ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ជាតក

ឯកាទសមភាគកែប្រែ

មហានិបាតជាតកកែប្រែ

តេមិយជាតក ទី១កែប្រែ

[១] (ទេវតាពោលថា) អ្នកកុំប្រកាសនូវភាពជាអ្នកប្រាជ្ញ ចូរឲ្យជនទាំងពួងដឹងថាជាមនុស្សល្ងង់ ជនទាំងអស់ចូរមើលងាយអ្នកចុះ សេចក្តីចម្រើននឹងមានដល់អ្នកដោយវិធីយ៉ាងនេះ ។

[២] (ព្រះមហាសត្វត្រាស់ថា) បពិត្រទេវតា អ្នកនិយាយពាក្យណានឹងខ្ញុំ ខ្ញុំនឹងធ្វើតាមពាក្យរបស់អ្នកនោះ បពិត្រទេវតា អ្នកឈ្មោះថា បា្រថា្ននូវសេចក្តីចម្រើនដល់ខ្ញុំ បពិត្រទេវតា អ្នកឈ្មោះថា ប្រាថ្នានូវប្រយោជន៍ (ដល់ខ្ញុំ) ។

[៣] (ព្រះមហាសត្វ) នែនាយសារថី អ្នកប្រញាប់ប្រញាល់ជីករណ្តៅ តើព្រោះហេតុអ្វី ម្នាលសំឡាញ់ អ្នកដែលខ្ញុំសួរហើយ ចូរប្រាប់មកចុះ អ្នកនឹងធ្វើនូវអ្វីដោយរណ្តៅ ។

[៤] (នាយសារថី) ព្រះរាជបុត្តកើតមកហើយ គផង ខ្វិនផង ដូចជាឥតចិត្ត ឯខ្ញុំនោះ ព្រះរាជាទ្រង់ត្រាស់ប្រើមកហើយថា អ្នកត្រូវជីកកប់កូនអញក្នុងព្រៃចុះ ។

[៥] (ព្រះមហាសត្វ) ខ្ញុំមិនថ្លង់ មិនគ មិនខ្វិនទេ មិនមែនវិកលវិការទេ នែនាយសារថី បើអ្នកកប់ខ្ញុំក្នុងព្រៃ អ្នកឈ្មោះថា ធ្វើខុសធម៌ អ្នកចូរមើលភ្លៅ និងដើមដៃខ្ញុំ ទាំងចូរស្តាប់សំដីខ្ញុំ នែនាយសារថី បើអ្នកកប់ខ្ញុំក្នុងព្រៃ អ្នកឈ្មោះថា ធ្វើខុសធម៌ ។

[៦] (នាយសារថី) អ្នកជាទេវតា ឬជាគន្ធព្វ ឬក៏ជាបុរិន្ទទសក្កទេវរាជ អ្នកជាអ្វី ទាំងជាកូនអ្នកណា យើងនឹងស្គាល់អ្នកបានដោយប្រការដូចម្តេច ។

[៧] (ព្រះមហាសត្វ) ខ្ញុំមិនមែនជាទេវតា មិនមែនជាគន្ធព្វ មិនមែនជាបុរិន្ទទសក្កទេវរាជទេ អ្នកកប់បុគ្គលណាក្នុងរណ្តៅ បុគ្គលនោះ គឺខ្ញុំ ជាកូនរបស់ព្រះបាទកាសិកៈ អ្នករស់នៅដោយស្រួល (ព្រោះអាស្រ័យ) នូវព្រះរាជាណា ខ្ញុំជាកូនរបស់ព្រះរាជានោះ នែនាយសារថី បើអ្នកនឹងកប់ខ្ញុំក្នុងព្រៃ អ្នកឈ្មោះថា ធ្វើខុសធម៌ បុគ្គលគប្បីអង្គុយ ឬដេកក្រោមម្លប់ឈើណា មិនគប្បីកាច់បំបាក់មែកឈើនោះទេ ព្រោះថាអ្នកទ្រុស្តមិត្រ ជាមនុស្សលាមក នែនាយសារថី ព្រះរាជាទុកដូចជាដើមឈើ ខ្លួនខ្ញុំទុកដូចជាមែកឈើដែរ អ្នកឯងទុកដូចបុរស ដែលចូលទៅជ្រកក្រោមម្លប់ឈើដូច្នោះ នែនាយសារថី បើអ្នកកប់ខ្ញុំក្នុងព្រៃ អ្នកឈ្មោះថា ធ្វើខុសធម៌ ។

[៨] បុគ្គលណា មិនទ្រុស្តចំពោះមិត្រទាំងឡាយ បុគ្គលនោះបើចេញផុតអំពីផ្ទះរបស់ខ្លួនហើយ ជាអ្នកមានភក្ខាហារច្រើន ជនច្រើននាក់តែងចិញ្ចឹមជីវិត (អាស្រ័យ) បុគ្គលនោះ ។ បុគ្គលណា មិនទ្រុស្តចំពោះមិត្រទាំងឡាយ បុគ្គលនោះ ទៅកាន់ជនបទ និគម រាជធានីណា ៗ គេតែងបូជាក្នុងទីទាំងអស់នោះ ។ បុគ្គលណា មិនទ្រុស្តចំពោះមិត្រទាំងឡាយ ពួកចោរមិនកំហែងបុគ្គលនោះ ក្សត្រ ក៏មិនមើលងាយបុគ្គលនោះ បុគ្គលនោះ រមែងកន្លងនូវសត្រូវទាំងអស់ ។ បុគ្គលណា មិនទ្រុស្តចំពោះមិត្រទាំងឡាយ បុគ្គលនោះមិនខឹង មកកាន់ផ្ទះរបស់ខ្លួន ជាអ្នកគេទទួលរីករាយក្នុងរោងសម្រាប់ប្រជុំ ជាបុគ្គលឧត្តមរបស់ពួកញាតិ ។ បុគ្គលធ្វើសក្ការៈចំពោះ (មិត្រ) រមែងត្រូវមិត្រធ្វើសក្ការៈវិញ ជាអ្នកគោរព (មិត្រ) រមែងបានសេចក្តីគោរពវិញ បុគ្គលមិនប្រទូស្តមិត្រ រមែងពេញដោយគុណ និងកិត្តិសព្ទ ។ បុគ្គលអ្នកបូជាមិត្រ រមែងបានការបូជាវិញ ជាអ្នកសំពះមិត្រ រមែងបានការសំពះតបវិញ បុគ្គលមិនប្រទូស្តមិត្រ រមែងដល់នូវយសបរិវារ និងកិត្តិសព្ទ ។ បុគ្គលណា មិនប្រទូស្តមិត្រទាំងឡាយ បុគ្គលនោះ រមែងរុងរឿងដូចភ្លើង រុងរឿងដូចទេវតា ជាអ្នកមិនលះបង់ចាកសិរីឡើយ ។ បុគ្គលណា មិនប្រទូស្តមិត្រទាំងឡាយ គោទាំងឡាយរបស់បុគ្គលនោះ សម្រាលកូនដោយស្រួល ពូជដែលបុគ្គលនោះសាបព្រោះក្នុងស្រែ រមែងដុះដាល បុគ្គលនោះ រមែងបរិភោគផ្លែនៃពូជទាំងឡាយ ដែលខ្លួនសាបព្រោះហើយ ។ បុគ្គលណា មិនប្រទូស្តមិត្រទាំងឡាយ បុគ្គលនោះ សូម្បីធា្លក់ទៅក្នុងជ្រោះក្តី អំពីភ្នំក្តី អំពីដើមឈើក្តី ធា្លក់ហើយ រមែងបានទីពឹង ។ បុគ្គលណា មិនប្រទូស្តមិត្រទាំងឡាយ សត្រូវទាំងឡាយគ្របសង្កត់បុគ្គលនោះមិនបាន ដូចខ្យល់មិនអាចគ្របសង្កត់ដើមជ្រៃ ដែលមានឫស និងពួរដុះហើយ ។

[៩] (នាយសារថី) បពិត្រព្រះរាជបុត្រ សូមទ្រង់សេ្តចមក ទូលព្រះបង្គំជាខ្ញុំ នឹងនាំទ្រង់ទៅកាន់ដំណាក់របស់ព្រះអង្គ សូមទ្រង់សោយរាជ្យចុះ សេចក្តីចម្រើននឹងមានដល់ទ្រង់ ទ្រង់នឹងធើ្វអ្វីក្នុងព្រៃ ។

[១០] (ព្រះមហាសត្វ) នែនាយសារថី រាជសម្បត្តិណា ដែលខ្ញុំគប្បីបានដោយអធម្មចរិយៈ ខ្ញុំមិនត្រូវការដោយរាជសម្បត្តិនោះ ឬដោយជនជាញាតិ ឬក៏ដោយទ្រព្យទេ ។

[១១] (នាយសារថី) បពិត្រព្រះរាជបុត្រ សូមទ្រង់សេ្តចទៅអំពីទីនេះ ហើយញ៉ាំងទូលព្រះបង្គំជាខ្ញុំ ឲ្យបាននូវរង្វាន់ជាទីត្រេកអរ បពិត្រព្រះរាជបុត្រ កាលបើព្រះអង្គសេ្តចទៅហើយ ព្រះរាជបិតា និងព្រះមាតា គប្បីប្រទាន (រង្វាន់) ដល់ទូលព្រះបង្គំជាខ្ញុំ ។ បពិត្រព្រះរាជបុត្រ កាលទ្រង់ស្តេចទៅហើយ ពួកស្រីស្នំ និងរាជកុមារ ពួកឈ្មួញ និងពួកព្រាហ្មណ៍ ជនទាំងអម្បាលនោះមានចិត្តត្រេកអរ គប្បីឲ្យ (រង្វាន់ដល់ទូលព្រះបង្គំជាខ្ញុំ) ។ បពិត្រព្រះរាជបុត្រ កាលទ្រង់ស្តេចទៅហើយ ពួកហ្មដំរី ពួកពលរក្សាព្រះអង្គ ពួកពលរថ ពួកថ្មើរជើង ជនទាំងអម្បាលនោះ មានចិត្តតេ្រកអរ គប្បីឲ្យ (រង្វាន់ដល់ទូលព្រះបង្គំជាខ្ញុំ) ។ បពិត្រព្រះរាជបុត្រ កាលទ្រង់សេ្តចទៅ ពួកអ្នកជនបទ និងពួកអ្នកនិគម មានធញ្ញាហារច្រើន មកប្រជុំគ្នា គប្បីឲ្យគ្រឿងបណ្ណាការទាំងឡាយដល់ទូលព្រះបង្គំជាខ្ញុំ ។

[១២] (ព្រះមហាសត្វ…) ខ្ញុំដែលព្រះបិតាមាតា អ្នកដែន អ្នកនិគម និងពួករាជកុមារទាំងពួង បានលះចោលហើយ ផ្ទះរបស់ខ្លួន ខ្ញុំមិនមានទេ ។ ខ្ញុំដែលព្រះមាតាបានអនុញ្ញាតឲ្យទទួលរាជ្យ ៧ ថ្ងៃហើយ ខ្ញុំដែលព្រះបិតាលះចោលស្រឡះហើយ ខ្ញុំនឹងបួសនៅក្នុងព្រៃតែម្នាក់ឯង មិនប្រាថា្ននូវកាមទាំងឡាយឡើយ ។

[១៣] សេចក្តីប្រាថ្នាជាផល តែងសម្រេចដល់ខ្ញុំកាលមិនប្រញាប់ប្រញាល់ (អស់ ១៦ ឆ្នាំ) ខ្ញុំជាអ្នកមានព្រហ្មចរិយធម៌ចាស់ក្លាហើយ នែនាយសារថី អ្នកចូរដឹងយ៉ាងនេះចុះ ។ ប្រយោជន៍ដ៏ប្រពៃ តែងសម្រេចដល់ខ្ញុំកាលមិនប្រញាប់ប្រញាល់ ខ្ញុំជាអ្នកមានព្រហ្មចរិយធម៌ចាស់ក្លាហើយ ខ្ញុំចេញផុតហើយ នឹងមានភ័យអំពីណា ។

[១៤] (នាយសារថី…) ទ្រង់នោះមានព្រះបន្ទូលពីរោះ មានព្រះបន្ទូលក្បោះក្បាយយ៉ាងនេះ ហេតុអ្វីបានជាទ្រង់មិនមានព្រះបន្ទូលក្នុងសំណាក់នៃព្រះបិតា ព្រះមាតាក្នុងពេលនោះ ។

[១៥] (ព្រះមហាសត្វ…) ខ្ញុំមិនមែនខ្វិនព្រោះមិនមានសន្លាក់ទេ ខ្ញុំមិនមែនថ្លង់ព្រោះមិនមានសោតប្រសាទទេ ខ្ញុំមិនមែនគព្រោះមិនមានជិវា្ហប្រសាទទេ អ្នកកុំសំគាល់ខ្ញុំថា ជាមនុស្សគឡើយ ។ ខ្ញុំរលឹកឃើញនូវជាតិមុន ជាជាតិដែលខ្ញុំបានសោយរាជ្យ លុះខ្ញុំបានសោយរាជ្យក្នុងជាតិនោះហើយ ក៏ធា្លក់នរកគួរស្ញើប ។ ខ្ញុំសោយរាជ្យក្នុងជាតិនោះអស់ ២០ ឆ្នាំ បានឆេះក្នុងនរកអស់ ៨ ម៉ឺនឆ្នាំ ។ ខ្ញុំខ្លាចរាជ្យនោះ កុំឲ្យព្រះមាតា បិតាអភិសេកខ្ញុំក្នុងរាជ្យ ព្រោះហេតុនោះ បានជាខ្ញុំមិននិយាយក្នុងសំណាក់នៃព្រះបិតាមាតាក្នុងកាលនោះ ។ ព្រះរាជបិតាបានឲ្យខ្ញុំអង្គុយលើព្រះឧរុ ហើយទ្រង់វិនិច្ឆ័យក្តីថា អ្នកទាំងឡាយ ចូរសម្លាប់ចោរ ១ នាក់ ចូរចងចោរ ១ នាក់ (ធ្វើចោរ ១ នាក់) ឲ្យប្រឡាក់ដោយទឹកក្បុង ។ ចូរដោតចោរ ១ នាក់លើឈើស្រួច ព្រះរាជបិតាត្រាស់បង្គាប់មហាជន ដោយប្រការដូចេ្នះ លុះខ្ញុំស្តាប់នូវវាចាដ៏អាក្រក់នោះ ដែលព្រះរាជបិតា ទ្រង់ត្រាស់ហើយ ។ ខ្ញុំមិនគទេ តែមានភេទដូចបុគ្គលគ ខ្ញុំមិនខ្វិនទេ តែសន្មតថាដូចជាខ្វិន ខ្ញុំបាននៅជ្រមុជជ្រមុលក្នុងមូត្រ និងករីសរបស់ខ្លួន ។ ជីវិត (របស់សត្វ) លំបាកផង តិចផង ជីវិតនោះ ប្រកបដោយទុក្ខ បុគ្គលណាអាស្រ័យនូវជីវិតនេះហើយ គប្បីធ្វើនូវពៀរដោយហេតុណានីមួយ ។ បុគ្គលណាអាស្រ័យនូវជីវិតនេះហើយ គប្បីធ្វើនូវពៀរដោយហេតុណានីមួយ ព្រោះមិនបានបញ្ញាផង ព្រោះមិនឃើញធម៌ផង ។ សេចក្តីប្រាថា្នជាផល តែងសម្រេចដល់ខ្ញុំកាលមិនប្រញាប់ប្រញាល់ ខ្ញុំជាអ្នកមានព្រហ្មចរិយធម៌ចាស់ក្លាហើយ នែនាយសារថី អ្នកចូរដឹងយ៉ាងនេះចុះ ។ ប្រយោជន៍ដ៏ប្រពៃ តែងសម្រេចដល់ខ្ញុំ កាលមិនប្រញាប់ប្រញាល់ ខ្ញុំជាអ្នកមានព្រហ្មចរិយធម៌ចាស់ក្លាហើយ ខ្ញុំចេញផុតហើយ នឹងមានភ័យអំពីណា ។

[១៦] (នាយសារថី) បពិត្រព្រះរាជបុត្រ ទូលព្រះបង្គំជាខ្ញុំនឹងបួសក្នុងសំណាក់ព្រះអង្គ បពិត្រព្រះរាជបុត្រដ៏ចម្រើន សូមទ្រង់ត្រាស់ហៅទូលព្រះបង្គំជាខ្ញុំ (ឲ្យបួសផង) ទូលព្រះបង្គំជាខ្ញុំ ពេញចិត្តនឹងបព្វជា្ជដែរ ។

[១៧] (ព្រះមហាសត្វ) នែនាយសារថី អ្នកចូរប្រគល់នូវរថ ហើយជាអ្នកមិនមានបំណុល សឹមមកចុះ ព្រោះថា បព្វជ្ជា (រមែងសម្រេច) ដល់បុគ្គលមិនមានបំណុល បព្វជា្ជកម្មនេះ ពួកឥសីសរសើរហើយ ។

[១៨] (នាយសារថី) សេចក្តីចម្រើន ចូរមានដល់ទ្រង់ ពាក្យណាដែលទ្រង់បានថ្លែងហើយ ទូលព្រះបង្គំជាខ្ញុំនឹងធ្វើតាមពាក្យនោះ ទ្រង់ដែលទូលព្រះបង្គំជាខ្ញុំអង្វរហើយ គួរធ្វើតាមពាក្យរបស់ទូលព្រះបង្គំជាខ្ញុំនោះផង ។ សូមទ្រង់ស្តេចគង់នៅក្នុងទីនេះ ដរាបដល់ទូលព្រះបង្គំជាខ្ញុំនាំព្រះរាជាមកដល់ ព្រះបិតារបស់ទ្រង់ទតឃើញហើយ សមជាមានព្រះហឫទ័យត្រេកអររីករាយ ។

[១៩] (ព្រះមហាសត្វ) នែនាយសារថី អ្នកនិយាយពាក្យណានឹងខ្ញុំ ៗ នឹងធ្វើតាមពាក្យរបស់អ្នកនោះ ឯខ្ញុំមានបំណងដើម្បីជួបព្រះបិតារបស់ខ្ញុំ ដែលទ្រង់សេ្តចយាងមកក្នុងទីនេះដែរ ។ ម្នាលសំឡាញ់ អ្នកទៅហើយចូរមកវិញ ចូរត្រឡប់ទៅសិនចុះ អ្នកប្រាប់នូវសេចក្តីសុខដល់ញាតិទាំងឡាយ អ្នកដែលខ្ញុំបា្រប់ហើយ គប្បីក្រាបទូលនូវការថា្វយបង្គំចំពោះព្រះមាតាបិតា ។

[២០] (អភិសម្ពុទ្ធគាថា) នាយសារថី ចាប់ព្រះបាទានៃព្រះមហាសត្វនោះ ហើយក៏ធ្វើប្រទក្សិណព្រះមហាសត្វនោះ រួចឡើងជិះរថ បរចូលទៅកាន់រាជទា្វរ ។

[២១] ព្រះមាតាទតឃើញរថទទេ ក៏មានព្រះនេត្រដ៏ពេញពោរដោយព្រះអស្សុ ទ្រង់ព្រះកន្សែង មៀងមើលទៅនាយសារថីនោះ ដែលមកវិញតែឯង ដោយគិតថា នាយសារថីនេះ សម្លាប់កូនបង្កើតរបស់អញ ហើយមកវិញ ។ កូនរបស់អញ ចម្រើនផែនដី នាយសារថីកប់ក្នុងផែនដីដោយពិត ពួកសត្រូវរមែងត្រេកអរដោយពិត ពួកជនមានពៀរ ត្រេកអរហើយដោយពិត ព្រោះឃើញនាយសារថីសម្លាប់កូនបង្កើតរបស់អញ ហើយមកវិញ ។ ព្រះមាតាទតឃើញរថទទេ ក៏មានព្រះនេត្រដ៏ពេញពោរដោយព្រះអស្សុ ទ្រង់ព្រះកន្សែង សួរទៅនាយសារថីនោះ ដែលមកវិញតែម្នាក់ឯងថា កូនរបស់ខ្ញុំនោះ ជាមនុស្សគឬអ្វី ជាមនុស្សខ្វិនឬអ្វី កាលអ្នកកប់ក្នុងផែនដី ក្នុងកាលនោះ កូនរបស់ខ្ញុំពិលាបដែរឬ ម្នាលនាយសារថី អ្នកចូរប្រាប់នូវរឿងនោះដល់ខ្ញុំ ។ (កូនរបស់ខ្ញុំនោះ) ជាមនុស្សគ ជាមនុស្សខ្វិន  កាលអ្នកកប់ក្នុងផែនដី បានកម្រើកដៃ និងជើងដូចមេ្តចដែរ (ម្នាលនាយសារថី) អ្នកដែលខ្ញុំសួរហើយ ចូរប្រាប់រឿងនោះ ។

[២២] (នាយសារថី) បពិត្រព្រះនាងជាម្ចាស់ (បើ) ព្រះនាងឲ្យអភ័យដល់ទូលព្រះបង្គំជាខ្ញុំ ហេតុណាដែលខ្ញុំបានឮហើយ ឬបានឃើញហើយ ក្នុងសំណាក់នៃព្រះរាជបុត្រ ទូលព្រះបង្គំជាខ្ញុំនឹងក្រាបទូលនូវហេតុនោះដល់ព្រះនាង ។

[២៣] (ព្រះរាជទេវី) មា្នលសារថីសំឡាញ់ ខ្ញុំឲ្យអភ័យដល់អ្នក ហេតុណាដែលអ្នកបានឮហើយ ឬបានឃើញហើយក្នុងសំណាក់នៃព្រះរាជាបុត្រ អ្នកកុំភិតភ័យ ចូរប្រាប់នូវហេតុនោះចុះ ។

[២៤] (នាយសារថី) ព្រះរាជបុត្រនោះ មិនមែនគទេ ព្រះរាជបុត្រនោះ មិនមែនខ្វិនទេ ឯព្រះរាជបុត្រនោះ មានព្រះបន្ទូលក្បោះក្បាយ បានឮថា ព្រះរាជបុត្រនោះ ទ្រង់ខ្លាចរាជ្យ ទើបបានជាធ្វើនូវពុតត្បុតច្រើនយ៉ាង ។ ព្រះរាជបុត្រនោះ ទ្រង់រឭកឃើញនូវជាតិមុន ជាជាតិដែលបានទ្រង់សោយរាជ្យ លុះសោយរាជ្យក្នុងទីនោះហើយ ធ្លាក់នរកគួរស្ញែង ។ ព្រះរាជបុត្រនោះ បានសោយរាជ្យក្នុងទីនោះអស់ ២០ ឆ្នាំគត់ បានឆេះក្នុងនរកអស់ ៨ ម៉ឺនឆ្នាំ ។ ព្រះរាជបុត្រនោះ ទ្រង់ខ្លាចរាជ្យនោះហើយ (ក៏តាំងព្រះរាជហ្ឫទ័យថា) ព្រះរាជមាតាបិតា កុំអភិសេកអញក្នុងរាជ្យ ព្រោះហេតុនោះ ទើបព្រះរាជបុត្រមិនមានបន្ទូលក្នុងសំណាក់នៃព្រះបិតា និងព្រះមាតាក្នុងកាលនោះ ។ ព្រះរាជបុត្រនោះ បរិបូណ៌ដោយអវយវៈតូចធំ មានកំពស់ និងទំហំ (ដ៏ស៊ប់សួន) មានព្រះបន្ទូលដ៏ក្បោះក្បាយ មានបញ្ញា ទ្រង់ឋិតនៅក្នុងផ្លូវសួគ៌ ។ បើព្រះនាងមានប្រាថា្នដើម្បីឃើញព្រះរាជបុត្រ ជាកូនបង្កើតរបស់ព្រះនាង សូមព្រះនាងយាងទៅចុះ តេមិយកុមារគង់នៅក្នុងទីណា ទូលព្រះបង្គំជាខ្ញុំនឹងនាំព្រះនាងឲ្យដល់ទីនោះ ។

[២៥] (ព្រះបាទកាសិកៈ) នាយសារថីទាំងឡាយ ចូរទឹមសេះក្នុងរថ អ្នកទាំងឡាយ ចូរចងដង្គន់នាដំរី ស័ង្ខ និងស្គរ ចូរលាន់សំឡេងឡើង ស្គរមានមុខតែម្ខាង ចូរលាន់សំឡេងឡើង ។ ស្គរដែលគេពាសល្អហើយ ចូរបន្លឺសំឡេង ស្គរមានសំឡេងពីរោះ ចូរលាន់សំឡេងឡើង ទាំងពួកអ្នកនិគម ចូរទៅតាមយើងចុះ យើងនឹងទៅឲ្យឱវាទដល់កូនរបស់យើង ។ ពួកស្រីស្នំ និងរាជកុមារ ពួកឈ្មួញ និងពួកព្រាហ្មណ៍ ចូរនាំគ្នាទឹមយានឲ្យឆាប់ យើងនឹងទៅឲ្យឱវាទដល់កូនរបស់យើង ។ ពួកហ្មដំរី ពួកពលសេះ ពួកពលរថ ពួកពលថ្មើរជើង ចូរនាំគ្នាទឹមយានឲ្យឆាប់ យើងនឹងទៅឲ្យឱវាទដល់កូនរបស់យើង ។ អ្នកជនបទមកប្រជុំគ្នា ទាំងអ្នកនិគម ក៏មកប្រជុំគ្នា ហើយចូរទឹមនូវយានឲ្យឆាប់ យើងនឹងទៅឲ្យឱវាទដល់កូនរបស់យើង ។

[២៦] (អភិសម្ពុទ្ធគាថា) ឯពួកនាយសារថី (បាននាំយក) នូវសេះសិន្ធពទាំងឡាយ ជាពាហនៈមានសន្ទុះដ៏លឿន ដែលទឹមហើយ ចូលមកកាន់រាជទ្វារ (ក្រាបបង្គំទូលថា) បពិត្រព្រះសម្មតិទេព សេះទាំងឡាយនេះ ទូលព្រះបង្គំជាខ្ញុំបានទឹមរួចហើយ ។

[២៧] (ព្រះរាជា) ពួកសេះធាត់ៗ រមែងសាបសូន្យចាកសន្ទុះ ពួកសេះស្គមៗ រមែងសាបសូន្យចាកកំឡាំង អ្នកទាំងឡាយ ត្រូវវៀរបង់នូវពួកសេះស្គម និងសេះធាត់ចេញ ហើយទឹមតែពួកសេះដែលប្រកប (ដោយវ័យ សម្បុរ សន្ទុះ កំឡាំង) វិញ ។

[២៨] លំដាប់នោះ ព្រះរាជាទ្រង់ប្រញាប់ប្រញាល់ឡើងគង់រថ ដែលនាយសារថីទឹមហើយ ទ្រង់តា្រស់ទៅនឹងស្រ្តីស្នំថា នាងទាំងអស់គ្នា ចូរទៅតាមយើងចុះ ។ នាងទាំងឡាយចូរប្រដាប់ដោយមាសទាំងឡាយ ហើយកាន់មកនូវផ្លិត មកុដ ព្រះខាន់ សេ្វតច្ឆត្រ និងសែ្បកជើង រួចឡើងជិះរថមក ។ បន្ទាប់ពីនោះមក ព្រះរាជាបានឲ្យនាយសារថីដើរមុខ ហើយទ្រង់ស្តេចយាងទៅ តេមិយកុមារនៅក្នុងទីណា ក៏យាងទៅក្នុងទីនោះយ៉ាងឆាប់ ។

[២៩] តេមិយៈទតឃើញព្រះបិតានោះ កំពុងសេ្តចយាងមក ហាក់ដូចជារុងរឿងដោយតេជះ ដែលពួកអាមាត្យអ្នកកាន់ព្រះខាន់ហែហមហើយ ទើបត្រាស់សួរព្រះបិតានោះថា បពិត្រព្រះបិតា ព្រះអង្គមានសេចក្តីសុខសប្បាយទេឬ បពិត្រព្រះបិតា ព្រះអង្គមិនមានព្រះអាពាធទេឬ រាជកញ្ញាទាំងអស់ ជាព្រះមាតារបស់ខ្ញុំមិនមានរោគទេឬ ។

[៣០] (ព្រះវរបិតា) នែកូន ខ្ញុំសុខសប្បាយទេ នែកូន ខ្ញុំមិនមានជំងឺដម្កាត់ទេ រាជកញ្ញាទាំងអស់ជាមាតារបស់អ្នក មិនមានរោគទេ ។

[៣១] (មហាសត្វ) បពិត្រព្រះបិតា ព្រះអង្គមិនសោយទឹកស្រវឹងទេឬ សុរាមិនពេញព្រះទ័យរបស់ព្រះអង្គទេឬ ព្រះទ័យរបស់ព្រះអង្គ ត្រេកអរក្នុងសច្ចៈ ក្នុងធម៌ និងក្នុងទានដែរឬ ។

[៣២] (ព្រះវរបិតា) នែកូន ខ្ញុំមិនផឹកទឹកស្រវឹងទេ មួយទៀត សុរាមិនពេញចិត្តខ្ញុំទេ ឯចិត្តរបស់ខ្ញុំ  តែងត្រេកអរក្នុងសច្ចៈ ក្នុងធម៌ និងក្នុងទាន ។

[៣៣] (មហាសត្វ) យានរបស់ព្រះអង្គមិនខូចទេឬ វាហនៈរបស់ព្រះអង្គតែងប្រព្រឹត្តទៅបានដែរឬ ព្យាធិទាំងឡាយជាគ្រឿងដុតកំដៅសរីរៈ មិនមានដល់ព្រះអង្គទេឬ ។

[៣៤] (ព្រះវរបិតា) ឯយានរបស់ខ្ញុំឥតមានខូចទេ វាហនៈរបស់ខ្ញុំក៏ប្រព្រឹត្តទៅបានដោយស្រួល ព្យាធិទាំងឡាយជាគ្រឿងដុតកំដៅសរីរៈ មិនមានដល់ខ្ញុំទេ ។

[៣៥] (មហាសត្វ) ជនបទនៅទីប្រទល់ដែនរបស់ព្រះអង្គ (ស្រុក និងនិគម) របស់ព្រះអង្គទាំងមូល ដែលតាំងនៅកណ្តាលផែនដី ជាស្រុកសម្បូណ៌ដែរឬ ឃ្លាំង និងជង្រុក ព្រះអង្គបានតម្កល់ទុកស្រួលបួលទេឬ ។

[៣៦] (ព្រះវរបិតា) ជនបទនៅទីប្រទល់ដែនរបស់ខ្ញុំ (ស្រុក និងនិគម) ទាំងមូលរបស់ខ្ញុំ ដែលតាំងនៅកណ្តាលដែន  ជាស្រុកសម្បូណ៌ ឃ្លាំង និងជង្រុកទាំងអស់ ខ្ញុំបានតម្កល់ទុកស្រួលបួលហើយ ។

[៣៧] (មហាសត្វ) បពិត្រមហារាជ ព្រះអង្គសេ្តចយាងមកល្អហើយ មួយទៀត ព្រះអង្គស្តេចមក មិនមែនអាក្រក់ទេ រាជបុរសចូររៀបចំបល្ល័ង្កជាទីគង់របស់ព្រះរាជា ។

[៣៨] ព្រះអង្គគង់លើកម្រាលស្លឹកឈើ ដែលគេតែងតាំងហើយ សូមព្រះអង្គ យកទឹកអំពីទីនេះ លាងព្រះបាទារបស់ព្រះអង្គចុះ ។

[៣៩] បពិត្រព្រះរាជា ស្លឹកនេះដែលអាត្មាភាពចម្អិនហើយ ជារបស់មិនមានរសប្រៃ បពិត្រមហារាជ្យ សូមព្រះអង្គសេ្តចសោយចុះ ព្រះអង្គទើបស្តេចយាងមកដល់ ទុកជាភ្ញៀវរបស់អាត្មាភាព ។

[៤០] (ព្រះវរបិតា) ខ្ញុំមិនបរិភោគស្លឹកនេះទេ ព្រោះស្លឹកឈើនេះ មិនមែនជាភោជនរបស់ខ្ញុំ ខ្ញុំបរិភោគតែបាយនៃស្រូវសាលី ដែលលាយដោយសាច់ដ៏ស្អាត ។

[៤១] សេចក្តីអស្ចារ្យកើតប្រាកដដល់ខ្ញុំ ព្រោះឃើញ (លោក) នៅស្ងាត់តែមា្នក់ឯង កាលលោកបរិភោគភោជនបែបនេះ សម្បុរនៅតែស្រស់ថ្លាដោយហេតុដូចមេ្តច ។

[៤២] (មហាសត្វ) បពិត្រព្រះរាជា អាត្មាភាពម្នាក់ឯង សិងលើកម្រាលស្លឹក ដែលតាំងទុកហើយ បពិត្រព្រះរាជា វណ្ណៈរបស់អាត្មាភាពស្រស់ថ្លាដោយដំណេកម្នាក់ឯងនោះ  ។ ពួកអ្នករក្សាព្រះរាជា ដែលសៀតព្រះខាន់ មិនប្រាកដដល់អាត្មាភាពទេ បពិត្រព្រះរាជា វណ្ណៈរបស់អាត្មាភាព ថ្លាស្រស់ដោយដំណេកម្នាក់ឯងនោះ ។ អាត្មាភាព មិនតាមសោក និងអារម្មណ៍ដែលកន្លងហើយ មិនប្រាថា្ននូវអារម្មណ៍ដែលមិនទាន់មកដល់ ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅដោយវត្ថុដែលលើកឡើងចំពោះមុខ ហេតុនោះ បានជាវណ្ណៈរបស់អាត្មាភាព រមែងថ្លាស្រស់ ។ ជនពាលទាំងឡាយ តែងរីងស្ងួត ព្រោះសេចក្តីប្រាថា្នអារម្មណ៍ដែលមិនទាន់មកដល់ ព្រោះសេចក្តីតាមសោកស្តាយអារម្មណ៍ដែលកន្លងទៅហើយនេះ ដូចជាដើមបបុសមានសម្បុរខៀវ ដែលគេដកហាលថ្ងៃដូចោ្នះ ។

[៤៣] (ព្រះវរបិតា) នែកូន ខ្ញុំនឹងឲ្យនូវពលដំរី ពលរថ ពលសេះ ពលថើ្មរជើង ពួកជនពាក់គ្រឿងក្រោះ និងនិវេសនដ្ឋានទាំងឡាយ ជាទីត្រេកអរដល់អ្នក ។ មួយទៀត ខ្ញុំឲ្យនូវស្រីស្នំដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួងដល់អ្នក នែកូន ចូរអ្នកគ្រប់គ្រងនូវស្រ្តីទាំងនោះចុះ អ្នកជាព្រះរាជារបស់យើង ។ ស្រ្តីរបាំ ជាអ្នកឈ្លាសក្នុងការរាំ និងច្រៀង បានសិក្សា (ក្នុងកិច្ចស្រ្តី) ញ៉ាំងអ្នកឲ្យត្រេកអរក្នុងកាម អ្នកនឹងធ្វើអ្វីក្នុងព្រៃ ។ ខ្ញុំនឹងនាំយករាជកញ្ញាដែលមានខ្លួនប្រដាប់ហើយអំពីពួកព្រះរាជាដទៃដល់អ្នក អ្នកចូរញ៉ាំងកូនទាំងឡាយ ឲ្យកើតក្នុងស្រ្តីទាំងនោះ ហើយសិមបួសក្នុងកាលជាខាងក្រោយ ។ អ្នកនៅកេ្មងកម្លោះ ប្រកបដោយបឋមវ័យ មានសក់ខ្មៅស្រិល ចូរសោយរាជ្យ សេចក្តីចម្រើននឹងមានដល់អ្នក អ្នកនឹងធ្វើអ្វីក្នុងព្រៃ ។

[៤៤] (មហាសត្វ) បុគ្គលនៅកម្លោះ គប្បីប្រព្រឹត្តព្រហ្មចរិយធម៌ បុគ្គលអ្នកប្រព្រឹត្តព្រហ្មចរិយធម៌ គប្បីជាកម្លោះ ព្រោះថា បព្វជ្ជារបស់បុគ្គលនៅកម្លោះនេះ ពួកឥសីទាំងឡាយសរសើរហើយ ។ បុគ្គលនៅកម្លោះ គប្បីប្រព្រឹត្តព្រហ្មចរិយធម៌ បុគ្គលអ្នកប្រព្រឹត្តព្រហ្មចរិយធម៌ គប្បីនៅកម្លោះ អាត្មាភាព នឹងប្រព្រឹត្តព្រហ្មចរិយធម៌ អាត្មាភាព មិនត្រូវការដោយរាជ្យទេ ។ បពិត្រព្រះមាតា និងបិតា អាត្មាភាពឃើញនរជននៅក្មេង ទើបនឹងចេះនិយាយ ជាកូនជាទីស្រឡាញ់ដែលមាតាបិតាបានដោយលំបាក មិនទាន់ចាស់គ្រាំគ្រា ហើយស្លាប់ ។ អាត្មាភាព ឃើញនាងកុមារីមានសម្បុរដូចមាស ដែលមច្ចុរាជចាប់ដកក្ស័យជីវិតហើយ ដូចជាដកនូវទំពាំងឫស្សីដ៏ខ្ចី ។ នរជនទាំងឡាយ ឬនាងនារីទាំងឡាយ សូម្បីនៅក្មេង ក៏តែងស្លាប់ តើសត្វណា គប្បីទុកចិត្តក្នុងជីវិតនោះថា អាត្មាអញនៅក្មេងដូច្នេះ ។ អាយុនៃកុមារណា មានប្រមាណតិច ដោយការកន្លងទៅនៃយប់ និងថ្ងៃ ភាពនៃខ្លួនជាកុមារក្នុងវ័យនោះ នឹងធ្វើដូចម្តេចកើត ដូចទីមានទឹកតិចរបស់ត្រីទាំងឡាយ ។ សត្វលោក ត្រូវសត្រូវបៀតបៀនជានិច្ចផង ត្រូវសត្រូវរួបរិតជានិច្ចផង កាលយប់ និងថ្ងៃទាំងឡាយមិនកន្លងទៅទទេទេ តើព្រះអង្គនឹងអភិសេកអាត្មាភាពក្នុងរាជ្យដូចមេ្តច ។

[៤៥] (ព្រះរាជា) សត្វលោកនេះ ត្រូវសត្រូវអ្វីបៀតបៀនផង ត្រូវសត្រូវអ្វីរួបរឹតផង ធម្មជាតិដូចមេ្តច មិនកន្លងទៅទទេ ខ្ញុំសួរហើយ អ្នកចូរប្រាប់នូវដំណើរនោះ ។

[៤៦] (ព្រះមហាសត្វ) សត្វលោកត្រូវមច្ចុបៀតបៀនផង ត្រូវជរារួបរឹតផង រាត្រីទាំងឡាយ រមែងកន្លងទៅមិនទទេ បពិត្រក្សត្រិយ៍ សូមព្រះអង្គជ្រាបយ៉ាងនេះចុះ ។ កាលតម្បាញដែលបុគ្គលត្បាញរបស់ណា ៗ ដែលបុគ្គលនឹងត្បាញរបស់ដែលត្រូវត្បាញ (នោះៗ) ជារបស់នៅសល់តិច យ៉ាងណាមិញ ជីវិតរបស់សត្វទាំងឡាយ ក៏យ៉ាងនោះដែរ ។ ផ្លូវទឹកដ៏ពេញ កាលហូរទៅ មិនត្រឡប់ថយក្រោយវិញ យ៉ាងណាមិញ អាយុរបស់មនុស្សទាំងឡាយ កាលកន្លងទៅ មិនត្រឡប់វិញ យ៉ាងនោះដែរ ។ ផ្លូវទឹកដ៏ពេញ គប្បីបន្សាត់ទៅនូវដើមឈើទាំងឡាយ ដែលដុះក្បែរច្រាំង យ៉ាងណាមិញ សត្វទាំងអស់ ត្រូវជរា និងមរណៈបន្សាត់ទៅក៏យ៉ាងនោះដែរ ។

[៤៧] (ព្រះវរបិតា) នែកូន ខ្ញុំនឹងឲ្យពលដំរី ពលរថ ពលសេះ ពលថ្មើរជើង ពួកពលពាក់គ្រឿងក្រោះ និងនិវេសនដ្ឋានទាំងឡាយ ជាទីត្រេកអរដល់អ្នក ។ មួយទៀត យើងនឹងឲ្យស្រ្តីស្នំដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួងដល់អ្នក នែកូន អ្នកចូរគ្រប់គ្រងពួកស្រ្តីទាំងនោះចុះ អ្នកនឹងជារាជារបស់យើង ស្រ្តីរបាំជាអ្នកឈ្លាសក្នុងការរាំ និងច្រៀង សិក្សា (ក្នុងកិច្ចរបស់ស្រ្តី) នឹងញ៉ាំងអ្នកឲ្យត្រេកអរក្នុងកាម អ្នកនឹងធ្វើអ្វីក្នុងព្រៃ ។ យើងនឹងនាំយកពួករាជកញ្ញាដែលមានខ្លួនប្រដាប់ហើយ អំពីពួកព្រះរាជាដទៃដល់អ្នក អ្នកញ៉ាំងកូនទាំងឡាយឲ្យកើតក្នុងពួកនាងកញ្ញាទាំងនោះ ហើយសិមបួសក្នុងកាលជាខាងក្រោយចុះ ។ អ្នកនៅកេ្មងកម្លោះ ប្រកបដោយបឋមវ័យ មានសក់ខ្មៅស្រិល ចូរសោយរាជ្យចុះ សេចក្តីចម្រើននឹងមានដល់អ្នក អ្នកនឹងធ្វើអ្វីក្នុងព្រៃ ។ នែកូន ខ្ញុំនឹងឲ្យឃ្លាំង ជជ្រុក វាហនៈ ពល និងនិវេសនដ្ឋានទាំងឡាយ ជាទីត្រេកអរដល់អ្នក ។ អ្នកដែលក្រុមនៃរាជកញ្ញាមានចំណែកដ៏ល្អចោមរោមហើយ មានពួកនៃខ្ញុំស្រ្តីហែហមហើយ ចូរសោយរាជ្យចុះ សេចក្តីចម្រើននឹងមានដល់អ្នក អ្នកនឹងធើ្វអ្វីក្នុងព្រៃ ។

[៤៨] (ព្រះមហាសត្វ) ប្រយោជន៍អ្វីដោយទ្រព្យដល់អាត្មាភាព ព្រោះទ្រព្យតែងអស់ទៅ ប្រយោជន៍អ្វីដោយភរិយា ព្រោះភរិយាក៏គង់ស្លាប់ ប្រយោជន៍អ្វីដោយវ័យដែលគ្រាំគ្រា ជាវ័យត្រូវជរាគ្របសង្កត់ហើយ ។ ក្នុងលោកសន្និវាសនេះ នៅមានសេចក្តីត្រេកអរអ្វី ការលេងសើចអ្វី ការរីករាយអ្វី ការស្វែងរកទ្រព្យអ្វី អាត្មាភាពត្រូវការអ្វីដោយកូន និងប្រពន្ធ បពិត្រព្រះរាជា អាត្មាភាពផុតស្រឡះចាកបំណងហើយ ។ អាត្មាភាពដឹងច្បាស់យ៉ាងនេះថា មច្ចុមិនធ្វេសប្រហែសចំពោះអញឡើយ អាត្មាភាពនោះ ត្រូវសេចក្តីស្លាប់គ្របសង្កត់ហើយ នៅមានសេចក្តីត្រេកអរដូចមេ្តច ការស្វែងរកទ្រព្យដូចមេ្តចទៀត ។ ផ្លែឈើទុំទាំងឡាយ តែងមានភ័យអំពីការជ្រុះជានិច្ច យ៉ាងណាមិញ សត្វទាំងឡាយ កើតមកហើយ តែងមានភ័យអំពីសេចក្តីស្លាប់ជានិច្ចយ៉ាងនោះដែរ ។ ជនជាច្រើន ពួកខ្លះដែលគេឃើញក្នុងវេលាព្រឹក តែគេមិនឃើញក្នុងវេលាលា្ងច ជនជាច្រើនពួកខ្លះ ដែលគេឃើញក្នុងវេលាល្ងាច តែគេមិនឃើញក្នុងវេលាព្រឹក ។ សេចក្តីព្យាយាមក្នុងកុសល គេគួរធើ្វក្នុងថ្ងៃនេះឯង បុគ្គលណា គប្បីដឹងថា សេចក្តីស្លាប់នឹងមានក្នុងថ្ងៃស្អែក ដ្បិតការបណ្តោះបណ្តៃអំពីសេចក្តីស្លាប់ ដែលមានសេនាច្រើននោះ មិនមានដល់យើងទេ ។ ពួកចោរទាំងឡាយ តែងប្រាថា្នទ្រព្យ បពិត្រព្រះរាជា អាត្មាភាពផុតស្រឡះហើយអំពីបំណង បពិត្រព្រះរាជា សូមព្រះអង្គមក សូមព្រះអង្គត្រឡប់ព្រះហឫទ័យទៅវិញចុះ អាត្មាភាពមិនត្រូវការដោយរាជ្យទេ ។

ចប់ តេមិយជាតក ទី ១ ។

មហាជនកជាតក ទី២កែប្រែ

[៤៩] (នាងទេវធីតាឈ្មោះមណីមេខលាសួរថា) បុគ្គលណានេះ កាលមិនឃើញត្រើយ ក៏ព្យាយាម (ហែល) ក្នុងកណ្តាលសមុទ្រ អ្នកដឹងនូវអំណាចនៃប្រយោជន៍ដូចមេ្តច ក៏ព្យាយាមក្រៃពេកម្ល៉េះ ។

[៥០] (ព្រះមហាសត្វត្រាស់តបថា) មា្នលទេវតា ខ្ញុំពិចារណានូវវត្តនៃសត្វលោក និងអានិសង្សនៃសេចក្តីព្យាយាម ព្រោះហេតុដូចច្នោះ ខ្ញុំសូម្បីមិនឃើញត្រើយ ក៏នៅតែព្យាយាមក្នុងកណ្តាលសមុទ្រ ។

[៥១] (នាងមណីមេខលា) អ្នកមិនឃើញត្រើយនៃសមុទ្រដ៏ជ្រៅប្រមាណមិនបាន ការព្យាយាមតាមកម្លាំងបុរសរបស់អ្នក ជាព្យាយាមសោះសូន្យទទេ អ្នកមិនដល់នូវត្រើយទេ មុខជានឹងស្លាប់ ។

[៥២] (ព្រះមហាសត្វ) បុគ្គលធ្វើនូវកិច្ចរបស់បុរស ទើបជាអ្នកមិនមានបំណុល (ក្នុងរវាង) ពួកញាតិ ពួកទេវតា និងពួកបិតា (ព្រហ្ម) ទាំងមិនក្តៅក្រហាយក្នុងកាលជាខាងក្រោយ ។

[៥៣] (នាងមណីមេខលា) ការងារណា មិនគប្បីសម្រេច (ដោយសេចក្តីព្យាយាមទេ) ការងារនោះ ជារបស់ឥតផល មានសេចក្តីលំបាកជាកម្រៃ សេចក្តីស្លាប់ រមែងសម្រេចដល់បុគ្គលណា បុគ្គលនោះ មានប្រយោជន៍ដូចមេ្តចដោយសេចក្តីព្យាយាមក្នុងការងារនោះ ។

[៥៤] (ព្រះមហាសត្វ) ម្នាលទេវតា បុគ្គលណាដឹងច្បាស់ថា ការងារមិនគប្បីសម្រេចដោយពិត ហើយមិនរក្សាជីវិតរបស់ខ្លួន បុគ្គលនោះ បើបន្ថយសេចក្តីព្យាយាម គង់ដឹង (នូវផលនៃសេចក្តីខ្ជិលនោះមិនខាន) ។ ម្នាលទេវតា បុគ្គលពួកខ្លះក្នុងលោកនេះ (កាលឃើញ) នូវផលនៃសេចក្តីប្រាថា្នហើយ រមែងប្រកបនូវការងារទាំងឡាយ ការងារទាំងនោះ សម្រេចខ្លះ មិនសម្រេចខ្លះ ។ ម្នាលទេវតា ក្រែងអ្នកបានឃើញផលនៃកម្មដ៏ជាក់ច្បាស់ដោយខ្លួនឯងដែរឬ ជនទាំងឡាយដទៃលិចលង់ហើយ ខ្ញុំនៅឆ្លង ទាំងបានឃើញនាង ដែលឋិតនៅក្នុងទីជិតនៃខ្ញុំ ។ ខ្ញុំនោះ នឹងព្យាយាមតាមសមគួរដល់សេចក្តីអស់អាច និងសមគួរដល់កម្លាំង ខ្ញុំកាលទៅដល់ត្រើយនៃសមុទ្រ នឹងធ្វើនូវសេចក្តីព្យាយាមដែលបុរសគប្បីធ្វើ ។

[៥៥] (នាងមណីមេខលា) កាលមហាសមុទ្រមានអន្លង់ទឹកដ៏ជ្រៅប្រមាណមិនបាន ប្រព្រឹត្តទៅយ៉ាងនេះ អ្នកណាប្រកបដោយសេចក្តីព្យាយាមដោយធម៌ រមែងមិនលិចចុះដោយកម្ម គឺសេចក្តីព្យាយាម ចិត្តរបស់អ្នក ត្រេកអរក្នុងទីណា អ្នកនោះ ចូរទៅក្នុងទីនោះចុះ ។

[៥៦] (ព្រះបាទបោលជនក) កំណប់ធំ ១៦ នេះ គឺកំណប់ត្រង់ទីព្រះអាទិត្យរះ កំណប់ត្រង់ទីព្រះអាទិត្យលិច កំណប់ខាងក្នុង កំណប់ខាងក្រៅ កំណប់មិនមែនខាងក្នុង មិនមែនខាងក្រៅ កំណប់ធំត្រង់ទីសម្រាប់ឡើង កំណប់ត្រង់ទីសម្រាប់ចុះ កំណប់ត្រង់សាលព្រឹក្សធំទាំងបួន កំណប់ត្រង់ទីមួយយោជន៍ជុំវិញ កំណប់ធំត្រង់ចុងភ្លុកដំរីទាំងពីរ កំណប់ត្រង់ចុងកន្ទុយ កំណប់ក្នុងទឹក កំណប់ធំត្រង់ចុងឈើសហស្សថាមធ្នូ បល្ល័ង ៤ ជ្រុង នឹងញុំាងនាងសីវលីរាជទេវីឲ្យត្រេកអរ ។

[៥៧] (ព្រះបាទមហាជនក) បុរសជាបណ្ឌិត ត្រូវតែប្រាថា្ន មិនត្រូវនឿយណាយទេ យើងឃើញច្បាស់ចំពោះខ្លួនឯង យើងប្រាថា្នយ៉ាងណា ក៏បានយ៉ាងនោះ ។ បុរសជាបណ្ឌិត ត្រូវតែប្រាថ្នា មិនត្រូវនឿយណាយទេ យើងឃើញច្បាស់ចំពោះខ្លួន (ដែលទេវតា) ស្រង់អំពីទឹក មកដាក់លើគោក ។ បុរសជាបណ្ឌិត ត្រូវតែព្យាយាម មិនត្រូវនឿយណាយទេ យើងឃើញច្បាស់ចំពោះខ្លួន យើងប្រាថ្នាយ៉ាងណា ក៏បានយ៉ាងនោះ ។ បុរសជាបណ្ឌិត ត្រូវតែព្យាយាម មិនត្រូវនឿយណាយទេ យើងឃើញច្បាស់ចំពោះខ្លួន (ដែលទេវតា) ស្រង់អំពីទឹក មកដាក់លើគោក ។ នរជន មានប្រាជ្ញា សូម្បីសេចក្តីទុក្ខប៉ះពាល់ហើយ មិនគប្បីកាត់សេចក្តីប្រាថា្ន ដើម្បីដល់នូវសេចក្តីសុខទេ ព្រោះថាការប៉ះពាល់ដ៏ច្រើន ឥតប្រយោជន៍ក៏មាន មានប្រយោជន៍ក៏មាន ពួកជនអ្នកមិនត្រិះរិះ រមែងដល់នូវសេចក្តីស្លាប់ ។ ហេតុដែលបុគ្គលមិនបានគិត សម្រេចក៏មាន ហេតុដែលបុគ្គលគិតហើយ វិនាសទៅក៏មាន ព្រោះភោគៈទាំងឡាយរបស់ស្រី្ត ឬបុររស មិនមែនសម្រេចដោយការគិតទេ ។

[៥៨] (មហាជន) ម្នាលគ្នាយើងដ៏ចម្រើន ព្រះរាជាត្រួតនូវផែនដីទាំងមូល ជាម្ចាស់ក្នុងទិស មិនដូចអំពីដើមសោះ ថ្ងៃនេះមិនទ្រង់ក្រសាលរបាំ មិនទ្រង់ធ្វើទុកក្នុងព្រះហ្ឫទ័យចំពោះចំរៀង មិនទតម្រឹគ មិនទតឧទ្យាន មិនទតហង្ស ទ្រង់គង់នៅស្ងៀម ហាក់ដូចជាមនុស្សគ មិនទ្រង់កាត់សេចក្តី ។

