងនេះថា ដូចម្តេច ក៏អ្នកដ៏មានអាយុនេះ ពោលអួតនូវអរហត្តផលថា ខ្ញុំដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញប្រព្រឹត្តស្រេចហើយ សោឡសកិច្ច អាត្មាអញធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះ មិនមានឡើយ ។ ព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ រមែងកំណត់ដឹងនូវចិត្តភិក្ខុនោះ ដោយចិត្តយ៉ាងនេះថា អ្នកដ៏មានអាយុនេះ ជាអ្នកស្មានហួសហេតុ ពោលថា ខ្លួនបានគុណវិសេស ដោយទៀងទាត់ សំគាល់ថា ដល់ហើយក្នុងធម៌ដែលមិនទាន់បានដល់ សំគាល់ថា ធ្វើហើយក្នុងធម៌ដែលខ្លួនមិនទាន់ធ្វើ សំគាល់ថាត្រាស់ដឹងហើយ ក្នុងធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ពោលអួតអរហត្តផល ដោយការស្មានហួសហេតុថា ខ្ញុំដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។ ព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ រមែងកំណត់ធ្វើទុកក្នុងចិត្តនូវភិក្ខុនោះ កំណត់ដោយចិត្តយ៉ាងនេះថា អ្នកដ៏មានអាយុនេះ អាស្រ័យហេតុដូចម្តេចហ្ន៎ បានជាអ្នកស្មានហួសហេតុ ពោលថា ខ្លួនបានគុណវិសេស ដោយទៀងទាត់ ហើយសំគាល់ថា ដល់ក្នុងធម៌ដែលខ្លួនមិនទាន់ដល់ សំគាល់ថាធ្វើហើយក្នុងធម៌ ដែលខ្លួនមិនទាន់ធ្វើ សំគាល់ថាត្រាស់ដឹងហើយ ក្នុងធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ហើយពោលអួតអរហត្តផល ដោយការស្មានហួសហេតុថា ខ្ញុំដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ ប្រព្រឹត្តស្រេចហើយ សោឡសកិច្ច អាត្មាអញធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។ ព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈ នៃចិត្តរបស់បុគ្គលដទៃ រមែងកំណត់ដឹងនូវចិត្តនៃភិក្ខុនោះ ដោយចិត្តយ៉ាងនេះថា អ្នកដ៏មានអាយុនេះ ជាអ្នកចេះដឹងច្រើន ជាអ្នកចេះចាំនូវសូត្រ សន្សំនូវសូត្រ ធម៌ទាំងឡាយណា មានលំអបទដើម លំអបទកណ្តាល លំអបទចុង ប្រកាសមគ្គព្រហ្មចរិយៈ ព្រមទាំងអត្ថ និងព្យញ្ជនៈដ៏បរិសុទ្ធ បរិបូណ៌គ្រប់ទាំងអស់ ធម៌មានសភាពដូច្នោះ បុគ្គលនោះ ជាអ្នកចេះដឹងច្រើន ចាំស្ទាត់រត់មាត់ ចូលចិត្តច្បាស់លាស់ដោយចិត្ត ចាក់ធ្លុះចំពោះដោយយល់ឃើញ ព្រោះហេតុនោះ អ្នកដ៏មានអាយុនេះ ជាអ្នកស្មានហួសហេតុ ពោលថា ខ្លួនបានគុណវិសេសដោយទៀងទាត់ សំគាល់ថា ដល់ហើយក្នុងធម៌ដែលខ្លួនមិនទាន់ដល់ សំគាល់ថា ធ្វើហើយក្នុងធម៌ដែលខ្លួនមិនបានធ្វើ សំគាល់ថា ត្រាស់ដឹងហើយ ក្នុងធម៌ដែលខ្លួនមិនបានត្រាស់ដឹង ទើបពោលអួតអរហត្តផល ដោយការស្មានហួសហេតុថា ខ្ញុំដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញប្រព្រឹត្តស្រេចហើយ សោឡសកិច្ច អាត្មាអញ ធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។ ព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ រមែងកំណត់ដឹងនូវចិត្តភិក្ខុនោះ ដោយចិត្តយ៉ាងនេះថា អ្នកដ៏មានអាយុនេះ មានអភិជ្ឈា មានចិត្តត្រូវអភិជ្ឈារួបរឹតច្រើន ចំណែកខាងការរួបរឹត ដោយអភិជ្ឈានេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគត ប្រកាសហើយ ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានព្យាបាទ មានចិត្តត្រូវព្យាបាទរួបរឹតច្រើន ចំណែកខាងការរួបរឹត ដោយព្យាបាទនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ ។ អ្នកដ៏មានអាយុនេះ មានថីនមិទ្ធៈ មានចិត្តត្រូវថីនមិទ្ធៈរួបរឹតច្រើន ចំណែកខាងការរួបរឹត ដោយថីនមិទ្ធៈនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានឧទ្ធច្ចៈ មានចិត្តត្រូវឧទ្ធច្ចៈរួបរឹតច្រើន ចំណែកខាងការរួបរឹតដោយឧទ្ធច្ចៈនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានវិចិកិច្ឆា មានចិត្តត្រូវវិចិកិច្ឆារួបរឹតច្រើន ចំណែកខាងការរួបរឹតដោយវិចិកិច្ឆានេះ ជាសេចក្តីសាបសូន្យក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានការងារ ជាទីត្រេកអរ ត្រេកអរហើយ ក្នុងការងារ ប្រកបរឿយ ៗ នូវសេចក្តីត្រេកអរ ក្នុងការងារ ចំណែកខាងភាពនៃបុគ្គលដែលមានការងារ ជាទីត្រេកអរនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានតិរច្ឆានកថាជាទីត្រេកអរ ត្រេកអរហើយ ក្នុងតិរច្ឆានកថា ប្រកបរឿយ ៗ នូវសេចក្តីត្រេកអរក្នុងតិរច្ឆានកថា ចំណែកខាងភាពនៃបុគ្គល មានតិរច្ឆានកថា ជាទីត្រេកអរនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យដែលព្រះតថាគត ប្រកាសហើយ ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានការដេកលក់ជាទីត្រេកអរ ត្រេកអរហើយក្នុងការដេកលក់ ប្រកបរឿយ ៗ នូវសេចក្តីត្រេកអរក្នុងការដេកលក់ ចំណែកខាងភាពនៃបុគ្គលមានការលក់ជាទីត្រេកអរនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យដែលព្រះតថាគតប្រកាសហើយ ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានសេចក្តីត្រេកអរក្នុងការច្រឡូកច្រឡំដោយពួក ត្រេកអរហើយក្នុងការច្រឡូកច្រឡំដោយពួក ប្រកបរឿយ ៗ នូវសេចក្តីត្រេកអរ ក្នុងការច្រឡូកច្រឡំដោយពួក ចំណែកខាងភាពនៃសេចក្តីត្រេកអរ ក្នុងការច្រឡូកច្រឡំដោយពួកនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគត ប្រកាសហើយ ។ អ្នកដ៏មានអាយុនេះ ជាអ្នកភ្លេចស្មារតី ដល់នូវការផ្អាកព្យាយាមទុកក្នុងចន្លោះ ដោយការបានគុណវិសេសដ៏ថោកថយ ក្នុងកិច្ចដែលខ្លួនត្រូវធ្វើតទៅទៀត ចំណែកខាងការផ្អាកសេចក្តីព្យាយាមក្នុងចន្លោះនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ ។ ម្នាលអាវុសោទាំងឡាយ ពាក្យថា ភិក្ខុនោះឯង មិនលះបង់នូវធម៌ទាំង ១០ ប្រការនេះ នឹងដល់នូវសេចក្តីចម្រើន លូតលាស់ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ ។ ម្នាលអាវុសោទាំងឡាយ ពាក្យថាភិក្ខុនោះឯង លះបង់នូវធម៌ទាំង ១០ ប្រការនេះ នឹងដល់នូវសេចក្តីចម្រើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើបជាឋានៈ ។

