វិន័យបិដក-មហាវិភង្គ-បឋមភាគ

មហាវគ្គកែប្រែ

មហាខន្ធកៈ ទី១កែប្រែ

ពោធិកថាកែប្រែ

[១] សម័យនោះ ព្រះសម្ពុទ្ធដ៏មានជោគ បានត្រាស់ដឹងជាដំបូង ទ្រង់គង់នៅក្រោមម្លប់ពោធិព្រឹក្ស ក្បែរឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស ។ គ្រានោះឯង ព្រះដ៏មានព្រះភាគទ្រង់គង់ដោយព្រះភ្នែនតែមួយអស់៧ថ្ងៃ ក្រោមម្លប់ពោធិព្រឹក្ស ទ្រង់សោយវិមុត្តិសុខ (គឺសុខក្នុងផលសមាបត្តិ) ។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់រំពឹងនូវបដិច្ចសមុប្បាទធម៌ ជាអនុលោមប្បដិលោម គឺពិចារណាបណ្តោយចុះ និងច្រាសឡើង អស់បឋមយាមនៃរាត្រី ដោយន័យថា សង្ខារ[ក្នុងគម្ពីរវិសុទ្ធិមគ្គថា សង្ខារ៣ គឺបុញ្ញាភិសង្ខារ១ អបុញ្ញាភិសង្ខារ១ អនេញ្ជាភិសង្ខារ១ ។ បុញ្ញាភិសង្ខារនោះ បានខាងចេតនា១៣ គឺកាមាវចរកុសលចេតនា៨ និងរូបាវចរកុសលចេតនា៥ ប្រព្រឹត្តទៅដោយអំណាចភាវនា ឯអបុញ្ញាភិសង្ខារ បានខាងអកុសលចេតនា១២ ។ អនេញ្ជាភិសង្ខារ គឺអរូបាវចរកុសលចេតនា ៤ ប្រព្រឹត្តទៅដោយអំណាចភាវនា រួមទាំងអស់ជា២៩ ។] ទាំងឡាយកើតមាន ព្រោះមានអវិជ្ជា[ដែលហៅថា អវិជ្ជានោះ បានខាងសេចក្តីមិនដឹងក្នុងសច្ចៈទាំង៤ មានទុក្ខសច្ចៈជាដើម ។ (នេះជាបរិយាយក្នុងសូត្រ ឯបរិយាក្នុងអភិធម្មថា) បានខាងសេចក្តីមិនដឹងនូវវត្ថុ៨ មាន មិនដឹងក្នុងចំណែកខាងអតីតជាដើម ម្យ៉ាងទៀតថា បានខាងមោហចេតសិក មានលក្ខណៈធ្វើចិត្តឲ្យវង្វេងក្នុងអារម្មណ៍ ។] ជាហេតុ វិញ្ញាណកើតមាន ព្រោះមានសង្ខារជាហេតុ នាមរូបកើតមាន ព្រោះមានវិញ្ញាណជាហេតុ សឡាយតនៈកើតមាន ព្រោះមាននាមរូបជាហេតុ ផស្សៈកើតមាន ព្រោះមានសឡាយតនៈជាហេតុ វេទនាកើតមាន ព្រោះមានផស្សៈជាហេតុ តណ្ហាកើតមាន ព្រោះមានវេទនាជាហេតុ ឧបាទានកើតមាន ព្រោះមានតណ្ហាជាហេតុ ភពកើតមាន ព្រោះមានឧបាទានជាហេតុ ជាតិកើតមាន ព្រោះមានភពជាហេតុ សេចក្តីចាស់ ស្លាប់ សោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ទាំងឡាយកើតមាន ព្រោះមានជាតិជាហេតុ សេចក្តីកើតឡើងនៃកងទុក្ខទាំងអស់នេះ រមែងមានយ៉ាងនេះឯង ម្យ៉ាងទៀតសេចក្តីរលត់សង្ខារកើតមាន ព្រោះវិនាសនិងរលត់មិនមានសេសសល់នៃអវិជ្ជា សេចក្តីរលត់វិញ្ញាណកើតមាន ព្រោះរលត់សង្ខារ សេចក្តីរលត់នាមរូបកើតមាន ព្រោះរលត់វិញ្ញាណ សេចក្តីរលត់សឡាយតនៈកើតមាន ព្រោះរលត់នាមរូប សេចក្តីរលត់ផស្សៈកើតមាន ព្រោះរលត់សឡាយតនៈ សេចក្តីរលត់វេទនាកើតមាន ព្រោះរលត់ផស្សៈ សេចក្តីរលត់តណ្ហាកើតមាន ព្រោះរលត់វេទនា សេចក្តីរលត់ឧបាទានកើតមាន ព្រោះរលត់តណ្ហា សេចក្តីរលត់ភពកើតមាន ព្រោះរលត់ឧបាទាន សេចក្តីរលត់ជាតិកើតមាន ព្រោះរលត់ភព សេចក្តីចាស់ ស្លាប់ សោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងចង្អៀតចង្អល់ចិត្តទាំងឡាយក៏សឹងតែរលត់ទៅ ព្រោះរលត់នៃជាតិ សេចក្តីរលត់នៃកងទុក្ខទាំងអស់នេះ តែងមានយ៉ាងនេះ ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនេះហើយ ទើបបន្លឺនូវឧទានគាថានេះ ក្នុងវេលានោះថា ៖ ធម៌[អដ្ឋកថា ថា បានដល់ពោធិបក្ខិយធម៌ និងចតុរារិយសច្ចធម៌ ។] ទាំងឡាយ រមែងប្រាកដដល់ខីណាសវព្រាហ្មណ៍ អ្នកមានព្យាយាមញុំាងកិលេសឲ្យក្តៅ អ្នកដុតបង់នូវកិលេសក្នុងកាលណា សេចក្តីសង្ស័យទាំងឡាយទាំងពួងរបស់ខីណាសវព្រាហ្មណ៍នោះក៏សឹងតែរម្ងាប់អស់ទៅក្នុងកាលនោះ ព្រោះថា ខីណាសវព្រាហ្មណ៍នោះ ដឹងច្បាស់នូវធម៌ព្រមទាំងហេតុ ។

[២] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់រំពឹងនូវបដិច្ចសមុប្បាទធម៌ ជាអនុលោមប្បដិលោម គឺពិចារណាបណ្តោយចុះ និងច្រាសឡើង អស់មជ្ឈិមយាមនៃរាត្រី ដោយន័យថា សង្ខារទាំងឡាយកើតមាន ព្រោះមានអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះមានសង្ខារជាបច្ច័យ នាមរូបកើតមាន ព្រោះមានវិញ្ញាណជាបច្ច័យ សឡាយតនៈកើតមាន ព្រោះមាននាមរូបជាបច្ច័យ ផស្សៈកើតមាន ព្រោះមានសឡាយតនៈជាបច្ច័យ វេទនាកើតមាន ព្រោះមានផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះមានវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះមានតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះមានឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះមានភពជាបច្ច័យ សេចក្តីចាស់ ស្លាប់ សោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត ចង្អៀតណែនក្នុងចិត្តទាំងឡាយកើតមាន ព្រោះមានជាតិជាបច្ច័យ សេចក្តីកើតឡើងនៃកងទុក្ខទាំងអស់នេះ រមែងកើតមានយ៉ាងនេះឯង ម្យ៉ាងទៀត សេចក្តីរលត់សង្ខារកើតមាន ព្រោះវិនាសនិងរលត់មិនមានថaសេសសល់នៃអវិជ្ជា សេចក្តីរលត់វិញ្ញាណកើតមាន ព្រោះរលត់សង្ខារ សេចក្តីរលត់នាមរូបកើតមាន ព្រោះរលត់វិញ្ញាណ សេចក្តីរលត់សឡាយតនៈកើតមាន ព្រោះរលត់នាមរូប សេចក្តីរលត់ផស្សៈកើតមាន ព្រោះរលត់សឡាយតនៈ សេចក្តីរលត់វេទនាកើតមាន ព្រោះរលត់ផស្សៈ សេចក្តីរលត់តណ្ហាកើតមាន ព្រោះរលត់វេទនា សេចក្តីរលត់ឧបាទានកើតមាន ព្រោះរលត់តណ្ហា សេចក្តីរលត់ភពកើតមាន ព្រោះរលត់ឧបាទាន សេចក្តីរលត់ជាតិកើតមាន ព្រោះរលត់ភព សេចក្តីចាស់ ស្លាប់ សោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងចង្អៀតចង្អល់ចិត្តទាំងឡាយក៏សឹងតែរលត់ទៅ ព្រោះរលត់នៃជាតិ សេចក្តីរលត់នៃកងទុក្ខទាំងអស់នេះ រមែងមានយ៉ាងនេះឯង ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនេះហើយ ទើបបន្លឺនូវឧទានគាថានេះ ក្នុងវេលានោះថា ៖ ធម៌ទាំងឡាយ ប្រាកដដល់ខីណាសវព្រាហ្មណ៍ អ្នកមានព្យាយាមញុំាងកិលេសឲ្យក្តៅ អ្នកដុតបង់នូវកិលេសក្នុងកាលណា សេចក្តីសង្ស័យទាំងឡាយទាំងពួងរបស់ខីណាសវព្រាហ្មណ៍នោះ តែងរម្ងាប់អស់ទៅក្នុងកាលនោះ ព្រោះថា ខីណាសវព្រាហ្មណ៍នោះ បានដឹងច្បាស់នូវព្រះនិព្វានជាទីអស់ទៅនៃបច្ច័យ ។

[៣] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់រំពឹងនូវបដិច្ចសមុប្បាទធម៌ ជាអនុលោមប្បដិលោម គឺពិចារណាបណ្តោយចុះ និងច្រាសឡើង អស់បច្ឆិមយាមនៃរាត្រី ដោយន័យថា សង្ខារទាំងឡាយកើតមាន ព្រោះមានអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះមានសង្ខារជាបច្ច័យ នាមរូបកើតមាន ព្រោះមានវិញ្ញាណជាបច្ច័យ សឡាយតនៈកើតមាន ព្រោះមាននាមរូបជាបច្ច័យ ផស្សៈកើតមាន ព្រោះមានសឡាយតនៈជាបច្ច័យ វេទនាកើតមាន ព្រោះមានផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះមានវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះមានតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះមានឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះមានភពជាបច្ច័យ សេចក្តីចាស់ ស្លាប់ សោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងចង្អៀតណែនក្នុងចិត្តទាំងឡាយកើតមាន ព្រោះមានជាតិជាបច្ច័យ សេចក្តីកើតឡើងនៃកងទុក្ខទាំងអស់នេះ រមែងមានយ៉ាងនេះឯង ម្យ៉ាងទៀត សេចក្តីរលត់សង្ខារកើតមាន ព្រោះវិនាសនិងរលត់មិនមានសេសសល់នៃអវិជ្ជា សេចក្តីរលត់វិញ្ញាណកើតមាន ព្រោះរលត់សង្ខារ សេចក្តីរលត់នាមរូបកើតមាន ព្រោះរលត់វិញ្ញាណ សេចក្តីរលត់សឡាយតនៈកើតមាន ព្រោះរលត់នាមរូប សេចក្តីរលត់ផស្សៈកើតមាន ព្រោះរលត់សឡាយតនៈ សេចក្តីរលត់វេទនាកើតមាន ព្រោះរលត់ផស្សៈ សេចក្តីរលត់តណ្ហាកើតមាន ព្រោះរលត់វេទនា សេចក្តីរលត់ឧបាទានកើតមាន ព្រោះរលត់តណ្ហា សេចក្តីរលត់ភពកើតមាន ព្រោះរលត់ឧបាទាន សេចក្តីរលត់ជាតិកើតមាន ព្រោះរលត់ភព សេចក្តីចាស់ ស្លាប់ សោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងចង្អៀតចង្អល់ចិត្តទាំងឡាយ ក៏សឹងតែរលត់ទៅ ព្រោះរលត់នៃជាតិ សេចក្តីរលត់នៃកងទុក្ខទាំងអស់នេះ រមែងមានយ៉ាងនេះឯង ។គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនេះហើយ ក៏បន្លឺនូវឧទានគាថានេះ ក្នុងវេលានោះថា ៖ ធម៌ទាំងឡាយ ប្រាកដដល់ខីណាសវព្រាហ្មណ៍ អ្នកមានព្យាយាមញុំាងកិលេសឲ្យក្តៅ អ្នកដុតបង់នូវកិលេសក្នុងកាលណា ខីណាសវព្រាហ្មណ៍នោះ រមែងកំចាត់បង់នូវមារ ព្រមទាំងសេនាមារ ហើយឋិតនៅក្នុងកាលនោះ បីដូចព្រះអាទិត្យរះឡើង ធ្វើអាកាសឲ្យរុងរឿងដោយរស្មីរបស់ខ្លួន កំចាត់បង់នូវងងឹត ឋិតនៅ ដូច្នោះឯង ។

ចប់ ពោធិកថា ។

អជបាលនិគ្រោធកថាកែប្រែ

[៤] លុះថ្ងៃ៧កន្លងទៅហើយ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញចាកសមាធិនោះ ហើយទ្រង់ចេញពីម្លប់ពោធិព្រឹក្ស យាងចូលទៅកាន់ដើមអជបាលនិគ្រោធ លុះចូលទៅដល់ហើយ ទ្រង់គង់ពែនភ្នែនតែមួយ បង្គុយអស់៧ថ្ងៃ ក្រោមម្លប់អជបាលនិគ្រោធព្រឹក្ស[ដើមជ្រៃដែលជាទីជ្រកអាស្រ័យនៃពួកជនអ្នកឃ្វាលពពែ ។] សោយវិមុត្តិសុខ (គឺសុខក្នុងផលសមាបត្តិ) ។

គ្រានោះ មានព្រាហ្មណ៍ម្នាក់ឈ្មោះហុំហុំកជាតិកៈ (មានជាតិជាអ្នកធ្វើនូវសំឡេងគម្រាបថា ហុំហុំ) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏រីករាយមួយអន្លើដោយព្រះដ៏មានព្រះភាគ លុះធ្វើពាក្យគួរជាទីរីករាយ គួរជាទីរលឹកឲ្យសម្រេចហើយ ក៏ឋិតនៅក្នុងកន្លែងដ៏សមគួរ ។ លុះព្រាហ្មណ៍នោះ ឋិតនៅក្នុងកន្លែងដ៏សមគួរហើយ ទើបនិយាយពាក្យនេះនឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន បុគ្គលដែលបានឈ្មោះថាព្រាហ្មណ៍ ដោយហេតុប៉ុន្មានយ៉ាង ម្យ៉ាងទៀត ធម៌អ្វីខ្លះសម្រាប់ធ្វើបុគ្គលឲ្យជាព្រាហ្មណ៍ ។ គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ជ្រាបច្បាស់នូវសេចក្តីនេះហើយ ក៏បន្លឺនូវឧទានគាថានេះ ក្នុងវេលានោះថា ៖ ព្រាហ្មណ៍ណាមានបាបធម៌បណ្តែតចោលហើយ មានសំឡេងគម្រាមថា ហុំហុំ លះចោលហើយ មានទឹកម្ចត់គឺរាគាទិក្កិលេសលះចោលហើយ មានចិត្តសង្រួមហើយ ចេះចប់នូវវេទ (គឺមគ្គញាណទាំង៤) មានមគ្គព្រហ្មចរិយៈ នៅរួចហើយ ម្យ៉ាងទៀត ព្រាហ្មណ៍ណា មិនមានគំនរ គឺរាគាទិក្កិលេសក្នុងអារម្មណ៍បន្តិចបន្តួចក្នុងលោកសន្និវាស ព្រាហ្មណ៍នោះ គួរនឹងហៅខ្លួនថា ជាព្រាហ្មណ៍ដោយធម៌បាន ។

ចប់ អជបាលនិគ្រោធកថា ។

មុចលិន្ទកថាកែប្រែ

[៥] លុះថ្ងៃ៧កន្លងទៅហើយ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ក្រោកចាកសមាធិនោះ ហើយទ្រង់ចេញអំពីម្លប់អជបាលនិគ្រោធព្រឹក្ស យាងចូលទៅកាន់ដើមរាំង លុះចូលទៅដល់ហើយ ទ្រង់គង់ដោយព្រះភ្នែនតែមួយ បង្គុយអស់៧ថ្ងៃក្រោមម្លប់រាំង សោយវិមុត្តិសុខ (គឺសុខក្នុងផលសមាបត្តិ) ។

សម័យនោះឯង មហាមេឃពុំជួកាល ក៏បណ្តាលឡើងជាភ្លៀង ។ មានភ្លៀងរលឹមអស់៧ថ្ងៃ បណ្តាលឲ្យអាប់ពន្លឺព្រះអាទិត្យ ដោយអំណាចខ្យល់ត្រជាក់ ។ គ្រានោះ មុចលិន្ទនាគរាជចេញអំពីលំនៅរបស់ខ្លួន ហើយពេនព័ទ្ធព្រះកាយព្រះដ៏មានព្រះភាគ៧ជុំ ដោយភ្នេន (របស់ខ្លួន) ហើយលើកពពារដ៏ធំបាំងពីខាងលើព្រះសីរ្សព្រះដ៏មានព្រះភាគ ហើយឋិតនៅដោយគិតថា រងាកុំបីបៀតបៀនព្រះដ៏មានព្រះភាគ ក្តៅក៏កុំបីបៀតបៀនព្រះដ៏មានព្រះភាគ សម្ផស្ស របោមមូល ខ្យល់ កំដៅថ្ងៃ ពស់តូច ពស់ធំ ក៏កុំបីបៀតបៀនព្រះដ៏មានព្រះភាគឡើយ ។ លុះថ្ងៃ៧កន្លងទៅហើយ លំដាប់នោះ មុចលិន្ទនាគរាជដឹងថា ភ្លៀងរាំងហើយ មេឃស្រឡះហើយ ក៏រំសាយភ្នេនចេញចាកព្រះកាយព្រះដ៏មានព្រះភាគ ហើយប្រែភេទរបស់ខ្លួន និម្មិតជាភេទមាណព[មនុស្សកំឡោះ ។] ឈរប្រណម្យអញ្ជលី នមស្ការព្រះដ៏មានព្រះភាគពីខាងទីចំពោះព្រះភក្ត្រព្រះអង្គ ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបសេចក្តីនេះហើយ ក៏បន្លឺនូវឧទានគាថា ក្នុងវេលានោះថា ៖ សេចក្តីស្ងាត់ចាកកិលេសរបស់បុគ្គលអ្នកត្រេកអរ (ដោយមគ្គញ្ញាណ) មានធម៌ប្រាកដហើយ បានឃើញធម៌ (ដោយញាណចក្ខុ) ជាគុណឲ្យកើតសេចក្តីសុខ សេចក្តីមិនព្យាបាទ និងសេចក្តីសង្រួម មិនបៀតបៀនសត្វទាំងឡាយ ក៏ជាគុណឲ្យកើតសេចក្តីសុខក្នុងលោក សេចក្តីណាយចាករាគៈ និងការប្រព្រឹត្តកន្លងកាមទាំងឡាយ ជាគុណឲ្យកើតសេចក្តីសុខក្នុងលោក កិរិយាកំចាត់បង់នូវអស្មិមានះ កិរិយាកំចាត់បង់នូវអស្មិមានះនុ៎ះ ជាសុខយ៉ាងក្រៃលែង ។

ចប់ មុចលិន្ទកថា ។

រាជាយតនកថាកែប្រែ

[៦] លុះថ្ងៃ៧កន្លងទៅហើយ លំដាប់នោះ ព្រះដ៏មានជោគ ទ្រង់ក្រោកចេញចាកសមាធិនោះហើយ យាងចេញពីម្លប់ដើមរាំង ហើយយាងចូលទៅកាន់ដើមរាជាយតនៈ[ដើមកែស] លុះចូលទៅដល់ហើយ ទ្រង់គង់ដោយព្រះភ្នែនតែមួយ បង្គុយអស់៧ថ្ងៃក្រោមម្លប់ដើមរាជាយតនៈ ទ្រង់សោយវិមុត្តិសុខ (គឺសុខក្នុងផលសមាបត្តិ) ។

សម័យនោះឯង មានពាណិជពីរនាក់ (ជាបងប្អូននឹងគ្នាបង្កើត) ឈ្មោះតបុស្សៈ១ ភល្លិកៈ១ ជាអ្នកដើរផ្លូវឆ្ងាយ ចេញអំពីឧក្កលជនបទ សំដៅទៅកាន់ប្រទេសនោះ ។ គ្រានោះ មានទេវតាជាញាតិសាលោហិត[ញាតិសាលោហិតនោះ គឺជនដែលធ្លាប់ជាញាតិរបស់ពាណិជទាំងនោះមកកើតជាទេវតា ។] របស់តបុស្សៈ និងភល្លិកៈពាណិជ បាននិយាយពាក្យនេះនឹងតបុស្សៈ ភល្លិកៈពាណិជថា ម្នាលគ្នាយើង ព្រះដ៏មានព្រះភាគអង្គនេះ ទើបនឹងបានត្រាស់ជាដំបូង ឥឡូវព្រះអង្គគង់នៅក្រោមម្លប់រាជាយតនៈ (ឯណោះ) អ្នកទាំងឡាយ គួរចូលទៅបូជាព្រះដ៏មានព្រះភាគអង្គនោះដោយសដូវផង់ និងសដូវដុំចុះ ការបូជានោះនឹងបានជាប្រយោជន៍ និងសេចក្តីសុខដល់អ្នកទាំងឡាយអស់កាលយូរអង្វែង ។ គ្រានោះ តបុស្សៈ និងភល្លិកៈពាណិជ ក៏នាំយកនូវសដូវផង់ និងសដូវដុំចូលទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឋិតនៅក្នុងកន្លែងដ៏សមគួរ ។ លុះតបុស្សៈ និងភល្លិកៈពាណិជឋិតនៅក្នុងកន្លែងដ៏សមគួរហើយ ទើបពោលពាក្យនេះនឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគទទួលនូវសដូវផង់ និងសដូវដុំរបស់យើងខ្ញុំ ព្រោះថា ការទទួលនឹងបានជាប្រយោជន៍ និងសេចក្តីសុខដល់យើងខ្ញុំទាំងឡាយអស់កាលយូរអង្វែង ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រិះរិះថា ធម្មតា ព្រះតថាគតទាំងឡាយមិនដែលទទួល (អាមិសៈ) ផ្ទាល់នឹងដៃឡើយ បើដូច្នោះ តើ តថាគតគួរទទួលនូវសដូវផង់ និងសដូវដុំដោយវត្ថុអ្វីហ្ន៎ ។ គ្រានោះ មហារាជ[លោកបាលទេវបុត្តទាំង៤ ដែលជាស្តេចធំក្នុងស្ថានសួគ៌ឈ្មោះចាតុម្មហារាជិកៈ]ទាំង៤ ទ្រង់ជ្រាបព្រះតម្រិះរបស់ព្រះដ៏មានព្រះភាគ (ដោយចិត្តរបស់ខ្លួន) ទើបនាំនូវបាត្រថ្មកែវទាំងឡាយ៤ អំពីទិសទាំង៤ បង្អោនចូលមកថ្វាយព្រះដ៏មានព្រះភាគ ដោយពាក្យថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគទទួលនូវសដូវផង់ និងសដូវដុំដោយបាត្រនេះចុះ ។ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ទទួលនូវសដូវផង់ និងសដូវដុំ ដោយបាត្រថ្មកែវទាំងឡាយដ៏មានតម្លៃច្រើន លុះទទួលស្រេចហើយ ក៏ទ្រង់សោយ (ក្នុងពេលនោះ) ។ គ្រានោះ តបុស្សៈ និងភល្លិកៈពាណិជបាននិយាយពាក្យនេះនឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះដ៏មានព្រះភាគដ៏ចម្រើន យើងខ្ញុំទាំងឡាយនេះ សូមដល់នូវព្រះដ៏មានព្រះភាគ និងព្រះធម៌ជាទីរឭក សូមព្រះអង្គទ្រង់ជ្រាបនូវយើងខ្ញុំទាំងឡាយថាជាឧបាសកបានដល់នូវទីរឭកស្មើដោយជីវិត ក្នុងកាលមានថ្ងៃនេះជាដើមតរៀងទៅ ។ ក៏ឯពាណិជទាំងពីរនាក់នោះបាននាមបញ្ញត្តិថា ទ្វេវាចិកឧបាសក[ឧបាសកបានបញ្ចេញវាចាប្តេជ្ញាខ្លួនយកព្រះពុទ្ធ និងព្រះធម៌ទាំងពីរជាទីពឹងទីរឭក ព្រោះក្នុងពេលនោះ មិនទាន់មានព្រះសង្ឃនៅឡើយ ។] ជាដំបូងក្នុងលោក ។

ចប់ រាជាយតនកថា ។

ព្រហ្មយាចនកថាកែប្រែ

[៧] លុះថ្ងៃ៧កន្លងទៅហើយ លំដាប់នោះ ព្រះមានជោគ ទ្រង់ក្រោកចាកសមាធិនោះ ហើយយាងចេញអំពីក្រោមម្លប់រាជាយតនៈ ហើយយាងចូលទៅកាន់ដើមអជបាលនិគ្រោធវិញ ។ បានឮថា ព្រះដ៏មានព្រះភាគ ក៏គង់នៅក្រោមម្លប់អជបាលនិគ្រោធនោះ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ គង់សម្ងំនៅក្នុងទីស្ងាត់តែមួយព្រះអង្គ ទើបទ្រង់ព្រះតម្រិះយ៉ាងនេះថា ក៏ធម៌ដែលតថាគតបានត្រាស់ដឹងហើយនេះឯង ជាធម៌ដ៏ជ្រាលជ្រៅ ជាធម៌គឺសត្វឃើញបានដោយកម្រ ជាធម៌ គឺសត្វត្រាស់ដឹងបានដោយកម្រ ជាធម៌រម្ងាប់ទុក្ខ ជាធម៌ដ៏ឧត្តម ជាធម៌ដែលសត្វមិនគប្បីស្ទង់ប្រមើលដោយសេចក្តីត្រិះរិះបាន ជាធម៌ដ៏ល្អិត ជាធម៌ លុះតែអ្នកប្រាជ្ញទើបត្រាស់ដឹងបាន ក៏ឯពពួកសត្វនេះ សុទ្ធតែនៅកំពុងរីករាយក្នុងសេចក្តីអាល័យ កំពុងត្រេកត្រអាលក្នុងសេចក្តីអាល័យ កំពុងស្រើបស្រាលក្នុងសេចក្តីអាល័យ (ចំពោះកាមទាំងឡាយនៅឡើយ) ក៏បដិច្ចសមុប្បាទធម៌ គឺធម៌ជាបច្ច័យនៃគ្នានឹងគ្នាណា បដិច្ចសមុប្បាទធម៌នេះ ជាហេតុនាំឲ្យពពួកសត្វនៅរីករាយក្នុងសេចក្តីអាល័យ នៅត្រេកត្រអាលក្នុងសេចក្តីអាល័យ នៅស្រើបស្រាលក្នុងសេចក្តីអាល័យ ឃើញបានដោយកម្រ ម្យ៉ាងទៀត ធម៌ណាសម្រាប់រម្ងាប់បង់នូវសង្ខារទាំងពួង សម្រាប់លះចោលនូវឧបធិ គឺខន្ធ និងកិលេសទាំងអស់ ជាទីអស់ទៅនៃតណ្ហា ជាទីណាយចាករាគៈ ជាទីរលត់នៃទុក្ខគឺនិព្វាន ធម៌ទាំងអម្បាលនេះ ជាហេតុដែលពពួកសត្វឃើញបានដោយកម្រក្រៃពេក បើទុកជាតថាគតសំដែងធម៌ទៅ ក៏គង់សត្វទាំងឡាយដទៃមិនអាចនឹងត្រាស់ដឹងនូវធម៌របស់តថាគតបានឡើយ ព្រោះហេតុនោះ សេចក្តីលំបាក សេចក្តីនឿយព្រួយ មុខជានឹងមានដល់តថាគតមិនខាន ។ ម្យ៉ាងទៀត ព្រះគាថាទាំងឡាយជាហេតុអស្ចារ្យសមគួរនេះ ព្រះដ៏មានព្រះភាគមិនដែលបានឮក្នុងកាលមុនឡើយ ក៏កើតប្រាកដដល់ព្រះអង្គថា ៖ ឥឡូវនេះ តថាគតគួរសំដែងនូវធម៌ដែលតថាគតបានត្រាស់ដឹងហើយដោយកម្រ (នុ៎ះទៅចុះ) ។ ប៉ុន្តែសត្វទាំងឡាយដែលរាគៈ ទោសៈ គ្របសង្កត់ ក៏មិនអាចនឹងត្រាស់ដឹងនូវធម៌នេះបានដោយងាយទេ ។ សត្វទាំងឡាយដែលកំពុងត្រេកអរដោយរាគៈ ដែលគំនរងងឹត (គឺអវិជ្ជា) កំពុងបិទបាំង (យ៉ាងនេះ) មុខជានឹងមិនឃើញនូវធម៌ដែលនាំសត្វឲ្យដល់នូវព្រះនិព្វាន ជាធម៌ល្អិតឆ្មារ ជ្រាលជ្រៅ សត្វឃើញបានដោយកម្រ (នុ៎ះទេ) ។

កាលដែលព្រះដ៏មានព្រះភាគពិចារណាឃើញ ដោយន័យដែលត្រិះរិះដូច្នេះហើយ ព្រះហឫទ័យក៏ឱនទៅដើម្បីសេចក្តីខ្វល់ខ្វាយតិច មិនឱនទៅដើម្បីសំដែងធម៌ឡើយ ។

[៨] លំដាប់នោះ សហម្បតិព្រហ្ម ដឹងនូវសេចក្តីត្រិះរិះក្នុងព្រះហឫទ័យរបស់ព្រះដ៏មានព្រះភាគដោយចិត្តរបស់ខ្លួនហើយ ទើបរំពឹងត្រិះរិះដូច្នេះថា អើហ្ន៎ ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ មានព្រះហឫទ័យឱនទៅដើម្បីសេចក្តីខ្វល់ខ្វាយតិច មិនឱនទៅដើម្បីសំដែងធម៌ (យ៉ាងនេះ) ឱ សត្វលោកវិនាសតើហ្ន៎ ឱ សត្វលោកវិនាសតើហ្ន៎ ។ គ្រានោះ សហម្បតិព្រហ្ម ក៏បាត់អំពីព្រហ្មលោក មកប្រាកដក្នុងទីចំពោះព្រះភក្ត្រព្រះដ៏មានព្រះភាគ (ដោយឆាប់ភ្លាម) ប្រៀបដូចបុរសអ្នកមានកំឡាំង លាចេញនូវដើមដៃដែលខ្លួនបត់ចូល ឬបត់ចូលនូវដើមដៃដែលខ្លួនលាចេញ ។ លំដាប់នោះ សហម្បតិព្រហ្មធ្វើសំពត់ឧត្តរាសង្គឆៀងស្មាម្ខាង ហើយលុតចុះនូវមណ្ឌលជង្គង់ខាងស្តាំលើផែនដី ប្រណម្យអញ្ជលី ថ្វាយបង្គំចំពោះត្រង់ព្រះដ៏មានព្រះភាគ ទើបពោលពាក្យនេះនឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគសំដែងធម៌ សូមព្រះសុគតសំដែងធម៌ (ដ្បិត) សត្វទាំងឡាយដែលមានធូលី គឺរាគាទិក្កិលេសដ៏ស្រាលស្តើងក្នុងភ្នែក គឺបញ្ញា តែខានស្តាប់ធម៌ ក៏មុខជានឹងសាបសូន្យមិនខាន សត្វទាំងឡាយ អ្នកបម្រុងនឹងត្រាស់ដឹងនូវធម៌ ក៏គង់មានដែរ ។ សហម្បតិព្រហ្មបានពោលពាក្យនេះ (ប៉ុណ្ណេះ) លុះពោលពាក្យនេះរួចហើយ ក៏ពោលពាក្យដទៃតទៅទៀតថា ៖ ពីមុនរៀងមក ធម៌ដែលជនទាំងឡាយអ្នកប្រកបដោយមន្ទិល តែងគិត ជាធម៌មិនបរិសុទ្ធទេ កើតប្រាកដហើយក្នុងដែនមគធៈ ។ សូមព្រះអង្គបើកនូវទ្វារនៃព្រះនិព្វាននុ៎ះ សត្វទាំងឡាយប្រុងចាំស្តាប់ធម៌ដែលព្រះអង្គជាអ្នកប្រាសចាកមន្ទិល ទ្រង់ត្រាស់ដឹងតាម (លំអានព្រះពុទ្ធអំពីបូរាណ) ។ ប្រៀបដូចជាបុរសអ្នកមានចក្ខុ ឈរនៅលើកំពូលភ្នំដ៏ហើយដោយថ្មសុទ្ធ ក្រឡេកមើលឃើញប្រជុំជនដោយជុំវិញយ៉ាងណាមិញ បពិត្រព្រះអង្គមានបញ្ញាល្អ មានសមន្តចក្ខុ ព្រះអង្គជាអ្នកមានសេចក្តីសោកទៅប្រាសហើយ សូមទ្រង់ឡើងកាន់ប្រាសាទដ៏ហើយដោយធម៌ ពិចារណាមើលនូវប្រជុំជនអ្នកច្រឡំដោយសេចក្តីសោកដែលជាតិ ជរាកំពុងគ្របសង្កត់ មានឧបមាដូច្នោះដែរ ។ បពិត្រព្រះអង្គអ្នកមានព្យាយាម អ្នកឈ្នះសង្គ្រាមហើយ ជានាយកនៃពួកសត្វ អ្នកមិនជាប់ជំពាក់បំណុល គឺកាម សូមព្រះអង្គក្រោកឡើង សូមទ្រង់ស្តេចទៅក្នុងលោក ។ សូមព្រះដ៏មានព្រះភាគ ទ្រង់សំដែងធម៌ សត្វទាំងឡាយអ្នកបំរុងនឹងត្រាស់ដឹងនូវធម៌ ក៏គង់មានដែរ ។

[៩] គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ជ្រាបច្បាស់នូវសេចក្តីអារាធនារបស់សហម្បតិព្រហ្មផង ទ្រង់អាស្រ័យនូវសេចក្តីករុណាចំពោះសត្វទាំងឡាយផង ទើបទ្រង់រមិលមើលនូវសត្វលោកដោយពុទ្ធចក្ខុ ។ ព្រះដ៏មានព្រះភាគ កាលទ្រង់រមិលមើលនូវសត្វលោកដោយពុទ្ធចក្ខុ ទ្រង់បានឃើញសត្វទាំងឡាយ មានធូលី គឺរាគាទិក្កិលេសតិចក្នុងភ្នែក (ខ្លះ) មានធូលី គឺរាគាទិក្កិលេសច្រើនក្នុងភ្នែក(ខ្លះ) មានឥន្ទ្រិយរឹង(ខ្លះ) មានឥន្ទ្រិយទន់(ខ្លះ) មានអាការល្អ(ខ្លះ) មានអាការអាក្រក់(ខ្លះ) ជាសត្វដែលព្រះអង្គគួរឲ្យត្រាស់ដឹងបានដោយងាយ(ខ្លះ) ឲ្យត្រាស់ដឹងបានដោយកម្រ(ខ្លះ) ជាអ្នកឃើញបរលោក និងទោសដោយសភាពគួរខ្លាចខ្លះ ។ (សេចក្តីប្រៀបថា) មានផ្កាជលជាតិពួកខ្លះ គឺផ្កាព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី ក្នុងគុម្ពនៃព្រលិតក្តី ក្នុងគុម្ពនៃឈូកក្រហមក្តី ក្នុងគុម្ពនៃឈូកសក្តី តែងកើតឡើងក្នុងទឹក ចម្រើនឡើងក្នុងទឹក លូតលាស់ឡើងតាមទឹក លិចនៅក្នុងទឹកនៅឡើយ មានផ្កាជលជាតិពួកខ្លះ គឺផ្កាព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី តែងកើតឡើងក្នុងទឹក ចម្រើនឡើងក្នុងទឹក ឋិតនៅត្រឹមស្មើនឹងទឹក មានផ្កាជលជាតិពួកខ្លះ គឺផ្កាព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី តែងកើតឡើងក្នុងទឹក ចម្រើនឡើងក្នុងទឹក ដុះខ្ពស់ឡើងជាងទឹក មិនជាប់ជំពាក់ដោយទឹក មានឧបមាយ៉ាងណាមិញ ព្រះដ៏មានព្រះភាគ កាលទ្រង់រមិលមើលសត្វលោកដោយពុទ្ធចក្ខុ ទ្រង់ឃើញសត្វទាំងឡាយ មានធូលី គឺរាគាទិក្កិលេសតិចក្នុងភ្នែក (ខ្លះ) មានធូលី គឺរាគាទិក្កិលេសច្រើនក្នុងភ្នែក (ខ្លះ) មានឥន្ទ្រិយរឹង(ខ្លះ) មានឥន្ទ្រិយទន់(ខ្លះ) មានអាការល្អ (ខ្លះ) មានអាការមិនល្អ(ខ្លះ) ជាសត្វដែលព្រះអង្គគួរឲ្យត្រាស់ដឹងបានដោយងាយ (ខ្លះ) ឲ្យត្រាស់ដឹងបានដោយកម្រ(ខ្លះ) សត្វចំពូកខ្លះ ឃើញបរលោក និងទោសដោយសភាពគួរខ្លាច មានឧបមេយ្យដូច្នោះឯង លុះទ្រង់ឃើញហើយ ទើបទ្រង់សំដែងជាបទគាថានឹងសហម្បតិព្រហ្មថា ៖ ទ្វារនៃព្រះនិព្វានទាំងនោះបើកហើយ សត្វទាំងឡាយណាមានសោតប្បសាទ សត្វទាំងឡាយនោះចូរបញ្ចេញនូវសទ្ធាចុះ ។ ម្នាលមហាព្រហ្ម តថាគតមានសេចក្តីសំគាល់ក្នុងការលំបាក បានជាមិនសំដែងធម៌ដ៏ឧត្តម ដែលស្ទាត់ក្នុងសំណាក់មនុស្សទាំងឡាយ ។

គ្រានោះ សហម្បតិព្រហ្មគិតថា ខ្លួនអញជាបុគ្គលគឺព្រះដ៏មានព្រះភាគទ្រង់យល់ព្រមដើម្បីនឹងសំដែងធម៌ហើយ (លុះគិតដូច្នេះហើយ) ក៏ថ្វាយបង្គំលាព្រះដ៏មានព្រះភាគធ្វើប្រទក្សិណ ហើយក៏បាត់អំពីទីនោះមួយរំពេចទៅ ។

ចប់ ព្រហ្មយាចនកថា ។

បឋមភាណវារៈកែប្រែ

[១០] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រិះរិះយ៉ាងនេះថា តថាគតគួរសំដែងធម៌ដល់អ្នកណាជាមុនហ្ន៎ អ្នកណាអាចត្រាស់ដឹងធម៌នេះឆាប់រហ័សបាន ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រិះរិះយ៉ាងនេះទៀតថា អាឡារតាបសកាលាមគោត្រនេះជាបណ្ឌិត ជាអ្នកឆ្លៀវឆ្លាស វាងវៃ ជាអ្នកមានបញ្ញា មានធូលី គឺរាគាទិក្កិលេសតិចក្នុងភ្នែកយូរមកហើយ បើដូច្នោះ គួរតថាគតសំដែងធម៌ដល់អាឡារតាបសកាលាមគោត្រជាមុនចុះ តាបសនោះនឹងត្រាស់ដឹងធម៌នេះឆាប់រហ័យបាន ។ គ្រានោះ មានទេវតា (អង្គមួយ) មានរូបមិនប្រាកដ ក្រាបទូលព្រះដ៏មានព្រះភាគដោយពាក្យថា បពិត្រព្រះអង្គដ៏ចម្រើន អាឡារតាបសកាលាមគោត្រធ្វើកាលកិរិយាស្លាប់ទៅ៧ថ្ងៃហើយ ។ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ជ្រាបថា អាឡារតាបសកាលាមគោត្រធ្វើកាលកិរិយាស្លាប់ទៅ៧ថ្ងៃហើយ ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ព្រះតម្រិះដូច្នេះថា អាឡារតាបសកាលាមគោត្រ (នុ៎ះ) មានសេចក្តីសាបសូន្យធំ ប្រសិនបើតាបសនោះបានស្តាប់ធម៌នេះ ក៏គប្បីត្រាស់ដឹងធម៌បានមួយរំពេច ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ព្រះតម្រិះដូច្នេះថា តថាគតសំដែងធម៌ដល់អ្នកណាជាមុនអេះ អ្នកណានឹងត្រាស់ដឹងធម៌នេះឆាប់រហ័យបាន ។ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ព្រះតម្រិះក្នុងលំដាប់នោះទៀតថា ឧទ្ទកតាបសរាមបុត្រនេះឯង ជាបណ្ឌិត ជាអ្នកឆ្លៀវឆ្លាស វាងវៃ ជាអ្នកមានបញ្ញា មានធូលី គឺរាគាទិក្កិលេសតិចក្នុងភ្នែកយូរណាស់មកហើយ បើដូច្នោះ គួរតថាគតសំដែងធម៌ដល់ឧទ្ទកតាបសរាមបុត្រជាមុនចុះ តាបសនោះនឹងត្រាស់ដឹងធម៌នេះឆាប់រហ័យបាន ។ គ្រានោះ មានទេវតា (អង្គមួយ) មានរូបមិនប្រាកដ ក្រាបទូលព្រះដ៏មានព្រះភាគដោយពាក្យថា បពិត្រព្រះអង្គដ៏ចម្រើន ឧទ្ទកតាបសរាមបុត្រធ្វើកាលកិរិយាស្លាប់អំពីពេលព្រលប់ទៅហើយ ។ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ជ្រាបថា ឧទ្ទកតាបសរាមបុត្រធ្វើកាលកិរិយាស្លាប់អំពីពេលព្រលប់ហើយដែរ ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ព្រះតម្រិះដូច្នេះថា ឧទ្ទកតាបសរាមបុត្រ មានសេចក្តីសាបសូន្យធំ ប្រសិនបើតាបសនោះបានស្តាប់ធម៌នេះ គប្បីត្រាស់ដឹងធម៌បានមួយរំពេច ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ព្រះតម្រិះដូច្នេះថា តថាគតគួរសំដែងធម៌ដល់អ្នកណាជាមុនហ្ន៎ អ្នកណានឹងត្រាស់ដឹងធម៌នេះឆាប់រហ័យបាន ។ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះតម្រិះដូច្នេះក្នុងលំដាប់នោះថា បញ្ចវគ្គិយ[ភិក្ខុមានគ្នា៥រូប ។]ភិក្ខុទាំងឡាយ មានឧបការៈច្រើនដល់តថាគត ព្រោះថា បានបម្រើតថាគត កាលដែលកំពុងបញ្ជូនចិត្តទៅក្នុងព្យាយាម[កំពុងខំប្រឹងបំពេញព្យាយាមឲ្យបានត្រាស់ជាព្រះពុទ្ធ ។] បើដូច្នោះ គួរតថាគតសំដែងធម៌ដល់បញ្ចវគ្គិយភិក្ខុទាំងឡាយជាមុនចុះ ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះតម្រិះដូច្នេះថា ឥឡូវនេះ បញ្ចវគ្គិយភិក្ខុទាំងឡាយនៅឯណា ។ លុះព្រះដ៏មានព្រះភាគ ទ្រង់ឃើញបញ្ចវគ្គិយភិក្ខុទាំងឡាយនៅក្នុងឥសិបតនមិគទាយវន ទៀបក្រុងពារាណសី ដោយទិព្វចក្ខុដ៏បរិសុទ្ធស្អាត កន្លងលើសចក្ខុរបស់មនុស្ស ។ គ្រានោះ ព្រះដ៏មានព្រះភាគ គង់នៅក្នុងឧរុវេលាប្រទេស តាមសមគួរដល់ព្រះអធ្យាស្រ័យ ទើបទ្រង់យាងទៅកាន់ចារិក សំដៅទៅរកក្រុងពារាណសី ។

[១១] មានអាជីវកម្នាក់ឈ្មោះឧបកៈ បានឃើញព្រះដ៏មានព្រះភាគ ស្តេចទៅកាន់ផ្លូវឆ្ងាយ ក្នុងចន្លោះនៃគយាប្រទេសផង ក្នុងចន្លោះពោធិព្រឹក្សផង លុះឃើញហើយ ក៏ពោលពាក្យនេះនឹងព្រះដ៏មានព្រះភាគថា ម្នាលអាវុសោ ឥន្ទ្រិយទាំងឡាយរបស់អ្នកជ្រះថ្លាណាស់ ឆវិវណ្ណ[សម្បុរស្បែក ឬសម្បុរថ្ងៃ] របស់អ្នកក៏បរិសុទ្ធផូរផង់ ម្នាលអាវុសោ អ្នកបួសចំពោះគ្រូណា អ្នកណាជាគ្រូរបស់អ្នក អ្នកពេញចិត្តនឹងធម៌របស់គ្រូណា ។ កាលឧបកាជីវកសួរយ៉ាងនេះហើយ ព្រះដ៏មានព្រះភាគ ទ្រង់ឆ្លើយតបដោយពាក្យជាគាថាទៅរកឧបកាជីវកថា ៖ តថាគតជាអ្នកគ្របសង្កត់នូវតេភូមិកធម៌ទាំងអស់ ត្រាស់ដឹងនូវចតុភូមិកធម៌ទាំងអស់ មិនប្រឡាក់ដោយកិលេសក្នុងតេភូមិកធម៌ទាំងអស់ បានលះចោលនូវតេភូមិកធម៌ទាំងអស់ហើយ មានចិត្តផុតស្រឡះហើយ ព្រោះអស់ទៅនៃតណ្ហា ដឹងច្បាស់នូវចតុភូមិកធម៌ដោយខ្លួនឯង (ចាំបាច់) ចំពោះបុគ្គលណា ។ តថាគតមិនមានអាចារ្យទេ មិនមានបុគ្គលដទៃស្មើនឹងតថាគតឡើយ ក្នុងលោកនេះ ព្រមទាំងទេវលោក មិនមានបុគ្គលប្រៀបផ្ទឹមនឹងតថាគតបានឡើយ ។ ព្រោះថា តថាគតជាអរហន្តក្នុងលោក ជាសាស្តាខ្ពស់ផុត ជាអ្នកត្រាស់ដឹងដោយប្រពៃចំពោះខ្លួនឯង តថាគតមានសេចក្តីត្រជាក់ មានភ្លើងកិលេសរលត់ហើយ ។

ឥឡូវតថាគតទៅកាន់ក្រុងនៃពួកជនអ្នកកាសី ដើម្បីនឹងសំដែងធម្មចក្ក (ដោយបំណងថា) តថាគតនឹងទូងនូវស្គរ គឺអមតនិព្វាន ចំពោះសត្វលោក ដែលងងឹត គឺអវិជ្ជាកំពុងគ្របសង្កត់ ។

ឧបកាជីវកក៏តបថា ម្នាលអាវុសោ អ្នកប្តេជ្ញាខ្លួនអ្នកថាយ៉ាងណា អ្នក(គួរដើម្បីបាននូវឈ្មោះ)ថា អនន្តជិនៈ (យ៉ាងនោះឯង) ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់មានព្រះពុទ្ធដីកាទៀតថា ។

ជនទាំងឡាយណាបានដល់នូវធម៌សម្រាប់ធ្វើអាសវៈឲ្យអស់ទៅ ជនទាំងឡាយនោះឈ្មោះថា ជិនៈ (ជាអ្នកឈ្នះកិលេស) ប្រាកដដូចជាតថាគតដែរ ។ តថាគតបានឈ្នះបាបធម៌ទាំងឡាយហើយ ម្នាលឧបកៈ ព្រោះហេតុនោះ ទើបតថាគតបាននូវឈ្មោះថា ជិនៈ (ជាអ្នកឈ្នះបាបធម៌) ។

កាលព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាយ៉ាងនេះហើយ ឧបកាជីវកពោលពាក្យថា ម្នាលអាវុសោ ពាក្យយ៉ាងហ្នឹង ពិតមែនហើយ (ថាហើយ) ក៏ងក់ក្បាល ហើយកាន់យកផ្លូវខុស (គឺដើរបែកផ្លូវគ្នា) ចៀសចេញទៅ ។

[១២] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់យាងទៅកាន់ចារិកតាមលំដាប់ ហើយក៏យាងចូលទៅក្រុងពារាណសី រួចហើយ ទ្រង់យាងទៅឯឥសិបតនមិគទាយវន សំដៅទៅរកកន្លែងដែលបញ្ចវគ្គិយភិក្ខុនៅ ។ បញ្ចវគ្គិយភិក្ខុបានឃើញព្រះដ៏មានព្រះភាគយាងមកអំពីចម្ងាយ លុះឃើញហើយ ក៏ធ្វើប្តេជ្ញាគ្នាថា ម្នាលអាវុសោ សមណគោតមនេះជាអ្នកប្រតិបត្តិដើម្បីល្មោភ ឃ្លាតចាកព្យាយាមហើយ វិលត្រឡប់ដើម្បីភាវៈល្មោភ ឥឡូវនេះ លោកនិមន្តមក យើងទាំងអស់គ្នាមិនគួរថ្វាយបង្គំ មិនគួរក្រោកទទួលលោកទេ មិនគួរទទួលយកបាត្រ ចីវររបស់លោកឡើយ ប៉ុន្តែយើងត្រូវក្រាលអាសនៈបម្រុងទុក បើលោកនឹងចង់គង់ក៏គង់ចុះ ។ ព្រះដ៏មានព្រះភាគយាងចូលទៅរកបញ្ចវគ្គិយភិក្ខុដោយប្រការណាៗ បញ្ចវគ្គិយភិក្ខុទាំងនោះ ក៏មិនអាចដើម្បីឋិតនៅក្នុងពាក្យប្តេជ្ញារបស់ខ្លួនដោយប្រការនោះៗបានឡើយ ក៏ស្រាប់តែក្រោកទទួល ព្រះដ៏មានព្រះភាគ ខ្លះទទួលយកបាត្រ ចីវររបស់ព្រះអង្គ ខ្លះក្រាលអាសនៈថ្វាយ ខ្លះដម្កល់ទឹកលាងព្រះបាទ យកតាំងសម្រាប់រងព្រះបាទ និងឈ្នាន់រងព្រះបាទមកថ្វាយ ។ ព្រះដ៏មានព្រះភាគ គង់លើអាសនៈដែលបញ្ចវគ្គិយភិក្ខុទាំងឡាយរៀបចំទុកហើយ ។ លុះព្រះដ៏មានព្រះភាគគង់ហើយ ក៏ទ្រង់លាងព្រះបាទទាំងពីរ ។ ទើបបញ្ចវគ្គិយភិក្ខុហៅព្រះដ៏មានព្រះភាគចំព្រះនាមផង ដោយពាក្យថា អាវុសោផង ។ កាលបញ្ចវគ្គិយភិក្ខុទាំងឡាយពោលពាក្យហៅយ៉ាងនេះហើយ ព្រះភគវន្តមុនី ទ្រង់មានព្រះពុទ្ធដីកាយ៉ាងនេះនឹងបញ្ចវគ្គិយភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងអស់គ្នាកុំហៅតថាគតដោយចំឈ្មោះ និងពាក្យថាអាវុសោឡើយ ម្នាលភិក្ខុទាំងឡាយ តថាគតជាអរហន្តសម្មាសម្ពុទ្ធហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរប្រុងសោតប្បសាទចុះ ឥឡូវ តថាគតនឹងប្រៀនប្រដៅនូវអមតធម៌ដែលតថាគតត្រាស់ដឹងហើយ ឥឡូវតថាគតនឹងសំដែងធម៌ ក៏កុលបុត្រទាំងឡាយដែលចេញចាកផ្ទះហើយបួស ក្នុងភាពនៃបុគ្គលគ្មានការងារជាប្រយោជន៍ដល់ផ្ទះដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា អ្នកទាំងឡាយកាលបើបានប្រតិបត្តិគួរតាមពាក្យប្រដៅរបស់តថាគតហើយ ពុំយូរឡើយ មុខជានឹងបានធ្វើឲ្យជាក់ច្បាស់ដោយបញ្ញាខ្លួនឯងក្នុងបច្ចុប្បន្ននេះ ចំពោះអនុត្តរធម៌[អនុត្តរធម៌ គឺព្រះអរហត្តផល] នោះជាទីបំផុតនៃមគ្គព្រហ្មចរិយៈ និងសម្រេចសម្រាន្តនៅដោយឥរិយាបថទាំង៤ ។ កាលព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាយ៉ាងនេះហើយ បញ្ចវគ្គិយភិក្ខុ ក៏ពោលពាក្យនេះនឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះគោតមដ៏មានអាយុ ព្រះអង្គមិនទាន់បានត្រាស់ដឹងនូវឧត្តរិមនុស្សធម្ម ជាធម៌វិសេសដោយញាណនិងទស្សនៈដ៏ឧត្តមអាចកំចាប់បង់នូវកិលេស ដោយការប្រព្រឹត្តិនោះផង ដោយការប្រតិបត្តិនោះផង ដោយអំពើដែលអ្នកដទៃធ្វើតាមបានដោយកម្រផង ឥឡូវនេះព្រះអង្គប្រតិបត្តិដើម្បីល្មោភច្រើនហើយ ឃ្លាតចាកព្យាយាមហើយ វិលត្រឡប់មកដើម្បីល្មោភច្រើនហើយ ក៏នឹងបានត្រាស់ដឹងឧត្តរិមនុស្សធម្មដ៏វិសេស ដោយញាណនិងទស្សនៈដ៏ឧត្តម អាចកំចាត់បង់នូវកិលេសដូចម្តេចបាន ។ លុះបញ្ចវគ្គិយភិក្ខុទាំងឡាយពោលពាក្យយ៉ាងនេះហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់មានព្រះបន្ទូលយ៉ាងនេះនឹងបញ្ចវគ្គិយភិក្ខុថា ម្នាលភិក្ខុទាំងឡាយ តថាគតមិនមែនប្រតិបត្តិដើម្បីល្មោភច្រើនទេ មិនឃ្លាតចាកព្យាយាមទេ មិនវិលត្រឡប់ដើម្បីល្មោភច្រើនដូច្នោះទេ ម្នាលភិក្ខុទាំងឡាយ តថាគតបានជាអរហន្តសម្មាសម្ពុទ្ធហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរប្រុងសោតប្បសាទចុះ តថាគតនឹងប្រៀនប្រដៅនូវព្រះនិព្វាន ដែលតថាគតបានត្រាស់ដឹងហើយ ឥឡូវតថាគតនឹងសំដែងធម៌ ក៏កុលបុត្រទាំងឡាយ ចេញចាកផ្ទះហើយបួសក្នុងភាពនៃបុគ្គលមិនមានការងារជាប្រយោជន៍ដល់ផ្ទះដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា អ្នកទាំងឡាយ កាលបើបានប្រតិបត្តិគួរដល់ពាក្យប្រដៅរបស់តថាគតហើយ ពុំយូរឡើយ មុខជានឹងបានធ្វើឲ្យជាក់ច្បាស់ដោយប្រាជ្ញាខ្លួនឯងក្នុងបច្ចុប្បន្ននេះ ចំពោះអនុត្តរធម៌នោះ ជាទីបំផុតនៃមគ្គព្រហ្មចរិយៈ និងសម្រេចសម្រាន្តនៅដោយឥរិយាបថទាំង៤ ។ បញ្ចវគ្គិយភិក្ខុទាំងឡាយពោលពាក្យនេះនឹងព្រះដ៏មានព្រះភាគជាគម្រប់​ពីរដងផង ។បេ ។ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកានេះនឹងបញ្ចវគ្គិយភិក្ខុទាំងឡាយជាគម្រប់​ពីរដងផង ។បេ ។ បញ្ចវគ្គិយភិក្ខុទាំងឡាយពោលពាក្យនេះនឹងព្រះដ៏មានព្រះភាគជាគម្រប់​បីដងផងថា បពិត្រព្រះគោតមដ៏មានអាយុ ព្រះអង្គមិនទាន់បានត្រាស់ដឹងនូវឧត្តរិមនុស្សធម្ម ជាធម៌វិសេសដោយញាណនិងទស្សនៈដ៏ឧត្តម អាចកំចាត់បង់នូវកិលេសដោយការប្រព្រឹត្តិនោះផង ដោយសេចក្តីប្រតិបត្តិនោះផង ដោយអំពើដែលជនដទៃធ្វើតាមបានដោយកម្រផង ឥឡូវនេះ ព្រះអង្គប្រតិបត្តិដើម្បីល្មោភច្រើន ឃ្លាតចាកព្យាយាមហើយ វិលត្រឡប់ដើម្បីល្មោភច្រើន នឹងបានត្រាស់ដឹងឧត្តរិមនុស្សធម្មដ៏វិសេស ដោយញាណនិងទស្សនៈដ៏ឧត្តម អាចកំចាត់បង់នូវកិលេសដូចម្តេចបាន ។ កាលបើបញ្ចវគ្គិយភិក្ខុទាំងឡាយពោលពាក្យយ៉ាងនេះហើយ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកានេះនឹងបញ្ចវគ្គិយភិក្ខុថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរពិចារណាមើលនូវពាក្យរបស់តថាគតឥឡូវនេះ ដូចគ្នានឹងកាលមុនអំពីកាលឥឡូវនេះដែរឬទេ ។ បញ្ចវគ្គិយភិក្ខុទាំងឡាយតបថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យហ្នឹង ព្រះអង្គមិនដែលពោលទេ ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតបានជាអរហន្តសម្មាសម្ពុទ្ធហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរប្រុងសោតប្បសាទចុះ ។ តថាគតនឹងប្រៀនប្រដៅព្រះនិព្វាន ដែលតថាគតបានត្រាស់ដឹងហើយ ឥឡូវតថាគតនឹងសំដែងធម៌ ក៏កុលបុត្រទាំងឡាយ ចេញចាកផ្ទះ បួសក្នុងភាពនៃបុគ្គលមិនមានការងារជាប្រយោជន៍ដល់ផ្ទះដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា កាលបើអ្នកទាំងឡាយប្រតិបត្តិគួរតាមពាក្យប្រដៅរបស់តថាគត ពុំយូរឡើយ មុខជានឹងបានធ្វើឲ្យជាក់ច្បាស់ដោយប្រាជ្ញាខ្លួនឯងក្នុងបច្ចុប្បន្ននេះ ចំពោះអនុត្តរធម៌នោះ ជាទីបំផុតនៃមគ្គព្រហ្មចរិយៈ ហើយសម្រេចសម្រាន្តនៅដោយឥរិយាបថទាំង៤ ។ ព្រះដ៏មានព្រះភាគ បានអាចញុំាងបញ្ចវគ្គិយភិក្ខុទាំងឡាយឲ្យយល់ច្បាស់ (ក្នុងពេលនោះ) ។ លុះគ្រាជាខាងក្រោយ បញ្ចវគ្គិយភិក្ខុទាំងឡាយតាំងចិត្តស្តាប់ព្រះដ៏មានព្រះភាគ ផ្អៀងនូវសោតប្បសាទ ហើយផ្ចង់ចិត្តដើម្បីដឹងច្បាស់ ។

[១៣] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅបញ្ចវគ្គិយភិក្ខុទាំងឡាយមក ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធម៌អមខាង[ពាក្យនេះប្រែចេញពីបាលីថា អន្តា ។ អន្ត ប្រែថា ទីបំផុត តែក្នុងទីនេះ ប្រែថា អមខាង គឺធម៌ជាផ្លូវប្រតិបត្តិលាមក ថោកទាប នៅអមខាងទាំងពីរនៃមជ្ឈិមាបដិបទា ដែលជាផ្លូវប្រតិបត្តិកណ្តាល ។] ទាំងពីរប្រការនេះ គឺបព្វជិតមិនគួរសេពគប់ឡើយ ។ (ធម៌អមខាងទាំងពីរប្រការនោះគឺ) ការប្រកបរឿយៗនូវសេចក្តីជាប់ជំពាក់ដោយកាមសុខ ក្នុងកាមទាំងឡាយណា ដែលជាធម៌ថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែនជារបស់អរិយបុគ្គលទេ មិនប្រកបដោយប្រយោជន៍(មួយ) ការប្រកបរឿយៗនូវសេចក្តីព្យាយាមធ្វើខ្លួនឯងឲ្យលំបាកណា តែងនាំមកនៅសេចក្តីទុក្ខ មិនមែនជារបស់អរិយបុគ្គល មិនប្រកបដោយប្រយោជន៍ឡើយ (មួយ) ម្នាលភិក្ខុទាំងឡាយ មជ្ឈិមាបដិបទា (គឺសេចក្តីប្រតិបត្តិយ៉ាងកណ្តាល) មិនប៉ះពាល់នឹងធម៌អមខាងទាំងពីរនោះ [ទីទៃអំពីធម៌អមខាងទាំងពីរនោះ ។] តថាគតបានត្រាស់ដឹងហើយ ជាសេចក្តីប្រតិបត្តិ ធ្វើអោយកើតបញ្ញាចក្ខុ (គឺធ្វើឲ្យកើតសេចក្តីចេះដឹង) ប្រព្រឹត្តទៅដើម្បីសេចក្តីរម្ងាប់កិលេស ដើម្បីស្គាល់នូវអរិយសច្ច ដើម្បីត្រាស់ដឹងនូវអរិយសច្ច ដើម្បីព្រះនិព្វាន ។ ម្នាលភិក្ខុទាំងឡាយ ក៏មជ្ឈិមាបដិបទានោះ ដូចម្តេច ដែលតថាគតត្រាស់ដឹងហើយ ជាសេចក្តីប្រតិបត្តិធ្វើអោយកើតបញ្ញាចក្ខុ ប្រព្រឹត្តទៅដើម្បីសេចក្តីរម្ងាប់កិលេស ដើម្បីស្គាល់នូវអរិយសច្ច ដើម្បីត្រាស់ដឹងនូវអរិយសច្ច ដើម្បីនិព្វាន (មជ្ឈិមាបដិបទានោះ) គឺ អរិយមគ្គប្រកបដោយអង្គ៨នេះឯង អរិយមគ្គប្រកបដោយអង្គ៨ប្រការ ដូចម្តេច អរិយមគ្គប្រកបដោយអង្គ ៨ ប្រការនោះគឺ សេចក្តីឃើញត្រូវ១ សេចក្តីត្រិះរិះត្រូវ១ វាចាត្រូវ១ ការងារត្រូវ១ ការចិញ្ចឹមជីវិតត្រូវ១ សេចក្តីព្យាយាមត្រូវ១ ស្មារតីត្រូវ១ ការតម្កល់ចិត្តត្រូវ១ ។ ម្នាលភិក្ខុទាំងឡាយ មជ្ឈិមាបដិបទានេះឯងដែលតថាគតត្រាស់ដឹងហើយ ជាសេចក្តីប្រតិបត្តិធ្វើឲ្យកើតបញ្ញាចក្ខុ តែងប្រព្រឹត្តទៅដើម្បីសេចក្តីរម្ងាប់កិលេស ដើម្បីស្គាល់នូវអរិយសច្ច ដើម្បីត្រាស់ដឹងនូវអរិយសច្ច ដើម្បីនិព្វាន ។

[១៤] ម្នាលភិក្ខុទាំងឡាយ ក៏សេចក្តីទុក្ខនេះឯងហៅថា អរិយសច្ច គឺ កំណើត (ទាំង៤ មានជលាពុជជាដើម) ជាកងទុក្ខ១ សេចក្តីចាស់គ្រាំគ្រាជាកងទុក្ខ១ ពួក​ជំងឺដំកាត់ជាកងទុក្ខ១ សេចក្តីស្លាប់ជាកងទុក្ខ១ ដំណើរប្រសប់ចូលដោយសត្វ និងសង្ខារមិនជាទីស្រឡាញ់ទាំងឡាយ ជាកងទុក្ខ១ សេចក្តីព្រាត់បា្រសចាកសត្វនិងសង្ខារជាទីស្រឡាញ់ទាំងឡាយ ជាកងទុក្ខ១ បុគ្គលប្រាថ្នាវត្ថុណា មិនបានវត្ថុនោះ (ដូចបំណង) ជាកងទុក្ខ១ បើពោលដោយសង្ខេប ឧបាទានខន្ធទាំង៥ (មានរូបខន្ធជាដើម) ជាកងទុក្ខ១ ។ ម្នាលភិក្ខុទាំងឡាយ ហេតុជាដែនកើតនៃកងទុក្ខនេះឯង ហៅថា អរិយសច្ច គឺតណ្ហា[តណ្ហា ប្រែថា ចំណង់ សេចក្តីប្រាថ្នា សេចក្តីអន្ទះអន្ទែង សេចក្តីច្រួលច្រាល់ សម្រេក ។] នេះឯង ជាធម្មជាតិនាំសត្វឲ្យកើតទៀត ប្រកបដោយសេចក្តីរីករាយ និងសេចក្តីត្រេកត្រអាល ជាធម្មជាតិនាំសត្វឲ្យត្រេកត្រអាលនៅក្នុងភពនោះៗ (ឬក្នុងអារម្មណ៍នោះៗ) តណ្ហានោះដូចម្តេច តណ្ហានោះ គឺកាមតណ្ហា (សេចក្តីប្រាថ្នាក្នុងកាមភព)១ ភវតណ្ហា (សេចក្តីប្រាថ្នាក្នុងរូបភព និងអរូបភព)១ វិភវតណ្ហា (សេចក្តីប្រាថ្នាក្នុងភពសូន្យ[តាមន័យក្នុងអដ្ឋកថា និងដីកាថា តម្រេកប្រកបដោយកាមគុណទាំង៥យ៉ាង ហៅថា កាមតណ្ហា តម្រេកក្នុងរូបភព និងអរូបភព តម្រេកប្រកបដោយសេចក្តីអាល័យក្នុងឈាន និងសស្សតទិដ្ឋិ ហៅថា ភវតណ្ហា តម្រេកប្រកបដោយឧច្ឆេទទិដ្ឋិ គឺយល់ថា សត្វស្លាប់ទៅសូន្យ ហៅថា វិភវតណ្ហា ។])១ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីរលត់នៃកងទុក្ខនេះឯង ហៅថា អរិយសច្ច បានខាងនិព្វានធម៌ ជាសភាវៈ នឿយណាយ និងរំលត់ដោយមិនមានសេសសល់ ជាសភាវៈលះបង់ គ្រវែងចោល ជម្រុះចោល មិនអាល័យ ត្រង់តណ្ហានោះឯង ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រតិបត្តិនាំសត្វឲ្យដល់នូវព្រះនិព្វានជាទីរលត់នៃកងទុក្ខនេះឯង ហៅថា អរិយសច្ច បានខាងអរិយមគ្គប្រកបដោយអង្គ៨នេះឯង អរិយមគ្គប្រកបដោយអង្គ៨នោះដូចម្តេច អរិយមគ្គប្រកបដោយអង្គ៨នោះគឺ សេចក្តីឃើញត្រូវ១ ។បេ ។ ការដម្កល់ចិត្តត្រូវ១ ។

[១៥] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយដែលតថាគតមិនដែលបានឮ ក្នុងកាលពីមុនមកថា កងទុក្ខនេះឈ្មោះថា អរិយសច្ចដូច្នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ពន្លឺកើតឡើងហើយដល់តថាគតថាកងទុក្ខនោះឯង ឈ្មោះថា អរិយសច្ច បុគ្គលគួរកំណត់ដឹង ។បេ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយដែលតថាគតមិនដែលបានឮក្នុងកាលពីមុនមកថា កងទុក្ខនោះឯង ឈ្មោះថា អរិយសច្ច ដែលបុគ្គលបានកំណត់ដឹងហើយ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយដែលតថាគតមិនដែលបានឮក្នុងកាលពីមុនមកថា តណ្ហាជាដែនកើតឡើងនៃកងទុក្ខនេះ ឈ្មោះថា អរិយសច្ចដូច្នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ពន្លឺកើតឡើងហើយ ដល់តថាគតថា តណ្ហាជាដែនកើតឡើងនៃកងទុក្ខនោះឯង ឈ្មោះថា អរិយសច្ចដែលបុគ្គលគួរលះចោល ។បេ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយដែលតថាគតមិនដែលបានឮក្នុងកាលពីមុនមកថា តណ្ហាជាដែនកើតឡើងនៃកងទុក្ខនោះឯង ឈ្មោះថាអរិយសច្ច ដែលបុគ្គលលះចោលហើយ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយដែលតថាគតមិនដែលបានឮក្នុងកាលពីមុនមកថា និព្វានធម៌ជាទីរលត់នៃកងទុក្ខនេះ ឈ្មោះថា អរិយសច្ចដូច្នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ពន្លឺកើតឡើងហើយ ដល់តថាគតថា និព្វានធម៌ជាទីរលត់នៃកងទុក្ខនោះឯង ឈ្មោះថា អរិយសច្ចដែលបុគ្គលគួរធ្វើអោយជាក់ច្បាស់ ។បេ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយដែលតថាគតមិនដែលបានឮក្នុងកាលពីមុនមកថា និព្វានធម៌ជាទីរលត់នៃកងទុក្ខនោះឯង ឈ្មោះថា អរិយសច្ច ដែលបុគ្គលបានធ្វើឲ្យជាក់ច្បាស់ហើយ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយដែលតថាគតមិនដែលបានឮក្នុងកាលពីមុនមកថា សេចក្តីប្រតិបត្តិ នាំសត្វឲ្យដល់នូវនិព្វាននេះឈ្មោះថា អរិយសច្ចដូច្នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ពន្លឺកើតឡើងហើយដល់តថាគតថា សេចក្តីប្រតិបត្តិនាំសត្វឲ្យដល់និព្វានជាទីរលត់នៃកងទុក្ខនោះឯង ឈ្មោះថា អរិយសច្ច ដែលបុគ្គលគួរចម្រើន ។បេ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយដែលតថាគតមិនដែលបានឮក្នុងកាលពីមុនមកថា សេចក្តីប្រតិបត្តិនាំសត្វឲ្យដល់នូវនិព្វានជាទីរលត់នៃកងទុក្ខនោះឯង ឈ្មោះថា អរិយសច្ច ដែលបុគ្គលចម្រើនហើយ ។

[១៦] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ញាណទស្សនៈ (ការដឹងការឃើញ) តាមពិត មានបរិវដ្តៈ៣ មានអាការៈ១២យ៉ាងនេះ ក្នុងអរិយសច្ចទាំងឡាយ៤នេះរបស់តថាគត នៅមិនទាន់បរិសុទ្ធត្រឹមណា ម្នាលភិក្ខុទាំងឡាយ តថាគតក៏មិនទាន់ប្តេជ្ញាខ្លួនថា ជាអ្នកត្រាស់ដឹងចំពោះនូវសម្មាសម្ពោធិញាណដ៏ប្រសើរ ក្នុងលោក ព្រមទាំងទេវលោក មារលោកនិងព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទេវតានិងមនុស្សត្រឹមនោះ ។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ញាណទស្សនៈ តាមពិត មានបរិវដ្តៈ៣ មានអាការៈ១២យ៉ាងនេះ ក្នុងអរិយសច្ចទាំងឡាយ៤នេះ របស់តថាគត បរិសុទ្ធហើយក្នុងកាលណា ម្នាលភិក្ខុទាំងឡាយ ទើបតថាគតប្តេជ្ញាខ្លួនថាជាអ្នកត្រាស់ដឹងចំពោះនូវសម្មាសម្ពោធិញាណដ៏ប្រសើរ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទេវតានិងមនុស្សក្នុងកាលនោះ ។ ម្យ៉ាងទៀត ទស្សនកិច្ច គឺកាដឹង កើតឡើងដល់តថាគតថា វិមុត្តិ (គឺអរហត្តផល) របស់តថាគតមិនកម្រើកឡើយ ជាតិនេះផុតត្រឹមនេះហើយ តពីនេះទៅ ភពថ្មីមិនមានឡើយ ។ ក៏កាលដែលព្រះដ៏មានព្រះភាគកំពុងសំដែងនូវវេយ្យាករណ៍នេះ ធម្មចក្ខុ [សារត្ថទីបនីដីកាថា ធម្មចក្ខុនោះ បានខាងមគ្គ៣ខាងក្រោម គឺសោតាបត្តិមគ្គ១ សកទាគាមិមគ្គ១ អនាគាមិមគ្គ១ តែក្នុងអដ្ឋកថា ធម្មចក្កថា ធម្មចក្ខុក្នុងទីនេះ សំដៅយកសោតាបត្តិមគ្គតែម្យ៉ាង ។] (ភ្នែកឃើញធម៌) ដ៏ប្រាសចាកធូលី គឺរាគាទិក្កិលេស ប្រាសចាកមន្ទិល (គឺទិដ្ឋិ និងវិចិកិច្ឆា) បានកើតឡើងដល់កោណ្ឌញ្ញភិក្ខុដ៏មានអាយុថា ធម្មជាតិណាមួយ ដែលកើតឡើងជាធម្មតា ធម្មជាតិទាំងនោះក៏រលត់ទៅវិញជាធម្មតា ។

[១៧] ក៏កាលបើព្រះធម្មចក្ក ដែលព្រះដ៏មានព្រះភាគឲ្យប្រព្រឹត្តទៅ (គឺទ្រង់សំដែងដូចគេបង្វិល) (យ៉ាងនេះ) ហើយ ភុម្មទេវតាទាំងឡាយបន្លឺនូវសូរសព្ទថា ព្រះធម្មចក្កហ្នឹង មិនមានចក្កដទៃក្រៃលែងជាង ទោះបីសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ជនឯណានីមួយក្តីក្នុងលោក មិនអាចបដិវត្ត (កែប្រែ) បានឡើយ (ឥឡូវ) ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រព្រឹត្តទៅបានហើយ ក្នុងឥសិបតនមិគទាយវន ជិតក្រុងពារាណសី ។ ទេវតានៅក្នុងស្ថានចាតុម្មហារាជិកៈទាំងឡាយ ឮសម្លេងរបស់ភុម្មទេវតាទាំងឡាយហើយ ក៏បន្លឺនូវសម្លេង (ថាដូចគ្នា) ។ ទេវតានៅក្នុងស្ថានតាវត្តឹង្សទាំងឡាយ ឮសម្លេងរបស់ចាតុម្មហារាជិកៈទេវតាទាំងឡាយហើយ ក៏បន្លឺនូវសំឡេង (ថាដូចគ្នា) ។បេ ។ ទេវតានៅក្នុងស្ថានយាមាទាំងឡាយ ទេវតានៅក្នុងស្ថានតុសិតទាំងឡាយ... ទេវតានៅក្នុងស្ថាននិម្មានរតីទាំងឡាយ... ទេវតានៅក្នុងស្ថានបរនិម្មិតវសវតីទាំងឡាយ... ទេវតាដែលរាប់ក្នុងពពួកនៃព្រហ្មទាំងឡាយ ក៏បន្លឺនូវសូរសព្ទថា ព្រះធម្មចក្កហ្នឹង មិនមានចក្កដទៃក្រៃលែងជាង ទោះបីសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ជនឯណានីមួយក្តីក្នុងលោក មិនអាចនឹងឲ្យប្រព្រឹត្តទៅបានឡើយ (ឥឡូវ) ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រព្រឹត្តទៅបានហើយ ក្នុងឥសិបតនមិគទាយវន ជិតក្រុងពារាណសី ។ សំឡេង(កងរំពង) ក៏លាន់ឮឡើងទៅដរាបដល់ព្រហ្មលោកក្នុងខណៈនោះ ក្នុងមួយរំពេចនោះ ដោយប្រការដូច្នេះ ។ រីឯលោកធាតុទាំងមួយហ្មឺននេះ ក៏កក្រើករំពើកញាប់ញ័រ ។ ទាំងពន្លឺភ្លឺធំទូលាយ ប្រមាណមិនបាន កន្លងលើសអានុភាពរបស់ទេវតាទាំងឡាយ ក៏កើតប្រាដកឡើងក្នុងលោក ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់បន្លឺនូវឧទានវាចាថា អើហ្ន៎ កោណ្ឌញ្ញៈបានត្រាស់ដឹងពិតហើយ អើហ្ន៎ កោណ្ឌញ្ញៈបានត្រាស់ដឹងពិតហើយ ។ ព្រោះហេតុនោះ ពាក្យថា អញ្ញាកោណ្ឌញ្ញនេះឯង ក៏បានជាប់ជានាមរបស់ព្រះកោណ្ឌញ្ញៈភិក្ខុដ៏មានអាយុ ។

[១៨] គ្រានោះ ព្រះអញ្ញាកោណ្ឌញ្ញៈដ៏មានអាយុបានឃើញអរិយសច្ចធម៌ហើយ បានដល់អរិយសច្ចធម៌ហើយ បានត្រាស់ដឹងអរិយសច្ចធម៌ហើយ បានចុះចិត្តស៊ប់ក្នុងអរិយសច្ចធម៌ហើយ ឆ្លងផុតសេចក្តីសង្ស័យហើយ ប្រាសចាកសេចក្តីងឿងឆ្ងល់ហើយ ដល់នូវសេចក្តីក្លៀវក្លា មិនបាច់ជឿស្តាប់បុគ្គលដទៃក្នុងសាសនានៃព្រះសាស្តា ទើបក្រាបទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គគួរបាននូវបព្វជ្ជា គួរបាននូវឧបសម្បទាក្នុងសំណាក់ព្រះដ៏មានព្រះភាគ ។ ព្រះដ៏មានជោគ ទ្រង់ត្រាស់ហៅថា អ្នកចូរមកជាភិក្ខុចុះ ហើយមានព្រះពុទ្ធដីកាថា សាសនធម៌ តថាគតពោលល្អហើយ អ្នកចូរប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីនឹងធ្វើនូវនិព្វាន ជាទីបំផុតនៃកងទុក្ខដោយប្រពៃចុះ ។ ព្រះពុទ្ធដីកានោះឯង ជាឧបសម្បទារបស់អញ្ញាកោណ្ឌញ្ញៈដ៏មានអាយុនោះ ។

[១៩] លំដាប់តទៅ ព្រះដ៏មានព្រះភាគ ទ្រង់ពោលទូន្មានប្រៀនប្រដៅភិក្ខុដ៏សេស ក្រៅពីអញ្ញាកោណ្ឌញ្ញភិក្ខុនោះដោយធម្មីកថា ។ លំដាប់នោះ ព្រះដ៏មានព្រះភាគកំពុងពោលទូន្មានប្រៀនប្រដៅដោយធម្មីកថា ធម្មចក្ខុដ៏ប្រាសចាកធូលី ប្រាសចាកមន្ទិល ក៏កើតឡើងដល់វប្បភិក្ខុដ៏មានអាយុផង ដល់ភទ្ទិយភិក្ខុដ៏មានអាយុផងថា ធម្មជាតណាមួយដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះក៏រលត់ទៅវិញជាធម្មតា ។ ភិក្ខុទាំងឡាយពីរអង្គគឺ វប្បៈ និងភទ្ទិយៈនោះ បានឃើញអរិយសច្ចធម៌ហើយ បានដល់អរិយសច្ចធម៌ហើយ បានត្រាស់ដឹងអរិយសច្ចធម៌ហើយ បានចុះចិត្តស៊ប់ក្នុងអរិយសច្ចធម៌ហើយ ឆ្លងផុតសេចក្តីសង្ស័យហើយ ប្រាសចាកសេចក្តីងឿងឆ្ងល់ហើយ ដល់នូវសេចក្តីក្លៀវក្លា មិនបាច់ជឿស្តាប់បុគ្គលដទៃក្នុងសាសនានៃព្រះសាស្តា ទើបក្រាបទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងឡាយគួរបាននូវបព្វជ្ជា គួរបាននូវឧបសម្បទាក្នុងសំណាក់ព្រះដ៏មានព្រះភាគ ។ ព្រះដ៏មានជោគ ទ្រង់ត្រាស់ហៅថា អ្នកទាំងឡាយចូរមកជាភិក្ខុចុះ ហើយត្រាស់ថា សាសនធម៌ តថាគតពោលល្អហើយ អ្នកទាំងឡាយ ចូរប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីធ្វើនូវនិព្វាន ជាទីបំផុតនៃកងទុក្ខ ដោយប្រពៃចុះ ។ ព្រះពុទ្ធដីកានោះឯង ជាឧបសម្បទារបស់វប្បៈ និងភទ្ទិយភិក្ខុដ៏មានអាយុទាំងនោះ ។ លំដាប់តទៅ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលភត្តដែលភិក្ខុទាំងឡាយនាំមកអំពីស្រុកមកថ្វាយ ហើយទ្រង់ពោលទូន្មានប្រៀនប្រដៅភិក្ខុទាំងឡាយពីរអង្គ គឺមហានាម និងអស្សជ្ជិ ក្រៅពីភិក្ខុបីអង្គគឺ កោណ្ឌញ្ញ វប្បៈ ភទ្ទិយៈនោះដោយធម្មីកថា ។ ភិក្ខុទាំងឡាយបីអង្គ ត្រាច់ទៅបិណ្ឌបាត នាំមកនូវវត្ថុណា ឥសីទាំង៦អង្គ (គឺព្រះសម្មាសម្ពុទ្ធ១ បញ្ចវគ្គិយភិក្ខុទាំង៥) ក៏ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅដោយវត្ថុនោះ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគកំពុងពោលទូន្មានប្រៀនប្រដៅដោយធម្មីកថា ធម្មចក្ខុដ៏ប្រាសចាកធូលី ប្រាសចាកមន្ទិល បានកើតឡើងដល់មហានាមដ៏មានអាយុផង ដល់អស្សជ្ជិដ៏មានអាយុផងថា ធម្មជាតណាមួយដែលកើតឡើងជាធម្មតា ធម្មជាតទាំងនោះ ក៏រលត់ទៅវិញជាធម្មតា ។ ភិក្ខុទាំងឡាយពីរអង្គគឺ មហានាម និងអស្សជ្ជិនោះ បានឃើញអរិយសច្ចធម៌ហើយ បានដល់អរិយសច្ចធម៌ហើយ បានត្រាស់ដឹងអរិយសច្ចធម៌ហើយ បានចុះចិត្តស៊ប់ក្នុងអរិយសច្ចធម៌ហើយ ឆ្លងផុតសេចក្តីសង្ស័យហើយ ប្រាសចាកសេចក្តីងឿងឆ្ងល់ហើយ ដល់នូវសេចក្តីក្លៀវក្លា មិនបាច់ជឿស្តាប់បុគ្គលដទៃក្នុងសាសនានៃព្រះបរមសាស្តា ទើបក្រាបទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គទាំងឡាយគួរបាននូវបព្វជ្ជា គួរបាននូវឧបសម្បទាក្នុងសំណាក់ព្រះដ៏មានព្រះភាគ ។ ព្រះដ៏មានជោគ ទ្រង់ត្រាស់ហៅថា អ្នកទាំងឡាយចូរមកជាភិក្ខុចុះ ហើយត្រាស់ថា សាសនធម៌ តថាគតពោលល្អហើយ អ្នកទាំងឡាយ ចូរប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីធ្វើនូវនិព្វាន ជាទីបំផុតនៃកងទុក្ខ ដោយប្រពៃចុះ ។ ព្រះពុទ្ធវាចានោះឯង ជាឧបសម្បទារបស់មហានាម និងអស្សជ្ជិដ៏មានអាយុទាំងនោះ ។

[២០] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅបញ្ចវគ្គិយភិក្ខុទាំងឡាយមក ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ រូប គឺរាងកាយជាអនត្តា មិនមែនជារបស់ខ្លួនឡើយ[ក្នុងដីកាថា រូបំ អនត្តា រូបមិនមែនជារបស់ខ្លួននោះ សេចក្តីថា រូបមិនប្រព្រឹត្តទៅក្នុងអំណាចចិត្ត១ មិនមានម្ចាស់១ សោះសូន្យ១ ជាសត្រូវនឹងចិត្ត១ ។] ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនណាបើរូបនេះជារបស់ខ្លួនពិតមែន រូបនេះក៏មិនគប្បីប្រព្រឹត្តទៅដើម្បីអាពាធ គឺ​ជំងឺដំកាត់ឡើយ ម្យ៉ាងទៀត បុគ្គលគប្បីបាន (នូវអំណាច) ក្នុងរូបថា សូមអោយរូបរបស់អញយ៉ាងនេះទៅ សូមកុំអោយរូបរបស់អញយ៉ាងនេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ រូបជាអនត្តាមែនពិត ព្រោះហេតុនោះបានជារូបចេះតែប្រព្រឹត្តទៅដើម្បីអាពាធ ម្យ៉ាងទៀត បុគ្គលមិនបាន(នូវអំណាច) ក្នុងរូបថា សូមឲ្យរូបរបស់អញយ៉ាងនេះទៅ សូមកុំឲ្យរូបរបស់អញយ៉ាងនេះឡើយ ។ វេទនាមិនមែនជារបស់ខ្លួនឡើយ ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនណាបើវេទនានេះជារបស់ខ្លួនពិតមែន វេទនានេះក៏មិនគប្បីប្រព្រឹត្តទៅដើម្បីអាពាធឡើយ ម្យ៉ាងទៀត បុគ្គលគប្បីបាន(នូវអំណាច)ក្នុងវេទនាថា សូមឲ្យវេទនារបស់អញយ៉ាងនេះទៅ សូមកុំឲ្យវេទនារបស់អញយ៉ាងនេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ វេទនាជាអនត្តាពិតមែន ព្រោះហេតុនោះ បានជាវេទនាចេះតែប្រព្រឹត្តទៅដើម្បីអាពាធ ម្យ៉ាងទៀត បុគ្គលមិនបាន(នូវអំណាច) ក្នុងវេទនាថា សូមឲ្យវេទនារបស់អញយ៉ាងនេះទៅ សូមកុំឲ្យវេទនារបស់អញយ៉ាងនេះឡើយ ។ សញ្ញាមិនមែនជារបស់ខ្លួនឡើយ ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនណាបើសញ្ញានេះជារបស់ខ្លួនពិតមែន សញ្ញានេះក៏មិនគប្បីប្រព្រឹត្តទៅដើម្បីអាពាធឡើយ ។ ម្យ៉ាងទៀត បុគ្គលគប្បីបាន(នូវអំណាច) ក្នុងសញ្ញាថា សូមឲ្យសញ្ញារបស់អញយ៉ាងនេះទៅ សូមកុំឲ្យសញ្ញារបស់អញយ៉ាងនេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ សញ្ញាជាអនត្តាពិតមែន ព្រោះហេតុនោះបានជាសញ្ញាចេះតែប្រព្រឹត្តទៅដើម្បីអាពាធ ម្យ៉ាងទៀត បុគ្គលមិនបាន(នូវអំណាច) ក្នុងសញ្ញាថា សូមឲ្យសញ្ញារបស់អញយ៉ាងនេះទៅ សូមកុំឲ្យសញ្ញារបស់អញយ៉ាងនេះឡើយ ។ សង្ខារទាំងឡាយមិនមែនជារបស់ខ្លួនឡើយ ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនណាបើសង្ខារទាំងឡាយនេះជារបស់ខ្លួនពិតមែន សង្ខារទាំងឡាយនេះក៏មិនគប្បីប្រព្រឹត្តទៅដើម្បីអាពាធឡើយ ។ ម្យ៉ាងទៀត បុគ្គលគប្បីបាន(នូវអំណាច) ក្នុងសង្ខារទាំងឡាយថា សូមឲ្យសង្ខារទាំងឡាយរបស់អញយ៉ាងនេះទៅ សូមកុំឲ្យសង្ខារទាំងឡាយរបស់អញយ៉ាងនេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយជាអនត្តាពិតមែន ព្រោះហេតុនោះបានជាសង្ខារទាំងឡាយចេះតែប្រព្រឹត្តទៅដើម្បីអាពាធ ម្យ៉ាងទៀត បុគ្គលមិនបាន(នូវអំណាច) ក្នុងសង្ខារទាំងឡាយថា សូមឲ្យសង្ខារទាំងឡាយរបស់អញយ៉ាងនេះទៅ សូមកុំឲ្យសង្ខារទាំងឡាយរបស់អញយ៉ាងនេះឡើយ ។ វិញ្ញាណមិនមែនជារបស់ខ្លួនឡើយ ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនណាបើវិញ្ញាណនេះជារបស់ខ្លួនពិតមែន វិញ្ញាណនេះក៏មិនគប្បីប្រព្រឹត្តទៅដើម្បីអាពាធឡើយ ។ ម្យ៉ាងទៀត បុគ្គលគប្បីបាន(នូវអំណាច) ក្នុងវិញ្ញាណថា សូមឲ្យវិញ្ញាណរបស់អញយ៉ាងនេះទៅ សូមកុំឲ្យវិញ្ញាណរបស់អញយ៉ាងនេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណជាអនត្តាពិតមែន ព្រោះហេតុនោះ បានជាវិញ្ញាណចេះតែប្រព្រឹត្តទៅដើម្បីអាពាធ ម្យ៉ាងទៀត បុគ្គលមិនបាន(នូវអំណាច) ក្នុងវិញ្ញាណថា សូមឲ្យវិញ្ញាណរបស់អញយ៉ាងនេះទៅ សូមកុំឲ្យវិញ្ញាណរបស់អញយ៉ាងនេះឡើយ ។

[២១] ព្រះបរមសាស្តាទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់នូវសេចក្តីនោះថាដូចម្តេច ។ រូបទៀងឬមិនទៀង ។ បញ្ចវគ្គិយភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន រូបមិនទៀងទេ ។ ទ្រង់ត្រាស់សួរថា របស់ណាមិនទៀង របស់នោះជាទុក្ខឬជាសុខ ។ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន របស់នោះជាទុក្ខ ។ ទ្រង់ត្រាស់សួរថា ក៏របស់ណាដែលមិនទៀង ដែលជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរឬ ដើម្បីនឹងយល់ឃើញនូវរបស់នុ៎ះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ។ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន មិនគួរដើម្បីនឹងយល់ឃើញយ៉ាងនោះទេ ។ ព្រះបរមសាស្តាទ្រង់ត្រាស់សួរថា វេទនាទៀង ឬមិនទៀង [គម្ពីរខ្លះឃើញមានពាក្យសួរថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់នូវសេចក្តីនោះថាដូចម្តេច ។ គ្រប់ៗបទ តាំងពីវេទនាជាដើម រហូតដល់វិញ្ញាណជាទីបំផុត គម្ពីរខ្លះឃើញមានតែពាក្យថា ម្នាលភិក្ខុទាំងឡាយ វេទនា...ដូច្នេះក៏មាន ។] ។ បញ្ចវគ្គិយភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន វេទនាមិនទៀងទេ ។ ទ្រង់ត្រាស់សួរថា របស់ណាដែលមិនទៀង របស់នោះជាទុក្ខ ឬជាសុខ ។ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន របស់នោះជាទុក្ខ ។ ទ្រង់ត្រាស់សួរថា ក៏របស់ណាដែលមិនទៀង ដែលជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរឬ ដើម្បីនឹងយល់ឃើញនូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ។ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន មិនគួរដើម្បីនឹងយល់ឃើញយ៉ាងនោះទេ ។ ព្រះបរមសាស្តាទ្រង់ត្រាស់សួរថា សញ្ញាទៀង ឬមិនទៀង ។ បញ្ចវគ្គិយភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន សញ្ញាមិនទៀងទេ ។ ទ្រង់ត្រាស់សួរថា ក៏របស់ណាដែលមិនទៀង របស់នោះជាទុក្ខ ឬជាសុខ ។ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន របស់នោះជាទុក្ខ ។ ទ្រង់ត្រាស់សួរថា ក៏របស់ណាដែលមិនទៀង ដែលជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរឬ ដើម្បីនឹងយល់ឃើញនូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ។ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន មិនគួរដើម្បីនឹងយល់ឃើញយ៉ាងនោះទេ ។ ព្រះបរមសាស្តាទ្រង់ត្រាស់សួរថា សង្ខារទាំងឡាយទៀង ឬមិនទៀង ។ បញ្ចវគ្គិយភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន សង្ខារទាំងឡាយមិនទៀងទេ ។ ទ្រង់ត្រាស់សួរថា ក៏របស់ណាដែលមិនទៀង របស់នោះជាទុក្ខ ឬជាសុខ ។ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន របស់នោះជាទុក្ខ ។ ទ្រង់ត្រាស់សួរថា ក៏របស់ណាដែលមិនទៀង ដែលជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរឬ ដើម្បីនឹងយល់ឃើញនូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ។ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន មិនគួរដើម្បីនឹងយល់ឃើញយ៉ាងនោះទេ ។ ព្រះបរមសាស្តាទ្រង់ត្រាស់សួរថា វិញ្ញាណទៀង ឬមិនទៀង ។ បញ្ចវគ្គិយភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន វិញ្ញាណមិនទៀងទេ ។ ទ្រង់ត្រាស់សួរថា ក៏របស់ណាមិនទៀង របស់នោះជាទុក្ខ ឬជាសុខ ។ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន របស់នោះជាទុក្ខ ។ ទ្រង់ត្រាស់សួរថា ក៏របស់ណាដែលមិនទៀង ដែលជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរឬ ដើម្បីនឹងយល់ឃើញនូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ។ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន មិនគួរដើម្បីនឹងយល់ឃើញយ៉ាងនោះទេ ។

[២២] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងលោកនេះ រូបឯណាមួយជាអតីតក្តី ជាអនាគតក្តី ជាបច្ចុប្បន្នក្តី ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី រូបណាដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី រូបទាំងអស់នោះក៏គ្រាន់តែជារូប (ប៉ុណ្ណោះឯង) អ្នកទាំងឡាយ គួរឃើញនូវសេចក្តីនុ៎ះដោយប្រាជ្ញាដ៏ល្អ តាមសេចក្តីពិតយ៉ាងនេះដូច្នេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ ។ វេទនាឯណាមួយជាអតីតក្តី ជាអនាគតក្តី ជាបច្ចុប្បន្នក្តី ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី វេទនាណាដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី វេទនាទាំងអស់នោះក៏គ្រាន់តែជាវេទនា (ប៉ុណ្ណោះឯង) អ្នកទាំងឡាយ គួរឃើញនូវសេចក្តីនុ៎ះដោយប្រាជ្ញាដ៏ល្អ តាមសេចក្តីពិតយ៉ាងនេះដូច្នេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ ។ សញ្ញាឯណាមួយជាអតីតក្តី ជាអនាគតក្តី ជាបច្ចុប្បន្នក្តី ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី សញ្ញាណាដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី សញ្ញាទាំងអស់នោះក៏គ្រាន់តែជាសញ្ញា (ប៉ុណ្ណោះឯង) អ្នកទាំងឡាយ គួរឃើញនូវសេចក្តីនុ៎ះដោយប្រាជ្ញាដ៏ល្អ តាមសេចក្តីពិតយ៉ាងនេះដូច្នេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ ។ សង្ខារទាំងឡាយឯណាមួយជាអតីតក្តី ជាអនាគតក្តី ជាបច្ចុប្បន្នក្តី ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី សង្ខារទាំងឡាយណាដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី សង្ខារទាំងឡាយទាំងអស់នោះក៏គ្រាន់តែជាសង្ខារ (ប៉ុណ្ណោះឯង) អ្នកទាំងឡាយ គួរឃើញនូវសេចក្តីនុ៎ះដោយប្រាជ្ញាដ៏ល្អ តាមសេចក្តីពិតយ៉ាងនេះដូច្នេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ ។ វិញ្ញាណឯណាមួយជាអតីតក្តី ជាអនាគតក្តី ជាបច្ចុប្បន្នក្តី ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី វិញ្ញាណណាដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី វិញ្ញាណទាំងអស់នោះក៏គ្រាន់តែជាវិញ្ញាណ (ប៉ុណ្ណោះឯង) អ្នកទាំងឡាយ គួរឃើញនូវសេចក្តីនុ៎ះដោយប្រាជ្ញាដ៏ល្អ តាមសេចក្តីពិតយ៉ាងនេះដូច្នេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ ។

[២៣] ម្នាលភិក្ខុទាំងឡាយ អរិយសាវកបានស្តាប់ហើយ យល់ឃើញយ៉ាងនេះ ក៏នឿយណាយក្នុងរូបផង នឿយណាយក្នុងវេទនាផង នឿយណាយក្នុងសញ្ញាផង នឿយណាយក្នុងសង្ខារទាំងឡាយផង នឿយណាយក្នុងវិញ្ញាណផង កាលបើនឿយណាយ (យ៉ាងនេះហើយ) ក៏ប្រាសចាកតម្រេក ចិត្តក៏ផុតស្រឡះ (ចាកអាសវៈ) ព្រោះកិរិយាប្រាសចាកតម្រេក កាលដែលចិត្តផុតស្រឡះ (ចាកអាសវៈ) ហើយ ញាណ (របស់អរិយសាវកនោះ) ក៏កើតឡើងប្រាកដថា ចិត្ត(របស់អញ) ផុតស្រឡះ (ចាកអាសវៈ)ហើយ (អរិយសាវកនោះ) ក៏ដឹងច្បាស់ដូច្នេះថា ជាតិ (របស់អញ)អស់ហើយ មគ្គព្រហ្មចរិយធម៌ អញបាននៅរួចហើយ កិច្ចដែលគួរធ្វើ អញក៏បានធ្វើរួចហើយ កិច្ចឯទៀតក្រៅពីនេះ មិនមាន (ដល់អញ)ឡើយ ។

[២៤] ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់បានសំដែងនូវសូត្រនេះចប់ហើយ ។ បញ្ចវគ្គិយភិក្ខុទាំងឡាយ ក៏មានចិត្តត្រេកអររីករាយចំពោះភាសិតនៃព្រះដ៏មានព្រះភាគជាម្ចាស់ ។ ក៏កាលដែលព្រះដ៏មានព្រះភាគជាម្ចាស់កំពុងត្រាស់សំដែងនូវវេយ្យាករណ៍នេះ ចិត្តរបស់ភិក្ខុទាំង៥រូប បានរួចស្រឡះហើយចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ (ថាអញ ថាយើង)ឡើយ ។ ក្នុងសម័យនោះឯង មានព្រះអរហន្ត៦អង្គក្នុងលោកជាដំបូង (រាប់ទាំងព្រះដ៏មានព្រះភាគផង) ។