[៥៩] (ព្រះបាទមហាជនក) ព្រះបចេ្ចកពុទ្ធទាំងឡាយ ទាំងកេ្មង ទាំងចាស់ អ្នកប្រាថ្នាសេចក្តីសុខ មានសេចក្តីស្ងប់ស្ងាត់ជាប្រក្រតី ប្រាសចាកចំណងជាកិលេស គង់នៅក្នុងអារាមនៃបុគ្គលណាហ៎្ន ក្នុងថ្ងៃនេះ ។ អ្នកប្រាជ្ញទាំងឡាយណា បានកន្លងនូវតណ្ហា ជាអ្នកមិនមានសេចក្តីខ្វល់ខ្វាយ នៅក្នុងលោកដែលកំពុងខ្វល់ខ្វាយ ខ្ញុំសូមថ្វាយបង្គំអ្នកប្រាជ្ញទាំងនោះ ជាអ្នកសែ្វងរកនូវគុណដ៏ធំ ។ អ្នកប្រាជ្ញទាំងឡាយនោះ កាត់ទំលាយនូវតម្បាញជាបណ្តាញដ៏មាំរបស់មច្ចុដែលមានមាយាចេញទៅរួច បុគ្គលណាគប្បីញុំាងយើងឲ្យដល់នូវគតិ (លំអាន) នៃអ្នកប្រាជ្ញទាំងនោះបាន ។

[៦០] កាលណាអញនឹងលះនគរមិថិលា ជាក្រុងសម្បូណ៌ ដែលជាងចែកហើយ (ដោយឋាន មានរាជនិវេសន៍ជាដើម) វាស់ហើយដោយចំណែក (នៃទា្វរ និងថ្នល់) ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់នគរមិថិលា ជាក្រុងសម្បូណ៌ទូលាយ មានពន្លឺដោយជុំវិញ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់នគរមិថិលា ជាក្រុងសម្បូណ៌ មានកំពែង និងក្លោងទ្វារដ៏ច្រើន ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់នគរមិថិលា ជាក្រុងសម្បូណ៌ មានប៉ម និងស៊ុមទ្វារដ៏មាំមួន ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់នគរមិថិលា ជាក្រុងសម្បូណ៌ ដែលគេចែកល្អ មានផ្លូវធំ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់នគរមិថិលា ជាក្រុងសម្បូណ៌ មានរានផ្សារ ដែលគេចែកដោយល្អ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់នគរមិថិលា ជាក្រុងសម្បូណ៌ ដ៏កុះករដោយគោ សេះ និងរថ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់នគរមិថិលា ជាក្រុងសម្បូណ៌ មានរបៀបនៃព្រៃសួន ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់នគរមិថិលា ជាក្រុងសម្បូណ៌ មានរបៀបនៃព្រៃឧទ្យាន ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់នគរមិថិលា ជាក្រុងសម្បូណ៌ មានរបៀបនៃប្រាសាទដ៏ប្រសើរ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់នគរមិថិលា ជាក្រុងសម្បូណ៌ មានកំពែង ៣ ជាន់ ពេញដោយរាជវង្សានុវង្ស ដែលព្រះបាទវិទេហៈ ព្រះនាមសោមនស្សមានយស ទ្រង់សាងទុក ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់ដែនវិទេហៈ ជាដែនសម្បូណ៌ បរិបូណ៌ដោយការសន្សំ (នូវធញ្ញាហារជាដើម) ដែលរក្សាតាមធម៌ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់នូវដែនវិទេហៈ ជាដែនសម្បូណ៌ ដែលបច្ចាមិត្រផ្ចាញ់មិនបាន ជាដែនរក្សាតាមធម៌ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់នូវខាងក្នុងបុរី ដែលជាទីរីករាយ ដែលជាងចែកវាស់ដោយចំណែក ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់នូវខាងក្នុងបុរី ជាទីរីករាយ ដែលបូកដោយកំបោ និងដី ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់នូវខាងក្នុងបុរី ជាទីរីករាយ មានក្លិនក្រអូប ជាទីរីករាយនៃចិត្ត ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់នូវដំណាក់កំពូលទាំងឡាយ ដែលជាងចែកហើយ វាស់ហើយដោយចំណែក ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់នូវដំណាក់កំពូលទាំងឡាយ ដែលបូកដោយកំបោ និងដី ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះនូវដំណាក់កំពូលទាំងឡាយ ដែលមានក្លិនក្រអូប ជាទីរីករាយនៃចិត្ត ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់នូវដំណាក់កំពូលទាំងឡាយ ដែលលាបល្អហើយ ប្រោះព្រំដោយខ្លឹមចន្ទន៍ក្រហម ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់នូវគ្រែមាសទាំឡាយ មានព្រំជាកម្រាលដ៏វិចិត្រ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់នូវបល្ល័ង្កកែវមណី មានព្រំជាកម្រាលដ៏វិចិត្រ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់នូវសំពត់អំបោះ និងសំពត់សូត្រ សំពត់ទាំងឡាយដែលកើតអំពីដែនខោមៈ និងកើតអំពីដែនកោទុម្ពរ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់នូវស្រះបោក្ខរណីទាំងឡាយ ជាទីរីករាយ មានសត្វចាក្រពាកយំទ្រហឹង ដេរដាសដោយចង្កុលណីទាំងឡាយផង ដោយឈូក និងព្រលិតទាំងឡាយផង ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់នូវហ្វូងដំរីមាតង្គៈ ដែលស្អិតស្អាងដោយគ្រឿងអលង្ការគ្រប់មុខ មានខ្សែដង្គន់មាស មានគ្រឿងស្អាងដោយបណ្តាញមាស ដែលហ្មដំរីមានលំពែងស្នែងក្របី និងកង្វេរក្នុងដៃ ឡើងជិះហើយ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់នូវហ្វូវសេះអាជានេយ្យអំពីជាតិ ជាសេះសិន្ធព ដែលស្អិតស្អាងដោយគ្រឿងអលង្ការគ្រប់មុខ ជាវាហនៈលឿន ដែលអ្នកបង្ហាត់សេះកាន់ស៊ែ និងធ្នូ ឡើងជិះហើយ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់នូវពួករថ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយសែ្បកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថីមានធ្នូ និងខែលក្នុងដៃ ឡើងជិះហើយ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់នូវពួករថមាសប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយស្បែកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថីមានធ្នូ និងខែលក្នុងដៃ ឡើងជិះហើយ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់នូវរថប្រាក់ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយសែ្បកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថីមានធ្នូ និងខែលក្នុងដៃ ឡើងជិះហើយ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់នូវរថទឹមសេះ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយសែ្បកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលនាយសារថីមានធ្នូ និងខែលក្នុងដៃ ឡើងជិះហើយ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់នូវរថទឹមឱដ្ឋ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយសែ្បកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលនាយសារថីមានធ្នូ និងខែលក្នុងដៃ ឡើងជិះហើយ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់នូវរថទឹមគោ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយសែ្បកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលនាយសារថីមានធ្នូ និងខែលក្នុងដៃ ឡើងជិះហើយ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់នូវរថទឹមកែស ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយសែ្បកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលនាយសារថីមានធ្នូ និងខែលក្នុងដៃ ឡើងជិះហើយ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់នូវរថទឹមពពែ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយសែ្បកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលនាយសារថីមានធ្នូ និងខែលក្នុងដៃ ឡើងជិះហើយ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់នូវរថទឹមម្រឹគ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយសែ្បកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលនាយសារថីមានធ្នូ និងខែលក្នុងដៃ ឡើងជិះហើយ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់នូវពួកអ្នកជិះដំរី ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង កាន់ខែលមានពណ៌ខៀវ ជាអ្នកក្លៀវក្លា មានលំពែងស្នែងក្របី និងកង្វេរក្នុងដៃ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់នូវពួកអ្នកជិះសេះ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង កាន់ខែលមានពណ៌ខៀវ ជាអ្នកក្លៀវក្លា ទ្រទ្រង់នូវស៊ែ និងធ្នូ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់នូវពួកអ្នកជិះរថ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង កាន់ខែលមានពណ៌ខៀវ ជាអ្នកក្លៀវក្លា មានធ្នូ និងព្រួញក្នុងដៃ ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់នូវពួកខ្មាន់ធ្នូ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង កាន់ខែលមានពណ៌ខៀវ ជាអ្នកក្លៀវក្លា មានធ្នូ និងបំពង់ព្រួញក្នុងដៃ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់នូវពួកព្រះរាជបុត្ត ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង កាន់ខែលដ៏វិចិត្រ ជាអ្នកក្លៀវក្លា ទ្រទ្រង់នូវមាស និងកែវពិទូរ្យ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់នូវពួកអរិយជន គឺញ្រហ្មណ៍ដែលមានសំពត់ មានគ្រឿងប្រដាប់ហើយ មានខ្លួនលាបដោយខ្លឹមចន្ទន៍ក្រហម ស្លៀកដណ្តប់ដោយសំពត់ដែលបានមកអំពីដែនកាសីដ៏ឧត្តម ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់នូវពួកអាមាត្យ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង កាន់ខែលមានពណ៌លឿង ជាអ្នកក្លៀវក្លា មានរបៀបដើរខាងមុខ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់នូវពួកស្រីស្នំ ៧០០ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់នូវពួកស្រីស្នំ ៧០០ ជាអ្នកសង្រួមល្អ មានចង្កេះរៀវ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់នូវស្រីស្នំ ៧០០ ជាស្រ្តីស្តាប់បង្គាប់ ពោលពាក្យជាទីស្រលាញ់ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអញនឹងលះបង់នូវភាជន៍មាស មានទម្ងន់ ១០០ បល្លៈ ប្រកបដោយស្នាមចំឡាក់ ១០០ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាហ្វូងដំរីមាតង្គៈរបស់អញ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង មានខ្សែដង្គន់មាស មានគ្រឿងស្អាងដោយបណ្តាញមាស ដែលហ្មដំរីមានលំពែងសែ្នងក្របី និងកង្វេរក្នុងដៃ ឡើងជិះហើយ នឹងមិនដើរតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាហ្វូងសេះរបស់អញ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ជាសេះអាជានេយ្យដោយជាតិ ជាសេះសិន្ធព ជាវាហនៈដ៏លឿន ដែលពួកអ្នករក្សាសេះកាន់ស៊ែ និងធ្នូ ឡើងជិះហើយ នឹងមិនដើរតាមអញកាលទៅ ដំណើរនោះនឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាពួករថរបស់អញ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយសែ្បកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថីមានធ្នូ និងខែលក្នុងដៃ ឡើងជិះហើយ នឹងមិនដើរតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាពួករថមាសរបស់អញ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយសែ្បកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថី មានធ្នូ និងខែលក្នុងដៃ ឡើងជិះហើយ នឹងមិនទៅតាមអញ កាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាពួករថប្រាក់របស់អញ មានទង់លើកហើយ ទាំងបិទបាំងដោយសែ្បកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថីមានធ្នូ និងខែលក្នុងដៃ ឡើងជិះហើយ នឹងមិនទៅតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណារថទឹមសេះរបស់អញ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយសែ្បកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថីមានធ្នូ និងខែលក្នុងដៃ ឡើងជិះហើយ នឹងមិនទៅតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណារថទឹមឱដ្ឋរបស់អញ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយសែ្បកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថី មានធ្នូ និងខែលក្នុងដៃ ឡើងជិះហើយ នឹងមិនទៅតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណារថទឹមគោរបស់អញ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយសែ្បកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថីមានធ្នូ និងខែលក្នុងដៃ ឡើងជិះហើយ នឹងមិនទៅតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណារថទឹមកែសរបស់អញ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយសែ្បកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថីមានធ្នូ និងខែលក្នុងដៃ ឡើងជិះហើយ នឹងមិនទៅតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណារថទឹមពពែរបស់អញ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយសែ្បកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថី មានធ្នូ និងខែលក្នុងដៃ ឡើងជិះហើយ នឹងមិនទៅតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណារថទឹមម្រឹគរបស់អញ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយសែ្បកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថីមានធ្នូ និងខែលក្នុងដៃ ឡើងជិះហើយ នឹងមិនទៅតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាពួកអ្នកជិះដំរីរបស់អញ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង កាន់ខែលមានពណ៌ខៀវ ជាអ្នកក្លៀវក្លា មានលំពែងស្នែងក្របី និងកង្វេរក្នុងដៃ នឹងមិនទៅតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាពួកអ្នកជិះសេះរបស់អញ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង កាន់ខែលមានពណ៌ខៀវ ជាអ្នកក្លៀវក្លា ទ្រទ្រង់នូវស៊ែ និងធ្នូ នឹងមិនទៅតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាពួកអ្នកជិះរថរបស់អញ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង កាន់ខែលមានពណ៌ខៀវ ជាអ្នកក្លៀវក្លា មានធ្នូ និងបំពង់ព្រួញក្នុងដៃ នឹងមិនទៅតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាពួកខ្មាន់ធ្នូរបស់អញ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង កាន់ខែលមានពណ៌ខៀវ ជាអ្នកក្លៀវក្លា មានធ្នូ និងបំពង់ព្រួញក្នុងដៃ នឹងមិនទៅតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាពួករាជបុត្ររបស់អញ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង កាន់ខែលដ៏វិចិត្រ ជាអ្នកក្លៀវក្លា ទ្រទ្រង់នូវមាស និងកែវពិទូរ្យ នឹងមិនទៅតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាពួកអរិយជន គឺញ្រហ្មណ៍ អ្នកមានសំពត់ មានគ្រឿងប្រដាប់ហើយ មានខ្លួនលាបដោយខ្លឹមចន្ទន៍ក្រហម ទ្រទ្រង់នូវសំពត់ដ៏ឧត្តមដែលបានមកអំពីដែនកាសី នឹងមិនទៅតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាពួកអាមាត្យរបស់អញ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង កាន់ខែលមានពណ៌លឿង ជាអ្នកក្លៀវក្លា មានរបៀបដើរខាងមុខ នឹងមិនទៅតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាពួកស្រ្តីស្នំ ៧០០ របស់អញ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង នឹងមិនទៅតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាពួកស្រ្តីស្នំ ៧០០ របស់អញ ជាស្រ្តីសង្រួមល្អ មានចង្កេះរាវ នឹងមិនទៅតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាពួកស្រ្តីស្នំ ៧០០ របស់អញ ជាស្រ្តីស្តាប់បង្គាប់ ពោលពាក្យជាទីស្រលាញ់ នឹងមិនទៅតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអាត្មាអញ នឹងបានទៅជាអ្នកកោរក្បាល ឃ្លុំសង្ឃាដិ កាន់បាត្រ ត្រាច់ចរទៅបិណ្ឌបាត ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអាត្មាអញ នឹងទ្រទ្រង់នូវសង្ឃាដិនៃសំពត់បង្សុកូលទាំងឡាយ ដែលគេចោលក្នុងផ្លូវធំ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអាត្មាអញ កាលដែលមេឃបង្អុរភ្លៀងចុះអស់ ៧ ថ្ងៃហើយ នឹងត្រាច់ទៅបិណ្ឌបាតទំាងចីវរទទឹក ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអាត្មាអញនឹងចេញទៅអំពីដើមឈើមួយ ទៅកាន់ដើមឈើមួយ អំពីព្រៃមួយ ទៅកាន់ព្រៃមួយ រហូតថ្ងៃ និងយប់ទាំងអស់ ត្រាច់ទៅឥតអាឡោះអាល័យ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអាត្មាអញ នឹងលះបង់នូវភ័យគួរខ្លាច ហើយមិនមានគ្នាជាគំរប់ពីរនាក់ ដើរទៅលើជ្រោះភ្នំទាំងឡាយ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអាត្មាអញធ្វើចិត្តឲ្យត្រង់ ដូចជាបុគ្គលដេញពិណ អាចដេញខ្សែទាំង ៧ ឲ្យជាទីរីករាយចិត្តបាន ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎ ។ កាលណាអាត្មាអញ នឹងកាត់នូវកាមសំយោជន៍ជាទិព្វ ទាំងជារបស់មនុស្សបាន ដូចជាជាងរថ កាលកាត់នូវសែ្បកជើងដូច្នោះ ។

[៦១] (អភិសម្ពុទ្ធគាថា) ពួកស្រីស្នំទាំង ៧០០ នាក់នោះ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ផ្គងដើមដៃទួញយំថា ព្រះអង្គនឹងលះចោលពួកខ្ញុំមា្ចស់ ព្រោះហេតុអ្វី ។ ពួកស្រីស្នំ ៧០០ នាក់នោះ ជាស្រ្តីសង្រួមល្អ មានចង្កេះរៀវ ផ្គងដើមដៃទួញយំថា ព្រះអង្គនឹងលះចោលពួកខ្ញុំមា្ចស់ ព្រោះហេតុអ្វី ។ ពួកស្រីស្នំទាំង ៧០០ នាក់នោះ ជាស្រ្តីស្តាប់បង្គាប់ ពោលពាក្យជាទីស្រលាញ់ ផ្គងដើមដៃទួញយំថា ព្រះអង្គនឹងលះចោលពួកខ្ញុំមា្ចស់ ព្រោះហេតុអ្វី ។ ព្រះរាជាទ្រង់លះនូវសម្ប័ទ បានលះបង់ពួកស្រីស្នំទាំង ៧០០ នាក់នោះ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ព្រះអង្គត្រូវបព្វជ្ជាបញ្ជូនទៅខាងមុខហើយ ។ ព្រះរាជាទ្រង់លះបង់នូវសម្ប័ទ បានលះបង់ពួកស្ត្រីស្នំ ៧០០ នាក់នោះ ជាស្រ្តីសង្រួមល្អ មានចង្កេះរៀវ ត្រូវបព្វជ្ជាបញ្ជូនទៅខាងមុខហើយ ។ ព្រះរាជាទ្រង់លះបង់នូវសម្ប័ទ បានលះនូវពួកស្ត្រីស្នំ ៧០០ នាក់នោះ ជាស្រ្តីស្តាប់បង្គាប់ ពោលពាក្យជាទីស្រលាញ់ ត្រូវបព្វជ្ជាបញ្ជូនទៅខាងមុខហើយ ។ ព្រះរាជាទ្រង់លះបង់នូវភាជន៍មាសមានទម្ងន់មួយរយបល្លៈ ប្រកបដោយស្នាមចម្លាក់មួយរយ បានកាន់យកនូវបាត្រដី ការកាន់នូវបាត្រដីនោះ ទុកជាអភិសេកទី ២ ។

[៦២] (ព្រះនាងសីវលីទេវី) ឃ្លាំងទាំងឡាយ គឺឃ្លាំងប្រាក់ ឃ្លាំងមាស ឃ្លាំងកែវមុក្តា ឃ្លាំងកែវពិទូរ្យ ឃ្លាំងកែវមណី ឃ្លាំងស័ង្ខ ឃ្លាំងកែវមុក្តាដ៏ច្រើន ឃ្លាំងសំពត់ ឃ្លាំងខ្លឹមចន្ទន៍ក្រហម ឃ្លាំងស្បែកខ្លាឃ្មុំ ឃ្លាំងរបស់ធ្វើពីភ្លុក ឃ្លាំងទង់ដែង និងឃ្លាំងដែកខ្មៅដ៏ច្រើន ជាឃ្លាំងដែលរាជបុរសរៀបចំដោយចំណែក ត្រូវភ្លើងឆេះ មានអណ្តាតភ្លើងស្មើគ្នា គួរខ្លាច បពិត្រព្រះរាជា សូមព្រះអង្គសេ្តចមក សូមស្តេចត្រឡប់វិលវិញ កុំឲ្យទ្រព្យរបស់ព្រះអង្គនោះវិនាស ។

[៦៣] (ព្រះរាជា) កង្វល់មិនមានដល់យើងណា យើងនោះឈ្មោះថា រស់នៅជាសុខ កាលបើក្រុងមិថិលាត្រូវភ្លើងឆេះ ភ្លើងមិនមែនឆេះនូវទ្រព្យបន្តិចបន្តួចរបស់ខ្ញុំទេ ។

[៦៤] (ព្រះនាងសីវលីទេវី) ចោរក្នុងដងព្រៃកើតឡើងហើយ បំផ្លាញដែនរបស់ព្រះអង្គ បពិត្រព្រះរាជា សូមព្រះអង្គសេ្តចមក សូមសេ្តចត្រឡប់វិលវិញ កុំឲ្យដែននេះវិនាស ។

[៦៥] (ព្រះរាជា) កង្វល់មិនមានដល់យើងណា យើងនោះឈ្មោះថា រស់នៅជាសុខ កាលបើដែនត្រូវពួកចោរប្លន់ ចោរមិនបានយកទ្រព្យបន្តិចបន្តួចរបស់ខ្ញុំទេ កង្វល់មិនមានដល់យើងណា យើងនោះឈ្មោះថា រស់នៅជាសុខ យើងជាអ្នកមានបីតិជាអាហារ ដូចពួកអាភស្សរទេវតា ។

[៦៦] (នារទតាបស) សំឡេងគឹកកងនៃជនច្រើននេះ តើព្រោះហេតុអ្វី ស្រ្តីនោះជាអ្វី លេងជាមួយក្នុងព្រៃ ដូចក្នុងស្រុក បពិត្រសមណៈ ខ្ញុំសួរលោកថា មហាជននុ៎ះ ប្រជុំគ្នាដើម្បីអ្វី ។

[៦៧] (ព្រះរាជា) ខ្ញុំកាលលះបង់នូវមហាជន ហើយចេញទៅ បានជាមហាជនប្រជុំគ្នាក្នុងទីនេះ ខ្ញុំកន្លងនូវដែន គឺកិលេស ហើយទៅបួសដើម្បីបាននូវមោនធម៌ (ពោលគឺ ញាណរបស់អនាគារិយៈ) មុនី ខ្ញុំកាលទៅកាន់ទីច្រឡូកច្រឡំដោយសេចក្តីរីករាយទាំងឡាយ អ្នកដឹងទើបសួរឬ (ឬមិនដឹង) ។

[៦៨] (នារទតាបស) ព្រះអង្គកាលទ្រទ្រង់នូវសរីរៈនេះ កុំសំគាល់ថា អញឆ្លងកិលេសហើយដូច្នេះ កម្ម (គឺកិលេស) នេះ បុគ្គលមិនគប្បីឆ្លងបានទេ ព្រោះថា សេចក្តីអន្តរាយមានច្រើន ។

[៦៩] (ព្រះរាជា) ខ្ញុំណាមិនប្រាថ្នានូវកាមទាំងឡាយក្នុងមនុស្សលោក ដែលបុគ្គលឃើញហើយ មិនប្រាថ្នានូវកាមទាំងឡាយក្នុងទេវលោក ដែលបុគ្គលមិនឃើញហើយ សេចក្តីអន្តរាយដូចមេ្តចហ្ន៎ នឹងមានដល់ខ្ញុំនោះ មានកិរិយាទៅយ៉ាងនេះ ។

[៧០] (នារទតាបស) ដ្បិតថា សេចក្តីអន្តរាយ តាំងឡើងច្រើន គឺការដេកលក់ សេចក្តីខ្ជិល ការមិតពត់ សេចក្តីអផ្សុក ការពុលបាយ តំាងនៅក្នុងសរីរៈ រមែងកើត (ក្នុងសរីរៈវិញ) ។

[៧១] (ព្រះរាជា) បពិត្រញ្រហ្មណ៍ លោកដ៏ចម្រើនប្រៀនប្រដៅខ្ញុំល្អណាស់ បពិត្រញ្រហ្មណ៍ ខ្ញុំសួរលោក បពិត្រលោកនិរទុក្ខ លោកជាអ្វី ។

[៧២] (នារទតាបស) ជនទាំងឡាយ ស្គាល់អាត្មាភាពដោយនាមថា នារទៈ ដោយគោត្រថា កស្សបៈ ដូច្នេះ អាតា្មភាពមកក្នុងសំណាក់ព្រះអង្គដ៏ចម្រើន ដោយដឹងច្បាស់ថា សមាគមដោយសប្បុរសទាំងឡាយ ជាកិច្ចញុំាងប្រយោជន៍ឲ្យសម្រេច ។ សេចក្តីត្រេកអរ (ក្នុងបព្វជា្ជ) ទាំងអស់ និងព្រហ្មវិហារ ចូរកើតដល់ព្រះអង្គនោះចុះ បរិកម្ម និងឈានណា ការខ្វះខាត (ដោយសីល និងឈាន) ណា ព្រះអង្គចូរបំពេញនូវការខ្វះខាតនោះចុះ ព្រះអង្គ (ចូរប្រកប) ដោយអធិវាសនក្ខន្តី និងឧបសមៈ ។ ព្រះអង្គចូររំសាយចោលនូវសេចក្តីមើលងាយ និងសេចក្តីក្រអឺតក្រឱង ចូរធ្វើគោរពនូវកុសលកម្ម នូវវិជ្ជា និងធម៌ ។

[៧៣] (មិគាជិនតាបស) បពិត្រព្រះជនក ព្រះអង្គលះបង់ដំរីសេះ ពួកអ្នកនគរ និងជនបទជាច្រើន ហើយទ្រង់ព្រះផ្នួស ដល់នូវសេចក្តីត្រេកអរនឹងអម្បែង បពិត្រព្រះជនក ពួកអ្នកជនបទ មិត្រអាមាត្យ និងព្រះញាតិ បានធ្វើនូវការទ្រុស្តចំពោះព្រះអង្គខ្លះដែរឬ ព្រោះហេតុអ្វី ក៏ព្រះអង្គពេញព្រះហ្ឫទ័យនឹងអម្បែងរបស់ព្រះអង្គនោះ ។

[៧៤] (ព្រះមហាជនក) បពិត្រមិគាជិនៈ ក្នុងកាលណាមក ខ្ញុំមិនដែលផ្ចាញ់នូវញាតិណាមួយដោយអធម៌ជាដាច់ខាត ទាំងពួកញាតិ ក៏មិនដែលផ្ចាញ់ខ្ញុំដោយអធម៌ដែរ ។

[៧៥] បពិត្រមិគាជិនៈ ខ្ញុំបានឃើញនូវប្រវេណីនៃសត្វលោក ដែលកិលេសកំពុងទំពាស៊ី ធ្វើឲ្យដូចជាភក់ បុថុជ្ជនលិចចុះហើយក្នុងកិលេសវត្ថុណា សត្វទាំងឡាយ តែងបៀតបៀនគ្នាផង តែងជាប់ក្នុងកិលេសវត្ថុនោះផង ហើយក៏ធ្វើនូវពួកបុថុជ្ជនទាំងនេះ ឲ្យជាគ្រឿងប្រៀបធៀប ទើបបួសជាភិក្ខុ ។

[៧៦] (មិគាជិនតាបស) បពិត្រព្រះអង្គប្រសើរក្នុងរថ បុគ្គលមានជោគណា ជាសាស្តារបស់ព្រះអង្គ ពាក្យដ៏ពីរោះនេះ ជាពាក្យរបស់បុគ្គលណា ព្រោះថា អ្នកប្រាជ្ញទាំងឡាយ មិនវៀរនូវតាបសអ្នកសម្រេចអភិញ្ញា ឬនូវព្រះបច្ចេកពុទ្ធដែលប្រកបដោយវិជ្ជា ហើយពោលនូវសមណៈថា អ្នកមានវត្តជាគ្រឿងកន្លងនូវទុក្ខទេ ។

[៧៧] (ព្រះមហាជនក) បពិត្រមិគាជិនៈ ខ្ញុំមិនដែលចូលទៅគោរពសមណៈ និងញ្រហ្មណ៍ណាមួយដោយដាច់ខាត ក្នុងកាលណាម្តងឡើយ ។ បពិត្រមិគាជិនៈ ខ្ញុំកាលទៅដោយអានុភាពដ៏ធំ រុងរឿងដោយសិរី កាលចម្រៀងដែលបុគ្គលកំពុងច្រៀង កាលតន្រ្តីមានសំឡេងដ៏ពីរោះ ដែលបុគ្គលកំពុងប្រគំ បានឃើញស្វាយមានផ្លែខាងក្រៅកំពែង ដែលពួកមនុស្សអ្នកត្រូវការផ្លែ បេះជិតឧទ្យានដែលគឹកកងដោយការប្រគំតន្រ្តី ជាឧទ្យានប្រកបដោយសូរប្រគំដ៏ពីរោះ បពិត្រមិគាជិនៈ ខ្ញុំនោះ បានលះបង់សិរីនោះ ហើយចុះ (អំពីដំរី) ចូលទៅកាន់គល់ស្វាយដែលមានផ្លែ និងមិនមានផ្លែ បានឃើញស្វាយមានផ្លែ ដែលបុគ្គលបៀតបៀនហើយ កំចាត់ហើយ ធ្វើមិនឲ្យមានស្លឹក និងស្វាយ ១ ដើមក្រៅនេះ មានពន្លឺខៀវ ជាទីរីករាយនៃចិត្ត សត្រូវទាំងឡាយ អាចសម្លាប់យើងដែលជាឥស្សរៈ មានបន្លាច្រើនដោយពិត ដូចដើមស្វាយដែលមានផ្លែ ដែលបុគ្គលសម្លាប់ហើយ ខ្លាដំបង ត្រូវគេសម្លាប់ព្រោះសែ្បក ដំរីត្រូវគេសម្លាប់ព្រោះភ្លុក បុគ្គលអ្នកមានទ្រព្យ ត្រូវគេសម្លាប់ព្រោះទ្រព្យ តើនរណា នឹងសម្លាប់បុគ្គលអ្នកមិនមានផ្ទះ មិនមានសន្ថវៈ ដើមស្វាយមានផ្លែ និងមិនមានផ្លែ ទាំងពីរនោះ ជាសាស្តារបស់ខ្ញុំ ។

[៧៨] (នាងសីវលី) ជនទាំងពួង គឺសេនាដំរី ពលសេះ ពលរថ ពលថ្មើរជើង បានឮថា ព្រះរាជាទ្រង់ផ្នួសហើយ ក៏តក់ស្លុត សូមព្រះអង្គលួងលោមនូវប្រជុំជន ហើយតាំងទុកនូវការរក្សា រួចតាំងព្រះរាជឱរសក្នុងរាជសម្បត្តិ ហើយសឹមទ្រង់ព្រះផ្នួស ក្នុងកាលជាខាងក្រោយចុះ ។

[៧៩] (ព្រះមហាជនក) ពួកអ្នកជនបទ មិត្រ អាមាត្យ និងញាតិទាំងឡាយ ដែលយើងលះបង់ហើយ កូនរបស់អ្នកដែនវិទេហៈ ឈ្មោះទីឃាវុកុមារ អ្នកញ៉ាំងដែនឲ្យចម្រើន ម្នាលបជាបតិ កូននោះ នឹងសោយរាជ្យក្នុងក្រុងមិថិលាចុះ ។

[៨០] នាងចូរមកនេះ ពាក្យណាដែលអាត្មាពេញចិត្ត អាត្មានឹងប្រាប់នូវពាក្យនោះ នាងនឹងទៅកាន់ទុគ្គតិ ដោយកាយ វាចា ចិត្តណា នាងឯងកាលសោយរាជ្យ (ឈ្មោះថាធ្វើ) នូវបាបទុច្ចរិតដ៏ច្រើន ដោយកាយ វាចា ចិត្តនោះ អាត្មានឹងញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅដោយដុំបាយ ដែលបុគ្គលដទៃឲ្យហើយ ដែលបុគ្គលដទៃសម្រេចហើយ (នេះ) ជាបវេណីរបស់អ្នកប្រាជ្ញ ។

[៨១] (នាងសីវលី) បុគ្គលណា មិនបរិភោគអាហារក្នុងកាលនៃភត្តជាគំរប់ ៤ បុគ្គនោះគប្បីស្លាប់ដោយសេចក្តីសេ្រកឃ្លាន ដូចបុគ្គលដល់នូវសេចក្តីស្លាប់ដ៏ពិត មានសភាពជាកុលបុត្រ មិនគប្បីបរិភោគដុំបាយ ដែលប្រឡាក់ដោយធូលីមិនស្អាតទេ ឬការបរិភោគនោះ មិនល្អទេ មិនប្រសើរទេ បពិត្រមហាជនក ព្រះអង្គសោយនូវដុំបាយដែលសល់អំពីឆ្កែ ។

[៨២] (ព្រះរាជា) ម្នាលសីវលី វត្ថុណាដែលគ្រហស្ថ ឬសុនខលះបង់ហើយ វត្ថុនោះ មិនមែនជាអាត្មាមិនគួរឆាន់ទេ ភោគៈទាំងឡាយណានីមួយក្នុងលោកនេះ ដែលបានដោយធម៌ ភោគៈទាំងអស់នោះ លោកពោលថា ជាអាហារមិនមានទោស ។

[៨៣] (ព្រះរាជា) ម្នាលនាងកុមារិកា ជាក្មេងដេកជិតមាតានៅឡើយ មានគ្រឿងប្រដាប់មិនឃ្លាតអំពីខ្លួនជានិច្ច ដៃម្ខាងរបស់នាងលាន់ឮសំឡេង ដៃម្ខាងមិនលាន់ឮសំឡេង តើព្រោះហេតុអ្វី ។

[៨៤] (នាងកុមារិកា) បពិត្រសមណៈ កងពីរដែលពាក់នឹងដៃរបស់ខ្ញុំនេះ ខ្ទប់គ្នាហើយ សំឡេងក៏កើតឡើង នោះជាគតិនៃកងទាំងពីរ បពិត្រសមណៈ កង ១ ដែលពាក់នឹងដៃរបស់ខ្ញុំនេះ កងនោះ មិនមានកងឯទៀតជាគំរប់ពីរ ទើបមិនលាន់ឮសំឡេង ដូចអរិយបុគ្គល ជាអ្នកស្ងប់ស្ងៀម ឯបុគ្គលមានគ្នាជាគំរប់ពីរនាក់ រមែងដល់នូវការជជែកគ្នា បុគ្គល ១ នាក់ នឹងជជែកជាមួយនឹងបុគ្គលណាកើត ព្រះអង្គនោះ ជាអ្នកប្រាថ្នានូវឋានសួគ៌ សូមទ្រង់ពេញចិត្តនឹងភាពនៃបុគ្គលម្នាក់ឯងចុះ ។

[៨៥] (ព្រះរាជា) មា្នលនាងសីវលី នាងឮគាថាដែលនាងកុមារិកាពោលហើយឬទេ នាងកុមារិកាតិះដៀលនូវអាត្មា ដូចជាអ្នកបំរើ នោះឯងជាគតិនៃបុគ្គលពីរនាក់ មា្នលនាងដ៏ចម្រើន ផ្លូវបែកជាពីរនេះ ដែលអ្នកដើរផ្លូវតែងដើរទៅ បណ្តាផ្លូវទាំងពីរនោះ នាងចូរកាន់ផ្លូវ ១ អាត្មានឹងកាន់ផ្លូវ ១ ដទៃទៀត នាងកុំហៅអាត្មាថាជាស្វាមីរបស់អញ អាត្មាក៏មិនហៅនាងថាជាប្រពន្ធទៀតដែរ ។

(អភិសម្ពុទ្ធគាថា) ព្រះរាជា និងនាងសីវលី កាលពោលនូវពាក្យនេះហើយ ក៏ចូលទៅកាន់ថូណនគរ ។ កាលជិតវេលាភត្ត ព្រះរាជា (ក៏ឈរ) ជិតទ្វារនៃជាងព្រួញ ជាងព្រួញនោះធ្មេចភែ្នកម្ខាង សំឡឹងមើលដងព្រួញវៀចមួយ ដែលធ្វើឲ្យត្រង់ដោយភ្នែកម្ខាង ជិតក្លោងទ្វារនោះ ។

[៨៦] (ព្រះរាជា) ម្នាលជាងព្រួញ អ្នកចូរស្តាប់ពាក្យអាត្មា អ្នកធ្មេចភែ្នកម្ខាង សំឡឹងមើលដងព្រួញវៀច អ្នកមើលយ៉ាងនេះស្រួលឬ ។

[៨៧] (ជាងព្រួញ) បពិត្រសមណៈ ទីប្រាកដដូចជាទូលាយដោយភ្នែកពីរ កិច្ចដោយភាវៈនៃព្រួញត្រង់ រមែងមិនសម្រេច ព្រោះមិនឃើញនូវទីវៀចខាងមុខ ។ កាលបុគ្គលធ្មេចភ្នែកម្ខាង សំឡឹងមើលទីវៀចដោយភ្នែកម្ខាង កិច្ចដោយភាពនៃព្រួញត្រង់ រមែងសម្រេច ព្រោះឃើញទីវៀចខាងមុខ ។ បុគ្គលជាគំរប់ពីរ រមែងដល់នូវការជជែកគ្នា បុគ្គលម្នាក់ឯង នឹងជជែកគ្នាជាមួយនឹងអ្នកណាកើត កាលព្រះអង្គនោះ ប្រាថ្នានូវឋានសួគ៌ សូមពេញព្រះទ័យនឹងភាពនៃបុគ្គលម្នាក់ឯងចុះ ។

[៨៨] (ព្រះរាជា…) នែនាងសីវលី នាងឮគាថាដែលជាងព្រួញពោលហើយឬទេ ជាងព្រួញតិះដៀលអាត្មា ដូចជាអ្នកបំរើ នោះជាគតិនៃបុគ្គលពីរនាក់ ម្នាលនាងដ៏ចម្រើន ផ្លូវបែកជាពីរនេះ ដែលអ្នកដើរផ្លូវតែងដើរទៅ បណ្តាផ្លូវទាំងពីរនោះ នាងចូរកាន់យកផ្លូវ ១ អាត្មានឹងកាន់យកផ្លូវ ១ ដទៃទៀត នាងកុំហៅអាត្មាថាជាស្វាមីរបស់អញ អាត្មាក៏មិនហៅនាងថាជាភរិយារបស់អាត្មាដែរ ម្នាលនាងសីវលី នាងចូរនៅម្នាក់ឯងចុះ ដូចស្មៅយាប្លងដែលអាត្មាដកហើយ ។

ចប់ មហាជនកជាតក ទី២ ។

សុវណ្ណសាមជាតក ទី៣កែប្រែ

[៨៩] (សុវណ្ណសាមបណ្ឌិតសួរថា) នរណាហ្ន៎ បាញ់ខ្ញុំជាអ្នកដងទឹក ភ្លេចស្មារតី [ពាក្យនេះ ពោធិសត្វពោលសំដៅយកការដែលមិនបានផ្គងស្មារតីទុកដោយមេត្តាភាវនាក្នុងខណៈនោះ ។] ដោយព្រួញ ជនណាជាក្ស័ត្រ ឬជាញ្រហ្មណ៍ ឬជាវេស្សៈ បាញ់ខ្ញុំហើយពួន ។ សាច់ទាំងឡាយរបស់ខ្ញុំ មិនមែនជារបស់គួរទំពាស៊ីទេ សេចក្តីត្រូវការដោយស្បែក មិនមានទេ កាលបើដូច្នេះ តើអ្នកសំគាល់នូវខ្ញុំថាគួរបាញ់ ដោយហេតុដូចមេ្តច ។ អ្នកជាអ្វី ជាបុត្ររបស់អ្នកណា យើងស្គាល់អ្នកដូចមេ្តចបាន ម្នាលសំឡាញ់ អ្នក ខ្ញុំសួរហើយ ចូរប្រាប់ ម្តេចក៏បានជាអ្នកបាញ់ខ្ញុំហើយពួន ។

[៩០] (ព្រះបាទបិលយក្ខត្រាស់ថា) ខ្ញុំជាព្រះរាជារបស់ពួកអ្នកកាសី គេស្គាល់ខ្ញុំថា ឈ្មោះបិលយក្ខ ខ្ញុំលះបង់នូវដែនមកត្រាច់ស្វែងរកម្រឹគ ព្រោះលោ្មភ (ក្នុងសាច់) ។ មួយវិញទៀត ខ្ញុំជាអ្នកឈ្លាសវៃក្នុងសិល្បធ្នូ ជាអ្នកមានឈ្មោះល្បីល្បាញថា ជាអ្នកទ្រទ្រង់នូវធ្នូដ៏មាំបាន [ធ្នូដ៏មាំ សំដៅយកធ្នូដែលកំឡាំងនៃបុរស ១ពាន់នាក់ ទើបលើករួច ។] សូម្បីដំរី តែមកត្រង់មុខព្រួញរបស់ខ្ញុំហើយ មិនគប្បីរួចទេ ។ ចុះអ្នកជាអ្វី ជាបុត្តរបស់អ្នកណា ដូចមេ្តចទើបយើងស្គាល់អ្នកបាន សូមអ្នកប្រាប់នូវនាម និងគោត្តរបស់បិតាផង របស់ខ្លួនផង ។

[៩១] (ព្រះមហាសត្វ…) បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំ (ជាកូនរបស់ឥសី) ជាបុត្តរបស់នាយនេសាទ ពួកញាតិហៅទូលបង្គំជាខ្ញុំកំពុងរស់នៅថាសាមៈ ថ្ងៃនេះ ទូលបង្គំជាខ្ញុំនោះ ដល់ (មាត់មច្ចុរាជ) ហើយដេកនៅយ៉ាងនេះ ។ ខ្ញុំដែលព្រះអង្គបាញ់ហើយ ហាក់ដូចម្រឹគដែលព្រានព្រៃបាញ់ហើយ ដោយព្រួញធំប្រកបដោយថ្នាំពិសដូច្នោះ បពិត្រព្រះរាជា សូមទ្រង់ទតចុះ ទូលបង្គំជាខ្ញុំដេកត្រាំនៅក្នុងឈាមរបស់ខ្លួន ។ សូមទ្រង់ទតព្រួញដែលមុតធ្លាយទៅខាងឆ្វេង ទូលបង្គំជាខ្ញុំខ្ពុលឈាម ទូលបង្គំជាខ្ញុំចាប់ពើតណាស់ បានជាសួរព្រះអង្គរឿយៗ មេ្តចក៏ទ្រង់បាញ់ទូលបង្គំជាខ្ញុំហើយពួន ។ ខ្លាដំបង គេសម្លាប់ព្រោះតែស្បែក ដំរីគេសម្លាប់ព្រោះភ្លុកទាំងឡាយ កាលបើដូច្នោះ តើព្រះអង្គសំគាល់នូវទូលបង្គំជាខ្ញុំថាគួរបាញ់ ដោយហេតុដូចមេ្តច ។

[៩២] (ព្រះបាទបិលយក្ខនិយាយកុហកថា) ម្រឹគមកប្រាកដចំមុខព្រួញរបស់ខ្ញុំហើយ ឃើញអ្នកហើយក៏ផ្អើលទៅ ម្នាលសាមៈ ព្រោះហេតុនោះ បានជាខ្ញុំមានសេចក្តីក្រោធគ្របសង្កត់ ។

[៩៣] (ព្រះមហាសត្វ…) តាំងពីកាលដែលខ្ញុំរឭកឃើញនូវខ្លួន តាំងពីកាលដែលខ្ញុំដល់នូវភាពជាអ្នកដឹងក្តី ម្រឹគទាំងឡាយសូម្បីជាសត្វសាហាវក្នុងព្រៃ មិនដែល (ឃើញ) ទូលបង្គំជាខ្ញុំ ហើយតក់ស្លុតទេ ។ តាំងពីកាលដែលខ្ញុំស្លៀកដណ្តប់សំពត់សំបកឈើ តាំងពីកាលដែលខ្ញុំដល់នូវវ័យដ៏ចម្រើន ម្រឹគទាំងឡាយ សូម្បីជាសត្វសាហាវក្នុងព្រៃ មិនដែល (ឃើញ) នូវខ្ញុំ ហើយតក់ស្លុតទេ ។ បពិត្រព្រះរាជា កិន្នរទាំងឡាយ ដែលជាសត្វខ្លាច (នៅ) នាភ្នំគន្ធមាទន៍ (មិនដែលឃើញខ្ញុំ ហើយតក់ស្លុតទេ) យើងទាំងឡាយ តែងរីករាយជាមួយគ្នា ទៅកាន់ភ្នំ និងព្រៃ កាលបើដូច្នោះ ម្រឹគទាំងឡាយ (ឃើញ) នូវទូលបង្គំជាខ្ញុំ ហើយតក់ស្លុត ដោយហេតុដូចមេ្តច ។

[៩៤] (ព្រះបាទបិលយក្ខ) ម្នាលសាមៈ ម្រឹគមិនមែនផ្អើលនឹងអ្នកទេ ខ្ញុំនឹងនិយាយកុហកធ្វើអ្វី ខ្ញុំមានសេចក្តីក្រោធ និងសេចក្តីលោភគ្របសង្កត់ហើយ ទើបបាញ់អ្នកនឹងព្រួញនោះ ។ មា្នលសាមៈ អ្នកមកអំពីប្រទេសណា ឬនរណាប្រើមកថា អ្នកដងទឹក ចូរទៅកាន់ស្ទឹងដូច្នេះ បានជាអ្នកមកកាន់ស្ទឹង មិគសម្មតៈ (នេះ) ។

[៩៥] (ព្រះមហាសត្វ) មាតាបិតារបស់ទូលបង្គំជាខ្ញុំខ្វាក់ ទូលបង្គំជាខ្ញុំតែងចិញ្ចឹមគាត់ក្នុងព្រៃធំ ទូលបង្គំជាខ្ញុំជាអ្នកដងទឹកដើម្បីអ្នកមានគុណទាំងឡាយ បានជាមកកាន់ស្ទឹងមិគសម្មតៈ (នេះ) ។

[៩៦] (ព្រះមហាសត្វពិលាប) មាតាបិតាទាំងឡាយនោះ មានត្រឹមតែភោជន កាលបើយ៉ាងនេះ (ជីវិតនឹងប្រព្រឹត្តទៅ) ត្រឹម ៦ ថ្ងៃ ព្រោះគាត់ខ្វាក់ មុខជានឹងស្លាប់ដោយឥតទឹកពុំខាន ។ ទុក្ខនេះមិនមែនជាទុក្ខរបស់ទូលបង្គំជាខ្ញុំប៉ុណោ្ណះទេ ព្រោះថា ទុក្ខនេះ បុរសត្រូវតែបាន ត្រង់ដែលទូលបង្គំជាខ្ញុំ ខានឃើញមាតាដោយហេតុណា ហេតុនោះ ជាទុក្ខដ៏ក្រៃលែងរបស់ទូលបង្គំជាខ្ញុំ ជាងទុក្ខនេះ (ទៅទៀត) ។ ទុក្ខនេះ មិនមែនជាទុក្ខរបស់ទូលបង្គំជាខ្ញុំប៉ុណោ្ណះទេ ព្រោះថា ទុក្ខនេះបុរសត្រូវតែបាន ត្រង់ដែលទូលបង្គំជាខ្ញុំ ខានឃើញបិតាដោយហេតុណា ហេតុនោះ ជាទុក្ខដ៏ក្រៃលែងរបស់ទូលបង្គំជាខ្ញុំ ជាងទុក្ខនេះ (ទៅទៀត) ។ ឱម៉្លេះ សមមាតានៅកំព្រាទួញយំ ទាំងអធ្រាត្រ និងទីបំផុតនៃរាត្រីអស់កាលជាយូរអង្វែង មុខជានឹងរីងស្ងួតទៅ ដូចជាស្ទឹង (ក្នុងគិម្ហរដូវ) ពុំខាន ។ ឱម៉្លេះ សមបិតានៅកំព្រា ទួញយំទាំងអធ្រាត្រ និងទីបំផុតនៃរាត្រី អស់កាលជាយូរអង្វែង មុខជានឹងរីងស្ងួត ដូចជាស្ទឹងពុំខាន ។ បពិត្រព្រះរាជា មួយវិញទៀត (ខ្ញុំតែងភ្ញាក់ក្នុងមួយយប់ពីរបីដង) ដើម្បីបំរើបាទាដោយព្យាយាម និងដើម្បីគក់ច្របាច់ ម្ល៉េះសមគាត់នឹងដើរចច្រប់ក្នុងព្រៃធំ ដងោ្ហយហៅថា អឺបាសាមៈ ដូច្នេះពុំខានឡើយ ។ បើទូលបង្គំជាខ្ញុំ ខានឃើញជនខ្វាក់ទាំងពីរនាក់ដោយហេតុណា ហេតុនោះឯង ទុក្ខជាសរទីពីរ ដែលញ៉ាំងហ្ឫទ័យរបស់ទូលបង្គំជាខ្ញុំឲ្យញាប់ញ័រ មុខជាជីវិតទូលបង្គំជាខ្ញុំនឹងវិនាសពុំខាន ។

[៩៧] (ព្រះបាទបិលយក្ខ) ម្នាលសាមៈ ជាអ្នកមានរូបល្អគួរឲ្យគយគន់ អ្នកកុំទួញយំខ្លាំងឡើយ ខ្ញុំនឹងជាអ្នកធ្វើការងារចិញ្ចឹមនូវជនទាំងឡាយនោះក្នុងព្រៃធំ ។ មួយវិញទៀត ខ្ញុំជាអ្នកឈ្លាសវៃក្នុងសិល្បធ្នូស្រាប់ មានឈ្មោះល្បីល្បាញថា ជាអ្នកទ្រទ្រង់នូវធ្នូដ៏មាំ ខ្ញុំជាអ្នកធើ្វការងារចិញ្ចឹមនូវជនទាំងឡាយនោះក្នុងព្រៃធំ ។ ខ្ញុំនឹងជាអ្នកធ្វើការងារ ស្វែងរកអំពារនៃម្រឹគ និងមើមឈើ ផ្លែឈើទាំងឡាយក្នុងព្រៃ ហើយនឹងចិញ្ចឹមនូវជនទាំងឡាយនោះក្នុងព្រៃធំ ។ ម្នាលសាមៈ មាតាបិតារបស់អ្នក នៅក្នុងព្រៃណា ព្រៃនោះដូចម្តេច អ្នកបានចិញ្ចឹមនូវមាតាបិតាយ៉ាងណា ខ្ញុំក៏នឹងចិញ្ចឹមនូវគាត់យ៉ាងនោះដែរ ។

[៩៨] (ព្រះមហាសត្ត) បពិត្រព្រះរាជា ផ្លូវចុះតែជើងម្នាក់នេះ នៅខាងក្បាលដំណេកទូលបង្គំជាខ្ញុំ ព្រះអង្គយាងទៅអំពីទីនេះ តែកន្លះឃោសៈ (នឹងឃើញ) ខ្ទមជាទីនៅរបស់មាតាបិតាទូលបង្គំជាខ្ញុំនោះ ព្រះអង្គយាងទៅអំពីទីនេះ សូមទ្រង់ចិញ្ចឹមនូវគាត់ក្នុងទីនោះផង ។

[៩៩] បពិត្រព្រះរាជា ជាធំក្នុងដែនកាសី ទូលបង្គំជាខ្ញុំសូមថ្វាយបង្គំព្រះអង្គ បពិត្រព្រះរាជា ទ្រង់មានសេចក្តីចម្រើនក្នុងដែនកាសី ទូលបង្គំជាខ្ញុំសូមថ្វាយបង្គំព្រះអង្គ មាតាបិតាទាំងឡាយរបស់ទូលបង្គំជាខ្ញុំ ជាមនុស្សខ្វាក់ សូមទ្រង់ចិញ្ចឹមនូវគាត់ក្នុងព្រៃធំឲ្យទាន ។ ទូលបង្គំជាខ្ញុំ សូមផ្គងអញ្ជលីចំពោះព្រះអង្គ បពិត្រព្រះរាជាជាធំក្នុងដែនកាសី ទូលបង្គំជាខ្ញុំ សូមថ្វាយបង្គំព្រះអង្គ ទូលបង្គំជាខ្ញុំ សូមផ្តាំទុក សូមទ្រង់ជំរាបនូវការថ្វាយបង្គំចំពោះមាតាបិតារបស់ទូលបង្គំជាខ្ញុំផង ។

[១០០] (អភិសម្ពុទ្ធគាថា) សាមៈ កម្លោះអ្នកមានរូបល្អ គួរពិតពិលរមិលមើលនោះ លុះពោលនូវពាក្យនេះរួចហើយ ក៏ជ្រប់សន្លប់ដោយកម្លាំងពិស ។

[១០១] ព្រះរាជាអង្គនោះ ទ្រង់ព្រះកន្សែងរៀបរាប់នូវពាក្យដែលប្រកបដោយសេចក្តីករុណាមានប្រមាណច្រើនថា អាត្មាអញបានយល់ថា អញមិនចាស់ មិនស្លាប់ ថ្ងៃនេះ អញឃើញនូវសុវណ្ណសាមនេះ ធ្វើកាលកិរិយាហើយទើបដឹងនូវហេតុនោះ ពីដើមមិនដឹងជាការមកនៃសេចក្តីស្លាប់ មិនមែនមិនមានដូច្នេះ ។ សាមៈដែលជោកដោយថ្នាំពិស កំពុងចរចាជាមួយនឹងអញ (ក្នុងកាលអម្បាញ់មិញនេះ) ឥឡូវនេះ គាត់លែងនិយាយ ពាក្យតិចតួចក្នុងកាលប្រព្រឹត្តទៅយ៉ាងនេះ ក្នុងថ្ងៃនេះ អាត្មាអញ មុខជានឹងទៅកាន់នរកពុំខាន អាត្មាអញឥតមានសេចក្តីសង្ស័យក្នុងដំណើរនេះទេ ។ ព្រោះថា អំពើបាបដែលអាត្មាអញធ្វើទុកហើយក្នុងគ្រានោះ នឹងជាទោសឲ្យផលលាមកអស់កាលជាអង្វែង (បើ) ក្នុងស្រុក គង់មានពួកអ្នកតិះដៀលអញនោះថា ព្រះអង្គជាអ្នកធ្វើនូវអំពើអាក្រក់ដូច្នេះ តែក្នុងអរញ្ញប្រទេសដែលឥតមនុស្ស តើនរណាតិះដៀលអញបាន ។ បើក្នុងស្រុក ពួកមាណពប្រជុំគ្នា ហើយចោទប្រកាន់នូវអំពើទាំងឡាយ (របស់អញ) តែក្នុងអរញ្ញប្រទេសដែលឥតមនុស្ស តើនរណានឹងចោទប្រកាន់អញ ។

