ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ខុទ្ទកបាឋ

១. ខុទ្ទកបាឋកែប្រែ

១. សរណគមន៍កែប្រែ

[១] ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធ ជាទីរឭក ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ ជាទីរឭក ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃ ជាទីរឭក ។ ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធ ជាទីរឭក ជាគម្រប់ពីរដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ ជាទីរឭក ជាគម្រប់ពីរដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃ ជាទីរឭក ជាគម្រប់ពីរដងផង ។ ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធ ជាទីរឭក ជាគម្រប់បីដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ ជាទីរឭក ជាគម្រប់បីដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃ ជាទីរឭក ជាគម្រប់បីដងផង ។

ចប់ សរណគមន៍ ។

២. សិក្ខាបទ ១០កែប្រែ

[២] ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការសម្លាប់សត្វ ។ ខ្ញុំព្រះករុណា សូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការកាន់យកនូវវត្ថុដែលគេមិនបានឲ្យ ។ ខ្ញុំព្រះករុណា សូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការប្រព្រឹត្តិនូវធម៌មិនប្រសើរ ។ ខ្ញុំព្រះករុណា សូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការពោលនូវពាក្យកុហក ។ ខ្ញុំព្រះករុណា សូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ។ ខ្ញុំព្រះករុណា សូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការបរិភោគនូវភោជនាហារ ក្នុងកាលខុស ។ ខ្ញុំព្រះករុណា សូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការរាំ ច្រៀង ប្រគំ និងការមើលល្បែងផ្សេងៗ ដែលជាសត្រូវដល់កុសលធម៌ ។ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការទ្រទ្រង់ ការប្រដាប់ និងការតាក់តែងស្អិតស្អាងរាងកាយ ដោយផ្កាកម្រង គ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ ។ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកសេនាសនៈដ៏ខ្ពស់ (ហួសប្រមាណ) និងសេនាសនៈដ៏ប្រសើរ ។ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការកាន់យកនូវមាស និងប្រាក់ ។

ចប់ សិក្ខាបទ ១០ ។

៣. អាការៈ ៣២កែប្រែ

[៣] ក្នុងកាយនេះ មានសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង ទាច បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម៍ ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសម្បោរ ទឹករំអិល ទឹកមូត្រ ខួរក្នុងក្បាល ។

ចប់ អាការៈ ៣២ ។

៤. សាមណេរបញ្ហាកែប្រែ

(ច្បាប់ឆ ៤. កុមារបញ្ហា )

[៤] ធម្មជាតិឈ្មោះតែ ១ គឺអ្វី គឺសត្វទាំងអស់ តាំងនៅដោយសារអាហារ ។ ធម្មជាតិ ឈ្មោះតែ ២ គឺអ្វី គឺនាម និងរូប ។ ធម្មជាតិឈ្មោះតែ ៣ គឺអ្វី គឺវេទនា ៣ ។ ធម្មជាតិឈ្មោះតែ ៤ គឺអ្វី គឺអរិយសច្ច ៤ ។ ធម្មជាតិឈ្មោះតែ ៥ គឺអ្វី គឺឧបាទានក្ខន្ធ ៥ ។ ធម្មជាតិឈ្មោះតែ ៦ គឺអ្វី គឺអាយតនៈខាងក្នុង ៦ ។ ធម្មជាតិឈ្មោះតែ ៧ គឺអ្វី គឺពោជ្ឈង្គ ៧ ។ ធម្មជាតិឈ្មោះតែ ៨ គឺអ្វី គឺអរិយមគ្គប្រកបដោយអង្គ ៨ ។ ធម្មជាតិឈ្មោះតែ ៩ គឺអ្វី គឺសត្តាវាសៈ ៩ ។ ធម្មជាតិឈ្មោះតែ ១០ គឺអ្វី គឺបុគ្គលដែលហៅថា ព្រះអរហន្ត ប្រកបដោយអង្គ ១០ ។

ចប់ សាមណេរបញ្ហា ។

៥. មង្គលសូត្រកែប្រែ

[៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯង ទេវតា ១ អង្គ កាលរាត្រីបឋមយាមកន្លងទៅហើយ មានរស្មីដ៏ល្អ ញ៉ាំងវត្តជេតពនទាំងមូលឲ្យភ្លឺស្វាង ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ ។ លុះទេវតានោះ ឋិតនៅក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគ ដោយគាថា ។

[៦] ទេវតា និងមនុស្សទាំងឡាយជាច្រើន ប្រាថ្នារកសួស្តី បានគិតរកមង្គលទាំងឡាយ សូមព្រះអង្គសំដែងប្រាប់នូវមង្គលដ៏ឧត្តម ។ (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) ការមិនសេពគប់ពាលជនទាំងឡាយ ១ ការសេពគប់បណ្ឌិតជនទាំងឡាយ ១ ការបូជាចំពោះបុគ្គលដែលគួរបូជាទាំងឡាយ ១ នេះជាមង្គលដ៏ឧត្តម ។

ការនៅក្នុងប្រទេសដ៏សមគួរ ១ ភាវៈនៃបុគ្គលបានធ្វើបុណ្យទុកហើយក្នុងកាលមុន ១ ការតម្កល់ខ្លួនប្រពៃ ១ នេះជាមង្គលដ៏ឧត្តម ។

ភាវៈនៃបុគ្គលបានស្តាប់ បានរៀនច្រើន ១ សិល្បៈ គឺសេចក្តីឆ្លៀវឆ្លាស ក្នុងហត្ថកម្មរបស់អ្នកបួស និងគ្រហស្ថ ១ វិន័យដែលបុគ្គលសិក្សាប្រពៃ ១ វាចាដែលបុគ្គលពោលល្អ ១ នេះជាមង្គលដ៏ឧត្តម ។

ការបំរើមាតាបិតា ១ សេចក្តីសង្គ្រោះដល់បុត្រ និងភរិយា ១ ការងារទាំងឡាយ ដែលមិនច្របូកច្របល់ ១ នេះជាមង្គលដ៏ឧត្តម ។

ការបរិច្ចាគទាន ១ ការប្រព្រឹត្តិធម៌ ១ សេចក្តីសង្គ្រោះញាតិទាំងឡាយ ១ ការងារទាំងឡាយ ដែលមិនមានទោស ១ នេះជាមង្គលដ៏ឧត្តម ។

ការមិនត្រេកអរក្នុងបាប និងការវៀរចាកបាប ១ សេចក្តីសង្រួមចាកការផឹកនូវទឹកស្រវឹង ១ សេចក្តីមិនប្រមាទ ក្នុងធម៌ទាំងឡាយ ១ នេះជាមង្គលដ៏ឧត្តម ។

សេចក្តីគោរព ១ សេចក្តីឱនលំទោន ១ សេចក្តីត្រេកអរតាមមានតាមបាន ១ ភាពជាអ្នកដឹងនូវឧបការៈ ដែលអ្នកដទៃធ្វើហើយ ១ ការស្តាប់នូវធម៌តាមកាល ១ នេះជាមង្គលដ៏ឧត្តម ។

សេចក្តីអត់ធន់ ១ ភាវៈនៃបុគ្គលដែលគេប្រដៅបានដោយងាយ ១ ការជួបប្រទះនូវសមណៈទាំងឡាយ ១ ការសន្ទនាទៅវិញទៅមកនូវធម៌តាមកាល ១ នេះជាមង្គលដ៏ឧត្តម ។

សេចក្តីព្យាយាមដុតនូវបាបធម៌ ១ ការប្រព្រឹត្តិនូវធម៌ដ៏ប្រសើរ ១ ការឃើញនូវអរិយសច្ចទាំងឡាយ ១ ការធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ១ នេះជាមង្គលដ៏ឧត្តម ។

ចិត្តនៃបុគ្គលណាដែលលោកធម៌ទាំងឡាយពាល់ត្រូវហើយ មិនរំភើបញាប់ញ័រ ១ ការមិនមានសេចក្តីសោក ១ ធូលី គឺរាគៈទៅប្រាសហើយ ១ ចិត្តក្សេមក្សាន្ត ១ នេះជាមង្គលដ៏ឧត្តម ។

ទេវតា និងមនុស្សទាំងឡាយ ធ្វើនូវមង្គលទាំងឡាយ ប្រាកដដូច្នេះហើយ ជាអ្នកមិនចាលចាញ់ ក្នុងទីទាំងពួង តែងដល់នូវសិរីសួស្តីក្នុងទីទាំងពួង នេះជាមង្គលដ៏ឧត្តមរបស់ទេវតា និងមនុស្សទាំងឡាយនោះ ។

ចប់ មង្គលសូត្រ ។

៦. រតនសូត្រកែប្រែ

[៧] ពួកភូតណា ឋិតនៅលើផែនដីក្តី ពួកភូតណា ឋិតនៅឰដ៏អាកាសក្តី ដែលមកជួបជុំក្នុងទីនេះ ពួកភូតទាំងអស់នោះ ចូរមានចិត្តល្អ មួយទៀត ចូរស្តាប់នូវភាសិតដោយគោរព ព្រោះហេតុនោះ អ្នកទាំងឡាយ ជាភូតទាំងអស់ ចូរស្តាប់ (នូវព្រះបរិត្ត) ចូរធ្វើនូវមេត្តាចិត្ត ដល់ពពួកសត្វជាមនុស្សជាតិ មនុស្សទាំងឡាយណា តែងនាំមកនូវពលី ក្នុងពេលថ្ងៃ និងពេលយប់ ព្រោះហេតុនោះ សូមអ្នកទាំងឡាយ កុំប្រហែសធ្វេស រក្សានូវមនុស្សទាំងនោះ ។ ទ្រព្យណាមួយ ក្នុងលោកនេះក្តី ក្នុងលោកខាងមុខក្តី រតនវត្ថុដ៏ឧត្តមណា ក្នុងឋានសួគ៌ក្តី ទ្រព្យ និងរតនវត្ថុទាំងនោះឯង ស្មើដោយព្រះតថាគត មិនមានឡើយ រតនៈ គឺព្រះពុទ្ធនេះឯង ជារតនៈដ៏ឧត្តម ដោយសច្ចៈនេះ សូមមានសិរីសួស្តី ។

ព្រះសក្យមុនី ទ្រង់មានព្រះទ័យតម្កល់មាំ បានត្រាស់ដឹងហើយ នូវព្រះធម៌ណា ជាទីក្ស័យទៅនៃកិលេស ជាទីប្រាសចាករាគៈ ជាធម៌មិនស្លាប់ ជាធម៌ឧត្តម រតនៈនីមួយស្មើដោយព្រះធម៌នោះមិនមាន រតនៈ គឺព្រះធម៌នេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី ។

ព្រះពុទ្ធជាបុគ្គលប្រសើរ ទ្រង់សរសើរនូវសមាធិណា ថាជាធម៌ដ៏ស្អាត បណ្ឌិតទាំងឡាយ ពោលហើយនូវសមាធិណា ថាជាធម៌ឲ្យផលដោយលំដាប់ សមាធិឯទៀត ស្មើដោយសមាធិនោះ មិនមានឡើយ រតនៈ គឺព្រះធម៌នេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី ។

បុគ្គលទាំងឡាយណា ៨ ពួក ដែលពួកសប្បុរសសរសើរហើយ រាប់ជាគូ មាន ៤ គូ បុគ្គលទាំងឡាយនោះ ជាសាវ័ករបស់ព្រះសុគត លោកគួរដល់ទក្ខិណាទាន ទានទាំងឡាយ ដែលបុគ្គលឲ្យហើយ ចំពោះទក្ខិណេយ្យបុគ្គលទាំងឡាយនោះ ជាទានមានផលច្រើន រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី ។

អរិយបុគ្គលទាំងឡាយណា ក្នុងសាសនានៃព្រះសម្ពុទ្ធព្រះនាមគោតម ប្រកបត្រូវល្អហើយ មានចិត្តខ្ជាប់ខ្ជួន ឥតមានសេចក្តីប្រាថ្នាឡើយ អរិយបុគ្គលទាំងឡាយនោះ ដល់ហើយនូវអរហត្តផល សម្រេចហើយនូវព្រះនិព្វាន បាននូវការរលត់កិលេសដោយទទេ (ឥតមានទិញដូរឡើយ) ហើយទទួលនូវផល រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី ។

សសរគោល ដែលគេបោះភ្ជាប់នឹងផែនដី ជារបស់មិនកម្រើកញាប់ញ័រដោយខ្យល់ព្យុះ ដែលបក់មកអំពីទិសទាំង ៤ យ៉ាងណាមិញ អ្នកណាពិចារណាឃើញនូវអរិយសច្ចទាំងឡាយ តថាគតហៅអ្នកនោះ ថាជាសប្បុរស (មិនញាប់ញ័រដោយលោកធម៌ទាំងឡាយ) ដូចសសរគោលដូច្នោះឯង រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី ។

អរិយបុគ្គលទាំងឡាយណា ធ្វើឲ្យជាក់ច្បាស់នូវអរិយសច្ចទាំងឡាយ ដែលព្រះតថាគត ព្រះអង្គមានប្រាជ្ញាដ៏ជ្រាលជ្រៅ សំដែងប្រពៃហើយ អរិយបុគ្គលទាំងនោះ ទុកជាប្រមាទដ៏លើសលប់ក៏ដោយ អរិយបុគ្គលទាំងនោះ គង់មិនកាន់យកភពជាគម្រប់ ៨ គឺមិនកើតទៀតហួសពី ៧ ជាតិឡើយ រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី ។

(សំយោជនក្កិលេស ៣ យ៉ាងគឺ) សក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វតបរាមាសៈណាមួយ ធម៌ទាំងឡាយ ៣ នោះ សោតាបន្នបុគ្គលនោះ បានលះបង់ហើយ ជាមួយនឹងទស្សនសម្បទា គឺសោតាបត្តិមគ្គ មួយទៀត សោតាបន្នបុគ្គល រួចស្រឡះចាកអបាយទាំង ៤ ផង មិនអាចធ្វើនូវអភិដ្ឋាន [សំដៅយកអនន្តរិយកម្ម ៥ និងការបែរចិត្តទៅកាន់សាសនាដទៃ ។] ទាំងឡាយ ៦ ផង រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី ។

ប្រសិនបើសោតាបន្នបុគ្គលនោះ ធ្វើនូវបាបកម្មដោយកាយ វាចា ឬដោយចិត្តក៏ដោយ (ព្រោះសេចក្តីភ្លាំងភ្លាត់) សោតាបន្នបុគ្គលនោះ មិនដែលបិទបាំងនូវបាបកម្មនោះឡើយ ភាវៈនៃបុគ្គលមានផ្លូវនៃព្រះនិព្វានឃើញហើយ ជាបុគ្គលមិនដែលបិទបាំងបាបកម្ម ព្រះពុទ្ធទាំងឡាយ បានត្រាស់សំដែងហើយ រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី ។

គុម្ពឈើក្នុងព្រៃ មានត្រួយលូតលាស់ ក្នុងខាងដើមគិម្ហរដូវ គឺខែក្តៅ យ៉ាងណាមិញ ព្រះពុទ្ធបានត្រាស់សំដែងហើយនូវធម៌ដ៏ប្រសើរ ជាធម៌អាចញ៉ាំងសត្វទាំងឡាយ ឲ្យដល់នូវព្រះនិព្វាន ដើម្បីប្រយោជន៍ដ៏ឧត្តម ដូចជាគុម្ពឈើមានក្នុងព្រៃ ដូច្នោះឯង រតនៈ គឺព្រះពុទ្ធនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី ។

ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលប្រសើរ ទ្រង់ជ្រាបនូវធម៌ដ៏ប្រសើរ ទ្រង់ប្រទាននូវធម៌ដ៏ប្រសើរ ទ្រង់នាំមកនូវធម៌ដ៏ប្រសើរ ព្រះអង្គប្រសើរ ឥតមានអ្នកណាមួយស្មើ ទ្រង់ត្រាស់សំដែងហើយនូវធម៌ដ៏ប្រសើរ រតនៈ គឺព្រះពុទ្ធនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី ។

កម្មចាស់ (របស់អរិយបុគ្គលណា) អស់ហើយ កម្មថ្មី រមែងមិនកើតប្រាកដ អរិយបុគ្គលទាំងឡាយណា មានចិត្តនឿយណាយហើយក្នុងភពតទៅ អរិយបុគ្គលទាំងឡាយនោះ មានពូជអស់ហើយ មានឆន្ទៈ គឺសេចក្តីប៉ុនប៉ងក្នុងចិត្ត មិនដុះចម្រើនឡើង ជាអ្នកមានប្រាជ្ញា តែងរលត់ទៅ ដូចប្រទីប ដែលរលត់ទៅនេះ រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី ។

ពួកភូតណា ឋិតនៅលើផែនដីក្តី ពួកភូតណា ឋិតនៅឰដ៏អាកាសក្តី ដែលមកប្រជុំគ្នា ក្នុងទីនេះ យើងទាំងឡាយ សូមនមស្ការនូវព្រះពុទ្ធជាម្ចាស់ ទ្រង់បានត្រាស់មកហើយដូចគ្នា ដែលទេវតា និងមនុស្សតែងបូជា សូមមានសិរីសួស្តី ។

ពួកភូតណា ឋិតនៅលើផែនដីក្តី ពួកភូតណា ឋិតនៅឰដ៏អាកាសក្តី ដែលមកប្រជុំគ្នា ក្នុងទីនេះ យើងទាំងឡាយ សូមនមស្ការនូវព្រះធម៌ដែលមានមកហើយដូចគ្នា ដែលមនុស្ស និងទេវតាតែងបូជា សូមមានសិរីសួស្តី ។

ពួកភូតណា ឋិតនៅលើផែនដីក្តី ពួកភូតណា ឋិតនៅឰដ៏អាកាសក្តី ដែលមកប្រជុំគ្នា ក្នុងទីនេះ យើងទាំងឡាយ សូមនមស្ការនូវព្រះសង្ឃ ដែលមានមកហើយដូចគ្នា ដែលទេវតា និងមនុស្សតែងបូជា សូមមានសិរីសួស្តី ។

ចប់ រតនសូត្រ ។

៧. តិរោកុឌ្ឌកណ្ឌកែប្រែ

[៨] បើបុគ្គលឃើញសុខធំទូលាយ ព្រោះលះសុខមានប្រមាណតិចចេញ អ្នកមានប្រាជ្ញា កាលឃើញច្បាស់សុខធំទូលាយ គប្បីលះសុខមានប្រមាណតិចចេញ ។

ប្រេតទាំងឡាយ មកកាន់ផ្ទះនៃញាតិ ដោយគិតថា ផ្ទះរបស់ខ្លួន ហើយឈរនៅជិតខាងក្រៅជញ្ជាំងទាំងឡាយខ្លះ នាផ្លូវបែកជា ៤ និងផ្លូវបែកជា ៣ ទាំងឡាយខ្លះ ជិតទ្វារក្រុង និងទ្វារផ្ទះទាំងឡាយខ្លះ ។ កាលបើបាយ ទឹក បង្អែម និងចំអាប មានគ្រប់គ្រាន់ ដែលពួកញាតិតាក់តែងទុកហើយ មិនមានញាតិណាមួយ នឹកដល់ប្រេតទាំងឡាយនោះ ព្រោះកម្មរបស់សត្វទាំងឡាយ ជាបច្ច័យ ។ ញាតិទាំងឡាយណា ជាអ្នកអនុគ្រោះ ញាតិទាំងឡាយនោះ រមែងឧទ្ទិសឲ្យនូវទឹក និងភោជនដ៏ម៉ត់ចត់ ដ៏ប្រសើរ ជារបស់គួរតាមកាល ដល់ញាតិទាំងឡាយ យ៉ាងនេះថា ទាននេះ ចូរមានដល់ញាតិទាំងឡាយ សូមញាតិទាំងឡាយ បានដល់នូវសេចក្តីសុខ ។ ចំណែកប្រេតជាញាតិ ជាអ្នកមកប្រជុំគ្នាទាំងនោះ មកជួបជុំគ្នាហើយ ក្នុងមន្ទីរឲ្យទាននោះ កាលបើបាយ និងទឹក មានល្មមគ្រាន់ ក៏អនុមោទនា ដោយគោរពថា យើងទាំងឡាយ បានសម្បត្តិនេះ ព្រោះហេតុនៃញាតិទាំងឡាយណា សូមពួកញាតិ របស់យើងទាំងឡាយនោះ រស់នៅយឺនយូរ ការបូជាដែលញាតិទាំងឡាយធ្វើហើយ ដល់យើងទាំងឡាយក្តី ញាតិទាំងឡាយ ជាអ្នកឲ្យទានក្តី មិនមែនជាឥតផលឡើយ កសិកម្ម ក៏មិនមានក្នុងភូមិ នៃប្រេតនោះ គោរក្ខកម្ម ក៏មិនមានក្នុងភូមិនៃប្រេតនោះ ពាណិជ្ជកម្ម ដែលជាហេតុបានសម្បត្តិបែបដូច្នោះ ក៏មិនមាន ការលក់ទិញផ្លាស់ប្តូរដោយប្រាក់ ក៏មិនមាន បុគ្គលទាំងឡាយ ធ្វើកាលកិរិយា លះលោកនេះទៅហើយ រមែងញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅក្នុងប្រេតវិស័យនោះ ដោយផលទានដែលញាតិទាំងឡាយឧទ្ទិសឲ្យហើយអំពីលោកនេះ ។ ទឹកធ្លាក់ចុះលើទីទួល រមែងហូរទៅកាន់ទីទាប ដូចម្តេចមិញ ទានដែលបុគ្គលឲ្យហើយ អំពីលោកនេះ រមែងសម្រេចផល ដល់ប្រេតទាំងឡាយ ដូច្នេះដែរ ។ ផ្លូវទឹក មានទន្លេ និងស្ទឹងជាដើមដ៏ពេញ រមែងញ៉ាំងសាគរឲ្យពេញប្រៀប ដូចម្តេចមិញ ទានដែលបុគ្គលឲ្យហើយអំពីលោកនេះ រមែងសម្រេចផល ដល់ប្រេតទាំងឡាយ ដូច្នោះដែរ ។ បុគ្គលកាលរឭកឃើញនូវឧបការគុណ ដែលលោកធ្វើទុកដល់ខ្លួន ក្នុងកាលមុនថា អ្នកនេះបានឲ្យរបស់នេះដល់អញ អ្នកនេះបានធ្វើគុណនេះដល់អញ ជនទាំងឡាយនោះ ជាញាតិមិត្រ ជាសំឡាញ់របស់អញដូច្នេះហើយ គួរឲ្យទក្ខិណាទាន ចំពោះប្រេតទាំងឡាយ ។ ការយំសោកសៅ និងការខ្សឹកខ្សួលដទៃណា មិនមានប្រយោជន៍ឡើយ ការយំជាដើមនោះ មិនសម្រេចប្រយោជន៍ ដល់ប្រេតទាំងឡាយទេ ញាតិទាំងឡាយ រមែងឋិតនៅយ៉ាងនោះដដែល ឥតបានដឹង បានឮឡើយ ។ លុះតែទក្ខិណាទាននេះ ដែលបុគ្គលបានឲ្យហើយ តម្កល់ទុកប្រពៃហើយ ក្នុងសង្ឃ ទើបសម្រេចផលដោយរួសរាន់ ដើម្បីប្រយោជន៍ដល់ប្រេតនោះ អស់កាលជាអង្វែង ។ ញាតិធម៌នោះ ឈ្មោះថា មហាបពិត្រ បានសំដែងជាបែបយ៉ាងហើយ ការបូជាដ៏ថ្លៃថ្លា ចំពោះប្រេតទាំងឡាយ ឈ្មោះថា បានធ្វើហើយផង កម្លាំងកាយនៃភិក្ខុទាំងឡាយ ឈ្មោះថា បានបំពេញឲ្យហើយផង បុណ្យ ឈ្មោះថា បានសន្សំទុក មិនមែនតិចឡើយផង ។

ចប់ តិរោកុឌ្ឌកណ្ឌ ។

៨. និធិកណ្ឌកែប្រែ

[៩] បុរសកប់កំណប់ទ្រព្យទុកក្នុងទីជ្រៅ ជាទីបំផុតនៃទឹក ដោយគិតថា កាលបើកិច្ចដែលត្រូវការ កើតឡើងហើយ ទ្រព្យនេះ នឹងបានជាប្រយោជន៍ ដល់អាត្មាអញ ដែលត្រូវពួកបច្ចាមិត្រពោលបង្កាច់ នឹងបានដោះខ្លួនចេញពីស្តេច ឬត្រូវចោរបៀតបៀន នឹងបានដោះខ្លួនចេញពីចោរ នឹងបានដោះបំណុល ឬក្នុងពេលទុរភិក្ស ឬក៏ក្នុងកាលអន្តរាយទាំងឡាយ ធម្មតា កំណប់ដែលគេកប់ទុកក្នុងលោក ដើម្បីប្រយោជន៍នេះឯង ។ កំណប់ ដែលបុគ្គលកប់ក្នុងទីជ្រៅ មានទីបំផុតទល់នឹងទឹកដល់ម្ល៉ោះ កំណប់ទ្រព្យទាំងអស់នោះ ក៏មិនសម្រេចដល់បុគ្គលនោះសព្វកាលទេ ដ្បិតថា កំណប់ទ្រព្យ រមែងឃ្លាតទៅ ចាកទីខ្លះ សេចក្តីចំណាំរបស់បុគ្គលនោះ រមែងវង្វេងទៅខ្លះ នាគទាំងឡាយ រមែងនាំជញ្ជូនទៅខ្លះ ពុំនោះសោត ពួកយក្សនាំយកទ្រព្យនោះទៅខ្លះ អ្នកទទួលមត៌ក ដែលមិនជាទីស្រឡាញ់ រមែងគាស់យកនូវកំណប់ទ្រព្យនោះ កាលខ្លួនមិនបានឃើញខ្លះ ខ្លួនអស់បុណ្យទៅវេលាណា កំណប់ទ្រព្យទាំងអស់នោះ រមែងវិនាសបាត់បង់ទៅក្នុងវេលានោះ ។ កំណប់ទ្រព្យ ដែលស្ត្រី ឬបុរសណា បានកប់ទុកល្អហើយដោយទាន សីល ដោយការសង្រួម និងដោយការទូន្មានខ្លួន ក្នុងចេតិយ ឬក្នុងសង្ឃ ឬក្នុងបុគ្គល ឬក្នុងពួកភ្ញៀវ ឬមួយក្នុងមាតា ក្នុងបិតា ឬថាក្នុងបងប្រុស-ស្រីដែលជាច្បង កំណប់ទ្រព្យនុ៎ះ ចាត់ជាកំណប់ទ្រព្យដែលកប់ទុកប្រពៃហើយ នរណា ៗ មិនគប្បីផ្ចាញ់បាន ជាកំណប់ទ្រព្យ ដែលជាប់តាមខ្លួនទៅ កាលភោគៈទាំងឡាយដែលខ្លួនត្រូវលះបង់ហើយទៅ ខ្លួនរមែងកាន់យកនូវកំណប់ទ្រព្យ គឺបុណ្យនុ៎ះទៅ កំណប់ទ្រព្យ គឺបុណ្យ មិនទួទៅ ដល់ពួកជនដទៃ ជារបស់ដែលចោរលួចទៅមិនបាន ។ កំណប់ទ្រព្យ គឺបុណ្យណា ជាប់តាមខ្លួនទៅបាន អ្នកប្រាជ្ញ គួរធ្វើនូវកំណប់ទ្រព្យ គឺបុណ្យនោះ កំណប់ទ្រព្យ គឺបុណ្យនុ៎ះ ឲ្យនូវសេចក្តីប្រាថ្នាគ្រប់យ៉ាងដល់ទេវតា និងមនុស្សទាំងឡាយ ពួកទេវតា និងមនុស្សទាំងឡាយ ប្រាថ្នាណាស់ នូវផលណា ៗ ផលទាំងពួងនោះៗ រមែងបានដោយកំណប់ទ្រព្យ គឺបុណ្យនុ៎ះ ។ ភាពជាអ្នកមានសម្បុរផូរផង់ មានសំឡេងពីរោះ ទ្រង់ទ្រាយល្អ រូបល្អ ជាអធិបតី មានយសបរិវារ ផលទាំងអស់ រមែងបានដោយកំណប់ទ្រព្យ គឺបុណ្យនុ៎ះ ។ ភាពជាស្តេចប្រទេសរាជ ឥស្សរិយយស សេចក្តីសុខរបស់ស្តេចចក្រពត្តិជាទីស្រឡាញ់ ភាពជាស្តេចនៃទេវតា ក្នុងទេពនិកាយទាំងឡាយ ផលទាំងអស់ រមែងបានដោយកំណប់ទ្រព្យ គឺបុណ្យនុ៎ះ ។ សម្បត្តិជារបស់មនុស្សណាផង សេចក្តីត្រេកអរ ក្នុងទេវលោកណាផង សម្បត្តិ គឺព្រះនិព្វានណាផង សម្បត្តិទាំងអស់ រមែងបានដោយកំណប់ទ្រព្យ គឺបុណ្យនុ៎ះ ។ ភាពនៃបុគ្គលកាលអាស្រ័យមិត្តសម្បទា បើប្រកបសេចក្តីព្យាយាម ដោយឧបាយ ដែលត្រូវជាអ្នកស្ទាត់ក្នុងវិជ្ជា និងវិមុត្តិ ឥដ្ឋផលទាំងអស់ បានដោយកំណប់ទ្រព្យ គឺបុណ្យនុ៎ះ ។ បដិសម្ភិទា វិមោក្ខ សាវកបារមីញាណ បច្ចេកពោធិញាណ និងពុទ្ធភូមិណា ៗ ឥដ្ឋផលទាំងអស់ រមែងបានដោយកំណប់ទ្រព្យ គឺបុណ្យនុ៎ះ ។ បុញ្ញសម្បទានេះ ឲ្យសំរេចប្រយោជន៍ដ៏ធំ ដោយប្រការដូច្នេះ ព្រោះហេតុនោះ អ្នកប្រាជ្ញទាំងឡាយ ជាធីរជន ទើបសរសើរនូវភាពនៃបុគ្គលជាអ្នកមានបុណ្យធ្វើទុកហើយ ។

ចប់ និធិកណ្ឌសូត្រ ។

៩. ករណីយមេត្តសូត្រកែប្រែ

[១០] កិច្ចណា (ដែលព្រះអរិយៈ) បានត្រាស់ដឹងនូវបទដ៏ស្ងប់រម្ងាប់ គឺព្រះនិព្វាន (បានធ្វើហើយ) កិច្ចនោះ កុលបុត្រអ្នកឈ្លាសក្នុងប្រយោជន៍គួរធ្វើ (កុលបុត្រនោះ) ជាអ្នកអាចហ៊ានផង ត្រង់ដោយកាយ និងវាចារផង ត្រង់ល្អដោយចិត្តផង គេប្រដៅងាយផង មានសុភាពទន់ភ្លន់ផង មិនមានមានះដ៏ក្រៃលែងផង សន្តោសផង គេចិញ្ចឹមងាយផង មានកិច្ចធុរៈតិចផង ប្រព្រឹត្តស្រាលព្រម (មានបរិក្ខារតិច) ផង មានឥន្ទ្រិយស្រគត់ស្រគំផង មានប្រាជ្ញាចាស់ផង មិនឃ្នើសឃ្នងផង មិនជាប់ជំពាក់ក្នុងត្រកូលទាំងឡាយផង វិញ្ញូជនទាំងឡាយ គួរតិះដៀលជនទាំងឡាយដទៃ ដោយកម្មណា មិនគួរប្រព្រឹត្តធ្វើនូវកម្មនោះ ដែលជាកម្មលាមក សូម្បីតិចតួច (ហើយគួរផ្សាយមេត្តាចិត្ត ចំពោះពពួកសត្វថា) សត្វទាំងឡាយទាំងពួង សូមឲ្យមានសេចក្តីសុខ ឲ្យមានសេចក្តីក្សេម ឲ្យមានខ្លួនដល់នូវសេចក្តីសុខចុះ សត្វមានជីវិតទាំងឡាយណាមួយ ឥតមានសេសសល់ ទោះសត្វមានសេចក្តីតក់ស្លុត គឺនៅមានតណ្ហាក្តី មាំមួន គឺឥតមានតណ្ហាក្តី សត្វទាំងឡាយណា មានកាយវែងក្តី ធំក្តី មានកាយយ៉ាងកណ្តាលក្តី ខ្លីក្តី មានកាយស្គម ឬធាត់ក្តី សត្វទាំងឡាយណា ដែលយើងឃើញហើយក្តី មិនឃើញហើយក្តី សត្វទាំងឡាយណា នៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ដែលកើតរួចមកហើយក្តី ដែលកំពុងស្វែងរកទីកើតក្តី សត្វទាំងអស់ (នោះ) ចូរមានខ្លួនជាសុខចុះ ។ សត្វដទៃមិនគួរកំហែងបៀតបៀននូវសត្វដទៃឡើយ មិនគួរមើលងាយគេតិចតួចក្នុងទីណាមួយឡើយ មិនគួរប្រាថ្នានូវសេចក្តីទុក្ខ ដល់គ្នានឹងគ្នា ព្រោះសេចក្តីក្រេវក្រោធ និងសេចក្តីចង្អៀតចង្អល់ ក្នុងចិត្តឡើយ ។ មាតាថ្នមរក្សាបុត្រដែលកើតអំពីខ្លួន ជាកូនតែមួយ ដោយអាយុ (ស្មើដោយជីវិត) យ៉ាងណាមិញ បុគ្គលគួរចម្រើនមេត្តាចិត្ត មិនមានប្រមាណ ចំពោះសត្វទាំងឡាយទាំងពួង យ៉ាងនោះឯង ។ បុគ្គលគួរចម្រើនមេត្តាចិត្ត មិនមានប្រមាណ ជាធម៌មិនចង្អៀត មិនមានពៀរ មិនមានសត្រូវ ទៅក្នុងលោកទាំងអស់ គឺក្នុងទីខាងលើផង ខាងក្រោមផង ខាងទទឹង គឺត្រង់កណ្តាលផង ។ (បុគ្គលអ្នកចម្រើនមេត្តាចិត្តនោះ) ទោះឈរក្តី ដើរក្តី អង្គុយក្តី ដេកក្តី ជាអ្នកមានសេចក្តីងោកងក់ទៅប្រាសហើយ គឺជាអ្នកមិនដេកលក់ អស់កាលត្រឹមណា គួរតម្កល់នូវសតិនោះ អស់កាលត្រឹមនោះ បណ្ឌិតទាំងឡាយ ពោលនូវកិរិយានុ៎ះ ថាជាព្រហ្មវិហារ ក្នុងសាសនានេះ ។ (បុគ្គលដែលមានមេត្តាព្រហ្មវិហារ) មិនងប់នឹងទិដ្ឋិ ជាអ្នកមានសីល ប្រកបដោយទស្សនសម្បត្តិ គឺសោតាបត្តិមគ្គ (តទៅទៀត) បន្ទោបង់នូវសេចក្តីជាប់ជំពាក់ ក្នុងកាមទាំងឡាយហើយរមែងមិនមកកាន់គព្ភសេយ្យាទៀតឡើយ ។

ចប់ មេត្តសូត្រ ។

ចប់ ខុទ្ទកបាឋ ។

២. ធម្មបទគាថាកែប្រែ

១. យមកវគ្គកែប្រែ

[១១] ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត (មានចិត្តជាធំ) សម្រេចអំពីចិត្ត បើបុគ្គលមានចិត្តត្រូវទោស [ធម៌ជាទោស ឬជាឧបក្កិលេសនៃចិត្ត មានអភិជ្ឈាជាដើម ដែលចូលមកធ្វើចិត្តឲ្យវឹកវរ ។] ប្រទូស្តហើយ ពោលក្តី ធ្វើក្តី (នូវទុច្ចរិត) ព្រោះទុច្ចរិតទាំងនោះ ទុក្ខ រមែងជាប់តាមបុគ្គលនោះទៅ ដូចកង់រទេះវិលតាមដានជើងគោដែលកំពុងអូសទៅ ។

ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត សម្រេចអំពីចិត្ត បើបុគ្គលមានចិត្តជ្រះថ្លា [ជ្រះថ្លាដោយគុណ មានអនភិជ្ឈាជាដើម ។ អដ្ឋកថា ។] ហើយ ពោលក្តី ធ្វើក្តី (នូវសុចរិត) ព្រោះសុចរិតទាំងនោះ សុខ រមែងជាប់តាមបុគ្គលនោះទៅ ដូចស្រមោលអន្ទោលតាមប្រាណ ។

អ្នកឯណោះ បានជេរអញ អ្នកឯណោះ បានវាយអញ អ្នកឯណោះ បានផ្ចាញ់អញ អ្នកឯណោះ បានលួចយកទ្រព្យរបស់អញទៅហើយ បើអ្នកណា ចងសេចក្តីក្រោធបែបនោះទុក (ដូច្នេះ) ពៀររបស់អ្នកនោះ មិនរម្ងាប់ឡើយ ។

អ្នកឯណោះ បានជេរអញ អ្នកឯណោះ បានវាយអញ អ្នកឯណោះ បានផ្ចាញ់អញ អ្នកឯណោះ បានលួចយកទ្រព្យរបស់អញទៅហើយ បើអ្នកណា មិនចងសេចក្តីក្រោធបែបនោះទុក (ដូច្នេះ) ពៀររបស់អ្នកនោះ ទើបរម្ងាប់បាន ។ ពិតមែន តាំងពីកាលណាមក ក្នុងលោកនេះ ពៀរទាំងឡាយ មិនរម្ងាប់ដោយពៀរឡើយ ពៀរទាំងឡាយ តែងរម្ងាប់ដោយមិនមានពៀរ នេះជាបវេណីធម៌ ។ ជនទាំងឡាយដទៃ (ក្រៅអំពីបណ្ឌិត) តែងមិនដឹងខ្លួនថា យើងទាំងឡាយ នឹងវិនាសក្នុងកណ្តាលនៃពួកនេះ ដូច្នេះឡើយ ចំណែកជនទាំងឡាយណា ក្នុងពួកនេះ ដឹងខ្លួនថា យើងទាំងឡាយ នឹងវិនាសក្នុងកណ្តាលនៃពួកនេះ ដូច្នេះ ការឈ្លោះប្រកែកទាំងឡាយ រមែងរម្ងាប់អំពីជនទាំងឡាយនោះ ។

បុគ្គលដែលយល់ឃើញនូវអារម្មណ៍ថាល្អ មិនសង្រួមក្នុងឥន្ទ្រិយទាំងឡាយ មិនដឹងប្រមាណក្នុងភោជន ខ្ជិលច្រអូស មានព្យាយាមធូរថយ កិលេសមារ រមែងគ្របសង្កត់បុគ្គលនោះឯង ដូចខ្យល់ដែលគ្របសង្កត់ដើមឈើទុព្វលដូច្នោះ ។ ឯបុគ្គលដែលយល់ឃើញនូវអារម្មណ៍ថាមិនល្អ សង្រួមប្រពៃក្នុងឥន្ទ្រិយទាំងឡាយ ដឹងប្រមាណក្នុងភោជន មានសទ្ធា ប្រារព្ធព្យាយាម កិលេសមារតែងគ្របសង្កត់បុគ្គលនោះមិនបាន ដូចខ្យល់គ្របសង្កត់ភ្នំថ្មតាន់មិនបានដូច្នោះ ។

អ្នកណា នៅមានទឹកចត់ គឺរាគាទិក្កិលេស (ក្នុងសន្តាន) ជាអ្នកបោះបង់ការទូន្មាន នូវឥន្ទ្រិយ និងសច្ចៈ ហើយស្លៀកដណ្តប់សំពត់កាសាវៈ អ្នកនោះ មិនគួរនឹងស្លៀកដណ្តប់សំពត់កាសាវៈឡើយ ។ លុះតែអ្នកណា មានទឹកចត់ គឺរាគាទិក្កិលេស ខ្ជាក់ចោលអស់ហើយ ជាអ្នកមានចិត្តតម្កល់មាំ ក្នុងចតុប្បារិសុទ្ធិសីល ប្រកបដោយការទូន្មាននូវឥន្ទ្រិយ និងសច្ចៈ អ្នកនោះឯង ទើបគួរនឹងស្លៀកដណ្តប់សំពត់កាសាវៈបាន ។

ជនទាំងឡាយ ដែលយល់ឃើញក្នុងធម៌មានខ្លឹម ថាជាធម៌មិនមានខ្លឹមផង ជាអ្នកមានតម្រិះខុសជាអារម្មណ៍ រមែងមិនបាននូវធម៌ដែលមានខ្លឹមឡើយ ។ ជនទាំងឡាយ ដែលយល់ឃើញនូវធម៌មានខ្លឹម ថាជាធម៌មានខ្លឹមផង យល់ឃើញនូវធម៌គ្មានខ្លឹម ថាជាធម៌គ្មានខ្លឹមផង ជាអ្នកមានតម្រិះត្រូវ ជាអារម្មណ៍ រមែងបាននូវធម៌ដែលមានខ្លឹម ។

ផ្ទះដែលប្រក់ខ្ជីខ្ជាហើយ ដំណក់ទឹកភ្លៀង រមែងលេចរហូត យ៉ាងណាមិញ ចិត្តដែលបុគ្គលមិនបានអប់រំទុកហើយ រាគៈរមែងចាក់ដោតយ៉ាងនោះឯង ។ ផ្ទះដែលប្រក់ល្អហើយ ដំណក់ទឹកភ្លៀង រមែងមិនលេចរហូត យ៉ាងណាមិញ ចិត្តដែលបុគ្គលបានអប់រំទុកល្អហើយ រាគៈរមែងមិនចាក់ដោតបាន យ៉ាងនោះឯង ។

បុគ្គលអ្នកធ្វើបាប តែងសោកស្តាយក្នុងលោកទាំងពីរ គឺសោកស្តាយ ក្នុងលោកនេះ ១ ក្នុងលោកខាងមុខ ១ បុគ្គលនោះ រមែងសោកស្តាយ ក្តៅក្រហាយ ព្រោះឃើញអំពើសៅហ្មងរបស់ខ្លួន ។ បុគ្គលអ្នកធ្វើបុណ្យទុក រមែងរីករាយក្នុងលោកទាំងពីរ គឺរីករាយក្នុងលោកនេះ ១ រីករាយក្នុងលោកខាងមុខ ១ បុគ្គលនោះ រមែងរីករាយ ស្រស់ស្រាយ ព្រោះឃើញអំពើបរិសុទ្ធរបស់ខ្លួន ។

បុគ្គលអ្នកធ្វើអំពើបាប តែងក្តៅក្រហាយ ក្នុងលោកទាំងពីរ គឺក្តៅក្រហាយក្នុងលោកនេះ ១ ក្តៅក្រហាយក្នុងលោកខាងមុខ ១ បុគ្គលនោះ រមែងក្តៅក្រហាយដោយគិតឃើញថា បាប អញបានធ្វើហើយ លុះធ្វើមរណកាលទៅកាន់ទុគ្គតិ ក៏រឹងរឹតតែក្តៅក្រហាយដ៏ក្រៃលែង ។ បុគ្គលអ្នកធ្វើបុណ្យទុក រមែងត្រេកអរក្នុងលោកទាំងពីរ គឺត្រេកអរក្នុងលោកនេះ ១ ត្រេកអរក្នុងលោកខាងមុខ ១ បុគ្គលនោះ រមែងត្រេកអរដោយគិតឃើញថា បុណ្យ អញបានធ្វើហើយ លុះធ្វើមរណកាលទៅកាន់សុគតិ ក៏រឹងរឹតតែត្រេកអរដ៏ក្រៃលែង ។

បើនរជនពោលពាក្យប្រកបដោយប្រយោជន៍ សូម្បីច្រើន តែជាអ្នកប្រមាទ មិនធ្វើតាមពាក្យនោះ រមែងជាអ្នកមិនមានចំណែកសាមញ្ញផលឡើយ ដូចអ្នករក្សាគោ កាលរាប់គោប្រគល់ឲ្យអ្នកដទៃហើយ (ជាអ្នកមិនបានបរិភោគនូវបញ្ចគោរស) ដូច្នោះឯង ។ បើនរជនពោលពាក្យប្រកបដោយប្រយោជន៍ សូម្បីបន្តិចបន្តួច តែជាអ្នកប្រព្រឹត្តនូវធម៌សមគួរដល់ធម៌ បានលះបង់រាគៈ ទោសៈ និងមោហៈ ជាអ្នកដឹងនូវធម៌ ដែលគួរកំណត់តាមហេតុ មានចិត្តដកផុតអំពីសេចក្តីសៅហ្មង មិនមានសេចក្តីប្រកាន់មាំ ក្នុងលោកនេះ និងលោកខាងមុខ នរជននោះ រមែងជាអ្នកបានចំណែកសាមញ្ញផល ។

ចប់ យមកវគ្គ ទី១ ។

២. អប្បមាទវគ្គកែប្រែ

[១២] សេចក្តីមិនប្រមាទ [បានដល់ការប្រុងប្រយ័ត្ន ពាក្យនេះ ជាឈ្មោះស្មារតី ដែលបានតាំងប្រុងជានិច្ច ។] ជាផ្លូវនៃសេចក្តីមិនស្លាប់ [ពាក្យថា មិនស្លាប់នេះ ជាឈ្មោះព្រះនិព្វាន ព្រោះព្រះនិព្វាន មិនមានចាស់ មិនមានស្លាប់ ។] សេចក្តីប្រមាទ ជាផ្លូវនៃសេចក្តីស្លាប់ ជនទាំងឡាយ ដែលមិនប្រមាទហើយ [បានដល់ការមិនប្រុងប្រយ័ត្ន ពាក្យនេះជាឈ្មោះនៃការលះបង់ស្មារតី ។] ឈ្មោះថា មិនស្លាប់ ជនទាំងឡាយ ដែលប្រមាទហើយ ទុកដូចជាមនុស្សស្លាប់ទៅហើយ ។ ពួកបណ្ឌិត បានជ្រាបនូវដំណើរនេះដោយប្លែកគ្នា (ទើបឋិតនៅ) ក្នុងសេចក្តីមិនប្រមាទ រីករាយក្នុងសេចក្តីមិនប្រមាទ បណ្ឌិតទាំងនោះ ជាអ្នកត្រេកអរ ក្នុងធម៌ជាគោចរ [ពោធិបក្ខិយធម៌ ៣៧ និងលោកុត្តរធម៌ ៩ ហៅថា គោចរនៃអរិយៈ ។] នៃអរិយបុគ្គលទាំងឡាយ មានការពិនិត្យ ជាប្រក្រតី មានព្យាយាមជាប់តគ្នា មានសេចក្តីប្រឹងប្រែងមាំមួនជានិច្ច ជាអ្នកមានប្រាជ្ញា តែងប៉ះពាល់នូវព្រះនិព្វាន ជាទីក្សេមក្សាន្តចាកយោគៈ ជាគុណជាតដ៏ប្រសើរបំផុត ។

យស [ភាពជាធំ ភោគសម្បត្តិ សេចក្តីរាប់អាន កិត្តិសព្ទដ៏ពីរោះ គុណទាំងនេះ រួមហៅថា យស ។] តែងចម្រើនកុះករ ដល់បុគ្គលអ្នកមានសេចក្តីប្រឹងប្រែង មានស្មារតី មានការងារស្អាត (ឥតទោស) ជាអ្នកពិចារណា រួចហើយទើបធ្វើ ជាអ្នកសង្រួម រស់នៅដោយធម៌ មិនមានសេចក្តីប្រមាទ ។

អ្នកប្រាជ្ញ គប្បីសាងកោះ គឺអរហត្តផល ជាកោះដែលជំនន់ គឺកិលេសជន់ពន្លិចមិនបាន ដោយសេចក្តីប្រឹងប្រែងផង ដោយសេចក្តីមិនប្រមាទផង ដោយការសង្រួមក្នុងចតុប្បារិសុទ្ធិសីលផង ដោយការទូន្មានឥន្ទ្រិយផង ។

ពួកជនពាលអប្បឥតប្រាជ្ញា តែងប្រកបរឿយៗ នូវសេចក្តីប្រមាទ ចំណែកអ្នកប្រាជ្ញ រមែងរក្សាទុកនូវសេចក្តីមិនប្រមាទ ដូចទ្រព្យយ៉ាងប្រសើរ ។ អ្នកទាំងឡាយ ចូរកុំប្រកបរឿយៗ នូវសេចក្តីប្រមាទ ចូរកុំប្រកបរឿយៗ នូវសេចក្តីរីករាយ ត្រេកអរក្នុងកាមឡើយ ដ្បិតបុគ្គលអ្នកមិនប្រមាទ ខំសង្កេតពិនិត្យ រមែងបានសេចក្តីសុខដ៏ទូលាយ ។

កាលណាបណ្ឌិត បន្ទោបង់នូវសេចក្តីប្រមាទ ដោយសេចក្តីមិនប្រមាទ កាលណោះ លោកនឹងឡើងកាន់ប្រាសាទ គឺបញ្ញា ជាបុគ្គលមិនសោក រមែងឃើញពួកសត្វដែលមានសោក ធីរជនតែងឃើញពួកជនពាល ដូចបុគ្គលដែលឈរលើកំពូលភ្នំ ហើយក្រឡេកមើលពួកជនដែលឋិតនៅលើផែនដី ដូច្នោះឯង ។

បណ្ឌិតមានប្រាជ្ញាមុះមុត កាលពួកបុគ្គលកំពុងប្រមាទ លោកមិនប្រមាទ កាលពួកបុគ្គលកំពុងដេកលក់ លោកភ្ញាក់រឭកច្រើន លោករមែងលះបង់ចោលនូវបុគ្គលបែបនោះ ដូចសេះលឿន ដែលទៅចោលនូវសេះមានកម្លាំងទន់ទាប ដូច្នោះឯង ។

មឃមាណព ដល់នូវភាពជាបុគ្គលប្រសើរបំផុត ជាងទេវតាទាំងឡាយ ព្រោះតែសេចក្តីមិនប្រមាទ អ្នកប្រាជ្ញទាំងឡាយ តែងសរសើរនូវសេចក្តីមិនប្រមាទ ត្មះតិះដៀលនូវសេចក្តីប្រមាទ សព្វៗកាល ។

ភិក្ខុអ្នកត្រេកអរ ក្នុងសេចក្តីមិនប្រមាទ ឬឃើញភ័យក្នុងសេចក្តីប្រមាទ តែងដុតចោលសំយោជនៈទាំងតូច ទាំងធំ ដូចភ្លើងឆេះ (រាលនូវកំទេចទាំងតូចទាំងធំ) ដូច្នោះឯង ។

ភិក្ខុអ្នកត្រេកអរ ក្នុងសេចក្តីមិនប្រមាទ ឬឃើញភ័យក្នុងសេចក្តីប្រមាទ ជាអ្នកមិនគួរនឹងសាបសូន្យចាកគុណធម៌ ឈ្មោះថា ឋិតនៅក្នុងទីជិតនៃព្រះនិព្វាន ។

ចប់ អប្បមាទវគ្គ ទី២ ។

៣. ចិត្តវគ្គកែប្រែ

[១៣] អ្នកប្រាជ្ញ តែងធ្វើចិត្តដែលញាប់ញ័រ ឃ្លេងឃ្លោង រក្សាបានដោយកម្រ ហាមឃាត់បានដោយលំបាក ឲ្យជាចិត្តត្រង់បាន ដូចអ្នកធ្វើព្រួញ ពត់ព្រួញឲ្យត្រង់ ។ ចិត្តនេះ ដែលបុគ្គលលើកឡើងចាកអាល័យ គឺកាមគុណ ៥ បោះទៅក្នុងវិបស្សនាកម្មដ្ឋាន ដើម្បីលះបង់នូវវដ្ដៈជាទីនៅនៃមារ រមែងញាប់ញ័រ ដូចត្រីដែលគេលើកឡើង ចាកទីនៅ គឺទឹក បោះទៅលើគោក ដូច្នោះឯង ។

ការទូន្មានចិត្ត ដែលសង្កត់សង្កិនបានដោយលំបាក ជាធម្មជាតិរហ័ស មានប្រក្រតីធ្លាក់ចុះទៅតាមសេចក្តីប្រាថ្នា ក្នុងអារម្មណ៍ណាមួយ រមែងជាគុណញ៉ាំងប្រយោជន៍ឲ្យ សម្រេច (ព្រោះថា) ចិត្តដែលហ្វឹកហ្វឺនបានហើយ រមែងនាំមកនូវសេចក្តីសុខ ។

អ្នកមានប្រាជ្ញា គួររក្សាចិត្តដែលឃើញដោយកម្រក្រៃពេក ដែលល្អិតពេកណាស់ មានប្រក្រតីធ្លាក់ចុះទៅតាមសេចក្តីប្រាថ្នា ក្នុងអារម្មណ៍ណាមួយ (ព្រោះថា) ចិត្តដែលគេរក្សាបានហើយ រមែងនាំមកនូវសេចក្តីសុខ ។

អ្នកទាំងឡាយណា នឹងសង្រួមចិត្តដែលទៅឆ្ងាយ ជាចិត្តត្រាច់ទៅតែឯង មិនមានសរីរៈ មានគូហា គឺមហាភូតរូប ៤ ជាទីអាស្រ័យនៅ អ្នកទាំងនោះឯង រមែងរួចចាកចំណងនៃមារ ។

ប្រាជ្ញា រមែងមិនបរិបូណ៌ដល់បុគ្គលដែលមានចិត្តមិនខ្ជាប់ខ្ជួន មិនដឹងច្បាស់នូវព្រះសទ្ធម្ម មានសេចក្តីជ្រះថ្លាអណ្តែតទៅ ។ ភ័យរមែងមិនមាន ដល់បុគ្គលអ្នកមានចិត្តមិនទទឹកដោយរាគៈ មានចិត្តដែលទោសខ្ទាំងខ្ទប់មិនបាន មានបុណ្យ និងបាបលះចោលហើយ ភ្ញាក់រឭកជានិច្ច ។ បុគ្គលគប្បីដឹងច្បាស់នូវកាយនេះថា ដូចជាឆ្នាំង គប្បីបិទនូវចិត្តនេះ ឲ្យដូចជាបិទទ្វារនគរ គប្បីច្បាំងនូវមារដោយអាវុធ គឺបញ្ញា គប្បីរក្សាទុកនូវធម៌ ដែលខ្លួនឈ្នះហើយ មិនគប្បីជាអ្នកដំអក់នៅ (ក្នុងធម៌នោះ) ឡើយ ។

ឱហ្ន៎ មិនយូរប៉ុន្មានទេតើ កាយនេះ មានវិញ្ញាណទៅប្រាសហើយ គេយកទៅចោលផុតហើយ មុខជានឹងដេកស្តូកស្តឹងលើផែនដី ដូចជាអង្កត់ឧស រកប្រយោជន៍គ្មាន ។

ចោរក្រឡេកឃើញចោរផងគ្នា ឬក៏បុគ្គលមានពៀរ ក្រឡេកឃើញបុគ្គលមានពៀរផងគ្នា គប្បីធ្វើនូវសេចក្តីវិនាសណាមួយដល់គ្នា ចិត្តដែលបុគ្គលតាំងទុកខុសហើយ រមែងធ្វើបុគ្គលនោះ ឲ្យអាក្រក់ក្រៃលែងជាងសេចក្តីវិនាសនោះទៅទៀត ។

មាតាបិតា មិនគប្បីធ្វើហេតុនោះបាន ឬជនទាំងឡាយដទៃជាញាតិ មិនគប្បីធ្វើនូវហេតុនោះបាន ចំណែកខាងចិត្តដែលបុគ្គលតាំងទុកត្រូវហើយ រមែងធ្វើបុគ្គលនោះ ឲ្យប្រសើរជាងហេតុនោះបាន ។

ចប់ ចិត្តវគ្គ ទី៣ ។

៤. បុប្ផវគ្គកែប្រែ

[១៤] អ្នកណានឹងដឹងច្បាស់នូវផែនដី គឺអត្តភាពនេះ និងយមលោក គឺអបាយភូមិ ៤ និងមនុស្សលោកនេះ ព្រមទាំងទេវលោកបាន អ្នកណានឹងជ្រើសរើសនូវចំណែកនៃធម៌ ដែលព្រះតថាគតសំដែងប្រពៃហើយ ដូចមាលាការដែលឈ្លាសវៃ ជ្រើសរើសនូវផ្កា ដូច្នោះឯង ។

ព្រះសេក្ខបុគ្គល នឹងដឹងច្បាស់នូវផែនដី គឺអត្តភាពនេះ នឹងយមលោក គឺអបាយភូមិ ៤ និងមនុស្សលោកនេះ ព្រមទាំងទេវលោកបាន ព្រះសេក្ខបុគ្គល នឹងជ្រើសរើសនូវចំណែកនៃធម៌ ដែលព្រះតថាគតសំដែងប្រពៃហើយ ដូចមាលាការ ដែលឈ្លាសវៃ ជ្រើសរើសនូវផ្កា ដូច្នោះ ។

ភិក្ខុ កាលដឹងច្បាស់នូវកាយនេះថា ដូចជាដុំពពុះទឹក ដឹងច្បាស់នូវកាយនេះថា មានសភាពដូចព្រេញថ្ងៃ គប្បីកាត់នូវផ្កាជាប្រធាននៃមារ គឺវដ្ដៈ ៣ ទៅកាន់ស្ថានជាទីមិនឃើញនៃមច្ចុរាជ ។

មច្ចុ គឺសេចក្តីស្លាប់ តែងគៀរយកទៅនូវនរជន អ្នកមានចិត្តជាប់ជំពាក់ក្នុងអារម្មណ៍ផ្សេងៗ កំពុងជ្រើសរើសនូវផ្កា គឺកាមគុណ ៥ នុ៎ះឯង ដូចទឹកជំនន់ធំ ដែលកួចយកអ្នកស្រុកកំពុងដេកលក់ទៅ ដូច្នោះឯង ។

អ្នកធ្វើទីបំផុត គឺមរណៈ តែងក្រុងសត្វ ដែលមានចិត្តជាប់ជំពាក់ក្នុងអារម្មណ៍ផ្សេងៗ កំពុងជ្រើសរើសនូវផ្កា គឺកាមគុណ ៥ មិនឆ្អែតឆ្អន់ក្នុងកាមទាំងឡាយនុ៎ះឯង ឲ្យនៅក្នុងអំណាចរបស់ខ្លួន ។

ភមរជាតិ មិនធ្វើផ្កាឈើដែលមានពណ៌ និងក្លិនឲ្យវិនាសទេ ក្រេបយកតែរស ហើរទៅ យ៉ាងណាមិញ អ្នកប្រាជ្ញ គប្បីត្រាច់ទៅក្នុងស្រុក ក៏យ៉ាងនោះឯង ។

ពាក្យចាក់ដោតទាំងឡាយរបស់ជនដទៃ បុគ្គលមិនគួរធ្វើទុកក្នុងចិត្តទេ កិច្ចដែលធ្វើហើយ និងមិនទាន់ធ្វើហើយរបស់ជនដទៃ (ដែលមិនមែនជាមុខការរបស់ខ្លួន) បុគ្គល មិនគួរពិនិត្យមើលទេ បុគ្គលគួរពិនិត្យពិចារណា តែកិច្ចការទាំងឡាយ ដែលធ្វើហើយ និងមិនទាន់ធ្វើហើយ របស់ខ្លួនតែម្យ៉ាង ។

ផ្កាឈើមានទ្រង់ទ្រាយល្អ មានពណ៌ (ល្អ) តែគ្មានក្លិន (ក្រអូប) (រមែងមិនក្រអូបដល់អ្នកដែលទ្រទ្រង់) ដូចម្តេចមិញ វាចាជាសុភាសិត រមែងគ្មានផលដល់អ្នកដែលមិនធ្វើតាម ដូច្នោះ ផ្កាឈើដែលមានទ្រង់ទ្រាយល្អ មានពណ៌ មានក្លិន (រមែងក្រអូបដល់អ្នកដែលទ្រទ្រង់) ដូចម្តេចមិញ វាចាជាសុភាសិត រមែងមានផលដល់អ្នកដែលធ្វើតាមដោយគោរព ដូច្នោះឯង ។

មាលាការ ចេះធ្វើសំណុំនៃកម្រងផ្កា អំពីគំនរនៃផ្កា (ផ្សេងៗគ្នា) ឲ្យច្រើនបាន យ៉ាងណាមិញ កុសលដែលសត្វកើតមកហើយ គួរធ្វើឲ្យច្រើន យ៉ាងនោះ ។

ក្លិនផ្កាឈើ ផ្សាយទៅច្រាសខ្យល់មិនបាន ក្លិនខ្លឹមច័ន្ទន៍ក្តី ក្លិនខ្លឹមក្រស្នាក្តី ក្លិនផ្កាម្លិះរួតក្តី ក៏ផ្សាយទៅច្រាសខ្យល់មិនបាន ចំណែកក្លិនរបស់សប្បុរសទាំងឡាយ រមែងផ្សាយទៅច្រាសខ្យល់បាន ព្រោះសប្បុរស រមែងផ្សាយទៅបានគ្រប់ទិស ។ ក្លិននៃសីលជាគុណជាតប្រសើរបំផុត ជាងគន្ធជាតទាំងនេះគឺ ខ្លឹមច័ន្ទន៍ ខ្លឹមក្រស្នា ផ្កាឧប្បល ផ្កាម្លិះលា ។

ក្លិនក្រស្នា និងក្លិនច័ន្ទន៍ណា ក្លិននេះ ក្រអូបមានប្រមាណតិចទេ ចំណែកក្លិននៃបុគ្គលមានសីលទាំងឡាយណា ក្លិននោះ ទើបក្រអូបលើសលប់ ផ្សាយទៅក្នុងទេវលោក និងមនុស្សលោកបាន ។

មារាធិរាជ (ទុកជាខំស្វែងរក) ក៏មិនជួបនូវផ្លូវរបស់លោក អ្នកមានសីលបរិបូណ៌ អ្នកនៅដោយសេចក្តីមិនប្រមាទ អ្នករួចស្រឡះ (ចាកធម៌ជាគ្រឿងសៅហ្មង) ព្រោះដឹងច្បាស់តាមហេតុ ។

ផ្កាឈូក ទុកជាកើតក្នុងគំនរសម្រាម ដែលគេចាក់ចោលក្បែរផ្លូវធំនោះ ក៏គង់មានក្លិនក្រអូប ជាទីរីករាយនៃចិត្តបាន ដូចម្តេចមិញ បណ្តាជន ដែលដូចជាគំនរសម្រាម សាវ័ករបស់ព្រះសម្មាសម្ពុទ្ធ រមែងរុងរឿង កន្លងផុតបុថុជ្ជនទាំងឡាយ ដែលល្ងិតល្ងង់ ដោយប្រាជ្ញា (របស់ខ្លួន) ដូច្នោះឯង ។

ចប់ បុប្ផវគ្គ ទី៤ ។

៥. ពាលវគ្គកែប្រែ

[១៥] រាត្រីវែង ចំពោះតែអ្នកភ្ញាក់រឭក (អ្នកដេកមិនលក់) យោជន៍វែង ចំពោះតែអ្នកនឿយហត់ សង្សារវដ្តវែង ចំពោះតែបុគ្គលពាលមិនដឹងច្បាស់នូវព្រះសទ្ធម្ម ។

បុគ្គលកាលស្វះស្វែងរកកល្យាណមិត្ត បើមិនបានមិត្តដ៏ប្រសើរជាងខ្លួន ឬមិត្តដែលស្មើនឹងខ្លួនទេ គប្បីប្រព្រឹត្តនៅតែម្នាក់ឯង ឲ្យខ្ជាប់ខ្ជួនវិញ ព្រោះថា សហាយតាគុណ [ចូឡសីល មជ្ឈិមសីល មហាសីល កថាវត្ថុ ១០ ធុតង្គគុណ ១៣ វិបស្សនាគុណ មគ្គ ៤ ផល ៤ វិជ្ជា ៣ អភិញ្ញា ៦ ហៅថា សហាយតាគុណ ។] មិនមានក្នុងបុគ្គលពាលឡើយ ។

ជនពាលតែងព្រួយលំបាក ដោយសេចក្តីសំគាល់ថា កូនទាំងឡាយរបស់អញ មាន ទ្រព្យរបស់អញ មាន តាមដែលពិត សូម្បីខ្លួនរបស់ខ្លួនក៏មិនមាន [ព្រោះមិនអាចនឹងការពារទុក្ខបាន ។ អដ្ឋកថា ។] ចំណង់បើកូនទាំងឡាយ នឹងរាប់ថាមានអំពីណាបាន ទ្រព្យនឹងរាប់ថាមានអំពីណាបាន ។

អ្នកណា ជាមនុស្សពាល ហើយដឹងនូវភាពនៃខ្លួនថាជាពាល អ្នកនោះ នឹងទៅជាបណ្ឌិតបានខ្លះ ដោយហេតុដែលដឹងខ្លួន ថាជាពាលនោះ ម្យ៉ាងទៀត អ្នកណា ជាមនុស្សពាល មានសេចក្តីប្រកាន់ថា ខ្លួនជាបណ្ឌិត អ្នកនោះ ឈ្មោះថាជាមនុស្សពាល ដោយពិត ។

មនុស្សពាល បើចូលទៅអង្គុយជិតអ្នកប្រាជ្ញ សូម្បីអស់មួយជីវិត ក៏ឥតមានដឹងរសធម៌អ្វី ឲ្យច្បាស់លាស់ឡើយ ដូចវែកដែលមិនដឹងរសសម្ល ។

វិញ្ញូជន បើចូលទៅអង្គុយជិតអ្នកប្រាជ្ញ សូម្បីតែមួយរំពេច រមែងយល់រសធម៌ ដោយឆាប់រហ័ស ដូចអណ្តាតដឹងនូវរសសម្ល ។

ពួកជនពាលមិនមានប្រាជ្ញា មានខ្លួនដូចជាសត្រូវ តែងធ្វើកម្មលាមក ដែលជាអំពើមានផលក្តៅក្រហាយ ។

បុគ្គលធ្វើកម្មណាហើយ រមែងក្តៅក្រហាយ ឬមានមុខប្រឡាក់ដោយទឹកភ្នែក ស្រែកយំ ទទួលផលនៃកម្មណា កម្មដែលគេធ្វើហើយនោះ ឈ្មោះថា ជាកម្មមិនល្អឡើយ ។

បុគ្គលធ្វើកម្មណាហើយ រមែងមិនក្តៅក្រហាយ ឬដល់នូវសេចក្តីពេញចិត្ត មានចិត្តល្អ ទទួលផលនៃកម្មណា កម្មដែលគេធ្វើហើយនោះឯង ឈ្មោះថាជាកម្មល្អ ។

បាបមិនទាន់ឲ្យផលត្រឹមណា ជនពាល តែងសំគាល់នូវបាបនោះថា ដូចទឹកឃ្មុំ លុះតែកាលណាបាបឲ្យផល ជនពាលទើបប្រទះនូវសេចក្តីទុក្ខ ក្នុងកាលណោះ ។

ជនពាលទុកជាបរិភោគភោជនដោយចុង [បានសេចក្តីថា យកចុងស្បូវទៅចាក់ភោជន ហើយយកមកតេះនឹងចុងអណ្តាត ចំពោះគាថានេះ ព្រះសម្ពុទ្ធទ្រង់សំដែងប្រារព្ធនឹងជម្ពូកាជីវក ដែលជាអ្នកប្រព្រឹត្តបរិភោគបែបនោះជាវត្ត ក្នុងពេលដែលមហាជននាំភោជនមកបូជា ។] ស្បូវរាល់ៗខែ ជនពាលនោះ ក៏មិនដល់មួយចំណិតនៃចំណែកទី១៦ ៗ លើក របស់បុគ្គលទាំងឡាយ ដែលមានធម៌បានដឹង ឬបានពិចារណាហើយឡើយ ។

កម្មលាមក ដែលជនពាលធ្វើហើយ មិនទាន់ឲ្យផលនោះក៏មាន ដូចទឹកដោះស្រស់ ដែលមិនទាន់ប្រែក្លាយ (ក្នុង ១ រំពេច) ដូច្នោះ បាបកម្មនោះ តាមដុតបុគ្គលពាល ដូចរងើកភ្លើង ដែលបិទបាំងទុកដោយផេះដូច្នោះ ។

ការចេះដឹង កើតឡើងដល់បុគ្គលពាល គ្រាន់តែដើម្បីសេចក្តីវិនាសប៉ុណ្ណោះ រមែងញ៉ាំងបញ្ញាឲ្យធ្លាក់ចុះ បំផ្លេចបំផ្លាញចំណែកធម៌សគឺ កុសលរបស់បុគ្គលពាលនោះ ។ ភិក្ខុពាល រមែងប្រាថ្នានូវសេចក្តីសរសើរ ដែលមិនមាន (ក្នុងខ្លួន) ផង នូវការធ្វើក្នុងខាងមុខ គឺជាប្រមុខ ក្នុងពួកភិក្ខុផង នូវភាពជាឥស្សរៈ ក្នុងអាវាសទាំងឡាយផង នូវការបូជាទាំងឡាយ ក្នុងត្រកូលនៃជនទាំងឡាយដទៃផង ភិក្ខុពាល តែងមានសេចក្តីត្រិះរិះថា គ្រហស្ថ និងបព្វជិតទាំង ២ ពួក ចូរសំគាល់នូវកិច្ចដែលមនុស្សដទៃធ្វើហើយ ថាជាកិច្ចរបស់អញវិញ អំណាចដ៏ក្រៃលែងរបស់អញ ចូរមានក្នុងកិច្ចតូច ធំ ណាៗមួយ (កាលបើយ៉ាងនេះ) ឫស្យា និងមានះ រមែងចម្រើន ។

បដិបទា អាស្រ័យនូវលាភផ្សេង បដិបទា ជាដំណើរទៅកាន់ព្រះនិព្វានផ្សេង ភិក្ខុជាសាវ័ករបស់ព្រះពុទ្ធ ដឹងច្បាស់នូវហេតុនុ៎ះយ៉ាងនេះហើយ មិនគួរត្រេកអរចំពោះសក្ការៈឡើយ គប្បីញ៉ាំងវិវេកឲ្យចម្រើនដោយលំដាប់ ។

ចប់ ពាលវគ្គ ទី៥ ។

៦. បណ្ឌិតវគ្គកែប្រែ

[១៦] បុគ្គលគួរឃើញនូវអ្នកប្រាជ្ញណា ដែលជាអ្នកពោលសង្កត់សង្កិន ចង្អុលប្រាប់ទោស ថាដូចជាបុគ្គលអ្នកប្រាប់កំណប់ទ្រព្យឲ្យដូច្នោះ គួរគប់អ្នកប្រាជ្ញបែបនោះ (ព្រោះថា) កាលបុគ្គលគប់អ្នកប្រាជ្ញបែបនោះហើយ រមែងមានសេចក្តីគាប់ប្រសើរ ឥតមានទោសដ៏លាមកឡើយ ។

បណ្ឌិតគួរទូន្មានប្រៀនប្រដៅ គួរហាមឃាត់នូវជនទាំងឡាយចាកអំពើអសប្បុរស បណ្ឌិតនោះ រមែងជាទីស្រឡាញ់របស់សប្បុរសតែម្យ៉ាង មិនជាទីស្រឡាញ់នៃអសប្បុរសឡើយ ។

បុគ្គល មិនគួរគប់មិត្តអាក្រក់ មិនគួរគប់បុរសថោកទាប គួរគប់តែមិត្តដែលល្អ គួរគប់តែបុរសជាន់ខ្ពស់ ។

បណ្ឌិត ដែលមានសេចក្តីឆ្អែតក្នុងធម៌ មានចិត្តជ្រះថ្លាហើយ រមែងដេកជាសុខ រមែងត្រេកអរក្នុងធម៌ដែលព្រះអរិយៈប្រកាសទុកហើយគ្រប់ពេល ។

ធម្មតាអ្នកបង្ហូរទឹក តែងបង្ហូរទឹកទៅ អ្នកធ្វើព្រួញ តែងពត់ព្រួញ (ឲ្យត្រង់) អ្នកចាំងឈើ តែងចាំងឈើ ឯបណ្ឌិតទាំងឡាយ តែងទូន្មានខ្លួន (ដូច្នោះដែរ) ។

ភ្នំថ្មតាន់ មិនរំភើបព្រោះខ្យល់ ដូចម្តេចមិញ បណ្ឌិទាំងឡាយ ក៏មិនរំភើប ព្រោះពាក្យតិះដៀល និងពាក្យសរសើរ (ជាដើម) ដូច្នោះឯង ។

អន្លង់ទឹកដែលជ្រៅ រមែងថ្លា មិនល្អក់យ៉ាងណា បណ្ឌិតទាំងឡាយ បើបានស្តាប់ធម៌ទេសនាហើយ រមែងជ្រះថ្លាស៊ប់សួន យ៉ាងនោះ ។

ពួកសប្បុរស តែងលះ (ឆន្ទរាគ) ក្នុងធម៌ទាំងពួង ពួកលោកអ្នកស្ងប់ រមែងមិនរអែរអូវ ព្រោះសេចក្តីប្រាថ្នាក្នុងកាម ពួកបណ្ឌិតបើសេចក្តីសុខ ឬទុក្ខពាល់ត្រូវហើយ រមែងមិនសំដែងអាការឡើងចុះឡើយ ។

បណ្ឌិតមិនគួរធ្វើអាក្រក់ ព្រោះហេតុនៃខ្លួន មិនគួរធ្វើអាក្រក់ ព្រោះហេតុនៃអ្នកដទៃ មិនគួរប្រាថ្នាកូន មិនគួរប្រាថ្នាទ្រព្យ មិនគួរប្រាថ្នារដ្ឋ មិនគួរប្រាថ្នាសិទ្ធិ ដើម្បីខ្លួន ដោយហេតុមិនមែនជាធម៌ឡើយ លោកគួរជាអ្នកមានសីល មានប្រាជ្ញាប្រកបដោយធម៌ ។

បណ្តាមនុស្សទាំងឡាយ ពួកជនណា ដែលឆ្លងដល់ត្រើយ គឺព្រះនិព្វាន ពួកជននោះ មានប្រមាណតិច ចំណែកពួកសត្វក្រៅនេះ រមែងស្ទុះទៅកាន់ត្រើយ (គឺសក្កាយទិដ្ឋិ) ។

ជនទាំងឡាយណា ប្រព្រឹត្តតាមធម៌ក្នុងធម៌ ដែលព្រះតថាគតទ្រង់សំដែងទុកហើយ ដោយប្រពៃ ជនទាំងនោះ នឹងឆ្លងនូវលំនៅនៃមច្ចុដែលមិនងាយឆ្លងបាន ហើយដល់នូវព្រះនិព្វាន ។

បណ្ឌិតគួរលះបង់ធម៌ខ្មៅ [អកុសលធម៌ មានកាយទុច្ចរិតជាដើម ។] ចេញ ញ៉ាំងធម៌ [កុសលធម៌ មានកាយសុចរិតជាដើម ។ អដ្ឋកថា ។] សឲ្យចម្រើនឡើង (ដោយវិធី) ចេញចាកអាល័យ គឺកាមគុណ ហើយឈមទៅរកព្រះនិព្វាន ជាធម្មជាតិមិនមានអាល័យ គប្បីលះបង់កាមទាំងឡាយចេញ ជាអ្នកមិនមានកង្វល់ ប្រាថ្នានូវសេចក្តីត្រេកអរ ក្នុងវិវេកដែលពួកសត្វត្រេកអរបានដោយក្រនោះ បណ្ឌិតគួរញ៉ាំងខ្លួនឲ្យផូរផង់ចាកគ្រឿងសៅហ្មងចិត្ត ។

ចិត្តដែលបណ្ឌិតទាំងឡាយណា បានអប់រំល្អហើយ ក្នុងអង្គនៃធម៌ ជាគ្រឿងត្រាស់ដឹងទាំងឡាយ ឬបណ្ឌិតទាំងឡាយណា មិនប្រកាន់មាំ ត្រេកអរតែក្នុងការលះនូវសេចក្តីប្រកាន់មាំ បណ្ឌិតទាំងឡាយនោះ ៗ រមែងជាអ្នកអស់អាសវៈ មានសេចក្តីរុងរឿង បរិនិព្វានក្នុងលោក ។

ចប់ បណ្ឌិតវគ្គ ទី៦ ។

៧. អរហន្តវគ្គកែប្រែ

[១៧] សេចក្តីក្តៅក្រហាយ [សេចក្តីក្តៅក្រហាយ មាន២យ៉ាង គឺក្តៅក្រហាយកាយ១ ក្តៅក្រហាយចិត្ត១ ព្រះខីណាស្រពនៅមានសេចក្តីក្តៅក្រហាយ ព្រោះអំណាចកំដៅថ្ងៃ ឬត្រជាក់ជាដើម តែក្តៅក្រហាយក្នុងចិត្តមិនមាន ក្នុងទីនេះ សំដៅសេចក្តីក្តៅក្រហាយក្នុងចិត្ត ។] រមែងមិនមានដល់លោកអ្នក មានផ្លូវឆ្ងាយដើរដល់ [ផ្លូវឆ្ងាយក្នុងទីនេះ សំដៅយកវដ្តៈដែលហៅថាវដ្តទ្ធា ។ ពួកសត្វដែលជាប់ក្នុងវដ្តៈ នៅក្នុងវដ្តៈដរាបណា ឈ្មោះថាជាអ្នកដើរផ្លូវឆ្ងាយដរាបនោះ ព្រោះសោតាបន្នបុគ្គលជាដើម ក៏ហៅថា អ្នកដើរផ្លូវឆ្ងាយដែរ ព្រោះមិនទាន់អស់វដ្តៈ តែព្រះខីណាស្រពលោកធ្វើវដ្តៈឲ្យអស់ហើយ ឲ្យឈ្មោះថាជាអ្នកដ៏មានផ្លូវឆ្ងាយដើរដល់ហើយ ។] ហើយ មិនមានសេចក្តីសោក រួចស្រឡះចាកធម៌ទាំងពួង (មានខន្ធជាដើម) មានកិលេសជាគ្រឿងចាក់ស្រែះទាំងពួងលះបង់ហើយ ។

ព្រះខីណាស្រពទាំងឡាយ មានស្មារតី រមែងខ្វល់ខ្វាយ [ខ្វល់ខ្វាយក្នុងគុណដែលខ្លួនបានហើយ ឬក្នុងឈាន និងវិបស្សនា ដោយកិច្ច គឺរំពឹងចូលចេញ អធិដ្ឋាន ឬពិចារណាមិនមានសម្រាក ។ អដ្ឋកថា ។] រមែងត្រេកអរក្នុងទីនៅអាស្រ័យ លោកលះបង់ចោលស្រឡះនូវអាល័យទាំងអស់ ដូចហង្សលះបង់ភក់ហើរទៅ ដូច្នោះ ។

ពួកជនណា មិនមានសេចក្តីសន្សំ ពួកជនណា កំណត់ដឹងភោជនហើយ ជនណា មានសុញ្ញតវិមោក្ខ អនិមិត្តវិមោក្ខ និងអប្បណិហិតវិមោក្ខ ជាគោចរ គតិ គឺដំណើររបស់ពួកជននោះៗ គេកម្រដឹងបាន ដូចដំណើរនៃពួកសត្វស្លាបឰដ៏អាកាស ដូច្នោះ ។

ជនណា អស់អាសវៈហើយ ទាំងមិនអាស្រ័យ (តណ្ហា និងទិដ្ឋិ) ក្នុងអាហារ ជនណា មានសុញ្ញតវិមោក្ខ អនិមិត្តវិមោក្ខ និងអប្បណិហិតវិមោក្ខ ជាគោចរ ដំណើររបស់ជននោះ គេកម្រដឹងបាន ដូចដំណើរនៃពួកសត្វស្លាបឰដ៏អាកាស ដូច្នោះ ។

ឥន្ទ្រិយទាំងឡាយ របស់អ្នកណា ដល់នូវការស្ងប់រម្ងាប់ ដូចសេះដែលនាយសារថី ហ្វឹកហ្វឺនរាបហើយ សូម្បីទេវតា និងមនុស្សទាំងឡាយ ក៏ស្រឡាញ់អ្នកនោះឯង ដែលមានមានះលះបង់ហើយ មិនមានអាសវៈ ជាបុគ្គលមានចិត្តនឹងធឹងមិនញាប់ញ័រ ។

ភិក្ខុមានចិត្តដូចផែនដី មិនក្រោធ មានវត្តល្អ មានចិត្តនឹងធឹងដូចសសរគោល មានចិត្តថ្លា ដូចអន្លង់ប្រាសចាកភក់ សង្សារទាំងឡាយរបស់ភិក្ខុបែបនោះ រមែងមិនមាន ។

ចិត្តស្ងប់ វាចាស្ងប់ និងកាយកម្មស្ងប់ រមែងមានដល់លោកដែលដឹងដោយប្រពៃ ផុតស្រឡះ (ចាករាគាទិក្កិលេស) ជាអ្នកស្ងប់រម្ងាប់ ដូច្នោះ ។

នរជនណា មិនជឿអ្នកដទៃផង ស្គាល់ព្រះនិព្វានផង កាត់នូវគ្រឿងត គឺវដ្ដៈផង មានឱកាសកំចាត់បង់ហើយផង មានសេចក្តីប្រាថ្នាខ្ជាក់ចោលហើយផង នរជននោះ ជាឧត្តមបុរស ។

ព្រះអរហន្តទាំងឡាយ នៅក្នុងទីណា ទោះជាស្រុកក្តី ព្រៃក្តី ទីទាបក្តី ទីទួលក្តី ទីនោះឯង ជាភូមិគួរត្រេកអរ ។

ជន (អ្នកស្វែងរកកាម) រមែងមិនត្រេកអរក្នុងព្រៃដែលគួររីករាយទេ ព្រះខីណាស្រព ដែលមានរាគៈទៅប្រាសហើយ ទើបត្រេកអរក្នុងព្រៃនោះ ព្រោះលោកជាអ្នកមិនស្វែងរកកាម ។

ចប់ អរហន្តវគ្គ ទី៧ ។

៨. សហស្សវគ្គកែប្រែ

[១៨] បើវាចា សូម្បី ១ ពាន់ម៉ាត់ ជាវាចាប្រកបដោយបទឥតប្រយោជន៍ វាចានោះ ពុំប្រសើរឡើយ អ្នកណាស្តាប់បទមានប្រយោជន៍ណាហើយ រមែងស្ងប់រម្ងាប់បាន បទមានប្រយោជន៍នោះ សូម្បីតែ ១ បទ ក៏ឈ្មោះថា ប្រសើរជាង ។

បើគាថា សូម្បី ១ ពាន់ ជាគាថាប្រកបដោយបទឥតប្រយោជន៍ គាថានោះ ពុំប្រសើរឡើយ អ្នកណាស្តាប់បទនៃគាថាណាហើយ រមែងស្ងប់រម្ងាប់បាន បទនៃគាថានោះ សូម្បីតែ ១ បទ ក៏ឈ្មោះថា ប្រសើរជាង ។

អ្នកណា គប្បីពោលគាថាមួយរយ ជាគាថាប្រកបដោយបទឥតប្រយោជន៍ គាថាដែលអ្នកនោះពោលហើយនោះ ពុំប្រសើរឡើយ អ្នកណាស្តាប់បទនៃធម៌ហើយ រមែងស្ងប់រម្ងាប់បាន បទនៃធម៌នោះ សូម្បីតែមួយបទ ក៏ឈ្មោះថា ប្រសើរជាង ។