ចប់ បឋមភាណវារៈ ។

បព្វជ្ជារបស់ព្រះយសកែប្រែ

[២៥] សម័យនោះឯង ក្នុងក្រុងពារាណសី មានកុលបុត្រ (ម្នាក់) ឈ្មោះយស ជាកូនសេដ្ឋី ជាបុគ្គលចម្រើនដោយសេចក្តីសុខ ។ យសកុលបុត្រនោះមានប្រាសាទ៣ ប្រាសាទ១ សម្រាប់នៅក្នុងរដូវរងា ប្រាសាទ១សម្រាប់នៅក្នុងរដូវក្តៅ ប្រាសាទ១ សម្រាប់នៅក្នុងរដូវភ្លៀង ។ យសកុលបុត្រនោះ មាតាបិតាឲ្យពួកអ្នកភ្លេងតូរ្យតន្ត្រីសុទ្ធសឹងតែស្រីឥតមានបុរសឡើយ ចាំបម្រើអស់កំណត់៤ខែ ក្នុងប្រាសាទសម្រាប់នៅក្នុងរដូវភ្លៀង មិនដែលចុះមកកាន់ផ្ទៃប្រាសាទខាងក្រោមទេ ។ គ្រានោះ យសកុលបុត្រឆ្អែតស្កប់ស្កល់ដោយកាមគុណទាំង៥ កាលពួកស្រីកំពុងបម្រើ ក៏ដេកលក់ទៅជាមុន ឯជនជាបរិសទ្យ ក៏ដេកលក់ជាខាងក្រោយ ។ រីឯប្រទីបដែលគេអុជទុកដោយប្រេង តែងឆេះបំភ្លឺទាល់ព្រឹក រាល់ៗយប់ ។ គ្រានោះ យសកុលបុត្រ ភ្ញាក់ពីនិន្ទ្រាមុនគេ បានឃើញជនជាបរិសទ្យរបស់ខ្លួនកំពុងដេកលក់ ស្រីខ្លះមានពិណនៅត្រង់ក្លៀក ស្រីខ្លះមានស្គរសម្ភោរនៅត្រង់ក ស្រីខ្លះមានស្គរធំនៅក្បែរទ្រូង ស្រីខ្លះមានសក់រំសាយ ស្រីខ្លះមានទឹកមាត់ហូរហៀរ ស្រីខ្លះកំពុងមមើ (យសកុលបុត្របានឃើញជនជាបរិសទ្យរបស់ខ្លួន) ហាក់ដូចជាព្រៃស្មសាន មកប្រាកដក្នុងកណ្តាប់ដៃ ។ យសកុលបុត្រនោះ លុះបានឃើញហើយ កើតសេចក្តីជិនឆ្អន់ចិត្ត ក៏ឋិតនៅស៊ប់ក្នុងសេចក្តីនឿយណាយ ។ ទើបយសកុលបុត្របន្លឺឧទានវាចា (ដោយសេចក្តីសង្វេគ)ថា ឱហ្ន៎ (ទីនេះ) ច្របូកច្របល់ណាស់តើ ឱហ្ន៎ (ទីនេះ) ជំពាក់វាក់វិនណាស់តើ ។ គ្រានោះ យសកុលបុត្រពាក់ទ្រនាប់ជើងមាស ដើរសំដៅទៅកាន់មាត់ទ្វារផ្ទះ ។ អមនុស្ស[អមនុស្ស សព្ទនេះ ប្រែថា សត្វដែលមិនមែនជាមនុស្ស គឺទេវតា បិសាច ។បេ ។ តែក្នុងទីនេះ សំដៅសេចក្តីចំពោះទេវតា ។]ទាំងឡាយ បើកទ្វារទុក ដោយបំណងថា អ្នកណាមួយកុំធ្វើអន្តរាយក្នុងការចេញចាកផ្ទះ ហើយបួសក្នុងភាពនៃបុគ្គលមិនមានការងារជាប្រយោជន៍ដល់ផ្ទះរបស់យសកុលបុត្រឡើយ ។ គ្រានោះ យសកុលបុត្រ ក៏ដើរតម្រង់ទៅកាន់ទ្វារព្រះនគរ ។ អមនុស្សទាំងឡាយបើកទ្វារទុកដោយបំណងថា អ្នកណាមួយកុំធ្វើអន្តរាយក្នុងការចេញចាកផ្ទះ ហើយបួសក្នុងភាពនៃបុគ្គលមិនមានការងារជាប្រយោជន៍ដល់ផ្ទះរបស់យសកុលបុត្រឡើយ ។ គ្រានោះ យសកុលបុត្រ ក៏ដើរតម្រង់ទៅកាន់ឥសិបតនមិគទាយវន ។

[២៦] សម័យនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់តើនឡើងក្នុងសម័យព្រឹកព្រាងស្វាងរាត្រី ហើយទ្រង់ចង្ក្រមក្នុងទីវាល ។ ព្រះដ៏មានព្រះភាគ ទ្រង់ទតឃើញយសកុលបុត្រដើរមកអំពីចម្ងាយ លុះទ្រង់ឃើញហើយ ក៏យាងចេញអំពីកន្លែងចង្ក្រម ហើយគង់លើអាសនៈដែលគេក្រាលទុកស្រាប់ ។ គ្រានោះ យសកុលបុត្របន្លឺឧទានវាចា (ដោយសេចក្តីសង្វេគ) ក្នុងទីជិត ព្រះដ៏មានព្រះភាគថា ឱហ្ន៎ (ទីនុ៎ះ) ច្របូកច្របល់ណាស់តើ ឱហ្ន៎ (ទីនុ៎ះ) ជំពាក់វាក់វិនណាស់តើ ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកានេះនឹងយសកុលបុត្រថា ម្នាលយស ទីនេះឯង មិនច្របូកច្របល់ ទីនេះមិនជំពាក់វាក់វិនទេ ម្នាលយស មកណេះ មកអង្គុយ (ឯណេះ) តថាគតនឹងសំដែងធម៌ដល់អ្នក ។ គ្រានោះ យសកុលបុត្រក៏រីករាយ អណ្តែតចិត្តដោយគិតឃើញថា ឮថា ទីនេះមិនច្របូកច្របល់ ទីនេះមិនជំពាក់វាក់វិន (គិតដូច្នេះហើយ) ក៏ដោះទ្រនាប់ជើងមាសចេញ ដើរតម្រង់ទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះយសកុលបុត្រអង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់សំដែងអនុបុព្វីកថា ព្រះអង្គសំដែងអនុបុព្វីកថា ដូចម្តេច គឺទ្រង់ប្រកាស ទានកថា សីលកថា សគ្គកថា និងទោសនៃកាមទាំងឡាយដ៏លាមក ដ៏សៅហ្មង និងអានិសង្សក្នុងការចេញចាកកាម (បួស) ។ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបនូវយសកុលបុត្រថាមានចិត្តស្រួល មានចិត្តទន់ មានចិត្តប្រាសចាកនីវរណៈ មានចិត្តអណ្តែតឡើង មានចិត្តជ្រះថ្លា ក្នុងកាលណាហើយ កាលនោះ ព្រះអង្គក៏ទ្រង់សំដែងធម្មទេសនា ដែលព្រះពុទ្ធទាំងឡាយទ្រង់លើកឡើងសំដែង ដោយព្រះអង្គឯង គឺទុក្ខសច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ច១ ។ ធម្មតា សំពត់សស្អាត មិនដិតប្រឡាក់ដោយវត្ថុមានពណ៌ខ្មៅ គឺធ្យូង ឬល័ក្តខ្មៅជាដើម គួរទទួលទឹកជ្រលក់ដោយល្អបាន មានឧបមាដូចម្តេចមិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គដ៏ប្រាសចាកធូលី ប្រាសចាកមន្ទិល ក៏កើតឡើងដល់យសកុលបុត្រក្នុងកន្លែងអង្គុយនោះឯងថា ធម្មជាតិណាមួយ ដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ ក៏រលត់ទៅវិញជាធម្មតា មានឧបមេយ្យដូច្នោះឯង ។

[២៧] គ្រានោះ មាតារបស់យសកុលបុត្រឡើងទៅកាន់ប្រាសាទ មិនបានឃើញយសកុលបុត្រ ក៏ដើរតម្រង់ទៅរកសេដ្ឋីគហបតិ (ជាស្វាមី) លុះចូលទៅដល់ហើយ ក៏ប្រាប់សេដ្ឋីគហបតិថា បពិត្រគហបតិ យសកុមារ ជាកូនរបស់អ្នក មិនឃើញទេ ។ គ្រានោះ សេដ្ឋីគហបតិបញ្ជូនបម្រើទៅដោយសេះក្នុងទិសទាំង៤ ខ្លួនឯងក៏ដើរសំដៅទៅកាន់ឥសិបតនមិគទាយវន ។ សេដ្ឋីគហបតិបានឃើញដានទ្រនាប់ជើងមាស (ស្បែកជើងមាស) លុះឃើញហើយ ក៏ដើរទៅតាមដានទ្រនាប់ជើងនោះឯង ។ ព្រះដ៏មានព្រះភាគ ទ្រង់ទតឃើញច្បាស់នូវសេដ្ឋីគហបតិដើរមកអំពីចម្ងាយ ។ លុះព្រះដ៏មានព្រះភាគ ទ្រង់ទតឃើញហើយ ក៏ទ្រង់ពុទ្ធបរិវិតក្កថា តថាគតគួរធ្វើឥទ្ធាភិសង្ខារ [សំដែងឫទ្ធិ មិនឲ្យឃើញ (បំបាំង)] មិនឲ្យសេដ្ឋីគហបតិដែលអង្គុយនៅក្នុងទីនេះ ឃើញយសកុលបុត្រ ដែលអង្គុយនៅក្នុងទីនេះឯង ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់តាក់តែងនូវឥទ្ធាភិសង្ខារ មានសភាពដូច្នោះហើយ ។ កាលនោះ សេដ្ឋីគហបតិក៏ដើរចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះដ៏មានព្រះភាគ ទ្រង់បានឃើញយសកុលបុត្រដែរឬទេ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលគហបតិ បើដូច្នោះ ចូរអ្នកអង្គុយសិនចុះ បើអ្នកអង្គុយក្នុងទីនេះ មុខជានឹងឃើញយសកុលបុត្រអង្គុយក្នុងទីនេះដែរ ។ គ្រានោះ សេដ្ឋីគហបតិនឹកសង្ឃឹមថា ឮថា បើអញអង្គុយនៅក្នុងទីនេះឯង គង់នឹងបានឃើញយសកុលបុត្រអង្គុយនៅក្នុងទីនេះដែរ ហើយក៏ត្រេកអររីករាយថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ ។ លុះសេដ្ឋីគហបតិអង្គុយនៅក្នុងទីដ៏សមគួរហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់សំដែងអនុបុព្វីកថា គឺទ្រង់ប្រកាស ទានកថា១ សីលកថា១ សគ្គកថា១ ទោសរបស់កាមទាំងឡាយដ៏លាមកសៅហ្មង១ អានិសង្សក្នុងការចេញចាកកាម (បួស)១ ។ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបថា សេដ្ឋីគហបតិ មានចិត្តស្រួល មានចិត្តទន់ មានចិត្តផុតចាកនីវរណៈ មានចិត្តខ្ពស់ មានចិត្តជ្រះថ្លា ក្នុងកាលណា ធម្មទេសនា ដែលព្រះពុទ្ធទាំងឡាយ តែងលើកឡើងសំដែង ដោយព្រះអង្គឯង ទ្រង់ក៏ប្រកាសនូវធម្មទេសនានោះគឺ ទុក្ខសច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ច១ ក្នុងកាលនោះឯង ។ ធម្មតា សំពត់សស្អាត មិនដិតប្រឡាក់ដោយវត្ថុមានពណ៌ខ្មៅ គឺធ្យូង ឬល័ក្តខ្មៅជាដើម គួរទទួលទឹកជ្រលក់បានដោយល្អ មានឧបមាដូចម្តេចមិញ ឯធម្មចក្ខុ គឺសោតាបត្តិមគ្គដ៏ប្រាសចាកធូលី ប្រាសចាកមន្ទិល ក៏កើតឡើងដល់សេដ្ឋីគហបតិ ក្នុងទីអង្គុយនោះថា ធម្មជាតណាមួយ ដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ តែងរលត់ទៅវិញជាធម្មតា មានឧបមេយ្យដូច្នោះឯង ។ គ្រានោះ សេដ្ឋីគហបតិបានឃើញអរិយសច្ចធម៌ហើយ បានដល់អរិយសច្ចធម៌ហើយ បានដឹងច្បាស់អរិយសច្ចធម៌ហើយ បានជឿជាក់នូវអរិយសច្ចធម៌ហើយ ឆ្លងផុតសេចក្តីសង្ស័យ មិនមានងឿងឆ្ងល់ ដល់នូវភាវៈ ជាអ្នកក្លាហាន មិនជឿស្តាប់បុគ្គលដទៃ ក្នុងសាសនានៃព្រះសាស្តា ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន (ព្រះពុទ្ធដីកាដែលព្រះអង្គត្រាស់ហើយនេះ) ពីរោះពេកណាស់ បពិត្រព្រះអង្គដ៏ចម្រើន (ព្រះពុទ្ធដីកាដែលព្រះអង្គត្រាស់ហើយនេះ) ពីរោះពេកណាស់ បពិត្រព្រះអង្គដ៏ចម្រើន បុរសដែលផ្ងារឡើងនូវរបស់ដែលគេផ្កាប់ចុះ ឬបើកចេញនូវរបស់ដែលគេបិទបាំងទុក ឬប្រាប់ផ្លូវដល់បុរសអ្នកវង្វេងផ្លូវ ឬទ្រោលបំភ្លឺនូវប្រទីបប្រេងក្នុងទីងងឹត ដោយគិតថា មនុស្សដែលមានចក្ខុទាំងឡាយ នឹងឃើញរូបបានដោយងាយ មានឧបមាយ៉ាងណាមិញ ព្រះធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់ប្រកាសហើយដោយបរិយាយជាច្រើន ក៏មានឧបមេយ្យដូច្នោះឯង បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះដ៏មានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីរលឹក សូមព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបខ្ញុំព្រះអង្គថាជាឧបាសក អ្នកដល់នូវទីរលឹកស្មើដោយជីវិត ក្នុងកាលមានថ្ងៃនេះជាដើមទៅ ។ ឯសេដ្ឋីគហបតិនោះ (បាននាមបញ្ញត្តិថា) តេវាចិកឧបាសក (គឺឧបាសកដល់តេវាចិកសរណគមន៍) ជាដំបូងក្នុងលោក ។

[២៨] គ្រានោះ យសកុលបុត្រ កាលដែលព្រះដ៏មានព្រះភាគកំពុងសំដែងធម៌ដល់បិតា (របស់ខ្លួន) ក៏ពិចារណានូវភូមិធម៌ដែលខ្លួនឃើញហើយ ដែលខ្លួនត្រាស់ដឹងហើយ ចិត្តក៏រួចផុតស្រឡះចាកអាសវធម៌ទាំងឡាយ ឥតជាប់ចំពាក់ដោយឧបាទានឡើយ ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រិះរិះយ៉ាងនេះថា យសកុលបុត្រ កាលដែលតថាគតកំពុងសំដែងធម៌ដល់បិតា (របស់ខ្លួន) ក៏ពិចារណានូវថ្នាក់នៃធម៌ដែលខ្លួនឃើញហើយ ត្រាស់ដឹងហើយ ចិត្តក៏រួចផុតស្រឡះចាកអាសវធម៌ទាំងឡាយ ឥតជាប់ចំពាក់ដោយឧបាទាន ឯយសកុលបុត្រ (នេះ) មិនគួរនឹងវិលត្រឡប់ទៅដើម្បីភាវៈថោកទាប ហើយបរិភោគកាមទាំងឡាយ ដូចកាលនៅឃរាវាសក្នុងកាលមុនទេ បើដូច្នោះ គួរតថាគតរម្ងាប់នូវឥទ្ធាភិសង្ខារ [គឺព្រះអង្គធ្វើឲ្យសេដ្ឋីគហបតិបានឃើញយសកុលបុត្រ (គឺបង្ហាញ ឬបញ្ចេញខ្លួនយសកុលបុត្រឲ្យបិតាឃើញ) ។] (គឺរំសាយឫទ្ធិ ឬស្រាយឫទ្ធិ)នោះចេញ ។ គ្រានោះ ព្រះដ៏មានព្រះភាគបានរំសាយឥទ្ធាភិសង្ខារនោះហើយ ។ សេដ្ឋីគហបតិ បានឃើញយសកុលបុត្រអង្គុយនៅ (ក្នុងទីនោះ) លុះឃើញហើយ ក៏និយាយពាក្យនេះនឹងយសកុលបុត្រថា នែយស មាតារបស់អ្នកមានសេចក្តីសោកខ្សឹកខ្សួល ចូរអ្នកឲ្យជីវិតដល់មាតារបស់អ្នកផង ។ គ្រានោះ យសកុលបុត្រក៏ងើបមើលព្រះដ៏មានព្រះភាគ ។ ឯព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកានេះនឹងសេដ្ឋីគហបតិថា ម្នាលគហបតិ អ្នកឯងសំគាល់យសកុលបុត្រនោះថាដូចម្តេចទៅ ឯយសកុលបុត្រ(នេះ) ឈ្មោះថាឃើញធម៌ហើយដោយសេក្ខញ្ញាណ និងសេក្ខទស្សនៈ ព្រោះថា យសកុលបុត្រនោះពិចារណានូវភូមិធម៌ ដូចជាធម៌ដែលអ្នកឃើញហើយ អ្នកដឹងហើយ ចិត្ត (របស់យសកុលបុត្រនោះ) ក៏រួចចាកអាសវធម៌ទាំងឡាយហើយ ឥតមានជាប់ចំពាក់ដោយឧបាទានឡើយ ម្នាលគហបតិ យស (នេះ) គួរនឹងវិលត្រឡប់ទៅដើម្បីភាវៈថោកទាប ហើយបរិភោគកាមទាំងឡាយដូចនៅជាឃរាវាសក្នុងកាលមុនដែរឬទេ ។ សេដ្ឋីគហបតិក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ហេតុនេះមិនគួរទេ ។ ព្រះបរមសាស្តា ទ្រង់ត្រាស់ថា ម្នាលគហបតិ យសកុលបុត្រ(នេះឯង) ឈ្មោះថាឃើញធម៌ហើយដោយសេក្ខញ្ញាណ និងសេក្ខទស្សនៈ ព្រោះយសកុលបុត្រនោះពិចារណានូវភូមិធម៌ ដូចជាធម៌ដែលអ្នកឃើញហើយ អ្នកត្រាស់ដឹងហើយ ចិត្តក៏រួចចាកអាសវធម៌ទាំងឡាយហើយ ឥតមានជាប់ចំពាក់ដោយឧបាទានឡើយ ម្នាលគហបតិ យសកុលបុត្រ មិនគួរនឹងវិលត្រឡប់ទៅដើម្បីភាវៈថោកទាប ហើយបរិភោគកាមទាំងឡាយដូចនៅជាឃរាវាសក្នុងកាលពីមុនទេ ។ សេដ្ឋីគហបតិ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន យសកុលបុត្រមានលាភហើយ បពិត្រព្រះអង្គដ៏ចម្រើន (អត្តភាពជាមនុស្ស) យសកុលបុត្របានល្អហើយ ព្រោះចិត្តរបស់យសកុលបុត្ររួចចាកអាសវធម៌ទាំងឡាយហើយ ឥតមានជាប់ចំពាក់ដោយឧបាទានឡើយ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគ ទ្រង់ទទួលភត្តរបស់ខ្ញុំព្រះអង្គ ដើម្បីឆាន់ក្នុងថ្ងៃនេះ ព្រមទាំងយសកុលបុត្រជាបច្ឆា [អ្នកទៅជាមួយ អ្នកតាមហែ ។]សមណៈផង ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលនិមន្តដោយភាវៈស្ងៀមនៅ ។ គ្រានោះ សេដ្ឋីគហបតិដឹងថា ព្រះដ៏មានព្រះភាគ ទ្រង់ទទួលនិមន្តហើយ ទើបក្រោកចាកទីអង្គុយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយដើរចេញទៅ ។ កាលបើសេដ្ឋីគហបតិចេញទៅមិនយូរប៉ុន្មាន ក៏យសកុលបុត្រ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគក្នុងពេលនោះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គគួរបានបព្វជ្ជា គួរបានឧបសម្បទាក្នុងសំណាក់ព្រះដ៏មានព្រះភាគ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅថា អ្នកចូរមក [អ្នកឯងចូរទៅជាភិក្ខុ ឬចូរក្លាយទៅជាភិក្ខុ ។]ជាភិក្ខុចុះ ហើយទ្រង់ត្រាស់ថា សាសនធម៌ តថាគត ពោលល្អហើយ អ្នកចូរប្រព្រឹត្តព្រហ្មចរិយធម៌ចុះ ។ ឯព្រះពុទ្ធដីកាដែលទ្រង់ត្រាស់ថា អ្នកចូរមកជាភិក្ខុនោះឯង ជាឧបសម្បទារបស់យសកុលបុត្រដ៏មានអាយុនោះ ។ ព្រះអរហន្តទាំងឡាយ៧អង្គ កើតមានក្នុងលោកក្នុងគ្រានោះឯង ។

ចប់ បព្វជ្ជារបស់ព្រះយស ។

បព្វជ្ជារបស់គ្រហស្ថជាសំឡាញ់គ្នា៤នាក់កែប្រែ

[២៩] លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្លៀកស្បង់ ប្រដាប់ដោយបាត្រនិងចីវរក្នុងបុព្វណ្ហសម័យ [ក្នុងពេលមុនថ្ងៃរះ ពីព្រហាម ឬពីព្រលឹម ។] មានព្រះយសដ៏មានអាយុ ជាបច្ឆាសមណៈ យាងចូលទៅកាន់លំនៅរបស់សេដ្ឋីគហបតិ លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលសេដ្ឋីក្រាលបម្រុងទុកហើយ ។ គ្រានោះ មាតា និងស្រ្តីជាបុរាណទុតិយិកា[ប្រពន្ធពីដើម (កាលព្រះយសនៅជាគ្រហស្ថ) ។] របស់ព្រះយសដ៏មានអាយុ នាំគ្នាដើរចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ ព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ ព្រះដ៏មានព្រះភាគ ទ្រង់សំដែងអនុបុព្វីកថាដល់ស្រីទាំងនោះ គឺទ្រង់ប្រកាសទានកថា១ សីលកថា១ សគ្គកថា១ ទោសរបស់កាមទាំងឡាយដ៏លាមកសៅហ្មង១ អានិសង្សក្នុងការចេញចាកកាម (បួស)១ ។ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបថា ស្រីទាំងឡាយនោះ មានចិត្តស្រួល មានចិត្តទន់ មានចិត្តផុតចាកនីវរណធម៌ មានចិត្តអណ្តែតឡើង មានចិត្តជ្រះថ្លា ក្នុងកាលណា ព្រះអង្គក៏ទ្រង់សំដែងធម្មទេសនា ដែលព្រះពុទ្ធទាំងឡាយ ទ្រង់លើកឡើងសំដែង ដោយព្រះអង្គឯង គឺទ្រង់ប្រកាសទុក្ខសច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ច១ ក្នុងកាលនោះ ។ សំពត់សស្អាត មិនប្រឡាក់របស់ខ្មៅ គួរទទួលទឹកជ្រលក់បានដោយប្រពៃ មានឧបមាដូចម្តេចមិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គដ៏ប្រាសចាកធូលី ប្រាសចាកមន្ទិល កើតឡើងដល់ស្រីទាំងឡាយនោះ ក្នុងទីអង្គុយនោះឯងថា ធម្មជាតិណាមួយ ដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ តែងរលត់ទៅវិញជាធម្មតា មានឧបមេយ្យដូច្នោះឯង ។ ស្រីទាំងអម្បាលនោះ បានឃើញអរិយសច្ចធម៌ហើយ បានដល់អរិយសច្ចធម៌ហើយ បានដឹងច្បាស់អរិយសច្ចធម៌ហើយ បានចុះចិត្តស៊ប់ក្នុងអរិយសច្ចធម៌ហើយ ឆ្លងផុតសេចក្តីសង្ស័យ មិនមានងឿងឆ្ងល់ ដល់នូវសេចក្តីក្លៀវក្លា មិនបាច់ជឿស្តាប់ពាក្យបុគ្គលដទៃ ក្នុងសាសនានៃព្រះសាស្តា ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគដោយពាក្យដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះពុទ្ធដីកាដែលព្រះអង្គត្រាស់ហើយនេះ ពីរោះណាស់ បពិត្រព្រះអង្គដ៏ចម្រើន ព្រះពុទ្ធដីកាដែលព្រះអង្គត្រាស់ហើយនេះ ពីរោះណាស់ បពិត្រព្រះអង្គដ៏ចម្រើន បុរសដែលផ្ងារឡើងនូវរបស់ដែលគេផ្កាប់ចុះ ឬបើកចេញនូវរបស់ដែលគេបិទបាំងទុក ឬប្រាប់ផ្លូវដល់អ្នកវង្វេងផ្លូវ ឬទ្រោលបំភ្លឺនូវប្រទីបប្រេងក្នុងទីងងឹត ដោយគិតថា មនុស្សទាំងឡាយដែលមានចក្ខុ នឹងឃើញរូបបានដោយងាយ មានឧបមាយ៉ាងណាមិញ ព្រះធម៌ដែលព្រះដ៏មានព្រះភាគ ប្រកាសហើយ ដោយបរិយាយជាច្រើន ក៏មានឧបមេយ្យដូច្នោះឯង បពិត្រព្រះអង្គដ៏ចម្រើន យើងខ្ញុំទាំងនេះ សូមដល់នូវព្រះដ៏មានព្រះភាគផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីរលឹក សូមព្រះអង្គ ទ្រង់ជ្រាបនូវយើងខ្ញុំទាំងឡាយថាជាឧបាសិកា ដល់នូវទីរលឹកស្មើដោយជីវិត ក្នុងកាលមានថ្ងៃនេះជាដើមទៅ ។ ឯស្រីទាំងអម្បាលនោះ បាននាមបញ្ញត្តិជាឧបាសិកាដល់នូវតេវាចិកាសរណគមន៍ ជាដំបូងក្នុងលោក ។ គ្រានោះ បិតាមាតា និងស្រីជាបុរាណទុតិយិការបស់ព្រះយសដ៏មានអាយុអង្គាសព្រះដ៏មានព្រះភាគ និងព្រះយសដ៏មានអាយុ ដោយខាទនីយភោជនីយាហារដ៏ផ្ចិតផ្ចង់ ដោយដៃខ្លួនឯង ឲ្យឆ្អែតស្កប់ស្កល់ហើយ (សំគាល់) នូវព្រះដ៏មានព្រះភាគ ដែលឆាន់ហើយ មានព្រះហស្ថលែងលូកចុះក្នុងបាត្រហើយ ទើបអង្គុយចុះក្នុងទីដ៏សមគួរ ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់មាតាបិតា និងស្រីបុរាណទុតិយិការបស់ព្រះយសដ៏មានអាយុ ឲ្យយល់ច្បាស់ ឲ្យកាន់យកល្អ ឲ្យឧស្សាហ៍មាំ ឲ្យរីករាយដោយធម្មីកថា ហើយទើបទ្រង់ក្រោកចាកអាសនៈចៀសចេញទៅ ។

[៣០] (លំដាប់នោះ) មានគ្រហស្ថ៤នាក់ ជាសំឡាញ់របស់ព្រះយសដ៏មានអាយុ គឺឈ្មោះវិមលៈ១ សុពាហុ១ បុណ្ណជិ១ គវម្បតិ១ ជាបុត្រពួកត្រកូលសេដ្ឋី និងអនុសេដ្ឋីក្នុងក្រុងពារាណសី បានឮដំណឹងថា យសកុលបុត្រកោរសក់ និងពុកមាត់ពុកចង្កា ហើយស្លៀកដណ្តប់សំពត់កាសាយៈចេញអំពីផ្ទះ ហើយបួសក្នុងភេទនៃបុគ្គលមិនមានប្រយោជន៍ដោយផ្ទះ ។ លុះសំឡាញ់ទាំងនោះបានឮដំណឹង (យ៉ាងនេះ)ហើយ ទើបត្រិះរិះដូច្នេះថា យសកុលបុត្រកោរសក់ និងពុកមាត់ពុកចង្កា ហើយស្លៀកដណ្តប់សំពត់កាសាយៈចេញទៅអំពីផ្ទះ ហើយបួសក្នុងភេទនៃបុគ្គលមិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យណា ធម្មវិន័យនោះ មិនមែនជារបស់ថោកទាបដោយពិត ទាំងបព្វជ្ជានោះសោត ក៏មិនមែនជារបស់ថោកទាបឡើយ ។ សំឡាញ់ទាំងនោះនាំគ្នាចូលទៅរកព្រះយសដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះយសដ៏មានអាយុ ហើយឋិតនៅក្នុងទីដ៏សមគួរ ។ លំដាប់នោះ ព្រះយសដ៏មានអាយុនាំសំឡាញ់គ្រហស្ថទាំង៤នាក់នោះចូលទៅគាល់ផ្ទះព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ លុះព្រះយសដ៏មានអាយុអង្គុយនៅក្នុងទីដ៏សមគួរហើយ ក្រាបទូលដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សំឡាញ់របស់ខ្ញុំព្រះអង្គជាគ្រហស្ថ៤នាក់នេះ ឈ្មោះវិមលៈ១ សុពាហុ១ បុណ្ណជិ១ គវម្បតិ១ ជាកូនពួកត្រកូលសេដ្ឋី និងអនុសេដ្ឋីក្នុងក្រុងពារាណសី (ជាមួយគ្នា) សូមព្រះដ៏មានព្រះភាគឲ្យឱវាទប្រៀនប្រដៅសំឡាញ់អម្បាលនេះឲ្យទាន ។ ព្រះដ៏មានព្រះភាគ ក៏ទ្រង់សំដែងអនុបុព្វីកថាដល់បុរសទាំងឡាយនោះ គឺទ្រង់សំដែងទានកថា១ សីលកថា១ សគ្គកថា១ ទោសរបស់កាមទាំងឡាយដ៏លាមកសៅហ្មង១ អានិសង្សក្នុងការចេញចាកកាម (បួស)១ ។ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបថា បុរសទាំង៤នាក់នោះ មានចិត្តស្រួល មានចិត្តទន់ មានចិត្តផុតចាកនីវរណធម៌ មានចិត្តអណ្តែតឡើង មានចិត្តជ្រះថ្លា ក្នុងកាលណា ព្រះអង្គទ្រង់ប្រកាសធម្មទេសនា ដែលព្រះពុទ្ធទាំងឡាយ ទ្រង់លើកឡើងសំដែង ដោយព្រះអង្គឯង គឺទុក្ខសច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ច១ ក្នុងកាលនោះ ។ ធម្មតា សំពត់សស្អាត មិនប្រឡាក់របស់ខ្មៅ គឺធ្យូង ឬល័ក្តខ្មៅជាដើម គួរទទួលទឹកជ្រលក់បានដោយប្រពៃ មានឧបមាដូចម្តេចមិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គដ៏ប្រាសចាកធូលី ប្រាសចាកមន្ទិល ក៏កើតឡើងដល់បុរសទាំងអម្បាលនោះ ក្នុងទីអង្គុយនោះឯងថា ធម្មជាតិណាមួយ ដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ តែងរលត់ទៅវិញជាធម្មតា មានឧបមេយ្យដូច្នោះឯង ។ បុរសទាំងអម្បាលនោះបានឃើញអរិយសច្ចធម៌ហើយ បានដល់អរិយសច្ចធម៌ហើយ បានត្រាស់ដឹងអរិយសច្ចធម៌ហើយ បានចុះចិត្តស៊ប់ក្នុងអរិយសច្ចធម៌ហើយ ឆ្លងផុតសេចក្តីសង្ស័យ មិនមានងឿងឆ្ងល់ ដល់នូវសេចក្តីក្លៀវក្លា មិនបាច់ជឿស្តាប់ពាក្យបុគ្គលដទៃឡើយ ក្នុងសាសនានៃព្រះសាស្តា ទើបក្រាបទូលព្រះដ៏មានព្រះភាគដោយពាក្យនេះថា បពិត្រព្រះអង្គដ៏ចម្រើន យើងខ្ញុំទាំងអម្បាលនេះ គួរបានបព្វជ្ជា គួរបានឧបសម្បទាក្នុងសំណាក់ព្រះដ៏មានព្រះភាគ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅថា អ្នកទាំងឡាយ ចូរមកជាភិក្ខុចុះ ហើយត្រាស់ថា សាសនធម៌ តថាគតពោលល្អហើយ អ្នកទាំងឡាយចូរប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃទុក្ខដោយល្អចុះ ។ ព្រះពុទ្ធដីកានោះឯង ជាឧបសម្បទារបស់លោកដ៏មានអាយុទាំងអម្បាលនោះ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យឱវាទប្រៀនប្រដៅភិក្ខុទាំងអម្បាលនោះដោយធម្មីកថា ។ ភិក្ខុទាំងអម្បាលនោះ កាលដែលព្រះដ៏មានព្រះភាគកំពុងឲ្យឱវាទប្រៀនប្រដៅដោយធម្មីកថា ក៏មានចិត្តផុតចាកអាសវធម៌ទាំងឡាយ ឥតមានជាប់ចំពាក់ដោយឧបាទានឡើយ ។ ព្រះអរហន្តទាំងឡាយ១១អង្គកើតមានក្នុងលោកក្នុងកាលនោះឯង ។

ចប់ បព្វជ្ជារបស់គ្រហស្ថជាសំឡាញ់គ្នា៤នាក់ ។

មារកថាកែប្រែ

[៣១] មានគ្រហស្ថជាសំឡាញ់របស់ព្រះយសដ៏មានអាយុប្រមាណ៥០នាក់(ទៀត) ជាអ្នកនៅក្នុងជនបទ (ស្រុកក្រៅ) ជាកូននៃពួកត្រកូលទាំងឡាយ មានបុព្វបុរសជាលំដាប់នៃបុព្វបុរស[គឺត្រកូលមានជីដូនជីតាជាលំដាប់តៗគ្នាមកច្រើនជួរ ។] បានឮដំណឹងច្បាស់ថា យសកុលបុត្រកោរសក់ និងពុកមាត់ពុកចង្កា ហើយស្លៀកដណ្តប់សំពត់កាសាយៈ ចេញទៅអំពីផ្ទះ ហើយបួសក្នុងភេទនៃបុគ្គលមិនមានប្រយោជន៍ដោយផ្ទះ ។ លុះជនទាំងនោះបានឮដំណឹង (យ៉ាងនេះ)ហើយ ក៏ត្រិះរិះដូច្នេះថា យសកុលបុត្រកោរសក់ និងពុកមាត់ពុកចង្កា ហើយស្លៀកសំពត់កាសាយៈ ចេញអំពីផ្ទះ ហើយបួសក្នុងភេទនៃបុគ្គលមិនមានប្រយោជន៍ដោយផ្ទះក្នុងធម្មវិន័យណា ធម្មវិន័យនោះ មិនមែនជារបស់ថោកទាបដោយពិត ទាំងបព្វជ្ជានោះសោត ក៏មិនមែនជារបស់ថោកទាបឡើយ ។ បុរសទាំង៥០នាក់នោះ នាំគ្នាចូលទៅរកព្រះយសដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះយសដ៏មានអាយុ ហើយឋិតនៅក្នុងទីដ៏សមគួរ ។ គ្រានោះ ព្រះយសដ៏មានអាយុ នាំគ្រហស្ថជាសំឡាញ់ទាំង៥០នាក់នោះចូលទៅគាល់ផ្ទះព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ លុះព្រះយសដ៏មានអាយុអង្គុយនៅក្នុងទីដ៏សមគួរហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគដោយពាក្យនេះថា បពិត្រព្រះអង្គដ៏ចម្រើន គ្រហស្ថជាសំឡាញ់របស់ខ្ញុំព្រះអង្គមានប្រមាណ៥០នាក់ទាំងនេះ ជាអ្នកនៅក្នុងជនបទ ជាបុត្រនៃពួកត្រកូលមានបុព្វបុរសជាលំដាប់នៃបុព្វបុរស សូមព្រះដ៏មានព្រះភាគ ទ្រង់ឲ្យឱវាទប្រៀនប្រដៅសំឡាញ់ទាំងអម្បាលនេះឲ្យទាន ។ ព្រះដ៏មានព្រះភាគ ទ្រង់សំដែងអនុបុព្វីកថាដល់បុរសទាំងអម្បាលនោះ គឺទ្រង់សំដែងទានកថា១ សីលកថា១ សគ្គកថា១ ទោសរបស់កាមទាំងឡាយដ៏លាមកសៅហ្មង១ អានិសង្សក្នុងការចេញចាកកាម (បួស)១ ។ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបថា បុរសទាំង៥០នាក់នោះ មានចិត្តស្រួល មានចិត្តទន់ មានចិត្តផុតចាកនីវរណធម៌ មានចិត្តអណ្តែតឡើង មានចិត្តជ្រះថ្លា ក្នុងកាលណា ព្រះអង្គក៏ទ្រង់ប្រកាសធម្មទេសនា ដែលព្រះពុទ្ធទាំងឡាយ ទ្រង់លើកឡើងសំដែង ដោយព្រះអង្គឯង គឺទុក្ខសច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ច១ ក្នុងកាលនោះ ។ ធម្មតា សំពត់សស្អាត មិនប្រឡាក់របស់ខ្មៅ គឺធ្យូង ឬល័ក្តខ្មៅ គួរទទួលទឹកជ្រលក់បានដោយប្រពៃ មានឧបមាដូចម្តេចមិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គដ៏ប្រាសចាកធូលី ប្រាសចាកមន្ទិល ក៏កើតឡើងដល់បុរសទាំងនោះ ក្នុងទីអង្គុយនោះឯងថា ធម្មជាតិណាមួយ ដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ តែងរលត់ទៅវិញជាធម្មតា មានឧបមេយ្យដូច្នោះឯង ។ បុរសទាំង៥០នាក់នោះ បានឃើញអរិយសច្ចធម៌ហើយ បានដល់អរិយសច្ចធម៌ហើយ បានត្រាស់ដឹងអរិយសច្ចធម៌ហើយ បានចុះចិត្តស៊ប់ក្នុងអរិយសច្ចធម៌ហើយ ឆ្លងផុតសេចក្តីសង្ស័យ មិនមានងឿងឆ្ងល់ ដល់នូវភាវៈជាអ្នកក្លាហាន មិនបាច់ជឿស្តាប់ពាក្យបុគ្គលដទៃ ក្នុងសាសនានៃព្រះសាស្តា ក៏ក្រាបទូលព្រះដ៏មានព្រះភាគដោយពាក្យនេះថា បពិត្រព្រះអង្គដ៏ចម្រើន យើងខ្ញុំទាំងឡាយនេះ គួរបានបព្វជ្ជា គួរបានឧបសម្បទាក្នុងសំណាក់ព្រះដ៏មានព្រះភាគ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅថា អ្នកទាំងឡាយ ចូរមកជាភិក្ខុចុះ ហើយទ្រង់ត្រាស់ថា សាសនធម៌ តថាគតពោលល្អហើយ អ្នកទាំងឡាយចូរប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃកងទុក្ខដោយល្អចុះ ។ ព្រះពុទ្ធដីកានោះឯង ជាឧបសម្បទារបស់លោកដ៏មានអាយុទាំងអម្បាលនោះ ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ទូន្មាន ប្រៀនប្រដៅភិក្ខុទាំងអម្បាលនោះដោយធម្មីកថា ។ ភិក្ខុទាំងអម្បាលនោះ កាលដែលព្រះដ៏មានព្រះភាគកំពុងទូន្មានប្រៀនប្រដៅដោយធម្មីកថា ចិត្តក៏រួចចាកអាសវធម៌ទាំងឡាយ ឥតមានជាប់ចំពាក់ដោយឧបាទានឡើយ ។ ព្រះអរហន្តទាំងឡាយ៦១អង្គកើតឡើងក្នុងលោក ក្នុងកាលនោះឯង ។

[៣២] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ហៅភិក្ខុទាំងឡាយមកហើយ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតរួចហើយ អំពីអន្ទាក់ទាំងអស់ ទោះបីជារបស់ទេវតាក្តី [កាមគុណទាំង៥ ដ៏ជាទិព្វរបស់ទេវតា ។] ទោះបីជារបស់មនុស្សក្តី [កាមគុណទំាង៥ ជារបស់មនុស្ស ។] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសោត ក៏បានរួចហើយអំពីអន្ទាក់ទាំងអស់ដែរ ទោះបីជារបស់ទេវតាក្តី ទោះបីជារបស់មនុស្សក្តី ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរត្រាច់ទៅកាន់ចារិក (គឺស្រុកនិងនិគមនិងរាជធានី ហើយសំដែងធម៌) ដើម្បីជាប្រយោជន៍ និង សេចក្តីសុខដល់ជនជាច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីជាប្រយោជន៍ ដើម្បីជាគុណ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ អ្នកទាំងឡាយកុំទៅពីរនាក់តាមផ្លូវមួយជាមួយគ្នាឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរសម្តែងធម៌ឲ្យពីរោះបទដើម បទកណ្តាល និងបទចុង អ្នកទាំងឡាយចូរប្រកាសនូវព្រហ្មចរិយធម៌ដ៏បរិសុទ្ធប្រកបដោយអត្ថ និងព្យញ្ជនៈដ៏ពេញបរិបូណ៌ទាំងអស់ សត្វទាំងឡាយដែលមានធូលី គឺរាគាទិក្កិលេសតិចក្នុងភ្នែកក៏មាន សត្វទាំងនោះនឹងសាបសូន្យ (ចាកមគ្គផល) ព្រោះមិនបានស្តាប់ធម៌ សត្វទាំងឡាយអ្នកបំរុង ត្រាស់ដឹងធម៌ គង់នឹងមាន ម្នាលភិក្ខុទាំងឡាយ ចំណែកតថាគត ក៏នឹងចូលទៅកាន់សេនានិគម[ក្នុងតតិយសារត្ថទីបនីដីកាមហាវគ្គពន្យល់ថា សេនានិគមនោះ ជាប្រទេស ជាទីនៅរបស់សេនាទាហានពីបឋមកល្បមក ព្រោះហេតុនោះ ទើបព្រះដ៏មានព្រះភាគទ្រង់ហៅថា សេនានិគម ។ សេនានិគមនេះហើយដែលជាស្រុករបស់បិតានាងសុជាតា ដែលថ្វាយមធុបាយាសដល់ព្រះអង្គជាដំបូង ។] ក្នុងឧរុវេលាប្រទេស ដើម្បីសម្តែងធម៌ដែរ ។

[៣៣] គ្រានោះ ក្រុងមារ ជាអ្នកមានចិត្តអាក្រក់ ចូលទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដោយគាថា ថា ៖ បពិត្រសមណៈ ព្រះអង្គជាប់ចំពាក់ហើយដោយអន្ទាក់ទាំងពួង ទោះបីជារបស់ទេវតាក្តី ទោះបីជារបស់មនុស្សក្តី គឺព្រះអង្គជាបុគ្គលជាប់ចំពាក់ដោយចំណងដ៏មាំ ព្រះអង្គមិនរួចអំពីវិស័យរបស់ខ្ញុំឡើយ ។

ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា ៖ នែក្រុងមារ អ្នកជាសត្វដ៏ថោកទាប តថាគតរួចហើយចាកអន្ទាក់ទាំងអស់ ទោះបីជារបស់ទេវតាក្តី ទោះបីជារបស់មនុស្សក្តី គឺតថាគតជាបុគ្គលរួចស្រឡះហើយចាកចំណងដ៏មាំ អ្នកឯងសោត ក៏តថាគតនាំចេញអំពីពុតកំណាច (គឺតថាគតឲ្យចាលចាញ់ហើយ) ។

ក្រុងមារក្រាបបង្គំទូលថា ៖ បពិត្រព្រះសមណៈ អន្ទាក់ណាដែលត្រាច់ទៅក្នុងអាកាស អន្ទាក់នេះឯង គឺឆន្ទរាគ ដែលត្រាច់ទៅក្នុងចិត្ត (របស់សត្វ ខ្ញុំនឹងទាក់ព្រះអង្គដោយអន្ទាក់ គឺឆន្ទរាគនោះ ព្រះអង្គគង់មិនរួច (អំពីវិស័យ) របស់ខ្ញុំទេ ។

ព្រះសម្ពុទ្ធ ទ្រង់ត្រាស់ថា ម្នាលមារ ជាសត្វដ៏ថោកទាប រូប សំឡេង ក្លិន រស និងផោដ្ឋព្វៈ ជាគ្រឿងតម្រេកក្នុងចិត្តនៃសត្វ ចំណង់របស់តថាគតក្នុងអារម្មណ៍ មានរូបជាដើមនេះ ប្រាសចាកអស់ហើយ អ្នកឯងសោត ក៏តថាគតនាំចេញអំពីពុតកំណាច (គឺតថាគតឲ្យចាលចាញ់)ហើយ ។

លំដាប់នោះ ក្រុងមារជាអ្នកមានចិត្តអាក្រក់ កើតទុក្ខ តូចចិត្តថា ព្រះដ៏មានព្រះភាគស្គាល់អញ ព្រះសុគតស្គាល់អញ រួចក៏អន្តរធានបាត់ទៅអំពីកន្លែងនោះឯង ។

ចប់ មារកថា ។

ឧបសម្បទាកថា ដោយត្រ័យសរណគមន៍កែប្រែ

[៣៤] សម័យនោះឯង ភិក្ខុទាំងឡាយតែងនាំមកនូវពួកបព្វជ្ជាបេក្ខបុគ្គល [អ្នកសំឡឹងយកនូវបព្វជ្ជា គឺអ្នកដែលប្រាថ្នានឹងបួសជាសាមណេរ ។]ផង នូវពួកឧបសម្បទាបេក្ខបុគ្គល[អ្នកសំឡឹងយកនូវឧបសម្បទា គឺអ្នកដែលប្រាថ្នានឹងបួសជាភិក្ខុ ។] ផង អំពីទិសផ្សេងៗ អំពីជនបទផ្សេងៗ ដោយគិតថា ព្រះដ៏មានព្រះភាគនឹងបំបួស នឹងឲ្យឧបសម្បទាដល់កុលបុត្រទាំងនោះ (ចំពោះព្រះអង្គ) ។ ឯភិក្ខុទាំងឡាយក្តី បព្វជ្ជាបេក្ខបុគ្គលទាំងឡាយក្តី ឧបសម្បទាបេក្ខបុគ្គលទាំងឡាយក្តី ក៏រមែងលំបាកក្នុងដំណើរនោះ ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងទីស្ងាត់ ទ្រង់សម្ងំនៅក្នុងកម្មដ្ឋាន មានព្រះតម្រិះក្នុងព្រះហឫទ័យកើតឡើងយ៉ាងនេះថា ឥឡូវនេះ ភិក្ខុទាំងឡាយតែងនាំមកនូវពួកបព្វជ្ជាបេក្ខបុគ្គលផង នូវពួកឧបសម្បទាបេក្ខបុគ្គលផង អំពីទិសផ្សេងៗ អំពីជនបទផ្សេងៗ (មកកាន់សំណាក់តថាគត) ដោយគិតថា ព្រះដ៏មានព្រះភាគ នឹងបំបួស នឹងឲ្យឧបសម្បទាដល់កុលបុត្រទាំងនោះ ចំណែកភិក្ខុទាំងឡាយក្តី បព្វជ្ជាបេក្ខបុគ្គលទាំងឡាយក្តី ឧបសម្បទាបេក្ខបុគ្គលទាំងឡាយក្តី ក៏រមែងលំបាកក្នុងដំណើរនោះ បើដូច្នោះ គួរតថាគតអនុញ្ញាតដល់ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ អ្នកទាំងឡាយត្រូវឲ្យបព្វជ្ជា ឲ្យឧបសម្បទា (ដល់កុលបុត្រ) ក្នុងទិសនោះៗ ក្នុងជនបទនោះៗចុះ ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ចេញចាកការសម្ងំនៅក្នុងកម្មដ្ឋាន ក្នុងវេលាថ្ងៃរសៀល ហើយព្រះអង្គឲ្យប្រជុំភិក្ខុសង្ឃ រួចធ្វើធម្មីកថា ត្រាស់ចំពោះភិក្ខុទាំងឡាយក្នុងកាលនោះថា ម្នាលភិក្ខុទាំងឡាយ កាលតថាគតនៅក្នុងទីស្ងាត់ សម្ងំក្នុងកម្មដ្ឋានក្នុងទីនេះ ក៏មានសេចក្តីត្រិះរិះក្នុងចិត្តកើតឡើងយ៉ាងនេះថា ឥឡូវនេះឯង ភិក្ខុទាំងឡាយតែងនាំមកនូវបព្វជ្ជាបេក្ខបុគ្គលទាំងឡាយផង នូវឧបសម្បទាបេក្ខបុគ្គលទាំងឡាយផង អំពីទិសផ្សេងៗ អំពីជនបទផ្សេងៗ ដោយគិតថា ព្រះដ៏មានព្រះភាគ នឹងឲ្យបព្វជ្ជា និងឧបសម្បទាដល់កុលបុត្រទាំងនោះ  ភិក្ខុទាំងឡាយក្តី បព្វជ្ជាបេក្ខបុគ្គលទាំងឡាយក្តី ឧបសម្បទាបេក្ខបុគ្គលទាំងឡាយក្តី ក៏រមែងលំបាកក្នុងដំណើរនោះ បើដូច្នោះ គួរតថាគតអនុញ្ញាតដល់ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ អ្នកទាំងឡាយចូរឲ្យបព្វជ្ជា ឲ្យឧបសម្បទា (ដល់កុលបុត្រ) ក្នុងទិសនោះៗ ក្នុងជនបទនោះៗចុះ ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតថា អ្នកទាំងឡាយ ចូរឲ្យបព្វជ្ជា ឲ្យឧបសម្បទា (ដល់កុលបុត្រ) ក្នុងទិសនោះៗ ក្នុងជនបទនោះៗក្នុងកាលឥឡូវនេះចុះ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវឲ្យបព្វជ្ជា ឲ្យឧបសម្បទាយ៉ាងនេះ ។ កុលបុត្រនោះ ភិក្ខុគប្បីកោរសក់ និងពុកមាត់ឲ្យជាដំបូង ហើយឲ្យស្លៀកសំពត់កាសាយៈទាំងឡាយ រួចឲ្យពាក់ចីពរឆៀងស្មាម្ខាង ឲ្យថ្វាយបង្គំបាទាភិក្ខុទាំងឡាយ ហើយឲ្យអង្គុយច្រហោង ផ្គងអញ្ជលីឡើង រួចប្រាប់ថា អ្នកចូរពោលពាក្យយ៉ាងនេះ [ក្នុងអដ្ឋកថា មានសេចក្តីបំពេញទៀតថា អាត្មាពោលនូវពាក្យណា អ្នកចូរពោលតាមនូវពាក្យនោះ ។]ថា ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធជាទីរលឹក ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ជាទីរលឹក ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃជាទីរលឹក ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធជាទីរលឹក ជាគម្រប់​ពីរដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ជាទីរលឹក ជាគម្រប់​ពីរដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃជាទីរលឹក ជាគម្រប់​ពីរដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធជាទីរលឹក ជាគម្រប់​បីដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ជាទីរលឹក ជាគម្រប់​បីដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃជាទីរលឹក ជាគម្រប់​បីដងផង ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបព្វជ្ជា និងឧបសម្បទាដោយត្រៃសរណគមន៍ទាំងឡាយនេះ ។

ឧបសម្បទាកថា ដោយត្រ័យសរណគមន៍ ចប់ ។

រឿងពួកភទ្ទវគ្គិយភិក្ខុជាសំឡាញ់នឹងគ្នាកែប្រែ

[៣៥] គ្រានោះ ព្រះដ៏មានព្រះភាគនៅចាំវស្សារួចហើយ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អរហត្តផលវិមុត្តិដ៏ប្រសើរ តថាគតបានសម្រេចហើយ អរហត្តផលវិមុត្តិដ៏ប្រសើរ តថាគតបានធ្វើឲ្យជាក់ច្បាស់ហើយ ដោយបានធ្វើទុកក្នុងចិត្តជាឧបាយ ដោយមានសេចក្តីព្យាយាមដ៏ល្អជាឧបាយ ម្នាលភិក្ខុទាំងឡាយ ចំណែកអ្នកទាំងឡាយក៏បានសម្រេចនូវអរហត្តផលវិមុត្តិដ៏ប្រសើរ ក៏បានធ្វើឲ្យជាក់ច្បាស់នូវអរហត្តផលវិមុត្តិដ៏ប្រសើរ ដោយបានធ្វើទុកក្នុងចិត្តជាឧបាយ ដោយមានសេចក្តីព្យាយាមដ៏ល្អជាឧបាយ ។

គ្រានោះ ក្រុងមារ ជាអ្នកមានចិត្តអាក្រក់ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ទើបពោលពាក្យជាគាថានឹងព្រះដ៏មានព្រះភាគថា ៖ បពិត្រព្រះសមណៈ អន្ទាក់ទាំងឡាយណាៗ ទោះបីជារបស់ទេវតាក្តី ជារបស់មនុស្សក្តី ព្រះអង្គជាប់ហើយដោយអន្ទាក់ទាំងនោះ ដែលជាអន្ទាក់របស់មារ ព្រះអង្គជាប់ចំពាក់ហើយដោយចំណងរបស់មារ ព្រះអង្គមិនរួច(អំពីវិស័យ)ខ្ញុំឡើយ ។

ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា ម្នាលមារ ជាសត្វដ៏លាមក អន្ទាក់ទាំងឡាយណាៗ ទោះបីជារបស់ទេវតាក្តី ជារបស់មនុស្សក្តី តថាគតរួចស្រឡះហើយចាកអន្ទាក់ទាំងនោះ ដែលជាអន្ទាក់របស់មារ តថាគតរួចហើយចាកចំណងរបស់មារ អ្នកឯងសោត ក៏តថាគតនាំចេញចាកពុតកំណាច (គឺតថាគតផ្ចាញ់ផ្ចាលហើយ) ។

គ្រានោះ ក្រុងមារជាអ្នកមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះដ៏មានព្រះភាគទ្រង់ស្គាល់អញ ព្រះសុគតទ្រង់ស្គាល់អញ ហើយក៏អន្តរធានបាត់ទៅអំពីកន្លែងនោះឯង ។

[៣៦] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ប្រថាប់នៅក្នុងក្រុងពារាណសី គួរដល់ពុទ្ធអធ្យាស្រ័យ រួចទ្រង់យាងចេញទៅកាន់ចារិកក្នុងឧរុវេលាប្រទេស ។ កាលនោះ ព្រះអង្គទ្រង់យាងចុះចាកផ្លូវ សំដៅទៅកាន់ដងព្រៃមួយ លុះយាងទៅដល់ហើយ ទ្រង់ចូលទៅកាន់ដងព្រៃនោះ ហើយគង់នៅទៀបគល់ឈើមួយ ។

សម័យនោះឯង ពួកភទ្ទវគ្គិយកុមារ ប្រមាណ៣០នាក់ ជាសំឡាញ់នឹងគ្នា ព្រមទាំងភរិយា កំពុងឲ្យភរិយាបម្រើ (ដោយកាម) ក្នុងដងព្រៃនោះ ។ មានកុមារម្នាក់ឥតភរិយានឹងគេ ។ ទើបកុមារទាំងនោះទៅនាំយកស្រីពេស្យា (ស្រីផ្កាមាស) ម្នាក់មក ដើម្បីប្រយោជន៍ដល់កុមារដែលឥតភរិយានោះ ។ លំដាប់នោះឯង កាលដែលកុមារទាំងនោះ ប្រហែសធ្វេស កំពុងឲ្យភរិយារបស់ខ្លួនបម្រើ ស្រីពេស្យានោះបានលួចយកភណ្ឌៈ [បង្វេច ឬទ្រព្យ] រត់បាត់ទៅ ។ កាលនោះ កុមារជាសំឡាញ់នឹងគ្នាទាំងនោះ ខ្វល់ខ្វាយដល់កុមារជាសំឡាញ់ ជួយស្វែងរកស្រីពេស្យានោះ ក៏បានដើរទៅកាន់ដងព្រៃនោះ បានឃើញព្រះដ៏មានព្រះភាគ គង់នៅទៀបគល់ឈើមួយ លុះឃើញហើយ ទើបនាំគ្នាចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបបង្គំទូលពាក្យនេះនឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះដ៏មានព្រះភាគបានឃើញស្រី(ម្នាក់)ដែរឬទេ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលកុមារទាំងឡាយ ចុះអ្នកត្រូវការអ្វីដោយស្រី(នោះ) ។ កុមារទាំងអម្បាលនោះក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងអស់គ្នាប្រមាណ៣០នាក់ ជាពួកដ៏ចម្រើន ជាសំឡាញ់នឹងគ្នា នៅក្នុងឧរុវេលាប្រទេសនេះ មានភរិយាគ្រប់ៗគ្នា បានឲ្យភរិយាបម្រើក្នុងដងព្រៃនេះ ឯកុមារជាសំឡាញ់ម្នាក់ មិនមានភរិយានឹងគេឡើយ យើងខ្ញុំបាននាំយកស្រីពេស្យាម្នាក់មក ដើម្បីប្រយោជន៍ដល់កុមារជាសំឡាញ់នោះ បពិត្រព្រះអង្គដ៏ចម្រើន កាលដែលយើងខ្ញុំប្រហែសធ្វេស កំពុងឲ្យភរិយារបស់ខ្លួនបម្រើ ស្រីពេស្យានោះក៏លួចយកភណ្ឌៈ រត់បាត់ទៅក្នុងពេលនោះ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនោះ យើងខ្ញុំជាសំឡាញ់នឹងគ្នាខ្វល់ខ្វាយដល់កុមារជាសំឡាញ់ ជួយស្វែងរកស្រីពេស្យានោះ ក៏បានដើរមកកាន់ដងព្រៃនេះ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលកុមារទាំងឡាយ អ្នកទាំងឡាយសំគាល់រឿងនោះដូចម្តេច អ្នកទាំងឡាយគួរស្វែងរកស្រីប្រសើរជាង ឬគួរស្វែងរកខ្លួនប្រសើរជាង ។ កុមារទាំងអម្បាលនោះក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន យើងខ្ញុំគួរស្វែងរកខ្លួនប្រសើរជាង ។ ទើបព្រះអង្គត្រាស់ថា ម្នាលកុមារទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយអង្គុយមកសិនចុះ តថាគតនឹងសំដែងធម៌ដល់អ្នកទាំងឡាយ ។ ភទ្ទវគ្គិយកុមារជាសំឡាញ់នឹងគ្នាទាំងនោះទទួលព្រះពុទ្ធដីកាថា បពិត្រព្រះអង្គដ៏ចម្រើន យ៉ាងហ្នឹងហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ ។ ព្រះដ៏មានព្រះភាគ ទ្រង់សំដែងនូវអនុបុព្វីកថាដល់ពួកភទ្ទវគ្គិយកុមារជាសំឡាញ់នឹងគ្នាទាំងនោះ គឺទ្រង់ប្រកាសទានកថា១ សីលកថា១ សគ្គកថា១ ទោសរបស់កាមទាំងឡាយដ៏លាមកសៅហ្មង១ អានិសង្សក្នុងការចេញចាកកាម (បួស)១ ។ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបថា ភទ្ទវគ្គិយកុមារទាំងនោះ មានចិត្តស្រួល មានចិត្តទន់ មានចិត្តផុតចាកនីវរណធម៌ មានចិត្តអណ្តែតឡើង មានចិត្តជ្រះថ្លា ក្នុងកាលណា ព្រះអង្គ ក៏ទ្រង់ប្រកាសធម្មទេសនា ដែលព្រះពុទ្ធទាំងឡាយ ទ្រង់លើកឡើងសំដែង ចំពោះព្រះអង្គ គឺសំដែងទុក្ខសច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ច១ ក្នុងកាលនោះ ។ ធម្មតា សំពត់សស្អាត ប្រាសចាកពណ៌ខ្មៅ គួរទទួលទឹកជ្រលក់បានដោយប្រពៃ មានឧបមាដូចម្តេចមិញ ឯធម្មចក្ខុ គឺសោតាបត្តិមគ្គដ៏ប្រាសចាកធូលី ប្រាសចាកមន្ទិល ក៏កើតឡើងដល់ភទ្ទវគ្គិយកុមារទាំងនោះ ក្នុងទីអង្គុយនោះឯងថា ធម្មជាតិណាមួយ ដែលមានកិរិយាកើតឡើង ធម្មជាតទាំងអស់នោះ រមែងរលត់ទៅវិញជាធម្មតា មានឧបមេយ្យដូច្នោះឯង ។ ភទ្ទវគ្គិយកុមារទាំងនោះបានឃើញអរិយសច្ចធម៌ហើយ បានដល់អរិយសច្ចធម៌ហើយ បានដឹងច្បាស់អរិយសច្ចធម៌ហើយ បានចុះចិត្តស៊ប់ក្នុងអរិយសច្ចធម៌ហើយ ឆ្លងផុតសេចក្តីសង្ស័យ មិនមានងឿងឆ្ងល់ ដល់នូវភាវៈ ជាអ្នកក្លាហាន មិនបាច់ជឿស្តាប់ពាក្យបុគ្គលដទៃ ក្នុងសាសនានៃព្រះសាស្តា ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន យើងខ្ញុំគួរបានបព្វជ្ជា គួរបានឧបសម្បទាក្នុងសំណាក់ព្រះដ៏មានព្រះភាគ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភទ្ទវគ្គិយកុមារទាំងនោះថា អ្នកទាំងឡាយ ចូរមកជាភិក្ខុចុះ ហើយទ្រង់ត្រាស់ថា សាសនធម៌ តថាគតបានសំដែងល្អហើយ អ្នកទាំងឡាយ ចូរប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃទុក្ខដោយល្អចុះ ។ ព្រះពុទ្ធដីកានោះឯង ជាឧបសម្បទារបស់ភទ្ទវគ្គិយភិក្ខុដ៏មានអាយុទាំងនោះ ។

ចប់ រឿងពួកភទ្ទវគ្គិយភិក្ខុជាសំឡាញ់នឹងគ្នា ។

ទុតិយភាណវារៈ ចប់ ។

បាដិហារ្យជាបឋមកែប្រែ

[៣៧] គ្រានោះ ព្រះដ៏មានព្រះភាគ ត្រាច់ទៅកាន់ចារិកតាមលំដាប់ ក៏ទ្រង់ពុទ្ធដំណើរសំដៅទៅកាន់ឧរុវេលាប្រទេស ។ សម័យនោះឯង ជដិល៣នាក់ (ជាបងប្អូននឹងគ្នា) គឺឧរុវេលកស្សប១ នទីកស្សប១ គយាកស្សប១ អាស្រ័យនៅក្នុងឧរុវេលាប្រទេស(នោះ) ។ បណ្តាជដិលទាំងនោះ មានជដិលឈ្មោះឧរុវេលកស្សបជានាយក ជាអ្នកដឹកនាំ ជាកំពូល ជាប្រធាន ជាបុគ្គលដ៏ឧត្តម ប្រសើរជាងជដិល៥០០នាក់ ។ ជដិលឈ្មោះនទីកស្សប ជានាយក ជាអ្នកដឹកនាំ ជាកំពូល ជាប្រធាន ជាបុគ្គលដ៏ឧត្តម ប្រសើរជាងជដិល៣០០នាក់ ។ ជដិលឈ្មោះគយាកស្សប ជានាយក ជាអ្នកដឹកនាំ ជាកំពូល ជាប្រធាន ជាបុគ្គលដ៏ឧត្តម ប្រសើរជាងជដិល២០០នាក់ ។ កាលនោះ ព្រះដ៏មានព្រះភាគ ទ្រង់យាងចូលទៅកាន់អាស្រមរបស់ជដិលឈ្មោះឧរុវេលកស្សប លុះចូលទៅដល់ហើយ ទ្រង់មានព្រះពុទ្ធដីកានឹងជដិលឈ្មោះឧរុវេលកស្សបថា នែកស្សប បើអ្នកមិនចង្អៀតចង្អល់ទេ យើងសូមនៅក្នុងរោងភ្លើងបានមួយរាត្រី ។ ឧរុវេលកស្សបពោលតបថា បពិត្រមហាសមណៈ ខ្ញុំមិនមានសេចក្តីចង្អៀតចង្អល់អ្វីទេ តែថាក្នុងរោងភ្លើងនេះមាននាគរាជមួយជាសត្វកាច មានឫទ្ធិ មានពិសក្នុងចង្កូម មានពិសដ៏ពន្លឹក កុំឲ្យតែនាគរាជនោះវាបៀតបៀនព្រះអង្គ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់នឹងជដិលឈ្មោះ ឧរុវេលកស្សបជាគម្រប់​ពីរដងទៀតថា នែកស្សប បើអ្នកមិនចង្អៀតចង្អល់ទេ យើងសូមនៅក្នុងរោងភ្លើងបានមួយរាត្រី ។ ឧរុវេលកស្សបពោលតបថា បពិត្រមហាសមណៈ ខ្ញុំមិនមានសេចក្តីចង្អៀតចង្អល់អ្វីទេ តែក្នុងរោងភ្លើងនេះ មាននាគរាជមួយជាសត្វកាច មានឫទ្ធិ មានពិសក្នុងចង្កូម មានពិសដ៏ពន្លឹក កុំឲ្យតែនាគរាជនោះវាបៀតបៀនព្រះអង្គ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់នឹងជដិលឈ្មោះ ឧរុវេលកស្សបជាគម្រប់​បីដងទៀតថា នែកស្សប បើអ្នកមិនចង្អៀតចង្អល់ទេ យើងសូមនៅក្នុងរោងភ្លើងបានមួយរាត្រី ។ ឧរុវេលកស្សបពោលតបថា បពិត្រមហាសមណៈ ខ្ញុំមិនមានសេចក្តីចង្អៀតចង្អល់អ្វីទេ តែក្នុងរោងភ្លើងនេះ មាននាគរាជមួយ ជាសត្វកាច មានឫទ្ធិ មានពិសក្នុងចង្កូម មានពិសដ៏ពន្លឹក កុំឲ្យតែនាគរាជនោះវាបៀតបៀនព្រះអង្គ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា នែកស្សប នាគរាជនោះបៀតបៀនយើងមិនបានទេ ណ្ហើយចុះ អ្នកចូរព្រមឲ្យរោងភ្លើង (ដល់យើងចុះ) ។ ឧរុវេលកស្សបតបថា បពិត្រមហាសមណៈ ព្រះអង្គចូរនៅតាមសប្បាយចុះ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ចូលទៅកាន់រោងភ្លើង ហើយក្រាលនូវកម្រាលស្មៅ គង់ផ្គត់ភ្នែន តាំងកាយដ៏ត្រង់ដម្កល់សតិឆ្ពោះមុខទៅកាន់កម្មដ្ឋាន ។

[៣៨] គ្រានោះ នាគនោះបានឃើញព្រះដ៏មានព្រះភាគ យាងចូលទៅ លុះឃើញហើយ កើតទុក្ខ តូចចិត្ត ក៏បណ្តាលផ្សែងឲ្យហុយចេញ ។ ឯព្រះដ៏មានព្រះភាគ ទ្រង់ត្រិះរិះយ៉ាងនេះថា ការនេះគួរតថាគត កុំបៀតបៀនស្បែកសម្បុរថ្ងៃ ស្បែកបន្ទាប់ សាច់ សរសៃ ឆ្អឹង និងខួរក្នុងឆ្អឹងរបស់នាគរាជនេះឲ្យសោះ ហើយគ្រាន់តែគ្របសង្កត់តេជះ (របស់នាគរាជ) ដោយតេជះរបស់តថាគតចុះ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ សំដែងឥទ្ធាភិសង្ខារ មានសភាពដូច្នោះហើយ ក៏បណ្តាលផ្សែងឲ្យហុយតបទៅវិញ ។ ចំណែកនាគនោះ អត់ទ្រាំសេចក្តីក្រោធមិនបាន ក៏បណ្តាលភ្លើងឲ្យឆេះឡើង ។ ឯព្រះដ៏មានព្រះភាគ ព្រះអង្គទ្រង់ចូលឈាន មានតេជោធាតុជាអារម្មណ៍ ហើយទ្រង់បណ្តាលភ្លើងឲ្យឆេះឡើងដែរ ។ កាលបើអ្នកមានឫទ្ធិទាំងពីរបណ្តាលពន្លឺភ្លើងឲ្យភ្លឺព្រោងព្រាយឡើងហើយ ឯរោងភ្លើងក៏រុងរឿងភ្លឺសន្ធោរសន្ធៅឡើងហាក់ដូចជាភ្លើងឆេះ ។ លំដាប់នោះ ជដិលទាំងអម្បាលនោះ នាំគ្នាចោមរោមរោងភ្លើង ហើយពោលយ៉ាងនេះថា ឱសមណៈមានរូបល្អម្ល៉េះ ឥឡូវត្រូវនាគរាជបៀតបៀន ។ ឯព្រះដ៏មានព្រះភាគ លុះរាត្រីនោះកន្លងទៅហើយ ទ្រង់មិនបានប៉ះពាល់ស្បែកក្រៅ ស្បែកបន្ទាប់ សាច់ សរសៃ ឆ្អឹង និងខួរក្នុងឆ្អឹងរបស់នាគនោះ ទ្រង់គ្របសង្កត់តេជះដោយតេជះ ហើយទ្រង់ចាប់នាគច្រកក្នុងបាត្រ (នាំយកទៅ) បង្ហាញដល់ជដិលឈ្មោះឧរុវេលកស្សបថា នែកស្សប នេះនាគរបស់អ្នកឯង តថាគតបានគ្របសង្កត់តេជះរបស់វា ដោយតេជះតថាគតហើយ ។ គ្រានោះ ជដិលឈ្មោះឧរុវេលកស្សបត្រិះរិះដូច្នេះថា មហាសមណៈ (នេះ) មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះហេតុថា (ព្រះអង្គ) អាចគ្រប់សង្កត់តេជះរបស់នាគជាសត្វកាច មានឫទ្ធិ មានពិសក្នុងចង្កូម មានពិសដ៏ពន្លឹក ដោយតេជះ(របស់ព្រះអង្គបាន) តែបើទុកជាយ៉ាងនោះ ក៏គង់មិនមែនជាព្រះអរហន្តដូចអញទេ ។

[៣៩] ព្រះដ៏មានព្រះភាគ (ទ្រង់ប្រថាប់នៅ) ជិតឆ្នេរស្ទឹងនេរញ្ជរា ទ្រង់មានព្រះពុទ្ធដីកានឹងជដិលឈ្មោះឧរុវេលកស្សបថា នែកស្សប បើអ្នកមិនចង្អៀតចង្អល់ទេ តថាគតសុំនៅក្នុងរោងភ្លើងក្នុងថ្ងៃនេះបាន១ថ្ងៃសិន ។ ឧរុវេលកស្សបពោលតបថា អើមហាសមណៈ ខ្ញុំមិនចង្អៀតចង្អល់ទេ ប៉ុន្តែខ្ញុំប្រាថ្នាសេចក្តីសប្បាយ ទើបឃាត់ព្រះអង្គថា ក្នុងរោងភ្លើងនេះមាននាគរាជមួយជាសត្វកាច មានឫទ្ធិ មានពិសក្នុងចង្កូម មានពិសដ៏ពន្លឹក កុំឲ្យនាគរាជនោះវាបៀតបៀនព្រះអង្គឡើយ ។

ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា នែកស្សប ឯនាគនោះមិនអាចបៀតបៀនតថាគតបានទេ ណ្ហើយចុះ អ្នកចូរព្រមឲ្យរោងភ្លើង (ដល់តថាគតចុះ) ។

ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបថា ឧរុវេលកស្សបព្រមឲ្យហើយ ព្រះអង្គមិនតក់ស្លុត ឥតមានកោតញញើត ទើបយាងចូលទៅ ។ ពស់ជាអហិនាគ បានឃើញព្រះអង្គយាងចូលទៅ ក៏តូចចិត្ត ទើបបណ្តាលផ្សែងឲ្យហុយចេញ ។ ឯព្រះសម្ពុទ្ធជាមនុស្សនាគ ទ្រង់មានព្រះហឫទ័យរីករាយ ឥតមានសេចក្តីអាក់អន់ ក៏បណ្តាលផ្សែងឲ្យហុយចេញក្នុងទីនោះដែរ ។ ចំណែកអហិនាគ អត់ទ្រាំសេចក្តីក្រោធមិនបាន ក៏បណ្តាលភ្លើងឲ្យឆេះឡើង ដូចជាភ្លើងធម្មតា ។ ឯមនុស្សនាគ ទ្រង់ឆ្លាសក្នុងឈាន មានតេជោធាតុជាអារម្មណ៍ ក៏បណ្តាលឲ្យឆេះឡើងក្នុងទីនោះដែរ ។ កាលបើអ្នកមានឫទ្ធិទាំងពីរបណ្តាលឲ្យភ្លើងភ្លឺព្រោងព្រាយឡើងព្រមគ្នាហើយ ពួជដិលដ៏ចោមរោមរោងភ្លើង ។

ជដិលទាំងឡាយនិយាយគ្នាថា ឱ មហាសមណៈមានរូបល្អម្ល៉េះ ឥឡូវត្រូវនាគបៀតបៀន ។

លុះរាត្រីកន្លងទៅហើយ រស្មីរបស់អហិនាគក៏រលត់សូន្យទៅ ។ ឯរស្មីមានពណ៌ច្រើនរបស់ព្រះសម្ពុទ្ធដ៏មានឫទ្ធិ ក៏តាំងនៅដដែល ។ រស្មីមានពណ៌ច្រើនគឺ ខៀវខ្លះ ក្រហមខ្លះ ហង្សបាទ (ក្រហមទន់)ខ្លះ លឿងខ្លះ ពណ៌ផ្លេកខ្លះ មាននៅក្នុងព្រះកាយរបស់ព្រះសម្ពុទ្ធដែលមានព្រះនាមថា អង្គីរស ។ ព្រះសម្ពុទ្ធទ្រង់ចាប់អហិនាគច្រកក្នុងបាត្រហើយ (នាំទៅ) បង្ហាញព្រាហ្មណ៍ថា នែកស្សប នេះនាគរបស់អ្នក តថាគតគ្របសង្កត់តេជះរបស់វា ដោយតេជះរបស់តថាគតហើយ ។

គ្រានោះ ជដិលឈ្មោះឧរុវេលកស្សប ជ្រះថ្លាដោយឥទ្ធិប្បាដិហារ្យនេះ របស់ព្រះដ៏មានព្រះភាគ ទើបក្រាបទូលព្រះដ៏មានព្រះភាគដោយពាក្យដូច្នេះថា បពិត្រមហាសមណៈ សូមព្រះអង្គគង់នៅក្នុងទីនេះ ខ្ញុំនឹងអង្គាសដោយនិច្ចភត្តដល់ព្រះអង្គ ។

ចប់ បាដិហារ្យជាបឋម ។

[៤០] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងដងព្រៃមួយ ក្នុងទីជិតអាស្រមរបស់ជដិលឈ្មោះឧរុវេលកស្សប ។ កាលនោះ ទេវតាទាំង៤ ជាស្តេចធំ មានសម្បុរល្អ (ចុះមក) ក្នុងវេលាពាក់កណ្តាលអធ្រាត្រ បណ្តាលរស្មីឲ្យភ្លឺក្នុងដងព្រៃទាំងអស់ ហើយចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ទើបឋិតនៅក្នុងទិសទាំង៤ មានគួរនាដូចគំនរភ្លើងដ៏ធំ ។ លុះរាត្រីនោះកន្លងហើយ ទើបជដិលឈ្មោះឧរុវេលកស្សបចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគ ដោយពាក្យដូច្នេះថា បពិត្រមហាសមណៈ កាល(នេះ) ជាកាលសមគួរហើយ ភត្តាហារសម្រេចហើយ បពិត្រមហាសមណៈ ចុះអ្នកណាដែលមានសម្បុរល្អ (ចុះមក) ក្នុងវេលាពាក់កណ្តាលអធ្រាត្រ បណ្តាលរស្មីឲ្យភ្លឺក្នុងដងព្រៃទាំងអស់ ហើយចូលមកគាល់ព្រះអង្គ លុះចូលមកដល់ហើយ ថ្វាយបង្គំព្រះអង្គ ហើយស្ថិតនៅក្នុងទិសទាំង៤ មានគួរនាដូចគំនរភ្លើងដ៏ធំ ។ ទ្រង់ត្រាស់ថា នែកស្សប ឯអ្នកទាំងនោះ គឺស្តេចធំទាំង៤ ចូលមកគាល់តថាគតដើម្បីនឹងស្តាប់ធម៌ ។ គ្រានោះ ជដិលឈ្មោះឧរុវេលកស្សបត្រិះរិះដូច្នេះថា មហាសមណៈ (នេះ) មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះហេតុថា អម្បាលមហារាជទាំង៤ ក៏គង់ចូលមកគាល់ដើម្បីស្តាប់ធម៌ដែរ តែបើទុកជាយ៉ាងនោះ ក៏គង់មិនមែនជាព្រះអរហន្តដូចអញទេ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់សោយភត្តាហាររបស់ជដិលឈ្មោះឧរុវេលកស្សបស្រេចហើយ ទ្រង់ប្រថាប់នៅក្នុងដងព្រៃនោះឯង ។

ចប់ បាដិហារ្យជាគម្រប់​២ ។

[៤១] គ្រានោះ សក្កទេវរាជ ជាធំជាងទេវតាទាំងឡាយ មានពណ៌ល្អ បណ្តាលរស្មីឲ្យភ្លឺក្នុងដងព្រៃទាំងអស់ ក្នុងវេលាកណ្តាលអធ្រាត្រ ហើយចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ មានគួរនាដូចគំនរភ្លើងធំដ៏រុងរឿង និងឧត្តមជាងរស្មីនៃពណ៌ដែលមានហើយក្នុងកាលយប់មុន ។ លុះរាត្រីនោះកន្លងហើយ ទើបជដិលឈ្មោះឧរុវេលកស្សបចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបទូលព្រះដ៏មានព្រះភាគ ដោយពាក្យដូច្នេះថា បពិត្រមហាសមណៈ កាល(នេះ) ជាកាលសមគួរហើយ ភត្តាហារក៏សម្រេចហើយ បពិត្រមហាសមណៈ ចុះអ្នកណាដែលមានពណ៌ល្អ បណ្តាលរស្មីឲ្យភ្លឺក្នុងដងព្រៃទាំងអស់ ក្នុងវេលាកណ្តាលអធ្រាត្រ ហើយចូលមកគាល់ព្រះអង្គ លុះចូលមកដល់ហើយ ថ្វាយបង្គំព្រះអង្គ ទើបឋិតនៅក្នុងទីដ៏សមគួរ មានគួរនាដូចគំនរភ្លើងធំដ៏រុងរឿង និងឧត្តមជាងរស្មីនៃពណ៌ដែលមានហើយក្នុងកាលយប់មុន  ។ ទ្រង់ត្រាស់ថា នែកស្សប អ្នកនោះហើយ គឺសក្កទេវរាជ ជាធំជាងទេវតាទាំងឡាយ ចូលមករកតថាគត ដើម្បីនឹងស្តាប់ធម៌ ។ គ្រានោះ ជដិលឈ្មោះឧរុវេលកស្សបមានសេចក្តីត្រិះរិះយ៉ាងនេះថា មហាសមណៈ (នេះ) មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះថា សក្កទេវរាជ ជាធំជាងពួកទេវតា គង់ចូលមកគាល់ដើម្បីនឹងស្តាប់ធម៌ តែបើទុកជាយ៉ាងនោះ ក៏គង់មិនមែនជាព្រះអរហន្តដូចអញទេ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់សោយភត្តាហាររបស់ជដិលឈ្មោះឧរុវេលកស្សបស្រេចហើយ ទ្រង់ប្រថាប់នៅក្នុងដងព្រៃនោះឯង ។

ចប់ បាដិហារ្យជាគម្រប់​៣ ។

[៤២] លំដាប់នោះ សហម្បតិព្រហ្ម មានសម្បុរល្អ បណ្តាលរស្មីឲ្យភ្លឺក្នុងដងព្រៃទាំងអស់ ក្នុងវេលាកណ្តាលអធ្រាត្រ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ទើបឋិតនៅក្នុងទីដ៏សមគួរមួយ មានគួរនាដូចគំនរភ្លើងធំដ៏រុងរឿង និងឧត្តមជាងរស្មីនៃពណ៌ដែលមានហើយក្នុងយប់មុនៗ ។ កាលបើរាត្រីនោះកន្លងទៅហើយ ទើបជដិលឈ្មោះឧរុវេលកស្សបចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដោយពាក្យនេះថា បពិត្រមហាសមណៈ កាល(នេះ) ជាកាលសមគួរហើយ ភត្តាហារក៏សម្រេចហើយ បពិត្រមហាសមណៈ ចុះអ្នកណាហ្ន៎មានពណ៌ល្អ បណ្តាលរស្មីឲ្យភ្លឺក្នុងដងព្រៃទាំងអស់ ក្នុងវេលាកណ្តាលអធ្រាត្រ ចូលមកគាល់ព្រះអង្គ លុះចូលមកដល់ហើយ ថ្វាយបង្គំព្រះអង្គ ហើយឋិតនៅក្នុងទីដ៏សមគួរ គួរនាដូចគំនរភ្លើងដ៏ធំ រុងរឿង និងឧត្តមជាងរស្មីនៃពណ៌ដែលមានក្នុងយប់មុនៗនោះ  ។ ព្រះអង្គត្រាស់ថា នែកស្សប ជននោះឯង គឺសហម្បតិព្រហ្ម ចូលមករកតថាគត ដើម្បីនឹងស្តាប់ធម៌ ។ គ្រានោះ ជដិលឈ្មោះឧរុវេលកស្សបមានសេចក្តីត្រិះរិះដូច្នេះថា មហាសមណៈ (នេះ) មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះថា អម្បាលសហម្បតិព្រហ្ម ក៏គង់ចូលមកគាល់ដើម្បីនឹងស្តាប់ធម៌ដែរ តែបើទុកជាយ៉ាងនោះ ក៏គង់នៅមិនមែនជាព្រះអរហន្តដូចអញទេ ។ ក្នុងកាលនោះ ព្រះដ៏មានព្រះភាគ ទ្រង់សោយភត្តាហាររបស់ជដិលឈ្មោះឧរុវេលកស្សបស្រេចហើយ ទ្រង់ប្រថាប់នៅក្នុងដងព្រៃនោះឯង ។

ចប់ បាដិហារ្យជាគម្រប់​៤ ។

[៤៣] សម័យនោះឯង គ្រឿងបូជាធំ នឹងកើតឡើងដល់ជដិលឈ្មោះឧុវេលកស្សប ។ (ព្រោះថា) ជនអ្នកនៅក្នុងដែនអង្គៈ និងមគធៈទាំងអស់គ្នា ប្រាថ្នានឹងនាំយកខាទនីយភោជនីយាហារមានប្រមាណច្រើនចូលមកបូជា ។ គ្រានោះ ជដិលឈ្មោះឧរុវេលកស្សប មានសេចក្តីត្រិះរិះដូច្នេះថា កាលឥឡូវនេះឯង គ្រឿងបូជាធំនឹងកើតឡើងដល់អញ ដ្បិតថាជនអ្នកនៅក្នុងដែនអង្គៈ និងមគធៈទាំងអស់គ្នា នឹងនាំយកខាទនីយភោជនីយាហារមានប្រមាណច្រើនចូលមកបូជា បើមហាសមណៈនឹងធ្វើឥទ្ធិប្បាដិហារ្យក្នុងទីប្រជុំមហាជន លាភសក្ការៈនឹងចម្រើនដល់មហាសមណៈ លាភសក្ការៈរបស់អញ ក៏នឹងសាបសូន្យទៅ ឱមហាសមណៈ កុំគប្បីមកឆាន់ក្នុងថ្ងៃស្អែកនេះទៅអេះ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបសេចក្តីបរិវិតក្កក្នុងចិត្តរបស់ជដិលឈ្មោះឧរុវេលកស្សប ដោយព្រះហឫទ័យព្រះអង្គ ទើបទ្រង់យាងទៅកាន់ឧត្តរកុរុទ្វីប នាំយកចង្ហាន់បិណ្ឌបាតមកអំពីឧត្តរកុរុទ្វីបនោះ ហើយទ្រង់សោយជិតស្រះអនោត្ត ហើយទ្រង់សម្រាកឥរិយាបទនៅក្នុងវេលាថ្ងៃក្នុងកន្លែងនោះឯង ។កាលបើរាត្រីនោះកន្លងទៅហើយ ទើបជដិលឈ្មោះឧរុវេលកស្សបចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដោយពាក្យនេះថា បពិត្រមហាសមណៈ កាល(នេះ) ជាកាលសមគួរហើយ ភត្តាហារក៏សម្រេចហើយ បពិត្រមហាសមណៈ ហេតុដូចម្តេច ក៏ព្រះអង្គមិនយាងមកក្នុងថ្ងៃម្សិលមិញ ចំណែកខ្ញុំ ៗតែងរលឹកព្រះអង្គ ទន្ទឹងចាំមើលផ្លូវថា មហាសមណៈមិនមកទេឬអ្វី ហើយបានទាំងដំកល់ចំណែកខាទនីយាហារទុក ដើម្បីព្រះអង្គ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា នែកស្សប ក្រែងអ្នកត្រិះរិះដូច្នេះថា ក្នុងកាលឥឡូវនេះ គ្រឿងបូជាធំនឹងកើតឡើងដល់អញ ដ្បិតថា ជនអ្នកនៅក្នុងដែនអង្គៈ និងមគធៈទាំងអស់គ្នា នឹងនាំយកខាទនីយភោជនីយាហារមានប្រមាណច្រើនចូលមកបូជា បើមហាសមណៈនឹងធ្វើឥទ្ធិប្បាដិហារ្យក្នុងទីប្រជុំមហាជន ឯលាភសក្ការៈនឹងចម្រើនដល់មហាសមណៈ លាភសក្ការៈរបស់អញ នឹងសាបសូន្យទៅ ឱមហាសមណៈ កុំគប្បីមកឆាន់ក្នុងថ្ងៃស្អែកទៅអេះ ដូច្នេះ ពិតមែនឬទេ នែកស្សប ចំណែកតថាគតឯង បានដឹងសេចក្តីបរិវិតក្កក្នុងចិត្តរបស់អ្នកឯង ដោយចិត្តតថាគត ហើយតថាគតក៏ទៅកាន់ឧត្តរកុរុទ្វីប នាំយកចង្ហាន់បិណ្ឌបាតមកអំពីទ្វីបនោះ រួចឆាន់ជិតស្រះអនោត្ត ហើយសម្រាកឥរិយាបថក្នុងវេលាថ្ងៃក្នុងកន្លែងនោះឯង ។ គ្រានោះ ជដិលឈ្មោះឧរុវេលកស្សប ត្រិះរិះដូច្នេះថា មហាសមណៈនេះ មានឫទ្ធិខ្លាំងណាស់តើ មានអានុភាពធំមែន ព្រោះថា ព្រះអង្គស្គាល់ចិត្តដោយចិត្តរបស់ព្រះអង្គបាន តែបើទុកជាយ៉ាងនោះ ក៏គង់នៅមិនមែនជាព្រះអរហន្តដូចអញទេ ។ កាលនោះ ព្រះដ៏មានព្រះភាគ ទ្រង់សោយភត្តាហាររបស់ជដិលឈ្មោះឧរុវេលកស្សបស្រេចហើយ ទ្រង់ប្រថាប់នៅក្នុងដងព្រៃនោះឯង ។

ចប់ បាដិហារ្យជាគម្រប់​៥ ។

[៤៤] សម័យនោះឯង សំពត់បង្សុកូល[សម្ពត់ដែលជាប់ដោយអាចមន៍ដី មានសម្ពត់ដែលឥតម្ចាស់ជាដើម ។] កើតឡើងដល់ព្រះដ៏មានព្រះភាគ ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់រំពឹងដូច្នេះថា តថាគតគួរនឹងលាងសំពត់បង្សុកូលក្នុងទីណាអេះ ។ លំដាប់នោះ សក្កទេវរាជ ជាធំជាងពួកទេវតា បានជ្រាបពុទ្ធបរិវិតក្ករបស់ព្រះដ៏មានព្រះភាគ ដោយចិត្តរបស់ខ្លួន ហើយក៏ជីកស្រះ (មួយ) ដោយដៃឯង ហើយក្រាបទូលព្រះដ៏មានព្រះភាគដោយពាក្យដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះអង្គលាងសំពត់បង្សុកូលក្នុងស្រះនេះចុះ ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ព្រះតម្រិះដូច្នេះថា តថាគតគួរបោកគក់សំពត់បង្សុកូលនឹងរបស់អ្វីអេះ ។ លំដាប់នោះ សក្កទេវរាជ ជាធំជាងពួកទេវតា ជ្រាបចេតោបរិវិតក្ក (ព្រះតម្រិះ) របស់ព្រះដ៏មានព្រះភាគ ដោយចិត្តរបស់ខ្លួន ទើបនាំយកថ្ម១ផែនធំ មកថ្វាយដោយពាក្យថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគ បោកគក់សំពត់បង្សុកូលលើថ្មនេះចុះ ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់រំពឹងថា តថាគតគួរពាក់ព្យួរ ហើយពូតនឹងរបស់អ្វីហ្ន៎ ។ លំដាប់នោះ មានទេវតាអាស្រ័យនៅលើដើមថ្ងាន់ ជ្រាបចេតោបរិវិតក្ក របស់ព្រះដ៏មានព្រះភាគ ដោយចិត្តរបស់ខ្លួន ទើបបង្អោនមែកថ្ងាន់ឲ្យទាបចុះមក ដោយពាក្យថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគ ពាក់ព្យួរ ហើយពូតនឹងមែនថ្ងាន់នេះចុះ ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់រំពឹងទៀតថា តថាគតគួរត្រដាងហាលសំពត់បង្សុកូលត្រង់កន្លែងណាហ្ន៎ ។ ខណៈនោះ សក្កទេវរាជ ជាធំជាងទេវតា ទ្រង់ជ្រាបចេតោបរិវិតក្ករបស់ព្រះដ៏មានព្រះភាគ ដោយចិត្តរបស់ខ្លួន ទើបនាំយកថ្ម១ផែនធំមកថ្វាយ ដោយពាក្យថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគ ទ្រង់ត្រដាងហាលសំពត់បង្សុកូលលើថ្មនេះចុះ ។ កាលបើរាត្រីនោះកន្លងទៅហើយ ជដិលឈ្មោះឧរុវេលកស្សប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបទូលព្រះដ៏មានព្រះភាគ ដោយពាក្យនេះថា មហាសមណៈ កាលនេះជាកាលសមគួរហើយ ភត្តាហារក៏សម្រេចហើយ បពិត្រមហាសមណៈ ស្រះបោក្ខរណីនេះ ពីមុនមិនមានក្នុងកន្លែងនេះទេ (ឥឡូវនេះ) ស្រះបោក្ខរណីនោះ មានក្នុងកន្លែងនេះ ផែនថ្មនេះគេដម្កល់ទុកពីមុន ក៏មិនមានដែរ ចុះ(ឥឡូវនេះ) ផែនថ្មនេះ អ្នកណាគេដម្កល់ទុក មែកថ្ងាន់នេះ កាលពីមុនមិនទាបចុះមកទេ (ក៏ឥឡូវ)នេះ មែកថ្ងាន់នេះឯង ទៅជាទាបចុះមក ព្រោះហេតុអ្វីហ្ន៎ ។ ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា នែកស្សប សំពត់បង្សុកូល កើតឡើងដល់តថាគតក្នុងទីនេះ នែកស្សប តថាគតរំពឹងដូច្នេះថា តថាគតគួរលាងសំពត់បង្សុកូលក្នុងទីណាហ្ន៎ នែកស្សប (លុះតថាគតរំពឹងយ៉ាងនេះហើយ) លំដាប់នោះ សក្កទេវរាជ ជាធំជាងពួកទេវតា ទ្រង់ជ្រាបចេតោបរិវិតក្ករបស់តថាគត ដោយចិត្តរបស់គេ ក៏ជីកស្រះបោក្ខរណី ដោយដៃ ហើយពោលពាក្យនេះនឹងតថាគតថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគ លាងសំពត់បង្សុកូលក្នុងស្រះបោក្ខរណីនេះចុះ ស្រះបោក្ខរណីនេះ ហើយដែលអមនុស្ស[ក្រៅពីជាតិមនុស្ស ក្នុងទីនេះគឺព្រះឥន្ទ្រ ។] ជីកដោយដៃ នែកស្សប តថាគតរំពឹងដូច្នេះទៀតថា តថាគតគួរបោកគក់សំពត់បង្សុកូលលើអ្វីហ្ន៎ ម្នាលកស្សប កាលនោះ សក្កទេវរាជ ជាធំជាងពួកទេវតា ទ្រង់ជ្រាបចេតោបរិវិតក្ក របស់តថាគត ដោយចិត្តរបស់គេ ទើបនាំយកផែនថ្ម១ផ្ទាំងធំ មកថ្វាយដោយពាក្យថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគ បោកគក់សំពត់បង្សុកូលលើថ្មនេះចុះ ថ្មនេះឯងដែលអមនុស្សបានដម្កល់ទុក ម្នាលកស្សប តថាគតរំពឹងដូច្នេះទៀតថា តថាគតគួរពាក់ព្យួរ ហើយពូតនឹងរបស់អ្វីហ្ន៎ កស្សប ក្នុងកាលនោះ ទេវតាអាស្រ័យនៅលើដើមថ្ងាន់ ជ្រាបចេតោបរិវិតក្ក របស់តថាគត ដោយចិត្តរបស់គេ ទើបបង្អោនមែកថ្ងាន់ឲ្យទាបចុះមក ដោយពាក្យថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគ ពាក់ព្យួរ ហើយពូតនឹងមែនថ្ងាន់នេះចុះ ឯដើមថ្ងាន់ក៏ទន់ទោរមកតោងដោយដៃបាន កស្សប តថាគតរំពឹងដូច្នេះទៀតថា តថាគតគួរត្រដាងហាលសំពត់បង្សុកូលត្រង់កន្លែងណាហ្ន៎ កស្សប លំដាប់នោះ សក្កទេវរាជ ជាធំជាងពួកទេវតា ទ្រង់ជ្រាបចេតោបរិវិតក្ករបស់តថាគត ដោយចិត្តរបស់គេ ទើបនាំយកផែនថ្ម១ផ្ទាំងធំមកថ្វាយ ដោយពាក្យថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគ ត្រដាងហាលសំពត់បង្សុកូលលើថ្មនេះចុះ ថ្មនេះហើយ ដែលអមនុស្សគេបានដម្កល់ទុក ។ គ្រានោះ ជដិលឈ្មោះឧរុវេលកស្សប ត្រិះរិះដូច្នេះថា មហាសមណៈនេះ មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះថា អម្បាលសក្កទេវរាជ ជាធំជាងទេវតា ក៏គង់មកធ្វើការបម្រើ តែបើទុកជាយ៉ាងនោះ ក៏គង់នៅមិនមែនជាព្រះអរហន្តដូចអញទេ ។ កាលនោះ ព្រះដ៏មានព្រះភាគ ទ្រង់សោយភត្តាហាររបស់ជដិលឈ្មោះឧរុវេលកស្សបហើយ ទ្រង់ប្រថាប់នៅក្នុងដងព្រៃនោះឯង ។

[៤៥] កាលបើរាត្រីនោះកន្លងទៅហើយ ទើបជដិលឈ្មោះឧរុវេលកស្សប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបបង្គំទូលនូវកាល (នៃភត្ត) ដល់ព្រះដ៏មានព្រះភាគថា បពិត្រមហាសមណៈ កាលនេះជាកាលគួរហើយ ភត្តាហារក៏សម្រេចហើយ ។ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាថា ម្នាលកស្សប អ្នកឯងចូរទៅចុះ តថាគតនឹងទៅក្រោយ ។ ព្រះដ៏មានព្រះភាគ លុះបញ្ជូនឧរុវេលកស្សបឲ្យទៅមុនហើយ ក៏ទ្រង់យាងទៅកាន់ជម្ពូទ្វី ដែលលោកសន្មតដោយដើមព្រីង ហើយនាំយកផ្លែអំពីដើមព្រីងនោះ រួចយាងត្រឡប់មកគង់ក្នុងរោងភ្លើង បានមុនជដិលនោះវិញ ។ ជដិលឈ្មោះឧរុវេលកស្សប ក៏បានឃើញព្រះដ៏មានព្រះភាគ គង់នៅក្នុងរោងភ្លើងដោយច្បាស់លាស់ លុះឃើញហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រមហាសមណៈ ព្រះអង្គទ្រង់ពុទ្ធដំណើរមកតាមផ្លូវណា (កាលដែលមក) ខ្ញុំចេញមកមុនព្រះអង្គ (លុះមកដល់ទីនេះ) ត្រឡប់ជាព្រះអង្គមកដល់គង់នៅក្នុងរោងភ្លើងមុនខ្ញុំភ្លាម ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា កស្សប កាលតថាគតបានបញ្ជូនអ្នកមកក្នុងទីនេះហើយ តថាគតទៅកាន់ជម្ពូទ្វី ដែលលោកសន្មតដោយដើមព្រីង ហើយតថាគតនាំយកផ្លែអំពីដើមព្រីងនោះ រួចមកអង្គុយនៅក្នុងរោងភ្លើង(នេះ) បានមុនអ្នក កស្សប ផ្លែនេះគឺផ្លែព្រីង មានសម្បុរល្អ មានក្លិនក្រអូប មានរសឆ្ងាញ់ បើអ្នកចង់បរិភោគ ចូរបរិភោគចុះ ។ ជដិលឈ្មោះឧរុវេលកស្សបក្រាបទូលថា បពិត្រមហាសមណៈ ណ្ហើយ (ខ្ញុំអរហើយ) ព្រះអង្គបាននាំមកនូវផ្លែព្រីងនេះ សូមព្រះអង្គសោយផ្លែព្រីងនេះព្រះអង្គឯងចុះ ។ គ្រានោះ ជដិលឈ្មោះឧរុវេលកស្សប រិះគិតដូច្នេះថា មហាសមណៈនេះ មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះកាលព្រះអង្គបញ្ជូនអញមក (ក្នុងទីនេះ) មុនព្រះអង្គ ហើយទ្រង់ទៅកាន់ជម្ពូទ្វីដែលលោកសន្មតដោយដើមព្រីង ហើយនាំយកផ្លែអំពីដើមព្រីងនោះ រួចត្រឡប់ជាមកគង់នៅក្នុងរោងភ្លើង(នេះ) បានមុនអញវិញ តែបើទុកជាយ៉ាងនោះឯង ក៏គង់នៅមិនមែនជាព្រះអរហន្តដូចអញទេ ។ កាលនោះ ព្រះដ៏មានព្រះភាគ ទ្រង់សោយភត្តាហាររបស់ជដិលឈ្មោះឧរុវេលកស្សបហើយ ទ្រង់ប្រថាប់នៅក្នុងដងព្រៃនោះឯង ។ កាលបើរាត្រីនោះកន្លងទៅហើយ ជដិលឈ្មោះឧរុវេលកស្សប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបទូលនូវកាល (នៃភត្ត) ដល់ព្រះដ៏មានព្រះភាគថា បពិត្រមហាសមណៈ កាលនេះជាកាលគួរហើយ ភត្តាហារក៏សម្រេចហើយ ។ ព្រះដ៏មានព្រះភាគ ទ្រង់បញ្ជូនជដិលឈ្មោះឧរុវេលកស្សបថា នែកស្សប អ្នកទៅ (មុន)ចុះ តថាគតនឹងទៅ(តាមក្រោយ) ហើយព្រះអង្គយាងទៅកាន់ជម្ពូទ្វី ដែលលោកសន្មតដោយដើមព្រីង ក៏ទ្រង់នាំផ្លែស្វាយនៅជិតដើមព្រីងនោះ ។បេ ។ ទ្រង់នាំយកផ្លែកន្ទួតនៅជិតដើមព្រីងនោះ ។បេ ។ ទ្រង់នាំយកផ្លែសម៉នៅជិតដើមព្រីងនោះ ។បេ ។ ទ្រង់យាងទៅកាន់ស្ថានតាវត្តឹង្ស ទេវលោក ហើយទ្រង់នាំមកនូវផ្កាបារិច្ឆត្តកព្រឹក្ស រួចទ្រង់មកគង់នៅក្នុងរោងភ្លើងជាមុន ។ ជដិលឈ្មោះឧរុវេលកស្សប ក៏បានឃើញព្រះដ៏មានព្រះភាគ គង់នៅក្នុងរោងភ្លើងដោយច្បាស់លាស់ លុះឃើញហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រមហាសមណៈ ព្រះអង្គទ្រង់ពុទ្ធដំណើរមកតាមផ្លូវណា (កាលដែលមក) ខ្ញុំចេញមកមុនព្រះអង្គ (វេលាមកដល់ក្នុងទីនេះ) ត្រឡប់ជាព្រះអង្គមកគង់នៅក្នុងរោងភ្លើងបានមុនខ្ញុំវិញ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា នែកស្សប កាលតថាគតបញ្ជូនអ្នកមកក្នុងទីនេះ ហើយតថាគតទៅកាន់ស្ថានតាវត្តឹង្ស នាំមកនូវផ្កាបារិច្ឆត្តកព្រឹក្ស រួចមកអង្គុយនៅក្នុងរោងភ្លើង បានមុនអ្នកឯង កស្សប នេះឯងផ្កាបារិច្ឆត្តកព្រឹក្ស មានសម្បុរល្អ មានក្លិនក្រអូបមែន ។ គ្រានោះ ជដិលឈ្មោះឧរុវេលកស្សប ត្រិះរិះដូច្នេះថា មហាសមណៈ(នេះ) មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះថា ព្រះអង្គបញ្ជូនអញឲ្យមកមុនព្រះអង្គ រួចព្រះអង្គយាងទៅកាន់ឋានតាវត្តឹង្ស នាំយកផ្កាបារិច្ឆត្តកព្រឹក្ស ហើយមកគង់នៅក្នុងរោងភ្លើងនេះ បានមុនអញ តែបើទុកជាយ៉ាងនោះសោត ក៏គង់នៅមិនមែនជាព្រះអរហន្តដូចអញទេ ។