៧. នប្បិយសូត្រកែប្រែ

[៨៧] ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ប្រារព្ធនូវកាឡកភិក្ខុ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកធ្វើអធិករណ៍ មិនពោលសរសើរការរម្ងាប់អធិករណ៍ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកធ្វើអធិករណ៍ មិនពោលសរសើរការរម្ងាប់អធិករណ៍ ដោយហេតុណា នេះឯងជាធម៌មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្រឡាញ់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីគោរព មិនប្រព្រឹត្តទៅ ដើម្បីភាពជាសមណៈ មិនប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុមិនប្រាថ្នានូវសិក្ខា មិនពោលសរសើរការសមាទាននូវសិក្ខា ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមិនមានសេចក្តីប្រាថ្នាក្នុងសិក្ខា មិនពោលសរសើរការសមាទាននូវសិក្ខា ដោយហេតុណា នេះឯងជាធម៌ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្រឡាញ់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីគោរព មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីចម្រើន មិនប្រព្រឹត្តទៅ ដើម្បីភាពជាសមណៈ មិនប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានសេចក្តីប្រាថ្នាលាមក មិនពោលសរសើរការកំចាត់បង់នូវសេចក្តីប្រាថ្នា ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសេចក្តីប្រាថ្នាលាមក មិនពោលសរសើរការកំចាត់បង់នូវសេចក្តីប្រាថ្នា ដោយហេតុណា នេះឯងជាធម៌មិនប្រព្រឹត្តទៅដើម្បីសេចក្តីស្រឡាញ់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីគោរព មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីចម្រើន មិនប្រព្រឹត្តទៅ ដើម្បីភាពជាសមណៈ មិនប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានសេចក្តីក្រោធ មិនពោលសរសើរការកំចាត់បង់សេចក្តីក្រោធ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសេចក្តីក្រោធ មិនពោលសរសើរការកំចាត់បង់សេចក្តីក្រោធ ដោយហេតុណា នេះឯងជាធម៌មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្រឡាញ់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីគោរព មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីចម្រើន មិនប្រព្រឹត្តទៅ ដើម្បីភាពជាសមណៈ មិនប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកលុបគុណគេ មិនពោលសរសើរការកំចាត់បង់នូវសេចក្តីលុបគុណគេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកលុបគុណគេ មិនពោលសរសើរការកំចាត់បង់នូវសេចក្តីលុបគុណគេ ដោយហេតុណា នេះឯងជាធម៌មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្រឡាញ់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីគោរព មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីចម្រើន មិនប្រព្រឹត្តទៅ ដើម្បីភាពជាសមណៈ មិនប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកអួតអាង មិនពោលសរសើរការកំចាត់បង់នូវការអួតអាង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកអួតអាង មិនពោលសរសើរការកំចាត់បង់នូវការអួតអាង ដោយហេតុណា នេះឯងជាធម៌ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្រឡាញ់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីគោរព មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីចម្រើន មិនប្រព្រឹត្តទៅ ដើម្បីភាពជាសមណៈ មិនប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានមាយា មិនពោលសរសើរការកំចាត់បង់នូវមាយា ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានមាយា មិនពោលសរសើរនូវការកំចាត់បង់នូវមាយា ដោយហេតុណា នេះឯងជាធម៌ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្រឡាញ់ មិនប្រព្រឹត្តទៅដើម្បីសេចក្តីគោរព មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីចម្រើន មិនប្រព្រឹត្តទៅ ដើម្បីភាពជាសមណៈ មិនប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកប្រកបដោយជាតិ ជាអ្នកមិនពិចារណានូវធម៌ មិនពោលសរសើរការពិចារណានូវធម៌ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រកបដោយជាតិ ជាអ្នកមិនពិចារណានូវធម៌ មិនពោលសរសើរការពិចារណា នូវធម៌ដោយហេតុណា នេះឯងជាធម៌ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្រឡាញ់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីគោរព មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីចម្រើន មិនប្រព្រឹត្តទៅ ដើម្បីភាពជាសមណៈ មិនប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនមានការពួនសម្ងំ មិនពោលសរសើរការពួនសម្ងំ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមិនពួនសម្ងំ មិនពោលសរសើរការពួនសម្ងំ ដោយហេតុណា នេះឯងជាធម៌ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្រឡាញ់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីគោរព មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីចម្រើន មិនប្រព្រឹត្តទៅ ដើម្បីភាពជាសមណៈ មិនប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនធ្វើបដិសន្ថារៈ ដល់សព្រហ្មចារីបុគ្គលទាំងឡាយ មិនពោលសរសើរបុគ្គលអ្នកធ្វើបដិសន្ថារៈ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមិនធ្វើបដិសន្ថារៈ ដល់ពួកសព្រហ្មចារីបុគ្គល មិនពោលសរសើរបុគ្គលអ្នកធ្វើបដិសន្ថារៈ ដោយហេតុណា នេះឯងជាធម៌មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្រឡាញ់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីគោរព មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីចម្រើន មិនប្រព្រឹត្តទៅ ដើម្បីភាពជាសមណៈ មិនប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសភាពយ៉ាងនេះ ពិតជាមានសេចក្តីប្រាថ្នា កើតឡើងយ៉ាងនេះថា ធ្វើម្តេចហ្ន៎ ពួកសព្រហ្មចារីបុគ្គល គប្បីធ្វើសក្ការៈ គោរព រាប់អាន បូជា ចំពោះអាត្មាអញអេះ ។ ប៉ុន្តែពួកសព្រហ្មចារីបុគ្គល មិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជា ចំពោះភិក្ខុនោះឡើយ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថាពួកសព្រហ្មចារី ជាវិញ្ញូជន រមែងពិចារណាឃើញច្បាស់នូវអកុសលធម៌ ដ៏លាមកទាំងនោះ ដែលភិក្ខុទាំងនោះ មិនទាន់លះបង់ ។ ម្នាលភិក្ខុទាំងឡាយ ដូចសេះល្ងង់ខ្លៅ ពិតជាមានសេចក្តីប្រាថ្នា កើតឡើងយ៉ាងនេះថា ធ្វើម្តេចហ្ន៎ ពួកមនុស្សគប្បីដំកើងអញ ក្នុងទីជាសេះអាជានេយ្យផង ឲ្យអញបរិភោគនូវភោជនរបស់សេះអាជានេយ្យផង ដុសខាត់អញ ដូចជាដុសខាត់សេះអាជានេយ្យផង ។ តែថាពួកមនុស្សមិនដំកល់នូវសេះនោះ ក្នុងទីនៃសេះអាជានេយ្យ មិនឲ្យបរិភោគនូវភោជនរបស់សេះអាជានេយ្យ មិនដុសខាត់ ដូចជាការដុសខាត់សេះអាជានេយ្យទេ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ពួកមនុស្សជាអ្នកដឹង រមែងពិចារណាឃើញច្បាស់នូវអំពើរឹងត្អឹង កៀចក្រាញ កកិចកកុច វៀចវេរទាំងនោះ ដែលសេះនោះមិនទាន់លះបង់ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចភិក្ខុមានសភាពយ៉ាងនេះ ពិតជាមានសេចក្តីប្រាថ្នាកើតឡើង យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ ពួកសព្រហ្មចារីបុគ្គល គប្បីធ្វើសក្ការៈ គោរព រាប់អាន បូជា ចំពោះអាត្មាអញ អេះ តែបើទុកជាដូច្នោះ ពួកសព្រហ្មចារី បុគ្គល ក៏មិនធ្វើសក្ការៈមិនគោរព មិនរាប់អាន មិនបូជាចំពោះភិក្ខុនោះឡើយ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ពួកសព្រហ្មចារី ជាវិញ្ញូជន រមែងពិចារណាឃើញច្បាស់នូវអកុសលធម៌លាមកទាំងនោះ ដែលភិក្ខុនោះមិនទាន់លះបង់ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនធ្វើអធិករណ៍ ពោលសរសើរការរម្ងាប់អធិករណ៍ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមិនធ្វើអធិករណ៍ ពោលសរសើរការរម្ងាប់អធិករណ៍ ដោយហេតុណា នេះឯងជាធម៌ តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីស្រឡាញ់ ដើម្បីសេចក្តីគោរព ដើម្បីសេចក្តីចម្រើន ដើម្បីភាពជាសមណៈ ដើម្បីភាពជាបុគ្គលម្នាក់ឯង ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកប្រាថ្នាក្នុងសិក្ខា ពោលសរសើរការសមាទានសិក្ខា ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រាថ្នាក្នុងសិក្ខា ពោលសរសើរការសមាទានសិក្ខា ដោយហេតុណា នេះឯងជាធម៌ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្រឡាញ់ ដើម្បីសេចក្តីគោរព ដើម្បីសេចក្តីចម្រើន ដើម្បីភាពជាសមណៈ ដើម្បីភាពជាបុគ្គលម្នាក់ឯង ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកប្រាថ្នាតិច ពោលសរសើរការកំចាត់បង់សេចក្តីប្រាថ្នា ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រាថ្នាតិច ពោលសរសើរការកំចាត់បង់នូវសេចក្តីប្រាថ្នា ដោយហេតុណា នេះឯងជាធម៌ ។បេ។ ប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនក្រោធ ពោលសរសើរការកំចាត់បង់សេចក្តីក្រោធ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមិនក្រោធ ពោលសរសើរការកំចាត់បង់សេចក្តីក្រោធ ដោយហេតុណា នេះឯងជាធម៌ ។បេ។ ប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនលុបគុណគេ ពោលសរសើរការកំចាត់បង់ការលុបគុណគេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមិនលុបគុណគេ ពោលសរសើរការកំចាត់បង់ នូវការលុបគុណគេ ដោយហេតុណា នេះឯងជាធម៌ ។បេ។ ប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនអួតអាង ពោលសរសើរការកំចាត់បង់សេចក្តីអួតអាង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមិនអួតអាង ពោលសរសើរនូវការកំចាត់បង់សេចក្តីអួតអាង ដោយហេតុណា នេះឯងជាធម៌ ។បេ។ ប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនមានមាយា ពោលសរសើរការកំចាត់បង់មាយា ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមិនមានមាយា ពោលសរសើរការកំចាត់បង់មាយា ដោយហេតុណា នេះឯងជាធម៌ ។បេ។ ប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុប្រកបដោយជាតិ ជាអ្នកពិចារណានូវធម៌ ពោលសរសើរ ការពិចារណានូវធម៌ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយជាតិ ជាអ្នកពិចារណានូវធម៌ ដោយហេតុណា នេះឯងជាធម៌ ។បេ។ ប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកពួនសម្ងំ ពោលសរសើរការពួនសម្ងំ ។ ភិក្ខុជាអ្នកពួនសម្ងំ ពោលសរសើរការពួនសម្ងំ ដោយហេតុណា នេះឯងជាធម៌ ។បេ។ ប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកធ្វើនូវបដិសន្ថារៈ ដល់ពួកសព្រហ្មចារីបុគ្គល ពោលសរសើរបុគ្គលអ្នកធ្វើបដិសន្ថារៈ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកធ្វើបដិសន្ថារៈ ដល់ពួកសព្រហ្មចារីបុគ្គល ពោលសរសើរបុគ្គលអ្នកធ្វើនូវបដិសន្ថារៈ ដោយហេតុណា នេះឯងជាធម៌ ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្រឡាញ់ ដើម្បីសេចក្តីគោរព ដើម្បីសេចក្តីចម្រើន ដើម្បីភាពជាសមណៈ ដើម្បីភាពជាបុគ្គលម្នាក់ឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសភាពយ៉ាងនេះ បើទុកជាមិនគប្បីបង្កើតសេចក្តីប្រាថ្នាយ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ ពួកសព្រហ្មចារីបុគ្គល គប្បីធ្វើសក្ការៈ គោរព រាប់អាន បូជា ចំពោះអាត្មាអញ ក៏គង់តែពួកសព្រហ្មចារីបុគ្គលធ្វើសក្ការៈ គោរព រាប់អាន បូជា ចំពោះភិក្ខុនោះដែរ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ពួកសព្រហ្មចារី ជាវិញ្ញូជន រមែងពិចារណាឃើញច្បាស់ នូវអកុសលធម៌ដ៏លាមកទាំងនោះ ដែលភិក្ខុនោះលះបង់ហើយ ។ ម្នាលភិក្ខុទាំងឡាយ ដូចជាសេះអាជានេយ្យដ៏ចម្រើន បើទុកជាមិនគប្បីបង្កើតសេចក្តីប្រាថ្នា យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ ពួកមនុស្សគប្បីដំកើងអញ ក្នុងទីជាសេះអាជានេយ្យផង គប្បីឲ្យអញបរិភោគនូវភោជនរបស់សេះអាជានេយ្យផង គប្បីដុសខាត់អញ ដោយការដុសខាត់ ដូចជាសេះអាជានេយ្យផង ពួកមនុស្សក៏គង់តែដំកើងសេះអាជានេយ្យនោះ ក្នុងទីជាសេះអាជានេយ្យផង ឲ្យបរិភោគនូវភោជនរបស់សេះអាជានេយ្យផង ដុសខាត់ដូចជាដុសខាត់សេះអាជានេយ្យផង ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ពួកមនុស្សជាអ្នកដឹង រមែងពិចារណាឃើញច្បាស់នូវអំពើរឹងត្អឹង កៀចក្រាញ កកិចកកុច វៀចវេរទាំងនោះ ដែលសេះអាជានេយ្យនោះលះបង់ហើយ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យ ដូចជាភិក្ខុមានសភាពយ៉ាងនេះ បើទុកជាមិនគប្បីបង្កើតសេចក្តីប្រាថ្នាយ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ ពួកសព្រហ្មចារីបុគ្គល គប្បីធ្វើសក្ការៈ គោរព រាប់អាន បូជា ចំពោះអាត្មាអញ ក៏គង់តែពួកសព្រហ្មចារីបុគ្គល ធ្វើសក្ការៈ គោរព រាប់អាន បូជា ចំពោះភិក្ខុនោះដែរ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ពួកសព្រហ្មចារី ជាវិញ្ញូជន រមែងពិចារណាឃើញច្បាស់នូវអកុសលធម៌ដ៏លាមកទាំងនោះ ដែលភិក្ខុនោះលះបង់ហើយ ។

