ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ជាតក

ទសមភាគ

បញ្ញាសនិបាតជាតកកែប្រែ

នឡិនិកាជាតក ទី១កែប្រែ

[១] (ព្រះបាទព្រហ្មទត្ត ត្រាស់ថា) ម្នាលនាងនឡិនិកា ជនបទក្តៅស្ងួត ទាំងដែនក៏វិនាស ចូរនាងមក ចូរនាងទៅញ៉ាំងព្រាហ្មណ៍ (អ្នកធ្វើនូវសេចក្តីវិនាស) ដល់អញនោះ ឲ្យមកលុះអំណាចរបស់ខ្លួន ។

[២] (នាងនឡិនិកា ក្រាបទូលថា) បពិត្រព្រះរាជា ខ្ញុំម្ចាស់អត់ទ្រាំសេចក្តីលំបាកពុំបាន ខ្ញុំម្ចាស់មិនស្ទាត់ផ្លូវឆ្ងាយ ខ្ញុំម្ចាស់នឹងទៅកាន់ព្រៃ ដែលមានដំរីនៅអាស្រ័យ ដូចម្តេចបាន ។

[៣] (ព្រះរាជា…) ម្នាលនាងនឡិនិកា នាងចូរទៅកាន់ជនបទដ៏ស្តុកស្តម្ភ ហើយទៅដោយដំរីផង ដោយរថផង ដោយយាន (ទូក) ដែលគេគាបដោយឈើផង យ៉ាងនេះចុះ ។ ម្នាលខត្តិយានី ចូរនាងយកដំរី សេះ រថ និងពលថ្មើរជើងទៅចុះ ចូរនាងនាំព្រាហ្មណ៍ឥសិសង្កិៈនោះ មកកាន់អំណាច (ខ្លួន) ដោយសម្បុរ និងរូបឆោមរបស់នាង ។

[៤] (ពួកព្រានព្រៃបង្ហាញថា) នុ៎ះ ប្រាកដជាអាស្រមរបស់តាបស ឈ្មោះឥសិសិង្គៈ ជាទីគួររីករាយ មានដើមចេកជាទង់ ជាគ្រឿងសំគាល់ មានដើមស្មាច់ដុះព័ទ្ធជុំវិញ ។ នុ៎ះ ភ្លើងដែលឥសិសិង្គៈនោះ តាក់តែង (ដោយឈាន) នុ៎ះ ផ្សែងដែលឃើញប្រាកដ ខ្ញុំសំគាល់ថា ឥសិសិង្គៈ អ្នកមានឫទ្ធិច្រើន មិនញ៉ាំងភ្លើងឲ្យសាបសូន្យទេ ។

[៥] (អភិសម្ពុទ្ធគាថា) ឥសិសិង្គៈ បានឃើញនាងនឡិនិកានោះ ពាក់កុណ្ឌលកែវមណី កំពុងដើរមក ក៏ភិតភ័យ ចូលទៅកាន់អាស្រមដែលប្រក់ដោយស្លឹក ។ ឯនាងនឡិនិកានោះ ក៏បង្ហាញនូវអវយវៈទាំងឡាយផង បញេ្ចញនូវកេរ្តិ៍ខ្មាសដ៏កំបាំងផង ហើយលេងកូនឃ្លី ក្បែរទ្វារអាស្រមនៃឥសិសិង្គៈនោះ ។

[៦] អ្នកមានជដា (ឥសិសិង្គៈ) នៅក្នុងបណ្ណសាលា ឃើញនាងនឡិនិកានោះ កំពុងលេង ចេញអំពីអាស្រមមកនិយាយពាក្យនេះថា ម្នាលអ្នកដ៏ចម្រើន ឈើរបស់អ្នកនោះ ឈ្មោះអ្វី ដែលមានផ្លែបែបនេះ សូម្បីអ្នកបោះទៅក្នុងទីឆ្ងាយហើយ ក៏វិលត្រឡប់មកវិញ មិនទៅចោលអ្នក ។

[៧] (នាងនឡិនិកា …) បពិត្រតាបសដ៏ប្រសើរ ផ្លែបែបនេះនៃឈើណា សូម្បីខ្ញុំបោះទៅក្នុងទីឆ្ងាយ ក៏ត្រឡប់មកវិញ មិនទៅចោលខ្ញុំទេ ឈើបែបនោះ មានក្នុងទីជិតអាស្រមនៃខ្ញុំ នាភ្នំគន្ធមាទន៍ ។

[៨] (ឥសិសិង្គៈ…) អ្នកដ៏ចម្រើន ចូរមកកាន់អាស្រមនេះចុះ ចូរបរិភោគអាហារចុះ ចូរទទួលថ្នាំសម្រាប់លាបជើងផង ភក្សាហារផង ខ្ញុំជូន (ដល់អ្នក) នេះអាសនៈ អ្នកដ៏ចម្រើន ចូរអង្គុយលើអាសនៈនេះ អ្នកដ៏ចម្រើនចូរពិសាមើមឈើ និងផ្លែឈើក្នុងទីនេះចុះ ។

[៩] (ឥសិសិង្គៈ សួរថា) អ្វីនេះ កំពុងល្អ (ដូចមាត់ខ្យងបៀ) នៅត្រង់ចន្លោះភ្លៅរបស់អ្នក ប្រាកដដូចជាវត្ថុមានពណ៌ខ្មៅ ៗ ខ្ញុំសួរហើយ អ្នកចូរប្រាប់សេចក្តីនុ៎ះ អវយវៈដ៏ឧត្តម (លិង្គ) របស់អ្នកលិចចូលទៅក្នុងស្រោម (សរីរៈ) ឬ ។

[១០] (នាងនឡិនិកា…) ខ្ញុំត្រាច់ទៅកាន់ទីស្វែងរកមើមឈើផ្លែឈើក្នុងព្រៃ បានចោលខ្លាឃ្មុំមានរូបដ៏សម្បើម ខ្លាឃ្មុំនោះ ស្ទុះមកសង្រ្គុបខ្ញុំដោយរហ័ស ផ្តួលខ្ញុំ ហើយខាំដកយកអវយវៈដ៏ឧត្តមទៅ ។ ដំបៅនោះឯង ឈឺពើតផង រមាស់ផង ខ្ញុំមិនបានសេចក្តីសុខ សព្វ ៗ កាលទេ អ្នកដ៏ចម្រើនអាចនាំចេញនូវរោគរមាស់នេះចេញបាន អ្នកដ៏ចម្រើនដែលខ្ញុំអង្វរហើយ សូមធ្វើនូវប្រយោជន៍ដល់ព្រាហ្មណ៍ ។

[១១] (ឥសិសិង្គៈ…) ដំបៅរបស់អ្នកមានសភាពដ៏ជ្រៅ មានសម្បុរក្រហម មិនស្អុយទេ គ្រាន់តែមានក្លិនខ្មោះ (បន្តិចៗ) ហើយថែមទាំងធំផង ខ្ញុំនឹងប្រកបដោយថ្នាំដុសលាបឲ្យអ្នកបន្តិចមើល ដើម្បីនឹងឲ្យអ្នកដ៏ចម្រើនបានសេចក្តីសុខស្រួល ។

[១២] (នាងនឡិនិកា…) បពិត្រតាបសដ៏ប្រសើរ ការប្រកបដោយមន្តទាំងឡាយ ក៏មិនត្រូវ ការប្រកបដោយថ្នាំដុសទាំងឡាយក៏មិនត្រូវ ឱសថទាំងឡាយក៏មិនត្រូវ អវយវៈណារបស់លោកដ៏ទន់ ៗ ចូរលោកនាំចេញនូវរោគរមាស់ដោយអវយវៈនោះ ទើបខ្ញុំមានសេចក្តីសុខស្រួលតទៅ ។

[១៣] (ឥសិសិង្គៈ…) អាស្រមរបស់អ្នកដ៏ចម្រើន នៅខាងណាអំពីទីនេះ ម្នាលអ្នកដ៏ចម្រើន អ្នកអភិរម្យក្នុងព្រៃដែរឬ អ្នកមានមើមឈើ ផ្លែឈើច្រើនដែរឬ សត្វសាហាវទាំងឡាយ មិនបៀតបៀនអ្នកដ៏ចម្រើនទេឬ ។

[១៤] (នាងនឡិនិកា…) អាស្រមរបស់ខ្ញុំជាទីគួររីករាយ (នៅ) ក្បែរឆ្នេរនៃស្ទឹងឈ្មោះខេមា ដែលហូរទៅអំពីព្រៃហិមវន្ត នាទិសខាងជើងត្រង់អំពីទីនេះ ធ្វើដូចម្តេចហ្ន៎ អ្នកដ៏ចម្រើនគប្បីឃើញអាស្រមរបស់ខ្ញុំ ។ (ទៀបអាស្រមរបស់ខ្ញុំ) មានដើមស្វាយ រាំងភ្នំ ទន្លាប់ ព្រីង រាជព្រឹក្ស ច្រនៀង មានផ្ការីកស្គុះស្គាយ ធ្វើដូចម្តេចហ្ន៎ អ្នកដ៏ចម្រើនគប្បីឃើញអាស្រមរបស់ខ្ញុំដែលមានកិន្នរច្រៀងពីរោះដោយជុំវិញ ។ ក្នុងទីជិតអាស្រមរបស់ខ្ញុំនុ៎ះ មានដើមត្នោតទាំងឡាយផង មើមឈើទាំងឡាយផង ផ្លែឈើទាំងឡាយផង ធ្វើដូចម្តេចហ្ន៎ ទើបអ្នកដ៏ចម្រើនគប្បីឃើញនូវអាស្រមរបស់ខ្ញុំ ដែលប្រកបដោយពណ៌ និងក្លិនដែលប្រកបដោយភូមិភាគទាំងឡាយ (ដ៏រាបស្មើ) នោះ ។ ផ្លែឈើទាំងឡាយផង មើមឈើទាំងឡាយផង មានគរគោកក្នុងអាស្រមនេះ ប្រកបដោយពណ៌ ក្លិន និងរស តែពួកព្រានព្រៃ តែងមកកាន់ប្រទេសនោះ កុំឲ្យពួកវាលួចមើមឈើ និងផ្លែឈើរបស់ខ្ញុំ អំពីអាស្រមនោះឡើយ ។

[១៥] (ឥសិសិង្គៈ…) បិតារបស់ខ្ញុំ ទៅកាន់ទីស្វែងរកមើមឈើ ផ្លែឈើ នឹងមកក្នុងកាលល្ងាច ឥឡូវនេះ ចាំបិតាមកអំពីទីស្វែងរកមើមឈើ និងផ្លែឈើសិន សឹមយើងទាំងពីរនាក់ ទៅកាន់អាស្រមនោះ ។

[១៦] (នាងនឡិនិកា…) មានពួកព្រាហ្មណ៍ជាឥសី និងពួកព្រះរាជាជាឥសីដទៃទៀតជាច្រើន ដែលជាមនុស្សត្រឹមត្រូវ នៅក្បែរផ្លូវជាលំដាប់ ចូរអ្នកសួររកអាស្រមខ្ញុំ នឹងឥសីទាំងនោះចុះ ឥសីទាំងនោះ នឹងនាំអ្នកទៅឯសំណាក់ខ្ញុំ (មិនខាន) ។

[១៧] (ពោធិសត្វជាបិតាសួរថា) ឧសក៏អ្នកមិនពុះ ទឹកក៏អ្នកមិនដង ទាំងភ្លើង ក៏អ្នកមិនបង្កាត់ ហេតុអ្វីបានជាអ្នកជ្រប់ស្រពោន ។ ម្នាលកូនសព្រហ្មចារី ឧសទាំងឡាយ អ្នកធ្លាប់តែពុះ ភ្លើងអ្នកធ្លាប់តែបង្កាត់ ទាំងភ្លើងសម្រាប់អាំង ក៏អ្នកធ្លាប់ចាត់ចែង តាំង ក៏អ្នកធ្លាប់រៀបចំសម្រាប់អញ ទឹកក៏អ្នកធ្លាប់តែដំកល់ទុកសម្រាប់អញ កាលពីមុន អ្នកជាមនុស្សប្រសើរ តែងរីករាយ (ក្នុងអាស្រមនេះ) ។ (ឥឡូវនេះ) អ្នកមិនពុះឧស មិនដងទឹក មិនបង្កាត់ភ្លើង មិនស្ងោរវត្ថុសម្រាប់បរិភោគ នែកូនរបស់អញ ថ្ងៃនេះអ្នកមិនហៅរកអញ អ្នកបាត់របស់អ្វីឬ ឬក៏អ្នកកើតទុក្ខក្នុងចិត្តដូចម្តេច ។

[១៨] (ឥសិសិង្គៈ…) ជដិលជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរមកក្នុងទីនេះ ជាមនុស្សគួរគយគន់ មានដងខ្លួនទ្រទេសទ្រទន់ មិនខ្ពស់ពេក មិនទាបពេក ញ៉ាំងអាស្រមបទឲ្យភ្លឺសាយពាសពេញដោយសក់ទាំងឡាយ ដែលខ្មៅស្រិលដូចជាពណ៌នៃស្លាបកន្លង់ របស់ជដិលដ៏ចម្រើន (នោះ) ។ (ជដិលនោះ) មិនទាន់ដុះពុកមាត់នៅឡើយទេ ទើបនឹងបួសថ្មីៗ មានទាំងរបស់មានសណ្ឋានដូចជើងបាត្រ ពាក់ត្រង់ករបស់គាត់ មានពកពីរជាគូ ភ្លឺបំព្រង ដូចជាផ្លែទន្លាប់មាស ដុះក្បំល្អត្រង់ទ្រូង ។ មុខជដិលនោះ គួរគយគន់ក្រៃពេក មានកំពូលនៃគ្រឿងប្រដាប់ត្រចៀកទាំងឡាយសំយុងចុះ ឰដ៏ត្រចៀកទាំងឡាយ កាលមាណព (នោះ) ត្រាច់ទៅ គ្រឿងប្រដាប់នៃត្រចៀកទាំងនោះ ក៏រុងរឿងផ្លេកៗផង មានទាំងខ្សែសយរុំព័ទ្ធផ្នួងសក់ទាំងឡាយផង ។ មាណពនោះ មានគ្រឿងប្រដាប់ដទៃទៀតមានពន្លឺ ៤ ពណ៌គឺ ពណ៌ខៀវ លឿង ក្រហម ស កាលបើមាណព (នោះ) ដើរទៅ គ្រឿងប្រដាប់ទាំងនោះញ័រៗ ដូចជាពួកនៃសត្វមេភ្លៀង ក្នុងពេលកំពុងភ្លៀង ។ (មាណពនោះ) មិនពាក់សង្វារស្មៅយាប្លងទេ មិនប្រើប្រាស់សំពត់សំបកឈើទេ មិនប្រើប្រាស់សំពត់ដែលត្បាញដោយស្មៅដំណេកទន្សាយទេ គ្រឿងប្រដាប់ទាំងនោះ ជាប់នៅត្រង់ចន្លោះនៃស្មង ភ្លឺដូចជាផ្លេកបន្ទោរ ដែលចាំងឰដ៏អាកាស ។ (មាណពនោះ មានគ្រឿងប្រដាប់ដេរដោយសូត្រ) មិនមានស្នាមគ្រោតគ្រាតផង មិនមានទង (អាចម៍ដង្កូវ) ផង ចងព័ទ្ធត្រង់ចង្កេះ ពីត្រឹមផ្ចិតចុះទៅខាងក្រោម គ្រឿងប្រដាប់ទាំងនោះ ទុកជាឥតមានអ្វីប៉ះពាល់សោះ ក៏ធ្វើនូវល្បែងជានិច្ច គឺញ័ររវិចជាប្រក្រតី បពិត្របិតាដ៏ចម្រើន គ្រឿងប្រដាប់ទាំងនោះ ឈ្មោះថាផ្លែឈើអ្វី ។ ផ្នួងសក់របស់មាណពនោះ ក៏គួរឲ្យចង់មើលក្រៃពេក (បើមើល) ជាងមួយរយដង (ក៏មិនអស់ចិត្ត) មានចុងងខ្វង់ មានក្លិនក្រអូប (មាណពនោះ) មានសក់ក្បាលញែកជាពីរ សិតញែកស្អាតបាត ធ្វើដូចម្តេចហ្ន៎ នឹងបានឲ្យផ្នួងសក់របស់ខ្ញុំល្អដូច្នោះផង ។ មាណពនោះ រំសាយសក់ក្នុងកាលណា ផ្នួងសក់ទាំងឡាយនោះ ក៏ប្រកបដោយពណ៌ ដោយក្លិន ក្នុងកាលនោះ អាស្រមនេះ ក៏ផ្សព្វផ្សាយទៅ (ដោយក្លិន) ដូចជាផ្កាឧប្បលខៀវ ដែលខ្យល់បក់ត្រូវដូច្នោះ ។ សម្បុររបស់មាណពនោះ គួរឲ្យចង់មើលក្រៃពេក កាយរបស់មាណពនោះ មិនដូចជាកាយរបស់ខ្ញុំឡើយ កាយរបស់មាណពនោះ កាលបើត្រូវខ្យល់បក់មក ផ្សព្វផ្សាយក្លិនដូចជាព្រៃឈើ ដែលមានផ្ការីកស្គុះស្គាយ ក្នុងខាងចុងនៃគិម្ហរដូវ ។ មាណពនោះ តែងទះនូវផ្លែឈើ មានសភាពដ៏វិចិត្រល្អរុងរឿង គួរឲ្យចង់មើល បោះទៅលើផែនដី ផ្លែឈើនោះ រមែងត្រឡប់មក រកដៃរបស់មាណពនោះវិញ បពិត្របិតាដ៏ចម្រើន នោះជាផ្លែឈើអ្វី ។ ធ្មេញទាំងឡាយរបស់មាណពនោះ ក៏គួរឲ្យចង់មើលក្រៃពេក ស្អាតស្មើដូចជាស័ង្ខដែលគេខាត់យ៉ាងសំខាន់ កាលដែលគាត់ហាមាត់ឡើង តែងញ៉ាំងចិត្តឲ្យជ្រះថ្លា ដ្បិតមាណពនោះ មិនទំពាស៊ីនូវបន្លែ ដោយធ្មេញទាំងឡាយនោះទេ ។ សំដីរបស់មាណពនោះ និយាយឡើងមិនជាសំដីអាក្រក់ មិនភ្លាត់ ពីរោះ ស្រទន់ត្រង់ៗ មិនរាយមាយ មិនឮកោកកាក ជាសំដីញ៉ាំងចិត្តឲ្យរីករាយ គួរចាប់ចិត្ត ដូចជាសំឡេងនៃសត្វករវិកយាសយំ ចិត្តរបស់ខ្ញុំត្រេកអរខ្លាំងណាស់ ។ (មាណពនោះ) មានសំឡេងមូល មានពាក្យមិនសូវក្បោះក្បាយពេកទេ មិនមែនជាអ្នកខ្វល់ខ្វាយក្នុងការស្វាធ្យាយ (មន្ត) ដោយពិត ខ្ញុំចង់ឃើញមាណពនោះម្តងទៀត ដ្បិតមាណព (នោះ) ជាមិត្តរបស់ខ្ញុំតាំងពីមុនដម្បូងមក ។ ដំបៅ (ត្រង់ចន្លោះភ្លៅរបស់មាណពនោះ) ជិតស្និទ្ធល្អ រលីងស្អាតសព្វអន្លើ ក្រាស់ ក្បំល្អ ដូចជាផ្កាឈូកក្រពុំ មាណព (នោះ) គ្របសង្កត់ខ្ញុំដោយដំបៅនោះឯង សើយភ្លៅហើយ គាបខ្ញុំដោយស្មង ។ (ស្មើដូចមាស ដែលផ្សាយចេញអំពីសរីរកាយនៃមាណពនោះ) ភ្លឺត្រចះត្រចង់ ភ្លឺស្វាងរុងរឿង ភ្លឺផ្លេក ៗ ដូចជាផ្លេកបន្ទោរឆ្វៀលឆ្វាត់លើអាកាស ដើមដៃទាំងពីរទន់ភ្លន់ មានរោមប្រហែលកេសរផ្កាអញ្ជ័ន មាណពនោះ មានម្រាមដៃមូល ៗ ដ៏វិចត្រល្អ ។ ម្យ៉ាងទៀត (មាណពនោះ) មានអវយវៈតូចធំ មិនរដិបរដុប (ដោយមុន និងបូសជាដើម) ទេ មានរោមមិនវែងពេកទេ ឯក្រចករបស់មាណពនោះ វែងៗ មានចុងក្រហមៗ (មាណពនោះ) មានរូបល្អ ឱបរិត (ខ្ញុំ) ដោយដើមដៃទាំងពីរដ៏ទន់ល្វន់ (ផ្គាប់ផ្គុនខ្ញុំ) ឲ្យរីករាយ ។ ដៃទាំងពីរ របស់មាណពនោះ ដូចជាប៉ុយឈើ មានរស្មីផ្លេកៗ មានបាតដៃមូល និងឆវីវណ្ណស្រស់បំព្រង ដូចផ្ទៃកញ្ចក់ ជាវិការៈនៃមាស មាណពនោះ ពាល់ខ្ញុំដោយដៃទាំងពីរ នោះហើយ ទៅពីទីនេះទៅ បពិត្របិតា មាណពនោះ ដុតរោលខ្ញុំ (ឲ្យក្តៅក្រហាយ) ដោយសម្ជ័ស្សនៃដៃនោះ ។ មាណពនោះ ប្រហែលជាមិនដែលនាំទៅនូវវត្ថុមានទម្ងន់មួយខារី (មួយអំរែក) ទេ មាណពនោះ មិនដែលពុះឧសទាំងឡាយខ្លួនឯងទេ មាណពនោះ មិនដែលកាប់ឈើទាំងឡាយដោយកាំបិតទេ បានជាដៃរបស់មាណពនោះ មិនក្រិនសោះ ។ មានខ្លាឃ្មុំមួយធ្វើមាណពនោះឲ្យដំបៅ គេបាននិយាយនឹងខ្ញុំថា សូមឲ្យអ្នកធ្វើខ្ញុំឲ្យបានសេចក្តីសុខស្រួល ខ្ញុំក៏បានធ្វើគាត់ឲ្យបានសុខស្រួល ដោយអវយវៈដ៏ឧត្តមនោះរបស់ខ្ញុំ បពិត្របិតាដ៏ប្រសើរ មាណពនោះបាននិយាយប្រាប់ខ្ញុំថា ខ្ញុំបានសេចក្តីសុខស្រួលហើយ ។ នេះកម្រាលនៃស្លឹកឈើទាល មានសភាពរាត់រាយ ដែលខ្ញុំ និងគេដេកប្រកៀកប្រឱបលើគ្នា យើងទាំងពីរនាក់នោះអស់កម្លាំង ក៏ចុះងូតទឹក ហើយចូលទៅកាន់បណ្ណកុដិរឿយៗ ។ បពិត្របិតា ខ្ញុំមិនបានជួបនឹងព្រហ្មចារីនោះ ដរាបណា មន្តទាំងឡាយមិនជាក់ច្បាស់ដល់ខ្ញុំក្នុងថ្ងៃនេះផង ខ្ញុំមិនពេញចិត្តនឹងការបូជាភ្លើងផង មិនពេញចិត្តនឹងការបូជាយ័ញ្ញផង ទាំងមិនបរិភោគមើមឈើ និងផ្លែឈើរបស់លោកផង ដរាបនោះ ។ បពិត្របិតា ចំណែកលោកជ្រាបច្បាស់ប្រាកដ ព្រហ្មចារី (នោះ) នៅក្នុងទិសណា បពិត្របិតា សូមលោកជូនខ្ញុំទៅឲ្យដល់ទិសនោះយ៉ាងឆាប់ កុំឲ្យខ្ញុំស្លាប់ក្នុងអាស្រមរបស់លោកឡើយ ដ្បិតខ្ញុំបានឮថា ព្រៃ (ជាទីនៅនៃព្រហ្មចារីនោះ) មានផ្ការីកស្គុះស្គាយដ៏វិចិត្រ ហើយជាទីគឹកកងដោយបក្សី ជាទីដែលពួកបក្សីនៅអាស្រ័យ (ជានិច្ច) បពិត្របិតា សូមលោកជូនខ្ញុំទៅឲ្យដល់ព្រៃនោះឆាប់ៗ មុនខ្ញុំនឹងលះជីវិតក្នុងអាស្រមរបស់លោក ។

[១៩] (ព្រះមហាសត្វ…) សេចក្តីពិតថា បុគ្គលមិនគួរដល់នូវសេចក្តីអផ្សុកបែបនេះ ក្នុងព្រៃដែលរុងរឿងដោយពន្លឺ ជាទីគឹកកងដោយពួកគន្ធព្វ និងស្រីទេពអប្សរ ជាទីនៅនៃឥសីទាំងឡាយ ជាព្រៃមានតាំងពីយូរយារណាស់ហើយនេះឡើយ ។ មិត្រទាំងឡាយ មានខ្លះ មិនមានខ្លះ ជនទាំងឡាយគួរធ្វើនូវសេចក្តីស្រឡាញ់ចំពោះញាតិ និងមិត្រ មនុស្សណាមិនដឹងថា អាត្មាអញកើតមកពីណា មនុស្សនេះគម្រក់ ត្រូវមាតុគ្រាមបង្វឹកបានទាំងថ្ងៃ ដោយហេតុអ្វី ។ ធម្មតាមិត្រទាំងឡាយ រមែងជាប់តគ្នា ដោយការនៅរួមរឿយៗ មិត្រនោះឯង រមែងលាកចិត្តដោយការមិនបាននៅរួមគ្នារបស់បុរសដែលមិនបានទៅមករកគ្នា ។ បើអ្នកឃើញនូវព្រហ្មចារី (នោះទៀត) បើអ្នកចរចាជាមួយនឹងព្រហ្មចារី (នោះទៀត) អ្នកនឹងបំផ្លាញនូវតបោគុណនេះយ៉ាងឆាប់មិនខាន ដូចជាសន្ទូងដ៏ល្អបរិបូណ៌ ដែលទឹកធំបំផ្លាញដូច្នោះ ។ បើអ្នកនឹងឃើញនូវព្រហ្មចារី (នោះ) ទៀត បើអ្នកចរចាជាមួយនឹងព្រហ្មចារី (នោះ) ទៀត អ្នកនឹងបំផ្លាញនូវតេជះរបស់សមណៈនេះយ៉ាងឆាប់មិនខាន ដូចជាសន្ទូងល្អបរិបូណ៌ ដែលទឹកធំបំផ្លាញដូច្នោះ ។ នែកូន ភូតទាំងឡាយនេះ តែងត្រាច់ទៅក្នុងមនុស្សលោក ដោយបែបភាពនៃរូបផ្សេងៗ ជនអ្នកមានប្រាជ្ញា មិនត្រូវគប់រកនឹងភូតទាំងឡាយនោះឡើយ បុគ្គលជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ តែងវិនាសទៅ (ព្រោះដល់) នូវការជាប់ចំពាក់ (នឹងភូតបែបនោះឯង) ។

ចប់ នឡិនិកាជាតក ទី១ ។

ឧម្មាទន្តីជាតក ទី២កែប្រែ

[២០] (ព្រះបាទសិវិ ត្រាស់សួរសារថីថា) ហៃសុនន្ទៈ នេះជាទីលំនៅរបស់នរណាហ្ន៎ ដែលព័ន្ធព័ទ្ធដោយកំពែង ធ្វើដោយឥដ្ឋពណ៌ក្រហម ស្រ្តីអ្វីប្រាកដដូចអណ្តាតភ្លើង ក្នុងទីឆ្ងាយ ឬដូចជាអណ្តាតភ្លើង ឰដ៏អាកាសលើកំពូលភ្នំ ។ ម្នាលសុនន្ទៈ ស្រ្តីនេះជាធីតារបស់នរណាហ្ន៎ ស្រ្តីនេះជាកូនប្រសារបស់នរណាហ្ន៎ ឬជាភរិយារបស់នរណា ប្រសិនបើ (ស្រ្តីនេះ) មិនទាន់មានគេហួងហែងក្តី មានភស្តាក្តី ខ្ញុំសួរហើយ ចូរអ្នកប្រាប់យ៉ាងឆាប់ ក្នុងកាលឥឡូវនេះកុំខាន ។

[២១] (សារថីក្រាបបង្គំទូលថា) បពិត្រព្រះជនិន្ទៈ ខ្ញុំព្រះអង្គស្គាល់ស្រ្តីនុ៎ះជាក់លាក់ អំពីចំណែកខាងមាតាផង អំពីចំណែកខាងបិតាផង ទាំងស្វាមីរបស់ស្រ្តីនោះ ក៏ខ្ញុំព្រះអង្គស្គាល់ បពិត្រព្រះភូមិបាល ស្វាមីនោះ ជាបុរសរបស់ព្រះអង្គហ្នឹងឯង ជាអ្នកមិនប្រហែសធ្វេសក្នុងប្រយោជន៍របស់ព្រះអង្គទាំងយប់ទាំងថ្ងៃ ។ បពិត្រព្រះជនិន្ទៈ ព្រះអង្គមានអាមាត្យម្នាក់ ជាអ្នកស្តុកស្តម្ភមាំមួនថ្កុំថ្កើង បពិត្រព្រះរាជា ស្រ្តីនោះឈ្មោះនាងឧម្មាទន្តី ជាប្រពន្ធរបស់អាមាត្យឈ្មោះអភិបារកៈនោះឯង ។

[២២] (ព្រះរាជា…) វ៉ឺយ វ៉ឺយ ឈ្មោះនេះ ដែលមាតាបិតាបានឲ្យដល់នាងនេះ ត្រូវល្អណាស់ បានជាថាដូច្នោះ ព្រោះនាងឧម្មាទន្តី កាលក្រឡេកមើលអញ ធ្វើអញឲ្យឆ្កួត ។

[២៣] ស្រ្តីណាមានភ្នែកស្រទន់ដូចភ្នែកម្រឹគ មានសរីរៈសម្បុរដូចផ្កាឈូកក្រហម អង្គុយអែប (ក្បែរបង្អួច) ក្នុងរាត្រីដែលមានព្រះចន្ទពេញវង់ អញបានឃើញស្រ្តីនោះ ដែលមានសំលៀកបំពាក់ក្រហមដូចជាជើងព្រាប ក៏ស្មានថាជាព្រះចន្ទពេញវង់ពីរ ។ (នាងឧម្មាទន្តី) ប្រលោមអញ ដោយអាការទ្រទេសទ្រទន់ល្អស្រស់ ជាប្រធាននៃការដ៏វិសេស ម៉ឹកម៉ក់ក្រឡេកមើលអញ ចិត្តរបស់អញក៏រវើរវាយ ដូចជាក្នុងកាលដែលកិន្នរញីកើតក្នុងព្រៃភ្នំ (ហិមពាន្តធ្វើកិន្នរឈ្មោល ឲ្យមានចិត្តរវើរវាយដូច្នោះ) ។ ដ្បិតក្នុងកាលនោះ នាងនារីមានសម្បុរលឿង ពាក់កុណ្ឌលកែវមណី មានសំលៀកបំពាក់តែមួយ ក្រឡេកមើល (អញ) ដូចជាមេម្រឹគផ្អើល ។ កាលណាហ្ន៎ នឹងបាននារីមានក្រចកក្រហមទុំ មានរោមល្អ មានដើមដៃទន់ភ្លន់ លាបស្រឡាបដោយខ្លឹមចន្ទន៍ មានម្រាមដៃមូល ប្រសប់ខាងធ្វើម្ង៉ឹកម្ង៉ក់ ល្អផុតចុងសក់ មកឱបអង្អែលអញ ។ កាលណាហ្ន៎ អញនឹងបានធីតារបស់សេដ្ឋីឈ្មោះតិរិដិ ដែលមានគ្រឿងប្រដាប់ទ្រូងជាវិការនៃមាស មានដងខ្លួនរៀវ មកឱបរឹតអញដោយដើមដៃទាំងពីរដ៏ទន់ភ្លន់ ដូចជាពួរជ្រៃដែលរួបរឹតដើមឈើដុះក្នុងព្រៃធំ ។ កាលណាហ្ន៎ អញនឹងបាន (នារី) ដែលមានសម្បុរល្អស្រស់ ដូចជាទឹកល័ក្តក្រហម មានដោះក្បំដូចជាពពុះទឹក មានសរីរៈសម្បុរដូចផ្កាឈូកក្រហម បង្អោនមុខមកប៉ះនឹងមុខ (អញ) ដូចជាអ្នកលេង (ដែលហុច) កែវសុរាឲ្យដល់អ្នកលេងផងគ្នា ។ អញបានឃើញនារីនោះ មានខ្លួនសមរម្យសព្វអន្លើ ជាតម្រេកនៃចិត្ត កំពុងឈរក្នុងកាលណា អញមិនបានជាឥស្សរៈ (លើចិត្តរបស់ខ្លួន) មិនស្គាល់នារីនោះ ថាជាអ្វីឡើយ ក្នុងកាលនោះ ។ អញបានឃើញនាងឧម្មាទន្តី ដែលពាក់កុណ្ឌលជាវិការៈនៃកែវមណី ក៏ដេកមិនលក់ទាំងថ្ងៃទាំងយប់ ដូចជាគេផ្ចាញ់អស់មួយពាន់ដង ។ បើសក្កទេវរាជប្រទានពរដល់អញ សូមឲ្យអញបានពរនោះថា អភិបារកសេនាបតី សូមត្រេកត្រអាលជាមួយនឹងនាងឧម្មាទន្តីតែមួយយប់ ពីរយប់ ប៉ុណ្ណោះចុះ តពីនោះទៅ សូមព្រះបាទសិវិរាជ (ត្រេកត្រអាលជាមួយនឹងនាងឧម្មាទន្តីវិញ) ។

[២៤] (អភិបារកសេនាបតី…) បពិត្រព្រះអង្គជាម្ចាស់នៃជន កាលដែលទូលព្រះបង្គំជាខ្ញុំសំពះទេវតាទាំងឡាយ មានទេវតា (មួយអង្គ) មកពោលពាក្យដូច្នេះថា ព្រះទ័យរបស់ព្រះរាជា ជាប់ចំពាក់នឹងនាងឧម្មាទន្តី ទូលព្រះបង្គំជាខ្ញុំ សូមថ្វាយព្រះអង្គ សូមព្រះអង្គឲ្យនាងឧម្មាទន្តីនោះបំរើចុះ ។

[២៥] (ព្រះរាជា…) ខ្ញុំគប្បីឃ្លាតចាកបុណ្យផង ខ្ញុំមិនមែនជាមិនស្លាប់ផង អ្នកផងដឹងនូវអំពើអាក្រក់របស់ខ្ញុំនេះផង សេចក្តីចង្អៀតចង្អល់ចិត្ត គប្បីមានដល់អ្នកយ៉ាងខ្លាំង ព្រោះអ្នកឲ្យ (នាងឧម្មាទន្តី) ជាទីស្រឡាញ់ ហើយមិនបានឃើញទៀតផង ។

[២៦] (អភិបារក…) បពិត្រព្រះជនិន្ទៈ លើកលែងតែព្រះអង្គ និងទូលព្រះបង្គំជាខ្ញុំចេញ អ្នកទាំងពួងមិនគប្បីដឹងនូវអំពើដែលទូលព្រះបង្គំជាខ្ញុំថ្វាយនាងឧម្មាទន្តី ដល់ព្រះអង្គទេ បពិត្រព្រះរាជា សូមព្រះអង្គធ្វើនូវព្រៃ គឺតណ្ហា ឲ្យខ្លាំងក្លាចុះ (បើ) ព្រះអង្គ (លែងសព្វព្រះរាជហឫទ័យហើយ សូមលះបង់ចុះ) ។

[២៧] (ព្រះរាជា…) មនុស្សណា ធ្វើអំពើអាក្រក់ មនុស្សនោះ តែងសំគាល់ថា ជនទាំងឡាយដទៃ ពុំដឹងនូវអំពើអញនេះឡើយ តែពួកភូត និងពួកនរជនដែលប្រកប (ដោយឫទ្ធិ) លើដែនដី រមែងឃើញបុគ្គលដែលធ្វើបាបកម្មនុ៎ះ ។ ជនដទៃណាហ្ន៎ លើផែនដីក្នុងលោក គប្បីជឿចិត្តអ្នកថា នាង (ឧម្មាទន្តី) មិនជាទីស្រឡាញ់របស់អញដូច្នេះ ទាំងសេចក្តីចង្អៀតចង្អល់ចិត្ត គប្បីមានដល់អ្នកយ៉ាងខ្លាំង ព្រោះអ្នកឲ្យនាងឧម្មាទន្តីជាទីស្រឡាញ់ហើយ មិនបានឃើញទៀត ។

[២៨] (អភិបារក…) បពិត្រព្រះជនិន្ទៈ នាងឧម្មាទន្តីនុ៎ះ ជាទីស្រឡាញ់របស់ទូលព្រះបង្គំជាខ្ញុំដោយពិត បពិត្រព្រះភូមិបាល នាងនោះ មិនមែនមិនជាទីស្រឡាញ់របស់ទូលព្រះបង្គំជាខ្ញុំទេ សូមសេចក្តីចម្រើនចូរមានដល់ព្រះអង្គ សូមព្រះអង្គយាងទៅកាន់សំណាក់នាងឧម្មាទន្តីកុំខាន ដូចជាសីហៈឈ្មោលចូលទៅកាន់គុហាកែវមណី (ជាលំនៅរបស់សីហៈញី) ដូច្នោះ ។

[២៩] (ព្រះរាជា…) អ្នកប្រាជ្ញទាំងឡាយ (បើទុកជា) ត្រូវសេចក្តីទុក្ខក្នុងខ្លួនបៀតបៀនហើយ ក៏មិនលះបង់នូវអំពើដែលមានផលជាសុខឡើយ ឬទោះបើវង្វេងជ្រុលជ្រប់ក្តី ស្រវឹងដោយសេចក្តីសុខក្តី ក៏គង់មិនប្រព្រឹត្តធ្វើបាបកម្មទេ ។

[៣០] (អភិបារក…) ព្រះអង្គដូចជាមាតាបិតា ជាអ្នកចិញ្ចឹម ជាម្ចាស់ ជាអ្នកបីបាច់រក្សា ទាំងជាទេវតារបស់ទូលព្រះបង្គំជាខ្ញុំ បពិត្រព្រះបាទសិវិ ខ្ញុំព្រះអង្គ ព្រមទាំងកូនប្រពន្ធ ជាទាសៈរបស់ព្រះអង្គ សូមទ្រង់ធ្វើសេចក្តីប្រាថ្នាតាមសប្បាយចុះ ។

[៣១] (ព្រះរាជា…) បុគ្គលណាអាងថា អាត្មាអញជាធំដូច្នេះហើយ ធ្វើនូវអំពើអាក្រក់ បុគ្គលនោះលុះបានធ្វើរួចហើយ ក៏មិនរអែងនឹងពួកជនដទៃ ព្រោះអំពើនោះ បុគ្គលនោះ មិនរស់នៅអស់កាលជាអង្វែង ទាំងពួកទេវតាក៏តែងរំពៃមើលបុគ្គលនោះ ដោយអំពើអាក្រក់ ។

[៣២] (អភិបារក…) បុគ្គលទាំងឡាយណា តាំងនៅក្នុងធម៌ ទទួលយកនូវទាន ដែលគេមិនស្គាល់ ដែលម្ចាស់ទាំងឡាយប្រគល់ឲ្យហើយ បុគ្គលជាអ្នកទទួលទាំងឡាយ (នោះ) ផង អ្នកឲ្យទាំងឡាយផង ឈ្មោះថាធ្វើនូវអំពើមានផលជាសុខក្នុងហេតុនោះ ។

[៣៣] (ព្រះរាជា…) បុគ្គលដទៃណាហ្ន៎ លើផែនដីក្នុងលោក គប្បីជឿអ្នកថា (នាងឧម្មាទន្តី) មិនមែនជាទីស្រឡាញ់របស់អញដូច្នេះ ទាំងសេចក្តីចង្អៀតចង្អល់ចិត្ត គប្បីមានដល់អ្នកយ៉ាងខ្លាំង ព្រោះអ្នកឲ្យនាងឧម្មាទន្តីជាទីស្រឡាញ់ ហើយមិនបានឃើញទៀតផង ។

[៣៤] (អភិបារក…) បពិត្រព្រះជនិន្ទៈ នាងឧម្មាទន្តីនុ៎ះ ជាទីស្រឡាញ់របស់ទូលព្រះបង្គំជាខ្ញុំដោយពិត បពិត្រព្រះភូមិបាល នាងនោះ មិនមែនមិនជាទីស្រឡាញ់របស់ទូលព្រះបង្គំជាខ្ញុំទេ នាងឧម្មាទន្តី ទូលព្រះបង្គំជាខ្ញុំបានថ្វាយហើយ ចំពោះព្រះអង្គដោយហេតុណា បពិត្រព្រះរាជា សូមព្រះអង្គធ្វើនូវព្រៃ គឺតណ្ហា ឲ្យខ្លាំងក្លាចុះ (បើ) ព្រះអង្គ (លែងសព្វព្រះរាជហឫទ័យ) សូមលះបង់ចុះ ។

[៣៥] (ព្រះរាជា…) បុគ្គលណាឲ្យទុក្ខដល់ជនដទៃ ដោយទុក្ខរបស់ខ្លួន ឬដណ្តើមសុខដើម្បីខ្លួន អំពីសុខ (របស់ជនដទៃ) (បុគ្គលនោះឈ្មោះថាមិនស្គាល់ធម៌) លុះតែបុគ្គលណា ដឹងច្បាស់យ៉ាងនេះថា សុខទុក្ខរបស់អញនេះយ៉ាងណា សុខទុក្ខរបស់ជនដទៃក៏យ៉ាងនោះដែរ បុគ្គលនោះទើបឈ្មោះថា អ្នកដឹងធម៌ ។

[៣៦] បុគ្គលដទៃណាហ្ន៎ លើផែនដីក្នុងលោក គប្បីជឿអ្នកថា (នាងឧម្មាទន្តី) មិនមែនជាទីស្រឡាញ់របស់អញដូច្នេះ ទាំងសេចក្តីចង្អៀតចង្អល់ចិត្ត គប្បីមានដល់អ្នកយ៉ាងខ្លាំង ព្រោះអ្នកឲ្យនាងឧម្មាទន្តីជាទីស្រឡាញ់ហើយ មិនបានឃើញទៀតផង ។

[៣៧] (អភិបារក…) បពិត្រព្រះជនិន្ទៈ ព្រះអង្គគង់ជ្រាបថា នាងឧម្មាទន្តីនុ៎ះ ជាទីស្រឡាញ់របស់ទូលព្រះបង្គំជាខ្ញុំ បពិត្រព្រះភូមិបាល នាងនោះមិនមែនមិនជាទីស្រឡាញ់របស់ទូលព្រះបង្គំជាខ្ញុំទេ បពិត្រព្រះជនិន្ទៈ ទូលព្រះបង្គំជាខ្ញុំ សូមថ្វាយនាងឧម្មាទន្តីជាទីស្រឡាញ់ចំពោះព្រះអង្គ ដោយចិត្តជាទីស្រឡាញ់ បពិត្រព្រះសម្មតិទេព បុគ្គលអ្នកឲ្យនូវវត្ថុជាទីស្រឡាញ់ទាំងឡាយ រមែងបាននូវវត្ថុជាទីស្រឡាញ់វិញ ។

[៣៨] (ព្រះរាជា…) អញនោះមុខជានឹងសម្លាប់ខ្លួន ព្រោះមានកាមជាហេតុដោយពិត អញនឹងមិនអាចដើម្បីសម្លាប់នូវធម៌ដោយអធម៌ឡើយ ។

[៣៩] (អភិបារក…) បពិត្រព្រះជនិន្ទៈ ទ្រង់មានព្យាយាមក្នុងពួកជនដ៏ប្រសើរ បើព្រះអង្គមិនសព្វព្រះរាជហឫទ័យនឹងនាងឧម្មាទន្តី ដែលជារបស់ទូលព្រះបង្គំជាខ្ញុំទេ ទូលព្រះបង្គំជាខ្ញុំនឹងលះបង់នាងនាកណ្តាលជនទាំងពួង តពីនោះទៅ ព្រះអង្គគប្បីនាំយកនាងឧម្មាទន្តីនោះ ដែលទូលព្រះបង្គំជាខ្ញុំលះបង់ហើយ ។

[៤០] (ព្រះរាជា…) នែអភិបារកៈ បើអ្នកលះបង់ (នាងឧម្មាទន្តី) ដែលមិនមានទោស នែ អ្នកធ្វើ (ប្រយោជន៍ដល់ខ្ញុំ) ការលះបង់នោះ គប្បីមិនជាប្រយោជន៍ដល់អ្នកផង ពាក្យតំណេះតំនៀលយ៉ាងច្រើន គប្បីមានដល់អ្នកផង ប័ក្ខពួករបស់អ្នកក្នុងនគរ មិនគប្បីមានផង ។

[៤១] (អភិបារក…) បពិត្រព្រះភូមិបាល ទូលព្រះបង្គំជាខ្ញុំនឹងអត់ទ្រាំនូវពាក្យតំណេះតំនៀលនុ៎ះផង នូវនិន្ទាផង នូវសេចក្តីសរសើរផង និងការពោលទោសគ្រប់យ៉ាងថា ហេតុទាំងនុ៎ះ ចូរមកដល់ទូលព្រះបង្គំជាខ្ញុំចុះ បពិត្រព្រះបាទសីវិ សូមទ្រង់ធ្វើនូវសេចក្តីប្រាថ្នាតាមសប្បាយចុះ ។

បុគ្គលណា មិនអើពើនឹងនិន្ទា មិនអើពើនឹងសេចក្តីសរសើរ មិនអើពើនឹងពាក្យពោលទោស មិនអើពើនឹងការបូជា សិរីក្តី បញ្ញាក្តី រមែងទៅប្រាសចាកបុគ្គលនោះដូចជាទឹក គឺទឹកភ្លៀងយ៉ាងស្រួល ដែលទៅប្រាសចាកទីទួលដូច្នោះ ។ ទូលព្រះបង្គំជាខ្ញុំនឹងទទួលនូវសេចក្តីទុក្ខផង នូវសេចក្តីសុខផង នូវអំពើអាក្រក់ហួសផ្លូវធម៌ផង នូវសេចក្តីចង្អៀតចង្អល់ចិត្តគ្រប់យ៉ាង តាមតែយ៉ាងណាក៏ដោយ អំពីដំណើរនេះដោយផ្ទាល់ទ្រូង ដូចជាផែនដី (ដែលទទួលនូវវត្ថុណាមួយ) របស់ពួកជនអ្នកមាំមួន គឺព្រះអរហន្ត និងរបស់ពួកជនអ្នកតក់ស្លុត គឺបុថុជ្ជន ។

[៤២] (ព្រះរាជា…) ខ្ញុំមិនប្រាថ្នាអំពើអាក្រក់ហួសផ្លូវធម៌ផង សេចក្តីទុក្ខជាគ្រឿងចង្អៀតចង្អល់ចិត្តផង ដល់ជនទាំងឡាយដទៃទេ ខ្ញុំតែម្នាក់ឯង ឋិតនៅក្នុងធម៌ មិនញ៉ាំងប្រយោជន៍បន្តិចបន្តួចឲ្យសាបសូន្យទៅទេ ហើយនឹងឆ្លងនូវភារៈ គឺសេចក្តីទុក្ខនេះ ។

[៤៣] (អភិបារក…) បពិត្រព្រះជនិន្ទៈ ព្រះអង្គកុំធ្វើនូវបុញ្ញកម្ម ជាគ្រឿងញ៉ាំងសត្វឲ្យកើតក្នុងឋានសួគ៌របស់ទូលព្រះបង្គំជាខ្ញុំ ឲ្យអន្តរាយឡើយ ទូលព្រះបង្គំជាខ្ញុំ ជ្រះថ្លា ថ្វាយនាងឧម្មាទន្តីចំពោះព្រះអង្គ ដូចជាព្រះរាជា (ដែលទ្រង់ព្រះរាជទាន) នូវទ្រព្យក្នុងការបូជាដល់ពួកព្រាហ្មណ៍ ។

[៤៤] (ព្រះរាជា…) ម្នាលអ្នកធ្វើនូវប្រយោជន៍ អ្នកជាបុគ្គលមានប្រយោជន៍ដល់ខ្ញុំដោយពិត នាងឧម្មាទន្តី និងអ្នកជាសំឡាញ់របស់ខ្ញុំ ពួកទេវតា និងទេវតាជាបិតា និងអ្នកទាំងអស់ មុខជានិន្ទា ទាំងខ្ញុំក៏មុខជានឹងឃើញនូវបាបក្នុងអភិសម្បរាយភពពុំខាន ។

[៤៥] (អភិបារក…) បពិត្រព្រះបាទសិវិ ពួកអ្នកនិគម និងពួកអ្នកជនបទទាំងអស់គ្នា មិនគប្បីពោលនូវអំពើដែលទូលព្រះបង្គំជាខ្ញុំបានថ្វាយនាងឧម្មាទន្តីចំពោះព្រះអង្គនុ៎ះ ថាជាធម៌ទេ បពិត្រព្រះរាជា សូមព្រះអង្គធ្វើនូវព្រៃ (តណ្ហា) ឲ្យខ្លាំងក្លា (បើ) ព្រះអង្គ (លែងសព្វព្រះរាជហ្ឫទ័យហើយ) សូមលះបង់ចុះ ។

[៤៦] (ព្រះរាជា…) ម្នាលអ្នកធ្វើនូវប្រយោជន៍ អ្នកជាបុគ្គលមានប្រយោជន៍ ដល់ខ្ញុំដោយពិត នាងឧម្មាទន្តី និងអ្នកជាសំឡាញ់របស់ខ្ញុំ ធម៌ទាំងឡាយ ដែលពួកសប្បុរសបានសំដែងល្អហើយ ខ្ញុំប្រព្រឹត្តកន្លងបានដោយកម្រ ដូចជាសមុទ្រ និងច្រាំង ។

[៤៧] (អភិបារក…) ព្រះអង្គជាអាហុនេយ្យបុគ្គល ជាអ្នកអនុគ្រោះដោយប្រយោជន៍ ជាអ្នកទ្រទ្រង់ ជាអ្នកចាត់ចែង (ឥស្សរិយសុខ) និងជាអ្នករក្សានូវសេចក្តីប្រាថ្នារបស់ទូលព្រះបង្គំជាខ្ញុំ បពិត្រព្រះរាជា នាងឧម្មាទន្តីដែលទូលព្រះបង្គំជាខ្ញុំ បានថ្វាយព្រះអង្គ នឹងមានផលច្រើន សូមទ្រង់ទទួលយកនាងឧម្មាទន្តី តាមសេចក្តីប្រាថ្នារបស់ទូលព្រះបង្គំជាខ្ញុំ ។

[៤៨] (ព្រះរាជា…) ម្នាលអភិបារកៈជាកូនរបស់សេនាបតី ជាអ្នកធ្វើនូវប្រយោជន៍ អ្នកមិនមែនជាបុគ្គលប្រព្រឹត្តនូវធម៌ទាំងអស់ដល់ខ្ញុំដោយពិត ជនមានជើងពីរដទៃ តើរូបណាក្នុងជីវលោកនេះ ជាអ្នកធ្វើនូវសួស្តីដល់អ្នកក្នុងពេលអរុណរះ ។

[៤៩] (អភិបារក…) ព្រះអង្គជាបុគ្គលប្រសើរផុត ព្រះអង្គជាបុគ្គលខ្ពង់ខ្ពស់ផុត ព្រះអង្គជាអ្នកដល់នូវធម៌ ជ្រាបច្បាស់នូវធម៌ មានព្រះប្រាជ្ញាប្រពៃ ទ្រង់ជាអ្នកគ្រប់គ្រងនូវធម៌ សូមទ្រង់មានព្រះជន្មាយុអស់កាលដ៏អង្វែង បពិត្រព្រះធម្មបាល សូមទ្រង់សំដែងធម៌ដល់ទូលព្រះបង្គំជាខ្ញុំ ។

[៥០] (ព្រះរាជា…) បើដូច្នោះ ម្នាលអភិបារកៈ អ្នកចូរស្តាប់ពាក្យខ្ញុំ ខ្ញុំនឹងសំដែងធម៌ដែលពួកសប្បុរសធ្លាប់សេពដល់អ្នក ។ ព្រះរាជាជាអ្នកគាប់ចិត្តដោយធម៌ទើបល្អ ជនមានប្រាជ្ញាទើបល្អ ការមិនប្រទូស្តមិត្តទើបល្អ កិរិយាមិនធ្វើបាបទើបសុខ ។ មនុស្សទាំងឡាយ គប្បីនៅជាសុខក្នុងផ្ទះរបស់ខ្លួន ក្នុងម្លប់ដ៏ត្រជាក់ ក្នុងដែននៃស្តេច ដែលមិនមានក្រោធ មានច្បាប់ឋិតថេរ ។ ខ្ញុំមិនគាប់ចិត្តនឹងអំពើដែលមិនពិចារណា ហើយធ្វើ ដែលធ្វើមិនប្រពៃនុ៎ះទេ ម្យ៉ាងទៀត ជនទាំងឡាយណា ដឹងថា (មិនប្រពៃ) ហើយ មិនធ្វើដោយខ្លួនឯង (អំពើរបស់ជនទាំងឡាយនោះ ទើបខ្ញុំពេញចិត្ត) អ្នកស្តាប់ពាក្យប្រៀបធៀបនេះរបស់ខ្ញុំចុះ ។ កាលគោទាំងឡាយកំពុងឆ្លងទៅ បើគោបាទៅវៀចផ្លូវ កាលបើគោអ្នកនាំផ្លូវទៅវៀចហើយ ពួកមេគោទាំងអស់នោះ ក៏ដើរវៀចដែរ ។ បណ្តាមនុស្សទាំងឡាយ ក៏ដូច្នោះ ជនណាដែលអ្នកផងសន្មតថាប្រសើរផុត បើជននោះ ប្រព្រឹត្តនូវអធម៌ទៅហើយ នឹងចាំបាច់និយាយទៅថ្វីដល់ប្រជាជនក្រៅនេះ បើព្រះរាជាមិនប្រកបដោយធម៌ រាស្រ្តទាំងអស់ តែងដេកជាទុក្ខ ។ កាលបើគោទាំងឡាយកំពុងឆ្លងទៅ គោបាទៅត្រង់ កាលបើគោអ្នកនាំផ្លូវទៅត្រង់ហើយ ពួកមេគោទាំងអស់នោះ ក៏ដើរទៅត្រង់ ។ បណ្តាមនុស្សទាំងឡាយក៏ដូច្នោះ ជនណាដែលអ្នកផងសន្មតថាប្រសើរផុត បើជននោះប្រព្រឹត្តធម៌ នឹងចាំបាច់ពោលទៅថ្វីដល់ប្រជាជនក្រៅនេះ បើព្រះរាជាទ្រង់ប្រកបដោយធម៌ រាស្រ្តទាំងអស់រមែងដេកជាសុខ ។ ម្នាលអភិបារកៈ ខ្ញុំមិនប្រាថ្នានូវភាពនៃខ្លួនជាទេវតាដោយអធម៌ទេ ម្យ៉ាងទៀត (ខ្ញុំមិនប្រាថ្នា) ដើម្បីឈ្នះនូវផែនដីទាំងមូលនេះ (ដោយអធម៌ទេ) ។ ថ្វីបើក្នុងមនុស្សលោកនេះ មានរតនវត្ថុណាមួយ គឺគោទាំងឡាយ ខ្ញុំ ប្រាក់ សំពត់ និងខ្លឹមចន្ទន៍ក្រហមដោយពិតដូច្នោះ ។ ព្រះចន្ទ និងព្រះអាទិត្យទាំងឡាយនេះ រក្សាទុកនូវរតនៈណាមួយ គឺសេះ និងស្រ្តីទាំងឡាយ កែវមណី បុគ្គលមិនគួរប្រព្រឹត្តនូវធម៌មិនស្មើ ព្រោះហេតុនៃរតនវត្ថុនោះៗ ទេ យើងដូចជាគោឧសភ កើតក្នុងចំណោមនៃពួកជនអ្នកនៅក្នុងដែនសិវិ ។ ខ្ញុំនោះជាអ្នកដឹកនាំ ជាអ្នកស្វែងរកប្រយោជន៍ ល្បីល្បាញរក្សានូវដែន លំអុតលំឱនចំពោះប្រពៃណី (របស់ស្តេចជាន់មុន) នៃអ្នកសិវិរាស្រ្តទាំងឡាយ ជាអ្នកត្រិះរិះតែធម៌ ព្រោះហេតុនោះ ខ្ញុំមិនលុះក្នុងអំណាចនៃចិត្តរបស់ខ្លួនទេ ។