[៤៦] សម័យនោះឯង ជដិលទាំងអម្បាលនោះប្រាថ្នានឹងធ្វើសេចក្តីគោរពភ្លើង ក៏មិនអាចនឹងពុះឧសទាំងឡាយឲ្យបែកចេញបាន ។ កាលនោះ ជដិលទាំងអម្បាលនោះមានសេចក្តីត្រិះរិះដូច្នេះថា យើងមិនអាចនឹងពុះឧសឲ្យបែកបានដោយហេតុណា ហេតុនោះ គឺជាឥទ្ធានុភាពរបស់មហាសមណៈដោយពិតឥតសង្ស័យ ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកានេះនឹងជដិលឈ្មោះឧរុវេលកស្សបថា នែកស្សប អ្នកចូរពុះឧសទាំងឡាយឲ្យបែកទៅ ។ ឧរុវេលកស្សបទូលថា បពិត្រមហាសមណៈ សូមព្រះអង្គធ្វើឧសទាំងឡាយឲ្យបែកឲ្យទាន ។ ចំណែកឧសទាំង៥០០ដុំ ក៏បែកព្រមគ្នាតែម្តង ។ លំដាប់នោះ ជដិលឈ្មោះឧរុវេលកស្សប រពឹងយ៉ាងនេះថា មហាសមណៈនេះ មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះថា ព្រះអង្គអាចនឹងបំបែកឧសទាំងឡាយចេញបាន តែបើទុកជាយ៉ាងនោះ ក៏គង់នៅមិនមែនជាព្រះអរហន្តដូចអញទេ ។

[៤៧] សម័យនោះឯង ជដិលទាំងអម្បាលនោះប្រាថ្នានឹងធ្វើសេចក្តីគោរពភ្លើង ក៏មិនអាចនឹងបង្កាត់ភ្លើងឲ្យឆេះឡើងបាន ។ កាលនោះ ជដិលទាំងអម្បាលនោះមានសេចក្តីត្រិះរិះដូច្នេះថា យើងមិនអាចនឹងបង្កាត់ភ្លើងឲ្យឆេះឡើងបានដោយហេតុណា ហេតុនោះ គឺជាឥទ្ធានុភាពរបស់មហាសមណៈដោយពិតឥតសង្ស័យ ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកានេះនឹងជដិលឈ្មោះឧរុវេលកស្សបថា នែកស្សប អ្នកចូរបង្កាត់ភ្លើងទៅ ។ ជដិលឈ្មោះឧរុវេលកស្សបទូលថា បពិត្រមហាសមណៈ សូមព្រះអង្គបង្កាត់ឲ្យទាន ។ ភ្លើងទាំង៥០០គំនរ ក៏ឆេះឡើងព្រមគ្នាតែម្តង ។ លំដាប់នោះ ជដិលឈ្មោះឧរុវេលកស្សប រពឹងយ៉ាងនេះថា មហាសមណៈនេះ មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះថា ព្រះអង្គអាចធ្វើភ្លើងឲ្យឆេះឡើងបាន តែបើទុកជាយ៉ាងនោះ ក៏គង់នៅមិនមែនជាព្រះអរហន្តដូចអញទេ ។

[៤៨] សម័យនោះឯង ជដិលទាំងអម្បាលនោះធ្វើសេចក្តីគោរពភ្លើងទាំងឡាយ រួចហើយ មិនអាចនឹងលត់ភ្លើងទាំងឡាយឲ្យរលត់វិញបាន ។ កាលនោះ ជដិលទាំងអម្បាលនោះមានសេចក្តីត្រិះរិះដូច្នេះថា យើងមិនអាចនឹងលត់ភ្លើងទាំងឡាយបាន ដោយហេតុណា ហេតុនោះ គឺជាឥទ្ធានុភាពរបស់មហាសមណៈដោយពិតឥតសង្ស័យ ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកានេះនឹងជដិលឈ្មោះឧរុវេលកស្សបថា នែកស្សប អ្នកចូរលត់ភ្លើងទាំងឡាយទៅ ។ ជដិលឈ្មោះឧរុវេលកស្សបទូលថា បពិត្រមហាសមណៈ សូមព្រះអង្គលត់ភ្លើងទាំងឡាយឲ្យទាន ។ ភ្លើងទាំង៥០០គំនរ ក៏រលត់ព្រមគ្នាតែម្តង ។ លំដាប់នោះ ជដិលឈ្មោះឧរុវេលកស្សប រពឹងយ៉ាងនេះថា មហាសមណៈនេះ មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះហេតុថា ព្រះអង្គអាចនឹងលត់ភ្លើងទាំងឡាយបាន តែបើទុកជាយ៉ាងនោះ ក៏គង់នៅមិនមែនជាព្រះអរហន្តដូចអញទេ ។

[៤៩] សម័យនោះឯង ជដិលទាំងនោះ នាំគ្នាមុជចុះខ្លះ ងើបឡើងខ្លះ ធ្វើនូវការមុជចុះ និងងើបឡើងខ្លះ ក្នុងស្ទឹងនេរញ្ជរា ក្នុងសម័យមានទឹកសន្សើមធ្លាក់ចុះខ្លំាង ប្រហែលជា៨រាត្រី ក្នុងចន្លោះខែទាំងពីរ[គឺ៤រាត្រីខាងចុងខែមាឃ ៤រាត្រីខាងដើមខែផល្គុណ រួមជា៨រាត្រី ។] ជាពេលត្រជាក់ មាននៅក្នុងហេមន្តរដូវ ។ ជដិលទាំងអម្បាលនោះ ធ្លាប់នាំគ្នាឡើងមក ហើយអាំងភ្លើងក្នុងកន្លែងណា ព្រះដ៏មានព្រះភាគ ទ្រង់និម្មិតចង្ក្រានប្រមាណ៥០០ទុកក្នុងកន្លែងនោះ ។ ឯជដិលអម្បាលនោះ មានសេចក្តីត្រិះរិះដូច្នេះថា ចង្ក្រានទាំងនេះ គេរៀបចំទុកដោយហេតុណា ហេតុនោះ គឺជាឥទ្ធានុភាពរបស់មហាសមណៈដោយពិតឥតសង្ស័យ ។ លំដាប់នោះ ជដិលឈ្មោះឧរុវេលកស្សបមានសេចក្តីត្រិះរិះយ៉ាងនេះថា មហាសមណៈ(នេះ) មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះថា ព្រះអង្គអាចនិម្មិតចង្ក្រានទុកបានច្រើន តែបើទុកជាយ៉ាងនោះ ក៏គង់នៅមិនមែនជាព្រះអរហន្តដូចអញទេ ។

[៥០] សម័យនោះឯង មានភ្លៀងធំ ពុំជួកាល បង្អុរចុះមក មានជំនន់ធំពាសពេញទៅ ។ ព្រះដ៏មានព្រះភាគគង់នៅក្នុងប្រទេសណា ប្រទេសនោះ ទឹកលិចអស់ ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រិះរិះដូច្នេះថា បើមានហេតុយ៉ាងនេះ គួរតែតថាគតធ្វើទឹកឲ្យញែកចេញដោយជុំវិញ ហើយដើរចង្ក្រមលើផែនដី ដ៏មានធូលីហុយឡើងដេរដាសក្នុងទីកណ្តាលទឹកនោះឯង ។ លំដាប់នោះ ព្រះអង្គក៏ធ្វើទឹកឲ្យញែកចេញជុំវិញ រួចទ្រង់ចង្ក្រមលើផែនដី ដ៏មានធូលីហុយឡើងដេរដាស ក្នុងទីកណ្តាលទឹក (នោះឯង) ។ កាលនោះ ជដិលឈ្មោះឧរុវេលកស្សប គិតថា មហាសមណៈសូមកុំឲ្យលង់ទឹកឡើយ ។ លុះឧរុវេលកស្សបគិតហើយ ទើបឡើងជិះទូកទៅ មួយអន្លើដោយជដិលទាំងឡាយជាច្រើននាក់ សំដៅទៅកាន់ប្រទេសដែលព្រះអង្គគង់នៅនោះ ។ ជដិលឈ្មោះឧរុវេលកស្សប ក៏បានឃើញព្រះដ៏មានព្រះភាគ ធ្វើទឹកឲ្យញែកចេញជុំវិញព្រះអង្គ ហើយយាងចង្ក្រមលើផែនដី ដ៏មានធូលីហុយឡើងដេរដាស ក្នុងទីកណ្តាលទឹកដោយច្បាស់លាស់ លុះឃើញហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគដោយពាក្យដូច្នេះថា បពិត្រមហាសមណៈ ព្រះអង្គគង់នៅក្នុងទីនេះឬ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា អើ កស្សប តថាគតនៅក្នុងទីនេះឯង ហើយព្រះអង្គក៏ហោះឡើងទៅឯអាកាស ហើយទ្រង់ចុះទៅគង់ក្នុងទូក (ក្នុងមួយរំពេចនោះឯង) ។ លំដាប់នោះ ជដិលឈ្មោះឧរុវេលកស្សប រំពឹងយ៉ាងនេះថា មហាសមណៈនេះ មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះហេតុថា អម្បាលទឹក ក៏គង់នឹងមិនលិចព្រះអង្គ តែបើទុកជាយ៉ាងនោះសោត ក៏គង់នៅមិនមែនជាព្រះអរហន្តដូចអញទេ ។

[៥១] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ព្រះបរិវិតក្កដូច្នេះថា មោឃបុរសនេះ ត្រិះរិះយ៉ាងនេះយូរណាស់មកហើយថា មហាសមណៈនេះ មានឫទ្ធិខ្លាំង មានអានុភាពធំមែន តែបើទុកជាយ៉ាងនោះ ក៏គង់នៅមិនមែនជាព្រះអរហន្តដូចអញទេ បើដូច្នោះ គួរតថាគតធ្វើជដិលនេះឲ្យកើតសេចក្តីសង្វេគ (ស្លុតចិត្ត) ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ព្រះពុទ្ធដីកានេះនឹងជដិលឈ្មោះឧរុវេលកស្សបថា នែកស្សប អ្នកឯងមិនមែនជាព្រះអរហន្តទេ អ្នកមិនទាន់បានដល់អរហត្តមគ្គទេ ម្យ៉ាងទៀត អ្នកឯងនឹងជាអរហន្តឬ ៗថា ជាបុគ្គលដល់ហើយនូវអរហត្តមគ្គ ដោយបដិបទា[សេចក្តីប្រតិបត្តិ] ណា បដិបទានោះមិនមានដល់អ្នកទេ ។ គ្រានោះ ជដិលឈ្មោះឧរុវេលកស្សប ក្រាបសិរសាចុះទៀបព្រះបាទារបស់ព្រះដ៏មានព្រះភាគ ហើយក្រាបបង្គំទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គ គួរបានបព្វជ្ជា គួរបានឧបសម្បទាក្នុងសំណាក់ព្រះដ៏មានព្រះភាគ (ក្នុងកាលឥឡូវនេះ) ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា នែកស្សប អ្នកឯងជានាយក ជាអ្នកដឹកនាំ ជាកំពូល ជាប្រធាន ជាបុគ្គលដ៏ឧត្តមប្រសើរជាងជដិលទាំងឡាយប្រមាណ៥០០រូប អ្នកត្រូវប្រាប់ជដិលទាំងអម្បាលនោះជាមុនសិន បើជដិលទាំងអម្បាលនោះ គេយល់យ៉ាងណា គេក៏នឹងធ្វើយ៉ាងនោះដែរ ។ កាលនោះ ជដិលឧរុវេលកស្សបដើរចូលទៅរកជដិលជាកូនសិស្សទាំងអម្បាលនោះ លុះចូលទៅដល់ហើយ ទើបប្រាប់ជដិលទាំងនោះយ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏ចម្រើន ខ្ញុំចង់ប្រព្រឹត្តព្រហ្មចរិយធម៌ក្នុងសំណាក់ព្រះមហាសមណៈ (នុ៎ះ) អ្នកទាំងឡាយយល់យ៉ាងណា ចូរធ្វើយ៉ាងនោះចុះ ។ ជដិលទាំងអម្បាលនោះតបថា បពិត្រលោកដ៏ចម្រើន ខ្ញុំទាំងអស់គ្នា ជាអ្នកជ្រះថ្លាហើយក្នុងសំណាក់ព្រះមហាសមណៈ (នុ៎ះ) យូរណាស់មកហើយ បើលោកម្ចាស់នឹងប្រព្រឹត្តព្រហ្មចរិយធម៌ក្នុងសំណាក់ព្រះមហាសមណៈ យើងខ្ញុំទាំងអស់គ្នា នឹងប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមហាសមណៈ(នុ៎ះ)ដែរ ។ កាលនោះ ជដិលទាំងអម្បាលនោះបណ្តែតចោលនូវគ្រឿងបរិក្ខារ ព្រមទាំងសក់ ទាំងជដា[ផ្នួងសក់] ទំាងអម្រែក ទំាងគ្រឿងបូជាភ្លើង ក្នុងទឹក ហើយនាំគ្នាចូលទៅកាន់ទីដែលព្រះដ៏មានព្រះភាគគង់នៅ លុះចូលទៅហើយ ក្រាបសិរសាចុះទៀបព្រះបាទាព្រះដ៏មានព្រះភាគ ហើយក្រាបបង្គំទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំងឡាយ គួរបានបព្វជ្ជា គួរបានឧបសម្បទា ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅថា អ្នកទាំងឡាយចូរមកជាភិក្ខុចុះ ហើយត្រាស់ថា សាសនធម៌ តថាគតពោលល្អហើយ អ្នកទាំងឡាយ ចូរប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីនឹងធ្វើនូវព្រះនិព្វានជាទីបំផុតនៃទុក្ខដោយល្អចុះ ។ ឯព្រះពុទ្ធដីកានោះឯង ជាឧបសម្បទារបស់លោកដ៏មានអាយុទាំងឡាយនោះ ។

[៥២] ឯជដិលឈ្មោះនទីកស្សប បានឃើញគ្រឿងបរិក្ខារ ព្រមទាំងសក់ ទាំងជដា ទាំងអម្រែក ទាំងគ្រឿងបូជាភ្លើង អណ្តែតទៅតាមទឹក ដោយច្បាស់លាស់ លុះជដិលឈ្មោះនទីកស្សប បានឃើញហើយ គិតដូច្នេះថា សេចក្តីអន្តរាយកុំបីមានដល់តាបសជាបងអញឡើយ ។ គិតហើយ ក៏ប្រើជដិលទាំងឡាយឲ្យទៅ ដោយពាក្យថា អ្នកទាំងឡាយចូរទៅស្តាប់ដំណឹងបងខ្ញុំមើល ថាហើយ ទើបខ្លួនឯងក៏ទៅជាមួយនឹងជដិលទាំង៣០០រូប ដើរតម្រង់ទៅកាន់ទីដែលឧរុវេលកស្សបដ៏មានអាយុនៅ លុះចូលទៅដល់ហើយ និយាយពាក្យនេះនឹងឧរុវេលកស្សបដ៏មានអាយុថា បពិត្រកស្សប អំពើនេះប្រសើរហើយឬអ្វីហ្ន៎ ។ ឧរុវេលកស្សបប្រាប់ថា អើអ្នកដ៏មានអាយុទាំងឡាយ អំពើនេះប្រសើរហើយ ។ កាលនោះ ជដិលទាំងអម្បាលនោះក៏បណ្តែតចោលនូវគ្រឿងបរិក្ខារ ព្រមទាំងសក់ ទាំងជដា ទាំងអម្រែក ទាំងគ្រឿងបូជាភ្លើង ទៅក្នុងទឹក ហើយចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបសិរសាចុះទៀបព្រះបាទាព្រះដ៏មានព្រះភាគ ហើយក្រាបទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំងឡាយ គួរបានបព្វជ្ជា គួរបានឧបសម្បទា ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅថា អ្នកទាំងឡាយចូរមកជាភិក្ខុចុះ ហើយត្រាស់ថា សាសនធម៌ តថាគតពោលល្អហើយ អ្នកទាំងឡាយ ចូរប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីធ្វើនូវព្រះនិព្វានជាទីបំផុតនៃទុក្ខដោយល្អចុះ ។ ព្រះពុទ្ធដីកានោះឯង ជាឧបសម្បទារបស់លោកដ៏មានអាយុទាំងអម្បាលនោះ ។

[៥៣] ឯជដិលឈ្មោះគយាកស្សប បានឃើញគ្រឿងបរិក្ខារ ព្រមទាំងសក់ ទាំងជដា ទាំងអម្រែក ទាំងគ្រឿងបូជាភ្លើង អណ្តែតទៅតាមទឹក ដោយច្បាស់លាស់ លុះជដិលឈ្មោះគយាកស្សប បានឃើញហើយ ក៏មានសេចក្តីត្រិះរិះថា សេចក្តីអន្តរាយកុំបីមានដល់តាបសទាំងពីរនាក់ជាបងអញឡើយ ។ ទើបប្រើជដិលទាំងឡាយឲ្យទៅ ដោយពាក្យថា អ្នកទាំងឡាយចូរទៅស្តាប់ដំណឹងបងអញទំាងពីរនាក់មើល ថាហើយ ខ្លួនឯងក៏ទៅជាមួយនឹងជដិលទាំង២០០រូប ដើរតម្រង់ទៅកាន់ទីដែលឧរុវេលកស្សបដ៏មានអាយុនៅ លុះចូលទៅដល់ហើយ ក៏និយាយពាក្យនេះនឹងឧរុវេលកស្សបដ៏មានអាយុថា បពិត្រកស្សប អំពើនេះប្រសើរឬអ្វីហ្ន៎ ។ ឧរុវេលកស្សបប្រាប់ថា អើអ្នកដ៏មានអាយុទាំងឡាយ អំពើនេះប្រសើរហើយ ។ កាលនោះ ពួកជដិលទាំងនោះ បណ្តែតទៅនូវគ្រឿងបរិក្ខារ ព្រមទាំងសក់ ទាំងជដា ទាំងអម្រែក ទាំងគ្រឿងបូជាភ្លើង ទៅក្នុងទឹក ហើយចូលទៅកាន់ទីដែលព្រះដ៏មានព្រះភាគគង់នៅ លុះចូលទៅដល់ហើយ ក្រាបក្បាលទៀបព្រះបាទាព្រះដ៏មានព្រះភាគ ហើយបានពោលនូវពាក្យនេះនឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន យើងខ្ញុំទាំងឡាយ គួរបាននូវបព្វជ្ជា គួរបាននូវឧបសម្បទា ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរមកចុះ ទើបត្រាស់ថា សាសនធម៌ តថាគតពោលហើយដោយប្រពៃ អ្នកទាំងឡាយ ចូរប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីធ្វើនូវព្រះនិព្វានជាទីបំផុតនៃទុក្ខដោយប្រពៃចុះ ។ ព្រះពុទ្ធដីកានោះឯង ជាឧបសម្បទារបស់លោកដ៏មានអាយុទាំងនោះ ។

[៥៤] ឧសប្រាំរយកំណាត់មិនបែក ក៏ត្រឡប់ទៅជាបែក ភ្លើងមិនឆេះ ក៏ត្រឡប់ទៅជាឆេះ ភ្លើងមិនរលត់ ក៏ត្រឡប់ទៅជារលត់ ដោយអធិដ្ឋានរបស់ព្រះដ៏មានព្រះភាគ ព្រះដ៏មានព្រះភាគ ទ្រង់និម្មិតចង្ក្រានទាំងឡាយចំនួន៥០០ ។ បាដិហារ្យចំនួនបីពាន់ប្រាំរយ ក៏មានដោយន័យនេះឯង ។

[៥៥] គ្រានោះ ព្រះដ៏មានព្រះភាគ គង់នៅក្នុងឧរុវេលាប្រទេស តាមសមគួរដល់ពុទ្ធអធ្យាស្រ័យ ហើយទ្រង់ពុទ្ធដំណើរទៅក្នុងគយាសីសប្រទេស មួយអន្លើដោយភិក្ខុសង្ឃដ៏ច្រើនចំនួន១០០០អង្គ គឺពួកភិក្ខុដែលជាជដិលក្នុងកាលមុនទាំងអស់នោះឯង ។ មានសេចក្តីដំណាលថា ព្រះដ៏មានព្រះភាគ គង់នៅលើខ្នងថ្មឈ្មោះគយាសីសៈ ទៀបគយាប្រទេសនោះ មួយអន្លើដោយភិក្ខុ១០០០អង្គ ។ ក្នុងទីនោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ធម្មជាតិទាំងអស់ជារបស់ក្តៅ ម្នាលភិក្ខុទាំងឡាយ ធម្មជាតទាំងអស់ជារបស់ក្តៅ(នោះ) តើគឺអ្វី ម្នាលភិក្ខុទាំងឡាយ ចក្ខុជារបស់ក្តៅ រូបទាំងឡាយជារបស់ក្តៅ ចក្ខុវិញ្ញាណជារបស់ក្តៅ ចក្ខុសម្ផស្ស[វត្ថុដែលពាល់ត្រូវដោយភ្នែក គឺអារម្មណ៍ដែលឃើញដោយភ្នែក មានរូបជាដើម ។] ជារបស់ក្តៅ ការសោយអារម្មណ៍ណានេះ ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី កើតឡើងអំពីបច្ច័យ គឺចក្ខុសម្ផស្ស ការសោយអារម្មណ៍នោះឯង ក៏ជារបស់ក្តៅ ចុះក្តៅដោយហេតុអ្វី តថាគតពោលថា ក្តៅដោយភ្លើងគឺរាគៈ ភ្លើងគឺទោសៈ ភ្លើងគឺមោហៈ ក្តៅ(ដោយភ្លើង) គឺជាតិ ជរា មរណៈ ក្តៅដោយ(ភ្លើងគឺ) សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីតូចចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត ។ ត្រចៀកជារបស់ក្តៅ សំលេង ជារបស់ក្តៅ ។បេ ។ ច្រមុះជារបស់ក្តៅ ក្លិនទាំងឡាយជារបស់ក្តៅ ។បេ ។ អណ្តាតជារបស់ក្តៅ រសទាំងឡាយជារបស់ក្តៅ ។បេ ។ កាយជារបស់ក្តៅ ផោដ្ឋព្វៈ[វត្ថុដែលមានរូប មានសំពត់អាវ ជាដើម ដែលមកប៉ះពាល់ត្រូវកាយ ហៅថា ផោដ្ឋព្វៈ ។] ទាំងឡាយជារបស់ក្តៅ ។បេ ។ ចិត្តជារបស់ក្តៅ ធម្មារម្មណ៍ទាំងឡាយ ជារបស់ក្តៅ មនោវិញ្ញាណជារបស់ក្តៅ មនោសម្ផស្ស[សេចក្តីផ្សព្វផ្សាយក្នុងចិត្ត គឺអារម្មណ៍ដែលមកប៉ះពាល់ដល់គំនិត ។] ជារបស់ក្តៅ សេចក្តីសោយអារម្មណ៍ណាជាសុខក្តី ជាទុក្ខក្តី មិនមែនជាទុក្ខជាសុខក្តី តែងកើតឡើងព្រោះបច្ច័យ គឺមនោសម្ផស្ស សេចក្តីសោយអារម្មណ៍នោះឯង ក៏ជារបស់ក្តៅ ចុះក្តៅដោយអ្វី តថាគតពោលថា ក្តៅដោយភ្លើងគឺរាគៈ ភ្លើងគឺទោសៈ ភ្លើងគឺមោហៈ ក្តៅដោយជាតិ ជរា មរណៈ ក្តៅដោយសេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីតូចចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកប្រកបដោយសុត្តៈ (គឺជាអ្នកចេះដឹង) កាលឃើញយ៉ាងនេះ រមែងនឿយណាយក្នុងចក្ខុផង ក្នុងរូបទាំងឡាយផង ក្នុងចក្ខុវិញ្ញាណផង ក្នុងចក្ខុសម្ផស្សផង សេចក្តីសោយអារម្មណ៍ណា ជាសុខក្តី ជាទុក្ខក្តី មិនមែនជាទុក្ខ មិនមែនជាសុខក្តី តែងកើតឡើងអំពីបច្ច័យ គឺចក្ខុសម្ផស្ស អរិយសាវករមែងនឿយណាយក្នុងសេចក្តីសោយអារម្មណ៍នោះឯងផង ក្នុងត្រចៀកផង ក្នុងសំឡេងទាំងឡាយផង ។បេ ។ ក្នុងច្រមុះផង ក្នុងក្លិនទាំងឡាយផង ។បេ ។ ក្នុងអណ្តាតផង ក្នុងរសទាំងឡាយផង ។បេ ។ ក្នុងកាយផង ក្នុងផោដ្ឋព្វៈទាំងឡាយផង ។បេ ។ ក្នុងចិត្តផង ក្នុងធម្មារម្មណ៍ទាំងឡាយផង នឿយណាយក្នុងមនោវិញ្ញាណផង នឿយណាយក្នុងមនោសម្ផស្សផង សេចក្តីសោយអារម្មណ៍ណាដែលជាសុខក្តី ជាទុក្ខក្តី មិនមែនជាទុក្ខ មិនមែនជាសុខក្តី រមែងកើតឡើងអំពីបច្ច័យ គឺមនោសម្ផស្ស អរិយសាវក រមែងនឿយណាយក្នុងសេចក្តីសោយអារម្មណ៍នោះឯងផង កាលបើនឿយណាយហើយ ក៏ប្រាសចាកតម្រេក ព្រោះប្រាសចាកតម្រេក (នោះឯង) ចិត្តក៏ផុតស្រឡះចាកសេចក្តីប្រកាន់មាំ កាលបើចិត្តរួចស្រឡះហើយ ក៏មានញាណដឹងថា ចិត្តរបស់អញរួចស្រឡះហើយ អរិយសាវ័កនោះដឹងច្បាស់ថា កំណើតអស់ហើយ ព្រហ្មចរិយធម៌ បាននៅរួចហើយ សោឡសកិច្ច បានធ្វើរួចហើយ កិច្ចដទៃក្រៅអំពីសោឡសកិច្ចនេះ មិនមានឡើយ ។ កាលព្រះដ៏មានព្រះភាគ កំពុងសំដែងវេយ្យាករណ៍ [របៀបបាឡីដែលជាពាក្យរាយសុទ្ធ ឥតមានចងជាបទបាទ គឺមិនចងជាពាក្យកាព្យដែលហៅថាគាថាទេ ។]នេះ ចិត្តរបស់ភិក្ខុចំនួន១០០០រូបនោះ ក៏ផុតចាកអាសវៈធម៌ទាំងឡាយឥតមានជាប់ចំពាក់ដោយឧបាទានឡើយ ។

ចប់ អាទិត្តបរិយាយសូត្រ ។

ចប់ ឧរុវេលប្បាដិហារិយភាណវារៈ ជាគម្រប់​បី ។

[៥៦] កាលនោះ ព្រះដ៏មានព្រះភាគ គង់លើខ្នងថ្មឈ្មោះគយាសីសៈ តាមសមគួរដល់ពុទ្ធអធ្យាស្រ័យ ហើយទ្រង់ពុទ្ធដំណើរទៅក្នុងក្រុងរាជគ្រឹះ មួយអន្លើដោយភិក្ខុសង្ឃដ៏ច្រើន ចំនួន១០០០អង្គ គឺបុរាណជដិលទាំងអស់នោះឯង ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ត្រាច់ទៅកាន់ចារិកដោយលំដាប់ ក៏បានទៅដល់ក្រុងរាជគ្រឹះ ។ មានសេចក្តីដំណាលថា ព្រះដ៏មានព្រះភាគ គង់នៅក្នុងសុប្បតិដ្ឋចេតិយ ក្នុងលដ្ឋិវនឧទ្យាន ទៀបក្រុងរាជគ្រឹះនោះ ។

[៥៧] ព្រះបាទមាគធសេនិយពិម្ពិសារ បានទ្រង់ព្រះសណ្តាប់ដំណឹងច្បាស់ថា ព្រះសមណគោតមដ៏ចម្រើន ជាសក្យបុត្រ ចេញចាកសក្យត្រកូលហើយបួស ឥឡូវយាងមកកាន់ក្រុងរាជគ្រឹះ គង់នៅក្នុងសុប្បតិដ្ឋចេតិយ ក្នុងលដ្ឋិវនឧទ្យាន (សួនច្បារត្នោត) ទៀបក្រុងរាជគ្រឹះ កិត្តិសព្ទដ៏ពីរោះរបស់ព្រះគោតមដ៏ចម្រើននោះ ឮខ្ចរខ្ចាយសុសសាយយ៉ាងនេះថា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ឆ្ងាយចាកកិលេស ទ្រង់ត្រាស់ដឹងដោយប្រពៃចំពោះព្រះអង្គឯង ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់មានដំណើរល្អ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ទ្រង់ជាអ្នកទូន្មាននូវបុរសដែលគួរទូន្មានបាន ទ្រង់ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ទ្រង់បានត្រាស់ដឹងនូវអរិយសច្ចធម៌ ទ្រង់លែងត្រឡប់មកកាន់ភពថ្មីទៀត ដោយប្រការដូច្នេះ ព្រះដ៏មានព្រះភាគនោះ បានធ្វើឲ្យជាក់ច្បាស់ដោយប្រាជ្ញាចំពោះព្រះអង្គឯង ហើយញុំាងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ញុំាងពពួកសត្វព្រមទាំងសមណៈ និងព្រាហ្មណ៍ ព្រមទាំងទេវតា និងមនុស្សឲ្យបានត្រាស់ដឹងផង ព្រះដ៏មានព្រះភាគនោះ ទ្រង់សំដែងធម៌ដ៏ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ទ្រង់ប្រកាសនូវព្រហ្មចរិយធម៌ដ៏បរិសុទ្ធ ព្រមទាំងអត្ថ ព្រមទាំងព្យញ្ជនៈដ៏បរិបូណ៌ពេញលេញ កិរិយាដែលបានឃើញព្រះអរហន្តទាំងឡាយមានសភាពយ៉ាងនោះ ជាការប្រពៃពេក ។ គ្រានោះ ព្រះបាទមាគធសេនិយពិម្ពិសារ មានទាំងព្រាហ្មណ៍ និងគហបតិ ដែលនៅក្នុងដែនមគធៈ ចំនួនដប់ពីរហ្មឺនជាបរិវារ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចហើយគង់នៅក្នុងទីដ៏សមគួរ ។ ឯពួកព្រាហ្មណ៍ និងគហបតិដែលនៅក្នុងដែនមគធៈចំនួនដប់ពីរហ្មឺននោះ ពួកខ្លះថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ ពួកខ្លះក៏ពោលពាក្យរីករាយជាមួយនឹងព្រះដ៏មានព្រះភាគ លុះធ្វើពាក្យគួររីករាយ គួររលឹកឲ្យសម្រេចហើយ ក៏អង្គុយនៅក្នុងទីដ៏សមគួរ ពួកខ្លះ ក៏ប្រណម្យអញ្ជលីចំពោះព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ ពួកខ្លះ ក៏ប្រកាសនាម និងគោត្តរបស់ខ្លួនក្នុងសំណាក់ព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ ពួកខ្លះក៏ស្ងៀម អង្គុយនៅក្នុងទីដ៏សមគួរ ។ ទើបពួកព្រាហ្មណ៍ និងគហបតិដែលនៅក្នុងដែនមគធៈ ចំនួនដប់ពីរហ្មឺននោះ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា មហាសមណៈប្រព្រឹត្តព្រហ្មចរិយធម៌ក្នុងសំណាក់ឧរុវេលកស្សបឬហ្ន៎ ឬថាឧរុវេលកស្សបប្រព្រឹត្តព្រហ្មចរិយធម៌ក្នុងសំណាក់មហាសមណៈ ។ ឯព្រះដ៏មានព្រះភាគ ក៏ជ្រាបសេចក្តីត្រិះរិះនៃចិត្តរបស់ពួកព្រាហ្មណ៍ និងគហបតិដែលនៅក្នុងដែនមគធៈ ចំនួនដប់ពីរហ្មឺននោះ ដោយព្រះហឫទ័យព្រះអង្គ ហើយទ្រង់ត្រាស់នឹងព្រះឧរុវេលកស្សបដ៏មានអាយុដោយព្រះគាថា ថា ៖ អ្នកឯងនៅក្នុងឧរុវេលាប្រទេស ជាអ្នកប្រដៅពួកតាបស តើអ្នកឃើញអ្វី បានជាលះបង់ការបូជាភ្លើងចោលចេញ ។ ម្នាលកស្សប តថាគតសួរសេចក្តីនេះនឹងអ្នក ការបូជាភ្លើងដែលអ្នកលះបង់ហើយ តើព្រោះហេតុអ្វី ។

ឧរុវេលកស្សបក្រាបបង្គំទូលថា ជនទាំងឡាយតែងពោលសរសើរចំពោះនូវកាមទាំងឡាយ គឺរូប សំឡេង ព្រមទាំងរសផង នូវស្រីទាំងឡាយផង ព្រោះការបូជា ខ្ញុំព្រះអង្គដឹងថា កាមគុណមានរូបជាដើមនេះ ជាគ្រឿងសៅហ្មងក្នុងឧបធិ[វិមតិវិនោទនីដីកា ថា ឧបធិ មាន៤យ៉ាង គឺ កាមូបធិ១ ខន្ធូបធិ១ កិលេសូបធិ១ អភិសង្ខារូបធិ១ ។ តែក្នុងទីនេះ សំដៅយកខន្ធូបធិតែម្យ៉ាង ។ ឯឧបធិសព្ទនេះ ប្រែថា ខ្លួន រាងកាយគោល ហេតុ នៃសេចក្តីវិលកើត កិលេស និងសេចក្តីកង្វល់ ។] ទាំងឡាយ ព្រោះហេតុដូច្នោះ ខ្ញុំព្រះអង្គមិនត្រេកអរក្នុងការបូជាធំ និងការបូជាតូច (គឺការគោរពភ្លើងរាល់ថ្ងៃ) ។

ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលកស្សប ចិត្តរបស់អ្នកមិនត្រេកអរហើយ ក្នុងកាមគុណទាំងឡាយនោះ គឺរូប សំឡេង ព្រមទាំងរស ម្នាលកស្សប ម្យ៉ាងទៀត ចិត្តរបស់អ្នកត្រេកអរក្នុងមនុស្សលោក និងទេវលោកខ្លះដែរឬ ចូរអ្នកពោលហេតុនេះមកតថាគតមើល ។

ព្រះឧរុវេលកស្សបក្រាបទូលថា ខ្ញុំព្រះអង្គឃើញនូវព្រះនិព្វាន ជារបស់ល្អិត ឥតមានឧបធិ ឥតមានសេចក្តីខ្វល់ មិនជាប់ចំពាក់នៅក្នុងកាមភព ជាធម្មជាតពិត មិនប្រែប្រួល ជាធម្មជាត គឺបុគ្គលមិនគប្បីបានដោយហេតុដទៃ (ក្រៅពីមគ្គ) ព្រោះហេតុដូច្នោះ បានជាខ្ញុំព្រះអង្គមិនត្រេកអរក្នុងការបូជាធំ និងការបូជាតូច ។

[៥៨] លំដាប់នោះ ព្រះឧរុវេលកស្សបដ៏មានអាយុ ក្រោកចាកអាសនៈ ធ្វើនូវសំពត់ឧត្តរាសង្គៈ[ចីពរ] លើស្មាម្ខាង ហើយក្រាបសិរសាទៀបព្រះបាទារបស់ព្រះដ៏មានព្រះភាគ រួចក៏បានបង្គំទូលពាក្យនេះនឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះដ៏មានព្រះភាគជាគ្រូរបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គជាសាវក បពិត្រព្រះអង្គដ៏ចម្រើន ព្រះដ៏មានព្រះភាគជាគ្រូរបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គជាសាវក ។ គ្រានោះ ពួកព្រាហ្មណ៍ និងគហបតិដែលនៅក្នុងដែនមគធៈ ចំនួនដប់ពីរហ្មឺននោះ មានសេចក្តីត្រិះរិះដូច្នេះថា ឧរុវេលកស្សបប្រព្រឹត្តព្រហ្មចរិយធម៌ក្នុងសំណាក់មហាសមណៈទេតើ ។ ពេលនោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបសេចក្តីត្រិះរិះក្នុងចិត្តនៃពួកព្រាហ្មណ៍ និងគហបតិចំនួនដប់ពីរហ្មឺនដែលនៅក្នុងដែនមគធៈនោះ ដោយព្រះហឫទ័យរបស់ព្រះអង្គ រួចហើយ ក៏ទ្រង់សំដែងអនុបុព្វីកថា គឺទានកថា១ សីលកថា១ សគ្គកថា១ ទោសនៃកាមគុណដ៏លាមក ដ៏សៅហ្មង១ អានិសង្សនៃការចេញចាកកាម (បួស)១ ។ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបនូវពួកព្រាហ្មណ៍ និងគហបតិទាំងនោះថា ជាបុគ្គលមានចិត្តស្រួល មានចិត្តទន់ មានចិត្តប្រាសចាកនីវរណៈធម៌ មានចិត្តអណ្តែតឡើង មានចិត្តជ្រះថ្លា ក្នុងកាលណា ព្រះធម្មទេសនាណា ដែលព្រះពុទ្ធទាំងឡាយលើកឡើងសំដែងដោយព្រះអង្គឯង ព្រះអង្គក៏ទ្រង់ប្រកាសធម្មទេសនានោះ គឺទុក្ខសច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ច១ ក្នុងកាលនោះ ។ ធម្មតា សំពត់សស្អាត ដ៏ប្រាសចាកពណ៌ខ្មៅ (គឺធ្យូង ឬល័ក្តខ្មៅជាដើម) គួរទទួលគ្រឿងជ្រលក់បានដោយប្រពៃ មានឧបមាយ៉ាងណាមិញ ឯធម្មចក្ខុ គឺសោតាបត្តិមគ្គដ៏ប្រាសចាកធូលី ប្រាសចាកមន្ទិល ក៏កើតឡើងដល់ពួកព្រាហ្មណ៍ និងគហបតិដែលនៅក្នុងដែនមគធៈ ចំនួនដប់មួយហ្មឺន មានព្រះបាទពិម្ពិសារជាប្រធានលើអាសនៈនោះថា ធម្មជាតិណាមួយ ដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ ក៏រលត់ទៅជាធម្មតាដែរ មានឧបមេយ្យដូច្នោះឯង ។ ចំណែកព្រាហ្មណ៍ និងគហបតិចំនួនមួយហ្មឺនរូប ក៏ថ្វាយខ្លួនជាឧបាសក ។

[៥៩] គ្រានោះ ព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់ឃើញអរិយសច្ចធម៌ហើយ ទ្រង់បានដល់អរិយសច្ចធម៌ហើយ ទ្រង់បានត្រាស់ដឹងអរិយសច្ចធម៌ហើយ ទ្រង់ចុះព្រះទ័យស៊ប់ក្នុងអរិយសច្ចធម៌ហើយ ទ្រង់ឆ្លងផុតសេចក្តីសង្ស័យហើយ ប្រាសចាកសេចក្តីងឿងឆ្ងល់ ដល់នូវសេចក្តីក្លៀវក្លា មិនជឿស្តាប់បុគ្គលដទៃក្នុងសាសនាព្រះសាស្តា ទ្រង់បានពោលពាក្យនេះចំពោះព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ពីដើម កាលដែលខ្ញុំព្រះអង្គនៅជាកុមារនៅឡើយ ខ្ញុំព្រះអង្គមានបំណង៥យ៉ាង ឥឡូវនេះ បំណងរបស់ខ្ញុំព្រះអង្គនោះ ក៏សម្រេចអស់ហើយ បពិត្រព្រះអង្គដ៏ចម្រើន ពីដើម កាលដែលខ្ញុំព្រះអង្គនៅជាកុមារ មានសេចក្តីត្រិះរិះដូច្នេះថា សូមឲ្យជនទាំងឡាយអភិសេកអញក្នុងរាជសម្បត្តិ បពិត្រព្រះអង្គដ៏ចម្រើន នេះជាបំណងទី១របស់ខ្ញុំព្រះអង្គ ឥឡូវនេះ បំណងរបស់ខ្ញុំព្រះអង្គបានសម្រេចហើយ បពិត្រព្រះអង្គដ៏ចម្រើន បំណងទី២របស់ខ្ញុំព្រះអង្គដូច្នេះថា សូមឲ្យព្រះអរហន្តសម្មាសម្ពុទ្ធគប្បីចូលមកកាន់ដែនរបស់អញនោះ ឥឡូវនេះ បំណងរបស់ខ្ញុំព្រះអង្គនោះ ក៏បានសម្រេចហើយ បពិត្រព្រះអង្គដ៏ចម្រើន បំណងទី៣របស់ខ្ញុំព្រះអង្គនេះដូច្នេះថា សូមឲ្យខ្ញុំព្រះអង្គបានចូលទៅសេពគប់នឹងព្រះដ៏មានព្រះភាគនោះ ឥឡូវនេះ បំណងរបស់ខ្ញុំព្រះអង្គនោះ បានសម្រេចហើយ បពិត្រព្រះអង្គដ៏ចម្រើន បំណងទី៤របស់ខ្ញុំព្រះអង្គដូច្នេះថា ព្រះដ៏មានព្រះភាគនោះ គប្បីសំដែងធម៌ដល់អញ ឥឡូវនេះ បំណងរបស់ខ្ញុំព្រះអង្គនោះ សម្រេចហើយ បពិត្រព្រះអង្គដ៏ចម្រើន បំណងទី៥របស់ខ្ញុំព្រះអង្គនេះដូច្នេះថា ចំណែកខាងអញ គប្បីដឹងច្បាស់នូវធម៌របស់ព្រះដ៏មានព្រះភាគនោះ ឥឡូវនេះ បំណងរបស់ខ្ញុំព្រះអង្គនោះ បានសម្រេចហើយ បពិត្រព្រះអង្គដ៏ចម្រើន ពីដើម កាលដែលខ្ញុំព្រះអង្គនៅជាកុមារនៅឡើយ ខ្ញុំព្រះអង្គមានបំណង៥យ៉ាងនេះ ឥឡូវនេះ បំណងទាំង៥យ៉ាងរបស់ខ្ញុំព្រះអង្គនោះ ក៏បានសម្រេចបរិបូណ៌ហើយ បពិត្រព្រះអង្គដ៏ចម្រើន ភាសិតរបស់ព្រះអង្គពីរោះណាស់ បពិត្រព្រះអង្គដ៏ចម្រើន ភាសិតរបស់ព្រះអង្គពីរោះណាស់ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ដែលព្រះអង្គសំដែងហើយដោយអនេកបរិយាយយ៉ាងនេះ (ភ្លឺច្បាស់ណាស់) គួរនាដូចជាមនុស្សចាប់របស់ដែលគេផ្កាប់ចុះ ឲ្យផ្ងារឡើង ពុំនោះ ដូចជាមនុស្សបើកបង្ហាញរបស់ដែលគេលាក់បិទបាំងទុក ពុំនោះសោត ដូចជាមនុស្សប្រាប់ផ្លូវដល់អ្នកវង្វេងផ្លូវ ឬក៏ដូចជាមនុស្សកាន់ប្រទីបប្រេង ទ្រោលបំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សដែលមានចក្ខុ នឹងបានមើលឃើញនូវរូបទាំងឡាយ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គសូមដល់នូវព្រះដ៏មានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក សូមព្រះដ៏មានព្រះភាគជាម្ចាស់ ជ្រាបនូវខ្ញុំព្រះអង្គថាជាឧបាសក ដល់នូវសរណគមន៍ស្មើដោយជីវិត ចាប់តាំងតែអំពីថ្ងៃនេះជាដើមទៅ មិនតែប៉ុណ្ណោះ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគជាម្ចាស់ ព្រមទាំងភិក្ខុសង្ឃទទួលភត្តរបស់ខ្ញុំព្រះអង្គដើម្បីឆាន់ក្នុងថ្ងៃស្អែក ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលនិមន្តដោយតុណ្ហីភាព ។ គ្រានោះ ព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់ជ្រាបថា ព្រះដ៏មានព្រះភាគទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយធ្វើប្រទក្សិណ ចៀសចេញទៅ ។

[៦០] លំដាប់នោះ ព្រះបាទមាគធសេនិយពិម្ពិសារ លុះរាត្រីនោះកន្លងទៅហើយ (ភ្លឺឡើង) ព្រះអង្គក៏ទ្រង់ឲ្យចាត់ចែងខាទនីយភោជនីយាហារដ៏ឧត្តមរួចហើយ ទ្រង់ចាត់ឲ្យមនុស្សទៅក្រាបទូលនូវកាលនៃភត្តដល់ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន កាលនេះ ជាកាលគួរហើយ ភត្តាហារសម្រេចហើយ ។ ឯព្រះដ៏មានព្រះភាគ ទ្រង់ស្លៀកស្បង់ ហើយទ្រង់បាត្រ និងចីវរក្នុងបុព្វណ្ហសម័យ រួចហើយទ្រង់ចូលទៅកាន់ក្រុងរាជគ្រឹះ មួយអន្លើដោយភិក្ខុសង្ឃដ៏ច្រើនចំនួន១០០០រូប គឺពួកបុរាណជដិលទាំងអស់នោះឯង ។

[៦១] សម័យនោះឯង ព្រះឥន្ទ្រជាធំជាងទេវតាទាំងឡាយ ប្លែងភេទជាមាណព ហើយដើរទៅអំពីមុខបង្អស់នៃភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ហើយច្រៀងនូវគាថានេះថា ៖ ព្រះដ៏មានព្រះភាគ ព្រះអង្គទូន្មានហើយ (នូវឥន្ទ្រិយ) មានព្រះហឫទ័យផុតស្រឡះហើយ (ចាកអាសវធម៌) ព្រះអង្គមានពណ៌ល្អដូចដុំមាស ឈ្មោះសិង្គី[សព្ទដែលប្រែថា មាស តាមក្នុងអភិធានមាន១៧យ៉ាង គឺសុវណ្ណ កនក ជាតរូប សោណ្ណ កញ្ចន សត្ថុវណ្ណ ហរិ កម្ពុ បារុ ហេម ហាដក តបនីយ ហិរញ្ញ បាមីករ សាតកុម្ភ ជម្ពុនទ សិង្គី ។ តែក្នុងវិមតិវិនោទនីដីកាថា បណ្តាមាសទាំង១៧នេះ មាសឈ្មោះសិង្គីប្រសើរជាងមាសឯទៀត ។ ] ទ្រង់យាងចូលទៅកាន់ក្រុងរាជគ្រឹះ មួយអន្លើដោយពួកបុរាណជដិល ដែលជាអ្នកទូន្មានហើយ (នូវឥន្ទ្រិយ)ដែរ ជាអ្នកមានចិត្តផុតស្រឡះហើយ (ចាកអាសវធម៌) ។ ព្រះដ៏មានព្រះភាគ មានព្រះហឫទ័យផុតហើយ (ចាកសេចក្តីសៅហ្មង) និងមានព្រះហឫទ័យផុតស្រឡះហើយ (ចាកអាសវធម៌) ព្រះអង្គមានពណ៌ល្អដូចដុំមាសឈ្មោះសិង្គី ទ្រង់យាងចូលទៅកាន់ក្រុងរាជគ្រឹះ មួយអន្លើដោយពួកបុរាណជដិលដែលមានចិត្តផុតហើយ (ចាកសេចក្តីសៅហ្មង) ទាំងមានចិត្តផុតស្រឡះហើយ (ចាកអាសវធម៌) ។

ព្រះដ៏មានព្រះភាគ ទ្រង់ឆ្លង (ចាកលោក) ហើយទាំងមានព្រះហឫទ័យផុតស្រឡះហើយ (ចាកអាសវធម៌) ព្រះអង្គមានពណ៌ល្អដូចដុំមាសឈ្មោះសិង្គី ទ្រង់យាងចូលទៅកាន់ក្រុងរាជគ្រឹះ មួយអន្លើដោយពួកបុរាណជដិលដែលឆ្លងហើយ(ចាកលោក) ទាំងមានចិត្តផុតស្រឡះហើយ (ចាកអាសវធម៌) ។

ព្រះដ៏មានព្រះភាគ មានព្រះហឫទ័យរម្ងាប់ហើយ (ចាកអកុសលធម៌) ទាំងមានព្រះហឫទ័យផុតស្រឡះហើយ (ចាកអាសវធម៌) ព្រះអង្គមានពណ៌ល្អដូចដុំមាសឈ្មោះសិង្គី ទ្រង់យាងចូលទៅកាន់ក្រុងរាជគ្រឹះ មួយអន្លើដោយពួកបុរាណជដិលដែលមានចិត្តរម្ងាប់ហើយ (ចាកអកុសលធម៌) ទាំងមានចិត្តផុតស្រឡះហើយ (ចាកអាសវធម៌) ។

ព្រះដ៏មានព្រះភាគនោះ ទ្រង់មានអរិយវាស១០យ៉ាង[វិមតិវិនោទនីដីកាថា លះនីវរណធម៌ប្រាំ១ ឆឡង្គុបេក្ខា១ ដំកល់ស្មារតីដោយខ្ជាប់ខ្ជួន១ អបស្សេនធម៌បួន១ លះមិច្ឆាទិដ្ឋិ១ ការមិនស្វែងរកបីយ៉ាងគឺ កាម ភព និងព្រហ្មចារ្យ១ មានសេចក្តីត្រិះរិះមិនល្អក់វិកវរ១ មានកាយសង្ខាររម្ងាប់ហើយ១ មគ្គញ្ញាណ១ ផលញ្ញាណ១ ។] ទ្រង់មានកំលាំង១០[ប្រកបដោយកំលាំងកាយ១០ និងកំលាំងញាណ១០ ឯកំលាំងកាយ១០ នោះធៀបដោយកំលាំងដំរី១០ត្រកូល គឺដំរីកាឡាវកៈ១ គង្គេយ្យៈ១ បណ្ឌរៈ១ តម្ពៈ១ បិង្គលៈ១ គន្ធៈ១ មង្គល១ ហេមវត១ ឧបោសថ១ ឆទ្ទន្ត១ ។ កំលាំងដំរីកាឡវក១០ ស្មើនឹងកំលាំងដំរីគង្គេយ្យ១ បណ្តាដំរីទាំង១០ត្រកូលនោះ មានកំលាំងលើសគ្នា១០ៗឡើងទៅ កំលាំងដំរីឆទ្ទន្ត១០ ទើបស្មើនឹងកំលាំងព្រះពុទ្ធ១ ។ ឯកំលាំងញាណ១០ នោះគឺ កំលាំងសេចក្តីដឹងហេតុគួរ និងមិនគួរតាមពិត១ ដឹងកម្មនិងផលនៃកម្ម១ ដឹងបដិបទាប្រព្រឹត្តទៅក្នុងភពទាំងពួង១ ដឹងលោកដែលមានធាតុច្រើន១ ដឹងថាសត្វទាំងឡាយមានអធ្យាស្រ័យផ្សេងៗគ្នា១ ដឹងឥន្ទ្រិយរបស់សត្វដ៏ឆ្លៀវឆ្លាសនិងទន់ទាប១ ដឹងសេចក្តីសៅហ្មង និងសេចក្តីផូរផង់ និងការចេញចាកឈានវិមោក្ខសមាធិសមាបត្តិ១ ដឹងខន្ធបញ្ចកៈ ដែលអាស្រ័យនៅក្នុងកាលមុន១ ញាណ គឺចក្ខុដូចជាទិព្វ១ ដឹងសេចក្តីអស់ទៅនៃអាសវធម៌១ ។] ព្រះអង្គជ្រាបច្បាស់នូវធម៌ (គឺកម្មបថ)១០ ប្រការ ទ្រង់ប្រកបដោយអង្គជារបស់នៃអសេខបុគ្គល១០យ៉ាង [គឺអដ្ឋង្គិកមគ្គ និងសម្មាញាណ និងសម្មាវិមុត្តិ ។] មានភិក្ខុសង្ឃ១ពាន់ជាបរិវារ ទ្រង់យាងចូលទៅកាន់ក្រុងរាជគ្រឹះ ។

[៦២] ពួកមនុស្សឃើញសក្កទេវរាជ ជាធំជាងទេវតា និងមនុស្សទាំងឡាយហើយ ពោលយ៉ាងនេះថា ឱហ្ន៎ មាណពនេះ មានរូបល្អអីម្ល៉េះ ឱហ្ន៎ មាណពនេះមានរូបគួរពិតពិលរមិលមើល ឱហ្ន៎ មាណពនេះគួរជាទីជ្រះថ្លា មាណពនេះឯងជាកូនចៅអ្នកណាហ្ន៎ ។ លុះពួកមនុស្សពោលពាក្យយ៉ាងនេះហើយ សក្កទេវរាជ ជាធំជាងទេវតាទាំងឡាយ ក៏បានពោលតបទៅនឹងពួកមនុស្សនោះវិញដោយគាថា ថា ៖ អ្នកប្រាជ្ញណាទូន្មានឥន្ទ្រិយទាំងអស់បានហើយ មានព្រះហឫទ័យស្អាតរកបុគ្គលប្រៀបមិនបាន ឆ្ងាយចាកសត្រូវ ពោលគឺកិលេស មានដំណើរល្អក្នុងលោក ខ្ញុំឯងជាអ្នកបម្រើអ្នកប្រាជ្ញនោះ ។

[៦៣] កាលនោះ ព្រះដ៏មានព្រះភាគ មួយអន្លើដោយភិក្ខុសង្ឃ ទ្រង់យាងចូលទៅកាន់និវេសនស្ថានរបស់ព្រះបាទមាគធសេនិយពិម្ពិសារ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈដែលគេរៀបចំថ្វាយ ។ ទើបព្រះបាទមាគធសេនិយពិម្ពិសារអង្គាសព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែត ឲ្យស្កប់ស្កល់[ក្នុងអដ្ឋកថា ថា មហាក្សត្រិយ៍ ស្តេចទ្រង់អង្គាសភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតបរិបូណ៌ ត្រាតែព្រះភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាននោះ ហាមឃាត់ដោយដៃ ឬដោយមុខ ឬដោយវចីភេទថា ល្មមហើយៗ ។] ដោយខាទនីយភោជនីយាហារដ៏ឧត្តម ដោយព្រះហស្ថព្រះអង្គឯង ហើយទ្រង់កំណត់ដឹងនូវព្រះដ៏មានព្រះភាគដែលទ្រង់សោយរួចហើយ ត្រង់ដែលទ្រង់ដាក់ព្រះហស្ថចុះចាកបាត្រ រួចក៏ស្តេចគង់នៅក្នុងទីដ៏សមគួរ ។ លុះព្រះបាទមាគធសេនិយពិម្ពិសារ គង់នៅក្នុងទីដ៏សមគួរហើយ ក៏ទ្រង់ព្រះតម្រិះដូច្នេះថា ព្រះដ៏មានព្រះភាគគួរគង់នៅក្នុងទីណាហ្ន៎ ទីណាដែលមិនឆ្ងាយ មិនជិតពេក អំពីស្រុក ជាទីល្មមទៅ ល្មមមកបាន គួរជាទីចូលទៅរកនៃមនុស្សទាំងឡាយដែលត្រូវការ ជាទីមិនបានច្រឡូកច្រឡំក្នុងវេលាថ្ងៃ មានសំឡេងតិច មិនមានសេចក្តីគឹកកងក្នុងវេលាយប់ មានខ្យល់បក់ស្រួល គួរដល់កិរិយាពួននៅនៃមនុស្សទាំងឡាយ និងជាទីគួរដល់ការសម្ងំនៅ ។ ព្រះរាជតម្រិះនេះក៏មានដល់ព្រះបាទមាគធសេនិយពិម្ពិសារក្នុងខណៈនោះថា អើ ឧទ្យានវេឡុវនរបស់យើងនេះ មិនឆ្ងាយពេក មិនជិតពេកអំពីស្រុក ជាទីល្មមទៅ ល្មមមកបាន គួរជាទីចូលទៅរកនៃមនុស្សទាំងឡាយដែលត្រូវការ ជាទីមិនបានច្រឡូកច្រឡំក្នុងវេលាថ្ងៃ មានសំឡេងតិច មិនមានសេចក្តីគឹកកងក្នុងវេលាយប់ មានខ្យល់បក់ស្រួល គួរដល់កិរិយាពួននៅនៃមនុស្ស និងជាទីគួរដល់ការសម្ងំ បើដូច្នោះ គួរអញថ្វាយឧទ្យានវេឡុវននេះដល់ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ។ ពេលនោះ ព្រះបាទមាគធសេនិយពិម្ពិសារកាន់យកកុន្ទីទឹក ជាវិការៈនៃមាស ហើយថ្វាយដល់ព្រះដ៏មានព្រះភាគ រួចក៏ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គសូមថ្វាយនូវឧទ្យានវេឡុវននេះដល់ព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ។ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ទទួលអារាម(នោះ) ។ ទើបព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ព្រះបាទមាគធសេនិយពិម្ពិសារឲ្យឃើញព្រម ឲ្យកាន់យកល្អ ឲ្យឧស្សាហ៍ឡើង ឲ្យរីករាយស្មើ ដោយពាក្យដ៏ប្រកបដោយធម៌ ហើយក៏ក្រោកចាកអាសនៈចៀសចេញទៅ ។ ព្រោះនិទាននេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយទ្រង់ត្រាស់ចំពោះភិក្ខុទាំងឡាយក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតអារាម (ដល់អ្នកទាំងឡាយ) ។

[៦៤] សម័យនោះឯង សញ្ជយបរិព្វាជកនៅអាស្រ័យក្នុងក្រុងរាជគ្រឹះ មួយអន្លើដោយបរិព្វាជកបរិសទ្យដ៏ច្រើន គឺបរិព្វាជកចំនួន២៥០រូប ។ សម័យនោះឯង ព្រះសារីបុត្ត និងព្រះមោគ្គល្លាន ប្រព្រឹត្តព្រហ្មចរិយធម៌ក្នុងសំណាក់បរិព្វាជកឈ្មោះសញ្ជយ ។ ព្រះសារីបុត្ត និងព្រះមោគ្គល្លាននោះបានធ្វើប្តេជ្ញានឹងគ្នាថា អ្នកណាបានដឹងនូវអមតធម៌មុន អ្នកនោះគប្បីប្រាប់ដល់ម្នាក់ទៀត ។ កាលនោះ ព្រះអស្សជិដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់ដោយបាត្រនិងចីវរអំពីព្រឹក លោកប្រកបដោយឥរិយាបថ គឺដើរទៅ ដើរមក ក្រឡេកមើលទៅ ក្រឡេកមើលផ្សេងៗ បត់ដៃជើង និងលាតដៃជើង មានភ្នែកសង្រួម គួរជាទីជ្រះថ្លា ចូលទៅកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត ។ បរិព្វាជកឈ្មោះសារីបុត្ត បានឃើញនូវព្រះអស្សជិដ៏មានអាយុ កំពុងត្រាច់ទៅដើម្បីបិណ្ឌបាតក្នុងក្រុងរាជគ្រឹះ បរិបូណ៌ដោយឥរិយាបថ គឺដើរទៅដើរមក ក្រឡេកមើលទៅ ក្រឡេកមើលផ្សេងៗ បត់ដៃជើង និងលាតដៃជើង មានភ្នែកសង្រួម គួរជាទីជ្រះថ្លា លុះឃើញហើយ ក៏មានសេចក្តីត្រិះរិះដូច្នេះថា ឱហ្ន៎ ជនទាំងឡាយណា ជាអរហន្តក្តី បានដល់ហើយនូវអរហត្តមគ្គក្តីក្នុងលោក ភិក្ខុនេះក៏ប្រហែលជាពួកនៃជនទាំងនោះដែរ បើដូច្នោះ គួរតែអញចូលទៅរកភិក្ខុនេះហើយសួរថា ម្នាលលោកដ៏មានអាយុ លោកបួសចំពោះអ្នកណា ម្យ៉ាងទៀត អ្នកណាជាគ្រូរបស់លោក ខ្លួនលោកនេះឯងគាប់ចិត្តធម៌របស់អ្នកណា ។ លំដាប់នោះ សារីបុត្តបរិព្វាជក មានសេចក្តីត្រិះរិះដូច្នេះថា កាលនេះជាកាលមិនគួរដើម្បីសួរនូវភិក្ខុនេះឡើយ (ព្រោះ) ភិក្ខុនេះកំពុងចូលទៅកាន់ចន្លោះផ្ទះ ត្រាច់ទៅដើម្បីបិណ្ឌបាត បើដូច្នោះ គួរតែអញទៅតាមភិក្ខុនេះ អំពីក្រោយៗទៅចុះ ក៏ការដែលជាប់តាមភិក្ខុនេះឯង គង់ដឹងនូវមគ្គញ្ញាណដែលជនទាំងឡាយគេត្រូវការដឹង ឬភិក្ខុនេះឯង ជាអ្នកស្វែងរកនូវព្រះនិព្វានដែលជនទាំងឡាយគេត្រូវការដឹង ។ ឯព្រះអស្សជិដ៏មានអាយុ ត្រាច់ទៅដើម្បីបិណ្ឌបាតក្នុងក្រុងរាជគ្រឹះ ទទួលបិណ្ឌបាតហើយ ក៏ត្រឡប់មកវិញ ។ បរិព្វាជកឈ្មោះសារីបុត្ត ក៏ចូលទៅកាន់សំណាក់ព្រះអស្សជិដ៏មានអាយុក្នុងកាលនោះ លុះចូលទៅជិតហើយ ធ្វើសេចក្តីរីករាយជាមួយនឹងព្រះអស្សជិដ៏មានអាយុ ហើយពោលនូវពាក្យជាទីត្រេកអរ ជាទីរលឹក ល្មមឲ្យកើតសេចក្តីស្និទ្ធស្នាលបាន លុះសម្រេចកិច្ចនោះហើយ ក៏ឋិតនៅក្នុងទីដ៏សមគួរ ។ លុះបរិព្វាជកឈ្មោះសារីបុត្ត ឋិតនៅក្នុងទីដ៏សមគួរហើយ ក៏បានពោលពាក្យនេះនឹងព្រះអស្សជិដ៏មានអាយុថា ម្នាលលោកដ៏មានអាយុ ឥន្ទ្រិយទាំងឡាយរបស់លោកក៏ស្រស់បស់ សម្បុរស្បែករបស់លោកក៏ស្អាតផូរផង់ ម្នាលលោកដ៏មានអាយុ លោកបួសចំពោះអ្នកណា ម្យ៉ាងទៀត អ្នកណាជាគ្រូរបស់លោក ខ្លួនលោកនេះឯង ពេញចិត្តធម៌របស់អ្នកណា ។ ព្រះអស្សជិឆ្លើយថា ម្នាលអាវុសោ មានមហាសមណៈ(មួយព្រះអង្គ) ជាសក្យបុត្រ ចេញចាកសក្យត្រកូល ហើយទ្រង់ព្រះផ្នួស ខ្ញុំឯងក៏បួសតាមព្រះមហាសមណៈដ៏មានព្រះភាគនោះ ឯព្រះដ៏មានព្រះភាគនោះឯង ជាគ្រូរបស់ខ្ញុំ ចំណែកខ្ញុំក៏គាប់ចិត្តនូវធម៌អាថ៌របស់ព្រះដ៏មានព្រះភាគនោះ ។ បរិព្វាជកឈ្មោះសារីបុត្តសួរថា ចុះគ្រូរបស់លោកម្ចាស់ពោលពាក្យដូចម្តេច សំដែងធម៌ដូចម្តេច ។ ព្រះអស្សជិឆ្លើយថា នែអ្នកដ៏មានអាយុ អាត្មាឯង ជាភិក្ខុថ្មី ទើបនឹងបួស មកកាន់ធម៌វិន័យនេះថ្មីៗ អាត្មាមិនអាចដើម្បីសំដែងធម៌ដោយពិស្តារបានទេ តែថាអាត្មានឹងពោលនូវសេចក្តីដល់អ្នកដោយសង្ខេបបាន ។

បរិព្វាជកឈ្មោះសារីបុត្តឆ្លើយថា សូមលោកម្ចាស់សំដែងធម៌តិចក្តី ច្រើនក្តី សូមសំដែងតែទំនងសេចក្តីម្យ៉ាងដល់ខ្ញុំ ៗត្រូវការដោយទំនងសេចក្តី តែម្យ៉ាងទេ លោកម្ចាស់មិនបាច់ពោលព្យញ្ជនៈឲ្យច្រើនឡើយ ។

[៦៥] គ្រានោះ ព្រះអស្សជិដ៏មានអាយុ បានពោលនូវធម្មបរិយាយនេះដល់បរិព្វាជកឈ្មោះសារីបុត្ត ថា ៖ ធម៌ទាំងឡាយណា [អដ្ឋកថា ធម៌ទាំងឡាយណា ជាផល គឺទុក្ខសច្ច តែងកើតឡើងអំពីហេតុ គឺសមុទយសច្ច ព្រះតថាគតតែងពោលនូវសមុទយសច្ចថា ជាហេតុផ្តើមឡើងឲ្យកើតនូវធម៌ទាំងឡាយ គឺទុក្ខសច្ចនោះ ធម៌ណាជាផល គឺកន្លែងរលត់នៃទុក្ខសច្ច និងសមុទយសច្ចទាំងនោះក្តី ធម៌ណាជាហេតុ ជាឧបាយ ដើម្បីញុំាងទុក្ខសច្ច និងសមុទយសច្ច មិនឲ្យប្រព្រឹត្តទៅបានក្តី ព្រះតថាគតមានប្រក្រតីពោលនូវធម៌ទាំងនោះ ។ អធិប្បាយថា ព្រះតថាគតតែងសំដែងនូវអរិយសច្ចទាំង៤យ៉ាងថា ទុក្ខសច្ចជាផលនៃសេចក្តីទុក្ខទាំងពួង សមុទយសច្ច ជាហេតុនាំឲ្យកើតទុក្ខទាំងពួង និរោធសច្ចជាផលនៃសេចក្តីសុខទាំងពួង មគ្គសច្ច ជាហេតុនាំឲ្យកើតសេចក្តីសុខទាំងពួង ។] គឺខន្ធ៥ តែងកើតអំពីហេតុ ព្រះតថាគតពោលនូវហេតុនៃធម៌ទាំងឡាយនោះ ម្យ៉ាងទៀត សេចក្តីរលត់ និងឧបាយជាគ្រឿងរលត់នៃធម៌ទាំងឡាយណា ព្រះតថាគតពោលនូវសេចក្តីរលត់ និងឧបាយជាគ្រឿងរលត់នៃធម៌ទាំងឡាយនោះ ព្រះមហាសមណៈ មានប្រក្រតីពោលពាក្យយ៉ាងនេះ ។

[៦៦] កាលនោះ បរិព្វាជកឈ្មោះសារីបុត្ត លុះបានស្តាប់ធម្មបរិយាយនេះហើយ ក៏មានធម្មចក្ខុ គឺសោតាបត្តិមគ្គញ្ញាណ ប្រាសចាកធូលី ប្រាសចាកមន្ទិល កើតឡើងថា ធម្មជាតណាមួយ មានសេចក្តីកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះរមែងរលត់ទៅវិញជាធម្មតា ។

សារីបុត្តបរិព្វាជកពោលថា និព្វានធម៌នេះមានប្រាកដមែន លោម្ចាស់បានត្រាស់ដឹងនិព្វាន ដែលគ្មានសេចក្តីសោក ព្រះនិព្វាននោះ ខ្ញុំមិនដែលបានឃើញ មិនដែលបានជួបប្រទះឡើយ ដោយហ្មឺននៃកប្បទាំងឡាយជាច្រើន ។

[៦៧] គ្រានោះ បរិព្វាជកឈ្មោះសារីបុត្ត ចូលទៅរកបរិព្វាជកឈ្មោះមោគ្គល្លាន ។ បរិព្វាជកឈ្មោះមោគ្គល្លាន បានឃើញបរិព្វាជកឈ្មោះសារីបុត្តកំពុងដើរមកពីចម្ងាយ លុះឃើញហើយ ក៏បានពោលពាក្យនេះនឹងបរិព្វាជកឈ្មោះសារីបុត្តថា ម្នាលអ្នកដ៏មានអាយុ ឥន្ទ្រិយទាំងឡាយរបស់អ្នកស្រស់បស់អីម្ល៉េះ សម្បុរស្បែករបស់អ្នកក៏ស្អាតផូរផង់ ម្នាលអ្នកដ៏មានអាយុ អ្នកបានដឹងនូវអមតធម៌ហើយឬ ។ បរិព្វាជកឈ្មោះសារីបុត្តឆ្លើយថា អើ អ្នកដ៏មានអាយុ ខ្ញុំបានដឹងអមតធម៌ហើយ ។ បរិព្វាជកឈ្មោះមោគ្គល្លានសួរថា អ្នកបានដឹងនូវអមតធម៌ដូចម្តេច ។ បរិព្វាជកឈ្មោះសារីបុត្តឆ្លើយថា នែអាវុសោ ខ្ញុំបានឃើញភិក្ខុឈ្មោះអស្សជិកំពុងត្រាច់ទៅដើម្បីបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះនេះ ប្រកបដោយឥរិយាបថ គឺដើរទៅដើរមក ក្រឡេកមើលទៅ ក្រឡេកមើលផ្សេងៗ បត់ដៃជើង និងលាតដៃជើង មានភ្នែកសង្រួម គួរជាទីជ្រះថ្លា លុះឃើញហើយ ខ្ញុំក៏មានសេចក្តីត្រិះរិះថា ឱហ្ន៎ ជនទាំងឡាយណាក្នុងលោកដែលជាអរហន្តក្តី ជាអ្នកដល់ហើយនូវអរហត្តមគ្គក្តី ភិក្ខុនេះឯង ប្រហែលជាពួកនៃជនទាំងនោះ បើដូច្នោះ គួរអញចូលទៅរកភិក្ខុនេះហើយសួរថា ម្នាលលោកដ៏មានអាយុ លោកម្ចាស់បួសចំពោះអ្នកណា ម្យ៉ាងទៀត អ្នកណាជាគ្រូរបស់លោក លោកពេញចិត្តនឹងធម៌របស់អ្នកណា នែអ្នកដ៏មានអាយុ ខ្ញុំឯងក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលនេះជាកាលមិនគួរសួរភិក្ខុនេះទេ ភិក្ខុនេះចូលទៅកាន់ចន្លោះផ្ទះ ហើយត្រាច់ទៅដើម្បីបិណ្ឌបាត បើដូច្នោះ គួរអញជាប់តាមភិក្ខុនេះ អំពីក្រោយៗទៅ ក៏ការដែលជាប់តាមភិក្ខុនេះ គង់ដឹងនូវមគ្គញ្ញាណដែលជនទាំងឡាយគេត្រូវការដឹង ឬភិក្ខុនេះឯង ជាអ្នកស្វែងរកនូវព្រះនិព្វានដែលជនទាំងឡាយគេត្រូវការដឹង ម្នាលអ្នកដ៏មានអាយុ ពេលនោះ អស្សជិភិក្ខុ ត្រាច់ទៅដើម្បីបិណ្ឌបាតក្នុងក្រុងរាជគ្រឹះ ហើយក៏កាន់យកបិណ្ឌបាតត្រឡប់មកវិញ នែអ្នកដ៏មានអាយុ ខ្ញុំក៏ចូលទៅរកអស្សជិភិក្ខុនោះ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរីករាយជាមួយនឹងអស្សជិភិក្ខុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹក ល្មមឲ្យកើតសេចក្តីស្និទ្ធស្នាលហើយ ក៏ឋិតនៅក្នុងទីដ៏សមគួរ ម្នាលអ្នកដ៏មានអាយុ លុះខ្ញុំឋិតនៅក្នុងទីដ៏សមគួរហើយ ក៏បានពោលពាក្យនេះនឹងអស្សជិភិក្ខុថា ម្នាលលោកដ៏មានអាយុ ឥន្ទ្រិយទាំងឡាយរបស់លោកក៏ស្រស់បស់អីម្ល៉េះ សម្បុរស្បែករបស់លោកក៏បរិសុទ្ធផូរផង់ ម្នាលលោកដ៏មានអាយុ លោកបួសចំពោះអ្នកណា ម្យ៉ាងទៀត អ្នកណាជាគ្រូរបស់លោក លោកពេញចិត្តធម៌របស់អ្នកណា អស្សជិភិក្ខុឆ្លើយថា ម្នាលអ្នកដ៏មានអាយុ មានមហាសមណៈ ជាសក្យបុត្រ ចេញចាកសក្យត្រកូល ហើយបួស ខ្ញុំបួសតាមនូវព្រះមហាសមណៈដ៏មានព្រះភាគនោះ ឯព្រះដ៏មានព្រះភាគនោះឯង ជាគ្រូរបស់យើង យើងពេញចិត្តនូវធម៌របស់ព្រះដ៏មានព្រះភាគនោះ (ហើយខ្ញុំសួរទៀត)ថា គ្រូរបស់លោកដ៏មានអាយុ មានប្រក្រតីពោលពាក្យដូចម្តេច សំដែងធម៌ដូចម្តេច ទើបអស្សជិភិក្ខុឆ្លើយថា ម្នាលអ្នកដ៏មានអាយុ អាត្មាឯងជាភិក្ខុថ្មី បួសមិនទាន់បានយូរទេ ទើបតែនឹងមកកាន់ធម៌វិន័យនេះថ្មីៗ អាត្មាមិនអាចដើម្បីសំដែងធម៌ដល់អ្នក ឲ្យពិស្តារបានទេ តែថាអាត្មានឹងពោលនូវទំនងសេចក្តីដោយសង្ខេបដល់អ្នកបាន (ខ្ញុំក៏និយាយទៅនឹងអស្សជិភិក្ខុនោះ)ថា ៖ សូមលោកពោលនូវធម៌តិចក្តី ច្រើនក្តីឲ្យទាន សូមលោកពោលនូវទំនងសេចក្តីតែម្យ៉ាងដល់ខ្ញុំ ៗត្រូវការដោយសេចក្តី លោកមិនបាច់សំដែងព្យញ្ជនៈឲ្យច្រើនទេ ។

[៦៨] ម្នាលអ្នកដ៏មានអាយុ អស្សជិភិក្ខុ ក៏បានពោលធម្មបរិយាយនេះក្នុងកាលនោះថា ៖ ធម៌ទាំងឡាយណា គឺខន្ធ៥ តែងកើតអំពីហេតុ ព្រះតថាគតពោលនូវហេតុនៃធម៌ទាំងឡាយនោះ ម្យ៉ាងទៀត សេចក្តីរលត់ និងឧបាយជាគ្រឿងរលត់នៃធម៌ទាំងឡាយណា ព្រះតថាគតពោលនូវសេចក្តីរលត់ និងឧបាយជាគ្រឿងរលត់នៃធម៌ទាំងឡាយនោះ ព្រះមហាសមណៈ មានប្រក្រតីពោលយ៉ាងនេះ ។

[៦៩] កាលនោះ បរិព្វាជកឈ្មោះមោគ្គល្លាន លុះបានស្តាប់ធម្មបរិយាយនេះហើយ ក៏មានធម្មចក្ខុ គឺសោតាបត្តិមគ្គញ្ញាណ ប្រាសចាកធូលី ប្រាសចាកមន្ទិល កើតឡើងក្នុងចិត្តថា ធម្មជាតណាមួយដែលមានសេចក្តីកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានសេចក្តីរលត់ទៅវិញជាធម្មតា ។

ទើបបរិព្វាជកឈ្មោះមោគ្គល្លានពោលថា និព្វានធម៌នេះ មានប្រាកដមែន លោកម្ចាស់បានត្រាស់ដឹងព្រះនិព្វានដែលគ្មានសេចក្តីសោក ព្រះនិព្វាននោះ ខ្ញុំមិនដែលបានឃើញ មិនដែលបានជួបប្រទះឡើយ ដោយហ្មឺននៃកប្បទាំងឡាយជាច្រើន ។

[៧០] បរិព្វាជកឈ្មោះមោគ្គល្លាន បានពោលពាក្យនេះទៅនឹងបរិព្វាជកឈ្មោះសារីបុត្តក្នុងកាលនោះថា ម្នាលអ្នកដ៏មានអាយុ យើងទាំងឡាយនឹងទៅកាន់សំណាក់ព្រះដ៏មានព្រះភាគ ៗនោះជាគ្រូរបស់យើង ។ បរិព្វាជកឈ្មោះសារីបុត្តឆ្លើយថា ម្នាលអ្នកដ៏មានអាយុ បរិព្វាជកចំនួន២៥០រូបនេះឯង អាស្រ័យយើងទាំងឡាយ បានឃើញនូវយើងទាំងឡាយ ទើបនៅក្នុងទីនេះបាន យើងទាំងឡាយត្រូវលាពួកបរិព្វាជកទាំងនោះសិន ពួកបរិព្វាជកទាំងនោះនឹងយល់យ៉ាងណា គេក៏ធ្វើយ៉ាងនោះចុះ ។ កាលនោះ សារីបុត្ត និងមោគ្គល្លានក៏ចូលទៅរកពួកបរិព្វាជកទាំងនោះ លុះចូលទៅដល់ហើយ ក៏បានពោលពាក្យនេះទៅនឹងបរិព្វាជកទាំងនោះថា ម្នាលអ្នកដ៏មានអាយុទាំងឡាយ យើងទាំងឡាយនឹងទៅកាន់សំណាក់ព្រះដ៏មានព្រះភាគ ៗនោះជាគ្រូរបស់យើងទាំងឡាយ ។ ពួកបរិព្វាជកទាំងនោះឆ្លើយថា យើងទាំងឡាយអាស្រ័យនូវលោកទាំងឡាយដ៏មានអាយុ បានឃើញនូវលោកទាំងឡាយដ៏មានអាយុ ទើបនៅក្នុងទីនេះបាន បើលោកទាំងឡាយដ៏មានអាយុនឹងប្រព្រឹត្តព្រហ្មចរិយធម៌ក្នុងសំណាក់ព្រះមហាសមណៈ យើងទាំងឡាយទាំងអស់គ្នា ក៏នឹងប្រព្រឹត្តព្រហ្មចរិយធម៌ក្នុងសំណាក់មហាសមណៈដែរ ។ លំដាប់នោះ សារីបុត្តនិងមោគ្គល្លាន ក៏ចូលទៅរកបរិព្វាជកឈ្មោះសញ្ជយ លុះចូលទៅដល់ហើយ ក៏បានពោលនូវពាក្យនេះនឹងបរិព្វាជកឈ្មោះសញ្ជយថា ម្នាលលោកដ៏មានអាយុ យើងទាំងឡាយនឹងទៅកាន់សំណាក់ព្រះដ៏មានព្រះភាគ ៗនោះជាគ្រូរបស់យើងទាំងឡាយ ។ បរិព្វាជកឈ្មោះសញ្ជយឆ្លើយថា ម្នាលអ្នកដ៏មានអាយុ មិនគួរទេ អ្នកទាំងឡាយកុំទៅឡើយ ពួកយើងទាំងបីនាក់នឹងគ្រប់គ្រងរក្សាគណៈនេះ ។ សារីបុត្តនិងមោគ្គល្លានបានពោលពាក្យនេះនឹងបរិព្វាជកឈ្មោះសញ្ជយអស់វារៈជាគម្រប់​ពីរដងផង ។បេ ។ អស់វារៈគម្រប់​បីដងផងថា ម្នាលអ្នកដ៏មានអាយុ យើងទាំងឡាយនឹងទៅកាន់សំណាក់ព្រះដ៏មានព្រះភាគ ៗនោះជាគ្រូរបស់យើងទាំងឡាយ ។ បរិព្វាជកឈ្មោះសញ្ជយឆ្លើយថា ម្នាលអ្នកដ៏មានអាយុ មិនគួរទេ អ្នកទាំងឡាយកុំទៅឡើយ ពួកយើងទាំង៣នាក់នឹងគ្រប់គ្រងរក្សាគណៈនេះ ។ គ្រានោះ សារីបុត្តនិងមោគ្គល្លាន ក៏នាំបរិព្វាជកចំនួន២៥០រូបនោះ ចូលទៅកាន់វត្តវេឡុវន ។ ចំណែកខាងបរិព្វាជកឈ្មោះសញ្ជយ ក៏(មានសេចក្តីទោមនស្សដុតឡើង) បណ្តាលឲ្យក្តៅក្រហាយ រហូតដល់ក្អួតឈាមចេញអំពីមាត់ក្នុងទីនោះ ។

[៧១] ព្រះដ៏មានព្រះភាគបានទតឃើញសារីបុត្តនិងមោគ្គល្លានកំពុងដើរមកអំពីចម្ងាយ លុះទតឃើញហើយ ក៏ទ្រង់ហៅភិក្ខុទាំងឡាយមក ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ជនជាសំឡាញ់នឹងគ្នាទាំងពីរនាក់នុ៎ះ ឈ្មោះកោលិតៈ១ ឈ្មោះឧបតិស្សៈ១ នឹងមកដល់ឥឡូវហើយ ហ្នឹងហើយជាគូនៃសាវករបស់តថាគតដែលជាគូដ៏ប្រសើរ ជាគូដ៏ចម្រើន ។

ពេលនោះ ព្រះសាស្តាទ្រង់ព្យាករនូវជនទាំងពីរនោះដែលមានចិត្តយាងចុះក្នុងធម៌ដ៏ជ្រាលជ្រៅ ក្នុងញាណវិស័យ ក្នុងធម៌ជាគ្រឿងអស់ទៅនៃឧបធិដ៏ប្រសើរ (ព្រះនិព្វាន) តាំងតែពីមិនទាន់មកដល់វត្តវេឡុវនថា ជនទាំងពីរនាក់ ជាសំឡាញ់នឹងគ្នានុ៎ះ ឈ្មោះកោលិតៈ១ ឈ្មោះឧបតិស្សៈ១ នឹងមកដល់ឥឡូវហើយ នឹងហើយជាគូនៃសាវករបស់តថាគត ដែលជាគូដ៏ប្រសើរ ជាគូដ៏ចម្រើន ។

[៧២] គ្រានោះ ព្រះសារីបុត្ត និងព្រះមោគ្គល្លានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបសិរសាទៀបព្រះបាទទាំងគូនៃព្រះដ៏មានព្រះភាគ ហើយបានពោលពាក្យនេះនឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន យើងខ្ញុំទាំងឡាយគប្បីបានបព្វជ្ជា គប្បីបានឧបសម្បទាក្នុងសំណាក់ព្រះដ៏មានព្រះភាគ ។ ព្រះដ៏មានព្រះភាគបានត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរមកចុះ ហើយទ្រង់ត្រាស់ថា ធម៌តថាគតសំដែងហើយដោយប្រពៃ អ្នកទាំងឡាយចូរប្រព្រឹត្តនូវព្រហ្មចរិយធម៌ ដើម្បីធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃទុក្ខដោយប្រពៃចុះ ។ ព្រះពុទ្ធដីកានោះឯង ជាឧបសម្បទារបស់លោកដ៏មានអាយុទាំងនោះ ។

[៧៣] សម័យនោះឯង កុលបុត្រទាំងឡាយនៅក្នុងដែនមគធៈ ដែលមានកេរ្តិ៍ឈ្មោះ គេដឹងឮគ្រប់គ្នា ក៏តែងប្រព្រឹត្តព្រហ្មចរិយធម៌ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណគោតម ប្រតិបត្តិដើម្បីធ្វើមនុស្សមិនឲ្យមានកូន សមណគោតមប្រតិបត្តិ ដើម្បីធ្វើឲ្យស្រីទៅជាមេម៉ាយ សមណគោតម ប្រតិបត្តិដើម្បីផ្តាច់បង់ត្រកូល ឥឡូវគាត់បំបួសជដិលចំនួនមួយពាន់នាក់ ហើយបំបួសទាំងបរិព្វាជកចំនួន២៥០នាក់ ជាពួកសញ្ជ័យនេះទៀត ទាំងកុលបុត្រទាំងឡាយដែលនៅក្នុងដែនមគធៈដែលមានកេរ្តិ៍ឈ្មោះ គេដឹងឮគ្រប់គ្នានេះទៀត ក៏ប្រព្រឹត្តព្រហ្មចរិយធម៌ក្នុងសំណាក់ព្រះសមណគោតមដែរ ។ ឯមនុស្សទាំងឡាយឃើញពួកភិក្ខុហើយ ក៏នាំគ្នាចោទដោយគាថានេះថា ៖ មហាសមណៈ យាងមកហើយកាន់ក្រុងគិរិព្វជៈ (ភ្នំមានសណ្ឋានដូចជាក្រោល) របស់ពួកជននៅក្នុងដែនមគធៈ ព្រះអង្គនាំអស់ពួកបរិវាររបស់សញ្ជ័យទៅហើយ ឥឡូវនឹងនាំយកអ្នកណាទៅទៀតអេះ ។

[៧៤] ពួកភិក្ខុបានឮមនុស្សទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ ។ ទើបពួកភិក្ខុនោះក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សំឡេងនោះនឹងមិនមាននៅអស់កាលដ៏យូរទេ សំឡេងនោះនឹងមាននៅត្រឹមតែ៧ថ្ងៃ លុះកន្លង៧ថ្ងៃទៅ នឹងអន្តរធានបាត់ទៅឯង ម្នាលភិក្ខុទាំងឡាយ ជនទាំងឡាយណា ចោទអ្នកទាំងឡាយដោយគាថានេះថា ៖ មហាសមណៈយាងមកហើយកាន់ក្រុងគិរិព្វជៈ របស់ពួកជនក្នុងដែនមគធៈ លោកនាំទៅនូវពួកសញ្ជ័យទាំងអស់ហើយ ឥឡូវនេះនឹងនាំអ្នកណាទៅទៀតអេះ ។ (បើដូច្នោះ) អ្នកទាំងឡាយ ចូរចោទជនទាំងនោះដោយគាថានេះវិញថា ព្រះតថាគតទាំងឡាយមានសេចក្តីព្យាយាមដ៏មាំ ណែនាំសត្វដោយព្រះសទ្ធម្មដ៏ប្រពៃពិត ហេតុដូចម្តេចក៏មានសេចក្តីច្រណែន នឹងពួកអ្នកប្រាជ្ញ ដែលជាអ្នកណែនាំសត្វដោយធម៌ (នោះឯង) ។

[៧៥] សម័យនោះឯង ពួកមនុស្សឃើញភិក្ខុទាំងឡាយហើយ ចោទដោយគាថានេះថា

មហាសមណៈយាងមកហើយកាន់ក្រុងគិរិព្វជៈ របស់ពួកជនមគធៈ នាំយកពួកបរិវាររបស់សញ្ជ័យទាំងពួងទៅហើយ ឥឡូវនេះនឹងនាំយកអ្នកណាទៅទៀតហ្ន៎ ។

ភិក្ខុទាំងឡាយ ចោទតបនឹងមនុស្សទាំងនោះដោយគាថានេះថា ព្រះតថាគតទាំងឡាយមានសេចក្តីព្យាយាមដ៏មាំ ណែនាំសត្វដោយព្រះសទ្ធម្មដ៏ប្រពៃពិត ហេតុដូចម្តេចក៏មានសេចក្តីច្រណែនពួកអ្នកប្រាជ្ញ ដែលជាអ្នកណែនាំសត្វដោយធម៌ (នោះឯង) ។

[៧៦] ពួកមនុស្សពោលពាក្យយ៉ាងនេះថា បានឮថា សមណៈទាំងឡាយជាសក្យបុត្រ ណែនាំសត្វដោយធម៌ មិនមែនណែនាំដោយសភាវៈមិនមែនធម៌ទេ ។ សំឡេងនោះក៏មានត្រឹមតែ៧ថ្ងៃ លុះកន្លង៧ថ្ងៃ ក៏អន្តរធានបាត់ទៅឯង ។

ចប់ បព្វជ្ជារបស់ព្រះសារីបុត្ត និងព្រះមោគ្គល្លាន ។

ចប់ ភាណវារៈ ជាគម្រប់​ ៤ ។

[៧៧] សម័យនោះឯង ភិក្ខុទាំងឡាយមិនមានឧបជ្ឈាយ៍ គ្មានអ្នកទូន្មាន គ្មានអ្នកប្រៀនប្រដៅ ស្លៀកក៏មិនត្រឹមត្រូវ ដណ្តប់ក៏មិនត្រឹមត្រូវ ទាំងឫកមារយាទក៏មិនបរិបូណ៌ នាំគ្នាត្រាច់ទៅដើម្បីបិណ្ឌបាត កាលពួកមនុស្សកំពុងតែបរិភោគ (ពួកភិក្ខុនោះ) បង្អោនបាត្រសម្រាប់សុំទៅពីខាងលើភោជនខ្លះ បង្អោនបាត្រសម្រាប់សុំ ទៅពីខាងលើខាទនីយៈខ្លះ បង្អោនបាត្រសម្រាប់សុំទៅពីខាងលើវត្ថុដែលបុគ្គលគប្បីលិទ្ធជញ្ជាប់ខ្លះ បង្អោនបាត្រសម្រាប់សុំទៅពីខាងលើទឹកសម្រាប់ផឹកខ្លះ សូមសំឡខ្លះ បាយខ្លះ ដោយខ្លួនឯង ហើយបរិភោគ មានសំឡេងហ៊ោកញ្ជ្រៀវ សំឡេងខ្លាំងនៅក្នុងរោងបាយខ្លះ ។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈជាសក្យបុត្រ មិនសមនឹងស្លៀកក៏មិនត្រឹមត្រូវ ដណ្តប់ក៏មិនត្រឹមត្រូវ មានឫកមារយាទមិនសមគួរ ត្រាច់ទៅដើម្បីបិណ្ឌបាត កាលពួកមនុស្សកំពុងតែបរិភោគ (ពួកភិក្ខុនោះ) បង្អោនបាត្រសម្រាប់សុំទៅលើភោជនខ្លះ បង្អោនបាត្រសម្រាប់សុំទៅលើខាទនីយៈខ្លះ បង្អោនបាត្រសម្រាប់សុំទៅខាងលើវត្ថុសម្រាប់លិទ្ធជញ្ជាប់ខ្លះ បង្អោនបាត្រសម្រាប់សុំទៅខាងលើទឹកសម្រាប់ផឹកខ្លះ សូមសំឡខ្លះ បាយខ្លះ ដោយខ្លួនឯង ហើយបរិភោគ មានសំឡេងហ៊ោកញ្ជ្រៀវ សំឡេងខ្លាំងនៅក្នុងរោងបាយខ្លះ ដូចជាពួកព្រាហ្មណ៍ ដែលនៅក្នុងកន្លែងជាទីបរិភោគនៃព្រាហ្មណ៍សោះឡើយ ។

[៧៨] ភិក្ខុទាំងឡាយបានឮពួកមនុស្សទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ ។ ពួកភិក្ខុណាមានសេចក្តីប្រាថ្នាតិច ជាអ្នកសន្តោស មានសេចក្តីខ្មាស ជាអ្នករង្កៀស ប្រាថ្នាក្នុងការរៀនសូត្រ ពួកភិក្ខុនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងឡាយមិនគួរបើ ស្លៀកពាក់ក៏មិនត្រឹមត្រូវ មានឫកមារយាទមិនសមគួរ ត្រាច់ទៅដើម្បីបិណ្ឌបាត កាលពួកមនុស្សកំពុងតែបរិភោគ (ភិក្ខុទាំងនោះ) បង្អោនបាត្រសម្រាប់សុំទៅលើភោជនខ្លះ បង្អោនបាត្រសម្រាប់សុំទៅលើខាទនីយៈខ្លះ បង្អោនបាត្រសម្រាប់សុំទៅលើវត្ថុសម្រាប់ភ្លក់ខ្លះ បង្អោនបាត្រសម្រាប់សុំទៅខាងលើទឹកសម្រាប់ផឹកខ្លះ សូមសំឡខ្លះ បាយខ្លះ ដោយខ្លួនឯង ហើយបរិភោគ មានសំឡេងហ៊ោកញ្ជ្រៀវ សំឡេងខ្លាំង នៅក្នុងរោងបាយខ្លះ (ដូច្នេះ) ឡើយ ។ លំដាប់នោះ ភិក្ខុទាំងនោះក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។

[៧៩] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយទ្រង់សួរបញ្ជាក់ពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកភិក្ខុស្លៀកដណ្តប់មិនត្រឹមត្រូវ មានអាកប្បកិរិយាមិនសមគួរ ត្រាច់ទៅដើម្បីបិណ្ឌបាត កាលពួកមនុស្សកំពុងតែបរិភោគ (ភិក្ខុទាំងនោះ) បង្អោនបាត្រសម្រាប់សុំ ទៅលើភោជនខ្លះ បង្អោនបាត្រសម្រាប់សុំទៅខាងលើខាទនីយៈខ្លះ បង្អោនបាត្រសម្រាប់សុំទៅខាងលើវត្ថុសម្រាប់ភ្លក់ខ្លះ បង្អោនបាត្រសម្រាប់សុំទៅខាងលើទឹកសម្រាប់ផឹកខ្លះ សូមសំឡខ្លះ បាយខ្លះ ដោយខ្លួនឯង ហើយបរិភោគ មានសំឡេងហ៊ោកញ្ជ្រៀវ សំឡេងខ្លាំង នៅក្នុងរោងបាយខ្លះ ពិតមែនឬ ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន ។ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ (អំពើនោះ) មិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគួរ មិនត្រូវធ្វើឡើយ ម្នាលភិក្ខុទាំងឡាយ ចុះហេតុអ្វីបានជាមោឃបុរសទាំងនោះ ស្លៀកដណ្តប់ក៏មិនត្រឹមត្រូវ មានអាកប្បកិរិយាមិនសមគួរ ត្រាច់ទៅដើម្បីបិណ្ឌបាត កាលមនុស្សទាំងឡាយកំពុងតែបរិភោគ (ភិក្ខុទាំងនោះ) បង្អោនបាត្រសម្រាប់សុំទៅខាងលើភោជនខ្លះ បង្អោនបាត្រសម្រាប់សុំទៅលើខាទនីយៈខ្លះ បង្អោនបាត្រសម្រាប់សុំទៅខាងលើវត្ថុសម្រាប់ភ្លក់ខ្លះ បង្អោនបាត្រសម្រាប់សុំទៅខាងលើទឹកសម្រាប់ផឹកខ្លះ សូមសំឡខ្លះ បាយខ្លះ ដោយខ្លួនឯង ហើយបរិភោគ មានសំឡេងហ៊ោកញ្ជ្រៀវ សំឡេងខ្លាំងក្នុងរោងបាយខ្លះ ម្នាលភិក្ខុទាំងឡាយ ការនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាផង មិននាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរិតតែជ្រះថ្លាតទៅទៀតផង ម្នាលភិក្ខុទាំងឡាយ ការនេះនាំឲ្យពួកជនដែលមិនទាន់ជ្រះថ្លា ឲ្យខានជ្រះថ្លាទៅវិញផង នាំពួកជនខ្លះដែលជ្រះថ្លា ស្រាប់ហើយ ឲ្យប្រែប្រួលផ្តេសផ្តាសទៅវិញផង ។

