ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ថេរគាថា ថេរីគាថា

ឆដ្ឋភាគ

ថេរគាថាកែប្រែ

សត្តកនិបាតកែប្រែ

[២២៥] ស្រីផ្កាមាសតាក់តែង ស្លៀកពាក់ល្អ ទ្រទ្រង់កម្រងផ្កា ស្អិតស្អាងហើយ មានជើងស្រឡាបដោយទឹកល័ខ ពាក់ស្បែកជើង លុះដោះស្បែកជើងចេញហើយ ក៏ធ្វើអព្ជាលីចំពោះមុខ ស្រីផ្កាមាសនោះ និយាយនូវពាក្យជាប្រធាននៃមិត្ត [ពាក្យចែចង់ ។] នឹងខ្ញុំ ដោយសំដីដ៏ទន់ពីរោះថា លោកនៅកំលោះហើយបួស លោកចូរឋិតនៅក្នុងពាក្យប្រដៅរបស់ខ្ញុំ លោកចូរបរិភោគកាមជារបស់មនុស្សចុះ ខ្ញុំនឹងឲ្យសម្បត្តិដ៏ពេញចិត្តដល់លោក ។ ខ្ញុំប្តេជ្ញាពាក្យពិតដល់លោក ឬនឹងនាំភ្លើងដល់លោក [ស្បថនឹងភ្លើង] ។ កាលណាយើងទាំងពីរនាក់ ជាមនុស្សចាស់កាន់ឈើច្រត់ហើយ យើងនឹងបួសទាំងពីរនាក់ នឹងកាន់យកនូវជ័យជំនះក្នុងលោកទាំងពីរ ។ ខ្ញុំបានឃើញស្រីផ្កាមាសនោះ មកធើ្វអព្ជាលី តាក់តែង ស្លៀកពាក់ល្អ ដូចជាជាប់អន្ទាក់មច្ចុ លំដាប់នុ៎ះ ខ្ញុំក៏បានធើ្វទុកក្នុងចិត្តដោយឧបាយនៃបញ្ញា ។បេ។ [គប្បីមើលក្នុងចតុក្កនិបាត ។] សុន្ទរសមុទ្ទត្ថេរ ។


[២២៦] ព្រះភទ្ទិយត្ថេរ នៅក្នុងអម្ពាដការាមដ៏ប្រសើរ ក្បែរដងព្រៃ បានដកតណ្ហា ព្រមទាំងឫសចោលអស់ហើយ ជាអ្នកប្រសើរ ចម្រើនឈានក្នុងអារាមនោះ ។

ជនពួកខ្លះ ត្រេកអរដោយសម្ភោរ ដោយពិណ ដោយស្គរជ័យក៏មាន ចំណែកខ្ញុំនៅទៀបគល់ឈើ ត្រេកអរតែក្នុងពុទ្ធសាសនា ។ មួយទៀត ព្រះពុទ្ធទ្រង់ប្រទានពរដល់ខ្ញុំ ៗ បាននូវពរនោះ ខ្ញុំកាន់យកនូវកាយគតាសតិជានិច្ច ដើម្បីលោកទាំងអស់ ។ ពួកជនណា មើលងាយខ្ញុំដោយរូបក្តី ពួកជនណា តាមខ្ញុំទៅដោយសំឡេង [ឃោសនា ។] ក្តី ពួកជនទាំងនុ៎ះ សុទ្ធតែលុះអំណាចនៃឆន្ទរាគ មិនស្គាល់ខ្ញុំទេ ។ បុគ្គលណា មិនដឹងធម៌ខាងក្នុង ទាំងមិនឃើញធម៌ខាងក្រៅ បុគ្គលនោះឯង ជាមនុស្សពាល មានធម៌ជាគ្រឿងរាំងរាជុំវិញ តែងត្រូវសំឡេងនាំបន្សាត់ទៅ ។ បុគ្គលណា មិនដឹងធម៌ខាងក្នុង ប៉ុន្តែឃើញច្បាស់នូវធម៌ខាងក្រៅ បុគ្គលនោះ ឈ្មោះថា ឃើញផលខាងក្រៅ ក៏ត្រូវសំឡេងបន្សាត់ទៅដែរ ។ បុគ្គលណា ដឹងច្បាស់នូវធម៌ខាងក្នុង ទាំងឃើញច្បាស់នូវធម៌ខាងក្រៅ បុគ្គលនោះ ឈ្មោះថា ជាអ្នកឃើញធម៌ដែលគ្មានអ្វីរាំងរា តែងមិនត្រូវសំឡេងបន្សាត់ទៅឡើយ ។ លកុណ្តកត្ថេរ ។


[២២៧] ខ្ញុំជាកូនប្រុសតែមួយ ជាទីស្រឡាញ់របស់មាតា ជាទីស្រឡាញ់របស់បិតា ដែលមាតាបិតាបានហើយ ដោយការប្រព្រឹត្តិវ័តដ៏ច្រើនផង ដោយការបន់ស្រន់ផង ។ ឯមាតា និងបិតាទាំងពីរនោះ ជាអ្នកប្រាថ្នាសេចក្តីចម្រើន ស្វែងរកប្រយោជន៍ ទើបនាំខ្ញុំទៅថ្វាយព្រះពុទ្ធ ព្រោះសេចក្តីអនុគ្រោះ (ដោយពាក្យថា) កូននេះ ធ្លាប់សុខ ចម្រើនដោយសេចក្តីសុខ ខ្ញុំព្រះអង្គបានដោយលំបាក បពិត្រព្រះលោកនាថ យើងខ្ញុំសូមថ្វាយកូននេះ ឲ្យជាអ្នកបម្រើព្រះអង្គ អ្នកទ្រង់ឈ្នះមារ ។ ទើបព្រះសាស្តាទទួលខ្ញុំ ហើយត្រាស់ពាក្យនេះនឹងព្រះអានន្ទថា អ្នកចូរបំបួសកុមារនេះឲ្យឆាប់ កុមារនេះនឹងបានជាបុរសអាជានេយ្យ ។ លុះព្រះសាស្តាអ្នកឈ្នះមារ ទ្រង់ឲ្យបំបួសខ្ញុំរួចហើយ ក៏ស្តេចចូលទៅកាន់វិហារ នាកាលព្រះអាទិត្យមិនទាន់លិច លំដាប់នោះ ចិត្តរបស់ខ្ញុំក៏ផុតចាកអាសវៈ ។ តពីនោះមក ព្រះសាស្តា ទ្រង់ចេញចាកទីសម្ងំ លះបង់ហើយ ត្រាស់នឹងខ្ញុំថា ម្នាលភទ្ទៈ អ្នកចូរមក ព្រះវាចានោះ បានជាឧបសម្បទារបស់ខ្ញុំ ។ ខ្ញុំបានឧបសម្បទា ក្នុងអាយុ ៧ ឆ្នាំ អំពីកំណើត ខ្ញុំបានសម្រេចវិជ្ជា ៣ ហើយ ឱ! ព្រះធម៌ល្អណាស់តើ ។ ភទ្ទត្ថេរ ។


[២២៨] ខ្ញុំបានឃើញព្រះសាស្តា ព្រះអង្គឧត្តមជាងជន ដែលកំពុងចង្ក្រម ឰដ៏ម្លប់ប្រាសាទ គឺគន្ធកុដិ ក៏បានចូលទៅគាល់ព្រះសាស្តានោះក្នុងទីនោះ ហើយថ្វាយបង្គំនូវព្រះអង្គជាបុរសដ៏ឧត្តម ។ ខ្ញុំធើ្វនូវចីវរឆៀងស្មាម្ខាង ហើយផ្គុំដៃ បានដើរចង្ក្រមតាមព្រះពុទ្ធ ព្រះអង្គប្រាសចាកធូលី គឺរាគៈ ឧត្តមជាងសព្វសត្វ ។ លំដាប់នោះ ព្រះសាស្តា ព្រះអង្គទ្រង់ឈ្លាសវៃ ជ្រាបនូវប្រស្នា បានសួរប្រស្នាចំពោះខ្ញុំ ៗ ក៏មិនតក់ស្លុត មិនភិតភ័យ បានឆ្លើយប្រស្នាថ្វាយព្រះសាស្តា ។ កាលដែលខ្ញុំឆ្លើយប្រស្នាចប់ហើយ ព្រះតថាគត ក៏ទ្រង់អនុមោទនា ហើយទ្រង់ទតមើលភិក្ខុសង្ឃ បានត្រាស់សេចក្តីនេះថា ។ សោបាកៈនេះ ប្រើប្រាស់បច្ច័យ គឺចីវរ បិណ្ឌបាត ទីដេក និងទីអង្គុយ របស់ពួកអ្នកដែនអង្គៈ មគធៈណា ពួកជនអ្នកដែនអង្គៈ មគធៈនោះ ហៅពេញជាមានលាភ ។ មួយទៀត ព្រះសាស្តា ត្រាស់នូវការក្រោកទទួល និងការប្រព្រឹត្តិសមគួរ ថាជាលាភរបស់ពួកជនអ្នកដែនអង្គៈ មគធៈនោះ ។ (ព្រះសាស្តាត្រាស់ថា) ម្នាលសោបាកៈ តាំងពីថ្ងៃនេះជាដើមទៅ អ្នកចូរមកចួបនឹងតថាគតចុះ ម្នាលសោបាកៈ ការដោះស្រាយប្រស្នានេះឯង ចូរជាឧបសម្បទារបស់អ្នកចុះ ។ ខ្ញុំមានអាយុ ៧ ឆ្នាំ អំពីកំណើត ក៏បានឧបសម្បទា ទ្រទ្រង់រាងកាយជាទីបំផុត ឱ! ព្រះធម៌ល្អណាស់តើ ។ សោបាកត្ថេរ ។


[២២៩] ខ្ញុំ (កាលនៅជាតាបស) បានច្រូតស្បូវដោយដៃឯង ធើ្វកុដិសម្រាប់នៅ ព្រោះហេតុនោះ បានជាឈ្មោះរបស់ខ្ញុំថា សរភង្គ ដោយសម្មតិ ។ ការច្រូតស្បូវដោយដៃ មិនគួរដល់ខ្ញុំក្នុងថ្ងៃនេះទេ ព្រោះសិក្ខាបទទាំងឡាយ ព្រះគោតមដ៏មានយស បានបញ្ញត្តហើយដល់យើង ។ ខ្ញុំឈ្មោះសរភង្គ មិនបានឃើញរោគ ដែលពេញពោរទាំងអស់ ក្នុងកាលមុន រោគនោះ ដែលសរភង្គ អ្នកធើ្វតាមឱវាទនៃព្រះសម្មាសម្ពុទ្ធ ជាទេវតាដ៏ប្រសើរ បានឃើញហើយ ។

ព្រះវិបស្សី ទ្រង់យាងទៅហើយតាមផ្លូវណា ព្រះសិខី ព្រះវេស្សភូ ព្រះកកុសន្ធៈ ព្រះកោនាគមនៈ និងព្រះកស្សបៈ ទ្រង់យាងទៅតាមផ្លូវណា ព្រះគោតម ទ្រង់យាងទៅតាមផ្លូវនោះដែរ ។

ព្រះពុទ្ធទាំងឡាយ ៧ ព្រះអង្គ ប្រាសចាកតណ្ហា មិនមានសេចក្តីប្រកាន់ យាងចុះកាន់ព្រះនិព្វាន ព្រះអង្គមានធម្មកាយកើតហើយ ប្រកបដោយតាទិគុណ ទ្រង់សំដែងនូវធម៌នេះ គឺអរិយសច្ចៈ ៤ បានដល់ទុក្ខ សមុទ័យ មគ្គ និរោធ ជាទីអស់ទៅនៃទុក្ខ ដើម្បីអនុគ្រោះដល់ពួកសត្វ ។ ទុក្ខក្នុងសង្សារ មិនមានទីបំផុត ប្រព្រឹត្តទៅក្នុងកាយណា អំពីការបែកធ្លាយនៃកាយនេះក្តី ការអស់ទៅនៃជីវិតក្តី ភពថ្មីដទៃទៀតមិនមាន ខ្ញុំផុតស្រឡះហើយចាកកិលេសទាំងអស់ ។ សរភង្គត្ថេរ ។

ឧទ្ទាន

ព្រះថេរៈ ៥ អង្គ គឺសុន្ទរសមុទ្ទត្ថេរ ១ លកុណ្តកភទ្ទិយត្ថេរ ១ ភទ្ទត្ថេរ ១ សោបាកត្ថេរ ១ សរភង្គមហាឥសី ១ ពោលនូវគាថា ៣៥ ក្នុងសត្តកនិបាត ។

ចប់ សត្តកនិបាត ។

អដ្ឋកនិបាតកែប្រែ

[២៣០] បព្វជិតមិនគប្បីធើ្វនូវកម្មច្រើនទេ គប្បីលះបង់ជន (បាបមិត្ត) មិនគប្បីខ្វល់ខ្វាយ (ដើម្បីលាភទេ) ព្រោះបព្វជិតអ្នកខ្វល់ខ្វាយ ជាប់ចិត្តក្នុងរស រមែងលះបង់ប្រយោជន៍ដែលនាំមកនូវសេចក្តីសុខ ។ ការថ្វាយបង្គំ និងការបូជាណា ក្នុងត្រកូលទាំងឡាយ ពួកព្រះអរិយៈ ដឹងច្បាស់នូវការថ្វាយបង្គំ និងការបូជានោះថា ដូចជាភក់ ទាំងដឹងថា ជាសរដ៏ឆ្មារ គេកម្រដកបាន ជាគ្រឿងសកា្ករៈដែលបុរសអាក្រក់ លះបង់បានដោយកម្រ ។

បុគ្គលមិនគប្បីសេពនូវអំពើអាក្រក់ដោយខ្លួនឯង ព្រោះបំពេញ (ទុក្ខ) ដល់សត្វដទៃ (ទាំងមិនញ៉ាំងបុគ្គលដទៃ ឲ្យសេពនូវអំពើអាក្រក់នោះ) ព្រោះថា សត្វទាំងឡាយ មានកម្មជាផៅពង្ស ។ បុគ្គលជាចោរ ព្រោះពាក្យអ្នកដទៃក៏ទេ បុគ្គលជាអ្នកប្រាជ្ញ ព្រោះពាក្យអ្នកដទៃក៏ទេ បុគ្គលដឹងខ្លួនឯងយ៉ាងណា សូម្បីពួកទេវតា ក៏ដឹងបុគ្គលនោះ ដូច្នោះដែរ ។ ពួកជនផ្តេសផ្តាស រមែងមិនដឹងច្បាស់ថា យើងទាំងឡាយនឹងលំបាកក្នុងលោកនេះ តែពួកជនណា ដឹងច្បាស់ក្នុងដំណើរនោះ ការជំលោះ តែងស្ងប់រម្ងាប់ទៅ អំពីសំណាក់ពួកជននោះ ។ បុគ្គលប្រកបដោយបញ្ញា បើទុកជាអស់សម្បត្តិរលីងធេង ក៏ឈ្មោះថារស់នៅ ឯបុគ្គលមានសម្បត្តិ ឈ្មោះថាមិនរស់នៅ ព្រោះការមិនបាននូវបញ្ញា ។ បុគ្គលរមែងស្តាប់នូវសំឡេងទាំងអស់បានដោយសារត្រចៀក បុគ្គលមានចក្ខុ រមែងឃើញរូបគ្រប់យ៉ាង ចំណែកអ្នកប្រាជ្ញ មិនគួរលះចោល (ឬប្រកាន់) នូវអារម្មណ៍ទាំងពួង ដែលខ្លួនឃើញហើយ ឮហើយឡើយ ។ បុគ្គលអ្នកមានភ្នែក គប្បីធើ្វដូចជាខ្វាក់ បុគ្គលអ្នកមានត្រចៀក គប្បីធើ្វដូចជាថ្លង់ បុគ្គលអ្នកមានបញ្ញា គប្បីធើ្វដូចជាគ បុគ្គលអ្នកមានកំឡាំង គប្បីធើ្វដូចជាអ្នកខ្សោយកំឡាំង តែកាលបើហេតុ (មិនគួរធើ្វ) កើតឡើងហើយ ត្រូវដេកដូចជាដេកស្លាប់ ។ មហាកច្ចាយនត្ថេរ ។


[២៣១] ភិក្ខុណា គ្មានសេចក្តីក្រោធ មិនចងសេចក្តីក្រោធទុក មិនមានមាយា ប្រាសចាកសេចក្តីញុះញង់ ភិក្ខុមានសភាពដូច្នោះនោះឯង រមែងមិនសោយសោកក្នុងខាងមុខ ដោយសេចក្តីប្រតិបត្តិយ៉ាងនេះ ។ ភិក្ខុណា គ្មានសេចក្តីក្រោធ មិនចងសេចក្តីក្រោធទុក មិនមានមាយា ប្រាសចាកសេចក្តីញុះញង់ មានទ្វាររក្សាហើយគ្រប់កាល ភិក្ខុនោះ រមែងមិនសោយសោកក្នុងខាងមុខ ដោយសេចក្តីប្រតិបត្តិយ៉ាងនេះ ។ ភិក្ខុណា គ្មានសេចក្តីក្រោធ មិនចងសេចក្តីក្រោធទុក មិនមានមាយា ប្រាសចាកសេចក្តីញុះញង់ មានសីលល្អ ភិក្ខុនោះ រមែងមិនសោយសោកក្នុងខាងមុខ ដោយសេចក្តីប្រតិបត្តិយ៉ាងនេះ ។ ភិក្ខុណា គ្មានសេចក្តីក្រោធ មិនចងសេចក្តីក្រោធទុក មិនមានមាយា ប្រាសចាកសេចក្តីញុះញង់ មានមិត្តល្អ ភិក្ខុនោះ រមែងមិនសោកស្តាយ ក្នុងកាលខាងមុខ ដោយសេចក្តីប្រតិបត្តិយ៉ាងនេះ ។ ភិក្ខុណា គ្មានសេចក្តីក្រោធ មិនចងសេចក្តីក្រោធទុក មិនមានមាយា ប្រាសចាកសេចក្តីញុះញង់ មានបញ្ញាល្អ ភិក្ខុនោះ រមែងមិនសោកស្តាយ ក្នុងកាលខាងមុខ ដោយសេចក្តីប្រតិបត្តិយ៉ាងនេះ ។ បុគ្គលណា មានសទ្ធាមិនញាប់ញ័រ បានដំកល់ស៊ប់ក្នុងព្រះតថាគតផង បុគ្គលណា មានសីលល្អ ជាទីត្រេកអរនៃព្រះអរិយៈ ដែលព្រះអរិយៈសរសើរហើយផង បុគ្គលណា មានសេចក្តីជ្រះថ្លាក្នុងសង្ឃផង បុគ្គលណា មានការយល់ឃើញត្រង់ផង អ្នកប្រាជ្ញទាំងឡាយ ហៅបុគ្គលនោះ ថាជាអ្នកមិនខ្សត់ ជីវិតរបស់បុគ្គលនោះ មិនមែនជាមោឃៈទេ ។ ព្រោះហេតុនោះ មេធាវីបុគ្គល កាលរលឹកនូវពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ គួរប្រកបរឿយ ៗ នូវសទ្ធាផង សីលផង សេចក្តីជ្រះថ្លាផង ការយល់ធម៌ផង ។ សិរិមិត្តត្ថេរ ។


[២៣២] កាលណាខ្ញុំឃើញព្រះសាស្តា ព្រះអង្គគ្មានភ័យអំពីទីណាជាដំបូង ក្នុងកាលនោះ សេចក្តីសង្វេគក៏មានដល់ខ្ញុំ ព្រោះឃើញព្រះសាស្តាជាឧត្តមបុរស ។ អ្នកណា ច្រានសិរីដែលមក (រកខ្លួន) ដោយដៃ ឬជើង អ្នកនោះ ឈ្មោះថា ញ៉ាំងព្រះសាស្តាបែបនេះ ឲ្យត្រេកអរ ហើយឲ្យប្រាសចាកសេចក្តីត្រេកអរវិញ ។ ក្នុងកាលនោះ ខ្ញុំលះចោលកូន និងប្រពន្ធផង ទ្រព្យ និងស្រូវផង កោរសក់ និងពុកចង្កា ហើយចូលទៅកាន់ផ្នួស ។ ខ្ញុំបរិបូណ៌ដោយសិក្ខា និងសាជីវៈ សង្រួមនូវឥន្រ្ទិយទាំងឡាយ ជាអ្នកមិនចាលចាញ់កិលេស តែងនមស្ការព្រះសម្ពុទ្ធ សម្រាន្តនៅ ។ ខណៈនោះ សេចក្តីតាំងចិត្ត ខ្ញុំបានតម្កល់ហើយថា កាលបើខ្ញុំមិនទាន់ដកសរ គឺតណ្ហាបានទេ ខ្ញុំមិនអង្គុយសូម្បីមួយរំពេច ។ អ្នកចូរមើលសេចក្តីព្យាយាម និងការប្រឹងប្រែងរបស់ខ្ញុំនោះយ៉ាងនេះ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ ពុទ្ធសាសនា ខ្ញុំបានធើ្វហើយ ។ ខ្ញុំដឹងនូវបុព្វេនិវាស ទិព្វចក្ខុ ខ្ញុំក៏បានជម្រះហើយ ខ្ញុំជាព្រះអរហន្ត គួរទទួលនូវទក្ខិណាទាន មានចិត្តរួចស្រឡះហើយ មិនមានឧបធិ ។ លំដាប់នោះ ក្នុងកាលរាត្រីអស់ទៅ ព្រះអាទិត្យក៏រះឡើង ខ្ញុំបានធើ្វតណ្ហាទាំងអស់ឲ្យរីងស្ងួត ហើយអង្គុយដោយភ្នែន ។ មហាបន្ថកត្ថេរ ។

ឧទ្ទាន

ព្រះថេរៈ ៣ អង្គ គឺមហាកច្ចាយនត្ថេរ ១ សិរីមិត្តត្ថេរ ១ មហាបន្ថកត្ថេរ ១ បានសំដែងគាថាទាំងឡាយ ២៤ ក្នុងអដ្ឋកនិបាត ។

ចប់ អដ្ឋកនិបាត ។

នវកនិបាតកែប្រែ

[២៣៣] ពួកបុថុជ្ជន មិនដឹងថា ជរា មរណៈជាទុក្ខ ហើយជាប់ចំពាក់ក្នុងឧបាទានក្ខន្ធណា អ្នកប្រាជ្ញមានស្មារតី បានកំណត់ដឹង (នូវឧបាទានក្ខន្ធនោះ) ថាជាទុក្ខ ហើយចម្រើនឈាន ក្នុងកាលណា កាលនោះ រមែងមិនបាននូវសេចក្តីត្រេកអរ លើសលុបជាងឈាននោះឡើយ ។ បណ្ឌិត លុះលះបង់នូវតណ្ហា ដែលនាំមកនូវសេចក្តីទុក្ខ ជាធម្មជាតិផ្សាយទៅក្នុងអារម្មណ៍ផ្សេង ៗ នាំមកនូវកិលេស ជាគ្រឿងនាំសត្វឲ្យយឺតយូរ និងសេចក្តីទុក្ខ ដូចជាឃ្នាប មានស្មារតីចម្រើនឈាន ក្នុងកាលណា កាលនោះ រមែងមិនបាននូវសេចក្តីត្រេកអរដ៏លើសលុបជាងឈាននោះឡើយ ។ បុគ្គលពាល់ត្រូវមគ្គដ៏ឧត្តម ប្រកបដោយអង្គ ៤ ពីរដងដ៏ក្សេម ជាគ្រឿងជម្រះនូវកិលេសទាំងអស់ដោយបញ្ញា ជាអ្នកមានស្មារតី ចម្រើនឈាន ក្នុងកាលណា កាលនោះ រមែងមិនបាននូវសេចក្តីត្រេកអរដ៏ក្រៃលែងជាងឈាននោះឡើយ ។ បុគ្គលចម្រើននូវសន្តបទ ដែលឥតមានសោក ប្រាសចាកធូលី គឺកិលេស ឥតមានបច្ច័យតាក់តែង ជាគ្រឿងជម្រះនូវកិលេសទាំងអស់ ផ្តាច់នូវចំណង គឺសញ្ញោជនៈ ក្នុងកាលណា កាលនោះ រមែងមិនបាននូវសេចក្តីត្រេកអរដ៏ក្រៃលែង ជាងការចម្រើននូវសន្តបទនោះឡើយ ។ ផ្គរលាន់ក្នុងអាកាស ទទឹកភ្លៀងពាសពេញដោយជុំវិញឰដ៏អាកាស ក្នុងកាលណា កាលនោះ ភិក្ខុចូលទៅនៅក្នុងញកភ្នំ ចម្រើនឈាន រមែងមិនបាននូវសេចក្តីត្រេកអរជាងឈាននោះឡើយ ។ ភិក្ខុអង្គុយក្បែរឆ្នេរស្ទឹងទាំងឡាយ ដ៏ដេរដាសដោយផ្កា មានផ្កាឈើក្នុងព្រៃដ៏វិចិត្រ ជាគ្រឿងប្រដាប់ មានចិត្តល្អ ចម្រើនឈាន ក្នុងកាលណា កាលនោះ រមែងមិនបាននូវសេចក្តីត្រេកអរដ៏លើសលុបជាងឈាននោះឡើយ ។ កាលបើភ្លៀងធ្លាក់ចុះក្នុងព្រៃស្ងាត់ ពេលយប់ ពួកសត្វមានចង្កូម បន្លឺឡើង ចំណែកភិក្ខុចូលទៅកាន់ញកភ្នំ ហើយចម្រើនឈាន ក្នុងកាលណា កាលនោះ រមែងមិនបាននូវសេចក្តីត្រេកអរដ៏លើសលុប ជាងឈាននោះឡើយ ។ ភិក្ខុអាស្រ័យនៅចន្លោះភ្នំ ក្នុងកណ្តាលនៃភ្នំ បិទនូវវិតក្កៈទាំងឡាយរបស់ខ្លួន ប្រាសចាកសេចក្តីខ្វល់ ប្រាសចាកសេចក្តីរឹងត្អឹងនៃចិត្ត ហើយចម្រើនឈាន ក្នុងកាលណា កាលនោះ រមែងមិនបាននូវសេចក្តីត្រេកអរដ៏លើសលុបជាងឈាននោះឡើយ ។

(ភិក្ខុ) ជាអ្នកមានសេចក្តីសុខ ជាអ្នកធើ្វសេចក្តីរឹងត្អឹងជាមន្ទិល និងសេចក្តីសោកឲ្យវិនាស ជាអ្នកគ្មានសន្ទះទ្វារ គឺអវិជ្ជា គ្មានតណ្ហា ប្រាសចាកសរ គឺរាគាទិក្កិលេស ធើ្វនូវអាសវៈទាំងអស់ឲ្យវិនាស ចម្រើនឈាន ក្នុងកាលណា កាលនោះ រមែងមិនបាននូវសេចក្តីត្រេកអរដ៏លើសលុប ជាងឈាននោះឡើយ ។ ភូតត្ថេរ ។

ឧទ្ទាន

ព្រះភូតត្ថេរ តែមួយអង្គឯង ដូចជាកុយរមាស ជាអ្នកឃើញពិត បានសំដែងគាថា ៩ ដែលមកក្នុងនវកនិបាត ។

ចប់ នវកនិបាត ។

ទសកនិបាតកែប្រែ

[២៣៤] បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ពួកឈើមានពណ៌ដូចរងើកភ្លើង ជិតផ្លែហើយ ជម្រុះស្លឹកចាស់ចោល ឈើទាំងនោះរុងរឿង ដូចជាអណ្តាតភ្លើង បពិត្រព្រះអង្គមានព្យាយាមធំ កាលនេះ ជាកាលគួរបានចំណែកធម្មរសហើយ ។ ឈើទាំងឡាយ ជាទីរីករាយនៃចិត្ត មានផ្លែ ផ្សាយក្លិនសព្វទិសដោយជុំវិញ ជម្រុះស្លឹកចាស់ចោល ប្រុងនឹងចេញផ្លែថ្មីទៀត បពិត្រព្រះអង្គមានព្យាយាម កាលនេះ ជាកាលគួរដើម្បីចេញទៅអំពីទីនេះ ។ បពិត្រព្រះអង្គដ៏ចម្រើន រដូវដែលមិនត្រជាក់ពេក មិនក្តៅពេក ជាសុខស្រួល គួរដើរទៅកាន់ផ្លូវឆ្ងាយបាន ពួកសក្យៈ និងពួកកោឡិយៈ សូមជួបព្រះអង្គ ដែលមានព្រះភក្រ្តបែរត្រឡប់មកខាងក្រោយ កំពុងឆ្លងស្ទឹងរោហិណី ។

អ្នកស្រែ ភ្ជួរស្រែដោយសេចក្តីប្រាថ្នា ក៏ព្រោះពូជដោយសេចក្តីប្រាថ្នា ពួកឈ្មួញ អ្នករកទ្រព្យ ឆ្លងសមុទ្រដោយសេចក្តីប្រាថ្នា ។ ខ្ញុំព្រះអង្គ ឋិតនៅដោយសេចក្តីប្រាថ្នាណា សេចក្តីប្រាថ្នារបស់ខ្ញុំព្រះអង្គនោះ សូមឲ្យសម្រេច ។

អ្នកស្រែទាំងឡាយ ព្រោះពូជរឿយ ៗ [បាលីថា បុនប្បុនំ ប្រែថា រឿយៗ ញយៗ ដដែលៗ ញឹកញាប់ ប៉ុកប៉ុន ។] ទេវរាជ បង្អុរភ្លៀងក៏រឿយៗ ពួកអ្នកស្រែភ្ជួរស្រែរឿយ ៗ ពួកអ្នកស្រែនោះ នាំស្រូវចូលទៅកាន់ដែនក៏រឿយ ៗ ។ ពួកស្មូមត្រាច់សូមរឿយ ៗ អ្នកម្ចាស់ទាន តែងឲ្យក៏រឿយៗ ពួកម្ចាស់ទាន លុះឲ្យរឿយ ៗ ហើយ តែងទៅកាន់ឋានសួគ៌ក៏រឿយ ៗ ដែរ ។ អ្នកប្រាជ្ញមានបញ្ញាដូចផែនដី កើតក្នុងត្រកូលណា រមែងញ៉ាំងគូនៃបុរស ៧ ជួរ ក្នុងត្រកូលនោះ ឲ្យស្អាត ខ្ញុំព្រះអង្គសំគាល់ថា (ព្រះមានព្រះភាគ) ជាទេវតាប្រសើរជាងទេវតា អាច (ធើ្វសត្វដទៃឲ្យស្អាតបាន) ព្រោះអ្នកប្រាជ្ញ មានព្រះនាមដ៏ពិត កើតហើយអំពីព្រះអង្គ ។ ព្រះបាទសុទោ្ធទនៈ ជាបិតារបស់ព្រះពុទ្ធ ព្រះអង្គស្វែងរកនូវគុណដ៏ធំ ឯព្រះមហេសី ព្រះនាមមាយា ជាពុទ្ធមាតា ដែលរក្សាព្រះពោធិសត្វដោយផ្ទៃ លុះរំលាយខន្ធទៅ ត្រេកអរក្នុងតុសិតទេវលោក ។

ព្រះនាងទេវីនោះ ជាគោតមគោត្រ លុះទិវង្គតច្យុតចាកលោកនេះទៅ បានស្កប់ស្កល់ដោយកាមជាទិព្វទាំងឡាយ ព្រះនាងទ្រង់រីករាយដោយកាមគុណទាំង ៥ មានពពួកទេវតាទាំងនោះ ចោមរោមហើយ ។ ខ្ញុំព្រះអង្គជាបុត្រនៃព្រះពុទ្ធ ព្រះអង្គមិនមានបុគ្គលដទៃគ្របសង្កត់បាន ព្រះនាមអង្គីរសៈ មិនមានបុគ្គលដទៃប្រៀបបាន ប្រកបដោយតាទិគុណ បពិត្រព្រះអង្គជាសក្យៈ ព្រះអង្គជាបិតានៃបិតារបស់ខ្ញុំព្រះអង្គ បពិត្រព្រះគោតម ព្រះអង្គជាជីតារបស់ខ្ញុំព្រះអង្គដោយធម៌ ។ កាឡុទាយិត្ថេរ ។


[២៣៥] បើបុគ្គលដទៃមិនមានអំពីមុខក្តី ក្រោយក្តី សេចក្តីសប្បាយក្រៃពេក រមែងមានដល់បុគ្គលម្នាក់ឯងនៅក្នុងព្រៃ ។ បើដូច្នោះ អាត្មាអញតែម្នាក់ឯង នឹងទៅកាន់ព្រៃ ដែលព្រះពុទ្ធទ្រង់សរសើរហើយ ជាទីសប្បាយរបស់ភិក្ខុអ្នកមានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ជាអ្នកនៅតែម្នាក់ឯង ។ អាត្មាអញតែម្នាក់ឯង ជាអ្នកស្ទាត់ក្នុងប្រយោជន៍ នឹងចូលយ៉ាងឆាប់ទៅកាន់ព្រៃ ជាទីធើ្វឲ្យកើតបីតិដល់យោគាវចរ ជាទីរីករាយដែលដំរីចុះប្រេងសេពគប់ហើយ ។ អាត្មាអញ ម្នាក់ឯង នឹងស្រោចស្រប់ខ្លួន ហើយចង្ក្រមក្នុងព្រៃត្រជាក់ មានផ្ការីកស្គុះស្គាយ ក្បែរជ្រោះភ្នំដ៏ត្រជាក់ ។ អង្កាល់ណា អាត្មាអញនឹងទៅជាបុគ្គលម្នាក់ឯង មិនមានបុគ្គលជាគំរប់ពីរ មានសោឡសកិច្ចធើ្វហើយ ជាអ្នកមិនមានអាសវៈ នៅក្នុងព្រៃធំ ដែលគួររីករាយ ។ សូមសេចក្តីប៉ុនប៉ងរបស់អាត្មាអញ ដែលប្រាថ្នាដើម្បីធើ្វសេចក្តីព្យាយាមយ៉ាងនេះ បានសម្រេច អាត្មាអញនឹងធើ្វឲ្យសម្រេច (ព្រោះថា) អ្នកដទៃធើ្វជួសអ្នកដទៃពុំបានទេ ។ ឥឡូវនេះ អាត្មាអញនោះ នឹងចងក្រោះ គឺព្យាយាម ហើយចូលទៅកាន់ព្រៃ បើអាត្មាអញ មិនទាន់សម្រេចនូវធម៌ជាគ្រឿងអស់អាសវៈទេ នឹងមិនចេញពីព្រៃនោះឡើយ ។ កាលបើខ្យល់ត្រជាក់ មានក្លិនក្រអូបបក់ផ្សាយទៅ អាត្មាអញនឹងអង្គុយលើកំពូលភ្នំ ហើយទំលាយអវិជ្ជាឲ្យបាន ។ អាត្មាអញទទួលសេចក្តីសុខ ដោយវិមុត្តិសុខក្នុងព្រៃ មានផ្កាដេរដាស ក្បែរញកភ្នំដ៏ត្រជាក់ រួចហើយនឹងត្រេកអរក្នុងក្រុងរាជគ្រឹះ មានភ្នំព័ទ្ធជុំវិញដូចក្រោលគោ ។ អាត្មាអញនោះ មានតម្រិះគ្រប់គ្រាន់ ដូចព្រះចន្ទក្នុងថ្ងៃ ១៥ កើត អស់អាសវៈទាំងពួងហើយ ឥឡូវនេះ ភពថ្មីមិនមានទេ ។ ឯកវិហារិយត្ថេរ ។


[២៣៦] បុគ្គលណា ពិចារណាឃើញនូវកិច្ចជាប្រយោជន៍ និងមិនជាប្រយោជន៍ទាំងពីរនោះ ដែលមិនទាន់មកដល់ ទុកជាមុន ជនទាំងឡាយ ជាសត្រូវក្តី ជាអ្នកស្វែងរកប្រយោជន៍ក្តី កាលគយគន់មើល រមែងមិនឃើញនូវទោសនៃបុគ្គលនោះឡើយ ។ អានាបានស្សតិ ដែលព្រះយោគាវចរណា បានចម្រើនល្អគ្រប់គ្រាន់ហើយ បានសន្សំហើយ តាមលំដាប់ ដូចព្រះពុទ្ធទ្រង់សំដែងមក ព្រះយោគាវចរនោះ រមែងញ៉ាំងលោកនេះ ឲ្យភ្លឺច្បាស់ ដូចព្រះចន្ទផុតចាកពពក ។ ឱ ចិត្តរបស់អញ ស រកប្រមាណមិនបាន អាត្មាអញ បានអប់រំល្អហើយផង បានផ្គងជានិច្ចផង ញ៉ាំងទិសទាំងពួងឲ្យភ្លឺផង ។ បុគ្គលប្រកបដោយប្រាជ្ញា បើទុកជាអស់ទ្រព្យរលីង ក៏ឈ្មោះថា រស់នៅ ឯបុគ្គលអ្នកមានទ្រព្យ មិនឈ្មោះថា រស់នៅ ព្រោះកិរិយាមិនបាននូវប្រាជ្ញា ។ ប្រាជ្ញាជាគ្រឿងវិនិច្ឆ័យនូវសុតៈ ប្រាជ្ញាជាគ្រឿងញ៉ាំងកិត្តិសព្ទ និងសេចក្តីសរសើរឲ្យចម្រើន នរជនប្រកបដោយប្រាជ្ញា រមែងបាននូវសេចក្តីសុខ សូម្បីក្នុងសភាវៈដែលជាទុក្ខ ។ ធម៌នេះ មិនមែនជាធម៌ទើបនឹងមានក្នុងថ្ងៃនេះទេ ជាធម៌មិនអស្ចារ្យ មិនមែនជាធម៌ចំឡែកទេ សត្វកើតស្លាប់ ក្នុងលោកណា ហេតុតិចតួចក៏មិនចំឡែកក្នុងលោកនោះ ។ សេចក្តីពិតថា បន្ទាប់អំពីការកើតមក មានសេចក្តីស្លាប់ចាកជីវិត ជាធម្មជាតទៀងទាត់ សត្វទាំងឡាយ ដែលកើតហើយ ៗ រមែងស្លាប់ក្នុងលោកនេះ ព្រោះថា សត្វទាំងឡាយ មានសភាពយ៉ាងនេះឯង ។ សេចក្តីសោកស្តាយណា របស់បុរសបុគ្គលទាំងឡាយដទៃ ដើម្បីជីវិត សេចក្តីសោកស្តាយនុ៎ះ មិនមែនដើម្បីប្រយោជន៍ដល់សត្វដែលស្លាប់ទៅហើយទេ ការយំចំពោះសត្វ ដែលស្លាប់ហើយ មិនមែនជាយស មិនមែនជាការល្អទេ សមណព្រាហ្មណ៍ទាំងឡាយ មិនសរសើរការយំឡើយ ។ ការយំ រមែងបៀតបៀននូវចក្ខុ និងសរីរៈ (របស់បុគ្គលអ្នកយំ) ពណ៌សម្បុរក្តី កំឡាំងក្តី ប្រាជ្ញាក្តី នៃអ្នកយំ រមែងសាបសូន្យ ពួកសត្រូវរបស់បុគ្គលអ្នកយំនោះ ក៏មានសេចក្តីត្រេកអរ ពួកបុគ្គលអ្នកស្វែងរកប្រយោជន៍ឲ្យបុគ្គលអ្នកយំនោះ បាននូវសេចក្តីទុក្ខ ។ ព្រោះហេតុនោះ ពួកជនឆ្លងនូវកិច្ច (របស់ខ្លួន) ដោយកំឡាំងប្រាជ្ញា របស់អ្នកប្រាជ្ញទាំងឡាយណា ដូចពួកជនឆ្លងនូវទន្លេមានទឹកពេញដោយទូក បុគ្គលគប្បីប្រាថ្នានូវអ្នកប្រាជ្ញ ជាពហុស្សូតនោះ ឲ្យនៅក្នុងត្រកូល (របស់ខ្លួន) ។ មហាកប្បិនត្ថេរ ។


[២៣៧] ញាណគតិរបស់អាត្មាអញទន់ខ្សោយក្នុងកាលមុន អាត្មាអញភ្លេចភ្លាំងស្មារតី ថែមទាំងបងប្រុស ក៏បណ្តេញអាត្មាអញថា ឥឡូវនេះ អ្នកចូរទៅផ្ទះចុះ ។ អាត្មាអញនោះ ត្រូវបងបណ្ដេញហើយ ក៏តូចចិត្ត តែនៅមានអាឡោះអាល័យ ក្នុងសាសនា ក៏ឈរនៅជិតក្លោងទ្វារនៃអារាមរបស់សង្ឃនោះ ។ ព្រះមានព្រះភាគ ទ្រង់យាងមកក្នុងទីនោះ បានស្ទាបអង្អែលក្បាលរបស់អាត្មាអញ ហើយក៏ចាប់អាត្មាអញត្រង់ដើមដៃ ឲ្យចូលទៅកាន់អារាមនៃសង្ឃ ។ ព្រះសាស្តាទ្រង់ប្រទាននូវសំពត់សម្រាប់ជូតជើង ដោយសេចក្តីអនុគ្រោះ ដល់អាត្មាអញថា អ្នកចូរអធិដ្ឋាននូវសំពត់ស្អាតនេះ ធើ្វឲ្យជាសំពត់ដែលខ្លួនអធិដ្ឋានល្អហើយ ក្នុងទីដ៏សមគួរចុះ ។ លុះអាត្មាអញបានស្ដាប់ព្រះបន្ទូលរបស់ព្រះមានព្រះភាគនោះហើយ ក៏ត្រេកអរក្នុងសាសនា បានញ៉ាំងសមាធិឲ្យសម្រេច ដើម្បីបាននូវប្រយោជន៍ដ៏ឧត្តម អាត្មាអញដឹងនូវបុព្វេនិវាស ទិព្វចក្ខុ អាត្មាអញបានជម្រះហើយ ត្រៃវិជ្ជា អាត្មាអញបានដល់ដោយលំដាប់ហើយ ព្រះពុទ្ធសាសនា អាត្មាអញបានធើ្វហើយ ។ បន្ថកភិក្ខុ និម្មិតខ្លួនជាមួយពាន់ ហើយអង្គុយក្នុងអម្ពវ័ន ជាទីរីករាយ ដរាបដល់ការប្រាប់នូវភត្តកាល ។ លំដាប់នោះ ព្រះសាស្តាទ្រង់ប្រើទូតឲ្យទៅប្រាប់ភត្តកាលដល់អាត្មាអញ កាលទូតមកប្រាប់ភត្តកាល អាត្មាអញក៏មកតាមអាកាស ។ អាត្មាអញថ្វាយបង្គំព្រះបាទានៃព្រះសាស្តា រួចហើយអង្គុយក្នុងទីសមគួរ គ្រានោះ ព្រះសាស្តាទ្រង់ជ្រាបថា អាត្មាអញអង្គុយហើយ ទើបបានទ្រង់ទទួល (ទក្ខិណោទក) ។ ព្រះអង្គ ជាទីបូជារបស់សត្វលោក ជាបដិគ្គាហកៈរបស់បុគ្គលអ្នកបូជាទាំងឡាយ ជាបុញ្ញក្ខេត្តរបស់មនុស្សទាំងឡាយ ទ្រង់ទទួលនូវទក្ខិណាទាន ។ ចូឡបន្ថកត្ថេរ ។


[២៣៨] កាយដ៏ពេញដោយមន្ទិល មានចំណែកផ្សេង ៗ កើតក្នុងរណ្ដៅលាមកធំ គឺផ្ទៃមាតា ដូចជ្រាំចាស់ដែលអាប់អួយូរ ឬដូចបូសធំ ដំបៅធំ ជាកាយដ៏ពេញដោយខ្ទុះ និងឈាម ពេញព្រៀបក្នុងរណ្តៅលាមក ជាទីហូរចេញនៃទឹក រមែងហូរចេញនូវវត្ថុមិនស្អាតសព្វ ៗ កាល ។ កាយដែលចងភ្ជាប់ដោយសរសៃធំ ៦០ លាបដោយគ្រឿងលាប គឺសាច់ ប្រដាប់ដោយអាវ គឺស្បែក ជាកាយស្អុយ រកប្រយោជន៍គ្មាន តភ្ជាប់គ្នាដោយរាងឆ្អឹង ចងស្រាក់ដោយចេស គឺសរសៃ សម្រេចឥរិយាបថបាន ព្រោះប្រជុំនៃអាការមិនតែមួយ ។ កាយមានដំណើរទៅរកសេចក្តីស្លាប់ដ៏ទៀងទាត់ (ឋិតនៅ) ក្នុងសំណាក់នៃមច្ចុរាជ ឯនរជនតែងទំលាក់ចោលនូវកាយក្នុងលោកនេះ ហើយទៅតាមយថាកម្ម ។ កាយត្រូវអវិជ្ជាដោតក្រងហើយ ត្រូវគ្រឿងចាក់ស្រែះ ៤ យ៉ាង ចាក់ស្រែះហើយ កាយក៏លិចចុះក្នុងឱឃៈ ត្រូវបណ្ដាញនៃអនុសយៈគ្របសង្កត់ហើយ ប្រកបក្នុងនីវរណៈ ៥ ពេញដោយមិច្ឆាវិតក្កៈ ជាប់ដោយមូលនៃភព គឺតណ្ហា ត្រូវដំបូល គឺមោហៈបិទបាំងហើយ កាយនេះរមែងប្រព្រឹត្តទៅដូចពោលមកនេះ អន្ទោលទៅតាមយន្ដ គឺកម្ម ។ ធម្មតាសម្បត្តិ តែងមានវិបត្តិជាទីបំផុត ការកើតផ្សេង ៗ រមែងវិនាសទៅវិញ ។ ពួកជនណា ជាអន្ធពាលបុថុជ្ជន រាប់អានកាយនេះ ពួកជននោះ រមែងញ៉ាំងសង្សារដ៏ពន្លឹកឲ្យចម្រើន តែងកាន់យកនូវភពថ្មីទៀត ។ ពួកជនណា វៀរបង់នូវកាយនេះ ដូចបុគ្គលវៀរបង់នូវអាសិរពិស ដែលប្រឡាក់ដោយលាមក ពួកជននោះ រមែងខ្ជាក់ចោលនូវអវិជ្ជា និងតណ្ហា ដែលជាមូលនៃភព ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន ។ កប្បត្ថេរ ។


[២៣៩] ភិក្ខុគប្បីសេពនូវសេនាសនៈស្ងាត់ ដែលមានសំឡេងគឹកកងតិច ដែលម្រឹគសាហាវអាស្រ័យនៅហើយ ព្រោះហេតុនៃការពួនសម្ងំ ។ ភិក្ខុគប្បីនាំមក (នូវកំណាត់សំពត់) អំពីគំនរនៃសំរាម ឬព្រៃស្មសាន ឬចន្លោះនៃថ្នល់ ធ្វើជាសង្ឃាដី ដោយកំណាត់សំពត់ដែលខ្លួននាំមកនោះ ហើយទ្រទ្រង់នូវចីវរដ៏សៅហ្មង ។ ភិក្ខុគប្បីធើ្វចិត្តឲ្យទាប គ្រប់គ្រងនូវទ្វារ សង្រួមដោយប្រពៃ ហើយត្រាច់ទៅកាន់ផ្ទះជាលំដាប់ គឺចេញអំពីត្រកូល ១ ទៅកាន់ត្រកូល ១ ដើម្បីបិណ្ឌបាត ។ ម្យ៉ាងទៀត ភិក្ខុត្រូវសន្ដោសដោយវត្ថុសៅហ្មង មិនគប្បីប្រាថ្នានូវរសឯទៀតឲ្យច្រើនទេ ចិត្តរបស់ភិក្ខុអ្នកជាប់ញ៉ាមក្នុងរសទាំងឡាយ រមែងមិនត្រេកអរក្នុងឈាន ។ មុនីគប្បីជាអ្នកមានសេចក្តីប្រាថ្នាតិច ជាអ្នកសន្ដោស ជាអ្នកស្ងប់ស្ងាត់ នៅមិនច្រឡូកច្រឡំដោយបុគ្គលពីរពួក គឺគ្រហស្ថ និងបព្វជិត ។ មនុស្សល្ងេល្ងើ និងមនុស្សគ យ៉ាងណា បណ្ឌិតគប្បីសំដែងខ្លួនយ៉ាងនោះ មិនគប្បីពោលឲ្យហួសប្រមាណក្នុងកណ្ដាលសង្ឃ ។ បណ្ឌិតនោះ មិនគប្បីតិះដៀលបុគ្គលណាមួយ គប្បីវៀរបង់នូវការបៀតបៀនផង សង្រួមក្នុងបាតិមោក្ខផង ដឹងប្រមាណក្នុងភោជនផង ។ បណ្ឌិតគប្បីជាអ្នកឈ្លាសវៃ ក្នុងការកើតឡើងនៃចិត្ត ដែលមាននិមិត្តកំណត់ល្អហើយ គប្បីប្រកបរឿយ ៗ នូវសមថៈ និងវិបស្សនា តាមកាលគួរ គប្បីជាអ្នកបរិបូណ៌ដោយព្យាយាម ប្រព្រឹត្តទៅរឿយ ៗ ប្រកបក្នុងធម៌ដ៏គួរសព្វ ៗ កាល បើមិនទាន់ដល់នូវព្រះនិព្វាន ជាទីបំផុតនៃទុក្ខក្នុងវដ្តៈទេ កុំអាលដល់នូវសេចក្តីទុកចិត្តឡើយ ។ កាលភិក្ខុប្រាថ្នានូវសេចក្តីបរិសុទ្ធ សម្រាន្តនៅយ៉ាងនេះ អាសវៈទាំងពួងរមែងអស់ទៅ ភិក្ខុនោះ រមែងដល់នូវការរលត់ទុក្ខ ។ ឧបសេនវង្គន្ដបុត្តត្ថេរ ។


[២៤០] បុរសគប្បីដឹងច្បាស់នូវប្រយោជន៍របស់ខ្លួន គប្បីរមិលមើលនូវពាក្យជាប្រធាន គឺសាសនា មួយទៀត អំពើណា របស់កុលបុត្រអ្នកចូលកាន់ផ្នួសជាសមណភាព ជាអំពើមានសភាពដ៏សមគួរ ក្នុងសាសនានេះ (បុគ្គលគប្បីរមិលមើលនូវអំពើនោះផង) ។ ក្នុងសាសនានេះ (ការសេពគប់) នូវកល្យាណមិត្រ ១ ការសមាទាននូវសិក្ខាដ៏ធំទូលាយ ១ ការប្រុងស្ដាប់ (នូវឱវាទ) នៃគ្រូទាំងឡាយ ១ ទាំង ៣ យ៉ាងនេះ ជាអំពើសមគួរដល់សមណៈ ។ សេចក្តីគោរពក្នុងព្រះពុទ្ធទាំងឡាយ ១ ការកោតក្រែងក្នុងព្រះធម៌គួរតាមពិត ១ ការកោតក្រែងក្នុងព្រះសង្ឃ ១ ទាំង ៣ យ៉ាងនេះ ជាអំពើសមគួរដល់សមណៈ ។ ភិក្ខុប្រកបក្នុងអាចារៈ និងគោចរៈ ១ មានអាជីវៈដ៏បរិសុទ្ធ ដែលអ្នកប្រាជ្ញមិនគប្បីតិះដៀលបាន ១ ការតំកល់ចិត្តទុកដោយប្រពៃ ១ ទាំង ៣ យ៉ាងនេះ ជាអំពើសមគួរដល់សមណៈ ។ ចារិតសីល ឬវារិតសីល ១ សម្បជញ្ញៈ ដែលអាស្រ័យនឹងឥរិយាបថជាទីនាំមកនូវសេចក្តីជ្រះថ្លា ១ ការប្រកបរឿយ ៗ ក្នុងអធិចិត្ត ១ ទាំង ៣ យ៉ាងនេះ ជាអំពើសមគួរដល់សមណៈ ។ សេនាសនៈតាំងនៅក្នុងព្រៃស្ងាត់ មានសំឡេងតិច ដែលអ្នកប្រាជ្ញគប្បីគប់រក នេះជាទីសមគួរដល់សមណៈ ។ សីល ១ ភាពជាពហុស្សូត ១ ការពិចារណានូវធម៌ទាំងឡាយគួរតាមពិត ១ ការត្រាស់ដឹងនូវសច្ចៈទាំងឡាយ ១ ទាំង ៤ យ៉ាងនេះ ជាអំពើសមគួរដល់សមណៈ ។ ភិក្ខុគប្បីចម្រើននូវអនិច្ចសញ្ញាផង អនត្តសញ្ញាផង អសុភសញ្ញាផង អនភិរតិសញ្ញាក្នុងលោកនេះផង ទាំង ៤ យ៉ាងនេះ ជាអំពើសមគួរដល់សមណៈ ។ ភិក្ខុគប្បីចម្រើននូវពោជ្ឈង្គទាំងឡាយផង ឥទ្ធិបាទទាំងឡាយផង ឥន្រ្ទិយ និងពលៈទាំងឡាយផង អរិយមគ្គមានអង្គ ៨ ផង ទាំង ៥ យ៉ាងនេះ ជាអំពើសមគួរដល់សមណៈ ។ មុនីគប្បីលះបង់នូវតណ្ហា គប្បីទំលុះទំលាយនូវអាសវៈទាំងឡាយ ព្រមទាំងឫសគល់ គប្បីជាអ្នករួចស្រឡះ (ចាកកិលេសទាំងពួង) ហើយសម្រេចសម្រាន្ដនៅ នេះជាអំពើដ៏សមគួរដល់សមណៈ ។ គោតមត្ថេរ ។

ឧទ្ទាន

ព្រះថេរៈទាំងឡាយ ៧ អង្គនេះ គឺកាឡុទាយិត្ថេរ ១ ឯកវិហារិត្ថេរ ១ មហាកប្បិនត្ថេរ ១ ចូឡបន្ថកត្ថេរ ១ កប្បត្ថេរ ១ ឧបសេនវង្គន្តបុត្តត្ថេរ ១ គោតមត្ថេរ ១ (បានពោល) នូវគាថាទាំងឡាយ ៧០ ក្នុងទសកនិបាតនេះ ។

ចប់ ទសកនិបាត ។

ឯកាទសកនិបាតកែប្រែ

[២៤១] ម្នាលសាមណេរ ប្រយោជន៍អី្វដល់អ្នក (ដែលនៅ) ក្នុងព្រៃភ្នំឈ្មោះឧជ្ជុហានៈ (មិនជាទីសប្បាយ) ក្នុងរដូវភ្លៀង ខ្យល់ឈ្មោះវេរម្ពៈ (ខ្យល់ព្យុះ) ជាទីរីករាយដល់អ្នកឬ ព្រោះថាសេចក្តីស្ងប់ស្ងាត់ រមែងមានដល់បុគ្គលទាំងឡាយអ្នកមានឈាន ។ ខ្យល់ឈ្មោះវេរម្ពៈ រមែងបក់ផាត់នូវពពកទាំងឡាយក្នុងរដូវភ្លៀងយ៉ាងណា សញ្ញារបស់ខ្ញុំ ដែលប្រកបដោយវិវេក ក៏រមែងរាយមាយយ៉ាងនោះដែរ ។ សត្វដែលកើតអំពីពង មានសម្បុរខ្មៅ (ក្អែក) ត្រាច់ទៅកាន់លំនៅក្នុងទីស្មសាន ក៏ញ៉ាំងសតិនៃខ្ញុំ ដែលអាស្រ័យនូវការប្រាសចាកតម្រេកក្នុងរាងកាយ ឲ្យកើតឡើង ។ ជនទាំងឡាយដទៃ មិនរក្សានូវភិក្ខុណា ភិក្ខុណា មិនរក្សានូវជនទាំងឡាយដទៃ ភិក្ខុនោះ ជាអ្នកមិនមានសេចក្តីអាឡោះអាល័យក្នុងកាមទាំងឡាយ រមែងដេកជាសុខ ។ ភ្នំថ្មទាំងឡាយនោះ មានទឹកថ្លា មានថ្មក្រាស់ ប្រកបដោយសត្វមានកន្ទុយដូចគោ មានទឹកដេរដាសដោយសារាយ រមែងញ៉ាំងអាត្មាឲ្យរីករាយ ។ អាត្មាក៏ធ្លាប់នៅក្នុងព្រៃទាំងឡាយផង ក្នុងច្រកភ្នំទាំងឡាយផង ក្នុងគុហាទាំងឡាយផង ក្នុងសេនាសនៈទាំងឡាយដ៏ស្ងាត់ផង ក្នុងព្រៃដែលសត្វម្រឹគសាហាវអាស្រ័យនៅផង ។ អាត្មាមិនធ្លាប់ដឹងនូវសេចក្តីត្រិះរិះមិនប្រសើរ ប្រកបដោយទោសយ៉ាងនេះថា ពួកសត្វទាំងនេះ ចូរលំបាក ចូរស្លាប់ ចូរដល់នូវសេចក្តីទុក្ខ (ដូច្នេះឡើយ) ។ ព្រះសាស្តា អាត្មាបានបម្រើហើយ ព្រះពុទ្ធសាសនា អាត្មាបានធើ្វហើយ ភារៈដ៏ធ្ងន់ គឺខន្ធ អាត្មាបានដាក់ចុះហើយ តណ្ហា ជាគ្រឿងនាំទៅកាន់ភព អាត្មាក៏បានដកចោលហើយ ។ បព្វជិតចេញចាកផ្ទះ ចូលកាន់ផ្នួស ដើម្បីប្រយោជន៍ណា ប្រយោជន៍ជាគ្រឿងអស់ទៅនៃសំយោជនៈទាំងពួងនោះ អាត្មាក៏បានដល់ហើយ ។ អាត្មាមិនត្រេកអរនឹងសេចក្តីស្លាប់ មិនត្រេកអរនឹងការរស់នៅ អាត្មារង់ចាំតែកាលនឹងបរិនិព្វាន ដូចជាអ្នកស៊ីឈ្នួល ទន្ទឹងតែអស់ថ្ងៃ ។ អាត្មាមិនត្រេកអរនឹងសេចក្តីស្លាប់ មិនត្រេកអរនឹងការរស់នៅ អាត្មាជាអ្នកដឹងខ្លួន មានស្មារតីតាំងមាំ រង់ចាំតែកាលនឹងបរិនិព្វាន ។ សង្កិច្ចត្ថេរ ។

ឧទ្ទាន

អំពីសង្កិច្ចត្ថេរ តែមួយអង្គឯង លោកមានកិច្ចធើ្វស្រេចហើយ មិនមានអាសវៈ ពោលនូវគាថា ១១ នោះ ក្នុងឯកាទសកនិបាត ។

ចប់ ឯកាទសកនិបាត ។

ទ្វាទសកនិបាតកែប្រែ

[២៤២] បុគ្គលគប្បីសិក្សានូវសីល ឲ្យជាសីលដែលខ្លួនសិក្សាល្អហើយ ក្នុងលោកនេះ ព្រោះថា សីលដែលបុគ្គលសេពហើយ រមែងបង្អោនមកនូវសម្បត្តិទាំងពួង ។ ជនអ្នកមានប្រាជ្ញា កាលចង់បាននូវសេចក្តីសុខ ៣ យ៉ាង គឺសេចក្តីសរសើរ ១ ការបាននូវសេចក្តីត្រេកអរមួយ ១ ការលះលោកនេះទៅហើយ រីករាយក្នុងឋានសួគ៌ ១ គប្បីរក្សានូវសីល ។ ពិតណាស់ បុគ្គលអ្នកមានសីល រមែងបាននូវមិត្តទាំងឡាយច្រើន ដោយការសង្រួម ចំណែកបុគ្គលទ្រុស្តសីល កាលប្រព្រឹត្តអាក្រក់ រមែងឃ្លាតចាកមិត្តទាំងឡាយ ។ ជនទ្រុស្តសីល រមែងបាននូវទោសផង នូវដំណេះដំណៀលផង ឯជនអ្នកមានសីល រមែងបាននូវគុណផង នូវកិត្តិសព្ទផង នូវសេចក្តីសរសើរផង សព្វ ៗ កាល ។ សីល ជាខាងដើម ជាទីតាំង ជាមេនៃកល្យាណធម៌ និងជាប្រធាននៃធម៌ទាំងពួង ព្រោះហេតុនោះ បុគ្គលគប្បីជម្រះសីល ។ សីលជាច្រាំង ជាទំនប់ ជាគ្រឿងញ៉ាំងចិត្តឲ្យរីករាយ ទាំងជាកំពង់របស់ព្រះពុទ្ធគ្រប់ព្រះអង្គ ព្រោះហេតុនោះ បុគ្គលគប្បីជម្រះនូវសីល ។ សីលជាកំឡាំងរកអ្វីប្រៀបផ្ទឹមមិនបាន សីលជាអាវុធដ៏ឧត្តម សីលជាគ្រឿងអាភរណៈដ៏ប្រសើរ សីលជាគ្រឿងក្រោះយ៉ាងអស្ចារ្យ ។ សីលជាស្ពានមានសក្តិធំ សីលជាគ្រឿងក្រអូបដ៏ប្រសើរ សីលជាគ្រឿងលាបដ៏ប្រសើរ តែងបក់ទៅសព្វ ៗ ទិស ។ សីលជាកញ្ចប់បាយដ៏ប្រសើរ សីលជាស្បៀងដ៏ឧត្តម សីលជាវាហនៈដ៏ប្រសើរ សម្រាប់ទៅកាន់ទិសទាំងពួង ។ បុគ្គលពាល មានចិត្តអាក្រក់ក្នុងទីទាំងពួង មិនតាំងមាំក្នុងសីលទាំងឡាយ រមែងបាននូវសេចក្តីនិន្ទាក្នុងលោកនេះផង លុះលះលោកនេះទៅហើយ រមែងមានចិត្តជាទុក្ខក្នុងអបាយផង ។ អ្នកប្រាជ្ញមានចិត្តល្អ ក្នុងទីទាំងពួង តាំងមាំក្នុងសីលទាំងឡាយ រមែងបាននូវកិត្តិសព្ទក្នុងលោកនេះផង លុះលះលោកនេះទៅ រមែងមានចិត្តរីករាយក្នុងឋានសួគ៌ផង ។ សីលជាកំពូលក្នុងលោកនេះ ចំណែកបុគ្គលមានប្រាជ្ញា ក៏ឧត្តមដែរ ជ័យជំនះក្នុងមនុស្សលោក និងទេវលោក ព្រោះសីល និងបញ្ញា ។ សីលវត្ថេរ ។


[២៤៣] ខ្ញុំកើតក្នុងត្រកូលទាប ជាអ្នកក្រីក្រ មានភោជនតិច ការងាររបស់ខ្ញុំ ក៏ថោកទាប ខ្ញុំជាអ្នកចាក់ចោលនូវផ្កា គឺលាមក ។ មនុស្សទាំងឡាយស្អប់ខ្ពើម មើលងាយ បន្តុះបង្អាប់ខ្ញុំ ៗ បានធើ្វចិត្តឲ្យទាប សំពះនូវជនជាច្រើន ។ គ្រានោះ ខ្ញុំបានឃើញនូវព្រះសម្ពុទ្ធ មានភិក្ខុសង្ឃហែហមហើយ ព្រះអង្គមានព្យាយាមធំ កំពុងយាងចូលទៅកាន់បូរីដ៏ឧត្តមរបស់ជនអ្នកមគធៈ ។ ខ្ញុំក៏ដាក់នូវអម្រែក ចូលទៅដើម្បីថ្វាយបង្គំព្រះសម្ពុទ្ធជាបុរសដ៏ខ្ពង់ខ្ពស់ ទ្រង់ឋិតនៅដើម្បីអនុគ្រោះខ្ញុំ ។ ខ្ញុំថ្វាយបង្គំព្រះបាទទាំងគូរបស់ព្រះសាស្តា ហើយឋិតនៅក្នុងទីសមគួរ គ្រានោះ ខ្ញុំសូមបព្វជ្ជានឹងព្រះសម្ពុទ្ធ ព្រះអង្គឧត្តមជាងសព្វសត្វទាំងឡាយ ។ លំដាប់នោះ ព្រះសាស្តា ព្រះអង្គប្រកបដោយសេចក្តីករុណា ទ្រង់អនុគ្រោះដល់លោកទាំងមូល ត្រាស់ហៅខ្ញុំថា អ្នកចូរចូលមកជាភិក្ខុចុះ ដូច្នេះ ព្រះវាចានោះ ជាឧបសម្បទារបស់ខ្ញុំ ។ ព្រះជិនស្រី ទ្រង់ទូន្មានខ្ញុំយ៉ាងណា ខ្ញុំនោះ ជាបុគ្គលម្នាក់ឯង នៅក្នុងព្រៃ មិនខ្ជិលច្រអូស ក៏បានធើ្វតាមព្រះពុទ្ធដីកានៃព្រះសាស្តាយ៉ាងនោះ ។ ខ្ញុំរលឹកឃើញនូវបុព្វជាតិ ក្នុងបឋមយាមនៃរាត្រី ជម្រះនូវទិព្វចក្ខុ ក្នុងមជ្ឈិមយាមនៃរាត្រី បានទំលាយនូវគំនរនៃងងឹត គឺអវិជ្ជា ក្នុងបច្ឆិមយាមនៃរាត្រី ។ លំដាប់នោះ កាលដែលរាត្រីអស់ទៅ ព្រះអាទិត្យជិតរះឡើង ព្រះឥន្ទ្រ និងព្រះព្រហ្ម មកផ្គងអញ្ជលី នមស្ការចំពោះខ្ញុំថា បពិត្រលោកជាបុរសអាជានេយ្យ ខ្ញុំសូមថ្វាយបង្គំចំពោះលោក បពិត្រលោកជាបុរសដ៏ខ្ពង់ខ្ពស់ ខ្ញុំសូមថ្វាយបង្គំចំពោះលោក បពិត្រលោកនិទ៌ុក្ខ អាសវៈទាំងឡាយរបស់លោកណាអស់ហើយ លោកនោះ ជាទក្ខិណេយ្យបុគ្គល ។ លំដាប់នោះ ព្រះសាស្តា ទ្រង់ទតឃើញខ្ញុំ ដែលមានពួកទេវតាហែហម ទ្រង់ក៏ធើ្វនូវការញញឹមឲ្យប្រាកដ ហើយទ្រង់ត្រាស់សេចក្តីនេះថា បុគ្គលឈ្មោះថា ព្រាហ្មណ៍ ព្រោះធម៌ ៤ ប្រការនេះ គឺតបៈ ១ ព្រហ្មចរិយៈ ១ សញ្ញមៈ ១ ទមៈ ១ នេះជាព្រាហ្មណវត្តដ៏ឧត្តម ។ សុនីតត្ថេរ ។