[៥១] (អភិបារក…) បពិត្រមហារាជ ព្រះអង្គនឹងសោយរាជសម្បត្តិទៀងទាត់ មិនវិនាស ក្សេមក្សាន្ត បានយូរយារដោយពិត ដ្បិតប្រាជ្ញារបស់ព្រះអង្គប្រាកដដូច្នោះ ។ ព្រះអង្គមិនប្រមាទចំពោះធម៌ណា ទូលព្រះបង្គំជាខ្ញុំសូមអនុមោទនាចំពោះធម៌នុ៎ះរបស់ព្រះអង្គ ក្ស័ត្រជាឥស្សរៈ ប្រមាទចំពោះធម៌ហើយ រមែងឃ្លាតចាកដែន ។ បពិត្រខត្តិយ មហារាជ សូមទ្រង់ប្រព្រឹត្តធម៌ក្នុងមាតាបិតាទាំងឡាយ បពិត្រព្រះរាជា ព្រះអង្គប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌ ។ បពិត្រខត្តិយមហារាជ សូមទ្រង់ប្រព្រឹត្តធម៌ ក្នុងព្រះរាជបុត្ត និងអគ្គមហេសី បពិត្រព្រះរាជា ព្រះអង្គប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌ ។ បពិត្រខត្តិយមហារាជ សូមទ្រង់ប្រព្រឹត្តធម៌ក្នុងពួកមិត្រ និងអាមាត្យ បពិត្រព្រះរាជា ព្រះអង្គប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌ ។ បពិត្រមហារាជ សូមទ្រង់ប្រព្រឹត្តធម៌ក្នុងពួកវាហនៈផង ក្នុងពួកពលផង បពិត្រព្រះរាជា ព្រះអង្គប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌ ។ បពិត្រមហារាជ សូមទ្រង់ប្រព្រឹត្តធម៌ក្នុងពួកអ្នកស្រុកផង ក្នុងពួកអ្នកនិគមផង បពិត្រព្រះរាជា ព្រះអង្គប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌ ។ បពិត្រមហារាជ សូមទ្រង់ប្រព្រឹត្តធម៌ក្នុងពួកអ្នកដែនផង ក្នុងពួកអ្នកជនបទផង បពិត្រព្រះរាជា ព្រះអង្គប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌ ។ បពិត្រមហារាជ សូមទ្រង់ប្រព្រឹត្តធម៌ក្នុងសមណៈផង ក្នុងពួកព្រាហ្មណ៍ផង បពិត្រព្រះរាជា ព្រះអង្គប្រព្រឹត្តធម៌ ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌ ។ បពិត្រខត្តិយមហារាជ សូមទ្រង់ប្រព្រឹត្តធម៌ ក្នុងពួកម្រឹគ និងបក្សី បពិត្រព្រះរាជា ព្រះអង្គប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌ ។ បពិត្រមហារាជ សូមទ្រង់ប្រព្រឹត្តធម៌ចុះ (ដ្បិត) ធម៌ដែលគេសន្សំហើយ តែងនាំមកនូវសេចក្តីសុខ បពិត្រព្រះរាជា ព្រះអង្គប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌ ។ បពិត្រមហារាជ សូមទ្រង់ប្រព្រឹត្តធម៌ចុះ (ដ្បិត) ព្រះឥន្រ្ទទាំងឡាយ ទេវតាទាំងឡាយ ព្រមទាំងព្រហ្ម បានដល់នូវអត្តភាពជាទិព្វ ដោយសារធម៌ ដែលគេបានសន្សំទុកល្អហើយ បពិត្រព្រះរាជា ព្រះអង្គកុំប្រមាទចំពោះធម៌ឡើយ ។

ចប់ ឧម្មាទន្តីជាតក ទី២ ។

មហាពោធិជាតក ទី៣កែប្រែ

[៥២] (ព្រះបាទព្រហ្មទត្តត្រាស់សួរថា) បពិត្រព្រាហ្មណ៍ ហេតុអ្វីក៏លោកប្រញាប់ប្រញាល់កាន់យកឈើច្រត់ផង ស្បែកខ្លាឃ្មុំផង ឆ័ត្រផង ស្បែកជើងផង ទំពក់ផង បាត្រផង សង្ឃាដិផង លោកប្រាថ្នា (ដើម្បីទៅ) កាន់ទិសណាហ្ន៎ ។

[៥៣] (ព្រះមហាសត្តឆ្លើយថា) អាត្មាភាពនៅក្នុងសំណាក់ព្រះអង្គអស់ ១២ ឆ្នាំនេះហើយ មិនដែលស្គាល់សំឡេងដែលឆ្កែក្រហមព្រុះម្តងឡើយ ។ ឆ្កែនោះបញ្ចេញចង្កូមសស្ងាច ព្រុះដូចជាសាហាវ ព្រោះឮ (ព្រះបន្ទូល) របស់ព្រះអង្គ ព្រមទាំងអគ្គមហេសី ដែលមានជំនឿទៅប្រាសហើយ ក្នុងរវាងអាត្មាភាព ។

[៥៤] (ព្រះរាជា…) បពិត្រព្រាហ្មណ៍ ទោសនុ៎ះខ្ញុំបានធ្វើហើយ ដូចជាលោកពោល ខ្ញុំនោះ ជ្រះថ្លាលើសដើម បពិត្រព្រាហ្មណ៍ សូមលោកគង់នៅ ចូរកុំទៅ ។

[៥៥] (ព្រះមហាសត្វ…) កាលពីដើម បាយសសុទ្ធ តពីនោះមក បាយពព្រុះ ឥឡូវនេះ បាយក្រហមសុទ្ធ (កាលនេះ) ជាកាលគួរ អាត្មាភាពចៀសចេញទៅហើយ ។ ពីដើម អាសនៈរបស់ (អាត្មាភាព) នៅខាងក្នុង (ប្រាសាទ) តមកនៅកណ្តាល (ក្បាលជណ្តើរ) តពីនោះមកទៀត នៅខាងក្រៅ អាត្មាភាពនឹងចេញទៅខ្លួនឯង មុនការបណ្តេញ ។ បុគ្គលមិនត្រូវសេពគប់បុគ្គលប្រាសចាកសទ្ធា ដែលទុកដូចអណ្តូងមិនមានទឹក ប្រសិនបើបុគ្គលកកាយអណ្តូងនោះ (ទឹកដែលចេញអំពីអណ្តូងនោះ) មុខជាប្រកបដោយក្លិនភក់ពុំខាន ។ បុគ្គលត្រូវសេពគប់ចំពោះតែជនដែលជ្រះថ្លា ត្រូវវៀរចាកជនដែលមិនជ្រះថ្លា ត្រូវចូលទៅអង្គុយជិតជនដែលជ្រះថ្លា ដូចជាបុគ្គលត្រូវការដោយទឹក (ចូលទៅរក) អន្លង់ទឹកដូច្នោះ ។ បុគ្គលគួរគប់រកបុរសដែលគប់រក (ខ្លួន) មិនគួរគប់រកបុរសដែលមិនគប់រក (ខ្លួន) ទេ បុគ្គលណា មិនគប់រកបុគ្គលដែលគប់រក (ខ្លួន) បុគ្គលនោះឈ្មោះថាកាន់ធម៌របស់អសប្បុរស ។ បុគ្គលណា មិនគប់រកបុគ្គលដែលគប់រក (ខ្លួន) មិនសេពគប់ចំពោះបុគ្គលដែលសេពគប់ (នឹងខ្លួន) បុគ្គលនោះឯង ជាមនុស្សអាក្រក់ផុត ដូចជាម្រឹគ ដែលអាស្រ័យនៅលើមែកឈើ (ស្វា) ។ មិត្តទាំងឡាយ លាកចិត្តពីគ្នាដោយហេតុនេះ គឺដោយនៅច្រឡូកច្រឡំគ្នាញឹកពេក ១ ដោយការមិនជួបគ្នាសោះ ១ ដោយការសូមក្នុងកាលមិនគួរ ១ ។ ព្រោះហេតុនោះ បុគ្គលមិនត្រូវទៅញឹកៗ ផង មិនត្រូវទៅ (ឃ្លាតគ្នា) យូរពេកផង គប្បីសូមនូវរបស់ដែលគួរសូមតាមកាលផង យ៉ាងនេះ ទើបមិត្រទាំងឡាយ មិនលាកចិត្តពីគ្នា ។ បុគ្គលធ្លាប់ជាទីស្រឡាញ់ ទៅជាមិនជាទីស្រឡាញ់វិញ ព្រោះនៅរួមគ្នាយូរពេក អាត្មាភាពសូមលាព្រះអង្គទៅមុន យើងទាំងឡាយនោះ មិនជាទីស្រឡាញ់គ្នាទេ ។

[៥៦] (ព្រះរាជា…) បើលោកម្ចាស់មិនទទួលដឹងនូវអញ្ជលីរបស់យើងទាំងឡាយ ដែលអង្វរយ៉ាងនេះ មិនធ្វើតាមពាក្យយើង ដែលជាសត្វបំរើទេ យើងខ្ញុំសូមអង្វរលោកម្ចាស់យ៉ាងនេះ សូមលោកម្ចាស់ធ្វើនូវសេចក្តីប្រាថ្នា (ដើម្បីមកក្នុងទីនេះ) ម្តងៗ ។

[៥៧] (ពោធិសត្ត…) បពិត្រមហារាជ ទ្រង់មានសេចក្តីចម្រើនក្នុងដែន កាលបើយើងទាំងឡាយនៅ (ផ្សេងគ្នា) យ៉ាងនេះ អន្តរាយនឹងមានដល់ព្រះអង្គផង ដល់អាត្មាភាពផង សូមយើងទាំងឡាយ ជួបគ្នាក្នុងកាលកន្លងទៅមួយថ្ងៃមួយយប់ ។

[៥៨] (ព្រះមហាសត្វទំលាយនូវវាទៈរបស់អាមាត្យជាអហេតុកវាទីថា) បើពាក្យ (របស់អ្នកថា) សត្វប្រព្រឹត្តទៅតាមសង្គតិ [នេះជាសេចក្តីយល់របស់ជនជាអហេតុកវាទី ។ ក្នុងអដ្ឋកថាសាមញ្ញផលសូត្រ មានសេចក្តីពន្យល់ថា អភិជាតិទាំង៦នោះគឺ កណ្ហាភិជាតិ (ជាតិខ្មៅ) បានដល់ព្រានម្រឹគ ព្រានបក្សី ជាដើម១ នីលាភិជាតិ (ជាតិខៀវ) បានដល់ភិក្ខុក្នុងព្រះពុទ្ធសាសនា១ លោហិតាភិជាតិ (ជាតិក្រហម) បានដល់ពួកនិគ្រន្ថ១ ហលិទ្ទាភិជាតិ (ជាតិលឿងដូចរមៀត) បានដល់ពួកអចេលកសាវ័ក១ សុក្កាភិជាតិ (ជាតិស) បានដល់ពួកអាជីវក១ បរមសុក្កាភិជាតិ (ជាតិសណាស់) បានដល់ពួកជនជានន្ទគោត្រ និងវច្ឆគោត្រជាដើម១ ។ ការត្រាច់ទៅក្នុងអភិជាតិទាំង៦ ឈ្មោះថា សង្គតិ ។ ធម្មតាដែលកើតឡើងដូចៗគ្នា ឈ្មោះថា សភាវៈប្រៀបដូចបន្លាដែលស្រួចឯង ផ្លែខ្វិតមានសណ្ឋានមូលដោយខ្លួនឯង សត្វម្រឹគបក្សី មានសណ្ឋានរូបរាងវិចិត្រផ្សេង ដោយធម្មតាឯងយ៉ាងណាមិញ លោកទាំងអស់ មានសេចក្តីប្រែប្រួលទៅជាយ៉ាងដូច្នោះ មិនបាច់អាស្រ័យហេតុបច្ច័យឡើយ ប្រៀបដូចបន្លាជាដើម យ៉ាងនោះឯង ឈ្មោះថា សភាវៈ ។] (នៃអភិជាតិទាំង ៦) និងសភាវៈ សត្វធ្វើនូវអំពើដែលមិនគួរធ្វើ (បាប) ឬអំពើដែលគួរធ្វើ (បុណ្យ) តើនរណា ក្នុងលោកនេះ ប្រឡាក់ដោយបាប ព្រោះអំពើដែលធ្វើដោយការមិនចង់ ។ បើ (សេចក្តីនៃភាសិតរបស់អ្នក គឺអហេតុកវាទ) នោះ ជាអត្ថផង ជាធម៌ផង ល្អ មិនអាក្រក់ទេ បើពាក្យរបស់អ្នកដ៏ចម្រើនជាពាក្យពិត ពានរក៏ឈ្មោះថាអាត្មាសម្លាប់ត្រូវហើយ ។ បើអ្នកដឹងនូវកំហុសនៃវាទៈរបស់ខ្លួន អ្នកមិនត្រូវតិះដៀលអាត្មាទេ ដ្បិតវាទៈរបស់អ្នកដ៏ចម្រើនបែបនោះ ។

[៥៩] (ព្រះមហាសត្តទំលាយនូវវាទៈរបស់អាមាត្យ ជាឥស្សរករណវាទីថា) ប្រសិនបើព្រះឥសូរ ចាត់ចែងជីវិតរបស់សត្វលោកទាំងអស់ផង ចាត់ចែងនូវឫទ្ធិ គឺឥស្សរិយយសផង នូវភាពនៃសេចក្តីវិនាសផង នូវកម្មល្អ និងអាក្រក់ផង មានបុរស (ណាមួយ) ជាអ្នកធ្វើតាមបង្គាប់ (របស់ព្រះឥសូរនោះ) ព្រះឥសូរទេតើ តែងប្រឡាក់ដិតដាមដោយអំពើអាក្រក់នោះ (ដោយខ្លួនឯង) ។ បើ (សេចក្តីនៃភាសិតរបស់អ្នក) នោះ ជាអត្ថផង ជាធម៌ផង ល្អ មិនអាក្រក់ទេ បើពាក្យរបស់អ្នកដ៏ចម្រើនជាពាក្យពិត ពានរក៏ឈ្មោះថា អាត្មាសម្លាប់ត្រូវហើយ ។ បើអ្នកដឹងច្បាស់នូវកំហុសនៃវាទៈរបស់ខ្លួន អ្នកមិនត្រូវតិះដៀលអាត្មាទេ ដ្បិតវាទៈរបស់អ្នកដ៏ចម្រើនបែបនោះ ។

[៦០] (ព្រះមហាសត្តទម្លាយនូវវាទៈ នៃអាមាត្យដែលជាបុព្វេកតហេតុវាទីថា) បើបុគ្គលដល់នូវសុខទុក្ខ ព្រោះហេតុនៃអំពើដែលខ្លួនធ្វើក្នុងកាលមុន បុគ្គលនោះឯង រមែងរួចចាកបំណុលនោះ ដែលជាអំពើអាក្រក់ គឺខ្លួនធ្វើពីដើមមក (កាលបើយ៉ាងនេះ) អាត្មាក៏ឈ្មោះថា បានរួចចាកបំណុលចាស់ តើនរណាក្នុងលោកនេះ ប្រឡាក់ដោយបាប ។ បើ (សេចក្តីនៃភាសិតរបស់អ្នក) នោះ ជាអត្ថផង ជាធម៌ផង ល្អ មិនអាក្រក់ទេ បើពាក្យរបស់អ្នកដ៏ចម្រើនជាពាក្យពិត ពានរក៏ឈ្មោះថា អាត្មាសម្លាប់ត្រូវហើយ ។ បើអ្នកដឹងច្បាស់នូវកំហុសនៃវាទៈរបស់ខ្លួន អ្នកមិនត្រូវតិះដៀលអាត្មាទេ ដ្បិតវាទៈរបស់អ្នកដ៏ចម្រើនបែបនោះ ។

[៦១] (ព្រះមហាសត្តទំលាយនូវវាទៈរបស់អាមាត្យជាឧច្ឆេទវាទីថា) រូបក្ខន្ធរបស់សត្វទាំងឡាយ តែងកកើតឡើង ព្រោះអាស្រ័យនូវភូតរូបទាំង ៤ (មានដីជាដើម) ឯរូប (នោះ) កកើតឡើងអំពីភូតរូបណា (ដល់ពេលរលត់) ក៏ត្រឡប់ទៅក្នុងភូតរូបនោះវិញ ។ ជីវៈរស់នៅក្នុងលោកនេះ លុះរំលាងខន្ធទៅហើយ នឹងសាបសូន្យក្នុងបរលោក លោកនេះដាច់សូន្យ ជនទាំងឡាយ ទាំងពាល ទាំងបណ្ឌិត (រមែងសូន្យដូចគ្នា) កាលបើលោកនេះដាច់សូន្យហើយ តើនរណា ក្នុងលោកនេះ ប្រឡាក់ដោយបាប ។ បើ (សេចក្តីនៃភាសិតរបស់អ្នក) នោះ ជាអត្ថផង ជាធម៌ផង ល្អ មិនអាក្រក់ទេ បើពាក្យរបស់អ្នកដ៏ចម្រើនជាពាក្យពិត ពានរក៏ឈ្មោះថាអាត្មាសម្លាប់ត្រូវហើយ ។ បើអ្នកដឹងច្បាស់នូវកំហុសនៃវាទៈរបស់ខ្លួន អ្នកមិនត្រូវតិះដៀលអាត្មាទេ ដ្បិតវាទៈរបស់អ្នកដ៏ចម្រើនបែបនោះ ។

[៦២] (ព្រះមហាសត្តទំលាយនូវវាទៈរបស់អាមាត្យជាខត្តវិជ្ជវាទីថា) ជនទាំងឡាយអ្នកមានខត្តវិជ្ជា (វិជ្ជាខាងការគាស់រំលើង) ក្នុងលោក ជាជនពាលសោះទេ តែមានមានះ ថាជាបណ្ឌិត ពោលថាបុគ្គលសម្លាប់មាតាក៏បាន បិតាក៏បាន ពុំនោះសោតទេ សម្លាប់បងប្អូន ឬកូនប្រពន្ធក៏បាន ប្រសិនបើមានប្រយោជន៍បែបនោះ ។

[៦៣] (មហាសត្តប្រកាសនូវលទ្ធិរបស់ខ្លួនថា) បុគ្គលអង្គុយក្តី ដេកក្តី ក្រោមម្លប់ឈើណា មិនត្រូវកាច់មែកឈើនោះទេ ដ្បិតបុគ្គលប្រទូស្តមិត្រ ជាមនុស្សអាក្រក់ ។ (ចំណែកខាងអ្នក ពោលថា) កាលបើប្រយោជន៍កើតឡើង (ចំពោះខ្លួន) ហើយ បុគ្គលគប្បីគាស់រំលើង សូម្បីទាំងឫសក៏បាន (ដូច្នេះ) ពានរ ក៏ឈ្មោះថា អាត្មាសម្លាប់ត្រូវហើយ ព្រោះអាត្មាត្រូវការដោយស្បៀង ។ បើសេចក្តីនៃភាសិតរបស់អ្នកនោះ ជាអត្ថផង ជាធម៌ផង ល្អ មិនអាក្រក់ទេ បើពាក្យរបស់អ្នកដ៏ចម្រើនជាពាក្យពិត ពានរ ក៏ឈ្មោះថា អាត្មាសម្លាប់ត្រូវហើយ ។ បើអ្នកដឹងច្បាស់នូវកំហុសនៃវាទៈរបស់ខ្លួន អ្នកមិនត្រូវតិះដៀលអាត្មាទេ ដ្បិតវាទៈរបស់អ្នកដ៏ចម្រើនបែបនោះ ។

[៦៤] (ព្រះមហាសត្ត សំដែងធម៌ដល់ព្រះរាជាថា) (បុរសអ្នកលុះក្នុងអំណាចនៃទិដ្ឋិ ៥ នាក់គឺ) បុរសជាអហេតុវាទ ១ ជាឥស្សរកតវាទ ១ ជាបុព្វេកតវាទ ១ ជាឧច្ឆេទវាទ ១ ជាខត្តវិជ្ជវាទ ១ នេះជាអសប្បុរសក្នុងលោក ជាមនុស្សពាល តែប្រកាន់ខ្លួនថាជាបណ្ឌិត បុរសបែបនោះ ធ្វើបាប (ខ្លួនឯង) ថែមទាំងញ៉ាំងអ្នកដទៃឲ្យធ្វើបាបទៀតផង ការនៅច្រឡូកច្រឡំនឹងអសប្បុរស មានទុក្ខជាទីបំផុត មានសេចក្តីក្តៅក្រហាយជាកម្រៃ ។

[៦៥] កាលពីដើម មានសត្វកុកមួយមានរូបដូចចៀម កាលបើឥតគេសង័្សយ ក៏ចូលទៅរកហ្វូងពពែ សម្លាប់មេចៀមផង មេពពែផង ពពែឈ្មោលផង លុះសម្លាប់បានហើយ ក៏ហើរទៅតាមបំណងរបស់ខ្លួន ។ សមណព្រាហ្មណ៍ពួកខ្លះ ក៏បែបនោះដែរ ធ្វើនូវគ្រឿងបិទបាំង ហើយបញ្ឆោតមនុស្សទាំងឡាយ (ពួកខ្លះ) ជាអ្នកមិនបរិភោគអាហារ (ពួកខ្លះ) ជាអ្នកដេកលើផែនដី (ពួកខ្លះ) ទុកក្អែល (ពួកខ្លះ) ព្យាយាមអង្គុយច្រហោង (ពួកខ្លះ) បរិភោគបាយដោយកំណត់ថ្ងៃ (ពួកខ្លះ) មិនផឹកទឹក មានមារយាទអាក្រក់ នាំគ្នាពោលថា ខ្លួនជាអរហន្ត ។ ជនទាំងនុ៎ះ ជាអសប្បុរសក្នុងលោក ជាមនុស្សពាល តែប្រកាន់ខ្លួនថាជាបណ្ឌិត បុគ្គលបែបនោះ ធ្វើបាប (ខ្លួនឯង) ផង ថែមទាំងញ៉ាំងអ្នកដទៃឲ្យធ្វើបាបទៀតផង ការនៅច្រឡូកច្រឡំដោយអសប្បុរស មានទុក្ខជាទីបំផុត មានសេចក្តីក្តៅក្រហាយជាកម្រៃ ។ ពួកជនណាពោលថា ព្យាយាមឥតអំពើផង មិនពោលអាងហេតុផង ពណ៌នានូវអំពើរបស់បុគ្គលដទៃ និងអំពើរបស់ខ្លួន ថាជាអំពើសូន្យទទេផង ។ ពួកជននុ៎ះ ជាអសប្បុរសក្នុងលោក ជាមនុស្សពាល តែប្រកាន់ខ្លួនថាជាបណ្ឌិត បុរសបែបនោះ ធ្វើបាប (ខ្លួនឯង) ផង ថែមទាំងញ៉ាំងអ្នកដទៃឲ្យធ្វើបាបទៀតផង ការនៅច្រឡូកច្រឡំដោយអសប្បុរស មានទុក្ខជាទីបំផុត មានសេចក្តីក្តៅក្រហាយជាកម្រៃ ប្រសិនបើការព្យាយាមឥតអំពើ មិនមានអំពើល្អ និងអាក្រក់ទេ ព្រះរាជាមិនគប្បីចិញ្ចឹមនូវជាងឈើ ទាំងមិនគប្បីឲ្យគេធ្វើនូវយន្តទាំងឡាយឡើយ ។ ព្រោះហេតុតែការព្យាយាមមានផង អំពើល្អ និងអាក្រក់មានផង បានជាព្រះរាជាតែងចាត់ឲ្យធ្វើនូវយន្តទាំងឡាយ តែងចិញ្ចឹមនូវជាងឈើ ។ ប្រសិនបើភ្លៀងខានបង្អុរចុះ រហូតមួយរយឆ្នាំ ទាំងទឹកសន្សើម ក៏មិនធ្លាក់ចុះសោះ មុខជាលោកនេះ នឹងសូន្យឈឹង ពពួកសត្វនេះ នឹងវិនាស ។ ព្រោះហេតុតែភ្លៀងបង្អុរចុះផង ទាំងទឹកសន្សើម ក៏ផ្សើមរឿយៗ ផង បានជាសន្ទូងទាំងឡាយលូតលាស់ល្អ ទាំងអ្នកដែន ក៏ព្រះរាជាទ្រង់រក្សាអស់កាលជាអង្វែងផង ។ កាលពួកគោ កំពុងឆ្លងទៅ (កាន់ទីណាមួយ) បើគោបាទៅវៀច កាលបើគោបានាំពួកគោទៅវៀច មេគោទាំងអស់នោះក៏ទៅវៀច ។ បណ្ដាពួកមនុស្សក៏ដូច្នោះដែរ បុគ្គលណាដែលអ្នកផងសន្មតថា ប្រសើរផុត បើបុគ្គលនោះប្រព្រឹត្តអធម៌ហើយ នឹងចាំបាច់និយាយថ្វី ដល់ប្រជាជនក្រៅនេះ បើព្រះរាជាមិនប្រកបដោយធម៌ អ្នកដែនទាំងអស់ក៏ដេកជាទុក្ខ ។ កាលពួកគោកំពុងឆ្លងទៅ បើគោបាទៅត្រង់ កាលបើគោបានាំគេទៅត្រង់ មេគោទាំងអស់នោះក៏ទៅត្រង់ ។ ពួកមនុស្សក៏ដូច្នោះដែរ បុគ្គលណាដែលអ្នកផងសន្មតថា ប្រសើរផុត ប្រសិនបើបុគ្គលនោះប្រព្រឹត្តធម៌ នឹងចាំបាច់និយាយថ្វី ដល់ប្រជាជនក្រៅនេះ បើព្រះរាជាប្រកបដោយធម៌ អ្នកដែនទាំងអស់ក៏ដេកជាសុខ ។ បុគ្គលណា បេះផ្លែខ្ចីនៃឈើធំដែលមានផ្លែ (បុគ្គលនោះ) រមែងមិនដឹងនូវរសនៃផ្លែឈើនោះផង ទាំងពូជនៃផ្លែឈើនោះ ក៏វិនាសទៅផង ។ ព្រះរាជាណា គ្រប់គ្រងដែនដែលប្រៀបដូចដើមឈើធំ ដោយអធម៌ (ព្រះរាជានោះ) ឈ្មោះថា មិនជ្រាបនូវរសរបស់ដែននោះផង ទាំងដែនរបស់ព្រះរាជានោះក៏វិនាសផង ។ បុគ្គលណា បេះផ្លែឈើទុំនៃដើមឈើធំ ដែលមានផ្លែ បុគ្គលនោះ រមែងដឹងនូវរសនៃផ្លែឈើនោះផង ទាំងពូជរបស់ផ្លែឈើនោះ ក៏មិនវិនាសផង ។ ព្រះរាជាណា គ្រប់គ្រងដែនដែលប្រៀបដូចជាដើមឈើធំដោយធម៌ (ព្រះរាជានោះ) ឈ្មោះថាបានជ្រាបនូវរសរបស់ដែននោះផង ទាំងដែនរបស់ព្រះរាជានោះ ក៏មិនវិនាសផង ។ ព្រះរាជាណាមួយ គ្រប់គ្រងជនបទដោយអធម៌ (លុះអំណាចអគតិ) ព្រះរាជាជាខត្តិយៈនោះ ឈ្មោះថា សាបសូន្យចាកដើមឈើ ដែលត្រូវជាឱសធទាំងអស់ ។ មួយទៀត (ព្រះរាជាអង្គណា) បៀតបៀនពួកកុដុម្ពិក៍ ដែលនៅក្នុងនិគម (ផង) បៀតបៀនពួកពាណិជ ដែលប្រកបក្នុងការលក់ចេញទិញចូល ជាអ្នកធ្វើនូវការថ្វាយពន្ធដារ និងពលិការ (ផង) ព្រះរាជានោះ ឈ្មោះថាសាបសូន្យចាកឃ្លាំង ។ ព្រះរាជាណា បៀតបៀននូវខ្មាន់ធ្នូ ដែលជាអ្នកដឹងនូវកន្លែងយ៉ាងតំណំ ដែលគួរប្រហារ និងពួកទាហានធំ ដែលជាអ្នកពិចារណាធ្វើការក្នុងសង្គ្រាម និងមហាមាត្យ ដែលមានស័ក្តិធំៗ ព្រះរាជានោះ ឈ្មោះថាសាបសូន្យចាកពល ។ ក្ស័ត្រណាប្រព្រឹត្តនូវអធម៌ បៀតបៀនពួកឥសី អ្នកសង្រួមប្រព្រឹត្តធម៌ដ៏ប្រសើរ ដូចជាបៀតបៀននូវពួកអ្នកនិគមដូច្នោះ ក្ស័ត្រនោះ ឈ្មោះថា សាបសូន្យចាកឋានសួគ៌ ។ ម្យ៉ាងទៀត ព្រះរាជាណា មិនឋិតនៅក្នុងធម៌ សម្លាប់អគ្គមហេសីដែលជាអ្នកមិនប្រទូស្ត ព្រះរាជានោះ ឈ្មោះថាបានចួបប្រទះនូវឋាន:ដ៏អាក្រក់ផង ឈ្មោះថាសាបសូន្យចាកកូនទាំងឡាយផង ។ ព្រះរាជាត្រូវតែប្រព្រឹត្តធម៌ផង មិនត្រូវបៀតបៀនអ្នកជនបទ និងអ្នកនិគមផង ពួកពលផង ពួកឥសីផង គប្បីប្រព្រឹត្តស្មោះស្មើចំពោះកូន និងប្រពន្ធផង ។ ព្រះរាជានោះ ទើបឈ្មោះថាជាម្ចាស់នៃផែនដី ឈ្មោះថា អ្នកគ្រប់គ្រងនូវដែន ឈ្មោះថាជាអ្នកមិនក្រោធ រមែងញ៉ាំងពួកអ្នកដែនជិតខាងឲ្យរំភើបញាប់ញ័រ ដូចព្រះឥន្ទ ជាធំជាងអសុរ ។

ចប់ មហាពោធិជាតក ទី៣ ។

ឧទ្ទាននៃបញ្ញាសនិបាតនោះ គឺ

និទ្ទេសទី ១ ប្រកបដោយនាងរាជធីតាព្រះនាម នឡិនិកា ១ និទ្ទេសទី ២ ប្រកបដោយសេដ្ឋីធីតាឈ្មោះឧម្មាទន្តីដ៏ប្រសើរ ១ និទ្ទេសទី ៣ ប្រកបដោយតាបសមានសិរីឈ្មោះ ពោធិ ១ និទ្ទេសទាំង ៣ ដ៏ល្អ (នេះ) ព្រះជិនស្រីទ្រង់សំដែងទុកមកហើយ ។

ចប់ បញ្ញាសនិបាត ។

សដ្ឋិនិបាត សោណកជាតក ទី១

សដ្ឋិនិបាតជាតកកែប្រែ

សោណកជាតក ទី១កែប្រែ

[៦៦] (ព្រះរាជាព្រះនាមអរិន្ទមៈ ទ្រង់ត្រាស់ថា) អ្នកណាបានឮ អញនឹងឲ្យទ្រព្យមួយរយ អ្នកណាបានឃើញសោណកៈ អញនឹងឲ្យទ្រព្យមួយពាន់ អ្នកណានឹងប្រាប់អញនូវសោណកៈជាសំឡាញ់ដែលលេងដីជាមួយគ្នា ។

(អភិសម្ពុទ្ធគាថា) គ្រានោះ មាណពក្មេងមានជុក ៥ បានក្រាបបង្គំទូលថា ទូលព្រះបង្គំជាខ្ញុំបានឮ សូមព្រះអង្គប្រទានទ្រព្យមួយរយ ទូលព្រះបង្គំជាខ្ញុំបានឃើញសោណកៈ សូមព្រះអង្គប្រទានទ្រព្យមួយពាន់ ទូលព្រះបង្គំជាខ្ញុំនឹងក្រាបទូលដល់ព្រះអង្គនូវសោណកៈជាសំឡាញ់ ដែលលេងដីជាមួយគ្នា ។

[៦៧] (ព្រះរាជា…) សោណកៈនោះ នៅក្នុងជនបទណា ក្នុងដែនណា ក្នុងនិគមណា ឯងបានឃើញសោណកៈក្នុងទីណា អញសួរហើយ ឯងចូរប្រាប់ពីសោណកៈនោះ ។

[៦៨] (កុមារ…) បពិត្រព្រះសម្មតិទេព ត្រង់ទីឧទ្យានរបស់ព្រះអង្គ ក្នុងដែនរបស់ព្រះអង្គហ្នឹងឯង មានពួកឈើធំ មានដើមត្រង់ មានពន្លឺខៀវ ជាតម្រេកនៃចិត្ត ពួកឈើទាំងនោះ មានពណ៌ដូចផ្ទៃមេឃ គួរឲ្យត្រេកអរ ដុះទាក់ទងគ្នាទៅវិញទៅមក កាលពួកសត្វលោកមានគ្រឿងឆេះ កំពុងត្រូវភ្លើងឆេះ សោណកៈ មិនមានគ្រឿងឆេះ ជាបុគ្គលរលត់ហើយ កំពុងចម្រើនឈានជិតគល់ឈើទាំងនោះ ។

[៦៩] (អភិសម្ពុទ្ធគាថា) លំដាប់នោះ ព្រះរាជាទ្រង់ប្រើបំរើឲ្យចាត់ចែងធ្វើផ្លូវរាបស្មើ យាងចេញទៅដោយសេនាមានអង្គ ៤ សំដៅទៅត្រង់កន្លែងដែលព្រះបច្ចេកពុទ្ធព្រះនាមសោណកៈគង់នៅ ។ លុះព្រះរាជាទ្រង់យាងទៅដល់ទីឧទ្យានហើយ ទ្រង់ត្រាច់ទៅក្នុងព្រៃធំ បានទតឃើញព្រះសោណកបច្ចេកពុទ្ធ កាលដែលពួកសត្វលោកកំពុងត្រូវភ្លើងឆេះ លោកជាបុគ្គលរលត់ គង់នៅហើយ ។

[៧០] (ព្រះរាជា…) ភិក្ខុត្រងោលដណ្តប់សង្ឃាដិ មិនមានមាតានេះ កំព្រាណាស់តើ ស្ងួតស្ងប់ជិតគល់ឈើ ។

[៧១] (អភិសម្ពុទ្ធគាថា) ព្រះសោណកបច្ចេកពុទ្ធ ស្តាប់ព្រះបន្ទូលនេះហើយ បានថ្វាយព្រះពរយ៉ាងនេះថា បពិត្រព្រះរាជា បុគ្គលដែលពាល់ត្រូវនូវធម៌ដោយកាយ មិនមែនឈ្មោះថា កំព្រាទេ ។ បុគ្គលណា ក្នុងលោកនេះ លះធម៌ចោលហើយ ប្រព្រឹត្តតាមអធម៌វិញ បពិត្រព្រះរាជា បុគ្គលនោះ ទើបឈ្មោះថា កំព្រា ជាបុគ្គលអាក្រក់ ជាទីសង្ឃឹមរបស់បុគ្គលអាក្រក់ ។

[៧២] (ព្រះរាជា…) ខ្ញុំឈ្មោះអរិន្ទមៈ អ្នកផងស្គាល់ខ្ញុំថាកាសិរាជ បពិត្រព្រះសោណកៈ លោកដ៏ចម្រើនមកដល់ក្នុងទីនេះ សិងនៅជាសុខទេឬ ។

[៧៣] (ព្រះបច្ចេកពុទ្ធ…) សេចក្តីចម្រើន (តែងមាន) ដល់ភិក្ខុមិនមានទ្រព្យ មិនមានផ្ទះ សព្វកាល គឺ (ទ្រព្យ និងធញ្ញជាតិទាំងឡាយ) របស់ភិក្ខុទាំងនោះ លែងចូលទៅក្នុងជង្រុក លែងចូលទៅក្នុងឆ្នាំង លែងចូលទៅក្នុងក្រឡោបិ៍ទៀតហើយ លោកមានវត្តល្អ មានការស្វែងរកសម្រេចហើយ រមែងញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅដោយបិណ្ឌបាតនោះ ។ សេចក្តីចម្រើនទីពីរ (តែងមាន) ដល់ភិក្ខុមិនមានទ្រព្យ មិនមានផ្ទះ គឺបរិភោគដុំបាយ ដែលមិនមានទោស កិលេសណាមួយបៀតបៀនមិនបានទេ ។ សេចក្តីចម្រើនទីបី (តែងមាន)ដល់ភិក្ខុមិនមានទ្រព្យ មិនមានផ្ទះ គឺឆាន់ដុំបាយដ៏ត្រជាក់ (មិនជាថេយ្យបរិភោគជាដើម) កិលេសណាមួយបៀតបៀនមិនបានទេ ។ សេចក្តីចម្រើនទីបួន (តែងមាន) ដល់ភិក្ខុមិនមានទ្រព្យ មិនមានផ្ទះ គឺសេចក្តីជាប់ចំពាក់ មិនមានដល់ភិក្ខុដែលផុតស្រឡះ (ចាកត្រកូល) ត្រាច់ទៅក្នុងដែន ។ សេចក្តីចម្រើនទីប្រាំ (តែងមាន) ដល់ភិក្ខុមិនមានទ្រព្យ មិនមានផ្ទះ គឺកាលបើនគរកំពុងត្រូវភ្លើងឆេះ វត្ថុបន្តិចបន្តួចរបស់ភិក្ខុនោះ ភ្លើងមិនឆេះទេ ។ សេចក្តីចម្រើនទីប្រាំមួយ (តែងមាន) ដល់ភិក្ខុមិនមានទ្រព្យ មិនមានផ្ទះ កាលបើដែនកំពុងត្រូវចោរប្លន់ វត្ថុបន្តិចបន្តួចរបស់ភិក្ខុនោះ ចោរមិនលួចទេ ។ សេចក្តីចម្រើនទីប្រាំពីរ (តែងមាន) ដល់ភិក្ខុមិនមានទ្រព្យ មិនមានផ្ទះ គឺភិក្ខុមានវត្តល្អ នាំយកបាត្រ និងចីវរដើរទៅកាន់ផ្លូវដែលពួកចោរ និងពួកគយដទៃរក្សាដោយស្រួល ។ សេចក្តីចម្រើនទីប្រាំបី (តែងមាន) ដល់ភិក្ខុមិនមានទ្រព្យ មិនមានផ្ទះ គឺភិក្ខុនោះដើរទៅកាន់ទិសណាៗ ទៅបានដោយមិនមាននឹកនា ។

[៧៤] (ព្រះរាជា…) បពិត្រភិក្ខុ លោកសរសើរនូវសេចក្តីចម្រើនរបស់ភិក្ខុទាំងនោះច្រើនមែន បពិត្រព្រះសោណកៈ តែខ្ញុំជក់ចិត្តក្នុងកាមទាំងឡាយ តើនឹងធ្វើយ៉ាងណា ។ កាមទាំងឡាយជារបស់មនុស្ស ជាទីស្រឡាញ់របស់ខ្ញុំ មួយទៀត កាមជាទិព្វ ក៏ជាទីស្រឡាញ់របស់ខ្ញុំ បើដូច្នេះ តើយើងនឹងបាននូវកាមទាំងពីរក្នុងលោកដោយហេតុដូចម្តេច ។

[៧៥] (ព្រះបច្ចេកពុទ្ធ…) ពួកជនអ្នកជក់ចិត្តក្នុងកាម ត្រេកអរក្នុងកាម ងប់ក្នុងកាម រមែងធ្វើបាបទាំងឡាយ ហើយទៅកាន់ទុគ្គតិ ។ ចំណែកពួកជនណា លះបង់កាម ហើយចេញទៅ មិនមានភ័យអំពីកិលេសណាមួយ បាននូវភាពជាបុគ្គលឯក ពួកជននោះ មិនទៅកាន់ទុគ្គតិ ។ បពិត្រព្រះអរិន្ទមៈ អាត្មាភាពនឹងធ្វើសេចក្តីឧបមាថ្វាយព្រះអង្គ សូមព្រះអង្គទ្រង់ព្រះសណ្តាប់សេចក្តីឧបមានោះ ព្រោះពួកបណ្ឌិតខ្លះក្នុងលោកនេះ តែងយល់សេចក្តីដោយសារឧបមា ។ ក្អែកឥតប្រាជ្ញា ឥតសេចក្តីគ្នេរគ្នាន់ ឃើញសាកសព (ដំរី) កំពុងអណ្តែតតាមទន្លេគង្គាទៅក្នុងសមុទ្រ ហើយគិតថា អៃយ៉ា! អញបានយាននេះហើយផង ដំរីនេះ នឹងបានជាចំណីអញយ៉ាងច្រើនផង ចិត្តរបស់ក្អែកនោះ ក៏ត្រេកអរក្នុងដំរីនោះទាំងថ្ងៃទាំងយប់ ។ ក្អែកចឹកស៊ីសាច់ដំរី ផឹកទឹកទន្លេគង្គា ឃើញព្រៃដែលគេសន្មតថា ចេតិយ ក៏មិនហើរទៅ ។ ទន្លេគង្គាហូរទៅ បាននាំក្អែកនោះ ដែលប្រហែសធ្វេស ត្រេកអរក្នុងសាកសព ទៅកាន់សមុទ្រដែលមិនមែនជាទីទៅនៃបក្សី ។ សត្វហើរនោះអស់ចំណីរលីងហើយ ក៏ហើរឡើងទៅទិសខាងលិចមិនរួច ទៅទិសខាងកើតមិនរួច ទៅទិសខាងជើងមិនរួច ទៅទិសខាងត្បូងមិនរួច ។ ក្អែកនោះទៅកាន់សមុទ្រ ដែលមិនមែនជាទីទៅនៃពួកបក្សី ក៏មិនបាននូវទីពឹង ធ្លាក់ទៅក្នុងសមុទ្រនោះឯង ដូចជាបុគ្គលមានកំឡាំងថយ ។ ពួកត្រី ក្រពើ មករ ឆ្លាម ដែលកើតក្នុងសមុទ្រ កំហែងខាំក្អែកនោះ ដែលមានស្លាបរបោចហើយ កំពុងបម្រះ (យ៉ាងណាមិញ) ។ បពិត្រព្រះរាជា ព្រះអង្គ និងពួកជនដទៃអ្នកបរិភោគកាម ក៏យ៉ាងនោះដែរ បើពួកជនដែលជក់ចិត្តហើយមិនខ្ជាក់ (កាម) ចោលចេញទេ បណ្ឌិតទាំងឡាយ (ស្គាល់) ពួកជននោះ (ថាមានប្រាជ្ញាស្មើ) ដោយប្រាជ្ញារបស់ក្អែក ។ បពិត្រព្រះរាជា ឧបមាជាគ្រឿងបំភ្លឺនូវសេចក្តីនេះ អាត្មាភាពបានធ្វើថ្វាយព្រះអង្គហើយ បើព្រះអង្គធ្វើ ឬមិនធ្វើ ព្រះអង្គនឹងប្រាកដតាមហេតុនោះ ។

[៧៦] បុគ្គលអ្នកឈឺឆ្អាល គប្បីនិយាយត្រឹមតែមួយម៉ាត់ ឬពីរម៉ាត់ មិនគប្បីនិយាយឲ្យលើសហួសពីនោះទៅ ដូចទាសៈនិយាយក្នុងសំណាក់នៃម្ចាស់ ។

[៧៧] (អភិសម្ពុទ្ធគាថា) លុះព្រះសោណកបច្ចេកពុទ្ធ មានប្រាជ្ញារាប់មិនបាន ពោលពាក្យនេះប្រៀនប្រដៅក្សត្រិយ៍ហើយ ទើបចៀសចេញទៅឰដ៏អាកាសវេហាស៍ ។

[៧៨] (ព្រះរាជា…) ពួកជនអ្នករៀបចំអភិសេកបុគ្គល ដែលគួរដល់រាជ្យ ជាអ្នកបង្កក់ប្រសិទ្ធនេះ ចាំស្ទាត់ នៅក្នុងទីណា អញនឹងប្រគល់រាជ្យឲ្យ អញមិនត្រូវការដោយរាជ្យទេ ។ អញនឹងបួសក្នុងថ្ងៃនេះឯង អ្នកណាគប្បីដឹងថា សេចក្តីស្លាប់នឹងមានក្នុងថ្ងៃស្អែក អញលែងលុះក្នុងអំណាចនៃកាមទាំងឡាយ ដូចជាក្អែកឆោតហើយ ។

[៧៩] (ពួកអាមាត្យ…) ព្រះរាជបុត្ររបស់ព្រះអង្គ ព្រះនាមទីឃាវុនៅក្មេង ជាអ្នកញុំាងដែនឲ្យចម្រើន សូមព្រះអង្គអភិសេកព្រះរាជបុត្រនោះក្នុងរាជ្យចុះ ព្រះរាជបុត្រនោះ នឹងបានជាព្រះរាជារបស់យើងខ្ញុំ ។

[៨០] (ព្រះរាជា…) អ្នកទាំងឡាយ ចូរនាំយកកុមារឈ្មោះទីឃាវុ អ្នកញ៉ាំងដែនឲ្យចម្រើនមកឲ្យឆាប់ អញនឹងអភិសេកកុមារនោះក្នុងរាជ្យ កុមារនោះ នឹងជាព្រះរាជារបស់អ្នកទាំងឡាយ ។

[៨១] (អភិសម្ពុទ្ធគាថា) លំដាប់នោះ ពួកអាមាត្យក៏បាននាំកុមារឈ្មោះទីឃាវុ អ្នកញ៉ាំងដែនឲ្យចម្រើនមកថ្វាយ ព្រះរាជាទតឃើញទីឃាវុកុមារនោះ ជាបុត្រតែមួយ ជាទីត្រេកអរ ពេញព្រះទ័យហើយ ទ្រង់ត្រាស់ថា នែបុត្រ ស្រុកទាំង ៦០,០០០ បរិបូណ៌ដោយវត្ថុទាំងពួង ចូរបាថែទាំស្រុកទាំងនោះចុះ អញនឹងប្រគល់រាជ្យដល់បា ។ អញនឹងបួសក្នុងថ្ងៃនេះឯង អ្នកណាគប្បីដឹងថា សេចក្តីស្លាប់នឹងមានក្នុងថ្ងៃស្អែក កុំឲ្យអញលុះក្នុងអំណាចនៃកាមទាំងឡាយ ដូចជាក្អែកឆោតឡើយ ។ ដំរី ៦០,០០០ ស្អិតស្អាងដោយ គ្រឿងប្រដាប់គ្រប់យ៉ាង មានខ្សែដង្គន់ធ្វើអំពីមាស បិទបាំងដោយកម្រាលដែលធ្វើអំពីមាស ជាដំរីកើតក្នុងព្រៃមាតង្គៈ ។ ដំរីណាដែលពួកហ្មដំរីមានដៃកាន់អាវុធ និងកង្វេរ ឡើងជិះ នែបុត្រ អ្នកចូរថែទាំពួកដំរីទាំងនោះចុះ អញប្រគល់រាជ្យដល់អ្នក ។ អញនឹងបួសក្នុងថ្ងៃនេះឯង អ្នកណាគប្បីដឹងថា សេចក្តីស្លាប់នឹងមានក្នុងថ្ងៃស្អែក កុំឲ្យអញលុះក្នុងអំណាចនៃកាមទាំងឡាយ ដូចជាក្អែកឆោតឡើយ ។ សេះ ៦០,០០០ ស្អិតស្អាងដោយគ្រឿងប្រដាប់គ្រប់យ៉ាង ជាសេះអាជានីយដោយកំណើត ជាសេះសិន្ធវៈ ជាពាហនៈយ៉ាងលឿន ដែលពួកសារថីកាន់ស៊ែ និងធ្នូជិះ នែបុត្រ បាចូរថែទាំសេះទាំងនោះចុះ អញប្រគល់រាជ្យដល់បា ។ អញនឹងបួសក្នុងថ្ងៃនេះឯង អ្នកណាគប្បីដឹងថា សេចក្តីស្លាប់នឹងមានក្នុងថ្ងៃស្អែក កុំឲ្យអញលុះក្នុងអំណាចនៃកាមទាំងឡាយ ដូចជាក្អែកឆោតឡើយ ។ រថ ៦០,០០០ ដែលគេទឹមហើយ ដោតទង់ជ័យ ស្រោបដោយស្បែកខ្លាដំបង ស្រោបដោយស្បែកខ្លាធំ ស្អិតស្អាងដោយគ្រឿងប្រដាប់គ្រប់យ៉ាង ។ អ្នកបររថ មានដៃកាន់ធ្នូ សៀតខែល ហើយឡើងជិះ នែបុត្រ បាចូរថែទាំរថទាំងនោះចុះ អញប្រគល់រាជ្យដល់បា ។ អញនឹងបួសក្នុងថ្ងៃនេះឯង អ្នកណាគប្បីដឹងថា សេចក្តីស្លាប់នឹងមានក្នុងថ្ងៃស្អែក កុំឲ្យអញលុះក្នុងអំណាចនៃកាមទាំងឡាយ ដូចជាក្អែកឆោតឡើយ ។ មេគោ ៦០,០០០ ជាមេគោក្រហម ប្រកបដោយគោខ្លោង (គោបា) នែបុត្រ បាចូរថែទាំមេគោទំាំងនោះចុះ អញប្រគល់រាជ្យដល់បា ។ អញនឹងបួសក្នុងថ្ងៃនេះឯង អ្នកណាគប្បីដឹងថា សេចក្តីស្លាប់នឹងមានក្នុងថ្ងៃស្អែក កុំឲ្យអញលុះក្នុងអំណាចនៃកាមទាំងឡាយដូចជាក្អែកឆោតឡើយ ។ ស្ត្រី ១៦,០០០ ស្អិតស្អាងដោយគ្រឿងប្រដាប់គ្រប់យ៉ាង មានសំពត់ និងអាភរណៈដ៏វិចិត្រ ពាក់កុណ្ឌលកែវមណី នែបុត្រ បាចូរថែទាំស្រ្តីទាំងនោះចុះ អញប្រគល់រាជ្យដល់បា ។ អញនឹងបួសក្នុងថ្ងៃនេះឯង អ្នកណាគប្បីដឹងថា សេចក្តីស្លាប់នឹងមានក្នុងថ្ងៃស្អែក កុំឲ្យអញលុះក្នុងអំណាចនៃកាមទាំងឡាយដូចជាក្អែកឆោតឡើយ ។

[៨២] (ព្រះរាជកុមារ…) បពិត្រព្រះវរបិតា កាលដែលទូលព្រះបង្គំជាខ្ញុំនៅក្មេងនៅឡើយ ទូលព្រះបង្គំជាខ្ញុំបានឮថា ព្រះវរមាតាទ្រង់សោយវិលាល័យទៅហើយ បពិត្រព្រះវរបិតា ទូលព្រះបង្គំជាខ្ញុំព្រាត់ប្រាសចាកព្រះអង្គហើយ មិនអាចនឹងរស់នៅបានទេ ។ កូនដំរីរមែងទៅតាមក្រោយដំរីដែលនៅក្នុងព្រៃ ដើរទៅក្នុងជង្ហុកនៃភ្នំទាំងឡាយ ដែលរាបស្មើ និងមិនរាបស្មើ យ៉ាងណាមិញ ។ ទូលព្រះបង្គំជាខ្ញុំ នាំយកកូនទៅតាមព្រះអង្គ ក៏យ៉ាងនោះដែរ ទូលព្រះបង្គំជាខ្ញុំ ជាបុគ្គលព្រះអង្គចិញ្ចឹមងាយ ពុំមែនព្រះអង្គពិបាកចិញ្ចឹមឡើយ ។

[៨៣] (ព្រះរាជា…) សត្រូវជាអ្នកបំផ្លាញ គប្បីចាប់សំពៅដែលដើរក្នុងសមុទ្ររបស់ពួកពាណិជដែលស្វែងរកទ្រព្យក្នុងសមុទ្រនោះ ពួកពាណិជត្រូវវិនាសយ៉ាងណាមិញ នែកូនលាមក ឯងនេះធ្វើសេចក្តីអន្តរាយដល់អញ ក៏យ៉ាងនោះដែរ ។

[៨៤] អ្នកទាំងឡាយ ចូរញុំាងកុមារនេះឲ្យដល់ប្រាសាទ ដែលញ៉ាំងតម្រេកឲ្យចម្រើន ក្នុងប្រាសាទនោះ មានពួកស្រ្តីមានដៃស្អិតស្អាងដោយគ្រឿងអាភរណៈធ្វើអំពីមាស ស្រ្តីទាំងនោះនឹងត្រេកអរចំពោះកុមារនោះក្នុងប្រាសាទនោះ ដូចជាពួកស្រ្តីអប្សរត្រេកអរនឹងសក្កទេវរាជ កុមារនុ៎ះ នឹងត្រេកអរដោយស្រ្តីទាំងនោះ ។

[៨៥] (អភិសម្ពុទ្ធគាថា) លំដាប់អំពីនោះមក ពួកអាមាត្យបានញ៉ាំងកុមារឲ្យដល់ប្រាសាទ ដែលញ៉ាំងតម្រេកឲ្យចម្រើន ឯពួកនាងកញ្ញាឃើញទីឃាវុកុមារនោះ ជាអ្នកញ៉ាំងដែនឲ្យចម្រើនហើយ ក៏បានពោលថា លោកជាទេវតា ឬជាគន្ធព្វ ឬក៏ជាព្រះឥន្ទ្រ ឈ្មោះបុរិន្ទទៈ លោកជាអ្វី ជាបុត្រនៃអ្នកណា ធ្វើដូចម្តេច យើងនឹងអាចស្គាល់លោកបាន ។

[៨៦] (ព្រះរាជកុមារ…) យើងមិនមែនជាទេវតា មិនមែនជាគន្ធព្វ ទាំងមិនមែនជាព្រះឥន្ទ្រឈ្មោះបុរិន្ទទៈទេ យើងជាកូននៃព្រះរាជាក្នុងដែនកាសី ឈ្មោះទីឃាវុ ជាអ្នកញ៉ាំងដែនឲ្យចម្រើន នាងទាំងឡាយ ចូរប្រាថ្នាយើងចុះ សេចក្តីចម្រើននឹងមានដល់ពួកនាងទាំងឡាយ យើងជាភស្តារបស់ពួកនាង ។

[៨៧] (អភិសម្ពុទ្ធគាថា) ពួកនាងកញ្ញា បានទូលសួរទីឃាវុកុមារនោះដែលញ៉ាំងដែនឲ្យចម្រើន ក្នុងប្រាសាទនោះថា ព្រះរាជាសេ្តចយាងទៅក្នុងទីណា ព្រះរាជាស្តេចចេញអំពីទីនេះ ទៅក្នុងទីណា ។

[៨៨] (ព្រះរាជកុមារ…) ព្រះរាជាទ្រង់បានឈានកន្លងភក់ (រាគាទិកិ្កលេស) ព្រះរាជា ទ្រង់បានឋិតនៅស៊ប់លើគោក (ផ្នួស) ទ្រង់យាងទៅកាន់ផ្លូវធំ (ជាទីទៅកាន់សួគ៌ និងព្រះនិព្វាន) ដែលមិនមានបន្លា មិនមានព្រៃញាតស្បាត (រាគៈ) ។ ចំណែកយើងជាអ្នកដើរទៅកាន់ផ្លូវជាទីទៅកាន់ទុគ្គតិ ប្រកបដោយបន្លា ប្រកបដោយព្រៃញាតស្បាត សម្រាប់ទៅកាន់ទុគ្គតិរបស់ពួកសត្វ ។

[៨៩] (ពួកនាងកញ្ញា…) បពិត្រព្រះរាជា ព្រះអង្គនោះយាងមកល្អហើយ ហាក់ដូចជាសីហៈដែលមកកាន់គិរិព្វជៈ (គុហាមាស) បពិត្រមហារាជ សូមព្រះអង្គគ្រប់គ្រងចុះ ព្រះអង្គជាម្ចាស់របស់ពួកខ្ញុំម្ចាស់ទាំងអស់គ្នា ។

ចប់ សោណកជាតក ទី១ ។

សង្កិច្ចជាតក ទី២កែប្រែ

[៩០] (អភិសម្ពុទ្ធគាថា) (ឧយ្យានបាលនោះ) ឃើញព្រះរាជាទ្រង់ព្រះនាមព្រហ្មទត្ត ប្រសើរក្នុងរថហើយ ក្រាបទូលព្រះរាជានោះក្នុងគ្រានោះថា ព្រះអង្គជាបុគ្គលឈឺឆ្អាលដល់ឥសីណា ។ ឥសីឈ្មោះសង្កិច្ចនេះ ដែលគេសន្មតថាជាសប្បុរសរបស់ពួកឥសី មកដល់ហើយ សូមព្រះអង្គប្រញាប់ប្រញាល់ យាងចេញទៅជួបនឹងមហាឥសីឲ្យឆាប់ ។ លំដាប់នោះ ព្រះរាជាប្រសើរក្នុងរថ មានមិត្រ និងអាមាត្យហែហម ទ្រង់ប្រញាប់ឡើងកាន់រថ ដែលគេទឹមហើយ ទ្រង់យាងទៅ ។ ព្រះរាជាញ៉ាំងដែននៃពួកកាសីឲ្យចម្រើនទ្រង់ដាក់គ្រឿងកកុធៈ ៥ យ៉ាង គឺ ផ្លិតរោមសត្វ ១ មកុដ ១ ព្រះខាន់ ១ ឆ័ត្រ ១ សុពណ៌បាទុកា ១ ។ លុះព្រះរាជាទ្រង់យាងចុះអំពីយាន ទុកគ្រឿងកកុធៈហើយ ទើបយាងចូលទៅរកសង្កិច្ចឥសី ដែលអង្គុយក្នុងឧទ្យានឈ្មោះទាយបស្សៈ ។ ព្រះរាជានោះ ចូលទៅសំណេះសំណាលជាមួយនឹងឥសី លុះបញ្ចប់ពាក្យនោះហើយ ក៏គង់ក្នុងទីដ៏សមគួរ ។ ព្រះរាជាគង់ស៊ប់ក្នុងទីសមគួរហើយ ទើបទ្រង់ជ្រាបនូវកាលគួរប្រតិបត្តិ ដើម្បីសួរនូវបាបកម្មទាំងឡាយក្នុងពេលនោះ ។ យើងសូមសួរសង្កិច្ចឥសី ដែលគេសន្មតថាជាសប្បុរសរបស់ពួកឥសី ដែលពួកឥសីចោមរោមហើយ គង់ក្នុងទាយបស្សឧទ្យាន ។ ពួកជនអ្នកប្រព្រឹត្តរំលងធម៌ លុះស្លាប់ទៅវិញ ទៅកាន់គតិណា ធម៌ គឺបិតុឃាតកម្ម ខ្ញុំបានប្រព្រឹត្តកន្លងហើយ ខ្ញុំសួរហើយ សូមលោកប្រាប់សេចក្តីនោះដល់ខ្ញុំ ។

[៩១] សង្កិច្ចឥសី បានពោលនឹងព្រះរាជាអ្នកញ៉ាំងដែនកាសីឲ្យចម្រើន គង់ក្នុងទាយបស្សឧទ្យានថា បពិត្រមហារាជ សូមព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យរបស់អាត្មាភាព ។ អ្នកណាប្រាប់ផ្លូវដល់បុគ្គលអ្នកដើរផ្លូវខុស បើបុគ្គលនោះ ធ្វើតាមពាក្យរបស់អ្នកប្រាប់នោះ បន្លា (ចោរ) មិនគប្បីជួបនឹងបុគ្គលអ្នកធ្វើតាមនោះទេ ។ អ្នកណាប្រៀនប្រដៅធម៌ដល់បុគ្គលប្រតិបត្តិអធម៌ បើបុគ្គលនោះធ្វើតាមពាក្យរបស់អ្នកប្រដៅនោះ បុគ្គលនោះមិនគប្បីទៅកាន់ទុគ្គតិទេ ។