អ្នកណា គប្បីឈ្នះពួកមនុស្សក្នុងសង្គ្រាមអស់មួយពាន់ៗដង គឺមួយលាន ចំណែកអ្នកណា ឈ្នះខ្លួនឯងម្នាក់ឯងបាន អ្នកនោះឈ្មោះថា ជាមនុស្សខ្ពង់ខ្ពស់ ជាងអ្នកដែលឈ្នះក្នុងសង្គ្រាមនោះ ។

ខ្លួនឯងដែលឈ្នះហើយ ប្រសើរជាង ចំណែកពួកសត្វក្រៅពីនេះ ដែលគេឈ្នះហើយ មិនប្រសើរឡើយ កាលបើបុរសមានខ្លួនទូន្មានហើយ ជាអ្នកប្រព្រឹត្តសង្រួមជានិច្ច ទេវតា គន្ធព្វ មារ ព្រមទាំងព្រហ្ម មិនគប្បីធ្វើនូវជំនះ របស់សត្វមានសភាពដូច្នោះ ឲ្យត្រឡប់ចាញ់វិញបានឡើយ ។

អ្នកណា បូជា (លោកិយមហាជន) ដោយទ្រព្យមួយពាន់រាល់ខែ ៗ អស់ ១រយឆ្នាំគត់ ចំណែកអ្នកណា គប្បីបូជាចំពោះបុគ្គលដែលមានខ្លួនអប់រំហើយតែ ១នាក់ សូម្បីតែមួយរំពេច ការបូជានោះឯង ប្រសើរជាងការបូជារបស់អ្នកដែលបូជាអស់ ១រយឆ្នាំនោះ ការបូជាអស់ ១០០ឆ្នាំ មិនប្រសើរឡើយ ។

ជនណា បម្រើភ្លើងក្នុងព្រៃអស់ ១០០ឆ្នាំ ចំណែកអ្នកណាបូជាលោក ដែលមានខ្លួនអប់រំហើយ តែ ១នាក់ សូម្បីមួយរំពេច ការបូជានោះឯង ប្រសើរជាងការបូជារបស់ជននោះ ការបូជាអស់ ១០០ឆ្នាំ មិនប្រសើរឡើយ ។

បុគ្គលអ្នកប្រាថ្នាបុណ្យ គប្បីបូជាគ្រឿងសក្ការបូជាធំតូចណាមួយ ក្នុងលោកអស់មួយឆ្នាំ ការបូជាទាំងអស់នោះឯង រមែងមិនដល់នូវចំណែកទី៤ នៃការអភិវាទន៍ ចំពោះលោកទាំងឡាយ ដែលប្រព្រឹត្តត្រង់ហើយ ប្រសើរជាង ។

ធម៌ ៤ ប្រការ គឺ អាយុ ១ វណ្ណៈ ១ សុខៈ ១ ពលៈ ១ រមែងចម្រើនដល់អ្នកដែលមានសេចក្តីឱនកាយថ្វាយបង្គំជាប្រក្រតី មានសេចក្តីកោតក្រែង ដល់បុគ្គលដែលចម្រើនជាងខ្លួន អស់កាលជានិច្ច ។

បុគ្គលណា រស់នៅមួយរយឆ្នាំ ជាមនុស្សទ្រុស្តសីល មានចិត្តមិនបានតម្កល់ខ្ជាប់ ការរស់នៅតែមួយថ្ងៃ របស់លោកដែលមានសីល មានការពិនិត្យពិចារណា ជាប្រក្រតី ប្រសើរជាង ។

បុគ្គលណា រស់នៅមួយរយឆ្នាំ ជាមនុស្សមិនមានប្រាជ្ញា មានចិត្តមិនបានតម្កល់ខ្ជាប់ ការរស់នៅតែមួយថ្ងៃ របស់លោកដែលមានប្រាជ្ញា មានការពិនិត្យពិចារណា ជាប្រក្រតី ប្រសើរជាង ។

បុគ្គលណា រស់នៅមួយរយឆ្នាំ ជាមនុស្សមានចិត្តងុលងប់ ក្នុងអកុសលវិតក្កៈ មានព្យាយាមថោកថយ ការរស់នៅសូម្បីតែមួយថ្ងៃ របស់លោកដែលប្រារព្ធសេចក្តីព្យាយាមមាំមួន ប្រសើរជាង ។

បុគ្គលណា រស់នៅមួយរយឆ្នាំ ឃើញការកើតឡើង និងការវិនាសទៅ ការរស់នៅសូម្បីតែមួយថ្ងៃ របស់លោកដែលឃើញការកើតឡើង និងការវិនាសទៅ ប្រសើរជាង ។

បុគ្គលណា រស់នៅមួយរយឆ្នាំ មិនឃើញផ្លូវព្រះនិព្វាន ការរស់នៅ សូម្បីតែមួយថ្ងៃ របស់លោកអ្នកឃើញផ្លូវព្រះនិព្វាន ប្រសើរជាង ។

បុគ្គលណា រស់នៅមួយរយឆ្នាំ មិនឃើញធម៌ដ៏ខ្ពង់ខ្ពស់ ការរស់នៅ សូម្បីតែមួយថ្ងៃ របស់លោកអ្នកឃើញធម៌ដ៏ខ្ពង់ខ្ពស់ ប្រសើរជាង ។

ចប់ សហស្សវគ្គ ទី៨ ។

៩. បាបវគ្គកែប្រែ

[១៩] បុគ្គលគួរប្រញាប់ប្រញាល់ធ្វើអំពីល្អ គួរឃាត់ចិត្តចាកបាប ព្រោះថា កាលបើបុគ្គលធ្វើបុណ្យយឺតយូរ ចិត្តរមែងត្រេកអរក្នុងបាប ។

បើបុរសធ្វើបាប កុំធ្វើបាបនោះរឿយ ៗ ឡើយ កុំគប្បីធ្វើសេចក្តីពេញចិត្ត ក្នុងបាបនោះ (ព្រោះថា) ការសន្សំបាប តែងនាំសេចក្តីទុក្ខមកឲ្យ ។

បើបុរសធ្វើបុណ្យ គួរធ្វើបុណ្យនោះឲ្យរឿយៗ គួរធ្វើសេចក្តីពេញចិត្ត ក្នុងបុណ្យនោះ (ព្រោះថា) ការសន្សំបុណ្យ តែងនាំសេចក្តីសុខមកឲ្យ ។

បាប មិនទាន់ឲ្យផលត្រឹមណា មនុស្សបាប ក៏នៅឃើញតែសេចក្តីចម្រើនត្រឹមណោះ លុះកាលណា បាបឲ្យផល មនុស្សបាប ទើបឃើញបាប ក្នុងកាលនោះ ។

អំពើល្អ មិនទាន់ឲ្យផលត្រឹមណា មនុស្សល្អ នៅឃើញតែបាបត្រឹមណោះ លុះកាលណា អំពើល្អឲ្យផល មនុស្សល្អ ទើបឃើញល្អក្នុងកាលនោះ ។

បុគ្គល មិនគួរមើលងាយបាបថា មានប្រមានតិច នឹងមិនឲ្យផលដូច្នេះឡើយ ប្រៀបដូច ក្អមទឹក រមែងពេញបានដោយដំណក់ទឹកដែលធ្លាក់ចុះ យ៉ាងណា បុគ្គលពាល កាលសន្សំបាប សូម្បីបន្តិចម្តង ៗ គង់ពេញបានដោយបាប យ៉ាងនោះដែរ ។

បុគ្គល មិនគួរមើលងាយបុណ្យថា មានប្រមាណតិច នឹងមិនឲ្យផលដូច្នេះឡើយ ប្រៀបដូចក្អមទឹក រមែងពេញបានដោយដំណក់ទឹកដែលធ្លាក់ចុះ យ៉ាងណា អ្នកមានប្រាជ្ញា កាលសន្សំបុណ្យបន្តិចម្តងៗ គង់ពេញបានដោយបុណ្យ យ៉ាងនោះ ។

បុគ្គលគួរចៀសវៀងបាបទាំងឡាយ ឲ្យដូចពាណិជ ដែលមានទ្រព្យច្រើន តែមានគ្នាតិច ចៀសវៀងផ្លូវគួរខ្លាច ឬដូចជាបុរសប្រាថ្នារស់នៅ ចៀសវៀងថ្នាំពិសដូច្នោះដែរ ។

បើដំបៅមិនមានក្នុងបាតដៃទេ បុគ្គលគប្បីនាំយកថ្នាំពិសដោយបាតដៃ ថ្នាំពិសតែងមិនជ្រាបចូលទៅកាន់បាតដៃដែលគ្មានដំបៅ យ៉ាងណា បាប រមែងមិនមានដល់បុគ្គលអ្នកមិនធ្វើ យ៉ាងនោះដែរ ។

បុគ្គលណា ប្រទូស្តចំពោះអ្នកមិនប្រទូស្តតប ជាសត្វស្អាត មិនមានកិលេសដូចជាទីទួល បាប រមែងត្រឡប់មករកបុគ្គលពាលនោះវិញ ដូចធូលីល្អិត ដែលបុគ្គលបាចសាច ទៅកាន់ទីច្រាសខ្យល់ ។

ជនពួកខ្លះ កើតក្នុងគភ៌មនុស្ស ពួកអ្នកមានអំពើអាក្រក់ ទៅកាន់នរក ពួកអ្នកមានគតិល្អ ទៅកាន់ឋានសួគ៌ ពួកអ្នកមិនមានអាសវៈ បរិនិព្វាន ។

បុគ្គលអ្នកធ្វើបាបកម្មហើយ ទោះបីចូលទៅឰដ៏អាកាស ក្នុងកណ្តាលសមុទ្រ កាន់ចន្លោះភ្នំទាំងឡាយ ក៏មិនគប្បីរួចចាកបាបកម្ម ព្រោះប្រទេសលើផែនដី ដែលបុគ្គលឋិតនៅហើយ គប្បីរួចចាកបាបកម្មបាននោះ មិនដែលមានឡើយ ។

បុគ្គលទៅឰដ៏អាកាស ក្នុងកណ្តាលសមុទ្រ កាន់ចន្លោះនៃភ្នំទាំងឡាយ ក៏មិនរួចចាកសេចក្តីស្លាប់បាន ព្រោះប្រទេសលើផែនដី ដែលបុគ្គលឋិតនៅហើយ សេចក្តីស្លាប់ គ្របសង្កត់មិនបាននោះ មិនដែលមានឡើយ ។

ចប់ បាបវគ្គ ទី៩ ។

១០. ទណ្ឌវគ្គកែប្រែ

[២០] សត្វទាំងឡាយគ្រប់ប្រាណ តែងតក់ស្លុតនឹងអាជ្ញា សត្វទាំងឡាយ តែងខ្លាចចំពោះសេចក្តីស្លាប់គ្រប់ ៗ រូប បុគ្គលគួរធ្វើខ្លួនឲ្យជាឧបមា ហើយមិនគួរប្រហារ ដោយខ្លួនឯង មិនគួរប្រើគេឲ្យប្រហារឡើយ ។

សត្វទាំងឡាយគ្រប់ប្រាណ តែងតក់ស្លុតនឹងអាជ្ញា (ព្រោះថា) ជីវិតជាទីស្រឡាញ់របស់សត្វទាំងពួង បុគ្គលធ្វើខ្លួនឲ្យជាឧបមា ហើយមិនគួរប្រហារ ដោយខ្លូនឯង មិនគួរប្រើគេឲ្យប្រហារឡើយ ។

ជនណា ស្វែងរកសេចក្តីសុខដើម្បីខ្លួន តែបៀតបៀនសត្វទាំងឡាយ ដែលប្រាថ្នាសេចក្តីសុខ ដោយអាជ្ញា ជននោះលះលោកនេះទៅហើយ នឹងមិនបានសេចក្តីសុខឡើយ ។

ជនណា ស្វែងរកសេចក្តីសុខដើម្បីខ្លួន តែមិនបៀតបៀនសត្វទាំងឡាយ អ្នកដែលប្រាថ្នាសេចក្តីសុខ ដោយអាជ្ញា ជននោះលះលោកនេះទៅហើយ រមែងបានសេចក្តីសុខ ។

អ្នកកុំនិយាយពាក្យអាក្រក់នឹងអ្នកណាមួយឡើយ ជនទាំងឡាយ ដែលអ្នកស្តីថាឲ្យហើយ គេគប្បីស្តីថាតបមកអ្នកវិញ ព្រោះថា ការពោលពាក្យប្រណាំងប្រជែង ជាហេតុនាំឲ្យកើតទុក្ខ ការតស៊ូទាំងឡាយ គប្បីប៉ះពាល់នូវអ្នក ។ បើអ្នកធ្វើខ្លួនមិនឲ្យញាប់ញ័រ ដូចរគាំងដែលចៀរមាត់ចេញហើយ (រមែងមិនលាន់ឮសូរ) ដូច្នោះ អ្នកនុ៎ះជាបុគ្គលដល់ នូវព្រះនិព្វាន ការប្រណាំងប្រជែង មិនមានដល់អ្នក ។

គង្វាលគោ រមែងគៀងគោទៅកាន់ទីគោចរដោយអាជ្ញា ដូចម្តេចមិញ ជរា និងមច្ចុ តែងគៀងអាយុរបស់សត្វទាំងឡាយ ដូច្នោះឯង ។

បុគ្គលមិនមានប្រាជ្ញា កាលធ្វើអំពើអាក្រក់ រមែងមិនភ្ញាក់ខ្លួន លុះកាលជាខាងក្រោយ ទើបក្តៅក្រហាយ ដោយសារកម្មរបស់ខ្លួន ដូចត្រូវភ្លើងឆេះ ។

បុគ្គលណា ប្រទូស្តដោយអាជ្ញា ចំពោះបុគ្គលទាំងឡាយ ដែលមិនមានអាជ្ញា មិនប្រទូស្ត បុគ្គលនោះ រមែងដល់នូវហេតុនៃសេចក្តីទុក្ខណាមួយ ក្នុងហេតុ ១០យ៉ាង ដោយទាន់ហន់ គឺគប្បីដល់នូវវេទនាដ៏អាក្រក់ ១ សេចក្តីវិនាសទ្រព្យ ១ បែកធ្លាយសរីរៈ ១ អាពាធជាទម្ងន់ ១ ក្រឡកចិត្ត (ឆ្កួត) ១ រឹបជាន់អំពីស្តេច ១ ពោលពាក្យបង្កាច់ដ៏អាក្រក់ ១ អស់ពួកញាតិរលីង ១ ពុកផុយភោគសម្បត្តិទាំងឡាយ ១ ទាំងភ្លើងនឹងឆេះបំផ្លាញនូវផ្ទះរបស់បុគ្គលនោះ ១ បុគ្គលមិនមានប្រាជ្ញានោះ លុះបែកធ្លាយរាងកាយ រមែងទៅកើតក្នុងនរក ។

ការប្រព្រឹត្តិអាក្រាតកាយ ទុកសក់ ដេកលើភក់ មិនបរិភោគបាយ ដេកលើផែនដី ប្រឡាក់ខ្លួនដោយធូលី ព្យាយាមអង្គុយច្រហោង មិនជម្រះសត្វដែលមិនទាន់ឆ្លងផុតសេចក្តីសង្ស័យបានទេ ។

បើបុគ្គលណា មានខ្លួនប្រដាប់ស្អិតស្អាងហើយ (ដោយគ្រឿងអម្ពរ) តែគប្បីប្រព្រឹត្តស្មើ អ្នកស្ងប់រម្ងាប់ ទូន្មាន (ឥន្ទ្រិយ) ជាបុគ្គលទៀង (ចំពោះមគ្គផល) អ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ទម្លាក់ចោលនូវអាជ្ញាក្នុងសត្វទាំងពួងចេញហើយ បុគ្គលនោះ ហៅថា ព្រាហ្មណ៍ក៏បាន ថាសមណៈក៏បាន ថាភិក្ខុក៏បាន ។

បុរសអ្នកកំចាត់បង់នូវអកុសលវិតក្កៈ ដោយសេចក្តីខ្មាសបាប មានតិចក្នុងលោក បុគ្គលណា បន្ទោបង់នូវការដេកលក់ ដូចសេះល្អខ្លាចព្រោះរំពាត់ បុរសនោះ រកបានដោយក្រ ក្នុងលោក ។

សេះល្អ ដែលនាយសារថីទូន្មានដោយរំពាត់ តក់ស្លុតយ៉ាងណា អ្នកទាំងឡាយ ចូរជាបុគ្គលមានព្យាយាម មានសេចក្តីតក់ស្លុតយ៉ាងនោះឯង បើអ្នកទាំងឡាយ ប្រកបព្រមដោយសទ្ធាផង សីលផង ព្យាយាមផង សមាធិផង ធម្មវិនិច្ឆ័យផង ជាអ្នកមានវិជ្ជា និងចរណៈដ៏បរិបូណ៌ មានស្មារតីតម្កល់មាំ រមែងលះបង់ទុក្ខ មានប្រមាណច្រើននេះ មិនខាន ។

ធម្មតាអ្នកបង្ហូរ តែងបង្ហូរទឹក អ្នកធ្វើព្រួញ តែងពត់ព្រួញ (ឲ្យត្រង់) អ្នកចាំង តែងចាំងឈើ អ្នកមានវត្តល្អ តែងទូន្មានខ្លួន ។

ចប់ ទណ្ឌវគ្គ ទី១០ ។

១១. ជរាវគ្គកែប្រែ

[២១] កាលបើលោកសន្និវាស ត្រូវភ្លើងមានរាគៈ ជាដើម ឆេះទ្រលោមជានិច្ច ម្តេចក៏សើច ម្តេចក៏ត្រេកត្រអាល អ្នកទាំងឡាយត្រូវងងឹត គឺអវិជ្ជារួបរឹតហើយ (ម្តេចឡើយ) ក៏មិនស្វែងរកប្រទីប គឺប្រាជ្ញា ។

អត្តភាពណា មិនទៀងទាត់ ឋិតថេរ អ្នកចូរមើលអត្តភាព (នោះ) ដែលកុសលាកុសលកម្ម ធ្វើវិចិត្រហើយ ជាកាយពាសពេញដោយដំបៅ ដែលឆ្អឹងបីរយកំណាត់ ផ្គុំគ្នាហើយ ជាអត្តភាពក្តៅក្រហាយជានិច្ច ជាទីរំពឹងត្រិះរិះរបស់ជនច្រើនគ្នា ។

រូបនេះគ្រាំគ្រាអស់ហើយ ជាទីសំណាក់នៃរោគ ជារបស់ពុកផុយ រាងកាយជារបស់ស្អុយ (នេះ) តែងបែកធ្លាយទៅវិញ ព្រោះថាជីវិតមានសេចក្តីស្លាប់ជាទីបំផុត ។

ឆ្អឹងទាំងឡាយណា មានសម្បុរដូចសត្វព្រាប ដែលគេចោលហើយ ដូចផ្លែឃ្លោកក្នុងសរទកាល សេចក្តីត្រេកអរអ្វីហ្ន៎ (របស់អ្នកទាំងឡាយ) ព្រោះតែឃើញឆ្អឹងទាំងឡាយ នោះ ។

សេចក្តីគ្រាំគ្រា សេចក្តីស្លាប់ សេចក្តីប្រកាន់ខ្លួន និងសេចក្តីលុបគុណ ប្រជុំចុះក្នុងសរីរៈណា (សរីរៈនោះ) ដែលកុសលាកុសលកម្មធ្វើហើយ ឲ្យជានគររបស់ឆ្អឹងទាំងឡាយ ជាគ្រឿងប្រឡាក់ដោយសាច់ និងឈាម ។

រាជរថទាំងឡាយ ដ៏វិចិត្រល្អ រមែងគ្រាំគ្រា សូម្បីសរីរៈក៏ដល់នូវសេចក្តីគ្រាំគ្រាដូចគ្នា ទើបឯធម៌របស់សប្បុរសទាំងឡាយ មិនដល់នូវសេចក្តីគ្រាំគ្រា (ដូច្នោះ) ទេ សប្បុរសទាំងឡាយ តែងនិយាយឲ្យពួកសប្បុរសផងគ្នាដឹងបាន ។

បុរសអ្នកមិនមានការចេះដឹងនេះ តែងចាស់ (ឥតអំពើ) ដូចគោបំរើសាច់របស់វា តែងចម្រើនឡើង តែប្រាជ្ញារបស់វាមិនចម្រើនឡើយ ។

កាលតថាគតមិនទាន់បានជួបប្រទះ (ពោធិញ្ញាណ រវល់តែ) ស្វះស្វែងរកជាងផ្ទះ គឺតណ្ហា អ្នកធ្វើផ្ទះ គឺអត្តភាព ក៏អន្ទោលទៅកាន់សង្សារវដ្ដ មានជាតិដ៏ច្រើន សេចក្តីកើត ជាទុក្ខរឿយៗ ។

នែជាងផ្ទះ អ្នកឯងធ្វើផ្ទះគឺអត្តភាព តថាគតឃើញហើយ អ្នកនឹងធ្វើផ្ទះ (របស់តថាគត) ទៀត មិនបានឡើយ ឆ្អឹងជំនី គឺកិលេសរបស់អ្នកទាំងអស់ តថាគតកាច់បំបាក់អស់ហើយ ដម្បូលផ្ទះ គឺអវិជ្ជា តថាគតកំចាត់ចោលហើយ ចិត្តរបស់តថាគត ដល់ព្រះនិព្វាន ដែលមានសង្ខារប្រាសហើយ តថាគត បានដល់ធម៌ជាគ្រឿងក្ស័យតណ្ហាទាំងឡាយហើយ ។

ជនពាលទាំងឡាយ មិនប្រព្រឹត្តព្រហ្មចរិយធម៌ មិនបានទ្រព្យ ក្នុងកាលខ្លួននៅជាកំឡោះ ក្រមុំ រមែងសញ្ជប់សញ្ជឹង ដូចសត្វក្រៀលចាស់ សំកុកនៅក្នុងភក់ដែលអស់ត្រីហើយ ។

ជនពាលទាំងឡាយ មិនប្រព្រឹត្តព្រហ្មចរិយធម៌ មិនបានទ្រព្យ ក្នុងកាលខ្លួននៅកំឡោះ ក្រមុំ រមែងដេកថ្ងូរ សោកស្តាយទ្រព្យចាស់ទាំងឡាយ ដូចព្រួញដែលផុតចាកខ្សែបន្លោះ ដូច្នោះ ។

ចប់ ជរាវគ្គ ទី១១ ។

១២. អត្តវគ្គកែប្រែ

[២២] បើបណ្ឌិតដឹងថា ខ្លួនជាទីស្រឡាញ់ គួររក្សាខ្លួននោះឲ្យល្អ គួរស្ងួនគ្រងខ្លួនទុក ក្នុងវ័យទាំង ៣ វ័យណាមួយ ។

បណ្ឌិត គួរតម្កល់ខ្លួនទុក ក្នុងគុណដ៏សមគួរជាមុនសិន ហើយសឹមប្រៀនប្រដៅអ្នកដទៃ ជាខាងក្រោយ (ធ្វើយ៉ាងនេះ) នឹងមិនលំបាកឡើយ ។

បុគ្គលប្រៀនប្រដៅអ្នកដទៃ យ៉ាងណា ត្រូវធ្វើខ្លួនឲ្យបាន យ៉ាងនោះដែរ អ្នកដែលទូន្មានខ្លួនល្អហើយ ទើបគួរទូន្មានអ្នកដទៃបាន ព្រោះថា ខ្លួនកម្រទូន្មានបានពេកណាស់ ។

ខ្លួនជាទីពឹងរបស់ខ្លួន អ្នកដទៃជាទីពឹងដូចម្តេចបាន ព្រោះបុគ្គលអ្នកមានខ្លួនហ្វឹកហ្វឺនល្អហើយ រមែងបាននូវទីពឹង ដែលគេបានដោយកម្រ ។

បាប កើតអំពីខ្លួន មានខ្លួនជាដែនកើត ដែលខ្លួនធ្វើហើយ តែងញាំញីមនុស្សឥតប្រាជ្ញា ដូចពេជ្រសម្រាប់កាត់កែវមណី ដែលកើតអំពីថ្ម ដូច្នោះឯង ។

ភាពជាអ្នកទ្រូស្តសីលហួសហេតុ [បើគ្រហស្ថចាប់តាំងអំពីកើតមក ធ្វើតែអកុសលកម្មបថទាំង១០ បើបព្វជិតគិតអំពីថ្ងៃបានឧបសម្បទាមក ត្រូវគរុកាបត្តិ យ៉ាងនេះឈ្មោះថា ភាពជាអ្នកទ្រូស្តសីលហួសហេតុ ។] គ្របសង្កត់ (នូវអត្តភាព) របស់បុគ្គលណា ដូចវល្លិ៍ ដែលរួបរឹតដើមឈើ បុគ្គលនោះឈ្មោះថា ធ្វើខ្លួនឯងឲ្យវិនាស ដូចជាចោរ អ្នកប្រាថ្នាធ្វើបុគ្គលនោះឲ្យវិនាសដូច្នោះ ។

កម្មទាំងឡាយណា មិនល្អផង មិនជាប្រយោជន៍ដល់ខ្លួនផង កម្មទាំងនោះ ដែលជនពាលធ្វើបានដោយងាយ កម្មណាជាប្រយោជន៍ផង ល្អផង កម្មនោះឯង ដែលជនពាលធ្វើបានដោយលំបាក ។

បុគ្គលណាអ័ប្បប្រាជ្ញា អាស្រ័យទិដ្ឋិដ៏លាមក ហាមឃាត់សាសនារបស់ព្រះអរហន្តទាំងឡាយដ៏ប្រសើរ រស់នៅដោយធម៌ ការហាមឃាត់របស់បុគ្គលនោះ រមែងចេញផល ដើម្បីសម្លាប់ខ្លួន ដូចផ្លែឫស្សីដូច្នោះ ។

អ្នកធ្វើបាបខ្លួនឯង នឹងសៅហ្មងខ្លួនឯង អ្នកមិនធ្វើបាបខ្លួនឯង តែងបរិសុទ្ធស្អាតខ្លួនឯង សេចក្តីបរិសុទ្ធ និងមិនបរិសុទ្ធ មានចំពោះខ្លួន អ្នកដទៃ នឹងធ្វើអ្នកដទៃ ឲ្យបរិសុទ្ធពុំបានទេ ។

បុគ្គល កុំគប្បីធ្វើប្រយោជន៍ខ្លួនឲ្យវិនាស ព្រោះប្រយោជន៍របស់អ្នកដទៃ សូម្បីច្រើន បើដឹងច្បាស់នូវប្រយោជន៍របស់ខ្លួនហើយ គប្បីខ្វល់ខ្វាយក្នុងប្រយោជន៍របស់ខ្លួន(នោះ) ។

ចប់ អត្តវគ្គ ទី១២ ។

១៣. លោកវគ្គកែប្រែ

[២៣] បុគ្គល មិនគួរសេពធម៌ថោកទាប [កាមគុណ ៥ ឈ្មោះថា ធម៌ថោកទាប ព្រោះជាធម៌សម្រាប់ជនថោកទាប រាប់តាំងអំពីឱដ្ឋ និងគោជាដើម គប្បីសេព ទាំងជាធម៌នាំសត្វទៅកើតក្នុងទីទាប មាននរក ជាដើម ។] មិនគួរនៅដោយសេចក្តីប្រមាទ មិនគួរសេពមិច្ឆាទិដ្ឋិ មិនគួរជាមនុស្សចង្អៀតលោក ។

បុគ្គល មិនគួរប្រមាទ ក្នុងដុំបាយ ដែលខ្លួនគប្បីក្រោកឡើងទទួល គប្បីប្រព្រឹត្តធម៌ [សំដៅយកភិក្ខាចរិយធម៌ ។ ការលះបង់អនេសនៈ ដើរទៅបិណ្ឌបាត តាមលំដាប់ច្រកល្ហក ឈ្មោះថា ភិក្ខាចរិយធម៌ ។] ឲ្យសុចរិត បុគ្គលអ្នកប្រព្រឹត្តធម៌ជាប្រក្រតី រមែងដេកជាសុខ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ។

បុគ្គល គួរប្រព្រឹត្តធម៌ឲ្យសុចរិត មិនគួរប្រព្រឹត្តធម៌នោះឲ្យទុច្ចរិតឡើយ បុគ្គល ប្រព្រឹត្តធម៌ជាប្រក្រតី រមែងដេកជាសុខ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ។

បុគ្គលឃើញពពុះទឹកយ៉ាងណា ឃើញព្រេញថ្ងៃយ៉ាងណា ស្តេចម្ឫត្យុ មិនឃើញអ្នកពិចារណាខន្ធលោកជាដើម យ៉ាងនោះទេ ។

អ្នកទាំងឡាយ ចូរមកមើលលោកនេះដ៏ត្រកាល ដូចរាជរថ ជនពាលទាំងឡាយ រមែងលិចលង់ក្នុងលោកណា សេចក្តីជាប់ជំពាក់ក្នុងលោកនោះ រមែងមិនមានដល់ជនជាបណ្ឌិតទាំងឡាយដែលដឹងច្បាស់ទេ ។

បុគ្គលណាមួយ កាលពីមុនប្រមាទហើយ លុះកាលជាខាងក្រោយ គេមិនប្រមាទវិញ បុគ្គលនោះ ឈ្មោះថា ញ៉ាំងខន្ធាទិលោកនេះឲ្យភ្លឺច្បាស់ ដូចព្រះចន្ទ្ររះផុតចាកពពក ។

បុគ្គលណា ធ្វើអំពើបាបហើយ បិទខ្ទប់អំពើបាបនោះដោយកុសល គឺអរហត្តមគ្គបាន បុគ្គលនោះឈ្មោះថា ញ៉ាំងខន្ធាទិលោកនេះ ឲ្យភ្លឺច្បាស់ ដូចព្រះចន្ទ្ររះផុតចាកពពក ។

លោកិយមហាជននេះ ជាមនុស្សងងឹត បណ្តាជនទាំងនេះ ជនតិចគ្នាដែលឃើញច្បាស់ (នូវខន្ធាទិលោកនេះ ដោយអំណាចអនិច្ចលក្ខណៈជាដើម) ជនតិចគ្នា ដែលទៅកាន់ឋានសួគ៌ ដូចសត្វស្លាប (ដែលជាប់សំណាញ់របស់ព្រានហើយ) តិចណាស់ ដែលរួចអំពីសំណាញ់ ដូច្នោះ ។

ពួកហង្ស តែងហើរទៅក្នុងគន្លងផ្លូវព្រះអាទិត្យ អ្នកមានឫទ្ធិ តែងហោះទៅក្នុងអាកាសដោយឫទ្ធិ អ្នកប្រាជ្ញផ្ចាញ់កិលេសមារ ព្រមទាំងវាហនៈ គឺតណ្ហាបានហើយ រមែងរលាស់ខ្លួនចេញ ចាកលោកបាន ។

បុគ្គលប្រព្រឹត្តកន្លង (ពាក្យសច្ចៈ) ដែលជាធម៌ឯក និយាយតែពាក្យកុហក មានបរលោកលះចោលហើយ ឈ្មោះថា មិនធ្វើអំពើបាប មិនមែនឡើយ ។

បុគ្គល កំណាញ់ស្វិតស្វាញ មិនបានទៅកាន់ទេវលោកទេ ជនពាលទាំងឡាយ មិនសរសើរទានឡើយ ចំណែកអ្នកប្រាជ្ញ តែងអនុមោទនាទាន ព្រោះហេតុនោះ លោកតែងបានសេចក្តីសុខ ក្នុងលោកខាងមុខ ។

សោតាបត្តិផល ជាគុណជាតដ៏ប្រសើរ ជាងភាពនៃឯករាជ្យលើផែនដីផង ជាងដំណើរទៅកាន់ឋានសួគ៌ផង ជាងភាពជាធំ ក្នុងលោកទាំងមូលផង ។

ចប់ លោកវគ្គ ទី១៣ ។

១៤. ពុទ្ធវគ្គកែប្រែ

[២៤] ជ័យជំនះរបស់ព្រះពុទ្ធអង្គណា មិនត្រឡប់ចាញ់វិញ កិលេសណាមួយក្នុងលោក រមែងមិនជាប់តាមជ័យជំនះ របស់ព្រះពុទ្ធអង្គនោះ នាងទាំងឡាយនឹងប្រលោមព្រះពុទ្ធអង្គនោះ ដែលមានគោចរ រកទីបំផុតគ្មាន មិនមានកិលេសដូចស្នាមជើង ដោយកិលេសដូចស្នាមជើង ម្តេចកើត ។

តណ្ហាដែលមានបណ្តាញផ្សាយទៅ ក្នុងអារម្មណ៍ផ្សេង ៗ មិនមានដល់ព្រះពុទ្ធអង្គណា ដើម្បីនឹងនាំទៅក្នុងភពណាមួយ នាងទាំងឡាយ នឹងប្រលោមព្រះពុទ្ធអង្គនោះ ដែលមានគោចរ រកទីបំផុតគ្មាន មិនមានកិលេសដូចស្មាមជើង ដោយកិលេសដូចស្នាមជើង ម្តេចកើត ។

អ្នកប្រាជ្ញទាំងឡាយណា ជាអ្នកខ្វល់ខ្វាយក្នុងឈាន ត្រេកអរក្នុងនេក្ខម្មៈ ជាឋានស្ងប់រម្ងាប់កិលេស សូម្បីទេវតា និងមនុស្សទាំងឡាយតែងរាប់រកចំពោះអ្នកប្រាជ្ញទាំងឡាយនោះ ដែលជាអ្នកត្រាស់ដឹងខ្លួនឯង ទាំងមានស្មារតី ។

ការត្រឡប់បានអត្តភាពជាមនុស្ស បានដោយកម្រ ការរស់របស់សត្វទាំងឡាយ បានដោយកម្រ ការស្តាប់ធម៌របស់សប្បុរស បានដោយកម្រ ការកើតឡើងនៃព្រះពុទ្ធទាំងឡាយ បានដោយកម្រ ។

ការមិនធ្វើបាបទាំងពួង ការញ៉ាំងកុសលឲ្យកើតឡើង ការធ្វើចិត្តរបស់ខ្លួនឲ្យផូរផង់ នេះជាពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ ។

ខន្តិ គឺសេចក្តីអត់ធន់ ជាតបធម៌ [ធម្មជាតិដុតកិលេសឲ្យក្តៅ ។] ដ៏ឧត្តម ព្រះពុទ្ធទាំងឡាយតែងពោលថា ព្រះនិព្វាន ជាធម្មជាតិដ៏ឧត្តម បុគ្គលដែលសម្លាប់សត្វដទៃ មិនឈ្មោះថា បព្វជិតទេ បុគ្គលដែលបៀតបៀនសត្វដទៃ ក៏មិនឈ្មោះថា សមណៈឡើយ ។

ការមិនតិះដៀល ១ ការមិនបៀតបៀន ១ ការសង្រួមក្នុងបាតិមោក្ខ ១ ភាពជាអ្នកដឹងប្រមាណក្នុងភត្ត ១ ការដេក និងអង្គុយក្នុងទីស្ងាត់ ១ ការព្យាយាមក្នុងអធិចិត្ត ១ នុ៎ះជាពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ ។

ការស្កប់ស្កល់ ក្នុងកាមទាំងឡាយ រមែងមិនមាន ព្រោះកហាបណៈ (ដែលធ្លាក់ចុះ) ដូចទឹកភ្លៀងទេ កាមទាំងឡាយ មានសុខតិច មានទុក្ខច្រើន អ្នកប្រាជ្ញដឹងច្បាស់ យ៉ាងនេះហើយ លោកមិនបានត្រេកអរក្នុងកាមទាំងឡាយ សូម្បីជាទិព្វឡើយ សាវ័ករបស់ព្រះសម្មាសម្ពុទ្ធ រមែងជាអ្នកត្រេកអរក្នុងធម៌ ជាគ្រឿងអស់តណ្ហា ។

មនុស្សទាំងឡាយច្រើននាក់ ត្រូវភ័យគម្រាមហើយ តែងយកភ្នំ អារាម និងរុក្ខចេតិយ ជាទីពឹង ទីពឹងបែបនេះ មិនមែនជាទីពឹងដ៏ក្សេមទេ ទីពឹងបែបនេះ មិនមែនជាទីពឹងដ៏ឧត្តមទេ បុគ្គលអាស្រ័យនូវទីពឹងនេះហើយ រមែងមិនរួចស្រឡះចាកទុក្ខទាំងពួងឡើយ ។

លុះតែបុគ្គលណា យកព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹង ឃើញច្បាស់នូវអរិយសច្ចទាំង ៤ គឺ ទុក្ខសច្ច ១ ទុក្ខសមុទយសច្ច ១ និរោធសច្ច កន្លងទុក្ខ ១ អរិយមគ្គប្រកបដោយអង្គ ៨ ជាដំណើរទៅកាន់ព្រះនិព្វានដែលជាទីរម្ងាប់ទុក្ខ ១ ដោយប្រាជ្ញាដ៏ប្រពៃ នេះឯងជាទីពឹងដ៏ក្សេម នេះឯងជាទីពឹងដ៏ឧត្តម បុគ្គលអាស្រ័យទីពឹងនេះ រមែងរួចស្រឡះចាកទុក្ខទាំងពួងបាន ។

បុរសអាជានេយ្យ រកបានដោយកម្រ លោកមិនកើតក្នុងសព្វឋានឡើយ លោកជាអ្នកមានប្រាជ្ញា កើតក្នុងត្រកូលណា ត្រកូលនោះ តែងដល់នូវសេចក្តីសុខ ។

ការកើតឡើងនៃព្រះពុទ្ធ ជាសុខ ការសំដែងព្រះសទ្ធម្ម ជាសុខ សេចក្តីព្រមព្រៀងគ្នានៃពួក ជាសុខ តបធម៌របស់បុគ្គលអ្នកព្រមព្រៀងគ្នាទាំងឡាយ ជាសុខ ។

កាលបុគ្គលបូជាដល់បូជារហបុគ្គលគឺ ព្រះពុទ្ធ ឬសាវ័ករបស់ព្រះពុទ្ធ ដែលកន្លងផុតបបញ្ចធម៌ ដែលកន្លងផុតសេចក្តីសោក និងខ្សឹកខ្សួល ឬការបូជា ដល់បូជារហបុគ្គលទាំងនោះ ដែលប្រកបដោយតាទិគុណ លោកមិនមានភ័យអំពីទីណា សូម្បីនិព្វានទៅហើយ បុគ្គលណាមួយ មិនអាចរាប់បុណ្យថា បុណ្យនេះមានប្រមាណប៉ុណ្ណេះបានឡើយ ។

ចប់ ពុទ្ធវគ្គ ទី១៤ ។

ចប់ បឋមភាណវារៈ ។

១៥. សុខវគ្គកែប្រែ

[២៥] យើងជាអ្នកមិនមានពៀរ រស់នៅជាសុខពិត ក្នុងពួកមនុស្សមានពៀរ កាលពួកមនុស្សមានពៀរ យើងជាអ្នកមិនមានពៀរ ។

យើងជាអ្នកមិនមានសេចក្តីក្តៅក្រហាយ (ដោយកិលេស) រស់នៅជាសុខពិត ក្នុងពួកមនុស្សមានសេចក្តីក្តៅក្រហាយ កាលពួកមនុស្សមានសេចក្តីក្តៅក្រហាយ យើងជាអ្នកមិនមានសេចក្តីក្តៅក្រហាយ ។

យើងជាអ្នកមិនមានសេចក្តីខ្វល់ខ្វាយ ក្នុងការស្វែងរក រស់នៅជាសុខពិត ក្នុងពួកមនុស្សមានសេចក្តីខ្វល់ខ្វាយ កាលពួកមនុស្សមានសេចក្តីខ្វល់ខ្វាយ យើងជាអ្នកមិនមានសេចក្តីខ្វល់ខ្វាយ ។

យើងមិនមានកង្វល់ តែងរស់នៅជាសុខពិត (ព្រោះ) យើងមានបីតិជាអាហារ ដូចពួកទេវតាជាន់អាភស្សរៈ ។

បុគ្គលអ្នកឈ្នះ តែងរងនូវពៀរ បុគ្គលអ្នកចាញ់ តែងដេកជាទុក្ខ ចំណែកបុគ្គលលះបង់ការឈ្នះ និងការចាញ់ចេញហើយ ជាអ្នកស្ងប់រម្ងាប់ ទើបដេកជាសុខ ។

ភ្លើងស្មើដោយរាគៈ មិនមាន ទោសកំហុសស្មើដោយទោសៈ មិនមាន ទុក្ខទាំងឡាយស្មើដោយខន្ធ មិនមាន សុខក្រៅពីសេចក្តីស្ងប់ មិនមាន ។

សេចក្តីស្រេកឃ្លាន ជារោគយ៉ាងក្រៃលែង សង្ខារទាំងឡាយ ជាទុក្ខយ៉ាងក្រៃលែង (អ្នកប្រាជ្ញ) ដឹងច្បាស់សេចក្តីនុ៎ះ តាមពិតហើយ (រមែងធ្វើឲ្យច្បាស់) នូវព្រះនិព្វាន ជាសុខយ៉ាងក្រៃលែង ។

លាភមានការមិនមានរោគ ជាយ៉ាងក្រៃលែង ទ្រព្យមានសេចក្តីសន្តោស ជាយ៉ាងក្រៃលែង ញាតិមានសេចក្តីស្និទ្ធស្នាល ជាយ៉ាងក្រៃលែង ព្រះនិព្វាន ជាសុខយ៉ាងក្រៃលែង ។

ភិក្ខុផឹករស [រស ក្នុងទីនេះ សំដៅយកសេចក្តីសុខដ៏ប្រសើរ ។] វិវេកផង រសព្រះនិព្វាន ជាទីរម្ងាប់កិលេសផង ផឹករសបីតិដែលកើតអំពីធម៌ផង ទើបជាអ្នកមិនមានសេចក្តីក្រវល់ក្រវាយ មិនមានសេចក្តីសៅហ្មងឡើយ ។

ការចួបប្រទះព្រះអរិយបុគ្គលទាំងឡាយ ជាការល្អ ការនៅរួមជាមួយព្រះអរិយបុគ្គលទាំងឡាយ ជាហេតុឲ្យកើតសេចក្តីសុខសព្វកាល បុគ្គលគប្បីមានសេចក្តីសុខអស់កាលជានិច្ចបាន ព្រោះមិនជួបប្រទះបុគ្គលពាលទាំងឡាយ ។

បុគ្គលអ្នកប្រព្រឹត្តសមគប់ដោយជនពាល រមែងសោកស្តាយអស់កាលយូរអង្វែង ការនៅរួមជាមួយនឹងជនពាល រមែងជាទុក្ខសព្វកាល ។

ដូចការនៅរួមជាមួយនឹងសត្រូវ ចំណែកខាងការនៅរួមនឹងធីរជន រមែងជាសុខ ដូចការជួបជុំនៃញាតិទាំងឡាយ ព្រោះហេតុនោះឯង បុគ្គលគួរសេពគប់សប្បុរស ជាអ្នកមាំមួនផង មានបញ្ញាផង មានសេចក្តីចេះដឹងច្រើនផង មានកិរិយានាំទៅនូវធុរៈ ជាប្រក្រតីផង មានសីលវត្ត និងធុតង្គវត្តផង ជាអ្នកឆ្ងាយចាកកិលេសផង មានបញ្ញាល្អផង ប្រាកដដូច្នោះៗ ឲ្យដូចព្រះចន្ទគប់នូវផ្លូវនក្ខត្តឫក្ស ។

ចប់ សុខវគ្គ ទី១៥ ។

១៦. បិយវគ្គកែប្រែ

[២៦] បុគ្គលកាលប្រកបខ្លួនទុក ក្នុងអំពើដែលមិនគួរប្រកប មិនប្រកបខ្លួន ក្នុងអំពើដែលគួរប្រកប លះបង់ប្រយោជន៍ចេញហើយ កាន់យកតាមគាប់ចិត្ត រមែងស្រឡាញ់បុគ្គលអ្នកប្រកបតាមខ្លួន ។

កុំគប់រកសត្វ និងសង្ខារទាំងឡាយ ដែលជាទីស្រឡាញ់ និងមិនជាទីស្រឡាញ់ ក្នុងកាលណា ៗ ឡើយ ព្រោះថា ការមិនចួបប្រសព្វសត្វ និងសង្ខារជាទីស្រឡាញ់ក្តី ការចួបប្រសព្វសត្វ និងសង្ខារមិនជាទីស្រឡាញ់ក្តី ជាហេតុនាំមកនូវទុក្ខ ។

ព្រោះហេតុនោះ បុគ្គលមិនគួរធ្វើសត្វ និងសង្ខារ ឲ្យជាទីស្រឡាញ់ ព្រោះការព្រាត់ប្រាសចាកសត្វ និងសង្ខារជាទីស្រឡាញ់ ជាសភាពអាក្រក់ ការស្រឡាញ់ និងការស្អប់ មិនមានដល់ពួកជនណា កិលេសគ្រឿងចាក់ស្រែះទាំងឡាយ តែងមិនមាន ដល់ពួកជននោះ ។

សេចក្តីសោកកើតអំពីសេចក្តីស្រឡាញ់ ភ័យកើតអំពីសេចក្តីស្រឡាញ់ កាលបើរួចស្រឡះចាកសេចក្តីស្រឡាញ់ហើយ សេចក្តីសោក ក៏លែងមាន ភ័យនឹងមានមកពីណា ។

សេចក្តីសោកកើតអំពីសេចក្តីស្រឡាញ់ ភ័យកើតអំពីសេចក្តីស្រឡាញ់ កាលបើរួចស្រឡះចាកសេចក្តីស្រឡាញ់ហើយ សេចក្តីសោក ក៏លែងមាន ភ័យនឹងមានមកពីណា ។

សេចក្តីសោកកើតអំពីតម្រេក ភ័យកើតអំពីតម្រេក កាលបើរួចស្រឡះចាកតម្រេកហើយ សេចក្តីសោក ក៏លែងមាន ភ័យនឹងមានមកពីណា ។

សេចក្តីសោកកើតអំពីកាម ភ័យកើតអំពីកាម កាលបើរួចស្រឡះចាកកាមហើយ សេចក្តីសោក ក៏លែងមាន ភ័យនឹងមានមកពីណា ។

សេចក្តីសោកកើតអំពីតណ្ហា ភ័យកើតអំពីតណ្ហា កាលបើរួចស្រឡះចាកតណ្ហាហើយ សេចក្តីសោក ក៏លែងមាន ភ័យនឹងមានមកពីណា ។

ជនតែងធ្វើបុគ្គលដែលបរិបូណ៌ ដោយសីល និងការឃើញត្រូវ ឋិតនៅក្នុងធម៌ ពោលសច្ចធម៌ [សំដៅយកអរិយសច្ច ៤ ។] ជាប្រក្រតី ធ្វើកម្ម [បានដល់ត្រៃសិក្ខា ។ អដ្ឋកថា ។] ជារបស់ខ្លួននោះ ឲ្យជាទីស្រឡាញ់ ។

បុគ្គល អ្នកមានសេចក្តីប្រាថ្នា ចំពោះព្រះនិព្វាន ដែលគេនិយាយប្រាប់គ្នាមិនបានផង ជាអ្នកមានមគ្គចិត្ត និងផលចិត្ត (ខាងក្រោម) ប៉ះពាល់ហើយផង មានចិត្តមិនប្រតិព័ទ្ធក្នុងកាមផង តថាគតហៅថាជាអ្នកមានខ្សែមគ្គប្រព្រឹត្តទៅ ក្នុងខាងលើ ។

ពួកញាតិក្តី មិត្រក្តី សំឡាញ់ក្តី រមែងត្រេកអរនឹងបុរសដែលឃ្លាតគ្នាអស់កាលយូរ មកអំពីចម្ងាយដោយសួស្តី មកដល់ហើយ យ៉ាងណាមិញ បុណ្យទាំងឡាយ តែងទទួលបុគ្គល ដែលបានធ្វើបុណ្យ ច្យុតអំពីមនុស្សលោកនេះ ទៅកាន់លោកខាងមុខ ដូចញាតិទាំងឡាយ ទទួលបុរសជាទីស្រឡាញ់ទើបមកដល់ ដូច្នោះឯង ។

ចប់ បិយវគ្គ ទី១៦ ។

១៧. កោធវគ្គកែប្រែ

[២៧] បុគ្គលគួរលះបង់សេចក្តីក្រោធចេញ គួរលះបង់មានះចេញ គួរកន្លងសញ្ញោជនធម៌ទាំងអស់ចោលចេញ ទុក្ខទាំងឡាយ តែងមិនជាប់តាមបុគ្គល ដែលមិនចំពាក់ក្នុងនាម និងរូប មិនមានកិលេស គ្រឿងកង្វល់នោះឡើយ ។

បុគ្គលណា ឃាត់សេចក្តីក្រោធ ដែលកើតឡើងហើយ ដូចសារថីទប់រថដែលកំពុងលឿនបាន តថាគតហៅបុគ្គលនោះ ថាជាសារថី ជនក្រៅពីនេះ គ្រាន់តែជាអ្នកកាន់ខ្សែបរ (មិនមែនសារថីឡើយ) ។

បុគ្គលគប្បីផ្ចាញ់មនុស្សក្រោធ ដោយសេចក្តីមិនក្រោធ គប្បីផ្ចាញ់មនុស្សអសប្បុរស ដោយសប្បុរស គប្បីផ្ចាញ់មនុស្សកំណាញ់ដោយការឲ្យ គប្បីផ្ចាញ់មនុស្សនិយាយពាក្យមិនពិត ដោយពាក្យពិត ។

បុគ្គលគួរពោលពាក្យពិត ១ មិនគួរក្រោធ ១ កាលគេសូមវត្ថុសូម្បីមានតិច ក៏គួរឲ្យ (តាមតិច) ១ បុគ្គលគប្បីទៅកើតក្នុងសំណាក់ទេវតាទាំងឡាយបាន ដោយហេតុទាំង ៣ នេះឯង ។

ជនទាំងឡាយណា ជាអ្នកប្រាជ្ញ [សំដៅយកអសេក្ខមុនិ ដែលសម្រេចមគ្គផល ដោយមោនេយ្យប្បដិបទា ។ អដ្ឋកថា ។] មិនបៀតបៀនសត្វដទៃ សង្រួមហើយដោយកាយទ្វារ (ជាដើម) ជានិច្ច ជនទាំងឡាយនោះ រមែងទៅកាន់ស្ថានដ៏មិនប្រែប្រួល ជាស្ថានដែលគេទៅដល់ហើយ តែងមិនសោកស្តាយ ។

អាសវៈទាំងឡាយរបស់បុគ្គល អ្នកភ្ញាក់រឭកសព្វកាល ជាអ្នកសិក្សាត្រៃសិក្ខាទាំងថ្ងៃ ទាំងយប់ មានចិត្តចុះស៊ប់កាន់ព្រះនិព្វាន តែងដល់នូវការតាំងនៅមិនបានឡើយ ។

ម្នាលអតុលៈ ការតិះដៀល និងការសរសើរនេះ ជារបស់បូរាណ ការតិះដៀល និងការសរសើរនេះ មិនមែនទើបនឹងកើតឡើង ក្នុងថ្ងៃនេះទេ (ព្រោះថា) ជនទាំងឡាយ តែងនិន្ទាបុគ្គលអ្នកអង្គុយស្ងៀម ក៏មាន និន្ទាបុគ្គលអ្នកនិយាយច្រើន ក៏មាន និន្ទាបុគ្គល អ្នកនិយាយល្មមប្រមាណ ក៏មាន (អ្នកណាៗក៏ដោយ) ក្នុងលោក ដែលមិនត្រូវគេនិន្ទា គ្មានឡើយ បុគ្គលដែលត្រូវគេនិន្ទាតែម៉្យាង ឬត្រូវគេសរសើរតែម៉្យាង មិនមែនមានមកហើយតែក្នុងអតីតទេ នឹងមានទៅក្នុងអនាគត ក៏ទេ មានតែក្នុងបច្ចុប្បន្ននេះក៏ទេ ។

បើអ្នកប្រាជ្ញទាំងឡាយ សង្កេតមើលរាល់ ៗ ថ្ងៃ ហើយសរសើរបុគ្គលណា ដែលជាអ្នកប្រព្រឹត្តមិនដាច់ មានប្រាជ្ញា មានចិត្តតម្កល់ខ្ជាប់ក្នុងបញ្ញា និងសីល អ្នកណាគួរនឹងនិន្ទាបុគ្គល ដែលដូចជាឆ្តោរនៃមាសជម្ពោនទនោះបាន សូម្បីទេវតា និងមនុស្សទាំងឡាយ ក៏សរសើរបុគ្គលនោះ ទាំងព្រហ្ម ក៏សរសើរ (ដូចគ្នា) ។

បុគ្គលគប្បីរក្សានូវការកម្រើកកាយ គប្បីសង្រួមកាយ គប្បីលះបង់កាយទុច្ចរិត គប្បីប្រព្រឹត្តកាយសុចរិត គប្បីរក្សានូវការកម្រើកវាចា គប្បីសង្រួមវាចា គប្បីលះបង់វចីទុច្ចរិត គប្បីប្រព្រឹត្តវចីសុចរិត គប្បីរក្សានូវការកម្រើកចិត្ត គប្បីសង្រួមចិត្ត គប្បីលះបង់មនោទុច្ចរិត គប្បីប្រព្រឹត្តមនោសុចរិត អ្នកប្រាជ្ញទាំងឡាយ បានសង្រួមកាយ សង្រួមវាចា អ្នកប្រាជ្ញទាំងឡាយ បានសង្រួមចិត្តហើយ លោកទាំងនោះឯង ឈ្មោះថា សង្រួមហើយដោយប្រពៃ ។

ចប់ កោធវគ្គ ទី១៧ ។

១៨. មលវគ្គកែប្រែ

[២៨] ឥឡូវនេះ ខ្លួនអ្នកដូចស្លឹកឈើទុំហើយ ទាំងពួកបុរសរបស់យមរាជ [អ្នកបម្រើស្តេចយមៈ តែពាក្យនេះ សំដៅយកសេចក្តីស្លាប់ ។ អដ្ឋកថា ។] ប្រាកដដល់អ្នកហើយ ខ្លួនអ្នក តាំងនៅក្នុងមាត់សេចក្តីវិនាស សូម្បីស្បៀង គឺកុសលរបស់អ្នក ក៏មិនទាន់មានឡើយ ។

អ្នកចូរធ្វើកុសលជាទីពឹងសម្រាប់ខ្លួនទៅ ចូរព្យាយាមឲ្យឆាប់ទៅ ចូរជាអ្នកប្រាជ្ញទៅ បើអ្នក (ធ្វើយ៉ាងនេះហើយ) នឹងទៅជាអ្នកកំចាត់បង់មន្ទិលបាន មិនមានទីទួល គឺកិលេស នឹងដល់នូវភូមិរបស់ព្រះអរិយៈ ដូចជាទិព្វបាន ។

ឥឡូវនេះ ខ្លួនអ្នកត្រូវជរាចូលដល់ហើយ ជាអ្នករៀបដំណើរទៅកាន់សំណាក់យមរាជ មួយទៀត ទីសំចតក្នុងចន្លោះ មិនមានដល់អ្នកទេ សូម្បីស្បៀង ក៏មិនមានដល់អ្នក ។

អ្នកចូរធ្វើទីពឹងសម្រាប់ខ្លួនទៅ ចូរព្យាយាមឲ្យឆាប់ទៅ ចូរជាអ្នកប្រាជ្ញទៅ បើអ្នក (ធ្វើយ៉ាងនេះហើយ) នឹងទៅជាអ្នកកំចាត់បង់មន្ទិលបាន មិនមានទីទួល គឺកិលេស នឹងមិនត្រូវចូលទៅកាន់ជាតិ ជរា ព្យាធិ មរណៈ ទៀតឡើយ ។

អ្នកមានប្រាជ្ញា គួរកំចាត់បង់មន្ទិលរបស់ខ្លួនបន្តិចម្តងៗ រាល់ៗ ខណៈ ដោយលំដាប់ ដូចជាងមាស ជំរះស្នឹម ឬច្រែះរបស់មាសដូច្នោះ ។

ច្រែះកើតអំពីដែក លុះកើតអំពីដែកនោះហើយ តែងស៊ីដែកនោះវិញ យ៉ាងណាមិញ កម្មទាំងឡាយរបស់ខ្លួន តែងនាំបុគ្គលអ្នកប្រព្រឹត្តកន្លងបញ្ញាជាគ្រឿងជំរះចិត្ត ឲ្យទៅកាន់ទុគ្គតិ ក៏យ៉ាងនោះឯង ។

មន្តទាំងឡាយ មានការមិនស្វាធ្យាយ ជាមន្ទិល ផ្ទះទាំងឡាយ មានការមិនថែទាំ ជាមន្ទិល សេចក្តីខ្ជិល ជាមន្ទិលរបស់ពណ៌សម្បុរ សេចក្តីប្រមាទ ជាមន្ទិលរបស់បុគ្គលអ្នករក្សា ។

ការប្រព្រឹត្តិអាក្រក់ [សំដៅយកការប្រព្រឹត្តិកន្លងចិត្តប្តី ។ អដ្ឋកថា ។] ជាមន្ទិលរបស់ស្ត្រី សេចក្តីកំណាញ់ ជាមន្ទិលរបស់អ្នកឲ្យ ធម៌អាក្រក់ទាំងឡាយ ជាមន្ទិលក្នុងលោកនេះ និងលោកខាងមុខ ធម្មជាតិ ជាមន្ទិលដ៏លើសលុប ជាងមន្ទិលទាំងនោះ គឺអវិជ្ជា ជាមន្ទិលដ៏ក្រៃលែង ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះមន្ទិលទាំងនេះចេញ ចូរកុំជាអ្នកមានមន្ទិលឡើយ ។

បុគ្គលអ្នកមិនមានសេចក្តីអៀនខ្មាស ក្លៀវក្លាដូចសត្វក្អែក កំចាត់បង់គុណរបស់អ្នកដទៃ ជាអ្នកឈ្លានពាន (យកមុខ) ជាអ្នកឃ្នើសឃ្នង ជាមនុស្សសៅហ្មង រស់នៅដោយងាយ ។ ចំណែកបុគ្គលអ្នកមានសេចក្តីអៀនខ្មាស ស្វែងរកអំពើស្អាតជានិច្ច មិនឡេះឡោះ មិនឃ្នើសឃ្នង រស់នៅដោយកម្មដ៏បរិសុទ្ធ អ្នកឃើញត្រូវ រស់នៅដោយលំបាក ។

ជនណា សម្លាប់សត្វផង និយាយពាក្យកុហកផង កាន់យកវត្ថុដែលគេមិនបានឲ្យ ក្នុងលោកផង សេពប្រពន្ធរបស់អ្នកដទៃផង ជនណា ផឹកទឹកសុរា និងមេរ័យផង ជននោះឯងឈ្មោះថា គាស់រំលើងឫសគល់របស់ខ្លួន ក្នុងលោកនេះ ដោយពិត ។

ម្នាលបុរសដ៏ចម្រើន អ្នកចូរដឹងយ៉ាងនេះថា ជនទាំងឡាយមានធម៌ដ៏លាមក រមែងមិនជាអ្នកសង្រួមដូច្នេះ លោភៈ និងសភាពមិនមែនធម៌ គឺទោសៈ ចូរកុំបៀតបៀនអ្នក ឲ្យបានសេចក្តីទុក្ខអស់កាលយូរឡើយ ។

ជន រមែងឲ្យតាមសទ្ធា តាមសេចក្តីជ្រះថ្លា បុគ្គលណា ជាអ្នកអៀនខ្មាសក្នុងទឹក និងភោជនរបស់ជនទាំងឡាយដទៃ ជននោះ រមែងមិនបានសមាធិចិត្ត ក្នុងវេលាថ្ងៃ ឬក្នុងវេលាយប់ឡើយ ។

លុះតែសេចក្តីអៀនខ្មាសនោះ បុគ្គលណា បានផ្តាច់ផ្តិល ដកឡើង ធ្វើឲ្យមានឫសគល់ដាច់ហើយ បុគ្គលនោះឯង ទើបបានសមាធិចិត្តក្នុងវេលាថ្ងៃ ឬក្នុងវេលាយប់ ។

ភ្លើងស្មើដោយរាគៈ មិនមាន ការចាប់ស្មើដោយទោសៈ មិនមាន បណ្តាញស្មើដោយមោហៈ មិនមាន ស្ទឹងស្មើដោយតណ្ហា មិនមាន ។

ទោសរបស់ពួកជនដទៃ ឃើញបានដោយងាយ ចំណែកទោសរបស់ខ្លួន ឃើញបានដោយលំបាក ព្រោះថា បុគ្គលនោះ រោយទោសទាំងឡាយ ចំពោះពួកជនដទៃ ដូចបុគ្គលរោយអង្កាមដូច្នោះ តែថា រមែងបិទបាំងទោសរបស់ខ្លួនទុក ដូចព្រានបក្សី បិទបាំងអត្តភាព ដោយវត្ថុសម្រាប់បិទបាំង (មានមែកឈើជាដើម) ដូច្នោះ ។

កាលបុគ្គលគយឃ្លាំមើលទោសរបស់បុគ្គលដទៃ ជាប្រក្រតី មានការសំគាល់ហេតុក្នុងការពោលទោស (អ្នកដទៃ) ជានិច្ចជាប្រក្រតី អាសវៈទាំងឡាយ របស់បុគ្គលនោះ តែងចម្រើន បុគ្គលនោះឈ្មោះថា ឋិតនៅឆ្ងាយអំពីធម៌ជាគ្រឿងអស់អាសវៈ ។

ស្នាមជើង ក្នុងអាកាស មិនមាន សមណៈខាងក្រៅ មិនមាន ពួកសត្វត្រេកអរហើយ ក្នុងធម៌ជាគ្រឿងយឺតយូរ ព្រះតថាគតទាំងឡាយ មិនមានធម៌ជាគ្រឿងយឺតយូរឡើយ ។

ស្នាមជើង ក្នុងអាកាស មិនមាន សមណៈខាងក្រៅ មិនមាន សង្ខារទាំងឡាយជារបស់ទៀង មិនមាន ព្រះពុទ្ធទាំងឡាយ មិនមានកិលេសជាគ្រឿងញាប់ញ័រទេ ។

ចប់ មលវគ្គ ទី១៨ ។

១៩. ធម្មដ្ឋវគ្គកែប្រែ

[២៩] បុគ្គលកាត់សេចក្តីដោយអាក្រក់ ដោយសារហេតុណា ឈ្មោះថាជាអ្នកតាំងនៅក្នុងធម៌ ដោយហេតុនោះ មិនទាន់បានទេ លុះត្រាតែបុគ្គលណា ជាបណ្ឌិត កាត់សេចក្តីទាំងពីរ គឺសេចក្តីពិត និងសេចក្តីមិនពិត ណែនាំជនទាំងឡាយដទៃ ដោយមិនអាក្រក់ ដោយសារធម៌តាមសមគួរ (ដល់ទោស) បុគ្គលនោះ ឈ្មោះថាជាអ្នកមានប្រាជ្ញា រក្សាធម៌ ទើបហៅថា អ្នកតាំងនៅក្នុងធម៌ ។

បុគ្គលនិយាយច្រើន ដោយហេតុមានប្រមាណប៉ុណ្ណា ឈ្មោះថាជាបណ្ឌិត ដោយហេតុមានប្រមាណប៉ុណ្ណោះ មិនទាន់បានទេ លុះត្រាតែបុគ្គលដែលមានសេចក្តីក្សេម មិនមានពៀរ មិនមានភ័យ ទើបហៅថា បណ្ឌិតបាន ។

បុគ្គលនិយាយច្រើន ដោយហេតុមានប្រមាណប៉ុណ្ណា ឈ្មោះថាជាអ្នកទ្រទ្រង់ធម៌ ដោយហេតុមានប្រមាណប៉ុណ្ណោះ មិនទាន់បានទេ លុះត្រាតែបុគ្គលណា ស្តាប់ពុទ្ធវចនៈ សូម្បីមានប្រមាណតិច ហើយឃើញធម៌ដោយនាមកាយ គឺចិត្តបាន បុគ្គលនោះ ទើបឈ្មោះថា ជាអ្នកទ្រទ្រង់ធម៌ បុគ្គលណា មិនមើលងាយធម៌ បុគ្គលនោះឯង ឈ្មោះថាជាអ្នកទ្រទ្រង់ធម៌ ។

បុគ្គលមានក្បាលស្កូវហើយ ដោយហេតុណា ឈ្មោះថាជាថេរៈ ដោយហេតុនោះមិនទាន់បានទេ វ័យរបស់បុគ្គលនោះចាស់ជ្រុលហើយ ហៅថាចាស់ជាមោឃៈ ។ លុះត្រាតែសច្ចៈផង ធម៌ផង ការមិនបៀតបៀនផង ការសង្រួមផង ការទូន្មានខ្លួនផង មានក្នុងបុគ្គលណា បុគ្គលនោះឯង ជាអ្នកមានមន្ទិលខ្ជាក់ចោលហើយ ជាអ្នកមានប្រាជ្ញា ទើបហៅថា ថេរៈ ។

បុគ្គលមានសេចក្តីឫស្យា មានសេចក្តីកំណាញ់ ជាអ្នកអួតអាង ឈ្មោះថាជាមនុស្សល្អ ដោយហេតុត្រឹមតែធ្វើការនិយាយពាក្យ (ល្អ) ឬដោយភាពជាអ្នកមានសម្បុរជាទីគាប់ចិត្ត ក៏មិនទាន់បានទេ ។ លុះត្រាតែទោសជាតិ មានឫស្យាជាដើមនេះ បុគ្គលណា បានផ្តាច់ផ្តិលដកឡើង ធ្វើឲ្យមានឫសគល់ដាច់ហើយ បុគ្គលនោះជាអ្នកមានទោស ខ្ជាក់ចោលហើយ ជាអ្នកមានប្រាជ្ញា ទើបហៅថាជាមនុស្សល្អបាន ។

បុគ្គល មិនបានឈ្មោះថាជាសមណៈ ដោយភាពជាអ្នកមានក្បាលត្រងោលទេ បុគ្គលអ្នកមិនមានសីលវ័ត និងធុតង្គវត្ត ពោលតែពាក្យឡេះឡោះ ប្រកបដោយសេចក្តីប្រាថ្នា និងលោភៈ ឈ្មោះថាជាសមណៈដូចម្តេចបាន ។ លុះត្រាតែបុគ្គលណា រម្ងាប់បាបទាំងឡាយ ទាំងតូចទាំងធំ ដោយប្រការទាំងពួងបាន ទើបហៅថា សមណៈ ព្រោះបាបទាំងឡាយ ដែលបុគ្គលនោះរម្ងាប់បានហើយ ។

បុគ្គលណា ដើរសូមជនទាំងឡាយដទៃ ដោយហេតុត្រឹមណា បុគ្គលនោះ មិនបានឈ្មោះថាជាភិក្ខុ ដោយហេតុត្រឹមណោះទេ បុគ្គលសមាទានធម៌ជាពិស ឈ្មោះថាជាភិក្ខុ ដោយហេតុត្រឹមតែការដើរសូមប៉ុណ្ណោះ មិនទាន់បានទេ ។ លុះត្រាតែបុគ្គលណា ក្នុងលោកនេះ បន្សាត់បុណ្យ និងបាបចេញហើយ ជាអ្នកមានការប្រព្រឹត្តិដ៏ប្រសើរ ត្រាច់ទៅក្នុងលោក ដោយសេចក្តីចេះដឹង បុគ្គលនោះឯង ទើបហៅថាជាភិក្ខុ ។

បុគ្គលមានសេចក្តីវង្វេង ជាធម្មតា មិនមានការចេះដឹង មិនបានឈ្មោះថាជាមុនី ដោយភាពជាអ្នកស្ងៀមទេ លុះត្រាតែបុគ្គលណា ជាបណ្ឌិត កាន់យកធម៌ដ៏ប្រសើរ វៀរចាកបាបទាំងឡាយ ដូចបុគ្គលកាន់ជញ្ជឹង ហើយថ្លឹងដូច្នោះ បុគ្គលនោះ ទើបឈ្មោះថាជាមុនី ដោយភាពជាអ្នកស្ងៀមនោះបាន បុគ្គលណា ដឹងប្រយោជន៍ទាំងពីរក្នុងលោក បុគ្គលនោះហៅថា មុនី ដោយហេតុនោះ ។

បុគ្គលបៀតបៀនសត្វទាំងឡាយ ដោយហេតុណា មិនបានឈ្មោះថាជាអរិយៈ ដោយហេតុនោះទេ បុគ្គលដែលតថាគតហៅថា អរិយៈ ព្រោះមិនបៀតបៀនសត្វទាំងពួង ។

ម្នាលភិក្ខុ បើភិក្ខុមិនទាន់ដល់នូវការអស់អាសវៈទេ កុំអាលទុកចិត្តដោយគុណត្រឹមតែសីល និងវត្ត ឬដោយភាពជាអ្នកចេះដឹងច្រើនឡើយ មួយទៀត ដោយការបានសមាធិ ឬដោយការដេកក្នុងទីស្ងាត់ ឬក៏ដោយគុណ មានប្រមាណប៉ុណ្ណេះថា អាត្មាអញ ពាល់ត្រូវនេក្ខម្មសុខ ដែលបុថុជ្ជនមិនដែលជួបប្រសព្វ ដូច្នេះឡើយ ។

ចប់ ធម្មដ្ឋវគ្គ ទី១៩ ។

២០. មគ្គវគ្គកែប្រែ

[៣០] ផ្លូវមានអង្គ ៨ ប្រសើរជាងផ្លូវទាំងឡាយ បទ ៤ គឺអរិយសច្ច ប្រសើរជាងសច្ចៈទាំងឡាយ វិរាគធម៌ ប្រសើរជាងធម៌ទាំងឡាយ មួយទៀត ព្រះតថាគតមានចក្ខុ ប្រសើរជាងសត្វទ្វេបាទទាំងឡាយ ផ្លូវនេះឯង ប្រព្រឹត្តទៅដើម្បីសេចក្តីបរិសុទ្ធិនៃទស្សនៈ ផ្លូវដទៃ មិនមានទេ ។ ព្រោះហេតុនោះ អ្នកទាំងឡាយ ចូរដើរទៅកាន់ផ្លូវនោះ ផ្លូវនេះជាផ្លូវញ៉ាំងមារឲ្យវង្វេង អ្នកទាំងឡាយ ដើរទៅកាន់ផ្លូវនេះហើយ អាចនឹងធ្វើឲ្យផុតទុក្ខបាន ។ ផ្លូវនេះហើយ ដែលតថាគតដឹងថា ជាផ្លូវកំចាត់បង់កូនសរ ប្រាប់ដល់អ្នកទាំងឡាយ សេចក្តីព្យាយាម ញ៉ាំងកិលេសឲ្យក្តៅសព្វ អ្នកទាំងឡាយ គប្បីធ្វើ ព្រះតថាគតទាំងឡាយ គ្រាន់តែជាអ្នកប្រាប់ ជនទាំងឡាយ មានការពិនិត្យ បើបានដើរទៅហើយ នឹងរួចចាកចំណងរបស់មារបាន ។

កាលណា បុគ្គលយល់ឃើញដោយប្រាជ្ញាថា សង្ខារទាំងពួងមិនទៀងដូច្នេះ កាលណោះ រមែងនឿយណាយ ក្នុងសេចក្តីទុក្ខ នេះជាផ្លូវនៃសេចក្តីបរិសុទ្ធិ ។

កាលណា បុគ្គលយល់ឃើញដោយប្រាជ្ញាថា សង្ខារទាំងពួង នាំមកនូវសេចក្តីទុក្ខដូច្នេះ កាលណោះ រមែងនឿយណាយក្នុងសេចក្តីទុក្ខ នេះជាផ្លូវនៃសេចក្តីបរិសុទ្ធិ ។

កាលណា បុគ្គលយល់ឃើញដោយប្រាជ្ញាថា សង្ខារទាំងពួង មិនមែនជារបស់ខ្លួនដូច្នេះ កាលណោះ រមែងនឿយណាយ ក្នុងសេចក្តីទុក្ខ នេះជាផ្លូវនៃសេចក្តីបរិសុទ្ធិ ។

បុគ្គលនៅកំឡោះមានកម្លាំង ទាស់តែប្រកបដោយសេចក្តីខ្ជិលច្រអូស មិនប្រឹងប្រែង ក្នុងកាលដែលគួរប្រឹងប្រែង មានសេចក្តីត្រិះរិះក្នុងចិត្ត លិចចុះក្នុងអកុសលវិតក្កៈ ជាមនុស្សខ្ជិល បុគ្គលខ្ជិល (នោះ) រមែងមិនបានផ្លូវបញ្ញាឡើយ ។

បុគ្គលគប្បីជាអ្នករក្សាវាចា សង្រួមឲ្យល្អដោយចិត្ត ទាំងមិនគប្បីធ្វើអកុសលដោយកាយ បុគ្គលគប្បីជំរះកម្មបថទាំង ៣ នេះ និងគប្បីត្រេកអរចំពោះមគ្គ ដែលលោក អ្នកស្វែងរកគុណដ៏ល្អ សំដែងទុកហើយ ។

ប្រាជ្ញា រមែងកើតអំពីការប្រកប សេចក្តីវិនាសប្រាជ្ញា រមែងកើតអំពីការមិនប្រកប អ្នកមានប្រាជ្ញា ដឹងការប្រកប និងការមិនប្រកប ទាំងពីរនេះថា ជាគន្លងនៃសេចក្តីចម្រើន និងសេចក្តីវិនាសហើយ ប្រាជ្ញាចម្រើនឡើងដោយប្រការណា គួរតម្កល់ខ្លួនទុក ដោយប្រការនោះ ។

អ្នកទាំងឡាយ ចូរកាត់កិលេសដូចជាព្រៃចេញ ចូរកុំកាត់ដើមឈើ (ព្រោះ) ភ័យកើតអំពីកិលេសដូចជាព្រៃ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរកាត់កិលេសដូចជាព្រៃផង កិលេសដូចជាដើមឈើដុះក្នុងព្រៃផង ហើយចូរជាអ្នកកុំមានកិលេស ដូចជាព្រៃឡើយ ព្រោះថា កិលេសដូចដើមឈើ ដុះក្នុងព្រៃរបស់នរជន សូម្បីមានប្រមាណតិចក៏ដោយ បើកាត់មិនដាច់ក្នុងពួកនារីដរាបណា នរជននោះឯង តែងមានចិត្តជាប់ចំពោះក្នុងពួកនារី ដូចកូនគោនៅកំពុងបៅដោះ ដែលមានចិត្តជាប់នៅនឹងមេ ដរាបនោះ ។

អ្នកចូរដកសេចក្តីស្រឡាញ់របស់ខ្លួនចេញ ដូចបុគ្គលដកផ្កាកុមុទ ដែលកើតក្នុងសរទកាលដោយដៃ អ្នកចូរបណ្តុះនូវផ្លូវសន្តិភាពតែម្យ៉ាង ព្រះនិព្វាន ព្រះសុគតសំដែងទុកហើយ ។

អញនឹងនៅក្នុងទីនេះ អស់វស្សានរដូវ អញនឹងនៅក្នុងទីនេះក្នុងហេមន្តរដូវ និងគិម្ហរដូវ ជនពាល រមែងគិតខុសដូច្នេះ តែងមិនដឹងច្បាស់សេចក្តីអន្តរាយឡើយ ។

មច្ចុ គឺសេចក្តីស្លាប់ តែងនាំយកនរជន អ្នកស្រវឹងជ្រប់ ក្នុងកូន និងសត្វចិញ្ចឹម មានចិត្តជាប់ជំពាក់ក្នុងអារម្មណ៍ផ្សេងៗនោះ ដូចជំនន់ទឹកធំ នាំយកអ្នកស្រុកកំពុងដេកលក់ ។

កាលបុគ្គល ត្រូវមច្ចុគ្របសង្កត់ហើយ កូនទាំងឡាយ មិនមាន ដើម្បីជាទីពឹង បិតា ក៏មិនមាន ទាំងផៅពង្ស ក៏មិនមាន ដើម្បីជាទីពឹងឡើយ សេចក្តីទីពឹងក្នុងញាតិទាំងឡាយ ក៏មិនមាន បណ្ឌិតដឹងអំណាចប្រយោជន៍នេះហើយ គួរជាអ្នកសង្រួមក្នុងសីល គួរប្រញាប់ប្រញាល់ជម្រះផ្លូវ ជាទីទៅកាន់ព្រះនិព្វានឲ្យបាន ។

ចប់ មគ្គ ទី២០ ។

២១. បកិណ្ណកវគ្គកែប្រែ

[៣១] បើឃើញសេចក្តីសុខដ៏ធំទូលាយ ព្រោះលះបង់សុខល្មមប្រមាណ អ្នកមានប្រាជ្ញា កាលឃើញសុខធំទូលាយ គប្បីលះសុខល្មមប្រមាណចេញ ។

ជនប្រាថ្នាសេចក្តីសុខដើម្បីខ្លួន ដោយបង្កទុក្ខឲ្យអ្នកដទៃ ជននោះឈ្មោះថា ច្របូកច្របល់ហើយ ដោយការជាប់ចំពាក់ គឺពៀរ រមែងមិនរួចចាកពៀរទេ ។

របស់ណា ដែលខ្លួនគួរធ្វើ របស់នោះ ពួកភិក្ខុណា លះបង់ចោលហើយ តែរបស់ដែលមិនគួរធ្វើ ត្រឡប់ជាធ្វើវិញ អាសវៈទាំងឡាយ តែងចម្រើនឡើងដល់ពួកភិក្ខុនោះ ជាអ្នកមានសេចក្តីប្រមាទ មានមានះដូចជាដើមបបុសលើកឡើងហើយ ។

លុះតែសតិប្រព្រឹត្តទៅ ក្នុងកាយជានិច្ច ដែលពួកភិក្ខុណា បានប្រារព្ធប្រពៃហើយ ភិក្ខុទាំងនោះ រមែងជាអ្នកធ្វើការដែលគួរធ្វើរឿយ ៗ មិនធ្វើការដែលមិនគួរធ្វើ អាសវៈទាំងឡាយ របស់ពួកភិក្ខុនោះ ដែលជាអ្នកមានសតិ មានសម្បជញ្ញៈ រមែងដល់នូវការអស់ទៅ ។

បុគ្គលសម្លាប់តណ្ហាដូចមាតាផង សម្លាប់អស្មិមានះដូចបិតាផង សម្លាប់សស្សតទិដ្ឋិ និងឧច្ឆេទទិដ្ឋិ ដូចស្តេចជាក្ស័ត្រពីរព្រះអង្គផង សម្លាប់អាយតនៈដូចជាដែន ប្រព្រឹត្តទៅ មួយអន្លើ ដោយបុរសអ្នកដើរតាម គឺស្មៀនផង រមែងបានទៅជាខីណាសវព្រាហ្មណ៍ ជាអ្នកមិនមានទុក្ខ ។

បុគ្គលសម្លាប់តណ្ហាដូចមាតាផង សម្លាប់អស្មិមានះដូចបិតាផង សម្លាប់សស្សតទិដ្ឋិ និងឧច្ឆេទទិដ្ឋិ ដូចជាស្តេច ជាព្រាហ្មណ៍ទាំងពីរផង សម្លាប់វិចិកិច្ឆា ដូចជាខ្លាធំជាគម្រប់ ៥ ផង (ដែលនៅស្កាត់ផ្លូវ) បានហើយ រមែងបានទៅជាខីណាសវព្រាហ្មណ៍ ជាអ្នកមិនមានទុក្ខ ។

សតិរបស់ជនពួកណា ដែលឋិតនៅក្នុងព្រះពុទ្ធគុណ អស់កាលជានិច្ចទាំងថ្ងៃ ទាំងយប់ ជនពួកនោះ ឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឭក ៗ ដោយប្រពៃ សព្វកាល ។

សតិរបស់ជនពួកណា ដែលឋិតនៅក្នុងព្រះធម្មគុណ អស់កាលជានិច្ចទាំងថ្ងៃ ទាំងយប់ ជនពួកនោះឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឭក ៗ ដោយប្រពៃ សព្វកាល ។

សតិរបស់ជនពួកណា ដែលឋិតនៅក្នុងព្រះសង្ឃគុណ អស់កាលជានិច្ចទាំងថ្ងៃ ទាំងយប់ ជនពួកនោះ ឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឭក ៗ ដោយប្រពៃ សព្វកាល ។

សតិរបស់ជនពួកណា ដែលឋិតនៅក្នុងកាយ អស់កាលជានិច្ច ទាំងថ្ងៃ ទាំងយប់ ជនពួកនោះ ឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឭក ៗ ដោយប្រពៃសព្វកាល ។

ចិត្តរបស់ពួកជនពួកណា ត្រេកអរហើយ ក្នុងការមិនបៀតបៀនគេ ទាំងថ្ងៃ ទាំងយប់ ជនពួកនោះ ឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឭក ៗ ដោយប្រពៃ សព្វកាល ។

ចិត្តរបស់ជនពួកណា ត្រេកអរហើយ ក្នុងមេត្តាភាវនា ទាំងថ្ងៃ ទាំងយប់ ជនពួកនោះ ឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឭក ៗ ដោយប្រពៃ សព្វកាល ។

ការចេញបួស បានដោយក្រ ការត្រេកអរត្រូវ បានដោយក្រ ផ្ទះទាំងឡាយ មានការនៅគ្រប់គ្រងដោយលំបាក ជាការក្រ ការនៅរួមដោយជនស្មើគ្នា [អាចារ្យខ្លះ ប្រែថា ការនៅរួមដោយជនមិនស្មើគ្នា ព្រោះបទថា ទុក្ខោសមានសំវាសោ អាចកាត់បទជា ទុក្ខោ + អសមានសំវាសោ យ៉ាងនេះបាន ។ អដ្ឋកថា ក៏មានពន្យល់ដែរ ចំណែកសេចក្តី បានសេចក្តីល្អទាំង ២យ៉ាង គឺការមិននៅរួមនឹងមនុស្សស្មើគ្នា ក៏ជាការក្រ នៅរួមនឹងមនុស្សមិនស្មើគ្នា ក៏ជាការក្រ ។] (ដែលមិនមានសេចក្តីកោតក្រែង) ជាការក្រ ជនអ្នកដើរផ្លូវឆ្ងាយ គឺវដ្ដៈ តែងត្រូវសេចក្តីទុក្ខធ្លាក់ជាប់តាម ព្រោះហេតុនោះ បុគ្គលមិនគប្បីជាអ្នកដើរផ្លូវឆ្ងាយផង មិនគប្បីជាអ្នកត្រូវសេចក្តីទុក្ខ ធ្លាក់ជាប់តាមផង ។

បុគ្គលអ្នកមានសទ្ធា បរិបូរណ៌ដោយសីល ស្កប់ស្កល់ដោយយស និងភោគសម្បត្តិ គប់រកប្រទេសណា ៗ គេតែងបូជា ក្នុងប្រទេសនោះ ៗ ។

ពួកសប្បុរស រមែងប្រាកដក្នុងទីឆ្ងាយ ដូចភ្នំហិមពាន្តដូច្នោះ ពួកអសប្បុរស (ទុកជាឋិតនៅ) ក្នុងទីជិត ក៏រមែងមិនប្រាកដ ដូចព្រួញដែលបុគ្គលបាញ់ ក្នុងវេលាយប់ ។

បុគ្គល គួរគប់រកទីអង្គុយម្នាក់ឯង ទីដេកម្នាក់ឯង ជាអ្នកត្រាច់ទៅម្នាក់ឯង មិនជាអ្នកខ្ជិលច្រអូស ជាអ្នកម្នាក់ឯងទូន្មានខ្លួន គួរជាអ្នកត្រេកអរក្នុងព្រៃស្ងាត់ ។