[១០២] ទេវតានោះ [នាងទេពធីតានេះ ធ្លាប់ជាមាតាពោធិសត្វក្នុងបុព្វជាតិទី ៧ លុះច្យុតមកឧប្បត្តិក្នុងទីនេះ នាងតែងព្យាបាលពោធិសត្វសព្វៗថ្ងៃរៀងមក ។] បាត់អំពីភ្នំគន្ធមាទន៍ ហើយពោលនូវគាថាទាំងឡាយនេះ ដោយអនុគ្រោះព្រះរាជាថា បពិត្រមហារាជ បានឮថា ព្រះអង្គទ្រង់បានធ្វើនូវបាបជាទម្ងន់ ដែលជាអំពើអាក្រក់ ជនទាំងបីនាក់ គឺមាតាបិតា និងបុត្ត ជាអ្នកមិនប្រទូស្ត ទ្រង់បានសមា្លប់ហើយដោយព្រួញតែមួយ ។ សូមទ្រង់មក សុគតិភពនឹងគប្បីមានដល់ព្រះអង្គ យ៉ាងណា ខ្ញុំនឹងពន្យល់ព្រះអង្គយ៉ាងនោះ សូមទ្រង់ចិញ្ចឹមនូវជនខ្វាក់ទាំងពីរនាក់នោះឯង ដោយធម៌ ខ្ញុំយល់ថា សុគតិគប្បីមាន ។

[១០៣] ព្រះរាជាអង្គនោះ ទ្រង់ពិលាបរៀបរាប់ ប្រកបដោយសេចក្តីករុណាមានប្រមាណច្រើន ហើយកណ្ឌៀតក្អមទឹកយាងឆ្ពោះទៅទិសទក្សិណ ។

[១០៤] (ទុកូលបណ្ឌិតសួរ…) សូរជើងនរណានុ៎ះហ្ន៎ ដែលដើរមកនេះ ពិតជាសូរជើងមនុស្ស តែសូរជើងនុ៎ះ មិនមែនជាសូរជើងសាមៈទេ មា្នលអ្នកនិរទុក្ខ អ្នកជាអ្វីហ្នឹង ។ ដ្បិតសាមៈ តែងដើរថ្មមៗ លើកដាក់ជើងស្រាលៗ សូរជើងនុ៎ះ មិនមែនជាសូរជើងសាមៈទេ មា្នលអ្នកនិរទុក្ខ អ្នកជាអ្វីហ្នឹង ។

[១០៥] (ព្រះបាទបិលយក្ខ…) ខ្ញុំជាព្រះរាជារបស់ពួកអ្នកដែនកាសី គេស្គាល់ខ្ញុំថា បិលយក្ខ ខ្ញុំលះបង់នូវដែន ត្រាច់ស្វែងរកម្រឹគ ព្រោះលោ្មភ (សាច់) ។ មួយទៀត ខ្ញុំជាអ្នកឈ្លាសវៃក្នុងសិល្បធ្នូ មានឈ្មោះល្បីល្បាញថាជាអ្នកទ្រទ្រង់នូវធ្នូដ៏មាំបាន សូម្បីដំរីមកចំមុខព្រួញរបស់ខ្ញុំហើយ មិនគប្បីរួចទេ ។

[១០៦] (ទុកូលបណ្ឌិត…) បពិត្រមហារាជ ព្រះរាជដំណើរមករបស់ព្រះអង្គល្អហើយ ព្រះដំណើរមករបស់ព្រះអង្គមិនអាក្រក់ទេ ព្រះអង្គជាធំ ទ្រង់យាងមកដល់ហើយ វត្ថុណាមានក្នុងទីនេះ សូមទ្រង់មានព្រះបន្ទូលចុះ ។ បពិត្រព្រះរាជា ផលាផល គឺផ្លែទន្លាប់ មៈប៉ែន ស្រគំ សឹងមានរសផ្អែមដូចទឹកឃ្មុំ អាត្មាភាព ប្រមូលមកទុកក្នុងទីជាមួយគ្នា សូមទ្រង់សោយនូវផលាផលមានរសឆ្ងាញ់ៗ ។ នេះ ទឹកត្រជាក់សម្រាប់សោយ ដែលដងមកអំពីជ្រោះភ្នំ បពិត្រមហារាជ បើទ្រង់សព្វព្រះទ័យ ទ្រង់ (ដង) អំពីទីនេះសោយចុះ ។

[១០៧] (ព្រះរាជា…) អ្នកទាំងពីរជាមនុស្សខ្វាក់ មិនអាចឃើញ (អ្វី) ក្នុងព្រៃទេ ចុះនរណាប្រមូលនូវផលាផលមកជូនអ្នក អាហារដែល (បាន) ដោយប្រពៃនេះ ប្រាកដដល់ខ្ញុំ ដូចជាអាហាររបស់មនុស្សមិនខ្វាក់ ។

[១០៨] (ទុកូលបណ្ឌិត…) សាមៈកំឡោះនៅក្មេង មិនខ្ពស់ មិនទាបពេក ជាមនុស្សមានរូបល្អគួរគយគន់ មានសក់វែងខ្មៅ ទាំងមានចុងទន់ល្វន់ ។ សាមៈនោះឯង តែងស្វែងរកផលាផល ជាអ្នកដងទឹក បានកាន់យកក្អមទឹកអំពីទីនេះទៅកាន់ស្ទឹង ប្រហែលជិតមកដល់ហើយ ។

[១០៩] (ព្រះបាទបិលយក្ខ…) សាមៈជាអ្នកបំរើអ្នក អ្នកនិយាយសំដៅកុមារឈ្មោះសាមៈណា ដែលមានរូបគួរគយគន់ សាមៈនោះ ខ្ញុំសម្លាប់ហើយ ។ សាមៈដែលមានសក់វែងពណ៌ខ្មៅ ចុងទន់ល្វន់ (ឥឡូវនេះ) ខ្ញុំសម្លាប់ដួលដេកលើសក់ទាំងនោះ ប្រឡាក់ហើយដោយឈាម ។

[១១០] (នាងបារិកា) បពិត្រទុកូល អ្នកប្រឹក្សាជាមួយនរណា ដែលបាននិយាយថា ខ្ញុំសម្លាប់សាមៈហើយ បេះដូងខ្ញុំញ័រចំប្រប់ ព្រោះឮថា សាមៈស្លាប់ហើយ ។ ហ្ឫទ័យខ្ញុំញាប់ញ័រ ហាក់ដូចត្រួយពោធិបាយខ្ចី ដែលមានខ្យល់ប៉ះទង្គិច ព្រោះឮថា សាមៈស្លាប់ហើយ ។

[១១១] (ទុកូលបណ្ឌិត…) ម្នាលនាងបារិកា នេះជាព្រះរាជា ជាធំក្នុងដែនកាសី ព្រះអង្គបាញ់សាមៈដោយព្រួញ ក្បែរស្ទឹងមិគសម្មតៈ ដោយសេចក្តីក្រោធ យើងកុំចង់ឲ្យមានបាបដល់ព្រះអង្គឡើយ ។

[១១២] (នាងបារិកា..) បុត្រដែលចិញ្ចឹមយើងងងឹតងងល់ក្នុងព្រៃ ជាបុត្តជាទីស្រឡាញ់ យើងរកបានដោយកម្រ ចិត្តមិនគប្បីរំជួលក្នុងបុរសអ្នកសម្លាប់កូនប្រុសតែមួយនោះ ដូចម្តេចបាន ។

[១១៣] (ទុកូលបណ្ឌិត…) បុត្តដែលចិញ្ចឹមយើងងងឹតងងល់ក្នុងព្រៃ ជាបុត្តជាទីស្រឡាញ់ យើងរកបានដោយកម្រ បណ្ឌិតទាំងឡាយ សរសើរសេចក្តីមិនក្រោធ ចំពោះបុរសអ្នកសម្លាប់នូវបុត្តតែមួយនោះ ។

[១១៤] (ព្រះបាទបិលយក្ខ…) អ្នកទាំងពីរ កុំគប្បីខ្សឹកខ្សួលខ្លាំងចំពោះខ្ញុំ អ្នកពោលថា សាមៈ ខ្ញុំសម្លាប់ហើយ ខ្ញុំនឹងជាអ្នកធ្វើការងារចិញ្ចឹម (អ្នកទាំងពីរ) ក្នុងព្រៃធំ ។ ព្រោះខ្ញុំជាអ្នកឈ្លាវៃក្នុងសិល្បធ្នូ មានឈ្មោះល្បីល្បាញថា ជាអ្នកទ្រទ្រង់នូវធ្នូដ៏មាំ ខ្ញុំនឹងធ្វើការងារចិញ្ចឹម (អ្នក) ក្នុងព្រៃធំ ។ ខ្ញុំនឹងធ្វើការងារស្វែងរកអំពារម្រឹគទាំងឡាយ ទាំងមើមឈើ ផ្លែឈើ ហើយចិញ្ចឹម (អ្នក) ក្នុងព្រៃធំ ។

[១១៥] (ជនទាំងពីរ…) បពិត្រមហារាជ នេះមិនមែនជាទំនៀមទេ កិរិយាធ្វើនូវអំពើ (របស់ព្រះអង្គ) នេះ មិនសមគួរដល់យើងឡើយ ព្រះអង្គជាព្រះរាជារបស់យើង ៗ សូមថ្វាយបង្គំព្រះបាទរបស់ព្រះអង្គ ។

[១១៦] (ព្រះរាជា…) បពិត្រអ្នកនេសាទ អ្នកពោលនូវធម៌ អ្នកធ្វើនូវសេចក្តីគោរព (ចំពោះខ្ញុំ) អ្នកទុកជាបិតារបស់ខ្ញុំ បពិត្រនាងបារិកា នាងទុកជាមាតារបស់ខ្ញុំ ។

[១១៧] (ជនទាំងពីរ…) បពិត្រព្រះរាជា ជាធំក្នុងដែនកាសី ទូលបង្គំសូមថ្វាយបង្គំព្រះអង្គ បពិត្រព្រះអង្គ ទ្រង់ចម្រើនក្នុងដែនកាសី ទូលបង្គំសូមថ្វាយបង្គំព្រះអង្គ ទូលបង្គំទាំងឡាយ សូមប្រណម្យអញ្ជលីចំពោះព្រះអង្គ សូមព្រះអង្គនាំទូលបង្គំទៅដល់សាមៈ ។ ទូលបង្គំទាំងឡាយ នឹងច្របាច់ជើង ស្ទាបមុខល្អគួរមើលរបស់សាមៈនោះ ត្រៀមរង់ចាំនូវសេចក្តីស្លាប់ប៉ុណោ្ណះ ។

[១១៨] (ព្រះបាទបិលយក្ខ…) សាមៈ ដែលស្លាប់ហើយ ដួលដេកដូចជាព្រះចន្ទធ្លាក់មកលើប្រថពីក្នុងព្រៃណា ព្រៃនោះឯង ជាព្រៃស្រោងស្រឹង សឹងដេរដាសដោយម្រឹគសាហាវ ប្រាកដដូចជាទីបំផុតនៃអាកាស ។ សាមៈ ដែលស្លាប់ហើយ ដួលដេកដូចជាព្រះអាទិត្យធ្លាក់មកលើប្រថពីក្នុងព្រៃណា ព្រៃនោះឯង ជាព្រៃស្រោងស្រឹង សឹងដេរដាសដោយម្រឹគសាហាវ ប្រាកដដូចជាទីបំផុតនៃអាកាស ។ សាមៈដែលស្លាប់ហើយ ដួលដេកប្រឡាក់ប្រឡូសដោយអាចម៍ដីនៅក្នុងព្រៃណា ព្រៃនោះឯង ជាព្រៃស្រោងស្រឹង សឹងដេរដាសដោយម្រឹគសាហាវ ប្រាកដដូចជាទីបំផុតនៃអាកាស ។ សាមៈ ដែលស្លាប់ហើយ ដួលដេកនៅក្នុងព្រៃណា ព្រៃនោះឯង ជាព្រៃស្រោងស្រឹង សឹងដេរដាសដោយម្រឹគសាហាវ ប្រាកដដូចជាទីបំផុតនៃអាកាស (ព្រោះហេតុនោះ) អ្នកទាំងឡាយ ចូរនៅតែក្នុងអាស្រមនេះហើយ ។

[១១៩] (ជនទាំងពីរ…) បើទុកណាជាទីនោះ (មានម្រឹគសាហាវ) រយពាន់ ម៉ឺនក្តី ទូលបង្គំទាំងពីរនាក់ ឥតមានសេចក្តីភិតភ័យតិចតួច ព្រោះសត្វសាហាវទាំងឡាយក្នុងព្រៃទេ ។

[១២០] (អភិសម្ពុទ្ធគាថា…) គ្រានោះ ព្រះរាជា ជាធំក្នុងដែនកាសី នាំជនខ្វាក់ (ទាំងពីរ) ដឹកដៃទៅក្នុងព្រៃធំ ត្រង់កន្លែងដែលសាមៈស្លាប់ ។

[១២១] មាតាបិតាឃើញនូវសាមៈ ជាបុត្តដួលប្រឡាក់ប្រឡូសដោយអាចម៍ដី ដែលគេបោះបង់ចោលក្នុងព្រៃធំ ហាក់ដូចព្រះចន្ទដែលធ្លាក់មកលើប្រថពី ។ ឃើញនូវសាមៈ ជាបុត្តដួលប្រឡាក់ប្រឡូសដោយអាចម៍ដី ដែលគេបោះបង់ចោលក្នុងព្រៃធំ ដូចព្រះអាទិត្យដែលធ្លាក់មកលើប្រថពី ឃើញនូវសាមៈជាបុត្ត ដួលប្រឡាក់ប្រឡូសដោយអាចម៍ដី ដែលគេបោះបង់ចោលក្នុងព្រៃធំ ក៏យំរៀបរាប់គួរឲ្យអាណិត ។ ឃើញសាមៈ ជាបុត្តដួលប្រឡាក់ប្រឡូសដោយអាចម៍ដី ហើយផ្គងដើមដៃ យំទង្គឹះខ្សឹកខ្សួលថា ហៃបាដ៏ចម្រើន (ការសា្លប់នេះ) មានសភាពមិនគួរទេ ។ ឱបាសាមៈ មានរូបល្អ គួឲ្យក្រឡេកមើល បាឯងជាមនុស្សស្រវឹងខ្លាំង បានជាក្នុងកាលដែលដល់នូវមរណៈថ្ងៃនេះ អ្នកឥតនិយាយរកយើងបន្តិចបន្តួចសោះ ។ ឱបាសាមៈ មានរូបល្អ គួរឲ្យក្រឡេកមើល បាជាមនុស្សភ្លើតភ្លើនខ្លាំង បានជាក្នុងកាលដែលដល់នូវមរណៈថ្ងៃនេះ អ្នកឥតនិយាយរកយើងបន្តិចបន្តួចសោះ ។ ឱបាសាមៈ អ្នកមានរូបល្អ គួរឲ្យក្រឡេកមើល បាឯងខឹងខ្លាំង បានជាក្នុងកាលដែលដល់នូវមរណៈក្នុងថ្ងៃនេះ អ្នកឥតនិយាយរកយើងបន្តិចបន្តួចសោះ ។ ឱបាសាមៈ មានរូបល្អ គួរឲ្យក្រឡេកមើល បាឯងដេកលក់ស៊ប់ បានជាក្នុងកាលដែលដល់នូវមរណៈក្នុងថ្ងៃនេះ បាឥតនិយាយរកយើងបន្តិចបន្តួចសោះ ។ ឱបាសាមៈ មានរូបល្អ គួរឲ្យក្រឡេកមើល បាជាបុគ្គលតូចចិត្តខ្លាំង បានជាក្នុងកាលដែលដល់នូវមរណៈក្នុងថ្ងៃនេះ បាឥតនិយាយរកយើងបន្តិចបន្តួចសោះ ។ ឥឡូវនេះ នរណា នឹងរៀបចំជដា ដ៏សៅហ្មងប្រឡាក់ប្រឡូសដោយអាចម៍ដី ព្រោះសាមៈ ជាអ្នកបំរើយើងងងឹតងងល់នេះ ធ្វើមរណកាលហើយ ។ នរណា នឹងកាន់អំបោសបោសអាស្រម ដើម្បីយើង ព្រោះសាមៈ ជាអ្នកបំរើយើងងងឹតងងល់នេះ ធ្វើមរណកាលហើយ ។ ឥឡូវនេះ នរណានឹងផ្ងូត (យើង) ដោយទឹកត្រជាក់ ទឹកក្តៅ ព្រោះសាមៈ ជាអ្នកបំរើយើងងងឹតងងល់នេះ ធ្វើមរណកាលហើយ ។ ឥឡូវនេះ នរណានឹងឲ្យយើងបរិភោគមើមឈើ ផ្លែឈើ ព្រោះសាមៈ ជាអ្នកបំរើ យើងងងឹតងងុលនេះ ធ្វើមរណកាលហើយ ។

[១២២] មាតាឃើញសាមៈជាបុត្ត ដួលប្រឡាក់ប្រឡូសដោយអាចម៍ដី ត្រូវសេចក្តីសោកព្រោះកូន បៀតបៀនហើយ បានពោលនូវពាក្យសច្ចៈថា ក្នុងកាលមុន សាមៈនេះ ជាអ្នកប្រព្រឹត្តធម៌ ដោយសច្ចៈណា សូម្បីឲ្យពិសរបស់សាមៈ សាបរលាបទៅដោយការពោលសច្ចៈនុ៎ះ ។ ក្នុងកាលមុន សាមៈនេះ ជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ដោយសច្ចៈណា សូម្បីឲ្យពិសរបស់សាមៈ សាបរលាបទៅ ដោយការពោលសច្ចៈនុ៎ះ ។ ក្នុងកាលមុន សាមៈនេះ ជាអ្នកពោលនូវពាក្យសត្យដោយសច្ចៈណា សូមឲ្យពិសរបស់សាមៈ សាបរលាបទៅដោយការពោលសច្ចៈនុ៎ះ ។ សាមៈនេះ ជាអ្នកបំរើមាតា និងបិតា ដោយសច្ចៈណា សូមឲ្យពិសរបស់សាមៈ សាបរលាបទៅ ដោយការពោលសច្ចៈនុ៎ះ ។ សាមៈនេះ ជាអ្នកប្រព្រឹត្តកោតក្រែងនូវបុគ្គលជាធំក្នុងត្រកូល ដោយសច្ចៈណា សូមឲ្យពិសរបស់សាមៈ សាបរលាបទៅដោយការពោលសច្ចៈនុ៎ះ ។ សាមៈនេះ ជាទីស្រឡាញ់ដោយវិសេសរបស់ខ្ញុំជាងជីវិត ដោយសច្ចៈណា សូមឲ្យពិសរបស់សាមៈ សាបរលាបទៅដោយការពោលសច្ចៈនុ៎ះ ។ បុណ្យណានីមួយ ដែលខ្ញុំផង ដែលបិតារបស់អ្នកផង បានធ្វើហើយ ដោយកុសលទាំងអស់នោះ សូមឲ្យពិសរបស់សាមៈ សាបរលាបទៅ ។

[១២៣] បិតាឃើញសាមៈជាបុត្ត ដួលប្រឡាក់ប្រឡូសដោយអាចម៍ដី ត្រូវសេចក្តីសោកព្រោះកូនបៀតបៀនហើយ បានពោលនូវពាក្យសច្ចៈថា ក្នុងកាលមុន សាមៈនេះ ជាអ្នកប្រព្រឹត្តធម៌ ដោយសច្ចៈណា សូមឲ្យពិសរបស់សាមៈ សាបរលាបទៅដោយការពោលសច្ចៈនុ៎ះ ។ ក្នុងកាលមុន សាមៈនេះ ជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ដោយសច្ចៈណា សូមឲ្យពិសរបស់សាមៈ សាបរលាបទៅដោយការពោលសច្ចៈនុ៎ះ ។ ក្នុងកាលមុន សាមៈនេះ ជាអ្នកពោលនូវពាក្យសត្យ ដោយពាក្យសច្ចៈណា សូមឲ្យពិសរបស់សាមៈ សាបរលាបទៅ ដោយការពោលសច្ចៈនុ៎ះ ។ ក្នុងកាលមុន សាមៈនេះ ជាអ្នកចិញ្ចឹមមាតា និងបិតា ដោយសច្ចៈណា សូមឲ្យពិសរបស់សាមៈ សាបរលាបទៅ ដោយការពោលសច្ចៈនុ៎ះ ។ សាមៈនេះ ជាអ្នកប្រព្រឹត្តកោតក្រែងនូវបុគ្គលជាធំក្នុងត្រកូល ដោយសច្ចៈណា សូមឲ្យពិសរបស់សាមៈ សាបរលាបទៅ ដោយការពោលសច្ចៈនុ៎ះ ។ សាមៈនេះ ជាបុគ្គលជាទីស្រឡាញ់ដោយវិសេសរបស់ខ្ញុំជាងជីវិត ដោយសច្ចៈណា សូមឲ្យពិសរបស់សាមៈ សាបរលាបទៅ ដោយការពោលសច្ចៈនុ៎ះ ។ បុណ្យណានីមួយ ដែលខ្ញុំផង ដែលមាតារបស់អ្នកផង បានធ្វើហើយ ដោយកុសលទាំងអស់នោះ សូមឲ្យពិសរបស់សាមៈ សាបរលាបទៅ ។

[១២៤] ទេវតានោះ បាត់អំពីភ្នំគន្ធមាទន៍ បានពោលនូវពាក្យសច្ចៈនេះ ដោយសេចក្តីអនុគ្រោះសាមៈថា ខ្ញុំនៅអាស្រ័យលើភ្នំគន្ធមាទន៍ អស់កាលជាយូរអង្វែងហើយ ឥតមាននរណាដទៃ ដែលជាទីស្រលាញ់ ដោយវិសេសរបស់ខ្ញុំជាងសាមៈទេ ដោយការពោលសច្ចនុ៎ះ សូមឲ្យពិសរបស់សាមៈ សាបរលាបទៅ ។ នៅភ្នំគន្ធមាទន៍ សព្វព្រៃព្រឹក្សាទាំងឡាយ សុទ្ធសឹងមានក្លិនក្រអូប ដោយការពោលសច្ចៈនេះ សូមឲ្យពិសរបស់សាមៈ សាបរលាបទៅ ។ កាលបើជនទាំងនោះ កំពុងចរចារៀបរាប់នូវពាក្យប្រកបដោយសេចក្តីករុណា មានប្រមាណច្រើន សាមៈ ជាមនុស្សកំឡោះ មានរូបល្អគួរឲ្យរមិលមើល ក៏ក្រោកឡើងភ្លាម ។

[១២៥] (មហាសត្វ…) ខ្ញុំឈ្មោះសាមៈ សេចក្តីបំរើន ចូរមានដល់លោកទាំងឡាយ ខ្ញុំក្រោកឡើងដោយសួស្តីហើយ សូមលោកទាំងឡាយកុំខ្សឹកខ្សួលខ្លាំងឡើយ សូមលោកទាំងឡាយចរចាចំពោះខ្ញុំដោយពាក្យពីរោះ ។

[១២៦] បពិត្រមហារាជ ព្រះរាជដំណើររបស់ព្រះអង្គមកល្អហើយ ទ្រង់យាងមកមិនអាក្រក់ទេ ព្រះអង្គជាធំទ្រង់យាងមកដល់ហើយ វត្ថុណាមានក្នុងទីនេះ សូមទ្រង់មានព្រះបន្ទូល ។ បពិត្រមហារាជ ផលាផល មានផ្លែទន្លាប់ មៈប៉ែន ស្រគំ សឹងមានរសផ្អែមដូចទឹកឃ្មុំ ទូលបង្គំជាខ្ញុំប្រមូលមកទុកក្នុងទីជាមួយគ្នា សូមទ្រង់សោយនូវផលាផលដែលមានរសឆ្ងាញ់ៗ ។ បពិត្រមហារាជ ទឹកសម្រាប់សោយដ៏ត្រជាក់ ទូលបង្គំជាខ្ញុំបាននាំមកអំពីជ្រោះភ្នំ បើព្រះអង្គមានសេចក្តីត្រូវការ សូមទ្រង់ដងអំពីទីនោះសោយចុះ ។

[១២៧] (ព្រះបាទបិលយក្ខ…) ខ្ញុំវងេ្វង ភ័ន្តភាំងស្មារតី ងងឹតងងល់សព្វទិសានុទិស ព្រោះបានឃើញសាមៈនោះធ្វើមរណកាលហើយ ម្នាលសាមៈ អ្នកដូចម្តេច ក៏រស់ឡើងវិញ ។

[១២៨] (មហាសត្ត…) បពិត្រមហារាជ (សត្វលោក) តែងសំគាល់នូវបុរសដែលមានវេទនាធ្ងន់ តែនៅរស់ ឬមានសេចក្តីត្រិះរិះក្នុងចិត្ត ធ្លាក់ចុះក្នុងភវង្គ ដែលនៅរស់ថា ស្លាប់ ។ បពិត្រមហារាជ ម្យ៉ាងទៀត (សត្វលោក) តែងសំគាល់នូវបុរសដែលមានវេទនាធ្ងន់ តែនៅរស់ ឬចូលនិរោធនៅរស់នោះ ថាស្លាប់ហើយ ។

[១២៩] សត្វណា តែងចិញ្ចឹមនូវមាតា និងបិតាដោយធម៌ ទេវតាទាំងឡាយ តែងរក្សានូវសត្វ អ្នកចិញ្ចឹមមាតាបិតានោះ ។ សត្វណា តែងចិញ្ចឹមមាតា និងបិតាដោយធម៌ បណ្ឌិតទាំងឡាយក្នុងលោកនេះឯង តែងសរសើរនូវសត្វនោះ សត្វនោះ លុះលះបង់លោកនេះទៅ រមែងរីករាយក្នុងស្ថានសួគ៌ ។

[១៣០] (ព្រះបាទបិលយក្ខ…) ខ្ញុំរឹងរឹតតែវងេ្វង ភ័ន្តភាំងស្មារតី ងងឹតងងល់សព្វទិសានុទិស ម្នាលសាមៈ ខ្ញុំសូមយកអ្នកជាទីពឹង អ្នកចូរជាទីពឹងរបស់ខ្ញុំ ។

[១៣១] (មហាសត្ត…) បពិត្រមហារាជជាក្សត្រ សូមព្រះអង្គប្រព្រឹត្តធម៌ចំពោះមាតា និងបិតា បពិត្រព្រះរាជា លុះព្រះអង្គបានប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌ ។ បពិត្រមហារាជជាក្សត្រ សូមព្រះអង្គប្រព្រឹត្តធម៌ចំពោះបុត្ត និងភរិយា បពិត្រព្រះរាជា លុះព្រះអង្គបានប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌ ។ បពិត្រមហារាជជាក្សត្រ សូមព្រះអង្គប្រព្រឹត្តធម៌ចំពោះមិត្ត និងអាមាត្យទាំងឡាយ បពិត្រព្រះរាជា លុះព្រះអង្គបានប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌ ។ បពិត្រមហារាជ សូមព្រះអង្គប្រព្រឹត្តធម៌ចំពោះសត្វពាហនៈ និងពល បពិត្រព្រះរាជា លុះព្រះអង្គបានប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌ ។ បពិត្រមហារាជ សូមព្រះអង្គប្រព្រឹត្តធម៌ ចំពោះស្រុក និងនិគមទាំងឡាយ បពិត្រព្រះរាជា លុះព្រះអង្គបានប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌ ។ បពិត្រមហារាជ សូមព្រះអង្គប្រព្រឹត្តធម៌ចំពោះអ្នកដែន និងអ្នកជនបទទាំងឡាយ បពិត្រព្រះរាជា លុះព្រះអង្គបានប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌ ។ បពិត្រមហារាជ សូមព្រះអង្គប្រព្រឹត្តធម៌ចំពោះសមណៈ និងព្រាហ្មណ៍ទាំងឡាយ បពិត្រព្រះរាជា លុះទ្រង់បានប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌ ។ បពិត្រមហារាជជាក្សត្រ សូមព្រះអង្គប្រព្រឹត្តធម៌ចំពោះម្រឹគ និងបក្សី បពិត្រព្រះរាជា លុះទ្រង់ប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌ ។ បពិត្រមហារាជ សូមព្រះអង្គប្រព្រឹត្តធម៌ ធម៌ដែលប្រព្រឹត្តល្អហើយ តែងនាំមកនូវសុខ បពិត្រព្រះរាជា លុះទ្រង់ប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌ ។ បពិត្រមហារាជ សូមព្រះអង្គប្រព្រឹត្តធម៌ (ព្រោះ) ទេវតា ឥន្ទ ព្រហ្ម ដែលបានដល់នូវឋានសួគ៌ ក៏ព្រោះធម៌ដែលខ្លួនប្រព្រឹត្តល្អហើយ បពិត្រព្រះរាជា ព្រះអង្គកុំប្រហែសធ្វេសនឹងធម៌ឡើយ ។

ចប់ សុវណ្ណសាមជាតក ទី៣ ។

នេមិរាជជាតក ទី៤កែប្រែ

[១៣២] (អភិសម្ពុទ្ធគាថា) ក្នុងកាលដែលព្រះបាទនេមិជាបណ្ឌិត អ្នកត្រូវការដោយកុសស ជាព្រះរាជាអ្នកទូនា្មននូវសត្រូវ ទ្រង់តែងឲ្យទានដល់ជនអ្នកនៅក្នុងដែនវិទេហៈទាំងឡាយគ្រប់គ្នា គ្រានោះ (មនុស្ស និងទេវតាទាំងឡាយ តែងសរសើរថា) ឱអស្ចារ្យណាស់ អ្នកប្រាជ្ញទាំងឡាយ មានប្រាជ្ញាជាគ្រឿងពិចារណា កើតឡើងក្នុងលោកហើយ ។ កាលព្រះរាជាអង្គនោះ ទ្រង់ឲ្យទាននោះ សេចក្តីត្រិះរិះកើតឡើងថា ទានក្តី ព្រហ្មចរិយៈក្តី កុសលណាហ្ន៎ មានផលច្រើនជាង ។

[១៣៣] ទេវរាជឈ្មោះមឃវៈ ជាទេវកុញ្ជរ ជាសហស្សនេត្រ បានជ្រាបព្រះតម្រិះរបស់ព្រះរាជានោះហើយ មកប្រាកដ (ក្នុងទីចំពោះព្រះភក្រ្តព្រះរាជា) កំចាត់បង់នូវងងឹតដោយវណ្ណៈ ។ ព្រះបាទនេមិរាជជាធំជាងមនុស្ស ទ្រង់ព្រឺព្រះលោមា បានសួរទេវរាជឈ្មោះវាសវៈថា អ្នកជាទេវាតា ឬជាគន្ធព្វ ឬក៏ជាសក្កៈបុរិន្ទទៈ ។ រស្មីប្រាកដដូចោ្នះ ខ្ញុំពុំដែលឃើញ ទាំងមិនធ្លាប់ឮឡើយ បពិត្រអ្នកដ៏ចម្រើន អ្នកចូរប្រាប់ខ្ញុំ ធ្វើម្តេចយើងស្គាល់អ្នកបាន ។ ទេវរាជឈ្មោះវាសវៈជ្រាបថា ព្រះបាទនេមិ ព្រឺព្រះលោមាហើយ ទើបឆ្លើយថា ខ្ញុំជាព្រះឥន្រ្ទ ជាធំជាងទេវតា មកកាន់សំណាក់ព្រះអង្គ បពិត្រព្រះអង្គជាធំជាងមនុស្ស ទ្រង់កុំព្រឺព្រះលោមាឡើយ ព្រះអង្គមានសេចក្តីប្រាថា្ន ដើម្បីសួរនូវប្រស្នាណា សូមទ្រង់សួរចុះ ។ ចំណែកព្រះបាទនេមិរាជអង្គនោះ លុះព្រះឥន្រ្ទាធិរាជធ្វើឱកាសហើយ ក៏ទ្រង់ត្រាស់សួរនូវទេវរាជឈ្មោះវាសវៈថា បពិត្រទេវរាជជាឥស្សរៈជាងសព្វសត្វទាំងឡាយ ខ្ញុំសូមសួរព្រះអង្គថា ទានក្តី ព្រហ្មចរិយៈក្តី កុសលណាមានផលច្រើនជាង ។ ព្រះវាសវៈនោះ ដែលព្រះបាទនេមិ ជានរទេពសួរហើយ ក៏ឆ្លើយតបព្រះបាទនេមិវិញ ព្រះវាសវៈនោះ ប្រាប់នូវផលនៃព្រហ្មចិរយៈ បានទូលព្រះបាទនេមិ ដែលមិនជ្រាបថា បុគ្គលកើតក្នុងត្រកូលក្សត្រដោយព្រហ្មចរិយៈថោកទាប [១.២.៣. តាមសេចក្តីយល់របស់សក្កទេវរាជពោលតាមពាហិរសាសនាថា សីលដែលគ្រាន់តែវៀរចាកមេថុន ហៅថា ព្រហ្មចរិយៈថោកទាប អាចញុំាងបុគ្គលឲ្យទៅកើតក្នុងត្រកូលក្សត្រ ។ ឧបចារជ្ឈាន ហៅថា ព្រហ្មចរិយៈជាកណ្តាល អាចញុំាងបុគ្គលឲ្យទៅកើតជាទេវតា ។ សមាបត្តិប្រាំបី ហៅថា ព្រហ្មចរិយៈខ្ពង់ខ្ពស់ អាចញុំាងបុគ្គលឲ្យទៅកើតក្នុងព្រហ្មលោក ។ ពួកពាហិរសាសនាសំដៅយកព្រហ្មលោកនោះ ថាជានិព្វាន ។ ពុទ្ធសាសនាថា ព្រហ្មចរិយៈរបស់ភិក្ខុ ដែលមានសីលបរិសុទ្ធ តែប្រាថ្នាយកទេពនិកាយណាមួយ ចាត់ជាព្រហ្មចរិយៈថោកទាប សមាបត្តិប្រាំបី ចាត់ជាព្រហ្មចរិយៈកណ្តាល អរហត្តមគ្គ ចាត់ជាព្រហ្មចរិយៈខ្ពង់ខ្ពស់ ។] ដល់នូវភាពជាទេវតាដោយព្រហ្មចរិយៈជាកណ្តាល [២] បរិសុទ្ធស្អាតដោយព្រហ្មចរិយៈខ្ពង់ខ្ពស់ [៣] ។ ពួកអ្នកបួស ប្រព្រឹត្តតបៈទាំងឡាយ ទៅកើតក្នុងពួកព្រហ្មណា ពួកព្រហ្មទាំងនុ៎ះ បុគ្គលអ្នកប្រកបក្នុងការសូមណាមួយ មិនងាយបានសោះទេ ។

[១៣៤] ព្រះបាទទុទីបៈ ១ ព្រះបាទសាគរៈ ១ ព្រះបាទសេលៈ ១ ព្រះបាទមុចលិន្ទ ១ ព្រះបាទភតីរសៈ ១ ព្រះបាទឧសិន្នរៈ ១ ព្រះបាទអត្ថកៈ ១ ព្រះបាទអស្សកៈ ១ ព្រះបាទបុថុទ្ធនៈ ១ ។ ព្រះរាជាទាំងឡាយអង្គនេះក្តី ព្រះរាជាទាំងឡាយដទៃក្តី ពួកក្សត្រ ពួកព្រាហ្មណ៍ជាច្រើនក្តី ដែលបូជានូវគ្រឿងយញ្ញយ៉ាងច្រើន មិនប្រព្រឹត្តកន្លងនូវបេតភាព (កាមាវចរភូមិ) ឡើយ ។

[១៣៥] ជនទាំងឡាយណា មិនមានគូ ជាបុគ្គលម្នាក់ឯង រមែងមិនត្រេកអរ (ត្រេកអរតែក្នុងការនៅច្រឡូកច្រឡំដោយពួក) ជនទាំងឡាយណា មិនមានបីតិ ដែលកើតអំពីវិវេកទេ ជនទាំងឡាយនោះ ទុកជាមានភោគៈស្មើដោយព្រះឥន្រ្ទ ក៏ដោយចុះ ជនទាំងឡាយនោះ ក៏ឈ្មោះថាជាបុគ្គលកំសត់ មានសេចក្តីសុខព្រោះកិរិយាអាស្រ័យនូវបុគ្គលដទៃដោយពិត ។

[១៣៦] ឥសី ៧ អង្គនេះ គឺឥសីឈ្មោះយាមហនុ ១ សោមយាគៈ ១ មនោជវៈ ១ សមុទ្ទៈ ១ មាឃៈ ១ ភរតៈ ១ ឥសីឈ្មោះកាលបុរក្ខិតៈ ១ និងឥសីទាំងឡាយ ៤ អង្គ គឺឥសីឈ្មោះអង្គិរសៈ ១ កស្សបៈ ១ កីសវច្ឆៈ ១ អកន្តិ ១ ជាអនាគារបុគ្គល មានតបៈធម៌ បានកន្លង (កាមាវចរភូមិ) ដោយពិត ។

[១៣៧] នៅប្រទេសហិមវន្តខាងជើង មានស្ទឹងឈ្មោះសីទា មានជម្រៅដ៏ជ្រៅ អ្នកផងឆ្លងបានដោយកម្រ (ទាំងពីរខាងឆ្នេរស្ទឹងនោះ) មានភ្នំមាស ពណ៌ដូចភ្លើងខៀវ រុងរឿងសព្វ ៗ កាល ។ (ទៀបឆ្នេរនៃស្ទឹងនោះ) សឹងមានដើមក្រឹស្នាលូតលាស់ទង្គំទង្គោល មានទាំងរុក្ខជាតិផេ្សងៗ មានគុម្ពលូតលាស់ (អំពីជើងបព៌ត) ក្នុងកាលមុន មានពួកឥសីចាស់ៗ មួយម៉ឺនអង្គ នៅក្នុងទីនោះឯង ។ ខ្ញុំជាបុគ្គលប្រសើរដោយការឲ្យ និងការប្រព្រឹត្តិវត្ត ដោយការសង្រួម និងការទូន្មាន (នូវឥន្រ្ទិយ) ហើយប្រព្រឹត្ត (ម្នាក់ឯង) លះបង់ (ពួក) ជាអ្នកមានចិត្តតាំងមាំ ។ ខ្ញុំមិនរិះគន់នូវជនអ្នកមានជាតិទាប និងមានជាតិខ្ពស់ នមស្ការចំពោះជនអ្នកមានចិត្តត្រង់ មិនមានកំណត់កាលវេលាឡើយ ព្រោះថា សត្វទាំងឡាយមានកម្មជាផៅពង្ស ។ វណ្ណ [សំដៅយក ពួកក្សត្រិយ៍ ព្រាហ្មណ៍ វេស្សៈ និងសូទ្រៈ ។] ទាំងអស់ អ្នកមិនតាំងនៅក្នុងធម៌ រមែងធ្លាក់ចុះក្នុងនរក ជាខាងក្រោម វណ្ណៈទាំងអស់ បានប្រព្រឹត្តធម៌ដ៏ឧត្តមហើយ រមែងបរិសុទ្ធ ។

[១៣៨] មឃវទេវរាជ សុជម្បតិ ទ្រង់ពោលពាក្យនេះ ទ្រង់ប្រៀនប្រដៅព្រះបាទនេមិជាធំក្នុងដែនវិទេហៈ រួចហើយទ្រង់ចៀសចេញទៅកាន់ពួកទេវតាក្នុងឋានសួគ៌ ។

[១៣៩] (ព្រះឥន្រ្ទ…) ម្នាលអ្នកទាំងឡាយដ៏ចម្រើន អ្នកទាំងឡាយទាំងប៉ុនា្មនដែលបានមកប្រជុំគ្នាហើយក្នុងទីនេះ ចូរចាំស្តាប់នូវគុណខ្ពស់ និងទាប [សក្កទេវរាជ សំដៅយកសីលថាជាគុណខ្ពស់ ទានជាគុណទាប ។ អដ្ឋកថា ។] មានប្រមាណច្រើននេះ របស់មនុស្សទាំងឡាយអ្នកប្រកបដោយធម៌ ។ ដូចជាព្រះបាទនេមិអង្គនេះ ជាបណ្ឌិត ជាអ្នកត្រូវការដោយកុសល ជាព្រះរាជាទូន្មាននូវសត្រូវ បានឲ្យទានដល់អ្នកដែនវិទេហៈទាំងឡាយគ្រប់ៗ គ្នា ។ កាលដែលព្រះរាជាអង្គនោះ កំពុងឲ្យនូវទាននោះ សេចក្តីត្រិះរិះកើតឡើងថា ទានក្តី ព្រហ្មចរិយៈក្តី កុសលណា មានផលច្រើនជាង ។

[១៤០] (មហាជន…) ឱហ្ន៎ សេចក្តីព្រឺរោម មិនធ្លាប់កើតមាន ក៏កើតឡើយហើយក្នុងលោក រថទិព្វកើតប្រាកដហើយ ដល់ព្រះបាទវិទេហៈមានយស ។

[១៤១] (អភិសម្ពុទ្ធគាថា) មាតលិទេវបុត្រ អ្នកមានឫទ្ធិច្រើន ជាទេវសារថី បានអញ្ជើញព្រះបាទវិទេហៈ អ្នកគ្រប់គ្រងក្រុងមិថិលាថា បពិត្រព្រះរាជាដ៏ប្រសើរជាម្ចាស់នៃទិស សូមព្រះអង្គយាងមក ទ្រង់ស្តេចឡើងកាន់រថនេះ ដ្បិតទេវតាទាំងឡាយ នៅឋានតាវត្តឹង្ស ព្រមទាំងព្រះឥន្រ្ទ ចង់ឃើញព្រះអង្គ ព្រោះទេវតាទាំងឡាយនោះ តែងរលឹក (ព្រះអង្គ) កំពុងនៅប្រជុំក្នុងធម្មសភាឈ្មោះសុធម្មា ។

[១៤២] លំដាប់នោះ ព្រះបាទវិទេហៈ អ្នកគ្រប់គ្រងក្រុងមិថិលា ទ្រង់ម្នីម្នាក្រោកចាកអាសនៈ បែរព្រះភក្រ្តឡើងកាន់រថ ។ មាតលិទេវបុត្រ ទូលសួរព្រះបាទនេមិរាជនុ៎ះ ដែលសេ្តចឡើងកាន់រថទិព្វហើយ ដូច្នេះថា បពិត្រព្រះរាជាដ៏ប្រសើរជាម្ចាស់នៃទិស ទូលបង្គំជាខ្ញុំនាំព្រះអង្គទៅតាមផ្លូវណា តាមផ្លូវដែលសត្វមានបាបកម្ម ឬតាមផ្លូវដែលសត្វមានបុញ្ញកម្ម ។

[១៤៣] (ព្រះបាទនេមិ…) ម្នាលមាតលិទេវសារថី អ្នកចូរនាំខ្ញុំទៅតាមផ្លូវទាំងពីរ គឺផ្លូវដែលសត្វមានបាបកម្មផង ផ្លូវដែលសត្វមានបុញ្ញកម្មផង ។

[១៤៤] (មាតលិ…) បពិត្រព្រះរាជាដ៏ប្រសើរ ជាម្ចាស់នៃទិស ទូលបង្គំជាខ្ញុំនាំព្រះអង្គទៅតាមផ្លូវណាមុន តាមផ្លូវដែលសត្វមានបាបកម្មមុនឬ ឬតាមផ្លូវដែលសត្វមានបុញ្ញកម្មមុន ។

[១៤៥] (ព្រះបាទនេមិ…) ខ្ញុំចង់ឃើញនរកជាទីនៅនៃសត្វអ្នកមានបាបកម្មទាំងឡាយ ខ្ញុំចង់ឃើញឋាននៃសត្វអ្នកមានកម្មលាមក និងគតិនៃសត្វទ្រុស្តសីលទាំងឡាយមុន ។

[១៤៦] (អភិសម្ពុទ្ធគាថា) មាតលិទេវសារថី បង្ហាញព្រះរាជានូវស្ទឹងឈ្មោះវេតរណី ដែលសត្វឆ្លងបានដោយកម្រ ប្រកបព្រមដោយទឹកផ្សាប្រៃកំពុងពុះ ក្តៅដូចអណ្តាតភ្លើង ។

[១៤៧] ព្រះបាទនេមិ ទ្រង់ឃើញសត្វកំពុងធ្លាក់ទៅក្នុងស្ទឹងវេតរណី ជាទីឆ្លងឡើងបានដោយកម្រក្រៃលែង ហើយត្រាស់សួរ មាតលិទេវសារថីថា ម្នាលទេវបុត្រអ្នកបម្រើ ភ័យមានដល់ខ្ញុំព្រោះឃើញ (សត្វកំពុងធ្លាក់ទៅក្នុងស្ទឹងវេតរណី) ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក សត្វទាំងឡាយនេះធ្លាក់ទៅកាន់ស្ទឹងវេតរណី តើពួកសត្វនេះ បានធ្វើបាបកម្មអ្វី ។

[១៤៨] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករផលនៃបាបកម្មទាំងឡាយ ដែលខ្លួនដឹងហើយ ទូលព្រះរាជានោះដែលមិនទ្រង់ជ្រាបថា ពួកសត្វណាមានកំឡាំង មានធម៌ដ៏លាមក បៀតបៀនប្រទេចផ្តាសានូវពួកសត្វដែលមានកំឡាំងខ្សោយក្នុងជីវលោក ពួកសត្វមានកម្មលាមកនោះ រមែងរងបាប ពួកសត្វទាំងនោះឯង តែងធ្លាក់ទៅកាន់ស្ទឹងវេតរណី ។

[១៤៩] (ព្រះបាទនេមិ…) ពួកឆ្កែព្រៃសម្បុរក្រហម និងពពាល ពួកត្មាត ពួកក្អែក ជាសត្វគួរខ្លាច តែងទំពាស៊ី (សត្វនរកដែលវាប្រទះឃើញ) ម្នាលទេវបុត្រអ្នកបម្រើ ភ័យមានដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក ហ្វូងក្អែកតែងជញ្ជែងស៊ីនូវសត្វទាំងឡាយនេះ តើសត្វទាំងឡាយនេះ បានធ្វើបាបដូចមេ្តច ។

[១៥០] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃកម្មដែលខ្លួនដឹង ទូលព្រះរាជាដែលមិនទ្រង់ជ្រាបថា សត្វទាំងឡាយណានីមួយ មានសេចក្តីកំណាញ់ កំណាញ់ស្វិតស្វាញ មានធម៌លាមកពេក ជាអ្នកជេរប្រទេច បៀតបៀនប្រទូស្តសមណព្រាហ្មណ៍ សត្វអ្នកមានអំពើលាមកទាំងនោះ រមែងរងបាប ទើបហ្វូងកែ្អកជញ្ជែងស៊ីសត្វទាំងឡាយនោះ ។

[១៥១] (ព្រះរាជា…) សត្វនរកទាំងឡាយ មានសរីរៈឆេះសន្ធោសនៅ្ធ ដើរលើផែនដីដែក ថែមទាំងនាយនិរយបាលសំពងដោយដំបងដែកទាំងឡាយ ដែលភ្លើងឆេះ ម្នាលទេពបម្រើ ភ័យមានដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក ពួកជនដែលនាយនិរយបាលវាយដោយដំបង ដួលដេកនេះ តើពួកសត្វទាំងនេះ បានធ្វើបាបដូចមេ្តច ។

[១៥២] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលបាបកម្មដែលខ្លួនដឹង ទូលព្រះរាជាដែលមិនទ្រង់ជ្រាបថា ជនទាំងឡាយ មានបាបធម៌ពេញបន្ទុក បៀតបៀនប្រទេចផ្តាសានូវបុរសស្រ្តីដែលឥតបាបធម៌ក្នុងជីវលោក ឈ្មោះថាជាអ្នកមានបាបធម៌ពេញបន្ទុក ជនអ្នកមានកម្មលាមកទាំងនោះ រមែងរងបាប ជនទាំងឡាយនោះឯងហើយ ដែលនាយនិរយបាលបៀតបៀនដោយដំបង ដួលដេកនៅ ។

[១៥៣] (ព្រះរាជា…) ពួកសត្វនរកដទៃមានខ្លួនឆេះជុំវិញ កំពុងទួញយំ (ធ្លាក់ទៅ) កាន់រណ្តៅរងើកភ្លើងហើយថ្ងូរ ម្នាលទេពបម្រើ ភ័យមានដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក សត្វទាំងឡាយដែលធ្លាក់ទៅកាន់រណៅ្តរងើកភ្លើង ហើយថ្ងូរ តើពួកសត្វទាំងឡាយនេះ បានធ្វើបាបដូចមេ្តច ។

[១៥៤] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបាបកម្មដែលខ្លួនដឹងហើយ ទូលព្រះរាជាដែលមិនទ្រង់ជ្រាបថា ជនទាំងឡាយណានីមួយ ពោលអាងសាក្សី (កោង) ក្នុងហេតុនៃទ្រព្យរបស់ប្រជុំជន ហើយញុំាងទ្រព្យជាបំណុលនោះឲ្យវិនាស បពិត្រព្រះអង្គជាធំជាងជន ជនទាំងឡាយនោះ ញ៉ាំងពួកជនឲ្យវិនាសហើយ ជនទាំងឡាយអ្នកមានកម្មដ៏លាមកនោះ រមែងរងបាប ទើបជនទាំងឡាយនោះឯង (ធ្លាក់ទៅ) កាន់រណ្តៅរងើកភ្លើង ហើយថ្ងូរដូចេ្នះ ។

[១៥៥] (ព្រះរាជា) ខ្ទះទង់ដែងធំ មានភ្លើងឆេះសនោ្ធសនៅ្ធ រន្ទាលច្រាលឆ្អៅ ប្រាកដជាក់ស្តែង ម្នាលទេពបម្រើ ភ័យមានដល់ខ្ញុំព្រោះឃើញ មា្នលមាតលិទេវសារថី ខ្ញុំសួរអ្នក ពួកសត្វទាំងនេះ (មានក្បាលសំយុងចុះ) ធ្លាក់ទៅកាន់ខ្ទះពេញដោយទឹកទង់ដែង តើពួកសត្វទាំងនេះធ្វើបាបដូចមេ្តច ។

[១៥៦] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបាបកម្មទាំងឡាយដែលខ្លួនដឹងហើយ ទូលព្រះរាជានោះ ដែលមិនទ្រង់ជ្រាបថា ជនទាំងឡាយណា មានធម៌ដ៏លាមកពេក បៀតបៀនប្រទេចផ្តាសានូវសមណៈ ឬព្រាហ្មណ៍ អ្នកមានសីល ជនអ្នកមានកម្មដ៏លាមកទាំងឡាយនោះ តែងរងនូវបាប ជនទាំងនោះ (មានក្បាលសំយុងចុះ) ធ្លាក់ទៅកាន់ខ្ទះ ពេញដោយទឹកទង់ដែង ។

[១៥៧] (ព្រះរាជា…) ពួកនាយនិរយបាល ត្របែងកនៃសត្វនរក ហើយកាប់ពន្លះ បោះទៅក្នុងទឹកក្តៅ ម្នាលទេពបម្រើ ភ័យមានដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក ចុះពួកសត្វដែលមានក្បាលដាច់ ហើយដេកនៅនេះ តើសត្វពួកនេះ បានធ្វើបាបដូចមេ្តច ។

[១៥៨] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបាបកម្មទាំងឡាយ ដែលខ្លួនដឹងហើយ ទូលព្រះរាជានោះដែលមិនទ្រង់ជ្រាបថា ជនទាំងឡាយណា ក្នុងជីវលោក មានបាបធម៌ពេញបន្ទុក តែងចាប់បៀតបៀននូវសត្វស្លាបទាំងឡាយ បពិត្រព្រះអង្គជាធំជាងជន ជនទាំងឡាយនោះ បៀតបៀនហើយនូវសត្វស្លាប ពួកជនអ្នកមានកម្មលាមកនោះ រមែងរងនូវបាប ជនទាំងឡាយនោះ មានក្បាលដាច់ហើយ ដេកនៅដូច្នេះ ។

[១៥៩] (ព្រះរាជា…) ស្ទឹងនេះ មានទឹកច្រើន មានច្រាំងមិនជ្រៅ មានកំពង់ល្អ រាបទាបហូរទៅ សត្វដែលមានសេចក្តីស្រេកឃ្លានគ្របសង្កត់ហើយតែងផឹក ស្រាប់តែទឹកដែលសត្វទាំងឡាយនោះផឹកហើយ ក្លាយទៅជាអង្កាម ម្នាលទេពបម្រើ ភ័យមានដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក ចុះទឹកដែលសត្វទាំងឡាយនោះផឹកហើយ ក្លាយទៅជាអង្កាមវិញ តើពួកសត្វទាំងនេះ បានធ្វើនូវបាបដូចម្តេច ។