[៩២] បពិត្រមហារាជ ធម៌ជាផ្លូវត្រូវ ឯអធម៌ជាផ្លូវខុស អធម៌នាំសត្វទៅកាន់នរក ធម៌ញ៉ាំងសត្វឲ្យដល់សុគតិ ។ បពិត្រព្រះរាជា ពួកជនអ្នកមិនប្រព្រឹត្តធម៌ ចិញ្ចឹមជីវិតខុសគន្លងធម៌ លុះស្លាប់ទៅវិញហើយ រមែងទៅកាន់គតិ (នរក) ណា សូមព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យអាត្មាភាព (ដែលសំដែងអំពីនរក) ទាំងនោះ ។ សញ្ជីវនរក ១ កាឡសុត្តៈ ១ សង្ឃាដៈ ១ រោរុវៈ ២ នរកដទៃទៀត គឺមហាអវីចិ ១ តាបនៈ ១ បតាបនៈ ១ ។ នរកទាំង ៨ នុ៎ះ ដែលអ្នកប្រាជ្ញទាំងឡាយបានសំដែងហើយដោយប្រការដូច្នេះ កម្រមានបុគ្គលណាកន្លងរំលងបាន តាន់តាប់ដោយពួកសត្វដែលមានកម្មអាក្រក់ ចំពោះមហានរកមួយៗ មានឧស្សទនរក ១៦ ។ (នរកទាំងនោះ) ជាទីកំដៅអ្នកកំណាញ់ស្វិតស្វាញ ជានរកដ៏ពន្លឹក មានអណ្តាតភ្លើង មានភ័យធំ មានសភាពជាទីព្រឺរោម គួរឲ្យស្បើម បណ្តាលឲ្យខ្លបខ្លាច ជាទុក្ខ ។ (នរកទាំងនោះ) មានមុំ ៤ មានទ្វារ ៤ ដែលបាបកម្មចែកវាស់ដោយចំណែក មានកំពែងដែកព័ទ្ធជុំវិញ ប្រក់ដោយក្បឿងដែក ។ ភូមិរបស់នរកទាំងនោះជាវិការៈនៃដែកឆេះឡើង ប្រកបដោយកំដៅ (នរកទាំងអស់នោះ) ផ្សាយទៅអស់ទី ១០០ យោជន៍ជុំវិញ ឋិតនៅសព្វៗ កាល ។ ពួកជនអ្នកតិះដៀលពួកឥសី ជាអ្នកសង្រួម មានតបៈនុ៎ះ រមែងធ្លាក់ទៅក្នុងនរក មានជើងឡើងលើ មានក្បាលចុះក្រោម ។ ពួកជនអ្នកធ្វើអំពើអាក្រក់ ជាអ្នកបំផ្លិចបំផ្លាញសេចក្តីចម្រើននោះ ត្រូវពួកនិរយបាលដុត ដូចជាពួកត្រីដែលគេធ្វើឲ្យជាចំណែក (ដោតអាំង) អស់ឆ្នាំរាប់មិនអស់ ។ ពួកសត្វនរកមានខ្លួនត្រូវភ្លើងឆេះហើយ ទាំងខាងក្នុងខាងក្រៅជានិច្ច ស្វែងរកនូវទីចេញអំពីនរក តែមិនបាននូវទ្វារ ។ ពួកសត្វនរកនោះស្ទុះទៅទិសខាងកើត ស្ទុះអំពីទិសខាងកើតនោះ ទៅទិសខាងលិច ស្ទុះទៅទិសខាងជើង ស្ទុះអំពីទិសខាងជើង ទៅទិសខាងត្បូង សត្វនរកទាំងនោះទៅដល់ទ្វារណាៗ ទ្វារនោះៗ ឯង ក៏បិទជិត ។ ពួកជនដែលទៅកាន់នរក រងទុក្ខច្រើន ផ្គងដើមដៃកន្ទក់កន្ទេញអស់សែននៃឆ្នាំជាច្រើន ។ បុគ្គលមិនគប្បីចូលទៅបៀតបៀននូវពួកឥសី ដែលមានសភាពជាសប្បុរស ដូចជាបុគ្គលមិនគួរចូលទៅជិតអាសីរពិសដែលខឹង មានតេជះគេកន្លងរំលងបានដោយក្រ (ជនទាំងនោះ រមែងធ្លាក់ទៅក្នុងនរក ព្រោះតែបៀតបៀន) នូវពួកឥសីអ្នកសង្រួមមានតបៈ ។ ព្រះរាជាព្រះនាមអជ្ជុនៈ មានខ្មាន់ធ្នូដ៏ប្រសើរ មានពួកពលដ៏ច្រើន ជាអធិបតីក្នុងដែនឈ្មោះកេតកៈ អាចលើកធ្នូដែលពួកខ្មាន់ធ្នូ ៥០០ លើកឡើងបានដោយដើមដៃ ១,០០០ បៀតបៀនឥសីឈ្មោះគោតមៈ ហើយវិនាស ។ ព្រះរាជាទណ្ឌកី បានបាចរោយធូលី (ស្តោះ) លើតាបសឈ្មោះកីសវច្ឆៈ មិនមានធូលី (កិលេស) ព្រះរាជានោះ ក៏ដល់នូវសេចក្តីវិនាស ដូចជាដើមត្នោត ដែលគេកាត់ត្រង់គល់ ។ ព្រះរាជាព្រះនាមមេជ្ឈៈ ព្រមទាំងបរិស័ទ ញ៉ាំងចិត្តឲ្យប្រទូស្តក្នុងតាបសឈ្មោះមាតង្គបណ្ឌិត មានយស ហើយក៏ដល់នូវសេចក្តីវិនាស ក្នុងកាលនោះ ដែនឈ្មោះមេជ្ឈៈក៏ទៅជាព្រៃ ។ ពួកព្រះរាជា ជាផៅពង្សអន្ធគវេន្ទុ បៀតបៀននូវឥសីឈ្មោះកណ្ហទីបាយនៈ កាន់យកអង្រែសំឡាប់គ្នានឹងគ្នា ហើយក៏ធ្លាក់ទៅក្នុងនរក ។ ព្រះរាជាព្រះនាមចេតិយៈនេះ កាលពីដើម ហោះលើអាកាសបាន ដល់មកខាងក្រោយ ត្រូវកបិលឥសីផ្តាសាហើយ មានអត្តភាពសាបសូន្យ ចូលទៅកាន់ផែនដី ដល់នូវសេចក្តីស្លាប់ ព្រោះហេតុនោះ បានជាពួកបណ្ឌិតមិនសរសើរអគតិ ៤ មានឆន្ទាគតិជាដើមឡើយ បុគ្គលមានចិត្តមិនប្រទូស្ត គប្បីពោលពាក្យប្រកបដោយសច្ចៈ បើនរណាមានចិត្តប្រទូស្តហើយ សំឡក់ទៅរកអ្នកប្រាជ្ញ ដែលបរិបូណ៌ដោយវិជ្ជា និងចរណៈ នរៈនោះ នឹងធ្លាក់ទៅក្នុងនរកខាងក្រោម ។ ពួកជនណា មានសេចក្តីព្យាយាមអាក្រក់ ជេរប្រទេចពួកចាស់ព្រឹទ្ធាចារ្យ ពួកជននោះ (លុះទៅកើតក្នុងភពខាងមុខ) រកកូនគ្មាន រកញាតិគ្មាន ដូចត្នោតកំបុតគល់ ។ ជនណា សម្លាប់បព្វជិតដែលមានកិច្ចធ្វើហើយ អ្នកស្វែងរកនូវគុណដ៏ធំ ជននោះ រមែងឆេះនៅក្នុងកាឡសុត្តនរកអស់កាលជាយូរអង្វែង ។ ព្រះរាជាណា មិនតាំងនៅក្នុងធម៌ កំចាត់កំចាយអ្នកដែន ដុតកំដៅអ្នកជនបទ ព្រះរាជានោះ លុះទ្រង់ទីវង្គតទៅ រមែងឆេះនៅក្នុងតាបននរក ។ ព្រះរាជានោះ ក៏ឆេះអស់សែននៃឆ្នាំទិព្វ ព្រះរាជានោះត្រូវគំនរអណ្តាតភ្លើងហ៊ុំជុំវិញហើយ ក៏រងទុក្ខវេទនាខ្លាំង ។ អណ្តាតភ្លើងទាំងឡាយដ៏រន្ទាលច្រាលឆ្អៅ ផ្សាយចេញអំពីកាយរបស់សត្វនរកនោះ ខ្លួនរបស់សត្វនរកដែលមានភ្លើងជាអាហារ (មានអណ្តាតភ្លើងតែមួយជាមួយគ្នា) នឹងចុងរោមទាំងឡាយផង នឹងក្រចកទាំងឡាយផង ។ សត្វនរកមានខ្លួនត្រូវភ្លើងឆេះហើយ ទាំងខាងក្នុង ខាងក្រៅជានិច្ច ត្រូវសេចក្តីទុក្ខចាក់ដោតហើយ ក៏រោទ៍ដូចជាដំរី ដែលគេចាក់ដោយងៀងកង្វេរ ។ បុរសលាមកណា សម្លាប់បិតា ព្រោះតែលោភៈ ឬព្រោះទោសៈ បុរសលាមកនោះ រមែងឆេះនៅក្នុងកាឡសុត្តនរក អស់កាលជាយូរអង្វែង ។ បុរសបែបនោះ រមែងឆេះនៅក្នុងលោហកុម្ភីនរក ពួកនិរយបាល (នាំចេញ) នូវសាច់ដ៏ឆ្អិន ធ្វើមិនឲ្យមានស្បែក ហើយចាក់ដោយលំពែងទាំងឡាយ ធ្វើឲ្យខ្វាក់ ឲ្យស៊ីនូវមូត្រ និងលាមក ហើយជ្រមុជជនបែបនោះទៅក្នុងទឹកខារ (ទឹកទង់ដែង) ។ ពួកនិរយបាល (ញ៉ាំងសត្វនរកឲ្យស៊ីនូវលាមក) កំពុងពុះ និងដុំដែកដ៏ក្តៅ ហើយយកបណ្តាញដ៏វែង ដែលកំដៅអស់កាលយូរ មកបើកមាត់ (ហើយបោះសន្ទូចដែក) ដែលចងដោយខ្សែ (ទាញអណ្តាតចេញ ហើយបោះដុំដែក) ទៅក្នុងមាត់ ដែលច្រហនោះ ។ ពួកឆ្កែក្រហម ឆ្កែពពាល ពួកត្មាត ពួកក្អែក និងពួកសត្វស្លាប (ឯទៀតច្រើនពួក) មានចំពុះដែក នាំគ្នាមកចោមរោមចឹកជញ្ជែងស៊ីនូវអណ្តាត (នៃពួកសត្វនរក) ដែលញាប់ញ័រ (ដូចជាស៊ី) នូវរំពា ព្រមទាំងឈាម មានឈាមកំពុងហូរចេញ ។ ពួកនិរយបាល វាយសំពងសត្វនរកនោះ ដែលភ្លើងកំពុងឆេះ មានខ្លួនរយះរយាយ ដោយតម្រេករបស់ពួកនិរយបាលនោះ ចំណែកខាងសត្វនរកទាំងឡាយក្រៅនេះ ក៏ដល់នូវសេចក្តីទុក្ខវេទនា ពួកជនណានីមួយក្នុងលោកនេះ ជាអ្នកសម្លាប់បិតា ពួកជននោះ តែងទៅនៅក្នុងនរកបែបនុ៎ះ ។ កូនសម្លាប់មាតា លុះទៅអំពីលោកនេះ ទៅកាន់លំនៅរបស់យមរាជ កាន់យកនូវផលនៃកម្មរបស់ខ្លួន ក៏ដល់នូវសេចក្តីទុក្ខយ៉ាងខ្លាំង ។ ពួកអមនុស្ស (និរយបាល) ព្រហើនក្រៃលែង យកសរសៃដែក (មករុំ) នូវបុគ្គលអ្នកសម្លាប់មាតា ហើយគាប (ដោយឃ្នាបដែក) រឿយៗ ។ ពួកនិរយបាល ញ៉ាំងបុគ្គលអ្នកសម្លាប់មាតានោះ ឲ្យផឹកនូវឈាមដ៏ក្តៅ ដែលហូរចេញអំពីកាយរបស់ខ្លួន ដូចជាទឹកទង់ដែងរលាយ ។ បុគ្គលអ្នកសម្លាប់មាតានោះ ចុះទៅឋិតនៅក្នុងរណ្តៅគួរខ្ពើម ដូចជាអសុភមានក្លិនស្អុយ មានលាមក ជាភក់ មានក្លិនអាក្រក់ ប្រហែលគ្នាដោយខ្ទុះ និងឈាម ។ ក្នុងនរកនោះ មានពួកដង្កូវមានខ្លួនធំ មានមាត់ដូចម្ជុលដែក រុកត្បុលចូលទៅក្នុងសាច់ និងឈាម ទំលាយស្បែកសម្បុរថ្ងៃ ហើយស៊ីសត្វនរកនោះ (ទាំងខួរក្នុងឆ្អឹង) ។ បុគ្គលអ្នកសម្លាប់មាតានោះ ឆ្លាក់ទៅក្នុងនរកនោះ ជ្រមុជ (ក្បាល) ចុះទៅ ចំនួនមួយរយជួរបុរស សាកសពដ៏ស្អុយ ក៏ផ្សាយទៅកាន់ទីចម្ងាយមួយរយយោជន៍ជុំវិញ ។ ព្រោះថា សូម្បីជនមានចក្ខុ ធុញទ្រាន់ដោយក្លិននោះ ព្រោះអាស្រ័យចក្ខុ បពិត្រព្រះបាទព្រហ្មទត្ត បុគ្គលអ្នកសម្លាប់មាតា តែងបានសេចក្តីទុក្ខបែបនេះ ។ ពួកស្តី្ររំលូតគភ៌ កន្លងនូវខុរធារនរកដ៏មុត ដែលគេគ្របសង្កត់បានដោយក្រ ធ្លាក់ទៅក្នុងស្ទឹងឈ្មោះវេត្តរណី ដែលមិនរាបស្មើ ។ ដើមរកាទាំងឡាយ ជាវិការៈនៃដែក មានបន្លាប្រវែង ១៦ ធ្នាប់ សំយុងចុះមកត្រង់ត្រើយទាំងពីរខាងនៃស្ទឹងឈ្មោះវេត្តរណី ដែលមិនរាបស្មើ ។ ដើមរកាទាំងនោះ ត្រូវភ្លើងឆេះ មានអណ្តាតខ្ពស់ឡើងទៅលើ ១ យោជន៍ ដូចជាគំនរភ្លើងអំពីឆ្ងាយ ។ ពួកស្រីប្រព្រឹត្តក្បត់ចិត្តប្តី និងពួកប្រុសដែលគប់រកប្រពន្ធគេ ជនទាំងនុ៎ះ រមែងធ្លាក់ទៅក្នុងសិម្ពលីនរកដែលក្តៅ មានបន្លាស្រួច ។ ពួកសត្វនរកទាំងនោះ មានក្បាលចុះក្រោម ត្រូវពួកនិរយបាលចាក់ (ដោយអាវុធ) ច្រើនដង ក៏វិលធ្លាក់មកវិញ មានខ្លួនធ្លុះធ្លាយ រមែងដេក រមែងភ្ញាក់ អស់កាលជាយូរអង្វែងសព្វៗ កាល ។ (ពួកសត្វនរក ត្រូវពួកនិរយបាលចាប់បោះទៅ) ក្នុងនរកឈ្មោះលោហកុម្ភី មានឧបមាដោយភ្នំដ៏ធំ មានទឹកស្មើនឹងភ្លើងដ៏ក្តៅ រមែងឆេះអស់កាលកន្លលទៅនៃរាត្រីជាយូរអង្វែង ។ ពួកមនុស្សទ្រុស្តសីល (គប់រកប្រពន្ធគេ) ដែលមោហៈគ្របសង្កត់ហើយ រមែងរងកម្មរបស់ខ្លួន ដែលខ្លួនធ្វើអាក្រក់ក្នុងកាលមុន ទាំងថ្ងៃទាំងយប់យ៉ាងនេះ ។ ប្រពន្ធណា ដែលគេទិញមកដោយទ្រព្យ មើលងាយប្តី ម្តាយក្មេក ឪពុកក្មេក បងថ្លៃប្រុស បងថ្លៃស្រី ពួកនិរយបាល តែងទាញដកអណ្តាតព្រមទាំងគល់ របស់នាងនោះ ព្រមទាំងចំណងដោយសន្ទូច ។ សត្វនរកនោះ ឃើញអណ្តាតរបស់ខ្លួនប្រមាណមួយព្យាម ពេញដោយដង្កូវ មិនអាចអង្វរ (ពួកនិរយបាល) បាន លុះស្លាប់ទៅ រមែងឆេះនៅក្នុងតាបននរកទៀត ។ ពួកអ្នកសម្លាប់ចៀម សម្លាប់ជ្រូក សម្លាប់ត្រី ទាក់ម្រឹគ ពួកចោរ ពួកអ្នកសម្លាប់គោ ពួកព្រាន ពួកអ្នកធ្វើគុណក្នុងទោស (អ្នកញុះញង់) ។ ពួកសត្វនរកនោះ ត្រូវពួកនិរយបាលបៀតបៀនដោយលំពែង ដោយញញួរលោហៈ ដោយសំសែ ដោយព្រួញទាំងឡាយ មានក្បាលសំយុងចុះ ធ្លាក់ទៅក្នុងស្ទឹងខារ ។ អ្នកធ្វើអំពើវៀច ត្រូវពួកនិរយបាលដំដោយញញួរដែកទាំងឡាយទាំងល្ងាចទាំងព្រឹក ហើយស៊ីនូវកំអួតរបស់ពួកសត្វនរកដទៃ ដែលមានអត្តភាពអាក្រក់នោះសព្វៗ កាល ។ ពួកក្អែក ចចក ត្មាត ក្អែកព្រៃ មានចំពុះដែក នាំគ្នាចឹកប្រជែងនូវជនអ្នកធ្វើអំពើអាក្រក់កំពុងញាប់ញ័រ ។ ពួកជនណាសម្លាប់ម្រឹគ [យកម្រឹគ ឬបក្សីផងគ្នាធ្វើធ្នាក់ ។] ដោយម្រឹគ សម្លាប់បក្សី [យកម្រឹគ ឬបក្សីផងគ្នាធ្វើធ្នាក់ ។] ដោយបក្សី ពួកជននោះជាអសប្បុរស បិទបាំងដោយធូលី គឺរាគាទិក្កិលេស រមែងទៅកាន់ឧស្សទនរក ។

[៩៣] ពួកសប្បុរសក្នុងលោកនេះ មានកម្មសន្សំល្អហើយ តែងទៅកាន់លោកខាងលើ សូមព្រះអង្គទតមើលផលនៃអំពើដែលគេបានសន្សំល្អ ដូចពួកទេវតា ព្រមទាំងព្រះឥន្ទ្រ ព្រមទាំងព្រះព្រហ្ម បពិត្រមហារាជ អាត្មាភាពពោលហេតុនោះនឹងព្រះអង្គ បពិត្រព្រះអង្គជាម្ចាស់នៃដែន សូមព្រះអង្គប្រព្រឹត្តធម៌ បពិត្រព្រះរាជា អំពើដែលព្រះអង្គប្រព្រឹត្តល្អនោះ មិនគប្បីដុតកំដៅរឿយៗ ក្នុងកាលជាខាងក្រោយយ៉ាងណាៗ សូមព្រះអង្គប្រព្រឹត្តធម៌យ៉ាងនោះៗ ចុះ ។

ចប់ សង្កិច្ចជាតក ទី២ ។

ឧទ្ទាននៃសដ្ឋិនិបាត

អ្នកទាំងឡាយ ចូរស្តាប់ភាសិតរបស់ខ្ញុំ ក្នុងសដ្ឋិនិបាត បន្ទាប់អំពីបញ្ញាសនិបាតនោះគឺ និយាយអំពីឈ្មោះជាតកដ៏ប្រសើរ ដែលហៅថាសោណកតាបស និងព្រះរាជាទ្រង់ព្រះនាមអរិន្ទមៈ ១ ព្រះរាជាដ៏ប្រសើរ ក្នុងរថដែលយើងពោលហើយដូច្នោះ និងសង្កិច្ចឥសី ១ ។

ចប់ សដ្ឋិនិបាត ។

សត្តតិនិបាតជាតកកែប្រែ

កុសជាតក ទី១កែប្រែ

[៩៤] (ព្រះបាទកុសរាជពោធិសត្វ ត្រាស់ថា) បពិត្រព្រះមាតា ដែនរបស់ព្រះមាតានេះ ប្រកបដោយទ្រព្យ ប្រកបដោយយាន ប្រកបដោយគ្រឿងសំរាប់រាជ្យ បរិបូណ៌ដោយកាមគ្រប់យ៉ាង សូមព្រះមាតាត្រួតត្រាដែនរបស់ព្រះមាតានេះចុះ ខ្ញុំនឹងទៅកាន់នគរ ជាទីនៅរបស់នាងបភាវតីជាទីស្រឡាញ់ ។

[៩៥] (នាងបភាវតី ពោលថា) ព្រះអង្គមានព្រះទ័យមិនត្រង់ នាំយកអម្រែកធំ (រងទុក្ខ) ទាំងថ្ងៃទាំងយប់ ទាំងពេលអធ្រាត្រ សូមព្រះអង្គត្រឡប់ទៅក្រុងកុសាវតីវិញឲ្យឆាប់ ខ្ញុំម្ចាស់មិនចង់បានព្រះអង្គ ដែលមានរាងរៅអាក្រក់ មកនៅ (ក្នុងទីនេះ) ទេ ។

[៩៦] (ព្រះពោធិសត្វ …) ហៃនាងបភាវតី អញនឹងមិនទៅអំពីទីនេះ កាន់ក្រុងកុសាវតីទេ ព្រោះអញជាប់ចិត្តនឹងវណ្ណៈរបស់នាង ទើបត្រេកអរក្នុងដំណាក់ជាទីត្រេកអររបស់ព្រះបាទមទ្ទៈ ស៊ូលះបង់ដែន មកត្រេកអរក្នុងការឃើញនាង ។ ហៃនាងបភាវតី អញជាប់ចិត្តនឹងវណ្ណៈរបស់នាង មានសភាពវង្វេង ត្រាច់រង្គាត់ទៅកាន់ផែនដី មិនស្គាល់ទិសថា អញមកអំពីទីណា ហៃនាងមានភ្នែកថ្លាដូចភ្នែកម្រឹគ អញជាមនុស្សវក់ចិត្តក្នុងនាង ។ ហៃនាងមានគ្រឿងសម្លៀករំលេចដោយមាស មានខ្សែក្រវាត់ល្អជាវិការៈនៃមាស មានចង្កេះល្អ អញមិនត្រូវការដោយរាជសម្បត្តិ ព្រោះតែសេចក្តីប្រាថ្នាចំពោះនូវនាង ។

[៩៧] (នាងបភាវតី…) បពិត្រព្រះអង្គដ៏ចម្រើន សេចក្តីមិនចម្រើនតែងមានដល់បុគ្គលដែលប្រាថ្នា បុគ្គលកាលមិនប្រាថ្នា (ខ្លួន) បពិត្រព្រះរាជា ព្រះអង្គមិនជាទីស្រឡាញ់ ចង់បានស្រ្តីជាទីស្រឡាញ់ ដែលមិនមានសេចក្តីប្រាថ្នាដោយកាមទាំងឡាយ ។

[៩៨] (ព្រះពោធិសត្វ…) ជនណាបាននាងជាទីស្រឡាញ់ ទោះមិនមានសេចក្តីប្រាថ្នាក្តី មានសេចក្តីប្រាថ្នាក្តី យើងសរសើរនូវការបានរបស់ជននុ៎ះ បណ្តាការបាន និងមិនបាននោះ ឯការមិនបាន ចាត់ថាជារបស់លាមក ។

[៩៩] (នាងបភាវតី…) ព្រះអង្គចង់បានស្ត្រីដែលគេមិនចង់បាន ព្រះអង្គដូចជាគេជីកខ្លឹមថ្មដោយដើមកណិការ ឬដូចជាគេទាក់ខ្យល់ដោយសំណាញ់ ។

[១០០] (ព្រះពោធិសត្វ…) ហៃនាងមានលក្ខណៈទន់ភ្លន់ អញមកអំពីជនបទខាងក្រៅ មិនបានសេចក្តីស្រួល (ក្នុងសំណាក់) របស់នាង ឈ្មោះថា នាងយកថ្មសង្កត់លើហ្ឫទ័យ (នៃអញ) ដោយពិត ។ ព្រះរាជបុត្រីធ្វើមុខក្រញូវ ហើយសំឡឹងមើលមកអញ ក្នុងវេលាណា អញក៏នៅជានាយពិសេសក្នុងវាំងរបស់ព្រះបាទមទ្ទៈក្នុងវេលានោះ ។ ព្រះរាជបុត្រី ញញឹមញញែម ក្រឡេកមើលអញក្នុងវេលាណា អញមិននៅជានាយពិសេស ក្នុងវេលានោះទេ អញនឹងជាព្រះបាទកុសៈក្នុងវេលានោះវិញ ។

[១០១] (នាងបភាវតី…) ប្រសិនបើពាក្យរបស់ហោរពិតមែន ព្រះអង្គមិនត្រូវបានជាភស្តារបស់ខ្ញុំម្ចាស់ទេ ស៊ូឲ្យគេកាត់ (ខ្ញុំម្ចាស់) ជាប្រាំពីរកំណាត់ចុះ ។

[១០២] (ព្រះពោធិសត្វ…) ប្រសិនបើពាក្យរបស់ហោរដទៃ ឬរបស់អញពិតមែន ភស្តារបស់នាងក្រៅអំពីព្រះបាទកុសៈ ដែលមានព្រះសូរស័ព្ទស្មើនឹងសំឡេងសីហៈ ក៏មិនមានទេ ។

[១០៣] នែនាងគម បើនាងបភាវតីមានភ្លៅដូចជាប្រមោយដំរី គប្បីក្រឡេកមើលអញ លុះអញទៅដល់ក្រុងកុសាវតី នឹងឲ្យគេធ្វើគ្រឿងប្រដាប់សម្រាប់ពាក់ក ជាវិការៈនៃមាសឆ្តោរដល់នាង ។ នែនាងគម បើនាងបភាវតីមានភ្លៅដូចជាប្រមោយដំរី គប្បីហៅរកអញ លុះអញទៅដល់ក្រុងកុសាវតី នឹងឲ្យគេធ្វើគ្រឿងប្រដាប់សម្រាប់ពាក់ ក ជាវិការៈនៃមាសឆ្តោរដល់នាង ។ នែនាងគម បើនាងបភាវតីមានភ្លៅដូចជាប្រមោយដំរី គប្បីញញឹមញញែមរកអញ លុះអញទៅដល់ក្រុងកុសាវតី នឹងឲ្យគេធ្វើគ្រឿងប្រដាប់សម្រាប់ពាក់ក ជាវិការៈនៃមាសឆ្តោរដល់នាង ។ នែនាងគម បើនាងបភាវតីមានភ្លៅដូចជាប្រមោយដំរី គប្បីសើចក្អាកក្អាយរកអញ លុះអញទៅដល់ក្រុងកុសាវតី នឹងឲ្យគេធ្វើគ្រឿងប្រដាប់សម្រាប់ពាក់ក ជាវិការៈនៃមាសឆ្តោរដល់នាង ។ នែនាងគម បើនាងបភាវតីមានភ្លៅដូចជាប្រមោយដំរី គប្បីមកប៉ះពាល់អញដោយដៃទាំងឡាយ លុះអញទៅដល់ក្រុងកុសាវតី នឹងឲ្យគេធ្វើគ្រឿងប្រដាប់សម្រាប់ពាក់ក ជាវិការៈនៃមាសឆ្តោរដល់នាង ។

[១០៤] (ស្រ្តីគម…) ព្រះរាជបុត្រីនេះ មិនបាននូវសេចក្តីស្រួលចិត្តទៅរកព្រះបាទកុសៈ ជាបុរសនាយពិសេសអ្នកស៊ីឈ្នួលមិនត្រូវការដោយថ្លៃឈ្នួលទេ ។

[១០៥] (នាងបភាវតី…) ស្រ្តីគមនេះ មិនហ៊ានកាត់អណ្តាតដោយកាំបិតដ៏មុតដោយពិត តែហ៊ាននិយាយពាក្យជាទុព្ភាសិតយ៉ាងនេះ ។

[១០៦] (ស្រ្តីគម…) បពិត្រព្រះនាងបភាវតី ព្រះនាងកុំប្រៀបផ្ទឹមនូវព្រះបាទកុសៈនោះ ដោយរូប ដោយកំពស់ (និងទំហំរបស់ខ្លួននាង) ឡើយ បពិត្រព្រះនាងស្រស់ប៉ប្រៃ ព្រះនាងសូមធ្វើទុក (ក្នុងហ្ឫទ័យថា ព្រះបាទកុសៈនោះ) មានយសធំ ហើយធ្វើនូវសេចក្តីស្រឡាញ់ (ចំពោះព្រះបាទកុសៈនោះ) ចុះ ។ បពិត្រព្រះនាងបភាវតី ព្រះនាងកុំប្រៀបផ្ទឹមនូវព្រះបាទកុសៈនោះ ដោយរូប ដោយកំពស់ឡើយ បពិត្រព្រះនាងស្រស់ប៉ប្រៃ ព្រះនាងសូមធ្វើទុក (ក្នុងហ្ឫទ័យថា ព្រះបាទកុសៈនោះ) មានទ្រព្យច្រើន ហើយធ្វើនូវសេចក្តីស្រឡាញ់ចុះ ។ បពិត្រព្រះនាងបភាវតី ព្រះនាងកុំប្រៀបផ្ទឹមនូវព្រះបាទកុសៈនោះ ដោយរូប ដោយកំពស់ឡើយ បពិត្រព្រះនាងស្រស់ប៉ប្រៃ ព្រះនាងសូមធ្វើទុក (ក្នុងហ្ឫទ័យថា ព្រះបាទកុសៈនោះ) មានកម្លាំងច្រើន ហើយធ្វើនូវសេចក្តីស្រឡាញ់ចុះ ។ បពិត្រព្រះនាងបភាវតី ព្រះនាងកុំប្រៀបផ្ទឹមនូវព្រះបាទកុសៈនោះ ដោយរូប ដោយកំពស់ឡើយ បពិត្រព្រះនាងស្រស់ប៉ប្រៃ ព្រះនាងសូមធ្វើទុក (ក្នុងហ្ឫទ័យថា ព្រះបាទកុសៈនោះ) មានដែនធំ ហើយធ្វើនូវសេចក្តីស្រឡាញ់ចុះ ។ បពិត្រព្រះនាងបភាវតី ព្រះនាងកុំប្រៀបផ្ទឹមនូវព្រះបាទកុសៈនោះ ដោយរូប ដោយកំពស់ឡើយ បពិត្រព្រះនាងស្រស់ប៉ប្រៃ ព្រះនាងសូមធ្វើទុក (ក្នុងហ្ឫទ័យថា ព្រះបាទកុសៈនោះ) ជាព្រះរាជាធំ ហើយធ្វើនូវសេចក្តីស្រឡាញ់ចុះ ។ បពិត្រព្រះនាងបភាវតី ព្រះនាងកុំប្រៀបផ្ទឹមនូវព្រះបាទកុសៈនោះ ដោយរូប ដោយកំពស់ឡើយ បពិត្រព្រះនាងស្រស់ប៉ប្រៃ ព្រះនាងសូមធ្វើទុក (ក្នុងហ្ឫទ័យថា ព្រះបាទកុសៈនោះ) មានសំឡេងស្មើនឹងសំឡេងនៃសីហៈ ហើយធ្វើនូវសេចក្តីស្រឡាញ់ចុះ ។ បពិត្រព្រះនាងបភាវតី ព្រះនាងកុំប្រៀបផ្ទឹមនូវព្រះបាទកុសៈនោះ ដោយរូប ដោយកំពស់ឡើយ បពិត្រព្រះនាងស្រស់ប៉ប្រៃ ព្រះនាងសូមធ្វើទុក (ក្នុងហ្ឫទ័យថា ព្រះបាទកុសៈនោះ) មានសំឡេងដ៏ពីរោះ ហើយធ្វើនូវសេចក្តីស្រឡាញ់ចុះ ។ បពិត្រព្រះនាងបភាវតី ព្រះនាងកុំប្រៀបផ្ទឹមនូវព្រះបាទកុសៈនោះ ដោយរូប ដោយកំពស់ឡើយ បពិត្រព្រះនាងស្រស់ប៉ប្រៃ ព្រះនាងសូមធ្វើទុក (ក្នុងហ្ឫទ័យថា ព្រះបាទកុសៈនោះ) មានសំឡេងមូល ហើយធ្វើនូវសេចក្តីស្រឡាញ់ចុះ ។ បពិត្រព្រះនាងបភាវតី ព្រះនាងកុំប្រៀបផ្ទឹមនូវព្រះបាទកុសៈនោះ ដោយរូប ដោយកំពស់ឡើយ បពិត្រព្រះនាងស្រស់ប៉ប្រៃ ព្រះនាងសូមធ្វើទុក (ក្នុងហ្ឫទ័យថា ព្រះបាទកុសៈនោះ) មានសំឡេងល្អ ហើយធ្វើនូវសេចក្តីស្រឡាញ់ចុះ ។ បពិត្រព្រះនាងបភាវតី ព្រះនាងកុំប្រៀបផ្ទឹមនូវព្រះបាទកុសៈនោះ ដោយរូប ដោយកំពស់ឡើយ បពិត្រព្រះនាងស្រស់ប៉ប្រៃ ព្រះនាងសូមធ្វើទុក (ក្នុងហ្ឫទ័យថា ព្រះបាទកុសៈនោះ) មានសំឡេងដ៏ផ្អែមល្ហែម ហើយធ្វើនូវសេចក្តីស្រឡាញ់ចុះ ។ បពិត្រព្រះនាងបភាវតី ព្រះនាងកុំប្រៀបផ្ទឹមនូវព្រះបាទកុសៈនោះ ដោយរូប ដោយកំពស់ឡើយ បពិត្រព្រះនាងស្រស់ប៉ប្រៃ ព្រះនាងសូមធ្វើទុក (ក្នុងហ្ឫទ័យថា ព្រះបាទកុសៈនោះ) មានសិល្បៈច្រើន ហើយធ្វើនូវសេចក្តីស្រឡាញ់ចុះ ។ បពិត្រព្រះនាងបភាវតី ព្រះនាងកុំប្រៀបផ្ទឹមនូវព្រះបាទកុសៈនោះ ដោយរូប ដោយកំពស់ឡើយ បពិត្រព្រះនាងស្រស់ប៉ប្រៃ ព្រះនាងសូមធ្វើទុក (ក្នុងហ្ឫទ័យថា ព្រះបាទកុសៈនោះ) ជាក្សត្រិយ៍ (សុទ្ធ) ហើយធ្វើនូវសេចក្តីស្រឡាញ់ចុះ ។ បពិត្រព្រះនាងបភាវតី ព្រះនាងកុំប្រៀបផ្ទឹមនូវព្រះបាទកុសៈនោះ ដោយរូប ដោយកំពស់ឡើយ បពិត្រព្រះនាងស្រស់ប៉ប្រៃ ព្រះនាងសូមធ្វើទុក (ក្នុងហ្ឫទ័យថា ព្រះបាទកុសៈនោះ) ជាព្រះរាជាមាននាមស្មើនឹងស្បូវភ្លាំង (ដែលព្រះឥន្ទ្រប្រទាន) ហើយធ្វើនូវសេចក្តីស្រឡាញ់ចុះ ។

[១០៧] (អាមាត្យទាំងឡាយ…) ព្រះរាជាដ៏ប្រសើរទាំងអស់នុ៎ះ ជាព្រះរាជាគឃ្លើន មកហើយ ប្រដាប់ដោយគ្រឿងក្រោះ (សូមព្រះអង្គផ្ញើព្រះរាជសារទៅថា) អ្នកទាំងឡាយ ចូរនាំព្រះនាងបភាវតីនុ៎ះមក (បញ្ជូនទៅថ្វាយព្រះរាជាទាំងនោះ) កុំឲ្យទំលាយកំពែងមុនទាន់ ។

[១០៨] (ព្រះរាជា…) អញនឹងធ្វើនាងបភាវតីនុ៎ះ ឲ្យជា ៧ កំណាត់ ហើយឲ្យដល់ពួកក្សត្រិយ៍ដែលមកក្នុងទីនេះដើម្បីសម្លាប់អញ ។

[១០៩] (អភិសម្ពុទ្ធគាថា) ព្រះរាជបុត្រីមានសម្បុរលឿង ទ្រង់ព្រះពស្ត្រ ជាវិការៈនៃសូត្រ (រំលេចដោយមាស) ដែលពួកទាសីហែហម មាននេត្រាដ៏ពេញដោយព្រះអស្សុជល បានក្រោក (ចាកអាសនៈ) ។

[១១០] (នាងបភាវតី…) បពិត្រព្រះមាតា មុខ (របស់ខ្ញុំ) នោះ ធ្លាប់លាបស្រឡាបគ្រឿងលំអិត ឆ្លុះកញ្ចក់មានក្របជាវិការៈនៃភ្លុក ជាមុខល្អ មានភ្នែកល្អ រលីងរាបធេង ត្រូវពួកក្សត្រិយ៍លះចោលហើយ នឹងតាំងនៅក្នុងព្រៃ ។ ពួកត្មាតនឹងលើកជើងទាំងឡាយ កកាយនូវសក់ទាំងនោះរបស់ខ្ញុំ ជាសក់ខ្មៅមានចុងង ទន់ លាបដោយខ្លឹមចន្ទន៍ ឲ្យច្របូកច្របល់ ក្នុងកណ្តាលព្រៃស្មសាន ក្អែកចឹកដៃរបស់ខ្ញុំនោះ ដែលមានក្រចកក្រហម មានរោមល្អ ទន់ លាបដោយខ្លឹមចន្ទន៍ ដាច់ខ្ចាត់ខ្ចាយ ដែលពួកក្សត្រិយ៍ចោលក្នុងព្រៃ ហើយហើរទៅតាមប្រាថ្នា ។ ចចក (ឃើញស្តនរបស់ខ្ញុំ) នោះ ស្រដៀងគ្នានឹងផ្លែត្នោត មិនយារ លាបដោយខ្លឹមចន្ទន៍ដ៏ល្អិត ហើយបៀមនូវស្តនរបស់ខ្ញុំនោះ ដូចជាកូនខ្ចីបង្កើត ដែលបៀមនូវស្តនរបស់មាតា ។ ហ្វូងចចកជញ្ជែងត្រគាក (របស់ខ្ញុំ) នោះ ជាអវយវៈទូលាយ ដែលគេដំល្អហើយ ពាក់ដោយខ្សែក្រវាត់មាសទាំងឡាយ ដាច់ខ្ចាត់ខ្ចាយ ដែលពួក ក្សត្រិយ៍ចោលក្នុងព្រៃ ។ ពួកឆ្កែ ក្អែក ចចក និងសត្វឯទៀត ដែលមានចង្កូម ស៊ីនាងបភាវតី មុខជានឹងមិនចាស់គ្រាំគ្រាដោយពិត ។ ប្រសិនបើពួកក្សត្រិយ៍ ដែលទៅឆ្ងាយ នាំ យកសាច់ទាំងឡាយ (របស់ខ្ញុំ) ទៅ បពិត្រព្រះមាតា ចូរព្រះអង្គសូមយកឆ្អឹងទាំងឡាយ ហើយដុតឆ្អឹងនោះ ក្នុងទីបន្ទាប់ផ្លូវ (ក្នុងចន្លោះនៃផ្លូវដើរ និងផ្លូវធំ) ។ បពិត្រព្រះមាតា សូមព្រះមាតាប្រើគេធ្វើសួនច្បារ ហើយដាំដើមកណិការក្នុងសួនច្បារនុ៎ះ ក្នុងវេលាណាដែលដើមកណិការទាំងនោះមានផ្កា ក្នុងអំណើះទៅនៃកាលជាទីធ្លាក់នៃទឹកសន្សើមក្នុងហេមន្តរដូវ បពិត្រព្រះមាតា សូមព្រះមាតា រឭកខ្ញុំថា នាងបភាវតី មានវណ្ណៈយ៉ាងនេះ ។

[១១១] (អភិសម្ពុទ្ធគាថា) ក្សត្រិយ៍មានវណ្ណៈដូចវណ្ណៈទេវតា ជាមាតារបស់នាងបភាវតីនោះ ក្រោកចាកអាសនៈទៅកាន់សំណាក់ព្រះរាជាហើយ បានឃើញដាវ និងជ្រញ់ ក្នុងព្រះរាជវាំងព្រះបាទមទ្ទៈ ។

[១១២] (ព្រះមាតា…) បពិត្រព្រះបាទមទ្ទៈ ព្រះអង្គនឹងសម្លាប់ធីតាដែលគេចំណាំបានដោយងាយ មានចង្កេះរៀវ ដោយប៉ូវថៅនេះ ហើយប្រទានដល់ពួកក្សត្រិយ៍ដោយពិត ។

[១១៣] ហៃបុត្រី នាងមិនបានធ្វើតាមពាក្យរបស់អញដែលប្រាថ្នាប្រយោជន៍ នាងមុខជានឹងពេញពាសដោយឈាម ហើយទៅកាន់ភពរបស់មច្ចុរាជក្នុងថ្ងៃនេះ ។ បើសត្វដែលមិនធ្វើតាមពាក្យរបស់ពួកជនដែលបង្ហាញសេចក្តីចម្រើន បង្ហាញប្រយោជន៍ហើយ តែងប៉ះទង្គិចយ៉ាងនេះផង តែងជួបប្រទះនូវសេចក្តីអាក្រក់ជាង (នេះ) ផង ។ បើក្នុងថ្ងៃនេះ នាងនឹងបានទ្រទ្រង់កុមារស្រស់ប៉ប្រៃ ជាក្សត្រិយ៍ដែលកើតព្រោះព្រះបាទកុសៈ មានខ្សែក្រវាត់ជាវិការៈនៃមាស និងកែវមណីដែលពួកញាតិបូជាហើយ នាងនឹងមិនទៅកាន់លំនៅយមរាជទេ នែនាងដ៏ចម្រើន ស្គរលាន់ឮក្តី ដំរីស្រែកក្តី ក្នុងខត្តិយត្រកូលណា (នាងឃើញ) អ្វីដែលជាសុខក្រៃលែងជាងខត្តិយត្រកូលនោះ (បានជានាងមកក្នុងទីនេះ) ។ សេះក្លាប្រធីប្របទ្វារ កុមារអ្នករបាំប្រគំក្នុងខត្តិយត្រកូលណា នែនាងដ៏ចម្រើន (នាងឃើញ) អ្វី ដែលជាសុខក្រៃលែងជាងខត្តិយត្រកូលនោះ ។ កាលបើក្ងោក និងក្រៀលយំ និងតាវ៉ៅយំឮទ្រហឹងអឹងកងក្នុងខត្តិយត្រកូលណា នែនាងដ៏ចម្រើន (នាងឃើញ) អ្វី ដែលជាសុខក្រៃលែងជាងខត្តិយត្រកូលនោះ ។

[១១៤] ព្រះបាទកុសៈជាអ្នកញាំញីខ្មាំងសត្រូវ ញាំញីដែនរបស់ព្រះរាជាដទៃ មានប្រាជ្ញាឆើត គប្បីដោះយើងឲ្យរួចចាកទុក្ខបាន តើនៅក្នុងទីណា ។

[១១៥] (នាងបភាវតី…) ព្រះបាទកុសៈជាអ្នកញាំញីខ្មាំងសត្រូវ ញាំញីដែនរបស់ព្រះរាជាដទៃ មានប្រាជ្ញាឆើត សម្លាប់ក្សត្រិយ៍ទាំងអស់នោះ នៅក្នុងទីនេះឯង ។

[១១៦] (ព្រះមាតា…) នាងជាស្រីឆ្កួត ជាស្រីអន្ធពាល ចេះតែនិយាយ (ឲ្យរួចតែពីមាត់) បើព្រះបាទកុសៈគប្បីមក ពួកយើងធ្វើដូចម្តេចនឹងស្គាល់ព្រះបាទកុសៈនោះបាន ។

[១១៧] (នាងបភាវតី…) (ព្រះបាទកុសៈ) គឺបុរសនាយពិសេសនុ៎ះ ចងក្បិនយ៉ាងមាំឱនលាងឆ្នាំង (សូមព្រះមាតាទត) ត្រង់ចន្លោះដំណាក់កុមារី ។

[១១៨] (ព្រះមាតា…) នាងជាស្រីនៃត្រកូលជាងចាំង ជាស្រីចណ្ឌាល ឬជាស្រីទ្រុស្ត ត្រកូលទេឬ នាងកើតក្នុងត្រកូលព្រះបាទមទ្ទៈ គួរធ្វើស្វាមី (របស់ខ្លួន) ឲ្យជាទាសៈ ដូម្តេចកើត ។

[១១៩] (នាងបភាវតី…) ខ្ញុំមិនមែនជាស្រីត្រកូលជាងចាំង មិនមែនស្រីចណ្ឌាល មិនមែនជាស្រីទ្រុស្តត្រកូលទេ បពិត្រព្រះមាតា (ព្រះបាទកុសៈនោះ) ជាបុត្ររបស់ព្រះបាទឱក្កាកៈ (ចំណែកខាង) ព្រះមាតាទេតើ សំគាល់ថាជាទាសៈទៅវិញ ។

[១២០] ព្រះបាទកុសៈណា ញ៉ាំងពួកព្រាហ្មណ៍ទាំងម្ភៃពាន់ ឲ្យបរិភោគសព្វកាល បពិត្រព្រះមាតា ព្រះបាទកុសៈនោះ ជាបុត្ររបស់ព្រះបាទឱក្កាកៈ (ចំណែកខាង) ព្រះមាតាទេតើ សំគាល់ថាជាទាសៈទៅវិញ ។ ពួកជនតែងទឹមដំរីទាំងម្ភៃពាន់របស់ព្រះបាទកុសៈណាសព្វកាល បពិត្រព្រះមាតា ព្រះបាទកុសៈនោះ ជាបុត្ររបស់ព្រះបាទ ឱក្កាកៈ (ចំណែកខាង) ព្រះមាតាទេតើ សំគាល់ថាជាទាសៈទៅវិញ ។ ពួកជនតែងទឹមសេះទាំងម្ភៃពាន់របស់ព្រះបាទកុសៈណា សព្វកាល បពិត្រព្រះមាតា ព្រះបាទកុសៈនោះ ជាបុត្ររបស់ព្រះបាទឱក្កាកៈ (ចំណែកខាង) ព្រះមាតាទេតើ សំគាល់ថាជាទាសៈទៅវិញ ។ ពួកជនតែងទឹមរថទាំងម្ភៃពាន់របស់ព្រះបាទកុសៈណា សព្វកាល បពិត្រព្រះមាតា ព្រះបាទកុសៈនោះ ជាបុត្ររបស់ព្រះបាទឱក្កាកៈ (ចំណែកខាង) ព្រះមាតាទេតើ សំគាល់ថាជាទាសៈទៅវិញ ។ ពួកជនតែងរឹតទឹកដោះមេគោទាំងម្ភៃពាន់របស់ព្រះបាទកុសៈណាសព្វកាល បពិត្រព្រះមាតា ព្រះបាទកុសៈនោះ ជាបុត្ររបស់ព្រះបាទឱក្កាកៈ (ចំណែកខាង) ព្រះមាតាទេតើ សំគាល់ថាជាទាសៈទៅវិញ ។

[១២១] (ព្រះរាជា…) ម្នាលស្រីពាល ហងឯងធ្វើខ្ជីខ្ជាដល់ក្សត្រិយ៍ដែលមានកម្លាំងច្រើន ដូចជាដំរី ដោយភេទនៃកង្កែប នាងមិនបានប្រាប់ក្សត្រិយ៍នោះ ដែលយាងមកហើយ ។

[១២២] បពិត្រមហារាជ ជាបុគ្គលប្រសើរលើរថ សូមព្រះអង្គទ្រង់អត់កំហុស ដល់យើង ព្រោះយើងមិនបានដឹងថា ទ្រង់យាងមកក្នុងទីនេះ ដោយក្លែងភេទសោះ ។

[១២៣] (ព្រះមហាសត្ត…) បពិត្រព្រះសម្មតិទេព ដំណើរដែលទូលព្រះបង្គំជាខ្ញុំ ធ្វើជានាយពិសេសនោះ មិនកំបាំងដល់ជនដូចទូលព្រះបង្គំជាខ្ញុំទេ សូមព្រះអង្គជ្រះថ្លានឹងទូលបង្គំជាខ្ញុំចុះ អំពើខ្ជីខ្ជារបស់ព្រះអង្គមិនមានទេ ។

[១២៤] (ព្រះរាជា…) ម្នាលស្រីពាល នាងឯងចូរទៅសូមខមាលទោសនឹងព្រះបាទកុសៈ ដែលមានកម្លាំងច្រើន ព្រះបាទកុសៈនោះ កាលបើនាងសូមខមាលទោសហើយ នឹងប្រទានជីវិតដល់នាង ។

[១២៥] (អភិសម្ពុទ្ធគាថា) នាងបភាវតី មានវណ្ណៈដូចជាវណ្ណៈនៃទេវតា ឮព្រះឱង្ការ របស់ព្រះបិតា (ក៏ក្រាប) ដោយសីសៈ អាចចាប់ព្រះបាទកុសៈដ៏មានកម្លាំងច្រើន ត្រង់ព្រះបាទាបាន ។

[១២៦] (នាងបភាវតី…) បពិត្រព្រះសម្មតិទេព រាត្រីទាំងនោះ វៀរចាកព្រះអង្គកន្លងទៅ បពិត្រព្រះអង្គជាបុគ្គលប្រសើរលើរថ ខ្ញុំម្ចាស់សូម (ក្រាប) ដោយក្បាល ថ្វាយបង្គំព្រះបាទទាំងគូររបស់ព្រះអង្គ សូមព្រះអង្គកុំខ្ញាល់នឹងខ្ញុំម្ចាស់ ។ បពិត្រមហារាជ ខ្ញុំម្ចាស់សូមប្តេជ្ញាពាក្យពិតចំពោះព្រះអង្គ សូមព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យរបស់ខ្ញុំ ម្ចាស់ៗ លែងធ្វើនូវការមិនស្រឡាញ់ព្រះអង្គទៀតហើយ ។ កាលបើខ្ញុំម្ចាស់អង្វរករ យ៉ាងនេះហើយ បើព្រះអង្គនឹងមិនធ្វើតាមពាក្យខ្ញុំម្ចាស់ទេ ព្រះរាជបិតាមុខជានឹងសម្លាប់ខ្ញុំម្ចាស់ឥឡូវនេះ ហើយប្រទានដល់ពួកក្សត្រិយ៍មិនខាន ។

[១២៧] (ព្រះមហាសត្ត…) កាលបើនាងអង្វរករយ៉ាងនេះហើយ យើងនឹងមិនធ្វើតាមពាក្យរបស់នាងឯណាបាន នែនាងបភាវតីស្រីកល្យាណី បងលែងខឹងនឹងនាងហើយ នាងកុំភ័យឡើយ ។ នែរាជបុត្រី យើងសូមប្តេជ្ញាពាក្យពិតចំពោះនាងៗ ចូរស្តាប់ពាក្យរបស់យើងៗ លែងធ្វើនូវសេចក្តីមិនជាទីស្រឡាញ់នាងទៀត ។ នែនាងបភាវតី ជាស្រីមានចង្កេះរៀវ យើងអត់ទ្រាំសេចក្តីទុក្ខច្រើនដង ព្រោះតែចង់បាននាង យើងហ៊ានសម្លាប់ត្រកូលរបស់ព្រះបាទមទ្ទៈជាច្រើន ហើយនាំយកនាងទៅបាន ។

[១២៨] ពួកជនទាំងឡាយ ចូរទឹមសេះដ៏រំលេចដោយគ្រឿងប្រដាប់ផ្សេងៗ ជាសត្វរៀបរយក្នុងរថ កាលបើទឹមហើយ អ្នកទាំងឡាយមុខជានឹងឃើញកម្លាំងរបស់ខ្ញុំ ដែលកំចាត់ពួកខ្មាំងបាន ។

(អភិសម្ពុទ្ធគាថា) ពួកស្រីក្នុងព្រះរាជវាំងរបស់ព្រះបាទមទ្ទៈ (នាំគ្នាបើកបង្អួច) អើតមើលព្រះបាទកុសៈនោះ ដែលកំពុងមិតពត់ កំពុងទង្គិចដើមដៃទាំងពីរខាង ដូចជាសីហៈ ក្នុងទីនោះ ។

[១២៩] ព្រះបាទកុសៈ លើកព្រះនាងបភាវតី ឡើងកាន់កដំរី លុកលុយចូលទៅក្នុងសង្គ្រាម ហើយក៏បន្លឺនូវសីហនាទ ។ ពួកក្សត្រិយ៍ឮព្រះបាទកុសៈនោះបន្លឺសីហនាទនោះ ត្រូវភ័យអំពីសំឡេងគម្រាមនៃព្រះបាទកុសៈបៀតបៀនហើយ ក៏នាំគ្នារត់បែកខ្ញែកដូចជាពួកម្រឹគដទៃ (ដែលភ័យនឹងសម្រែក) នៃសីហៈ ។ ពួកទាហានដំរី ទាហានសេះ ទាហានរថ ទាហានថ្មើរជើង ត្រូវភ័យអំពីសំឡេងនៃព្រះបាទកុសៈបៀតបៀនហើយ ក៏រត់ជាន់គ្នាទៅវិញទៅមក ។ ទេវរាជជាធំជាងទេវតា បានឃើញហើយ ក៏មានព្រះហ្ឫទ័យរីករាយ បានប្រទានកែវមណីឈ្មោះវិរោចនៈ ដល់ព្រះបាទកុសៈក្នុងប្រធាននៃសង្គ្រាមនោះ ។ ព្រះរាជានោះ លុះឈ្នះសង្គ្រាមនោះ បានកែវមណីឈ្មោះវេរោចនៈ ហើយគង់លើ ក ដំរី ក៏យាងចូលទៅកាន់បូរី ។ ព្រះបាទកុសៈ បានចាប់យកក្សត្រិយ៍ទាំង ៧ អង្គទាំងរស់ ចងនាំមកថ្វាយដល់ព្រះបិតាក្មេកថា បពិត្រព្រះសម្មតិទេព ក្សត្រិយ៍ទាំង ៧ នេះហើយជាសត្រូវរបស់ព្រះអង្គ ។ ពួកក្សត្រិយ៍ជាសត្រូវទាំងអស់ ជាអ្នកបៀតបៀនព្រះអង្គ លុះក្នុងអំណាចរបស់ព្រះអង្គហើយ សូមព្រះអង្គធ្វើតាមបំណងរបស់ព្រះអង្គចុះ ទោះព្រះអង្គលែងក្សត្រិយ៍ទាំងនោះ ឬសម្លាប់នូវក្សត្រិយ៍ទាំងនោះចុះ ។

[១៣០] (ព្រះរាជា…) បពិត្រមហារាជ ព្រះរាជាទាំងនុ៎ះ ជាសត្រូវរបស់ព្រះអង្គ ព្រះរាជាទាំងនោះ មិនមែនជាសត្រូវរបស់ខ្ញុំទេ ព្រះអង្គ (ជាឥស្សរៈ) របស់ពួកយើងស្រាប់ហើយ ទោះលែងក្សត្រិយ៍ទាំងនោះ ឬសម្លាប់នូវក្សត្រិយ៍ទាំងនោះចុះ ។

[១៣១] (ព្រះមហាសត្ត…) ធីតាទាំងឡាយរបស់ព្រះអង្គទាំង ៧ នេះ ល្អ មានឧបមាដោយទេវកញ្ញា សូមព្រះអង្គប្រទានធីតាមួយអង្គៗ ដល់ព្រះរាជាទាំងនោះៗ ចូរជាកូនប្រសារ របស់ព្រះអង្គចុះ ។

[១៣២] (ព្រះបាទមទ្ទៈ…) បពិត្រមហារាជ ព្រះអង្គជាឥស្សរៈរបស់ពួកយើងទាំងអស់គ្នា គឺ (ព្រះរាជាទាំង ៧ នេះផង) ខ្ញុំផង ធីតាទាំងនោះផង ព្រះអង្គប្រាថ្នានឹង (ប្រទាន) ធីតា ណា (ដល់ព្រះរាជាណា) សូមប្រទាន (ធីតានោះ) ដល់ព្រះរាជានោះចុះ ។

[១៣៣] (អភិសម្ពុទ្ធគាថា) ព្រះបាទកុសៈ មានព្រះវាចាស័ព្ទស្មើនឹងសំឡេងសីហៈ បានប្រទានពួកធីតារបស់ព្រះបាទមទ្ទៈមួយអង្គៗ ដល់ក្សត្រិយ៍ទាំងនោះមួយអង្គៗ ។ ពួកក្សត្រិយ៍ទាំង ៧ អង្គ មានព្រះហ្ឫទ័យស្កប់ស្កល់ដោយលាភនោះហើយ ក៏ត្រេកអរ ចំពោះព្រះបាទកុសៈ ដែលមានព្រះសូរវាចាស្មើនឹងសំឡេងសីហៈ បានទៅកាន់ដែនទាំងឡាយរៀងខ្លួនក្នុងលំដាប់នោះឯង ។ ចំណែកឯព្រះបាទកុសៈមានកម្លាំងច្រើន បាននាំយកនាងបភាវតី និងកែវមណី ឈ្មោះវេរោចនៈដ៏ល្អ ហើយទ្រង់ស្តេចវិលត្រឡប់ទៅកាន់ក្រុងកុសាវតីវិញ ។ ក្សត្រិយ៍ទាំងនោះ គង់លើរថជាមួយគ្នា បរសំដៅចូលទៅកាន់ក្រុងកុសាវតី ស្មើគ្នាដោយវណ្ណៈ និងរូប មិនរុងរឿងជាងគ្នាងប៉ុន្មានទេ ។ ព្រះមាតាបានជួបជុំដោយបុត្រ ចំណែកអគ្គមហេសី និងព្រះរាជស្វាមីទាំងពីរព្រះអង្គនោះ បានព្រមព្រាងគ្នា នៅគ្រប់គ្រងរាជធរណីដ៏សម្បូណ៌សប្បាយក្នុងកាលនោះ ។