ឧទ្ទាន

ព្រះថេរៈទាំងឡាយពីរអង្គនេះ គឺសីលវត្ថេរ ១ សុនីតត្ថេរ ១ សុទ្ធតែមានឫទិ្ធច្រើន បានពោលនូវគាថា ២៤ ក្នុងទ្វាទសកនិបាត ។

ចប់ ទ្វាទសកនិបាត ។

តេរសកនិបាតកែប្រែ

[២៤៤] ព្រះសោណៈណា ជាអ្នកប្រសើរ ល្បីក្នុងដែនអង្គៈ ព្រះសោណៈនោះ ជាអ្នកប្រសើរ ក្នុងធម៌ទាំងឡាយ បានដល់នូវត្រើយនៃទុក្ខ ក្នុងថ្ងៃនេះ ។ ភិក្ខុកាត់ នូវសំយោជនៈ (ខាងក្រោម) ៥ផង លះបង់នូវសំយោជនៈ (ខាងលើ) ៥ផង ចម្រើននូវឥន្ទ្រិយ ៥ តទៅទៀតផង ជាអ្នកកន្លងនូវធម៌ ជាគ្រឿងជាប់ចំពាក់ ៥ យ៉ាងផង ទើបហៅថា អ្នកឆ្លងនូវអន្លង់បាន ។ សីល សមាធិ និងបញ្ញា នៃភិក្ខុអ្នកមានមានះ ដូចបបុស ជាអ្នកប្រមាទ មានសេចក្តីប្រាថ្នាខាងក្រៅ រមែងមិនដល់នូវការពេញលេញឡើយ ។ ព្រោះថា អំពើណាដែលត្រូវធើ្វ អំពើនោះ ពួកភិក្ខុណាបោះបង់ចោល ត្រឡប់ធើ្វអំពើដែលមិនត្រូវធើ្វវិញ អាសវៈទាំងឡាយ នៃពួកភិក្ខុទាំងនោះ ដែលជាអ្នកមានមានះ ដូចបបុស ជាអ្នកប្រមាទ រមែងចម្រើនឡើង ។ លុះតែកាយគតាសតិ ភិក្ខុទាំងឡាយណា ប្រារព្ធល្អជានិច្ច ភិក្ខុទាំងឡាយនោះ ជាអ្នកមានកិរិយាធើ្វរឿយ ៗ ក្នុងអំពើដែលត្រូវធើ្វ មិនសេពនូវអំពើ ដែលមិនត្រូវធើ្វ អាសវៈទាំងឡាយ នៃភិក្ខុទាំងឡាយមានស្មារតី ជាអ្នកដឹងខ្លួន រមែងដល់នូវសេចក្តីវិនាសទៅ ។ ផ្លូវត្រង់ ព្រះសាស្តាបានប្រាប់ហើយ អ្នកទាំងឡាយ ចូរដើរទៅចុះ កុំត្រឡប់វិញឡើយ កុលបុត្រគប្បីដាស់តឿនខ្លួនដោយខ្លួនឯង គប្បី (នាំខ្លួន) ទៅកាន់ព្រះនិព្វាន ។ កាលខ្ញុំប្រារព្ធសេចក្តីព្យាយាមយ៉ាងតឹងរឹង ព្រះសាស្តា ជាបុគ្គលប្រសើរក្នុងលោក ព្រះអង្គមានចក្ខុ ទ្រង់បានសំដែងធម៌ ធើ្វនូវសេចក្តីឧបមាដោយពិណ ។ ខ្ញុំបានស្តាប់ព្រះពុទ្ធដីកានៃព្រះមានព្រះភាគនោះ ក៏ត្រេកអរក្នុងព្រះពុទ្ធសាសនា បានញ៉ាំងសមថៈឲ្យសម្រេច ដើម្បីបាននូវប្រយោជន៍ដ៏ឧត្តម វិជ្ជាទាំង ៣ ខ្ញុំបានដល់ហើយ ដោយលំដាប់ ព្រះពុទ្ធសាសនា ខ្ញុំបានធើ្វហើយ ។ ព្រោះឃើញនូវសេចក្តីស្ងាត់របស់ចិត្ត ដែលបង្អោនទៅក្នុងការចេញចាកកាមផង នូវការមិនវង្វេងព្រមរបស់ចិត្ត ដែលបង្អោនទៅក្នុងការមិនព្យាបាទ ទាំងបង្អោនទៅ ក្នុងការអស់ទៅនៃតណ្ហា ព្រោះការអស់ទៅនៃឧបាទានផង នូវការកើតឡើងនៃអាយតនៈផង ចិត្តក៏រួចស្រឡះដោយប្រពៃ ។ កាលភិក្ខុនោះ មានចិត្តរួចដោយប្រពៃ មានចិត្តស្ងប់រម្ងាប់ហើយ ការសន្សំកុសល ឬអកុសល ដែលធើ្វរួចហើយ មិនមានទេ កិច្ចដែលត្រូវធើ្វ ក៏មិនមាន ។

ភ្នំថ្មតាន់មួយដុំ មិនរំភើបដោយខ្យល់យ៉ាងណា រូប រស សំឡេង ក្លិន សម្ផស្ស ទាំងអស់នេះ ទាំងពួកធម្មារម្មណ៍ដែលគួរប្រាថ្នា និងមិនគួរប្រាថ្នា ក៏ញ៉ាំងចិត្តភិក្ខុ ជាតាទិបុគ្គល ឲ្យញាប់ញ័រមិនបាន យ៉ាងនោះដែរ ចិត្តដែលតាំងនៅនឹង ទាំងប្រាសចាកសំយោជនៈ រមែងឃើញច្បាស់ នូវការសូន្យទៅនៃអារម្មណ៍នោះ ។ សោណកោឡិវិសត្ថេរ ។

ឧទ្ទាន

ព្រះសោណកោឡិវិសត្ថេរ តែម្នាក់ឯង ជាអ្នកមានឫទ្ធិច្រើន ពោលនូវគាថា ១៣ ដែលមកក្នុងតេរសកនិបាតនេះ ។

ចប់ តេរសកនិបាត ។

ចុទ្ទសកនិបាតកែប្រែ

[២៤៥] ខ្ញុំចេញចាកផ្ទះចូលកាន់ផ្នួស ក្នុងកាលណា កាលណោះ ខ្ញុំមិនដែលនឹកនូវសេចក្តីត្រិះរិះមិនប្រសើរ ដែលប្រកបដោយទោសទេ ។ ក្នុងចន្លោះកាលដ៏វែងនេះ ខ្ញុំមិនដែលនឹកនូវសេចក្តីត្រិះរិះថា ពួកសត្វទាំងនេះ ចូរលំបាកចុះ ចូរស្លាប់ចុះ ចូរដល់នូវសេចក្តីទុក្ខចុះ ដូច្នេះទេ ។ ប៉ុន្តែខ្ញុំធ្លាប់នឹកនូវមេត្តារកប្រមាណមិនបាន ដែលបានចម្រើនល្អហើយ បានសន្សំហើយ តាមលំដាប់ ដូចព្រះពុទ្ធទ្រង់សំដែងហើយ ។ ខ្ញុំមានសត្វទាំងពួងជាមិត្រ មានសត្វទាំងពួងជាសំឡាញ់ ជាអ្នកអនុគ្រោះដល់សត្វទាំងពួង បានចម្រើននូវមេត្តាចិត្ត ត្រេកអររក្នុងការមិនបៀតបៀនសព្វកាល ។ ខ្ញុំត្រេកអរចំពោះចិត្តដែលមិនងីកងាក មិនកម្រើក ខ្ញុំចម្រើនព្រហ្មវិហារធម៌ ដែលព្រះអរិយៈជាបុរសមិនថោកទាប គប់រកហើយ ។ សាវ័ករបស់ព្រះសម្មាសម្ពុទ្ធ ដល់នូវឈាន មិនមានវិតក្កៈ រមែងជាអ្នកប្រកបដោយតុណ្ហីភាពដ៏ប្រសើរ ក្នុងខណៈនោះ ។ ភ្នំថ្មមិនកំរើក តាំងនៅស៊ប់ យ៉ាងណាមិញ ភិក្ខុរមែងមិនញាប់ញ័រ ដូចជាភ្នំ ព្រោះអស់ទៅនៃមោហៈ ក៏យ៉ាងនោះដែរ ។ សប្បុរស មិនមានទីទួល គឺកិលេស អ្នកស្វែងរកនូវសេចក្តីស្អាតជានិច្ច ទុកជាមានបាបបន្តិចបន្តួចប៉ុនចុងរោមកន្ទុយសត្វ ក៏ប្រាកដដូចជាប៉ុនមេឃ ។ នគរជាទីបំផុតនៃដែន ដែលគេគ្រប់គ្រងហើយ ទាំងខាងក្នុងខាងក្រៅ យ៉ាងណាមិញ អ្នកទាំងឡាយ ចូរគ្រប់គ្រងខ្លួន យ៉ាងនោះ ខណៈកុំកន្លងនូវអ្នកទាំងឡាយឡើយ ។ ខ្ញុំមិនត្រេកអរនឹងសេចក្តីស្លាប់ ខ្ញុំមិនត្រេកអរនឹងការរស់នៅទេ ខ្ញុំរង់ចាំតែកាល (បរិនិព្វាន) ប៉ុណ្ណោះ ដូចអ្នកស៊ីឈ្នួល ទន្ទឹងតែអស់ថ្ងៃ ។ ខ្ញុំមិនត្រេកអរនឹងសេចក្តីស្លាប់ ខ្ញុំមិនត្រេកអរនឹងការរស់នៅ ខ្ញុំជាអ្នកដឹងខ្លួន មានស្មារតីតាំងមាំ រង់ចាំតែកាល (បរិនិព្វាន) ប៉ុណ្ណោះ ។ ព្រះសាស្តា ខ្ញុំបានបម្រើហើយ ព្រះពុទ្ធសាសនា ខ្ញុំបានធើ្វហើយ ភារៈធ្ងន់ ខ្ញុំបានដាក់ចុះហើយ តណ្ហាគ្រឿងនាំសត្វទៅកាន់ភព ខ្ញុំបានដកចោលហើយ ។ ខ្ញុំចេញចាកផ្ទះ ចូលកាន់ផ្នួស ដើម្បីប្រយោជន៍ណា ប្រយោជន៍ គឺការអស់ទៅនៃសំយោជនៈទាំងពួងនោះ ខ្ញុំបានដល់ហើយ ។ អ្នកទាំងឡាយ ចូរឲ្យដល់ព្រម ដោយសេចក្តីមិនប្រមាទចុះ នេះជាពាក្យប្រៀនប្រដៅរបស់ខ្ញុំ ណ្ហើយចុះ ខ្ញុំនឹងបរិនិព្វាន ខ្ញុំជាអ្នកមានចិត្តរួចស្រឡះហើយ ចាកកិលេសទាំងពួង ។ រេវតត្ថេរ ។


[២៤៦] គោអាជានេយ្យដ៏ចម្រើន ដែលបុគ្គលទឹមហើយក្នុងនឹម ជាសត្វនាំទៅនូវធុរៈ ទុកជាម្ចាស់ញាំញីដោយភារៈដ៏លើសលុបក៏ដោយ ក៏មិនរលាស់ចោលនូវនឹមដែលម្ចាស់ទឹមឡើយ យ៉ាងណាមិញ បុគ្គលទាំងឡាយណា ឆ្អែតហើយដោយប្រាជ្ញា ដូចជាសមុទ្រ ដែលឆ្អែតហើយដោយទឹក បុគ្គលទាំងឡាយនោះ រមែងមិនមើលងាយនូវពួកជនដទៃ ដូចជាបុគ្គលមានធម៌ដ៏ប្រសើរ មិនមើលងាយនូវសត្វទាំងឡាយ ក៏យ៉ាងនោះដែរ ។ មាណពទាំងឡាយ អ្នកលុះនូវអំណាចនៃកាល (លោកធម៌ មានលាភជាដើម) ក្នុងកាល (ដែលបរិបូណ៌ដោយលោកធម៌ មានលាភជាដើម) លុះអំណាចនៃសេចក្តីចម្រើន និងសេចក្តីវិនាស រមែងដល់នូវសេចក្តីទុក្ខ មាណពទាំងឡាយនោះ រមែងសោកសៅ ។ បុគ្គលពាលទាំងឡាយ ជាអ្នកមិនឃើញតាមពិត ប៉ោងឡើង ដោយហេតុនៃសេចក្តីសុខ ទ្រោមចុះដោយហេតុនៃសេចក្តីទុក្ខ រមែងលំបាក ដោយហេតុទាំងពីរ ។ ចំណែកបុគ្គលទាំងឡាយណា បានកន្លងនូវតណ្ហាជាគ្រឿងចាក់ស្រែះ ព្រោះសុខទុក្ខ និងឧបេក្ខា បុគ្គលទាំងឡាយនោះ ឈ្មោះថា តាំងនៅនឹង ដូចជាសសរខឿន មិនប៉ោងឡើង ទាំងមិនទ្រោមចុះ ។ អ្នកប្រាជ្ញទាំងឡាយ មិនបានជាប់ចំពាក់ក្នុងលាភ មិនជាប់ចំពាក់ក្នុងអលាភ មិនជាប់ចំពាក់ក្នុងអយស មិនជាប់ចំពាក់ក្នុងកិត្តិយស មិនជាប់ចំពាក់ក្នុងនិន្ទា និងសេចក្តីសរសើរ មិនជាប់ចំពាក់ក្នុងទុក្ខ និងសុខ អ្នកប្រាជ្ញទាំងឡាយនោះ មិនជាប់ចំពាក់ក្នុងទីទាំងពួង ដូចជាដំណក់នៃទឹក ដែលមិនជាប់នឹងស្លឹកឈូក បានសេចក្តីសុខក្នុងទីទាំងពួង មិនចាលចាញ់ក្នុងទីទាំងពួង ។ ការមិនមានលាភ (ប្រកប) ដោយធម៌ណា ហើយនឹងលាភមិនប្រកបដោយធម៌ណា ការមិនមានលាភដែលប្រកបដោយធម៌នោះ ប្រសើរ ឯលាភមិនប្រកបដោយធម៌ ពុំប្រសើរឡើយ ។ យសរបស់បុគ្គលមិនមានប្រាជ្ញាទាំងឡាយណា និងការមិនមានយស របស់អ្នកប្រាជ្ញទាំងឡាយណា ការមិនមានយស របស់អ្នកប្រាជ្ញទាំងឡាយនោះ ប្រសើរ ឯយសរបស់អ្នកមិនមានប្រាជ្ញាទាំងឡាយ ពុំប្រសើរឡើយ ។ ការសរសើរ អំពីបុគ្គលមិនមានបញ្ញាទាំងឡាយណា និងសេចក្តីតិះដៀល អំពីបុគ្គលមានបញ្ញាទាំងឡាយណា សេចក្តីតិះដៀលអំពីបុគ្គលមានបញ្ញាទាំងឡាយនោះ ប្រសើរ ឯការសរសើររបស់បុគ្គលពាល ពុំប្រសើរឡើយ ។ សេចក្តីសុខកើតឡើង ព្រោះអាស្រ័យកាម និងសេចក្តីទុក្ខកើតឡើង អំពីសេចក្តីស្ងប់ស្ងាត់ សេចក្តីទុក្ខដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ប្រសើរ ឯសេចក្តីសុខ ដែលកើតអំពីកាម ពុំប្រសើរឡើយ ។ ការរស់នៅមិន (ប្រកប) ដោយធម៌ណា និងសេចក្តីស្លាប់ប្រកបដោយធម៌ណា សេចក្តីស្លាប់ប្រកបដោយធម៌នោះ ប្រសើរ ឯបុគ្គលរស់នៅមិនប្រកបដោយធម៌ ពុំប្រសើរសោះឡើយ ។ បុគ្គលទាំងឡាយណា មានកាម និងសេចក្តីក្រោធ លះបង់ហើយ មានចិត្តស្ងប់រម្ងាប់ហើយ រមែងត្រាច់ទៅក្នុងភពតូច និងភពធំ មិនអាស្រ័យនឹងលោក (មានខន្ធលោកជាដើម) សេចក្តីស្រឡាញ់ ឬមិនស្រឡាញ់ របស់ជនទាំងឡាយនោះ មិនមានសោះឡើយ ។ បុគ្គលទាំងឡាយ បានចម្រើនពោជ្ឈង្គទាំងឡាយផង ឥន្ទ្រិយទាំងឡាយផង ពលៈទាំងឡាយផង រមែងដល់នូវសេចក្តីស្ងប់ យ៉ាងក្រៃលែង ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន ។ គោទត្តត្ថេរ ។

ឧទ្ទាន

ព្រះថេរៈពីរអង្គនេះ គឺរេវត ១ គោទត្ត ១ ជាអ្នកមានឫទ្ធិច្រើន បានពោលនូវគាថា ២៨ ដែលមកក្នុងចុទ្ទសកនិបាត ។

ចប់ ចុទ្ទសកនិបាត ។

សោឡសកនិបាតកែប្រែ

[២៤៧] ខ្ញុំនេះ បានស្តាប់ធម៌មានរសច្រើន ជ្រះថ្លាក្រៃលែង វិរាគធម៌ដែលលោកសំដែងហើយ មិនកាន់យក (ធម៌ណាមួយ) ដោយប្រការទាំងពួង ។ អារម្មណ៍ទាំងឡាយច្រើន ដ៏វិចិត្រក្នុងលោក លើមណ្ឌលនៃផែនដីនេះ ទំនងជាញាំញីនូវសេចក្តីត្រិះរិះថា ល្អ ដែលប្រកបដោយរាគៈ ។ អរិយសាវ័ក ពិចារណាឃើញ ដោយប្រាជ្ញាក្នុងកាលណា សេចក្តីត្រិះរិះទាំងឡាយ ក៏ស្ងប់រម្ងាប់ក្នុងកាលណោះ ដូចជាភ្លៀងរម្ងាប់នូវធូលី ដែលហុយឡើងដោយខ្យល់ ។ អរិយសាវ័ក ពិចារណាឃើញដោយប្រាជ្ញាថា សង្ខារទាំងពួងមិនទៀង ក្នុងកាលណា រមែងនឿយណាយក្នុងសេចក្តីទុក្ខ ក្នុងកាលណោះ នេះជាផ្លូវនៃសេចក្តីបរិសុទ្ធិ ។ អរិយសាវ័ក ពិចារណាឃើញដោយប្រាជ្ញាថា សង្ខារទាំងពួងជាទុក្ខ ក្នុងកាលណា រមែងនឿយណាយក្នុងទុក្ខ ក្នុងកាលណោះ នេះជាផ្លូវនៃសេចក្តីបរិសុទ្ធិ ។ អរិយសាវ័ក ពិចារណាឃើញដោយប្រាជ្ញាថា ធម៌ទាំងពួង មិនមែនជារបស់ខ្លួន ក្នុងកាលណា រមែងនឿយណាយក្នុងទុក្ខ ក្នុងកាលណោះ នេះជាផ្លូវនៃសេចក្តីបរិសុទ្ធិ ។ ព្រះថេរៈឈ្មោះកោណ្ឌញ្ញ ត្រាស់ដឹងតាមព្រះពុទ្ធ ដែលមានសេចក្តីព្យាយាមដ៏ក្លៀវក្លា មានជាតិ និងមរណៈ លះបង់ហើយ បរិបូណ៌ដោយព្រហ្មចរិយធម៌ ។ អន្ទាក់ គឺឱឃៈក្តី ចិត្តរឹងរូសដ៏មាំក្តី មោហៈដូចភ្នំដែលទំលាយបានដោយកម្រក្តី ព្រះអញ្ញាកោណ្ឌញ្ញនោះ បានកាត់នូវចិត្តដ៏រឹងរូសផង នូវអន្ទាក់ គឺឱឃៈផង នូវភ្នំ គឺមោហៈដែលបុគ្គលបំបែកបានដោយកម្រផង បានឆ្លងទៅដល់ត្រើយ ជាអ្នកមានឈាន រួចចាកចំណងនៃមារ ។ ភិក្ខុអ្នកមានចិត្តរាយមាយ ឃ្លេងឃ្លោង អាស្រ័យនឹងពួកបាបមិត្រ រមែងត្រូវរលក គឺឧបាយនៃសេចក្តីក្រោធជ្រមុច ហើយលិចចុះក្នុងអន្លង់ធំ ។ ឯភិក្ខុមានប្រាជ្ញា មានចិត្តមិនរាយមាយ មិនឃ្លេងឃ្លោង មានប្រាជ្ញាល្អិត សង្រួមឥន្ទ្រិយល្អ មានកល្យាណមិត្រ តែងធើ្វនូវទីបំផុតនៃទុក្ខបាន ។ ជនអ្នកមានអវយវៈប្រាកដស្មើដោយថ្នាំងវល្លិ៍ ស្គម រវីមរវាមដោយសរសៃ ជាអ្នកដឹងប្រមាណក្នុងបាយ និងទឹក មានចិត្តមិនរួញរា ត្រូវរបោម និងមូសទាំងឡាយ ខាំហើយ ក្នុងព្រៃតូច និងព្រៃធំ ជាអ្នកមានស្មារតី គង់អត់ទ្រាំនៅក្នុងព្រៃនោះបាន ដូចដំរីដ៏ប្រសើរ (អត់ទ្រាំ) ក្នុងប្រធាននៃសង្រ្គាម ។ ខ្ញុំមិនត្រេកអរនឹងសេចក្តីស្លាប់ មិនត្រេកអរនឹងការរស់នៅ ខ្ញុំរង់ចាំតែកាល (បរិនិព្វាន) ដូចអ្នកធើ្វការឈ្នួលទន្ទឹងតែអស់ថ្ងៃ ។ ខ្ញុំមិនត្រេកអរនឹងសេចក្តីស្លាប់ មិនត្រេកអរនឹងការរស់នៅ ខ្ញុំជាអ្នកដឹងខ្លួន មានស្មារតី រង់ចាំតែបរិនិព្វានកាល ។ ព្រះសាស្តា ខ្ញុំបានបម្រើហើយ ព្រះពុទ្ធសាសនា ខ្ញុំក៏បានធើ្វហើយ ភារៈដ៏ធ្ងន់ ខ្ញុំបានដាក់ចុះហើយ តណ្ហាជាគ្រឿងនាំទៅកាន់ភព ខ្ញុំដកចោលហើយ ។ កុលបុត្រអ្នកចេញចាកផ្ទះ ចូលកាន់ផ្នួស ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ ខ្ញុំបានដល់ហើយ ខ្ញុំមានប្រយោជន៍អ្វី ដោយសទ្ធិវិហារិក ។ អញ្ញាកោណ្ឌញ្ញត្ថេរ ។


[២៤៨] មនុស្សទាំងឡាយ តែងនមស្ការនូវព្រះសម្ពុទ្ធ ដែលទ្រង់មានព្រះជាតិ ជាមនុស្ស ទ្រង់បានបង្វឹកព្រះអង្គត្រឹមត្រូវ ឥតមានឆ្គង មានព្រះទ័យខ្ជាប់ខ្ជួន ទ្រង់ប្រព្រឹត្តក្នុងគន្លងដ៏ប្រសើរ ទ្រង់ពេញព្រះទ័យ ចំពោះឈានជាគ្រឿងស្ងប់ចិត្ត ព្រះអង្គបានដល់នូវត្រើយនៃធម៌ទាំងពួង ទ្រង់ឆ្លងរំលងនូវសំយោជនៈទាំងពួងហើយ ទ្រង់ (ចេញផុត) ចាកព្រៃ គឺកិលេស ស្ដេចមកដល់ព្រះនិព្វានហើយ ទ្រង់ពេញព្រះទ័យក្នុងការចេញចាកកាមទាំងឡាយ ដូចមាសចេញផុតចាកធាតុថ្មហើយ ទោះបីពួកទេវតាក៏នមស្ការព្រះអង្គដែរ ពាក្យដូច្នេះនេះ ខ្ញុំព្រះអង្គបានស្ដាប់ (ក្នុងសំណាក់) នៃព្រះអរហន្ដ ឯព្រះសម្ពុទ្ធ ទ្រង់ព្រះនាមថា នាគនោះឯង ព្រះអង្គរុងរឿងក្រៃពេក ដូចភ្នំហិមពាន្ដ ដែលរុងរឿងកន្លងនូវពួកភ្នំឯទៀត ព្រះអង្គមានព្រះនាមពិតប្រាកដ ប្រសើរបំផុតជាងជនទាំងពួង ដែលមាននាមថា នាគដែរ ខ្ញុំនឹងថ្លែងនូវពុទ្ធនាគដល់អ្នកទាំងឡាយ ព្រះពុទ្ធនាគនោះ មិនធើ្វនូវអំពើអាក្រក់ឡើយ ។ សោរច្ចៈ និងអវិហឹសា ទាំងពីរនោះ ជាបាទា (ខាងមុខ) របស់ព្រះពុទ្ធនាគ ។ សតិ និងសម្បជញ្ញៈទាំងពីរនោះ ជាបាទាខាងក្រោយរបស់ព្រះពុទ្ធនាគ ។ ព្រះសម្ពុទ្ធ ជាមហានាគ ទ្រង់មានសទ្ធាជាប្រមោយ មានឧបេក្ខាជាភ្លុកស ។ ព្រះពុទ្ធនាគនោះ មានសតិជាក បញ្ញាជាសិរប្រទេស គំនិតសម្រាប់គិតគូធម៌ ជាចុងប្រមោយ ធម៌ជាផ្ទៃសម្រាប់ដាក់នូវគ្រឿងចម្អែត វិវេកជាកន្ទុយ ។ ព្រះពុទ្ធនាគនោះ មានឈាន ទ្រង់រីករាយចំពោះខ្យល់ដកដង្ហើម គឺព្រះនិព្វាន មានព្រះទ័យតាំងមាំខាងក្នុង ព្រះពុទ្ធនាគ កាលបើទ្រង់ស្ដេចយាត្រា ក៏មានព្រះទ័យខ្ជាប់ខ្ជួន ព្រះពុទ្ធនាគទ្រង់ឋិត ក៏មានព្រះទ័យខ្ជាប់ខ្ជួន ព្រះពុទ្ធនាគទ្រង់ផ្ទំ ក៏មានព្រះទ័យខ្ជាប់ខ្ជួន ទ្រង់គង់ ក៏មានព្រះទ័យខ្ជាប់ខ្ជួន ព្រះពុទ្ធនាគទ្រង់សង្រួមរក្សាទ្វារទាំងអស់ នេះជាសម្បទារបស់ព្រះពុទ្ធនាគ ។ ព្រះពុទ្ធនាគ ទ្រង់សោយតែភោជនដែលឥតទោស មិនសោយនូវភោជន ដែលប្រកបដោយទោស (កាលបើ) ទ្រង់បាននូវចង្ហាន់ និងគ្រឿងស្លៀកដណ្ដប់ ទ្រង់វៀរនូវការសន្សំទុក ទ្រង់កាត់នូវសំយោជនៈ ដែលជាចំណងតូចធំទាំងអស់ ហើយទ្រង់យាងទៅណា ៗ ក៏ស្ដេចទៅដោយឥតមានព្រះទ័យអាឡោះអាល័យ ។ ឈូកស ដុះចម្រើនឡើងក្នុងទឹក មិនជាប់ប្រឡាក់ដោយទឹក មានក្លិនក្រអូប ជាទីរីករាយចិត្ត យ៉ាងណាមិញ ព្រះពុទ្ធ ទ្រង់កើតក្នុងលោក គង់នៅក្នុងលោក មិនប្រឡាក់ដោយលោក ដូចជាឈូក មិនជាប់ប្រឡាក់ដោយទឹកដូច្នោះឯង ។ គំនរភ្លើងធំ ដែលឆេះសន្ធោ មិនមានចំណី រមែងរលត់ បើទុកជារងើកទាំងឡាយ មាននៅ ក៏គេនិយាយថា ភ្លើងរលត់ហើយ ។ ពាក្យឧបមានេះ ជាគ្រឿងបញ្ជាក់នូវសេចក្តី ដែលពួកវិញ្ញូជនបានសំដែងហើយ មហានាគ គឺព្រះខីណាស្រពទាំងឡាយ គង់ដឹងច្បាស់នូវព្រះពុទ្ធនាគ ដែលខ្ញុំជានាគសំដែងរួចមកហើយនេះ ថា ព្រះពុទ្ធនាគ ទ្រង់ប្រាសចាករាគៈ ទោសៈ មោហៈហើយ អស់អាសវៈហើយ លះបង់សរីរៈ មិនមានអាសវៈ នឹងបរិនិព្វាន ។ ឧទាយិត្ថេរ ។

ឧទ្ទាន មានក្នុងសោឡសកនិបាតនោះ

ព្រះថេរៈពីរអង្គ អ្នកមានឫទ្ធិច្រើននោះ គឺព្រះកោណ្ឌញ្ញ ១ ព្រះឧទាយី ១ ពោលនូវគាថា ៣២ ក្នុងសោឡសកនិបាត ។

ចប់ សោឡសកនិបាត ។

វីសតិនិបាតកែប្រែ

[២៤៩] (ចោរពោលថា) ក្នុងកាលមុន យើងខ្ញុំទាំងឡាយ សម្លាប់សត្វពួកណា ដើម្បីយញ្ញ ឬដើម្បីទ្រព្យ ភ័យក៏កើតមាន (ដល់សត្វពួកនោះ) ឥតមានសេសសល់ សត្វទាំងនោះ រមែងញាប់ញ័រផង សោកសៅផង ។ សេចក្តីភិតភ័យនៃលោកមិនមាន ទាំងសម្បុរ (មុខលោក) ក៏ស្រស់បស់ក្រៃពេក ហេតុអ្វីក៏លោកមិនខ្សឹកខ្សួល ព្រោះភ័យធំ មានសភាពយ៉ាងនេះ ។

(ព្រះអធិមុត្តត្ថេរពោលថា) ម្នាលចោរជាធំ សេចក្តីទុក្ខប្រព្រឹត្តទៅក្នុងចិត្តនៃបុគ្គលអ្នកមិនមានសេចក្តីអាឡោះអាល័យ មិនមានទេ បុគ្គលអ្នកមានសំយោជនៈអស់ហើយ បានកន្លងផុតនូវភ័យទាំងពួង ។ កាលបើតណ្ហា ជាគ្រឿងនាំសត្វទៅកាន់ភព ក្នុងបច្ចុប្បន្នអស់ហើយ ដោយហេតុណាមួយ ភ័យចំពោះសេចក្តីស្លាប់ ក៏មិនមានឡើយ ដូចការមិនមានភ័យ ក្នុងកិរិយាដាក់ចុះនូវភារៈចេញ (អំពីក្បាល) ។ ព្រហ្មចរិយធម៌ អាត្មាបានសន្សំល្អហើយ ទាំងមគ្គ អាត្មាក៏បានចម្រើនល្អហើយ ភ័យចំពោះសេចក្តីស្លាប់នៃអាត្មាមិនមានទេ ដូចការមិនមានភ័យក្នុងកិរិយាអស់ទៅនៃរោគទាំងឡាយ ។ ព្រហ្មចរិយធម៌ អាត្មាបានសន្សំល្អហើយ ទាំងមគ្គ អាត្មាក៏បានចម្រើនល្អហើយ ភពទាំងឡាយ ដែលមិនមានសេចក្តីត្រេកអរ អាត្មាក៏បានឃើញហើយ ដូចបុគ្គលផឹកនូវថ្នាំពិស ហើយខ្ជាក់ចោលវិញ ។ បុគ្គលអ្នកដល់នូវត្រើយ គឺព្រះនិព្វាន មិនមានសេចក្តីប្រកាន់ មានសោឡសកិច្ចធ្វើហើយ មិនមានអាសវៈ រមែងជាអ្នកត្រេកអរ ក្នុងកិរិយាអស់ទៅនៃអាយុ ដូចបុគ្គលរួចហើយចាកការសម្លាប់ ។ បុគ្គលបានដល់នូវធម៌ដ៏ឧត្តម ជាអ្នកមិនត្រូវការក្នុងលោកទាំងអស់ រមែងមិនសោកសៅព្រោះសេចក្តីស្លាប់ ដូចបុគ្គលស្ទុះផុតចាកផ្ទះដែលភ្លើងឆេះ ។ ការជួបជុំដោយសត្វ និងសង្ខារឯណានីមួយក្តី ការកើតមានក្នុងពួកសត្វឯណាក្តី ទាំងអស់នុ៎ះ មិនមែនជាធំឡើយ ពាក្យនេះ ព្រះសម្មាសម្ពុទ្ធ អ្នកស្វែងរកនូវគុណធំ បានសំដែងហើយ ។ បុគ្គលណា បានដឹងច្បាស់នូវព្រះពុទ្ធដីកា តាមដែលព្រះពុទ្ធទ្រង់សំដែងហើយនោះ បុគ្គលនោះ មិនប្រកាន់នូវភពនីមួយឡើយ ដូចបុរសមិនកាន់ដុំដែកដែលក្ដៅសព្វ ។ អាត្មាមិនមានសេចក្តីត្រិះរិះថា ខ្លួនអញបានមានហើយទេ អាត្មាមិនមានគិតថា ខ្លួនអញនឹងមានតទៅទេ (ព្រោះថា) សង្ខារទាំងឡាយ ទៀងតែវិនាសទៅវិញ ហេតុនោះ សេចក្តីខ្សឹកខ្សួលក្នុងសង្ខារទាំងនោះ ដូចម្ដេចកើត ។ ម្នាលចោរជាធំ បុគ្គលដែលឃើញច្បាស់តាមសេចក្តីពិតនូវការប្រជុំកើតនៃធម៌ដ៏បរិសុទ្ធ និងតំណនៃសង្ខារដ៏បរិសុទ្ធ ភ័យមិនមានឡើយ ។ បុគ្គលដែលឃើញច្បាស់ដោយបញ្ញានូវលោក ប្រាកដស្មើដោយស្មៅ និងកំណាត់ឈើ ក្នុងកាលណា ក្នុងកាលនោះ បុគ្គលនោះ ក៏មិនបាននូវសេចក្តីប្រកាន់ថា របស់អញ រមែងមិនសោកសៅថា ភ័យមិនមានដល់អាត្មាឡើយ ។ អាត្មាធុញទ្រាន់នឹងសរីរៈ ជាអ្នកមិនត្រូវការដោយភព ព្រោះថាកាយនេះ នឹងបែកធ្លាយទៅ ទាំងកាយដទៃទៀត ក៏នឹងមិនមានដែរ ។ កិច្ចណាដោយសរីរៈ មានដល់ពួកអ្នក ពួកអ្នកប្រាថ្នានូវកិច្ចណា ចូរធើ្វនូវកិច្ចនោះចុះ សេចក្តីទោមនស្សក្តី សេចក្តីស្រឡាញ់ក្តីនៃអាត្មា នឹងមិនមានក្នុងអំពើទាំងនោះ ព្រោះបច្ច័យនៃកិច្ចនោះ ។

ពួកចោរ បានស្ដាប់ពាក្យនៃព្រះអធិមុត្តត្ថេរនោះ ជាពាក្យចម្លែកអស្ចារ្យ គួរឲ្យព្រឺរោម ហើយក៏ទម្លាក់ចោលនូវគ្រឿងសាស្រ្ដាទាំងឡាយ បានពោលពាក្យនេះថា បពិត្រលោកដ៏ចម្រើន លោកបានធើ្វតបោកម្មដូចម្ដេច ឬអ្នកណាជាអាចារ្យរបស់លោក សេចក្តីមិនសោកសៅ លោកបានព្រោះអាស្រ័យពាក្យប្រដៅរបស់អ្នកណា ។

ព្រះថេរៈឆ្លើយថា ព្រះជិនស្រី ព្រះអង្គជាសព្វញ្ញូ ទ្រង់ឃើញនូវធម៌ទាំងពួង ជាសាស្ដាប្រកបដោយករុណាដ៏ធំ ទ្រង់រក្សានូវសត្វលោកទាំងអស់ ជាអាចារ្យរបស់អាត្មា ។ ព្រះធម៌នេះ ជាធម៌ដល់នូវកិរិយាអស់ទៅនៃកិលេស ជាធម៌ដ៏ប្រសើរ ព្រះជិនស្រីនោះ បានសំដែងហើយ សេចក្តីមិនសោកសៅ ដែលអាត្មាបានព្រោះអាស្រ័យនូវធម៌ជាពាក្យប្រៀនប្រដៅរបស់ព្រះជិនស្រីនោះ ។

ចោរទាំងឡាយ បានស្ដាប់នូវសុភាសិតនៃឥសី (អធិមុត្តត្ថេរ) ក៏ទម្លាក់ចោលនូវគ្រឿងសស្រ្តាទាំងឡាយផង នូវអាវុធទាំងឡាយផង ពួកខ្លះក៏វៀរចាកចោរកម្មនោះ ពួកខ្លះក៏ពេញចិត្តនឹងបព្វជ្ជា ។ ចោរទាំងនោះ ក៏ចូលទៅបួសក្នុងសាសនានៃព្រះសុគត ចម្រើននូវពោជ្ឈង្គ និងពលៈទាំងឡាយ ជាបណ្ឌិត មានចិត្តខ្ពស់ឡើង មានចិត្តល្អ មានឥន្រ្ទិយចម្រើនហើយ ក៏បានពាល់ត្រូវនូវនិព្វានបទ ជាអសង្ខតធម៌ ។ អធិមុត្តត្ថេរ ។


[២៥០] ភិក្ខុឈ្មោះបារាសរិយៈ ជាសមណៈ អង្គុយតែម្នាក់ឯង ជាអ្នកស្ងប់ស្ងាត់ ចម្រើនឈាន មានគំនិតថា បុរសគប្បីប្រតិបត្តិដោយលំដាប់ដូចម្ដេច គប្បីប្រព្រឹត្តនូវវត្តដូចម្ដេច នូវសមាចារៈដូចម្តេច ទើបឈ្មោះថា ជាអ្នកធ្វើនូវកិច្ចរបស់ខ្លួន ទាំងមិនបៀតបៀននូវអ្វីណាមួយ ។ ឥន្រ្ទិយទាំងឡាយរបស់ពួកមនុស្ស មានដើម្បីជាប្រយោជន៍ផង មិនជាប្រយោជន៍ផង ឥន្ទ្រិយទាំងឡាយដែលគេមិនរក្សា ប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ ដែលគេរក្សាហើយ ប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ ។ បុគ្គលកាលរក្សានូវឥន្ទ្រិយទាំងឡាយផង គ្រប់គ្រងនូវឥន្ទ្រិយទាំងឡាយផង ឈ្មោះថា ជាអ្នកធ្វើនូវកិច្ចរបស់ខ្លួន ទាំងមិនបៀតបៀននូវអ្វីណាមួយ ។ បើបុគ្គលណា មិនឃាត់នូវចក្ខុន្រ្ទិយដែលប្រព្រឹត្តទៅ ក្នុងរូបទាំងឡាយ ជាអ្នកមិនឃើញនូវទោសទេ បុគ្គលនោះ មិនរួចចាកទុក្ខឡើយ ។ មួយទៀត បុគ្គលណា មិនឃាត់នូវសោតិន្ទ្រិយ ដែលប្រព្រឹត្តទៅក្នុងសំឡេងទាំងឡាយ ជាអ្នកមិនឃើញនូវទោសទេ បុគ្គលនោះ មិនរួចចាកទុក្ខឡើយ ។ បើបុគ្គលណា មិនឃើញនូវការរលាស់ចេញ ជាអ្នកជ្រប់នៅក្នុងក្លិនទាំងឡាយ ហើយសេពចំពោះនូវក្លិនទាំងឡាយ បុគ្គលនោះ មិនរួចចាកទុក្ខទេ ។ បុគ្គលណា រលឹករឿយ ៗ នូវរសជូរ និងចំណែកនៃរសផ្អែមផង នូវចំណែកនៃរសល្វីងផង ជាអ្នកជាប់នៅក្នុងរសតណ្ហា បុគ្គលនោះ រមែងមិនដឹងច្បាស់នូវបេះដូងនៃសាសនា ។ បុគ្គលកាលរលឹករឿយ ៗ នូវផោដ្ឋព្វៈទាំងឡាយដែលស្អាត មិនគួរខ្ពើម ជាអ្នកត្រេកអរ (ក្នុងផ្សព្វនោះ) រមែងបាននូវសេចក្តីទុក្ខផ្សេង ៗ ដែលមានរាគៈជាហេតុ ។ បុគ្គលណា មិនអាចរក្សានូវចិត្ត ដោយធម៌ទាំងឡាយនេះ ព្រោះហេតុតែមិនបានរក្សានោះឯង ទុក្ខរមែងជាប់តាមបុគ្គលនោះ ដោយខ្សែទាំងពួង មានប្រមាណ ៥ គឺអារម្មណ៍ទាំង ៥ ។ សរីរៈនេះ ពេញដោយខ្ទុះ និងឈាមផង ពេញដោយសាកសពដ៏ច្រើនផង ដូចស្មុគ្រដែលបុគ្គលមានព្យាយាម ធើ្វឲ្យរលីង វិចិត្រហើយ ។ បុគ្គលរមែងមិនដឹងនូវសេចក្តីទុក្ខក្តៅក្រហាយ តែមានរសផ្អែមឆ្ងាញ់ពិសា ដែលមានសេចក្តីស្រឡាញ់ជាចំណង ដូចកាំបិតកោរ ដែលគេលាបប្រឡាក់ដោយទឹកឃ្មុំ ។ បុគ្គលអ្នកត្រេកអរក្រៃពេក ក្នុងរូបស្រ្តីផង ក្នុងរសនៃស្រ្តីផង ក្នុងការប៉ះពាល់នូវកាយនៃស្រ្តីផង ក្នុងក្លិននៃស្រីផង រមែងបាននូវសេចក្តីទុក្ខផ្សេង ៗ ។ ខ្សែនៃតណ្ហាទាំង ៥ របស់ស្រ្តីទាំងអស់ រមែងហូរទៅក្នុងទ្វារនៃបុរសទាំង ៥ ដែរ បុគ្គលណា មានការព្យាយាម អាចធើ្វនូវការបិទរាំងនូវខ្សែតណ្ហាទាំងនោះ (មិនឲ្យកើតឡើងបាន) បុគ្គលនោះ ឈ្មោះថា ជាអ្នកមានប្រយោជន៍ ជាអ្នកឋិតនៅក្នុងធម៌ ជាអ្នកឈ្លាសវៃ ជាអ្នកមានបញ្ញាជាគ្រឿងពិចារណា បុគ្គលនោះ គប្បីត្រេកអរ ធើ្វនូវកិច្ចប្រកបដោយធម៌ និងអត្ថ ។ ម៉្យាងទៀត កិច្ចដែលប្រកបដោយសេចក្តីត្រេកអរ រមែងលិចចុះ បុគ្គលគប្បីវៀរនូវកិច្ចដែលមិនមានប្រយោជន៍ អ្នកប្រាជ្ញមិនមានសេចក្តីប្រមាទ តែងសំគាល់នូវកិច្ចនោះថា ជាអំពើមិនគួរធើ្វ ។ មួយទៀត កិច្ចណា ប្រកបដោយប្រយោជន៍ក្តី សេចក្តីត្រេកអរណា ប្រព្រឹត្តទៅក្នុងធម៌ក្តី បុគ្គលគប្បីប្រព្រឹត្តកាន់យកនូវប្រយោជន៍ និងសេចក្តីត្រេកអរនោះ ព្រោះថា សេចក្តីត្រេកអរនោះ ជាគុណជាតិដ៏ឧត្តម ។ បុគ្គលណាសម្លាប់ វាយ ឬធើ្វឲ្យអ្នកដទៃសោកសៅ ហើយប្លន់ដណ្ដើម (យកទ្រព្យ) នៃពួកជនដទៃ ដោយការកំហែង បុគ្គលនោះ រមែងនាំទៅនូវទ្រព្យជារបស់ពួកជនដទៃ ដោយឧបាយទាំងតូចទាំងធំបាន ។ ជនអ្នកមានកំឡាំង កាលចាំងឈើ រមែងនាំចេញនូវដែកគោល ដោយដែកគោល យ៉ាងណាមិញ ពួកជនអ្នកឈ្លាស រមែងរម្ងាប់នូវឥន្ទ្រិយទាំងឡាយ ដោយឥន្ទ្រិយទាំងឡាយ ក៏យ៉ាងនោះដែរ ។ បុគ្គលណា ចម្រើននូវសទ្ធា វីរិយៈ សមាធិ សតិ និងបញ្ញា សម្លាប់នូវឥន្ទ្រិយ ៥ (មានចក្ខុន្ទ្រិយជាដើម) ដោយឥន្ទ្រិយ ៥ បុគ្គលនោះ ឈ្មោះថាព្រាហ្មណ៍ ជាអ្នកមិនមានទុក្ខប្រព្រឹត្តទៅ ។ បុគ្គលណា ធើ្វតាមពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ ដោយសព្វគ្រប់ បុគ្គលនោះ ឈ្មោះថាជាអ្នកមានប្រយោជន៍ ជាអ្នកតាំងនៅក្នុងធម៌ នរជននោះ តែងដល់នូវសេចក្តីសុខ ។ បារាសរិយត្ថេរ ។


[២៥១] ខ្ញុំមានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស កាលគិតរកនូវធម៌ អស់កាលមានរាត្រីដ៏យូរណាស់ តែមិនបាននូវការស្ងប់រម្ងាប់នៃចិត្ត ទើបសួរនូវសមណព្រាហ្មណ៍ទាំងឡាយថា បុគ្គលណាសោត ដែលបានដល់នូវត្រើយក្នុងលោក អ្នកណាដែលបានដល់នូវព្រះនិព្វានឈ្មោះអមតៈ ខ្ញុំនឹងប្រតិបត្តិនូវធម៌ ជាគ្រឿងដឹងច្បាស់នូវប្រយោជន៍ដ៏ឧត្តមរបស់សមណព្រាហ្មណ៍ណា ។ ខ្ញុំលុះក្នុងកិលេសជាគ្រឿងវៀចខាងក្នុង ដូចត្រីស៊ីនុយ ឬដូចអសុរឈ្មោះវេបចិត្តិជាប់ចំណងព្រះឥន្រ្ទ ។ ខ្ញុំទាញដកអន្ទាក់ គឺកិលេសនោះ តែមិនរួចចាកសេចក្តីសោក និងការខ្សឹកខ្សួលនេះទេ អ្នកណាអាចស្រាយនូវចំណងនៃខ្ញុំ ក្នុងលោក រួចប្រាប់នូវធម៌ជាគ្រឿងត្រាស់ដឹងដល់ខ្ញុំបាន ។ ខ្ញុំ (គប្បីបាន) នូវសមណៈ ឬព្រាហ្មណ៍ណា ដែលអាចប្រាប់ធម៌ ជាគ្រឿងកំចាត់បង់កិលេសបាន ខ្ញុំនឹងទទួលនូវធម៌ជាគ្រឿងបន្សាត់បង់នូវជរា និងមច្ចុ អំពីសំណាក់នៃបុគ្គលណា ។ (សរ គឺទិដ្ឋិណា) ដែលមាននិស្ស័យជាប់ក្នុងទ្រូង អាចទំលាយយ៉ាងខ្លាំង ហើយឋិតនៅក្នុងហឫទ័យ អ្នកចូរមើលនូវសរ គឺទិដិ្ឋនោះ ដែលធ្លាក់ចុះក្នុងសេចក្តីសង្ស័យ និងសេចក្តីងឿងឆ្ងល់ ប្រកបដោយកម្លាំងនៃសេចក្តីប្រណាំងប្រជែង មានសេចក្តីរឹងត្អឹងនៃចិត្ត ដែលផ្សំដោយសេចក្តីក្រោធ មានតណ្ហាជាគ្រឿងទំលាយ កើតព្រមអំពីធ្នូ គឺតណ្ហា មានប្រភេទ ១៥ ពីរដង [ប្រភេទ ១៥ ពីរដង គឺ សក្កាយទិដ្ឋិ ២០ មិច្ឆាទិដ្ឋិ ១០ (អដ្ឋកថា)]  ។ ការដែលមិនបានលះបង់នូវទិដិ្ឋបន្ទាប់បន្សំទាំងឡាយ ត្រូវសរ គឺសេចក្តីត្រិះរិះខុស ឲ្យក្លាហានហើយ អាត្មាអញឈ្មោះថា ត្រូវសរ គឺទិដិ្ឋនោះមុតហើយ រមែងញាប់ញ័រដូចស្លឹកឈើដែលត្រូវខ្យល់បក់ដូច្នោះ ។ កាយប្រកបដោយផស្សាយតនៈ ៦ តាំងឡើងក្នុងសន្តានរបស់អាត្មាអញ ហើយក៏ដុតយ៉ាងឆាប់នូវអត្តភាព ដែលគេរាប់ថា ជារបស់នៃខ្លួន (កាយនោះ) កើតឡើងក្នុងភពណា ក៏ប្រព្រឹត្តទៅក្នុងភពនោះសព្វកាល ។ អាត្មាអញ រកមិនឃើញនូវពេទ្យ ដែលគប្បីដកឡើងនូវសរ គឺសេចក្តីសង្ស័យនោះ របស់អាត្មាអញ ដោយដង្កាប់សម្រាប់ដកផ្សេង ៗ ឬដោយកាំបិត មិនមែនដោយមន្ដដទៃឡើយ ។ បុគ្គលណាហ្ន៎ មិនមានកាំបិត (កាត់) នូវសរ មិនឲ្យមានដំបៅដល់អាត្មាអញ មិនបានបៀតបៀននូវខ្លួនទាំងមូល ហើយដកនូវសរ គឺកិលេស ដែលអាស្រ័យនូវហឫទ័យរបស់អាត្មាអញបាន ។ ព្រោះថា កាលបើអាត្មាអញ ធ្លាក់ចុះក្នុងសង្សារដ៏ជ្រៅហើយ (បុគ្គលណា) គប្បីបង្ហាញនូវដៃ ដែលញ៉ាំងអាត្មាអញឲ្យដល់ទីគោក គឺព្រះនិព្វានបាន បុគ្គលនោះ ឈ្មោះថាជាធំ ហេតុធម៌ ជាអ្នកប្រសើរ ជាអ្នកបន្សាត់បង់នូវពិស គឺទោសៈ ។ អាត្មាអញ ជាអ្នកលិចចុះក្នុងអន្លង់ គឺសង្សារវដ្ដ មានធូលី គឺកិលេសនៅខាងក្នុង ដែលគេមិនអាចនឹងនាំចេញបាន ជាទីផ្សាយទៅដោយមាយា ដោយសេចក្តីច្រណែន ដោយការប្រណាំងប្រជែង និងថីនមិទ្ធៈ ។ សេចក្តីត្រិះរិះទាំងឡាយ ដែលអាស្រ័យនូវរាគៈ បា្រកដស្មើដោយទឹកដែលហូរទៅ តែងបន្សាត់ទៅនូវបុគ្គលអ្នកមានទិដ្ឋិអាក្រក់ ដែលមានឧទ្ធច្ចៈជាមេឃគ្រហឹម មានសំយោជនៈជាភ្លៀង ។ ខ្សែតណ្ហា រមែងហូរទៅក្នុងអារម្មណ៍ទាំងពួង តណ្ហាដូចជាវល្លិ៍ រមែងដុះបែកខ្នែង តើបុគ្គលណា ឃាត់នូវខ្សែតណ្ហានោះបាន ចុះបុគ្គលណាកាត់ផ្ដាច់នូវតណ្ហា ដូចជាវល្លិ៍នោះបាន ។ បពិត្រអ្នកទាំងឡាយដ៏ចម្រើន អ្នកទាំងឡាយ ចូរធើ្វនូវទំនប់ ជាគ្រឿងទប់នូវខ្សែតណ្ហាទាំងឡាយ ។ ខ្សែតណ្ហា ដែលសម្រេចអំពីចិត្ត កុំគប្បីញ៉ាំងអ្នកឲ្យវិនាសដោយរហ័ស ដូចជាខ្សែទឹក (ច្រោះ) នូវដើមឈើ (ឲ្យរលំ) ដូច្នោះឡើយ ។ កាលអាត្មាអញមានភ័យកើតហើយ កំពុងស្វែងរកត្រើយខាងនាយ គឺព្រះនិព្វាន ចាកត្រើយខាងអាយ គឺសង្សារវដ្ដយ៉ាងនេះ ព្រះសាស្ដា មានបញ្ញាជាអាវុធ ជាទីពឹងនៃសត្វលោក ព្រះអង្គត្រូវពួកនៃបុគ្គលអ្នកស្វែងរកនូវគុណ សេពគប់ហើយ ទ្រង់ប្រទាន (ដល់ខ្ញុំ) នូវជណ្ដើរ គឺវិបស្សនា ដែលទេសនាញាណ ធើ្វល្អហើយ ជាជណ្ដើរដ៏ស្អាត សម្រេចអំពីធម៌មានខ្លឹមដ៏មាំ កាលខ្ញុំកំពុងត្រូវជំនន់ធំគួចទៅ ព្រះអង្គក៏បានត្រាស់ថា អ្នកកុំភ័យឡើយ ។ ខ្ញុំបានឡើងកាន់ប្រាសាទ គឺសតិប្បដ្ឋាន ហើយក្រឡេកមើល ក៏សំគាល់នូវសត្វដែលត្រេកអរក្នុងសក្កាយក្នុងកាលមុន ។ អាត្មាអញ បានឃើញនូវផ្លូវ គឺវិបស្សនា ជាទីឡើងកាន់ទូក គឺអរិយមគ្គ ក្នុងកាលណា កាលនោះ អាត្មាអញមិនបានតាំងចិត្ត ក៏បានឃើញនូវអរិយមគ្គដ៏ឧត្តម ជាកំពង់ (នៃនិព្វាន) ។ សរ គឺទិដ្ឋិ មានះជាដើម ដែលមានខ្លួនជាសមុដ្ឋាន មានតណ្ហាជាគ្រឿងនាំសត្វទៅកាន់ភព ជាដែនកើត ព្រះសាស្ដាទ្រង់សំដែងមគ្គដ៏ឧត្តម ដើម្បីមិនឲ្យប្រព្រឹត្តទៅនៃបាបធម៌ទាំងឡាយនុ៎ះ ។ ព្រះពុទ្ធ បន្សាត់បង់នូវទោសៈជាពិស ទ្រង់បន្ទោបង់នូវកិលេស ជាគ្រឿងចាក់ស្រេះរបស់អញ ដែលត្រាំនៅក្នុងចិត្ត អស់រាត្រីដ៏វែង ដែលតាំងស៊ប់ហើយក្នុងសន្ដាន អស់កាលដ៏យូរ ។ តេលុកានិត្ថេរ ។


[២៥២] អ្នកចូរមើលនូវអត្តភាព ដែលធើ្វឲ្យវិចិត្រ ជាទីប្រជុំនៃដំបៅដែលតាំងឡើងព្រមហើយ (ដោយឆ្អឹង ៣០០ កំណាត់) ជាអត្តភាពក្ដៅក្រហាយ ដែលជនពាលត្រិះរិះដោយច្រើន ជាអត្តភាពមិនទៀងទាត់ឋិតថេរ ។ អ្នកចូរមើលនូវរូប ដែលធើ្វឲ្យវិចិត្រដោយកែវមណី និងកណ្ឌល ដែលឆ្អឹង និងស្បែករួបរឹតហើយ (រូបនោះ) រមែងល្អដោយសារសំពត់ទាំងឡាយ ។ ជើងទាំងឡាយ លាបដោយល័ខស្រស់ មុខលាបដោយគ្រឿងលំអិត អាចញ៉ាំងជនពាលឲ្យវង្វេង តែមិនអាចញ៉ាំងបុគ្គលអ្នកស្វែងរកនូវត្រើយ គឺព្រះនិព្វានឲ្យវង្វេងបានទេ ។ សក់ទាំងឡាយ ដែលគេរចនាដូចជាក្រឡាចតុរង្គ ភ្នែកទាំងឡាយ លាបដោយថ្នាំសម្រាប់បន្តក់ភ្នែក អាចញ៉ាំងជនពាលឲ្យវង្វេង តែមិនអាចញ៉ាំងបុគ្គលអ្នកស្វែងរកនូវត្រើយ គឺព្រះនិព្វានឲ្យវង្វេងបានឡើយ ។ កាយស្អុយដែលគេតាក់តែងហើយ ដូចជានាឡិសម្រាប់ដាក់ថ្នាំបន្តក់ ដែលគេវិចិត្រហើយថ្មី ៗ អាចញ៉ាំងជនពាលឲ្យវង្វេង តែមិនអាចញ៉ាំងបុគ្គលអ្នកស្វែងរកនូវត្រើយ គឺព្រះនិពា្វនឲ្យវង្វេងបានឡើយ ។ ព្រានម្រឹគដាក់នូវអន្ទាក់ ម្រឹគក៏មិនបានប៉ះពាល់នូវអន្ទាក់ ហើយស៊ីនូវចំណី កាលដែលព្រានម្រឹគកំពុងកន្ទក់កន្ទេញ (ក៏បោលចេញទៅ យ៉ាងណាមិញ) ពួកយើងក៏ដើរចេញទៅ (យ៉ាងនោះដែរ) ។ អន្ទាក់របស់ព្រានម្រឹគដាច់ហើយ ម្រឹគក៏មិនប៉ះពាល់នូវអន្ទាក់ ហើយស៊ីនូវចំណី កាលព្រានម្រឹគកំពុងសោកស្ដាយ (ក៏បោលចេញទៅ យ៉ាងណាមិញ) ពួកយើងក៏ដើរចេញទៅ (យ៉ាងនោះដែរ) ។

អាត្មាបានឃើញនូវមនុស្សទាំងឡាយ បរិបូណ៌ដោយទ្រព្យសម្បត្តិក្នុងលោក (ពួកមនុស្សទាំងនោះ) លុះបានទ្រព្យគាប់ចិត្តហើយ មិនឲ្យ (ដល់បុគ្គលណាមួយឡើយ) ព្រោះតែសេចក្តីវង្វេង ។ ពួកមនុស្សបានទ្រព្យហើយ ក៏ធើ្វនូវការសន្សំទុក ទាំងប្រាថ្នាក្នុងកាមដ៏លើសលុប ។ ព្រះរាជាឈ្នះនូវផែនដី ដែលព្រះអង្គរឹបជាន់បានហើយ នៅគ្រប់គ្រងផែនដី មានសាគរជាទីបំផុត មានសភាពមិនឆ្អែតនឹងត្រើយសមុទ្រខាងអាយ ក៏ប្រាថ្នានូវត្រើយសមុទ្រខាងនាយ ។ ព្រះរាជាក្តី ពួកមនុស្សដទៃច្រើននាក់ក្តី មិនទាន់ប្រាសចាកតណ្ហា រមែងដល់នូវសេចក្តីស្លាប់ គឺថាជាអ្នកមានសេចក្តីខ្វះខាត លះបង់រាងកាយ ព្រោះថាសេចក្តីឆ្អែតដោយកាមទាំងឡាយក្នុងលោកមិនមាន ។ ពួកញាតិរំសាយសក់ កន្ទក់កន្ទេញ ចំពោះបុគ្គលដែលស្លាប់ហើយនោះ ទាំងបាននិយាយថា ធើ្វម្ដេចហ្ន៎ ញាតិរបស់យើងទាំងឡាយ កុំស្លាប់វិញ ក៏នាំខ្មោចនោះ ដែលរុំដោយសំពត់ ទៅកាន់ជើងថ្ករ ប្រជុំគ្នាដុតក្នុងទីនោះ ។ បុគ្គលដែលស្លាប់នោះ ត្រូវពួកអ្នកដុតចាក់ដោយឈើសូល ដុតបុគ្គលនោះ លះបង់នូវភោគៈទាំងឡាយ មានតែសំពត់មួយស្លាប់ទៅ ញាតិទាំងឡាយក្តី មិត្រទាំងឡាយក្តី ឬសម្លាញ់ទាំងឡាយក្តី ជាទីពឹងមិនមានទេ ។ ពួកទាយាទ (អ្នកត្រូវទទួលមត៌ក) រមែងនាំទៅនូវទ្រព្យរបស់សត្វដែលស្លាប់នោះ ចំណែកសត្វដែលស្លាប់នោះ ក៏ទៅតាមយថាកម្ម ទ្រព្យតិចតួច កូនប្រពន្ធ មាសប្រាក់ និងដែន ក៏មិនមែនជាប់តាមសត្វដែលស្លាប់នោះទេ ។ បុគ្គលមិនមែនបាននូវអាយុវែង ដោយសារទ្រព្យទេ ទាំងមិនមែនកំចាត់បង់នូវជរា ដោយសារទ្រព្យបានទេ ព្រោះថា អ្នកប្រាជ្ញទាំងឡាយ បានពោលនូវជីវិតនោះថា តិច មិនទៀង មានការប្រែប្រួលទៅជាធម្មតា ។ ជនទាំងឡាយ អ្នកស្ដុកស្ដម្ភ និងអ្នកទាល់ក្រ រមែងប៉ះពាល់នូវផស្សៈ (មិនជាទីប្រាថ្នា) បុគ្គលពាល និងអ្នកប្រាជ្ញ រមែងប៉ះពាល់ដូចគ្នា ប៉ុន្តែបុគ្គលពាល បើមានសេចក្តីទុក្ខបៀតបៀនហើយ រមែងដេក (សោកស្ដាយ) ព្រោះភាវៈនៃខ្លួនពាល ឯអ្នកប្រាជ្ញ បើទុកជាប៉ះពាល់នូវផស្សៈក៏មិនបានញាប់ញ័រ ។ ព្រោះហេតុនោះ បុគ្គលបាននូវព្រះនិព្វាន ជាទីបំផុតនៃភព ក្នុងលោកនេះ ដោយបញ្ញាណា បញ្ញានោះ ជាធម្មជាតិប្រសើរជាទ្រព្យ ដ្បិតបុគ្គលទាំងឡាយ មិនទាន់បានសម្រេចប្រយោជន៍ រមែងធើ្វនូវបាបកម្មទាំងឡាយ ក្នុងភពតូច និងភពធំ ព្រោះតែមោហៈ ។ បុគ្គលណា (បានធើ្វបាបកម្ម) ក៏ដល់នូវការអន្ទោលទៅមក រមែងចូលទៅកាន់គភ៌ និងបរលោក បុគ្គលអ្នកអប្បប្រាជ្ញា (ឯទៀត) កាលបើជឿបុគ្គលអ្នកធើ្វបាបកម្មនោះ ក៏ទៅកាន់គភ៌ និងបរលោក ។ ចោរអ្នកមានធម៌ដ៏លាមក ដែលគេចាប់បានត្រង់មុខតំណ [គេចាប់បានត្រង់កន្លែងជញ្ជាំងដែលខ្លួនបោះ ឬកាត់នោះ ។] (នៃផ្ទះ) រមែងក្តៅក្រហាយដោយកម្មរបស់ខ្លួន យ៉ាងណាមិញ សត្វអ្នកមានធម៌ដ៏លាមក លុះស្លាប់ទៅ រមែងក្តៅក្រហាយក្នុងលោកខាងមុខ ដោយកម្មរបស់ខ្លួន ក៏យ៉ាងនោះដែរ ។ កាមទាំងឡាយដ៏វិចិត្រ មានរសឆ្ងាញ់ ជាទីរីករាយនៃចិត្ត តែងញាំញីចិត្តដោយសភាពផ្សេង ៗ បពិត្រមហារាជ ហេតុនោះ អាត្មាភាព ឃើញទោសក្នុងកាមគុណទាំងឡាយ ទើបចេញទៅបួស ។ សត្វទាំងឡាយ ទោះក្មេងក្តី ចាស់ក្តី តែងបែកធ្លាយនូវសរីរៈ ដូចជាផ្លែឈើជ្រុះ (ចាកដើម) បពិត្រមហារាជ អាត្មាភាព បានឃើញនូវរបស់មិនទៀងនេះឯង បានជាចេញបួស ភាពជាសមណៈ មិនសូវខុសភ្លាត់ ជារបស់ប្រសើរលើសលុប ។

អាត្មាភាពបួសដោយសទ្ធា បានប្រកបសេចក្តីប្រតិបត្តិ ក្នុងសាសនានៃព្រះជិនស្រី បព្វជ្ជារបស់អាត្មាភាព មិនមានទោស អាត្មាភាពបរិភោគភោជន មិនមានបំណុលទេ ។ អាត្មាភាព ឃើញនូវកាមទាំងឡាយ ហាក់ដូចជាភ្លើងឆេះសព្វហើយ ឃើញនូវជាតរូប ហាក់ដូចជាគ្រឿងសស្រ្ដាវុធ ឃើញហេតុនាំមកនូវទុក្ខ តាំងតែអំពីការចុះចាប់បដិសន្ធិក្នុងគភ៌ ឃើញនូវភ័យធំក្នុងនរកទាំងឡាយ ។ អាត្មាភាព ឃើញនូវទោសនេះឯង ក៏បាននូវសេចក្តីសំវេគ ក្នុងកាលនោះ អាត្មាភាពហ្នឹងឯង ជាអ្នកត្រូវសរមុតហើយ ក្នុងកាលនោះ (ឥឡូវនេះ) បានដល់ហើយនូវការអស់ទៅនៃអាសវៈ ។ ព្រះសាស្តា អាត្មាភាព បានបម្រើហើយ ព្រះពុទ្ធសាសនា អាត្មាភាពក៏បានធើ្វហើយ ភារៈដ៏ធ្ងន់ អាត្មាភាពបានដាក់ចុះហើយ តណ្ហាជាគ្រឿងនាំសត្វទៅកាន់ភព អាត្មាភាពបានដកចោលហើយ ។ កុលបុត្របានចេញចាកផ្ទះ ចូលមកកាន់ផ្នួស ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ គឺការអស់ទៅនៃសំយោជនៈទាំងពួង អាត្មាភាពបានដល់ហើយ ។ រដ្ឋបាលត្ថេរ ។