៨. អក្កោសកសូត្រកែប្រែ

[៨៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ជាអ្នកជេរប្រទេចផ្តាសាពួកសព្រហ្មចារីបុគ្គល ជាអ្នកតិះដៀលព្រះអរិយៈ ដំណើរនោះ មិនមែនជាហេតុ មិនមែនជាបច្ច័យ ដែលមិននាំឲ្យភិក្ខុនោះគប្បីដល់នូវសេចក្តីវិនាសទាំង ១០ ប្រការ សេចក្តីវិនាសណាមួយទេ ។ សេចក្តីវិនាសទាំង ១០ ប្រការ តើដូចម្តេចខ្លះ ។ បុគ្គលនោះ មិនបាននូវគុណធម៌ ដែលខ្លួនមិនទាន់បាន ១ សាបសូន្យចាកគុណធម៌ ដែលខ្លួនបានហើយ ១ ព្រះសទ្ធម្មរបស់បុគ្គលនោះមិនផូរផង់ ១ ជាអ្នកស្មានហួសហេតុ ក្នុងព្រះសទ្ធម្ម ១ ប្រព្រឹត្តព្រហ្មចារ្យទាំងមិនមានសេចក្តីត្រេកអរ ១ ត្រូវអាបត្តិណាមួយដែលសៅហ្មង ១ ប្រទះសេចក្តីទុក្ខព្រោះរោគដ៏ធ្ងន់ ១ ដល់នូវការឆ្កួតរាយមាយចិត្ត ១ ធ្វើមរណៈទាំងវង្វេង ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ជេរប្រទេចផ្តាសាពួកសព្រហ្មចារីបុគ្គល ជាអ្នកតិះដៀលព្រះអរិយៈ ដំណើរនោះ មិនមែនជាហេតុ មិនមែនជាបច្ច័យ ដែលមិនមែននាំឲ្យភិក្ខុនោះគប្បីដល់នូវសេចក្តីវិនាសទាំង ១០ ប្រការនេះ សេចក្តីវិនាសណាមួយទេ ។

៩. កោកាលិកសូត្រកែប្រែ

[៨៩] គ្រានោះ កោកាលិកភិក្ខុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះកោកាលិកភិក្ខុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សារីបុត្ត និងមោគ្គល្លាន ជាអ្នកប្រាថ្នាលាមក លុះក្នុងអំណាចនៃសេចក្តីប្រាថ្នាលាមក ។ ព្រះអង្គត្រាស់ថា ម្នាលកោកាលិកៈ អ្នកកុំនិយាយយ៉ាងនេះ ម្នាលកោកាលិកៈ អ្នកកុំនិយាយ យ៉ាងនេះឡើយ ម្នាលកោកាលិកៈ អ្នកចូរញុំាងចិត្តឲ្យជ្រះថ្លា ចំពោះសារីបុត្ត និងមោគ្គល្លានចុះ ព្រោះថា សារីបុត្ត និងមោគ្គល្លាន ជាអ្នកមានសីលជាទីស្រឡាញ់ ។ កោកាលិកភិក្ខុ ទូលព្រះដ៏មានព្រះភាគ ជាគំរប់ពីរដងទៀតថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះដ៏មានព្រះភាគ គួរខ្ញុំព្រះអង្គជឿយកតម្រាប់ ក៏មែនពិតហើយ តែថាសារីបុត្ត និងមោគ្គល្លាន ជាអ្នកប្រាថ្នាលាមកប្រាកដ លុះក្នុងអំណាចនៃសេចក្តីប្រាថ្នាលាមក ។ ម្នាលកោកាលិកៈ អ្នកកុំនិយាយយ៉ាងនេះ ម្នាលកោកាលិកៈ អ្នកកុំនិយាយយ៉ាងនេះឡើយ ម្នាលកោកាលិកៈ អ្នកចូរញុំាងចិត្តឲ្យជ្រះថ្លា ចំពោះសារីបុត្ត និងមោគ្គល្លានចុះ ព្រោះថា សារីបុត្ត និងមោគ្គល្លាន មានសីលជាទីស្រឡាញ់ ។ កោកាលិកភិក្ខុ ក៏ទូលព្រះដ៏មានព្រះភាគ ជាគំរប់ ៣ ដងទៀតថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះដ៏មានព្រះភាគ គួរខ្ញុំព្រះអង្គជឿយកតម្រាប់តាម ក៏ពិតមែនហើយ តែថា សារីបុត្ត និងមោគ្គល្លាន សុទ្ធតែជាអ្នកប្រាថ្នាលាមក លុះក្នុងអំណាចនៃសេចក្តីប្រាថ្នាលាមក ។ ម្នាលកោកាលិកៈ អ្នកកុំនិយាយយ៉ាងនេះ ម្នាលកោកាលិកៈ អ្នកកុំនិយាយយ៉ាងនេះឡើយ ម្នាលកោកាលិកៈ អ្នកចូរញុំាងចិត្តឲ្យជ្រះថ្លា ចំពោះសារីបុត្ត និងមោគ្គល្លានចុះ ព្រោះថា សារីបុត្ត និងមោគ្គល្លាន ជាអ្នកមានសីលជាទីស្រឡាញ់ ។ គ្រានោះ កោកាលិកភិក្ខុ ក្រោកចាកអាសនៈ ហើយថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចក៏ធ្វើប្រទក្សិណចៀសចេញទៅ ។ ក៏កាលដែលកោកាលិកភិក្ខុ ចៀសចេញទៅមិនយូរប៉ុន្មាន ក៏កើតអុតប៉ុន ៗ គ្រាប់ស្ពៃ រួបរឹតកាយទាំងមូល លុះអុតកើតប៉ុន ៗ គ្រាប់ស្ពៃហើយ ក៏ដោរឡើងប៉ុនគ្រាប់សណ្តែកបាយ លុះប៉ុនគ្រាប់សណ្តែកបាយហើយ ក៏ដោរឡើង ប៉ុនគ្រាប់សណ្តែកកង់ លុះប៉ុនគ្រាប់សណ្តែកកង់ហើយ ក៏ដោរឡើង ប៉ុនគ្រាប់ពទ្រា លុះប៉ុនគ្រាប់ពទ្រាហើយ ក៏ដោរឡើងប៉ុនផ្លែពទ្រា លុះប៉ុនផ្លែពទ្រាហើយ ក៏ដោរឡើង ប៉ុនផ្លែកន្ទួតព្រៃ លុះប៉ុនផ្លែកន្ទួតព្រៃហើយ ក៏ដោរឡើងប៉ុនក្តឹបព្នៅ លុះប៉ុនក្តឹបព្នៅហើយ ក៏ដោរឡើង ប៉ុនផ្លែព្នៅធំ លុះប៉ុនផ្លែព្នៅធំហើយ ខ្ទុះ និងឈាមក៏ហូរចេញរហាម ។ បានឮថា កោកាលិកភិក្ខុនោះ ដេកលើស្លឹកចេក ដូចជាត្រីដែលគេច្រាស់ស្រការហើយ ។ លំដាប់នោះ តុទិបច្ចេកព្រហ្ម [ព្រហ្មនោះ កាលពីដើម ជាព្រះថេរៈឈ្មោះតុទិត្ថេរ ត្រូវជាឧបជ្ឈាយ៍របស់កោកាលិកភិក្ខុ បានដល់អនាគាមិផល ទៅកើតក្នុងព្រហ្មលោកជាន់សុទ្ធាវាស ។ អដ្ឋកថា ។] បានចូលទៅរកកោកាលិកភិក្ខុ លុះចូលទៅដល់ហើយ ក៏ឋិតនៅឰដ៏អាកាស ហើយពោលទៅនឹងកោកាលិកភិក្ខុ ដូច្នេះថា ម្នាលកោកាលិកៈ ចូរលោកញុំាងចិត្តឲ្យជ្រះថ្លា ចំពោះព្រះសារីបុត្ត និងព្រះមោគ្គល្លានចុះ ព្រោះថា ព្រះសារីបុត្ត និងព្រះមោគ្គល្លាន មានសីលជាទីស្រឡាញ់ ។ ម្នាលអាវុសោ អ្នកជាអ្វី ។ យើងជាតុទិបច្ចេកព្រហ្ម ។ ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា អ្នកឯងជាអនាគាមិបុគ្គលហើយតើ ចុះអ្នកឯងមកក្នុងទីនេះ ដើម្បីអ្វីទៀត អ្នកឯងចូរមើលតែនូវកំហុសរបស់អ្នកនោះចុះ ។ លំដាប់នោះ តុទិបច្ចេកព្រហ្ម ក៏បានពោលនឹងកោកាលិកភិក្ខុ ដោយគាថាដូច្នេះថា

បុគ្គលពាល កាលពោលនូវទុញ្ភសិត ឈ្មោះថាកាប់ខ្លួនឯង ដោយពូថៅ គឺផរុសវាចាណា ពូថៅ គឺផរុសវាចានោះ កើតតែក្នុងមាត់របស់បុរសជាតិដោយពិត ។

បុគ្គលណា សរសើរនូវបុគ្គលដែលគួរនិន្ទាក្តី តិះដៀលបុគ្គលដែលគួរសរសើរនោះក្តី បុគ្គលនោះឈ្មោះថា សន្សំនូវទោសដោយមាត់ រមែងមិនបានសេចក្តីសុខ ព្រោះទោសនោះទេ ។

ការចាញ់ដោយទ្រព្យណា ព្រោះល្បែងភ្នាល់ទាំងឡាយ (ព្រមទាំងខ្លួនទាំងអស់) ជាកំហុសមានប្រមាណតិចទេ បុគ្គលណា ញុំាងចិត្តឲ្យប្រទូស្ត ចំពោះពួកបុគ្គលអ្នកប្រព្រឹត្តល្អ នេះឯងជាកំហុសធំក្រៃលែង ។ បុគ្គលដំកល់នូវវាចា និងចិត្តដ៏លាមក ហើយតិះដៀលព្រះអរិយៈ រមែងទៅកាន់នរកណា នរកនោះ មាន ១ សែននិរព្វុទៈផង និង ៣៦ អព្វុទៈ [អដ្ឋកថាថា និរព្វុទៈវិញ ។] (ដោយឡែកទៀត) ផង ៥ អព្វុទៈផង ។