ចប់ កុសជាតក ទី១ ។

សោណនន្ទជាតក ទី២កែប្រែ

[១៣៤] (ព្រះរាជាព្រះនាមមនោជៈ ត្រាស់សួរថា) លោកជាទេវតា ឬជាគន្ធព្វ ជាសក្កបុរិន្ទទៈ ឬជាមនុស្សមានឫទ្ធិ ធ្វើដូចម្តេច យើងនឹងស្គាល់លោកបាន ។

[១៣៥] (តាបសឈ្មោះនន្ទបណ្ឌិតពោលថា) អាត្មាភាព មិនមែនជាទេវតា មិនមែនជាគន្ធព្វ មិនមែនជាសក្កបុរិន្ទទៈទេ អាត្មាភាពជាមនុស្សមានឫទ្ធិ បពិត្រព្រះរាជា ទ្រទ្រង់នូវភារៈ (ដែន) សូមព្រះអង្គជ្រាបយ៉ាងនេះចុះ ។

[១៣៦] (ព្រះបាទមនោជៈ…) ការខ្វល់ខ្វាយបំរើ មានភាពដែលលោកដ៏ចម្រើនធ្វើហើយ នេះជាការមិនមែនតិច កាលដែលភ្លៀងកំពុងធ្លាក់ចុះ លោកដ៏ចម្រើនអាចធ្វើមិនឲ្យមានភ្លៀងបាន ។ តអំពីនោះមក លោកដ៏ចម្រើនអាចធ្វើឲ្យម្លប់ដ៏ត្រជាក់បាន ក្នុងទីមានខ្យល់ និងកំដៅថ្ងៃដ៏ខ្លាំង តពីនោះមក លោកដ៏ចម្រើនអាចធ្វើគ្រឿងការពារព្រួញ ក្នុងកណ្តាលនៃសត្រូវទាំងឡាយបាន ។ តពីនោះមក លោកដ៏ចម្រើនអាចធ្វើដែនទាំងឡាយ ដ៏សម្បូណ៌ (និង) អ្នកដែនទាំងនោះឲ្យលុះក្នុងអំណាច (របស់យើងខ្ញុំ) តពីនោះមក លោកដ៏ចម្រើនអាចធ្វើក្សត្រិយ៍ ១០១ ឲ្យជាចំណុះ (នៃយើងខ្ញុំបាន) ។ យើងខ្ញុំត្រេកអរនឹងលោកដ៏ចម្រើន លោកចង់បានរតនៈ (ណា) ចូរទទួលយករតនៈនោះចុះ យើងខ្ញុំប្រគេនយានដំរី រថ សេះ ពួកនាងនារីដែលប្រដាប់ស្រេច ទាំងលំនៅគួរឲ្យត្រេកអរទាំងឡាយដល់លោកដ៏ចម្រើន ។ មួយទៀត យើងខ្ញុំប្រគេនដែនអង្គៈ ឬមគធៈ ដល់លោកដ៏ចម្រើន មួយទៀត យើងខ្ញុំសប្បាយចិត្ត ប្រគេនដែនអស្សកៈ ឬដែនអវន្តិដល់លោក ។ យើងខ្ញុំប្រគេនរាជ្យពាក់កណ្តាល ដល់លោកដ៏ចម្រើន បើលោកត្រូវការដោយរាជ្យ លោកចង់បានរបស់ណា សូមត្រួតត្រារបស់នោះចុះ ។

[១៣៧] (នន្ទបណ្ឌិតតាបស…) អាត្មាភាព មិនត្រូវការដោយរាជ្យ ដោយនគរ ឬដោយទ្រព្យ ទាំងមិនត្រូវការដោយជនបទទេ ។

[១៣៨] ក្នុងព្រៃក្នុងដែនជាអាណាខែត្ររបស់ព្រះអង្គដ៏ចម្រើន មានអាស្រមមួយ បិតាមាតារបស់អាត្មាភាពទាំងពីរនាក់ នៅក្នុងអាស្រមនោះ ។ អាត្មាភាពមិនបានធ្វើបុណ្យ ចំពោះបុព្វាចារ្យទាំងនោះ យើងធ្វើព្រះអង្គដ៏ចម្រើនឲ្យប្រសើរលើសលុប ឲ្យសូមនូវការរួបរួមជាមួយនឹងសោណបណ្ឌិតតាបស ។

[១៣៩] (ព្រះរាជា…) បពិត្រព្រាហ្មណ៍ ខ្ញុំធ្វើតាមពាក្យរបស់លោកដែលលោកពោលនឹងខ្ញុំ សូមលោកប្រាប់ហេតុនោះ ដល់យើងខ្ញុំ តើឲ្យពួកជនប៉ុន្មាននាក់ ជាអ្នកជួយ អង្វរករ ។

[១៤០] (នន្ទបណ្ឌិតតាបស…) ពួកគហបតីមហាសាលជាងមួយរយ ពួកព្រាហ្មណ៍មហាសាលជាងមួយរយ និងពួកក្សត្រិយ៍ទាំងអស់ ដែលមានជាតិដ៏ខ្ពស់ មានយសនេះ ទាំងព្រះបាទមនោជៈដ៏ចម្រើន ទើបល្មមជាអ្នកជួយអង្វរករ ។

[១៤១] (ព្រះរាជា…) ពួកអ្នករក្សាដំរី ពួកអ្នករក្សាសេះ ចូរនាំគ្នាចាត់ចែងនូវពួកដំរី ពួកសេះ ម្នាលសារថី អ្នកចូរជ្រាមរថ អ្នកទាំងឡាយ ចូរយកគ្រឿងប្រដាប់សម្រាប់ចង (ឯដំរីសេះរថ) ជនទាំងឡាយ ចូរលើកទង់ជ័យ ត្រង់ជើងទង់ជ័យដែលដំកល់លើរថ អញនឹងទៅកាន់អាស្រមជាទីនៅនៃកោសិយគោត្ត ។

[១៤២] (អភិសម្ពុទ្ធគាថា) លំដាប់ពីនោះមក ព្រះរាជាបានយាងទៅដោយសេនាប្រកបដោយអង្គ ៤ ទ្រង់ស្តេចទៅកាន់អាស្រម ជាទីរីករាយ ជាទីនៅនៃកោសិយគោត្ត ។

[១៤៣] (ព្រះបាទមនោជៈ…) ដងរែក ជាវិការៈនៃឈើក្ទម្ពរបស់អ្នកណា ដែលទៅដងទឹក ហើយមិនប៉ះពាល់ស្មា ទៅលើអាកាសចំនួន ៤ ធ្នាប់ ។

[១៤៤] (ព្រះមហាសត្ត…) បពិត្រមហារាជ អាត្មាភាពជាតាបសឈ្មោះសោណៈ ប្រកបដោយវត្ត មិនខ្ជិលច្រអូស ចិញ្ចឹមមាតាបិតា ទាំងយប់ទាំងថ្ងៃ ។ បពិត្រព្រះអង្គជាម្ចាស់នៃទិស អាត្មាភាព រលឹកឃើញឧបការៈដែលមាតាបិតាធ្វើក្នុងកាលមុន ហើយក៏យកផ្លែឈើ និងមើមឈើក្នុងព្រៃ មកចិញ្ចឹមមាតាបិតា ។

[១៤៥] (ព្រះរាជា…) យើងខ្ញុំចង់ទៅកាន់អាស្រម ជាទីនៅរបស់កោសិយគោត្ត បពិត្រព្រះសោណៈ សូមលោកម្ចាស់ប្រាប់ផ្លូវដល់យើង យើងនឹងទៅកាន់អាស្រម ។

[១៤៦] (ព្រះមហាសត្ត…) បពិត្រព្រះរាជា ផ្លូវដើរចុះតែជើង ១ នេះ មានព្រៃ មានពណ៌ដូចជាផ្ទៃមេឃ ដ៏ដេរដាសដោយដើមរលួសផ្អុងនុ៎ះ ជាទីនៅរបស់កោសិយគោត្ត ។

[១៤៧] (អភិសម្ពុទ្ធគាថា) លុះមហាឥសីពោលពាក្យនេះទូលប្រាប់ពួកក្សត្រិយ៍ហើយ ប្រញាប់ប្រញាល់ចៀសចេញទៅ (កាន់ស្រះអនោតត្ត) តាមអាកាសវេហាស៍ មហាឥសី ក៏បោសសំអាតអាស្រម រៀបចំអាសនៈ ចូលទៅកាន់បណ្ណសាលាហើយជំរាបបិតាឲ្យជ្រាបថា បពិត្រមហាឥសី ព្រះរាជាទាំងនេះ មានជាតិខ្ពស់ មានយស យាងមក សូមព្រះបិតាចេញអំពីអាស្រមមកគង់ចាំទទួល ។ មហាឥសី ឮពាក្យនោះរបស់កូននោះហើយ ក៏ប្រញាប់ប្រញាល់ ចេញអំពីអាស្រម មកអង្គុយជិតទ្វារ ។

[១៤៨] កោសិយគោត្តតាបស បានឃើញស្តេចនោះ ដូចជារុងរឿងដោយតេជះ មានពួកក្សត្រិយ៍ហែហម កំពុងយាងមក ហើយបានពោលពាក្យនេះថា ស្គរ សម្ភោរ ស័ង្ខ ស្គរតូច និងមហោរធិករបស់អ្នកណាញ៉ាំងសេ្តចជាបុគ្គលប្រសើរលើរថ ឲ្យរីករាយទៅខាងមុខ ។ (ទីបំផុតថ្ងាស) នៃអ្នកណា (បិទបាំង) ដោយដំបារមាសដ៏ធំ មានព័ណ៌ដូចជាផ្លេកបន្ទោរ ប្រុសកំឡោះណា សៀតបំពង់ព្រួញ រុងរឿងដោយសិរី ហើយដើរមក ។ អ្នកណាមានមុខរុងរឿងភ្លឺចាំង ដូចជាមាសភ្លឺចិញ្ចាចត្រង់មាត់បាវ ស្រដៀងនឹងរងើកភ្លើងនៃឧសគគីរ រុងរឿងដោយសិរី ហើយដើរមក ។ អ្នកណាបាំងឆ័ត្រ ព្រមទាំងឆ្អឹង ជាទីរីករាយនៃចិត្ត ការពាររស្មីព្រះអាទិត្យ អ្នកណារុងរឿងដោយសិរី ហើយដើរមក ។ ពួកជនបិទបាំងជុំវិញខ្លួននៃអ្នកណា ដែលមានបុណ្យដ៏ប្រសើរ កំពុងជិះលើ ក នៃដំរី ដោយផ្លិតរោមសត្វដ៏ឧត្តម ហើយដើរទៅ ។ ពួកឆ័ត្រស និងពួកអាជានេយ្យ ប្រដាប់ដោយក្រោះខ្នាន់ខ្នាប់ជុំវិញនៃអ្នកណា អ្នកណារុងរឿងដោយសិរី ហើយដើរមក ។ ពួកក្សត្រិយ៍មួយរយមួយ សុទ្ធតែមានយសជាស្តេចចំណុះ ដើរហែហមជុំវិញនៃអ្នកណា អ្នកណារុងរឿងដោយសិរី ដើរមក ។ ពួកសេនាប្រកបដោយអង្គ ៤ គឺដំរី ១ សេះ ១ រថ ១ ពលថ្មើរជើង ១ ដើរហែហមជុំវិញ (នៃអ្នកណា) អ្នកណារុងរឿងដោយសិរី ដើរមក ។ សេនាដ៏ធំនេះ មិនមានអ្នកណាមួយឲ្យរំភើបបាន មិនមានទីបំផុត ដូចជារលកនៃសាគរ ប្រព្រឹត្តទៅតាមខាងក្រោយនៃអ្នកណា ។

[១៤៩] (ព្រះមហាសត្ត…) ព្រះបាទមនោជៈ ជាព្រះរាជាប្រសើរជាងពួកព្រះរាជា ដូចជាព្រះឥន្ទ្រជាធំជាងពួកទេវតា ក្នុងឋានត្រៃត្រឹង្ស ដែលមានជ័យជំនះ បានដល់នូវភាពជាបរិស័ទនៃនន្ទតាបស មកកាន់អាស្រមនៃពួកព្រហ្មចារីបុគ្គល (ដើម្បីខមាទោសនឹងយើង) ។ សេនាដ៏ធំនេះ មិនមានអ្នកណាមួយឲ្យរំភើបបាន មិនមានទីបំផុតដូចជារលក នៃសាគរ ប្រព្រឹត្តទៅតាមខាងក្រោយនៃព្រះបាទមនោជៈនោះ ។

[១៥០] (អភិសម្ពុទ្ធគាថា) ពួកព្រះរាជាទាំងអស់ លាបស្រឡាបដោយខ្លឹមចន្ទន៍ ទ្រង់កាសិកព័ស្រ្តដ៏ឧត្តម បានផ្គងអញ្ជលីចូលទៅរកពួកឥសី ។

[១៥១] (ព្រះបាទមនោជៈ…) លោកដ៏ចម្រើនមានសេចក្តីសុខស្រួលទេឬ លោកដ៏ចម្រើនមានអនាម័យទេឬ លោកទាំងឡាយចិញ្ចឹមជីវិតដោយការស្វែងរកឬ មើមឈើ និងផ្លែឈើ មានច្រើនដែរឬ ។ ពួករបោម មូស ពស់ មានតិចតួចដែរឬ ក្នុងព្រៃដ៏ដេរដាសដោយម្រឹគសាហាវ មិនបៀតបៀនទេឬ ។

[១៥២] (កោសិយគោត្ត…) បពិត្រព្រះរាជា អាត្មាភាព មានសេចក្តីស្រួលទេ បពិត្រព្រះរាជា មួយទៀត អាត្មាភាព មិនមានសេចក្តីឈឺចាប់ទេ អាត្មាភាព ចិញ្ចឹមជីវិតដោយការស្វែងរក (ផលាផល) ស្រួលទេ ទាំងមើមឈើ និងផ្លែឈើក៏មានច្រើន ។ មួយទៀត ពួករបោម មូស ពស់ ក៏មានតិចតួចទេ ក្នុងព្រៃដ៏ដេរដាសដោយម្រឹគសាហាវ ក៏មិនបៀតបៀនអាត្មាភាពទេ ។ អាត្មាភាព មកនៅក្នុងអាស្រមនេះ អស់ប្រជុំនៃឆ្នាំជាច្រើន មិនដែលស្គាល់អាពាធ មិនជាទីត្រេកអរនៃចិត្តកើតឡើងទេ ។ បពិត្រមហារាជ ព្រះអង្គយាងមកល្អហើយ មួយទៀត ព្រះអង្គមិនមែនយាងមកអាក្រក់ទេ ព្រះអង្គជាឥស្សរៈ យាងមកដល់ហើយ វត្ថុមានក្នុងទីនេះ សូមព្រះអង្គមានព្រះបន្ទូល ។ បពិត្រព្រះរាជា សូមព្រះអង្គសោយផ្លែទន្លាប់ ផ្លែទ្រយឹង ផ្លែស្រគំ ផ្លែមាក់ដោក មានរសឆ្ងាញ់ពិសា ដូចជាទឹកឃ្មុំ ។ ទឹកត្រជាក់នេះ អាត្មាភាព បានដងមកអំពីជ្រោះភ្នំ បពិត្រមហារាជ សូមព្រះអង្គសោយទឹកនោះចុះ ប្រសិនបើទ្រង់ត្រូវការ ។

[១៥៣] (ព្រះរាជា…) របស់ណាដែលលោកឲ្យហើយ (របស់នោះ) ឈ្មោះថា យើងខ្ញុំទទួលហើយ ទាំងបានធ្វើឲ្យជាជំនូនដល់ជនទាំងពួង លោកទាំងឡាយ ចូរស្តាប់ពាក្យនន្ទបណ្ឌិតតាបស លោកនឹងនិយាយឥឡូវនេះ ពួកយើងជាបរិស័ទនៃនន្ទបណ្ឌិតតាបស បានមកកាន់សំណាក់នៃលោកដ៏ចម្រើន សោណបណ្ឌិតដ៏ចម្រើន ចូរស្តាប់ពាក្យនៃខ្ញុំផង នៃបរិស័ទរបស់នន្ទបណ្ឌិតតាបសផង ។

[១៥៤] (នន្ទបណ្ឌិតតាបស…) ពួកគហបតីមហាសាល ជាងមួយរយ ពួកព្រាហ្មណ៍មហាសាលជាងមួយរយ និងពួកក្សត្រិយ៍ទាំងអស់ ដែលមានជាតិខ្ពស់ មានយសនេះ ទាំងព្រះបាទមនោជៈដ៏ចម្រើន សូមជ្រាបតាមសំដីរបស់អាត្មាភាពចុះ ។ ពួកជនដែលមកជួបជុំគ្នា ពួកយក្ស ពួកភូត និងទេវតា ក្មេងមានក្នុងអាស្រមក្នុងព្រៃនេះ ចូរស្តាប់នូវពាក្យរបស់អាត្មា ។ អាត្មាធ្វើនមស្ការដល់ពួកភូតហើយ នឹងនិយាយចំពោះឥសី (ឈ្មោះសោណបណ្ឌិត) ដែលមានវត្តល្អថា ខ្ញុំនោះហើយ ដែលកោសិយគោត្តសន្មតថា ជាដើមដៃស្តាំរបស់លោក ។ បពិត្រអ្នកមានព្យាយាម ការទំនុកបំរុងមាតាបិតានេះ ជាបុណ្យរបស់ខ្ញុំដែលជាអ្នកប្រាថ្នាចិញ្ចឹមមាតា និងបិតារបស់ខ្ញុំ បពិត្រព្រះកោសិយៈ សូម លោកកុំឃាត់ខ្ញុំឡើយ ។ ការទំនុកបំរុងមាតាបិតានុ៎ះ ពួកសប្បុរសបានដឹងហើយ សូម លោកលះនូវការទំនុកបំរុងមាតាបិតានេះឲ្យដល់ខ្ញុំ លោកបានធ្វើ (កុសល) ដោយការ ខ្នះខ្នែងនឹងការបំរើយូរយារណាស់មកហើយ (ឥឡូវនេះ ខ្ញុំចង់ធ្វើ) បុណ្យទាំងឡាយ ដល់មាតា និងបិតា សូមលោកប្រគល់សួគ៌ទេវលោកដល់ខ្ញុំ ។ បពិត្រឥសី លោកដឹងផ្លូវទៅកាន់សួគ៌ទេវលោកយ៉ាងណា ពួកមនុស្សក៏ដឹងចំណែកធម៌ក្នុងធម៌ ក៏យ៉ាងនោះដែរ ។ កិរិយានាំមកនូវសេចក្តីសុខដល់មាតាបិតា ដោយការខ្នះខ្នែងនឹងការបំរើ ឥឡូវនេះ ជន (សោណបណ្ឌិត) ហាមឃាត់ខ្ញុំនោះចាកបុណ្យ ឈ្មោះថា ជាអ្នករារាំងផ្លូវដ៏ប្រសើរ (ឋានសួគ៌) ។

[១៥៥] (ព្រះមហាសត្ត…) លោកដ៏ចម្រើនទាំងឡាយ ដែលជាបរិស័ទនៃប្អូនរបស់ខ្ញុំ សូមស្តាប់ពាក្យរបស់ខ្ញុំ បពិត្រមហារាជ អ្នកណាមិនប្រព្រឹត្តធម៌ ចំពោះបុគ្គលជាច្បងទាំងឡាយ ញ៉ាំងប្រវេណីពីបុរាណឲ្យសាបសូន្យ អ្នកនោះរមែងទៅកើតក្នុងនរក ។ បពិត្រព្រះអង្គជាម្ចាស់នៃទិស ពួកជនណាឈ្លាសវៃក្នុងធម៌ (ជេដ្ឋាបចាយនធម៌) ជាប្រវេណីអំពីបុរាណ ព្រមទាំងបរិបូណ៌ដោយសណ្តាប់ធ្នាប់ ពួកជននោះ រមែងមិនទៅកាន់ទុគ្គតិទេ ។ បពិត្រព្រះអង្គជាអ្នកទ្រទ្រង់នូវបន្ទុក (ដែន) សូមព្រះអង្គជ្រាបយ៉ាងនេះថា មាតាបិតាបងប្អូនប្រុសស្រី ញាតិ និងផៅពង្សទាំងអស់នោះ ជាភារៈរបស់កូនច្បង ។ បពិត្រព្រះអង្គជាបុគ្គលប្រសើរលើរថ អាត្មាភាពដូចជានាយសំពៅ អាចនាំយកនូវភារៈដ៏ធ្ងន់ អាត្មាភាពពុំប្រមាទនូវជេដ្ឋាបចាយនធម៌ទេ ព្រោះអាត្មាភាពជាច្បង ។

[១៥៦] (ព្រះរាជាទាំងឡាយ…) ពួកយើងបានញាណដូចបុគ្គលបានអណ្តាតភ្លើងអំពីភ្លើង ក្នុងទីងងឹត កោសិយតាបសដ៏ចម្រើនបានឆ្លុះបញ្ចាំងធម៌ដល់ពួកយើង យ៉ាងនេះឯង ។ ព្រះអាទិត្យដែលបំភ្លឺនូវទ្រព្យ ធ្វើពន្លឺកាលរះឡើង តែងឆ្លុះបញ្ចាំងនូវរូបល្អ អាក្រក់ ដល់សត្វទាំងឡាយយ៉ាងណា កោសិយៈដ៏ចម្រើនបានឆ្លុះបញ្ចាំងនូវធម៌ដល់ពួកយើង ក៏យ៉ាងនោះដែរ ។

[១៥៧] (នន្ទបណ្ឌិតតាបស…) កាលបើខ្ញុំអង្វរយ៉ាងនេះហើយ លោកនៅតែមិនទទួលអញ្ជលី ខ្ញុំនឹងជាអ្នកប្រព្រឹត្តតាមពាក្យ ជាអ្នកប្រឹងបំរើលោក ។

[១៥៨] (ព្រះមហាសត្ត…) ម្នាលនន្ទ អ្នកស្គាល់ច្បាស់នូវព្រះសទ្ធម្មដែលពួកសប្បុរសសំដែងហើយមែន អ្នកជាមនុស្សល្អ មានឫកពាល្អ ត្រូវចិត្តយើងហើយ ។ ខ្ញុំសូមនិយាយនឹងបិតាដ៏ចម្រើន នឹងបិតាដ៏ចម្រើន សូមលោកទាំងឡាយស្តាប់ពាក្យរបស់ខ្ញុំ ភារៈនេះ មិនមែនគ្រាន់តែជាភារៈរបស់ខ្ញុំក្នុងកាលម្តងៗ ទេ ។ នន្ទៈធ្វើនូវខ្ញុំដែលជាអ្នកបំរើ នាំមកនូវសេចក្តីសុខដល់មាតា និងបិតានោះ ឲ្យជាធំ ហើយសូមដើម្បីការបំរើដែរ ។ បណ្តា (មាតា និងបិតា) ជាព្រហ្មចារី បើលោកណាម្នាក់ចង់បាន សូមលោកទទួលយកនន្ទៈ តាមប្រាថ្នាចុះ តើឲ្យនន្ទៈបំរើលោកណា ។

[១៥៩] (មាតា…) នែសោណៈកូន យើងអាស្រ័យនឹងអ្នក អ្នកអនុញ្ញាតហើយ គួរបានដើម្បីចូលទៅថើបក្បាលនន្ទៈ ជាព្រហ្មចារី ។

[១៦០] ដួងហ្ឫទ័យរបស់ម្តាយរំជួល ព្រោះខានឃើញនន្ទៈអស់កាលយូរហើយ ដូចជាស្លឹកខ្ចីរបស់អស្សត្ថព្រឹក្សដែលត្រូវខ្យល់បក់ ។ វេលាណា ម្តាយដេកលក់ យល់សប្តិឃើញនន្ទៈមក ក៏មានចិត្តត្រេកអរ មានចិត្តរីករាយ (ដោយគិតថា) នន្ទៈរបស់យើងនេះ មកហើយ ។ វេលាណា ម្តាយភ្ញាក់ឡើង មិនឃើញនន្ទៈមកទេ សេចក្តីសោក និងទោមនស្សជាច្រើន រឹងរឹតតែបណ្តាលឡើង ។ យូរណាស់ហើយ ស្រាប់តែក្នុងថ្ងៃនេះ ម្តាយនោះឃើញនន្ទៈមកដល់ នន្ទៈជាទីស្រឡាញ់នៃស្វាមីរបស់ម្តាយផង នៃម្តាយផង បានចូលមកកាន់ផ្ទះរបស់ពួកយើង ។ នន្ទៈជាទីស្រឡាញ់ក្រៃលែងរបស់បិតា កុំឲ្យនន្ទៈ ទៅបា្រសចាកអំពីផ្ទះ នែកូន ឯនន្ទៈ (ចង់បានអ្នកណា) ចូរបានអ្នកនោះចុះ នន្ទៈចូរបំរើនូវអញចុះ ។

[១៦១] (ព្រះមហាសត្ត…) ម្នាលឥសី មាតាជាអ្នកឈឺឆ្អាល ជាទីពឹង ជាអ្នកឲ្យរស (ទឹកក្សីរ) ដល់ពួកយើងជាមុន ជាផ្លូវនៃសួគ៌ទេវលោក ចង់បានអ្នក ។ មាតាជាអ្នកឲ្យរសជាមុន ជាអ្នកគ្រប់គ្រង ដែលយើងចូលទៅអាស្រ័យបុណ្យ ជាផ្លូវនៃសួគ៌ទេវលោក ម្នាលឥសី មាតាចង់បានអ្នក ។

[១៦២] មាតា កាលប្រាថ្នាចង់បានផ្លែ គឺកូន រមែងនមស្ការទេវតា សួរនក្ខត្តឫក្សទាំងឡាយផង សួររដូវ និងឆ្នាំទាំងឡាយផង ។ កាលមាតានោះ មានរដូវលាងស្អាតហើយ សត្វក៏ចុះមកកាន់គភ៌ស៊ប់ មាតាជាស្ត្រីមានសេចក្តីចាញ់ផ្ទៃដោយហេតុនេះ ព្រោះហេតុនោះ បានជាបណ្ឌិតហៅថា សុហទា (មានដួងហ្ឫទ័យល្អ) ។ មាតារក្សា (ផ្ទៃ) អស់មួយឆ្នាំ ឬថយពីមួយឆ្នាំ ហើយប្រសូតបុត្រមក ព្រោះហេតុនោះ បានជាបណ្ឌិតហៅមាតានោះថា ជនយន្តីផង ជនេត្តីផង (អ្នកបង្កើតកូន) ។ មាតាញ៉ាំងកូនដែលកំពុងយំឲ្យត្រេកអរ ដោយទឹកក្សីរផង ដោយការបំពេផង ដោយការឱបក្រសោបផង ព្រោះហេតុនោះ បានជាបណ្ឌិតហៅថា តោសេន្តី (អ្នកញ៉ាំងកូនឲ្យត្រេកអរ) ។ តពីនោះមក មាតាធ្វើនូវសេចក្តីស្រឡាញ់រាប់អាន ហើយក្រឡេកមើលទារកដែលនៅពុំទាន់ដឹងក្តី ក្នុងទីមានខ្យល់ និងកំដៅថ្ងៃដ៏ពន្លឹក ព្រោះហេតុនោះ បានជាបណ្ឌិតហៅថា បោសេន្តី (អ្នកចិញ្ចឹមកូន) ។ ទ្រព្យណាខាងមាតាផង ទ្រព្យណាខាងបិតាផង មាតាក៏គ្រប់គ្រងទ្រព្យទាំងពីរចំណែកដើម្បីកូននោះ (ដោយបំណងថា ទ្រព្យនេះ) ត្រូវមានដល់កូនរបស់យើង ។ មាតារមែងលំបាកដោយការបង្ហាត់បង្រៀនកូនដូច្នេះថា ម្នាលកូន (ឯងចូរកុំប្រមាទក្នុងរាជត្រកូលជាដើម) យ៉ាងនេះ ម្នាលកូន (ឯងចូរធ្វើការ) ឯណោះ ។ កាលបើកូនមានវ័យចម្រើនឡើងហើយ មាតា (បានដឹង) កូននោះប្រមាទក្នុងប្រពន្ធរបស់អ្នកដទៃក្នុងពេលអធ្រាត្រ ហើយមិនមកក្នុងវេលាល្ងាច ក៏រមែងលំបាកចិត្តដូច្នេះ ។ សត្វដែលមាតាចិញ្ចឹមដោយត្រដាបត្រដួសយ៉ាងនេះ ហើយមិនបំរើមាតា ប្រព្រឹត្តខុសក្នុងមាតានោះ តែងទៅកើតក្នុងនរក ។ សត្វដែលបិតាចិញ្ចឹមដោយត្រដាបត្រដួសយ៉ាងនេះ ហើយមិនបំរើបិតា ប្រព្រឹត្តខុសក្នុងបិតានោះ តែងទៅកើតក្នុងនរក ។ យើងបានឮមកថា សូម្បីតែទ្រព្យរបស់កូនអ្នកចង់បានទ្រព្យ តែងវិនាសទៅវិញ ឬកូននោះ រមែងក្រីក្រលំបាក ព្រោះមិនបំរើមាតា ។ យើងបានឮមកថា សូម្បីតែទ្រព្យរបស់កូនអ្នកចង់បានទ្រព្យ តែងវិនាសទៅវិញ ឬកូននោះ រមែងក្រីក្រលំបាកព្រោះមិនបំរើបិតា ។ បណ្ឌិតបំរើមាតា គប្បីបាននូវសុខនុ៎ះ គឺសេចក្តីត្រេកអររីករាយ ការសើចលេងសព្វៗកាល ។ បណ្ឌិតបំរើបិតា គប្បីបាននូវសុខនុ៎ះ គឺសេចក្តីត្រេកអររីករាយ ការសើចលេងសព្វៗ កាល ។ ទាន ១ វាចាជាទីស្រឡាញ់ ១ ការប្រព្រឹត្តិជាប្រយោជន៍ក្នុងលោកនេះ ១ ភាពនៃបុគ្គលមានខ្លួនប្រព្រឹត្តស្មើក្នុងជេដ្ឋាបចាយនធម៌នោះៗ តាមសមគួរ ១ ។ សង្គហធម៌ទាំង ៤ នុ៎ះឯង រមែងប្រព្រឹត្តទៅក្នុងលោក ដូចជាភ្លៅនៃកង់រថដែលវិលទៅ បើសង្គហធម៌ទាំងនុ៎ះមិនមានទេ មាតាមិនត្រូវបាននូវសេចក្តីរាប់អាន និងការបូជា ព្រោះហេតុនៃកូន ទាំងបិតា ក៏មិនត្រូវបាននូវសេចក្តីរាប់អាន និងការបូជា ព្រោះហេតុនៃកូន ។ ពួកបណ្ឌិត រមែងឃើញដោយល្អនូវសង្គហធម៌ទាំងនុ៎ះ ព្រោះហេតុនោះ បណ្ឌិតទាំងនោះ រមែងដល់នូវភាពជាធំ ទាំងជាអ្នកគួរសរសើរ ។ មាតាបិតា ជាអ្នកអនុគ្រោះដល់ពួកសត្វ គឺបុត្រ បណ្ឌិតហៅថា ព្រហ្មផង បុព្វាចារ្យផង អាហុនេយ្យៈផង របស់កូនទាំងឡាយ ។ ព្រោះហេតុនោះ បណ្ឌិតគប្បីនមស្ការ ធ្វើសក្ការៈចំពោះមាតាបិតានោះ ដោយបាយ ទឹក សំពត់ ទីដេក គ្រឿងអប់ ដោយការផ្ងូត និងការលាងជើង ។ បណ្ឌិតទាំងឡាយ រមែងសរសើរនូវបុគ្គលនោះ ព្រោះតែការបំរើចំពោះមាតាបិតានោះ លុះបុគ្គលនោះ លះលោកនេះទៅ រមែងរីករាយក្នុងឋានសួគ៌ ។

ចប់សោណនន្ទជាតក ទី២ ។

ឧទ្ទាននៃសត្តតិនិបាតនោះ គឺ

រឿងព្រះរាជាប្រសើរក្នុងក្រុងកុសាវតី ក្នុងនិបាតដ៏ប្រសើរគំរប់ចិតសិប និងរឿងសោណតាបស និងនន្ទតាបសដ៏ប្រសើរ ក្នុងសូត្រគំរប់ចិតសិប ។

ចប់ សត្តតិនិបាត ។

អសីតិនិបាតជាតកកែប្រែ

ចុល្លហំសជាតក ទី១កែប្រែ

[១៦៣] (រាជហង្សឈ្មោះធតរដ្ឋៈពោលថា) ម្នាលហង្សឈ្មោះសុមុខៈ ពួកបក្សី កាលមិនគយគន់មើល ហើរចេញទៅ អ្នកចូរទៅចុះ កុំប្រាថ្នា (នៅក្នុងទីនេះឡើយ ព្រោះថា) ភាពនៃអ្នកជាសំឡាញ់នឹងយើងដែលជាប់ចំណង មិនមានទេ ។

[១៦៤] (ហង្សសេនាបតីឈ្មោះសុមុខៈ ក្រាបបង្គំទូលថា) ទូលព្រះបង្គំជាខ្ញុំទៅក្តី មិនទៅក្តី ទូលព្រះបង្គំជាខ្ញុំមិនមែនមិនស្លាប់ដោយការទៅ ឬការមិនទៅនោះទេ ទូលព្រះបង្គំជាខ្ញុំចូលទៅរកព្រះអង្គដែលដល់នូវសេចក្តីសុខហើយ នឹងលះព្រះអង្គដែលដល់នូវសេចក្តីទុក្ខដូចម្តេចកើត ។ សេចក្តីស្លាប់ជាមួយនឹងព្រះអង្គក្តី ការរស់នៅវៀរចាកព្រះអង្គក្តី សេចក្តីស្លាប់នោះប្រសើរជាង ទូលព្រះបង្គំជាខ្ញុំតែវៀរចាកព្រះអង្គហើយ រស់នៅ មិនប្រសើរសោះឡើយ ។ បពិត្រមហារាជ ទូលព្រះបង្គំជាខ្ញុំលះចោលព្រះអង្គដែលដល់ (នូវសេចក្តីទុក្ខ) យ៉ាងនេះ ដោយសភាវៈណា សភាវៈនោះ មិនមែនជាធម៌ទេ បពិត្រព្រះអង្គជាធំលើបក្សី ដំណើរណា របស់ព្រះអង្គ ដំណើរនោះទូលព្រះបង្គំជាខ្ញុំក៏គាប់ចិត្តដែរ ។

[១៦៥] (រាជហង្ស…) ដំណើរដូចម្តេចរបស់ខ្ញុំ ដែលជាប់អន្ទាក់ហើយ ដទៃអំពីរោងគ្រួ ដំណើរនោះ ទៅជាពេញចិត្តដល់អ្នកដែលមានប្រាជ្ញា ជាអ្នកផុតអំពីអន្ទាក់ដូចម្តេច ។ ម្នាលអ្នកជាបក្សី កាលបើយើងទាំងពីរនាក់អស់ជីវិតហើយ អ្នកឃើញនូវប្រយោជន៍ដូចម្តេចរបស់ខ្ញុំផង របស់អ្នកផង របស់ពួកញាតិដ៏សេសផង ។ ម្នាលអ្នកមានស្លាបទាំងពីរដូចជាមាស ការលះបង់នូវជីវិតរបស់អ្នកណា ការលះបង់នូវជីវិតរបស់អ្នកនោះ ហាក់ដូចជាធ្វើក្នុងទីងងឹតដោយសេចក្តីល្ងិតល្ងង់ អ្នកកាលលះបង់នូវជីវិត ព្រោះគុណដែលមិនជាក់ច្បាស់ដូច្នោះ តើព្រោះឆ្លុះឃើញនូវប្រយោជន៍អ្វី ។

[១៦៦] (ហង្សសេនាបតី…) បពិត្រព្រះអង្គដ៏ប្រសើរផុត ព្រះអង្គមិនជ្រាបនូវប្រយោជន៍ដែលធ្លាក់ចុះក្នុងធម៌ដូចម្តេច ដ្បិតធម៌ដែលពួកសត្វគោរពហើយ រមែងបង្ហាញនូវសេចក្តីចម្រើនដល់សត្វទាំងឡាយ ។ ទូលព្រះបង្គំជាខ្ញុំនោះ កាលឃើញនូវធម៌ផង នូវប្រយោជន៍ដែលកើតអំពីធម៌ផង ពិចារណាឃើញនូវសេចក្តីស្រឡាញ់ចំពោះព្រះអង្គផង បានជាមិនប្រាថ្នាជីវិតទេ ។ មិត្តណា កាលរឭកឃើញនូវធម៌ ហើយមិនលះបង់មិត្រក្នុងកាលដែលមានសេចក្តីអន្តរាយ ព្រោះហេតុនៃជីវិត ធម៌របស់មិត្រនោះ ឈ្មោះថា ជាធម៌របស់សប្បុរសទាំងឡាយដោយពិត ។

[១៦៧] (រាជហង្ស…) ធម៌នោះ អ្នកបានសន្សំហើយ ទាំងសេចក្តីស្រឡាញ់ចំពោះយើង ៗ ក៏បានដឹងច្បាស់ហើយ អ្នកចូរធ្វើតាមសេចក្តីប្រាថ្នារបស់យើងនុ៎ះ អ្នក គឺយើងបានអនុញ្ញាតហើយ ចូរទៅចុះ ។ ម្នាលអ្នកបរិបូណ៌ដោយប្រាជ្ញា មួយទៀត ការបែកបាក់នៃពួកញាតិណា ដែលយើងបានបិទបាំងហើយ ក្នុងកាលដែលប្រព្រឹត្តទៅយ៉ាងនេះ ការបែកបាក់នៃពួកញាតិនោះ អ្នកគួរបិទបាំងទុកឲ្យល្អចុះ ។

[១៦៨] (អភិសម្ពុទ្ធគាថា) កាលដែលអរិយហង្សទាំងឡាយ ជាសត្វមានការប្រព្រឹត្តិដ៏ប្រសើរ កំពុងតែប្រឹក្សាគ្នាយ៉ាងនេះ ស្រាប់តែនាយនេសាទមកប្រាកដដូចជាសេចក្តីស្លាប់ ដែលប្រាកដដល់បុគ្គលឈឺ ។ ហង្សទាំងពីរនោះ មានប្រយោជន៍ (ដល់គ្នានឹងគ្នា) យូរអង្វែងហើយ បានឃើញច្បាស់នូវសត្រូវ ក៏ទំនៅស្ងៀមទាំងពីរនាក់ មិនកក្រើកចាកទ្រនំឡើយ ។ ព្រានព្រៃជាសត្រូវនៃសត្វស្លាប បានឃើញហង្សឈ្មោះសុមុខៈ និងរាជហង្សឈ្មោះធតរដ្ឋៈជាស្តេចនៃបក្សី កាលខិតចូលមករកគ្នាអំពីទីនោះ ៗ ក៏ស្ទុះទៅដោយប្រញាប់ ។ លុះនាយនេសាទនោះស្ទុះដោយប្រញាប់ ទៅជិតពួកបក្សីប្រសើរហើយ ក៏គិតថា សត្វហង្សទាំងពីរនេះជាប់ហើយ ញាប់ញ័រ ។ ក៏នាយនេសាទ បានឃើញសត្វហង្សមួយ ជាប់អន្ទាក់ហើយទំនៅ និងសត្វហង្សមួយទៀត ដែលមិនជាប់អន្ទាក់ ចូលមករកសត្វហង្សដែលជាប់អន្ទាក់ហើយទំនៅ សំឡឹងមើលនូវហង្សដែលមានទោស ។ លំដាប់អំពីនោះទៅ នាយនេសាទនោះ មានសេចក្តីសង្ស័យ ក៏បានសួរនូវសត្វហង្សមានពណ៌ស មានកាយដ៏ធំ ជាអធិបតីលើហ្វូងនៃបក្សីថា សត្វហង្សដែលជាប់អន្ទាក់ដ៏ធំដល់ម៉្លោះ មិនធ្វើនូវទិស (ដើម្បីហើរទៅ) ដោយហេតុណា (ហេតុនោះ គួរហើយ) ម្នាលសត្វស្លាប ចុះអ្នក មិនជាប់អន្ទាក់ទេ ជាសត្វមានកំឡាំង ហេតុអ្វីក៏មិនហើរទៅ ។ សត្វបក្សីនេះ ត្រូវជាអ្វីនឹងអ្នក អ្នករួច (អំពីអន្ទាក់ហើយ) ចូលមករកបក្សី ដែលជាប់អន្ទាក់វិញ បក្សីទាំងឡាយនាំគ្នាហើរចោលទៅអស់ហើយ ថ្វីក៏អ្នកក្រាញនៅតែម្នាក់ឯង ។

[១៦៩] (ហង្សសេនាបតី…) បពិត្រនាយនេសាទជាសត្រូវនៃសត្វបក្សី ឯហង្សនោះ ជាព្រះរាជានៃខ្ញុំផង ជាសំឡាញ់ស្មើដោយជីវិតនៃខ្ញុំផង ខ្ញុំនឹងមិនលះបង់នូវហង្សនោះ ដរាបដល់សេចក្តីស្លាប់មកដល់ ។

[១៧០] (នាយនេសាទ…) ចុះហេតុអ្វី ហង្សនេះក៏មិនឃើញនូវអន្ទាក់ដែលគេដាក់ហើយ ដំណើរនេះហើយ ដែលជាដំណើរសម្រាប់ពួកសត្វធំៗ ពួកសត្វធំៗ គួរដឹងនូវសេចក្តីអន្តរាយ ។

[១៧១] (ហង្សសេនាបតី…) កាលណាដែលសត្វជាអ្នកមានសេចក្តីវិនាស ក្នុងកាលជាទីអស់ទៅនៃជីវិត កាលនោះ សត្វនោះ សូម្បីចូលមកជិតដល់សំណាញ់ និងអន្ទាក់ ក៏នៅតែមិនដឹងឡើយ ។

[១៧២] (នាយនេសាទ…) ម្នាលសត្វមានប្រាជ្ញាច្រើន មែនហើយ អន្ទាក់ទាំងឡាយ យើងបានដាក់ហើយជាច្រើន កាលបើសត្វមានជីវិតអស់ទៅយ៉ាងនេះ សត្វស្លាបទាំងឡាយ តែងចូលមកជាប់នឹងអន្ទាក់ដ៏កំបាំង ។

[១៧៣] (ហង្សសេនាបតី…) សូមឲ្យការនៅរួមជាមួយនឹងអ្នកនេះ មានសុខជាកម្រៃ សូមអ្នកអនុញ្ញាតយើងខ្ញុំ សូមអ្នកឲ្យជីវិតដល់យើងខ្ញុំ ។

[១៧៤] (នាយនេសាទ…) ឯងមិនជាប់ (អន្ទាក់) អញទេ ទាំងអញទៀតសោត ក៏មិនប្រាថ្នាសម្លាប់ឯងដែរ ចូរឯងទៅអំពីទីនេះតាមប្រាថ្នាយ៉ាងឆាប់ ហើយរស់នៅមិនមានទុក្ខអស់កាលជាអង្វែងចុះ ។

[១៧៥] (ហង្សសេនាបតី…) ខ្ញុំប្រាសចាកជីវិតនៃបក្សីនោះហើយ មិនប្រាថ្នាជីវិតទេ ។ បើអ្នកត្រេកអរដោយហង្សមួយ ចូរអ្នកលែងនូវហង្សនេះទៅ ចូរបរិភោគនូវខ្ញុំវិញចុះ ។ យើងទាំងពីរអ្នកនោះ មានកំពស់ ទំហំ និងវ័យស្មើៗ គ្នា អ្នកមិនមែនសាបសូន្យចាកលាភទេ សូមអ្នកប្តូរយកខ្ញុំដោយហង្សនេះ ។ ចូរអ្នកសង្កេតមើលដំណើរនេះចុះ សេចក្តីជាប់ចិត្តរបស់អ្នកចំពោះយើងទាំងឡាយ សូមលើកទុកសិន ចូរអ្នកយកអន្ទាក់ចងខ្ញុំមុនសិនចុះ រួចសឹមលែងស្តេចបក្សីជាខាងក្រោយ ។ លាភរបស់អ្នកក៏នៅដដែលផង សេចក្តីអង្វរនេះក៏ឈ្មោះថា អ្នកបានធ្វើតាមផង សេចក្តីរាប់អានដោយរាជហង្សឈ្មោះធតរដ្ឋៈ គប្បីមានដល់អ្នក ដរាបដល់អស់ជីវិតផង ។

[១៧៦] (នាយនេសាទ…) ពួកសត្វបក្សីជាច្រើន ដែលជាមិត្រអាមាត្យក្តី មាតាបិតាក្តី កូនប្រពន្ធក្តី ជាផៅពង្សក្តី ចូរចួបនូវរាជហង្សនេះ ដែលរួចហើយព្រោះអ្នក ហើរទៅអំពីទីនេះ ។ ពួកមិត្ររបស់ពួកសត្វដទៃជាច្រើន ដែលប្រហែលគ្នានឹងមិត្ររបស់អ្នក ដូចអ្នកជាសំឡាញ់ស្មើជីវិតនឹងរាជហង្សឈ្មោះធតរដ្ឋៈនេះ មិនមានក្នុងទីនេះទេ ។ ខ្ញុំនោះ បានលែងនូវរាជហង្សជាសំឡាញ់របស់អ្នក ព្រះរាជារបស់អ្នក ចូរទៅតាមអ្នកចុះ អ្នកទាំងឡាយ ចូរហើរទៅអំពីទីនេះតាមប្រាថ្នាជាឆាប់ ហើយរុងរឿងក្នុងកណ្តាលពួកញាតិចុះ ។

[១៧៧] (អភិសម្ពុទ្ធគាថា) ហង្សឈ្មោះសុមុខៈនោះ មានចិត្តត្រេកអរ ព្រោះម្ចាស់ផុតចាកចំណង ជាសត្វគោរពម្ចាស់ កាលពោលនូវវាចាដ៏ស្រួលដល់ត្រចៀក ទើបពោលថា បពិត្រនាយនេសាទ យើងត្រេកអរព្រោះបានឃើញនូវសេ្តចបក្សី ដែលរួចចាកអន្ទាក់ក្នុងថ្ងៃនេះ យ៉ាងណា លោកចូរត្រេកអរជាមួយនឹងពួកញាតិទាំងអស់យ៉ាងនោះចុះ ។

[១៧៨] លោកចូរមកនេះ ខ្ញុំប្រៀនប្រដៅលោកឲ្យបានលាភ រាជហង្សឈ្មោះធតរដ្ឋៈនេះ ឥតឃើញសេចក្តីអាក្រក់របស់លោកតិចតួចទេ ។ លោកចូរ (នាំយើងខ្ញុំ) ទៅក្នុងរាជបូរីជាឆាប់ ហើយបង្ហាញចំពោះព្រះរាជា នូវយើងខ្ញុំទាំងពីរនាក់ ដែលមិនជាប់ចំណង មានសភាពជាប្រក្រតីឋិតនៅលើអម្រែកទាំងពីរខាង ។ (លោកក្រាបទូលថា) បពិត្រមហារាជ ហង្សទាំងពីរនេះ កើតក្នុងត្រកូលធតរដ្ឋៈ ជាអធិបតីលើពួកហង្ស ឯហង្សនេះ ជាព្រះរាជារបស់ហង្សទាំងឡាយ ហង្សមួយទៀតនេះ ជាសេនាបតី ។ ព្រះរាជា ជាអធិបតីលើពួកជន ទ្រង់បានទតឃើញរាជហង្សនេះហើយ មុខជាទ្រង់មានព្រះរាជហឫទ័យត្រេកអររីករាយ នឹងប្រទាននូវទ្រព្យជាច្រើនដល់អ្នក ឥតសង្ស័យ ។

[១៧៩] នាយនេសាទ លុះបានស្តាប់ពាក្យហង្សឈ្មោះសុមុខៈនោះហើយ ក៏បង្ហើយកិច្ចការ រួច (នាំហង្សទាំងពីរ) ទៅខាងក្នុងបុរីយ៉ាងឆាប់ ហើយបង្ហាញចំពោះព្រះរាជា នូវហង្សទាំងពីរដែលមិនជាប់អន្ទាក់ មានសភាពតាមប្រក្រតី ឋិតនៅលើអម្រែកទាំងពីរខាងថា បពិត្រមហារាជ ហង្សទាំងពីរនេះ កើតក្នុងត្រកូលធតរដ្ឋៈ ជាអធិបតីលើពួកហង្ស ឯហង្សនេះ ជាព្រះរាជារបស់ហង្សទាំងឡាយ ហង្សមួយទៀតនេះ ជាសេនាបតី ។

[១៨០] (ព្រះរាជា…) ហង្សទាំងនេះ មកឋិតនៅក្នុងកណ្តាប់ដៃរបស់អ្នក តើដោយហេតុដូចម្តេច អ្នកជានាយព្រាន បានដល់នូវភាពជាធំជាងសត្វហង្សដ៏ធំៗ ទាំងឡាយ ក្នុងទីនេះ ដោយហេតុដូចម្តេច ។

[១៨១] (ព្រានព្រៃ…) បពិត្រព្រះអង្គជាធំជាងជន ទូលព្រះបង្គំជាខ្ញុំ ស្គាល់នូវកន្លែងជាទីប្រជុំនៃពួកសត្វស្លាបណាៗ ជាទីធ្វើឲ្យអស់ទៅនៃជីវិតនៃពួកសត្វស្លាប ទូលព្រះបង្គំជាខ្ញុំ បានដាក់អន្ទាក់ទាំងនេះលើភក់ទាំងឡាយ (ក្នុងកន្លែងនោះៗ) ។ រាជហង្ស បានមកជាប់អន្ទាក់ប្រាកដដូច្នោះ ចំណែកហង្សជាសេនាបតីនេះ មិនជាប់អន្ទាក់ទេ តែចូលទៅទំជិតនឹងរាជហង្សនោះ ហើយបាននិយាយនឹងទូលព្រះបង្គំជាខ្ញុំ ។ ហង្សជាសេនាបតីនេះ (បានធ្វើ) នូវអំពើដែលពួកជនមិនមែនជាអរិយៈធ្វើបានដោយក្រ ជាសត្វប្រកបដោយធម៌ សង្វាតក្នុងប្រយោជន៍របស់ម្ចាស់ បានប្រកាសនូវភាពនៃខ្លួនជាសត្វដ៏ឧត្តម ។ ហង្សជាសេនាបតីនេះ ជាសត្វគួរនឹងរស់នៅ តែស៊ូលះបង់នូវជីវិតនៃខ្លួន កាលសរសើរ (នូវគុណនៃម្ចាស់) ហើយទំនៅ បានសុំនូវជីវិតម្ចាស់ ។ ទូលព្រះបង្គំជាខ្ញុំ បានស្តាប់ពាក្យនោះរបស់ហង្សសេនាបតីនោះហើយ ទើបដល់នូវសេចក្តីជ្រះថ្លា លំដាប់នោះ ទូលព្រះបង្គំបានដោះរាជហង្សនោះចាកអន្ទាក់ ទាំងបានអនុញ្ញាតឲ្យទៅដោយស្រួល ។ ហង្សជាសេនាបតីនោះ ក៏មានចិត្តរីករាយ ព្រោះម្ចាស់បានរួចហើយ ជាសត្វគោរពម្ចាស់ កាលនឹងពោលវាចាដ៏ស្រួលដល់ត្រចៀក បានពោលយ៉ាងនេះថា បពិត្រព្រានព្រៃ ថ្ងៃនេះ ខ្ញុំរីករាយ ព្រោះបានឃើញស្តេចបក្សីដែលរួចហើយយ៉ាងណា សូមឲ្យលោករីករាយ ជាមួយនឹងពួកញាតិទាំងអស់យ៉ាងនោះ ។ លោកចូរមកនេះ ខ្ញុំនឹងប្រៀនប្រដៅឲ្យបាននូវលាភ រាជហង្សឈ្មោះធតរដ្ឋៈនេះ ឥតឃើញសេចក្តីអាក្រក់តិចតួចរបស់លោកទេ ។ លោកចូរនាំយើងខ្ញុំទៅក្នុងបុរីជាឆាប់ ហើយបង្ហាញព្រះរាជានូវយើងខ្ញុំទាំងពីរនាក់ ដែលមិនជាប់ចំណង មានសភាពជាប្រក្រតី ឋិតនៅលើអម្រែកទាំងពីរខាង ។ (លោកក្រាបទូលថា) បពិត្រមហារាជ ហង្សទាំងនេះ កើតនៅក្នុងត្រកូលធតរដ្ឋៈ ជាអធិបតីលើពួកហង្ស ឯហង្សនេះ ជាព្រះរាជារបស់ហង្សទាំងឡាយ ហង្សមួយទៀតនេះ ជាសេនាបតី ។ ព្រះរាជាជាធំលើពួកជន បានទតឃើញរាជហង្សនេះហើយ មុខជានឹងមានព្រះទ័យត្រេកអរ សោមនស្សរីករាយ និងព្រះរាជទាននូវទ្រព្យដ៏ច្រើន ដល់លោកដោយពិត ។ ទូលព្រះបង្គំជាខ្ញុំ បាននាំហង្សទាំងពីរនេះមក តាមពាក្យហង្សជាសេនាបតីនេះយ៉ាងនេះ ព្រោះថា ទូលព្រះបង្គំជាខ្ញុំ បានបើកលែងហង្សទាំងពីរនេះ ក្នុងទីនោះរួចទៅហើយ ។ សត្វបក្សីនោះ ជាទ្វិជាត មានដំណើរយ៉ាងនេះ ប្រកបដោយធម៌ដ៏ក្រៃលែង ព្រោះថា សត្វបក្សីនោះ បានញ៉ាំងចិត្តដ៏ទន់ឲ្យកើតដល់ព្រានព្រៃ ប្រាកដដូចជាទូលព្រះបង្គំជាខ្ញុំ ។ បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំជាខ្ញុំ មិនឃើញដង្វាយដទៃ ក្នុងស្រុកនៃព្រានបក្សីដ៏សមគួរដល់ព្រះអង្គឡើយ បពិត្រព្រះអង្គជាធំជាងពួកមនុស្ស សូមព្រះអង្គទតមើលនូវដង្វាយនោះ ។

[១៨២] រាជហង្សបានឃើញព្រះរាជា ទ្រង់គង់នៅលើតាំងជាវិការៈនៃមាសដ៏ស្អាត កាលនឹងពោលនូវវាចាឲ្យស្រួលដល់ត្រចៀក បានពោលថា ព្រះអង្គបានសេចក្តីសុខស្រួលទេឬ ព្រះអង្គមិនមានជម្ងឺអ្វីទេឬ មួយទៀត ព្រះអង្គគ្រប់គ្រងដែនដ៏ធំទូលាយនេះ តាមធម៌ដែរឬ ។

[១៨៣] (ព្រះរាជា…) ម្នាលហង្ស យើងមានសេចក្តីសុខស្រួលទេ ម្នាលហង្ស យើងមិនមានជម្ងឺអ្វីទេ ម្យ៉ាងទៀត យើងគ្រប់គ្រងដែនដ៏ធំទូលាយនេះ តាមធម៌ហើយ ។

[១៨៤] (រាជហង្ស…) កំហុសបន្តិចបន្តួចរបស់ព្រះអង្គ មិនមានក្នុងពួកអាមាត្យទេឬ ពួកអាមាត្យទាំងនោះ មិនអាល័យជីវិតព្រោះប្រយោជន៍ទាំងឡាយរបស់ព្រះអង្គទេឬ ។

[១៨៥] (ព្រះរាជា…) កំហុសបន្តិចបន្តួចរបស់យើង មិនមានក្នុងពួកអាមាត្យទេ អាមាត្យទាំងនោះ មិនអាល័យជីវិតព្រោះប្រយោជន៍ទាំងឡាយរបស់យើងទេ ។

[១៨៦] (រាជហង្ស…) អគ្គមហេសីរបស់ព្រះអង្គដែលមានជាតិស្មើគ្នា ជាស្រីស្តាប់បង្គាប់ ពោលពាក្យជាទីស្រឡាញ់ ប្រកបដោយបុត្រ រូប និងយស លុះអំណាចសេចក្តីប្រាថ្នារបស់ព្រះអង្គដែរឬ ។

[១៨៧] (ព្រះរាជា…) អគ្គមហេសីរបស់យើង ដែលមានជាតិស្មើគ្នា ជាស្រីស្តាប់បង្គាប់ ពោលនូវពាក្យជាទីស្រឡាញ់ ប្រកបដោយបុត្រ រូប និងយស លុះអំណាចសេចក្តីប្រាថ្នារបស់យើង ។

[១៨៨] អ្នកដ៏ចម្រើន លុះក្នុងកណ្តាប់ដៃសត្រូវដ៏ធំ ដល់នូវសេចក្តីទុក្ខដ៏ធំ ក្នុងអន្តរាយទីមួយនោះដែរឬ ។ ព្រានព្រៃបានស្ទុះចូលទៅសំពងអ្នកដោយដម្បងដែរឬ ដ្បិតអំពើយ៉ាងនេះ តែងមានជាធម្មតា ដល់ពួកអ្នកធ្វើអំពើអាក្រក់ក្នុងខណៈនោះ ។