[២៥៣] បុគ្គលកាលឃើញរូបហើយ ធើ្វទុកក្នុងចិត្តនូវនិមិត្តជាទីស្រឡាញ់ ស្មារតីរមែងភ្លាំងភ្លាត់ បុគ្គលនោះ រមែងមានចិត្តត្រេកអរ ទទួលយក លេបយកនូវអារម្មណ៍នោះ ។ វេទនាទាំងឡាយជាច្រើន មានរូបជាដែនកើត រមែងចម្រើនដល់បុគ្គលនោះ ចិត្តរបស់បុគ្គលនោះ រមែងចង្អៀតចង្អល់ ព្រោះអភិជ្ឈា (ការសំឡឹងរំពៃ) ផង ព្រោះវិហេសា (ការបៀតបៀន) ផង កាលបុគ្គលសន្សំយ៉ាងនេះ ទុក្ខ (រមែងប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ឆ្ងាយអំពីព្រះនិព្វាន ។ បុគ្គលកាលឮសំឡេងហើយ ធើ្វទុកក្នុងចិត្តនូវនិមិត្តជាទីស្រឡាញ់ ស្មារតីរមែងភ្លាំងភ្លាត់ បុគ្គលនោះ រមែងមានចិត្តត្រេកអរទទួលយក លេបយកនូវអារម្មណ៍នោះ ។ វេទនាទាំងឡាយជាច្រើន មានសំឡេងជាដែនកើត រមែងចម្រើនដល់បុគ្គលនោះ ចិត្តរបស់បុគ្គលនោះ រមែងចង្អៀតចង្អល់ ព្រោះអភិជ្ឈាផង ព្រោះ វិហេសាផង បុគ្គលកាលសន្សំយ៉ាងនេះ ទុក្ខ (រមែងប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ឆ្ងាយអំពីព្រះនិព្វាន ។ បុគ្គលកាលធុំក្លិនហើយ ធើ្វទុកក្នុងចិត្តនូវនិមិត្តជាទីស្រឡាញ់ ស្មារតីរមែងភ្លាំងភ្លាត់ បុគ្គលនោះ រមែងមានចិត្តត្រេកអរ ទទួលយក លេបយកនូវអារម្មណ៍នោះ ។ វេទនាទាំងឡាយជាច្រើន មានក្លិនជាដែនកើត រមែងចម្រើនដល់បុគ្គលនោះ ចិត្តរបស់បុគ្គលនោះ រមែងចង្អៀតចង្អល់ ព្រោះអភិជ្ឈាផង ព្រោះវិហេសាផង បុគ្គលកាលសន្សំយ៉ាងនេះ ទុក្ខ (រមែងប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ឆ្ងាយអំពីព្រះនិព្វាន ។ បុគ្គលកាលបរិភោគរសហើយ ធើ្វទុកក្នុងចិត្តនូវនិមិត្តជាទីស្រឡាញ់ ស្មារតីរមែងភ្លាំងភ្លាត់ បុគ្គលនោះ រមែងមានចិត្តត្រេកអរ ទទួលយក និងលេបយកនូវអារម្មណ៍នោះ ។ វេទនាទាំងឡាយជាច្រើន មានរសជាដែនកើត រមែងចម្រើនដល់បុគ្គលនោះ ចិត្តរបស់បុគ្គលនោះ រមែងចង្អៀតចង្អល់ ព្រោះអភិជ្ឈាផង ព្រោះវិហេសាផង បុគ្គលកាលសន្សំយ៉ាងនេះ ទុក្ខ (រមែងប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ឆ្ងាយអំពីព្រះនិព្វាន ។ បុគ្គលកាលប៉ះពាល់នូវផស្សៈ ហើយធ្វើទុកក្នុងចិត្តនូវនិមិត្តជាទីស្រឡាញ់ ស្មារតីរមែងភ្លាំងភ្លាត់ បុគ្គលនោះ រមែងមានចិត្តត្រេកអរ ទទួលយក លេបយកនូវអារម្មណ៍នោះ ។ វេទនាទាំងឡាយជាច្រើន មានផស្សៈជាដែនកើត រមែងចម្រើនដល់បុគ្គលនោះ ចិត្តរបស់បុគ្គលនោះ រមែងចង្អៀតចង្អល់ ព្រោះអភិជ្ឈាផង ព្រោះវិហេសាផង បុគ្គលកាលសន្សំយ៉ាងនេះទុក (រមែងប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ឆ្ងាយអំពីព្រះនិព្វាន ។ បុគ្គលកាលដឹងនូវធម្មារម្មណ៍ [ពាក្យថាធម៌ក្នុងទីនេះ សំដៅយកចិត្តដែលប្រកបដោយតម្រេក ។ អដ្ឋកថា ។] ហើយ ធើ្វទុកក្នុងចិត្តនូវនិមិត្តជាទីស្រឡាញ់ ស្មារតីរមែងភ្លាំងភ្លាត់ បុគ្គលនោះ រមែងមានចិត្តត្រេកអរទទួលយក លេបយកអារម្មណ៍នោះ ។ វេទនាទាំងឡាយជាច្រើន មានធម្មារម្មណ៍ជាដែនកើត រមែងចម្រើនដល់បុគ្គលនោះ ចិត្តរបស់បុគ្គលនោះ រមែងចង្អៀតចង្អល់ ព្រោះអភិជ្ឈាផង ព្រោះវិហេសាផង បុគ្គលកាលសន្សំយ៉ាងនេះ ទុក្ខ (រមែងប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ឆ្ងាយអំពីព្រះនិព្វាន ។ បុគ្គលនោះ ឃើញរូបហើយ មានស្មារតីខ្ជាប់ខ្ជួន មិនត្រេកអរក្នុងរូបទាំងឡាយ រមែងមានចិត្តប្រាសចាកតម្រេក គ្រាន់តែទទួលដឹងតែមិនលេបយកនូវអារម្មណ៍នោះ ។ បុគ្គលនោះ កាលឃើញរូប ទទួលវេទនា (កិលេសវដ្ដៈ) រមែងអស់ទៅ មិនចម្រើនឡើងដោយប្រការណា បុគ្គលនោះ ជាអ្នកមានស្មារតី ប្រព្រឹត្តទៅដោយប្រការនោះ បុគ្គលកាលមិនសន្សំយ៉ាងនេះ ទុក្ខ (រមែងមិនប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ជិតព្រះនិព្វាន ។ បុគ្គលនោះ ឮសំឡេង មានស្មារតីខ្ជាប់ខ្ជួន រមែងមិនត្រេកអរ ក្នុងសំឡេងទាំងឡាយ រមែងមានចិត្តប្រាសចាកតម្រេក គ្រាន់តែទទួលដឹង មិនលេបយកនូវអារម្មណ៍នោះ ។ បុគ្គលនោះ កាលឮនូវសំឡេង ទទួលវេទនា (កិលេសវដ្ដៈ) រមែងអស់ទៅ មិនចម្រើនឡើង ដោយប្រការណា បុគ្គលនោះ ជាអ្នកមានស្មារតី ប្រព្រឹត្តដោយប្រការនោះ បុគ្គលកាលមិនសន្សំយ៉ាងនេះ ទុក្ខ (រមែងមិនប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ជិតព្រះនិព្វាន ។ បុគ្គលធុំក្លិនហើយ មានស្មារតីខ្ជាប់ខ្ជួន មិនត្រេកអរ ក្នុងក្លិនទាំងឡាយ រមែងមានចិត្តប្រាសចាកតម្រេក គ្រាន់តែទទួលដឹង តែមិនលេបយកនូវអារម្មណ៍នោះ ។ បុគ្គលនោះ កាលធុំក្លិន ទទួលវេទនា (កិលេសវដ្ដៈ) រមែងអស់ទៅ មិនចម្រើនឡើង ដោយប្រការណា បុគ្គលនោះ ជាអ្នកមានស្មារតី ប្រព្រឹត្តដោយប្រការនោះ បុគ្គលកាលមិនសន្សំយ៉ាងនេះ ទុក្ខ (រមែងមិនប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ជិតព្រះនិព្វាន ។ បុគ្គលនោះ បរិភោគនូវរសហើយ មានស្មារតីខ្ជាប់ខ្ជួន មិនត្រេកអរក្នុងរសទាំងឡាយ រមែងមានចិត្តប្រាសចាកតម្រេក គ្រាន់តែទទួលដឹង តែមិនលេបយក នូវអារម្មណ៍នោះ ។ បុគ្គលនោះ កាលភ្លក់នូវរស ទទួលវេទនា (កិលេសវដ្ដៈ) រមែងអស់ទៅ មិនចម្រើនឡើង ដោយប្រការណា បុគ្គលនោះ ជាអ្នកមានស្មារតី ប្រព្រឹត្តទៅដោយប្រការនោះ បុគ្គលកាលមិនសន្សំយ៉ាងនេះ ទុក្ខ (រមែងមិនប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ជិតព្រះនិព្វាន ។ បុគ្គលនោះ ប៉ះពាល់នូវផស្សៈហើយ មានស្មារតីខ្ជាប់ខ្ជួន មិនត្រេកអរ ក្នុងផស្សៈទាំងឡាយ រមែងមានចិត្តប្រាសចាកតម្រេក គ្រាន់តែទទួលដឹង តែមិនលេបយកនូវអារម្មណ៍នោះ ។ បុគ្គលនោះ កាលប៉ះពាល់នូវផស្សៈ ទទួលវេទនា (កិលេសវដ្ដៈ) រមែងអស់ទៅ មិនចម្រើនឡើង ដោយប្រការណា បុគ្គលនោះ ជាអ្នកមានស្មារតី ប្រព្រឹត្តដោយប្រការនោះ បុគ្គលកាលមិនសន្សំយ៉ាងនេះ ទុក្ខ (រមែងមិនប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ជិតព្រះនិព្វាន ។ បុគ្គលនោះ ដឹងនូវធម្មារម្មណ៍ មានស្មារតីខ្ជាប់ខ្ជួន មិនត្រេកអរ ក្នុងធម្មារម្មណ៍ទាំងឡាយ រមែងមានចិត្តប្រាសចាកតម្រេក គ្រាន់តែទទួលដឹង តែមិនលេបយកនូវអារម្មណ៍នោះ ។ បុគ្គលនោះ កាលដឹងច្បាស់នូវធម្មារម្មណ៍ ទទួលវេទនា (កិលេសវដ្ដៈ) រមែងអស់ទៅមិនចម្រើនឡើង ដោយប្រការណា បុគ្គលនោះ ជាអ្នកមានស្មារតី ប្រព្រឹត្តទៅដោយប្រការនោះ បុគ្គលកាលមិនសន្សំយ៉ាងនេះ ទុក្ខ (រមែងមិនប្រព្រឹត្តទៅ) បុគ្គលនោះ លោកពោលថា ជិតព្រះនិព្វាន ។ មាលុង្ក្យបុត្តត្ថេរ ។


[២៥៤] បពិត្រព្រះមានព្រះភាគ ព្រះអង្គមានព្រះកាយដ៏បរិបូណ៌ ជាទីគាប់ចិត្តក្រៃលែង មានព្រះជាតិដ៏ល្អ មានព្រះនេត្រដ៏ល្អ មានសម្បុរដូចជាសម្បុរនៃមាស មានព្រះទាឋ឵ដ៏សក្បុស ទ្រង់មានព្យាយាម ។ ព្យញ្ជនៈណារបស់ជនមានជាតិល្អ ព្យញ្ជនៈ (និងអនុព្យញ្ជនៈ) ទាំងអស់នោះ ជាមហាបុរិសលក្ខណៈ មានក្នុងព្រះកាយរបស់ព្រះអង្គ ។ ព្រះអង្គមានព្រះនេត្រថ្លា មានព្រះភក្រ្តល្អ មានទំហំ និងកម្ពស់សមសួន មានព្រះកាយត្រង់ មានរស្មីរុងរឿង ក្នុងកណ្ដាលនៃពួកសមណៈ ដូចព្រះអាទិត្យ ។ បពិត្រភិក្ខុ ព្រះអង្គមានរូបល្អ គួរជាទីរមិលមើល មានស្បែកដ៏ភ្លឺថ្លាដូចមាស ព្រះអង្គមានសម្បុរដ៏ឧត្តមយ៉ាងនេះ តើមានប្រយោជន៍អ្វីដោយសមណភាព ។ ព្រះអង្គគួរបានជាស្ដេចចក្រពត្តិ ដូចគោឧសភៈក្នុងរថ ជាធំ (លើផែនដី) មានសមុទ្រទាំងបួន ជាទីបំផុត មានជ័យជម្នះ ជាឥស្សរៈរបស់អ្នកជម្ពូទ្វីប ។ បពិត្រព្រះគោតម ពួកក្សត្រិយ៍ជាស្ដេចចំណុះ តែងចុះចូលនឹងព្រះអង្គ សូមព្រះអង្គសោយរាជ្យ ជារាជាធិរាជ ដ៏ធំជាងពួកមនុស្សចុះ ។

(ព្រះមានព្រះភាគត្រាស់ថា) ម្នាលសេលៈ តថាគត ជាធម្មរាជ ជាស្ដេចប្រសើរ អាចញ៉ាំងចក្រឲ្យប្រព្រឹត្តទៅតាមធម៌ ជាចក្រដែលអ្នកណាមួយមិនអាចឲ្យប្រព្រឹត្តទៅបាន ។

(សេលព្រាហ្មណ៍ ក្រាបទូលថា) បពិត្រព្រះគោតម ព្រះអង្គទ្រង់ប្ដេជ្ញាថា ព្រះអង្គជាអ្នកត្រាស់ដឹង ទ្រង់ត្រាស់ថា តថាគតជាធម្មរាជ ជាស្ដេចប្រសើរ អាចញ៉ាំងចក្រឲ្យប្រព្រឹត្តទៅតាមធម៌បាន ។ ចុះភិក្ខុណា ជាសេនាបតីរបស់ព្រះអង្គ ជាសាវ័កប្រព្រឹត្តតាមព្រះសាស្ដា ភិក្ខុណា ញ៉ាំងធម្មចក្កនេះ ដែលព្រះអង្គឲ្យប្រព្រឹត្តទៅហើយ ឲ្យប្រព្រឹត្តទៅបាន ។

(ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលសេលៈ) ភិក្ខុសារីបុត្ត ជាអនុជាតរបស់តថាគត ញ៉ាំងធម្មចក្កដ៏ប្រសើរ ដែលតថាគតឲ្យប្រព្រឹត្តទៅហើយ ឲ្យប្រព្រឹត្តទៅបាន ។ ម្នាលព្រាហ្មណ៍ ទុក្ខសច្ចដែលគួរដឹងច្បាស់ តថាគតបានដឹងច្បាស់ហើយ មគ្គសច្ចដែលគួរចម្រើន តថាគតបានចម្រើនហើយ សមុទយសច្ច ដែលគួរលះ តថាគតក៏បានលះហើយ ព្រោះហេតុនោះ ទើបតថាគត ជាព្រះពុទ្ធ ។ ម្នាលព្រាហ្មណ៍ អ្នកចូរកម្ចាត់បង់នូវសេចក្តីសង្ស័យក្នុងតថាគតចេញ អ្នកចូរជឿស៊ប់ចុះ (ព្រោះថា) ការចួបប្រទះនឹងព្រះសម្មាសម្ពុទ្ធទាំងឡាយរឿយ ៗ ជាការរកបានកម្រ ។ ម្នាលព្រាហ្មណ៍ ការកើតប្រាកដឡើងរឿយ ៗ នៃព្រះសម្មាសម្ពុទ្ធណា ដែលរកបានដោយក្រក្នុងលោក តថាគតនោះ ជាព្រះពុទ្ធ ដូចពេទ្យវះ ជាបុគ្គលប្រសើរបំផុត មានសភាពដូចព្រហ្ម មានតម្លៃដ៏លើសលុប ជាអ្នកញាំញីនូវមារ និងសេនានៃមារ ធើ្វនូវបច្ចាមិត្តទាំងអស់ ឲ្យនៅក្នុងអំណាច ហើយរីករាយ ឥតមានភ័យអំពីទីណាឡើយ ។

(សេលព្រាហ្មណ៍ ពោលថា) ម្នាលអ្នកទាំងឡាយដ៏ចម្រើន អ្នកទាំងឡាយ ចូរផ្ទៀងស្តាប់នូវពាក្យ តាមដែលព្រះដ៏មានព្រះភាគ ព្រះអង្គមានចក្ខុ សម្ដែងនេះចុះ ដ្បិតព្រះមានព្រះភាគ ដូចជាពេទ្យវះ ជាមហាវីរបុរស បន្លឺសីហទានដូចជាសត្វសីហៈក្នុងព្រៃ ។ ទោះបីនរណា ជាកណ្ហាភិជាតិ (អ្នកមានជាតិខ្មៅ) បានឃើញព្រះមានព្រះភាគ ព្រះអង្គមានសភាពដូចជាព្រហ្ម មានតម្លៃដ៏លើសលុប ទ្រង់ញាំញីនូវមារ និងសេនានៃមារហើយ តើនឹងមិនជ្រះថ្លាដូចម្ដេចបាន ។ បុគ្គលណាចង់មក ចូរតាមយើងមក បុគ្គលណាមិនចង់ទេ ចូរទៅវិញចុះ ខ្ញុំនឹងបួសក្នុងសម្នាក់ព្រះពុទ្ធ ព្រះអង្គមានប្រាជ្ញាដ៏ប្រសើរក្នុងទីនេះ ។

(ពួកមាណពនោះ ពោលថា) បើលោកពេញចិត្តនឹងសាសនាព្រះសម្មាសម្ពុទ្ធនុ៎ះ ពួកយើងក៏នឹងបួសក្នុងសំណាក់ព្រះពុទ្ធ មានប្រាជ្ញាដ៏ប្រសើរដែរ ។ ពួកព្រាហ្មណ៍ទាំង ៣០០ នេះ ក៏ផ្គងអញ្ជលីសុំផ្នួសថា បពិត្រព្រះមានព្រះភាគ ពួកយើងសូមប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសម្នាក់ព្រះអង្គ ។

ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសេលៈ ព្រហ្មចរិយធម៌ តថាគតសំដែងទុកប្រពៃហើយ ជាធម៌ដែលគួរឃើញជាក់ដោយខ្លួនឯង ជាធម៌ឲ្យផលមិនរង់ចាំកាល បព្វជ្ជារបស់បុគ្គលអ្នកមិនប្រមាទ ជាអ្នកសិក្សាក្នុងព្រហ្មចរិយធម៌នោះ មិនឥតអំពើឡើយ ។

(សេលព្រាហ្មណ៍ ក្រាបទូលថា) បពិត្រព្រះមានព្រះភាគមានចក្ខុ ពួកខ្ញុំព្រះអង្គ បានដល់នូវទីពឹងណា ក្នុងថ្ងៃទី ៨ អំពីថ្ងៃនេះទៅ (ពួកខ្ញុំព្រះអង្គ) ជាបុគ្គលបានទូន្មានខ្លួន ក្នុងសាសនារបស់ព្រះអង្គ ដោយទីពឹងនោះ អស់ ៧ រាត្រី ។ ព្រះអង្គជាព្រះពុទ្ធ ព្រះអង្គជាសាស្ដា ព្រះអង្គជាមុនី គ្របសង្កត់នូវមារ ព្រះអង្គបានកាត់បង់នូវអនុស័យ ឆ្លងរួចហើយ ទើបចម្លងពពួកសត្វនេះ ។ ព្រះអង្គ បានកន្លងនូវឧបធិទាំងឡាយហើយ ព្រះអង្គបានទម្លាយនូវកិលេស ព្រមទាំងអាសវៈហើយ ព្រះអង្គជាបុគ្គលមិនមានសេចក្តីប្រកាន់ បានលះបង់នូវភ័យដ៏ពន្លឹក ដូចជាសត្វសីហៈ ។ ពួកភិក្ខុទាំង ៣០០ នេះ ឈរផ្គងអញ្ជលីថា បពិត្រព្រះវីរបុរស សូមព្រះអង្គលាតនូវព្រះបាទទាំងឡាយ ពួកភិក្ខុជានាគ សូមថ្វាយបង្គំនូវព្រះបាទនៃព្រះសាស្ដា ។ សេលត្ថេរ ។


[២៥៥] ខ្ញុំព្រះអង្គយាត្រាដោយកដំរី ធ្លាប់ស្លៀកដណ្ដប់សំពត់សាច់មដ្ឋ បរិភោគបាយអង្ករនៃស្រូវសាលី លាយដោយសាច់ដ៏ស្អាត ។ ថ្ងៃនេះ ព្រះភទ្ទិយៈជាបុត្រនៃសាក្យានី ឈ្មោះគោធានោះ ជាអ្នកចម្រើនដោយគុណ ព្យាយាមជាប់មិនដាច់ ត្រេកអរចំពោះអាហារ ដែលមកដល់បាត្រ ដោយការស្វែងរក មិនមានសេចក្តីប្រកាន់ ចម្រើនឈាន ។ ព្រះភទ្ទិយៈជាបុត្រនៃសាក្យានី ឈ្មោះគោធា ជាអ្នកសមាទានបំសុកូលិកង្គធុតង្គ ព្យាយាមជាប់មិនដាច់ ត្រេកអរចំពោះអាហារដែលមកដល់បាត្រដោយការស្វែងរក មិនមានសេចក្តីប្រកាន់ ចម្រើនឈាន ។

ជាអ្នកសមាទានបិណ្ឌបាតិកង្គធុតង្គ ព្យាយាមជាប់មិនដាច់…

ជាអ្នកសមាទានតេចីវរិកង្គធុតង្គ ព្យាយាមជាប់មិនដាច់…

ជាអ្នកសមាទានសបទានចារិកង្គធុតង្គ ព្យាយាមជាប់មិនដាច់…

ជាអ្នកសមាទានឯកាសនិកង្គធុតង្គ ព្យាយាមជាប់មិនដាច់…

ជាអ្នកសមាទានបត្តបិណ្ឌិកង្គធុតង្គ ព្យាយាមជាប់មិនដាច់…

ជាអ្នកសមាទានខលុបច្ឆាភត្តិកង្គធុតង្គ ព្យាយាមជាប់មិនដាច់…

ជាអ្នកសមាទានអារញ្ញិកង្គធុតង្គ ព្យាយាមជាប់មិនដាច់…

ជាអ្នកសមាទានរុក្ខមូលិកង្គធុតង្គ ព្យាយាមជាប់មិនដាច់…

ជាអ្នកសមាទានអព្ភោកាសិកង្គធុតង្គ ព្យាយាមជាប់មិនដាច់…

ជាអ្នកសមាទានសោសានិកង្គធុតង្គ ព្យាយាមជាប់មិនដាច់…

ជាអ្នកសមាទានយថាសន្តតិកង្គធុតង្គ ព្យាយាមជាប់មិនដាច់…

ជាអ្នកសមាទាននេសជ្ជិកង្គធុតង្គ ព្យាយាមជាប់មិនដាច់…

ជាអ្នកប្រាថ្នាតិច ព្យាយាមជាប់មិនដាច់……

ជាអ្នកសន្ដោស ព្យាយាមជាប់មិនដាច់……

ជាអ្នកស្ងាត់ ព្យាយាមជាប់មិនដាច់……

ជាអ្នកមិនច្រឡំ (ដោយពួក) ព្យាយាមជាប់មិនដាច់

ព្រះភទ្ទិយៈជាបុត្រនៃសក្យានី ឈ្មោះគោធា ព្យាយាមជាប់មិនដាច់ ជាអ្នកមានព្យាយាមមុតមាំ ព្យាយាមជាប់មិនដាច់ ត្រេកអរចំពោះបិណ្ឌបាត ដែលមកដល់បាត្រ ដោយការស្វែងរក មិនមានសេចក្តីប្រកាន់ ចម្រើនឈាន ។

ខ្ញុំព្រះអង្គលះបង់នូវភាជនៈ មានទម្ងន់ជាច្រើនបលៈ ជាវិការនៃមាស មានក្បាច់ដ៏ច្រើនស្រទាប់ ហើយកាន់យកនូវបាត្រដីនេះ ចាត់ជាការអភិសេកទី ២ ។ ក្នុងកាលមុន ខ្ញុំព្រះអង្គ មានពួកជនដៃកាន់ព្រះខាន់រក្សាហើយ ក្នុងទីខ្ពស់ មានកំពែងដ៏មូល មានប៉ម និងក្លោងទ្វារយ៉ាងមាំ គង់នៅរន្ធត់ ។ ថ្ងៃនេះព្រះភទ្ទិយៈដ៏ចម្រើន ជាបុត្រនៃសក្យានី ឈ្មោះគោធានោះ មិនមានសេចក្តីតក់ស្លត់ បានលះបង់នូវភ័យដ៏ពន្លឹក ចូលកាន់ព្រៃ ចម្រើនឈាន ។ ខ្ញុំព្រះអង្គបានតម្កល់ខ្លួនក្នុងសីលក្ខន្ធ ចម្រើននូវសតិ និងបញ្ញា ក៏បានដល់នូវការអស់ទៅនៃសំយោជនៈទាំងពួងតាមលំដាប់ ។ ព្រះភទ្ទិយត្ថេរ ជាបុត្រនៃសក្យានី ឈ្មោះកាលិគោធា ។


[២៥៦] បពិត្រព្រះសមណៈ ព្រះអង្គកំពុងស្ដេចយាង តែពោលថា តថាគតឈប់ ទាំងពោលចំពោះខ្ញុំដែលឈប់ ថាជាបុគ្គលមិនទាល់ឈប់ដូច្នេះវិញ បពិត្រព្រះសមណៈ ខ្ញុំសូមសួរសេចក្តីនុ៎ះនឹងព្រះអង្គ ព្រោះហេតុអ្វី បានជាព្រះអង្គ ឈ្មោះថាឈប់ ខ្ញុំព្រះអង្គឈ្មោះថា មិនឈប់ ។

(ព្រះមានព្រះភាគ ត្រាស់ថា) ម្នាលអង្គុលីមាល តថាគតឈ្មោះថា ឈប់ ព្រោះដាក់បង់នូវអាជ្ញា ចំពោះពួកសត្វទាំងពួងគ្រប់កាលហើយ ចំណែកខាងអ្នក ជាបុគ្គលមិនសង្រួមក្នុងពួកសត្វ ព្រោះហេតុនោះ តថាគតទើបឈ្មោះថា ឈប់ ឯអ្នកឈ្មោះថា មិនឈប់ទេ ។

(អង្គុលិមាលចោរ ពោលថា) យូរណាស់មកហើយ ព្រះសមណៈអ្នកស្វែងរកនូវគុណដ៏ធំ ដែលគេបូជា ទើបតែនឹងយាងមកកាន់ព្រៃធំ (ដើម្បីអនុគ្រោះ) ដល់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គនោះ នឹងលះបង់នូវបាបដ៏ច្រើន ព្រោះបានស្ដាប់ព្រះគាថាដែលប្រកបដោយធម៌របស់ព្រះអង្គ ។ អង្គុលិមាលចោរពោលដូច្នេះហើយ ក៏ទំលាក់ចោលនូវដាវ និងអាវុធ ទៅក្នុងត្រពាំង ក្នុងជ្រោះ ក្នុងរណ្ដៅ អង្គុលិមាលចោរ បានថ្វាយបង្គំនូវព្រះបាទទាំងឡាយ នៃព្រះសុគត ហើយសុំផ្នួសនឹង ព្រះពុទ្ធ ក្នុងទីនោះឯង ។

ព្រះមានព្រះភាគអង្គណា ជាព្រះពុទ្ធប្រកបដោយករុណា ទ្រង់ស្វែងរកនូវគុណដ៏ធំ ជាសាស្ដានៃមនុស្សលោក ព្រមទាំងទេវលោក ព្រះមានព្រះភាគអង្គនោះ ទ្រង់បានត្រាស់នឹងអង្គុលិមាលចោរ ក្នុងកាលនោះថា អ្នកចូរមកជាភិក្ខុចុះ ភិក្ខុភាពនុ៎ះឯង ក៏សម្រេចដល់អង្គុលិមាលចោរនោះ ។

(ព្រះអង្គុលិមាលត្ថេរ ពោលថា) បុគ្គលណា ប្រមាទក្នុងកាលមុន ហើយមិនប្រមាទក្នុងកាលខាងក្រោយ បុគ្គលនោះ រមែងញ៉ាំងលោកនេះ ឲ្យរុងរឿង ដូចព្រះចន្ទផុតស្រឡះចាកពពក ។ បុគ្គលណាបានធើ្វអំពើបាប ហើយបិទ (អំពើបាបនោះ) ដោយកុសល បុគ្គលនោះ រមែងញ៉ាំងលោកនេះ ឲ្យរុងរឿង ដូចព្រះចន្ទផុតស្រឡះចាកពពក ។ ភិក្ខុណា នៅក្មេង តែខ្មីឃ្មាតក្នុងពុទ្ធសាសនា ភិក្ខុនោះ រមែងញ៉ាំងលោកនេះ ឲ្យរុងរឿង ដូចព្រះចន្ទផុតស្រឡះចាកពពក ។

សូមពួកជនជាសត្រូវនឹងយើង ស្ដាប់នូវធម្មកថា សូមពួកជនជាសត្រូវនឹងយើង ខ្មីឃ្មាតក្នុងពុទ្ធសាសនាចុះ ពួកមនុស្សណា ដែលជាសប្បុរស តែងដឹកនាំក្នុងធម៌តែម្យ៉ាង សូមពួកជនជាសត្រូវនឹងយើង គប់រកនូវមនុស្សទាំងនោះចុះ ។

សូមពួកជនជាសត្រូវនឹងយើង ស្ដាប់ធម៌របស់ពួកសប្បុរស ដែលជាអ្នកពោលនូវខន្តី ជាអ្នកសរសើរនូវសេចក្តីមិនក្រោធ តាមកាលគួរផង ចូរធ្វើតាមនូវធម៌នោះផង ។ បើជននោះ មិនបៀតបៀនយើង ឬសត្វដទៃណាមួយទេ ជននោះ គប្បីដល់នូវសេចក្តីស្ងប់យ៉ាងឧត្តម គប្បីរក្សានូវជនដែលមានចិត្តតក់ស្លុត និងមានចិត្តមាំមួន ។

ពួកអ្នកបង្ហូរទឹក តែងបង្ហូរទឹក ពួកជាងព្រួញ តែងពត់ព្រួញ ពួកជាងចាំង តែងចាំងពត់ឈើ ពួកអ្នកប្រាជ្ញ តែងទូន្មានខ្លួន ។ ជនពួកខ្លះ តែងទូន្មាន (នូវសត្វពាហនៈ មានដំរីជាដើម) ដោយដំបង កង្វេរ និងរំពាត់ផ្ដៅ ព្រះមានព្រះភាគ ជាតាទិបុគ្គល ទ្រង់ទូន្មានខ្ញុំ ដោយមិនបាច់ប្រើដំបង និងគ្រឿងសស្រ្តាទេ ។ ក្នុងកាលមុន ខ្ញុំជាអ្នកបៀតបៀនគេ តែមាននាមថា អហឹសកៈ [អ្នកមិនបៀតបៀនគេ ។] ក្នុងថ្ងៃនេះ ខ្ញុំមាននាមត្រូវតាមដំណើរពិតហើយ ព្រោះខ្ញុំមិនបៀតបៀនជនណាមួយឡើយ ។ ក្នុងកាលមុន ខ្ញុំជាចោរល្បីឈ្មោះ ថាអង្គុលិមាល ដែលជំនន់ធំកួចនាំទៅហើយ (ឥឡូវ) ខ្ញុំបានដល់នូវព្រះពុទ្ធ ជាទីពឹងហើយ ។ ក្នុងកាលមុន ខ្ញុំជាអ្នកមានដៃប្រឡាក់ឈាម ល្បីឈ្មោះ ថាអង្គុលិមាល អ្នកចូរមើលនូវដំណើរមកកាន់សរណៈ (របស់ខ្ញុំ) ចុះ ខ្ញុំបានដកនូវតណ្ហា ដែលនាំទៅកាន់ភពហើយ ។ ខ្ញុំបានធ្វើកម្ម ដែលជាដំណើរទៅកាន់ទុគ្តតិបែបនោះជាច្រើន ត្រូវផលនៃកម្មប៉ះពាល់ (ឥឡូវ) ជាអ្នកមិនមានបំណុល បរិភោគនូវភោជន ។ ពួកជនពាលឥតប្រាជ្ញា តែងប្រកបរឿយ ៗ នូវសេចក្តីប្រមាទ ចំណែកអ្នកប្រាជ្ញ តែងរក្សាទុកនូវសេចក្តីមិនប្រមាទ ដូចគេរក្សាទ្រព្យយ៉ាងប្រសើរ ។ អ្នកទាំងឡាយកុំប្រកបរឿយ ៗ នូវសេចក្តីប្រមាទ កុំធ្វើនូវសេចក្តីស្និទ្ធស្នាល ដោយតម្រេកក្នុងកាមឡើយ ដ្បិតថា បុគ្គលអ្នកមិនប្រមាទ ប្រឹងចម្រើនឈាន រមែងបាននូវសេចក្តីសុខយ៉ាងក្រៃលែង ។ ដំណើរមករបស់ខ្ញុំ ជាដំណើរល្អ មិនមែនជាដំណើរប្រាសចាក (ប្រយោជន៍) គំនិតរបស់ខ្ញុំនុ៎ះ មិនមែនជាគំនិតខុសទេ ព្រោះខ្ញុំបានសម្រេចធម៌ដ៏ប្រសើរបំផុត ក្នុងពួកធម៌ដែលព្រះមានព្រះភាគ ចែកទុកដោយប្រពៃ ។ ដំណើរមករបស់ខ្ញុំ ជាដំណើរល្អ មិនមែនជាដំណើរប្រាសចាក (ប្រយោជន៍) គំនិតរបស់ខ្ញុំនុ៎ះ មិនមែនជាគំនិតខុសទេ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ ពុទ្ធសាសនា ខ្ញុំក៏បានធ្វើហើយ ។ (ក្នុងកាលមុន) ខ្ញុំឋិតក្នុងទីទាំងឡាយនោះ ៗ គឺព្រៃក្តី ម្លប់ឈើក្តី ភ្នំក្តី គុហាក្តី ខ្ញុំក៏មានចិត្តតក់ស្លុត ក្នុងកាលនោះ ។ ឥឡូវនេះ ខ្ញុំដេកជាសុខ ឈរជាសុខ ចិញ្ចឹមជីវិតជាសុខ ជាបុគ្គលមិននៅក្នុងអន្ទាក់ដៃរបស់មារ ឱ ! ព្រះសាស្តា ទ្រង់អនុគ្រោះខ្ញុំ ។ ក្នុងកាលមុន ខ្ញុំបានកើតជាព្រាហ្មណ៍ មានត្រកូលខ្ពស់ទាំងពីរខាង គឺ ខាងមាតា និងខាងបិតា ថ្ងៃនេះ ខ្ញុំបានជាបុត្រនៃព្រះសុគត ជាសាស្តាធម្មរាជ ។ ខ្ញុំជាបុគ្គលប្រាសចាកតណ្ហា មិនមានសេចក្តីប្រកាន់ បានគ្រប់គ្រងទ្វារ សង្រួមដោយប្រពៃហើយ ការអស់ទៅនៃអាសវៈ ខ្ញុំបានដល់ហើយ ព្រោះបានសម្លាប់ឫសគល់នៃទុក្ខ ។ ព្រះសាស្តា ខ្ញុំបានប្រណិប័តន៍ហើយ ពុទ្ធសាសនា ខ្ញុំបានធ្វើហើយ ភារៈដ៏ធ្ងន់ ខ្ញុំបានដាក់ចោលហើយ តណ្ហាជាគ្រឿងនាំទៅកាន់ភព ខ្ញុំក៏ដកចោលហើយ ។ អង្គុលិមាលត្ថេរ ។


[២៥៧] អនុរុទ្ធ បានលះបង់នូវមាតា បិតា បងប្អូនស្រី ញាតិ និងបងប្អូនប្រុសទាំងឡាយ លះបង់នូវកាមគុណ ៥ ហើយចម្រើននូវឈាន ។ (ក្នុងកាលមុន) អនុរុទ្ធ ជាអ្នកបរិបូណ៌ដោយរបាំ និងចម្រៀង ភ្ញាក់រលឹកដោយគ្រឿងប្រគំ ជាអ្នកត្រេកអរតែក្នុងវិស័យរបស់មារ ក៏មិនបានដល់នូវសេចក្តីបរិសុទ្ធិ ដោយហេតុនោះ ។ (ឥឡូវនេះ) អនុរុទ្ធ បានកន្លងនូវវិស័យរបស់មារនុ៎ះហើយ ត្រេកអរក្នុងសាសនារបស់ព្រះពុទ្ធ បានឆ្លងផុតនូវឱឃៈទាំងពួង ចម្រើនឈាន ។ អនុរុទ្ធ បានកន្លងនូវរូប សំឡេង ក្លិន រស ផ្សព្វ ជាទីគាប់ចិត្តទាំងនុ៎ះ ចម្រើនឈាន ។ អនុរុទ្ធ ជាបុគ្គលម្នាក់ឯង មិនមានតណ្ហាជាគំរប់ពីរ ជាអ្នកប្រាជ្ញមិនមានអាសវៈ ត្រឡប់អំពីបិណ្ឌបាត ស្វែងរកនូវចីវរបង្សុកូលទាំងឡាយ ។ អនុរុទ្ធ ជាអ្នកប្រាជ្ញ មានយោបល់មិនមានអាសវៈ រើសកាន់យក គក់លាង ជ្រលក់ ប្រើប្រាស់ នូវចីវរបង្សុកូលទាំងឡាយ ។ បុគ្គលណា មានសេចក្តីប្រាថ្នាច្រើន មិនមានសន្តោស ជាអ្នកច្រឡំដោយពួក មានចិត្តរាយមាយ ធម៌ដ៏លាមក ជាគ្រឿងសៅហ្មងទាំងនេះ តែងកើតមានដល់បុគ្គលនោះ ។ បុគ្គលណា ជាអ្នកមានស្មារតី មានសេចក្តីប្រាថ្នាតិច ជាអ្នកសន្តោស មិនមានចិត្តចង្អៀតចង្អល់ ត្រេកអរក្នុងទីស្ងាត់ ជាអ្នកស្ងាត់ មានការព្យាយាមតឹងតែងជានិច្ច ធម៌ជាកុសល ជាចំណែកនៃការត្រាស់ដឹងទាំងនេះ តែងកើតមានដល់បុគ្គលនោះ ព្រះពុទ្ធជាមហេសី ទ្រង់ត្រាស់ថា បុគ្គលនោះ ជាអ្នកមិនមានអាសវៈ ។ ព្រះសាស្តា ជាបុគ្គលប្រសើរក្នុងលោក ទ្រង់ជ្រាបនូវសេចក្តីត្រិះរិះរបស់ខ្ញុំ ក៏យាងមកដោយឫទ្ធិ៍ ដោយព្រះកាយដែលសម្រេចអំពីចិត្ត ។ ខ្ញុំមានសេចក្តីត្រិះរិះ ក្នុងកាលណា ព្រះសាស្តាទ្រង់បានសំដែងនូវធម៌ (មហាបុរិសវិតក្កៈ) ដ៏លើសលុបក្នុងកាលនោះ ព្រះពុទ្ធ ទ្រង់ត្រេកអរក្នុងធម៌ ដែលមិនមានដំណើរយឺតយូរ សំដែងនូវធម៌ដែលមិនមានដំណើរយឺតយូរ ។ ខ្ញុំដឹងនូវធម្មទេសនារបស់ព្រះសាស្តានោះហើយ ត្រេកអរក្នុងសាសនា វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ ពុទ្ធសាសនា ខ្ញុំបានធ្វើហើយ ។ ខ្ញុំបានសមាទាននេសជ្ជិកង្គធុតង្គ អស់ ៥៥ ឆ្នាំ ខ្ញុំបានដករំលើងនូវកិរិយាងោកងុយអស់ ២៥ ឆ្នាំហើយ ។ ព្រះពុទ្ធ ព្រះអង្គជាបុគ្គលនឹងធឹង មានព្រះទ័យខ្ជាប់ខ្ជួន មិនមានខ្យល់អស្សាសបស្សាសៈហើយ ព្រះពុទ្ធមានចក្ខុ មិនមានកិលេសជាគ្រឿងញាប់ញ័រ ទ្រង់ប្រារព្ធនូវសេចក្តីស្ងប់ បរិនិព្វានហើយ ។ ព្រះពុទ្ធ ទ្រង់អត់សង្កត់នូវវេទនា ដោយព្រះទ័យមិនរួញរា ការផុតស្រឡះនៃចិត្ត (របស់ព្រះអង្គ) ដូចជាកិរិយារលត់នៃប្រទីប ។ សភាវៈ មានផស្សៈជាគំរប់ ៥ របស់ព្រះពុទ្ធ ជាអ្នកប្រាជ្ញនុ៎ះ មានក្នុងទីបំផុត ក្នុងកាលឥឡូវនេះហើយ នាកាលព្រះសម្ពុទ្ធទ្រង់បរិនិព្វានហើយ ធម៌ដទៃ គឺចិត្ត និងចេតសិក មិនមានទៀតទេ ។ ម្នាលទេវតា ឈ្មោះជាលិនី ឥឡូវនេះ (អាត្មា) មិនមានការអាស្រ័យនៅក្នុងពួកទេវតាទៀតឡើយ ជាតិសង្សារ របស់អាត្មាក៏អស់ហើយ ឥឡូវនេះ ភពថ្មីមិនមានទេ ។

ភិក្ខុណា អាចដឹងច្បាស់នូវលោក មានចំណែកមួយពាន់ ព្រមទាំងព្រហ្មលោក ក្នុងមួយរំពេចបាន ភិក្ខុនោះ ជាអ្នកស្ទាត់ក្នុងឥទ្ធិគុណ ក្នុងចុតូបបាតញ្ញាណ រមែងឃើញពួកទេវតា ក្នុងកាលគួរ ។ ក្នុងកាលមុន ខ្ញុំបានកើតជាបុរសកំសត់ ឈ្មោះអន្នភារៈ ជាអ្នកធ្វើការឈ្នួល ដើម្បីអាហារ បានផ្គត់ផ្គង់សមណៈ (ព្រះបច្ចេកពុទ្ធ) ឈ្មោះឧបរិដ្ឋៈ ជាអ្នកមានយស ។ ពួកជនអ្នកចេះដឹង តែងស្គាល់ខ្ញុំថា ខ្ញុំនោះឈ្មោះអនុរុទ្ធ កើតក្នុងសក្យត្រកូល ជាអ្នកបរិបូណ៌ដោយរបាំ និងចំរៀង ភ្ញាក់រលឹកដោយគ្រឿងប្រគំ ។ ខ្ញុំបានឃើញព្រះសម្ពុទ្ធ ជាសាស្តា មិនមានភ័យអំពីទីណា ក៏ញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងព្រះសម្ពុទ្ធនោះ ហើយចូលទៅកាន់ផ្នួស ។ ខ្ញុំដឹងនូវបុព្វេនិវាស ដែលជាលំនៅរបស់អាត្មាធ្លាប់នៅក្នុងកាលមុន ក្នុងទេវលោកឈ្មោះតាវត្តិង្ស បានឋិតនៅក្នុងជាតិជាសក្កៈ (ព្រះឥន្ទ្រ) ។ អាត្មាបានជាធំក្នុងមនុស្ស សោយរាជ្យអស់ ៧ ជាតិ ជាធំលើផែនដី មានសមុទ្រទាំងបួន ជាទីបំផុត មានជ័យជំនះ ជាឥស្សរៈក្នុងជម្ពូទ្វីប ប្រៀនប្រដៅ (ប្រជាជន) ដោយធម៌ មិនប្រើដំបង និងគ្រឿងសស្រ្តា ។ កាលនោះ ខ្ញុំបានឋិតនៅក្នុងទេវលោក ដឹងច្បាស់នូវខន្ធ ដែលធ្លាប់អាស្រ័យនៅក្នុងកាលមុន អស់ ១៤ សង្សារវដ្ដ (១៤ ជាតិ) គឺខាងទេវលោកនេះ ៧ ជាតិ ខាងមនុស្សលោកនេះ ៧ ជាតិ ។

កាលសមាធិប្រកបដោយអង្គ [សមាធិប្រកបដោយអង្គ ៥ គឺបីតិផរណតា ការផ្សាយទៅនៃបីតិ ១ ចេតោផរណតា ការផ្សាយទៅនៃចិត្ត ១ អាលោកផរណតា ការផ្សាយទៅនៃពន្លឺ ១ បច្ចវេក្ខណា ការពិចារណាស្ទាត់ ១ និមិត្តំ ការប្រកបដោយនិមិត្ត មានបរិកម្មជានិមិត្ត ១ ។ អដ្ឋកថា ។] ៥ ខ្ញុំបានចម្រើនឲ្យមានអារម្មណ៍មូលតែមួយហើយ ខ្ញុំក៏បានសេចក្តីស្ងប់រម្ងាប់ ទិព្វចក្ខុរបស់ខ្ញុំក៏បរិសុទ្ធ ។ ខ្ញុំលុះបានឋិតនៅក្នុងឈានប្រកបដោយអង្គ ៥ ហើយ ក៏ដឹងនូវការច្យុតិ និងការកើត គឺដំណើរមក និងដំណើរទៅ (ព្រមទាំង) ការកើតឡើងយ៉ាងនេះ និងការប្រែប្រួលទៅជាយ៉ាងដទៃរបស់សត្វទាំងឡាយ ។ ព្រះសាស្ដា ខ្ញុំបានបម្រើហើយ ។បេ។ តណ្ហាជាគ្រឿងនាំទៅកាន់ភព ខ្ញុំបានដកចោលហើយ ។ ខ្ញុំជាបុគ្គលមិនមានអាសវៈ លុះអស់ជីវិត ខ្ញុំនឹងនិព្វានក្រោមគុម្ពឫស្សី ក្នុងវេឡុវនគ្រាម របស់ពួកជនអ្នកនៅក្នុងដែនវជ្ជី ។ អនុរុទ្ធត្ថេរ ។


[២៥៨] ចិន្ដារបស់សមណៈ អ្នកមានអារម្មណ៍មូលតែមួយ អង្គុយក្នុងព្រៃធំមានផ្ការីក ជាអ្នកមានសេចក្តីស្ងប់ស្ងាត់ មានឈានបានកើតមានហើយ ។ កាលដែលព្រះលោកនាថជាឧត្តមបុរស មានព្រះជន្មនៅឡើយ ការប្រព្រឹត្តិរបស់ពួកភិក្ខុ មានដោយឡែក ឥឡូវនេះ (ការប្រព្រឹត្តិ) ក៏ប្រាកដដោយឡែក ។ ពួកភិក្ខុជាអ្នកសន្ដោសក្នុងបច្ច័យតាមមានតាមបាន បានប្រើប្រាស់នូវចីវរ គ្រាន់តែជាគ្រឿងការពារនូវត្រជាក់ និងខ្យល់ គ្រាន់តែជាគ្រឿងបិទបាំងនូវកេរ្ដិ៍ខ្មាស ។ ពួកភិក្ខុជាអ្នកមិនជាប់ មិនជ្រប់ បានបរិភោគរបស់ថ្លៃថ្លាក្តី សៅហ្មងក្ដី តិចក្តី ច្រើនក្ដី ដើម្បីញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅប៉ុណ្ណោះ ។ ពួកភិក្ខុមិនបានខ្វល់ខ្វាយក្នុងភេសជ្ជបច្ច័យ ជាបរិក្ខារនៃជីវិតខ្លាំងពេក ដូចជាខ្វល់ខ្វាយក្នុងធម៌ជាទីអស់នៃអាសវៈទេ ។ ពួកភិក្ខុចម្រើនរឿយ ៗ នូវវិវេកធម៌ ប្រព្រឹត្តឈមទៅរកវិវេក នៅក្នុងព្រៃទៀបគល់នៃឈើក្នុងជ្រោះ និងក្នុងគុហាទាំងឡាយ ។ ពួកភិក្ខុជាអ្នកប្រព្រឹត្តបន្ទាបខ្លួន តាំងមាំ (ក្នុងសាសនា) ជាអ្នកចិញ្ចឹមងាយ ជាអ្នកមានចិត្តទន់ មានចិត្តមិនរឹងត្អឹង មិនច្របូកច្របល់ដោយកិលេស មិនមានមាត់រឹង ជាអ្នកលុះក្នុងអំណាចនៃការគិតរកប្រយោជន៍ (ខ្លួន និងអ្នកដទៃ) ។ ព្រោះហេតុនោះ ដំណើរទៅ និងការបរិភោគ ការសេព (របស់ពួកភិក្ខុ) គួរជាទីជ្រះថ្លា ទាំងមានឥរិយាបថ ដូចធារនៃប្រេងដ៏ស្និទ្ធល្អ ។ ព្រះថេរៈទាំងនោះ មានអាសវៈទាំងពួងអស់ហើយ មានឈានច្រើន មានប្រយោជន៍ច្រើន ឥឡូវនេះ បរិនិព្វានហើយ ឥឡូវនេះ ពួកភិក្ខុបែបនោះ មានតិច ។ សាសនានៃព្រះជិនស្រី ប្រកបដោយអាការដ៏ប្រសើរគ្រប់យ៉ាង រមែងសាបសូន្យទៅ ព្រោះការអស់ទៅនៃកុសលធម៌ផង នៃបញ្ញាផង ។ កាលជារដូវនៃបាបធម៌ និងកិលេស (កំពុងប្រព្រឹត្តទៅ) ពួកភិក្ខុណាខ្នះខ្នែង ដើម្បីវិវេក ពួកភិក្ខុនោះ ឈ្មោះថា មានព្រះសទ្ធម្មសល់នៅ [កាលរដូវដែលពួកបុថុជ្ជនកំពុងសម្បូរដោយបាបធម៌ និងកិលេស ទោះបីភិក្ខុពួកខ្លះ ប្រកបព្យាយាមក្នុងវិធីនៃកម្មដ្ឋាន ដោយសេចក្តីប្រតិបត្តិយ៉ាងឧក្រិដ្ឋ ក៏មិនអាចនឹងញុំាងសេចក្តីប្រតិបត្តិឲ្យសម្រេចបានដោយងាយ ព្រោះព្រះសទ្ធម្មដែលសល់នៅក្រៅអំពីសេចក្តីប្រតិបត្តិនោះជាច្រើន ដោយបាបធម៌ និងកិលេសចូលជ្រៀតជ្រែក ។ អដ្ឋកថា ។]  ។ កិលេសទាំងនោះ កាលចម្រើនឡើង រមែងជ្រៀតជ្រែកនូវជនជាច្រើន ទំនងហាក់ប្រឡែងលេងនឹងពួកជនពាល ដូចពួកអារក្សទឹក ប្រឡែងលេងនឹងមនុស្សឆ្កួត ។ ពួកនរជនទាំងនោះ លុះត្រូវកិលេសគ្របសង្កត់ហើយ តែងស្ទុះទៅតាមចំណែកនៃកិច្ចនោះ ៗ ព្រោះកិលេសវត្ថុទាំងឡាយ ក្នុងកាលជាទីចាប់យកដោយខ្លួនឯង ដែលពួកកិលេសឃោសនាហើយ ។ ពួកជននោះ លះបង់នូវព្រះសទ្ធម្ម ហើយឈ្លោះប្រកែកគ្នានឹងគ្នា លុះក្នុងអំណាចទិដ្ឋិ សំគាល់ថា វត្ថុនេះ ប្រសើរបំផុត ដូច្នេះ ។ ពួកជន ដែលលះបង់នូវទ្រព្យ និងកូនប្រពន្ធ ហើយចេញទៅ (អំពីផ្ទះ) រមែងសេពនូវអំពើដែលមិនគួរធ្វើ ព្រោះហេតុ សូម្បីត្រឹមតែចង្ហាន់មួយវែក ។ (ពួកភិក្ខុនោះ) បរិភោគអាហារពេញពោះ ហើយដេកផ្ងារ ភ្ញាក់ឡើងហើយក៏នាំគ្នានិយាយពាក្យ ដែលព្រះសាស្ដាទ្រង់តិះដៀល ។ ពួកភិក្ខុ ហាត់ធ្វើយ៉ាងផ្ចិតផ្ចង់នូវសិល្បៈ ដូចជាងទាំងពួង មិនរម្ងាប់នូវសន្ដានចិត្តខាងក្នុង គុណវិសេស គឺប្រយោជន៍នៃសមណធម៌ (របស់ពួកភិក្ខុនោះ) ក៏អាក់ខាន ។ ពួកភិក្ខុ កាលប្រាថ្នានូវចតុប្បច្ច័យច្រើនលើសលុប រមែងបង្អោននូវដីស្អិត ប្រេង គ្រឿងលំអិត ទឹក អាសនៈ និងភោជន ដល់ពួកគ្រហស្ថ ។ ឲ្យនូវឈើស្ទន់ ផ្លែក្វិដ្ឋ ផ្កាឈើ វត្ថុសម្រាប់ទំពាស៊ី បិណ្ឌបាតដ៏ល្អ ៗ ផ្លែស្វាយ និងផ្លែកន្ទួតព្រៃទាំងឡាយ ខ្វល់ខ្វាយក្នុងភេសជ្ជៈ ដូចពួកពេទ្យ ខ្វល់ខ្វាយក្នុងកិច្ចតូចធំ (នៃជម្ងឺ) ដូចពួកគ្រហស្ថប្រកបក្នុងការស្អិតស្អាង ដូចស្រីពេស្យា ឬដូចពួកក្សត្រយ៍ ខ្វល់ខ្វាយក្នុងឥស្សរភាព ជាអ្នកបោកប្រាសបញ្ឆោត ធ្វើជាសក្សីវៀច ជាអ្នកកោងកាច បរិភោគអាមិសៈ ដោយអាការជាមិច្ឆាជីវៈច្រើនយ៉ាង ។ ពួកភិក្ខុជាអ្នករវះរវាម (ដោយបាបធម៌) ក្នុងលេសដ៏គួរ ក្នុងរបិចវាសវាង ត្រូវការចិញ្ចឹមជីវិត ប្រមូលមកនូវទ្រព្យដ៏ច្រើន ដោយឧបាយ ។ ពួកភិក្ខុញ៉ាំងបរិស័ទ ឲ្យផ្គត់ផ្គង់ ព្រោះការងារ មិនមែនព្រោះធម៌ សំដែងធម៌ដល់ជនដទៃ ព្រោះតែលាភ មិនសំដែងព្រោះ (ប្រាថ្នា) ប្រយោជន៍ (សាធារណៈ) ។ ពួកភិក្ខុឈ្លោះប្រកែក ព្រោះតែសង្ឃលាភ ជាខាងក្រៅអំពីសង្ឃ ចិញ្ចឹមជីវិតដោយលាភរបស់ជនដទៃ ជាបុគ្គលមិនខ្មាសអៀន ។ មួយទៀត ពួកភិក្ខុខ្លះ ជាអ្នកមិនប្រកប (សមណធម៌) ជាបុគ្គលមានក្បាលត្រងោល ដណ្ដប់សង្ឃាដិ ជាអ្នកល្មោភដោយលាភសក្ការៈ ប្រាថ្នាតែសេចក្តី សរសើរ ។ កាលបើកិលេសធម៌ ប្រព្រឹត្តទៅដោយប្រការផ្សេង ៗ យ៉ាងនេះ ឥឡូវនេះ ភិក្ខុមិនអាចនឹងប៉ះពាល់នូវគុណវិសេសដែលមិនទាន់បានប៉ះពាល់ ឬមិនអាចនឹងរក្សានូវគុណវិសេស ដែលបានប៉ះពាល់ដូច្នោះបានឡើយ ។ ជន មិនមានស្បែកជើង ត្រាច់ទៅក្នុងទីមានបន្លាយ៉ាងណា អ្នកប្រាជ្ញគួរប្រុងស្មារតី ត្រាច់ទៅក្នុងស្រុកយ៉ាងនោះ ។ យោគី កាលរលឹកឃើញពួកលោកអ្នកមានព្យាយាមក្នុងកាលពីដើម រលឹកឃើញនូវវត្តប្រតិបត្តិ របស់ពួកលោកទាំងនោះ ទោះបីកាលជាខាងក្រោយ (អំពីកាលដែលព្រះសាស្ដាគង់នៅ) ក៏ដោយ គង់បានប៉ះពាល់នូវផ្លូវអមតៈ ។

សមណៈ បានចម្រើននូវឥន្រ្ទិយ ជាអ្នកបណ្ដែតចោលនូវបាប ជាអ្នកស្វែងរកនូវគុណ មានភពថ្មីអស់ហើយ លុះពោលយ៉ាងនេះហើយ ក៏បរិនិព្វាន ក្នុងសាលវ័ន ។ បារាសរិយត្ថេរ ។

ឧទ្ទាន

ព្រះថេរៈ ១០ នេះ គឺអធិមុត្តត្ថេរ ១ បារាសរិយត្ថេរ ១ តេលុកានិត្ថេរ ១ រដ្ឋបាលត្ថេរ ១ មាលុង្ក្យបុត្តត្ថេរ ១ សេលត្ថេរ ១ ភទ្ទិយត្ថេរ ១ អង្គុលិមាលត្ថេរ ១ អនុរុទ្ធត្ថេរ មានទិព្វចក្ខុ ១ បារាសរិយត្ថេរ ១ បានសំដែងគាថា ២០០ លើស ៤៥ ដែលមកក្នុងវីសតិនិបាត ។

ចប់ វីសតិនិបាត ។

តឹសនិបាតកែប្រែ

[២៥៩] ឥសីឈ្មោះបណ្ឌរសគោត្រ ឃើញពួកភិក្ខុជាច្រើន ដែលគួរនាំមកនូវសេចក្តីជ្រះថ្លា មានចិត្តអប់រំហើយ សង្រួមល្អហើយ ក៏បានសួរនូវព្រះថេរៈឈ្មោះ បុស្សៈថា ។ ពួកភិក្ខុនឹងមានប្រាថ្នាដូចម្ដេច មានបំណងដូចម្ដេច មានអាកប្បកិរិយាដូចម្ដេច ក្នុងកាលអនាគត លោកដែលខ្ញុំសួរហើយ សូមប្រាប់នូវដំណើរនោះឲ្យទាន ។

(ព្រះបុស្សត្ថេរ ពោលថា) ម្នាលឥសីឈ្មោះបណ្ឌរស អ្នកចូរស្ដាប់ពាក្យអាត្មា ចូរចាំទុកដោយគោរព អាត្មានឹងប្រាប់នូវកាលជាអនាគត ។ ពួកភិក្ខុច្រើនរូប ជាបុគ្គលមានសេចក្តីក្រោធ ចងសេចក្តីក្រោធទុក ជាអ្នកលុបគុណគេ ជាបុគ្គលរបឹង ជាអ្នកបោកប្រាស ជាអ្នកច្រណែន ជាអ្នកមានវាទៈផ្សេង ៗ គ្នា នឹងមានក្នុងអនាគត ។ ភិក្ខុមានសេចក្តីប្រកាន់ថាខ្លួន ដឹងធម៌ដ៏ជ្រាលជ្រៅ មានអារម្មណ៍ក្នុងត្រើយ (ខាងអាយអំពីធម៌នោះ) មានចិត្តស្រាល មិនធ្ងន់ក្នុងព្រះសទ្ធម្ម រមែងជាអ្នកមិនមានសេចក្តីគោរពគ្នានឹងគ្នា ។ ទោសទាំងឡាយជាច្រើន នឹងកើតឡើងក្នុងលោក ក្នុងកាលជាអនាគត គឺពួកភិក្ខុអប្បប្រាជ្ញានឹងញ៉ាំងធម៌ដែលព្រះមានព្រះភាគសំដែងហើយដោយប្រពៃនេះ ឲ្យសៅហ្មង ។ ពួកភិក្ខុសាបសូន្យចាកគុណ កាលចរចាក្នុងសង្ឃ នឹងជាអ្នកក្លៀវក្លា មានកំឡាំង មានមាត់រឹង តែជាអ្នកមិនមានការចេះដឹង ។ ឯពួកភិក្ខុមានគុណ មានហិរិ មិនមានសេចក្តីត្រូវការ (របស់អ្វី) កាលពោលពាក្យក្នុងសង្ឃតាមសេចក្តីពិត នឹងជាអ្នកមានកំឡាំងថយ ។ ក្នុងអនាគតកាល ពួកភិក្ខុដែលឥតប្រាជ្ញា នឹងត្រេកត្រអាលចំពោះប្រាក់មាស ស្រែចម្ការ ពពែ ចៀម ខ្ញុំស្រី និងខ្ញុំប្រុស ។ ពួកភិក្ខុពាល ជាអ្នកសំគាល់ក្នុងការលើកទោស មិនតាំងមាំក្នុងសីលទាំងឡាយ ជាអ្នកក្រអឺតក្រអោង ត្រេកត្រអាលក្នុងជម្លោះ នឹងត្រាច់ទៅផ្សេង ៗ ដូចម្រឹគ មួយទៀត នឹងមានពួកភិក្ខុជាអ្នករាយមាយ ស្លៀកដណ្ដប់ចីវរមានពណ៌ខៀវ ជាមនុស្សកុហក ជាបុគ្គលរឹងត្អឹង ជាអ្នកចរចារួសរាយ មានកិលេសដូចស្នែង នឹងប្រព្រឹត្តដូចព្រះអរិយៈ ។ ពួកភិក្ខុ ដែលមានសក់រលើបដោយប្រេង ជាអ្នកឃ្លេងឃ្លោង មានភ្នែកលាបថ្នាំ ដណ្ដប់សំពត់មានសម្បុរដូចភ្លុក នឹងដើរតាមច្រក ។ ភិក្ខុពាលទាំងនោះ នឹងខ្ពើមនូវសំពត់កាសាវៈ ដែលពួកព្រះអរិយៈមានចិត្តផុតស្រឡះមិនខ្ពើម ជាសំពត់ជ្រលក់ត្រឹមត្រូវ ជាទង់ជ័យនៃព្រះអរិយៈ ហើយជាអ្នកជ្រប់នៅតែក្នុងសំពត់មានពណ៌ស ។ នឹងមានពួកភិក្ខុជាអ្នកប្រាថ្នាលាភ ជាបុគ្គលខ្ជិល មានព្យាយាមទន់ ទាំងជាបុគ្គលធុញទ្រាន់នឹងព្រៃធំ ៗ ទាំងឡាយ ហើយនៅតែក្នុងសេនាសនៈជិត ៗ ស្រុក ។ ពួកភិក្ខុណា ៗ ត្រេកអរក្នុងមិច្ឆាជីវៈ នឹងបានលាភគ្រប់កាលទាំងពួង ពួកភិក្ខុដែលសិក្សាតាមភិក្ខុទាំងនោះ ៗ ក៏នឹងទៅជាអ្នកមិនសង្រួម ។ ពួកភិក្ខុណា ៗ ជាអ្នកមិនបានលាភ ពួកភិក្ខុទាំងនោះ នឹងមិនមានគេបូជា ពួកភិក្ខុទាំងនោះ នឹងមិនគប់រកនូវអ្នកប្រាជ្ញ ដែលមានសីលជាទីស្រឡាញ់ ក្នុងកាលនោះ ។ ពួកភិក្ខុខ្លះ នឹងតិះដៀលនូវសំពត់កាសាវៈ ជាទង់ជ័យរបស់ខ្លួន ហើយទៅស្លៀកដណ្ដប់សំពត់ ជាទង់ជ័យពួកតិរ្ថិយ ដែលជ្រលក់ដោយមក្លឿក៏មាន ជាសំពត់សក៏មាន ។ សេចក្ដីមិនគោរពក្នុងសំពត់កាសាវៈនៃពួកភិក្ខុទាំងនោះ នឹងមានក្នុងកាលនោះ ទាំងការពិចារណា ក្នុងសំពត់កាសាវៈ នៃពួកភិក្ខុ ក៏នឹងមិនមានដែរ ។ ដំរីដ៏ប្រសើរ កាលត្រូវសេចក្ដីទុក្ខគ្របសង្កត់ ត្រូវសរមុត ញ័រកាយចំប្រប់ ក៏មានការគិតពិចារណាដ៏ខ្លាំងក្រៃលែង ជាគំនិតដែលមិនធ្លាប់គិតមក ។ ព្រោះថា គ្រានោះ ដំរីឆទ្ទន្ត បានឃើញសំពត់កាសាវៈ ជាទង់ជ័យព្រះអរហន្ត ដែលជ្រលក់យ៉ាងល្អ ហើយបានពោលនូវគាថាទាំងឡាយ ដែលប្រកបដោយប្រយោជន៍ ក្នុងខណៈនោះឯង ។ បុគ្គលណា មិនទាន់ប្រាសចាកទឹកចត់ គឺរាគាទិក្កិលេស ជាអ្នកប្រាសចាកទមៈ និងសច្ចៈ ស្លៀកដណ្ដប់នូវសំពត់កាសាវៈ បុគ្គលនោះ មិនគួរ (ស្លៀកដណ្ដប់) នូវសំពត់កាសាវៈឡើយ ។ លុះតែបុគ្គលណា បានខ្ជាក់ចោលនូវទឹកចត់ គឺរាគាទិក្កិលេស តាំងមាំល្អក្នុងសីលទាំងឡាយ ប្រកបដោយទមៈ និងសច្ចៈ បុគ្គលនោះឯង ទើបគួរ (ស្លៀកដណ្ដប់) នូវសំពត់កាសាវៈ ។ បុគ្គលណា ជាអ្នកវិបត្តិសីល មានគំនិតអាក្រក់ ប្រាកដជាអ្នកទ្រុស្ដសីល ធ្វើតាមតែប្រាថ្នា មានចិត្តរាយមាយ មិនមានធម៌ស បុគ្គលនោះ មិនគួរ (ស្លៀកដណ្ដប់) នូវសំពត់កាសាវៈឡើយ ។ លុះតែបុគ្គលណា បរិបូណ៌ដោយសីល ប្រាសចាកឆន្ទរាគៈ មានចិត្តតាំងមាំ មានសេចក្តីត្រិះរិះក្នុងចិត្តដ៏ស បុគ្គលនោះឯង ទើបគួរ (ស្លៀកដណ្ដប់) នូវសំពត់កាសាវៈ ។ សីលរបស់បុគ្គលណាមិនមាន បុគ្គលនោះ ជាអ្នករវើរវាយ ក្រអឺតក្រអោង ជាបុគ្គលពាល គួរតែ (ស្លៀកដណ្ដប់) នូវសំពត់មានពណ៌ស និងស្លៀកដណ្ដប់នូវសំពត់កាសាវៈដូចម្ដេចកើត ។ ក្នុងកាលជាអនាគត ពួកភិក្ខុ ភិក្ខុនី ជាអ្នកមានចិត្តប្រទូស្ត ជាអ្នកឃ្នើសឃ្នង នឹងសង្កត់សង្កិននូវពួកលោកដែលប្រកបដោយតាទិគុណ មានចិត្តប្រកបដោយមេត្តា ។ ពួកភិក្ខុពាល ដែលមានគំនិតអាក្រក់ ប្រាកដជាអ្នកទ្រុស្តសីល ធ្វើតាមតែប្រាថ្នា កាលបើពួកព្រះថេរៈ បង្ហាត់នូវការស្លៀកដណ្ដប់ចីវរ នឹងមិនព្រមស្ដាប់ ។ ពួកភិក្ខុពាលទាំងនោះ ដែលឧបជ្ឈាយាចារ្យ ឲ្យសិក្សាយ៉ាងនោះហើយ ក៏ជាបុគ្គលមិនមានការគោរពគ្នានឹងគ្នា នឹងមិនអើពើចំពោះឧបជ្ឈាយាចារ្យ ដូចសេះមានពុតត្បុត មិនអើពើនឹងនាយសារថី ។ ក្នុងកាលជាអនាគត ពួកភិក្ខុ ភិក្ខុនី នឹងមានសេចក្តីប្រតិបត្តិយ៉ាងនេះ ក្នុងបច្ឆិមកាលដែលមកដល់ ។ ភ័យដ៏ធំនេះ ដែលមិនទាន់មកដល់ ក៏រមែងមកដល់មុនមិនខាន អ្នកទាំងឡាយ ចូរជាបុគ្គលប្រដៅងាយ មានចិត្តដ៏ទន់ ប្រកបដោយសេចក្តីគោរពដល់គ្នានឹងគ្នាចុះ ។