[១៦០] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបាបកម្មដែលខ្លួនដឹងហើយ ទូលព្រះរាជានោះដែលមិនទ្រង់ជ្រាបថា ។ ជនទាំងឡាយណា អ្នកមានកិច្ចការមិនបរិសុទ្ធ លាយនូវស្រូវសុទ្ធដោយអង្កាម ឲ្យដល់អ្នកទិញ បានជាទឹកដែលជនទាំងឡាយនោះកំពុងមានសេចក្តីក្តៅបៀតបៀន មានសេចក្តីស្រេកឃ្លានគ្របសង្កត់ហើយ ផឹកទៅក្លាយជាអង្កាមវិញ ។

[១៦១] (ព្រះរាជា…) នាយនិរយបាលទាំងឡាយ ចាក់នូវសរីរៈទាំងពីរខាងនៃសត្វនរក ដែលកំពុងកន្ទក់កន្ទេញ ដោយព្រួញទាំងឡាយក៏មាន ដោយលំពែងទាំងឡាយក៏មាន ដោយលំពែងស្នែងក្របីទាំងឡាយក៏មាន ម្នាលទេពបម្រើ សេចក្តីភ័យមានដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក ពួកជនដែលនាយនិរយបាល បៀតបៀនហើយដោយលំពែង ដេកនៅដូច្នេះ តើពួកសត្វទាំងនេះ បានធ្វើនូវបាបដូចមេ្តច ។

[១៦២] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបាបកម្មទាំងឡាយដែលខ្លួនដឹង ហើយទូលព្រះរាជានោះ ដែលមិនទ្រង់ជ្រាបថា ។ ជនទាំងឡាយណា ក្នុងជីវលោក ជាអ្នកមានកម្មមិនល្អ លួចយកស្រូវ ទ្រព្យ ប្រាក់ មាស ទាំងសត្វចិញ្ចឹម ពពែ ចៀម និងក្របី ដែលគេមិនឲ្យ ហើយធ្វើនូវការចិញ្ចឹមជីវិត ជនអ្នកមានកម្មដ៏លាមកទាំងនោះ រមែងរងនូវបាប ទើបពួកជនទាំងនោះ ត្រូវនាយនិរយបាលបៀតបៀនហើយ ដោយលំពែងដេកនៅដូច្នេះ ។

[១៦៣] (ព្រះរាជា…) ហេតុអ្វី សត្វនរកទាំងឡាយនេះ មួយពួកត្រូវនាយនិរយបាលចងកអូស ពួកដទៃត្រូវនាយនិរយបាលចិញ្រ្ចាំ ពួកដទៃទៀតត្រូវនាយនិរយបាលធ្វើឲ្យខ្ទេចខ្ទី ដួលដេកនៅ ម្នាលទេពបម្រើ ភ័យមានដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក ជនទាំងឡាយដែលនាយនិរយបាលធ្វើឲ្យខ្ទេចខ្ទី ហើយដួលដេកនៅ តើពួកជនទាំងនោះ បានធ្វើនូវបាបដូចមេ្តច ។

[១៦៤] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបាបកម្មដែលខ្លួនដឹងហើយ ទូលព្រះរាជានោះ ដែលមិនទ្រង់ជ្រាបថា ជនទាំងឡាយណា ជាអ្នកសម្លាប់ទ្រាយ សម្លាប់ជ្រូក សម្លាប់ត្រី សម្លាប់សត្វចិញ្ចឹម គឺក្របី ពពែ និងចៀម ហើយដាក់លក់ឰដ៏រានផ្សាលក់សាច់ ជនអ្នកមានកម្មអាក្រក់ទាំងនោះ តែងរងបាប បានជាជនទាំងនោះ ត្រូវនាយនិរយបាលធ្វើខ្ទេចខ្ទី ហើយដេកនៅ ។

[១៦៥] (ព្រះរាជា…) អន្លង់នេះ ពេញពោរ ដោយមូត្រ និងករីស មានក្លិនអាក្រក់មិនស្អាត ស្អុយផ្សាយទៅ ពួកជនអ្នកមានសេចក្តីស្រេកឃ្លានគ្របសង្កត់ហើយ ស៊ី (នូវមូត្រ និងករីសនេះ) ម្នាលទេពបម្រើ ភ័យមានដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក ពួកជនអ្នកបរិភោគនូវមូត្រ និងករីសនេះ តើពួកជនទាំងនេះ បានធ្វើនូវបាបដូចមេ្តច ។

[១៦៦] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបាបកម្មដែលខ្លួនដឹងហើយ ទូលព្រះរាជានោះ ដែលមិនទ្រង់ជ្រាបថា ជនទាំងឡាយណានីមួយ ជាអ្នកបង្កសេចក្តីទុក្ខ អ្នកបៀតបៀនមិត្រសំឡាញ់ អ្នកតាំងនៅក្នុងការបៀតបៀននូវជនដទៃសព្វៗកាល ពួកជនទាំងឡាយ មានអំពើលាមកនោះ រមែងរងបាប ជនពាលទាំងឡាយជាអ្នកទ្រូស្តមិត្តនោះ តែងស៊ីអាហារចាស់ ។

[១៦៧] (ព្រះរាជា…) អន្លង់នេះ ពេញពោរទៅដោយឈាម និងខ្ទុះ មានក្លិនអាក្រក់មិនស្អាត ស្អុយផ្សាយទៅ ពួកសត្វដែលត្រូវកំដៅបៀតបៀនហើយ ផឹក (ឈាម និងខ្ទុះនោះ) ម្នាលទេពបម្រើ ភ័យមានដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក ពួកជនដែលមានឈាម និងខ្ទុះជាអាហារនេះ តើពួកសត្វទាំងនេះ បានធ្វើនូវបាបដូចមេ្តច ។

[១៦៨] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបាបកម្មដែលខ្លួនដឹងហើយ ទូលព្រះរាជាដែលមិនជ្រាបថា ជនទាំងឡាយណាក្នុងជីវលោកនេះ សម្លាប់ព្រះអរហន្ត គឺមាតា ឬបិតា ឈ្មោះថាបារាជិក (ក្នុងភាពជាគ្រហស្ថ) ពួកជនអ្នកមានអំពើលាមកនោះ តែងរងបាប ជនទាំងនោះ មានឈាម និងខ្ទុះជាអាហារ ។

[១៦៩] (ព្រះរាជា…) អ្នកចូរមើលនូវសត្វនរក មានអណា្តតមុតដោយសន្ទូច បីដូចស្បែកដែលគេខ្វារដោយកង្វេរ ញាប់ញ័រដូចត្រី ដែលជនបោះទៅលើគោក ព្រោះហេតុអ្វីហ្ន៎ បានជាសត្វនរកទាំងនេះ យំបង្ហៀរទឹកមាត់ ម្នាលទេពបម្រើ ភ័យមានដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក ពួកជនដែលស៊ីសន្ទូចដេកនៅ តើពួកសត្វទាំងនេះ បានធ្វើនូវបាបដូចមេ្តច ។

[១៧០] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបាបកម្មដែលខ្លួនដឹងហើយ ទូលព្រះរាជានោះដែលមិនទ្រង់ជ្រាបថា មនុស្សទាំងឡាយណានីមួយ ឋិតនៅក្នុងដំណែងជាអ្នកកាត់ថ្លៃទំនិញ ញុំាងទំនិញដែលមានថ្លៃ ឲ្យសាបសូន្យចាកថ្លៃ (បនោ្ថកទំនិញគេ) ប្រកបដោយអំពើកោង ធ្វើអំពើកោង ព្រោះហេតុចង់បានទ្រព្យ បីដូចជាសន្ទូចដែលគេបិទបាំង (ដោយនុយ) ដើម្បីសម្លាប់ត្រី ។ ទីពឹងរបស់អ្នកធ្វើនូវអំពើកោង ជាបុគ្គលដែលកម្មរបស់ខ្លួនរួបរឹតហើយ មិនមានទេ ពួកជនអ្នកមានអំពើលាមកនោះ តែងរងបាប បានជាពួកជនទាំងនោះ ជាអ្នកស៊ីសន្ទូចដេកនៅ ។

[១៧១] (ព្រះរាជា…) ពួកស្រ្តីទាំងនេះ មានខ្លួនដាច់ខេ្ទចខ្ទី មានជាតិអាក្រក់ មានខ្លួនប្រឡាក់ពាសពេញដោយឈាម និងខ្ទុះ មានខ្លួនដាច់រយះរយាយ បីដូចគោទាំងឡាយដែលគេពន្លះក្នុងទីសម្លាប់ ផ្គងដើមដៃទាំងឡាយ យំកន្ទក់កន្ទេញ ពួកស្រ្តីទាំងនោះ (មានខ្លួនត្រឹមចង្កេះ) លិចចុះក្នុងផែនដី មានភ្លើងឆេះសន្ធោសន្ធៅ មានភ្នំរមៀលកិនសព្វៗកាល ម្នាលទេពបម្រើ ភ័យមានដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិជាទេវសារថី ខ្ញុំសួរអ្នក ពួកស្ត្រីដែល (មានខ្លួនត្រឹមចង្កេះ) លិចចុះក្នុងផែនដី មានភ្លើងឆេះសន្ធោសន្ធៅ មានភ្នំរមៀលកិនសព្វ ៗ កាល តើពួកស្រ្តីទាំងនេះ បានធ្វើបាបដូចមេ្តច ។

[១៧២] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបាបកម្មដែលខ្លួនដឹងហើយ ទូលព្រះរាជានោះដែលមិនទ្រង់ជ្រាបថា ពួកស្រ្តីមានត្រកូលក្នុងជីវលោកនេះ មានអំពើមិនបរិសុទ្ធ បានប្រព្រឹត្តនូវអំពើជារបស់អសប្បុរស ពួកស្រ្តីទាំងនោះ មានសភាពជាអ្នកលេង លះបង់ស្វាមី ហើយត្រាច់ទៅរកបុរសដទៃ ព្រោះហេតុតែកាមគុណ និងលែ្បងពាល ពួកស្រ្តីទាំងនោះ ក្នុងជីវលោក លុះញ៉ាំងបុរសដទៃឲ្យត្រេកត្រអាល ទើបមានភ្លើងឆេះសន្ធោសន្ធៅ មានភ្នំរមៀលកិនដូច្នេះ ។

[១៧៣] (ព្រះរាជា…) ព្រោះហេតុអ្វី បានជាសត្វនរកមួយពួកទៀតនេះ ត្រូវនាយនិរយបាលចាប់ជើង ឲ្យមានក្បាលសំយុងចុះ ហើយទម្លាក់ទៅក្នុងរណ្តៅ ម្នាលទេពបម្រើ ភ័យមានដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក ពួកសត្វទាំងនេះ ដែលមានក្បាលសំយុងចុះ នាយនិរយបាលទម្លាក់ទៅក្នុងរណ្តៅនរក តើពួកសត្វទាំងនេះ បានធ្វើបាបដូចមេ្តច ។

[១៧៤] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបាបកម្មដែលខ្លួនដឹងហើយ ទូលព្រះរាជានោះដែលមិនជ្រាបថា ជនទាំងឡាយណា ក្នុងជីវលោកនេះ អ្នកមានអំពើជារបស់អសប្បុរស ប្រព្រឹត្តកន្លងនូវប្រពន្ធទាំងឡាយនៃជនដទៃ សត្វទាំងឡាយប្រាកដដូច្នោះនោះ ឈ្មោះថាជាអ្នកលួចនូវរបស់ដ៏ថ្លៃថ្លា បានជាសត្វទាំងនោះ (មានក្បាលសំយុងចុះ) ត្រូវនាយនិរយបាលទម្លាក់ទៅក្នុងរណ្តៅ ។ សត្វទាំងឡាយនោះ តែងរងនូវទុក្ខវេទនាក្នុងនរកទំាងឡាយនោះ អស់ប្រជុំនៃឆ្នាំដ៏ច្រើន ព្រោះថា ទីពឹងទាំងឡាយរបស់បុគ្គលអ្នកធ្វើបាប ជាបុគ្គលដែលកម្មរបស់ខ្លួនរួបរឹតហើយ មិនមានទេ ពួកសត្វអ្នកមានអំពើលាមកនោះ រមែងរងនូវបាប ទើបបានជាពួកជនទាំងនោះ (មានក្បាលសំយុងចុះ) ត្រូវនាយនិរយបាលទម្លាក់ទៅក្នុងរណ្តៅ ។

[១៧៥] (ព្រះរាជា…) ពួកសត្វទាំងឡាយនេះ ខ្ពស់ និងទាបផេ្សងៗគ្នា ជាអ្នកត្រដាបត្រដួស មានរួបគួរខ្លាចពន់ពេក ប្រាកដនៅក្នុងនរកទាំងឡាយ ម្នាលទេពបម្រើ ភ័យមានដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក ពួកជនដែលមានសេចក្តីទុក្ខវេទនាក្លៀវក្លា ខ្លោចផ្សា ក្តៅក្រហាយក្រៃលែងនេះ តើពួកសត្វទាំងនេះ បានធ្វើបាបដូចមេ្តច ។

[១៧៦] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបាបកម្មដែលខ្លួនដឹងហើយ ទូលព្រះរាជានោះដែលមិនទ្រង់ជ្រាបថា ជនទាំងឡាយណាក្នុងជីវលោកនេះ មានទិដ្ឋិលាមកក្រៃលែង តែងធ្វើអំពើដ៏សិ្នទ្ធ ព្រោះមោហៈ ទាំងបបួលអ្នកដទៃ (ឲ្យយល់) ក្នុងទិដ្ឋិទាំងឡាយនោះផង ជនទាំងឡាយនោះ មានទិដ្ឋិបាប រមែងរងបាប ទើបបានជាពួកជនទាំងនោះរងទុក្ខវេទនាដ៏ក្លៀវក្លា ខ្លោចផ្សា ក្តៅក្រហាយក្រៃលែង ។

[១៧៧] បពិត្រព្រះរាជា ទីលំនៅរបស់សត្វអ្នកមានបាបកម្មទាំងឡាយ ឋានរបស់សត្វអ្នកមានអំពើអាក្រក់ទាំងឡាយ និងគតិរបស់សត្វអ្នកទ្រូស្តសីលទាំងឡាយ ព្រះអង្គទ្រង់បានជ្រាបហើយ បពិត្រព្រះរាជាអ្នកស្វែងរកគុណដ៏ធំ សូមទ្រង់សេ្តចទៅក្នុងសំណាក់ទេវរាជឥឡូវនេះ ។

[១៧៨] (ព្រះបាទនេមិ…) វិមាននេះ មានកំពូលប្រាំ ដែលយើងឃើញប្រាកដ មាននាងនារីមានអានុភាពធំ ប្រដាប់ដោយកម្រងផ្កា សំដែងនូវទេវឫទ្ធិមានប្រការផេ្សង ៗ នៅកណ្តាលដំណេក ក្នុងវិមាននោះ ម្នាលទេពបម្រើ សេចក្តីរីករាយមានប្រាកដដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក នារីដែលបានដល់ឋានសួគ៌ហើយ រីករាយក្នុងវិមាន តើនារីនេះ បានធ្វើកុសលដូចមេ្តច ។

[១៧៩] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបុញ្ញកម្មទាំងឡាយ ដែលខ្លួនដឹងហើយ ទូលព្រះរាជានោះ ដែលមិនទ្រង់ជ្រាបថា ពិរណីដែលទ្រង់ធ្លាប់ជ្រាបហើយ ជាទាសីកើតហើយក្នុងផ្ទៃនៃទាសី ក្នុងផ្ទះនៃព្រាហ្មណ៍ ក្នុងជីវលោក នាងពិរណីនោះដឹងថា ភិក្ខុជាភ្ញៀវ មានកាលដល់ហើយ (ហើយក៏អង្គាសចង្ហាន់ប្រគេនភិក្ខុនោះ) ហាក់ដូចជាមាតា ដែលត្រេកអរចំពោះបុត្តរបស់ខ្លួន នាងជាអ្នកសង្រួម ជាអ្នកចែកទាន ទើបនាងរីករាយក្នុងវិមាន ។

[១៨០] (ព្រះបាទនេមិ…) វិមានមាសទាំង ៧ ដែលបុញ្ញកម្មតាក់តែងហើយ មានពន្លឺរុងរឿងផ្សព្វផ្សាយទៅ មានទេវបុត្រមានឫទ្ធិច្រើន ប្រដាប់ហើយដោយអាភរណៈគ្រប់បែប មានពួកនាងទេពធីតាចោមរោមហើយ ដើរប្រទក្សិណដោយជុំវិញ ក្នុងវិមានទាំង ៧ នោះ ។

មា្នលទេពបម្រើ ខ្ញុំមានសេចក្តីត្រេកអរព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក តើទេវបុត្តនេះ បានធ្វើនូវកុសលដូចមេ្តច ទើបដល់នូវឋានសួគ៌ ហើយរីករាយក្នុងវិមាន ។

[១៨១] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបុញ្ញកម្មទាំងឡាយ ដែលខ្លួនដឹងហើយ ទូលព្រះរាជានោះ ដែលមិនទ្រង់ជ្រាបថា ទេវបុត្រនេះ ជាគហបតី ឈ្មោះសោណទិន្ន ជាម្ចាស់នៃទាន (ក្នុងដែនកាសី) គាត់បានសាងកុដិសម្រាប់នៅ ៧ ខ្នង ឧទិ្ទសចំពោះបព្វជិត ។ គាត់បានបម្រើភិក្ខុទាំងឡាយ ដែលអាស្រ័យនៅក្នុងកុដិនោះដោយគោរព បានប្រគេនចីវរសម្រាប់ស្លៀកដណ្តប់ផង ភត្តាហារផង សេនាសនៈផង គ្រឿងប្រទីបផង ចំពោះលោកអ្នកមានចិត្តត្រង់ទាំងឡាយ ដោយចិត្តជ្រះថ្លា ។ គាត់រក្សាឧបោសថប្រកបដោយអង្គប្រាំបី អស់តិថីទី ១៤ ផង តិថីទី ១៥ ផង តិថីទី៨ នៃបក្ខផង បាដិហារិយបក្ខផង គាត់ជាអ្នកសង្រួមក្នុងសីលទាំងឡាយសព្វ ៗ កាល ជាអ្នកសង្រួមនូវឥន្រ្ទិយ ជាអ្នកចែកទាន ទើបគាត់រីករាយក្នុងវិមាន ។

[១៨២] (ព្រះរាជា…) វិមាននេះ ដែលបុញ្ញកម្មនិម្មិតហើយ ដ៏រុងរឿងដោយជញ្ជាំងជាវិការៈនៃកែវផលិក ពាសពេញដោយពួកនារីដ៏ប្រសើរ រុងរឿងដោយផ្ទះកំពូល ប្រកបដោយទឹក និងភោជន ដោយកិរិយារាំ និងច្រៀងទាំងពីរ ។ ម្នាលទេពបម្រើ ខ្ញុំមានសេចក្តីត្រេកអរព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក តើនារីទាំងនេះ បានធ្វើកុសលកម្មដូចមេ្តច ទើបដល់ឋានសួគ៌ ហើយរីករាយក្នុងវិមាន ។

[១៨៣] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបុញ្ញកម្មទាំងឡាយ ដែលខ្លួនដឹងហើយ ទូលព្រះរាជានោះ ដែលមិនទ្រង់ជ្រាបថា ពួកនារីណានីមួយ ក្នុងជីវលោកនេះ មានសីល ជាឧបាសិកា ត្រេកអរក្នុងទាន មានចិត្តជ្រះថ្លាជានិច្ច តាំងនៅក្នុងសច្ចធម៌ មិនប្រហែសធ្វេសក្នុងឧបោសថ ជាអ្នកសង្រួម ជាអ្នកចែកទាន ទើបនារីទាំងនោះរីករាយក្នុងវិមាន ។

[១៨៤] (ព្រះរាជា…) វិមាននេះ ដែលបុញ្ញកម្មនិម្មិតហើយ ដ៏រុងរឿងដោយជញ្ជំាង ជាវិការៈនៃកែវពៃទូរ្យ ប្រកបដោយភូមិភាគ ចែកវាស់ដោយចំណែក ។ (ក្នុងវិមាននេះ) មានសូរសម្លេងទិព្យលាន់ឮ គឺស្គរ សមោ្ភរ កិរិយារាំ ច្រៀង និងប្រគំ គួរស្តាប់ ជាទីរីករាយនៃចិត្ត ។ សម្លេងដែលប្រព្រឹត្តទៅយ៉ាងនេះ ពីរោះយ៉ាងនេះ ពីមុនមក ខ្ញុំមិនដែលឃើញ ទាំងមិនដែលឮឡើយ ទើបតែបានដឹង ។ ម្នាលទេពបម្រើ សេចក្តីត្រេកអរមានដល់ខ្ញុំព្រោះបានឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក តើពួកទេវបុត្រទាំងនេះ ធ្វើកុសលកម្មដូចមេ្តច ទើបដល់ឋានសួគ៌ ហើយរីករាយក្នុងវិមាន ។

[១៨៥] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបុញ្ញកម្មទាំងឡាយ ដែលខ្លួនដឹងហើយ ទូលព្រះរាជានោះ ដែលមិនទ្រង់ជ្រាបថា ជនទាំងឡាយណា មានសីល ជាឧបាសក ក្នុងជីវលោកនេះ បានកសាងសួនច្បារ ស្រះ អណ្តូងទឹក និងស្ពាន ប្រតិបត្តិព្រះអរហន្តទាំងឡាយ អ្នកមានចិត្តត្រជាក់ ដោយគោរព ព្រមទាំងបានថ្វាយចីវរ បិណ្ឌបាត សេនាសនៈ និង (គិលានប្បច្ច័យ) ចំពោព្រះអរហន្តទាំងឡាយអ្នកមានចិត្តត្រង់ដោយចិត្តជ្រះថ្លា ។ ជនទាំងឡាយនោះ បានរក្សាឧបោសថ ប្រកបដោយអង្គប្រាំបី អស់តិថីទី ១៤ ផង តិថីទី ១៥ ផង តិថីទី ៨ នៃបក្ខផង បាដិហារិយបក្ខផង សង្រួមក្នុងសីលទាំងឡាយ សព្វ ៗ កាល ជាអ្នកសង្រួមឥន្រ្ទិយ និងជាអ្នកចែកទាន ទើបជនទាំងឡាយនោះរីករាយក្នុងវិមាន ។

[១៨៦] (ព្រះរាជា…) វិមាននេះ ដែលបុញ្ញកម្មនិមិ្មតល្អហើយ រុងរឿងដោយជញ្ជាំង ជាវិការៈនៃកែវផលិក ដេរដាសដោយពួកនាងនារីដ៏ប្រសើរ ចម្រើនដោយផ្ទះកំពូល ប្រកបដោយទឹក និងភោជន ដោយកិរិយារាំ និងច្រៀងទាំងពីរយ៉ាង មានស្ទឹងប្រកបដោយរុក្ខជាតិ មានផ្កាផេ្សងៗ ហូរព័ទ្ធជុំវិញ ។

ម្នាលទេពបម្រើ សេចក្តីត្រេកអរ មានប្រាកដដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក តើទេវបុត្រនេះ បានធ្វើនូវកុសលកម្មដូចមេ្តច ទើបដល់ឋានសួគ៌ ហើយរីករាយក្នុងវិមាន ។

[១៨៧] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបុញ្ញកម្មទាំងឡាយ ដែលខ្លួនដឹងហើយ ទូលព្រះរាជានោះ ដែលមិនទ្រង់ជ្រាបថា ទេវបុត្រអង្គនុ៎ះ ជាគហបតី ជាម្ចាស់នៃទាន ក្នុងក្រុងមិថិលា បានសាងសួនច្បារ ស្រះ អណ្តូងទឹក និងស្ពាន បានប្រតិបត្តិព្រះអរហន្តទាំងឡាយអ្នកមានចិត្តត្រជាក់ ដោយគោរព បានថ្វាយចីវរ បិណ្ឌបាត សេនាសនៈ និង (គិលានប្បច្ច័យ) ចំពោះពួកព្រះអរហន្តអ្នកមានចិត្តត្រង់ ដោយចិត្តជ្រះថា្ល ។ បានរក្សាឧបោសថប្រកបដោយអង្គ ៨ អស់តិថីទី ១៤ ផង តិថីទី ១៥ ផង តិថីទី ៨នៃបក្ខផង អស់បាដិហារិយបក្ខផង សង្រួមក្នុងសីលទាំងឡាយ សព្វៗ កាល ជាអ្នកសង្រួមនូវឥន្រ្ទិយ ជាអ្នកចែកទាន ទើបគហបតីនោះ រីករាយក្នុងវិមាន ។

[១៨៨] (ព្រះរាជា…) វិមាននេះ ដែលបុញ្ញកម្មនិមិ្មតល្អហើយ ដ៏រុងរឿងដោយជញ្ជាំង ជាវិការៈនៃកែវផលិក ដេរដាសដោយពួកនារីដ៏ប្រសើរ ចម្រើនដោយផ្ទះកំពូល ប្រកបដោយទឹក និងភោជន ដោយការច្រៀង និងការរាំទាំងពីរយ៉ាង មានស្ទឹងប្រកបដោយឈើ មានផ្កាផ្សេងៗ ហូរព័ទ្ធជុំវិញ មានឈើទាំងឡាយជាច្រើនគឺ ដើមកេស ខ្វិត ស្វាយ សាលព្រឹក្ស ព្រីង ទន្លាប់ មៈប៉ែន សុទ្ធសឹងមានផ្លែជានិច្ច ។

ម្នាលទេពបម្រើ សេចក្តីត្រេកអរមានប្រាកដដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក ទេវបុត្រអង្គនេះ បានធ្វើកុសលកម្មដូចមេ្តច ទើបដល់ឋានសួគ៌ រីករាយក្នុងវិមាន ។

[១៨៩] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបុញ្ញកម្មទាំងឡាយ ដែលខ្លួនដឹងហើយ ទូលព្រះរាជានោះ ដែលមិនទ្រង់ជ្រាបថា ទេវបុត្រអង្គនេះ ជាគហបតី ជាម្ចាស់នៃទានក្នុងក្រុងមិថិលា បានសាងសួនច្បារ ស្រះ អណ្តូងទឹក បានប្រតិបត្តិចំពោះព្រះអរហន្តទាំងឡាយ ដែលជាអ្នកមានចិត្តត្រជាក់ បានថ្វាយនូវចីវរ បិណ្ឌបាត សេនាសនៈ និង (គិលានប្បច័្ចយ) ចំពោះព្រះអរហន្តទាំងឡាយ អ្នកមានចិត្តត្រង់ ដោយចិត្តជ្រះថ្លា ។ គហបតីនោះ បានទាំងរក្សាឧបោសថ ប្រកបដោយអង្គ ៨ អស់តិថីទី ១៤ ផង តិថីទី ១៥ ផង តិថីទី ៨នៃបក្ខផង អស់បាដិហារិយបក្ខផង សង្រួមក្នុងសីលទាំងឡាយ សព្វៗ កាល ជាអ្នកសង្រួមឥន្រ្ទិយ ជាអ្នកចែកទាន ទើបគហបតីនោះ រីករាយក្នុងវិមាន ។

[១៩០] (ព្រះរាជា…) វិមាននេះ ដែលបុញ្ញកម្មនិម្មិតហើយ ដ៏រុងរឿងដោយជញ្ជាំងជាវិការៈនៃកែវពៃទូរ្យ ប្រកបដោយភូមិភាគ ចែកវាស់ដោយចំណែក (ក្នុងវិមាននោះ) មានសូរសព្ទជាទិព្យលាន់ឮ គឺស្គរ សម្ភោរ កិរិយារាំ ច្រៀង និងប្រគំ គួរស្តាប់ ជាទីរីករាយនៃចិត្ត ។ សម្លេងដែលប្រព្រឹត្តទៅយ៉ាងនេះ ពីរោះយ៉ាងនេះ ពីមុនមក ខ្ញុំមិនដែលឃើញ ទាំងមិនដែលឮឡើយ ទើបតែនឹងបានដឹង ។

ម្នាលទេពបម្រើ សេចក្តីត្រេកអរមានដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក តើទេវបុត្រអង្គនេះ បានធ្វើកុសលកម្មដូចមេ្តច ទើបដល់ឋានសួគ៌ ហើយរីករាយក្នុងវិមាន ។

[១៩១] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបុញ្ញកម្មទាំងឡាយ ដែលខ្លួនដឹងហើយ ទូលព្រះរាជានោះ ដែលមិនទ្រង់ជ្រាបថា ទេវបុត្រអង្គនេះ ជាគហបតី ជាម្ចាស់នៃទានក្នុងក្រុងពារាណសី បានកសាងសួនច្បារ ស្រះ អណ្តូងទឹក និងស្ពាន បានប្រតិបត្តិចំពោះព្រះអរហន្តទាំងឡាយ ដែលមានចិត្តត្រជាក់ បានថ្វាយចីវរ បិណ្ឌបាត សេនាសនៈ និង (គិលានប្បច្ច័យ) ចំពោះព្រះអរហន្តទាំងឡាយ អ្នកមានចិត្តត្រង់ដោយចិត្តជ្រះថ្លា ។ ទេវបុត្រនោះ បានរក្សាឧបោសថ ប្រកបដោយអង្គ ៨ ប្រការ អស់តិថីទី ១៤ ផង តិថីទី ១៥ ផង តិថីទី ៨ នៃបក្ខផង អស់បាដិហារិយបក្ខផង សង្រួមក្នុងសីលទាំងឡាយ សព្វៗ កាល ជាអ្នកសង្រួមឥន្រ្ទិយ ជាអ្នកចែកទាន ទើបទេវបុត្រនោះ រីករាយក្នុងវិមាន ។

[១៩២] (ព្រះរាជា…) វិមាននេះ ជាវិការនៃមាសដែលបុញ្ញកម្មនិមិ្មតហើយ ដូចព្រះអាទិត្យទើបរះឡើង មានពណ៌ក្រហម មានមណ្ឌលធំ ។

ម្នាលទេពបម្រើ សេចក្តីត្រេកអរមានប្រាកដដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក ទេវបុត្រអង្គនេះ បានធ្វើកុសលកម្មដូចមេ្តច ទើបដល់នូវឋានសួគ៌ ហើយរីករាយក្នុងវិមាន ។

[១៩៣] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបុញ្ញកម្មទាំងឡាយ ដែលខ្លួនដឹងហើយ ទូលព្រះរាជានោះ ដែលមិនទ្រង់ជ្រាបថា ទេវបុត្រអង្គនេះ ជាគហបតីជាម្ចាស់នៃទានក្នុងក្រុងសាវត្ថី បានកសាងសួនច្បារ ស្រះ អណ្តូងទឹក និងស្ពាន បានប្រតិបត្តិព្រះអរហន្តទាំងឡាយ ជាអ្នកមានចិត្តត្រជាក់ ដោយគោរព បានថ្វាយចីវរ បិណ្ឌបាត សេនាសនៈ និង (គិលានប្បច្ច័យ) ចំពោះព្រះអរហន្តទាំងឡាយ អ្នកមានចិត្តត្រង់ដោយចិត្តជ្រះថ្លា ។ គហបតីនោះ បានរក្សាឧបោសថប្រកបដោយអង្គ ៨ ប្រការ អស់តិថីទី ១៤ ផង តិថីទី ១៥ ផង តិថីទី ៨ នៃបក្ខផង អស់បាដិហារិយបក្ខផង សង្រួមក្នុងសីលទាំងឡាយ សព្វៗ កាល ជាអ្នកសង្រួមឥន្រ្ទិយ ជាអ្នកចែកទាន ទើបគហបតីនោះ រីករាយក្នុងវិមាន ។

[១៩៤] (ព្រះរាជា…) វិមានទាំងឡាយនេះ ជាវិការនៃមាស មានប្រមាណច្រើន ដែលបុញ្ញកម្មនិម្មិតហើយ តាំងនៅក្នុងអាកាស មានពន្លឺដ៏រុងរឿង ដូចជាផ្លេកបន្ទោរក្នុងចន្លោះនៃមេឃ ក្នុងវិមានទាំងឡាយនោះ មានពួកទេវតាមានឫទ្ធិច្រើន សឹងប្រដាប់ដោយគ្រឿងអាភរណៈគ្រប់បែប មានពួកនាងទេពអប្សរចោមរោមហើយ ប្រទក្សិណវិលវង់ដោយជុំវិញ ។

ម្នាលទេពបម្រើ សេចក្តីត្រេកអរមានប្រាកដដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក ពួកទេវបុត្រទាំងនេះ បានធ្វើកុសលកម្មដូចមេ្តច ទើបដល់ឋានសួគ៌ ហើយរីករាយក្នុងវិមាន ។

[១៩៥] មាតលិទេវសារថីដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបុញ្ញកម្មដែលខ្លួនដឹងហើយ ទូលព្រះរាជានោះដែលមិនទ្រង់ជ្រាបថា ពួកទេវបុត្រទាំងនោះ ជាសាវ័ករបស់ព្រះសម្មាសម្ពុទ្ធ តាំងនៅស៊ប់ដោយសទ្ធាក្នុងព្រះសទ្ធម្ម ដែលព្រះមានព្រះភាគទ្រង់ប្រកាសទុកល្អហើយ បានធ្វើតាមនូវពុទ្ធវចនៈរបស់ព្រះសាស្តា បពិត្រព្រះរាជា ឋានទាំងឡាយដែលទ្រង់ក្រឡេកឃើញហើយ គឺជាឋានរបស់ទេវបុត្រទាំងឡាយនោះ ។

[១៩៦] បពិត្រមហារាជ ឋានរបស់សត្វអ្នកមានបាបកម្ម ទ្រង់បានជ្រាបហើយ ព្រោះទ្រង់ទតឃើញនូវលំនៅ (របស់សត្វ) ទាំងឋានរបស់សត្វអ្នកមានកល្យាណកម្ម ក៏ទ្រង់ជ្រាបហើយ បពិត្រព្រះរាជាទ្រង់ស្វែងរកកុសលធម៌ ឥឡូវនេះ សូមទ្រង់យាងទៅក្នុងសំណាក់នៃទេវរាជ ។

[១៩៧] (អភិសម្ពុទ្ធគាថា) ព្រះបាទនេមិមហារាជ ទ្រង់ឋិតនៅលើទិព្វយាន មានសេះជាវាហនៈដែលទឹមដោយសេះសិន្ធព ១ ពាន់ កាលសេ្តចកំពុងយាងទៅ ទ្រង់ក្រឡេកឃើញភ្នំទាំងឡាយក្នុងចន្លោះសីទន្តរសមុទ្ទ លុះទ្រង់ទតឃើញហើយ ទ្រង់ត្រាស់ហៅទេវសារថីសួរថា ភ្នំទាំងនោះ តើឈ្មោះអ្វីខ្លះ ។

[១៩៨] (មាតលិ…) ភ្នំធំៗទាំងឡាយនេះ ក្នុងសមុទ្ទសីទន្តរ គឺភ្នំសុទស្សនៈ ១ ករវិក ១ ឥសិន្ធរ ១ យុគន្ធរ ១ នេមិន្ធរ ១ វិនតក ១ អស្សកណ្ណ ១ ជាភ្នំមានកំពូលខ្ពស់ឡើងតាមលំដាប់រៀងគ្នា បពិត្រមហារាជ ភ្នំដែលទ្រង់ក្រឡេកឃើញ សឹងជាលំនៅនៃមហារាជទាំងឡាយ ។

[១៩៩] (ព្រះរាជា…) (ទា្វរ) មានរូបជាអនេកដ៏រុងរឿងវិចិត្រដោយរតនវត្ថុផេ្សង ៗ ដ៏ដេរដាសដោយរូបទាំងឡាយ ប្រហែលរូបព្រះឥន្រ្ទ បីដូចជា (ព្រៃធំ) ដែលពួកខ្លាធំចាំនៅហើយ ។

ម្នាលទេពបម្រើ សេចក្តីត្រេកអរមានដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក គេហៅថាទា្វរនេះ ឈ្មោះអ្វី ទើបជាទីរីករាយនៃចិត្តប្រាកដអំពីចម្ងាយ ។

[២០០] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបុញ្ញកម្មទាំងឡាយ ដែលខ្លួនដឹងហើយ ទូលព្រះរាជានោះ ដែលមិនទ្រង់ជ្រាបថា ទ្វារនេះឈ្មោះចិត្តកូដ ជាទីចេញចូលនៃទេវរាជ (ជាទ្វារនៃទេពនគរ ដែលតាំងនៅត្រង់ទីបំផុតនៃភ្នំព្រះសុមេរុ) ជាភ្នំគួរឲ្យចង់មើលប្រាកដ (ទា្វរនេះ) មានរូបជាអនេកដ៏រុងរឿង វិចិត្រដោយរតនៈវត្ថុផេ្សងៗ ប្រាកដជាទ្វារដ៏ដេរដាសដោយរូបទាំងឡាយ ប្រហែលរូបព្រះឥន្រ្ទ បីដូចជា (ព្រៃធំ) ដែលពួកខ្លារក្សាហើយ បពិត្រព្រះរាជា ទ្រង់ស្វែងរកគុណធម៌ សូមទ្រង់ចូលទៅតាមទ្វារនុ៎ះ សូមទ្រង់ជាន់នូវផែនដីទិព្វដ៏រាបសើ្ម ។

[២០១] (អភិសម្ពុទ្ធគាថា) ព្រះបាទនេមិមហារាជ ទ្រង់ឋិតនៅលើទិព្វយាន មានសេះជាវាហនៈដែលទឹមដោយសេះសិន្ធព ១ ពាន់ ទ្រង់យាងទៅ បានទតឃើញនូវទេវសភា (ត្រាស់សួរថា) វិមាននេះ ដែលបុញ្ញកម្មនិម្មិតហើយ ដោយជញ្ជាំងជាវិការនៃកែវពៃទូរ្យ ឃើញច្បាស់ដូចអាកាសមានពន្លឺខៀវក្នុងសរទកាល ។

ម្នាលទេពបម្រើ សេចក្តីត្រេកអរមានដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក គេហៅវិមាននុ៎ះឈ្មោះអ្វី ។

[២០២] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបុញ្ញកម្មទាំងឡាយដែលខ្លួនដឹងហើយ ទូលព្រះរាជានោះដែលមិនទ្រង់ជ្រាបថា ទេវសភាដែលព្រះអង្គទតឃើញនុ៎ះឯង គេហៅថា សុធម្មា (ទេវសភានុ៎ះ) រុងរឿងដោយកែពៃទូរ្យដ៏វិចិត្រដែលបុញ្ញានុភាពនិម្មិតដោយប្រពៃតាំងនៅ សសរមានជ្រុងប្រាំបី ដែលបុញ្ញកម្មតាក់តែងល្អ សុទ្ធសឹងជាវិការនៃកែវពៃទូរ្យទាំងអស់ ពួកទេវតានៅជាន់តាវត្តឹង្សគ្រប់អង្គ សឹងមានព្រះឥន្រ្ទជាប្រមុខ តែងប្រជុំគ្នាគិតគូរសេចក្តីចម្រើនរបស់ទេវតា និងមនុស្សទំាងឡាយ បពិត្រព្រះរាជាទ្រង់សែ្វងរកគុណធម៌ សូមទ្រង់ចូលទៅកាន់ទីអនុមោទនារបស់ទេវតាទាំងឡាយតាមទ្វារនេះ ។

[២០៣] (អភិសម្ពុទ្ធគាថា) ពួកទេពនិករ បានឃើញព្រះរាជានោះសេ្តចយាងមកដល់ហើយ ត្រេកអរទទួលថា បពិត្រមហារាជ ដំណើរដែលព្រះអង្គយាងមកនេះប្រពៃហើយ មិនមែនទ្រង់យាងមកអាក្រក់ទេ បពិត្រព្រះរាជា ទ្រង់ស្វែងរកនូវគុណធម៌ដ៏ប្រសើរ ឥឡូវនេះ សូមព្រះអង្គគង់ក្នុងទីជិតនៃទេវរាជចុះ ។ សក្កទេវរាជ ទ្រង់ត្រេកអរទទួលព្រះបាទវិទេហៈ គ្រប់គ្រងក្រុងមិថិលានោះ ព្រះបាទវាសវៈអញ្ជើញព្រះអង្គដោយកាមទាំងឡាយផង ដោយអាសនៈផងថា ព្រះអង្គសេ្តចមកដល់លំនៅនៃទេវតាទាំងឡាយ ជាដំណើរប្រពៃណាស់ ព្រះរាជាទ្រង់ស្វែងរកនូវគុណដ៏ប្រសើរ សូមព្រះអង្គគង់នៅក្នុងទេវលោកទាំងឡាយ ជាទីញ៉ាំងសេចក្តីប្រាថ្នាទំាងពួងឲ្យសម្រេច សូមព្រះអង្គបរិភោគកាមទាំងឡាយ ដែលមិនមែនជារបស់មនុស្សក្នុងតាវត្តឹង្សទេវលោកចុះ ។

[២០៤] (ព្រះបាទនេមិ…) វត្ថុណាដែលបានដោយអ្នកដទៃឲ្យជាបច្ច័យ ដូចយានជារបស់សូមគេ ដូចទ្រព្យជារបស់សូមគេ វត្ថុនុ៎ះ ក៏មានឧបមេយ្យយ៉ាងនេះឯង ។ ខ្ញុំឥតចង់បានវត្ថុដែលបានមកដោយអ្នកដទៃឲ្យជាបច្ច័យនោះទេ បុណ្យទាំងឡាយ ដែលខ្ញុំបានធ្វើហើយដោយខ្លួនឯង នោះទើបជាទ្រព្យសម្រេចដល់ខ្ញុំ ។ ខ្ញុំឯងនឹងត្រឡប់ទៅធ្វើកុសលដែលបុគ្គលធ្វើហើយ រមែងដល់សេចក្តីសុខ មិនក្តៅក្រហាយខាងក្រោយ ឲ្យមានប្រមាណច្រើន ដោយការឲ្យផង ដោយការប្រព្រឹត្តិសើ្មផង ដោយការសង្រួមឥន្ទ្រិយផង ដោយការទូន្មាននូវឥន្រ្ទិយផង ក្នុងពួកមនុស្ស ។

[២០៥] មាតលិជាទេវសារថីដ៏ចម្រើន ជាអ្នកមានឧបការៈច្រើនដល់យើង ព្រោះបានបង្ហាញនូវឋាននៃសត្វអ្នកមានបុញ្ញកម្ម និងឋាននៃសត្វអ្នកមានបាបកម្មទាំងឡាយ ។

[២០៦] ព្រះបាទនេមិ ទ្រង់ជាឥស្សរៈក្នុងដែនវិទេហៈ គ្រប់គ្រងក្រុងមិថិលា ទ្រង់បានពោលដូច្នេះហើយ (ទើបទ្រង់លាសក្កទេវរាជត្រឡប់មកមនុស្សវិញ) ទ្រង់បានបូជាយញ្ញៈដ៏ច្រើន ហើយទ្រង់ចូលទៅរកការសង្រួម (បព្វជ្ជា) ។

ចប់ នេមិរាជជាតក ទី៤ ។

មហោសធជាតក ទី៥កែប្រែ

[២០៧] (ព្រះបាទវិទេហៈត្រាស់ថា) ម្នាលមហោសធ ព្រះរាជាចូឡនីព្រហ្មទត្ត ជាម្ចាស់ក្រុងបញ្ចាល យាងមកជាមួយនឹងសេនាទាំងពួង សេនារបស់ព្រះរាជាក្រុងបញ្ចាលនោះ បុគ្គលប្រមាណមិនបាន ។ (សេនាទាំងនោះ) មានពលជាងឈើ និងពលថ្មើរជើង អ្នកឈ្លាសក្នុងសង្គ្រាមទាំងពួង អាចនឹងលុកចូលទៅក្នុងពួក ជាសេនាមានសំឡេង (មិនស្ងាត់ចាកសំឡេងទាំង ១០ យ៉ាង) ញ៉ាំងគ្នានឹងគ្នាឲ្យដឹងដោយសំឡេងស្គរ និងស័ង្ខ ។ (ពួកសេនាទាំងនោះ) មានវិទ្យាក្នុងផ្លូវលោហធាតុ និងមានគ្រឿងប្រដាប់ មានទង់ជ័យ មានមនុស្សអ្នកឡើងកាន់ពាហនៈខាងឆ្វេង ទាំងបរិបូណ៌ល្អដោយពួកមនុស្សអ្នកមានសិល្ប ដែលពួកយោធាដ៏ក្លៀវក្លា (មានព្យាយាមស្មើដោយសត្វសីហៈ) តាំងទុកដោយល្អហើយ ។ ក្នុងចំណោមសេនាទាំងនុ៎ះ មាននាយពល ១០ នាក់ ជាអ្នកឈ្លាស មានប្រាជ្ញាដូចផែនដី ច្រើនទៅប្រជុំប្រឹក្សាក្នុងទីស្ងាត់ នឹងមាតារបស់ព្រះរាជា ជាគំរប់ ១១ រមែងទ្រង់ប្រៀនប្រដៅសេនាក្នុងក្រុងបញ្ចាល ។ បណ្តាជនទាំងនុ៎ះ មានក្សត្រិយ៍ ១០១ សុទ្ធតែមានយស ជាចំណុះ ដែលត្រូវព្រះបាទចូឡនីព្រហ្មទត្តដណ្តើមយកដែនហើយ មានសេចក្តីភ័យអំពីមរណៈ ក៏លុះក្នុងអំណាចនៃព្រះបាទបញ្ចាល ។ (ស្តេចទាំង ១០១ នោះ) ជាអ្នកធ្វើតាមព្រះរាជតម្រាស់ មិនមានប្រាថ្នា ក៏ពោលពាក្យជាទីស្រឡាញ់ មិនមានប្រាថ្នា ក៏លុះអំណាចចុះចូលព្រះបាទបញ្ចាល ។ មិថិលារាជធានីរបស់ពួកអ្នកវិទេហៈ ត្រូវពួកសេនានោះចោមព័ទ្ធជា ៣ ជាន់ [ព័ទ្ធដោយកំពែង គឺដំរីជាជាន់ដំបូង លំដាប់ពីនោះ ព័ទ្ធដោយកំពែង គឺរថ តពីនោះ ព័ទ្ធដោយកំពែងគឺសេះ តពីនោះ ព័ទ្ធដោយកំពែងគឺពលថ្មើរជើង រវាងពលដំរី និងរថចាត់ជាជាន់ទី១ រវាងពលរថ និងពលសេះ ចាត់ជាជាន់ទី២ រវាងពលសេះនិងពលថ្មើរជើង ចាត់ជាជាន់ទី៣ ។ អដ្ឋកថា ។] (ដូចជា) ជីកគាស់ដោយជុំវិញ ។ (ក្រុងមិថិលា) ត្រូវសេនាចោមព័ទ្ធជុំវិញ (ប្រាកដដោយសស្រា្តវុធ) ដូចជាផ្កាយដែលប្រាកដក្នុងខាងលើ ម្នាលមហោសធ អ្នកឯងចូរដឹងថា សេចក្តីរួច (ចាកទុក្ខនេះ) នឹងមានដល់ពួកយើងដោយប្រការដូចមេ្តច ។

[២០៨] (ព្រះមហាសត្វក្រាបបង្គំទូលថា) បពិត្រព្រះទេវៈ សូមព្រះអង្គទ្រង់សណ្តូកព្រះបាទ (ឲ្យស្រួលចុះ) សូមព្រះអង្គទ្រង់ក្រសាលរីករាយក្នុងកាមចុះ ព្រះបាទចូឡនីព្រហ្មទត្ត មុខជានឹងលះបង់សេនាក្នុងក្រុងបញ្ចាល ហើយរត់ទៅ ។

[២០៩] (អាចារ្យកេវដ្ដព្រាហ្មណ៍…) ព្រះរាជាចូឡនីប្រាថ្នាដើម្បីធ្វើសម្ពន្ធមិត្រ (នឹងព្រះអង្គ) ទាំងទ្រង់ថ្វាយកែវទាំងឡាយ មានស្រីកែវជាដើម ដល់ព្រះអង្គ (ចាប់ដើម) ពីថ្ងៃនេះទៅ សូមឲ្យពួករាជទូតមានវាចាពីរោះ ពោលពាក្យជាទីស្រលាញ់មក (ក្រុងមិថិលានេះបាន) ។ សូមឲ្យពួករាជទូតទាំងនោះពោលវាចាដ៏ទន់ភ្លន់ ជាវាចាគួរត្រេកអរ សូមព្រះបាទបញ្ចាល និងព្រះបាទវិទេហៈទាំងពីរអង្គនោះ រួបរួមគ្នាតែមួយ ។

[២១០] (ព្រះបាទវិទេហៈ…) នែកេវដ្ដៈ អ្នកបានជួបនឹងមហោសធដែរឬ អ្នកចូរពោលសេចក្តីនោះ អ្នកបានឲ្យមហោសធអត់ទោសហើយឬ មហោសធត្រេកអរហើយឬ ។

[២១១] (អាចារ្យកេវដ្តៈ…) បពិត្រព្រះអង្គជាធំជាងជន មហោសធហៅពេញជាបុរសថោកទាប ពុំមានសេចក្តីសោ្មះស្មើ ជាមនុស្សរឹងរូស ជាអសប្បុរស ពុំបានពោលសេចក្តីអ្វីតិចតួចសោះ ដូចជាមនុស្សគ ឬដូចជាមនុស្សថ្លង់ ។

[២១២] (ព្រះបាទវិទេហៈ…) ចំណែកការដែលគិតនេះ បុរសផេ្តសផ្តាសឃើញបានក្រណាស់ដោយពិត សេចក្តីបរិសុទ្ធិ នរជនអ្នកមានព្យាយាម មុខជានឹងឃើញហេតុនោះ កាយរបស់អញញប់ញ័រ អ្នកណានឹងលះបង់នូវដែនរបស់ខ្លួន ហើយលុះក្នុងកណ្តាប់ដៃជនដទៃវិញកើត ។

[២១៣] គំនិតរបស់យើងទាំង ៦ នាក់ ដែលជាអ្នកឈ្លាស មានប្រាជ្ញាដ៏ខ្ពង់ខ្ពស់ផុតដូចផែនដី ស្មើគ្នាជាឯកច្ឆន្ទ ម្នាលមហោសធ អ្នកចូរគិតមើល ទៅ ឬកុំទៅ ឬក៏ឈប់ ។

[២១៤] (ព្រះមហាសត្វ…) បពិត្រព្រះរាជា សូមព្រះអង្គទ្រង់ជ្រាបថា ព្រះបាទចូឡនីព្រហ្មទត្ត ជាអ្នកមានអានុភាពធំ មានពលច្រើន ឥឡូវប្រាថ្នាដើម្បីនឹងសម្លាប់ព្រះអង្គ ដូចនាយព្រានដែលសម្លាប់ម្រឹគដោយធ្នាក់ ។

ត្រីជាសត្វជាប់ចិត្តក្នុងនុយស្រស់ (លេប) ផ្លែសន្ទូចដែលគេបិទបាំងដោយសាច់ មិនដឹងសេចក្តីស្លាប់ខ្លួនយ៉ាងណា ។ បពិត្រព្រះរាជា ព្រះអង្គជាអ្នកជាប់ក្នុងកាម ចង់បានធីតារបស់ព្រះបាទចូឡនី មិនទ្រង់ជ្រាបមរណៈរបស់ព្រះអង្គដូចត្រីនោះឯង ។ បើព្រះអង្គសេ្តចយាងទៅកាន់ក្រុងបញ្ចាល ព្រះអង្គមុខជានឹងលះចោលព្រះអង្គយ៉ាងឆាប់ ភ័យធំនឹងមកដល់ព្រះអង្គ ដូចភ័យធំមកដល់ម្រឹគដែលដើរទៅតាមផ្លូវ (ទៀបទ្វារនៃស្រុកដែរ) ។

[២១៥] (ព្រះបាទវិទេហៈ…) យើងដែលបានពោលនូវប្រយោជន៍ដ៏ឧត្តម ក្នុងសំណាក់នៃអ្នក ត្រឡប់ទៅជាមនុស្សល្ងង់លីលាវិញ អ្នកឯងជាអ្នកចម្រើនដោយចុងនង្គ័ល មេ្តចនឹងដឹងសេចក្តីចម្រើនដូចអ្នកដទៃកើត ។

[២១៦] អ្នកទាំងឡាយ ចូរចាប់អ្នកនេះឰដ៏ក ហើយឲ្យវិនាសចាកដែនរបស់អញទៅ ព្រោះវាហ៊ាននិយាយឲ្យអញអន្តរាយនូវការបានស្រីកែវ ។