[៨០] លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលភិក្ខុទាំងនោះដោយអនេកបរិយាយ ហើយទ្រង់សំដែងនូវទោសនៃសភាពជាបុគ្គលដែលគេចិញ្ចឹមបានដោយលំបាក គេរក្សាបានដោយលំបាក សេចក្តីប្រាថ្នាធំ មិនសន្តោស សេចក្តីច្រឡូកច្រឡំដោយពួកគណៈ សេចក្តីខ្ជិល ទើបទ្រង់ពោលសរសើរគុណនៃសភាពជាបុគ្គលដែលគេចិញ្ចឹមបានដោយងាយ គេរក្សាបានដោយងាយ សេចក្តីប្រាថ្នាតិច សេចក្តីសន្តោស កំចាត់បង់នូវកិលេស ដុសខាត់ចិត្ត សេចក្តីជ្រះថ្លា មិនសន្សំនូវកិលេសវដ្តៈ និងសេចក្តីប្រារព្ធព្យាយាម ដោយព្រះពុទ្ធដីកាជាអនេកបរិយាយ រួចទ្រង់ធ្វើធម្មីកថា ដ៏ល្មមសមគួរដល់ហេតុនោះៗ ចំពោះភិក្ខុទាំងឡាយ ទ្រង់ហៅភិក្ខុទាំងឡាយមកត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឧបជ្ឈាយ៍ ម្នាលភិក្ខុទាំងឡាយ ឧបជ្ឈាយ៍ត្រូវយកចិត្តទុកដាក់ក្នុងសទ្ធិវិហារិកឲ្យដូចជាកូន សទ្ធិវិហារិក ត្រូវយកចិត្តទុកដាក់ក្នុងឧបជ្ឈាយ៍ឲ្យដូចជាបិតា ឧបជ្ឈាយ៍ និងសទ្ធិវិហារិកនោះប្រកបដោយសេចក្តីគោរពកោតក្រែងដល់គ្នានឹងគ្នា មានការចិញ្ចឹមជីវិតស្មើគ្នាយ៉ាងនេះ និងដល់នូវសេចក្តីចម្រើន សេចក្តីលូតលាស់ សេចក្តីទូលំទូលាយ ក្នុងធម្មវិន័យនេះ ។ ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិកគប្បីកាន់យកឧបជ្ឈាយ៍ដោយទំនងយ៉ាងនេះ ។ សទ្ធិវិហារិកត្រូវគ្រងចីពរឆៀងស្មាម្ខាង ហើយថ្វាយបង្គំជើងទាំងឡាយ រួចហើយអង្គុយច្រហោង ផ្គងឡើងនូវអញ្ជលីរួចពោលយ៉ាងនេះនឹងឧបជ្ឈាយ៍ថា បពិត្រលោកម្ចាស់ដ៏ចម្រើន សូមលោកម្ចាស់ជាឧបជ្ឈាយ៍របស់ខ្ញុំ បពិត្រលោកម្ចាស់ដ៏ចម្រើន លោកម្ចាស់ចូរជាឧបជ្ឈាយ៍របស់ខ្ញុំ បពិត្រលោកម្ចាស់ដ៏ចម្រើន លោកម្ចាស់ចូរជាឧបជ្ឈាយ៍របស់ខ្ញុំ ។ ឧបជ្ឈាយ៍ត្រូវពន្យល់សទ្ធិវិហារិកឲ្យដឹងដោយកាយ (ឬ) ឲ្យដឹងដោយវាចា (ឬ) ឲ្យដឹងទាំងកាយទាំងវាចា ដោយពាក្យថា សាហុ (កម្មនេះប្រពៃហើយក្តី) លហុ (ពាក្យនេះមិនជាការធ្ងន់អ្វីទេក្តី) ឧបាយិកំ (កម្មនេះជាឧបាយជាទីរើខ្លួនចេញក្តី) បដិរូបំ (កម្មនេះសមគួរហើយក្តី) បាសាទិកេន សម្បាទេហិ អ្នកចូរញុំាងកម្មឲ្យបរិបូណ៌ដោយកាយនិងវាចាគួរជាទីនាំមកនូវសេចក្តីជ្រះថ្លាក្តី (យ៉ាងនេះ) ឈ្មោះថា សទ្ធិវិហារិកកាន់យកឧបជ្ឈាយ៍ហើយ (បើឧបជ្ឈាយ៍) មិនញុំាងសទ្ធិវិហារិកឲ្យដឹងដោយកាយ ឬដោយវាចា ឬទាំងកាយ ទាំងវាចា (យ៉ាងនេះ) ឈ្មោះថា សទ្ធិវិហារិកមិនកាន់យកឧបជ្ឈាយ៍ឡើយ ។

[៨១] ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិកត្រូវប្រព្រឹត្តដោយប្រពៃ ក្នុងឧបជ្ឈាយ៍ ។ ឯការប្រព្រឹត្តដោយប្រពៃ ក្នុងឧបជ្ឈាយ៍នោះ (ដូច្នេះ) ។ សទ្ធិវិហារិកត្រូវក្រោកអំពីព្រឹក ហើយដោះស្បែកជើងរួចហើយគ្រងចីពរ ឆៀងស្មាម្ខាង រួចប្រគេនឈើស្ទន់ ប្រគេនទឹកលុបមុខ ក្រាលអាសនៈ (ដល់ឧបជ្ឈាយ៍) ថា បើមានបបរ ត្រូវសទ្ធិវិហារិកលាងភាជន៍ ហើយដាក់បបរទៅប្រគេន បើឧបជ្ឈាយ៍ឆាន់បបររួចហើយ សទ្ធិវិហារិក ត្រូវប្រគេនទឹកហើយទទួលយកភាជន៍មកវិញ ដោយការឱនលំទោន ហើយកាន់ភាជន៍ឲ្យល្អ កុំឲ្យជល់ទង្គិច លាងហើយរៀបចំទុកដាក់ឲ្យត្រឹមត្រូវ កាលបើឧបជ្ឈាយ៍ក្រោកឡើងហើយ សទ្ធិវិហារិកត្រូវរើអាសនៈចេញ ថាបើទីនោះមានសម្រាម ត្រូវសទ្ធិវិហារិកបោសចេញ ។ បើឧបជ្ឈាយ៍មានសេចក្តីប្រាថ្នាដើម្បីចូលទៅកាន់ស្រុក សទ្ធិវិហារិកត្រូវប្រគេនសម្ពត់សម្រាប់ស្លៀក (ស្បង់) ត្រូវទទួលសម្ពត់ផ្លាស់មកវិញ ត្រូវប្រគេនវត្ថពន្ធចង្កេះ ប្រគេនសង្ឃាដិទាំងឡាយ ដែលបានត្រួតគ្នា [ត្រង់ពាក្យថា សង្ឃាដិទាំងឡាយដែលត្រួតគ្នានោះ តាមន័យក្នុងអដ្ឋកថា និងវិមតិវិនោទនីដីកាថា ឲ្យសទ្ធិវិហារិកយកចីវរទាំងពីរ គឺចីពរ១ សង្ឃាដិ១ មកដាក់ត្រួតគ្នា ហើយសឹមប្រគេន ។] ហើយ (បើ)បាត្រមានទឹក ត្រូវសទ្ធិវិហារិក លាងឲ្យជ្រះ ហើយសឹមប្រគេន ថាបើឧបជ្ឈាយ៍ប្រាថ្នានឹងយកខ្លួនទៅជាមួយ ជាបច្ឆាសមណៈផង សទ្ធិវិហារិកនោះត្រូវស្លៀកដណ្តប់ឲ្យមានបរិមណ្ឌល៣ ស្លៀកស្បង់ឲ្យជាបរិមណ្ឌល ចងវត្ថពន្ធចង្កេះ ហើយឃ្លុំសង្ឃាដិទាំងឡាយដែលបានត្រួតគ្នាហើយ រួចពាក់ឡេវវគ្ឌុំ លាងបាត្រហើយកាន់ធ្វើជាបច្ឆាសមណៈ (ដើរទៅតាមខាងក្រោយឧបជ្ឈាយ៍) សទ្ធិវិហារិកមិនត្រូវដើរឆ្ងាយពេក មិនត្រូវដើរជិតពេក សទ្ធិវិហារិកគប្បីទទួលយកវត្ថុដែលគេដាក់ចុះក្នុងបាត្រ [ក្នុងអដ្ឋកថា ថា កាលបើឧបជ្ឈាយ៍បានបាយ ឬបបរ បាត្រនោះក្តៅ ឬធ្ងន់ សទ្ធិវិហារិក ត្រូវប្រគេនបាត្ររបស់ខ្លួនទៅលោក ហើយទទួលយកបាត្ររបស់លោកមកវិញ ។] ឧបជ្ឈាយ៍កំពុងពោល សទ្ធិវិហារិកមិនត្រូវនិយាយស្កាត់ពាក្យនោះឡើយ ឧបជ្ឈាយ៍ កំពុងពោលនូវពាក្យជាទំនងនឹងត្រូវអាបត្តិ សទ្ធិវិហារិកត្រូវឃាត់ សទ្ធិវិហារិកត្រូវត្រឡប់មកមុនឧបជ្ឈាយ៍ ហើយក្រាលអាសនៈចាំ ត្រូវរៀបចំទុកទឹកសម្រាប់លាងជើង តាំងសម្រាប់រងជើងដែលលាងហើយ ក្បឿងសម្រាប់ជូតជើងដែលមិនបានលាង ហើយក្រោកឡើងទទួលយកបាត្រចីវរ ប្រគេនសម្ពត់ផ្លាស់ ទទួលយកស្បង់ ។ ថាបើចីវរសើមដោយញើសក្អែល សទ្ធិវិហារិកត្រូវសំដិលក្នុងទីមានកំដៅបន្តិចសិន មិនត្រូវទុកដាក់ចីវរក្នុងទីមានកំដៅយូរទេ ត្រូវតែបត់ចីវរទុកដោយល្អ កាលដែលនឹងបត់ចីវរ ត្រូវបំផ្លើសជាយម្ខាងឲ្យលើសប្រមាណ៤ធ្នាប់ ហើយសឹមបត់ចីវរ ដោយគិតថា កុំឲ្យចីវរបាក់ផ្នត់ពាក់កណ្តាលឡើយ [ក្នុងអដ្ឋកថា ថា ដែលទ្រង់ហាមមិនឲ្យចាប់ដោយស្មើគ្នាហើយបត់នោះ ព្រោះផ្នត់ដែលបត់នៅចំកន្លែងដដែលរាល់ៗថ្ងៃ នឹងធ្វើឲ្យបាក់ផ្នត់ខូចចីវរ ហេតុនេះ ទើបទ្រង់ឲ្យបំផ្លើសដោយចីវរឲ្យហួសពីគ្នាប្រមាណ៤ធ្នាប់រាល់ៗថ្ងៃ គឺថ្ងៃនេះ បត់ត្រង់កន្លែងនេះ ដល់ថ្ងៃស្អែក បត់បំផ្លើសឲ្យហួសពីកន្លែងនោះតទៅទៀត កុំឲ្យបត់ចំត្រង់ផ្នត់ដដែល ។] ហើយគប្បីដាក់វត្ថពន្ធចង្កេះក្នុងផ្នត់ចីវរចុះ ។ ថាបើបិណ្ឌបាតមាន ឧបជ្ឈាយ៍ត្រូវការនឹងឆាន់ សទ្ធិវិហារិកត្រូវប្រគេនទឹកហើយ សឹមបង្អោនបិណ្ឌបាតប្រគេន សទ្ធិវិហារិកត្រូវសួរឧបជ្ឈាយ៍អំពីទឹកឆាន់ហើយ ប្រគេនទឹកដល់ឧបជ្ឈាយ៍ដែលឆាន់រួចហើយ រួចទទួលបាត្រយកមកដោយសេចក្តីឱនលំទោន ហើយលាងដោយប្រពៃ កុំឲ្យទង្គិច ហើយធ្វើឲ្យស្ងួតទឹក រួចហើយហាលបាត្រ១ស្របក់ក្នុងទីមានកំដៅ តែមិនត្រូវទុកបាត្រក្នុងទីមានកំដៅយូរពេកទេ ត្រូវដម្កល់ទុកនូវបាត្រនិងចីវរឲ្យល្អ កាលដម្កល់ទុកបាត្រ ត្រូវកាន់យកបាត្រដោយដៃម្ខាង ហើយយកដៃម្ខាងស្ទាបមើលទីជាខាងក្រោមនៃគ្រែក្តី នូវទីជាខាងក្រោមនៃតាំងក្តី ហើយសឹមទុកដាក់បាត្រ (នោះ) ចុះ តែមិនត្រូវដម្កល់ទុកបាត្រលើទីដែលមិនសមគួរ [អដ្ឋកថា ថា ភិក្ខុមិនត្រូវទុកលើទីដែលមានអាចម៍ដី និងក្រួសដែលគេមិនក្រាលដោយកន្ទេល និងស្បែកជាដើម ។] កាលដម្កល់ទុកនូវចីវរសោត ត្រូវកាន់ចីវរដោយដៃម្ខាង ហើយយកដៃម្ខាងជូតស្បៀងចីវរក្តី ខ្សែសម្រាប់ពាក់ចីវរក្តី ហើយធ្វើនូវជាយនៃចីវរខាងនាយឲ្យជាផ្នត់ខាងអាយ គឺបត់ចីពរជាពីរ ហើយដំកល់ចីពរនោះទុក កាលបើឧបជ្ឈាយ៍ក្រោកឡើងហើយ សទ្ធិវិហារិកត្រូវរើអាសនៈចេញ ហើយសឹមរៀបចំទឹកសម្រាប់លាងជើង តាំងសម្រាប់រងជើង និងក្បឿងសម្រាប់ជូតជើង ថាបើទីនោះមានសម្រាម សទ្ធិវិហារិកត្រូវបោសទីនោះចេញ ។ បើឧបជ្ឈាយ៍ត្រូវការស្រង់ទឹក គប្បីចាត់ចែងទឹកសម្រាប់ស្រង់ បើឧបជ្ឈាយ៍ត្រូវការដោយទឹកត្រជាក់ សទ្ធិវិហារិកគប្បីចាត់ចែងទឹកត្រជាក់ប្រគេន បើឧបជ្ឈាយ៍ត្រូវការដោយទឹកក្តៅ សទ្ធិវិហារិកគប្បីចាត់ចែងទឹកក្តៅប្រគេន ។ បើឧបជ្ឈាយ៍មានសេចក្តីប្រាថ្នាចូលទៅកាន់រោងភ្លើង សទ្ធិវិហារិកត្រូវលាយគ្រឿងលំអិតសម្រាប់ងូត[អដ្ឋកថា ថា យកទឹកទៅលាយនឹងគ្រឿងលំអិត ហើយសឹមសូន្យឲ្យជាដុំៗ ។] ត្រូវផ្សើមដីស្អិតទុក ត្រូវកាន់យកតាំងសម្រាប់ដំកល់ក្នុងរោងភ្លើង ហើយដើរទៅអំពីខាងក្រោយៗនៃឧបជ្ឈាយ៍ ហើយប្រគេនតាំងសម្រាប់រោងភ្លើង រួចត្រូវទទួលយកចីវរមកដម្កល់ទុកក្នុងទីដ៏សមគួរ ត្រូវប្រគេនគ្រឿងលំអិតសម្រាប់ងូត ត្រូវប្រគេនដីស្អិតផង បើសទ្ធិវិហារិកអាច ត្រូវចូលទៅកាន់រោងភ្លើង កាលចូលទៅកាន់រោងភ្លើង ត្រូវលាបមុខដោយដីស្អិត ហើយបិទបាំង(កាយ) អំពីខាងមុខផង អំពីខាងក្រោយផង ហើយចូលទៅកាន់រោងភ្លើងចុះ សទ្ធិវិហារិកមិនគប្បីអង្គុយច្រៀតបៀតភិក្ខុទាំងឡាយជាថេរៈ មិនគប្បីហាមឃាត់ភិក្ខុថ្មីទាំងឡាយដោយអាសនៈឡើយ ត្រូវធ្វើបរិកម្ម (គឺកិច្ចទាំងពួងមានឲ្យនូវដីស្អិត និងទឹកក្តៅជាដើម) ដល់ឧបជ្ឈាយ៍ក្នុងរោងភ្លើង កាលចេញអំពីរោងភ្លើង ត្រូវនាំយកតាំងសម្រាប់រោងភ្លើង ហើយបិទបាំង (កាយ) អំពីខាងមុខផង អំពីខាងក្រោយផង ហើយសឹមចេញអំពីរោងភ្លើងចុះ ត្រូវធ្វើបរិកម្មដល់ឧបជ្ឈាយ៍ក្នុងទឹកផង បើសទ្ធិវិហារិកងូតទឹករួចហើយ ត្រូវឡើងមុនឧបជ្ឈាយ៍ ហើយជូតកាយរបស់ខ្លួនឲ្យស្ងួតទឹក រួចសឹមស្លៀក ហើយទើបជូតទឹកអំពីកាយរបស់ឧបជ្ឈាយ៍ ត្រូវប្រគេនសម្ពត់ស្លៀក ប្រគេនសង្ឃាដិ ហើយត្រូវកាន់យកតាំងសម្រាប់រោងភ្លើងមកជាមុន ហើយក្រាលអាសនៈ រៀបចំទឹកសម្រាប់លាងជើង តាំងសម្រាប់រងជើង ក្បឿងសម្រាប់ជូតជើង ត្រូវសួរឧបជ្ឈាយ៍អំពីទឹកឆាន់ ។ បើសទ្ធិវិហារិកមានសេចក្តីប្រាថ្នាដើម្បីរៀនបាលី គប្បីរៀនបាឡីចុះ បើមានសេចក្តីប្រាថ្នាដើម្បីរៀនអដ្ឋកថា គប្បីរៀនអដ្ឋកថាចុះ ។ ឧបជ្ឈាយ៍នៅក្នុងវិហារណា បើវិហារនោះមានសម្រាម បើសទ្ធិវិហារិកអាចធ្វើបាន វិហារនោះសទ្ធិវិហារិកត្រូវជម្រះសំអាត កាលដែលជម្រះសំអាតវិហារ ត្រូវយកបាត្រនិងចីវរទៅដម្កល់ទុកក្នុងទីដ៏សមគួរជាមុនសិន ត្រូវនាំយកកម្រាលអង្គុយទៅដម្កល់ទុកក្នុងទីដ៏សមគួរ ត្រូវនាំយកពូកនិងខ្នើយ ទៅដម្កល់ទុកក្នុងទីដ៏សមគួរ សទ្ធិវិហារិកដែលនឹងនាំគ្រែចេញ ត្រូវធ្វើឲ្យទាបស្រួល កុំឲ្យទង្គិចទង្គុកនឹងផែនដី កុំឲ្យប៉ះសន្ទះទ្វារ និងក្របទ្វារ ហើយនាំយកទៅដម្កល់ទុកក្នុងទីដ៏សមគួរ សទ្ធិវិហារិកដែលនឹងនាំតាំងចេញ ត្រូវធ្វើឲ្យទាបស្រួល កុំឲ្យទង្គិចទង្គុកនឹងផែនដី កុំឲ្យប៉ះសន្ទះទ្វារ និងក្របទ្វារ ហើយនាំយកទៅដម្កល់ទុកក្នុងទីដ៏សមគួរ សទ្ធិវិហារិកត្រូវនាំយកទ្រនាប់គ្រែទៅដម្កល់ទុកក្នុងទីដ៏សមគួរ សទ្ធិវិហារិកត្រូវនាំកន្ថោរទៅដម្កល់ទុកក្នុងទីដ៏សមគួរ សទ្ធិវិហារិកត្រូវនាំយកផែនក្តារសម្រាប់ផ្អែកទៅដម្កល់ទុកក្នុងទីដ៏សមគួរ ត្រូវចំណាំឲ្យច្បាស់នូវគ្រឿងកម្រាលផែនដី ដែលគេក្រាលយ៉ាងណា ហើយនាំទៅដម្កល់ទុកក្នុងទីដ៏សមគួរ បើគ្រឿងស្មុកស្មាញ (សម្រាម មានសំបុកកន្លាត និងសរសៃពីងពាងជាដើម) មានក្នុងវិហារ សទ្ធិវិហារិកត្រូវបោសតាំងអំពីពិតានជាមុន កន្លៀតជ្រុងសន្ទះបង្អួច សទ្ធិវិហារិកត្រូវជូតសំអាត បើជញ្ជាំងដែលគេលាបដោយរង់មានសៅហ្មងពណ៌សម្បុរ ត្រូវជ្រលក់សម្ពត់ ហើយពូតរួច សឹមជូត បើផ្ទៃដែលគេលាបដោយពណ៌ខ្មៅ មានពណ៌សៅហ្មង ត្រូវជ្រលក់សម្ពត់ ហើយពូតរួច សឹមជូត បើផ្ទៃគេមិនបានលាបអ្វីទេ ត្រូវប្រស់ទឹកហើយសឹមជូត សទ្ធិវិហារិកត្រូវប្រមែប្រមូលសម្រាមយកទៅចោលក្នុងទីដ៏សមគួរ ដោយគិតថា វិហារកុំប្រឡាក់ប្រឡូសដោយធូលីឡើយ គ្រឿងកម្រាលផែនដី ដែលសទ្ធិវិហារិកហាលជម្រះគោះហើយ ត្រូវនាំយកមកក្រាលដូចដើមវិញ ទ្រនាប់គ្រែដែលសទ្ធិវិហារិកយកទៅហាលថ្ងៃហើយ ជូតរួចត្រូវយកមកដម្កល់ទុកក្នុងទីដដែល គ្រែដែលសទ្ធិវិហារិកហាលថ្ងៃជម្រះគោះរួច ត្រូវធ្វើឲ្យទាបស្រួល កុំឲ្យទង្គិចទង្គុកផែនដី កុំឲ្យប៉ះសន្ទះទ្វារ និងក្របទ្វារ ហើយនាំយកមកដាក់រៀបចំ ទុកឲ្យល្អដូចពីដើមវិញ តាំងដែលសទ្ធិវិហារិកហាលថ្ងៃហើយជ្រះគោះហើយ ត្រូវធ្វើឲ្យទាបស្រួល កុំឲ្យទង្គិចទង្គុកផែនដី កុំឲ្យប៉ះសន្ទះទ្វារ និងក្របទ្វារ ហើយនាំយកទៅដាក់រៀបចំឲ្យល្អដូចពីដើមវិញ ពូកនិងខ្នើយដែលសទ្ធិវិហារិកហាលជម្រះគោះហើយ ត្រូវនាំយកមករៀបចំឲ្យដូចពីដើមវិញ កម្រាលសម្រាប់អង្គុយដែលសទ្ធិវិហារិកហាលជម្រះគោះហើយ ត្រូវនាំយកមកក្រាលឲ្យដូចពីដើមវិញ កន្ថោរដែលសទ្ធិវិហារិកហាលថ្ងៃ ហើយជូតហើយនាំយកមកដម្កល់ទុកដូចដែលវិញ ផែនក្តារសម្រាប់ផ្អែក ដែលសទ្ធិវិហារិកហាលថ្ងៃហើយ និងជូតហើយ ត្រូវនាំមកដម្កល់ទុកដូចដែលវិញ បាត្រនិងចីវរ សទ្ធិវិហារិកត្រូវដម្កល់ទុក កាលយកបាត្រ ទៅទុកដាក់ ត្រូវកាន់បាត្រដោយដៃម្ខាង ហើយយកដៃម្ខាងស្ទាបមើលទីខាងក្រោមនៃគ្រែក្តី ទីខាងក្រោមនៃតាំងក្តី ហើយសឹមទុកបាត្រចុះ មិនត្រូវទុកបាត្រលើទីមិនសមគួរឡើយ កាលយកចីវរទៅទុក ត្រូវកាន់ចីវរដោយដៃម្ខាង យកដៃម្ខាងជូតស្បៀងចីវរក្តី ខ្សែចីវរក្តី ហើយបត់ជាយខាងណោះឲ្យជាផ្នត់ ចូលមកខាងណេះ (គឺបត់ចីវរជាពីរ) ហើយកម្កល់ទុកនូវចីវរចុះ ។ បើខ្យល់បក់ទាំងធូលីមកអំពីទិសខាងកើត សទ្ធិវិហារិក ត្រូវបិទបង្អួចទិសខាងកើត បើខ្យល់បក់ទាំងធូលីមកពីទិសខាងលិច សទ្ធិវិហារិក ត្រូវបិទបង្អួចទិសខាងលិច បើខ្យល់បក់ទាំងធូលីមកពីទិសខាងជើង សទ្ធិវិហារិក ត្រូវបិទបង្អួចទិសខាងជើង បើខ្យល់បក់ទាំងធូលីមកពីទិសខាងត្បូង សទ្ធិវិហារិក ត្រូវបិទបង្អួចទិសខាងត្បូង បើកាល គឺរដូវត្រជាក់ សទ្ធិវិហារិក ត្រូវបើកបង្អួចក្នុងវេលាថ្ងៃ ត្រូវបិទក្នុងវេលាយប់ បើកាល គឺរដូវក្តៅ សទ្ធិវិហារិក ត្រូវបិទបង្អួចក្នុងវេលាថ្ងៃ ត្រូវបើកក្នុងវេលាយប់ ។ បើបរិវេណមានសម្រាម សទ្ធិវិហារិកត្រូវបោសបរិវេណ បើបន្ទប់មានសម្រាម សទ្ធិវិហារិកត្រូវបោសបន្ទប់ បើឧបដ្ឋានសាលា [រោងឆាន់] មានសម្រាម សទ្ធិវិហារិកត្រូវបោសឧបដ្ឋានសាលា បើរោងភ្លើងមានសម្រាម សទ្ធិវិហារិកត្រូវបោសរោងភ្លើង បើបង្គន់មានសម្រាម សទ្ធិវិហារិកត្រូវបោសបង្គន់ បើទឹកឆាន់មិនមាន សទ្ធិវិហារិកត្រូវដំកល់ទឹកឆាន់ បើទឹកសម្រាប់ប្រើប្រាស់មិនមាន សទ្ធិវិហារិកត្រូវដំកល់ទឹកសម្រាប់ប្រើប្រាស់ បើទឹកមិនមានក្នុងក្អមសម្រាប់ជម្រះអាចមន៍ សទ្ធិវិហារិកត្រូចាក់ទឹកដាក់ក្នុងក្អមសម្រាប់ជម្រះអាចមន៍ ។ បើសេចក្តីអផ្សុកកើតឡើងដល់ឧបជ្ឈាយ៍ សទ្ធិវិហារិកត្រូវនាំឧបជ្ឈាយ៍ចៀសចេញទៅកំសាន្តដោយខ្លួនឯង ឬឲ្យភិក្ខុដទៃនាំចៀសចេញទៅកំសាន្ត [អដ្ឋកថា ថា សទ្ធិវិហារិកត្រូវនាំឧបជ្ឈាយ៍ទៅទីដទៃក្តី ឲ្យភិក្ខុដទៃនាំទៅក្តី ដើម្បីបន្ទោរបង់សេចក្តីអផ្សុកនៃឧបជ្ឈាយ៍ ។] ម្យ៉ាងទៀត សទ្ធិវិហារិក ត្រូវធ្វើធម្មីកថាដល់ឧបជ្ឈាយ៍នោះ បើឧបជ្ឈាយ៍មានសេចក្តីសង្ស័យកើតឡើង សទ្ធិវិហារិកត្រូវបន្ទោបង់សេចក្តីសង្ស័យនោះដោយខ្លួនឯង ឬឲ្យភិក្ខុដទៃបន្ទោបង់ក៏បាន ឬត្រូវធ្វើធម្មីកថាដល់ឧបជ្ឈាយ៍នោះ បើសេចក្តីយល់ខុស កើតឡើងដល់ឧបជ្ឈាយ៍ សទ្ធិវិហារិកត្រូវដោះស្រាយសេចក្តីយល់ខុសនោះចេញដោយខ្លួនឯង ឬឲ្យភិក្ខុដទៃដោះស្រាយសេចក្តីយល់ខុសនោះចេញក៏បាន ឬត្រូវធ្វើធម្មីកថាដល់ឧបជ្ឈាយ៍នោះ ។  បើឧបជ្ឈាយ៍ត្រូវគរុកាបត្តិ គួរដល់បរិវាស សទ្ធិវិហារិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយដោយគិតថា សង្ឃគប្បីឲ្យបរិវាសដល់ ឧបជ្ឈាយ៍(របស់អញ) ដោយឧបាយដូចម្តេចហ្ន៎ បើឧបជ្ឈាយ៍គួរដល់កិរិយាទាញអន្តរាបត្តិ [អន្តរាបត្តិ សំដៅយកគរុកាបត្តិ ដែលភិក្ខុត្រូវក្នុងវេលាកំពុងប្រព្រឹត្តវត្តបរិវាស ។] មកដាក់ក្នុងមូលាបត្តិ[មូលាបត្តិ សំដៅយកគរុកាបត្តិ ដែលភិក្ខុត្រូវមកពីខាងដើម សេចក្តីថា ភិក្ខុកំពុងប្រព្រឹត្តបរិវាសមកច្រើនថ្ងៃហើយ ៗត្រូវគរុកាបត្តិណាមួយទៀតដោយបិទបាំងទុក្ខនោះ សង្ឃត្រូវលុបថ្ងៃដែលបានប្រព្រឹត្តវត្តមកហើយនោះចេញ តាំងឲ្យប្រព្រឹត្តវត្តរាប់ថ្ងៃជាថ្មីទៅទៀត ។] សទ្ធិវិហារិកត្រូវធ្វើនូវសេចក្តីខ្វល់ខ្វាយដោយគិតថា សង្ឃនឹងអន្តរាបត្តិមកដាក់ក្នុងមូលាបត្តិចំពោះឧបជ្ឈាយ៍ ដោយឧបាយដូចម្តេចហ្ន៎ បើឧបជ្ឈាយ៍គួរដល់មានត្ត សទ្ធិវិហារិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយដោយគិតថា សង្ឃគប្បីឲ្យមានត្តដល់ឧបជ្ឈាយ៍ ដោយឧបាយដូចម្តេចហ្ន៎ បើឧបជ្ឈាយ៍គួរដល់អព្ភានកម្ម សទ្ធិវិហារិកត្រូវធ្វើនូវសេចក្តីខ្វល់ខ្វាយដោយគិតថា សង្ឃនឹងឲ្យអព្ភានកម្ម ចំពោះឧបជ្ឈាយ៍ ដោយឧបាយដូចម្តេចហ្ន៎ ។ បើសង្ឃមានសេចក្តីប្រាថ្នា ដើម្បីធ្វើនូវកម្ម គឺតជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី[កម្មទាំង៥យ៉ាងនេះនឹងមានសំដែងដោយពិស្តារក្នុងកម្មក្ខន្ធកៈ តទៅខាងមុខ ។] ដល់ឧបជ្ឈាយ៍ សទ្ធិវិហារិកត្រូវធ្វើនូវសេចក្តីខ្វល់ខ្វាយដោយគិតថា សង្ឃកុំគប្បីធ្វើកម្មដល់ឧបជ្ឈាយ៍ ឬសង្ឃគប្បីបង្អោនទៅដើម្បីកម្មស្រាល ដោយឧបាយដូចម្តេចហ្ន៎ ម្យ៉ាងទៀត តជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី ដែលសង្ឃបានធ្វើដល់ឧបជ្ឈាយ៍ហើយ សទ្ធិវិហារិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយដោយគិតថា ធ្វើដូចម្តេចហ្ន៎ ឲ្យឧបជ្ឈាយ៍របស់អញលោកប្រព្រឹត្តល្អទៅ គប្បីសំឡបរោម (កុំប្រកែប្រកាន់) គប្បីប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ចេញចាកកម្ម សង្ឃគប្បីរម្ងាប់កម្មនោះចេញ (ដោយស្រួល) ។ បើចីវររបស់ឧបជ្ឈាយ៍គួរនឹងលាង សទ្ធិវិហារិកត្រូវលាង ឬត្រូវធ្វើនូវសេចក្តីខ្វល់ខ្វាយដោយគិតថា ធ្វើដូចម្តេច នឹងឲ្យគេលាងចីវររបស់ឧបជ្ឈាយ៍ បើចីវររបស់ឧបជ្ឈាយ៍គួរធ្វើ (មានប៉ះដេរជាដើម) សទ្ធិវិហារិកគប្បីធ្វើប្រគេន ឬត្រូវធ្វើនូវសេចក្តីខ្វល់ខ្វាយដោយគិតថា ធ្វើដូចម្តេចហ្ន៎ នឹងឲ្យគេធ្វើចីវរប្រគេនឧបជ្ឈាយ៍ (របស់អញ) បើគ្រឿងជ្រលក់របស់ឧបជ្ឈាយ៍គួរចំអិន សទ្ធិវិហារិកគប្បីចំអិនប្រគេន ឬត្រូវធ្វើនូវសេចក្តីខ្វល់ខ្វាយថា ធ្វើដូចម្តេចហ្ន៎ ជនណាមួយគេនឹងចំអិនទឹកជ្រលក់ប្រគេនឧបជ្ឈាយ៍ បើចីវររបស់ឧបជ្ឈាយ៍គួរជ្រលក់ សទ្ធិវិហារិកគប្បីជ្រលក់ ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ធ្វើម្តេចហ្ន៎ ជនណាមួយគប្បីជ្រលក់ចីវររបស់ឧបជ្ឈាយ៍ កាលនឹងជ្រលក់ចីវរ ត្រូវប្រែត្រឡប់ជ្រលក់ឲ្យសព្វល្អ បើដំណក់ទឹកមិនទាន់ដាច់ទេ សទ្ធិវិហារិកមិនត្រូវចៀសចេញទៅឡើយ ។ សទ្ធិវិហារិកមិនបានប្រាប់ឧបជ្ឈាយ៍ មិនត្រូវឲ្យបាត្រដល់ភិក្ខុពួកខ្លះ (ភិក្ខុដែលមិនត្រូវនឹងឧបជ្ឈាយ៍) ទេ មិនត្រូវទទួលយកបាត្ររបស់ភិក្ខុពួកខ្លះទេ មិនត្រូវឲ្យចីវរដល់ភិក្ខុពួកខ្លះទេ មិនត្រូវទទួលយកចីវររបស់ភិក្ខុពួកខ្លះទេ មិនត្រូវឲ្យគ្រឿងបរិក្ខារដល់ភិក្ខុពួកខ្លះទេ មិនត្រូវទទួលយកគ្រឿងបរិក្ខាររបស់ភិក្ខុពួកខ្លះទេ មិនត្រូវកោរសក់ដល់ភិក្ខុពួកខ្លះទេ មិនត្រូវឲ្យភិក្ខុពួកខ្លះកោរសក់ឲ្យទេ មិនត្រូវធ្វើបរិកម្មដល់ភិក្ខុពួកខ្លះទេ មិនត្រូវញុំាងភិក្ខុពួកខ្លះឲ្យធ្វើបរិកម្មទេ មិនត្រូវធ្វើសេចក្តីខ្វាល់ខ្វាយបម្រើដល់ភិក្ខុពួកខ្លះទេ មិនត្រូវញុំាងភិក្ខុពួកខ្លះឲ្យធ្វើសេចក្តីខ្វល់ខ្វាយបម្រើខ្លួនទេ មិនត្រូវធ្វើជាបច្ឆាសមណៈនៃភិក្ខុពួកខ្លះទេ មិនត្រូវយកភិក្ខុពួកខ្លះជាបច្ឆាសមណៈទេ មិនត្រូវនាំយកបិណ្ឌបាតឲ្យដល់ភិក្ខុពួកខ្លះទេ មិនត្រូវញុំាងភិក្ខុពួកខ្លះឲ្យនាំយកបិណ្ឌបាតមកឲ្យទេ ។ សទ្ធិវិហារិកមិនបានលា ឧបជ្ឈាយ៍ មិនត្រូវចូលទៅកាន់ស្រុកទេ មិនត្រូវទៅកាន់ព្រៃស្មសានទេ មិនត្រូវចៀសចេញទៅកាន់ទិសឡើយ ។ បើឧបជ្ឈាយ៍មាន​ជំងឺ សទ្ធិវិហារិកត្រូវបម្រើអស់មួយជីវិត ត្រូវរង់ចាំត្រាតែឧបជ្ឈាយ៍ចេញចាកអាពាធ (គឺត្រូវទ្រាំ​ជំងឺដរាបទាល់ជា) ។

ចប់ ឧបជ្ឈាយវត្ត ។

[៨២] ម្នាលភិក្ខុទាំងឡាយ ឧបជ្ឈាយ៍ត្រូវប្រព្រឹត្តឲ្យស្រួលល្អនឹងសទ្ធិវិហារិក ។ ឯការដែលប្រព្រឹត្តឲ្យស្រួលល្អនឹងសទ្ធិវិហារិកនោះ (ដូចសេចក្តីតទៅនេះ) ។ ម្នាលភិក្ខុទាំងឡាយ ឧបជ្ឈាយ៍ត្រូវសង្គ្រោះ (ត្រូវទំនុកបំរុង) ត្រូវអនុគ្រោះ (អាណិតអាសូរ) សទ្ធិវិហារិកដោយការបង្រៀនបាលី ដោយអដ្ឋកថា (ពន្យល់នូវសេចក្តីនៃបាលី) ដោយឲ្យដម្បូន្មាន (ដោយសេចក្តីពន្យល់ការខុសត្រូវជាមុន) ដោយពាក្យប្រៀនប្រដៅ (ដោយពាក្យរំលឹកដាស់តឿនរឿយៗ) ។ បើឧបជ្ឈាយ៍មានបាត្រ សទ្ធិវិហារិកគ្មានបាត្រ ត្រូវឧបជ្ឈាយ៍ឲ្យបាត្រទៅសទ្ធិវិហារិក (ប្រើប្រាស់ខ្លះផង) ម្យ៉ាងទៀត ឧបជ្ឈាយ៍ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ធ្វើម្តេចហ្ន៎ សទ្ធិវិហារិកនឹងបានបាត្រ បើឧបជ្ឈាយ៍មានចីវរ សទ្ធិវិហារិកគ្មានចីវរ ត្រូវឧបជ្ឈាយ៍ឲ្យចីវរទៅសទ្ធិវិហារិក (ប្រើប្រាស់ខ្លះផង) ម្យ៉ាងទៀត ឧបជ្ឈាយ៍ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ចីវររបស់សទ្ធិវិហារិកគប្បីកើតឡើងដូចម្តេចហ្ន៎ បើឧបជ្ឈាយ៍មានគ្រឿងបរិក្ខារ សទ្ធិវិហារិកគ្មានគ្រឿងបរិក្ខារ ត្រូវឧបជ្ឈាយ៍ឲ្យគ្រឿងបរិក្ខារទៅសទ្ធិវិហារិក (ប្រើប្រាស់ខ្លះផង) ម្យ៉ាងទៀត ឧបជ្ឈាយ៍ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា គ្រឿងបរិក្ខាររបស់សទ្ធិវិហារិកគប្បីកើតឡើងដោយឧបាយដូចម្តេចហ្ន៎ ។ បើសទ្ធិវិហារិកឈឺ ឧបជ្ឈាយ៍ត្រូវក្រោកពីព្រឹក ឲ្យឈើស្ទន់ ឲ្យទឹកលុបមុខ ក្រាលអាសនៈ បើមានបបរ ត្រូវឧបជ្ឈាយ៍លាងភាជន៍ ហើយដាក់បបរឲ្យទៅ កាលសទ្ធិវិហារិកដែលឈឺនោះ ហុតទឹកបបររួចហើយ ឧបជ្ឈាយ៍ត្រូវហុចទឹកឲ្យ រួចទទួលយកភាជន៍មកវិញ ដោយស្រួលបួល កុំឲ្យទង្គិចទង្គុកឡើយ រួចលាងរៀបទុកដាក់ឲ្យល្អ កាលបើសទ្ធិវិហារិកក្រោកចេញហើយ ឧបជ្ឈាយ៍ត្រូវរើអាសនៈចេញ បើកន្លែងនោះស្មោគគ្រោក ឧបជ្ឈាយ៍ត្រូវបោសកន្លែងនោះចេញ ។ បើសទ្ធិវិហារិកមានប្រាថ្នានឹងចូលទៅកាន់ស្រុក ឧបជ្ឈាយ៍ត្រូវឲ្យស្បង់សម្រាប់ស្លៀកទៅ ទទួលយកស្បង់បន្លាស់នោះមកវិញ ត្រូវឲ្យកាយពន្ធ គឺវត្ថពន្ធចង្កេះ ត្រូវដម្រួតសង្ឃាដិជាពីរជាន់ហើយសឹមឲ្យ ត្រូវលាងបាត្រដែលមានទឹកចេញហើយសឹមឲ្យ ឧបជ្ឈាយ៍ត្រូវគិតថា សទ្ធិវិហារិក មុខជានឹងត្រឡប់មកវិញនៅពេលស្មើនេះ ហើយក្រាលអាសនៈបម្រុងទុកឲ្យ ត្រូវដំកល់ទឹកលាងជើង តាំងសម្រាប់រងជើង និងក្បឿងសម្រាប់ជូតជើង[បានដល់តាំងសម្រាប់រងជើងដែលលាងរួចហើយ គឺតាំងថ្នាក់ខាងលើ ឯក្បឿងសម្រាប់ជូតជើងនោះ បានដល់វត្ថុសម្រាប់ជូតជើង ដែលគេមិនត្រូវការលាង គឺរបស់អ្វីដែលគេសម្រាប់ជូត ។] ត្រូវក្រោកឡើងទៅទទួលបាត្រ និងចីវរ ត្រូវឲ្យស្បង់សម្រាប់ផ្លាស់ ហើយទទួលយកស្បង់ដែលស្លៀកមកវិញ ។ បើចីវរសើមដោយញើស ឧបជ្ឈាយ៍ត្រូវសំដិលចីវរក្នុងកំដៅថ្ងៃ១ស្របក់ ម្យ៉ាងទៀតកុំទុកចីវរក្នុងកំដៅថ្ងៃយូរពេក ត្រូវបត់ចីវរ (យកមកទុក) កាលបើឧបជ្ឈាយ៍បត់ចីវរ ត្រូវបំផ្លើសជាយចីវរឲ្យលើសពីគ្នាប្រមាណ៤ធ្នាប់ ហើយសឹមបត់ចីវរ ដោយគិតថា កុំឲ្យបាក់ផ្នត់ចីវរពាក់កណ្តាលឡើយ ហើយដាក់វត្ថពន្ធចង្កេះក្នុងផ្នត់ចីវរចុះ ។ បើអាហារបិណ្ឌបាតមានហើយ សទ្ធិវិហារិកត្រូវការនឹងឆាន់ ឧបជ្ឈាយ៍ត្រូវឲ្យទឹកហើយ ហុចអាហារបិណ្ឌបាតទៅឲ្យ ឧបជ្ឈាយ៍ត្រូវសួរសទ្ធិវិហារិកអំពីទឹកឆាន់ សទ្ធិវិហារិកឆាន់រួចហើយ ឧបជ្ឈាយ៍ត្រូវហុចទឹកឲ្យ ហើយទទួលយកបាត្រមកវិញដោយស្រួលបួល កុំឲ្យទង្គិចទង្គុកឡើយ ហើយលាងឲ្យស្អាត រួចជូតទឹកឲ្យស្ងួត ហើយត្រូវហាលថ្ងៃបាន១ស្របក់ ម្យ៉ាងទៀត មិនត្រូវទុកបាត្រក្នុងកំដៅថ្ងៃយូរពេកទេ រួចត្រូវទុកដាក់បាត្រនិងចីវរ កាលដែលរៀបចំទុកដាក់បាត្រ ដៃម្ខាងចាប់បាត្រ ដៃម្ខាងស្ទាបមើលក្រោមគ្រែ ឬក្រោមតាំង ហើយសឹមទុកដាក់បាត្រ ម្យ៉ាងទៀត មិនត្រូវទុកដាក់បាត្រលើទីដែលមិនសមគួរឡើយ កាលដែលរៀបចំទុកដាក់ចីវរ ដៃម្ខាងចាប់ចីវរ ដៃម្ខាងជូតស្បៀងចីវរ ឬខ្សែចីវរ ហើយបត់ជាយខាងណោះឲ្យជាផ្នត់មកខាងណេះ (គឺបត់ចីវរជាពីរ) ហើយសឹមទុកដាក់ចីវរ កាលបើសទ្ធិវិហារិកក្រោកឡើងហើយ ឧបជ្ឈាយ៍ត្រូវរើអាសនៈចេញ រៀបចំទុកដាក់ទឹកសម្រាប់លាងជើង តាំងសម្រាប់រងជើង ក្បឿងសម្រាប់ជូតជើង ប្រសិនបើកន្លែងនោះស្មោកគ្រោក ដោយសម្រាម ឧបជ្ឈាយ៍ត្រូវបោសកន្លែងនោះចេញ ។ បើសទ្ធិវិហារិកចង់ងូតទឹក ឧបជ្ឈាយ៍ត្រូវចាត់ចែងទឹកសម្រាប់ងូតឲ្យ បើសទ្ធិវិហារិកត្រូវការទឹកត្រជាក់ ឧបជ្ឈាយ៍ត្រូវចាត់ចែងទឹកត្រជាក់ឲ្យ បើសទ្ធិវិហារិកត្រូវការទឹកក្តៅ ឧបជ្ឈាយ៍ត្រូវចាត់ចែងទឹកក្តៅឲ្យ ។ បើសទ្ធិវិហារិកចង់ចូលទៅកាន់រោងភ្លើង ឧបជ្ឈាយ៍ត្រូវសូន្យលំអិតសម្រាប់ងូតទឹកទុក ត្រូវផ្សើមដីស្អិតទុក រួចនាំយកតាំងសម្រាប់រោងភ្លើង ហើយប្រគល់តាំងសម្រាប់រោងភ្លើងទៅសទ្ធិវិហារិក ស្រេចហើយ ទទួលយកចីវរមកទុកដាក់ដោយឡែក ហើយត្រូវឲ្យគ្រឿងលំអិត ត្រូវឲ្យដីស្អិតទៅសទ្ធិវិហារិក បើឧបជ្ឈាយ៍អាចនឹងចូលទៅកាន់រោងភ្លើង (ផងបាន) គប្បីចូលទៅកាន់រោងភ្លើងចុះ កាលនឹងចូលទៅកាន់រោងភ្លើង ត្រូវយកដីស្អិតលាបមុខ រួចបិទបាំងពីខាងមុខ ខាងក្រោយ ហើយសឹមចូលទៅកាន់រោងភ្លើង មិនត្រូវអង្គុយច្រៀតបៀតពួកភិក្ខុចាស់ មិនត្រូវហាមពួកភិក្ខុខ្ចីដោយអាសនៈ ឧបជ្ឈាយ៍ត្រូវធ្វើបរិកម្ម ដល់សទ្ធិវិហារិកក្នុងរោងភ្លើង កាលនឹងចេញអំពីរោងភ្លើងទៅ ត្រូវនាំយកតាំងសម្រាប់រោងភ្លើងចេញ ហើយបិទបាំងពីខាងមុខ ខាងក្រោយ រួចសឹមចេញពីរោងភ្លើង សូម្បីក្នុងទឹក ក៏ឧបជ្ឈាយ៍ត្រូវតែធ្វើបរិកម្មដល់សទ្ធិវិហារិកដែរ កាលឧបជ្ឈាយ៍ងូតរួច ត្រូវឡើងមកមុន ហើយជូតកាយនៃខ្លួនឲ្យស្ងួតទឹក ហើយសឹមស្លៀកស្បង់ រួចត្រូវជូតទឹកអំពីកាយរបស់សទ្ធិវិហារិកទៀត ហើយហុចស្បង់សម្រាប់ស្លៀក ហុចសង្ឃាដិទៅឲ្យសទ្ធិវិហារិក រួចហើយត្រូវនាំយកតាំងសម្រាប់រោងភ្លើងចេញមក ហើយក្រាលអាសនៈចាំជាមុន ឧបជ្ឈាយ៍ត្រូវដម្កល់ទឹកសម្រាប់លាងជើង តាំងសម្រាប់រងជើង និងក្បឿងសម្រាប់ជូតជើង ត្រូវសួរសទ្ធិវិហារិកអំពីទឹកឆាន់ ។ សទ្ធិវិហារិកនៅក្នុងវិហារណា បើវិហារនោះស្មោកគ្រោក បើឧបជ្ឈាយ៍អាចនឹងសំអាតបាន គប្បីសំអាតវិហារនោះចេញ កាលនឹងសំអាតវិហារ ត្រូវនាំយកបាត្រនិងចីវរចេញជាមុនទៅទុកក្នុងទីដ៏សមគួរ ត្រូវនាំយកកម្រាលសម្រាប់អង្គុយទៅទុកក្នុងទីដ៏សមគួរ ត្រូវនាំយកពូកនិងខ្នើយ ទៅទុកក្នុងទីដ៏សមគួរ ត្រូវបន្ទាបគ្រែឲ្យទាប កុំឲ្យត្រដុះនឹងផែនដី កុំឲ្យទង្គិចសន្ទះទ្វារ និងក្របទ្វារ ហើយនាំយកចេញឲ្យស្រយលទៅទុកក្នុងទីដ៏សមគួរ ត្រូវបន្ទាបតាំងឲ្យទាប កុំឲ្យត្រដុះនឹងផែនដី កុំឲ្យទង្គិចទង្គុកសន្ទះទ្វារ និងក្របទ្វារ ហើយនាំយកចេញឲ្យស្រួល ទៅទុកក្នុងទីដ៏សមគួរ ត្រូវនាំយកទ្រនាប់គ្រែទៅទុកក្នុងទីដ៏សមគួរ ត្រូវនាំយកកន្ថោរទៅទុកក្នុងទីដ៏សមគួរ ត្រូវនាំយកក្តារសម្រាប់ផ្អែកទៅទុកក្នុងទីដ៏សមគួរ គ្រឿងកម្រាលផែនដី ត្រូវឧបជ្ឈាយ៍កំណត់ឲ្យចាំកន្លែង ដែលគេក្រាលយ៉ាងណា ហើយនាំយកទៅទុកក្នុងទីដ៏សមគួរ បើក្នុងវិហារ មានគ្រឿងស្មុកស្មាញ (មានសរសៃពីងពាងជាដើម) ត្រូវបោសអំពីពិតានជាមុន ហើយត្រូវជូតសំអាតកន្លៀតជ្រុងសន្លឹកបង្អួច បើជញ្ជាំងគេលាបដោយរង់មានមន្ទិលសៅហ្មង ត្រូវជ្រលក់កំណាត់សម្ពត់ (ក្នុងទឹក) រួចពូតចេញ ហើយសឹមជូត បើទីដែលគេលាបដោយពណ៌ខ្មៅ មានមន្ទិលសៅហ្មង ត្រូវផ្សើមកំណាត់សម្ពត់ រួចពូតចេញ ហើយសឹមជូត បើទីដែលមិនបានលាបអ្វីទេ ត្រូវយកទឹកទៅប្រស់សិន ហើយសឹមបោសចេញ ត្រូវកំណត់ទុកក្នុងចិត្តថា វិហារមិនត្រូវឲ្យស្មោកគ្រោក ដោយធូលីឡើយ ហើយប្រមូលសម្រាមយកទៅចាក់ចោលដោយឡែក គ្រឿងកម្រាលផែនដី ដែលហាលរួចហើយ ត្រូវគោះ (ឲ្យស្អាត) រួចនាំយកទៅក្រាលដូចដែលវិញ ទ្រនាប់គ្រែដែលហាលរួច ត្រូវជូត(ឲ្យស្អាត) ហើយនាំយកទៅទុកនៅទីដដែលវិញ គ្រែដែលហាលរួចហើយដុសលាងគោះរួចហើយ ធ្វើឲ្យទាបស្រួល កុំឲ្យត្រដុះនឹងផែនដី កុំឲ្យទង្គិចទង្គុកសន្ទះទ្វារ និងក្របទ្វារ ហើយនាំយកទៅរៀបទុកដាក់ដូចដែលវិញ តាំងដែលហាលរួចហើយ ត្រូវគោះហើយ ធ្វើឲ្យទាបស្រួល កុំឲ្យត្រដុះនឹងផែនដី កុំឲ្យទង្គិចទង្គុកសន្ទះទ្វារ និងក្របទ្វារ ហើយនាំយកទៅរៀបទុកដាក់ដូចដែលវិញ ពូកនិងខ្នើយដែលហាលរួចហើយ ត្រូវគោះរួចនាំយកទៅក្រាលដូចដែលវិញ កម្រាលសម្រាប់អង្គុយដែលហាលរួចហើយ ត្រូវគោះរួចនាំយកទៅក្រាលទុកដូចដែលវិញ កន្ថោរដែលហាលរួចហើយ ត្រូវជូតរួចនាំយកទៅទុកនៅទីដដែលវិញ ក្តារសម្រាប់ផ្អែក ដែលហាលរួចហើយ ត្រូវជូតហើយនាំយកទៅទុកនៅទីដដែលវិញ ត្រូវទុកបាត្រនិងចីវរ (ឲ្យល្អ) កាលនឹងទុកបាត្រ ដៃម្ខាងចាប់បាត្រ ដៃម្ខាងស្ទាបក្រោមគ្រែ ឬក្រោមតាំងមើល ហើយសឹមទុកបាត្រ មិនត្រូវទុកបាត្រលើទីដែលមិនសមគួរឡើយ កាលនឹងទុកចីវរ ដៃម្ខាងចាប់ចីវរ ដៃម្ខាងជូតស្បៀងចីវរ ឬខ្សែចីវរ ហើយបត់ជាយខាងណោះមកខាងណេះ ឲ្យជាផ្នត់សិន រួចសឹមទុកចីវរចុះ ។ បើខ្យល់បក់ធូលីមកពីទិសខាងកើត ឧបជ្ឈាយ៍ត្រូវបិទបង្អួចពីខាងកើត បើខ្យល់បក់ធូលីមកពីទិសខាងលិច ឧបជ្ឈាយ៍ត្រូវបិទបង្អួចពីខាងលិច បើខ្យល់បក់ធូលីមកពីទិសខាងជើង ឧបជ្ឈាយ៍ត្រូវបិទបង្អួចពីខាងជើង បើខ្យល់បក់ធូលីមកពីទិសខាងត្បូង ឧបជ្ឈាយ៍ត្រូវបិទបង្អួចពីទិសខាងត្បូង បើរដូវត្រជាក់ ឧបជ្ឈាយ៍ ត្រូវបើកបង្អួចក្នុងវេលាថ្ងៃ ត្រូវបិទបង្អួចក្នុងវេលាយប់ បើរដូវក្តៅ ឧបជ្ឈាយ៍ត្រូវបិទបង្អួចក្នុងវេលាថ្ងៃ ត្រូវបើកបង្អួចក្នុងវេលាយប់វិញ ។ បើទីបរិវេណស្មោកគ្រោក មិនស្អាត ឧបជ្ឈាយ៍ត្រូវបោសបរិវេណចេញ បើបន្ទប់ស្មោកគ្រោក មិនស្អាត ត្រូវបោសបន្ទប់ចេញ បើរោងសម្រាប់ឆាន់មិនស្អាត ត្រូវបោសរោងសម្រាប់ឆាន់ បើរោងភ្លើងស្មោកគ្រោក ត្រូវបោសរោងភ្លើងចេញ បើបង្គន់ស្មោកគ្រោក ត្រូវបោសសំអាតបង្គន់ បើគ្មានទឹកសម្រាប់ឆាន់ ត្រូវដំកល់ទឹកសម្រាប់ឆាន់ បើគ្មានទឹកសម្រាប់ប្រើប្រាស់ ត្រូវដំកល់ទឹកសម្រាប់ប្រើប្រាស់ បើទឹកក្នុងក្អមសម្រាប់លាងអាចមន៍គ្មានទេ ត្រូចាក់ទឹកទៅក្នុងក្អមសម្រាប់លាងអាចមន៍ ។ បើសទ្ធិវិហារិកមានសេចក្តីអផ្សុក ឧបជ្ឈាយ៍ត្រូវនាំចៀសចេញទៅកំសាន្តដោយខ្លួនឯង ឬប្រើគេឲ្យនាំចៀសចេញទៅកំសាន្តក៏បាន ឬត្រូវធ្វើធម្មីកថាដល់សទ្ធិវិហារិកនោះ បើសទ្ធិវិហារិកមានសេចក្តីសង្ស័យកើតឡើង ឧបជ្ឈាយ៍ត្រូវបន្ទោបង់ដោយខ្លួនឯង ឬរកគេឲ្យជួយបន្ទោបង់ក៏បាន ឬត្រូវធ្វើធម្មីកថាដល់សទ្ធិវិហារិកនោះ បើសេចក្តីយល់ខុស កើតឡើងដល់សទ្ធិវិហារិក ឧបជ្ឈាយ៍ត្រូវដោះស្រាយ (ពន្យល់) ដោយខ្លួនឯង ឬប្រើគេឲ្យជួយដោះស្រាយ (ពន្យល់ឲ្យលះទិដ្ឋិនោះចេញ) ក៏បាន ឬត្រូវធ្វើធម្មីកថាដល់សទ្ធិវិហារិកនោះ ។  បើសទ្ធិវិហារិកត្រូវគរុកាបត្តិ គួរនឹងចូលបរិវាស ឧបជ្ឈាយ៍ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគួរឲ្យបរិវាសដល់ សទ្ធិវិហារិកដោយឧបាយដូចម្តេចហ្ន៎ បើសទ្ធិវិហារិកគួរដល់កិរិយាទាញអន្តរាបត្តិ មកដាក់ក្នុងមូលាបត្តិ ឧបជ្ឈាយ៍ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីទាញអន្តរាបត្តិមកដាក់ក្នុងមូលាបត្តិចំពោះសទ្ធិវិហារិក ដោយឧបាយដូចម្តេចហ្ន៎ បើសទ្ធិវិហារិកគួរដល់មានត្ត ឧបជ្ឈាយ៍ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីឲ្យមានត្តដល់សទ្ធិវិហារិក ដោយឧបាយដូចម្តេចហ្ន៎ បើសទ្ធិវិហារិកគួរដល់អព្ភានកម្ម ឧបជ្ឈាយ៍ត្រូវធ្វើនូវសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីធ្វើអព្ភានកម្ម ចំពោះសទ្ធិវិហារិក ដោយឧបាយដូចម្តេចហ្ន៎ ។ បើសង្ឃចង់ធ្វើកម្មគឺ តជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី ដល់សទ្ធិវិហារិក ឧបជ្ឈាយ៍ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃកុំគប្បីធ្វើកម្ម ឬគប្បីបង្អោនទៅដើម្បីកម្មស្រាលដល់សទ្ធិវិហារិក ដោយឧបាយដូចម្តេចហ្ន៎ បើជាកម្មគឺ តជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី សង្ឃបានធ្វើដល់សទ្ធិវិហារិកនោះរួចទៅហើយ ឧបជ្ឈាយ៍ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ធ្វើដូចម្តេចហ្ន៎ សទ្ធិវិហារិកគប្បីប្រព្រឹត្តដោយប្រពៃ គប្បីសម្របរោម (កុំប្រកែប្រកាន់) គប្បីប្រព្រឹត្តវត្ត គួរក្នុងការរើខ្លួនចេញអំពីអាបត្តិ សង្ឃគប្បីរម្ងាប់នូវកម្មនោះ ។ បើចីវររបស់សទ្ធិវិហារិកគួរនឹងលាង ឧបជ្ឈាយ៍ត្រូវប្រាប់ថា អ្នកឯងគប្បីលាងយ៉ាងនេះ ឬគប្បីធ្វើសេចក្តីខ្វល់ខ្វាយថា ចីវររបស់សទ្ធិវិហារិកគួរនឹងលាងដូចម្តេចហ្ន៎ បើចីវររបស់សទ្ធិវិហារិកគួរនឹងធ្វើ (មានដេរប៉ះជាដើម) ឧបជ្ឈាយ៍ត្រូវប្រាប់ថា អ្នកគប្បីធ្វើយ៉ាងនេះ ឬត្រូវធ្វើនូវសេចក្តីខ្វល់ខ្វាយថា ចីវររបស់សទ្ធិវិហារិកគួរនឹងធ្វើដោយឧបាយដូចម្តេចហ្ន៎ បើគ្រឿងជ្រលក់របស់សទ្ធិវិហារិកគួរនឹងចំអិន ឧបជ្ឈាយ៍ត្រូវប្រាប់ថា អ្នកឯងត្រូវចំអិនគ្រឿងជ្រលក់យ៉ាងនេះ ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា គ្រឿងជ្រលក់របស់សទ្ធិវិហារិក គួរនឹងចំអិនដោយឧបាយដូចម្តេចហ្ន៎ បើចីវររបស់សទ្ធិវិហារិកគួរនឹងជ្រលក់ ឧបជ្ឈាយ៍ត្រូវប្រាប់ថា អ្នកឯងគប្បីជ្រលក់ចីវរបែបនេះ ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ចីវររបស់សទ្ធិវិហារិកគួរនឹងជ្រលក់ដោយឧបាយដូចម្តេចហ្ន៎ កាលបើជ្រលក់ចីវរ ត្រូវជ្រលក់ដោយប្រែត្រឡប់ឲ្យសព្វស្មើល្អ ប្រសិនបើដំណក់ទឹកស្រក់មិនទាន់អស់ ឧបជ្ឈាយ៍កុំអាលដើរចេញ ។ បើសទ្ធិវិហារិក មាន​ជំងឺ ឧបជ្ឈាយ៍ត្រូវថែទាំអស់មួយជីវិត ត្រូវរង់ចាំលុះតែជា​ជំងឺ ។

ចប់ សទ្ធិវិហារិកវត្ត ។

[៨៣] សម័យនោះឯង ពួកសទ្ធិវិហារិក មិនបានប្រព្រឹត្តល្អ (គឺមិនបានយកចិត្តទុកដាក់) នឹងឧបជ្ឈាយ៍ទាំងឡាយឡើយ ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច ។បេ ។ ភិក្ខុទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសទ្ធិវិហារិក មិនសមបើនឹងមិនប្រព្រឹត្តល្អនឹងឧបជ្ឈាយ៍សោះ ។ គ្រានោះ ភិក្ខុទាំងនោះ បានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកសទ្ធិវិហារិកមិនបានប្រព្រឹត្តល្អនឹងឧបជ្ឈាយ៍ ពិតមែនឬ ។ ភិក្ខុទាំងឡាយក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន ។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកសទ្ធិវិហារិក មិនសមបើនឹងមិនប្រព្រឹត្តល្អនឹងឧបជ្ឈាយ៍ទេ ។ ព្រះដ៏មានបុណ្យ ទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅភិក្ខុទាំងឡាយមក ទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិក មិនគួរនឹងមិនប្រព្រឹត្តល្អនឹងឧបជ្ឈាយ៍ទេ ភិក្ខុណាដែលមិនប្រព្រឹត្តល្អនឹងឧបជ្ឈាយ៍ ត្រូវអាបត្តិទុក្កដ ។ ពួកសទ្ធិវិហារិកទាំងនោះ ក៏នៅតែមិនប្រព្រឹត្តល្អក្នុងឧបជ្ឈាយ៍ដដែល ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ទើបព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យឧបជ្ឈាយ៍ បណ្តេញសទ្ធិវិហារិក ដែលមិនបានប្រព្រឹត្តល្អចេញ ។ ម្នាលភិក្ខុទាំងឡាយ ឧបជ្ឈាយ៍ត្រូវបណ្តេញសទ្ធិវិហារិកយ៉ាងនេះ គឺឧបជ្ឈាយ៍បញ្ជាក់ឲ្យដឹងដោយកាយ បញ្ជាក់ឲ្យដឹងដោយវាចា ឬទាំងកាយទាំងវាចាថា អញបណ្តេញអ្នកឯងឥឡូវនេះក្តី ថាអ្នកឯងកុំចូលមកក្នុងទីនេះក្តី ថាអ្នកឯងចូរនាំយកបាត្រនិងចីវររបស់អ្នកទៅក្តី ខ្លួនអញ អ្នកឯងមិនត្រូវមកបម្រើទេក្តី (យ៉ាងនេះហៅថា) ឧបជ្ឈាយ៍បណ្តេញសទ្ធិវិហារិក (បើ) ឧបជ្ឈាយ៍មិនបានបញ្ជាក់ឲ្យដឹងដោយកាយ ឬដោយវាចា ឬទាំងកាយ ទាំងវាចា (យ៉ាងនេះហៅថា) ឧបជ្ឈាយ៍មិនបានបណ្តេញសទ្ធិវិហារិកទេ ។ សម័យនោះ ពួកសទ្ធិវិហារិកដែលឧបជ្ឈាយ៍បានបណ្តេញហើយ ក៏មិនបានឲ្យឧបជ្ឈាយ៍អត់ទោសឲ្យវិញ ។ ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះដ៏មានព្រះភាគទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យពួកសទ្ធិវិហារិកសូមឲ្យឧបជ្ឈាយ៍អត់ទោសឲ្យបាន ។ ពួកសទ្ធិវិហារិក នៅតែមិនបានសូមឲ្យឧបជ្ឈាយ៍អត់ទោសឲ្យឡើយ ។ ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិកដែលឧបជ្ឈាយ៍បណ្តេញចេញទៅហើយ មិនគួរនឹងមិនសូមឲ្យឧបជ្ឈាយ៍អត់ទោសឲ្យទេ សទ្ធិវិហារិកណាមួយមិនបានសូមឲ្យឧបជ្ឈាយ៍អត់ទោសឲ្យ ត្រូវអាបត្តិទុក្កដ ។ គ្រានោះឯង ពួកឧបជ្ឈាយ៍ កាលបើសទ្ធិវិហារិកទៅសូមខមាទោសវិញ ក៏មិនព្រមអត់ទោសឲ្យឡើយ ។ ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យឧបជ្ឈាយ៍អត់ទោសដល់សទ្ធិវិហារិក ។ ឧបជ្ឈាយ៍ទាំងនោះ ក៏មិនព្រមអត់ទោសឲ្យឡើយ ។ ឯពួកសទ្ធិវិហារិករត់ចេញទៅខ្លះ សឹកចេញទៅខ្លះ រត់ចូលពួកតិរ្ថិយខ្លះ ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ កាលបើសទ្ធិវិហារិក មកសូមខមាទោស ឧបជ្ឈាយ៍ត្រូវតែអត់ទោសឲ្យ (បើ) ឧបជ្ឈាយ៍ណាមួយមិនអត់ទោសឲ្យទេ ត្រូវអាបត្តិទុក្កដ ។

[៨៤] សម័យនោះឯង ពួកឧបជ្ឈាយ៍បណ្តេញសទ្ធិវិហារិកដែលប្រព្រឹត្តល្អចេញ មិនបានបណ្តេញសទ្ធិវិហារិកដែលប្រព្រឹត្តអាក្រក់ចេញឡើយ ។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គ ទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិកដែលប្រព្រឹត្តល្អហើយ ឧបជ្ឈាយ៍មិនត្រូវបណ្តេញចេញទេ (បើ) ឧបជ្ឈាយ៍ណាមួយបណ្តេញចេញ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងសទ្ធិវិហារិកដែលប្រព្រឹត្តអាក្រក់ ឧបជ្ឈាយ៍ត្រូវតែបណ្តេញចេញបាន (បើ) ឧបជ្ឈាយ៍ណាមួយមិនបណ្តេញចេញទេ ត្រូវអាបត្តិទុក្កដ ។ ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិកដែលប្រកបដោយអង្គ៥ ឧបជ្ឈាយ៍ត្រូវតែបណ្តេញចេញបាន (ឯអង្គ៥នោះ) គឺសទ្ធិវិហារិកមិនបានស្រឡាញ់ឧបជ្ឈាយ៍ដោយពិត១ មិនមានសេចក្តីជ្រះថ្លាដោយពិត១ មិនមានសេចក្តីអៀនខ្មាសដោយពិត១ មិនមានសេចក្តីគោរពដោយពិត១ មិនមានការចម្រើនភាវនាដោយពិត១ ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិកប្រកបដោយអង្គ៥នេះឯងហើយ ឧបជ្ឈាយ៍ត្រូវតែបណ្តេញចេញ ។ ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិកដែលប្រកបដោយអង្គ៥(នោះ) ឧបជ្ឈាយ៍មិនត្រូវបណ្តេញចេញទេ (ឯអង្គ៥នោះ) គឺសទ្ធិវិហារិកមានសេចក្តីស្រឡាញ់ឧបជ្ឈាយ៍ដោយពិត១ មានសេចក្តីជ្រះថ្លាដោយពិត១ មានសេចក្តីអៀនខ្មាសដោយពិត១ មានសេចក្តីគោរពដោយពិត១ មានការចម្រើនភាវនាដោយពិត១ ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិកប្រកបដោយអង្គ៥នេះឯងហើយ ឧបជ្ឈាយ៍មិនត្រូវបណ្តេញចេញទេ ។ ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិកដែលប្រកបដោយអង្គ៥ គួរឲ្យឧបជ្ឈាយ៍បណ្តេញចេញ (ឯអង្គ៥នោះ) គឺសទ្ធិវិហារិកគ្មានសេចក្តីស្រឡាញ់ឧបជ្ឈាយ៍ដោយពិត១ គ្មានសេចក្តីជ្រះថ្លាដោយពិត១ គ្មានសេចក្តីអៀនខ្មាសដោយពិត១ គ្មានសេចក្តីគោរពដោយពិត១ គ្មានការចម្រើនភាវនាដោយពិត១ ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិកប្រកបដោយអង្គទាំង៥នេះឯង គួរឲ្យឧបជ្ឈាយ៍បណ្តេញចេញ ។ ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិកប្រកបដោយអង្គ៥ ឧបជ្ឈាយ៍មិនគួរបណ្តេញចេញឡើយ (ឯអង្គ៥នោះ) គឺសទ្ធិវិហារិកមានសេចក្តីស្រឡាញ់ឧបជ្ឈាយ៍ដោយពិត១ មានសេចក្តីជ្រះថ្លាដោយពិត១ មានសេចក្តីអៀនខ្មាសដោយពិត១ មានសេចក្តីគោរពដោយពិត១ មានការចម្រើនភាវនាដោយពិត១ ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិកប្រកបដោយអង្គទាំង៥នេះ ឧបជ្ឈាយ៍មិនគួរបណ្តេញចេញទេ ។ ម្នាលភិក្ខុទាំងឡាយ ឧបជ្ឈាយ៍ កាលមិនបណ្តេញសទ្ធិវិហារិកដែលប្រកបដោយអង្ក៥ (ចំណែកខាងខុស) ចេញទេ នឹងមានទោស (គឺត្រូវអាបត្តិមិនខាន) បើឧបជ្ឈាយ៍បណ្តេញសទ្ធិវិហារិកដែលប្រកបដោយអង្គ៥នេះចេញ មិនមានទោសទេ (ឯអង្គ៥នោះ) គឺសទ្ធិវិហារិកគ្មានសេចក្តីស្រឡាញ់ឧបជ្ឈាយ៍ដោយពិត១ គ្មានសេចក្តីជ្រះថ្លាដោយពិត១ គ្មានសេចក្តីអៀនខ្មាសដោយពិត១ គ្មានសេចក្តីគោរពដោយពិត១ គ្មានការចម្រើនភាវនាដោយពិត១ ម្នាលភិក្ខុទាំងឡាយ ឧបជ្ឈាយ៍មិនបណ្តេញសទ្ធិវិហារិកដែលប្រកបដោយអង្គ៥នេះឯង នឹងមានទោស (បើ) ឧបជ្ឈាយ៍បានបណ្តេញសទ្ធិវិហារិកដែលប្រកបដោយអង្គ៥នេះឯង ក៏មិនមានទោសទេ ។ ម្នាលភិក្ខុទាំងឡាយ ឧបជ្ឈាយ៍បណ្តេញសទ្ធិវិហារិក ដែលប្រកបដោយអង្គទាំង៥ (ចំណែកខាងត្រូវ) នឹងមានទោសមិនខាន (បើ) ឧបជ្ឈាយ៍មិនបានបណ្តេញសទ្ធិវិហារិកដែលប្រកបដោយអង្គ៥នេះចេញទេ មិនមានទោសទេ (អង្គ៥នោះ) គឺសទ្ធិវិហារិកមានសេចក្តីស្រឡាញ់ឧបជ្ឈាយ៍ដោយពិត១ មានសេចក្តីជ្រះថ្លាដោយពិត១ មានសេចក្តីអៀនខ្មាសដោយពិត១ មានសេចក្តីគោរពដោយពិត១ មានការចម្រើនភាវនាដោយពិត១ ម្នាលភិក្ខុទាំងឡាយ ឧបជ្ឈាយ៍បណ្តេញសទ្ធិវិហារិកដែលប្រកបដោយអង្គទាំង៥នេះឯង នឹងមានទោសមិនខានទេ (បើ) ឧបជ្ឈាយ៍មិនបានបណ្តេញសទ្ធិវិហារិក ដែលប្រកបដោយអង្គទាំង៥នេះទេ មិនមានទោសទេ ។

[៨៥] សម័យនោះឯង មានព្រាហ្មណ៍ម្នាក់បានចូលទៅរកពួកភិក្ខុ ហើយសូមផ្នួស ។ ពួកភិក្ខុមិនប្រាថ្នានឹងបំបួសព្រាហ្មណ៍នោះឡើយ ។ ព្រាហ្មណ៍នោះ កាលបើមិនបានផ្នួសក្នុងសំណាក់ពួកភិក្ខុហើយ ក៏ទៅជាស្គាំងស្គម មានសម្បុរអាក្រក់ កើតរោគលឿង ស្លេកស្លាំង លេចសរសៃរវាមនៅខ្លួន ។ ព្រះដ៏មានព្រះភាគ ទ្រង់បានទតឃើញព្រាហ្មណ៍នោះស្គាំងស្គម មានសម្បុរអាក្រក់ កើតរោគលឿង ស្លេកស្លាំង លេចសរសៃរវាមនៅខ្លួន (ដូច្នេះ) លុះទ្រង់ទតឃើញហើយ ក៏ទ្រង់ត្រាស់ហៅពួកភិក្ខុមកសួរថា ម្នាលភិក្ខុទាំងឡាយ ឯព្រាហ្មណ៍នោះ បានជាស្គាំងស្គម មានសម្បុរអាក្រក់ កើតរោគលឿង ស្លេកស្លាំង លេចសរសៃរវាមនៅខ្លួន តើដោយហេតុអ្វី ។ ភិក្ខុទាំងនោះក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ព្រាហ្មណ៍នុ៎ះ បានចូលមករកពួកភិក្ខុ ហើយអង្វរសូមផ្នួស ពួកភិក្ខុមិនប្រាថ្នានឹងបំបួសព្រាហ្មណ៍នោះឡើយ ព្រាហ្មណ៍នោះ កាលបើមិនបានផ្នួសក្នុងសំណាក់ពួកភិក្ខុហើយ ក៏ទៅជា ស្គាំងស្គម មានសម្បុរអាក្រក់ កើតរោគលឿង ស្លេកស្លាំង លេចសរសៃរវាមនៅខ្លួន ។ វេលានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុមក ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាហ្ន៎ អាចរលឹកឃើញអធិការៈ (គុណ) របស់ព្រាហ្មណ៍នោះបាន ។ កាលបើព្រះអង្គ ទ្រង់សួរយ៉ាងនេះហើយ ព្រះសារីបុត្តដ៏មានអាយុ ក៏បានពោលពាក្យនេះនឹងព្រះដ៏មានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ (អាច) រលឹកនូវអធិការៈ (គុណ) របស់ព្រាហ្មណ៍នោះបាន ។ ទ្រង់ត្រាស់សួរទៀតថា ម្នាលសារីបុត្ត អ្នកឯងរលឹកអធិការៈ (គុណ) របស់ព្រាហ្មណ៍នោះបានយ៉ាងដូចម្តេច ។ ព្រះសារីបុត្តទូលថា សូមទ្រង់ព្រះមេត្តាប្រោស កាលខ្ញុំព្រះអង្គទៅបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះនេះ ព្រាហ្មណ៍នោះបានប្រើគេឲ្យប្រគេនចង្ហាន់មួយវែក សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គរលឹកបាននូវអធិការៈ (គុណ) របស់ព្រាហ្មណ៍នោះប៉ុណ្ណេះឯង ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា នែសារីបុត្ត ពាក្យដែលអ្នកពោលមកនេះប្រពៃណាស់ នែសារីបុត្ត ធម្មតាពួកសប្បុរសរមែងជាអ្នកកតញ្ញូកតវេទី [កតញ្ញូជាអ្នកដឹងគុណដែលអ្នកដទៃបានធ្វើដល់ខ្លួន កតវេទី ជាអ្នកប្រកាសនូវឧបការគុណដែលអ្នកដទៃធ្វើហើយប្រាកដ គឺតបគុណគេ ។] ពិត ម្នាលសារីបុត្ត បើដូច្នោះ ចូរអ្នកឲ្យបព្វជ្ជា និងឧបសម្បទាដល់ព្រាហ្មណ៍នោះ ។ ព្រះសារីបុត្តក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គនឹងត្រូវឲ្យបព្វជ្ជា និងឧបសម្បទាដល់ព្រាហ្មណ៍នោះដូចម្តេចទៅ ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ធ្វើនូវធម្មីកថាក្នុងវេលានោះ រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឧបសម្បទាណា ដែលតថាគតបានអនុញ្ញាតដោយត្រៃសរណគមន៍រួចហើយ ចាប់ដើមពីថ្ងៃនេះតទៅ តថាគតឃាត់នូវឧបសម្បទានោះវិញ ម្នាលភិក្ខុទាំងឡាយ ឥឡូវតថាគតអនុញ្ញាតនូវឧបសម្បទាដោយញត្តិចតុត្ថកម្ម គឺកម្មមានញត្តិជាគម្រប់​ ៤ វិញ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យឧបសម្បទាបែបយ៉ាងនេះ ភិក្ខុអ្នកឆ្លាសប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះគម្តែងសង្ឃដ៏ចម្រើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ[សាមណេរដែលត្រូវបួសជាភិក្ខុភាវៈ ។] របស់លោកដ៏មានអាយុឈ្មោះនេះ ។ បើកម្មមានកាលដ៏សមគួរដល់សង្ឃហើយ សង្ឃគប្បីញុំាងឧបសម្បទាបេក្ខៈឈ្មោះនេះ ឲ្យបានឧបសម្បទា[ឲ្យដល់នូវគុណឰដ៏ខាងលើ គឺបានសម្រេចជាភិក្ខុភាវៈ ។] ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍ចុះ ។ ពាក្យនេះ ជាពាក្យផ្តៀងសង្ឃ(ឲ្យជ្រាប) ។ បពិត្រព្រះគម្តែងសង្ឃដ៏ចម្រើន សូមព្រះសង្ឃស្តាប់ខ្ញុំ (ដ្បិត)ឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ របស់លោកដ៏មានអាយុឈ្មោះនេះ ។ ឥឡូវសង្ឃញុំាងឈ្មោះនេះឲ្យបានឧបសម្បទា ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍ ។ ឯការញុំាងឈ្មោះនេះឲ្យបានឧបសម្បទា ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍ (បើ) គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីស្ងៀមនៅ (បើ) មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីពោលឡើង ។ ខ្ញុំពោលសេចក្តីនេះជាគម្រប់​ពីរដងផង ។ បពិត្រព្រះគម្តែងសង្ឃដ៏ចម្រើន សូមព្រះសង្ឃស្តាប់ខ្ញុំ (ដ្បិត)ឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ របស់លោកដ៏មានអាយុឈ្មោះនេះ ។ ឥឡូវសង្ឃញុំាងឈ្មោះនេះឲ្យបានឧបសម្បទា ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍ ។ ឯការញុំាងឈ្មោះនេះឲ្យបានឧបសម្បទា ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍ (បើ) គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីស្ងៀមនៅ (បើ) មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីពោលឡើង ។ ខ្ញុំពោលសេចក្តីនេះជាគម្រប់​បីដងផង ។ បពិត្រព្រះគម្តែងសង្ឃដ៏ចម្រើន សូមព្រះសង្ឃស្តាប់ខ្ញុំ (ដ្បិត)ឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ របស់លោកដ៏មានអាយុឈ្មោះនេះ ។ ឥឡូវសង្ឃញុំាងឈ្មោះនេះឲ្យបានឧបសម្បទា ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍ ។ ឯការញុំាងឈ្មោះនេះឲ្យបានឧបសម្បទា ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍ (បើ) គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីស្ងៀមនៅ (បើ) មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីពោលឡើង ។ ឈ្មោះនេះ ដែលសង្ឃបានឲ្យឧបសម្បទា ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍ហើយ ។ (ការដែលឲ្យឧបសម្បទានេះ) គួរដល់ព្រះសង្ឃហើយ ព្រោះហេតុនោះបានជាសង្ឃស្ងៀមនៅ ។ ខ្ញុំសូមចាំទុកសេចក្តីនេះ ដោយអាការស្ងៀមនៅយ៉ាងនេះឯង ។

[៨៦] សម័យនោះឯង មានភិក្ខុ១រូបប្រព្រឹត្តអនាចារ គឺប្រព្រឹត្តល្មើស តាំងអំពីបានឧបសម្បទា ។ ពួកភិក្ខុក៏បានពោលដាស់តឿនយ៉ាងនេះថា ម្នាលអាវុសោ អ្នកកុំធ្វើអំពើយ៉ាងនេះឡើយ អំពើនេះ មិនគួរទេ ។ ភិក្ខុនោះក៏ពោលយ៉ាងនេះវិញថា ខ្ញុំមិនបានពឹងលោកដ៏មានអាយុទាំងឡាយដោយពាក្យថា សូមឲ្យអស់លោកឲ្យឧបសម្បទាដល់ខ្ញុំទេ លោកទាំងឡាយ ខ្ញុំមិនបានអង្វរសោះ ហេតុអ្វីក៏ហ៊ានឲ្យឧបសម្បទាដល់ខ្ញុំ ។ ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលគេមិនបានសូម មិនត្រូវឲ្យឧបសម្បទា (គេ)ទេ (បើ) ភិក្ខុណាឲ្យឧបសម្បទាគេ ត្រូវអាបត្តិទុក្កដ ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលមានគេសូម ទើបត្រូវឲ្យឧបសម្បទាគេបាន ។ ម្នាលភិក្ខុទាំងឡាយ ឧបសម្បទាបេក្ខៈ ត្រូវសូមនឹងសង្ឃយ៉ាងនេះ គឺឧបសម្បទាបេក្ខៈនោះ ត្រូវចូលទៅកាន់ជំនុំសង្ឃ ហើយគ្រងចីពរឆៀងស្មាម្ខាង រួចថ្វាយបង្គំទៀបបាទានៃភិក្ខុទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលី ពោលយ៉ាងនេះនឹងសង្ឃថា បពិត្រព្រះគម្តែងសង្ឃដ៏ចម្រើន ខ្ញុំសូមឧបសម្បទានឹងសង្ឃ បពិត្រព្រះគម្តែងសង្ឃដ៏ចម្រើន សូមព្រះសង្ឃស្រោចស្រង់ [ក្នុងដីកាថា សូមឲ្យសង្ឃរើខ្ញុំចេញចាកភេទសាមណេរ ហើយឲ្យឧបសម្បទាជាភិក្ខុភាវៈ ។] នូវខ្ញុំដោយសេចក្តីអនុគ្រោះ ។ ឧបសម្បទាបេក្ខៈ ត្រូវសូមជាគម្រប់​ពីរដងផង ត្រូវសូមជាគម្រប់​បីដងផង ។ ភិក្ខុអ្នកឆ្លាសប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចម្រើន សូមសង្ឃស្តាប់ខ្ញុំ ឧបសម្បទាបេក្ខៈនេះ ឈ្មោះនេះ របស់លោកម្ចាស់ដ៏មានអាយុឈ្មោះនេះ ។ ឈ្មោះនេះ សូមឧបសម្បទានឹងសង្ឃ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍ ។ បើកម្មមានកាលដ៏សមគួរហើយដល់សង្ឃហើយ សូមសង្ឃឲ្យឧបសម្បទាបុគ្គលឈ្មោះនេះ ដោយមានព្រះថេរៈឈ្មោះនេះជាឧបជ្ឈាយ៍ ។ វាចានេះ ជាវាចាផ្តៀងសង្ឃ ។ បពិត្រព្រះសង្ឃដ៏ចម្រើន សូមសង្ឃស្តាប់ខ្ញុំ ឧបសម្បទាបេក្ខៈនេះ ឈ្មោះនេះ របស់លោកដ៏មានអាយុឈ្មោះនេះ ឥឡូវឈ្មោះនេះ សូមឧបសម្បទានឹងសង្ឃ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍ ។ សង្ឃឲ្យឧបសម្បទាបុគ្គល ឈ្មោះនេះ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍ ។ ឧបសម្បទារបស់ឈ្មោះនេះ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍ (បើ) គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវស្ងៀម (បើ) មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីពោលឡើង ។ ខ្ញុំពោលសេចក្តីនេះជាគម្រប់​ពីរដងផង ។បេ ។ ខ្ញុំពោលសេចក្តីនេះជាគម្រប់​បីដងផង ។បេ ។ ឈ្មោះនេះសង្ឃបានឲ្យឧបសម្បទាហើយ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍ ។ (ការដែលឲ្យឧបសម្បទានេះ) គួរដល់ព្រះសង្ឃហើយ ព្រោះហេតុនោះបានជាសង្ឃស្ងៀមនៅ ។ ខ្ញុំសូមចាំទុកសេចក្តីនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ ។

[៨៧] សម័យនោះឯង មហាជនក្នុងក្រុងរាជគ្រឹះ នាំគ្នាផ្តើមឡើងចាត់ចែងភត្តាហារដ៏ឧត្តមថ្លៃថ្លា (ជាវេនៗរាល់ថ្ងៃ) ។ គ្រានោះ មានព្រាហ្មណ៍ម្នាក់ មានសេចក្តីរិះគិតយ៉ាងនេះថា ពួកសមណៈ ជាសក្យបុត្តទាំងនេះឯង មានសេចក្តីសុខជាប្រក្រតី មានមារយាទស្រួលបួល បរិភោគភោជនដ៏ល្អ សិងលើសំណឹងឥតមានខ្យល់ចូលបាន ណ្ហើយចុះ អាត្មាអញគួរនឹងបួសក្នុងពួកសមណៈជាសក្យបុត្តចុះ ។ វេលានោះឯង ព្រាហ្មណ៍នោះបានចូលទៅរកពួកភិក្ខុ ហើយសូមផ្នួសបួស ។ ភិក្ខុទាំងឡាយក៏បានឲ្យបព្វជ្ជាឧបសម្បទាដល់ព្រាហ្មណ៍នោះ ។ កាលបើព្រាហ្មណ៍នោះបានបួសរួចហើយ ភត្តាហារដែលជាវេន (នោះ) មហាជនក៏ឈប់ធ្វើទៅ ។ ភិក្ខុទាំងឡាយបានពោលយ៉ាងនេះថា ម្នាលអាវុសោ លោកចូរមក យើងនឹងត្រាច់ទៅបិណ្ឌបាតឥឡូវ ។ ភិក្ខុនោះ ក៏បានពោលពាក្យយ៉ាងនេះវិញថា ម្នាលអាវុសោ ខ្ញុំមិនមែនបួសដោយគិតថា អញនឹងត្រាច់ទៅបិណ្ឌបាតទេ បើអស់លោកអាណិតឲ្យបាយខ្ញុំ ៗក៏នឹងឆាន់ បើអស់លោកមិនឲ្យខ្ញុំទេ ខ្ញុំមុខជានឹងសឹកមិនខានឡើយ ។ ភិក្ខុទាំងឡាយពោលថា ម្នាលអាវុសោ លោកបួសមកព្រោះហេតុតែពោះប៉ុណ្ណោះទេឬ ។ ភិក្ខុនោះតបថា ម្នាលអាវុសោ យ៉ាងហ្នឹងហើយ ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច ។បេ ។ ភិក្ខុទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើនឹងមានភិក្ខុមកបួសព្រោះហេតុតែពោះ ក្នុងធម៌វិន័យដែលព្រះពុទ្ធទ្រង់សំដែងល្អហើយយ៉ាងនេះទេ ។ ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ ឮថាអ្នកឯងមកបួសព្រោះហេតុតែពោះប៉ុណ្ណោះ ពិតមែនឬ ។ ភិក្ខុនោះក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន ។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា នែមោឃបុរស ធម៌វិន័យដែលតថាគត បានសំដែងល្អហើយយ៉ាងនេះ អ្នកមិនសមបើបួសមក គ្រាន់តែចំអែតផ្ទៃទេ នែមោឃបុរស អំពើនេះនឹងបានដឹកនាំពួកជនដែលមិនទាន់ជ្រះថ្លាឲ្យជ្រះថ្លាឡើង ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ ។បេ ។ ព្រះអង្គបន្ទោសរួចហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុកាលឲ្យឧបសម្បទា (ដល់កុលបុត្រ) ត្រូវប្រាប់និស្ស័យទាំង ៤ យ៉ាងផង គឺប្រាប់ថា បព្វជ្ជាត្រូវអាស្រ័យនូវភោជនជាដុំពំនូតដែលអ្នកបួសស្វែងរកបានមកដោយកំលាំងស្មង អ្នកឯងត្រូវធ្វើសេចក្តីឧស្សាហ៍ក្នុងភោជននោះដរាបដល់អស់ជីវិត (តែបើមាន) អតិរេកលាភ គឺសង្ឃភត្ត[សង្ឃភត្ត គឺភត្តដែលទាយកវេរប្រគេនដល់សង្ឃទាំងអស់ ។] ឧទ្ទេសភត្ត[ឧទ្ទេសភត្ត គឺភត្តដែលទាយកវេរប្រគេនដល់ភិក្ខុដែលខ្លួនឧទ្ទិសអំពីសង្ឃ ។] និមន្តនភត្ត[និមន្តនភត្ត គឺភត្តដែលទាយកនិមន្តភិក្ខុ ហើយប្រគេន ។] សលាកភត្ត[សលាកភត្ត គឺភត្តដែលទាយកប្រគេនដល់ភិក្ខុ ដោយចាប់ស្លាក ។] បក្ខិកភត្ត[បក្ខិកភត្ត គឺភត្តដែលទាយកប្រគេនភិក្ខុក្នុងមួយបក្ខៗ តែមួយថ្ងៃៗ (គឺកន្លះខែម្តង) ។] ឧបោសថិកភត្ត[ឧបោសថិកភត្ត គឺភត្តដែលទាយកប្រគេនភិក្ខុក្នុងថ្ងៃឧបោសថ ។] និងបាដិបទិកភត្ត[បាដិបទិកភត្ត គឺភត្តដែលទាយកប្រគេនភិក្ខុក្នុងថ្ងៃ១រោច ឬ១កើត ។] (កើតឡើង អ្នកបួសត្រូវទទួលចុះ)១ ។ បព្វជ្ជា ត្រូវអាស្រ័យនូវសំពត់ចីវរបង្សុកូល អ្នកឯងត្រូវធ្វើសេចក្តីឧស្សាហ៍ក្នុងសំពត់ចីវរបង្សុកូលនោះដរាបដល់អស់ជីវិត (តែបើមាន) អតិរេកលាភ គឺសំពត់ដែលគេធ្វើដោយសម្បកឈើ សំពត់ដែលគេធ្វើដោយកប្បាស សំពត់ដែលគេធ្វើដោយសូត្រ សំពត់ដែលគេធ្វើដោយរោមសត្វ សំពត់ដែលគេធ្វើដោយធ្មៃ និងសំពត់ដែលគេធ្វើលាយដោយវត្ថុ៥យ៉ាងខាងដើមនេះ (កើតឡើង អ្នកបួសត្រូវទទួលចុះ)១ ។ បព្វជ្ជាត្រូវអាស្រ័យនូវសេនាសនៈទៀបគល់ឈើ ឬក្រោមម្លប់ឈើ អ្នកឯងត្រូវធ្វើសេចក្តីឧស្សាហ៍ក្នុងសេនាសនៈនោះដរាបដល់អស់ជីវិត (តែបើមាន) អតិរេកលាភ គឺវិហារ ប្រាសាទវែង ឬផ្ទះពាក់កណ្តាល (បង្ហារ) ប្រាសាទ ៤ ជ្រុង ប្រាសាទមានដម្បូលរលីង និងគុហារ (កើតឡើង អ្នកបួសត្រូវទទួលចុះ)១ ។ បព្វជ្ជាត្រូវអាស្រ័យនូវថ្នាំដែលត្រាំដោយទឹកមូត្រ អ្នកឯងត្រូវធ្វើសេចក្តីឧស្សាហ៍ក្នុងថ្នាំនោះដរាបដល់អស់ជីវិត (តែបើមាន) អតិរេកលាភ គឺទឹកដោះរាវ ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ និងស្ករអំពៅ (កើតឡើង អ្នកបួសត្រូវទទួលចុះ)១ ។

ចប់ ឧបជ្ឈាយវត្តភាណវារៈ ។

[៨៨] សម័យនោះឯង មានមាណពម្នាក់ ចូលទៅរកពួកភិក្ខុហើយ សូមផ្នួស ។ ភិក្ខុទាំងនោះ ក៏បានប្រាប់និស្ស័យដល់មាណពនោះជាមុន ។ មាណពនោះបានពោលយ៉ាងនេះវិញថា បពិត្រលោកម្ចាស់ដ៏ចម្រើន ប្រសិនបើខ្ញុំបានបួសរួចហើយ សឹមលោកម្ចាស់ទាំងឡាយប្រាប់និស្ស័យដល់ខ្ញុំ (នោះ) ខ្ញុំទទួលត្រេកអរយក បពិត្រលោកម្ចាស់ដ៏ចម្រើន ឥឡូវនេះ ខ្ញុំមិនបួសទេ (ព្រោះ) និស្ស័យជាទីបដិកូលគួរខ្ពើមរអើមដល់ខ្ញុំ ។ ភិក្ខុទាំងនោះ បានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយមិនត្រូវប្រាប់និស្ស័យជាមុនទេ ភិក្ខុណាប្រាប់ ត្រូវអាបត្តិទុក្កដ ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុប្រាប់និស្ស័យជាបន្ទាប់អំពីឧបសម្បទាកម្មមក ។

[៨៩] សម័យនោះឯង ភិក្ខុទាំងឡាយឲ្យឧបសម្បទា (ដល់កុលបុត្រ) ដោយគណៈ គឺភិក្ខុពីររូបខ្លះ បីរូបខ្លះ បួនរូបខ្លះ ។ ភិក្ខុទាំងឡាយ បានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយមិនត្រូវឲ្យឧបសម្បទា (ដល់កុលបុត្រ) ដោយគណៈតិចជាងពី១០រូបឡើយ ភិក្ខុណាឲ្យឧបសម្បទា (ដូច្នេះ) ត្រូវអាបត្តិទុក្កដ ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឲ្យឧបសម្បទា (ដល់កុលបុត្រ) ដោយគណៈត្រឹម១០រូប ឬច្រើនជាង១០រូបឡើងទៅបាន ។

[៩០] សម័យនោះឯង ភិក្ខុទាំងឡាយ ខ្លះបួសបាន១វស្សា ខ្លះបាន២វស្សា ក៏ឲ្យឧបសម្បទាដល់សទ្ធិវិហារិក ។ ចំណែកខាងព្រះឧបសេនដ៏មានអាយុ ជាកូនវង្គន្តព្រាហ្មណ៍ បួសបាន១វស្សា ឲ្យឧបសម្បទាសទ្ធិវិហារិកដែរ ។ ព្រះឧបសេននោះ លុះនៅចាំវស្សាបាន២វស្សារួចហើយ ក៏នាំយកសទ្ធិវិហារិកដែលបួសបាន១វស្សា ទៅគាល់ព្រះដ៏មានព្រះភាគ ដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគជាម្ចាស់ រួចអង្គុយក្នុងទីដ៏សមគួរ ។ ក៏ព្រះសម្ពុទ្ធទាំងឡាយដ៏មានព្រះភាគ ព្រះអង្គតែងសន្សំ តែងធ្វើនូវសេចក្តីរីករាយរាក់ទាក់ មួយអន្លើដោយភិក្ខុជាអគន្តុកៈទាំងឡាយនេះជាធម្មតា ។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ចំពោះព្រះឧបសេនវង្គន្តបុត្រដ៏មានអាយុថា ម្នាលភិក្ខុទាំងឡាយ អ្នកល្មមអត់ទ្រាំបានឬទេ អ្នកល្មមញុំាងអត្តភាពឲ្យប្រព្រឹត្តទៅបានដោយស្រួលឬទេ អ្នកទាំងឡាយមកតាមផ្លូវឆ្ងាយ មិនបានលំបាកទេឬ ។ ភិក្ខុទាំងនោះក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំល្មមអត់ទ្រាំបាន សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំល្មមញុំាងអត្តភាពឲ្យប្រព្រឹត្តទៅបាន ម្យ៉ាងទៀត សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំមកតាមផ្លូវឆ្ងាយ មិនបានលំបាកទេ ។ (សេចក្តីពន្យល់អំពីពុទ្ធអធ្យាស្រ័យដូចមានតទៅនេះ) ព្រះតថាគតទាំងឡាយជ្រាបនូវហេតុហើយសួរក៏មាន ជ្រាបនូវហេតុហើយមិនសួរក៏មាន ជ្រាបច្បាស់នូវកាលគួរហើយសួរក៏មាន ជ្រាបច្បាស់នូវកាលគួរហើយ មិនសួរក៏មាន ព្រះតថាគតទាំងឡាយ ព្រះអង្គតែងសួរនូវអំពើដែលប្រកបដោយប្រយោជន៍ មិនទ្រង់សួរអំពើដែលមិនប្រកបដោយប្រយោជន៍ឡើយ ព្រោះព្រះតថាគតទាំងឡាយ ទ្រង់បានផ្តាច់បង់នូវអំពើមិនប្រកបដោយប្រយោជន៍ទាំងឡាយ ដោយអរិយមគ្គជ្រះស្រឡះហើយ ។ ព្រះពុទ្ធដ៏មានជោគទាំងឡាយ ទ្រង់សួរនូវភិក្ខុទាំងឡាយដោយអាការពីរយ៉ាងគឺ ទ្រង់ត្រិះរិះថា តថាគតនឹងសំដែងនូវធម៌១ តថាគតនឹងបញ្ញត្តនូវសិក្ខាបទដល់សាវកទាំងឡាយ១ ។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ចំពោះនឹងព្រះឧបសេនវង្គន្តបុត្រដ៏មានអាយុថា ម្នាលភិក្ខុ អ្នកឯងបួសបានប៉ុន្មានវស្សាហើយ ។ ភិក្ខុនោះក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គបួសបាន២វស្សាហើយ ។ ព្រះដ៏មានព្រះភាគ ទ្រង់សួរថា ចុះភិក្ខុនេះ បួសបានប៉ុន្មានវស្សាហើយ ។ ភិក្ខុនោះក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ភិក្ខុនេះបួសបាន១វស្សាហើយ ។ ព្រះដ៏មានព្រះភាគទ្រង់សួរថា ភិក្ខុនេះត្រូវជាអ្វីនឹងអ្នក ។ ភិក្ខុនោះក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ត្រូវជាសទ្ធិវិហារិករបស់ខ្ញុំព្រះអង្គ ។ ព្រះពុទ្ធដ៏មានជោគទ្រង់បន្ទោសថា នែមោឃបុរស អំពើនេះ មិនទំនង មិនសមបែប មិនសមគួរ មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើឡើយ នែមោឃបុរស អ្នកគួរតែឲ្យភិក្ខុដទៃទូន្មានប្រៀនប្រដៅ ម្តេចឡើយ ក៏តាំងចិត្តទូន្មានប្រៀនប្រដៅភិក្ខុដទៃវិញ នែមោឃបុរស អ្នកប្រញាប់ពេកណាស់ ព្រោះអ្នកប្រព្រឹត្ត ដើម្បីសេចក្តីល្មោភច្រើន ឯសេចក្តីល្មោភច្រើននេះ បានដល់ការចងជាពួក នែមោឃបុរស អំពើនេះ នឹងបានដឹកនាំពួកជនដែលមិនទាន់ជ្រះថ្លាឲ្យជ្រះថ្លាឡើង ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹតរឹតតែជ្រះថ្លាឡើងក៏ទេ ។បេ ។ ព្រះអង្គទ្រង់បន្ទោសរួចហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានវស្សាថយអំពី១០ចុះមក មិនត្រូវឲ្យឧបសម្បទាដល់កុលបុត្រឡើយ ភិក្ខុណាឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុមានវស្សា១០ ឬវស្សាច្រើនជាង១០ឡើងទៅ ឲ្យឧបសម្បទាដល់កុលបុត្របាន ។