[១៨៩] (រាជហង្ស…) បពិត្រមហារាជ ទូលព្រះបង្គំជាខ្ញុំបានសេចក្តីក្សេមក្សាន្តទេ កាលបើមានហេតុយ៉ាងនេះ ព្រានព្រៃនេះ មិនដល់ (នូវភាពនៃខ្លួន) ដូចជាសត្រូវចំពោះទូលព្រះបង្គំជាខ្ញុំតិចតួចឡើយ ។ ព្រានព្រៃនេះ ថយបន្តិចៗ ក៏បានសាកសួរទូលព្រះបង្គំជាមុន គ្រានោះ ហង្សឈ្មោះសុមុខៈ ជាបណ្ឌិតបាននិយាយតបវិញ ។ ព្រានព្រៃបានស្តាប់ពាក្យហង្សឈ្មោះសុមុខៈនោះហើយ ក៏បានដល់នូវសេចក្តីជ្រះថ្លា លំដាប់នោះ ព្រានព្រៃបានដោះទូលព្រះបង្គំជាខ្ញុំអំពីអន្ទាក់ ទាំងបានអនុញ្ញាតឲ្យទៅដោយស្រួលផង ។ ដំណើរមកក្នុងសំណាក់នៃព្រះអង្គនេះ គឺហង្សឈ្មោះសុមុខៈ ចង់បានទ្រព្យដល់ព្រានព្រៃនុ៎ះ បានគិតហើយដើម្បីប្រយោជន៍ដល់ព្រានព្រៃនុ៎ះ ។

[១៩០] (ព្រះរាជា…) ដំណើរមករបស់អ្នកដ៏ចម្រើនទាំងឡាយ ជាការស្រួលណាស់ហើយ យើងមានចិត្តត្រេកអរព្រោះការបានឃើញអ្នក ឯព្រានព្រៃនេះ ចូរបានទ្រព្យជាច្រើនដរាបទល់អស់ចំណង់ចុះ ។

[១៩១] (អភិសម្ពុទ្ធគាថា) ព្រះរាជាជាធំជាងមនុស្ស បានញ៉ាំងនាយនេសាទឲ្យឆ្អែតស្កប់ស្កល់ដោយភោគៈតាមដំណើរដែលសត្វបក្សីហង្សនិយាយនូវពាក្យដ៏សុខស្រួលដល់ត្រចៀក បានពោលហើយ ។

[១៩២] (ព្រះរាជា…) អំណាច (របស់យើង) ប្រព្រឹត្តទៅអស់ទីជាទីទ្រង់ទុកនូវធម៌ (ច្បាប់) ណា អ្នកដ៏ចម្រើន ចូរជាធំក្នុងទីទាំងអស់នោះ សូម្បីតិចតួច ចូរគ្រប់គ្រងនូវទីជាទីប្រាថ្នាចុះ ។ ម្យ៉ាងទៀត ទ្រព្យណា ដទៃអាចសម្រេចដើម្បីនឹងឲ្យទាន ឬជាគ្រឿងប្រើប្រាស់ យើងឲ្យនូវទ្រព្យនោះដល់អ្នក យើងនឹងលះនូវភាវៈជាធំដល់អ្នក ។

[១៩៣] ប្រសិនបើហង្សឈ្មោះសុមុខៈ ជាបណ្ឌិត បរិបូណ៌ដោយប្រាជ្ញានេះ ពោលនូវពាក្យដល់យើងតាមសេចក្តីប្រាថ្នា ពាក្យនោះ ជាទីស្រឡាញ់របស់យើងក្រៃពេក ។

[១៩៤] (ហង្សសេនាបតី…) បពិត្រព្រះមហារាជ ទូលព្រះបង្គំជាខ្ញុំ ដូចជានាគរាជ (ចូលទៅ) កាន់ចន្លោះ (នៃភ្នំ) មិនអាចនឹងក្រាបទូលតបបានទេ ដ្បិតការក្រាបទូលតបនោះ មិនមែនជាច្បាប់សម្រាប់ទូលព្រះបង្គំជាខ្ញុំឡើយ ។ រាជហង្សប្រសើរបំផុតជាងពួកទូលព្រះបង្គំជាខ្ញុំនោះផង ព្រះអង្គជាសត្វដ៏ឧត្តម រក្សាផែនដីជាធំជាងមនុស្សផង គួរទូលព្រះបង្គំជាខ្ញុំ បូជាដោយហេតុដ៏ច្រើន ។ បពិត្រព្រះអង្គជាធំជាងមនុស្ស កាលដែលការវិនិច្ឆ័យកំពុងប្រព្រឹត្តទៅ អាមាត្យជាអ្នកបំរើ មិនគប្បីក្រាបទូលក្នុងចន្លោះនៃព្រះអង្គទាំងពីរកំពុងមានព្រះបន្ទូលនោះឡើយ ។

[១៩៥] (ព្រះរាជា…) បានឮថា នាយព្រាន បានសរសើរអ្នកដោយធម៌ថា អ្នកជាបក្សីបណ្ឌិត ប្រាជ្ញាបែបនេះ មិនគប្បីមានដល់សត្វដែលមានអត្តភាពមិនទាន់សម្រេច ។ អ្នកមានប្រក្រតីដ៏ប្រសើរយ៉ាងនេះ ជាសត្វខ្ពង់ខ្ពស់យ៉ាងនេះ សត្វទាំងឡាយទាំងប៉ុន្មានដែលយើងបានឃើញហើយ យើងមិនដែលឃើញនូវសត្វដទៃបែបនេះ ។ យើងត្រេកអរដោយបានឃើញអ្នកទាំងពីរជាដំបូងផង ដោយពាក្យដ៏ពីរោះផង នុ៎ះជាសេចក្តីពេញចិត្តរបស់យើង យើងគប្បីចួបនូវអ្នកទាំងពីរអស់កាលជាអង្វែង ។

[១៩៦] (រាជហង្ស…) អំពើណា ដែលត្រូវធ្វើចំពោះមិត្តដ៏ប្រសើរ អំពើនោះ ព្រះអង្គបានធ្វើហើយចំពោះទូលព្រះបង្គំទាំងពីរ សេចក្តីរាប់អានណា របស់ព្រះអង្គចំពោះទូលព្រះបង្គំទាំងពីរ ទូលព្រះបង្គំទាំងពីរឃ្លាតហើយចាកព្រះអង្គ ដោយឥតសង្ស័យ ។ សេចក្តីទុក្ខឯណោះ បានកើតឡើងហើយក្នុងបក្សីជាច្រើន ព្រោះមិនឃើញនូវទូលព្រះបង្គំជាខ្ញុំទាំងពីរក្នុងចន្លោះនៃពួកញាតិជាច្រើនដោយពិត ។ យើងទាំងពីរដែលព្រះអង្គអនុញ្ញាតហើយ ដើម្បីកំចាត់បង់នូវសេចក្តីសោករបស់បក្សីទាំងនោះ បពិត្រព្រះអង្គជាអ្នកទូន្មាននូវសត្រូវ ទូលព្រះបង្គំជាខ្ញុំទាំងពីរ សូមធ្វើប្រទក្សិណព្រះអង្គ ហើយទៅចួបនឹងពួកញាតិ ។ ទូលព្រះបង្គំជាខ្ញុំ បានសេចក្តីត្រេកអរដ៏ធំទូលាយ ព្រោះបានជួបព្រះអង្គដោយពិត ម្យ៉ាងទៀត ប្រយោជន៍ធំនេះ កើតមានព្រោះតែសេចក្តីស្និទ្ធស្នាលចំពោះញាតិ ។

[១៩៧] (អភិសម្ពុទ្ធគាថា) លុះរាជហង្សឈ្មោះធតរដ្ឋៈ (និងហង្សឈ្មោះសុមុខៈ) បានពោលពាក្យនេះ ចំពោះព្រះរាជាជាធំលើជនរួចហើយ ក៏ហើរសំដៅទៅរកពួកញាតិ អាស្រ័យនូវសន្ទុះដ៏ឧត្តម ។ សត្វហង្សទាំងឡាយ បានឃើញនូវហង្សដ៏ឧត្តមទាំងពីរនោះមិនមានរោគមកដល់ហើយ ក៏បានធ្វើនូវសម្លេងថា កេកា ៗ សូរសំឡេងយ៉ាងខ្លាំង ក៏កើតមានឡើង ។ បក្សីទាំងនោះ មានសេចក្តីត្រេកអរ ព្រោះម្ចាស់រួចហើយ ជាសត្វគោរពចំពោះម្ចាស់ ជាសត្វបាននូវទីពឹង ហើយហើរក្រឡឹងជុំវិញ ។

[១៩៨] ប្រយោជន៍ទាំងអស់ របស់ពួកជនអ្នកមានមិត្ត រមែងសម្រេចសេចក្តីសុខយ៉ាងនេះ ដូចជាហង្សឈ្មោះធតរដ្ឋៈ និងហង្សឈ្មោះសុមុខៈ បានហើរចូលទៅរកពួកញាតិដូច្នោះ ។

ចប់ ចុល្លហង្សជាតក ទី១ ។

មហាហំសជាតក ទី២កែប្រែ

[១៩៩] (រាជហង្សពោលថា) ហង្សទាំងឡាយនេះ ត្រូវភ័យគំរាមហើយ នាំគ្នាហើរទៅ ម្នាលសុមុខៈ អ្នកមានស្បែកដូចមាស មានសម្បុរដូចមាស អ្នកចូរហើរទៅតាមប្រាថ្នាចុះ ។ ពួកបក្សីជាញាតិបានលះចោលនូវយើង ដែលលុះអំណាចនៃអន្ទាក់តែម្នាក់ឯង មិនអាល័យហើរទៅ អ្នកក្រាញនៅតែម្នាក់ឯងដូចម្តេច ។ ម្នាលអ្នកដ៏ប្រសើរជាងពួកបក្សី អ្នកចូរហើរទៅចុះ ព្រោះថា ភាពជាសំឡាញ់នឹងយើងដែលជាប់ចំណង មិនមានទេ អ្នកកុំធ្វើខ្លួនឲ្យសាបសូន្យចាកសេចក្តីសុខឡើយ ម្នាលសុមុខៈ អ្នកចូរហើរទៅតាមប្រាថ្នាចុះ ។

[២០០] (ហង្សសេនាបតីឈ្មោះសុមុខៈពោលថា) បពិត្រព្រះបាទធតរដ្ឋៈ ទូលព្រះបង្គំជាខ្ញុំ សូម្បីសេចក្តីទុក្ខគ្របសង្កត់ហើយ ក៏មិនគប្បីលះចោលព្រះអង្គ ជីវិត ឬសេចក្តីស្លាប់របស់ទូលព្រះបង្គំជាខ្ញុំ នឹងមានជាមួយព្រះអង្គ ។ បពិត្រព្រះបាទធតរដ្ឋៈ ទូលព្រះបង្គំជាខ្ញុំ សូម្បីសេចក្តីទុក្ខគ្របសង្កត់ហើយ ក៏មិនគប្បីលះចោលព្រះអង្គ ទាំងព្រះអង្គ ក៏មិនគួរប្រកបទូលព្រះបង្គំជាខ្ញុំ ក្នុងអំពើមិនប្រសើរទេ ។ ទូលព្រះបង្គំជាខ្ញុំ ជាកុមារមានវ័យស្មើគ្នា ជាសំឡាញ់នឹងព្រះអង្គ ឋិតនៅក្នុងអំណាចចិត្តរបស់ព្រះអង្គ ដែលជាចិត្តប្រព្រឹត្តទៅដោយប្រពៃ បពិត្រព្រះអង្គដ៏ប្រសើរខ្ពង់ខ្ពស់ជាងពួកនៃហង្ស ទូលព្រះបង្គំជាខ្ញុំ ប្រាកដជាសេនាបតីរបស់ព្រះអង្គ លុះទូលព្រះបង្គំជាខ្ញុំហើរទៅអំពីទីនេះ នឹងថ្លែងសេចក្តីក្នុងកណ្តាលញាតិដោយប្រការដូចម្តេច បពិត្រព្រះអង្គដ៏ប្រសើរជាងពួកបក្សី ទូលព្រះបង្គំលះចោលព្រះអង្គ ហើយទៅអំពីទីនេះ នឹងប្រាប់ (ដំណឹង) របស់ព្រះអង្គដូចម្តេច ទូលព្រះបង្គំនឹងលះបង់ជីវិតក្នុងទីនេះ មិនអាចនឹងធ្វើអំពើមិនប្រសើរទេ ។

[២០១] (រាជហង្ស…) ម្នាលសុមុខៈ នុ៎ះជាធម៌ (របស់បោរាណកបណ្ឌិតទាំងឡាយ) ព្រោះថា អ្នកឋិតនៅក្នុងគន្លងរបស់ជនដ៏ប្រសើរ មិនអាចលះបង់នូវយើងដែលជាម្ចាស់ផង ជាសំឡាញ់ផង ។ ដ្បិតថា កាលយើងសំឡឹងមើលអ្នក សេចក្តីភ័យក៏មិនកើតសោះទេ អ្នកបានញ៉ាំងយើង ដែលមានសភាពយ៉ាងនេះ ឲ្យបាននូវជីវិត ។

[២០២] (អភិសម្ពុទ្ធគាថា) កាលដែលហង្សដ៏ប្រសើរ (ពីរ) មានការប្រព្រឹត្តិដ៏ប្រសើរ កំពុងប្រឹក្សាគ្នា យ៉ាងនេះដូច្នេះ នាយនេសាទកាន់ដម្បងប្រញាប់មកដល់ភ្លាម ។ ហង្សឈ្មោះសុមុខៈ លុះបានឃើញនាយនេសាទនោះមកដល់ ក៏ឋិតនៅខាងមុខរាជហង្ស ហើយលួងលោមរាជហង្សដែលកំពុងភ័យ រួចបានស្រែកថា បពិត្រព្រះអង្គដ៏ប្រសើរជាងសត្វស្លាប ព្រះអង្គកុំភ័យឡើយ ព្រោះថាបក្សីទាំងឡាយប្រហែលព្រះអង្គ រមែងមិនភ័យទេ ទូលព្រះបង្គំជាខ្ញុំ នឹងប្រកបសេចក្តីព្យាយាមដ៏សមគួរ ដែលអាស្រ័យនូវធម៌ ព្រះអង្គនឹងរួចចាកអន្ទាក់ជាឆាប់ ដោយសេចក្តីព្យាយាមនោះមិនខាន ។

[២០៣] នាយនេសាទ បានឮសុភាសិតរបស់ហង្សឈ្មោះសុមុខៈនោះហើយ ក៏ព្រឺរោម បង្អោននូវអញ្ជលី ចំពោះហង្សឈ្មោះសុមុខៈនោះថា អ្នកជាបក្សីពោលនូវភាសារបស់មនុស្ស ពោលពាក្យដ៏ប្រសើរ បញ្ចេញនូវវាចាជារបស់មនុស្ស ដែលអញមិនធ្លាប់ឮ មិនធ្លាប់ឃើញ ។ បក្សីនេះត្រូវជាអ្វីនឹងអ្នក អ្នកជាសត្វរួចហើយ ចូលមករកសត្វជាប់ ពួកបក្សីហើរចោលអស់ទៅហើយ ម្តេចក៏អ្នកក្រាញនៅតែម្នាក់ឯង ។

[២០៤] (ហង្សសេនាបតី…) ឱព្រានព្រៃជាសត្រូវនឹងបក្សី ឯរាជហង្សនោះជាព្រះរាជារបស់ខ្ញុំ ខ្ញុំជាសេនាបតីរបស់រាជហង្សនោះ ខ្ញុំមិនអាចលះចោលស្តេចបក្សីនោះ ក្នុងកាលមានសេចក្តីអន្តរាយទេ ។ ព្រះរាជារបស់ខ្ញុំនេះ ជាម្ចាស់នៃពួកហង្សដ៏ច្រើន កុំដល់នូវសេចក្តីវិនាសតែម្នាក់ឯងឡើយ បពិត្រនាយនេសាទជាសំឡាញ់ ព្រោះថា រាជហង្សនេះជាម្ចាស់ ខ្ញុំតែងត្រេកអររីករាយ (ក្នុងសំណាក់រាជហង្សនោះ) ។

[២០៥] (ព្រានព្រៃ…) ម្នាលសត្វហង្ស អ្នកណា បានគោរពដុំអាហារ (ដែលបានអំពីម្ចាស់) អ្នកនោះឈ្មោះថា ប្រព្រឹត្តធម៌ដ៏ប្រសើរ យើងនឹងលែងនូវម្ចាស់របស់អ្នកនោះ អ្នកទាំងពីរ ចូរទៅតាមស្រួលចុះ ។

[២០៦] (ហង្សសេនាបតី…) នែសំឡាញ់ បើលោកដាក់អន្ទាក់ពួកហង្ស និងបក្សីដ៏សេស ដោយសេចក្តីព្យាយាមរបស់ខ្លួន យើងខ្ញុំនឹងទទួលនូវអភយទាននេះ របស់លោក បើលោកមិនដាក់អន្ទាក់ពួកហង្ស និងបក្សីដ៏សេស ដោយសេចក្តីព្យាយាមរបស់ខ្លួនទេ បពិត្រនាយនេសាទ លោកមិនមែនជាធំ កាលលែងនូវយើងខ្ញុំ ឈ្មោះថា ធ្វើនូវការលួច ។

[២០៧] លោកជាបុគ្គលស៊ីឈ្នួលរបស់ព្រះរាជាណា លោកចូរនាំយើងខ្ញុំ ឲ្យដល់ទៅព្រះរាជានោះតាមប្រាថ្នាចុះ ព្រះរាជាព្រះនាមសំយមៈ នឹងធ្វើតាមគាប់ព្រះទ័យក្នុងព្រះរាជនិវេសន៍នោះ ។

[២០៨] (អភិសម្ពុទ្ធគាថា) លុះហង្សឈ្មោះសុមុខៈ និយាយយ៉ាងនេះហើយ នាយនេសាទ ក៏យកដៃស្ទួយនូវហង្សទាំងពីរ ដែលមានសម្បុរ និងស្បែកដូចមាស ហើយដាក់ទៅក្នុងទ្រុង ។ ព្រានព្រៃបាននាំយកបក្សីឈ្មោះសុមុខៈ ១ ឈ្មោះធតរដ្ឋៈ ១ ទាំងពីរ មានសម្បុរដ៏ភ្លឺផ្លេក ទំនៅក្នុងទ្រុងនោះហើយចៀសចេញទៅ ។

[២០៩] រាជហង្សឈ្មោះធតរដ្ឋៈ ដែលព្រានព្រៃកំពុងនាំទៅ បានពោលពាក្យនេះ នឹងហង្សឈ្មោះសុមុខៈថា ម្នាលសុមុខៈ ខ្ញុំខ្លាច (សេចក្តីស្លាប់) នែនាងបក្សីឈ្មោះសុហេមា ដែលមានសម្បុរដូចមាស មានភ្លៅប្រកបដោយលក្ខណៈខ្លាំងណាស់ តែនាងសុហេមាបានដឹងថា គេសម្លាប់នូវយើងទាំងពីរហើយ មុខជានឹងសម្លាប់នូវខ្លួនដែរ ។ ម្នាលសុមុខៈ នាងបក្សីឈ្មោះសុហេមា ជាធីតានៃបាកហង្ស ដែលមានស្បែកល្អដូចមាស ជាសត្វកំព្រា ទួញយំដោយពិត ដូចជាក្រៀលញី ទួញយំប្របឆ្នេរសមុទ្រដូច្នោះ ។

[២១០] (ហង្សសេនាបតី…) ព្រះអង្គជាធំជាងហង្ស មានគុណប្រមាណមិនបាន ជាម្ចាស់នៃហ្វូងហង្សជាច្រើនយ៉ាងនេះហើយ សោកស្តាយនូវមេហង្សមួយ ការយំនេះ ហាក់ដូចជាមិនសមគួរដល់ព្រះអង្គដែលមានប្រាជ្ញាឡើយ ។ ព្រះអង្គសោកស្តាយ ព្រោះតែស្រ្តីទាំងឡាយ ធម្មតា ស្រ្តីទាំងឡាយដូចជាខ្យល់កួចយកនូវក្លិនទាំងល្អ ទាំងអាក្រក់ទាំងពីរ ឬដូចជាក្មេងល្ងង់ ចាប់យកផ្លែឈើទាំងខ្ចីទាំងទុំ ពុំនោះសោត ដូចមនុស្សខ្វាក់ ជាអ្នកស្រេកឃ្លាន កាន់យកអាមិសៈ (ទាំងល្អ ទាំងអាក្រក់) ។ ព្រះអង្គមិនដឹងនូវការវិនិច្ឆ័យក្នុងប្រយោជន៍ទាំងឡាយ ដូចជាមនុស្សល្ងង់ ប្រាកដដល់ទូលព្រះបង្គំ លុះដល់កាលជាទីស្លាប់ នៅតែមិនដឹងអំពើដែលគួរធ្វើ និងមិនគួរធ្វើឡើយ ។ ព្រះអង្គជាបុគ្គលឆ្កួតពាក់កណ្តាល និយាយផ្តេសផ្តាស ព្រោះថា ព្រះអង្គសំគាល់នូវស្រី្តទាំងឡាយថាប្រសើរបំផុត ព្រោះថា ស្ត្រីទាំងនេះជាសាធារណៈដល់ជនច្រើន ដូចជារោងសុរា ជាសាធារណៈដល់ពួកអ្នកលេង ។ មួយទៀត ស្ត្រីទាំងនេះ មានមាយាដូចជាថ្ងៃបណ្តើរកូន ជាទីសោយសោក ជាទីកើតនៃរាគ ជាទីឧបទ្រព ស្រ្តីទាំងនេះ មានអធ្យាស្រ័យដ៏រឹងរូស ជាចំណងសម្រាប់ចង ជាអន្ទាក់នៃសេចក្តីស្លាប់ ជាគុហាសម្រាប់នៅ (របស់មច្ចុរាជ) បុរសណា ទុកចិត្តក្នុងស្រ្តីទាំងនោះ បណ្តាបុរសទាំងឡាយ បុរសនោះឈ្មោះថា បុរសថោកទាប ។

[២១១] (រាជហង្ស…) (វត្ថុ គឺស្រី្ត) ណា ដែលពួកជនអ្នកចម្រើនដោយបា្រជ្ញា បញ្ញត្តហើយ បុគ្គលណា គួរតិះដៀលនូវស្រ្តីនោះបាន ធម្មតា ស្រ្តីទាំងឡាយមានគុណច្រើន ហើយកើតឡើងក្នុងលោក (មុនគេ) ។ ល្បែងគេតាំងទុកក្នុងស្រ្តីទាំងនោះ សេចក្តីត្រេកអរក៏តាំងនៅក្នុងស្រ្តីទាំងនោះដែរ ពូជទាំងឡាយរមែងលូតលាស់ឡើងក្នុងស្រ្តីទាំងនោះ គឺពួកសត្វទាំងអស់ តែងកើត (ត្រូវអាស្រ័យស្ត្រីទាំងនោះ) បុរសដូចម្តេច ប្តូរជីវិតដោយជីវិតហើយ គប្បីនឿយណាយក្នុងស្រី្តទាំងនោះ ។ ម្នាលសុមុខៈ អ្នកឯងហ្នឹងហើយ មិនមែនជាអ្នកដទៃ រមែងប្រកបក្នុងប្រយោជន៍ចំពោះពួកស្រ្តី ភ័យកើតឡើងដល់អ្នកក្នុងថ្ងៃនេះ គំនិតរបស់អ្នកក៏កើតឡើងដោយសេចក្តីភ័យ ។ ជនទាំងអស់ ដល់នូវសេចក្តីសង្ស័យ ក្នុងជីវិត ហើយជាអ្នករន្ធត់ ប្រឹងអត់ទ្រាំនូវសេចក្តីខ្លាច ចំណែកពួកបណ្ឌិត ជាអ្នកឋិតនៅក្នុងទីដ៏ប្រសើរ តែងប្រកបក្នុងប្រយោជន៍ដែលគេប្រកបបានដោយក្រ ។ ព្រះរាជាទាំងឡាយ តែងប្រាថ្នានូវមន្ត្រីដែលមានសេចក្តីក្លៀវក្លា ដើម្បីប្រយោជន៍ការពារនូវអន្តរាយនេះ ព្រោះមន្ត្រីដែលក្លៀវក្លា រមែងឃាត់នូវសេចក្តីអន្តរាយ និងការពារនូវខ្លួនបាន ។ ពួកពិសេសរបស់ព្រះរាជា កុំវះនូវយើងក្នុងរោងគ្រួ ក្នុងថ្ងៃនេះ យ៉ាងណា (អ្នកចូរធ្វើ) យ៉ាងនោះចុះ ដ្បិតសម្បុរស្លាបសម្លាប់អ្នក (និង) យើង ដូចផ្លែឫស្សីសម្លាប់នូវដើមឫស្សី ។ អ្នករួច (ជាមួយនឹងយើង) ហើយមិនចង់ហើរទៅ ចូលមករកចំណងដោយខ្លួនឯងវិញ ថ្ងៃនេះ អ្នកនោះដល់នូវសេចក្តីសង្ស័យ (ក្នុងជីវិត) អ្នកចូរកាន់យកនូវប្រយោជន៍ចុះ កុំបានតែមាត់ឡើយ ។

[២១២] អ្នកនោះ ចូរប្រកបព្យាយាមដ៏សមគួរ ប្រកបដោយធម៌ ប្រព្រឹត្តនូវការស្វែងរកនូវជីវិតឲ្យដល់យើង ដោយព្យាយាមរបស់អ្នកចុះ ។

[២១៣] (ហង្សសេនាបតី…) បពិត្រព្រះអង្គដ៏ប្រសើរជាងសត្វស្លាប ព្រះអង្គកុំខ្លាចឡើយ ដ្បិតសត្វទាំងឡាយប្រហែលព្រះអង្គ រមែងមិនខ្លាច ទូលព្រះបង្គំជាខ្ញុំនឹងប្រកបនូវព្យាយាមដ៏សមគួរ ប្រកបដោយធម៌ ព្រះអង្គនឹងរួចចាកអន្ទាក់យ៉ាងឆាប់ដោយព្យាយាមរបស់ទូលព្រះបង្គំជាខ្ញុំ ។

[២១៤] (អភិសម្ពុទ្ធគាថា) ព្រានព្រៃនោះ បានចូលទៅកាន់ទ្វារព្រះរាជវាំងទាំងអម្រែក ហង្ស (ពោលថា) អ្នកទាំងឡាយ ចូរក្រាបទូលព្រះរាជាថា ខ្ញុំជារាជហង្សឈ្មោះធតរដ្ឋៈនេះមកហើយ ។

[២១៥] ព្រះរាជា ព្រះនាមសំយមៈ ទតឃើញហង្សទាំងពីរនោះ ប្រាកដស្មើដោយបុណ្យដែលសន្មតថា មានលក្ខណៈល្អ ទ្រង់ត្រាស់ទៅនឹងពួកអាមាត្យថា អ្នកទាំងឡាយ ចូរឲ្យសំពត់ បាយ ទឹក និងភោជន ដល់នាយពា្រន ចូរបំពេញសេចក្តីប្រាថ្នាដោយប្រាក់ដែលព្រាននេះប្រាថ្នាចុះ ។

[២១៦] ព្រះរាជាក្នុងដែនកាសី ទ្រង់បានទតឃើញព្រានព្រៃមានចិត្តរីករាយ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលខេមកៈជាសំឡាញ់ បើស្រះបោក្ខរណីពេញពាសដោយពួកហង្ស ។ អ្នកមានដៃកាន់អន្ទាក់ ចូលទៅរកហង្សដែលឋិតនៅក្នុងកណ្តាលនៃពួកហង្សដ៏រុងរឿង ដោយប្រការដូចម្តេច អ្នកចាប់ហង្សដ៏ឧត្តមដែលនៅលាយឡំដោយពួកហង្សជាញាតិ ដោយប្រការដូចម្តេច ។

[២១៧] (ព្រានព្រៃ…) កាលទូលព្រះបង្គំជាខ្ញុំ ចូលទៅកាន់ទីជាទីកាន់យកនូវចំណី (របស់ហង្ស) ថ្ងៃនេះ ជារាត្រីគំរប់ ៧ ទូលព្រះបង្គំជាខ្ញុំ ស្វែងរកនូវស្នាមជើងនៃហង្សនោះ ឥតមានធ្វេសប្រហែស អាស្រ័យនៅតែក្នុងពាង ។ លុះទូលព្រះបង្គំជាខ្ញុំ បានឃើញស្នាមជើងនៃរាជហង្សនោះ ត្រាច់ស្វែងរកទីជាទីកាន់យកចំណីហើយ ទើបទូលព្រះបង្គំជាខ្ញុំ បានដាក់អន្ទាក់ក្នុងទីនោះ រួចចាប់យករាជហង្សនោះ ដោយឧបាយយ៉ាងនេះ ។

[២១៨] (ព្រះរាជា…) ម្នាលនាយព្រាន បក្សីនេះ ចុះហេតុអ្វីក៏បានជាអ្នកពោលថា បក្សីមួយ ចិត្តរបស់អ្នកប្រែប្រួលឬ ឬមួយអ្នកប្រាថ្នាដូចម្តេចវិញ ។

[២១៩] (ព្រានព្រៃ…) ឆ្នូតក្រហមល្អ ភ្លឺរុងរឿង ឋិតនៅផ្ទាល់នឹងទ្រូងនៃហង្សណា ហង្សនោះ បានចូលមកជាប់អន្ទាក់របស់ទូលព្រះបង្គំជាខ្ញុំ ចំណែកបក្សីដែលភ្លឺផ្លេកនេះ មិនបានជាប់អន្ទាក់ទេ ចម្រើននូវអរិយធម៌ បានឈរនិយាយវាចាជារបស់មនុស្សនឹងបក្សីដែលជាប់ចំណងកំពុងតែក្តៅក្រហាយ (ដោយទុក្ខ) ។

[២២០] (ព្រះរាជា…) ម្នាលសុមុខៈ ឥឡូវនេះ អ្នកឈរទល់ចង្កា (បិតមាត់) តើព្រោះហេតុអ្វី ឬក៏អ្នកមកកណ្តាលបរិស័ទរបស់យើងហើយ មានសេចក្តីភ័យខ្លាច ទើបមិនពោល ។

[២២១] (ហង្សសេនាបតី…) បពិត្រព្រះអង្គ ជាធំក្នុងដែនកាសី ទូលព្រះបង្គំជាខ្ញុំ មិនមែនខ្លាច ព្រោះតែចូលមកកាន់បរិស័ទរបស់ព្រះអង្គទេ ទូលព្រះបង្គំជាខ្ញុំ មិនមែនជានឹងមិននិយាយព្រោះខ្លាចទេ កាលបើមានហេតុប្រាកដដូច្នោះហើយ ទូលព្រះបង្គំជាខ្ញុំ មុខជានឹង (បញ្ចេញ) នូវវាចា ។

[២២២] (ព្រះរាជា…) យើងមិនឃើញទាហាន មិនឃើញពលរថ មិនឃើញពលថ្មើរជើង មិនឃើញខែល មិនឃើញជនអ្នកកាន់អម្បែង មិនឃើញជនអ្នកពាក់អាវក្រោះ មិនឃើញអ្នកកាន់ធ្នូរបស់អ្នកឡើយ ។ ម្នាលសុមុខៈ យើងមិនឃើញប្រាក់ ឬមាស ឬនគរ ដែលគេសាងល្អហើយ ជានគរមានគូដ៏ដេរដាស មិនងាយទៅមកបាន ជានគរមានប៉ម និងក្លោងទ្វារដ៏មាំទេ ជាកន្លែងដែលអ្នកចូលទៅហើយ មិនខ្លាចនូវហេតុដែលគេគួរខ្លាច ។

[២២៣] (ហង្សសេនាបតី…) ទូលព្រះបង្គំជាខ្ញុំ មិនត្រូវការដោយទាហាន ដោយនគរ ឬដោយទ្រព្យទេ ពួកទូលព្រះបង្គំជាខ្ញុំ តែងទៅកាន់ផ្លូវតាមផ្លូវ មិនមែនជាផ្លូវដែលព្រះអង្គទៅបានទេ ទូលព្រះបង្គំជាខ្ញុំ ត្រាច់ទៅឰដ៏អាកាស ។ ព្រះអង្គបានទ្រង់ឮហើយថា ពួកទូលព្រះបង្គំជាខ្ញុំ ជាបណ្ឌិត មានប្រាជ្ញាដ៏ល្អិត ជាអ្នកគិតនូវអាថ៌កំបាំង បើព្រះអង្គប្រតិស្ថានក្នុងសច្ចៈ ពួកទូលព្រះបង្គំជាខ្ញុំនឹងពោលនូវវាចាដែលមានប្រយោជន៍ ។ ឯវាចាជាសុភាសិត ដែលព្រះអង្គមិនមានសច្ចៈ ជាបុគ្គលមិនប្រសើរបានពោលដល់ព្រានព្រៃ ជាអ្នកល្មោភនិយាយកុហកដែរ នឹងធ្វើដូចម្តេច ។

[២២៤] ព្រះអង្គបានឲ្យគេធ្វើស្រះបោក្ខរណីឈ្មោះខេមានោះ តាមសំដីនៃពួកព្រាហ្មណ៍ ម្យ៉ាងទៀត ព្រះអង្គឲ្យគេឃោសនានូវអភ័យគ្រប់ទិសទាំង ១០ នេះ ។ ថាបើកឲ្យសត្វបក្សីចុះកាន់ស្រះបោក្ខរណីដែលមានទឹកដ៏ថ្លាស្អាតចុះ ដ្បិតមានវត្ថុសម្រាប់ទំពាស៊ី ក្នុងស្រះនោះជាច្រើន ទាំងមិនមានការបៀតបៀននូវពួកសត្វបក្សីក្នុងស្រះនោះទេ ។ ពួកទូលព្រះបង្គំជាខ្ញុំបានឮនូវអភ័យនេះ ដែលព្រះអង្គឲ្យឃោសនាហើយ បានជាមកក្នុងសំណាក់នៃព្រះអង្គ ទូលព្រះបង្គំជាខ្ញុំទាំងនោះ ជាប់ដោយអន្ទាក់របស់ព្រះអង្គ នេះហើយជាសំដីកុហករបស់ព្រះអង្គ ។ បុគ្គលធ្វើនូវមុសាវាទផង នូវសេចក្តីលោភ គឺសេចក្តីប្រាថ្នាដ៏លាមកផង ឲ្យជាប្រធាន រមែងកន្លងនូវបដិសន្ធិក្នុងលោកទាំងពីរ ហើយចូលទៅកាន់ទីមិនមានសេចក្តីត្រេកអរ (នរក) ។

[២២៥] (ព្រះរាជា…) ម្នាលសុមុខៈ យើងមិនមែនប្រទូស្តអ្នកទេ យើងមិនមែនចាប់អ្នក ព្រោះសេចក្តីលោភទេ យើងបានឮថា អ្នកទាំងឡាយ ជាបណ្ឌិត មានប្រាជ្ញាដ៏ល្អិត ជាអ្នកគិតនូវអាថ៌កំបាំង ។ ធ្វើម្តេចហ្ន៎ ហង្សទាំងឡាយបានមកក្នុងទីនេះ ពោលនូវវាចាមានប្រយោជន៍ ម្នាលសុមុខៈជាសំឡាញ់ ព្រោះហេតុនោះ បានជាយើងប្រាប់នាយនេសាទនេះ ឲ្យចាប់ (អ្នក) ។

[២២៦] (ហង្សសេនាបតី…) បពិត្រព្រះអង្គជាធំក្នុងដែនកាសី យើងទាំងឡាយ ជាសត្វ កាលបើជីវិតចូលទៅរក (សេចក្តីស្លាប់) ហើយ ដល់នូវកាលកំណត់ដែលត្រូវស្លាប់ហើយ ពោលនូវពាក្យដែលមានប្រយោជន៍មិនបានទេ ។ បុគ្គលណា សម្លាប់ម្រឹគដោយម្រឹគ ឬបក្សីដោយបក្សី ម្យ៉ាងទៀត បៀតបៀននូវបុគ្គលដែលមានឈ្មោះល្បី ដោយរបស់ដែលមានឈ្មោះល្បី អំពើអ្វីដែលអាក្រក់ជាងអំពើរបស់បុគ្គលនោះទៅទៀត ។ បុគ្គលណា និយាយសំដីដ៏ប្រសើរ ប៉ុន្តែជាបុគ្គលមិនប្រព្រឹត្តធម៌ដ៏ប្រសើរ បុគ្គលនោះ រមែងឃ្លាតចាកលោកទាំងពីរ គឺលោកនេះ និងលោកខាងមុខ ។ បុគ្គលដែលបាននូវយស មិនគួរស្រវឹង ដល់នូវការសង្ស័យក្នុងជីវិត មិនគួរទុក្ខលំបាកឡើយ គួរព្យាយាមក្នុងកិច្ចទាំងឡាយផង គួរបិទនូវប្រហោង គឺ (ទោស) ទាំងឡាយផង ។ ពួកបុគ្គលណា ចម្រើនដោយគុណ ដល់កាលកំណត់ដែលត្រូវស្លាប់ មិនល្មើសធម៌ ទាំងបានប្រព្រឹត្តធម៌ ក្នុងលោកនេះ ពួកបុគ្គលនោះ រមែងទៅកើតក្នុងត្រៃត្រឹង្សយ៉ាងនេះ ។ បពិត្រព្រះអង្គជាធំក្នុងដែនកាសី ព្រះអង្គទ្រង់ព្រះសណ្តាប់នូវពាក្យនេះហើយ សូមរក្សានូវធម៌ក្នុងព្រះអង្គចុះ ម្យ៉ាងទៀត សូមព្រះអង្គទ្រង់ដោះលែងនូវរាជហង្សឈ្មោះធតរដ្ឋៈ ដ៏ប្រសើរលើសជាងពួកហង្ស ។

[២២៧] (ព្រះរាជា…) ពួកអ្នកបំរើ ចូរនាំមកនូវទឹក (សម្រាប់លាងជើង) ផង នូវប្រេងសម្រាប់លាបជើងផង នូវអាសនៈដែលមានថ្លៃច្រើនផង យើងនឹងដោះនូវរាជហង្សឈ្មោះធតរដ្ឋៈដ៏មានយសចេញអំពីទ្រុង ។ ម្យ៉ាងទៀត ហង្សណា កាលបើព្រះរាជាបានសេចក្តីសុខ ខ្លួនក៏បានសេចក្តីសុខដែរ ព្រះរាជាបានសេចក្តីទុក្ខ ខ្លួនក៏បានសេចក្តីទុក្ខដែរ យើងនឹងលែងនូវហង្សនោះ ជាសេនាបតី ជាអ្នកប្រាជ្ញ មានប្រាជ្ញាល្អិត អ្នកគិតនូវអាថ៌កំបាំង ។ បុគ្គលបែបនេះ ទើបគួរបរិភោគដុំបាយរបស់ម្ចាស់បាន ដូចជាហង្សសេនាបតីឈ្មោះសុមុខៈនេះ ជាសំឡាញ់មានជីវិតស្មើនឹងស្តេច ។

[២២៨] (អភិសម្ពុទ្ធគាថា) រាជហង្សឈ្មោះធតរដ្ឋៈ បានចូលទៅទំលើតាំង ជាវិការៈនៃមាសសុទ្ធមានជើងប្រាំ ជាទីរីករាយនៃចិត្ត ជាតាំងដ៏រលីង ក្រាលដោយសំពត់អ្នកដែនកាសី ។ ចំណែកហង្សសេនាបតី ឈ្មោះសុមុខៈ បានចូលទៅទំលើកៅអីជាវិការៈនៃមាសសុទ្ធ ដែលពាសដោយស្បែកខ្លា ក្នុងទីជាលំដាប់នៃរាជហង្សឈ្មោះធតរដ្ឋៈ ។ ពួកអ្នកដែនកាសីជាច្រើន បាននាំយកនូវភោជនមានរសដ៏ប្រសើរ ដែលគេបញ្ជូនទៅថ្វាយព្រះរាជា ដោយភាជន៍ជាវិការៈនៃមាសទាំងឡាយ ហើយក៏បង្អោនទៅដល់ហង្សទាំងនោះ ។

[២២៩] រាជហង្សឈ្លាសវៃក្នុងបដិសណ្ឋារធម៌ លុះបានឃើញទឹក និងភោជនដ៏ប្រសើរដែលគេនាំមក ដែលព្រះរាជាក្នុងដែនកាសីទ្រង់បញ្ជូនមកហើយ សួរក្នុងកាលជាលំដាប់នោះថា ព្រះអង្គទ្រង់បានសេចក្តីសុខស្រួលដែរឬ ព្រះអង្គមិនមានជម្ងឺដម្កាត់អ្វីទេឬ ព្រះអង្គគ្រប់គ្រងដែនដ៏ធំទូលាយនេះ ដោយធម៌ដែរឬ ។

[២៣០] (ព្រះរាជា…) ម្នាលហង្ស យើងមានសេចក្តីសុខស្រួលដែរ ម្នាលហង្ស យើងមិនមានជម្ងឺដម្កាត់អ្វីទេ យើងគ្រប់គ្រងដែនដ៏ធំទូលាយនេះត្រឹមត្រូវដោយធម៌ហើយ ។

[២៣១] (រាជហង្ស…) ទោសតិចតួចរបស់ព្រះអង្គមិនមានក្នុងពួកអាមាត្យទេឬ អាមាត្យទាំងនោះ មិនអាល័យក្នុងជីវិតចំពោះប្រយោជន៍ទាំងឡាយរបស់ព្រះអង្គទេឬ ។

[២៣២] (ព្រះរាជា…) ទោសតិចតួចរបស់យើង មិនមានក្នុងពួកអាមាត្យទេ អាមាត្យទាំងនោះ មិនអាល័យក្នុងជីវិតចំពោះប្រយោជន៍ទាំងឡាយរបស់យើងទេ ។

[២៣៣] (រាជហង្ស…) អគ្គមហេសីដែលមានជាតិស្មើនឹងព្រះអង្គ ជាស្រ្តីស្តាប់បង្គាប់ ពោលនូវពាក្យជាទីស្រឡាញ់ ប្រកបដោយបុត្ត រូប និងយស ជាស្រ្តីលុះអំណាចសេចក្តីប្រាថ្នារបស់ព្រះអង្គទេឬ ។

[២៣៤] (ព្រះរាជា…) អគ្គមហេសីដែលមានជាតិស្មើនឹងយើង ជាស្រ្តីស្តាប់បង្គាប់ ពោលនូវពាក្យជាទីស្រឡាញ់ បានប្រកបដោយបុត្ត រូប និងយស ជាស្រ្តីលុះអំណាចសេចក្តីប្រាថ្នារបស់យើង ។

[២៣៥] (រាជហង្ស…) ព្រះអង្គមិនបៀតបៀនអ្នកដែន ដែលមិនមានឧបទ្រពអំពីទីណា គ្រប់គ្រងដោយអាការមិនរួសរាន់តាមធម៌ដ៏ស្មើទេឬ ។

[២៣៦] (ព្រះរាជា…) យើងមិនបានបៀតបៀនអ្នកដែន ដែលមិនមានឧបទ្រពអំពីទីណា គ្រប់គ្រងដោយការមិនរួសរាន់តាមធម៌ដ៏ស្មើ ។

[២៣៧] (រាជហង្ស…) ព្រះអង្គទ្រង់បានគោរពពួកសប្បុរស វៀរបង់ពួកអសប្បុរស មិនលះបង់នូវធម៌ ហើយប្រព្រឹត្តនូវអធម៌ទេឬ ។

[២៣៨] (ព្រះរាជា…) យើងបានគោរពនូវពួកសប្បុរស វៀរបង់នូវពួកអសប្បុរស យើងបានលះបង់នូវអធម៌ ហើយប្រព្រឹត្តតាមធម៌តែម្យ៉ាង ។

[២៣៩] (រាជហង្ស…) បពិត្រក្សត្រ ព្រះអង្គទ្រង់រំពឹងនូវកាលជាអនាគតដ៏វែងដែរឬ ព្រះអង្គស្រវឹងក្នុងអារម្មណ៍ ជាទីតាំងនៃសេចក្តីស្រវឹងហើយ មិនតក់ស្លុតនឹងបរលោកទេឬ ។

[២៤០] (ព្រះរាជា…) ម្នាលបក្សី យើងតែងប្រមើលមើលនូវកាលអនាគតដ៏វែង យើងឋិតនៅក្នុងធម៌ ១០ ប្រការ មិនតក់ស្លុតនឹងបរលោកឡើយ ។ (ធម៌ ១០ ប្រការ គឺ) ទាន ១ សីល ១ បរិច្ចាគ ១ ភាពនៃចិត្តត្រង់ ១ ភាពនៃចិត្តទន់ ១ តបៈ គឺឧបោសថសីល ១ ការមិនក្រោធ ១ ការមិនបៀតបៀន ១ ខន្តី ១ កិរិយាមិនភា្លត់ ១ ។ យើងឃើញនូវកុសលធម៌ទាំងនេះ ឋិតនៅក្នុងខ្លួន លំដាប់នោះ បីតិ និងសោមនស្សជាច្រើន កើតឡើងដល់យើង ដោយប្រការដូច្នេះ ។ ឯបក្សីឈ្មោះសុមុខៈ មិនបានគិត ហើយបញ្ចេញនូវវាចាដ៏ទ្រគោះ ព្រោះតែមិនបានដឹងច្បាស់នូវការប្រទូស្តក្នុងចិត្តរបស់យើង ។ បក្សីនោះ លុះខឹងហើយ ក៏បញ្ចេញនូវវាចាដ៏ទ្រគោះ ដោយឥតគំនិត (ពោល) នូវទោសទាំងឡាយដែលមិនមានក្នុងពួកយើង ពាក្យនេះមិនមែនដូចពាក្យនៃបុគ្គលមានប្រាជ្ញា (ពោលហើយ) ទេ ។

[២៤១] (ហង្សសេនាបតី…) បពិត្រព្រះអង្គជាធំជាងពួកមនុស្ស ទូលព្រះបង្គំជាខ្ញុំ មានសេចក្តីភ្លាំងភ្លាត់នោះ ព្រោះពោលពាក្យដោយរួសរាន់ពេក ដ្បិតកាលដែលរាជហង្ស ឈ្មោះធតរដ្ឋៈ ជាប់ចំណង ទូលព្រះបង្គំជាខ្ញុំមានសេចក្តីទុក្ខដ៏ធំ ។ បពិត្រព្រះអង្គជារាជកុញ្ជរ ព្រះអង្គ (ជាទីពឹង) នៃពួកទូលព្រះបង្គំជាខ្ញុំ ដូចជាបិតា (ជាទីពឹង) នៃកូន ឬដូចធរណី (ជាទីពឹង) នៃពួកភូត សូមព្រះអង្គអត់ទោសដល់ទូលព្រះបង្គំជាខ្ញុំទាំងឡាយ ដែលត្រូវសេចក្តីខុសគ្របសង្កត់ ។

[២៤២] (ព្រះរាជា…) យើងរីករាយចំពោះអ្នកយ៉ាងនេះ ព្រោះថា អ្នកមិនលាក់នូវភាវៈនៃចិត្តដ៏កំបាំងរបស់ខ្លួន ម្នាលបក្សី អ្នកបានទំលាយចោលនូវចិត្តរឹងត្អឹង ម្នាលបក្សី អ្នកជាសត្វមានចិត្តត្រង់ ។

[២៤៣] រតនៈណាមួយ គឺប្រាក់ មាស កែវមុក្តា កែវពៃទូរ្យជាច្រើន មាននៅក្នុងព្រះរាជនិវេសន៍ក្នុងដែនកាសី ។ មួយទៀត កែវមណី ស័ង្ខ (ជាទក្ខិណាវដ្ត) កែវមុក្តា (មានសណ្ឋានមូលដូចផ្លែកន្ទួតព្រៃ) សំពត់ខ្លឹមចន្ទន៍ក្រហម ស្បែកខ្លាឃ្មុំ ភណ្ឌៈជាវិការៈនៃភ្លុក លោហៈក្រហម និងលោហៈខ្មៅដ៏ច្រើន យើងឲ្យនូវទ្រព្យទាំងនេះដល់អ្នក យើងនឹងលះបង់នូវភាវៈជាធំដល់អ្នក ។

[២៤៤] (រាជហង្ស…) បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ ព្រះអង្គបានគោរព ធ្វើសក្ការៈ (ដល់យើងទាំងឡាយ) ដោយពិត សូមព្រះអង្គជាអាចារ្យរបស់យើង ដែលជាអ្នកប្រព្រឹត្តក្នុងធម៌ទាំងឡាយ ។ បពិត្រព្រះអង្គជាអាចារ្យ ព្រះអង្គបានអនុញ្ញាត បើកយើងទាំងឡាយឲ្យទៅដោយស្រួលហើយ បពិត្រព្រះអង្គជាអ្នកទូន្មាននូវសត្រូវ យើងទាំងឡាយ សូមធ្វើប្រទក្សិណនូវព្រះអង្គ ហើយទៅជួបនឹងពួកញាតិ ។

[២៤៥] (អភិសម្ពុទ្ធគាថា) ព្រះរាជាក្នុងដែនកាសី ទ្រង់បានគិត បានប្រឹក្សានូវហេតុដ៏គួរតាមពិត ពេញមួយរាត្រី ហើយទ្រង់អនុញ្ញាតឲ្យរាជហង្សដ៏ប្រសើរខ្ពង់ខ្ពស់ជាងពួកហង្សហើរទៅ ។

[២៤៦] លំដាប់នោះ កាលដែលរាត្រីនោះអស់ហើយ ព្រះអាទិត្យក៏រះឡើង កាលព្រះរាជាក្នុងដែនកាសី ទ្រង់កំពុងទតមើល សត្វហង្សទាំងពីរក៏ហើរចេញទៅអំពីទីនៅរបស់ព្រះរាជា ។

[២៤៧] ហង្សទាំងឡាយ លុះបានឃើញបក្សីហង្សដ៏ប្រសើរទាំងពីរនោះ មិនមានរោគ មកដល់ហើយ ក៏ធ្វើនូវសម្លេងថា កេកាៗ ដូច្នេះ សូរសព្ទរំពងក៏កើតឡើង ។ បក្សីហង្សជាអណ្ឌជាតិទាំងនោះ មានចិត្តរីករាយ ព្រោះម្ចាស់រួចហើយ ជាសត្វគោរពម្ចាស់ ជាសត្វបាននូវទីពឹង ក៏ចោមរោមម្ចាស់ដោយជុំវិញ ។

[២៤៨] ប្រយោជន៍គ្រប់យ៉ាងរបស់ពួកជនអ្នកមានមិត្តល្អ រមែងជាប្រយោជន៍គួរចម្រើន ដូចហង្សឈ្មោះធតរដ្ឋៈ និងហង្សឈ្មោះសុមុខៈ បានចូលទៅចួបនឹងពួកញាតិ ។

ចប់ មហាហង្សជាតក ទី២ ។

សុធាភោជនជាតក ទី៣កែប្រែ

[២៤៩] (កោសិយសេដ្ឋី ពោលថា) ខ្ញុំមិនមែនទិញ មិនមែនលក់ទេ មួយទៀត ការសន្សំទុករបស់ខ្ញុំ ក៏មិនមានក្នុងទីនេះដែរ របស់នេះ មានប្រមាណតិច មានសភាពដ៏ក្រណាស់ បាយចំនួនអង្ករមួយនាឡិនេះ មិនល្មមដល់ជនពីរនាក់ទេ ។

[២៥០] (សក្កទេវរាជ ពោលថា) បុគ្គលគប្បីឲ្យវត្ថុតិចអំពីវត្ថុតិច គួរឲ្យវត្ថុពាក់កណ្តាលអំពីវត្ថុពាក់កណ្តាល គួរឲ្យវត្ថុច្រើនអំពីវត្ថុច្រើន ការមិនឲ្យ មិនកើតទេ ។ ម្នាលកោសិយៈ ព្រោះហេតុនោះ យើងនិយាយនឹងអ្នក ចូរអ្នកឲ្យនូវទានផង ចូរបរិភោគផង អ្នកចូរឡើងកាន់អរិយមគ្គ ព្រោះថា បុគ្គលអ្នកបរិភោគម្នាក់ឯង មិនបានសេចក្តីសុខទេ ។

[២៥១] (ចន្ទទេវបុត្រ…) បុគ្គលណា កាលបើភ្ញៀវអង្គុយហើយ បរិភោគនូវភោជនម្នាក់ឯង ការបូជារបស់បុគ្គលនោះ ជាការឥតអំពើ ទាំងការព្យាយាមជាហេតុឲ្យកើតទ្រព្យ (របស់បុគ្គលនោះ) ក៏ឥតអំពើដែរ ។ ម្នាលកោសិយៈ ព្រោះហេតុនោះ យើងនិយាយនឹងអ្នក ចូរអ្នកឲ្យទានផង ចូរបរិភោគផង ចូរឡើងកាន់អរិយមគ្គ ព្រោះថា បុគ្គលអ្នកបរិភោគម្នាកឯង មិនបានសេចក្តីសុខទេ ។

[២៥២] (សុរិយទេវបុត្ត…) បុគ្គលណា កាលបើភ្ញៀវអង្គុយហើយ មិនបរិភោគនូវភោជនម្នាក់ឯង ការបូជារបស់បុគ្គលនោះ ជាការបូជាពិតមែន ទាំងការព្យាយាមជាហេតុឲ្យកើតទ្រព្យ (របស់បុគ្គលនោះ) ក៏ជាការព្យាយាមពិតមែន ។ ម្នាលកោសិយៈ ព្រោះហេតុនោះ យើងនិយាយនឹងអ្នក ចូរអ្នកឲ្យទានផង ចូរបរិភោគផង ចូរឡើងកាន់អរិយមគ្គ ព្រោះថា បុគ្គលអ្នកបរិភោគម្នាក់ឯង មិនបានសេចក្តីសុខទេ ។

[២៥៣] (មាតលិទេវបុត្រ…) បុរសបូជាស្រះក្តី ទន្លេឈ្មោះពហុកា ឬស្រះបោក្ខរណីឈ្មោះគយាក្តី កំពង់ឈ្មោះទោណៈ ឬកំពង់ឈ្មោះតិម្ពរុក្តី ទន្លេដ៏ធំមានខ្សែទឹកដ៏រហ័សក្តី ។ ការបូជារបស់បុរសនោះក្នុងទីនោះ រមែងមាន (ផល) ទាំងការព្យាយាមជាហេតុឲ្យកើតទ្រព្យរបស់បុរសនោះ ក្នុងទីទាំងនោះ ក៏មានផលដែរ ព្រោះថា បុរសនោះ កាលបើភ្ញៀវអង្គុយនៅហើយ មិនគួរបរិភោគភោជនម្នាក់ឯងទេ ។ ម្នាលកោសិយៈ ព្រោះហេតុនោះ យើងនិយាយនឹងអ្នក ចូរអ្នកឲ្យទានផង បរិភោគផង ចូរឡើងកាន់អរិយមគ្គ ព្រោះថា បុគ្គលអ្នកបរិភោគភោជនម្នាក់ឯង មិនបានសេចក្តីសុខទេ ។

[២៥៤] (បញ្ចសិក្ខទេវបុត្ត…) បុគ្គលណា កាលបើភ្ញៀវអង្គុយនៅហើយ បរិភោគភោជនម្នាក់ឯង បុគ្គលនោះឈ្មោះថាលេបសន្ទូចដែលមានខ្សែដ៏វែង ព្រមទាំងចំណង ។ ម្នាលកោសិយៈ ព្រោះហេតុនោះ យើងនិយាយនឹងអ្នក ចូរអ្នកឲ្យទានផង ចូរបរិភោគផង ចូរឡើងកាន់អរិយមគ្គ ព្រោះថា បុគ្គលអ្នកបរិភោគម្នាក់ឯង មិនបានសុខទេ ។

[២៥៥] (កោសិយសេដ្ឋី…) អើហ្ន៎ ព្រាហ្មណ៍ទាំងនេះ ពេញជាមានសម្បុរល្អលើសលុប ចុះឆ្កែនេះរបស់ពួកអ្នក ក្លែងខ្លួនឲ្យមានពណ៌រុងរឿងប្លែកៗ ព្រោះហេតុអ្វី ម្នាលព្រាហ្មណ៍ទាំងឡាយ អ្នកទាំងឡាយចូរប្រាប់យើង អ្នកទាំងឡាយជាអ្វី ។

[២៥៦] (ព្រះឥន្ទ្រ…) ព្រាហ្មណ៍ទាំងពីរនាក់ដែលមកក្នុងទីនេះ គឺចន្ទទេវបុត្ត និងសុរិយទេវបុត្ត ចំណែកព្រាហ្មណ៍នេះ គឺមាតលិទេវបុត្ត ដែលជាទេវសារថី ឯយើងជាសក្កៈ ជាធំជាងពួកទេវតាក្នុងជាន់តាវត្តឹង្ស ឯព្រាហ្មណ៍នេះ គេហៅថាបញ្ចសិខៈ ។

[២៥៧] ល្បែងទះដៃក្តី ស្គរសំភោរក្តី ស្គរតូច និងស្គរធំក្តី តែងញ៉ាំងបញ្ចសិខទេវបុត្តនេះដែលដេកលក់ ឲ្យភ្ញាក់ឡើងបាន លុះបញ្ចសិខទេវបុត្តនោះភ្ញាក់ឡើងហើយ រមែងរីករាយ ។

[២៥៨] ពួកជនណានីមួយ មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកប្រទេចផ្តាសានូវសមណព្រាហ្មណ៍ ពួកជននោះ ដាក់ចុះនូវរាងកាយ គឺសរីរៈក្នុងលោកនេះ លុះបែកធ្លាយរាងកាយហើយ រមែងទៅកើតក្នុងនរក ។ ពួកជនណានីមួយ កាលប្រាថ្នានូវសុគតិ ឋិតនៅក្នុងធម៌ គឺការសង្រួម និងការចែករំលែកនូវទាន ពួកជននោះ ដាក់ចុះនូវរាងកាយ គឺសរីរៈក្នុងលោកនេះ លុះបែកធ្លាយរាងកាយ រមែងទៅកាន់សុគតិ ។