គ្រានោះ កោកាលិកភិក្ខុ ក៏ធ្វើមរណកាល ដោយជម្ងឺនោះឯង ។ លុះកោកាលិកភិក្ខុ ធ្វើមរណកាលហើយ ក៏ទៅកើតក្នុងបទុមនរក ព្រោះថ្នាំងថ្នាក់ចិត្តចំពោះព្រះសារីបុត្ត និងព្រះមោគ្គល្លាន ។ គ្រានោះ កាលបើរាត្រីបឋមយាមកន្លងទៅហើយ សហម្បតិព្រហ្ម មានរស្មីរុងរឿង ធ្វើវត្តជេតពនទាំងមូលឲ្យភ្លឺច្បាស់ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ ។ លុះសហម្បតិព្រហ្មឋិតនៅក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន កោកាលិកភិក្ខុ ធ្វើមរណកាលទៅហើយ បពិត្រព្រះអង្គដ៏ចម្រើន កោកាលិកភិក្ខុធ្វើមរណកាល ទៅកើតក្នុងបទុមនរក ព្រោះថ្នាំងថ្នាក់ចិត្តចំពោះព្រះសារីបុត្ត និងព្រះមោគ្គល្លាន ។ សហម្បតិព្រហ្ម បានពោលពាក្យនេះហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយបាត់ចាកទីនោះទៅមួយរំពេច ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ កាលបើរាត្រីនោះកន្លងទៅហើយ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ក្នុងយប់មិញនេះ កាលរាត្រីបឋមយាម កន្លងទៅហើយ សហម្បតិព្រហ្ម មានរស្មីរុងរឿង ធ្វើវត្តជេតពនទាំងមូល ឲ្យភ្លឺច្បាស់ ហើយចូលមករកតថាគត លុះចូលមកដល់ ថ្វាយបង្គំតថាគត ហើយឋិតនៅក្នុងទីសមគួរ ។ ម្នាលភិក្ខុទាំងឡាយ លុះសហម្បតិព្រហ្ម ឋិតនៅក្នុងទីសមគួរហើយ បានពោលនឹងតថាគតដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន កោកាលិកភិក្ខុ ធ្វើមរណកាលទៅហើយ បពិត្រព្រះអង្គដ៏ចម្រើន កោកាលិកភិក្ខុ ធ្វើមរណកាលទៅ ទៅកើតក្នុងបទុមនរក ព្រោះថ្នាំងថ្នាក់ចិត្តចំពោះសារីបុត្ត និងមោគ្គល្លាន ។ ម្នាលភិក្ខុទាំងឡាយ សហម្បតិព្រហ្ម បានពោលពាក្យនេះ លុះពោលពាក្យនេះហើយ ថ្វាយបង្គំលាតថាគត ធ្វើប្រទក្សិណ បាត់ចាកទីនោះទៅមួយរំពេច ។ និមិត្តតែព្រះដ៏មានព្រះភាគទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុ ១ រូប ក្រាបថ្វាយបង្គំទូលសួរព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ប្រមាណនៃអាយុ ក្នុងបទុមនរក វែងប៉ុន្មាន ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ ប្រមាណនៃអាយុក្នុងបទុមនរក វែងណាស់ ប្រមាណនៃអាយុក្នុងបទុមនរកនោះ បុគ្គលមិនងាយនឹងរាប់ថា ប៉ុណ្ណេះឆ្នាំ ប៉ុណ្ណេះរយឆ្នាំ ឬប៉ុណ្ណេះពាន់ឆ្នាំ ឬក៏ប៉ុណ្ណេះសែនឆ្នាំបានឡើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះអង្គអាចធ្វើសេចក្តីឧបមាបានដែរឬ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អាចធ្វើបាន ដូច្នេះ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចរទេះផ្ទុកល្ង របស់អ្នកដែនកោសលចំណុះ ២០ ខារិកៈ [៤បត្ថៈ របស់អ្នកមគធៈ ត្រូវជាមួយបត្ថៈក្នុងដែនកោសល ៤បត្ថៈរបស់អ្នកដែនកោសលនោះ ត្រូវជាមួយអាឡ្ហកៈ ៤អាឡ្ហកៈត្រូវជាមួយទោនៈ ៤ទោនៈ ត្រូវជាមួយមានិកា ៤មានិកា ត្រូវជាមួយខារី ។ អដ្ឋកថា ។] (អម្រែក) កន្លងទៅបាន ១ សែនឆ្នាំ មានបុរសម្នាក់ រើសយកល្ង ១ គ្រាប់ ៗ អំពីរទេះនោះចេញ ។ ម្នាលភិក្ខុ រទេះផ្ទុកល្ង របស់អ្នកដែនកោសលចំណុះ ២០ ខារិកៈនោះ ដល់នូវការអស់រលីងទៅ ដោយសេចក្តីព្យាយាម នេះឈ្មោះថា ឆាប់រហ័សនៅឡើយ ឯអព្វុទនរក ១ មិនឆាប់ដូច្នេះទេ ម្នាលភិក្ខុ ដូចជា អព្វុទៈ [ពាក្យអព្វុទៈនេះ ជាឈ្មោះនៃការរាប់ឆ្នាំរបស់សត្វដែលឆេះនៅក្នុងនរកអវីចិនោះឯង ដូចសំដែងតទៅ គឺសំខ្យាមួយរយសែន ឈ្មោះថា ១កោដិ ១រយសែនកោដិ ឈ្មោះថា ១បកោដិ ១រយសែនបកោដិ ឈ្មោះថា ១កោដិប្បកោដិ ១រយសែនកោដិប្បកោដិ ឈ្មោះថា ១នហុត ១រយសែននហុត ឈ្មោះថា និន្នហុត ១រយសែននិន្នហុត ឈ្មោះថា ១អព្វុទៈ ម្ភៃគុណអំពីអព្វុទៈ ឈ្មោះថា និរព្វុទៈ ។ ន័យនេះ គប្បីដឹងគ្រប់បទទាំងអស់ ។ អដ្ឋកថា ។] នរក ២០ ត្រូវជា និរព្វុទនរក ១ ។ ម្នាលភិក្ខុ ដូចជា និរព្វុទនរក ២០ ត្រូវជា អពព្វនរក ១ ។ ម្នាលភិក្ខុ ដូចជា អពព្វនរក ២០ ត្រូវជា អហហនរក ១ ។ ម្នាលភិក្ខុ ដូចជា អហហនរក ២០ ត្រូវជា អដដនរក ១ ។ ម្នាលភិក្ខុ ដូចជា អដដនរក ២០ ត្រូវជា កុមុទនរក ១ ។ ម្នាលភិក្ខុ ដូចជា កុមុទនរក ២០ ត្រូវជា សោគន្ធិកនរក ១ ។ ម្នាលភិក្ខុ ដូចជា សោគន្ធិកនរក ២០ ត្រូវជា ឧប្បលនរក ១ ។ ម្នាលភិក្ខុ ដូចជា ឧប្បលនរក ២០ ត្រូវជា បុណ្ឌរីកនរក ១ ។ ម្នាលភិក្ខុ ដូចជា បុណ្ឌរីកនរក ២០ ត្រូវជា បទុមនរក ១ ។ ម្នាលភិក្ខុ ដូចជាកោកាលិកភិក្ខុ ទៅកើតក្នុងបទុមនរក ព្រោះថ្នាំងថ្នាក់ចិត្តចំពោះសារីបុត្ត និងមោគ្គល្លាន ។ ព្រះមានព្រះភាគ ទ្រង់សំដែងធម៌នេះហើយ ព្រះសុគតជាព្រះសាស្តា លុះសំដែងធម៌នេះហើយ ទើបសំដែង គាថានេះតទៅទៀតថា

បុគ្គលពាល កាលពោលនូវពាក្យទុញ្ភសិត ឈ្មោះថា កាប់នូវខ្លួន ដោយពូថៅ គឺផរុសវាចាណា ពូថៅ គឺផរុសវាចានោះ តែងកើតក្នុងមាត់របស់បុរសជាតិដោយពិត ។

បុគ្គលណា សរសើរនូវបុគ្គលដែលគួរនិន្ទា ឬតិះដៀលបុគ្គលដែលគួរសរសើរ បុគ្គលនោះឈ្មោះថា សន្សំនូវទោសដោយមាត់ រមែងមិនបានសេចក្តីសុខ ព្រោះទោសនោះទេ ។

ការចាញ់ដោយទ្រព្យណា ព្រោះល្បែងភ្នាល់ទាំងឡាយ ព្រមទាំងខ្លួនទាំងអស់ ការចាញ់នេះឈ្មោះថា កំហុសមានប្រមាណតិចទេ បុគ្គលណា ញុំាងចិត្តឲ្យប្រទូស្ត ចំពោះពួកបុគ្គលដែលប្រព្រឹត្តល្អ បុគ្គលនេះឯង ទើបឈ្មោះថា មានកំហុសធំក្រៃលែង ។ បុគ្គលដំកល់វាចា និងចិត្តដ៏លាមក តិះដៀលព្រះអរិយៈ រមែងទៅកើតក្នុងនរកណា នរកនោះ មានមួយសែននិរព្វុទៈ និង ៣៦ និរព្វុទៈ (ដោយឡែកទៀត) ផង ៥ អព្វុទៈផង ។

១០. ខីណាសវពលសូត្រកែប្រែ

[៩០] គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ក៏ត្រាស់សួរដូច្នេះថា ម្នាលសារីបុត្ត ភិក្ខុជាខីណាស្រព ប្រកបដោយកំឡាំងទាំងឡាយណា រមែងប្តេជ្ញានូវការអស់ទៅនៃអាសវៈថា អាសវៈរបស់អាត្មាអញអស់ហើយ កំឡាំងរបស់ភិក្ខុ ជាខីណាស្រពនោះ តើមានប៉ុន្មាន ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុជាខីណាស្រព ប្រកបដោយកំឡាំងទាំងឡាយណា រមែងប្តេជ្ញានូវការអស់ទៅនៃអាសវៈថា អាសវៈរបស់អាត្មាអញ អស់ហើយ កំឡាំងរបស់ភិក្ខុ ជាខីណាស្រពនោះ មាន ១០ យ៉ាង ។ កំឡាំង ១០ យ៉ាង តើដូចម្តេចខ្លះ ។ បពិត្រព្រះអង្គដ៏ចម្រើន គឺភិក្ខុជាខីណាស្រព ក្នុងសាសនានេះ ពិចារណាឃើញច្បាស់នូវសង្ខារទាំងពួង ដោយសេចក្តីថា មិនទៀង ដោយបញ្ញាដ៏ប្រពៃតាមពិត ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុជាខីណាស្រព ពិចារណាឃើញច្បាស់នូវសង្ខារទាំងពួង ដោយសេចក្តីថា មិនទៀង ដោយបញ្ញាដ៏ប្រពៃតាមពិត ដោយហេតុណា បពិត្រព្រះអង្គដ៏ចម្រើន នេះឯងចាត់ជាកំឡាំងរបស់ភិក្ខុជាខីណាស្រព ដែលនាំឲ្យភិក្ខុជាខីណាស្រព អាស្រ័យនូវកំឡាំងហើយ ទើបប្តេជ្ញា នូវការអស់ទៅនៃអាសវៈទាំងឡាយថា អាសវៈរបស់អាត្មាអញ អស់ហើយ ១ ។ បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត ភិក្ខុជាខីណាស្រព ពិចារណាឃើញច្បាស់ នូវកាមទាំងឡាយ មានឧបមាដូចរណ្តៅរងើកភ្លើង ដោយបញ្ញាដ៏ប្រពៃតាមពិត ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុជាខីណាស្រព ពិចារណាឃើញច្បាស់ នូវកាមទាំងឡាយ មានឧបមាដូចរណ្តៅរងើកភ្លើង ដោយបញ្ញាដ៏ប្រពៃតាមពិត ដោយហេតុណា បពិត្រព្រះអង្គដ៏ចម្រើន នេះឯងចាត់ជាកំឡាំងរបស់ភិក្ខុជាខីណាស្រព ដែលនាំឲ្យភិក្ខុជាខីណាស្រព អាស្រ័យនូវកំឡាំងហើយ ទើបប្តេជ្ញានូវការអស់ទៅនៃអាសវៈទាំងឡាយថា អាសវៈទាំងឡាយ របស់អាត្មាអញ អស់ហើយ ១ ។ បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត ភិក្ខុជាខីណាស្រព មានចិត្តឱនទៅកាន់វិវេក ឈមទៅរកវិវេក ទោរទន់ទៅរកវិវេក ឋិតនៅក្នុងវិវេក ត្រេកអរក្នុងការចេញចាកកាម ជាចិត្តវិនាសចាកធម៌ទាំងឡាយ ដែលជាទីតាំងនៃអាសវៈ ដោយប្រការទាំងពួង ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុជាខីណាស្រព មានចិត្តឱនទៅរកវិវេក ឈមទៅរកវិវេក ទោរទន់ទៅរកវិវេក ឋិតនៅក្នុងវិវេក ត្រេកអរក្នុងការចេញចាកកាម ជាចិត្តវិនាសចាកធម៌ទាំងឡាយ ដែលជាទីតាំងនៃអាសវៈ ដោយប្រការទាំងពួង ដោយហេតុណា បពិត្រព្រះអង្គដ៏ចម្រើន នេះឯងចាត់ជាកំឡាំងរបស់ភិក្ខុជាខីណាស្រព ដែលនាំឲ្យភិក្ខុជាខីណាស្រព អាស្រ័យនូវកំឡាំងហើយ ទើបប្តេជ្ញានូវការអស់ទៅនៃអាសវៈទាំងឡាយថា អាសវៈទាំងឡាយ របស់អាត្មាអញ អស់ហើយ ១ ។ បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត ភិក្ខុជាខីណាស្រព ចម្រើន អប់រំល្អហើយ នូវសតិប្បដ្ឋាន ៤ ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុជាខីណាស្រព បានចម្រើន អប់រំល្អហើយ នូវសតិប្បដ្ឋាន ៤ ដោយហេតុណា បពិត្រព្រះអង្គដ៏ចម្រើន នេះឯងចាត់ជាកំឡាំង របស់ភិក្ខុជាខីណាស្រព ដែលនាំឲ្យភិក្ខុជាខីណាស្រព អាស្រ័យនូវកំឡាំងហើយ ទើបប្តេជ្ញានូវការអស់ទៅ នៃអាសវៈទាំងឡាយថា អាសវៈរបស់អាត្មាអញ អស់ហើយ ១ ។ បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត ភិក្ខុជាខីណាស្រព បានចម្រើន អប់រំល្អហើយ នូវសម្មប្បធាន ៤… ១ ចម្រើន អប់រំល្អហើយ នូវឥទ្ធិបាទ ៤… ១ ចម្រើន អប់រំល្អហើយ នូវឥន្រ្ទិយ ៥ ពលៈ ៥… ១ ចម្រើន អប់រំល្អហើយ នូវពោជ្ឈង្គ ៧ …១ ចម្រើន អប់រំល្អហើយ នូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុជាខីណាស្រព ចម្រើន អប់រំល្អហើយនូវមគ្គប្រសើរ ប្រកបដោយអង្គ ៨ ដោយហេតុណា បពិត្រព្រះអង្គដ៏ចម្រើន នេះឯង ចាត់ជាកំឡាំងរបស់ភិក្ខុជាខីណាស្រព ដែលនាំឲ្យភិក្ខុជាខីណាស្រព អាស្រ័យនូវកំឡាំងហើយ ទើបប្តេជ្ញានូវការអស់ទៅនៃអាសវៈទាំងឡាយថា អាសវៈទាំងឡាយ របស់អាត្មាអញ អស់ហើយ ១ ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុជាខីណាស្រព ប្រកបដោយកំឡាំងទាំងឡាយណា ប្តេជ្ញានូវការអស់ទៅ នៃអាសវៈទាំងឡាយថា អាសវៈទាំងឡាយ របស់អាត្មាអញ អស់ហើយ កំឡាំងរបស់ភិក្ខុជាខីណាស្រពនោះ មាន ១០ យ៉ាងនេះឯង ។