[៩១] សម័យនោះឯង ភិក្ខុទាំងឡាយ ជាមនុស្សល្ងង់ខ្លៅ មិនឆ្លាស បានឲ្យឧបសម្បទាដល់កុលបុត្រ ដោយគិតអាងថា យើងមានវស្សា១០ហើយ យើងមានវស្សា១០ហើយ ។ ពួកឧបជ្ឈាយ៍ជាបុគ្គលពាល ពួកសទ្ធិវិហារិកជាបណ្ឌិត ក៏ប្រាកដឡើង ពួកឧបជ្ឈាយ៍មិនឆ្លាស ពួកសទ្ធិវិហារិកជាអ្នកឆ្លាស ក៏ប្រាកដឡើង ពួកឧបជ្ឈាយ៍ចេះដឹងតិច ពួកសទ្ធិវិហារិកជាអ្នកចេះដឹងច្រើន ក៏ប្រាកដឡើង ពួកឧបជ្ឈាយ៍អាប់ឥតបញ្ញា ពួកសទ្ធិវិហារិកជាអ្នកមានបញ្ញា ក៏ប្រាកដឡើង ។ មានភិក្ខុ១រូប កាលពីដើមជាតិរ្ថិយដទៃ កាលបើឧបជ្ឈាយ៍ប្រដៅតាមធម៌ តាមវិន័យ ក៏ពោលទោសដល់ឧបជ្ឈាយ៍ ហើយរត់ទៅកាន់លទ្ធិតិរ្ថិយនោះដូចដែលវិញ ។ ពួកភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច ។បេ ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងឡាយជាបុគ្គលពាលមិនឆ្លាស មិនសមបើនឹងហ៊ានឲ្យឧបសម្បទា (ដល់កុលបុត្រ) ដោយគិតថា យើងមានវស្សា១០ហើយ យើងមានវស្សា១០ហើយសោះ ពួកឧបជ្ឈាយ៍ជាបុគ្គលពាល ពួកសទ្ធិវិហារិកជាបណ្ឌិតក៏ប្រាកដឡើង ពួកឧបជ្ឈាយ៍មិនឆ្លាស ពួកសទ្ធិវិហារិកជាអ្នកឆ្លាស ក៏ប្រាកដឡើង ពួកឧបជ្ឈាយ៍ជាអ្នកចេះដឹងតិច ពួកសទ្ធិវិហារិកជាអ្នកចេះដឹងច្រើន ក៏ប្រាកដឡើង ពួកឧបជ្ឈាយ៍អាប់ឥតបញ្ញា ពួកសទ្ធិវិហារិកជាអ្នកមានបញ្ញា ក៏ប្រាកដឡើង ។ វេលានោះ ភិក្ខុទាំងនោះ បានក្រាបទូលសេចក្តីនុ៎ះដល់ព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកភិក្ខុជាបុគ្គលពាលមិនឆ្លៀវឆ្លាស បានឲ្យឧបសម្បទាដល់កុលបុត្រដោយគិតថា យើងមានវស្សា១០ហើយ យើងមានវស្សា១០ហើយ ពួកឧបជ្ឈាយ៍ជាបុគ្គលពាលពួកសទ្ធិវិហារិកជាបណ្ឌិត ក៏ប្រាកដឡើង ពួកឧបជ្ឈាយ៍មិនឆ្លាស ពួកសទ្ធិវិហារិក ជាអ្នកឆ្លៀវឆ្លាសក៏ប្រាកដឡើង ពួកឧបជ្ឈាយ៍ជាអ្នកចេះដឹងតិច ពួកសទ្ធិវិហារិក ជាអ្នកចេះដឹងច្រើន ក៏ប្រាកដឡើង ពួកឧបជ្ឈាយ៍អាប់ឥតបញ្ញា ពួកសទ្ធិវិហារិកមានបញ្ញាក៏ប្រាកដឡើង ពិតមែនឬ ។ ភិក្ខុទាំងឡាយក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន ។ ព្រះពុទ្ធជាម្ចាស់ដ៏មានជោគទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកមោឃបុរសនោះ ជាបុគ្គលពាលមិនឆ្លាស មិនសមបើនឹងហ៊ានឲ្យឧបសម្បទាដល់កុលបុត្រដោយគិតថា យើងមានវស្សា១០ហើយ យើងមានវស្សា១០ហើយសោះ ពួកឧបជ្ឈាយ៍ជាបុគ្គលពាល ពួកសទ្ធិវិហារិក ជាបណ្ឌិតក៏ប្រាកដឡើង ពួកឧបជ្ឈាយ៍មិនឆ្លាស ពួកសទ្ធិវិហារិក ជាអ្នកឆ្លាសក៏ប្រាកដឡើង ពួកឧបជ្ឈាយ៍ចេះដឹងតិច ពួកសទ្ធិវិហារិក ចេះដឹងច្រើន ក៏ប្រាកដឡើង ពួកឧបជ្ឈាយ៍អាប់ឥតបញ្ញា ពួកសទ្ធិវិហារិក មានបញ្ញាក៏ប្រាកដឡើង ម្នាលភិក្ខុទាំងឡាយ អំពើនេះនឹងបានដឹកនាំពួកជនដែលមិនទាន់ជ្រះថ្លាឲ្យជ្រះថ្លាឡើងក៏ទេ ។បេ ។ ព្រះអង្គបន្ទោសរួចហើយ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុពាលមិនឆ្លាសមិនត្រូវឲ្យឧបសម្បទា (ដល់កុលបុត្រ) ឡើយ ភិក្ខុពាលណាឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលឆ្លាសប្រតិពលមានវស្សា១០ ឬមានវស្សាច្រើនជាង១០ ឡើងទៅគួរឲ្យឧបសម្បទា (ដល់កុលបុត្រ) បាន ។

[៩២] សម័យនោះឯង កាលបើឧបជ្ឈាយ៍ទាំងឡាយដើរចេញ ទៅចាកអាវាសក្តី សឹកទៅក្តី ស្លាប់ទៅក្តី ទៅកាន់ពួកតិរ្ថិយក្តី ឯពួកភិក្ខុក៏ឥតមានអាចារ្យ ឥតមានអ្នកឲ្យដំបូន្មាន ឥតមានអ្នកប្រៀនប្រដៅឡើយ ហើយស្លៀកក៏មិនស្រួល ដណ្តប់ក៏មិនស្រួល មិនបរិបូណ៌ដោយឫកមារយាទ[ប្រាសចាកសមណសារូប គឺមិនត្រូវតាមសណ្តាប់ធ្នាប់របស់សមណឡើយ ។] ហើយដើរទៅបិណ្ឌបាត ។ កាលបើពួកមនុស្សគេកំពុងបរិភោគបាយ ភិក្ខុទាំងនោះក៏បង្អោនបាត្រសម្រាប់សូមទៅពីលើភោជនក៏មាន បង្អោនបាត្រសម្រាប់សូមទៅពីលើខាទនីយៈក៏មាន បង្អោនបាត្រសម្រាប់សូមទៅពីលើគ្រឿងសម្រាប់លិទ្ធជញ្ជាប់ក៏មាន បង្អោនបាត្រសម្រាប់សូមទៅពីលើទឹកដែលសម្រាប់ផឹកក៏មាន សុំសំឡខ្លះ បាយខ្លះ យកមកឆាន់ខ្លួនឯង មិនតែប៉ុណ្ណោះ ក៏ហ៊ោកញ្ជ្រៀវនៅក្នុងរោងភត្តទៀតផង ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្ត មិនសមបើនឹងស្លៀកមិនស្រួល ដណ្តប់មិនស្រួល មិនបរិបូណ៌ដោយឫកមារយាទ ហើយដើរទៅបិណ្ឌបាតសោះ កាលពួកមនុស្សកំពុងបរិភោគបាយ ភិក្ខុទាំងនោះ ក៏បង្អោនបាត្រសម្រាប់សូមទៅពីលើភោជនក៏មាន ទៅពីលើខាទនីយៈក៏មាន ទៅពីលើគ្រឿងសម្រាប់លិទ្ធជញ្ជាប់ក៏មាន បង្អោនបាត្រសម្រាប់សូមទៅពីលើទឹកសម្រាប់ផឹកក៏មាន សុំសំឡខ្លះ បាយខ្លះដោយខ្លួនឯងយកមកឆាន់ មិនតែប៉ុណ្ណោះ ក៏ហ៊ោកញ្ជ្រៀវខ្លាំងក្នុងរោងភត្តទៀត ដូចជាពួកព្រាហ្មណ៍ដែលហ៊ោកញ្ជ្រៀវក្នុងកន្លែងបរិភោគភោជនរបស់ព្រាហ្មណ៍ ។ កាលមនុស្សទាំងនោះ កំពុងតែពោលទោស តិះដៀល បន្តុះបង្អាប់យ៉ាងនេះ ពួកភិក្ខុក៏បានឮច្បាស់ ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច ។បេ ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងឡាយមិនសមបើនឹងស្លៀកមិនល្អ ដណ្តប់មិនល្អ មិនបរិបូណ៌ដោយឫកមារយាទសោះ ។ វេលានោះឯង ភិក្ខុទាំងនោះបានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។បេ ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកភិក្ខុស្លៀកមិនល្អ ដណ្តប់មិនល្អ មិនបរិបូណ៌ដោយឫកមារយាទ ពិតមែនឬ ។ ភិក្ខុទាំងនោះក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន ។ ព្រះពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់បន្ទោស ។បេ ។ លុះទ្រង់បន្ទោសរួចហើយ ក៏ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យមានអាចារ្យ ។ ម្នាលភិក្ខុទាំងឡាយ ឯអាចារ្យ ត្រូវតាំងចិត្តនឹងអន្តេវាសិកដូចជាកូន អន្តេវាសិកត្រូវតាំងចិត្តនឹងអាចារ្យដូចជាបិតា ជនទាំងនោះត្រូវមានសេចក្តីគោរពកោតក្រែងដល់គ្នានឹងគ្នា មានការចិញ្ចឹមជីវិតស្មើគ្នាយ៉ាងនេះ ទើបនឹងបានសម្រេចសេចក្តីចម្រើនលូតលាស់ធំទូលាយក្នុងធម៌វិន័យនេះបាន ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុទៅនៅអាស្រ័យនឹងភិក្ខុដែលមានវស្សា១០ ឯភិក្ខុដែលមានវស្សា១០គួរឲ្យនិស្ស័យគេបាន ។ ម្នាលភិក្ខុទំាងឡាយ អន្តេវាសិកត្រូវយកអាចារ្យ (ជាទីអាស្រ័យ) យ៉ាងនេះ ។ គឺអន្តេវាសិកត្រូវធ្វើចីពរឆៀងស្មាម្ខាង ហើយសំពះបាទា រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយពោលយ៉ាងនេះនឹងអាចារ្យថា បពិត្រលោកដ៏ចម្រើន សូមលោកម្ចាស់ជាអាចារ្យរបស់ខ្ញុំ ខ្ញុំសូមអាស្រ័យនៅនឹងលោកដ៏មានអាយុ បពិត្រលោកដ៏ចម្រើន សូមលោកម្ចាស់ជាអាចារ្យរបស់ខ្ញុំ ខ្ញុំសូមអាស្រ័យនៅនឹងលោកដ៏មានអាយុ បពិត្រលោកដ៏ចម្រើន សូមលោកម្ចាស់ធ្វើជាអាចារ្យរបស់ខ្ញុំ ខ្ញុំសូមអាស្រ័យនៅនឹងលោកដ៏មានអាយុ ។ ឯអាចារ្យត្រូវពន្យល់អន្តេវាសិកដោយកាយ ឬដោយវាចា ឬពន្យល់ទាំងកាយទាំងវាចាថា សាហុ [១.២.៣.៤.៥បាឡីទាំង៥បទ មានសាហុជាដើម បានប្រែក្នុងឧបជ្ឈាយ៍វត្តរួចហើយ ។] ក្តី លហុ[២]ក្តី ឧបាយិកំ [៣] ក្តី បដិរូបំ[៤]ក្តី បាសាទិកេន សម្បាទេហិ[៥]ក្តី (យ៉ាងនេះទើបឈ្មោះថា) អន្តេវាសិកយកអាចារ្យ (ជាទីអាស្រ័យ) (បើ)អាចារ្យមិនបានពន្យល់អន្តេវាសិកដោយកាយ ឬដោយវាចា ឬពន្យល់ទាំងកាយ ទាំងវាចាទេ ឈ្មោះថា អន្តេវាសិកមិនបានយកអាចារ្យ (ជាទីអាស្រ័យ)ឡើយ ។

[៩៣] ម្នាលភិក្ខុទាំងឡាយ អន្តេវាសិកត្រូវប្រព្រឹត្តឲ្យល្អនឹងអាចារ្យ ។ ឯការដែលប្រព្រឹត្តឲ្យល្អនឹងអាចា្យនោះ (ដូច្នេះ) ។ គឺអន្តេវាសិកត្រូវក្រោកអំពីព្រឹក ហើយដោះស្បែកជើង រួចគ្រងចីពរ ឆៀងស្មាម្ខាង ហើយប្រគេនឈើស្ទន់ ប្រគេនទឹកសម្រាប់លុបមុខទៅអាចារ្យ ត្រូវក្រាលអាសនៈ បើមានបបរ អន្តេវាសិកត្រូវលាងភាជន៍ ហើយដាក់បបរប្រគេនទៅអាចារ្យ កាលបើអាចារ្យឆាន់បបររួចហើយ អន្តេវាសិកត្រូវប្រគេនទឹកទៅអាចារ្យ រួចទទួលយកភាជន៍ ធ្វើឲ្យទាបស្រួល កុំឲ្យទង្គិចទង្គុកគ្នា ហើយលាងឲ្យស្អាត រួចរៀបចំទុកដាក់ កាលបើអាចារ្យក្រោកចេញហើយ អន្តេវាសិកត្រូវរើអាសនៈចេញ ថាកន្លែងនោះស្មោកគ្រោក អន្តេវាសិកត្រូវបោសកន្លែងនោះចេញ ។ បើអាចារ្យចង់ចូលទៅកាន់ស្រុក អន្តេវាសិកត្រូវប្រគេនស្បង់ទៅអាចារ្យ ហើយទទួលយកស្បង់បន្លាស់មកវិញ ត្រូវប្រគេនវត្ថពន្ធចង្កេះ ត្រូវត្រួតសង្ឃាដិទាំងឡាយជាពីរជាន់ ហើយប្រគេន ត្រូវលាងបាត្រដែលប្រកបដោយទឹក ហើយប្រគេនអាចារ្យ បើអាចារ្យចង់បានអន្តេវាសិកជាបច្ឆាសមណៈ អន្តេវាសិកត្រូវបិទបាំងមណ្ឌលបី ហើយស្លៀកឲ្យជាបរិមណ្ឌល រួចចងវត្ថពន្ធចង្កេះ ហើយត្រួតសង្ឃាដិជាពីរជាន់ ហើយសឹមឃ្លុំ រួចពាក់ឡេវកណ្ឌុំ ហើយកាន់យកបាត្រដែលលាងហើយ ធ្វើជាសមណៈ ដើរតាមក្រោយអាចារ្យទៅចុះ កុំឲ្យដើរទៅឆ្ងាយពីអាចារ្យពេក កុំឲ្យដើរទៅជិតអាចារ្យពេក ត្រូវចាំទទួលយកវត្ថុដែលគេទុកបាត្រ[ពាក្យថា វត្ថុដែលគេទុកបាត្រក្នុងទីនេះ សំដៅយកវត្ថុដែលគេប្រគេនដាក់ក្នុងបាត្រ (តាមពាក្យខ្មែរបូរាណ) ។] កាលបើអាចារ្យកំពុងនិយាយ អន្តេវាសិកមិនត្រូវដាក់ពាក្យក្នុងចន្លោះចន្លោះឡើយ បើអាចារ្យកំពុងនិយាយពាក្យជាទំនងនឹងឲ្យត្រូវអាបត្តិ អន្តេវាសិកត្រូវឃាត់ អន្តេវាសិក កាលវិលត្រឡប់មក ត្រូវមកជាមុន ហើយក្រាលអាសនៈ រួចដម្កល់ទុកនូវទឹកសម្រាប់លាងជើង តាំងសម្រាប់រងជើង ក្បឿងសម្រាប់ជូតជើងចាំ រួចត្រូវក្រោកទៅទទួលបាត្រនិងចីវរ ហើយប្រគេនស្បង់បន្លាស់ ទទួលយកស្បង់ស្លៀកមកវិញ ។ បើចីវរសើម អន្តេវាសិកត្រូវយកទៅសំដិលក្នុងទីមានកំដៅ១រំពេច តែកុំទុកចីវហាលថ្ងៃ(ឲ្យយូរពេក) ត្រូវបត់ចីវរ (យកមកទុក) កាលនឹងបត់ចីវរ ត្រូវបំផ្លើសជាយឲ្យហួសពីគ្នាប្រមាណ ៤ ធ្នាប់ ហើយសឹមបត់ចីវរ ដោយគិតថា កុំឲ្យបាក់ផ្នត់ចីវរពាក់កណ្តាលឡើយ ហើយដាក់ទុកវត្ថពន្ធចង្កេះក្នុងផ្នត់ចីវរចុះ ។ បើមានចង្ហាន់បិណ្ឌបាត ហើយអាចារ្យចង់ឆាន់ អន្តេវាសិកត្រូវប្រគេនទឹក ហើយប្រគេនចង្ហាន់បិណ្ឌបាត ត្រូវសួរអាចារ្យអំពីទឹក កាលបើអាចារ្យឆាន់រួចហើយ អន្តេវាសិកត្រូវប្រគេនទឹក រួចទទួលយកបាត្រមកវិញ ធ្វើឲ្យទាបស្រួល កុំឲ្យទង្គិចទង្គុកគ្នា ហើយលាងឲ្យស្អាត រួចជូតឲ្យស្ងួតទឹកចេញ ហើយហាលក្នុងទីមានកំដៅ១រំពេច តែកុំដាក់ទុកបាត្រហាលថ្ងៃ (ឲ្យយូរពេក) អន្តេវាសិកត្រូវទុកដាក់បាត្រនិងចីវរ កាលដែលទុកបាត្រ ត្រូវយកដៃម្ខាងចាប់បាត្រ ដៃម្ខាងស្ទាបមើលក្រោមគ្រែ ឬក្រោមតាំងសិន សឹមទុកបាត្រ ម្យ៉ាងទៀត កុំទុកដាក់បាត្រក្នុងទីដែលមិនសមគួរឡើយ កាលនឹងទុកចីវរ ត្រូវយកដៃម្ខាងចាប់ចីវរ ដៃម្ខាងជូតស្បៀងចីវរ ឬខ្សែចីវរ រួចបត់ជាយចីវរខាងណោះឲ្យជាផ្នត់មកខាងណេះ ហើយសឹមទុកចីវរចុះ កាលបើអាចារ្យក្រោកចេញហើយ អន្តេវាសិកត្រូវរើអាសនៈចេញ រួចត្រូវទុកដាក់នូវទឹកសម្រាប់លាងជើង តាំងសម្រាប់រងជើង ក្បឿងសម្រាប់ជូតជើង ប្រសិនបើកន្លែងនោះស្មោកគ្រោក អន្តេវាសិកត្រូវបោសកន្លែងនោះចេញ ។ ថាបើអាចារ្យចង់ស្រង់ទឹក អន្តេវាសិកត្រូវចាត់ចែងទឹកសម្រាប់ស្រង់ប្រគេន បើអាចារ្យត្រូវការទឹកត្រជាក់ អន្តេវាសិកត្រូវចាត់ចែងទឹកត្រជាក់ប្រគេន បើអាចារ្យត្រូវការទឹកក្តៅ អន្តេវាសិកត្រូវចាត់ចែងទឹកក្តៅប្រគេន ។ បើអាចារ្យចង់ចូលទៅឯរោងភ្លើង អន្តេវាសិកត្រូវសូន្យគ្រឿងលំអិតសម្រាប់ងូតទុក ត្រូវផ្សើមដីស្អិតទុក ហើយនាំយកតាំងសម្រាប់រោងភ្លើង ដើរតាមពីខាងក្រោយៗនៃអាចារ្យ ហើយប្រគេនតាំងសម្រាប់រោងភ្លើង រួចទទួលចីវរមកទុកដាក់ដោយឡែកវិញ រួចត្រូវប្រគេនគ្រឿងលំអិតសម្រាប់ងូត ត្រូវប្រគេនដីស្អិតទៅអាចា្យ បើអន្តេវាសិកអាចនឹងចូលទៅបាន ក៏គប្បីចូលទៅកាន់រោងភ្លើងចុះ កាលនឹងចូលទៅកាន់រោងភ្លើង ត្រូវលាបមុខដោយដីស្អិត ហើយបិទបាំងពីខាងមុខ អំពីខាងក្រោយ រួចសឹមចូលទៅកាន់រោងភ្លើង ហើយកុំឲ្យអង្គុយច្រៀតបៀតពួកភិក្ខុចាស់ឡើយ មិនត្រូវហាមអាសនៈពួកភិក្ខុថ្មី ត្រូវធ្វើបរិកម្ម មានឲ្យលំអិតសម្រាប់ងូត និងដីស្អិត ជាដើម ដល់អាចារ្យក្នុងរោងភ្លើង កាលអន្តេវាសិកដើរចេញពីរោងភ្លើងទៅ ត្រូវនាំយកតាំងសម្រាប់រោងភ្លើង ហើយបិទបាំងពីខាងមុខ ពីខាងក្រោយ រួចសឹមចេញពីរោងភ្លើង មិនតែប៉ុណ្ណោះ (ទោះបី) ក្នុងទឹក ក៏អន្តេវាសិកត្រូវតែធ្វើបរិកម្មដល់អាចារ្យដែរ កាលអន្តេវាសិកងូតរួចហើយ ត្រូវឡើងមកមុន ហើយជូតកាយរបស់ខ្លួនឲ្យស្ងួតទឹកចេញ ហើយស្លៀកស្បង់ រួចហើយត្រូវជូតទឹកពីកាយរបស់អាចារ្យ រួចត្រូវប្រគេនស្បង់ ប្រគេនសង្ឃាដិ (ទៅអាចារ្យ) ហើយអន្តេវាសិកត្រូវនាំយកតាំងសម្រាប់រោងភ្លើង ដើរចេញមកមុន រៀបចំក្រាលអាសនៈចាំ ត្រូវដំកល់ទូកនូវទឹកសម្រាប់លាងជើង តាំងសម្រាប់រងជើង និងក្បឿងសម្រាប់ជូតជើង ហើយត្រូវសួរអាចារ្យអំពីទឹកសម្រាប់ឆាន់ ។ បើអន្តេវាសិកចង់រៀនបាលី គប្បីរៀនបាឡីនឹងអាចារ្យចុះ បើអន្តេវាសិកចង់រៀនអដ្ឋកថា គប្បីរៀនអដ្ឋកថានឹងអាចារ្យចុះ ។ អាចារ្យនៅក្នុងវិហារណា បើវិហារនោះស្មោកគ្រោក បើអន្តេវាសិកអាចនឹងបោសជម្រះបាន ត្រូវបោសជម្រះចុះ កាលនឹងបោសជម្រះវិហារ ត្រូវនាំយកបាត្រនិងចីវរចេញជាមុន យកទៅដម្កល់ទុកដោយឡែក ត្រូវនាំយកកម្រាលសម្រាប់ទ្រាប់អង្គុយទៅដម្កល់ទុកដោយឡែក ត្រូវនាំយកពូកនិងខ្នើយ ទៅដម្កល់ទុកដោយឡែក ត្រូវនាំគ្រែចេញ ធ្វើឲ្យទាបស្រួល កុំឲ្យទង្គិចទង្គុកនឹងផែនដី កុំឲ្យត្រដុសសន្ទះទ្វារ និងក្របទ្វារ ហើយយកទៅដម្កល់ទុកដោយឡែក ត្រូវនាំយកតាំងចេញ ធ្វើឲ្យទាបស្រួល កុំឲ្យទង្គិចទង្គុកផែនដី កុំឲ្យត្រដុសសន្ទះទ្វារ និងក្របទ្វារ ហើយយកទៅដម្កល់ទុកដោយឡែក ត្រូវនាំយកទ្រនាប់គ្រែទៅដម្កល់ទុកដោយឡែក ត្រូវនាំយកកន្ថោរទៅទុកដោយឡែក ត្រូវនាំយកក្តារសម្រាប់ផ្អែកទៅទុកដោយឡែក ត្រូវចំណាំកម្រាលផែនដីដែលគេក្រាលទុកយ៉ាងណា ហើយនាំយកទៅទុកដោយឡែក ។ គ្រឿងស្មុកស្មាញ (មានសរសៃពីងពាងជាដើម) មាននៅក្នុងវិហារ អន្តេវាសិកត្រូវបោសចេញអំពីពិតានជាមុន ត្រូវបោសកន្លៀតជ្រុងបង្អួច បើជញ្ជាំងដែលគេលាបដោយរង់ប្រឡាក់ប្រឡូស អន្តេវាសិកត្រូវផ្សើមកំណាត់សំពត់ ពូតរួចសឹមជូត បើផ្ទៃ (ផែនដី)ដែលគេលាបដោយវត្ថុពណ៌ខ្មៅ ប្រឡាក់ប្រឡូស អន្តេវាសិកត្រូវផ្សើមកំណាត់សំពត់ ហើយពូតចេញរួចសឹមជូត បើផ្ទៃគេមិនបានលាបទេ អន្តេវាសិកត្រូវយកទឹកប្រស់រួចសឹមជូត ត្រូវប្រមូលសម្រាម ដោយគិតថា វិហារកុំប្រឡាក់ប្រឡូសដោយធូលីឡើយ ហើយយកទៅចោលដោយឡែក លុះសំដិលហាលកម្រាលផែនដីហើយ បោសគោះដីចេញឲ្យស្អាត រួចហើយសឹមនាំយកទៅក្រាលដូចដែលវិញ លុះហាលទ្រនាប់គ្រែរួចហើយ ជូតឲ្យស្អាត ហើយយកទៅដម្កល់ទុកក្នុងទីដដែលវិញ លុះហាលគ្រែរួចហើយ បោសគោះឲ្យស្អាត រួចនាំចេញទៅ ធ្វើឲ្យទាបស្រួល កុំឲ្យទង្គិចទង្គុកផែនដី កុំឲ្យត្រដុសសន្ទះទ្វារ និងក្របទ្វារ យកទៅតាំងទុកដូចដែលវិញ លុះសំដិលហាលតាំងរួចហើយ ត្រូវបោសគោះឲ្យស្អាត ហើយនាំចេញទៅដោយស្រួល កុំឲ្យទង្គិចទង្គុកផែនដី កុំឲ្យត្រដុសសន្ទះទ្វារ និងក្របទ្វារ យកទៅតាំងទុកដូចដែលវិញ លុះសំដិលពូកនិងខ្នើយហើយ គោះឲ្យស្អាត រួចនាំយកទៅក្រាលដូចដែលវិញ លុះសំដិលកម្រាលសម្រាប់ទ្រាប់អង្គុយហើយបោសគោះឲ្យស្អាត រួចយកទៅក្រាលទុកដូចដែលវិញ លុះហាលកន្ថោររួចជូតឲ្យស្អាតហើយ យកទៅដម្កល់ទុកក្នុងទីដដែលវិញ លុះហាលក្តារសម្រាប់ផ្អែក រួចជូតឲ្យស្អាតហើយ យកទៅដម្កល់ទុកក្នុងទីដដែលវិញ អន្តេវាសិក ត្រូវទុកដាក់បាត្រនិងចីវរ កាលនឹងទុកបាត្រ ដៃម្ខាងចាប់យកបាត្រ ដៃម្ខាងស្ទាបមើលក្រោមគ្រែ ឬក្រោមតាំង រួចហើយសឹមទុកបាត្រ ម្យ៉ាងទៀត កុំឲ្យទុកបាត្រលើទីដែលមិនសមគួរ កាលនឹងទុកចីវរ ដៃម្ខាងចាប់យកចីវរ ដៃម្ខាងជូតស្បៀងចីវរក្តី ខ្សែចីវរក្តី ហើយធ្វើជាយខាងណោះឲ្យជាផ្នត់មកខាងណេះ រួចសឹមទុកចីវរចុះ ។ បើមានខ្យល់បក់ទាំងធូលីមកអំពីទិសខាងកើត អន្តេវាសិកត្រូវបិទបង្អួចពីទិសខាងកើត បើមានខ្យល់បក់ទាំងធូលីមកពីទិសខាងលិច អន្តេវាសិកត្រូវបិទបង្អួចពីទិសខាងលិច បើមានខ្យល់បក់ទាំងធូលីមកពីទិសខាងជើង អន្តេវាសិកត្រូវបិទបង្អួចពីទិសខាងជើង បើមានខ្យល់បក់ទាំងធូលីមកពីទិសខាងត្បូង អន្តេវាសិកត្រូវបិទបង្អួចពីទិសខាងត្បូង បើរដូវត្រជាក់ អន្តេវាសិកត្រូវបើកបង្អួចក្នុងវេលាថ្ងៃ បិទក្នុងវេលាយប់ បើរដូវក្តៅ អន្តេវាសិកត្រូវបិទបង្អួចក្នុងវេលាថ្ងៃ បើកក្នុងវេលាយប់ ។ បើបរិវេណមានសម្រាម អន្តេវាសិកត្រូវបោសបរិវេណចេញ បើបន្ទប់ស្មោកគ្រោក អន្តេវាសិកត្រូវបោសបន្ទប់ចេញ បើរោងឆាន់ស្មោកគ្រោក អន្តេវាសិកត្រូវបោសរោងឆាន់ចេញ បើរោងភ្លើងមិនស្អាត អន្តេវាសិកត្រូវបោសរោងភ្លើងចេញ បើបង្គន់មិនស្អាត អន្តេវាសិកត្រូវបោសសំអាតចេញ បើគ្មានទឹកសម្រាប់ឆាន់ អន្តេវាសិកត្រូវដំកល់ទឹកសម្រាប់ឆាន់ បើគ្មានទឹកសម្រាប់ប្រើប្រាស់ អន្តេវាសិកត្រូវដំកល់ទឹកសម្រាប់ប្រើប្រាស់ បើគ្មានទឹកក្នុងក្អមសម្រាប់លាងអាចមន៍ទេ អន្តេវាសិកត្រូដងទឹកដាក់ក្នុងក្អមសម្រាប់លាងអាចមន៍ ។ បើអាចារ្យមានសេចក្តីអផ្សុកកើតឡើង អន្តេវាសិកត្រូវបំបាត់សេចក្តីអផ្សុកនោះដោយខ្លួនឯង ឬឲ្យគេបំបាត់សេចក្តីអផ្សុកនោះចេញក៏បាន ឬត្រូវធ្វើធម្មីកថាដល់អាចារ្យនោះ បើសេចក្តីសង្ស័យកើតឡើងដល់អាចារ្យ អន្តេវាសិកត្រូវបន្ទោបង់សេចក្តីសង្ស័យនោះដោយខ្លួនឯង ឬឲ្យគេជួយបន្ទោបង់ក៏បាន ឬត្រូវធ្វើធម្មីកថាដល់អាចារ្យនោះ បើទិដ្ឋិ គឺសេចក្តីយល់ខុស កើតឡើងដល់អាចារ្យ អន្តេវាសិកត្រូវជួយពន្យល់ ណែនាំឲ្យយល់ត្រូវឡើងដោយខ្លួនឯង ឬឲ្យអ្នកដទៃពន្យល់ក៏បាន ឬត្រូវធ្វើធម្មីកថាដល់អាចារ្យនោះ ។ បើអាចារ្យត្រូវគរុកាបត្តិ គួរនឹងចូលបរិវាស អន្តេវាសិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីឲ្យបរិវាសដល់អាចារ្យ(របស់អញ) ដោយឧបាយដូចម្តេចហ្ន៎ បើអាចារ្យគួរនឹងទាញអន្តរាបត្តិ ចូលមកក្នុងមូលាបត្តិ អន្តេវាសិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីទាញអន្តរាបត្តិចូលមកដាក់ក្នុងមូលាបត្តិចំពោះអាចារ្យ (របស់អញ) ដោយឧបាយដូចម្តេចហ្ន៎ បើអាចារ្យគួរដល់មានត្ត អន្តេវាសិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីឲ្យមានត្តដល់អាចារ្យ ដោយឧបាយដូចម្តេចហ្ន៎ បើអាចារ្យគួរដល់អព្ភានកម្ម អន្តេវាសិកត្រូវធ្វើនូវសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីធ្វើអព្ភានកម្ម (ចំពោះអាចារ្យ) ដោយឧបាយដូចម្តេចហ្ន៎ ។ បើសង្ឃមានប្រាថ្នាដើម្បីធ្វើនូវកម្ម គឺតជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តីចំពោះអាចារ្យ អន្តេវាសិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ធ្វើដូចម្តេចហ្ន៎ កុំឲ្យសង្ឃធ្វើកម្មដល់អាចារ្យ ឬសង្ឃគប្បីបង្អោនទៅដើម្បីកម្មស្រាល ដល់អាចារ្យនោះ ម្យ៉ាងទៀត កម្មគឺ តជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី ដែលសង្ឃបានធ្វើដល់អាចារ្យនោះហើយ អន្តេវាសិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ធ្វើដូចម្តេចហ្ន៎ ឲ្យលោកអាចារ្យប្រព្រឹត្តល្អទៅ ឲ្យប្រព្រឹត្តសម្របរោម គឺមិនប្រកួតប្រកាន់ ឲ្យប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួនចេញចាកអាបត្តិ សង្ឃគប្បីរម្ងាប់នូវកម្មនោះឲ្យ ។ បើចីវររបស់អាចារ្យគួរនឹងលាង អន្តេវាសិកត្រូវលាងឲ្យ ឬធ្វើសេចក្តីខ្វល់ខ្វាយថា ចីវររបស់អាចារ្យគួរលាងដោយឧបាយដូចម្តេចហ្ន៎ បើចីវររបស់អាចារ្យគួរនឹងធ្វើ (មានដេរប៉ះជាដើម) អន្តេវាសិកត្រូវធ្វើឲ្យ ឬធ្វើសេចក្តីខ្វល់ខ្វាយថា ចីវររបស់អាចារ្យគួរនឹងធ្វើដោយឧបាយដូចម្តេចហ្ន៎ បើគ្រឿងជ្រលក់របស់អាចារ្យគួរនឹងដាំ ឬស្ងោរ អន្តេវាសិកត្រូវដាំ ឬស្ងោរឲ្យ ឬធ្វើសេចក្តីខ្វល់ខ្វាយថា គ្រឿងជ្រលក់របស់អាចារ្យគួរដាំ ឬស្ងោរដោយឧបាយដូចម្តេចហ្ន៎ បើចីវររបស់អាចារ្យគួរនឹងជ្រលក់ អន្តេវាសិកត្រូវជ្រលក់ឲ្យ ឬធ្វើសេចក្តីខ្វល់ខ្វាយថា ចីវររបស់អាចារ្យគួរជ្រលក់ដោយឧបាយដូចម្តេចហ្ន៎ កាលអន្តេវាសិកជ្រលក់ចីវរ ត្រូវជលក់ដោយប្រែត្រឡប់ឲ្យសព្វល្អ ម្យ៉ាងទៀត កាលបើ (ហាលចីវរ) ដំណក់ទឹកស្រក់មិនទាន់អស់នៅឡើយ អន្តេវាសិកកុំអាលដើរចេញ ។ (បើ) អន្តេវាសិកមិនទាន់បានប្រាប់អាចារ្យទេ មិនត្រូវឲ្យបាត្រទៅភិក្ខុពួកខ្លះ[ភិក្ខុពួកខ្លះ គឺភិក្ខុដែលជាសត្រូវនឹងអាចារ្យរបស់ខ្លួន ។]ឡើយ មិនត្រូវទទួលយកបាត្ររបស់ភិក្ខុពួកខ្លះទេ មិនត្រូវឲ្យចីវរទៅភិក្ខុពួកខ្លះទេ មិនត្រូវទទួលយកចីវររបស់ភិក្ខុពួកខ្លះទេ មិនត្រូវឲ្យបរិក្ខារទៅភិក្ខុពួកខ្លះទេ មិនត្រូវទទួលយកបរិក្ខាររបស់ភិក្ខុពួកខ្លះទេ មិនត្រូវកោរសក់ឲ្យភិក្ខុពួកខ្លះទេ មិនត្រូវឲ្យភិក្ខុពួកខ្លះកោរសក់ឲ្យទេ មិនត្រូវធ្វើបរិកម្ម (គក់ច្របាច់) ឲ្យភិក្ខុពួកខ្លះទេ មិនត្រូវឲ្យភិក្ខុពួកខ្លះធ្វើបរិកម្មឲ្យខ្លួនទេ មិនត្រូវធ្វើសេចក្តីខ្វល់ខ្វាយដល់ភិក្ខុពួកខ្លះទេ មិនត្រូវឲ្យភិក្ខុពួកខ្លះធ្វើសេចក្តីខ្វល់ខ្វាយបម្រើ(ខ្លួន) មិនត្រូវធ្វើជាបច្ឆាសមណៈនៃភិក្ខុពួកខ្លះឡើយ មិនត្រូវយកភិក្ខុពួកខ្លះធ្វើជាបច្ឆាសមណៈនៃខ្លួន មិនត្រូវនាំយកបិណ្ឌបាតទៅឲ្យភិក្ខុពួកខ្លះ មិនត្រូវឲ្យភិក្ខុពួកខ្លះនាំយកបិណ្ឌបាតមកឲ្យខ្លួន ។ (បើ) អន្តេវាសិកមិនទាន់បានប្រាប់អាចារ្យទេ មិនត្រូវចូលទៅកាន់ស្រុក មិនត្រូវចូលទៅកាន់ព្រៃខ្មោច មិនត្រូវដើរចេញទៅកាន់ទិសឡើយ ។ បើអាចារ្យមាន​ជំងឺឈឺ អន្តេវាសិកត្រូវថែទាំដរាបដល់អស់ជីវិត ត្រូវទៅកំដរចាំត្រាតែអាចារ្យជាស្រឡះ ។

ចប់ អាចរិយវត្ត ។

[៩៤] ម្នាលភិក្ខុទាំងឡាយ អាចារ្យត្រូវតែប្រព្រឹត្តឲ្យល្អនឹងអន្តេវាសិក ។ ឯការដែលប្រព្រឹត្តឲ្យល្អនឹងអន្តេវាសិកនោះ (ដូចសេចក្តីតទៅនេះ) ។ ម្នាលភិក្ខុទាំងឡាយ អាចារ្យត្រូវសង្គ្រោះ ទំនុកបម្រុង ត្រូវអនុគ្រោះ អាណិតអាសូរ អន្តេវាសិកដោយការបង្រៀនបាលី ដោយការ (ពន្យល់នូវសេចក្តីនៃបាលី) អដ្ឋកថា ដោយឲ្យដម្បូន្មាន ដោយប្រៀនប្រដៅ ។ បើអាចារ្យមានបាត្រ អន្តេវាសិកគ្មានបាត្រ អាចារ្យត្រូវឲ្យបាត្រដល់អន្តេវាសិក (ប្រើប្រាស់ខ្លះផង) ឬ ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ធ្វើម្តេចហ្ន៎ បាត្រគប្បីកើតឡើងដល់អន្តេវាសិក បើអាចារ្យមានចីវរ អន្តេវាសិកគ្មានចីវរ អាចារ្យត្រូវឲ្យចីវរដល់អន្តេវាសិក ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ចីវរគប្បីកើតឡើងដល់អន្តេវាសិក ដោយឧបាយដូចម្តេចហ្ន៎ បើអាចារ្យមានគ្រឿងបរិក្ខារ អន្តេវាសិកគ្មានគ្រឿងបរិក្ខារ អាចារ្យត្រូវឲ្យគ្រឿងបរិក្ខារដល់អន្តេវាសិក ឬធ្វើសេចក្តីខ្វល់ខ្វាយថា គ្រឿងបរិក្ខារគប្បីកើតឡើងដល់អន្តេវាសិក ដោយឧបាយដូចម្តេចហ្ន៎ ។ បើអន្តេវាសិកមាន​ជំងឺ អាចារ្យត្រូវក្រោកពីព្រលឹម ហើយឲ្យឈើស្ទន់ ឲ្យទឹកលុបមុខ ក្រាលនូវអាសនៈ បើមានបបរ ត្រូវលាងភាជន៍ ដាក់បបរ ហើយយកទៅឲ្យ កាលបើអន្តេវាសិកឆាន់បបរហើយ អាចារ្យត្រូវឲ្យទឹក ហើយទទួលភាជន៍ធ្វើឲ្យទាបស្រួល ហើយត្រូវលាងទុកដាក់ដោយល្អ កុំឲ្យទង្គិចទង្គុកនឹងអ្វីឡើយ កាលបើអន្តេវាសិកក្រោកឡើង អាចារ្យត្រូវរើអាសនៈចេញ បើប្រទេសនោះមានសម្រាម អាចារ្យត្រូវបោសច្រាសប្រទេសនោះចេញ ។ បើអន្តេវាសិកចង់ចូលទៅកាន់ស្រុក អាចារ្យត្រូវឲ្យស្បង់សម្រាប់ស្លៀក ត្រូវទទួលទុកនូវស្បង់សម្រាប់ផ្លាស់ប្តូរ ត្រូវឲ្យវត្ថពន្ធចង្កេះ ត្រូវដម្រួតសង្ឃាដិ និងចីពរជាមួយគ្នា ហើយឲ្យទៅ បាត្រដែលទទឹក ត្រូវលាងជូតហើយឲ្យ ត្រូវកំណត់ទុកក្នុងចិត្តថា អន្តេវាសិក នឹងត្រូវត្រឡប់មកត្រឹមពេលស្មើនេះ ហើយត្រូវតែងតាំងអាសនៈទុកចាំ ត្រូវបម្រុងទឹកលាងជើង តាំងសម្រាប់កល់ជើង តាំងសម្រាប់ជូតជើង ត្រូវក្រោកទៅទទួលយកបាត្រ និងចីវរ ត្រូវឲ្យស្បង់សម្រាប់ផ្លាស់ ត្រូវទទួលយកស្បង់សម្រាប់ស្លៀក ។ បើចីវរសើម ត្រូវសំដិលក្នុងទីដែលមានកំដៅ១ស្របក់ ប៉ុន្តែមិនត្រូវទុកចីវរក្នុងទីដែលមានកំដៅយូរទេ ត្រូវបត់ចីវរទុក កាលនឹងបត់ចីវរ ត្រូវបំផ្លើសជាយម្ខាងឲ្យហួសគ្នាប្រមាណ ៤ ធ្នាប់ ហើយសឹមបត់ចីវរចុះ ដោយគិតថា កុំឲ្យ(ចីវរ) បាក់ផ្នត់ត្រង់ពាក់កណ្តាលឡើយ ហើយត្រូវដាក់នូវវត្ថពន្ធចង្កេះក្នុងផ្នត់ចីវរចុះ ។ បើមានអាហារបិណ្ឌបាត អន្តេវាសិកត្រូវការឆាន់ អាចារ្យត្រូវឲ្យទឹក ហើយនាំអាហារបិណ្ឌបាតចូលទៅជិត ត្រូវសួរអន្តេវាសិកអំពីទឹកឆាន់ បើអន្តេវាសិកឆាន់រួចហើយ ត្រូវឲ្យទឹក រួចទទួលយកបាត្រចេញ ធ្វើឲ្យទាបស្រួល កុំឲ្យទង្គិចទង្គុក ត្រូវលាងឲ្យស្អាត រួចហើយត្រូវជូតឲ្យស្ងួតទឹក ហើយសំដិលក្នុងទីដែលមានកំដៅមួយស្របក់ តែមិនត្រូវទុកបាត្រក្នុងទីដែលមានកំដៅយូរពេកទេ ត្រូវទុកបាត្រនិងចីវរ កាលនឹងទុកបាត្រ ត្រូវកាន់បាត្រដោយដៃម្ខាង ស្ទាបមើលទីខាងក្រោមគ្រែ ឬតាំងដោយដៃម្ខាង រួចសឹមទុកបាត្រ តែមិនត្រូវទុកបាត្រក្នុងទីមិនសមគួរឡើយ កាលនឹងទុកចីវរ ត្រូវចាប់ចីវរដោយដៃម្ខាង ជូតស្បៀងចីវរ ឬខ្សែចីវរដោយដៃម្ខាង ហើយត្រូវបត់ជាយចីវរខាងណោះឲ្យជាផ្នត់មកខាងណេះ រួចហើយសឹមទុកចីវរចុះ កាលបើអន្តេវាសិកក្រោកឡើង អាចារ្យត្រូវរើអាសនៈ ត្រូវទុកដាក់ទឹកលាងជើង តាំងសម្រាប់កល់ជើង ទ្រនាប់សម្រាប់ជូតជើង បើប្រទេសនោះមានសម្រាម អាចារ្យត្រូវបោសប្រទេសនោះចេញ ។ បើអន្តេវាសិកចង់ងូតទឹក អាចារ្យត្រូវចាត់ចែងទឹកសម្រាប់ងូតឲ្យ បើត្រូវការដោយទឹកត្រជាក់ អាចារ្យត្រូវចាត់ចែងទឹកត្រជាក់ឲ្យ បើត្រូវការដោយទឹកក្តៅ អាចារ្យត្រូវចាត់ចែងទឹកក្តៅឲ្យ ។ បើអន្តេវាសិកចង់ចូលទៅកាន់រោងភ្លើង អាចារ្យត្រូវសូន្យដុំលំអិតទុក ត្រូវផ្សើមដីស្អិតទុក រួចត្រូវនាំយកតាំងសម្រាប់រោងភ្លើងទៅ ហើយប្រគល់តាំងសម្រាប់រោងភ្លើងទៅអន្តេវាសិកស្រេចហើយ ទទួលយកចីវរមកទុកដោយឡែក រួចត្រូវឲ្យគ្រឿងលំអិត ត្រូវឲ្យដីស្អិតទៅអន្តេវាសិក បើអាចារ្យអាចនឹងចូលទៅកាន់រោងភ្លើងបាន ក៏គប្បីចូលទៅកាន់រោងភ្លើងចុះ កាលនឹងចូលទៅកាន់រោងភ្លើង ត្រូវយកដីស្អិតលាបមុខ រួចបិទបាំងទាំងខាងមុខ ខាងក្រោយ ហើយសឹមចូលទៅកាន់រោងភ្លើង ត្រូវកុំអង្គុយច្រៀតបៀតភិក្ខុចាស់ៗឡើយ ត្រូវកុំហាមអាសនៈភិក្ខុខ្ចីៗ អាចារ្យត្រូវធ្វើបរិកម្ម មានហុចដុំលំអិតជាដើម ដល់អន្តេវាសិកក្នុងរោងភ្លើង កាលនឹងចេញពីរោងភ្លើង ត្រូវនាំយកតាំងសម្រាប់រោងភ្លើងចេញ ហើយបិទបាំងទាំងខាងមុខ ខាងក្រោយ រួចសឹមយកចេញអំពីរោងភ្លើង សូម្បីក្នុងទឹក អាចារ្យក៏ត្រូវតែធ្វើបរិកម្ម មានហុចដុំលំអិតជាដើមដល់អន្តេវាសិកដែរ លុះដល់អាចារ្យងូតរួចហើយ ត្រូវឡើងមកមុន (អន្តេវាសិក) ហើយត្រូវជូតខ្លួនឲ្យស្ងួតទឹក ហើយសឹមស្លៀកស្បង់ រួចត្រូវជូតទឹកអំពីកាយរបស់អន្តេវាសិក រួចហុចស្បង់សម្រាប់ស្លៀក ហុចសង្ឃាដិទៅឲ្យអន្តេវាសិក រួចហើយត្រូវនាំយកតាំងសម្រាប់រោងភ្លើងចេញមកមុន ហើយត្រូវក្រាលអាសនៈ ត្រូវបម្រុងទឹកលាងជើង តាំងសម្រាប់កល់ជើង ទ្រនាប់សម្រាប់ជូតជើង រួចត្រូវសួរអន្តេវាសិកអំពីទឹកឆាន់ ។ ក្នុងវិហារណាដែលអន្តេវាសិកនៅ បើវិហារនោះស្មោកគ្រោក បើអាចារ្យអាចនឹងបោសច្រាស់បាន ក៏គប្បីបោសច្រាស់ចុះ កាលនឹងបោសច្រាស់វិហារ ត្រូវនាំយកបាត្រនិងចីវរចេញទៅជាមុន ហើយត្រូវទុកដាក់ក្នុងទីគួរមួយ ត្រូវនាំយកគ្រឿងកម្រាលសម្រាប់អង្គុយទៅទុកក្នុងទីសមគួរ ត្រូវនាំយកពូកនិងខ្នើយ ទៅទុកក្នុងទីសមគួរ កាលដែលនាំយកគ្រែទៅ ត្រូវធ្វើឲ្យទាបស្រួល កុំឲ្យត្រដុសនឹងផែនដី កុំឲ្យប៉ះសន្ទះទ្វារ និងក្របទ្វារ យកទៅទុកឲ្យល្អក្នុងទីសមគួរ កាលនឹងនាំយកតាំងទៅ ត្រូវធ្វើឲ្យទាបស្រួល កុំឲ្យត្រដុសនឹងផែនដី កុំឲ្យប៉ះសន្ទះទ្វារ និងក្របទ្វារ ហើយយកទៅទុកឲ្យល្អក្នុងទីសមគួរ ត្រូវយកទ្រនាប់គ្រែទៅទុកក្នុងទីសមគួរ ត្រូវនាំយកកន្ថោរទៅទុកក្នុងទីសមគួរ ត្រូវនាំយកផែនក្តារសម្រាប់ផ្អែកទៅទុកក្នុងទីសមគួរ កម្រាលផែនដី អាចារ្យត្រូវចំណាំកន្លែង ដែលគេក្រាលយ៉ាងណា ហើយនាំយកទៅទុកក្នុងទីសមគួរ ។ បើវិហារមានគ្រឿងស្មុកស្មាញ (មានសម្បុកពីងពាងជាដើម) ត្រូវបោសទម្លាក់អំពីពិតានជាមុន រួចសឹមបោសកន្លៀតជ្រុងនៃសន្ទះបង្អួច បើជញ្ជាំងដែលគេលាបជ័ររង់មានពណ៌សៅហ្មង ត្រូវជ្រលក់កំណាត់សំពត់ រួចពូតចេញ ហើយសឹមជូត បើផ្ទៃដែលគេលាបដោយពណ៌ខ្មៅ មានពណ៌សៅហ្មង ត្រូវជ្រលក់កំណាត់សំពត់ រួចពូតចេញ ហើយសឹមជូត បើផ្ទៃគេមិនបានលាបអ្វីទេ ត្រូវយកទឹកទៅប្រស់ ហើយសឹមបោស ត្រូវកំណត់ទុកក្នុងចិត្តថា វិហារកុំឲ្យស្មោកគ្រោកដោយធូលីឡើយ ហើយប្រមូលសម្រាមយកទៅចាក់ចោលដោយឡែក លុះហាលគ្រឿងកម្រាលផែនដីហើយ ត្រូវគោះរួចសាយកទៅក្រាលទុកកន្លែងដដែលវិញ លុះហាលទ្រនាប់គ្រែរួចហើយ ត្រូវជូត រួចនាំយកទៅទុកដាក់នៅទីដដែលវិញ លុះហាលគ្រែហើយ ត្រូវគោះរួចធ្វើឲ្យទាបស្រួល កុំឲ្យត្រដុសនឹងផែនដី កុំឲ្យប៉ះនឹងសន្ទះទ្វារ និងក្របទ្វារ រួចនាំយកទៅរៀបចំទុកដូចដែលវិញ លុះហាលតាំងរួចហើយ ត្រូវដុសលាង គោះឲ្យស្អាតហើយ ធ្វើឲ្យទាបស្រួល កុំឲ្យត្រដុសនឹងផែនដី កុំឲ្យប៉ះសន្ទះទ្វារ និងក្របទ្វារ រួចសាយកទៅរៀបចំទុកដូចដើមវិញ លុះហាលពូកនិងខ្នើយហើយ ត្រូវដុសលាងគោះចេញ ហើយសាយកទៅរៀបចំទុកដូចដើមវិញ លុះហាលគ្រឿងកម្រាលសម្រាប់អង្គុយហើយ ត្រូវដុសលាងគោះឲ្យស្អាតហើយ សាយកទៅរៀបទុកដូចដើមវិញ លុះហាលកន្ថោរហើយ ត្រូវជូតឲ្យស្អាត រួចយកទៅទុកនៅទីដដែលវិញ លុះហាលក្តារសម្រាប់ផ្អែកហើយ ត្រូវជូតឲ្យស្អាត រួចនាំយកទៅទុកនៅទីដដែលវិញ ត្រូវរៀបទុកបាត្រនិងចីវរ កាលនឹងទុកបាត្រ ដៃម្ខាងត្រូវចាប់បាត្រ ដៃម្ខាងត្រូវស្ទាបមើលក្រោមគ្រែ ឬក្រោមតាំងហើយសឹមទុកបាត្រ តែកុំគប្បីទុកបាត្រលើទីដែលមិនសមគួរឡើយ កាលនឹងទុកចីវរ ដៃម្ខាងត្រូវចាប់ចីវរ ដៃម្ខាងត្រូវជូតស្បៀងចីវរ ឬខ្សែសម្រាប់ហាលចីវរ ត្រូវបត់ជាយខាងណោះឲ្យជាផ្នត់មកខាងណេះ រួចសឹមទុកចីវរចុះ ។ បើខ្យល់បក់ទាំងធូលីមកពីទិសខាងកើត អាចារ្យត្រូវបិទបង្អួចខាងកើត បើខ្យល់បក់ទាំងធូលីមកពីទិសខាងលិច ត្រូវបិទបង្អួចទិសខាងលិច បើខ្យល់បក់ទាំងធូលីមកពីទិសខាងជើង ត្រូវបិទបង្អួចទិសខាងជើង បើខ្យល់បក់ទាំងធូលីមកពីទិសខាងត្បូង ត្រូវបិទបង្អួចទិសខាងត្បូង បើរដូវត្រជាក់ អាចារ្យត្រូវបើកបង្អួចក្នុងវេលាថ្ងៃ ត្រូវបិទបង្អួចក្នុងវេលាយប់ បើរដូវក្តៅ អាចារ្យត្រូវបិទបង្អួចក្នុងវេលាថ្ងៃ ត្រូវបើកបង្អួចក្នុងវេលាយប់ ។ បើបរិវេណស្មោកគ្រោកមិនស្អាត អាចារ្យត្រូវបោសទីបរិវេណចេញ បើបន្ទប់ស្មោកគ្រោកមិនស្អាត អាចារ្យត្រូវបោសបន្ទប់ចេញ បើរោងឆាន់មិនស្អាត អាចារ្យត្រូវបោសរោងឆាន់ចេញ បើរោងភ្លើងស្មោកគ្រោក អាចារ្យត្រូវបោសរោងភ្លើងចេញ បើបង្គន់ស្មោកគ្រោក អាចារ្យត្រូវបោសបង្គន់ចេញ បើគ្មានទឹកសម្រាប់ឆាន់ អាចារ្យត្រូវដំកល់ទឹកសម្រាប់ឆាន់ បើគ្មានទឹកសម្រាប់ប្រើប្រាស់ អាចារ្យត្រូវដំកល់ទឹកសម្រាប់ប្រើប្រាស់ បើទឹកក្នុងក្អមសម្រាប់លាងអាចមន៍គ្មានទេ អាចារ្យត្រូចាក់ទឹកទៅក្នុងក្អមសម្រាប់លាងអាចមន៍ ។ បើសេចក្តីអផ្សុកកើតឡើងដល់អន្តេវាសិក អាចារ្យត្រូវបំបាត់អផ្សុកដោយខ្លួនឯង ឬត្រូវឲ្យគេជួយធ្វើឲ្យបាត់អផ្សុកក៏បាន ឬត្រូវសម្តែងធម្មីកថាដល់អន្តេវាសិក បើសេចក្តីសង្ស័យកើតឡើងដល់អន្តេវាសិក អាចារ្យត្រូវជួយបន្ទោបង់ដោយខ្លួនឯង ឬត្រូវប្រើគេឲ្យជួយបន្ទោបង់ក៏បាន ឬត្រូវសម្តែងធម្មីកថាដល់អន្តេវាសិក បើអន្តេវាសិកមានទិដ្ឋិខុសកើតឡើង អាចារ្យត្រូវដោះស្រាយដោយខ្លួនឯង ឬត្រូវបង្គាប់គេឲ្យជួយដោះស្រាយក៏បាន ឬត្រូវសម្តែងធម្មីកថាដល់អន្តេវាសិក ។ បើអន្តេវាសិកត្រូវគរុកាបត្តិ គួរនឹងចូលបរិវាស អាចារ្យត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគួរឲ្យបរិវាសដល់អន្តេវាសិក ដោយឧបាយដូចម្តេចហ្ន៎ បើអន្តេវាសិកគួរទាញអន្តរាបត្តិ ចូលមកក្នុងមូលាបត្តិ អាចារ្យត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីទាញអន្តរាបត្តិចូលមកក្នុងមូលាបត្តិចំពោះអន្តេវាសិក ដោយឧបាយដូចម្តេចហ្ន៎ បើអន្តេវាសិកគួរដល់មានត្ត អាចារ្យត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីឲ្យមានត្តដល់អន្តេវាសិក ដោយឧបាយដូចម្តេចហ្ន៎ បើអន្តេវាសិកគួរដល់អព្ភានកម្ម អាចារ្យត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីធ្វើអព្ភានកម្ម ចំពោះអន្តេវាសិក ដោយឧបាយដូចម្តេចហ្ន៎ ។ បើសង្ឃចង់ធ្វើកម្ម គឺតជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តីដល់ អន្តេវាសិក អាចារ្យត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃមិនគប្បីធ្វើកម្ម ឬគប្បីបង្អោនទៅដើម្បីកម្មស្រាល ដល់អន្តេវាសិកដោយឧបាយដូចម្តេចហ្ន៎ បើកម្ម គឺតជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី សង្ឃបានធ្វើដល់អន្តេវាសិកនោះរួចហើយ អាចារ្យត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ធ្វើដូចម្តេចហ្ន៎ ឲ្យអន្តេវាសិកគប្បីប្រព្រឹត្តដោយប្រពៃ គប្បីសម្របរោម (គឺលែងប្រកែប្រកាន់) គប្បីប្រព្រឹត្តនូវការរើខ្លួនចេញចាកអាបត្តិ សង្ឃគប្បីរម្ងាប់នូវកម្មនោះ ។ បើអន្តេវាសិកត្រូវការលាងចីវរ អាចារ្យត្រូវប្រាប់ថា អ្នកគប្បីលាងយ៉ាងនេះ ពុំនោះសោត ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ចីវររបស់អន្តេវាសិកគួរលាងដោយឧបាយដូចម្តេចហ្ន៎ បើអន្តេវាសិកត្រូវការធ្វើចីវរ អាចារ្យត្រូវប្រាប់ថា អ្នកគប្បីធ្វើយ៉ាងនេះ ឬក៏ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ចីវររបស់អន្តេវាសិកគួរធ្វើដោយឧបាយដូចម្តេចហ្ន៎ បើអន្តេវាសិកត្រូវការនឹងដាំទឹកជ្រលក់ អាចារ្យត្រូវប្រាប់ថា អ្នកត្រូវដាំទឹកជ្រលក់យ៉ាងនេះ ពុំនោះសោត ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា អន្តេវាសិកគួរដាំទឹកជ្រលក់ ដោយឧបាយដូចម្តេចហ្ន៎ បើអន្តេវាសិកត្រូវការនឹងជ្រលក់ចីវរ អាចារ្យត្រូវប្រាប់ថា អ្នកគប្បីជ្រលក់ចីវរបែបនេះ ឬក៏ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា អន្តេវាសិកគប្បីជ្រលក់ចីវរ ដោយឧបាយដូចម្តេចហ្ន៎ កាលនឹងជ្រលក់ចីវរ ត្រូវជ្រលក់ប្រែឲ្យសព្វស្មើល្អ បើដំណក់ទឹកស្រក់មិនទាន់អស់ កុំអាលដើរចេញ ។ បើអន្តេវាសិកមាន​ជំងឺ អាចារ្យត្រូវថែទាំដរាបអស់ជីវិត ត្រូវរង់ចាំលុះតែជា​ជំងឺ ។

ចប់ អន្តេវាសិកវត្ត ។

[៩៥] សម័យនោះឯង ពួកអន្តេវាសិកមិនបានប្រព្រឹត្តល្អនឹងពួកអាចារ្យឡើយ ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អន្តេវាសិក ត្រូវប្រព្រឹត្តឲ្យល្អនឹងអាចារ្យ អន្តេវាសិកណាមិនប្រព្រឹត្តឲ្យល្អ នឹងត្រូវអាបត្តិទុក្កដ ។ អន្តេវាសិកទាំងនោះ ក៏នៅតែប្រព្រឹត្តមិនល្អដដែល ។ ភិក្ខុទាំងឡាយក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតដើម្បីឲ្យអាចារ្យបណ្តេញចេញនូវអន្តេវាសិកណាដែលប្រព្រឹត្តមិនល្អនឹងអាចារ្យបាន ។ ម្នាលភិក្ខុទាំងឡាយ អាចារ្យត្រូវបណ្តេញអន្តេវាសិកដូចសេចក្តីតទៅនេះ ។ គឺអាចារ្យបញ្ជាក់អន្តេវាសិកដោយកាយ ឬដោយវាចា ឬបញ្ជាក់ទាំងកាយទាំងវាចាថា ខ្ញុំបណ្តេញអ្នកឯងដូច្នេះក្តី ថាអ្នកឯងកុំនៅក្នុងទីនេះដូច្នេះក្តី ថាអ្នកឯងចូរនាំយកបាត្រនិងចីវររបស់អ្នកឯងចេញទៅដូច្នេះក្តី ថាអ្នកឯងមិនត្រូវបម្រើខ្ញុំដូច្នេះក្តី (យ៉ាងនេះ) បានឈ្មោះថា អាចារ្យបណ្តេញអន្តេវាសិក (បើ) អាចារ្យមិនបានបញ្ជាក់អន្តេវាសិកដោយកាយ ឬដោយវាចា មិនបានបញ្ជាក់ទាំងកាយ ទាំងវាចាទេ មិនហៅថាអាចារ្យបណ្តេញអន្តេវាសិកឡើយ ។ សម័យនោះឯង ពួកអន្តេវាសិកដែលអាចារ្យបានបណ្តេញចេញហើយ មិនបានសូមអាចារ្យឲ្យអត់ទោសវិញ ។ ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតដើម្បីឲ្យពួកអន្តេវាសិកសូមអាចារ្យឲ្យអត់ទោសឲ្យវិញបាន ។ ពួកអន្តេវាសិក ក៏នៅតែមិនសូមអាចារ្យឲ្យអត់ទោសឲ្យដដែល ។ ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ឯអន្តេវាសិក ដែលអាចារ្យបានបណ្តេញចេញហើយ មិនគួរជាមិនសូមអាចារ្យឲ្យអត់ទោសឲ្យវិញទេ អន្តេវាសិកណា ដែលមិនបានសូមអាចារ្យឲ្យអត់ទោសឲ្យ នឹងត្រូវអាបត្តិទុក្កដ ។ សម័យនោះឯង ពួកអាចារ្យ ដែលអន្តេវាសិកបានសូមឲ្យអត់ទោសឲ្យវិញ ក៏មិនព្រមអត់ទោសឲ្យឡើយ ។ ភិក្ខុទាំងឡាយបានក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យអាចារ្យអត់ទោសឲ្យ ។ ពួកអាចារ្យទាំងនោះ ក៏នៅតែមិនព្រមអត់ទោសឲ្យដដែល ។ ពួកអន្តេវាសិកក៏ចៀសចេញទៅខ្លះ សឹកចេញទៅខ្លះ រត់ចូលពួកតិរ្ថិយខ្លះ ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ អាចារ្យណាដែលអន្តេវាសិកសូមឲ្យអត់ទោសឲ្យ ត្រូវតែអត់ទោសឲ្យវិញ (បើ) អាចារ្យណាមិនអត់ទោសឲ្យទេ នឹងត្រូវអាបត្តិទុក្កដ ។ សម័យនោះឯង ពួកអាចារ្យបណ្តេញអន្តេវាសិកដែលមានវត្តប្រព្រឹត្តត្រឹមត្រូវចេញ មិនបានបណ្តេញអន្តេវាសិកដែលប្រព្រឹត្តមិនត្រឹមត្រូវឡើយ ។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គ ទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ អន្តេវាសិកដែលមានវត្តប្រព្រឹត្តត្រឹមត្រូវហើយ អាចារ្យមិនត្រូវបណ្តេញចេញទេ អាចារ្យណាបណ្តេញ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តែបើអន្តេវាសិកដែលមិនប្រព្រឹត្តត្រឹមត្រូវល្អ អាចារ្យគប្បីបណ្តេញចេញ (បើ) មិនបណ្តេញចេញ ត្រូវអាបត្តិទុក្កដ ។ ម្នាលភិក្ខុទាំងឡាយ អន្តេវាសិកប្រកបដោយអង្គ៥ អាចារ្យត្រូវបណ្តេញចេញ (ឯអង្គ៥នោះ) គឺអន្តេវាសិកគ្មានសេចក្តីស្រឡាញ់ពេញចិត្តមាំនឹងអាចារ្យ១ គ្មានសេចក្តីជ្រះថ្លាមាំ១ គ្មានសេចក្តីអៀនខ្មាសមាំ១ គ្មានសេចក្តីគោរពកោតក្រែងមាំ១ គ្មានភាវនាមាំ១ ម្នាលភិក្ខុទាំងឡាយ អន្តេវាសិកប្រកបដោយអង្គ៥នេះឯង អាចារ្យត្រូវបណ្តេញចេញបាន ។ ម្នាលភិក្ខុទាំងឡាយ អន្តេវាសិកប្រកបដោយអង្គ៥ អាចារ្យមិនត្រូវបណ្តេញចេញទេ (ឯអង្គ៥នោះ) គឺអន្តេវាសិកមានសេចក្តីស្រឡាញ់ពេញចិត្តមាំនឹងអាចារ្យ១ មានសេចក្តីជ្រះថ្លាមាំ១ មានសេចក្តីអៀនខ្មាសមាំ១ មានសេចក្តីគោរពក្រោតក្រែងមាំ១ មានភាវនាមាំមួន១ ម្នាលភិក្ខុទាំងឡាយ អន្តេវាសិកដែលប្រកបដោយអង្គ៥នេះឯង អាចារ្យមិនត្រូវបណ្តេញចេញទេ ។ ម្នាលភិក្ខុទាំងឡាយ អន្តេវាសិកដែលប្រកបដោយអង្គ៥ហើយ អាចារ្យគួរបណ្តេញចេញ (ឯអង្គ៥នោះ) គឺអន្តេវាសិកគ្មានសេចក្តីស្រឡាញ់ពេញចិត្តមាំនឹងអាចារ្យ១ គ្មានសេចក្តីជ្រះថ្លាមាំ១ គ្មានសេចក្តីអៀនខ្មាសមាំ១ គ្មានសេចក្តីគោរពក្រោតក្រែងមាំ១ គ្មានភាវនាមាំមួន១ ម្នាលភិក្ខុទាំងឡាយ អន្តេវាសិកដែលប្រកបដោយអង្គ៥នេះឯងហើយ អាចារ្យគួរបណ្តេញចេញ ។ ម្នាលភិក្ខុទាំងឡាយ អន្តេវាសិកដែលប្រកបដោយអង្គ៥ (ចំណែកខាងល្អ) ហើយ អាចារ្យមិនត្រូវបណ្តេញចេញទេ (ឯអង្គ៥នោះ) គឺអន្តេវាសិកមានសេចក្តីស្រឡាញ់ពេញចិត្តមាំនឹងអាចារ្យ១ មានសេចក្តីជ្រះថ្លាមាំ១ មានសេចក្តីអៀនខ្មាសមាំ១ មានសេចក្តីគោរពក្រោតក្រែងមាំ១ មានភាវនាមាំមួន១ ម្នាលភិក្ខុទាំងឡាយ អន្តេវាសិកដែលប្រកបដោយអង្គ៥នេះឯងហើយ អាចារ្យមិនគួរបណ្តេញចេញទេ ។ ម្នាលភិក្ខុទាំងឡាយ អាចារ្យ មិនបានបណ្តេញអន្តេវាសិកដែលប្រកបដោយអង្ក៥ (ចំណែកខាងអាក្រក់ហើយ) នឹងមានទោស (គឺត្រូវអាបត្តិមិនខានឡើយ) (បើ) អាចារ្យបណ្តេញចេញហើយ ទើបគ្មានទោស (គឺមិនត្រូវអាបត្តិឡើយ) (ឯអង្គ៥ចំណែកខាងអាក្រក់នោះ) គឺអន្តេវាសិកគ្មានសេចក្តីស្រឡាញ់ពេញចិត្តមាំនឹងអាចារ្យ១ គ្មានសេចក្តីជ្រះថ្លាមាំ១ គ្មានសេចក្តីអៀនខ្មាសមាំ១ គ្មានសេចក្តីគោរពកោតក្រែងមាំ១ គ្មានភាវនាមាំមួន១ ម្នាលភិក្ខុទាំងឡាយ អាចារ្យ កាលមិនបណ្តេញអន្តេវាសិកដែលប្រកបដោយអង្គ៥នេះឯងហើយ នឹងមានទោស (បើ) អាចារ្យបណ្តេញចេញ នឹងឥតទោស ។ ម្នាលភិក្ខុទាំងឡាយ អាចារ្យ កាលបណ្តេញអន្តេវាសិក ដែលប្រកបដោយអង្គ៥ (ចំណែកខាងល្អ) ហើយ នឹងមានទោស (បើ) មិនបានបណ្តេញចេញទេ នឹងឥតទោស (អង្គ៥នោះ) គឺអន្តេវាសិកមានសេចក្តីស្រឡាញ់ពេញចិត្តមាំនឹងអាចារ្យ១ មានសេចក្តីជ្រះថ្លាដ៏មាំ១ មានសេចក្តីអៀនខ្មាសមាំ១ មានសេចក្តីគោរពកោតក្រែងមាំ១ មានភាវនាដ៏មាំមួន១ ម្នាលភិក្ខុទាំងឡាយ អាចារ្យ កាលបណ្តេញនូវអន្តេវាសិកដែលប្រកបដោយអង្គ៥នេះឯងហើយ នឹងមានទោសមិនខានឡើយ បើមិនបានបណ្តេញចេញទេ ក៏ឥតមានទោសឡើយ ។

[៩៦] សម័យនោះឯង ភិក្ខុទាំងឡាយជាបុគ្គលពាល មិនឆ្លាសឲ្យនិស្ស័យ (ដល់អន្តេវាសិក) ដោយអាងថា យើងមានវស្សា១០ហើយ យើងមានវស្សា១០ហើយ ។ ពួកអាចារ្យជាមនុស្សពាល ពួកអន្តេវាសិកជាបណ្ឌិតក៏ប្រាកដ ពួកអាចារ្យជាមនុស្សមិនឆ្លាស ពួកអន្តេវាសិកជាមនុស្សឆ្លាសក៏ប្រាកដ ពួកអាចារ្យជាមនុស្សចេះដឹងតិច ពួកអន្តេវាសិកជាមនុស្សចេះដឹងច្រើនក៏ប្រាកដ ពួកអាចារ្យជាមនុស្សអាប់ឥតបញ្ញា ពួកអន្តេវាសិកជាមនុស្សមានបញ្ញាក៏ប្រាកដ ។ ភិក្ខុទាំងឡាយណាមានសេចក្តី ប្រាថ្នាតិច ។បេ ។ ភិក្ខុទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងឡាយជាមនុស្សពាល មិនឆ្លាស មិនសមបើនឹងហ៊ានឲ្យនិស្ស័យ (ដល់អន្តេវាសិក) ដោយអាងថា យើងមានវស្សា១០ហើយ យើងមានវស្សា១០ហើយ ពួកអាចារ្យជាមនុស្សពាល ពួកអន្តេវាសិកជាបណ្ឌិតក៏ប្រាកដ ពួកអាចារ្យមិនឆ្លាស ពួកអន្តេវាសិកឆ្លាសក៏ប្រាកដ ពួកអាចារ្យចេះដឹងតិច ពួកអន្តេវាសិកចេះដឹងច្រើនក៏ប្រាកដ ពួកអាចារ្យអាប់ឥតបញ្ញា ពួកអន្តេវាសិកមានបញ្ញាក៏ប្រាកដ ។ វេលានោះ ភិក្ខុទាំងនោះបានក្រាបទូលសេចក្តីនុ៎ះដល់ព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកភិក្ខុជាមនុស្សពាល មិនឆ្លាស ឲ្យនិស្ស័យ (ដល់អន្តេវាសិក) ដោយអាងថា យើងមានវស្សា១០ហើយ យើងមានវស្សា១០ហើយ ពួកអាចារ្យជាមនុស្សពាល... ពួកអន្តេវាសិកមានបញ្ញាក៏ប្រាកដ ពិតមែនឬ ។ ភិក្ខុទាំងនោះក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន ។ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានជោគ ...ក៏ទ្រង់បន្ទោស លុះទ្រង់បន្ទោសរួចហើយ ទើបធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលជាមនុស្សពាល មិនឆ្លាស មិនត្រូវឲ្យនិស្ស័យទេ ភិក្ខុណាឲ្យ នឹងត្រូវអាបត្តិទុក្កដ ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលឆ្លាសប្រតិពល មានវស្សា១០ ឬមានវស្សាច្រើនជាង១០ ឡើងទៅ ឲ្យនិស្ស័យបាន ។

[៩៧] សម័យនោះឯង កាលបើអាចារ្យ និងឧបជ្ឈាយ៍ទំាងឡាយចៀសចេញទៅក្តី សឹកចេញទៅក្តី ធ្វើមរណកាលទៅក្តី រត់ចូលទៅកាន់ពួកតិរ្ថិយក្តី ពួកភិក្ខុក៏មិនដឹងសេចក្តីរម្ងាប់ចាកនិស្ស័យ គឺដាច់និស្ស័យបានឡើយ ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ការរម្ងាប់និស្ស័យ គឺដាច់និស្ស័យ ព្រោះឧបជ្ឈាយ៍នេះ មាន៥យ៉ាង គឺទី១ ឧបជ្ឈាយ៍ចៀសចេញទៅក្តី ទី២ឧបជ្ឈាយ៍សឹកចេញទៅក្តី ទី៣ឧបជ្ឈាយ៍ធ្វើមរណកាលទៅក្តី ទី ៤ ឧបជ្ឈាយ៍ទៅកាន់តិរ្ថិយក្តី ទី៥ឧបជ្ឈាយ៍បណ្តេញចេញក្តី ម្នាលភិក្ខុទាំងឡាយ ការដែលរម្ងាប់និស្ស័យ គឺដាច់និស្ស័យ ព្រោះឧបជ្ឈាយ៍មាន៥យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ការរម្ងាប់និស្ស័យ គឺដាច់និស្ស័យ ព្រោះអាចារ្យនេះ មាន៦យ៉ាង គឺទី១ អាចារ្យចៀសចេញទៅក្តី ទី២សឹកចេញទៅក្តី ទី៣ធ្វើមរណកាលទៅក្តី ទី ៤ ទៅកាន់ពួកតិរ្ថិយក្តី ទី៥បណ្តេញចេញក្តី ទី៦ អាចារ្យបានទៅនៅរួបរួមជាមួយនឹងឧបជ្ឈាយ៍ក្តី ម្នាលភិក្ខុទាំងឡាយ ការដែលរម្ងាប់និស្ស័យ គឺដាច់និស្ស័យ ព្រោះអាចារ្យមាន៦យ៉ាងនេះឯង ។

[៩៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥ មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួនឡើយ គឺភិក្ខុដែលមិនប្រកបដោយសីលក្ខន្ធជាអសេក្ខៈ គឺជារបស់អសេក្ខបុគ្គល១ មិនប្រកបដោយសមាធិក្ខន្ធជាអសេក្ខៈ១ មិនប្រកបដោយបញ្ញាខន្ធជាអសេក្ខៈ១ មិនប្រកបដោយវិមុត្តិក្ខន្ធជាអសេក្ខៈ១ មិនប្រកបដោយវិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួនឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួន គឺភិក្ខុប្រកបដោយសីលក្ខន្ធជាអសេក្ខៈ១ ប្រកបដោយសមាធិក្ខន្ធជាអសេក្ខៈ១ ប្រកបដោយបញ្ញាខន្ធជាអសេក្ខៈ១ ប្រកបដោយវិមុត្តិក្ខន្ធជាអសេក្ខៈ១ ប្រកបដោយវិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥នេះឯង គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួនឡើយ គឺភិក្ខុមិនប្រកបដោយសីលក្ខន្ធជាអសេក្ខៈដោយខ្លួនឯង មិនបានដឹកនាំកុលបុត្រដទៃឲ្យកាន់យកនូវសីលក្ខន្ធជាអសេក្ខៈ១ មិនប្រកបដោយសមាធិក្ខន្ធជាអសេក្ខៈដោយខ្លួនឯង មិនបានដឹកនាំកុលបុត្រដទៃឲ្យកាន់យកនូវសមាធិក្ខន្ធជាអសេក្ខៈ១ មិនប្រកបដោយបញ្ញាខន្ធជាអសេក្ខៈដោយខ្លួនឯង មិនបានដឹកនាំកុលបុត្រដទៃឲ្យកាន់យកនូវបញ្ញាខន្ធជាអសេក្ខៈ១ មិនប្រកបដោយវិមុត្តិក្ខន្ធជាអសេក្ខៈដោយខ្លួនឯង មិនបានដឹកនាំកុលបុត្រដទៃឲ្យកាន់យកនូវវិមុត្តិក្ខន្ធជាអសេក្ខៈ១ មិនប្រកបដោយវិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈដោយខ្លួនឯង មិនបានដឹកនាំកុលបុត្រដទៃឲ្យកាន់យកនូវវិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥នេះ មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួនទេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន គឺភិក្ខុប្រកបដោយសីលក្ខន្ធជាអសេក្ខៈដោយខ្លួនឯង ដឹកនាំកុលបុត្រដទៃឲ្យកាន់យកនូវសីលក្ខន្ធជាអសេក្ខៈ១ ប្រកបដោយសមាធិក្ខន្ធជាអសេក្ខៈដោយខ្លួនឯង ដឹកនាំកុលបុត្រដទៃឲ្យកាន់យកនូវសមាធិក្ខន្ធជាអសេក្ខៈ១ ប្រកបដោយបញ្ញាខន្ធជាអសេក្ខៈដោយខ្លួនឯង ដឹកនាំកុលបុត្រដទៃឲ្យកាន់យកនូវបញ្ញាខន្ធជាអសេក្ខៈ១ ប្រកបដោយវិមុត្តិក្ខន្ធជាអសេក្ខៈដោយខ្លួនឯង ដឹកនាំកុលបុត្រដទៃឲ្យកាន់យកនូវវិមុត្តិក្ខន្ធជាអសេក្ខៈ១ ប្រកបដោយវិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈដោយខ្លួនឯង ដឹកនាំកុលបុត្រដទៃឲ្យកាន់យកនូវវិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួនទេ គឺភិក្ខុគ្មានសទ្ធា១ មិនខ្មាសបាប១ មិនខ្លាចបាប១ ខ្ជិល១ ភ្លេចស្មារតី១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួនឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន គឺភិក្ខុមានសទ្ធា១ ខ្មាសបាប១ ខ្លាចបាប១ ប្រារព្ធព្យាយាមជាប់១ មានសតិខ្ជាប់ខ្ជួន១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥នេះឯង គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួនទេ គឺភិក្ខុវិបត្តិចាកសីល គឺត្រូវអាបត្តិបារាជិក និងសង្ឃាទិសេសក្នុងអធិសីល (បាដិមោក្ខសំវរសីល)១ វិបត្តិចាកមារយាទ គឺត្រូវអាបត្តិ៥កង មានថុល្លច្ច័យជាដើម ក្នុងអជ្ឈាចារ១ វិបត្តិចាកទិដ្ឋិ ក្នុងសម្មាទិដ្ឋិ គឺភិក្ខុលះបង់សម្មាទិដ្ឋិ ទៅប្រកបដោយអន្តគាហិកទិដ្ឋិវិញ១ ចេះដឹងតិច១ អាប់ឥតប្រាជ្ញា១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួនទេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើបាន គឺភិក្ខុមិនវិបត្តិចាកសីល ក្នុងអធិសីល១ មិនបានវិបត្តិចាកមារយាទ ក្នុងអជ្ឈាចារ១ មិនបានវិបត្តិចាកទិដ្ឋិ ក្នុងសម្មាទិដ្ឋិ គឺភិក្ខុមិនលះបង់សម្មាទិដ្ឋិ ទៅប្រកបដោយអន្តគាហិកទិដ្ឋិ១ ចេះដឹងច្រើន១ មានប្រាជ្ញា១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួនទេ គឺភិក្ខុមិនអាចដើម្បីបម្រើនូវអន្តេវាសិក ឬនូវសទ្ធិវិហារិកដែលមាន​ជំងឺដោយខ្លួនឯង ឬឲ្យគេបម្រើ១ មិនអាចដើម្បីបំបាត់នូវសេចក្តីអផ្សុករបស់អន្តេវាសិក ឬរបស់សទ្ធិវិហារិកដោយខ្លួនឯង ឬឲ្យគេបំបាត់ឲ្យ១ មិនអាចដើម្បីបន្ទោបង់នូវសេចក្តីសង្ស័យដែលកើតឡើងដល់អន្តេវាសិក ឬសទ្ធិវិហារិកដោយខ្លួនឯង ឬឲ្យអ្នកដទៃបំបាត់ឲ្យ (ដោយនិយាយ)ធម៌១ មិនស្គាល់អាបត្តិ១ មិនស្គាល់វិធីចេញចាកអាបត្តិ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួនទេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន គឺភិក្ខុអាចដើម្បីបម្រើដោយខ្លួនឯងក្តី ឲ្យគេបម្រើក្តីនូវអន្តេវាសិក ឬនូវសទ្ធិវិហារិកដែលមាន​ជំងឺ១ អាចដើម្បីបំបាត់ដោយខ្លួនឯងក្តី ឲ្យគេបំបាត់ក្តី នូវសេចក្តីអផ្សុករបស់អន្តេវាសិក ឬរបស់សទ្ធិវិហារិក១ អាចដើម្បីបន្ទោបង់ដោយខ្លួនឯងក្តី ឲ្យគេបន្ទោបង់ក្តី នូវសេចក្តីសង្ស័យដែលកើតឡើងដល់អន្តេវាសិក ឬសទ្ធិវិហារិក (ដោយនិយាយ)ធម៌១ ស្គាល់អាបត្តិ១ ស្គាល់វិធីចេញចាកអាបត្តិ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួនទេ គឺភិក្ខុមិនអាចដើម្បីញុំាងអន្តេវាសិក ឬនូវសទ្ធិវិហារិកឲ្យសិក្សាក្នុងអភិសមាចារិកសិក្ខា (ខន្ធកវគ្គ)១ មិនអាចដើម្បីទូន្មាននូវអន្តេវាសិក ឬសទ្ធិវិហារិកដោយអាទិព្រហ្មចរិយសិក្ខា (សេក្ខប្បញ្ញត្តិ)១ មិនអាចដើម្បីទូន្មាននូវអន្តេវាសិក ឬសទ្ធិវិហារិកក្នុងធម៌ដ៏ក្រៃលែង (ការកំណត់នូវនាមនិងរូប)១ មិនអាចដើម្បីទូន្មាននូវអន្តេវាសិក ឬសទ្ធិវិហារិកក្នុងវិន័យដ៏ក្រៃលែង (វិន័យបិដកទាំងមូល)១ មិនអាចដើម្បីដោះស្រាយនូវទិដ្ឋិខុស ដែលកើតឡើងដល់អន្តេវាសិក ឬសទ្ធិវិហារិកដោយធម៌១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៥នេះ មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួនទេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥នេះ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើបាន គឺភិក្ខុអាចដើម្បីបង្រៀនអន្តេវាសិក ឬសទ្ធិវិហារិក ក្នុងអភិសមាចារិកាសិក្ខា១ អាចដើម្បីទូន្មាននូវអន្តេវាសិក ឬសទ្ធិវិហារិកក្នុងអាទិព្រហ្មចរិយកាសិក្ខា១ អាចដើម្បីទូន្មាននូវអន្តេវាសិក ឬសទ្ធិវិហារិកក្នុងអភិធម្ម១ អាចដើម្បីទូន្មានអន្តេវាសិក ឬសទ្ធិវិហារិកក្នុងអភិវិន័យ១ អាចដើម្បីដោះស្រាយនូវទិដ្ឋិខុស ដែលកើតឡើងដល់អន្តេវាសិក ឬសទ្ធិវិហារិកដោយធម៌១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួនទេ គឺភិក្ខុមិនស្គាល់អាបត្តិ១ មិនស្គាល់អនាបត្តិ១ មិនស្គាល់លហុកាបត្តិ១ មិនស្គាល់គរុកាបត្តិ១ មិនបានចេះចាំនូវបាតិមោក្ខទាំងពីរ គឺភិក្ខុបាតិមោក្ខ និងភិក្ខុនីបាតិមោក្ខ (ដោយពិស្តារ) មិនបានចែកដោយល្អ មិនបានប្រព្រឹត្តទៅដោយល្អ (ចាំស្ទាត់រត់មាត់) មិនបានវិនិច្ឆ័យដោយល្អតាមសុត្ត (ខន្ធកៈ និងបរិវារៈ) តាមអនុព្យញ្ជនៈ (បរិបូណ៌ដោយបទ និងអក្ខរ)១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួនទេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥នេះ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន គឺភិក្ខុស្គាល់អាបត្តិ១ ស្គាល់អនាបត្តិ១ ស្គាល់លហុកាបត្តិ១ ស្គាល់គរុកាបត្តិ១ ចេះចាំនូវបាតិមោក្ខទាំងពីរ ដោយពិស្តារ ហើយចែកដោយល្អ ប្រព្រឹត្តទៅដោយល្អ វិនិច្ឆ័យដោយល្អតាមសុត្ត តាមអនុព្យញ្ជនៈ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើទេ គឺភិក្ខុមិនស្គាល់អាបត្តិ១ មិនស្គាល់អនាបត្តិ១ មិនស្គាល់លហុកាបត្តិ១ មិនស្គាល់គរុកាបត្តិ១ មានវស្សាមិនទាន់គ្រប់ដប់១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួនទេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន គឺភិក្ខុស្គាល់អាបត្តិ១ ស្គាល់អនាបត្តិ១ ស្គាល់លហុកាបត្តិ១ ស្គាល់គរុកាបត្តិ១ មានវស្សាដប់ ឬច្រើនជាងដប់ឡើងទៅ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥នេះឯង គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើបាន ។

ចប់ ឧបសម្បាទេតព្វបញ្ចកសោឡសវារៈ ។

[៩៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៦ មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួន គឺភិក្ខុមិនប្រកបដោយសីលក្ខន្ធជាអសេក្ខៈ១ មិនប្រកបដោយសមាធិក្ខន្ធជាអសេក្ខៈ១ មិនប្រកបដោយបញ្ញាខន្ធជាអសេក្ខៈ១ មិនប្រកបដោយវិមុត្តិក្ខន្ធជាអសេក្ខៈ១ មិនប្រកបដោយវិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈ១ មានវស្សាមិនទាន់គ្រប់ដប់១  ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៦នេះឯង មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួនទេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៦នេះ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើបាន គឺភិក្ខុប្រកបដោយសីលក្ខន្ធជាអសេក្ខៈ១ ប្រកបដោយសមាធិក្ខន្ធជាអសេក្ខៈ១ ប្រកបដោយបញ្ញាខន្ធជាអសេក្ខៈ១ ប្រកបដោយវិមុត្តិក្ខន្ធជាអសេក្ខៈ១ ប្រកបដោយវិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈ១ មានវស្សាដប់ ឬមានវស្សាច្រើនជាងដប់ឡើងទៅ១  ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៦នេះឯង គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៦ដទៃទៀត មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួនទេ គឺភិក្ខុមិនប្រកបដោយសីលក្ខន្ធជាអសេក្ខៈដោយខ្លួនឯង មិនបានដឹកនាំអ្នកដទៃឲ្យកាន់យកនូវសីលក្ខន្ធជាអសេក្ខៈ១ មិនប្រកបដោយសមាធិក្ខន្ធជាអសេក្ខៈ ដោយខ្លួនឯង មិនបានដឹកនាំអ្នកដទៃឲ្យកាន់យកនូវសមាធិក្ខន្ធជាអសេក្ខៈ១ មិនប្រកបដោយបញ្ញាខន្ធជាអសេក្ខៈ ដោយខ្លួនឯង មិនបានដឹកនាំអ្នកដទៃឲ្យកាន់យកនូវបញ្ញាខន្ធជាអសេក្ខៈ១ មិនប្រកបដោយវិមុត្តិក្ខន្ធជាអសេក្ខៈ ដោយខ្លួនឯង មិនបានដឹកនាំអ្នកដទៃឲ្យកាន់យកនូវវិមុត្តិក្ខន្ធជាអសេក្ខៈ១ មិនបានប្រកបដោយវិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈ ដោយខ្លួនឯង មិនបានដឹកនាំអ្នកដទៃឲ្យកាន់យកនូវវិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈ១ មានវស្សាមិនទាន់គ្រប់ដប់១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៦នេះឯង មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួនទេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៦ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន គឺភិក្ខុប្រកបដោយសីលក្ខន្ធជាអសេក្ខៈដោយខ្លួនឯង បានដឹកនាំអ្នកដទៃឲ្យកាន់យកនូវសីលក្ខន្ធជាអសេក្ខៈ១ ប្រកបដោយសមាធិក្ខន្ធជាអសេក្ខៈ ដោយខ្លួនឯង បានដឹកនាំអ្នកដទៃឲ្យកាន់យកនូវសមាធិក្ខន្ធជាអសេក្ខៈ១ ប្រកបដោយបញ្ញាខន្ធជាអសេក្ខៈ ដោយខ្លួនឯង បានដឹកនាំអ្នកដទៃឲ្យកាន់យកនូវបញ្ញាខន្ធជាអសេក្ខៈ១ ប្រកបដោយវិមុត្តិក្ខន្ធជាអសេក្ខៈ ដោយខ្លួនឯង បានដឹកនាំអ្នកដទៃឲ្យកាន់យកនូវវិមុត្តិក្ខន្ធជាអសេក្ខៈ១ ប្រកបដោយវិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈ ដោយខ្លួនឯង បានដឹកនាំអ្នកដទៃឲ្យកាន់យកនូវវិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈ១ មានវស្សាដប់ ឬមានវស្សាច្រើនជាងដប់ឡើងទៅ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៦នេះឯង គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើបាន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៦ដទៃទៀត មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើទេ គឺភិក្ខុគ្មានសទ្ធា១ មិនខ្មាសបាប១ មិនខ្លាចបាប១ ខ្ជិល១ ភ្លេចស្មារតី១ មានវស្សាមិនទាន់គ្រប់ដប់១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៦នេះឯង មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើទេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៦ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន គឺភិក្ខុមានសទ្ធា១ មានសេចក្តីខ្មាសបាប១ មានសេចក្តីខ្លាចបាប១ ប្រារព្ធព្យាយាមជាប់១ មានសតិខ្ជាប់ខ្ជួន១ មានវស្សាដប់ ឬមានវស្សាច្រើនជាងដប់ឡើងទៅ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៦នេះឯង គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៦ដទៃទៀត មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើទេ គឺភិក្ខុវិបត្តិចាកសីល ក្នុងអធិសីល១ វិបត្តិចាកមារយាទ ក្នុងអជ្ឈាចារ១ វិបត្តិចាកទិដ្ឋិ ក្នុងសម្មាទិដ្ឋិ គឺភិក្ខុលះបង់សម្មាទិដ្ឋិ ហើយទៅប្រកបដោយអន្តគាហិកទិដ្ឋិវិញ១ ចេះដឹងតិច១ អាប់ឥតប្រាជ្ញា១ មានវស្សាមិនទាន់គ្រប់ដប់១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៦នេះឯង មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើទេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៦ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើបាន គឺភិក្ខុមិនបានវិបត្តិចាកសីល ក្នុងអធិសីល១ មិនបានវិបត្តិចាកមារយាទ ក្នុងអជ្ឈាចារ១ មិនបានវិបត្តិចាកទិដ្ឋិ ក្នុងសម្មាទិដ្ឋិ១ ចេះដឹងច្រើន១ មានប្រាជ្ញា១ មានវស្សាដប់ ឬមានវស្សាច្រើនជាងដប់ឡើងទៅ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៦នេះ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៦ដទៃទៀត មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើទេ គឺភិក្ខុមិនអាចដើម្បីបម្រើដោយខ្លួនឯងក្តី ឲ្យគេបម្រើក្តី នូវអន្តេវាសិក ឬនូវសទ្ធិវិហារិកដែលមាន​ជំងឺ១ មិនអាចដើម្បីបំបាត់ដោយខ្លួនឯងក្តី ឲ្យគេបំបាត់ក្តី នូវសេចក្តីអផ្សុករបស់អន្តេវាសិក ឬសទ្ធិវិហារិក១ មិនអាចដើម្បីបន្ទោបង់ដោយខ្លួនឯងក្តី ឲ្យគេបន្ទោបង់ក្តី នូវសេចក្តីសង្ស័យដែលកើតឡើងចំពោះអន្តេវាសិក ឬសទ្ធិវិហារិកដោយធម៌១ មិនស្គាល់អាបត្តិ១ មិនស្គាល់វិធីដែលចេញចាកអាបត្តិ១ មានវស្សាមិនទាន់គ្រប់ដប់១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៦នេះឯង មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួនទេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៦ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន គឺភិក្ខុអាចដើម្បីបម្រើដោយខ្លួនឯងក្តី ឲ្យគេបម្រើក្តីនូវអន្តេវាសិក ឬសទ្ធិវិហារិកដែលមាន​ជំងឺ១ អាចដើម្បីបំបាត់ដោយខ្លួនឯងក្តី ឲ្យគេបំបាត់ក្តី នូវសេចក្តីអផ្សុករបស់អន្តេវាសិក ឬរបស់សទ្ធិវិហារិក១ អាចបន្ទោបង់ដោយខ្លួនឯងក្តី ឲ្យគេបន្ទោបង់ក្តី នូវសេចក្តីសង្ស័យដែលកើតឡើងចំពោះអន្តេវាសិក ឬសទ្ធិវិហារិក ដោយធម៌១ ស្គាល់អាបត្តិ១ ស្គាល់វិធីដែលចេញចាកអាបត្តិ១ មានវស្សាដប់ ឬច្រើនជាងដប់ឡើងទៅ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥៦នេះឯង គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៦ដទៃទៀត មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើទេ គឺភិក្ខុមិនអាចដើម្បីញុំាងអន្តេវាសិក ឬសទ្ធិវិហារិកឲ្យសិក្សាក្នុងអភិសមាចារិកាសិក្ខា (ខន្ធកវគ្គ)១ មិនអាចដើម្បីទូន្មាននូវអន្តេវាសិក ឬសទ្ធិវិហារិកក្នុងអាទិព្រហ្មចរិយកាសិក្ខា (សេក្ខប្បញ្ញត្តិ)១ មិនអាចដើម្បីទូន្មាននូវអន្តេវាសិក ឬសទ្ធិវិហារិកក្នុងអភិធម្ម១ មិនអាចដើម្បីទូន្មាននូវអន្តេវាសិក ឬសទ្ធិវិហារិកក្នុងអភិវិន័យ១ មិនអាចដើម្បីដោះស្រាយនូវទិដ្ឋិខុស ដែលកើតឡើងចំពោះអន្តេវាសិក ឬសទ្ធិវិហារិកដោយធម៌១ មានវស្សាមិនទាន់គ្រប់ដប់១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៦នេះឯង មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើទេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៦ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន គឺភិក្ខុអាចដើម្បីញុំាងអន្តេវាសិក ឬសទ្ធិវិហារិក ក្នុងអភិសមាចារិកាសិក្ខា១ អាចដើម្បីទូន្មាននូវអន្តេវាសិក ឬសទ្ធិវិហារិកក្នុងអាទិព្រហ្មចរិយកាសិក្ខា១ អាចដើម្បីទូន្មាននូវអន្តេវាសិក ឬសទ្ធិវិហារិកក្នុងអភិធម្ម១ អាចដើម្បីទូន្មាននូវអន្តេវាសិក ឬសទ្ធិវិហារិកក្នុងអភិវិន័យ១ អាចដើម្បីដោះស្រាយនូវទិដ្ឋិខុស ដែលកើតឡើងចំពោះអន្តេវាសិក ឬសទ្ធិវិហារិកដោយធម៌១ មានវស្សាដប់ ឬមានវស្សាច្រើនជាងដប់ឡើងទៅ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៦នេះឯង គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើបាន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៦ដទៃទៀត មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើទេ គឺភិក្ខុមិនស្គាល់អាបត្តិ១ មិនស្គាល់អនាបត្តិ១ មិនស្គាល់លហុកាបត្តិ១ មិនស្គាល់គរុកាបត្តិ១ មិនបានចេះចាំស្ទាត់នូវបាតិមោក្ខទាំងពីរដោយពិស្តារ មិនបានចែកដោយល្អ មិនបានប្រព្រឹត្តទៅដោយល្អ មិនបានវិនិច្ឆ័យដោយត្រឹមត្រូវតាមសុត្ត តាមអនុព្យញ្ជនៈ១ មានវស្សាមិនទាន់គ្រប់ដប់១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៦នេះឯង មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើទេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៦ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើបាន គឺភិក្ខុស្គាល់អាបត្តិ១ ស្គាល់អនាបត្តិ១ ស្គាល់លហុកាបត្តិ១ ស្គាល់គរុកាបត្តិ១ ចេះចាំស្ទាត់នូវបាតិមោក្ខទាំងពីរដោយពិស្តារ ចែកចេញដោយល្អ ប្រព្រឹត្តទៅដោយល្អ វិនិច្ឆ័យដោយត្រឹមត្រូវតាមសុត្ត តាមអនុព្យញ្ជនៈ១ មានវស្សាដប់ ឬច្រើនជាងដប់ឡើងទៅ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៦នេះ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន ។