[២៥៩] អ្នកជាញាតិរបស់យើងក្នុងជាតិមុន អ្នកនោះឈ្មោះកោសិយៈ ជាបុគ្គលកំណាញ់ មានធម៌ដ៏លាមក យើងមកក្នុងទីនេះ ដើម្បីប្រយោជន៍ដល់អ្នកតែម្យ៉ាងថា ញាតិរបស់យើងដែលមានធម៌ដ៏លាមក កុំទៅកាន់នរកឡើយ ។

[២៦០] (កោសិយៈសេដ្ឋី…) អ្នកទាំងឡាយនោះ ជាអ្នកប្រាថ្នានូវប្រយោជន៍ដល់ខ្ញុំដោយពិត ព្រោះថា អ្នកទាំងឡាយបានប្រៀនប្រដៅខ្ញុំដោយល្អ ខ្ញុំនោះនឹងធ្វើតាមពាក្យទាំងអស់ ដែលអ្នកទាំងឡាយជាអ្នកស្វែងរកប្រយោជន៍ បានពោលហើយដូច្នោះ ។ ខ្ញុំនោះវៀរចាកសេចក្តីកំណាញ់ ក្នុងថ្ងៃនេះឯង ខ្ញុំមិនធ្វើអំពើអាក្រក់តិចតួច ខ្ញុំមិនមែនជាមិនឲ្យវត្ថុតិចតួចទេ បើខ្ញុំមិនទាន់បានឲ្យទានទឹក មិនផឹកនូវទឹកទេ ។ បពិត្រព្រះវាសវៈ កាលខ្ញុំឲ្យទានសព្វកាលយ៉ាងនេះ ភោគៈទាំងឡាយរបស់ខ្ញុំ មុខជានឹងអស់ទៅ បពិត្រសក្កៈ តអំពីនេះទៅ ខ្ញុំនឹងលះនូវកាមទាំងឡាយ តាមចំណែក ហើយបួស ។

[២៦១] (អភិសម្ពុទ្ធគាថា) ពួកទេវធីតានោះ ដែលទេវរាជរក្សាហើយ ក៏រីករាយលើភ្នំគន្ធមាទន៍ដ៏ប្រសើរ ដែលជាភ្នំខ្ពង់ខ្ពស់ គ្រានោះ ឥសីដ៏ប្រសើរ ជាអ្នកអាចទៅកាន់លោកទាំងអស់ បានកាន់យកនូវផ្កាទុមវរសាខា ដែលរីកស្គុះស្គាយ និមន្តមក ។ ផ្កានោះ ជាផ្កាស្អាត មានក្លិនក្រអូប ដែលពួកទេវតាក្នុងជាន់ត្រៃត្រឹង្សធ្វើសក្ការៈហើយ ជាផ្កាដ៏ឧត្តម ដែលពួកទេវតាដ៏ប្រសើរសេពហើយ ពួកមនុស្សដទៃក្តី ពួកអសុរក្តី វៀរលែងតែពួកទេវតា មិនដែលបានឡើយ ព្រោះថា ផ្កានោះ ជាប្រយោជន៍ដ៏សមគួរដល់ (ពួកទេវតាទាំងនោះ) ។ លំដាប់នោះ នារីទាំងបួន ដែលជាធំលើសអស់ពួកស្រី មានស្បែកភ្លឺដូចមាស ឈ្មោះអាសា ១ សទ្ធា ១ សិរី ១ ហិរី ១ បានក្រោកឡើង ហើយទូលសួរនារទតាបស ជាអ្នកប្រាជ្ញ ទាំងជាព្រាហ្មណ៍ដ៏ប្រសើរដូច្នេះថា បពិត្រមហាមុនីដ៏ប្រសើរ បើផ្កាបរិច្ឆត្តព្រឹក្សនេះ លោកមិនឧទ្ទិស (អ្នកណាទេ) សូមលោកឲ្យដល់ពួកយើង គតិ (នៃចិត្ត) ទាំងពួង សូមសម្រេចដល់លោក ទោះបីលោក ក៏សូម (ឲ្យមានមេត្តា) ចំពោះពួកយើង ដូចជាព្រះវាសវៈដែរ ។ នារទតាបស បានឃើញពួកនារីមកសុំនូវផ្កានោះ ក៏ពោលថា នាងនិយាយនូវពាក្យនាំឲ្យបង្កជំលោះ ប្រយោជន៍តិចតួចដោយផ្កាឈើទាំងនេះ មិនមានដល់យើងទេ នាងណា ដែលចម្បងជាងនាងទាំងឡាយ នាងនោះ ចូរប្រដាប់ផ្កានេះចុះ ។

[២៦២] (ពួកទេវធីតា…) បពិត្រនារទតាបសដ៏ឧត្តម សូមលោករមិលមើលនូវពួកយើងចុះ បើលោកប្រាថ្នានឹងឲ្យដល់នាងណា សូមលោកបោះផ្កានោះសំដៅទៅនាងនោះ បពិត្រនារទតាបស ព្រោះថា បណ្តាពួកយើង បើលោកឲ្យដល់នាងណា នាងនោះឯង យើងសន្មតថា ប្រសើរបំផុតជាងគេ ។

[២៦៣] (នារទតាបស…) នែនាងមានខ្លួនដ៏ល្អ សំដីនេះមិនគួរទេ បុគ្គលដូចម្តេច ដែលហៅថាព្រាហ្មណ៍ បុគ្គលដូចម្តេច គួរពោលពាក្យដែលនាំបង្កជំលោះ បើនាងទាំងឡាយមិនដឹងធម៌ដ៏ខ្ពង់ខ្ពស់ក្នុងលោកនេះទេ ចូរទៅសួរព្រះឥន្ទ្រ ដែលជាធំជាងពួកទេវតាចុះ ។

[២៦៤] ពួកទេវធីតាទាំងនោះ ដែលនារទតាបសបានពោលយ៉ាងនេះហើយ ក៏មានចិត្តក្រេវក្រោធយ៉ាងក្រៃលែង ជាស្រ្តីស្រវឹងដោយសេចក្តីស្រវឹងនឹងសម្បុរ ហើយបានទៅកាន់សំណាក់ព្រះឥន្ទ្រ ជាសហស្សចក្ខុ រួចសួរនូវព្រះឥន្ទ្រដែលជាធំជាងពួកទេវតាថា (បណ្តាពួកយើង) នាងណាប្រសើរជាងគេ ។

[២៦៥] ព្រះឥន្ទ្រដ៏ប្រសើរជាងពួកទេវតា ដែលពួកទេវតាតែងប្រណម្យអញ្ជលី លុះបានឃើញនូវពួកទេវធីតាទាំងនោះ មានចិត្តខ្វល់ខ្វាយ ក៏បានពោលតបដូច្នេះថា នែនាងមានជោគល្អ នាងទាំងអស់ប្រហែលៗ គ្នាទេ ម្នាលនាងដ៏ចម្រើន ចុះបុគ្គលណាហ្ន៎ បានពោលពាក្យដែលនាំបង្កជំលោះ ។

[២៦៦] (ពួកទេវធីតា…) នារទតាបសណា ជាមហាមុនី អាចត្រាច់ទៅក្នុងលោកទាំងអស់បាន ឋិតនៅក្នុងធម៌ មានព្យាយាមដ៏ទៀងទាត់ នារទតាបសនោះ បានពោលនឹងពួកយើងលើភ្នំដ៏ប្រសើរ ឈ្មោះគន្ធមាទន៍ថា បើនាងទាំងឡាយ មិនដឹងនូវធម៌ដ៏ឧត្តមក្នុងលោកនេះទេ ចូរទៅសួរព្រះឥន្ទ្រ ដែលជាធំជាងពួកទេវតាចុះ ។

[២៦៧] (ព្រះឥន្ទ្រ…) ម្នាលនាងមានខ្លួនដ៏ប្រសើរ តាបសឯណោះ ជាមហាមុនី ជាអ្នកត្រាច់ទៅក្នុងព្រៃធំ បើមិនទាន់ឲ្យទាន មិនបរិភោគនូវភត្តទេ កោសិយតាបសនោះ ពិចារណាហើយ ទើបឲ្យនូវទានទាំងឡាយ ព្រោះថា តាបសនោះ នឹងឲ្យផ្កាដល់នាងណា នាងនោះឯង ពេញជាប្រសើរជាងគេ ។

[២៦៨] តាបសឯណោះនោះ គង់នៅក្នុងទិសខាងត្បូងនៃភ្នំហិមវ័ន្ត ប្របឆ្នេរទន្លេគង្គា កោសិយតាបសនោះ បានទឹក និងភោជនដោយកម្រ ម្នាលមាតលិទេវបុត្ត ជាទេវសារថិ អ្នកចូរញ៉ាំងសុធាភោជន ឲ្យសម្រេចដល់កោសិយតាបសចុះ ។

[២៦៩] មាតលិទេវបុត្តនោះ លុះព្រះឥន្ទ្រប្រសើរជាងទេវតាប្រើហើយ ក៏ឡើងជិះទេវរថ ដែលទឹមដោយសេះមួយពាន់ ហើយចូលទៅកាន់អាស្រមយ៉ាងរហ័ស មិនបង្ហាញកាយឲ្យឃើញ ស្រាប់តែប្រគេននូវសុធាភោជន ដល់តាបសជាអ្នកប្រាជ្ញ ។

[២៧០] (កោសិយតាបស…) កាលដែលអាត្មាអញបំរើនូវការបូជាភ្លើង និងព្រះអាទិត្យដ៏ឧត្តម ដែលបន្ទោបង់នូវងងឹតក្នុងលោក អ្នកណាហ្ន៎ ដូចព្រះវាសវៈ កន្លងនូវពួកទេវតាទាំងអស់ ដាក់សុធាភោជនលើដៃទាំងពីររបស់អញឬ ។ សុធាភោជននោះ ដ៏សដូចជាស័ង្ខ គួររមិលមើល រកអ្វីប្រៀបគ្មាន ជាភោជនស្អាត មានក្លិនក្រអូប មានសភាពគួរពេញចិត្តយ៉ាងចំឡែក ភ្នែករបស់អញតាំងអំពីកើតមក មិនដែលឃើញសោះឡើយ ទេវតាណាហ្ន៎ ដាក់នូវសុធាភោជនលើដៃទាំងពីររបស់អញឬ ។

[២៧១] (មាតលិទេវបុត្ត…) បពិត្រលោកជាមហាមុនី អ្នកស្វែងរកនូវគុណដ៏ធំ ខ្ញុំដែលព្រះឥន្ទ្រជាធំបានប្រើមក ខ្ញុំក៏បាននាំសុធាភោជនយ៉ាងរួសរាន់ លោកបានស្គាល់នូវខ្ញុំថាឈ្មោះមាតលិទេវបុត្ត ជាទេវសារថិ សូមលោកឆាន់នូវភត្តដ៏ឧត្តមចុះ លោកកុំប្រកែករារាំងឡើយ ។ ឯសុធាភោជននោះ លុះលោកបរិភោគហើយ រមែងកំចាត់បង់បាបធម៌ ១២ យ៉ាងបាន គឺសេចក្តីឃ្លាន ១ ការស្រេក ១ សេចក្តីអផ្សុក ១ ក្រវល់ក្រវាយ កាយ ១ លំបាកកាយ ១ ក្រោធ ១ ចងសេចក្តីក្រោធក្នុងចិត្ត ១ ឈ្លោះប្រកែក ១ ញុះញង់ ១ ត្រជាក់ ១ ក្តៅ ១ ខ្ជិល ១ ដ្បិតភោជននេះ មានរសដ៏ឧត្តម ។

[២៧២] (កោសិយៈ…) ម្នាលទេវបុត្តឈ្មោះមាតលិ ការដែលអាត្មាមិនបានឲ្យទានជាមុនសិន ហើយបរិភោគ មិនគួរទេ ព្រោះវត្ថុនេះ ជាវត្ថុឧត្តមរបស់អាត្មា ឯការបរិភោគតែម្នាក់ឯង ជាអំពើដែលព្រះអរិយៈមិនបូជាឡើយ មួយទៀត បុគ្គលអ្នកមិនបានចែករំលែក រមែងមិនបាននូវសេចក្តីសុខទេ ។

[២៧៣] ពួកជនណាមួយ ជាអ្នកសម្លាប់ស្រ្តី ជាអ្នកប្រព្រឹត្តបរទារកកម្ម ឬក៏ពួកជនណា ជាអ្នកប្រទូស្តមិត្ត ជេរប្រទេចពួកបុគ្គលអ្នកមានវត្តល្អ ជនទាំងអស់នោះ សុទ្ធតែមានសេចក្តីកំណាញ់ដ៏ថោកទាបជាគំរប់ប្រាំ ព្រោះហេតុនោះ អាត្មាបើមិនបានឲ្យ សូម្បីនូវទឹក ក៏មិនបរិភោគទេ ។ មួយទៀត អាត្មានោះ ត្រូវតែឲ្យទានដែលអ្នកប្រាជ្ញសរសើរហើយ ដល់ស្រ្តី ឬបុរស ដ្បិតបុគ្គលអ្នកមានសទ្ធា អ្នកដឹងនូវពាក្យស្មូម ប្រាសចាកសេចក្តីកំណាញ់ទាំងនុ៎ះ លោកសន្មតថា ជាអ្នកមានសច្ចៈដ៏ស្អាតក្នុងលោកនេះ ។

[២៧៤] (អភិសម្ពុទ្ធគាថា) លំដាប់នោះ នាងកញ្ញាទាំង ៤ នាក់ ដែលមានស្បែកដូចជាមាសឈ្មោះ អាសា ១ សទ្ធា ១ សិរី ១ ហិរី ១ ដែលព្រះឥន្ទ្រប្រសើរជាងទេវតា បានយល់ព្រមប្រើទៅហើយ នាងក៏មកកាន់អាស្រមជាទីនៅនៃកោសិយតាបសនោះ ។ កោសិយតាបស បានឃើញនាងកញ្ញាទាំង ៤ នោះ ដែលមានចិត្តត្រេកអរយ៉ាងលើសលុបទាំងអស់គ្នា មានវណ្ណៈដ៏ល្អដូចអណ្តាតភ្លើងឋិតនៅក្នុងទិសទាំងបួន ហើយបានពោលដូច្នេះក្នុងទីចំពោះមុខនៃមាតលិទេវបុត្តថា ម្នាលទេវតា នាងជាអ្វី មានកាយប្រដាប់ហើយ បានញ៉ាំងទិសខាងកើតឲ្យភ្លឺ ដូចជាផ្កាយព្រឹកដ៏ប្រសើរ ម្នាលនាងមានរាងកាយដូចជារូបប្រៀប ជាវិការៈនៃមាស អាត្មាសូមសួរនាង ចូរនាងប្រាប់អាត្មា នាងជាទេវតាឈ្មោះអ្វី ។

[២៧៥] (នាងសិរី…) ខ្ញុំជាទេវធីតាឈ្មោះសិរី ដែលគេបូជាក្នុងពួកមនុស្ស មិនចូលទៅគប់រកនូវសត្រូវលាមកគ្រប់កាល មកកាន់សំណាក់លោក ព្រោះទាស់ទែងគ្នាអំពីសុធាភោជន បពិត្រលោកមានប្រាជ្ញាដ៏ប្រសើរ ព្រោះហេតុនោះ សូមលោកចែកនូវសុធាភោជនដល់ខ្ញុំ ។ បពិត្រលោកជាមហាមុនី ខ្ញុំប្រាថ្នាសុធាភោជនរបស់ជនណា ជននោះឯង រមែងរីករាយដោយកាមគ្រប់យ៉ាង បពិត្រលោកដ៏ខ្ពង់ខ្ពស់ជាងពួកជនអ្នកបូជាភ្លើង សូមលោកដឹងនូវខ្ញុំថាជាទេវធីតាឈ្មោះសិរី បពិត្រលោកអ្នកមានប្រាជ្ញាដ៏ប្រសើរ ព្រោះហេតុនោះ សូមលោកចែកនូវសុធាភោជនដល់ខ្ញុំ ។

[២៧៦] (កោសិយៈ…) ពួកជនដែលប្រកបដោយសិល្បៈវិជ្ជាសរណៈ និងប្រាជ្ញា ជាអ្នកស្ទាត់ជំនាញដោយអំពើរបស់ខ្លួន ត្រឡប់ជាថោកទាបជាងនាងវិញ មិនបានយស ឬសេចក្តីសុខនោះតិចតួចសោះឡើយ អំពើណា ដែលនាងបានធ្វើហើយ អំពើនោះ មិនប្រពៃទេ ។ អាត្មាបានឃើញនូវជនខ្ជិលច្រអូស បរិភោគច្រើន ទាំងមានត្រកូលថោកទាប មានរូបអាក្រក់ បុរសនោះ ដែលនាងបានរក្សាហើយ ក៏បែរទៅជាអ្នកមានសិរី អាចប្រើនូវជនដែលមានជាតិខ្ពស់ ដូចជនអ្នកមានភោគៈ មានសេចក្តីសុខ ប្រើនូវខ្ញុំកំដរ ។ ព្រោះហេតុនោះ យើងដឹងនូវនាងជាស្រីមិនមានសច្ចៈ គប់រកឥតរើសមុខ ជាស្រីល្ងង់ បៀតបៀនអ្នកប្រាជ្ញ ស្រីប្រហែលដូចនាង មិនគួរទទួលអាសនៈ និងទឹកទេ សុធាភោជន នឹងមានពីណា នាងចូរទៅចុះ អាត្មាមិនពេញចិត្តនឹងនាងទេ ។

[២៧៧] នាងជាអ្វី មានចង្កូមស ពាក់កុណ្ឌល មានគ្រឿងប្រដាប់ដើមដៃដ៏វិចិត្រ ទ្រទ្រង់គ្រឿងប្រដាប់មាសដ៏រលីងស្អាត ស្លៀកដណ្តប់សំពត់មានពណ៌ដូចទនៃទឹក ដែលគេស្រោចចុះ សៀតត្រួយឈើ មានពណ៌ក្រហមដូចភ្លើងឆេះស្បូវ ល្អរុងរឿង ។ នាងដូចមេម្រឹគដែលព្រានព្រៃបាញ់ខុសហើយ ក៏ភ្ញាក់ផ្អើលក្រឡេកមើលភ្លៀកៗ ដូច្នោះមា្នលនាងមានភ្នែកស្រទន់ បុគ្គលណាជាគំរប់ពីរនឹងនាង ក្នុងទីនេះ នាងតែម្នាក់ឯង នៅក្នុងព្រៃធំ មិនខ្លាចទេឬ ។

[២៧៨] (នាងអាសា…) បពិត្រកោសិយតាបស ក្នុងទីនេះ មិនមានបុគ្គលជាគំរប់ពីរនឹងខ្ញុំទេ ខ្ញុំជាទេវតាឈ្មោះអាសា កើតក្នុងភពតាវត្តឹង្ស មកកាន់សំណាក់លោកដោយ (សេចក្តីប៉ុនប៉ង) នូវសុធាភោជន បពិត្រលោកអ្នកមានប្រាជ្ញាដ៏ប្រសើរ ព្រោះហេតុនោះ សូមលោកចែកនូវសុធាភោជនដល់ខ្ញុំ ។

[២៧៩] (កោសិយៈ…) ពួកពាណិជអ្នកស្វែងរកទ្រព្យ ឡើងសំពៅទៅក្នុងសមុទ្រ ព្រោះសេចក្តីប្រាថ្នា ពាណិជទាំងនោះ ជួនកាលលិចចុះក្នុងសមុទ្រនោះ ជួនកាល សាបសូន្យចាកទ្រព្យ បាត់ទាំងដើមទុន ។ ពួកភ្ជួររាស់បានភ្ជួរស្រែទាំងឡាយ ព្រោះនូវពូជទាំងឡាយ ធ្វើ (កិច្ចនោះៗ) ដោយឧបាយ ក៏មិនបាននូវផលិតផលបន្តិចបន្តួចអំពីសន្ទូងនោះ ដោយសេចក្តីអន្តរាយ ឬគ្មានភ្លៀង ព្រោះតែសេចក្តីប្រាថ្នា ។ ពួកជនអ្នកស្វែងរកសេចក្តីសុខ បានធ្វើនូវសេចក្តីប្រាថ្នាជាប្រធាន ទើបធ្វើនូវសេចក្តីព្យាយាមក្នុងទីយុទ្ធភូមិ ដើម្បីម្ចាស់ ជនទាំងនោះធ្វើនូវប្រយោជន៍ដល់ម្ចាស់ ត្រូវពួកបច្ចាមិត្តបៀតបៀនយ៉ាងខ្លាំង មិនបាននូវឥស្សរិយយសនោះតិចតួច ក៏រត់ទៅកាន់ទិសទាំងឡាយ ។ ពួកជនអ្នកចង់ទៅកាន់ឋានសួគ៌ ស្វែងរកសេចក្តីសុខ ក៏លះបង់នូវស្រូវ ទ្រព្យ និងពួកញាតិ ហើយដុតកំដៅនូវតបៈដ៏សៅហ្មងអស់កាលយូរអង្វែង តែបែរជាឡើងកាន់ផ្លូវខុស ត្រឡប់ទៅកាន់ទុគ្គតិ ព្រោះតែសេចក្តីប្រាថ្នា ។ នែនាងអាសា នាងឯងដែលឈ្មោះថា អាសា គេសន្មតថាជាស្រីបោកប្រាស់នូវជនទាំងនេះ (ហេតុនោះ) នាងចូរបន្ទោបង់នូវសុធាភោជន ចំពោះខ្លួនឯងចុះ ស្រីប្រហែលនាង មិនគួរទទួលអាសនៈ និងទឹកទេ សុធាភោជន នឹងមានអំពីណា នាងចូរទៅចុះ អាត្មាមិនពេញចិត្តនឹងនាងទេ ។

[២៨០] នាងជាស្រីមានយស រុងរឿងដោយយស ជាធំក្នុងទិស គេហៅដោយឈ្មោះថោកទាប ម្នាលនាងមានរាងកាយដូចរូបប្រៀប ជាវិការនៃមាស អាត្មាសួរនាង នាងចូរប្រាប់ដល់អាត្មា នាងជាទេវតាឈ្មោះអ្វី ។

[២៨១] (នាងសទ្ធា…) ខ្ញុំជានាងទេវីឈ្មោះសទ្ធា ដែលគេបូជាក្នុងពួកមនុស្ស មិនសេពគប់នូវសត្វដ៏លាមកសព្វៗកាល មកកាន់សំណាក់លោកដោយការឈ្លោះប្រកែក ព្រោះសុធាភោជន បពិត្រលោកអ្នកមានប្រាជ្ញាដ៏ប្រសើ ព្រោះហេតុនោះ សូមលោកចែករំលែកនូវសុធាភោជនដល់ខ្ញុំ ។

[២៨២] (កោសិយៈ…) ជួនកាល មនុស្សទាំងឡាយពឹងផ្អែកលើសទ្ធា ទើបធ្វើនូវទាន នូវការទូន្មានឥន្ទ្រិយ នូវការបរិច្ចាគ និងការសង្រួមក៏មាន មនុស្សពួកខ្លះ ដែលឃ្លាតអំពីនាង (សទ្ធា) វិញ ក៏ធ្វើនូវការលួច កុហក បន្លំ និងញុះញង់ក៏មាន ។ បុរសអ្នកប្រាថ្នាក្នុងភរិយាទាំងឡាយ ដែលមានគុណសម្បតិ្តស្មើគ្នា ជាស្រីបរិបូណ៌ដោយសីល មានវត្តចំពោះប្តី តែលះបង់នូវសេចក្តីប្រាថ្នាក្នុងពួកស្រីដែលមានត្រកូលល្អ ហើយធ្វើនូវការជឿចំពោះកុម្ភទាសីវិញក៏មាន ។ ម្នាលនាងសទ្ធា នាងឯងគប់រកនូវប្រពន្ធរបស់ជនដទៃ ហើយធ្វើនូវអំពើដ៏លាមក លះចោលនូវកុសល ស្រីប្រហែលនាង មិនគួរទទួលនូវអាសនៈ និងទឹកទេ សុធាភោជននឹងមានអំពីណា នាងចូរទៅចុះ អាត្មាមិនពេញចិត្តនឹងនាងទេ ។

[២៨៣] ទិសខាងកើតឯណា មានសម្បុររូបដ៏ឧត្តម ប្រាកដច្បាស់ក្នុងវេលាអរុណរះឡើង ក្នុងទីបំផុតនៃរាត្រី ម្នាលនាងទេវធីតា នាងប្រាកដច្បាស់ដល់អាត្មា ដូចជាទិសខាងកើតនោះដែរ នាងចូរប្រាប់អាត្មា នាងជាស្រីអប្សរអ្វី ។ នាងឈ្មោះអ្វី ដូចជាវល្លិ៍ប្រេង ដែលត្រូវខ្យល់ មានរបៀបនៃស្លឹកដ៏ក្រហមក្នុងនិទាឃរដូវ ឬដូចជាអណ្តាតភ្លើង ពុំនោះសោត ដូចម្រឹគស្ទាវ កាលក្រឡេកមើល នាងហាក់ដូចជាមានប្រាថ្នានឹងនិយាយ តែមិនបញ្ចេញនូវវាចាទៅវិញ ។

[២៨៤] (នាងហិរី…) ខ្ញុំជានាងទេវីឈ្មោះហិរី ដែលគេបូជាក្នុងពួកមនុស្ស ជាស្រីមិនសេពគប់នូវសត្វដ៏លាមកសព្វៗកាល មកកាន់សំណាក់លោកដោយការឈ្លោះប្រកែក ព្រោះសុធាភោជន តែខ្ញុំនោះមិនអាចនឹងសុំនូវសុធាភោជនទេ ធម្មតាការសុំគេនៃស្រី ដូចជាការបើកបង្ហាញកេរ្តិ៍ខ្មាស ។

[២៨៥] (កោសិយៈ…) ម្នាលនាងមានរាងកាយល្អ នាងនឹងបាន (នូវសុធាភោជន) តាមសភាពតាមហេតុ នេះពិតជាធម៌ហើយ ដ្បិតថា សុធាភោជន គេមិនបានព្រោះការសុំទេ ព្រោះហេតុនោះ អាត្មានឹងអញ្ជើញនាងដែលមិនសុំ នាងប្រាថ្នានូវសុធាភោជនណាៗ អាត្មានឹងឲ្យនូវសុធាភោជននោះៗ ដល់នាង ។ ម្នាលនាងមានរាងកាយដូចរូបប្រៀប ជាវិការៈនៃមាស នាងនោះអាត្មានឹងអញ្ជើញទៅក្នុងអាស្រមរបស់អាត្មាក្នុងថ្ងៃនេះ នាងជាស្រីគួរអាត្មាបូជាដោយវត្ថុមានរសគ្រប់យ៉ាង អាត្មាលុះបូជានាងហើយ ទើបនឹងបរិភោគនូវសុធាភោជនដែរ ។

[២៨៦] (អភិសម្ពុទ្ធគាថា) នាងហិរីនោះ ជាស្រីមិនសេពគប់នូវសត្វលាមកសព្វៗកាល ដែលកោសិយតាបសមានអានុភាពដ៏រុងរឿងអនុញ្ញាតហើយ ក៏ចូលទៅកាន់អាស្រម ជាទីរីករាយ ជាអាស្រមមានទឹក មានផ្លែឈើ ដែលពួកអរិយជនបូជាហើយ ។ ជិតអាស្រមនោះ មានព្រៃឈើស៊ុមទ្រុមដ៏ច្រើន មានផ្ការីកហើយ ដើមស្វាយ ដើមទ្រយឹង ដើមខ្នុរ ដើមចារ ដើមម្រុម ដើមលោទ ដើមភ្លៅកង្កែប ដើមលំចេក ដើមចន្ទន៍ ដើមត្រមួច មានផ្ការីកហើយ ។ ជិតអាស្រមនោះ មានដើមឈើច្រើន គឺដើមរាំង ដើមថា្លន់ ដើមព្រីង ដើមពោធិ៍បាយ ដើមជ្រៃ ដើមស្រគំ មានមែកទោរទន់ចុះ និងដើមរាជព្រឹក្ស ដើមច្រនៀង ដើមជ្រៃពួរ ដើមរាំងអន្លក់ និងដើមលំចេក មានក្លិនផ្សព្វផ្សាយគួរគាប់ចិត្ត ។ ជិតអាស្រមនោះ មានអបរណ្ណជាតិ អំពៅខ្មៅ សណ្តែកព្រៃ ដើមទន្លាប់ ស្រងែ និងគែលលក សណ្តែករាជមាស ចេកមានគ្រាប់ និងស្រូវស ស្រូវក្រហមជាច្រើន ផ្លែចេញជាអង្ករគួរបរិភោគបាន ។ នៅខាងជើងនៃទីអាស្រមនោះ មានជាតស្រះបោក្ខរណីដ៏ក្សេម មិនមានវត្ថុអាក្រក់ មានកំពង់មិនចោទ ជាស្រះដ៏ស្អាតប្រកបដោយទឹកមានក្លិនមិនគួរខ្ពើម ។ ក្នុងស្រះនោះ មានពួកត្រី ត្រេកត្រអាល ជាសត្វមានសេចក្តីក្សេម មានគ្រឿងបរិភោគដ៏ច្រើន គឺត្រីផ្ទក់ ត្រីខ្ជឹង ត្រីក្រាយ បង្កង ត្រីឆ្ពិន ត្រីស្លាត និងត្រីក្អែក ក៏ហែបហែលទៅមកដេរដាស ។ ក្នុងស្រះនោះ មានពួកសត្វស្លាបត្រេកត្រអាល ជាសត្វមានសេចក្តីក្សេម មានគ្រឿងបរិភោគដ៏ច្រើន គឺហង្ស ក្រៀល ក្ងោក ចាកក្រពាក អក តាវ៉ៅ ក្ងោកមាស ទោម ព្រហីត ដ៏ច្រើន ។ មានពួកសត្វ គឺហ្វូងនៃម្រឹគផ្សេងៗ ជាច្រើន គឺសីហៈ ខ្លាធំ ខ្លាឃ្មុំ ឆ្កែព្រៃ ខ្លារខិន រមាស គោព្រៃ ក្របី រមាំង ប្រើស ទ្រាយ ជ្រូកព្រៃ ក្តាន់ និងជ្រូកស្រុក មកប្រជុំគ្នាក្បែរស្រះនោះ ។ មានឈ្លូស ឆ្មា ទន្សាយ និងខ្ទីងជាច្រើន ផែនដី និងភ្នំ ពេញពាសដោយផ្កាដ៏វិចិត្រ កងរំពងដោយសម្លេងនៃសត្វបក្សី មានហ្វូងបក្សីគប់រកជានិច្ចក្បែរស្រះនោះ ។

[២៨៧] នាងហិរីនោះ មានស្បែកដ៏ល្អ តោងដើមឈើមានពណ៌ដ៏ខៀវ បានចូលទៅ (កាន់អាស្រម) ហាក់ដូចជាផ្លេកបន្ទោររបស់មហាមេឃ កោសិយតាបស បានរៀបចំកៅអី ដែលមានបណ្តាញប្រទាក់គ្នាដ៏ល្អ ជាវិការៈនៃស្បូវភ្លាំងដ៏ស្អាត មានក្លិនដ៏ល្អ ពាសដោយស្បែកខ្លាឃ្មុំ បម្រុងនាងហិរីនោះ បានពោលពាក្យនេះនឹងនាងហិរីថា ម្នាលនាងមានលំអ នាងចូរអង្គុយឲ្យស្រួលចុះ នេះជាអាសនៈ ។ កាលដែលនាងហិរីនោះឋិតនៅលើកៅអី ប្រាថ្នានូវសុធាភោជនណា គ្រានោះ កោសិយតាបស អ្នកទ្រទ្រង់នូវផ្នួងសក់ដ៏រុងរឿង ជាមហាមុនី ប្រញាប់ប្រញាល់ បាននាំមកនូវសុធាភោជននោះ ព្រមទាំងទឹកដោយស្លឹកឈូកថ្មីៗ ដោយខ្លួនឯង ។ នាងហិរីនោះ មានចិត្តត្រេកអរ បានទទួលនូវសុធាភោជននោះ ដោយដៃទាំងពីរ ហើយពោលនឹងកោសិយតាបស អ្នកទ្រទ្រង់នូវផ្នួងសក់ដូច្នេះថា បពិត្រព្រហ្ម ឥឡូវនេះ ខ្ញុំដែលលោកបូជាហើយ ជាបុគ្គលមានជ័យជំនះ សូមទៅកាន់ភពត្រៃត្រឹង្សវិញ ។ នាងហិរីនោះ ដែលកោសិយតាបសមានអានុភាពដ៏រុងរឿង បានអនុញ្ញាតហើយ ជាស្រីស្រវឹងដោយការស្រវឹងនឹងវណ្ណៈ ក៏ទៅក្នុងសំណាក់ព្រះឥន្ទ្រជាសហស្សចក្ខុ រួចក្រាបទូលថា បពិត្រព្រះវាសវៈ នេះជាសុធាភោជន សូមព្រះអង្គទ្រង់ប្រទាននូវជ័យជំនះដល់ខ្ញុំ ។ នាងហិរីនោះ ដែលពួកទេវតា និងមនុស្សផ្គងអញ្ជលីបូជាហើយ ក៏ចូលទៅអង្គុយលើកៅអីដ៏ថ្មីក្នុងកាលណា ព្រះឥន្ទ្រ ព្រមទាំងពួកទេវតា ក៏បូជានាងហិរីនោះ ជាទេវធីតាដ៏ឧត្តមក្នុងកាលនោះ ។

[២៨៨] សហស្សនេត្ត ជាធំជាងពួកទេវតាជាន់ត្រៃត្រឹង្ស ទ្រង់បានត្រាស់នឹងមាតលិទេវបុត្តនោះម្តងទៀតថា អ្នកចូរទៅសួរកោសិយតាបស តាមពាក្យរបស់យើងថា បពិត្រកោសិយៈ នាងហិរី ដទៃអំពីនាងអាសា នាងសទ្ធា នាងសិរី បាននូវសុធាភោជន ដោយហេតុអ្វី ។

[២៨៩] មាតលិទេវបុត្ត បានឡើងជិះរថនោះ អណ្តែតទៅដោយស្រួលដ៏រុងរឿងប្រហែលនឹងគ្រឿឧបករណ៍ មានចន្ទោលជាវិការៈនៃមាសជម្ពូនទ ភ្លឺដូចជាអណ្តាតភ្លើង ដែលបុញ្ញឫទ្ធិប្រដាប់ស្រស់ល្អ ប្រកបដោយកម្រាលជាវិការៈនៃមាស វិចិត្រដោយកែវ ៧ ប្រការ ។ ក្នុងរថនុ៎ះ មានរូបព្រះចន្ទជាវិការៈនៃមាស រូបដំរី គោ សេះ កិន្នរ ខ្លាធំ ខ្លាដម្បង ទ្រាយជាច្រើនក្នុងរថនោះ មានរូបបក្សីជាវិការៈនៃកែវផ្សេងៗ ក្នុងរថនោះ មានទាំងរូបម្រឹគប្រកបដោយហ្វូងជាវិការៈនៃកែវពៃទូរ្យក្នុងរថនោះ ។ ពួកទេវតា បានទឹមនូវស្តេចសេះ មានសម្បុរលឿងមួយពាន់ក្នុងរថនោះ ជាសេះមានសម្បុរដូចមាស ប្រហែលនឹងដំរីស្ទាវ ប្រដាប់ដោយគ្រឿងអលង្ការ មានគ្រឿងប្រដាប់ទ្រូងជាវិការៈនៃបណ្តាញមាស មានគ្រឿងប្រដាប់ពាក់ត្រចៀក ស្ទុះទៅដោយគ្រាន់តែឮសម្លេង ជាសេះមានសន្ទុះដ៏លឿន ។ មាតលិទេវបុត្តបានឡើងជិះរថនោះ ជាយានដ៏ប្រសើរ ហើយញ៉ាំងទិសទាំង ១០ នេះ ឲ្យគឹកកងរំពង ទាំងញ៉ាំងអាកាសភ្នំ ឈើម្ចាស់ព្រៃ សាគរ និងផែនដីឲ្យរំភើបញាប់ញ័រ ។ មាតលិទេវបុត្តនោះ ចូលទៅកាន់អាស្រមជាឆាប់ ពានាសំពត់ទិព្វជាស្រេច រួចផ្គងអញ្ជលីពោលទៅនឹងកោសិយតាបស ជាទេវព្រាហ្មណ៍ ដែលជាពហុស្សូត ជាអ្នកចម្រើនដោយគុណ មានអាចរិយវត្តទូន្មានហើយ ដូច្នេះថា បពិត្រកោសិយៈ សូមលោកស្តាប់ពាក្យព្រះឥន្ទ្រ ខ្ញុំឯងជាទូតព្រះឥន្ទ្រ សូមសួរលោកថា បពិត្រកោសិយៈ ចុះនាងហិរី ដទៃអំពីនាងអាសា នាងសទ្ធា និងនាងសិរី តើបាននូវសុធាភោជនដោយហេតុអ្វី ។

[២៩០] (កោសិយ…) ម្នាលមាតលិ ជាទេវសារថី នាងសិរីប្រាកដច្បាស់ដល់អាត្មា ថាជាស្រ្តីស្តុកស្តម្ភស្រាប់ហើយ ចំណែកនាងសទ្ធា ប្រាកដដល់អាត្មាថាជាស្រ្តី មិនទៀង នាងអាសា ក៏ប្រាកដដល់អាត្មា ថាជាស្រីដែលគេសន្មត ថាជាស្រ្តីបោកប្រាស់ ឯនាងហិរី តាំងនៅស៊ប់ក្នុងគុណដ៏ប្រសើរ ។

[២៩១] ពួកនាងកុមារីណា ដែលត្រកូលរក្សាហើយក្តី ពួកស្រី្តចាស់ៗ (ស្រ្តីមេម៉ាយ) ណាក្តី ពួកស្ត្រីណា ដែលមានប្តីក្តី ស្រ្តីទាំងនោះ (ដឹងច្បាស់) នូវឆន្ទរាគដែលកើតឡើងក្នុងពួកបុរស ហើយរារាំងនូវចិត្តរបស់ខ្លួនដោយហិរិ ។ កាលជនទាំងឡាយ បរាជ័យ ក្នុងប្រធាននៃសង្គា្រម ដែលប្រកបដោយព្រួញ និងលំពែង ស្ទុះរត់ទៅ ជនទាំងនោះ បានលះបង់នូវជីវិត ក៏ត្រឡប់វិលវិញដោយហិរិ មានចិត្តប្រកបដោយហិរិ ទទួលយក (ម្ចាស់) វិញ ។ ច្រាំងជាគ្រឿងរារាំងនូវកំឡាំងនៃរលកទឹកក្នុងសមុទ្រយ៉ាងណា ហិរិនេះ ក៏ឃាត់នូវជនចាកបាប យ៉ាងនោះដែរ ។ ម្នាលទេវសារថី ព្រោះហេតុនោះ អ្នកចូរក្រាបទូលព្រះឥន្ទ្រថា ហិរិនោះ ត្រូវអរិយជនបូជាហើយក្នុងលោកទាំងពួង ។

[២៩២] (មាតលិទេវបុត្ត…) បពិត្រកោសិយៈ បុគ្គលណាជាព្រហ្ម ឬព្រះឥន្ទ្រ ឬបជាបតិ ប្រកាន់តាមសេចក្តីយល់របស់លោកនេះថា ធីតារបស់ព្រះឥន្ទ្រ ជាស្ត្រីស្វែងរកនូវគុណដ៏ប្រសើរ ដែលគេសន្មតថាជាស្រ្តីប្រសើរបំផុតក្នុងពួកទេវតា ព្រោះតែហិរិ ។

[២៩៣] បើដូចនោះ ឥឡូវនេះ សូមលោកមក សូមលោកទៅកាន់ឋានត្រៃត្រឹង្ស សូមលោកឡើងជិះរថ ដែលជាទីគាប់ចិត្តនេះ បពិត្រលោកអ្នកមានគោត្រស្មើដោយព្រះឥន្ទ្រ ព្រះឥន្ទ្រទន្ទឹងលោក សូមលោកទៅនៅរួមជាមួយនឹងព្រះឥន្ទ្រក្នុងថ្ងៃនេះ ។

[២៩៤] (អភិសម្ពុទ្ធគាថា) ពួកសត្វអ្នកមិនធ្វើនូវអំពើបាប រមែងបរិសុទ្ធយ៉ាងនេះ មួយទៀត ផលនៃកុសល ដែលបុគ្គលបានសន្សំល្អហើយ រមែងមិនសាបសូន្យទេ ពួកសត្វណាមួយ បានឃើញនូវសុធាភោជន (ក្នុងកាលនោះ) សត្វទាំងអស់នោះឯង រមែងដល់នូវការនៅរួមជាមួយនឹងព្រះឥន្ទ្រ ។

[២៩៥] នាងហិរីទេវធីតា គឺនាងឧប្បលវណ្ណាភិក្ខុនី កោសិយតាបស គឺភិក្ខុជាម្ចាស់ទាន បញ្ចសិខទេវបុត្ត គឺអនុរុទ្ធភិក្ខុ មាតលិទេវបុត្ត គឺអានន្ទ សុរិយទេវបុត្ត គឺកស្សបភិក្ខុ ចន្ទទេវបុត្ត គឺមោគ្គល្លាន នារទតាបស គឺសារីបុត្ត ឯព្រះវាសៈ គឺតថាគតជាព្រះសម្ពុទ្ធ ។

ចប់ សុធាភោជនជាតក ទី៣ ។

កុណាលជាតក ទី៤កែប្រែ

[២៩៦] ហេមវន្តប្រទេស ដែលគេតែងពោលយ៉ាងនេះ តែងឮយ៉ាងនេះ មានសេចក្តីតំណាលថា បក្សីកុណាល (តាវ៉ៅ) មានសម្បុរដ៏វិចិត្រក្រៃលែង មានស្លាបជាគ្រឿងបិទបាំងដ៏វិចិត្រក្រៃលែង តែងនៅអាស្រ័យក្នុងដងព្រៃជាទីរីករាយ មានសភាពយ៉ាងនេះ ជាប្រទេសទ្រទ្រង់នូវធរណី ប្រកបដោយឱសធគ្រប់យ៉ាង រយោងរយានដោយចង្កោមផ្កាជាច្រើន ជាប្រទេសជាទីចរទៅមករឿយៗ នៃដំរី គោ ក្របី ប្រើសមាស ចាមរី ក្តាន់ រមាស ខ្ទីង សីហៈ ខ្លាធំ ខ្លាដម្បង ខ្លាឃ្មុំ ឆ្កែព្រៃ ខ្លារខិន ភេ ឈ្លូស ខ្លាត្រី ទន្សាយ រមាំង ជាទីអាស្រ័យនៅនៃហ្វូងដំរីតូចៗ និងដំរីធំ និងមេដំរីក្នុងនាគត្រកូល ដ៏ដេរដាស ជាទីអាស្រ័យនៅនៃខ្លាឃ្មុំ ស្វាសរភៈ ម្រឹគ ទ្រាយ ក្តាន់បុរិសាលុ (យក្ខិនីមានមុខដូចសេះ) កិន្នរ យក្ស អារក្សទឹក ជាព្រៃដ៏ដេរដាសដោយពួកឈើជាច្រើនយ៉ាង គឺឈើមានផ្កាក្រពុំ ឈើមានត្រួយលាស់រហង់ សឹងដ៏ខ្ញៀវខ្ញារដោយហ្វូងបក្សីជាច្រើន គឺសត្វអក លលកទ្រាំង ហត្ថិលិង្គ ក្ងោក ទីទុយ ប៉ោលតោក ចាប កុកក្រក សម្បកត្រពាំង ករវិក ជាប្រទេសដ៏ប្រដាប់ដោយវត្ថុជាទីត្រេកអរច្រើនយ៉ាង គឺថ្មមនោសិលាមានពណ៌ខៀវដូចផ្កាអញ្ជ័ន ជាតិហិង្គុល មាស ប្រាក់ មាសស្រួយ និងលោហធាតុជាច្រើនយ៉ាង ។ បក្សីតាវ៉ៅនោះឯង មានបក្សីញីចំនួន ៣៥០០ សុទ្ធតែបក្សីជំទង់ចាំបំរើ ។ មានសេចក្តីដំណាលថា គ្រានោះ បក្សីញីជំទង់ពីរ ពាំមែកឈើដោយចំពុះ ឲ្យបក្សីតាវ៉ៅឈ្មោលនោះទំត្រង់កណ្តាលមែកឈើ ហើរឡើងទៅដោយគិតថា សូមកុំឲ្យមានសេចក្តីលំបាកក្នុងផ្លូវឆ្ងាយបៀតបៀនបក្សីតាវ៉ៅឈ្មោលនោះឡើយ ។ ពួកបក្សីកញ្ញាចំនួន ៥០០ ក៏ហើរពីខាងក្រោមៗ ដោយគិតថា បើបក្សីតាវ៉ៅនេះធ្លាក់ពីបង្គង យើងនឹងទទួលបក្សីតាវ៉ៅនោះដោយស្លាបទាំងឡាយ ។ ពួកបក្សីកញ្ញាចំនួន ៥០០ ហើរ អំពីខាងលើៗ ដោយគិតថា សូមកុំឲ្យកំដៅក្តៅដល់បក្សីតាវ៉ៅឈ្មោលនោះឡើយ ។ ពួកបក្សីកញ្ញាចំនួន ៥០០ ម្ខាងៗ ហើរអមអំពីខាងទាំងពីរ ដោយគិតថា សូមកុំឲ្យត្រជាក់ ក្តៅ ស្មៅធូលី ខ្យល់ ឬទឹកសន្សើមប៉ះពាល់ត្រូវបក្សីតាវ៉ៅឈ្មោលនោះឡើយ ។ ពួកបក្សីកញ្ញាចំនួន ៥០០ ហើរទៅអំពីខាងមុខៗ ដោយគិតថា សូមកុំឲ្យគង្វាលគោ គង្វាលសត្វចិញ្ចឹម អ្នកនាំស្មៅ អ្នកនាំឧស អ្នកធ្វើការងារក្នុងព្រៃ ប្រហារនូវបក្សីតាវ៉ៅឈ្មោលនោះ ដោយកំណាត់ឈើ ដោយអម្បែង ដោយដៃ (ដោយដុំថ្ម) ដោយដុំដី ដោយដម្បង ដោយសាស្ត្រាវុធ ឬដោយដុំក្រួសទាំងឡាយឡើយ សូមកុំឲ្យបក្សីតាវ៉ៅនោះប៉ះទង្គិចនឹងគុម្ពឈើ វល្លិ៍ ដើមឈើ មែកឈើ សសរ ថ្មភ្នំ ឬពួកបក្សីមានកម្លាំងឡើយ ។ ពួកបក្សីកញ្ញាចំនួន ៥០០ ហើរអមអំពីខាងក្រោយៗ និយាយឆ្លើយឆ្លងគ្នា ដោយពាក្យស្រទន់ផូរផង់ពីរោះផ្អែមល្ហែម ដោយគិតថា សូមកុំឲ្យបក្សីតាវ៉ៅនេះ អផ្សុកនៅលើទ្រនំឡើយ ។ ពួកបក្សីកញ្ញាចំនួន ៥០០ ហើរទៅគ្រប់ទិស នាំយកផ្លែឈើផ្សេងៗ ចំឡែកជាច្រើន ដោយគិតថា សូមកុំឲ្យបក្សីតាវ៉ៅនេះ លំបាកដោយការស្រេក ឃ្លានឡើយ ។ គ្រានោះ ពួកហ្វូងបក្សីកញ្ញាទាំងនោះ ហើរនាំបក្សីតាវ៉ៅនោះអំពីសួនច្បារទៅកាន់សួនច្បារ អំពីឧទ្យាន ទៅកាន់ឧទ្យាន អំពីកំពង់ស្ទឹងទៅកាន់កំពង់ស្ទឹង អំពីកំពូលភ្នំទៅកាន់កំពូលភ្នំ អំពីព្រៃស្វាយទៅកាន់ព្រៃស្វាយ អំពីព្រៃព្រីងទៅកាន់ព្រៃព្រីង អំពីព្រៃខ្នុរសម្លទៅកាន់ព្រៃខ្នុរសម្ល អំពីព្រៃដូងទៅកាន់ព្រៃដូង ដើម្បីសេចក្តីសប្បាយរីករាយដោយឆាប់រហ័ស ។ គ្រានោះឯង បក្សីតាវ៉ៅនោះ ដែលពួកបក្សីកញ្ញាទាំងនោះចោមរោមហើយពេញមួយថ្ងៃ ក៏បណ្តេញយ៉ាងនេះថា នែមេចង្រៃ ហងឯងទាំងឡាយ ចូរចៀសចេញទៅ នែមេចង្រៃជាចោរ ជាស្រីអ្នកលេងហីនហោច មានចិត្តស្រាល មិនធ្វើតបចំពោះឧបការគុណដែលគេធ្វើហើយ ជាអ្នករហើរហាចក្នុងកាមដូចជាខ្យល់ ហងឯងទាំងឡាយចូរវិនាសទៅ ។

[២៩៧] មានសេចក្តីដំណាលថា ក្នុងភាគទិសខាងកើតនៃស្តេចភ្នំហិមវន្តនោះឯង មានស្ទឹងហូរនាំយកនូវស្មៅខៀវខ្ចីអំពីភ្នំដែលមានទឹកដ៏ល្អសុខុមថ្លាឈ្វេង ។ មានសេចក្តីដំណាលថា តាវ៉ៅសឈ្មោះបុណ្ណមុខៈ មានសម្លេងដ៏ពីរោះក្រលួច មានភ្នែកក្រឡែត ដូចភ្នែកអ្នកស្រវឹង តែងអាស្រ័យនៅក្នុងដងព្រៃជាទីសប្បាយរីករាយ មានសភាពយ៉ាងនេះ គឺប្រទេសជាទីពេញចិត្តរីករាយដោយផ្កាឧប្បល ឈូកក្រហម កុមុទ ឈូកស ឈូកមានស្រទាប់ជាច្រើន ចង្កុល្លណីមានក្លិនក្រអូបឈ្ងុយឈ្ងប់ ទើបនឹងដុះឡើងថ្មីៗ ជាព្រៃដេរដាសដោយកុរវកព្រឹក្ស រាំងអន្លក់ កេតកព្រឹក្ស វេទិសព្រឹក្ស ដើមជ្រៃ ដើមបុន្នាគ ពកុល ទ្រមួច ទ្រមូង ក្ទម្ព ធ្នង់រាំងភ្នំ ស្រឡៅ ចម្បក អសោកព្រឹក្ស ខ្ទឹង ស្មាច់ លោទ្ទ និងចន្ទក្រហម ជាព្រៃញាតស្បាតដោយដើមឈើខ្មៅ បិយង្គុមានពណ៌ក្រហម ទេពទារូ ចេកមានគ្រាប់ ជាព្រៃទ្រទ្រង់នូវដើមថ្ងាន់ ខ្លែងគង់ ព្រូស ម៉ៃសាក់ កណិការ ដើមច្បារ ដើមប្រមោយដំរី ដើមរលួសផ្អុង ដើមចារ ដើមយុថ្កា និងចង្កោមផ្កាម្លិះព្រៃ ក្តាំងងា ចម្បា ចម្បី នួនស្រី ជាព្រៃដ៏ដេរដាសដោយម្លិះរួត ចេកទេស ច្រនៀង ដើមទ្រាំង ក្រឹស្នា ស្បូវភ្លាំង និងគុម្ពឈើជាពួកៗ ជាប្រទេសដ៏ប្រដាប់ដោយដើមឈើដ៏ដេរដាស គឺដើមរំដួល និងវល្លិ៍មានផ្កាដ៏ល្អ ជាព្រៃឮសូរសម្រែកនៃសត្វហង្ស ទុង ប្រវឹក ក្អែកទឹក ជាទីដែលពួកវិទ្យាធរ សមណៈ និងតាបសឥសីស័ក្តសិទ្ធ នៅអាស្រ័យ ជាប្រទេសដែលនរជន ទេវតា យក្ស អារក្សទឹក អសុរ គន្ធព្វ និងកិន្នរអាស្រ័យនៅជាច្រើន ។ មានសេចក្តីដំណាលថា សត្វតាវ៉ៅសឈ្មោះបុណ្ណមុខៈនោះឯង មានបក្សីកញ្ញាចំនួន ៣៥០ ជាអ្នកបម្រើ ។ មានសេចក្តីដំណាលថា គ្រានោះឯង មានបក្សីកញ្ញាពីរ ពាំមែកឈើដោយមាត់ ហើយឲ្យសត្វតាវ៉ៅសឈ្មោះបុណ្ណមុខៈនោះទុំត្រង់កណ្តាល ហើរទៅដោយគិតថា កុំឲ្យមានសេចក្តីលំបាកក្នុងផ្លូវឆ្ងាយប៉ះពាល់តាវ៉ៅសឈ្មោះបុណ្ណមុខៈនោះឡើយ ។ ពួកបក្សីកញ្ញាចំនួន ៥០ ក៏ហើរពីខាងក្រោមៗ ដោយគិតថា បើតាវ៉ៅសឈ្មោះបុណ្ណមុខៈនេះ នឹងធ្លាក់អំពីបង្គង ពួកយើងនឹងទទួលតាវ៉ៅសនោះ ដោយស្លាបទាំងឡាយ ។ ពួកបក្សីកញ្ញាចំនួន ៥០ ក៏ហើរអំពីខាងលើៗ ដោយគិតថា សូមកុំឲ្យកំដៅក្តៅដល់តាវ៉ៅសឈ្មោះបុណ្ណមុខៈនោះឡើយ ។ ពួកបក្សីកញ្ញាចំនួន ៥០ (ម្ខាង) ក៏ហើរអមអំពីខាងទាំងពីរ ដោយគិតថា សូមកុំឲ្យត្រជាក់ ក្តៅ ស្មៅ ធូលី ខ្យល់ ឬទឹកសន្សើម ប៉ះពាល់ត្រូវតាវ៉ៅសឈ្មោះបុណ្ណមុខៈនោះឡើយ ។ ពួកបក្សីកញ្ញាចំនួន ៥០ ហើរទៅអំពីខាងមុខៗ ដោយគិតថា សូមកុំឲ្យគង្វាលគោ គង្វាលសត្វចិញ្ចឹម អ្នកនាំស្មៅ អ្នកនាំឧស អ្នកធ្វើការងារក្នុងព្រៃ ប្រហារស្តេចសត្វតាវ៉ៅសឈ្មោះបុណ្ណមុខៈនោះដោយកំណាត់ឈើ ដោយអម្បែង ដោយដៃ (ដោយដុំថ្ម) ដោយដុំដី ដោយដម្បង ដោយសាស្ត្រាវុធ ដោយដុំក្រួសទាំងឡាយ សូមកុំឲ្យតាវ៉ៅសឈ្មោះបុណ្ណមុខៈនេះ ប៉ះទង្គិចនឹងគុម្ពឈើ វល្លិ៍ ដើមឈើ មែកឈើ សសរ ដុំថ្មភ្នំ ឬក៏ពួកបក្សីមានកម្លាំងឡើយ ។ ពួកបក្សីកញ្ញាចំនួន ៥០ ហើរអំពីខាងក្រោយៗ និយាយឆ្លើយឆ្លងគ្នាដោយពាក្យដ៏ស្រទន់ផូរផង់ពីរោះផ្អែមល្ហែម ដោយគិតថា សូមកុំឲ្យតាវ៉ៅសឈ្មោះបុណ្ណមុខៈ អផ្សុកលើទ្រនំឡើយ ។ ពួកបក្សីកញ្ញាចំនួន ៥០ ហើរទៅគ្រប់ទិស នាំយកផ្លែឈើផ្សេងៗ ចំឡែកជាច្រើនយ៉ាង ដោយគិតថា សូមកុំឲ្យតាវ៉ៅសឈ្មោះបុណ្ណមុខៈនេះ លំបាកដោយការស្រេកឃ្លានឡើយ ។ គ្រានោះ ពួកហ្វូងបក្សីកញ្ញាទាំងនោះ ហើរនាំតាវ៉ៅសឈ្មោះបុណ្ណមុខៈអំពីសួនច្បារ ទៅកាន់សួនច្បារ អំពីឧទ្យានទៅកាន់ឧទ្យាន អំពីកំពង់ស្ទឹង ទៅកាន់កំពង់ស្ទឹង អំពីកំពូលភ្នំ ទៅកាន់កំពូលភ្នំ អំពីព្រៃស្វាយ ទៅកាន់ព្រៃស្វាយ អំពីព្រៃព្រីង ទៅកាន់ព្រៃព្រឹង អំពីព្រៃខ្នុរសម្ល ទៅកាន់ព្រៃខ្នុរសម្ល អំពីព្រៃដូង ទៅកាន់ព្រៃដូង ដើម្បីសេចក្តីសប្បាយរីករាយដោយឆាប់រហ័ស ។ គ្រានោះឯង តាវ៉ៅសឈ្មោះបុណ្ណមុខៈ ដែលពួកបក្សីកញ្ញាទាំងនោះ បំរើឈូឆរអស់ថ្ងៃមួយ សរសើរយ៉ាងនេះថា ម្នាលនាងទាំងឡាយ ប្រពៃណាស់ៗ នាងទាំងឡាយ បំរើប្តីដោយហេតុណា ម្នាលនាងទាំងឡាយ ហេតុនោះឯង ជាកិច្ចដ៏សមគួរដល់នាងទាំងឡាយ ជាធីតាក្នុងត្រកូលហើយ ។