ចប់ បកិណ្ណកវគ្គ ទី២១ ។

២២. និរយវគ្គកែប្រែ

[៣២] អ្នកពោលពាក្យមិនពិត ឬបុគ្គលណាធ្វើ (អំពើអាក្រក់) ហើយ និយាយថា អញមិនធ្វើទេ (បុគ្គលនោះ) រមែងទៅកាន់នរក ជនទាំងពីរនាក់ ដែលមានអំពើទាបថោក (ស្មើគ្នា) នោះ លុះលះលោកនេះទៅហើយ រមែងជាអ្នកស្មើគ្នា (ដោយគតិ) ក្នុងលោកខាងមុខទៀត ។

ពួកជនច្រើននាក់ ដែលមានកព័ន្ធព័ទ្ធដោយសំពត់កាសាវៈ តែ (ប្រព្រឹត្ត) ធម៌ដ៏លាមក មិនបានសង្រួម ពួកជនលាមកទាំងនោះ រមែងទៅកើតក្នុងនរក ដោយសារកម្មទាំងឡាយដ៏លាមកនោះ ។

បព្វជិតទ្រុស្តសីល សូវបរិភោគដុំដែក ដែលកំពុងក្តៅ មានពណ៌ដូចអណ្តាតភ្លើង ប្រសើរជាង បព្វជិតទ្រុស្តសីល មិនសង្រួមបរិភោគដុំបាយអ្នកដែន នឹងប្រសើរដូចម្តេចបាន ។

នរជន អ្នកប្រមាទហើយ សេពប្រពន្ធរបស់បុគ្គលដទៃ រមែងដល់នូវហេតុនៃសេចក្តីទុក្ខ ៤ យ៉ាង គឺទី ១ បានរបស់មិនមែនជាបុណ្យ ទី ២ ដេកមិនបានតាមប្រាថ្នា ទី ៣ ការតិះដៀល ទី ៤ ការធ្លាក់នរក ។ (ហេតុនៃសេចក្តីទុក្ខ ៤ យ៉ាងផ្សេងទៀត) គឺ បានរបស់មិនជាបុណ្យ ១ មានគតិអាក្រក់ ១ តម្រេករបស់បុរសអ្នកខ្លាច ជាមួយនឹងស្ត្រីដែលខ្លាចដែរ មានប្រមាណតិច ១ ព្រះរាជា នឹងដាក់អាជ្ញាយ៉ាងធ្ងន់ ១ ព្រោះហេតុនោះ បុរសមិនគួរសេពប្រពន្ធរបស់បុគ្គលដទៃឡើយ ។

ស្បូវភ្លាំង ដែលបុគ្គលកាន់មិនចំណាប់ រមែងលះដៃ យ៉ាងណាមិញ ភាពជាសមណៈ ដែលបព្វជិតកាន់មិនស៊ប់សួនហើយ រមែងទាញបព្វជិតនោះទៅនរក យ៉ាងនោះឯង ។

កម្មណាមួយ ដែលធូរថយក្តី វត្តណាមួយដែលសៅហ្មងក្តី ព្រហ្មចរិយៈដែលបុគ្គលរឭកដោយសេចក្តីរង្កៀសក្តី កម្មទាំង ៣ នោះ ជារបស់មិនមានផលច្រើនឡើយ ។

បើបុគ្គលធ្វើ គប្បីធ្វើកិច្ចនោះឲ្យមែនទែន គប្បីប្រឹងប្រែងធ្វើកិច្ចនោះឲ្យមាំមួន ព្រោះថា សមណធម៌ ជាគ្រឿងវៀរចាកកិលេសធូរថយ រមែងរោយធូលី គឺរាគាទិក្កិលេសដល់បុគ្គលដោយក្រៃលែង ។

អំពើអាក្រក់ ដែលបុគ្គលមិនធ្វើ ប្រសើរជាង (ព្រោះថា) អំពើអាក្រក់ រមែងធ្វើឲ្យក្តៅក្រហាយ ក្នុងកាលខាងក្រោយ បុគ្គលធ្វើអំពើណាហើយ រមែងមិនក្តៅក្រហាយក្រោយ អំពើនោះ ជាអំពើល្អ បើបុគ្គលធ្វើហើយ ឈ្មោះថា បុគ្គលប្រសើរ ។

នគរនៅទីបំផុតដែន ដែលគេគ្រប់គ្រងហើយ ទាំងខាងក្នុង ទាំងខាងក្រៅយ៉ាងណា អ្នកទាំងឡាយ គួររក្សាខ្លួនយ៉ាងនោះ កុំឲ្យខណៈ [ខណ-សព្ទនេះ ប្រែថា “ពេលល្អ” ចែកចេញជា៤យ៉ាងគឺ ពុទ្ធុប្បាទក្ខណោ ពេលដែលព្រះពុទ្ធបានត្រាស់ ១ មជ្ឈិមប្បទេសេ ឧបត្តិក្ខណោ ពេលដែលសត្វកើតឡើងក្នុងមជ្ឈិមប្បទេស ១ សម្មាទិដ្ឋិយា បដិលទ្ធក្ខណោ ពេលដែលត្រូវបានសម្មាទិដ្ឋិ ១ ឆន្នមាយតនានំ អវេកល្លក្ខណោ ពេលដែលមិនវិកលអាយតនៈប្រាំមួយ ១ ។ អដ្ឋកថា ។] កន្លងអ្នកទាំងឡាយបានឡើយ ព្រោះថា ជនទាំងឡាយ ដែលឲ្យខណៈកន្លងហើយ រមែងសោកស្តាយ ក្នុងនរកមីរដេរដាស ។

សត្វទាំងឡាយ ដែលប្រកាន់មិច្ឆាទិដ្ឋិ រមែងខ្មាស ក្នុងហេតុដែលគេមិនត្រូវខ្មាស រមែងមិនខ្មាស ក្នុងហេតុដែលគេត្រូវខ្មាស សត្វទាំងនោះ តែងទៅកាន់ទុគ្គតិ ។

សត្វទាំងឡាយ ដែលប្រកាន់មិច្ឆាទិដ្ឋិ រមែងយល់ឃើញ ក្នុងហេតុដែលគេមិនត្រូវខ្លាច ថាជាហេតុដែលគេត្រូវខ្លាចផង យល់ឃើញក្នុងហេតុដែលគេត្រូវខ្លាច ថាជាហេតុដែលគេមិនត្រូវខ្លាចផង សត្វទាំងនោះ តែងទៅកាន់ទុគ្គតិ ។

សត្វទាំងឡាយ ដែលប្រកាន់មិច្ឆាទិដ្ឋិ រមែងយល់ឃើញ ក្នុងហេតុដែលឥតទោស ថាជាហេតុមានទោសផង យល់ឃើញ ក្នុងហេតុដែលមានទោស ថាជាហេតុឥតទោសផង សត្វទាំងនោះ តែងទៅកាន់ទុគ្គតិ ។

សត្វទាំងឡាយ ដែលប្រកាន់សម្មាទិដ្ឋិ ដឹងរបស់មានទោស ថាជារបស់មានទោសផង ដឹងរបស់មិនមានទោស ថាជារបស់មិនមានទោសផង សត្វទាំងនោះ តែងទៅកាន់សុគតិ ។

ចប់ និរយវគ្គ ទី២២ ។

២៣. នាគវគ្គកែប្រែ

[៣៣] តថាគតនឹងអត់ទ្រាំពាក្យល្មើស ដូចដំរី កាលអត់ទ្រាំចំពោះព្រួញ ដែលរបូតចេញអំពីធ្នូ ក្នុងសង្គ្រាមដូច្នោះ ព្រោះថា ជនទ្រុស្តសីល មានច្រើននាក់ ។ ពួកជនតែងនាំវាហនៈ ដែលទូន្មានហើយ ទៅកាន់ទីប្រជុំ ព្រះរាជា តែងស្តេចឡើងកាន់វាហនៈ ដែលទូន្មានហើយ បណ្តាមនុស្សទាំងឡាយ មនុស្សណា អត់សង្កត់នឹងពាក្យល្មើសបាន មនុស្សនោះ ជាអ្នកមានខ្លួនទូន្មានហើយ ឈ្មោះថា បុគ្គលប្រសើរបំផុត ។ ពួកសេះអស្សតរក្តី សេះអាជានេយ្យក្តី សេះសិន្ធពក្តី ដំរីកុញ្ជរដ៏ប្រសើរក្តី ដែលបុគ្គលប្រៀនប្រដៅបានបទហើយ រាប់ថាជាសត្វប្រសើរ បុគ្គលដែលមានខ្លួនទូន្មានបានបទហើយ ប្រសើរជាងសត្វទាំងអស់នោះ ។

បុគ្គលទូន្មានខ្លួនបានបទហើយ ទូន្មានខ្លួនល្អហើយ ឈ្មោះថាទូន្មានហើយ ទើបទៅកាន់ទិសដែលខ្លួនមិនធ្លាប់ទៅ គឺព្រះនិព្វានបាន ពុំមែនដូចបុគ្គលទៅកាន់ទិស ដែលខ្លួនមិនធ្លាប់ទៅ ដោយសារយានទាំងឡាយនោះឡើយ ។

ដំរីឈ្មោះធនបាល ជាសត្វចុះប្រេង ក្លៀវក្លា នាយហត្ថាចារ្យឃាត់បានដោយលំបាក បើនាយហត្ថាចារ្យចងភ្ជាប់ មិនស៊ីស្មៅទេ ព្រោះរឭកដល់ព្រៃខ្ទឹងដែលដំរីនោះធ្លាប់នៅ ។

កាលណា បុគ្គលអ្នកមានសេចក្តីងោកងុយផង អ្នកបរិភោគភោជន មានប្រមាណច្រើនផង អ្នកដេកលក់ផង អ្នកដេកបម្រះននៀលផង ដូចជ្រូកស្រុក ដែលបុគ្គលចិញ្ចឹម ដោយសូករភត្ត កាលនោះ បុគ្គលនោះ ជាមនុស្សខ្លៅ រមែងចូលទៅកាន់គភ៌រឿយ ៗ ។

ក្នុងកាលមុនអំពីកាលនេះ ចិត្តនេះបានត្រាច់ទៅកាន់ចារិក តាមអាការ ដែលខ្លួនប្រាថ្នា តាមអារម្មណ៍ដែលខ្លួនប្រាថ្នា តាមសេចក្តីសប្បាយក្នុងថ្ងៃនេះ អញនឹងសង្កត់សង្កិនចិត្តនោះ ដោយឧបាយ ដូចហ្មដំរីកាន់កង្វេរ សង្កត់សង្កិនដំរីចុះប្រេង ដូច្នោះដែរ ។

អ្នកទាំងឡាយ ចូរត្រេកអរ ក្នុងសេចក្តីមិនប្រមាទ ចូររក្សាចិត្តរបស់ខ្លួន ចូររើខ្លួនចេញ ចាកភក់ គឺកិលេស ដែលឆ្លងបានដោយកម្រ ដូចដំរីដែលជាប់នៅក្នុងភក់ រើខ្លួនឲ្យរួចបាន ។

បើបុគ្គលបានសំឡាញ់ ដែលមានប្រាជ្ញាជាគ្រឿងរក្សាខ្លួន មានប្រាជ្ញាចងចាំ មានគុណធម៌ជាគ្រឿងនៅ ញ៉ាំងប្រយោជន៍ឲ្យសម្រេច ជាអ្នកត្រាច់ទៅជាមួយ គួរជាអ្នកមានចិត្តត្រេកអរ មានស្មារតី គ្របសង្កត់សេចក្តីអន្តរាយទាំងពួង ហើយត្រាច់ទៅជាមួយនឹងសំឡាញ់នោះឯង ។ បើស្វែងរកមិនបានសំឡាញ់ ដែលមានប្រាជ្ញាជាគ្រឿងរក្សាខ្លួន មានប្រាជ្ញាចងចាំ មានគុណធម៌ជាគ្រឿងញ៉ាំងប្រយោន៍ឲ្យសម្រេច ជាអ្នកត្រាច់ទៅជាមួយទេ គួរត្រាច់ទៅតែឯកឯងវិញ ដូចព្រះរាជាលះបង់រដ្ឋ ដែលទ្រង់ឈ្នះហើយ ស្តេចទៅតែឯកអង្គ ពុំនោះសោត ដូចដំរីឈ្មោះមាតង្គៈ ដែលលះហ្វូង ត្រាច់ទៅតែឯកឯងក្នុងព្រៃ ដូច្នោះដែរ ។

ការត្រាច់ទៅ របស់បុគ្គលឯកឯង ជាគុណជាតប្រសើរផុត (ព្រោះថា) សហាយតាគុណ រមែងមិនមានក្នុងជនពាលឡើយ បុគ្គលនោះ គប្បីជាអ្នកមិនមានសេចក្តីខ្វល់ខ្វាយ ត្រាច់ទៅតែម្នាក់ឯងផង មិនគប្បីធ្វើអំពើបាបទាំងឡាយផង ដូចដំរីឈ្មោះមាតង្គៈ ជាសត្វមិនមានសេចក្តីខ្វល់ខ្វាយ លះបង់ហ្វូង ត្រាច់ទៅតែឯកឯងក្នុងព្រៃ ដូច្នោះដែរ ។

កាលបើសេចក្តីត្រូវការ កើតឡើងហើយ សំឡាញ់ទាំងឡាយ នាំសេចក្តីសុខមកឲ្យ សេចក្តីត្រេកអរដោយបច្ច័យ តាមមានតាមបាន ជាហេតុនាំសេចក្តីសុខមកឲ្យ បុណ្យ នាំសេចក្តីសុខមកឲ្យ ក្នុងកាលទៀបក្ស័យជីវិត ការលះបង់ទុក្ខទាំងអស់បាន ជាហេតុនាំសេចក្តីសុខមកឲ្យ ។

សេចក្តីប្រតិបត្តិល្អក្នុងមាតា នាំសេចក្តីសុខមកឲ្យក្នុងលោក មួយទៀត សេចក្តីប្រតិបត្តិល្អក្នុងបិតា នាំសេចក្តីសុខមកឲ្យ សេចក្តីប្រតិបត្តិល្អក្នុងសមណៈ នាំសេចក្តីសុខមកឲ្យក្នុងលោក មួយទៀត សេចក្តីប្រតិបត្តិល្អ ក្នុងព្រាហ្មណ៍ នាំសេចក្តីសុខមកឲ្យ សីល នាំសេចក្តីសុខមកឲ្យ ដរាបដល់ចាស់ សទ្ធាដែលបុគ្គលតម្កល់ស៊ប់ហើយ នាំសេចក្តីសុខមកឲ្យ ការបានប្រាជ្ញា នាំសេចក្តីសុខមកឲ្យ ការមិនធ្វើបាបទាំងឡាយ នាំសេចក្តីសុខមកឲ្យ ។

ចប់ នាគវគ្គ ទី២៣ ។

២៤. តណ្ហាវគ្គកែប្រែ

[៣៤] តណ្ហា តែងចម្រើនដល់មនុស្សអ្នកមានការប្រព្រឹត្តិ ដោយសេចក្តីប្រមាទជាប្រក្រតី ដូចវល្លិ រួបរឹតដើមឈើហើយ ចម្រើនឡើង បុគ្គលនោះ តែងស្ទុះទៅកាន់ភពតូចភពធំដូចស្វា កាលប្រាថ្នាផ្លែឈើ លោតទៅក្នុងព្រៃ ដូច្នោះដែរ ។

តណ្ហានុ៎ះ ជាទោសជាតិដ៏លាមក ផ្សាយទៅក្នុងអារម្មណ៍ផ្សេង ៗ ក្នុងលោក គ្របសង្កត់បុគ្គលណា សេចក្តីសោកស្តាយ តែងចម្រើនឡើង ដល់បុគ្គលនោះ ដូចស្បូវរណ្តាស ដែលត្រូវភ្លៀងធ្លាក់ចុះជញ្ជ្រំហើយ ពន្លកលូតលេចឡើង ដូច្នោះដែរ ។

ចំណែកជនណា គ្របសង្កត់តណ្ហាដ៏លាមក ក្នុងលោក ដែលគេឆ្លងបានដោយកម្រនោះ សេចក្តីសោកស្តាយ តែងធ្លាក់ចេញចាកជននោះឯង ដូចដំណក់ទឹកដែលធ្លាក់ចុះចាកស្លឹកឈូក ដូច្នោះដែរ ។

ព្រោះហេតុនោះ បានជាតថាគត ប្រាប់អ្នកទាំងឡាយ អ្នកទាំងឡាយ មានប៉ុន្មានរូប ដែលមកប្រជុំក្នុងទីនេះ សេចក្តីចម្រើន ចូរមានដល់អ្នកទាំងឡាយទាំងប៉ុណ្ណោះចុះ អ្នកទាំងឡាយ ចូររំលើងឫសតណ្ហាចោលចេញ ដូចបុគ្គលត្រូវការដោយស្បូវភ្លាំង គាស់ស្បូវរណ្តាសចោលចេញ ដូច្នោះ ។

មារកុំរុករានអ្នកទាំងឡាយរឿយ ៗ ដូចខ្សែទឹក កាច់បំបាក់ដើមបបុស ដូច្នោះឡើយ ។

កាលបើឫសឈើ មិនមានសេចក្តីអន្តរាយ នៅមាំមួនទេ ដើមឈើទុកជាកាប់ចោលហើយ ក៏តែងដុះឡើងទៀតបាន មានឧបមាដូចម្តេចមិញ កាលបើតណ្ហានុស័យ បុគ្គល កំចាត់មិនទាន់បានហើយ ទុក្ខ (មានជាតិទុក្ខជាដើម) នេះ ក៏តែងកើតរឿយ ៗ មានឧបមេយ្យដូច្នោះឯង ។

ខ្សែតណ្ហា ៣៦ ជាធម្មជាតិហូរទៅក្នុងអារម្មណ៍ ជាទីគាប់ចិត្ត ជាធម្មជាតិក្លៀវក្លា មានដល់បុគ្គលណា តម្រិះទាំងឡាយដ៏ធំ ដែលអាស្រ័យនូវរាគៈ តែងនាំនូវទិដ្ឋិអាក្រក់ របស់បុគ្គលនោះ ។

ខ្សែតណ្ហាទាំងឡាយ តែងហូរទៅក្នុងអារម្មណ៍ទាំងពួង ដូចជាវល្លិដែលបែកខ្នែងឡើង តាំងនៅដូច្នោះ បើអ្នកទាំងឡាយ ឃើញតណ្ហា ដូចជាវល្លិនោះ កើតឡើងហើយ ចូរកាត់ឫសចោលចេញ ដោយកាំបិត គឺបញ្ញា ។

សោមនស្សទាំងឡាយ ដែលផ្សាយទៅហើយផង ដែលប្រព្រឹត្តទៅដោយសេចក្តីស្រឡាញ់ផង រមែងមានដល់សត្វ ពួកសត្វនោះ ជាអ្នកអាស្រ័យនូវសេចក្តីរីករាយ អ្នកស្វែងរកសេចក្តីសុខ នរជនទាំងឡាយនោះឯង តែងឈមទៅរកជាតិ និងជរា ។

ពួកសត្វដែលតណ្ហា ជាទីញ៉ាំងសត្វឲ្យតក់ស្លុត ក្រុងទុកហើយ តែងរន្ធត់ដូចទន្សាយ ដែលព្រានទាក់បានហើយដូច្នោះ ពួកសត្វ ដែលជាប់ក្នុងសំយោជនៈ និងសង្គធម៌ (ធម៌ជាគ្រឿងជំពាក់) តែងដល់នូវសេចក្តីទុក្ខរឿយ ៗ អស់កាលអង្វែង ។

ពួកសត្វដែលតណ្ហាជាទីញ៉ាំងសត្វឲ្យតក់ស្លុត ក្រុងទុកហើយ តែងរន្ធត់ដូចទន្សាយ ដែលនាយព្រាន ទាក់បានហើយដូច្នោះ ព្រោះហេតុនោះ ភិក្ខុកាលប្រាថ្នាធម៌ជាគ្រឿងប្រាសចាករាគៈ ដើម្បីខ្លួន គប្បីបន្ទោបង់តណ្ហា ដែលជាគ្រឿងតក់ស្លុតចោលចេញ ។

បុគ្គលណា មិនមានអាល័យ ក្នុងគិហិភាព ដូចដើមឈើតាំងនៅក្នុងព្រៃ មានចិត្តចុះស៊ប់ក្នុងព្រៃ គឺតបធម៌ ជាអ្នករួចស្រឡះចាកព្រៃ គឺតណ្ហា ហើយស្ទុះទៅរកព្រៃ គឺតណ្ហាវិញ អ្នកទាំងឡាយ ចូរមើលបុគ្គលនោះឯង បុគ្គលនោះ រួចចាកចំណង គឺឃរាវាសហើយ ស្ទុះទៅរកចំណង គឺឃរាវាសវិញ ។

ចំណងណា ដែលកើតអំពីដែកក្តី កើតអំពីឈើក្តី កើតអំពីស្មៅយាប្លងក្តី អ្នកប្រាជ្ញ មិនហៅចំណងនោះ ថាជាចំណងមាំមួនឡើយ ។

ពួកជនណា ត្រេកអរក្រៃពេក ក្នុងកែវមណី និងកុណ្ឌលទាំងឡាយក្តី សេចក្តីអាឡោះអាល័យកូន និងប្រពន្ធទាំងឡាយក្តី អ្នកប្រាជ្ញទាំងឡាយ ហៅសេចក្តីត្រេកអរ និងសេចក្តីអាឡោះអាល័យនោះ ថាជាចំណងមាំមួន ជាចំណងនាំចុះ (ទាញសត្វទំលាក់ទៅក្នុងអបាយ) ជាចំណងធូរទេ ប៉ុន្តែសត្វស្រាយបានដោយកម្រ អ្នកប្រាជ្ញទាំងឡាយ កាត់ចំណងនោះចេញ ជាអ្នកមិនមានសេចក្តីអាឡោះអាល័យ លះបង់កាមសុខ ហើយចេញបួស ។

ពួកជនណា ត្រេកអរដោយអំណាចរាគៈ ពួកជននោះ តែងធ្លាក់ចុះកាន់ខ្សែតណ្ហា ដូចពីងពាងទម្លាក់ខ្លួនចុះកាន់សំណាញ់ ដែលធ្វើហើយដោយខ្លួនឯង អ្នកប្រាជ្ញទាំងឡាយ តែងកាត់ខ្សែតណ្ហានោះ ជាអ្នកមិនមានសេចក្តីអាឡោះអាល័យ លះទុក្ខទាំងពួង ចេញទៅ ។

អ្នកចូរដោះ (សេចក្តីអាល័យ) ក្នុងកាលមុនចេញ ចូរដោះ (សេចក្តីអាល័យ) ក្នុងខាងក្រោយចេញ ចូរដោះ (សេចក្តីអាល័យ) ក្នុងកាលជាកណ្តាលចេញ (កាលបើធ្វើយ៉ាងនេះ) អ្នកនឹងដល់ត្រើយនៃភព នឹងមានចិត្តរួចស្រឡះ ចាកសង្ខតធម៌ទាំងពួង មិនត្រូវទៅកាន់ជាតិ និងជរាទៀតឡើយ ។

តណ្ហា រមែងចម្រើនក្រៃលៃង ដល់ជនដែលវិតក្កៈញាំញី មានតម្រេកក្លៀវក្លា យល់ឃើញអារម្មណ៍ថាល្អ បុគ្គលនោះឯង ឈ្មោះថាធ្វើចំណងឲ្យមាំមួន ។ លុះតែបុគ្គលណា ត្រេកអរក្នុងអសុភជ្ឈាន ដែលជាហេតុឲ្យស្ងប់រម្ងាប់នូវវិតក្កៈ មានស្មារតីសព្វកាល តែងចម្រើនអសុភជ្ឈាន បុគ្គលនោះឯង នឹងធ្វើតណ្ហាឲ្យអស់ទៅបាន បុគ្គលនោះឯង ទើបឈ្មោះថា កាត់ចំណងមារបាន ។

បុគ្គលណា ដល់សេចក្តីសម្រេច គឺអរហត្ត ជាអ្នកមិនតក់ស្លុត មិនមានតណ្ហា មិនមានកិលេសដូចទីទួល បានកាត់កូនសរ គឺកិលេស ជាហេតុញ៉ាំងសត្វឲ្យទៅកាន់ភពបានហើយ កាយដែលឆ្អឹង ៣០០ កំណាត់ផ្គុំគ្នាហើយនេះ របស់បុគ្គលនោះ ឈ្មោះថា តាំងនៅក្នុងទីបំផុត ។

បុគ្គលណា មិនមានតណ្ហា មិនមានសេចក្តីប្រកាន់មាំ ជាអ្នកឈ្លាស ក្នុងនិរុត្តិ (វាចាជាគ្រឿងសំដែងចេញ) និងបទដ៏សេស ដឹងច្បាស់ នូវប្រជុំនៃអក្ខរៈទាំងឡាយផង នូវខាងដើម និងខាងចុងនៃអក្ខរៈទាំងឡាយផង បុគ្គលនោះឯង តថាគតហៅថា អ្នកមានសរីរៈឋិតនៅក្នុងទីបំផុត មានបញ្ញាច្រើន ជាមហាបុរស ។

តថាគតជាអ្នកគ្របសង្កត់តេភូមិកធម៌ទាំងអស់ ដឹងច្បាស់ចតុព្ភូមិកធម៌ទាំងអស់ មានចិត្តមិនបានជាប់នៅ ក្នុងតេភូមិកធម៌ទាំងអស់ លះបង់តេភូមិកធម៌ទាំងអស់ មានចិត្តរួចស្រឡះ ព្រោះអស់តណ្ហា បើតថាគតត្រាស់ដឹងធម៌ ដោយខ្លួនឯងហើយ ចាំបាច់យកអ្នកណាជាគ្រូអាចារ្យទៀត ។

ធម្មទាន ឈ្នះអាមិសទានទាំងពួង ធម្មរស ឈ្នះរសទាំងពួង សេចក្តីត្រេកអរក្នុងធម៌ ឈ្នះសេចក្តីត្រេកអរទាំងពួង ការអស់តណ្ហា ឈ្នះទុក្ខទាំងពួង ។

ភោគៈទាំងឡាយ រមែងសម្លាប់បុគ្គលអ័ប្បប្រាជ្ញា ប៉ុន្តែមិនសម្លាប់បុគ្គលអ្នកស្វែងរកត្រើយ គឺព្រះនិព្វានទេ ឯបុគ្គលអ័ប្បប្រាជ្ញា រមែងសម្លាប់ខ្លួនឯង ដូចជាសម្លាប់បុគ្គលដទៃ ព្រោះចំណង់ក្នុងភោគៈ ។

ស្រែទាំងឡាយ មានស្មៅជាទោស ពួកសត្វលោកនេះ មានរាគៈជាទោស ព្រោះហេតុនោះ ទានដែលបុគ្គលឲ្យហើយ ដល់អ្នកមានរាគៈអស់ហើយ រមែងជាទានមានផលច្រើន ។

ស្រែទាំងឡាយ មានស្មៅជាទោស ពួកសត្វលោកនេះ មានទោសៈជាទោស ព្រោះហេតុនោះ ទានដែលបុគ្គលឲ្យហើយ ដល់អ្នកមានទោសៈអស់ហើយ រមែងជាទានមានផលច្រើន ។

ស្រែទាំងឡាយ មានស្មៅជាទោស ពួកសត្វលោកនេះ មានមោហៈជាទោស ព្រោះហេតុនោះ ទានដែលបុគ្គលឲ្យហើយ ដល់អ្នកមានមោហៈអស់ហើយ រមែងជាទានមានផលច្រើន ។

ស្រែទាំងឡាយ មានស្មៅជាទោស ពួកសត្វលោកនេះ មានសេចក្តីច្រណែន ជាទោស ព្រោះហេតុនោះ ទានដែលបុគ្គលឲ្យហើយ ដល់អ្នកមានសេចក្តីច្រណែនអស់ហើយ រមែងជាទានមានផលច្រើន ។

ចប់ តណ្ហាវគ្គ ទី២៤ ។

២៥. ភិក្ខុវគ្គកែប្រែ

[៣៥] ការសង្រួមភ្នែកប្រពៃ ការសង្រួមត្រចៀកប្រពៃ ការសង្រួមច្រមុះប្រពៃ ការសង្រួមអណ្តាតប្រពៃ ការសង្រួមកាយប្រពៃ ការសង្រួមវាចាប្រពៃ ការសង្រួមចិត្តប្រពៃ ការសង្រួមទាំងអស់ប្រពៃ ភិក្ខុសង្រួមហើយក្នុងទ្វារទាំងអស់ តែងរួចស្រឡះចាកទុក្ខទាំងពួងបាន ។

ជនណា សង្រួមដៃ សង្រួមជើង សង្រួមវាចា សង្រួមអត្តភាពជាអ្នកត្រេកអរក្នុងការចម្រើនកម្មដ្ឋានដែលមានក្នុងខ្លួន ជាអ្នកមានចិត្តតម្កល់មាំ ជាអ្នកនៅឯកឯង តែងមានចិត្តត្រេកអរក្នុងធម៌ បណ្ឌិតទាំងឡាយហៅជននោះថា ភិក្ខុ ។

ភិក្ខុណា សង្រួមមាត់ ជាអ្នកពោលដោយបញ្ញា មានចិត្តមិនរាយមាយ សំដែងអត្ថផង ធម៌ផងបាន ភាសិតរបស់ភិក្ខុនោះទើបឈ្មោះថាពីរោះ ។

ភិក្ខុមានធម៌ជាទីត្រេកអរ ត្រេកអរហើយក្នុងធម៌ ពិចារណាធម៌ រឭកធម៌រឿយ ៗ រមែងមិនសាបសូន្យចាកព្រះសទ្ធម្មឡើយ ។

ភិក្ខុមិនគប្បីមើលងាយលាភរបស់ខ្លួន (ដែលកើតឡើងដោយធម៌) មិនគប្បីប្រព្រឹត្តចង់បានលាភរបស់ភិក្ខុដទៃ បើចង់បានលាភរបស់ភិក្ខុដទៃ រមែងមិនបានសមាធិឡើយ ។ បើភិក្ខុសូម្បីមានលាភតិច មិនមើលងាយលាភរបស់ខ្លួន ទេវតា និងមនុស្សទាំងឡាយ តែងសរសើរភិក្ខុនោះឯង ដែលជាអ្នកមានព្យាយាមជាគ្រឿងអាស្រ័យរស់នៅដោយបរិសុទ្ធិ ជាអ្នកមិនខ្ជិលច្រអូស ។

បុគ្គលណា មិនមានសេចក្តីប្រកាន់ក្នុងនាម និងរូប ថាជារបស់អញ ដោយប្រការទាំងពួង មួយទៀត បុគ្គលណា មិនសោកស្តាយ ព្រោះនាម និងរូបដែលមិនមាន បុគ្គលនោះឯង តថាគតហៅថា ភិក្ខុ ។

ភិក្ខុណា នៅដោយអំណាចមេត្តា ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ភិក្ខុនោះ រមែងបានបទដ៏ស្ងប់ ជាទីរម្ងាប់នូវសង្ខារ នាំមកនូវសេចក្តីសុខ ។

ម្នាលភិក្ខុ ចូរអ្នកស្តារទូក គឺអត្តភាពនេះ ទូកដែលអ្នកស្តារហើយ នឹងដល់ត្រើយឆាប់ អ្នកកាត់រាគៈ និងទោសៈបានហើយអំពីនោះ នឹងអាចដល់នូវព្រះនិព្វាន ។

ភិក្ខុគប្បីកាត់ឱរម្ភាគិយសំយោជនៈ ៥ ផង គប្បីលះបង់ឧទ្ធម្ភាគិយសំយោជនៈ ៥ ផង គប្បីចម្រើនឥន្ទ្រិយ ៥ តទៅ ភិក្ខុអ្នកកន្លងកិលេសជាគ្រឿងចំពាក់ ៥ (រាគៈ ទោសៈ មោហៈ មានៈ ទិដ្ឋិ ) បានហើយ ទើបតថាគតហៅថា អ្នកឆ្លងអន្លង់បាន ។

ម្នាលភិក្ខុ ចូរអ្នកពិនិត្យផង ចូរកុំជាអ្នកប្រមាទផង ចិត្តរបស់អ្នក ចូរកុំវិលទៅរកកាមគុណឡើយ អ្នកចូរកុំប្រមាទ ទំពាស៊ីនូវដុំលោហៈ កុំឲ្យជាអ្នកកាលភ្លើងឆេះហើយ កន្ទក់កន្ទេញថា នេះទុក្ខ ដូច្នេះឡើយ ។

ការពិនិត្យមិនមានដល់បុគ្គលអ្នកមិនមានប្រាជ្ញា ប្រាជ្ញាមិនមានដល់បុគ្គលអ្នកមិនពិនិត្យ ការពិនិត្យ និងប្រាជ្ញា មានក្នុងបុគ្គលណា បុគ្គលនោះឯង ឈ្មោះថា ឋិតនៅក្នុងទីជិតនៃព្រះនិព្វាន ។

សេចក្តីត្រេកអរ ដែលមិនមែនជារបស់មនុស្ស រមែងមានដល់ភិក្ខុអ្នកចូលទៅកាន់ផ្ទះស្ងាត់ អ្នកមានចិត្តរម្ងាប់ អ្នកឃើញធម៌ដោយប្រពៃ ។

ភិក្ខុពិចារណាការកើតឡើង និងការវិនាសខន្ធទាំងឡាយ ក្នុងកាលណា ក្នុងកាលនោះ ភិក្ខុនោះ រមែងបានបីតិ និងបាមោជ្ជៈ បីតិ និងបាមោជ្ជៈនោះ ឈ្មោះថាជាអមតធម៌ របស់បណ្ឌិតអ្នកដឹងធម៌ទាំងឡាយ ។

គុណ ៣ ប្រការនេះ គឺការរក្សាឥន្ទ្រិយ ១ សេចក្តីសន្តោស ១ ការសង្រួមក្នុងបាតិមោក្ខ ១ ជាខាងដើមនៃព្រះនិព្វាននោះ តែងមានដល់ភិក្ខុអ្នកមានបញ្ញាក្នុងសាសនានេះ (ម្នាលភិក្ខុ) អ្នកចូរគប់រកកល្យាណមិត្ត អ្នកមានព្យាយាមជាគ្រឿងរស់ដោយបរិសុទ្ធិ ជាអ្នកមិនខ្ជិលច្រអូស ។

ភិក្ខុគប្បីជាអ្នកប្រព្រឹត្តធ្វើបដិសន្ថារៈ គប្បីជាអ្នកឈ្លាសក្នុងអាចារៈ ព្រោះហេតុទាំងពីរនោះ អ្នកនឹងមានបាមោជ្ជៈច្រើន នឹងធ្វើទីបំផុតទុក្ខបាន ។

ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីជំរុះរាគៈ និងទោសៈចេញ ដូចម្លិះជំរុះផ្កាម្លិះទាំងឡាយ ដែលស្វិតហើយ ដូច្នោះ ។

ភិក្ខុអ្នកមានកាយរម្ងាប់ហើយ មានវាចារម្ងាប់ហើយ មាចិត្តរម្ងាប់ហើយ មានចិត្តតម្កល់មាំហើយ មានអាមិសៈក្នុងលោកខ្ជាក់ចោលហើយ ទើបតថាគតហៅថា អ្នកស្ងប់រម្ងាប់ ។

អ្នកចូរដាស់តឿនខ្លួនដោយខ្លួនឯង ចូរពិនិត្យខ្លួនដោយខ្លួនឯង ម្នាលភិក្ខុ អ្នកនោះបើមានស្មារតី រក្សាខ្លួនទុកហើយ នឹងនៅជាសុខ ។

មែនពិត ខ្លួនជាទីពឹងរបស់ខ្លួន ខ្លួនឯងជាគតិរបស់ខ្លួន ព្រោះហេតុនោះ អ្នកចូររវាំងខ្លួន ដូចពាណិជរវាំងសេះដ៏ល្អ ។

ភិក្ខុអ្នកក្រាស់ដោយសេចក្តីរីករាយ ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា រមែងបាននូវបទដ៏ស្ងប់ ជាទីរម្ងាប់នូវសង្ខារ នាំមកនូវសេចក្តីសុខ ។

ភិក្ខុណានៅកម្លោះ ប្រឹងប្រែងក្នុងព្រះពុទ្ធសាសនា ភិក្ខុនោះ រមែងញ៉ាំងលោកនេះឲ្យភ្លឺស្វាងបាន ដូចព្រះចន្ទដែលរះផុតអំពីពពក ។

ចប់ ភិក្ខុវគ្គ ទី២៥ ។

២៦. ព្រាហ្មណវគ្គកែប្រែ

[៣៦] ម្នាលព្រាហ្មណ៍ អ្នកចូរខំប្រឹងកាត់តណ្ហាដូចខ្សែទឹក ចូរបន្ទោបង់កាមទាំងឡាយចេញ ម្នាលព្រាហ្មណ៍ អ្នកស្គាល់ច្បាស់នូវការអស់សង្ខារទាំងឡាយហើយ ឈ្មោះថា ជាអ្នកដឹងព្រះនិព្វានដែលបច្ច័យតាក់តែងមិនបាន ។

កាលណាព្រាហ្មណ៍អ្នកដល់ត្រើយ ក្នុងធម៌ពីរប្រការ គឺសមថធម៌ និងវិបស្សនាធម៌ ក្នុងកាលណោះ កិលេស គ្រឿងប្រកបសត្វទុកទាំងអស់របស់ព្រាហ្មណ៍ អ្នកដឹងនោះ រមែងដល់នូវការតាំងនៅមិនបាន ។

ត្រើយក្តី ទីមិនមែនត្រើយក្តី ត្រើយ និងទីមិនមែនត្រើយក្តី មិនមានដល់បុគ្គលណា (សេចក្តីប្រកាន់អាយតនៈមិនមានដល់បុគ្គលណា) តថាគតហៅបុគ្គលនោះ ដែលជាអ្នកមានសេចក្តីក្រវល់ក្រវាយអស់ហើយ ជាអ្នកប្រាសចាកកិលេស ថាជាព្រាហ្មណ៍ ។

តថាគតហៅបុគ្គលអ្នកចម្រើនឈាន មានធូលី គឺកាមអស់ហើយ អ្នកអង្គុយនៅឯកឯង អ្នកមានសោឡសកិច្ចធ្វើស្រេចហើយ មិនមានអាសាវៈ ដល់នូវប្រយោជន៍ដ៏ខ្ពង់ខ្ពស់ ដោយលំដាប់ហើយនោះ ថាជាព្រាហ្មណ៍ ។

ព្រះអាទិត្យរុងរឿង ក្នុងវេលាថ្ងៃ ព្រះចន្ទរុងរឿង ក្នុងវេលាយប់ ក្សត្រទ្រង់ប្រដាប់ពេញយសហើយ រមែងរុងរឿង សមណព្រាហ្មណ៍អ្នកមានឈាន រមែងរុងរឿង ឯព្រះសម្ពុទ្ធ រមែងរុងរឿងដោយតេជះរហូតថ្ងៃ និងយប់ទាំងអស់ ។

អ្នកដែលមានបាបបន្សាត់ហើយ ឈ្មោះថាព្រាហ្មណ៍ អ្នកដែលតថាគតហៅថាសមណៈ ព្រោះការប្រព្រឹត្តិរម្ងាប់ អ្នកដែលបណ្តេញមន្ទិលនៃខ្លួន ហេតុនោះទើបតថាគតហៅថា បព្វជិត ។

ព្រាហ្មណ៍ មិនគប្បីប្រហារព្រាហ្មណ៍ទេ (ចំណែក) ព្រាហ្មណ៍ (ដែលត្រូវគេប្រហារហើយ) មិនគប្បីចងពៀរចំពោះព្រាហ្មណ៍នោះ តថាគតតិះដៀលព្រាហ្មណ៍ ដែលប្រហារព្រាហ្មណ៍ ព្រាហ្មណ៍ណា ចងពៀរចំពោះព្រាហ្មណ៍នោះ តថាគតតិះដៀលព្រាហ្មណ៍នោះ ក្រៃលែងជាងនោះទៅទៀត ។

ការហាមឃាត់ចិត្ត ចាកអារម្មណ៍ជាទីស្រឡាញ់ របស់ព្រាហ្មណ៍នោះ មិនមែនប្រសើរបន្តិចបន្តួចទេ ចិត្តដែលគិតបៀតបៀនគេ ងាកចេញចាកវត្ថុណា ៗ សេចក្តីទុក្ខព្រោះវត្ថុនោះ ៗ ក៏រម្ងាប់ទៅបាន ។

អំពើអាក្រក់ ដោយទ្វារកាយ ទ្វារវាចា ទ្វារចិត្ត របស់បុគ្គលណា មិនមានទេ តថាគតហៅបុគ្គល ដែលបានសង្រួមដោយឋានទាំង ៣ នោះ ថាជាព្រាហ្មណ៍ ។

បុគ្គលចេះធម៌អាថ៌ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់សំដែងហើយ អំពីសំណាក់គ្រូណា គប្បីនមស្ការគ្រូនោះដោយគោរព ដូចព្រាហ្មណ៍ដែលគោរពបូជាភ្លើងដូច្នោះដែរ ។

បុគ្គលដែលឈ្មោះថាព្រាហ្មណ៍ ព្រោះផ្នួងសក់ ក៏មិនមែន ព្រោះគោត្រក៏មិនមែន ព្រោះជាតិ ក៏មិនមែន សច្ចៈផង ធម៌ផង មានក្នុងបុគ្គលណា បុគ្គលនោះឈ្មោះថា អ្នកស្អាតផង បុគ្គលនោះឈ្មោះថា ព្រាហ្មណ៍ផង ។

នែអ្នកអ័ប្បប្រាជ្ញាអើយ អ្នកមានប្រយោជន៍អ្វី ដោយការទុកផ្នួងសក់ អ្នកមានប្រយោជន៍អ្វី ដោយការទ្រទ្រង់សំពត់ស្បែកខ្លា បើសន្តានខាងក្នុងរបស់អ្នក សឹងសាំញ៉ាំដោយរាគាទិក្កិលេស អ្នកឈ្មោះថាដុសខាត់តែកាយខាងក្រៅទេ ។

តថាគតហៅបុគ្គលអ្នកទ្រទ្រង់សំពត់បំសុកូល មានកាយស្គម មានខ្លួនរវាមដោយសរសៃ ជាបុគ្គលឯកឯង ចម្រើនឈានក្នុងព្រៃនោះ ថាជាព្រាហ្មណ៍ ។

តថាគតនឹងហៅអ្នកកើត អំពីកំណើត អ្នកកើតក្នុងផ្ទៃនៃព្រាហ្មណីជាមាតា ថាជាព្រាហ្មណ៍ ក៏ទេ បុគ្គលនោះ គ្រាន់តែបាននាមថា ភោវាទី (អ្នកពោលថាចម្រើន) ព្រោះបុគ្គលនោះឯង ជាអ្នកមានកិលេសគ្រឿងកង្វល់នៅឡើយ តថាគតហៅបុគ្គលអ្នកមិនមានកិលេសគ្រឿងកង្វល់ អ្នកមិនមានសេចក្តីប្រកាន់មាំនោះឯង ថាជាព្រាហ្មណ៍ ។

បុគ្គលណា កាត់សញ្ញោជនៈទាំងអស់បាន មិនតក់ស្លុត តថាគតហៅបុគ្គលនោះ ដែលគ្មានកិលេសជាគ្រឿងចំពាក់ អ្នករួចស្រឡះចាកកិលេស ថាជាព្រាហ្មណ៍ ។

តថាគតហៅបុគ្គលដែលកាត់សេចក្តីក្រោធដូចពួរផង កាត់តណ្ហាដូចព្រ័ត្រផង កាត់ទិដ្ឋិ ៦២ ដូចទីត ព្រមទាំងអនុស័យ ដូចអ្នកដើរតាមផង អ្នកមានអវិជ្ជា ដូចសសរខឿន ដកចោលហើយ អ្នកត្រាស់ដឹងសច្ចៈ ៤ នោះឯង ថាជាព្រាហ្មណ៍ ។

បុគ្គលណា មិនប្រទូស្ត អត់សង្កត់ពាក្យជេរផង ការបៀតបៀន និងការចងផងបាន ទើបតថាគតហៅបុគ្គលដែលមានខន្តិជាពលៈ មានខន្តិជារេហ៍ពលនោះឯង ថាជាព្រាហ្មណ៍ ។

តថាគតហៅបុគ្គល ដែលមិនមានសេចក្តីក្រោធ មានធុតង្គវត្ត មានចតុប្បារិសុទ្ធិសីល មិនមានតណ្ហាគ្រឿងប៉ោងចិត្ត មានឥន្ទ្រិយទូន្មានហើយ មានសរីរៈឋិតនៅក្នុងទីបំផុតនោះ ថាជាព្រាហ្មណ៍ ។

បុគ្គលណា មានចិត្តមិនបានជាប់នៅ ក្នុងកាមទាំងឡាយ ដូចទឹកលើស្លឹកឈូក ឬដូចគ្រាប់ស្ពៃលើចុងដែកស្រួច តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍ ។

បុគ្គលណា ក្នុងសាសនានេះឯង ដឹងច្បាស់នូវការអស់ទុក្ខរបស់ខ្លួន តថាគតហៅបុគ្គលនោះ ដែលមានខន្ធភារៈ ដាក់ចុះហើយ ដែលរួចស្រឡះចាកកិលេសទាំងឡាយ ថាជាព្រាហ្មណ៍ ។

តថាគតហៅ បុគ្គលអ្នកមានប្រាជ្ញាជ្រៅ មានប្រាជ្ញាជាគ្រឿងទំលាយកិលេស អ្នកឈ្លាសក្នុងផ្លូវ និងមិនមែនផ្លូវ បានសម្រេចប្រយោជន៍ដ៏ខ្ពង់ខ្ពស់នោះ ថាជាព្រាហ្មណ៍ ។

តថាគតហៅ បុគ្គលដែលមិនច្រឡំដោយជនទាំងឡាយ ពីរពួក គឺគ្រហស្ថ ១ បព្វជិត ១ ជាអ្នកត្រាច់ទៅដោយមិនមានសេចក្តីអាល័យ មានសេចក្តីប្រាថ្នាតិចនោះ ថាជាព្រាហ្មណ៍ ។

បុគ្គលណា ដាក់ចុះនូវអាជ្ញា ក្នុងសត្វទាំងឡាយ ដែលនៅតក់ស្លុតក្តី ដែលមាំមួន គឺមិនមានតក់ស្លុតក្តី មិនបៀតបៀនដោយខ្លួនឯង មិនប្រើគេឲ្យបៀតបៀន តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍ ។

តថាគតហៅបុគ្គលអ្នកដែលមិនខឹង ចំពោះពួកជនដែលខឹងហើយ អ្នករំលត់ចំពោះពួកជនដែលមានអាជ្ញាក្នុងខ្លួន អ្នកមិនមានសេចក្តីប្រកាន់ ចំពោះពួកជនដែលមានសេចក្តីប្រកាន់នោះ ថាជាព្រាហ្មណ៍ ។

រាគៈ ទោសៈ មានៈ និងមក្ខៈ ដែលបុគ្គលណា បានជម្រុះចេញហើយ ដូចគ្រាប់ស្ពៃដែលជ្រុះចុះអំពីចុងដែលស្រួច តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍ ។

បុគ្គលណា ពោលពាក្យមិនអាក្រក់ ពាក្យជាហេតុឲ្យដឹងសេចក្តីបាន ជាពាក្យពិត ជាពាក្យដែលមិនធ្វើអ្នកណាឲ្យទាស់ចិត្ត តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍ ។

បុគ្គលណា មិនកាន់យករបស់វែងឬខ្លី តូចឬធំ ល្អឬអាក្រក់ ដែលគេមិនបានឲ្យហើយ ក្នុងលោកនេះ តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍ ។

អ្នកណា មិនមានសេចក្តីប្រាថ្នាក្នុលោកនេះផង ក្នុងលោកខាងមុខផង តថាគតហៅបុគ្គលនោះ ដែលមិនមានសេចក្តីប្រាថ្នា ដែលផុតស្រឡះចាកកិលេស ថាជាព្រាហ្មណ៍ ។

អ្នកណា មិនមានសេចក្តីអាល័យគឺតណ្ហា មិនមានសេចក្តីសង្ស័យក្នុងអ្វីសោះ ព្រោះដឹងច្បាស់ធម៌ តថាគតហៅបុគ្គលនោះ ដែលមានចិត្តចុះស៊ប់កាន់ព្រះនិព្វាន ដែលមានព្រះអរហត្តផលដល់ហើយ ដោយលំដាប់ ថាជាព្រាហ្មណ៍ ។

បុគ្គលណា ក្នុងលោកនេះ លះបង់បុណ្យ និងបាបទាំង ២ និងកិលេសជាគ្រឿងចំពាក់ (មានរាគៈជាដើម) ចេញហើយ តថាគតហៅបុគ្គលនោះ ដែលជាអ្នកមិនមានសេចក្តីសោក មានធូលី គឺកិលេសអស់ហើយ ជាអ្នកបរិសុទ្ធ ថាជាព្រាហ្មណ៍ ។

តថាគតហៅបុគ្គល ដែលមិនមានសេចក្តីសៅហ្មង ដូចព្រះចន្ទ្រប្រាសចាកមន្ទិល ជាអ្នកបរិសុទ្ធ មានចិត្តជ្រះថ្លា មិនកករល្អក់ អស់សេចក្តីត្រេកអរក្នុងភពហើយនោះ ថាជាព្រាហ្មណ៍ ។

បុគ្គលណា កន្លងផ្លូវវាង គឺរាគៈ និងភក់ដែលគេឆ្លងបានដោយកម្រ គឺកិលេស និងសង្សារវដ្ដ និងមោហៈទាំងនេះបាន ជាអ្នកឆ្លងអន្លង់ទាំង ៤ បានដល់ត្រើយ គឺព្រះនិព្វាន ជាអ្នកមានឈាន មិនញាប់ញ័រដោយតណ្ហា មិនមានសេចក្តីសង្ស័យ មិនប្រកាន់មាំ ជាអ្នករលត់កិលេសហើយ តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍ ។

បុគ្គលណា ក្នុងលោកនេះ បានលះបង់កាមទាំងឡាយ ជាអ្នកមិនមានផ្ទះ គេចចេញចាកកាមបាន តថាគតហៅបុគ្គលនោះ ដែលអស់កាមភពហើយ ថាជាព្រាហ្មណ៍ ។

បុគ្គលណា ក្នុងលោកនេះ បានលះបង់តណ្ហាហើយ ជាអ្នកមិនមានផ្ទះ គេចចេញចាកតណ្ហាបាន តថាគតហៅបុគ្គល ដែលអស់តណ្ហា និងភពហើយនោះ ថាជាព្រាហ្មណ៍ ។

បុគ្គលណា លះកិលេសជាគ្រឿងប្រកប ដែលជារបស់មនុស្ស កន្លងកិលេសជាគ្រឿងប្រកប ដែលជារបស់ទិព្វបានហើយ តថាគតហៅបុគ្គលដែលផុតស្រឡះចាកកិលេស ជាគ្រឿងប្រកបទាំងពួងនោះ ថាជាព្រាហ្មណ៍ ។

តថាគតហៅបុគ្គល ដែលលះបង់សេចក្តីត្រេកអរ ក្នុងកាមគុណ និងមិនត្រេកអរក្នុងកិរិយានៅក្នុងព្រៃ ជាអ្នកមានចិត្តត្រជាក់ មិនមានឧបក្កិលេសគ្របសង្កត់លោកទាំងពួង មានសេចក្តីព្យាយាមនោះ ថាជាព្រាហ្មណ៍ ។

បុគ្គលណា ដឹងច្បាស់ចុតិ និងបដិសន្ធិរបស់ពួកសត្វ ដោយអាការទាំងពួងបាន តថាគត ហៅបុគ្គលដែលជាអ្នកមិនជាប់នៅក្នុងកាម អ្នកមានដំណើរល្អ ដោយសេចក្តីប្រតិបត្តិ អ្នកត្រាស់ដឹងនូវសច្ចៈ ៤ នោះ ថាជាព្រាហ្មណ៍ ។

ទេវតា គន្ធព្វ និងពួកមនុស្សទាំងឡាយ មិនដឹងគតិ របស់បុគ្គលណា តថាគតហៅបុគ្គល ដែលជាអ្នកមានអាសវៈអស់ហើយ ជាព្រះអរហន្តនោះ ថាជាព្រាហ្មណ៍ ។

បុគ្គលណា មិនមានសេចក្តីកង្វល់ ក្នុងកាលមុនផង ក្នុងកាលជាខាងក្រោយផង ក្នុងកាលជាកណ្តាលផង តថាគតហៅបុគ្គល ដែលជាអ្នកមិនមានកង្វល់ មិនមានសេចក្តីប្រកាន់នោះ ថាជាព្រាហ្មណ៍ ។

តថាគតហៅវីរបុរស អ្នកអង់អាច អ្នកប្រសើរ អ្នកស្វែងរកគុណដ៏ធំ ឈ្នះមារ មិនមានកិលេសជាគ្រឿងញាប់ញ័រ ងូតលាងកិលេស ត្រាស់ដឹងសច្ចៈនោះ ថាជាប្រាហ្មណ៍ ។

បុគ្គលណា ដឹងច្បាស់ខន្ធបញ្ចកៈ ដែលខ្លួនធ្លាប់នៅអាស្រ័យ ក្នុងកាលមុនផង ឃើញច្បាស់ឋានសួគ៌ និងអបាយភូមិផង មួយទៀត បានសម្រេចធម៌ជាគ្រឿងអស់ជាតិ ជាអ្នកប្រាជ្ញ ស្រេចកិច្ចហើយ ព្រោះអភិញ្ញា តថាគតហៅបុគ្គល ដែលជាអ្នកប្រព្រឹត្ត ព្រហ្មចរិយធម៌ចប់សព្វគ្រប់ហើយនោះ ថាជាព្រាហ្មណ៍ ។

ចប់ ព្រាហ្មណវគ្គ ទី២៦ ។

ឧទ្ទាន នៃធម្មបទគាថា

[៣៧] សំដែងអំពីយមកវគ្គ ១ អប្បមាទវគ្គ ១ ចិត្តវគ្គ ១ បុប្ផវគ្គ ១ ពាលវគ្គ ១ បណ្ឌិតវគ្គ ១ អរហន្តវគ្គ ១ សហស្សវគ្គ ១ បាបវគ្គ ១ ទណ្ឌវគ្គ ១ ត្រូវជា ១០ វគ្គ ។

ជរាវគ្គ ១ អត្តវគ្គ ១ លោកវគ្គ ១ ពុទ្ធវគ្គ ១ សុខវគ្គ ១ បិយវគ្គ ១ កោធវគ្គ ១ មលវគ្គ ១ ធម្មដ្ឋវគ្គ ១ មគ្គវគ្គ ១ រួមនឹងវគ្គខាងដើម ត្រូវជា ២០វគ្គ ។

បកិណ្ណកវគ្គ ១ និរយវគ្គ ១ នាគវគ្គ ១ តណ្ហាវគ្គ ១ ភិក្ខុវគ្គ ១ ព្រាហ្មណវគ្គ ១ បូករួមត្រូវជា ២៦ វគ្គ ដែលព្រះអាទិច្ចពន្ធុទ្រង់សំដែងទុកហើយ ។

ក្នុងយមកវគ្គ មាន ២០ គាថា ក្នុងអប្បមាទវគ្គ មាន ១២ គាថា ក្នុងចិត្តវគ្គ មាន ១១ គាថា ក្នុងបុប្ផវគ្គ មាន ១៦ គាថា ក្នុងពាលវគ្គ មាន ១៧ គាថា ក្នុងបណ្ឌិតវគ្គ មាន ១៤ គាថា ក្នុងអរហន្តវគ្គ មាន ១០ គាថា ក្នុងសហស្សវគ្គ មាន ១៦ គាថា ក្នុងបាបវគ្គ មាន ១៣ គាថា ក្នុងទណ្ឌវគ្គ មាន ១៧ គាថា ក្នុងជរាវគ្គ មាន ១១ គាថា ក្នុងអត្តវគ្គ មាន ១២ គាថា ក្នុងលោកវគ្គ មាន ១២ គាថា ក្នុងពុទ្ធវគ្គ មាន ១៦ គាថា ក្នុងសុខវគ្គ និងបិយវគ្គ មាន ១២ គាថា ដូចគ្នា ក្នុងកោធវគ្គ មាន ១៤ គាថា ក្នុងមលវគ្គ មាន ២១ គាថា ក្នុងធម្មដ្ឋវគ្គ មាន ១៧ គាថា ក្នុងមគ្គវគ្គ មាន ១៦ គាថា ក្នុងបកិណ្ណកវគ្គ មាន ១៦ គាថា ក្នុងនិរយវគ្គ និងនាគវគ្គ មាន ១៤ គាថា ដូចគ្នា ក្នុងតណ្ហាវគ្គ មាន ២២ គាថា ក្នុងភិក្ខុវគ្គ មាន ២៣ គាថា ក្នុងព្រាហ្មណវគ្គដ៏ឧត្តម មាន ៤០ គាថា ។ ៤២៣ គាថាដទៃទៀត ព្រះអាទិច្ចពន្ធុ ទ្រង់សំដែងទុកហើយ ក្នុងធម្មបទនិបាត ។

ចប់ ធម្មបទ ។

៣. ឧទានកែប្រែ

១. ពោធិវគ្គកែប្រែ

១. បឋមពោធិសូត្រកែប្រែ

[៣៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ បានត្រាស់ដឹងជាដម្បូង ទ្រង់គង់នៅក្បែរគល់ពោធិព្រឹក្ស ទៀបឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស ។

សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់ដោយបល្ល័ង្កតែមួយ សោយវិមុត្តិសុខ អស់ ១ សប្តាហ៍ (៧ថ្ងៃ) ។ លុះអំណើះសប្តាហ៍នោះហើយ ព្រះមានព្រះភាគ ទ្រង់ចេញអំពីសមាធិនោះ ទ្រង់រំពឹងក្នុងព្រះហ្ឫទ័យចំពោះបដិច្ចសមុប្បាទធម៌ ជាអនុលោម គឺពិចារណាបណ្តោយ អស់រាត្រីបឋមយាម ដោយប្រពៃថា កាលបើបច្ច័យ [ពាក្យថា បច្ច័យជាពាក្យផ្លាស់ប្តូរគ្នានឹងពាក្យថា ហេតុ ។] នេះមាន ផលនេះក៏មាន ផលនេះរមែងកើតឡើង ព្រោះការកើតឡើងនៃបច្ច័យនេះ គឺសង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា មរណៈ កើតមាន ព្រោះជាតិជាបច្ច័យ សោកៈ បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ ក៏រមែងកើតព្រម ការកើតឡើងនៃកងទុក្ខទាំងអស់នោះ រមែងមានយ៉ាងនេះឯង ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺនូវឧទាននេះ ក្នុងវេលានោះថា ៖

ធម៌ទាំងឡាយ រមែងប្រាកដដល់ព្រាហ្មណ៍ អ្នកមានព្យាយាមញ៉ាំងកិលេសឲ្យក្តៅ អ្នកដុតបង់នូវកិលេស ក្នុងកាលណា សេចក្តីសង្ស័យទាំងឡាយ ទាំងពួងរបស់ព្រាហ្មណ៍នោះ រមែងអស់ទៅក្នុងកាលនោះ ព្រោះដឹងច្បាស់នូវធម៌ ព្រមទាំងហេតុ ។

ចប់ សូត្រ ទី១ ។

២. ទុតិយពោធិសូត្រកែប្រែ

[៣៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ត្រាស់ដឹងជាដម្បូង ទ្រង់គង់នៅក្បែរគល់ពោធិព្រឹក្ស ទៀបឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស ។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់ដោយបល្ល័ង្កតែមួយ សោយវិមុត្តិសុខ អស់ ១ សប្តាហ៍ ។ លុះអំណើះសប្តាហ៍នោះហើយ ទើបព្រះមានព្រះភាគ ទ្រង់ចេញអំពីសមាធិនោះ ហើយទ្រង់រំពឹងក្នុងព្រះហ្ឫទ័យ ចំពោះបដិច្ចសមុប្បាទធម៌ ជាបដិលោម គឺពិចារណាច្រាសឡើងអស់មជ្ឈិមយាមនៃរាត្រី ដោយប្រពៃថា កាលបើបច្ច័យនេះមិនមាន ផលនេះ ក៏មិនមាន ផលនេះ រមែងរលត់ទៅ ព្រោះរលត់ទៅនៃបច្ច័យនេះ គឺការរលត់ទៅនៃសង្ខារ ព្រោះរលត់អវិជ្ជា ការរលត់ទៅនៃវិញ្ញាណ ព្រោះរលត់សង្ខារ ការរលត់ទៅនៃនាមរូប ព្រោះរលត់វិញ្ញាណ ការរលត់ទៅនៃសឡាយតនៈ ព្រោះរលត់នាមរូប ការរលត់ទៅនៃផស្សៈ ព្រោះរលត់សឡាយតនៈ ការរលត់ទៅនៃវេទនា ព្រោះរលត់ផស្សៈ ការរលត់ទៅនៃតណ្ហា ព្រោះរលត់វេទនា ការរលត់ទៅនៃឧបាទាន ព្រោះរលត់តណ្ហា ការរលត់ទៅនៃភព ព្រោះរលត់ឧបាទាន ការរលត់ទៅនៃជាតិ ព្រោះរលត់ភព ជរា មរណៈរលត់ទៅព្រម ព្រោះរលត់ជាតិ សោកៈ បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ ក៏រមែងរលត់ សេចក្តីរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺនូវឧទាននេះ ក្នុងវេលានោះថា ៖

ធម៌ទាំងឡាយ រមែងប្រាកដដល់ព្រាហ្មណ៍ អ្នកមានព្យាយាមញ៉ាំងកិលេសឲ្យក្តៅ អ្នកដុតបង់កិលេស ក្នុងកាលណា សេចក្តីសង្ស័យទាំងឡាយ ទាំងពួងរបស់ព្រាហ្មណ៍នោះ រមែងអស់ទៅក្នុងកាលនោះ ព្រោះបានដឹងច្បាស់ នូវព្រះនិព្វាន ជាទីអស់ទៅនៃបច្ច័យទាំងឡាយ ។

ចប់ សូត្រ ទី២ ។

៣. តតិយពោធិសូត្រកែប្រែ

[៤០] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ បានត្រាស់ដឹងជាដម្បូង ទ្រង់គង់នៅក្បែរគល់ពោធិព្រឹក្ស ទៀបឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស ។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅដោយបល្ល័ង្កតែមួយ សោយវិមុត្តិសុខ អស់ ១ សប្តាហ៍ ។ លុះអំណើះ សប្តាហ៍នោះហើយ ទើបព្រះមានព្រះភាគ ទ្រង់ចេញអំពីសមាធិនោះ ហើយទ្រង់រំពឹងក្នុងព្រះហ្ឫទ័យ ចំពោះបដិច្ចសមុប្បាទធម៌ ជាអនុលោម និងបដិលោម អស់រាត្រីបច្ឆិមយាម ដោយប្រពៃថា កាលបើបច្ច័យនេះមាន ផលនេះក៏មាន ផលនេះ រមែងកើតឡើង ព្រោះកើតឡើងនៃបច្ច័យនេះ កាលបើបច្ច័យនេះ មិនមាន ផលនេះក៏មិនមាន ផលនេះរលត់ទៅ ព្រោះរលត់ទៅនៃបច្ច័យនេះ គឺសង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ មានរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា មរណៈ កើតមានព្រម ព្រោះជាតិជាបច្ច័យ សោកៈ បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ ក៏រមែងកើតមាន ។

ការកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះឯង ។ ការរលត់ទៅនៃសង្ខារ ព្រោះរលត់អវិជ្ជាឥតមានសេសសល់ ការរលត់ទៅនៃវិញ្ញាណ ព្រោះរលត់សង្ខារ ការរលត់ទៅនៃនាមរូប ព្រោះរលត់វិញ្ញាណ ការរលត់ទៅនៃសឡាយតនៈ ព្រោះរលត់នាមរូប ការរលត់ទៅនៃផស្សៈ ព្រោះរលត់សឡាយតនៈ ការរលត់ទៅនៃវេទនា ព្រោះរលត់ផស្សៈ ការរលត់ទៅនៃតណ្ហា ព្រោះរលត់វេទនា ការរលត់ទៅនៃឧបាទាន ព្រោះរលត់តណ្ហា ការរលត់ទៅនៃភព ព្រោះរលត់ឧបាទាន ការរលត់ទៅនៃជាតិ ព្រោះរលត់ភព ជរា មរណៈរលត់ព្រម ព្រោះរលត់ជាតិ សោកៈ បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ ក៏រមែងរលត់ទៅ ។ សេចក្តីរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះឯង ។ លុះព្រះមានព្រះភាគ ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបបន្លឺនូវឧបាទាននេះ ក្នុងវេលានោះថា ៖

ធម៌ទាំងឡាយ រមែងប្រាកដដល់ព្រាហ្មណ៍ អ្នកមានព្យាយាមញ៉ាំងកិលេសឲ្យក្តៅ អ្នកដុតបង់នូវកិលេស ក្នុងកាលណា ព្រាហ្មណ៍នោះ រមែងកំចាត់បង់នូវមារ ព្រមទាំងសេនាមារ ឋិតនៅក្នុងកាលនោះ បីដូចព្រះអាទិត្យរះឡើង ធ្វើអាកាសឲ្យរុងរឿង ដោយរស្មីរបស់ខ្លួន កំចាត់បង់នូវងងឹត ឋិតនៅ ដូច្នោះឯង ។

ចប់ សូត្រ ទី៣ ។

៤. ហុំហុង្កសូត្រកែប្រែ

[៤១] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ត្រាស់ដឹងជាដម្បូង ទ្រង់គង់នៅក្រោមដើមអជបាលនិគ្រោធ ក្បែរឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស ។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅដោយបល្ល័ង្កតែមួយ សោយវិមុត្តិសុខអស់ ១ សប្តាហ៍ ។ លុះកន្លងសប្តាហ៍នោះហើយ ទើបព្រះមានព្រះភាគ ទ្រង់ចេញអំពីសមាធិនោះ ។ គ្រានោះ ព្រាហ្មណ៍ម្នាក់ ជាហុំហុំកជាតិកៈ (មានជាតិជាអ្នកធ្វើសំឡេងគម្រាមថាហុំហុំ) ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏ឋិតក្នុងទីសមគួរ ។ លុះព្រាហ្មណ៍នោះ ឋិតនៅក្នុងទីសមគួរហើយ ក៏ទូលសួរព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន បុគ្គលដែលហៅថាព្រាហ្មណ៍ ដោយហេតុដូចម្តេច មួយទៀត ធម៌អ្វីខ្លះ សម្រាប់ធ្វើបុគ្គលឲ្យជាព្រាហ្មណ៍ ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវបញ្ហានុ៎ះហើយ ទើបបន្លឺនូវឧទាននេះក្នុងវេលានោះថា ៖

ព្រាហ្មណ៍ណា មានបាបធម៌បណ្តែតចោលហើយ មានសំឡេងគម្រាមថា ហុំហុំ លះចោលហើយ មានទឹកចត់ គឺរាគាទិក្កិលេស លះចោលហើយ មានចិត្តសង្រួមហើយ ចេះចប់នូវវេទ គឺមគ្គញ្ញាណទាំង ៤ មានមគ្គព្រហ្មចរិយធម៌អប់រំហើយ មួយទៀត ព្រាហ្មណ៍ណា មិនមានគំនរ គឺរាគាទិក្កិលេស ក្នុងអារម្មណ៍បន្តិចបន្តួច ក្នុងលោកសន្និវាស ព្រាហ្មណ៍នោះ ទើបគួរនឹងហៅខ្លួនថាជាព្រាហ្មណ៍ ដោយធម៌បាន ។

ចប់ សូត្រ ទី៤ ។

៥. ព្រាហ្មណសូត្រកែប្រែ

[៤២] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះសារីបុត្តដ៏មានអាយុផង ព្រះមហាមោគ្គល្លានដ៏មានអាយុផង ព្រះមហាកស្សបដ៏មានអាយុផង ព្រះមហាកច្ចានៈដ៏មានអាយុផង ព្រះមហាកោដ្ឋិតៈដ៏មានអាយុផង ព្រះមហាកប្បិនៈដ៏មានអាយុផង ព្រះមហាចុន្ទៈដ៏មានអាយុផង ព្រះអនុរុទ្ធដ៏មានអាយុផង ព្រះរេវតៈដ៏មានអាយុផង ព្រះនន្ទៈដ៏មានអាយុផង ចូលទៅគាល់ព្រះមានព្រះភាគ ។ ព្រះមានព្រះភាគ ក៏បានទតឃើញពួកលោកដ៏មានអាយុអម្បាលនោះ ដែលកំពុងដើរមកអំពីឆ្ងាយ លុះឃើញហើយ បានត្រាស់ប្រាប់ពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ពួកព្រាហ្មណ៍ទាំងនុ៎ះ កំពុងដើរមក ម្នាលភិក្ខុទាំងឡាយ ពួកព្រាហ្មណ៍ទាំងនុ៎ះ កំពុងដើរមក ។

កាលបើព្រះមានព្រះភាគ សំដែងយ៉ាងនេះហើយ ភិក្ខុមួយរូប មានជាតិជាព្រាហ្មណ៍ បានទូលសួរព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន បុគ្គលដែលឈ្មោះថាព្រាហ្មណ៍ ដោយហេតុដូចម្តេច មួយទៀត ធម៌ដូចម្តេចខ្លះ ដែលធ្វើបុគ្គលឲ្យជាព្រាហ្មណ៍ ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវបញ្ហានុ៎ះហើយ ទើបបន្លឺនូវឧទាននេះក្នុងវេលានោះថា ៖

បុគ្គលណា បានបណ្តែតចោលនូវធម៌ដ៏លាមក មានស្មារតីប្រព្រឹត្តទៅគ្រប់កាល ជាអ្នកអស់សញ្ញោជនៈ (ត្រាស់ដឹងនូវសច្ចធម៌) បុគ្គលនោះឯង ឈ្មោះថា ព្រាហ្មណ៍ក្នុងលោក ។

ចប់ សូត្រ ទី៥ ។

៦. មហាកស្សបសូត្រកែប្រែ

[៤៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន កលន្ទកនិវាបដ្ឋាន ជិតក្រុងរាជគ្រឹះ ។ សម័យនោះឯង ព្រះមហាកស្សបដ៏មានអាយុ គង់នៅក្នុងបិប្ផលិគុហា ជាអ្នកមានអាពាធ ប្រកបដោយទុក្ខឈឺធ្ងន់ ។ លុះក្នុងសម័យខាងក្រោយមក ព្រះមហាកស្សបដ៏មានអាយុ សះស្បើយចាកអាពាធនោះ ។ លុះព្រះមហាកស្សបសះស្បើយចាកអាពាធនោះហើយ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា បើដូច្នោះ មានតែអាត្មាអញ ចូលទៅបិណ្ឌបាត ឯក្រុងរាជគ្រឹះចុះ ។ សម័យនោះឯង ពួកទេវតាចំនួន ៥០០ ប្រឹងខ្មីឃ្មាត បម្រុងឲ្យព្រះមហាកស្សបដ៏មានអាយុ បានបិណ្ឌបាត ។ លំដាប់នោះ ព្រះមហាកស្សបៈដ៏មានអាយុ បានហាមឃាត់ពួកទេវតាទាំង ៥០០ នោះ ហើយស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ រួចចូលទៅបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ តាមច្រកផ្លូវរបស់មនុស្សកំសត់ មនុស្សកំព្រា និងជាងតម្បាញ ក្នុងបុព្វណ្ហសម័យ ។ ព្រះមានព្រះភាគ បានឃើញព្រះមហាកស្សបដ៏មានអាយុ កំពុងដើរបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ តាមច្រករបស់មនុស្សកំសត់ មនុស្សកំព្រា និងជាងតម្បាញ ។ លុះព្រះមានព្រះភាគ បានជ្រាបច្បាស់ នូវសេចក្តីនុ៎ះហើយ ទើបបន្លឺនូវឧទាននេះ ក្នុងវេលានោះថា ៖

បុគ្គល ដែលជាអ្នកមិនចិញ្ចឹមអ្នកដទៃ អ្នកដឹងជាក់ច្បាស់ អ្នកទូន្មានខ្លួន តាំងនៅក្នុងធម៌មានខ្លឹម អ្នកអស់អាសវៈ អ្នកមានទោសៈខ្ជាក់ចោល តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍ ។

ចប់ សូត្រ ទី៦ ។

៧. អជកលាបកសូត្រកែប្រែ

[៤៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងអជកលាបកចេតិយ ជាលំនៅនៃអជកលាបកយក្ស ជិតក្រុងបាវា ។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងទីវាល នៅវេលារាត្រីងងឹតអ័ព្ទ ទាំងភ្លៀងក៏កំពុងរលឹមស្រឹប ៗ ។ លំដាប់នោះ អជកលាបកយក្ស មានបំណងនឹងធ្វើព្រះមានព្រះភាគឲ្យខ្លាចតក់ស្លុតព្រឺព្រះលោមា បានចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏មានសំដីគំហកបន្លាច ធ្វើសំឡេងសន្ធាប់ខ្លាំង ៗ អស់វារៈ ៣ ដង ជិតព្រះមានព្រះភាគថា នែព្រះសមណៈ នុ៎ះន៏ បិសាច (ឈរខាងមុខ) ចំពោះលោកហើយ ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបបន្លឺឧទាននេះ ក្នុងវេលានោះថា ៖

កាលណា បុគ្គលណាដល់ត្រើយក្នុងសកធម៌ [កុសលធម៌ជាច្រើនយ៉ាង មានសីល សមាធិ បញ្ញាជាដើម ដែលហុចប្រយោជន៍ដល់អ្នកប្រតិបត្តិ ហៅថា សកធម៌ (ធម៌របស់ខ្លួន) ។ អកុសលធម៌ មានរាគៈ ទោសៈ មោហៈ ជាដើម ដែលធ្វើប្រយោជន៍ឲ្យវិនាស ហៅថា បរធម៌ (ធម៌ដទៃ) ។ អដ្ឋកថា ។] ទាំងឡាយ ក្នុងកាលនោះ បុគ្គលនោះឈ្មោះថា ព្រាហ្មណ៍ រមែងគ្របសង្កត់នូវបិសាចផង នូវសំឡេងសន្ធាប់ផងយ៉ាងនេះ ក្នុងកាលនោះ ។

ចប់ សូត្រ ទី៧ ។

៨. សង្គាមជិសូត្រកែប្រែ

[៤៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះ ព្រះសង្គាមជិដ៏មានអាយុ បានទៅនគរសាវត្ថី ដើម្បីជួបព្រះមានព្រះភាគ ។ ឯបុរាណទុតិយិកា របស់ព្រះសង្គាមជិដ៏មានអាយុ បានឮដំណឹងថា អើឮថា ព្រះសង្គាមជិ មកដល់នគរសាវត្ថីហើយ ។ នាងនោះ បាននាំទារកទៅឯវត្តព្រះជេតពន ។ សម័យនោះ ព្រះសង្គាមជិដ៏មានអាយុ កំពុងអង្គុយនៅក្នុងវេលាថ្ងៃ ក្បែរគល់ឈើមួយដើម ។ លំដាប់នោះ បុរាណទុតិយិកា របស់ព្រះសង្គាមជិដ៏មានអាយុ បានចូលទៅរកព្រះសង្គាមជិដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏និយាយនឹងព្រះសង្គាមជិដ៏មានអាយុថា បពិត្រសមណៈ សូមលោកចិញ្ចឹមខ្ញុំទាំងកូនតូចផង ។ និមិត្តតែបុរាណទុតិយិកានោះ ពោលយ៉ាងនេះហើយ ព្រះសង្គាមជិដ៏មានអាយុនៅស្ងៀម ។ បុរាណទុតិយិកា របស់ព្រះសង្កាមជិដ៏មានអាយុ បានពោលនឹងព្រះសង្គាមជិដ៏មានអាយុ ជាគម្រប់ពីរដងផង យ៉ាងនេះទៀតថា បពិត្រសមណៈ សូមលោកចិញ្ចឹមខ្ញុំ ទាំងកូនតូចផង ។ ព្រះសង្គាមជិដ៏មានអាយុ នៅស្ងៀមអស់វារៈពីរដង ។ បុរាណទុតិយិការបស់សង្គាមជិដ៏មានអាយុ ក៏ទទូចនិយាយនឹងព្រះសង្គាមជិដ៏មានអាយុ ជាគម្រប់បីដងថា បពិត្រសមណៈ សូមលោកចិញ្ចឹមខ្ញុំទាំងកូនតូចផង ។ ព្រះសង្គាមជិដ៏មានអាយុ ក៏នៅស្ងៀមអស់វារៈបីដង ។ លំដាប់នោះ បុរាណទុតិយិកា របស់ព្រះសង្គាមជិដ៏មានអាយុ បានយកទារកតូចនោះទៅដាក់អំពីមុខព្រះសង្គាមជិដ៏មានអាយុ រួចនិយាយថា បពិត្រសមណៈ នេះជាកូនប្រុសរបស់លោកលោកចិញ្ចឹមវាផងចុះ រួចហើយក៏ដើរចេញទៅ ។ ឯព្រះសង្គាមជិដ៏មានអាយុ មិនរមិលមើល មិនហៅរកនូវកូនតូចនោះសោះ ។ លំដាប់នោះ បុរាណទុតិយិកា របស់ព្រះសង្គាមជិដ៏មានអាយុ កាលដើរចេញទៅមិនឆ្ងាយប៉ុន្មាន ក៏ងាកមើលមកឃើញព្រះសង្គាមជិដ៏មានអាយុ ដែលមិនរមិលមើល មិនហៅរកកូនតូចនោះសោះ ស្ត្រីនោះលុះឃើញហើយ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា សមណៈនេះ មិនត្រូវការដោយកូនប្រុសទេតើ ។ បុរាណទុតិយិកានោះ ក៏ត្រឡប់អំពីទីនោះ មកយកកូនតូចនោះវិញ ដើរចេញទៅ ។ ព្រះមានព្រះភាគ បានទតឃើញនូវអាការដ៏ប្លែក បែបយ៉ាងនេះ នៃបុរាណទុតិយិកា របស់ព្រះសង្គាមជិដ៏មានអាយុ ដោយទិព្វចក្ខុដ៏បរិសុទ្ធ កន្លងចក្ខុរបស់មនុស្សធម្មតា ។ លុះព្រះមានព្រះភាគ ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបបន្លឺនូវឧទាននេះ ក្នុងវេលានោះថា ៖

ភិក្ខុណា មិនត្រេកត្រអាលនឹងស្ត្រីដែលមករក មិនស្តាយស្ត្រីដែលគេចចេញទៅ តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍ ដូចជាភិក្ខុឈ្មោះសង្គាមជិ ដែលរួចស្រឡះហើយ ចាកគ្រឿងជាប់ គឺកិលេស ។

ចប់ សូត្រ ទី៨ ។

៩. ជដិលសូត្រកែប្រែ

[៤៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងគយាសីសៈប្រទេស ទៀបទន្លេគយា ។ សម័យនោះឯង ពួកជដិលច្រើនរូប នាំគ្នាងើបខ្លះ មុជខ្លះ ងើបមុជ ៗ ខ្លះ ស្រោចខ្លួនខ្លះ បំពក់ភ្លើងខ្លះ ទៀបកំពង់ឈ្មោះគយា ក្នុងសម័យជាទីធ្លាក់ចុះនៃទឹកសន្សើម រវាង ៨ ថ្ងៃ [គឺថ្ងៃជាខាងចុងខែមាឃ ៤ថ្ងៃ ខាងដើមខែផគ្គុណ ៤ថ្ងៃ រួមជា ៨ថ្ងៃ ។] ក្នុងវេលារាត្រីដ៏ត្រជាក់ នៃហេមន្តរដូវ ដោយសេចក្តីគិតឃើញថា សេចក្តីបរិសុទ្ធិដោយអំពើនេះ ។ ព្រះមានព្រះភាគ ក៏បានឃើញពួកជដិលជាច្រើនទាំងនោះ ដែលកំពុងងើបខ្លះ មុជខ្លះ ងើបមុជ ៗ ខ្លះ ស្រោចខ្លួនខ្លះ បំពក់ភ្លើងខ្លះ ទៀបកំពង់ឈ្មោះគយា ក្នុងសម័យជាទីធ្លាក់ចុះនៃទឹកសន្សើម រវាង ៨ ថ្ងៃ ក្នុងវេលារាត្រីដ៏ត្រជាក់នៃហេមន្តរដូវ ដោយសេចក្តីគិតឃើញថា សេចក្តីបរិសុទ្ធិដោយអំពើនេះ ។ លុះព្រះមានព្រះភាគ បានជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបបន្លឺនូវឧទាននេះក្នុងវេលានោះថា ៖

បុគ្គលមិនមែនស្អាតព្រោះទឹកទេ អ្នកផងច្រើនគ្នារមែងងូតទឹកនុ៎ះដែរ សច្ចៈ [បានដល់វចីសច្ចៈ និងវិរតិសច្ចៈ ឬថាញាណសច្ចៈ និងបរមត្ថសច្ចៈ ។] ១ ធម្មៈ [បានដល់អរិយមគ្គធម៌ និងអរិយផលធម៌ ។ អដ្ឋកថា ។] ១ (មាននៅ) ក្នុងបុគ្គលណា បុគ្គលនោះទើបឈ្មោះថា ជាអ្នកស្អាតផង ឈ្មោះថាជាព្រាហ្មណ៍ផង ។

ចប់ សូត្រ ទី៩ ។

១០. ពាហិយសូត្រកែប្រែ

[៤៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ពាហិយទារុចីរិយបុរស (អ្នកស្លៀកដណ្តប់សំពត់សម្បកឈើ ឈ្មោះពាហិយៈ) អាស្រ័យនៅទៀបឆ្នេរសមុទ្រ ឈ្មោះសុប្បារកៈ ជាអ្នកដែលគេធ្វើសក្ការៈ គោរពរាប់អាន បូជាកោតក្រែង បាននូវចីវរ បិណ្ឌបាត សេនាសនៈ និងគលានប្បច្ចយភេសជ្ជបរិក្ខារ ។ កាលពាហិយទារុចីរិយបុរស ពួនសម្ងំក្នុងទីស្ងាត់ ស្រាប់តែមានសេចក្តីត្រិះរិះកើតឡើងក្នុងចិត្តយ៉ាងនេះថា ពួកជនណាមួយក្នុងលោក ជាព្រះអរហន្ត ឬសម្រេចអរហត្តមគ្គ បណ្តាអរហន្តទាំងនេះ ខ្លួនអញជាអរហន្តមួយដែរ ។ លំដាប់នោះ ទេវតាដែលជាសាលោហិតអំពីដើម របស់ពាហិយទារុចីរិយបុរស ជាអ្នកអនុគ្រោះប្រាថ្នាប្រយោជន៍ បានដឹងច្បាស់នូវសេចក្តីត្រិះរិះក្នុងចិត្ត ដោយចិត្តរបស់ពាហិយទារុចីរិយបុរស បានចូលទៅរកពាហិយទារុចីរិយបុរស លុះចូលទៅដល់ហើយ ក៏និយាយនឹងពាហិយទារុចីរិយបុរសយ៉ាងនេះថា នែពាហិយៈ អ្នកមិនមែនជាព្រះអរហន្តទេ ទាំងមិនទាន់សម្រេចអរហត្តទេ ខ្លួនអ្នកមិនមានបដិបទា ដែលនាំឲ្យបានជាព្រះអរហន្ត ឬសម្រេចអរហត្តមគ្គទេ ។ ពាហិយទារុចីរិយៈ សួរថា បើដូច្នោះ ក្នុងកាលឥឡូវនេះ ក្នុងលោក ព្រមទាំងទេវលោក តើជនណា ជាអរហន្ត ឬបានសម្រេចអរហត្តមគ្គ មានដែរឬ ។ ទេវតាឆ្លើយថា ម្នាលពាហិយៈ មាន ខាងជនបទឯជើង មានក្រុងមួយឈ្មោះសាវត្ថី ឥឡូវនេះ ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ អង្គនោះ ទ្រង់គង់នៅក្នុងក្រុងសាវត្ថីនោះ ។ ម្នាលពាហិយៈ ព្រះមានព្រះភាគអង្គនោះឯង ជាព្រះអរហន្តផង ទ្រង់សំដែងធម៌ ដើម្បីអរហត្តផង ។ លំដាប់នោះ ពាហិយទារុចីរិយបុរស ដែលទេវតានោះធ្វើឲ្យតក់ស្លុត ក៏ស្រាប់តែគេចចេញអំពីឆ្នេរសមុទ្រឈ្មោះ សុប្បារកៈក្នុងខណៈនោះភ្លាម ដោយការនៅតែក្នុងផ្លូវទាំងពួងអស់ ១ យប់ ក៏បានទៅដល់ព្រះមានព្រះភាគ ដែលកំពុងគង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។