ចប់ ឧបសម្បាទេតព្វឆក្កសោឡសវារៈ ។

[១០០] សម័យនោះឯង ភិក្ខុណាដែលធ្លាប់ជាតិរ្ថិយដទៃ កាលបើឧបជ្ឈាយ៍និយាយប្រដៅប្រកបដោយធម៌ហើយ ក៏ពោលតិះដៀលឧបជ្ឈាយ៍ ហើយរត់ចូលទៅកាន់លទ្ធិតិរ្ថិយនោះដូចដែលវិញ ។ បុគ្គលនោះវិលត្រឡប់មកសូមឧបសម្បទានឹងភិក្ខុទាំងឡាយម្តងទៀត ។ ភិក្ខុទាំងនោះបានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាដែលធ្លាប់ជាតិរ្ថិយដទៃហើយ កាលបើឧបជ្ឈាយ៍និយាយប្រដៅប្រកបដោយធម៌ហើយ ក៏ពោលតិះដៀលឧបជ្ឈាយ៍ ហើយរត់ចៀសទៅកាន់លទ្ធិតិរ្ថិយនោះដូចដែលវិញ លុះបុគ្គលនោះត្រឡប់មកវិញ សង្ឃមិនត្រូវឲ្យឧបសម្បទាឡើយ ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើបុគ្គលណាឯទៀត ធ្លាប់ជាតិរ្ថិយដទៃ ហើយប្រាថ្នាបព្វជ្ជា ប្រាថ្នាឧបសម្បទាក្នុងធម៌វិន័យនេះ សង្ឃត្រូវឲ្យបរិវាសដល់បុគ្គលនោះកំណត់ត្រឹម ៤ ខែ ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាសបែបយ៉ាងនេះ ។ គឺភិក្ខុត្រូវឲ្យបុគ្គលនោះកោរសក់ និងពុកមាត់ជាមុន រួចហើយឲ្យស្លៀកដណ្តប់សំពត់កាសាយៈ ហើយឲ្យគ្រងចីពរឆៀងស្មាម្ខាងរួចហើយ ឲ្យថ្វាយបង្គំបាទាភិក្ខុទាំងឡាយ រួចឲ្យអង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយត្រូវប្រាប់ថា អ្នកឯងចូរពោលយ៉ាងនេះ គឺត្រូវពោលថា ខ្ញុំព្រះករុណាសូមដល់នូវព្រះពុទ្ធជាទីរលឹក ខ្ញុំព្រះករុណាសូមដល់នូវព្រះធម៌ជាទីរលឹក ខ្ញុំព្រះករុណាសូមដល់នូវព្រះសង្ឃជាទីរលឹក ខ្ញុំព្រះករុណាសូមដល់នូវព្រះពុទ្ធជាទីរលឹក ជាគម្រប់​ពីរដងផង ខ្ញុំព្រះករុណាសូមដល់នូវព្រះធម៌ជាទីរលឹក ជាគម្រប់​ពីរដងផង ខ្ញុំព្រះករុណាសូមដល់នូវព្រះសង្ឃជាទីរលឹក ជាគម្រប់​ពីរដងផង ខ្ញុំព្រះករុណាសូមដល់នូវព្រះពុទ្ធជាទីរលឹក ជាគម្រប់​បីដងផង ខ្ញុំព្រះករុណាសូមដល់នូវព្រះធម៌ជាទីរលឹក ជាគម្រប់​បីដងផង ខ្ញុំព្រះករុណាសូមដល់នូវព្រះសង្ឃជាទីរលឹក ជាគម្រប់​បីដងផង ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃនោះ ត្រូវចូលទៅកាន់ជំនុំសង្ឃ ហើយពាក់ចីពរឆៀងស្មាម្ខាង រួចថ្វាយបង្គំបាទាភិក្ខុទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយគប្បីពោលយ៉ាងនេះនឹងសង្ឃថា បពិត្រព្រះសង្ឃដ៏ចម្រើន ខ្ញុំព្រះករុណាឈ្មោះនេះ ធ្លាប់ជាតិរ្ថិយដទៃ ប្រាថ្នានូវឧបសម្បទាក្នុងធម៌វិន័យនេះ បពិត្រព្រះសង្ឃដ៏ចម្រើន ខ្ញុំព្រះករុណានោះសូមបរិវាសនឹងសង្ឃអស់ ៤ ខែ ។ បុគ្គលនោះ គប្បីសូមជាគម្រប់​ពីរដង គប្បីសូមជាគម្រប់​បីដង ។ ភិក្ខុដែលឆ្លាសប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចម្រើន សូមព្រះសង្ឃស្តាប់ខ្ញុំ (ដ្បិត) បុគ្គលនេះ ឈ្មោះនេះ ធ្លាប់ជាតិរ្ថិយដទៃ ប្រាថ្នានូវឧបសម្បទាក្នុងធម៌វិន័យនេះ ឥឡូវបុគ្គលនោះសូមបរិវាសនឹងសង្ឃអស់ ៤ ខែ បើកម្មមានកាលដ៏សមគួរដល់សង្ឃហើយ សង្ឃគួរឲ្យបរិវាសដល់កុលបុត្រឈ្មោះនេះ ដែលធ្លាប់ជាតិរ្ថិយដទៃអស់ ៤ ខែចុះ ។ នេះជាពាក្យផ្តៀងសង្ឃឲ្យដឹង ។ បពិត្រព្រះសង្ឃដ៏ចម្រើន សូមព្រះសង្ឃស្តាប់ខ្ញុំ បុគ្គលនេះ ឈ្មោះនេះ ធ្លាប់ជាតិរ្ថិយដទៃ ប្រាថ្នានូវឧបសម្បទាក្នុងធម៌វិន័យនេះ ។ បុគ្គលនោះសូមបរិវាសនឹងសង្ឃកំណត់ ៤ ខែ ។ ឥឡូវសង្ឃឲ្យបរិវាសដល់បុគ្គលនេះ ដែលធ្លាប់ជាតិរ្ថិយដទៃកំណត់ ៤ ខែ ។ ការឲ្យបរិវាសដល់បុគ្គលឈ្មោះនេះ ដែលធ្លាប់ជាតិរ្ថិយដទៃកំណត់ ៤ ខែ គួរដល់លោកម្ចាស់ដ៏មានអាយុអង្គណា លោកម្ចាស់ដ៏មានអាយុអង្គនោះ គប្បីស្ងៀមនៅចុះ មិនគួរដល់លោកម្ចាស់ដ៏មានអាយុអង្គណាទេ លោកម្ចាស់ដ៏មានអាយុអង្គនោះ គប្បីពោលឡើង ។ សង្ឃបានឲ្យបរិវាសដល់បុគ្គលឈ្មោះនេះ ដែលធ្លាប់ជាតិរ្ថិយដទៃកំណត់ ៤ ខែហើយ ។ ការឲ្យតិត្ថិយបរិវាសនេះ គួរដល់សង្ឃហើយ ព្រោះហេតុនោះបានជាសង្ឃស្ងៀមនៅ ។ ខ្ញុំសូមចាំទុកនូវសេចក្តីនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃឈ្មោះថា ញុំាងសង្ឃឲ្យត្រេកអរយ៉ាងនេះឯង ។ (បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃខ្លះ) មិនបានញុំាងសង្ឃឲ្យត្រេកអរយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ មិនបានញុំាងសង្ឃឲ្យត្រេកអរ តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ មានបុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ចូលទៅកាន់ស្រុកហួសកាល ហួសវេលា ត្រឡប់មកវិញក្នុងវេលាថ្ងៃពេក (ហួសថ្ងៃ) ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ឈ្មោះថាមិនបានញុំាងសង្ឃឲ្យត្រេកអរយ៉ាងនេះក៏មាន ។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ គោចរទៅកាន់សំណាក់ស្រីផ្កាមាសក្តី គោចរទៅកាន់សំណាក់ស្រីមេម៉ាយក្តី គោចរទៅកាន់សំណាក់កុមារីធាត់ (ក្រមុំចាស់)ក្តី គោចរទៅកាន់សំណាក់មនុស្សខ្ទើយក្តី គោចរទៅកាន់សំណាក់ភិក្ខុនីក្តី ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ឈ្មោះថា មិនបានញុំាងសង្ឃឲ្យត្រេកអរបែបនេះក៏មាន ។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត អស់ទាំងការងារធំតូចទាំងឡាយណារបស់សព្រហ្មចារីបុគ្គលទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ក៏មិនបានវាងវៃក្នុងការងារនោះឡើយ ជាបុគ្គលខ្ជិល មិនប្រកបដោយបញ្ញាពិចារណាជាឧបាយក្នុងការងារធំតូចនោះ មិនអាចដើម្បីធ្វើបាន មិនអាចដើម្បីចាត់ចែងបាន ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ឈ្មោះថា មិនបានញុំាងសង្ឃឲ្យត្រេកអរបែបនេះក៏មាន ។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ឥតមានសេចក្តីប្រាថ្នាដ៏ក្លៀវក្លាក្នុងបាឡី អដ្ឋកថា អធិសីល (បាតិមោក្ខសំវរសីល) អធិចិត្ត (លោកិយសមាធិភាវនា) និងអធិប្បញ្ញា (លោកុត្តរមគ្គភាវនា) ឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ឈ្មោះថា មិនបានញុំាងសង្ឃឲ្យត្រេកអរបែបនេះក៏មាន ។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ បានចេញចាកលទ្ធិតិរ្ថិយរបស់សាស្តាណាហើយ ដល់វេលាមានគេពោលតិះដៀលចំពោះសាស្តានោះ តាមទិដ្ឋិរបស់សាស្តានោះ តាមសេចក្តីគាប់ចិត្តរបស់សាស្តានោះ តាមសេចក្តីពេញចិត្តរបស់សាស្តានោះ តាមសេចក្តីប្រកាន់របស់សាស្តានោះ ក៏ស្រាប់តែខឹង តូចចិត្ត ឥតមានត្រេកអរឡើយ កាលបើមានគេពោលតិះដៀល ព្រះពុទ្ធ ព្រះធម៌ ឬព្រះសង្ឃវិញ ក៏សប្បាយចិត្ត មានកាយនិងចិត្តអណ្តែតឡើង ហើយត្រេកអរពេកណាស់ ម្យ៉ាងទៀត បើចេញចាកពីលទ្ធិតិរ្ថិយរបស់សាស្តាណាហើយ កាលបើមានគេពោលសរសើរចំពោះសាស្តានោះ តាមទិដ្ឋិរបស់សាស្តានោះ តាមសេចក្តីគាប់ចិត្តរបស់សាស្តានោះ តាមសេចក្តីពេញចិត្តរបស់សាស្តានោះ តាមសេចក្តីប្រកាន់របស់សាស្តានោះ ក៏សប្បាយចិត្ត មានកាយនិងចិត្តអណ្តែតឡើង ហើយមានសេចក្តីត្រេកអរពេកណាស់ កាលបើមានគេពោលសរសើរព្រះពុទ្ធ ព្រះធម៌ ឬព្រះសង្ឃវិញហើយ ក៏ខឹងតូចចិត្ត ឥតត្រេកអរឡើយ ។ ម្នាលភិក្ខុទាំងឡាយ អំពើនេះហើយ ជាហេតុដ៏ឆ្នើម (ជាកំពូល) ក្នុងកិរិយាដែល មិនបានញុំាងសង្ឃឲ្យត្រេកអរ របស់បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ឈ្មោះថា មិនបានញុំាងសង្ឃឲ្យត្រេកអរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ មិនបានញុំាងសង្ឃឲ្យត្រេកអរយ៉ាងនេះ បើត្រឡប់មកវិញ សង្ឃមិនត្រូវឲ្យឧបសម្បទាឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ឈ្មោះថា ញុំាងសង្ឃឲ្យត្រេកអរបាន នោះតើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ មានបុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ចូលទៅកាន់ស្រុកមិនឲ្យហួសពេល ត្រឡប់ចេញមកវិញ ក៏មិនឲ្យហួសថ្ងៃ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ឈ្មោះថាបានញុំាងសង្ឃឲ្យត្រេកអរបែបនេះក៏មាន ។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ មិនបានគោចរទៅកាន់សំណាក់ស្រីផ្កាមាស មិនបានគោចរទៅកាន់សំណាក់ស្រីមេម៉ាយ មិនបានគោចរទៅកាន់សំណាក់កុមារីដ៏ធាត់ (ក្រមុំចាស់) មិនបានគោចរទៅកាន់សំណាក់មនុស្សខ្ទើយ មិនបានគោចរទៅកាន់សំណាក់ភិក្ខុនី ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ឈ្មោះថា បានញុំាងសង្ឃឲ្យត្រេកអរបែបនេះក៏មាន ។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត ការងារធំតូចរបស់សព្រហ្មចារីបុគ្គលទាំងឡាយឯណា បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ក៏វាងវៃក្នុងការងារនោះ ជាបុគ្គលមិនខ្ជិល ប្រកបដោយបញ្ញាពិចារណាជាឧបាយក្នុងការងារនោះ អាចដើម្បីធ្វើបាន អាចដើម្បីចាត់ចែងបាន ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ឈ្មោះថា បានញុំាងសង្ឃឲ្យត្រេកអរបែបនេះក៏មាន ។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ មានសេចក្តីប្រាថ្នាដ៏ក្លៀវក្លាក្នុងបាឡី អដ្ឋកថា អធិសីល អធិចិត្ត និងអធិប្បញ្ញា ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ឈ្មោះថា បានញុំាងសង្ឃឲ្យត្រេកអរបែបនេះក៏មាន ។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ បានចេញចាកលទ្ធិតិរ្ថិយរបស់សាស្តាណាហើយ កាលបើមានគេពោលតិះដៀលចំពោះសាស្តានោះ តាមទិដ្ឋិរបស់សាស្តានោះ តាមសេចក្តីគាប់ចិត្តរបស់សាស្តានោះ តាមសេចក្តីពេញចិត្តរបស់សាស្តានោះ តាមសេចក្តីប្រកាន់របស់សាស្តានោះ ក៏សប្បាយចិត្ត មានកាយនិងចិត្តអណ្តែតឡើងហើយ ត្រេកអរពេកណាស់ កាលបើមានគេពោលតិះដៀល ព្រះពុទ្ធ ព្រះធម៌ ឬព្រះសង្ឃហើយ ក៏ត្រឡប់ជាខឹងតូចចិត្ត ឥតត្រេកអរឡើយ ម្យ៉ាងទៀត ប្រសិនបើបុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ បានចេញចាកពីលទ្ធិតិរ្ថិយរបស់សាស្តាណាហើយ កាលបើមានគេពោលសរសើរចំពោះសាស្តានោះ តាមទិដ្ឋិរបស់សាស្តានោះ តាមសេចក្តីគាប់ចិត្តរបស់សាស្តានោះ តាមសេចក្តីពេញចិត្តរបស់សាស្តានោះ តាមសេចក្តីប្រកាន់របស់សាស្តានោះហើយ ក៏ខឹង តូចចិត្ត ឥតមានសេចក្តីត្រេកអរឡើយ កាលបើមានគេពោលសរសើរព្រះពុទ្ធ ព្រះធម៌ ឬព្រះសង្ឃវិញ ក៏សប្បាយចិត្ត មានកាយនិងចិត្តអណ្តែតឡើង ត្រេកអរក្រៃពេក ។ ម្នាលភិក្ខុទាំងឡាយ អំពើនេះ ជាហេតុដ៏ឆ្នើម ជាកំពូល ក្នុងកិរិយាញុំាងសង្ឃឲ្យត្រេកអរ របស់បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ ឈ្មោះថា ញុំាងសង្ឃឲ្យត្រេកអរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ (បើ) បុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ បានញុំាងសង្ឃឲ្យត្រេកអរយ៉ាងនេះហើយ លុះត្រឡប់មកវិញ សង្ឃគួរឲ្យឧបសម្បទាចុះ ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើបុគ្គលដែលធ្លាប់ជាតិរ្ថិយដទៃ មានកាយអាក្រាតដើរមក សង្ឃត្រូវស្វែងរកចីវរ មានឧបជ្ឈាយ៍ជាមូលឲ្យ (គឺធ្វើឧបជ្ឈាយ៍ឲ្យជាធំ) ប្រសិនបើបុគ្គលនោះ មិនទាន់បានកោរសក់នៅឡើយទេ ហើយដើរមក ភិក្ខុត្រូវផ្តៀងសង្ឃ ដើម្បីធ្វើភណ្ឌុកម្មឲ្យ (ដើម្បីកោរសក់ឲ្យ [នឹងមានសំដែងទៅខាងមុខ])ចុះ ។ ម្នាលភិក្ខុទាំងឡាយ ពួកជនណាជាតាបស ជាអ្នកបូជាភ្លើង (បើ) ជនទាំងនោះបានមកហើយ សង្ឃគួរឲ្យឧបសម្បទាបាន សង្ឃមិនចាំបាច់ឲ្យបរិវាសដល់ជនទាំងនោះឡើយ ។ ការដែលមិនចាំបាច់ឲ្យបរិវាសនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ពួកជនទាំងនោះជាកម្មវាទី (គឺពោលថាកម្មមាន ថាផលកម្មក៏មាន) ជាកិរិយវាទី (គឺពោលថាផលបុណ្យបាបកើតពីកិរិយាធ្វើ) ។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលជាសាកិយដោយជាតិ ធ្លាប់ជាតិរិ្ថយដទៃ មក(សូមឧបសម្បទា) បុគ្គលនោះ លុះមកហើយ សង្ឃគួរឲ្យឧបសម្បទាចុះ សង្ឃកុំចាំបាច់ឲ្យបរិវាសដល់បុគ្គលនោះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ដ្បិតតថាគតឲ្យការបរិហារ (សេចក្តីរក្សា) នេះ ឲ្យផ្សេងគ្នាដល់ពួកញាតិ ។

ចប់ អញ្ញតិត្តិយបុព្វកថា ។

ចប់ ភាណវារៈទី៧ ។

[១០១] សម័យនោះ អាពាធទាំងឡាយ៥យ៉ាង គឺឃ្លង់ ពក ស្រែង រោគរីងរៃ និងឆ្កួតជ្រូក កើតមានច្រើន ក្នុងដែនមគធៈ ។ ពួកមនុស្សដែលកើតរោគទាំង៥យ៉ាង បានចូលទៅរកពេទ្យ ឈ្មោះជីវកកោមារភត្យ ហើយនិយាយយ៉ាងនេះថា បពិត្រលោកអាចារ្យ សូមលោកមេត្តាថែរក្សា​ជំងឺយើងទាំងឡាយផង ។ គ្រូពេទ្យនិយាយប្រាប់ថា ម្នាលអ្នកទាំងឡាយ ខ្ញុំមានកិច្ចច្រើន មានការរវល់ច្រើនពេក (សព្វថ្ងៃនេះ) ខ្ញុំត្រូវថែរក្សាព្រះបាទពិម្ពិសារសេនិយជាធំក្នុងដែនមគធៈផង ស្រីស្នំផង ព្រះសង្ឃ មានព្រះពុទ្ធជាប្រធានផង ខ្ញុំមិនអាចនឹងថែរក្សា​ជំងឺ (អ្នកទាំងឡាយ) បានទេ ។ មនុស្សទាំងនោះនិយាយអង្វរថា បពិត្រលោកអាចារ្យ សម្បត្តិទាំងអស់ (របស់យើងៗជូន)លោក ឯយើងទាំងអស់គ្នាសោត ក៏នៅជាខ្ញុំលោកទៀត បពិត្រលោកអាចារ្យ សូមលោកមេត្តាថែរក្សា​ជំងឺយើងទាំងឡាយផង ។ គ្រូពេទ្យនិយាយប្រាប់ថា ម្នាលអ្នកទាំងឡាយ ខ្ញុំមានកិច្ចច្រើន មានការរវល់ច្រើន (សព្វថ្ងៃនេះ) ខ្ញុំត្រូវថែរក្សាព្រះបាទពិម្ពិសារសេនិយជាធំក្នុងដែនមគធៈផង ស្រីស្នំផង ព្រះសង្ឃ មានព្រះពុទ្ធជាប្រធានផង ខ្ញុំមិនអាចនឹងថែរក្សា​ជំងឺ (អ្នកទាំងឡាយ) បានទេ ។ គ្រានោះ ពួកមនុស្សអម្បាលនោះមានសេចក្តីត្រិះរិះយ៉ាងនេះថា ពួកសមណៈជាសក្យបុត្រនេះឯង មានសេចក្តីសុខជាប្រក្រតី មានសេចក្តីសុខប្រព្រឹត្តទៅស្មើ ឆាន់តែភោជនល្អ សិងតែលើដំណេកដែលខ្យល់ចូលមិនបាន បើដូច្នោះ គួរតែយើងទាំងអស់បួសក្នុងពួកសមណៈ ជាសក្យបុត្រចុះ ភិក្ខុទាំងឡាយនឹងបានបម្រើផង ពេទ្យឈ្មោះជីវកកោមារភត្យនឹងបានថែរក្សា​ជំងឺផង ក្នុងទីនោះមិនខានឡើយ ។ គ្រានោះ ពួកមនុស្សទាំងនោះ ក៏ចូលទៅរកភិក្ខុទាំងឡាយហើយ សូមនូវផ្នួស ។ ភិក្ខុទាំងឡាយ ឲ្យបព្វជ្ជា ឧបសម្បទាមនុស្សទាំងនោះ ។ (លុះឲ្យបព្វជ្ជា ឧបសម្បទាហើយ) ភិក្ខុទាំងឡាយក៏បម្រើពួកភិក្ខុដែលមាន​ជំងឺនោះ ពេទ្យឈ្មោះជីវកកោមារភត្យ ក៏ថែរក្សា​ជំងឺនោះមែន ។ សម័យនោះឯង ភិក្ខុទាំងឡាយកាលបម្រើភិក្ខុឈឺជាច្រើនរូប ក៏រមែងសូមគេច្រើនពេក អង្គាសគេច្រើនពេក ដោយពាក្យថា អ្នកទាំងឡាយចូរឲ្យនូវគិលានភត្ត (ភត្តដែលប្រគេនដល់ភិក្ខុឈឺ) នូវគិលានុបដ្ឋាកភត្ត (ភត្តដែលគេប្រគេនដល់ភិក្ខុអ្នកបម្រើភិក្ខុឈឺ) នូវគិលានភេសជ្ជៈ (ថ្នាំសម្រាប់ភិក្ខុមាន​ជំងឺ) ។ ឯជីវកកោមារភត្យ កាលបើថែទាំរក្សាភិក្ខុឈឺច្រើនរូបហើយ ក៏ចោលរាជកិច្ចខ្លះចេញ ។ មានបុរសម្នាក់ទៀត មានអាពាធគ្រប់ទាំង៥ ក៏ចូលទៅរកជីវកកោមារភត្យ ហើយនិយាយពាក្យនេះថា បពិត្រលោកអាចារ្យ សូមលោករក្សា​ជំងឺខ្ញុំផង ។ ជីវកកោមារភត្យនិយាយប្រាប់ថា ម្នាលអ្នក ខ្ញុំមានកិច្ចច្រើន មានការរវល់ច្រើន ខ្ញុំត្រូវថែរក្សាព្រះបាទពិម្ពិសារសេនិយៈជាធំក្នុងដែនមគធៈផង ស្រីស្នំផង ព្រះសង្ឃ មានព្រះពុទ្ធជាប្រធានផង ខ្ញុំមិនអាចនឹងថែរក្សា​ជំងឺ (អ្នកឯង) បានទេ ។ បុរសនោះនិយាយអង្វរថា បពិត្រលោកអាចារ្យ សម្បត្តិទាំងអស់(របស់ខ្ញុំៗនឹងជូន)លោក ទាំងខ្លួនខ្ញុំសោត ក៏នឹងនៅជាខ្ញុំលោក បពិត្រលោកអាចារ្យ សូមលោកមេត្តាថែរក្សា​ជំងឺខ្ញុំផង ។ ជីវរកកោមារភត្យនិយាយប្រាប់ថា ម្នាលអ្នក ខ្ញុំមានកិច្ចច្រើន មានការរវល់ច្រើន (សព្វថ្ងៃនេះ) ខ្ញុំត្រូវថែរក្សាព្រះបាទពិម្ពិសារសេនិយៈ ជាធំក្នុងដែនមគធៈផង ស្រីស្នំផង ព្រះសង្ឃ មានព្រះពុទ្ធជាប្រធានផង ខ្ញុំមិនអាចនឹងថែរក្សា​ជំងឺ (អ្នកឯង) បានទេ ។ គ្រានោះ បុរសនោះមានសេចក្តីត្រិះរិះយ៉ាងនេះថា ពួកសមណៈជាសក្យបុត្រទាំងនេះ មានសេចក្តីសុខជាប្រក្រតី មានសេចក្តីសុខប្រព្រឹត្តទៅស្មើ ឆាន់តែភោជនល្អ សិងតែលើដំណេកដែលខ្យល់ចូលមិនបាន បើដូច្នោះ គួរតែអញបួសក្នុងពួកសមណៈ ជាសក្យបុត្រចុះ ភិក្ខុទាំងឡាយនឹងបម្រើផង ជីវកកោមារភត្យនឹងថែរក្សា​ជំងឺផង ក្នុងទីនោះមិនខាន លុះខ្លួនអញជារោគកាលណាហើយ នឹងសឹក(មកវិញ) ។ លំដាប់នោះ បុរសនោះចូលទៅរកភិក្ខុទាំងឡាយហើយសូមនូវផ្នួស ។ ភិក្ខុទាំងនោះ ឲ្យបព្វជ្ជា ឧបសម្បទាបុរសនោះ ។ ភិក្ខុទាំងឡាយក៏បម្រើផង ជីវកកោមារភត្យ ក៏ថែរក្សា​ជំងឺបុរសនោះផង ។ លុះភិក្ខុនោះបានជារោគហើយ ក៏សឹកទៅវិញ ។ ជីវកកោមារភត្យ បានឃើញបុរសដែលសឹកនោះ លុះឃើញហើយ ក៏សួរបុរសនោះថា នែអ្នក អ្នកឯងឬអ្វី ដែលកាលពីដើមឃើញបួសនឹងភិក្ខុទាំងឡាយ ។ បុរសនោះឆ្លើយថា ហ្នឹងហើយ លោកអាចារ្យ ។ ជីវកកោមារភត្យសួរថា នែអ្នក ហេតុដូចម្តេចបានជាអ្នកឯងធ្វើដូច្នេះ ។ បុរសនោះក៏ប្រាប់រឿងនុ៎ះដល់ជីវកកោមារភត្យ ។ ជីវកកោមារភត្យក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើលោកម្ចាស់ទាំងឡាយមកបំបួសមនុស្សដែលមានអាពាធទាំង៥យ៉ាង (ដូច្នេះ)សោះ ។ គ្រានោះ ជីវកកោមារភត្យ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំ រួចអង្គុយក្នុងទីដ៏សមគួរ លុះអង្គុយក្នុងទីដ៏សមគួរហើយ ជីវកកោមារភត្យក្រាបបង្គំទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គសូមពរថា លោកម្ចាស់ទាំងឡាយកុំបំបួសមនុស្សដែលមានអាពាធទាំង៥យ៉ាងឡើយ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់ពន្យល់ជីវកកោមារភត្យឲ្យយល់ច្បាស់ ឲ្យកាន់យកល្អ ឲ្យឧស្សាហ៍មាំ និងឲ្យរីករាយដោយធម្មីកថា ។ ឯជីវកកោមារភត្យ ដែលព្រះដ៏មានបុណ្យ ទ្រង់ពន្យល់ឲ្យយល់ច្បាស់ ឲ្យកាន់យកល្អ ឲ្យឧស្សាហ៍មាំ និងឲ្យរីករាយដោយធម្មីកថាហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ចៀសចេញទៅ ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ធ្វើធម្មីកថាហើយ ទ្រង់ហៅភិក្ខុទាំងឡាយមក ទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ មនុស្សដែលមានអាពាធទាំង៥យ៉ាងហើយ អ្នកទាំងឡាយមិនគប្បីបំបួសឡើយ ភិក្ខុណាបំបួស ត្រូវអាបត្តិទុក្កដ ។

[១០២] សម័យនោះឯង មានកើតបះបោរនៅស្រុកចុងដែនរបស់ព្រះបាទពិម្ពិសារសេនិយៈ ជាធំក្នុងដែនមគធៈ ។ ព្រះបាទពិម្ពិសារសេនិយៈ ជាធំក្នុងដែនមគធៈ ក៏ទ្រង់ត្រាស់បង្គាប់មហាមាត្យទាំងឡាយដែលជានាយកលើសេនាថា ម្នាលនាយ អ្នកទាំងឡាយចូរទៅត្រួតត្រាមើលស្រុកចុងដែន ។ មហាមាត្យទាំងឡាយជានាយកលើសេនាទទួលព្រះរាជឱង្ការរបស់ព្រះបាទពិម្ពិសារសេនិយៈ ជាធំក្នុងដែនមគធៈថា ព្រះករុណាវិសេស ។ លំដាប់នោះ ពួកយោធាដែលមានកេរ្តិ៍ឈ្មោះល្បីទូទ័រ មានសេចក្តីត្រិះរិះយ៉ាងនេះថា យើងទាំងឡាយភ្លើតភ្លើនតែក្នុងការច្បាំង កាលបើទៅច្បាំងហើយ ឈ្មោះថាធ្វើអំពើបាបផង ឈ្មោះថាទទួលសោយនូវអំពើបាបដ៏ច្រើនផង យើងទាំងឡាយគួរវៀរចាកបាប និងគួរធ្វើអំពើល្អដោយឧបាយដូចម្តេចហ្ន៎ ។ ទើបពួកយោធាទាំងនោះមានសេចក្តីរំពឹងយ៉ាងនេះ(ទៀត)ថា មានតែពួកសមណៈជាសក្យបុត្រទាំងនេះ ទើបលោកជាអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តប្រពៃ ប្រព្រឹត្តប្រសើរ និយាយពាក្យទៀងត្រង់ មានសីល មានកល្យាណធម៌ ប្រសិនណាជាយើងទាំងឡាយទៅបួសនឹងពួកសមណៈជាសក្យបុត្រហើយ យើងទាំងឡាយនឹងបានវៀរចាកបាបផង បានធ្វើបុណ្យផង ដោយទំនងយ៉ាងនេះឯង ។ លុះរំពឹងដូច្នេះហើយ ពួកយោធាទាំងនោះក៏ចូលទៅរកភិក្ខុទាំងឡាយហើយសូមនូវផ្នួស ។ ភិក្ខុទាំងឡាយក៏ឲ្យបព្វជ្ជា ឧបសម្បទា យោធាទាំងនោះ ។ ពួកមហាមាត្យ ជានាយកលើសេនាបានសួររាជអាមាត្យ (ខ្ញុំរាជការ) ទាំងឡាយថា នែនាយ ពួកយោធាឈ្មោះនេះផង ឈ្មោះនេះផង ហេតុដូចម្តេចក៏មិនឃើញ ។ រាជអាមាត្យឆ្លើយថា បពិត្រអ្នកម្ចាស់ ពួកយោធាឈ្មោះនេះផង ឈ្មោះនេះផង ទៅបួសនឹងពួកភិក្ខុហើយ ។ មហាមាត្យទាំងឡាយដែលជានាយកលើសេនា ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្រ មិនសមបើនឹងបំបួសរាជអាមាត្យ (ដូច្នេះ)សោះ ។ ពួកមហាមាត្យ ដែលជានាយកលើសេនាក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះបាទពិម្ពិសារសេនិយៈ ជាធំក្នុងដែនមគធៈ ។ លំដាប់នោះ ព្រះបាទពិម្ពិសារសេនិយៈ ជាធំក្នុងដែនមគធៈ ទ្រង់សួរមហាមាត្យដែលប្រកបដោយវោហារ (ចៅក្រម) ថា នែនាយ នរណាបំបួសរាជអាមាត្យ អ្នកនោះត្រូវទទួលទោសដូចម្តេច ។ មហាមាត្យក្រាបទូលថា បពិត្រព្រះសម្មតិទេព ត្រូវកាត់ក្បាលឧបជ្ឈាយ៍ ត្រូវដកអណ្តាតនៃអនុស្សាវកាចារ្យ ត្រូវកាត់ឆ្អឹងជំនីរពាក់កណ្តាលរបស់គណៈសង្ឃ ។ គ្រានោះឯង ព្រះបាទពិម្ពិសារសេនិយៈ ជាធំក្នុងដែនមគធៈ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ ។ លុះចូលទៅដល់ហើយ ទ្រង់ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ ព្រះបាទពិម្ពិសារសេនិយៈ ជាធំក្នុងដែនមគធៈ ទ្រង់គង់ក្នុងទីដ៏សមគួរហើយ ទ្រង់ក្រាបបង្គំទូលយ៉ាងនេះ ចំពោះព្រះដ៏មានព្រះភាគថា បពិត្រព្រះដ៏មានបុណ្យដ៏ចម្រើន មានពួកស្តេចខ្លះ នៅមិនទាន់មានសទ្ធា មិនទាន់ជ្រះថ្លា ពួកស្តេចទាំងនោះប្រហែលជាគេនឹងបៀតបៀនភិក្ខុទាំងឡាយ ដោយហេតុបន្តិចបន្តួចខ្លះមិនខាន បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គសូមអង្វរថា លោកម្ចាស់ទាំងឡាយកុំគប្បីបំបួសរាជអាមាត្យឡើយ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ព្រះបាទពិម្ពិសារសេនិយៈ ជាធំក្នុងដែនមគធៈ ឲ្យទ្រង់ជ្រាបច្បាស់ ឲ្យកាន់យកល្អ ឲ្យឧស្សាហ៍ ឲ្យរីករាយ ដោយធម្មីកថា ។ ឯព្រះបាទពិម្ពិសារសេនិយៈ ជាធំក្នុងដែនមគធៈ លុះព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ឲ្យជ្រាបច្បាស់ ឲ្យកាន់យកល្អ ឲ្យឧស្សាហ៍មាំ ឲ្យរីករាយដោយធម្មីកថាហើយ ទ្រង់ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ យាងចៀសចេញទៅ ។ ព្រោះរឿងនេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថាហើយ ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបំបួសរាជអមាត្យទេ ភិក្ខុណាបំបួស ត្រូវអាបត្តិទុក្កដ ។

[១០៣] កាលនោះឯង ចោរឈ្មោះអង្គុលិមាល បួសនៅក្នុងសំណាក់ភិក្ខុទាំងឡាយ ។ មនុស្សទាំងឡាយបានឃើញហើយ ខ្លះភ្ញាក់ផ្អើល ខ្លះតក់ស្លុត ខ្លះរត់ទៅ ខ្លះដើរទៅទីដទៃ ខ្លះបែរមុខចេញទៅផ្សេង ខ្លះបិទទ្វារ ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្រ មិនសមបើនឹងបំបួសចោរ ដែលប្រាកដដូចទង់ជ័យ (គឺចោរដែលមានឈ្មោះល្បីល្បាញដូច្នេះ)សោះ ។ ភិក្ខុទាំងឡាយបានឮមនុស្សអម្បាលនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ហើយ ។ ទើបភិក្ខុទាំងឡាយនោះ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនគប្បីបំបួសចោរ ដែលប្រាកដដូចទង់ជ័យឡើយ ភិក្ខុណាបំបួស ត្រូវអាបត្តិទុក្កដ ។

[១០៤] សម័យនោះឯង ព្រះបាទពិម្ពិសារសេនិយ ជាធំក្នុងដែនមគធៈ បានទ្រង់អនុញ្ញាតថា ជនទាំងឡាយណា ដែលបួសក្នុងសំណាក់សមណៈ ជាសក្យបុត្រ ជនដទៃធ្វើទោសអ្វីមួយ ដល់ជនពួកនោះមិនបានឡើយ (ព្រោះថា) ធម៌ ព្រះដ៏មានព្រះភាគ ទ្រង់សំដែងល្អហើយ ជនពួកនោះ ចូរខំប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃទុក្ខដោយប្រពៃចុះ ។ ក៏សម័យនោះ មានបុរសម្នាក់ធ្វើចោរកម្ម ហើយជាប់ទោសនៅក្នុងគុក ។ បុរសនោះទំលាយគុកបានហើយ ក៏រត់ទៅបួសក្នុងសំណាក់ភិក្ខុ ។ មនុស្សទាំងឡាយបានឃើញហើយ និយាយពាក្យយ៉ាងនេះថា ភិក្ខុនេះឯង ដែលជាចោរទំលាយគុក ហ៎ពួកយើងចូរនាំចោរនោះទៅ ។ ពួកមនុស្សខ្លះនិយាយពាក្យយ៉ាងនេះថា នែនាយទាំងឡាយ អ្នកកុំនិយាយយ៉ាងហ្នឹង (ដ្បិត) ព្រះបាទពិម្ពិសារសេនិយ ជាធំក្នុងដែនមគធៈ ព្រះអង្គបានអនុញ្ញាតហើយថា ជនទាំងឡាយណា បួសក្នុងសំណាក់សមណៈ ជាសក្យបុត្រ ជនដទៃធ្វើទោសអ្វីមួយ ដល់ជនពួកនោះមិនបានឡើយ (ព្រោះថា) ធម៌ ព្រះដ៏មានបុណ្យ ទ្រង់សំដែងល្អហើយ ជនពួកនោះ ចូរខំប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃទុក្ខដោយប្រពៃចុះ ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្រទាំងនេះ ជាអ្នកបានព្រះរាជទានអភ័យ ពួកសមណៈទាំងនេះ ជនដទៃធ្វើទោសអ្វីៗមិនបានឡើយ ហេតុដូចម្តេចបានជាមកហ៊ានបំបួសចោរ ដែលទំលាយគុក(ដូច្នេះ) ។ ភិក្ខុទាំងឡាយ ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបំបួសចោរ ដែលទំលាយគុកទេ ភិក្ខុណាបំបួស ត្រូវអាបត្តិទុក្កដ ។

[១០៥] សម័យនោះឯង មានបុរសម្នាក់ធ្វើចោរកម្ម ហើយរត់ទៅបួសក្នុងសំណាក់ភិក្ខុ ។ បុរសនោះឯង រាជការបានឲ្យកត់ឈ្មោះទុកក្នុងបញ្ជីខាងក្នុងបុរីនៃស្តេចថា ចោរនេះ បើនរណាបានឃើញក្នុងទីណា ត្រូវតែសម្លាប់ក្នុងទីនោះ ។ មនុស្សទាំងឡាយបានឃើញហើយ ក៏និយាយពាក្យយ៉ាងនេះថា លោកនេះឯងជាចោរ ដែលមានកត់ឈ្មោះទុកក្នុងបញ្ជីរាជការ ហ៎ពួកយើងនាំគ្នាសម្លាប់វាទៅ ។ ពួកមនុស្សខ្លះនិយាយយ៉ាងនេះថា នែនាយទាំងឡាយ អ្នកទាំងឡាយកុំនិយាយយ៉ាងហ្នឹង (ដ្បិត) ព្រះបាទពិម្ពិសារសេនិយៈ ជាធំក្នុងដែនមគធៈ ព្រះអង្គទ្រង់អនុញ្ញាតហើយថា ជនទាំងឡាយណាមួយ បួសក្នុងពួកសមណៈ ជាសក្យបុត្រ ជនទាំងនោះ អ្នកណាមួយធ្វើទោសអ្វីៗ មិនបានឡើយ (ព្រោះ) ធម៌ ព្រះដ៏មានបុញ្ញសិរី ទ្រង់សំដែងដោយល្អហើយ ជនទាំងនោះចូរប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃទុក្ខដោយប្រពៃចុះ ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្រទាំងនេះ ជាអ្នកបានទទួលព្រះរាជទានអភ័យហើយ ពួកសមណៈទាំងនេះ អ្នកណាមួយធ្វើទោសអ្វីៗ មិនបានឡើយ មិនសមបើនឹងបំបួសចោរ ដែលរាជការកត់ឈ្មោះទុកក្នុងបញ្ជី(ដូច្នេះ)សោះ ។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនគប្បីបំបួសចោរ ដែលរាជការកត់ឈ្មោះទុកក្នុងបញ្ជីទេ [អដ្ឋកថា ថា មនុស្សណាដែលធ្វើចោរកម្ម ឬកម្មផ្សេងពីនោះ ដែលជាកម្មមានកំហុសយ៉ាងធ្ងន់នឹងរាជការ ហើយលួចរត់ទៅ រាជការបានចាត់សំបុត្រឲ្យរកចាប់ខ្លួនថា បើនរណាឃើញមនុស្សឈ្មោះនោះក្នុងទីណា ត្រូវចាប់សម្លាប់ចោលក្នុងទីនោះក្តី ត្រូវកាត់អវយវៈទាំងឡាយ មានដៃនិងជើងជាដើមក្តី ត្រូវឲ្យដាក់អាជ្ញាមានប្រមាណប៉ុណ្ណេះៗក្តី មនុស្សនោះមិនត្រូវឲ្យបព្វជ្ជា ។] ភិក្ខុណាបំបួស ត្រូវអាបត្តិទុក្កដ ។

[១០៦] សម័យនោះឯង មានបុរសម្នាក់ ជាមនុស្សមានស្នាម ដែលគេវាយដោយរំពាត់ គេបានធ្វើទណ្ឌកម្មហើយ ទៅបួសក្នុងសំណាក់ភិក្ខុទាំងឡាយ ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្រ មិនសមបើបំបួសមនុស្សដែលមានស្នាមរំពាត់ ដែលគេបានធ្វើទណ្ឌកម្មហើយ (ដូច្នេះ)សោះ ។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបំបួសមនុស្សដែលមានស្នាមរំពាត់ ដែលគេធ្វើទណ្ឌកម្មហើយទេ[អដ្ឋកថា ថា មនុស្សដែលចំពាក់បំណុលគេ ហើយគេវាយនឹងរំពាត់ឲ្យមានដំបៅជាដើម ឈ្មោះថា ជាមនុស្សគេបានធ្វើទណ្ឌកម្មហើយ ។ បើដំបៅនោះនៅស្រស់ៗ ដរាបណា មិនគប្បីឲ្យបព្វជ្ជាដរាបនោះ ។ តែបើមើលដំបៅឲ្យសះជាដូចប្រក្រតីហើយ ក៏គួរឲ្យបព្វជ្ជាបាន ។] ភិក្ខុណាបំបួស ត្រូវអាបត្តិទុក្កដ ។

[១០៧] សម័យនោះឯង មានបុរសម្នាក់ ជាមនុស្សដែលគេបៀតបៀន ឲ្យមានស្លាកស្នាម ដែលគេបានធ្វើទណ្ឌកម្មហើយ ទៅបួសក្នុងសំណាក់ភិក្ខុទាំងឡាយ ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្រ មិនសមបើនឹងបំបួសមនុស្សដែលគេបៀតបៀនឲ្យមានស្លាកស្នាម ដែលគេបានធ្វើទណ្ឌកម្មហើយ (ដូច្នេះ)សោះ ។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបំបួសមនុស្សដែលគេបៀតបៀនឲ្យមានស្លាកស្នាម [អដ្ឋកថា ថា មនុស្សដែលគេធ្វើឲ្យមានស្លាកស្នាមដោយដែកក្តៅត្រង់ថ្ងាសក្តី ត្រង់អវយវៈ មានទ្រូងជាដើមក្តី ។ បើមនុស្សនោះជាអ្នកជាទេ តែមុខដំបៅនៅស្រស់ៗ មិនគួរឲ្យបព្វជ្ជាឡើយ ។ បើដំបៅនោះដុះសាច់ពេញ មានស្បែកជិតឡើងវិញហើយ តែស្នាមនៅប្រាកដ បើស្លៀកដណ្តប់ចីវរជាបរិមណ្ឌលបី អាចបិទស្នាមនោះបាន ក៏គួរឲ្យបព្វជ្ជា ។]ដែលគេបានធ្វើទណ្ឌកម្មហើយ ភិក្ខុណាបំបួស ត្រូវអាបត្តិទុក្កដ ។

[១០៨] សម័យនោះឯង មានបុរសម្នាក់ ជាមនុស្សចំពាក់បំណុលគេ ហើយរត់ទៅបួសក្នុងសំណាក់ភិក្ខុទាំងឡាយ ។ ពួកម្ចាស់ទ្រព្យបានឃើញហើយ ក៏និយាយពាក្យយ៉ាងនេះថា បុរសនេះហើយដែលជំពាក់បំណុលយើងនោះ បើដូច្នោះ ពួកយើងនាំវាទៅ ។ មនុស្សមួយពួកក៏និយាយយ៉ាងនេះថា ម្នាលអ្នកម្ចាស់ទាំងឡាយ អ្នកទាំងឡាយកុំនិយាយពាក្យដូច្នេះ ព្រះបាទពិម្ពិសារសេនិយៈ ជាធំក្នុងដែនមគធៈ បានទ្រង់អនុញ្ញាតហើយថា អ្នកណាបួសក្នុងសំណាក់ពួកសមណៈ សក្យបុត្រ អ្នកណាមួយធ្វើទោសអ្វីៗ ដល់អ្នកនោះមិនបានឡើយ ធម៌ព្រះដ៏មានបុណ្យសំដែងហើយដោយពីរោះ អ្នកទាំងនោះ ចូរប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃទុក្ខដោយល្អចុះ ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្រទាំងនេះ ជាបុគ្គលបានព្រះរាជអភ័យ ពួកសមណៈទាំងនេះ អ្នកណាមួយធ្វើទោសអ្វីៗ មិនបានឡើយ មិនសមបើនឹងបំបួសមនុស្សដែលជំពាក់បំណុលគេ (ដូច្នេះ)សោះ ។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនគប្បីបំបួសមនុស្សដែលជំពាក់បំណុលគេទេ ភិក្ខុណាបំបួស ត្រូវអាបត្តិទុក្កដ ។

[១០៩] សម័យនោះឯង មនុស្សជាខ្ញុំគេម្នាក់រត់ទៅបួសក្នុងសំណាក់ភិក្ខុទាំងឡាយ ។ លុះពួកម្ចាស់បំណុលគេបានឃើញហើយ ក៏និយាយយ៉ាងនេះថា បុរសនេះហើយដែលជាខ្ញុំរបស់យើងទាំងឡាយ បើដូច្នោះ យើងនាំវាទៅវិញ ។ មនុស្សមួយពួកនិយាយយ៉ាងនេះថា ម្នាលអ្នកជាម្ចាស់ទាំងឡាយ អ្នកទាំងឡាយកុំនិយាយយ៉ាងនេះឡើយ (ដ្បិត) ព្រះបាទពិម្ពិសារសេនិយៈ ជាធំក្នុងដែនមគធៈ បានទ្រង់អនុញ្ញាតហើយថា ពួកជនណាបួសក្នុងសំណាក់ពួកសមណៈ ជាសក្យបុត្រ ពួកជនទាំងនោះ អ្នកណាមួយធ្វើទោសអ្វីៗ មិនបានឡើយ ធម៌ព្រះដ៏មានបុណ្យទ្រង់សំដែងហើយដោយពីរោះ ពួកជនទាំងនោះ ចូរខំប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃទុក្ខដោយប្រពៃចុះ ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្រទាំងនេះ ជាបុគ្គលបានព្រះរាជអភ័យ សមណៈទាំងនេះ អ្នកណាមួយធ្វើទោសអ្វីៗ មិនបានឡើយ មិនសមបើនឹងបំបួសមនុស្សដែលជាខ្ញុំគេ (ដូច្នេះ)សោះ ។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបំបួសមនុស្សដែលជាខ្ញុំគេទេ ភិក្ខុណាបំបួស ត្រូវអាបត្តិទុក្កដ ។

[១១០] សម័យនោះឯង មានទារកម្នាក់ ទុកជុក ជាកូនជាងមាស [អដ្ឋកថា ថា ទារកនោះជាកូនជាងមាស កោរក្បាលខាងៗជុំវិញ តែទុកជុក ៥អន្លើនៅលើក្បាល ។] ឈ្លោះប្រកែកនឹងមាតាបិតាហើយ ទៅកាន់អារាមបួសក្នុងសំណាក់ភិក្ខុទាំងឡាយ ។ ឯមាតានិងបិតារបស់ទារកនោះ កាលដែលគន់រកមើលទារកនោះ ក៏បានទៅដល់អារាម ហើយសួរភិក្ខុទាំងឡាយថា បពិត្រលោកម្ចាស់ទាំងឡាយ ពួកលោកបានប្រទះឃើញទារកមានសភាពយ៉ាងនេះដែរឬ ។ ពួកភិក្ខុដែលមិនដឹងមែន ក៏ប្រាប់ថា យើងទាំងឡាយមិនដឹងទេ ពួកភិក្ខុដែលមិនឃើញមែន ក៏ប្រាប់ថា យើងទាំងឡាយមិនឃើញទេ ។ ឯមាតានិងបិតារបស់ទារកនោះ កាលបើត្រាច់គយគន់មើលទៅ ក៏ឃើញទារកនោះបួសក្នុងសំណាក់ភិក្ខុទាំងឡាយហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្រទាំងនេះ ជាបុគ្គលឥតមានខ្មាស ទ្រុស្តសីល និយាយពាក្យកុហក បានដឹងដែរ តែនិយាយថាមិនដឹង បានឃើញដែរ តែនិយាយថាមិនឃើញ ទារកនេះ បួសក្នុងសំណាក់ភិក្ខុទាំងឡាយហើយតើ ។ ភិក្ខុទាំងឡាយបានឮសំដីនៃមាតានិងបិតារបស់ទារកនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ ។  ភិក្ខុទាំងនោះ ក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុអបលោក (ប្រាប់) សង្ឃហើយសឹមធ្វើភណ្ឌុកម្ម[អដ្ឋកថា ថា វិធីប្រាប់ភណ្ឌកម្មនោះ ត្រូវប្រជុំភិក្ខុដែលមានក្នុងសីមា នាំបព្វជ្ជាបេក្ខៈទៅក្នុងទីនោះ ហើយប្រាប់ថា បពិត្រព្រះសង្ឃដ៏ចម្រើន ខ្ញុំព្រះករុណាសូមប្រាប់ភណ្ឌុកម្មរបស់ទារកនេះចំពោះសង្ឃ បីដង ពីរដង ឬម្តងក៏បាន ។ បើទីជាសភាគមានភិក្ខុ១០-២០-៣០រូប ឱកាសជាទីឈរ ឬអង្គុយរបស់ភិក្ខុទាំងនោះត្រឹមណា ត្រូវប្រាប់ត្រឹមណោះ ។ បើវត្តនោះធំ មានភិក្ខុច្រើនជាងពាន់ លំបាកនឹងប្រជុំភិក្ខុឲ្យសព្វគ្រប់ ត្រូវនាំទៅកាន់ ខណ្ឌ-នទី-ឬសមុទ្ទសីមា ហើយឲ្យបព្វជ្ជាចុះ ។ បព្វជ្ជាបេក្ខៈដែលកោរសក់ស្រេចហើយ មិនបានប្រាប់ភណ្ឌុកម្មនឹងឲ្យបព្វជ្ជាតែម្តងក៏គួរ ។ បព្វជ្ជាបេក្ខៈដែលសក់វែងជាងពីរអង្គុលី ត្រូវតែប្រាប់សិនទើបឲ្យបព្វជ្ចាបាន ។] ។

[១១១] សម័យនោះឯង ក្នុងក្រុងរាជគ្រឹះ មានពួកទារកជាសំឡាញ់គ្នា១៧ពួក មានទារកឈ្មោះឧបាលិជាប្រធានរបស់ពួកទារកទាំងនោះ ។ឯមាតានិងបិតារបស់ទារកឈ្មោះឧបាលិ បានគិតគ្នាយ៉ាងនេះថា អំណើះពីយើងទាំងឡាយទៅហើយ ឧបាលិគប្បីចិញ្ចឹមជីវិតស្រួលផង មិនលំបាកផង ដោយទំនងដូចម្តេចអេះ ។ ទើបមាតានិងបិតារបស់ឧបាលិ ក៏គិតគ្នាយ៉ាងនេះថា បើសិនណាជាឧបាលិរៀនសរសេរអក្សរ អំណើះពីយើងទាំងឡាយទៅ ប្រហែលជាឧបាលិគប្បីចិញ្ចឹមជីវិតស្រួលផង មិនលំបាកផង ដោយទំនងយ៉ាងនេះឯង ។ មាតានិងបិតារបស់ឧបាលិ ក៏គិតគ្នាយ៉ាងនេះទៀតថា បើឧបាលិនឹងរៀនសរសេរអក្សរ ម្រាមដៃ(របស់ឧបាលិ) ក៏នឹងលំបាក បើសិនណាជាឧបាលិ គ្រាន់តែរៀនរាប់វិញ ប្រហែលជា អំណើះពីយើងទាំងឡាយទៅ ឧបាលិគប្បីចិញ្ចឹមជីវិតស្រួលផង មិនលំបាកផង ដោយទំនងយ៉ាងនេះឯង ។ លំដាប់ពីនោះមក មាតានិងបិតារបស់ឧបាលិ ក៏គិតគ្នាដូច្នេះទៀតថា បើឧបាលិនឹងរៀនរាប់ ទ្រូង (របស់ឧបាលិ) ក៏នឹងលំបាក ប្រសិនណាបើឧបាលិ គ្រាន់តែរៀនមើលរូបនិមិត្តវិញ ដល់អំណើះពីយើងទាំងឡាយទៅ ឧបាលិប្រហែលជានឹងបានចិញ្ចឹមជីវិតស្រួលផង មិនលំបាកផង ដោយអាការដូច្នេះឯង ។ គ្រាតមកទៀត មាតានិងបិតារបស់ឧបាលិ ក៏គិតគ្នាដូច្នេះថា បើទុកជាឧបាលិរៀនរូបនិមិត្ត ក៏គង់តែលំបាកភ្នែក ឥឡូវនេះ មានតែពួកសមណៈ ជាសក្យបុត្រទាំងនេះ ទើបរក្សាសីលជាសុខ មានសមាចារស្រួល ឆាន់ភោជនក៏ល្អ សិងលើដំណេកទាំងឡាយដ៏ហប់ រកខ្យល់គ្មាន បើសិនណាជាឧបាលិបានបួសក្នុងសំណាក់ពួកសមណៈ ជាសក្យបុត្រវិញយ៉ាងនេះ ទើបអំណើះពីយើងទាំងឡាយទៅ ឧបាលិនឹងបានចិញ្ចឹមជីវិតងាយផង មិនលំបាកផង ។ ឯឧបាលិទារក បានឮពាក្យចរចាររបស់មាតានិងបិតាយ៉ាងនេះហើយ ។ លំដាប់តពីនោះមក ឧបាលិទារកក៏ចូលសំដៅទៅរកពួកក្មេងអម្បាលនោះ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះនឹងពួកក្មេងទាំងនោះថា នែនាយទាំងឡាយ អ្នកទាំងឡាយចូរមក យើងទាំងឡាយនឹងទៅបួសក្នុងសំណាក់ពួកសមណៈ ជាសក្យបុត្រ ។ ពួកក្មេងទាំងនោះនិយាយដូច្នេះថា នែនាយ បើអ្នកបួសមែន យើងទាំងឡាយក៏នឹងបួសដូចអ្នកដែរ ។ លំដាប់នោះ ពួកក្មេងអម្បាលនោះ ក៏ចូលទៅរកមាតានិងបិតារៀងខ្លួន ហើយនិយាយពាក្យនេះថា សូមអ្នកម្តាយអ្នកឪពុក អនុញ្ញាតឲ្យខ្ញុំចេញចាកផ្ទះទៅបព្វជ្ជាក្នុងសភាពជាបុគ្គលឥតផ្ទះ ។ ឯមាតានិងបិតារបស់ក្មេងទាំងនោះ យល់ឃើញថា ពួកក្មេងទាំងអស់គ្នានេះមានសេចក្តីប្រាថ្នាស្មើគ្នា មានបំណងល្អ ក៏អនុញ្ញាតឲ្យ ។ ពួកក្មេងទាំងនោះ ចូលទៅរកភិក្ខុទាំងឡាយ ហើយសូមបព្វជ្ជា ។ ភិក្ខុទាំងឡាយក៏ឲ្យបព្វជ្ជាឧបសម្បទាក្មេងអម្បាលនោះ ។ ពួកភិក្ខុ (ក្មេង) ទាំងនោះ ក្រោកឡើង ហើយយំទារស៊ីក្នុងបច្ចូសសម័យនៃរាត្រីថា សូមលោកឲ្យបបរមក ឲ្យបាយមក ឲ្យវត្ថុជាគ្រឿងទំពាស៊ីមក ។ ភិក្ខុទាំងឡាយនិយាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ចូររង់ចាំទម្រាំភ្លឺសិន បើមានបបរ សឹមឆាន់ចុះ បើមានភត្ត សឹមឆាន់ចុះ បើមានវត្ថុជាគ្រឿងទំពាស៊ី សឹមទំពាស៊ីចុះ បើបបរក្តី ភត្តក្តី វត្ថុជាគ្រឿងទំពាស៊ីក្តីមិនមាន ចូរត្រាច់ទៅដើម្បីបិណ្ឌបាត ហើយសឹមឆាន់ចុះ ។ ឯពួកភិក្ខុ (ក្មេង) អម្បាលនោះ កាលបើភិក្ខុទាំងឡាយ និយាយយ៉ាងនេះហើយ ក៏រឹងរឹតតែយំរំអុកប្រាប់ភិក្ខុទាំងឡាយថា សូមលោកឲ្យបបរមក ឲ្យបាយមក ឲ្យវត្ថុជាគ្រឿងទំពាស៊ីមក លុះយំទារដូច្នេះហើយ ក៏ជុះដាក់ទីសេនាសនៈខ្លះ នោមស្រោចសេនាសនៈខ្លះ ។ ព្រះដ៏មានព្រះភាគ បានទ្រង់តើនឡើងក្នុងបច្ចូសសម័យនៃរាត្រី ទ្រង់បានឮសំឡេងកូនក្មេង លុះទ្រង់បានស្តាប់ហើយ ក៏ហៅព្រះអានន្ទដ៏មានអាយុមក ហើយទ្រង់ត្រាស់សួរថា ម្នាលអានន្ទ សំឡេងនោះ តើជាសំឡេងកូនក្មេងឬអ្វី ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ បានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់សួរបញ្ជាក់ថែមទៀតថា ម្នាលភិក្ខុទាំងឡាយ តថាគតបានឮថា ភិក្ខុទាំងឡាយដឹងថា បុគ្គលមានអាយុមិនទាន់គ្រប់២០ឆ្នាំ ហើយឲ្យឧបសម្បទា ពិតមែនឬ ។ ព្រះអានន្ទក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន ។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទំាងឡាយ មោឃបុរសទាំងនោះដឹងថា បុគ្គលមានអាយុមិនទាន់គ្រប់២០ឆ្នាំហើយ មិនសមបើឲ្យឧបសម្បទា(ដូច្នេះ)ទេ ម្នាលភិក្ខុទំាងឡាយ (ធម្មតា) បុគ្គលមានអាយុមិនទាន់គ្រប់២០ឆ្នាំ រមែងមិនចេះអត់ធន់ត្រជាក់ ក្តៅ ឃ្លាន ស្រេក និងរមែងជាបុគ្គល មិនទាន់ចេះទ្រាំនូវសម្ផស្សរបោមមូសខ្យល់កំដៅថ្ងៃ និងពស់តូចពស់ធំទាំងឡាយ និងគន្លងពាក្យដែលគេនិយាយមិនពីរោះទ្រគោះខ្ជីខ្ជា និងទុក្ខវេទនាដែលប្រជុំក្នុងសរីរកាយកើតឡើងហើយដ៏ក្លារឹងអាក្រក់ មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត និងនាំឲ្យខូចជីវិត (នោះបានឡើយ) ម្នាលភិក្ខុទំាងឡាយ លុះតែ បុគ្គលមានអាយុគ្រប់២០ឆ្នាំ ទើបជាមនុស្សចេះអត់ធន់ត្រជាក់ ក្តៅ ឃ្លាន ស្រេក និងជាមនុស្សចេះទ្រាំនូវសម្ផស្សរបោមមូសខ្យល់កំដៅថ្ងៃ និងពស់តូចពស់ធំទាំងឡាយ និងគន្លងពាក្យដែលគេនិយាយមិនពីរោះទ្រគោះខ្ជីខ្ជា និងទុក្ខវេទនាដែលប្រជុំក្នុងសរីរកាយកើតឡើងហើយដ៏ក្លារឹងអាក្រក់ មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត និងនាំឲ្យខូចជីវិត (នោះបាន) ម្នាលភិក្ខុទំាងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា និងមិនមែននាំឲ្យរឹងរឹតតែជ្រះថ្លាដល់ពួកជនដែលជ្រះថ្លាស្រាប់ហើយទេ ។បេ ។ លុះបន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកហើយទ្រង់បញ្ញត្តថា ម្នាលភិក្ខុទំាងឡាយ កាលបើភិក្ខុដឹងថា បុគ្គលមានអាយុមិនទាន់គ្រប់២០ឆ្នាំ មិនគប្បីឲ្យឧបសម្បទាទេ ។ ភិក្ខុណាឲ្យឧបសម្បទា វិនយធរត្រូវធ្វើឲ្យសមគួរតាមធម៌ចុះ[ក្នុងមហាវិភង្គ ត្រង់ឱនវិសតិវស្សសិក្ខាបទទី៥ នៃសប្បាណកវគ្គទី៧ ក្នុងបាចិត្តិយកណ្ឌថា ឧបជ្ឈាយ៍ត្រូវអាបត្តិបាចិត្តិយ ។] ។

[១១២] សម័យនោះឯង មានត្រកូល១ ធ្វើមរណកាលស្លាប់ទៅ ដោយអហិវាតករោគ [រោគកើតអំពីខ្យល់ មានពិសដូចជាពិសពស់ ។] ។ ត្រកូលនោះនៅសល់តែបិតា និងបុត្រតូច ។ បិតានិងបុត្រតូចទាំងពីរនាក់នោះ បានទៅបួសក្នុងសំណាក់ភិក្ខុទាំងឡាយ ក៏ត្រាច់ទៅបិណ្ឌបាតតែជាមួយគ្នា ។ ឯទារកនោះ កាលបើមានគេឲ្យបាយដល់បិតា ក៏ស្ទុះចូលទៅជិត ហើយនិយាយពាក្យនេះថា នែឪពុក ចូរឲ្យខ្ញុំផង នែឪពុក ចូរឲ្យខ្ញុំផង ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្រទាំងនេះ មិនប្រព្រឹត្តធម៌ដ៏ប្រសើរ (សេពមេថុនធម្ម) ទារកនេះ កើតអំពីភិក្ខុនី ។ ភិក្ខុទាំងឡាយ បានឮមនុស្សអម្បាលនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ ។ ភិក្ខុទាំងនោះ ក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនគប្បីបំបួសទារកដែលមានអាយុថយអំពី១៥ឆ្នាំ គឺបួសជាសាមណេរ ភិក្ខុណាបំបួស ត្រូវអាបត្តិទុក្កដ ។

[១១៣] សម័យនោះឯង ត្រកូលឧបដ្ឋាករបស់ព្រះអានន្ទដ៏មានអាយុ ជាត្រកូលមានសទ្ធា និងជ្រះថ្លា ធ្វើមរណកាលដោយអហិវាតករោគ ។ នៅសល់តែទារកពីរនាក់ ។ ទារកទាំងនោះ ឃើញភិក្ខុទាំងឡាយ ដោយសារធ្លាប់ស្គាល់មកពីដើម ក៏ស្ទុះចូលទៅជិត ។ ភិក្ខុទាំងឡាយក៏បណ្តេញចេញ ។ កាលបើភិក្ខុទាំងឡាយបណ្តេញហើយ ទារកនោះក៏យំ ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុបានរិះគិតយ៉ាងនេះថា ព្រះដ៏មានព្រះភាគបានបញ្ញត្តហើយថា ទារកដែលមានអាយុថយអំពី១៥ឆ្នាំ ភិក្ខុមិនត្រូវបំបួស ក៏ឥឡូវនេះ ទារកទាំងនេះមានអាយុថយអំពី១៥ឆ្នាំ ដោយទំនងដូចម្តេចហ្ន៎ ទើបបានទារកទាំងនេះមិនគប្បីវិនាស គឺមិនសាបសូន្យចាកផ្នួស ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលអានន្ទ ចុះទារកទាំងនោះ អាចនឹងចោលបង្អើលក្អែកឲ្យហើរទៅបានដែរឬទេ ។ ព្រះអានន្ទក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស អាចចោលបង្អើលបាន ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏ទ្រង់បុញ្ញសិរីជាម្ចាស់ ទ្រង់ធ្វើនូវធម្មីកថាហើយ ត្រាស់ហៅភិក្ខុទាំងឡាយមកទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុបំបួសទារកមានអាយុថយអំពី១៥ឆ្នាំ ដែលអាចចោលបង្អើលក្អែកឲ្យហើរទៅបាន[អដ្ឋកថា ថា ទារកណា ដែលអង្គុយកាន់ដុំដីដោយដៃឆ្វេង ហើយអាចចោលក្អែកដែលមកដើម្បីស៊ីបាយដែលដាក់ខាងមុខ ឲ្យហើរទៅបាន ទារកនេះគួរឲ្យបព្វជ្ជាបាន ។] ។

[១១៤] សម័យនោះឯង ព្រះឧបនន្ទ ជាសក្យបុត្រដ៏មានអាយុ មានសាមណេរពីររូប ឈ្មោះកណ្ឋកៈ១ មហកៈ១ ។ សាមណេរទាំងនោះចេះតែប្រទូស្ត (សេពមេថុនធម្ម) គ្នានឹងគ្នា ។ ភិក្ខុទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសាមណេរ មិនសមបើមកប្រព្រឹត្តអនាចារ មានសភាពដូច្នេះសោះ ។ ភិក្ខុទាំងនោះ ក៏ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុម្នាក់ឯង មិនត្រូវឲ្យសាមណេរពីរូបបម្រើទេ ភិក្ខុណាឲ្យបម្រើ ត្រូវអាបត្តិទុក្កដ ។

[១១៥] សម័យនោះឯង ព្រះដ៏មានបុញ្ញសិរី ទ្រង់គង់ចាំវស្សាអស់ហេមន្តរដូវ និងគិម្ហរដូវតែក្នុងក្រុងរាជគ្រឹះនោះ ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ទិសទាំងឡាយក៏ចង្អៀតចង្អល់ ងងឹតងងល់ដល់ពួកសមណៈ សក្យបុត្រ ទិសទាំងឡាយមិនប្រាកដដល់ពួកសមណៈទាំងនេះ (ឬអ្វី បានជាគាប់ចិត្តនៅតែក្នុងទីនេះ មិនទៅទីឯទៀតសោះ) ។ ភិក្ខុទាំងឡាយ បានឮពួកមនុស្សទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ ។ ភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ ។ គ្រានោះ ព្រះដ៏មានបុណ្យត្រាស់ហៅព្រះអានន្ទដ៏មានអាយុមក ហើយទ្រង់ត្រាស់ថា ម្នាលអានន្ទ អ្នកឯងចូរទៅកាន់យកកូនសោ ហើយចូរប្រាប់ពួកភិក្ខុដែលនៅក្នុងបរិវេណតាមលំដាប់ថា ម្នាលអាវុសោទាំងឡាយ ព្រះដ៏មានព្រះភាគ ព្រះអង្គប្រាថ្នានឹងយាងទៅកាន់ចារិកក្នុងទក្ខិណាគិរិជនបទ (បើ) លោកដ៏មានអាយុអង្គណា ត្រូវការ(ទៅ) លោកដ៏មានអាយុអង្គនោះចូរនិមន្តមកចុះ ។ ព្រះអានន្ទដ៏មានអាយុទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះដ៏មានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស ដូច្នេះហើយ ក៏កាន់យកនូវកូនសោ ហើយទៅប្រាប់ភិក្ខុទាំងឡាយដែលនៅតាមបរិវេណថា ម្នាលអាវុសោទាំងឡាយ ព្រះដ៏មានបុណ្យ ព្រះអង្គប្រាថ្នានឹងយាងទៅកាន់ចារិកក្នុងទក្ខិណាគិរិជនបទ (បើ) លោកដ៏មានអាយុអង្គណា ត្រូវការ(ទៅ) លោកដ៏មានអាយុអង្គនោះ ចូរនិមន្តមកចុះ ។ ភិក្ខុទាំងឡាយនិយាយដូច្នេះថា ម្នាលអាវុសោអានន្ទ ព្រះដ៏មានបុណ្យ បានទ្រង់បញ្ញត្តដើម្បីឲ្យភិក្ខុនៅជាប់និស្ស័យអស់វស្សាទាំងឡាយ១០ ដើម្បីឲ្យភិក្ខុមានវស្សា១០ ឲ្យនិស្ស័យបាន យើងទាំងឡាយគប្បីទៅក្នុងទីនោះផង គប្បីកាន់យកនិស្ស័យផង ការនៅបានតែបន្តិចបន្តួចផង យើងទាំងឡាយ ក៏ត្រូវត្រឡប់មកវិញផង ត្រូវកាន់យកនិស្ស័យម្តងទៀតផង បើប្រសិនណាជាព្រះឧបជ្ឈាយ៍និងអាចារ្យរបស់យើងទៅផង យើងក៏ទៅដែរ បើព្រះឧបជ្ឈាយ៍ និងអាចារ្យរបស់យើងទាំងឡាយមិនបានទៅទេ យើងក៏មិនបានទៅដែរ ម្នាលអាវុសោអានន្ទ កិរិយាដែលមានចិត្តវិលវល់មុខជានឹងប្រាកដដល់យើងទាំងឡាយ ។ គ្រានោះ ព្រះដ៏មានបុណ្យ ទ្រង់យាងទៅកាន់ចារិកក្នុងទក្ខិណាគិរិជនបទ ដោយភិក្ខុសង្ឃមានពួកតិច ។ ព្រះដ៏មានបុណ្យ ព្រះអង្គគង់នៅក្នុងទក្ខិណាគិរិជនបទ សមគួរតាមព្រះអធ្យាស្រ័យ ហើយក៏យាងត្រឡប់មកកាន់ក្រុងរាជគ្រឹះវិញ ។ ទើបព្រះដ៏មានព្រះភាគ ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមកហើយ ទ្រង់ត្រាស់សួរថា ម្នាលអានន្ទ ហេតុដូចម្តេចបានជាកាលដែលតថាគតបានចៀសទៅកាន់ទក្ខិណាគិរិជនបទ មានពួកភិក្ខុសង្ឃតិចម្ល៉េះ ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគទ្រង់ធ្វើធម្មីកថា ហើយទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមក ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលឆ្លាសប្រតិពលនៅជាប់និស្ស័យអស់៥វស្សា ភិក្ខុដែលមិនឆ្លាស ត្រូវនៅដរាបដល់អស់ជីវិត[អដ្ឋកថា ថា ភិក្ខុដែលមិនឆ្លាសនេះ ទោះបីមានវស្សាដល់៦០ ឬ៧០ រាប់អំពីឧបសម្បទាមកក៏ដោយ បើរកភិក្ខុចាស់ជាងខ្លួនធ្វើជាអាចារ្យមិនបាន ត្រូវតែទៅអង្គុយច្រហោង ផ្គងអញ្ជលីក្នុងសំណាក់ភិក្ខុអ្នកឆ្លាស ដែលខ្ចីវស្សាជាងខ្លួន ហើយនិយាយសូមនិស្ស័យថា បពិត្រលោកដ៏មានអាយុ សូមលោកជាអាចារ្យរបស់ខ្ញុំករុណា ៗសូមនៅអាស្រ័យនឹងលោកដ៏មានអាយុផងដូច្នេះ អស់វារៈបីដង ។ បើនឹងចូលទៅភូមិ ត្រូវទៅអង្គុយច្រហោង ផ្គងអញ្ជលី ហើយនិយាយលាអាចារ្យថា បពិត្រលោកអាចារ្យ ខ្ញុំករុណាសូមលាទៅភូមិដូច្នេះទើបបាន ។] ។

[១១៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៥ មិនគប្បីនៅដោយឥតនិស្ស័យ គឺជាភិក្ខុមិនប្រកបដោយកងសីល ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុមិនប្រកបដោយកងសមាធិ ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុមិនប្រកបដោយកងបញ្ញា (វិបស្សនា) ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុមិនប្រកបដោយកងវិមុត្តិ (អរហត្តផល) ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុមិនប្រកបដោយកងវិមុត្តិញ្ញាណទស្សនៈ (បច្ចវេក្ខណញ្ញាណ) ជារបស់អសេក្ខបុគ្គល១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង មិនគប្បីនៅដោយឥតនិស្ស័យឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៥ គប្បីនៅដោយមិនបាច់មាននិស្ស័យបាន គឺជាភិក្ខុប្រកបដោយកងសីល ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុប្រកបដោយកងសមាធិ ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុប្រកបដោយកងបញ្ញា ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុប្រកបដោយកងវិមុត្តិ ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុប្រកបដោយកងវិមុត្តិញ្ញាណទស្សនៈ ជារបស់អសេក្ខបុគ្គល១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង ទើបគួរនៅបានដោយមិនបាច់មាននិស្ស័យ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៥ដទៃទៀត មិនគប្បីនៅដោយឥតមាននិស្ស័យ គឺជាភិក្ខុមិនមានសទ្ធា១ ជាភិក្ខុមិនខ្មាសបាប១ ជាភិក្ខុមិនខ្លាចបាប១ ជាភិក្ខុខ្ជិល១ ជាភិក្ខុវង្វេងស្មារតី១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង មិនគួរនៅដោយឥតនិស្ស័យឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៥ គួរនៅបានដោយមិនបាច់មាននិស្ស័យ គឺជាភិក្ខុមានសទ្ធា១ ជាភិក្ខុខ្មាសបាប១ ជាភិក្ខុខ្លាចបាប១ ជាភិក្ខុប្រារព្ធព្យាយាម១ ជាភិក្ខុដម្កល់ស្មារតីខ្ជាប់ខ្ជួន១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង ទើបគួរនៅបានដោយមិនបាច់មាននិស្ស័យឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៥ក្រៅពីនេះទៀត មិនគប្បីនៅដោយឥតនិស្ស័យ គឺជាភិក្ខុវិបត្តិសីលក្នុងសីលដ៏ក្រៃលែង១ ជាភិក្ខុវិបត្តិអាចារក្នុងអាចារដ៏ក្រៃលែង១ ជាភិក្ខុវិបត្តិទិដ្ឋិក្នុងទិដ្ឋិដ៏ក្រៃលែង១ ជាភិក្ខុចេះចាំតិច១ ជាភិក្ខុអាប់ឥតប្រាជ្ញា១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង មិនគួរនៅដោយឥតនិស្ស័យឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៥ គប្បីនៅដោយមិនមាននិស្ស័យបាន គឺជាភិក្ខុមិនវិបត្តិសីលក្នុងសីលដ៏ក្រៃលែង១ ជាភិក្ខុមិនវិបត្តិអាចារក្នុងអាចារដ៏ក្រៃលែង១ ជាភិក្ខុមិនវិបត្តិចាកទិដ្ឋិក្នុងទិដ្ឋិដ៏ក្រៃលែង១ ជាភិក្ខុចេះចាំច្រើន១ ជាភិក្ខុមានប្រាជ្ញា១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង ទើបគួរនៅដោយមិនបាច់មាននិស្ស័យបាន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៥ក្រៅពីនេះទៀត មិនគប្បីនៅដោយឥតនិស្ស័យ គឺភិក្ខុមិនស្គាល់អាបត្តិ១ មិនស្គាល់អនាបត្តិ១ មិនស្គាល់អាបត្តិស្រាល១ មិនស្គាល់អាបត្តិធ្ងន់១ ទាំងបាតិមោក្ខទាំងឡាយពីរ [ឱវាទបាតិមោក្ខ និងអាណាបាតិមោក្ខ ។ អាណាបាតិមោក្ខចែកជាពីរ គឺភិក្ខុបាតិមោក្ខ១ ភិក្ខុនីបាតិមោក្ខ១ ក្នុងទីនេះ ទ្រង់សំដៅយកភិក្ខុបាតិមោក្ខ និងភិក្ខុនីបាតិមោក្ខ ។] ភិក្ខុនោះក៏មិនបានចេះដោយពិស្តារ ភិក្ខុនោះមិនបានចែកដោយប្រពៃ មិនបានឲ្យប្រព្រឹត្តដោយប្រពៃ (មិនចាំស្ទាត់រត់មាត់) មិនកាត់សេចក្តីដោយល្អ តាមសុត្ត (សង្គ្រោះយកខន្ធកវិន័យ និងបរិវារៈ) តាមរបៀបនៃព្យញ្ជនៈ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយអង្គទាំង៥នេះឯង មិនគប្បីនៅដោយមិនមាននិស្ស័យឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៥ គប្បីនៅដោយឥតនិស្ស័យបាន គឺភិក្ខុស្គាល់អាបត្តិ១ ស្គាល់អនាបត្តិ១ ស្គាល់អាបត្តិស្រាល១ ស្គាល់អាបត្តិធ្ងន់១ ទាំងបាតិមោក្ខទាំងឡាយពីរ ភិក្ខុនោះក៏ចេះដោយត្រឹមត្រូវល្អ យ៉ាងពិស្តារ បានចែកដោយល្អ បានឲ្យប្រព្រឹត្តដោយប្រពៃ បានវិនិច្ឆ័យដោយត្រឹមត្រូវតាមសុត្ត តាមរបៀបនៃព្យញ្ជនៈ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយអង្គទាំង៥នេះឯង ទើបគួរនៅដោយឥតនិស្ស័យបាន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៥ក្រៅពីនេះទៀត មិនគប្បីនៅដោយឥតនិស្ស័យ គឺភិក្ខុមិនស្គាល់អាបត្តិ១ មិនស្គាល់អនាបត្តិ១ មិនស្គាល់អាបត្តិស្រាល១ មិនស្គាល់អាបត្តិធ្ងន់១ មានវស្សាថយពីប្រាំចុះមក១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយអង្គទាំងឡាយ៥នេះឯង មិនគួរនៅដោយឥតនិស្ស័យឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៥ គប្បីនៅដោយឥតនិស្ស័យបាន គឺភិក្ខុស្គាល់អាបត្តិ១ ស្គាល់អនាបត្តិ១ ស្គាល់អាបត្តិស្រាល១ ស្គាល់អាបត្តិធ្ងន់១ មានវស្សាប្រាំ ឬមានវស្សាច្រើនជាងប្រាំ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយអង្គទាំងឡាយ៥នេះឯង ទើបគួរនៅដោយឥតនិស្ស័យបាន ។

[១១៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៦ មិនគប្បីនៅដោយឥតនិស្ស័យទេ គឺជាភិក្ខុដែលមិនប្រកបដោយកងសីល ជារបស់អសេក្ខបុគ្គល១ ដែលមិនប្រកបដោយកងសមាធិ ជារបស់អសេក្ខបុគ្គល១ ដែលមិនប្រកបដោយកងបញ្ញា ជារបស់អសេក្ខបុគ្គល១ ដែលមិនប្រកបដោយកងវិមុត្តិ ជារបស់អសេក្ខបុគ្គល១ ដែលមិនប្រកបដោយកងវិមុត្តិញ្ញាណទស្សនៈ ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុមានវស្សាមិនទាន់គ្រប់ប្រាំ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយអង្គទាំង៦នេះឯង មិនគួរនៅដោយឥតនិស្ស័យទេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៦ គប្បីនៅដោយឥតនិស្ស័យបាន គឺជាភិក្ខុប្រកបដោយកងសីល ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុប្រកបដោយកងសមាធិ ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុប្រកបដោយកងបញ្ញា ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុប្រកបដោយកងវិមុត្តិ ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុប្រកបដោយកងវិមុត្តិញ្ញាណទស្សនៈ ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុមានវស្សាប្រាំ ឬមានវស្សាច្រើនជាងប្រាំ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយអង្គទាំង៦នេះឯង ទើបគួរនៅដោយឥតនិស្ស័យបាន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៦ក្រៅពីនេះទៀត មិនគប្បីនៅដោយឥតនិស្ស័យ គឺជាភិក្ខុមិនមានសទ្ធា១ ជាភិក្ខុមិនខ្មាសបាប១ ជាភិក្ខុមិនខ្លាចបាប១ ជាភិក្ខុខ្ជិល១ ជាភិក្ខុវង្វេងស្មារតី១ ជាភិក្ខុមានវស្សាមិនទាន់គ្រប់ប្រាំ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយអង្គទាំង៦នេះឯង មិនគួរនៅដោយឥតនិស្ស័យឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៦ គប្បីនៅដោយឥតនិស្ស័យបាន គឺជាភិក្ខុមានសទ្ធា១ ជាភិក្ខុខ្មាសបាប១ ជាភិក្ខុខ្លាចបាប១ ជាភិក្ខុមានសេចក្តីប្រារព្ធព្យាយាមហើយ១ ជាភិក្ខុដម្កល់ស្មារតីខ្ជាប់ខ្ជួន១ ជាភិក្ខុមានវស្សាប្រាំ ឬមានវស្សាច្រើនជាងប្រាំ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយអង្គទាំង៦នេះឯង ទើបគួរនៅដោយឥតនិស្ស័យបាន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៦ក្រៅពីនេះទៀត មិនគប្បីនៅដោយឥតនិស្ស័យ គឺជាភិក្ខុវិបត្តិសីលក្នុងសីលដ៏ក្រៃលែង១ ជាភិក្ខុវិបត្តិអាចារ (មារយាទ) ក្នុងអាចារដ៏ក្រៃលែង១ ជាភិក្ខុវិបត្តិទិដ្ឋិក្នុងទិដ្ឋិដ៏ក្រៃលែង១ ជាភិក្ខុចេះចាំ(ពុទ្ធវចនៈ)តិច១ ជាភិក្ខុមិនមានប្រាជ្ញា១ ជាភិក្ខុមានវស្សាមិនទាន់គ្រប់ប្រាំ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង៦នេះឯង មិនគួរនៅដោយឥតនិស្ស័យឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៦ គប្បីនៅដោយមិនបាច់និស្ស័យ គឺជាភិក្ខុមិនវិបត្តិសីលក្នុងសីលដ៏ក្រៃលែង១ ជាភិក្ខុមិនវិបត្តិអាចារក្នុងអាចារដ៏ក្រៃលែង១ ជាភិក្ខុមិនវិបត្តិទិដ្ឋិក្នុងទិដ្ឋិដ៏ក្រៃលែង១ ជាភិក្ខុចេះចាំ(ពុទ្ធវចនៈ)ច្រើន១ ជាភិក្ខុមានប្រាជ្ញា១ ជាភិក្ខុមានវស្សាប្រាំ ឬមានវស្សាច្រើនជាងប្រាំ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយអង្គទាំង៦នេះឯង ទើបគួរនៅមិនបាច់មាននិស្ស័យបាន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៦ក្រៅពីនេះទៀត មិនគប្បីនៅដោយឥតនិស្ស័យ គឺភិក្ខុមិនស្គាល់អាបត្តិ១ មិនស្គាល់អនាបត្តិ១ មិនស្គាល់អាបត្តិស្រាល១ មិនស្គាល់អាបត្តិធ្ងន់១ ទាំងបាតិមោក្ខទាំងឡាយពីរ ភិក្ខុនោះមិនបានចេះចាំដោយពិស្តារ មិនបានចែកដោយល្អ មិនឲ្យប្រព្រឹត្តដោយប្រពៃ មិនវិនិច្ឆ័យដោយត្រឹមត្រូវ តាមសុត្ត តាមលំដាប់ព្យញ្ជនៈ១ ជាភិក្ខុមានវស្សាមិនគ្រប់ប្រាំ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយអង្គទាំង៦នេះឯង មិនគួរនៅដោយមិនមាននិស្ស័យទេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៦នេះឯង គប្បីនៅដោយមិនបាច់និស្ស័យ គឺភិក្ខុស្គាល់អាបត្តិ១ ស្គាល់អនាបត្តិ១ ស្គាល់អាបត្តិស្រាល១ ស្គាល់អាបត្តិធ្ងន់១ ទាំងបាតិមោក្ខទាំងឡាយពីរ ភិក្ខុនោះក៏ចេះចាំយ៉ាងពិស្តារ បានចែកដោយល្អ ឲ្យប្រព្រឹត្តទៅដោយប្រពៃ កាត់សេចក្តីដោយត្រឹមត្រូវតាមសុត្ត តាមលំដាប់ព្យញ្ជនៈ១ ជាភិក្ខុមានវស្សាប្រាំ ឬមានវស្សាច្រើនជាងប្រាំ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយអង្គទាំង៦នេះឯង ទើបគួរនៅដោយមិនមាននិស្ស័យបាន ។

ចប់ អភយូវរភាណវារៈ ។

[១១៨] គ្រានោះឯង ព្រះដ៏មានព្រះភាគទ្រង់គង់ក្នុងក្រុងរាជគ្រឹះ តាមសមគួរដល់ពុទ្ធអធ្យាស្រ័យហើយ ទ្រង់យាងសំដៅទៅកាន់ចារិក ឯក្រុងកបិលវត្ថុ ត្រាច់ទៅតាមលំដាប់ៗហើយ ទ្រង់បានយាងទៅដល់ក្រុងកបិលវត្ថុនោះឯង ។ តាមដំណាលក្នុងនិទាននោះថា ព្រះដ៏មានបុណ្យ ទ្រង់គង់ក្នុងនិគ្រោធារាម ក្បែរក្រុងកបិលវត្ថុ ក្នុងដែនសក្កៈ ។ លំដាប់នោះ ព្រះដ៏មានបុណ្យ ព្រះអង្គទ្រង់ស្បង់ ទ្រង់បាត្រចីវរ ហើយយាងចូលទៅកាន់ដំណាក់ព្រះបាទសុទ្ធោទនសក្យរាជ ក្នុងវេលាព្រឹក លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈដែលគេរៀបចំថ្វាយ ។ គ្រានោះ ព្រះនាងទេវីជាមាតារាហុល បានពោលពាក្យនេះនឹងរាហុលកុមារថា ម្នាលរាហុល ព្រះសមណៈនេះ ជាបិតារបស់បាហើយ បាឯងចូរទៅសូមទ្រព្យមត៌ករបស់បិតាបាចុះ ។ លំដាប់នោះ រាហុលកុមារក៏ចូលទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឈរចំពោះព្រះភក្ត្រព្រះដ៏មានព្រះភាគ ហើយក្រាបទូលថា បពិត្រព្រះសមណៈ ម្លប់ (បុណ្យ) របស់ព្រះអង្គសុខស្រួលណាស់ ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ក្រោកចាកពុទ្ធាសនៈ ហើយយាងចេញទៅ ។ គ្រានោះ រាហុលកុមារ ក៏តាមព្រះដ៏មានព្រះភាគប្រកិតអំពីខាងក្រោយៗ ហើយក្រាបទូលថា បពិត្រព្រះសមណៈ សូមព្រះអង្គទ្រង់ប្រទានទ្រព្យមត៌កដល់ខ្ញុំ សូមព្រះអង្គ ទ្រង់ប្រទានទ្រព្យមត៌កដល់ខ្ញុំ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់ហៅព្រះសារីបុត្រដ៏មានអាយុមកហើយត្រាស់ថា ម្នាលសារីបុត្រ បើដូច្នោះ អ្នកចូរបំបួសរាហុលកុមារចុះ ។ ព្រះសារីបុត្រទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះករុណានឹងបំបួសរាហុលកុមារដោយវិធីដូចម្តេច ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានបុញ្ញសិរី ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមក ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសាមណេរបព្វជ្ជាដោយត្រៃសរណគមន៍ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីបំបួសកុលបុត្រយ៉ាងនេះគឺ មុនដំបូងភិក្ខុត្រូវកោរសក់ និងពុកមាត់ឲ្យហើយ ឲ្យស្លៀកសំពត់កាសាយៈទាំងឡាយ រួចពាក់សំពត់ឧត្តរាសង្គឆៀងស្មាម្ខាង ឲ្យសំពះបាទានៃភិក្ខុទាំងឡាយ ឲ្យអង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយត្រូវប្រាប់កុលបុត្រនោះថា អ្នកចូរពោលយ៉ាងនេះ គឺត្រូវពោលថា ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធជាទីរលឹក ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ជាទីរលឹក ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃជាទីរលឹក ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធជាទីរលឹក ជាគម្រប់​ពីរដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ជាទីរលឹក ជាគម្រប់​ពីរដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃជាទីរលឹក ជាគម្រប់​ពីរដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធជាទីរលឹក ជាគម្រប់​បីដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ជាទីរលឹក ជាគម្រប់​បីដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃជាទីរលឹក ជាគម្រប់​បីដងផង ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសាមណេរបព្វជ្ជា ដោយត្រៃសរណគមន៍នេះ ។ ព្រះសារីបុត្រដ៏មានអាយុ ក៏បំបួសរាហុលកុមារក្នុងខណៈនោះឯង[ក្នុងអដ្ឋកថា ថា ព្រះមហាមោគ្គល្លានត្ថេរកោរសក់ និងឲ្យសំពត់កាសាយៈដល់រាហុលកុមារ ព្រះសារីបុត្តជាបព្វជ្ជាចារ្យ ។ ព្រះមហាកស្សបត្ថេរជាឱវាទាចារ្យ ។] ។ លំដាប់នោះឯង ព្រះបាទសុទ្ធោទនសក្យរាជ ទ្រង់យាងចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគហើយ គង់ក្នុងទីដ៏សមគួរ លុះគង់ក្នុងទីដ៏សមគួរហើយ ព្រះបាទសុទ្ធោទនសក្យរាជ ក៏ទ្រង់មានព្រះរាជឱង្ការយ៉ាងនេះនឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះករុណាសូមពរម្យ៉ាងអំពីព្រះដ៏មានព្រះភាគ ។ ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា បពិត្រព្រះគោតម [ទ្រង់ហៅព្រះពុទ្ធបិតាតាមនាមគោត្រ គឺនាមត្រកូលរបស់ព្រះអង្គដែលហៅថា គោតមគោត្រ ។] ព្រះតថាគតទាំងឡាយមានពរកន្លងហើយ ។ ព្រះបាទសុទ្ធោទនសក្យរាជ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ពរណាដែលគួរ ពរណាដែលមិនមានទោស (ខ្ញុំសូមពរនោះ) ។ ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា បពិត្រព្រះគោតម សូមព្រះអង្គមានព្រះបន្ទូលចំពោះពរនោះចុះ ។ ព្រះបាទសុទ្ធោទនសក្យរាជក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន កាលដែលព្រះអង្គមក ទ្រង់ព្រះផ្នួសហើយ ខ្ញុំព្រះករុណាកើតទុក្ខមិនមែនតិចទេ កាលដែលនន្ទនិងរាហុលមកបួស ក៏ខ្ញុំព្រះករុណាកើតទុក្ខខ្លាំងណាស់ដូច្នោះដែរ បពិត្រព្រះអង្គដ៏ចម្រើន សេចក្តីស្រឡាញ់រាហុលកុមារ ដូចជាកូន លើសពន់ប្រមាណ (ហាក់ដូចជា) កាត់នូវសម្បុរស្បែកក្រៅ លុះកាត់សម្បុរស្បែកក្រៅហើយ ក៏កាត់នូវស្បែកក្នុង លុះកាត់ស្បែកក្នុងហើយ ក៏កាត់នូវសាច់ លុះកាត់សាច់ហើយ ក៏កាត់នូវសរសៃ លុះកាត់សរសៃហើយ ក៏កាត់នូវឆ្អឹង លុះកាត់ឆ្អឹងហើយ ក៏ចុចរហូតដល់ខួរក្នុងឆ្អឹង បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំសូមអង្វរថា លោកម្ចាស់ទាំងឡាយកុំបំបួសកូនដែលមាតាបិតាមិនបានអនុញ្ញាតឡើយ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ព្រះបាទសុទ្ធោទនសក្យរាជឲ្យឃើញច្បាស់ ឲ្យសមាទាននូវកុសលធម៌ដោយប្រពៃ ឲ្យក្លៀវក្លាឡើងដោយល្អ និងឲ្យមានព្រះហឫទ័យរីករាយដោយធម្មីកថា ។ ឯព្រះបាទសុទ្ធោទនសក្យរាជ លុះព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ឲ្យឃើញច្បាស់ ឲ្យសមាទាននូវកុសលធម៌ដោយប្រពៃ ឲ្យក្លៀវក្លាឡើងដោយល្អ និងឲ្យរីករាយដោយធម្មីកថាហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ (យាងវិលខាងស្តាំ) ហើយស្តេចចៀសចេញទៅ ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមក ទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ បុត្រដែលមាតានិងបិតាមិនបានអនុញ្ញាត ភិក្ខុមិនគប្បីបំបួសឡើយ បើភិក្ខុណាបំបួស ត្រូវអាបត្តិទុក្កដ ។ លំដាប់ពីនោះមក ព្រះដ៏មានបុណ្យ ទ្រង់គង់ក្នុងក្រុងកបិលវត្ថុ តាមសមគួរដល់ពុទ្ធអធ្យាស្រ័យហើយ ទ្រង់យាងសំដៅទៅកាន់ចារិកឯក្រុងសាវត្ថី ទ្រង់ត្រាស់ទៅកាន់ចារិកដោយលំដាប់ៗហើយ ទ្រង់បានដល់ទៅក្រុងសាវត្ថីនោះ ។ តាមដំណាលក្នុងនិទាននោះថា ព្រះដ៏មានបុណ្យ ទ្រង់គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី ។

[១១៩] សម័យនោះឯង ត្រកូលឧបដ្ឋាករបស់ព្រះសារីបុត្រដ៏មានអាយុ បញ្ជូនទារកទៅក្នុងសំណាក់ព្រះសារីបុត្រដ៏មានអាយុ ហើយនិយាយថា សូមព្រះថេរៈបំបួសទារកនេះឲ្យទាន ។ គ្រានោះ ព្រះសារីបុត្រដ៏មានអាយុត្រិះរិះយ៉ាងនេះថា ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តថា ភិក្ខុមួយរូបមិនត្រូវឲ្យសាមណេរពីររូបបម្រើខ្លួន ឥឡូវរាហុលសាមណេរនេះ ជាសាមណេររបស់អញ តើអញនឹងត្រូវប្រតិបត្តិដូចម្តេចហ្ន៎ ។ ព្រះសារីបុត្រក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុមួយរូបដែលឆ្លាសប្រតិពល ឲ្យសាមណេរពីររូបបម្រើបាន ម្យ៉ាងវិញទៀត បើភិក្ខុនោះអាចទូន្មានប្រៀនប្រដៅសាមណេរប៉ុន្មានរូបបាន ឲ្យសាមណេរមានទាំងប៉ុណ្ណោះបម្រើក៏បានដែរ ។

[១២០] គ្រាតពីនោះមក សាមណេរទាំងឡាយបានត្រិះរិះសេចក្តីនេះនឹងគ្នាថា សិក្ខាបទរបស់យើងទាំងឡាយមានប៉ុន្មានហ្ន៎ ម្យ៉ាងទៀត យើងទាំងឡាយគួរសិក្សាក្នុងវិន័យដូចម្តេចខ្លះ ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវសិក្ខាបទទាំងឡាយ១០ ដល់សាមណេរទាំងឡាយ ម្យ៉ាងទៀត អនុញ្ញាតឲ្យសាមណេរទាំងឡាយសិក្សាក្នុងសិក្ខាបទទាំងឡាយ១០នោះគឺ ចេតនាជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង១ ចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យ១ ចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តនូវធម៌មិនប្រសើរ១ ចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក១ ចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ ព្រោះផឹកនូវទឹកស្រវឹង គឺសុរានិងមេរ័យ១ ចេតនាជាហេតុវៀរចាកកិរិយាបរិភោគនូវភោជនាហារក្នុងកាលខុស១ ចេតនាជាហេតុវៀរចាកកិរិយារាំ និងច្រៀង និងប្រគំ និងមើលនូវល្បែងដែលជាសត្រូវដល់កុសលធម៌១ ចេតនាជាហេតុវៀរចាកកិរិយាទ្រទ្រង់ និងប្រដាប់ និងតាក់តែងស្អិតស្អាងរាងកាយដោយផ្កាកម្រង និងគ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ១ ចេតនាជាហេតុវៀរចាកទីសេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងទីសេនាសនៈដ៏ប្រសើរ១ ចេតនាជាហេតុវៀរចាកកិរិយាទទួលកាន់យកនូវមាសនិងប្រាក់១ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវសិក្ខាបទទាំង១០នេះ ដល់សាមណេរទាំងឡាយ ម្យ៉ាងទៀត អនុញ្ញាតឲ្យពួកសាមណេរសិក្សាក្នុងសិក្ខាបទទាំងឡាយ១០នេះ ។