[២៩៨] គ្រានោះ តាវ៉ៅសឈ្មោះបុណ្ណមុខៈ ចូលទៅរកកុណាលសកុណៈ (តាវ៉ៅខ្មៅ) ។ បក្សីកញ្ញាជាអ្នកបំរើកុណាលសកុណៈ បានឃើញតាវ៉ៅសឈ្មោះបុណ្ណមុខៈនោះមកពីចម្ងាយ លុះឃើញហើយ នាំចូលទៅរកតាវ៉ៅសឈ្មោះបុណ្ណមុខៈ លុះចូលទៅដល់ហើយ និយាយពាក្យនេះនឹងតាវ៉ៅសឈ្មោះបុណ្ណមុខៈនោះថា បពិត្របុណ្ណមុខៈសម្លាញ់ កុណាលសកុណៈនេះ អាក្រក់ក្រៃលែង មានសំដីអាក្រក់ក្រៃលែង ពួកយើងសូមពឹងផ្អែកនូវលោក ក្រែងបានវាចាជាទីស្រឡាញ់ (អំពីកុណាលៈ) ។ តាវ៉ៅស ឆ្លើយតបថា ឱប្អូនស្រីទាំងឡាយ យ៉ាងនោះឬ ហើយក៏ចូលទៅរកកុណាលសកុណៈ លុះចូលទៅដល់ហើយ ក៏និយាយសំណេះសំណាល ជាមួយនឹងកុណាលសកុណៈ ហើយទំក្នុងទីដ៏សមគួរ ។ លុះតាវ៉ៅសឈ្មោះបុណ្ណមុខៈ ទំក្នុងទីដ៏សមគួរហើយ និយាយពាក្យនេះនឹងកុណាលសកុណៈនោះថា នែកុណាលៈសម្លាញ់ ហេតុអ្វី អ្នកប្រតិបត្តិខុសចំពោះតាវ៉ៅញី ដែលមានជាតិល្អ ជាធីតាក្នុងត្រកូល ជាអ្នកប្រតិបត្តិល្អ នែកុណាលៈសម្លាញ់ ឮថា អ្នកគួរនិយាយសំដីជាទីពេញចិត្ត ទៅរកពួកតាវ៉ៅញី សូម្បីនិយាយសំដីមិនជាទីគាប់ចិត្ត នឹងបាច់និយាយថ្វីដល់ពួកតាវ៉ៅញី ជាសត្វនិយាយសំដីជាទីពេញចិត្ត ។ កាលបើតាវ៉ៅសនិយាយយ៉ាងនេះហើយ កុណាលសកុណៈ ក៏បណ្តេញតាវ៉ៅសឈ្មោះបុណ្ណមុខៈនោះថា នែសំឡាញ់ ជាសត្វអាក្រក់ចង្រៃ អ្នកចូរចៀសចេញ នែសឡាញ់ជាសត្វអាក្រក់ចង្រៃ អ្នកចូរវិនាសទៅ នរណាឡើយ ជាអ្នកឈ្លាសវៃជាងអ្នក ជាអ្នកចាញ់ស្រី ។ ចំណែកខាងតាវ៉ៅសឈ្មោះបុណ្ណមុខៈ ត្រូវកុណាលសកុណៈ បណ្តេញយ៉ាងនេះហើយ ក៏ត្រឡប់មកអំពីទីនោះវិញ ។

[២៩៩] គ្រានោះឯង លុះសម័យខាងក្រោយមក កន្លងទៅមិនយូរប៉ុន្មាន តាវ៉ៅសឈ្មោះបុណ្ណមុខៈ មានជម្ងឺជាទម្ងន់ ។ មានវេទនាយ៉ាងខ្លាំង គឺរោគធ្លាក់ឈាម រៀបដល់នូវមរណៈ ។ គ្រានោះ ពួកបក្សីកញ្ញា ជាអ្នកបំរើតាវ៉ៅសឈ្មោះបុណ្ណមុខៈ មានសេចក្តីត្រិះរិះយ៉ាងនេះថា តាវ៉ៅសឈ្មោះបុណ្ណមុខៈនេះ មានជម្ងឺជាខ្លាំង ធ្វើដូចម្តេច លោកនឹងបានសះស្បើយចាកជម្ងឺនេះ ។ ពួកបក្សីកញ្ញាបោះបង់តាវ៉ៅសនោះ ឲ្យនៅតែម្នាក់ឯង មិនឲ្យមានគ្នាជាគំរប់ពីរ ហើយនាំគ្នាចូលទៅរកកុណាលសកុណៈ ។ កុណាលសកុណៈនោះ បានឃើញពួកបក្សីកញ្ញាទាំងនោះ កំពុងមកពីចម្ងាយ លុះឃើញហើយ និយាយពាក្យនេះនឹងពួកបក្សីកញ្ញានោះថា នែមេចង្រៃរាល់គ្នា ចុះប្តីរបស់ហងឯង ទៅក្នុងទីណា ។ ពួកបក្សីកញ្ញាទាំងនោះតបថា បពិត្រកុណាលៈជាម្ចាស់ តាវ៉ៅសឈ្មោះបុណ្ណមុខៈ មានជម្ងឺជាខ្លាំង ធ្វើដូចម្តេចលោកនឹងបានសះស្បើយចាកជម្ងឺនោះ ។ កាលពួកបក្សីកញ្ញាឆ្លើយតបយ៉ាងនេះហើយ កុណាលសកុណៈ ក៏បណ្តេញពួកបក្សីកញ្ញាទាំងនោះយ៉ាងនេះថា នែពួកមេចង្រៃ ហងឯងចូរចៀសចេញទៅ នែមេចង្រៃជាចោរ ជាស្រីអ្នកលេង ហីនហោច មានចិត្តស្រាល មិនធ្វើតបចំពោះឧបការគុណដែលគេធ្វើហើយ ជាអ្នករហើរហាចក្នុងកាមដូចជាខ្យល់ ហងឯងទាំងឡាយ ចូរវិនាសទៅ លុះពោលដូច្នេះហើយ ក៏ចូលទៅរកតាវ៉ៅសឈ្មោះបុណ្ណមុខៈ លុះចូលទៅដល់ហើយ ទើបនិយាយពាក្យនេះនឹងតាវ៉ៅសឈ្មោះបុណ្ណមុខៈនោះថា នែបុណ្ណមុខៈសំឡាញ់ ម្តេចទៅហ៏ ។ តាវ៉ៅសឆ្លើយថា ឱកុណាលៈសំឡាញ់ ។ គ្រានោះ កុណាលសកុណៈជួយគ្រាហ៍តាវ៉ៅសឈ្មោះបុណ្ណមុខៈនោះ ដោយស្លាបទាំងឡាយផង ដោយចំពុះផង ឲ្យក្រោកឡើង ទើបឲ្យផឹកថ្នាំផ្សេងៗ ។ គ្រានោះ ជម្ងឺរបស់តាវ៉ៅសឈ្មោះបុណ្ណមុខៈនោះ ក៏ជាសះស្បើយ ។

[៣០០] គ្រានោះ កុណាលសកុណៈ បាននិយាយពាក្យនេះនឹងតាវ៉ៅសឈ្មោះបុណ្ណមុខៈ ដែលសះស្បើយចាកជម្ងឺ ដែលស្រាកស្រាន្តចាកភាពនៃខ្លួនជាអ្នកឈឺ មិនយូរប៉ុន្មានថា នែបុណ្ណមុខៈសំឡាញ់ កុមារីឈ្មោះនាងកណ្ហា មានបិតាពីរ មានប្តី ៥ នាក់ ជាប់ចំពាក់ចិត្តក្នុងបុរសទី ៦ គឺក្នុងបុរសខ្វិនគម (ដូចខ្មោចកំបុតក) ក៏ខ្ញុំបានឃើញហើយ ។ ពាក្យក្នុងរឿងនោះ មានដូចតទៅនេះ

ស្ត្រីប្រព្រឹត្តកន្លងប្តីទាំង ៥ នាក់នុ៎ះគឺ អជ្ជុនរាជកុមារ ១ នកុលរាជកុមារ ១ ភីមសេនរាជកុមា ១ យុធិដ្ឋិលរាជកុមារ ១ សហទេវរាជកុមារ ១ ធ្វើនូវអំពើដ៏លាមកគឺ សេពមេថុនធម្មជាមួយបុរសគមទាបតឿ ។

នែបុណ្ណមុខៈសំឡាញ់ នាងសមណីឈ្មោះបញ្ចតបាវី កាលនៅកណ្តាលព្រៃស្មសាន រំលងចោលនូវបាយ ៤ ដង បានធ្វើនូវអំពើដ៏លាមកជាមួយនឹងអ្នកលេងសុរា ខ្ញុំបានឃើញហើយ ។ នែបុណ្ណមុខៈសំឡាញ់ នាងទេវីឈ្មោះកាកវតី កាលនៅកណ្តាលសមុទ្រ ជាភរិយារបស់វេនតេយ្យ បានធ្វើនូវអំពើដ៏លាមក ជាមួយនឹងបុរសឈ្មោះនដកុវេរៈ ខ្ញុំក៏បានឃើញហើយ ។ នែបុណ្ណមុខៈសំឡាញ់ ព្រះអគ្គមហេសីមានព្រះលោមាល្អ ព្រះនាមកុរុង្គទេវី កាលចង់បានឯឡកកុមារ ធ្វើនូវអំពើដ៏លាមកជាមួយនឹងបុរសអ្នកនៅដោយទ្រព្យ (របស់ខ្ញុំគេ) ឈ្មោះឆឡង្គកុមារ ខ្ញុំក៏បានឃើញហើយ ។ សេចក្តីពិត រឿងដូចគ្នានេះ ខ្ញុំដឹងហើយយ៉ាងនេះថា ព្រះវរមាតារបស់ព្រះបាទព្រហ្មទត្ត លះបង់ព្រះបាទកោសល ទៅធ្វើអំពើដ៏លាមកជាមួយនឹងព្រាហ្មណកុមារឈ្មោះបញ្ចាលចណ្ឌៈ ។

ពួកស្រ្តីទាំងនុ៎ះក្តី ពួកស្ត្រីឯទៀតក្តី បានធ្វើនូវអំពើដ៏លាមក ព្រោះហេតុនោះ ទើបខ្ញុំមិនទុកចិត្ត មិនសរសើរស្រ្តីទាំងឡាយទេ ពួកស្រ្តីដូចផែនដី ជាទីដើរទៅ ជាទីទ្រទ្រង់ មានសេចក្តីត្រេកអរស្មើ ជាទីតំកល់ទុកនៃវត្ថុគ្រប់យ៉ាង អត់ធន់ចំពោះអារម្មណ៍ទាំងពួង មិនញាប់ញ័រ មិនកម្រើក នរជនមិនគប្បីទុកចិត្តស្រ្តីទាំងនោះទេ សីហៈជាម្រឹគសាហាវ ជាសត្វស៊ីឈាម និងសាច់ មានអាវុធ ៥ សាហាវក្រៃលែង ត្រេកអរក្នុងការបៀតបៀនសត្វដទៃ កំហែងខាំស៊ីយ៉ាងណាមិញ ពួកស្ត្រីទាំងនោះក៏ដូច្នោះដែរ នរជនមិនត្រូវទុកចិត្តឡើយ ។

នែបុណ្ណមុខៈសំឡាញ់ ស្រីទាំងឡាយមិនមែនឈ្មោះថាពេស្យា ថានារី ថាជាទីគប់រកទេ ស្រីទាំងនុ៎ះ មិនមែនគ្រាន់តែឈ្មោះថា អ្នកកោងកាច អ្នកចងទុក (នូវបុរស) ទេ ស្រីទាំងនុ៎ះ គឺស្រីពេស្យា នារីជាទីគប់រក ឈ្មោះថា ស្រីសម្លាប់ (ប្តី) ។ ពួកស្រីស្អិតស្អាងផ្នួងសក់ដូចចោរ ដូចគ្រឿងស្រវឹងដែលលាយដោយថ្នាំពិស បិទបាំងដោយវាចា ដូចពាណិជ មានអាការប្រែប្រួល ដូចកុយរមាស មានអណ្តាតពីរដូចពស់ បិទបាំង (នូវកាយ) ដូចជាគេបិទបាំងរណ្តៅ បំពេញបានដោយក្រ ដូចសមុទ្រ ត្រេកអរបានដោយក្រ ដូចអារក្សទឹក នាំទៅដោយដាច់ខាតដូចយមបាល ស៊ីនូវវត្ថុគ្រប់មុខដូចភ្លើង នាំយកនូវវត្ថុគ្រប់យ៉ាងដូចស្ទឹង ប្រព្រឹត្តរហើរហាចដូចខ្យល់ ធ្វើនូវវត្ថុមិនឲ្យប្លែកគ្នាដូចភ្នំនេរុ ផ្លែជានិច្ច ដូចឈើមានពិសពុល ។ ពាក្យក្នុងរឿងនេះ មានតទៅទៀតថា

ពួកស្រីមានកលមាយាដូចចោរ មានពិសខ្លាំងដូចសុរាដែលលាយថ្នាំពិស និយាយបិទបាំងទោសដូចពាណិជ មានអាការប្រែប្រួលដូចកុយរមាស មានអណ្តាតពីរដូចពស់ ។ ពួកស្រីបិទបាំង (នូវកាយ) ដូចជាគេបិទបាំងរណ្តៅ បំពេញបានដោយក្រដូចសមុទ្រ ត្រេកអរបានដោយក្រដូចអារក្សទឹក នាំយកទៅដោយដាច់ខាតដូចយមបាល ។ ពួកស្រីដូចភ្លើង នាំយកនូវវត្ថុគ្រប់យ៉ាងដូចស្ទឹង មានអាការរហើរហាចក្នុងកាមដូចខ្យល់ មិនឲ្យមានប្លែកដូចភ្នំនេរុ មានផ្លែជានិច្ច ដូចឈើមានពិសពុល ពួកស្រីតែងញ៉ាំងភោគៈក្នុងផ្ទះឲ្យវិនាស ធ្វើសេចក្តីអន្តរាយនូវរតនវត្ថុទាំងឡាយ ។

[៣០១] នែបុណ្ណមុខៈសំឡាញ់ ទ្រព្យណា ដែលបុគ្គលមិនត្រូវឲ្យនៅក្នុងត្រកូលនៃជនដទៃ ទ្រព្យទាំងនេះ មាន ៤ យ៉ាងគឺ គោឈ្មោល ១ មេគោ ១ យាន ១ ភរិយា ១ បណ្ឌិតមិនត្រូវញ៉ាំងទ្រព្យទាំង ៤ យ៉ាងនេះ ឲ្យនៅបា្រសចាកផ្ទះឡើយ ។

បុគ្គលមិនគប្បីញ៉ាំងគោឈ្មោល ១ គោញី ១ យាន ១ ភរិយា ១ ឲ្យនៅក្នុងត្រកូលញាតិទេ (ព្រោះថា) ពួកបុគ្គល មិនមានរទេះ រមែងប្រើបា្រស់រទេះ បៀតបៀននូវគោឈ្មោល ដោយការដឹកនាំហួសកម្លាំង បៀតបៀនមេគោ ដោយការរូតទឹកដោះ ភរិយារមែងប្រព្រឹត្តខូច (ក្បត់ចិត្តប្តី) ក្នុងត្រកូលនៃញាតិ ។

[៣០២] នែបុណ្ណមុខៈសំឡាញ់ វត្ថុ ៦ យ៉ាងនេះ រមែងមិនបានជាប្រយោជន៍ចំពោះកិច្ចការ ដែលកើតឡើងទេ (វត្ថុ ៦ យ៉ាង) គឺ ធ្នូគ្មានបន្លោះ ១ ភរិយា (ដែលនៅ) ក្នុងត្រកូលញាតិ ១ ទូកនៅឯត្រើយម្ខាង ១ រទេះបាក់ភ្លៅ ១ មិត្តនៅក្នុងទីឆ្ងាយ ១ សំឡាញ់ដ៏លាមក ១ (ទាំងនេះ) រមែងមិនបានជាប្រយោជន៍ចំពោះកិច្ចការដែលកើតឡើងទេ ។

[៣០៣] នែបុណ្ណមុខៈសំឡាញ់ ស្រីរមែងមើលងាយប្តីដោយហេតុ ៨ យ៉ាងគឺ សេចក្តីទ័លក្រ ១ សេចក្តីឈឺចាប់ជានិច្ច ១ សេចក្តីចាស់គ្រាំគ្រា ១ ភាពជាអ្នកលេងផឹកសុរា ១ ភាពល្ងង់ខ្លៅ ១ សេចក្តីធ្វេសប្រហែស ១ ការមិនប្រព្រឹត្តធ្វើរឿយៗ ក្នុងកិច្ចការទាំងពួង ១ ការមិនញ៉ាំងទ្រព្យសម្បត្តិគ្រប់យ៉ាងឲ្យកើតមាន ១ នែបុណ្ណមុខៈសំឡាញ់ ស្រីរមែងមើលងាយប្តីដោយហេតុ ៨ យ៉ាងនេះឯង ។ ពាក្យក្នុងរឿងនេះ មានតទៅទៀត

ស្រីមើលងាយប្តី (ដោយហេតុ ៨ យ៉ាង) គឺ ប្តីទ័លក្រ ១ ប្តីឈឺជានិច្ច ១ ប្តីចាស់គ្រាំគ្រា ១ ប្តីជាអ្នកលេងផឹកសុរា ១ ប្តីធ្វេសប្រហែស ១ ប្តីដល់នូវភាពល្ងង់ខ្លៅ ១ ប្តីខ្ជិលច្រអូសក្នុងកិច្ចការ ១ ប្តីញ៉ាំងសេចក្តីប្រាថ្នាក្នុងវត្ថុដែលគួរប្រាថ្នាគ្រប់យ៉ាងឲ្យវិនាស ១ ។

[៣០៤] នែបុណ្ណមុខៈសំឡាញ់ ស្រីរមែងនាំមកនូវការប្រព្រឹត្តិខូចដោយហេតុ ៩ យ៉ាងគឺ ស្រីទៅកាន់សួនច្បាររឿយៗ ១ ទៅកាន់ឧទ្យានរឿយៗ ១ ទៅកាន់កំពង់ស្ទឹងរឿយៗ ១ ទៅកាន់ត្រកូលញាតិរឿយៗ ១ ទៅកាន់ត្រកូលដទៃរឿយៗ ១ ប្រកបរឿយៗ ក្នុងការលៃលកតែខាងកញ្ចក់ និងសំពត់ និងគ្រឿងស្អិតស្អាងជាប្រក្រតី ១ ផឹកនូវទឹកស្រវឹងជាប្រក្រតី ១ មានការលបមើលបុរសមិនដាច់ជាប្រក្រតី ១ ឈរបង្ហាញខ្លួនទៀបមាត់ទ្វារជាប្រក្រតី ១ នែបុណ្ណមុខៈសំឡាញ់ ស្រីរមែងនាំមកនូវការខូចកាចដោយហេតុ ៩ យ៉ាងនេះឯង ។ ពាក្យក្នុងរឿងនេះ មានតទៅទៀត

ពួកស្រី តែងនាំមកនូវការខូច ដោយហេតុ ៩ យ៉ាង គឺជាអ្នកទៅកាន់សួនច្បាររឿយៗ ១ ទៅកាន់ឧទ្យាន ១ ទៅកាន់ស្ទឹង ១ ទៅកាន់ត្រកូលញាតិ ១ ទៅកាន់ត្រកូលដទៃ ១ ប្រកបរឿយៗ តែខាងសំពត់ និងគ្រឿងស្អិតស្អាង ១ ជាស្រីផឹកទឹកស្រវឹង ជាប្រក្រតី ១ មានការលបមើលបុរសមិនដាច់ជាប្រក្រតី ១ ឈរបង្ហាញខ្លួនទៀបមាត់ទ្វារជាប្រក្រតី ១ ។

[៣០៥] នែបុណ្ណមុខៈសំឡាញ់ ស្រីរមែងចែចង់បុរសដោយហេតុ ៤០ យ៉ាងគឺ កាច់រាង ១ បន្ទន់ខ្លួន ១ កែក្រាយ ១ ក្រអិមក្រអៀម ១ យកក្រចកផ្ទាត់ក្រចក ១ យកជើងជាន់ជើង ១ យកកំណាត់ឈើគូសផែនដី ១ លើកកូនក្មេងដោយខ្លួនឯង ១ ឲ្យកូនក្មេងលើកខ្លួនវិញ ១ លេងកូនក្មេងដោយខ្លួនឯង ១ ញ៉ាំងកូនក្មេងឲ្យលេង ១ ថើបកូនក្មេងដោយខ្លួនឯង ១ ញ៉ាំងកូនក្មេងឲ្យថើបវិញ ១ ស៊ីខ្លួនឯង ១ ញ៉ាំងកូនក្មេងឲ្យស៊ី ១ ឲ្យវត្ថុទៅកូនក្មេង ១ សុំលួងលោមយកមកវិញ ១ ធ្វើត្រាប់តាម (ក្មេង) ដែលវាធ្វើ ១ និយាយខ្លាំង ១ និយាយតិច ១ និយាយបើកចំហមាត់ ១ និយាយលាក់លៀម ១ (ធ្វើនូវនិមិត្ត) ដោយអាការរាំច្រៀងប្រគំ យំរាប់រៀបម្ញិកម៉្ញក់ស្អិតស្អាង ១ សើចក្អាកក្អាយ ១ សំឡឹងសំឡក់ ១ ញាក់ចង្កេះ ១ ញ៉ាំងទ្រព្យកំបាំងឲ្យកំរើក ១ បើកបង្ហាញភ្លៅ ១ បិទភ្លៅទៅវិញ ១ បង្ហាញដោះ ១ បង្ហាញក្លៀក ១ បង្ហាញផ្ចិត ១ មិចភ្នែក ១ ញាក់ចិញ្ចើម ១ ខាំបបូរមាត់ ១ លៀនអណ្តាត ១ ច្បូតសំពត់ ១ ស្លៀកសំពត់វិញ ១ រំសាយសក់ ១ បួងសក់វិញ ១ នែបុណ្ណមុខៈសំឡាញ់ ស្រីរមែងចែចង់បុរសដោយហេតុ ៤០ យ៉ាងនេះឯង ។

[៣០៦] នែបុណ្ណមុខៈសំឡាញ់ ស្រីដែលខូច បណ្ឌិតគប្បីដឹងដោយហេតុ ២៥ យ៉ាង គឺស្រីសរសើរការនៅឃ្លាតអំពីប្តី ១ មិនរឭកប្តីដែលនៅឃ្លាតគ្នា ១ មិនត្រេកអរនឹងប្តីដែលទើបមកដល់ ១ ពោលទោសប្តីនោះ ១ មិននិយាយសរសើរគុណប្តីនោះ ១ ប្រព្រឹត្តនូវសេចក្តីវិនាសដល់ប្តីនោះ ១ មិនប្រព្រឹត្តសេចក្តីចម្រើនដល់ប្តីនោះ ១ ធ្វើតែអំពើដែលមិនគួរធ្វើដល់ប្តីនោះ ១ មិនធ្វើអំពើដែលគួរធ្វើដល់ប្តីនោះ ១ ស្លៀកជាប់មាំមួនដេក ១ លបដេកកំបាំងមុខ ១ ដេកបម្រះននៀល ១ បង្កជម្លោះ ១ ដកដង្ហើមចេញវែង (ដូចជា) រងទុក្ខ ១ ទៅកាន់ទីឧច្ចារៈ បស្សាវៈរឿយៗ ១ ប្រព្រឹត្តទទឹងទាស់ ១ ឮសម្លេងប្រុសឯទៀត ខំផ្ទៀងត្រចៀកស្តាប់ ១ ជាស្រីបំផ្លាញទ្រព្យ ១ ធ្វើនូវសន្ថវកិច្ចនឹងប្រុសទាំងឡាយដែលស្និទ្ធស្នាល ១ បានតែខាងជើងចេញដើរ ១ ជាស្រីប្រព្រឹត្តដើរលេងរឿយៗ ក្នុងវេលាយប់ ប្រព្រឹត្តកន្លងចិត្តប្តី ១ មិនគោរពប្តី ១ មានចិត្តគំនិតខូចកាច ១ ឈរទៀបមាត់ទ្វារញយៗ ១ បង្ហាញក្លៀក រាងកាយ ដោះ ដើរទៅកាន់ទិសទាំងពួងហើយក្រឡេកមើល ១ នែបុណ្ណមុខៈសំឡាញ់ ស្រីដែលខូច បណ្ឌិតគប្បីដឹងដោយហេតុ ២៥ យ៉ាងនេះឯង ។ ពាក្យក្នុងរឿងនុ៎ះ ដូចមានតទៅទៀត

ស្រីសរសើរនូវការនៅឃ្លាតអំពីប្តីនោះ ១ មិននឹកស្រណោះរកប្តីដែលទៅហើយ ១ ឃើញប្តីមកដល់ មិនត្រេកអរ ១ មិនពោលសរសើរគុណប្តីក្នុងកាលណាម្តង ១ ទាំងនេះជាលក្ខណៈរបស់ស្រីខូច ។ ស្រីជាអ្នកមិនសង្រួម ប្រព្រឹត្តនូវសេចក្តីវិនាសដល់ប្តីនោះ ១ ញ៉ាំងប្រយោជន៍ឲ្យវិនាស ១ ជាអ្នកធ្វើនូវកិច្ចដែលមិនគួរធ្វើ ១ ស្លៀកជាប់មាំមួនដេក ១ ដេកក្នុងទីកំបាំងមុខ ១ ទាំងនេះជាលក្ខណៈរបស់ស្រីខូច ។ ស្រីដេកបម្រះននៀល ១ បង្កជម្លោះ ១ ដកដង្ហើមវែង (ហាក់ដូចជា) រងទុក្ខវេទនា ១ ទៅកាន់ទីឧច្ចារៈ បស្សាវៈរឿយៗ ១ ទាំងនេះជាលក្ខណៈរបស់ស្រីខូច ។ ស្រីជាអ្នកមិនធ្វើការងារ តែងប្រព្រឹត្តទទឹងទាស់ ១ ផ្ទៀងស្តាប់សម្លេងរបស់បុរសដទៃនិយាយ ១           បំផ្លាញទ្រព្យ ១ ធ្វើសន្ថវកិច្ច (នឹងបុរសដទៃ) ១ ទាំងនេះជាលក្ខណៈរបស់ស្រីខូច ។ បំផ្លាញទ្រព្យសម្បត្តិដែលប្តីបានមកដោយក្រ នាំមកដោយលំបាក បានមកដោយទុក្ខ ១ ធ្វើសន្ថវកិច្ចនឹងពួកបុរសអ្នកស្និទ្ធស្នាល ១ ទាំងនេះជាលក្ខណៈរបស់ស្រីខូច ។ ស្រីបានតែខាងជើងចេញដើរ ១ ដើរលេងរឿយៗ ក្នុងវេលាយប់ ១ មានចិត្តប្រទូស្តចំពោះប្តីជានិច្ច ១ ប្រព្រឹត្តកន្លងចិត្តប្តី ១ ប្រាសចាកសេចក្តីគោរព ១ ទាំងនេះជាលក្ខណៈរបស់ស្រីខូច ។ ស្រីឈរទៀបមាត់ទ្វារញយៗ ១ បង្ហាញដោះ និងក្លៀក ១ មានចិត្តភ្ញាក់ផ្អើល ក្រឡេកមើលទិសទាំងពួង ១ ទាំងនេះជាលក្ខណៈរបស់ស្រីខូច ។ ស្ទឹងទាំងអស់ មានដំណើរវៀច ព្រៃទាំងអស់សម្រេចអំពីឈើ (យ៉ាងណាមិញ) ពួកស្រីទាំងអស់ (វៀរលែងតែស្រីដែលមានកិលេសស្តើង) កាលបើមានបុគ្គលអ្នកខ្សឹបខ្សៀវ ក៏តែងធ្វើនូវអំពើលាមកបាន (យ៉ាងនោះដែរ) ។ ពួកស្រី បាននូវឱកាស ឬទីកំបាំង ឬក៏បាននូវបុគ្គលខ្សឹបខ្សៀវបា្រកដដូច្នោះ ពួកស្រីទាំងអស់ មិនបាននូវបុរសដទៃ ក៏គប្បីធ្វើនូវអំពើលាមក ជាមួយបុរសខ្វិនបាន ។ ពួកបុរស ទោះបីធ្វើនូវអំណរចំពោះនារីទាំងឡាយ ជាអ្នកធ្វើនូវសេចក្តីត្រេកអរដល់ពួកបុរស ជាស្រីមានចិត្តច្រើន ដែលគេផ្ទញ់ផ្ទាល់មិនបានដោយប្រការទាំងពួង បុគ្គលមិនត្រូវស្និទ្ធស្នាលទេ ព្រោះថា ស្រីទាំងឡាយ ស្មើដោយកំពង់ទឹក ។

[៣០៧] បុគ្គលឃើញ (នូវហេតុនៃសេចក្តីនឿយណាយ) របស់ព្រះរាជាព្រះនាមកិន្នរៈ និងព្រះនាងកិន្នរី (គប្បីដឹងចុះ) ពួកស្រីទាំងអស់ រមែងមិនត្រេកអរក្នុងផ្ទះ (របស់ស្វាមីទេ) ដូចជាភរិយា (របស់ព្រះរាជាកិន្នរៈ) លះបង់នូវសត្វគឺ (ស្វាមី) បែបនោះ ព្រោះឃើញនូវបុរសផ្តេសផ្តាសដទៃជាបុរសខ្វិន ។

[៣០៨] ភរិយារបស់ព្រះបាទពកៈ និងព្រះបាទពាវរិយៈ ជាព្រះរាជាល្មោភកាមដ៏ក្រៃលែង បានប្រព្រឹត្តក្បត់ចំពោះបុរសអ្នកលុះក្នុងអំណាចដែលខ្លួនប្រាថ្នា ស្រីមិនប្រព្រឹត្តកន្លងស្វាមីនឹងបុរសដទៃនោះឯណាកើត ។

[៣០៩] នាងបិង្គិយានី ជាភរិយាជាទីស្រឡាញ់នៃព្រះបាទព្រហ្មទត្ត ព្រះអង្គជាធំក្នុងលោកទាំងមូល បានប្រព្រឹត្តក្បត់ចំពោះបុរសអ្នកលុះក្នុងអំណាចដែលខ្លួនប្រាថ្នា នាងបិយង្គិយានី ជាអ្នកល្មោភក្នុងកាមនោះ មិនបាននូវបុរសគង្វាលសេះនោះផង (នូវទីអគ្គមហេសីផង) ។

[៣១០] បុរសដែលមិនមែនខ្មោចចូល មិនគួរជឿពួកស្រីដែលអាក្រក់ មានចិត្តរហ័ស ជាស្រីមិនដឹងគុណដែលគេធ្វើដល់ខ្លួន ជាស្រីប្រទូស្ត (ប្តី) ទេ ។ ពួកស្រីទាំងនោះ មិនដឹងនូវឧបការៈដែលគេធ្វើហើយ (ដល់ខ្លួន) មិនដឹងនូវកិច្ចការដែលគួរធ្វើ មិនស្គាល់ម្តាយ មិនស្គាល់ឪពុក មិនស្គាល់បងប្អូន មិនមានអរិយធម៌ មានការប្រព្រឹត្តិកន្លងជាធម្មតា តែងលុះអំណាចចិត្តរបស់ខ្លួន ។ ពួកស្រីតែងលះបង់ប្តីជាទីស្រឡាញ់ ជាទីពេញចិត្ត ជាអ្នកអនុគ្រោះស្មើដោយជីវិត ដែលភប់ប្រសព្វអស់កាលដ៏យូរ ឬលះបង់នូវប្តី ក្នុងកិច្ចមានអន្តរាយ ព្រោះហេតុនោះ ខ្ញុំមិនទុកចិត្តចំពោះស្រីទាំងឡាយទេ ។ ព្រោះថា ចិត្តរបស់ស្រីដូចគ្នានឹងចិត្តពានរ ហឫទ័យរបស់ពួកស្រី ចុះឡើងញាប់ញ័រដូចជាម្លប់ឈើ តែងវិលទៅ ដូចកង់រទេះ ។ ពួកស្រីទាំងនោះ កាលក្រឡេកមើលឃើញទ្រព្យរបស់ប្រុស ដែលគួរកាន់យកក្នុងកាលណា ក៏កៀរគរប្រុសនោះ ដោយសំដីដ៏ផ្អែមល្ហែមក្នុងកាលណោះ ដូចពួកជនអ្នកកម្ពោជៈ បញ្ឆោតចាប់សេះដោយសារាយ ។ ពួកស្រីកាលបើក្រឡេកមើល មិនឃើញទ្រព្យរបស់បុ្រសដែលគួរកាន់យកក្នុងកាលណា ក៏វៀរបុ្រសនោះដោយជុំវិញក្នុងកាលណោះ ដូចគេឆ្លងទៅដល់ត្រើយស្ទឹង ហើយលះបង់នូវក្បូន ។ ពួកស្រីឧបមាដូចជ័រ (ជាទីជាប់ស្អិតនៃចិត្តបុរស) ដូចភ្លើងស៊ីនូវវត្ថុគ្រប់យ៉ាង មានមាយាដ៏រហ័ស ដូចស្ទឹងមានខ្សែទឹកដ៏រហ័ស ពួកស្រីទាំងនេះ តែងសេពគប់បុរស ទាំងជាទីស្រឡាញ់ ទាំងមិនជាទីស្រឡាញ់ ដូចទូកតែងជួបប្រទះទាំងច្រាំងខាងអាយ និងច្រាំងខាងនាយ ។ ពួកស្រីទាំងនោះ មិនមែនជារបស់ប្រុសម្នាក់ ឬពីរនាក់ទេ ដូចជារានផ្សារដែលបើកហើយ បុគ្គលណា សំគាល់នូវពួកស្រីទាំងនោះ ថាជារបស់អញ បុគ្គលនោះ ដូចគេយកសំណាញ់ខ្ចប់ខ្យល់ ។ ស្ទឹង ផ្លូវ រោងសុរា រោងជាទីប្រជុំ និងអណ្តូងទឹក យ៉ាងណា ធម្មតាពួកស្រីក្នុងលោក ក៏យ៉ាងនោះដែរ វេលា (នៃសេចក្តីស្រើបក្នុងកាម) របស់ពួកស្រីទាំងនោះ មិនមានឈប់ឈរទេ ។ ពួកស្រីទាំងនេះ ស្មើដោយអណ្តាភ្លើង មានឧបមាដូចក្បាលពស់វែក ដូចពួកគោស៊ីនូវស្មៅដ៏ល្អៗ ខាងក្រៅ ។ នរៈគប្បីគប់រកដោយការប្រយ័ត្ននូវវត្ថុទាំងនេះ គឺភ្លើង ១ ដំរី ១ ពស់វែក ១ ព្រះរាជាដែលគេអភិសេកហើយ ១ ពួកស្រីទាំងអស់ ១ ព្រោះភាពទៀងទាត់នៃវត្ថុទាំងនោះ ដឹងបានដោយក្រណាស់ ។ ពួកស្រីមានពណ៌សម្បុរដ៏ល្អលើសលុបពេក បុគ្គលមិនត្រូវសេពគប់ ១ ស្រីជាទីស្រឡាញ់ពេញចិត្តរបស់ពួកជនច្រើន បុគ្គលមិនត្រូវសេពគប់ ១ ស្រីឆ្លៀវឆ្លាសក្នុងការរាំ និងច្រៀង បុគ្គលមិនត្រូវសេពគប់ ១ ប្រពន្ធអ្នកដទៃ បុគ្គលមិនត្រូវសេពគប់ ១ ស្រី (សេពគប់) ព្រោះហេតុនៃទ្រព្យ បុគ្គលក៏មិនត្រូវសេពគប់ ១ ស្រី ៥ ពួកនេះ បុគ្គលមិនត្រូវសេពគប់ទេ ។

[៣១១] ដំណាលថា គ្រានោះ ស្តេចត្មាតឈ្មោះអានន្ទ បានដឹងនូវគាថាជាខាងដើម កណ្តាល និងខាងចុង របស់កុណាលសកុណៈ ហើយបានពោលគាថានេះ ក្នុងវេលានោះថា

បុរស ទោះបីឲ្យនូវផែនដី ដែលពេញដោយទ្រព្យ ដល់ស្ត្រីដែលសន្មតហើយ ស្រីនោះលុះបានឱកាស រមែងមើលងាយប្រុសនោះវិញ (ព្រោះហេតុនោះ) បុរសមិនត្រូវលុះអំណាចនៃស្រីទាំងនោះឡើយ ។ ពួកស្រីរមែងលះបង់នូវប្តីក្មេង ដែលជាអ្នកមានព្យាយាមក្រោកឡើង មានការប្រព្រឹត្តិមិនរួញរា គួរជាទីស្រឡាញ់ពេញចិត្តផង លះបង់នូវប្តីនោះ ព្រោះកិច្ចដែលមានអន្តរាយផង ព្រោះហេតុនោះ ខ្ញុំមិនទុកចិត្តចំពោះស្រីទាំងឡាយទេ ។ បុរសមិនត្រូវទុកចិត្តស្រីដោយគិតថា ស្រីនោះចង់បានអញ មិនត្រូវទុកចិត្តស្រីដោយគិតថា ស្រីនោះ យំរំជែចំពោះអញ (ដូច្នេះទេ) ព្រោះថា ស្រីទាំងនោះ រមែងគប់រកនូវបុរស ទាំងជាទីស្រឡាញ់ ទាំងមិនជាទីស្រឡាញ់ ដូចទូកជួបប្រទះទាំងច្រាំងខាងអាយ និងច្រាំងខាងនាយ ។ បុគ្គលមិនត្រូវទុកចិត្តមែកឈើចាស់ ដែលគេក្រាលទុកទេ មិនត្រូវទុកចិត្តចោរជើងចាស់ជាមិត្តទេ មិនត្រូវទុកចិត្តថា ព្រះរាជា ជាសំឡាញ់របស់អញដូច្នេះទេ មិនត្រូវទុកចិត្តស្រីជាមាតារបស់បុត្ត ១០ នាក់ (យាយចាស់) ទេ ។ បុគ្គលមិនត្រូវទុកចិត្តចំពោះពួកនារីអ្នកធ្វើនូវសេចក្តីត្រេកអរ អ្នកកន្លងសីលធម៌ មិនសង្រួមទេ មិនត្រូវទុកចិត្តភរិយា ដែលមានសេចក្តីស្រឡាញ់ក្រៃពេក ព្រោះថានារីទាំងឡាយទុកស្មើកំពង់ទឹក ។ ពួកស្រី រមែងសម្លាប់ (ប្រុស) ខ្លះ កាត់ (កប្រុស) ខ្លួនឯងខ្លះ ប្រើគេឲ្យកាត់ខ្លះ កាត់កហើយផឹកឈាមខ្លះ បុគ្គលកុំធ្វើសេចក្តីស្នេហាចំពោះពួកស្រី ដែលមានសេចក្តីប្រាថ្នាថោកទាប ជាអ្នកមិនសង្រួម មានចិត្តដូចកំពង់ទឹក ។ ពាក្យកុហករបស់ពួកស្រីទាំងនោះ ក៏ដូចជាពាក្យពិត ឯពាក្យពិតរបស់ពួកស្រីទាំងនោះ ក៏ដូចជាពាក្យកុហក (ពួកស្រី) ដូចគោ ស៊ីច្បិចតែស្មៅល្អៗ ខាងក្រៅ ។ ពួកស្រីទាំងនោះ តែងប្រឡោម (ប្រុស) ដោយដំណើរផង ដោយអាការដែលក្រឡេកមើលផង ដោយសំណើចផង ឬដោយសំពត់ដែលស្លៀកអាក្រក់ផង ដោយពាក្យពីរោះផង ។ ពិតណាស់ ស្រីទាំងនេះដូចចោរ មានចិត្តរឹងត្អឹង ខូចកាច តែមានសំដីផ្អែមដូចស្ករ ការបញ្ឆោតណាក្នុងពួកមនុស្ស ពួកស្រីទាំងនោះ មិនមែនជាមិនដឹងការបញ្ឆោតណាមួយ (នោះ) ទេ ។ ធម្មតា ពួកស្រីក្នុងលោក (ច្រើនតែ) លាមក វេលារបស់ពួកស្រីទាំងនោះមិនមានទេ ពួកស្រីជាអ្នកស្រើបស្រាលផង ឃ្នើសឃ្នងផង ដូចភ្លើងស៊ីវត្ថុគ្រប់យ៉ាង ។ ប្រុស ឈ្មោះថាជាទីស្រឡាញ់របស់ពួកស្រី មិនមាន ទាំងមិនជាទីស្រឡាញ់ក៏មាន ព្រោះថា ពួកស្រីទាំងនេះ តែងគប់រកបុរសជាទីស្រឡាញ់ ទាំងមិនស្រឡាញ់ ដូចទូកតែងចួបប្រទះទាំងច្រាំងខាងអាយ និងច្រាំងខាងនាយ ។ ប្រុស ឈ្មោះថាជាទីស្រឡាញ់របស់ពួកស្រីមិនមាន ទាំងមិនជាទីស្រឡាញ់ក៏មិនមាន ពួកស្រីតែងរួបព័ទ្ធ (ប្រុស) ដើម្បីទ្រព្យសម្បត្តិ ដូចវល្លិ៍ តោងដើមឈើ ។ ស្រីទាំងឡាយ តែងរត់តាមប្រុសឃ្វាលដំរី ឃ្វាលសេះ ឃ្វាលគោ ប្រុសចណ្ឌាល អ្នកដុតខ្មោច និងអ្នកចោលសម្រាមដែលមានទ្រព្យ ។ ស្រីទាំងឡាយ តែងលះបង់នូវកូនអ្នកមានត្រកូល ដែលមិនមានទ្រព្យតិចតួច ទុកស្មើសាកសព នារីទាំងឡាយ (ច្រើនតែ) គប់រកប្រុស ព្រោះហេតុតែទ្រព្យ ។

[៣១២] សេចក្តីដំណាលថា គ្រានោះ ទេវពា្រហ្មណ៍ឈ្មោះនារទៈ បានដឹងនូវគាថាជាខាងដើម កណ្តាល និងទីបំផុត របស់ស្តេចត្មាតឈ្មោះអានន្ទហើយ ក៏ពោលគាថាទាំងឡាយនេះក្នុងវេលានោះថា

បពិត្រលោកជាម្ចាស់នៃបក្សី សូមលោកស្តាប់ពាក្យដែលខ្ញុំនឹងនិយាយដូចតទៅនេះ ជន ៤ ពួកនេះគឺ សមុទ្រ ១ ព្រាហ្មណ៍ ១ ព្រះរាជា ១ ស្រី ១ រមែងមិនពេញ ។ ស្ទឹងណាមួយដែលអាស្រ័យនូវប្រឹថពីដែលហូរទៅកាន់សាគរ ស្ទឹងទាំងនោះ ក៏ញ៉ាំងសមុទ្រឲ្យពេញមិនបាន ព្រោះថា សមុទ្ររមែងមិនពេញ ចេះតែនៅខ្វះខាត ។ ព្រាហ្មណ៍រៀននូវវេទ មានគម្ពីរឈ្មោះឥតិហាសៈ ជាគំរប់ ៥ ហើយតែងប្រាថ្នានូវការចេះដឹងឲ្យក្រៃលែង ព្រោះថា ព្រាហ្មណ៍នោះ រមែងមិនពេញ ចេះតែខ្វះខាត ។ ចំណែកព្រះរាជាឈ្នះគ្រប់គ្រងផែនដីទាំងអស់ ព្រមទាំងសមុទ្រ និងភ្នំហើយ តែងប្រាថ្នារកច្រាំងសមុទ្រ និងផ្ទៃសមុទ្រ ដែលសម្បូរដោយរតនៈ មិនមានទីបំផុត ព្រោះថាព្រះរាជានោះ រមែងមិនគ្រប់គ្រាន់ ចេះតែខ្វះខាត ។ ស្រីម្នាក់ៗ មានប្តីប្រាំបីៗ ហើយប្តីនោះ ជាអ្នកក្លៀវក្លាផង មានកម្លាំងផង នាំមកនូវរសនៃសេចក្តីប្រាថ្នាគ្រប់យ៉ាង ក៏គង់ធ្វើនូវសេចក្តីប្រាថ្នាក្នុងប្តីទី ៩ ទៀត ព្រោះថាស្រីនោះ រមែងមិនគ្រប់គ្រាន់ ចេះតែខ្វះខាត ។ ពួកស្រីទាំងអស់ ដូចភ្លើងស៊ីនូវវត្ថុគ្រប់យ៉ាង ពួកស្រីទាំងអស់ ដូចស្ទឹងនាំទៅនូវវត្ថុគ្រប់យ៉ាង ពួកស្រីទាំងអស់ ដូចមែកឈើមានបន្លា ពួកស្រីទាំងអស់ គប់រក (ប្តី) ព្រោះហេតុតែទ្រព្យ ។ នរជនណា ផ្ទុកផ្តាក់នូវភាព គឺការងារទាំងពួងលើពួកស្រី នរជននោះ ទុកដូចគេយកបណ្តាញចាប់ខ្យល់ ឬដូចគេបាចទឹកសមុទ្រដោយដៃម្ខាង ពុំនោះ ដូចគេយកដៃមួយ ទះឲ្យឮសូរគឹកកង ។ ពួកស្រីដែលដូចជាចោរ មានពុតត្បុតច្រើន មានពាក្យសច្ចៈ គេរកបានដោយកម្រណាស់ ភាពនៃស្រីទាំងឡាយ គេដឹងបានដោយក្រ ដូចដំណើរនៃត្រីក្នុងទឹក ។ ពួកស្រីទាំងនោះ មានមារយាទរបិញរបុញ មានសំដីទន់ ទុកស្មើដោយស្ទឹង បំពេញបានដោយក្រ តែងលិចចុះ (ក្នុងអបាយ ព្រោះហេតុតែកាម) បុគ្គលដឹងច្បាស់នូវដំណើរនោះហើយ គប្បីវៀរឲ្យឆ្ងាយចេញ ។ ពួកស្រីជាអ្នកញ៉ាំងចិត្តប្រុសឲ្យត្រឡប់ត្រឡិន មានមាយាច្រើន ញ៉ាំងព្រហ្មចរិយធម៌ឲ្យកម្រើក តែងលិចចុះ (ក្នុងអបាយ) បុគ្គលដឹងច្បាស់នូវដំណើរនោះហើយ គប្បីចៀសឲ្យឆ្ងាយចេញ ។ ពួកស្រីទាំងនោះ ចូលទៅគប់រកប្រុសណា ដោយសេចក្តីប្រាថ្នា ឬដោយទ្រព្យសម្បត្តិ រមែងដុតកំដៅប្រុសនោះដោយឆាប់រហ័ស ដូចភ្លើងឆេះនូវទីរបស់ខ្លួន ។

[៣១៣] សេចក្តីដំណាលថា គ្រានោះ កុណាលសកុណៈ ដឹងនូវគាថាជាខាងដើម កណ្តាល និងទីបំផុត នៃទេវព្រាហ្មណ៍ឈ្មោះនារទៈ ហើយក៏ពោលគាថានេះ ក្នុងវេលានោះថា

បណ្ឌិត គួរចរចា (ជាមួយ) នឹងបុគ្គលមានដៃកាន់ដាវសម្លៀងហើយ (ជាមួយ) នឹងបុគ្គលប្រទូស្តដូចជាបិសាច ឬក៏ចូលទៅរកពស់ ដែលមានពិសដ៏ពន្លឹក (ប្រសើរជាង) ប្រុសម្នាក់ឯង មិនគួរនិយាយចរចា ចំពោះស្រីម្នាក់ឯងទេ ។ ព្រោះថា នារីទាំងឡាយ ជាអ្នកញាំញីនូវចិត្តនៃមនុស្សលោក ជាអ្នកមានការរាំច្រៀង និយាយ សើច ញញឹម ជាអាវុធ តែងបៀតបៀននូវប្រុសដែលមិនបានតម្កល់ស្មារតី ដូចពួកស្រីអារក្សទឹក ក្នុងកោះបៀតបៀនពួកពាណិជ ។ ពួកស្រីទាំងនោះមិនមានវិន័យ មិនមានសំវរៈ ពួកស្រីទាំងនោះ ជាអ្នកល្មោភទឹកស្រវឹង និងសាច់ ជាអ្នកមិនសង្រួម តែងលេបទ្រព្យសម្បត្តិរបស់បុរស ដូចត្រីធំឈ្មោះតិមិង្គល លេបនូវមករក្នុងសាគរ ។ ពួកស្រីមានសេចក្តីត្រេកអរក្នុងបញ្ចកាមគុណជាអារម្មរណ៍ មានអាការឆ្មើងឆ្មៃ មិនទៀង មិនសង្រួម ឃ្លាំរកតែបុរសអ្នកប្រមាទ ដូចទឹកស្ទឹង តែងហូរចុះទៅរកទីមានទឹកប្រៃ (សមុទ្រ) ។ នារីទាំងឡាយ រមែងនិយាយស្រស់ស្រាយរកជនណា ដោយសេចក្តីស្រឡាញ់ ឬដោយតម្រេក ឬក៏ដោយទ្រព្យ ជាស្រីសម្លាប់ប្រុសដោយរាគៈ និងទោសៈ រមែងដុតរោលនរជននោះ សូម្បីប្រុសរុងរឿងដូចភ្លើងជាអ្នកនឹងនួន ។ ពួកស្រីដឹងថា បុរសអ្នកស្តុកស្តម្ភ មានទ្រព្យច្រើន រមែងក្រវែលរកប្រុសដែលមានទ្រព្យដោយខ្លួនឯង រួបរុំបុរសដែលមានចិត្តត្រេកអរ ដូចពួរជ្រៃក្នុងព្រៃរួបព័ទ្ធដើមរាំង ។ នារីទាំងឡាយនោះ មានខ្លួន និងមុខដ៏វិចិត្រតាក់តែងហើយ ផ្គាប់ផ្គុន (បុរស) ដោយសេចក្តីប្រាថ្នាផ្សេងៗ ជាអ្នកយល់កលមាយាទាំងរយ រមែងសើច រមែងញញឹម តែហាក់ដូចជាសង្រួម ។ នារីទាំងឡាយ ស្អិតស្អាងខ្លួនដោយមាស កែវមណី និងកែវមុក្តា ដែលគេធ្វើសក្ការៈក្នុងត្រកូលរបស់ប្តី ដែលគេរក្សាហើយ ក៏នៅតែប្រព្រឹត្តក្បត់ស្វាមីបាន ដូចជាប្រពន្ធដែលអាស្រ័យនៅក្នុងចន្លោះហឫទ័យ ប្រព្រឹត្តក្បត់អសុរវិញបាន ។ នរជន សូម្បីមានតេជះ មានប្រាជ្ញាវាងវៃ ដែលអ្នកផងច្រើនគ្នាធ្វើសក្ការបូជា លុះក្នុងអំណាចនៃស្រីទាំងឡាយហើយ រមែងមិនរុងរឿង ដូចព្រះចន្ទ្រដែលត្រូវរាហូចាប់ ។ ចោរអ្នកក្រោធមានចិត្តអាក្រក់ (ឃើញ) ចោរជាសត្រូវ (នឹងខ្លួន) មកប្រទះគ្នាហើយ ធ្វើនូវសេចក្តីវិនាសណា បុគ្គលអ្នកមានតណ្ហា លុះក្នុងអំណាចនៃស្រីទាំងឡាយ រមែងដល់នូវសេចក្តីវិនាសក្រៃលែងជាងសេចក្តីវិនាសនោះទៅទៀត ។ នារីទាំងឡាយ ដែលមានសក់របោច មានស្នាមដាច់ដោយក្រចក ដែលត្រូវគេវាយ គេធាក់ដោយជើង ដៃ និងដំបង ក៏នៅតែចូលទៅកាន់អាការថោកទាបវិញ នៅតែត្រេកអរ (ក្នុងកាមទៀត) ដូចរុយត្រេកអរនឹងសាកសព ។ បុរសអ្នកមានបញ្ញាចក្ខុ ត្រូវការដោយសេចក្តីសុខ គប្បីវៀរស្រីទាំងឡាយនោះ (ដែលនៅ) ក្នុងត្រកូលទាំងឡាយក្តី ក្នុងចន្លោះច្រកក្តី ក្នុងរាជធានីក្តី ក្នុងនិគមក្តី ឬក៏វៀរនូវអារម្មណ៍ដូចជាអន្ទាក់ និងបង្កាត់របស់មារ ដែលកិលេសមារដាក់ហើយក្តី ។ បុគ្គលណា លះបង់នូវតបោគុណ (គុណ គឺសេចក្តីព្យាយាម) ជាកុសលហើយ ប្រព្រឹត្តនូវចរិតមិនប្រសើរ បុគ្គលនោះ (លុះច្យុត) ចាកទេវតាហើយ នឹងមកកាន់នរកវិញ ដូចពាណិជ (មានទ្រព្យច្រើន ដូរយក) ក្អមកំបែក ។ ប្រុស (ដែលលុះក្នុងអំណាចស្រី) នោះ ត្រូវគេតិះដៀលក្នុងលោកនេះផង ក្នុងលោកខាងមុខផង ជាមនុស្សមានគំនិតអាក្រក់ ត្រូវកម្មរបស់ខ្លួនបៀតបៀន ជាបុគ្គលមិនទៀង តែងភា្លត់ទៅកាន់អបាយភូមិ ដូចរថដែលទឹមលាកាច ដើរទៅក្នុងទីខុសផ្លូវ ។ ប្រុសនោះ រមែងចូលទៅកាន់នរក ជាទីញ៉ាំងសត្វឲ្យក្តៅ នៅអាស្រ័យនឹងព្រៃរកា មានបន្លាដូចលំពែង ធ្វើអំពីដែកផង កំណើតតិរច្ឆានផង វិស័យនៃប្រេត និងអសុរកាយផង រមែងមិនអាចរួចបានទេ ។ ស្រីទាំងឡាយ រមែងញ៉ាំងល្បែងជាទិព្វ ឬញ៉ាំងតម្រេក ក្នុងទីជាទីរីករាយ ឬញ៉ាំងសម្បត្តិចក្រពត្តិ ក្នុងទីជារបស់មនុស្សនៃបុគ្គលអ្នកប្រមាទ ឲ្យវិនាស ពួកស្រី រមែងញ៉ាំងប្រុសនោះ ឲ្យដល់នូវទុគ្គតិ ។ ល្បែងជាតម្រេកទិព្វ សម្បតិ្តស្តេចក្រពត្តិ ក្នុងទីជារបស់មនុស្ស និងពួកស្រីអប្សរ មានវិមានមាសជាលំនៅ ជាសម្បតិ្តដែលបុគ្គលមិនត្រូវការដោយពួកស្ត្រី ហើយប្រព្រឹត្ត (ព្រហ្មចរិយធម៌) មិនមែនបានដោយក្រទេ ។ គតិជាទីកន្លងផុតចាកកាមធាតុ គឺការកើតក្នុងរូបធាតុ និងការកើតក្នុងសុទ្ធាវាស ជាវិស័យរបស់អ្នកប្រាសចាករាគៈ ជាសម្បត្តិដែលបុគ្គលមិនត្រូវការ ដោយពួកស្រី ហើយប្រព្រឹត្ត (ព្រហ្មចរិយធម៌) មិនមែនបានដោយក្រទេ ។ គុណជាតិដ៏ក្សេមក្សាន្ត គឺព្រះនិព្វាន ជាទីកន្លងផុតចាកទុក្ខទាំងពួង ជាអច្ចន្តសុខ មិនកម្រើក មិនមានបច័្ចយតាក់តែង បុគ្គលមិនត្រូវការដោយស្រី ហើយប្រព្រឹត្ត (ព្រហ្មចរិយធម៌) ជាអ្នកស្អាត មានកិលេសរលត់ មិនមែនបានដោយក្រទេ ។

[៣១៤] (ព្រះសាស្តា ទ្រង់ប្រជុំជាតកនេះថា) ក្នុងកាលណោះ កុណាលបក្សី បានមកជាតថាគត បុស្សកោកិលបក្សី បានមកជាឧទាយិភិក្ខុ ស្តេចត្មាត បានមកជាអានន្ទ នារទព្រាហ្មណ៍ បានមកជាសារីបុត្ត ពួកបរិស័ទបានមកជាពុទ្ធបរិស័ទ អ្នកទាំងឡាយចូរចាំទុកជាតកយ៉ាងនេះ ។

ចប់ កុណាលជាតក ទី៤ ។

មហាសុតសោមជាតក ទី៥កែប្រែ

[៣១៥] (សេនាបតី សួរថា) ម្នាលរសកៈ (នាយពិសេស) ព្រោះហេតុអ្វី អ្នកធ្វើនូវអំពើដ៏លាមកក្រៃលែងប្រាកដដូច្នេះ អ្នកជាបុគ្គលវង្វេង សម្លាប់ពួកស្រី និងប្រុស ព្រោះហេតុសាច់ ឬព្រោះហេតុទ្រព្យ ។

[៣១៦] (នាយពិសេស ជំរាបថា) ខ្ញុំសម្លាប់ មិនមែនព្រោះហេតុខ្លួនឯង មិនមែនព្រោះហេតុទ្រព្យ មិនមែនព្រោះហេតុកូនប្រពន្ធ ឬសំឡាញ់ និងញាតិទេ បពិត្រលោកដ៏ចម្រើន ព្រោះថា ព្រះភូមិបាលអ្នកមានបុណ្យ ជាម្ចាស់នៃខ្ញុំ ទ្រង់សោយនូវសាច់ប្រាកដដូច្នេះ ។

[៣១៧] (សេនាបតី…) បើអ្នកឯងខ្វល់ខ្វាយក្នុងកិច្ចរបស់ព្រះរាជាជាម្ចាស់ ហើយធ្វើនូវអំពើដ៏លាមកក្រៃលែង អ្នកឯងលុះព្រឹកឡើង ចូលទៅខាងក្នុងព្រះរាជវាំងហើយ គប្បីនិយាយនូវដំណើរនោះប្រាប់ខ្ញុំ ក្នុងទីចំពោះព្រះភក្រ្តនៃព្រះរាជា ។

[៣១៨] (នាយពិសេស…) បពិត្រសេនាបតីឈ្មោះកាឡហត្ថីដ៏ចម្រើន លោកនិយាយយ៉ាងណា ខ្ញុំនឹងធ្វើយ៉ាងនោះ ព្រឹកឡើងខ្ញុំនឹងចូលទៅខាងក្នុងព្រះរាជវាំង ហើយថ្លែងសេចក្តីនោះ ជំរាបលោកក្នុងទីចំពោះព្រះភក្រ្តនៃព្រះរាជា ។