[៤៨] សម័យនោះ គាប់ចួនភិក្ខុច្រើនរូប កំពុងដើរចង្ក្រមក្នុងទីវាល ។ លំដាប់នោះ ពាហិយទារុចីរិយបុរស ក៏ឆៀងចូលទៅរកពួកភិក្ខុ លុះចូលទៅដល់ហើយ ក៏បានសួរភិក្ខុទាំងនោះដូច្នេះថា បពិត្រលោកដ៏ចម្រើនទាំងឡាយ ឥឡូវនេះ ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ គង់នៅទីណា យើងមានបំណងនឹងចូលទៅ ដើម្បីចួបព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ ។ ពួកភិក្ខុតបថា ម្នាលពាហិយៈ ព្រះមានព្រះភាគ ចូលកាន់ចន្លោះភូមិ ដើម្បីបិណ្ឌបាតទៅហើយ ។ លំដាប់នោះ ពាហិយទារុចីរិយបុរស ក៏មានដំណើរម្នីម្នា ចេញពីវត្តជេតពន ចូលទៅនគរសាវត្ថី បានឃើញព្រះមានព្រះភាគ កំពុងនិមន្តបិណ្ឌបាត ក្នុងក្រុងសាវត្ថី ជាទីនាំមកនូវសេចក្តីជ្រះថ្លា គួរជ្រះថ្លា មានឥន្ទ្រិយស្ងប់ មានព្រះទ័យស្ងប់ ទ្រង់បានដល់នូវការហាត់ពត់ និងការស្ងប់រម្ងាប់ដ៏ឧត្តម ទ្រង់បានទូន្មាន គ្រប់គ្រង សង្រួមឥន្ទ្រិយ ជាពុទ្ធនាគ គឺជាព្រះពុទ្ធដ៏ប្រសើរ លុះឃើញហើយ ក៏ចូលទៅរកព្រះមានព្រះភាគ មានសិរ្សឱនចុះទៀបព្រះបាទ នៃព្រះមានព្រះភាគ ហើយអារាធនាព្រះមានព្រះភាគនេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ សំដែងធម៌ប្រោសខ្ញុំព្រះអង្គ សូមព្រះសុគត សំដែងធម៌ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ អស់រាត្រីដ៏វែង ដល់ខ្ញុំព្រះអង្គឲ្យទាន ។

[៤៩] កាលពាហិយទារុចីរិយបុរស អារាធនាយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងពាហិយទារុចីរិយបុរសដូច្នេះថា ម្នាលពាហិយៈ ឈប់សិន កាលនេះ ជាកាលមិនគួរ ដ្បិតតថាគតចូលទៅកាន់ចន្លោះភូមិបិណ្ឌបាត ។ ពាហិយទារុចីរិយបុរស ទូលព្រះមានព្រះភាគ ជាគម្រប់ពីរដងយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ដំណើរប្រព្រឹត្តទៅនៃជីវិតន្តរាយ របស់ព្រះមានព្រះភាគ ឬជីវិតន្តរាយ របស់ខ្ញុំព្រះអង្គ ដឹងបានដោយក្រណាស់ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ សំដែងធម៌ប្រោសខ្ញុំព្រះអង្គ សូមព្រះសុគតសំដែងធម៌ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ អស់រាត្រីដ៏វែង ដល់ខ្ញុំព្រះអង្គឲ្យទាន ។ ព្រះមានព្រះភាគ បានត្រាស់នឹងទារុចីរិយបុរស អស់វារៈពីរដង យ៉ាងនេះថា ម្នាលពាហិយៈ ឈប់សិន កាលនេះ ជាកាលមិនគួរ ដ្បិតតថាគតចូលទៅកាន់ចន្លោះភូមិ បិណ្ឌបាតសិន ។ ពាហិយទារុចីរិយបុរស ទូលព្រះមានព្រះភាគ អស់វារៈ ៣ ដង យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ដំណើរប្រព្រឹត្តទៅនៃជីវិតន្តរាយ របស់ព្រះមានព្រះភាគ ឬជីវិតន្តរាយ របស់ខ្ញុំព្រះអង្គ ដឹងបានដោយក្រណាស់ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ សំដែងធម៌ប្រោសខ្ញុំព្រះអង្គ សូមព្រះសុគតសំដែងធម៌ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ អស់រាត្រីវែង ដល់ខ្ញុំព្រះអង្គឲ្យទាន ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលពាហិយៈ ព្រោះហេតុនោះ អ្នកត្រូវសិក្សាយ៉ាងនេះថា រូបារម្មណ៍ ដែលអ្នកឃើញហើយ គ្រាន់តែជារូបារម្មណ៍ដែលឃើញហើយ សទ្ទារម្មណ៍ ដែលអ្នកឮហើយ គ្រាន់តែជាសទ្ទារម្មណ៍ដែលឮហើយ គន្ធៈ រសៈ ផោដ្ឋព្វារម្មណ៍ ដែលប៉ះពាល់ហើយ គ្រាន់តែជាអារម្មណ៍ ដែលប៉ះពាល់ហើយ ធម្មារម្មណ៍ដែលអ្នកដឹងហើយ គ្រាន់តែជាធម្មារម្មណ៍ ដែលដឹងហើយ ម្នាលពាហិយៈ អ្នកគប្បីសិក្សាយ៉ាងនេះឯង ។ ម្នាលពាហិយៈ រូបារម្មណ៍ ដែលអ្នកឃើញហើយ គ្រាន់តែជារូបារម្មណ៍ ដែលឃើញហើយ សទ្ទារម្មណ៍ ដែលអ្នកឮហើយ គ្រាន់តែជាសទ្ទារម្មណ៍ដែលឮហើយ គន្ធៈ រសៈ ផោដ្ឋព្វារម្មណ៍ ដែលអ្នកប៉ះពាល់ហើយ គ្រាន់តែជាអារម្មណ៍ដែលប៉ះពាល់ហើយ ធម្មារម្មណ៍ ដែលអ្នកដឹងហើយ គ្រាន់តែជាធម្មារម្មណ៍ ដែលដឹងហើយ ព្រោះហេតុណា ម្នាលពាហិយៈ ព្រោះហេតុនោះ អ្នកនឹងលែងមាន ម្នាលពាហិយៈ អ្នកនឹងលែងមាន ព្រោះហេតុណា ម្នាលពាហិយៈ ព្រោះហេតុនោះ អ្នកនឹងមិនមានក្នុងភពនេះ និងភពមុខ និងមិនមានក្នុងចន្លោះ នៃលោកទាំងពីរ នេះឯងជាទីបំផុតនៃទុក្ខ ។ គ្រានោះ ចិត្តនៃពាហិយទារុចីរិយបុរស ផុតស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនមានឧបាទាន ក្នុងខណៈនោះឯង ដោយធម្មទេសនាសង្ខេប របស់ព្រះមានព្រះភាគនេះ ។ លុះព្រះមានព្រះភាគ ទ្រង់ទូន្មាន ពាហិយទារុចីរិយបុរស ដោយឱវាទសង្ខេបនេះហើយ ស្តេចចៀសចេញទៅ ។

[៥០] កាលដែលព្រះមានព្រះភាគ ស្តេចចេញផុតទៅមិនយូរប៉ុន្មាន មេគោមានកូនខ្ចី បុះផ្តួលពាហិយទារុចីរិយបុរស ឲ្យដាច់ចាកជីវិតទៅ ។ លំដាប់នោះ ព្រះមានព្រះភាគ ត្រាច់បិណ្ឌបាតក្នុងនគរសាវត្ថី រួចត្រឡប់អំពីបិណ្ឌបាត វេលាខាងក្រោយភត្ត ចេញអំពីនគរជាមួយភិក្ខុច្រើនរូប បានទតឃើញពាហិយទារុចីរិយបុរសធ្វើមរណភាព លុះទតឃើញហើយ ទើបត្រាស់ប្រាប់ពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរយកសរីរៈពាហិយទារុចីរិយបុរស លើកដាក់លើគ្រែនាំទៅដុតផង ធ្វើស្តូបដល់សរីរៈនោះផង ម្នាលភិក្ខុទាំងឡាយ (ព្រោះថា) សព្រហ្មចារីរបស់អ្នកទាំងឡាយ ធ្វើមរណភាពហើយ ។ ពួកភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយលើកសរីរៈពាហិយទារុចីរិយបុរស ដាក់លើគ្រែតូច នាំទៅរំលាយ ទាំងធ្វើស្តូបដល់សរីរៈនោះ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏អង្គុយក្នុងទីសមគួរ ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ បានទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន សរីរៈពាហិយទារុចីរិយបុរស រំលាយហើយ ទាំងស្តូបសម្រាប់បញ្ចុះសរីរៈនោះ ក៏ធ្វើហើយ គតិរបស់គាត់ តើដូចម្តេច ដំណើរក្នុងលោកខាងមុខ តើដូចម្តេច ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពាហិយទារុចីរិយបុរស ជាបណ្ឌិត បានប្រតិបត្តិធម៌គួរដល់ព្រះនិព្វានហើយ មិនបៀតបៀនតថាគត ព្រោះហេតុសំដែងធម៌ទេ ម្នាលភិក្ខុទាំងឡាយ ពាហិយទារុចីរិយបុរស បរិនិព្វានហើយ ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបបន្លឺនូវឧទាននេះ ក្នុងវេលានោះថា ៖

ទឹក ដី ភ្លើង ខ្យល់ រមែងមិនតាំងនៅក្នុងនិព្វានធាតុណា ពួកផ្កាយមាននាមថា សុក្កៈ (មានពន្លឺ) រមែងមិនភ្លឺ ទាំងព្រះអាទិ្យក៏មិនរុងរឿង ក្នុងនិព្វានធាតុនោះ ព្រះចន្ទ ក៏មិនមានពន្លឺក្នុងនិព្វានធាតុនោះ ទាំងងងឹតក៏មិនមាន ក្នុងនិព្វានធាតុនោះទេ ។ ព្រាហ្មណ៍មាននាមថាមុនី ព្រោះមោនប្បដិបត្តិ ដឹងច្បាស់នូវព្រះនិព្វាន ដោយខ្លួនឯង ក្នុងកាលណា រមែងរួចចាករូបផង អរូបផង សុខទុក្ខផង ក្នុងកាលនោះ ។

ចប់ សូត្រ ទី១០ ។

ចប់ ពោធិវគ្គ ទី១ ។

ឧទ្ទាននៃពោធិវគ្គនោះគឺ

និយាយអំពីព្រះមានព្រះភាគ គង់ក្រោមពោធិព្រឹក្ស ៣ លើក ព្រះមានព្រះភាគ គង់ក្រោមដើមអជបាលនិគ្រោធ ១ ព្រះថេរៈច្រើនអង្គ ១ ព្រះមហាកស្សប ១ ព្រះមានព្រះភាគគង់នៅជិតក្រុងបាវា ១ ព្រះសង្គាមជិត្ថេរ ១ ពួកជដិល ១ ពាហិយទារុចីរិយបុរស ១ រួមទាំងអស់ជា ១០ រឿង ។

២. មុច្ចលិន្ទវគ្គកែប្រែ

១. មុចលិន្ទសូត្រកែប្រែ

[៥១] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទើបបានត្រាស់ដឹងជាដម្បូង ទ្រង់គង់នៅទៀបមុច្ចលិន្ទ (រាំងអន្លក់) ក្បែរឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស ។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់ដោយបល្ល័ង្កតែមួយ សោយវិមុត្តិសុខអស់ ១ សប្តាហ៍ ។ សម័យនោះ បណ្តាលមានភ្លៀងធំ ពុំជួកាលកើតឡើង ។ ភ្លៀងរលឹម ១ សប្តាហ៍ មានមេឃត្រជាក់ទូទឹមស្រអាប់ ។ លំដាប់នោះ មុច្ចលិន្ទនាគរាជ ចេញពីលំនៅរបស់ខ្លួនហើយ ពេនព័ទ្ធព្រះកាយនៃព្រះមានព្រះភាគ ដោយភ្នេន ៧ ជុំ ហើយបើកពពារដ៏ធំ បាំងអំពីខាងលើព្រះសិរ្សព្រះមានព្រះភាគ ដោយគិតថា រងាកុំបីប៉ះពាល់ព្រះមានព្រះភាគ កំដៅកុំបីប៉ះពាល់ព្រះមានព្រះភាគ សម្ផស្ស របោម មូស ខ្យល់ កំដៅថ្ងៃ ពស់តូច ពស់ធំ ក៏កុំបីបៀតបៀនព្រះមានព្រះភាគឡើយ ។ លុះកន្លងសប្តាហ៍នោះហើយ ព្រះមានព្រះភាគ ទ្រង់ចេញអំពីសមាធិនោះ ។ លំដាប់នោះ មុច្ចលិន្ទនាគរាជ ដឹងថា ភ្លៀងរាំងហើយ មានពពកស្រឡះហើយ ក៏រំសាយភ្នេន ចាកព្រះកាយនៃព្រះមានព្រះភាគ និម្មិតភេទរបស់ខ្លួន (ជាភេទមាណព) ឈរប្រណម្យអញ្ជលី នមស្ការព្រះមានព្រះភាគ ពីខាងទីចំពោះព្រះភក្ត្រព្រះអង្គ ។ លុះព្រះមានព្រះភាគ ទ្រង់បានជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទ្រង់បន្លឺនូវឧទាននេះ ក្នុងវេលានោះថា ៖

វិវេក [បណ្តាវិវេក ៣យ៉ាង វិវេកក្នុងទីនេះ សំដៅយកឧបធិវិវេក គឺព្រះនិព្វាន ។ អដ្ឋកថា ។] របស់បុគ្គល អ្នកត្រេកអរ (ដោយមគ្គញ្ញាណ) មានធម៌ស្តាប់ហើយ បានឃើញច្បាស់ (ដោយញាណចក្ខុ) នាំមកនូវសុខ ការមិនបៀតបៀនគ្នា និងការសង្រួម ក្នុងសត្វទាំងឡាយ ជាសុខក្នុងលោក ការប្រាសចាកតម្រេក ការប្រព្រឹត្តិកន្លងកាមទាំងឡាយ ជាសុខក្នុងលោក កិរិយាកំចាត់បង់នូវអស្មិមានះ ដំណើរនុ៎ះ ឈ្មោះថាជាសុខ យ៉ាងក្រៃលែង ។

ចប់ សូត្រ ទី១ ។

២. រាជសូត្រកែប្រែ

[៥២] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ពួកភិក្ខុច្រើនរូប ត្រឡប់អំពីបិណ្ឌបាត ក្នុងវេលាក្រោយភត្ត អង្គុយជួបជុំគ្នា ក្នុងឧបដ្ឋានសាលា អន្តរាកថា [វាចាដោយឡែក ជាចន្លោះអំពីការយកចិត្តទុកដាក់ ក្នុងកម្មដ្ឋាន រៀនបាលី និងអដ្ឋកថា ជាដើម ហៅថា អន្តរាកថា ។ អដ្ឋកថា ។] នេះកើតឡើងថា ម្នាលអាវុសោទាំងឡាយ បណ្តាព្រះរាជាទាំងពីរព្រះអង្គនេះ គឺព្រះរាជា ព្រះនាមមាគធសេនិយពិម្ពិសារ និងព្រះរាជា ព្រះនាមបសេនទិកោសល ព្រះរាជាអង្គណាហ្ន៎ ដែលមានទ្រព្យច្រើន មានភោគៈច្រើន មានឃ្លាំងច្រើន មានរដ្ឋចំណុះច្រើន មានពាហនៈច្រើន មានពលច្រើន មានឫទ្ធិច្រើន មានអានុភាពច្រើនជាង ។ ឥឡូវនេះ អន្តរាកថា របស់ភិក្ខុទាំងនោះ ក៏ផ្អាកឈប់នៅ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ក៏យាងចូលទៅឯឧបដ្ឋានសាលា លុះទ្រង់ចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ ។ លុះព្រះមានព្រះភាគទ្រង់គង់ហើយ ទើបត្រាស់សួរពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ អង្គុយចួបជុំគ្នា ដោយការនិយាយអ្វី ក្នុងកាលឥឡូវនេះ មួយទៀត អន្តរាកថាដូចម្តេច ដែលអ្នកទាំងឡាយផ្អាកទុក ។ ពួកភិក្ខុទាំងនោះ ទូលថា បពិត្រព្រះអង្គដ៏ចម្រើន កាលដែលពួកយើងខ្ញុំទាំងឡាយ ត្រឡប់អំពីបិណ្ឌបាត វេលាខាងក្រោយភត្ត ក្នុងក្រុងសាវត្ថីនេះ ហើយអង្គុយចួបជុំគ្នា ក្នុងឧបដ្ឋានសាលា មានអន្តរាកថានេះ កើតឡើងថា ម្នាលអាវុសោទាំងឡាយ បណ្តាព្រះរាជាពីរព្រះអង្គនេះ គឺព្រះរាជា ព្រះនាមមាគធសេនិយពិម្ពិសារ និងព្រះរាជាព្រះនាមបសេនទិកោសល ព្រះរាជាអង្គណាហ្ន៎ ដែលមានទ្រព្យច្រើន មានភោគៈច្រើន មានឃ្លាំងច្រើន មានរដ្ឋចំណុះច្រើន មានពាហនៈច្រើន មានពលច្រើន មានឫទ្ធិច្រើន មានអានុភាពច្រើនជាង ។ បពិត្រព្រះអង្គដ៏ចម្រើន អន្តរាកថានេះឯង ដែលយើងខ្ញុំទាំងឡាយផ្អាកទុក ក៏ស្រាប់តែព្រះមានព្រះភាគស្តេចយាងមកដល់ ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ត្រង់ដែលអ្នកទាំងឡាយនិយាយពាក្យបែបនេះ ដំណើរនុ៎ះ មិនមែនជាកិច្ចដ៏គួរដល់អ្នកទាំងឡាយដែលជាកុលបុត្ត ចេញចាកផ្ទះ ចូលកាន់ផ្នួសដោយសទ្ធាទេ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កាលដែលចួបជុំគ្នា គប្បីធ្វើកិច្ចពីរយ៉ាង គឺការពោលជាធម៌ ១ ភាពស្ងប់ស្ងៀមដ៏ប្រសើរ [សំដៅយកការសម្រេចសម្រាន្តដោយឈានសមាបត្តិ ។] ១ ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទ្រង់បន្លឺនូវឧទាននេះ ក្នុងវេលានោះថា ៖

កាមសុខណា ក្នុងលោកក្តី ទិព្វសុខ [សំដៅយកសេចក្តីសុខក្នុងរូបព្រហ្ម អរូបព្រហ្ម និងទិព្វវិហារធម៌ ។] ណាក្តី សេចក្តីសុខទាំងនោះ មិនដល់នូវចំណិត ១ ក្នុងចំណែក ១៦ នៃសេចក្តីសុខ [សំដៅយកសេចក្តីសុខ ក្នុងផលសមាបត្តិ ។ អដ្ឋកថា ។] ព្រោះការអស់តណ្ហាទេ ។

ចប់ សូត្រ ទី២ ។

៣. ទណ្ឌសូត្រកែប្រែ

[៥៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ពួកកុមារច្រើននាក់ នាំគ្នាបៀតបៀនពស់នឹងដម្បង ត្រង់ទីជាចន្លោះនៃក្រុងសាវត្ថី និងវត្តជេតពន ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត និងចីវរ ចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី ក្នុងបុព្វណ្ហសម័យ ។ ព្រះមានព្រះភាគ បានទតឃើញពួកកុមារច្រើននាក់ទាំងនោះ កំពុងតែបៀតបៀនពស់នឹងដម្បង ត្រង់ទីជាចន្លោះនៃក្រុងសាវត្ថី និងវត្តជេតពន ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺនូវឧទាននេះ ក្នុងវេលានោះថា ៖

បុគ្គលឯណា កាលស្វែងរកសេចក្តីសុខដើម្បីខ្លួន ហើយបៀតបៀនពួកសត្វអ្នកប្រាថ្នាសេចក្តីសុខ ដោយដម្បង បុគ្គលនោះ លុះលះលោកនេះទៅ រមែងមិនបានសេចក្តីសុខឡើយ ។

បុគ្គលណា កាលស្វែងរកសេចក្តីសុខដើម្បីខ្លួន មិនបៀតបៀនពួកសត្វអ្នកប្រាថ្នាសេចក្តីសុខ ដោយដម្បង បុគ្គលនោះ លុះលះលោកនេះទៅ តែងបានសេចក្តីសុខ ។

ចប់ សូត្រ ទី៣ ។

៤. សក្ការសូត្រកែប្រែ

[៥៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តព្រះជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ព្រះមានព្រះភាគ គេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង បានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ជាប្រក្រតី ។ សូម្បីភិក្ខុសង្ឃ ក៏គេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង បានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារដែរ ។ ចំណែកពួកបរិព្វាជក អន្យតិរ្ថិយ គេមិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជា មិនកោតក្រែង មិនបានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ជាប្រក្រតីឡើយ ។ គ្រានោះឯង ពួកបរិព្វាជក អន្យតិរ្ថិយ កាលធន់ទ្រាំនឹងសក្ការៈ ចំពោះព្រះមានព្រះភាគ និងភិក្ខុសង្ឃមិនបាន លុះឃើញពួកភិក្ខុក្នុងស្រុកក្តី ក្នុងព្រៃក្តី ក៏ជេរប្រទេច ខឹងចាក់រុក ដោយសំដីទ្រគោះ ជារបស់អសប្បុរស ។ លំដាប់នោះឯង ពួកភិក្ខុច្រើនរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ព្រះមានព្រះភាគ មានគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង បានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ។ ទាំងភិក្ខុសង្ឃ ក៏គេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង បានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារជាប្រក្រតីដែរ ។ ចំណែកខាងពួកបរិព្វាជក អន្យតិរ្ថិយ គេមិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជា មិនកោតក្រែង មិនបានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ជាប្រក្រតី ។ បពិត្រព្រះអង្គដ៏ចម្រើន លំដាប់នោះឯង ពួកបរិព្វាជក អន្យតិរ្ថិយទាំងនោះ កាលអត់ទ្រាំនឹងសក្ការៈ ចំពោះព្រះមានព្រះភាគ និងភិក្ខុសង្ឃមិនបាន លុះបានឃើញពួកភិក្ខុសង្ឃក្នុងស្រុកក្តី ក្នុងព្រៃក្តី ក៏ជេរប្រទេច ខឹងចាក់រុក ដោយវាចាទ្រគោះ ជារបស់អសប្បុរស ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺនូវឧទាននេះ ក្នុងវេលានោះថា ៖

អ្នកទាំងឡាយ ដែលសុខ និងទុក្ខ ប៉ះពាល់ហើយ ទោះនៅក្នុងស្រុក ឬព្រៃ មិនត្រូវក្តៅក្រហាយអំពីខ្លួន ឬអំពីអ្នកដទៃឡើយ ផស្សធម៌ទាំងឡាយ រមែងប៉ះពាល់ត្រូវបាន ព្រោះអាស្រ័យឧបធិ កាលបើឧបធិ មិនមាន ផស្សធម៌ទាំងឡាយ ប៉ះពាល់ត្រូវដូចម្តេចបាន ។

ចប់ សូត្រ ទី៤ ។

៥. ឧបាសកសូត្រកែប្រែ

[៥៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ឧបាសកម្នាក់ នៅក្នុងស្រុកឥច្ឆានង្គលៈ បានទៅដល់នគរសាវត្ថី ដោយកិច្ចនីមួយ ។ លុះឧបាសកនោះ បានសំរេចកិច្ចនោះស្រេច ក្នុងនគរសាវត្ថីហើយ ក៏ឆៀងចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ ។ លុះឧបាសកនោះ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ត្រាស់យ៉ាងនេះថា ម្នាលឧបាសក ខ្លួនអ្នកធ្វើហេតុជាទំនង ដើម្បីមកទីនេះជាយូរអង្វែងហើយ ។ ឧបាសកនោះ ទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គប្រុងនឹងចូលមកគាល់ព្រះមានព្រះភាគ ជាយូរហើយ ប៉ុន្តែខ្ញុំព្រះអង្គ ជាអ្នកខ្វល់ខ្វាយមិនដាច់ ដោយកិច្ចការនីមួយ ទើបមិនអាចឆ្លៀតចូលមកគាល់ព្រះមានព្រះភាគបានសោះ ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

កិលេស គ្រឿងខ្វល់ខ្វាយណាមួយ មិនមានដល់បុគ្គលអ្នកមានធម៌ពិចារណាហើយ ជាពហូសូត្រ នុ៎ះឯងជាសុខ អ្នកចូរមើលបុគ្គលអ្នកប្រកបដោយកង្វល់ កំពុងតែលំបាកចំពោះអ្នកផង ច្រើនតែមានសភាពជាប់ចំពាក់ចំពោះអ្នកផង ។

ចប់ សូត្រ ទី៥ ។

៦. គព្ភិនីសូត្រកែប្រែ

[៥៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង នាងមាណវិកា នៅក្មេង ជាប្រពន្ធបរិព្វាជកម្នាក់ ជាស្ត្រីមានគភ៌ ជិតសម្រាលកូន ។ លំដាប់នោះ នាងបរិព្វាជិកានោះ បាននិយាយនឹងបរិព្វាជកនោះយ៉ាងនេះថា នែព្រាហ្មណ៍ អ្នកចូរទៅនាំមកនូវប្រេង ដែលជាប្រយោជន៍ដល់ខ្ញុំ សម្រាប់សម្រាលកូន ។ កាលបើនាងបរិព្វាជិកា និយាយយ៉ាងនេះហើយ បរិព្វាជកនោះ ក៏និយាយនឹងនាងបរិព្វាជិកានេះវិញថា ចុះអញនាំយកប្រេងពីណាមកឲ្យនាង ។ នាងបរិព្វាជិកានោះ បាននិយាយនឹងបរិព្វាជកនោះ ជាគម្រប់ ២ ដងយ៉ាងនេះថា ម្នាលព្រាហ្មណ៍ អ្នកចូរទៅនាំប្រេង ដែលជាប្រយោជន៍ដល់ខ្ញុំ សម្រាប់សម្រាលកូន ។ បរិព្វាជកនោះ បាននិយាយនឹងនាងបរិព្វាជិកានោះ ជាគម្រប់ ២ ដង យ៉ាងនេះថា ចុះអញនាំយកប្រេងពីទីណា មកឲ្យនាង ។ នាងបរិព្វាជិកានោះ បាននិយាយ នឹងបរិព្វាជកនោះជាគម្រប់ ៣ ដងយ៉ាងនេះថា ម្នាលព្រាហ្មណ៍ អ្នកចូរទៅនាំយកប្រេង ដែលជាប្រយោជន៍ដល់ខ្ញុំ សម្រាប់សម្រាលកូន ។

[៥៧] សម័យនោះឯង ព្រះរាជាបសេនទិកោសល ទ្រង់ប្រទានឲ្យសមណៈ ឬព្រាហ្មណ៍ ឆាន់សប្បិ ឬប្រេង ក្នុងឃ្លាំងត្រឹម ១ ឆ្អែត មិនទ្រង់ប្រទានឲ្យនាំចេញបានទេ ។ គ្រានោះឯង បរិព្វាជកនោះ មានសេចក្តីត្រិះរិះថា ចំណាំតែព្រះរាជាព្រះនាមបសេនទិកោសល ទ្រង់ប្រទានឲ្យសមណៈ ឬព្រាហ្មណ៍ ឆាន់សប្បិ ឬប្រេង ក្នុងឃ្លាំងត្រឹម ១ ឆ្អែត មិនទ្រង់ប្រទានឲ្យនាំចេញបានទេ បើដូច្នោះ មានតែអាត្មាអញនឹងទៅឯឃ្លាំងព្រះរាជាព្រះនាមបសេនទិកោសល ក្រេបផឹកប្រេងដរាបដល់ឆ្អែត ហើយមកផ្ទះវិញ សឹមរើឲ្យ ដើម្បីជាប្រយោជន៍ដល់ប្រពន្ធនេះ សម្រាប់សម្រាលកូន ។ លំដាប់នោះ បរិព្វាជកនោះ ទៅឯឃ្លាំងព្រះរាជា ព្រះនាមបសេនទិកោសលហើយ ក្រេបផឹកនូវប្រេង ដរាបដល់ឆ្អែត មកផ្ទះវិញ ក៏មិនអាចនឹងរើប្រេងឲ្យចេញមកខាងលើ ទាំងមិនអាចធ្វើឲ្យធ្លាក់ចុះទៅខាងក្រោមបាន ។ បរិព្វាជកនោះ ត្រូវទុក្ខវេទនាដ៏ក្លៀវក្លា ខ្លោចផ្សាពាល់ត្រូវ ក៏បម្រះននៀលទៅមក ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរសញ្ចរចូលទៅបិណ្ឌបាត ឯក្រុងសាវត្ថី ក្នុងបុព្វណ្ហសម័យ ។ ព្រះមានព្រះភាគ បានទតឃើញបរិព្វាជកនោះ កំពុងត្រូវទុក្ខវេទនាដ៏ក្លៀវក្លា ខ្លោចផ្សាពាល់ត្រូវ កំពុងបម្រះននៀលទៅមក ។ លុះព្រះមានព្រះភាគ ទ្រង់បានជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

ឱហ្ន៎ ជនទាំងឡាយណា មិនមានកិលេសជាគ្រឿងកង្វល់ ជននោះ រមែងមានសេចក្តីសុខ មួយទៀត ជនទាំងឡាយណា មិនមានកង្វល់ ជនទាំងនោះ ឈ្មោះថាដល់នូវវេទ គឺអរហត្តមគ្គញ្ញាណ អ្នកចូរមើលពួកជន ដែលប្រកបដោយកង្វល់ កំពុងលំបាក (ដោយទុក្ខ) អ្នកផង (ច្រើនតែ) មានចិត្តចំពាក់ចំពោះអ្នកផង ។

ចប់ សូត្រ ទី៦ ។

៧. ឯកបុត្តកសូត្រកែប្រែ

[៥៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ឧបាសកម្នាក់ មានកូនប្រុសតូចមួយ ជាទីស្រឡាញ់ ជាទីគាប់ចិត្ត ធ្វើមរណៈភាព ។ គ្រានោះឯង ពួកឧបាសកច្រើននាក់ មានសំពត់ទទឹក មានសក់ទទឹក ចូលទៅគាល់ព្រះមានព្រះភាគទាំងថ្ងៃ ហើយថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ ។ លុះឧបាសកទាំងនោះ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគត្រាស់សួរយ៉ាងនេះថា ម្នាលឧបាសកទាំងឡាយ ដូចម្តេចហ្ន៎ បានជាអ្នកទាំងឡាយ មានសំពត់ទទឹក មានសក់ទទឹក ចូលមកក្នុងទីនេះទាំងថ្ងៃ ។ កាលបើព្រះមានព្រះភាគ ត្រាស់សួរយ៉ាងនេះហើយ ឧបាសកនោះ បានទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះមានព្រះភាគ កូនប្រុសតូចមួយរបស់ខ្ញុំព្រះអង្គ ជាទីស្រឡាញ់ ជាទីគាប់ចិត្ត ធ្វើមរណភាពទៅ បានជាពួកខ្ញុំព្រះអង្គ មានសំពត់ទទឹក មានសក់ទទឹក ចូលមកក្នុងទីនេះទាំងថ្ងៃ ។ លុះព្រះមានព្រះភាគ ទ្រង់បានជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

ពួកទេវតា និងពួកមនុស្សជាច្រើន ជាប់ចំពាក់ដោយការត្រេកត្រអាល ក្នុងរូបជាទីស្រឡាញ់ ជាអ្នកមានសេចក្តីទុក្ខ និងសេចក្តីសាបសូន្យ លុះក្នុងអំណាចមច្ចុរាជ ។ ពួកជនណា មិនធ្វេសប្រហែសទាំងថ្ងៃទាំងយប់ លះបង់រូប ជាទីស្រឡាញ់ ពួកជននោះឯង ឈ្មោះថាគាស់រំលើងឫសគល់នៃទុក្ខ ជានុយនៃមច្ចុ ដែលកន្លងបានដោយក្រ ។

ចប់ សូត្រ ទី៧ ។

៨. សុប្បវាសាសូត្រកែប្រែ

[៥៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកុណ្ឌិដ្ឋានវ័ន ទៀបក្រុងកុណ្ឌិយា ។ សម័យនោះឯង កោលិយធីតា នាមសុប្បវាសា ទ្រទ្រង់គភ៌អស់ ៧ ឆ្នាំ មានគភ៌លំបាកអស់ ៧ ថ្ងៃ ។ កោលិយធីតានោះ លុះត្រូវទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សាប៉ះពាល់ អត់ទ្រាំដោយការត្រិះរិះ ៣ យ៉ាងថា ឱហ្ន៎ ព្រះមានព្រះភាគ ព្រះអង្គនោះ ត្រាស់ដឹងញេយ្យធម៌ចំពោះព្រះអង្គឯង ដោយប្រពៃ ព្រោះទ្រង់សំដែងធម៌ ដើម្បីលះបង់ទុក្ខបែបនេះ ១ ឱហ្ន៎ ព្រះសង្ឃសាវ័ករបស់ព្រះមានព្រះភាគ ព្រះអង្គនោះ លោកប្រតិបត្តិប្រពៃ ព្រោះលោកប្រតិបត្តិហើយ ដើម្បីលះបង់ទុក្ខបែបនេះ ១ ឱហ្ន៎ ព្រះនិព្វាន ជាសុខយ៉ាងក្រៃលែង ព្រោះមិនមានទុក្ខបែបនេះឡើយ ១ ។

[៦០] គ្រានោះ កោលិយធីតា នាមសុប្បវាសា បានហៅស្វាមីមកប្រាប់ថា បពិត្រព្រះអយ្យបុត្ត សូមព្រះអង្គមក សូមព្រះអង្គចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ សូមថ្វាយបង្គំព្រះបាទានៃព្រះមានព្រះភាគ ដោយសិរ្សៈ សូមព្រះអង្គ ទូលសួរនូវការមិនមានអាពាធ មិនមានទុក្ខ មានកម្លាំង ក្រោកឡើងរហ័ស និងការនៅសប្បាយតាមពាក្យរបស់ខ្ញុំម្ចាស់ថា បពិត្រព្រះអង្គដ៏ចម្រើន កោលិយធីតា នាមសុប្បវាសា ថ្វាយបង្គំព្រះបាទានៃព្រះមានព្រះភាគ ដោយសិរ្សៈ ទូលសួរនូវការមិនមានអាពាធ មិនមានទុក្ខ មានកម្លាំង ក្រោកឡើងរហ័ស និងការនៅសប្បាយ មួយទៀត សូមព្រះអង្គទូលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន កោលិយធីតា នាមសុប្បវាសា ទ្រទ្រង់គភ៌អស់ ៧ ឆ្នាំ មានគភ៌លំបាក អស់ ៧ ថ្ងៃ ព្រះនាងត្រូវទុក្ខវេទនាដ៏ក្លាខ្លាំង ខ្លោចផ្សា ពាល់ត្រូវហើយ អត់ទ្រាំដោយការត្រិះរិះ ៣ យ៉ាងថា ឱហ្ន៎ ព្រះមានព្រះភាគព្រះអង្គនោះ ទ្រង់ត្រាស់ដឹងញេយ្យធម៌ចំពោះព្រះអង្គឯងដោយប្រពៃ ព្រោះទ្រង់សំដែងធម៌ ដើម្បីឲ្យលះបង់ទុក្ខបែប នេះ ១ ឱហ្ន៎ ព្រះសង្ឃសាវ័ករបស់ព្រះមានព្រះភាគព្រះអង្គនោះ ប្រតិបត្តិប្រពៃ ព្រោះលោកប្រតិបត្តិហើយ ដើម្បីលះបង់ទុក្ខបែបនេះ ១ ឱហ្ន៎ ព្រះនិព្វាន ជាសុខយ៉ាងក្រៃលែង ព្រោះមិនមានទុក្ខបែបនេះឡើយ ១ ។ កោលិយរាជបុត្រ (ជាស្វាមី) បានទទួលស្តាប់ពាក្យកោលិយធីតា នាមសុប្បវាសាថា ប្រសើរហើយ រួចចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចគង់ក្នុងទីសមគួរ ។ លុះកោលិយរាជបុត្រ គង់ក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន កោលិយធីតា នាមសុប្បវាសា ថ្វាយបង្គំព្រះបាទា នៃព្រះមានព្រះភាគ ដោយសិរ្សៈ ទូលសួរការមិនមានអាពាធ មិនមានទុក្ខ មានកម្លាំង ក្រោកឡើងរហ័ស និងការនៅជាសុខសប្បាយ រួចនិយាយផ្តាំ យ៉ាងនេះថា កោលិយធីតា នាមសុប្បវាសា ទ្រទ្រង់គភ៌ អស់ ៧ ឆ្នាំ មានគភ៌លំបាក អស់ ៧ ថ្ងៃ នាងត្រូវទុក្ខវេទនា ដ៏ក្លាខ្លាំង ខ្លោចផ្សា អត់ទ្រាំដោយការត្រិះរិះ ៣ យ៉ាងថា ឱហ្ន៎ ព្រះមានព្រះភាគព្រះអង្គនោះ ទ្រង់ត្រាស់ដឹងញេយ្យធម៌ចំពោះព្រះអង្គឯង ដោយប្រពៃ ព្រោះព្រះអង្គទ្រង់សំដែងធម៌ ដើម្បីលះបង់ទុក្ខបែបនេះ ១ ឱហ្ន៎ ព្រះសង្ឃសាវ័ករបស់ព្រះមានព្រះភាគព្រះអង្គនោះ ប្រតិបត្តិប្រពៃ ព្រោះលោកប្រតិបត្តិហើយ ដើម្បីលះបង់នូវទុក្ខបែបនេះ ១ ឱហ្ន៎ ព្រះនិព្វានជាសុខយ៉ាងក្រៃលែង ព្រោះមិនមានទុក្ខបែបនេះឡើយ ១ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា សូមឲ្យកោលិយធីតា នាមសុប្បវាសា បានសេចក្តីសុខ សូមកុំឲ្យមានរោគ ប្រសូតបុត្ត កុំឲ្យមានរោគ ។ ឯកោលិយធីតា នាមសុប្បវាសា ក៏បានសេចក្តីសុខ ឥតមានរោគ ប្រសូតបុត្តក៏ឥតមានរោគ ដំណាលនឹងព្រះពុទ្ធដីកាព្រះមានព្រះភាគ ។ កោលិយរាជបុត្រនោះ ត្រេកអរ អនុមោទនាភាសិតរបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក្រោកចាកអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ រួចធ្វើប្រទក្សិណហើយ យាងសំដៅមកកាន់គេហដ្ឋានព្រះអង្គវិញ ។ កោលិយរាជបុត្រនោះ បានឃើញកោលិយធីតា នាមសុប្បវាសា បានសេចក្តីសុខ មិនមានរោគ ប្រសូតបុត្ត មិនមានរោគ លុះកោលិយរាជបុត្រនោះ បានឃើញហើយ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឱហ្ន៎ អស្ចារ្យណាស់ ឱហ្ន៎ ចម្លែកណាស់តើ ព្រះតថាគត មានឫទ្ធិច្រើន មានអានុភាពច្រើនមែន មិនគួរបើកោលិយធីតា នាមសុប្បវាសានេះ បានសេចក្តីសុខ មិនមានរោគ ប្រសូតបុត្ត មិនមានរោគ ដំណាលគ្នានឹងព្រះពុទ្ធដីការបស់ព្រះមានព្រះភាគនោះសោះ កោលិយរាជបុត្ត មានចិត្តត្រេកអរ រីករាយ កើតបីតិសោមនស្ស ។

[៦១] គ្រានោះ កោលិយធីតា នាមសុប្បវាសា ហៅស្វាមីមកថា បពិត្រព្រះអយ្យបុត្ត សូមព្រះអង្គមក សូមព្រះអង្គចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ចូរថ្វាយបង្គំព្រះបាទានៃព្រះមានព្រះភាគ ដោយសិរ្សៈ តាមពាក្យរបស់ខ្ញុំម្ចាស់ថា បពិត្រព្រះអង្គដ៏ចម្រើន កោលិយធីតា នាមសុប្បវាសា ថ្វាយបង្គំព្រះបាទានៃព្រះមានព្រះភាគ ដោយសិរ្សៈ រួចសូមព្រះអង្គក្រាបទូលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន កោលិយធីតា នាមសុប្បវាសា ទ្រទ្រង់គភ៌អស់ ៧ ឆ្នាំ មានគភ៌លំបាកអស់ ៧ ថ្ងៃ ឥឡូវនេះ នាងបានសេចក្តីសុខ មិនមានរោគ ប្រសូតបុត្តមិនមានរោគ នាងនិមន្តភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយភត្តអស់ ៧ ថ្ងៃ បពិត្រព្រះអង្គដ៏ចម្រើន បើដូច្នោះ សូមព្រះមានព្រះភាគ ព្រមទាំងភិក្ខុសង្ឃ ទ្រង់ទទួលភត្ត ៧ ថ្ងៃ របស់កោលិយធីតា នាមសុប្បវាសា ។ កោលិយរាជបុត្តនោះ ទទួលស្តាប់ពាក្យកោលិយធីតា នាមសុប្បវាសាថា ប្រសើរហើយ រួចចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចគង់ក្នុងទីសមគួរ ។ លុះកោលិយរាជបុត្តនោះ គង់ក្នុងទីសមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន កោលិយធីតា នាមសុប្បវាសា ថ្វាយបង្គំព្រះបាទានៃព្រះមានព្រះភាគ ដោយសិរ្សៈ មួយទៀត នាងក្រាបទូលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន កោលិយធីតា នាមសុប្បវាសា ទ្រទ្រង់គភ៌ អស់ ៧ ឆ្នាំ មានគភ៌លំបាកអស់ ៧ ថ្ងៃ ឥឡូវនេះ នាងបានសេចក្តីសុខ មិនមានរោគ ប្រសូតបុត្តមិនមានរោគ នាងនិមន្តភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយភត្តអស់ ៧ ថ្ងៃ បពិត្រព្រះអង្គដ៏ចម្រើន បើដូច្នោះ សូមព្រះមានព្រះភាគ ព្រមទាំងភិក្ខុសង្ឃ ទ្រង់ទទួលភត្ត ៧ ថ្ងៃ របស់កោលិយធីតា នាមសុប្បវាសាឲ្យទាន ។

[៦២] សម័យនោះឯង ឧបាសកម្នាក់ និមន្តភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយភត្តក្នុងថ្ងៃស្អែក ។ ឧបាសកនោះ ជាឧបដ្ឋាករបស់ព្រះមហាមោគ្គល្លានដ៏មានអាយុ ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ប្រាប់ព្រះមហាមោគ្គល្លានដ៏មានអាយុថា ម្នាលមោគ្គល្លាន អ្នកចូរមក អ្នកចូលទៅរកឧបាសកនោះ លុះចូលទៅដល់ហើយ ចូរនិយាយនឹងឧបាសកនោះ យ៉ាងនេះថា ម្នាលអាវុសោ កោលិយធីតា នាមសុប្បវាសា ទ្រទ្រង់គភ៌ អស់ ៧ ឆ្នាំ មានគភ៌លំបាកអស់ ៧ ថ្ងៃ ឥឡូវនេះ នាងមានសេចក្តីសុខ មិនមានរោគ ប្រសូតបុត្តឥតមានរោគ នាងនិមន្តភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយភត្តអស់ ៧ ថ្ងៃ សូមឲ្យកោលិយធីតា នាមសុប្បវាសា ធ្វើភត្ត ៧ ថ្ងៃសិនចុះ ខ្លួនអ្នកចាំធ្វើក្រោយ ព្រោះឧបាសកនោះ ជាឧបដ្ឋាករបស់លោកស្រាប់ហើយ ។ ព្រះមហាមោគ្គល្លានដ៏មានអាយុ ទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ រួចចូលទៅរកឧបាសកនោះ លុះចូលទៅដល់ហើយ ក៏និយាយនឹងឧបាសកនោះ យ៉ាងនេះថា ម្នាលអាវុសោ កោលិយធីតា នាមសុប្បវាសា ទ្រទ្រង់គភ៌ អស់ ៧ ឆ្នាំ មានគភ៌លំបាកអស់ ៧ ថ្ងៃ ឥឡូវនេះ នាងមានសេចក្តីសុខ មិនមានរោគ ប្រសូតបុត្តឥតមានរោគ នាងនិមន្តភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយភត្តអស់ ៧ ថ្ងៃ សូមឲ្យកោលិយធីតា នាមសុប្បវាសា ធ្វើភត្ត ៧ ថ្ងៃសិនចុះ ខ្លួនអ្នកនឹងធ្វើក្រោយ ។ ឧបាសកនោះ និយាយថា បពិត្រលោកដ៏ចម្រើន បើព្រះមហាមោគ្គល្លានជាម្ចាស់ធានា ចំពោះធម៌ ៣ យ៉ាងគឺ ភោគៈ ១ ជីវិត ១ សទ្ធា ១ សូមឲ្យកោលិយធីតា នាមសុប្បវាសា ធ្វើភត្ត ៧ ថ្ងៃសិនចុះ ខ្លួនខ្ញុំធ្វើក្រោយ ។ ព្រះមហាមោគ្គល្លាន ពោលថា ម្នាលអាវុសោ ខ្លួនអាត្មាធានាឲ្យអ្នកតែធម៌ ២ យ៉ាង គឺភោគៈ ១ ជីវិត ១ ឯខ្លួនអ្នក ត្រូវតែធានាសទ្ធាខ្លួនឯងចុះ ។ ឧបាសកនោះ និយាយថា បពិត្រលោកដ៏ចម្រើន បើព្រះមហាមោគ្គល្លានដ៏មានអាយុ ធានាចំពោះតែធម៌ ២ យ៉ាងគឺ ភោគៈ ១ ជីវិត ១ សូមឲ្យកោលិយធីតា នាមសុប្បវាសា ធ្វើភត្ត ៧ ថ្ងៃសិនចុះ ខ្លួនខ្ញុំចាំធ្វើក្រោយ ។ លំដាប់នោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ បានពន្យល់ឧបាសកនោះហើយ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ បានពន្យល់ឧបាសកនោះហើយ សូមឲ្យកោលិយធីតា នាមសុប្បវាសា ធ្វើភត្ត ៧ ថ្ងៃសិនចុះ ឧបាសកនោះ ចាំធ្វើខាងក្រោយ ។ លំដាប់នោះ កោលិយធីតា នាមសុប្បវាសា អង្គាសភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធានអស់ថ្ងៃ ៧ ឲ្យឆាន់ឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយាហារដ៏ឧត្តម ដោយដៃខ្លួនឯង ត្រាតែហាមឃាត់រួចហើយ ឲ្យទារកនោះថ្វាយបង្គំព្រះមានព្រះភាគ និងភិក្ខុសង្ឃ ។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ បានសួរទារកនោះ យ៉ាងនេះថា ម្នាលទារក កាលអ្នកនៅក្នុងគភ៌ ល្មមអត់ទ្រាំបានដែរឬ ល្មមប្រព្រឹត្តទៅបានដែរឬ មិនមានទុក្ខតិចតួចទេឬ ។ ទារកនោះ ទូលតបថា បពិត្រព្រះសារីបុត្តដ៏ចម្រើន ខ្ញុំព្រះករុណា ល្មមអត់ទ្រាំបាន មកពីណា ល្មមប្រព្រឹត្តទៅបាន មកពីណា (ព្រោះ) ខ្ញុំនៅក្នុងផ្ទៃ ប្រឡាក់ដោយឈាមអស់ ៧ ឆ្នាំមកហើយ ។ លំដាប់នោះ កោលិយធីតា នាមសុប្បវាសា មានចិត្តត្រេកអរ រីករាយ កើតបីតិសោមនស្ស ដោយសេចក្តីនឹកកោតថា បុត្តអាត្មាអញ ចេះប្រឹក្សាជាមួយព្រះធម្មសេនាបតីបាន ។ លំដាប់នោះ ព្រះមានព្រះភាគ បានជ្រាបថា កោលិយធីតា នាមសុប្បវាសា មានចិត្តត្រេកអរ រីករាយ កើតបីតិសោមនស្សហើយ ទើបត្រាស់នឹងកោលិយធីតា នាមសុប្បវាសា យ៉ាងនេះថា ម្នាលនាងសុប្បវាសា នាងចង់បានបុត្តដទៃបែបនេះ តទៅទៀតដែរឬ ។ កោលិយធីតា នាមសុប្បវាសាទូលថា បពិត្រព្រះមានព្រះភាគដ៏ចម្រើន ខ្ញុំម្ចាស់ចង់បានបុត្តដទៃបែបនេះ ៧ នាក់ទៀត ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបបន្លឺនូវឧទាននេះ ក្នុងវេលានោះថា ៖

អារម្មណ៍ មិនជាទីត្រេកអរ មិនជាទីស្រឡាញ់ អារម្មណ៍ជាទុក្ខ រមែងគ្របសង្កត់នូវបុគ្គលអ្នកប្រមាទ ដោយសភាពជាទីត្រេកអរ ដោយសភាពជាទីស្រឡាញ់ ដោយសភាពនៃសេចក្តីសុខ ។

ចប់ សូត្រ ទី៨ ។

៩. វិសាខាសូត្រកែប្រែ

[៦៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទនៃមិគារមាតា ក្នុងវត្តបុព្វារាម ជិតក្រុងសាវត្ថី ។ សម័យនោះឯង ប្រយោជន៍ណាមួយ របស់នាងវិសាខាមិគារមាតា ជាប្រយោជន៍ជាប់ទាក់ទងនឹងព្រះបាទបសេនទិកោសល ។ ព្រះបាទបសេនទិកោសល ទ្រង់មិនពិចារណាប្រយោជន៍នោះតាមបំណងឡើយ ។ គ្រានោះ នាងវិសាខាមិគារមាតា ចូលទៅគាល់ព្រះមានព្រះភាគទាំងថ្ងៃក្តៅ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ ។ លុះនាងវិសាខាមិគារមាតា អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលនាងវិសាខា នាងមកអំពីណាទាំងថ្ងៃក្តៅម៉្លេះ ។ នាងវិសាខាទូលថា បពិត្រព្រះអង្គដ៏ចម្រើន ប្រយោជន៍នីមួយ របស់ខ្ញុំព្រះអង្គក្នុងទីនេះ ជាប្រយោជន៍ជាប់ទាក់ទងនឹងព្រះបាទបសេនទិកោសល ព្រះបាទបសេនទិកោសល ទ្រង់មិនពិចារណាប្រយោជន៍នោះ តាមបំណងឡើយ ។ លុះព្រះមានព្រះភាគ ទ្រង់បានជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

(ប្រយោជន៍ណាមួយ) ដែលនៅក្នុងអំណាចនៃជនដទៃទាំងអស់ នាំមកនូវទុក្ខ ឥស្សរភាពទាំងអស់ នាំមកនូវសុខ សត្វទាំងឡាយដែលជ្រមុជទៅ ក្នុងហេតុនៃទុក្ខទួទៅ តែងនឿយព្រួយ ព្រោះកិលេសជាគ្រឿងប្រកបទាំងឡាយ សត្វកន្លងបានដោយក្រ ។

ចប់ សូត្រ ទី៩ ។

១០. ភទ្ទិយសូត្រកែប្រែ

[៦៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តអម្ពវ័ន ទៀបក្រុងអនុប្បិយា ។ សម័យនោះ ព្រះភទ្ទិយៈដ៏មានអាយុ ជាបុត្តនាងសាកិយានី ឈ្មោះកាឡិគោធា ទោះនៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងបន្លឺនូវឧទានរឿយៗថា ឱហ្ន៎ សុខអ្វីម៉្លេះ ឱហ្ន៎ សុខអ្វីម៉្លេះ ។ ពួកភិក្ខុជាច្រើនរូប បានឮថា ព្រះភទ្ទិយៈដ៏មានអាយុ ជាបុត្តនៃនាងសាកិយានី ឈ្មោះកាឡិគោធា ទោះនៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងបន្លឺឧទានរឿយៗថា ឱហ្ន៎ សុខអ្វីម៉្លេះ ឱហ្ន៎ សុខអ្វីម៉្លេះ ដូច្នេះដែរ ។ លុះពួកភិក្ខុទាំងនោះបានឮហើយ ក៏មានសេចក្តីត្រិះរិះដូច្នេះថា ព្រះភទ្ទិយៈដ៏មានអាយុ ជាបុត្តនាងសាកិយានី ឈ្មោះកាឡិគោធា ប្រាកដជាអផ្សុកនឹងប្រព្រឹត្តព្រហ្មចរិយធម៌ដោយពិត ព្រះភទ្ទិយៈដ៏មានអាយុនោះ នឹករលឹកសេចក្តីសុខក្នុងរាជ្យរបស់លោក កាលនៅជាគ្រហស្ថអំពីដើម ទោះនៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងបន្លឺឧទានរឿយៗថា ឱហ្ន៎ សុខអ្វីម៉្លេះ ឱហ្ន៎ សុខអ្វីម៉្លេះ ។ លំដាប់នោះ ពួកភិក្ខុច្រើនរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក្រាបទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះភទ្ទិយៈដ៏មានអាយុ ជាបុត្តនាងសាកិយានី ឈ្មោះកាឡិគោធា ទោះនៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងបន្លឺឧទានរឿយៗថា ឱហ្ន៎ សុខអ្វីម៉្លេះ ឱហ្ន៎ សុខអ្វីម៉្លេះ ព្រះភទ្ទិយៈជាបុត្តនាងសាកិយានី ឈ្មោះកាឡិគោធា ប្រាកដជាអផ្សុកនឹងប្រព្រឹត្តព្រហ្មចរិយធម៌ដោយពិត ។បេ។ ឱហ្ន៎ សុខអ្វីម៉្លេះ ។

[៦៥] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុមួយរូប ហើយបង្គាប់ថា ម្នាលភិក្ខុ អ្នកចូរមក ចូរហៅភទ្ទិយភិក្ខុ តាមពាក្យតថាគតថា នែអាវុសោភទ្ទិយៈ ព្រះសាស្តា ទ្រង់ឲ្យហៅអ្នក ។ ភិក្ខុនោះ ទទួលព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ រួចចូលទៅរកព្រះភទ្ទិយៈដ៏មានអាយុ ជាបុត្តនាងសាកិយានី ឈ្មោះកាឡិគោធា លុះចូលទៅដល់ហើយ ក៏និយាយនឹងព្រះភទ្ទិយៈដ៏មានអាយុ ជាបុត្តនាងសាកិយានី ឈ្មោះកាឡិគោធាថា នែអាវុសោភទ្ទិយៈ ព្រះសាស្តាត្រាស់ហៅអ្នក ព្រះភទ្ទិយៈដ៏មានអាយុ ជាបុត្តនាងសាកិយានី ឈ្មោះកាឡិគោធា បានទទួលពាក្យភិក្ខុនោះថា អើអាវុសោ ហើយក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំនូវព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះភទ្ទិយៈដ៏មានអាយុ ជាបុត្តនាងសាកិយានី ឈ្មោះកាឡិគោធា អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភទ្ទិយៈ បានឮថា អ្នកទោះនៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងបន្លឺឧទានរឿយ ៗ ថា ឱហ្ន៎ សុខអ្វីម៉្លេះ ឱហ្ន៎ សុខអ្វីម៉្លេះ ដូច្នេះមែនឬ ។ ព្រះភទ្ទិយក្រាបទូលថា ព្រះករុណា ព្រះអង្គ ។ ម្នាលភទ្ទិយៈ អ្នកពិចារណាឃើញអំណាចប្រយោជន៍ដូចម្តេច បានជាចូលទៅនៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងបន្លឺឧទានរឿយ ៗ ថា ឱហ្ន៎ សុខអ្វីម៉្លេះ ឱហ្ន៎ សុខអ្វីម៉្លេះ ដូច្នេះ ។ បពិត្រព្រះអង្គដ៏ចម្រើន កាលពីដើម ខ្ញុំព្រះអង្គនៅជាគ្រហស្ថ សោយសុខក្នុងរាជ្យ ការរក្សាខាងក្នុងព្រះរាជវាំង គេបានចាត់ចែងល្អហើយ ការរក្សាខាងក្រៅព្រះរាជវាំង គេក៏ចាត់ចែងល្អហើយ ការរក្សាខាងក្នុងនគរ គេចាត់ចែងល្អហើយ ការរក្សាខាងក្រៅនគរ គេចាត់ចែងល្អហើយ ការរក្សាក្នុងជនបទ គេចាត់ចែងល្អហើយ ការរក្សាខាងក្រៅជនបទ គេចាត់ចែងល្អហើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនោះឯង ដែលគេរក្សាគ្រប់គ្រងយ៉ាងនេះហើយ ក៏នៅតែភ័យ ភ្ញាក់ផ្អើល រង្កៀសតក់ស្លុត បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ខ្ញុំព្រះអង្គតែម្នាក់ឯង ទោះនៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី ក៏លែងភ័យ លែងភ្ញាក់ផ្អើល លែងតក់ស្លុតហើយ ជាអ្នកមានការខ្វល់ខ្វាយតិច ឥតព្រឺព្រួចរោម ចិញ្ចឹមជីវិតដោយបច្ច័យដែលអ្នកដទៃឲ្យ នៅដោយមានចិត្តដូចជាពួកម្រឹក ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ពិចារណាឃើញអំណាចប្រយោជន៍នេះហើយ ទោះនៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងបន្លឺឧទានរឿយៗថា ឱហ្ន៎ សុខអ្វីម៉្លេះ ឱហ្ន៎ សុខអ្វីម៉្លេះ ដូច្នេះ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនេះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

សេចក្តីក្រោធ មិនមានក្នុងចិត្តរបស់បុគ្គលណា បុគ្គលនោះឈ្មោះថា កន្លងផុតនូវសេចក្តីចម្រើន និងសេចក្តីវិនាស ទេវតាទាំងឡាយ កម្រនឹងបានឃើញបុគ្គលដែលប្រាសចាកភ័យ បានប្រកបដោយសេចក្តីសុខ ឥតសោកនោះឡើយ ។

ចប់ សូត្រ ទី១០ ។

ចប់ មុច្ចលិន្ទវគ្គ ទី២ ។

ឧទាននៃមុច្ចលិន្ទវគ្គនោះគឺ ៖ និយាយអំពី

- ព្រះមានព្រះភាគគង់ទៀបគល់រាំង

- អំពីព្រះរាជា

- អំពីការវាយពស់ដោយដម្បង

- អំពីគ្រឿងសក្ការៈ

- អំពីឥច្ឆានង្គលឧបាសក

- អំពីប្រពន្ធព្រាហ្មណ៍មានគភ៌

- អំពីកូនតូច

- អំពីកោលិយធីតា ឈ្មោះសុប្បវាសា

- អំពីនាងវិសាខា

- អំពីព្រះភទ្ទិយត្ថេរ (ជាបុត្ត) នាងសាកិយានី ឈ្មោះកាឡិគោធា ។

៣. នន្ទវគ្គកែប្រែ

១. កម្មវិបាកជសូត្រកែប្រែ

[៦៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ភិក្ខុមួយរូប អង្គុយពែនភ្នែនក្នុងទីជិតនៃព្រះមានព្រះភាគ ហើយតាំងកាយត្រង់ អត់ទ្រាំទុក្ខវេទនាដ៏ក្លាខ្លាំង ខ្លោចផ្សា ដែលកើតអំពីផលនៃកម្មចាស់ មានស្មារតី មានសេចក្តីដឹងខ្លួន មិនលំបាក ។ ព្រះមានព្រះភាគ បានទតឃើញភិក្ខុនោះ អង្គុយពែនភ្នែនក្នុងទីជិតនៃព្រះអង្គ តាំងកាយត្រង់ អត់ទ្រាំទុក្ខវេទនាដ៏ក្លាខ្លាំង ខ្លោចផ្សា ដែលកើតអំពីផលនៃកម្មចាស់ មានស្មារតី មានសេចក្តីដឹងខ្លួន មិនលំបាក ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

ភិក្ខុអ្នកលះបង់កម្មទាំងពួង កំចាត់បង់ធូលី គឺកិលេស ដែលខ្លួនធ្លាប់ធ្វើក្នុងកាលមុន មិនមានសេចក្តីប្រកាន់ថា អញឋិតនៅនឹងធឹង សេចក្តីត្រូវការដើម្បីហៅរក [ប្រយោជន៍ដើម្បីហៅរកអ្នកផងថា អ្នកទាំងឡាយ ចូរធ្វើថ្នាំជាដើម ដល់អាត្មាដូច្នេះ មិនមានឡើយ ព្រោះលោកឥតមានសេចក្តីអាឡោះអាល័យក្នុងសរីរៈ ។ អដ្ឋកថា ។] អ្នកផងឲ្យជួយ មិនមានឡើយ ។ ចប់ សូត្រ ទី១ ។

២. នន្ទសូត្រកែប្រែ

[៦៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះនន្ទដ៏មានអាយុ ជាព្រះអនុជ ជាបុត្រព្រះមាតុច្ឆានៃព្រះមានព្រះភាគ និយាយប្រាប់ពួកភិក្ខុច្រើនរូបយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ខ្ញុំមិនត្រេកអរនឹងប្រព្រឹត្តព្រហ្មចរិយៈទេ ខ្ញុំមិនអាចនឹងទ្រទ្រង់ព្រហ្មចរិយៈបានទេ ខ្ញុំមុខជានឹងពោលលាសិក្ខា ត្រឡប់ទៅកាន់ភេទថោកទាបវិញ ។ លំដាប់នោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក្រាបទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះនន្ទដ៏មានអាយុ ជាព្រះអនុជ និងជាបុត្រព្រះមាតុច្ឆា នៃព្រះមានព្រះភាគ បាននិយាយប្រាប់ពួកភិក្ខុច្រើនរូបយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ខ្ញុំមិនត្រេកអរនឹងប្រព្រឹត្តព្រហ្មចរិយធម៌ទេ ខ្ញុំមិនអាចទ្រទ្រង់ព្រហ្មចរិយធម៌បានទេ ខ្ញុំមុខជានឹងពោលលាសិក្ខា ត្រឡប់ទៅកាន់ភេទថោកទាបវិញ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុ ១ រូបមកថា ម្នាលភិក្ខុ អ្នកចូរមក ចូរហៅនន្ទភិក្ខុ តាមពាក្យតថាគតថា ម្នាលអាវុសោនន្ទ ព្រះសាស្តា ទ្រង់ត្រាស់ហៅអ្នក ។ ភិក្ខុនោះ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយចូលទៅរកព្រះនន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ បាននិយាយនឹងព្រះនន្ទដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោនន្ទ ព្រះសាស្តា ទ្រង់ត្រាស់ហៅអ្នក ។ ព្រះនន្ទដ៏មានអាយុ ទទួលពាក្យភិក្ខុនោះថា អើអាវុសោ ហើយក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះនន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលនន្ទ បានឮថា អ្នកបាននិយាយប្រាប់ពួកភិក្ខុច្រើនរូប យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ខ្ញុំមិនត្រេកអរ ។បេ។ ខ្ញុំមុខជានឹងត្រឡប់ទៅកាន់ភេទដ៏ថោកទាបវិញដូច្នេះ ពិតមែនឬ ។ ព្រះនន្ទក្រាបទូលថា ព្រះករុណា ព្រះអង្គ ពិតមែន ។ ម្នាលនន្ទ ព្រោះហេតុអ្វី បានជាអ្នកមិនត្រេកអរនឹងប្រព្រឹត្តព្រហ្មចរិយៈ មិនអាចទ្រទ្រង់ព្រហ្មចរិយៈ នឹងពោលលាសិក្ខា ត្រឡប់ទៅកាន់ភេទដ៏ថោកទាបវិញ ។ បពិត្រព្រះអង្គដ៏ចម្រើន កាលដែលខ្ញុំព្រះអង្គចេញមកអំពីផ្ទះ នាងសាកិយានីជនបទកល្យាណី កំពុងតែស្អិតស្អាងសក់បានពាក់កណ្តាល បានស្រែកផ្តាំខ្ញុំព្រះអង្គដូច្នេះថា បពិត្រព្រះអយ្យបុត្ត សូមទ្រង់ត្រឡប់មកវិញឆាប់ៗ ណា៎ ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនោះ រលឹកឃើញពាក្យនោះ បានជាមិនត្រេកអរនឹងប្រព្រឹត្តព្រហ្មចរិយៈ មិនអាចទ្រទ្រង់ព្រហ្មចរិយៈបាន នឹងពោលលាសិក្ខា ត្រឡប់ទៅកាន់ភេទថោកទាបវិញ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចាប់ព្រះនន្ទដ៏មានអាយុ ត្រង់ដើមដៃ ហើយបាត់អំពីវត្តជេតពន ទៅប្រាកដឯស្ថានតាវត្តឹង្សទេវលោក ដូចជាបុរសមានកម្លាំង លាដៃដែលបត់ ឬបត់ដៃដែលលាដូច្នោះ ។

[៦៨] សម័យនោះឯង ពួកស្ត្រីទេពអប្សរ ចំនួន ៥០០ រូប មានសម្បុរដូចសម្បុរជើងព្រាប បានមកគាល់បំរើព្រះឥន្ទ្រ ជាស្តេចទេវតា ។ លំដាប់នោះ ព្រះមានព្រះភាគ បានត្រាស់ហៅព្រះនន្ទដ៏មានអាយុថា ម្នាលនន្ទ អ្នកឃើញពួកស្ត្រីទេពអប្សរចំនួន ៥០០ រូប ដែលមានសម្បុរដូចជាសម្បុរជើងព្រាបនេះដែរឬ ។ ព្រះនន្ទក្រាបទូលថា ព្រះករុណា ព្រះអង្គ ។ ម្នាលនន្ទ អ្នកសំគាល់ហេតុនោះដូចម្តេច នាងសាកិយានីជនបទកល្យាណី និងពួកស្ត្រីទេពអប្សរចំនួន ៥០០ រូប ដែលមានសម្បុរដូចជាសម្បុរជើងព្រាបនេះ តើស្ត្រីណា មានរូបល្អជាង គួររមិលមើលជាង គួរជ្រះថ្លាជាង ។ បពិត្រព្រះអង្គដ៏ចម្រើន មេស្វា មានរោមរេច កំបុតស្លឹកត្រចៀក និងច្រមុះយ៉ាងណា បពិត្រព្រះអង្គដ៏ចម្រើន នាងសាកិយានីជនបទកល្យាណី បើប្រៀបធៀបនឹងពួកស្ត្រីទេពអប្សរទាំង ៥០០ រូបនេះ មិនដល់នូវការរាប់ មិនបានមួយចំណិត ទាំងមិនគួរនឹងប្រៀបផ្ទឹមទេ ប្រហែលគ្នានឹង មេស្វានោះ ក៏យ៉ាងនោះដែរ កាលបើយ៉ាងនេះ ពួកស្ត្រីទេពអប្សរទាំង ៥០០ រូបនេះ មានរូបល្អជាងផង គួររមិលមើលជាងផង គួរជ្រះថ្លាជាងផង ។ ម្នាលនន្ទ អ្នកចូរត្រេកអរចុះ ម្នាលនន្ទ អ្នកចូរត្រេកអរចុះ តថាគតជាអ្នកធានាឲ្យអ្នកបានពួកស្ត្រីទេពអប្សរទាំង ៥០០ រូប ដែលមានសម្បុរដូចជាសម្បុរជើងព្រាប ។ បពិត្រព្រះអង្គដ៏ចម្រើន បើព្រះមានព្រះភាគ ធានាឲ្យខ្ញុំព្រះអង្គ បានពួកស្ត្រីទេពអប្សរ ៥០០ រូប ដែលមានសម្បុរដូចសម្បុរជើងព្រាប បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនឹងត្រេកអរក្នុងព្រហ្មចរិយធម៌ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចាប់នន្ទភិក្ខុដ៏មានអាយុ ត្រង់ដើមដៃ ហើយបាត់អំពីតាវត្តឹង្សទេវលោក មកប្រាកដនាវត្តជេតពន ដូចជាបុរសមានកម្លាំង លាដៃដែលបត់ ឬបត់ដៃ ដែលលាដូច្នោះឯង ។ ពួកភិក្ខុបានឮថា ព្រះនន្ទដ៏មានអាយុ ជាព្រះអនុជ ជាបុត្តព្រះមាតុច្ឆានៃព្រះមានព្រះភាគ ប្រព្រឹត្តព្រហ្មចរិយៈ ព្រោះហេតុ (ចង់បាន) នូវពួកស្ត្រីទេពអប្សរ បានឮថា ព្រះមានព្រះភាគ ជាអ្នកធានា ឲ្យលោកបានពួកស្ត្រីទេពអប្សរទាំង ៥០០ រូប ដែលមានសម្បុរដូចជាសម្បុរជើងព្រាប ។

[៦៩] លំដាប់នោះ ពួកភិក្ខុជាសំឡាញ់ព្រះនន្ទដ៏មានអាយុ តែងហៅរកព្រះនន្ទដ៏មានអាយុ ដោយពាក្យថា ព្រះនន្ទជាអ្នកស៊ីឈ្នួលផង ដោយពាក្យថា ព្រះនន្ទ គឺព្រះមានព្រះភាគជួលហើយផង បានឮថា ព្រះនន្ទដ៏មានអាយុ ជាអ្នកស៊ីឈ្នួល បានឮថា ព្រះនន្ទដ៏មានអាយុ ព្រះមានព្រះភាគជួលហើយ ប្រព្រឹត្តព្រហ្មចរិយធម៌ ព្រោះហេតុតែពួកស្ត្រីទេពអប្សរ បានឮថា ព្រះមានព្រះភាគ ទ្រង់ធានាឲ្យលោកបានពួកស្ត្រីទេពអប្សរទាំង ៥០០ រូប ដែលមានសម្បុរដូចជាសម្បុរជើងព្រាប ។ លំដាប់នោះ ព្រះនន្ទដ៏មានអាយុ នឿយណាយធុញទ្រាន់ ជិនឆ្អន់នឹងពាក្យរបស់ពួកភិក្ខុជាសំឡាញ់ ដែលនិយាយថា លោកជាអ្នកស៊ីឈ្នួលផង និងពាក្យថា លោក គឺព្រះមានព្រះភាគជួលហើយផង ក៏គេចចេញទៅតែម្នាក់ឯង មិនមានសេចក្តីប្រមាទ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានចិត្តឆ្ពោះទៅកាន់ព្រះនិព្វាន ពួកកុលបុត្ត ដែលចេញចាកផ្ទះហើយ ចូលទៅកាន់ផ្នួសដោយប្រពៃ ដើម្បីអនុត្តរគុណណា មិនយូរប៉ុន្មាន លោកក៏បានធ្វើឲ្យជាក់ច្បាស់ សម្រេចអនុត្តរគុណនោះ មានព្រហ្មចរិយៈជាទីបំផុត ដោយប្រាជ្ញាដ៏ឧត្តមខ្លួនឯង ក្នុងបច្ចុប្បន្ន ក៏បានដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចារ្យ អាត្មាអញបានប្រព្រឹត្តចប់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះនន្ទដ៏មានអាយុ ក៏ជាព្រះអរហន្តមួយរូបដែរ ។

[៧០] លំដាប់នោះឯង ទេវតាមួយអង្គ កាលវេលារាត្រីបឋមយាមកន្លងទៅហើយ មានរស្មីរុងរឿង ញ៉ាំងវត្តជេតពនជុំវិញទាំងអស់ឲ្យភ្លឺស្វាងហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតក្នុងទីសមគួរ ។ លុះទេវតានោះ ឈរក្នុងទីសមគួរហើយ ក៏បានក្រាបទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះនន្ទដ៏មានអាយុ ជាព្រះអនុជ ជាបុត្តព្រះមាតុច្ឆានៃព្រះមានព្រះភាគ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តមខ្លួនឯង ក្នុងបច្ចុប្បន្នហើយ ។ ញាណក៏កើតដល់ព្រះមានព្រះភាគ ដូច្នេះថា នន្ទភិក្ខុ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តមខ្លួនឯង ក្នុងបច្ចុប្បន្នមែន ។ លុះកន្លងរាត្រីនោះហើយ ព្រះនន្ទដ៏មានអាយុ ក៏បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ ។ លុះព្រះនន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ ទ្រង់ធានាឲ្យខ្ញុំព្រះអង្គបានពួកស្ត្រីទេពអប្សរទាំង ៥០០ រូប មានសម្បុរដូចជាសម្បុរជើងព្រាប ដោយការប្តេជ្ញាណា បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ខ្ញុំព្រះអង្គ បានរួចចាកការប្តេជ្ញានុ៎ះនឹងព្រះមានព្រះភាគហើយ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលនន្ទ ទោះបីតថាគត ក៏បានកំណត់ដឹងចិត្តរបស់អ្នកដោយចិត្តថា នន្ទភិក្ខុ បានធ្វើឲ្យជាក់ច្បាស់ សម្រេចចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តមខ្លួនឯង ក្នុងបច្ចុប្បន្នដែរ ទាំងទេវតា ក៏បានប្រាប់សេចក្តីនុ៎ះដល់តថាគតថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះនន្ទជាព្រះអនុជ ជាបុត្រព្រះមាតុច្ឆានៃព្រះមានព្រះភាគ បានធ្វើឲ្យជាក់ច្បាស់ សម្រេចចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តមខ្លួនឯង ក្នុងបច្ចុប្បន្ន ។ ម្នាលនន្ទ ចិត្តរបស់អ្នកផុតស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនមានសេចក្តីប្រកាន់ ក្នុងកាលណា ឯតថាគត ក៏ផុតស្រឡះចាកការប្តេជ្ញានុ៎ះ ក្នុងកាលនោះដែរ ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

ភិក្ខុណា បានឆ្លងភក់ គឺកាម បានញាំញីបន្លា គឺកាម ភិក្ខុនោះ បានដល់នូវការអស់មោហៈ រមែងមិនញាប់ញ័រព្រោះសុខ និងទុក្ខឡើយ ។

ចប់ សូត្រ ទី២ ។

៣. យសោជសូត្រកែប្រែ

[៧១] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ពួកភិក្ខុចំនួន ៥០០ រូប មានព្រះយសោជៈជាប្រធាន បាននិមន្តទៅនគរសាវត្ថី ដើម្បីគាល់ព្រះមានព្រះភាគ ។ ពួកអាគន្តុកភិក្ខុទាំងនោះ កាលនិយាយសំណេះសំណាលជាមួយនឹងពួកនេវាសិកភិក្ខុ ឲ្យក្រាលសេនាសនៈ ទុកដាក់បាត្រចីវរ ក៏មានសំឡេងកងរំពង មានសំឡេងខ្លាំង ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមកថា ម្នាលអានន្ទ សូរសំឡេងកងរំពង សូរសំឡេងខ្លាំង ទំនងដូចព្រានសំណាញ់ក្នុងកាលចាប់ត្រី តើជាសំឡេងអ្វី ។ ព្រះអានន្ទក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ពួកភិក្ខុ ៥០០ រូប មានព្រះយសោជៈជាប្រធាននុ៎ះ បានមកដល់នគរសាវត្ថី ដើម្បីគាល់ព្រះមានព្រះភាគ ពួកអាគន្តុកភិក្ខុទាំងនោះ កាលនិយាយសំណេះសំណាលជាមួយនឹងពួកនេវាសិកភិក្ខុឲ្យ ក្រាលសេនាសនៈ ទុកដាក់បាត្រចីវរ ក៏មានសំឡេងកងរំពង មានសំឡេងខ្លាំង ។ ម្នាលអានន្ទ បើដូច្នោះ ចូរអ្នកទៅហៅពួកភិក្ខុទាំងនោះ តាមពាក្យតថាគតថា ព្រះសាស្តាត្រាស់ហៅលោកដ៏មានអាយុទាំងឡាយ ។ ព្រះអានន្ទដ៏មានអាយុ បានទទួលស្តាប់ព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយចូលទៅរកពួកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ និយាយនឹងពួកភិក្ខុទាំងនោះថា ព្រះសាស្តា ត្រាស់ហៅលោកដ៏មានអាយុទាំងឡាយ ។ ពួកភិក្ខុទាំងនោះ ទទួលពាក្យព្រះអានន្ទដ៏មានអាយុថា អើ អាវុសោ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ដូចម្តេច បានជាអ្នកទាំងឡាយ មានសំឡេងកងរំពង មានសំឡេងខ្លាំង ទំនងដូចជាពួកព្រានសំណាញ់ក្នុងកាលចាប់ត្រី ។

[៧២] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះយសោជៈដ៏មានអាយុ ក្រាបទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពួកភិក្ខុ ៥០០ រូបនេះ មកកាន់នគរសាវត្ថី ដើម្បីគាល់ព្រះមានព្រះភាគ អាគន្តុកភិក្ខុទាំងនោះ កាលនិយាយសំណេះសំណាលជាមួយនឹងពួកនេវាសិកភិក្ខុ ឲ្យក្រាលសេនាសនៈ ទុកដាក់បាត្រចីវរ ក៏មានសំឡេងកងរំពង មានសំឡេងខ្លាំង ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរទៅ តថាគតបណ្តេញអ្នកទាំងឡាយ អ្នកទាំងឡាយ មិនត្រូវនៅក្នុងសំណាក់តថាគតទេ ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ រួចទុកដាក់សេនាសនៈ យកបាត្រចីវរ ហើយចៀសចេញទៅកាន់ចារិកក្នុងដែនវជ្ជី កាលត្រាច់ទៅកាន់ចារិកក្នុងដែនវជ្ជីតាមលំដាប់ បានចូលទៅឯស្ទឹងវគ្គុមុទា លុះចូលទៅដល់ហើយ ក៏ធ្វើខ្ទមស្លឹកនៅចាំវស្សា ប្របឆ្នេរស្ទឹង ឈ្មោះវគ្គុមុទា ។

[៧៣] លំដាប់នោះ ព្រះយសោជៈដ៏មានអាយុ នៅចាំវស្សាហើយ ក៏បានហៅពួកភិក្ខុមកថា ម្នាលអាវុសោទាំងឡាយ យើងទាំងឡាយ ត្រូវព្រះមានព្រះភាគ ព្រះអង្គជាអ្នកប្រាថ្នាសេចក្តីចម្រើន ស្វែងរកប្រយោជន៍ ព្រះអង្គអនុគ្រោះ អាស្រ័យសេចក្តីអនុគ្រោះ ទ្រង់បណ្តេញហើយ ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ គប្បីប្រាថ្នាប្រយោជន៍ ចំពោះពួកយើងកាលនៅដោយការប្រព្រឹត្តិយ៉ាងណា ពួកយើង គួរសម្រេចការនៅ ដោយការប្រព្រឹត្តិយ៉ាងនោះចុះ ។ ពួកភិក្ខុទាំងនោះ ទទួលពាក្យព្រះយសោជៈដ៏មានអាយុថា អើអាវុសោ ។ លំដាប់នោះ ពួកភិក្ខុទាំងនោះ ក៏ចៀសចេញទៅ មិនមានសេចក្តីប្រមាទ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានចិត្តឆ្ពោះទៅកាន់ព្រះនិព្វាន លុះដល់ខាងក្នុងវស្សានោះ ក៏បានធ្វើឲ្យជាក់ច្បាស់នូវត្រៃវិជ្ជាទាំងអស់គ្នា ។

[៧៤] គ្រានោះ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងក្រុងសាវត្ថី តាមសមគួរដល់អធ្យាស្រ័យហើយ ស្តេចចៀសចេញទៅកាន់ចារិក ក្នុងក្រុងវេសាលី កាលត្រាច់ទៅកាន់ចារិក តាមលំដាប់ បានទៅដល់ក្រុងវេសាលី ។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ជិតក្រុងវេសាលីនោះ ។ លំដាប់នោះ ព្រះមានព្រះភាគ កំណត់ចិត្តពួកភិក្ខុ អ្នកនៅប្របឆ្នេរស្ទឹងវគ្គុមុទា ដោយព្រះទ័យហើយធ្វើទុកក្នុងព្រះទ័យ ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមកថា ពួកភិក្ខុអ្នកនៅប្របឆ្នេរស្ទឹងវគ្គុមុទា នៅក្នុងទិសណា ម្នាលអានន្ទ ទិសនុ៎ះឯង ដូចជាមានពន្លឺដល់តថាគត ម្នាលអានន្ទ ទិសនុ៎ះឯង ដូចជាមានរស្មីដល់តថាគត ភិក្ខុទាំងនោះ តថាគតមិនមែនស្អប់ខ្ពើមនឹងទៅរកទេ តថាគត មិនមែនស្អប់ខ្ពើមនឹងធ្វើទុកក្នុងចិត្តទេ ម្នាលអានន្ទ គួរអ្នកបញ្ជូនទូតទៅក្នុងសំណាក់ពួកភិក្ខុអ្នកនៅប្របឆ្នេរស្ទឹងវគ្គុមុទា ដោយពាក្យថា ព្រះសាស្តា ត្រាស់ហៅលោកដ៏មានអាយុទាំងឡាយ ព្រះសាស្តា ចង់ចួបលោកដ៏មានអាយុទាំងឡាយ ។ ព្រះអានន្ទដ៏មានអាយុ បានទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយចូលទៅរកភិក្ខុមួយរូប លុះចូលទៅដល់ហើយ ក៏បាននិយាយនឹងភិក្ខុនោះថា ម្នាលអាវុសោ អ្នកចូរមក អ្នកចូរទៅរកពួកភិក្ខុអ្នកនៅប្របឆ្នេរស្ទឹងវគ្គុមុទា លុះចូលទៅដល់ហើយ ចូរនិយាយប្រាប់ពួកភិក្ខុអ្នកនៅប្របឆ្នេរស្ទឹងវគ្គុមុទាយ៉ាងនេះថា ព្រះសាស្តា ទ្រង់ត្រាស់ហៅលោកដ៏មានអាយុទាំងឡាយ ព្រះសាស្តា ចង់ចួបនឹងលោកដ៏មានអាយុទាំងឡាយ ។ ភិក្ខុនោះ បានទទួលពាក្យព្រះអានន្ទដ៏មានអាយុថា អើអាវុសោ ហើយក៏ស្រាប់តែបាត់អំពីកូដាគារសាលា នាមហាវ័ន ទៅប្រាកដក្នុងទីចំពោះមុខភិក្ខុទាំងនោះ ប្របឆ្នេរស្ទឹងវគ្គុមុទា ដូចជាបុរសមានកម្លាំង លាដៃដែលបត់ ឬបត់ដៃដែលលាដូច្នោះ ។ លំដាប់នោះ ភិក្ខុនោះ បាននិយាយប្រាប់ពួកភិក្ខុ អ្នកនៅប្របឆ្នេរស្ទឹងវគ្គុមុទាថា ព្រះសាស្តា ទ្រង់ត្រាស់ហៅលោកដ៏មានអាយុទាំងឡាយ ព្រះសាស្តា ចង់ចួបនឹងលោកដ៏មានអាយុទាំងឡាយ ។ ពួកភិក្ខុទាំងនោះ ទទួលពាក្យភិក្ខុនោះថា អើអាវុសោ ហើយក៏ទុកដាក់សេនាសនៈ កាន់យកបាត្រចីវរ រួចស្រាប់តែបាត់អំពីឆ្នេរស្ទឹងវគ្គុមុទា មកប្រាកដ ក្នុងទីចំពោះព្រះភក្ត្រនៃព្រះមានព្រះភាគ ក្នុងកូដាគារសាលា នាមហាវ័ន ដូចជាបុរសមានកម្លាំង លាដៃដែលបត់ ឬបត់ដៃដែលលាដូច្នោះ ។