អ្នកទាំងឡាយ ចូរជាបុគ្គលមានចិត្តមេត្តា ករុណា សង្រួមក្នុងសីលទាំងឡាយ មានការព្យាយាមតឹងតែង មានចិត្តស្លុងទៅកាន់និព្វាន មានសេចក្តីសង្វាតមាំ អស់កាលជានិច្ចចុះ ។ អ្នកទាំងឡាយ បើឃើញសេចក្តីប្រមាទ ថាជាភ័យ ទាំងឃើញនូវសេចក្តីមិនប្រមាទ ថាជាទីក្សេមហើយ ចូរចម្រើននូវមគ្គមានអង្គ ៨ (កាលបើយ៉ាងនេះ) ពួកភិក្ខុ ក៏រមែងបាននូវអមតបទ គឺព្រះនិព្វាន ។ បុស្សត្ថេរ ។


[២៦០] បុគ្គលណា ជាអ្នកប្រព្រឹត្តសមគួរ ជាអ្នកស្ងប់សមគួរ មានស្មារតី ជាអ្នកមិនធ្វេសប្រហែសក្នុងការត្រិះរិះ និងការប្រព្រឹត្តិសមគួរ ត្រេកអរដោយភាវនាក្នុងសន្ដាន មានចិត្តតាំងមាំ ជាបុគ្គលម្នាក់ឯង មានសេចក្តីសន្ដោស អ្នកប្រាជ្ញទាំងឡាយ ហៅបុគ្គលនោះថាជាភិក្ខុ ។ ភិក្ខុកាលបរិភោគ នូវអាហារស្រស់ ឬក្រៀម មិនគប្បីឲ្យឆ្អែតជ្រុលទេ គប្បីជាអ្នកមានពោះធូរ មានអាហារដ៏ល្មម មានស្មារតីវៀរចេញ ។ ភិក្ខុឈប់បរិភោគ ៤ ឬ ៥ ពំនូត (ក្នុងកាលជិតឆ្អែត) ហើយគប្បីផឹកទឹក នេះជាការល្មមដល់កិរិយានៅជាសុខ នៃភិក្ខុអ្នកមានចិត្តស្លុងទៅរក (ព្រះនិព្វាន) ។

ភិក្ខុស្លៀកដណ្ដប់នូវចីវរជាកប្បិយៈ ប្រយោជន៍ (ត្រឹមតែការពារត្រជាក់ជាដើម) នេះជាការគួរដល់កិរិយានៅជាសុខនៃភិក្ខុអ្នកមានចិត្តស្លុងទៅរក (ព្រះនិព្វាន) ។ កាលភិក្ខុអង្គុយដោយភ្នែន ភ្លៀងមិនស្រក់ត្រូវត្រង់ជង្គង់ទាំងពីរ នេះជាការគួរដល់កិរិយានៅជាសុខ នៃភិក្ខុអ្នកមានចិត្តស្លុងទៅរក (ព្រះនិព្វាន) ។ បុគ្គលណាបានឃើញសុខ ថាជាទុក្ខ បានឃើញទុក្ខ ថាជាគ្រឿងចាក់ដោត ដូចកូនសរ ការជាប់ជំពាក់មិនមានក្នុងចន្លោះនៃសុខ និងទុក្ខទាំងពីរ បុគ្គលនោះ គប្បីជាប់ក្នុងលោកដូចម្ដេច គប្បីមានដោយកិលេស ដូចម្ដេចបាន ។ បុគ្គលមានសេចក្តីប្រាថ្នាអាក្រក់ ជាអ្នកខ្ជិលច្រអូស មានការព្យាយាមថោកទាប ជាអ្នករៀនសូត្រតិច មិនអើពើ (ចំពោះធម៌ និងវិន័យ) សូមកុំមានក្នុងសម្នាក់ខ្ញុំ ក្នុងកាលណា ៗ ឡើយ ប្រយោជន៍អ្វី ដោយឱវាទក្នុងលោក គប្បីមាន (ដល់បុគ្គលនោះ) ដោយបការៈ ដូចម្ដេច ។ មួយទៀត បុគ្គលអ្នកចេះដឹងច្រើន មានប្រាជ្ញា ជាគ្រឿងទំលាយកិលេស តាំងមាំក្នុងសីល ប្រកបរឿយ ៗ នូវចេតោសមថៈ សូមឋិតនៅសូម្បីលើក្បាល ។ បុគ្គលណាមានចិត្តប្រកបរឿយ ៗ នូវធម៌ជាគ្រឿងយឺតយូរ ត្រេកអរចំពោះធម៌ជាគ្រឿងយឺតយូរ បុគ្គលនោះ ឈ្មោះថា ឃ្លាតចាកព្រះនិព្វាន ជាទីក្សេមចាកយោគៈដ៏ប្រសើរ ។ បុគ្គលណាលះបង់នូវធម៌ជាគ្រឿងយឺតយូរ ត្រេកអរក្នុងធម៌ជាផ្លូវមិនយឺតយូរ បុគ្គលនោះ ឈ្មោះថា ត្រេកអរនឹងព្រះនិព្វាន ជាទីក្សេមចាកយោគៈដ៏ប្រសើរ ។ ព្រះអរហន្ដទាំងឡាយ នៅក្នុងទីណា ទោះបីស្រុក ឬព្រៃ ទោះបីទំនាប ឬទួល ទីនោះឯង ជាទីគួរត្រេកអរ ។ ជនអ្នក (ស្វែងរកកាម) រមែងមិនត្រេកអរក្នុងព្រៃ ជាទីគួរត្រេកអរទេ ពួកបុគ្គលអ្នកប្រាសចាករាគៈ ទើបត្រេកអរ ព្រោះពួកលោកទាំងនោះ មិនមែនជាអ្នកស្វែងរកកាម ។ បុគ្គលឃើញអ្នកប្រាជ្ញណា ជាអ្នកពោលសង្កត់សង្កិន ជាអ្នកបង្ហាញទោស ដូចគេបង្ហាញនូវកំណប់ទ្រព្យ គួរគប់រកអ្នកប្រាជ្ញ មានសភាពដូច្នោះ ។ កាលបើបុគ្គលគប់រកអ្នកប្រាជ្ញប្រាកដដូច្នោះ សេចក្តីប្រសើររមែងមាន សេចក្តីអាក្រក់ពុំមានទេ ។

បុគ្គលណាទូន្មានប្រៀនប្រដៅ ហាមឃាត់ (គេ) ចាកអសប្បុរិសធម៌ បុគ្គលនោះ រមែងជាទីស្រឡាញ់របស់ពួកសប្បុរស តែមិនជាទីស្រឡាញ់របស់ពួកអសប្បុរសទេ ។ ព្រះពុទ្ធមានព្រះភាគ មានចក្ខុ បានសំដែងធម៌ដល់បុគ្គលដទៃ នាកាលធម៌ដែលព្រះអង្គសំដែង ខ្ញុំមានសេចក្តីត្រូវការផ្ចង់សោតប្បសាទ ។ ការស្ដាប់របស់ខ្ញុំនោះ មិនឥតអំពើទេ (ព្រោះ) ខ្ញុំជាអ្នកមិនមានអាសវៈ រួចស្រឡះហើយ ខ្ញុំមិនមានការតាំងចិត្ត ចំពោះបុព្វេនិវាសានុស្សតិវិជ្ជា ឬទិព្វចក្ខុវិជ្ជាឡើយ ។ ខ្ញុំមិនមានការតាំងចិត្ត ចំពោះចេតោបរិយវិជ្ជា ឥទ្ធិវិធវិជ្ជា ចុតូបបាតវិជ្ជា និងសេចក្តីបរិសុទ្ធនៃសោតធាតុឡើយ ។ ព្រះថេរៈឈ្មោះឧបតិស្សៈ ខ្ពង់ខ្ពស់ដោយប្រាជ្ញា ទើបកោរថ្មី ៗ ដណ្ដប់សង្ឃាដិ អាស្រ័យនៅក្រោមម្លប់ឈើ ចម្រើនឈាន ។ សាវ័ករបស់ព្រះសម្មាសម្ពុទ្ធ ចូលកាន់ឈាន មិនមានវិតក្កៈ ប្រកបដោយតុណ្ហីភាពដ៏ប្រសើរ ក្នុងខណៈនោះឯង ។ ភ្នំថ្ម មិនកក្រើក ឋិតនឹងថ្កល់ យ៉ាងណា ភិក្ខុព្រោះអស់ទៅនៃមោហៈ ក៏មិនញាប់ញ័រដូចភ្នំ យ៉ាងនោះដែរ ។ បុគ្គលអ្នកមិនមានទីទួល គឺកិលេស ស្វែងរកនូវធម៌ដ៏ស្អាតអស់កាលជានិច្ច សូម្បីបាបប្រមាណប៉ុនចុងរោមកន្ទុយសត្វ រមែងប្រាកដដូច (ព្រះចន្ទ) ដែលផុតចាកពពក ។ ខ្ញុំមិនត្រេកអរនឹងសេចក្តីស្លាប់ មិនត្រេកអរនឹងការរស់នៅ ខ្ញុំជាបុគ្គលដឹងខ្លួន មានស្មារតីខ្ជាប់ខ្ជួន ទំលាយចោលនូវរាងកាយនេះ ។ ខ្ញុំមិនត្រេកអរនឹងសេចក្ដីស្លាប់ទេ ។ បេ ។ ដូចអ្នកស៊ីឈ្នួល ទន្ទឹងតែការអស់ទៅនៃថ្ងៃ ។

មរណៈនេះឯង រមែងមានក្នុងកាលទាំងពីរ មរណៈមិនមែនមានតែក្នុងកាលខាងក្រោយ ឬខាងមុខទេ អ្នកទាំងឡាយ ចូរប្រតិបត្តិ អ្នកទាំងឡាយ ចូរកុំវិនាស កុំឲ្យខណៈប្រព្រឹត្តកន្លង ។

អ្នកទាំងឡាយ ចូរគ្រប់គ្រងខ្លួន ឲ្យដូចជានគរត្រង់ទីប្រទល់ដែន ដែលគេ គ្រប់គ្រងទាំងខាងក្នុងទាំងខាងក្រៅ កុំឲ្យខណៈប្រព្រឹត្តកន្លង ។ ព្រោះថា ពួកបុគ្គលដែលមានខណៈកន្លងហួសហើយ រមែងសោកស្ដាយដេរដាសក្នុងនរក ។ បុគ្គលអ្នកស្ងប់ វៀរចាកបាប ពោលពាក្យដោយយោបល់ ជាបុគ្គលមិនរាយមាយ រមែងកំចាត់បង់នូវធម៌ដ៏លាមកបាន ដូចខ្យល់កំចាត់បង់នូវស្លឹកឈើ ។ បុគ្គលអ្នកស្ងប់ វៀរចាកបាប ពោលពាក្យដោយយោបល់ ជាបុគ្គលមិនរាយមាយ រមែងដកភើចនូវពួកធម៌ដ៏លាមកចេញបាន ដូចខ្យល់បក់ផ្ដាច់នូវស្លឹកឈើ ។ បុគ្គលអ្នកស្ងប់ មិនមានសេចក្តីក្រវល់ក្រវាយ មានចិត្តថ្លាមិនល្អក់ មានកល្យាណសីល មានប្រាជ្ញាជាគ្រឿងទំលាយបង់នូវកិលេស គប្បីធ្វើនូវទីបំផុតនៃទុក្ខបាន ។

បុគ្គលមិនគប្បីស្និទ្ធស្នាល ចំពោះបុថុជ្ជនពួកខ្លះ ទាំងគ្រហស្ថ ទាំងបព្វជិត ព្រោះថា ពួកជនសូម្បីជាបុគ្គលល្អហើយ បែរទៅជាមិនល្អវិញក៏មាន ជាបុគ្គលមិនល្អហើយ បែរទៅជាល្អវិញក៏មាន ។

កាមច្ឆន្ទៈ ១ ព្យាបាទៈ ១ ថីនមិទ្ធៈ ១ ឧទ្ធច្ចៈ ១ វិចិកិច្ឆា ១ ទាំង ៥ នោះ ជាគ្រឿង សៅហ្មងចិត្ត របស់ភិក្ខុ ។ ភិក្ខុណា កាលគេធ្វើសក្ការៈ ឬមិនធ្វើសក្ការៈទាំងពីរ (មិនត្រេកអរ មិនទោមនស្ស) សមាធិរបស់ភិក្ខុអ្នកនៅដោយសេចក្តីមិនប្រមាណនោះ រមែងមិនញាប់ញ័រ ។ អ្នកប្រាជ្ញទាំងឡាយ សរសើរនូវភិក្ខុអ្នកមានឈាន មានព្យាយាមទៀងទាត់ មានការឃើញច្បាស់ដោយសុខុមទិដ្ឋិ ត្រេកអរក្នុងធម៌ជាទីអស់ទៅនៃឧបាទាននោះ ថាជាសប្បុរស ។ មហាសមុទ្រ ប្រឹថពី ភ្នំ និងខ្យល់ មិនគួរឧបមានឹងវិមុត្តិដ៏ប្រសើរ របស់ព្រះសាស្ដាទេ ។ ព្រះថេរៈអ្នកញ៉ាំងចក្ក គឺធម៌ឲ្យប្រព្រឹត្តទៅតាម (ព្រះសារីបុត្ត) លោកមានប្រាជ្ញាច្រើន មានចិត្តខ្ជាប់ខ្ជួន ស្មើដោយដី ទឹក ភ្លើង មិនត្រេកអរ មិនប្រទូស្ត ។ ព្រះថេរៈ សម្រេចនូវបញ្ញាបារមី មានប្រាជ្ញាច្រើន ជាមហាមុនិ ជាបុគ្គលមិនគ តែមានសភាពដូចជាគ មានចិត្តដ៏ត្រជាក់គ្រប់កាល ។ ព្រះសាស្ដា ខ្ញុំបានបម្រើហើយ ។បេ។ តណ្ហាជាគ្រឿងនាំទៅកាន់ភព ខ្ញុំក៏បានដកចេញហើយ ។ អ្នកទាំងឡាយ ចូរញ៉ាំងសេចក្តីមិនប្រមាទ ឲ្យបរិបូណ៌ នេះជាពាក្យប្រៀនប្រដៅរបស់ខ្ញុំ ឥឡូវនេះ ខ្ញុំនឹងបរិនិព្វាន ខ្ញុំជាបុគ្គលផុតស្រឡះចាកកិលេសកាមទាំងអស់ ។ សារីបុត្តត្ថេរ ។


[២៦១] បណ្ឌិតមិនគួរធ្វើសខិភាព គឺភាពជាសម្លាញ់នឹងបុគ្គលអ្នកញុះញង់ អ្នកក្រេវក្រោធ អ្នកកំណាញ់ ទាំងជាអ្នកត្រេកអរនឹងសេចក្ដីវិនាសទេ (ព្រោះថា) ការសេពគប់នឹងបុរសអាក្រក់ ជាអំពើដ៏លាមក ។ បណ្ឌិតគួរធ្វើសខិភាព នឹងបុគ្គលអ្នកមានសទ្ធា មានសីលជាទីស្រឡាញ់ អ្នកមានប្រាជ្ញា មានការចេះដឹងច្រើន (ព្រោះថា) ការសេពគប់នឹងពួកសប្បុរស ជាការចម្រើន ។

អ្នកចូរមើលនូវពុម្ព គឺអត្តភាពដែលធ្វើឲ្យវិចិត្រ ជាទីប្រជុំនៃដំបៅ ផ្ដុំឡើង (ដោយឆ្អឹង ៣០០ កំណាត់) ជាគ្រឿងរោលរាល ជាទីប្រាថ្នានៃជនច្រើន ជាកាយឥតទៀងទាត់ឋិតថេរ ព្រះអានន្ទត្ថេរ ជាគោតមគោត្ត ជាអ្នកចេះដឹងច្រើន មានវាចាដ៏វិចិត្រ ជាអ្នកបម្រើនូវព្រះពុទ្ធ បានដាក់ចុះនូវភារៈ ជាអ្នកប្រាសចាកកិលេស ជាគ្រឿងប្រកប សម្រេចនូវការសិង ។ ព្រះអានន្ទត្ថេរ ជាខីណាស្រព ប្រាសចាកកិលេស ជាគ្រឿងប្រកប កន្លងនូវកិលេសជាគ្រឿងជាប់ជំពាក់ មានចិត្តត្រជាក់ល្អ ដល់នូវត្រើយនៃជាតិ និងមរណៈ ទ្រទ្រង់ទុកនូវអត្តភាព ជាបំផុត ។ សាសនធម៌ទាំងឡាយ របស់ព្រះពុទ្ធ ជាអាទិច្ចពន្ធុ ប្រតិស្ឋានក្នុងព្រះអានន្ទត្ថេរណា ព្រះអានន្ទត្ថេរនោះ ជាគោតមគោត្ត ឋិតនៅក្នុងផ្លូវជាទីទៅកាន់ព្រះនិព្វាន ។ សាសនធម៌ទាំងឡាយណា ដែលប្រព្រឹត្តទៅ (ក្នុងហឫទ័យ) របស់ខ្ញុំ សាសនធម៌ទាំងឡាយនោះ មាន ៨ ម៉ឺន ៤ ពាន់ធម្មក្ខន្ធ ខ្ញុំបានរៀនអំពីព្រះពុទ្ធ ៨ ម៉ឺន ២ ពាន់ធម្មក្ខន្ធ អំពីពួកភិក្ខុ ២ ពាន់ធម្មក្ខន្ធ ។ បុរសនេះ មិនបានរៀនសូត្រ រមែងចាស់ (ឥតអំពើ) ដូចគោបម្រើ ចម្រើនតែសាច់ ត្រង់ប្រាជ្ញារបស់វា មិនចម្រើនឡើយ ។ បុគ្គលណា ជាអ្នករៀនសូត្រច្រើន ហើយមើលងាយបុគ្គលអ្នកមិនបានរៀនសូត្រ ដោយការរៀនសូត្រ (របស់ខ្លួន) បុគ្គលនោះ ដូចមនុស្សខ្វាក់ កាន់ប្រទីប រមែងភ្លឺច្បាស់ដល់ខ្ញុំយ៉ាងនេះឯង ។ បុគ្គលគួរចូលទៅអង្គុយជិតនឹងអ្នករៀនសូត្រច្រើនផង មិនគប្បីញ៉ាំងការរៀនសូត្រឲ្យវិនាសផង (ព្រោះថា) ការរៀនសូត្រនោះ ជាឫសគល់នៃព្រហ្មចរិយធម៌ ហេតុនោះ បុគ្គលគួរជាអ្នកទ្រទ្រង់ធម៌ ។ បុគ្គលអ្នកចេះដឹង នូវខាងដើម និងខាងចុង (នៃភាសិត) ជាអ្នកដឹងអត្ថ ឈ្លាសវៃក្នុងនិរុត្តិ (ភាសា) និងបទ (ដ៏សេស) រមែងកាន់យកនូវធម៌ឲ្យជាធម៌ ដែលកាន់យកល្អហើយផង ពិចារណានូវសេចក្តីផង ។ បុគ្គលអ្នកមានសេចក្ដីប្រាថ្នា (ក្នុងធម៌) ដោយសេចក្ដីអត់ធន់ រមែងខ្មីឃ្មាត ពិចារណានូវនាមរូបនោះ បុគ្គលនោះ មានចិត្តតាំងមាំល្អខាងក្នុងសន្ដាន រមែងផ្គងចិត្តទុកក្នុងសម័យដ៏គួរ ។ បុគ្គលកាលប្រាថ្នានូវការដឹងធម៌ គប្បីគប់រកអ្នករៀនសូត្រច្រើន អ្នកចងចាំនូវធម៌ អ្នកមានប្រាជ្ញា ជាសាវ័ករបស់ព្រះពុទ្ធ បែបដូច្នោះនោះ ។ បុគ្គលអ្នករៀនសូត្រច្រើន រមែងអ្នកចងចាំនូវធម៌ អ្នករក្សាទុកនូវឃ្លាំងធម៌របស់ព្រះពុទ្ធ ទ្រង់ស្វែងរកនូវគុណដ៏ធំ ឯបុគ្គលអ្នករៀនសូត្រច្រើននោះឈ្មោះថា ជាចក្ខុរបស់សត្វលោកទាំងពួង ជាបុគ្គលគួរគេបូជា ។ ភិក្ខុមានធម៌ជាទីត្រេកអរ ត្រេកអរក្នុងធម៌ កាលគិតរឿយ ៗ នូវធម៌ រលឹករឿយ ៗ នូវធម៌ រមែងមិនសាបសូន្យចាកព្រះសទ្ធម្ម ។ បុគ្គលអ្នកធ្ងន់ដោយសេចក្ដីកំណាញ់ (ថ្នម) កាយ (កាលបើកាយ និងជីវិត) សាបសូន្យទៅ ក៏មិនខ្មីឃ្មាត (ចំពោះកិច្ចគួរធ្វើ) បុគ្គលអ្នកជាប់ចំពាក់ដោយសេចក្ដីសុខក្នុងសរីរៈ តើសេចក្ដីសប្បាយ ដោយសមណភាព (នឹងមានមក) អំពីទីណា ។ ទិសទាំងអស់ រមែងមិនប្រាកដ ធម៌មិនភ្លឺច្បាស់ដល់ខ្ញុំ កាលបើព្រះសារីបុត្ត ជាកល្យាណមិត្ត (ទៅកាន់និព្វាន) ហើយ សត្វលោក ប្រាកដដូចជាទីងងឹត ។ បុគ្គលដែលមានសម្លាញ់ព្រាត់ប្រាសហើយ មានសាស្ដាកន្លងទៅហើយ រមែងមិនមានមិត្តបែបនុ៎ះ ដូចជាកាយគតាសតិឡើយ ។ ពួកព្រះថេរៈណាចាស់ ៗ ពួកព្រះថេរៈនោះ កន្លងទៅហើយ ចិត្តរបស់ខ្ញុំមិនល្មមនឹងភិក្ខុថ្មី ៗ ថ្ងៃនេះ ខ្ញុំចម្រើនឈានតែម្នាក់ឯង ដូចសត្វបក្សីចូលទៅសម្ងំក្នុងសម្បុក ក្នុងរដូវភ្លៀង ។ អ្នកកុំឃាត់ពួកជនច្រើននៅក្នុងប្រទេសផ្សេង ៗ ដែលពុំទាន់បានចួប ឯពួកអ្នកស្ដាប់ ចូរមកចួបចុះ ព្រោះថាជាសម័យ (គួរចួប) នឹងខ្ញុំហើយ ។ ព្រះសាស្ដាមានចក្ខុ ទ្រង់ប្រទានឱកាស មិនហាមឃាត់ពួកជនច្រើន នៅក្នុងប្រទេសផ្សេង ៗ ដែលពុំទាន់បានចួប ។ កាលខ្ញុំនៅជាសេក្ខបុគ្គល អស់ ២៥ ឆ្នាំ កាមសញ្ញាមិនកើតឡើងទេ អ្នកចូរមើលនូវសភាពល្អរបស់ធម៌ចុះ ។ កាលខ្ញុំនៅជាសេក្ខបុគ្គល អស់ ២៥ ឆ្នាំ ទោសសញ្ញាមិនកើតឡើងទេ អ្នកចូរមើលនូវភាពល្អរបស់ធម៌ចុះ ។ ខ្ញុំបានបម្រើព្រះមានព្រះភាគ ដោយកាយកម្ម ប្រកបដោយមេត្តា អស់ ២៥ ឆ្នាំ ដូចជាស្រមោលជាប់តាមរូប ។ ខ្ញុំបានបម្រើព្រះមានព្រះភាគ ដោយវចីកម្ម ប្រកបដោយមេត្តា អស់ ២៥ ឆ្នាំ ដូចជាស្រមោលជាប់តាមរូប ។ ខ្ញុំបានបម្រើព្រះមានព្រះភាគ ដោយមនោកម្មប្រកបដោយមេត្តា អស់ ២៥ ឆ្នាំ ដូចជាស្រមោលជាប់តាមរូប ។ កាលព្រះពុទ្ធម្ចាស់ ទ្រង់ចង្ក្រម ខ្ញុំបានចង្ក្រមតាមក្រោយព្រះអង្គ នាកាលធម៌ដែលព្រះអង្គសំដែង ញាណរបស់ខ្ញុំក៏កើតឡើង ។ ខ្ញុំជាសេក្ខបុគ្គល ប្រកបដោយកិច្ច មានសេចក្ដីប្រាថ្នាក្នុងចិត្តមិនទាន់សម្រេច (អរហត្តផល) ព្រះសាស្ដា ព្រះអង្គអនុគ្រោះខ្ញុំ ទ្រង់បរិនិព្វាន ។ កាលព្រះសម្ពុទ្ធ ប្រកបដោយអាការដ៏ប្រសើរគ្រប់យ៉ាង ទ្រង់បរិនិព្វានហើយ សេចក្ដីស្ញប់ស្ញែងនៃខ្ញុំក៏កើតមាន សេចក្ដីព្រឺរោមនៃខ្ញុំក៏កើតមាន ។ ព្រះអានន្ទ ជាពហុស្សូត អ្នកចងចាំនូវធម៌ រក្សាទុកនូវឃ្លាំងធម៌នៃព្រះពុទ្ធ ទ្រង់ស្វែងរកនូវគុណដ៏ប្រសើរ លោកជាចក្ខុនៃសត្វលោកទាំងអស់ បរិនិព្វានហើយ ។ ព្រះអានន្ទ ជាពហុស្សូត អ្នកចងចាំនូវធម៌ ជាឃ្លាំងរក្សាទុកនូវធម៌នៃព្រះពុទ្ធ ទ្រង់ស្វែងរកនូវគុណដ៏ប្រសើរ លោកជាចក្ខុនៃសត្វលោកទាំងអស់ ជាអ្នកបន្ទោបង់នូវងងឹត ក្នុងទីដ៏ងងឹត ។ ព្រះអានន្ទត្ថេរ មានញាណគតិ មានស្មារតី មានប្រាជ្ញា ជាគ្រឿងទ្រទ្រង់ ជាអ្នកស្វែងរកនូវគុណ ទ្រទ្រង់ទុកនូវព្រះសទ្ធម្ម ជាអណ្ដូងនៃធម្មរតនៈ ។ ព្រះសាស្ដា ខ្ញុំបានបម្រើហើយ ។បេ។ តណ្ហា ជាគ្រឿងនាំទៅកាន់ភព ខ្ញុំក៏បានដកចេញហើយ ។ អានន្ទត្ថេរ ។

ឧទ្ទាន

ព្រះថេរៈ ៣ អង្គនេះ គឺ ព្រះបុស្សៈ ១ ព្រះឧបតិស្សៈ ១ ព្រះអានន្ទ ១ លោកបានសំដែងគាថា ដែលបានពោលទុកក្នុងទីនោះ ១០៥ គាថា ។

ចប់ តឹសនិបាត ។

ចត្តាឡីសនិបាតកែប្រែ

[២៦២] ភិក្ខុមិនគប្បីប្រព្រឹត្ត មានគណៈចោមរោម (ព្រោះ) រមែងមានចិត្តក្ដៅ ក្រហាយ បានសមាធិ ដោយលំបាក ការសង្គ្រោះជននានា នាំមកនូវសេចក្ដីទុក្ខ ភិក្ខុ ឃើញដូច្នេះហើយ មិនគប្បីត្រេកអរនឹងគណៈឡើយ ។ អ្នកប្រាជ្ញ មិនគប្បីចូលទៅ អែបអបនឹងត្រកូលទាំងឡាយទេ (ព្រោះ) រមែងមានចិត្តក្ដៅក្រហាយ បានសមាធិដោយលំបាក ភិក្ខុណាជាអ្នកល្មោភក្នុងរសមានចម្ងាញ់ ភិក្ខុនោះជាអ្នករនះរនាត ជាប់ចិត្តក្នុងរស រមែងខូចបង់ប្រយោជន៍ ។ មែនពិត អ្នកប្រាជ្ញទាំងឡាយ បានដឹងនូវការថ្វាយបង្គំ និងការបូជា ក្នុងត្រកូលទាំងឡាយថា ដូចជាភក់ (ព្រោះថា) សរ គឺកិលេសល្អិត ៗ ភិក្ខុកន្លងបង់បានដោយលំបាក គ្រឿងសក្ការៈ បុរសលាមក លះបង់បានដោយក្រ ។ ខ្ញុំចុះចាកសេនាសនៈ (លើភ្នំ) ចូលទៅកាន់នគរ ដើម្បីបិណ្ឌបាត ។ ខ្ញុំបានយកចិត្តទុកដាក់ ចូលទៅឈរជិត បុរសឃ្លង់ ដែលកំពុងតែបរិភោគ ។ បុរសនោះ បានបង្អោនពំនូតបាយ ដល់ខ្ញុំដោយដៃ ដែលមានរោគឃ្លង់ទុំផេរ ៗ ហើយ កាលបុរសនោះ កំពុងដាក់ពំនូតបាយ ម្រាមដៃក៏ដាច់ធ្លាក់ទៅក្នុងបាតនុ៎ះ ។ ខ្ញុំផ្អែកនឹងជញ្ជាំងផ្ទះ ហើយក៏បានឆាន់នូវពំនូតបាយនោះ កាលពំនូតបាយដែលខ្ញុំកំពុងបរិភោគក្ដី បរិភោគរួចហើយក្ដី ខ្ញុំមិនមានសេចក្ដីខ្ពើមរអើមឡើយ ។ ដុំបាយដែលភិក្ខុទៅឈរទៀបទ្វារផ្ទះនៃជនដទៃ ហើយបានមកជាអាហារ ១ សម៉ដែលត្រាំដោយទឹកមូត្រគោស្អុយ ជាឱសថ ១ ម្លប់ឈើជាសេនាសនៈ ១ សំពត់បង្សុកូលចីវរ ១ ភិក្ខុណាបានបរិភោគនូវរបស់ទាំងនេះហើយ ភិក្ខុនោះ អាចនៅក្នុងទិសទាំង ៤ បាន ។ ពួកមនុស្សខ្លះ កាលឡើងភ្នំ តែងតែលំបាកចិត្ត ក្នុងបច្ឆិមវ័យណា កស្សបៈ ជាទាយាទរបស់ព្រះពុទ្ធ ជាអ្នកដឹងខ្លួន មានស្មារតីមាំ រឹងប៉ឹងដោយកម្លាំងឫទ្ធិ ឡើង (ភ្នំ) ក្នុងបច្ឆិមវ័យនោះបាន ។ កស្សបៈ តែឆាន់រួចហើយ ឡើងទៅលើភ្នំ ហើយចម្រើនឈាន ជាអ្នកមិនមានសេចក្ដីប្រកាន់ មានភ័យដ៏ពន្លឹកលះចោលហើយ ។ កស្សបៈ តែឆាន់រួចហើយ ឡើងទៅលើភ្នំ ហើយចម្រើនឈាន ជាអ្នកមិនមានសេចក្ដីប្រកាន់ កាលពួកសត្វក្ដៅក្រហាយ លោកក៏ជាបុគ្គលត្រជាក់ ។ កស្សបៈ តែឆាន់រួចហើយ ឡើងទៅលើភ្នំ ហើយចម្រើនឈាន ជាអ្នកមិនមានសេចក្ដីប្រកាន់ មានកិច្ចធ្វើហើយ មិនមានអាសវៈ ។ ចំណែកផែនដី ដែលផ្សាយទៅដោយក្លិន នៃផ្កាក្ទម្ព ជាទីត្រេកអរនៃចិត្ត សម្រែកនៃដំរីជាទីត្រេកអរ ភ្នំទាំងឡាយនោះ រមែងញ៉ាំងខ្ញុំឲ្យត្រេកអរ ។ ភ្នំទាំងនោះ មានពណ៌ដូចពពកខៀវដ៏រុងរឿង មានទឹកត្រជាក់ ទ្រទ្រង់នូវវត្ថុដ៏ស្អាត ដេរដាសដោយភ្លៀង តែងញ៉ាំងខ្ញុំឲ្យត្រេកអរ ។ ភ្នំទាំងនោះ ប្រាកដស្មើដោយកំពូលពពកដ៏ខៀវ ឧបមាដូចផ្ទះមានកំពូលដ៏ប្រសើរ មានសម្រែកនៃដំរី ជាទីត្រេកអរ តែងញ៉ាំងខ្ញុំឲ្យត្រេកអរ ។ ភ្នំថ្មទាំងនោះ ដែលភ្លៀងបន្ទរហើយ មានផ្ទៃជាទីត្រេកអរ ដែលឥសីទាំងឡាយ ធ្លាប់អាស្រ័យនៅហើយ ដែលពួកសត្វក្ងោកស្រែកយំហើយ តែងញ៉ាំងខ្ញុំឲ្យត្រេកអរ ។ (ភ្នំទាំងឡាយ) គួរដល់ខ្ញុំ ដែលប្រាថ្នាដើម្បីចម្រើនឈាន មានចិត្តស្លុងទៅរកព្រះនិព្វាន គួរដល់ខ្ញុំដែលប្រាថ្នាប្រយោជន៍ ជាភិក្ខុមានចិត្តស្លុងទៅរកព្រះនិព្វាន គួរដល់ខ្ញុំដែលប្រាថ្នារកសេចក្ដីស្រួល មានចិត្តស្លុងទៅរកព្រះនិព្វាន ជាអ្នកសិក្សា គួរដល់ខ្ញុំដែលប្រាថ្នាព្យាយាម មានចិត្តស្លុងទៅរកព្រះនិព្វាន ជាតាទិបុគ្គល ។ ភ្នំទាំងនោះដ៏ដេរដាស ដោយផ្កាកណិការ រីកព្រោងព្រាត ដូចផ្ទៃមេឃ ដេរដាសដោយពួកបក្សីផ្សេង ៗ តែងញ៉ាំងខ្ញុំឲ្យត្រេកអរ ។ ភ្នំទាំងឡាយនោះ មិនច្រឡូកច្រឡំដោយពួកគ្រហស្ថ មានតែពួកម្រឹគនៅអាស្រ័យ ដេរដាសដោយពួកបក្សីផ្សេង ៗ តែងញ៉ាំងខ្ញុំឲ្យត្រេកអរ ។ ភ្នំទាំងនោះ មានទឹកថ្លា មានថ្មក្រាស់ ប្រកបដោយពួកម្រឹគ មានកន្ទុយដូចគោ ដេរដាសដោយទឹក និងសារាយ តែងញ៉ាំងខ្ញុំឲ្យត្រេកអរ ។ សេចក្ដីត្រេកអរ (នៃខ្ញុំ) ដោយសារតូរ្យតន្រ្ដីប្រកបដោយអង្គ ៥ ប្រាកដដូច្នោះ មិនមានឡើយ ដូច (ការមិនមានសេចក្ដីត្រេកអរ) នៃព្រះយោគី ដែលមានចិត្ត មានអារម្មណ៍មូលតែមួយ ឃើញច្បាស់នូវធម៌ដោយប្រពៃ ។

បុគ្គលមិនត្រូវធ្វើការងារឲ្យច្រើន ត្រូវវៀរជន (មិនមែនជាកល្យាណមិត្ត) មិនត្រូវខ្នះខ្នែង (ដើម្បីបច្ច័យ) បុគ្គលណាជាអ្នកល្មោភក្នុងរសមានចម្ងាញ់ បុគ្គលនោះ ជាអ្នកខ្នះខ្នែងជាប់ចិត្តក្នុងរស រមែងខូចបង់ប្រយោជន៍ បុគ្គលមិនត្រូវធ្វើការងារឲ្យច្រើន ត្រូវវៀរចាកជន (មិនមែនជាកល្យាណមិត្ត ព្រោះ) ការងារនុ៎ះ មិនមែនជាប្រយោជន៍ កាយរមែងលំបាកនឿយព្រួយ បុគ្គលអ្នកដល់នូវសេចក្ដីនឿយព្រួយនោះ រមែងមិនបាននូវសេចក្ដីស្ងប់រម្ងាប់ឡើយ ។

បុគ្គលមិនពិចារណាឃើញខ្លួនឯង ដោយត្រឹមតែរលាស់បបូរមាត់ (ស្វាធ្យាយពុទ្ធវចនៈ) បុគ្គលប្រព្រឹត្តរឹងរូស តែងសំគាល់ថា អាត្មាអញប្រសើរ ។ បុគ្គលពាល មិនប្រសើរ តែងសំគាល់ខ្លួន ថាស្មើនឹងបុគ្គលប្រសើរ អ្នកប្រាជ្ញទាំងឡាយ មិនសរសើរជនអ្នកមានចិត្តរឹងរូសនោះឡើយ ។ បុគ្គលណា មិនញាប់ញ័រក្នុងមានះ (ទាំង ៩ ណាមួយ) ដោយចិត្តកើតឡើងថា អញជាមនុស្សប្រសើរ ឬថាអញជាមនុស្សមិនប្រសើរ អញជាមនុស្សថោក ឬថាអញជាមនុស្សប្រហែលនឹងគេ ។ អ្នកប្រាជ្ញទាំងឡាយ តែងសរសើរបុគ្គលនោះ ថាជាអ្នកមានប្រាជ្ញា អ្នកនិយាយទៀងទាត់ អ្នកមានចិត្តតម្កល់មាំ ក្នុងសីលទាំងឡាយ អ្នកប្រកបរឿយ ៗ នូវការស្ងប់ស្ងាត់ចិត្ត ។ បុគ្គលណា មិនបានគោរពសព្រហ្មចារីបុគ្គលទាំងឡាយទេ បុគ្គលនោះ រមែងឆ្ងាយចាកព្រះសទ្ធម្ម ដូចផែនដី (ឆ្ងាយ) ពីមេឃ ។ បុគ្គលទាំងឡាយណា មានហិរិ និងឱត្តប្បៈ តម្កល់នៅដោយប្រពៃគ្រប់ពេល បុគ្គលទាំងនោះ មានព្រហ្មចារ្យដុះចម្រើនហើយ មានភពថ្មីអស់ហើយ ។ ភិក្ខុណាមានចិត្តរវើរវាយ ឃ្លេងឃ្លោង ស្លៀកដណ្ដប់សំពត់បង្សុកូល ភិក្ខុនោះ មិនសមនឹងសំពត់បង្សុកូលនោះឡើយ ដូចស្វាដណ្ដប់ស្បែកសីហៈ ។ ភិក្ខុណាមានចិត្តមិនរវើរវាយ មិនឃ្លេងឃ្លោង ជាអ្នកមានប្រាជ្ញាចាស់ សង្រួមឥន្រ្ទីយ៍ ទើបសមនឹងសំពត់បង្សុកូល ដូចសីហៈក្នុងច្រកភ្នំ ។ ពួកទេវតាដ៏ច្រើន មានឫទ្ធិ៍ មានយសស័ក្តិ ទេវតាមួយម៉ឺន ទាំងអស់នុ៎ះ ជាពួកព្រហ្ម ឈរនមស្ការប្រណម្យអញ្ជលី ចំពោះព្រះសារីបុត្ត ជាធម្មសេនាបតី ជាអ្នកប្រាជ្ញ មានឈានច្រើន មានចិត្តតម្កល់មាំថា បពិត្របុរសអាជានេយ្យ ខ្ញុំសូមក្រាបថ្វាយបង្គំលោកម្ចាស់ បពិត្របុរសដ៏ឧត្តម ខ្ញុំសូមក្រាបថ្វាយបង្គំលោកម្ចាស់ លោកម្ចាស់ចម្រើនឈាន អាស្រ័យអារម្មណ៍ណា ពួកយើងខ្ញុំមិនបានដឹងនូវអារម្មណ៍នោះ របស់លោកម្ចាស់ទេ ។ អស្ចារ្យហ្ន៎ អារម្មណ៍របស់ពួកលោកអ្នកត្រាស់ដឹងនូវសច្ចៈទាំង ៤ ជាអារម្មណ៍ដ៏ជ្រាលជ្រៅ (ពិបាកដឹងណាស់) ពួកយើងដូចពួកខ្មាន់ធ្នូ បាញ់នូវរោមកន្ទុយសត្វ មកប្រជុំគ្នា (ពិចារណា) នៅតែមិនដឹង ។ ព្រះកប្បិនត្ថេរ បានញញឹម ព្រោះឃើញព្រះសារីបុត្តត្ថេរនោះ គួរជាទីបូជា ដែលពពួកទេវតាបូជាហើយ ដោយប្រការដូច្នោះ ។ ក្នុងពុទ្ធខេត្តទាំងមូល ខ្ញុំជាមនុស្សវិសេសខាងធុតង្គគុណ គ្មានលោកណាស្មើនឹងខ្ញុំទេ លើកលែងតែព្រះមហាមុនីចេញ ។ ព្រះសាស្ដា ខ្ញុំបានបម្រើហើយ ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ភារៈធ្ងន់ខ្ញុំដាក់ចោលហើយ តណ្ហាជាគ្រឿងនាំសត្វទៅកាន់ភពទៀត ខ្ញុំក៏ដកចោលហើយ ។ ព្រះគោតមមានគុណប្រមាណមិនបាន មានព្រះហឫទ័យឱនទៅរកនេក្ខម្មៈ រលាស់ចោលនូវភពទាំង ៣ មិនជាប់ចំពាក់ក្នុងចីវរ មិនជាប់ចំពាក់ក្នុងសានាសនៈ មិនជាប់ចំពាក់ក្នុងភោជនាហារ ដូចផ្កាឈូកមិនមានមន្ទិលសៅហ្មង មិនជាប់ដោយទឹក ។ ព្រះមហាមុនីនោះ មានសតិប្បដ្ឋាន ជាព្រះសូរង្គ មានសទ្ធាជាព្រះហស្ដ មានប្រាជ្ញាជាព្រះសីរ្សៈ មានព្រះញាណធំ ព្រះអង្គប្រព្រឹត្តរំលត់ទុក្ខគ្រប់ពេល ។ ព្រះមហាកស្សបត្ថេរ ។

ឧទ្ទាន

ក្នុងចត្តាឡីសនិបាត (នេះ) ព្រះថេរៈ ព្រះនាមមហាកស្សបតែមួយអង្គឯង បានសំដែងនូវគាថាទាំងឡាយ ៤២ ។

ចប់ ចត្តាឡីសនិបាត ។

បញ្ញាសនិបាតកែប្រែ

[២៦៣] កាលណាហ្ន៎ អាត្មាអញនឹងបានជាបុគ្គលម្នាក់ឯង មិនមានតណ្ហាជាគំរប់ពីរ នឹងឃើញនូវភពទាំងអស់ ថាជារបស់មិនទៀង នៅក្នុងជ្រោះភ្នំទាំងឡាយ គំនិតនោះ អាត្មាអញបានត្រិះរិះហើយថា កាលណាហ្ន៎ បំណងនេះនឹងសម្រេច ។ កាលណាហ្ន៎ អាត្មាអញបានបួស ទ្រទ្រង់នូវផ្ទាំងសំពត់ដែលកាត់ដាច់ ស្លៀកសំពត់ជ្រលក់ដោយទឹកចត់ ហើយជាអ្នកមិនមានសេចក្ដីប្រកាន់ខ្លួនថា របស់អញ ជាបុគ្គលមិនមានសេចក្ដីប្រាថ្នា ហើយបានលះនូវរាគៈ ទោសៈ មោហៈ ដោយប្រការដូច្នោះ ជាបុគ្គលដល់នូវសេចក្ដីសុខ ហើយចូលទៅនៅក្នុងព្រៃធំ ។ កាលណាហ្ន៎ អាត្មាអញនឹងពិចារណាឃើញនូវកាយមិនទៀងនេះ ជាសម្បុករបស់មរណៈ និងរោគ ដែលមច្ចុបៀតបៀនហើយ ជាបុគ្គលប្រាសចាកភ័យ នៅម្នាក់ឯងក្នុងព្រៃ គំនិតនោះ កាលណានឹងសម្រេច ។ កាលណាហ្ន៎ អាត្មាអញនឹងបានកាន់ដាវដ៏មុត គឺមគ្គប្បញ្ញា ហើយក្របែលនូវវល្លិ៍ គឺតណ្ហា ដែលជាធម្មជាតិញ៉ាំងភ័យឲ្យកើត ជាគ្រឿងនាំមកនូវសេចក្ដីទុក្ខ ប្រព្រឹត្តតាមអារម្មណ៍ដ៏ច្រើន ឲ្យលុះក្នុងអំណាច (របស់ខ្លួនបាន) គំនិតនោះ កាលណានឹងសម្រេច ។ កាលណាហ្ន៎ អាត្មាអញនឹងបានកាន់យកនូវសស្រ្តាដ៏មុតថ្លា គឺប្រាជ្ញារបស់ឥសីទាំងឡាយ ហើយនឹងបំបាក់នូវមារ ព្រមទាំងសេនាមារដោយឆាប់រហ័ស លើសីហាសនៈ (ថេរាសនៈ) ចំណងនោះ កាលណានឹងសម្រេច ។ កាលណាហ្ន៎ ពួកលោកអ្នកសប្បុរស ជាអ្នកគោរពក្នុងធម៌ ប្រកបដោយតាទិគុណ អ្នកឃើញតាមពិត មានឥន្រ្ទិយឈ្នះហើយ មើលឃើញអញ ថាជាអ្នកមានព្យាយាមក្នុងសមាគមទាំងឡាយ បំណងនោះ កាលណានឹងសម្រច ។ កាលណាហ្ន៎ សេចក្ដីខ្ជិល ការឃ្លាន ការស្រេក ខ្យល់ កំដៅថ្ងៃ ស្រាំង ស្រួយ ពស់តូច ពស់ធំ នឹងមិនបៀតបៀននូវអាត្មាអញនោះ អ្នកមានប្រយោជន៍ចំពោះខ្លួន ក្នុងភ្នំ ឬច្រកភ្នំ បំណងនោះ កាលណានឹងសម្រេច ។ សច្ចៈ ៤ យ៉ាងណា ដែលឃើញបានដោយក្រ ដែលព្រះមហេសីសម្មាសម្ពុទ្ធ បានត្រាស់ដឹងហើយ កាលណាហ្ន៎ អាត្មាអញនឹងបានជាអ្នកមានចិត្តតម្កល់មាំ មានស្មារតី បានត្រាស់ដឹងនូវសច្ចៈទាំង ៤ នោះដោយបញ្ញា បំណងនោះ កាលណានឹងសម្រេច ។ កាលណាហ្ន៎ អាត្មាអញនឹងបានប្រកបដោយសមថៈទាំងឡាយ ហើយបានឃើញដោយបញ្ញា នូវរូប សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ទាំងឡាយ កំណត់មិនបាន ថាជារបស់ដែលភ្លើងឆេះហើយ បំណងរបស់អាត្មាអញនោះ កាលណានឹងសម្រេច ។ កាលណាហ្ន៎ អាត្មាអញត្រូវគេពោលពាក្យអាក្រក់មករក មិនគប្បីទោមនស្សព្រោះសម្ដីនោះជាហេតុ ឬថាទោះបីគេសរសើរ ក៏មិនត្រេកអរព្រោះការសរសើរនោះជាហេតុ បំណងរបស់អាត្មាអញនោះ កាលណានឹងសម្រេច ។ កាលណាហ្ន៎ អាត្មាអញនឹងពិចារណាឃើញនូវកំណាត់ឈើទាំងឡាយផង ស្មៅទាំងឡាយផង វល្លិ៍ទាំងឡាយផង ខន្ធ ៥ ទាំងឡាយនេះផង ធម៌ទាំងឡាយ ទាំងខាងក្នុង ខាងក្រៅ មានប្រមាណមិនបានផង ឲ្យស្មើ ៗ គ្នា (ដោយសេចក្ដីមិនទៀងជាដើម និងមិនមានខ្លឹមសារ) បំណងរបស់អាត្មាអញនោះ កាលណានឹងសម្រេច ។ កាលណាហ្ន៎ ភ្លៀងពុំជួកាល មានទឹកថ្មីត្រជាក់ បង្អុរធ្លាក់មកត្រូវលើអាត្មាអញ ព្រមទាំងចីវរ ដែលកំពុងដើរក្នុងផ្លូវ ដែលពួកលោកអ្នកស្វែងរកគុណធំ (មានព្រះពុទ្ធជាដើម) ត្រាច់ទៅក្នុងព្រៃ បំណងរបស់អាត្មាអញនោះ កាលណានឹងសម្រេច ។ កាលណាហ្ន៎ អាត្មាអញនឹងបានឮសូរសំឡេងក្ងោក ជាសត្វមានកំប៉ោយ កើតអំពីអណ្ឌៈ ជាសត្វកើតពីរដង យំក្នុងច្រកភ្នំក្នុងព្រៃ ហើយក្រោកឡើងធ្វើទុកក្នុងចិត្ត (ដោយលក្ខណៈ មានអនិច្ចលក្ខណៈជាដើម) ដើម្បីឲ្យបានសម្រេចដល់ព្រះនិព្វាន បំណងនោះ កាលណានឹងសម្រេច ។ កាលណាហ្ន៎ អាត្មាអញគប្បីឆ្លងនូវទន្លេគង្គា យមុនា សរស្សតី និងមហាសមុទ្រដ៏ជ្រៅ ដូចជាធ្លាក់ទៅក្នុងបាតាល ជាគ្រឿងញ៉ាំងភ័យឲ្យកើត ដោយឫទ្ធិ៍មិនទើសទាក់ បំណងនោះ កាលណានឹងសម្រេច ។ កាលណាហ្ន៎ អាត្មាអញគប្បីវៀរនូវសុភនិមិត្តទាំងអស់ ប្រកបក្នុងឈាន ហើយទំលាយនូវសេចក្ដីប្រាថ្នា ក្នុងកាមគុណទាំងឡាយ ដូចជាដំរីត្រាច់ទៅក្នុងសង្រ្គាម បំណងនោះ កាលណានឹងសម្រេច ។ កាលណាហ្ន៎ អាត្មាអញបានដឹងសាសនាព្រះពុទ្ធ អ្នកស្វែងរកគុណដ៏ធំ ហើយត្រេកអរ ដូចជាបុរសកំសត់ ចំពាក់បំណុលគេ ដែលពួកម្ចាស់ទ្រព្យមកតឹងទារ ក៏បាននូវកំណប់ទ្រព្យ ហើយត្រេកអរ បំណងនោះ កាលណានឹងសម្រេច ។ អ្នកអង្វរយើងច្រើនឆ្នាំហើយ នេះជាការគួរនៅគ្រប់គ្រងផ្ទះរបស់អ្នកឬ ម្នាលចិត្ត ឥឡូវនេះ ហេតុអ្វីក៏អ្នកនៅតែប្រកបយើងដែលជាអ្នកបួសហើយនោះ ។ ម្នាលចិត្ត ក្រែងអ្នកអង្វរយើងឬ ពួកក្ងោកជាសត្វបក្សីមានស្លាបដ៏វិចិត្រ ទៅតាមអាកាស ជាសត្វស្រែកយំរំពងកក្រើកដី ក្នុងញកភ្នំ ពួកក្ងោកទាំងនោះ នឹងត្រេកអរចំពោះអ្នក ជាអ្នកចម្រើនឈានក្នុងព្រៃ ។ ម្នាលចិត្ត អ្នកលះបង់ត្រកូលផង ពួកមិត្តផង ពួកញាតិជាទីស្រឡាញ់ផង សេចក្ដីត្រេកអរ និងល្បែងផង កាមគុណទាំងអស់ក្នុងលោកផង ហើយចូលមកនៅក្នុងព្រៃនេះ ម្ល៉ឹងហើយ អ្នកនៅតែមិនត្រេកអរនឹងយើង ។ ចិត្តរបស់យើងនេះ មិនមែនជាប្រយោជន៍ដល់ជនទាំងឡាយដទៃឡើយ ប្រយោជន៍អ្វីដោយការខ្សឹកខ្សួល ក្នុងកាលដែលខ្លួនប្រុងប្រៀប (ដើម្បីច្បាំងនឹងកិលេសមារ) យើងសំឡឹងមើលនូវភពបីទាំងអស់នេះ ថាជារបស់នាំឲ្យញាប់ញ័រ ទើបចេញមកស្វែងរកអមតបទ ។ ព្រះសម្មាសម្ពុទ្ធ ព្រះអង្គជាបុគ្គលប្រសើរជាងសត្វជើង ២ ជាមហាពេទ្យ ជាធម្មសារថី របស់សត្វ អ្នកពោលនូវពាក្យសុភាសិត ចិត្តជាធម្មជាតិញាប់ញ័រ ដូចស្វា បុគ្គលមិនទាន់ប្រាសចាករាគៈ មិនងាយនឹងរារាំងបាន ។ ក៏កាមទាំងឡាយ ជារបស់ដ៏វិចិត្រ ជារបស់ផ្អែម ជាទីរីករាយនៃចិត្ត ជារបស់ដែលពួកបុថុជ្ជន អ្នកល្ងង់ខ្លៅជាប់ចំពាក់ ពួកបុថុជ្ជននោះ ជាអ្នកស្វែងរកភពថ្មី តែងប្រាថ្នានូវសេចក្ដីទុក្ខ (បុថុជ្ជនទាំងនោះ) ត្រូវចិត្តរបស់ខ្លួនឯងដឹកនាំទៅទម្លាក់ក្នុងនរក ធ្វើឲ្យឃ្លាតចាកសេចក្ដីសុខ ។ អ្នកកាលនៅក្នុងព្រៃ ជាកន្លែងឮសូរសព្ទក្ងោក និងគ្រៀលយំ មានទាំងខ្លាដំបង ខ្លាធំ ចោមរោម ចូរអ្នកលះបង់នូវសេចក្ដីអាឡោះអាល័យ ក្នុងកាយចេញ ចូរកុំឲ្យ (ខណៈ) ឃ្លាតទៅបាន ម្នាលចិត្ត អ្នកគួរតែប្រកបយើង (ក្នុងសម្មាប្រតិបត្តិ) ក្នុងកាលមុន ដោយប្រការដូច្នោះវិញ ។ អ្នកចូរចម្រើនឈាន ឥន្រ្ទិយ ពលៈ ពោជ្ឈង្គ និងសមាធិភាវនា ចូរសម្រេចនូវវិជ្ជា ៣ ក្នុងសាសនារបស់ព្រះពុទ្ធ ម្នាលចិត្ត អ្នកប្រកបយើងក្នុងកាលមុន ដោយប្រការដូច្នេះ ។ អ្នកចូរចម្រើននូវមគ្គ ជាមគ្គនាំសត្វឲ្យរួចចាកវដ្ដទុក្ខ ជាហេតុចុះកាន់ការអស់ទុក្ខទាំងពួង ប្រកបដោយអង្គ ៨ ប្រការ ជាគ្រឿងជំរះនូវកិលេសទាំងពួង ដើម្បីដល់នូវព្រះនិព្វាន ម្នាលចិត្ត អ្នកប្រកបយើងក្នុងកាលមុន ដោយប្រការដូច្នេះ ។ អ្នកចូរមើលឧបាទានក្ខន្ធ ថាជាទុក្ខ ដោយឧបាយនៃបញ្ញា កាលណា តណ្ហាញ៉ាំងទុក្ខឲ្យកើតឡើង អ្នកចូរលះបង់នូវតណ្ហានោះចោលចេញ ចូរធ្វើនូវទីបំផុតនៃទុក្ខ ក្នុងអត្តភាពនេះឲ្យបាន ម្នាលចិត្ត អ្នកប្រកបយើងក្នុងកាលមុន ដោយប្រការដូច្នេះ ។ អ្នកចូរឃើញឲ្យច្បាស់ ដោយឧបាយនៃប្រាជ្ញា ថាជារបស់មិនទៀងផង ជាទុក្ខផង ថាជារបស់សោះសូន្យ មិនមែនខ្លួនប្រាណផង ថាជារបស់លាមក ជាគ្រឿងសម្លាប់ផង ហើយចូរបិទនូវការពិចារណាក្នុងចិត្ត ដោយចិត្តរបស់ខ្លួន ម្នាលចិត្ត អ្នកប្រកបយើងក្នុងកាលមុន ដោយប្រការដូច្នេះ ។ អ្នកជាស្រមណ៍កំណោរ មានភេទប្លែកពីគ្រហស្ថហើយ ជាអ្នកត្រាច់ទៅដើម្បីអាហារ មានអំបែងក្នុងដៃ សុំគេក្នុងត្រកូលទាំងឡាយ ចូរអ្នកប្រកបតាមព្រះពុទ្ធដីការបស់ព្រះសាស្ដា អ្នកស្វែងរកគុណដ៏ធំវិញ ម្នាលចិត្ត អ្នកប្រកបយើងក្នុងកាលមុន ដោយប្រការដូច្នេះ ។ អ្នកចូរសង្រួមឲ្យល្អ ដើរទៅក្នុងចន្លោះច្រក មិនមានចិត្តជាប់ចំពាក់ក្នុងត្រកូល ក្នុងកាមទាំងឡាយ ដូចព្រះចន្ទពេញបូណ៌មី មិនមានមន្ទិលសៅហ្មង ម្នាលចិត្ត អ្នកប្រកបយើងក្នុងកាលមុន ដោយប្រការដូច្នេះ ។ អ្នកចូរជាបុគ្គលប្រព្រឹត្តនៅក្នុងព្រៃ ប្រព្រឹត្តបិណ្ឌបាត ប្រព្រឹត្តនៅក្នុងព្រៃស្មសាន ទ្រទ្រង់សំពត់បង្សុកូល ប្រព្រឹត្តអង្គុយ (មិនដេក) ត្រេកអរក្នុងធុតង្គគុណ សព្វកាល ម្នាលចិត្ត អ្នកប្រកបយើងក្នុងកាលជាដំបូង ដោយប្រការដូច្នេះ ។ បុរសអ្នកស្វែងរកផ្លែឈើ ដាំដើមឈើទាំងឡាយ ហើយប្រាថ្នាដើម្បីកាប់នូវដើមឈើនោះ ត្រង់គល់ មានឧបមាដូចម្ដេចមិញ ម្នាលចិត្ត អ្នកធ្វើហេតុនេះ ក៏មានឧបមេយ្យដូច្នោះ អ្នកប្រកបយើងក្នុងសេចក្ដីញាប់ញ័រ មិនទៀងទាត់ ។ ម្នាលអរូប (ចិត្ត) ទៅកាន់ទីឆ្ងាយ ត្រាច់ទៅតែម្នាក់ឯង ឥឡូវនេះ យើងលែងធ្វើតាមសំដីអ្នកហើយ ព្រោះថាកាមទាំងឡាយ ជាទុក្ខ ក្ដៅផ្សា មានភ័យធំ យើងនឹងមានចិត្តឧទ្ទិសទៅរកព្រះនិព្វានហើយ ។ យើងមិនមែនចេញបួស ព្រោះតែឥតបុណ្យ ព្រោះតែឥតសេចក្ដីអៀនខ្មាស ព្រោះហេតុតែលុះក្នុងអំណាចរបស់ចិត្ត ព្រោះហេតុតែដើរផ្លូវឆ្ងាយ ឬព្រោះហេតុតែការចិញ្ចឹមជីវិតទេ ម្នាលចិត្ត ការប្ដេជ្ញា យើងបានធ្វើដល់អ្នកហើយ ។ ភាពជាបុគ្គលប្រាថ្នាតិច ការលះបង់នូវសេចក្ដីលុបគុណគេ ការរម្ងាប់នូវទុក្ខ (ទាំងនេះ) សប្បុរសទាំងឡាយ (មានព្រះពុទ្ធជាដើម) សរសើរហើយ ម្នាលចិត្ត អ្នកបានប្រកបយើងក្នុងកាលនោះ ដោយប្រការដូច្នេះ ឥឡូវនេះ អ្នកដល់នូវ (សេចក្ដីប្រាថ្នាធំ) ដែលខ្លួនធ្លាប់ប្រព្រឹត្តមកហើយ ។ តណ្ហា អវិជ្ជា សេចក្ដីស្រឡាញ់ សេចក្ដីមិនស្រឡាញ់ រូបទាំងឡាយដ៏ល្អ សុខវេទនាទាំងឡាយ និងកាមគុណទាំងឡាយ ជាទីពេញចិត្ត (ទាំងនេះ) យើងលះបង់អស់ហើយ យើងមិនអាចនៅគ្រប់គ្រងកិលេសធម៌ ដែលយើងលះបង់អស់ហើយទេ ។ ម្នាលចិត្ត យើងបានធ្វើតាមពាក្យអ្នកគ្រប់ជាតិទាំងឡាយច្រើនហើយ អ្នកតាមយើងមិនទាន់ទេ ការច្រឡូកច្រឡំខាងក្នុង អ្នកបានធ្វើឲ្យកក្រើក ព្រោះតែអ្នកដឹងគុណ ដែលអ្នកដទៃធ្វើហើយ អ្នកធ្វើឲ្យយើងត្រាច់ទៅក្នុងសង្សារទុក្ខ អស់កាលយូរហើយ ។ ម្នាលចិត្ត អ្នកធ្វើយើងឲ្យជាព្រាហ្មណ៍ អ្នកធ្វើយើងឲ្យជាខត្តិយៈ ជាស្ដេច ជាឥសី ជួនណាយើងកើតជាវេស្សៈ ឬជាសុទ្ទៈ មួយទៀត អ្នកធ្វើនូវភាពជាទេវតា (ដល់យើង) ព្រោះហេតុតែអ្នក ។ យើងជាអសុរ ព្រោះហេតុតែអ្នក យើងជាសត្វនរក ក៏ព្រោះអ្នកជាហេតុ មួយវិញទៀត ជួនកាលយើងកើតជាតិរច្ឆាន កើតជាប្រេត ព្រោះហេតុតែអ្នក ។ អ្នកនឹងប្រទូស្ដយើងរឿយ ៗ មិនបានទេ អ្នកធ្លាប់ប្រលោមយើង ដូចជាបុគ្គលឆ្កួត ឬដូចជាបុរស បង្ហាញនូវហេតុនៃលោករឿយ ៗ ម្នាលចិត្ត យើងបានកំចាត់បង់អ្នកជ្រះស្រឡះហើយ ។ កាលពីដើម ចិត្តនេះ បានត្រាច់ទៅកាន់ចារិក តាមចំណង់ តាមប្រាថ្នា តាមសប្បាយ ថ្ងៃនេះ យើងនឹងផ្ទញ់ផ្ទាល់ចិត្តនោះ ដោយឧបាយនៃប្រាជ្ញា ដូចហ្មដំរីកាន់កង្វេរ បង្វឹកដំរីចុះប្រេង ។ (ព្រះសម្មាសម្ពុទ្ធ) ជាគ្រូនៃយើង ទ្រង់តាំងទុកនូវលោកនេះ ថាជារបស់មិនទៀង ជារបស់មិនមាំមួន ជារបស់រកខ្លឹមសារគ្មាន ម្នាលចិត្ត អ្នកចូរញ៉ាំងយើងឲ្យស្ទុះទៅក្នុងសាសនានៃព្រះជិនស្រីវិញ អ្នកចូរញ៉ាំងយើង ឲ្យឆ្លងផុតចាកជំនន់ដ៏ធំ ដែលគេឆ្លងបានដោយកម្រវិញ ។ ម្នាលចិត្ត ផ្ទះ គឺអត្តភាពនេះ ដូចជារបស់ចាស់ មិនមានដល់អ្នកទៀតទេ យើងមិនគួរនឹងប្រព្រឹត្តទៅក្នុងអំណាចរបស់អ្នកឡើយ យើងជាអ្នកបួសក្នុងសាសនានៃព្រះមានព្រះភាគ ព្រះអង្គស្វែងរកនូវគុណដ៏ធំ ពួកបុគ្គលដូចយើង មិនមែនជាអ្នកទ្រទ្រង់នូវសេចក្ដីវិនាសឡើយ ។ ភ្នំ សមុទ្រ ស្ទឹង ផែនដី ទិសធំទាំង ៤ ទិសតូច ទិសខាងក្រោម ភព ៣ ទាំងអស់ ជារបស់មិនទៀង ត្រូវ រាគាទិក្កិលេសបៀតបៀនហើយ ម្នាលចិត្ត អ្នកទៅក្នុងទីណា នឹងត្រេកអរសប្បាយបាន ។ ម្នាលចិត្ត ថ្វឺយ ៗ អ្នកនឹងធ្វើអំពើអ្វីដទៃទៀតដល់យើង ម្នាលចិត្ត យើងមិនគួរប្រព្រឹត្តទៅតាមអំណាចអ្នកឡើយ (ដូច) បុគ្គលមិនហ៊ានពាល់ទៃ ដែលមានមាត់ទាំងពីរខាង ថ្វឺយ (រូបនេះ) សឹងពេញ (ដោយរបស់មិនស្អាត) សម្រាប់ហូរចេញនូវវត្ថុមិនស្អាត តាមមុខដំបៅទាំង ៩ ។ អ្នកនៅក្នុងផ្ទះ គឺគុហា ត្រេកអរក្នុងញកភ្នំ កំពូលភ្នំ ជាទីដ៏ល្អតាមប្រក្រតី មានព្រៃដែលទឹកភ្លៀងថ្មីធ្លាក់ចុះ ជាទីដែលពួកជ្រូក និងទ្រាយ ចុះឡើងអាស្រ័យនៅហើយនោះ ។ ហ្វូងបក្សី (ក្ងោក) មានកខៀវល្អ មានសិរល្អ មានតួស្លាបល្អ មានរោមស្លាបដ៏វិចិត្រល្អ មានសំឡេងស្រែកយំឮសូរពីរោះក្រៃលែងនោះ នឹងត្រេកអរចំពោះអ្នកចម្រើនឈានក្នុងព្រៃ (នោះឯង) ។ កាលភ្លៀងបង្អុរចុះមកហើយ កាលស្មៅដុះឡើងប្រវែង ៤ ធ្នាប់ កាលព្រៃមានសម្បុរដូចមេឃ មានផ្ការីកស្គុះស្គាយហើយ យើងក៏ប្រហែលនឹងដើមឈើ នឹងដេកត្រង់ចន្លោះនៃព្រៃភ្នំ ឯកន្លែងដេករបស់យើងនោះ នឹងមានសម្ផ័ស្សទន់ដូចជាសំឡី ។ បុរសជាឥស្សរៈ (ធ្វើទាសកម្មករ ឲ្យលុះក្នុងអំណាចខ្លួន) យ៉ាងណាមិញ (ម្នាលចិត្ត) យើងនឹងធ្វើ (អ្នកឲ្យលុះក្នុងអំណាច) យ៉ាងនោះ យើងបានបច្ច័យណា បច្ច័យនោះ សូមឲ្យល្មមដល់យើង (ម្នាលចិត្ត) ព្រោះហេតុនោះ បុគ្គលមិនខ្ជិលយ៉ាងណា យើងនឹងធ្វើអ្នកយ៉ាងនោះ ឲ្យដូចស្បែកសំពោច ដែលគេសម្លាប់ល្អហើយ ។ បុរសជាឥស្សរៈ (ធ្វើទាសកម្មករ ឲ្យលុះក្នុងអំណាចខ្លួន) យ៉ាងណាមិញ យើងនឹងធ្វើ (អ្នកឲ្យលុះក្នុងអំណាចខ្លួន) ក៏យ៉ាងនោះដែរ យើងបានបច្ច័យណា បច្ច័យនោះ សូមឲ្យល្មមដល់យើង (ម្នាលចិត្ត) យើងនឹងដឹកនាំអ្នកឲ្យលុះក្នុងអំណាចរបស់យើង ដោយសេចក្ដីព្យាយាម ដូចហ្មដំរីដ៏ប៉ិនប៉ៅ កាន់កង្វេរពង្រាបដំរីចុះប្រេង ។ យើងអាចដើរទៅកាន់ផ្លូវដ៏ក្សេម ដែលពួកលោកអ្នករក្សាចិត្ត ធ្លាប់សេពហើយសព្វកាល ដោយសារអ្នក ដែលទូន្មានល្អហើយ តាំងមាំហើយ ដូចហ្មសេះ បង្ហាត់សេះ (ឲ្យទៅកាន់ទីតាមបំណង) ដោយសារសេះស្លូតត្រង់ ។ (ហ្មដំរីចងក្រៀក) ដំរីនឹងសសរ ដោយខ្សែដ៏មាំយ៉ាងណា យើងនឹងចងអ្នកទុកក្នុងកម្មដ្ឋានារម្មណ៍ ដោយកំឡាំងភាវនាយ៉ាងនោះដែរ (ម្នាលចិត្ត) អ្នកនោះ ដែលយើងគ្រប់គ្រងហើយ ចម្រើនល្អហើយ ដោយសតិ នឹងទៅជាអ្នកមានតណ្ហានិស្ស័យជាដើម មិនអាស្រ័យក្នុងភពទាំងពួងឡើយ ។ អ្នកបើបានផ្ដាច់ដំណើរទៅកាន់ផ្លូវខុស ដោយប្រាជ្ញា រួចផ្ទញ់ផ្ទាល់ដោយព្យាយាម ឲ្យតម្កល់នៅក្នុងផ្លូវវិបស្សនាវិញ ហើយឃើញនូវសេចក្ដីកើត សេចក្ដីវិនាស និងសេចក្ដីចម្រើននោះ នឹងបានជាទាយាទ នៃព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលពាក្យដ៏ប្រសើរ ។ ម្នាលចិត្ត អ្នកទង់ទាញយើង ឲ្យលុះអំណាចនៃវិបល្លាស ៤ [វិបល្លាស ៤ គឺ សំគាល់ថាទៀង ក្នុងរបស់មិនទៀង ១ សំគាល់ថាល្អ ក្នុងរបស់មិនល្អ ១ សំគាល់ថាសុខ ក្នុងរបស់មិនមែនសុខ ១ សំគាល់ថាខ្លួន ក្នុងសភាពមិនមែនខ្លួន ១ ។ អដ្ឋកថា ។] ដូចជាកូនក្មេងអ្នកស្រុក ក្រែងអ្នកបានសេពគប់នឹងព្រះមហាមុនី ប្រកបដោយសេចក្ដីករុណា ជាអ្នកផ្ដាច់នូវចំណង គឺសំយោជនៈហើយឬ ។ ម្រឹគមានសេរី ចូលទៅកាន់ភ្នំ ជាទីត្រេកអរ ដេរដាសដោយរបៀបពពក ក្នុងព្រៃដ៏វិចិត្រល្អ យ៉ាងណា អ្នកនឹងត្រេកអរក្នុងភ្នំនោះ ដែលមិនវឹកវរ ក៏យ៉ាងនោះដែរ ម្នាលចិត្ត អ្នកនឹងវិនាសឥតមានសង្ស័យឡើយ ។ ម្នាលចិត្ត ជនប្រុសស្រីទាំងឡាយណា ជាអ្នកប្រព្រឹត្តទៅតាមសេចក្ដីប្រាថ្នា ទៅតាមអំណាចរបស់អ្នក រមែងទទួលសេចក្ដីសុខណា ជនប្រុសស្រីទាំងនោះ ជាអ្នកល្ងង់ខ្លៅ ប្រព្រឹត្តទៅតាមអំណាចនៃមារ ជាអ្នកត្រេកអរនឹងភព ជាសេវកៈរបស់អ្នក (រមែងបាននូវសេចក្ដីសុខនោះ គឺសាមិសសុខ) ។ ព្រះតាលបុដត្ថេរ ។