[៣១៩] (អភិសម្ពុទ្ធគាថា) គ្រានោះ កាលដែលវេលារាត្រីភ្លឺច្បាស់ ព្រះអាទិត្យរះឡើងប្រាកដ សេនាបតីឈ្មោះកាឡហត្ថី បាននាំរសកៈចូលទៅគាល់ព្រះរាជា លុះចូលទៅដល់ហើយ ក៏ក្រាបទូលពាក្យនេះ ចំពោះព្រះរាជាថា បពិត្រមហារាជ បានឮថា ព្រះអង្គប្រើរសកៈឲ្យទៅសម្លាប់ស្រីប្រុស ព្រះអង្គទ្រង់សោយសាច់មែនឬ ។

[៣២០] (ព្រះរាជា…) ម្នាលកាឡហត្ថី ខ្ញុំបានប្រើរសកៈដូច្នោះមែន ហេតុអ្វីអ្នកជេរប្រទេចរសកបុរស ដែលធ្វើប្រយោជន៍ឲ្យខ្ញុំនុ៎ះ ។

[៣២១] (កាឡហត្ថី…) ត្រីឈ្មោះអានន្ទ ជាប់ចិត្តនឹងរស ស៊ីនូវពួកត្រីទាំងពួង កាលបើត្រីជាបរិវារអស់ហើយ ក៏ខាំស៊ីកន្ទុយខ្លួនឯងស្លាប់ទៅ ។ ព្រះអង្គជាអ្នកប្រមាទ ត្រេកអរក្នុងរសដែលគួរគោរព បើព្រះអង្គនៅជាបុគ្គលពាល មិនយល់ហេតុអ្វីតទៅយ៉ាងនេះទេ ព្រះអង្គនឹងឃ្លាតបោះបង់នូវបុត្រទាំងឡាយផង នូវពួកញាតិផង ដូចត្រីឈ្មោះអានន្ទត្រឡប់ស៊ីខ្លួនឯង ។ បពិត្រព្រះរាជា សូមសេចក្តីប្រាថ្នារបស់ព្រះអង្គប្រាសចេញទៅ ព្រោះបានទ្រង់ព្រះសណ្តាប់នូវពាក្យនេះ សូមព្រះអង្គកុំសោយសាច់មនុស្ស បពិត្រព្រះអង្គជាធំជាងសត្វជើងពីរ សូមព្រះអង្គកុំធ្វើដែននេះឲ្យសោះសូន្យ ដូចត្រីឈ្មោះអានន្ទ ធ្វើមហាសមុទ្រទាំងមូលនេះឲ្យសូន្យ (ចាកត្រី) ។

[៣២២] (ព្រះរាជា…) កូនបង្កើតរបស់សុជាតកុដុម្ពីនោះ ឈ្មោះសុជាតដោយឈ្មោះ មិនបានសាច់ព្រីងហើយស្លាប់ទៅ ព្រោះអស់សាច់ព្រីងនោះ (យ៉ាងណា) ម្នាលកាឡហត្ថី ខ្ញុំបរិភោគនូវអាហារមានរសដ៏ឧត្តម បើមិនបានសាច់មនុស្សទេ ប្រហែលជានឹងលះបង់នូវជីវិត ក៏យ៉ាងនោះដែរ ។

[៣២៣] (កាឡហត្ថីនាំរឿងព្រាហ្មណ៍ថា) ម្នាលមាណពកូន អ្នកមានរូបស្រស់បស់ កើតក្នុងត្រកូលសោត្ថិយៈ ម្នាលកូន អ្នកមិនគួរស៊ីនូវអាហារដែលមិនគួរស៊ីទេ ។

[៣២៤] (មាណព…) បណ្តារសទាំងឡាយ ទឹកសុរានេះ រាប់ថាជាទឹកមានរសមួយដែរ ព្រោះហេតុអ្វី ទើបលោកឪពុកឃាត់ខ្ញុំ ខ្ញុំបាននូវទឹកសុរានេះក្នុងទីណា ខ្ញុំនឹងទៅក្នុងទីនោះ ។ បពិត្រព្រាហ្មណ៍ឪពុក បើលោកឪពុកមិនត្រេកអរនឹងការឃើញខ្ញុំណា ខ្ញុំនោះ នឹងគេចចេញ (អំពីស្រុក) ខ្ញុំមិននៅក្នុងសំណាក់លោកឪពុកទេ ។

[៣២៥] (ព្រាហ្មណ៍…) នែមាណពកូន យើងនឹងបាននូវកូនទាំងឡាយឯទៀត ទទួលមត៌កដោយពិត នែកូនជួជាតិ ឯងចូរវិនាសចុះ លំនៅដែលកូនទៅដល់ក្នុងទីណា សូមកុំឲ្យអញឮនូវទីនោះ ។

[៣២៦] (កាឡហត្ថី…) បពិត្រព្រះមហាក្សត្រិយ៍ ជាធំជាងសត្វជើងពីរ សូមព្រះអង្គទ្រង់ព្រះសណ្តាប់ខ្ញុំ ពួកប្រជាជន នឹងបណ្តេញព្រះអង្គចាកដែន ដូចមាណព អ្នកលេងស៊ីផឹកដូច្នោះ ។

[៣២៧] (ព្រះរាជា…) សាវ័ករបស់ពួកឥសី អ្នកមានខ្លួនអប់រំហើយ ជាសាវ័កឈ្មោះសុជាតៈ ប្រាថ្នានូវស្រីអប្សរ ទើបសាវ័កនោះ មិនស៊ី មិនផឹកទេ ។ បុគ្គលយកទឹកដោយចុងស្មៅមកប្រៀបផ្ទឹមនឹងទឹកក្នុងសមុទ្រយ៉ាងណា កាមទាំងឡាយជារបស់មនុស្ស (ប្រៀបផ្ទឹម) ក្នុងសំណាក់នៃកាមជាទិព្វ ក៏យ៉ាងនោះដែរ ។ ម្នាលកាឡហត្ថី ខ្ញុំបរិភោគនូវអាហារមានរសដ៏ឧត្តម បើមិនបានសាច់មនុស្សទេ ប្រហែលជាលះបង់ជីវិត យ៉ាងនោះឯង ។

[៣២៨] (កាឡហត្ថី…) ដូចយ៉ាងពួកបក្សីហង្សឈ្មោះធតរដ្ឋៈទាំងនោះ ជាសត្វហើរឰដ៏អាកាស ដល់នូវសេចក្តីវិនាសទាំងអស់គ្នា ព្រោះស៊ីនូវចំណីមិនគួរ ។ បពិត្រព្រះរាជា ជាធំជាងសត្វជើងពីរ សូមព្រះអង្គទ្រង់ព្រះសណ្តាប់ខ្ញុំ បពិត្រព្រះរាជា ព្រះអង្គកុំសោយអាហារ ដែលមិនគួរសោយ ក៏យ៉ាងនោះឯង ពួកប្រជាជននឹងបណ្តេញព្រះអង្គ (ចាកដែន) ក៏យ៉ាងនោះដែរ ។

[៣២៩] (ព្រះរាជា…) អ្នកកាលដែលខ្ញុំនិយាយថា អ្នកឈប់សិន ហើយចេះតែដើរទៅមុខ ម្នាលអ្នកជាព្រហ្មចារិនី អ្នកមិនឈប់ តែនិយាយថា ខ្ញុំឈប់ហើយ ពាក្យនេះមិនគួរដល់អ្នកជាសមណៈទេ អ្នកសំគាល់នូវដាវរបស់ខ្ញុំ គួរដល់សេចក្តីសង្ស័យដែរឬ ។

[៣៣០] (ទេវតា…) បពិត្រព្រះរាជា អាត្មាជាអ្នកឈប់ ក្នុងព្រះសទ្ធម្មទាំងឡាយ មិនត្រឡប់ប្រែនាម និងគោត្រទេ អ្នកប្រាជ្ញទាំងឡាយ តែងពោលនូវចោរថាមិនឈប់ក្នុងលោក ដែលច្យុតអំពីលោកនេះទៅ ជាអ្នកទៅកាន់អបាយ កាន់នរក ។ បពិត្រព្រះរាជា បើព្រះអង្គជឿ ចូរព្រះអង្គចាប់សុតសោមជាក្សត្រិយ៍ មកបូជាយ័ញ្ញ ព្រះអង្គនឹងទៅកាន់ឋានសួគ៌ ដោយការបូជានោះ ។

[៣៣១] (ព្រះរាជាសុតសោម…) ជាតិភូមិរបស់អ្នក ក្នុងដែនណា មួយទៀត អ្នកមកដល់ក្នុងទីនេះ ដោយប្រយោជន៍ដូចម្តេច ម្នាលព្រាហ្មណ៍ អ្នកចូរប្រាប់សេចក្តីនុ៎ះដល់ខ្ញុំ អ្នកប្រាថ្នារបស់អ្វី ខ្ញុំនឹងឲ្យនូវរបស់នោះ តាមដែលអ្នកប្រាថ្នាក្នុងថ្ងៃនេះ ។

[៣៣២] (នន្ទព្រាហ្មណ៍…) បពិត្រព្រះអង្គជាមហិស្សរៈលើដែនដី គាថាទាំងឡាយ ៤ បទ មានអត្ថដ៏ជ្រៅ ប្រសើរក្រៃលែង ប្រៀបដូចជាសាគរ ខ្ញុំមកក្នុងទីនេះ ដើម្បីប្រយោជន៍ដល់ព្រះអង្គតែម្យ៉ាង សូមព្រះអង្គទ្រង់ព្រះសណ្តាប់នូវគាថា ដែលប្រកបដោយប្រយោជន៍ដ៏ប្រសើរ ។

[៣៣៣] (ព្រះបាទបោរិសាទ…) បណ្ឌិតទាំងឡាយណា ជាអ្នកមានយោបល់ប្រកបដោយបញ្ញា ជាពហុស្សូត្រ គិតនូវហេតុបានច្រើនយ៉ាង រមែងមិនយំទេ បណ្ឌិតទាំងឡាយនោះ ជាអ្នកបន្ទោបង់នូវសេចក្តីសោក ដោយហេតុណាពិត ហេតុនុ៎ះជាទីពឹងដ៏ក្រៃលែង របស់ជនទាំងឡាយ ។ បពិត្រព្រះបាទសុតសោម ព្រះអង្គសោកស្តាយចំពោះខ្លួន ញាតិ ឬកូនប្រពន្ធ ស្រូវ ទ្រព្យ ប្រាក់ មាស ឬអ្វី បពិត្រព្រះបាទកោរព្យៈដ៏ប្រសើរ យើងនឹងស្តាប់ពាក្យរបស់លោក ។

[៣៣៤] (ព្រះបាទសុតសោម…) ខ្ញុំមិនសោកស្តាយចំពោះខ្លួន មិនសោកស្តាយចំពោះកូន ប្រពន្ធ មិនសោកស្តាយចំពោះទ្រព្យ មិនសោកស្តាយចំពោះដែនទេ (មាន) បុរាណធម៌ ជាចរិតរបស់សប្បុរសទាំងឡាយ ខ្ញុំសោកស្តាយនឹងការប្តេជ្ញានោះ ចំពោះព្រាហ្មណ៍ ។ ការប្តេជ្ញានឹងព្រាហ្មណ៍ ដែលខ្ញុំឋិតនៅក្នុងឥស្សរភាពក្នុងដែនរបស់ខ្លួន បានធ្វើហើយ ខ្ញុំជាអ្នករក្សាខ្ជាប់នូវសច្ចៈ និងដោះនូវការប្តេជ្ញានោះរបស់ព្រាហ្មណ៍ ហើយនឹងត្រឡប់មកវិញ ។

[៣៣៥] (ព្រះបាទបោរិសាទ…) ខ្ញុំមិនជឿនូវពាក្យនុ៎ះថា ជនមានសេចក្តីសុខ បានរួចអំពីមាត់នៃមច្ចុហើយ ត្រឡប់មករកដៃនៃសត្រូវវិញដូច្នេះទេ បពិត្រព្រះបាទកោរព្យៈដ៏ប្រសើរ ទ្រង់នឹងមិនមករកខ្ញុំទេ ។ បពិត្រព្រះរាជា ទ្រង់បានរួចអំពីដៃនៃព្រះបាទបោរិសាទហើយ មានប្រាថ្នាទៅកាន់មន្ទីររបស់ខ្លួន ហើយបាននូវជីវិតជាទីស្រឡាញ់ពេញចិត្ត កាលណា ទ្រង់នឹងមកកាន់សំណាក់របស់ខ្ញុំវិញ ។

[៣៣៦] (ព្រះបាទសុតសោម…) បុគ្គលអ្នកមានសីលបរិសុទ្ធ រមែងប្រាថ្នានូវសេចក្តីស្លាប់ ឯបុគ្គលអ្នកមានធម៌ដ៏លាមក ដែលគួរអ្នកផងតិះដៀល មិនគួរចង់រស់ឡើយ បុគ្គលទ្រុស្តសីល ពោលនូវពាក្យមិនពិត ព្រោះហេតុខ្លួនណា ខ្លួននោះ រមែងមិនរក្សានូវជននោះចាកទុគ្គតិបានឡើយ ។ បើទុកជាខ្យល់បក់ភើចភ្នំបានក្តី ព្រះចន្ទ្រ និងព្រះអាទិត្យ ធ្លាក់មកលើផែនដីក្តី ទឹកស្ទឹងទាំងអស់ ហូរច្រាសខ្សែទឹកក្តី បពិត្រព្រះរាជា ខ្ញុំក៏មិនពោលពាក្យកុហកទេ ។

[៣៣៧] មេឃបែកធ្លាយ ទឹកសមុទ្ររីងស្ងួត ឬផែនដីជាទីទ្រទ្រង់នូវសត្វប្រែត្រឡប់ ឬក៏ភ្នំឈ្មោះមេរុ រលើងទាំងឫស ខ្ញុំក៏មិនពោលពាក្យកុហកទេ ។

[៣៣៨] ខ្ញុំចាប់ដាវ និងលំពែង បពិត្រទ្រង់ជាសំឡាញ់ ខ្ញុំនឹងធ្វើនូវសម្បថចំពោះទ្រង់ ខ្ញុំរួចចេញអំពីទ្រង់ ជាអ្នកមិនមានបំណុល រក្សានូវសច្ចៈ នឹងត្រឡប់មកវិញ ។

[៣៣៩] (ព្រះបាទបោរិសាទ…) ការប្តេជ្ញាណា ជាមួយនឹងព្រាហ្មណ៍ដែលព្រះអង្គឋិតនៅក្នុងឥស្សរភាព ក្នុងដែនរបស់ខ្លួន បានធ្វើហើយ សូមព្រះអង្គជាអ្នករក្សានូវសច្ចៈ ដោះនូវការប្តេជ្ញានោះនឹងព្រាហ្មណ៍ហើយ ចូរត្រឡប់មកវិញ ។

[៣៤០] (ព្រះបាទសុតសោម…) ការប្តេជ្ញាណា ជាមួយនឹងព្រាហ្មណ៍ ដែលខ្ញុំឋិតនៅក្នុងឥស្សរភាព ក្នុងដែនរបស់ខ្លួន បានធ្វើហើយ ខ្ញុំជាអ្នករក្សានូវសច្ចៈ នឹងដោះនូវការប្តេជ្ញានោះនឹងព្រាហ្មណ៍ហើយ នឹងត្រឡប់មកវិញ ។

[៣៤១] (អភិសម្ពុទ្ធគាថា) ព្រះបាទសុតសោមនោះ រួចពីព្រះហស្តនៃព្រះបាទបោរិសាទ ហើយទៅ បានពោលពាក្យនេះនឹងព្រាហ្មណ៍នោះថា ម្នាលព្រហ្ម ខ្ញុំសូមស្តាប់នូវគាថាទាំងឡាយ ដែលគួរដល់ថ្លៃ ១០០ កហាបណៈ ជាគាថាដែលខ្ញុំស្តាប់ហើយ មានប្រយោជន៍ ។

[៣៤២] (ព្រាហ្មណ៍…) បពិត្រព្រះបាទសុតសោម ការចួបប្រទះដោយសប្បុរសទាំងឡាយ អស់វារៈតែម្តង ការជួបប្រទះនោះ រមែងរក្សានូវបុគ្គលនោះបាន ឯការចួបជុំដោយពួកអសប្បុរសជាច្រើនដង រមែងមិនរក្សានូវបុគ្គលនោះបានទេ ។ បុគ្គលគប្បីគប់រកនឹងពួកសប្បុរស គប្បីធ្វើនូវការស្និទ្ធស្នាលនឹងពួកសប្បុរស គុណធម៌ដ៏ប្រសើរ រមែងកើតមាន ព្រោះដឹងនូវព្រះសទ្ធម្មរបស់ពួកសប្បុរស មិនមែនជាទោសដ៏លាមកឡើយ ។ រាជរថទាំងឡាយ ដែលគេរចនាល្អហើយ រមែងគ្រាំគ្រាទៅវិញ សូម្បីសរីរៈ (នៃពួកសត្វ) ក៏រមែងដល់នូវសេចក្តីគ្រាំគ្រាដោយពិត ឯធម៌របស់សប្បុរសទាំងឡាយ រមែងមិនដល់នូវសេចក្តីគ្រាំគ្រាទេ ពួកសប្បុរស រមែងចរចាដោយពួកសប្បុរស ។ អាកាស និងដី ឋិតនៅក្នុងទីឆ្ងាយពីគ្នា អ្នកប្រាជ្ញទាំងឡាយ បានពោលនូវច្រាំងសមុទ្រថាឆ្ងាយ បពិត្រព្រះរាជា អ្នកប្រាជ្ញទាំងឡាយ បានពោលនូវធម៌របស់ពួកសប្បុរស និងពួកអសប្បុរសថា ឆ្ងាយជាងនោះទៅទៀត ។

[៣៤៣] (ព្រះបាទសុតសោម…) គាថាទាំងនេះ គួរដល់ថ្លៃ ១ ពាន់កហាបណៈ គាថាទាំងនេះ មិនគួរដល់ថ្លៃត្រឹម ១០០ កហាបណៈទេ ម្នាលព្រាហ្មណ៍ លោកចូរទទួលយកកហាបណៈ ៤ ពាន់ជាប្រញាប់ចុះ ។

[៣៤៤] (ព្រះវរបិតា…) គាថាមានថ្លៃ ៨០ កហាបណៈ ៩០ កហាបណៈ និងគាថាគួរដល់ថ្លៃ ១០០ កហាបណៈ ម្នាលសុតសោម អ្នកចូរដឹងដោយខ្លួនឯងចុះ គាថាដូចម្តេច ដែលឈ្មោះថាគួរដល់ថ្លៃ ១ ពាន់កហាបណៈ ។

[៣៤៥] (ព្រះបាទសុតសោម…) ខ្ញុំព្រះអង្គប្រាថ្នានូវសេចក្តីចម្រើនដោយសុតៈ គឺការចេះដឹងដើម្បីខ្លួន សប្បុរសទាំងឡាយ អ្នកមានចិត្តស្ងប់ គប្បីគប់រកនូវខ្ញុំព្រះអង្គ បពិត្រព្រះបិតា ខ្ញុំព្រះអង្គ មិនឆ្អែតដោយសុភាសិត ដូចជាមហាសមុទ្រមិនឆ្អែតដោយទឹកស្ទឹង ដែលហូរចូលទៅ ។ ភ្លើងកាលឆេះស្មៅ និងឈើ រមែងមិនឆ្អែត សាគររមែងមិនឆ្អែតដោយទឹកស្ទឹងយ៉ាងណា បពិត្រព្រះរាជាដ៏ប្រសើរ បណ្ឌិតទាំងឡាយនោះ បានស្តាប់ហើយ ក៏មិនឆ្អែតដោយសុភាសិតក៏យ៉ាងនោះដែរ ។ បពិត្រព្រះអង្គជាធំជាងជន ខ្ញុំព្រះអង្គស្តាប់នូវគាថាដែលមានប្រយោជន៍របស់ទាសៈនៃខ្លួន ក្នុងកាលណា ក្នុងកាលណោះ ខ្ញុំព្រះអង្គតែងផ្ទៀងស្តាប់នូវគាថានោះឯងដោយគោរព បពិត្រព្រះបិតា ខ្ញុំព្រះអង្គ មិនមានសេចក្តីឆ្អែតក្នុងធម៌ទាំងឡាយទេ ។

[៣៤៦] ដែនរបស់ព្រះអង្គនេះ ព្រមទាំងទ្រព្យ ព្រមទាំងយាន ព្រមទាំងគ្រឿងប្រដាប់កាយ បរិបូរណ៌ដោយវត្ថុគួរប្រាថ្នាគ្រប់យ៉ាង ព្រះអង្គជេរប្រទេចខ្ញុំព្រះអង្គ ព្រោះហេតុនៃសេចក្តីប្រាថ្នាដូចម្តេច ខ្ញុំព្រះអង្គនឹងទៅកាន់សំណាក់នៃព្រះបាទបោរិសាទ ។

[៣៤៧] (ព្រះបិតា…) ដ្បិតពួកពលទាំងនុ៎ះ គឺពលដំរី ពលរថ ពលថ្មើរជើង ពលសេះ និងខ្មាន់ធ្នូ ក៏មានសម្រាប់រក្សាខ្លួន យើងនឹងលើកពលសេនាទៅសម្លាប់សត្រូវ ។

[៣៤៨] (ព្រះបាទសុតសោម…) ព្រះបាទបោរិសាទ បានធ្វើនូវអំពើដ៏កម្រក្រៃលែង ចាប់ខ្ញុំព្រះអង្គទាំងរស់ ហើយលែងវិញ បពិត្រព្រះអង្គជាធំជាងជន ខ្ញុំព្រះអង្គ រឭកឃើញនូវឧបការគុណក្នុងកាលមុនប្រាកដដូច្នោះ ខ្ញុំនឹងប្រទូស្តចំពោះស្តេចបោរិសាទនោះដូចម្តេចកើត ។

[៣៤៩] (អភិសម្ពុទ្ធគាថា) ព្រះបាទសុតសោម ក្រាបថ្វាយបង្គំលាព្រះបិតាមាតា ប្រៀនប្រដៅអ្នកនិគម និងពលសេនា ព្រះអង្គពោលនូវពាក្យសច្ចៈ រក្សានូវពាក្យសច្ចៈ ហើយក៏ទៅកាន់សំណាក់នៃព្រះបាទបោរិសាទ ។

[៣៥០] (ព្រះបាទសុតសោម…) កាប្តេជ្ញានឹងព្រាហ្មណ៍ ដែលខ្ញុំឋិតនៅក្នុងឥស្សរភាព ក្នុងដែនរបស់ខ្លួនបានធ្វើហើយ ខ្ញុំជាអ្នករក្សានូវសច្ចៈ ដោះប្តេជ្ញានឹងព្រាហ្មណ៍ ហើយត្រឡប់មកវិញ បពិត្រព្រះបាទបោរិសាទ ចូរព្រះអង្គបូជាយ័ញ្ញ សូមព្រះអង្គសោយនូវខ្ញុំចុះ ។

[៣៥១] (ព្រះបាទបោរិសាទ…) ទ្រង់មិនបាត់ទេ ចាំខ្ញុំស៊ីជាខាងក្រោយចុះ ព្រោះជើងថ្ករនេះ ប្រកបដោយផ្សែងនៅឡើយ សាច់ដែលចំអិនលើភ្លើងឥតផ្សែង ជាសាច់ឆ្អិនល្អ ហើយនឹងស្តាប់នូវគាថារបស់ទ្រង់ ដែលគួរដល់ថ្លៃ ១០០ កហាបណៈសិន ។

[៣៥២] (ព្រះបាទសុតសោម…) ព្រះអង្គជាអធម្មិករាជ ជាអ្នកស៊ីនូវបុរស ខ្ចាត់ភ្លាត់អំពីដែន ព្រោះហេតុតែពោះ គាថាទាំងឡាយនេះ រមែងប្រកាសសុចរិតធម៌ ចំណែកធម៌ និងអធម៌ ស្របគ្នាក្នុងទីណាកើត ។ ព្រះអង្គជាអធម្មិករាជ ព្រះហស្តប្រឡាក់ឈាមជានិច្ច មិនមានសច្ចៈ ធម៌នឹងមានមកអំពីណា ព្រះអង្គនឹងធ្វើអ្វីដោយការស្តាប់ ។

[៣៥៣] (ព្រះបាទបោរិសាទ…) បុគ្គលណាត្រាច់ទៅកាន់ទីសម្លាប់ម្រឹគ ព្រោះហេតុតែសាច់ ឬសម្លាប់បុរស ព្រោះហេតុតែខ្លួន បុគ្គលទាំងពីរនោះ ស្មើគ្នាក្នុងលោកខាងមុខ ហេតុអ្វីព្រះអង្គហៅខ្ញុំថាជាអធម្មិករាជ ។

[៣៥៤] (ព្រះបាទសុតសោម…) ក្សត្រិយ៍ជាអ្នកចេះដឹង មិនគួរសោយនូវពួកសត្វ ៥ នឹង ៥ ទេ បពិត្រព្រះរាជា ព្រះអង្គសោយនូវសាច់ដែលមិនគួរសោយ ព្រោះហេតុនោះ ទើបព្រះអង្គឈ្មោះថាជាអធមិ្មករាជ ។

[៣៥៥] (ព្រះបាទបោរិសាទ…) លោកបានរួចអំពីដៃបោរិសាទហើយ ទៅកាន់មន្ទីររបស់ខ្លួនតាមសេចក្តីប្រាថ្នា ហើយត្រឡប់មករកដៃរបស់សត្រូវវិញ បពិត្រព្រះរាជា ព្រះអង្គជាបុគ្គលមិនឈ្លាសក្នុងខត្តិយធម៌ទេ ។

[៣៥៦] (ព្រះបាទសុតសោម…) ពួកបុគ្គលណា ជាអ្នកឈ្លាសក្នុងខត្តិយធម៌ ពួកបុគ្គលនោះ ច្រើនតែធ្លាក់ទៅក្នុងនរក ព្រោះហេតុនោះ បានជាខ្ញុំលះបង់នូវខត្តិយធម៌ ជាអ្នករក្សានូវសច្ចៈ ត្រឡប់មកវិញ បពិត្រព្រះបាទបោរិសាទ សូមព្រះអង្គបូជាយ័ញ្ញ សូមព្រះអង្គសោយនូវខ្ញុំចុះ ។

[៣៥៧] (ព្រះបាទបោរិសាទ…) ប្រាសាទជាទីនៅលើផែនដី គោ និងសេះ ពួកស្រីដែលគួរប្រាថ្នា និងខ្លឹមចន្ទន៍ក្នុងដែនកាសី ទ្រង់បាននូវវត្ថុទាំងអស់ក្នុងទីនោះ ដោយភាពជាម្ចាស់ ចុះទ្រង់ឃើញនូវអានិសង្សនៃពាក្យសច្ចៈដូចម្តេច ។

[៣៥៨] (ព្រះបាទសុតសោម…) រសឯណានីមួយ មាននៅលើផែនដី សច្ចៈ ជារសល្អក្រៃលែងជាងរសទាំងឡាយនោះ ពួកសមណៈ និងព្រាហ្មណ៍ ដែលតាំងនៅក្នុងសច្ចៈ រមែងឆ្លងទៅកាន់ត្រើយនៃជាតិ និងមរណៈបាន ។

[៣៥៩] (ព្រះបាទបោរិសាទ…) ទ្រង់បានរួចអំពីដៃបោរិសាទហើយ បានទៅកាន់មន្ទីររបស់ខ្លួនវិញ តាមសេចក្តីប្រាថ្នា ត្រឡប់មករកដៃសត្រូវវិញ បពិត្រទ្រង់ជាធំជាងជន ភ័យអំពីសេចក្តីស្លាប់ មិនមានដល់ទ្រង់ដោយពិត ទ្រង់ជាអ្នកពោលនូវពាក្យសច្ចៈ ទាំងមានចិត្តក៏មិនរួញរា ។

[៣៦០] (ព្រះបាទសុតសោម…) យ័ញ្ញ (ការបូជា) មានច្រើនប្រការ ជាកល្យាណធម៌ ដែលខ្ញុំបានធ្វើហើយ បូជាហើយ ជាបូជាដ៏ធំទូលាយ ដែលអ្នកប្រាជ្ញតែងសរសើរ ផ្លូវសម្រាប់បរលោក ខ្ញុំក៏បានជម្រះហើយ អ្នកណាឋិតនៅក្នុងធម៌ហើយ នឹងខ្លាចសេចក្តីស្លាប់ ។ យ័ញ្ញមានច្រើនប្រការ ជាកល្យាណធម៌ ដែលខ្ញុំបានធ្វើហើយ បូជាហើយ ជាបូជាដ៏ធំទូលាយ ដែលអ្នកប្រាជ្ញតែងសរសើរ ខ្ញុំមិនក្តៅក្រហាយនឹងទៅកាន់បរលោកទេ បពិត្រព្រះបាទបោរិសាទ សូមព្រះអង្គបូជាយ័ញ្ញ សូមព្រះអង្គសោយខ្ញុំចុះ ។ មាតា និងបិតា ខ្ញុំបានបំរើហើយ ឥស្សរភាព ខ្ញុំគ្រប់គ្រងហើយតាមធម៌ ផ្លូវសម្រាប់បរលោក ខ្ញុំក៏បានជម្រះហើយ អ្នកណាឋិតនៅក្នុងធម៌ហើយ នឹងខ្លាចសេចក្តីសា្លប់ ។ បិតា និងមាតា ខ្ញុំក៏បានបំរើហើយ ឥស្សរភាព ខ្ញុំគ្រប់គ្រងហើយតាមធម៌ ខ្ញុំមិនក្តៅក្រហាយនឹងទៅបរលោកទេ បពិត្រព្រះបាទបោរិសាទ សូមព្រះអង្គបូជាយ័ញ្ញ សូមព្រះអង្គសោយខ្ញុំចុះ ។ ខ្ញុំបានធ្វើឧបការកិច្ចចំពោះពួកញាតិ និងមិត្តហើយ ឥស្សរភាព ខ្ញុំគ្រប់គ្រងហើយតាមធម៌ ផ្លូវសម្រាប់បរលោក ខ្ញុំក៏បានជម្រះហើយ អ្នកណាឋិតនៅក្នុងធម៌ហើយ នឹងខ្លាចសេចក្តីស្លាប់ ។ ខ្ញុំបានធ្វើឧបការកិច្ចចំពោះពួកញាតិ និងមិត្តហើយ ឥស្សរភាព ខ្ញុំគ្រប់គ្រងហើយតាមធម៌ ខ្ញុំមិនក្តៅក្រហាយនឹងទៅកាន់បរលោកទេ បពិត្រព្រះបាទបោរិសាទ សូមព្រះអង្គបូជាយ័ញ្ញ សូមព្រះអង្គសោយខ្ញុំចុះ ។ ការឲ្យទានដល់ពួកជនជាច្រើន ដោយអាការច្រើនយ៉ាង ខ្ញុំក៏បានឲ្យហើយ ទាំងពួកសមណព្រាហ្មណ៍ ខ្ញុំក៏បានផ្គត់ផ្គង់ហើយ ផ្លូវសម្រាប់បរលោក ខ្ញុំក៏បានជម្រះហើយ អ្នកណាឋិតនៅក្នុងធម៌ហើយ នឹងខ្លាចសេចក្តីស្លាប់ ។ ការឲ្យទានដល់ពួកជនជាច្រើន ដោយអាការច្រើនយ៉ាង ខ្ញុំក៏បានឲ្យហើយ ទាំងសមណព្រាហ្មណ៍ ខ្ញុំក៏បានផ្គត់ផ្គង់ហើយ ខ្ញុំមិនក្តៅក្រហាយនឹងទៅកាន់បរលោកទេ បពិត្រព្រះបាទបោរិសាទ សូមទ្រង់បូជាយ័ញ្ញ សូមទ្រង់សោយខ្ញុំចុះ ។

[៣៦១] (ព្រះបាទបោរិសាទ…) បុគ្គលណា ស៊ីនូវជនអ្នកពោលពាក្យសច្ចៈ ប្រាកដដូច្នោះ ក្បាលរបស់បុគ្គលនោះ នឹងបែកជា ៧ ភាគ ដូចបុរសស្គាល់នូវថ្នាំពិស ហើយស៊ីនូវថ្នាំពិស (ឬដូចគេចាប់) ពស់អាសីរពិសដែលមានពិសកាចមានតេជះខ្លាំង ។

[៣៦២] ជនទាំងឡាយ បានស្តាប់ធម៌ហើយ រមែងដឹងច្បាស់នូវបុណ្យ និងបាប ប៉ុនអម្បាលចិត្តរបស់ខ្ញុំ គង់ត្រេកអរក្នុងធម៌ ព្រោះបានស្តាប់នូវគាថាទាំងឡាយ ។

[៣៦៣] (ព្រះបាទសុតសោម…) បពិត្រមហារាជ ការចួបប្រទះដោយសប្បុរសទាំងឡាយអស់វារៈតែម្តង ការចួបប្រទះនោះ រមែងរក្សានូវបុគ្គលនោះបាន ការចួបជុំដោយពួកអសប្បុរសច្រើនដង រមែងមិនរក្សាបុគ្គលបានទេ ។ បុគ្គលគប្បីគប់រកនឹងពួកសប្បុរស គប្បីធ្វើនូវការស្និទ្ធស្នាលនឹងពួកសប្បុរស គុណធម៌ដ៏ប្រសើរ រមែងកើតមាន ព្រោះដឹងនូវព្រះសទ្ធម្មរបស់ពួកសប្បុរស មិនមែនជាទោសដ៏លាមកទេ ។ រាជរថទាំងឡាយ ដែលគេរចនាល្អហើយ រមែងគ្រាំគ្រា សូម្បីសរីរៈ (របស់ពួកសត្វ) ក៏រមែងដល់នូវសេចក្តីគ្រាំគ្រាដោយពិត ឯធម៌របស់សប្បុរស មិនដល់នូវសេចក្តីគ្រាំគ្រាទេ សប្បុរសទាំងឡាយ រមែងចរចាដោយពួកសប្បុរសបាន ។ អាកាស និងដី ឋិតនៅក្នុងទីឆ្ងាយពីគ្នា អ្នកប្រាជ្ញទាំងឡាយបានពោលនូវច្រាំងសមុទ្រនោះថាឆ្ងាយ បពិត្រព្រះរាជា បណ្ឌិតទាំងឡាយ រមែងពោលថា ធម៌របស់ពួកសប្បុរស និងពួកអសប្បុរស ឆ្ងាយជាងនោះទៅទៀត ។

[៣៦៤] (ព្រះបាទបោរិសាទ…) បពិត្រទ្រង់ជាធំជាងជន គាថាទាំងឡាយនេះ មានអត្ថ មានព្យញ្ជនៈដ៏ល្អ ទ្រង់សំដែងពីរោះណាស់ ខ្ញុំបានស្តាប់ហើយ ក៏ត្រេកអររីករាយ មានចិត្តល្អជ្រះថ្លា បពិត្រទ្រង់ជាសម្លាញ់ ខ្ញុំសូមថ្វាយពរ ៤ ប្រការដល់ទ្រង់ ។

[៣៦៥] (ព្រះបាទសុតសោម…) ទ្រង់មិនដឹងនូវសេចក្តីស្លាប់របស់ខ្លួន ទាំងអំពើមានប្រយោជន៍ និងឥតប្រយោជន៍ ទាំងនរក និងឋានសួគ៌ទេ បពិត្រព្រះអង្គមានធម៌ដ៏លាមក ព្រះអង្គជាប់ចំពាក់ក្នុងរស (នៃសាច់មនុស្ស) តាំងនៅស៊ប់ក្នុងទុច្ចរិតធម៌ ធ្វើម្តេចនឹងឲ្យពរកើត ។ បើខ្ញុំពោលថា សូមព្រះអង្គប្រទានពរនោះ ព្រះអង្គប្រទានហើយ ត្រឡប់ជាមិនប្រទានវិញ តើបណ្ឌិតណាកាលដឹង នឹងហ៊ានចូលទៅរកជំលោះ និងវិវាទដ៏ជាក់ស្តែងនេះ ។

[៣៦៦] (ព្រះបាទបោរិសាទ…) ជនឲ្យនូវពរណា ហើយត្រឡប់ជាមិនឲ្យវិញ មិនគួរឲ្យពរនោះទេ បពិត្រទ្រង់ជាសម្លាញ់ សូមទ្រង់កុំញាប់ញ័រ សូមទទួល (ពរ) ចុះ ខ្ញុំសូម្បីលះបង់ជីវិត ក៏នៅតែថ្វាយទ្រង់ ។

[៣៦៧] (ព្រះបាទសុតសោម…) ធម៌ជាបន្ទាល់សាក្សីរបស់អរិយៈ រមែងស្របគ្នានឹងអរិយៈ របស់បុគ្គលមានប្រាជ្ញា រមែងស្របគ្នានឹងបុគ្គលមានប្រាជ្ញា ខ្ញុំសូមឃើញព្រះអង្គមានជន្មាយុ ១០០ ឆ្នាំ ឥតមានរោគ បណ្តាពរទាំងឡាយ ខ្ញុំប្រាថ្នានូវពរទី ១ នុ៎ះ ។

[៣៦៨] (ព្រះបាទបោរិសាទ…) ធម៌ជាបន្ទាល់សាក្សីរបស់អរិយៈ រមែងស្របគ្នានឹងអរិយៈ របស់បុគ្គលមានប្រាជ្ញា រមែងស្របគ្នានឹងបុគ្គលមានប្រាជ្ញា ទ្រង់សូមឃើញនូវខ្ញុំ មានអាយុ ១០០ ឆ្នាំ ឥតមានរោគ បណ្តាពរទាំងឡាយ ខ្ញុំនឹងថ្វាយពរទី ១ នេះ ។

[៣៦៩] (ព្រះបាទសុតសោម…) ពួកក្សត្រិយ៍ណា រក្សាផែនដីក្នុងទ្វីបនេះ បានមុទ្ធាភិសេកហើយ មានព្រះនាមសម្រេចហើយ ព្រះអង្គជាម្ចាស់ផែនដី កុំសោយនូវពួកក្សត្រិយ៍ទាំងនោះឡើយ បណ្តាពរទាំងឡាយ ខ្ញុំប្រាថ្នានូវពរទី ២ នេះ ។

[៣៧០] (ព្រះបាទបោរិសាទ…) ពួកក្សត្រិយ៍ណា រក្សាផែនដីក្នុងទ្វីបនេះ បានមុទ្ធាភិសេកហើយ មានព្រះនាមសម្រេចហើយ ខ្ញុំជាម្ចាស់ផែនដី ក៏លែងស៊ីនូវពួកក្សត្រិយ៍ទាំងនោះដែរ បណ្តាពរទាំងឡាយ ខ្ញុំនឹងថ្វាយនូវពរទី ២ នេះ ។

[៣៧១] (ព្រះបាទសុតសោម…) ពួកក្សត្រិយ៍ជាងរយនាក់ ដែលព្រះអង្គចាប់ដោតបាតដៃ មានមុខជោកដោយទឹកភ្នែក កំពុងទួញយំ សូមព្រះអង្គឲ្យក្សត្រិយ៍ទាំងនោះ ត្រឡប់ទៅក្នុងដែនរបស់ខ្លួនវិញ បណ្តាពរទាំងឡាយ ខ្ញុំប្រាថ្នាពរទី ៣ នេះ ។

[៣៧២] (ព្រះបាទបោរិសាទ…) ពួកក្សត្រិយ៍ជាងរយនាក់ ដែលខ្ញុំចាប់ដោត បាតដៃ មានមុខជោកដោយទឹកភ្នែក កំពុងទួញយំ ខ្ញុំនឹងឲ្យពួកក្សត្រិយ៍ទាំងនោះ ត្រឡប់ នៅក្នុងដែនរបស់ខ្លួនវិញ បណ្តាពរទាំងឡាយ ខ្ញុំនឹងថ្វាយពរទី ៣ នេះ ។

[៣៧៣] (ព្រះបាទសុតសោម…) ដែនរបស់ព្រះអង្គ ជាដែនប្រហោង (មិនសូវមានប្រជាជន) ព្រោះពួកប្រជាជនជាច្រើនញាប់ញ័រហើយ ព្រោះភ័យគ្របសង្កត់ ហើយរត់ចូលទៅកាន់ទីពឹងពួន បពិត្រព្រះរាជា សូមព្រះអង្គវៀរសាច់មនុស្សទៅ បណ្តាពរទាំងឡាយ ខ្ញុំប្រាថ្នាពរទី ៤ នេះ ។

[៣៧៤] (ព្រះបាទបោរិសាទ…) អាហារនោះ ជាទីពេញចិត្តរបស់ខ្ញុំដោយពិត ខ្ញុំចូលព្រៃ ព្រោះហេតុតែសាច់មនុស្សនុ៎ះឯង នឹងវៀរចាកសាច់មនុស្សនុ៎ះ ដូចម្តេចបាន បណ្តាពរទាំងឡាយ សូមទ្រង់ប្រាថ្នានូវពរទី ៤ ដទៃវិញ ។

[៣៧៥] (ព្រះបាទសុតសោម…) បពិត្រព្រះអង្គ ជាធំជាងជន បុគ្គលប្រហែលដូចព្រះអង្គ លះបង់នូវខ្លួនចោល ដោយគិតថា នេះជាទីស្រឡាញ់របស់អញដូច្នេះ រមែងមិនបានគប់រកនូវវត្ថុជាទីស្រឡាញ់ទេ ខ្លួនហ្នឹងហើយ ជាសភាវៈប្រសើរ ឈ្មោះថា ប្រសើរក្រៃលែង បុគ្គលអ្នកមានចិត្តសន្សំហើយ គប្បីបាននូវគុណជាទីស្រឡាញ់ ក្នុងកាលជាខាងក្រោយ ។

[៣៧៦] (ព្រះបាទបោរិសាទ…) បពិត្រព្រះបាទសុតសោម សូមទ្រង់ជ្រាបនូវសាច់មនុស្ស ថាជាទីស្រឡាញ់របស់ខ្ញុំ ទ្រង់មិនអាចឃាត់ខ្ញុំបានទេ បពិត្រទ្រង់ជាសម្លាញ់ សូមទ្រង់ប្រាថ្នាពរឯទៀតវិញ ។

[៣៧៧] (ព្រះបាទសុតសោម…) បុគ្គលណា ជាអ្នករក្សានូវវត្ថុជាទីស្រឡាញ់ ដោយគិតថា វត្ថុនេះជាទីស្រឡាញ់របស់អញដូច្នេះ លះបង់ខ្លួន ហើយនៅសេពគប់វត្ថុជាទីស្រឡាញ់ បុគ្គលនោះ រមែងជាទុក្ខក្នុងកាលខាងមុខ ព្រោះអំពើនោះឯង ដូចជាអ្នកលេងសុរា ផឹកទឹកសុរាដែលលាយដោយថ្នាំពិស ។ ចំណែកខាងបុគ្គលណា ក្នុងលោកនេះ បានពិចារណា លះបង់នូវវត្ថុជាទីស្រឡាញ់ ហើយបែរមកគប់រកនូវអរិយធម៌ សូម្បីដោយលំបាក បុគ្គលនោះ រមែងបានសុខក្នុងកាលខាងមុខ ព្រោះអំពើនោះឯង ដូចបុគ្គលដល់នូវសេចក្តីទុក្ខ ព្រោះផឹកនូវឱសធ ។

[៣៧៨] (ព្រះបាទបោរិសាទ…) ខ្ញុំលះបង់បិតាមាតា និងបញ្ចកាមគុណ ជាទីពេញចិត្ត ហើយចូលព្រៃ ព្រោះហេតុតែសាច់មនុស្សនោះ ខ្ញុំនឹងថ្វាយនូវពរនោះដល់ទ្រង់ ដូចម្តេចបាន ។

[៣៧៩] (ព្រះបាទសុតសោម…) បណ្ឌិតទាំងឡាយជាសប្បុរស ជាអ្នកប្តេជ្ញាដោយពាក្យសច្ចៈ មិនពោលនូវពាក្យពីរជាន់ទេ ព្រះអង្គបានពោលនឹងខ្ញុំថា បពិត្រទ្រង់ជាសំឡាញ់ សូមទ្រង់ទទួលពរចុះ ព្រះអង្គបានពោលដូច្នេះហើយ (តែពាក្យនោះ) របស់ព្រះអង្គ មិនស្របគ្នាទេ ។

[៣៨០] (ព្រះបាទបោរិសាទ…) ខ្ញុំដល់នូវភាពជាអ្នកមិនមានបុណ្យ មិនមានយស មិនមានកេរិ៍្តឈ្មោះ មានបាប មានទុច្ចរិតសៅហ្មងជាច្រើន ក៏ព្រោះហេតុតែសាច់មនុស្ស ខ្ញុំនឹងថ្វាយនូវពរនោះដល់ទ្រង់ ដូចម្តេចកើត ។

[៣៨១] (ព្រះបាទសុតសោម…) (ទ្រង់មានបន្ទូលហើយថា) ជនឲ្យនូវពរណា ហើយត្រឡប់ជាមិនឲ្យវិញ មិនគួរឲ្យពរនោះទេ បពិត្រទ្រង់ជាសំឡាញ់ សូមទ្រង់កុំញាប់ញ័រ សូមទទួលយក (ពរ) ចុះ ខ្ញុំសូម្បីលះបង់ជីវិត ក៏នៅតែថ្វាយទ្រង់ដែរ ។

[៣៨២] នុ៎ះជាធម៌របស់ពួកសប្បុរស ធម្មតា ពួកសប្បុរស ជាអ្នកប្តេជ្ញាដោយពាក្យសច្ចៈ តែងលះបង់នូវជីវិត ព្រះអង្គឲ្យពរហើយ ចូរឲ្យរហ័ស បពិត្រព្រះរាជាដ៏ប្រសើរ សូមព្រះអង្គសម្រេចដោយធម៌ និងពាក្យសច្ចៈនុ៎ះចុះ ។ ជនគប្បីលះបង់នូវទ្រព្យ ព្រោះហេតុនៃអវយវៈដ៏ប្រសើរ កាលបើរក្សានូវជីវិត ក៏គប្បីលះបង់នូវអវយវៈ កាលបើរឭកឃើញនូវធម៌ គប្បីលះបង់ទាំងអវយវៈ ទ្រព្យ និងជីវិតទាំងអស់ ។

[៣៨៣] បុរសចេះដឹង នូវធម៌អំពីបុគ្គលណា ឬក៏ពួកសប្បុរសណា បន្ទោបង់នូវសេចក្តីសង្ស័យរបស់បុគ្គលនោះបាន ដំណើរនោះ ឈ្មោះថាជាទីពឹង ជាទីពំនាក់របស់បុគ្គលនោះ បុគ្គលអ្នកមានប្រាជ្ញា មិនត្រូវបំបាត់មេត្រីចិត្តអំពីបុគ្គលនោះទេ ។

[៣៨៤] (ព្រះបាទបោរិសាទ…) អាហារនោះ ជាទីគាប់ចិត្តរបស់ខ្ញុំដោយពិត ខ្ញុំចូលព្រៃ ព្រោះហេតុតែសាច់មនុស្សនុ៎ះ បើទ្រង់ទទូចសូមសេចក្តីនុ៎ះនឹងខ្ញុំ បពិត្រទ្រង់ជាសំឡាញ់ ខ្ញុំក៏ឲ្យពរនោះដល់ទ្រង់ ។

[៣៨៥] ព្រះអង្គជាសាស្តារបស់ខ្ញុំផង ជាសំឡាញ់របស់ខ្ញុំផង បពិត្រព្រះអង្គជាសំឡាញ់ ខ្ញុំនឹងធ្វើតាមព្រះឱង្ការរបស់ព្រះអង្គ ព្រះអង្គក៏ចូរធ្វើតាមពាក្យរបស់ខ្ញុំដែរ យើងទាំងពីរនាក់ ទៅដោះលែង (ពួកក្សត្រិយ៍ទាំងនោះជាមួយគ្នា) ។

[៣៨៦] (ព្រះបាទសុតសោម…) ខ្ញុំជាសាស្តារបស់ព្រះអង្គផង ជាសំឡាញ់របស់ព្រះអង្គផង បពិត្រព្រះអង្គជាសំឡាញ់ បើព្រះអង្គធ្វើតាមពាក្យខ្ញុំ ទាំងខ្ញុំក៏ធ្វើតាមពាក្យព្រះអង្គដែរ យើងទាំងពីរនាក់ទៅដោះលែង (ពួកក្សត្រិយ៍ទាំងនោះជាមួយគ្នា) ។

[៣៨៧] ពួកយើងដែលត្រូវព្រះរាជាជើងពពាល បៀតបៀនដោតបាតដៃ មានមុខជោកដោយទឹកភ្នែក ស្រែកយំ (ឥឡូវនេះ) អ្នកទាំងឡាយ លែងប្រទូស្តនឹងព្រះរាជានេះចុះ អ្នកទាំងឡាយចូរទទួលស្តាប់ពាក្យប្តេជ្ញាដ៏ទៀងទាត់របស់ខ្ញុំចុះ ។

[៣៨៨] (ពួកក្សត្រិយ៍…) ពួកយើងដែលត្រូវព្រះរាជាជើងពពាលបៀតបៀនដោតបាតដៃ មានមុខជោកដោយទឹកភ្នែក ស្រែកយំ (ឥឡូវនេះ) ពួកយើមិនប្រទូស្តចំពោះព្រះរាជានេះទេ ពួកយើងនឹងទទួលស្តាប់ពាក្យប្តេជ្ញាដ៏ទៀងទាត់របស់ព្រះអង្គ ។

[៣៨៩] (ព្រះបាទសុតសោម…) បិតា ឬមាតា ជាអ្នកអនុគ្រោះ ប្រាថ្នានូវសេចក្តីចម្រើនដល់បុត្រទាំងឡាយ យ៉ាងណាមិញ ចំណែកព្រះរាជានេះ ចូរមានដល់លោកទាំងឡាយ ក៏យ៉ាងនោះដែរ ទាំងលោកទាំងឡាយ ក៏សូមដូចជាបុត្ត ។

[៣៩០] (ពួកក្សត្រិយ៍…) បិតា ឬមាតា ជាអ្នកអនុគ្រោះ ប្រាថ្នានូវសេចក្តីចម្រើនដល់បុត្តទាំងឡាយ យ៉ាងណាមិញ ចំណែកខាងព្រះរាជានេះ ចូរមានដល់យើងទាំងឡាយ យ៉ាងនោះដែរ ទាំងពួកយើងក៏ដូចបុត្តដែរ ។

[៣៩១] (ព្រះបាទសុតសោម…) ព្រះអង្គធ្លាប់សោយនូវសាច់នៃសត្វជើង ៤ ឬសត្វបក្សី ដែលពួកនាយពិសេសចាត់ចែងល្អ សម្រេចដោយល្អ ជាទីត្រេកអរ ដូចព្រះឥន្ទ្រ សោយនូវសុធាភោជន ព្រះអង្គលះបង់ចោល ហើយត្រេកអរក្នុងព្រៃតែម្នាក់ឯង ដូចម្តេចកើត ។ ពួកនាងខតិ្តយានីនោះ មានគ្រឿងប្រដាប់ភ្លឺផ្លេក និងចង្កេះដ៏រៀវ តាក់តែងខ្លួនគាល់ត្រៀបត្រា ញ៉ាំងព្រះអង្គឲ្យរីករាយ ដូចជាស្ត្រីអប្សរបំរើព្រះឥន្ទ្រក្នុងទេវលោក ព្រះអង្គលះបង់ចោល ហើយត្រេកអរក្នុងព្រៃម្នាក់ឯង ដូចម្តេចកើត ។ ព្រះអង្គផ្ទំលើព្រះបន្ទំ មានខ្នើយពណ៌ក្រហម មានព្រំមានរោមច្រើន ដែលតាក់តែងក្នុងទីព្រះបន្ទំទាំងអស់ដ៏ល្អ ជាសុខសប្បាយ ក្នុងទីពាក់កណ្តាលនៃព្រះបន្ទំ ហើយលះបង់ចោល ត្រេកអរក្នុងព្រៃម្នាក់ឯង ដូចម្តេចកើត ។ ក្នុងវេលារាត្រី មានសូរសំឡេងគង និងស្គរ ទាំងតូរ្យតន្ត្រី ឥតមានបុរសនៅលាយ មានទាំងចម្រៀងដ៏ពីរោះ និងប្រគំក៏ពីរោះជាច្រើនយ៉ាង ព្រះអង្គលះបង់ចោល ហើយត្រេកអរក្នុងព្រៃម្នាក់ឯង ដូចម្តេចកើត ។ ឧទ្យាន (ឈ្មោះមិគាជិន) ក៏មានផ្កាច្រើនបរិបូណ៌ បុរីប្រកបដោយឈ្មោះតាមឧទ្យានមិគាជិន ជាបុរីគួរជាទីសប្បាយក្រៃពេក សម្បូរដោយពាហណៈ សេះ ដំរី រថ ព្រះអង្គលះបង់ចោល ហើយត្រេកអរក្នុងព្រៃតែម្នាក់ឯង ដូចម្តេចកើត ។

[៣៩២] (ព្រះបាទបោរិសាទ…) ព្រះចន្ទក្នុងកាឡប័ក្ខ (រនោច) រមែងអស់ទៅរាល់ៗថ្ងៃ យ៉ាងណាមិញ បពិត្រព្រះរាជា ការសមាគមនឹងពួកអសប្បុរស ឧបមាដូចព្រះចន្ទ្រក្នុងកាឡប័ក្ខ ។ ដូចយ៉ាងខ្ញុំ អាស្រ័យរសកៈអ្នកស្លដណ្តាំ ជាបុរសអាក្រក់លាមក ហើយបានធ្វើនូវកម្មអាក្រក់ ជាហេតុទៅកាន់ទុគ្គតិ ។ ព្រះចន្ទ្រក្នុងសុក្កប័ក្ខ រមែងចម្រើនឡើងរាល់ៗ ថ្ងៃ យ៉ាងណាមិញ បពិត្រព្រះរាជា ការចួបប្រទះនឹងពួកសប្បុរស ឧបមាដូចជាព្រះចន្ទ្រក្នុងសុក្កប័ក្ខ ។ បពិត្រព្រះបាទសុតសោម សូមព្រះអង្គជ្រាបចុះ ដូចយ៉ាងខ្ញុំ អាស្រ័យព្រះអង្គ ហើយធ្វើការកុសល ជាហេតុទៅកាន់សុគតិ ។

បពិត្រព្រះអង្គជាធំជាងជន ទឹកដែលបង្អុរចុះលើទីទួល មិនដក់នៅ មិនឋិតនៅអស់កាលយូរ យ៉ាងណាមិញ ការសមាគមនឹងពួកអសប្បុរសរបស់ខ្ញុំ មិនតាំងនៅ អស់កាលយូរ ដូចទឹកលើទីទួលយ៉ាងនោះដែរ ។ បពិត្រព្រះអង្គជាធំជាងជន មានព្យាយាមដ៏ប្រសើរជាងជន ទឹកដែលបង្អុរចុះក្នុងស្រះ ឋិតនៅអស់កាលយូរ យ៉ាងណាមិញ ការសមាគមនឹងពួកសប្បុរសរបស់ខ្ញុំ ឋិតនៅអស់កាលយូរ ដូចទឹកក្នុងស្រះ យ៉ាងនោះដែរ ។ សមាគមនឹងពួកសប្បុរស រមែងមិនឃ្លាតចេញទេ គប្បីឋិតនៅដរាបអស់ជីវិត ការសមាគមនឹងពួកអសប្បុរស រមែងវិនាសទៅឆាប់ ដោយប្រការដូច្នេះឯង ព្រោះហេតុនោះ ធម៌របស់ពួកសប្បុរស រមែងឆ្ងាយអំពីពួកអសប្បុរស ។

[៣៩៣] (ព្រះបាទសុតសោម…) ព្រះរាជាណា ផ្ចាញ់នូវបុគ្គលមិនគួរផ្ចាញ់ (មាតា បិតា) ព្រះរាជានោះ មិនមែនជាព្រះរាជាទេ សំឡាញ់ណា ផ្ចាញ់នូវសំឡាញ់ សំឡាញ់នោះ មិនមែនជាសំឡាញ់ទេ ភរិយាណា មិនខ្លាចប្តី ភរិយានោះមិនមែនជាភរិយាទេ ពួកបុត្រណា មិនចិញ្ចឹមមាតាបិតាជាបុគ្គលចាស់ទុំ ពួកបុត្រនោះ មិនមែនជាកូនទេ ។ ពួកសប្បុរស មិនមានក្នុងទីប្រជុំណា ទីនោះ មិនមែនទីប្រជុំទេ ពួកជនណាមិនពោលនូវធម៌ ពួកជននោះ មិនមែនជាសប្បុរសទេ លុះតែពួកជនលះបង់នូវរាគៈ ទោសៈ និងមោហៈហើយ ពោលនូវធម៌ ទើបឈ្មោះថា សប្បុរស ។ បណ្ឌិតកាលបើមិនពោល (នូវធម៌) ជាអ្នកច្រឡូកច្រឡំដោយពួកជនពាល ពួកអ្នកផង រមែងស្គាល់មិនបាន លុះតែពោល សំដែងនូវអមតបទ ទើបពួកអ្នកផងស្គាល់បាន ។ បណ្ឌិតគប្បីពោលបំភ្លឺនូវធម៌ ផ្គងឡើងនូវធម៌ ជាទង់ជ័យនៃពួកឥសី ពួកឥសីមានសុភាសិតជាទង់ជ័យ ព្រោះជាធម៌ ទុកដូចជាទង់ជ័យនៃពួកឥសី ។

ចប់ សុតសោមជាតក ទី៥ ។

ឧទ្ទាននៃជាតកនោះគឺ

ចុល្លហង្សឈ្មោះសុមុខៈ ១ មហាហង្សដ៏ប្រសើរ ១ តាបសឲ្យនូវសុធាភោជនដ៏ប្រសើរដទៃ ១ ស្តេចបក្សីឈ្មោះកុណាល ១ ព្រះរាជាដ៏ប្រសើរព្រះនាមសុតសោម ១ ។

ចប់ អសីតិនិបាត ។

ចប់ ភាគ៦១ ។

ឯកសារយោងកែប្រែ

ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