[៧៥] សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់ដោយសមាធិ មិនកម្រើក ។ លំដាប់នោះ ពួកភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះថា ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់គង់នៅដោយវិហារធម៌ ដូចម្តេចហ្ន៎ ។ លំដាប់នោះ ភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះថា ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់គង់នៅដោយវិហារធម៌ ដ៏មិនកម្រើក ។ ភិក្ខុទាំងអស់ក៏អង្គុយនៅ ដោយសមាធិដ៏មិនកម្រើកដែរ ។ គ្រាកាលដែលរាត្រីអស់ទៅ បឋមយាមកន្លងហើយ ព្រះអានន្ទដ៏មានអាយុ ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលីចំពោះព្រះមានព្រះភាគ រួចក្រាបទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន រាត្រីកន្លងហើយ បឋមយាមកន្លងហើយ ពួកអាគន្តុកភិក្ខុ អង្គុយយូរហើយ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលសំណេះសំណាលនឹងពួកអាគន្តុកភិក្ខុ ។ កាលដែលព្រះអានន្ទ ក្រាបទូលយ៉ាងនេះហើយ ព្រះមានព្រះភាគទ្រង់នៅស្ងៀម ។ លុះរាត្រីអស់ទៅ មជ្ឈិមយាមកន្លងហើយ ព្រះអានន្ទដ៏មានអាយុ ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលីចំពោះព្រះមានព្រះភាគ រួចក្រាបបង្គំទូលព្រះមានព្រះភាគ អស់វារៈជាគម្រប់ពីរថា បពិត្រព្រះអង្គដ៏ចម្រើន រាត្រីអស់ទៅ មជ្ឈិមយាមកន្លងហើយ ពួកអាគន្តុកភិក្ខុ អង្គុយចាំយូរហើយ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលសំណេះសំណាល នឹងពួកអាគន្តុកភិក្ខុ ។ ព្រះមានព្រះភាគ ទ្រង់ស្ងៀម អស់វារៈជាគម្រប់ពីរ ។ កាលដែលរាត្រីអស់ទៅ បច្ឆិមយាមកន្លងទៅ អរុណក៏រះឡើង រាត្រីក៏ប្រាកដដូចជាមានមុខស្រស់ ព្រះអានន្ទដ៏មានអាយុ ក៏ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលីចំពោះព្រះមានព្រះភាគ រួចក្រាបបង្គំទូលព្រះមានព្រះភាគ អស់វារៈជាគម្រប់បីថា បពិត្រព្រះអង្គដ៏ចម្រើន រាត្រីអស់ទៅ បច្ឆិមយាមកន្លងទៅ អរុណក៏រះហើយ រាត្រីក៏ប្រាកដដូចជាមានមុខស្រស់ ពួកអាគន្តុកភិក្ខុ អង្គុយចាំយូរហើយ បពិត្រព្រះអង្គ ដ៏ចម្រើន សូមព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលសំណេះសំណាលនឹងពួកអាគន្តុកភិក្ខុ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចេញចាកសមាធិនោះហើយ ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមកថា ម្នាលអានន្ទ ប្រសិនបើអ្នកដឹង អ្នកមិននិយាយពាក្យទាំងប៉ុណ្ណេះទេ ម្នាលអានន្ទ (ព្រោះថា) តថាគតផង ពួកភិក្ខុ ៥០០ រូបនេះផង ទាំងអស់គ្នា សុទ្ធតែអង្គុយនៅដោយសមាធិមិនកម្រើក ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺនូវឧទាននេះ ក្នុងវេលានោះថា ៖

បន្លា គឺកាម កិរិយាជេរ ការសម្លាប់ និងការចង ដែលបុគ្គលណាឈ្នះហើយ បុគ្គលនោះ ឈ្មោះថាមិនញាប់ញ័រ ឋិតនៅដូចភ្នំ បុគ្គលនោះឈ្មោះថា ភិក្ខុរមែងមិនញាប់ញ័រ ព្រោះសុខ និងទុក្ខឡើយ ។

ចប់ សូត្រ ទី៣ ។

៤. សារិបុត្តសូត្រកែប្រែ

[៧៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះសារីបុត្តដ៏មានអាយុ អង្គុយពែនភ្នែន តម្រង់កាយ ផ្ចង់ស្មារតីឆ្ពោះមុខទៅរកកម្មដ្ឋាន ក្នុងទីជិតនៃព្រះមានព្រះភាគ ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញព្រះសារីបុត្តដ៏មានអាយុ អង្គុយពែនភ្នែន តម្រង់កាយ ផ្ចង់ស្មារតី ឆ្ពោះមុខទៅរកកម្មដ្ឋាន ក្នុងទីជិតនៃព្រះអង្គ ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

ភ្នំជាវិការៈនៃថ្ម មិនកម្រើកញាប់ញ័រ តាំងនៅស៊ប់យ៉ាងណា ភិក្ខុដែលអស់មោហៈហើយ រមែងមិនញាប់ញ័រ ដូចភ្នំយ៉ាងនោះដែរ ។

ចប់ សូត្រ ទី៤ ។

៥. មហាមោគ្គល្លានសូត្រកែប្រែ

[៧៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះមហាមោគ្គល្លានដ៏មានអាយុ អង្គុយពែនភ្នែនក្នុងទីជិតនៃព្រះមានព្រះភាគ ហើយតម្រង់កាយ មានកាយគតាសតិតម្កល់ស៊ប់ក្នុងសន្តាន ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញព្រះមហាមោគ្គល្លានដ៏មានអាយុ អង្គុយពែនភ្នែន តម្រង់កាយ មានកាយគតាសតិតម្កល់ស៊ប់ ក្នុងសន្តាន ក្នុងទីជិតនៃព្រះអង្គ ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

ភិក្ខុតាំងស៊ប់នូវកាយគតាសតិ ហើយបានសង្រួម ក្នុងទ្វារទាំង ៦ ដែលជាហេតុនៃផស្សៈ មានចិត្តតាំងមាំជានិច្ច គប្បីដឹងព្រះនិព្វានចំពោះខ្លួន ។

ចប់ សូត្រ ទី៥ ។

៦. បិលិន្ទវច្ឆសូត្រកែប្រែ

[៧៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ សម័យនោះឯង ព្រះបិលិន្ទវច្ឆៈដ៏មានអាយុ តែងហៅរកភិក្ខុទាំងឡាយ ដោយពាក្យអសុរោះ ។ គ្រានោះ ពួកភិក្ខុច្រើនរូប បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះបិលិន្ទវច្ឆៈដ៏មានអាយុ ហៅរកពួកភិក្ខុ ដោយពាក្យអសុរោះ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុមួយរូបមកថា ម្នាលភិក្ខុ អ្នកចូរមក អ្នកចូរហៅបិលិន្ទវច្ឆៈភិក្ខុមក តាមពាក្យតថាគតថា នែអាវុសោវច្ឆៈ ព្រះសាស្តា ទ្រង់ត្រាស់ហៅលោក ។ ភិក្ខុនោះ បានទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយចូលទៅរកបិលិន្ទវច្ឆៈភិក្ខុដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏និយាយប្រាប់បិលិន្ទវច្ឆៈដ៏មានអាយុដូច្នេះថា នែអាវុសោ ព្រះសាស្តា ទ្រង់ត្រាស់ហៅលោក ។ បិលិន្ទវច្ឆៈដ៏មានអាយុ ទទួលពាក្យភិក្ខុនោះថា អើអាវុសោ ហើយក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ ។ លុះបិលិន្ទវច្ឆៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលបិលិន្ទវច្ឆៈ បានឮថា អ្នកហៅរកពួកភិក្ខុ ដោយពាក្យអសុរោះ ពិតមែនឬ ។ បិលិន្ទវច្ឆៈបានក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ពិតមែន ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ធ្វើទុកក្នុងព្រះទ័យនូវបុព្វេនិវាសៈ របស់បិលិន្ទវច្ឆៈដ៏មានអាយុ ហើយត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំពោលទោសវច្ឆភិក្ខុឡើយ ម្នាលភិក្ខុទាំងឡាយ វច្ឆភិក្ខុ មិនមែនជាអ្នកមានទោសចិត្ត ហើយហៅរកពួកភិក្ខុ ដោយពាក្យអសុរោះទេ ម្នាលភិក្ខុទាំងឡាយ វច្ឆភិក្ខុ ធ្លាប់កើតក្នុងត្រកូលព្រាហ្មណ៍ ច្រឡំបល់គ្នាអស់ ៥០០ ជាតិមកហើយ វច្ឆៈភិក្ខុនោះ ធ្លាប់សន្សំពាក្យអសុរោះនោះ អស់កាលជាអង្វែងមកហើយ ហេតុនោះ ទើបវច្ឆភិក្ខុនេះ តែងហៅរកពួកភិក្ខុ ដោយពាក្យអសុរោះ ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺនូវឧទាននេះ ក្នុងវេលានោះថា ៖

មាយា (ការបិទបាំងទោសខ្លួន) និងមានះ (សេចក្តីប្រកាន់) មិនប្រព្រឹត្តទៅ ក្នុងបុគ្គលណា ឬក៏បុគ្គលណា អស់សេចក្តីលោភ មិនប្រកាន់ថា របស់អញ មិនមានសេចក្តីប្រាថ្នា បន្ទោបង់សេចក្តីក្រោធ មានចិត្តត្រជាក់ បុគ្គលនោះ ហៅថាព្រាហ្មណ៍ក៏បាន ថា សមណៈក៏បាន ថាភិក្ខុក៏បាន ។

ចប់ សូត្រ ទី៦ ។

៧. សក្កុទានសូត្រកែប្រែ

[៧៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ សម័យនោះឯង ព្រះមហាកស្សបដ៏មានអាយុ នៅក្នុងបិប្ផលិគូហា អង្គុយដោយភ្នែនតែមួយ ចូលសមាធិ [សំដៅយកអរហត្តផលសមាធិ ។] ណាមួយ អស់ ៧ ថ្ងៃ ។ លុះកន្លង ៧ ថ្ងៃនោះហើយ ព្រះមហាកស្សបដ៏មានអាយុ ក៏ចេញអំពីសមាធិនោះ ។ កាលដែលព្រះមហាកស្សបដ៏មានអាយុ ចេញអំពីសមាធិនោះហើយ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ចូលទៅបិណ្ឌបាត ឯក្រុងរាជគ្រឹះចុះ ។ សម័យនោះឯង ពួកទេវតាចំនួន ៥០០ អង្គ ដល់នូវការខ្វល់ខ្វាយ ដើម្បីប្រគេនបិណ្ឌបាតចំពោះព្រះមហាកស្សបដ៏មានអាយុ ។ លំដាប់នោះ ព្រះមហាកស្សបដ៏មានអាយុ ហាមឃាត់ពួកទេវតាទាំង ៥០០ អង្គនោះហើយ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅបិណ្ឌបាត ឯក្រុងរាជគ្រឹះ ។

[៨០] សម័យនោះឯង សក្កៈ ជាធំជាងពួកទេវតា មានប្រាថ្នាដើម្បីប្រគេនបិណ្ឌបាត ចំពោះព្រះមហាកស្សបដ៏មានអាយុ បាននិម្មិតភេទខ្លួន ជាជាងតម្បាញ កំពុងត្បាញនូវតម្បាញ ។ ឯអសុរកញ្ញា ឈ្មោះសុជាតា ក៏ការអម្បោះឲ្យពេញខ្នារ ។ គ្រានោះ ព្រះមហាកស្សបដ៏មានអាយុ កំពុងត្រាច់បិណ្ឌបាតសព្វច្រក ក្នុងក្រុងរាជគ្រឹះ បានចូលទៅកាន់លំនៅរបស់ទេវរាជឈ្មោះសក្កៈ ជាធំជាងពួកទេវតា ។ សក្កៈជាធំជាងពួកទេវតា បានឃើញព្រះមហាកស្សបដ៏មានអាយុ កំពុងតែនិមន្តមកអំពីចម្ងាយ លុះបានឃើញហើយ ក៏ចេញអំពីផ្ទះ ទៅទទួលយកបាត្រអំពីព្រះហស្ត ចូលទៅកាន់ផ្ទះ ដួសបាយអំពីឆ្នាំង ដាក់ឲ្យពេញបាត្រ រួចប្រគេនចំពោះព្រះមហាកស្សបដ៏មានអាយុ ។ បិណ្ឌបាតនោះ មានសម្លច្រើនមុខ មានម្ហូបក្រៀមច្រើនមុខ ។ លំដាប់នោះ ព្រះមហាកស្សបដ៏មានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា សត្វនេះជាអ្វីហ្ន៎ បានជាមានឥទ្ធានុភាព មានសភាពយ៉ាងនេះ ។ លំដាប់នោះ ព្រះមហាកស្សបដ៏មានអាយុ មានសេចក្តីត្រិះរិះ ដូច្នេះទៀតថា ឱហ្ន៎ សក្កៈជាធំជាងពួកទេវតាទេតើ ។ លុះព្រះមហាកស្សបដ៏មានអាយុ បានដឹងច្បាស់ដូច្នេះហើយ និយាយនឹងសក្កៈជាធំជាងទេវតាថា បពិត្រកោសិយៈ ព្រះអង្គបានធ្វើអំពើនេះហើយ ក្រោយទៅ ព្រះអង្គកុំធ្វើអំពើយ៉ាងនេះទៀតឡើយ ។ បពិត្រព្រះកស្សបដ៏ចម្រើន យើងខ្ញុំក៏មានសេចក្តីត្រូវការដោយបុណ្យដែរ យើងខ្ញុំគួរធ្វើបុណ្យបានដែរ ។ លំដាប់នោះ សក្កៈជាធំជាងពួកទេវតា ថ្វាយបង្គំព្រះមហាកស្សបដ៏មានអាយុ រួចធ្វើប្រទក្សិណ ហើយហោះទៅឯអាកាស បន្លឺនូវឧទាន ក្នុងអាកាស ជាទីវាលអស់វារៈ ៣ ដងថា ៖

ឱហ្ន៎ ទានដែលអាត្មាអញ បានតម្កល់ទុកល្អហើយ ក្នុងព្រះមហាកស្សប ហៅពេញជាទានឧត្តម ឱហ្ន៎ ទានដែលអាត្មាអញ បានតម្កល់ទុកល្អហើយ ក្នុងព្រះមហាកស្សប ហៅពេញជាទានឧត្តម ។

[៨១] ព្រះមានព្រះភាគ ទ្រង់បានឮឧទានដោយទិព្វសោតធាតុដ៏បរិសុទ្ធ កន្លងបង់សោតធាតុរបស់មនុស្សធម្មតា ដែលសក្កៈ ជាធំជាងពួកទេវតា កំពុងហោះទៅកាន់វេហាស៍ ហើយបន្លឺអស់វារៈ ៣ ដង ក្នុងអាកាសជាទីវាលថា ៖

ឱហ្ន៎ ទានដែលអាត្មាអញ បានតម្កល់ទុកល្អហើយ ក្នុងព្រះមហាកស្សប ហៅពេញជាទានដ៏ឧត្តម ឱហ្ន៎ ទានដែលអាត្មាអញ បានតម្កល់ទុកល្អហើយ ក្នុងព្រះមហាកស្សប ហៅពេញជាទានដ៏ឧត្តម ។

លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

ទេវតាទាំងឡាយ រមែងស្រឡាញ់ភិក្ខុ អ្នកប្រព្រឹត្តបិណ្ឌបាតជាវត្ត អ្នកចិញ្ចឹមតែខ្លួន មិនចិញ្ចឹមបុគ្គលដទៃ ជាអ្នកនឹងធឹង ស្ងប់រម្ងាប់ មានស្មារតីគ្រប់កាល ។

ចប់ សូត្រ ទី៧ ។

៨. បិណ្ឌបាតិកសូត្រកែប្រែ

[៨២] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន នៃអនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ពួកភិក្ខុច្រើនរូប ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាជាខាងក្រោយភត្ត ហើយអង្គុយចួបជុំគ្នា ក្នុងរោងឈ្មោះករេរិមណ្ឌល [រោងសម្រាប់អង្គុយ ដែលគេធ្វើជិតដើមថ្ងាន់ ។ អដ្ឋកថា ។] ក៏កើតអន្តរាកថា [ពាក្យដែលចន្លោះផុតអំពីកថាវត្ថុ ១០ ហៅថា អន្តរាកថា ។] នេះឡើងថា ម្នាលអាវុសោទាំងឡាយ ភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាត កាលត្រាច់ទៅបិណ្ឌបាត តែងបានឃើញរូបទាំងឡាយ ដែលជាទីគាប់ចិត្តដោយភ្នែក មួយដងមួយកាល បានឮសម្លេងទាំងឡាយ ដែលជាទីគាប់ចិត្តដោយត្រចៀក មួយដងមួយកាល បានធុំក្លិនទាំងឡាយ ដែលជាទីគាប់ចិត្តដោយច្រមុះ មួយដងមួយកាល បានទទួលរសទាំងឡាយ ដែលជាទីគាប់ចិត្តដោយអណ្តាត មួយដងមួយកាល បានប៉ះពាល់ផ្សព្វទាំងឡាយ ដែលជាទីគាប់ចិត្តដោយកាយ មួយដងមួយកាល ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាត មានគេធ្វើសក្តារៈ គោរព រាប់អាន បូជា កោតក្រែង ត្រាច់ទៅបិណ្ឌបាត ម្នាលអាវុសោទាំងឡាយ ណ្ហើយចុះ ពួកយើង ចូរជាអ្នកប្រព្រឹត្តបិណ្ឌបាត ពួកយើងនឹងបានឃើញរូបទាំងឡាយ ដែលជាទីគាប់ចិត្ត ដោយភ្នែកមួយដងមួយកាលផង ពួកយើងនឹងបានឮសំឡេងទាំងឡាយ ដែលជាទីគាប់ចិត្តដោយត្រចៀក មួយដងមួយកាលផង ពួកយើងនឹងបានធុំក្លិនទាំងឡាយ ដែលជាទីគាប់ចិត្តដោយច្រមុះ មួយដងមួយកាលផង ពួកយើងនឹងបានទទួលរសទាំងឡាយ ដែលជាទីគាប់ចិត្តដោយអណ្តាត មួយដងមួយកាលផង ពួកយើងនឹងបានប៉ះពាល់ផ្សព្វទាំងឡាយ ដែលជាទីគាប់ចិត្តដោយកាយ មួយដងមួយកាលផង ពួកយើងនឹងមានគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ត្រាច់ទៅបិណ្ឌបាតផង ។ ឯអន្តរាកថានេះ ពួកភិក្ខុទាំងនោះ ក៏ពុំទាន់ធ្វើឲ្យចប់ស្រេចនៅឡើយ ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ចេញចាកការសម្ងំ ក្នុងផលសមាបត្តិ ក្នុងសាយណ្ហសម័យ ហើយទ្រង់ចូលទៅកាន់រោងឈ្មោះករេរិមណ្ឌល លុះទ្រង់ចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ ។ លុះព្រះមានព្រះភាគ ទ្រង់គង់ស្រេចហើយ ទើបត្រាស់ហៅពួកភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ អ្នកទាំងឡាយ អង្គុយប្រជុំគ្នា ដោយកថាដូចម្តេច អន្តរាកថាដូចម្តេច ដែលអ្នកទាំងឡាយ ធ្វើមិនទាន់ចប់ ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន កាលពួកខ្ញុំព្រះអង្គ ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ហើយអង្គុយប្រជុំគ្នា ក្នុងរោងឈ្មោះករេរិមណ្ឌលនេះ អន្តរាកថានេះ កើតឡើងថា ម្នាលអាវុសោទាំងឡាយ ភិក្ខុអ្នកប្រព្រឹត្តបាត កាលត្រាច់ទៅបិណ្ឌបាត តែងបានឃើញរូបទាំងឡាយ ដែលជាទីគាប់ចិត្តដោយភ្នែក មួយដងមួយកាល បានឮសំឡេងទាំងឡាយ ដែលជាទីគាប់ចិត្តដោយត្រចៀក មួយដងមួយកាល បានធុំក្លិនទាំងឡាយ ដែលជាទីគាប់ចិត្តដោយច្រមុះ មួយដងមួយកាល បានទទួលរសទាំងឡាយ ដែលជាទីគាប់ចិត្តដោយអណ្តាត មួយដងមួយកាល បានប៉ះពាល់ផ្សព្វទាំងឡាយ ដែលជាទីគាប់ចិត្តដោយកាយ មួយដងមួយកាល ម្នាលអាវុសោទាំងឡាយ ភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាត មានគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ត្រាច់ទៅបិណ្ឌបាត ម្នាលអាវុសោភិក្ខុទាំងឡាយ ណ្ហើយចុះ ពួកយើងត្រូវជាអ្នកប្រព្រឹត្តបិណ្ឌបាតផង ពួកយើងនឹងបានឃើញរូបទាំងឡាយ ដែលជាទីគាប់ចិត្តដោយភ្នែក មួយដងមួយកាលផង ពួកយើងនឹងបានឮសំឡេងទាំងឡាយ ដែលជាទីគាប់ចិត្តដោយត្រចៀក មួយដងមួយកាលផង ពួកយើងនឹងបានធុំក្លិនទាំងឡាយ ដែលជាទីគាប់ចិត្តដោយច្រមុះ មួយដងមួយកាលផង ពួកយើងនឹងបានទទួលរសទាំងឡាយ ដែលជាទីគាប់ចិត្តដោយអណ្តាត មួយដងមួយកាលផង ពួកយើងនឹងបានប៉ះពាល់ផ្សព្វទាំងឡាយ ដែលជាទីគាប់ចិត្តដោយកាយមួយដងមួយកាលផង ពួកយើងនឹងមានគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ត្រាច់ទៅបិណ្ឌបាតផង បពិត្រព្រះអង្គដ៏ចម្រើន អន្តរាកថានេះហើយ ដែលពួកខ្ញុំព្រះអង្គ ធ្វើមិនទាន់ចប់ស្រេចនៅឡើយ ស្រាប់តែព្រះមានព្រះភាគ ទ្រង់ស្តេចមកដល់ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ពោលកថា មានសភាពយ៉ាងនេះ មិនសមគួរដល់អ្នកទាំងឡាយ ដែលជាកុលបុត្ត ចេញចាកផ្ទះ ចូលទៅកាន់ផ្នួសដោយសទ្ធាឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កាលបើបានប្រជុំគ្នា គួរធ្វើអំពើ ២ យ៉ាង គឺ ធម្មីកថា ១ អរិយតុណ្ហីភាព ១ ។ លុះព្រះមានព្រះភាគ ទ្រង់បានជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

ទេវតាទាំងឡាយ តែងស្រឡាញ់ភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាត អ្នកចិញ្ចឹមតែខ្លួន មិនចិញ្ចឹមបុគ្គលដទៃ ជាអ្នកនឹងធឹង ប្រសិនបើ (ភិក្ខុនោះ) មិនអាស្រ័យនូវការសរសើរ គឺកិត្តិស័ព្ទទេ ( សេចក្តីសរសើរ រមែងមាន ក្នុងទីចំពោះមុខ ឬកំបាំងមុខមិនខាន ) ។

ចប់ សូត្រ ទី៨ ។

៩. សិប្បសូត្រកែប្រែ

[៨៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ពួកភិក្ខុច្រើនរូប កាលត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត អង្គុយប្រជុំគ្នាក្នុងរោងសម្រាប់អង្គុយ អន្តរាកថានេះ កើតឡើងថា ម្នាលអាវុសោទាំងឡាយ អ្នកណាហ្ន៎ ដឹងនូវសិល្បៈ អ្នកណាជាអ្នកសិក្សាសិល្បៈអ្វី បណ្តាសិល្បៈទាំងឡាយ សិល្បៈណា ប្រសើរជាង ។ បណ្តាភិក្ខុទាំងនោះ ភិក្ខុពួកខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងដំរីប្រសើរជាង ។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងសេះប្រសើរជាង ។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងរថប្រសើរជាង ។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងធ្នូប្រសើរជាង ។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងអាវុធប្រសើរជាង ។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងដៃទទេប្រសើរជាង ។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងការរាប់ប្រសើរជាង ។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងការរាប់បូកប្រសើរជាង ។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្សៈក្នុងការសរសេរប្រសើរជាង ។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងកាព្យប្រសើរជាង ។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងគម្ពីរលោកាយតនៈ [សំដៅយកពាក្យដែលនិយាយបដិសេធនូវបរលោក និងនិព្វាន មានពាក្យថា សត្វក្អែកស ព្រោះឆ្អឹងវាស កុកក្រហម ព្រោះឈាមវាក្រហម ជាដើម ។ អដ្ឋកថា ។] ប្រសើរជាង ។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងវិជ្ជាទាយស្រែប្រសើរជាង ។ ឯអន្តរាកថានេះ ពួកភិក្ខុទាំងនោះ ធ្វើពុំទាន់ចប់ស្រេចនៅឡើយ ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ចេញចាកការសម្ងំ ក្នុងសាយណ្ហសម័យ ហើយស្តេចចូលទៅកាន់រោងជាទីអង្គុយ រួចគង់លើអាសនៈ ដែលគេក្រាលថ្វាយ ។ លុះព្រះមានព្រះភាគ ទ្រង់គង់ស្រេចហើយ ទើបត្រាស់ហៅពួកភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ អ្នកទាំងឡាយ អង្គុយប្រជុំគ្នា ដោយកថាដូចម្តេច អន្តរាកថាដូចម្តេច ដែលអ្នកទាំងឡាយធ្វើមិនទាន់ចប់ស្រេចនៅឡើយ ។ ពួកភិក្ខុទាំងនោះ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន កាលដែលពួកខ្ញុំព្រះអង្គត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ហើយអង្គុយប្រជុំគ្នា ក្នុងរោងសម្រាប់អង្គុយនេះ អន្តរាកថាកើតឡើងថា ម្នាលអាវុសោទាំងឡាយ អ្នកណាហ្ន៎ ដឹងសិល្បៈ អ្នកណាជាអ្នកសិក្សាសិល្បៈអ្វី បណ្តាសិល្បៈទាំងឡាយ សិល្បៈណាប្រសើរជាង ។ បណ្តាភិក្ខុទាំងនោះ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈដំរីប្រសើរជាង ។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងសេះប្រសើរជាង ។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងរថប្រសើរជាង ។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងធ្នូប្រសើរជាង ។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងអាវុធប្រសើរជាង ។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងដៃទទេប្រសើរជាង ។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងការរាប់ជាលំដាប់ ប្រសើរជាង ។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងការរាប់បូក ប្រសើរជាង ។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងការសរសេរប្រសើរជាង ។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងកាព្យប្រសើរជាង ។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងគម្ពីរលោកាយតនៈប្រសើរជាង ។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងវិជ្ជាទាយស្រែ ប្រសើរជាង ។ បពិត្រព្រះអង្គដ៏ចម្រើន អន្តរាកថានេះហើយ ដែលពួកខ្ញុំព្រះអង្គ ធ្វើពុំទាន់ចប់ស្រេចនៅឡើយ ស្រាប់តែព្រះមានព្រះភាគ ទ្រង់ស្តេចមកដល់ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ពោលកថាមានសភាពយ៉ាងនេះ មិនសមគួរដល់អ្នកទាំងឡាយ ដែលជាកុលបុត្ត ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដោយសទ្ធាទេ ។ ម្នាលភិក្ខុទាំងឡាយ កាលអ្នកទាំងឡាយប្រជុំគ្នា គួរធ្វើអំពើ ២ យ៉ាងគឺ ធម្មីកថា ឬអរិយតុណ្ហីភាព ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

បុគ្គលណា ជាអ្នកមិនចិញ្ចឹមជីវិត ដោយសិល្បៈ ជាអ្នកប្រព្រឹត្តស្រាល ប្រាថ្នាប្រយោជន៍ដល់ជនដទៃ សង្រួមឥន្រ្ទិយ មានចិត្តផុតស្រឡះចាកអាសវៈទាំងពួង មិនមានទីនៅនៃតណ្ហា មិនមានសេចក្តីប្រកាន់ថា របស់អញ មិនមានសេចក្តីប្រាថ្នា បានសម្លាប់មារហើយ ចរទៅម្នាក់ឯង បុគ្គលនោះ ឈ្មោះថា ភិក្ខុ ។

ចប់ សូត្រ ទី៩ ។

១០. លោកសូត្រកែប្រែ

[៨៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទើបនឹងត្រាស់ដឹងជាដំបូង ទ្រង់គង់នៅទៀបគល់ពោធិព្រឹក្ស ប្របឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស ។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់ដោយព្រះភ្នែនតែមួយ សោយវិមុត្តិសុខអស់ ៧ ថ្ងៃ ។ លុះកន្លង ៧ ថ្ងៃនោះទៅហើយ ព្រះមានព្រះភាគ ទ្រង់ចេញចាកសមាធិនោះហើយ ប្រមើលមើលសត្វលោកដោយពុទ្ធចក្ខុ ។ កាលព្រះមានព្រះភាគ ទ្រង់ប្រមើលមើល ដោយពុទ្ធចក្ខុ ទ្រង់បានឃើញពួកសត្វដែលកំពុងក្តៅអន្ទះសា ដោយគ្រឿងក្តៅជាអនេកផង កំពុងឆេះរោលរាល ដោយគ្រឿងឆេះរោលរាលជាអនេកផង ដែលកើតអំពីរាគៈខ្លះ កើតអំពីទោសៈខ្លះ កើតអំពីមោហៈខ្លះ ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

សត្វលោកនេះ មានសេចក្តីក្តៅអន្ទះសា ត្រូវផស្សៈគ្របសង្កត់ហើយ រមែងពោលនូវខន្ធបញ្ចកៈ ដែលមានរោគ ថាជាខ្លួន ព្រោះថាសំគាល់ឃើញដោយអាការណា ខន្ធបញ្ចកៈនោះ រមែងប្រែក្លាយទៅចាកអាការនោះ សត្វលោក ជាប់ចំពាក់ក្នុងភព ត្រូវភពគ្របសង្កត់ មានការប្រែក្លាយជាធម្មតា តែងត្រេកត្រអាលនឹងភព ។ សត្វត្រេកអរនឹងរបស់ណា របស់នោះ ជាភ័យ ខ្លាចចំពោះរបស់ណា របស់នោះជាទុក្ខ មានតែបុគ្គលប្រព្រឹត្តមគ្គព្រហ្មចរិយៈនេះ ទើបលះបង់ភពបាន ។ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ពោលនូវការរួចចាកភពដោយភព (សស្សតទិដ្ឋិ) ពួកសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ តថាគត ពោលថាមិនផុតស្រឡះចាកភពឡើយ ។ មួយទៀត ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ពោលនូវការរលាស់ចាកភពដោយវិភព (ឧច្ឆេទទិដ្ឋិ) ពួកសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ តថាគតពោលថា មិនរលាស់ចេញចាកភពបានឡើយ ។ ព្រោះថាទុក្ខនេះ កើតមានព្រោះអាស្រ័យឧបធិទាំងពួង ការកើតទុក្ខ មិនមាន ព្រោះអស់ឧបាទានទាំងពួង ។ អ្នកចូរមើលលោកនេះចុះ ពួកសត្វក្តី អ្នកត្រេកអរក្នុងពួកសត្វក្តី ដែលអវិជ្ជាដ៏ក្រាស់ គ្របសង្កត់ហើយ មិនរួចស្រឡះ (ចាកទុក្ខ) បានឡើយ ។ ព្រោះថា ភពណាមួយ ក្នុងទីទាំងពួង គ្រប់ទិសទាំងអស់ ភពទាំងអស់នោះ សុទ្ធតែមិនទៀង ជាទុក្ខ មានការប្រែប្រួលជាធម្មតា ។ កាលបើបុគ្គលឃើញហេតុនុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះហើយ រមែងលះបង់ភវតណ្ហា មិនត្រេកត្រអាលចំពោះវិភវតណ្ហាឡើយ ។ ការប្រាស់ចាកតម្រេក និងការរលត់មិនសល់ ព្រោះអស់តណ្ហាទាំងឡាយ ដោយសព្វគ្រប់ ឈ្មោះថា និព្វាន ភពថ្មី ក៏មិនមានដល់ភិក្ខុនោះ អ្នករលត់ហើយ ព្រោះមិនមានឧបាទាន ។ ភិក្ខុនោះ បានគ្របសង្កត់មារ ទាំងឈ្នះសង្រ្គាម ជាអ្នកនឹងធឹង កន្លងភពទាំងអស់បាន ។

ចប់ សូត្រ ទី១០ ។

ចប់ នន្ទវគ្គ ទី៣ ។

ឧទ្ទាននៃនន្ទវគ្គនោះគឺ ៖

- និយាយអំពីផលនៃកម្មចាស់

- ព្រះនន្ទ

- ព្រះយសោជៈ

- ព្រះសារីបុត្ត

- ព្រះកោលិត (មោគ្គល្លាន)

- ព្រះបិលិន្ទវច្ឆៈ

- ព្រះកស្សប

- ពួកភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាត

- សិល្បៈ

- សត្វលោក

រួមទាំងអស់ត្រូវជា ១០ ។

៤. មេឃិយវគ្គកែប្រែ

១. មេឃិយសូត្រកែប្រែ

[៨៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបចាលិកបព៌ត ជិតក្រុងចាលិកា ។ សម័យនោះឯង ព្រះមេឃិយៈដ៏មានអាយុ ជាអ្នកបំរើព្រះមានព្រះភាគ ។ គ្រានោះ ព្រះមេឃិយៈដ៏មានអាយុ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចឋិតនៅក្នុងទីសមគួរ ។ លុះព្រះមេឃិយៈដ៏មានអាយុ ឋិតនៅក្នុងទីសមគួរហើយ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចង់ចូលទៅបិណ្ឌបាតក្នុងជន្តុគ្រាម ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលមេឃិយៈ អ្នកចូរសំគាល់នូវកាលដែលគួរនឹងទៅ ក្នុងកាលឥឡូវនេះចុះ ។ លំដាប់នោះ ព្រះមេឃិយៈដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅបិណ្ឌបាតឯជន្តុគ្រាម ។ លុះត្រាច់ទៅបិណ្ឌបាត ក្នុងជន្តុគ្រាមរួច ត្រឡប់មកអំពីបិណ្ឌបាតក្នុងវេលាខាងក្រោយភត្តវិញ ហើយចូលទៅឯឆ្នេរស្ទឹងកិមិកាឡា លុះចូលទៅដល់ហើយ ក៏ដើរទៅដើរមក សម្រាកស្មង ប្របឆ្នេរស្ទឹងកិមិកាឡា បានឃើញព្រៃស្វាយគួរជាទីជ្រះថ្លា គួររីករាយ លុះព្រះមេឃិយៈដ៏មានអាយុ បានឃើញហើយ ក៏មានសេចក្តីត្រិះរិះថា ឱហ្ន៎ ព្រៃស្វាយនេះ គួរជាទីជ្រះថ្លា គួររីករាយ ឱហ្ន៎ ព្រៃស្វាយនេះ សមគួរដល់ការព្យាយាមរបស់កុលបុត្តអ្នកត្រូវការដោយព្យាយាម ប្រសិនបើព្រះមានព្រះភាគ ទ្រង់អនុញ្ញាតដល់អាត្មាអញ គួរអាត្មាអញមកឯព្រៃស្វាយនេះ ដើម្បីប្រកបព្យាយាម ។ លំដាប់នោះ ព្រះមេឃិយៈដ៏មានអាយុ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ ។ លុះព្រះមេឃិយៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីនេះ ខ្ញុំព្រះអង្គ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅបិណ្ឌបាត ក្នុងជន្តុគ្រាម លុះត្រាច់ទៅបិណ្ឌបាតក្នុងជន្តុគ្រាមរួច ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្តវិញ ហើយចូលទៅឯឆ្នេរស្ទឹងកិមិកាឡា លុះចូលទៅដល់ហើយ ក៏ដើរទៅដើរមក សម្រាកស្មង ប្របឆ្នេរស្ទឹងកិមិកាឡា បានឃើញព្រៃស្វាយ គួរជាទីជ្រះថ្លា គួររីករាយ លុះខ្ញុំព្រះអង្គបានឃើញហើយ ក៏មានសេចក្តីត្រិះរិះថា ឱហ្ន៎  ព្រៃស្វាយនេះ គួរជាទីជ្រះថ្លា គួរជាទីរីករាយ ឱហ្ន៎ ព្រៃស្វាយនេះ សមគួរដល់ការព្យាយាម របស់កុលបុត្ត អ្នកត្រូវការដោយព្យាយាម ប្រសិនបើព្រះមានព្រះភាគ ទ្រង់អនុញ្ញាតដល់អាត្មាអញ អាត្មាអញ គួរមកព្រៃស្វាយនេះ ដើម្បីប្រកបព្យាយាម ។ បពិត្រព្រះអង្គដ៏ចម្រើន បើព្រះមានព្រះភាគ ទ្រង់អនុញ្ញាតឲ្យខ្ញុំព្រះអង្គ គួរខ្ញុំព្រះអង្គទៅឯព្រៃស្វាយ ដើម្បីប្រកបព្យាយាម ។

[៨៦] កាលព្រះមេឃិយៈដ៏មានអាយុ ក្រាបទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះមេឃិយៈដ៏មានអាយុថា ម្នាលមេឃិយៈ អ្នកចូររង់ចាំសិន តថាគត នៅតែម្នាក់ឯងទេ ចាំភិក្ខុឯទៀតណាមួយមកសិន ។ ព្រះមេឃិយៈដ៏មានអាយុ នៅតែក្រាបទូលព្រះមានព្រះភាគ ជាគម្រប់ពីរដងទៀតថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ មិនមានកិច្ចតិចតួចដែលត្រូវធ្វើតទៅទៀតឡើយ ទាំងមិនមានការសន្សំកិច្ចដែលទ្រង់ធ្វើស្រេចហើយ ឲ្យចម្រើនឡើងទៀតទេ បពិត្រព្រះអង្គដ៏ចម្រើន ឯខ្ញុំព្រះអង្គនៅមានកិច្ច ដែលត្រូវធ្វើតទៅទៀត ទាំងនៅមានការសន្សំកិច្ច ដែលខ្ញុំព្រះអង្គធ្វើហើយ ឲ្យចម្រើនឡើងទៀត បពិត្រព្រះអង្គដ៏ចម្រើន បើព្រះមានព្រះភាគ ទ្រង់អនុញ្ញាតឲ្យខ្ញុំព្រះអង្គ គួរខ្ញុំព្រះអង្គ ទៅឯព្រៃស្វាយនោះ ដើម្បីប្រកបព្យាយាម ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះមេឃិយៈដ៏មានអាយុ ជាគម្រប់ពីរដងទៀតថា ម្នាលមេឃិយៈ អ្នកចូររង់ចាំបន្តិចសិន តថាគតនៅតែម្នាក់ឯងទេ ចាំភិក្ខុឯទៀតណាមួយមកសិន ។ ព្រះមេឃិយៈដ៏មានអាយុ នៅតែក្រាបទូលព្រះមានព្រះភាគ ជាគម្រប់បីដងទៀតថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ មិនមានកិច្ចតិចតួចដែលត្រូវធ្វើតទៅទៀតឡើយ ទាំងមិនមានការសន្សំកិច្ច ដែលទ្រង់ធ្វើស្រេចហើយ ឲ្យចម្រើនឡើងទៀត បពិត្រព្រះអង្គដ៏ចម្រើន ឯខ្ញុំព្រះអង្គនៅមានកិច្ចដែលត្រូវធ្វើតទៅទៀត ទាំងនៅមានការសន្សំកិច្ច ដែលខ្ញុំព្រះអង្គធ្វើហើយ ឲ្យច្រើនឡើងទៀត បពិត្រព្រះអង្គដ៏ចម្រើន ប្រសិនបើព្រះមានព្រះភាគ ទ្រង់អនុញ្ញាតឲ្យខ្ញុំព្រះអង្គ គួរខ្ញុំព្រះអង្គទៅឯព្រៃស្វាយនោះ ដើម្បីប្រកបព្យាយាម ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលមេឃិយៈ តថាគតគប្បីនិយាយនឹងអ្នក កាលនិយាយថា ព្យាយាមដូច្នេះ ដូចម្តេចបាន ម្នាលមេឃិយៈ អ្នកចូរសំគាល់នូវកាលដែលគួរនឹងទៅ ក្នុងកាលឥឡូវនេះចុះ ។

[៨៧] លំដាប់នោះ ព្រះមេឃិយៈដ៏មានអាយុ បានក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចធ្វើប្រទក្សិណ ហើយចូលទៅកាន់ព្រៃស្វាយនោះ លុះចូលទៅដល់ហើយ ក៏លុកចូលទៅក្នុងព្រៃស្វាយនោះ រួចអង្គុយសម្រាកនៅវេលាថ្ងៃ ប្របគល់ឈើមួយដើម ។ កាលដែលព្រះមេឃិយៈដ៏មានអាយុ នៅសម្រាកក្នុងព្រៃស្វាយនោះ អកុសលវិតក្កៈដ៏លាមក ៣ យ៉ាងគឺ កាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ ផុសផុលឡើងរឿយៗ ។ លំដាប់នោះ ព្រះមេឃិយៈដ៏មានអាយុ មានសេចក្តីត្រិះរិះថា ឱហ្ន៎ អស្ចារ្យណាស់ ឱហ្ន៎ ចម្លែកណាស់ អម្បាលអាត្មាអញ ជាអ្នកចេញចាកផ្ទះ ចូលទៅកាន់ផ្នួសដោយសទ្ធា នៅតែមានអកុសលវិតក្កៈដ៏លាមក ៣ យ៉ាងនេះ គឺ កាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ គ្របសង្កត់បាន ។ លំដាប់នោះ ព្រះមេឃិយៈដ៏មានអាយុ ចេញចាកទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ ។ លុះព្រះមេឃិយៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ កាលដែលខ្ញុំព្រះអង្គកំពុងនៅក្នុងព្រៃស្វាយនោះ អកុសលវិតក្កៈដ៏លាមក ៣ យ៉ាងគឺ កាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ ផុសផុលឡើងរឿយៗ ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនោះ មានសេចក្តីត្រិះរិះថា ឱហ្ន៎ អស្ចារ្យណាស់ ឱហ្ន៎ ចម្លែកណាស់ អម្បាលអាត្មាអញ ជាអ្នកចេញចាកផ្ទះ ទៅកាន់ផ្នួសដោយសទ្ធា នៅតែមានអកុសលវិតក្កៈដ៏លាមក ៣ យ៉ាងគឺ កាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ គ្របសង្កត់បាន ។

[៨៨] ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលមេឃិយៈ ធម៌ ៥ យ៉ាង ប្រព្រឹត្តទៅ ដើម្បីធ្វើចេតោវិមុត្តិ ដែលមិនទាន់ចាស់ក្លា ឲ្យចាស់ក្លាបាន ។ ធម៌ ៥ យ៉ាង តើដូចម្តេច ។ ម្នាលមេឃិយៈ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានមិត្តល្អ បែរទៅរកមិត្តល្អ ។ ម្នាលមេឃិយៈ នេះជាធម៌ទី ១ ប្រព្រឹត្តទៅ ដើម្បីធ្វើចេតោវិមុត្តិ ដែលមិនទាន់ចាស់ក្លា ឲ្យចាស់ក្លាបាន ។ ម្នាលមេឃិយៈ មួយទៀត ភិក្ខុជាអ្នកមានសីល សង្រួមហើយ ដោយការសង្រួមក្នុងបាតិមោក្ខ បរិបូណ៌ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញភ័យក្នុងទោសទាំងឡាយសូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ។ ម្នាលមេឃិយៈ នេះជាធម៌ទីពីរ ប្រព្រឹត្តទៅ ដើម្បីធ្វើនូវចេតោវិមុត្តិ ដែលមិនទាន់ចាស់ក្លា ឲ្យចាស់ក្លាបាន ។ ម្នាលមេឃិយៈ មួយទៀត ភិក្ខុជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយនូវកថា មានសភាពយ៉ាងនេះ គឺអប្បិច្ឆកថា ១ សន្តុដ្ឋិកថា ១ បវិវេកកថា ១ អសំសគ្គកថា ១ វីរិយារម្ភកថា ១ សីលកថា ១ សមាធិកថា ១ បញ្ញាកថា ១ វិមុត្តិកថា ១ វិមុត្តិញ្ញាណទស្សនកថា ១ ដែលជាកថាផូរផង់ ជាទីសប្បាយ ទូលាយចិត្ត ប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយតែម្យ៉ាង ដើម្បីប្រាសចាកតម្រេក ដើម្បីរលត់ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងចំពោះ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន ។ ម្នាលមេឃិយៈ នេះជាធម៌ទី ៣ ប្រព្រឹត្តទៅដើម្បីធ្វើចេតោវិមុត្តិ ដែលមិនទាន់ចាស់ក្លា ឲ្យចាស់ក្លាបាន ។ ម្នាលមេឃិយៈ មួយទៀត ភិក្ខុជាអ្នកប្រារព្ធព្យាយាម ដើម្បីលះអកុសលធម៌ទាំងឡាយ ដើម្បីញ៉ាំងកុសលធម៌ទាំងឡាយ ឲ្យកើតឡើង ជាអ្នកមានកម្លាំង មានសេចក្តីប្រឹងប្រែងមាំមួន មិនដាក់ធុរៈ ក្នុងកុសលធម៌ទាំងឡាយ ។ ម្នាលមេឃិយៈ នេះជាធម៌ទី ៤ ប្រព្រឹត្តទៅ ដើម្បីធ្វើចេតោវិមុត្តិ ដែលមិនទាន់ចាស់ក្លា ឲ្យចាស់ក្លាបាន ។ ម្នាលមេឃិយៈ មួយទៀត ភិក្ខុមានបញ្ញា ប្រកបដោយបញ្ញា ជាគ្រឿងដឹងការកើតឡើង និងសូន្យទៅ ជាប្រាជ្ញាដ៏ប្រសើរ ជាគ្រឿងទំលុះទំលាយកិលេស ប្រព្រឹត្តទៅ ដើម្បីអស់ទុក្ខដោយប្រពៃ ។ ម្នាលមេឃិយៈ នេះជាធម៌ទី ៥ ប្រព្រឹត្តទៅ ដើម្បីធ្វើចេតោវិមុត្តិ ដែលមិនទាន់ចាស់ក្លា ឲ្យចាស់ក្លាបាន ។ ម្នាលមេឃិយៈ ធម៌ ៥ យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីធ្វើចេតោវិមុត្តិ ដែលមិនទាន់ចាស់ក្លា ឲ្យចាស់ក្លាបាន ។ ម្នាលមេឃិយៈ គុណជាតនុ៎ះ រមែងកើតប្រាកដ ដល់ភិក្ខុដែលមានមិត្តល្អ មានសំឡាញ់ល្អ បែរទៅរកមិត្តល្អ ព្រោះភិក្ខុនោះ ជាអ្នកមានសីល សង្រួមហើយដោយការសង្រួម ក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញភ័យ ក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ។ ម្នាលមេឃិយៈ គុណជាតនុ៎ះ រមែងកើតប្រាកដ ដល់ភិក្ខុដែលមានមិត្តល្អ មានសំឡាញ់ល្អ បែរទៅរកមិត្តល្អ ព្រោះភិក្ខុនោះ ជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយ នូវកថាមានសភាព យ៉ាងនេះ គឺ អប្បិច្ឆកថា ១ សន្តុដ្ឋិកថា ១ បវិវេកកថា ១ អសំសគ្គកថា ១ វីរិយារម្ភកថា ១ សីលកថា ១ សមាធិកថា ១ បញ្ញាកថា ១ វិមុត្តិកថា ១ វិមុត្តិញ្ញាណទស្សនកថា ១ ដែលជាកថាផូរផង់ ជាទីសប្បាយ ទូលាយចិត្ត ប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយតែម្យ៉ាង ដើម្បីប្រាសចាកតម្រេក ដើម្បីរលត់ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងចំពោះ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន ។ ម្នាលមេឃិយៈ គុណជាតនុ៎ះ រមែងកើតប្រាកដ ដល់ភិក្ខុដែលមានមិត្តល្អ មានសំឡាញ់ល្អ បែរទៅរកមិត្តល្អ ព្រោះភិក្ខុនោះ ជាអ្នកប្រារព្ធព្យាយាម ដើម្បីលះបង់អកុសលធម៌ទាំងឡាយ ដើម្បីញ៉ាំងកុសលធម៌ទាំងឡាយឲ្យកើតឡើង មានកម្លាំង មានសេចក្តីប្រឹងប្រែងមាំមួន មិនដាក់ធុរៈ ក្នុងកុសលធម៌ទាំងឡាយ ។ ម្នាលមេឃិយៈ គុណជាតនុ៎ះ រមែងមានប្រាកដដល់ភិក្ខុ ដែលមានមិត្តល្អ មានសំឡាញ់ល្អ បែរទៅរកមិត្តល្អ ព្រោះភិក្ខុនោះ ជាអ្នកមានប្រាជ្ញា ប្រកបដោយប្រាជ្ញាជាគ្រឿងដឹង នូវការកើតឡើង និងសូន្យទៅ ជាប្រាជ្ញាដ៏ប្រសើរ អាចទំលុះទំលាយកិលេស ប្រព្រឹត្តទៅដើម្បីអស់ទុក្ខដោយប្រពៃ ។

[៨៩] ម្នាលមេឃិយៈ មួយទៀត ភិក្ខុនោះ តាំងនៅក្នុងធម៌ ៥ យ៉ាងនេះហើយត្រូវចម្រើនធម៌ ៤ យ៉ាងតទៅទៀត គឺចម្រើនអសុភ ដើម្បីលះរាគៈ ១ ចម្រើនមេត្តា ដើម្បីលះព្យាបាទ ១ ចម្រើនអានាបានស្សតិ ដើម្បីផ្តាច់បង់វិតក្កៈ ១ ចម្រើនអនិច្ចសញ្ញា ដើម្បីដកអស្មិមានះ ១ ។ ម្នាលមេឃិយៈ ព្រោះថា កាលភិក្ខុមានសេចក្តីសំគាល់ថា មិនទៀងហើយ សេចក្តីសំគាល់ថាមិនមែនខ្លួន រមែងតាំងនៅ (ក្នុងចិត្ត) ភិក្ខុដែលមានសេចក្តីសំគាល់ថា មិនមែនខ្លួន រមែងដល់នូវការដកអស្មិមានះ ឈ្មោះថា ដល់និព្វានក្នុងបច្ចុប្បន្ន ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

វិតក្កៈទាំងឡាយដ៏ថោកទាប វិតក្កៈទាំងឡាយដ៏ល្អិត ដែលចិត្តប្រព្រឹត្តទៅតាមហើយ ធ្វើចិត្តឲ្យឆ្មើងកន្ទ្រើង បុគ្គលមិនដឹងច្បាស់សេចក្តីត្រិះរិះនៃចិត្តទាំងនុ៎ះទេ ជាអ្នកមានចិត្តភ្ញាក់ផ្អើល ស្ទុះទៅស្ទុះមក កាន់អារម្មណ៍ផ្សេងៗ ។ ឯអ្នកប្រាជ្ញ ដឹងច្បាស់សេចក្តីត្រិះរិះ នៃចិត្តទាំងនុ៎ះហើយ ជាអ្នកមានព្យាយាម ជាគ្រឿងដុត បំផ្លាញកិលេស មានស្មារតី បិទខ្ទប់វិតក្កៈទាំងឡាយ ដែលចិត្តប្រព្រឹត្តទៅតាម ហើយធ្វើចិត្តឲ្យឆ្មើងកន្ទ្រើង លះបង់វិតក្កៈទាំងនុ៎ះ មិនឲ្យសេសសល់ ។

ចប់ សូត្រ ទី១ ។

២. ឧទ្ធតសូត្រកែប្រែ

[៩០] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងសាលវនឧទ្យាន របស់មល្លក្សត្រិយ៍ ជាទីប្រព្រឹត្តិចូលទៅជិតក្រុងកុសិនារា ។ សម័យនោះឯង ពួកភិក្ខុច្រើនរូប នៅក្នុងតូបដែលគេធ្វើក្នុងព្រៃ ក្នុងទីជិតព្រះមានព្រះភាគ ជាអ្នកមានចិត្តអណ្តែតអណ្តូងលើកកំពស់ មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានសំដីផ្តេសផ្តាស ភ្លេចស្មារតី មិនដឹងខ្លួន មិនបានតាំងចិត្តមាំមួន មានចិត្តភ្ញាក់ផ្អើល មានឥន្ទ្រិយដ៏ប្រាកដ (មិនសង្រួមឥន្ទ្រិយ) ។ ព្រះមានព្រះភាគ ទ្រង់បានទតឃើញពួកភិក្ខុច្រើនរូបនោះ នៅក្នុងតូបដែលគេធ្វើក្នុងព្រៃ ក្នុងទីជិតព្រះអង្គ មានចិត្តអណ្តែតអណ្តូង ជាអ្នកលើកកំពស់ មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានសំដីផ្តេសផ្តាស ភ្លេចស្មារតី មិនដឹងខ្លួន មិនបានតាំងចិត្តមាំមួន មានចិត្តភ្ញាក់ផ្អើល មានឥន្ទ្រិយដ៏ប្រាកដ ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

បុគ្គលមានវិញ្ញាណកាយទាំង ៦ មិនរក្សាផង ជាមិច្ឆាទិដ្ឋិផង ដែលថីនមិទ្ធៈ គ្របសង្កត់ផង រមែងដល់នូវអំណាចនៃមារ ។ ព្រោះហេតុនោះ ភិក្ខុជាអ្នកមានចិត្តរក្សាហើយ មានសេចក្តីត្រិះរិះត្រូវ ជាអារម្មណ៍ មានសម្មាទិដ្ឋិប្រព្រឹត្តទៅ ក្នុងខាងមុខ ដឹងការកើតឡើង និងសូន្យទៅបាន គ្របសង្កត់នូវថីនៈមិទ្ធៈហើយ គប្បីលះបង់គតិអាក្រក់ទាំងពួង ។

ចប់ សូត្រ ទី២ ។

៣. គោបាលកសូត្រកែប្រែ

[៩១] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ស្តេចទៅកាន់ចារិក ក្នុងកោសលជនបទ ជាមួយនឹងភិក្ខុសង្ឃច្រើនរូប ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់គេចចេញអំពីផ្លូវ ហើយចូលទៅរកម្លប់ឈើមួយដើម លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ ។ លំដាប់នោះ នាយគោបាលម្នាក់ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ ។ លុះនាយគោបាលនោះ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគទ្រង់សំដែងពន្យល់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយដោយធម្មីកថា ។ គ្រានោះ នាយគោបាលនោះ លុះព្រះមានព្រះភាគទ្រង់សំដែងពន្យល់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយដោយធម្មីកថាហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ទ្រង់ទទួលភត្តរបស់ខ្ញុំព្រះអង្គ ក្នុងថ្ងៃស្អែក ជាមួយនឹងភិក្ខុសង្ឃ ។ ព្រះមានព្រះភាគ ទ្រង់ទទួលដោយតុណ្ហីភាព ។ លុះនាយគោបាលនោះ បានដឹងថា ព្រះមានព្រះភាគទ្រង់ទទួលហើយ ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ រួចចៀសចេញទៅ ។ លំដាប់នោះ នាយគោបាលនោះ លុះកន្លងរាត្រីនោះហើយ បានឲ្យមនុស្សតាក់តែង អប្បោទកបាយាស (បាយាសមានទឹកតិច) និងទឹកដោះថ្លាដ៏ថ្មីជាច្រើន ក្នុងលំនៅរបស់ខ្លួន ហើយឲ្យមនុស្សទៅក្រាបទូលភត្តកាល ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន កាលល្មមហើយ ទាំងភត្តសោត ក៏ស្រេចហើយ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយយាងចូលទៅកាន់លំនៅ របស់នាយគោបាលនោះ ជាមួយភិក្ខុសង្ឃ លុះយាងទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ ។ លំដាប់នោះ នាយគោបាលនោះ អង្គាសភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយអប្បោទកបាយាស និងទឹកដោះថ្លាដ៏ថ្មី ឲ្យឆាន់ឆ្អែតស្កប់ស្កល់ ត្រាតែហាមឃាត់ដោយដៃខ្លួនឯង ។ លំដាប់នោះ នាយគោបាលនោះ លុះព្រះមានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្តក្នុងបាត្រទៀតហើយ ក៏កាន់យកអាសនៈដ៏ទាបមួយ អង្គុយក្នុងទីសមគួរ ។ លុះនាយគោបាលនោះ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់សំដែងពន្យល់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា រួចទ្រង់ក្រោកចាកអាសនៈ យាងចេញទៅ ។

[៩២] គ្រាកាលដែលព្រះមានព្រះភាគ ស្តេចចេញទៅមិនយូរប៉ុន្មាន ស្រាប់តែមានបុរសម្នាក់ ផ្តាច់ជីវិតនាយគោបាលនោះ ត្រង់ចន្លោះព្រំប្រទល់ស្រុក ។ លំដាប់នោះ ពួកភិក្ខុច្រើនរូប បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏បានក្រាបបង្គំទូល ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន នាយគោបាលណា ដែលបានអង្គាសភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយអប្បោទកបាយាស និងទឹកដោះថ្លាដ៏ថ្មី ឲ្យឆាន់ឆ្អែតស្កប់ស្កល់ ត្រាតែហាមឃាត់ដោយដៃខ្លួនឯង ក្នុងថ្ងៃនេះ បពិត្រព្រះអង្គដ៏ចម្រើន បានឮថា នាយគោបាលនោះ មានបុរសម្នាក់ផ្តាច់ជីវិត ត្រង់ចន្លោះព្រំប្រទល់ស្រុកទៅហើយ ។ លុះព្រះមានព្រះភាគ ទ្រង់ជា្របច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

ចោរបានឃើញចោរផងគ្នា ឬក៏បុគ្គលមានពៀរ ឃើញបុគ្គលមានពៀរផងគ្នា គប្បីធ្វើសេចក្តីវិនាសណា ចិត្តដែលបុគ្គលតម្កល់ខុសហើយ រមែងធ្វើបុគ្គលនោះ ឲ្យលាមកលើសជាងសេចក្តីវិនាសនោះទៅទៀត ។

ចប់ សូត្រ ទី៣ ។

៤. យក្ខបហារសូត្រកែប្រែ

[៩៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ សម័យនោះឯង ព្រះសារីបុត្តដ៏មានអាយុ និងព្រះមហាមោគ្គល្លានដ៏មានអាយុ នៅក្នុងវត្តកបោតកន្ទរា ។ សម័យនោះ ព្រះសារីបុត្តដ៏មានអាយុ មានសក់ទើបកោរថ្មី ៗ អង្គុយក្នុងទីវាល ចូលកាន់សមាធិណាមួយ ក្នុងរាត្រីខាងខ្នើត ។

[៩៤] សម័យនោះ មានយក្ខពីរនាក់ជាសំឡាញ់នឹងគ្នា មកអំពីទិសខាងជើង ទៅទិសខាងត្បូង ដោយកិច្ចណាមួយ ។ យក្ខទាំងនោះ បានឃើញព្រះសារីបុត្តដ៏មានអាយុ មានសក់ទើបកោរថ្មី ៗ អង្គុយក្នុងទីវាល ក្នុងរាត្រីខាងខ្នើត លុះយក្ខម្នាក់ បានឃើញហើយ និយាយប្រាប់យក្ខម្នាក់ទៀតថា ម្នាលសំឡាញ់ ចិត្តរបស់ខ្ញុំកើតប្រាកដ ដើម្បីប្រហារក្បាលសមណៈនេះ ។ កាលបើយក្ខម្នាក់ និយាយយ៉ាងនេះហើយ យក្ខនោះ ក៏និយាយទៅនឹងយក្ខម្នាក់ទៀតនោះថា កុំ សំឡាញ់ អ្នកកុំប្រហារសមណៈឡើយ ម្នាលសំឡាញ់ សមណៈនោះ មានគុណដ៏លើសលុប មានឫទ្ធិច្រើន មានអានុភាពច្រើន ។ យក្ខម្នាក់នោះ បាននិយាយនឹងយក្ខនោះ ជាគម្រប់ពីរដងទៀតថា ម្នាលសំឡាញ់ ចិត្តរបស់ខ្ញុំកើតប្រាកដ ដើម្បីប្រហារក្បាលសមណៈនេះ ។ យក្ខនោះ និយាយទៅនឹងយក្ខម្នាក់ទៀតនោះ ជាគម្រប់ពីរដងទៀតថា កុំ សំឡាញ់ អ្នកកុំប្រហារសមណៈឡើយ ម្នាលសំឡាញ់ សមណៈនោះ មានគុណដ៏លើសលុប មានឫទ្ធិច្រើន មានអានុភាពច្រើន ។ យក្ខម្នាក់នោះ និយាយទៅនឹងយក្ខនោះ ជាគម្រប់បីដងទៀតថា ម្នាលសំឡាញ់ ចិត្តរបស់ខ្ញុំកើតប្រាកដ ដើម្បីប្រហារក្បាលសមណៈនេះ ។ យក្ខនោះ និយាយទៅនឹងយក្ខម្នាក់ទៀតនោះ ជាគម្រប់បីដងទៀតថា កុំ សំឡាញ់ អ្នកកុំប្រហារសមណៈឡើយ ម្នាលសំឡាញ់ សមណៈនោះ មានគុណដ៏លើសលុប មានឫទ្ធិច្រើន មានអានុភាពច្រើន ។ លំដាប់នោះ យក្ខម្នាក់នោះ មិនអើពើនឹងយក្ខនោះឡើយ ហើយប្រហារចំព្រះសិរ្សៈព្រះសារីបុត្តត្ថេរដ៏មានអាយុ ។ មានសេចក្តីដំណាលថា យក្ខនោះ អាចពន្លិចដំរីមានកំពស់ ៧ ហត្ថ ឬ ៨ ហត្ថ (ឲ្យស្រុតទៅក្នុងផែនដី) ក៏បាន អាចធ្វើកំពូលភ្នំធំ ឲ្យបែកខ្ទេចខ្ទីក៏បាន ដោយការប្រហារនោះ ។ លំដាប់នោះ ស្រាប់តែយក្ខនោះពោលថា ខ្ញុំក្តៅណាស់ ដូច្នេះ ហើយធ្លាក់ទៅកាន់មហានរក ត្រង់ទីនោះឯង ។

[៩៥] ព្រះមហាមោគ្គល្លានដ៏មានអាយុ បានឃើញយក្ខនោះ កំពុងប្រហារចំព្រះសិរ្សៈព្រះសារីបុត្តដ៏មានអាយុ ដោយទិព្វចក្ខុដ៏បរិសុទ្ធ កន្លងចក្ខុរបស់មនុស្សធម្មតា លុះឃើញហើយ ក៏ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏និយាយនឹងព្រះសារីបុត្តដ៏មានអាយុថា ម្នាលអាវុសោ លោកល្មមអត់ធន់បានដែរឬ ល្មមប្រព្រឹត្តទៅបានដែរឬ មិនមានសេចក្តីទុក្ខតិចតួចទេឬ ។ ព្រះសារីបុត្តដ៏មានអាយុប្រាប់ថា ម្នាលអាវុសោមោគ្គល្លាន ខ្ញុំល្មមអត់ធន់បាន ម្នាលអាវុសោមោគ្គល្លាន ខ្ញុំល្មមប្រព្រឹត្តទៅបាន តែថាមានសេចក្តីទុក្ខបន្តិចត្រង់ក្បាលរបស់ខ្ញុំ ។ ម្នាលអាវុសោសារីបុត្ត អស្ចារ្យណាស់ ម្នាលអាវុសោសារីបុត្ត ចម្លែកណាស់ ព្រោះថា សារីបុត្តដ៏មានអាយុ មានឫទ្ធិច្រើន មានអានុភាពច្រើន ។ ម្នាលអាវុសោសារីបុត្ត ក្នុងទីនេះ មានយក្ខមួយ ប្រហារចំព្រះសិរ្សៈនៃលោក (ការប្រហារនោះ) ពេញជាការប្រហារខ្លាំង ឯយក្ខនោះ អាចពន្លិចដំរីមានកំពស់ ៧ ហត្ថ ឬ ៨ ហត្ថ (ឲ្យស្រុតទៅក្នុងផែនដីបាន) អាចធ្វើកំពូលភ្នំធំឲ្យបែកខ្ទេចខ្ទីបាន ដោយការប្រហារនោះ ។ ហេតុអ្វីក៏ព្រះសារីបុត្តដ៏មានអាយុ និយាយយ៉ាងនេះថា ម្នាលអាវុសោមោគ្គល្លាន ខ្ញុំល្មមអត់ធន់បាន ម្នាលអាវុសោមោគ្គល្លាន ខ្ញុំល្មមប្រព្រឹត្តទៅបាន តែថា មានសេចក្តីទុក្ខបន្តិច ត្រង់ក្បាលរបស់ខ្ញុំ ។ ម្នាលអាវុសោមោគ្គល្លាន អស្ចារ្យណាស់ ម្នាលអាវុសោមោគ្គល្លាន ចម្លែកណាស់ ព្រោះថា មហាមោគ្គល្លានដ៏មានអាយុ មានឫទ្ធិច្រើន មានអានុភាពច្រើន មើលយក្សឃើញបាន ចំណែកខាងយើង មិនឃើញសូម្បីបិសាច ដែលអាស្រ័យនឹងអាចម៍ដី [សំដៅយកប្រេតតូចៗ ដែលត្រាច់រង្គាត់ក្នុងទីទាំងឡាយ មានគំនរសម្រាមជាដើម ។] សោះឡើយ ។

[៩៦] ព្រះមានព្រះភាគ ទ្រង់ព្រះសណ្តាប់ពាក្យចរចា មានសភាពយ៉ាងនេះ របស់ព្រះមហានាគត្ថេរទាំងពីរអង្គនោះ ដោយទិព្វសោតធាតុដ៏បរិសុទ្ធ កន្លងសោតធាតុ របស់មនុស្សធម្មតា ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបបន្លឺឧទាននេះ ក្នុងវេលានោះថា ៖

ចិត្តរបស់បុគ្គលណា មានឧបមាដោយថ្មតាន់ នៅនឹង មិនញាប់ញ័រ ប្រាសចាកតម្រេក ក្នុងហេតុគួររីករាយទាំងឡាយ មិនក្រោធក្នុងវត្ថុគួរក្រោធ ចិត្តដែលបុគ្គលណា បានចម្រើនយ៉ាងនេះហើយ សេចក្តីទុក្ខនឹងមានមក ដល់បុគ្គលនោះ អំពីណាបាន ។

ចប់ សូត្រ ទី៤ ។

៥. នាគសូត្រកែប្រែ

[៩៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី ។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅច្រឡូកច្រឡំដោយពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ស្តេច អមាត្យធំរបស់ស្តេច តិរ្ថិយ និងពួកសាវ័ករបស់តិរ្ថិយ ព្រះមានព្រះភាគ ទ្រង់គង់នៅច្រឡូកច្រឡំជាទុក្ខ មិនសប្បាយឡើយ ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់មានសេចក្តីត្រិះតិះថា ឥឡូវនេះ តថាគតនៅច្រឡូកច្រឡំដោយពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ស្តេច អមាត្យធំរបស់ស្តេច តិរ្ថិយ និងពួកសាវ័ករបស់តិរ្ថិយ តថាគតនៅច្រឡូកច្រឡំជាទុក្ខ មិនសប្បាយ បើដូច្នោះ គួរតែតថាគត គេចចេញអំពីពួក ហើយនៅតែម្នាក់ឯង ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅបិណ្ឌបាត ក្នុងក្រុងកោសម្ពី ។លុះព្រះមានព្រះភាគ ត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងកោសម្ពី ត្រឡប់មកអំពីបិណ្ឌបាត ក្នុងកាលខាងក្រោយភត្ត ហើយទុកដាក់សានាសនៈដោយព្រះអង្គឯង ហើយប្រដាប់បាត្រ ចីវរ មិនបានលាឧបដ្ឋាក មិនបានប្រាប់ភិក្ខុសង្ឃ តែមួយអង្គឯង ឥតមានភិក្ខុជាគម្រប់ពីរ ទ្រង់យាងទៅកាន់ចារិក នៃបាលិលេយ្យកប្រទេស កាលទ្រង់យាងទៅកាន់ចារិក ដោយលំដាប់ បានដល់បាលិលេយ្យកប្រទេស ។

[៩៨] បានឮថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្រោមម្លប់ភទ្ទសាលព្រឹក្ស ក្នុងដងព្រៃ ឈ្មោះរក្ខិតៈ ជិតបាលិលេយ្យកប្រទេស ។ មានដំរីប្រសើរមួយ នៅច្រឡូកច្រឡំដោយពួកដំរីឈ្មោល ដំរីញី ដំរីស្ទាវ និងកូនដំរី ហើយស៊ីស្មៅ ដែលពួកដំរីទាំងនោះ ច្រឹបចុងហើយផង ពួកដំរីទាំងនោះ ស៊ីនូវមែកឈើបាក់ ដែលដំរីដ៏ប្រសើរនោះបំបាក់ចុះហើយផង ឯដំរីដ៏ប្រសើរ ក៏ផឹកទឹកទាំងឡាយដ៏ល្អក់ផង កាលបើដំរីដ៏ប្រសើរដើរចុះឡើងកំពង់ទឹក ពួកមេដំរីក៏ដើរត្រដុសកាយផង ដំរីដ៏ប្រសើរនៅច្រឡូកច្រឡំ ជាទុក្ខ មិនសប្បាយឡើយ ។ លំដាប់នោះ ដំរីដ៏ប្រសើរនោះ មានសេចក្តីត្រិះរិះថា ឥឡូវនេះ អញនៅច្រឡូកច្រឡំ ដោយពួកដំរីឈ្មោល ដំរីញី ដំរីស្ទាវ និងកូនដំរី ហើយស៊ីស្មៅ ដែលដំរីទាំងនោះ ច្រឹបចុងហើយផង ដំរីទាំងនោះ ស៊ីមែកឈើបាក់ ដែលអញកាច់បំបាក់ហើយផង អញផឹកទឹកទាំងឡាយដ៏ល្អក់ផង កាលបើអញ ដើរចុះឡើងកំពង់ទឹក ពួកមេដំរី ដើរត្រដុសកាយផង អញនៅច្រឡូកច្រឡំជាទុក្ខ មិនសប្បាយ បើដូច្នោះ គួរអញគេចចេញពីហ្វូង នៅម្នាក់ឯងវិញចុះ ។ លំដាប់នោះ ដំរីដ៏ប្រសើរនោះ ដើរគេចចេញពីហ្វូង ហើយចូលទៅរកព្រះមានព្រះភាគ ដែលទ្រង់គង់នៅក្រោមម្លប់ភទ្ទសាលព្រឹក្ស ក្នុងដងព្រៃឈ្មោះរក្ខិតៈ ជិតបាលិលេយ្យកប្រទេស លុះចូលទៅដល់ហើយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងប្រទេសណា បានឮថា ដំរីដ៏ប្រសើរនោះ ក៏ធ្វើប្រទេសនោះ មិនឲ្យមានស្មៅស្រស់ ទាំងតម្កល់ទឹកឆាន់ ទឹកប្រើ ថ្វាយព្រះមានព្រះភាគ ដោយប្រមោយ ។

[៩៩] គ្រានោះ ព្រះមានព្រះភាគ ទ្រង់យាងទៅសម្ងំ ក្នុងទីស្ងាត់ ទ្រង់មានព្រះទ័យបរិវិតក្កៈ កើតឡើងយ៉ាងនេះថា កាលមុន តថាគតបាននៅច្រឡូកច្រឡំ ដោយពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ស្តេច អមាត្យធំរបស់ស្តេច តិរ្ថិយ និងពួកសាវ័ករបស់តិរ្ថិយ តថាគតនៅច្រឡូកច្រឡំ ជាទុក្ខ មិនសប្បាយឡើយ ។ ឥឡូវនេះ តថាគត មិនបាននៅច្រឡូកច្រឡំដោយពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ស្តេច អមាត្យធំរបស់ស្តេច តិរ្ថិយ និងពួកសាវ័ករបស់តិរ្ថិយឡើយ តថាគត មិនបាននៅច្រឡូកច្រឡំ ក៏បានសេចក្តីសុខសប្បាយ ។ ដំរីដ៏ប្រសើរនោះ មានចិត្តត្រិះរិះកើតឡើងយ៉ាងនេះថា កាលមុន អញបាននៅច្រឡូកច្រឡំដោយពួកដំរីឈ្មោល ដំរីញី ដំរីស្ទាវ និងកូនដំរីតូចៗ ហើយអញបានស៊ីស្មៅទាំងឡាយ ដែលពួកដំរីទាំងនោះ ច្រឹបចុងហើយផង ពួកដំរីទាំងនោះស៊ីមែកឈើបាក់ ដែលអញកាច់បំបាក់ហើយផង អញបានផឹកទឹកទាំងឡាយដ៏ល្អក់ផង កាលបើអញ ដើរចុះឡើងកំពង់ទឹក ពួកមេដំរី ដើរត្រដុសកាយផង អញនៅច្រឡូកច្រឡំជាទុក្ខ មិនសប្បាយឡើយ ។ ឥឡូវនេះ អញនោះ មិននៅច្រឡូកច្រឡំ ដោយពួកដំរីឈ្មោល ដំរីញី ដំរីស្ទាវ និងកូនដំរី ហើយស៊ីស្មៅទាំងឡាយ ដែលពួកដំរីទាំងនោះ មិនបានច្រឹបចុងហើយផង ពួកដំរីទាំងនោះ ក៏មិនស៊ីមែកឈើបាក់ ដែលអញកាច់បំបាក់ផង អញផឹកទឹកទាំងឡាយមិនល្អក់ផង កាលបើអញ ដើរចុះឡើងកំពង់ទឹក ពួកមេដំរី ក៏មិនដើរត្រដុសកាយផង អញមិននៅច្រឡូកច្រឡំ ក៏បានសេចក្តីសុខសប្បាយ ។ លុះព្រះមានព្រះភាគ ទ្រង់បានជ្រាបច្បាស់សេចក្តីស្ងប់ស្ងាត់របស់ព្រះអង្គ និងបានជ្រាបច្បាស់បរិវិតក្កៈ ក្នុងចិត្តរបស់ដំរីដ៏ប្រសើរនោះ ដោយព្រះទ័យនៃព្រះអង្គហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

ចិត្តរបស់ហត្ថិនាគ មានភ្លុកងទន្ទាំនុ៎ះ ស្មើនឹងចិត្តរបស់ពុទ្ធនាគដែរ ព្រោះហត្ថិនាគតែម្នាក់ឯង ត្រេកអរក្នុងព្រៃដែរ ។

ចប់ សូត្រ ទី៥ ។

៦. បិណ្ឌោលសូត្រកែប្រែ

[១០០] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះបិណ្ឌោលភារទ្វាជៈដ៏មានអាយុ ជាអ្នកប្រព្រឹត្តអារញ្ញកធុតង្គ បិណ្ឌបាតិកធុតង្គ បង្សុកូលិកធុតង្គ និងតេចីវរិកធុតង្គ ជាអ្នកប្រាថ្នាតិច មានសេចក្តីសន្តោស មានសេចក្តីស្ងប់ស្ងាត់ មិននៅលាយឡំដោយពួក ប្រាព្ធព្យាយាម ជាអ្នកពោលពាក្យជាគ្រឿងកំចាត់បង់កិលេស ប្រកបរឿយៗ នូវអធិចិត្ត អង្គុយផ្គត់ភ្នែន តម្រង់កាយត្រង់ ក្នុងទីជិតព្រះមានព្រះភាគ ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញបិណ្ឌោលភារទ្វាជៈដ៏មានអាយុ ជាអ្នកប្រព្រឹត្តអារញ្ញកធុតង្គ បិណ្ឌបាតិកធុតង្គ បង្សុកូលិកធុតង្គ និងតេចីវរិកធុតង្គ ជាអ្នកប្រាថ្នាតិច មានសេចក្តីសន្តោស មានសេចក្តីស្ងប់ស្ងាត់ មិននៅលាយឡំដោយពួក ប្រារព្ធព្យាយាម ជាអ្នកពោលពាក្យជាគ្រឿងកំចាត់បង់កិលេស ប្រកបរឿយ ៗ នូវអធិចិត្ត អង្គុយផ្គត់ភ្នែន តម្រង់កាយត្រង់ ក្នុងទីជិតព្រះអង្គ ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

កិរិយាមិនតិះដៀល ១ កិរិយាមិនបៀតបៀនគេ ១ កិរិយាសង្រួមក្នុងបាតិមោក្ខ ១ ភាវៈដឹងប្រមាណក្នុងភត្តាហារ ១ ទីដេកទីអង្គុយដ៏ស្ងាត់ ១ កិរិយាបំពេញព្យាយាម ក្នុងអធិចិត្ត ១ នុ៎ះជាពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ ។

ចប់ សូត្រ ទី៦ ។

៧. សារិបុត្តសូត្រកែប្រែ

[១០១] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះសារីបុត្តដ៏មានអាយុ ជាអ្នកមានសេចក្តីប្រាថ្នាតិច មានសេចក្តីសន្តោស មានសេចក្តីស្ងប់ស្ងាត់ មិននៅលាយឡំដោយពួក ប្រាព្ធព្យាយាម ប្រកបរឿយ ៗ នូវអធិចិត្ត អង្គុយផ្គត់ភ្នែន តម្រង់កាយត្រង់ ក្នុងទីជិតព្រះមានព្រះភាគ ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញព្រះសារីបុត្តដ៏មានអាយុ ជាអ្នកមានសេចក្តីប្រាថ្នាតិច មានសេចក្តីសន្តោស មានសេចក្តីស្ងប់ស្ងាត់ មិននៅលាយឡំដោយពួក ប្រារព្ធព្យាយាម ប្រកបរឿយៗនូវអធិចិត្ត អង្គុយផ្គត់ភ្នែន តម្រង់កាយត្រង់ ក្នុងទីជិតព្រះអង្គ ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

សេចក្តីសោកទាំងឡាយ រមែងមិនកើតមានដល់បុគ្គលមានអធិចិត្ត មិនប្រមាទ ជាអ្នកដឹង ជាអ្នកសិក្សា ក្នុងផ្លូវនៃការដឹងទាំឡាយ គឺអរហត្តផលញ្ញាណ មានចិត្តមិនញាប់ញ័រ ជាអ្នកនឹងធឹង ជាអ្នកស្ងប់ មានស្មារតីគ្រប់កាល ។

ចប់ សូត្រ ទី៧ ។

៨. សុន្ទរីសូត្រកែប្រែ

[១០២] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះមានព្រះភាគ មានគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ទ្រង់បានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ជាប្រក្រតី ។ សូម្បីភិក្ខុសង្ឃ ក៏មានគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ជាអ្នកបានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ជាប្រក្រតីដែរ ។ ឯពួកបរិព្វាជក ជាអន្យតិរ្ថិយ មិនមានគេធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជា មិនកោតក្រែង មិនបានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ជាប្រក្រតីឡើយ ។

[១០៣] គ្រានោះ ពួកបរិព្វាជក ជាអន្យតិរ្ថិយ អត់ធន់មិនបាននូវសក្ការៈ របស់ព្រះមានព្រះភាគ និងភិក្ខុសង្ឃ ចូលទៅរកនាងបរិព្វាជិកា ឈ្មោះសុន្ទរី លុះចូលទៅដល់ហើយ ក៏និយាយនឹងនាងបរិព្វាជិកា ឈ្មោះសុន្ទរីថា នែប្អូនស្រី នាងអាចធ្វើប្រយោជន៍ដល់ពួកញាតិបានឬទេ ។ នាងបរិព្វាជិកា ឈ្មោះសុន្ទរីសួរថា បពិត្រលោកម្ចាស់ទាំងឡាយ ខ្ញុំព្រះករុណា ត្រូវធ្វើដូចម្តេច អំពើដូចម្តេច ដែលខ្ញុំអាចធ្វើបាន សូម្បីជីវិត ក៏ខ្ញុំហ៊ានលះបង់ ដើម្បីជាប្រយោជន៍ ដល់ពួកញាតិដែរ ។ ម្នាលប្អូនស្រី បើដូច្នោះ នាងចូលទៅកាន់វត្តជេតពន ឲ្យញយ ៗ ។ នាងបរិព្វាជិកា ឈ្មោះសុន្ទរី បានទទួលពាក្យបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះថា ព្រះករុណា លោកម្ចាស់ ហើយទៅកាន់វត្តជេតពន ញយ ៗ ។ កាលណាបរិព្វាជក ជាអន្យតិរិ្ថយទាំងនោះ បានដឹងថា ជនច្រើនបានឃើញនាងបរិព្វាជិកា ឈ្មោះសុន្ទរី ទៅកាន់វត្តជេតពនញយ ៗ ហើយ ក៏សំឡាប់នាងនោះឲ្យដាច់ចាកជីវិត ហើយកប់ក្នុងរណ្តៅស្នាមភ្លោះ នៃវត្តជេតពននោះឯងក្នុងកាលណោះ រួចចូលទៅគាល់ព្រះបាទបសេនទិកោសល លុះចូលទៅដល់ហើយ ក៏ថ្វាយព្រះពរព្រះបាទបសេនទិកោសលថា បពិត្រមហារាជ នាងបរិព្វាជិកាណា ឈ្មោះសុន្ទរី នាងបរិព្វាជិកានោះ មិនប្រាកដដល់ពួកអាត្មាភាពសោះ ។ ព្រះរាជា ទ្រង់មានព្រះបន្ទូលសួរថា ចុះលោកទាំងឡាយ មានសង្ស័យក្នុងទីណាខ្លះ ។ បពិត្រមហារាជ ពួកអាត្មាភាពមានសង្ស័យក្នុងវត្តជេតពន ។ បើដូច្នោះ ចូរលោកទាំងឡាយ គន់រកក្នុងវត្តជេតពនចុះ ។ លំដាប់នោះ បរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ គយគន់មើលវត្តជេតពន ហើយក៏គាស់ឡើង (នូវសាកសព) ដែលបានកប់ទុកហើយ អំពីរណ្តៅស្នាមភ្លោះ ហើយលើកដាក់លើគ្រែតូច នាំចូលទៅកាន់ក្រុងសាវត្ថី ហើយចេញពីច្រកមួយ ចូលទៅកាន់ច្រកមួយ ចេញពីផ្លូវត្រឡែងកែងមួយ ចូលទៅកាន់ផ្លូវត្រឡែងកែងមួយ ហើយប្រើពួកមនុស្សឲ្យលើកទោសថា នែម្ចាស់ទាំងឡាយ អ្នកទាំងឡាយ ចូរមើលអំពើរបស់ពួកសមណៈ ជាសក្យបុត្តិយ៍ចុះ ពួកសមណៈជាសក្យបុត្តិយ៍នេះ ជាបុគ្គលមិនអៀនខ្មាស ទ្រុស្តសីល មានធម៌លាមក ជាអ្នកនិយាយពាក្យកុហក ប្រព្រឹត្តធម៌មិនប្រសើរ ។ មិនគួរបើពួកសមណៈ ជាសក្យបុត្តិយ៍នេះ មកប្តេជ្ញាខ្លួនថា ជាអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ប្រព្រឹត្តធម៌ដ៏ប្រសើរ ពោលពាក្យពិត មានសីល មានកល្យាណធម៌សោះ ភាពជាសមណៈ គឺជាអ្នករម្ងាប់បាប មិនមានដល់ពួកសមណៈនេះឡើយ ភាពជាអ្នកប្រសើរ គឺជាអ្នកបន្សាត់បាប មិនមានដល់ពួកសមណៈនេះឡើយ ភាពជាសមណៈ របស់ពួកសមណៈនេះ សាបសូន្យហើយ ភាពជាអ្នកប្រសើររបស់ពួកសមណៈនេះ សាបសូន្យហើយ ភាពជាសមណៈ នឹងមានដល់ពួកសមណៈនេះ អំពីហេតុដូចម្តេច ភាពជាអ្នកប្រសើរ នឹងមានដល់ពួកសមណៈ អំពីហេតុដូចម្តេច ពួកសមណៈនេះ ប្រាសចាកភាពជាសមណៈ ពួកសមណៈនេះ ប្រាសចាកភាពជាអ្នកប្រសើរហើយ ។ មិនគួរបើបុរសនឹងធ្វើកិច្ចររបស់បុរស (មេថុនកិច្ច) ហើយមកធ្វើស្រីឲ្យដាច់ចាកជីវិតសោះ ។