ចប់ ថេរវគ្គ ទី៤ ។

ឧទ្ទាននៃថេរវគ្គនោះគឺ

និយាយអំពីព្រះវាហុនត្ថេរ ១ ព្រះអានន្ទត្ថេរ ១ ព្រះបុណ្ណិយត្ថេរ ១ ការពោលអួតអរហត្តផល ១ ភិក្ខុពោលអួត ១ ការស្មានហួសហេតុ ១ អធិករណ៍ ១ កោកាលិកភិក្ខុ ១ កំឡាំង ១ ។

ឧបាសកវគ្គ ទី៥កែប្រែ

១. កាមភោគីសូត្រកែប្រែ

[៩១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះអនាថបិណ្ឌិកគហបតី បានអង្គុយក្នុងទីសមគួរហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលគហបតី អ្នកបរិភោគកាមនេះ មាន ១០ ពួក ក្នុងលោក ។ ១០ ពួក តើដូចម្តេចខ្លះ ។ ម្នាលគហបតី ក្នុងលោកនេះ មានអ្នកបរិភោគកាមខ្លះ ស្វះស្វែងរកនូវភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេ លុះស្វះស្វែងរកភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេបានមកហើយ មិនធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត មិនចែករលែក មិនធ្វើបុណ្យទាំងឡាយ ១ ។ ម្នាលគហបតី ក្នុងលោកនេះ មានអ្នកបរិភោគកាមខ្លះ ស្វះស្វែងរកភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេ លុះស្វះស្វែងរកនូវភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេ បានមកហើយ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត តែមិនចែករលែក មិនធ្វើបុណ្យទាំងឡាយ ១ ។ ម្នាលគហបតី ក្នុងលោកនេះ មានអ្នកបរិភោគកាមខ្លះ ស្វះស្វែងរកភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិន លុះស្វះស្វែងរកភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេបានមកហើយ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត ទាំងចែករលែក ធ្វើបុណ្យទាំងឡាយ ១ ។ ម្នាលគហបតី ក្នុងលោកនេះ មានអ្នកបរិភោគកាមខ្លះ ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ខ្លះ មិនត្រូវតាមគន្លងធម៌ខ្លះ គឺកំហែងសង្កត់សង្កិនគេក៏មាន លុះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ខ្លះ មិនត្រូវតាមគន្លងធម៌ខ្លះ គឺកំហែងសង្កត់សង្កិនក៏មាន មិនកំហែងសង្កត់សង្កិនក៏មាន បានមកហើយ មិនធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត មិនចែករលែក មិនធ្វើបុណ្យទាំងឡាយ ១ ។ ម្នាលគហបតី ក្នុងលោកនេះ មានអ្នកបរិភោគកាមខ្លះ ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ខ្លះ មិនត្រូវតាមគន្លងធម៌ខ្លះ គឺកំហែងសង្កត់សង្កិនក៏មាន មិនកំហែងសង្កត់សង្កិនក៏មាន លុះស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ខ្លះ មិនត្រូវតាមគន្លងធម៌ខ្លះ គឺកំហែងសង្កត់សង្កិនក៏មាន មិនកំហែងសង្កត់សង្កិនក៏មាន បានមកហើយ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត តែទាស់មិនចែករលែក មិនធ្វើបុណ្យទាំងឡាយ ១ ។ ម្នាលគហបតី ក្នុងលោកនេះ មានអ្នកបរិភោគកាមខ្លះ ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ខ្លះ មិនត្រូវតាមគន្លងធម៌ខ្លះ គឺកំហែងសង្កត់សង្កិនគេក៏មាន មិនកំហែងសង្កត់សង្កិនគេ ក៏មាន លុះស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ខ្លះ មិនត្រូវតាមគន្លងធម៌ខ្លះ គឺកំហែងសង្កត់សង្កិនគេក៏មាន មិនកំហែងសង្កត់សង្កិនគេក៏មាន បានមកហើយ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត ចែករលែក ធ្វើបុណ្យទាំងឡាយ ១ ។ ម្នាលគហបតី ក្នុងលោកនេះ មានអ្នកបរិភោគៈកាមខ្លះ ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ លុះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ បានមកហើយ មិនធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត មិនចែករលែក មិនធ្វើបុណ្យទាំងឡាយ ១ ។ ម្នាលគហបតី ក្នុងលោកនេះ មានអ្នកបរិភោគកាមខ្លះ ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ លុះស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ បានមកហើយ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត តែទាស់មិនចែករលែក មិនធ្វើបុណ្យទាំងឡាយ ១ ។ ម្នាលគហបតី ក្នុងលោកនេះ មានអ្នកបរិភោគកាមខ្លះ ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ លុះស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ បានមកហើយ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត ចែករលែក ធ្វើបុណ្យទាំងឡាយ តែនៅជក់ជ្រប់ ឈ្លក់ចិត្តនឹងភោគៈទាំងនោះ មិនឃើញទោស មិនមានបញ្ញាជាគ្រឿងរើខ្លួន ហើយចេះតែបរិភោគ ១ ។ ម្នាលគហបតី ក្នុងលោកនេះ មានអ្នកបរិភោគកាមខ្លះ ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ លុះស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ បានមកហើយ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត ចែករលែក ធ្វើបុណ្យទាំងឡាយ ថែមទាំងមិនជក់ មិនជ្រប់ មិនឈ្លក់ចិត្តនឹងភោគៈទាំងនោះទេ ឃើញទោស មានបញ្ញាជាគ្រឿងរើខ្លួន ហើយបរិភោគ ១ ។ ម្នាលគហបតី បណ្តាអ្នកបរិភោគកាមទាំងនោះ អ្នកបរិភោគកាមណា ស្វះស្វែងរកភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេ លុះស្វះស្វែងរកភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេបានមកហើយ មិនធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត មិនចែករលែក មិនធ្វើបុណ្យទាំងឡាយ ម្នាលគហបតី អ្នកបរិភោគកាមនេះ គួរគេតិះដៀល ដោយហេតុ ៣ ប្រការ គឺគេតិះដៀល ដោយហេតុទី ១ នេះថា ស្វះស្វែងរកភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេ គេតិះដៀលដោយហេតុទី ២ នេះថា មិនធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត គួរគេតិះដៀល ដោយហេតុទី ៣ នេះថា មិនចែករលែក មិនធ្វើបុណ្យទាំងឡាយ ។ ម្នាលគហបតី អ្នកបរិភោគកាមនេះ គួរគេតិះដៀល ដោយហេតុទាំង ៣ ប្រការនេះ ។ ម្នាលគហបតី បណ្តាអ្នកបរិភោគកាមទាំងនោះ អ្នកបរិភោគកាមណា ស្វះស្វែងរកភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេ លុះស្វះស្វែងរកភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេ បានមកហើយ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត តែទាស់មិនចែករលែក មិនធ្វើបុណ្យទាំងឡាយ ម្នាលគហបតី អ្នកបរិភោគកាមនេះ គួរគេតិះដៀល ដោយហេតុ ២ ប្រការ គេសរសើរដោយហេតុ ១ ប្រការ គឺគេតិះដៀល ដោយហេតុទី ១ នេះថា ស្វែងរកភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេ គេសរសើរ ដោយហេតុ ១ ប្រការនេះថា ចេះធ្វើខ្លួន ឲ្យបានសុខ ឲ្យឆ្អែត គេតិះដៀល ដោយហេតុទី ២ នេះថា មិនចែករលែក មិនធ្វើបុណ្យទាំងឡាយ ។ ម្នាលគហបតី អ្នកបរិភោគកាមនេះ គួរគេតិះដៀល ដោយហេតុទាំង ២ ប្រការនេះ គេសរសើរដោយហេតុ ១ ប្រការនេះ ។ ម្នាលគហបតី បណ្តាអ្នកបរិភោគកាមទាំងនោះ អ្នកបរិភោគកាមណា ស្វះស្វែងរកភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេ លុះស្វះស្វែងរកភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ បានមកហើយ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត ចែករលែក ធ្វើបុណ្យទាំងឡាយ ម្នាលគហបតី អ្នកបរិភោគកាមនេះ គួរគេតិះដៀល ដោយហេតុ ១ ប្រការ គេសរសើរដោយហេតុ ២ ប្រការ គឺគេតិះដៀល ដោយហេតុ ១ ប្រការនេះថា ស្វះស្វែងរកភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេ គេសរសើរដោយហេតុទី ១ នេះថា ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត គេសរសើរដោយហេតុទី ២ នេះថា ចេះចែករលែក ធ្វើបុណ្យទាំងឡាយ ។ ម្នាលគហបតី អ្នកបរិភោគកាមនេះ គួរគេតិះដៀលដោយហេតុ ១ ប្រការនេះ គេសរសើរដោយហេតុទាំង ២ ប្រការ នេះ ។ ម្នាលគហបតី បណ្តាអ្នកបរិភោគកាមទាំងនោះ អ្នកបរិភោគកាមណា ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ខ្លះ មិនត្រូវតាមគន្លងធម៌ខ្លះ គឺកំហែងសង្កត់សង្កិនគេក៏មាន មិនកំហែងសង្កត់សង្កិនគេ ក៏មាន លុះស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ខ្លះ មិនត្រូវតាមគន្លងធម៌ខ្លះ គឺសង្កត់សង្កិនគេក៏មាន មិនកំហែងសង្កត់សង្កិនគេក៏មាន បានមកហើយ មិនធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត មិនចេះចែករលែក មិនធ្វើបុណ្យទាំងឡាយ ម្នាកគហបតី អ្នកបរិភោគកាមនេះ គួរគេសរសើរដោយហេតុ ១ ប្រការ គេតិះដៀល ដោយហេតុ ៣ ប្រការ គឺគេសរសើរដោយហេតុ ១ ប្រការ នេះថា ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ គេតិះដៀលដោយហេតុទី ១ នេះថា ស្វះស្វែងរកភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេ គេតិះដៀលដោយហេតុទី ២ នេះថា មិនធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត គេតិះដៀលដោយហេតុទី ៣ នេះថា មិនចេះចែករលែក មិនធ្វើបុណ្យទាំងឡាយ ។ ម្នាលគហបតី អ្នកបរិភោគកាមនេះ គួរគេសរសើរ ដោយហេតុ ១ ប្រការនេះ គេតិះដៀល ដោយហេតុទាំង ៣ ប្រការនេះ ។ ម្នាលគហបតី បណ្តាអ្នកបរិភោគកាមទាំងនោះ អ្នកបរិភោគកាមណា លុះស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ខ្លះ មិនត្រូវតាមគន្លងធម៌ខ្លះ គឺកំហែងសង្កត់សង្កិនគេក៏មាន មិនកំហែងសង្កត់សង្កិនគេក៏មាន លុះស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ខ្លះ មិនត្រូវតាមគន្លងធម៌ខ្លះ គឺកំហែងសង្កត់សង្កិនគេក៏មាន មិនកំហែងសង្កត់សង្កិនគេក៏មាន បានមកហើយ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត តែទាស់មិនចែករលែក មិនធ្វើបុណ្យទាំងឡាយ ម្នាលគហបតី អ្នកបរិភោគកាមនេះ គេសរសើរដោយហេតុ ២ ប្រការ គេតិះដៀលដោយហេតុ ២ ប្រការ គឺគេសរសើរដោយហេតុទី ១ នេះថា ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ គេតិះដៀលដោយហេតុទី ១ នេះថា ស្វះស្វែងរកភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេ គេសរសើរដោយហេតុទី ២ នេះថា ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត គួរគេតិះដៀលដោយហេតុទី ២ នេះថា មិនចែករលែក មិនធ្វើបុណ្យទាំងឡាយ ។ ម្នាលគហបតី អ្នកបរិភោគកាមនេះ គេសរសើរដោយហេតុទាំង ២ ប្រការនេះ គេតិះដៀលដោយហេតុទាំង ២ ប្រការនេះ ។ ម្នាលគហបតី បណ្តាអ្នកបរិភោគកាមទាំងនោះ អ្នកបរិភោគកាមណា ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ខ្លះ មិនត្រូវតាមគន្លងធម៌ខ្លះ គឺកំហែងសង្កត់សង្កិនគេក៏មាន មិនកំហែងសង្កត់សង្កិនគេក៏មាន លុះស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ខ្លះ មិនត្រូវតាមគន្លងធម៌ខ្លះ គឺកំហែងសង្កត់សង្កិនគេក៏មាន មិនកំហែងសង្កត់សង្កិនគេក៏មាន បានមកហើយ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត ចែករលែក ធ្វើបុណ្យទាំងឡាយ ម្នាលគហបតី អ្នកបរិភោគកាមនេះ គួរគេសរសើរដោយហេតុ ៣ ប្រការ គេតិះដៀលដោយហេតុ ១ ប្រការ គឺគេសរសើរដោយហេតុទី ១ នេះថា ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ គេតិះដៀលដោយហេតុ ១ ប្រការនេះថា ស្វះស្វែងរកភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេ គេសរសើរដោយហេតុទី ២ នេះថា ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត គេសរសើរដោយហេតុទី ៣ នេះថា ចេះចែករលែក ធ្វើបុណ្យទាំងឡាយ ។ ម្នាលគហបតី អ្នកបរិភោគកាមនេះ គេសរសើរដោយហេតុទាំង ៣ ប្រការនេះ គេតិះដៀលដោយហេតុ ១ ប្រការ នេះ ។ ម្នាលគហបតី បណ្តាអ្នកបរិភោគកាមទាំងនោះ អ្នកបរិភោគកាមណា ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ លុះស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ បានមកហើយ មិនធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត មិនចែករលែក មិនធ្វើបុណ្យទាំងឡាយ ម្នាលគហបតី អ្នកបរិភោគកាមនេះ គួរគេសរសើរដោយហេតុ ១ ប្រការ គេតិះដៀលដោយហេតុ ២ ប្រការ គឺគេសរសើរ ដោយហេតុ ១ ប្រការនេះថា ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិន គេតិះដៀលដោយហេតុទី ១ នេះថា មិនធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត គេតិះដៀលដោយហេតុទី ២ នេះថា មិនចែករលែក មិនធ្វើបុណ្យទាំងឡាយ ។ ម្នាលគហបតី អ្នកបរិភោគកាមនេះ គួរគេសរសើរ ដោយហេតុ ១ ប្រការនេះ គេតិះដៀលដោយហេតុ ២ ប្រការនេះ ។ ម្នាលគហបតី បណ្តាអ្នកបរិភោគកាមទាំងនោះ អ្នកបរិភោគកាមណា លុះស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ លុះស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ បានមកហើយ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត តែមិនចែករលែក មិនធ្វើបុណ្យទាំងឡាយ ម្នាលគហបតី អ្នកបរិភោគកាមនេះ គួរគេសរសើរដោយហេតុ ២ ប្រការ គេតិះដៀល ដោយហេតុ ១ ប្រការ គឺគេសរសើរដោយហេតុទី ១ នេះថា ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ គេសរសើរដោយហេតុទី ២ នេះថា ចេះធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត គេតិះដៀលដោយហេតុ ១ ប្រការនេះថា មិនចែករលែក មិនធ្វើបុណ្យទាំងឡាយ ។ ម្នាលគហបតី អ្នកបរិភោគកាមនេះ គួរគេសរសើរ ដោយហេតុ ២ ប្រការនេះ គេតិះដៀលដោយហេតុ ១ ប្រការនេះ ។ ម្នាលគហបតី បណ្តាអ្នកបរិភោគកាមទាំងនោះ អ្នកបរិភោគកាមណា ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ លុះស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ បានមកហើយ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត ចែករលែក ធ្វើបុណ្យទាំងឡាយ តែនៅជក់ជ្រប់ ឈ្លក់ចិត្តនឹងភោគៈទាំងនោះ មិនឃើញទោស មិនមានបញ្ញាជាគ្រឿងរើខ្លួន ហើយចេះតែបរិភោគ ម្នាលគហបតី អ្នកបរិភោគកាមនេះ គួរគេសរសើរដោយហេតុ ៣ ប្រការ គេតិះដៀលដោយហេតុ ១ ប្រការ គឺគេសរសើរ ដោយហេតុទី ១ នេះថា ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ គេសរសើរ ដោយហេតុទី ២ នេះថា ចេះធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត គេសរសើរ ដោយហេតុទី ៣ នេះថា ចេះចែករលែក ធ្វើបុណ្យទាំងឡាយ គេតិះដៀល ដោយហេតុ ១ ប្រការនេះថា ជក់ ជ្រប់ ឈ្លក់ចិត្តនឹងភោគៈទាំងនោះ មិនឃើញទោស មិនមានបញ្ញា ជាគ្រឿងរើខ្លួន ហើយចេះតែបរិភោគ ។ ម្នាលគហបតី អ្នកបរិភោគកាមនេះ គួរគេសរសើរ ដោយហេតុ ៣ ប្រការនេះ គេតិះដៀលដោយហេតុ ១ ប្រការនេះ ។ ម្នាលគហបតី បណ្តាអ្នកបរិភោគកាមទាំងនោះ អ្នកបរិភោគកាមណា ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ លុះស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ បានមកហើយ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត ចែករលែក ធ្វើបុណ្យទាំងឡាយ ថែមទាំងមិនជក់ មិនជ្រប់ មិនឈ្លក់ចិត្តនឹងភោគៈទាំងនោះ ឃើញទោស មានបញ្ញាជាគ្រឿងរើខ្លួន ហើយបរិភោគ ម្នាលគហបតី អ្នកបរិភោគកាមនេះ គួរគេសរសើរ ដោយហេតុ ៤ ប្រការ គឺគេសរសើរ ដោយហេតុទី ១ នេះថា ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ គេសរសើរដោយ ហេតុទី ២ នេះថា ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត គេសរសើរដោយហេតុទី ៣ នេះថា ចែករលែក ធ្វើបុណ្យទាំងឡាយ គេសរសើរ ដោយហេតុទី ៤ នេះថា មិនជក់ មិនជ្រប់ មិនឈ្លក់ចិត្តនឹងភោគៈទាំងនោះ ឃើញទោស មានបញ្ញាជាគ្រឿងរើខ្លួន ហើយបរិភោគ ។ ម្នាលគហបតី អ្នកបរិភោគកាមនេះ គេសរសើរដោយហេតុទាំង ៤ ប្រកានេះ ។ ម្នាលគហបតី អ្នកបរិភោគកាមទាំង ១០ ពួកនេះ មានក្នុងលោក ។ ម្នាលគហបតី បណ្តាអ្នកបរិភោគកាមទាំង ១០ ពួកនេះ អ្នកបរិភោគកាមណា ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ លុះស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ បានមកហើយ ធ្វើខ្លួនឲ្យសុខ ឲ្យឆ្អែត ចែករលែក ធ្វើបុណ្យទាំងឡាយ ថែមទាំងមិនជក់ មិនជ្រប់ មិនឈ្លក់ចិត្តនឹងភោគៈទាំងនោះ ឃើញទោស មានបញ្ញាជាគ្រឿងរើខ្លួន ហើយបរិភោគ បណ្តាអ្នកបរិភោគកាមទាំង ១០ ពួកនេះ អ្នកបរិភោគកាមនេះ ឈ្មោះថាជាកំពូលផង ប្រសើរផង ចម្បងផង ខ្ពង់ខ្ពស់ផង ថ្លៃថ្លាផង ។ ម្នាលគហបតី ដូចជាទឹកដោះស្រស់ កើតពីមេគោ ទឹកដោះជូរ ក្លាយពីទឹកដោះស្រស់ ទឹកដោះខាប់ក្លាយពីទឹកដោះជូរ ទឹកដោះរាវក្លាយពីទឹកដោះខាប់ ទឹកដោះថ្លា ក្លាយពីទឹកដោះរាវ ទឹកដោះថ្លា ប្រាកដជាប្រសើរជាងទឹកដោះទាំងនោះ យ៉ាងណាមិញ ម្នាលគហបតី បណ្តាអ្នកបរិភោគកាមទាំង ១០ ពួកនេះ អ្នកបរិភោគកាមណា ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ លុះស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ បានមកហើយ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត ចែករលែក ធ្វើបុណ្យទាំងឡាយ ថែមទាំងមិនជក់ មិនជ្រប់ មិនឈ្លក់ចិត្តនឹងភោគៈទាំងនោះ ឃើញទោស មានបញ្ញាជាគ្រឿងរើខ្លួន ហើយបរិភោគ បណ្តាអ្នកបរិភោគកាម ទាំង ១០ ពួកនេះ អ្នកបរិភោគកាមនេះ ឈ្មោះថាជាកំពូលផង ប្រសើរផង ចម្បងផង ខ្ពង់ខ្ពស់ផង ថ្លៃថ្លាផង យ៉ាងនោះដែរ ។