[១២១] សម័យនោះឯង សាមណេរទាំងឡាយមិនគោរព មិនកោតក្រែង មានការចិញ្ចឹមជីវិតមិនស្មើភាគគ្នាក្នុងភិក្ខុទាំងឡាយ ។ ភិក្ខុទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសាមណេរ មិនសមបើមិនគោរព មិនកោតក្រែង មានការចិញ្ចឹមជីវិតមិនស្មើភាគគ្នា ក្នុងភិក្ខុទាំងឡាយ (ដូច្នេះ) សោះ ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុធ្វើទណ្ឌកម្មដល់សាមណេរដែលប្រកបដោយអង្គទាំងឡាយ៥ គឺសាមណេរព្យាយាមដើម្បីនឹងឲ្យសាបសូន្យលាភរបស់ភិក្ខុទាំងឡាយ១ សាមណេរព្យាយាមដើម្បីមិនឲ្យជាប្រយោជន៍[អដ្ឋកថា សំដៅយកឧបទ្រព គឺបៀតបៀនឲ្យមានភ័យអន្តរាយ ឲ្យចង្អៀតចង្អល់ចិត្ត ។]  ដល់ភិក្ខុទាំងឡាយ១ សាមណេរព្យាយាម ដើម្បីនឹងមិនឲ្យភិក្ខុទាំងឡាយបាននូវលំនៅ១ សាមណេរជេរគម្រាមនូវភិក្ខុទាំងឡាយ១ សាមណេរញុំាងភិក្ខុទាំងឡាយឲ្យបែកចាកភិក្ខុទាំងឡាយ១ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុធ្វើទណ្ឌកម្ម ដល់សាមណេរ ដែលប្រកបដោយអង្គទាំងឡាយ៥នេះ ។ លំដាប់តពីនោះមក ភិក្ខុទាំងឡាយបានត្រិះរិះនូវសេចក្តីនេះថា យើងទាំងឡាយគប្បីធ្វើទណ្ឌកម្មដូចម្តេចហ្ន៎ ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុធ្វើនូវអាវរណកម្ម គឺកិរិយាហាមប្រាម (ថា អ្នកកុំចូលមកក្នុងទីនេះ) ។ ក៏សម័យនោះឯង ពួកភិក្ខុធ្វើនូវអាវរណកម្ម គឺកិរិយាហាមប្រាមដល់សាមណេរទាំងឡាយអស់ទាំងអារាមរបស់សង្ឃទាំងមូល ។ សាមណេរទាំងឡាយ កាលបើចូលទៅកាន់អារាមមិនបាន ក៏ចៀសចេញទៅខ្លះ សឹកចេញទៅខ្លះ ទៅចូលក្នុងពួកតិរ្ថិយខ្លះ ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អារាមរបស់សង្ឃទាំងមូល ភិក្ខុមិនគប្បីធ្វើនូវអាវរណកម្ម គឺកិរិយាហាមប្រាមឡើយ ភិក្ខុណាធ្វើ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ សាមណេរធ្លាប់នៅក្នុងទីណា ឬធ្លាប់ចូលទៅក្នុងទីណា តថាគតអនុញ្ញាតឲ្យភិក្ខុធ្វើនូវអាវរណកម្ម គឺកិរិយាហាមប្រាម តែក្នុងទៅនោះ ។ ក៏សម័យនោះឯង ភិក្ខុទាំងឡាយធ្វើនូវអាវរណកម្ម គឺកិរិយាហាមប្រាមចំពោះអាហារដែលបរិភោគតាមទ្វារមាត់ ដល់សាមណេរទាំងឡាយ ។ មនុស្សទាំងឡាយ កាលធ្វើទឹកបបរខ្លះ សង្ឃភត្តខ្លះ ក៏និយាយពាក្យយ៉ាងនេះនឹងសាមណេរទាំងឡាយថា បពិត្រលោកដ៏ចម្រើន លោកទាំងឡាយចូរមកឆាន់បបរចុះ បពិត្រលោកម្ចាស់ដ៏ចម្រើន លោកទាំងឡាយចូរមកឆាន់ចង្ហាន់ចុះ ។ សាមណេរទាំងឡាយក៏និយាយពាក្យយ៉ាងនេះថា ម្នាលអាវុសោ យើងទាំងឡាយឆាន់មិនបានទេ (ព្រោះ) ភិក្ខុទាំងឡាយ លោកធ្វើអាវរណកម្មហើយ ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ទាំងឡាយ មិនសមបើធ្វើអាវរណកម្ម ហាមប្រាមចំពោះអាហារដែលបរិភោគតាមមុខទ្វារ ដល់សាមណេរ (ដូច្នេះ)សោះ ។ ភិក្ខុទាំងឡាយក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវធ្វើនូវអាវរណកម្ម ហាមប្រាមចំពោះអាហារដែលបរិភោគតាមមុខទ្វារឡើយ ភិក្ខុណាធ្វើ ត្រូវអាបត្តិទុក្កដ ។

ចប់ រឿងទណ្ឌកម្ម ។

[១២២] ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុមិនបានប្រាប់ភិក្ខុទាំងឡាយជាឧបជ្ឈាយ៍ ក៏ធ្វើអាវរណកម្មដល់សាមណេរទាំងឡាយ ។ ឧបជ្ឈាយ៍ទាំងឡាយស្វែងរក ដោយគិតថា ពួកសាមណេររបស់យើងទាំងឡាយម្តេចក៏មិនឃើញដូច្នេះ ។ ភិក្ខុទាំងឡាយនិយាយប្រាប់យ៉ាងនេះថា ម្នាលអាវុសោ ពួកឆព្វគ្គិយភិក្ខុធ្វើអាវរណកម្មហើយ ។ ឧបជ្ឈាយ៍ទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនសមបើមិនប្រាប់យើង ហើយធ្វើអាវរណកម្ម ដល់ពួកសាមណេររបស់យើង (ដូច្នេះ)សោះ ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ (បើ) អ្នកទាំងឡាយមិនទាន់ប្រាប់ពួកឧបជ្ឈាយ៍ (ឲ្យដឹងជាមុនទេ) មិនត្រូវធ្វើអាវរណកម្មឡើយ ។ ភិក្ខុណាធ្វើ ត្រូវអាបត្តិទុក្កដ ។

[១២៣] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រលោមយកពួកសាមណេររបស់ពួកភិក្ខុជាថេរៈ ព្រះថេរៈទាំងឡាយ ក៏បានសេចក្តីលំបាក ដោយកាន់យកឈើស្ទន់ និងទឹកលុបមុខដោយខ្លួនឯង ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនគប្បីប្រលោមយកបរិសទ្យរបស់ភិក្ខុដទៃឡើយ ។ ភិក្ខុណាប្រលោមយក ត្រូវអាបត្តិទុក្កដ[អដ្ឋកថា ថា ភិក្ខុបំបែកសាមណេរ ឬឧបសម្បន្ន ដែលជាបរិសទ្យរបស់ភិក្ខុដទៃ ដោយហោចទៅ ទោះបីបរិសទ្យរបស់ភិក្ខុទ្រុស្តសីលក៏មិនគួរ ។ តែបើនិយាយប្រាប់ទោសថា អ្នកឯងនៅអាស្រ័យនឹងភិក្ខុទ្រុស្តសីល ដូចជាបុគ្គលងូតទឹក ហើយមកប្រឡាក់លាមកវិញ (ក៏សាមណេរ ឬឧបសម្បន្ននោះមកឯងៗ) ដូច្នេះ គួរ ។] ។

[១២៤] សម័យនោះឯង សាមណេរឈ្មោះកណ្តកៈ (ជាសិស្ស) របស់ព្រះឧបនន្ទសក្យដ៏មានអាយុ ប្រទុស្ត (សេពមេថុនធម្ម) នឹងភិក្ខុនីឈ្មោះកណ្តកី ។ ភិក្ខុទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើសាមណេរមកប្រព្រឹត្តអនាចារ មានសភាពដូច្នេះសោះ ។ ភិក្ខុទាំងឡាយក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានបុណ្យ ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុញុំាងសាមណេរ ដែលប្រកបដោយអង្គទាំងឡាយ១០ ឲ្យវិនាស គឺសាមណេរធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង (គឺសម្លាប់សត្វ)១ សាមណេរកាន់យកវត្ថុដែលគេមិនបានឲ្យ (ដោយកាយឬវាចា)១ សាមណេរប្រព្រឹត្តនូវធម៌មិនប្រសើរ (គឺសេពមេថុនធម្ម)១ សាមណេរពោលពាក្យកុហក១ សាមណេរផឹកទឹកស្រវឹង (គឺសុរានិងមេរ័យ)១ សាមណេរពោលតិះដៀលព្រះពុទ្ធ១ សាមណេរពោលតិះដៀលព្រះធម៌១ សាមណេរពោលតិះដៀលព្រះសង្ឃ១សាមណេរមានទិដ្ឋិខុស១ សាមណេរប្រទូស្តភិក្ខុនី១ ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតឲ្យភិក្ខុញុំាងសាមណេរ ដែលប្រកបដោយអង្គទាំងឡាយ១០នេះ ឲ្យវិនាស ។

[១២៥] សម័យនោះឯង មានមនុស្សខ្ទើយម្នាក់បួសក្នុងសំណាក់ភិក្ខុទាំងឡាយ ។ មនុស្សខ្ទើយនោះ ចូលទៅរកពួកភិក្ខុជាកំឡោះៗ ហើយនិយាយយ៉ាងនេះថា លោកដ៏មានអាយុទាំងឡាយ ចូរមកប្រទូស្ត (សេពមេថុន) នឹងខ្ញុំចុះ ។ ភិក្ខុទាំងឡាយក៏បណ្តេញដោយពាក្យថា នែអ្នកខ្ទើយ អ្នកឯងចូរអន្តរធានទៅ នែអ្នកខ្ទើយ អ្នកឯងចូរវិនាសទៅ យើងមិនត្រូវការនឹងអ្នកឯងទេ ។ មនុស្សខ្ទើយនោះ លុះដល់ភិក្ខុទាំងឡាយបណ្តេញចេញហើយ ក៏ចូលទៅរកពួកសាមណេរធំៗ ដែលមានសរីរៈធាត់ៗទៀត ហើយនិយាយយ៉ាងនេះថា បពិត្រលោកដ៏មានអាយុទាំងឡាយ ចូរលោកទាំងឡាយមកប្រទូស្តនឹងខ្ញុំចុះ ។ ពួកសាមណេរក៏បណ្តេញដោយពាក្យថា នែអ្នកខ្ទើយ អ្នកឯងចូរអន្តរធានទៅ នែអ្នកខ្ទើយ អ្នកឯងចូរវិនាសទៅ យើងមិនត្រូវការនឹងអ្នកឯងទេ ។ មនុស្សខ្ទើយនោះ លុះសាមណេរទាំងឡាយបណ្តេញហើយ ក៏ចូលទៅរកពួកគង្វាលដំរី និងពួកគង្វាលសេះ ហើយនិយាយយ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុទាំងឡាយ អ្នកចូរមកប្រទូស្តនឹងខ្ញុំចុះ ។ ពួកគង្វាលដំរី និងពួកគង្វាលសេះ ក៏ប្រទូស្តទៅ ។ គង្វាលដំរី និងគង្វាលសេះទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្រទាំងនេះជាមនុស្សខ្ទើយ បណ្តាសមណៈទាំងនេះ ប្រហែលជាសមណៈណា ដែលមិនខ្ទើយ មុខជាប្រទូស្តពួកខ្ទើយមិនលែងឡើយ បើដូច្នេះ ពួកសមណៈទាំងនេះ សុទ្ធតែប្រព្រឹត្តអព្រហ្មចរិយធម៌ (មេថុនធម្ម) គ្រប់គ្នាទាំងអស់មិនខាន ។ ភិក្ខុទាំងឡាយ កាលបើបានឮពួកគង្វាលដំរី និងពួកគង្វាលសេះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ ។ ទើបពួកភិក្ខុនោះក៏ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានបុណ្យ ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ខ្ទើយជាអនុបសម្បន្ន សង្ឃមិនគប្បីឲ្យឧបសម្ប័ទឡើយ (បើ) ជាឧបសម្ប័ទហើយ ត្រូវឲ្យវិនាសចេញ ។

[១២៦] សម័យនោះឯង មានកុលបុត្រចាស់ម្នាក់ ជាបុគ្គលគ្មានញាតិសាលោហិត តែធ្លាប់ជាអ្នកមានសេចក្តីសុខដ៏ល្អិតល្អ ។ ឯកុលបុត្រចាស់នោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា អញឯងជាសុខុមាលជាតិ តែមិនអាចនឹងបានភោគសម្បត្តិដែលខ្លួនមិនទាន់បានផង មិនអាចនឹងធ្វើភោគសម្បត្តិ ដែលខ្លួនបានហើយ ឲ្យរឹតតែចម្រើនផង បើដូច្នេះ អញនឹងគប្បីចិញ្ចឹមជីវិតដោយឧបាយយ៉ាងនេះអេះ ទើបបានស្រួល មិនបាច់លំបាកផង ។ លំដាប់តពីនោះមក កុលបុត្រចាស់ដែលគ្មានញាតិសាលោហិតនោះបានរំពឹងសេចក្តីនេះតទៅទៀតថា ពួកសមណៈ ជាសក្យបុត្រទាំងនេះ មានសីលជាសុខ មានសមាចារជាសុខ បានឆាន់នូវភោជនដ៏ល្អ ដេកលើដំណេកទាំងឡាយដែលហប់ មិនមានខ្យល់ បើដូច្នោះ មានតែអញត្រូវតាក់តែងបាត្រនិងចីវរ កោរសក់ និងពុកមាត់ ស្លៀកដណ្តប់នូវសំពត់កាសាយៈទាំងឡាយខ្លួនឯង ទៅកាន់អារាម ហើយនៅអាស្រ័យជាមួយនឹងភិក្ខុទាំងឡាយចុះ ។ ទើបកុលបុត្រចាស់គ្មានញាតិសាលោហិតនោះ ក៏តាក់តែងបាត្រនិងចីវរ កោរសក់និងពុកមាត់ ស្លៀកដណ្តប់នូវសំពត់កាសាយៈទាំងឡាយខ្លួនឯង ទៅកាន់អារាម ហើយថ្វាយបង្គំភិក្ខុទាំងឡាយ ។ ភិក្ខុទាំងឡាយសួរយ៉ាងនេះថា ម្នាលអាវុសោ លោកបួសបានប៉ុន្មានវស្សាហើយ ។ កុលបុត្រនោះត្រឡប់សួរថា ម្នាលអាវុសោ ពាក្យដែលថាបួសបានប៉ុន្មានវស្សានុ៎ះ តើដូចម្តេច ។ ភិក្ខុទាំងឡាយសួរតទៅទៀតថា ម្នាលអាវុសោ ចុះលោកណាជាឧបជ្ឈាយ៍របស់លោក ។ កុលបុត្រនោះក៏ត្រឡប់សួរបកមកទៀតថា ម្នាលអាវុសោ ពាក្យដែលហៅថាឧបជ្ឈាយ៍នុ៎ះ តើដូចម្តេច ។ ភិក្ខុទាំងឡាយនិយាយពាក្យនេះនឹងព្រះឧបាលិដ៏មានអាយុថា ម្នាលអាវុសោឧបាលិ សូមនិមន្តលោកជម្រះសួរបព្វជិតនេះមើល ។ ឯកុលបុត្រចាស់ដែលគ្មានញាតិសាលោហិតនោះ កាលបើត្រូវព្រះឧបាលិដ៏មានអាយុជម្រះសួរហើយ ក៏ប្រាប់នូវសេចក្តីនុ៎ះតាមត្រង់ ។ ព្រះឧបាលិដ៏មានអាយុ ដំណាលរឿងនុ៎ះប្រាប់ភិក្ខុទាំងឡាយ ។ ភិក្ខុទាំងឡាយក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានបុណ្យ ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលជាថេយ្យសំវាស (លួចសំវាស) ជាឧបសម្បន្នមិនបានទេ សង្ឃមិនគប្បីឲ្យឧបសម្បទាឡើយ (បើ) ជាឧបសម្បន្នហើយ គប្បីឲ្យវិនាសចេញ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលជាតិត្ថិយបក្កន្តកៈ (ចូលពួកតិរ្ថិយ) ជាឧបសម្បន្នមិនបានទេ សង្ឃមិនគប្បីឲ្យឧបសម្បទាឡើយ (បើ) ជាឧបសម្បន្នហើយ គប្បីឲ្យវិនាសចេញ ។

[១២៧] សម័យនោះឯង នាគមួយរូបនឿយណាយ ខ្ពើមរអើមក្នុងកំណើតរបស់នាគ ។ ឯនាគនោះ ក៏រំពឹងគិតដូច្នេះថា ដោយឧបាយដូចម្តេចអេះ ទើបអញនឹងបានរួចស្រឡះអំពីកំណើតនៃនាគផង ត្រឡប់បានជាអត្តភាពជាមនុស្សយ៉ាងឆាប់ផង ។ គ្រាតមក នាគនោះរំពឹងគិតដូច្នេះថា មានតែពួកសមណៈ សក្យបុត្រទាំងនេះ ទើបលោកជាអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ប្រព្រឹត្តប្រសើរ និយាយពាក្យស្មោះត្រង់ មានសីល មានកល្យាណធម៌ បើសិនជាអញបានបួសនឹងពួកសមណៈសក្យបុត្រ អញមុខជានឹងបានរួចស្រឡះអំពីកំណើតនាគផង មុខជានឹងត្រឡប់បានអត្តភាពជាមនុស្សយ៉ាងឆាប់ផង ដោយទំនងយ៉ាងនេះឯងមិនលែងឡើយ ។ លំដាប់នោះ នាគនោះក៏ចូលទៅរកភិក្ខុទាំងឡាយដោយភេទជាមាណព ហើយសូមបព្វជ្ជា ។ ភិក្ខុទាំងឡាយក៏ឲ្យបព្វជ្ជាឧបសម្បទានាគនោះ ។ សម័យនោះឯង នាគនោះនៅអាស្រ័យក្នុងវិហារ នាទីបំផុត (ដែន)ជាមួយនឹងភិក្ខុមួយរូប ។ ឯភិក្ខុនោះក្រោកឡើងក្នុងបច្ចូសសម័យនៃរាត្រី ទៅដើរចង្ក្រមក្នុងទីវាល ។ កាលដែលភិក្ខុនោះចេញទៅហើយ នាគនោះក៏ដេកលក់ស្និទ្ធទៅ ។ វិហារ (កុដិ)ទាំងមូល ក៏ពេញដោយពស់ ។ មានភ្នេនទាំងឡាយ លៀនចេញទៅតាមបង្អួច ។ កាលដែលភិក្ខុនោះច្រានសន្ទះទ្វារដោយគិតថា អញនឹងចូលទៅកាន់វិហារ ក៏បានឃើញនូវវិហារទាំងមូល ពេញដោយពស់ និងភ្នេនលៀនចេញតាមបង្អួច លុះឃើញហើយ ក៏ខ្លាច ហើយធ្វើនូវសំឡេងដ៏ប្លែក ។ ភិក្ខុទាំងឡាយស្ទុះចូលទៅ ហើយក៏និយាយពាក្យនេះនឹងភិក្ខុនោះថា ម្នាលអាវុសោ ហេតុអ្វីក៏លោកធ្វើនូវសម្រែកដ៏ប្លែកដូច្នេះ ។ ភិក្ខុនោះប្រាប់ថា ម្នាលអាវុសោ វិហារទាំងមូលនេះ ពេញដោយពស់ មានភ្នេនលៀនចេញទៅតាមបង្អួច ។ គ្រានោះ នាគនោះភ្ញាក់ឡើងដោយសំឡេងនោះហើយ ក៏អង្គុយលើអាសនៈជារបស់ខ្លួន ។ ភិក្ខុទាំងឡាយសួរថា ម្នាលអាវុសោ អ្នកឯងជាអ្វី ។ នាគនោះឆ្លើយថា បពិត្រលោកដ៏ចម្រើន ខ្ញុំជានាគ ។ ភិក្ខុទាំងនោះសួរទៀតថា ម្នាលអាវុសោ ចុះហេតុដូចម្តេចបានជាអ្នកឯងមកធ្វើយ៉ាងហ្នឹង ។ នាគនោះក៏ឆ្លើយប្រាប់សេចក្តីនុ៎ះដល់ភិក្ខុទាំងឡាយ ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានបុណ្យឲ្យប្រជុំភិក្ខុសង្ឃ ហើយទ្រង់មានព្រះបន្ទូលដូច្នេះនឹងនាគនោះថា អ្នកឯងជាពួកនាគ មិនមានធម៌ដុះដាលឡើងក្នុងធម៌វិន័យនេះទេ ម្នាលនាគ អ្នកឯងចូរទៅវិញទៅ (តែ) អ្នកឯងចូររក្សានូវឧបោសថក្នុងថ្ងៃទី១៤ ថ្ងៃទី១៥ និងថ្ងៃទី៨នៃបក្ខ ក្នុងលំនៅរបស់ខ្លួននោះឯងចុះ កាលបើធ្វើដូច្នេះហើយ អ្នកឯងមុខជានឹងល្ពោះចាកកំណើតនាគផង មុខជានឹងត្រឡប់បាននូវអត្តភាពជាមនុស្សយ៉ាងឆាប់រហ័សផង ។ នាគនោះក៏គិតថា បានឮថា អញជាសត្វមានធម៌មិនលូតលាស់ឡើងក្នុងធម៌វិន័យនេះទេ រួចក៏មានទុក្ខតូចចិត្ត យំសម្រក់ទឹកភ្នែក ធ្វើនូវសំឡេងដ៏ប្លែក ហើយចៀសចេញទៅ ។ ដំណពីនោះមក ព្រះដ៏មានព្រះភាគ ទ្រង់ហៅភិក្ខុទាំងឡាយមក ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បច្ច័យដែលនាំឲ្យនាគប្រែត្រឡប់ខ្លួនមកតាមប្រក្រតីវិញនេះ [គឺនាគដែលនិម្មិតខ្លួនជាមាណពហើយ អាចត្រឡប់ក្លាយខ្លួនមកជានាគវិញដោយហេតុពីរយ៉ាងនោះ ។] មានពីរយ៉ាង គឺក្នុងកាលដែលនាគសេពមេថុនធម្មដោយនាងនាគមានជាតិស្មើគ្នា១ ក្នុងកាលដែលនាគដេកលក់ស្និទ្ធ១ ម្នាលភិក្ខុទាំងឡាយ បច្ច័យទាំងពីរនេះឯង ជាហេតុដែលនាំឲ្យនាគប្រែត្រឡប់ខ្លួនមកតាមប្រក្រតីវិញ ។ ម្នាលភិក្ខុទាំងឡាយ សត្វតិរច្ឆានជាឧបសម្បន្នមិនបានទេ សង្ឃមិនគប្បីឲ្យឧបសម្បទាឡើយ (បើ) ជាឧបសម្បន្នហើយ គប្បីឲ្យវិនាសចេញ ។

[១២៨] សម័យនោះឯង មាណពម្នាក់ផ្តាច់ជីវិតមាតា ។ មាណពនោះកើតទុក្ខ អៀនអន់ ខ្ពើមរអើមនឹងកម្មដ៏លាមកនោះ ។ គ្រាតមក មាណពនោះក៏មានគំនិតយ៉ាងនេះថា អញនឹងជីករំលើងបាបកម្មនេះចោលចេញ ដោយឧបាយដូចម្តេចហ្ន៎ ។ លំដាប់ពីនោះមកទៀត មាណពនោះ ត្រិះរិះដូច្នេះថា សមណៈ ជាសក្យបុត្រទាំងឡាយនេះ លោកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ប្រព្រឹត្តប្រសើរ និយាយពាក្យទៀងត្រង់ មានសីល មានកល្យាណធម៌ បើសិនជាអញបានបួសក្នុងសំណាក់ពួកសមណៈសក្យបុត្រ អញមុខជានឹងជីករំលើងកម្មដ៏លាមកនេះបាន ដោយទំនងយ៉ាងនេះឯងមិនលែងឡើយ ។ មាណពនោះ ក៏ចូលទៅរកភិក្ខុទាំងឡាយ ហើយសូមបព្វជ្ជាក្នុងគ្រានោះឯង ។ ភិក្ខុទាំងឡាយនិយាយពាក្យនេះនឹងព្រះឧបាលិដ៏មានអាយុថា ម្នាលអាវុសោឧបាលិ ក្នុងកាលមុនមាននាគមកបួសក្នុងសំណាក់ពួកភិក្ខុ ដោយភេទជាមាណពម្តងទៅហើយ ម្នាលអាវុសោឧបាលិ យើងសូមរំលឹកលោក សូមឲ្យលោកជម្រះសួរមាណពនេះទៀត ។ ឯមាណពនោះ កាលបើត្រូវព្រះឧបាលិដ៏មានអាយុជម្រះសួរទៅហើយ ក៏ប្រាប់រឿងរ៉ាវនុ៎ះតាមត្រង់ ។ ព្រះឧបាលិដ៏មានអាយុ ដំណាលរឿងនុ៎ះប្រាប់ភិក្ខុទាំងឡាយ ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មនុស្សដែលសម្លាប់មាតា ជាឧបសម្បន្នមិនបានទេ សង្ឃមិនគប្បីឲ្យឧបសម្បទាឡើយ (បើ) ជាឧបសម្បន្នហើយ ត្រូវឲ្យវិនាសចេញ ។

[១២៩] សម័យនោះឯង មាណពម្នាក់ផ្តាច់បង់ជីវិតបិតា ។ មាណពនោះកើតទុក្ខ អៀនអន់ ខ្ពើមរអើមនឹងបាបកម្មនោះ ។ លំដាប់ពីនោះមក មាណពនោះមានគំនិតយ៉ាងនេះថា ដោយឧបាយដូចម្តេចអេះ ទើបអញនឹងជីករំលើងកម្មដ៏លាមកនេះចោលចេញបាន ។ គ្រាតមកទៀត មាណពនោះ មានសេចក្តីត្រិះរិះដូច្នេះថា ពួកសមណៈ ជាសក្យបុត្រទាំងនេះ ជាអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ប្រព្រឹត្តប្រសើរ ពោលពាក្យទៀងត្រង់ មានសីល និងមានកល្យាណធម៌ បើសិនណាជាអញបានបួសក្នុងសំណាក់ពួកសមណៈសក្យបុត្រ អញមុខជានឹងជីករំលើងបាបកម្មនេះ ដោយទំនងយ៉ាងនេះបានមិនខានឡើយ ។ មាណពនោះ ក៏ចូលទៅរកភិក្ខុទាំងឡាយ ហើយសូមបព្វជ្ជាក្នុងគ្រានោះឯង ។ ភិក្ខុទាំងឡាយបាននិយាយយ៉ាងនេះនឹងព្រះឧបាលិដ៏មានអាយុថា ម្នាលអាវុសោឧបាលិ កាលពីមុនមាននាគមកបួសនឹងពួកភិក្ខុ ដោយភេទជាមាណពម្តងទៅហើយ ម្នាលអាវុសោឧបាលិ យើងសូមរំលឹកលោក សូមនិមន្តលោកទៅជម្រះសួរមាណពនេះទៀត ។ ឯមាណពនោះ កាលបើត្រូវព្រះឧបាលិដ៏មានអាយុ លោកជម្រះសួរទៅហើយ ក៏ប្រាប់រឿងនុ៎ះតាមត្រង់ ។ ព្រះឧបាលិដ៏មានអាយុក៏ដំណាលរឿងនុ៎ះប្រាប់ភិក្ខុទាំងឡាយ ។ ភិក្ខុទាំងឡាយក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានបុណ្យ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មនុស្សដែលសម្លាប់បិតា ជាឧបសម្បន្នមិនបានទេ សង្ឃមិនគប្បីឲ្យឧបសម្បទាឡើយ (បើ) ជាឧបសម្បន្នហើយ គប្បីឲ្យវិនាសចេញ ។

[១៣០] សម័យនោះឯង មានភិក្ខុទាំងឡាយច្រើនរូបចេញពីក្រុងសាកេត ដើរតាមផ្លូវឆ្ងាយទៅកាន់ក្រុងសាវត្ថី ។ ដល់ពាក់កណ្តាលផ្លូវ ពួកចោរចេញមក ខ្លះឆក់ដណ្តើមពួកភិក្ខុ ខ្លះសម្លាប់ពួកភិក្ខុ ។ រាជអមាត្យទាំងឡាយចេញពីក្រុងសាវត្ថីបានចាប់នូវចោរពួកខ្លះ ។ ពួកចោរខ្លះរត់បាត់ទៅ ។ ពួកចោរណាដែលរត់បាត់ទៅនោះ ក៏ទៅបួសក្នុងសំណាក់ភិក្ខុទាំងឡាយ ។ ពួកចោរណាដែលរាជអាមាត្យចាប់បានហើយនោះ គេក៏នាំចូលទៅនឹងសម្លាប់ ។ ពួកចោរដែលបួសហើយទាំងនោះ ក៏បានឃើញពួកចោរដែលគេនាំចូលទៅដើម្បីសម្លាប់នោះ លុះឃើញហើយ និយាយយ៉ាងនេះថា យើងទាំងឡាយលួចរត់រួចបានមកក៏ជាការស្រួល បើសិនណាជាយើងទាំងឡាយត្រូវចាប់ក្នុងថ្ងៃនោះ យើងទាំងឡាយមុខជានឹងត្រូវគេសម្លាប់យ៉ាងនោះឯង មិនលែងឡើយ ។ ភិក្ខុទាំងឡាយ សួរយ៉ាងនេះថា ម្នាលអាវុសោ ចុះហេតុដូចម្តេច បានជាអ្នកទាំងឡាយធ្វើដូច្នោះ ។ ពួកចោរដែលបួសហើយនោះ ក៏ប្រាប់នូវសេចក្តីនុ៎ះដល់ភិក្ខុទាំងឡាយ ។ ភិក្ខុទាំងឡាយក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុ (ដែលចោរសម្លាប់ហើយ) នុ៎ះជាអរហន្ត ម្នាលភិក្ខុទាំងឡាយ មនុស្សដែលសម្លាប់អរហន្ត ជាឧបសម្បន្នមិនបានទេ សង្ឃមិនគប្បីឲ្យឧបសម្បទាឡើយ (បើ) ជាឧបសម្បន្នហើយ គប្បីឲ្យវិនាសចេញ ។

[១៣១] សម័យនោះឯង មានពួកភិក្ខុនីច្រើនរូបចេញពីក្រុងសាកេត ដើរទៅតាមផ្លូវឆ្ងាយទៅកាន់ក្រុងសាវត្ថី ។ ដល់ពាក់កណ្តាលផ្លូវ ចោរទាំងឡាយក៏ចេញមក ពួកខ្លះឆក់ដណ្តើមភិក្ខុនីទាំងឡាយ ពួកខ្លះប្រទូស្ត (សេពមេថុនធម្ម) នឹងភិក្ខុនីទាំងឡាយ ។ រាជអាមាត្យទាំងឡាយចេញពីក្រុងសាវត្ថីទៅ ចាប់បានពួកចោរខ្លះ ។ ពួកចោរខ្លះរត់រួចទៅ ។ ពួកចោរណាដែលរត់រួចទៅ ក៏ទៅបួសក្នុងសំណាក់ភិក្ខុទាំងឡាយ ។ ពួកចោរណាដែលរាជអាមាត្យចាប់បានហើយនោះ គេក៏នាំចូលទៅដើម្បីសម្លាប់ ។ ពួកចោរទាំងនោះដែលបួសហើយ ក៏បានឃើញពួកចោរដែលគេនាំចូលទៅដើម្បីសម្លាប់នោះ លុះឃើញហើយ ក៏និយាយពាក្យយ៉ាងនេះថា យើងទាំងឡាយបានរត់រួចមក ក៏ជាការស្រួលហើយ បើសិនណាជាយើងទាំងឡាយត្រូវគេចាប់ក្នុងថ្ងៃនោះ យើងត្រូវគេសម្លាប់ដោយទំនងនេះឯង មិនលែងឡើយ ។ ភិក្ខុទាំងឡាយ សួរយ៉ាងនេះថា ម្នាលអាវុសោ ចុះហេតុដូចម្តេច បានជាអ្នកទាំងឡាយធ្វើដូច្នោះ ។ ពួកចោរដែលបួសហើយនោះ ក៏ប្រាប់រឿងនុ៎ះដល់ភិក្ខុទាំងឡាយ ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មនុស្សដែលទ្រូស្តភិក្ខុនី ជាឧបសម្បន្នមិនបានទេ សង្ឃមិនគប្បីឲ្យឧបសម្បទាឡើយ (បើ) ជាឧបសម្បន្នហើយ គប្បីឲ្យវិនាសចេញ ។ ម្នាលភិក្ខុទាំងឡាយ មនុស្សដែលបំបែកសង្ឃជាឧបសម្បន្នមិនបានទេ សង្ឃមិនគប្បីឲ្យឧបសម្បទាឡើយ (បើ) ជាឧបសម្បន្នហើយ គប្បីឲ្យវិនាសចេញ ។ ម្នាលភិក្ខុទាំងឡាយ មនុស្សដែលធ្វើលោហិតុប្បាទ (ធ្វើព្រះលោហិតព្រះពុទ្ធឲ្យពូរពងឡើង) ជាឧបសម្បន្នមិនបានទេ សង្ឃមិនគប្បីឲ្យឧបសម្បទាឡើយ (បើ) ជាឧបសម្បន្នហើយ គប្បីឲ្យវិនាសហើយ ។

[១៣២] សម័យនោះឯង មានមនុស្សឧភតោព្យញ្ជនក (មនុស្សមានភេទពីរ) ម្នាក់ បួសក្នុងសំណាក់ពួកភិក្ខុ ។ ឧភតោព្យញ្ជនកនោះធ្វើ(មេថុន) ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើនឹងខ្លួនខ្លះ ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឧភតោព្យញ្ជនក ជាឧបសម្បន្នមិនបានទេ សង្ឃមិនគប្បីឲ្យឧបសម្បទាឡើយ (បើ) ជាឧបសម្បន្នហើយ គប្បីឲ្យវិនាសចេញ ។

[១៣៣] សម័យនោះឯង ភិក្ខុទាំងឡាយឲ្យឧបសម្បទាដល់សាមណេរដែលគ្មានឧបជ្ឈាយ៍ ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សាមណេរដែលគ្មានឧបជ្ឈាយ៍ ភិក្ខុមិនគប្បីឲ្យឧបសម្បទាឡើយ ភិក្ខុណាឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ ។ សម័យនោះឯង ភិក្ខុទាំងឡាយឲ្យឧបសម្បទា (ដល់សាមណេរ) ដោយមានសង្ឃជាឧបជ្ឈាយ៍ ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនគប្បីឲ្យឧបសម្បទាដោយមានសង្ឃជាឧបជ្ឈាយ៍ឡើយ ភិក្ខុណាឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ ។ សម័យនោះឯង ភិក្ខុទាំងឡាយឲ្យឧបសម្បទាដោយមានគណៈ ជាឧបជ្ឈាយ៍ ។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនគប្បីឲ្យឧបសម្បទាដោយមានគណៈជាឧបជ្ឈាយ៍ឡើយ ភិក្ខុណាឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ ។ គ្រានោះឯង ភិក្ខុទាំងឡាយឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាមនុស្សខ្ទើយ ។បេ ។ ឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាមនុស្សលួចសំវាស ។ ភិក្ខុទាំងឡាយឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាមនុស្សដែលចូលពួកតិរ្ថិយ ។ ភិក្ខុទាំងឡាយឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាសត្វតិរច្ឆាន ។ ភិក្ខុទាំងឡាយឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាមាតុឃាតកៈ (អ្នកសម្លាប់ម្តាយ) ។ ភិក្ខុទាំងឡាយឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាបិតុឃាតកៈ (អ្នកសម្លាប់បិតា) ។ ភិក្ខុទាំងឡាយឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាអរហន្តឃាតកៈ ។ ភិក្ខុទាំងឡាយឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាភិក្ខុនីទូសកៈ (ទ្រុស្តភិក្ខុនី) ។ ភិក្ខុទាំងឡាយឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាសង្ឃភេទកៈ ។ ភិក្ខុទាំងឡាយឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាលោហិតុប្បាទកៈ ។ ភិក្ខុទាំងឡាយឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាឧភតោព្យញ្ជនកៈ ។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនគប្បីឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាមនុស្សខ្ទើយ មិនគប្បីឲ្យឧបសម្បទា ដោយមានឧបជ្ឈាយ៍ជាថេយ្យសំវាសកៈ (អ្នកលួចសំវាស) មិនគប្បីឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាអ្នកចូលពួកតិរ្ថិយ មិនគប្បីឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាសត្វតិរច្ឆាន មិនគប្បីឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាមាតុឃាតកៈ មិនគប្បីឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាបិតុឃាតកៈ មិនគប្បីឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាអរហន្តឃាតកៈ មិនគប្បីឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាភិក្ខុនីទូសកៈ មិនគប្បីឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាសង្ឃភេទកៈ មិនគប្បីឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាលោហិតុប្បាទកៈ មិនគប្បីឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាឧភតោព្យញ្ជនកៈ ភិក្ខុណាឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ ។

[១៣៤] សម័យនោះឯង ភិក្ខុទាំងឡាយឲ្យឧបសម្បទាដល់កុលបុត្រគ្មានបាត្រ ។ ភិក្ខុទាំងនោះ ត្រាច់ទៅបិណ្ឌបាតនឹងដៃទាំងឡាយ ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចពួកតិរ្ថិយ ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនគប្បីឲ្យឧបសម្បទាដល់កុលបុត្រគ្មានបាត្រទេ ភិក្ខុណាឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ ។ សម័យនោះឯង ភិក្ខុទាំងឡាយឲ្យឧបសម្បទាដល់កុលបុត្រគ្មានចីវរ ។ ភិក្ខុទាំងនោះក៏អាក្រាតកាយ ត្រាច់ទៅបិណ្ឌបាត ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចពួកតិរ្ថិយ ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានភាគ ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុកុំគប្បីឲ្យឧបសម្បទាដល់កុលបុត្រគ្មានចីវរ ភិក្ខុណាឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ ។ សម័យនោះឯង ភិក្ខុទាំងឡាយឲ្យឧបសម្បទាដល់កុលបុត្រគ្មានទាំងបាត្រទាំងចីវរ ។ ភិក្ខុទាំងនោះក៏អាក្រាត ត្រាច់ទៅបិណ្ឌបាតនឹងដៃទាំងឡាយ ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចពួកតិរ្ថិយ ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុកុំគប្បីឲ្យឧបសម្បទាដល់កុលបុត្រគ្មានទាំងបាត្រទាំងចីវរ ភិក្ខុណាឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ ។ សម័យនោះឯង ភិក្ខុទាំងឡាយឲ្យឧបសម្បទាដល់កុលបុត្រដែលមានបាត្រដែលខ្ចីគេ ។ ម្ចាស់បាត្រទាំងឡាយនាំយកបាត្រត្រឡប់ទៅវិញ ក្នុងកាលដែលកុលបុត្រនោះបានឧបសម្បទាហើយ ។ ពួកភិក្ខុទាំងនោះត្រាច់ទៅបិណ្ឌបាតនឹងដៃទាំងឡាយ ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចពួកតិរ្ថិយ ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុញ្ញសិរី ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុកុំគប្បីឲ្យឧបសម្បទាដល់កុលបុត្រដែលខ្ចីបាត្រគេ ភិក្ខុណាឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ ។ សម័យនោះឯង ភិក្ខុទាំងឡាយឲ្យឧបសម្បទាដល់កុលបុត្រដែលខ្ចីចីវរគេ ។ ម្ចាស់ចីវរទាំងឡាយនាំយកចីវរត្រឡប់ទៅវិញ ក្នុងកាលដែលកុលបុត្រនោះបានឧបសម្បទាហើយ ។ ពួភិក្ខុទាំងនោះត្រាច់ទៅបិណ្ឌបាតទាំងអាក្រាតកាយ ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ប្រហែលគ្នានឹងពួកតិរ្ថិយ ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនគប្បីឲ្យឧបសម្បទាដល់កុលបុត្រដែលខ្ចីចីវរគេឡើយ ភិក្ខុណាឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ ។ សម័យនោះឯង ភិក្ខុទាំងឡាយឲ្យឧបសម្បទាដល់កុលបុត្រដែលខ្ចីទាំងបាត្រ និងចីវរគេ ។ ពួកម្ចាស់គេក៏នាំយកបាត្រ និងចីវរត្រឡប់ទៅវិញក្នុងកាលដែលកុលបុត្រនោះបានឧបសម្បទាហើយ ។ ពួកភិក្ខុទាំងនោះក៏អាក្រាតកាយ ត្រាច់ទៅបិណ្ឌបាតនឹងដៃទទេ ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ប្រហែលគ្នានឹងពួកតិរ្ថិយ ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុកុំគប្បីឲ្យឧបសម្បទាដល់កុលបុត្រដែលខ្ចីបាត្រនិងចីវរគេឡើយ ភិក្ខុណាឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ ។

ចប់ វារៈសំដែងអំពីបុគ្គល២០ចំពូកដែលសង្ឃមិនគប្បីឲ្យឧបសម្បទា ។

[១៣៥] ក៏សម័យនោះឯង ភិក្ខុទាំងឡាយបំបួសមនុស្សដាច់ដៃ ។បេ ។ បំបួសមនុស្សដាច់ជើង ។ បំបួសមនុស្សដាច់ទាំងដៃទាំងជើង ។ បំបួសមនុស្សដាច់ត្រចៀក ។ បំបួសមនុស្សកំបុតច្រមុះ ។ បំបួសមនុស្សកំបុតទាំងត្រចៀក ទាំងច្រមុះ ។ បំបួសមនុស្សកំបុតម្រាមដៃ ។ បំបួសមនុស្សកំបុតមេដៃ ឬមេជើង ។ បំបួសមនុស្សដាច់សរសៃធំ ។ បំបួសមនុស្សមានម្រាមដៃជាប់គ្នា ។ បំបួសមនុស្សគម ។ បំបួសមនុស្សតឿ ។ បំបួសមនុស្សពកក ។ បំបួសមនុស្សដែលគេបៀតបៀនឲ្យមានស្លាកស្នាម[មនុស្សដែលគេបោះត្រាដោយដែកក្តៅ ។] ។ បំបួសមនុស្សដែលគេវាយដោយរំពាត់[មនុស្សដែលចំពាក់បំណុលគេជាដើម ហើយម្ចាស់ទ្រព្យវាយទាល់តែបែកខ្នង ។] ។ បំបួសមនុស្សដែលរាជការកត់ឈ្មោះទុក (រាជការព្យួរទោសទុក[មនុស្សទោសដែលរាជការចេញប្រកាសឲ្យរកចាប់ធ្វើទោស]) ។ បំបួសមនុស្សមានជើងស្ទក់ ។ បំបួសមនុស្សមានរោគអាក្រក់[មានរោគអាក្រក់មើលមិនជា មានរោគឫសដូងដុះ និងឫសដូងបាទជាដើម ។] ។ បំបួសមនុស្សមានរូបទ្រុស្តបរិសទ្យ[មានរូបអាក្រក់ពេក ខ្ពស់ពេក ទាបពេកជាដើម ។] ។ បំបួសមនុស្សដែលទើបនឹងខ្វាក់[ក្នុងគម្ពីរមហាបច្ចរិជា ខ្វាក់ម្ខាង] ។ បំបួសមនុស្សក្ងែងដៃ ឬក្ងែងជើង ។ បំបួសមនុស្សខ្ចក ។ បំបួសមនុស្សស្លាប់កាយម្ខាង ។ បំបួសមនុស្សខ្វិន ។ បំបួសមនុស្សមានកំឡាំងថយព្រោះជរា ។ បំបួសមនុស្សខ្វាក់ពីកំណើត ។ បំបួសមនុស្សគ ។ បំបួសមនុស្សថ្លង់ ។ បំបួសមនុស្សទាំងខ្វាក់ទាំងគ ។ បំបួសមនុស្សទាំងខ្វាក់ ទាំងថ្លង់ ។ បំបួសមនុស្សទាំងគ ទាំងថ្លង់ ។ បំបួសមនុស្សទាំងខ្វាក់ទាំងគទាំងថ្លង់ ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ហាមថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ បំបួសមនុស្សកំបុតដៃ មិនត្រូវបំបួសមនុស្សកំបុតជើង មិនត្រូវបំបួសមនុស្សកំបុតទាំងដៃ ទាំងជើង មិនត្រូវបំបួសមនុស្សកំបុតត្រចៀក មិនត្រូវបំបួសមនុស្សកំបុតច្រមុះ មិនត្រូវបំបួសមនុស្សកំបុតទាំងត្រចៀក ទាំងច្រមុះ មិនត្រូវបំបួសមនុស្សកំបុតម្រាមដៃ មិនត្រូវបំបួសមនុស្សកំបុតមេដៃ ឬមេជើង មិនត្រូវបំបួសមនុស្សដាច់សរសៃធំ មិនត្រូវបំបួសមនុស្សមានម្រាមដៃជាប់គ្នា មិនត្រូវបំបួសមនុស្សគម មិនត្រូវបំបួសមនុស្សតឿ មិនត្រូវបំបួសមនុស្សពកក មិនត្រូវបំបួសមនុស្សដែលគេបៀតបៀនឲ្យមានស្លាកស្នាម ។ មិនត្រូវបំបួសមនុស្សដែលគេវាយដោយរំពាត់ មិនត្រូវបំបួសមនុស្សដែលរាជការកត់ឈ្មោះទុក (ព្យួរទោសទុក) មិនត្រូវបំបួសមនុស្សជើងស្ទក់ មិនត្រូវបំបួសមនុស្សមានរោគអាក្រក់ មិនត្រូវបំបួសមនុស្សទ្រុស្តបរិសទ្យ មិនត្រូវបំបួសមនុស្សទើបនឹងខ្វាក់ មិនត្រូវបំបួសមនុស្សក្ងែងដៃ ឬក្ងែងជើង មិនត្រូវបំបួសមនុស្សខ្ចក មិនត្រូវបំបួសមនុស្សស្លាប់កាយម្ខាង មិនត្រូវបំបួសមនុស្សខ្វិន មិនត្រូវបំបួសមនុស្សមានកម្លាំងថយព្រោះជរា មិនត្រូវបំបួសមនុស្សខ្វាក់ពីកំណើត មិនត្រូវបំបួសមនុស្សគ មិនត្រូវបំបួសមនុស្សថ្លង់ មិនត្រូវបំបួសមនុស្សទាំងខ្វាក់ទាំងគ មិនត្រូវបំបួសមនុស្សទាំងខ្វាក់ ទាំងថ្លង់ មិនត្រូវបំបួសមនុស្សទាំងគ ទាំងថ្លង់ មិនត្រូវបំបួសមនុស្សទាំងខ្វាក់ទាំងគទាំងថ្លង់ ភិក្ខុណាបំបួស ត្រូវអាបត្តិទុក្កដ ។

ចប់ វារៈនិយាយពីបុគ្គលសាមសិបពីរចំពូកដែលភិក្ខុមិនត្រូវបំបួស ។

ចប់ ទាយជ្ជភាណវារៈទី៩ ។

[១៣៦] ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុឲ្យនិស្ស័យដល់អលជ្ជីភិក្ខុទំាងឡាយ (ភិក្ខុដែលឥតខ្មាសបាប) ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យនិស្ស័យដល់អលជ្ជីភិក្ខុទាំងឡាយទេ ភិក្ខុណាឲ្យ ត្រូវអាបត្តិទុក្កដ ។ សម័យនោះ ភិក្ខុទាំងឡាយនៅអាស្រ័យ (កាន់យកនិស្ស័យ) នឹងអលជ្ជីភិក្ខុទាំងឡាយ ។ មិនយូរប៉ុន្មាន ភិក្ខុទាំងឡាយនោះក៏ទៅជាភិក្ខុអលជ្ជី ជាភិក្ខុលាមកដែរ ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវនៅអាស្រ័យនឹងអលជ្ជីភិក្ខុទាំងឡាយទេ ភិក្ខុណានៅ ត្រូវអាបត្តិទុក្កដ ។ លំដាប់នោះឯង ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះដ៏មានព្រះភាគបានបញ្ញត្តហើយថា ភិក្ខុមិនត្រូវឲ្យនិស្ស័យដល់ពួកភិក្ខុអលជ្ជី មិនត្រូវនៅអាស្រ័យនឹងពួកភិក្ខុជាអលជ្ជីដូច្នេះ យើងទាំងឡាយគប្បីស្គាល់ភិក្ខុជាលជ្ជី ឬជាអលជ្ជីដូចម្តេចបាន ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ទ្រង់មានព្រះបន្ទូលថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យបង្អង់ចាំ ដោយគិតថា អញនឹងដឹង (ភិក្ខុនេះ) ជាសភាគភិក្ខុ (ភិក្ខុមានធម៌ល្អត្រូវគ្នា) អស់ ៤ ថ្ងៃ ឬ៥ថ្ងៃសិនបាន ។

[១៣៧] ក៏សម័យនោះឯង ភិក្ខុមួយរូបដើរផ្លូវឆ្ងាយក្នុងជនបទ នាដែនកោសល ។ ភិក្ខុនោះមានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះដ៏មានព្រះភាគបញ្ញត្តហើយថា ភិក្ខុមិនត្រូវនៅដោយគ្មាននិស្ស័យទេ ឯអាត្មាអញសោត មានកិច្ចដោយនិស្ស័យ (ត្រូវកាន់យកនិស្ស័យ) ហើយជាមនុស្សដើរផ្លូវឆ្ងាយ អញត្រូវប្រតិបត្តិដូចម្តេច ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុអ្នកដើរផ្លូវឆ្ងាយ ដែលមិនទាន់បាននិស្ស័យ ឲ្យនៅដោយគ្មាននិស្ស័យបាន ។

[១៣៨] សម័យនោះឯង ភិក្ខុពីររូបដើរទៅកាន់ផ្លូវឆ្ងាយក្នុងជនបទ នាដែនកោសល ។ ភិក្ខុទាំងឡាយនោះដើរចូលទៅកាន់អាវាស១ ។ បណ្តាភិក្ខុទាំងនោះ ភិក្ខុ១អង្គឈឺ ។ ទើបភិក្ខុឈឺនោះមានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះដ៏មានព្រះភាគបញ្ញត្តហើយថា ភិក្ខុមិនត្រូវនៅដោយគ្មាននិស្ស័យទេ ក៏អាត្មាអញ មានកិច្ចដោយនិស្ស័យ ហើយមាន​ជំងឺផង អញត្រូវប្រតិបត្តិដូចម្តេចហ្ន៎ ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គអនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឈឺ ដែលមិនទាន់បាននិស្ស័យ ឲ្យនៅដោយគ្មាននិស្ស័យបាន ។ ទើបភិក្ខុអ្នកបម្រើ​ជំងឺ របស់ភិក្ខុឈឺនោះ មានសេចក្តីត្រិះរិះថា ព្រះដ៏មានព្រះភាគបញ្ញត្តហើយថា ភិក្ខុមិនត្រូវនៅដោយគ្មាននិស្ស័យទេ ឯអាត្មាអញមានកិច្ចដោយនិស្ស័យ ភិក្ខុនេះសោត ក៏នៅឈឺ អញត្រូវប្រតិបត្តិដូចម្តេចហ្ន៎ ។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គអនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុអ្នកបម្រើ​ជំងឺ ដែលមិនទាន់បាននិស្ស័យ បើភិក្ខុឈឺសុំ (ឲ្យនៅកំដរ ត្រូវនៅដោយគ្មាននិស្ស័យបាន ។ សម័យនោះឯង ភិក្ខុ១រូបនៅក្នុងព្រៃ ។ ភិក្ខុនោះបានសេចក្តីសប្បាយក្នុងសេនាសនៈនោះ ទើបភិក្ខុនោះមានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះដ៏មានព្រះភាគបញ្ញត្តហើយថា ភិក្ខុមិនត្រូវនៅដោយគ្មាននិស្ស័យទេ ឯអាត្មាអញសោត មានកិច្ចដោយនិស្ស័យ ឥឡូវនៅក្នុងព្រៃ ម្យ៉ាងទៀត អញក៏បានសេចក្តីសប្បាយក្នុងសេនាសនៈនេះ អញត្រូវប្រតិបត្តិដូចម្តេចហ្ន៎ ។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលនៅក្នុងព្រៃ កាលបើកំណត់ដឹងនូវធម៌ជាគ្រឿងនៅសប្បាយ បើមិនទាន់បាននិស្ស័យទេ ត្រូវនៅដោយគ្មាននិស្ស័យបាន ដោយគិតថា ភិក្ខុអ្នកឲ្យនិស្ស័យដ៏សមគួរនឹងមកក្នុងកាលណា អញនឹងនៅអាស្រ័យ (កាន់យកនិស្ស័យ) នឹងភិក្ខុនោះក្នុងកាលនោះ ។

[១៣៩] ក៏សម័យនោះឯង មានឧបសម្បទាបេក្ខៈ[សម្រាប់ហៅសាមណេរដែលចូលទៅសូមឧបសម្បទាជាភិក្ខុ ។] របស់ព្រះមហាកស្សបដ៏មានអាយុ ។ ទើបព្រះមហាកស្សបដ៏មានអាយុបញ្ជូនទូតទៅក្នុងសំណាក់ព្រះអានន្ទដ៏មានអាយុថា ចូរអានន្ទមកសូត្រអនុស្សាវនា[សូត្រប្រកាសសេចក្តីបញ្ជាក់ឲ្យសង្ឃដឹងថា កុលបុត្រដែលសូមឧបសម្បទានោះជាអ្នកបរិសុទ្ធចាកអន្តរាយិកធម៌ជាដើម ។] ចំពោះឧបសម្បទាបេក្ខៈនេះ ។ ព្រះអានន្ទដ៏មានអាយុបាននិយាយយ៉ាងនេះថា ខ្ញុំករុណាមិនអាចកាន់យក (ហៅ) ឈ្មោះព្រះថេរៈទេ (ព្រោះ) ព្រះថេរៈជាគ្រូរបស់ខ្ញុំព្រះករុណា ។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គអនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុសូត្រអនុស្សាវនា ដោយគោត្តនាមក៏បាន ។

[១៤០] ក៏សម័យនោះឯង មានឧបសម្បទាបេក្ខៈពីររូបរបស់ព្រះមហាកស្សបដ៏មានអាយុ ។ អ្នកទាំងនោះប្រកែកគ្នាថា ខ្ញុំនឹង (បំពេញ) ឧបសម្បទាមុន ខ្ញុំនឹង (បំពេញ) ឧបសម្បទាមុន ។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុសូត្រអនុស្សាវនាតែម្តង ចំពោះឧបសម្បទាបេក្ខៈ ពីរនាក់បាន[១.២. (អដ្ឋកថា) គ្រូសូត្រ១រូប នឹងសូត្រកម្មវាចាឲ្យឧបសម្បទាដល់ឧបសម្បទាបេក្ខបុគ្គលពីររូបក្តី បីរូបក្តី ដំណាលគ្នាតែម្តងបាន ឥតមានទាស់ទេ ម្យ៉ាងទៀត បើគ្រូសូត្រពីររូបក្តី បីរូបក្តី នឹងសូត្រកម្មវាចាឲ្យឧបសម្បទាដល់ឧបសម្បទាបេក្ខបុគ្គលពីររូបក្តី បីរូបក្តី ចំពោះកូនសិស្សមួយៗ ជាមួយគ្នាតែម្តងក៏បាន ។] ។ សម័យនោះឯង មានពួកឧបសម្បទាបេក្ខៈរបស់ព្រះថេរៈច្រើនអង្គ ។ ពួកឧបសម្បទាបេក្ខៈទាំងនោះប្រកែកគ្នាថា ខ្ញុំនឹង(បំពេញ)ឧបសម្បទាមុន ខ្ញុំនឹង(បំពេញ)ឧបសម្បទាមុន ។ ព្រះថេរៈទាំងឡាយបាននិយាយយ៉ាងនេះថា នែអាវុសោ ណ្ហើយ យើងនឹងសូត្រអ្នកទាំងឡាយក្នុងអនុស្សាវនាជាមួយគ្នា ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនោះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គអនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុសូត្រអនុស្សាវនាជាមួយគ្នាចំពោះឧបសម្បទាបេក្ខៈពីរ ឬបីរូបបាន [២] តែការសូត្រអនុស្សាវនានោះ បានតែដោយឧបជ្ឈាយ៍ជាមួយគ្នា ឧបជ្ឈាយ៍ផ្សេងគ្នាមិនបានឡើយ ។

[១៤១] សម័យនោះឯង កុមារកស្សបដ៏មានអាយុមានឆ្នាំ២០ ដោយរាប់យកឆ្នាំតាំងពីនៅក្នុងគភ៌ផងបានឧបសម្បទា ។ ទើបកុមារកស្សបដ៏មានអាយុ មានសេចក្តីត្រិះរិះថា ព្រះដ៏មានព្រះភាគបញ្ញត្តហើយថា ភិក្ខុមិនត្រូវឲ្យឧបសម្បទាដល់បុគ្គលមានអាយុមិនគ្រប់២០ឆ្នាំ ដូច្នេះ ក៏អាត្មាអញមានឆ្នាំ២០ រាប់ទាំងឆ្នាំដែលនៅក្នុងគភ៌ផងបានឧបសម្បទា អាត្មាអញជាឧបសម្បន្ន (ជាភិក្ខុ) ឬមិនបានជាឧបសម្បន្នទេ ។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ចិត្តជាបឋមណា កើតឡើងហើយ វិញ្ញាណជាបឋមណា កើតប្រាកដហើយក្នុងផ្ទៃនៃមាតា កំណើតរបស់សត្វនោះឯង ត្រូវរាប់អំពីបឋមចិត្តនោះ ឬបឋមវិញ្ញាណនោះ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឲ្យឧបសម្បទា ដល់កុលបុត្រមានឆ្នាំ២០រាប់ទាំងឆ្នាំដែលនៅក្នុងផ្ទៃ ។

[១៤២] ក៏សម័យនោះឯង ពួកភិក្ខុដែលបានឧបសម្បទា មានរោគឃ្លង់ខ្លះ រោគពកខ្លះ រោគស្រែងខ្លះ រោគរីងរៃខ្លះ រោគឆ្កួតជ្រូកខ្លះ ក៏កើតប្រាកដឡើង ។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គអនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុកាលឲ្យឧបសម្បទា សួរអន្តរាយិកធម៌១៣យ៉ាងសិន ។ ម្នាលភិក្ខុទាំងឡាយ ក៏ឧបសម្បទាបេក្ខៈនោះ ភិក្ខុត្រូវសួរយ៉ាងនេះថា អ្នកមានអាពាធទាំងឡាយមានសភាពយ៉ាងនេះឬទេ គឺរោគឃ្លង់ រោគពក រោគស្រែង រោគរីងរៃ រោគឆ្កួតជ្រូក អ្នកឯងជាមនុស្សឬ ជាប្រុសឬ ជាអ្នកជាឬ ជាអ្នកមិនចំពាក់បំណុលគេឬ មិនមែនជារាជអាមាត្យ (អ្នកធ្វើរាជការ)ទេឬ អ្នកឯង មាតាបិតាបានអនុញ្ញាតហើយឬ អ្នកឯងមានឆ្នាំពេញ២០ហើយឬ អ្នកឯងមានបាត្រចីវរគ្រប់គ្រាន់ហើយឬ អ្នកឯងឈ្មោះអ្វី ឧបជ្ឈាយ៍អ្នកឯងឈ្មោះអ្វី ។ សម័យនោះ ភិក្ខុទាំងឡាយសួរអន្តរាយិកធម៌ទាំងឡាយ នឹងពួកឧបសម្បទាបេក្ខៈ ដែលខ្លួនមិនទាន់បានប្រៀនប្រដៅ ។ ឧបសម្បទាបេក្ខៈទាំងឡាយក៏រឹងខ្លួន អៀនអន់មិនអាចឆ្លើយបាន ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុប្រៀនប្រដៅ (បង្ហាត់) ជាមុនហើយ សឹមសួរអន្តរាយិកធម៌ទាំងឡាយជាខាងក្រោយ ។ ភិក្ខុទាំងឡាយប្រៀនប្រដៅក្នុងកណ្តាលសង្ឃនោះឯង ។ ឧបសម្បទាបេក្ខៈទាំងឡាយក៏នៅរឹងខ្លួនអៀនអន់យ៉ាងនោះដដែល មិនអាចនឹងឆ្លើយបាន ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុប្រៀនប្រដៅក្នុងទីដ៏សមគួរហើយ សឹមសួរអន្តរាយិកធម៌ទាំងឡាយក្នុងកណ្តាលសង្ឃ ។ ម្នាលភិក្ខុទាំងឡាយ ក៏ឯឧបសម្បទាបេក្ខៈនោះ ភិក្ខុត្រូវប្រៀនប្រដៅយ៉ាងនេះ ។ ភិក្ខុត្រូវឲ្យឧបសម្បទាបេក្ខៈនោះកាន់យកឧបជ្ឈាយ៍ជាមុន ។ លុះភិក្ខុឲ្យឧបសម្បទាបេក្ខៈ កាន់យកឧបជ្ឈាយ៍ហើយ ត្រូវប្រាប់បាត្រនិងចីវរថា នេះបាត្ររបស់អ្នក នេះសង្ឃាដិ នេះឧត្តរាសង្គៈ នេះអន្តរវាសកៈ អ្នកចូរទៅឈរនៅក្នុងឱកាសឯណោះចុះ ។ ភិក្ខុទាំងឡាយល្ងង់ មិនឆ្លាស ហើយប្រៀនប្រដៅឧបសម្បទាបេក្ខៈទាំងឡាយ ដែលភិក្ខុទាំងឡាយប្រៀនប្រដៅមិនល្អ នៅតែរឹងខ្លួនអៀនអន់ មិនអាចនឹងឆ្លើយបាន ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ទ្រង់មានព្រះបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុល្ងង់ មិនឆ្លាស មិនត្រូវប្រៀនប្រដៅឧបសម្បទាបេក្ខៈទេ ភិក្ខុណាប្រៀនប្រដៅ ត្រូវអាបត្តិទុក្កដ ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យតែភិក្ខុដែលឆ្លាសប្រតិពល ប្រៀនប្រដៅឧបសម្បទាបេក្ខៈបាន ។ ភិក្ខុទាំងឡាយដែលសង្ឃមិនបានសន្មត ហើយប្រៀនប្រដៅឧបសម្បទាបេក្ខៈ ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសង្ឃមិនបានសន្មត មិនត្រូវប្រៀនប្រដៅឧបសម្បទាបេក្ខៈឡើយ ភិក្ខុណាប្រៀនប្រដៅ ត្រូវអាបត្តិទុក្កដ ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យតែភិក្ខុដែលមានការសន្មតិប្រៀនប្រដៅ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវសន្មតយ៉ាងនេះ ។ ត្រូវខ្លួនឯងសន្មតខ្លួនក៏បាន ភិក្ខុដទៃសន្មតភិក្ខុដទៃក៏បាន ។ ក៏ឯខ្លួនឯងត្រូវសន្មតខ្លួនដូចម្តេច ។ គឺភិក្ខុដែលឆ្លាសប្រតិពល ត្រូវឲ្យសង្ឃយល់ថា បពិត្រព្រះគម្តែងសង្ឃដ៏ចម្រើន សូមសង្ឃស្តាប់ខ្ញុំ បុគ្គលមានឈ្មោះនេះ [១.២.សម្រាប់ឲ្យបញ្ចូលឈ្មោះមែនទែនត្រង់នោះ បើឈ្មោះនាគក្តី តិស្សក្តី ពុទ្ធរក្ខិតក្តី ក៏ឲ្យច្រកត្រង់កន្លែងនោះ ។] ជាឧបសម្បទាបេក្ខៈរបស់លោកដ៏មានអាយុឈ្មោះនេះ [២] ។ បើកម្មមានកាលគួរដល់សង្ឃហើយ ខ្ញុំគួរប្រៀនប្រដៅឧបសម្បទាបេក្ខៈឈ្មោះនេះ ។ ត្រូវខ្លួនឯងសន្មតខ្លួនយ៉ាងនេះ ។ ភិក្ខុដទៃត្រូវសន្មតភិក្ខុដទៃដូចម្តេច ។ គឺភិក្ខុឆ្លាសប្រតិពលត្រូវឲ្យសង្ឃជ្រាបថា បពិត្រព្រះគម្តែងសង្ឃដ៏ចម្រើន សូមសង្ឃស្តាប់ខ្ញុំ បុគ្គលឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ របស់លោកដ៏មានអាយុឈ្មោះនេះ បើកម្មមានកាលគួរដល់សង្ឃហើយ គួរភិក្ខុមានឈ្មោះនេះ ប្រៀនប្រដៅឧបសម្បទាបេក្ខៈឈ្មោះនេះ ។ ភិក្ខុដទៃសន្មតភិក្ខុដទៃយ៉ាងនេះ ។ ត្រូវភិក្ខុដែលមានការសន្មតិនោះចូលទៅរកឧបសម្បទាបេក្ខៈហើយ និយាយយ៉ាងនេះថា នែអ្នកមានឈ្មោះនេះ អ្នចាំស្តាប់ កាលនេះជាកាលពិត កាលមែនរបស់អ្នកហើយ ហេតុឯណាមានកាលបើភិក្ខុសួរហេតុនោះក្នុងកណ្តាលសង្ឃ (បើ) ហេតុមាន ត្រូវអ្នកនិយាយថាមាន ហេតុគ្មាន ត្រូវអ្នកនិយាយថាគ្មាន អ្នកកុំរឹងខ្លួនឡើយ កុំអៀនខ្មាសឡើយ ភិក្ខុទាំងឡាយនឹងសួរអ្នកយ៉ាងនេះថា អាពាធទាំងឡាយមានសភាពយ៉ាងនេះ គឺឃ្លង់ពក ស្រែង រីងរៃ ឆ្កួតជ្រូក អ្នកឯងមានឬទេ អ្នកឯងជាមនុស្សឬ ជាប្រុសឬ ជាអ្នកជាឬ ជាអ្នកមិនចំពាក់បំណុលគេឬ មិនមែនជារាជអាមាត្យទេឬ អ្នកឯងមាតាបិតាបានអនុញ្ញាតហើយឬ អ្នកឯងមានឆ្នាំពេញ២០ហើយឬ អ្នកឯងមានបាត្រចីវរបរិបូណ៌ហើយឬ អ្នកឯងឈ្មោះអ្វី ឧបជ្ឈាយ៍របស់អ្នកឯងឈ្មោះអ្វី ។ មានពាក្យសួរថា ឧបសម្បទាបេក្ខៈ និងអាចារ្យមកជាមួយគ្នា [ពាក្យនេះ ប្រហែលជាទើបនឹងច្រកថែមមកទេដឹង]ឬអ្វី ។ វិសជ្ជនាថា មិនត្រូវមកជាមួយគ្នាទេ ។ ត្រូវអាចារ្យអ្នកប្រៀនប្រដៅមកមុនហើយ ឲ្យសង្ឃជ្រាបថា បពិត្រព្រះគម្តែងសង្ឃដ៏ចម្រើន សូមសង្ឃស្តាប់ខ្ញុំ បុគ្គលមានឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ របស់លោកដ៏មានអាយុឈ្មោះនេះ ។ ឧបសម្បទាបេក្ខៈនោះ ខ្ញុំប្រៀនប្រដៅរួចហើយ ។ បើកម្មមានកាលគួរដល់សង្ឃហើយ ឧបសម្បទាបេក្ខៈឈ្មោះនេះគួរមក ។ ត្រូវអាចារ្យអ្នកប្រៀនប្រដៅហៅឧបសម្បទាបេក្ខៈនោះថា អ្នកចូរមកដូច្នេះ ។ ត្រូវអាចារ្យអ្នកប្រៀនប្រដៅឲ្យឧបសម្បទាបេក្ខៈនោះ ធ្វើឧត្តរាសង្គឆៀងស្មាម្ខាងហើយ ឲ្យថ្វាយបង្គំបាទាភិក្ខុទាំងឡាយហើយ ឲ្យអង្គុយច្រហោងផ្គងអញ្ជលីឡើង ហើយឲ្យសូមឧបសម្បទាថា បពិត្រព្រះគម្តែងសង្ឃដ៏ចម្រើន ខ្ញុំសូមឧបសម្បទានឹងសង្ឃ បពិត្រព្រះគម្តែងសង្ឃដ៏ចម្រើន សូមសង្ឃអាស្រ័យសេចក្តីអនុគ្រោះហើយស្រោចស្រង់ខ្ញុំផង បពិត្រព្រះគម្តែងសង្ឃដ៏ចម្រើន ខ្ញុំសូមឧបសម្បទានឹងសង្ឃអស់វារៈជាគម្រប់​ពីរដងផង បពិត្រព្រះគម្តែងសង្ឃដ៏ចម្រើន សូមសង្ឃអាស្រ័យសេចក្តីអនុគ្រោះហើយ ស្រោចស្រង់ខ្ញុំផង ។ បពិត្រព្រះគម្តែងសង្ឃដ៏ចម្រើន ខ្ញុំសូមឧបសម្បទានឹងសង្ឃអស់វារៈជាគម្រប់​បីដងផង បពិត្រព្រះគម្តែងសង្ឃដ៏ចម្រើន សូមសង្ឃអាស្រ័យសេចក្តីអនុគ្រោះហើយ ស្រោចស្រង់ខ្ញុំផង ។ ភិក្ខុដែលឆ្លាសប្រតិពលត្រូវឲ្យសង្ឃជ្រាបថា បពិត្រព្រះគម្តែងសង្ឃដ៏ចម្រើន សូមសង្ឃស្តាប់ខ្ញុំ បុគ្គលនេះ ឈ្មោះនេះជាឧបសម្បទាបេក្ខៈរបស់លោកដ៏មានអាយុឈ្មោះនេះ ។ បើកម្មមានកាលគួរដល់សង្ឃហើយ ខ្ញុំគួរសួរអន្តរាយិកធម៌ទាំងឡាយ នឹងឧបសម្បទាបេក្ខៈឈ្មោះនេះ ។ នែអ្នកមានឈ្មោះនេះ អ្នកចាំស្តាប់ កាលនេះជាកាលពិត កាលមែនរបស់អ្នកហើយ ហេតុឯណាកើតហើយ ខ្ញុំសូមសួរហេតុនោះ ហេតុមាន អ្នកត្រូវនិយាយថាមាន ហេតុមិនមាន អ្នកត្រូវនិយាយថាមិនមាន អាពាធទាំងឡាយមានសភាពយ៉ាងនេះ គឺឃ្លង់ ពក ស្រែង រីងរៃ ឆ្កួតជ្រូក អ្នកឯងមានឬទេ អ្នកឯងជាមនុស្សឬ ជាប្រុសឬ ជាអ្នកជាឬ មិនចំពាក់បំណុលគេទេឬ មិនមែនជារាជអាមាត្យទេឬ អ្នកឯងមាតាបិតាបានអនុញ្ញាតហើយឬ អ្នកឯងមានឆ្នាំ២០បរិបូណ៌ហើយឬ អ្នកឯងមានបាត្រចីវរបរិបូណ៌ហើយឬ អ្នកឈ្មោះអ្វី ឧបជ្ឈាយ៍របស់អ្នកឈ្មោះអ្វី ។ ភិក្ខុដែលឆ្លាសប្រតិពលត្រូវឲ្យសង្ឃជ្រាបថា បពិត្រព្រះគម្តែងសង្ឃដ៏ចម្រើន សូមសង្ឃស្តាប់ខ្ញុំ បុគ្គលនេះ ឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ របស់លោកដ៏មានអាយុឈ្មោះនេះ បរិសុទ្ធចាកអន្តរាយិកធម៌ទាំងឡាយហើយ ។ ឧបសម្បទាបេក្ខៈនោះ មានបាត្រនិតចីវរបរិបូណ៌ហើយ ។ ឥឡូវឧបសម្បទាបេក្ខៈឈ្មោះនេះ សូមឧបសម្បទានឹងសង្ឃ ដោយមានព្រះថេរៈឈ្មោះនេះជាឧបជ្ឈាយ៍ ។ បើកម្មមានកាលគួរដល់សង្ឃហើយ សូមសង្ឃឲ្យឧបសម្បទាដល់ឧបសម្បទាបេក្ខៈឈ្មោះនេះ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍ ។ នេះជាញត្តិ ។ បពិត្រព្រះគម្តែងសង្ឃដ៏ចម្រើន សូមសង្ឃស្តាប់ខ្ញុំ បុគ្គលនេះ ឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ របស់លោកដ៏មានអាយុឈ្មោះនេះ បរិសុទ្ធចាកអន្តរាយិកធម៌ទាំងឡាយហើយ ។ ឧបសម្បទាបេក្ខៈមានបាត្រចីវរបរិបូណ៌ហើយ ។ ឥឡូវឧបសម្បទាបេក្ខៈ ឈ្មោះនេះ សូមឧបសម្បទានឹងសង្ឃ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍ ។ ឥឡូវសង្ឃឲ្យឧបសម្បទាដល់ឧបសម្បទាបេក្ខៈ ឈ្មោះនេះ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍ ។ ឧបសម្បទារបស់ឧបសម្បទាបេក្ខៈឈ្មោះនេះ ដោយមានព្រះថេរៈឈ្មោះនេះជាឧបជ្ឈាយ៍ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវនិយាយឡើង ។ ខ្ញុំសូត្រសេចក្តីនេះអស់វារៈជាគម្រប់​ពីរដងផង ។ បពិត្រព្រះគម្តែងសង្ឃដ៏ចម្រើន សូមសង្ឃស្តាប់ខ្ញុំ បុគ្គលនេះ ឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ របស់លោកដ៏មានអាយុឈ្មោះនេះ បរិសុទ្ធចាកអន្តរាយិកធម៌ទាំងឡាយហើយ ។ ឧបសម្បទាបេក្ខៈនោះ មានបាត្រនិងចីវរបរិបូណ៌ហើយ ។ ឥឡូវឧបសម្បទាបេក្ខៈឈ្មោះនេះ សូមឧបសម្បទានឹងសង្ឃ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍ ។ ឥឡូវសង្ឃឲ្យឧបសម្បទាដល់ឧបសម្បទាបេក្ខៈ ឈ្មោះនេះ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍ ។ ឧបសម្បទារបស់ឧបសម្បទាបេក្ខៈឈ្មោះនេះ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវនិយាយឡើង ។ ខ្ញុំសូមសូត្រសេចក្តីនេះអស់វារៈជាគម្រប់​បីដងផង ។ បពិត្រព្រះគម្តែងសង្ឃដ៏ចម្រើន សូមសង្ឃស្តាប់ខ្ញុំ បុគ្គលនេះ ឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ របស់លោកដ៏មានអាយុឈ្មោះនេះ បរិសុទ្ធចាកអន្តរាយិកធម៌ហើយ ។ ឧបសម្បទាបេក្ខៈនោះមានបាត្រនិងចីវរបរិបូណ៌ហើយ ។ ឥឡូវឧបសម្បទាបេក្ខៈ ឈ្មោះនេះ សូមឧបសម្បទានឹងសង្ឃ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍ ។ ឥឡូវសង្ឃឲ្យឧបសម្បទាដល់ឧបសម្បទាបេក្ខៈ ឈ្មោះនេះ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍ ។ ឧបសម្បទារបស់ឧបសម្បទាបេក្ខៈឈ្មោះនេះ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគាប់ចិត្តដល់លោកដ៏មានអាយុអង្គណា ត្រូវលោកដ៏មានអាយុអង្គនោះនិយាយឡើង ។ សង្ឃបានឲ្យឧបសម្បទាដល់ឧបសម្បទាបេក្ខៈឈ្មោះនេះ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍ហើយ ។ ការឲ្យឧបសម្បទានេះគាប់ចិត្តដល់សង្ឃ ហេតុនោះ បានជាសង្ឃស្ងៀមនៅ ។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមយ៉ាងនេះ ។

ចប់ ឧបសម្បទាកម្ម ។

[១៤៣] ក្នុងខណៈឧបសម្បទាហើយភ្លាមៗនោះឯង ភិក្ខុត្រូវរាប់ឆាយា[ក្នុងខណៈដែលសូត្រញត្តិចតុត្ថកម្មវាចា ឧបសម្បទាហើយ ត្រូវឲ្យមនុស្សទៅឈរនៅទីវាល ហើយវាស់ស្រមោលមនុស្សដែលឈរនោះដោយបាតជើងឲ្យដឹងថា ស្រមោលនោះចោលទៅប៉ុន្មានជាន់ប៉ុន្មានទប់ ឯទប់នោះ គឺស្រមោលដែលនៅសល់មិនពេញមួយជាន់ ហើយគេជាន់ទទឹងផ្ទប់មក វិធីនេះ គេធ្លាប់ធ្វើមកពីដើមតាមបែបក្នុងគម្ពីរ ឥឡូវនេះមាននាឡិកាហើយ តែបួសហើយវេលាណា គេក៏កត់ម៉ោងមីនុតក្នុងពេលនោះឲ្យដឹងថា បួសហើយម៉ោងប៉ុន្មានៗ មីនុត ព្រោះការវាស់ស្រមោល ក៏គឺឲ្យដឹងពេលវេលាដូចគ្នានឹងនាឡិកាដែរ ការកំណត់ពេលតាមនាឡិកានាំឲ្យស្រួលដល់កិច្ចការសព្វវេលា គឺពេលយប់ ឬពេលថ្ងៃស្រទំរកមើលស្រមោលមិនឃើញ ។] (ស្រមោល) ត្រូវប្រាប់រដូវ [ឲ្យដឹងថាបួសក្នុងរដូវណា ។] ត្រូវប្រាប់ចំណែកថ្ងៃ [ឲ្យដឹងថាពេលព្រឹក ឬរសៀល ។] ត្រូវប្រាប់សង្គីតិ [ត្រូវអាចារ្យប្រាប់ការរួបរួមដល់ភិក្ខុដែលទើបនឹងបួសហើយ ឲ្យចាំទុកថា ខ្លួនបួសពីថ្ងៃណា ខែណារដូវណា ពេលម៉ោងប៉ុន្មាន ។] ត្រូវប្រាប់និស្ស័យ ៤ ថា បព្វជ្ជាអាស្រ័យភោជនជាពំនូត ដែលភិក្ខុត្រូវបានមកដោយកំឡាំងកំភួនជើង អ្នកត្រូវធ្វើសេចក្តីប្រឹងប្រែងក្នុងភោជននោះអស់មួយជីវិត ។ អតិរេកលាភ (៧យ៉ាង) គឺភត្តដែលទាយកថ្វាយចំពោះសង្ឃទាំងអស់១ ភត្តដែលទាយកឲ្យដល់ភិក្ខុ២-៣រូប តាមសង្ឃសំដែងឲ្យ១ ភត្តដែលទាយកនិមន្តទៅប្រគេន១ ភត្តដែលទាយកឲ្យដល់ភិក្ខុដោយស្លាក គឺសរសេរឈ្មោះភិក្ខុ ឬទាយកហើយចាប់១ ភត្តដែលទាយកឲ្យតែមួយថ្ងៃក្នុងបក្ខៗ (ខាងខ្នើត ឬរនោច)១ ភត្តដែលទាយកឲ្យក្នុងថ្ងៃឧបោសថ១ ភត្តដែលទាយកឲ្យក្នុងថ្ងៃមួយកើត ឬមួយរោច១ (បព្វជិតត្រេកអរក្នុងអតិរេកលាភនោះបាន) ។ បព្វជ្ជាអាស្រ័យនូវចីវរបង្សុកូល[សម្ពត់ដែលគេចោលលើគំនរដី ឬសំរាមហើយរើសយកមកធ្វើជាចីវរ ។] អ្នកត្រូវធ្វើការឧស្សាហ៍ក្នុងសំពត់បង្សុកូលនោះអស់មួយជីវិត ។ អតិរេកលាភ (៦យ៉ាង) គឺសំពត់ធ្វើពីសំបកឈើ១ សំពត់ធ្វើពីកប្បាស១ សំពត់ធ្វើពីសូត្រ១ សំពត់ធ្វើពីរោមសត្វ១ សំពត់ធ្វើពីធ្មៃ១ សំពត់ភង្គៈ គឺសំពត់ធ្វើពីរបស់ទាំងប្រាំលាយគ្នា១ (បព្វជិតត្រេកអរក្នុងអតិរេកលាភនោះបាន) ។ បព្វជ្ជាអាស្រ័យម្លប់ឈើជាសេនាសនៈ អ្នកត្រូវធ្វើការឧស្សាហ៍ក្នុងសេនាសនៈនោះអស់មួយជីវិត ។ អតិរេកលាភ (៥យ៉ាង) គឺវិហារ១ អឌ្ឍយោគ (រោងបាំងមួយចំហៀង)១ ប្រាសាទវែង១ ប្រាសាទដំបូលត្រងិល១ គុហា១ (បព្វជិតត្រេកអរក្នុងអតិរេកលាភនោះបាន) ។ បព្វជ្ជាអាស្រ័យភេសជ្ជៈដែលត្រាំដោយទឹកមូត្រស្អុយ អ្នកត្រូវធ្វើការឧស្សាហ៍ក្នុងភេសជ្ជៈនោះអស់មួយជីវិត ។ អតិរេកលាភ (៥យ៉ាង) គឺទឹកដោះរាវ១ ទឹកដោះខាប់១ ប្រេង១ ទឹកឃ្ញុំ១ ស្ករអំពៅ១ (បព្វជិតត្រេកអរក្នុងអតិរេកលាភនោះបាន) ។

ចប់ និស្ស័យ ៤ ។

[១៤៤] ក៏សម័យនោះឯង ភិក្ខុទាំងឡាយឲ្យឧបសម្បទាដល់ភិក្ខុមួយរូប ហើយចោលឲ្យនៅម្នាក់ឯង ក៏ចៀសចេញទៅ ។ ភិក្ខុនោះមកតែម្នាក់ឯងតាមក្រោយ បានជួបនឹងស្រ្តីដែលធ្លាប់ជាប្រពន្ធអំពីដើមក្នុងចន្លោះផ្លូវ ។ ស្រ្តីនោះនិយាយយ៉ាងនេះថា ឥឡូវនេះ អ្នកឯងបួសហើយឬ ។ ភិក្ខុនោះឆ្លើយថា អើ អញបួសហើយ ។ ស្ត្រីនោះនិយាយថា មេថុនធម្ម ពួកអ្នកបួសបានដោយកម្រណាស់ (ណ្ហើយ) អ្នកចូរមកសេពមេថុនធម្មចុះ ។ ភិក្ខុនោះសេពមេថុនធម្មនឹងស្រ្តីនោះហើយ ទៅយឺតយូរក្រោយគេ ។ ភិក្ខុទាំងឡាយបាននិយាយយ៉ាងនេះថា នែអាវុសោ ហេតុអ្វីបានជាអ្នកឯងធ្វើដំណើរឲ្យយឺតយូរយ៉ាងនេះ ។ ទើបភិក្ខុនោះប្រាប់ដំណើរនុ៎ះដល់ភិក្ខុទាំងឡាយ ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រោះហេតុនេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឲ្យឧបសម្បទាហើយ ឲ្យភិក្ខុជាគ្នីគ្នាប្រាប់កិច្ចដែលភិក្ខុមិនត្រូវធ្វើ ៤ យ៉ាងផងថា ភិក្ខុឧបសម្បន្នហើយ មិនត្រូវសេពមេថុនធម្ម ដោយហោចទៅសូម្បីនឹងសត្វតិរច្ឆានញី ។ ភិក្ខុណាសេពមេថុនធម្ម ភិក្ខុនោះមិនមែនជាសមណៈ មិនមែនជាកូនចៅព្រះពុទ្ធជាសក្យៈ ។ ធម្មតា បុរសមានក្បាលដាច់ហើយ មិនគួររស់ឡើងបាន ដោយកិរិយាតភ្ជាប់សរីរៈនោះ មានឧបមាយ៉ាងណាមិញ ភិក្ខុសេពមេថុនធម្មហើយ មិនមែនជាសមណៈ មិនមែនជាកូនចៅព្រះពុទ្ធសក្យៈ ក៏មានឧបមេយ្យយ៉ាងនោះដែរ ។ អ្នកមិនត្រូវធ្វើកិច្ចនោះអស់មួយជីវិត ។ ភិក្ខុឧបសម្បន្នហើយ មិនត្រូវកាន់យករបស់ដែលគេមិនឲ្យ គឺកាន់យកដោយថេយ្យចិត្ត ដោយហោចទៅ ត្រឹមតែស្មៅមួយទង ។ ភិក្ខុណាមួយកាន់យករបស់មានតម្លៃ១បាទក្តី គួរដល់១បាទក្តី លើសជាង១បាទក្តី ដែលគេមិនបានឲ្យ គឺកាន់យកដោយថេយ្យចិត្ត ភិក្ខុនោះមិនមែនជាសមណៈ មិនមែនជាកូនចៅព្រះពុទ្ធជាសក្យៈ ។ ធម្មតា ស្លឹកឈើលឿង (ទុំ) ដែលជ្រុះចុះចាកទងហើយ មិនគួរមានពណ៌ខៀវ (ស្រស់ខ្ចី) វិញបាន មានឧបមាយ៉ាងណាមិញ ភិក្ខុកាន់យករបស់មានតម្លៃ១បាទក្តី គួរដល់១បាទក្តី លើសជាង១បាទក្តី ដែលគេមិនបានឲ្យ គឺកាន់យកដោយថេយ្យចិត្ត មិនមែនជាសមណៈ មិនមែនជាកូនចៅព្រះពុទ្ធជាសក្យៈ ក៏មានឧបមេយ្យយ៉ាងនោះដែរ ។ អ្នកមិនត្រូវធ្វើកិច្ចនោះអស់មួយជីវិត ។ ភិក្ខុឧបសម្បន្នហើយ មិនត្រូវក្លែងធ្វើសត្វឲ្យធ្លាក់ចុះចាកជីវិតឡើយ ដោយហោចទៅ តាំងពីស្រមោចខ្មៅ និងស្រមោចក្រហម ។ ភិក្ខុក្លែងធ្វើរាងកាយមនុស្សឲ្យធ្លាក់ចុះចាកជីវិត រាប់តាំងពីរំលូតគភ៌ដោយហោចទៅ ភិក្ខុនោះមិនមែនជាសមណៈ មិនមែនជាកូនចៅព្រះពុទ្ធជាសក្យៈ ។ ធម្មតា ថ្មក្រាស់ បែកជាពីរហើយ ជាធម្មជាតិជិតវិញមិនបាន មានឧបមាយ៉ាងណាមិញ ភិក្ខុក្លែងធ្វើនូវរាងកាយមនុស្សឲ្យធ្លាក់ចុះចាកជីវិត ក៏មិនមែនជាសមណៈ មិនមែនជាកូនចៅព្រះពុទ្ធជាសក្យៈ ក៏មានឧបមេយ្យយ៉ាងនោះដែរ ។ អ្នកមិនត្រូវធ្វើកិច្ចនោះអស់មួយជីវិត ។ ភិក្ខុឧបសម្បន្នហើយ មិនត្រូវនិយាយអួតឧត្តរិមនុស្សធម្ម ដោយពាក្យថា អាត្មាត្រេកអរចំពោះក្នុងផ្ទះស្ងាត់ដូច្នេះ ដោយហោចទៅ ។ ភិក្ខុណាមានសេចក្តីប្រាថ្នាលាមក ដែលសេចក្តីប្រាថ្នាគ្របសង្កត់ហើយ និយាយអួតឧត្តរិមនុស្សធម្ម គឺឈានក្តី វិមោក្ខក្តី សមាធិក្តី សមាបត្តិក្តី មគ្គក្តី ផលក្តី ដែលមិនពិត ភិក្ខុនោះមិនមែនជាសមណៈ មិនមែនជាកូនចៅព្រះពុទ្ធជាសក្យៈ ។ ធម្មតា ដើមត្នោតកំបុតចុងហើយ មិនគួរដុះឡើងទៀតបាន មានឧបមាយ៉ាងណាមិញ ភិក្ខុមានសេចក្តីប្រាថ្នាលាមក ដែលសេចក្តីប្រាថ្នាគ្របសង្កត់ហើយ និយាយអួតឧត្តរិមនុស្សធម្ម ដែលមិនមាន មិនពិត ក៏មិនមែនជាសមណៈ មិនមែនជាកូនចៅព្រះពុទ្ធសក្យៈ ក៏មានឧបមេយ្យយ៉ាងនោះដែរ ។ អ្នកមិនត្រូវធ្វើកិច្ចនោះអស់មួយជីវិត ។

ចប់ កិច្ចមិនគួរធ្វើ ៤ យ៉ាង ។

[១៤៥] ក៏សម័យនោះឯង ភិក្ខុមួយរូបត្រូវសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ ហើយក៏សឹកទៅ ។ អ្នកនោះត្រឡប់មកសូមឧបសម្បទានឹងភិក្ខុទាំងឡាយទៀត ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ត្រូវសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិហើយសឹកទៅ ។ អ្នកនោះត្រឡប់មកសូមឧបសម្បទានឹងភិក្ខុទាំងឡាយទៀត ។ ត្រូវភិក្ខុទាំងឡាយនិយាយនឹងអ្នកនោះយ៉ាងនេះថា អ្នកនឹងឃើញអាបត្តិនោះទេ ។ បើអ្នកនោះនិយាយថា ខ្ញុំករុណានឹងឃើញអាបត្តិនោះ ត្រូវភិក្ខុទាំងឡាយបំបួសចុះ បើនិយាយថា ខ្ញុំករុណានឹងមិនឃើញអាបត្តិនោះទេ មិនត្រូវបំបួសទេ ។ លុះភិក្ខុទាំងឡាយបំបួសហើយ ត្រូវសួរអ្នកនោះថា លោកនឹងឃើញអាបត្តិនោះឬទេ ។ បើសាមណេរនោះនិយាយថា ខ្ញុំករុណានឹងឃើញ ត្រូវឲ្យឧបសម្បទាចុះ បើនិយាយថា ខ្ញុំករុណានឹងមិនឃើញទេ មិនត្រូវឲ្យឧបសម្បទាទេ ។ លុះភិក្ខុទាំងឡាយឲ្យឧបសម្បទាហើយ ត្រូវសួរភិក្ខុនោះថា លោកនឹងឃើញអាបត្តិនោះទេ ។ បើភិក្ខុនោះនិយាយថា ខ្ញុំករុណានឹងឃើញ ភិក្ខុទាំងឡាយត្រូវសូត្រឱសារណកម្មចុះ[គឺសង្ឃត្រូវសូត្ររម្ងាប់កម្មនោះ លើកលែងធ្វើទោសតទៅ (មានសេចក្តីពិស្តារក្នុងកម្មក្ខន្ធកៈ) ។] បើនិយាយថា ខ្ញុំករុណានឹងមិនឃើញទេ មិនត្រូវសូត្រឱសារណកម្មឡើយ ។ លុះភិក្ខុទាំងឡាយសូត្រឱសារណកម្មហើយ ត្រូវសួរភិក្ខុនោះថា ឥឡូវលោកឃើញអាបត្តិនោះឬទេ ។ បើភិក្ខុនោះឃើញ ការឃើញនេះជាការល្អ បើមិនឃើញទេ កាលបើភិក្ខុទាំងឡាយបានសេចក្តីព្រមព្រៀងគ្នា ត្រូវលើកវត្តភិក្ខុនោះទៀត កាលបើមិនបានសេចក្តីព្រមព្រៀងគ្នាទេ មិនមានអាបត្តិព្រោះបរិភោគរួម នៅរួម (ដោយភិក្ខុនោះឡើយ) ។ ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ត្រូវសង្ឃលើកវត្ត ព្រោះមិនធ្វើតបអាបត្តិ[ត្រូវអាបត្តិហើយ សម្ងំ មិនចូលបរិវាស ឬមិនសំដែង ។] ហើយសឹកទៅ ។ អ្នកនោះត្រឡប់មកសូមឧបសម្បទានឹងភិក្ខុទាំងឡាយទៀត ។ ត្រូវភិក្ខុទាំងឡាយនិយាយនឹងអ្នកនោះយ៉ាងនេះថា អ្នកនឹងធ្វើតបអាបត្តិនោះឬទេ ។ បើអ្នកនោះនិយាយថា ខ្ញុំករុណានឹងធ្វើតបវិញ ត្រូវភិក្ខុទាំងឡាយបំបួសចុះ បើនិយាយថា ខ្ញុំករុណានឹងមិនធ្វើតបទេ មិនត្រូវបំបួសទេ ។ លុះភិក្ខុទាំងឡាយបំបួសហើយ ត្រូវសួរសាមណេរនោះថា អ្នកនឹងធ្វើតបអាបត្តិនោះឬទេ ។ បើសាមណេរនោះនិយាយថា ខ្ញុំករុណានឹងធ្វើតប ត្រូវភិក្ខុទាំងឡាយ ឲ្យឧបសម្បទាចុះ បើនិយាយថា ខ្ញុំករុណានឹងមិនធ្វើតបទេ មិនត្រូវឲ្យឧបសម្បទាឡើយ ។ លុះភិក្ខុទាំងឡាយឲ្យឧបសម្បទាហើយ ត្រូវសួរភិក្ខុនោះថា លោកនឹងធ្វើតបអាបត្តិនោះឬទេ ។ បើភិក្ខុនោះនិយាយថា ខ្ញុំករុណានឹងធ្វើតបអាបត្តិនោះ ត្រូវសូត្រឱសារណកម្មចុះ បើនិយាយថា ខ្ញុំករុណានឹងមិនធ្វើតបទេ មិនត្រូវឲ្យឱសារណកម្មទេ ។ លុះភិក្ខុទាំងឡាយសូត្រឱសារណកម្មហើយ ត្រូវនិយាយនឹងភិក្ខុនោះថា ចូរលោកធ្វើតបអាបត្តិនោះចុះ ។ បើភិក្ខុនោះធ្វើតប ការធ្វើតបនេះជាការល្អ បើមិនធ្វើតបទេ កាលបើភិក្ខុទាំងឡាយបានសេចក្តីព្រមព្រៀងគ្នា ត្រូវលើកវត្តភិក្ខុនោះទៀត កាលបើមិនបានសេចក្តីព្រមព្រៀងគ្នាទេ មិនត្រូវអាបត្តិព្រោះបរិភោគរួម ព្រោះនៅរួមទេ ។ ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ត្រូវភិក្ខុទាំងឡាយលើកវត្ត ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ហើយសឹកទៅ ។ អ្នកនោះត្រឡប់មកសូមឧបសម្បទានឹងភិក្ខុទាំងឡាយទៀត ។ ត្រូវភិក្ខុទាំងឡាយនិយាយនឹងអ្នកនោះយ៉ាងនេះថា អ្នកនឹងលះបង់ទិដ្ឋិអាក្រក់នោះទេ ។ បើអ្នកនោះនិយាយថា ខ្ញុំករុណានឹងលះបង់ ត្រូវភិក្ខុទាំងឡាយបំបួសចុះ បើនិយាយថា ខ្ញុំនឹងមិនលះបង់ទេ មិនត្រូវបំបួសទេ ។ លុះភិក្ខុទាំងឡាយបំបួសហើយ ត្រូវសួរសាមណេរនោះថា អ្នកនឹងលះបង់ទិដ្ឋិអាក្រក់នោះទេ ។ បើសាមណេរនោះនិយាយថា ខ្ញុំករុណានឹងលះបង់ ត្រូវភិក្ខុទាំងឡាយ ឲ្យឧបសម្បទាចុះ បើនិយាយថា ខ្ញុំករុណាមិនលះបង់ទេ មិនត្រូវឲ្យឧបសម្បទាទេ ។ លុះភិក្ខុទាំងឡាយឲ្យឧបសម្បទាហើយ ត្រូវសួរថា លោកនឹងលះបង់ទិដ្ឋិអាក្រក់នោះទេ ។ បើភិក្ខុនោះនិយាយថា ខ្ញុំករុណានឹងលះបង់ ត្រូវភិក្ខុទាំងឡាយសូត្រឱសារណកម្មចុះ បើនិយាយថា ខ្ញុំករុណានឹងមិនលះបង់ទេ មិនត្រូវសូត្រឱសារណកម្មទេ ។ លុះភិក្ខុទាំងឡាយសូត្រឱសារណកម្មហើយ ត្រូវនិយាយនឹងភិក្ខុនោះថា ចូរលោកលះបង់ទិដ្ឋិអាក្រក់នោះទៅ ។ បើភិក្ខុនោះលះបង់ ការលះបង់នេះជាការល្អ បើមិនលះបង់ទេ កាលបើភិក្ខុទាំងឡាយបានសេចក្តីព្រមព្រៀងគ្នា ត្រូវលើកវត្តភិក្ខុនោះទៀត បើមិនបានសេចក្តីព្រមព្រៀងគ្នាទេ មិនត្រូវអាបត្តិព្រោះបរិភោគរួម ព្រោះនៅរួមទេ ។