[២១៧] (អភិសម្ពុទ្ធគាថា) លំដាប់នោះ មហោសធពោធិសត្វក៏ចៀសចេញអំពីសំណាក់នៃព្រះបាទវិទេហៈហើយ ទើបហៅសុវបណ្ឌិតឈ្មោះមាធុរៈ ជាទូតមកប្រាប់ថា ម្នាលសំឡាញ់មានស្លាបខៀវ អ្នកចូរមកធ្វើការបំរើអញ ដ្បិតមានសាលិកាញីមួយដែលគេចិញ្ចឹមទុកជិតទីក្រឡាបន្ទំនៃព្រះបាទបញ្ចាល ។ ឯងចូរទៅសួរសាលិកានោះ ដោយសន្ថវកិច្ច ព្រោះវាជាសត្វឈ្លាសក្នុងកិច្ចទាំងពួង វាដឹងការអាថ៌កំបាំងទាំងពួងរបស់ជនទាំងពីរ គឺព្រះរាជា និងកោសិយព្រាហ្មណ៍ ។ មាធុរៈសុវបណ្ឌិតមានស្លាបខៀវនោះ បានទទួលស្តាប់ថា បាទ ដូច្នេះហើយ ក៏ហើរទៅកាន់សំណាក់នៃនាងសាលិកា ។ មាធុរៈសុវបណ្ឌិត លុះហើរទៅដល់ហើយ ទើបហៅនាងសាលិកាមានទ្រុងល្អ ពោលពាក្យពីរោះថា នែនាងមានទ្រុងល្អ នាងល្មមអត់ទ្រាំបានដែរឬ នែនាងជាវេសជាតិ នាងមិនមានជំងឺតម្កាត់ទេឬ នែនាងមានទ្រុងល្អ នាងបានលាជលាយដោយទឹកឃ្មុំដែរឬ ។

(សាលិកាញី…) ម្នាលសំឡាញ់ សេចក្តីសុខស្រួលមានដល់ខ្ញុំ ម្នាលសំឡាញ់ មួយទៀត ខ្ញុំមិនមានជម្ងឺតម្កាត់ទេ ម្នាលសុវបណ្ឌិត ទាំងលាជលាយដោយទឹកឃ្មុំ ខ្ញុំក៏បានដែរ ។ នែសំឡាញ់ អ្នកមកអំពីណាហ្ន៎ ឬអ្នកណាប្រើមក មួយវិញទៀត អ្នកជាសត្វដែលខ្ញុំមិនធ្លាប់ឃើញ មិនធ្លាប់ឮក្នុងកាលមុនអំពីកាលនេះទេ ។

[២១៨] (សុវបណ្ឌិត…) ខ្ញុំ គេចិញ្ចឹមទុកនៅទីបន្ទំក្នុងប្រាសាទនៃព្រះបាទសិវិ ព្រះរាជានោះ ទ្រង់ឋិតនៅក្នុងធម៌ តែងទ្រង់ដោះលែងនូវសត្វទាំងឡាយដែលជាប់ចំណង ចាកចំណងអំពីទីនោះៗ ។ មាននាងសាលិកាមួយ ពោលពាក្យពីរោះ ជាភរិយារបស់ខ្ញុំ ម្នាលនាងមានទ្រុងល្អ កាលខ្ញុំកំពុងតែសំឡឹងជាប់ចិត្ត ស្រាប់តែខ្លែងសម្លាប់នាងសាលិកានោះទៅ ។ ខ្ញុំបរិបូណ៌ដោយសេចក្តីប្រាថ្នាចំពោះភរិយានោះ បានជាមកក្នុងសំណាក់នៃនាង ប្រសិនបើនាងបើកឱកាស យើងទាំងពីរនាក់ នឹងនៅក្នុងទីជាមួយគ្នា ។

[២១៩] (សាលិកា…) ធម្មតាសេកឈ្មោល គួរតែប្រាថ្នារកសេកញី សាលិកាឈ្មោល គួរតែប្រាថ្នារកសាលិកាញី ចុះការនៅរួមដោយសេកឈ្មោល និងសាលិកាញី ដូចម្តេចកើត ។

[២២០] (សុវបណ្ឌិត…) បគ្គលណា ប្រាថ្នាស្រ្តីណាក្នុងកាម សូម្បីស្រ្តីនោះជាចណ្ឌាលក៏ដោយ ព្រោះថា ការនៅរួមទាំងអស់ដូចៗគ្នា ដែលមិនដូចគ្នាក្នុងកាម មិនមានទេ ។ ព្រះមាតានៃព្រះបាទសិវិ ព្រះនាមជម្ពាវតី (ជាចណ្ឌាលសោះ) តែបានជាអគ្គមហេសី ជាទីស្រឡាញ់របស់ព្រះបាទវាសុទេវកណ្ហាយនគោត្រ ។ សូម្បីនាងកិន្នរីឈ្មោះរតនវតី ញ៉ាំងតាបសឈ្មោះវច្ឆៈ ឲ្យប្រាថ្នាដែរ ។ មនុស្សរួមសំវាសជាមួយនឹងមេម្រឹគក៏មាន ការនៅរួមក្នុងកាមមិនដូចគ្នា មិនមានទេ ។ នែនាងសាលិកា ពោលពាក្យពីរោះ បើដូច្នោះ យើងនឹងទៅវិញ ព្រោះពាក្យនាងនុ៎ះ ទុកជាពាក្យប្រកែក នាងមើលងាយខ្ញុំពិត ។

[២២១] (សាលិកា…) នែមាធុរៈសុវបណ្ឌិត សិរីរមែងមិនមានដល់អ្នកប្រញាប់ទេ អ្នកចូរឈប់នៅទីនេះ ដរាបបានឃើញព្រះរាជាសិន អ្នកនឹងបានស្តាប់សំឡេងសំភោរ បានឃើញអានុភាពព្រះរាជា ។

[២២២] (សុវបណ្ឌិត…) សំឡេងអឺងកងនេះ ឮល្បីប្រាកដទៅជនបទខាងក្រៅថា ព្រះរាជធីតាព្រះបាទបញ្ចាល មានវណ្ណៈដូចជាផ្កាយព្រឹក ព្រះអង្គនឹងប្រទានព្រះរាជធីតានោះ ដល់ព្រះបាទវិទេហៈ ឯវិវាហមង្គលនោះ ក៏នឹងមានដែរ (តើពិតឬទេ) ។

[២២៣] (សាលិកា…) នែមាធុរៈ ការរៀបចំវិវាហមង្គលប្រាកដដូចនេះរបស់ពួកសត្រូវ ដូចជាវិវាហមង្គលរបស់ព្រះបាទបញ្ចាលជាមួយនឹងព្រះបាទវិទេហៈរបស់អ្នក ចូរលើកទុកចុះ ។ ព្រះរាជាដ៏ប្រសើរលើរថរបស់អ្នកក្រុងបញ្ចាល នឹងនាំព្រះបាទវិទេហៈមកហើយ នឹងសម្លាប់ព្រះបាទវិទេហៈនោះ ក្នុងវេលានោះ (ព្រះបាទចូឡនី) មិនមែនជាសំឡាញ់របស់ព្រះបាទវិទេហៈនោះទេ ។

[២២៤] (សុវបណ្ឌិត…) សូមនាងអនុញ្ញាតឲ្យបងទៅត្រឹម ៧ រាត្រី ទំរាំបងទូលព្រះបាទសិវិ និងព្រះមហេសីថា ខ្ញុំបាននៅរួមក្នុងសំណាក់នាងសាលិកាហើយ ។

[២២៥] (សាលិកា…) អើ ! ខ្ញុំអនុញ្ញាតឲ្យអ្នកទៅត្រឹម ៧ រាត្រី បើអ្នកមិនត្រឡប់មកកាន់សំណាក់ខ្ញុំក្នុងរវាង ៧ រាត្រីវិញទេ ខ្ញុំសំគាល់ខ្លួនខ្ញុំថាអស់ជីវិត កាលបើខ្ញុំស្លាប់ហួសទៅហើយ ទើបអ្នកនឹងមកដល់ ។

[២២៦] (អភិសម្ពុទ្ធគាថា) លំដាប់នោះ មាធុរៈសុវបណ្ឌិតនោះ ក៏ហើរទៅប្រាប់មហោសធថា ពាក្យនេះ ជាពាក្យរបស់នាងសាលិកា ។

[២២៧] (មហោសធ…) បុរសគប្បីបរិភោគនូវភោគសម្បត្តិក្នុងផ្ទះរបស់បុគ្គលណា គប្បីធ្វើប្រយោជន៍ដល់បុគ្គលនោះឯង ។

[២២៨] បពិត្រព្រះជនិន្ទ ខ្ញុំព្រះអង្គនឹងសូមទៅកាន់បុរី គួរជាទីរីករាយរបស់ព្រះបាទបញ្ចាលជាមុន ដើម្បីសាងនិវេសន៍បំរុងព្រះអង្គមានយសធំក្នុងដែនវិទេហៈ ។ បពិត្រក្សត្រិយ៍ លុះខ្ញុំព្រះអង្គសាងនិវេសន៍ដើម្បីព្រះអង្គមានយសធំ ក្នុងដែនវិទេហៈស្រេចហើយ នឹងបញ្ជូនទូតមកទូលព្រះអង្គក្នុងវេលាណា ព្រះអង្គគប្បីយាងទៅក្នុងវេលានោះ ។

[២២៩] (អភិសម្ពុទ្ធគាថា) លំដាប់នោះឯង ព្រះមហោសធ ក៏បានទៅកាន់បុរីគួរជាទីរីករាយរបស់ព្រះបាទបញ្ចាលជាមុន ដើម្បីសាងនិវេសន៍បំរុងព្រះបាទវិទេហៈមានយស ។ ព្រះមហោសធលុះសាងនិវេសន៍ ដើម្បីព្រះបាទវិទេហៈមានយសស្រេចហើយ ទើបបញ្ជូនទូតមកទូលព្រះបាទវិទេហៈ គ្រប់គ្រងមិថិលាថា បពិត្រមហារាជ និវេសន៍ ខ្ញុំព្រះអង្គសាងដើម្បីព្រះអង្គហើយ សូមព្រះអង្គសេ្តចមកក្នុងកាលឥឡូវនេះ ។

[២៣០] (អភិសម្ពុទ្ធគាថា) លំដាប់នោះឯង ព្រះរាជាព្រមដោយសេនាមានអង្គ ៤ យាងទៅដើម្បីទតបុរីដ៏ធំទូលាយ ដែលមហោសធបណ្ឌិតសាងទុកក្នុងដែនកប្បិលៈ មានពាហនៈមិនមានទីបំផុត ។

[២៣១] លំដាបនោះឯង ព្រះបាទវិទេហៈនោះ លុះសេ្តចយាងទៅដល់ (ដែនកប្បិលៈ) ហើយ ទើបបញ្ជូនរាជសាសន៍ទៅថ្វាយព្រះបាទចូឡនីព្រហ្មទត្តថា បពិត្រមហារាជ ខ្ញុំមកដើម្បីថ្វាយបង្គំព្រះបាទទាំងឡាយរបស់ព្រះអង្គ ។ សូមព្រះអង្គទ្រង់ប្រទាននាងនារីដែលមានសព៌ាង្គកាយដ៏ល្អ ប្រដាប់ដោយគ្រឿងអលង្ការ ជាវិការៈនៃមាស មានពួកទាសីជាបរិវារ ឲ្យជាភរិយា (របស់ខ្ញុំ) ក្នុងកាលឥឡូវនេះ ។

[២៣២] (ព្រះបាទចូឡនី…) បពិត្រព្រះបាទវិទេហៈ ព្រះអង្គសេ្តចមកល្អហើយ មួយទៀត ព្រះអង្គសេ្តចមកមិនអាក្រក់ទេ សូមព្រះអង្គសាកសួររកនក្ខត្តឫក្សចុះ ខ្ញុំនឹងថ្វាយនាងកញ្ញា ដ៏ប្រដាប់ដោយគ្រឿងអលង្ការជាវិការៈនៃមាស មានពួកទាសី ជាបរិវារព្រះអង្គ ។

[២៣៣] (អភិសម្ពុទ្ធគាថា) លំដាប់នោះឯង ព្រះបាទវិទេហៈសួររកនក្ខត្តឫក្សលុះសួររកនក្ខត្តឫក្សរួចហើយ ទើបបញ្ជូនរាជសាសន៍ទៅថ្វាយព្រះបាទព្រហ្មទត្តថា សូមព្រះអង្គទ្រង់ប្រទាននារីដែលមានសព៌ាង្គកាយដ៏ល្អ ប្រដាប់ដោយគ្រឿងអលង្ការជាវិការៈនៃមាស មានពួកទាសីជាបរិវារ ឲ្យជាភរិយារបស់ខ្ញុំក្នុងកាលឥឡូវនេះ ។

[២៣៤] (ព្រះបាទចូឡនី…) ខ្ញុំថ្វាយនាងនារី ដែលមានសព៌ាង្គកាយដ៏ល្អ ប្រដាប់ដោយគ្រឿងអលង្ការជាវិការៈនៃមាស មានពួកទាសីជាបរិវារ ឲ្យជាភរិយារបស់ព្រះអង្គ ក្នុងកាលឥឡូវនេះ ។

[២៣៥] (ព្រះបាទវិទេហៈ…) ពល់ដំរី ពលសេះ ពលរថ ពលថ្មើរជើង និងសេនាកាន់ខែលឈរនៅ (ត្រៀបត្រា) គប់ភ្លើងឆេះសន្ធោសន្ធៅ តើពួកបណ្ឌិតសំគាល់ដូចម្តេច ។

[២៣៦] (អភិសម្ពុទ្ធគាថា) ពល់ដំរី ពលសេះ ពលរថ ពលថ្មើរជើង និងសេនាកាន់ខែលឈរនៅ (ត្រៀបត្រា) គប់ភ្លើងឆេះសន្ធោសន្ធៅ នែបណ្ឌិត ពួកសេនាទាំងនោះ នឹងធ្វើអ្វីហ៎្ន ។

[២៣៧] (មហោសធ…) បពិត្រមហារាជ ព្រះបាទចូឡនីព្រហ្មទត្ត មានពលច្រើន ប្រទូសរ៉ាយដល់ព្រះអង្គ រក្សាព្រះអង្គទុក នឹងសម្លាប់ព្រះអង្គអំពីព្រឹក ។

[២៣៨] (ព្រះបាទវិទេហៈ…) ហ្ឫទ័យរបស់យើងញ័ររន្ធត់ ទំាងមាត់របស់យើងក៏សោះស្ងួត យើងមិនបានសេចក្តីរលត់ ដូចជាឈើត្រូវភ្លើងឆេះក្នុងកណ្តាលកំដៅថ្ងៃ ។ ចង្ក្រានរបស់ជាងមាស ឆេះតែខាងក្នុង មិនឆេះខាងក្រៅ យ៉ាងណាមិញ ហ្ឫទ័យរបស់យើង ក៏ឆេះតែខាងក្នុង មិនឆេះខាងក្រៅ ក៏យ៉ាងនោះដែរ ។

[២៣៩] (មហោសធ…) បពិត្រក្សត្រ ព្រះអង្គស្រវឹង (ដោយកាម) ទើបប្រព្រឹត្តកន្លងការប្រឹក្សា ទំលាយការប្រឹក្សាចោល ឥឡូវនេះ សូមឲ្យបណ្ឌិត (ទាំង ៤ នាក់) ដែលជាអ្នកមានប្រាជ្ញា រក្សាព្រះអង្គចុះ ។ បពិត្រព្រះរាជា ព្រះអង្គមិនធ្វើតាមពាក្យរបស់ទូលបង្គំជាអាមាត្យ ជាអ្នកប្រាថ្នាសេចក្តីចម្រើន និងសែ្វងរកប្រយោជន៍ ទ្រង់ត្រេកអរដោយបីតិដ៏សៅហ្មងរបស់ព្រះអង្គ ដូចម្រឹគជាប់អន្ទាក់ ។ (ទូលបង្គំបានក្រាបទូលហើយថា) ត្រីជាសត្វលោ្មភក្នុងនុយស្រស់ លេបនូវផ្លែសន្ទូចដ៏វៀចដែលគេបិទដោយសាច់ ត្រីមិនដឹងសេចក្តីស្លាប់របស់ខ្លួន យ៉ាងណា ។ បពិត្រព្រះរាជា ព្រះអង្គជាអ្នកលោ្មភក្នុងកាម ចង់បានធីតារបស់ព្រះបាទចូឡនី មិនទ្រង់ជ្រាបមរណៈរបស់ព្រះអង្គ ដូចត្រីយ៉ាងនោះឯង ។ បើទ្រង់សេ្តចទៅកាន់ក្រុងបញ្ចាល ទ្រង់មុខជានឹងលះចោលព្រះអង្គយ៉ាងឆាប់ ភ័យធំនឹងមកដល់ព្រះអង្គ ដូចភ័យធំមកដល់ម្រឹគ ដែលដើរទៅតាមផ្លូវ (ទៀបទ្វារនៃស្រុក) ។ បពិត្រព្រះជនិន្ទ បុរសមានសភាពមិនថ្លៃថ្នូរ ដូចពស់នៅក្នុងថ្នក់ គប្បីចឹក បុរសមានប្រាជ្ញា មិនគប្បីធ្វើនូវមេត្រីភាពដោយបុរសនោះទេ ព្រោះថា ការគប់រកដោយបុរសអាក្រក់ រមែងនាំមកនូវសេចក្តីទុក្ខដោយពិត ។ បពិត្រព្រះជនិន្ទ បណ្ឌិតបុរស ស្គាល់នូវបុគ្គលណាថា អ្នកនេះមានសីល មានការចេះដឹងច្រើនដូចេ្នះ បណ្ឌិតបុរសនោះ គួរធ្វើមេត្រីភាពជាមួយនឹងបុគ្គលនោះ ព្រោះថាការសេពគប់ដោយសប្បុរសទាំងឡាយ រមែងនាំមកនូវសេចក្តីសុខពិត ។

[២៤០] បពិត្រព្រះរាជា ព្រះអង្គជាមនុស្សល្ងង់លីលា បានពោលនូវសេចក្តីចម្រើនដ៏ឧត្តមក្នុងសំណាក់នៃខ្ញុំព្រះអង្គថា ខ្ញុំព្រះអង្គជាអ្នកចម្រើនដោយចុងនង្គ័ល ធ្វើមេ្តចនឹងដឹងសេចក្តីចម្រើនដូចអ្នកដទៃ ។ អ្នកទាំងឡាយ ចូរចាប់មហោសធនេះត្រង់ ក ហើយឲ្យវិនាសចាកដែនរបស់អញចេញទៅ ព្រោះវាហ៊ាននិយាយឲ្យអញអន្តរាយនូវការបានស្រីកែវ ។

[២៤១] (ព្រះបាទវិទេហៈ…) ម្នាលមហោសធ បណ្ឌិតទាំងឡាយ រមែងមិនចាក់ដោតដោយទោសដែលកន្លងទៅហើយទេ អ្នកចាក់ដោតយើង ដូចគេយកជន្លួញចាក់សេះដែលចងទុកហើយធ្វើអ្វី ។ ប្រសិនបើអ្នកឃើញសេចក្តីរួចរបស់យើង ឬឃើញសេចក្តីកេ្សមរបស់យើង ចូរអ្នកពន្យល់យើងដោយសោត្ថិភាពនោះចុះ អ្នកចំាបាច់ចាក់ដោតយើងដោយទោសដែលកន្លងទៅហើយធ្វើអ្វី ។

[២៤២] (មហោសធ…) អំពើជារបស់នៃមនុស្សដែលកន្លងហួសទៅហើយ ជាអំពើគេកែបានដោយក្រ សម្រួលវិញបានដោយក្រ ខ្ញុំព្រះអង្គមិនអាចនឹងដោះព្រះអង្គបានទេ បពិត្រក្សត្រិយ៍ សូមព្រះអង្គទ្រង់ជ្រាបចុះ ។ ដំរីទាំងឡាយ មានឫទ្ធិ មានយស អាចទៅតាមអាកាសបាន ដំរីបែបនោះរបស់ព្រះរាជាណា សូមឲ្យដំរីទាំងនោះ នាំព្រះរាជានោះទៅចុះ ។ សេះទាំងឡាយ មានឫទ្ធិ មានយស អាចទៅតាមអាកាសបាន សេះបែបនោះរបស់ព្រះរាជាណា សូមឲ្យសេះទាំងនោះ នាំព្រះរាជានោះទៅចុះ ។ បក្សីទាំងឡាយ មានឫទ្ធិ មានយស អាចទៅតាមអាកាសបាន បក្សីបែបនោះរបស់ព្រះរាជាណា សូមឲ្យបក្សីទាំងនោះ នាំព្រះរាជានោះទៅចុះ ។ យក្សទាំងឡាយ មានឫទ្ធិ មានយស អាចទៅតាមអាកាសបាន យក្សបែបនោះរបស់ព្រះរាជាណា សូមឲ្យយក្សទាំងនោះ នាំព្រះរាជានោះទៅចុះ ។ អំពើជារបស់នៃមនុស្ស ដែលកន្លងហួសទៅហើយ ជាអំពើគេកែបានដោយក្រ សម្រួលវិញបានដោយក្រ បពិត្រក្សត្រិយ៍ ខ្ញុំព្រះអង្គមិនអាចដោះព្រះអង្គទៅតាមអាកាសបានទេ ។

[២៤៣] (អាចារ្យសេនកៈ…) បុរសជាអ្នកមិនឃើញត្រើយក្នុងមហាសមុទ្រ បុរសនោះបានទីពំនាក់ក្នុងប្រទេសណា គេក៏បានសេចក្តីសុខក្នុងប្រទេសនោះ (យ៉ាងណាមិញ) ។ បពិត្រមហោសធ អ្នកជាទីពឹងរបស់ពួកយើង និងព្រះរាជា ក៏យ៉ាងនោះដែរ ព្រោះអ្នកជាបុគ្គលប្រសើរជាងពួកយើង និងពួកមន្រ្តី សូមអ្នកដោះពួកយើងអំពីទុក្ខ ។

[២៤៤] (មហោសធ…) អំពើជារបស់នៃមនុស្ស ដែលកន្លងហួសទៅហើយ ជាអំពើគេកែបានដោយក្រ សម្រួលវិញបានដោយក្រ ខ្ញុំមិនអាចនឹងដោះអ្នកបានទេ នែសេនកៈ អ្នកចូរដឹងចុះ ។

[២៤៥] (ព្រះបាទវិទេហៈ…) អ្នកចូរស្តាប់ពាក្យរបស់យើងនេះ អ្នកឃើញភ័យធំនុ៎ះ (ស្រាប់ហើយ) ម្នាលអាចារ្យសេនកៈ ឥឡូវនេះ អញសួរ តើអ្នកសំគាល់របស់ដែលគួរធ្វើដូចមេ្តចក្នុងរឿងនេះ ។

[២៤៦] (អាចារ្យសេនកៈ…) ពួកយើងគួរដុតភ្លើងត្រង់ទ្វារ ឬកាន់កាំបិតសម្លាប់គ្នានឹងគ្នា យើងនឹងលះបង់ជីវិតយ៉ាងឆាប់ កុំឲ្យព្រះបាទព្រហ្មទត្តសម្លាប់ពួកយើងឲ្យលំបាកអស់កាលយូរឡើយ ។

[២៤៧] (ព្រះបាទវិទេហៈ…) អ្នកចូរស្តាប់ពាក្យរបស់យើងនេះ អ្នកឃើញភ័យធំនុ៎ះ (ស្រាប់ហើយ) ម្នាលអាចារ្យបុក្កុសៈ ឥឡូវនេះអញសួរ តើអ្នកសំគាល់របស់ដែលគួរធ្វើដូចមេ្តចក្នុងរឿងនេះ ។

[២៤៨] (អាចារ្យបុក្កុសៈ…) ពួកយើងគួរស៊ីថ្នាំពិសឲ្យស្លាប់ នឹងលះបង់ជីវិតយ៉ាងឆាប់ កុំឲ្យព្រះបាទព្រហ្មទត្តសម្លាប់ពួកយើង ឲ្យលំបាកអស់កាលយូរឡើយ ។

[២៤៩] (ព្រះបាទវិទេហៈ…) អ្នកចូរស្តាប់ពាក្យរបស់យើងនេះ អ្នកឃើញភ័យធំនុ៎ះ (ស្រាប់ហើយ) ម្នាលអាចារ្យកាមិន្ទៈ ឥឡូវនេះអញសួរ តើអ្នកសំគាល់របស់ដែលគួរធ្វើដូចមេ្តចក្នុងរឿងនេះ ។

[២៥០] (អាចារ្យកាមិន្ទៈ…) ពួកយើងគប្បីយកខ្សែចងឲ្យស្លាប់ ឬលោតចុះទៅក្នុងអណ្តូង (ឲ្យស្លាប់) កុំឲ្យព្រះបាទព្រហ្មទត្តសម្លាប់ពួកយើងឲ្យលំបាកអស់កាលយូរឡើយ ។

[២៥១] (ព្រះបាទវិទេហៈ…) អ្នកចូរស្តាប់ពាក្យរបស់យើងនេះ អ្នកឃើញភ័យធំនុ៎ះ (ស្រាប់ហើយ) ម្នាលអាចារ្យទេវិន្ទៈ ឥឡូវនេះអញសួរ តើអ្នកសំគាល់របស់ដែលគួរធ្វើដូចមេ្តច ក្នុងរឿងនេះ ។

[២៥២] (អាចារ្យទេវិន្ទៈ…) ពួកយើង (បិទទា្វរ) ដុតភ្លើង ហើយកាន់កាំបិតសម្លាប់គ្នាងនឹងគ្នា យើងនឹងលះបង់ជីវិតយ៉ាងឆាប់ (បើ) មហោសធមិនអាចនឹងដោះពួកយើងឲ្យរួចដោយងាយទេ ។

[២៥៣] (ព្រះបាទវិទេហៈ…) បុគ្គលស្វែងរកខ្លឹមនៃដើមចេក រមែងមិនបានយ៉ាងណាមិញ យើងសែ្វងរក (ឧបាយជាគ្រឿងរួចចាកទុក្ខ) ក៏មិនបានប្រស្នានោះ ក៏យ៉ាងនោះដែរ ។ បុគ្គលស្វែងរកខ្លឹមនៃដើមរកា រមែងមិនបាន យ៉ាងណាមិញ យើងស្វែងរក ក៏មិនបានប្រស្នានោះ ក៏យ៉ាងនោះដែរ ។ ការនៅនៃដំរីទាំងឡាយ ក្នុងទីមិនមានទឹក ឈ្មោះថានៅក្នុងទីមិនមែនប្រទេស (យ៉ាងណាមិញ) កាលបើយើងនៅក្នុងទីជិតនៃពួកមនុស្សអាក្រក់ល្ងង់ខ្លៅ មិនចេះ មិនដឹង (ឈ្មោះថានៅក្នុងទីមិនមែនជាប្រទេស ក៏ដូច្នោះឯង) ។ ហ្ឫទ័យរបស់យើងញ័ររន្ធត់ ទាំងមាត់របស់យើងក៏សោះស្ងួត យើងមិនបានសេចក្តីរលត់ ដូចឈើត្រូវភ្លើងឆេះក្នុងកណ្តាលកំដៅថ្ងៃ ។ ចង្រ្កានរបស់ជាងមាសឆេះតែខាងក្នុង មិនឆេះខាងក្រៅ យ៉ាងណាមិញ ហ្ឫទ័យរបស់យើង ឆេះតែខាងក្នុង មិនឆេះខាងក្រៅ ក៏យ៉ាងនោះដែរ ។

[២៥៤] (អភិសម្ពុទ្ធគាថា…) វេលានោះ មហោសធជាអ្នកប្រាជ្ញ មានប្រាជ្ញា ឃើញប្រយោជន៍ជាប្រក្រតីនោះ បានឃើញព្រះបាទវិទេហៈ ទ្រង់មានសេចក្តីទុក្ខ ទើបក្រាបបង្គំទូលថា បពិត្រមហារាជ ព្រះអង្គកុំភ័យឡើយ បពិត្រព្រះអង្គប្រសើរលើរថ ព្រះអង្គកុំភ័យឡើយ ទូលព្រះបង្គំនឹងដោះព្រះអង្គ ដូចគេដោះព្រះចន្រ្ទដែលរាហូចាប់ហើយ ។ បពិត្រមហារាជ ព្រះអង្គកុំភ័យឡើយ បពិត្រព្រះអង្គប្រសើរលើរថ ព្រះអង្គកុំភ័យឡើយ ទូលព្រះបង្គំនឹងដោះព្រះអង្គ ដូចគេដោះព្រះអាទិត្យដែលរាហូចាប់ហើយ ។ បពិត្រមហារាជ ព្រះអង្គកុំភ័យឡើយ បពិត្រព្រះអង្គប្រសើរលើរថ ព្រះអង្គកុំភ័យឡើយ ទូលព្រះបង្គំនឹងដោះព្រះអង្គ ដូចគេដោះដំរីផុងក្នុងភក់ ។ បពិត្រមហារាជ ព្រះអង្គកុំភ័យឡើយ បពិត្រព្រះអង្គប្រសើរលើរថ ព្រះអង្គកុំភ័យឡើយ ទូលព្រះបង្គំនឹងដោះព្រះអង្គ ដូចគេដោះពស់ដែលជាប់នៅក្នុងកំប្រោង ។ បពិត្រមហារាជ ព្រះអង្គកុំភ័យឡើយ បពិត្រព្រះអង្គប្រសើរលើរថ ព្រះអង្គកុំភ័យឡើយ ទូលព្រះបង្គំនឹងដោះព្រះអង្គ ដូចគេដោះបក្សីដែលជាប់នៅក្នុងទ្រុង ។ បពិត្រមហារាជ ព្រះអង្គកុំភ័យឡើយ បពិត្រព្រះអង្គប្រសើរលើរថ ព្រះអង្គកុំភ័យឡើយ ទូលព្រះបង្គំនឹងដោះព្រះអង្គ ដូចគេដោះត្រីទាំងឡាយដែលជាប់នៅក្នុងសំណាញ់ ។ បពិត្រមហារាជ ព្រះអង្គកុំភ័យឡើយ បពិត្រព្រះអង្គប្រសើរលើរថ ព្រះអង្គកុំភ័យឡើយ ទូលព្រះបង្គំនឹងដោះព្រះអង្គចេញ ព្រមទាំងយានរេហ៍ពល និងពាហនៈ ។ បពិត្រមហារាជ ព្រះអង្គកុំភ័យឡើយ បពិត្រព្រះអង្គប្រសើរលើរថ ព្រះអង្គកុំភ័យឡើយ ទូលព្រះបង្គំនឹងដេញព្រះបាទបញ្ចាលឲ្យរត់ទៅ ដូចជាគេដេញក្អែក និងខ្លែងដោយដុំដី ។ បុគ្គលណា មិនជួយព្រះអង្គដែលមានសេចក្តីចង្អៀត (ព្រោះមរណៈ) ឲ្យរួចចាកទុក្ខបានទេ ប្រាជ្ញា (របស់បុគ្គលនោះ) មានប្រយោជន៍អ្វី ឬអាមាត្យបែបនោះ (មានប្រយោជន៍អ្វី) ។

[២៥៥] នែមាណពទាំងឡាយ អ្នកទាំងឡាយចូរមក ចូរក្រោកឡើង អ្នកទាំងឡាយ ចូរបើកមាត់នៃគន្លឹះយន្ត ព្រះបាទវិទេហៈ មួយអន្លើដោយពួកអាមាត្យ នឹងសេ្តចទៅតាមឧម្មង្គ ។

[២៥៦] ពួកជនអ្នកធ្វើការបំរើរបស់មហោសធបណ្ឌិត ស្តាប់ពាក្យរបស់លោកហើយ ទើបបើកទ្វារនៃឧម្មង្គ និងគន្លឹះទ្វារដែលប្រកបដោយគ្រឿងយន្ត ។

[២៥៧] អាចារ្យសេនកៈដើរមុន មហោសធដើរក្រោយ ព្រះបាទវិទេហៈ មានអាមាត្យហែហម សេ្តចយាងត្រង់កណ្តាល ។

[២៥៨] ព្រះបាទវិទេហៈ សេ្តចទ្រង់ចេញអំពីឧម្មង្គ ហើយឡើងគង់លើព្រះទីនាំងនាវា មហោសធដឹងថា ព្រះរាជាឡើងគង់ហើយ ក៏ប្រៀនប្រដៅថា បពិត្រព្រះសម្មតិទេព ព្រះបាទចូឡនីព្រហ្មទត្តនេះ ជាព្រះបិតាកេ្មករបស់ព្រះអង្គ បពិត្រព្រះអង្គជាធំជាងជន ព្រះនាងនន្ទាទេវីនេះ ជាព្រះមាតាកេ្មករបស់ព្រះអង្គ ការប្រតិបតិ្តព្រះវររាជមាតា (របស់ព្រះអង្គ) យ៉ាងណា ការប្រតិបតិ្តព្រះមាតាកេ្មក ចូរមានដល់ព្រះអង្គ ក៏យ៉ាងនោះដែរ ។ ព្រះរាជបុត្តច្បងរួមឧទរ មានព្រះមាតាជាមួយគ្នា យ៉ាងណា បពិត្រព្រះអង្គប្រសើរលើរថ បញ្ចាលចន្ទរាជកុមារ ព្រះអង្គគប្បីស្រឡាញ់យ៉ាងនោះដែរ ។ បពិត្រព្រះអង្គប្រសើរលើរថ ព្រះនាងបញ្ចាលចន្ទីទេវីនេះ ជាព្រះរាជបុត្រី (របស់ព្រះបាទចូឡនីព្រហ្មទត្ត) ដែលព្រះអង្គទ្រង់ប្រាថ្នា សូមព្រះអង្គធ្វើសេចក្តីប្រាថ្នារបស់ព្រះអង្គចំពោះព្រះនាងនោះ ព្រះនាងជាភរិយារបស់ព្រះអង្គហើយ ។

[២៥៩] (ព្រះបាទវិទេហៈ…) ម្នាលមហោសធ អ្នកចូរប្រញាប់ប្រញាល់ឡើងជិះទូកមក នៅឈរលើច្រាំងធ្វើអ្វី យើងទាំងឡាយរួចចាកទុក្ខដោយលំបាក យើងនឹងទៅឥឡូវនេះ ។

[២៦០] (មហោសធ…) បពិត្រមហារាជ ខ្ញុំព្រះអង្គដែលជានាយកនៃសេនា លះបង់ចោលនូវអង្គនៃសេនា ហើយដោះយកតែខ្លួន នេះមិនមែនជាទំនៀមទេ ។ បពិត្រព្រះសម្មតិទេពប្រសើរលើរថ ខ្ញុំព្រះអង្គនឹងដឹកនាំនូវអង្គនៃសេនាដែលព្រះអង្គបោះបង់ចោលក្នុងរាជនិវេសន៍ និងរបស់ដែលព្រះបាទព្រហ្មទត្តថ្វាយហើយ ។

[២៦១] (ព្រះបាទវិទេហៈ…) ម្នាលបណ្ឌិត អ្នកឯងជាអ្នកមានសេនាតិច នឹងសង្កត់សង្កិនទប់ទល់ព្រះបាទចូឡនីព្រហ្មទត្ត ដែលមានសេនាច្រើនដូចមេ្តចបាន អ្នកឯងជាអ្នកមានកម្លាំងខ្សោយ មុខជាលំបាកដោយព្រះបាទចូឡនីព្រហ្មទត្តដែលមានកម្លាំង ។

[២៦២] (ពោធិសត្វ…) បុគ្គលមានប្រាជ្ញា សូម្បីមានសេនាតិច រមែងឈ្នះបុគ្គលមិនមានប្រាជ្ញា ដែលមានសេនាច្រើន ព្រះរាជាតែមួយព្រះអង្គ (ជាអ្នកឈ្លាសក្នុងឧបាយ) រមែងឈ្នះព្រះរាជាទាំងឡាយ (ជាអ្នកល្ងង់ក្នុងឧបាយ) ដូចព្រះអាទិត្យ ដែលរះឡើង (រមែងឈ្នះ) ងងឹតដូច្នោះឯង ។

[២៦៣] (ព្រះបាទវិទេហៈ…) នែអាចារ្យសេនកៈ ការនៅរួមជាមួយនឹងពួកបណ្ឌិត នាំមកនូវសេចក្តីសុខស្រួលណាស់ហ្ន៎ ព្រោះថា មហោសធ បានដោះពួកយើង ដែលនៅក្នុងកណ្តាប់ដៃនៃសត្រូវឲ្យរួចបាន ដូចគេដោះហ្វូងបក្សីដែលជាប់នៅក្នុងទ្រុង ឬដូចគេដោះហ្វូងត្រី ដែលជាប់នៅក្នុងសំណាញ់ដូច្នោះ ។

[២៦៤] (អាចារ្យសេនកៈ…) បពិត្រមហារាជ ពិតមែនហើយ បណ្ឌិតទាំងឡាយ នាំមកនូវសេចក្តីសុខយ៉ាងនោះឯង មហោសធបានដោះពួកយើងដែលនៅក្នុងកណ្តាប់ដៃនៃសត្រូវឲ្យរួចបាន ដូចគេដោះហ្វូងបក្សីដែលជាប់នៅក្នុងទ្រុង ឬដូចគេដោះហ្វូងត្រី ដែលជាប់នៅក្នុងសំណាញ់ដូច្នោះ ។

[២៦៥] (អភិសម្ពុទ្ធគាថា) ព្រះបាទចូឡនីព្រហ្មទត្ត មានកំឡាំងច្រើន ទ្រង់រក្សាអស់រាត្រីទាំងមូល កាលអរុណរះឡើង ក៏សេ្តចចូលទៅដល់ក្រុងឧបការៈ ។ ព្រះបាទចូឡនីគ្រប់គ្រងក្រុងបញ្ចាល មានកំឡាំងច្រើន ស្តេចឡើងគង់លើដំរីប្រសើរដ៏មានកំឡាំង ជាដំរីមានអាយុប្រមាណ ៦០ ឆ្នាំ បានត្រាស់ទៅ (នឹងសេនារបស់ព្រះអង្គ) ។ ព្រះបាទចូឡនីព្រហ្មទត្ត ទ្រង់សៀតគ្រឿងក្រោះ ជាវិការៈនៃកែវមណី ព្រះហស្តចាប់សរ បានត្រាស់ទៅនឹងរេហ៍ពលអ្នកទទួលបំរើ (របស់ព្រះអង្គ) ជាអ្នកមានសិល្បច្រើនដែលមកចួបជុំគ្នា ។ (ព្រះបាទចូឡនីត្រាស់ទៅ) នឹងពលដំរី ពលសេះ ពលរថ ពលថ្មើរជើង និងខ្មាន់ធ្នូ ដែលមានដៃដ៏ស្ទាត់ក្នុងសិល្បធ្នូ អាចបាញ់រោមត្រូវ ដែលមកចួបជុំគ្នា ។

[២៦៦] (ព្រះបាទចូឡនី…) អ្នកទាំងឡាយ ចូរបញ្ជូនដំរីមានភ្លុក ដ៏មានកំឡាំង ជាដំរីមានអាយុប្រមាណ ៦០ ឆ្នាំ ចូរឲ្យដំរីទាំងឡាយញាំញីទីក្រុងដែលព្រះបាទវិទេហៈ សាងទុកហើយ ។ (ពួកព្រួញ) មានសម្បុរ ស មានមុខដូចពន្លាក មានចុងដ៏មុត អាចចាក់ទំលាយនូវឆ្អឹង ដែលបាញ់ដោយកំឡាំងធ្នូ ឲ្យធ្លាក់ចុះព្រមគ្នា អំពីខាងនេះខាងនោះ ។ ពួកសេនាកេ្មង ៗ ក្លៀវក្លា ពាក់គ្រឿងក្រោះ មានអាវុធប្រកបដោយដងដ៏វិចិត្រ កាលបើពួកដំរីធំស្ទុះចូលមក ចូរអ្នកនាំគ្នា (តស៊ូ) ចំពោះមុខដំរីទាំងឡាយ ។ លំពែងទាំងឡាយ ដែលគេលាងជម្រះដោយប្រេង មានរស្មីភ្លឺផ្លេក រុងរឿងដូចជាផ្កាយព្រឹក មានរស្មីច្រើន ។ កាលបើពួកយោធា (របស់យើង) មានគ្រឿងអាវុធជាកំឡាំង ទ្រទ្រង់សង្វារ គឺគ្រឿងក្រោះប្រាកដដូច្នេះ មិនបានរត់ក្នុងសង្រ្គាមទេ ព្រះបាទវិទេហៈនឹងរួចពីដៃយើងអំពីណា បើក្រែងតែព្រះបាទវិទេហៈនឹងធ្វើដូចបក្សី (ទើបរួច) ។ ពួកយោធារបស់យើងទាំងអស់ មានចំនួន ៣៩.០០០ នាក់ អាចកាត់ក្បាលសត្រូវ ហើយរើសយកក្បាលមួយ ៗ មក យើងបានដើរសព្វលើផែនដី មិនឃើញពួកយោធាណាសើ្មឡើយ ។ ដំរីទាំងឡាយ មានភ្លុក ប្រដាប់ហើយ មានកំឡាំង ជាដំរីមានអាយុប្រមាណ ៦០ ឆ្នាំ ពួកយោធានៅក្មេងៗ មានសម្បុរដូចមាស រមែងល្អលើ-កនៃដំរីទាំងឡាយ ។ យោធាទាំងឡាយ មានគ្រឿងអលង្ការមានពណ៌លឿង ស្លៀកសំពត់មានពណ៌លឿង ដណ្តប់សំពត់មានពណ៌លឿង រមែងល្អលើ-កនៃដំរីទាំងឡាយ ដូចទេវបុត្តទាំងឡាយក្នុងនន្ទវ័ន ។ ព្រះខាន់ទាំងឡាយ មានសម្បុរដូចត្រីស្លាត ដែលលាងជំរះដោយប្រេង មានរស្មីភ្លឺផ្លេកដែលបុរសអ្នកមានព្យាយាមធ្វើសម្រេចហើយ មានមុខស្មើ ដែលគេសម្លៀងល្អហើយ ។ ព្រះខាន់ទាំងឡាយមិនមានស្នឹម រុងរឿងដូចជាព្រះអាទិត្យ ឋិតនៅក្នុងទីពាក់កណ្តាល ដែលគេធ្វើដោយដែកថែបដ៏មាំ ដែលពួកយោធាអ្នកមានកំឡាំងជំនាញក្នុងវិធីប្រហារមាំ កាន់យកហើយ ។ ព្រះខាន់ទាំងឡាយ បរិបូណ៌ដោយដងជាវិការៈនៃមាស ទ្រទ្រង់ដោយស្រោមមានពណ៌ក្រហម កាលបើគេគ្រវីឡើង រមែងល្អដូចជាផ្លេកបន្ទោរភ្លឺផ្លេកក្នុងចន្លោះនៃពពក ។ ពួកខ្មាន់ធ្នូអ្នកក្លៀវក្លា ពាក់គ្រឿងក្រោះ អាចប្រព្រឹត្តទៅក្នុងអាកាសបាន អ្នកឈ្លាសក្នុងការកាន់ដាវ និងខែល ជាអ្នកហាត់ក្នុងការកាន់ធ្នូដ៏ក្រៃលែង អាចកាត់នូវកនៃដំរីឲ្យធា្លក់ចុះបាន ។ អ្នកឯងត្រូវពួកយោធាប្រាកដដូច្នេះ ព័ទ្ធហើយ អ្នកឯងមិនរួចអំពីទីនេះទេ អ្នកនឹងទៅកាន់ក្រុងមិថិលា ដោយរាជានុភាពណា យើងមិនបានឃើញរាជានុភាពនោះរបស់អ្នកទេ ។

[២៦៧] (ព្រះពោធិសត្វ…) ព្រះអង្គទ្រង់ប្រញាប់ប្រញាល់បញ្ជូនដំរីដ៏ប្រសើរមក ព្រះអង្គមានព្រះហ្ឫទ័យរីករាយយាងមក ហើយទ្រង់សំគាល់ថា អាត្មាអញ នឹងបានសម្រេចប្រយោជន៍ដូច្នេះឬហ្ន៎ ។ សូមព្រះអង្គដាក់ធ្នូ និងបំពង់ព្រួញនុ៎ះចេញ សូមព្រះអង្គដាក់កូនសរនុ៎ះចេញ សូមព្រះអង្គដាក់គ្រឿងក្រោះដ៏ល្អប្រហែលដោយកែវពៃទូរ្យ និងកែវមណីនុ៎ះចេញ ។

[២៦៨] (ព្រះបាទចូឡនី…) អ្នកឯងជាអ្នកមានសម្បុរមុខស្រស់បស់ ទាំងនិយាយ ក៏ញញឹមញញែមជាប់ ឯការបរិបូណ៌ដោយសម្បុរបែបនេះ រមែងមានប្រាកដក្នុងមរណកាល ។

[២៦៩] (មហោសធ…) បពិត្រក្សត្រជាព្រះរាជា ពាក្យដែលព្រះអង្គគម្រាមហើយ ជាពាក្យសោះសូន្យទទេ ព្រះអង្គមានការប្រឹក្សាធ្លាយហើយ ឯព្រះរាជា (របស់យើង) ព្រះអង្គមិនងាយនឹងចាប់យកបានទេ ដូចសេះសិន្ធព និងសេះខ្ចក ។ ព្រះរាជា (ក្រុងមិថិលា) ព្រមដោយអាមាត្យ និងរាជបរិស័ទ ឆ្លងស្ទឹងគង្គាតាំងពីថ្ងៃម្សិលទៅហើយម្ល៉េះ ក្អែកស្ទុះតាមរាជហង្ស នឹងធ្លាក់ចុះក្នុងពាក់កណ្តាលផ្លូវ យ៉ាងណាមិញ (បើព្រះអង្គនឹងតាមព្រះរាជានោះ នឹងដល់សេចក្តីវិនាសក្នុងពាក់កណ្តាលផ្លូវ ក៏យ៉ាងនោះដែរ) ។

[២៧០] ឆ្កែចចកទាំងឡាយជាម្រឹគថោកទាប ឃើញផ្កាចាដែលរីកក្នុងចំណែកនៃរាត្រី ក៏សំគាល់ថា ដុំសាច់ ហើយនាំគ្នាចោមរោម ។ (ឆ្កែចចកទាំងនោះ) ជាម្រឹគថោកទាប កាលបើរាត្រីកន្លងទៅហើយ ព្រះអាទិត្យក៏រះឡើង ទើបឃើញច្បាស់ថា ជាផ្កាចារីក ក៏ដាច់សេចក្តីប្រាថ្នា (រត់ទៅ) យ៉ាងណា ។ បពិត្រព្រះរាជា ព្រះអង្គចោមព័ទ្ធព្រះបាទវិទេហៈ នឹងដាច់សេចក្តីប្រាថ្នា ហើយទៅ ដូចពួកឆ្កែចចក (ចោមរោម) នូវផ្កាចាដូច្នោះដែរ ។

[២៧១] (ព្រះបាទចូឡនី…) អ្នកទាំងឡាយ ចូរកាត់ដៃ និងជើង ត្រចៀក និងច្រមុះនៃមហោសធនេះ ព្រោះវាធ្វើព្រះបាទវិទេហៈជាសត្រូវដែលនៅក្នុងកណ្តាប់ដៃយើងឲ្យរួចទៅវិញ ។ សេនាទាំងឡាយ ចូរដោតគហបតីបុត្រនេះដោយឈើស្រួច ហើយចំអិនវា ដូចគេចំអិនសាច់ដែលគួរចំអិន ព្រោះវាធ្វើសេ្តចវិទេហៈជាសត្រូវ ដែលនៅក្នុងកណ្តាប់ដៃយើងឲ្យរួចទៅវិញ ។ បុគ្គលដោតសន្ធឹងស្បែកគោលើផែនដី ពុំនោះសោត ថ្ពក់ស្បែកសីហៈ ឬខ្លាធំដោយកង្វេរ យ៉ាងណា ។ យើងនឹងចាក់ដោតវាដោយលំពែង យ៉ាងនោះ ព្រោះវាធ្វើព្រះបាទវិទេហៈជាសត្រូវ ដែលនៅក្នុងកណ្តាប់ដៃយើងឲ្យរួចទៅវិញ ។

[២៧២] (មហោសធ…) បើព្រះអង្គកាត់នូវដៃ ជើង ត្រចៀក និងច្រមុះរបស់ខ្ញុំព្រះអង្គ ព្រះបាទវិទេហៈ មុខជានឹងកាត់ (ដៃ ជើង ត្រចៀក និងច្រមុះ) របស់ព្រះរាជបុត្រឈ្មោះបញ្ចាលចន្ទៈ យ៉ាងហ្នឹងដែរ ។ បើព្រះអង្គកាត់ដៃ ជើង ត្រចៀក និងច្រមុះរបស់ខ្ញុំព្រះអង្គ ព្រះបាទវិទេហៈ មុខជានឹងកាត់ (នូវដៃ ជើង ត្រចៀក និងច្រមុះ) របស់ព្រះរាជធីតាឈ្មោះបញ្ចាលចន្ទី យ៉ាងហ្នឹងដែរ ។ បើព្រះអង្គកាត់ដៃ និងជើង ត្រចៀក និងច្រមុះរបស់ខ្ញុំព្រះអង្គ ព្រះបាទវិទេហៈ មុខជានឹងកាត់ (នូវដៃជើង ត្រចៀក និងច្រមុះ) របស់អគ្គមេហសី ឈ្មោះនន្ទាទេវី យ៉ាងហ្នឹងដែរ ។ បើព្រះអង្គកាត់ដៃ និងជើង ត្រចៀក និងច្រមុះរបស់ខ្ញុំព្រះអង្គ ព្រះបាទវិទេហៈ មុខជានឹងកាត់ (នូវដៃ និងជើង ត្រចៀក និងច្រមុះ) របស់ព្រះរាជបុត្រ និងព្រះមហេសីរបស់ព្រះអង្គយ៉ាងហ្នឹងដែរ ។ បើព្រះអង្គដោតខ្ញុំដោយឈើអណ្តោត ហើយចំអិន ដូចគេចំអិនសាច់ដែលគួរចំអិន ព្រះបាទវិទេហៈ មុខជានឹងប្រើឲ្យគេដោតព្រះរាជបុត្រឈ្មោះបញ្ចាលចន្ទៈ (ដោយឈើអណ្តោត) ហើយចំអិនយ៉ាងហ្នឹងដែរ ។ បើព្រះអង្គដោតខ្ញុំដោយឈើអណ្តោត ហើយចំអិន ដូចគេចំអិនសាច់ដែលគួរចំអិន ព្រះបាទវិទេហៈ មុខជានឹងប្រើឲ្យគេដោតព្រះរាជធីតា ឈ្មោះបញ្ចាលចន្ទី (ដោយឈើអណ្តាត) ហើយចំអិនយ៉ាងហ្នឹងដែរ ។ បើព្រះអង្គដោតខ្ញុំនឹងឈើអណ្តោត ហើយចំអិន ដូចគេចំអិនសាច់ដែលគួរចំអិន ព្រះបាទវិទេហៈ មុខជានឹងប្រើឲ្យគេដោតអគ្គមហេសីឈ្មោះនន្ទាទេវី (ដោយឈើអណ្តោត) ហើយចំអិនយ៉ាងហ្នឹងដែរ ។ បើព្រះអង្គដោតខ្ញុំនឹងឈើអណ្តោត ហើយចំអិន ដូចគេចំអិនសាច់ដែលគួរចំអិន ព្រះបាទវិទេហៈ មុខជានឹងប្រើឲ្យគេដោតព្រះរាជបុត្រ និងព្រះមហេសីរបស់ព្រះអង្គ (ដោយឈើអណ្តោត) ហើយចំអិនយ៉ាងហ្នឹងដែរ ។ បើព្រះអង្គចាក់ដោតខ្ញុំ ដោយលំពែង ព្រះបាទវិទេហៈ មុខជានឹងដោតព្រះរាជបុត្រ ឈ្មោះបញ្ចាលចន្ទៈ (ដោយលំពែង) យ៉ាងហ្នឹងដែរ ។ បើព្រះអង្គចាក់ដោតខ្ញុំដោយលំពែង ព្រះបាទវិទេហៈ មុខជានឹងចាក់ដោតព្រះរាជធីតា ឈ្មោះបញ្ចាលចន្ទី (ដោយលំពែង) យ៉ាងនោះដែរ ។ បើព្រះអង្គចាក់ដោតខ្ញុំ ដោយលំពែង ព្រះបាទវិទេហៈ មុខជានឹងចាក់ដោតអគ្គមហេសី ឈ្មោះនន្ទាទេវី (ដោយលំពែង) យ៉ាងនោះដែរ ។ បើព្រះអង្គចាក់ដោតខ្ញុំដោយលំពែង ព្រះបាទវិទេហៈ មុខជានឹងចាក់ដោតព្រះរាជបុត្រ និងព្រះមហេសីរបស់ព្រះអង្គ (ដោយលំពែង) យ៉ាងនោះដែរ ។ យើងទាំងពីរនាក់ គឺស្តេចវិទេហៈ និងទូលព្រះបង្គំជាខ្ញុំ ប្រឹក្សាគ្នារួចស្រេចក្នុងទីស្ងាត់យ៉ាងនេះហើយ ខែលស្បែកមានទម្ងន់ ១០០ បលៈ ដែលជាងស្បែកឲ្យសម្រេចហើយដោយសស្រ្តារបស់ជាងស្បែក រមែងជួយការពារខ្លួន ដើម្បីទប់រងនូវកូនសរទាំងឡាយយ៉ាងណា ។ ទូលព្រះបង្គំជាខ្ញុំ ជាអ្នកនាំសេចក្តីសុខមក ជួយបន្ទោបង់សេចក្តីទុក្ខនៃព្រះបាទវិទេហៈដ៏មានយស តែងទប់រងនូវកូនសរ គឺព្រះតម្រិះរបស់ព្រះអង្គដោយខែលស្បែកមានទម្ងន់ ១០០ បលៈ (សេចក្តីគិតរបស់ទូលព្រះបង្គំជាខ្ញុំ ក៏ដូច្នោះឯង) ។