ឧទ្ទាន

ក្នុងបញ្ញាសនិបាតនោះ ព្រះតាលបុដត្ថេរ អ្នកបរិសុទ្ធ ១ អង្គ ពោលនូវគាថាទាំងឡាយ ៥៥ ។

ចប់ បញ្ញាសនិបាត ។

សដ្ឋិកនិបាតកែប្រែ

[២៦៤] ពួកយើង ជាអ្នកប្រព្រឹត្តនៅក្នុងព្រៃ ប្រព្រឹត្តបិណ្ឌបាត ត្រេកអរក្នុងវត្ថុ ដែលមាននៅក្នុងបាត្រ ដោយការស្វែងរក ជាអ្នកមានចិត្តតាំងមាំល្អខាងក្នុង ចូរទំលាយនូវសេនារបស់មច្ចុ (កិលេស) ។ ពួកយើង ជាអ្នកប្រព្រឹត្តនៅក្នុងព្រៃ ប្រព្រឹត្តបិណ្ឌបាត ត្រេកអរក្នុងវត្ថុដែលមាននៅក្នុងបាត្រ ដោយការស្វែងរក ចូរកំចាត់បង់នូវសេនារបស់មច្ចុ ដូចដំរីកំចាត់កំចាយនូវផ្ទះបបុស ។ ពួកយើងជាអ្នកប្រព្រឹត្តនៅក្រោមម្លប់ឈើ មានព្យាយាមប្រព្រឹត្តទៅរឿយ ៗ ត្រេកអរក្នុងវត្ថុដែលមាននៅក្នុងបាត្រ ដោយការស្វែងរក ជាអ្នកមានចិត្តតាំងមាំល្អខាងក្នុង ចូរទំលាយនូវសេនារបស់មច្ចុ ។ ពួកយើងជាអ្នកប្រព្រឹត្តនៅក្រោមម្លប់ឈើ មានព្យាយាមប្រព្រឹត្តទៅរឿយ ៗ ត្រេកអរ ក្នុងវត្ថុដែលមាននៅក្នុងបាត្រ ដោយការស្វែងរក ចូរកំចាត់បង់នូវសេនារបស់មច្ចុ ដូចដំរីកំចាត់បង់នូវផ្ទះបបុស ។ (នែស្រីផ្កាមាស) ថ្វឺយ នាងរាប់អានខ្លួនអ្នកដទៃ ដែលជាខ្ទម គឺរាងឆ្អឹងបែបចំអឹង ៗ មានសាច់ និងសរសៃរួបរឹតហើយ ពេញ (ដោយគ្រឿងមិនស្អាត) មានក្លិនស្អុយ ។ ម្នាលនាងមានពកឰដ៏ទ្រូងដូចបិសាច ក្នុងកាយរបស់នាង ដែលពេញដោយលាមក ស្រោបដោយស្បែក (នេះ) មានទ្វារសម្រាប់បង្ហូរចេញ ៩ តែងហៀរហូរគ្រប់ពេល ។ ភិក្ខុគប្បីវៀរបង់នូវសរីរៈនាង ដែលមានមុខហូរ ៩ មានក្លិនអាក្រក់ បុគ្គលអ្នកចង់ស្អាត ដើរវាងគូថៈ យ៉ាងណាមិញ ភិក្ខុចៀសវាងនូវសរីរៈរបស់នាង ក៏យ៉ាងនោះដែរ ។ អាត្មាដឹងនូវសរីរៈនោះ យ៉ាងណា បើមហាជនដឹងនូវសរីរៈនោះ យ៉ាងនោះ គប្បីតែចៀសវាងសរីរៈនោះ អំពីចម្ងាយ ដូចគេចៀសវាងកន្លែងគូថៈ ក្នុងកាលដែលភ្លៀងបង្អុរចុះ ។

បពិត្រសមណៈ លោកមានថេរវាចាយ៉ាងណា បពិត្រលោកអ្នកមានព្យាយាមច្រើន ហេតុនុ៎ះ ក៏យ៉ាងនឹងមែនហើយ តែគង់មានជនពួកខ្លះ លិចនៅក្នុងសរីរៈនុ៎ះដែរ ដូចគោចាស់លិចនៅក្នុងភក់ ។

នរណាសំគាល់ដើម្បីជ្រលក់នូវអាកាសដោយរមៀត ឬដោយគ្រឿងជ្រលក់ឯទៀត ការងាររបស់បុគ្គលនោះ នាំឲ្យតែកើតសេចក្ដីលំបាកទេ ។ ចិត្តដែលតម្កល់នៅល្អក្នុងសន្ដាននោះ ក៏ស្មើគ្នានឹងអាកាស នាងកុំត្រេកអរ (នឹងយើង) ដោយចិត្តលាមក ដូចសត្វស្លាប (មមាច) ត្រេកអរនឹងគំនរភ្លើងឡើយ ។ នាងចូរមើលរាងកាយដែលធ្វើឲ្យវិចិត្រហើយ ជាទីប្រជុំនៃដំបៅ ដែលឆ្អឹង ៣០០ កំណាត់ ផ្គុំគ្នាហើយ ឈឺជានិច្ច ដែលពួកជនពាលប្រាថ្នាដោយច្រើន សេចក្ដីទៀងទាត់ និងការមាំមួនរបស់រាងកាយនេះ មិនមានឡើយ ។

កាលព្រះសារីបុត្ត បរិបូណ៌ដោយអាការដ៏ច្រើន បរិនិព្វានហើយ សេចក្ដីស្ញប់ស្ញែង សេចក្ដីព្រឺរោម ក៏កើតមានឡើងថា ។ ឱហ្ន៎ សង្ខារទាំងឡាយ មិនទៀងទេ មានការកើតឡើង និងការវិនាសទៅជាធម្មតា កើតឡើងហើយតែងរលត់វិញ ការរម្ងាប់នូវសង្ខារទាំងនោះ ទើបនាំមកនូវសុខ ។ ពួកព្រះយោគីណា ពិចារណាឃើញច្បាស់នូវខន្ធទាំង ៥ ថាជារបស់ដទៃ ទាំងមិនមែនជារបស់ខ្លួន ពួកព្រះយោគីនោះ តែងចាក់ធ្លុះនូវធម៌ដ៏សុខុមបាន ដូចបុគ្គលបាញ់ចុងរោមកន្ទុយដោយព្រួញ ។ មួយទៀត ពួកព្រះយោគីណា ពិចារណាឃើញច្បាស់នូវសង្ខារទាំងឡាយ ថាជារបស់ដទៃ ទាំងមិនមែនជារបស់ខ្លួន ពួកព្រះយោគីនោះ ឈ្មោះថា បានចាក់ធ្លុះនូវធម៌ដ៏ល្អិត ដូចបុគ្គលបាញ់ចុងរោមកន្ទុយ ដោយព្រួញ ។

(ភិក្ខុអ្នកមានស្មារតី គប្បីវៀរ ដើម្បីលះបង់នូវកាមរាគៈ ដូចជាគេបោះ ឬពួយនឹងលំពែង ទំលុះពីលើមកក្រោម ពុំនោះសោត ដូចជាគេលត់ភ្លើង កំពុងឆេះឰដ៏ក្បាល) ។ ភិក្ខុអ្នកមានស្មារតី គប្បីវៀរ ដើម្បីលះបង់នូវភវរាគៈ ដូចជាគេបោះ ឬពួយនឹងលំពែង ទំលុះពីលើមកក្រោម ពុំនោះសោត ដូចជាគេលត់ភ្លើង ដែលកំពុងឆេះឰដ៏ក្បាល ។

ខ្ញុំលុះព្រះសាស្ដាចារ្យ ព្រះអង្គមានព្រះកាយអប់រំហើយ ព្រះអង្គទ្រទ្រង់នូវសរីរៈជាទីបំផុត ទ្រង់បានដាស់តឿនហើយ ក៏ញ៉ាំងមិគារមាតុប្រាសាទ ឲ្យកក្រើកបានដោយចុងមេជើង ។ បុគ្គលប្រារព្ធការងារណាមួយ ធូរ ៗ ឬដោយកំឡាំងព្យាយាមស្ដួចស្ដើង មិនងាយបានដល់ព្រះនិព្វាន ដែលជាគ្រឿងរួចចាកគន្ថធម៌ទាំងពួងទេ ។ ភិក្ខុកំលោះនេះក្ដី បុរសដ៏ឧត្តមនេះក្ដី បានឈ្នះនូវមារ ព្រមទាំងសេនានៃមារ ហើយទ្រទ្រង់នូវរាងកាយជាទីបំផុតបាន ។

ផ្លេកបន្ទោរទាំងឡាយ រមែងធ្លាក់ក្នុងចន្លោះនៃភ្នំឈ្មោះវេភារៈ និងភ្នំឈ្មោះបណ្ឌវៈ ឯបុត្រនៃព្រះពុទ្ធ ជាតាទិបុគ្គល រកបុគ្គលប្រៀបស្មើមិនបាន លោកនៅក្នុងចន្លោះភ្នំ រមែងដុត (នូវធម៌ជាសត្រូវ) ។ មហាព្រហ្ម ថ្វាយបង្គំហើយ នូវមុនិអ្នកស្ងប់ស្ងាត់ ត្រេកអរនឹងការស្ងប់រម្ងាប់ នៅក្នុងសេនាសនៈដ៏ស្ងាត់ ជាទាយាទរបស់ព្រះពុទ្ធដ៏ប្រសើរ ។ ម្នាលព្រាហ្មណ៍ អ្នកចូរថ្វាយបង្គំព្រះកស្សបៈ ជាមុនិ អ្នកស្ងប់ស្ងាត់ ត្រេកអរនឹងការស្ងប់ស្ងាត់ នៅក្នុងសេនាសនៈដ៏ស្ងាត់ ជាទាយាទរបស់ព្រះពុទ្ធដ៏ប្រសើរចុះ ។ បើបុគ្គលណា ទៅយកកំណើតជាព្រាហ្មណ៍គ្រប់ ៗ ជាតិ អស់ ១០០ ជាតិ បុគ្គលនោះ ឈ្មោះថាព្រាហ្មណ៍ បរិបូណ៌ដោយវេទ ក្នុងពួកមនុស្សរឿយ ៗ ។ តែបើទុកជាព្រាហ្មណ៍នោះ ជាអ្នកចេះចាំមន្ដ ដល់នូវត្រើយនៃវេទទាំង ៣ ក៏ដោយចុះ ក៏នៅតែមិនដល់មួយចំណិតនៃចំណែក ដែលគេចែក ១៦ ៗ ដង នៃការថ្វាយបង្គំចំពោះព្រះមហាកស្សបត្ថេរនុ៎ះឡើយ ។

ភិក្ខុណាបានវិមោក្ខ ៨ ក្នុងវេលាមុនភត្ត ជាអនុលោមបដិលោម លុះចេញចាកនិរោធសមាបត្តិនោះហើយ ទើបទៅដើម្បីបិណ្ឌបាត ម្នាលព្រាហ្មណ៍ អ្នកចូរត្រេកអរនឹងភិក្ខុបែបនោះ អ្នកកុំគាស់រំលើងខ្លួនឡើយ អ្នកចូរធ្វើចិត្តឲ្យត្រេកអរចំពោះព្រះអរហន្ដ ជាតាទិបុគ្គល ចូរប្រណម្យអញ្ជលី ថ្វាយបង្គំឲ្យឆាប់ កុំឲ្យក្បាលអ្នកបែកជា ៧ ភាគឡើយ ។ បោដិ្ឋលភិក្ខុនោះ ត្រូវចំណង គឺសង្សារវដ្ដរួបរឹតហើយ មិនបានឃើញនូវព្រះសទ្ធម្ម ស្ទុះទៅរកមិច្ឆាជីវៈ ជាផ្លូវដែលមិនគួរទៅ ជាផ្លូវវៀច ផ្លូវអាក្រក់ ។ តុច្ឆបោដ្ឋិលភិក្ខុ ងប់ចុះក្នុងសង្ខារ (ដែលច្រឡំដោយកិលេស ជាគ្រឿងមិនស្អាត) លិចចុះក្នុងលាភៈ និងសក្ការៈ ដូចជាដង្កូវប្រឡាក់ដោយលាមក ។

អ្នកចូរមើលព្រះសារីបុត្តដ៏មានអាយុនេះ លោកជាអ្នកឃើញដោយប្រពៃ ជាអ្នកផុតចាកចំណែកទាំងពីរ [គឺរួចចាករូបកាយដោយអរូបសមាបត្តិ ១ ចាកនាមកាយដោយមគ្គ ១ ។] ជាអ្នកមានចិត្តតម្កល់មាំក្នុងសន្តាន មិនមានសរ គឺរាគៈជាដើម មានសំយោជនៈអស់ហើយ បានសម្រេចវិជ្ជា ៣ ញ៉ាំងមច្ចុរាជឲ្យវិនាស ជាទក្ខិណេយ្យបុគ្គល ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់មនុស្សទាំងឡាយ ។

ពួកទេវតាជាច្រើន ចំនួនមួយម៉ឺនអង្គ មានឫទ្ធិ៍ មានយស ទេវតាទាំងអស់នុ៎ះ ទាំងពួកព្រហ្មបុរោហិត ឈរប្រណម្យនមស្ការព្រះមោគ្គល្លានថា បពិត្រលោកជាបុរសអាជានេយ្យ យើងខ្ញុំសូមនមស្ការចំពោះលោក បពិត្រលោកជាបុរសដ៏ឧត្តម យើងខ្ញុំសូមនមស្ការចំពោះលោក បពិត្រលោកនិទ៌ុក្ខ លោកមានអាសវៈអស់ហើយ លោកជាទក្ខិណេយ្យបុគ្គល ។

(ព្រះមោគ្គល្លាន) ដែលនរជន និងទេវតា បូជាហើយ លោកកើត (ដោយអរិយជាតិ) ជាអ្នកគ្របសង្កត់នូវសេចក្ដីស្លាប់បាន មិនជាប់ចំពាក់ក្នុងសង្ខារ ដូចជាផ្កាឈូកស មិនប្រឡាក់ដោយទឹក ។

ព្រះមោគ្គល្លានណា ជ្រាបនូវឱកាសលោកមួយពាន់ ក្នុងកាលមួយរំពេច ព្រះ មោគ្គល្លាននោះ ស្មើនឹងមហាព្រហ្ម ជាអ្នកស្ទាត់ក្នុងឥទ្ធិគុណ និងចុតូបបាតៈ លោកជាភិក្ខុឃើញពួកទេវតាក្នុងកាលគួរ ។

ព្រះសារីបុត្តត្ថេរ (ប្រសើរ) ដោយប្រាជ្ញា ដោយសីល ដោយឧបសមៈ ទុកជាភិក្ខុណា ជាអ្នកដល់នូវត្រើយ ភិក្ខុនោះ គប្បីជាអ្នកមានគុណយ៉ាងក្រៃលែង ដូច្នេះឯង ។

ចំណែកអាត្មា អាចនិមិ្មតនូវអត្តភាពមួយសែនកោដិបាន ដោយមួយរំពេច ជាអ្នកឈ្លាសវៃក្នុងឫទ្ធិ៍ គឺការធ្វើផ្សេង ៗ ជាអ្នកស្ទាត់ជំនាញក្នុងឫទ្ធិ៍ ។ អាត្មាជាមោគ្គល្លានគោត្រ ដល់នូវទីបំផុតដោយសមាធិ និងភាវៈ ស្ទាត់ក្នុងវិជ្ជា ជាអ្នកប្រាជ្ញ មានឥន្រ្ទិយតាំងមាំ ក្នុងសាសនា (នៃព្រះសាស្ដា) ប្រាសចាកតណ្ហានិស្ស័យជាដើម បានកាត់នូវចំណង គឺកិលេស ដូចដំរីផ្ដាច់ទន្លីង ដែលគេធ្វើដោយវល្លិ៍ស្អុយ ។

ព្រះសាស្ដា ខ្ញុំបម្រើហើយ ។បេ។ តណ្ហា ដែលជាធម្មជាតិនាំសត្វទៅកាន់ភព ខ្ញុំបានដកហើយ ។ កុលបុត្រ ចេញចាកផ្ទះហើយទៅបួស ក្នុងសំណាក់បុគ្គលមិនមានផ្ទះ ដើម្បីប្រយោជន៍ណា ប្រយោជន៍ជាគ្រឿងអស់សំយោជនៈគ្រប់យ៉ាងនោះ ក៏ខ្ញុំបានសម្រេចហើយ ។ ទុស្សីមារ បៀតបៀននូវព្រាហ្មណ៍ គឺអគ្គសាវ័កឈ្មោះ វិធូរៈផង នូវព្រះសម្មាសម្ពុទ្ធ ទ្រង់ព្រះនាមកក្កុសន្ធៈផង ហើយឆេះនៅក្នុងនរកណា នរកនោះ ដូចម្ដេចទៅ ។ ទុស្សីមារ បៀតបៀននូវព្រាហ្មណ៍ គឺសាវ័កឈ្មោះ វិធូរៈផង នូវព្រះសម្មាសម្ពុទ្ធ ទ្រង់ព្រះនាមកក្កុសន្ធៈផង ហើយឆេះនៅក្នុងនរកណា នរកនោះ ប្រាកដដូច្នេះ គឺកង្វារដែក ១០០ កើតវេទនាផ្សេង ៗ គ្នា គ្រប់យ៉ាង ។ ភិក្ខុណាជាសាវ័ករបស់ព្រះពុទ្ធ ដឹងជាក់លាក់នូវផលនៃកម្មនោះ ម្នាលមារមានចិត្តខ្មៅ អ្នកបៀតបៀននូវភិក្ខុបែបនោះហើយ នឹងដល់នូវសេចក្ដីទុក្ខមិនខាន ។ វិមានទាំងឡាយណា តាំងនៅអស់មួយកប្ប ឋិតនៅក្នុងកណ្ដាលសាគរ មានពណ៌ដូចជាកែវពិទូរ្យដ៏រុងរឿង មានពន្លឺភ្លឺផ្លេក មានពួកស្រីអប្សរដ៏ច្រើនមានវណ្ណៈផ្សេង ៗ រាំក្នុងវិមានទាំងនោះ ភិក្ខុណាដឹងជាក់លាក់នូវផលនៃកម្មនោះ ។បេ។ ម្នាលមារមានចិត្តខ្មៅ អ្នកនឹងដល់នូវសេចក្ដីទុក្ខ ។

មួយទៀត ភិក្ខុណាដែលព្រះពុទ្ធជាម្ចាស់ ទ្រង់ដាស់តឿនហើយ កាលភិក្ខុសង្ឃកំពុងមើល (ភិក្ខុនោះ) បានធ្វើមិគារមាតុប្រាសាទ ឲ្យកក្រើកញាប់ញ័រ ដោយចុងមេជើង ។ ភិក្ខុណាដឹងជាក់លាក់នូវផលនៃកម្មនោះបាន ។បេ។ ម្នាលមារមានចិត្តខ្មៅ អ្នកនឹងដល់នូវសេចក្ដីទុក្ខ ។ ភិក្ខុណាធ្វើវេជយន្ដប្រាសាទ ឲ្យកក្រើកញាប់ញ័រ ដោយចុងមេជើង ភិក្ខុនោះ ជាអ្នកអង់អាចដោយកំឡាំងឫទ្ធិ៍ ធ្វើពួកទេវតាឲ្យសង្វេគហើយ ។ ភិក្ខុណាដឹងជាក់លាក់នូវផលនៃកម្មនុ៎ះបាន ។បេ។ ម្នាលមារមានចិត្តខ្មៅ អ្នកនឹងដល់នូវសេចក្ដីទុក្ខ ។ ភិក្ខុណា (គង់លើ) វេជយន្ដប្រាសាទ ភិក្ខុនោះ ក៏សួរសក្កទេវរាជថា ម្នាលអាវុសោ អ្នកដឹងនូវការអស់ និងការផុតស្រឡះចាកតណ្ហាដែរឬទេ សក្កទេវរាជ លុះព្រះថេរៈសួរប្រស្នាហើយ ក៏ឆ្លើយដោះស្រាយតាមសេចក្ដីពិតដល់លោក ភិក្ខុណាដឹងជាក់លាក់នូវផលនៃកម្មនុ៎ះ ។បេ។ ម្នាលមារ មានចិត្តខ្មៅ អ្នកនឹងដល់នូវសេចក្ដីទុក្ខ ។ ភិក្ខុណាជាបុគ្គលក្លៀវក្លា សួរប្រស្នានឹងព្រហ្មក្នុងសភាឈ្មោះសុធម្មាថា ម្នាលអាវុសោ សេចក្ដីយល់ណារបស់អ្នក ដែលមានហើយ ក្នុងកាលពីដើម សេចក្ដីយល់របស់អ្នកនោះ នៅដូចថ្ងៃនេះឬ អ្នកឃើញពន្លឺរស្មី (នៃព្រះមានបុណ្យ និងសាវ័ក) គ្របសង្កត់ក្នុងព្រហ្មលោកដែរឬទេ ព្រហ្ម លុះព្រះថេរៈសួរប្រស្នាហើយ ក៏ឆ្លើយដោះសារ តាមសេចក្ដីពិតដល់លោកថា

បពិត្រលោកនិទ៌ុក្ខ សេចក្ដីយល់ណារបស់ខ្ញុំ ដែលមានហើយ ក្នុងកាលពីដើម សេចក្ដីយល់របស់ខ្ញុំនោះ មិនមានទេ ។ ខ្ញុំឃើញពន្លឺរស្មី (របស់ព្រះមានបុណ្យ និងសាវ័ក) គ្របសង្កត់ក្នុងព្រហ្មលោក ខ្ញុំនោះនឹងលះបង់នូវពាក្យរបស់ខ្ញុំ ដែលយល់ឃើញថា អាត្មាអញជាបុគ្គលទៀងទាត់ (នោះ) ក្នុងថ្ងៃនេះហើយ ។ ភិក្ខុណាដឹងជាក់លាក់នូវផលនៃកម្មនោះ ។បេ។ ម្នាលមារមានចិត្តខ្មៅ អ្នកនឹងដល់នូវសេចក្ដីទុក្ខ ។ ភិក្ខុណាបានឃើញកំពូលភ្នំមហាសិនេរុផង ឃើញជម្ពូទ្វីបផង ឃើញបុព្វវិទេហទ្វីបផង ឃើញពួកមនុស្សដេកលើផែនដី (នៅក្នុងអបរគោយានទ្វីប និងឧត្តរកុរុទ្វីប) ផង ដោយឈានវិមោក្ខ ភិក្ខុណាដឹងជាក់លាក់នូវផលនៃកម្មនោះ ។បេ។ ម្នាលមារមានចិត្តខ្មៅ អ្នកនឹងដល់នូវសេចក្ដីទុក្ខ ។ ធម្មតាភ្លើងមិនដែលគិតថា អញនឹងឆេះរលាកមនុស្សពាលទេ តែប្រសិនជាមនុស្សពាលពាល់ភ្លើងដែលឆេះហើយ (ភ្លើង) ក៏ឆេះរលាកនូវបុគ្គលពាលនោះឯង ម្នាលមារ អ្នកបៀតបៀននូវព្រះតថាគតនោះ មុខជានឹងឆេះរលាកខ្លួនឯងវិញ ដូចមនុស្សពាលពាល់ភ្លើង យ៉ាងនោះដែរ ។ ម្នាលមារមានចិត្តបាប មារឯង បៀតបៀននូវព្រះតថាគតនោះ មុខជានឹងបានសោយបាប អ្នកសំគាល់ថា បាបនឹងមិនឲ្យផលដល់អញឬអ្វី ។

ម្នាលមារមានចិត្តលាមក បាបរបស់អ្នកកាលធ្វើ រមែងប្រព្រឹត្តទៅ (មិនជាប្រយោជន៍) អស់កាលដ៏យូរ ម្នាលមារ អ្នកចូរនឿយណាយចាកបុគ្គលអ្នកត្រាស់ដឹង នូវសច្ចៈទាំង ៤ ប្រការ អ្នកកុំធ្វើនូវសេចក្ដីប៉ុនប៉ង ដើម្បីបៀតបៀនភិក្ខុឡើយ ។

ភិក្ខុ (មោគ្គល្លានត្ថេរ) បានគំរាមមារ ក្នុងភេសកឡាវ័នដោយប្រការដូច្នេះហើយ មារ ជាយក្ខនោះ ក៏អាក់អន់ចិត្ត ហើយបាត់ទៅក្នុងទីនោះឯង ព្រោះហេតុតែសេចក្ដីគំរាម (នៃព្រះមោគ្គល្លាន) ។

ឮថា ព្រះមហាមោគ្គល្លានត្ថេរមានអាយុ បានសំដែងនូវគាថាទាំងឡាយ ដោយប្រការដូច្នេះឯង ។

ឧទ្ទាន

ព្រះមោគ្គល្លានត្ថេរ មានឫទ្ធិច្រើន តែមួយអង្គឯង       សំដែងនូវគាថាទាំងឡាយ ក្នុងសដ្ឋិកនិបាត គាថាទាំងនោះ មានចំនួន ៦៨ គាថា ។

ចប់ សដ្ឋិកនិបាត ។

មហានិបាតកែប្រែ

[២៦៥] វិតក្កៈទាំងឡាយនេះ ជាសភាវៈឃ្នើសឃ្នង ព្រោះជារបស់លាមក តែងគ្របសង្កត់អាត្មាអញ ដែលចេញចាកផ្ទះ បួសក្នុងព្រះពុទ្ធសាសនា (ដូច) ពួកខ្មាន់ធ្នូដ៏ប្រសើរ ជាកូនអ្នកខ្ពង់ខ្ពស់ សិក្សាស្ទាត់ហើយ មានធ្នូដ៏មាំ គប្បីបាញ់ប្រសាចនូវព្រួញ ទាំងពាន់ជុំវិញខ្លួន (សត្រូវ) មិនឲ្យរត់រួចបាន ។ បើពួកស្រីប៉ុណ្ណេះ (ឬ) លើសជាងនេះ នឹងមក ក៏គង់បៀតបៀនអាត្មាអញមិនបាន (ព្រោះ) អាត្មាអញបានតាំងមាំនៅក្នុងធម៌ទាំងឡាយហើយ ។ ព្រះពុទ្ធដីការបស់ព្រះពុទ្ធ ជាអាទិច្ចពន្ធុ អាត្មាអញបានស្ដាប់ម្ដងហើយ ចិត្តរបស់អាត្មាអញត្រេកអរក្នុងផ្លូវជាទីទៅកាន់ព្រះនិព្វាននោះហើយ ។ ម្នាលមារលាមក បើអ្នកចូលមកបំបាក់យើង ដែលកំពុងចុះចិត្តស៊ប់ក្នុងវិបស្សនាយ៉ាងនេះ អ្នកមិនបានឃើញផ្លូវរបស់យើង យ៉ាងណា យើងនឹងធ្វើអ្នកឲ្យដល់នូវសេចក្ដីស្លាប់ យ៉ាងនោះដែរ ។

បុគ្គលណា លះបង់នូវសេចក្ដីអផ្សុក នូវសេចក្ដីត្រេកអរ នូវសេចក្ដីត្រិះរិះ ដែលអាស្រ័យនូវផ្ទះ ដោយប្រការទាំងពួង មិនធ្វើនូវសេចក្ដីប្រាថ្នាក្នុងវត្ថុណាមួយ ជាអ្នកមិនមានសេចក្ដីប្រាថ្នា ព្រោះមិនមានសេចក្ដីប្រាថ្នា បុគ្គលនោះ ឈ្មោះថាភិក្ខុ ។ ក្នុងលោកនេះ វត្ថុណាមួយ នៅលើផែនដីក្ដី លើអាកាសក្ដី ដែលរាប់ចូលក្នុងភព ៣ មានសភាវៈវិនាសទៅ វត្ថុទាំងអស់នោះ ជារបស់មិនទៀង រមែងទ្រុឌទ្រោមទៅ អ្នកប្រាជ្ញទាំងឡាយ រមែងយល់ច្បាស់យ៉ាងនេះ ។ ពួកជនរមែងជាប់ចំពាក់ក្នុងឧបធិ គឺរូប និងសំឡេង ដែលឃើញហើយ ឮហើយផង គឺក្លិន រស និងផោដ្ឋព្វៈ ដែលទង្គិចហើយ ប៉ះពាល់ហើយផង អ្នកចូរជាបុគ្គលមិនមានសេចក្ដីញាប់ញ័រ បន្ទោបង់នូវសេចក្ដីប្រាថ្នា ក្នុងកាមទាំងនោះចេញ ព្រោះបុគ្គលណា មិនជាប់ក្នុងកាមគុណនុ៎ះ ពួកអ្នកប្រាជ្ញទើបហៅបុគ្គលនោះ ថាជាមុនី ។ បុគ្គលអន្ធពាល មានវិតក្កៈ អាស្រ័យនូវទិដ្ឋិ ៦៨ រមែងជាអ្នកតាំងនៅមាំហើយក្នុងអធម៌ ព្រោះតែខ្លួនជាបុថុជ្ជន បុគ្គលណាមិនលុះក្នុងពួកនៃមិច្ឆាទិដ្ឋិ ក្នុងវត្ថុណាមួយ ទាំងជាអ្នកមិននិយាយអាក្រក់ បុគ្គលនោះ ឈ្មោះថាភិក្ខុ ។ អ្នកប្រាជ្ញមានចិត្តតម្កល់មាំ អស់កាលយូរហើយ ជាអ្នកមិនកុហក មានប្រាជ្ញាល្អិត មិនមានតណ្ហា ជាអ្នកបរិបូណ៌ដោយមោនេយ្យធម៌ រំលត់កិលេស ហើយបានសម្រេចនូវសន្ដបទ ព្រោះអាស្រ័យ (ព្រះនិព្វាន) រង់ចាំតែបរិនិព្វានកាល ។ ម្នាលអ្នកជាគោត្រនៃព្រះគោតម អ្នកចូរលះបង់នូវមានះផង ចូរលះបង់នូវផ្លូវនៃមានះ កុំឲ្យមានសេសសល់ផង (ព្រោះ) បុគ្គលជ្រប់នៅក្នុងផ្លូវនៃមានះហើយ រមែងមានសេចក្ដីក្ដៅក្រហាយ អស់កាលយូរ ។ ពួកសត្វដែលត្រូវសេចក្ដីលុបគុណគ្របសង្កត់ ត្រូវមានះបៀតបៀនហើយ រមែងធ្លាក់ទៅក្នុងនរក ពួកជនដែលមានះបៀតបៀនហើយ រមែងទៅកើតក្នុងនរក សោកសៅអស់កាលយូរ ។ ភិក្ខុអ្នកឈ្នះកិលេសដោយមគ្គ អ្នកប្រតិបត្តិដោយប្រពៃ រមែងមិនសោកសៅក្នុងកាលណាម្ដងឡើយ ភិក្ខុណាបាននូវកិត្តិយសផង បាននូវសេចក្ដីសុខផង ពួកបណ្ឌិតតែងហៅភិក្ខុនោះ ថាជាអ្នកឃើញធម៌ដោយពិត ។ ហេតុនោះ ភិក្ខុអ្នកមិនរឹងរូស មានព្យាយាមក្នុងសាសនានេះ លះបង់នូវនីវរណៈទាំងឡាយ ជាអ្នកបរិសុទ្ធ លះបង់នូវមានះ មិនឲ្យមានសេសសល់ រមែងជាអ្នកធ្វើនូវទីបំផុតនៃវិជ្ជា ជាអ្នកស្ងប់រម្ងាប់កិលេស ។

ខ្ញុំក្ដៅក្រហាយ ចិត្តរបស់ខ្ញុំអន្ទះអន្ទែង ព្រោះតែកាមរាគៈ បពិត្រព្រះអានន្ទ ជាគោតមគោត្រ សូមលោកមេត្តាសំដែងនូវធម៌ ជាគ្រឿងញ៉ាំងកាមរាគៈនោះ ឲ្យរលត់ ដោយសេចក្ដីអនុគ្រោះចុះ ។

ចិត្តរបស់លោកអន្ទះអន្ទែង ព្រោះតែវិបល្លាសនៃសញ្ញា លោកចូរលះបង់នូវសុភនិមិត្ត ដែលប្រកបដោយកាមរាគៈចោលចេញ ។ លោកចូរចម្រើនឯកគ្គតាចិត្ត ឲ្យតម្កល់មាំល្អ ក្នុងអសុភសញ្ញា ទាំងកាយគតាសតិ ក៏ចូរឲ្យមានដល់លោក លោកចូរមានសេចក្ដីនឿយណាយឲ្យច្រើនចុះ ។ ចូរចម្រើនអនិមិត្ត គឺ អនិច្ចានុបស្សនា ចូរផ្ដាច់នូវមានានុស័យ តទៅ លោកនឹងបានស្ងប់រម្ងាប់ ព្រោះលះបង់មានះ ។ បុគ្គលមិនគប្បីញ៉ាំងខ្លួនឲ្យក្ដៅក្រហាយ ដោយវាចាណា គប្បីពោលតែវាចានោះ បុគ្គលមិនគប្បីបៀតបៀនពួកបុគ្គលដទៃដោយវាចាណា វាចានោះឯង ជាសុភាសិត ។ វាចាណា ដែលគេទទួលត្រេកអរ បុគ្គលគប្បីពោលតែវាចាជាទីស្រឡាញ់នោះឯង បុគ្គលកុំកាន់យកពាក្យអាក្រក់ ពោលតែពាក្យដែលជាទីពេញចិត្តនៃពួកជនដទៃ ។ ពាក្យពិត ជាពាក្យមិនស្លាប់ នេះជាធម៌មានមកពីបុរាណ ពួកសប្បុរស តាំងមាំក្នុងសច្ចៈផង ក្នុងអត្ថៈផង ក្នុងធម្មៈផង ។ ព្រះពុទ្ធទ្រង់ពោលវាចាណា ជាវាចាក្សេម ដើម្បីដល់នូវព្រះនិព្វាន ដើម្បីធ្វើនូវទីបំផុតនៃទុក្ខ វាចានោះឯង ជាវាចាឧត្តម ជាងវាចាទាំងឡាយ ។

សារីបុត្រ ជាបុគ្គលមានប្រាជ្ញាជ្រាលជ្រៅ ជាអ្នកប្រាជ្ញ យល់ផ្លូវ និងមិនមែនផ្លូវ មានប្រាជ្ញាច្រើន រមែងសំដែងធម៌ដល់ពួកភិក្ខុ ។ សារីបុត្រសំដែងធម៌ ដោយសង្ខេបក៏បាន សំដែងដោយពិស្ដារក៏បាន លោកមានសំឡេងគឹកកងពីរោះ ដូចសំឡេងសាលិកា ទាំងមានបដិភាណផុសផុល ។ កាលសារីបុត្រកំពុងសំដែងធម៌នោះ ពួកភិក្ខុកំពុងស្ដាប់សំឡេងដ៏ពីរោះ ក៏មានចិត្តអណ្ដែតអណ្ដូង ត្រេកអរ ផ្ចង់សោតប្រសាទ ទៅរកសំឡេង ដែលគួរត្រេកអរ គួរចង់ស្ដាប់ គួរប្រាថ្នា ។

ពួកភិក្ខុ ៥០០ រូប ជាអ្នកផ្ដាច់បង់នូវចំណង គឺសំយោជនៈ ជាអ្នកមិនមានទុក្ខ មានភពថ្មីអស់ហើយ ជាអ្នកស្វែងរកគុណ បានមកជួបជុំគ្នា ដើម្បីវិសុទ្ធិ បវារណាក្នុងថ្ងៃ ១៥ នេះ ។ ព្រះរាជាចក្រពត្តិ មានអាមាត្យចោមរោម យាងប្រទក្សិណផែនដីដែលមានសាគរជាទីបំផុតនេះ ដោយជុំវិញ យ៉ាងណា ។ ពួកសាវ័កមាន វិជ្ជា ៣ អ្នកបំផ្លាញនូវមច្ចុរាជ រមែងអង្គុយជិត (ព្រះសាស្ដា) ព្រះអង្គជាបុគ្គលប្រសើរលើសលុប ឈ្នះសង្គា្រម គឺកិលេស អ្នកដឹកនាំនូវពួកក្រុម ក៏យ៉ាងនោះដែរ ។ ពួកសាវ័កទាំងអស់ ជាបុត្រនៃព្រះមានព្រះភាគ សភាវៈសោះសូន្យ ក្នុងពួកនោះ មិនមានឡើយ ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ ចំពោះព្រះសាស្ដា ជាផៅពង្សនៃព្រះអាទិត្យ ព្រះអង្គជាអ្នកបំផ្លាញនូវសរ គឺតណ្ហា ។

ពួកភិក្ខុច្រើនជាងពាន់ អង្គុយជិតព្រះសុគត ដែលកំពុងសំដែងធម៌ ជាគ្រឿងប្រាសចាករាគៈ គឺព្រះនិព្វាន ឥតមានភ័យអំពីទីណា ។ ពួកសាវ័កស្ដាប់ធម៌ដ៏ធំទូលាយ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់សំដែងហើយ ឱហ្ន៎ ព្រះសម្ពុទ្ធ មានភិក្ខុចោមរោមហើយ ល្អណាស់តើ ។ បពិត្រព្រះមានព្រះភាគ ព្រះអង្គមានព្រះនាម ថានាគ ជាឥសីគំរប់ ៧ [រាប់តាំងពី ព្រះវិបស្សិសម្មាសម្ពុទ្ធឥសីមក ។] នៃឥសីទាំងឡាយ ព្រះអង្គជាអ្នកបង្អុរនូវធម៌ ស្រោចពួកសាវ័ក មានសភាពដូចជាមហាមេឃបង្អុរនូវភ្លៀង ។ បពិត្រព្រះអង្គមានព្យាយាមធំ វង្គីសៈ ជាសាវ័ក ចេញចាកទីនៅក្នុងវេលាថ្ងៃ ព្រោះមានសេចក្ដីប្រាថ្នាចង់គាល់ព្រះសាស្ដា ថ្វាយបង្គំព្រះបាទារបស់ព្រះអង្គ ។

ព្រះមានព្រះភាគ ទ្រង់គ្របសង្កត់ផ្លូវខុស គឺកិលេសមារ បានប្រព្រឹត្តទំលាយបង្គោល គឺកិលេស អ្នកទាំងឡាយ ចូរមើលព្រះពុទ្ធនោះ ព្រះអង្គធ្វើឲ្យរួចចាកបំណង មិនអាស្រ័យតណ្ហា ទ្រង់ចែករំលែកធម៌ តាមចំណែក ។ ព្រោះថា ព្រះអង្គបានប្រាប់ផ្លូវច្រើនប្រការ ដើម្បីជាគ្រឿងរលាស់ឱឃៈចោល កាលទ្រង់សំដែងប្រាប់អមតមហានិព្វាននោះហើយ ពួកជនក៏បានឃើញច្បាស់នូវធម៌ តម្កល់នៅនឹង មិនមានអ្នកណាដឹកនាំទៅបាន ។ ព្រះពុទ្ធនោះ អ្នកធ្វើនូវពន្លឺ ទ្រង់ឆ្លុះរកវិញ្ញាណដ្ឋិតិរបស់សត្វទាំងអស់ បានត្រាស់ដឹងផង ធ្វើឲ្យជាក់ច្បាស់ផង ទ្រង់យាងកន្លងផ្លូវឆ្ងាយបាន ហើយសំដែងធម៌ដ៏ប្រសើរដល់ពួកបញ្ចវគ្គិយភិក្ខុ អ្នកមានសទ្ធា ត្រាស់ដឹងធម៌មុនគេបង្អស់ ។ កាលបើធម៌ដែលព្រះតថាគតសំដែងល្អយ៉ាងនេះហើយ សេចក្ដីប្រមាទដូចម្ដេច នឹងមានដល់ពួកជន ដែលជាអ្នកដឹងច្បាស់នូវធម៌បាន ព្រោះហេតុនោះ បុគ្គលមិនគប្បីជាអ្នកប្រមាទ ក្នុងសាសនារបស់ព្រះមានព្រះភាគនោះឡើយ គប្បីនមស្ការ សិក្សាតាម សព្វ ៗ កាល ។

អញ្ញាកោណ្ឌញ្ញត្ថេរ ជាអ្នកត្រាស់ដឹងតាមព្រះពុទ្ធ មានសេចក្ដីព្យាយាមមាំមួន ជាអ្នកបាននូវវិវេក ជាគ្រឿងនៅជាសុខរឿយ ៗ ។ កិច្ចណាដែលសាវ័ក អ្នកធ្វើតាមសាសនានៃព្រះសាស្ដា គប្បីសម្រេច កិច្ចនោះ ព្រះអញ្ញាកោណ្ឌញ្ញត្ថេរ អ្នកមិនប្រហែសធ្វេស សិក្សាបានសម្រេចទាំងអស់ហើយ ។ អញ្ញាកោណ្ឌញ្ញត្ថេរ មានអនុភាពច្រើន បានសម្រេចវិជ្ជា ៣ ស្ទាត់ក្នុងចេតោបរិយញ្ញាណ ជាពុទ្ធទាយាទ ថ្វាយបង្គំព្រះបាទានៃព្រះសាស្ដា ។

ពួកសាវ័ក បានសម្រេចវិជ្ជា ៣ ជាអ្នកសាបសូន្យចាកមច្ចុរាជ នាំគ្នាអង្គុយជិតព្រះមុនី ព្រះអង្គជាអ្នកដល់នូវត្រើយនៃទុក្ខ ទ្រង់គង់នៅ (ដោយចេតោបរិយញ្ញាណ) ខាងភ្នំឥសិគិលិ ។ ព្រះមោគ្គល្លានត្ថេរ មានឫទ្ធិ៍ច្រើន យកចិត្តទុកដាក់ស្វះស្វែងរកចិត្ត ដែលផុតចាកកិលេស ជាចិត្តមិនមានឧបធិ របស់ព្រះខីណាសវភិក្ខុទាំងឡាយនុ៎ះ ។ បពិត្រព្រះគោតម ពួកសាវ័ក តែងអង្គុយជិតព្រះអង្គ ជាព្រះមុនី បរិបូណ៌ដោយអវយវៈគ្រប់យ៉ាង ព្រះអង្គដល់នូវត្រើយនៃទុក្ខ ព្រះអង្គបរិបូណ៌ដោយអាការច្រើនប្រការ យ៉ាងនេះ ។

ព្រះចន្ទរុងរឿង ឰដ៏នភាល័យ ដែលប្រាសចាកពពក ព្រះអាទិត្យ ប្រាសចាកមន្ទិល យ៉ាងណាមិញ បពិត្រព្រះមហាមុនី ព្រះនាមអង្គីរសៈ ព្រះអង្គរុងរឿង ផ្សាយទៅកាន់លោកទាំងមូល ដោយយសបរិវារ ក៏យ៉ាងនោះដែរ ។

កាលពីដើម យើងខ្ញុំពួកកវីរាប់អាន បានដើរចេញពីស្រុកមួយ ទៅស្រុកមួយ ពីបុរីមួយ ទៅបុរីមួយ វេលានោះ យើងខ្ញុំបានឃើញព្រះសម្ពុទ្ធ ព្រះអង្គបានដល់នូវត្រើយនៃធម៌ទាំងពួង ។ ព្រះមុនីនោះ ព្រះអង្គជាអ្នកដល់នូវត្រើយនៃទុក្ខ បានសំដែងធម៌ដល់ខ្ញុំ យើងខ្ញុំ លុះបានស្ដាប់ធម៌ហើយ ក៏មានចិត្តជ្រះថ្លា មានសទ្ធាកើតឡើង ។ ខ្ញុំបានស្ដាប់ព្រះពុទ្ធដីកានៃព្រះមុនីនោះហើយ ក៏បានដឹងច្បាស់នូវខន្ធ អាយតនៈ និងធាតុទាំងឡាយ ហើយចេញចាកផ្ទះ បួសក្នុងសំណាក់នៃបុគ្គលមិនមានផ្ទះ ។ ឱហ្ន៎ ព្រះតថាគតទាំងឡាយកើតឡើង ដើម្បីប្រយោជន៍ដល់ស្រី និងប្រុសដ៏ច្រើន ដែលជាអ្នកធ្វើតាមពាក្យប្រៀនប្រដៅ ។ ពួកភិក្ខុ និងពួកភិក្ខុនីណា បានឃើញនូវកំណត់ ដែលគេកត់ទុកហើយ ព្រះមុនីបានត្រាស់ដឹងពោធិញ្ញាណ ដើម្បីប្រយោជន៍ដល់ពួកភិក្ខុ និងពួកភិក្ខុនីទាំងនោះឯង ។ អរិយសច្ចទាំង ៤ ប្រការ គឺទុក្ខ ១ ការកើតនៃទុក្ខ ១ ការកន្លងផុតនូវទុក្ខ ១ មគ្គប្រកបដោយអង្គ ៨ ប្រការដ៏ប្រសើរ ជាដំណើរទៅកាន់សេចក្ដីរលត់ទុក្ខ ១ ព្រះពុទ្ធ ជាវង្សនៃព្រះអាទិត្យ មានចក្ខុ គឺប្រាជ្ញា ទ្រង់បានសំដែងទុកល្អហើយ ដើម្បីអនុគ្រោះដល់សត្វទាំងឡាយ ។ ធម៌ គឺអរិយសច្ចទាំងឡាយនេះ ជាធម៌ពិត ព្រះពុទ្ធទ្រង់សំដែងហើយ យ៉ាងនេះ អរិយសច្ចទាំងនោះ ខ្ញុំបានឃើញតាមពិត ប្រយោជន៍ខ្លួន ខ្ញុំបានសម្រេចហើយ ទាំងពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ ។ ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ កិច្ចណាដ៏ប្រសើរក្នុងធម៌ទាំងឡាយ ដែលព្រះពុទ្ធទ្រង់សំដែងវែកញែកហើយដោយប្រពៃ ខ្ញុំក៏បានសម្រេចកិច្ចនោះហើយ ។ ខ្ញុំបានសម្រេចអភិញ្ញាបារមី បានជំរះនូវសោតធាតុ បាននូវវិជ្ជា ៣ បានសម្រេចឫទ្ធិ៍ ជាអ្នកឈ្លាសវៃ ក្នុងចេតោបរិយញ្ញាណ ។

ខ្ញុំព្រះអង្គសូមទូលសួរព្រះសាស្ដា ជាបុគ្គលមានប្រាជ្ញាមិនថោកថយ ភិក្ខុណា បានផ្ដាច់បង់វិចិកិច្ឆា ក្នុងអត្តភាពនេះ មានកេរ្ដិ៍ឈ្មោះល្បីល្បាញ សម្បូរដោយយស មានចិត្តរំលត់ក្ដៅក្រហាយ បានធ្វើមរណកាល ក្នុងអគាឡវចេតិយ ។ បពិត្រព្រះមានព្រះភាគ នាមនៃភិក្ខុជាព្រាហ្មណ៍នោះ ព្រះអង្គឲ្យឈ្មោះថា និគ្រោធកប្បៈ លោកនោះ មានព្យាយាមតឹងតែង ជាអ្នកយល់ឃើញធម៌មុតមាំ ប្រាថ្នានូវព្រះនិព្វាន បានប្រព្រឹត្តនមស្ការព្រះអង្គ ។ បពិត្រព្រះអង្គជាសក្កៈ មានចក្ខុជុំវិញ យើងខ្ញុំទាំងអស់គ្នា ប្រាថ្នាចង់ដឹងសាវ័កនោះ យើងខ្ញុំប្រុងសោតៈដើម្បីស្ដាប់ ព្រះអង្គជាសាស្ដារបស់យើងខ្ញុំ ព្រះអង្គជាបុគ្គលប្រសើរបំផុត ។ សូមព្រះអង្គ ទ្រង់កាត់សេចក្ដីសង្ស័យរបស់យើងខ្ញុំ សូមព្រះអង្គប្រាប់នូវសាវ័កនោះ បពិត្រព្រះអង្គមានបញ្ញាដូចផែនដី មានចក្ខុជុំវិញ ព្រះអង្គទ្រង់ជា្របនូវព្រាហ្មណ៍ដែលបរិនិព្វានហើយ សូមសំដែងក្នុងកណ្តាលនៃពួកយើងខ្ញុំ ដូចជាសក្កទេវរាជ មានព្រះនេត្រមួយពាន់ (សំដែងក្នុងកណ្ដាល) នៃទេវតាទាំងឡាយ ។ គន្ថៈទាំងឡាយ (មានអភិជ្ឈាគន្ថៈជាដើម) ណាមួយ ជាផ្លូវនាំឲ្យវង្វេង ជាបក្ខពួកនៃការមិនដឹង ជាទីតាំងនៃសេចក្ដីសង្ស័យ ក្នុងលោកនេះ គន្ថៈទាំងនោះ មកប៉ះនឹងព្រះតថាគតហើយ រមែងមិនកើតឡើយ ព្រោះបញ្ញាចក្ខុរបស់ព្រះអង្គនុ៎ះ ឧត្តមជាងជនទាំងឡាយ ។ ប្រសិនបើបុរស (ព្រះមានព្រះភាគ) មិនកំចាត់បង់នូវកិលេសទាំងឡាយ ដូចជាខ្យល់កំចាត់នូវដុំនៃពពកទេ លោកទាំងមូល ដែលអវិជ្ជារួបរឹតហើយ សមនឹងងងឹតដោយពិត សូម្បីអ្នកមានពន្លឺ គឺបញ្ញាក៏មិនអាចបំភ្លឺបាន ។ អ្នកប្រាជ្ញទាំងឡាយ ជាអ្នកធ្វើពន្លឺ ខ្ញុំព្រះអង្គសំគាល់ព្រះអង្គនោះ ថាជាអ្នកប្រាជ្ញ យ៉ាងនោះដែរ យើងខ្ញុំដឹង (នូវធម៌ទាំងអស់) របស់ជនអ្នកចេះដឹងទាំងឡាយ ទើបបានចូលមកជិត សូមព្រះអង្គសំដែងប្រាប់នូវនិគ្រោធកប្បត្ថេរ (ជាឧបជ្ឈាយ) ឲ្យច្បាស់លាស់ ដល់យើងខ្ញុំ ក្នុងកណ្ដាលបរិស័ទ ។ បពិត្រព្រះអង្គមានព្រះសូរសៀងពីរោះ សូមព្រះអង្គបញ្ចេញឆាប់ ៗ នូវព្រះពុទ្ធដីកាដ៏ពីរោះ ដោយព្រះសូរសៀងមូល ដែលបច្ច័យតាក់តែងល្អហើយ ដូចហង្សដកក ហើយស្រែកតិច ៗ ពួកយើងខ្ញុំទាំងអស់គ្នានោះ មានចិត្តត្រង់ ប្រុងចាំស្ដាប់ ។

តថាគត បានផ្ទញ់ផ្ទាល់នូវជាតិ និងមរណៈ ឲ្យសាបសូន្យ មិនឲ្យមានសេសសល់ នឹងសំដែងនូវធម៌ ជាគ្រឿងកំចាត់បង់នូវបាប មែនពិត បុថុជ្ជនទាំងឡាយ មិនមានការធ្វើបានតាមប្រាថ្នាទេ ព្រះតថាគតទាំងឡាយ មានការធ្វើបានតាមបញ្ញា ។

វេយ្យាករណ៍ដ៏បរិបូណនេះ ព្រះអង្គជាបុគ្គលមានប្រាជ្ញាត្រង់ល្អ ផ្គូរផ្គងហើយដោយប្រពៃ ការធ្វើអញ្ជលីជាទីបំផុតនេះ ខ្ញុំព្រះអង្គបានប្រណម្យហើយដោយល្អ បពិត្រព្រះអង្គ ជាបុគ្គលមានប្រាជ្ញាធំទូលាយ កាលបើព្រះអង្គជ្រាប សូមកុំធ្វើឲ្យខ្ញុំព្រះអង្គវង្វេងឡើយ ។ បពិត្រព្រះអង្គ ជាបុគ្គលមានព្យាយាមមាំ ព្រះអង្គជ្រាបច្បាស់នូវអរិយធម៌ គឺសច្ចទាំង ៤ ដ៏ល្អ (ដោយអំណាចលោកិយធម៌) កាលបើទ្រង់ជ្រាបច្បាស់ហើយ សូមកុំធ្វើឲ្យខ្ញុំព្រះអង្គវង្វេងឡើយ ខ្ញុំព្រះអង្គ ប្រាថ្នាចង់ស្ដាប់ព្រះពុទ្ធដីកា ដូចជាបុរសមានខ្លួនក្ដៅអន្ទះអន្ទែង ក្នុងកាលក្ដៅ ប្រាថ្នាចង់បានទឹក សូមព្រះអង្គបង្អុរនូវសុតៈ គឺធម្មទេសនា ។ និគ្រោធកប្បត្ថេរ បានប្រព្រឹត្តនូវព្រហ្មចារ្យ ប្រកបដោយប្រយោជន៍ណា ការប្រព្រឹត្តិព្រហ្មចារ្យ របស់លោកនោះ មិនសាបសូន្យទេឬ និគ្រោធកប្បត្ថេរនោះ និព្វានហើយ ដូចអសេក្ខវិមុត្តិ ឬសឧបាទិសេសទេ យើងខ្ញុំចង់ស្ដាប់រឿងនោះ ។

(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) និគ្រោធកប្បភិក្ខុ បានផ្ដាច់បង់នូវសេចក្ដីប្រាថ្នា ក្នុងនាមរូបនេះអស់ហើយ បានផ្ដាច់បង់នូវខ្សែនៃសេចក្ដីប្រាថ្នា ជាទីដេកនៅរឿយ ៗ ក្នុងសន្ដាន អស់រាត្រីកាលដ៏វែង ទាំងបានឆ្លងចាកជាតិ និងមរណៈ ឥតមានសេសសល់ ព្រះមានព្រះភាគ ប្រសើរដោយឥន្ទ្រិយ ៥ (មានសទ្ធិន្រ្ទិយជាដើម) បានត្រាស់ហើយយ៉ាងនេះ ។

បពិត្រព្រះអង្គជាឥសីគំរប់ ៧ ខ្ញុំព្រះអង្គនេះ បានឮព្រះពុទ្ធដីការបស់ព្រះអង្គហើយ ក៏ជ្រះថ្លា ឯកិច្ចការដែលខ្ញុំព្រះអង្គសួរហើយ មិនសោះសូន្យទេ ព្រះខីណាសវព្រាហ្មណ៍ មិនបញ្ឆោតខ្ញុំព្រះអង្គ ។ សាវ័ករបស់ព្រះពុទ្ធ ពោលយ៉ាងណា ធ្វើយ៉ាងនោះ បានផ្ដាច់នូវសំណាញ់ដ៏មាំ ដែលមច្ចុអ្នកមានមាយាផ្សាយទៅហើយ ។ ព្រះមានព្រះភាគ ទ្រង់គួរបានទតឃើញច្បាស់ នូវខាងដើមនៃឧបាទាន កប្បត្ថេរបានកន្លងនូវលំនៅនៃមច្ចុរាជ ដែលគេឆ្លងបានដោយកម្រ ។ បពិត្រព្រះអង្គឧត្តមជាងសត្វជើងពីរ ខ្ញុំព្រះអង្គសូមក្រាបថ្វាយបង្គំនិគ្រោធកប្បត្ថេរនោះ ជាបុត្ររបស់ព្រះអង្គ ដែលទុកដូចជាទេវតា ឧត្តមជាងទេវតា ជាអនុជាតបុត្ត មានព្យាយាមធំ ជាបុគ្គលមិនធ្វើបាប ជាឱរសនៃព្រះពុទ្ធនាគ ។ ឮថា វង្គីសត្ថេរមានអាយុ បានសំដែងគាថាទាំងឡាយ ដោយប្រការដូច្នេះ ។

ចប់ មហានិបាត ។

ក្នុងសត្តតិនិបាត ព្រះវង្គីសត្ថេរ អ្នកមានបដិភាណតែ ១ អង្គឯង ឥតមានព្រះថេរៈឯទៀតឡើយ (បានសំដែង) នូវគាថាទាំងឡាយ ៧១ ។ គាថាទាំងនោះ មាន ១.៣៦០ ព្រះថេរៈទាំងអស់ ២៦៤ អង្គ ជាបុត្ររបស់ព្រះពុទ្ធ មិនមានអាសវៈ បានបន្លឺសីហនាទ សំដែងហើយ បានដល់នូវទីបំផុតដ៏ក្សេមក្សាន្ដ និព្វានហើយ ដូចជាគំនរភ្លើងរលត់ហើយ ។

ចប់ ថេរគាថា ។

ថេរីគាថាកែប្រែ

ឯកនិបាតកែប្រែ

[២៦៦] ម្នាលថេរី នាងចូរដេកលក់ស្រួល នាងចូរធ្វើ (ចីវរបី) ដោយសំពត់ (បង្សុកូល) ហើយស្លៀកដណ្ដប់ចុះ ព្រោះរាគៈរបស់នាងស្ងប់រម្ងាប់ហើយ ដូចជាបន្លែស្ងួតក្នុងឆ្នាំង ។

ឮថា ភិក្ខុនីមួយរូបជាថេរី មិនប្រាកដ (ដោយនាម និងគោត្រជាដើម) បានពោលគាថា មានបការៈដូច្នេះ ។


[២៦៧] ម្នាលនាងមុត្តា នាងចូររួចចាកយោគៈទាំងឡាយ ដូចជាព្រះចន្ទដែលរាហូចាប់ (ហើយរួចអំពីដៃ) នាងមានចិត្តរួចស្រឡះ មិនមានបំណុលទេ ចូរបរិភោគដុំបាយចុះ ។

ឮថា ព្រះមានព្រះភាគ ទ្រង់ទូន្មានរឿយ ៗ នូវសិក្ខមានា ឈ្មោះមុត្តា ដោយគាថា មានបការៈដូច្នេះ ។


[២៦៨] ម្នាលនាងបុណ្ណា នាងចូរពេញដោយពោធិបក្ខិយធម៌ទាំងឡាយ ដូចជា ព្រះចន្ទ ក្នុងថ្ងៃ ១៥ កើត នាងចូរទំលាយនូវគំនរងងឹត គឺមោហៈ ដោយបញ្ញាដ៏បរិបូណ៌ ។ បុណ្ណាថេរី ។


[២៦៩] ម្នាលនាងតិស្សា ចូរនាងសិក្សាតាមសិក្ខា កុំឲ្យយោគៈទាំងឡាយគ្របសង្កត់នាងបាន នាងចូរជាស្រីប្រាសចាកយោគៈទាំងអស់ មិនមានអាសវៈ ប្រព្រឹត្តនៅក្នុងលោក ។ តិស្សាថេរី ។