[១០៤] សម័យនោះឯង ពួកមនុស្សក្នុងក្រុងសាវត្ថី បានឃើញពួកភិក្ខុ ហើយនាំគ្នាជេរ ប្រទេចផ្តាសា បៀតបៀនដោយសំដីទ្រគោះ ជារបស់អសប្បុរសថា ពួកសមណៈ ជាសក្យបុត្តិយ៍នេះ ជាអ្នកមិនអៀនខ្មាស ទ្រុស្តសីល មានធម៌លាមក ជាអ្នកនិយាយពាក្យកុហក ប្រព្រឹត្តធម៌មិនប្រសើរ មិនគួរបើសមណៈទាំងនោះ មកប្តេជ្ញាខ្លួនថា ជាអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ប្រព្រឹត្តដ៏ប្រសើរ ពោលពាក្យពិត មានសីល មានកល្យាណធម៌សោះ ភាពជាសមណៈ គឺជាអ្នករម្ងាប់បាប មិនមានដល់សមណៈទាំងនេះឡើយ ភាពជាអ្នកប្រសើរ គឺជាអ្នកបន្សាត់បាប មិនមានដល់សមណៈទាំងនេះឡើយ ភាពជាសមណៈ របស់សមណៈនេះ សាបសូន្យហើយ ភាពជាអ្នកប្រសើររបស់សមណៈទាំងនេះសាបសូន្យហើយ ភាពជាសមណៈ នឹងមានដល់សមណៈទាំងនេះ អំពីហេតុដូចម្តេច ភាពជាអ្នកប្រសើរនឹងមានដល់ពួកសមណៈនេះ អំពីហេតុដូចម្តេច សមណៈទាំងនេះ ប្រាសចាកភាពជាសមណៈហើយ សមណៈទាំងនេះ ប្រាសចាកភាពជាអ្នកប្រសើរហើយ ។ មិនគួរបើបុរស នឹងធ្វើកិច្ចរបស់បុរស (មេថុនកិច្ច) ហើយមកធ្វើស្រីឲ្យដាច់ចាកជីវិតសោះ ។

[១០៥] គ្រានោះ ពួកភិក្ខុជាច្រើនរូប បានស្លៀកស្បង់ ប្រដាប់បាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត ។ លុះភិក្ខុទាំងនោះ ត្រាច់ទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី ហើយត្រឡប់មកអំពីបិណ្ឌបាត ក្នុងកាលខាងក្រោយភត្ត រួចចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ពួកមនុស្សក្នុងក្រុងសាវត្ថី បានឃើញពួកភិក្ខុហើយ (នាំគ្នា) ជេរប្រទេចផ្តាសា បៀតបៀនដោយសំដីទ្រគោះ ជារបស់អសប្បុរសថា ពួកសមណៈជាសក្យបុត្តិយ៍នេះ ជាបុគ្គលមិនអៀនខ្មាស ទ្រុស្តសីល មានធម៌លាមក ពោលពាក្យកុហក ប្រព្រឹត្តធម៌មិនប្រសើរ ពួកសមណៈទាំងនេះ មិនគួរបើមកប្តេជ្ញាខ្លួនថា ជាអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ប្រព្រឹត្តធម៌ប្រសើរពោលពាក្យពិត មានសីល មានកល្យាណធម៌សោះ ភាពជាសមណៈ គឺជាអ្នករម្ងាប់បាបមិនមានដល់សមណៈទាំងនេះ ភាពជាអ្នកប្រសើរ គឺជាអ្នកបន្សាត់បាប មិនមានដល់សមណៈទាំងនេះ ភាពជាសមណៈ របស់សមណៈទាំងនេះ សាបសូន្យហើយ ភាពជាអ្នកប្រសើររបស់សមណៈទាំងនេះ សាបសូន្យហើយ ភាពជាសមណៈ នឹងមានដល់សមណៈទាំងនេះ អំពីហេតុដូចម្តេច ភាពជាអ្នកប្រសើរ នឹងមានដល់សមណៈទាំងនេះ អំពីហេតុដូចម្តេច សមណៈទាំងនេះ ប្រាសចាកភាពជាសមណៈហើយ សមណៈទាំងនេះ ប្រាសចាកភាពជាអ្នកប្រសើរហើយ ។ មិនគួរបើបុរសនឹងធ្វើកិច្ចរបស់បុរស (មេថុនកិច្ច) ហើយមកធ្វើស្រីឲ្យដាច់ចាកជីវិតសោះ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សំឡេង (ពោលទោស) នុ៎ះ នឹងមិនឋិតនៅយូរឡើយ ឋិតនៅបានតែត្រឹម ៧ ថ្ងៃប៉ុណ្ណោះ លុះកន្លងហួស ៧ ថ្ងៃហើយ គង់នឹងបាត់ទៅវិញ ។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ពួកមនុស្សណា បានឃើញពួកភិក្ខុហើយ ជេរ ប្រទេចផ្តាសា បៀតបៀនដោយសំដីទ្រគោះ ជារបស់អសប្បុរស អ្នកទាំងឡាយ ចូររំលឹកពួកមនុស្សទាំងនោះ ដោយគាថានេះថា ៖

អ្នកនិយាយកុហក ឬអ្នកណាធ្វើហើយ និយាយថា ខ្ញុំមិនធ្វើទេ រមែងចូលទៅកាន់នរក បុគ្គលទាំងពីរនោះ ជាអ្នកកើតអំពីមនុស្សមានកម្មដ៏ថោកទាប លះលោកនេះទៅហើយ ជាអ្នកស្មើគ្នា ក្នុងលោកខាងមុខ ។

[១០៦] លំដាប់នោះ ភិក្ខុទាំងនោះ បានរៀនគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគ ពួកមនុស្សណា ដែលបានឃើញពួកភិក្ខុ ហើយជេរប្រទេចផ្តាសា បៀតបៀន ដោយសំដីទ្រគោះ ជារបស់អសប្បុរស ក៏រំលឹកមនុស្សទាំងនោះ ដោយគាថានេះថា ៖

បុគ្គលអ្នកនិយាយកុហក ឬអ្នកណាធ្វើហើយ និយាយថា ខ្ញុំមិនធ្វើទេ រមែងចូលទៅកាន់នរក បុគ្គលទាំងពីរពួកនោះ ជាអ្នកកើតអំពីមនុស្ស អ្នកមានកម្មដ៏ថោកទាប លុះលះលោកនេះទៅហើយ ជាអ្នកស្មើគ្នា ក្នុងលោកខាងមុខ ។

[១០៧] មនុស្សទាំងឡាយ ក៏មានសេចក្តីត្រិះរិះថា ពួកសមណៈជាសក្យបុត្តិយ៍នេះ ជាអ្នកមិនធ្វើទេ អំពើអាក្រក់ សមណៈទាំងនេះ មិនបានធ្វើទេ ពួកសមណៈនេះ ជាសក្យបុត្តិយ៍ ។ សំឡេងនោះ មិនបានឋិតនៅយូរឡើយ សំឡេងនុ៎ះ ឋិតនៅបានតែត្រឹម ៧ ថ្ងៃប៉ុណ្ណោះ លុះកន្លង ៧ ថ្ងៃហើយ ក៏សាបសូន្យទៅ ។ គ្រានោះ ពួកភិក្ខុច្រើនរូប បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចម្រើន ចម្លែកណាស់ បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះ ប្រាកដមែនថា ម្នាលភិក្ខុទាំងឡាយ សំឡេងនុ៎ះ នឹងមិនឋិតនៅយូរឡើយ លុះកន្លង ៧ថ្ងៃហើយ នឹងសាបសូន្យទៅ បពិត្រព្រះអង្គដ៏ចម្រើន សំឡេងនោះ សូន្យបាត់ទៅហើយ ។ លុះព្រះមានព្រះភាគ ទ្រង់បានជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

ពួកជនអ្នកមិនសង្រួម តែងចាក់ដោតគេដោយវាចា ដូចជា (ទាហានតទល់) កាលចាក់ដំរី ដែលទៅកាន់សង្រ្គាម ដោយសរទាំងឡាយ ភិក្ខុបានឮពាក្យអាក្រក់ ដែលពួកជនដទៃពោលហើយ ជាអ្នកមានចិត្តមិនប្រទូស្ត ហើយគប្បីអត់ទ្រាំបាន ។

ចប់ សូត្រ ទី៨ ។

៩. ឧបសេនសូត្រកែប្រែ

[១០៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន កលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ គ្រានោះឯង ព្រះឧបសេនវង្គន្តបុត្តដ៏មានអាយុ ទៅក្នុងទីស្ងាត់ ហើយសម្ងំនៅ មានចិត្តត្រិះរិះកើតឡើងយ៉ាងនេះថា ឱហ្ន៎ អញពេញជាមានលាភ ឱហ្ន៎ អញពេញជាបានល្អ (ព្រោះ) ព្រះមានព្រះភាគ ជាគ្រូអញ ព្រះអង្គជាព្រះអរហន្តសម្មាសម្ពុទ្ធផង អញក៏បានចេញចាកផ្ទះចូលទៅកាន់ផ្នួស ក្នុងធម្មវិន័យដែលព្រះមានព្រះភាគ ត្រាស់ទុកដោយប្រពៃផង ពួកសព្រហ្មចារីរបស់អញ ជាអ្នកមានសីល មានកល្យាណធម៌ផង អញជាអ្នកធ្វើឲ្យពេញលេញ ក្នុងសីលទាំងឡាយផង អ្នកមានចិត្តតាំងមាំល្អ មានចិត្តមូលនឹង ក្នុងអារម្មណ៍តែមួយផង ជាអរហន្តខីណាស្រពផង អ្នកមានឫទ្ធិច្រើន មានអានុភាពច្រើនផង រស់នៅក៏ចម្រើន ស្លាប់ក៏ចម្រើន ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីត្រិះរិះក្នុងចិត្ត របស់ព្រះឧបសេនវង្គន្តបុត្តដ៏មានអាយុ ដោយព្រះទ័យរបស់ព្រះអង្គហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

ជីវិតរបស់បុគ្គលណា មិនក្តៅក្រហាយ បុគ្គលនោះ រមែងមិនសោកក្នុងកាលជិតស្លាប់ ប្រសិនបើអ្នកប្រាជ្ញនោះឯង បានឃើញបទ គឺព្រះនិព្វាន រមែងមិនសោក ក្នុងកណ្តាលពួកអ្នកសោកឡើយ ។ ភិក្ខុបានគាស់រំលើងតណ្ហាក្នុងភព មានចិត្តស្ងប់ មានជាតិសំសារអស់ហើយ ភពថ្មីទៀតមិនមានដល់ភិក្ខុហើយ ។

ចប់ សូត្រ ទី៩ ។

១០. សារិបុត្តឧបសមសូត្រកែប្រែ

[១០៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះសារីបុត្តដ៏មានអាយុ អង្គុយផ្គត់ភ្នែន តម្រង់កាយត្រង់ ពិចារណាការស្ងប់រម្ងាប់របស់ខ្លួន ក្នុងទីជិតនៃព្រះមានព្រះភាគ ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញព្រះសារីបុត្តដ៏មានអាយុ អង្គុយផ្គត់ភ្នែន តម្រង់កាយត្រង់ ពិចារណាការស្ងប់រម្ងាប់របស់ខ្លួន ក្នុងទីជិតព្រះអង្គ ។ លុះព្រះមានព្រះភាគ ទ្រង់បានជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

ភិក្ខុអ្នកមានចិត្តស្ងប់រម្ងាប់ បានកាត់ផ្តាច់តណ្ហាសម្រាប់នាំទៅ (កាន់ភព) មានជាតិសំសារអស់ហើយ ភិក្ខុនោះ បានផុតហើយចាកចំណងនៃមារ ។

ចប់ សូត្រ ទី១០ ។

ចប់ មេឃិយវគ្គ ទី៤ ។

ឧទ្ទាននៃមេឃិយវគ្គនោះគឺ​ ៖

- និយាយអំពីរឿងព្រះមេឃិយៈ

- ពួកភិក្ខុដែលមានចិត្តអណ្តែតអណ្តូង

- នាយគោបាល

- ព្រះសារីបុត្តអង្គុយក្នុងទីវាល ក្នុងរាត្រីខាងខ្នើត

- ពុទ្ធនាគ និងហត្ថីនាគ

- ជាគម្រប់ប្រាំ ព្រះបិណ្ឌោលភារទ្វាជៈ

- ព្រះសារីបុត្ត

- នាងបរិព្វាជិកា ឈ្មោះសុន្ទរី

- ជាគម្រប់ប្រាំបី ព្រះឧបសេនវង្គន្តបុត្ត

- ព្រះសារីបុត្ត

រួមទាំងអស់នោះត្រូវជា ១០ ។

៥. សោណត្ថេរវគ្គកែប្រែ

១. បិយតរសូត្រកែប្រែ

[១១០] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះ ព្រះបាទបសេនទិកោសល គង់នៅខាងលើប្រាសាទដ៏ប្រសើរ ជាមួយនឹងព្រះនាងមល្លិកាទេវី ។ គ្រានោះ ព្រះរាជាបសេនទិកោសល ទ្រង់សួរព្រះនាងមល្លិកាទេវីថា ម្នាលនាងមល្លិកា ចុះបុគ្គលដទៃណាមួយ ជាទីស្រឡាញ់ ជាងខ្លួននៃនាងមានដែរឬ ។ បពិត្រមហារាជ បុគ្គលដទៃណាមួយ ជាទីស្រឡាញ់ ជាងខ្លួនរបស់ខ្ញុំម្ចាស់ មិនមានទេ បពិត្រមហារាជ ចុះបុគ្គលដទៃណាមួយ ជាទីស្រឡាញ់ជាងខ្លួនព្រះអង្គ មានដែរឬ ។ ម្នាលនាងមល្លិកា បុគ្គលដទៃណាមួយ ជាទីស្រឡាញ់ជាងខ្លួននៃយើង មិនមានទេ ។ លំដាប់នោះ ព្រះរាជាបសេទិកោសល ទ្រង់យាងចុះអំពីប្រាសាទហើយ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់ក្នុងទីសមគួរ ។ លុះព្រះរាជាបសេនទិកោសល គង់ក្នុងទីសមគួរហើយ ក៏ដំណាលសេចក្តីនេះ ទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន អម្បាញ់មិញនេះ ខ្ញុំព្រះអង្គនៅខាងលើប្រាសាទដ៏ប្រសើរ ជាមួយនឹងនាងមល្លិកាទេវី ហើយសួរនាងមល្លិកាទេវីថា ម្នាលនាងមល្លិកា ចុះបុគ្គលដទៃណាមួយ ជាទីស្រឡាញ់ជាងខ្លួននៃនាង មានដែរឬ លុះខ្ញុំព្រះអង្គ សួរយ៉ាងនេះហើយ ទើបនាងមល្លិកាទេវីតបថា បពិត្រមហារាជ បុគ្គលដទៃណាមួយ ជាទីស្រឡាញ់ជាងខ្លួនខ្ញុំម្ចាស់ មិនមានទេ បពិត្រមហារាជ បុគ្គលដទៃណាមួយ ជាទីស្រឡាញ់ ជាងខ្លួនព្រះអង្គ មានដែរឬ បពិត្រព្រះអង្គដ៏ចម្រើន លុះនាងមល្លិកាទេវី សួរយ៉ាងនេះរួចហើយ ខ្ញុំព្រះអង្គឆ្លើយនឹងនាងមល្លិកាទេវីថា ម្នាលនាងមល្លិកា បុគ្គលដទៃណាមួយ ជាទីស្រឡាញ់ជាងខ្លួននៃយើង មិនមានទេ ។ គ្រានោះ ព្រះមានព្រះភាគ ជ្រាបសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

បុគ្គលមានចិត្តរំពឹងរកគ្រប់ទិស ក៏មិនបានបុគ្គលជាទីស្រលាញ់ជាងខ្លួន ក្នុងទីណាឡើយ ចំណែកខ្លួននោះ ទើបជាទីស្រឡាញ់ច្រើនជាងបុគ្គលដទៃ យ៉ាងនេះ ព្រោះហេតុនោះ បុគ្គលអ្នកស្រលាញ់ខ្លួន មិនត្រូវបៀតបៀនបុគ្គលដទៃឡើយ ។

ចប់ សូត្រ ទី១ ។

២. អប្បាយុកសូត្រកែប្រែ

[១១១] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ អង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចម្រើន ចម្លែកណាស់ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថា ព្រះមាតារបស់ព្រះមានព្រះភាគ មានព្រះជន្មាយុតិចណាស់ កាលព្រះមានព្រះភាគ ប្រសូតបាន ៧ ថ្ងៃ ព្រះមាតារបស់ព្រះអង្គ ទ្រង់សោយព្រះវិលាល័យ ទៅកើតក្នុងទេវនិកាយ ឯស្ថានតុសិត ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ ដំណើរនុ៎ះ មែនហើយ ម្នាលអានន្ទ ដំណើរនុ៎ះមែនហើយ ម្នាលអានន្ទ ព្រោះថា ព្រះមាតារបស់ពោធិសត្វទាំងឡាយ តែងមានព្រះជន្មាយុតិច កាលព្រះពោធិសត្វទាំងឡាយ ទ្រង់ប្រសូតបាន ៧ ថ្ងៃ ព្រះមាតារបស់ពោធិសត្វទាំងឡាយ ក៏សោយព្រះវិលាល័យ ហើយទៅកើតក្នុងទេវនិកាយ ឯស្ថានតុសិត (ជាធម្មតា) ។ គ្រានោះ ព្រះមានព្រះភាគ ជ្រាបសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

ពួកសត្វណាមួយ ដែលកើតហើយក្តី នឹងកើត (ក្នុងអនាគត) ក្តី ពួកសត្វទាំងអស់នោះ នឹងលះបង់នូវរាងកាយ ទៅកាន់ (បរលោក) ដូចគ្នា បណ្ឌិតអ្នកឈ្លាស ដឹងច្បាស់សេចក្តីសាបសូន្យ ទាំងអស់នោះហើយ គួរជាអ្នកមានព្យាយាម ប្រព្រឹត្តព្រហ្មចរិយធម៌ ។

ចប់ សូត្រ ទី២ ។

៣. សុប្បពុទ្ធកុដ្ឋិសូត្រកែប្រែ

[១១២] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ សម័យនោះឯង មនុស្សឃ្លង់ម្នាក់ ជាមនុស្សកំសត់ មនុស្សកំព្រា មនុស្សថោកទាប ឈ្មោះសុប្បពុទ្ធ នៅក្នុងក្រុងរាជគ្រឹះ ។ សម័យនោះឯង ព្រះមានព្រះភាគ មានបរិស័ទច្រើន គាល់ជុំវិញ កំពុងសំដែងធម៌ ។ សុប្បពុទ្ធកុដ្ឋិ បានឃើញអំពីចម្ងាយ នូវពួកមហាជនប្រជុំគ្នា លុះឃើញហើយ គាត់មានសេចក្តីត្រិះរិះថា គេនឹងចែកខាទនីយៈ ឬភោជនីយាហារណាមួយ ក្នុងទីនេះ ដោយឥតសង្ស័យ បើដូច្នោះ អញនឹងចូលទៅរកពួកមហាជន ដោយគិតថា ធ្វើម្តេចទៅហ្ន៎ អញនឹងបានខាទនីយៈ ឬភោជនីយាហារណាមួយ ក្នុងទីនុ៎ះ ។ លំដាប់នោះ សុប្បពុទ្ធកុដ្ឋិ ចូលសំដៅទៅរកពួកមហាជន សុប្បពុទ្ធកុដ្ឋិ បានឃើញព្រះមានព្រះភាគ ដែលបរិស័ទជាច្រើន គាល់ជុំវិញ កំពុងគង់សំដែងធម៌ លុះឃើញហើយ គាត់ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា ឱហ្ន៎ គេមិនចែកខាទនីឃៈ ឬភោជនីយាហារណាមួយ ក្នុងទីនេះទេ ព្រះសមណៈគោតមនេះ ទ្រង់សំដែងធម៌ ក្នុងកណ្តាលបរិស័ទ បើដូច្នោះ គួរតែអាត្មាអញស្តាប់ធម៌ដែរ គាត់ក៏អង្គុយក្នុងទីសមគួរក្នុងទីនោះ គិតថា អាត្មាអញ នឹងស្តាប់ធម៌ដែរ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ធ្វើទុកក្នុងព្រះទ័យ កំណត់ចិត្តបរិស័ទទាំងអស់ ដោយព្រះហឫទ័យថា នរណាហ្ន៎ គួរត្រាស់ដឹងធម៌ក្នុងទីនេះបាន ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញសុប្បពុទ្ធកុដ្ឋិ ដែលអង្គុយក្នុងបរិស័ទនោះ លុះទ្រង់ឃើញហើយ ព្រះមានព្រះភាគ ត្រិះរិះថា សុប្បពុទ្ធកុដ្ឋិនេះឯង គួរដើម្បីដឹងធម៌បានក្នុងទីនេះ ទើបទ្រង់សំដែងអនុបុព្វីកថា ប្រារព្ធសុប្បពុទ្ធកុដ្ឋិ គឺទ្រង់ប្រកាសទានកថា សីលកថា សគ្គកថា ទោសដ៏លាមកសៅហ្មងនៃកាមគុណ និងអានិសង្សក្នុងការចេញបួស ។ ព្រះមានព្រះភាគ បានជ្រាបថា សុប្បពុទ្ធកុដ្ឋិ មានចិត្តស្រួល មានចិត្តទន់ មានចិត្តប្រាសចាកនីវរណៈ មានចិត្តខ្ពស់ឡើង មានចិត្តជ្រះថ្លាក្នុងកាលណាហើយ ទ្រង់ប្រកាសធម៌ទេសនា ដែលព្រះពុទ្ធទាំងឡាយ ទ្រង់លើកឡើងសំដែងព្រះអង្គឯង គឺសំដែងទុក្ខសមុទយ និរោធ និងមគ្គ ក្នុងកាលនោះ ។ ធម្មចក្ខុ ប្រាសចាកធូលី ប្រាសចាកមន្ទិល កើតឡើងដល់សុប្បពុទ្ធកុដ្ឋិ ក្នុងទីអង្គុយនោះថា ធម្មជាតិណាមួយ ដែលកើតឡើងជាធម្មតា ធម្មជាតិទាំងអស់នោះ តែងរលត់ទៅវិញជាធម្មតាដូច្នេះ ដូចសំពត់សស្អាត ប្រាសចាកពណ៌ខ្មៅ គួរទទួលគ្រឿងជ្រលក់បានដោយប្រពៃ យ៉ាងដូច្នោះឯង ។

[១១៣] គ្រានោះ សុប្បពុទ្ធកុដ្ឋិ ឃើញធម៌ហើយ បានធម៌ហើយ ដឹងធម៌ហើយ ចុះកាន់ធម៌ស៊ប់ហើយ ឆ្លងសេចក្តីសង្ស័យ ប្រាសចាកសេចក្តីងឿងឆ្ងល់ ដល់នូវភាពក្លៀវក្លា មិនជឿបុគ្គលដទៃ ក្នុងសាសនា នៃព្រះសាស្តា ហើយក្រោកចាកទីអង្គុយ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះសុប្បពុទ្ធកុដ្ឋិ អង្គុយក្នុងទីសមគួរហើយ សរសើរព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ច្បាស់ណាស់ បពិត្រព្រះអង្គដ៏ចម្រើន ច្បាស់ណាស់ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទេសនាដែលព្រះមានព្រះភាគ សំដែងហើយ ដោយអនេកបរិយាយ ដូចបុរសផ្ងាររបស់ដែលផ្កាប់ ឬបើករបស់ដែលបិទបាំង ពុំនោះ ដូចគេប្រាប់ផ្លូវដល់អ្នកវង្វេង ពុំនោះ ដូចគេទ្រោលប្រទីបប្រេងក្នុងទីងងឹត ដោយគិតថា ពួកអ្នកមានភ្នែកឃើញរូបទាំងឡាយ ដូច្នោះឯង បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនុ៎ះ សូមដល់ព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង សូមព្រះមានព្រះភាគ ចាំទុកខ្ញុំព្រះអង្គ ថាជាឧបាសក ដល់សរណៈស្មើដោយជីវិត តាំងពីថ្ងៃនេះរៀងទៅ ។ គ្រានោះ សុប្បពុទ្ធកុដ្ឋិ ដែលព្រះមានព្រះភាគ ទ្រង់ពន្យល់ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ត្រេកអររីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគ ទើបក្រោកចាកទីអង្គុយ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ ចៀសចេញទៅ ។ គ្រានោះ មេគោមានកូនខ្ចី មកបុះសុប្បពុទ្ធកុដ្ឋិ ដែលទើបនឹងចេញទៅមិនយូរប៉ុន្មាន ឲ្យដាច់ចាកជីវិត ។ គ្រានោះ ភិក្ខុច្រើនរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ អង្គុយក្នុងទីសមគួរ ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ទូលសួរព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន សុប្បពុទ្ធកុដ្ឋិ ដែលព្រះមានព្រះភាគទ្រង់ពន្យល់ឲ្យកាន់យក ឲ្យអង់អាច ឲ្យរីករាយដោយធម្មីកថា (ឥឡូវនេះ) សុប្បពុទ្ធកុដ្ឋិនោះស្លាប់ហើយ គតិរបស់គាត់ តើដូចម្តេច បរលោករបស់គាត់ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សុប្បពុទ្ធកុដ្ឋិ ជាបណ្ឌិត បានដឹងធម៌សមគួរតាមធម៌ហើយ មិនបៀតបៀនតថាគត ព្រោះហេតុនៃការសំដែងធម៌ទៀតទេ ម្នាលភិក្ខុទាំងឡាយ សុប្បពុទ្ធកុដ្ឋិ ជាសោតាបន្នបុគ្គល មានសណ្តាប់ឆ្នាប់មិនធ្លាក់ចុះ មានគតិទៀងទាត់ មានសម្ពោធិធម៌ប្រព្រឹត្តទៅខាងមុខ ព្រោះអស់ទៅនៃសញ្ញោជនធម៌ ៣ ប្រការ ។

[១១៤] កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះ ភិក្ខុ ១ រូប ទូលសួរព្រះមានព្រះភាគទៀតថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យសុប្បពុទ្ធកុដ្ឋិ ជាមនុស្សកំសត់ ជាមនុស្សកំព្រា ជាមនុស្សថោកទាប ។ ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ សុប្បពុទ្ធកុដ្ឋិ កើតជាសេដ្ឋីបុត្រ ក្នុងក្រុងរាជគ្រឹះនេះឯង សេដ្ឋីបុត្រនោះ ចេញទៅកាន់ឧទ្យានភូមិ បានឃើញព្រះតគរសិខីបច្ចេកពុទ្ធ ដែលកំពុងត្រាច់ទៅបិណ្ឌបាតក្នុងក្រុង លុះឃើញហើយ ទើបសេដ្ឋីបុត្រនោះគិតថា សមណៈគំលង់នេះ ដើរធ្វើអ្វី ហើយស្តោះទឹកមាត់ ធ្វើដោយអាការពេបជ្រាយ ហើយចៀសចេញទៅ ។ ដោយផលនៃកម្មនោះ សេដ្ឋីបុត្រនោះ ក៏ទៅឆេះនៅក្នុងនរក អស់ឆ្នាំជាច្រើន គឺអស់រយនៃឆ្នាំជាច្រើន អស់ពាន់នៃឆ្នាំ និងសែននៃឆ្នាំជាច្រើន ដោយសំណល់នៃផលកម្មនោះ ទើបគាត់កើតមកជាមនុស្សកំសត់ មនុស្សកំព្រា មនុស្សថោកទាប ក្នុងក្រុងរាជគ្រឹះនេះឯង សុប្បពុទ្ធកុដ្ឋិនោះ បានអាស្រ័យធម្មវិន័យ ដែលព្រះតថាគតសំដែងហើយ កាន់យកសទ្ធាដោយប្រពៃ កាន់យកសីលដោយប្រពៃ កាន់យកសុតៈដោយប្រពៃ កាន់យកចាគៈដោយប្រពៃ កាន់យកបញ្ញាដោយប្រពៃ សុប្បពុទ្ធកុដ្ឋិនោះ លុះអាស្រ័យធម្មវិន័យ ដែលតថាគតសំដែងហើយ ក៏កាន់យកសទ្ធាដោយប្រពៃ កាន់យកសីល ដោយប្រពៃ កាន់យកសុតៈដោយប្រពៃ កាន់យកចាគៈដោយប្រពៃ កាន់យកបញ្ញា ដោយប្រពៃ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតឯសុគតិសួគ៌ ទេវលោក ជាមួយនឹងពួកទេវតាជាន់តាវត្តិង្ស ទេវបុត្តនោះ ក៏រុងរឿង កន្លងលើសពួកទេវតាឯទៀត ក្នុងទីនោះ ដោយពណ៌សម្បុរផង ដោយយសបរិវារផង ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជា្របសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

បណ្ឌិតគប្បីវៀរស្រឡះកម្មដ៏លាមក ក្នុងជីវលោកចេញ ដូចបុរសមានចក្ខុ វៀរស្រឡះទីមិនស្មើ ក្នុងកាលដែលដើរទៅ ។

ចប់ សូត្រ ទី៣ ។

៤. កុមារកសូត្រកែប្រែ

[១១៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ពួកកុមារច្រើន កំពុងចាប់ត្រី ក្នុងចន្លោះក្រុងសាវត្ថី និងវត្តជេតពន ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ ចីវរក្នុងវេលាព្រឹក ហើយចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញនូវពួកកុមារច្រើននាក់ទាំងនោះ កំពុងចាប់ត្រី ក្នុងចន្លោះក្រុងសាវត្ថី និងវត្តជេតពន លុះឃើញហើយ ទើបទ្រង់ឆៀងចូលទៅរកពួកកុមារទាំងនោះ លុះចូលទៅដល់ហើយ ទ្រង់សួរពួកកុមារទាំងនោះថា ម្នាលកុមារទាំងឡាយ អ្នកទាំងឡាយ ខ្លាចសេចក្តីទុក្ខឬ សេចក្តីទុក្ខ មិនជាទីស្រឡាញ់របស់អ្នកទាំងឡាយទេឬ ។ ព្រះករុណា ព្រះអង្គ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងឡាយ ខ្លាចសេចក្តីទុក្ខដែរ សេចក្តីទុក្ខ មិនជាទីស្រឡាញ់ របស់ខ្ញុំព្រះអង្គទាំងឡាយទេ ។ ព្រះមានព្រះភាគ ទ្រង់ជ្រាបសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានេះថា ៖

បើអ្នកទាំងឡាយ ខ្លាចសេចក្តីទុក្ខ បើសេចក្តីទុក្ខ មិនជាទីស្រឡាញ់របស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ កុំធ្វើបាបកម្ម ក្នុងទីវាល ឬក្នុងទីកំបាំងឡើយ ប្រសិនបើអ្នកទាំងឡាយនឹងធ្វើ ឬកំពុងធ្វើបាបកម្ម សូម្បីអ្នកទាំងឡាយ គេចរត់ទៅ ក៏មិនរួចចាកទុក្ខឡើយ ។

ចប់ សូត្រ ទី៤ ។

៥. ឧបោសថសូត្រកែប្រែ

[១១៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទមិគារមាតា ក្នុងបុព្វារាម ទៀបក្រុងសាវត្ថី ។ សម័យនោះឯង នាថ្ងៃឧបោសថនោះ ព្រះមានព្រះភាគ មានភិក្ខុសង្ឃចោមរោម ទ្រង់គង់ក្នុងរោងឧបោសថនោះ ។ លុះវេលារាត្រីបឋមយាមកន្លងទៅហើយ ព្រះអានន្ទដ៏មានអាយុ ក្រោកចាកអាសនៈ ធ្វើចីវរ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ចំពោះព្រះមានព្រះភាគ ហើយក្រាបបង្គំ ទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន វេលារាត្រីបឋមយាម កន្លងហើយ ភិក្ខុសង្ឃអង្គុយចាំយូរហើយ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ទ្រង់សំដែងបាតិមោក្ខដល់ពួកភិក្ខុ ។ កាលព្រះអានន្ទ ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ក៏គង់ស្ងៀម ។ កាលរាត្រីមជ្ឈិមយាមកន្លងហើយ ព្រះអានន្ទដ៏មានអាយុ ក៏ក្រោកចាកអាសនៈ ធ្វើចីវរឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ចំពោះព្រះមានព្រះភាគ ហើយក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ អស់វារៈពីរដងទៀតថា បពិត្រព្រះអង្គដ៏ចម្រើន វេលារាត្រីមជ្ឈិមយាមកន្លងហើយ ភិក្ខុសង្ឃអង្គុយចាំយូរហើយ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ សំដែងបាតិមោក្ខដល់ពួកភិក្ខុទាំងឡាយ ។ ព្រះមានព្រះភាគ ក៏ទ្រង់គង់ស្ងៀម អស់វារៈពីរដង ។ លុះវេលារាត្រីបច្ឆិមយាម កន្លងហើយ រាត្រីក៏ប្រាកដដូចជាមានមុខស្រស់ ក្នុងវេលាដែលអរុណរះឡើង ព្រះអានន្ទដ៏មានអាយុ ក៏ក្រោកចាកអាសនៈ ធ្វើចីវរឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ចំពោះព្រះមានព្រះភាគ ហើយក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ ជាគម្រប់បីដងទៀតថា បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ រាត្រីបច្ឆិមយាមកន្លងហើយ អរុណរះហើយ រាត្រីក៏ប្រាកដដូចមានមុខស្រស់ហើយ ភិក្ខុសង្ឃអង្គុយរង់ចាំយូរហើយ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ សំដែងបាតិមោក្ខដល់ពួកភិក្ខុ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលអានន្ទ បរិស័ទមិនបរិសុទ្ធទេ ។ គ្រានោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ ត្រិះរិះថា ព្រះមានព្រះភាគ ទ្រង់សំដៅបុគ្គលណាហ្ន៎ បានជាទ្រង់ត្រាស់ថា ម្នាលអានន្ទ បរិស័ទមិនបរិសុទ្ធយ៉ាងនេះ ។ ទើបព្រះមហាមោគ្គល្លានដ៏មានអាយុ ស្ទង់មើលចិត្ត ដោយចិត្តរបស់លោក ហើយធ្វើទុកក្នុងចិត្ត ចំពោះភិក្ខុសង្ឃទាំងអស់ ។ លុះព្រះមហាមោគ្គល្លានដ៏មានអាយុ បានឃើញបុគ្គលទ្រុស្តសីលនោះ មានធម៌លាមក មានមារយាទមិនល្អ គួរឲ្យរង្កៀស មានអំពើអាក្រក់បិទបាំងទុក មិនមែនជាសមណៈ តែប្តេជ្ញាថា ខ្លួនជាសមណៈ មិនប្រព្រឹត្តធម៌ដ៏ប្រសើរ តែប្តេជា្ញថា ខ្លួនជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ស្អុយខាងក្នុង មានចិត្តជោកដោយរាគៈ កខ្វក់ដូចសម្រាម អង្គុយក្នុងកណ្តាលភិក្ខុសង្ឃ លុះឃើញហើយ ក្រោកចាកអាសនៈ ចូលទៅរកបុគ្គលនោះ លុះចូលទៅដល់ហើយ ក៏និយាយនឹង បុគ្គលនោះថា នែអាវុសោ អ្នកចូរក្រោកចេញ ដ្បិតព្រះមានព្រះភាគ ទ្រង់ឃើញអ្នកហើយ អ្នកលែងបាននៅរួមជាមួយនឹងពួកភិក្ខុហើយ ។ លំដាប់នោះ បុគ្គលនោះក៏នៅស្ងៀម ។ ព្រះមហាមោគ្គល្លានដ៏មានអាយុនោះ បាននិយាយនឹងបុគ្គលនោះ ជាគម្រប់ពីរដងថា នែអាវុសោ អ្នកចូរក្រោកចេញ ដ្បិតព្រះមានព្រះភាគ ទ្រង់ឃើញអ្នកហើយ អ្នកលែងបាននៅរួមជាមួយនឹងពួកភិក្ខុហើយ ។ បុគ្គលនោះ នៅស្ងៀមអស់វារៈពីរដងទៀត ។ ព្រះមហាមោគ្គលា្លនដ៏មានអាយុ បាននិយាយនឹងបុគ្គលនោះ ជាគម្រប់បីដងថា នែអាវុសោ អ្នកចូរក្រោកចេញ ដ្បិតព្រះមានព្រះភាគ ទ្រង់ឃើញអ្នកហើយ អ្នកលែងបាននៅរួមជាមួយនឹងពួកភិក្ខុហើយ ។ បុគ្គលនោះ ក៏នៅស្ងៀមអស់វារៈជាគម្រប់បីដង ។ តពីនោះមក ព្រះមហាមោគ្គលា្លនដ៏មានអាយុ ចាប់ដើមដៃបុគ្គលនោះ ទាញចេញទៅខាងក្រៅស៊ុំទ្វារ ហើយស៊កខ្ទាស់គន្លឹស និងរនុកទ្វារ រួចចូលមករកព្រះមានព្រះភាគវិញ លុះចូលទៅដល់ហើយ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន បុគ្គលនោះ ខ្ញុំព្រះអង្គបានបណ្តេញឲ្យចេញទៅហើយ ឥឡូវនេះ បរិស័ទបរិសុទ្ធហើយ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ទ្រង់សំដែងបាតិមោក្ខ ដល់ពួកភិក្ខុឲ្យទាន ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលមោគ្គល្លាន គួរអស្ចារ្យណាស់ ម្នាលមោគ្គល្លាន ចម្លែកណាស់ មោឃបុរសនោះ មិនសមបើនឹងក្រាញនៅបង្អង់ ទាល់តែគេចាប់ទាញដៃសោះ ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ តថាគតនឹងឈប់ធ្វើឧបោសថ សំដែងបាតិមោក្ខ អំពីកាលនេះ ម្នាលភិក្ខុទាំងឡាយ លំដាប់អំពីនេះ អ្នកទាំងឡាយ ធ្វើឧបោសថ សំដែងបាតិមោក្ខចុះ ។ ម្នាលភិក្ខុទាំងឡាយ តថាគត ធ្វើឧបោសថ សំដែងបាតិមោក្ខ ដល់បរិស័ទដែលមិនបរិសុទ្ធ ដោយហេតុណា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ។

[១១៧] ម្នាលភិក្ខុទាំងឡាយ ក្នុងមហាសមុទ្រ មានធម្មតាដែលអស្ចារ្យ កើតចម្លែក ៨ យ៉ាងនេះ ដែលពួកអសុរឃើញហើយ រីករាយ ក្នុងមហាសមុទ្រ ។ ធម្មតាអស្ចារ្យ ៨ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រមានទំនាបដោយលំដាប់ មានទីជម្រាលដោយលំដាប់ មានទីទេរដោយលំដាប់ មិនមែនចោតជ្រៅស្រឡូងទៅតែម្តង ដូចជាអណ្តូងទេ ម្នាលភិក្ខុទាំងឡាយ ឯមហាសមុទ្រ ដែលមានទំនាបដោយលំដាប់ មានទីជម្រាលដោយលំដាប់ មានទីទេរដោយលំដាប់ មិនមែនចោតជ្រៅស្រឡូងទៅតែម្តង ដូចជាអណ្តូងដោយធម្មតាណា ម្នាលភិក្ខុទាំងឡាយ នេះជាធម្មតា អស្ចារ្យ កើតចម្លែក ទី១ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ តែងរីករាយ ក្នុងមហាសមុទ្រ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត មហាសមុទ្រមានទឹកតាំងនៅនឹងជាធម្មតា មិនដែលឡើង ឬជោរហួសច្រាំងទៅបានទេ ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ ដែលមានទឹកតាំងនៅនឹងជាធម្មតា មិនដែលឡើង ឬជោរហួសច្រាំងទៅបាន ដោយធម្មតាណា ម្នាលភិក្ខុទាំងឡាយ នេះជាធម្មតា អស្ចារ្យ កើតចម្លែក ទី២ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ តែងរីករាយ ក្នុងមហាសមុទ្រ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត មហាសមុទ្រ មិនដែលមានសាកសពស្លាប់នៅរួមបានទេ បើសាកសពស្លាប់ណា មានក្នុងមហាសមុទ្រ រលកតែងបន្សាត់សាកសពស្លាប់នោះ ទៅរកច្រាំង ផាត់ឡើងទៅលើគោកមួយរំពេច ម្នាលភិក្ខុទាំងឡាយ ឯមហាសមុទ្រ មិនដែលមានសាកសពស្លាប់នៅរួមបាន បើសាកសពស្លាប់ណា មានក្នុងមហាសមុទ្រ រលកតែងបន្សាត់សាកសពស្លាប់នោះ ទៅរកច្រាំង ផាត់ឡើងទៅលើគោក មួយរំពេច ដោយធម្មតាណា ម្នាលភិក្ខុទាំងឡាយ នេះជាធម្មតា អស្ចារ្យ កើតចម្លែក ទី៣ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ តែងរីករាយ ក្នុងមហាសមុទ្រ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ទន្លេធំ ៗ ទាំងឡាយណាមួយ ដូចទន្លេគង្គា យមុនា អចិរវតី សរភូ មហី ទន្លេទាំងនោះ កាលបើហូរទៅដល់មហាសមុទ្រហើយ តែងលះបង់នាម និងគោត្រដើម (របស់ខ្លួន) ដល់នូវកិរិយារាប់បញ្ចូលថា មហាសមុទ្រតែម្យ៉ាង ។ ម្នាលភិក្ខុទាំងឡាយ ទន្លេធំ ៗ ទាំងឡាយណាមួយ ដូចជាទន្លេគង្គា យមុនា អចិរវតី សរភូ មហី ទន្លេទាំងនោះ កាលបើហូរទៅដល់មហាសមុទ្រហើយ តែងលះបង់នាម និងគោត្រ ដើម (របស់ខ្លួន) ដល់នូវកិរិយារាប់បញ្ចូលថា មហាសមុទ្រតែម្យ៉ាង ដោយធម្មតាណា ម្នាលភិក្ខុទាំងឡាយ នេះជាធម្មតា អស្ចារ្យ កើតចម្លែក ទី៤ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ តែងរីករាយ ក្នុងមហាសមុទ្រ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ទឹកទន្លេទាំងឡាយណាមួយក្នុងលោក ដែលហូរគគាច ទៅរកមហាសមុទ្រក្តី ធារទឹកភ្លៀងទាំងឡាយណា ដែលធ្លាក់ចុះមកចាកអាកាសក្តី មហាសមុទ្រ ក៏មិនប្រាកដជាស្រក ឬពេញ ដោយទឹកទន្លេ និងធារទឹកភ្លៀងនោះឡើយ ម្នាលភិក្ខុទាំងឡាយ ទឹកទន្លេទាំងឡាយណាមួយក្នុងលោក ដែលហូរទៅរកមហាសមុទ្រក្តី ធារទឹកភ្លៀងទាំងឡាយណា ដែលហូរធ្លាក់ចុះមកចាកអាកាសក្តី មហាសមុទ្រ ក៏មិនប្រាកដជាស្រក ឬពេញដោយទឹកទន្លេ និងធារទឹកភ្លៀងទាំងនោះ ដោយធម្មតាណា ម្នាលភិក្ខុទាំងឡាយ នេះជាធម្មតា អស្ចារ្យ កើតចម្លែក ទី៥ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ តែងរីករាយ ក្នុងមហាសមុទ្រ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត មហាសមុទ្រ មានរសតែមួយ គឺរសប្រៃ ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ មានរសតែមួយ គឺរសប្រៃ ដោយធម្មតាណា ម្នាលភិក្ខុទាំងឡាយ នេះជាធម្មតា អស្ចារ្យ កើតចម្លែក ទី៦ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ តែងរីករាយ ក្នុងមហាសមុទ្រ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត មហាសមុទ្រ មានរតនៈច្រើនយ៉ាង មិនមែនមានរតនៈតែម្យ៉ាងទេ ឯរតនៈទាំងនេះ ដែលមានក្នុងមហាសមុទ្រនោះ គឺកែវមុក្តា កែវមណី កែវពៃទូរ្យ ស័ង្ខ សិលា កែវប្រពាឡ ប្រាក់ មាស កែវក្រហម (ត្បូងទទឹម) និងកែវមរកដ ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ មានរតនៈច្រើនយ៉ាង មិនមែនមានរតនៈតែម្យ៉ាងទេ ឯរតនៈទាំងនេះ ដែលមាននៅក្នុងមហាសមុទ្រនោះគឺ កែវមុក្តា កែវមណី កែវពៃទូរ្យ ស័ង្ខ សិលា កែវប្រពាឡ ប្រាក់ មាស កែវក្រហម និងកែវមរកដ ដោយធម្មតាណា ម្នាលភិក្ខុទាំងឡាយ នេះជាធម្មតា អស្ចារ្យ ដែលកើតចម្លែក ទី៧ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ តែងរីករាយ ក្នុងមហាសមុទ្រ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត មហាសមុទ្រ ជាទីនៅអាស្រ័យនៃពួកសត្វធំៗ ជាច្រើន ពួកសត្វធំៗ ទាំងនេះ ក្នុងមហាសមុទ្រនោះគឺ ត្រីឈ្មោះតិមិ ឈ្មោះតិមិង្គល ឈ្មោះតិមិតិមិង្គល និងពួកអសុរ នាគ គន្ធព្វ ដែលមានអត្តភាព ១ រយយោជន៍ខ្លះ មានអត្តភាព ២ រយយោជន៍ខ្លះ មានអត្តភាព ៣ រយយោជន៍ខ្លះ មានអត្ថភាព ៤ រយយោជន៍ខ្លះ មានអត្តភាព ៥ រយយោជន៍ខ្លះ តែងនៅក្នុងមហាសមុទ្រ ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ ជាទីនៅអាស្រ័យនៃពួកសត្វធំ ៗ ជាច្រើន ពួកសត្វធំទាំងនេះ ក្នុងមហាសមុទ្រនោះ គឺត្រីឈ្មោះតិមិ ឈ្មោះតិមិង្គល ឈ្មោះតិមិតិមិង្គល និងពួកអសុរ នាគ គន្ធព្វ ដែលមានអត្តភាព ១ រយយោជន៍ខ្លះ មានអត្តភាព ២ រយយោជន៍ខ្លះ មានអត្តភាព ៣ រយយោជន៍ខ្លះ មានអត្តភាព ៤ រយយោជន៍ខ្លះ មានអត្តភាព ៥ រយយោជន៍ខ្លះ តែងនៅក្នុងមហាសមុទ្រ ដោយធម្មតាណា ម្នាលភិក្ខុទាំងឡាយ នេះជាធម្មតា អស្ចារ្យ ដែលកើតចម្លែក ទី៨ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ តែងរីករាយ ក្នុងមហាសមុទ្រ ។ ម្នាលភិក្ខុទាំងឡាយ ធម្មតា អស្ចារ្យ ដែលកើតចម្លែកទាំង ៨ ប្រការនេះ តែងមានក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ តែងរីករាយក្នុងមហាសមុទ្រ ។

[១១៨] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យនេះ មានសភាពអស្ចារ្យ ដែលកើតចម្លែក ៨ ប្រការ ដែលភិក្ខុទាំងឡាយឃើញហើយ តែងត្រេកអរ រីករាយ ក្នុងធម្មវិន័យនេះ ដូចមហាសមុទ្រដែរ ។ សភាពអស្ចារ្យ ដែលកើតចម្លែក ៨ ប្រការ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យនេះ មានការសិក្សាដោយលំដាប់ មានកិច្ចដែលត្រូវធ្វើដោយលំដាប់ មានសេចក្តីប្រតិបត្តិដោយលំដាប់ មិនមែនបានត្រាស់ដឹងអរហត្តផលតែម្តងទេ ដូចជាមហាសមុទ្រ ដែលមានទីទំនាបដោយលំដាប់ មានទីជម្រាល ដោយលំដាប់ មានទីទេរដោយលំដាប់ មិនមែនចោតជ្រៅស្រឡូង ទៅតែម្តង ដូចអណ្តូងទេ ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យនេះ តែងមានការសិក្សាដោយលំដាប់ មានកិច្ចដែលត្រូវធ្វើដោយលំដាប់ មានសេចក្តីប្រតិបត្តិដោយលំដាប់ មិនមែនបានត្រាស់ដឹងអរហត្តផលតែម្តង ដោយសភាពណា ម្នាលភិក្ខុទាំងឡាយ នេះជាសភាពអស្ចារ្យ ដែលកើតចម្លែក ទី១ ក្នុងធម្មវិន័យនេះ ដែលភិក្ខុទាំងឡាយឃើញហើយ តែងត្រេកអរ ក្នុងធម្មវិន័យនេះ ។ ម្នាលភិក្ខុទាំងឡាយ សិក្ខាបទណា ដែលតថាគតបានបញ្ញត្តដល់សាវ័កទាំងឡាយហើយ ពួកសាវ័កនៃតថាគត សូម្បីមានហេតុដល់ជីវិត ក៏មិនហ៊ានប្រព្រឹត្តកន្លងសិក្ខាបទឡើយ ដូចមហាសមុទ្រ ដែលមានទឹកនៅនឹងជាធម្មតា មិនដែលឡើង ឬជោរហួសច្រាំងទៅបានដូច្នោះឯង ម្នាលភិក្ខុទំាងឡាយ សិក្ខាបទណា ដែលតថាគតបានបញ្ញត្ត ដល់សាវ័កទំាងឡាយហើយ ពួកសាវ័កនៃតថាគត សូម្បីមានហេតុដល់ជីវិត ក៏មិនហ៊ានប្រព្រឹត្តកន្លងសិក្ខាបទនោះ ដោយសភាពណា នេះជាសភាពអស្ចារ្យ ដែលកើតចម្លែកទី២ ក្នុងធម្មវិន័យនេះ ដែលពួកភិក្ខុឃើញហើយ តែងត្រេកអរ ក្នុងធម្មវិន័យនេះ ។ ម្នាលភិក្ខុទំាំងឡាយ បុគ្គលណា ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ មានមារយាទមិនស្អាត គួរឲ្យរង្កៀស មានអំពើអាក្រក់បិទបំាំងទុក មិនមែនជាសមណៈ តែប្តេជ្ញាខ្លួនថាជាសមណៈ មិនមែនជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ តែប្តេជ្ញាខ្លួនថាជាអ្នកប្រព្រត្តឹធម៌ដ៏ប្រសើរ ស្អុយខាងក្នុង មានចិត្តជោកដោយរាគៈ កខ្វក់ដូចសម្រាម សង្ឃមិននៅរួមជាមួយបុគ្គលនោះទេ សង្ឃប្រជុំគ្នានំាំយកបុគ្គលនោះចេញមួយរំពេច បុគ្គលនោះ បើទុកជាអង្គុយនៅក្នុងកណ្តាលភិក្ខុសង្ឃពិតមែន ប៉ុន្តែបុគ្គលនោះ ឈ្មោះថា នៅឆ្ងាយអំពីសង្ឃ ចំណែកសង្ឃ ក៏ឈ្មោះថា នៅឆ្ងាយអំពីបុគ្គលនោះ ដូចមហាសមុទ្រ មិននៅរួមជាមួយសាកសពស្លាប់ទេ បើសាកសពស្លាប់ណាមួយ ដែលមានក្នុងមហាសមុទ្រ មហាសមុទ្រតែងបន្សាត់សាកសពនោះ ទៅរកច្រំាំង ផាត់ឡើងទៅលើគោកមួយរំពេច ដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ មានមារយាទមិនស្អាត គួរឲ្យរង្កៀស បិទបំាំងអំពើអាក្រក់ទុក មិនមែនជាសមណៈ តែប្តេជ្ញាខ្លួនថាជាសមណៈ មិនមែនជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ តែប្តេជ្ញាខ្លួនថាជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ស្អុយខាងក្នុង មានចិត្តជោកដោយរាគៈ កខ្វក់ដូចសម្រាម សង្ឃមិននៅរួមជាមួយបុគ្គលនោះ សង្ឃតែងប្រជុំគ្នា នាំយកបុគ្គលនោះចេញមួយរំពេច បុគ្គលនោះ បើទុកជាអង្គុយនៅក្នុងកណ្តាលភិក្ខុសង្ឃពិតមែន ប៉ុន្តែបុគ្គលនោះ ឈ្មោះថា នៅឆ្ងាយអំពីសង្ឃ ចំណែកខាងសង្ឃ ក៏ឈ្មោះថា នៅឆ្ងាយអំពីបុគ្គលនោះ ដោយសភាពណា ម្នាលភិក្ខុទាំងឡាយ នេះជាសភាពអស្ចារ្យ ដែលកើតចម្លែកទី៣ ក្នុងធម្មវិន័យនេះ ដែលភិក្ខុទាំងឡាយ ឃើញហើយ តែងត្រេកអរក្នុងធម្មវិន័យនេះ ។ ម្នាលភិក្ខុទាំងឡាយ វណ្ណៈ ៤ ពួកនេះ គឺខត្តិយៈ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ វណ្ណៈទាំងនោះ ចេញចាកផ្ទះមកបួស ក្នុងធម្មវិន័យ ដែលតថាគតសំដែងហើយ រមែងលះបង់នាម និងគោត្រដើម (របស់ខ្លួន) ហើយដល់នូវកិរិយារាប់បញ្ចូល ថាជាសមណសក្យបុត្តិយ៍តែម្យ៉ាង ដូចទន្លេធំ ៗ ទាំងឡាយគឺ ទន្លេគង្គា យមុនា អចិរវតី សរភូ មហី ទន្លេទាំងនោះ កាលបើហូរទៅដល់មហាសមុទ្រហើយ តែងលះបង់នាម និងគោត្រដើម (របស់ខ្លួន) ហើយដល់នូវកិរិយារាប់បញ្ចូលថាជាមហាសមុទ្រតែម្យ៉ាង ដូច្នេះឯង ម្នាលភិក្ខុទាំងឡាយ វណ្ណៈទាំង ៤ ពួកគឺ ខត្តិយៈ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ វណ្ណៈទាំងនោះ ចេញចាកផ្ទះមកបួស ក្នុងធម្មវិន័យ ដែលតថាគតសំដែងហើយ ក៏រមែងលះបង់នាម និងគោត្រដើម (របស់ខ្លួន) ហើយដល់នូវកិរិយារាប់បញ្ចូល ថាជាសមណសក្យបុត្តិយ៍តែម្យ៉ាង ដោយសភាពណា  ម្នាលភិក្ខុទាំងឡាយ នេះជាសភាពអស្ចារ្យ ដែលកើតចម្លែកទី ៤ ក្នុងធម្មវិន័យនេះ ដែលពួកភិក្ខុឃើញហើយ តែងត្រេកអរ ក្នុងធម្មវិន័យនេះ ។ ម្នាលភិក្ខុទាំងឡាយ ទោះបីពួកភិក្ខុច្រើនរូប បរិនិព្វានដោយអនុបាទិសេសនិព្វានធាតុ និព្វានធាតុ ក៏មិនប្រាកដថា ខ្វះ ឬពេញដោយភិក្ខុទាំងនោះឡើយ ម្នាលភិក្ខុទាំងឡាយ ដូចជាទឹកទន្លេទាំងឡាយណាមួយក្នុងលោក ហូរស្រោចចុះទៅកាន់មហាសមុទ្រក្តី ធារទឹកភ្លៀងទាំងឡាយណា ដែលធ្លាក់ចុះមកចាកអាកាសក្តី មហាសមុទ្រ ក៏មិនប្រាកដថាជាស្រក ឬពេញដោយទឹកនោះ ដូច្នេះឯង ម្នាលភិក្ខុទាំងឡាយ ទុកជាពួកភិក្ខុច្រើនរូប បរិនិព្វានដោយអនុបាទិសេសនិព្វានធាតុ និព្វានធាតុ ក៏មិនប្រាកដថា ខ្វះ ឬពេញ ដោយភិក្ខុទាំងនោះ ដោយសភាពណា ម្នាលភិក្ខុទាំងឡាយ នេះជាសភាពអស្ចារ្យ ដែលកើតចម្លែកទី ៥ ក្នុងធម្មវិន័យនេះ ដែលពួកភិក្ខុឃើញហើយ តែងត្រេកអរ ក្នុងធម្មវិន័យនេះ ។ ម្នាលភិក្ខុទាំងឡាយ ធម្មវិន័យនេះ មានរស់តែមួយ គឺវិមុត្តិរស ដូចមហាសមុទ្រ មានរសតែមួយ គឺរសប្រៃ ដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ ធម្មវិន័យនេះ មានរសតែមួយ គឺវិមុត្តិរស ដោយសភាពណា ម្នាលភិក្ខុទាំងឡាយ នេះជាសភាពអស្ចារ្យ ដែលកើតចម្លែកទី ៦ ក្នុងធម្មវិន័យនេះ ដែលពួកភិក្ខុឃើញហើយ តែងត្រេកអរ ក្នុងធម្មវិន័យនេះ ។ ម្នាលភិក្ខុទាំងឡាយ ធម្មវិន័យនេះ មានរតនៈច្រើនយ៉ាង មិនមែនមានត្រឹមតែមួយប៉ុណ្ណោះទេ រតនៈនេះ ក្នុងធម្មវិន័យនោះគឺ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពល ៥ ពោជ្ឈង្គ ៧ និងមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដូចមហាសមុទ្រ ដែលមានរតនៈច្រើនយ៉ាង មិនមែនមានតែមួយទេ រតនៈទាំងនេះ ក្នុងមហាសមុទ្រនោះគឺ កែវមុក្តា កែវមណី កែវពៃទូរ្យ ស័ង្ខ សិលា កែវប្រពាឡ ប្រាក់ មាស កែវក្រហម និងកែវមរកដ ដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ ធម្មវិន័យនេះ មានរតនៈច្រើនយ៉ាង មិនមែនមានត្រឹមតែមួយទេ រតនៈទាំងនេះ ក្នុងធម្មវិន័យនោះគឺ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពល ៥ ពោជ្ឈង្គ ៧ និងមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដោយសភាពណា នេះជាសភាពអស្ចារ្យ ដែលកើតចម្លែកទី ៧ ក្នុងធម្មវិន័យនេះ ដែលពួកភិក្ខុឃើញហើយ តែងត្រេកអរ ក្នុងធម្មវិន័យនេះ ។ ម្នាលភិក្ខុទាំងឡាយ ធម្មវិន័យនេះ ជាទីនៅអាស្រ័យ នៃពួកបុគ្គលធំ ៗ ជាច្រើន បុគ្គលទាំងនេះ ក្នុងធម្មវិន័យនោះគឺ សោតាបន្នបុគ្គល និងបុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់សោតាបត្តិផល សកទាគាមិបុគ្គល និងបុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់សកទាគាមិផល អនាគាមិបុគ្គល និងបុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់អនាគាមិផល ព្រះអរហន្ត និងបុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ អរហត្តផល ដូចជាមហាសមុទ្រ ជាទីនៅអាស្រ័យ នៃពួកសត្វធំ ៗ ជាច្រើន ឯពួកសត្វទាំងនេះ ក្នុងមហាសមុទ្រនោះគឺ ត្រីឈ្មោះតិមិ ឈ្មោះតិមិង្គល ឈ្មោះតិមិតិមិង្គល និងពួកអសុរ នាគ គន្ធព្វ ដែលមានអត្តភាព ១ រយយោជន៍ខ្លះ មានអត្តភាព ២ រយយោជន៍ខ្លះ មានអត្តភាព ៣ រយយោជន៍ខ្លះ មានអត្តភាព ៤ រយយោជន៍ខ្លះ មានអត្តភាព ៥ រយយោជន៍ខ្លះ ដែលមាននៅក្នុងមហាសមុទ្រដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ ធម្មវិន័យនេះ ជាទីនៅអាស្រ័យនៃពួកបុគ្គលធំ ៗ ជាច្រើន បុគ្គលទាំងនេះ ក្នុងធម្មវិន័យនោះគឺ សោតាបន្នបុគ្គល និងបុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់សោតាបត្តិផល សកទាគាមិបុគ្គល និងបុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់សកទាគាមិផល អនាគាមិបុគ្គល និងបុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់អនាគាមិផល ព្រះអរហន្ត និងបុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់អរហត្តផល ដោយសភាពណា ម្នាលភិក្ខុទាំងឡាយ នេះជាសភាពអស្ចារ្យ ដែលកើតចម្លែកទី ៨ ក្នុងធម្មវិន័យនេះ ដែលពួកភិក្ខុឃើញហើយ តែងត្រេកអរក្នុងធម្មវិន័យនេះ ។ ម្នាលភិក្ខុទាំងឡាយ នេះឯងហើយដែលហៅថា សភាពអស្ចារ្យ ដែលកើតចម្លែក ៨ ប្រការ ក្នុងធម្មវិន័យនេះ ដែលពួកភិក្ខុឃើញហើយ តែងត្រេកអរ ក្នុងធម្មវិន័យនេះ ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

ភិក្ខុត្រូវអាបត្តិហើយ បិទបាំងអាបត្តិទុក រមែងត្រូវអាបត្តិថ្មីដទៃទៀត ភិក្ខុត្រូវអាបត្តិហើយ បើកអាបត្តិ មិនត្រូវអាបត្តិដទៃទៀត ព្រោះហេតុនោះ ភិក្ខុ (ណាមួយ) ត្រូវអាបត្តិ ដែលបិទបាំងហើយ ភិក្ខុ (នោះ) ត្រូវតែបើកអាបត្តិចេញ កាលបើយ៉ាងនេះ ទើបមិនត្រូវអាបត្តិនោះទៀត ។

ចប់ សូត្រ ទី៥ ។

៦. សោណសូត្រកែប្រែ

[១១៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ព្រះមហាកច្ចានៈដ៏មានអាយុ គង់នៅលើភ្នំឈ្មោះបវត្តៈ ទៀបក្រុងឈ្មោះកុរុរឃរៈ ក្នុងអវន្តិជនបទ ។ សម័យនោះ ឧបាសកឈ្មោះសោណកុដិកណ្ណៈ [អ្នកពាក់គ្រឿងប្រដាប់ត្រចៀក មានតម្លៃមួយកោដិ បានជាគេហៅថា កុដិកណ្ណៈ ។ អដ្ឋកថា ។] ជាឧបដ្ឋាក របស់ព្រះមហាកច្ចានៈដ៏មានអាយុ ។ វេលានោះ ឧបាសកឈ្មោះសោណកុដិកណ្ណៈ នៅក្នុងទីស្ងាត់ ពួនសម្ងំ កើតសេចក្តីត្រិះរិះក្នុងចិត្តយ៉ាងនេះថា លោកម្ចាស់មហាកច្ចានៈសំដែងធម៌ដោយអាការណា បុគ្គលដែលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌នោះ ឲ្យបរិបូណ៌ បរិសុទ្ធពេញលេញ ដូចជាស័ង្ខដែលដុសខាត់ហើយ (ដោយអាការនោះ) បានឡើយ បើដូច្នោះ មានតែអញ កោរសក់ និងពុកមាត់ ហើយស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ។ គ្រានោះ ឧបាសកឈ្មោះសោណកុដិកណ្ណៈ ចូលទៅរកព្រះមហាកច្ចានៈដ៏មានអាយុ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមហាច្ចានៈដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ ។ លុះឧបាសកឈ្មោះសោណកុដិកណ្ណៈ អង្គុយក្នុងទីសមគួរហើយ បាននិយាយពាក្យនេះ នឹងមហាកច្ចានៈដ៏មានអាយុថា បពិត្រលោកម្ចាស់ដ៏ចម្រើន ក្នុងទីនេះ ខ្ញុំព្រះករុណានៅក្នុងទីស្ងាត់ ពួនសម្ងំ កើតសេចក្តីត្រិះរិះក្នុងចិត្តយ៉ាងនេះថា លោកម្ចាស់មហាច្ចានៈ តែងសំដែងធម៌ ដោយអាការណា បុគ្គលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌នេះ ឲ្យបរិបូណ៌ បរិសុទ្ធ ពេញលេញ ដូចជាស័ង្ខដែលដុតខាត់ហើយ (ដោយអាការនោះ) បានឡើយ បើដូច្នោះ មានតែអញ កោរសក់ និងពុកមាត់ ហើយស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស បពិត្រលោកម្ចាស់ដ៏ចម្រើន សូមលោកម្ចាស់មហាកច្ចានៈ បំបួសខ្ញុំឲ្យទាន ។

[១២០] លុះឧបាសក និយាយយ៉ាងនេះហើយ ទើបមហាកច្ចានៈដ៏មានអាយុ ពោលតបនឹងឧបាសក ឈ្មោះសោណកុដិកណ្ណៈដូច្នេះថា នែសោណៈ ព្រហ្មចរិយៈ មានការបរិភោគភត្តតែមួយពេល មានការដេកនៅតែម្នាក់ឯង ដរាបដល់អស់មួយជីវិត កម្របុគ្គលនឹងធ្វើបាន នែសោណៈ ណ្ហើយចុះ អ្នកនៅជាគ្រហស្ថ ក្នុងទីនោះបណ្តើរសិនចុះ ចូរប្រកបតាមពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយ គឺព្រហ្មចរិយៈ មានការបរិភោគភត្តតែមួយពេល មានការដេកនៅតែម្នាក់ឯង សមគួរតាមកាលចុះ ។ លំដាប់នោះ ការប្រុងប្រៀបនឹងបួសរបស់ឧបាសកឈ្មោះសោណកុដិកណ្ណៈ ក៏អាក់ខានទៅ ។ ឧបាសកសោណកុដិកណ្ណៈ នៅក្នុងទីស្ងាត់ ពួនសម្ងំ កើតសេចក្តីត្រិះរិះក្នុងចិត្ត អស់វារៈពីរដងថា លោកម្ចាស់មហាកច្ចានៈ សំដែងធម៌ដោយអាការណា បុគ្គលដែលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌នេះ ឲ្យបរិបូណ៌ បរិសុទ្ធ ពេញលេញ ដូចជាស័ង្ខ ដែលដុសខាត់ហើយ (ដោយអាការនោះ) បានឡើយ បើដូច្នោះ មានតែអញ កោរសក់ និងពុកមាត់ ហើយស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ។ ឧបាសកឈ្មោះសោណកុដិកណ្ណៈ ចូលទៅរកមហាកច្ចានៈដ៏មានអាយុ លុះចូលទៅដល់ហើយ ថ្វាយបង្គំមហាកច្ចានៈដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ អស់វារៈពីរដង ។ លុះឧបាសកឈ្មោះសោណកុដិកណ្ណៈ អង្គុយក្នុងទីសមគួរហើយ ពិតថេរវាចាមហាកច្ចានៈដ៏មានអាយុ ដូច្នេះថា បពិត្រលោកម្ចាស់ដ៏ចម្រើន អម្បាញ់មិញនេះ ខ្ញុំនៅក្នុងទីស្ងាត់ ពួនសម្ងំ កើតសេចក្តីត្រិះរិះក្នុងចិត្តយ៉ាងនេះថា លោកម្ចាស់មហាកច្ចានៈ សំដែងធម៌ ដោយអាការណា បុគ្គលដែលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌នេះ ឲ្យបរិបូណ៌ បរិសុទ្ធពេញលេញ (ដោយអាការនោះ ) បានឡើយ បើដូច្នោះ មានតែអញ កោរសក់ និងពុកមាត់ ស្លៀកដណ្តប់សំពត់កាសាយៈ ហើយចេញចាកផ្ទះ ចូលទៅកាន់ផ្នួស បពិត្រលោកម្ចាស់ដ៏ចម្រើន សូមលោកម្ចាស់មហាកច្ចានៈ បំបួសខ្ញុំឲ្យទាន ។ ព្រះមហាកច្ចានៈដ៏មានអាយុ និយាយប្រាប់ឧបាសកឈ្មោះសោណកុដិកណ្ណៈ ធ្វើអស់វារៈពីរដងថា នែសោណៈ ព្រហ្មចរិយៈ មានការបរិភោគភត្តតែមួយពេល មានការដេកនៅតែម្នាក់ឯង ដរាបដល់អស់ជីវិត កម្របុគ្គលធ្វើបាន នែសោណៈ ណ្ហើយចុះ អ្នកនៅជាគ្រហស្ថក្នុងទីនេះបណ្តើរសិនចុះ ចូរប្រកបតាមពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយ គឺព្រហ្មចរិយៈ មានការបរិភោគភត្តតែមួយពេល មានការដេកនៅតែម្នាក់ឯង សមគួរដល់កាលចុះ ។ ការប្រុងប្រៀបនឹងបួសរបស់ឧបាសកឈ្មោះសោណកុដិកណ្ណៈ ក៏អាក់ខានទៅ អស់វារៈពីរដង ។ ឧបាសកឈ្មោះសោណកុដិកណ្ណៈ នៅក្នុងទីស្ងាត់ ពួនសម្ងំ កើតសេចក្តីត្រិះរិះក្នុងចិត្តយ៉ាងនេះ អស់វារៈ ៣ ដងថា លោកម្ចាស់មហាកច្ចានៈ សំដែងធម៌ ដោយអាការណា បុគ្គលដែលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌នេះ ឲ្យបរិបូណ៌ បរិសុទ្ធពេញលេញ ដូចជាស័ង្ខដែលដុសខាត់ហើយ (ដោយអាការនោះ) បានឡើយ បើដូច្នោះ មានតែអញ កោរសក់ និងពុកមាត់ ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ។ ឧបាសកឈ្មោះសោណកុដិកណ្ណៈ ចូលទៅរកមហាកច្ចានៈដ៏មានអាយុ លុះចូលទៅដល់ហើយ ថ្វាយបង្គំមហាកច្ចានៈដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ ជាគម្រប់ ៣ ដង ។ លុះឧបាសកឈ្មោះសោណកុដិកណ្ណៈ អង្គុយក្នុងទីសមគួរហើយ ពិតថេរវាចាមហាកច្ចានៈដ៏មានអាយុដូច្នេះថា បពិត្រលោកម្ចាស់ដ៏ចម្រើន អម្បាញ់មិញនេះ ខ្ញុំនៅក្នុងទីស្ងាត់ ពួនសម្ងំ កើតសេចក្តីត្រិះរិះក្នុងចិត្តយ៉ាងនេះថា លោកម្ចាស់មហាកច្ចានៈ សំដែងធម៌ ដោយអាការណា បុគ្គលដែលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌នេះ ឲ្យបរិបូណ៌ បរិសុទ្ធពេញលេញ ដូចជាស័ង្ខដែលដុសខាត់ហើយ (ដោយអាការនោះ) បានឡើយ បើដូច្នោះ មានតែអញ កោរសក់ និងពុកមាត់ ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស បពិត្រលោកម្ចាស់ដ៏ចម្រើន សូមលោកម្ចាស់មហាកច្ចានៈ បំបួសខ្ញុំឲ្យទាន ។ លំដាប់នោះ ព្រះមហាកច្ចានៈដ៏មានអាយុ ក៏បំបួសឧបាសក ឈ្មោះសោណកុដិកណ្ណៈ (ក្នុងកាលនោះ) ។

[១២១] សម័យនោះឯង អវន្តិទក្ខិណាបថជនបទ មានភិក្ខុតិច ។ វេលានោះ ព្រះមហាកច្ចានៈដ៏មានអាយុ ក៏ប្រជុំភិក្ខុសង្ឃ ទសវគ្គ អំពីគាមនិគមនោះ ៗ ដោយកាលកន្លងទៅ ៣ ឆ្នាំ ដោយក្រលំបាក ហើយឲ្យសោណៈដ៏មានអាយុបានឧបសម្បទា ។ គ្រានោះ ព្រះសោណៈដ៏មានអាយុ នៅចាំវស្សារួចហើយ នៅក្នុងទីស្ងាត់ ពួនសម្ងំ កើតសេចក្តីត្រិះរិះ ក្នុងចិត្តយ៉ាងនេះថា អញមិនដែលឃើញព្រះមានព្រះភាគព្រះអង្គនោះ ក្នុងទីចំពោះមុខសោះ អញគ្រាន់តែឮថា ព្រះមានព្រះភាគ ព្រះអង្គនោះ ទ្រង់មានសភាព ដូច្នេះខ្លះ ៗ ប្រសិនបើ ព្រះឧបជ្ឈាយ៍អនុញ្ញាតអញ ៗ គួរតែទៅគាល់ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ ។ លំដាប់នោះ ព្រះសោណៈដ៏មានអាយុ ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ចូលទៅរកព្រះមហាកច្ចានៈដ៏មានអាយុ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមហាកច្ចានៈដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះសោណៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ និយាយពាក្យនេះ នឹងមហាកច្ចានៈដ៏មានអាយុថា បពិត្រលោកម្ចាស់ដ៏ចម្រើន អម្បាញ់មិញនេះ ខ្ញុំព្រះករុណា នៅក្នុងទីស្ងាត់ ពួនសម្ងំ កើតសេចក្តីត្រិះរិះក្នុងចិត្តយ៉ាងនេះថា អញមិនដែលឃើញព្រះមានព្រះភាគ ព្រះអង្គនោះ ក្នុងទីចំពោះមុខសោះ អញគ្រាន់តែឮថា ព្រះមានព្រះភាគ ព្រះអង្គនោះ មានសភាពដូច្នេះខ្លះ ៗ ប្រសិនបើ ព្រះឧបជ្ឈាយ៍អនុញ្ញាតអញ ៗ គួរតែទៅគាល់ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ ។ ព្រះមហាកច្ចានៈដ៏មានអាយុតបថា នែសោណៈ ប្រពៃណាស់ ប្រពៃណាស់ ម្នាលសោណៈ លោកចូរទៅគាល់ព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះចុះ ម្នាលសោណៈ លោកនឹងឃើញព្រះមានព្រះភាគនោះ ជាទីជ្រះថ្លា គួរឲ្យជ្រះថ្លា មានឥន្រ្ទិយស្ងប់ មានព្រះទ័យស្ងប់ ដល់នូវការស្ងប់ និងការទូន្មានដ៏ឧត្តម បានទូន្មាន គ្រប់គ្រង មានឥន្រ្ទិយសង្រួមហើយ ជាព្រះពុទ្ធដ៏ប្រសើរ លុះឃើញហើយ ចូរថ្វាយបង្គំព្រះបាទារបស់ព្រះមានព្រះភាគដោយត្បូង តាមពាក្យបណ្តាំរបស់ខ្ញុំ លោកចូរសួរសេចក្តីមិនមានអាពាធ មិនមានទុក្ខ ការក្រោកឡើងដោយរហ័សរហួន កម្លាំងកាយ និងការនៅជាសុខសប្បាយផង ។ សោណភិក្ខុដ៏មានអាយុ ទទួលថា ព្រះករុណា លោកម្ចាស់ ហើយត្រេកអរ រីករាយនឹងភាសិតរបស់មហាកច្ចានៈដ៏មានអាយុ ហើយក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមហាកច្ចានៈដ៏មានអាយុ ធ្វើប្រទក្សិណ ទុកដាក់សេនាសនៈ កាន់យកបាត្រ ចីវរហើយ ចេញទៅកាន់ចារិក ក្នុងក្រុងសាវត្ថី កាលត្រាច់ទៅកាន់ចារិកតាមលំដាប់ សំដៅទៅឯក្រុងសាវត្ថី នាវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះសោណភិក្ខុដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះមហាកច្ចានៈដ៏មានអាយុ ជាឧបជ្ឈាយ៍នៃខ្ញុំព្រះអង្គ ថ្វាយបង្គំព្រះបាទានៃព្រះមានព្រះភាគដោយត្បូង សួរសេចក្តីមិនមានអាពាធ មិនមានទុក្ខ ការក្រោកឡើងរហ័សរហួន កម្លាំងកាយ និងការនៅជាសុខសប្បាយផង ។ ព្រះមានព្រះភាគ ទ្រង់សួរថា ម្នាលភិក្ខុ អ្នកគួរអត់ធន់បានដែរឬ គួរឲ្យប្រព្រឹត្តទៅបានដែរឬ អ្នកមកតាមផ្លូវ កាន់ផ្លូវឆ្ងាយ មិនលំបាកទេឬ ទាំងមិនលំបាកដោយចង្ហាន់ទេឬ ។ បពិត្រព្រះមានព្រះភាគ គួរអត់ធន់បាន បពិត្រព្រះមានព្រះភាគ គួរឲ្យប្រព្រឹត្តទៅបាន បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមកតាមផ្លូវ កាន់ផ្លូវឆ្ងាយ មិនលំបាកទេ ទាំងមិនលំបាកដោយចង្ហាន់បិណ្ឌបាតឡើយ ។

[១២២] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅអានន្ទដ៏មានអាយុមកថា ម្នាលអានន្ទ អ្នកចូរក្រាលសេនាសនៈ សម្រាប់អាគន្តុកភិក្ខុនេះផងចុះ ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ មានសេចក្តីត្រិះរិះថា ព្រះមានព្រះភាគ ទ្រង់បង្គាប់អញ ឲ្យក្រាលអាសនៈសម្រាប់ភិក្ខុណា ដោយព្រះពុទ្ធដីកាថា អ្នកចូរក្រាលសេនាសនៈ សម្រាប់អាគន្តុកភិក្ខុនេះផងចុះ ព្រះមានព្រះភាគ ប៉ងនឹងគង់នៅក្នុងលំនៅមួយ ជាមួយនឹងភិក្ខុនោះ ព្រះមានព្រះភាគ ទ្រង់ប៉ងនឹងគង់នៅក្នុងលំនៅមួយ ជាមួយនឹងសោណភិក្ខុដ៏មានអាយុ ។ ព្រះមានព្រះភាគ ទ្រង់ប្រថាប់ក្នុងលំនៅណា អានន្ទក៏ក្រាលសេនាសនៈ សម្រាប់សោណភិក្ខុដ៏មានអាយុ ក្នុងលំនៅនោះដែរ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ផ្ទំនៅក្នុងទីវាល អស់វេលាយប់ជ្រៅ លុះកន្លងវេលាហើយ ក៏លាងព្រះបាទហើយ ចូលទៅកាន់វិហារ ។ ឯសោណភិក្ខុដ៏មានអាយុ ក៏សិងក្នុងទីវាល អស់វេលាយប់ជ្រៅ លុះកន្លងវេលាទៅហើយ ក៏លាងជើង ហើយចូលទៅកាន់វិហារដែរ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់តើនឡើង ក្នុងបច្ចូសសម័យនៃរាត្រី ត្រាស់បង្គាប់ព្រះសោណៈដ៏មានអាយុថា ម្នាលភិក្ខុ ការសំដែងធម៌ នឹងប្រាកដដល់លោក ។ ព្រះសោណៈដ៏មានអាយុ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយសំដែងព្រះសូត្រ ១៦ ក្នុងអដ្ឋកវគ្គទាំងអស់ ដោយសំឡេង (បទសរភញ្ញ) ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់សរសើរព្រះសោណភិក្ខុដ៏មានអាយុ ក្នុងទីបំផុតនៃការសំដែង ដោយសំឡេងថា ម្នាលភិក្ខុ ពីរោះណាស់ ម្នាលភិក្ខុ សូត្រដែលមានក្នុងអដ្ឋកវគ្គ អ្នករៀនល្អហើយ យកចិត្តទុកដាក់ល្អហើយ ចាំស្ទាត់ហើយ អ្នកជាភិក្ខុប្រកបដោយវាចាដ៏ពីរោះ ក្បោះក្បាយ ជាវាចាមិនមានទោស អាចញ៉ាំងបុគ្គលដទៃ ឲ្យដឹងច្បាស់សេចក្តីបាន ម្នាលភិក្ខុ អ្នកមានវស្សាប៉ុន្មាន ។ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គទើបនឹងបានមួយវស្សា ។ ម្នាលភិក្ខុ ហេតុអ្វីក៏អ្នកធ្វើឲ្យយូរយ៉ាងនេះ ។ បពិត្រព្រះអង្គដ៏ចម្រើន ទោសក្នុងកាមគុណ ខ្ញុំព្រះអង្គឃើញយូរហើយដែរ តែថា ធម្មតា ឃរាវាស ជាធម៌ចង្អៀត មានកិច្ចច្រើន មានការងារច្រើន ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

អរិយៈឃើញទោស ក្នុងសង្ខារលោក ដឹងនូវនិព្វានធម៌ដែលគ្មានឧបធិហើយ រមែងមិនត្រេកអរក្នុងបាប (ដូច) បុគ្គលស្អាត មិនត្រេកអរក្នុងវត្ថុអាក្រក់ ។

ចប់ សូត្រ ទី៦ ។

៧. កង្ខារេវតសូត្រកែប្រែ

[១២៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះកង្ខារេវតៈដ៏មានអាយុ អង្គុយផ្គត់ភ្នែន តម្រង់កាយឲ្យត្រង់ ហើយរំពឹងនូវកង្ខាវិតរណវិសុទ្ធិ (សេចក្តីបរិសុទ្ធិព្រោះឆ្លងនូវសេចក្តីសង្ស័យ) របស់ខ្លួន ក្នុងទីជិតនៃព្រះមានព្រះភាគ ។ ព្រះមានព្រះភាគ ក៏ទតឃើញព្រះកង្ខារេវតៈដ៏មានអាយុ កំពុងអង្គុយផ្គត់ភ្នែន តម្រង់កាយឲ្យត្រង់ហើយ រំពឹងនូវកង្ខាវិតរណវិសុទ្ធិរបស់ខ្លួន ក្នុងទីជិតនៃព្រះមានព្រះភាគ ។ គ្រានោះ ព្រះមានព្រះភាគ ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