[២៧៣] បពិត្រមហារាជ សូមអញ្ជើញព្រះអង្គទតព្រះនេត្រមើលព្រះរាជវាំងរបស់ព្រះអង្គដែលសូន្យឈឹងចុះ បពិត្រព្រះមហាក្សត្រិយ៍ ស្រីស្នំ និងកុមារទាំងឡាយ និងព្រះវររាជមាតារបស់ព្រះអង្គ ខ្ញុំឲ្យនាំចេញចាកឧម្មង្គ នាំទៅថ្វាយព្រះបាទវិទេហៈហើយ ។

[២៧៤] (ព្រះបាទចូឡនី…) បើដូច្នោះ អ្នកទាំងឡាយ ចូរទៅឯព្រះរាជវាំងរបស់អញ ហើយពិចារណាមើលហេតុនោះ តើសមដូចពាក្យរបស់មហោសធនេះពិត ឬកុហកទេ ។

[២៧៥] (ពួកអាមាត្យ…) បពិត្រមហារាជ មហោសធទូលយ៉ាងណា សេចក្តីនុ៎ះ ក៏យ៉ាងនោះឯង ព្រះរាជវាំងទាំងមូលសូន្យឈឹង ដូចឋានជាទីប្រជុំចុះនៃពួកក្អែក ។

[២៧៦] (មហោសធ…) បពិត្រមហារាជ ព្រះនាងនារីនន្ទាទេវី ព្រះសព៌ាង្គកាយដ៏ល្អ មានព្រះសោណីដ៏ល្អ ដូចដម្បារមាស មានប្រក្រតីពោលពាក្យពីរោះ ដូចជាសំឡេងនៃហង្ស បានចេញទៅអំពីឧម្មង្គនេះហើយ ។ បពិត្រមហារាជ ព្រះនាងនារី មានសព៌ាង្គកាយដ៏ល្អ ទ្រទ្រង់កោសេយ្យពស្រ្ត មានសរីរៈដូចមាស មានខ្សែរឹតព្រះអង្គនោះក៏ល្អវិចិត្រដោយមាស ។ ព្រះនាងនារី មានព្រះបាទដ៏ក្រហមល្អ ប្រកបដោយលំអ (៥យ៉ាង) មានខែ្សរឹតជាវិការៈនៃមាស និងកែវមណី មានដួងព្រះនេត្រប្រាកដសើ្មដោយភ្នែកសត្វព្រាប មានសរីរៈដ៏ល្អ មានរឹមព្រះឱស្ឋរលីង ល្អដូចជាផ្លែទន្លាប់ មានចង្កេះរៀវ ។ ព្រះនាងនារីមានចង្កេះរៀវដូចវល្លិនាគលតា ដែលលូតលាស់ល្អ ឬដូចក្តារហ៊ឹង (ជាវិការៈនៃមាស) ព្រះកេសរបស់ព្រះនាងនារីនោះ វែង មានចុងខ្មៅងបន្តិច ដូចចុងកំបិត ។ ព្រះនាងនន្ទាទេវី មានដួងព្រះនេត្រថ្លាយង់ ដូចជាភ្នែកនៃកូនម្រឹគកើត (បានមួយខួប) ឬដូចជាអណ្តាតភ្លើងក្នុងហេមន្តរដូវ ពុំនោះសោត ដូចជាស្ទឹងដ៏ដេរដាសដោយដើមឫស្សីតូច ៗ ទាំងឡាយ ទៀបជ្រោះភ្នំ ។ ព្រះនាងនន្ទាទេវី មានព្រះឧរូល្អ ដូចប្រមោយដំរី មានស្តនទាំងគូល្អដូចផ្លែទន្លាប់ដ៏ប្រសើរ មិនខ្ពស់ពេក មិនទាបពេក មិនមែនឥតព្រះលោមា មិនមែនមានព្រះលោមាច្រើនពេក ។ បពិត្រព្រះអង្គមានពាហនៈបរិបូណ៌ដោយសិរី ព្រះអង្គត្រេកអរដោយមរណៈនៃព្រះនាងនន្ទាទេវីដោយពិត ឯខ្ញុំព្រះអង្គ និងព្រះនាងនន្ទា នឹងទៅកាន់សំណាក់យមរាជដោយពិត ។

[២៧៧] (ព្រះបាទចូឡនី…) អ្នកបានរៀនកលមាយាជាទិព្វ ហើយបានធ្វើឧបាយបំបាំងភ្នែកឬ បានជាអ្នកដោះលែងព្រះបាទវិទេហៈជាសត្រូវនៅក្នុងកណ្តាប់ដៃនៃយើងបាន ។

[២៧៨] (មហោសធ…) បពិត្រមហារាជ បណ្ឌិតទាំងឡាយក្នុងលោកនេះ រមែងរៀននូវកលមាយាជាទិព្វដោយពិត ពួកបណ្ឌិតជនអ្នកមានសេចក្តីដឹងនោះ ទើបដោះខ្លួន (ចាកទុក្ខបាន) ពួកយោធាកេ្មង ៗ អ្នកបំរើរបស់ទូលព្រះបង្គំជាអ្នកឈ្លាស ជាអ្នកកាត់ផ្តាច់នូវទីត ព្រះបាទវិទេហៈយាងទៅកាន់ក្រុងមិថិលាតាមផ្លូវដែលពួកជនទាំងនេះធ្វើទុកហើយ ។

[២៧៩] បពិត្រមហារាជ សូមព្រះអង្គសេ្តចទតឧម្មង្គ ដែលពួកជាងសាងទុកល្អហើយ សូមព្រះអង្គទតឧម្មង្គដ៏ល្អរុងរឿង (ដោយរបៀប) នៃដំរី សេះ រថ និងពលថ្មើរជើង ដែលគេធ្វើឲ្យសម្រេចហើយដោយល្អ ។

[២៨០] (ព្រះបាទចូឡនី…) ម្នាលមហោសធ ជាលាភរបស់អ្នកដែនវិទេហៈដោយពិត បណ្ឌិតទាំងឡាយបែបដូចជាអ្នកនេះ នៅក្នុងដំណាក់ ក្នុងដែនរបស់ព្រះរាជាណា (ជាលាភរបស់ព្រះរាជានោះពិត) ។

[២៨១] យើងនឹងឲ្យគ្រឿងចិញ្ចឹមជីវិត និងវត្ថុ គ្រឿងរក្សា គឺស្រុក និងនិគម ទាំងបាយ និងថ្លៃឈ្នួលជាទេ្វគុណដល់អ្នក ទាំងឲ្យភោគសម្ប័ទដ៏ធំទូលាយទៀត អ្នកចូរបរិភោគ ចូររីករាយតាមប្រាថ្នាចុះ អ្នកកុំទៅរកព្រះបាទវិទេហៈឡើយ ព្រះបាទវិទេហៈ នឹងធ្វើអ្វីដល់អ្នក ។

[២៨២] (មហោសធ…) បពិត្រមហារាជ បុគ្គលណា លះបង់នូវបុគ្គលអ្នកចិញ្ចឹម ព្រោះហេតុនៃទ្រព្យ បុគ្គលនោះ ត្រូវជនទាំងពីរគឺ ខ្លួនឯង និងអ្នកដទៃតិះដៀល ព្រះបាទវិទេហៈ ទ្រង់គង់ព្រះជន្មាយុដរាបណា ខ្ញុំក៏មិនគប្បីនៅក្នុងដែននៃព្រះរាជាដទៃ (ដរាបនោះ) ។ បពិត្រមហារាជ បុគ្គលណា លះបង់នូវបុគ្គលអ្នកចិញ្ចឹម ព្រោះហេតុនៃទ្រព្យ បុគ្គលនោះត្រូវជនទាំងពីរគឺ ខ្លួនឯង និងអ្នកដទៃតិះដៀល ព្រះបាទវិទេហៈ ទ្រង់ឋិតនៅដរាបណា ខ្ញុំមិនត្រូវជាបុរសរបស់បុគ្គលដទៃ (ដរាបនោះ) ។

[២៨៣] (ព្រះបាទចូឡនី…) ម្នាលមហោសធ យើងឲ្យមាសឆ្តោរ ១០០០ និងស្រុក ចំនួន ៨០ ក្នុងដែនកាសីដល់អ្នក យើងឲ្យទាសី ៤០០ និងភរិយា ១០០ ដល់អ្នក អ្នកចូរនាំអង្គនៃសេនាទាំងពួងទៅដោយសួស្តីចុះ ។

[២៨៤] ជនទាំងឡាយ ចូរឲ្យវត្ថុផេ្សងៗ ជាទេ្វគុណ ដល់ពួកដំរី ពួកសេះជាកំណត់ ចូរញ៉ាំងពលរថ និងពលថ្មើរជើងឲ្យឆែ្អតស្កប់ស្កល់ដោយបាយ និងទឹកចុះ ។

[២៨៥] ម្នាលបណ្ឌិត អ្នកចូរនាំយកពួកដំរី ពួកសេះ ពួករថ និងពួកពលថ្មើរជើងទៅ ព្រះបាទវិទេហៈមហារាជ ចូរទតឃើញអ្នក ដែលទៅដល់ក្រុងមិថិលាចុះ ។

[២៨៦] (ព្រះបាទវិទេហៈ…) សេនាប្រកបដោយអង្គ ៤ គឺសេនាដំរី សេនាសេះ សេនារថ និងសេនាថ្មើរជើងនោះ ប្រាកដជាមានច្រើន មានសភាពគួរខ្លាច តើបណ្ឌិតទាំងឡាយសំគាល់ដូចមេ្តចហ្ន៎ ។

[២៨៧] (អាចារ្យសេនកៈ…) បពិត្រមហារាជ សេចក្តីត្រេកអរយ៉ាងខ្ពង់ខ្ពស់ រមែងប្រាកដដល់ព្រះអង្គ មហោសធនាំយកអង្គនៃសេនាទាំងពួងមកដល់ហើយដោយសួស្តី ។

[២៨៨] (ព្រះបាទវិទេហៈ…) ម្នាលមហោសធ ជនទាំង ៤ នាក់ នាំមនុស្សស្លាប់ទៅចោលក្នុងព្រៃស្មសាន (ហើយត្រឡប់មក) យ៉ាងណា ពួកយើងបោះបង់អ្នកចោល ក្នុងដែនគប្បីលះហើយ ត្រឡប់មកក្នុងទីនេះក៏ដូច្នោះ ។ កាលបើដូច្នេះ អ្នកចេះដោះខ្លួនឲ្យរួចមក ដោយហេតុដូចមេ្តច ដោយបច្ច័យដូចមេ្តច ដោយដំណើរដូចមេ្តច ។

[២៨៩] (មហោសធ…) បពិត្រក្សត្រិយ៍ព្រះនាមវិទេហៈ ទូលព្រះបង្គំបានការពារនូវសេចក្តីដោយសេចក្តី នូវការប្រឹក្សាដោយប្រឹក្សា ទូលព្រះបង្គំបានការពារសេ្តច ដូចជាសាគរការពារជម្ពូទ្វីបដូច្នោះ ។ ព្រះបាទចូឡនី បានប្រទានមាសឆ្តោរ ១០០០ និងស្រុកចំនួន ៨០ ក្នុងដែនកាសីដល់ទូលព្រះបង្គំ ប្រទានទាសី ៤០០ និងភរិយា ១០០ ដល់ទូលព្រះបង្គំ ទូលព្រះបង្គំជាអ្នកនាំអង្គនៃសេនាទាំងពួង មកក្នុងទីនេះដោយសួស្តី ។

[២៩០] (ព្រះបាទវិទេហៈ…) នែអាចារ្យសេនកៈ ការនៅរួមជាមួយនឹងអ្នកប្រាជ្ញ នាំមកនូវសេក្តីសុខស្រួលណាស់ហ្ន៎ មហោសធ បានដោះពួកយើងដែលតាំងនៅក្នុងសេចក្តីវិនាស គឺដៃនៃសត្រូវ ដូចជាគេដោះហ្វូងបក្សីដែលជាប់នៅក្នុងទ្រុង ឬដូចជាគេដោះត្រីដែលជាប់នៅក្នុងសំណាញ់ ។

[២៩១] (អាចារ្យសេនកៈ…) បពិត្រមហារាជ មែនពិត ពួកបណ្ឌិតរមែងនាំមកនូវសេចក្តីសុខយ៉ាងនេះឯង មហោសធ បានដោះពួកយើងដែលតាំងនៅក្នុងសេចក្តីវិនាស គឺដៃនៃសត្រូវ ដូចជាគេដោះហ្វូងបក្សីដែលជាប់ក្នុងទ្រុង ឬដូចជាគេដោះត្រីដែលជាប់ក្នុងសំណាញ់ ។

[២៩២] (អភិសម្ពុទ្ធគាថា…) ពួកជនចូរដេញពិណ ចូរវាយស្គរតូច និងស្គរធំ ផ្លុំស័ង្ខដែលកើតក្នុងដែនមគធៈ និងទូងស្គរធំមានសំឡេងពីរោះ ។

[២៩៣] ពួកស្រីស្នំ ពួកកុមារ ពួកវេស្សៈ និងពួកព្រាហ្មណ៍ នាំបាយ និងទឹកជាច្រើន មកជូន (មហោសធបណ្ឌិត) ។ ពលដំរី ពលសេះ ពលរថ និងពលថ្មើរជើង នាំបាយ និងទឹកជាច្រើន មកជូនបណ្ឌិត ។ ពួកអ្នកជនបទ ប្រជុំគ្នា ទាំងពួកអ្នកនិគម ក៏មកប្រជុំគ្នា នាំបាយ និងទឹកជាច្រើន មកជូនបណ្ឌិត ។ ជនជាច្រើន កាលបើបានឃើញបណ្ឌិតមកដល់ហើយ ក៏មានសេចក្តីជ្រះថ្លា កាលបើបណ្ឌិតមកដល់ហើយ ការលើកឡើងនូវទង់ ក៏ប្រព្រឹត្តទៅ ។

ចប់ មហោសធជាតក ទី៥ ។

ភូរិទត្តជាតក ទី៦កែប្រែ

[២៩៤] (នាគទាំង ៤ ក្រាបបង្គំទូលថា) រតនៈណាមួយ មានក្នុងនិវេសន៍របស់នាគរាជព្រះនាមធតរដ្ឋ រតនៈទាំងអស់នោះ ចូរមកដល់ព្រះអង្គ សូមព្រះអង្គទ្រង់ប្រទានធីតាដល់ព្រះរាជាយើង ។

[២៩៥] (ព្រះបាទព្រហ្មទត្តត្រាស់ថា) វិវាហៈជាមួយនឹងពួកនាគ យើងមិនធ្លាប់ធ្វើក្នុងកាលណាម្តងទេ យើងនឹងធ្វើវិវាហៈមិនសមគួរនោះ ដូចមេ្តចកើត ។

[២៩៦] (នាគទាំង ៤…) បពិត្រព្រះអង្គជាធំជាងមនុស្ស ជីវិតក្តី ដែនក្តី ព្រះអង្គនឹងលះបង់ដោយពិត កាលបើនាគខឹងហើយ ព្រះរាជាទាំងឡាយប្រហែលនឹងព្រះអង្គ មិនគង់ព្រះជន្មនៅយូរទេ ។ បពិត្រព្រះសម្មតិទេព ព្រះអង្គណាជាមនុស្ស ព្រះអង្គនោះ មិនមានឫទ្ធិ មើលងាយព្រះរាជាដែលមានឫទ្ធិ ជាកូនបង្កើតនៃព្រះបាទវរុណៈ ដែលកើតក្នុងទន្លេយមុនា ។

[២៩៧] (ព្រះរាជា…) យើងមិនមើលងាយព្រះបាទធតរដ្ឋដ៏មានយសទេ ព្រោះថា ព្រះបាទធតរដ្ឋ ជាធំជាងនាគទាំងឡាយដ៏ច្រើន ។ ពស់ទុកជាមានអានុភាពច្រើន ក៏មិនសមគួរនឹងធីតារបស់យើងទេ ចំណែកខាងយើង ជាក្សត្រិយ៍របស់អ្នកដែនវិទេហៈ ធីតា (របស់យើង) ឈ្មោះសមុទ្ទជា មានជាតិដ៏ប្រសើរ ។

[២៩៨] (ព្រះបាទធតរដ្ឋ…) ពួកនាគឈ្មោះកម្ពលស្សតរា [ពួកនាគដែលមានឈ្មោះយ៉ាងនេះ គឺជាពួកនាគនៅក្បែរជើងភ្នំសិនេរុ ត្រូវជាញាតិខាងមាតារបស់ព្រះបាទធតរដ្ឋ ។ អដ្ឋកថា ។] ចូរក្រោកឡើង អ្នកចូរប្រាប់នាគទាំងអស់ថា នាគទាំងឡាយ ចូរទៅកាន់ក្រុងពារាណសី តែកុំបៀតបៀនបុគ្គលណាមួយឡើយ ។

[២៩៩] នាគទាំងឡាយដែលមានសរីរៈធំ ចូរសំយុងខ្លួនក្នុងនិវេសនដ្ឋានទាំងឡាយ ក្នុងស្រះ ត្រង់ផ្លូវដើរ ក្នុងព្រះលាន លើចុងឈើ និងលើកោ្លងទ្វារ ។ ចំណែកខាងខ្ញុំ មានកាយធំសសុទ្ធ នឹងព័ទ្ធបុរីដែលធំទូលាយ ដោយភ្នេនទាំងឡាយ នឹងញ៉ាំងភ័យឲ្យកើតឡើងដល់ពួកអ្នកដែនកាសី ។

[៣០០] នាគទាំងឡាយ មានសម្បុរដ៏ច្រើន បានស្តាប់ពាក្យព្រះបាទធតរដ្ឋនោះហើយ ក៏ចូលទៅកាន់ក្រុងពារាណសី តែមិនបៀតបៀនបុគ្គលណាមួយឡើយ ។ នាគទំាងឡាយដែលមានសរីរៈធំ ក៏សំយុងខ្លួនក្នុងនិវេសនដ្ឋាន ក្នុងស្រះ ត្រង់ផ្លូវដើរ ក្នុងព្រះលាន លើចុងឈើ និងលើក្លោងទ្វារ ។ នារីទាំងឡាយជាច្រើន បានឃើញនាគទាំងនុ៎ះ កំពុងសំយុងខ្លួន លុះឃើញពួកនាគបើកពពារ កំពុងឲ្យសម្លេងរឿយ ៗ ក៏កន្ទក់កន្ទេញ ។ ពួកជនក្នុងពារាណសី តក់ស្លុត ក្តៅក្រហាយ ក៏លើកដៃកន្ទក់កន្ទេញថា សូមព្រះអង្គប្រទានធីតា ដល់នាគរាជ ។

[៣០១] (ព្រាហ្មណ៍នេសាទ…) អ្នកជាអ្វី មានភ្នែកក្រហម មានចនោ្លះស្មាទូលាយ (អង្គុយ) ក្នុងកណ្តាលនៃព្រៃ ជាទីនាំមកបូជាដោយផ្កាឈើ ស្រីទាំង ១០ នាក់ ជាអ្វី ដែលទ្រទ្រង់នូវសង្វារជាវិការៈនៃមាស មានសំពត់ដ៏ល្អ កំពុងឈរសំពះ ។ អ្នកជាអ្វី មានដៃធំរុងរឿងក្នុងកណ្តាលព្រៃ ដូចភ្លើងឆេះនូវឆ្នាំងខ្លាញ់ អ្នកជាយក្សណាមួយ ដែលមានសក្តិធំឬ ឬជានាគមានអានុភាពធំ ។

[៣០២] (ភូរិទត្តនាគរាជ…) ខ្ញុំជានាគមានឫទិ្ធ មានតេជះ ដែលគេកន្លងមិនបាន ប្រសិនជាខ្ញុំក្រោធ អាចចឹកសូម្បីនូវអ្នកជនបទ ដែលបរិបូណ៌ (ដោយភោគៈ) ដោយតេជះបាន ។ ឯមាតារបស់ខ្ញុំ ឈ្មោះសមុទ្ទជា បិតារបស់ខ្ញុំឈ្មោះធតរដ្ឋ ខ្ញុំជាប្អូននៃនាគរាជឈ្មោះសុទស្សនៈ ជនទាំងឡាយស្គាល់ខ្ញុំថា ភូរិទត្ត ។

[៣០៣] លោករមែងឃើញអន្លង់ទឹកណាដ៏ជ្រៅ ដែលហូរគួចសព្វកាល ជាអន្លង់ទឹកគួរខ្លាច អន្លង់ទឹកនោះជាទិព្វ ជាលំនៅរបស់ខ្ញុំ មានជម្រៅច្រើនរយនៃជួរបុរស ។ អ្នកកុំខ្លាច ចូរចូលទៅកាន់ស្ទឹងយមុនា មានទឹកខៀវ (ដែលហូរមក) អំពីកណ្តាលព្រៃ ជាកន្លែងដែលក្ងោក និងក្រៀលយំ ជាស្ទឹងត្រជាក់ក្សេមក្សាន្ត ជាលំនៅរបស់ពួកអ្នកមានវត្ត ។

[៣០៤] ម្នាលព្រាហ្មណ៍ អ្នកព្រមទាំងកូនមកដល់ភពនាគនោះហើយ នឹងបានប្រពន្ធ ម្នាលព្រាហ្មណ៍ យើងនឹងបូជាអ្នកដោយកាមទាំងឡាយរបស់យើង អ្នកចូរនៅឲ្យសុខចុះ ។

[៣០៥] (ព្រាហ្មណ៍នេសាទ…) ផែនដីមានផ្ទៃរាបស្មើដោយជុំវិញ មានដើមក្រឹស្នាច្រើន ដេរដាសដោយមេភ្លៀង មានស្មៅខៀវដ៏ឧត្តមល្អ ។ ព្រៃជ្រំគួររីករាយ ស្រះបោក្ខរណីទាំងឡាយដែលបុញ្ញកម្មរបស់ព្រះអង្គនិម្មិតល្អហើយ ជាទីរីករាយ ដែលហង្សយំហើយ មានផ្កាឈូកធ្លាក់ចុះ ។ សសរមានជ្រុង ៨ ដែលគេធ្វើល្អហើយ ជាវិការៈនៃកែវពៃទូរ្យទាំងអស់ ប្រាសាទទាំងឡាយ មានសសរ ១ ពាន់ ដ៏ពេញដោយនាងកញ្ញាភ្លឺរុងរឿង ។ ព្រះអង្គបានដល់នូវវិមានជាទិព្វ ដោយបុណ្យរបស់ព្រះអង្គ ជាវិមានមិនចង្អៀត ជាទីក្សេមគួររីករាយ ប្រកបដោយសេចក្តីសុខយ៉ាងក្រៃលែង ។ ខ្ញុំសំគាល់ថាព្រះអង្គ មិនប្រាថា្នវិមានរបស់ព្រះឥន្រ្ទ ជាសហស្សនេត្តទេ ព្រោះថាឫទ្ធិរបស់ព្រះអង្គនេះ ដ៏ធំដូចជាឫទ្ធិនៃព្រះឥន្រ្ទដ៏រុងរឿងដែរ ។

[៣០៦] (ភូរិទត្តនាគរាជ…) អានុភាពរបស់ព្រះឥន្រ្ទ អានុភាពរបស់លោកបាលទាំង ៤ ញ៉ាំងអំណាចឲ្យប្រព្រឹត្តទៅ ជាអ្នកបម្រើព្រះឥន្រ្ទក្តី អ្នកមិនគប្បីដឹងដោយចិត្តបានទេ ។

[៣០៧] ខ្ញុំប្រាថ្នាវិមាននោះរបស់ទេវតាទាំងឡាយ អ្នកស្វែងរកសេចក្តីសុខ បានជារក្សាឧបោសថ ហើយដេកលើក្បាលដំបូក ។

[៣០៨] (ព្រាហ្មណ៍នេសាទ…) ឯខ្ញុំ ព្រមទាំងកូន ស្វែងរកម្រឹគ បានចូលទៅកាន់ព្រៃ ញាតិទាំងនោះ មិនដឹងខ្ញុំថាស្លាប់ ឬរស់ទេ ។ ខ្ញុំសូមលាព្រះភូរិទត្ត ជាបុត្តព្រះរាជធីតាក្នុងដែនកាសី ព្រះអង្គមានយស យើងខ្ញុំ បើព្រះអង្គព្រមអនុញ្ញាតហើយ គប្បីឃើញពួកញាតិ ។

[៣០៩] (ភូរិទត្តនាគរាជ…) ឱ នុ៎ះពិតជាសេចក្តីពេញចិត្តរបស់ខ្ញុំហើយ ត្រង់ដែលអ្នកនៅក្នុងសំណាក់នៃខ្ញុំ ព្រោះថាកាមទាំងឡាយប្រាកដដូច្នេះ អ្នកមិនងាយបានក្នុងពួកមនុស្សទេ ។ អ្នកដែលខ្ញុំបូជាដោយកាមទាំងឡាយរបស់ខ្ញុំ បើមិនចង់នៅទេ ខ្ញុំនឹងអនុញ្ញាតអ្នក សូមអ្នកទៅជួបពួកញាតិដោយសួស្តីចុះ ។

[៣១០] អ្នកកាលទ្រទ្រង់កែវមណីជាទិព្វនេះ រមែងបានសត្វចិញ្ចឹម និងបុត្រ អ្នកចូរមិនមានរោគ បានសេចក្តីសុខ ម្នាលព្រាហ្មណ៍ អ្នកចូរយក (នូវកែវមណីនេះ) ហើយទៅចុះ ។

[៣១១] (ព្រាហ្មណ៍នេសាទ…) បពិត្រព្រះភូរិទត្ត ស្រួលហើយ ខ្ញុំត្រេកអរនឹងព្រះបន្ទូលរបស់ព្រះអង្គ ខ្ញុំនឹងបួស ព្រោះខ្ញុំចាស់ ហើយខ្ញុំមិនប្រាថ្នាកាមទេ ។

[៣១២] (ភូរិទត្តនាគរាជ…) បើមានការបែកធ្លាយព្រហ្មចរិយៈ កិច្ចការដែលត្រូវធ្វើដោយភោគៈទាំងឡាយ (រមែងមាន) អ្នកកុំមានសេចក្តីរង្កៀសឡើយ គប្បីមក យើងនឹងឲ្យទ្រព្យដ៏ច្រើនដល់អ្នក ។

[៣១៣] (ព្រាហ្មណ៍នេសាទ…) បពិត្រព្រះភូរិទត្ត ស្រួលហើយ ខ្ញុំត្រេកអរនឹងព្រះបន្ទូលរបស់ព្រះអង្គ ប្រសិនបើមានសេចក្តីត្រូវការ ខ្ញុំនឹងមកម្តងទៀត ។

[៣១៤] (អភិសម្ពុទ្ធគាថា) ព្រះភូរិទត្ត លុះពោលពាក្យនេះហើយ ក៏បញ្ជូននូវនាគទាំង ៤ ថា អ្នកទាំងឡាយមកនេះ ចូរទៅ ចូរក្រោកឡើង ចូរញ៉ាំងព្រាហ្មណ៍ឲ្យដល់ (នូវផ្លូវជាទីទៅកាន់ក្រុងពារាណសី) ជាឆាប់ ។ នាគទាំង ៤ ត្រូវភូរិទត្តប្រើទៅហើយ បានស្តាប់ពាក្យនោះរបស់ភូរិទត្តនោះ ក៏ក្រោកឡើង ហើយបានញ៉ាំងព្រាហ្មណ៍ឲ្យដល់ឆាប់ ។

[៣១៥] (ព្រាហ្មណ៍នេសាទ…) អ្នកកាន់យកនូវកែវមណី ជាមង្គល ជាទ្រព្យដ៏ប្រសើរ ជាទីរីករាយនៃចិត្ត ជាថ្មបរិបូណ៌ដោយទ្រង់ទ្រាយ អ្នកបានកែវមណីនេះ អំពីទីណា ។

[៣១៦] (អាលម្ពាយនព្រាហ្មណ៍…) ថ្ងៃនេះខ្ញុំទៅកាន់ផ្លូវពីព្រឹក បានកែវមណីនេះ ដែលពួកនាងនាគភ្នែកក្រហមមួយពាន់ថែរក្សាហើយ ។

[៣១៧] (ព្រាហ្មណ៍នេសាទ…) កែវមណីនេះ បើបុគ្គលសន្សំទុកល្អ ថែទាំ បូជាគ្រប់គ្រងល្អ ទុកដាក់ល្អហើយសព្វកាល គប្បីញ៉ាំងប្រយោជន៍ទាំងពួងឲ្យសម្រេចបាន ។ តែកាលបើបុគ្គលជាអ្នកប្រាសចាកការថែទាំក្នុងការទុកដាក់ ឬក្នុងការប្រើប្រាស់វិញ កែវមណីនេះ ដែលគេសន្សំទុកដោយមិនត្រូវទំនង នឹងដល់សេចក្តីវិនាស ។ អ្នកជាបុគ្គលមិនឈ្លាស មិនគួរគ្រប់គ្រងកែវមណីជាទិព្វនេះទេ អ្នកចូរគ្រប់គ្រងមាសឆោ្តរមួយរយចុះ ចូរឲ្យកែវមណីនេះដល់ខ្ញុំ ។

[៣១៨] (អាលម្ពាយនព្រាហ្មណ៍…) កែវមណីនេះ ខ្ញុំមិនគប្បីលក់ដោយគោ ឬដោយរតនៈទាំងឡាយទេ កែវមណីរបស់ខ្ញុំ ដែលកើតអំពីថ្ម បរិបូណ៌ដោយទ្រង់ទ្រាយ ខ្ញុំមិនគប្បីលក់ទេ ។

[៣១៩] (ព្រាហ្មណ៍នេសាទ…) បើកែវមណី អ្នកមិនលក់ដោយគោ ឬដោយរតនៈទាំងឡាយទេ ចុះកែវមណី អ្នកនឹងលក់ដោយវត្ថុអ្វី ខ្ញុំសួរហើយ អ្នកចូរប្រាប់សេចក្តីនោះ ។

[៣២០] (អាលម្ពាយនព្រាហ្មណ៍) បុគ្គលណា គប្បីបង្ហាញនាគដ៏ធំ មានតេជះដែលគេកន្លងបានដោយក្រ ដល់ខ្ញុំ ខ្ញុំនឹងឲ្យកែវមណីដ៏រុងរឿងដោយតេជះដល់បុគ្គលនោះ ។

[៣២១] (ព្រាហ្មណ៍នេសាទ…) អ្នកជាអ្វី ជាគ្រុឌដ៏ប្រសើរជាងសត្វស្លាបទាំងឡាយ កាលស្វែងរកចំណីដើម្បីខ្លួន ទើបចាប់យកនាគ ដោយភេទជាព្រាហ្មណ៍ទេឬ ។

[៣២២] (អាលម្ពាយនព្រាហ្មណ៍…) ខ្ញុំមិនមែនជាស្តេចសត្វសា្លបទេ គ្រុឌ ខ្ញុំមិនដែលឃើញទេ ខ្ញុំជាអ្នកត្រេកអរដោយអាសិរពិស ម្នាលព្រាហ្មណ៍ ជនទាំងឡាយដឹងថា ខ្ញុំជាហ្មពស់ ។

[៣២៣] (ព្រាហ្មណ៍នេសាទ…) កម្លាំងរបស់អ្នកដូចមេ្តច សិល្បៈរបស់អ្នកដូចមេ្តច ទាំងអ្នករឹងប៉ឹងព្រោះហេតុអ្វី បានជាមិនកោតខ្លាចនាគ ។

[៣២៤] (អាលម្ពាយនព្រាហ្មណ៍…) គ្រុឌបានប្រាប់វិជ្ជាពិសដ៏ប្រសើរដល់ឥសីមួយ អង្គ ជាកោសិយគោត្រនៅក្នុងព្រៃ ប្រព្រឹត្តតបធម៌អស់រាត្រីយូរ ។ ខ្ញុំជាអ្នកមិនខ្ជិលច្រអូសទាំងយប់ទាំងថ្ងៃ បានបម្រើឥសីមួយអង្គនោះ ដែលមានខ្លួនចម្រើនហើយ កាលគង់នៅក្នុងចន្លោះភ្នំដោយសេចក្តីគោរព ។ ឥសីនោះ ដែលខ្ញុំបានបម្រើហើយក្នុងកាលនោះ វត្តក្តី ព្រហ្មចរិយៈក្តី ឥសីនោះបានប្រព្រឹត្តហើយ ឥសីមានជោគនោះ ក៏បង្រៀនមន្តទិព្វ ដល់ខ្ញុំតាមសេចក្តីប្រាថ្នា ។ ខ្ញុំជាអ្នករឹងប៉ឹង ព្រោះមន្តនោះ បានជាមិនខ្លាចនាគទាំងឡាយ ខ្ញុំជាអាចារ្យរបស់ពួកអ្នកសម្លាប់សត្វមានពិសទាំងឡាយ ជនទាំងឡាយស្គាល់ខ្ញុំថា អាលម្ពាយន៍ ។

[៣២៥] (ព្រាហ្មណ៍នេសាទ…) ម្នាលសោមទត្ត កូន យើងនឹងកាន់យកកែវមណី ចូរអ្នកដឹងចុះ យើងកុំយកដំបងទាត់ចោលសិរីដែលមកដល់ហើយ តាមសេចក្តីប្រាថ្នាឡើយ ។

[៣២៦] (សោមទត្តកុមារ…) បពិត្រព្រាហ្មណ៍ ភូរិទត្តណា បានបូជាលោកដែលដល់នូវនិវេសន៍របស់ខ្លួន លោកប្រាថ្នានឹងប្រទូស្តចំពោះព្រះភូរិទត្តនោះ ដែលធ្វើអំពើល្អយ៉ាងនេះ ព្រោះសេចក្តីវង្វេងធ្វើអ្វី ។ បើលោកឪពុកចង់បានទ្រព្យ ព្រះភូរិទត្តនឹងប្រទាន ចូរលោកឪពុកទៅសុំលោកចុះ លោកនឹងប្រទានទ្រព្យច្រើនដល់លោកឪពុក ។

[៣២៧] (ព្រាហ្មណ៍នេសាទ…) ម្នាលសោមទត្ត យើងគួរស៊ីរបស់ឆ្អិន ដែលមកដល់ដៃ ឬដល់ភាជន៍ ប្រសើរជាង កុំឲ្យប្រយោជន៍ដែលឃើញច្បាស់នឹងភ្នែក កន្លងផុតពីយើងទៅបាន ។

[៣២៨] (សោមទត្តកុមារ…) បុគ្គលជាអ្នកទ្រុស្តមិត្ត ជាអ្នកលះបង់ប្រយោជន៍ រមែងឆេះក្នុងនរកដ៏គួរខ្លាច ផែនដីក៏ស្រូបបុគ្គលទ្រុស្តមិត្តនោះ បុគ្គលទ្រុស្តមិត្ត សូម្បីរស់នៅក៏រីងស្ងួត (ដូចជាប្រេត) បើឪពុកចង់បានទ្រព្យ ព្រះភូរិទត្តនឹងប្រទានមិនខាន ខ្ញុំសំគាល់ថា មិនយូរប៉ុន្មាន ឪពុកនឹងដឹងច្បាស់នូវពៀរដែលខ្លួនធ្វើហើយ ។

[៣២៩] (ព្រាហ្មណ៍នេសាទ…) ព្រាហ្មណ៍ទាំងឡាយ បូជាមហាយញ្ញហើយ រមែងបរិសុទ្ធយ៉ាងនេះ យើងនឹងបូជាមហាយញ្ញ គង់នឹងរួចចាកបាបដោយអាការយ៉ាងនេះ ។

[៣៣០] (សោមទត្ត…) ណ្ហើយចុះ ឥឡូវនេះ ខ្ញុំនឹងគេចចេញថ្ងៃនេះ ខ្ញុំមិននៅជាមួយនឹងឪពុកទេ ខ្ញុំមិនដើរជាមួយនឹងឪពុក ដែលធ្វើអំពើអាក្រក់យ៉ាងនេះ អស់មួយជំហ៊ានទេ ។

[៣៣១] (អភិសម្ពុទ្ធគាថា) សោមទត្តកុមារ ជាពហុស្សូត បានពោលពាក្យនេះនឹងបិតាហើយ ក៏ប្រកាសទេវតាទាំងឡាយ ហើយគេចចេញចាកទីនោះ ។

[៣៣២] (ព្រាហ្មណ៍នេសាទ…) នាគណាមានពន្លឺដូចជាសម្បុរនៃសត្វមេភ្លៀង មានក្បាលក្រហម អ្នកចូរចាប់នាគធំនុ៎ះចុះ ហើយចូរនាំកែវមណីនុ៎ះដល់ខ្ញុំ ។ កាយរបស់នាគនុ៎ះ រមែងប្រាកដដូចជាគំនរប៉ុយកប្បាស នាគនេះដេកលើដំបូក ម្នាលព្រាហ្មណ៍ អ្នកចូរចាប់យកនាគនោះចុះ ។

[៣៣៣] (អភិសម្ពុទ្ធគាថា) គ្រានោះ អាលម្ពាយនព្រាហ្មណ៍ កាលជប់បទនៃមន្តទាំងឡាយ ធ្វើជាគ្រឿងការពារខ្លួន ដោយឱសធទិព្វទាំងឡាយហើយ ទើបអាចចាប់នាគនោះ ដោយវិធីយ៉ាងនេះ ។

[៣៣៤] (សុទស្សននាគរាជ…) ឥន្រ្ទិយរបស់លោកមិនស្រស់បស់ ព្រះភក្រ្តរបស់លោកក៏ខ្មៅ ព្រោះឃើញខ្ញុំ ដែលសម្រេចសេចក្តីប្រាថ្នាទាំងពួង កំពុងមកគាល់ឬ ។ ព្រះភក្រ្តរបស់លោកខ្មៅ ដូចជាផ្កាឈូកដែលឋិតនៅក្នុងដៃ ដែលគេច្របាច់ដោយដៃ ព្រោះតែឃើញខ្ញុំប្រាកដដូច្នេះឬ ។

[៣៣៥] ក្រែងបុគ្គលណាមួយ មិនរាប់អានលោកខ្លះឬ វេទនារបស់លោកមានខ្លះឬ ព្រះភក្រ្តរបស់លោកខ្មៅ ព្រោះឃើញខ្ញុំមក ដោយហេតុណា (សូមលោកប្រាប់នូវហេតុនោះដល់ខ្ញុំចុះ) ។

[៣៣៦] (នាងសមុទ្ទជា…) ម្នាលកូន ក្រោយមួយខែមកហើយ អំពីថ្ងៃនេះ យើងបានឃើញសុបិនថា ហាក់ដូចជាបុរសកាត់ដៃខាងស្តាំរបស់យើង ហើយនាំយកដៃដែលប្រឡាក់ដោយឈាម ដើរចេញទៅក្នុងកាលដែលយើងកំពុងយំ ។ ម្នាលសុទស្សនៈ កាលណាយើងបានឃើញសុបិន អ្នកចូរដឹងចុះថា កាលណោះ យើងមិនបានសេចក្តីសុខទាំងថ្ងៃទាំងយប់ ។

[៣៣៧] នាងកញ្ញាទាំងឡាយ មានរាងកាយដ៏រុងរឿង ពាក់បណ្តាញមាស បានចោមរោមភូរិទត្តណា ពីក្នុងកាលមុន (ឥឡូវនេះ) ភូរិទត្តនោះ យើងមិនឃើញទេ ។ នាគទាំងឡាយដែលកាន់ព្រះខ័នដ៏ប្រសើរ ដូចជាផ្កាកណ្ណិការីក ចោមរោមភូរិទត្តណា ពីក្នុងកាលមុន (ឥឡូវនេះ) ភូរិទត្តនោះ យើងមិនឃើញទេ ។ ណ្ហើយចុះ ឥឡូវនេះ យើងនឹងទៅកាន់លំនៅរបស់ភូរិទត្ត យើងគង់នឹងឃើញប្អូនរបស់អ្នក ដែលតាំងនៅក្នុងធម៌ បរិបូណ៌ដោយសីល ។

[៣៣៨] (អភិសម្ពុទ្ធគាថា) ឯភរិយាទាំងឡាយរបស់ភូរិទត្ត បានឃើញព្រះមាតានៃភូរិទត្តនោះ កំពុងដើរមក ក៏ផ្គងដៃឡើងកន្ទក់កន្ទេញថា បពិត្រលោកម្តាយជាម្ចាស់ ក្រោយមួយខែមកហើយ អំពីថ្ងៃនេះ យើងមិនដឹងភូរិទត្តដ៏មានយស ជាបុត្តរបស់លោក ជាស្លាប់ ឬរស់នៅទេ ។

[៣៣៩] (នាងសមុទ្ទជា…) យើងកាលមិនឃើញភូរិទត្តទេ នឹងឆេះដោយសេចក្តីទុក្ខ អស់កាលយូរ ដូចជាមេសត្វស្លាបបាត់កូន ឃើញតែសំបុកទទេដូច្នោះ ។ យើងកាលមិនឃើញភូរិទត្ត នឹងឆេះដោយសេចក្តីទុក្ខអស់កាលយូរ ដូចជាមេអកបាត់កូន ឃើញតែសំបុកទទេដូច្នោះ ។ យើងកាលមិនឃើញភូរិទត្តទេ នឹងឆេះដោយសេចក្តីទុក្ខ អស់កាលយូរ ដូចជាមេសត្វចាក្រពាកនោះ នៅលើភក់ ដែលមិនមានទឹកដោយពិត ។ ជើងក្រាននៃពួកជាងមាស ឆេះតែខាងក្នុង មិនឆេះខាងក្រៅយ៉ាងណា យើងកាលមិនឃើញភូរិទត្ត នឹងឆេះដោយសេចក្តីសោកយ៉ាងនោះ ។

[៣៤០] (អភិសម្ពុទ្ធគាថា) កូន និងប្រពន្ធទាំងឡាយ ដួលដេកក្នុងនិវេសន៍របស់ព្រះភូរិទត្ត ដូចជាដើមឈើដែលត្រូវខ្យល់ញាំញីបំបាក់ដូច្នោះ ។

[៣៤១] អរិដ្ឋៈ និងសុភោគនាគរាជ បានឮសម្លេងគឹកកងនៃនាគទាំងនោះ ក្នុងនិវេសន៍របស់ព្រះភូរិទត្ត ក៏ស្ទុះទៅតាមលំដាប់ ហើយពោលថា បពិត្រលោកម្តាយ សូមលោកដកដង្ហើមស្រួលចុះ កុំសោយសោកឡើយ ព្រោះថា សត្វទាំងឡាយ មានសភាពយ៉ាងនេះជាធម្មតា តែងច្យុត តែងកើតឡើងវិញ នេះជាការប្រែប្រួលនៃលោក ។

[៣៤២] (នាងសមុទ្ទជា…) ម្នាលកូន យើងក៏ដឹងថា សត្វទាំងឡាយមានសភាពយ៉ាងនេះជាធម្មតាដែរ តែថាយើងកាលមិនឃើញភូរិទត្តទេ ត្រូវសេចក្តីសោកគ្របសង្កត់ហើយ ប្រសិនបើ (ភូរិទត្ត) មិនបាន (មកចួប) នឹងយើង ក្នុងថ្ងៃនេះ យប់នេះទេ ម្នាលសុទស្សនៈ អ្នកចូរដឹងចុះ យើងកាលមិនឃើញភូរិទត្តទេ យើងមុខជានឹងលះបង់នូវជីវិតពុំខាន ។

[៣៤៣] (កូនទាំងឡាយ…) បពិត្រព្រះមាតា សូមលោកដកដង្ហើមស្រួលចុះ កុំសោយសោកឡើយ យើងទាំងឡាយ នឹងនាំបងមក យើងទាំងឡាយ ត្រាច់ទៅកាន់ទីស្វែងរកបង នឹងទៅកាន់ទិសតូចធំលើភ្នំ ជ្រោះភ្នំ ក្នុងស្រុក និងនិគមទាំងឡាយ លោកចូរឃើញបង ដែលមកក្នុងរវាងខាងក្នុង ៧ រាត្រី ។

[៣៤៤] (អាលម្ពាយនព្រាហ្មណ៍…) នាគដែលរួចអំពីដៃ (របស់យើង) ក្រាបចុះលើជើងលោកយ៉ាងខ្លាំង លោកត្រូវពស់ចឹកឬ លោកកុំខ្លាចឡើយ ចូរដល់សេចក្តីសុខចុះ ។

[៣៤៥] (សុទស្សននាគរាជ…) នាគនេះ មិនអាចឲ្យទុក្ខណាមួយដល់អាត្មាទេ អ្នកចាប់ពស់មានទាំងប៉ុន្មាន មិនមែនមានច្រើនជាងអាត្មាទេ ។

[៣៤៦] (អាលម្ពាយនព្រាហ្មណ៍…) អ្នកណាហ្ន៎ ភ្លីភើ្ល មានភេទដូចជាភេទនៃព្រាហ្មណ៍ មកកាន់បរិស័ទ ហើយហៅ (អញ) ច្បាំង បរិស័ទចូរស្តាប់ពាក្យរបស់យើងចុះ ។

[៣៤៧] (សុទស្សននាគរាជ…) ម្នាលអាលម្ពាយន៍ អ្នកច្បាំងនឹងយើងដោយនាគ យើងក៏ច្បាំងនឹងអ្នកដោយកូនកង្កែបដែរ ការភ្នាល់ក្នុងចម្បាំងនោះ ចូរមានដល់យើងដោយកហាបណៈ ៥.០០០ ជាកំណត់ ។

[៣៤៨] (អាលម្ពាយនព្រាហ្មណ៍…) ម្នាលមាណព យើងជាអ្នកមានទ្រព្យស្តុកស្តម្ភ អ្នកឯងជាអ្នកទាល់ក្រ តើបុគ្គលណា ជាអ្នកធានាអ្នក ម្យ៉ាងទៀត ទ្រព្យតម្កល់ទុកក្នុងការភ្នាល់ មានដែរឬ ។ ទ្រព្យតម្កល់ទុកក្នុងការភ្នាល់របស់យើង មាន ទាំងបុគ្គលជាអ្នកធានាប្រាកដដូច្នោះក៏មានដែរ ការភ្នាល់ក្នុងចម្បាំងនោះ ចូរមានដល់យើងដោយកហាបណៈ ៥.០០០ ជាកំណត់ ។

[៣៤៩] (សុទស្សននាគរាជ…) បពិត្រមហារាជ សូមព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យអាត្មាភាព សេចក្តីចម្រើន ចូរមានដល់ព្រះអង្គ ព្រះអង្គមានកិត្តិគុណ សូមព្រះអង្គធានាដោយកហាបណៈ ៥.០០០ របស់អាត្មាភាព ។

[៣៥០] (ព្រះរាជា…) នែព្រាហ្មណ៍ បំណុលជារបស់នៃបិតា ឬថាខ្ញុំជំពាក់ដោយខ្លួនឯង បានជាអ្នកទារយកទ្រព្យរបស់យើងច្រើន តើព្រោះហេតុអ្វី ។

[៣៥១] (សុទស្សននាគរាជ…) ដ្បិតអាលម្ពាយនព្រាហ្មណ៍ ផ្ចាញ់អាតា្មភាពដោយ នាគ អាត្មាភាពនឹងញ៉ាំងកូនកង្កែបឲ្យខាំព្រាហ្មណ៍ ។ បពិត្រមហារាជញ៉ាំងដែនឲ្យចម្រើន ព្រោះហេតុនោះ សូមព្រះអង្គមានពួកអ្នកកាន់ព្រះខ័នហែហម យាងទៅដើម្បីទតពស់ដែលគួរទត ។

[៣៥២] (អាលម្ពាយនព្រាហ្មណ៍…) ម្នាលមាណព ខ្ញុំមិនមើលងាយអ្នកដោយសិប្បវាទទេ ចំណែកអ្នកមើលងាយដោយសិប្បៈ បានជាមិនកោតក្រែងនាគ ។

[៣៥៣] (សុទស្សននាគរាជ…) នែព្រាហ្មណ៍ អាត្មាក៏មិនមើលងាយអ្នកដោយសិប្បវាទទេ តែអ្នកបញ្ឆោតជនច្រើនដោយនាគដែលមិនមានពិស ។ អាត្មាដឹងអ្នកយ៉ាងណា ជនក៏ត្រូវដឹងអ្នកយ៉ាងនោះដែរ ម្នាលអាលម្ពាយន៍ អ្នកមិនបានអង្កាម ១ ក្តាប់ នឹងបានទ្រព្យអំពីណា ។

[៣៥៤] (អាលម្ពាយនព្រាហ្មណ៍…) អ្នកស្លៀកដណ្តប់ស្បែកខ្លាទាំងក្រចក មានផ្នួងសក់ ជាមនុស្សកខ្វក់ភ្លីភ្លើ មកកាន់បរិស័ទ ហើយមើលងាយនាគបែបនេះថា មិនមានពិស អ្នកចូរមក ហើយគង់នឹងដឹងនាគនោះ ដែលពេញដោយតេជះរបស់នាគដ៏ខ្ពង់ខ្ពស់ ខ្ញុំសំគាល់ថា នាគនុ៎ះ នឹងធ្វើអ្នកឲ្យដូចជាគំនរផេះយ៉ាងឆាប់ ។

[៣៥៥] (សុទស្សននាគរាជ…) ពិសនៃពស់ផ្ទះ ពស់ទឹក ពស់ខៀវ គ្រាន់មានខ្លះ ឯពិសនៃនាគមានក្បាលក្រហម មិនមានសោះឡើយ ។

[៣៥៦] (អាលម្ពាយនព្រាហ្មណ៍…) ខ្ញុំបានស្តាប់ពាក្យនេះរបស់ពួកព្រះអរហន្ត ដែលសង្រួមហើយ មានតបៈថា ទាយកទាំងឡាយក្នុងលោកនេះ ឲ្យទានទាំងឡាយ រមែងទៅកាន់ឋានសួគ៌ ថាបើអ្នកមានវត្ថុតិចតួចដែលគួរឲ្យ អ្នកទាន់នៅរស់ ចូរឲ្យទានទាំងឡាយចុះ ។ នាគនេះ មានឫទ្ធិច្រើន មានតេជះដែលគេកន្លងបានដោយក្រ ខ្ញុំនឹងប្រើនាគនេះឲ្យចឹកអ្នក នាគនោះនឹងធ្វើអ្នកឲ្យទៅជាផេះ ។

[៣៥៧] (សុទស្សននាគរាជ…) ម្នាលសម្លាញ់ ខ្ញុំក៏បានស្តាប់ពាក្យនេះរបស់ពួកព្រះអរហន្ត ដែលសង្រួមហើយមានតបៈថា ទាយកទាំងឡាយក្នុងលោកនេះ ឲ្យទានទាំងឡាយ រមែងទៅកាន់ឋានសួគ៌ ថាបើអ្នកមានវត្ថុតិចតួច ដែលគួរឲ្យ អ្នកទាន់នៅរស់ ចូរឲ្យទានទាំងឡាយចុះ ។ កូនកង្កែបនេះ ឈ្មោះអច្ចិមុខី ពេញដោយតេជះរបស់ពស់ដ៏ខ្ពង់ខ្ពស់ អាត្មានឹងប្រើនាងអច្ចិមុខីនោះ ឲ្យខាំអ្នក នាងអច្ចិមុខីនោះ នឹងធ្វើអ្នកឲ្យទៅជាផេះ ។ នាងអច្ចិមុខីនោះ ជាធីតារបស់ព្រះបាទធតរដ្ឋ មានមាតាផេ្សងគ្នា ជាប្អូនស្រីរបស់អាត្មាដ៏ពេញដោយតេជះរបស់ពស់ដ៏ខ្ពង់ខ្ពស់ ចូរខាំចុះ ។

[៣៥៨] បពិត្រព្រះអង្គ ព្រះនាមព្រហ្មទត្ត សូមទ្រង់ជ្រាបចុះ បើអាត្មាភាពសាចពិសទៅលើផែនដី ស្មៅ វល្លិ៍ ពួកឈើ ជាឱសធ នឹងស្វិតស្រពោនគ្មានសល់ ។

[៣៥៩] បពិត្រព្រះអង្គ ព្រះនាមព្រហ្មទត្ត សូមទ្រង់ជ្រាបចុះ បើអាត្មាភាពសាចពិសទៅខាងលើ ភ្លៀងនឹងមិនបង្អុរចុះ ទឹកសន្សើមនឹងមិនធ្លាក់ចុះអស់ ៧ ឆ្នាំ ។

[៣៦០] បពិត្រព្រះអង្គ ព្រះនាមព្រហ្មទត្ត សូមទ្រង់ជ្រាបចុះ បើអាត្មាភាពសាចពិសទៅក្នុងទឹក ត្រី និងអណ្តើក ដែលជាសត្វកើតក្នុងទឹកទាំងប៉ុន្មាន នឹងស្លាប់ទាំងអស់ ។

[៣៦១] (ព្រាហ្មណ៍នេសាទ …) ទឹកដែលតាំងនៅក្នុងកំពង់បយាគៈ ដែលអញកំពុងស្រោច ជាទឹកដែលលោកសន្មតថា សម្រាប់លាងបាប ចុះខ្មោចអ្វី ជ្រមុជអញចុះទៅក្នុងស្ទឹងយមុនាដ៏ជ្រៅ ។