[២៧០] ម្នាលនាងតិស្សា ចូរនាងប្រកបដោយធម៌ទាំងឡាយ ខណៈកុំកន្លងនាងឡើយ ព្រោះពួកជនដែលខណៈកន្លងហើយ រមែងសោកស្ដាយពេញប្រៀបក្នុងនរក ។ តិស្សាថេរីមួយរូប ។


[២៧១] ម្នាលនាងធីរា នាងចូរពាល់ត្រូវនូវនិរោធជាសុខ ជាទីរម្ងាប់នូវសញ្ញា នាងចូរត្រេកអរនឹងព្រះនិព្វានដ៏ក្សេមចាកយោគៈប្រសើរបំផុត ។ ធីរាថេរី ។


[២៧២] ធីរាភិក្ខុនី មានឥន្រ្ទិយអប់រំហើយដោយធម៌ទាំងឡាយ ជាប្រធាននៃព្យាយាម នាងចូរផ្ចាញ់នូវមារ ព្រមទាំងវាហនៈ ហើយទ្រទ្រង់នូវរាងកាយជាទីបំផុត ។ ធីរាថេរីមួយរូប ។


[២៧៣] ម្នាលនាងមិត្តា នាងបួសដោយសទ្ធាហើយ ចូរជាអ្នកត្រេកអរក្នុងកល្យាណមិត្ត ចូរចម្រើននូវកុសលធម៌ទាំងឡាយ ដើម្បីដល់នូវព្រះនិព្វាន ជាទីក្សេមចាកយោគៈ ។ មិត្តាថេរី ។


[២៧៤] ម្នាលនាងភទ្រា នាងបួសដោយសទ្ធាហើយ ចូរជាអ្នកត្រេកអរក្នុងធម៌ដ៏ចម្រើន (មានសីលជាដើម) នាងចូរចម្រើននូវកុសលធម៌ទាំងឡាយ (ដើម្បីដល់) នូវព្រះនិព្វាន ជាទីក្សេមចាកយោគៈដ៏ប្រសើរបំផុត ។ ភទ្រាថេរី ។


[២៧៥] ម្នាលនាងឧបសមា នាងគប្បីឆ្លងអន្លង់ គឺសង្សារ ជាទីនៅនៃម្រឹត្យុ ដែលពួកសត្វឆ្លងបានដោយកម្រក្រៃពេក ចូរនាងផ្ចាញ់នូវមារ ព្រមទាំងវាហនៈ ហើយទ្រទ្រង់នូវរាងកាយជាទីបំផុត ។ ឧបសមាថេរី ។


[២៧៦] ខ្ញុំជាអ្នករួចដោយល្អ រួចដោយប្រពៃ ព្រោះការរួចចាកអាការគម បីយ៉ាង គឺត្បាល់ [ស្ត្រីកាលលូកដៃផាត់ប្រមូលគ្រាប់ស្រូវក្នុងត្បាល់ ត្រូវបង្អោនខ្នងឲ្យកោង ដូចមនុស្សគម ។] ១ អង្រែ [លើកអង្រែបុកស្រូវ ក៏ត្រូវបង្អោនខ្នងដូចគ្នា ។] ១ ប្ដីគម [ចំណែកស្វាមីជាមនុស្សគមដែរ ។] ១ ខ្ញុំជាអ្នករួចចាកជាតិ និងមរណៈហើយ តណ្ហាជាគ្រឿងនាំទៅកាន់ភព ខ្ញុំដកចេញហើយ ។ មុត្តាថេរី ។


[២៧៧] នាងថេរីណា មានចំណង់កើតហើយ (ដើម្បីផលដ៏ប្រសើរ) ញ៉ាំងសមណកិច្ចឲ្យសម្រេចហើយ គប្បីជាអ្នកពាល់ត្រូវ (នូវព្រះនិព្វាន) ដោយមគ្គចិត្ត (បីខាងក្រោម) មានចិត្តមិនជាប់ទាក់ទងក្នុងកាមទាំងឡាយ (នាងថេរីនោះ) បណ្ឌិតតែងហៅថា ឧទ្ធំសោតា (អ្នកមានខ្សែ គឺមគ្គ និងខ្សែ គឺសង្សារ ក្នុងខាងលើ) ។ ធម្មទិន្នាថេរី ។


[២៧៨] អ្នកទាំងឡាយ ចូរធ្វើតាមព្រះពុទ្ធសាសនា ដែលគេធ្វើហើយ មិនក្ដៅក្រហាយតាមក្រោយ ចូរលាងជើងទាំងឡាយឲ្យឆាប់ ហើយអង្គុយក្នុងទីសមគួរ ។ វិសាខាថេរី ។


[២៧៩] នាងឃើញធាតុទាំងឡាយ ថាជាទុក្ខ កុំមកកាន់កំណើតថ្មីទៀតឡើយ នាងរំសាយចំណង់ក្នុងភពចេញ ទើបស្ងប់រម្ងាប់បាន ។ សុមនាថេរី ។


[២៨០] ខ្ញុំជាអ្នកសង្រួមដោយកាយ ដោយវាចា ដោយចិត្ត បានដកតណ្ហា ព្រមទាំងឫស (ឬព្រមទាំងអវិជ្ជា) ជាអ្នកមានចិត្តត្រជាក់ សម្រេចអនុបាទិសេសនិព្វានធាតុ ។ ឧត្តរាថេរី ។


[២៨១] ម្នាលនាងចម្រើនដោយសីលាទិគុណ នាងចូរដេកស្រួល នាងចូរធ្វើ (ចីវរ) ដោយសំពត់ (បង្សុកូល) ស្លៀកដណ្ដប់ ព្រោះថា បើរាគៈរបស់នាងស្ងប់រម្ងាប់ហើយ នាងនឹងជាស្រ្ដីមានចិត្តត្រជាក់ រលត់កិលេស ។ សុមនាថេរីបួសឯចាស់ ។


[២៨២] ខ្ញុំមានកំឡាំងថយ កាន់ឈើច្រត់ ដើរទៅបិណ្ឌបាត មានខ្លួនធេងធោង ដួលលើផែនដីក្នុងទីនោះឯង លំដាប់នោះ ចិត្តរបស់ខ្ញុំក៏រួចស្រឡះ (ចាកកិលេស) ព្រោះឃើញទោសក្នុងកាយ ។ ធម្មាថេរី ។


[២៨៣] ខ្ញុំបានលះបង់ផ្ទះ លះកូនជាទីស្រឡាញ់ និងសត្វចិញ្ចឹម ហើយមកបួស បានលះរាគៈ និងទោសៈ រំសាយអវិជ្ជា គឺមោហៈ បានដកតណ្ហា ព្រមទាំងឫស ជាស្រីស្ងប់រម្ងាប់ ហើយបានសម្រេចអនុបាទិសេសនិព្វានធាតុ ។ សង្ឃាថេរី ។

ចប់ ឯកនិបាត ។

ទុកនិបាតកែប្រែ

[២៨៤] ម្នាលនាងនន្ទា នាងចូរមើល (រាងកាយនេះ) មានជំងឺជានិច្ច មិនស្អាត ជារបស់ស្អុយ ដែលឆ្អឹង ៣០០ កំណាត់ ផ្គុំឡើងហើយ ចូរនាងអប់រំចិត្តដោយអសុភសញ្ញា ឲ្យជាចិត្តមានអារម្មណ៍តែមួយ តាំងនៅមាំល្អ ។ ចូរនាងចម្រើននូវអនិមិត្ត ចូរលះចោលនូវមានានុស័យ នាងនឹងបានស្ងប់រម្ងាប់ ព្រោះបានលះនូវមានះនោះ ។

ឮថា ព្រះមានព្រះភាគ ទ្រង់ទូន្មានរឿយ ៗ នូវសិក្ខមានា ឈ្មោះនន្ទា ដោយគាថាទាំងនេះ ដោយប្រការដូច្នេះ ។ នន្ទាថេរី ។


[២៨៥] ពោជ្ឈង្គប្រាំពីរនេះណា ជាឧបាយដើម្បីដល់នូវព្រះនិព្វាន ពោជ្ឈង្គទាំងអស់នោះ ខ្ញុំបានចម្រើនតាមលំអាន ដែលព្រះពុទ្ធទ្រង់សំដែងហើយ ។ ព្រោះថា ព្រះមានព្រះភាគអង្គនោះ ខ្ញុំបានឃើញហើយ រាងកាយនេះ មានក្នុងទីបំផុត ជាតិសង្សារ (នៃខ្ញុំ) អស់រលីងហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ ។ ជន្ដាថេរី ។


[២៨៦] អញរួចស្រឡះ ផុតស្រឡះ រួចល្អហើយចាកអង្រែ (ប្ដីរបស់អញ) មិនមានសេចក្ដីអៀនខ្មាស (អញមិនគាប់ចិត្ត) ទាំងឆត្រ (ក៏មិនគាប់ចិត្ត) អញដែរ អញ (ផុតស្រឡះ) ចាកឆ្នាំង ចាកភាពជាអ្នកកំសត់ ។ អញបានផ្ដាច់ផ្ដិលរាគៈ និងទោសៈហើយ អញនោះ ចូលទៅរកគល់ឈើ ហើយចម្រើនឈានជាសុខថា ឱ សុខណាស់តើ ។ ថេរីភិក្ខុនីមួយរូប មាននាម និងគោត្រ មិនប្រាកដ ។


[២៨៧] សួយក្នុងជនបទឈ្មោះកាសី មានចំនួនប៉ុន្មាន សួយរបស់ខ្ញុំ ក៏មានចំនួនប៉ុណ្ណោះដែរ អ្នកនិគម បានធ្វើ (ទ្រព្យចំនួន ៥០០) នោះ ឲ្យជាថ្លៃ ហើយតាំងទុកនូវខ្ញុំ (ដោយឈ្មោះថាអឌ្ឍកាសី) ដែលមានថ្លៃដោយថ្លៃ ។ ក្នុងកាលជាខាងក្រោយមក ខ្ញុំក៏បាននឿយណាយក្នុងរូប កាលបើនឿយណាយ ក៏រសាយចិត្តថា សូមកុំឲ្យខ្ញុំអន្ទោលទៅកាន់ជាតិសង្សាររឿយ ៗ ទៀត វិជ្ជា ៣ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ សាសនាព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ អឌ្ឍកាសីថេរី ។


[២៨៨] ពិតមែនតែខ្ញុំជាស្រីស្គម មានជំងឺ មានកំឡាំងថយខ្លាំង ច្រត់ដម្បងឡើងទៅលើភ្នំ ។ ដាក់នូវសង្ឃាដី ផ្កាប់នូវបាត្រទុក (អង្គុយ) លើភ្នំ អាចទំលាយនូវគំនរងងឹត គឺមោហៈបាន ហើយសង្កត់សង្កិននូវខ្លួន (ដោយការទំលាយនូវគំនរងងឹត គឺមោហៈនោះឯង) ។ ចិត្តាថេរី ។


[២៨៩] ពិតមែនហើយតែខ្ញុំជាអ្នករងទុក្ខ មានកំឡាំងថមថយ មានវ័យកន្លងជ្រុលហើយ ច្រត់ដំបងឡើងទៅលើភ្នំ ។ ដាក់នូវសង្ឃាដី ផ្កាប់នូវបាត្រ អង្គុយលើភ្នំ លំដាប់នោះ ចិត្តរបស់ខ្ញុំរួចស្រឡះហើយ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនាព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ ។ មេត្តិកាថេរី ។


[២៩០] ខ្ញុំជាអ្នកត្រេកអរនឹងពួកទេវតា (ក្នុងឋនចាតុម្មហារាជិកា) បានរក្សាឧបោសថប្រកបដោយអង្គ ៨ អស់តិថីទី ១៤ តិថីទី ១៥ និងតិថីទី ៨ នៃបក្សផង និងបាដិហារិកបក្ខៈផង ថ្ងៃនេះ ខ្ញុំនោះ មានភត្តតែម្ដង កោរសក់ ដណ្ដប់សង្ឃាដី មិនគប្បីប្រាថ្នានូវពួកទេវតា (ណាមួយ) ទេ គប្បីបន្ទោបង់នូវសេចក្ដីក្រវល់ក្រវាយ ក្នុងហ្ឫទ័យ (តែប៉ុណ្ណោះ) ។ មិត្តាថេរី ។


[២៩១] បពិត្រមាតា សូមលោកពិចារណារាងកាយនេះ ជារបស់មិនស្អាត មានក្លិនស្អុយ ខាងលើអំពីបាទជើង ខាងក្រោមអំពីចុងសក់ ។ កាលខ្ញុំប្រព្រឹត្តយ៉ាងនេះ បានដករាគៈទាំងពួងហើយ បានផ្ដាច់សេចក្ដីក្រវល់ក្រវាយអស់ហើយ ជាអ្នកមានចិត្តត្រជាក់ រលត់ទុក្ខហើយ ។ អភយមាតាថេរី ។


[២៩២] ម្នាលនាងអភយា ពួកបុថុជ្ជនជាប់ចំពាក់ក្នុងរាងកាយណា រាងកាយ (នោះ) ជាសភាពបែកធ្លាយ អាត្មាអញជាអ្នកដឹងខ្លួន មានស្មារតីតាំងស៊ប់ នឹងដាក់ចុះនូវរាងកាយនេះចោលចេញ ។ អាត្មាអញត្រូវទុក្ខធម៌ជាច្រើនពាល់ត្រូវហើយ ជាអ្នកត្រេកអរក្នុងសេចក្ដីមិនប្រមាទ បានសម្រេចនូវការអស់ទៅនៃតណ្ហា សាសនារបស់ព្រះពុទ្ធ អាត្មាអញបានធ្វើហើយ ។ អភយាថេរី ។


[២៩៣] អាត្មាអញមិនទាន់បានសេចក្ដីស្ងប់រម្ងាប់នៃចិត្ត មិនលុះអំណាចក្នុងភាវនាចិត្ត បានចេញទៅខាងក្រៅអំពីលំនៅ ៤ ដង ៥ ដង ។ អាត្មាអញនោះ ត្រូវទុក្ខធម៌ជាច្រើនពាល់ត្រូវហើយ បានដកតណ្ហាហើយក្នុងរាត្រីទី ៨ អាត្មាអញជាអ្នកត្រេកអរក្នុងសេចក្ដីមិនប្រមាទ បានសម្រេចនូវការអស់ទៅនៃតណ្ហា សាសនារបស់ព្រះពុទ្ធ អាត្មាអញបានធ្វើហើយ ។ សាមាថេរី ។

ចប់ ទុកនិបាត ។

តិកនិបាតកែប្រែ

[២៩៤] តាំងពីកាលអាត្មាអញបួសមក បាន ២៥ ឆ្នាំហើយ អាត្មាអញមិនទាន់បានស្គាល់នូវសេចក្ដីស្ងប់ចិត្តម្ដងទេ ។ អាត្មាអញមិនបានសេចក្ដីស្ងប់ចិត្ត មិនលុះអំណាចក្នុងភាវនាចិត្ត តែតមក អាត្មាអញរឭកដល់សាសនានៃព្រះជិនស្រី ក៏បានដល់នូវសេចក្ដីសំវេគ ។ អាត្មាអញត្រូវទុក្ខធម៌ជាច្រើនពាល់ត្រូវហើយ ជាអ្នកត្រេកអរក្នុងសេចក្ដីមិនប្រមាទ បានសម្រេចនូវការអស់ទៅនៃតណ្ហា សាសនារបស់ព្រះពុទ្ធ អាត្មាអញបានធ្វើហើយ ថ្ងៃនេះជារាត្រី ទី ៧ របស់អាត្មាអញ ជារាត្រីដែលតណ្ហារីងស្ងួត ។ សាមាថេរីដទៃទៀត ។


[២៩៥] អាត្មាអញ មិនបានសេចក្ដីស្ងប់រម្ងាប់ចិត្ត មិនលុះក្នុងអំណាចភាវនាចិត្ត បានចេញទៅខាងក្រៅអំពីលំនៅ ៤ ដង ៥ ដង ។ អាត្មាអញនោះ បានចូលទៅរកភិក្ខុនី ដែលអាត្មាអញគួរជឿ (បដាចារាថេរី) ភិក្ខុនីនោះ បានសំដែងធម៌ គឺ ខន្ធ អាយតនៈ ធាតុ ដល់អាត្មាអញ ។ លុះអាត្មាអញ បានស្ដាប់ធម៌របស់លោក តាមទំនងដែលលោកបានប្រៀនប្រដៅ អាត្មាអញក៏ឆ្អែតដោយបីតិ និងសុខៈ អង្គុយលើបល្ល័ង្កមួយ អស់ ៧ ថ្ងៃ ។ ក្នុងថ្ងៃទី ៨ អាត្មាអញបានទំលាយគំនរងងឹត គឺមោហៈ ហើយសណ្ដូកជើងទាំងគូ ។ ឧត្តមាថេរី ។


[២៩៦] ពោជ្ឈង្គទាំង ៧ ណា ជាឧបាយដើម្បីដល់នូវព្រះនិព្វាន ពោជ្ឈង្គទាំងអស់នោះ អាត្មាអញបានចម្រើនហើយ តាមលំអានដែលព្រះពុទ្ធសំដែងហើយ ។ អាត្មាអញជាឱរសធីតារបស់ព្រះពុទ្ធ ជាអ្នកត្រេកអរចំពោះព្រះនិព្វាន ក្នុងកាលទាំងពួង ជាអ្នកបានសុញ្ញសមាបត្តិ និងអនិមិត្តសមាបត្តិ តាមប្រាថ្នា ។ កាមទាំងអស់ ទោះជាទិព្វក្ដី ជារបស់មនុស្សក្ដី អាត្មាអញបានកាត់ផ្ដាច់ផ្ដិលហើយ ជាតិសង្សាររបស់អាត្មាអញ អស់រលីងហើយ ឥឡូវនេះ ភពថ្មីមិនមានទេ ។ ឧត្តមាថេរី មួយរូប ។


[២៩៧] អាត្មាអញបានចេញទៅ អំពីទីសម្រាក ក្នុងវេលាថ្ងៃ លើភ្នំឈ្មោះ គិជ្ឈកូដ ហើយបានឃើញដំរីដែលចុះឡើង ក្បែរឆ្នេរស្ទឹង (ឈ្មោះចន្ទភាគា) ។ បុរសកាន់កង្វេរ បង្គាប់ថា ឯងចូរជូនជើងមក ដំរីក៏ជូនជើង ហើយបុរសក៏ឡើងជិះដំរី ។ អាត្មាអញបានឃើញដំរី ដែលគេមិនទាន់ទូន្មាន គេអាចទូន្មាន ឲ្យលុះក្នុងអំណាចរបស់ពួកមនុស្សបាន ហើយក៏ទៅកាន់ព្រៃ តាមកិរិយារបស់ដំរីនោះ ក៏បានធ្វើចិត្តឲ្យនឹងធឹង ព្រោះឃើញដំរីនោះ ។ ទន្ដិកាថេរី ។


[២៩៨] ម្នាលនាងឧព្វិរី នាងកន្ទក់កន្ទេញក្នុងព្រៃថា ម្នាលជីវៈមាសម្ដាយ ដូច្នេះ នាងចូរដឹងខ្លួន កូនស្រីរបស់នាងទាំងអស់ ៨៤.០០០ មានឈ្មោះថាជីវៈដូចគ្នា ត្រូវគេដុតក្នុងឈាបនដ្ឋាននេះ បណ្ដាកូនស្រីទាំងនោះ តើនាងសោកចំពោះកូនស្រីណា ។

សរ គឺសេចក្ដីសោក អាស្រ័យនូវហ្ឫទ័យរបស់ខ្ញុំព្រះអង្គ ជារបស់ដែលគេឃើញបានដោយក្រ បានដកចេញហើយ ព្រះអង្គបានបន្ទោបង់នូវសេចក្ដីសោក ព្រោះកូនស្រីរបស់ខ្ញុំព្រះអង្គ ដែលត្រូវសេចក្ដីសោកគ្របសង្កត់ហើយ ។ ក្នុងថ្ងៃនេះ ខ្ញុំព្រះអង្គនោះ មានសរដកហើយ ជាអ្នកមិនមានសេចក្ដីស្រេកឃ្លាន បានរំលត់ទុក្ខហើយ ខ្ញុំព្រះអង្គ សូមដល់ព្រះពុទ្ធជាអ្នកប្រាជ្ញផង ព្រះធម៌ផង ព្រះសង្ឃផង ជាសរណៈ ។ ឧព្វិរីថេរី ។


[២៩៩] ពួកមនុស្ស ក្នុងក្រុងរាជគ្រឹះនេះ សម្ងំធ្វើកិច្ចអ្វី ដូចជាបុគ្គលសម្ងំផឹកទឹកឃ្មុំ ក៏មិននាំគ្នាចូលទៅរកនាងសុក្កាថេរី ដែលកំពុងប្រកាសព្រះពុទ្ធសាសនា ។ ពួកបណ្ឌិតបុរស ប្រកបដោយប្រាជ្ញា ទំនងជាបានក្រេបផឹកនូវធម៌នោះ ជាធម៌មិនគប្បីដឹកនាំបុគ្គលឲ្យត្រឡប់ថយ ជាធម៌មិនលាយឡំ មានឱជារស ដូចជាពួកអ្នកដើរផ្លូវឆ្ងាយ បានក្រេបផឹកនូវទឹកភ្លៀង ។

ព្រះនាងសុក្កាថេរី មានលោកុត្តរធម៌ដ៏បរិសុទ្ធល្អ ជាស្រីប្រាសចាករាគៈហើយ ជាអ្នកនឹងធឹង ឈ្នះមារ ព្រមទាំងវាហនៈ ហើយទ្រទ្រង់រាងកាយ មានក្នុងទីបំផុត ។ សុក្កាថេរី ។


[៣០០] ការរលាស់ខ្លួនចេញ (ចាកភព) ក្នុងលោក របស់នាង មិនមានទេ នាងនឹងធ្វើអ្វីដោយវិវេក នាងចូរបរិភោគនូវតម្រេកដែលអាស្រ័យនូវកាមទាំងឡាយ កុំឲ្យក្ដៅក្រហាយ ក្នុងកាលជាខាងក្រោយឡើយ ។

កាមទាំងឡាយមានឧបមាដោយលំពែង និងដែកសូល ជាគ្រឿងកាប់ចិញ្រ្ចាំនូវឧបាទានក្ខន្ធទាំងឡាយ អ្នកឯងពោល (សំដៅ) តម្រេកក្នុងកាមណា ឥឡូវនេះ តម្រេកក្នុងកាមនោះ ជាទីអផ្សុកដល់អាត្មាទេតើ ។ សេចក្ដីរីករាយក្នុងអារម្មណ៍ទាំងពួង យើងបានកំចាត់ចេញហើយ គំនរងងឹត យើងបានទំលុះទំលាយហើយ ម្នាលមារមានចិត្តបាប អ្នកឯងចូរដឹងយ៉ាងនេះចុះ ម្នាលមារថោកទាប អ្នកឯងយើងកំចាត់ចេញបានហើយ ។ សេលាថេរី ។


[៣០១] ពួកឥសី (មានព្រះពុទ្ធជាដើម) គប្បីដល់នូវឋនៈណា ដែលបុគ្គលដទៃមិនងាយនឹងបានសម្ភព ស្រ្តីមិនអាចនឹងដល់នូវឋនៈនោះ ដោយប្រាជ្ញាប្រវែងពីរធ្នាប់បានទេ ។

កាលបើចិត្តរបស់បុគ្គល អ្នកឃើញច្បាស់នូវធម៌ដោយប្រពៃ បានតម្កល់មាំហើយ កាលបើញាណកំពុងតែប្រព្រឹត្តទៅ តើស្រ្តីភាព ហេតុម្ដេចមិនគប្បីធ្វើនូវឋនៈនោះបាន ។ សេចក្ដីរីករាយក្នុងអារម្មណ៍ទាំងពួង យើងបានកំចាត់ចេញហើយ គំនរងងឹត យើងបានទំលុះទំលាយហើយ ម្នាលមារមានចិត្តបាប អ្នកឯងចូរដឹងយ៉ាងនេះចុះ ម្នាលមារថោកទាប អ្នកឯង យើងកំចាត់ចេញបានហើយ ។ សោមាថេរី ។

ចប់ តិកនិបាត ។

ចតុក្កនិបាតកែប្រែ

[៣០២] ព្រះថេរៈឈ្មោះកស្សប ជាបុត្តពុទ្ធទាយាទ មានចិត្តតម្កល់មាំល្អ លោកបានដឹងនូវបុព្វេនិវាស ទាំងឃើញឋនសួគ៌ និងអបាយ លំដាប់អំពីនោះមក លោកបានដល់នូវធម៌ជាទីអស់ទៅនៃជាតិ បានសម្រេចនូវអភិញ្ញា ជាអ្នកប្រាជ្ញ ជាព្រាហ្មណ៍ បានសម្រេចវិជ្ជា ៣ ដោយវិជ្ជា ៣ នេះ ។ ព្រះថេរីឈ្មោះ ភទ្ទកាបិលានី ក៏យ៉ាងនោះដែរ បានសម្រេចវិជ្ជា ៣ ញ៉ាំងមច្ចុឲ្យសាបសូន្យ ឈ្នះមារ ព្រមទាំងវាហនៈ ហើយទ្រទ្រង់រាងកាយ ជាទីបំផុត ។ យើងទាំងពីររូប បានឃើញទោសក្នុងលោក ហើយមកបួស យើងទាំងនោះ ជាព្រះខីណាស្រព បានទូន្មានខ្លួនហើយ ជាអ្នកមានចិត្តត្រជាក់ បាននិព្វានហើយ ។ ភទ្ទកាបិលានីថេរី ។

ចប់ ចតុក្កនិបាត ។

បញ្ចកនិបាតកែប្រែ

[៣០៣] តាំងពីកាលអាត្មាអញបួសមក បាន ២៥ វស្សាហើយ មិនបានសេចក្ដីស្ងប់ចិត្ត សូម្បីត្រឹមមួយផ្ទាត់ម្រាមដៃ ។ អាត្មាអញមានចិត្តទទឹកដោយកាមរាគៈ មិនបានសេចក្ដីស្ងប់ចិត្ត ផ្គងដើមដៃកន្ទក់កន្ទេញ ហើយចូលទៅកាន់លំនៅ ។ អាត្មាអញនោះ ចូលទៅរកភិក្ខុនី (ធម្មទិន្នាថេរី) ជាស្រ្តីដែលអាត្មាអញគួរជឿ លោកបានសំដែងធម៌ គឺខន្ធ អាយតនៈ ធាតុ ដល់អាត្មាអញ ។ លុះអាត្មាអញបានស្ដាប់ធម៌របស់លោកហើយ បានចូលទៅក្នុងទីសមគួរ ដឹងនូវបុព្វេនិវាស បានជម្រះទិព្វចក្ខុ ។ ចេតោបរិយញ្ញាណ និងសោតធាតុ អាត្មាអញបានជម្រះហើយ ឫទ្ធិ៍អាត្មាអញបានធ្វើឲ្យជាក់ច្បាស់ហើយ ការអស់ទៅនៃអាសវៈ អាត្មាអញបានសម្រេចហើយ អភិញ្ញា ៦ អាត្មាអញបានធ្វើឲ្យច្បាស់ហើយ ព្រះពុទ្ធសាសនា អាត្មាអញក៏បានធ្វើហើយ ។ ភិក្ខុនីមួយរូប មាននាម និងគោត្រមិនប្រាកដ ។


[៣០៤] អាត្មាអញស្រវឹង រឹងត្អឹង ដោយការសរសើរគុណផង ដោយរូបសម្បត្តិផង ដោយលំអដ៏លើសផង ដោយយសផង ដោយវ័យផង បានមើលងាយពួកស្រីដទៃ ។ អាត្មាអញស្អិតស្អាងរាងកាយនេះ ឲ្យវិចិត្រល្អ ឲ្យជាទីរាក់ទាក់នៃជនពាល ហើយឈរក្បែរទ្វារផ្ទះនៃស្រីពេស្យា ដូចជាព្រានម្រឹគដាក់អន្ទាក់ ។ អាត្មាអញសំដែងគ្រឿងប្រដាប់ និងអវយវៈដ៏កំបាំង ឲ្យជាក់ច្បាស់ជាច្រើន សើចក្អាកក្អាយ បានធ្វើមាយាច្រើនយ៉ាង (ដើម្បី) ញ៉ាំងជនពាលជាច្រើន (ឲ្យស្រើបស្រាល) ។ ក្នុងថ្ងៃនេះ អាត្មាអញនោះ បានកោរសក់ ដណ្ដប់សង្ឃាដី ដើរទៅបិណ្ឌបាត រួចអង្គុយក្រោមម្លប់ឈើ ជាអ្នកបាននូវធម៌ដែលមិនមានវិតក្កៈ ។ គ្រឿងប្រកបទាំងពួង ទោះជាទិព្វក្ដី ជារបស់មនុស្សក្ដី អាត្មាអញបានផ្ដាច់ផ្ដិលហើយ អាត្មាអញបានញ៉ាំងអាសវៈទាំងពួង ឲ្យអស់ហើយ ជាអ្នកមានចិត្តត្រជាក់ រំលត់ទុក្ខហើយ ។ វិមលាថេរី ជាស្រីពេស្យាពីដើម ។


[៣០៥] កាលពីដើម អាត្មាអញត្រូវកាមរាគៈបៀតបៀន ជាអ្នកមានចិត្តរវើរវាយ មិនលុះក្នុងអំណាចភាវនាចិត្ត ព្រោះធ្វើទុកក្នុងចិត្តមិនជាឧបាយនៃប្រាជ្ញា ។ អាត្មាអញ លុះត្រូវកិលេសទាំងឡាយរួបរឹតហើយ ជាអ្នកប្រព្រឹត្តតាមសេចក្ដីសំគាល់ក្នុងកាម ថាជាសុខ ជាអ្នកលុះក្នុងអំណាចនៃចិត្តដែលប្រកបដោយរាគៈ ក៏មិនបាននូវសេចក្ដីស្ងប់ចិត្តឡើយ ។ អាត្មាអញទៅជាស្គម ស្លេកស្លាំង ស្អាប់សម្បុរ ប្រព្រឹត្តមកអស់ ៧ ឆ្នាំហើយ អាត្មាអញដល់នូវសេចក្ដីទុក្ខក្រៃពេក មិនបានសេចក្ដីសុខ ទាំងថ្ងៃទាំងយប់ ។ ព្រោះមិនមានសេចក្ដីសុខនោះ អាត្មាអញក៏បានកាន់ខ្សែចូលទៅក្នុងចន្លោះព្រៃ (ដោយគិតថា) អាត្មាអញ ចងកក្នុងទីនេះប្រសើរ ត្រង់វិលទៅកាន់ភេទថោកទាបវិញ មិនប្រសើរឡើយ ។ អាត្មាអញបានធ្វើអន្ទាក់យ៉ាងមាំ ចងនឹងមែកឈើ ដាក់អន្ទាក់ត្រង់ក ក៏ស្រាប់តែចិត្តរបស់អាត្មាអញរួចស្រឡះ ។ សីហាថេរី ។


[៣០៦] ម្នាលនាងនន្ទា នាងចូរមើលរាងកាយ ដែលមានជំងឺជានិច្ច មិនស្អាត ជារបស់ពុករលួយ ដែលឆ្អឹង ៣០០ កំណាត់ផ្គុំឡើងហើយ (នេះ) នាងចូរអប់រំចិត្តដោយអសុភសញ្ញា ឲ្យជាចិត្តមានអារម្មណ៍តែមួយ តាំងនៅមាំល្អ ។ សរីរៈនេះយ៉ាងណា សរីរៈរបស់នាងហ្នឹង ក៏យ៉ាងនោះដែរ សរីរៈរបស់នាងហ្នឹងយ៉ាងណា សរីរៈនេះ ក៏យ៉ាងនោះដែរ នាងកុំខ្ជិលច្រអូស ខំពិចារណារាងកាយនុ៎ះ ទាំងយប់ ទាំងថ្ងៃ យ៉ាងនេះឯងថា សរីរៈ (នេះ) ដែលពួកជនពាលរីករាយ ជារបស់ពុករលួយ មានក្លិនអាក្រក់ ។ លំដាប់អំពីនោះ ខ្ញុំក៏បានពិនិត្យឃើញដោយប្រាជ្ញារបស់ខ្លួន ។ ខ្ញុំនោះមិនធ្វេសប្រហែស ខំពិចារណាដោយឧបាយនៃប្រាជ្ញា ក៏បានឃើញកាយនេះ ទាំងខាងក្នុង ទាំងខាងក្រៅ តាមពិត ។ ខាងក្រោយមក ខ្ញុំនឿយណាយក្នុងកាយ រសាយក្នុងសន្ដាន ជាអ្នកមិនធ្វេសប្រហែស ក៏បានប្រាសចាកយោគៈ មានចិត្តស្ងប់ មានទុក្ខរលត់ហើយ ។ នន្ទាថេរី ។


[៣០៧] អាត្មាអញបានថ្វាយបង្គំភ្លើងផង ព្រះចន្ទផង ព្រះអាទិត្យផង ពួកទេវតាផង រួចហើយអាត្មាអញទៅកាន់កំពង់នៃស្ទឹងទាំងឡាយ ហើយចុះទៅក្នុងទឹក អាត្មាអញ សមាទាននូវវត្តច្រើនយ៉ាង គឺកោរក្បាលពាក់កណ្ដាល សម្រេចការដេកលើផែនដី មិនបានបរិភោគបាយក្នុងវេលាយប់ ។ អាត្មាអញត្រេកអរក្នុងការស្អិតស្អាង និងការប្រដាប់ លុះកាមរាគៈបៀតបៀនហើយ ក៏បានទំនុកបំរុងកាយនេះ ដោយគ្រឿងងូត និងគ្រឿងអប់ ។ ក្នុងកាលខាងក្រោយមក ខ្ញុំបាននូវសទ្ធា (ក្នុងសំណាក់នៃព្រះមហាមោគ្គល្លានត្ថេរ) ហើយបួសក្នុងធម្មវិន័យ កាមរាគៈ ខ្ញុំបានដកចេញហើយ ព្រោះបានឃើញនូវរាងកាយ តាមពិត ។ ភពទាំងអស់ផង សេចក្ដីប្រាថ្នាផង សេចក្ដីតាំងចិត្តទុកផង អាត្មាអញបានផ្ដាច់ផ្ដិលហើយ អាត្មាអញបានប្រាសចាកយោគៈទាំងពួងហើយ បានដល់នូវសេចក្ដីស្ងប់ចិត្ត ។ នន្ទុត្តរាថេរី ។


[៣០៨] អាត្មាអញចេញអំពីផ្ទះ ហើយមកបួសក្នុងធម្មវិន័យ ដោយសទ្ធា ខ្វល់ខ្វាយក្នុងលាភៈ និងសក្ការៈ ប្រព្រឹត្តដោយហេតុ (ដែលញ៉ាំងលាភឲ្យកើតឡើង មានពាហុសច្ចៈ និងធម្មកថាជាដើម) នោះ ៗ ។ អាត្មាអញបានលះប្រយោជន៍ដ៏ឧត្តមចោល ហើយសេពនូវប្រយោជន៍ថោកទាប លុះក្នុងអំណាចនៃកិលេសទាំងឡាយ មិនត្រេកអរនឹងប្រយោជន៍នៃសមណៈ ។ សេចក្ដីសង្វេគ ក៏មានដល់អាត្មាអញនោះ ដែលអង្គុយក្នុងលំនៅថា អាត្មាអញដើរផ្លូវខុស លុះក្នុងអំណាចតណ្ហា ។ ជីវិតរបស់អាត្មាអញមានប្រមាណតិច ជរា និងព្យាធិតែងញាំញី មុនកាយនេះនឹងបែកធ្លាយ មិនមែនជាកាលគួរ អាត្មាអញធ្វេសប្រហែសឡើយ ។ អាត្មាអញកាលពិចារណានូវការកើតឡើង និងការសូន្យទៅនៃខន្ធទាំងឡាយតាមពិត ក៏មានចិត្តរួចស្រឡះ ហើយចេញ (ចាកកិលេសទាំងពួង) ពុទ្ធសាសនា អាត្មាអញបានធ្វើហើយ ។ មិត្តកាលីថេរី ។


[៣០៩] អាត្មាអញកាលនៅក្នុងផ្ទះ បានស្ដាប់ធម៌របស់ភិក្ខុហើយ ឃើញធម៌ ប្រាសចាកធូលី គឺកិលេស ជាធម៌នាំសត្វឲ្យចេញចាកតណ្ហា ជាហេតុនាំឲ្យបានសេចក្ដីសុខ មិនឃ្លាត ។ អាត្មាអញនោះ បានបោះបង់ចោលនូវកូនប្រុសផង កូនស្រីផង ទ្រព្យ និងស្រូវផង បានឲ្យគេកោរសក់ ហើយមកបួសក្នុងធម្មវិន័យ ។ អាត្មាអញកាលនៅជាសិក្ខមានា បានញ៉ាំងមគ្គខាងលើឲ្យកើត បានលះរាគៈ និងទោសៈផង អាសវៈទាំងឡាយដែលតាំងនៅជាមួយគ្នានឹងរាគៈទោសៈនោះផង ។ លុះអាត្មាអញបានឧបសម្បទាជាភិក្ខុនីហើយ ក៏រលឹកឃើញនូវបុព្វជាតិ ទាំងទិព្វចក្ខុមិនមានមន្ទិល ដែលពួកសប្បុរសចម្រើនហើយ ក៏អាត្មាអញបានជម្រះហើយ អាត្មាអញបានឃើញសង្ខារទាំងឡាយ ដែលកើតអំពីហេតុ មានសភាពទ្រុឌទ្រោម ថាជារបស់ដទៃ ហើយបានលះអាសវៈទាំងអស់ ជាអ្នកមានចិត្តត្រជាក់ បានរលត់ទុក្ខហើយ ។ សកុលាថេរី ។


[៣១០] អាត្មាអញបានសម្រាលកូនដប់ ក្នុងសរីរៈ គឺរូបនេះ ព្រោះហេតុនោះ អាត្មាអញមានកំឡាំងថយ គ្រាំគ្រា បានចូលទៅរកភិក្ខុនីមួយរូប ។ លោកបានសំដែងធម៌ គឺខន្ធ អាយតនៈ ធាតុ ដល់អាត្មាអញ លុះអាត្មាអញបានស្ដាប់ធម៌របស់លោកហើយ ក៏បានកោរសក់បួស អាត្មាអញនោះ កំពុងសិក្សា (សិក្ខាបី) បានជម្រះទិព្វចក្ខុ ដឹងនូវបុព្វេនិវាស ដែលអាត្មាអញបានអាស្រ័យនៅហើយក្នុងកាលមុន ។ អាត្មាអញមានអារម្មណ៍តែមួយ មានចិត្តតម្កល់មាំ ចម្រើនអនិមិត្តវិមោក្ខ ជាអ្នកបានវិមោក្ខក្នុងលំដាប់ (នៃមគ្គដ៏ប្រសើរ) រលត់កិលេសហើយ ព្រោះមិនប្រកាន់ ។ បញ្ចក្ខន្ធ អាត្មាអញបានកំណត់ហើយ មានឫសផ្ដាច់ផ្ដិលហើយ អាត្មាអញមិនមានតណ្ហា ដែលកើតអំពីវត្ថុដែលតាំងនៅ ឥឡូវនេះ ភពថ្មីមិនមាន ។ សោណាថេរី ។


[៣១១] អាត្មាអញមានសក់ដកហើយ (ដោយបន្លាត្នោត) ទ្រទ្រង់ភក់ មានសំពត់សាដកតែមួយ ប្រព្រឹត្តក្នុងកាលមុន មានសេចក្ដីសំគាល់ថាទោស ក្នុងរបស់ដែលមិនមានទោស ទាំងមានសេចក្ដីយល់ឃើញថា មិនមានទោសក្នុងរបស់ដែលមានទោស ចេញទៅអំពីទីសម្រាកក្នុងវេលាថ្ងៃ បានឃើញព្រះពុទ្ធ ទ្រង់ប្រាសចាកធូលី គឺរាគាទិក្កិលេស មានភិក្ខុសង្ឃហែហម លើភ្នំគិជ្ឈកូដ ក៏លុតជង្គង់ថ្វាយបង្គំ ប្រណម្យអញ្ជលីក្នុងទីចំពោះព្រះភក្រ្ដ ។ ព្រះមានព្រះភាគ បានត្រាស់ថា ម្នាលនាង នាងចូរមកចុះ ឧបសម្បទានោះ ក៏សម្រេចដល់ខ្ញុំ ។ អាត្មាអញបានដើរទៅកាន់ជនបទឈ្មោះអង្គៈ មគធៈ វជ្ជី កាសី និងកោសល ជាអ្នកមិនមានបំណុល បានបរិភោគដុំបាយរបស់ជនអ្នកនៅក្នុងដែន (នោះ ៗ) អស់ ៥០ ឆ្នាំ ។ ឧបាសកណា បានឲ្យចីវរដល់នាងភទ្ទា ដែលរួចចាកគន្ថៈទាំងពួង ឧបាសកនោះ ប្រកបដោយបញ្ញា បានសោយបុណ្យច្រើន ។ ភទ្ទាកុណ្ឌលាថេរី ។


[៣១២] ពួកមាណព ភ្ជួរស្រែដោយនង្គ័លទាំងឡាយ ហើយព្រោះពូជទាំងឡាយលើផែនដី តែងបាននូវទ្រព្យចិញ្ចឹមកូន និងប្រពន្ធទាំងឡាយ ។ អាត្មាអញបរិបូណ៌ដោយសីល មិនខ្ជិល មិនរវើរវាយ ធ្វើតាមសាសនារបស់ព្រះសាស្ដា ដូចម្ដេចក៏មិនបានព្រះនិព្វាន ។ អាត្មាអញលាងជើងក្នុងទឹក ឃើញទឹកសម្រាប់លាងជើងហូរអំពីទីទួល មកកាន់ទីទាប ហើយធ្វើ (ឲ្យជានិមិត្ត) ក្នុងទឹកទាំងឡាយ លំដាប់ពីនោះមក អាត្មាអញក៏បានតម្កល់ចិត្តមាំ ដូចសេះអាជានេយ្យដ៏ចម្រើន ។ លំដាប់នោះ អាត្មាអញកាន់ប្រទីបចូលទៅកាន់លំនៅ រមិលមើលដំណេក ហើយអង្គុយលើគ្រែតូច ។ ក្នុងកាលនោះ អាត្មាអញកាន់រនុកទ្វារ ហើយពន្លឹមចុះនូវប្រឆេះ (នៃប្រទីប) ចិត្តក៏បានរួចស្រឡះចាកកិលេស ដូចជាការរលត់នៃប្រទីប ។ បដាចារាថេរី ។


[៣១៣] ពួកមាណព កាន់អង្រែទាំងឡាយបុកស្រូវ តែងបាននូវទ្រព្យទាំងឡាយ ចិញ្ចឹមកូន និងប្រពន្ធ ។ ពួកនាង ចូរធ្វើនូវពុទ្ធសាសនា ដែលគេធ្វើហើយ មិនក្ដៅក្រហាយតាមក្រោយ ចូរលាងជើងទាំងឡាយឲ្យឆាប់ ហើយអង្គុយក្នុងទីសមគួរ ប្រកបរឿយ ៗ នូវសេចក្ដីស្ងប់ចិត្ត ហើយចូរធ្វើនូវពុទ្ធសាសនាចុះ ។

ភិក្ខុនីទាំងនោះ បានស្ដាប់ពាក្យប្រៀនប្រដៅ របស់បដាចារាថេរីនោះហើយ ក៏លាងជើង ហើយចូលទៅក្នុងទីសមគួរ ប្រកបរឿយ ៗ នូវសមថធម៌ បានធ្វើនូវ (កិច្ចក្នុង) ពុទ្ធសាសនា ។ ក្នុងបឋមយាមនៃរាត្រី ពួកព្រះថេរី ក៏បានរឭកឃើញនូវបុព្វជាតិ ក្នុងមជ្ឈិមយាមនៃរាត្រី បានជម្រះនូវទិព្វចក្ខុ ក្នុងបច្ឆិមយាមនៃរាត្រី ក៏បានទំលាយនូវគំនរងងឹត ។ ពួកព្រះថេរីទាំងនោះ ក្រោកឡើងថ្វាយបង្គំបាទា (នៃបដាចារាថេរី ហើយពោលថា) ពាក្យប្រៀនប្រដៅរបស់នាង យើងបានធ្វើតាមហើយ ពួកទេវតានៅក្នុងឋនត្រៃត្រឹង្ស (ហែហម) ព្រះឥន្រ្ទ ដែលបានឈ្នះក្នុងសង្គ្រាមយ៉ាងណា ពួកយើងជាអ្នកមានវិជ្ជា ៣ មិនមានអាសវៈ នឹងនៅហែហម (នាងយ៉ាងនោះ) ។ ពួកភិក្ខុនីជាថេរី ចំនួន ៣០ រូបនេះ បានធ្វើឲ្យច្បាស់លាស់ នូវព្រះអរហត្ត ក្នុងសំណាក់នៃបដាចារាថេរី ។


[៣១៤] កាលពីដើម អាត្មាអញជាស្រីទុគ៌ត ជាស្រីមេម៉ាយ មិនមានកូន ព្រាត់ប្រាសចាកមិត្រ ចាកញាតិទាំងឡាយ មិនដែលបានបាយ និងសំពត់ (បរិភោគប្រើប្រាស់គ្រប់គ្រាន់) ទេ ។ អាត្មាអញកាន់ភាជន៍ដី និងឈើច្រត់ ដើរសូមអំពីត្រកូលមួយទៅកាន់ត្រកូលមួយ ត្រូវត្រជាក់ និងក្ដៅបៀតបៀន ដើរទៅអស់ ៧ ឆ្នាំ ។ លុះកាលជាខាងក្រោយមក អាត្មាអញបានឃើញភិក្ខុនី (បដាចារាថេរី) ជាស្រីបានបាយ និងទឹក ហើយចូលទៅនិយាយ សូមបួសក្នុងធម្មវិន័យ ។ ឯបដាចារាភិក្ខុនីនោះ បានបំបួសអាត្មាអញ ដោយសេចក្ដីអនុគ្រោះ ខាងក្រោយអំពីនោះមក លោកបានទូន្មានអាត្មាអញ ដឹកនាំក្នុងប្រយោជន៍យ៉ាងសំខាន់ ។ អាត្មាអញបានស្ដាប់ពាក្យរបស់លោក ក៏បានធ្វើតាមពាក្យប្រៀនប្រដៅ ឯឱវាទរបស់ព្រះថេរីជាម្ចាស់ មិនឥតអំពើឡើយ ខ្ញុំជាអ្នកមានវិជ្ជា ៣ មិនមានអាសវៈ ។ ចន្ទាថេរី ។

ចប់ បញ្ចកនិបាត ។

ឆក្កនិបាតកែប្រែ

[៣១៥] នាងមិនដឹងផ្លូវរបស់សត្វណា ដែលមក ឬទៅទេ ហើយយំរកកូន ដែល (មិនដឹងជា) មកអំពីទីណានោះថា ឱកូនអាត្មាអញអើយ ។ ទុកជានាងដឹងផ្លូវរបស់កូននោះ ដែលមក ឬទៅ ក៏មិនគប្បីសោករកកូននោះឡើយ ព្រោះសត្វមានយ៉ាងនេះជាធម្មតា ។ (សត្វនោះ) មិនមានអ្នកណាមួយអង្វរឲ្យមកអំពីបរលោកនោះ ទាំងមិនមានអ្នកណាមួយ អនុញ្ញាតឲ្យទៅអំពីលោកនេះឡើយ ទំនងជាមកអំពីទីណាមួយ (មាននរកជាដើម) មកអាស្រ័យនៅ (ក្នុងទីនេះ) អស់ពីរបីថ្ងៃ ។ សត្វសូម្បីទៅអំពីភពនេះ មកកាន់ភពដទៃ ទៅអំពីភពនោះ ទៅកាន់ភពដទៃ ចែកឋនទៅហើយ ដោយសភាពជាមនុស្ស នឹងអន្ទោលទៅ បើមកយ៉ាងណា ក៏ទៅយ៉ាងនោះ ការខ្សឹកខ្សួល ព្រោះតែសត្វនោះ មានប្រយោជន៍អ្វី ។

លោកម្ចាស់បានដកព្រួញ គឺសេចក្ដីសោក ដែលឃើញដោយកម្រ អាស្រ័យនូវហ្ឫទ័យរបស់ខ្ញុំ លោកម្ចាស់បានបន្ទោបង់សេចក្ដីសោកព្រោះកូនរបស់ខ្ញុំ ដែលត្រូវសេចក្ដីសោកគ្របសង្កត់ហើយ ។ ក្នុងថ្ងៃនេះ ខ្ញុំនោះមានព្រួញដកហើយ មិនមានសម្រេកគំលាន មានទុក្ខរលត់ហើយ ខ្ញុំសូមដល់នូវព្រះពុទ្ធ ជាអ្នកប្រាជ្ញផង ព្រះធម៌ផង ព្រះសង្ឃផង ជាសរណៈ ។ បដាចារាថេរី ៥០០ [បានជាហៅបដាចារាដែរ ព្រោះបានស្តាប់ឱវាទរបស់នាងបដាចារាថេរី ។] ។


[៣១៦] អាត្មាអញត្រូវសេចក្ដីសោកព្រោះកូនបៀតបៀនហើយ មានចិត្តរាយមាយ ប្រាសចាកសញ្ញា មានកាយអាក្រាត មានសក់រាត់រាយ អាត្មាអញដើរទ្រហោយំ ។ អាត្មាអញពោរពេញដោយសេចក្ដីស្រេកឃ្លាន បានដើរទៅលើគំនរសំរាមក្បែរថ្នល់ផង ក្នុងព្រៃស្មសានផង ក្នុងច្រករហកផង អស់បីឆ្នាំ ។ ក្នុងកាលជាខាងក្រោយមក អាត្មាអញបានជួបប្រទះនឹងព្រះសុគត ព្រះអង្គទូន្មាននូវពួកសត្វដែលមានខ្លួនមិនទាន់បានទូន្មាន ទ្រង់ត្រាស់ដឹងដោយព្រះអង្គឯង មិនមានភ័យអំពីទីណា កំពុងស្ដេចទៅកាន់ក្រុងមិថិលា ។ អាត្មាអញ ត្រឡប់បាននូវចិត្តជាប្រក្រតី ហើយក៏ចូលទៅជិតថ្វាយបង្គំ ឯព្រះគោតមនោះ បានសំដែងធម៌ដល់អាត្មាអញ ដោយសេចក្ដីអនុគ្រោះ ។ លុះអាត្មាអញបានស្ដាប់ធម៌របស់ព្រះអង្គហើយ ក៏បានបួសក្នុងធម្មវិន័យ ប្រកបព្យាយាមក្នុងសាសនានៃព្រះសាស្ដា បានធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វានបទដ៏ជាទីក្សេម ។ សេចក្ដីសោកទាំងឡាយទាំងពួង អាត្មាអញផ្ដាច់ផ្ដិលហើយ បានលះបង់ហើយ ឲ្យមានទីបំផុតត្រឹមព្រះអរហត្តនេះ ព្រោះថា វត្ថុទាំងឡាយ ដែលជាដែនកើតនៃសេចក្ដីសោក អាត្មាអញកំណត់ហើយ ។ វាសិដ្ឋីថេរី ។


[៣១៧] ហៃនាងខេមា នាងនៅក្មេង ជាស្រីមានរូប យើងសោតក៏នៅក្មេងកំលោះ នាងចូរមក យើងនឹងត្រេកត្រអាលដោយតូរ្យតន្រ្តីប្រកបដោយអង្គ ៥ ។

អាត្មានឿយណាយ ធុញទ្រាន់ ដោយកាយស្អុយ ដែលមានជំងឺជានិច្ច ពុកផុយនេះ កាមតណ្ហា អាត្មាអញបានដកចេញហើយ ។ កាមទាំងឡាយ មានឧបមាដោយលំពែង និងអណ្ដោត ជាទីកាប់ចិញ្ច្រាំនូវខន្ធទាំងឡាយ អ្នកនិយាយចំពោះតម្រេកក្នុងកាមណា ឥឡូវនេះ តម្រេកក្នុងកាមនោះ មិនជាទីត្រេកអរនៃអាត្មាទេ ។ សេចក្ដីរីករាយក្នុងអារម្មណ៍ទាំងពួង អាត្មាបានកំចាត់ចេញហើយ គំនរងងឹត អាត្មាក៏បានទំលាយហើយ ម្នាលមារមានចិត្តបាប អ្នកចូរដឹងយ៉ាងនេះចុះ ម្នាលមារលាមក អ្នកឯង អាត្មាបានកំចាត់ចេញហើយ ។ ពួកជនពាល មិនដឹងតាមពិត សំពះនក្ខត្តឫក្សទាំងឡាយ បូជាភ្លើងក្នុងព្រៃ ហើយសំគាល់ថាជាការបរិសុទ្ធ ។ ចំណែកខាងអាត្មា នមស្ការព្រះសម្ពុទ្ធ ជាបុរសខ្ពង់ខ្ពស់ ជាអ្នកធ្វើតាមសាសនារបស់ព្រះសាស្ដា បានរួចស្រឡះហើយ ចាកទុក្ខទាំងពួង ។ ខេមាថេរី ។


[៣១៨] អាត្មាអញមានខ្លួនស្អិតស្អាង មានគ្រឿងស្លៀកពាក់ល្អ ទ្រទ្រង់ផ្កាកម្រង លាបស្រឡាបដោយខ្លឹមចន្ទន៍ បិទបាំងជិតដោយគ្រឿងអាភរណៈគ្រប់យ៉ាង មានពួកទាសីហែហមហើយ ។ អាត្មាអញ បានយកបាយ ទឹក បង្អែម និងចំអាបដ៏ច្រើន ចេញទៅអំពីគ្រឹហា នាំចូលទៅកាន់ឧទ្យាន ។ អាត្មាអញត្រេកអរ លេងក្នុងឧទ្យាននោះ រួចហើយក៏មកកាន់ផ្ទះរបស់ខ្លួន បានឃើញវិហារ ហើយក៏ចូលទៅកាន់វិហារ ក្នុងព្រៃអញ្ជ័ន ជិតក្រុងសាកេត ។ អាត្មាអញបានឃើញព្រះពុទ្ធ ជាប្រទីបនៃលោក ហើយចូលទៅថ្វាយបង្គំ ឯព្រះអង្គ ជាបុគ្គលមានចក្ខុ បានសំដែងធម៌ដល់អាត្មាអញ ដោយសេចក្ដីអនុគ្រោះ ។ លុះអាត្មាអញបានស្ដាប់ធម៌របស់ព្រះមហេសីហើយ ក៏បានចាក់ធ្លុះនូវសច្ចៈ បានសម្រេចនូវនិព្វានបទ ឈ្មោះអមតៈ ជាធម៌មិនមានធូលី គឺកិលេស ក្នុងវិហារនោះឯង ។ លំដាប់ពីនោះ អាត្មាអញបានដឹងច្បាស់នូវព្រះសទ្ធម្ម ហើយបួសក្នុងធម្មវិន័យ បានសម្រេចត្រៃវិជ្ជា ព្រះពុទ្ធសាសនា មិនឥតអំពើឡើយ ។ សុជាតាថេរី ។


[៣១៩] អាត្មាអញ កើតក្នុងត្រកូលខ្ពង់ខ្ពស់ ដែលមានគ្រឿងឧបករណ៍ជាទីរីករាយច្រើន មានទ្រព្យច្រើន ជាស្រីបរិបូណ៌ដោយសម្បុរ និងរូប ជាធីតាបង្កើតនៃសេដ្ឋីឈ្មោះមេឃិ ។ ពួកព្រះរាជបុត្រក៏ចង់បាន ពួកសេដ្ឋីបុត្រក៏ជាប់ចិត្ត ទើបប្រើទូតទៅ (ក្នុងសំណាក់) បិតារបស់អាត្មាអញ (ថា) សូមអ្នកឲ្យនាងអនោបមាដល់ខ្ញុំ ។ ធីតារបស់អ្នកឈ្មោះអនោបមានុ៎ះ (លក្ខណញ្ញូជន) កាត់ថ្លៃចំនួនទ្រព្យប៉ុន្មាន ខ្ញុំសូមជូនប្រាក់ និងកែវជា ៨ គុណ អំពីទ្រព្យនោះ ។ អាត្មាអញនោះ បានឃើញព្រះសម្ពុទ្ធ ជាចម្បងនៃលោក ព្រះអង្គប្រសើរបំផុត ក៏ចូលទៅក្នុងទីសមគួរ ថ្វាយបង្គំព្រះបាទារបស់ព្រះអង្គ ។ ព្រះគោតមនោះ បានសំដែងធម៌ដល់អាត្មាអញ ដោយសេចក្ដីអនុគ្រោះ អាត្មាអញអង្គុយលើអាសនៈនោះ ហើយបានសម្រេចនូវផលទី ៣ ។ លំដាប់ពីនោះមក អាត្មាអញបានកោរសក់ទាំងឡាយ ហើយបួសក្នុងធម្មវិន័យ រាត្រីគំរប់ ៧ របស់អាត្មាអញ ក្នុងថ្ងៃនេះ ជារាត្រីដែលតណ្ហារីងស្ងួត ។ អនោបមាថេរី ។


[៣២០] បពិត្រព្រះពុទ្ធ មានព្យាយាម អ្នកខ្ពង់ខ្ពស់ជាងសព្វសត្វទាំងឡាយ ខ្ញុំសូមថ្វាយបង្គំព្រះអង្គ ដែលទ្រង់បានប្រោសខ្ញុំព្រះអង្គ និងជនដទៃច្រើនគ្នា ឲ្យរួចចាកទុក្ខ ។ សេចក្ដីទុក្ខទាំងពួង ខ្ញុំព្រះអង្គបានកំណត់ដឹងហើយ តណ្ហាជាដើមចម (នៃទុក្ខ) ខ្ញុំព្រះអង្គបានធ្វើឲ្យរីងស្ងួតហើយ មគ្គប្រកបដោយអង្គ ៨ ខ្ញុំព្រះអង្គបានចម្រើនហើយ និរោធធម៌ ខ្ញុំព្រះអង្គបានសម្រេចហើយ ។ មាតាបិតា បុត្រ បងប្អូន និងជីដូនជីតា ដែលមានក្នុងកាលមុន ខ្ញុំព្រះអង្គក៏មិនដឹងតាមពិត មិនបាន (នូវទីពឹងក្នុងសមុទ្រ គឺសង្សារ) បានអន្ទោលទៅ (យកកំណើតផ្សេង ៗ) ព្រះមានព្រះភាគអង្គនោះ ខ្ញុំព្រះអង្គបានឃើញហើយ រាងកាយ (របស់ខ្ញុំព្រះអង្គ) នេះ ជាទីបំផុតហើយ ជាតិសង្សារអស់រលីងហើយ ឥឡូវនេះ ភពថ្មីមិនមាន ។ សូមព្រះអង្គទតនូវពួកសាវ័ក អ្នកមានព្យាយាមតឹងតែង មានចិត្តស្លុងទៅរកព្រះនិព្វាន មានព្យាយាមមាំជានិច្ច ជាអ្នកព្រមព្រៀងគ្នា នេះជាការថ្វាយបង្គំចំពោះព្រះពុទ្ធទាំងឡាយ ។ ឱហ្ន៎ ព្រះនាងមាយា បានបង្កើតព្រះគោតម ដើម្បីជាប្រយោជន៍ដល់ពួកជនច្រើនគ្នា (ព្រោះថា) ព្រះគោតមបានបន្ទោបង់នូវគំនរទុក្ខ នៃពួកជនដែលត្រូវព្យាធិ និងមរណៈចាក់ដោត ។ មហាបជាបតិគោតមីថេរី ។


[៣២១] ម្នាលនាងគុត្តា ការដែលនាងលះបង់កូន និងគំនរទ្រព្យ ហើយបួស ដើម្បីប្រយោជន៍ណា នាងចូរចម្រើនឲ្យរឿយ ៗ នូវប្រយោជន៍នោះឯង នាងកុំលុះអំណាចនៃចិត្តឡើយ ។ ពួកសត្វ ត្រូវចិត្តបញ្ឆោតហើយ ត្រេកអរក្នុងវិស័យនៃមារ មិនដឹងថា អាត្មាអញត្រាច់រង្គាត់ទៅកាន់សង្សារអស់ជាតិមិនតែមួយ ។ កាមច្ឆន្ទៈ ព្យាបាទៈ សក្កាយទិដ្ឋិ សីលព្វតបរាមាសៈ និងវិចិកិច្ឆា ជាគំរប់ ៥ ។ ម្នាលភិក្ខុនី លុះនាងលះនូវសំយោជនៈ ជាចំណែកខាងក្រោយមទាំងនោះហើយ ទើបលែងវិលមកកាន់កាមភពនេះទៀត ។ នាងបើខំសង្កត់សង្កិនកាត់ផ្ដាច់នូវសំយោជនៈទាំងឡាយ គឺរូបរាគៈ អរូបរាគៈ មានះ អវិជ្ជា ឧទ្ធច្ចៈហើយ នឹងធ្វើនូវព្រះនិព្វានជាទីបំផុតនៃទុក្ខបាន ។ នាងបើញ៉ាំងជាតិសង្សារឲ្យអស់ ហើយកំណត់ដឹងនូវភពថ្មី នឹងទៅជាអ្នកមិនមានតណ្ហា ប្រព្រឹត្តស្ងប់រម្ងាប់ ក្នុងបច្ចុប្បន្ន ពិតប្រាកដបាន ។ គុត្តាថេរី ។


[៣២២] អាត្មាអញមិនលុះអំណាចក្នុងភាវនាចិត្ត មិនបានសេចក្ដីស្ងប់ចិត្ត បានចេញអំពីលំនៅ ៤ លើក ៥ លើក ។ អាត្មាអញបានចូលទៅរកភិក្ខុនី (ព្រះថេរីឈ្មោះខេមា) ហើយសាកសួរដោយគោរព លោកបានសំដែងធម៌ គឺធាតុ អាយតនៈ អរិយសច្ច ៤ ឥន្រ្ទិយ ពលៈ ពោជ្ឈង្គ អដ្ឋង្គិកមគ្គ ដល់អាត្មាអញ ដើម្បីដល់នូវប្រយោជន៍ដ៏ឧត្តម ។ លុះអាត្មាអញ បានស្ដាប់ពាក្យរបស់ភិក្ខុនីនោះហើយ ក៏បានធ្វើតាមពាក្យប្រៀនប្រដៅរបស់លោក ក្នុងបុរិមយាមនៃរាត្រី បានរឭកឃើញនូវបុព្វជាតិ ក្នុងមជ្ឈិមយាមនៃរាត្រី បានជម្រះនូវទិព្វចក្ខុ ក្នុងបច្ឆិមយាមនៃរាត្រី បានទំលាយនូវគំនរងងឹត វេលានោះ អាត្មាអញបានជ្រួតជ្រាបកាយដោយបីតិ និងសុខៈ ទំលាយនូវគំនរងងឹត ហើយលាងជើងទាំងគូ ក្នុងរាត្រីទី ៧ ។ វិជហាថេរី ។

ចប់ ឆក្កនិបាត ។

សត្តកនិបាតកែប្រែ

[៣២៣] ពួកមាណព កាន់អង្រែទាំងឡាយបុកស្រូវ ពួកមាណព រមែងបាននូវទ្រព្យ ចិញ្ចឹមកូន និងប្រពន្ធទាំងឡាយ ។ នាងទាំងឡាយ ចូរព្យាយាមធ្វើអំពើដែលធ្វើហើយ មិនក្ដៅក្រហាយតាមក្រោយ ក្នុងព្រះពុទ្ធសាសនា ចូរលាងជើងទាំងឡាយឲ្យឆាប់ ហើយអង្គុយក្នុងទីសមគួរ ។ នាងទាំងឡាយ ចូរតាំងចិត្ត តម្កល់ឲ្យមាំ ឲ្យមានអារម្មណ៍តែមួយ ហើយពិចារណានូវសង្ខារទាំងឡាយ ថាជារបស់ដទៃ ទាំងមិនមែនជារបស់ខ្លួន ។

អាត្មាបានស្ដាប់ពាក្យរបស់ព្រះថេរីនោះ គឺជាពាក្យប្រៀនប្រដៅរបស់ព្រះថេរីឈ្មោះបដាចារា ហើយបានលាងជើង រួចចូលទៅអង្គុយក្នុងទីសមគួរ ។ ក្នុងបុរិមយាមនៃរាត្រី អាត្មាបានរឭកឃើញនូវបុព្វជាតិ ក្នុងមជ្ឈិមយាមនៃរាត្រី អាត្មាបានជម្រះនូវទិព្វចក្ខុ ។ ក្នុងបច្ឆិមយាមនៃរាត្រី អាត្មាបានទំលាយនូវគំនរងងឹត ជាស្រីបាននូវត្រៃវិជ្ជា បានក្រោកចេញ (អំពីអាសនៈ) ក្នុងកាលជាខាងក្រោយ ពាក្យប្រៀនប្រដៅរបស់លោកម្ចាស់ ខ្ញុំបានប្រព្រឹត្តហើយ ។ ពួកទេវតាក្នុងឋានត្រៃត្រឹង្ស (ហែហម) នូវសក្កទេវរាជ ដែលឈ្នះក្នុងសង្រ្គាមយ៉ាងណា ខ្ញុំបាននូវត្រៃវិជ្ជា មិនមានអាសវៈ ក៏ហែហម (លោកម្ចាស់) យ៉ាងនោះដែរ ។ ឧត្តរាថេរី ។


[៣២៤] អាត្មាជាភិក្ខុនី បានចម្រើននូវឥន្រ្ទិយ ផ្ចង់ស្មារតី បានចាក់ធ្លុះនូវព្រះនិព្វាន ជាទីស្ងប់រម្ងាប់នូវសង្ខារ ជាសុខក្រៃលែង ។

នាងជាស្ត្រីកំណោរ ប្រាកដដូចជាសមណី តើឧទ្ទិសចំពោះលទ្ធិណា នាងមិនគាប់ចិត្តនឹងលទ្ធិទាំងឡាយ ហេតុអ្វីក៏នាងជាស្ត្រីវង្វេងប្រព្រឹត្តបែបនេះ ។