សេចក្តីសង្ស័យទាំងឡាយណាមួយ ក្នុងលោកនេះក្តី ក្នុងលោកខាងមុខក្តី ដែលបុគ្គលគប្បីដឹង ក្នុងអត្តភាពរបស់ខ្លួន ឬគប្បីដឹងក្នុងអត្តភាពរបស់បុគ្គលដទៃ បុគ្គលអ្នកមានឈាន មានព្យាយាម កាលប្រព្រឹត្តព្រហ្មចរិយធម៌ រមែងលះបង់នូវសេចក្តីសង្ស័យទាំងអស់នោះបាន ។

ចប់ សូត្រ ទី៧ ។

៨. សង្ឃភេទសូត្រកែប្រែ

[១២៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ ។ សម័យនោះឯង ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ចូលទៅកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត ក្នុងវេលាបុព្វណ្ហសម័យ ក្នុងឧបោសថថ្ងៃនោះ ។ ទេវទត្តបានឃើញនូវព្រះអានន្ទដ៏មានអាយុ កំពុងត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ លុះឃើញហើយ ចូលសំដៅមករកព្រះអានន្ទដ៏មានអាយុ លុះចូលមកដល់ហើយ ក៏និយាយនឹងព្រះអានន្ទដ៏មានអាយុ យ៉ាងនេះថា នែអាវុសោអានន្ទ តាំងពីថ្ងៃនេះជាដើមទៅ ខ្ញុំវៀរព្រះមានព្រះភាគ វៀរភិក្ខុសង្ឃហើយ នឹងធ្វើឧបោសថ និងសង្ឃកម្មទាំងឡាយ (ដាច់ដោយខ្លួន) ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ លុះត្រឡប់អំពីបិណ្ឌបាត ក្នុងវេលាក្រោយភត្ត ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន អម្បាញ់មិញនេះ ខ្ញុំព្រះអង្គ ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរ ចូលទៅកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត ក្នុងបុព្វណ្ហសម័យ បពិត្រព្រះអង្គដ៏ចម្រើន ទេវត្ត ក៏បានឃើញខ្ញុំព្រះអង្គ កំពុងត្រាច់ទៅកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត លុះឃើញហើយ ក៏ឆៀងចូលមករកខ្ញុំព្រះអង្គ លុះចូលមកហើយ និយាយនឹងខ្ញុំព្រះអង្គថា នែអាវុសោអានន្ទ តាំងពីថ្ងៃនេះ ជាដើមទៅ ខ្ញុំវៀរព្រះមានព្រះភាគ វៀរភិក្ខុសង្ឃហើយ នឹងធ្វើឧបោសថ ឬសង្ឃកម្មទាំងឡាយ (ដាច់ដោយខ្លួន) បពិត្រព្រះអង្គដ៏ចម្រើន ទេវទត្ត នឹងបំបែកសង្ឃក្នុងថ្ងៃនេះ នឹងធ្វើឧបោសថ ឬសង្ឃកម្មទាំងឡាយ (ដាច់ដោយខ្លួន) ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

អំពើល្អ មនុស្សល្អ ធ្វើបានដោយងាយ អំពើល្អ មនុស្សអាក្រក់ ធ្វើបានដោយកម្រ អំពើអាក្រក់ មនុស្សអាក្រក់ ធ្វើបានដោយងាយ អំពើអាក្រក់ ពួកព្រះអរិយៈធ្វើបានដោយកម្រ ។

ចប់ សូត្រ ទី៨ ។

៩. សធាយមានសូត្រកែប្រែ

[១២៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងដែនកោសល ជាមួយភិក្ខុសង្ឃច្រើនរូប ។ សម័យនោះ មាណពច្រើននាក់ (ក្មេងៗ) មានសភាពជាអ្នកនិយាយកោកកាក ដើរមកក្នុងទីជិតនៃព្រះមានព្រះភាគ ។ ព្រះមានព្រះភាគ បានឃើញពួកមាណពច្រើននាក់ ដែលកំពុងនិយាយកោកកាក ដើរមកជិតព្រះអង្គ ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

បុគ្គលល្ងង់ខ្លៅ មានសំដីធ្វើហាក់ដូចជាសំដីបណ្ឌិត ពោលវាចាជាវិស័យ (នៃវាចាព្រះអរិយៈ) ប្រាថ្នានូវការហើបមាត់និយាយ ចាក់បណ្តោយ ដរាបណា (វាក៏ហាមាត់និយាយ ដរាបនោះ) វាចាដែលបុគ្គលល្ងង់ខ្លៅណា នាំមកនិយាយ បុគ្គលល្ងង់ខ្លៅនោះ មិនដឹងច្បាស់វាចានោះទេ ។

ចប់ សូត្រ ទី៩ ។

១០. ចូឡបន្ថកសូត្រកែប្រែ

[១២៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះ ព្រះចូឡបន្ថកៈដ៏មានអាយុ អង្គុយផ្គត់ភ្នែន តម្រង់កាយឲ្យត្រង់ តាំងសតិ (ចំពោះកម្មដ្ឋាន) ក្នុងទីជិតនៃព្រះមានព្រះភាគ ។ ព្រះមានព្រះភាគ បានឃើញចូឡបន្ថកៈដ៏មានអាយុ កំពុងអង្គុយផ្គត់ភ្នែន តម្រង់កាយឲ្យត្រង់ តាំងសតិ ក្នុងទីជិតនៃព្រះមានព្រះភាគ ។ លុះព្រះមានព្រះភាគជ្រាបច្បាស់សេចក្តីនុ៎ះ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

ភិក្ខុមានកាយខ្ជាប់ខ្ជូន មានចិត្តខ្ជាប់ខ្ជួន ទោះបីឈរ អង្គុយ ឬដេក តែងតម្កល់សតិនុ៎ះ ភិក្ខុនោះ គប្បីបានគុណវិសេសមានទីបំផុតខាងដើម លុះបានគុណវិសេសមានទីបំផុតខាងដើមហើយ ក៏ដល់នូវការមិនជួបប្រទះមច្ចុរាជ ។

ចប់ សូត្រ ទី១០ ។

ចប់ សោណតេ្ថរវគ្គ ទី៥ ។

ឧទ្ទាននៃសោណត្ថេរវគ្គនោះគឺ ៖

- និយាយអំពីព្រះបាទបសេទិកោសល,

- ពុទ្ធមាតាមានព្រះជន្មាយុតិច,

- សុប្បពុទ្ធកុដ្ឋិ,

- ពួកកុមារ,

- ឧបោសថ,

- សោណកុដិកណ្ណៈ,

- កង្ខារេវតៈ,

- ព្រះអានន្ទ,

- មាណពច្រើននាក់មានវាចាកោកកាក,

- ចូឡបន្ថកភិក្ខុ ។

៦. ជច្ចន្ធវគ្គកែប្រែ

១. អាយុសង្ខារោស្សជ្ជនសូត្រកែប្រែ

[១២៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ជិតក្រុងវេសាលី ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ ចីវរ ចូលទៅកាន់ក្រុងវេសាលី ដើម្បីបិណ្ឌបាត ក្នុងបុព្វណ្ហសម័យ ព្រះអង្គកាលត្រាច់ទៅបិណ្ឌបាតក្នុងក្រុងវេសាលី ត្រឡប់អំពីបិណ្ឌបាត ក្នុងកាលជាខាងក្រោយភត្ត ក៏ត្រាស់ប្រាប់អានន្ទដ៏មានអាយុថា នែអានន្ទ អ្នកចូរយកនិសីទនៈ យើងនឹងចូលទៅឯបាវាលចេតិយ ដើម្បីសម្រាកក្នុងវេលាថ្ងៃ ។ ព្រះអានន្ទដ៏មានអាយុ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយកាន់យកនិសីទនៈ ទៅតាមក្រោយនៃព្រះមានព្រះភាគ ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់យាងចូលទៅឯបាវាលចេតិយ លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលព្រះអានន្ទក្រាល លុះព្រះមានព្រះភាគ ទ្រង់គង់ស៊ប់ហើយ ទើបទ្រង់ត្រាស់នឹងព្រះអានន្ទដ៏មានអាយុថា នែអានន្ទ ទីក្រុងវេសាលី គួរជាទីត្រេកអរ ឧទេនចេតិយ [ទីនោះ ជាទីនៅរបស់យក្សឈ្មោះឧទេន លុះគេសាងវត្តថ្វាយត្រង់កន្លែងនោះ ទើបហៅថា ឧទេនចេតិយតមក ។] គួរជាទីត្រេកអរ គោតមកចេតិយ [ហៅតាមឈ្មោះយក្សដែរ ។] ជាទីត្រេកអរ សត្តម្ពចេតិយ [ហៅតាមព្រះរាជធីតា ទាំង៧អង្គ របស់ស្តេចក្នុងដែនកាសី ព្រះនាមកិកិស្សៈ នាងមានសេចក្តីសង្វេគ ទើបចេញពីក្រុងរាជគ្រឹះ ទៅតាំងព្យាយាមត្រង់ទីណា ទីនោះទើបហៅថា សត្តម្ពចេតិយ តមក ។] ជាទីត្រេកអរ ពហុបុត្តចេតិយ [ត្រង់ទីនោះ មានដើមជ្រៃធំមួយដើម មានដើមជ្រៃតូចជាបរិវារ មានទេវតារក្សាដើមជ្រៃនោះ មនុស្សប្រាថ្នាកូនប្រុសស្រី តែងទៅបួងសួងត្រង់ដើមជ្រៃនោះ ទើបហៅថា ពហុបុត្តចេតិយ ។] ជាទីត្រេកអរ សារន្ទចេតិយ [ហៅតាមឈ្មោះយក្ស ។] ជាទីត្រេកអរ បាវាលចេតិយ [ហៅតាមឈ្មោះយក្ស ។ អដ្ឋកថា ។] ជាទីត្រេកអរ ម្នាលអានន្ទ ឥទ្ធិបាទទាំង ៤ យ៉ាង ដែលបុគ្គលណាមួយ ចម្រើនហើយ ធ្វើឲ្យរឿយៗហើយ ធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ អធិដ្ឋានហើយ សន្សំហើយ ប្រាព្ធល្អហើយ បុគ្គលនោះ កាលបើប្រាថ្នានឹងឋិតនៅអស់អាយុកប្ប [ពាក្យថា អាយុកប្បនេះ សំដៅយកកំណត់អាយុរបស់មនុស្ស តាមជំនាន់ជួរអាយុច្រើនតិច ។ អដ្ឋកថា ។] ឬលើសពីអាយុកប្បទៅក៏បាន ម្នាលអានន្ទ ឥទ្ធិបាទទាំង ៤ តថាគត ចម្រើនហើយ ធ្វើឲ្យរឿយ ៗ ហើយ ធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ អធិដ្ឋានហើយ សន្សំហើយ ប្រារព្ធល្អហើយ ម្នាលអានន្ទ ព្រះតថាគតនោះ កាលប្រាថ្នានឹងឋិតនៅអស់អាយុកប្ប ឬលើសអំពីអាយុកប្បទៅក៏បាន ។

[១២៨] កាលដែលព្រះមានព្រះភាគ ធ្វើនិមិត្តដ៏ឱឡារិក ធ្វើឱភាសដ៏ឱឡារិកយ៉ាងនេះ ព្រះអានន្ទដ៏មានអាយុ មិនអាចនឹងយល់បាន ទាំងមិនបានអារាធនា នូវព្រះមានព្រះភាគថា បពិត្រព្រះមានព្រះភាគ សូមព្រះអង្គ ឋិតនៅអស់អាយុកប្ប សូមព្រះសុគត ឋិតនៅអស់អាយុកប្ប ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ និងសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ដូច្នេះឡើយ ព្រោះត្រូវមារគ្របសង្កត់ចិត្ត ។ ព្រះមានព្រះភាគ ត្រាស់នឹងព្រះអានន្ទដ៏មានអាយុ ជាគម្រប់ពីរដងថា ម្នាលអានន្ទ ក្រុងវេសាលី គួរជាទីត្រេកអរ ឧទេនចេតិយ ជាទីត្រេកអរ គោតមកចេតិយ ជាទីត្រេកអរ សត្តម្ពចេតិយ ជាទីត្រេកអរ ពហុបុត្តចេតិយ ជាទីត្រេកអរ សារន្ទចេតិយ ជាទីត្រេកអរ បាវាលចេតិយ ជាទីត្រេកអរ ម្នាលអានន្ទ ឥទ្ធិបាទ ៤ ដែលបុគ្គលណា ចម្រើនហើយ ធ្វើឲ្យរឿយ ៗ ហើយ ធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ អធិដ្ឋានហើយ សន្សំហើយ ប្រារព្ធល្អហើយ បុគ្គលនោះ កាលប្រាថ្នានឹងឋិតនៅអស់អាយុកប្ប ឬលើសអំពីអាយុកប្បក៏បាន ម្នាលអានន្ទ ឥទ្ធិបាទ ៤ ដែលព្រះតថាគត ចម្រើនហើយ ធ្វើឲ្យរឿយ ៗ ហើយ ធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ អធិដ្ឋានហើយ សន្សំហើយ ប្រារព្ធល្អហើយ ម្នាលអានន្ទ ព្រះតថាគតនោះ កាលប្រាថ្នានឹងឋិតនៅអស់អាយុកប្ប ឬលើសអំពីអាយុកប្បទៅក៏បាន ។ កាលព្រះមានព្រះភាគ ធ្វើនិមិត្តដ៏ឱឡារិក ធ្វើឱភាសដ៏ឱឡារិកយ៉ាងនេះ ព្រះអានន្ទដ៏មានអាយុ មិនអាចយល់បាន ទាំងមិនបានអារាធនាព្រះមានព្រះភាគថា បពិត្រព្រះមានព្រះភាគ សូមព្រះអង្គឋិតនៅអស់អាយុកប្ប សូមព្រះសុគតឋិតនៅអស់អាយុកប្ប ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ និងសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយឲ្យទាន ដូច្នេះឡើយ ព្រោះត្រូវមារគ្របសង្កត់ចិត្ត ។ ព្រះមានព្រះភាគ ត្រាស់នឹងព្រះអានន្ទដ៏មានអាយុ ជាគម្រប់ ៣ ដងថា ម្នាលអានន្ទ ក្រុងវេសាលី គួរជាទីត្រេកអរ ឧទេនចេតិយ ជាទីត្រេកអរ គោតមកចេតិយ ជាទីត្រេកអរ សត្តម្ពចេតិយ ជាទីត្រេកអរ ពហុបុត្តចេតិយ ជាទីត្រេកអរ សារន្ទចេតិយ ជាទីត្រេកអរ បាវាលចេតិយ ជាទីត្រេកអរ ម្នាលអានន្ទ ឥទ្ធិបាទទាំង ៤ ដែលបុគ្គលណា ចម្រើនហើយ ធ្វើឲ្យរឿយ ៗ ហើយ ធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ អធិដ្ឋានហើយ សន្សំហើយ ប្រារព្ធល្អហើយ បុគ្គលនោះ កាលប្រាថ្នានឹងឋិតនៅអស់អាយុកប្ប ឬលើសពីអាយុកប្បទៅក៏បាន ម្នាលអានន្ទ ឥទ្ធិបាទទាំង ៤ ដែលព្រះតថាគត ចម្រើនហើយ ធ្វើឲ្យរឿយ ៗ ហើយ ធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ អធិដ្ឋានហើយ សន្សំហើយ ប្រារព្ធល្អហើយ ម្នាលអានន្ទ ព្រះតថាគតនោះ កាលប្រាថ្នានឹងឋិតនៅអស់អាយុកប្ប ឬលើសអំពីអាយុកប្បទៅក៏បាន ។ លុះព្រះមានព្រះភាគ ធ្វើនិមិត្តដ៏ឱឡារិក ធ្វើឱភាសដ៏ឱឡារិកយ៉ាងនេះ ព្រះអានន្ទដ៏មានអាយុ មិនអាចយល់បាន ទាំងមិនបានអារាធនាព្រះមានព្រះភាគថា បពិត្រព្រះមានព្រះភាគ សូមព្រះអង្គ ឋិតនៅអស់អាយុកប្ប សូមព្រះសុគត ឋិតនៅអស់អាយុកប្ប ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ និងសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយឲ្យទាន ដូច្នេះឡើយ ព្រោះត្រូវមារគ្របសង្កត់ចិត្ត ។

[១២៩] គ្រានោះ ព្រះមានព្រះភាគ ត្រាស់នឹងព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ អ្នកចូលទៅ អ្នកចូរសំគាល់កាលដែលគួរទៅ ក្នុងកាលឥឡូវនេះចុះ ។ ព្រះអានន្ទដ៏មានអាយុ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគ ព្រះករុណា ព្រះអង្គ ហើយក្រោកចាកអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណហើយ អង្គុយទៀបគល់ឈើ ១ ដើម ជិតព្រះមានព្រះភាគ ។

[១៣០] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចេញទៅមិនយូរប៉ុន្មាន មារចិត្តបាប ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឋិតនៅក្នុងទីដ៏សមគួរ ។ លុះមារចិត្តបាប ឋិតនៅក្នុងទីសមគួរហើយ ទើបពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ទ្រង់បរិនិព្វាន ក្នុងកាលឥឡូវនេះ សូមព្រះសុគតបរិនិព្វាន បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ កាលនេះ ជាកាលគួរបរិនិព្វាន របស់ព្រះមានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថា ព្រះមានព្រះភាគ បានត្រាស់វាចានេះហើយថា នែ មារចិត្តបាប ពួកភិក្ខុជាសាវ័ករបស់តថាគត ដែលឈ្លាសវៃ បានបទ ក្លៀវក្លា ប្រាថ្នាការក្សេមចាកយោគៈ ជាពហុស្សុត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដោយសេចក្តីកោតក្រែង ប្រព្រឹត្តតាមធម៌ដ៏សមគួរ រៀនយកវាទៈ នៃអាចារ្យរបស់ខ្លួន ហើយនឹងប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ បានសង្កត់សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនសង្កត់សង្កិន ដោយល្អ សំដែងធម៌ប្រកបដោយបាដិហារ្យ (គ្រឿងអាង) នៅមិនមានដរាបណាទេ តថាគត នឹងមិនទាន់បរិនិព្វានដរាបនោះ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ពួកភិក្ខុជាសាវ័ករបស់ព្រះមានព្រះភាគ ឈ្លាសវៃ បានបទ ក្លៀវក្លា ប្រាថ្នាសេចក្តីក្សេមចាកយោគៈ ជាពហុស្សុត ទ្រទ្រង់ធម៌ ប្រតិបតិ្តធម៌ ដ៏សមគួរដល់ធម៌ ប្រតិបត្តិដោយសេចក្តីកោតក្រែង ប្រព្រឹត្តតាមធម៌ដ៏សមគួរ រៀនយកវាទៈនៃអាចារ្យរបស់ខ្លួនហើយ ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ បានសង្កត់សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ច ដែលខ្លួនសង្កត់សង្កិនដោយល្អ ហើយសំដែងធម៌ប្រកបដោយបាដិហារ្យ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគទ្រង់បរិព្វាន ក្នុងកាលឥឡូវនេះ សូមព្រះសុគត បរិនិព្វាន បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ កាលនេះជាកាលគួរបរិនិព្វានរបស់ព្រះមានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថា ព្រះមានព្រះភាគ ទ្រង់ត្រាស់វាចានេះហើយថា ម្នាលមារចិត្តបាប ពួកភិក្ខុនី ជាសាវិការបស់តថាគត ឈ្លាសវៃ បានបទ ក្លៀវក្លា ប្រាថ្នាសេចក្តីក្សេមចាកយោគៈ ជាពហុស្សុត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ ដ៏សមគួរដល់ធម៌ ប្រតិបត្តិ ដោយសេចក្តីកោតក្រែង ប្រព្រឹត្តតាមធម៌ដ៏សមគួរ រៀនយកវាទៈនៃអាចារ្យរបស់ខ្លួនហើយនឹងប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ បានសង្កត់សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនគួរសង្កត់សង្កិនដោយល្អ សំដែងធម៌ប្រកបដោយបាដិហារ្យ នៅមិនទាន់មាន ដរាបណា តថាគត នឹងមិនទាន់បរិនិព្វានដរាបនោះ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ពួកភិក្ខុនី ជាសាវិកា របស់ព្រះមានព្រះភាគ ឈ្លាសវៃ បានបទ ក្លៀវក្លា ប្រាថ្នាសេចក្តីក្សេមចាកយោគៈ ជាពហុស្សុត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ដ៏សមគួរដល់ធម៌ ប្រតិបត្តិដោយសេចក្តីកោតក្រែង ប្រព្រឹត្តតាមធម៌ដ៏សមគួរ រៀនយកវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ បានសង្កត់សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនសង្កត់សង្កិនដោយល្អ ហើយសំដែងធម៌ ប្រកបដោយបាដិហារ្យ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ទ្រង់បរិនិព្វាន ក្នុងកាលឥឡូវនេះ សូមព្រះសុគតបរិនិព្វាន បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ កាលនេះជាកាលគួរបរិនិព្វានរបស់ព្រះមានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថា ព្រះមានព្រះភាគ ទ្រង់ត្រាស់វាចានេះហើយថា នែមារចិត្តបាប ពួកឧបាសកជាសាវ័ករបស់តថាគត ឈ្លាសវៃ បានបទ ក្លៀវក្លា ប្រាថ្នាសេចក្តីក្សេមចាកយោគៈ ជាពហុស្សុត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ ដ៏សមគួរដល់ធម៌ ប្រតិបត្តិដោយសេចក្តីកោតក្រែង ប្រព្រឹត្តតាមធម៌ដ៏សមគួរ បានរៀនយកវាទៈនៃអាចារ្យរបស់ខ្លួន ហើយនឹងប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ បានសង្កត់សង្កិនបរប្បវាទដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនសង្កត់សង្កិនបានដោយល្អ សំដែងធម៌ប្រកបដោយបាដិហារ្យ នៅមិនទាន់មានដរាបណា តថាគត នឹងមិនទាន់បរិនិព្វាន ដរាបនោះ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ពួកឧបាសកជាសាវ័ក របស់ព្រះមានព្រះភាគ ឈ្លាសវៃ បានបទ ក្លៀវក្លា ប្រាថ្នាសេចក្តីក្សេមចាកយោគៈ ជាពហុស្សុត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ ដ៏សមគួរដល់ធម៌ ប្រតិបត្តិដោយសេចក្តីកោតក្រែង ប្រព្រឹត្តតាមធម៌ដ៏សមគួរ បានរៀនយកវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ បានសង្កត់សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនសង្កត់សង្កិនបានដោយល្អ សំដែងធម៌ប្រកបដោយបាដិហារ្យ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ បរិនិព្វានក្នុងកាលឥឡូវនេះ សូមព្រះសុគតបរិព្វាន បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ កាលនេះជាកាលគួរបរិនិព្វាន របស់ព្រះមានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថា ព្រះមានព្រះភាគ ទ្រង់ត្រាស់វាចានេះហើយថា ម្នាលមារចិត្តបាប ពួកឧបាសិកា ជាសាវិការបស់តថាគត ឈ្លាសវៃ បានបទ ក្លៀវក្លា ប្រាថ្នាសេចក្តីក្សេមចាកយោគៈ ទ្រទ្រង់ធម៌ ជាពហុស្សុត ប្រតិបត្តិធម៌ដ៏សមគួរដល់ធម៌ ប្រតិបត្តិដោយសេចក្តីកោតក្រែង ប្រព្រឹត្តតាមធម៌ដ៏សមគួរ រៀនយកវាទៈនៃអាចារ្យរបស់ខ្លួន ហើយនឹងប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ បានសង្កត់សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនសង្កត់សង្កិនបានដោយល្អ សំដែងធម៌ប្រកបដោយបាដិហារ្យ នៅមិនទាន់មាន ដរាបណា តថាគតនឹងមិនទាន់បរិនិព្វាន ដរាបនោះ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ពួកឧបាសិកា ជាសាវិការបស់ព្រះមានព្រះភាគ ឈ្លាសវៃ បានបទ ក្លៀវក្លា ប្រាថ្នាសេចក្តីក្សេមចាកយោគៈ ទ្រទ្រង់ធម៌ ជាពហុស្សុត ប្រព្រឹត្តិធម៌ដ៏សមគួរដល់ធម៌ ប្រតិបត្តិ ដោយសេចក្តីកោតក្រែង ប្រតិបត្តិតាមធម៌ដ៏សមគួរ រៀនយកវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ បានសង្កត់សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនសង្កត់សង្កិនបានដោយល្អ ហើយសំដែងធម៌ ប្រកបដោយបាដិហារ្យ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ បរិនិព្វានក្នុងកាលឥឡូវនេះ សូមព្រះសុគតបរិនិព្វាន បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ កាលនេះ ជាកាលគួរបរិនិព្វានរបស់ព្រះមានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថា ព្រះមានព្រះភាគ ទ្រង់ត្រាស់វាចានេះហើយថា ម្នាលមារចិត្តបាប ព្រហ្មចរិយធម៌របស់តថាគតនេះ នៅមិនទាន់ខ្ជាប់ខ្ជួន ផ្សព្វផ្សាយទូលាយ ដឹងច្រើនគ្នា ក្រាស់ក្រែលដរាបណា ទាំងពួកទេវតា និងមនុស្ស សំដែងបានដោយប្រពៃ ដរាណា តថាគតនឹងមិនទាន់បរិនិព្វាន ដរាបនោះ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ព្រហ្មចរិយធម៌ របស់ព្រះមានព្រះភាគ ខ្ជាប់ខ្ជួន ផ្សព្វផ្សាយទូលាយ ដឹងច្រើនគ្នា ក្រាស់ក្រែលហើយ ទាំងពួកទេវតា និងមនុស្ស ក៏សំដែងបានដោយប្រពៃ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ សូមព្រះមានព្រះភាគ បរិនិព្វាន សូមព្រះសុគត បរិនិព្វាន បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ កាលនេះ ជាកាលគួរបរិនិព្វាន របស់ព្រះមានព្រះភាគហើយ ។

[១៣១] កាលបើមារទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់តបនឹងមារចិត្តបាបថា ម្នាលមារចិត្តបាប ចូរអ្នកកុំមានសេចក្តីខ្វល់ខ្វាយចុះ ការបរិនិព្វានរបស់តថាគត មិនយូរប៉ុន្មានទេ អំណើះទៅ ៣ ខែទៀត អំពីខែនេះ តថាគតនឹងបរិនិព្វាន ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់មានសតិសម្បជញ្ញៈ ដាក់អាយុសង្ខារ នាបាវាលចេតិយ ។ លុះព្រះមានព្រះភាគ ទ្រង់ដាក់អាយុសង្ខារហើយ មហាប្រថពីកក្រើក គួរឲ្យខ្លាច ព្រឺព្រួចរោម ទាំងផ្គរក៏លាន់ឮឡើង ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជា្របច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

ព្រះពុទ្ធ ជាអ្នកប្រាជ្ញ បានលះបង់កុសលចិត្តដែលគួរថ្លឹងបាន និងថ្លឹងមិនបានផង កិលេស ជាដែនកើតផង សង្ខារប្រព្រឹត្តទៅក្នុងភពផង ទ្រង់ត្រេកអរក្នុងខាងក្នុង មានព្រះហ្ឫទ័យតាំងមាំហើយ បានទំលាយបណ្តាញ គឺកិលេស ដែលមានខ្លួនជាដែនកើត ដូចជាគ្រឿងក្រោះ (របស់ទាហាន) ។

ចប់ សូត្រ ទី១ ។

២. សត្តជដិលសូត្រកែប្រែ

[១៣២] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ គង់ក្នុងមិគារមាតុប្រាសាទ នាវត្តបុព្វារាម ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ព្រះមានព្រះភាគ ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយទ្រង់គង់ឰដ៏ខាងក្រៅក្លោងទ្វារ ។ គ្រានោះ ព្រះបាទបសេនទិកោសល ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ គង់នៅក្នុងទីសមគួរ ។ សម័យនោះឯង ពួកជដិល ៧ នាក់ [អ្នកបួសក្រៅពុទ្ធសាសនា ធ្វើជាតាបស ។] ពួកនិគ្រន្ថ ៧ នាក់ [សភាពជានិគ្រន្ថ ទ្រទ្រង់សំលៀកបំពាក់ពណ៌ស ។] ពួកអចេល ៧ នាក់ [អាក្រាតឥតគ្រឿងសំលៀកបំពាក់ឡើយ ។] ពួកឯកសាដក ៧ នាក់ [ចងកំណាត់សំពត់ត្រង់ដៃ ហើយនឹងបិទបាំង (ប៉ឹង) ខាងមុខសរីរៈ ដូចនិគ្រន្ថមានសំពត់សាដកតែមួយ ។] ពួកបរិព្វាជក ៧ នាក់ [ឈ្មោះអ្នកបួសក្រៅពុទ្ធសាសនាដេរ ។ អដ្ឋកថា ។] សុទ្ធតែមានរោមឰដ៏ក្លៀកទ្រុបទ្រុល និងក្រចកវែង ៗ នាំយកអម្រែកមានប្រការផ្សេង ៗ ដើរចូលមកក្នុងទីជិតនៃព្រះមានព្រះភាគ ។ ព្រះបាទបសេនទិកោសល ទ្រង់ទតឃើញពួកអ្នកបួសទាំងនោះគឺ ជដិល ៧ នាក់ និគ្រន្ថ ៧ នាក់ អចេល ៧ នាក់ ឯកសាដក ៧ នាក់ បរិព្វាជក ៧ នាក់ សុទ្ធតែមានរោមឰដ៏ក្លៀកទ្រុបទ្រុល និងក្រចកវែង ៗ នាំយកអម្រែក មានប្រការផ្សេង ៗ ហើយដើរចូលមកក្នុងទីជិតនៃព្រះមានព្រះភាគ លុះទ្រង់ទតឃើញហើយ ទើបក្រោកចាកអាសនៈ ធ្វើសំពត់ឆៀងស្មាម្ខាង ហើយលុតមណ្ឌលជង្គង់ខាងស្តាំចុះ លើប្រថពី ប្រណម្យអញ្ជលី ចំពោះពួកអ្នកបួសទាំងនោះគឺ ជដិល ៧ នាក់ និគ្រន្ថ ៧ នាក់ អចេល ៧ នាក់ ឯកសាដក ៧ នាក់ បរិព្វាជក ៧ នាក់នោះ ហើយប្រកាសនាម (របស់ព្រះអង្គ) អស់វារៈ ៣ ដងថា បពិត្រលោកដ៏ចម្រើន ខ្ញុំជាស្តេចឈ្មោះបសេនទិកោសល បពិត្រលោកដ៏ចម្រើន ខ្ញុំជាស្តេចឈ្មោះបសេនទិកោសល ។ គ្រានោះ កាលពួកអ្នកបួសទាំងនោះគឺ ជដិល ៧ នាក់ និគ្រន្ថ ៧ នាក់ អចេល ៧ នាក់ ឯកសាដក ៧ នាក់ បរិព្វាជក ៧ នាក់ ចេញទៅមិនយូរប៉ុន្មាន ទើបព្រះបាទបសេនទិកោសល ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចគង់ក្នុងទីសមគួរ ។ លុះព្រះបាទបសេនទិកោសល សេ្តចគង់ក្នុងទីសមគួរហើយ ទើបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ពួកអ្នកបួសណា ជាព្រះអរហន្ត ឬបានសម្រេចអរហត្តមគ្គក្នុងលោក បណ្តាអ្នកបួសទាំងនោះ ជាព្រះអរហន្តមួយដែរឬ ។

[១៣៣] បពិត្រមហារាជ ដំណើរដែលថា បុគ្គលនេះ ជាព្រះអរហន្ត ឬបុគ្គលនេះ បានសម្រេចអរហត្តមគ្គនោះ ព្រះអង្គជាគ្រហស្ថ ជាអ្នកបរិភោគកាម គ្រប់គ្រងសយនៈ ដែលចង្អៀតដោយបុត្ត ប្រើប្រាស់កាសិកព័ស្ត្រ និងលំអិតខ្លឹមចន្ទន៍ ទ្រទ្រង់កម្រងផ្កា និងគ្រឿងក្រអូប គ្រឿងលាបផ្សេង ៗ ត្រេកអរចំពោះមាសប្រាក់ ដឹងបានដោយក្រណាស់ ។ បពិត្រមហារាជ សីល ត្រូវបុគ្គលដឹងដោយការនៅរួមគ្នា សីលនោះឯង គេដឹងបានដោយកាលវែង មិនមែនដឹងបានដោយកាលបន្តិចបន្តួចទេ កាលកំណត់ក្នុងចិត្ត ទើបអាចដឹងបាន កាលបើមិនបានកំណត់ក្នុងចិត្ត មិនងាយដឹងបាន អ្នកជាបណ្ឌិត ទើបអាចដឹងបាន ជនពាលមិនងាយដឹងបានទេ ។ បពិត្រមហារាជ សេចក្តីស្អាត ត្រូវបុគ្គលដឹងបានដោយការនិយាយឆ្លើយឆ្លង ទាំងសេចក្តីស្អាតនោះឯង គេដឹងបាន ដោយកាលវែង មិនមែនដឹងដោយកាលបន្តិចបន្តួចទេ កាលកំណត់ក្នុងចិត្ត ទើបអាចដឹងបាន កាលបើមិនបានកំណត់ក្នុងចិត្ត មិនងាយដឹងបានទេ អ្នកជាបណ្ឌិត ទើបអាចដឹងបាន ជនពាលមិនងាយដឹងបានទេ ។ បពិត្រមហារាជ កម្លាំងញាណ ត្រូវបុគ្គលដឹងបាន ក្នុងវេលាមានអន្តរាយ ទាំងកម្លាំងញាណនោះឯង ត្រូវដឹងដោយកាលវែង មិនមែនដឹងដោយកាលបន្តិចបន្តួចទេ កាលកំណត់ក្នុងចិត្ត ទើបអាចដឹងបាន កាលបើមិនបានកំណត់ក្នុងចិត្ត មិនងាយដឹងបានទេ អ្នកជាបណ្ឌិត ទើបអាចដឹងបាន ជនពាលមិនងាយដឹងបានទេ ។ បពិត្រមហារាជ បញ្ញា ត្រូវបុគ្គលដឹងបានដោយការសាកច្ឆា ទាំងបញ្ញានោះឯង ត្រូវដឹងដោយកាលវែង មិនមែនដឹងដោយកាលបន្តិចបន្តួចទេ កាលកំណត់ក្នុងចិត្ត ទើបអាចដឹងបាន កាលបើមិនបានកំណត់ក្នុងចិត្ត មិនងាយដឹងបានទេ អ្នកជាបណ្ឌិត ទើបអាចដឹងបាន ជនពាលមិនងាយដឹងបានទេ ។

[១៣៤] បពិត្រព្រះអង្គដ៏ចម្រើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចម្រើន ចម្លែកណាស់ ត្រង់ដែលព្រះមានព្រះភាគ សំដែងដោយប្រពៃថា បពិត្រមហារាជ ដំណើរដែលថាបុគ្គលនេះ ជាព្រះអរហន្ត ឬបុគ្គលនេះ បានសម្រេចអរហត្តមគ្គនោះ ព្រះអង្គជាគ្រហស្ថ ជាអ្នកបរិភោគកាម គ្រប់គ្រងសយនៈ ដែលចង្អៀតដោយបុត្ត ប្រើប្រាស់កាសិកព័ស្ត្រ និងលំអិតខ្លឹមចន្ទន៍ ទ្រទ្រង់កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាបផ្សេង ៗ ត្រេកអរចំពោះមាស ប្រាក់ ដឹងបានដោយក្រណាស់ ។ បពិត្រមហារាជ សីល ត្រូវបុគ្គលដឹងបានដោយការនៅរួមគ្នា ទាំងសីលនោះឯង គេដឹងបានដោយកាលវែង មិនមែនដឹងដោយកាលបន្តិចបន្តួចទេ កាលកំណត់ក្នុងចិត្ត ទើបដឹងបាន កាលបើមិនកំណត់ក្នុងចិត្ត មិនងាយដឹងបានទេ អ្នកជាបណ្ឌិត ទើបអាចដឹងបាន ជនពាលមិនងាយដឹងបានទេ ។ បពិត្រមហារាជ សេចក្តីស្អាត ត្រូវបុគ្គលដឹងបានដោយការនិយាយឆ្លើយឆ្លង ទាំងសេចក្តីស្អាតនោះឯង គេដឹងដោយកាលវែង មិនមែនដឹងដោយកាលបន្តិចបន្តួចទេ កាលកំណត់ក្នុងចិត្ត ទើបអាចដឹងបាន កាលបើមិនកំណត់ក្នុងចិត្ត មិនងាយដឹងបានទេ អ្នកជាបណ្ឌិត ទើបអាចដឹងបាន ជនពាលមិនងាយដឹងបានទេ ។ បពិត្រមហារាជ កម្លាំងញាណ ត្រូវបុគ្គលដឹងបានក្នុងវេលាមានអន្តរាយ ទាំងកម្លាំងញាណនោះឯង ត្រូវដឹងដោយកាលវែង មិនមែនដឹងដោយកាលបន្តិចបន្តួចទេ កាលកំណត់ក្នុងចិត្ត ទើបអាចដឹងបាន កាលបើមិនកំណត់ក្នុងចិត្ត មិនងាយដឹងបានទេ ។ បពិត្រមហារាជ បញ្ញា ត្រូវបុគ្គលដឹងបានដោយការសាកច្ឆា ទាំងបញ្ញានោះឯង ត្រូវដឹងដោយកាលវែង មិនមែនដឹងដោយកាលបន្តិចបន្តួចទេ កាលកំណត់ក្នុងចិត្ត ទើបអាចដឹងបាន កាលបើមិនកំណត់ក្នុងចិត្ត មិនងាយដឹងបានទេ អ្នកជាបណ្ឌិត ទើបអាចដឹងបាន ជនពាលមិនងាយដឹងបានទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ពួកបុរសរបស់ខ្ញុំព្រះអង្គទាំងនុ៎ះ ដូចជាចោរ ដើរតត្រុក ត្រួតត្រាជនបទ ពួកបុរសទាំងនោះ មកត្រួតត្រាមុន ខ្ញុំព្រះអង្គនឹងមកត្រួតត្រាខាងក្រោយ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ពួកបុរសទាំងនោះ បណ្តែតបន្សាត់បង់ធូលី និងមន្ទិលនោះចេញ ហើយងូតទឹក លាបស្រឡាបដោយល្អ កោរសក់ និងពុកមាត់ ស្លៀកពាក់សំពត់ពណ៌ស ឆ្អែតស្កប់ស្កល់ មូលមិត្តបំរើដោយកាមគុណប្រាំ ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

បុគ្គលមិនគប្បីប្រឹងប្រែង ក្នុងអំពើលាមកទាំងពួងទេ បុគ្គលមិនគប្បីជាបុរសនៃបុគ្គលដទៃ មិនគប្បីរស់នៅព្រោះអាស្រ័យអ្នកដទៃ មិនគប្បីប្រព្រឹត្តធម៌ (ដើម្បីលាភ) ដូចការជួញប្រែទេ ។

ចប់ សូត្រ ទី២ ។

៣. បច្ចវេក្ខណសូត្រកែប្រែ

[១៣៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះមានព្រះភាគ កំពុងគង់ពិចារណាពួកអកុសលធម៌ដ៏លាមកច្រើនប្រការ ដែលទ្រង់លះហើយផង ពួកកុសលធម៌ច្រើនប្រការ ដែលបរិបូណ៌ដោយការចម្រើនផង ។ លុះព្រះមានព្រះភាគ ជ្រាបពួកអកុសលធម៌ដ៏លាមកច្រើនប្រការ ដែលព្រះអង្គលះហើយផង ពួកកុសលធម៌ច្រើនប្រការ ដែលបរិបូណ៌ដោយការចម្រើនផង ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

ពួកកិលេស មានរាគៈជាដើម ធ្លាប់មានហើយក្នុងកាលមុន ពួកកិលេសណាមួយ របស់តថាគត មិនបានមានហើយ ក្នុងខណៈនៃមគ្គញ្ញាណនោះទេ អរិយមគ្គ មិនធ្លាប់មានហើយ ក្នុងកាលមុន អរិយមគ្គ ក៏បានមានហើយ ក្នុងកាលណោះ ពួកកិលេសមិនបានមាន ក្នុងកាល (ជាអតីត) ផង មិនមានក្នុងកាល (ជាអនាគត) ផង មិនមានក្នុងកាលជាបច្ចុប្បន្នផង (ដល់តថាគត) ។

ចប់ សូត្រ ទី៣ ។

៤. បឋមនានាតិត្ថិយសូត្រកែប្រែ

[១៣៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ពួកសមណព្រាហ្មណ៍ បរិព្វាជក [សំដៅយកពួកសមណៈ មាននិគ្រន្ថដែលប្រព្រឹត្តអាក្រាតជាដើម ។ ពួកព្រាហ្មណ៍ មានកឋកលាកបព្រាហ្មណ៍ជាដើម ។ ពួកបរិព្វាជក មានបោក្ខរសាតិបរិព្វាជកជាដើម ។ អដ្ឋកថា] ច្រើនគ្នា អាស្រ័យនៅក្នុងក្រុងសាវត្ថី មានលទ្ធិផ្សេង ៗ មានទិដ្ឋិផ្សេង ៗ មានសេចក្តីគាប់ចិត្តផ្សេង ៗ មានសេចក្តីចូលចិត្តផ្សេង ៗ អាស្រ័យទិដ្ឋិនិស័្សយផ្សេង ៗ ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា លោកទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា លោកមិនទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា លោកមានទីបំផុត ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា លោកមិនមានទីបំផុត ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ជីវិតនោះ គឺសរីរៈនោះ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ជីវិតដទៃ សរីរៈដទៃ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា សត្វស្លាប់ទៅ កើតទៀត ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា សត្វស្លាប់ទៅ មិនកើតទៀត ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា សត្វស្លាប់ទៅ កើតទៀតក៏មាន មិនកើតទៀតក៏មាន ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា សត្វស្លាប់ទៅ កើតទៀតក៏មិនមាន មិនកើតទៀតក៏មិនមែន ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍ទាំងនោះ មានសេចក្តីប្រកួតប្រកាន់ ជម្លោះ ទាស់ទែង ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ថា យ៉ាងនេះធម៌ យ៉ាងនេះមិនមែនធម៌ យ៉ាងនេះមិនមែនធម៌ យ៉ាងនេះធម៌ ។

[១៣៧] គ្រានោះ ពួកភិក្ខុច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី ។ លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ពួកសមណព្រាហ្មណ៍បរិព្វាជកច្រើនគ្នា អាស្រ័យនៅក្នុងក្រុងសាវត្ថី មានលទ្ធិផ្សេង ៗ មានទិដ្ឋិផ្សេង ៗ មានសេចក្តីគាប់ចិត្តផ្សេង ៗ មានសេចក្តីចូលចិត្តផ្សេង ៗ អាស្រ័យទិដ្ឋិនិស័្សយផ្សេង ៗ ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា លោកទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះ ថា លោកមិនទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា លោកមានទីបំផុត ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា លោកមិនមានទីបំផុត ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិ យ៉ាងនេះថា ជីវិតនោះ គឺសរីរៈនោះ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ជីវិតដទៃ សរីរៈដទៃ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា សត្វស្លាប់ទៅ កើតទៀត ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា សត្វស្លាប់ទៅ មិនកើតទៀត ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា សត្វស្លាប់ទៅ កើតទៀតក៏មាន មិនកើតទៀតក៏មាន ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះ ថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍ទាំងនោះ មានសេចក្តីប្រកួតប្រកាន់ ជម្លោះ ទាស់ទែង ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ថា យ៉ាងនេះធម៌ យ៉ាងនេះមិនមែន ធម៌ យ៉ាងនេះមិនមែនធម៌ យ៉ាងនេះធម៌ ។ ម្នាលភិក្ខុទាំងឡាយ ពួកអន្យតិរ្ថិយ បរិព្វាជក ដូចជាមនុស្សខ្វាក់ មើលមិនឃើញ មិនស្គាល់ប្រយោជន៍ មិនស្គាល់សភាវៈមិនមែនប្រយោជន៍ មិនស្គាល់ធម៌ មិនស្គាល់អធម៌ ។ អន្យតិរ្ថិយ បរិព្វាជកទាំងនោះ កាលបើមិនស្គាល់ប្រយោជន៍ មិនស្គាល់សភាវៈមិនមែនប្រយោជន៍ មិនស្គាល់ធម៌ មិនស្គាល់អធម៌ ហើយក៏មានសេចក្តីប្រកួតប្រកាន់ ជម្លោះ ទាស់ទែង ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ថា យ៉ាងនេះធម៌ យ៉ាងនេះមិនមែនធម៌ យ៉ាងនេះមិនមែនធម៌ យ៉ាងនេះធម៌ ។

[១៣៨] ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ មានព្រះរាជា ១ អង្គ ក្នុងក្រុងសាវត្ថីនេះ ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះរាជានោះ ទ្រង់ហៅបុរសម្នាក់មកត្រាស់ បង្គាប់ថា នែបុរសដ៏ចម្រើន ចូរអ្នកមកអាយ ចូរអ្នកទៅប្រមូលពួកមនុស្សខ្វាក់ពីកំណើត ដែលមានក្នុងក្រុងសាវត្ថីទាំងប៉ុន្មាន ឲ្យមកជួបជុំគ្នាទាំងអស់ ក្នុងទីជាមួយគ្នា ។ ម្នាលភិក្ខុទាំងឡាយ បុរសនោះ ទទួលព្រះរាជបញ្ជា របស់ព្រះរាជានោះថា ព្រះករុណាថ្លៃវិសេស ហើយប្រមូលពួកមនុស្សខ្វាក់ពីកំណើត ដែលមានក្នុងក្រុងសាវត្ថីទាំងប៉ុន្មាន មកទាំងអស់ ហើយចូលគាល់ព្រះរាជាអង្គនោះ លុះចូលទៅដល់ ក្រាបបង្គំទូលព្រះរាជាអង្គនោះថា បពិត្រព្រះសម្មតិទេព ពួកមនុស្សខ្វាក់ពីកំណើត ដែលមានក្នុងក្រុងសាវត្ថី ទាំងប៉ុន្មាន ខ្ញុំព្រះអង្គ បានឲ្យមកជួបជុំគ្នាទាំងអស់ហើយ ។ ព្រះរាជាត្រាស់ថា ម្នាលនាយ បើដូច្នោះ ចូរអ្នកបង្ហាញដំរីដល់ពួកមនុស្សខ្វាក់ពីកំណើត ។ ម្នាលភិក្ខុទាំងឡាយ បុរសនោះ ទទួលព្រះរាជបញ្ជារបស់ព្រះរាជានោះថា ព្រះករុណាថ្លៃវិសេស ហើយក៏បង្ហាញដំរី ដល់មនុស្សខ្វាក់ពីកំណើតទាំងឡាយ គឺ បង្ហាញក្បាលដំរី ដល់ពួកមនុស្សខ្វាក់ពីកំណើតខ្លះថា នែមនុស្សខ្វាក់ពីកំណើតទាំងឡាយ ដំរីបែបនេះ ។ បង្ហាញត្រចៀកដំរី ដល់ពួកមនុស្សខ្វាក់ពីកំណើតខ្លះថា នែមនុស្សខ្វាក់ពីកំណើតទាំងឡាយ ដំរីបែបនេះ ។ បង្ហាញភ្លុកដំរី ដល់ពួកមនុស្សខ្វាក់ពីកំណើតខ្លះថា នែមនុស្សខ្វាក់ពីកំណើតទាំងឡាយ ដំរីបែបនេះ ។ បង្ហាញប្រមោយដំរី ដល់ពួកមនុស្សខ្វាក់ពីកំណើតខ្លះថា នែមនុស្សខ្វាក់ពីកំណើត ទាំងឡាយ ដំរីបែបនេះ ។ បង្ហាញខ្លួនដំរី ដល់ពួកមនុស្សខ្វាក់ពីកំណើតខ្លះថា នែមនុស្សខ្វាក់ពីកំណើតទាំងឡាយ ដំរីបែបនេះ ។ បង្ហាញជើងដំរី ដល់ពួកមនុស្សខ្វាក់ពីកំណើតខ្លះថា នែមនុស្សខ្វាក់ពីកំណើតទាំងឡាយ ដំរីបែបនេះ ។ បង្ហាញខ្នងដំរី ដល់ពួកមនុស្សខ្វាក់ពីកំណើតខ្លះថា នែមនុស្សខ្វាក់ពីកំណើតទាងឡាយ ដំរីបែបនេះ ។ បង្ហាញកន្ទុយដំរី ដល់ពួកមនុស្សខ្វាក់ពីកំណើតខ្លះថា នែមនុស្សខ្វាក់ពីកំណើតទាំងឡាយ ដំរីបែបនេះ ។ បង្ហាញរោមកន្ទុយដំរី ដល់ពួកមនុស្សខ្វាក់ពីកំណើតខ្លះថា នែមនុស្សខ្វាក់ពីកំណើតទាំងឡាយ ដំរីបែបនេះ ។ ម្នាលភិក្ខុទាំងឡាយ លុះបុរសនោះ បង្ហាញដំរី ដល់ពួកមនុស្សខ្វាក់ពីកំណើតរួចហើយ ក៏ចូលទៅគាល់ព្រះរាជាអង្គនោះ លុះចូលទៅដល់ ក្រាបបង្គំទូលព្រះរាជាអង្គនោះថា បពិត្រព្រះសម្មតិទេព មនុស្សខ្វាក់ពីកំណើតទាំងនោះ បានឃើញដំរីច្បាស់លាស់ហើយ សូមព្រះអង្គសំគាល់កាលគួរនឹងស្តេចទៅ ក្នុងកាលឥឡូវនេះចុះ ។ ម្នាលភិក្ខុទាំងឡាយ ឯព្រះរាជាអង្គនោះ ទ្រង់ចូលទៅរកមនុស្សខ្វាក់ពីកំណើតទាំងនោះ លុះចូលទៅដល់ ត្រាស់ព្រះរាជឱង្ការទៅនឹងមនុស្សខ្វាក់ពីកំណើតទាំងនោះថា នែមនុស្សខ្វាក់ពីកំណើតទាំងឡាយ អ្នកទាំងឡាយ បានឃើញដំរីហើយឬ ។ ពួកមនុស្សខ្វាក់ពីកំណើត ឆ្លើយតបព្រះរាជឱង្ការថា ព្រះករុណាថ្លៃវិសេស ។ ព្រះរាជាត្រាស់ថា នែមនុស្សខ្វាក់ពីកំណើតទាំងឡាយ អ្នកទាំងឡាយ និយាយថា ដំរី យើងទាំងឡាយបានឃើញហើយ តើដំរីដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សខ្វាក់ពីកំណើតណា ដែលបានឃើញក្បាលដំរី មនុស្សទាំងនោះ និយាយយ៉ាងនេះថា បពិត្រព្រះសម្មតិទេព ដំរីនេះដូចក្អម ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សខ្វាក់ពីកំណើតណា ដែលបានឃើញស្លឹកត្រចៀកដំរី មនុស្សទាំងនោះ និយាយយ៉ាងនេះថា បពិត្រព្រះសម្មតិទេព ដំរីនេះដូចចង្អេរ ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សខ្វាក់ពីកំណើតណា ដែលបានឃើញភ្លុកដំរី មនុស្សទាំងនោះ និយាយយ៉ាងនេះថា បពិត្រព្រះសម្មតិទេព ដំរីនេះដូចផាល [ភ្លុកដំរី គួរប្រដូចនឹងអង្រែទើបសម ឬប្រហែលចុងភ្លុកទេដឹង បានជាលោកប្រៀបថាដូចផាល ។] ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សខ្វាក់ពីកំណើតណា ដែលបានឃើញប្រមោយដំរី មនុស្សទាំងនោះ និយាយយ៉ាងនេះថា បពិត្រព្រះសម្មតិទេព ដំរីនេះដូចយាមនង្គ័ល ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សខ្វាក់ពីកំណើតណា ដែលបានឃើញខ្លួនដំរី មនុស្សទាំងនោះ និយាយយ៉ាងនេះថា បពិត្រព្រះសម្មតិទេព ដំរីនេះ ដូចដោកស្រូវ ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សខ្វាក់ពីកំណើតណា ដែលបានឃើញជើងដំរី មនុស្សទាំងនោះ និយាយយ៉ាងនេះថា បពិត្រព្រះសម្មតិទេព ដំរីនេះ ដូចសសរ ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សខ្វាក់ពីកំណើតណា ដែលបានឃើញខ្នងដំរី មនុស្សទាំងនោះ និយាយយ៉ាងនេះថា បពិត្រព្រះសម្មតិទេព ដំរីនេះ ដូចត្បាល់ក្តឿង ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សខ្វាក់ពីកំណើតណា ដែលបានឃើញកន្ទុយដំរី មនុស្សទាំងនោះ និយាយយ៉ាងនេះថា បពិត្រព្រះសម្មតិទេព ដំរីនេះ ដូចអង្រែ ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សខ្វាក់ពីកំណើតណា ដែលបានឃើញរោមកន្ទុយដំរី មនុស្សទាំងនោះ និយាយយ៉ាងនេះថា បពិត្រព្រះសម្មតិទេព ដំរីនេះ ដូចអម្បោស ។ មនុស្សខ្វាក់ពីកំណើតទាំងនោះ ក៏ដាល់តប់គ្នានឹងគ្នាថា បែបនេះដំរី បែបនេះមិនមែនដំរីទេ បែបនេះមិនមែនដំរី បែបនេះទើបហៅថា ដំរី ។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជាអង្គនោះ មានព្រះរាជហ្ឫទ័យត្រេកអរដោយហេតុនោះឯង ។ ម្នាលភិក្ខុទាំងឡាយ ពួកអន្យតិរ្ថិយ បរិព្វាជក ដូចជាមនុស្សខ្វាក់ មើលមិនឃើញ មិនស្គាល់ប្រយោជន៍ មិនស្គាល់សភាវៈមិនមែនប្រយោជន៍ មិនស្គាល់ធម៌ មិនស្គាល់អធម៌យ៉ាងនេះ កាលបើអន្យតិរ្ថិយ បរិព្វាជកទាំងនោះ មិនស្គាល់ប្រយោជន៍ មិនស្គាល់សភាវៈមិនមែនប្រយោជន៍ មិនស្គាល់ធម៌ មិនស្គាល់អធម៌ ហើយក៏មានសេចក្តីប្រកួតប្រកាន់ ជម្លោះ ទាស់ទែង ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ថា យ៉ាងនេះធម៌ យ៉ាងនេះមិនមែនធម៌ យ៉ាងនេះមិនមែនធម៌ យ៉ាងនេះធម៌ ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

សមណព្រាហ្មណ៍មួយពួក រមែងជាប់ក្នុងពួកទិដ្ឋិ ដែលឥតខ្លឹមសារទាំងនេះ ពួកជនអ្នកឃើញអវៈយវៈតែមួយ ៗ ទើបទាស់ទែង ជជែកគ្នា ព្រោះអាស្រ័យនូវទិដ្ឋិនិស័្សយនោះ ។

ចប់ សូត្រ ទី៤ ។

៥. ទុតិយនានាតិត្ថិយសូត្រកែប្រែ

[១៣៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ពួកសមណព្រាហ្មណ៍ បរិព្វាជក ច្រើនគ្នា អាស្រ័យនៅក្នុងក្រុងសាវត្ថី មានលទ្ធិផ្សេង ៗ មានទិដ្ឋិផ្សេង ៗ មានសេចក្តីគាប់ចិត្តផ្សេង ៗ មានសេចក្តីចូលចិត្តផ្សេង ៗ អាស្រ័យទិដ្ឋិនិស័្សយផ្សេង ៗ ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី ទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មិនទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី ទៀងខ្លះ មិនទៀងខ្លះ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី ទៀងក៏មិនមែន មិនទៀងក៏មិនមែន ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី ធ្វើដោយខ្លួនឯង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី អ្នកដទៃធ្វើ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី ធ្វើដោយខ្លួនឯងខ្លះ អ្នកដទៃធ្វើខ្លះ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី ធ្វើដោយខ្លួនឯងក៏មិនមែន អ្នកដទៃធ្វើក៏មិនមែន អាស្រ័យបច្ច័យកើតឡើង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិ យ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ មិនទៀងទេ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ទៀងខ្លះ មិនទៀងខ្លះ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ទៀងក៏មិនមែន មិនទៀងក៏មិនមែន ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ធ្វើដោយខ្លួនឯង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ព្រោះអ្នកដទៃធ្វើ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ធ្វើដោយខ្លួនឯងខ្លះ អ្នកដទៃធ្វើខ្លះ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ធ្វើដោយខ្លួនឯង ក៏មិនមែន អ្នកដទៃធ្វើ ក៏មិនមែន អាស្រ័យបច្ច័យកើតឡើង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍ទាំងនោះ មានសេចក្តីប្រកួត ប្រកាន់ ជម្លោះ ទាស់ទែង ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ថា យ៉ាងនេះ ធម៌ យ៉ាងនេះ មិនមែនធម៌ យ៉ាងនេះ មិនមែនធម៌ យ៉ាងនេះ ធម៌ ។

[១៤០] គ្រានោះ ពួកភិក្ខុច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរ ក្នុងវេលាបុព្វណ្ហសម័យ ហើយចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី្ ។ លុះភិក្ខុទាំងនោះ ត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី ត្រឡប់អំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ពួកសមណព្រាហ្មណ៍បរិព្វាជកច្រើនគ្នា អាស្រ័យនៅក្នុងក្រុងសាវត្ថី មានលទ្ធិផ្សេង ៗ មានទិដ្ឋិផ្សេង ៗ មានសេចក្តីគាប់ចិត្តផ្សេង ៗ មានសេចក្តីចូលចិត្តផ្សេង ៗ អាស្រ័យទិដ្ឋិនិស័្សយផ្សេង ៗ ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា លោកទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។បេ។ សមណព្រាហ្មណ៍ទាំងនោះ មានសេចក្តីប្រកួតប្រកាន់ ជម្លោះ ទាស់ទែង ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ថា យ៉ាងនេះ ធម៌ យ៉ាងនេះ មិនមែនធម៌ យ៉ាងនេះ មិនមែនធម៌ យ៉ាងនេះ ធម៌ ។ ម្នាលភិក្ខុទាំងឡាយ ពួកអន្យតិរ្ថិយ បរិព្វាជក ដូចជាមនុស្សខ្វាក់ មើលមិនឃើញ មិនស្គាល់ប្រយោជន៍ មិនស្គាល់សភាវៈមិនមែនប្រយោជន៍ មិនស្គាល់ធម៌ មិនស្គាល់អធម៌ កាលបើអន្យតិរិ្ថយទាំងនោះ មិនស្គាល់ប្រយោជន៍ មិនស្គាល់សភាវៈមិនមែនប្រយោជន៍ មិនស្គាល់ធម៌ មិនស្គាល់អធម៌ ហើយក៏មានសេចក្តីប្រកួតប្រកាន់ ជម្លោះ ទាស់ទែង ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ថា យ៉ាងនេះធម៌ យ៉ាងនេះមិនមែនធម៌ យ៉ាងនេះមិនមែនធម៌ យ៉ាងនេះធម៌ ។ លុះព្រះមានព្រះភាគ ទ្រង់ជា្របច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

សមណព្រាហ្មណ៍ទាំងឡាយមួយពួក តែងជាប់ចំពាក់ ក្នុងទិដ្ឋិនិស័្សយទាំងនេះ បើមិនទាន់បានដល់ព្រះនិព្វាន ជាទីពឹងនោះទេ រមែងលិចចុះ ក្នុងកណ្តាលនៃអន្លង់ គឺសង្សារ ។

ចប់ សូត្រ ទី៥ ។

៦. តតិយនានាតិត្ថិយសូត្រកែប្រែ

[១៤១] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ពួកសមណព្រាហ្មណ៍បរិព្វាជកច្រើនគ្នា អាស្រ័យនៅក្នុងក្រុងសាវត្ថី មានលទិ្ធផ្សេង ៗ មានទិដ្ឋិផ្សេង ៗ មានសេចក្តីគាប់ចិត្តផ្សេង ៗ មានសេចក្តីចូលចិត្តផ្សេង ៗ អាស្រ័យទិដ្ឋិនិស័្សយផ្សេង ៗ ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី ទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មិនទៀងទេ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី ទៀងខ្លះ មិនទៀងខ្លះ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី ទៀងក៏មិនមែន មិនទៀងក៏មិនមែន ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី ធ្វើដោយខ្លួនឯង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី អ្នកដទៃធ្វើ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី ធ្វើដោយខ្លួនឯងខ្លះ អ្នកដទៃធ្វើខ្លះ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី ធ្វើខ្លួនឯងក៏មិនមែន អ្នកដទៃធ្វើក៏មិនមែន អាស្រ័យបច្ច័យកើតឡើង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ មិនទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ទៀងខ្លះ មិនទៀងខ្លះ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ទៀងក៏មិនមែន មិនទៀងក៏មិនមែន ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ធ្វើដោយខ្លួនឯង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ អ្នកដទៃធ្វើ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ធ្វើដោយខ្លួនឯងខ្លះ អ្នកដទៃធ្វើខ្លះ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ធ្វើដោយខ្លួនឯង ក៏មិនមែន អ្នកដទៃធ្វើ ក៏មិនមែន អាស្រ័យបច្ច័យកើតឡើង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍ទាំងនោះ មានសេចក្តីប្រកួតប្រកាន់ ជម្លោះ ទាស់ទែង ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ថា យ៉ាងនេះធម៌ យ៉ាងនេះ មិនមែនធម៌ យ៉ាងនេះមិនមែនធម៌ យ៉ាងនេះធម៌ ។

[១៤២] គ្រានោះ ពួកភិក្ខុច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី ។ លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី ត្រឡប់អំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្តហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ បានក្រាបទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ពួកសមណព្រាហ្មណ៍បរិព្វាជកច្រើនគ្នា អាស្រ័យនៅក្នុងក្រុងសាវត្ថី មានលទ្ធិផ្សេង ៗ មានទិដ្ឋិផ្សេង ៗ មានសេចក្តីគាប់ចិត្តផ្សេង ៗ មានសេចក្តីចូលចិត្តផ្សេង ៗ អាស្រ័យទិដ្ឋិនិស័្សយផ្សេង ៗ ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី ទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មិនទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី ទៀងខ្លះ មិនទៀងខ្លះ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី ទៀងក៏មិនមែន មិនទៀងក៏មិនមែន ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី ធ្វើដោយខ្លួនឯង អ្នកដទៃធ្វើ ធ្វើដោយខ្លួនឯងខ្លះ អ្នកដទៃធ្វើខ្លះ មិនធ្វើដោយខ្លួនឯងខ្លះ អ្នកដទៃមិនធ្វើខ្លះ អាស្រ័យបច្ច័យកើតឡើង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ មិនទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ទៀងខ្លះ មិនទៀងខ្លះ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ទៀងក៏មិនមែន មិនទៀងក៏មិនមែន ពាក្យនេះពិត ពាក្យដទៃជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ធ្វើដោយខ្លួនឯង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ អ្នកដទៃធ្វើ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ធ្វើដោយខ្លួនឯងខ្លះ អ្នកដទៃធ្វើខ្លះ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ធ្វើដោយខ្លួនឯងក៏មាន អ្នកដទៃធ្វើក៏មាន អាស្រ័យបច្ច័យកើតឡើង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ ។ សមណព្រាហ្មណ៍ទាំងនោះ មានសេចក្តីប្រកួតប្រកាន់ ជម្លោះ ទាស់ទែង ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ថា យ៉ាងនេះធម៌ យ៉ាងនេះមិនមែនធម៌ យ៉ាងនេះមិនមែនធម៌ យ៉ាងនេះធម៌ ។ ម្នាលភិក្ខុទាំងឡាយ ពួកអន្យតិរ្ថិយ បរិព្វាជក ជាមនុស្សខ្វាក់ មើលមិនឃើញ មិនស្គាល់ប្រយោជន៍ មិនស្គាល់សភាវៈមិនមែនប្រយោជន៍ មិនស្គាល់ធម៌ មិនស្គាល់អធម៌ កាលពួកសមណព្រាហ្មណ៍ទាំងនោះ មិនស្គាល់ប្រយោជន៍ មិនស្គាល់សភាវៈមិនមែនប្រយោជន៍ មិនស្គាល់ធម៌ មិនស្គាល់អធម៌ហើយ មានសេចក្តីប្រកួតប្រកាន់ ជម្លោះ ទាស់ទែង ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ថា យ៉ាងនេះធម៌ យ៉ាងនេះមិនមែនធម៌ យ៉ាងនេះមិនមែនធម៌ យ៉ាងនេះធម៌ ។ លុះព្រះមានព្រះភាគ ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

ពួកសមណព្រាហ្មណ៍មួយពួក មិនបានស្គាល់ប្រជុំពីរ នៃទិដ្ឋិនេះថា ពួកសត្វនេះ ខ្វល់ខ្វាយដោយអហង្ការទិដ្ឋិ ប្រកបដោយបរង្ការទិដ្ឋិ ទាំងមិនឃើញទិដ្ឋិនោះ ថាជាព្រួញទេ កាលបុគ្គលអាស្រ័យព្រួញ គឺទិដ្ឋិនុ៎ះ ហើយពិចារណាថា អាត្មាអញធ្វើ (នូវអរិយមគ្គ) ដូច្នេះ ក៏ទេដែរ កាលបុគ្គលនោះ អាស្រ័យព្រួញ គឺទិដ្ឋិនុ៎ះ ពិចារណាឃើញថា អ្នកដទៃធ្វើ (នូវអរិយមគ្គ) ដូច្នេះ ក៏ទេដែរ ។ ពួកសត្វនេះ ប្រកបដោយមានះ ចាក់ស្រែះដោយមានះ ព័ទ្ធពន្ធ័ដោយមានះ ធ្វើការផ្ចុងផ្តើម ក្នុងទិដ្ឋិទាំងឡាយ មិនអាចកន្លងសង្សារបានឡើយ ។

ចប់ សូត្រ ទី៦ ។

៧. សុភូតិសូត្រកែប្រែ

[១៤៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះសុភូតិដ៏មានអាយុ អង្គុយពែនភ្នែន តាំងកាយត្រង់ ចូលកាន់សមាធិ ដែលមិនមានវិតក្កៈ ក្នុងទីជិតនៃព្រះមានព្រះភាគ ។ ព្រះមានព្រះភាគ បានទតឃើញព្រះសុភូតិដ៏មានអាយុ អង្គុយពែនភ្នែន តាំងកាយត្រង់ ចូលកាន់សមាធិ ដែលមិនមានវិតក្កៈ ក្នុងទីជិត ។ លុះព្រះមានព្រះភាគ ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

វិតក្កៈទាំងឡាយ ដែលអរិយបុគ្គលណា កំចាត់បង់ហើយ សម្រេចហើយ ដោយប្រពៃ ក្នុងសន្តានឥតមានសេសសល់ មិនសំគាល់រូប ព្រោះកន្លងការជាប់ជំពាក់នោះ អរិយបុគ្គលនោះ មិនដល់នូវជាតិ ព្រោះបានកន្លងយោគធម៌ទាំង ៤ ហើយ ។

ចប់ សូត្រ ទី៧ ។

៨. គណិកាសូត្រកែប្រែ

[១៤៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ សម័យនោះឯង មានមនុស្សពីរពួក ជាអ្នកមានតម្រេក មានចិត្តប្រតិព័ទ្ធនឹងស្រីផ្កាមាសម្នាក់ មានសេចក្តីប្រកួតប្រកាន់ ជម្លោះ ទាស់ទែង ប្រហារគ្នានឹងគ្នាដោយដៃទាំងឡាយខ្លះ ប្រហារដោយដុំដីទាំងឡាយខ្លះ ប្រហារដោយដំបងទាំងឡាយខ្លះ ប្រហារដោយគ្រឿងសស្រ្តាទាំងឡាយខ្លះ ក្នុងទីនោះ មនុស្សទាំងនោះ ដល់សេចក្តីស្លាប់ខ្លះ ដល់សេចក្តីទុក្ខស្ទើរស្លាប់ខ្លះ ។ លំដាប់នោះ ពួកភិក្ខុច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះហើយ ត្រឡប់ពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងក្រុងរាជគ្រឹះនេះ មានមនុស្សពីរពួក មានតម្រេក មានចិត្តប្រតិព័ន្ធនឹងស្រីផ្កាមាសម្នាក់ មានសេចក្តីប្រកួតប្រកាន់ ជម្លោះ ទាស់ទែង ប្រហារគ្នានឹងគ្នា ដោយដៃទាំងឡាយខ្លះ ប្រហារដោយដុំដីទាំងឡាយខ្លះ ប្រហារដោយដំបងទាំងឡាយខ្លះ ប្រហារដោយគ្រឿងសស្រ្តាទាំងឡាយខ្លះ ក្នុងទីនោះ មនុស្សទាំងនោះ ដល់សេចក្តីស្លាប់ខ្លះ ដល់សេចក្តីទុក្ខស្ទើរស្លាប់ខ្លះ ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

អារម្មណ៍ណា ដែលបុគ្គលដល់ហើយក្តី អារម្មណ៍ណា ដែលបុគ្គលនឹងដល់ក្តី អារម្មណ៍ទាំងពីរនុ៎ះ រោយរាយ ដោយធូលី គឺរាគាទិកិ្កលេស របស់បុគ្គលអ្នកក្តៅក្រហាយ កាលសិក្សារឿយ ៗ ជនទាំងឡាយណា មានការសិក្សាជាខ្លឹម សីលព្វត ជីវិត ព្រហ្មចរិយៈ និងការបម្រើជាខ្លឹម នេះជាផ្លូវលាមក ទី១ ។ ជនទាំងឡាយណា មានវាទៈយ៉ាងនេះថា ទោសក្នុងកាមទាំងឡាយ មិនមានទេ នេះជាផ្លូវលាមក ទី២ ។ ផ្លូវលាមកទាំងពីរនុ៎ះ តែងចម្រើនដោយព្រៃស្មសាន គឺតណ្ហា និងអវិជ្ជា ព្រៃស្មសាន គឺតណ្ហា និងអវិជ្ជា តែងធ្វើទិដ្ឋិឲ្យចម្រើន ដោយប្រការដូច្នេះ ។ សមណព្រាហ្មណ៍មួយពួក តែងរួញរា មួយពួកតែងស្ទុះទៅ ព្រោះមិនដឹងផ្លូវលាមកទាំងពីរនុ៎ះ ។ អរិយបុគ្គលទាំងឡាយណា ដឹងច្បាស់ផ្លូវលាមកទាំងពីរហើយ អរិយបុគ្គលទាំងនោះ មិនធ្លាក់ចុះក្នុងផ្លូវលាមកទាំងពីរនុ៎ះទេ ទាំងមិនបានសំគាល់ខ្លួន ដោយការលះបង់ផ្លូវលាមកនោះឡើយ វដ្ដៈរបស់ពួកអរិយបុគ្គលនោះ មិនមានដើម្បីបញ្ញត្តិទេ ។

ចប់ សូត្រ ទី៨ ។

៩. ឧបាតិធាវន្តិសូត្រកែប្រែ

[១៤៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់ក្នុងទីវាល ក្នុងរាត្រីមានងងឹតអ័ព្ទ មានគេអុជប្រទីបថ្វាយ ។ សម័យនោះឯង សត្វមមាចជាច្រើន ហើរឆ្វៀលឆ្វាត់ ជិតប្រទីបប្រេងនោះ ដល់សេចក្តីមិនចម្រើន គឺទុក្ខ ដល់សេចក្តីវិនាស គឺស្លាប់ ដល់សេចក្តីមិនចម្រើន និងសេចក្តីវិនាស ។ ព្រះមានព្រះភាគ ទ្រង់បានឃើញសត្វមមាចច្រើនទាំងនោះ ហើរឆ្វៀលឆ្វាត់ជិតប្រទីបប្រេងទាំងនោះ ដល់សេចក្តីមិនចម្រើន ដល់សេចក្តីវិនាស ដល់សេចក្តីមិនចម្រើន និងសេចក្តីវិនាស ។ លុះព្រះមានព្រះភាគ បានជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

សមណព្រាហ្មណ៍ទាំងឡាយ មិនទាន់បានត្រាស់ដឹងសារធម៌ មានសីលជាដើម រមែងប្រកាន់មាំ តែងញ៉ាំងចំណងថ្មី ៗ គឺតណ្ហា និងទិដ្ឋិឲ្យចម្រើនរមែងធ្លាក់ (ក្នុងភ្នក់ភ្លើង គឺភព ៣) ដូចជាសត្វមមាច ដែលធ្លាក់ចូលក្នុងអណ្តាតភ្លើង សមណព្រាហ្មណ៍មួយពួក ប្រកាន់មាំក្នុងរូបដែលឃើញ និងសំឡេងដែលខ្លួនឮហើយ ។

ចប់ សូត្រ ទី៩ ។

១០. ឧប្បជ្ជន្តិសូត្រកែប្រែ

[១៤៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះតថាគតទាំងឡាយ ជាអរហន្តសម្មាសម្ពុទ្ធ មិនទាន់កើតក្នុងលោក ដរាបណា ពួកអន្យតិរ្ថិយបរិព្វាជក មានគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ជាអ្នកបានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ដរាបនោះ បពិត្រព្រះអង្គដ៏ចម្រើន កាលណាបើព្រះតថាគតទាំងឡាយ ជាអរហន្តសម្មាសម្ពុទ្ធ កើតឡើងក្នុងលោក ពួកអន្យតិរិ្ថយ បរិព្វាជក ដែលមិនមានគេធ្វើសក្ការៈ មិនមានគេគោរព មិនមានគេរាប់អាន មិនមានគេបូជា មិនមានគេកោតក្រែង ទាំងមិនបានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ក្នុងកាលនោះឯង បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ព្រះមានព្រះភាគ ព្រះអង្គមានគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង បានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ទាំងភិក្ខុសង្ឃ (ក៏ដូច្នោះដែរ) ។ ម្នាលអានន្ទ ដំណើរនុ៎ះ យ៉ាងនេះហើយ ម្នាលអានន្ទ ដំណើរនុ៎ះ យ៉ាងនេះហើយ ម្នាលអានន្ទ ព្រះតថាគតទាំងឡាយ ជាអរហន្តសម្មាសម្ពុទ្ធ មិនទាន់កើតឡើងក្នុងលោក ដរាបណា ពួកអន្យតិរិ្ថយ បរិព្វាជកទាំងឡាយ ដែលគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ជាអ្នកបានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ដរាបនោះដែរ ម្នាលអានន្ទ កាលណាបើព្រះតថាគតទាំងឡាយ ជាអរហន្តសម្មាសម្ពុទ្ធ កើតឡើងក្នុងលោក ពួកអន្យតិរិ្ថយ បរិព្វាជក មិនមានគេធ្វើសក្ការៈ មិនមានគេគោរព មិនមានគេរាប់អាន មិនមានគេបូជា មិនមានគេកោតក្រែង ទាំងមិនបានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ក្នុងកាលនោះឡើយ ឥឡូវនេះ តថាគត ដែលគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែងជាអ្នកបានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ទាំងភិក្ខុសង្ឃ ( ក៏ដូច្នោះដែរ ) ។ លុះព្រះមានព្រះភាគ បានជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

ព្រះអាទិត្យមិនទាន់រះឡើងដរាបណា សត្វអំពិលអំពែកនោះ ក៏រុងរឿងដរាបនោះ កាលបើព្រះអាទិត្យរះឡើង សត្វអំពិលអំពែក ក៏សាបសូន្យពន្លឺ មិនរុងរឿងទេ ។ ព្រះសម្មាសម្ពុទ្ធទាំងឡាយ មិនទាន់កើតឡើងក្នុងលោក ដរាបណា សេចក្តីរុងរឿងរបស់ពួកតិរ្ថិយ (តែងមាន) ដរាបនោះ តិរ្ថិយទាំងឡាយ រមែងមិនស្អាត ទាំងពួកសាវ័ក ក៏មានទិដ្ឋិអាក្រក់ មិនស្អាត មិនគប្បីរួចចាកទុក្ខបានឡើយ ។

ចប់ សូត្រ ទី១០ ។

ចប់ ជច្ចន្ធវគ្គ ទី៦ ។

ឧទ្ទាននៃជច្ចន្ធវគ្គនោះគឺ ៖

និយាយអំពីការដាក់អាយុសង្ខារ,

អំពីព្រះមានព្រះភាគទ្រង់ចេញអំពីទីស្ងាត់,

អំពីរាគាទិក្កិលេសមានហើយ,

អំពីពួកសមណព្រាហ្មណ៍ទាស់ទែងគ្នា អាស្រ័យទិដ្ឋិ,

អំពីពួកសមណព្រាហ្មណ៍ មានលទ្ធិផ្សេង ៗ,

អំពីការជាប់នៅក្នុងទិដ្ឋិទាំងនោះ,

អំពីសុភូតិ ជាគម្រប់ប្រាំពីរ,

អំពីការត្រេកអរ ក្នុងស្រីផ្កាមាស,

អំពីសត្វមមាច គម្រប់ប្រាំបួន,

អំពីព្រះតថាគតទាំងឡាយ កើតឡើងក្នុងលោក ជាគម្រប់ដប់ ។

៧. ចូឡវគ្គកែប្រែ

១. បឋមលកុណ្ឌកភទ្ទិយសូត្រកែប្រែ

[១៤៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះសារីបុត្តដ៏មានអាយុ បានពន្យល់ព្រះលកុណ្ឋកភទ្ទិយៈដ៏មានអាយុ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថាច្រើនប្រការ ។ លំដាប់នោះ ព្រះលកុណ្ឋកភទ្ទិយៈដ៏មានអាយុ ដែលព្រះសារីបុត្តដ៏មានអាយុ ពន្យល់ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយដោយធម្មីកថាច្រើនប្រការហើយ ចិត្តក៏រួចស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញព្រះលកុណ្ឋកភទ្ទិយៈដ៏មានអាយុ ដែលព្រះសារីបុត្តដ៏មានអាយុ ពន្យល់ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថាច្រើនប្រការ ចិត្តក៏រួចស្រឡះ ចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំហើយ ។ លុះព្រះមានព្រះភាគ ទ្រង់បានជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

បុគ្គលរួចស្រឡះចាកសង្ខារទាំងពួង ក្នុងចំណែកខាងលើ គឺរូបធាតុ និងអរូបធាតុ ក្នុងចំណែកខាងក្រោម គឺ កាមធាតុ មិនឃើញថា នេះជាអាត្មាអញ លុះរួចស្រឡះយ៉ាងនេះហើយ ក៏បានឆ្លងអន្លង់ (ទាំង ៤) ដែលខ្លួនមិនធ្លាប់ឆ្លង មិនប្រព្រឹត្តទៅ ដើម្បីភពថ្មីទៀតឡើយ ។

ចប់ សូត្រ ទី១ ។

២. ទុតិយលកុណ្ឌកភទ្ទិយសូត្រកែប្រែ

[១៤៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះសារីបុត្តដ៏មានអាយុ សំគាល់ព្រះលកុណ្ឋកភទ្ទិយៈដ៏មានអាយុ ថាជាសេក្ខៈ ក៏ពន្យល់ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថាច្រើនប្រការ មានប្រមាណដ៏ក្រៃលែង ។ កាលព្រះមានព្រះភាគ ទ្រង់បានឃើញព្រះសារីបុត្តដ៏មានអាយុ សំគាល់ព្រះលកុណ្ឋកភទ្ទិយៈដ៏មានអាយុ ថាជាសេក្ខៈ ក៏ពន្យល់ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថាច្រើនប្រការ មានប្រមាណដ៏ក្រៃលែង ។ លុះព្រះមានព្រះភាគ បានជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

បុគ្គលបានកាត់ផ្តាច់វដ្តៈ បានដល់ព្រះនិព្វាន មិនមានតណ្ហា ស្ទឹងរីងស្ងួត មិនហូរទៅ យ៉ាងណា កិលេសវដ្តៈ ដែលបុគ្គលកាត់ហើយ រមែងមិនប្រព្រឹត្តទៅ (យ៉ាងនោះដែរ) នេះជាទីបំផុតទុក្ខ ។

ចប់ សូត្រ ទី២ ។

៣. បឋមសត្តសូត្រកែប្រែ

[១៤៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ពួកមនុស្សក្នុងក្រុងសាវត្ថី ជាប់ចំពាក់ក្នុងកាមទាំងឡាយ ហួសវេលាដោយច្រើន ជាអ្នកត្រេកអរ ចង់បាន ជាប់ចិត្ត វង្វេង ងល់ងប់ ស្រវឹងខ្លាំង ក្នុងកាមទាំងឡាយ ។ លំដាប់នោះ ពួកភិក្ខុជាច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី ។ លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីរួចហើយ ត្រឡប់អំពីបិណ្ឌបាតវិញ ក្នុងវេលាខាងក្រោយភត្ត រួចចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយក៏អង្គុយក្នុងទីសមគួរ ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ពួកមនុស្សក្នុងក្រុងសាវត្ថីនេះ ជាប់ចំពាក់ក្នុងកាមទាំងឡាយ ហួសវេលាដោយច្រើន ជាអ្នកត្រេកអរ ចង់បាន ជាប់ចិត្ត វង្វេង ងល់ងប់ ស្រវឹងខ្លាំង ក្នុងកាមទាំងឡាយ ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

ពួកបុគ្គលជាប់នៅក្នុងកាមទាំងឡាយ ឈ្មោះថា អ្នកជាប់នៅក្នុងគ្រឿងជាប់ចំពាក់ គឺកាម កាលបើមិនឃើញទោស ក្នុងសំយោជនៈ ឈ្មោះថា អ្នកជាប់នៅក្នុងគ្រឿងជាប់ចំពាក់ គឺ សំយោជនៈ ឆ្លងអន្លង់ដ៏ធំទូលាយ មិនបានដោយពិត ។

ចប់ សូត្រ ទី៣ ។

៤. ទុតិយសត្តសូត្រកែប្រែ

[១៥០] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ពួកមនុស្ស ក្នុងក្រុងសាវត្ថី ជាប់នៅក្នុងកាមទាំងឡាយដោយច្រើន ជាអ្នកត្រេកអរ ចង់បាន ជាប់ចិត្ត វង្វេង ងល់ងប់ ងងឹត ស្រវឹងខ្លាំងក្នុងកាមទាំងឡាយ ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ ចីវរហើយ សេ្តចចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញមនុស្សទាំងនោះ ក្នុងក្រុងសាវត្ថី ជាប់នៅក្នុងកាមទាំងឡាយជាច្រើន ចង់បាន ជាប់ចិត្ត វង្វេង ងល់ងប់ ងងឹត ស្រវឹងខ្លាំងក្នុងកាមទាំងឡាយ ។ លុះព្រះមានព្រះភាគ ជា្របច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