[៣៦២] (សុភោគនាគរាជ…) នាគណា ជាធំក្នុងលោក មានយស បានមកព័ទ្ធក្រុងពារាណសីដោយជុំវិញ អញជាកូននាគដ៏ប្រសើរនោះ ម្នាលព្រាហ្មណ៍ នាគទាំងឡាយ ហៅអញថា សុភោគដូច្នេះ ។

[៣៦៣] (ព្រាហ្មណ៍នេសាទ…) បើអ្នកជាកូននៃនាគដ៏ប្រសើរ ជាព្រះរាជាក្នុងដែនកាសី ជាធំជាងនាគដែលមានអាយុវែង បិតារបស់អ្នក ជានាគមានស័ក្កិធំមួយដែរ បណ្តាសត្វទាំងឡាយ មាតារបស់អ្នក ក៏មិនមានស្រ្តីណាផ្ទឹមបានឡើយ បុគ្គលមានអានុភាពច្រើនដូចអ្នក មិនគួរចាប់ជ្រមុជបុគ្គល សូម្បីជាទាសៈនៃព្រាហ្មណ៍ទេ ។

[៣៦៤] (សុភោគនាគរាជ…) ឯងអែបដើមឈើ ហើយបាញ់ទ្រាយដែលមកផឹក (ទឹក) ទ្រាយនោះ ដែលឯងបាញ់ហើយ ក៏ងាកមើលដោយកំឡាំងនៃសរ ក៏ស្ទុះទៅកាន់ទីឆ្ងាយ ។ ឯងបានឃើញទ្រាយនោះ ដួលក្នុងព្រៃធំហើយ ក៏នាំសាច់មួយអម្រែកចូលទៅកាន់ដើមជ្រៃ ក្នុងវេលាល្ងាច ជាឈើដែលគឹកកងដោយសត្វសេក និងសាលិកា មានស្លឹកលឿង ដេរដាសដោយពួរ ដែលសត្វតាវៅទំយំ ជាទីគួររីករាយ មានផែនដីដុះស្មៅខៀវជានិច្ច បងរបស់អញដែលមានអានុភាពច្រើន រុងរឿងដោយឫទ្ធិ និងយស ដែលពួកនាគកញ្ញាចោមរោមហើយ ក៏ប្រាកដដល់ឯងក្នុងទីនោះ ។ ឯងនោះ ដែលបងរបស់អញនោះផ្គាប់ហើយ ឲ្យស្កប់ស្កល់ដោយកាមទាំងពួង ឯងបានប្រទូស្តចំពោះបងដែលមិនប្រទូស្ត ពៀរនោះមកដល់ឯងក្នុងទីនេះហើយ ។ ឯងចូរដក ក យ៉ាងឆាប់ អញនឹងមិនឲ្យជីវិតដល់ឯងទេ អញរឭកឃើញនូវពៀរ (ដែលឯងធ្វើ) ចំពោះបង អញនឹងកាត់ក្បាលឯងឥឡូវនេះ ។

[៣៦៥] (ព្រាហ្មណ៍នេសាទ…) ព្រាហ្មណ៍ជាអ្នករៀនមន្ត ១ ជាអ្នកប្រកបដោយការសូម ១ ជាអ្នកបូជាភ្លើង ១ ព្រាហ្មណ៍ប្រកបដោយហេតុទាំង ៣ នេះ អ្នកមិនគួរសម្លាប់ទេ ។

[៣៦៦] (សុភោគនាគរាជ…) បុរីណា របស់ព្រះបាទធតរដ្ឋ ជាវិការៈនៃមាសទាំងអស់ ដែលចូលទៅកាន់ស្ទឹងយមុនា ទល់នឹងភ្នំហិមពាន្ត ដែលនៅជិតស្ទឹងយមុនា រមែងរុងរឿង ។ បងប្អូនរបស់អញទាំងនោះ ជាបុរសក្លៀវក្លា ជាអ្នករួមផ្ទៃ នៅក្នុងបុរីនោះ បងប្អូនទាំងនោះ ក្នុងបុរីនោះ និយាយយ៉ាងណា ឯងនឹងទៅជាយ៉ាងនោះ ។

[៣៦៧] (កាណារិដ្ឋនាគរាជ…) បពិត្រសុភោគ យញ្ញ និងវេទទាំងឡាយក្នុងលោកនេះ ដែលព្រាហ្មណ៍ឯទៀតប្រកបហើយ មិនមែនជារបស់ផ្តេសផ្តាសទេ ព្រោះហេតុនោះ បុគ្គលកាលតិះដៀលព្រាហ្មណ៍ដែលមិនគួរតិះដៀល ឈ្មោះថាលះបង់ទ្រព្យ និងធម៌របស់ពួកសប្បុរស ។

[៣៦៨] ពួកអ្នកប្រសើរ (ព្រាហ្មណ៍) ប្រកាន់ខាងការរៀនមន្ត ពួកជាធំជាងជន (ក្សត្រិយ៍) ប្រកាន់ខាងការផែនដី ពួកវេស្សៈ ប្រកាន់ខាងការភ្ជួររាស់ ពួកសូទ្រៈប្រកាន់ខាងការបម្រើផេ្សងៗគ្នា តាមសមគួរដល់ប្រទេស ជនទាំងឡាយបានពោលថា ត្រកូលទាំង ៤ នេះ ព្រហ្មបានតាក់តែងហើយ ។

[៣៦៩] ទេវរាជព្រះនាមធាតុ វិធាតុ វរុណៈ កុវេរៈ សោមៈ យមៈ ចន្ទិមៈ វាយុ សុរិយៈ សេ្តចទាំងនេះ បានបូជាយញ្ញដ៏ច្រើន ទាំង (បានឲ្យ) វត្ថុជាទីប្រាថ្នាគ្រប់យ៉ាង ដល់ពួកព្រាហ្មណ៍អ្នករៀនមន្ត ។ ព្រះបាទអជ្ជុនណា មានកម្លំាង មានសេនាគួរខ្លាច មានដៃមួយពាន់ [មិនមែនមានដៃមួយពាន់ទេ គឺអាចយិតធ្នូដែលខ្មាន់ធ្នូប្រាំរយនាក់យិតរួច ។ អដ្ឋកថា ។] មិនមានបុគ្គលណាស្មើ លើផែនដី ជាអ្នកយិតធ្នូ ៥០០ បាន ព្រះបាទអជ្ជុននោះឯង ក៏បូជាភ្លើងក្នុងកាលនោះដែរ ។

[៣៧០] បុគ្គលណា មានចិត្តជ្រះថ្លា រីករាយ បានញ៉ាំងព្រាហ្មណ៍ឲ្យបរិភោគបាយ និងទឹក អស់កាលយូរ ដ៏សមគួរតាមអានុភាព បពិត្រសុភោគ បុគ្គលនោះ នឹងបានជាទេវតាមួយអង្គ ។

[៣៧១] ព្រះបាទមុជលិន្ទ អាចញ៉ាំងទេវតាភ្លើង ជាអ្នកស៊ីច្រើន មានពន្លឺមិនថោកទាប ឲ្យស្កប់ស្កល់ដោយសប្បិ បានបូជាវិធីយញ្ញចំពោះទេវតាភ្លើងដ៏ប្រសើរ ទ្រង់បានទៅកាន់គតិជាទិព្យ ។

[៣៧២] ព្រះរាជា ព្រះនាមទុទីបៈ មានអានុភាពច្រើន មានព្រះជន្ម ១.០០០ ឆ្នាំ បានលះបង់ដែន ព្រមទាំងសេនា មិនមានទីបំផុត ហើយបួស បានជាទក្ខិណេយ្យបុគ្គល គួររមិលមើលដ៏លើសលុប ទ្រង់បានទៅកាន់ឋានសួគ៌ ។

[៣៧៣] បពិត្រសុភោគ ព្រះបាទសាគរឈ្នះផែនដី មានសាគរជាទីបំផុត បានលើកសសរយញ្ញដ៏ល្អ ជាវិការៈនៃមាសដ៏លើសលុប បូជាភ្លើង ទ្រង់បានជាទេវតាមួយអង្គ ។ បពិត្រសុភោគ ទន្លេគង្គា ប្រព្រឹត្តទៅដោយអានុភាពនៃព្រះរាជាណា ទឹកដោះជូរដែលស្ងប់ស្ងៀម ទៅជាសមុទ្រដោយអានុភាពនៃព្រះរាជាណា ព្រះរាជានោះ គឺព្រះបាទអង្គៈ មានរោមត្រង់ព្រះបាទ បម្រើភ្លើង ក៏ទ្រង់បានទៅកាន់បុរីនៃព្រះឥន្រ្ទ ។

[៣៧៤] បពិត្រសុភោគ ទេវតាដ៏ប្រសើរ មានឫទ្ធិច្រើន មានយស ជាសេនាបតីនៃព្រះបាទវាសវៈ ក្នុងឋានត្រៃត្រឹង្ស ព្រោះតែបានកំចាត់បង់នូវមន្ទិល ដោយសោមយាគវិធី ក៏បានជាទេវតាមួយអង្គ ។

[៣៧៥] ទេវតាដ៏ប្រសើរ ព្រហ្មមានឫទ្ធិច្រើន មានយស បានសាងលោកនេះ និងលោកដទៃ និងស្ទឹងភាគីរថីផង ភ្នំហិមពាន្តផង ភ្នំវិជ្ឈៈផង ព្រហ្មនោះឯង ក៏បានបូជាភ្លើងក្នុងកាលនោះដែរ ។ ម្យ៉ាងទៀត ភ្នំមាលាគិរី ១ ភ្នំហិមពាន្ត ១ ភ្នំវិជ្ឈៈ ១ ភ្នំសុទស្សនៈ ១ ភ្នំនិសភៈ ១ ភ្នំកាកវេរុ ១ ពួកព្រាហ្មណ៍ពោលថា ភ្នំទាំងនេះក្តី ភ្នំដទៃធំៗក្តី ពួកព្រាហ្មណ៍អ្នកបូជាយញ្ញ បានធ្វើឲ្យវិចិត្រហើយ ។

[៣៧៦] ជនទាំងឡាយ បានពោលចំពោះព្រាហ្មណ៍អ្នករៀនមន្ត បរិបូណ៌ដោយគុណនៃមន្ត មានតបៈក្នុងលោកនេះ ថាជាអ្នកប្រកបដោយការសូម សាគរបានពន្លិចព្រាហ្មណ៍នោះ ដែលឋិតនៅលើត្រើយ កំពុងសាចទឹកសមុទ្រ ហេតុនោះ បានជាសមុទ្រមានទឹកប្រៃ ផឹកមិនបាន ។

[៣៧៧] ព្រាហ្មណ៍ទាំងឡាយ ជាវត្ថុសម្រាប់បូជា មានច្រើនលើផែនដី មានក្នុងទិសខាងកើត ទិសខាងលិច ទិសខាងត្បូង និងទិសខាងជើង តែងញ៉ាំងសេចក្តីត្រេកអរឲ្យកើតដល់វាសវៈ ។

[៣៧៨] (ភូរិទត្តនាគរាជ…) ម្នាលអរិដ្ឋ ការៀនយកនូវវេទទាំងឡាយ ជាទោសរបស់អ្នកប្រាជ្ញទាំងឡាយ តែជាអំពើរបស់បុគ្គលពាលទាំងឡាយ (ត្រៃវេទ) ជាធម៌ ដូចថ្ងៃបណ្តើរកូន ព្រោះសំឡឹងមើលទៅ មិនសើ្មវេទទាំងឡាយ ជាចំណែកនៃកលឧបាយ ទង់ទាញអ្នកមានបញ្ញាមិនបានទេ ការពារជនអ្នកទ្រូស្តមិត្រ បំផ្លាញសេចក្តីចម្រើននោះ ក៏មិនបានទេ ភ្លើងដែលបុគ្គលបម្រើហើយ រមែងមិនការពារនូវសត្វមានកម្មបានទេ ជារបស់មិនប្រសើរ ប្រកបដោយទោស ។ មួយទៀត សត្វទាំងឡាយ មានទ្រព្យ មានភោគៈ យកទ្រព្យទាំងអស់លាយដោយឧស និងស្មៅហើយដុតភ្លើង មានតេជះ មិនមានអ្វីស្មើ កាលឆេះវត្ថុដែលគេដុតហើយ ក៏មិនគប្បីឆ្អែត ម្នាលអ្នកដឹងរសដោយអណ្តាតទាំងពីរ ចុះបុគ្គលណា គប្បីធ្វើភ្លើងនោះឲ្យឆ្អែតបាន ។ ខីរៈ មានការប្រែប្រួលជាធម្មតា ក្លាយទៅជាទធិ ហើយទៅជានវនីតយ៉ាងណា ភ្លើងជាតេជោធាតុ មានការប្រែប្រួលជាធម្មតា យ៉ាងនោះដែរ លុះតែប្រកបដោយគ្រឿងពួត ទើបឆេះ ។ ភ្លើងដែលចូលទៅក្នុងឈើស្ងួត ឬឈើស្រស់ក៏មិនប្រាកដ ភ្លើងដែលនរជនមានឈើពំនួតក្នុងដៃ មិនបានពួត ក៏មិនឆេះ ភ្លើងមិនមែនឆេះដោយការមិនធើ្វទេ ។ ប្រសិនបើភ្លើងនៅក្នុងឈើស្ងួត ឬឈើស្រស់ នៅខាងក្នុង នៅក្នុងព្រៃទាំងអស់ក្នុងលោក គប្បីស្ងួតក្រៀម ឯឈើស្ងួតទាំងឡាយគប្បីឆេះ ។ ថាបើ នរជនញ៉ាំងភ្លើងដ៏ក្តៅ ប្រកបដោយផែ្សង និងអណ្តាត ឲ្យស៊ីដោយឧស និងស្មៅ ឈ្មោះថា ធ្វើបុណ្យឬ ជនអ្នកធ្វើធ្យូង អ្នកធ្វើអំបិល អ្នកធ្វើអាហារ និងអ្នកដុតសរីរៈនៃបុគ្គលស្លាប់ ឈ្មោះថា ធ្វើបុណ្យដែរឬ ។ ប្រសិនបើព្រាហ្មណ៍ទាំងនុ៎ះ ញ៉ាំងការរៀនមន្ត និងភ្លើងឲ្យឆ្អែតក្នុងលោកនេះ ទើបឈ្មោះថាធ្វើបុណ្យ នរជនណាមួយក្នុងលោក កាលញ៉ាំងភ្លើងមានកំដៅប្រកបដោយផ្សែង និងអណា្តតឲ្យស៊ី មិនឈ្មោះថាធ្វើបុណ្យទេ ។ ម្នាលអ្នកដឹងរសដោយអណ្តាតពីរ (អគ្គិទេពរបស់អ្នក) ដែលលោកគោរពហើយ ម្តេចក៏ស៊ីវត្ថុមានក្លិនមិនជាទីគាប់ចិត្ត មិនជាទីត្រេកអរនៃជនដ៏ច្រើន ដែលពួកមនុស្សតែងវៀរ ជាវត្ថុមិនប្រសើរនោះ ។ មនុស្សពួកខ្លះ ពោលថាភ្លើង (ជាទេវតាមួយអង្គ) ក្នុងពួកទេវតា ឯពួកមិលក្ខុជនពោលថា ទឹកជាទេវតា ជនទាំងអស់នុ៎ះពោលខុស ភ្លើងមិនមែនជាទេវតាណាមួយទេ ទឹកក៏មិនមែនដែរ ។ ភ្លើងមិនមានឥន្រ្ទិយ ជាពួកមិនមានចេតនា សម្រាប់ធ្វើការងាររបស់ពួកមនុស្ស អ្នកធ្វើបាបកម្មទាំងឡាយ កាលបម្រើភ្លើង គប្បីទៅកាន់សុគតិដូចមេ្តចកើត ។ ពួកព្រាហ្មណ៍ជាអ្នកត្រូវការដោយជីវិតក្នុងលោកនេះ ពោលថា (មហាព្រហ្ម) ជាអ្នកគ្របសង្កត់លោកទាំងអស់ ហើយពោលថា ព្រហ្មជាអ្នកបម្រើភ្លើងដូច្នេះ បើ (មហាព្រហ្ម) មានអានុភាពជាងលោកទាំងអស់ មានអំណាច មិនមានអ្នកណាសាង ហេតុអ្វីក៏សំពះភ្លើងដែលខ្លួននិម្មិតវិញ ។ ពាក្យព្រាហ្មណ៍ ជាពាក្យគួរសើច មិនគួរដល់ការពិនិត្យ ជាពាក្យមិនពិត ពួកព្រាហ្មណ៍ ក្នុងកាលមុន តាក់តែង (ពាក្យមិនពិត) ព្រោះហេតុនៃសក្ការៈ ព្រាហ្មណ៍ទាំងនោះ កាលបើលាភសក្ការៈមិនកើតឡើងទេ ក៏តនូវសន្តិធម៌ ពោលគឺ លទ្ធិរបស់ខ្លួនជាមួយនឹងពួកសត្វ ។ ពួកអ្នកប្រសើរ (ព្រាហ្មណ៍) ប្រកាន់ការរៀនមន្ត ពួកជាធំជាងដែន (ក្សត្រិយ៍) ប្រកាន់ផែនដី ពួកវេស្សៈប្រកាន់ការភ្ជួរាស់ ពួកសូទ្រៈប្រកាន់ការបម្រើ ផ្សេងៗគ្នា សមគួរតាមប្រទេស ជនទាំងឡាយបានពោលថា ត្រកូលទាំង ៤ នេះ ព្រហ្មបានតាក់តែងហើយ ។ ប្រសិនបើពាក្យនុ៎ះ ជាពាក្យពិត ដូចយ៉ាងពាក្យដែលព្រាហ្មណ៍ទាំងឡាយ ពោលហើយនេះ បុគ្គលមិនមែនជាក្សត្រិយ៍ មិនត្រូវបានរាជ្យដោយដាច់ខាត បុគ្គលមិនមែនជាព្រាហ្មណ៍ មិនគប្បីសិក្សានូវបទនៃមន្ត បុគ្គលវៀរចាកពួកវេស្សៈ មិនគប្បីធ្វើការភ្ជួររាស់ ពួកសូទ្រៈមិនគប្បីរួចអំពីការប្រើនៃជនដទៃ ។ ពាក្យនេះ ជាពាក្យមិនពិត ព្រោះហេតុណា (ហេតុនោះ) ព្រាហ្មណ៍ទាំងនេះ ពោលពាក្យកុហកដើម្បីការបំពេញផ្ទៃ បុគ្គលអ្នកមិនមានប្រាជ្ញាទាំងឡាយ រមែងជឿងស៊ប់នូវពាក្យនោះ ចំណែកខាងពួកបណ្ឌិត រមែងឃើញហេតុនោះ ដោយខ្លួនឯង ។ ពួកក្សត្រិយ៍នាំយកពលី (ហូតពន្ធ) របស់ពួកវេស្សៈ ពួកព្រាហ្មណ៍ កាន់យកគ្រឿងសស្រ្តាទាំងឡាយ ហើយដើរទៅ (សម្លាប់សត្វ) ហេតុអ្វី ព្រហ្មមិនធ្វើលោកដែលជ្រួលជ្រើម បែកខ្ញែកបែបនោះៗ ឲ្យត្រង់ ។ ប្រសិនបើព្រហ្មជាឥស្សរៈនោះ ជាប្រធាន ជាម្ចាស់លើភូតរបស់ពួកសត្វក្នុងលោកទំាងអស់ ហេតុអ្វី ក៏ចាត់ចែងលោកទាំងអស់ឲ្យមានទុក្ខ ហេតុអ្វីមិនធ្វើលោកទាំងអស់ឲ្យបានសេចក្តីសុខ ។ ប្រសិនបើព្រហ្មជាឥស្សរៈនោះ ជាប្រធាន ជាម្ចាស់លើភូតរបស់ពួកសត្វក្នុងលោកទាំងអស់ ហេតុអ្វី ក៏ធ្វើលោកឲ្យវិនាស ដោយកលឧបាយ និងការញាំញី ដោយការពោលពាក្យកុហក ដែលមិនមែនជាធម៌ ។ ប្រសិនបើព្រហ្មជាឥស្សរៈនោះ ជាប្រធាន ជាម្ចាស់លើភូតរបស់ពួកសត្វក្នុងលោកទាំងអស់ ម្នាលអរិដ្ឋ ព្រហ្មជាម្ចាស់លើភូត មិនប្រកបដោយធម៌ទេ ព្រោះកាលបើធម៌មាន បែរជាចាត់ចែងអធម៌វិញ ។ បុគ្គលសម្លាប់កណ្តូប កន្ទំរុយ ពស់ កង្កែប ដង្កូវ រុយ ទើបឈ្មោះថា បរិសុទ្ធ ឯធម៌ទាំងនេះ ជាធម៌របស់ពួកជនអ្នកនៅក្នុងដែនកម្ពុជៈដ៏ច្រើន ជាធម៌មានសភាពមិនប្រសើរ ជាធម៌មិនពិត ។

[៣៧៩] ប្រសិនបើអ្នកសម្លាប់នោះ បរិសុទ្ធ ឬអ្នកដែលត្រូវសម្លាប់នោះ ទៅកាន់ឋានសួគ៌បាន ពួកព្រាហ្មណ៍ គប្បីសម្លាប់ពួកព្រាហ្មណ៍ ឬសម្លាប់ពួកជនអ្នកជឿពាក្យព្រាហ្មណ៍នោះ (មុន) ។ មិនមានពួកម្រឹគ មិនមានពួកសត្វចិញ្ចឹម ពួកគោណាមួយអង្វរឲ្យសម្លាប់ខ្លួនទេ សត្វទាំងឡាយក្នុងលោកនេះ សុទ្ធតែញាប់ញ័រ ត្រូវការដោយជីវិត (ព្រោះថា) ជនទាំងឡាយ ប្រារព្ធនឹងសម្លាប់សត្វទាំងឡាយ និងសត្វចិញ្ចឹម ក្នុងយញ្ញទាំងឡាយ ។ ពួកបុគ្គលពាល រមែងបើកមាត់និយាយ ដោយហេតុទាំងឡាយដ៏វិចិត្រ ក្នុងការលើកឡើងនូវសសរយ័ញ្ញៈ និងទីចងនៃសត្វចិញ្ចឹមថា សសរយញ្ញនេះ បង្ហូរសេចក្តីប្រាថ្នាដល់អ្នក ក្នុងបរលោក នឹងឲ្យសេចក្តីទៀងទាត់ក្នុងបរលោក ។ ប្រសិនបើបុគ្គលគប្បីបានកែវមណី ស័ង្ខ កែវមុក្តា ស្រូវ ទ្រព្យ ប្រាក់ និងមាស ក្នុងសសរយញ្ញ ក្នុងឈើស្ងួត និងឈើស្រស់ ម្យ៉ាងទៀត ប្រសិនបើសសរយញ្ញ គប្បីបង្ហូរសេចក្តីប្រាថ្នាគ្រប់យ៉ាង ក្នុងឋានសួគ៌ ពួកជនអ្នកចេះត្រៃវេទដ៏ច្រើន គប្បីបូជា បុគ្គលមិនមែនជាព្រាហ្មណ៍ មិនគប្បីបូជាតិចតួចទេ ។ កែវមណី ស័ង្ខ កែវមុក្តា ស្រូវ ទ្រព្យ ប្រាក់ មាស ក្នុងសសរយញ្ញ ក្នុងឈើស្ងួត និងឈើស្រស់ នឹងមានពីណា សសរយញ្ញនឹងបង្ហូរសេចក្តីប្រាថ្នាគ្រប់យ៉ាង ក្នុងឋានសួគ៌ដូចមេ្តចកើត ។ ពួកព្រាហ្មណ៍ ជាអ្នកបោកប្រាស ចិត្តអាក្រក់ ជាពួកពាល ប្រលោមលោក តែងបើកមាត់និយាយដោយហេតុដ៏វិចិត្រថា អ្នកឯងចូរយកភ្លើងចុះ ហើយឲ្យទ្រព្យដល់យើង លំដាប់នោះ អ្នកឯងនឹងបាននូវសេចក្តីប្រាថ្នាគ្រប់យ៉ាងហើយ នឹងដល់នូវសេចក្តីសុខ ។ ពួកព្រាហ្មណ៍នាំបុគ្គលជាសរណៈ (ព្រះរាជា និងមហាមាត្យ) ចូរទៅកាន់រោងសម្រាប់បូជាភ្លើងនោះ ក៏បើកមាត់និយាយដោយហេតុដ៏វិចិត្រ ឲ្យកោរសក់ ពុកមាត់ កាត់ក្រចក ហើយគាបយកទ្រព្យដោយវេទទាំងឡាយ ។ ពួកព្រាហ្មណ៍ ជាអ្នកកុហកដ៏ច្រើន បានទាយកម្នាក់ ហើយក៏ចោមស៊ីបាយ ដូចជាក្អែកទាំងឡាយ ចោមចាប់មៀមក្នុងទីស្ងាត់ កុហកធ្វើឲ្យរលីង ហើយដាក់ចុះទៅក្នុងផ្លូវនៃយញ្ញ ។ ទាយកតែម្នាក់នោះ ត្រូវពួកព្រាហ្មណ៍បញ្ឆោតហើយដោយអាការយ៉ាងនេះឯង ព្រាហ្មណ៍ទាំងនោះជាច្រើន ចោមប្លន់ដោយការប្រកបដោយឧបាយ ក៏នាំយកទ្រព្យដែលឃើញដោយទេវលោក ដែលមិនឃើញសោះ ។ ដូចយ៉ាងពួករាជបុរស ដែលព្រះរាជាប្រើទៅហើយ ក៏នាំយកទ្រព្យនោះរបស់គេ ម្នាលអរិដ្ឋ ពួកព្រាហ្មណ៍ប្រាកដដូច្នោះ ប្រហែលគ្នានឹងពួកចោរ ជាអសប្បុរស ជាបុគ្គលគួរសម្លាប់ តែគេមិនសម្លាប់ក្នុងលោក ។ ពួកព្រាហ្មណ៍ បានកាត់ដើមចា មកប្រើក្នុងវិធីយញ្ញ (ប្រាប់ថា នេះ) ជាដៃស្តាំរបស់ព្រះឥន្រ្ទ បើពាក្យនោះពិត ព្រះឥន្រ្ទទៅជាដាច់ដៃ ចុះព្រះឥន្រ្ទឈ្នះពួកអសុរ ដោយកម្លំាងដៃដូចម្តេច ។ ពាក្យនោះទទេសោះ ព្រះឥន្រ្ទនៅមានដើមដៃគ្រប់គ្រាន់ ជាទេវតាដ៏ប្រសើរ មិនមានអ្នកណាសម្លាប់បាន បានកំចាត់ពួកអសុរ មន្តទាំងឡាយនេះ របស់ពួកព្រាហ្មណ៍ មានសភាពជារបស់ទទេ នេះជាការបញ្ឆោត ដែលគេឃើញច្បាស់ក្នុងលោក ។ ភ្នំមាលាគិរី ១ ភ្នំហិមពាន្ត ១ ភ្នំវិជ្ឈៈ ១ ភ្នំសុទស្សនៈ ១ ភ្នំនិសភៈ ១ ភ្នំកាកវេរុ ១ ភ្នំទាំងនុ៎ះក្តី ភ្នំធំ ៗ ឯទៀតក្តី ព្រាហ្មណ៍ទាំងឡាយពោលថា ពួកព្រាហ្មណ៍អ្នកបូជាយញ្ញកសាងហើយ ដ៏វិចិត្រដូច្នោះ ។ ព្រាហ្មណ៍ទាំងឡាយពោលថា ភ្នំទាំងឡាយ ដែលពួកព្រាហ្មណ៍អ្នកបូជាយញ្ញ កាន់យកឥដ្ឋទាំងឡាយ មានបការៈយ៉ាងណា ធ្វើវិចិត្រហើយ ភ្នំទាំងឡាយ មិនមែនមានបការៈដូច្នោះទេ ឯភ្នំទាំងឡាយ មិនដូចរបស់ដទៃទេ ជារបស់មិនកម្រើក ជាថ្មសុទ្ធដែលគេឃើញច្បាស់ ។ ភ្នំទាំងឡាយមិនមែនជាឥដ្ឋទេ ជាថ្មយូរយារហើយ ដែក មិនមែនកើតក្នុងឥដ្ឋនោះទេ លោហៈ ក៏មិនមែនកើតក្នុងឥដ្ឋនោះដែរ ពួកព្រាហ្មណ៍កាលសសើរនូវយញ្ញនេះ បានពោលថា ភ្នំទាំងឡាយ ដែលពួកព្រាហ្មណ៍អ្នកបូជាយញ្ញ ធ្វើវិចិត្រហើយ ។ ព្រាហ្មណ៍ទាំងឡាយក្នុងលោកនេះ បានពោលនូវព្រាហ្មណ៍អ្នករៀនមន្ត បរិបូណ៌ដោយគុណនៃមន្ត មានតបៈ ថាជាអ្នកប្រកបដោយការសូម សាគរពន្លិចព្រាហ្មណ៍នោះ ដែលកំពុងសាចទឹកនៃសមុទ្រលើច្រាំង ព្រោះហេតុនោះ បានជាទឹកសមុទ្រនោះប្រៃ ផឹកមិនបាន ។ ស្ទឹងទាំងឡាយកួចយកពួកព្រាហ្មណ៍ អ្នកបរិបូណ៌ដោយវេទ បរិបូណ៌ដោយមន្ត ច្រើនជាងពាន់នាក់ ទឹកទាំងឡាយមិនខូចរស ព្រោះហេតុនោះទេ សមុទ្រមិនមានអ្វីស្មើ មានរសប្រៃ ផឹកមិនបាន តើព្រោះហេតុអ្វី ។ អណ្តូងខ្លះ ក្នុងជីវលោកនេះ មានទឹកប្រៃ ដែលពួកជនអ្នកផឹកអណ្តូងបានផឹកហើយ ម្នាលអ្នកដឹងរសដោយអណ្តាតទាំងពីរ ជនទាំងឡាយមិនពោលថា ទឹកក្នុងអណ្តូងទាំងនោះ មានរសប្រៃ ផឹកមិនបាន ព្រោះតែកួចយកព្រាហ្មណ៍ទេ ។ តាំងពីមុនដម្បូងមក ស្រ្តីណា ជាភរិយារបស់បុរសណា មនោបានញ៉ាំងមនុស្សឲ្យកើតឡើងក្នុងកាលមុន មិនមានអ្នកណាមួយ ថោកទាបជាងគ្នា ដោយធម៌នោះ ព្រាហ្មណ៍ទាំងឡាយបានពោលនូវការចែក (វណ្ណៈ) ដោយការលះបង់ (ធម៌នោះ) យ៉ាងនេះឯង ។ សូម្បីកូនចណ្ឌាល ជាអ្នកឈ្លាសវៃ មានប្រាជ្ញា បានរៀនវេទទាំងឡាយ ពោលមន្តទាំងឡាយ ក្បាលនៃកូនជនចណ្ឌាលនោះ មិនបែកជា ៧ ភាគទេ មន្តទាំងនេះ ពួកព្រាហ្មណ៍ធ្វើហើយ ដើម្បីសម្លាប់ខ្លួន ។ វាចាកុហក ពួកព្រាហ្មណ៍ បានតាក់តែងហើយ ការចង់បាន ពួកព្រាហ្មណ៍បានតាក់តែង កាន់យកហើយ កើតឡើងតាមគន្លងនៃកាព្យឃ្លោង ដែលគេស្រាយបានដោយក្រ ចិត្តរបស់បុគ្គលពាលទាំងឡាយ ជឿស៊ប់ក្នុងអំពើមិនស្មើ បុគ្គលឥតប្រាជ្ញា រមែងជឿពាក្យនោះ ។ ព្រាហ្មណ៍មិន (ប្រកប) ដោយកម្លាំងដ៏មាំ ដូចកម្លាំងនៃរាជសីហ៍ ខា្លធំ និងខ្លាដំបង មនុស្សភាព (របស់ព្រាហ្មណ៍ទាំងនោះ) ត្រូវយល់ថា ដូចគោដែរ ព្រោះជាតិរបស់ព្រាហ្មណ៍ទាំងនោះ សើ្ម (ដោយគោ) ស្មើដោយសីហៈជាដើម ។ ប្រសិនបើព្រះរាជាឈ្នះផែនដី ប្រកបដោយអាមាត្យ មានអ្នកស្តាប់បង្គាប់ មានបរិស័ទ ព្រះរាជានោះ គប្បីឈ្នះពួកសត្រូវដោយព្រះអង្គឯង ប្រជាជនរបស់ព្រះរាជានោះ គប្បីបានសេចក្តីសុខជានិច្ច ។ មន្តរបស់ក្សត្រិយ៍ និងវេទទាំង ៣ នេះ ស្មើគ្នាដោយអត្ថ (តែក្សត្រិយ៍ក្តី ព្រាហ្មណ៍ក្តី) មិនបានវិនិច្ឆ័យនូវអត្ថនៃមន្ត និងវេទទាំងនោះទេ ទាំងមិនដឹង ដូចបុគ្គលកាលមិនដឹងផ្លូវ ដែលកំបាំងដោយទឹក ។ មន្តរបស់ក្សត្រិយ៍ និងវេទទាំង ៣ នេះ ស្មើគ្នាដោយអត្ថ លាភ ឥតលាភ យស និងឥតយស ទាំងអស់នេះ ជាធម៌របស់វណ្ណៈទាំង ៤ នោះ ។ ពួកគហបតីជាច្រើនលើផែនដី ញ៉ាំងបុគ្គលឲ្យធ្វើការងារទាំងឡាយ ព្រោះហេតុតែទ្រព្យ និងស្រូវ យ៉ាងណា សូម្បីពួកអ្នកមានត្រៃវេទ ជាច្រើនលើផែនដី ក៏ញ៉ាំងបុគ្គលឲ្យធ្វើការងារទាំងឡាយ ក្នុងថ្ងៃនេះ យ៉ាងនោះដែរ ។ ព្រាហ្មណ៍ទាំងនោះ ស្មើគ្នានឹងគហបតី ព្រាហ្មណ៍ទាំងឡាយជាច្រើនលើផែនដី ជាអ្នកខ្វល់ខ្វាយជានិច្ច ប្រកបក្នុងកាមគុណទាំងឡាយ តែងញ៉ាំងបុគ្គលឲ្យធ្វើការងារទាំងឡាយ ម្នាលអរិដ្ឋ អ្នកដឹងរសដោយអណា្តតទាំងពីរ ព្រោះហេតុនោះ ព្រាហ្មណ៍ទាំងនោះ ជាអ្នកឥតបញ្ញា ។

[៣៨០] (ព្រះបាទសាគរព្រហ្មទត្ត…) ស្គរធំ សមោ្ភរ ស័ង្ខ ស្គរជ័យ និងស្គរទ័ពរបស់អ្នកណា ដែលដើរខាងមុខ ហើយញ៉ាំងព្រះរាជាដ៏ប្រសើរក្នុងរថឲ្យរីករាយ ។ (សម្បុរមុខ) របស់អ្នកណា (ដ៏រុងរឿង) ដោយដម្បារមាសដ៏ក្រាស់ មានពន្លឺដូចផ្លេកបន្ទោរ អ្នកណានៅកម្លោះ ប្រដាប់ដោយបំពង់ព្រួញ រុងរឿងដោយសិរី ហើយដើរមក ។ មុខអ្នកណាស្រស់បស់ដូចមាសឆ្អិនលើមាត់ជើងក្រាន ឬប្រាកដសើ្មដោយរងើកនៃឧសគគីរ អ្នកណារុងរឿងដោយសិរីហើយដើរមក ។ ឆត្ររបស់បុគ្គលណា ជាវិការៈនៃមាសជម្ពូនទ ប្រកបដោយឆ្អឹង ជាទីរីករាយនៃចិត្ត ជាគ្រឿងបិទបាំងរស្មីនៃព្រះអាទិត្យ អ្នកណារុងរឿងដោយសិរីហើយដើរមក ។ អង្គ (អ្នកកាន់ផ្លិត) បានកាន់យកវាលវិជនីដ៏ឧត្តម ខាងលើក្បាលទាំងពីរខាងនៃបុគ្គលមានបញ្ញាដ៏ប្រសើរណា ។ បាច់នៃកន្ទុយក្ងោកដ៏វិចិត្រផង ទន់ផង មានដងជាវិការៈនៃមាស និងកែវមណី ប្រព្រឹត្តទៅទាំងពីរខាងមុខរបស់បុគ្គលណា ។ កុណ្ឌលទាំងឡាយនេះ ដ៏ល្អមានពន្លឺដូចជាពណ៌រងើកភ្លើងនៃឧសគគីរ ដ៏ភ្លឺលើមាត់ជើងក្រាន រមែងរុងរឿងទាំងពីរខាងមុខរបស់បុគ្គលណា ។ សក់របស់បុគ្គលណា មានចុងដ៏សិ្នទ្ធ ទន់ខ្មៅ ត្រូវខ្យល់បក់ហើយ ក៏ញ៉ាំងទីបំផុតនៃថ្ងាសឲ្យល្អ ដូចជាផ្លេកបន្ទោរដែលចេញអំពីមេឃ ។ ភ្នែកទាំងនេះ វែងធំរបស់អ្នកណា អ្នកណាមានភ្នែកទូលាយសម មុខនេះរបស់អ្នកណា ភ្លឺឆ្លុះដូចកញ្ចក់មាស មាត់នេះរបស់អ្នកណាដ៏ស្អាត ដូចជាស័ង្ខដ៏ប្រសើរ ធេ្មញរបស់បុគ្គលណា កាលនិយាយឡើង ដូចជាផ្កាមណ្ឌាក្រពុំ ។ ដៃ និងជើងទាំងឡាយរបស់អ្នកណា ដូចជាទឹកល័ក្ត តាំងនៅក្នុងសេចក្តីសុខ អ្នកណាមានរិមបបូរមាត់ដូចផ្លែបាសដ៏ល្អ ដូចជាព្រះអាទិត្យក្នុងវេលាថ្ងៃ ។ អ្នកណាមានសំពត់បាវារៈដ៏ស ដូចដើមរាំងដ៏ធំ មានផ្ការីកហើយ ក្នុងព្រៃហិមពាន្តក្នុងកាលដែលកន្លងទៅនៃទឹកសន្សើម ល្អដូចព្រះឥន្រ្ទ ដែលមានជ័យជំនះ ។ អ្នកណានៅក្នុងបរិស័ទ ដោះដាវនៅលើស្មា ដែលមានដងដ៏វិចិត្រដោយកែវមណី ដ៏ដេរដាសដោយពកជាវិការៈនៃមាស ។ អ្នកណាដោះស្បែកជើង ដែលប៉ាក់ដោយមាស វិចិត្រដោយកែវ ៧ ប្រការ ដេរដោយសូត្រដ៏វិចិត្រ រចនាល្អហើយ ក៏ថ្វាយបង្គំតាបស អ្នកស្វែងរកគុណដ៏ធំ ។

[៣៨១] (តាបស ជាបិតា…) នាគទាំងនោះ ជានាគមានឫទ្ធិ មានយស ជាកូននៃព្រះបាទធតរដ្ឋ កើតអំពីនាងសមុទ្ទជា នាគទាំងនេះ សុទ្ធតែជានាគមានឫទ្ធិច្រើន ។

ចប់ ភូរិទត្តជាតក ទី៦ ។

ចន្ទកុមារជាតក ទី៧កែប្រែ

[៣៨២] (អភិសម្ពុទ្ធគាថា) ព្រះបាទឯករាជ អ្នកមានអំពើអាក្រក់ នៅក្នុងក្រុងបុប្ផវតីនោះ សួររកផ្លូវទៅព្រហ្មលោក និងបុរោហិត ឈ្មោះខណ្ឌហាល ជាពូជពង្សព្រហ្ម ជាមនុស្សល្ងង់វង្វេងថា ម្នាលព្រាហ្មណ៍ អ្នកជាមនុស្សឈ្លាសក្នុងធម៌វិន័យ សូមអ្នកប្រាប់ផ្លូវឋានសួគ៌ តាមទំនងដែលពួកជនធ្វើបុណ្យទាំងឡាយ ហើយចេញចាកលោកនេះ ទៅកាន់សុគតិដូច្នោះ ។

[៣៨៣] (ខណ្ឌហាលព្រាហ្មណ៍បុរោហិតទូលថា) បពិត្រព្រះទេវៈ ពួកជនធ្វើបុណ្យទាំងឡាយ ឲ្យទានដ៏ក្រៃលែង សម្លាប់បុគ្គលដែលមិនគួរសម្លាប់ទាំងឡាយ ហើយទៅកាន់សុគតិយ៉ាងនេះ ។

[៣៨៤] (ព្រះបាទឯករាជ…) ទានដ៏ក្រៃលែងនុ៎ះដូចមេ្តច ក្នុងលោកនេះ បុគ្គលទាំងឡាយដូចមេ្តច ដែលមិនគួរសម្លាប់ ចូរអ្នកប្រាប់សេចក្តីនុ៎ះដល់យើង យើងនឹងបូជា នឹងឲ្យទានទាំងឡាយ ។

[៣៨៥] (ខណ្ឌហាលព្រាហ្មណ៍…) ហពិត្រព្រះទេវៈ ព្រះអង្គគប្បីបូជាដោយព្រះរាជបុត្រទាំងឡាយផង ដោយព្រះអគ្គមហេសីទាំងឡាយផង ដោយអ្នកនិគម (សេដ្ឋី) ទាំងឡាយផង បពិត្រព្រះទេវៈ ព្រះអង្គគប្បីបូជាដោយគោឧសភ សេះអាជានេយ្យបួន ៗ ដោយពួកសត្វបួន ៗ ទាំងអស់ ។

[៣៨៦] សំឡេងគឹកកងតែមួយ សំឡេងគួរខ្លាច លាន់ឮឡើងក្នុងវាំង ព្រោះឮព្រះរាជឱង្ការនោះថា ព្រះកុមារទាំងឡាយ និងព្រះអគ្គមហេសីទាំងឡាយ ត្រូវសម្លាប់ ។

[៣៨៧] (ព្រះរាជា…) អ្នកទាំងឡាយ ចូរទៅប្រាប់កុមារទាំងឡាយ គឺចន្ទកុមារ ១ សុរិយកុមារ ១ ភទ្ទសេនកុមារ ១ សុរកុមារ ១ វាមគោត្តកុមារ ១ ថា អ្នកទាំងឡាយ ចូរមកជួបជុំគ្នា ដើម្បីប្រយោជន៍ដល់ការបូជាយញ្ញ ។

[៣៨៨] អ្នកទាំងឡាយ ចូរប្រាប់កុមារីទាំងឡាយ គឺកុមារីឈ្មោះឧបសេនា ១ កោកិលា ១ មុទិតា ១ នន្ទា ១ ថា នាងទំាងឡាយ ចូរមកជួបជុំគ្នា ដើម្បីប្រយោជន៍ដល់ការបូជាយញ្ញ ។

[៣៨៩] អ្នកទាំងឡាយ ចូរប្រាប់មហេសីអញ គឺនាងវិជយា ១ នាងឯរាវតី ១ នាងកេសិនី ១ នាងសុនន្ទា ១ ដែលជាស្ត្រីបរិបូណ៌ដោយលក្ខណៈដ៏ប្រសើរថា នាងទំាងឡាយ ចូរមកជួបជុំគ្នា ដើម្បីប្រយោជន៍ដល់ការបូជាយញ្ញ ។

[៣៩០] អ្នកទាំងឡាយ ចូរប្រាប់គហបតីទាំងឡាយ គឺគហបតីឈ្មោះបុណ្ណមុខៈ ១ ភទ្ទិយៈ ១ សិង្គាលៈ ១ វឌ្ឍៈ ១ ថា ចូរអ្នកទាំងឡាយ មកជួបជុំគ្នា ដើម្បីប្រយោជន៍ដល់ការបូជាយញ្ញ ។

[៣៩១] (អភិសម្ពុទ្ធគាថា) ពួកគហបតីទាំងនោះ មកជួបជុំគ្នា ដេរដាសដោយកូន និងប្រពន្ធក្នុងទីនោះ ក្រាបបង្គំទូលថា បពិត្រព្រះទេវៈ សូមព្រះអង្គធ្វើយើងខ្ញុំទាំងអស់ ឲ្យមានជុកលើក្បាលវិញ ពុំនោះសោត សូមព្រះអង្គប្រកាសនូវយើងខ្ញុំថាជាទាសៈ ។

[៣៩២] (ព្រះរាជា…) អ្នកទាំងឡាយ ចូរនាំមកនូវដំរីរបស់អញឈ្មោះអភយង្ករៈ ១ នាឡាគិរី ១ អច្ចុគ្គតៈ ១ (ឈ្មោះវរុណទន្តៈ) ១ ដំរីទាំងឡាយនោះ នឹងជាសត្វដើម្បីប្រយោជន៍ដល់ការបូជាយញ្ញយ៉ាងឆាប់ ។ អ្នកទាំងឡាយ ចូរនាំមកនូវសេះកែវរបស់អញ គឺសេះឈ្មោះកេសី ១ សុរាមុខៈ ១ បុណ្ណកៈ ១ វិនតកៈ ១ សេះទាំងឡាយនោះ នឹងជាសត្វដើម្បីប្រយោជន៍ដល់ការបូជាយញ្ញយ៉ាងឆាប់ ។ អ្នកទាំងឡាយ ចូរនាំយកគោឧសភទំាងនោះរបស់អញ គឺគោឧសភឈ្មោះយូថបតិ ១ អនោជៈ ១ និសភៈ ១ គវម្បតិ ១ មកដល់អញ ជនទាំងឡាយ ចូរធ្វើកិច្ចការទាំងពួងក្នុងទីចំពោះមុខអញ និងបូជា និងឲ្យទានទាំងឡាយ ។ អ្នកទាំងឡាយ ចូរតាក់តែងគ្រឿងបូជាគ្រប់មុខ កាលបើព្រះអាទិត្យរះឡើងហើយ អញនឹងបូជា អ្នកទាំងឡាយ ចូរប្រាប់ពួកកុមារ មានចន្ទកុមារជាដើមថា កុមារទំាងឡាយ ចូររីករាយអស់ ១ យប់នេះចុះ ។ អ្នកទាំងឡាយ ចូរតម្កល់ទុកនូវគ្រឿងយញ្ញគ្រប់មុខ កាលបើព្រះអាទិត្យរះឡើង អញនឹងបូជា អ្នកទាំងឡាយ ចូរប្រាប់កុមារទាំងឡាយក្នុងកាលឥឡូវនេះថា រាត្រីថ្ងៃនេះឯង ជារាត្រីបំផុត ។

[៣៩៣] (អភិសម្ពុទ្ធគាថា) ព្រះរាជមាតា (ព្រះបាទឯករាជ) ទ្រង់ព្រះកន្សែង ទ្រង់សេ្តចមកអំពីវិមាន ទ្រង់មានព្រះរាជសវនីយ៍ សួរនូវសេចក្តីនោះនឹងព្រះរាជានោះថា នែកូន ឮថា កូនឯងនឹងបូជាយញ្ញ ដោយព្រះរាជបុត្រទាំង ៤ នាក់មែនឬ ។

[៣៩៤] (ព្រះបាទឯករាជ…) កាលបើខ្ញុំសម្លាប់ចន្ទកុមារហើយ បុត្ររបស់ខ្ញុំទាំងអស់ ក៏ខ្ញុំលះបង់ដើម្បីបូជាយញ្ញដែរ លុះខ្ញុំបូជាដោយបុត្រទាំងឡាយហើយ ខ្ញុំនឹងទៅកាន់សុគតិសួគ៌ ។

[៣៩៥] (ព្រះរាជមាតា…) ម្នាលកូន អ្នកកុំជឿខណ្ឌហាលព្រាហ្មណ៍នោះថា សុគតិបានដោយការបូជាបុត្រឡើយ ផ្លូវហ្នឹង ជាផ្លូវទៅកាន់នរក មិនមែនជាផ្លូវទៅកាន់ឋានសួគ៌ទេ ។ ម្នាលកូនកោណ្ឌញ្ញគោត្រ ចូរអ្នកឲ្យទានទាំងឡាយ (អ្នក) កុំបៀតបៀនសព្វសត្វដែលកើតហើយ នឹងត្រូវកើតឡើយ នេះជាផ្លូវនៃសុគតិ ផ្លូវ (នៃសុគតិ) មិនមែនបានដោយការបូជាបុត្រទេ ។

[៣៩៦] (ព្រះបាទឯករាជ…) ខ្ញុំនឹងសម្លាប់ចន្ទកុមារផង សុរិយកុមារផង តាមពាក្យខណ្ឌហាលអាចារ្យ បូជាបុត្រទាំងឡាយ ដែលគេលះបង់បានដោយកម្រហើយ នឹងទៅកាន់សុគតិសួគ៌ ។

[៣៩៧] (អភិសម្ពុទ្ធគាថា) ចំណែកខាងព្រះវសវត្តី ជាព្រះរាជបិតា ត្រាស់សួរហេតុនោះ ចំពោះព្រះបាទឯករាជ ជារាជបុត្រកើតអំពីព្រះឱរានោះថា ម្នាលកូន ឮថា អ្នកនឹងបូជាយញ្ញដោយបុត្រទាំង ៤ មែនឬ ។

[៣៩៨] (ព្រះបាទឯករាជ…) កាលបើខ្ញុំសម្លាប់ចន្ទកុមារ (បូជា) ហើយ បុត្រទាំងឡាយទាំងអស់ ក៏ខ្ញុំលះបង់ដែរ ខ្ញុំបូជាយញ្ញដោយបុត្រទាំងឡាយហើយ នឹងទៅកាន់សុគតិសួគ៌ ។

[៣៩៩] (ព្រះរាជបិតា…) ម្នាលកូន អ្នកកុំជឿខណ្ឌហាលព្រាហ្ម៍ថា សុគតិ មានដោយការបូជាបុត្រឡើយ ផ្លូវហ្នឹង ជាផ្លូវទៅកាន់នរកទេ មិនមែនជាផ្លូវទៅកាន់ឋានសួគ៌ទេ ។ ម្នាលកូនកោណ្ឌញ្ញគោត្រ ចូរអ្នកឲ្យទានទាំងឡាយ (អ្នក) កុំបៀតបៀនសព្វសត្វទាំងឡាយដែលកើតហើយ និងត្រូវកើត នេះជាផ្លូវនៃសុគតិ ផ្លូវ (នៃសុគតិ) មិនមែនបានដោយការបូជាបុត្រទេ ។

[៤០០] (ព្រះបាទឯករាជ…) ខ្ញុំនឹងសម្លាប់ចន្ទកុមារផង សុរិយកុមារផង តាមពាក្យនៃខណ្ឌហាលអាចារ្យ ខ្ញុំបូជាបុត្រទាំងឡាយ ដែលគេលះបង់បានដោយកម្រ ហើយនឹងទៅកើតក្នុងសុគតិសួគ៌ ។

[៤០១] (ព្រះរាជបិតា…) ម្នាលកូន កោណ្ឌញ្ញគោត្រ អ្នកចូរឲ្យទានទាំងឡាយ (អ្នក) កុំបៀតបៀនសព្វសត្វដែលកើតហើយ និងត្រូវកើតទាំងឡាយឡើយ អ្នកចូរជាមនុស្សដែលកូនទាំងឡាយចោមរោមហើយ រក្សាដែន និងជនបទចុះ ។

[៤០២] (ចន្ទកុមារ…) បពិត្រព្រះទេវៈ ព្រះអង្គកុំសម្លាប់ទូលបង្គំទាំងឡាយឡើយ សូមព្រះអង្គព្រះរាជទានទូលបង្គំទាំងឡាយ ឲ្យជាទាសៈនៃខណ្ឌហាលព្រាហ្មណ៍ចុះ ចំណែកខាងទូលបង្គំទំាងឡាយ សូមជាអ្នកជាប់ចំណង ហើយឃ្វាលដំរី និងសេះ ។ បពិត្រព្រះទេវៈ ព្រះអង្គកុំសម្លាប់ទូលបង្គំជាខ្ញុំទាំងឡាយឡើយ សូមព្រះអង្គព្រះរាជទានទូលបង្គំជាខ្ញុំទាំងឡាយ ឲ្យជាទាសៈនៃខណ្ឌហាលព្រាហ្មណ៍ចុះ ចំណែកខាងទូលបង្គំជាខ្ញុំទំាងឡាយ សូមជាអ្នកជាប់ចំណងហើយ នឹងចោលអាចម៍ដំរី ។ បពិត្រព្រះទេវៈ សូមព្រះអង្គកុំសម្លាប់ទូលបង្គំជាខ្ញុំទាំងឡាយឡើយ សូមព្រះអង្គព្រះរាជទានទូលបង្គំជាខ្ញុំទាំងឡាយ ឲ្យជាទាសៈនៃខណ្ឌហាលព្រាហ្មណ៍ចុះ ចំណែកខាងទូលបង្គំជាខ្ញុំទំាងឡាយ សូមជាអ្នកជាប់ចំណងហើយ នឹងចោលអាចម៍សេះ ។ បពិត្រព្រះទេវៈ សូមព្រះអង្គកុំសម្លាប់ទូលបង្គំជាខ្ញុំទាំងឡាយឡើយ សូមព្រះអង្គព្រះរាជទានទូលបង្គំជាខ្ញុំទាំងឡាយ ឲ្យជាទាសៈនៃខណ្ឌហាលព្រាហ្មណ៍ចុះ ព្រះអង្គមានប្រាថ្នា (ដើម្បីព្រះរាជទាន) ដល់ខណ្ឌហាលព្រាហ្មណ៍ណា សូមទ្រង់ព្រះរាជទានទូលបង្គំជាខ្ញុំទាំងឡាយ ឲ្យជាទាសៈនៃខណ្ឌហាលព្រាហ្មណ៍នោះចុះ ពុំនោះសោត នឹងសូមព្រះអង្គបំបរបង់ទូលបង្គំជាខ្ញុំទាំងឡាយ ចេញចាកដែន ក៏ទូលបង្គំជាខ្ញុំទាំងឡាយ នឹងត្រាច់ទៅកាន់ភិក្ខាចារ ។