លទ្ធិទាំងឡាយ ខាងក្រៅអំពីសាសនានេះ អាស្រ័យនូវទិដ្ឋិទាំងឡាយ ពួកជន (ប្រកាន់លទ្ធិ) នោះ មិនដឹងច្បាស់នូវធម៌ ពួកជននោះ មិនវាងវៃក្នុងធម៌ ។ មាន (ព្រះរាជបុត្រមួយអង្គ) កើតក្នុងសក្យត្រកូល បានត្រាស់ជាព្រះពុទ្ធ មិនមានបុគ្គលផ្ទឹមបាន ព្រះអង្គបានសំដែងប្រាប់អាត្មានូវអរិយសច្ចធម៌ ជាធម៌ប្រព្រឹត្តកន្លងនូវទិដ្ឋិ គឺទុក្ខ ១ ហេតុនាំឲ្យកើតទុក្ខ ១ ទីដែលប្រព្រឹត្តកន្លងនូវទុក្ខ ១ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរជាដំណើរទៅកាន់ទីរំលត់ទុក្ខ ១ ។ អាត្មាបានស្ដាប់ព្រះពុទ្ធដីការបស់ព្រះអង្គហើយ ក៏ត្រេកអរក្នុងសាសនា ត្រៃវិជ្ជា អាត្មាបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ អាត្មាបានធ្វើហើយ ។ សេចក្ដីរីករាយក្នុងអារម្មណ៍ទាំងពួង អាត្មាបានកំចាត់ហើយ គំនរងងឹត អាត្មាបានទំលាយហើយ ម្នាលមារកំបាប អ្នកចូរដឹងយ៉ាងនេះចុះ ម្នាលមារលាមក អ្នកឯង យើងកំចាត់ចេញហើយ ។ ចាលាថេរី ។


[៣២៥] អាត្មាជាភិក្ខុនី មានស្មារតី មានចក្ខុ គឺបញ្ញា មានឥន្រ្ទិយចម្រើនហើយ បានចាក់ធ្លុះនូវព្រះនិព្វានជាទីស្ងប់ ដែលបុរសថោកទាបមិនដែលបានសេពហើយ ។

នាងមិនគាប់ចិត្តនឹងជាតិទេឬ សត្វដែលកើតហើយ តែងបរិភោគកាមទាំងឡាយ នាងចូរបរិភោគនូវតម្រេកក្នុងកាមទាំងឡាយ កុំឲ្យមានសេចក្ដីស្ដាយក្រោយ ។

សេចក្ដីស្លាប់ និងការកាត់នូវដៃជើង រមែងមានដល់សត្វដែលកើតហើយ សត្វដែលកើតហើយ រមែងដល់នូវសេចក្ដីទុក្ខ មានការសម្លាប់ និងការចងជាកំណត់ ។ មាន (ព្រះរាជបុត្រមួយព្រះអង្គ) កើតក្នុងសក្យត្រកូល បានត្រាស់ជាព្រះពុទ្ធ ព្រះអង្គផ្ចាញ់នូវមារ មានកិលេសមារជាដើម ព្រះអង្គបានសំដែងប្រាប់អាត្មានូវអរិយសច្ចធម៌ ជាធម៌កន្លងនូវជាតិ គឺទុក្ខ ១ ហេតុនាំឲ្យកើតទុក្ខមួយ ១ ទីដែលប្រព្រឹត្តកន្លងនូវទុក្ខ ១ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ជាដំណើរទៅកាន់ទីរំលត់ទុក្ខ ១ ។ អាត្មាបានស្ដាប់ព្រះពុទ្ធដីការបស់ព្រះអង្គហើយ ក៏ត្រេកអរក្នុងសាសនា ត្រៃវិជ្ជា អាត្មាបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ អាត្មាបានធ្វើហើយ ។ សេចក្ដីរីករាយ ក្នុងអារម្មណ៍ទាំងពួង អាត្មាបានកំចាត់ចេញហើយ គំនរងងឹត អាត្មាបានទំលាយចេញហើយ ម្នាលមារកំបាប អ្នកចូរដឹងយ៉ាងនេះចុះ ម្នាលមារលាមក អ្នកឯង យើងកំចាត់ចេញហើយ ។ ឧបចាលាថេរី ។

ចប់ សត្តកនិបាត ។

អដ្ឋកនិបាតកែប្រែ

[៣២៦] ភិក្ខុនី បរិបូណ៌ដោយសីល សង្រួមដោយប្រពៃ ក្នុងឥន្រ្ទិយទាំងឡាយ គប្បីបាននូវព្រះនិព្វានជាទីស្ងប់ មានឱជៈមិនច្របូកច្របល់ដោយវត្ថុអ្វីមួយ ។

ពួកទេវតាណា នៅក្នុងឋានតាវត្តិង្សក្ដី នៅក្នុងឋានយាមៈក្ដី នៅក្នុងឋានតុសិតក្ដី ពួកទេវតានៅក្នុងឋាននិម្មានរតីក្ដី ពួកទេវតានៅក្នុងឋានបរនិម្មិតវសវត្តីក្ដី នាងចូរតាំងចិត្តទៅរកពួកទេវតាទាំងនោះ ដែលនាងធ្លាប់នៅហើយ ក្នុងកាលមុន ។

ពួកទេវតាណា នៅក្នុងឋានតាវត្តិង្សក្ដី នៅក្នុងឋានយាមៈក្ដី នៅក្នុងឋានតុសិតក្ដី ពួកទេវតានៅក្នុងឋាននិម្មានរតីក្ដី ពួកទេវតានៅក្នុងឋានបរនិម្មិតវសវត្តីក្ដី (ទេវតាទាំងនោះ ចេញ) អំពីភពទៅកាន់ភព សព្វ ៗ កាល តម្កល់នៅក្នុងសក្កាយ គឺខន្ធបញ្ចកៈ មិនប្រព្រឹត្តកន្លងនូវសក្កាយ ជាអ្នកអន្ទោលទៅកាន់ជាតិ និងមរណៈ ។ លោកទាំងមូលឆេះ លោកទាំងមូលច្រានរន្ទាល លោកទាំងមូលសន្ធោសន្ធៅ លោកទាំងមូលញាប់ញ័រ (ដោយភ្លើង ១១ មានរាគៈជាដើម) ព្រះពុទ្ធបានសំដែងធម៌ប្រាប់អាត្មា ជាធម៌ដែលមិនកម្រើក មិនមានអ្វីផ្ទឹមបាន ដែលបុថុជ្ជនសេពមិនបាន ហើយចិត្តរបស់អាត្មាត្រេអរចំពោះក្នុងធម៌នោះ ។ អាត្មាបានស្ដាប់ព្រះពុទ្ធដីការបស់ព្រះអង្គហើយ ក៏ត្រេកអរក្នុងសាសនា ត្រៃវិជ្ជា អាត្មាបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ អាត្មាបានធ្វើហើយ ។ សេចក្ដីរីករាយក្នុងអារម្មណ៍ទាំងពួង អាត្មាបានកំចាត់ចេញហើយ គំនរងងឹត អាត្មាបានទំលាយចេញហើយ ម្នាលមារកំបាប អ្នកចូរដឹងយ៉ាងនេះចុះ ម្នាលមារលាមក អ្នកឯង យើងកំចាត់ចេញហើយ ។ សីសូបចាលាថេរី ។

ចប់ អដ្ឋកនិបាត ។

នវកនិបាតកែប្រែ

[៣២៧] ហៃវឌ្ឍៈ ព្រៃ គឺកិលេស កុំមានដល់លោក ក្នុងកាលណា ៗ ឡើយ ហៃកូន លោកកុំមានចំណែកនៃសេចក្ដីទុក្ខរឿយ ៗ ឡើយ ។ ហៃវឌ្ឍៈ ព្រោះថា អ្នកប្រាជ្ញទាំងឡាយ លោកមិនមានតណ្ហា កាត់សេចក្ដីសង្ស័យ ជាអ្នកត្រជាក់ត្រជំ ដល់នូវសេចក្ដីរាបសា មិនមានអាសវៈ តែងនៅជាសុខ ។ ហៃវឌ្ឍៈ ចូរលោកចម្រើនឲ្យរឿយ ៗ ដើម្បីដល់នូវការឃើញមគ្គ ដែលពួកឥសីនោះ ធ្លាប់សន្សំមកហើយ ដើម្បីធ្វើនូវព្រះនិព្វានជាទីបំផុតទុក្ខ ។

បពិត្រមាតា លោកក្លៀវក្លា ប្រាប់សេចក្ដីនេះដល់ខ្ញុំ បពិត្រមាតា ខ្ញុំសំគាល់ថា ព្រៃ គឺកិលេសរបស់លោក មិនមានដោយពិត ។

ហៃវឌ្ឍៈ សង្ខារទាំងឡាយ ឯណានីមួយដ៏ថោកទាប ឧត្តម និងកណ្ដាល ព្រៃ គឺកិលេស សូម្បីតូចឆ្មារក្ដី សូម្បីបន្តិចបន្តួចក្ដី នៃខ្ញុំមិនមានឡើយ ។ ខ្ញុំជាអ្នកមិនប្រមាទ បានចម្រើនឈាន មានអាសវៈទាំងពួងអស់ហើយ ត្រៃវិជ្ជា ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។

មាតារបស់ខ្ញុំ បានចាក់ជន្លួញដ៏លើសលុប គឺគាថាប្រកបដោយប្រយោជន៍យ៉ាងសំខាន់ ៗ ដោយពិត ដូចជាពួកជនអ្នកអនុគ្រោះ ។ ខ្ញុំបានស្ដាប់ពាក្យប្រៀនប្រដៅរបស់លោក ដែលជាមាតាបង្កើត ហើយក៏ដល់នូវធម្មសង្វេគ ដើម្បីដល់នូវព្រះនិព្វានជាទីក្សេមចាកយោគៈ ។ ខ្ញុំនោះ មានចិត្តស្លុងទៅរកព្រះនិព្វាន ដោយសម្មប្បធាន មិនខ្ជិលច្រអូសទាំងយប់ទាំងថ្ងៃ ជាអ្នកដែលមាតាដាស់តឿនហើយ ក៏ស្ងប់រម្ងាប់ បានសម្រេចនូវព្រះនិព្វានដ៏ខ្ពង់ខ្ពស់ ។

វឌ្ឍមាតាថេរី ។

ចប់ នវកនិបាត ។

ថេរីគាថា ឯកាទសកនិបាត


[៣២៨] ភាពនៃកល្យាណមិត្តចំពោះសត្វលោក ព្រះមុនីទ្រង់សរសើរហើយ បុគ្គលកាលគប់រកនូវពួកកល្យាណមិត្ត សូម្បីខ្លួនជាបុគ្គលពាល ក៏គង់បានទៅជាបណ្ឌិត ។ បុគ្គលគួរគប់រកនូវពួកសប្បុរស ប្រាជ្ញានៃពួកបុគ្គលដែលរាប់រក (នូវសប្បុរស) រមែងចម្រើនដោយពិត បុគ្គលឯណានីមួយ មានក្សត្រជាដើម កាលគប់រកនូវពួកសប្បុរស គប្បីរួចចាកទុក្ខទាំងអស់ផង គប្បីដឹងនូវអរិយសច្ចទាំង ៤ ផង គឺទុក្ខសច្ច ១ ទុក្ខសមុទយសច្ច ១ ទុក្ខនិរោធសច្ច ១ មគ្គសច្ច ប្រកបដោយអង្គ ៨ ប្រការ ១ ។ ព្រះមានព្រះភាគ ជាសារថីទូន្មាននូវបុរស ទ្រង់ត្រាស់ថា ឥត្ថីភាព នាំមកនូវសេចក្ដីទុក្ខ ។ មែនពិត ការនៅរួមជាមួយនឹងស្វាមី នាំមកនូវទុក្ខ ស្រីពួកខ្លះ សម្រាលបុត្រតែម្ដង ដាច់បំពង់ស្បូន (ស្លាប់) ក៏មាន (ស្រីពួកខ្លះ) ជាសុខុមាលជាតិ មានគភ៌រវាងពាក់កណ្ដាល ប្រាថ្នាសម្លាប់កូនក្នុងគភ៌ ស៊ីថ្នាំពិស ដល់នូវសេចក្ដីវិនាស ទាំងពីរនាក់ (កូន និងម្ដាយ) ក៏មាន ។

ខ្ញុំកាលទៅរកទីសម្រាល (កូន) បានឃើញប្ដីស្លាប់ ខ្ញុំទៅមិនទាន់ដល់ផ្ទះរបស់ខ្លួន ក៏សម្រាល (កូន) កណ្ដាលផ្លូវ ។ កូនទាំងពីរ ក៏ធ្វើមរណកាល ប្ដីរបស់ខ្ញុំក៏ស្លាប់ក្នុងផ្លូវ ខ្ញុំជាស្រីកំព្រា ឯមាតាបិតា និងបងប្អូនប្រុស ក៏ត្រូវគេដុតក្នុងជើងថ្ករជាមួយគ្នា ។ នាងរងទុក្ខប្រមាណមិនបាន ក្នុងត្រកូលដែលអស់ភោគសម្បត្តិ ជាត្រកូលកំព្រា ទឹកភ្នែករបស់នាងប្រព្រឹត្តទៅអស់ពាន់ជាតិជាច្រើន ។ ខ្ញុំឃើញនាង (កើតជា) ចចកញី ស៊ីសាច់មនុស្សក្នុងកណ្ដាលព្រៃស្មសាន មួយទៀត សាច់កូន ក៏នាងបានស៊ីហើយ (ក្នុងអត្តភាពនេះ) ខ្ញុំមានវង្សត្រកូលសាបសូន្យ ត្រូវអ្នកផងតិះដៀល មានប្ដីក៏ស្លាប់ តែបានត្រាស់ដឹងនូវអមតៈ ។ អរិយមគ្គប្រកបដោយអង្គ៨ ជាដំណើរទៅកាន់ព្រះនិព្វាន ឈ្មោះអមតៈនេះ ខ្ញុំបានចម្រើនហើយ ទាំងព្រះនិព្វាន ខ្ញុំក៏បានធ្វើឲ្យជាក់ច្បាស់ហើយដែរ ខ្ញុំបានឃើញហើយនូវកញ្ចក់ គឺធម៌ ។ ខ្ញុំមានសរ គឺរាគាទិក្កិលេសកាត់ហើយ មានភារៈដាក់ចុះហើយ កិច្ចដែលគួរធ្វើ ខ្ញុំបានធ្វើរួចស្រេចហើយ នាងកីសាគោតមីថេរី មានចិត្តផុតស្រឡះហើយ (ចាកកិលេស) បានពោលនូវសេចក្ដីនេះ ។

កីសាគោតមីថេរី ។

ចប់ ឯកាទសកនិបាត ។

ទ្វាទសកនិបាតកែប្រែ

[៣២៩] យើងទាំងពីរនាក់ គឺមាតា និងធីតា មានប្ដីជាមួយគ្នា (ភរិយារួមប្ដី) សេចក្ដីតក់ស្លុត សេចក្ដីព្រឺរោម អស្ចារ្យចំឡែក កើតមានដល់ខ្ញុំនោះ ។ ថ្វឺយ កាមទាំងឡាយ ជារបស់មិនស្អាត មានក្លិនអាក្រក់ ដូចជាបន្លាច្រើនយ៉ាង ដែលនាំយើងទាំងពីរនាក់ គឺមាតា និងធីតា ឲ្យជាភរិយាជាមួយគ្នា ។ លុះខ្ញុំឃើញទោសក្នុងកាមទាំងឡាយហើយ ឃើញនេក្ខម្មៈ ថាជារបស់ក្សេម ទើបចេញចាកផ្ទះក្នុងក្រុងរាជគ្រឹះ ចូលកាន់ផ្នួស ។ ខ្ញុំដឹងនូវបុព្វេនិវាស ឯទិព្វចក្ខុ និងចេតោបរិយញ្ញាណ ខ្ញុំជម្រះហើយ ទិព្វសោតធាតុ ខ្ញុំជម្រះហើយដែរ ។ ទាំងឫទ្ធិ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ការអស់ទៅនៃអាសវៈ ខ្ញុំបានដល់ហើយ អភិញ្ញា ៦ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ពុទ្ធសាសនា ខ្ញុំបានធ្វើហើយ ។ ខ្ញុំនិមិ្មតនូវរថទឹមសេះ ៤ ដោយឫទ្ធិ ហើយថ្វាយបង្គំព្រះបាទទាំងគូនៃព្រះពុទ្ធដ៏មានសិរី ជាទីពឹងនៃសត្វលោក ។

នាងជាស្រីម្នាក់ឯង ចូលមកកាន់ដើមរាំងភ្នំ ដែលនៅចុងមានផ្ការីកស្គុះស្គាយ ហើយឈរនៅទៀបគល់ឈើ បុគ្គលណាមួយជាគំរប់ពីររបស់នាងក៏មិនមាន នែស្រ្តីពាល នាងមិនខ្លាចពួកអ្នកលេងទេឬ ។

បើទុកជាអ្នកលេងទាំងឡាយមួយរយ ឬមួយពាន់ ជាបុគ្គលមានសភាពយ៉ាងនេះ មកជួបជុំគ្នា ក៏រោម (របស់យើង) មិនព្រឺព្រួច មិនញាប់ញ័រ នែមារ អ្នកម្នាក់ឯង នឹងធ្វើនូវអ្វីដល់យើងកើត ។ យើងនេះនឹងបាត់ទៅ ឬនឹងចូលទៅកាន់ផ្ទៃរបស់អ្នកក៏បាន ឬបើទុកជាឈរនៅក្បែរចន្លោះចិញ្ចើមរបស់អ្នក ក៏អ្នកមើលមិនឃើញយើងឈរដែរ ។ យើងជាស្រ្តីស្ទាត់ក្នុងអធិចិត្ត ឥទ្ធិបាទទាំងឡាយ យើងបានចម្រើនហើយដោយប្រពៃ អភិញ្ញា ៦ យើងបានធ្វើឲ្យជាក់ច្បាស់ហើយ ពុទ្ធសាសនា យើងបានធ្វើហើយ ។ កាមទាំងឡាយ ប្រៀបដោយលំពែង និងឈើស្រួច សម្រាប់ចិញ្ច្រាំនូវខន្ធទាំងឡាយ អ្នកពោលនូវតម្រេកក្នុងកាមណា ឥឡូវនេះ តម្រេកក្នុងកាមនោះ មិនមែនជាតម្រេករបស់យើងឡើយ ។ សេចក្ដីរីករាយក្នុងកាមទាំងអស់ យើងបានកំចាត់ចេញហើយ គំនរនៃងងឹត (អវិជ្ជា) យើងបានទំលាយចោលហើយ នែមារមានចិត្តបាប អ្នកចូរដឹងយ៉ាងនេះចុះ នែមារថោកទាប អ្នក យើងកំចាត់ចេញហើយ ។

ឧប្បលវណ្ណាថេរី ។

ចប់ ទ្វាទសកនិបាត ។

សោឡសកនិបាតកែប្រែ

[៣៣០] ខ្ញុំជាស្រ្តីអ្នកដងទឹក មានការខ្លាចទណ្ឌភ័យនៃជនជាម្ចាស់ទាំងឡាយ ត្រូវភ័យអំពីវាចា និងទោសបៀតបៀន ហើយចុះទឹករាល់ពេលក្នុងកាលត្រជាក់រងារ ។ ម្នាលព្រាហ្មណ៍ អ្នកខា្លចអ្នកណា ទើបចុះទឹករាល់ពេល មានខ្លួនញាប់ញ័រ ទទួលរងរងារដ៏ក្រៃលែង ។

ម្នាលនាងបុណ្ណិកាដ៏ចម្រើន នាងដឹង (ថាខ្ញុំ) កំពុងធ្វើកុសលកម្ម ជាគ្រឿងបិទនូវបាបកម្មដែរ ម្ដេចក៏សួរដេញដោល ។ បុគ្គលណា ទោះចាស់ក្ដី ក្មេងក្ដី ធ្វើបាបកម្ម បុគ្គលនោះ រមែងរួចចាកបាបកម្ម ព្រោះការស្រោចស្រប់ដោយទឹក ។

អ្នកល្ងង់ណាហ្ន៎ បាននិយាយពាក្យនេះ ទៅរកអ្នកដែលល្ងង់ដែរ (ថាបុគ្គល) រមែងរួចចាកបាបកម្ម ព្រោះការស្រោចស្រប់ដោយទឹក (បើដូច្នោះ) កង្កែប អណ្ដើក នាគ ក្រពើ ឬសត្វដទៃណាមួយ ដែលត្រាច់ទៅក្នុងទឹកទាំងអស់ នឹងទៅកាន់ឋនសួគ៌ដោយពិត ។ ពួកជនអ្នកសម្លាប់ទ្រាយ សម្លាប់ជ្រូក នេសាទត្រី អ្នកចាប់ម្រឹគ ពួកចោរ ពួកពេជ្ឈឃាត ឬពួកជនឯទៀត ដែលមានកម្មដ៏លាមក ពួកជនទាំងនោះ ក៏រួចចាកបាបកម្ម ព្រោះការស្រោចស្រប់ដោយទឹក ។ ប្រសិនបើស្ទឹងទាំងនោះ អាចបន្សាត់ចោលនូវបាប ដែលអ្នកធ្វើក្នុងកាលមុនបាន ស្ទឹងទាំងនោះ ក៏អាចបន្សាត់ចោលនូវបុណ្យរបស់អ្នកបានដែរ ព្រោះហេតុនោះ ខ្លួនអ្នកនឹងទៅជាបុគ្គលក្រៅស្រឡះ ។ ម្នាលព្រាហ្មណ៍ អ្នកខ្លាចចំពោះបាបកម្មណា ហើយចុះត្រាំទឹកគ្រប់ ៗ ពេល ម្នាលព្រាហ្មណ៍ អ្នកកុំធ្វើនូវបាបនោះវិញ កុំ (ចុះត្រាំទឹក) ឲ្យរងារ បៀតបៀននូវសម្បុរសរីរៈរបស់អ្នកឡើយ ។

នាងដឹកនាំខ្ញុំ ដែលដើរផ្លូវខុស ឲ្យដើរទៅតាមផ្លូវដ៏ប្រសើរ ម្នាលនាងដ៏ចម្រើន ខ្ញុំសូមជូនសាដកសម្រាប់ស្រោចស្រប់ទឹកនេះ ដល់នាង ។

សំពត់សាដក ចូរនៅជារបស់អ្នកដដែលចុះ ខ្ញុំមិនត្រូវការសំពត់សាដក (របស់អ្នក) ទេ ។ បើអ្នកខ្លាចសេចក្ដីទុក្ខ បើសេចក្ដីទុក្ខមិនជាទីស្រឡាញ់នៃអ្នកទេ អ្នកកុំធ្វើបាបកម្ម ទោះបីក្នុងទីវាលក្ដី ក្នុងទីកំបាំងក្ដី ។ បើអ្នកនឹងធ្វើ ឬកំពុងធ្វើនូវបាបកម្ម សូម្បីអ្នកហោះរត់ទៅ ក៏មិនរួចចាកទុក្ខ ។ បើអ្នកខ្លាចសេចក្ដីទុក្ខ បើសេចក្ដីទុក្ខមិនជាទីស្រឡាញ់របស់អ្នកទេ អ្នកចូរដល់នូវព្រះពុទ្ធជាតាទិបុគ្គលផង នូវព្រះធម៌ផង នូវព្រះសង្ឃផង ជាទីពឹងចុះ ចូរសមាទាសីលទាំងឡាយចុះ ការដល់នូវទីពឹង និងការសមាទានសីលនោះ នឹងញ៉ាំងអ្នកឲ្យរួចចាក (ទុក្ខ) ។

ពីដើម ខ្ញុំជាព្រាហ្មណ៍តែពូជ ថ្ងៃនេះខ្ញុំជាព្រាហ្មណ៍ពិត មានត្រៃវិជ្ជា បរិបូណ៌ដោយវេទ ជាអ្នកមានសួស្ដី ជាអ្នកលាងបាប ។

បុណ្ណិកាថេរី ។

ចប់ សោឡសកនិបាត ។

វីសតិនិបាតកែប្រែ

[៣៣១] កាលពីដើម សក់របស់ខ្ញុំមានចុងង មានពណ៌ខ្មៅ ប្រាកដស្មើដោយពណ៌នៃស្លាបកន្លង់ ឥឡូវនេះ សក់ទាំងឡាយនោះ ប្រាកដស្មើដោយសម្បកធ្មៃ និងសម្បកក្រចៅ ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល ។ (កាលពីដើម) សំណុំសក់របស់ខ្ញុំ ពេញដោយផ្កា ហាក់ដូចជាប្រអប់ដាក់គ្រឿងក្រអូប ដែលគេអប់ (ឥឡូវនេះ) សំណុំសក់នោះ មានក្លិន ដូចជាក្លិននៃរោមទន្សាយ ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល ។ (កាលពីដើម) សក់របស់ខ្ញុំវិចិត្រដោយក្រាស និងស្នៀតសក់ ល្អលើសលុប ដូចជាព្រៃឫស្សីដុះស្នាប់ល្អ (ឥឡូវនេះ) សក់នោះ ល្បោះរង្វើល ក្នុងសីសប្រទេសនោះ ៗ ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល ។ (កាលពីដើមសក់របស់ខ្ញុំ) ល្អិត មានក្លិនក្រអូប ស្អិតស្អាងដោយក្រាសមាស ប្រដាប់ដោយផ្នួងទាំងឡាយដ៏ល្អត្រកាល (ឥឡូវនេះ) សក់នោះថ្ពែក ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល ។ (កាលពីដើម) ចិញ្ចើមទាំងឡាយរបស់ខ្ញុំស្អាតល្អ ដូចជាគំនូសដែលជាងរចនាល្អ (ឥឡូវនេះ) ចិញ្ចើមទាំងនោះ យុរយារ ដោយអាការជ្រួញជ្រីវ ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល ។ (កាលពីដើម) ភ្នែកទាំងឡាយ មានសម្បុរថ្លា ខៀវស្រងាត់ រុងរឿងល្អក្រឡង់ ដូចជាកែវមណី (ឥឡូវនេះ) ភ្នែកទាំងនោះ ត្រូវជរាញាំញី ក៏បែរជាមិនល្អ ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល ។ ច្រមុះ (របស់ខ្ញុំ) ប្រាកដស្មើដោយដំបារមាស ដែលគេមូរដ៏ល្អ ល្អក្នុងកាលនៃខ្លួននៅក្រមុំ (ឥឡូវនេះ) ច្រមុះនោះ ហាក់ដូចជាទ្រុឌទ្រោម ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល ។ កាលពីដើម ស្លឹកត្រចៀកទាំងឡាយរបស់ខ្ញុំល្អ ហាក់ដូចជាដំបារមាស ដែលជាងធ្វើល្អហើយ ដែលសម្រេចហើយដោយប្រពៃ (ឥឡូវនេះ) ស្លឹកត្រចៀកទាំងនោះ យុរយារ ដោយអាការជ្រួញជ្រីវ ព្រោះតែជរា ព្រះពុទ្ធដីកា របស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល ។ កាលពីដើម ធ្មេញទាំងឡាយរបស់ខ្ញុំល្អណាស់ ប្រាកដស្មើដោយពណ៌នៃផ្កាច្រនៀងក្រពុំ (ឥឡូវនេះ) ធ្មេញទាំងនោះបាក់ មានពណ៌លឿង ដូចជាស្រូវដំណើប ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែ

ប្រួល ។ (កាលពីដើម) សំដីដែលខ្ញុំនិយាយពីរោះ ដូចជាសំដីមេតាវៅ ដែលហើរទៅកាន់ព្រៃស្រោងក្នុងព្រៃ (ឥឡូវនេះ) សំដីនោះស្អកស្អា ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល ។ កាលពីដើម ក របស់ខ្ញុំល្អ ដូចជាស័ង្ខមាស ដែលជាងខាត់ហើយដោយល្អ (ឥឡូវនេះ) កនោះបាក់ឱន ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល ។ កាលពីដើម ដើមដៃទាំងពីររបស់ខ្ញុំ ល្អដូចជាសសរខឿន ដែលជាងលញ់ហើយ (ឥឡូវនេះ) ដើមដៃទាំងនោះ ដូចជាស័ង្ខបែកហើយ ព្រោះតែជរា ព្រះពុទ្ធដីកា របស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល ។ កាលពីដើម ដៃទាំងឡាយរបស់ខ្ញុំ មានចិញ្ចៀនល្អ ប្រដាប់ដោយមាស សមរម្យល្អ (ឥឡូវនេះ) ដៃទាំងនោះ ដូចជាមើមដំឡូងយារ ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល ។ កាលពីដើម ដោះទាំងពីររបស់ខ្ញុំ ពេញលេញ មូលក្បំកៀកគ្នា មានសណ្ដង់ដ៏ត្រង់ល្អណាស់ (ឥឡូវនេះ ដោះទាំងនោះ) មិនមានទឹក (ជ្រាយ) បាក់សំយុងចុះ ដូចជាបំពង់ទឹក ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល ។ កាលពីដើម កាយរបស់ខ្ញុំល្អស្រស់ ដូចជាផែនក្ដារមាស ដែលគេខាត់ហើយដោយប្រពៃ (ឥឡូវនេះ) កាយនោះប្រែប្រួល ដោយអាការជ្រួញជ្រីវដ៏ល្អិត ព្រះពុទ្ធដីកា របស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល ។ កាលពីដើម ភ្លៅទាំងពីររបស់ខ្ញុំ ល្អល្អះ ដូចជាប្រមោយនៃដំរីដ៏ប្រសើរ (ឥឡូវនេះ) ភ្លៅទាំងនោះ ដូចជាថ្នាំងឫស្សី ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល ។ កាលពីដើម ស្មងទាំងឡាយរបស់ខ្ញុំ ប្រដាប់ដោយស្រោម ជាវិការៈនៃមាស ដែលគេប៉ាក់ជិតស្និទ្ធល្អណាស់ (ឥឡូវនេះ) ស្មងទាំងនោះ ដូចជាដើមល្ង ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល ។ កាលពីដើម ជើងទាំងពីររបស់ខ្ញុំល្អ ដូចជាទ្រនាប់ជើង ដែលគេញាត់ហើយប៉ុយរកា (ឥឡូវនេះ) ជើងទាំងនោះ ប្រេះបែកជ្រួញជ្រីវ ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល ។ គ្រោងកាយ មានសភាពដូច្នេះនេះ គ្រាំគ្រា ជាលំនៅនៃសេចក្ដីទុក្ខច្រើនប្រការ គ្រោងកាយនោះ ដូចជាផ្ទះចាស់ដែលមានគ្រឿងបូកលាបជ្រុះចុះ ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល ។ អម្ពបាលីថេរី ។


[៣៣២] (បិតាសួរនាងរោហិណីថា) នែនាងដ៏ចម្រើន នាងជួបនឹងខ្ញុំពោលថាសមណៈ នាងភ្ញាក់ឡើង ក៏ពោលថា សមណៈ នាងសរសើរចំពោះពួកសមណៈតែម៉្យាង នាងនឹងជាសមណីដោយពិត ។ នាងតែងផ្គត់ផ្គង់បាយ ទឹក ដ៏ច្រើន ចំពោះពួកសមណៈ នែនាងរោហិណី ឥឡូវនេះ យើងសួរនាង ចុះនាងមានសេចក្ដីស្រឡាញ់ពួកសមណៈ តើដោយហេតុដូចម្ដេច ។ ពួកសមណៈ ជាអ្នកមិនប្រាថ្នាក្នុងការងារ ខ្ជិលច្រអូស រស់នៅដោយសារទានដែលបុគ្គលដទៃឲ្យ ជាអ្នកប៉ុនប៉ងប្រាថ្នាតែអាហារមានរសឆ្ងាញ់ទេ ចុះនាងមានសេចក្ដីស្រឡាញ់ពួកសមណៈ តើដោយហេតុដូចម្ដេច ។

(នាងរោហិណីតបថា) បពិត្របិតា អ្នកដេញដោលសួរខ្ញុំ អំពីពួកសមណៈអស់កាលយូរណាស់ហើយ ខ្ញុំនឹងសំដែងនូវបញ្ញា សីល និងសេចក្ដីខ្មីឃ្មាត របស់សមណៈទាំងនោះ ដល់អ្នក ។ ពួកសមណៈ ជាអ្នកប្រាថ្នានូវការងារ មិនខ្ជិលច្រអូស ធ្វើចំពោះតែការងារដ៏ប្រសើរ រមែងលះបង់នូវរាគៈ និងទោសៈ ខ្ញុំមានសេចក្ដីស្រឡាញ់ពួកសមណៈ ដោយហេតុនុ៎ះឯង ។ ពួកសមណៈ ជាអ្នកធ្វើនូវកម្មស្អាត រមែងកំចាត់បង់នូវឫសនៃបាប [ឫសគល់នៃបាប ៣យ៉ាងគឺ លោភៈ១ ទោសៈ១ មោហៈ១ ។ អដ្ឋកថា ។] ទាំងបី សមណៈទាំងនុ៎ះ បានលះបង់នូវបាបទាំងអស់ ខ្ញុំមានសេចក្ដីស្រឡាញ់ពួកសមណៈដោយហេតុនុ៎ះឯង ។ កាយកម្មរបស់សមណៈទាំងនោះស្អាត វចីកម្មស្អាតដូចគ្នា ទាំងមនោកម្មរបស់សមណៈទាំងនោះ ក៏ស្អាត ខ្ញុំមានសេចក្ដីស្រឡាញ់ពួកសមណៈដោយហេតុនុ៎ះឯង ។ ពួកសមណៈប្រាសចាកមន្ទិល ស្អាតទាំងខាងក្នុងទាំងខាងក្រៅ ដូចជាស័ង្ខដែលខាត់ហើយ ពេញដោយធម៌សទាំងឡាយ ខ្ញុំមានសេចក្ដីស្រឡាញ់ពួកសមណៈដោយហេតុនុ៎ះឯង ។ ពួកសមណៈ ជាពហុស្សូត ទ្រទ្រង់នូវធម៌ ជាអរិយៈ រស់នៅដោយធម៌ តែងសំដែងនូវអត្ថ និងធម៌ ខ្ញុំមានសេចក្ដីស្រឡាញ់ពួកសមណៈដោយហេតុនោះឯង ។ ពួកសមណៈ ជាពហុស្សូត ទ្រទ្រង់នូវធម៌ ជាអរិយៈ រស់នៅដោយធម៌ មានចិត្តប្រសើរ មានអារម្មណ៍តែមួយ មានស្មារតី ខ្ញុំមានសេចក្ដីស្រឡាញ់ពួកសមណៈដោយហេតុនុ៎ះឯង ។ ពួកសមណៈ ទៅកាន់ទីឆ្ងាយបាន (តាមសេចក្ដីពេញចិត្ត) មានស្មារតី ពោលដោយឧបាយប្រាជ្ញា មិនរាយមាយ តែងដឹងនូវព្រះនិព្វាន ជាទីបំផុតនៃទុក្ខ ខ្ញុំមានសេចក្ដីស្រឡាញ់ពួកសមណៈដោយហេតុនុ៎ះឯង ។ ពួកសមណៈ ចៀសចេញទៅអំពីស្រុកណា រមែងមិនរមិលអ្វីមួយ (ក្នុងស្រុកនោះ) ចេញទៅឥតអាល័យ ខ្ញុំមានសេចក្ដីស្រឡាញ់ពួកសមណៈ ដោយហេតុនោះឯង ។ សមណៈទាំងនោះ មិនទុកដាក់ (សម្បត្តិ) ក្នុងជង្រុក មិនទុកដាក់ឆ្នាំងអំបែង មិនទុកដាក់ល្អីកញ្ជើ ស្វែងរកចំពោះតែភោជន ដែលសម្រេចហើយ ខ្ញុំមានសេចក្ដីស្រឡាញ់ពួកសមណៈដោយហេតុនោះឯង ។ សមណៈទាំងនោះ មិនទទួលនូវហិរញ្ញវត្ថុ (កហាបណៈ) មិនទទួលនូវមាស មិនទទួលនូវប្រាក់ ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយវត្ថុដែលកើតឡើងចំពោះមុខ ខ្ញុំមានសេចក្ដីស្រឡាញ់ពួកសមណៈដោយហេតុនោះឯង ។ ពួកសមណៈ ចេញអំពីត្រកូលផ្សេង ៗ អំពីជនបទផ្សេង ៗ ទៅបួស រមែងរាប់រកគ្នា ទៅវិញទៅមក ខ្ញុំមានសេចក្ដីស្រឡាញ់ពួកសមណៈដោយហេតុនោះឯង ។

(បិតានិយាយថា) ម្នាលនាងរោហិណីដ៏ចម្រើន នាងកើតក្នុងត្រកូលនៃយើង ដើម្បីប្រយោជន៍ពិត នាងជាស្រ្តីមានសទ្ធា មានសេចក្ដីគោរពដ៏មុតមាំ ក្នុងព្រះពុទ្ធផង ព្រះធម៌ផង ព្រះសង្ឃផង ។ ដ្បិតនាងស្គាល់នូវបុញ្ញក្ខេត្តនុ៎ះ ជាបុញ្ញក្ខេត្តឧត្តមពិតមែន បើបានសមណៈទាំងនុ៎ះ ទទួលទក្ខិណាទានរបស់ខ្ញុំ ប្រហែលគ្រឿងបូជា ដែលខ្ញុំតម្កល់ហើយ ចំពោះសមណៈទាំងនុ៎ះ នឹងមានផលបរិបូណ៌ ។

(នាងរោហិណីពោលថា) បើអ្នកខ្លាចទុក្ខ បើទុក្ខមិនជាទីស្រឡាញ់របស់អ្នកទេ អ្នកចូរដល់នូវព្រះពុទ្ធជាតាទិបុគ្គលផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង ចូរសមាទានសីលទាំងឡាយចុះ ការដល់នូវទីពឹង និងការសមាទានសីលនោះ នឹងមានប្រយោជន៍ដល់អ្នក ។

(បិតាពោលថា) ខ្ញុំសូមដល់នូវព្រះពុទ្ធ ជាតាទិបុគ្គលផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង សូមសមាទានសីលទាំងឡាយ ការដល់ទីពឹង និងសមាទានសីលនុ៎ះ នឹងមានប្រយោជន៍ដល់ខ្ញុំ ។ ក្នុងកាលមុន ខ្ញុំជាព្រាហ្មណ៍តែផៅពង្ស ឥឡូវនេះ ខ្ញុំជាព្រាហ្មណ៍ពិត (មានបាបបន្សាត់ចោលហើយ) ផង មានត្រៃវិជ្ជាផង មានសួស្ដីផង ដល់នូវវេទផង ជាអ្នកងូតលាងបាបផង ។ រោហិណីថេរី ។


[៣៣៣] (ឧបកៈពោលថា) កាលពីដើម ខ្ញុំមានដៃកាន់ដំបង ឥឡូវនេះ ខ្ញុំនោះជាព្រានម្រឹគ មិនអាចបានដល់នូវត្រើយ គឺព្រះនិព្វាន ព្រោះសេចក្ដីប្រាថ្នា គឺតណ្ហា ព្រោះ ភក់ គឺកាម និងទិដិ្ឋដ៏ខ្លាំងក្លា ។ នាងចាបា ស្មាននូវខ្ញុំ ថាជាមនុស្សស្រវឹងជ្រប់ ទើបលួងកូន [ដោយពាក្យថា នាងចាបាជាកូនព្រានម្រឹគ ឯងជាកូនឧបកាជីវក ។ អដ្ឋកថា ។] ខ្ញុំកាត់ចំណង គឺកិលេស របស់នាងចាបា ហើយទៅបួសម្ដងទៀត ។

(នាងចាបាពោលថា) បពិត្រមហាវីរបុរស សូមអ្នកកុំខឹងនឹងខ្ញុំ បពិត្រមហាមុនី សូមអ្នកកុំខឹងនឹងខ្ញុំ សេចក្ដីស្អាតមិនមានដល់បុគ្គលដែលមានសេចក្ដីក្រោធ គ្របសង្កត់ទេ តបធម៌នឹងមានមកពីណា ។

(ឧបកៈពោលថា) ខ្ញុំនឹងគេចចេញអំពីស្រុកនាលៈ អ្នកណានឹងនៅក្នុងស្រុកនាលៈនេះបាន បើពួកស្រី ៗ ចងនូវសមណៈទាំងឡាយ ដែលរស់នៅដោយធម៌ ដោយរូបនៃស្រ្តី ។

(នាងចាបាពោលថា) ម្នាលបុរសខ្មៅ សូមអ្នកអញ្ជើញមកសិន សឹមត្រឡប់វិញ សូមបរិភោគនូវកាមទាំងឡាយ ដូចក្នុងកាលមុនចុះ ជនទាំងឡាយណា ជាញាតិរបស់ខ្ញុំ ខ្ញុំនឹងធ្វើជនទាំងនោះ ឲ្យលុះក្នុងអំណាចនៃអ្នក ។

ម្នាលនាងចាបា នាងពោលនូវពាក្យនោះ ឲ្យមានភាគ ៤ អំពីពាក្យនេះក៏ដោយ ពាក្យនោះ គប្បីជាពាក្យឆើតឆាយ ចំពោះតែបុរសដែលត្រេកអរនឹងនាងប៉ុណ្ណោះទេ ។

ម្នាលបុរសខ្មៅ ហេតុអ្វីទើបអ្នកលះបង់ចោលខ្ញុំ ជាស្រ្តីមានរូបឆោម លាបស្រឡាបអវយវៈដោយខ្លឹមចន្ទន៍ក្រហម ទ្រទ្រង់នូវកាសិកពស្រ្តដ៏ឧត្តម (សំពត់ដែលគេនាំមកអំពីដែនកាសី) ជាស្រ្តីមានអវយវៈល្អ ដូចជាត្នោតសាវ ដែលរីកលើកំពូលភ្នំ ឬដូចជាវល្លិ៍កេសរីកហើយ ឬក៏ដូចជាឈើជ្រនៀង (រីកហើយ) ខាងក្នុងទ្វីប ។

ព្រានសត្វស្លាប ប្រាថ្នាចាប់សត្វស្លាបយ៉ាងណា នាងនឹងបៀតបៀនអញ ដោយរូបដែលស្អិតស្អាង (យ៉ាងនោះ) ពុំបានទេ ។

នែបុរសខ្មៅ ហេតុអ្វីទើបអ្នកលះបង់ចោលនូវផ្លែ គឺកូនខ្ញុំ ដែលអ្នកបង្កើតនេះផង លះបង់ខ្ញុំដែលជាស្រ្តីមានកូនប្រាកដដូច្នោះផង ។

មហាវីរបុរសទាំងឡាយ ដែលមានប្រាជ្ញា តែងលះបង់នូវកូនទាំងឡាយ ទាំងពួកញាតិ ទាំងទ្រព្យ ហើយបួស ដូចជាដំរីដ៏ប្រសើរ ផ្ដាច់នូវចំណង (ហើយគេចចេញទៅ) ។

ឥឡូវ ខ្ញុំនឹងបៀតបៀនកូនអ្នកនេះ ដោយដំបង ឬក្ដិចដោយក្រចក ឬ (បោក) លើផែនដី អ្នកមិនដល់នូវការយំស្ដាយចំពោះកូនទេឬ ។

នែស្រ្តីលាមក មានកូនតូច បើទុកជានាងឲ្យកូនទៅសត្វចចក និងពួកឆ្កែ ក៏នាងញ៉ាំងអញឲ្យត្រឡប់វិញពុំបានឡើយ ។

នែបុរសខ្មៅ ណ្ហើយចុះ ឥឡូវនេះ បើអ្នកនឹងទៅក្នុងទីណា គឺស្រុកណា និគមណា នគរណា រាជធានីណា (ក៏ទៅចុះ) ។

កាលពីដើម យើងជាអ្នកមានពួក មិនមែនជាសមណៈ សំគាល់ថាជាសមណៈ ហើយចេញពីស្រុកទៅកាន់ស្រុក កាន់នគរ រាជធានី ។ មែនពិត ព្រះសម្ពុទ្ធ ទ្រង់មានជោគអង្គនោះ តែងសំដែងធម៌ប្រោសពួកសត្វ ដើម្បីលះបង់សេចក្ដីទុក្ខទាំងពួង ក្នុងទីជិតស្ទឹងនេរញ្ជរា ខ្ញុំនឹងទៅក្នុងសំណាក់នៃព្រះសម្ពុទ្ធនោះ ព្រះអង្គនឹងជាគ្រូនៃខ្ញុំ ។

ឥឡូវនេះ អ្នកគប្បីទូលរៀបរាប់អំពីកិច្ចថ្វាយបង្គំ (របស់ខ្ញុំ) ចំពោះព្រះលោកនាថ ជាបុគ្គលប្រសើរ រួចហើយធ្វើប្រទក្សិណ ឧទ្ទិសនូវទក្ខិណាទាន ។

ម្នាលនាងចាបា នាងពោលនូវពាក្យនោះយ៉ាងណា យើងគប្បីបាន (អាចឲ្យ) នូវចំណែកបុណ្យនោះ ឥឡូវនេះ ខ្ញុំនឹងទូលរៀបរាប់នូវកិច្ចថ្វាយបង្គំរបស់នាង ចំពោះព្រះលោកនាថ ជាបុគ្គលប្រសើរ និងធ្វើប្រទក្សិណ ឧទ្ទិសនូវទក្ខិណាទាន (បុណ្យ) ។

លំដាប់នោះឯង បុរសខ្មៅចៀសចេញអំពីទីនោះទៅ បុរសខ្មៅនោះ ក៏បានចួបនឹងព្រះសម្ពុទ្ធ ក្បែរស្ទឹងនេរញ្ជរា កំពុងសំដែងនូវឧបាយនៃព្រះនិព្វាន ឈ្មោះអមតៈ គឺទុក្ខ ១ ហេតុកើតឡើងនៃទុក្ខ ១ ការកន្លងនូវទុក្ខ ១ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរជាដំណើរទៅកាន់ទីរលត់ទុក្ខ ១ ។ បុរសខ្មៅ ថ្វាយបង្គំនូវព្រះបាទទាំងឡាយ របស់ព្រះសម្ពុទ្ធនោះ ហើយធ្វើប្រទក្សិណចំពោះព្រះអង្គ ឧទ្ទិសដល់នាងចាបា ហើយចូលកាន់ផ្នួស ។ វិជ្ជាបី ខ្ញុំបានហើយ ពុទ្ធសាសនា ខ្ញុំបានធ្វើហើយ ។ ចាបាថេរី ។


[៣៣៤] (ព្រាហ្មណ៍ជាបិតាសួរថា) នែនាងដ៏ចម្រើន ក្នុងកាលមុន នាងកាលស៊ីកូន [ពាក្យថា ស៊ីកូន ក្នុងទីនេះ មិនមែនសំដៅយកការស៊ីពិតមែននោះទេ សំដៅយកមនុស្សដែលមានកូនស្លាប់ ជាពាក្យសម្រាប់ជេរគ្នាដោយអំណាចសេចក្តីខឹង ។ អដ្ឋកថា ។] ទាំងឡាយដែលស្លាប់ហើយ នាងក្ដៅក្រហាយក្រៃពេក ទាំងថ្ងៃទាំងយប់ ។ ម្នាលព្រាហ្មណី ជាវាសិដ្ឋគោត្រ ថ្ងៃនេះ នាងស៊ីកូនទាំងអស់ ៧ នាក់ ព្រោះហេតុអ្វី នាងមិនក្ដៅក្រហាយខ្លាំង ។

(វាសិដ្ឋថេរីពោលថា) ម្នាលព្រាហ្មណ៍ កូនទាំងរយ ពួកញាតិទាំងរយ ជាច្រើន របស់ខ្ញុំ គឺខ្ញុំនឹងអ្នក ស៊ីហើយ ក្នុងចំណែកកន្លងទៅហើយ ។ ខ្ញុំនោះដឹងនូវព្រះនិព្វាន ជាគ្រឿងរលាស់ជាតិ និងមរណៈ ទើបមិនសោក មិនយំ ទាំងមិនក្ដៅក្រហាយ ។

ឱនាងជាវាសិដ្ឋគោត្រ នាងនិយាយសំដីបែបនេះ អស្ចារ្យណាស់ នាងដឹងច្បាស់នូវធម៌របស់អ្នកណា ទើបនិយាយសំដីបែបនេះ ។

ម្នាលព្រាហ្មណ៍ ព្រះសម្ពុទ្ធអង្គនោះ សំដែងធម៌ដល់សត្វទាំងឡាយ ដើម្បីលះបង់នូវទុក្ខទាំងពួង ជិតនគរមិថិលា ។ ម្នាលព្រាហ្មណ៍ ខ្ញុំបានស្ដាប់ធម៌របស់ព្រះអរហន្ដអង្គនោះ ដែលជាធម៌មិនមានឧបធិក្កិលេស បានដឹងច្បាស់នូវសច្ចធម៌ហើយក្នុងទីនោះ ទើបបន្ទោបង់នូវសេចក្ដីសោកព្រោះកូនបាន ។

ខ្ញុំនោះនឹងទៅក្នុងទីជិតក្រុងមិថិលាដែរ ធ្វើដូចម្ដេចហ្ន៎ ព្រះមានជោគអង្គនោះ គប្បីដោះខ្ញុំចាកទុក្ខទាំងពួងបាន ។

ព្រាហ្មណ៍បានចួបនឹងព្រះពុទ្ធ ព្រះអង្គផុតស្រឡះចាក (កិលេស) មិនមានឧបធិកិលេស ព្រះមុនី ទ្រង់ដល់នូវត្រើយនៃទុក្ខ បានសំដែងប្រាប់ព្រាហ្មណ៍នោះនូវសច្ចធម៌ គឺទុក្ខ ១ ហេតុកើតឡើងនៃទុក្ខ ១ ការកន្លងនូវទុក្ខ ១ មគ្គប្រកបដោយអង្គប្រាំបីដ៏ប្រសើរ ជាដំណើរទៅកាន់ទីរំលត់ទុក្ខ ១ ។ សុជាតព្រាហ្មណ៍មានសច្ចធម៌ដឹងច្បាស់ហើយក្នុងទីនោះ ពេញចិត្តនឹងបព្វជ្ជា បានសម្រេចវិជ្ជាបីដោយរាត្រីបី ។

ព្រាហ្មណ៍ពោលថា ម្នាលសារថី អ្នកចូរមក អ្នកចូរទៅ ចូរនាំរថនេះទៅវិញចុះ រួចចូរប្រាប់ព្រាហ្មណី កុំឲ្យមានមោះមៃថា ឥឡូវនេះ សុជាតព្រាហ្មណ៍បួសហើយ បានសម្រេចវិជ្ជាបី ដោយរាត្រីបី ។

(លំដាប់នោះ សារថី នាំយករថផង កហាបណៈមួយពាន់ផង ហើយប្រាប់នាងព្រាហ្មណី មិនឲ្យមោះមៃថា ឥឡូវនេះ សុជាតព្រាហ្មណ៍បួសហើយ បានសម្រេចវិជ្ជាបី ដោយរាត្រីបីហើយ) ។

(ព្រាហ្មណីពោលថា) ម្នាលសារថី ខ្ញុំសូមឲ្យរថដែលទឹមដោយសេះនេះ និងកហាបណៈមួយពាន់នេះ ជាអំណោយដល់អ្នក ព្រោះបានឮថា ព្រាហ្មណ៍បានត្រៃវិជ្ជា ។

(សារថីពោលថា) ម្នាលព្រាហ្មណី រថដែលទឹមដោយសេះ និងកហាបណៈ មួយពាន់នេះ ចូរនៅជារបស់នាងដដែលចុះ ខ្ញុំនឹងបួសក្នុងសំណាក់នៃព្រះសាស្ដា ព្រះអង្គមានប្រាជ្ញាដ៏ប្រសើរដែរ ។

(ព្រាហ្មណីពោលនឹងនាងសុន្ទរីថា) នែនាងសុន្ទរី បិតារបស់នាងលះបង់នូវដំរី គោ សេះ កែវមណី និងកុណ្ឌល ទ្រព្យសម្បត្តិដ៏ស្ដុកស្ដម្ភនៅក្នុងផ្ទះនេះ ទៅបួសហើយ នាងចូរប្រើប្រាស់នូវភោគៈទាំងឡាយចុះ (ព្រោះថា) នាងជាទាយាទក្នុងត្រកូល ។

(នាងសុន្ទរីពោលថា) បិតារបស់ខ្ញុំលះបង់នូវដំរី គោ សេះ កែវមណី កុណ្ឌល និងទ្រព្យសម្បត្តិដែលមានក្នុងផ្ទះនេះ ទៅបួស ព្រោះត្រូវសេចក្ដីសោកនឹងកូនគ្របសង្កត់ ចំណែកខាងខ្ញុំ ក៏នឹងបួសដែរ ព្រោះត្រូវសេចក្ដីសោកនឹងបងគ្របសង្កត់ ។

(ព្រាហ្មណីពោលថា) ហៃនាងសុន្ទរី នាងប្រាថ្នានូវតម្រិះណា សូមឲ្យនាងបានសម្រេចនូវតម្រិះនោះ ដុំបាយតាមលំដាប់ផ្ទះក្ដី អាហារចំណីក្ដី បំសុកូលចីវរក្ដី (ដែលនាងត្រូវស្វែងរក) កាលបើនាងជំរះនូវវត្ថុទាំងនេះ នឹងបានជាស្រីមិនមានអាសវៈក្នុងបរលោក ។

(នាងសុន្ទរីនិយាយនឹងឧបជ្ឈាយ៍ថា) បពិត្រព្រះនាងជាម្ចាស់ ខ្ញុំនៅជាសិក្ខមានា បានជំរះទិព្វចក្ខុហើយ កាលពីដើម ខ្ញុំធ្លាប់នៅអាស្រ័យក្នុងទីណា ខ្ញុំដឹងនូវបុព្វេនិវាស ក្នុងទីនោះ ។ បពិត្រព្រះនាងជាកល្យាណីដ៏ល្អ របស់ថេរីសង្ឃ វិជ្ជាបី ខ្ញុំបានដល់ហើយ ពុទ្ធសាសនា ខ្ញុំបានធ្វើហើយ ព្រោះតែអាស្រ័យនូវព្រះនាង ។ បពិត្រព្រះនាងជាម្ចាស់ ខ្ញុំចង់ទៅកាន់ក្រុងសាវត្ថី សូមព្រះនាងអនុញ្ញាតដល់ខ្ញុំឲ្យទាន ខ្ញុំនឹងបន្លឺនូវសីហនាទ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ ។

ម្នាលនាងសុន្ទរី នាងចូរមើលព្រះសាស្ដា ព្រះអង្គមានសម្បុរដូចមាស មានព្រះតចៈពណ៌ដូចមាស ទ្រង់ទូន្មានពួកសត្វ ដែលគេមិនទាន់ទូន្មាន ព្រះអង្គជាអ្នកត្រាស់ដឹងឯង ឥតមានភ័យអំពីណាឡើយ ។ សូមព្រះអង្គនិមន្តទត នាងសុន្ទរីដែលកំពុងដើរមក ជាស្ត្រីផុតស្រឡះ (ចាកកិលេស) ឥតមានឧបធិ ប្រាសចាកតម្រេក ប្រាសចាកគ្រឿងប្រកប មានសោឡសកិច្ចធ្វើរួចហើយ មិនមានអាសវៈ ។ បពិត្រព្រះអង្គជាមហាវីរបុរស នាងសុន្ទរី ជាសាវិការបស់ព្រះអង្គ ចេញអំពីក្រុងពារាណសី មកកាន់សំណាក់ព្រះអង្គ ថ្វាយបង្គំនូវព្រះបាទទាំងឡាយ ។ បពិត្រព្រះមានព្រះភាគ ជាខីណាសវព្រាហ្មណ៍ ព្រះអង្គជាព្រះពុទ្ធ ព្រះអង្គជាគ្រូ (របស់ខ្ញុំ) ខ្ញុំព្រះអង្គជាធីតារបស់ព្រះអង្គ ជាឱរសកើតអំពីព្រះឱស្ឋ មានកិច្ចធ្វើរួចហើយ ឥតមានអាសវៈ ។

ម្នាលនាងដ៏ចម្រើន ដំណើររបស់នាងមកល្អហើយ ដំណើររបស់នាងមកអំពីទីនោះ មិនឆ្ងាយទេ ព្រោះពួកអ្នកមានឥន្រ្ទិយទូន្មានហើយ ប្រាសចាកតម្រេក ប្រាសចាកគ្រឿងប្រកប មានកិច្ចធ្វើហើយ ឥតមានអាសវៈ រមែងមកថ្វាយបង្គំព្រះបាទាព្រះសាស្ដាដូចនាងដែរ ។ សុន្ទរីថេរី ។


[៣៣៥] កាលពីដើម ខ្ញុំនៅក្រមុំ មានគ្រឿងស្លៀកពាក់ដ៏ស្អាត បានស្ដាប់ធម៌ ការត្រាស់ដឹងសច្ចធម៌ ក៏កើតមានដល់ខ្ញុំនោះ ជាស្រ្តីមិនប្រហែសធ្វេស ។ ហេតុនោះ ខ្ញុំមិនត្រេកអរក្រៃពេក ក្នុងកាមារម្មណ៍ទាំងអស់ ឃើញភ័យក្នុងសក្កាយ ហើយពេញចិត្តនឹងការចេញសាងផ្នួសតែម្យ៉ាង ។ ខ្ញុំលះបង់ពួកញាតិ ទាសកម្មករ ស្រុកស្រែទាំងឡាយ ដ៏ស្ដុកស្ដម្ភ (និងគំនរនៃភោគទាំងឡាយ) ដែលគួរត្រេកអរ គួររីករាយ ខ្ញុំលះបង់នូវសម្បត្តិដ៏ច្រើន ហើយបួស ។ ខ្ញុំចេញ (ចាកផ្ទះ) ដោយសទ្ធាយ៉ាងនេះហើយ (បួស) ក្នុងព្រះសទ្ធម្ម ដែលព្រះសម្មាសម្ពុទ្ធ ត្រាស់សំដែងហើយដោយប្រពៃ ខ្ញុំប្រាថ្នានូវសេចក្ដីមិនកង្វល់ ព្រោះការត្រឡប់មករកកាមនោះ មិនសមគួរដល់ខ្ញុំទេ អ្នកណាលះចោលមាស និងប្រាក់ ហើយគប្បីត្រឡប់មកយកវិញ ។ ប្រាក់ក្ដី មាសក្ដីរបស់បុគ្គលនុ៎ះ មិនមែនមានដើម្បីព្រះនិព្វានជាទីស្ងប់ទេ ការទទួលមាស និងប្រាក់នុ៎ះ មិនសមគួរដល់សមណៈទេ ការទទួលនូវប្រាក់ និងមាសនុ៎ះ មិនមែនជាទ្រព្យប្រសើរទេ ។ ការទទួលនូវប្រាក់ និងមាសនុ៎ះ សុទ្ធតែជាគ្រឿងឲ្យកើតលោភ ជាគ្រឿងស្រវឹង ជាគ្រឿងវង្វេង ជាគ្រឿងព័ន្ធព័ទ្ធដោយធុលី គឺកិលេស ប្រកបដោយសេចក្ដីរង្កៀស មានសេចក្ដីចង្អៀតចង្អល់ច្រើន សេចក្ដីទៀងទាត់ឋិតថេរក្នុងទ្រព្យនេះ មិនមានទេ ។ ពួកនរជន (ដែលត្រេកអរ) ដោយទ្រព្យប៉ុណ្ណេះ ឈ្មោះថាជាអ្នកប្រហែសធ្វេស ជាអ្នកមានចិត្តសៅហ្មង ជាអ្នកអាក់អន់ រមែងធ្វើនូវជំលោះជាច្រើន ទៅវិញទៅមក ។ សេចក្ដីវិនាសច្រើនប្រការ គឺការសម្លាប់ ការចង ការសៅហ្មង សេចក្ដីវិនាស សេចក្ដីសោក ខ្សឹកខ្សួល រមែងកើតប្រាកដដល់ពួកជន ដែលដេកត្រាំក្នុងកាមទាំងឡាយ ។ អ្នកទាំងឡាយ ជាញាតិមែន តែហាក់ដូចជាសត្រូវ ល្បួងខ្ញុំនោះក្នុងកាមទាំងឡាយធ្វើអ្វី (ព្រោះ) អ្នកទាំងឡាយ ជ្រាបនូវខ្ញុំថាជាអ្នកបួស ជាស្រ្តីឃើញនូវភ័យក្នុងកាមទាំងឡាយ ។ អាសវៈទាំងឡាយ មិនមែនអស់ទៅព្រោះប្រាក់ និងមាស កាមទាំងឡាយ មិនមែនជាមិត្រ ជាសភាវៈសម្លាប់ (នូវប្រយោជន៍) ជាសត្រូវ ជាគ្រឿងចងទុកនូវសរ គឺកិលេស ។ អ្នកទាំងឡាយ ជាញាតិមែន តែហាក់ដូចជាសត្រូវ ល្បួងខ្ញុំនោះ ក្នុងកាមទាំងឡាយធ្វើអ្វី (ព្រោះ) អ្នកទាំងឡាយ ជ្រាបនូវខ្ញុំ ថាជាអ្នកបួស មានក្បាលត្រងោល ដណ្ដប់នូវសង្ឃាដី ។ ដុំបាយតាមលំដាប់ផ្ទះក្ដី អាហារចំណីក្ដី បង្សុកូលចីវរក្ដី នេះឯងជាអំពើដ៏សមគួរដល់ខ្ញុំ ជាបរិក្ខារ ជាទីអាស្រ័យរបស់អ្នកបួស ។ លោកអ្នកស្វែងរកនូវគុណដ៏ធំទាំងឡាយ ខ្ជាក់ចោលនូវកាមទាំងឡាយ ដែលជាទិព្វ និងជារបស់មនុស្ស បុគ្គលអ្នកស្វែងរកនូវគុណធំទាំងនោះ មានចិត្តឱនទៅក្នុងព្រះនិពា្វនជាទីដ៏ក្សេម បុគ្គលអ្នកស្វែងរកនូវគុណធំទាំងនោះ បានដល់នូវសេចក្ដីសុខ ឥតកំរើក ។ ទីជំរករមែងមិនមាន ក្នុងកាមទាំងឡាយណា ខ្ញុំមិនសេពគប់ដោយកាមទាំងឡាយនោះទៀតទេ កាមទាំងឡាយមិនមែនជាមិត្រ ដូចជាអ្នកសម្លាប់ ឬដូចជាគំនរភ្លើង នាំមកនូវសេចក្ដីព្រួយ ។ កាមនោះ មិនស្អាត ប្រកបដោយភ័យ ប្រកបដោយសេចក្ដីចង្អៀតចង្អល់ ដូចជាបន្លា កាមនុ៎ះ ជាគ្រឿងញ៉ាម ជាគ្រឿងកង្វល់ក្រៃលែង មានមុខឈមទៅរកសេចក្ដីវង្វេងដ៏ធំ ។ កាមគុណជាឧបសគ្គៈផង មានសភាពគួរខ្លាចផង កាមារម្មណ៍ទាំងឡាយ មានឧបមាដូចក្បាលពស់ ពួកបុថុជ្ជនល្ងង់ខ្លៅ ដូចជាបុគ្គលខ្វាក់ តែងត្រេកត្រអាល ។ ព្រោះថា ពួកជនច្រើនរូប ដែលចំពាក់ដោយគ្រឿងចំពាក់ គឺកាម រមែងបាន (សេចក្ដីទុក្ខ) ក្នុងលោក រមែងមិនដឹងច្បាស់នូវទីបំផុតនៃជាតិ និងមរណៈ ។ មនុស្សទាំងឡាយជាច្រើន តែងដើរទៅកាន់ផ្លូវ ជាទីទៅកាន់ទុគ្គតិ មានកាមជាហេតុ ជាគ្រឿងនាំមកនូវរោគដល់ខ្លួន ។ កាមទាំងឡាយ ជាគ្រឿងញ៉ាំងសត្រូវឲ្យកើតយ៉ាងនេះ ជាហេតុញ៉ាំងសត្វឲ្យក្ដៅក្រហាយ នាំមកនូវសេចក្ដីសៅហ្មង ជានុយរបស់សត្វលោក ជាទីតាំងនៃគ្រឿងចង ជាចំណងនៃសេចក្ដីស្លាប់ ។ កាមទាំងឡាយ ជាគ្រឿងញ៉ាំងសត្វឲ្យឆ្កួត ឲ្យនិយាយប៉ប៉ាច់ប៉ប៉ោច ញ៉ាំងចិត្តឲ្យភ្លាំងភ្លាត់ មារ គឺកាមរបស់ពួកសត្វ តែងរួបរឹតដោយសេចក្ដីសៅហ្មង យ៉ាងឆាប់រហ័ស ។ កាមទាំងឡាយ មានទោសរកទីបំផុតគ្មាន មានទុក្ខច្រើនយ៉ាង មានពិសដ៏ខ្លាំងក្លា មានរសឆ្ងាញ់តិច ជាគ្រឿងធ្វើនូវចម្បាំង ញ៉ាំងចំណែកនៃធម៌ស ឲ្យសាបសូន្យទៅ ។ ខ្ញុំនោះ លះបង់នូវសេចក្ដីវិនាស ដែលមានកាមជាហេតុបែបនេះ ត្រេកអរចំពោះព្រះនិព្វានសព្វ ៗ កាល មិនត្រឡប់មកកាន់កាមនោះវិញទេ ។ ខ្ញុំជាស្រ្តីប្រាថ្នានូវភាពដ៏ត្រជាក់ (ព្រះអរហត្ត) ធ្វើនូវចម្បាំងចំពោះកាមទាំងឡាយ ជាអ្នកមិនប្រមាទ ត្រេកអរចំពោះព្រះនិព្វាន ជាទីអស់ទៅនៃសំយោជនៈ ។ បុគ្គលអ្នកស្វែងរកនូវគុណដ៏ធំទាំងឡាយ ឆ្លងហើយតាមផ្លូវណា ខ្ញុំនឹងដើរទៅតាមផ្លូវនោះ ជាផ្លូវឥតសោក មានធូលីទៅប្រាសហើយ ជាផ្លូវក្សេមដ៏ត្រង់ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ។