២. ភយសូត្រកែប្រែ

[៩២] គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលគហបតី កាលបើអរិយសាវក រម្ងាប់ភ័យ និងពៀរទាំង ៥ បានហើយ (អរិយសាវកនោះ) ជាអ្នកបរិបូណ៌ដោយសោតាបត្តិយង្គៈទាំង ៤ ទាំងញាយធម៌ (មគ្គព្រមទាំងវិបស្សនា) ដ៏ប្រសើរ អរិយសាវកនោះ ឃើញហើយដោយប្រពៃ ចាក់ធ្លុះហើយដោយប្រពៃ ដោយប្រាជ្ញា កាលបើអរិយសាវកនោះ ចង់ (ព្យាករ) ក៏គប្បីព្យាករខ្លួន ដោយខ្លួនឯងថា អាត្មាអញ អស់នរកហើយ អស់កំណើតតិរច្ឆានហើយ អស់បិត្តិវិស័យហើយ អស់អបាយ ទុគ្គតិ វិនិបាតហើយ អាត្មាអញ ជាសោតាបន្នបុគ្គល លែងទៅកើតក្នុងអបាយហើយ  ជាបុគ្គលទៀងទាត់ ប្រាកដជានឹងបានត្រាស់ដឹងតទៅខាងមុខ ។ ចុះអរិយសាវក បានរម្ងាប់ភ័យ និងពៀរទាំង ៥ តើដូចម្តេច ។ ម្នាលគហបតី អ្នកសម្លាប់សត្វ តែងទទួលភ័យ និងពៀរ ដែលជាបច្ចុប្បន្នផង ទទួលភ័យ និងពៀរ ក្នុងបរលោកផង រងទុក្ខ ទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្តផង ព្រោះហេតុតែសម្លាប់សត្វ អ្នកវៀរចាកការសំឡាប់សត្វ តែងមិនទទួលភ័យ និងពៀរ ជាបច្ចុប្បន្នផង មិនទទួលភ័យ និងពៀរ ក្នុងបរលោកផង មិនរងទុក្ខទោមនស្សដែលប្រព្រឹត្តទៅក្នុងចិត្តផង ។ កាលអរិយសាវក វៀរចាកការសំឡាប់សត្វ ជាអ្នករម្ងាប់ភ័យ និងពៀរនោះយ៉ាងនេះ ។ ម្នាលគហបតី អ្នកយករបស់ដែលគេមិនបានឲ្យ… អ្នកប្រព្រឹត្តខុសក្នុងកាមទាំងឡាយ … អ្នកនិយាយពាក្យកុហក… អ្នកប្រព្រឹត្តហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកទឹកស្រវឹង គឺសុរា និងមេរ័យ តែងទទួលភ័យ និងពៀរ ដែលជាបច្ចុប្បន្នផង ក្នុងបរលោកផង រងទុក្ខទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្តផង ព្រោះហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកទឹកស្រវឹង គឺសុរា និងមេរ័យជាបច្ច័យ អ្នកវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកទឹកស្រវឹង គឺសុរា និងមេរ័យ តែងមិនទទួលភ័យ និងពៀរ ជាបច្ចុប្បន្នផង មិនទទួលភ័យ និងពៀរ ក្នុងបរលោកផង មិនរងទុក្ខទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្តផង ។ កាលអរិយសាវក វៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកទឹកស្រវឹង គឺសុរា និងមេរ័យ រមែងជាអ្នករម្ងាប់ភ័យ និងពៀរនោះយ៉ាងនេះ ។ ភ័យ និងពៀរទាំង ៥ នេះ រមែងស្ងប់រម្ងាប់ទៅ ។ អរិយសាវក អ្នកបរិបូណ៌ដោយសោតាបត្តិយង្គៈ ៤ តើដូចម្តេច ។ ម្នាលគហបតី អរិយសាវក ក្នុងសាសនានេះ ជាអ្នកប្រកបដោយសេចក្តីជ្រះថ្លា មិនកំរើកក្នុងព្រះពុទ្ធថា ព្រះមានព្រះភាគអង្គនោះ ព្រះអង្គឆ្ងាយចាកសឹកសត្រូវ គឺកិលេស ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយប្រពៃ ចំពោះព្រះអង្គឯង ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ ព្រះអង្គមានដំណើរល្អ យាងទៅកាន់សុន្ទរដ្ឋាន ព្រះអង្គជ្រាបនូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ ព្រះអង្គជាអ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ព្រះអង្គជាគ្រូរបស់ទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹងនូវសច្ចៈទាំងបួន ព្រះអង្គលែងត្រឡប់មកកើតក្នុងត្រៃភព ។ អរិយសាវក ជាអ្នកប្រកបដោយសេចក្តីជ្រះថ្លា មិនកំរើកក្នុងព្រះធម៌ថា ព្រះធម៌ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយដោយប្រពៃ ជាធម៌ គឺព្រះអរិយបុគ្គល ឃើញដោយខ្លួនឯង ជាធម៌ឲ្យផលមិនរង់ចាំកាល ជាធម៌ដែលព្រះអរិយបុគ្គល គួរហៅអ្នកដទៃឲ្យចូលមកមើលបាន ជាធម៌ដែលព្រះអរិយបុគ្គលគួរបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលពួកវិញ្ញូជនគប្បីដឹងដោយខ្លួនឯង ។ អរិយសាវក ជាអ្នកប្រកបដោយសេចក្តីជ្រះថ្លា មិនកំរើកក្នុងព្រះសង្ឃថា ព្រះសង្ឃសាវក របស់ព្រះមានព្រះភាគ ប្រតិបត្តិហើយដោយប្រពៃ ព្រះសង្ឃសាវក របស់ព្រះដ៏មានព្រះភាគ ប្រតិបត្តិហើយដោយត្រង់ ព្រះសង្ឃសាវក របស់ព្រះដ៏មានព្រះភាគ ប្រតិបត្តិហើយ ដើម្បីត្រាស់ដឹងព្រះនិញ្វន ព្រះសង្ឃសាវករបស់ព្រះដ៏មានព្រះភាគ ប្រតិបត្តិ គួរដល់សាមីចិកម្ម ព្រះសង្ឃសាវកនេះ បើរាប់ជាគូនៃបុរស មាន ៤ គូ បើរាប់រៀងជាបុរសបុគ្គល មាន ៨ ព្រះសង្ឃសាវករបស់ព្រះដ៏មានព្រះភាគនុ៎ះ គួរទទួលវត្ថុ ដែលបុគ្គលនាំមកបូជា គួរទទួលនូវអាគន្តុកទាន គួរទទួលទក្ខិណាទាន គួរដល់អញ្ជលិកម្ម ដែលសត្វលោកគប្បីធ្វើ ជាស្រែបុណ្យដ៏ប្រសើរ របស់សត្វលោក ។ អរិយសាវក ជាអ្នកប្រកបដោយសីលទាំងឡាយ ជាទីត្រេកអរ របស់ព្រះអរិយៈ ជាសីលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស ជាសីលរបស់អ្នកជា ជាសីលដែលពួកវិញ្ញូជនសរសើរហើយ ជាសីលមិនជ្រោកជ្រាក ជាសីលនាំឲ្យបានសមាធិ ។ អរិយសាវក ប្រកបដោយសោតាបត្តិយង្គៈទាំង ៤ យ៉ាងនេះឯង ។ ចុះញាយធម៌ដ៏ប្រសើរ ដែលអរិយសាវកនោះ ឃើញដោយប្រពៃ ចាក់ធ្លុះដោយប្រពៃ ដោយបញ្ញា តើដូចម្តេច ។ ម្នាលគហបតី អរិយសាវក ក្នុងសាសនានេះ ពិចារណាឃើញច្បាស់ថា កាលបើរបស់នេះមាន របស់នេះ ក៏មាន របស់នេះកើតឡើង ព្រោះកើតរបស់នេះ កាលបើរបស់នេះគ្មាន របស់នេះក៏គ្មាន របស់នេះរលត់ ព្រោះរលត់របស់នេះ យ៉ាងដូចសង្ខារទាំងឡាយ កកើតឡើង ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណ កកើតឡើង ព្រោះសង្ខារជាបច្ច័យ នាមរូប កកើតឡើង ព្រោះវិញ្ញាណជាបច្ច័យ សឡាយតនៈ កកើតឡើង ព្រោះនាមរូបជាបច្ច័យ ផស្សៈកកើតឡើង ព្រោះសឡាយតនៈជាបច្ច័យ វេទនាកកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហា កកើតឡើង ព្រោះវេទនាជាបច្ច័យ ឧបាទាន កកើតឡើង ព្រោះតណ្ហាជាបច្ច័យ ភព កកើតឡើង ព្រោះឧបាទាន ជាបច្ច័យ ជាតិ កកើតឡើង ព្រោះភពជាបច្ច័យ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ ឧបាយាសៈ កកើតឡើង ព្រោះជាតិជាបច្ច័យ ។ ការកើតនៃកងទុក្ខទាំងអស់នេះ តែងមានយ៉ាងនេះឯង ។ ការរលត់សង្ខារ ព្រោះវិនាសនិងការរលត់អវិជ្ជាមិនមានសេសសល់ ការរលត់វិញ្ញាណ ព្រោះរលត់សង្ខារ ការរលត់នាមរូប ព្រោះរលត់វិញ្ញាណ ការរលត់សឡាយតនៈ ព្រោះរលត់នាមរូប ការរលត់ផស្សៈ ព្រោះរលត់សឡាយតនៈ ការរលត់វេទនា ព្រោះរលត់ផស្សៈ ការរលត់តណ្ហា ព្រោះរលត់វេទនា ការរលត់ឧបាទាន ព្រោះរលត់តណ្ហា ការរលត់ភព ព្រោះរលត់ឧបាទាន ការរលត់ជាតិ ព្រោះរលត់ភព ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ ឧបាយាសៈ រលត់ព្រោះរលត់ជាតិ ។ ការរលត់នៃកងទុក្ខទាំងអស់នេះ តែងមានយ៉ាងនេះឯង ។ ញាយធម៌ដ៏ប្រសើរនេះ អរិយសាវកនោះ បានឃើញច្បាស់ ចាក់ធ្លុះដោយប្រពៃដោយប្រាជ្ញា ។ ម្នាលគហបតី កាលណាអរិយសាវក រម្ងាប់ភ័យ និងពៀរទាំង ៥ ប្រការនេះផង ជាអ្នកបរិបូណ៌ដោយសោតាបត្តិយង្គៈទាំង ៤ ប្រការនេះផង ញាយធម៌ដ៏ប្រសើរនេះផង អរិយសាវកនោះ ឃើញដោយប្រពៃ ចាក់ធ្លុះដោយប្រពៃ ដោយប្រាជ្ញាផង ក្នុងកាលនោះ កាលបើអរិយសាវកនោះចង់ (ព្យាករ) ក៏គប្បីព្យាករខ្លួនដោយខ្លួនឯងថា អាត្មាអញ អស់នរកហើយ អស់កំណើតតិរច្ឆានហើយ អស់បិត្តិវិស័យហើយ អស់អបាយ ទុគ្គតិ វិនិបាតហើយ អាត្មាអញជាសោតាបន្នបុគ្គល លែងទៅកើតក្នុងអបាយហើយ ជាបុគ្គលទៀងទាត់ ប្រាកដជានឹងបានត្រាស់ដឹងតទៅខាងមុខ ។