ជនទាំងឡាយ ដែលងងឹតព្រោះកាម ដែលបណ្តាញ គឺតណ្ហា រួបរឹត ត្រូវដម្បូល គឺតណ្ហាបិទបាំង ជាប់នៅដោយកិលេសមារ ដូចជាពួកត្រីនៅក្នុងលប តែងដល់នូវជរា និងមរណៈ ដូចជាកូនគោនៅបៅដោះ តែងចូលទៅរកមេ ។

ចប់ សូត្រ ទី៤ ។

៥. អបរលកុណ្ឌកភទ្ទិយសូត្រកែប្រែ

[១៥១] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះលកុណ្ឋកភទ្ទិយៈដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ អំពីខាងក្រោយ ៗ នៃពួកភិក្ខុជាច្រើន ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញព្រះលកុណ្ឋកភទ្ទិយៈដ៏មានអាយុ មានរូបប្លែក មិនគួរជ្រះថ្លា ទាបកន្តុញ មានរូបគួរឲ្យភិក្ខុជាច្រើន ចាប់ពាល់លេង កំពុងដើរមកអំពីខាងក្រោយ ៗ នៃពួកភិក្ខុជាច្រើន អំពីចម្ងាយ លុះឃើញហើយ ទ្រង់ត្រាស់នឹងពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញភិក្ខុនុ៎ះ ដែលមានរូបប្លែក មិនគួរជ្រះថ្លា ទាបកន្តុញ មានរូបគួរឲ្យពួកភិក្ខុជាច្រើន ចាប់ពាល់លេង កំពុងដើរមក អំពីខាងក្រោយ ៗ នៃពួកភិក្ខុជាច្រើន អំពីចម្ងាយដែរឬ ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា ព្រះករុណា ព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនុ៎ះ មានឫទ្ធិច្រើន មានអានុភាពច្រើន សមាបត្តិណា ដែលភិក្ខុនោះមិនធ្លាប់បាន សមាបត្តិនោះ មិនមែនបុគ្គលបានដោយងាយទេ កុលបុត្តទាំងឡាយ ចេញចាកផ្ទះ ទៅបួសក្នុងផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា ភិក្ខុនោះ បានត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ បានដល់អនុត្តរធម៌នោះ មានព្រហ្មចរិយៈ ជាទីបំផុត ដោយខ្លួនឯង ក្នុងបច្ចុប្បន្នដែរ ។ លុះព្រះមានព្រះភាគ ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

រថ គឺអត្តភាព មានអវៈយវៈឥតទោស មានដម្បូលស មានកាំតែមួយ រមែងប្រព្រឹត្តទៅបាន អ្នកចូរមើលអត្តភាព (នោះ) មានខ្សែ គឺតណ្ហាកាត់ហើយ មិនមានចំណង មិនមានទុក្ខ កំពុងដើរមក ។

ចប់ សូត្រ ទី៥ ។

៦. តណ្ហាសង្ខយសូត្រកែប្រែ

[១៥២] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះអញ្ញាតកោណ្ឌញ្ញដ៏មានអាយុ អង្គុយពែនភ្នែន តម្រង់កាយត្រង់ ក្នុងទីជិតនៃព្រះមានព្រះភាគ ហើយពិចារណា តណ្ហាសង្ខយវិមុត្តិ គឺនិព្វាន ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញព្រះអញ្ញាតកោណ្ឌញ្ញដ៏មានអាយុ អង្គុយពែនភ្នែន តម្រង់កាយត្រង់ ក្នុងទីជិត ហើយពិចារណាតណ្ហាសង្ខយវិមុត្តិ ។ លុះព្រះមានព្រះភាគ ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

ឫស គឺអវិជ្ជា និងផែនដី គឺអាសវៈ មិនមានដល់អរិយបុគ្គលណា ស្លឹក គឺសេចក្តីស្រវឹង ក៏មិនមាន វល្លិ គឺមានះ នឹងមានមកអំពីណា បុគ្គលណា នឹងគួរតិះដៀល នូវអរិយបុគ្គលនោះ ដែលជាអ្នកប្រាជ្ញ ផុតចាកចំណងបាន សូម្បីពួកទេវតា ក៏សរសើរបុគ្គលនោះ ទាំងព្រហ្មក៏សរសើរដែរ ។

ចប់ សូត្រ ទី៦ ។

៧. បបញ្ចខយសូត្រកែប្រែ

[១៥៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់ពិចារណាការលះបង់នូវការពិចារណាបបញ្ចសញ្ញា (សញ្ញាជាគ្រឿងយឺតយូរ) របស់ព្រះអង្គ ។ លុះព្រះមានព្រះភាគ ជ្រាបការលះបង់នូវការពិចារណាបបញ្ចសញ្ញា របស់ព្រះអង្គហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

បបញ្ចសញ្ញាក្តី ការមាំមួនក្តី មិនមានដល់បុគ្គលណា បុគ្គលនោះឈ្មោះថា បានកន្លងកិលេសជាតិជាគ្រឿងតផង ជើងគុល គឺអវិជ្ជាផង មនុស្សលោក ព្រមទាំងទេវលោក ក៏មិនមើលងាយអ្នកប្រាជ្ញ ដែលគ្មានតណ្ហា ហើយប្រព្រឹត្តទៅ ដោយញាណនោះបានឡើយ ។

ចប់ សូត្រ ទី៧ ។

៨. កច្ចានសូត្រកែប្រែ

[១៥៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះមហាកច្ចានៈដ៏មានអាយុ អង្គុយពែនភ្នែន តម្រង់កាយត្រង់ ផ្ចង់ចិត្តទៅរកកាយគតាសតិ ឲ្យមានមុខឆ្ពោះទៅឰដ៏ខាងក្នុង ជិតព្រះមានព្រះភាគ ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញព្រះមហាកច្ចានៈដ៏មានអាយុ អង្គុយពែនភ្នែន តម្រង់កាយត្រង់ ផ្ចង់ចិត្តទៅរកកាយគតាសតិ ឲ្យមានមុខឆ្ពោះទៅឰដ៏ខាងក្នុង ក្នុងទីជិតហើយ ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

កាយគតាសតិ ដែលបុគ្គលណា តម្កល់រឿយ ៗ គ្រប់កាល (កាយគតាសតិនោះ) មិនមានដល់បុគ្គលនោះផង មិនមានដល់អាត្មាអញ (ក្នុងអតីតកាលផង) នឹងមិនមានដល់អាត្មាអញ (ក្នុងអនាគតផង) មិនមានដល់អាត្មាអញ (ក្នុងកាលឥឡូវនេះ) ផង បុគ្គលនោះ ឈ្មោះថា នៅដោយអនុបុព្វវិហារធម៌ គប្បីឆ្លងតណ្ហា ជាពឹស ក្នុងកាល (ទាំង ៣) ក្នុងភពទាំង ៣ នោះបាន ។

ចប់ សូត្រ ទី៨ ។

៩. ឧទបានសូត្រកែប្រែ

[១៥៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់សេ្តចទៅកាន់ចារិក ក្នុងដែនមល្លៈ ជាមួយនឹងភិក្ខុសង្ឃជាច្រើនរូប ទ្រង់ចូលទៅដល់ព្រាហ្មណគ្រាម ឈ្មោះថូនៈ របស់ពួកមល្លជន ។ ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកថូនៈ បានឮហើយ (ក៏ប្រកាសប្រាប់គ្នា) ថា ម្នាលគ្នាយើង ឮថា សមណគោតម ជាសក្យបុត្រ ចេញចាកសក្យត្រកូល មកបួស ហើយស្តេចមកកាន់ចារិក ក្នុងដែនមល្លៈ ជាមួយនឹងភិក្ខុសង្ឃជាច្រើន បានមកដល់ថូនព្រាហ្មណគ្រាមហើយ ក៏នាំគ្នាយកស្មៅ និងអង្កាម ចាក់បំពេញអណ្តូងដរាបដល់មាត់ ដោយគិតថា កុំឲ្យសមណៈត្រងោលទាំងនោះផឹកទឹកបាន ។

[១៥៦] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ចៀសចេញអំពីផ្លូវ សំដៅទៅរកដើមឈើ ១ ដើម លុះចូលទៅដល់ ទ្រង់គង់លើអាសនៈ ដែលភិក្ខុក្រាលថ្វាយ ។ លុះព្រះមានព្រះភាគ ទ្រង់គង់ហើយ ទ្រង់ត្រាស់ប្រើអានន្ទដ៏មានអាយុថា ម្នាលអានន្ទ អ្នកចូរទៅដងទឹក អំពីអណ្តូងនុ៎ះ មកឲ្យតថាគត ។ កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះអានន្ទដ៏មានអាយុ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ឥណ្តូងនោះ ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកថូនៈ យកស្មៅ និងអង្កាម ចាក់បំពេញ ដរាបដល់មាត់ ដោយគិតថា កុំឲ្យសមណៈត្រងោលទាំងនោះផឹកទឹកបាន ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ប្រើព្រះអានន្ទដ៏មានអាយុ ជាគម្រប់ពីរដងទៀតថា ម្នាលអានន្ទ អ្នកចូរទៅដងទឹក អំពីអណ្តូងនុ៎ះមកឲ្យតថាគត ។ ព្រះអានន្ទដ៏មានអាយុ ក្រាបបង្គំទូលព្រះមានព្រះភាគ ជាគម្រប់ពីរដងថា បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ អណ្តូងនោះ ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកថូនៈ យកស្មៅ និងអង្កាម ចាក់បំពេញដរាបដល់មាត់ ដោយគិតថា កុំឲ្យសមណៈត្រងោលទាំងនោះផឹកទឹកបាន ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ប្រើព្រះអានន្ទដ៏មានអាយុ ជាគម្រប់បីដងទៀតថា ម្នាលអានន្ទ អ្នកចូរទៅដងទឹក អំពីអណ្តូងនុ៎ះ មកឲ្យតថាគត ។ ព្រះអានន្ទដ៏មានអាយុ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក៏កាន់បាត្រ ដើរចូលទៅត្រង់អណ្តូងនោះ ។ កាលបើព្រះអានន្ទដ៏មានអាយុ ចូលទៅ ក៏ស្រាប់តែអណ្តូងខ្ពុរស្មៅ និងអង្កាមទាំងអស់នោះ ចេញអំពីមាត់ ពេញពោរដោយទឹកថ្លាមិនល្អក់ ស្អាតដរាបដល់មាត់វិញ ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ មានសេចក្តីត្រិះរិះយ៉ាងនេះថា អើ អស្ចារ្យណាស់ហ្ន៎ អើចម្លែកណាស់ហ្ន៎ ព្រះតថាគតមានឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះថា អណ្តូងនេះ កាលអាត្មាអញ ចូលទៅជិត ក៏ស្រាប់តែខ្ពុរស្មៅ និងអង្កាមទាំងអស់នោះ ចេញអំពីមាត់ ទៅជាពេញពោរដោយទឹកថ្លា មិនល្អក់ ស្អាតដរាបដល់មាត់ទៅវិញ ។ ព្រះអានន្ទដ៏មានអាយុ ក៏ដងទឹក ដោយបាត្រ ហើយយកចូលទៅថ្វាយព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចម្រើន ចម្លែកណាស់ ព្រោះព្រះតថាគត មានឫទ្ធិច្រើនមែន មានអានុភាពច្រើនមែន បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថា អណ្តូងនោះ កាលខ្ញុំព្រះអង្គ ចូលទៅជិត ក៏ស្រាប់តែខ្ពុរស្មៅ និងអង្កាមទាំងអស់នោះ ចេញអំពីមាត់ ពេញពោរដោយទឹកថ្លា មិនល្អក់ ស្អាតដរាបដល់មាត់ទៅវិញ សូមនិមន្តព្រះមានព្រះភាគសោយទឹក សូមនិមន្តព្រះសុគតសោយទឹក ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

បុគ្គលគប្បីធ្វើអណ្តូងប្រយោជន៍អ្វី បើទឹកមាននៅគ្រប់កាលហើយ តថាគតកាត់តណ្ហាតាំងពីឫសបានហើយ គប្បីត្រាច់ទៅស្វែងរកទឹក ដូចម្តេចទៀត ។

ចប់ សូត្រ ទី៩ ។

១០. ឧតេនសូត្រកែប្រែ

[១៥៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី ។ សម័យនោះឯង កាលព្រះបាទឧទេនសេ្តចទៅកាន់ឧទ្យាន មានភ្លើងឆេះខាងក្នុងព្រះរាជវាំង ពួកស្រ្តីទាំង ៥០០ នាក់ មាននាងសាមាវតី ជាប្រធាន ធ្វើមរណកាលទាំងអស់ ។ គ្រានោះ ពួកភិក្ខុជាច្រើន ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅបិណ្ឌបាតក្នុងក្រុងកោសម្ពី ។ លុះត្រាច់បិណ្ឌបាត ក្នុងក្រុងកោសម្ពីហើយ ត្រឡប់អំពីបិណ្ឌបាតវិញ ក្នុងវេលាខាងក្រោយភត្ត ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ បានក្រាបទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ កាលព្រះបាទឧទេន ទ្រង់ស្តេចទៅកាន់ឧទ្យាន មានភ្លើងឆេះខាងក្នុងព្រះរាជវាំង ពួកស្រ្តីទាំង ៥០០ នាក់ មាននាងសាមាវតីជាប្រធាន ធ្វើមរណកាលទាំងអស់ បពិត្រព្រះអង្គដ៏ចម្រើន គតិរបស់ឧបាសិកាទាំងនោះ តើដូចម្តេច លោកខាងមុខ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បណ្តាឧបាសិកាទាំងនុ៎ះ ឧបាសិកាជាសោតាបន្នាក៏មាន ជាសកទាគាមិនីក៏មាន ជាអនាគាមិនីក៏មាន ម្នាលភិក្ខុទាំងឡាយ ឧបាសិកាទាំងអស់នោះ ដែលធ្វើកាលកិរិយា មិនមែនឥតផលទេ ។ លុះព្រះមានព្រះភាគ ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

សត្វលោក មានមោហៈជាចំណង ប្រាកដដូចជាមានរូបចម្រើន បុគ្គលពាល មានឧបធិកិ្កលេស ជាចំណង ត្រូវងងឹត គឺអវិជ្ជាចោមរោមហើយ ប្រាកដដូចជាទៀងទាត់ សេចក្តីកង្វល់ មានរាគៈជាដើម របស់បុគ្គលអ្នកពិចារណា ឃើញច្បាស់ មិនមានទេ ។

ចប់ សូត្រ ទី១០ ។

ចប់ ចូឡវគ្គ ទី៧ ។

ឧទ្ទាននៃចូឡវគ្គនោះគឺ ៖ និយាយអំពីព្រះលកុណ្ឋកភទ្ទិយៈ មាន ២ លើក, អំពីពួកជន ជាប់ក្នុងកាម មាន ២ លើក, អំពីព្រះលកុណ្ឋកភទ្ទិយៈ, អំពីការអស់តណ្ហា, អំពីការអស់បបញ្ចសញ្ញា, អំពីព្រះកច្ចានៈ, អំពីអណ្តូង, អំពីព្រះបាទឧទេន ។

៨. បាដលិគ្គាមិយវគ្គកែប្រែ

១. បឋមនិព្វានបដិសំយុត្តសូត្រកែប្រែ

[១៥៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ពន្យល់ភិក្ខុទាំងឡាយ ឲ្យយល់ច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ប្រកបដោយព្រះនិព្វាន ពួកភិក្ខុទាំងនោះ បានធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវធម្មទេសនាទាំងអស់ដោយចិត្ត ផ្ចង់ត្រចៀកស្តាប់ធម៌ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

ម្នាលភិក្ខុទាំងឡាយ អាយតនៈ [ពាក្យថា អាយតនៈ ក្នុងទីនេះ សំដៅយកនិព្វាន ដែលជាហេតុរបស់ផលញ្ញាណ ។ អដ្ឋកថា ។] នោះ រមែងមានពិត ដីមិនមាន ទឹកមិនមាន ភ្លើងមិនមាន ខ្យល់មិនមាន អាកាសានញ្ចាយនៈមិនមាន វិញ្ញាណញ្ចាយតនៈ មិនមាន អាកិញ្ចញ្ញាយតនៈមិនមាន នេវសញ្ញានាសញ្ញាយតនៈមិនមាន លោកនេះ មិនមាន លោកមុខមិនមាន ព្រះចន្ទ និងព្រះអាទិត្យទាំងពីរក៏មិនមាន ក្នុងព្រះនិព្វានណា ម្នាលភិក្ខុទាំងឡាយ តថាគត ពោលព្រះនិព្វាននោះថា មិនមានដំណើរមក មិនមានដំណើរទៅ មិនមានការតាំងនៅ មិនមានការច្យុតិ មិនមានការកើត មិនមានទីជាទីតាំង មិនប្រព្រឹត្តទៅ មិនមានអារម្មណ៍ ព្រះនិញ្វននោះ ជាទីបំផុតនៃទុក្ខតែម្យ៉ាង ។

ចប់ សូត្រ ទី១ ។

២. ទុតិយនិព្វានបដិសំយុត្តសូត្រកែប្រែ

[១៥៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ពន្យល់ភិក្ខុទាំងឡាយ ឲ្យយល់ច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ប្រកបដោយព្រះនិព្វាន ។ ភិក្ខុទាំងនោះ ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវធម្មទេសនាទាំងអស់ដោយចិត្ត ផ្ចង់ត្រចៀកស្តាប់ធម៌ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

ធម្មតាព្រះនិព្វាន បុគ្គលឃើញបានដោយក្រ និព្វានសច្ចៈ មិនមែនសម្រាប់ឃើញបានដោយងាយទេ កិលេស ជាគ្រឿងកង្វល់ រមែងមិនមានដល់បុគ្គលកាលដឹង កាលឃើញតណ្ហា ព្រោះត្រាស់ដឹង (នូវសច្ចៈ) ។

ចប់ សូត្រ ទី២ ។

៣. តតិយនិព្វានបដិសំយុត្តសូត្រកែប្រែ

[១៦០] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ពន្យល់ពួកភិក្ខុ ឲ្យយល់ច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ប្រកបដោយព្រះនិព្វាន ។ ភិក្ខុទាំងនោះ ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវធម្មទេសនាទាំងអស់ដោយចិត្ត ផ្ចង់ត្រចៀកស្តាប់ធម៌ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

ម្នាលភិក្ខុទាំងឡាយ  ព្រះនិព្វានឈ្មោះថា អជាតៈ ឈ្មោះថា អភូតៈ ឈ្មោះថា អកតៈ ឈ្មោះថា អសង្ខតៈ [ព្រះនិព្វានដែលឈ្មោះថា អជាតៈ នោះ ព្រោះមិនមានសេចក្តីព្រមព្រៀង ដោយហេតុនាំឲ្យកើតទៀត ។ ដែលឈ្មោះថា អភូតៈ នោះ បានដល់ការមិនប្រាកដនៃមហាភូតរូប ។ ដែលឈ្មោះថា អកតៈ នោះ គឺមិនមានហេតុណាមួយ គួរធ្វើតទៅទៀតទេ ។ ដែលឈ្មោះថា អសង្ខតៈ នោះ គឺប្រាសចាកបច្ច័យទាំងឡាយ មានអវិជ្ជាជាដើម ។ អដ្ឋកថា ។] មានប្រាកដ ម្នាលភិក្ខុទាំងឡាយ ប្រសិនណាបើព្រះនិព្វាននោះឈ្មោះថា អជាតៈ ឈ្មោះថា អភូតៈ ឈ្មោះថា អកតៈ ឈ្មោះថា អសង្ខតៈ មិនមានទេ ការរលាស់ចេញនូវកិលេស ដែលនាំឲ្យកើតមហាភូតរូប ដែលប្រាកដនូវហេតុ ដែលធ្វើនូវបច្ច័យដែលតាក់តែង ក្នុងលោកនេះ ក៏មិនប្រាកដ ។ ម្នាលភិក្ខុទាំងឡាយ ព្រះនិព្វាន ឈ្មោះថា អជាតៈ ឈ្មោះថា អភូតៈ ឈ្មោះថា អកតៈ ឈ្មោះថា អសង្ខតៈ រមែងមានប្រាកដ ព្រោះហេតុណា ហេតុនោះ ការរលាស់ចេញនូវកិលេស ដែលនាំឲ្យកើតមហាភូតរូបក៏ប្រាកដ នូវហេតុដែលគួរធ្វើ នូវបច្ច័យជាទីតាក់តែង ក៏រមែងប្រាកដ ។

ចប់ សូត្រ ទី៣ ។

៤. ចតុត្ថនិព្វានបដិសំយុត្តសូត្រកែប្រែ

[១៦១] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ពន្យល់ពួកភិក្ខុ ឲ្យយល់ច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ប្រកបដោយព្រះនិព្វាន ។ ភិក្ខុទាំងនោះ បានធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវធម្មទេសនាទាំងអស់ដោយចិត្ត ផ្ចង់ត្រចៀកស្តាប់ធម៌ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

ការញាប់ញ័រ របស់បុគ្គលអ្នកអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) រមែងមាន ការញាប់ញ័រ របស់បុគ្គលអ្នកមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) មិនមាន កាលបើសេចក្តីញាប់ញ័រ មិនមាន បស្សទ្ធិ (សេចក្តីស្ងប់) ក៏កើតមានឡើង កាលបើបស្សទ្ធិ មាន តម្រេកក៏រមែងមិនមាន កាលបើតម្រេក មិនមាន ដំណើរមក និងដំណើរទៅ ក៏មិនមាន កាលបើដំណើរមក ដំណើរទៅមិនមាន ការច្យុតិ និងការកើត ក៏មិនមាន កាលបើការច្យុតិ និងការកើត មិនមាន ដំណើរទៅមក ក្នុងឥធលោក និងបរលោក ក៏មិនមាន ទាំងមិនមាន ក្នុងរវាងនៃលោកទាំងពីរ នេះជាទីបំផុតនៃទុក្ខ ។

ចប់ សូត្រ ទី៤ ។

៥. ចុន្ទសូត្រកែប្រែ

[១៦២] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ត្រាច់ទៅកាន់ចារិក ក្នុងជនបទឈ្មោះមល្លៈ ជាមួយភិក្ខុសង្ឃច្រើនរូប បានដល់ក្រុងបាវា ។ បានឮថា ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់គង់ក្នុងសួនអម្ពវ័នរបស់ចុន្ទកម្មារបុត្ត (កូនជាងមាស) ទៀបក្រុងបាវា ។ ចុន្ទកម្មារបុត្ត បានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់ត្រាច់មកកាន់ចារិក ក្នុងមល្លជនបទ ជាមួយភិក្ខុសង្ឃច្រើនរូប បានដល់ក្រុងបាវា ឥឡូវនេះ ទ្រង់គង់នៅក្នុង អម្ពវ័នរបស់អញ ទៀបក្រុងបាវា ។ គ្រានោះឯង ចុន្ទកម្មារបុត្ត ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះចុន្ទកម្មារបុត្ត អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ក៏ទ្រង់ពន្យល់ឲ្យយល់ច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ។ លំដាប់នោះ ចុន្ទកម្មារបុត្ត ដែលព្រះមានព្រះភាគ ឲ្យយល់ច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ហើយ ក៏បានក្រាបបង្គំទូល ព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ព្រមទាំងភិក្ខុសង្ឃ ទទួលភត្តរបស់ខ្ញុំព្រះអង្គ ដើម្បីឆាន់ក្នុងថ្ងៃស្អែក ។ ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្តដោយតុណ្ហីភាព ។ គ្រានោះ ចុន្ទកម្មារបុត្តដឹងច្បាស់ថា ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ ចៀសចេញទៅ ។ គ្រានោះ កាលរាត្រីនោះ កន្លងហើយ ទើបចុន្ទកម្មារបុត្ត ឲ្យគេចាត់ចែងខាទនីយភោជនីយាហារ មានរសដ៏ឆ្ងាញ់ពិសា ព្រមទាំងសូករមទ្ទវៈ [ពាក្យថា សូករមទ្ទវៈនេះ លោកពោលទុកក្នុងមហាអដ្ឋកថា ថា ឈ្មោះសាច់ជ្រូកដែលស្លាប់ស្រាប់ ដែលជាសាច់ជ្រូកទន់ស្និទ្ធ ។ អាចារ្យមួយពួក ពោលថា ពាក្យថា សូករមទ្ទវៈនេះ មិនមែនសាច់ជ្រូកទេ គឺជាទំពាំងឫស្សី ដែលជ្រូកឈ្មុស ។ អាចារ្យដោយឡែកទៀតពោលថា ផ្សិតដែលដុះត្រង់ប្រទេសដែលជ្រូកឈ្មុស ។ មួយទៀត អាចារ្យដទៃ បានពោលថា ម្ហូបនេះ ជាភោជនមានរសមួយបែប មានឈ្មោះថា សូករមទ្ទវៈ ព្រោះថា នាយចុន្ទកម្មារបុត្ត បានប្រគេនសូករមទ្ទវៈនោះ ដើម្បីឲ្យព្រះសាស្តាគង់ព្រះជន្មនៅបានយូរ ព្រោះឮថា ព្រះមានព្រះភាគ នឹងបរិនិព្វានក្នុងថ្ងៃនេះ ហើយគិតថា ធ្វើម្តេចហ្ន៎ ព្រះមានព្រះភាគសោយសូករមទ្ទវៈនោះហើយ គប្បីគង់ព្រះជន្មនៅបានយូរអេះ ។ អដ្ឋកថា ។] ដ៏ច្រើន ក្នុងផ្ទះរបស់ខ្លួន ហើយឲ្យគេទៅក្រាបបង្គំទូលភត្តកាល ដល់ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន កាលគួរហើយ ភត្តសម្រេចហើយ ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយសេ្តចចូលទៅកាន់លំនៅនៃចុន្ទកម្មារបុត្ត ព្រមដោយភិក្ខុសង្ឃ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ ។ លុះព្រះមានព្រះភាគ ទ្រង់គង់ស៊ប់ហើយ ក៏ត្រាស់នឹងចុន្ទកម្មារបុត្តថា ម្នាលចុន្ទ សូករមទ្ទវៈណា ដែលអ្នកតាក់តែងហើយ ចូរអ្នកអង្គាសតថាគត ដោយសូករមទ្ទវៈ នោះចុះ ឯខាទនីយភោជនីយាហារណា ក្រៅពីនេះ ដែលអ្នកតាក់តែងហើយ ចូរអ្នកអង្គាសចំពោះភិក្ខុសង្ឃដោយខាទនីយភោជនីយាហារនោះចុះ ។ ចុន្ទកម្មារបុត្ត ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយអង្គាសព្រះមានព្រះភាគដោយសូករមទ្ទវៈ ដែលខ្លួនតាក់តែងហើយ អង្គាសភិក្ខុសង្ឃ ដោយខាទនីយភោជនីយាហារដទៃ ដែលខ្លួនតាក់តែងហើយ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងចុន្ទកម្មារបុត្តថា ម្នាលចុន្ទ សូករមទ្ទវៈណា របស់អ្នកដែលនៅសល់ អ្នកចូរកប់សូករមទ្ទវៈនោះ ក្នុងរណ្តៅចុះ ម្នាលចុន្ទ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស តថាគត មិនឃើញបុគ្គលណាមួយ ដែលបរិភោគនូវសូករមទ្ទវៈនោះហើយ សូរកមទ្ទវៈនោះ ដល់នូវការរលួយទៅដោយល្អឡើយ វៀរលែងតែព្រះតថាគតចេញ ។ ចុន្ទកម្មារបុត្ត ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ស្រេចហើយ ក៏កប់សូករមទ្ទវៈ ដែលសល់នៅ ទៅក្នុងរណ្តៅ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ អង្គុយក្នុងទីសមគួរ ។ លុះចុន្ទកម្មារបុត្ត អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ក៏ទ្រង់ពន្យល់ ឲ្យយល់ច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ហើយក្រោកចាកអាសនៈ សេ្តចចៀសចេញទៅ ។

[១៦៣] គ្រានោះ កាលព្រះមានព្រះភាគ ឆាន់ភត្តរបស់ចុន្ទកម្មារបុត្តរួចហើយ ព្រះអាពាធដ៏ខ្លាំង ក៏កើតឡើង វេទនាដ៏ក្លៀវក្លា កើតអំពីលោហិតបក្ខន្ទិកាពាធ (អាពាធចុះព្រះលោហិត) ជិតដល់មរណៈ ក៏ប្រព្រឹត្តទៅ ។ បានឮថា ក្នុងទីនោះ ព្រះមានព្រះភាគ មានព្រះសតិ និងសម្បជញ្ញៈមិនបានលំបាក ដោយទ្រង់អត់សង្កត់វេទនានោះបាន ។ វេលានោះឯង ព្រះមានព្រះភាគ ត្រាស់នឹងព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ មក យើងនឹងទៅឯនគរកុសិនារា ។ ព្រះអានន្ទដ៏មានអាយុ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។

ខ្ញុំបានឮថា ព្រះពុទ្ធជាអ្នកប្រាជ្ញ ទ្រង់សោយភត្តរបស់ចុន្ទកម្មារបុត្តហើយ ទ្រង់មានព្រះអាពាធជាទម្ងន់ ជិតនឹងមរណៈ ។ ព្យាធិដ៏ខ្លាំងក្លា កើតដល់ព្រះសាស្តា ដែលសោយសូករមទ្ទវៈ ព្រះមានព្រះភាគ ទ្រង់ព្រះអាពាធ ចុះព្រះលោហិត រឿយ ៗ ទើបមានព្រះពុទ្ធតម្រាស់ថា តថាគតនឹងទៅកាន់ក្រុងកុសិនារា ។

[១៦៤] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ចៀសចេញអំពីផ្លូវ ទ្រង់ចូលទៅកាន់ម្លប់ឈើមួយដើម លុះចូលទៅដល់ហើយ ទ្រង់ប្រើព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ ចូរអ្នកក្រាលសង្ឃាដីមានជាន់ ៤ ឲ្យតថាគតដោយឆាប់ តថាគតល្ហិតល្ហៃណាស់ តថាគតនឹងអង្គុយសិន ។ ព្រះអានន្ទដ៏មានអាយុ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក្រាលសង្ឃាដីមានជាន់ ៤ ថ្វាយ ។ ព្រះមានព្រះភាគ ក៏គង់លើអាសនៈ ដែលព្រះអានន្ទក្រាលថ្វាយ ។ លុះព្រះមានព្រះភាគ គង់ស៊ប់ហើយ ទ្រង់ប្រើព្រះអានន្ទថា ម្នាលអានន្ទ ចូរអ្នកទៅដងទឹកមកឲ្យតថាគតដោយឆាប់ ម្នាលអានន្ទ តថាគតស្រេកទឹកណាស់ តថាគតនឹងឆាន់ទឹកបន្តិច ។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះអានន្ទដ៏មានអាយុ ក៏ក្រាបថ្វាយបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អម្បាញ់មិញនេះ រទេះចំនួន ៥០០ បរឆ្លងទៅហើយ ទឹកនោះតិច កង់រទេះក៏កិន ល្អក់វឹកវរហូរមក បពិត្រព្រះអង្គដ៏ចម្រើន កុកុដានទី ជិតនៅនេះ មានទឹកថ្លា មានរសជាតិស្រួល មានទឹកត្រជាក់ មានទឹករងថ្លា មានកំពង់រាបទាប គួរជាទីរីករាយក្នុងស្ទឹងនោះ ព្រះមានព្រះភាគ នឹងសោយទឹកក៏បាន នឹងស្រង់ព្រះកាយឲ្យត្រជាក់ស្រួល ក៏បាន ។ ព្រះមានព្រះភាគ ត្រាស់ប្រើព្រះអានន្ទដ៏មានអាយុ ជាគម្រប់ពីរដងទៀតថា ម្នាលអានន្ទ ចូរអ្នកដងទឹកមកឲ្យតថាគតដោយឆាប់ ម្នាលអានន្ទ តថាគតស្រេកទឹកណាស់ តថាគតនឹងឆាន់ ។ ព្រះអានន្ទដ៏មានអាយុ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ជាគម្រប់ពីរដងទៀតថា បពិត្រព្រះអង្គដ៏ចម្រើន អម្បាញ់មិញនេះ រទេះចំនួន ៥០០ បរឆ្លងទៅហើយ ទឹកនោះតិច កង់រទេះកិន ល្អក់វឹកវរហូរមក បពិត្រព្រះអង្គដ៏ចម្រើន កុកុដានទី នៅជិតនេះ មានទឹកថ្លា មានរសជាតិស្រួល មានទឹកត្រជាក់ មានទឹករងថ្លា មានកំពង់រាបទាប គួរជាទីរីករាយក្នុងស្ទឹងនោះ ព្រះមានព្រះភាគ នឹងសោយ ក៏បាន នឹងស្រង់ព្រះកាយឲ្យត្រជាក់ ក៏បាន ។ ព្រះមានព្រះភាគ ត្រាស់ប្រើព្រះអានន្ទដ៏មានអាយុ ជាគម្រប់ ៣ ដងទៀតថា ម្នាលអានន្ទ ចូរអ្នកទៅដងទឹកមកឲ្យតថាគតដោយឆាប់ ម្នាលអានន្ទ តថាគតស្រេក តថាគតនឹងឆាន់ ។ ព្រះអានន្ទដ៏មានអាយុ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក៏កាន់យកបាត្រ ដើរឆ្ពោះទៅឯស្ទឹងនោះ ។

[១៦៥] គ្រានោះ ស្ទឹងដែលកង់រទេះបរឆ្លងកាត់ មានទឹកតិច ល្អក់វឹកវរហូរមកនោះ កាលដែលព្រះអានន្ទដ៏មានអាយុ ចូលទៅដល់ ទឹកស្ទឹងក៏ខ្វែប្រែត្រឡប់ជាថ្លាស្អាត មិនល្អក់វឹកវរហូរមក ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ មានសេចក្តីត្រិះរិះថា យីអើ អស្ចារ្យណាស់ យីអើ ចម្លែកណាស់ ព្រះតថាគត មានឫទ្ធិច្រើន មានអានុភាពច្រើន ។ អម្បាញ់មិញ ស្ទឹងដែលកង់រទេះបរឆ្លងកាត់ មានទឹកតិច ល្អក់វឹកវរហូរមកនេះ លុះដល់អាត្មាអញ ចូលមកដល់ ទឹកស្ទឹងក៏ខ្វែប្រែត្រឡប់ជាថ្លាស្អាត មិនល្អក់វឹកវរហូរមកវិញ ។ ព្រះអានន្ទ យកបាត្រទៅដងទឹក ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចម្រើន ចម្លែកណាស់ ព្រះតថាគត មានឫទ្ធិច្រើន មានអានុភាពច្រើន ។ បពិត្រព្រះអង្គដ៏ចម្រើន ស្ទឹងនោះ កង់រទេះបរឆ្លងកាត់ មានទឹកតិច ល្អក់វឹកវរហូរមក កាលបើខ្ញុំព្រះអង្គ ចូលទៅដល់ ស្ទឹងក៏ខ្វែប្រែត្រឡប់ជាថ្លាស្អាត មិនល្អក់វឹកវរទៅវិញ ។ សូមព្រះមានព្រះភាគ សោយទឹក សូមព្រះសុគត សោយទឹកចុះ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់សោយទឹកនោះឯង ។

[១៦៦] គ្រានោះ ព្រះមានព្រះភាគ ទ្រង់យាងសំដៅទៅឯកុកុដានទី ជាមួយនឹងភិក្ខុសង្ឃច្រើនរូប លុះចូលទៅដល់ហើយ ក៏យាងចុះកាន់កុកុដានទី ទ្រង់ស្រង់ និងសោយស្រេចហើយ ទ្រង់ឡើងមក រួចយាងចូលទៅកាន់អម្ពវ័ន លុះចូលទៅដល់ហើយ ទ្រង់ត្រាស់នឹងចុន្ទកៈដ៏មានអាយុថា ម្នាលចុន្ទកៈ អ្នកចូរក្រាលសង្ឃាដីមានជាន់ ៤ ឲ្យតថាគត ម្នាលចុន្ទកៈ តថាគតល្ហិតល្ហៃណាស់ តថាគតនឹងសិង ។ ចុន្ទកភិក្ខុដ៏មានអាយុ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក្រាលសង្ឃាដីមានជាន់ ៤ ថ្វាយ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់សម្រេចនូវសីហសេយ្យា ផ្អៀងទៅខាងស្តាំ ទ្រង់យកព្រះបាទ (ខាងឆ្វេង) ត្រួតលើព្រះបាទ (ខាងស្តាំ) ទ្រង់មានសតិសម្បជញ្ញៈធ្វើទុកក្នុងព្រះហ្ឫទ័យនូវឧដ្ឋានសញ្ញា ។ ចំណែកខាងចុន្ទកៈដ៏មានអាយុ ក៏អង្គុយនៅចំពោះព្រះភក្រ្ត នៃព្រះមានព្រះភាគ ក្នុងទីនោះដែរ ។

[១៦៧] ព្រះពុទ្ធ ទ្រង់យាងចុះទៅកាន់ស្ទឹងកុកុដា ដែលមានទឹកថ្លាឈ្វេង មានទឹកត្រជាក់ រងថ្លា ព្រះតថាគត ជាសាស្តាចារ្យ មិនមានបុគ្គលប្រៀបផ្ទឹមបានក្នុងលោក ព្រះអង្គមានសេចក្តីលំបាកព្រះកាយ ទ្រង់ស្រង់ សោយស្រេចហើយ ទើបយាងឡើងមក ព្រះសាស្តា មានភិក្ខុសង្ឃជាបរិវារ គង់នៅត្រង់កណ្តាល ។ ព្រះមានព្រះភាគ ជាសាស្តា ស្វែងរកគុណធំ ញ៉ាំងធម៌ទាំងឡាយ ឲ្យប្រព្រឹត្តទៅ ក្នុងលោកនេះ ហើយយាងមកកាន់អម្ពវ័ន ។ ត្រាស់ហៅភិក្ខុ ឈ្មោះចុន្ទកៈថា អ្នកចូរក្រាលសង្ឃាដី ៤ ជាន់ ឲ្យតថាគតចុះ តថាគតនឹងសិង ។ ចុន្ទកភិក្ខុនោះ កាលបើព្រះសាស្តា ព្រះអង្គមានព្រះហ្ឫទ័យអប់រំ ទ្រង់ដាស់តឿនហើយ ក្រាលសង្ឃាដី ៤ ជាន់ ដោយឆាប់រហ័ស ។ ព្រះសាស្តា មានព្រះកាយលំបាកក្រៃលែង ទ្រង់ផ្ទំ ចំណែកចុន្ទកភិក្ខុ ក៏អង្គុយចំពោះព្រះភក្រ្ត ក្នុងទីនោះដែរ ។

[១៦៨] គ្រានោះ ព្រះមានព្រះភាគ ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមកថា ម្នាលអានន្ទ បើមានបុគ្គលណាមួយ ញ៉ាំងសេចក្តីក្តៅក្រហាយ ឲ្យកើតឡើង ដល់ចុន្ទកម្មារបុត្តថា ម្នាលអាវុសោចុន្ទ អ្នកឥតលាភ អ្នកបានធ្វើអំពើអាក្រក់ ព្រោះថា ព្រះតថាគត ទ្រង់សោយបិណ្ឌបាត របស់អ្នកជាទីបំផុត ហើយបរិនិព្វាន ។ ម្នាលអានន្ទ អ្នកត្រូវបន្ទោបង់ នូវសេចក្តីក្តៅក្រហាយ នៃចុន្ទកម្មារបុត្ត យ៉ាងនេះថា ម្នាលអាវុសោចុន្ទៈ លាភរបស់អ្នកហើយ អ្នកបានល្អហើយ ព្រោះថា ព្រះតថាគត ទ្រង់សោយបិណ្ឌបាតរបស់អ្នកជាទីបំផុត ហើយបរិនិព្វាន ។ ម្នាលអាវុសោចុន្ទៈ ពាក្យនុ៎ះ អាត្មាបានស្តាប់ចំពោះព្រះភក្រ្ត នៃព្រះមានព្រះភាគ បានទទួលចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគថា បិណ្ឌបាតពីរនេះ មានផលស្មើ ៗ គ្នា មានវិបាកស្មើ ៗ គ្នា មានផលច្រើនផង មានអានិសង្សច្រើនផង ជាងពួកបិណ្ឌបាតឯទៀត ។ បិណ្ឌបាតពីរ តើដូចម្តេចខ្លះ ។ គឺបិណ្ឌបាត ដែលតថាគត ទ្រង់សោយហើយ ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិ ១ បិណ្ឌបាត ដែលតថាគតសោយហើយ បរិនិព្វាន ដោយអនុបាទិសេសនិព្វានធាតុ ១ បិណ្ឌបាតទាំងពីរនេះ មានផលស្មើ ៗ គ្នា មានវិបាកស្មើ ៗ គ្នា មានផលច្រើនផង មានអានិសង្សច្រើនផង ជាងពួកបិណ្ឌបាតឯទៀត ។ កម្មដែលចុន្ទកម្មារបុត្តដ៏មានអាយុ សន្សំហើយ ជាកម្មប្រព្រឹត្តទៅដើម្បីអាយុ កម្មដែលចុន្ទកម្មារបុត្តដ៏មានអាយុ សន្សំហើយ ជាកម្មប្រព្រឹត្តទៅ ដើម្បីពណ៌សម្បុរ កម្មដែលចុន្ទកម្មារបុត្តដ៏មានអាយុ សន្សំហើយ ជាកម្មប្រព្រឹត្តទៅ ដើម្បីសេចក្តីសុខ កម្មដែលចុន្ទកម្មារបុត្តដ៏មានអាយុ សន្សំហើយ ជាកម្មប្រព្រឹត្តទៅ ដើម្បីសួគ៌ កម្មដែលចុន្ទកម្មារបុត្តដ៏មានអាយុ សន្សំហើយ ជាកម្មប្រព្រឹត្តទៅ ដើម្បីយស កម្មដែលចុន្ទកម្មារបុត្តដ៏មានអាយុសន្សំហើយ ជាកម្មប្រព្រឹត្តទៅ ដើម្បីភាវៈជាធំ ។ ម្នាលអានន្ទ អ្នកត្រូវបន្ទោបង់នូវសេចក្តីក្តៅក្រហាយ របស់ចុន្ទកម្មារបុត្តចេញយ៉ាងនេះឯង ។ លំដាប់នោះ ព្រះមានព្រះភាគ ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

បុណ្យ រមែងចម្រើនដល់បុគ្គលអ្នកឲ្យ បុគ្គលអ្នកសង្រួមរមែងមិនសន្សំទុក នូវពៀរទេ អ្នកឈ្លាស រមែងលះបង់កម្មដ៏លាមក បុគ្គលបរិនិព្វាន ព្រោះអស់ទៅនៃរាគៈ ទោសៈ មោហៈ ។

ចប់ សូត្រ ទី៥ ។

៦. បាដលិគាមិយសូត្រកែប្រែ

[១៦៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ត្រាច់ទៅកាន់ចារិក ក្នុងដែនមគធៈ ជាមួយនឹងភិក្ខុសង្ឃច្រើនរូប បានទៅដល់បាដលិគ្រាម ។ ពួកឧបាសកឧបាសិកាអ្នកបាដលិគ្រាមបានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់យាងទៅកាន់ចារិក ក្នុងដែនមគធៈ ជាមួយនឹងភិក្ខុសង្ឃច្រើនរូប ឥឡូវនេះ យាងមកដល់បាដលិគ្រាមហើយ ។ គ្រានោះឯង ពួកឧបាសកឧបាសិកា អ្នកបាដលិគ្រាម ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះពួកឧបាសកឧបាសិកា អ្នកបាដលិគ្រាម អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ទទួលរោងសំណាក់ នៃពួកខ្ញុំព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ទទួលដោយតុណ្ហីភាព ។ គ្រានោះឯង ពួកឧបាសក ឧបាសិកាអ្នកបាដលិគ្រាមដឹងច្បាស់ថា ព្រះមានព្រះភាគ ទ្រង់ទទួលហើយ ក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចូលទៅឯរោងសំណាក់ លុះចូលទៅដល់ហើយ ក៏ក្រាលកម្រាលពេញក្នុងរោងសំណាក់ តាក់តែងអាសនៈ តម្កល់ភាជន៍ទឹក លើកឡើងនូវប្រទីបប្រេង ហើយចូលមកគាល់ព្រះមានព្រះភាគ លុះចូលមកដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ ។ លុះពួកឧបាសកឧបាសិកា អ្នកបាដលិគ្រាម ឋិតនៅក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន រោងសំណាក់នៃពួកខ្ញុំព្រះអង្គ បានក្រាលកម្រាលពេញហើយ អាសនៈបានតាក់តែងហើយ ភាជន៍ទឹក បានតម្កល់ទុកហើយ ទាំងប្រទីបប្រេង ក៏បានលើកឡើងហើយ បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ ទ្រង់សំគាល់កាលគួរ ក្នុងកាលឥឡូវនេះ ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ជាមួយភិក្ខុសង្ឃ យាងទៅកាន់រោងសំណាក់ លុះចូលទៅដល់ហើយ ក៏លាងព្រះបាទា រួចចូលទៅកាន់រោងសំណាក់ ទ្រង់គង់បែរព្រះភក្ត្រទៅទិសខាងកើត ផ្អែកនឹងសសរកណ្តាល ។ ចំណែកខាងភិក្ខុសង្ឃ លាងជើងរួចហើយ ចូលទៅឯរោងសំណាក់ អង្គុយបែរមុខទៅទិសខាងកើត ផ្អែកនឹងជញ្ជាំងខាងក្រោយ មានព្រះមានព្រះភាគពីខាងមុខ ។ ពួកឧបាសកឧបាសិកា អ្នកបាដលិគ្រាម លាងជើងរួចហើយ ចូលទៅឯរោងសំណាក់ អង្គុយបែរមុខទៅទិសខាងលិច ផ្អែកនឹងជញ្ជាំងខាងមុខ មានព្រះមានព្រះភាគ ពីខាងមុខដែរ ។

[១៧០] គ្រានោះឯង ព្រះមានព្រះភាគ ត្រាស់ហៅពួកឧបាសកឧបាសិកា អ្នកបាដលិគ្រាមមកថា ម្នាលគហបតីទាំងឡាយ ទោសនៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល មាន ៥ យ៉ាង ។ ទោស ៥ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលគហបតីទាំងឡាយ បុគ្គលក្នុងលោកនេះ ជាអ្នកទ្រុស្តសីល វិបត្តិចាកសីល តែងដល់នូវសេចក្តីវិនាសភោគៈច្រើន ព្រោះមានសេចក្តីប្រមាទជាហេតុ នេះជាទោសនៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល ទី១ ។ ម្នាលគហបតីទាំងឡាយ មួយទៀត កិតិ្តស័ព្ទដ៏អាក្រក់ របស់បុគ្គលទ្រុស្តសីល វិបត្តិចាកសីលផ្សាយទៅ នេះជាទោសនៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល ទី២ ។ ម្នាលគហបតីទាំងឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីល ចូលទៅរកបរិស័ទណា ៗ ទោះខត្តិយបរិស័ទក្តី ព្រាហ្មណបរិស័ទក្តី គហបតីបរិស័ទក្តី សមណបរិស័ទក្តី រមែងមិនក្លៀវក្លា មានមុខឱនចុះ នេះជាទោសនៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល ទី៣ ។ ម្នាលគហបតីទាំងឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីល តែងធ្វើមរណកាលទាំងវង្វេង នេះជាទោសនៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល ទី៤ ។ ម្នាលគហបតីទាំងឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីល លុះបែកធ្លាយរាងកាយ ស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក នេះជាទោសនៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល ទី៥ ។ ម្នាលគហបតីទាំងឡាយ ទោសនៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល មាន ៥ យ៉ាងនេះឯង ។ ម្នាលគហបតីទាំងឡាយ អានិសង្សនៃសីលសម្បទា របស់បុគ្គលអ្នកមានសីលនេះ មាន ៥ យ៉ាង ។ អានិសង្ស ៥ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលគហបតីទាំងឡាយ ក្នុងលោកនេះ បុគ្គលមានសីល បរិបូណ៌ដោយសីល តែងបានគំនរទ្រព្យច្រើន មានសេចក្តីមិនប្រមាទជាហេតុ នេះជាអានិសង្សនៃសីលសម្បទា របស់បុគ្គលមានសីល ទី១ ។ ម្នាលគហបតីទាំងឡាយ មួយទៀត កិតិ្តស័ព្ទដ៏ពីរោះ របស់បុគ្គលមានសីល បរិបូណ៌ដោយសីល តែងខ្ចរខ្ចាយទៅ នេះជាអានិសង្ស នៃសីលសម្បទារបស់បុគ្គលមានសីល ទី២ ។ ម្នាលគហបតីទាំងឡាយ មួយទៀត បុគ្គលមានសីល បរិបូណ៌ដោយសីល ចូលទៅរកបរិស័ទណា ៗ ទោះជាខត្តិយបរិស័ទក្តី ព្រាហ្មណបរិស័ទក្តី គហបតីបរិស័ទក្តី សមណបរិស័ទក្តី រមែងក្លៀវក្លា មិនមានមុខឱនចុះ នេះជាអានិសង្សនៃសីលសម្បទា របស់បុគ្គលមានសីល ទី៣ ។ ម្នាលគហបតីទាំងឡាយ មួយទៀត បុគ្គលមានសីល បរិបូណ៌ដោយសីល រមែងមិនធ្វើមរណកាលទាំងវង្វេង នេះជាអានិសង្សនៃសីលសម្បទា របស់បុគ្គលមានសីល ទី៤ ។ ម្នាលគហបតីទាំងឡាយ មួយវិញទៀត បុគ្គលមានសីល បរិបូណ៌ដោយសីល លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងសុគតិ សួគ៌ទេវលោក នេះជាអានិសង្ស នៃសីលសម្បទា របស់បុគ្គលមានសីល ទី៥ ។ ម្នាលគហបតីទាំងឡាយ អានិសង្សនៃសីលសម្បទា របស់បុគ្គលមានសីល មាន ៥ យ៉ាងនេះឯង ។

[១៧១] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ញ៉ាំងពួកឧបាសកឧបាសិកា អ្នកបាដលិគ្រាម ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា អស់រាត្រីច្រើន ហើយទ្រង់បញ្ជូនថា ម្នាលគហបតីទាំងឡាយ រាត្រីភ្លឺហើយ អ្នកទាំងឡាយ ចូរសំគាល់កាលគួរនឹងទៅ ក្នុងកាលឥឡូវនេះចុះ ។ គ្រានោះឯង ពួកឧបាសកឧបាសិកា អ្នកបាដលិគ្រាម ត្រេកអរ រីករាយ ចំពោះភាសិតនៃព្រះមានព្រះភាគ ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ចៀសចេញទៅ ។ លំដាប់នោះឯង ព្រះមានព្រះភាគ កាលពួកឧបាសកឧបាសិកា អ្នកបាដលិគ្រាម ចៀសចេញទៅ មិនយូរប៉ុន្មាន ក៏យាងចូលទៅកាន់សុញ្ញាគារស្ថាន ។

[១៧២] សម័យនោះឯង មហាមាត្យ ក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ កំពុងកសាងក្រុង ក្នុងប្រទេសបាដលិគ្រាម ដើម្បីការពារពួកស្តេចលិច្ឆវី នៅក្នុងដែនវជ្ជី ។ សម័យនោះឯង ពួកទេវតាជាច្រើនទាំងពាន់ កំណត់យកទីទាំងឡាយ ក្នុងបាដលិគ្រាម ។ ពួកទេវតាមានស័ក្តិធំ កំណត់យកទីទាំងឡាយ ក្នុងប្រទេសណា ចិត្តរបស់ព្រះរាជា និងរាជមហាមាត្យទាំងឡាយ មានស័ក្តិធំ រមែងឱនទៅ ដើម្បីកសាងនិវេសនដ្ឋាន ក្នុងប្រទេសនោះដែរ ។ ពួកទេវតាមានស័ក្តិជាកណ្តាល កំណត់យកទីទាំងឡាយ ក្នុងប្រទេសណា ចិត្តរបស់ព្រះរាជា និងរាជមហាមាត្យទាំងឡាយ មានស័ក្តិជាកណ្តាល ក៏ឱនទៅ ដើម្បីកសាងនិវេសនដ្ឋាន ក្នុងប្រទេសនោះដែរ ។ ពួកទេវតាមានស័ក្តិទាប កំណត់យកទីទាំងឡាយ ក្នុងប្រទេសណា ចិត្តរបស់ព្រះរាជា និងរាជមហាមាត្យទាំងឡាយ មានស័ក្តិទាប ក៏ឱនទៅ ដើម្បីកសាងនិវេសនដ្ឋាន ក្នុងប្រទេសនោះដែរ ។ ព្រះមានព្រះភាគ មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងបង់ចក្ខុរបស់មនុស្សសាមញ្ញ បានទ្រង់ឃើញពួកទេវតាទាំងពាន់នោះ ដែលកំពុងកំណត់យកទីទាំងឡាយ ក្នុងបាដលិគ្រាម ពួកទេវតាមានស័ក្តិធំ កំណត់យកទីទាំងឡាយ ក្នុងប្រទេសណា ចិត្តរបស់ព្រះរាជា និងរាជមហាមាត្យទាំងឡាយ មានស័ក្តិធំ ក៏ឱនទៅ ដើម្បីកសាងនិវេសនដ្ឋាន ក្នុងប្រទេសនោះដែរ ។ ពួកទេវតាមានស័ក្តិជាកណ្តាល កំណត់យកទីទាំងឡាយ ក្នុងប្រទេសណា ចិត្តរបស់ព្រះរាជា និងរាជមហាមាត្យទាំងឡាយ មានស័ក្តិជាកណ្តាល ក៏ឱនទៅ ដើម្បីកសាងនិវេសនដ្ឋាន ក្នុងប្រទេសនោះដែរ ។ ពួកទេវតាមានស័ក្តិទាប កំណត់យកទីទាំងឡាយ ក្នុងប្រទេសណា ចិត្តរបស់ព្រះរាជា និងមហាមាត្យទាំងឡាយ មានស័ក្តិទាប ក៏ឱនទៅ ដើម្បីកសាងនិវេសនដ្ឋាន ក្នុងប្រទេសនោះដែរ ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់តើនឡើង ក្នុងបច្ចូសសម័យនៃរាត្រីនោះហើយ ត្រាស់សួរព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ នរណាហ្ន៎ កំពុងកសាងក្រុង ក្នុងប្រទេសបាដលិគ្រាម ។ បពិត្រព្រះអង្គដ៏ចម្រើន មហាមាត្យក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ កសាងក្រុងក្នុងបាដលិគ្រាម ដើម្បីការពារពួកស្តេចលិច្ឆវី ក្នុងដែនវជ្ជី ។ ម្នាលអានន្ទ មហាមាត្យក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ ហាក់ដូចជាបានប្រឹក្សាគ្នា ជាមួយនឹងពួកទេវតា ក្នុងឋានតាវត្តឹង្ស យ៉ាងណាមិញ ។ ម្នាលអានន្ទ មហាមាត្យ ក្នុងដែនមគធៈឈ្មោះសុនីធៈ និងវស្សការៈ កសាងក្រុងបាដលិគ្រាម ដើម្បីការពារពួកស្តេចលិច្ឆវី ក្នុងដែនវជ្ជី ក៏យ៉ាងនោះដែរ ។ ម្នាលអានន្ទ អម្បាញ់មិញនេះ តថាគត មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងបង់ចក្ខុរបស់មនុស្សសាមញ្ញ បានឃើញពួកទេវតាជាច្រើនទាំងពាន់ កំពុងកំណត់យកទីទាំងឡាយ ក្នុងបាដលិគ្រាម ។ ពួកទេវតាមានស័ក្តិធំ កំណត់យកទីទាំងឡាយ ក្នុងប្រទេសណា ចិត្តរបស់ព្រះរាជា និងរាជមហាមាត្យមានស័ក្តិធំ ក៏ឱនទៅ ដើម្បីកសាងនិវេសនដ្ឋាន ក្នុងប្រទេសនោះដែរ ។ ពួកទេវតាមានស័ក្តិជាកណ្តាល កំណត់យកទីទាំងឡាយ ក្នុងប្រទេសណា ចិត្តរបស់ព្រះរាជា និងរាជមហាមាត្យមានស័ក្តិជាកណ្តាល ក៏ឱនទៅ ដើម្បីកសាងនិវេសនដ្ឋាន ក្នុងប្រទេសនោះដែរ ។ ពួកទេវតាមានស័ក្តិទាប កំណត់យកទីទាំងឡាយ ក្នុងប្រទេសណា ចិត្តរបស់ព្រះរាជា និងរាជមហាមាត្យមានស័ក្តិទាប ក៏ឱនទៅ ដើម្បីកសាងនិវេសនដ្ឋាន ក្នុងប្រទេសនោះដែរ ។ ម្នាលអានន្ទ ទីប្រជុំរបស់អរិយបុគ្គល ដែលមានទាំងប៉ុន្មាន ផ្លូវជំនួញ ដែលមានទាំងប៉ុន្មាន ក្រុងបាដលិបុត្តនេះ ជានគរដ៏ប្រសើរ និងជាកន្លែងធ្លាយបង្វេចទ្រព្យ [នគរបាដលិបុត្តនេះ ជាកន្លែងសម្រាប់ស្រាយបង្វេចទ្រព្យ របស់បុគ្គលអ្នកមានទ្រព្យ គឺជានគរសម្បូណ៌ហូរហៀរ ដោយទ្រព្យសម្បត្តិ ។] ។ ម្នាលអានន្ទ ក្រុងបាដលិបុត្ត មុខជានឹងមានសេចក្តីអន្តរាយ ៣ យ៉ាង គឺអន្តរាយអំពីភ្លើង ១ អំពីទឹក ១ អំពីការបែកចាកគ្នានឹងគ្នា ១ ។

[១៧៣] គ្រានោះ មហាមាត្យក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ទើបឋិតនៅក្នុងទីសមគួរ ។ លុះមហាមាត្យក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈឋិតនៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគថា សូមព្រះគោតមដ៏ចម្រើន ទទួលភត្តរបស់ខ្ញុំព្រះអង្គទាំងឡាយ ដើម្បីឆាន់ក្នុងថ្ងៃនេះ ជាមួយនឹងភិក្ខុសង្ឃ ។ ព្រះមានព្រះភាគ ទ្រង់ទទួលដោយភាវៈស្ងៀម ។ លំដាប់នោះ មហាមាត្យក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ ដឹងច្បាស់ថា ព្រះមានព្រះភាគ ទទួលនិមន្តហើយ ក៏ចូលទៅកាន់លំនៅរបស់ខ្លួន លុះចូលទៅដល់ហើយ ក៏តាក់តែងខាទនីយភោជនីយាហារដ៏ឧត្តម ក្នុងលំនៅរបស់ខ្លួន ហើយក្រាបទូលភត្តកាល ចំពោះព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន កាលនេះ ជាកាលគួរ ភត្តសម្រេចហើយ ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ យាងចូលទៅក្នុងលំនៅរបស់មហាមាត្យក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ ជាមួយនឹងភិក្ខុសង្ឃ លុះយាងចូលទៅដល់ហើយ គង់លើអាសនៈ ដែលគេក្រាលថ្វាយ ។ លំដាប់នោះ មហាមាត្យ ក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ ក៏អង្គាសភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយខាទនីយភោជនីយាហារដ៏ឧត្តម ឲ្យឆ្អែតស្កប់ស្កល់ដោយដៃខ្លួនឯង លុះត្រាតែហាមឃាត់ ។ លំដាប់នោះ មហាមាត្យក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈដឹងថា ព្រះមានព្រះភាគ ទ្រង់ឆាន់រួចហើយ លែងលូកព្រះហស្តទៅក្នុងបាត្រ ក៏កាន់យកអាសនៈដ៏ទាបមួយ ហើយអង្គុយក្នុងទីសមគួរ ។ កាលដែលមហាមាត្យ ក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់អនុមោទនា ដោយគាថានេះថា ៖

មនុស្សជាបណ្ឌិតជាត សម្រេចការនៅក្នុងប្រទេសណា រមែងញ៉ាំងពួកបុគ្គល អ្នកមានសីលសង្រួម ប្រព្រឹត្តធម៌ដ៏ប្រសើរ ឲ្យបរិភោគក្នុងប្រទេសនោះ ហើយបានឧទ្ទិសផលទក្ខិណាទាន ចំពោះពួកទេវតាដែលនៅក្នុងប្រទេសនោះ ទេវតាទាំងនោះ ដែលបណ្ឌិតនោះបូជាហើយ រមែងបូជាគេវិញ ដែលរាប់អានហើយ រមែងរាប់អានគេវិញ តែងអនុគ្រោះបណ្ឌិតនោះ ព្រោះទក្ខិណានុប្បទាននោះ ដូចមាតាអនុគ្រោះបុត្ត ដែលកើតអំពីទ្រូង បុរសដែលទេវតាអនុគ្រោះហើយ តែងឃើញសេចក្តីចម្រើនសព្វកាល ។

[១៧៤] គ្រានោះ ព្រះមានព្រះភាគ ទ្រង់អនុមោទនាដោយគាថាទាំងនេះ ចំពោះមហាមាត្យក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈរួចហើយ ទ្រង់ក្រោកចាកអាសនៈ យាងចេញទៅ ។ សម័យនោះឯង មហាមាត្យក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ ដើរតាមក្រោយ ៗ នៃព្រះមានព្រះភាគ ហើយគិតថា ក្នុងថ្ងៃនេះ ព្រះសមណគោតម នឹងយាងចេញទៅតាមទ្វារណា ទ្វារនោះនឹងបានឈ្មោះថា គោតមទ្វារ ។ ព្រះអង្គនឹងឆ្លងទន្លេគង្គាតាមកំពង់ណា កំពង់នោះនឹងបានឈ្មោះថា គោតមតិត្ថៈ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់យាងចេញទៅតាមទ្វារណា ទ្វារនោះ បានឈ្មោះថា គោតមទ្វារ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់យាងចូលទៅកាន់ទន្លេគង្គា ។ សម័យនោះឯង ទន្លេគង្គាមានទឹកពេញព្រៀបស្មើនឹងមាត់ច្រាំង ល្មមក្អែកឱនផឹកបាន ។ ពួកមនុស្សខ្លះ ស្វែងរកទូក ស្វែងរកផែ ខ្លះចងក្បូន ប្រាថ្នាដើម្បីឆ្លង អំពីត្រើយខាងអាយ ទៅកាន់ត្រើយខាងនាយ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់បាត់ព្រះអង្គ អំពីត្រើយខាងអាយនៃទន្លេគង្គា ទៅប្រាកដនៅត្រើយខាងនាយ ជាមួយនឹងភិក្ខុសង្ឃ ដូចបុរសមានកម្លាំង លាដៃដែលបត់ចូល ឬបត់ចូលនូវដៃដែលលាចេញ ដូច្នោះឯង ។ ព្រះមានព្រះភាគ បានឃើញពួកមនុស្សទាំងនោះ ខ្លះកំពុងស្វែងរកទូក ខ្លះកំពុងស្វែងរកផែ ខ្លះកំពុងចងក្បូន ប្រាថ្នាដើម្បីឆ្លង អំពីត្រើយខាងអាយ ទៅកាន់ត្រើយខាងនាយ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

ពួកជនណា ឆ្លងទន្លេដ៏ជ្រៅទូលាយបាន ពួកជននោះឯង លុះតែធ្វើស្ពានរំលងទំនាបទាំងឡាយ សេចក្តីពិតថា ជនធម្មតា តែងចងក្បូន ទើបឆ្លងទៅបាន ចំណែកជនជាអ្នកប្រាជ្ញទាំងឡាយ (មិនបាច់ក្បូន) ក៏ឆ្លងទៅបាន ។

ចប់ សូត្រ ទី៦ ។

៧. ទ្វិធាបថសូត្រកែប្រែ

[១៧៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់យាងទៅកាន់ផ្លូវឆ្ងាយ ក្នុងដែនកោសល មានព្រះនាគសមាលដ៏មានអាយុ ជាបច្ឆាសមណៈ ។ នាគសមាលដ៏មានអាយុ បានឃើញផ្លូវបែកជាពីរ ត្រង់ចន្លោះផ្លូវ លុះបានឃើញហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះមានព្រះភាគដ៏ចម្រើន នេះផ្លូវ យើងទៅតាមផ្លូវនេះ ។ កាលព្រះនាគសមាលដ៏មានអាយុ ក្រាបទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះនាគសមាលដ៏មានអាយុថា ម្នាលនាគសមាល នេះផ្លូវ យើងទៅតាមផ្លូវនេះវិញ ។ ព្រះនាគសមាលដ៏មានអាយុ ក្រាបបង្គំទូលព្រះមានព្រះភាគ អស់វារៈពីរដងថា បពិត្រព្រះមានព្រះភាគដ៏ចម្រើន នេះផ្លូវ យើងទៅតាមផ្លូវនេះ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះនាគសមាលដ៏មានអាយុ អស់វារៈពីរដងថា ម្នាលនាគសមាល នេះផ្លូវ យើងទៅតាមផ្លូវនេះវិញ ។ ព្រះនាគសមាលដ៏មានអាយុ ក្រាបបង្គំទូលព្រះមានព្រះភាគ អស់វារៈបីដងថា បពិត្រព្រះមានព្រះភាគដ៏ចម្រើន នេះផ្លូវ យើងទៅតាមផ្លូវនេះ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះនាគសមាលដ៏មានអាយុ អស់វារៈបីដងថា ម្នាលនាគសមាល នេះផ្លូវ យើងទៅតាមផ្លូវនេះវិញ ។ គ្រានោះ ព្រះនាគសមាលដ៏មានអាយុ ដាក់ចោលបាត្រ និងចីវរ របស់ព្រះមានព្រះភាគ លើផែនដី ក្នុងផ្លូវនោះឯង ហើយចេញទៅដោយពាក្យថា បពិត្រព្រះមានព្រះភាគដ៏ចម្រើន នេះបាត្រ និងចីវរ ។ លំដាប់នោះ កាលព្រះនាគសមាលដ៏មានអាយុ ដើរទៅតាមផ្លូវនោះ ពួកចោរត្រង់ចន្លោះផ្លូវ ចេញមក ទះទាត់ដោយដៃខ្លះ ជើងខ្លះ ហើយបំបែកបាត្រ ហែកទាំងសង្ឃាដីចោល ។ លំដាប់នោះ ព្រះនាគសមាលដ៏មានអាយុ កាលបើបាត្របែក រហែកសង្ឃាដីហើយ ក៏ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះនាគសមាលដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ ដើរទៅតាមផ្លូវនោះ ពួកចោរត្រង់ចន្លោះផ្លូវ ស្រាប់តែចេញមកទះទាត់ដោយដៃខ្លះ ជើងខ្លះ បំបែកទាំងបាត្រ ហែកទាំងសង្ឃាដីចោលអស់ ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

បុគ្គលអ្នកដល់នូវវេទ គឺមគ្គផល ជាអ្នកចេះដឹង កាលត្រាច់ទៅជាមួយ (នឹងជនពាល) ច្រឡូកច្រឡំដោយជនដទៃ រមែងលះបង់បាបកម្មបាន ដូចសត្វក្រៀល ផឹកនូវទឹកដោះស្រស់ លះបង់ទឹកស្ទឹង ។

ចប់ សូត្រ ទី ៧ ។

៨. វិសាខាសូត្រកែប្រែ

[១៧៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់លើប្រាសាទរបស់មិគារមាតា ក្នុងបុព្វារាម ជិតក្រុងសាវត្ថី ។ សម័យនោះឯង ចៅស្រីជាទីស្រឡាញ់ពេញចិត្ត របស់នាងវិសាខាមិគារមាតា ធ្វើមរណភាព ។ គ្រានោះ វិសាខាមិគារមាតា មានសំពត់សើម សក់សើម ចូលទៅគាល់ព្រះមានព្រះភាគទាំងថ្ងៃត្រង់ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះនាងវិសាខាមិគារមាតា អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលវិសាខា ចុះនាងមកពីណា មានសំពត់សើម សក់សើម ចូលមកក្នុងទីនេះទាំងថ្ងៃត្រង់ ។ បពិត្រព្រះអង្គដ៏ចម្រើន ចៅស្រីជាទីស្រឡាញ់ ពេញចិត្តរបស់ខ្ញុំព្រះអង្គ ធ្វើមរណភាព ព្រោះហេតុនោះ បានជាខ្ញុំព្រះអង្គ មានសំពត់សើម សក់សើម ចូលមកក្នុងទីនេះទាំងថ្ងៃត្រង់ ។

ម្នាលវិសាខា មនុស្សក្នុងក្រុងសាវត្ថី មានចំនួនប៉ុន្មាន នាងចង់បានកូន និងចៅចំនួនប៉ុណ្ណោះឬ ។

បពិត្រព្រះមានព្រះភាគដ៏ចម្រើន មនុស្សក្នុងក្រុងសាវត្ថី មានចំនួនប៉ុន្មាន ខ្ញុំព្រះអង្គចង់បានកូន និងចៅចំនួនប៉ុណ្ណោះ ។

ម្នាលវិសាខា ចុះមនុស្សទាំងឡាយ ក្នុងក្រុងសាវត្ថីជាច្រើន តែងធ្វើមរណភាពរាល់ ៗ ថ្ងៃប៉ុន្មាននាក់ ។

បពិត្រព្រះអង្គដ៏ចម្រើន មនុស្សក្នុងក្រុងសាវត្ថី ធ្វើមរណភាពរាល់ ៗ ថ្ងៃ ១០ នាក់ខ្លះ ។

បពិត្រព្រះអង្គដ៏ចម្រើន មនុស្សក្នុងក្រុងសាវត្ថី ធ្វើមរណភាពរាល់ ៗ ថ្ងៃ ៩ នាក់ខ្លះ ។

បពិត្រព្រះអង្គដ៏ចម្រើន មនុស្សក្នុងក្រុងសាវត្ថី ធ្វើមរណភាពរាល់ ៗ ថ្ងៃ ៨ នាក់ខ្លះ ។

បពិត្រព្រះអង្គដ៏ចម្រើន មនុស្សក្នុងក្រុងសាវត្ថី ធ្វើមរណភាពរាល់ ៗ ថ្ងៃ ៧ នាក់ខ្លះ ។

បពិត្រព្រះអង្គដ៏ចម្រើន មនុស្សក្នុងក្រុងសាវត្ថី ធ្វើមរណភាពរាល់ ៗ ថ្ងៃ ៦ នាក់ខ្លះ ។

បពិត្រព្រះអង្គដ៏ចម្រើន មនុស្សក្នុងក្រុងសាវត្ថី ធ្វើមរណភាពរាល់ ៗ ថ្ងៃ ៥ នាក់ខ្លះ ។

បពិត្រព្រះអង្គដ៏ចម្រើន មនុស្សក្នុងក្រុងសាវត្ថី ធ្វើមរណភាពរាល់ ៗ ថ្ងៃ ៤ នាក់ខ្លះ ។

បពិត្រព្រះអង្គដ៏ចម្រើន មនុស្សក្នុងក្រុងសាវត្ថី ធ្វើមរណភាពរាល់ ៗ ថ្ងៃ ៣ នាក់ខ្លះ ។

បពិត្រព្រះអង្គដ៏ចម្រើន មនុស្សក្នុងក្រុងសាវត្ថី ធ្វើមរណភាពរាល់ ៗ ថ្ងៃ ២ នាក់ខ្លះ ។

បពិត្រព្រះអង្គដ៏ចម្រើន មនុស្សក្នុងក្រុងសាវត្ថី ធ្វើមរណភាពរាល់ ៗ ថ្ងៃ តែម្នាក់ខ្លះ ។

បពិត្រព្រះអង្គដ៏ចម្រើន ពួកមនុស្សក្នុងក្រុងសាវត្ថី ចេះតែធ្វើមរណភាពមិនដែលស្ងាត់ទេ ។

ម្នាលវិសាខា នាងសំគាល់ហេតុនោះដូចម្តេច ចុះនាងជាអ្នកមានសំពត់សើម សក់សើម ក្នុងកាលម្តង ៗ ទេឬ ។

បពិត្រព្រះអង្គដ៏ចម្រើន ដំណើរនុ៎ះ មិនមែនដូច្នោះទេ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ល្មមត្រឹមតែកូន និងចៅច្រើនប៉ុណ្ណោះ ។

ម្នាលវិសាខា បុគ្គលណា មានវត្ថុជាទីស្រឡាញ់ ១០០ បុគ្គលនោះ មានសេចក្តីទុក្ខ ១០០ ។

បុគ្គលណា មានវត្ថុជាទីស្រឡាញ់ ៩០ បុគ្គលនោះ មានសេចក្តីទុក្ខ ៩០ ។

បុគ្គលណា មានវត្ថុជាទីស្រឡាញ់ ៨០ បុគ្គលនោះ មានសេចក្តីទុក្ខ ៨០ ។

បុគ្គលណា មានវត្ថុជាទីស្រឡាញ់ ៧០ បុគ្គលនោះ មានសេចក្តីទុក្ខ ៧០ ។

បុគ្គលណា មានវត្ថុជាទីស្រឡាញ់ ៦០ បុគ្គលនោះ មានសេចក្តីទុក្ខ ៦០ ។

បុគ្គលណា មានវត្ថុជាទីស្រឡាញ់ ៥០ បុគ្គលនោះ មានសេចក្តីទុក្ខ ៥០ ។

បុគ្គលណា មានវត្ថុជាទីស្រឡាញ់ ៤០ បុគ្គលនោះ មានសេចក្តីទុក្ខ ៤០ ។

បុគ្គលណា មានវត្ថុជាទីស្រឡាញ់ ៣០ បុគ្គលនោះ មានសេចក្តីទុក្ខ ៣០ ។

បុគ្គលណា មានវត្ថុជាទីស្រឡាញ់ ២០ បុគ្គលនោះ មានសេចក្តីទុក្ខ ២០ ។

បុគ្គលណា មានវត្ថុជាទីស្រឡាញ់ ១០ បុគ្គលនោះ មានសេចក្តីទុក្ខ ១០ ។

បុគ្គលណា មានវត្ថុជាទីស្រឡាញ់ ៩ បុគ្គលនោះ មានសេចក្តីទុក្ខ ៩ ។

បុគ្គលណា មានវត្ថុជាទីស្រឡាញ់ ៨ បុគ្គលនោះ មានសេចក្តីទុក្ខ ៨ ។

បុគ្គលណា មានវត្ថុជាទីស្រឡាញ់ ៧ បុគ្គលនោះ មានសេចក្តីទុក្ខ ៧ ។

បុគ្គលណា មានវត្ថុជាទីស្រឡាញ់ ៦ បុគ្គលនោះ មានសេចក្តីទុក្ខ ៦ ។

បុគ្គលណា មានវត្ថុជាទីស្រឡាញ់ ៥ បុគ្គលនោះ មានសេចក្តីទុក្ខ ៥ ។

បុគ្គលណា មានវត្ថុជាទីស្រឡាញ់ ៤ បុគ្គលនោះ មានសេចក្តីទុក្ខ ៤ ។

បុគ្គលណា មានវត្ថុជាទីស្រឡាញ់ ៣ បុគ្គលនោះ មានសេចក្តីទុក្ខ ៣ ។

បុគ្គលណា មានវត្ថុជាទីស្រឡាញ់ ២ បុគ្គលនោះ មានសេចក្តីទុក្ខ ២ ។

បុគ្គលណា មានវត្ថុជាទីស្រឡាញ់ ១ បុគ្គលនោះ មានសេចក្តីទុក្ខ ១ ។

បុគ្គលណា មិនមានវត្ថុជាទីស្រឡាញ់ បុគ្គលនោះ ក៏មិនមានសេចក្តីទុក្ខសោះដែរ ។

តថាគត ទើបពោលថា បុគ្គលទាំងនោះ ជាអ្នកមិនមានសោក ជាបុគ្គលប្រាសចាកធូលី គឺកិលេស ជាអ្នកមិនមានសេចក្តីចង្អៀតចង្អល់ ។

លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

សេចក្តីសោកក្តី សេចក្តីខ្សឹកខ្សួលក្តីណាមួយ ឬសេចក្តីទុក្ខជាច្រើនយ៉ាង ក្នុងលោក ធម៌ទាំងនុ៎ះ រមែងកើតឡើង ព្រោះអាស្រ័យសត្វ និងសង្ខារជាទីស្រឡាញ់ កាលបើមិនមានសត្វ និងសង្ខារជាទីស្រឡាញ់ ធម៌ទាំងនុ៎ះ ក៏រមែងមិនមាន ។ ព្រោះហេតុនោះឯង បុគ្គលណា មិនមានសត្វ និងសង្ខារជាទីស្រឡាញ់ ក្នុងលោកណាមួយទេ បុគ្គលនោះ ទើបមានសេចក្តីសុខ ប្រាសចាកសេចក្តីសោក ព្រោះថា បុគ្គលប្រាថ្នាសេចក្តីមិនសោក និងការប្រាសចាកធូលី គឺកិលេស មិនគប្បីធ្វើសត្វ និងសង្ខារឲ្យជាទីស្រឡាញ់ ក្នុងលោកណាមួយឡើយ ។

ចប់ សូត្រ ទី៨ ។

៩. បឋមទព្វសូត្រកែប្រែ

[១៧៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តវេឡុវន កលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ គ្រានោះឯង ព្រះទព្វមល្លបុត្តដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះទព្វមល្លបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះសុគត ឥឡូវនេះ ជាកាលគួរបរិនិព្វានរបស់ខ្ញុំព្រះអង្គ ។ ម្នាលទព្វៈ អ្នកសំគាល់កាលគួរនឹងបរិនិព្វាន ក្នុងកាលឥឡូវនេះចុះ ។ គ្រានោះ ព្រះទព្វមល្លបុត្តដ៏មានអាយុ ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហោះទៅឯអាកាស អង្គុយពែនភ្នែន ក្នុងអាកាសដ៏ស្រឡះ ចូលកាន់តេជោធាតុ ចេញហើយទើបបរិនិព្វាន ។ គ្រាកាលព្រះទព្វមល្លបុត្តដ៏មានអាយុ ហោះទៅឯអាកាស អង្គុយពែនភ្នែន ក្នុងអាកាសដ៏ស្រឡះ ចូលកាន់តេជោធាតុ ចេញហើយបរិនិព្វាន សរីរៈបណ្តាលភ្លើងឆាបឆេះ ទាំងផែះក៏មិនប្រាកដ កំទេចធាតុក៏មិនប្រាកដ ។ ដូចសប្បិ ឬប្រេង កាលបើភ្លើងឆាបឆេះ ទាំងផែះក៏មិនប្រាកដ កំទេចក៏មិនប្រាកដ យ៉ាងណា កាលព្រះទព្វមល្លបុត្តដ៏មានអាយុ ហោះទៅឯអាកាស អង្គុយពែនភ្នែនក្នុងអាកាសដ៏ស្រឡះ ចូលកាន់តេជោធាតុ ចេញហើយបរិនិព្វាន សរីរៈ ក៏បណ្តាលភ្លើងឆាបឆេះ ទាំងផែះក៏មិនប្រាកដ កំទេចធាតុ ក៏មិនប្រាកដ យ៉ាងនោះដែរ ។ លំដាប់នោះ ព្រះមានព្រះភាគ ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

រាងកាយ (របស់ទព្វមល្លបុត្ត) បែកធ្លាយហើយ សញ្ញាក៏រលត់ វេទនា ទាំងអស់ក៏ត្រជាក់ សង្ខារធម៌ទាំងឡាយ ក៏ស្ងប់រម្ងាប់ វិញ្ញាណក៏ដល់នូវសេចក្តីវិនាស ។

ចប់ សូត្រ ទី៩ ។

១០. ទុតិយទព្វសូត្រកែប្រែ

[១៧៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលទព្វមល្លបុត្តហោះទៅឯអាកាស អង្គុយពែនភ្នែន ក្នុងអាកាសដ៏ស្រឡះ ចូលកាន់តេជោធាតុ ចេញហើយ បរិនិព្វាន សរីរៈ បណ្តាលភ្លើងឆាបឆេះ ទាំងផែះក៏មិនប្រាកដ កំទេចធាតុក៏មិនប្រាកដ ដូចសប្បិ ឬប្រេង កាលបើភ្លើងឆាបឆេះ ទាំងផែះក៏មិនប្រាកដ កំទេចក៏មិនប្រាកដយ៉ាងណា ម្នាលភិក្ខុទាំងឡាយ កាលទព្វមល្លបុត្ត  ហោះទៅឯអាកាស អង្គុយពែនភ្នែនក្នុងអាកាសដ៏ស្រឡះ ចូលកាន់តេជោធាតុ ចេញហើយ បរិនិព្វាន សរីរៈ ក៏បណ្តាលភ្លើងឆាបឆេះ ទាំងផែះ ក៏មិនប្រាកដ កំទេចធាតុ ក៏មិនប្រាកដ យ៉ាងនោះឯង ។ លំដាប់នោះ ព្រះមានព្រះភាគ ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ៖

បុគ្គល រមែងមិនដឹងគតិរបស់ភ្លើងកំពុងឆេះ និងដុំដែកដែលគេដំហើយ ដែលរលត់ទៅដោយលំដាប់ យ៉ាងណាមិញ គតិរបស់ពួកលោក អ្នករួចស្រឡះចាកកិលេសដោយប្រពៃ អ្នកឆ្លងចាកចំណង និងឱឃៈ គឺកាម ដល់នូវសេចក្តីសុខ មិនញាប់ញ័រ រមែងមិនអាចដឹងបាន ក៏យ៉ាងនោះដែរ ។

ចប់ សូត្រ ទី១០ ។

ចប់ បាដលិគ្គាមិយវគ្គ ទី៨ ។

ឧទ្ទាននៃវគ្គនោះ គឺ ៖

- ពោលអំពីព្រះនិព្វាន ៤ លើក

- អំពីចុន្ទកម្មារបុត្ត

- អំពីពួកឧបាសកឧបាសិកា

- អ្នកបាដលិគ្រាម

- អំពីផ្លូវបែកជាពីរ

- អំពីនាងវិសាខា

- ព្រមទាំងព្រះថេរៈទព្វមល្លបុត្ត ២ លើក រួមជា ១០ ។

- ពោធិវគ្គដ៏ប្រសើរ ជាវគ្គទី ១

- មុច្ចលិន្ទវគ្គ ជាវគ្គទី ២

- នន្ទកវគ្គដ៏ប្រសើរ ជាវគ្គទី ៣

- មេឃិយវគ្គដ៏ប្រសើរ ជាវគ្គទី ៤

- សោណត្ថេរវគ្គដ៏ប្រសើរ ជាវគ្គទី ៥

- ជច្ចន្ធវគ្គដ៏ប្រសើរ ជាវគ្គទី ៦

- ចូឡវគ្គដ៏ប្រសើរ ជាវគ្គទី ៧

- បាដលិគ្គាមិយវគ្គដ៏ប្រសើរ ជាវគ្គទី ៨ ។

វគ្គទាំង ៨ នេះ មានសូត្រដ៏ប្រសើរ ៨០ មិនខ្វះ ដែលលោកចែកទុកហើយ ដោយប្រពៃមែនពិត ព្រះសូត្រណា ដែលព្រះសម្ពុទ្ធប្រាសចាកមន្ទិល មានចក្ខុ ទ្រង់សំដែងហើយ បណ្ឌិតទាំងឡាយ អ្នកមានសទ្ធា បានពោលព្រះសូត្រនោះ ថាជាឧទាន ។

ចប់ ឧទាន ។

ចប់ ភាគ៥២ ។

ឯកសារយោងកែប្រែ

ព្រះត្រៃបិដក > សុត្តន្តបិដក​ > ខុទ្ទកនិកាយ