ចប់ មហាខន្ធកៈ ទី១ ។

[១៤៦] កាលបើព្រះវិន័យមានប្រយោជន៍ធំ នាំមកនូវសេចក្តីសុខដល់ភិក្ខុមានសីលជាទីស្រឡាញ់ទាំងឡាយ ជាសភាវទ្រទ្រង់ទុកនូវសាសនាផង ជាទីគោចររបស់ព្រះជិនស្រី ជាសព្វញ្ញូផង មិនមែនជាវិស័យនៃបុគ្គលដទៃ ជាទីក្សេមក្សាន្តដែលព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តហើយ ដោយប្រពៃ ដើម្បីសង្កត់សង្កិននូវពួកភិក្ខុដែលមានសេចក្តីប្រាថ្នាលាមកផង ដើម្បីដម្កល់ដម្កើងនូវពួកភិក្ខុដែលមានសេចក្តីខ្មាសផង ដោយឥតសង្ស័យ អ្នកប្រាជ្ញដែលមានប្រក្រតីធ្វើនូវប្រយោជន៍ដ៏សមគួរ តែងប្រតិបត្តិដោយឧបាយ ក្នុងខន្ធកវិន័យផង ក្នុងបរិវារៈផង ព្រមទាំងមាតិកា ។ បុគ្គលណាមិនស្គាល់គោ បុគ្គលនោះនឹងរក្សាហ្វូងគោដូចម្តេចបាន យ៉ាងណាមិញ ភិក្ខុណាមិនស្គាល់សីល ភិក្ខុនោះនឹងរក្សាសេចក្តីសង្រួមក្នុងសីលដូចម្តេចបាន យ៉ាងនោះដែរ ។ បើទុកជាព្រះសូត្រ និងព្រះអភិធម្មសាបសូន្យអស់ទៅហើយ តែបើព្រះវិន័យមិនទាន់វិនាសនៅឡើយទេ ព្រះសាសនាឈ្មោះថា ឋិតឋេរតទៅទៀតបាន ។ ព្រោះហេតុនៃការសង្គាយនានោះ ខ្ញុំនឹងពោលនូវឧទ្ទានតាមលំដាប់ដោយសមគួរតាមប្រាជ្ញា ចូរលោកទាំងឡាយចាំស្តាប់ខ្ញុំជាអ្នកពោល ។ វត្ថុផង និទានផង ន័យនៃអាបត្តិទាំងឡាយផង បេយ្យាលៈផង វត្ថុជាដើមនោះ ខ្ញុំលំបាកនឹងធ្វើឲ្យអស់សព្វគ្រប់ ចូរលោកទាំងឡាយ ជ្រាបច្បាស់នូវវត្ថុជាដើមនោះ តាមន័យ (នៃឧទ្ទានគាថាដែលខ្ញុំពោលដោយសង្ខេបតទៅនេះចុះ) ។ រឿងព្រះសម្ពុទ្ធទ្រង់គង់ក្រោមពោធិព្រឹក្ស១ រឿងទ្រង់គង់ក្រោមរាជាយតនព្រឹក្ស១ រឿងទ្រង់ត្រឡប់មកកាន់អជបាលនិគ្រោធវិញ ហើយទ្រង់ពុទ្ធបរិវិតក្ក១ រឿងសហម្បតិព្រហ្ម១ រឿងអាឡារតាបស១ រឿងឧទ្ទកតាបស១ រឿងព្រះសម្ពុទ្ធទ្រង់ត្រិះរិះថា គួរសំដែងធម៌ដល់បញ្ចវគ្គិយភិក្ខុ១ រឿងទ្រង់ជួបនឹងឧបកាជីវក១ រឿងទ្រង់ស្តេចទៅកាន់ព្រៃឥសិបតនមិគទាយវន១ រឿងកោណ្ឌញ្ញភិក្ខុ១ រឿងភទ្ទិយភិក្ខុ១ រឿងវប្បភិក្ខុ១ រឿងមហានាមភិក្ខុ១ រឿងអស្សជិភិក្ខុ១ រឿងយសកុលបុត្រ១ រឿងសំឡាញ់ ៤ នាក់១ រឿងសំឡាញ់៥០នាក់១ រឿងព្រះបរមសាស្តានោះទ្រង់បញ្ជូនពួកព្រះអរហន្តទាំងពួងទៅកាន់ទិស ដើម្បីប្រកាសសាសនា១ រឿងមារ១ រឿងកុមារទាំង៣០នាក់១ រឿងជដិលឈ្មោះឧរុវេលកស្សប១ រឿងជដិលឈ្មោះនទីកស្សប១ រឿងជដិលឈ្មោះគយាកស្សប១ រឿងរោងភ្លើង១ រឿងមហារាជ១ រឿងព្រះឥន្ទ្រ១ រឿងព្រហ្ម១ រឿងអ្នកដែនអង្គៈ មគធៈទាំងអស់១ រឿងសំពត់បង្សុកូល១ រឿងស្រះបោក្ខរណី១ រឿងថ្មបោកសំពត់បង្សុកូល១ រឿងដើមថ្ងាន់១ រឿងថ្មហាលសំពត់បង្សុកូល១ រឿងព្រះសម្ពុទ្ធទ្រង់នាំយកផ្លែព្រីង១ រឿងទ្រង់នាំយកផ្លែស្វាយ១ រឿងទ្រង់នាំយកផ្លែកន្ទួតព្រៃ[បាលីថា អាមណ្ឌោ ធ្លាប់ប្រែថា ល្ហុង តែត្រង់ពាក្យថា អាមណ្ឌោនេះ ឃើញក្នុងច្បាប់ឱរុបថា អាមលកោ ដែលប្រែថាកន្ទួតព្រៃ ហេតុនេះ គួរប្រែថា កន្ទួតព្រៃវិញ ព្រោះរឿងខាងដើមថា ព្រះសម្ពុទ្ធទ្រង់នាំយកផ្លែកន្ទួតព្រៃ ។]១ រឿងទ្រង់នាំយកផ្លែសម៉១ រឿងទ្រង់នាំយកផ្កាបារិច្ឆត្តកព្រឹក្ស១ រឿងទ្រង់ធ្វើបាដិហារិយ៍ត្រាស់ថា ម្នាលកស្សប ឧសចូរបែក១ រឿងទ្រង់ត្រាស់ថា ភ្លើងចូរឆេះ១ រឿងទ្រង់ត្រាស់ថា ភ្លើងចូររលត់១ រឿងពួកជដិលមុជទឹក១ រឿងព្រះដ៏មានព្រះភាគនិម្មិតជើងក្រាន១ រឿងភ្លៀង១ រឿងព្រះសម្ពុទ្ធគង់ក្នុងគយាសីសប្រទេស១ រឿងទ្រង់គង់ក្នុងលដ្ឋិវនឧទ្យាន (សួនព្រៃត្នោត)១ រឿងព្រះបាទមាគធរាជ១ រឿងឧបតិស្សមាណព១ រឿងកោលិតមាណព១ រឿងអ្នកដែនមគធៈដឹងច្បាស់ថាពួកកុលបុត្រប្រព្រឹត្តព្រហ្មចារ្យ១ រឿងពួកភិក្ខុស្លៀកដណ្តប់មិនល្អ១ រឿងទ្រង់អនុញ្ញាតឲ្យឧបជ្ឈាយ៍បណ្តេញសទ្ធិវិហារិកដែលប្រព្រឹត្តមិនល្អ១ រឿងព្រាហ្មណ៍ស្គាំងស្គមសៅហ្មង១ រឿងភិក្ខុប្រព្រឹត្តអនាចារ១ រឿងព្រាហ្មណ៍បួសដើម្បីចិញ្ចឹមពោះ១ រឿងមាណពទើបតែនឹងមកសូមផ្នួសភិក្ខុប្រាប់និស្ស័យមុន១ រឿងទ្រង់ហាមមិនឲ្យៗឧបសម្បទាដោយគណសង្ឃតិចជាង១០រូប១ រឿងទ្រង់ហាមភិក្ខុដែលមានវស្សាតិចជាង១០ មិនឲ្យៗឧបសម្បទាគេ១ រឿងទ្រង់ហាមភិក្ខុដែលល្ងង់ៗ មិនឲ្យៗឧបសម្បទាគេ១ រឿងឧបជ្ឈាយ៍ចៀសចេញទៅកាន់ទិស១ រឿងភិក្ខុមានវស្សា១០ឲ្យនិស្ស័យ១ រឿងពួកអន្តេវាសិកប្រព្រឹត្តមិនល្អក្នុងអាចារ្យត្រូវបណ្តេញ១ រឿងទ្រង់ហាមពួកភិក្ខុល្ងង់ៗ មិនឲ្យៗនិស្ស័យគេ១ រឿងរម្ងាប់ចាកនិស្ស័យ១ រឿងភិក្ខុប្រកបដោយអង្គ៥ គួរនិងមិនគួរឲ្យឧបសម្បទាគេជាដើម១ រឿងភិក្ខុប្រកបដោយអង្គ៦ គួរនិងមិនគួរឲ្យឧបសម្បទាគេជាដើម១ រឿងព្រះសម្ពុទ្ធទ្រង់ត្រាស់ថា បុគ្គលណាពីដើមធ្លាប់ជាតិរ្ថិយ ដល់មកបួសជាភិក្ខុ មិនស្តាប់ពាក្យឧបជ្ឈាយ៍ ហើយត្រឡប់ទៅជាតិរ្ថិយដូចដើម បើមកវិញមិនត្រូវឲ្យឧបសម្បទាទេ១ រឿងទ្រង់ត្រាស់ថា បើបុគ្គលឯទៀតធ្លាប់ជាតិរ្ថិយ ហើយប្រាថ្នាបព្វជ្ជាឧបសម្បទា ត្រូវឲ្យនៅបរិវាស៤ខែ១ រឿងទ្រង់ត្រាស់ថា បើតិរ្ថិយមកបួសទាំងអាក្រាត ត្រូវឧបជ្ឈាយ៍ស្វែងរកតម្លៃចីវរឲ្យ១ រឿងទ្រង់ត្រាស់ថា បើតិរ្ថិយមិនទាន់កោរសក់ ត្រូវសង្ឃអបលោកធ្វើភណ្ឌុកម្មឲ្យ១ រឿងទ្រង់ត្រាស់ថា បើជដិលជាកម្មវាទី កិរិយវាទី មិនបាច់ឲ្យនៅបរិវាស១ រឿងទ្រង់ត្រាស់ថា បើជាតិសក្យៈធ្លាប់ជាតិរ្ថិយមកបួស មិនបាច់ឲ្យនៅបរិវាស១ រឿងទ្រង់បញ្ញត្តមិនឲ្យបំបួសមនុស្សមានអាពាធ៥យ៉ាងក្នុងដែនមគធៈ១ រឿងទ្រង់បញ្ញត្តមិនឲ្យបំបួសរាជអមាត្យ១ រឿងភិក្ខុបំបួសអង្គុលិមាលចោរ ក្រោយមកទ្រង់បញ្ញត្តមិនឲ្យបំបួសចោរ១ រឿងព្រះបាទមាគធរាជទ្រង់អនុញ្ញាតទោសដល់ពួកអ្នកបួសក្នុងព្រះពុទ្ធសាសនា១ រឿងព្រះសម្ពុទ្ធទ្រង់បញ្ញត្តមិនឲ្យបំបួសចោរទំលាយគុក១ រឿងទ្រង់បញ្ញត្តមិនឲ្យបំបួសចោរដែលរាជការព្យួរទោសទុក១ រឿងទ្រង់បញ្ញត្តមិនឲ្យបំបួសមនុស្សដែលមានស្នាមរំពាត់១ រឿងទ្រង់បញ្ញត្តមិនឲ្យបំបួសមនុស្សដែលគេបៀតបៀនឲ្យមានស្លាកស្នាម១ រឿងទ្រង់បញ្ញត្តមិនឲ្យបំបួសមនុស្សដែលជំពាក់បំណុលគេ១ រឿងទ្រង់បញ្ញត្តមិនឲ្យបំបួសមនុស្សខ្ញុំគេ១ រឿងភិក្ខុបំបួសទារកកោរទុកជុក១ រឿងភិក្ខុបំបួសទារកឈ្មោះឧបាលិ១ រឿងត្រកូលវិនាសដោយអហិវាតករោគ១ រឿងត្រកូលជាឧបដ្ឋាករបស់ព្រះអានន្ទមានសទ្ធា១ រឿងកណ្តកសាមណេរ១ រឿងមនុស្សពោលទោសភិក្ខុថា ទិសចង្អៀត១ រឿងព្រះដ៏មានព្រះភាគគង់នៅក្នុងនិគ្រោធារាមទៀបក្រុងកបិលវត្ថុ១ រឿងព្រះសារីបុត្តបំបួសទារក១ រឿងទ្រង់អនុញ្ញាតសិក្ខាបទ១០ដល់សាមណេរ១ រឿងសាមណេរនៅដោយមិនគោរពកោតក្រែងភិក្ខុ១ រឿងភិក្ខុត្រិះរិះថាគួរធ្វើទណ្ឌកម្មដូចម្តេចដល់សាមណេរ១ រឿងភិក្ខុធ្វើអាវរណកម្មដល់ពួកសាមណេរទួទៅទាំងអារាមរបស់សង្ឃទាំងមូល១ រឿងភិក្ខុធ្វើអាវរណកម្មដល់ពួកសាមណេរចំពោះអាហារតាមមុខទ្វារ១ រឿងពួកឆព្វគ្គិយភិក្ខុធ្វើអាវរណកម្ម ដល់ពួកសាមណេរមិនប្រាប់ឧបជ្ឈាយ៍១ រឿងពួកឆព្វគ្គិយភិក្ខុប្រលោមយកសាមណេររបស់ភិក្ខុជាថេរៈ១ រឿងកណ្ឌកសាមណេរប្រទុស្តភិក្ខុនីឈ្មោះកណ្តកី១ រឿងព្រះសម្ពុទ្ធទ្រង់ហាមមិនឲ្យបំបួសបណ្ឌក១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សដែលលួចសំវាស១ រឿងទ្រង់ហាមមិនឲ្យបំបួសភិក្ខុដែលរត់ទៅចូលពួកតិរ្ថិយ១ រឿងទ្រង់ហាមមិនឲ្យបំបួសសត្វតិរច្ឆានដោយហេតុអហិនាគមកបួសក្នុងសំណាក់ភិក្ខុ១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សដែលសម្លាប់ម្តាយ១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សដែលសម្លាប់ឪពុក១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សដែលសម្លាប់ព្រះអរហន្ត១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សដែលប្រទុស្តភិក្ខុនី១ រឿងទ្រង់ហាមមិនឲ្យបំបួសបុគ្គលដែលបំបែកសង្ឃ១ រឿងទ្រង់ហាមមិនឲ្យបំបួសបុគ្គលដែលធ្វើព្រះលោហិតឲ្យពូរពងឡើង១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សដែលជាឧភតោព្យញ្ជនក១ រឿងទ្រង់ហាមមិនឲ្យៗឧបសម្បទាដល់បុគ្គលគ្មានឧបជ្ឈាយ៍១ រឿងទ្រង់ហាមមិនឲ្យយកសង្ឃជាឧបជ្ឈាយ៍១ រឿងទ្រង់ហាមមិនឲ្យយកគណៈជាឧបជ្ឈាយ៍១ រឿងទ្រង់ហាមមិនឲ្យយកបណ្ឌកជាឧបជ្ឈាយ៍១ រឿងទ្រង់ហាមមិនឲ្យៗឧបសម្បទាដល់កុលបុត្រគ្មានបាត្រ១ រឿងទ្រង់ហាមមិនឲ្យៗឧបសម្បទាដល់កុលបុត្រគ្មានចីវរ១ រឿងទ្រង់ហាមមិនឲ្យៗឧបសម្បទាដល់កុលបុត្រគ្មានបាត្រ គ្មានចីវរទាំងពីរយ៉ាងនោះ១ រឿងទ្រង់ហាមមិនឲ្យៗឧបសម្បទាដល់បុគ្គលដែលខ្ចីបាត្រគេ១ រឿងទ្រង់ហាមមិនឲ្យៗឧបសម្បទាដល់បុគ្គលដែលខ្ចីចីវរគេ១ រឿងទ្រង់ហាមមិនឲ្យៗឧបសម្បទាដល់បុគ្គលដែលខ្ចីទាំងបាត្រ ទាំងចីវរគេ១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សកំបុតដៃ១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សកំបុតជើង១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សកំបុតទាំងដៃទាំងជើង១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សកំបុតត្រចៀក១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សកំបុតច្រមុះ១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សកំបុតទាំងត្រចៀក ទាំងច្រមុះ១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សកំបុតម្រាមដៃ១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សកំបុតមេដៃឬមេជើង១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សដាច់សរសៃធំ១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សមានម្រាមដៃជាប់គ្នា១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សគម១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សតឿ១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សពកក១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សដែលគេបៀតបៀនឲ្យមានស្លាកស្នាម១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សដែលមានស្នាមរំពាត់១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សដែលរាជការព្យួរទោសទុក១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សជើងស្ទក់១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សដែលមានរោគអាក្រក់១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សប្រទុស្តបរិសទ្យ១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សទើបនឹងខ្វាក់ ឬខ្វាក់ម្ខាង១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សក្ងែងក្ងង់ដៃជើង១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សខ្ចក១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សដែលស្លាប់មួយចំហៀងខ្លួន១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សខ្វិន១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សចាស់គ្រាំគ្រា១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សខ្វាក់ពីកំណើត ឬខ្វាក់ទាំងពីរខាង១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សគ១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សថ្លង់១ រឿងទ្រង់ហាមមិនឲ្យបំបួសមនុស្សទាំងខ្វាក់ពីកំណើតទាំងគ១ មិនឲ្យបំបួសមនុស្សទាំងខ្វាក់ពីកំណើតទាំងថ្លង់១ មិនឲ្យបំបួសមនុស្សទាំងគទាំងថ្លង់១ មិនឲ្យបំបួសមនុស្សទាំងខ្វាក់ពីកំណើត ទាំងគ ទាំងថ្លង់១ រឿងទ្រង់ហាមមិនឲ្យៗនិស្ស័យដល់ពួកភិក្ខុអលជ្ជី១ រឿងទ្រង់ហាមមិនឲ្យនៅអាស្រ័យនឹងពួកភិក្ខុអលជ្ជី១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុអ្នកដើរផ្លូវឆ្ងាយមិនបាច់មាននិស្ស័យបាន១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុបម្រើ​ជំងឺ មិនទាន់បាននិស្ស័យនៅដោយឥតនិស្ស័យបាន ព្រោះភិក្ខុឈឺអង្វរ១ រឿងព្រះមហាកស្សបប្រើបម្រើឲ្យទៅនិមន្តព្រះអានន្ទថា ចូរមកសូត្រឲ្យឧបសម្បទាបេក្ខៈ១ រឿងឧបសម្បទាពីររូប ប្រកែកគ្នាអំពីរឿងដណ្តើមគ្នាឧបសម្បទាមុន១ រឿងទ្រង់អនុញ្ញាតឲ្យសូត្រអនុស្សាវនាជាមួយគ្នាដោយមានឧបជ្ឈាយ៍តែមួយរូប១ រឿងកុមារកស្សបមានអាយុ២០ឆ្នាំ រាប់តាំងពីឆ្នាំដែលនៅក្នុងគភ៌ផង បានឧបសម្បទា១ រឿងពួកឧបសម្បន្នដែលអាពាធទាំងឡាយបៀតបៀនប្រាកដឡើង១ រឿងពួកភិក្ខុសួរអន្តរាយិកធម៌នឹងពួកឧបសម្បទាបេក្ខៈ ដែលមិនទាន់ប្រៀនប្រដៅ ឧបសម្បទាបេក្ខៈអៀនខ្មាស១ រឿងពួកភិក្ខុប្រៀនប្រដៅឧបសម្បទាបេក្ខៈ ក្នុងទីកណ្តាលជំនុំសង្ឃនោះ១ រឿងទ្រង់អនុញ្ញាតឲ្យប្រៀនប្រដៅក្នុងទីសមគួរហើយ សឹមសួរអន្តរាយិកធម៌ក្នុងកណ្តាលសង្ឃ១ រឿងទ្រង់ហាម មិនឲ្យភិក្ខុល្ងង់ៗប្រៀនប្រដៅ១ រឿងទ្រង់ហាមមិនឲ្យភិក្ខុដែលគ្មានការសន្មតិប្រៀនប្រដៅ១ រឿងទ្រង់ហាមមិនឲ្យអាចារ្យនិងឧបសម្បទាបេក្ខៈ ចូលមកក្នុងជំនុំសង្ឃជាមួយគ្នា១ រឿងឧបសម្បទាបេក្ខៈ សូមឧបសម្បទានឹងសង្ឃដោយពាក្យថា សូមឲ្យសង្ឃស្រោចស្រង់១ រឿងប្រាប់និស្ស័យបួន១ រឿងភិក្ខុដែលបានឧបសម្បទាហើយ ដើរមកតែម្នាក់ឯង ជួបនឹងស្រ្តីជាបុរាណទុតិយិកាត្រង់កណ្តាលផ្លូវ១ រឿងភិក្ខុដែលសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ១ រឿងភិក្ខុដែលសង្ឃលើកវត្ត ព្រោះមិនធ្វើតបនូវអាបត្តិ១ រឿងភិក្ខុដែលសង្ឃលើកវត្ត ព្រោះមិនលះបង់នូវទិដ្ឋិអាក្រក់១ ។

រួមរឿងក្នុងខន្ធកៈនេះ ១៧២ រឿងដោយបការដូច្នេះ ។

ចប់ ឧទ្ទានក្នុងមហាខន្ធកៈ ។

ឧបោសថក្ខន្ធកៈកែប្រែ

អញ្ញតិត្ថិយភាណវារៈ ទី១១កែប្រែ

[១៤៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់លើភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ ។ ក៏សម័យនោះឯង ពួកបរិព្វាជកមានលទ្ធិដទៃប្រជុំគ្នានិយាយធម៌ក្នុងថ្ងៃទី១៤ ទី១៥ និងទី៨នៃបក្ខ[គឺក្នុងកន្លះខែម្តងៗ ហៅថាបក្ខមួយៗ ។] ។ មនុស្សទាំងឡាយតែងចូលទៅរកបរិព្វាជកទាំងនោះ ដើម្បីស្តាប់ធម៌ ។ មនុស្សទាំងឡាយនោះកើតសេចក្តីស្រឡាញ់ កើតសេចក្តីជ្រះថ្លា ក្នុងពួកបរិព្វាជកមានលទ្ធិដទៃ ពួកបរិព្វាជកមានលទ្ធិដទៃក៏បានបក្ខពួកឡើង ។ គ្រានោះឯង ព្រះបាទពិម្ពិសារសេនិយៈ ជាឥស្សរៈក្នុងដែនមគធៈ ទ្រង់សម្ងំនៅក្នុងទីស្ងាត់ កើតព្រះទ័យត្រិះរិះឡើងយ៉ាងនេះថា ឥឡូវនេះឯង ពួកបរិព្វាជកមានលទ្ធិដទៃប្រជុំគ្នា និយាយធម៌ក្នុងថ្ងៃទី១៤ ទី១៥ និងទី៥នៃបក្ខ មនុស្សទាំងឡាយតែងចូលទៅរកបរិព្វាជកទាំងនោះដើម្បីស្តាប់ធម៌ មនុស្សទាំងនោះក៏កើតសេចក្តីស្រឡាញ់ កើតសេចក្តីជ្រះថ្លា ក្នុងពួកបរិព្វាជកមានលទ្ធិដទៃ ពួកបរិព្វាជកមានលទ្ធិដទៃក៏បានបក្ខពួកឡើង បើដូច្នោះគួរតែលោកម្ចាស់ទាំងឡាយប្រជុំគ្នាក្នុងថ្ងៃទី១៤ ទី១៥ និងទី៨នៃបក្ខដែរ ។ ទើបព្រះបាទពិម្ពិសារសេនិយៈ ជាឥស្សរៈក្នុងដែនមគធៈ ទ្រង់ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីសមគួរ ។ ព្រះបាទពិម្ពិសារសេនិយៈ ជាឥស្សរៈក្នុងដែនមគធៈគង់ក្នុងទីសមគួរហើយ បានទូលព្រះដ៏មានព្រះភាគដោយពាក្យនេះថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងថ្ងៃនេះ ខ្ញុំព្រះករុណាសម្ងំនៅក្នុងទីស្ងាត់ កើតចិត្តត្រិះរិះឡើងយ៉ាងនេះថា ក៏ឥឡូវនេះ ពួកបរិព្វាជកមានលទ្ធិដទៃ តែងប្រជុំគ្នានិយាយធម៌ក្នុងថ្ងៃទី១៤ ទី១៥ និងទី៨នៃបក្ខ មនុស្សទាំងឡាយ តែងចូលទៅរកបរិព្វាជកទាំងនោះ ដើម្បីស្តាប់ធម៌ ពួកមនុស្សទាំងនោះ ក៏កើតសេចក្តីស្រឡាញ់ កើតសេចក្តីជ្រះថ្លា ក្នុងពួកបរិព្វាជកមានលទ្ធិដទៃ ពួកបរិព្វាជកមានលទ្ធិដទៃ ក៏បានបក្ខពួកឡើង បើដូច្នោះ គួរតែលោកម្ចាស់ទាំងឡាយប្រជុំគ្នាក្នុងថ្ងៃទី១៤ ទី១៥ និងទី៨នៃបក្ខដែរ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គសូមទ្រង់អនុញ្ញាត បពិត្រព្រះអង្គដ៏ចម្រើន លោកម្ចាស់ទាំងឡាយ ត្រូវតែប្រជុំគ្នាក្នុងថ្ងៃទី១៤ ទី១៥ ទី៨នៃបក្ខ ។ គ្រានោះឯង ព្រះដ៏មានព្រះភាគញុំាងព្រះបាទពិម្ពិសារសេនិយៈ ជាឥស្សរៈក្នុងដែនមគធៈឲ្យយល់ច្បាស់ ឲ្យប្រតិបត្តិល្អ ឲ្យអាចហ៊ាន ឲ្យរីករាយដោយធម្មីកថា ។ លំដាប់នោះ ព្រះបាទពិម្ពិសារសេនិយៈ ជាឥស្សរៈក្នុងដែនមគធៈ ដែលព្រះដ៏មានព្រះភាគឲ្យយល់ច្បាស់ ឲ្យប្រតិបត្តិល្អ ឲ្យអាចហ៊ាន ឲ្យរីករាយដោយធម្មីកថាហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ (យាងវិលខាងស្តាំ) ហើយចៀសចេញទៅ ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យប្រជុំគ្នាក្នុងថ្ងៃទី១៤ ទី១៥ និងទី៨នៃបក្ខ ។

[១៤៨] សម័យនោះឯង ភិក្ខុទាំងឡាយដឹងថាព្រះដ៏មានព្រះភាគអនុញ្ញាតឲ្យប្រជុំគ្នាក្នុងថ្ងៃទី១៤ ទី១៥ និងទី៨នៃបក្ខហើយ ។ ភិក្ខុទាំងនោះក៏ប្រជុំគ្នាក្នុងថ្ងៃទី១៤ ទី១៥ និងទី៨នៃបក្ខ ហើយអង្គុយនៅតែស្ងៀម ។ មនុស្សទាំងឡាយក៏ចូលទៅរកភិក្ខុទាំងនោះដើម្បីស្តាប់ធម៌ ។ មនុស្សទាំងឡាយនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណៈទាំងឡាយ ជាសក្យបុត្រ មិនសមបើនឹងមកប្រជុំគ្នាក្នុងថ្ងៃទី១៤ ទី១៥ និងទី៨នៃបក្ខ ហើយអង្គុយនៅតែស្ងៀម ដូចជាជ្រូកធាត់ (ដូច្នេះ) សោះ គួរតែលោកទាំងឡាយប្រជុំគ្នា ហើយនិយាយធម៌ ។ ភិក្ខុទាំងឡាយ បានឮពាក្យមនុស្សទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ ។ ទើបភិក្ខុទាំងឡាយនោះក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុប្រជុំគ្នា និយាយធម៌ក្នុងថ្ងៃទី១៤ ទី១៥ និងទី៨នៃបក្ខ ។

[១៤៩] លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់សម្ងំក្នុងទីស្ងាត់កើតព្រះទ័យត្រិះរិះឡើងយ៉ាងនេះថា បើដូច្នោះមានតែតថាគតអនុញ្ញាតសិក្ខាបទទាំងឡាយនោះដែលតថាគតបញ្ញត្តហើយដល់ភិក្ខុទាំងឡាយ ឲ្យជាបាតិមោក្ខុទ្ទេសដល់ពួកភិក្ខុទាំងនោះ បាតិមោក្ខុទ្ទេសនោះនឹងបានជាឧបោសថកម្មរបស់ភិក្ខុទាំងឡាយនោះ ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគចេញចាកទីសម្ងំក្នុងពេលថ្ងៃរសៀល ទ្រង់ធ្វើធម្មីកថាហើយ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃនេះ តថាគតសម្ងំនៅក្នុងទីស្ងាត់ កើតចិត្តត្រិះរិះឡើងយ៉ាងនេះថា បើដូច្នោះ មានតែតថាគតអនុញ្ញាតសិក្ខាបទទាំងឡាយនោះ ដែលតថាគតបញ្ញត្តដល់ភិក្ខុទាំងឡាយ ឲ្យជាបាតិមោក្ខុទ្ទេសដល់ភិក្ខុទាំងឡាយនោះ បាតិមោក្ខុទ្ទេសនោះនឹងជាឧបោសថកម្មរបស់ភិក្ខុទាំងឡាយនោះ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុសំដែងនូវបាតិមោក្ខ ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុសំដែងយ៉ាងនេះ ។ គឺភិក្ខុដែលឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចម្រើន សូមសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលគួរដល់សង្ឃហើយ សង្ឃគួរធ្វើឧបោសថ គួរសំដែងនូវបាតិមោក្ខ ។ បុព្វកិច្ច[កិច្ចដែលសង្ឃត្រូវចាត់ចែងឲ្យស្រេចមុនធ្វើឧបោសថ ។] របស់សង្ឃដូចម្តេច ។ បពិត្រលោកដ៏មានអាយុទាំងឡាយ ចូរលោកទាំងឡាយប្រាប់សេចក្តីបរិសុទ្ធិ ។ ខ្ញុំនឹងសំដែងនូវបាតិមោក្ខ ។ យើងទាំងឡាយដែលមាននៅទាំងអស់គ្នា ចូរប្រុងស្តាប់យកចិត្តទុកដាក់នូវបាលីនោះ ។ លោកអង្គណាមានអាបត្តិ ត្រូវលោកអង្គនោះប្រាប់ កាលបើមិនមានអាបត្តិទេ ត្រូវនៅឲ្យស្ងៀម ។ ខ្ញុំនឹងសំគាល់លោកដ៏មានអាយុទាំងឡាយថា ជាបុគ្គលបរិសុទ្ធ ដោយភាវៈស្ងៀម ។ ដូចជាបុគ្គលដែលត្រូវគេសួរបញ្ហាចំពោះរូបម្នាក់ៗតែងដោះស្រាយ យ៉ាងណាមិញ ពាក្យដែលខ្ញុំប្រកាសឲ្យដឹងអស់វារៈជាគម្រប់​បីដងយ៉ាងនេះ ក្នុងបរិសទ្យមានសភាពយ៉ាងនេះ ក៏ដូច្នោះដែរ ។ ភិក្ខុណាមួយ កាលដែលខ្ញុំប្រកាសឲ្យដឹងអស់វារៈជាគម្រប់​បីដង ទើបរលឹកឃើញ តែមិនប្រាប់អាបត្តិដែលមាន ភិក្ខុនោះ ត្រូវសម្បជានមុសាវាទ ។ បពិត្រលោកដ៏មានអាយុទាំងឡាយ ក៏ឯសម្បជានមុសាវាទ ព្រះដ៏មានព្រះភាគត្រាស់ថាជាធម៌ធ្វើសេចក្តីអន្តរាយមួយដែរ ហេតុនោះ ភិក្ខុដែលត្រូវអាបត្តិហើយ រលឹកឃើញ ប្រាថ្នាសេចក្តីបរិសុទ្ធ ត្រូវប្រាប់អាបត្តិដែលមាន ។ ព្រោះថា អាបត្តិដែលភិក្ខុប្រាប់ហើយ ជាការស្រួល ។

[១៥០] ត្រង់ពាក្យថា បាតិមោក្ខ សេចក្តីថា ធម្មជាតនេះជាដើម ធម្មជាតនេះជាប្រធាន ធម្មជាតនៃជាមុនដំបូងនៃកុសលធម៌ទាំងឡាយ ហេតុនោះតថាគតហៅថាបាតិមោក្ខ ។ ពាក្យថា លោកដ៏មានអាយុ ឯពាក្យថា លោកដ៏មានអាយុនេះ ជាពាក្យនិយាយដោយសេចក្តីស្រឡាញ់ នេះជាពាក្យនិយាយដោយសេចក្តីគោរព នេះជាឈ្មោះនៃបុគ្គលប្រកបដោយសេចក្តីគោរព និងជាទីកោតក្រែង ។ ពាក្យថា ខ្ញុំនឹងសំដែង គឺខ្ញុំនឹងប្រាប់ នឹងបង្ហាញ នឹងឲ្យដឹងច្បាស់ នឹងផ្គូរផ្គង (ផ្តើម) នឹងបើក នឹងចែក នឹងធ្វើឲ្យរាក់ នឹងប្រកាសឬផ្តៀង ។ ពាក្យថា បាលីនោះ តថាគតសំដៅយកបាតិមោក្ខ ។ ពាក្យថា យើងទាំងឡាយ ដែលមាននៅទាំងអស់គ្នា គឺភិក្ខុជាថេរៈក្តី ភិក្ខុខ្ចីវស្សាក្តី ភិក្ខុជាកណ្តាលក្តី ទាំងអម្បាលម៉ានក្នុងបរិសទ្យនោះ តថាគតហៅភិក្ខុទាំងឡាយនុ៎ះថា យើងទាំងឡាយដែលមាននៅទាំងអស់គ្នា ។ ពាក្យថា ចូរប្រុងស្តាប់ គឺយើងចូរធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ផ្ចិតផ្ចង់នូវបាតិមោក្ខទាំងអស់ដោយចិត្ត ។ ពាក្យថា យកចិត្តទុកដាក់ គឺយើងចូរមានចិត្តមានអារម្មណ៍តែមួយ មានចិត្តមិនរវើរវាយ មានចិត្តមិនរាយមាយ ហើយពិចារណា (បាតិមោក្ខនោះ) ។ ពាក្យថា លោកអង្គណាមានអាបត្តិ គឺភិក្ខុជាថេរៈ ឬភិក្ខុខ្ចី ឬភិក្ខុជាកណ្តាល បណ្តាអាបត្តិទាំង៥កង ត្រូវអាបត្តិណាមួយក្តី បណ្តាអាបត្តិទាំង៧កង ត្រូវអាបត្តិណាមួយក្តី ។ ពាក្យថា ត្រូវលោកអង្គនោះប្រាប់ គឺភិក្ខុនោះត្រូវសំដែង ភិក្ខុនោះត្រូវបើក ភិក្ខុនោះត្រូវធ្វើឲ្យរាក់ឡើង ភិក្ខុនោះត្រូវប្រកាសក្នុងកណ្តាលសង្ឃក្តី កណ្តាលគណៈក្តី ចំពោះបុគ្គលមួយក្តី ។ ដែលឈ្មោះថា មិនមានអាបត្តិ គឺភិក្ខុមិនបានត្រូវអាបត្តិណាក្តី ត្រូវអាបត្តិណាហើយ ចេញចាកអាបត្តិក្តី ។ ពាក្យថា ត្រូវនៅស្ងៀម គឺត្រូវអត់ មិនត្រូវនិយាយ ។ ពាក្យថា ខ្ញុំនឹងសំគាល់លោកដ៏មានអាយុទាំងឡាយថា ជាបុគ្គលបរិសុទ្ធ គឺខ្ញុំនឹងដឹង នឹងចាំទុក ។ ពាក្យថា ដូចជាបុគ្គលដែលត្រូវគេសួរបញ្ហាចំពោះរូបម្នាក់ៗ តែងដោះស្រាយយ៉ាងណាមិញ សេចក្តីថា បុគ្គលម្នាក់ដែលបុគ្គលម្នាក់ទៀតសួរហើយ ត្រូវតែដោះស្រាយ មានឧបមាយ៉ាងណា ភិក្ខុសួរខ្ញុំចំពោះអាបត្តិ ដែលភិក្ខុគួរដឹងក្នុងបរិសទ្យនោះយ៉ាងនោះ ក៏មានឧបមេយ្យយ៉ាងនោះដែរ ។ ដែលហៅថា បរិសទ្យមានសភាពយ៉ាងនេះ គឺតថាគតសំដៅយកភិក្ខុបរិសទ្យ ។ ពាក្យថា ពាក្យដែលខ្ញុំប្រកាសឲ្យដឹងអស់វារៈជាគម្រប់​បីដង គឺពាក្យដែលខ្ញុំប្រកាសឲ្យដឹងអស់វារៈម្តងផង ពាក្យដែលខ្ញុំប្រកាសឲ្យដឹងអស់វារៈជាគម្រប់​ពីរដងផង ពាក្យដែលខ្ញុំប្រកាសឲ្យដឹងអស់វារៈជាគម្រប់​បីដងផង ។ ពាក្យថា រលឹកឃើញ គឺដឹងបាន ចាំបាន ។ ដែលឈ្មោះថា អាបត្តិដែលមាន គឺភិក្ខុត្រូវអាបត្តិណាក្តី ត្រូវហើយមិនចេញចាកអាបត្តិក្តី ។ ពាក្យថា មិនប្រាប់ គឺមិនសំដែង មិនបើក មិនធ្វើឲ្យងាយ មិនប្រកាសក្នុងកណ្តាលសង្ឃក្តី កណ្តាលគណៈក្តី ចំពោះបុគ្គលមួយក្តី ។ ពាក្យថា ភិក្ខុនោះត្រូវសម្បជានមុសាវាទ គឺសម្បជានមុសាវាទ ជាអាបត្តិអ្វី ។ សម្បជានមុសាវាទ ជាអាបត្តិទុក្កដ ។ ពាក្យថា ព្រះដ៏មានព្រះភាគត្រាស់ថា ជាធម៌ធ្វើសេចក្តីអន្តរាយ គឺធម៌នោះធ្វើនូវសេចក្តីអន្តរាយដល់អ្វី ។ ធម៌នោះធ្វើនូវសេចក្តីអន្តរាយដល់ការបានបឋមជ្ឈាន ធ្វើនូវសេចក្តីអន្តរាយដល់ការបានទុតិយជ្ឈាន ធ្វើនូវសេចក្តីអន្តរាយដល់ការបានតតិយជ្ឈាន ធ្វើនូវសេចក្តីអន្តរាយដល់ការបានចតុត្ថជ្ឈាន ធ្វើនូវសេចក្តីអន្តរាយដល់ការបាននូវកុសលធម៌ទាំងឡាយ គឺឈាន វិមោក្ខ សមាធិ សមាបត្តិ នេក្ខម្មៈ ការរលាស់ចេញចាកភព សេចក្តីស្ងប់ស្ងាត់ ។ ពាក្យថា ហេតុនោះ គឺព្រោះដំណើរនោះ ។ ពាក្យថា រលឹកឃើញ គឺដឹងបាន ចាំបាន ។ ពាក្យថា ប្រាថ្នាសេចក្តីបរិសុទ្ធ គឺប្រាថ្នាចេញចាកអាបត្តិ ប្រាថ្នាដើម្បីស្អាត ។ ដែលឈ្មោះថា អាបត្តិដែលមាន គឺភិក្ខុត្រូវអាបត្តិណាក្តី ត្រូវហើយមិនចេញចាកអាបត្តិក្តី ។ ពាក្យថា ត្រូវប្រាប់ គឺភិក្ខុត្រូវប្រាប់អាបត្តិក្នុងកណ្តាលសង្ឃក្តី កណ្តាលគណៈក្តី ចំពោះបុគ្គលម្នាក់ក្តី ។ ពាក្យថា ព្រោះអាបត្តិដែលភិក្ខុប្រាប់ហើយជាការស្រួល គឺជាការស្រួលដើម្បីអ្វី ។ ជាការស្រួលដើម្បីបានបឋមជ្ឈាន ជាការស្រួលដើម្បីបានទុតិយជ្ឈាន ជាការស្រួលដើម្បីបានតតិយជ្ឈាន ជាការស្រួលដើម្បីបានចតុត្ថជ្ឈាន ជាការស្រួលដើម្បីបានកុសលធម៌ទាំងឡាយ គឺឈាន វិមោក្ខ សមាធិ សមាបត្តិ នេក្ខម្មៈ ការរលាស់ចេញចាកភព សេចក្តីស្ងប់ស្ងាត់ ។

[១៥១] ក៏សម័យនោះឯង ភិក្ខុទាំងឡាយដឹងថា ព្រះដ៏មានព្រះភាគទ្រង់អនុញ្ញាតឲ្យសំដែងនូវបាតិមោក្ខហើយ ក៏សំដែងនូវបាតិមោក្ខរាល់ថ្ងៃ ។ ភិក្ខុទាំងឡាយខ្លះក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសំដែងនូវបាតិមោក្ខរាល់ថ្ងៃទេ ភិក្ខុណាសំដែង ត្រូវអាបត្តិទុក្កដ ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុសំដែងនូវបាតិមោក្ខតែក្នុងថ្ងៃឧបោសថ ។ ក៏សម័យនោះឯង ភិក្ខុទាំងឡាយដឹងថា ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាតឲ្យសំដែងនូវបាតិមោក្ខក្នុងថ្ងៃឧបោសថ ក៏សំដែងនូវបាតិមោក្ខក្នុង១បក្ខ៣ដង គឺ ក្នុងថ្ងៃទី១៤ ទី១៥ និងទី៨នៃបក្ខ ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសំដែងនូវបាតិមោក្ខក្នុង១បក្ខ ៣ដងទេ ភិក្ខុណាសំដែង ត្រូវអាបត្តិទុក្កដ ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុសំដែងនូវបាតិមោក្ខ ១បក្ខម្តង (កន្លះខែម្តង) គឺក្នុងថ្ងៃ១៤ក្តី ទី១៥ក្តី ។

[១៥២] ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុសំដែងនូវបាតិមោក្ខ ដោយសមគួរដល់បរិសទ្យ គឺចំពោះបរិសទ្យរបស់ខ្លួនៗ ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គមានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសំដែងនូវបាតិមោក្ខ ដោយសមគួរដល់បរិសទ្យ គឺចំពោះបរិសទ្យរបស់ខ្លួនៗទេ ភិក្ខុណាសំដែង ត្រូវអាបត្តិទុក្កដ ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវឧបោសថកម្ម ដល់ពួកភិក្ខុដែលព្រមព្រៀងគ្នា ។ ទើបភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តឧបោសថកម្ម ដល់ភិក្ខុទាំងឡាយដែលព្រមព្រៀងគ្នា សេចក្តីព្រមព្រៀងមានកំណត់ត្រឹមណាហ្ន៎ មានកំណត់ត្រឹមអាវាសមួយ ឬផែនដីទាំងអស់ ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ អាវាសមួយមានកំណត់ត្រឹមណា តថាគតអនុញ្ញាតសេចក្តីព្រមព្រៀងគ្នាមានកំណត់ត្រឹមនុ៎ះឯង ។

[១៥៣] ក៏សម័យនោះឯង ព្រះមហាកប្បិនដ៏មានអាយុ នៅក្នុងមទ្ទកុច្ឆិមិគទាយវន ក្បែរក្រុងរាជគ្រឹះ ។ លំដាប់នោះឯង ព្រះមហាកប្បិនដ៏មានអាយុសម្ងំនៅក្នុងទីស្ងាត់ ក៏កើតសេចក្តីត្រិះរិះឡើងក្នុងចិត្តយ៉ាងនេះថា អាត្មាអញគួរទៅកាន់ឧបោសថឬ ៗមិនគួរទៅទេ អាត្មាអញគួរទៅធ្វើសង្ឃកម្មឬ ៗមិនគួរទៅទេ ព្រោះថា អាត្មាអញបរិសុទ្ធដោយសេចក្តីបរិសុទ្ធយ៉ាងបំផុតហើយ ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបការត្រិះរិះក្នុងចិត្តរបស់ព្រះមហាកប្បិនដ៏មានអាយុ ដោយព្រះហឫទ័យ ហើយទ្រង់បាត់អំពីភ្នំគិជ្ឈកូដ មកប្រាកដក្នុងទីចំពោះមុខព្រះមហាកប្បិនដ៏មានអាយុ ក្នុងមទ្ទកុច្ឆិមិគទាយវន (រហ័ស) ឧបមាដូចជាបុរសមានកំឡាំងលាដៃដែលបត់ចូល ឬបត់ចូលនូវដៃដែលលាចេញយ៉ាងនោះឯង ។ ព្រះដ៏មានព្រះភាគ គង់លើអាសនៈដែលគេតែងតាំងហើយ ។ ព្រះមហាកប្បិនដ៏មានអាយុ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីគួរមួយ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះបន្ទូលនេះនឹងព្រះមហាកប្បិនដ៏មានអាយុ ដែលគង់នៅក្នុងទីគួរមួយថា នែកប្បិន អ្នកឯងសម្ងំនៅក្នុងទីស្ងាត់ ហើយកើតការត្រិះរិះក្នុងចិត្តយ៉ាងនេះថា អាត្មាអញគួរទៅកាន់ឧបោសថឬ ៗមិនគួរទៅទេ គួរទៅធ្វើសង្ឃកម្មឬ ៗមិនគួរទៅទេ ព្រោះថាអាត្មាអញបរិសុទ្ធដោយសេចក្តីបរិសុទ្ធយ៉ាងបំផុតហើយ ដូច្នេះ មែនឬ ។ ព្រះមហាកប្បិនក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន យ៉ាងហ្នឹងហើយ ។ ព្រះដ៏មានព្រះភាគត្រាស់ថា អ្នកជាពួកព្រាហ្មណ៍ បើនឹងមិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជាឧបោសថទេ តើបាននរណានឹងធ្វើសក្ការៈ នឹងគោរព នឹងរាប់អាន នឹងបូជាឧបោសថវិញ នែព្រាហ្មណ៍ ចូរអ្នកទៅកាន់ឧបោសថ កុំខានទៅឡើយ ចូរអ្នកទៅ (ធ្វើ)សង្ឃកម្ម កុំខានទៅឡើយ ។ ព្រះមហាកប្បិនដ៏មានអាយុទទួលព្រះពុទ្ធដីកាថា សូមទ្រង់ព្រះមេត្តាប្រោស យ៉ាងហ្នឹងហើយ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគឲ្យព្រះមហាកប្បិនដ៏មានអាយុឃើញត្រូវ កាន់យកត្រូវ អាចហ៊ាន រីករាយដោយធម្មីកថាហើយ ទ្រង់បាត់ទៅអំពីមុខព្រះមហាកប្បិនដ៏មានអាយុក្នុងមទ្ទកុច្ឆិមិគទាយវន ទៅប្រាកដលើភ្នំគិជ្ឈកូដ (រហ័ស) ឧបមាដូចជាបុរសមានកំឡាំង លាដើមដៃដែលបត់ចូល ឬបត់ចូលដើមដៃដែលលាចេញយ៉ាងនោះឯង ។

[១៥៤] គ្រានោះឯង ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តថា អាវាសមួយមានកំណត់ត្រឹមណា សេចក្តីព្រមព្រៀងមានកំណត់ត្រឹមនុ៎ះ ។ ចុះអាវាសមួយនោះ តើមានកំណត់ដូចម្តេច ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គអនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុសន្មតសីមា ម្នាលភិក្ខុទាំងឡាយ ក៏ឯសីមានោះ ត្រូវភិក្ខុសន្មតយ៉ាងនេះ ។ ដើមដំបូង ត្រូវភិក្ខុកំណត់ (សំដែង) និមិត្រទាំងឡាយ គឺកំណត់ភ្នំជានិមិត្រ [អដ្ឋកថា ថា ភ្នំមាន៣យ៉ាង គឺភ្នំថ្មសុទ្ធ១ ភ្នំដីសុទ្ធ១ ភ្នំថ្មលាយដី១ កំណត់ប៉ុនដំរីឡើងទៅ ។ និមិត្រថ្មនោះ កំណត់ប៉ុនគោធំ ក្របីធំជាយ៉ាងធំ យ៉ាងតូចកំណត់ប៉ុនដុំស្ករអំពៅ មានទម្ងន់៣២បល (ប្រហែលទម្ងន់គ្រាប់ស្រូវ៥១២០០គ្រាប់) ។ និមិត្រព្រៃនោះ គឺវៀរព្រៃឈើមានខ្លឹមខាងក្រៅ មានដូង ត្នោត ស្លាជាដើមចេញ ក្រៅអំពីនោះ គួរទាំងអស់ ។ និមិត្រដើមឈើនោះ បានដល់ដើមឈើមានខ្លឹម មានដើមរាំងភ្នំជាដើម ។ និមិត្រផ្លូវនោះ សំដៅយកផ្លូវដើរជើង ផ្លូវរទេះ ។ និមិត្រដម្បូកនោះ កំណត់កំពស់៨ធ្នាប់ មានទំហំប៉ុនស្នែងគោឡើងទៅ ។ និមិត្រស្ទឹងនោះ គឺសំដៅយកស្ទឹងដែលមានខ្សែទឹកមិនដាច់គ្រប់ ៤ ខែ ក្នុងរដូវភ្លៀង កាលភិក្ខុនីស្លៀកដណ្តប់បិទបាំងបរិមណ្ឌល៣ ចុះឆ្លងទៅ ល្មមទទឹកស្បង់ នេះជាកំណត់យ៉ាងរាក់បំផុត ។ និមិត្រទឹកនោះ សំដៅយកទឹកមិនហូរ ដូចជាទឹកដក់នៅក្នុងកន្លែងជ្រូកឈ្មុះក្តី បឹងសម្រាប់ក្មេងអ្នកស្រុកលេងក្តី រណ្តៅដែលគេជីក ហើយចាក់ទឹកឲ្យពេញក្តី រហូតដល់អណ្តូង ស្រះបោក្ខរណីជាដើម ។] ថ្មជានិមិត្រ ព្រៃជានិមិត្រ ដើមឈើជានិមិត្រ ផ្លូវជានិមិត្រ ដម្បូកជានិមិត្រ ស្ទឹងជានិមិត្រ ទឹកជានិមិត្រ លុះភិក្ខុឆ្លាស ប្រតិពលកំណត់និមិត្រទាំងឡាយហើយ ត្រូវឲ្យសង្ឃជ្រាបថា បពិត្រព្រះសង្ឃដ៏ចម្រើន សូមសង្ឃស្តាប់ខ្ញុំ និមិត្រទាំងឡាយដែលសង្ឃកំណត់ហើយ ដោយជុំវិញ មានកំណត់ត្រឹមណា បើសម្មតិកម្មមានកាលគួរដល់សង្ឃហើយ គួរសង្ឃសន្មតសីមាឲ្យជាទីមានសំវាសស្មើគ្នា មានឧបោសថជាមួយគ្នា ដោយនិមិត្រទាំងឡាយនេះ កំណត់ត្រឹមនោះ ។ នេះជាញត្តិ ។ បពិត្រព្រះសង្ឃដ៏ចម្រើន សូមសង្ឃស្តាប់ខ្ញុំ និមិត្រទាំងឡាយ ដែលសង្ឃកំណត់ហើយ ដោយជុំវិញ មានកំណត់ត្រឹមណា ឥឡូវសង្ឃសន្មតសីមា ឲ្យជាទីមានសំវាសស្មើគ្នា មានឧបោសថជាមួយគ្នា ដោយនិមិត្រទាំងឡាយនេះ មានកំណត់ត្រឹមនោះ ។ សេចក្តីសន្មតិសីមា ឲ្យជាទីមានសំវាសស្មើគ្នា មានឧបោសថជាមួយគ្នា ដោយនិមិត្រទាំងឡាយនេះ គាប់ចិត្តដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះត្រូវស្ងៀម មិនគាប់ចិត្តដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះត្រូវនិយាយឡើង ។ សីមាមានសំវាសស្មើគ្នា មានឧបោសថជាមួយគ្នា សង្ឃបានសន្មតដោយនិមិត្រទាំងឡាយនេះហើយ ។ ការសន្មតិសីមានោះ គាប់ចិត្តដល់សង្ឃ ហេតុនោះ ទើបសង្ឃស្ងៀម ។ ខ្ញុំសូមចាំទុកនូវដំណើរនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ ។

[១៥៥] ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុដឹងថា ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាត្តការសន្មតិសីមាហើយ ក៏សន្មតសីមាទាំងឡាយធំហួសពេក គឺទំហំ ៤ យោជន៍ខ្លះ ៥យោជន៍ខ្លះ ៦យោជន៍ខ្លះ ។ ភិក្ខុទាំងឡាយដែលមកកាន់ទីឧបោសថ ជួនកាលមកទាន់ភិក្ខុកំពុងសំដែងបាតិមោក្ខ ជួនកាលមកដល់ ក្នុងពេលដែលភិក្ខុសំដែងបាតិមោក្ខរួចហើយ ជួនកាលក៏អាក់ខាននៅត្រឹមពាក់កណ្តាលផ្លូវ ។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសន្មតសីមាធំហួសពេក គឺមានទំហំ ៤ យោជន៍ក្តី ៥យោជន៍ក្តី ៦យោជន៍ក្តីទេ ភិក្ខុណាសន្មត ត្រូវអាបត្តិទុក្កដ ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុសន្មតសីមាទំហំ៣យោជន៍យ៉ាងធំ ។

[១៥៦] ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុសន្មតនទីបារសីមា[សន្មតសីមាត្រើយស្ទឹង គឺសីមាដែលសង្ឃចងគ្របស្ទឹង ទុកឲ្យនៅក្នុងសីមា] ។ កាលភិក្ខុទាំងឡាយមកកាន់ឧបោសថ ក៏រសាត់ទៅតាមទឹកខ្លះ បាត្រទាំងឡាយក៏រសាត់ទៅខ្លះ ចីវរទាំងឡាយក៏រសាត់ទៅខ្លះ ។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសន្មតនទីបារសីមាទេ ភិក្ខុណាសន្មត ត្រូវអាបត្តិទុក្កដ ។ ម្នាលភិក្ខុទាំងឡាយ ក្នុងស្ទឹងណាមានទូកទៅមកជានិច្ច មានស្ពានតាំងនៅជានិច្ច តថាគតអនុញ្ញាតឲ្យសន្មតស្ទឹងមានសភាពយ៉ាងនោះជានទីបារសីមាបាន ។

[១៥៧] ក៏សម័យនោះឯង ភិក្ខុទាំងឡាយសំដែងបាតិមោក្ខរាល់ៗបរិវេណ ដោយមិនបានកំណត់ទី ។ ពួកភិក្ខុជាអគន្តុកៈមិនដឹងថា ថ្ងៃនេះសង្ឃនឹងធ្វើឧបោសថក្នុងទីណា ។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសំដែងនូវបាតិមោក្ខរាល់ៗបរិវេណ ដោយមិនបានកំណត់ទីទេ ភិក្ខុណាសំដែង ត្រូវអាបត្តិទុក្កដ ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវការទីណា គឺវិហារក្តី អឌ្ឍយោគក្តី ប្រាសាទវែងក្តី ប្រាសាទដម្បូលត្រងិលក្តី គុហាក្តី តថាគតអនុញ្ញាតឲ្យភិក្ខុសន្មតទីនោះ ជារោងឧបោសថ ហើយធ្វើឧបោសថចុះ ។ ម្នាលភិក្ខុទាំងឡាយ តែថាភិក្ខុត្រូវសន្មតយ៉ាងនេះ ។ គឺភិក្ខុឆ្លាស ប្រតិពលត្រូវឲ្យសង្ឃជ្រាបថា បពិត្រព្រះសង្ឃដ៏ចម្រើន សូមសង្ឃស្តាប់ខ្ញុំ បើសម្មតិកម្មមានកាលគួរដល់សង្ឃហើយ គួរសង្ឃសន្មតលំនៅឈ្មោះនេះ ជារោងឧបោសថ ។ នេះជាញត្តិ ។ បពិត្រព្រះសង្ឃដ៏ចម្រើន សូមព្រះសង្ឃស្តាប់ខ្ញុំ ឥឡូវសង្ឃសន្មតលំនៅឈ្មោះនេះ ជារោងឧបោសថ ។ ការសន្មតិលំនៅឈ្មោះនេះ ជារោងឧបោសថ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគួរស្ងៀម មិនគាប់ចិត្តដល់លោកដ៏មានអាយុអង្គណា គួរលោកដ៏មានអាយុអង្គនោះនិយាយឡើង ។ លំនៅឈ្មោះនេះ សង្ឃបានសន្មតជារោងឧបោសថហើយ ។ ការសន្មតិនោះគាប់ចិត្តដល់សង្ឃ ហេតុនោះទើបសង្ឃស្ងៀម ។ ខ្ញុំសូមចាំទុកនូវដំណើរនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ ។

[១៥៨] ក៏សម័យនោះឯង សង្ឃសន្មតរោងឧបោសថពីរ ក្នុងអាវាសមួយ ។ ភិក្ខុទាំងឡាយប្រជុំគ្នាក្នុងរោងឧបោសថទាំងពីរ ដោយគិតថា សង្ឃធ្វើឧបោសថក្នុងរោងឧបោសថនេះ សង្ឃធ្វើឧបោសថក្នុងរោងឧបោសថនេះ ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសន្មតរោងឧបោសថពីរ ក្នុងអាវាសមួយទេ ភិក្ខុណាសន្មត ត្រូវអាបត្តិទុក្កដ ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដករោងឧបោសថមួយចេញ ហើយធ្វើឧបោសថក្នុងរោងឧបោសថមួយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវដកយ៉ាងនេះ គឺភិក្ខុដែលឆ្លាស ប្រតិពលត្រូវឲ្យសង្ឃជ្រាបថា បពិត្រព្រះសង្ឃដ៏ចម្រើន សូមព្រះសង្ឃស្តាប់ខ្ញុំ បើសម្មតិកម្មមានកាលគួរដល់សង្ឃហើយ គួរសង្ឃដករោងឧបោសថឈ្មោះនេះចេញ ។ នេះជាញត្តិ ។ បពិត្រព្រះសង្ឃដ៏ចម្រើន សូមសង្ឃស្តាប់ខ្ញុំ ឥឡូវសង្ឃដករោងឧបោសថឈ្មោះនេះ ។ ការដករោងឧបោសថឈ្មោះនេះ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគួរស្ងៀម មិនគាប់ចិត្តដល់លោកដ៏មានអាយុអង្គណា គួរលោកដ៏មានអាយុអង្គនោះគួរនិយាយឡើង ។ រោងឧបោសថឈ្មោះនេះ សង្ឃបានដកហើយ ។ ការដករោងឧបោសថនេះ គាប់ចិត្តដល់សង្ឃ ហេតុនោះទើបសង្ឃស្ងៀម ។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ ។

[១៥៩] ក៏សម័យនោះឯង សង្ឃសន្មតរោងឧបោសថតូចពេក ក្នុងអាវាសមួយ ។ ឧបោសថក្នុងថ្ងៃនោះ មានភិក្ខុសង្ឃច្រើនប្រជុំគ្នា ។ ភិក្ខុទាំងឡាយអង្គុយលើទីដែលសង្ឃមិនបានសន្មត ហើយស្តាប់បាតិមោក្ខ ។ ទើបភិក្ខុទាំងឡាយនោះ មានសេចក្តីត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តហើយថា ភិក្ខុត្រូវសន្មតរោងឧបោសថ ហើយសឹមធ្វើឧបោសថ ក៏យើងទាំងឡាយអង្គុយលើទីដែលសង្ឃមិនបានសន្មត ហើយស្តាប់បាតិមោក្ខ ឧបោសថ ឈ្មោះថា យើងបានធ្វើ ឬមិនបានធ្វើទេ ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុអង្គុយលើទីដែលសង្ឃសន្មតហើយក្តី មិនបានសន្មតក្តី ស្តាប់បាតិមោក្ខក្នុងទីណា ភិក្ខុនោះឈ្មោះថា បានធ្វើឧបោសថក្នុងទីនោះហើយ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃត្រូវការរបៀងឧបោសថ[រោងឧបោសថដែលសន្មតហើយមុននោះ នៅតូច ហើយត្រូវការតរបៀងថែមឲ្យធំទៀតបាន ។] ទំហំត្រឹមណា ចូរសន្មតរបៀងឧបោសថទំហំត្រឹមនោះចុះ ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវសន្មតយ៉ាងនេះ ។ សង្ឃត្រូវកំណត់និមិត្រទាំងឡាយជាមុន ។ ភិក្ខុដែលឆ្លាស ប្រតិពល លុះកំណត់និមិត្រទាំងឡាយហើយ ត្រូវឲ្យសង្ឃជ្រាបថា បពិត្រព្រះសង្ឃដ៏ចម្រើន សូមសង្ឃស្តាប់ខ្ញុំ និមិត្រទាំងឡាយ សង្ឃកំណត់ហើយដោយជុំវិញត្រឹមណា បើសម្មតិកម្មមានកាលគួរដល់សង្ឃហើយ គួរសង្ឃសន្មតរបៀងឧបោសថ ដោយនិមិត្រទាំងឡាយនេះ ។ នេះជាញត្តិ ។ បពិត្រព្រះសង្ឃដ៏ចម្រើន សូមសង្ឃស្តាប់ខ្ញុំ និមិត្រទាំងឡាយ ដែលសង្ឃកំណត់ហើយ ដោយជុំវិញត្រឹមណា ឥឡូវសង្ឃសន្មតរបៀងឧបោសថ ដោយនិមិត្រទាំងឡាយនេះ ។ ការសន្មតិរបៀងឧបោសថ ដោយនិមិត្រទាំងឡាយនេះ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា គួលោកដ៏មានអាយុអង្គនោះស្ងៀម មិនគាប់ចិត្តដល់លោកដ៏មានអាយុអង្គណា គួរលោកដ៏មានអាយុអង្គនោះនិយាយឡើង ។ សង្ឃសន្មតរបៀងឧបោសថ ដោយនិមិត្រទាំងឡាយនេះហើយ ។ ការសន្មតិរបៀងឧបោសថនោះ គាប់ចិត្តដល់សង្ឃ ហេតុនោះទើបសង្ឃស្ងៀម ។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ ។

[១៦០] ក៏សម័យនោះឯង ក្នុងអាវាសមួយ ពួកភិក្ខុខ្ចីវស្សា ប្រជុំគ្នាមុន ក្នុងថ្ងៃដែលធ្វើឧបោសថនោះ ហើយចៀសចេញទៅ ដោយគិតថា ព្រះថេរៈទាំងឡាយមិនមកទេ ។ ឧបោសថក៏នៅជាគ្មានកំណត់កាល ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុទាំងឡាយជាថេរៈ ប្រជុំគ្នាមុន ក្នុងថ្ងៃដែលធ្វើឧបោសថនោះ ។

[១៦១] ក៏សម័យនោះឯង ក្នុងក្រុងរាជគ្រឹះ មានអាវាសជាច្រើន តែមានសីមាស្មើគ្នា (មានសីមាតែមួយ) ។ ភិក្ខុទាំងឡាយក្នុងអាវាសទាំងនោះ ជជែកគ្នាថា ចូរសង្ឃធ្វើឧបោសថក្នុងអាវាសយើងវិញ ចូរសង្ឃធ្វើឧបោសថក្នុងអាវាសយើងវិញ ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងទីនេះ មានអាវាសច្រើន មានសីមាស្មើគ្នា ភិក្ខុទាំងឡាយក្នុងអាវាសទាំងនោះ ជជែកគ្នាថា ចូរសង្ឃធ្វើឧបោសថក្នុងអាវាសយើងវិញ ចូរសង្ឃធ្វើឧបោសថក្នុងអាវាសយើងវិញ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយទាំងអស់នោះប្រជុំធ្វើឧបោសថជាមួយគ្នា តែថាភិក្ខុជាថេរៈនៅក្នុងទីណា ត្រូវសង្ឃប្រជុំគ្នាធ្វើឧបោសថក្នុងទីនោះ មិនត្រូវសង្ឃធ្វើឧបោសថជាពួកឡើយ ភិក្ខុណាធ្វើ ត្រូវអាបត្តិទុក្កដ ។

[១៦២] សម័យនោះឯង ព្រះមហាកស្សបដ៏មានអាយុចេញពីស្រុកឈ្មោះអន្ធកវិន្ទ មកកាន់ឧបោសថក្នុងក្រុងរាជគ្រឹះ ឆ្លងស្ទឹងពាក់កណ្តាលផ្លូវ ត្រូវទឹកកួចទៅបន្តិច ចីវរទាំងឡាយរបស់លោកក៏ទទឹកអស់ ។ ភិក្ខុទាំងឡាយបាននិយាយពាក្យនេះនឹងព្រះមហាកស្សបដ៏មានអាយុថា នែអាវុសោ ហេតុអ្វីក៏ចីវររបស់អ្នកទទឹកអស់ ។ ព្រះមហាកស្សបនិយាយថា ម្នាលអាវុសោ ខ្ញុំចេញពីស្រុកឈ្មោះអន្ធកវិន្ទ មកកាន់ឧបោសថក្នុងក្រុងរាជគ្រឹះនេះ ឆ្លងស្ទឹងពាក់កណ្តាលផ្លូវ ត្រូវទឹកកួចទៅបន្តិច ហេតុនោះចីវរទាំងឡាយរបស់ខ្ញុំទទឹកអស់ ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ សីមាណាមានសំវាសស្មើគ្នា មានឧបោសថជាមួយគ្នា ដែលសង្ឃសន្មតហើយ ចូរសង្ឃសន្មតសីមានោះឲ្យជាតិចីវរាវិប្បវាសសីមាចុះ[ភិក្ខុនៅក្នុងខេត្តសីមាបែបនេះ ទុកជានៅប្រាសចាកត្រៃចីវរ ក៏មិនត្រូវអាបត្តិ ព្រោះប្រាសចាកត្រៃចីវរ ។] ។ ម្នាលភិក្ខុទាំងឡាយ ក៏ឯសីមា ត្រូវសង្ឃសន្មតយ៉ាងនេះ ។ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ឲ្យសង្ឃជ្រាបថា បពិត្រព្រះសង្ឃដ៏ចម្រើន សូមសង្ឃស្តាប់ខ្ញុំ សីមាណាដែលសង្ឃសន្មតហើយ ឲ្យមានសំវាសស្មើគ្នា មានឧបោសថជាមួយគ្នា បើសម្មតិកម្មមានកាលគួរដល់សង្ឃហើយ គួរសង្ឃសន្មតសីមានោះឲ្យជាតិចីវរាវិប្បសសីមា ។ នេះជាញត្តិ ។ បពិត្រព្រះសង្ឃដ៏ចម្រើន សូមសង្ឃស្តាប់ខ្ញុំ សីមាឯណាដែលសង្ឃសន្មតឲ្យមានសំវាសស្មើគ្នា មានឧបោសថជាមួយគ្នា ឥឡូវសង្ឃសន្មតសីមានោះ ឲ្យជាតិចីវរាវិប្បវាសសីមា ។ ការសន្មតិសីមានេះ ឲ្យជាតិចីវរាវិប្បវាសសីមា គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា គួរលោកដ៏មានអាយុអង្គនោះស្ងៀម មិនគាប់ចិត្តដល់លោកដ៏មានអាយុអង្គណា គួរលោកដ៏មានអាយុអង្គនោះនិយាយឡើង ។ សង្ឃសន្មតសីមានោះ ឲ្យជាតិចីវរាវិប្បវាសសីមាហើយ ការសន្មតិនោះ គាប់ចិត្តដល់សង្ឃ ហេតុនោះទើបសង្ឃស្ងៀម ។ ខ្ញុំសូមចាំទុកនូវដំណើរនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ ។ សម័យនោះឯង ភិក្ខុទាំងឡាយដឹងថា ការសន្មតិនូវតិចីវរាវិប្បវាសសីមា ព្រះដ៏មានព្រះភាគទ្រង់អនុញ្ញាតហើយ ក៏ទុកចីវរទាំងឡាយក្នុងចន្លោះផ្ទះ ។ ចីវរទាំងឡាយនោះវិនាសទៅខ្លះ ត្រូវភ្លើងឆេះខ្លះ ត្រូវកណ្តុរទាំងឡាយកាត់ខ្លះ ។ ភិក្ខុទាំងឡាយមានសម្ពត់អាក្រក់ មានចីវរសៅហ្មង ។ ភិក្ខុទាំងឡាយបាននិយាយយ៉ាងនេះថា នែអាវុសោ ហេតុអ្វីក៏អ្នកទាំងឡាយមានសម្ពត់អាក្រក់ មានចីវរសៅហ្មង ។ ភិក្ខុទាំងឡាយនោះនិយាយថា នែអាវុសោ យើងទាំងឡាយដឹងថា ការសន្មតិនូវតិចីវរាវិប្បវាសសីមា ព្រះដ៏មានព្រះភាគអនុញ្ញាតហើយ ក៏ទុកចីវរទាំងឡាយក្នុងចន្លោះផ្ទះនេះ ចីវរទាំងឡាយនោះបាត់ទៅខ្លះ ត្រូវភ្លើងឆេះខ្លះ ត្រូវកណ្តុរទាំងឡាយកាត់ខ្លះ ហេតុនោះ ទើបយើងមានសម្ពត់អាក្រក់ មានចីវរសៅហ្មង ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ សីមាណាដែលសង្ឃសន្មត ឲ្យមានសំវាសស្មើគ្នា ឲ្យមានឧបោសថជាមួយគ្នា ចូរសង្ឃសន្មតសីមានោះឲ្យជាតិចីវរាវិប្បវាសសីមាចុះ លើកទុកតែស្រុក និងឧបចារៈរបស់ស្រុកចេញ ។ ម្នាលភិក្ខុទាំងឡាយ ក៏ឯសីមានោះ ត្រូវសង្ឃសន្មតយ៉ាងនេះ ។ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ឲ្យសង្ឃជ្រាបថា បពិត្រព្រះសង្ឃដ៏ចម្រើន សូមសង្ឃស្តាប់ខ្ញុំ សីមាណាដែលសង្ឃសន្មតឲ្យមានសំវាសស្មើគ្នា មានឧបោសថជាមួយគ្នា បើសម្មតិកម្មមានកាលគួរដល់សង្ឃហើយ គួរសង្ឃសន្មតសីមានោះឲ្យជាតិចីវរាវិប្បវាសសីមា លើកទុកតែស្រុក និងឧបចារៈរបស់ស្រុកចេញ ។ នេះជាញត្តិ ។ បពិត្រព្រះសង្ឃដ៏ចម្រើន សូមព្រះសង្ឃស្តាប់ខ្ញុំ ។ សីមាណាដែលសង្ឃសន្មតឲ្យមានសំវាសស្មើគ្នា មានឧបោសថជាមួយគ្នា ឥឡូវសង្ឃសន្មតសីមានោះ ឲ្យជាតិចីវរាវិប្បវាសសីមា លើកទុកតែស្រុក និងឧបចារៈរបស់ស្រុកចេញ ។ ការសន្មតិសីមានេះ ឲ្យជាតិចីវរាវិប្បវាសសីមា លើកទុកតែស្រុក និងឧបចារៈរបស់ស្រុកចេញ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា គួរលោកដ៏មានអាយុអង្គនោះស្ងៀម មិនគាប់ចិត្តដល់លោកដ៏មានអាយុអង្គណា គួរលោកដ៏មានអាយុអង្គនោះនិយាយឡើង ។ សង្ឃបានសន្មតសីមានោះ ឲ្យជាតិចីវរាវិប្បវាសសីមា លើកទុកតែស្រុក និងឧបចារៈរបស់ស្រុកចេញហើយ ។ ការសន្មតិនោះ គាប់ចិត្តដល់សង្ឃ ហេតុនោះទើបសង្ឃស្ងៀម ។ ខ្ញុំសូមចាំទុកនូវសេចក្តីនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ ។

[១៦៣] ម្នាលភិក្ខុទាំងឡាយ កាលដែលភិក្ខុនឹងសន្មតសីមា ត្រូវសន្មតសមានសំវាសសីមា[សីមាដែលមានសំវាសស្មើគ្នា គឺសីមាដែលសង្ឃត្រូវតែធ្វើសង្ឃកម្ម ដោយព្រមព្រៀងគ្នា បែកគ្នាមិនបាន ។] ជាមុន សឹមសន្មតតិចីវរាវិប្បវាសសីមា[សីមាដែលភិក្ខុនៅប្រាសចាកត្រៃចីវរបាន ។] ជាខាងក្រោយ ។ ម្នាលភិក្ខុទាំងឡាយ កាលដែលភិក្ខុនឹងដកសីមា ត្រូវដកតិចីវរាវិប្បវាសសីមាជាមុន សឹមដកសមានសំវាសសីមាជាខាងក្រោយ ។ ម្នាលភិក្ខុទាំងឡាយ ឯតិចីវរាវិប្បវាសសីមា ត្រូវភិក្ខុដកយ៉ាងនេះ ។ ភិក្ខុដែលឆ្លាស ប្រតិពល ត្រូវឲ្យសង្ឃជ្រាបថា បពិត្រព្រះសង្ឃដ៏ចម្រើន សូមព្រះសង្ឃស្តាប់ខ្ញុំ តិចីវរាវិប្បវាសសីមាណា ដែលសង្ឃសន្មតហើយ បើសម្មតិកម្មមានកាលគួរដល់សង្ឃហើយ សង្ឃត្រូវដកតិចីវរាវិប្បវាសសីមានោះចេញ ។ នេះជាញត្តិ ។ បពិត្រព្រះសង្ឃដ៏ចម្រើន សូមសង្ឃស្តាប់ខ្ញុំ តិចីវរាវិប្បវាសសីមាណា ដែលសង្ឃសន្មតហើយ ឥឡូវសង្ឃដកតិចីវរាវិប្បវាសសីមានោះចេញ ។ ការដកនូវតិចីវរាវិប្បវាសសីមានេះ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា គួរលោកដ៏មានអាយុអង្គនោះស្ងៀម មិនគាប់ចិត្តដល់លោកដ៏មានអាយុអង្គណា គួរលោកដ៏មានអាយុអង្គនោះនិយាយឡើង ។ តិចីវរាវិប្បវាសសីមានោះសង្ឃបានដកហើយ ។ ការដកនូវតិចីវរាវិប្បវាសសីមានោះ គាប់ចិត្តដល់សង្ឃ ហេតុនោះទើបសង្ឃស្ងៀម ។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ ឯសមានសំវាសសីមា ត្រូវភិក្ខុដកយ៉ាងនេះ ។ ភិក្ខុដែលឆ្លាស ប្រតិពល ត្រូវឲ្យសង្ឃជ្រាបថា បពិត្រព្រះសង្ឃដ៏ចម្រើន សូមព្រះសង្ឃស្តាប់ខ្ញុំ សីមាណា ដែលសង្ឃសន្មត ឲ្យជាសមានសំវាសសីមា ឲ្យមានឧបោសថជាមួយគ្នាហើយ បើសម្មតិកម្មមានកាលគួរដល់សង្ឃហើយ គួរសង្ឃដកសីមានោះចេញ ។ នេះជាញត្តិ ។ បពិត្រព្រះសង្ឃដ៏ចម្រើន សូមព្រះសង្ឃស្តាប់ខ្ញុំ សីមាណា ដែលសង្ឃសន្មត ឲ្យជាសមានសំវាសសីមា ឲ្យមានឧបោសថជាមួយគ្នាហើយ ឥឡូវសង្ឃដកសីមានោះចេញ ។ ការដកសីមា ដែលមានសំវាសស្មើគ្នា មានឧបោសថជាមួយគ្នានេះ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា គួរលោកដ៏មានអាយុអង្គនោះស្ងៀម មិនគាប់ចិត្តដល់លោកដ៏មានអាយុអង្គណា គួរលោកដ៏មានអាយុអង្គនោះនិយាយឡើង ។ សង្ឃដកសីមា ដែលមានសំវាសស្មើគ្នា មានឧបោសថជាមួយគ្នានោះហើយ ។ ការដក សមានសំវាសសីមានោះ គាប់ចិត្តដល់សង្ឃ ហេតុនោះទើបសង្ឃស្ងៀម ។ ខ្ញុំសូមចាំទុកនូវដំណើរនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ ។

[១៦៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុចូលទៅអាស្រ័យស្រុកណាក្តី និគមណាក្តី ហើយនៅក្នុងសីមាដែលសង្ឃមិនបានសន្មត មិនបានតាំងទុកហើយ សីមាណាដែលជាគាមសីមា របស់ស្រុកនោះក្តី សីមាណាដែលជានិគមសីមារបស់និគមនោះក្តី សីមានេះហៅថា មានសំវាសស្មើគ្នា មានឧបោសថជាមួយគ្នា ក្នុងស្រុក ឬក្នុងនិគមនោះ ។ ម្នាលភិក្ខុទាំងឡាយ បើក្នុងព្រៃ មិនមែនស្រុក សីមាដែលកំណត់៧អព្ភន្តរៈ[(អដ្ឋកថា) ១អព្ភន្តរៈមានប្រមាណ២៨ហត្ថ ។] ដោយជុំវិញ សីមានេះហៅថា មានសំវាសស្មើគ្នា មានឧបោសថជាមួយគ្នា ក្នុងព្រៃនោះ ។ ម្នាលភិក្ខុទាំងឡាយ ស្ទឹង[ស្រះដែលកើតឯង មិនមានអ្នកណាជីក ជាទីខូងស្រាប់ ទឹកហូរមកពេញឯង ។] ទាំងអស់មិនមែនជាសីមា សមុទ្ទទាំងអស់មិនមែនជាសីមា ជាតស្រះ[ត្រង់បាឡីថា នទី ប្រែថា ស្ទឹងក៏បាន ទន្លេក៏បាន ។] ទាំងអស់មិនមែនជាសីមា ។ ម្នាលភិក្ខុទាំងឡាយ ទីណាដែលបុគ្គលកំណត់ ដោយសាចទឹករបស់មជ្ឈិមបុរស ដោយជុំវិញក្នុងស្ទឹងក្តី ក្នុងសមុទ្ទក្តី ក្នុងជាតស្រះក្តី ទីនេះហៅថា មានសំវាសស្មើគ្នា មានឧបោសថជាមួយគ្នា ក្នុងទីមានស្ទឹងជាដើមនោះ ។

[១៦៥] ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុទំលាយ[១.២ អដ្ឋកថា ថា ភិក្ខុទំលាយពទ្ធសីមាភិក្ខុដទៃដោយសីមារបស់ខ្លួន គឺប្រៀបដូចជាកន្លែង១មានដើមឈើ២ដើម មានមែកគងពាក់លើគ្នា ដើមស្វាយនៅទិសខាងកើត ដើមព្រីងនៅទិសខាងលិច ។ ភិក្ខុ១ពួក ចងសីមា យកដើមព្រីងជានិមិត្តសីមារបស់ខ្លួន នៅទិសខាងលិច ។ ភិក្ខុ១ពួកទៀត ចងសីមាយកដើមស្វាយជានិមិត្តរបស់ខ្លួននៅទិសខាងកើត ។ ការចងសីមាយ៉ាងនេះ ហៅថា ទំលាយ ឬរំលាយពទ្ធសីមាភិក្ខុដទៃដោយសីមារបស់ខ្លួន ។] សីមាដោយសីមា ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ សីមាដែលភិក្ខុទាំងឡាយណាសន្មតមុនហើយ កម្មនោះរបស់ភិក្ខុទាំងឡាយនោះ ប្រកបដោយធម៌មិនកម្រើក គួរតាំងនៅបាន ម្នាលភិក្ខុទាំងឡាយ សីមាដែលភិក្ខុទាំងឡាយណាសន្មតជាខាងក្រោយ កម្មនោះរបស់ភិក្ខុទាំងឡាយនោះ មិនប្រកបដោយធម៌ ជាកម្មកម្រើក មិនគួរតាំងនៅបាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទំលាយសីមា[២] ដោយសីមាទេ ភិក្ខុណាទំលាយ ត្រូវអាបត្តិទុក្កដ ។ ក៏សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយគ្របសង្កត់សីមាដោយសីមា ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ សីមាដែលភិក្ខុទាំងឡាយណាសន្មតមុនហើយ កម្មនោះរបស់ភិក្ខុទាំងឡាយនោះ ប្រកបដោយធម៌ ជាកម្មមិនកម្រើក គួរតាំងនៅបាន ម្នាលភិក្ខុទាំងឡាយ សីមាដែលភិក្ខុទាំងឡាយណាសន្មតជាខាងក្រោយ កម្មនោះរបស់ភិក្ខុទាំងឡាយនោះ មិនប្រកបដោយធម៌ ជាកម្មកម្រើក មិនគួរតាំងនៅបាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវគ្របសង្កត់សីមា[អដ្ឋកថា ថា ភិក្ខុគ្របសង្កត់ពទ្ធសីមាភិក្ខុដទៃ ដោយសីមារបស់ខ្លួន គឺចងសីមារបស់ខ្លួនយកពទ្ធសីមារបស់ភិក្ខុដទៃទាំងអស់ក្តី តែមួយកន្លែងក្តី មកទុកខាងក្នុងសីមារបស់ខ្លួន ។] ដោយសីមាទេ ភិក្ខុណាគ្របសង្កត់ ត្រូវអាបត្តិទុក្កដ ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុសន្មតសីមា ឲ្យដម្កល់ទុកនូវសីមន្តរិក[អដ្ឋកថា ថា ទីឧបចារៈរបស់សីមា គឺត្រូវសង្ឃទុកទីទំនេរពីសីមាទៅចំនួន១ហត្ថក្តី ១ចំអាមក្តី ៤ ធ្នាប់ក្តី ។] ហើយសឹមសន្មតសីមា ។

[១៦៦] គ្រានោះ ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ឧបោសថមានប៉ុន្មានយ៉ាងហ្ន៎ ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ឧបោសថទាំងនេះមានពីរយ៉ាងគឺ ឧបោសថមានក្នុងតិថីទី១៤មួយ ឧបោសថមានក្នុងតិថីទី១៥មួយ ម្នាលភិក្ខុទាំងឡាយ ឧបោសថមានតែពីរយ៉ាងប៉ុណ្ណេះ ។ លំដាប់នោះឯង ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ឧបោសថកម្មមានប៉ុន្មានយ៉ាងហ្ន៎ ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ទ្រង់មានបន្ទូលថា ឧបោសថកម្មទាំងនេះមាន ៤ គឺ ឧបោសថកម្មជាពួក មិនត្រូវតាមធម៌១ ឧបោសថកម្មព្រមព្រៀងគ្នា តែមិនត្រូវតាមធម៌១ ឧបោសថកម្មជាពួក តែត្រូវតាមធម៌១ ឧបោសថកម្មព្រមព្រៀងត្រូវតាមធម៌១ ។ ម្នាលភិក្ខុទាំងឡាយ ជំនុំឧបោសថកម្មទាំង ៤ នេះ ឯឧបោសថកម្មដែលជាពួក មិនត្រូវតាមធម៌ណា ម្នាលភិក្ខុទាំងឡាយ មិនត្រូវអ្នកទាំងឡាយធ្វើឧបោសថកម្មមានសភាពយ៉ាងនេះទេ ម្យ៉ាងទៀត តថាគតមិនអនុញ្ញាតឧបោសថកម្មមានសភាពយ៉ាងនេះទេ ។ ម្នាលភិក្ខុទាំងឡាយ ជំនុំឧបោសថកម្មទាំង ៤ នោះ ឯឧបោសថកម្មដែលព្រមព្រៀងគ្នា តែមិនត្រូវតាមធម៌ណា ម្នាលភិក្ខុទាំងឡាយ មិនត្រូវអ្នកទាំងឡាយធ្វើឧបោសថកម្មមានសភាពយ៉ាងនេះទេ ម្យ៉ាងទៀត តថាគតមិនអនុញ្ញាតឧបោសថកម្មមានសភាពយ៉ាងនេះទេ ។ ម្នាលភិក្ខុទាំងឡាយ ជំនុំឧបោសថកម្មទាំង ៤ នោះ ឯឧបោសថកម្មដែលជាពួក តែត្រូវតាមធម៌ណា ម្នាលភិក្ខុទាំងឡាយ មិនត្រូវអ្នកទាំងឡាយធ្វើឧបោសថកម្មមានសភាពយ៉ាងនេះទេ ម្យ៉ាងទៀត តថាគតក៏មិនអនុញ្ញាតឧបោសថកម្មមានសភាពយ៉ាងនេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ជំនុំឧបោសថកម្មទាំង ៤ នោះ ឯឧបោសថកម្មដែលព្រមព្រៀងគ្នា ត្រូវតាមធម៌ណា ម្នាលភិក្ខុទាំងឡាយ ត្រូវអ្នកទាំងឡាយធ្វើឧបោសថកម្មមានសភាពយ៉ាងនេះ តថាគតអនុញ្ញាតឧបោសថកម្មមានសភាពយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ ហេតុនោះ ភិក្ខុក្នុងសាសនានេះ ត្រូវសិក្សាថា យើងនឹងធ្វើឧបោសថកម្មដែលព្រមព្រៀងគ្នា ត្រូវតាមធម៌ មានសភាពយ៉ាងនេះដូច្នេះ ។ ម្នាលភិក្ខុទាំងឡាយ ត្រូវអ្នកទាំងឡាយសិក្សាយ៉ាងនេះឯង ។

[១៦៧] គ្រានោះឯង ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា បាតិមោក្ខុទ្ទេសទាំងឡាយ មានប៉ុន្មានយ៉ាងហ្ន៎ ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ បាតិមោក្ខុទ្ទេសទាំងនេះមាន៥គឺ ភិក្ខុត្រូវសំដែងនូវនិទាន ហើយសូត្រនូវឧទ្ទេសដ៏សេសសល់ដោយសុតបទ [អដ្ឋកថា ថា កាលបើសំដែងនិទានចប់ហើយ មិនបានសូត្រសិក្ខាបទដោយពិស្តារ គឺគ្រាន់តែសូត្រថា សុតា ខោ បនាយស្មន្តេហិ ចត្វារោ បារាជិកា ធម្មា ។បេ ។ អវិវទមានេហិ សិក្ខិតព្វន្តិ ដូច្នេះជាដើម ប្រែថា បារាជិកធម៌ទាំង ៤ លោកដ៏មានអាយុទាំងឡាយបានស្តាប់ហើយ ។បេ ។ កុំវិវាទគ្នា គប្បីសិក្សាចុះ ។] នេះជាបាតិមោក្ខុទ្ទេសទី១ ។ ភិក្ខុត្រូវសំដែងនូវនិទាន ហើយសំដែងនូវបារាជិកទាំង ៤ ហើយសូត្រឧទ្ទេសដែលសេសសល់ដោយសុតបទ នេះជាបាតិមោក្ខុទ្ទេសទី២ ។ ត្រូវភិក្ខុសំដែងនូវនិទាន ហើយសំដែងនូវបារាជិក ៤ សំដែងនូវសង្ឃាទិសេស១៣ ហើយសូត្រនូវឧទ្ទេសដែលសេសសល់ដោយសុតបទ នេះជាបាតិមោក្ខុទ្ទេសទី៣ ។ ភិក្ខុត្រូវសំដែងនូវនិទាន ហើយសំដែងនូវបារាជិកទាំង ៤ សំដែងនូវសង្ឃាទិសេស១៣ សំដែងនូវអនិយត២ ហើយសូត្រឧទ្ទេសដ៏សេសសល់ដោយសុតបទ នេះជាបាតិមោក្ខុទ្ទេសទី ៤ ។ ឧទ្ទេសដោយពិស្តារជាបាតិមោក្ខុទ្ទេសទី៥ ។ ម្នាលភិក្ខុទាំងឡាយ បាតិមោក្ខុទ្ទេសមាន៥យ៉ាងប៉ុណ្ណេះឯង ។ ក៏សម័យនោះឯង ភិក្ខុទាំងឡាយដឹងថា ព្រះដ៏មានព្រះភាគអនុញ្ញាតការសំដែងនូវបាតិមោក្ខដោយសង្ខេបហើយ ក៏សំដែងនូវបាតិមោក្ខដោយសង្ខេប សព្វកាល (រាល់ៗថ្ងៃឧបោសថ) ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសំដែងនូវបាតិមោក្ខដោយសង្ខេបទេ ភិក្ខុណាសំដែង ត្រូវអាបត្តិទុក្កដ ។ ក៏សម័យនោះឯង ក្នុងអាវាសមួយ ក្នុងកោសលជនបទ មានសញ្ចរភ័យ[អដ្ឋកថា ថា ភ័យកើតពីមនុស្សនៅក្នុងព្រៃ ។] ក្នុងឧបោសថថ្ងៃនោះ ។ ភិក្ខុទាំងឡាយមិនអាចនឹងសំដែងនូវបាតិមោក្ខដោយពិស្តារបាន ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ កាលបើមានសេចក្តីអន្តរាយ តថាគតអនុញ្ញាតឲ្យសំដែងនូវបាតិមោក្ខដោយសង្ខេបបាន ។ ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ សូម្បីមិនមានសេចក្តីអន្តរាយ ក៏សំដែងនូវបាតិមោក្ខដោយសង្ខេប ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ កាលបើគ្មានសេចក្តីអន្តរាយ ភិក្ខុមិនត្រូវសំដែងបាតិមោក្ខដោយសង្ខេបទេ ភិក្ខុណាសំដែង ត្រូវអាបត្តិទុក្កដ ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុសំដែងនូវបាតិមោក្ខដោយសង្ខេបបាន ក្នុងពេលដែលមានសេចក្តីអន្តរាយ ។ ឯអន្តរាយក្នុងពេលដែលសំដែងបាតិមោក្ខនោះ (មាន១០យ៉ាងគឺ) អន្តរាយអំពីស្តេច (គឺមានស្តេចយាងចូលមក) អន្តរាយអំពីចោរ (គឺមានចោរចូលមកលុកលុយ) អន្តរាយអំពីភ្លើង (គឺមានភ្លើងព្រៃឆេះរាលមក ឬភ្លើងអន្ទះកើតឡើង) អន្តរាយអំពីទឹក (គឺមានភ្លៀងខ្លាំង ឬជំនន់ហូរមក) អន្តរាយអំពីមនុស្ស (គឺមានមនុស្សច្រើនចូលមក) អន្តរាយអំពីអមនុស្ស (គឺខ្មោចចូលភិក្ខុ) អន្តរាយអំពីសត្វសាហាវ អំពីសត្វទីឃជាតិ (ពួកសត្វលូនវារ) អន្តរាយដល់ជីវិត (គឺមានភិក្ខុកើត​ជំងឺស្លាប់ ឬមានមនុស្សមានពៀរប៉ងសម្លាប់ភិក្ខុ) អន្តរាយដល់ព្រហ្មចារ្យ (គឺមានមនុស្សមកចាប់ភិក្ខុផ្សិក) ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានសេចក្តីអន្តរាយទាំងឡាយបែបយ៉ាងនេះ តថាគតអនុញ្ញាតឲ្យភិក្ខុសំដែងនូវបាតិមោក្ខដោយសង្ខេបបាន កាលបើមិនមានសេចក្តីអន្តរាយទេ ឲ្យភិក្ខុសំដែងដោយពិស្តារ ។

[១៦៨] ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុមិនមានគេអារាធនា ក៏សំដែងធម៌ក្នុងកណ្តាលសង្ឃ ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលគេមិនអារាធនា មិនត្រូវសំដែងធម៌ក្នុងកណ្តាលសង្ឃទេ ភិក្ខុណាសំដែង ត្រូវអាបត្តិទុក្កដ ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុជាថេរៈសំដែងធម៌ខ្លួនឯង ឬអារាធនាភិក្ខុដទៃបាន ។

[១៦៩] ក៏សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ មិនទាន់បានការសន្មតិ ក៏សួរវិន័យ ក្នុងកណ្តាលសង្ឃ ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលគ្មានកាសន្មតិ មិនត្រូវសួរវិន័យ ក្នុងកណ្តាលសង្ឃទេ ភិក្ខុណាសួរ ត្រូវអាបត្តិទុក្កដ ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលមានការសន្មតិ សួរវិន័យ ក្នុងកណ្តាលសង្ឃបាន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវសន្មតយ៉ាងនេះ ។ ត្រូវសន្មតខ្លួន ដោយខ្លួនឯងក៏បាន ត្រូវភិក្ខុដទៃសន្មតភិក្ខុដទៃក៏បាន ។ ក៏ឯសន្មតខ្លួន ដោយខ្លួនឯងនោះ ដូចម្តេច ។ ភិក្ខុដែលឆ្លាស ប្រតិពល ត្រូវឲ្យសង្ឃដឹងថា បពិត្រព្រះសង្ឃដ៏ចម្រើន សូមសង្ឃស្តាប់ខ្ញុំ បើសម្មតិកម្មមានកាលគួរដល់សង្ឃហើយ ខ្ញុំសូមសួរវិន័យនឹងភិក្ខុឈ្មោះនេះ ។ ភិក្ខុត្រូវសន្មតខ្លួនដោយខ្លួនឯងយ៉ាងនេះ ។ ក៏ឯភិក្ខុដទៃ ត្រូវសន្មតភិក្ខុដទៃដូចម្តេច ។ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ឲ្យសង្ឃជ្រាបថា បពិត្រព្រះសង្ឃដ៏ចម្រើន សូមព្រះសង្ឃស្តាប់ខ្ញុំ បើសម្មតិកម្មមានកាលគួរដល់សង្ឃហើយ ភិក្ខុឈ្មោះនេះ គួរសួរវិន័យនឹងភិក្ខុឈ្មោះនេះ ។ ត្រូវភិក្ខុដទៃសន្មតភិក្ខុដទៃយ៉ាងនេះ ។ ក៏សម័យនោះឯង ភិក្ខុទាំងឡាយ មានសីលជាទីស្រឡាញ់ មានការសន្មតិហើយ ក៏សួរវិន័យក្នុងកណ្តាលសង្ឃ ។ ពួកឆព្វគ្គិយភិក្ខុបានសេចក្តីគំនុំ បានសេចក្តីមិនពេញចិត្ត ក៏គម្រាមដោយប្រុងនឹងសម្លាប់ ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលទុកជាមានការសន្មតិហើយមែន ត្រូវតែរមិលមើលបរិសទ្យ ពិចារណាបុគ្គលហើយសិន សិមសួរវិន័យក្នុងកណ្តាលសង្ឃ ។ ក៏សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ គ្មានការសន្មតិក៏ដោះស្រាយវិន័យក្នុងកណ្តាលសង្ឃ ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលគ្មានការសន្មតិ មិនត្រូវដោះស្រាយវិន័យក្នុងកណ្តាលសង្ឃទេ ភិក្ខុណាដោះស្រាយ ត្រូវអាបត្តិទុក្កដ ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលមានការសន្មតិហើយ ដោះស្រាយវិន័យក្នុងកណ្តាលសង្ឃបាន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវសន្មតយ៉ាងនេះ ។ ត្រូវខ្លួនឯងសន្មតខ្លួនក៏បាន ភិក្ខុដទៃសន្មតភិក្ខុដទៃក៏បាន ។ ក៏ឯខ្លួនឯងសន្មតខ្លួនឯង តើដូចម្តេច ។ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ឲ្យសង្ឃជ្រាបថា បពិត្រព្រះសង្ឃដ៏ចម្រើន សូមព្រះសង្ឃស្តាប់ខ្ញុំ បើសម្មតិកម្មមានកាលគួរដល់សង្ឃហើយ ភិក្ខុឈ្មោះនេះ សួរវិន័យនឹងខ្ញុំហើយ ខ្ញុំត្រូវតែដោះស្រាយ ។ ត្រូវខ្លួនឯងសន្មតខ្លួនឯងយ៉ាងនេះ ។ ក៏ឯភិក្ខុដទៃ សន្មតភិក្ខុដទៃ តើដូចម្តេច ។ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ឲ្យសង្ឃជ្រាបថា បពិត្រព្រះសង្ឃដ៏ចម្រើន សូមព្រះសង្ឃស្តាប់ខ្ញុំ បើសម្មតិកម្មមានកាលគួរដល់សង្ឃហើយ ភិក្ខុឈ្មោះនេះ ត្រូវដោះស្រាយវិន័យដែលភិក្ខុឈ្មោះនេះសួរ ។ ត្រូវភិក្ខុដទៃសន្មតភិក្ខុដទៃយ៉ាងនេះ ។ ក៏សម័យនោះឯង ភិក្ខុទាំងឡាយ មានសីលជាទីស្រឡាញ់ បានការសន្មតិហើយ ក៏ដោះស្រាយវិន័យក្នុងកណ្តាលសង្ឃ ។ ពួកឆព្វគ្គិយភិក្ខុទាំងឡាយបានសេចក្តីគំនុំ បានសេចក្តីមិនគាប់ចិត្ត ក៏គម្រាមប្រុងនឹងសម្លាប់ ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុ ដែលទុកជាមានការសន្មតិហើយមែន ត្រូវតែរមិលមើលបរិសទ្យ ពិនិត្យបុគ្គលហើយសិន សិមដោះស្រាយវិន័យក្នុងកណ្តាលសង្ឃ ។

[១៧០] ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ចោទអាបត្តិចំពោះភិក្ខុដែលខ្លួនមិនទាន់បានសូមឱកាស (ជាមុន) ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវចោទអាបត្តិចំពោះភិក្ខុ ដែលខ្លួនមិនបានសូមឱកាស (ជាមុន)ទេ ភិក្ខុណាចោទ ត្រូវអាបត្តិទុក្កដ ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុសូមឱកាសថា សូមលោកដ៏មានអាយុបើកឱកាស(ឲ្យខ្ញុំ) ខ្ញុំចង់និយាយនឹងលោក ដូច្នេះហើយសិន សិមចោទអាបត្តិ ។ ក៏សម័យនោះឯង ភិក្ខុទាំងឡាយ មានសីលជាទីស្រឡាញ់ ឲ្យពួកឆព្វគ្គិយភិក្ខុបើកឱកាស ហើយចោទអាបត្តិ ។ ពួកឆព្វគ្គិយភិក្ខុបានសេចក្តីគំនុំ បានសេចក្តីមិនត្រេកអរ ក៏គម្រាមដោយប្រាថ្នានឹងសម្លាប់ ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុដទៃបើកឱកាសឲ្យហើយមែន តថាគតអនុញ្ញាតឲ្យពិនិត្យមើលបុគ្គលហើយសិន សិមចោទអាបត្តិ ។ ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុគិតគ្នាថា ភិក្ខុទាំងឡាយ មានសីលជាទីស្រឡាញ់ គង់តែឲ្យយើងបើកឱកាសជាមុន (មិនខាន) ហើយក៏ឲ្យភិក្ខុទាំងឡាយ ដែលបរិសុទ្ធ មិនមានអាបត្តិ បើកឱកាសជាមុន ក្នុងការមិនមែនជារឿង មិនមែនជាហេតុ ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យភិក្ខុទាំងឡាយ ដែលបរិសុទ្ធ មិនមានអាបត្តិ បើកឱកាសក្នុងការមិនមែនជារឿង មិនមែនជាហេតុទេ ភិក្ខុណាឲ្យបើក (ឱកាស) ត្រូវអាបត្តិទុក្កដ ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុពិនិត្យមើលបុគ្គលហើយសិន សិមឲ្យគេបើកឱកាស ។

[១៧១] ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ធ្វើកម្មមិនមែនជាធម៌ ក្នុងកណ្តាលសង្ឃ ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវធ្វើកម្មមិនមែនជាធម៌ ក្នុងកណ្តាលសង្ឃ ភិក្ខុណាធ្វើ ត្រូវអាបត្តិទុក្កដ ។ ពួកឆព្វគ្គិយភិក្ខុទាំងនោះ នៅតែធ្វើកម្មមិនមែនជាធម៌ដដែល ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់អនុញ្ញាត្តថា ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុណាមួយធ្វើកម្មមិនប្រកបដោយធម៌ តថាគតអនុញ្ញាតឲ្យភិក្ខុហាមឃាត់បាន ។ ក៏សម័យនោះឯង ភិក្ខុទាំងឡាយ មានសីលជាទីស្រឡាញ់ កាលបើពួកឆព្វគ្គិយភិក្ខុធ្វើកម្មមិនមែនជាធម៌ ក៏ហាមឃាត់ ។ ពួកឆព្វគ្គិយភិក្ខុ បានសេចក្តីគំនុំ បានសេចក្តីមិនសប្បាយចិត្ត ក៏គម្រាមដោយប្រុងសម្លាប់ ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យប្រកាសសេចក្តីយល់ឃើញក៏បាន ។ ភិក្ខុទាំងឡាយប្រកាសសេចក្តីយល់ឃើញក្នុងសំណាក់ឆព្វគ្គិយភិក្ខុទាំងឡាយនោះឯង ។ ពួកឆព្វគ្គិយភិក្ខុទាំងឡាយ បានសេចក្តីគំនុំ បានសេចក្តីមិនសប្បាយចិត្ត ក៏គម្រាមដោយប្រុងនឹងសម្លាប់ ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុ ៤ ឬ៥រូប ហាមឃាត់ ឲ្យភិក្ខុ២ ឬ៣រូប ប្រកាសសេចក្តីយល់ឃើញ ឲ្យភិក្ខុ១រូប អធិដ្ឋាន (តាំងចិត្ត)ថា កម្មនោះមិនគាប់ចិត្តដល់អញទេ ។

[១៧២] ក៏សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ កាលសំដែងនូវបាតិមោក្ខ ក្នុងកណ្តាលសង្ឃ ក៏ក្លែង ធ្វើមិនឲ្យឮច្បាស់ ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកសំដែងនូវបាតិមោក្ខ មិនត្រូវក្លែង មិនឲ្យឮច្បាស់ទេ ភិក្ខុណាមិនឲ្យឮច្បាស់ ត្រូវអាបត្តិទុក្កដ ។ ក៏សម័យនោះឯង ឧទាយិដ៏មានអាយុ ជាអ្នកសំដែងបាតិមោក្ខដល់សង្ឃ មានសំឡេងដូចក្អែក ។ ទើបឧទាយិដ៏មានអាយុមានសេចក្តីគិតដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តហើយថា ត្រូវភិក្ខុអ្នកសំដែងនូវបាតិមោក្ខ ធ្វើសំឡេងឲ្យឮច្បាស់ ឯអាត្មាអញមានសំឡេងដូចក្អែក គួរអញប្រតិបត្តិដូចម្តេចហ្ន៎ ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុអ្នកសំដែងនូវបាតិមោក្ខ ខំប្រឹងគិតថា អញត្រូវធ្វើសំឡេងឲ្យឮច្បាស់ ដោយបការដូចម្តេច កាលបើភិក្ខុខំប្រឹង (ដូច្នេះ) ទើបមិនត្រូវអាបត្តិ ។

[១៧៣] ក៏សម័យនោះឯង ទេវទត្ត សំដែងនូវបាតិមោក្ខ ក្នុងបរិសទ្យ ព្រមជាមួយនឹងគ្រហស្ថ ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់បញ្ញត្តថា ម