៣. កឹទិដ្ឋិកសូត្រកែប្រែ

[៩៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះ អនាថបិណ្ឌិកគហបតី ចេញអំពីក្រុងសាវត្ថីទាំងថ្ងៃត្រង់ ដើម្បីទៅគាល់ព្រះដ៏មានព្រះភាគ ។ ទើបអនាថបិណ្ឌិកគហបតី មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលនេះ ជាកាលមិនគួរដើម្បីទៅគាល់ព្រះមានព្រះភាគទេ ដ្បិតព្រះមានព្រះភាគ កំពុងសម្ងំ កាលនេះជាកាលមិនគួរដើម្បីទៅជួបនឹងពួកភិក្ខុ អ្នកចម្រើន សមាធិចិត្តទេ ដ្បិតពួកភិក្ខុអ្នកចម្រើនសមាធិចិត្ត កំពុងសម្ងំដែរ បើដូច្នោះ គួរតែអាត្មាអញ ចូលទៅឯអារាមពួកអន្យតិរ្ថិយបរិញ្វជកសិន ។ គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅឯអារាមពួកអន្យតិរ្ថិយបរិញ្វជក ។ សម័យនោះឯង ពួកអន្យតិរ្ថិយបរិញ្វជក ប្រជុំគ្នា មកជួបជុំ និយាយគ្នាកោកកាក គឹកកងរំពង ហើយអង្គុយជជែកគ្នាពីតិរច្ឆានកថាផ្សេង ៗ ។ អន្យតិរ្ថិយបរិញ្វជកទាំងនោះ បានឃើញអនាថបិណ្ឌិកគហបតី កំពុងដើរមកពីចម្ងាយ លុះឃើញហើយ ក៏ឃាត់គ្នីគ្នាថា អ្នកទាំងឡាយនិយាយតិច ៗ អ្នកទាំងឡាយ កុំនិយាយខ្លាំង (ព្រោះ) អនាថបិណ្ឌិកគហបតីនេះ ជាសាវកនៃសមណគោតម គាត់មក ពួកគ្រហស្ថអ្នកស្លៀកពាក់ស ជាសាវកនៃសមណគោតម ដែលនៅក្នុងក្រុងសាវត្ថីទាំងប៉ុន្មាន បណ្តាគ្រហស្ថ ជាសាវកទាំងនោះ អនាថបិណ្ឌិកគហបតីនេះ ជាសាវកម្នាក់ដែរ អ្នកដ៏មានអាយុទាំងនោះ ត្រូវការតែសំឡេងតិច ហាត់តែខាងសំឡេងតិច និយាយសរសើរតែសំឡេងតិច យើងធ្វើដូចម្តេច ឲ្យទាល់តែអនាថបិណ្ឌិកគហបតី សំគាល់បរិសទ្យមានសំឡេងតិចថា គួរចូលមកបាន ។ ទើបបរិញ្វជកទាំងនោះ នាំគ្នាសម្ងំស្ងាត់ច្រៀប ។ គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅរកបរិញ្វជកទាំងនោះ លុះចូលទៅដល់ហើយ និយាយរាក់ទាក់ សំណេះសំណាលជាមួយនឹងអន្យតិរ្ថិយបរិញ្វជកទាំងនោះ លុះបង្ហើយពាក្យដែលគួររាក់ទាក់ សំណេះសំណាល គួរឲ្យរលឹកហើយ អង្គុយក្នុងទីសមគួរ ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ អន្យតិរ្ថិយបរិញ្វជកទាំងនោះ និយាយយ៉ាងនេះថា ម្នាលគហបតី អ្នកចូរមានប្រសាសន៍មកមើល ព្រះសមណគោតម មានសេចក្តីយល់ដូចម្តេច ។ អនាថបិណ្ឌិកគហបតី ឆ្លើយថា បពិត្រលោកដ៏ចម្រើនទាំងឡាយ ខ្ញុំមិនដឹងសេចក្តីយល់សព្វគ្រប់ របស់ព្រះដ៏មានព្រះភាគទេ ។ ពួកអន្យតិរិ្ថយបរិញ្វជកសួរថា ម្នាលគហបតី បើឥឡូវនេះលោកមិនជ្រាបសេចក្តីយល់សព្វគ្រប់ របស់ព្រះសមណគោតមទេ ម្នាលគហបតី លោកចូរមានប្រសាសន៍មកចុះ ពួកភិក្ខុមានសេចក្តីយល់ដូចម្តេច ។ បពិត្រលោកដ៏ចម្រើនទាំងឡាយ ខ្ញុំក៏មិនដឹងសេចក្តីយល់សព្វគ្រប់ របស់ពួកភិក្ខុដែរ ម្នាលគហបតី បើអ្នកមិនដឹងសេចក្តីយល់សព្វគ្រប់ របស់ព្រះសមណគោតម ទាំងមិនដឹងសេចក្តីយល់សព្វគ្រប់ របស់ពួកភិក្ខុ ដោយប្រការដូច្នេះទេ ម្នាលគហបតី លោកមានប្រសាសន៍មកមើល ចុះលោកមានសេចក្តីយល់ដូចម្តេច ។ បពិត្រលោកដ៏ចម្រើនទាំងឡាយ យើងមានសេចក្តីយល់បែបណា ការដែលយើងព្យាករនូវសេចក្តីយល់បែបនុ៎ះ មិនជាការក្រទេ ប៉ុន្តែសូមឲ្យលោកដ៏មានអាយុទាំងឡាយ ព្យាករសេចក្តីយល់ទាំងឡាយ តាមសមគួរ របស់ខ្លួនមុនចុះ យើងមានសេចក្តីយល់បែបណា ការដែលយើងនឹងព្យាករនូវសេចក្តីយល់បែបនុ៎ះ មិនជាការក្រទេ សឹមយើងព្យាករ ក្នុងកាលជាខាងក្រោយ ។ កាលដែលអនាថបិណ្ឌិកគហបតី និយាយយ៉ាងនេះហើយ មានបរិញ្វជកម្នាក់និយាយ នឹងអនាថបិណ្ឌិកគហបតី យ៉ាងនេះថា ម្នាលគហបតី អាត្មា មានសេចក្តីយល់យ៉ាងនេះថា លោកទៀង ពាក្យនេះពិត ពាក្យដទៃមិនពិតទេ ។ មានបរិញ្វជកម្នាក់ទៀត និយាយនឹងអនាថបិណ្ឌិកគហបតីយ៉ាងនេះថា ម្នាលគហបតី អាត្មាមានសេចក្តីយល់យ៉ាងនេះថា លោកមិនទៀង ពាក្យនេះពិត ពាក្យដទៃមិនពិតទេ ។ មានបរិញ្វជកម្នាក់ទៀត និយាយនឹងអនាថបិណ្ឌិកគហបតី យ៉ាងនេះថា ម្នាលគហបតី អាត្មាមានសេចក្តីយល់យ៉ាងនេះថា លោកមានទីបំផុត… លោកមិនមានទីបំផុត … ជីវិតនោះ គឺសរីរៈនោះ… ជីវិតដទៃ សរីរៈដទៃ… សត្វស្លាប់ទៅ កើតទៀត… សត្វស្លាប់ទៅ មិនកើតទៀត… សត្វស្លាប់ទៅ កើតទៀតក៏មាន មិនកើតទៀតក៏មាន… សត្វស្លាប់ទៅ កើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ពាក្យនេះពិត ពាក្យដទៃមិនពិតទេ ។ កាលដែលពួកបរិញ្វជក និយាយយ៉ាងនេះហើយ អនាថបិណ្ឌិកគហបតី និយាយនឹងពួកបរិញ្វជកទាំងនោះ យ៉ាងនេះថា បពិត្រលោកដ៏ចម្រើនទាំងឡាយ លោកដ៏មានអាយុណា និយាយយ៉ាងនេះថា ម្នាលគហបតី អាត្មា យល់យ៉ាងនេះថា លោកទៀង ពាក្យនេះពិត ពាក្យដទៃមិនពិតទេ សេចក្តីយល់របស់លោកដ៏មានអាយុនេះ កើតឡើង ព្រោះហេតុនៃការមិនធ្វើទុកក្នុងចិត្ត ដោយឧបាយនៃខ្លួនឬ ព្រោះហេតុតែសំឡេងរបស់បុគ្គលដទៃ សេចក្តីយល់នោះ កើតមានហើយ បច្ច័យតាក់តែងហើយ គិតហើយ ព្រោះអាស្រ័យគ្នាកើតហើយ របស់ណាមួយ កើតហើយ បច្ច័យតាក់តែងហើយ គិតហើយ ព្រោះអាស្រ័យគ្នាកើតហើយ របស់នោះ មិនទៀង របស់ណា មិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ លោកដ៏មានអាយុនោះ ឈ្មោះថា ជាប់ស្អិតនឹងរបស់នោះឯង លោកដ៏មានអាយុនោះ ឈ្មោះថា ជំពាក់ស្អិតនឹងរបស់នោះឯង ។ បពិត្រលោកដ៏ចម្រើនទាំងឡាយ លោកដ៏មានអាយុណា និយាយយ៉ាងនេះថា ម្នាលគហបតី អាត្មាមានសេចក្តីយល់យ៉ាងនេះថា លោកមិនទៀង ពាក្យនេះពិត ពាក្យដទៃមិនពិតទេ សេចក្តីយល់របស់លោកដ៏មានអាយុនេះ កើតឡើង ព្រោះហេតុមិនធ្វើទុកក្នុងចិត្តដោយឧបាយនៃខ្លួនឬ ៗ ព្រោះហេតុតែសំឡេងរបស់បុគ្គលដទៃ សេចក្តីយល់នោះ កើតមានហើយ បច្ច័យតាក់តែងហើយ គិតហើយ ព្រោះអាស្រ័យគ្នា កើតហើយ របស់ណាមួយ កើតហើយ បច្ច័យតាក់តែងហើយ គិតហើយ ព្រោះអាស្រ័យគ្នាកើតហើយ របស់នោះមិនទៀង របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណា ជាទុក្ខ