(ព្រះមានព្រះភាគត្រាស់ថា) អ្នកទាំងឡាយ ចូរមើលនូវនាងសុភាកម្មារធីតានេះ ជាស្រ្តីឋិតនៅក្នុងធម៌ នាងបានចូលទៅកាន់ឈាន ឥតមានសេចក្ដីញាប់ញ័រ ហើយស្មឹងស្មាធិទៀបគល់ឈើ ។ នាងសុភាកម្មារធីតា បួសបាន ៨ ថ្ងៃនឹងថ្ងៃនេះហើយ ជាភិក្ខុនីមានសទ្ធា ល្អក្នុងព្រះសទ្ធម្ម ដែលនាងឧប្បលវណ្ណាទូន្មានហើយ ជាស្រ្តីមានវិជ្ជា ៣ លះបង់នូវមច្ចុបាន ។ ភិក្ខុនីនេះ ជាអ្នកនៅឥតមានបំណុល មានឥន្រ្ទិយចម្រើនហើយ ។ ប្រាសចាកកិលេសគ្រឿងប្រកបទាំងពួង មានកិច្ចធ្វើរួចហើយ មិនមានអាសវៈ ។ ទេវរាជ ឈ្មោះសក្កៈ ជាម្ចាស់នៃពួកសត្វ ព្រមទាំងពួកទេវតា ចូលទៅនមស្ការចំពោះភិក្ខុនី ឈ្មោះសុភាកម្មារធីតានោះ ដោយឫទ្ធិ (របស់ខ្លួន) ។

សុភាកម្មារធីតាថេរី ។

ចប់ វីសតិនិបាត ។

តឹសនិបាតកែប្រែ

[៣៣៦] (សុវណ្ណការបុត្ត) ជាអ្នកលេង រារាំងភិក្ខុនី ឈ្មោះសុភា កំពុងដើរទៅកាន់ជីវកម្ពវ័ន ជាទីរីករាយ ភិក្ខុនីឈ្មោះសុភា ក៏បានពោលនឹងសុវណ្ណការបុត្តនោះថា ។ កំហុសដូចម្ដេច ដែលអាត្មាប្រទូស្ដដល់អ្នក បានជាអ្នកឈររាំងអាត្មា នែអាវុសោ បុរសមិនគួរប៉ះពាល់នូវស្រ្តី ជាបព្វជិតទេ ។ សិក្ខាទាំងឡាយក្នុងសាសនា របស់ព្រះសាស្ដា ជាសិក្ខាគួរគោរព ព្រះសុគតបានសំដែងហើយដល់អាត្មា ហេតុដូចម្ដេច ក៏អ្នកមកឈររាំងអាត្មា ដែលជាស្រីមានចំណែកនៃធម៌ដ៏បរិសុទ្ធ មិនមានទីទួល គឺកិលេស ។ អ្នកជាបុគ្គលមានចិត្តល្អក់ ប្រកបដោយធូលី គឺរាគៈ ហេតុដូចម្ដេច ក៏អ្នកមកឈររាំងអាត្មា ដែលជាស្រីមានចិត្តថ្លាស្អាត ប្រាសចាកធូលី គឺរាគៈ មិនមានទីទួល គឺកិលេស មានចិត្តផុតស្រឡះហើយ (ចាកខន្ធបញ្ចកៈ) ទាំងអស់ ។

(អ្នកលេងពោលថា) នាងជាស្រ្តីនៅក្រមុំផង មិនអាក្រក់ផង បព្វជ្ជានឹងធ្វើប្រយោជន៍អ្វីដល់នាង ចូរនាងបោះចោលកាសាយចីវរចេញទៅ ហើយចូរមក យើងនឹងបានត្រេកត្រអាល ក្នុងព្រៃដែលមានផ្ការីកល្អ ។ ដើមឈើទាំងឡាយ ហាក់ដូចជាតាំងឡើងដោយលំអងផ្កា បក់ផ្សព្វផ្សាយនូវក្លិនដ៏ក្រអូបសព្វទិស (នេះ) ជាវសន្ដរដូវ ជាដំបូង ជារដូវនាំមកនូវសុខ នាងចូរមក យើងនឹងត្រេកត្រអាលក្នុងព្រៃ ដែលមានផ្ការីកល្អ ។ ដើមឈើទាំងឡាយ មានចុងស្គុះស្គាយដោយផ្កា លុះត្រូវខ្យល់បក់មក ក៏ហាក់ដូចជាបន្លឺសំឡេងឡើង ប្រសិនបើនាងនឹងចូលទៅក្នុងព្រៃម្នាក់ឯង នាងនឹងត្រេកត្រអាលដូចម្ដេចកើត ។ នាងជាស្រ្តីឥតមិត្រសំឡាញ់ ចង់ទៅកាន់ព្រៃធំ ដែលប្រាសចាក (មនុស្ស) គួរឲ្យស្ញប់ស្ញែង ជាព្រៃដែលហ្វូងម្រឹគសាហាវនៅអាស្រ័យ ជាព្រៃដែលដំរីចុះប្រេង និងមេដំរីបុកបែន ។ នាងប្រៀបដូចរូបតុក្កតា ដែលសូនដោយមាសឆ្អិន ឬដូចជាស្ត្រីទេពអប្សរ ត្រាច់ទៅក្នុងឧទ្យានឈ្មោះចិត្តរថ ម្នាលនាងជាស្ត្រីល្អឥតឧបមា នាងល្អដោយសំពត់សម្រាប់ស្លៀកដណ្ដប់ មានសាច់ដ៏ល្អិតសុខុម ដែលកើតក្នុងដែនកាសី ។ បើនាងនៅក្នុងចន្លោះព្រៃ ខ្ញុំនឹងលុះក្នុងអំណាចនៃនាង ម្នាលនាងជាស្រ្តីមានភ្នែកស្រទន់ ដូចកិន្នរី ជីវិត (របស់ខ្ញុំ) ជាទីស្រឡាញ់ក្រៃលែងជាងនាង មិនមានទេ ។ បើនាងនឹងធ្វើតាមពាក្យខ្ញុំ នាងចូរមក ចូរនៅគ្រប់គ្រងផ្ទះជាសុខចុះ នាងនឹងនៅក្នុងប្រាសាទមិនមានខ្យល់ ពួកនាងនារី ចូរធ្វើនូវការខ្វល់ខ្វាយបម្រើដល់នាង ។ ចូរនាងទ្រទ្រង់នូវសំពត់មានសាច់ម៉ដ្ឋ ដែលនាំមកអំពីដែនកាសី ចូរនាងតែងខ្លួនដោយផ្កាកម្រង និងគ្រឿងលាបចុះ ខ្ញុំនឹងផ្គត់ផ្គង់គ្រឿងអាភរណៈផ្សេង ៗ ច្រើនយ៉ាង ដែលរចនាហើយដោយមាស កែវមណី និងកែវមុក្តា ដល់នាង ។ ចូរនាងឡើងកាន់ដំណេកថ្មីល្អ ដែលស្អាតគ្មានធូលី ព្រោះជំរះលាងប្រពៃ ដែលក្រាលដោយកម្រាលរោមចៀម ញាត់ដោយសំឡីមានតម្លៃច្រើន ប្រដាប់ដោយខ្លឹមចន្ទន៍ មានក្លិនក្រអូប ។ នាងជាស្រ្តីប្រព្រឹត្តព្រហ្មចារ្យ នាងនឹងដល់នូវការចាស់គ្រាំគ្រា ត្រង់អវយវៈទាំងឡាយរបស់ខ្លួន ដូចជាផ្កាឧប្បលលូតផុតទឹក ដែលអមនុស្សហួងហែងរក្សា (នឹងជាវត្ថុឥតមានអ្នកណាប្រើប្រាស់កើត) ។

(នាងថេរីពោលថា) ហេតុដូចម្ដេច ក៏អ្នកមានគំនិតខុស សំឡឹងមើល (អាត្មា) ព្រោះឃើញនូវអារម្មណ៍ ដែលសន្មតថាមានខ្លឹម ក្នុងរាងកាយនេះ ដ៏ពេញដោយសាកសព គ្រាន់តែការចម្រើនរបស់ព្រៃស្មសាន ជារាងកាយបែកធ្លាយជាធម្មតា ។

(អ្នកលេងពោលថា) ភ្នែកទាំងឡាយ (របស់នាង) ដូចជាភ្នែកកូនម្រឹគញី ឬដូចជាភ្នែកនៃកិន្នរី ក្នុងចន្លោះនៃភ្នំ តម្រេកក្នុងកាមរបស់ខ្ញុំ រមែងចម្រើនក្រៃលែង ព្រោះឃើញនូវភ្នែករបស់នាង ។ កាមគុណរបស់ខ្ញុំ រមែងចម្រើនឡើងក្រៃលែង ព្រោះឃើញភ្នែករបស់នាង ដែលប្រៀបដោយត្របកនៃផ្កាឧប្បល ត្រង់មុខ ប្រាសចាកមន្ទិល ប្រាកដស្មើដោយមាស ។ នែនាងមានរូបស្រស់ស្រោង មានភ្នែកថ្លាស្អាត បើទុកជាយើងទៅកាន់ទីឆ្ងាយ ក៏នៅតែរលឹកឃើញ ម្នាលនាងមានភ្នែកថ្លាដូចភ្នែកកិន្នរី ឥតមានអ្វីមួយ ជាទីស្រឡាញ់នៃខ្ញុំ ជាងភ្នែករបស់នាងទេ ។

(នាងថេរីពោលថា) អ្នកប្រាថ្នានូវធីតា ជាឱរសរបស់ព្រះពុទ្ធ (នេះ) ឈ្មោះថាប្រាថ្នាដើម្បីដើរទៅតាមផ្លូវខុស ឈ្មោះថាស្វែងរកព្រះចន្ទមកធ្វើជាល្បែង ឈ្មោះថាប្រាថ្នាដើម្បីលោតឡើងកាន់ភ្នំសិនេរុ ។ ឥឡូវនេះ ប្រសិនបើរាគៈ គប្បីមានដល់អាត្មាក្នុងអារម្មណ៍ណា អារម្មណ៍នោះ មិនមានក្នុងលោក ព្រមទាំងទេវលោក អាត្មាមិនដឹងនូវដំណើរនោះថា មានភាវៈអ្វីស្មើ (ដោយរាគៈ) ទេ បានជា (រាគៈនោះ) អាត្មាដកចោលទាំងឫស ដោយអរិយមគ្គហើយ ។ (រាគៈនោះ) អាត្មាបានកំចាត់ចេញហើយ ដូចជាភាជនៈដាក់នូវថ្នាំពិស ដែលបុគ្គលបោះចោលក្នុងរងើកភ្លើងហើយ អាត្មាមិនឃើញនូវដំណើរនោះថា មានសភាវៈអ្វីស្មើ (ដោយរាគៈ) ទេ បានជា (រាគៈនោះ) អាត្មាដកចោលទាំងឫស ដោយអរិយមគ្គហើយ ។ ខន្ធបញ្ចកៈដែលស្រ្តីណា មិនបានពិចារណាឃើញ ឬថាស្រ្តីណាដែលមិនបានចូលទៅអង្គុយជិតព្រះសាស្ដា អ្នកចូរប្រឡោមនូវស្រ្តីប្រាកដដូច្នោះចុះ អ្នកនោះនឹងចង្អៀតចង្អល់ (ព្រោះអាស្រ័យ) ភិក្ខុនីនេះ ជាអ្នកដឹង (អរិយសច្ច) ។ ព្រោះថា ស្មារតីរបស់អាត្មា បានតម្កល់ខ្ជាប់ហើយ ក្នុងបុគ្គលអ្នកជេរ និងអ្នកថ្វាយបង្គំ ក្នុងសុខ និងទុក្ខ ចិត្តរបស់អាត្មា មិនជាប់ក្នុងអារម្មណ៍ទាំងអស់នោះ ព្រោះដឹងច្បាស់ថា សង្ខតារម្មណ៍ ជារបស់មិនស្អាត ។ អាត្មាជាសាវិការបស់ព្រះសុគត ជាអ្នកដើរទៅដោយយាន គឺអដ្ឋង្គិកមគ្គ មានសរ គឺកិលេសដកចោលហើយ ឥតមានអាសវៈ ជាអ្នកត្រេកអរក្នុងផ្ទះស្ងាត់ ។ ព្រោះថាអាត្មាបានឃើញរូបយន្ដឈើ ជាគ្រោងថ្មី ដែលតាក់តែងដ៏វិចិត្រ ចងរឹតដោយខ្សែសរសៃទាំងឡាយ និងឈើកន្លាស់ទាំងឡាយ ដូចជាគេរាំដោយអាការផ្សេង ៗ ។ កាលបើខ្សែសរសៃ និងឈើកន្លាស់នោះ ដាច់រដកចេញរាត់រាយ រលុងរង្គោះបាក់បែកខ្ចាត់ខ្ចាយ កាលបើរូបយន្ដរង្គោះ ដាច់ខ្ចាត់ខ្ចាយហើយ បុគ្គលមិនគប្បីបាន (រូបយន្ដនោះ) ទេ បុគ្គលគប្បីតម្កល់ចិត្តក្នុងរូបនោះ ដូចម្ដេចកើត ។ រាងកាយទាំងឡាយរបស់ខ្ញុំ ដូចគ្នានឹងរូបយន្ដដែរ បើវៀរចាករូបធម៌ មានចក្ខុជាដើមនោះហើយ រមែងប្រព្រឹត្តទៅមិនបាន រាងកាយ បើវៀរចាករូបធម៌ហើយ ប្រព្រឹត្តទៅមិនបានទេ បុគ្គលគប្បីតំកល់ចិត្តក្នុងរាងកាយនោះ ដូចម្ដេចកើត ។ បុគ្គលឃើញរូបស្រ្តី ដែលគេគូរនឹងជញ្ជាំង លាបលនដោយថ្នាំដ៏ស្រស់ យ៉ាងណាមិញ អ្នកមានការឃើញវិបរិត ក្នុងរូបនោះ ក៏យ៉ាងនោះដែរ បញ្ញាជារបស់មនុស្ស ឥតប្រយោជន៍ទេឬ ។ នែបុគ្គលអន្ធពាល អ្នកស្ទុះចូលមកជិតនូវអត្តភាពដ៏ទទេ ដែលប្រៀបដូចជាថ្ងៃបណ្ដើរកូន តាំងនៅក្នុងខាងមុខ ឬដូចជាយល់សប្ដិឃើញដើមឈើមាស ពុំនោះ ដូចជារូបយន្ដគ្រាំគ្រា ក្នុងកណ្ដាលនៃជន ។ ពពុះបាំងស្បែកកណ្ដាលភ្នែក ឬព្រៀកទឹកភ្នែក ឬក៏ពកបាយភ្នែក តែងកើតក្នុងមណ្ឌលនៃភ្នែកនោះ ដូចជាពពុះទឹកល័ក្ខ ដែលបុគ្គលប្រស់លើកម្រាលចៀមស្ងួត ព្រោះថាសណ្ឋានរបស់ភ្នែក មានពណ៌ផ្សេង ៗ ដែលសង្ខារតាក់តែងហើយ ។

នាងសុភាភិក្ខុនី មានចិត្តឥតជាប់ចំពាក់ បានឆ្កៀលភ្នែកជាទីស្រឡាញ់ មិនជាប់ចំពាក់ ហើយក៏ឲ្យដល់បុរសនោះ ក្នុងពេលនោះ ដោយពាក្យថា ហ៎ អាត្មាឲ្យភ្នែកដល់អ្នក ចូរអ្នកយកភ្នែកនោះទៅចុះ ។ រាគៈរបស់បុរសនោះ ក៏ប្រាសចេញក្នុងខណៈនោះផង បុរសនោះ បានញ៉ាំងភិក្ខុនីនោះ ឲ្យអត់ទោសក្នុងទីនោះផង ដោយពាក្យថា ម្នាលនាងជាព្រហ្មចារិនី សួស្ដីចូរមាន (ដល់នាង) ការប្រព្រឹត្តិអនាចារបែបនេះ នឹងមិនមានដល់ខ្ញុំទេ ។

បើខ្ញុំបៀតបៀនជន (ដែលគ្មានរាគៈ) យ៉ាងនេះ ក៏ហាក់ដូចជាខ្ញុំឱបភ្លើងកំពុងឆេះសន្ធោសន្ធៅ ឬចាប់នូវអាសិរិ្ពស បើដូច្នោះ សូមសួស្ដីកើតមានដល់នាង សូមនាងអត់ទោសដល់ខ្ញុំ ។

ភិក្ខុនីនោះ លុះរួចអំពីបុរសជាអ្នកលេងនោះហើយ ក៏បានទៅកាន់សំណាក់នៃព្រះពុទ្ធដ៏ប្រសើរ ចក្ខុក៏កើតឡើងដូចពីដើម ព្រោះបានឃើញនូវមហាបុរិសលក្ខណៈ ដែលកើតអំពីបុញ្ញសម្ភារដ៏ប្រសើរ ។

សុភាថេរី នៅក្នុងជីវកម្ពវ័ន ។

ចប់ តឹសនិបាត ។

ចត្តាឡីសនិបាតកែប្រែ

[៣៣៧] ភិក្ខុនីពីររូប ជាកុលធីតាក្នុងសាក្យត្រកូល ជាអ្នកមានគុណសម្បត្តិ ក្នុងនគរកុសុមបាដលិបុត្ត ដែលជាមណ្ឌលនៃដែនដី ។ បណ្ដាភិក្ខុនីទាំងពីររូបនោះ ភិក្ខុនី ១ រូប ឈ្មោះឥសិទាសី ភិក្ខុនីទី ២ ឈ្មោះពោធិ ជាអ្នកបរិបូណ៌ដោយសីល ជាអ្នកត្រេកអរដោយការរំពឹងក្នុងឈាន ជាពហុស្សូត មានកិលេសកំចាត់បង់ហើយ ។ ភិក្ខុនីទាំងពីររូបនោះ ត្រាច់ទៅបិណ្ឌបាត ហើយធ្វើនូវភត្តកិច្ច លុះលាងបាត្រហើយ អង្គុយជាសុខ ក្នុងទីស្ងាត់ ទើបផ្ដើមនិយាយសំដីទាំងឡាយនេះថា ។ ម្នាលនាងម្ចាស់ ឈ្មោះឥសិទាសី នាងជាស្រីគួរជ្រះថ្លា ទាំងវ័យរបស់នាងក៏មិនទាន់សាបសូន្យ អើ ចុះនាងឃើញទោសដូចម្ដេច ទើបមកប្រកបខ្លួនក្នុងបព្វជ្ជា ។

ឥសិទាសីភិក្ខុនីនោះ ជាអ្នកឈ្លាសវៃក្នុងធម្មទេសនា កាលបើពោធិភិក្ខុនីសាកសួរ ក្នុងហេតុជាប្រយោជន៍ យ៉ាងនេះហើយ ក៏បានពោលនូវពាក្យនេះថា ម្នាលនាងពោធិ នាងចូរស្ដាប់តាមដំណើរ ដែលខ្ញុំបួសចុះ ។

លំដាប់អំពីនេះទៅ គឺជាពាក្យវិសជ្ជនា

សេដ្ឋីអ្នកសង្រួមក្នុងសីល ជាបិតារបស់ខ្ញុំ ក្នុងបុរីដ៏ប្រសើរឈ្មោះឧជ្ជេនី (ក្នុងដែនអវន្ដិ) ខ្ញុំជាធីតាម្នាក់ ជាទីស្រឡាញ់ពេញចិត្ត ជាអ្នកគួរទទួលសេចក្ដីអនុគ្រោះរបស់បិតានោះ ។ លុះចំណេរមកខាងក្រោយ សេដ្ឋីមានត្រកូលដ៏ឧត្តម មានទ្រព្យច្រើន មកអំពីនគរសាកេត ដណ្ដឹងខ្ញុំ បិតាក៏បានឲ្យខ្ញុំជាកូនប្រសារបស់សេដ្ឋីនោះ ។ ខ្ញុំចូលទៅក្រាបក្បាលថ្វាយបង្គំនូវជើងម្ដាយក្មេក និងឪពុកក្មេក រាល់ល្ងាចព្រឹក តាមដំណើរ ដែលមាតាបិតាប្រៀនប្រដៅ ។ ខ្ញុំឃើញនូវអ្នកដណ្ដឹងសូម្បីម្នាក់ ដែលជាបងប្អូនស្រី បងប្អូនប្រុស ឬជាបរិវាររបស់ស្វាមី ខ្ញុំក៏រលះរលាំង ក្រាលអាសនៈ ។ ខ្ញុំអង្គាសផ្គត់ផ្គង់ ឲ្យបាយ ទឹក និងបង្អែម ដែលមានក្នុងលំនៅនោះ តាមសមគួរដល់វត្ថុដែលគេត្រូវការ ។ ខ្ញុំក្រោកឡើងតាមកាលគួរ ហើយចូលទៅកាន់ផ្ទះរបស់ប្ដី ជូតសំអាតនូវធរណីទ្វារ (ជាដើម) នឹងដៃជើង ផ្គងអញ្ជលីចូលទៅរកប្ដី ។ ខ្ញុំយកស្និតសក់ ម្សៅសម្រាប់លាបមុខ ថ្នាំសម្រាប់បន្ដក់ភ្នែក និងកញ្ចក់ ស្អិតស្អាងឲ្យប្ដីដោយខ្លួនឯង ហាក់ដូចជា (វណ្ណទាសី) អ្នកធ្វើនូវការបម្រើ ។ ខ្ញុំដាំបាយខ្លួនឯង លាងភាជន៍ខ្លួនឯង បម្រើភស្ដា ដូចជាមាតាថ្នមកូនខ្ចី ។ តែភស្ដាតែងខឹងសម្បារនឹងខ្ញុំ ដែលជាស្ត្រីបម្រើបាយ គ្មានស្រ្តីណាលើស ជាស្រ្តីធ្វើការ (គ្រប់យ៉ាង) ជាស្ត្រីមិនមានសេចក្ដីប្រកាន់ មានសេចក្ដីព្យាយាម មិនខ្ជិលច្រអូស មានមារយាទយ៉ាងនេះ ។ ស្វាមីនោះ និយាយនឹងមាតាបិតារបស់គេថា ខ្ញុំសូមលា (អ្នកម្ដាយលោកឪពុក) ទៅ (ក្នុងទីណាមួយ) (ព្រោះ) ខ្ញុំមិនអាចនៅរួមគ្នាក្នុងផ្ទះមួយ ជាមួយនឹងនាងឥសិទាសីឡើយ ។

(មាតាបិតាពោលថា) នែកូន កុំពោលយ៉ាងនេះឡើយ នាងឥសិទាសី ជាបណ្ឌិតឈ្លាសវៃ ជាស្រ្តីមានសេចក្ដីព្យាយាម មិនខ្ជិលច្រអូសទេ ម្នាលកូន ហេតុអ្វីក៏កូនឯងមិនពេញចិត្ត ។

(កូនពោលថា) នាងឥសិទាសី មិនបៀតបៀនអ្វី ៗ ដល់ខ្ញុំទេ ប៉ុន្តែខ្ញុំមិនអាចនៅជាមួយនឹងនាងឥសិទាសី ព្រោះថា នាងឥសិទាសី ជាស្រីសំអប់របស់ខ្ញុំ ខ្ញុំមិនគួរនឹងនៅរួមទេ ខ្ញុំសូមលាទៅហើយ ។

ម្ដាយក្មេក និងឪពុកក្មេក បានស្ដាប់ពាក្យកូននោះហើយ សួរខ្ញុំថា នាងធ្វើខុសអ្វីទេ នាងចូរប្រាប់កំហុសដែលនាងធ្វើហើយ នាងចូរដោះស្រាយ តាមសេចក្ដីពិតមកចុះ ។

(ខ្ញុំក៏ឆ្លើយថា) ខ្ញុំមិនបានប្រទូស្តអ្វី ៗ ទេ ខ្ញុំមិនបៀតបៀន មិនពោលពាក្យអាក្រក់ (ដល់គាត់ទេ) ភស្ដាស្អប់ខ្ញុំ ឲ្យខ្ញុំអាចធ្វើអ្វីកើត ។

ម្ដាយក្មេក និងឪពុកក្មេកទាំងឡាយនោះ ក៏អាក់អន់ចិត្ត ត្រូវសេចក្ដីព្រួយគ្របសង្កត់ ក៏នាំខ្ញុំត្រឡប់ទៅកាន់ផ្ទះបិតាវិញ រក្សានូវកូន (ដោយគិតថា) យើងនឹងរកឲ្យបាននូវស្រ្តីមានរូបឆោមដ៏មានសិរី ។ គ្រាក្រោយមក បិតាបានឲ្យខ្ញុំ ក្នុងផ្ទះនៃត្រកូលទី ២ ជាអ្នកស្ដុកស្ដម្ភ ដោយជំនូនពាក់កណ្ដាល អំពីជំនូនដែលសេដ្ឋីបានជូនមកខ្ញុំមុននោះ ។ ខ្ញុំបាននៅក្នុងផ្ទះនៃប្ដីទី ២ នោះ អស់ ១ ខែ គ្រានោះ គាត់ក៏បណ្ដេញខ្ញុំ ដែលជាស្រ្តីខ្នះខ្នែងបម្រើដូចជាទាសី ជាស្រីមិនប្រទូស្ត មានមារយាទល្អ ។ បិតារបស់ខ្ញុំ និយាយនឹងបុរសអ្នកទូន្មាន (ចិត្ត) អ្នកទូន្មាន (កាយ និងវាចា) ដែលកំពុងត្រាច់ទៅដើម្បីភិក្ខាថា អ្នកចូរជាកូនប្រសារបស់ខ្ញុំ អ្នកចូរបោះចោលនូវកំណាត់សំពត់ និងឆ្នាំង ។ ស្វាមីទី ៣ នោះ បាននៅ (ជាមួយនឹងខ្ញុំ) អស់បក្ខ ១ (កន្លះខែ) ក៏និយាយនឹងបិតាខ្ញុំថា អ្នកចូរឲ្យកំណាត់សំពត់ ឆ្នាំង និងអំបែងមកខ្ញុំវិញ ខ្ញុំនឹងត្រាច់ទៅដើម្បីភិក្ខាទៀត ។ គ្រានោះ បិតាមាតា និងពពួកញាតិទាំងអស់របស់ខ្ញុំ និយាយនឹងបុរសនោះថា អ្នកណាមិនធ្វើតាមអ្នកក្នុងទីនេះឬ អ្នកចូរប្រាប់ហេតុដែលគេធ្វើដល់អ្នកឲ្យឆាប់ ។ បុរសនោះ កាលបើគេពោលយ៉ាងនេះហើយ ក៏ពោលតបថា បើខ្លួនរបស់ខ្ញុំអាចនៅបាន (ក៏នាងឥសិទាសី) មិនគួរដល់ខ្ញុំ (ព្រោះហេតុនោះ) ខ្ញុំមិននៅជាមួយនាងឥសិទាសី ក្នុងផ្ទះមួយជាមួយគ្នាទេ ។ បុរសនោះ កាលបើ (បិតារបស់ខ្ញុំ) លះបង់ហើយ ក៏ទៅបាត់ទៅ ចំណែកខាងខ្ញុំជាស្រ្តីនៅតែម្នាក់ឯង គិតថាអាត្មាអញនឹងលាមាតាបិតាទៅស្លាប់ ឬទៅបួស ។ គ្រានោះ នាងថេរីជាម្ចាស់ឈ្មោះជិនទត្តា ជាអ្នកទ្រទ្រង់នូវវិន័យ ជាពហុស្សូត បរិបូណ៌ដោយសីល កាលត្រាច់ទៅដើម្បីភិក្ខាហារ ក៏បាននិមន្ដមកកាន់ត្រកូលនៃបិតា (ខ្ញុំ) ។ ខ្ញុំឃើញនាងជិនទត្តាថេរីនោះ ក៏ក្រោកឡើង ក្រាលអាសនៈរបស់យើង ប្រគេននាងថេរីនោះ លុះព្រះនាងគង់ហើយ ខ្ញុំក៏ថ្វាយបង្គំនូវព្រះបាទា ហើយប្រគេនភោជន ។ ខ្ញុំញ៉ាំងជិនទត្តាថេរី ឲ្យឆ្អែតស្កប់ស្កល់ ដោយបាយ និងបង្អែម ដែលមានក្នុងលំនៅនោះ ហើយពោលថា បពិត្រព្រះនាងជាម្ចាស់ ខ្ញុំចង់បួស ។ គ្រានោះ បិតាពោលនឹងខ្ញុំថា ម្នាលកូនស្រីតូច នាងចូរប្រព្រឹត្តធម៌នោះក្នុងផ្ទះនេះទៅចុះ ចូរញ៉ាំងសមណៈទាំងឡាយផង ព្រាហ្មណ៍ទាំងឡាយផង ឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹកចុះ ។ លំដាប់នោះ ខ្ញុំក៏ប្រណម្យអញ្ជលី យំពោលនឹងបិតាថា បពិត្របិតា សូមលោកអនុញ្ញាតខ្ញុំ ខ្ញុំនឹងញ៉ាំងបាបកម្មដែលខ្ញុំធ្វើហើយនោះ ឲ្យវិនាស ។ គ្រានោះ បិតាពោលនឹងខ្ញុំថា (ព្រះសម្មាសម្ពុទ្ធ) ព្រះអង្គប្រសើរជាងសត្វជើងពីរ ទ្រង់ធ្វើឲ្យជាក់ច្បាស់នូវលោកុត្តរធម៌ណា នាងចូរបានលុះនូវពោធិញ្ញាណ និងអគ្គធម៌ និងព្រះនិព្វាននោះចុះ ។ ខ្ញុំថ្វាយបង្គំលាបិតាមាតា និងពពួកនៃញាតិទាំងអស់ ហើយបួសបាន ៧ ថ្ងៃ ក៏សម្រេចវិជ្ជាបី ។ ខ្ញុំដឹងជាតិរបស់ខ្លួន បាន ៧ ជាតិ ផលវិបាកនេះរបស់កម្មណា ខ្ញុំនឹងប្រាប់នូវកម្មនោះដល់នាង នាងចូរមានចិត្តតែមួយ ចាំផ្ទៀងស្ដាប់នូវកម្មនោះ ដូចតទៅនេះ ខ្ញុំជាជាងមាសមានទ្រព្យច្រើន ក្នុងនគរឈ្មោះឯកកច្ឆៈ ខ្ញុំនោះជាមនុស្សស្រវឹង ព្រោះការស្រវឹងវ័យ បានប្រព្រឹត្តសេពសំភពនឹងប្រពន្ធបុគ្គលដទៃ ។ ខ្ញុំនោះលុះឃ្លាតចាកអត្តភាពនោះហើយ ក៏ឆេះរោលរាលក្នុងនរកអស់កាលយូរ លុះរួចចាកនរកនោះហើយ មកចាប់បដិសន្ធិក្នុងផ្ទៃនៃមេស្វា ។ ស្វាឈ្មោលធំជាម្ចាស់នៃហ្វូង ខាំផ្ដាច់នូវជាតកម្ម គឺអង្គជាត (របស់ខ្ញុំ) ដែលទើបនឹងកើតបាន ៧ ថ្ងៃ នុ៎ះជាផលនៃកម្មរបស់ខ្ញុំនុ៎ះ ដែលគប់រកនូវប្រពន្ធនៃបុគ្គលដទៃ ។ ខ្ញុំនោះធ្វើមរណកាល ច្យុតចាកកំណើតនៃស្វានោះហើយ ក៏ចាប់បដិសន្ធិក្នុងផ្ទៃនៃមេពពែខ្វាក់ផង ខ្ចកផង ក្នុងដែននៃស្ដេចសិន្ធវៈ ។ ខ្ញុំត្រូវគេព្រនាក់កូនក្មេងអស់ ១២ ឆ្នាំ ត្រូវគេគ្រៀវ ត្រូវដង្កូវបៀតបៀន ឈឺចាប់ ព្រោះតែអំពើដែលខ្ញុំសេពនូវប្រពន្ធរបស់បុគ្គលដទៃ ។ ខ្ញុំនោះច្យុតចាកកំណើតនៃពពែនោះហើយ ក៏កើតជាកូនគោ អំពីមេគោរបស់ឈ្មួញគោ បាន ១២ ខែ មានរោមក្រហមដូចជាជ្រលក់ល័ក្ត ហើយត្រូវគេគ្រៀវ ។ ខ្ញុំតែងទាញនូវនង្គ័ល និងរទេះ ខ្វាក់ ខ្ចក ឈឺ ព្រោះតែខ្ញុំសេពនូវប្រពន្ធរបស់បុគ្គលដទៃ ។ ខ្ញុំនោះជាសត្វច្យុតចាកកំណើត នៃគោនោះហើយ ក៏កើតក្នុងផ្ទៃនៃទាសីក្នុងផ្ទះក្បែរថ្នល់ មិនប្រាកដជាស្រី មិនប្រាកដជាប្រុស (ខ្ទើយ) ព្រោះតែខ្ញុំសេពនូវប្រពន្ធនៃបុគ្គលដទៃ ។ ខ្ញុំស្លាប់ក្នុងអាយុ ៣០ ឆ្នាំ ហើយក៏កើតជាទារិកា ក្នុងត្រកូលនៃអ្នករទេះ ដែលជាត្រកូលកំព្រា គ្មានភោគសម្បត្តិ ត្រូវបុរសជាម្ចាស់ទ្រព្យរឹបជាន់ច្រើន ។ កាលការប្រាក់ចម្រើនច្រើនឡើងហើយ នាយឈ្មួញរទេះ ក៏អូសទាញខ្ញុំ អំពីផ្ទះនៃត្រកូល ដែលកំពុងយំខ្សឹកខ្សួល ។ គ្រានោះ បុត្ររបស់ឈ្មួញរទេះនោះ ឈ្មោះគិរិទាសៈ បានឃើញខ្ញុំជាស្រ្តីនៅក្រមុំ មានវ័យចម្រើន ក្នុងឆ្នាំជាគំរប់ ១៦ ក៏ហួងហែងទុក (ក្នុងផ្ទះរបស់ខ្លួន) ។ ប្រពន្ធដទៃរបស់គិរិទាសៈ ជាស្រ្ដីមានសីលផង មានគុណផង ជាស្រ្តីប្រព្រឹត្តតាមភស្ដា ខ្ញុំក៏បានធ្វើការស្អប់នូវប្រពន្ធរបស់គាត់ ។ ប្ដីទាំងឡាយ លះលែងខ្ញុំ ដែលជាអ្នកខ្នះខ្នែងបម្រើដូចជាទាសី ព្រោះផលនៃកម្មណា នុ៎ះជាផលកម្ម (របស់ខ្ញុំ) នោះ ទីបំផុតនៃបាបកម្មនោះឯង ខ្ញុំបានធ្វើហើយ ។

ឥសិទាសីថេរី ។

ចប់ ចត្តាឡីសនិបាត ។

មហានិបាតកែប្រែ

[៣៣៨] នាងសុមេធា ជាធីតានៃអគ្គមហេសីរបស់ព្រះរាជា ទ្រង់ព្រះនាមកោញ្ចៈ ក្នុងនគរឈ្មោះមន្ដាវតី ជាស្រ្តីដែលព្រះអរិយៈ អ្នកធ្វើសាសនាឲ្យជ្រះថ្លាហើយ ។ នាងសុមេធា ជាស្រីមានសីល ជាធម្មកថិកាដ៏វិចិត្រ ជាពហុស្សូត ជាស្រីបានបទក្នុងព្រះពុទ្ធសាសនា ចូលទៅជិតព្រះមាតាបិតា ហើយទូលថា សូមទ្រង់ទាំងពីរស្ដាប់ (ពាក្យខ្ញុំម្ចាស់) ។ ខ្ញុំម្ចាស់ជាអ្នកត្រេកអរ ចំពោះព្រះនិព្វាន ភពសូម្បីជាទិព្វ ក៏ជារបស់មិនទៀងទាត់ នឹងចាំបាច់ពោលទៅថ្វីដល់កាមទាំងឡាយ ដែលជារបស់សោះសូន្យ មានការត្រេកអរតិច មានសេចក្ដីចង្អៀតចង្អល់ច្រើន ។ ពួកជនពាល ឈ្លក់ក្នុងកាមទាំងឡាយណា កាមទាំងឡាយនោះ ជាសភាវៈខ្លោចផ្សា ឧបមាដូចជាអាសិរពិស ពួកជនពាលទាំងនោះ សឹងពេញណែនត្រៀបត្រាក្នុងនរក រងទុក្ខលំបាកអស់កាលដ៏អង្វែង ។ ពួកជនពាលមានកម្មដ៏លាមក មានគំនិតអាក្រក់ មិនសង្រួមកាយ វាចា ចិត្ត រមែងសង្រេងសង្រៃ ក្នុងវិនិបាត (អបាយ) សព្វ ៗ កាល ។ ជនពាលទាំងនោះ ជាអ្នកឥតប្រាជ្ញា ឥតចេតនា ត្រូវតណ្ហាជាហេតុនៃទុក្ខរួបរឹត មិនដឹង (នូវចតុសច្ចធម៌) ដែលព្រះសម្ពុទ្ធទ្រង់សំដែង រមែងមិនត្រាស់ដឹងនូវអរិយសច្ចទាំងឡាយ ។ បពិត្រព្រះមាតា ជនទាំងឡាយជាច្រើននាក់ណាស់ ដែលមិនដឹងនូវសច្ចធម៌ ដ៏ជាធម៌ គឺព្រះពុទ្ធដ៏ប្រសើរ ទ្រង់សំដែង ហើយត្រេកអរតែនឹងភព ពេញចិត្តតែនឹងការកើតក្នុងពួកទេវតា ។ សូម្បីការកើតក្នុងពួកទេវតា ក៏មិនទៀង កាលបើភពមិនទៀង ពួកជនពាលក៏នៅតែមិនតក់ស្លុតនឹងភពដែលសត្វត្រូវកើតញយ ៗ ។ វិនិបាត [វិនិបាត ៤ គឺ នរក តិរច្ឆាន ប្រេត អសុរកាយ ។ អដ្ឋកថា ។] ៤ និងគតិ ២ បុគ្គលគប្បីបានដូចម្ដេចកើត បព្វជ្ជារបស់ពួក សត្វវិនិបាតក្នុងនរក មិនមានឡើយ ។ សូមទ្រង់ទាំងពីរអនុញ្ញាតឲ្យខ្ញុំម្ចាស់ ទៅបួសក្នុងសាសនានៃព្រះទសពល ខ្ញុំម្ចាស់នឹងជាស្រ្តីមានសេចក្ដីខ្វល់ខ្វាយតិច ប្រឹងប្រែងដើម្បីលះបង់នូវជាតិ និងមរណៈ ។ ប្រយោជន៍អ្វីដោយភព ដែលអ្នកផងត្រេកត្រអាល ប្រយោជន៍អ្វីដោយកាយជាទោស ឥតខ្លឹមសារ សូមទ្រង់អនុញ្ញាត ខ្ញុំម្ចាស់នឹងបួស ដើម្បីរំលត់នូវភវតណ្ហា ។ ការកើតឡើងនៃព្រះពុទ្ធទាំងឡាយ (ខ្ញុំម្ចាស់បានចួបប្រទះហើយ) កាលមិនមែនជាខណៈ ខ្ញុំម្ចាស់វៀរស្រឡះហើយ ខណៈ ខ្ញុំម្ចាស់បានហើយ ខ្ញុំម្ចាស់មិនប្រទូស្ដនូវសីល និងព្រហ្មចរិយៈ រហូតអស់មួយជីវិត ។

លុះនាងសុមេធា ក្រាបទូលយ៉ាងនេះ គ្រានោះ ព្រះមាតាបិតា បានមានបន្ទូលនឹងនាងថា យើងទាំងឡាយជាគ្រហស្ថ សុទ្ធតែលុះក្នុងអំណាចនៃសេចក្ដីស្លាប់ និងលះបង់មិនបានទេ ។

មាតាជាទុក្ខស្រែកយំ បិតាក៏ជាទុក្ខ ត្រូវសេចក្ដីសោកស្ដាយគ្របសង្កត់ដូចគ្នា ប្រឹងប្រែងសង្រួបសង្រួមធីតានោះ ដែលដួលចុះលើផែនដី នាផ្ទៃប្រាសាទថា ។

ម្នាលកូនស្រី ចូរនាងក្រោកឡើង ប្រយោជន៍អ្វីដោយការសោក (ដើម្បីចង់បួស) យើងបានថ្វាយនាងដល់ស្ដេច ទ្រង់ព្រះនាមអនិករត្តៈ ជាស្ដេចមានរូបល្អ ក្នុងនគរឈ្មោះវារណវតីហើយ ។ នាងនឹងបានជាអគ្គមហេសី នឹងបានជាភរិយា របស់ស្ដេចអនិករត្តៈ នែកូនស្រី សីល ព្រហ្មចរិយធម៌ និងបព្វជ្ជា គេធ្វើបានកម្រណាស់ ។ អាណាចក្រក្នុងរាជ (នៃស្ដេចអនិករត្តៈ) ទ្រព្យ និងឥស្សរិយយស (ក៏មានច្រើន) ភោគសម្បត្តិទាំងឡាយ នាំមកនូវសេចក្ដីសុខ ទាំងខ្លួននាង ក៏នៅក្រមុំ ព្រោះហេតុនោះ នាងចូរប្រើប្រាស់ភោគសម្បត្តិ តាមប្រាថ្នាចុះ ។ ម្នាលកូនស្រី កិច្ចដែលគេត្រូវដណ្ដឹង ចូរមានដល់នាង ។

គ្រានោះ នាងសុមេធា ក្រាបទូលមាតាបិតានោះថា សម្បត្តិទាំងឡាយប្រាកដដូច្នេះ ចូរកុំមាន (ដល់ខ្ញុំម្ចាស់) ភពជារបស់គ្មានខ្លឹមសារ បព្វជ្ជា ឬមរណៈ ចូរមានដល់ខ្ញុំម្ចាស់ ព្រោះហេតុនោះ កិច្ចដែលគេត្រូវដណ្ដឹង (ចូរកុំមានដល់ខ្ញុំម្ចាស់ឡើយ) ។ (សរីរៈនេះ) ដូចជាដង្កូវ ជាកាយស្អុយ មិនស្អាត មានក្លិនផ្សាយទៅគួរឲ្យខ្លាច ដូចជាការុងជាវិការនៃស្បែក ពេញដោយសាកសព ពេញដោយរបស់មិនស្អាត ដែលហូរចេញក្នុងកាលម្ដង ៗ ។ ខ្ញុំម្ចាស់ដឹងនូវសរីរៈនោះថា ដូចជាអ្វីមួយ ដែលបូកលាបដោយសាច់ និងឈាម ជារបស់គួរខ្ពើមក្រៃពេក ជាលំនៅនៃហ្វូងដង្កូវ ជាចំណីនៃសត្វស្លាប ជាសាកសព (គេ) នឹងឲ្យដល់អ្នកណាម្ដេចបាន ។ កាយដែលមានវិញ្ញាណប្រាសចេញហើយ មិនយូរប៉ុន្មាន គេតែងដុតក្នុងព្រៃស្មសាន ពួកញាតិដែលខ្ពើមរអើម ក៏បោះបង់ចោល ដូចជាអង្កត់អុស ។ មាតាបិតារបស់ខ្លួន ចោលសាកសពនោះ ឲ្យជាចំណីសត្វដទៃក្នុងព្រៃស្មសាន ខ្ពើមរអើម ងូតលាង (ខ្លួនដើរចេញទៅ) ចំណង់បើសាធារណជន (នឹងមិនខ្ពើម) ដូចម្ដេចកើត ។ សត្វទាំងឡាយ តែងជ្រុលជ្រប់ក្នុងគ្រោងកាយ ជាសាកសពឥតខ្លឹមសារ ដែលសង្ខារផ្សំផ្គុំដោយឆ្អឹង និងសរសៃ ជាកាយស្អុយ ពេញដោយទឹកមាត់ ទឹកភ្នែក ទឹកសម្បោរ និងទឹករងៃ ។ បើបុគ្គលពន្លាត់រាងកាយនោះ ធ្វើអាការខាងក្នុងនៃវា ឲ្យត្រឡប់មកខាងក្រៅវិញ សូម្បីមាតារបស់ខ្លួន ក៏ខ្ពើមរអើមអត់ទ្រាំនឹងក្លិនពុំបាន ។ ខ្ញុំម្ចាស់និយាយដោយឧបាយនៃប្រាជ្ញា នូវខន្ធ ធាតុ អាយតនៈ ដែលសង្ខារតាក់តែង ថាមានជាតិជាឫសគល់ នាំមកនូវទុក្ខ មិនជាទីពេញចិត្ត នឹងប្រាថ្នានូវកិច្ចដែលគេត្រូវដណ្ដឹងដើម្បីអ្វី ។ លំពែង ៣០០ ដែលសំលៀងថ្មី ៗ គប្បីធ្លាក់ចុះលើកាយរាល់ ៗ ថ្ងៃ ប្រសិនបើ ការអស់ទៅនៃទុក្ខ សូម្បីមានការលំបាក (យ៉ាងនេះ) អស់រយឆ្នាំ ជាការប្រសើរ ។ បុគ្គលណា ដឹងព្រះពុទ្ធដីការបស់ព្រះសាស្ដាយ៉ាងនេះ ហើយបានទទួលនូវសេចក្ដីលំបាក (ការអស់ទៅនៃទុក្ខ តែងមានដល់បុគ្គលនោះ) សង្សារ (ការអន្ទោលទៅ) របស់បុគ្គលពាលទាំងឡាយ ដែលលំបាករឿយ ៗ ជាសង្សារវែងឆ្ងាយ ។ ការលំបាកតានតឹងមិនមានប្រមាណ រមែងប្រាកដក្នុងពួកទេវតា ពួកមនុស្ស ក្នុងកំណើតតិរច្ឆាន ក្នុងពួកអសុរកាយ ក្នុងពួកប្រេត និងក្នុងពួកនរក ។ ក្នុងនរក មានសេចក្ដីលំបាកច្រើន សត្វដែលកើតក្នុងវិនិបាត ក៏លំបាក សូម្បីក្នុងពួកទេវតា ក៏មិនមានទីពឹង សេចក្ដីសុខដទៃក្រៃលែង ជាងសេចក្ដីសុខក្នុងព្រះនិព្វាន មិនមានទេ ។ បុគ្គលពួកណា ខំប្រឹងប្រែងក្នុងសាសនារបស់ព្រះទសពល ជាអ្នកមានសេចក្ដីខ្វល់ខ្វាយតិច ខំព្យាយាមលះបង់ជាតិ និងមរណៈ បុគ្គលពួកនោះ ឈ្មោះថាបានព្រះនិព្វាន ។ បពិត្រព្រះបិតា ខ្ញុំម្ចាស់នឹងចេញបួសក្នុងថ្ងៃនេះ ប្រយោជន៍អ្វីដោយភោគៈទាំងឡាយ ដែលឥតខ្លឹមសារ កាមទាំងឡាយ ទុកស្មើវត្ថុដែលគេខ្ជាក់ចោល ខ្ញុំម្ចាស់នឿយណាយហើយ ធ្វើឲ្យដូចដើមត្នោតមិនមានទីកើត (ដែលបុគ្គលដកចោលហើយ) ។

នាងសុមេធានោះ កំពុងនិយាយនឹងបិតាយ៉ាងនេះ ស្រាប់តែព្រះបាទអនិករត្តៈ ដែលបិតាបានថ្វាយនាងដល់ទ្រង់ សេ្ដចព្រះរាជដំណើរចូលទៅដល់ ដោយមានពួកកំលោះហែហម (ព្រោះ) ការត្រូវដណ្ដឹង មានក្នុងកាលប្រាកដហើយ ។ ក្នុងកាលនោះ នាងសុមេធា កាត់នូវសក់ទាំងឡាយ ដែលមានពណ៌ខ្មៅរលើប ស្លូតទន់ ដោយព្រះខាន់ ហើយបិទទ្វារប្រាសាទ រួចចូលបឋមជ្ឈាន ។ នាងសុមេធា កំពុងតែចូលសមាបត្តិ ចម្រើននូវអនិច្ចសញ្ញាលើប្រាសាទ គាប់ចួនស្ដេចអនិករត្តៈ ក៏យាងមកដល់នគរ ។ នាងសុមេធានោះ កំពុងតែធ្វើទុកក្នុងចិត្ត (នូវអនិច្ចសញ្ញា) ស្ដេចអនិករត្តៈ ដែលស្អិតស្អាងព្រះអង្គ ដោយគ្រឿងអលង្ការ ជាវិការៈកែវមណី និងមាស ក៏ឡើងមកដោយរួសរាន់ ហើយធ្វើអញ្ជលី អង្វរនាងសុមេធាថា ។ អាជ្ញាក្នុងរាជរបស់យើង ទ្រព្យ និងឥស្សរិយយស (ក៏មានច្រើន) ភោគសម្ប័ទទាំងឡាយ នាំមកនូវសេចក្ដីសុខ ទាំងខ្លួននាងសោត ក៏នៅក្រមុំ នាងចូរប្រើប្រាស់ភោគសម្ប័ទ តាមប្រាថ្នាចុះ (ព្រោះថា) កាមសុខក្នុងលោក គេរកបានដោយកម្រណាស់ ។ រាជសម្បត្តិ យើងប្រគល់ផ្ដាច់ឲ្យនាង នាងចូរប្រើប្រាស់នូវភោគសម្ប័ទទាំងឡាយ ចូរឲ្យនូវទានចុះ នាងកុំតូចចិត្តឡើយ មាតាបិតារបស់នាង ជាទុក្ខ ។

នាងសុមេធា ជាស្រ្តីមិនត្រូវការដោយកាម មានមោហៈទៅប្រាសហើយ ក៏ទូលតបស្ដេចអនិករត្តៈនោះថា ព្រះអង្គកុំត្រេកត្រអាលចំពោះកាមទាំងឡាយ ព្រះអង្គចូរឃើញទោសក្នុងកាមទាំងឡាយវិញ ។ ព្រះរាជាទ្រង់ព្រះនាមមន្ធាតុ ជាធំលើទ្វីបទាំងបួន ជាបុគ្គលប្រសើរផុតជាងពួកជនអ្នកបរិភោគកាម ទ្រង់មិនឆ្អែតឆ្អន់ (ដោយកាមទាំងឡាយ) ទ្រង់ទិវង្គតទៅ សេចក្ដីប្រាថ្នារបស់ស្ដេចនោះ នៅតែមិនពេញគ្រប់គ្រាន់នៅឡើយ ។ ភ្លៀងគប្បីបង្អុរចុះនូវរតនៈទាំងឡាយ ៧ ប្រការ ជុំវិញ គ្រប់ទិសទាំង ១០ សេចក្ដីឆ្អែតចំពោះកាមទាំងឡាយ ក៏នៅតែមិនល្មម ពួកនរជន រមែងស្លាប់ទៅទាំងមិនឆ្អែត ។ កាមទាំងឡាយ ប្រៀបដូចដាវ និងឈើស្រួច កាមទាំងឡាយ ប្រៀបដូចជាក្បាលនៃពស់ ឬប្រៀបដូចជាគប់ភ្លើង ក្រៀមក្រោះដូចជារាងឆ្អឹង តែងដុតកំដៅរឿយ ៗ ។ កាមទាំងឡាយ មិនទៀងទាត់ មិនឋិតថេរ មានទុក្ខច្រើន មានពិសខ្លាំង មានសេចក្ដីតានតឹង ជាឫសគល់ មានសេចក្ដីទុក្ខជាផល ដូចជាដុំដែកដែលកំពុងឆេះ ។ កាមទាំងឡាយ ប្រៀបដូចជាផ្លែឈើ ឬប្រៀបដូចដុំសាច់ នាំមកនូវទុក្ខ កាមទាំងឡាយ ដូចជាការយល់សប្ដិ ជាគ្រឿងបញ្ឆោត ដូចជារបស់ខ្ចីគេ ។ កាមទាំងឡាយ ដូចជាលំពែង និងដែកស្រួច ដូចជារោគ ឬដូចជាបូស ជាគ្រឿងតានតឹង ចង្អៀតចង្អល់ កាមទាំងឡាយ ប្រាកដស្មើដោយរណ្ដៅនៃរងើកភ្លើង មានសេចក្ដីតានតឹងជាឫស ជាភ័យ ជាខ្មាំង ។ កាមទាំងឡាយ មានសេចក្ដីទុក្ខច្រើនយ៉ាងនេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ជាសភាវៈធ្វើនូវសេចក្ដីអន្ដរាយ សូមព្រះអង្គយាងទៅវិញចុះ សេចក្ដីស្និទ្ធស្នាលក្នុងភពរបស់ខ្ញុំម្ចាស់ មិនមានទេ ។ បុគ្គលដទៃនឹងធ្វើនូវប្រយោជន៍ដូចម្ដេច ដល់ខ្ញុំម្ចាស់កើត កាលបើក្បាលរបស់ខ្លួនត្រូវភ្លើងឆេះ កាលបើជរា មរណៈកំពុងជាប់តាម ខ្ញុំម្ចាស់ត្រូវប្រឹងប្រែង ដើម្បីកំចាត់បង់នូវជរា មរណៈនោះ ។

នាងសុមេធានេះ លុះឃើញមាតាបិតា និងស្ដេចអនិករត្តៈ ដែលមកមិនទាន់ដល់ទ្វារ កំពុងគង់យំលើផែនដី ក៏ទូលនូវពាក្យនេះថា សង្សារ របស់បុគ្គលអន្ធពាលដែលយំទួញញយ ៗ ចំពោះសេចក្ដីស្លាប់របស់បិតា សេចក្ដីស្លាប់របស់បងប្អូន និងសេចក្ដីស្លាប់របស់ខ្លួន ក្នុងសង្សារវដ្ដ ដែលគេមិនអាចដឹងទីបំផុតបាន ជាសង្សារវែងឆ្ងាយ ។ សូមទ្រង់ទាំងឡាយ រលឹកនូវទឹកភ្នែក ទឹកដោះ និងឈាម កាលទ្រង់អន្ទោលទៅ ព្រោះសង្សារ ដែលគេមិនអាចដឹងទីបំផុតបាន សូមទ្រង់រលឹកនូវគំនរឆ្អឹងទាំងឡាយ របស់ពួកសត្វដែលអន្ទោលទៅមក ៗ ។ សូមទ្រង់រលឹកដល់ទឹកភ្នែក ទឹកដោះ និងឈាម ដែលប្រៀបធៀបនឹងសមុទ្រធំទាំង ៤ សូមទ្រង់រលឹកនូវគំនរនៃឆ្អឹងទាំងឡាយ ក្នុងកប្បមួយ ៗ ដែលស្មើនឹងភ្នំវេបុល្លៈ ។ ដុំដីប៉ុនគ្រាប់ក្របៅ ដែលបុគ្គលលញ់ដីអស់ទាំងជម្ពូទ្វីប ក៏មិនល្មម គឺតិចជាងមាតាបិតាទាំងឡាយរបស់សត្វ កាលអន្ទោលទៅក្នុងសង្សារ ដែលគេមិនអាចដឹងទីបំផុតបាន ។ សូមទ្រង់រលឹកនូវស្មៅ កំណាត់ឈើ មែកឈើ និងស្លឹកឈើ ដែលគេនាំមកប្រៀបធៀប ខ្នាច់ទាំងឡាយ (របស់ស្មៅជាដើមនោះ) ប្រមាណបួនធ្នាប់ ៗ ក៏មិនល្មមស្មើនឹងបិតា និងជីតាទាំងឡាយ ព្រោះសង្សារ មានទីបំផុតគេមិនអាចដឹងបាន ។ សូមទ្រង់នឹកមើលនូវអណ្ដើកខ្វាក់ និងប្រហោងនឹម (ដែលខ្យល់បក់បង្វិល) ទៅក្នុងសមុទ្រ អំពីត្រើយខាងកើត ទៅត្រើយដទៃទៀត និងក្បាលអណ្ដើកនោះ ដែលចូលទៅ (ក្នុងប្រហោងនឹម) នេះ ជាសេចក្ដីឧបមាក្នុងការបានអត្តភាពជាមនុស្ស ។ សូមទ្រង់រលឹកនូវរូប របស់គ្រោងកាយ ជាទោស ឥតខ្លឹមសារ មានឧបមាដូចដុំនៃពពុះទឹក សូមទ្រង់ឃើញនូវខន្ធទាំងឡាយ ថាជាសភាវៈមិនទៀងទាត់ សូមទ្រង់រលឹកនូវនរកទាំងឡាយ ដែលមានសេចក្ដីទុក្ខ ក្ដួលក្ដៅជាច្រើន ។ សូមទ្រង់រលឹកនូវសត្វទាំងឡាយ ដែលញ៉ាំងទីស្មសានឲ្យចម្រើនរឿយ ៗ ក្នុងជាតិទាំងឡាយនោះ ៗ សូមរលឹកនូវភ័យក្នុងការចិញ្ចឹមពោះផង សូមរលឹកនូវអរិយសច្ចទាំង ៤ ផង ។

កាលបើអមតធម៌មាន ប្រយោជន៍អ្វី ដោយហេតុក្ដៅផ្សា [ហេតុដ៏ក្តៅផ្សា របស់កាមគុណ មាន៥យ៉ាង បដ្ឋនា ការប្រាថ្នា ១ បរិយេសនា ការស្វែងរក ១ បរិគ្គហោ ការហួងហែងទុក ១ អារក្ខា ការរក្សាទួទៅមិនដាច់ ១ បរិភោគោ ការប្រើប្រាស់លៃលក ១ ។ អដ្ឋកថា ។] ៥ យ៉ាង ដែលទ្រង់សោយហើយ ដ្បិតតម្រេកក្នុងកាមទាំងអស់ ក្ដៅផ្សាក្រៃពេក ព្រោះហេតុក្ដៅផ្សា ៥ យ៉ាង ។

កាលបើអមតធម៌ មាន ទ្រង់មានប្រយោជន៍អ្វី ដោយកាមទាំងឡាយ ដែលជារបស់ក្ដៅក្រហាយ ដ្បិតតម្រេកក្នុងកាមទាំងអស់ (ត្រូវភ្លើង ១១ កង) ឆេះពុះឡើង ញាប់ញ័រក្ដៅសព្វ ។ កាលបើធម៌ដែលឥតសត្រូវ (នេក្ខម្មៈ) មាន ទ្រង់មានប្រយោជន៍អ្វី ដោយកាមទាំងឡាយ ដែលមានសត្រូវច្រើន កាមទាំងឡាយ ជាសាធារណៈ មានសត្រូវច្រើន គឺសត្រូវអំពីស្ដេច ភ្លើង ចោរ ទឹក និងបុគ្គលមិនជាទីស្រឡាញ់ ។

កាលបើព្រះនិព្វានមាន ទ្រង់មានប្រយោជន៍អ្វី ដោយកាមទាំងឡាយ ដែលជាគ្រឿងសម្លាប់ ជាគ្រឿងចង ព្រោះថាកាមទាំងឡាយ តែងមានគ្រឿងសម្លាប់និងគ្រឿងចង ពួកសត្វនេះ តែងទទួលសេចក្ដីទុក្ខទាំងឡាយ ព្រោះតែការប្រាថ្នាកាម ។ គប់ស្មៅ ដែលភ្លើងកំពុងឆេះ តែងឆេះនូវបុគ្គលអ្នកកាន់ មិនលែងចេញ ព្រោះថាកាមទាំងឡាយ ប្រៀបដូចជាគប់ភ្លើង តែងឆេះនូវពួកសត្វ ដែលមិនលែងចេញ ។ សូមទ្រង់កុំលះបង់នូវសេចក្ដីសុខដ៏ធំទូលាយ ព្រោះហេតុតែសុខក្នុងកាមបន្តិចបន្តួចឡើយ សូមទ្រង់កុំក្ដៅក្រហាយក្នុងកាលជាខាងក្រោយ ដូចជាត្រីលេបនូវសន្ទូច ។ សូមទ្រង់កុំច្រាស់ច្រាល់ ព្រោះតែកាមទាំងឡាយ ដូចសុនខ ដែលគេចងភ្ជាប់នឹងបង្គោល ឱ សត្វទាំងឡាយ ជាអ្នកស្រេកឃ្លាន តែងធ្វើតាមសេចក្ដីប្រាថ្នា ដូចជាពួកចណ្ឌាល (ព្រានបណ្ដើរឆ្កែ ដល់នូវសេចក្ដីវិនាស ព្រោះបាន) នូវឆ្កែ ។ បើទ្រង់ប្រកបខ្លួនក្នុងកាម នឹងរងទុក្ខ មិនមានប្រមាណផង រងទោមនស្សក្នុងចិត្តដ៏ច្រើនផង សូមទ្រង់លះបង់កាមទាំងឡាយ ជារបស់មិនទៀងចេញ ។ កាលបើព្រះនិព្វាន ជាធម្មជាតមិនចេះចាស់ មាន ទ្រង់មានប្រយោជន៍អ្វី ដោយកាមទាំងឡាយជារបស់ចាស់ កំណើតទាំងអស់ ក្នុងភពទាំងពួង (សុទ្ធតែ) ត្រូវមរណៈ និងព្យាធិរឹបជាន់ ។ ព្រះនិព្វាននេះ មិនចាស់ មិនស្លាប់ ព្រះនិព្វាននេះ ទាំងមិនចាស់មិនស្លាប់ មិនមានសោក មិនមានសត្រូវ មិនចង្អៀត មិនភ្លាំងភ្លាត់ មិនមានភ័យ មិនក្ដៅរោលរាល ។ អមតនិព្វាននេះ ព្រះអរិយៈទាំងឡាយ មានព្រះពុទ្ធជាដើមច្រើនរូប បានហើយ មិនតែប៉ុណ្ណោះទេ ព្រះនិព្វាននេះ គេគប្បីបានក្នុងកាលសព្វថ្ងៃនេះ បុគ្គលណា ព្យាយាមដោយឧបាយប្រាជ្ញា (បុគ្គលនោះ រមែងបាននូវព្រះនិព្វាន) តែបុគ្គលដែលមិនមានសេចក្ដីប្រឹងប្រែង មិនអាចបាននូវព្រះនិព្វានឡើយ ។ នាងសុមេធា មិនបាននូវសេចក្ដីត្រេកអរក្នុងសង្ខារ ពោលយ៉ាងនេះ នាងសុមេធា កាលពន្យល់ស្ដេចអនិករត្តៈហើយ ក៏បោះសក់ទាំងឡាយចោលលើផែនដី ។ ស្ដេចអនិករត្តៈនោះ ក្រោកឡើងផ្គងអញ្ជលី អង្វរបិតារបស់នាងសុមេធានោះថា សូមព្រះអង្គអនុញ្ញាតបើករាជបុត្រី ឈ្មោះនាងសុមេធា ឲ្យបួសចុះ ដើម្បីឲ្យនាងឃើញនូវព្រះនិព្វាន ដែលជាគុណជាតទៀងទាត់ ។

នាងសុមេធានោះ ដែលជាស្រ្តីតក់ស្លុតចំពោះសោក និងភ័យ លុះមាតាបិតាបើកឲ្យ ក៏បួស ហើយសិក្សានូវអគ្គផល បានធ្វើឲ្យជាក់ច្បាស់នូវអភិញ្ញា ៦ ។ ព្រះនិព្វាននោះ ជាគុណជាតអស្ចារ្យ ចំឡែក បានកើតមានដល់រាជកញ្ញា លុះក្នុងកាលជាទីបំផុត (ទៀបនឹងបរិនិព្វាន) នាងបានសំដែងនូវបុព្វេនិវាសចរិតថា ។ កាលព្រះមានព្រះភាគ ទ្រង់ព្រះនាមកោនាគមនៈ (ត្រាស់ឡើងក្នុងលោក) យើងជាសំឡាញ់នឹងគ្នាទាំងបីនាក់ (គឺនាងធនញ្ជានី ១ នាងខេមា ១ ខ្ញុំ ១) បានថ្វាយវិហារទាន ក្នុងអារាមនៃសង្ឃ ជានិវេសន៍ដ៏ថ្មី ។ (ដោយអានិសង្សនៃវិហារទាននេះ) យើងទាំងឡាយ បានទៅកើតក្នុងពួកទេវតា ១០ ដង ១០០ ដង ១០០០ ដង ១០.០០០ ដង នឹងបាច់និយាយទៅថ្វី ក្នុងពួកមនុស្ស ។ យើងជាអ្នកមានឫទ្ធិច្រើន ក្នុងពួកទេវតា នឹងបាច់និយាយទៅថ្វីក្នុងពួកមនុស្ស ខ្ញុំបានកើតជាស្ត្រីកែវ ជាអគ្គមហេសីនៃស្ដេចដែលមានរតនៈ ទាំង ៧ ប្រការ ។ អានិសង្សនៃវិហារទាននោះ ជាហេតុ អានិសង្សនោះ ជាប្រភព (ដែលកើត) អំណោយទាននោះ ជាឫសគល់ដ៏ពេញចិត្តក្នុងសាសនា អំណោយទាននោះ ជាការជួបជុំមុនដំបូង អំណោយទាននោះ ជាហេតុឲ្យរលត់កិលេស (ព្រះនិព្វាន) របស់ខ្ញុំ ដែលជាអ្នកត្រេកអរក្នុងធម៌ ។ ពួកជនណា ជឿនូវព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គមានប្រាជ្ញាមិនថោកថយ ពួកជននោះ រមែងពោលយ៉ាងនេះថា ពួកជននឿយណាយក្នុងភព គឺសង្សារវដ្ដ លុះនឿយណាយហើយ ប្រាសចាកតម្រេក ។

សុមេធាថេរី ។

ចប់ មហានិបាត ។

ថេរីគាថានេះ មានគាថា ៤៨០ និង ១៤ គាថាទៀត ថេរីទាំងអស់នោះ ៧១ អង្គ ជាភិក្ខុនីអស់អាសវៈ ។

ចប់ ថេរីគាថា ។

ចប់ ភាគ៥៧ ។

ឯកសារយោងកែប្រែ

ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