[៤០៣] (ព្រះបាទឯករាជ…) អ្នកទាំងឡាយ បង្កើតទុក្ខដល់យើងខ្លាំងណាស់ អ្នកទាំងឡាយ យំស្រែក ព្រោះតែចង់បានជីវិត ឥឡូវនេះ ចូរអ្នកទាំងឡាយ លែងកុមារទាំងឡាយទៅ ការបូជាយញ្ញដោយកូនរបស់អញ ល្មមលើកលែងចុះ ។

[៤០៤] (ខណ្ឌហាលព្រាហ្មណ៍) ទូលព្រះបង្គំជាខ្ញុំក្រាបទូលព្រះអង្គតាំងពីដើមមកថា ការបូជាយញ្ញនុ៎ះ ជាអំពើធ្វើបានដោយកម្រផង មិនងាយនឹងធ្វើឲ្យកើតឡើងបានផង កាលបើគ្រឿងយញ្ញដែលទូលព្រះបង្គំជាខ្ញុំប្រុងប្រៀបស្រេចហើយ ហេតុអ្វីព្រះអង្គធ្វើឲ្យខានទៅវិញ ។ ជនទាំងឡាយណា បូជាយញ្ញខ្លួនឯងក្តី ជនទាំងឡាយណា ឲ្យគេបូជាយញ្ញក្តី ឬក៏ជនទាំងឡាយណា គ្រាន់តែអនុមោទនាមហាយញ្ញ ដែលអ្នកផងកំពុងបូជាប្រាកដដូច្នេះក្តី ជនទំាងឡាយ ទាំងអស់នោះ រមែងទៅកាន់សុគតិ ។

[៤០៥] (ចន្ទកុមារ…) ចុះព្រះអង្គឲ្យពួកព្រាហ្មណ៍ទាយសួស្តីរបស់ទូលព្រះបង្គំជាខ្ញុំ ពីមុនមកដើម្បីអ្វី បពិត្រព្រះទេវៈ កាលបើដូច្នេះ ព្រះអង្គឲ្យគេសម្លាប់ពួកទូលបង្គំជាខ្ញុំ ដើម្បីប្រយោជន៍ដល់យញ្ញដោយឥតហេតុ ។ ពីដើម កាលដែលទូលព្រះបង្គំជាខ្ញុំទាំងឡាយនៅក្មេងនៅឡើយ (មេ្តចក៏) ព្រះអង្គមិនសម្លាប់ មិនឲ្យគេសម្លាប់ទៅ បពិត្រព្រះបិតា ឥឡូវនេះ ទូលបង្គំជាខ្ញុំទាំងឡាយ ជាកេ្មងពេញកម្លោះ ជាអ្នកឥតប្រទូស្ត ក៏ស្រាប់តែព្រះអង្គឲ្យគេសម្លាប់ ។ បពិត្រមហារាជ សូមព្រះអង្គទតមើល ទូលបង្គំជាខ្ញុំទាំងឡាយ ដែលពាក់គ្រឿងក្រោះជិះដំរី ជិះសេះច្បាំងហើយ និងកំពុងច្បាំង មនុស្សទាំងឡាយបែបខ្ញុំនេះ មិនមែនជាមនុស្សសម្រាប់បូជាយញ្ញទេ ។ ជនទាំងឡាយ តែងបញ្ជូនពួកមនុស្សដូចទូលបង្គំជាខ្ញុំ ទៅក្នុងបច្ចន្តគ្រាម ដែលបះបោរឡើងហើយ ឬក្នុងដងព្រៃ បពិត្រព្រះបិតា កាលបើដូច្នោះ ទូលបង្គំជាខ្ញុំទាំងឡាយ មិនត្រូវព្រះអង្គឲ្យគេសម្លាប់ ក្នុងទីមិនជាឱកាស ដោយឥតហេតុទេ ។ មេសត្វស្លាបទាំងឡាយណានីមួយ ធ្វើសម្បុកដោយស្មៅទាំងឡាយហើយនៅ កូនទាំងឡាយជាទីស្រឡាញ់របស់មេសត្វស្លាបទាំងនោះ បពិត្រព្រះទេវៈ កាលបើដូច្នេះ ព្រះអង្គនៅតែឲ្យគេសម្លាប់ទូលបង្គំជាខ្ញុំទាំងឡាយ ។ ព្រះអង្គកុំជឿពាក្យខណ្ឌហាលព្រាហ្មណ៍នោះថា ខណ្ឌហាលព្រាហ្មណ៍ មិនគប្បីសម្លាប់អញខ្ញុំដូចនេះឡើយ បពិត្រព្រះទេវៈ ព្រោះខណ្ឌហាលព្រាហ្មណ៍នោះ សម្លាប់ទូលបង្គំជាខ្ញុំទាំងឡាយហើយ គប្បីសម្លាប់ព្រះអង្គក្នុងកាលជាលំដាប់ ។ បពិត្រមហារាជ ព្រះរាជាទាំងឡាយ តែងព្រះរាជទានស្រុកដ៏ប្រសើរផង និគមដ៏ប្រសើរផង ភោគៈផង ដល់ព្រាហ្មណ៍នោះ កាលបើដូច្នោះ ពួកព្រាហ្មណ៍ទាំងនោះ ជាអ្នកបរិភោគរាល់ ៗ ដុំបាយដ៏ថ្មោង តែងបានបរិភោគរាល់ៗ ត្រកូល ។ បពិត្រមហារាជ ព្រាហ្មណ៍នោះ ប្រាថ្នាដើម្បីប្រទូស្តចំពោះជនអ្នកឲ្យទាំងនោះ ដូចជាព្រះអង្គ បពិត្រព្រះទេវៈ ពួកព្រាហ្មណ៍ទាំងនុ៎ះ ជាមនុស្សអកតញ្ញូដោយច្រើន ។ បពិត្រព្រះទេវៈ សូមព្រះអង្គកុំសម្លាប់ទូលបង្គំជាខ្ញុំទាំងឡាយឡើយ សូមព្រះអង្គព្រះរាជទានទូលបង្គំជាខ្ញុំទាំងឡាយ ឲ្យជាទាសៈនៃខណ្ឌហាលព្រាហ្មណ៍ចុះ ទូលបង្គំជាខ្ញុំទាំងឡាយ សូមជាប់ចំណងហើយ នឹងឃ្វាលដំរី និងសេះ ។ បពិត្រព្រះសម្មតិទេព សូមព្រះអង្គកុំសម្លាប់ទូលបង្គំជាខ្ញុំទាំងឡាយឡើយ សូមព្រះអង្គព្រះរាជទាននូវទូលបង្គំជាខ្ញុំទាំងឡាយ ឲ្យជាទាសៈនៃខណ្ឌហាលព្រាហ្មណ៍វិញចុះ ទូលបង្គំជាខ្ញុំទាំងឡាយ ជាប់ចំណងហើយ នឹងចាក់អាចម៌ដំរី ។ បពិត្រព្រះទេវៈ សូមព្រះអង្គកុំសម្លាប់ទូលបង្គំជាខ្ញុំទាំងឡាយឡើយ សូមព្រះអង្គព្រះរាជទានទូលបង្គំជាខ្ញុំទាំងឡាយ ឲ្យជាទាសៈនៃខណ្ឌហាលព្រាហ្មណ៍វិញចុះ ទូលបង្គំជាខ្ញុំទាំងឡាយ សូមជាប់ចំណងនឹងចាក់អាចម៌សេះ ។ បពិត្រព្រះទេវៈ សូមព្រះអង្គកុំសម្លាប់នូវទូលបង្គំជាខ្ញុំទាំងឡាយឡើយ ព្រះអង្គសព្វព្រះរាជហ្ឫទ័យចំពោះខណ្ឌហាលព្រាហ្មណ៍ណា សូមព្រះរាជទាននូវទូលបង្គំជាខ្ញុំទាំងឡាយ ឲ្យជាទាសៈនៃខណ្ឌហាលព្រាហ្មណ៍នោះវិញចុះ ពុំនោះសោត ទូលបង្គំជាខ្ញុំទាំងឡាយ បើព្រះអង្គបំបរបង់ចេញចាកដែន នឹងត្រាច់ទៅកាន់ភិក្ខាចារ ។

[៤០៦] (ព្រះបាទឯករាជ…) អ្នកទាំងឡាយ បង្កើតទុក្ខដល់យើងខ្លាំងណាស់ អ្នកទាំងឡាយយំស្រែក ព្រោះតែចង់បានជីវិត ឥឡូវនេះ ចូរអ្នកទាំងឡាយលែងកុមារទាំងឡាយទៅ ការបូជាយញ្ញដោយកូនរបស់អញ ល្មមលើកលែងចុះ ។

[៤០៧] (ខណ្ឌហាលព្រាហ្មណ៍) ទូលបង្គំជាខ្ញុំ បានក្រាបទូលតាំងពីដើមមកថា ការបូជាយញ្ញនុ៎ះ ជាអំពើធ្វើបានដោយកម្រផង មិនងាយនឹងឲ្យកើតឡើងបានផង កាលបើគ្រឿងយញ្ញដែលទូលបង្គំជាខ្ញុំប្រុងប្រៀបស្រេចហើយ ហេតុអ្វីក៏ព្រះអង្គធ្វើឲ្យអាក់ខានទៅវិញ ។ ជនទាំងឡាយណា បូជាយញ្ញខ្លួនឯងក្តី ជនទាំងឡាយណា ឲ្យគេបូជាយញ្ញក្តី ឬក៏ជនទាំងឡាយណា គ្រាន់តែអនុមោទនាមហាយញ្ញ ដែលអ្នកផងកំពុងបូជាប្រាកដដូច្នេះក្តី ជនទំាងអស់ (នោះ) រមែងទៅកាន់សុគតិ ។

[៤០៨] (ចន្ទកុមារ…) បើប្រាកដជាបុគ្គលទាំងឡាយបូជាយញ្ញដោយបុត្រទាំងឡាយហើយ ច្យុតចាកមនុស្សលោកនេះ រមែងទៅកាន់ទេវលោក បពិត្រមហារាជ ចូរព្រាហ្មណ៍បូជាមុនចុះ សឹមព្រះអង្គបូជាជាខាងក្រោយ ។ ឮថា បើប្រាកដជាបុគ្គលទាំងឡាយ បូជាយញ្ញដោយបុត្រទាំងឡាយហើយ ច្យុតអំពីមនុស្សលោកនេះ រមែងទៅកាន់ទេវលោក ចូរខណ្ឌហាលព្រាហ្មណ៍ហ្នឹងឯង បូជាដោយកូនទាំងឡាយរបស់ខ្លួនចុះ ។ បើខណ្ឌហាលព្រាហ្មណ៍ដឹងយ៉ាងនេះហើយ ហេតុអ្វីក៏មិនសម្លាប់កូនតូច ៗ ទាំងឡាយផង មិនសម្លាប់ជនជាញាតិទាំងអស់ផង មិនសម្លាប់ខ្លួនឯងផង ។ ជនទាំងឡាយណា បូជាយញ្ញដោយខ្លួនក្តី ជនទាំងឡាយណាឲ្យគេបូជាយញ្ញក្តី ឬក៏ជនទាំងឡាយណា គ្រាន់តែអនុមោទនាមហាយញ្ញប្រាកដដូច្នេះក្តី ជនទាំងអស់ (នោះ) រមែងទៅកាន់នរក ។

[៤០៩] មេ្តចក៏ពួកម្ចាស់ផ្ទះ និងស្រីមេផ្ទះទាំងឡាយ ដែលជាអ្នកចង់បានកូនក្នុងក្រុង មិនទូលទាស់ព្រះរាជាថា កុំទ្រង់សម្លាប់បុត្រ ដែលកើតអំពីទ្រូងឡើយ ។ មេ្តចក៏ពួកម្ចាស់ផ្ទះ និងស្រីមេផ្ទះទាំងឡាយ ដែលជាអ្នកចង់បានកូនក្នុងក្រុង មិនទូលទាស់ព្រះរាជាថា កុំទ្រង់សម្លាប់បុត្រ ដែលកើតអំពីខ្លួនឡើយ ។ ខ្ញុំជាអ្នកប្រាថ្នាប្រយោជន៍ចំពោះព្រះរាជា ប្រយោជន៍ចំពោះអ្នកជនបទទាំងអស់ ឥតមាននរណាមួយថ្នាំងថ្នាក់ចិត្តនឹងខ្ញុំឡើយ (ហេតុអ្វីក៏) អ្នកជនបទមិនក្រាបទូលឲ្យទ្រង់ជ្រាប ។

[៤១០] ម្នាលនាងឃរណីទាំងឡាយ (ស្រីមេផ្ទះ) ចូរនាងទាំងឡាយ ទៅអង្វរព្រះរាជបិតាផង ខណ្ឌហាលព្រាហ្មណ៍ផងថា សូមព្រះអង្គកុំសម្លាប់កុមារទាំងឡាយ ដូចជាសីហៈ ជាអ្នកមិនប្រទូស្ត ម្នាលនាងឃរណីទាំងឡាយ ចូរនាងទាំងឡាយទៅនិយាយអង្វរព្រះបិតាផង ខណ្ឌហាលព្រាហ្មណ៍ផងថា សូមព្រះអង្គកុំសម្លាប់កុមារទាំងឡាយ ជាទីអាល័យរបស់សត្វលោកទាំងអស់ ។

[៤១១] បើដូច្នោះ គួរតែអញកើតក្នុងត្រកូលអ្នកធ្វើរថ ឬអ្នកចោលសម្រាម ឬកើតក្នុងត្រកូលវេស្សៈ ទើបព្រះរាជានឹងមិនសម្លាប់អញ ដើម្បីយញ្ញក្នុងថ្ងៃនេះ ។

[៤១២] ម្នាលពួកស្រីអ្នកមានគំនិតទាំងឡាយ ចូរនាងទាំងអស់ទៅក្រាបទៀបបាទានៃខណ្ឌហាលព្រាហ្មណ៍ជាម្ចាស់ហើយ (ប្រាប់ថា) ខ្ញុំមិនឃើញកំហុសសោះ ។ ម្នាលពួកស្រីជាមេផ្ទះទាំងអស់គ្នា ចូរនាងទាំងឡាយទៅក្រាបទៀបបាទានៃខណ្ឌហាលព្រាហ្មណ៍ជាម្ចាស់ហើយ (និយាយថា) បពិត្រលោកខណ្ឌហាលដ៏ចម្រើន យើងទាំងឡាយបានប្រទូស្តអ្វីដល់លោក ។

[៤១៣] លំដាប់នោះ ព្រះនាងសេលា ជាព្រះរាជធីតាគួរអាណិត បានឃើញព្រះភាតាទាំងឡាយ ដែលគេនាំខ្លួនទៅហើយ ទ្រង់ព្រះកន្សែងថា ឮថាយញ្ញ ព្រះរាជបិតាអញ ទ្រង់ប្រាថ្នាឋានសួគ៌ឲ្យប្រព្រឹត្តទៅហើយ ។

[៤១៤] (លំដាប់នោះ) វសុលរាជកុមារបម្រះននៀលក្នុងទីចំពោះព្រះភក្រ្តព្រះរាជា ទ្រង់ព្រះកនែ្សងអង្វរថា បពិត្រព្រះទេវៈ សូមព្រះអង្គកុំសម្លាប់បិតារបស់ទូលបង្គំជាខ្ញុំឡើយ ព្រោះទូលបង្គំជាខ្ញុំនៅកេ្មង ពុំទាន់ធំនៅឡើយ ។

[៤១៥] (ព្រះរាជា…) មា្នលវសុលកុមារ នុ៎ះបិតារបស់ឯង ចូរឯងស្ងប់រម្ងាប់ជាមួយនឹងបិតារបស់ឯងចុះ ឯងយំស្រែកក្នុងព្រះរាជវាំង ឈ្មោះថាញ៉ាំងទុក្ខយ៉ាងខ្លាំង ឲ្យកើតឡើងដល់អញ អ្នកទាំងឡាយ ចូរលែងពួកកុមារក្នុងកាលឥឡូវនេះចុះ ការបូជាយញ្ញដោយកូនរបស់អញ ល្មមលើកលែងចុះ ។

[៤១៦] (ខណ្ឌហាលព្រាហ្មណ៍) ទូលបង្គំក្រាបទូលព្រះអង្គតាំងពីដើមមកថា ការបូជាយញ្ញនេះ ជាអំពើធ្វើបានដោយកម្រផង មិនងាយនឹងឲ្យកើតឡើងបានផង កាលបើគ្រឿងយញ្ញដែលទូលបង្គំជាខ្ញុំប្រុងប្រៀបស្រេចហើយ ហេតុអ្វីក៏ព្រះអង្គធ្វើឲ្យអាក់ខានទៅវិញ ។ ជនទាំងឡាយណា បូជាយញ្ញដោយខ្លួនឯងក្តី ជនទាំងឡាយណា ឲ្យគេបូជាយញ្ញក្តី ឬក៏ជនទាំងឡាយណា គ្រាន់តែអនុមោទនាមហាយញ្ញ ដែលអ្នកផងកំពុងបូជា ប្រាកដដូច្នេះក្តី ជនទំាងអស់នោះ រមែងទៅកើតក្នុងសុគតិ ។

[៤១៧] បពិត្រព្រះឯករាជ យញ្ញ ទូលបង្គំជាខ្ញុំចាត់ចែងរៀបចំដើម្បីព្រះអង្គ ដោយរតនៈទាំងពួងហើយ បពិត្រព្រះទេវៈ សូមព្រះអង្គយាងចេញទៅ ព្រះអង្គនឹងទៅរីករាយក្នុងឋានសួគ៌ ។

[៤១៨] (អភិសម្ពុទ្ធគាថា) ពួកស្រ្តីទាំង ៧០០ នុ៎ះ នៅក្មេង ៗ ដែលជាភរិយាចន្ទកុមារ រំសាយកេសា ទួញយំដើរតាមផ្លូវទៅ ។ ចំណែកពួកស្រ្តីឯទៀត ក៏ចេញទៅដោយសេចក្តីសោកស្តាយ រំសាយកេសា ទួញយំដើរតាមផ្លូវទៅ ដូចជាទេវតា (ចោមរោមទេវបុត្រដែលរៀបច្យុត) ក្នុងនន្ទនវនឱទ្យាន ។

[៤១៩] ចន្ទកុមារ និងសុរិយកុមារ ទ្រទ្រង់សំពត់ដ៏ស្អាតដែលកើតក្នុងដែនកាសី ជាអ្នកទ្រទ្រង់កុណ្ឌល លាបស្រឡាយដោយកំញាន និងខ្លឹមចន្ទន៍ ត្រូវគេនាំយកទៅដើម្បីប្រយោជន៍ដល់យញ្ញនៃព្រះបាទឯករាជ ។ ចន្ទកុមារ និងសុរិយកុមារ ជាអ្នកទ្រទ្រង់សំពត់ដ៏ស្អាត ដែលកើតក្នុងដែនកាសី ទ្រទ្រង់កុណ្ឌល លាបស្រឡាបដោយកំញាន និងខ្លឹមចន្ទន៍ ធ្វើសេចក្តីសោកក្នុងហ្ឫទ័យនៃមាតា ត្រូវគេនាំយកទៅ ។ ចន្ទកុមារ និងសុរិយកុមារ ជាអ្នកទ្រទ្រង់សំពត់ដ៏ស្អាត ដែលកើតក្នុងដែនកាសី ទ្រទ្រង់កុណ្ឌល លាបស្រឡាបដោយកំញាន និងខ្លឹមចន្ទន៍ ធ្វើសេចក្តីសោកក្នុងហ្ឫទ័យនៃជន ត្រូវគេនាំយកទៅ ។ ចន្ទកុមារ និងសុរិយកុមារ ដែលជាអ្នកបរិភោគសាច់ដ៏មានរស ជាអ្នកដែលខ្មាន់ព្រះកេសផ្ងូតៗស្អាតហើយ ទ្រទ្រង់កុណ្ឌល លាបស្រឡាបដោយកំញាន និងខ្លឹមចន្ទន៍ ត្រូវគេនាំយកទៅដើម្បីប្រយោជន៍ដល់យញ្ញនៃព្រះបាទឯករាជ ។ ចន្ទកុមារ និងសុរិយកុមារ ជាអ្នកបរិភោគនូវសាច់ដ៏មានរស ជាអ្នកដែលខ្មាន់ព្រះកេសផ្ងូតៗស្អាតហើយ ទ្រទ្រង់កុណ្ឌល លាបស្រឡាបដោយកំញាន និងខ្លឹមចន្ទន៍ ធ្វើសេចក្តីសោកក្នុងហ្ឫទ័យនៃមាតា ត្រូវគេនាំយកទៅ ។ ចន្ទកុមារ និងសុរិយកុមារ ជាអ្នកបរិភោគសាច់ដ៏មានរស ជាអ្នកដែលខ្មាន់ព្រះកេសផ្ងូតៗស្អាតហើយ ទ្រទ្រង់កុណ្ឌល លាបស្រឡាបដោយកំញាន និងខ្លឹមចន្ទន៍ ធ្វើសេចក្តីសោកក្នុងហ្ឫទ័យនៃជន ត្រូវគេនាំយកទៅ ។ កាលពីមុន ពួកពលដំរី តែងតាមហែហមនូវចន្ទកុមារ និងសុរិយកុមារណា ដែលគង់លើខ្នងដំរីដ៏ប្រសើរ ថ្ងៃនេះ ចន្ទកុមារ និងសុរិយកុមារទាំងពីរព្រះអង្គនោះ យាងទៅដោយព្រះបាទាទទេ ។ កាលពីមុន ពួកពលសេះ តែងតាមហែនូវចន្ទកុមារ និងសុរិយកុមារណា ដែលគង់លើខ្នងសេះដ៏ប្រសើរ ថ្ងៃនេះ ចន្ទកុមារ និងសុរិយកុមារទាំងពីរព្រះអង្គនោះ យាងទៅដោយព្រះបាទាទទេ ។ កាលពីមុន ពួករថ តែងតាមហែនូវចន្ទកុមារ និងសុរិយកុមារណា ដែលគង់ក្នុងកណ្តាលរថដ៏ប្រសើរ ថ្ងៃនេះ ចន្ទកុមារ និងសុរិយកុមារទាំងពីរព្រះអង្គនោះ យាងទៅដោយព្រះបាទាទទេ ។ កាលពីមុន ចន្ទកុមារ និងសុរិយកុមារណា សេ្តចទៅដោយព្រះទីនាំងអស្សតរ ដែលតាក់តែងដោយគ្រឿងមាស ថ្ងៃនេះ ចន្ទកុមារ និងសុរិយកុមារទាំងពីរព្រះអង្គនោះ យាងទៅដោយព្រះបាទាទទេ ។

[៤២០] (មហាជន…) ម្នាលបក្សី បើអ្នកចង់ស៊ីសាច់ ចូរអ្នកហើរទៅតាមទិសខាងកើតនៃក្រុងបុប្ផវតីចុះ ព្រោះព្រះបាទឯករាជ ភាន់ស្មារតី ទ្រង់យកព្រះរាជបុត្រ ៤ ព្រះអង្គ បូជាយញ្ញក្នុងទីនុ៎ះ ។ ម្នាលបក្សី បើអ្នកចង់ស៊ីសាច់ ចូរអ្នកហើរទៅតាមទិសខាងកើតនៃក្រុងបុប្ផវតីចុះ ព្រោះព្រះបាទឯករាជ ភាន់ស្មារតី ទ្រង់យកព្រះរាជកញ្ញាទាំង ៤ ព្រះអង្គ បូជាយញ្ញក្នុងទីនុ៎ះ ។ ម្នាលបក្សី បើអ្នកចង់ស៊ីសាច់ ចូរអ្នកហើរទៅតាមទិសខាងកើតនៃក្រុងបុប្ផវតីចុះ ព្រោះព្រះបាទឯករាជ ភាន់ស្មារតី ទ្រង់យកព្រះមហេសីទាំង ៤ ព្រះអង្គ បូជាយញ្ញក្នុងទីនុ៎ះ ។ ម្នាលបក្សី បើអ្នកចង់ស៊ីសាច់ ចូរអ្នកហើរទៅទិសខាងកើតនៃក្រុងបុប្ផវតីចុះ ព្រោះព្រះបាទឯករាជ ភាន់ស្មារតី ទ្រង់យកគហបតីទាំង ៤ បូជាយញ្ញក្នុងទីនុ៎ះ ។ ម្នាលបក្សី បើអ្នកចង់ស៊ីសាច់ ចូរអ្នកហើរទៅទិសខាងកើតក្រុងបុប្ផវតីចុះ ព្រោះព្រះបាទឯករាជ ភាន់ស្មារតី ទ្រង់យកដំរីទាំង ៤ បូជាយញ្ញក្នុងទីនុ៎ះ ។ ម្នាលបក្សី បើអ្នកចង់ស៊ីសាច់ ចូរអ្នកហើរទៅទិសខាងកើតនៃក្រុងបុប្ផវតីចុះ ព្រោះព្រះបាទឯករាជ ភាន់ស្មារតី ទ្រង់យកសេះទាំង ៤ បូជាយញ្ញក្នុងទីនុ៎ះ ។ ម្នាលបក្សី បើអ្នកចង់ស៊ីសាច់ ចូរអ្នកហើរទៅទិសខាងកើតនៃក្រុងបុប្ផវតីចុះ ព្រោះព្រះបាទឯករាជ ភាន់ស្មារតី ទ្រង់យកគោឧសភ ៤ បូជាយញ្ញក្នុងទីនុ៎ះ ។ ម្នាលបក្សី បើអ្នកចង់ស៊ីសាច់ ចូរអ្នកហើរទៅទិសខាងកើតនៃក្រុងបុប្ផវតីចុះ ព្រោះព្រះបាទឯករាជ ភាន់ស្មារតី ទ្រង់យកសត្វបួនៗ គ្រប់មុខ បូជាយញ្ញក្នុងទីនុ៎ះ ។

[៤២១] ប្រាសាទនេះ ជាវិការៈនៃមាស ដេរដាសដោយផ្កាកម្រង ឥឡូវនេះ ព្រះអយ្យបុត្រទាំង ៤ ព្រះអង្គនោះ ត្រូវគេនាំចេញទៅសម្លាប់ ។ ផ្ទះកំពូលនេះ ជាវិការៈនៃមាស ដេរដាសដោយផ្កាកម្រង ឥឡូវនេះ ព្រះអយ្យបុត្រទាំង ៤ ព្រះអង្គនោះ ត្រូវគេនាំចេញទៅសម្លាប់ ។ ឱទ្យាននេះ មានផ្ការីកសព្វកាល ជាទីរីករាយ ឥឡូវនេះ ព្រះអយ្យបុត្រទាំង ៤ ព្រះអង្គនោះ ត្រូវគេនាំចេញទៅសម្លាប់ ។ ព្រៃអសោកនេះ មានផ្ការីកសព្វកាល ជាទីរីករាយ ឥឡូវនេះ ព្រះអយ្យបុត្រទាំង ៤ ព្រះអង្គនោះ ត្រូវគេនាំចេញទៅសម្លាប់ ។ ព្រៃកណ្ណិការនេះ មានផ្ការីកសព្វកាល ជាទីរីករាយ ឥឡូវនេះ ព្រះអយ្យបុត្រទាំង ៤ ព្រះអង្គនោះ ត្រូវគេនាំចេញទៅសម្លាប់ ។ ព្រៃច្រនៀងនេះ មានផ្ការីកសព្វកាល ជាទីរីករាយ ឥឡូវនេះ ព្រះអយ្យបុត្រទាំង ៤ ព្រះអង្គនោះ ត្រូវគេនាំចេញទៅសម្លាប់ ។ ព្រៃស្វាយនេះ មានផ្ការីកសព្វកាល ជាទីរីករាយ ឥឡូវនេះ ព្រះអយ្យបុត្រទាំង ៤ ព្រះអង្គនោះ ត្រូវគេនាំចេញទៅសម្លាប់ ។ ស្រះបោក្ខរណីនេះ ដេរដាស ពាសពេញដោយផ្កាឈូកស ឈូក្រហម ទាំងទូកដែលរចនាដោយមាស វិចិត្រដោយភ្ញីវល្លិ៍ ជាទីរីករាយចិត្តដោយក្រៃលែង ឥឡូវនេះ ព្រះអយ្យបុត្រទាំង ៤ ព្រះអង្គនោះ ត្រូវគេនាំចេញទៅសម្លាប់ ។

[៤២២] ដំរីរ័តន៍នេះ ជាដំរីឈ្មោះឯរាវ័ណ មានកំឡាំង មានភ្លុក ឥឡូវនេះ ព្រះអយ្យបុត្រទាំង ៤ ព្រះអង្គនោះ ត្រូវគេនាំចេញទៅសម្លាប់ ។ សេះរ័តន៍នេះ ជាសេះមានក្រចកមួយ មានសន្ទុះរហ័ស ឥឡូវនេះ ព្រះអយ្យបុត្រទាំង ៤ ព្រះអង្គនោះ ត្រូវគេនាំចេញទៅសម្លាប់ ។ រថសេះនេះ មានសូរសព្ទ័ដូចសំឡេងនៃស្រូវសាលី ជារថដ៏ស្អាត វិចិត្រដោយរតនវត្ថុ ជាលំអរបស់ពួកព្រះអយ្យបុត្រ ដូចជាពួកទេវតាក្នុងនន្ទនវ័ន ឥឡូវនេះ ព្រះអយ្យបុត្រទាំង ៤ ព្រះអង្គនោះ ត្រូវគេនាំចេញទៅសម្លាប់ ។ ម្តេចក៏ព្រះរាជាភាន់ច្រឡំ នឹងបូជាយញ្ញដោយព្រះរាជបុត្រទាំង ៤ ព្រះអង្គ ដែលមានសម្បុរលឿង មានជាតិស្មើ ជាបុគ្គលស្អាត (ឥតទោស) ដែលមានខ្លួនលាបហើយដោយខ្លឹមចន្ទន៍ ។ ម្តេចក៏ព្រះរាជាភាន់ច្រឡំ នឹងបូជាយញ្ញដោយព្រះរាជកញ្ញាទាំង ៤ ព្រះអង្គ ដែលមានសម្បុរលឿង មានជាតិស្មើ ជាបុគ្គលស្អាត ដែលមានខ្លួនលាបហើយដោយខ្លឹមចន្ទន៍ ។ ម្តេចក៏ព្រះរាជាភាន់ច្រឡំ នឹងបូជាយញ្ញដោយព្រះមហេសីទាំង ៤ ព្រះអង្គ ដែលមានសម្បុរលឿង មានជាតិស្មើ ជាបុគ្គលស្អាត ដែលមានខ្លួនលាបហើយដោយខ្លឹមចន្ទន៍ ។ ម្តេចក៏ព្រះរាជាភាន់ច្រឡំ នឹងបូជាយញ្ញដោយគហបតីទាំង ៤ នាក់ ដែលមានសម្បុរលឿង មានជាតិស្មើ ជាបុគ្គលស្អាត ដែលមានខ្លួនលាបដោយខ្លឹមចន្ទន៍ ។ ស្រុក និងនិគមទាំងឡាយ សូន្យ ឥតមនុស្ស ក្លាយទៅជាព្រៃធំ យ៉ាងណាមិញ កាលបើចន្ទកុមារ និងសុរិយកុមារ ត្រូវព្រះរាជាយកទៅបូជាយញ្ញហើយ ក្រុងបុប្ផវតី ក៏នឹង (ស្ងាត់សូន្យឈឹង) យ៉ាងនោះដែរ ។

[២២៣] (ព្រះនាងគោតមីទេវី…) ខ្ញុំម្ចាស់នឹងឆ្កួត សាបសូន្យចាកសេចក្តីចម្រើន ប្រឡាក់ប្រឡូសដោយអាចម៍ដីពុំខាន បើជនសម្លាប់ចន្ទកុមារ បពិត្រព្រះសម្មតិទេព ជីវិតរបស់ខ្ញុំម្ចាស់នឹងបែកធ្លាយ ។ ខ្ញុំម្ចាស់នឹងឆ្កួត សាបសូន្យចាកសេចក្តីចម្រើន ប្រឡាក់ប្រឡូស ដោយអាចម៍ដីពុំខាន បើជនសម្លាប់សុរិយកុមារ បពិត្រព្រះសម្មតិទេព ជីវិតរបស់ខ្ញុំម្ចាស់នឹងបែកធ្លាយ ។

[៤២៤] ស្រ្តីទាំងឡាយនេះ គឺនាងឃដ្តិកា នាងឧបរិក្ខី នាងបោក្ខរណី និងនាងគាយិកា ជាអ្នកពោលពាក្យជាទីស្រឡាញ់ទៅរកគ្នានឹងគ្នា ម្តេចក៏មិនរាំឲ្យចន្ទកុមារ និងសុរិយកុមារសប្បាយរីករាយ (ព្រោះស្រ្តីដទៃ) ស្មើដោយស្រ្តីទាំងនោះ មិនមានទេ ។

[២២៥] សេចក្តីសោកក្នុងហឫទ័យនៃអញណា ព្រោះតែចន្ទកុមារដែលគេនាំទៅដើម្បីសម្លាប់ នែខណ្ឌហាលព្រាហ្មណ៍ ម្តាយអ្នកឯងចូរទទួលយកសេចក្តីសោកក្នុងហ្ឫទ័យនៃអញនេះទៅចុះ ។ សេចក្តីសោកក្នុងហឫទ័យនៃអញណា ព្រោះតែសុរិយកុមារដែលគេនាំទៅដើម្បីសម្លាប់ នែខណ្ឌហាលព្រាហ្មណ៍ ម្តាយអ្នកឯងចូរទទួលយកសេចក្តីសោកក្នុងហ្ឫទ័យនៃអញនេះទៅចុះ ។ សេចក្តីសោកក្នុងហឫទ័យនៃអញណា ព្រោះតែចន្ទកុមារ ដែលគេនាំទៅដើម្បីសម្លាប់ នែខណ្ឌហាលព្រាហ្មណ៍ ប្រពន្ធអ្នកឯង ចូរទទួលយកសេចក្តីសោកក្នុងហឫទ័យនៃអញនេះទៅចុះ ។ សេចក្តីសោកក្នុងហឫទ័យនៃអញណា ព្រោះតែសុរិយកុមារ ដែលគេនាំយកទៅដើម្បីសម្លាប់ នែខណ្ឌហាលព្រាហ្មណ៍ ប្រពន្ធរបស់អ្នក ចូរទទួលយកសេចក្តីសោកក្នុងហឫទ័យនៃអញនេះទៅចុះ ។ អ្នកឯងសម្លាប់ពួកកុមារ ដែលអង់អាចដូចសីហៈ ជាអ្នកមិនប្រទូស្ត នែខណ្ឌហាលព្រាហ្មណ៍ ម្តាយអ្នកឯង កុំបានឃើញកូនទាំងឡាយផង ប្តីផងឡើយ ។ អ្នកឯងសម្លាប់ពួកកុមារ ដែលសត្វលោកទាំងអស់ អាឡោះអាល័យ នែខណ្ឌហាលព្រាហ្មណ៍ ម្តាយអ្នកឯង កុំបានឃើញកូនទាំងឡាយផង ប្តីផងឡើយ ។ អ្នកឯងសម្លាប់ពួកកុមារ ដែលអង់អាចដូចសីហៈ ជាអ្នកមិនប្រទូស្ត នែខណ្ឌហាលព្រាហ្មណ៍ ប្រពន្ធអ្នកឯងកុំបានឃើញកូនទាំងឡាយផង ប្តីផងឡើយ ។ អ្នកឯងសម្លាប់ពួកកុមារ ដែលសត្វលោកទាំងអស់អាឡោះអាល័យ នែខណ្ឌហាលព្រាហ្មណ៍ ប្រពន្ធអ្នកឯង កុំបានឃើញកូនទាំងឡាយផង ប្តីផងឡើយ ។

[៤២៦] (ចន្ទកុមារ…) បពិត្រព្រះសម្មតិទេព ព្រះអង្គកុំសម្លាប់ទូលព្រះបង្គំទាំងឡាយឡើយ សូមទ្រង់ព្រះរាជទានខ្ញុំព្រះអង្គទាំងឡាយឲ្យជាទាសៈនៃខណ្ឌហាលព្រាហ្មណ៍វិញចុះ ខ្ញុំព្រះអង្គទាំងឡាយ សូមឲ្យជាអ្នកជាប់ចំណង ហើយឃ្វាលដំរី និងសេះ ។ បពិត្រព្រះសម្មតិទេព ព្រះអង្គកុំសម្លាប់ទូលព្រះបង្គំទាំងឡាយឡើយ សូមទ្រង់ព្រះរាជទានខ្ញុំព្រះអង្គទាំងឡាយ ឲ្យជាទាសៈនៃខណ្ឌហាលព្រាហ្មណ៍វិញចុះ ខ្ញុំព្រះអង្គទាំងឡាយ សូមឲ្យជាអ្នកជាប់ចំណង ហើយចោលអាចម៍ដំរី ។ បពិត្រព្រះសម្មតិទេព ព្រះអង្គកុំសម្លាប់ទូលព្រះបង្គំទាំងឡាយឡើយ សូមទ្រង់ព្រះរាជទានខ្ញុំព្រះអង្គទាំងឡាយ ឲ្យជាទាសៈនៃខណ្ឌហាលព្រាហ្មណ៍វិញចុះ ខ្ញុំព្រះអង្គទំាងឡាយ សូមឲ្យជាអ្នកជាប់ចំណង ហើយចោលអាចម៍សេះ ។ បពិត្រព្រះសម្មតិទេព ព្រះអង្គកុំសម្លាប់ទូលព្រះបង្គំឡើយ បើព្រះអង្គសព្វព្រះទ័យចំពោះខណ្ឌហាលព្រាហ្មណ៍ណា សូមទ្រង់ព្រះរាជទានខ្ញុំព្រះអង្គទាំងឡាយ ឲ្យជាទាសៈនៃខណ្ឌហាលព្រាហ្មណ៍នោះចុះ ពុំនោះសោត សូមព្រះអង្គបំបរបង់ឲ្យចេញចាកដែន ខ្ញុំព្រះអង្គនឹងត្រាច់ទៅកាន់ភិក្ខាចារ ។ បពិត្រព្រះសម្មតិទេព នារីពួកខ្លះ សូម្បីជាស្រ្តីកំសត់ នៅតែចង់បានកូន ហើយបន់ស្រន់ទេព្តា ស៊ូលះបង់ចំណង់ប្លែក នៅតែមិនបានកូនទាំងឡាយ ក៏មាន ។ នារីពួកខ្លះ ធ្វើពាក្យប្រកបដោយសេចក្តីប៉ុនប៉ងថា កូនទំាងឡាយរបស់យើង ចូរកើតបន្ទាប់ពីនោះ ចៅទំាងឡាយចូរកើតទៀត បពិត្រព្រះសម្មតិទេព កាលបើដូច្នេះ (ហេតុអ្វីក៏) ព្រះអង្គសម្លាប់ទូលព្រះបង្គំទាំងឡាយ ដើម្បីបូជាយញ្ញ ដោយមិនសមហេតុ ។ ពួកស្រ្តីតែងបានកូនដោយការបន់ស្រន់ បពិត្រព្រះរាជបិតា ព្រះអង្គកុំសម្លាប់ទូលព្រះបង្គំទាំងឡាយឡើយ ព្រះអង្គកុំបូជាយញ្ញនេះ ដោយបុត្រទាំងឡាយ ដែលបានដោយលំបាកឡើយ ។ ពួកស្ត្រីតែងបានកូនដោយការបន់ស្រន់ បពិត្រព្រះរាជបិតា ព្រះអង្គកុំសម្លាប់ទូលព្រះបង្គំទាំងឡាយឡើយ សូមព្រះអង្គកុំញ៉ាំងទូលព្រះបង្គំទាំងឡាយ ឲ្យព្រាត់ប្រាសចាកមាតា និងបុត្រទាំងឡាយ ដែលបានដោយលំបាក ។

[៤២៧] បពិត្រព្រះមាតា ព្រះអង្គបានបង្កើតបុត្រ គឺចន្ទកុមារមក មានទុក្ខព្រួយច្រើនណាស់ ព្រោះតែការចិញ្ចឹម ខ្ញុំជាកូនសូមក្រាបថ្វាយបង្គំព្រះបាទានៃព្រះមាតា សូមឲ្យព្រះរាជបិតា បានទៅបរលោក (ដែលបរិបូណ៌ដោយសម្បត្តិ) ចុះ ។ បពិត្រព្រះមាតា ណ្ហើយចុះ សូមព្រះមាតាឱបកៀកខ្ញុំ ហើយអនុញ្ញាតឲ្យថ្វាយបង្គំព្រះបាទាព្រះមាតា ឥឡូវនេះ ខ្ញុំនឹងទៅកាន់ទីព្រាត់ប្រាសដើម្បីប្រយោជន៍ដល់យញ្ញរបស់ព្រះបាទឯករាជ ។ បពិត្រព្រះមាតា ណ្ហើយចុះ សូមព្រះមាតាឱបកៀកខ្ញុំ ហើយអនុញ្ញាតឲ្យថ្វាយបង្គំព្រះបាទាព្រះមាតា ឥឡូវនេះ ខ្ញុំនឹងធ្វើសេចក្តីសោកក្នុងហ្ឫទ័យនៃព្រះមាតា ហើយទៅកាន់ទីព្រាត់ប្រាស ។ បពិត្រព្រះមាតា ណ្ហើយចុះ សូមព្រះមាតាឱបកៀកខ្ញុំ ហើយអនុញ្ញាតឲ្យថ្វាយបង្គំព្រះបាទាព្រះមាតា ឥឡូវនេះ ខ្ញុំនឹងធ្វើសេចក្តីសោកក្នុងហ្ឫទ័យនៃជន ហើយទៅកាន់ទីព្រាត់ប្រាស ។

[៤២៨] (ព្រះមាតា…) ម្នាលគោតមីបុត្រ ណ្ហើយចុះ បាឯងចូរបួងមោលីដោយស្លឹកឈូក បាឯងចូរប្រដាប់ផ្កាកម្រង ដែលលាយដោយត្របកផ្កាចម្បានេះជាប្រក្រតី ពីដើមរបស់បា ។ ហក បាឯងធ្លាប់លាបស្រឡាបដោយខ្លឹមចន្ទន៍ទាំងឡាយណា ហើយល្អរុងរឿងក្នុងរាជបរិស័ទ (នេះ) ជាគ្រឿងលាបរបស់បា បាចូរលាបខ្លឹមចន្ទន៍ ជាទីបំផុតចុះ ។ ហក បាឯងស្លៀកដណ្តប់សំពត់ទាំងឡាយណា មានសាច់ទន់ ៗ រមែងល្អរុងរឿង ក្នុងរាជបរិស័ទ (នេះ) ជាសំពត់មានសាច់ទន់ បាចូរស្លៀកសំពត់ដែលកើតក្នុងដែនកាសី មានក្នុងទីបំផុតចុះ ។ បាឯងល្អរុងរឿងដោយហត្ថាភរណៈណា ក្នុងរាជបរិស័ទ បាចូរពាក់នូវហត្ថាភរណៈ ដ៏ហើយដោយកែវមុក្តា កែវមណី និងមាស (នោះចុះ) ។

[៤២៩] (នាងចន្ទាទេវី…) ព្រះបាទឯករាជនេះ ជាអ្នករក្សាដែន ជាម្ចាស់ផែនដី ជាអ្នកទទួលមត៌ករបស់អ្នកជនបទ ជាឥស្សរៈលើលោក ទ្រង់ជាធំ តែមិនញ៉ាំងសេចក្តីសេ្នហាឲ្យកើតក្នុងព្រះរាជបុត្រដោយពិត ។

[៤៣០] (ព្រះបាទឯករាជ…) បុត្រប្រុសទាំងឡាយ ជាទីស្រឡាញ់របស់អញ ម្យ៉ាងទៀត នាងឯងក្តី ភរិយាទាំងឡាយ (ឯទៀត) ក្តី ក៏ជាទីស្រឡាញ់របស់អញ ប៉ុន្តែអញចង់បានឋានសួគ៌ទេតើ បានជាអញឲ្យគេសម្លាប់ដោយហេតុនោះ ។

[៤៣១] (នាងចន្ទាទេវី…) បពិត្រព្រះសម្មតិទេព សូមព្រះអង្គសម្លាប់ខ្ញុំម្ចាស់មុន កុំឲ្យសេចក្តីទុក្ខបំបែកហ្ឫទ័យខ្ញុំម្ចាស់ឡើយ បពិត្រព្រះសម្មតិទេព បុត្ររបស់ព្រះអង្គ ជាអ្នកមានគ្រឿងអលង្ការប្រដាប់ហើយ ជាបុត្រល្អល្អះ ជាសុខុមាលជាតិ ។ បពិត្រព្រះអង្គជាម្ចាស់គេ ណ្ហើយចុះ សូមព្រះអង្គសម្លាប់ខ្ញុំម្ចាស់ចុះ ខ្ញុំម្ចាស់ជាស្រ្តីមានសេចក្តីសោកជាមួយគ្នានឹងចន្ទកុមារ សូមព្រះអង្គធ្វើបុណ្យឲ្យបរិបូណ៌ចុះ យើងខ្ញុំទាំងពីរនាក់ នឹងត្រាច់ទៅក្នុងបរលោក ។

[៤៣២] (ព្រះបាទឯករាជ…) ម្នាលនាងចន្ទាមានភ្នែកវិសេសវិសាល នាងកុំយំឡើយ ជនទាំងឡាយជាបងប្អូនខាងប្តីរបស់នាងជាច្រើន ជនទាំងនោះ នឹងញ៉ាំងនាងឲ្យត្រេកអរ ព្រោះគោតមីបុត្រ ត្រូវគេបូជាយញ្ញហើយ ។

[៤៣៣] (អភិសម្ពុទ្ធគាថា) កាលបើព្រះបាទឯករាជ ទ្រង់ត្រាស់យ៉ាងនេះហើយ នាងចន្ទាទេវីប្រហារខ្លួនឯងដោយបាតដៃទាំងឡាយ (ទ្រង់ពិលាបថា) ការរស់នៅក្នុងលោកនេះ ល្មមប៉ុណ្ណឹងហើយ អញនឹងផឹកថ្នាំពិសឲ្យស្លាប់ ។ ព្រោះថា ជនទាំងឡាយ ជាញាតិមិត្រ ជាសំឡាញ់របស់ព្រះរាជានេះ មិនមានអ្នកណាមួយហ៊ានក្រាបទូលព្រះរាជាថា សូមព្រះអង្គកុំសម្លាប់ព្រះរាជបុត្រទាំងឡាយ ដែលកើតអំពីព្រះឱរាដូច្នេះឡើយ ។ ជនទាំងឡាយ ជាញាតិមិត្រ ជាសំឡាញ់របស់ព្រះរាជានេះ មិនមានអ្នកណាមួយហ៊ានក្រាបទូលព្រះរាជាថា សូមព្រះអង្គកុំសម្លាប់ព្រះរាជបុត្រ ដែលកើតអំពីព្រះអង្គដូច្នេះឡើយ ។ បុត្ររបស់ខ្ញុំម្ចាស់ទាំងឡាយនេះ ពាក់កម្រងផ្កា ទ្រទ្រង់គ្រឿងប្រដាប់ជាវិការៈនៃមាស សូមព្រះរាជាបូជាយញ្ញដោយរាជបុត្រទាំងឡាយចុះ ប៉ុនែ្តសូមព្រះអង្គលែងគោតមីបុត្រ ។ បពិត្រមហារាជ សូមព្រះអង្គកាប់ខ្ញុំម្ចាស់ ១០០ កំណាត់ ហើយបូជាយញ្ញគ្រប់ទាំង ៧ កន្លែងចុះ ព្រះអង្គកុំសម្លាប់បុត្រច្បងដែលជាអ្នកអង់អាចដូចសីហៈ ជាអ្នកមិនប្រទូស្ត ។ បពិត្រមហារាជ សូមព្រះអង្គចិញ្រ្ចាំខ្ញុំម្ចាស់ ១០០ កំណាត់ ហើយបូជាយញ្ញគ្រប់ទាំង ៧ កន្លែងចុះ ព្រះអង្គកុំសម្លាប់បុត្រច្បងដែលសត្វលោកទាំងអស់អាឡោះអាល័យឡើយ ។

[៤៣៤] (ចន្ទកុមារ…) គ្រឿងអាភរណៈច្រើនយ៉ាង គឺកែវមុក្តា កែវមណី កែវពៃទូរ្យដែលប្រសើរ និងមិនប្រសើរ យើងឲ្យហើយដល់នាង ក្នុងរឿងដែលនាងនិយាយល្អហើយ នេះជាអំណោយ ទីបំផុត ចូរមានដល់នាងចុះ ។

[៤៣៥] (នាងចន្ទាទេវី…) កាលពីដើម ព្រះរាជបុត្រទំាងឡាយណា ដែលមានកម្រងផ្ការីកសំពោង ពាក់ហើយលើ ក ទាំងឡាយ ថ្ងៃនេះព្រះរាជបុត្រទាំងនោះ ត្រឡប់ទៅជាមានដាវ ដែលគេសំលៀងមុត នឹងធ្លាក់លើ ក ទាំងឡាយវិញ ។ ពីដើម ព្រះរាជបុត្រទាំងឡាយណា ដែលមានកម្រងផ្កាដ៏វិចិត្រហើយ ពាក់លើ ក ទាំងឡាយ ថ្ងៃនេះ ព្រះរាជបុត្រទាំងនោះ ត្រឡប់ទៅជាមានដាវ ដែលគេសំលៀងមុត នឹងធ្លាក់លើ ក ទាំងឡាយវិញ ។ មិនយូរប៉ុន្មានទេ មុខតែដាវនឹងធ្លាក់លើ ក នៃរាជបុត្រទាំងឡាយពុំខាន ហ្ឫទ័យរបស់ខ្ញុំម្ចាស់ ខានបែកធ្លាយឯណាបាន ព្រោះចំណងយ៉ាងមាំ មានដល់ខ្ញុំម្ចាស់ហើយ ។ ម្នាលចន្ទកុមារ និងសុរិយកុមារ អ្នកទាំងឡាយ ជាអ្នកទ្រទ្រង់សំពត់សាច់ល្អ ដែលកើតក្នុងដែនកាសី ទ្រទ្រង់កុណ្ឌល លាបស្រឡាបដោយកំញាន និងខ្លឹមចន្ទន៍ ចូរចេញទៅ ដើម្បីយញ្ញនៃព្រះបាទឯករាជចុះ ។ ម្នាលចន្ទកុមារ និងសុរិយកុមារ អ្នកទាំងឡាយ ជាអ្នកទ្រទ្រង់សំពត់មានសាច់ល្អ ដែលកើតក្នុងដែនកាសី ទ្រទ្រង់កុណ្ឌល លាបស្រឡាបដោយកំញាន និងខ្លឹមចន្ទន៍ ធ្វើសេចក្តីសោកក្នុងហ្ឫទ័យនៃមាតា ចូរចេញទៅចុះ ។ ម្នាលចន្ទកុមារ និងសុរិយកុមារ អ្នកទាំងឡាយ ជាអ្នកទ្រទ្រង់សំពត់មានសាច់ល្អ ដែលកើតក្នុងដែនកាសី ទ្រទ្រង់កុណ្ឌល លាបស្រឡាបដោយកំញាន និងខ្លឹមចន្ទន៍ ធ្វើសេចក្តីសោកក្នុងហ្ឫទ័យនៃជន ចូរចេញទៅចុះ ។ ម្នាលចន្ទកុមារ និងសុរិយកុមារ អ្នកទាំងឡាយ ជាអ្នកបរិភោគភោជនដែលលាយដោយសាច់មានរស ជាអ្នកដែលពួកអ្នកផ្ងូតៗល្អហើយ ទ្រទ្រង់កុណ្ឌល លាបស្រឡាបដោយកំញាន និងខ្លឹមចន្ទន៍ ចូរចេញទៅដើម្បីយញ្ញរបស់ព្រះបាទឯករាជចុះ ។ ម្នាលចន្ទកុមារ និងសុរិយកុមារ អ្នកទាំងឡាយ ជាអ្នកបរិភោគភោជនដែលលាយដោយសាច់មានរស ជាអ្នកដែលពួកអ្នកផ្ងូត ៗ ល្អហើយ ទ្រទ្រង់កុណ្ឌល លាបស្រឡាបដោយកំញាន និងខ្លឹមចន្ទន៍ ធ្វើសេចក្តីសោកក្នុងហ្ឫទ័យនៃមាតា ចូរសេ្តចចេញទៅចុះ ។ ម្នាលចន្ទកុមារ និងសុរិយកុមារ អ្នកទាំងឡាយ ជាអ្នកបរិភោគភោជនដែលលាយដោយសាច់មានរស ជាអ្នកដែលពួកអ្នកផ្ងូត ៗ ល្អហើយ ទ្រទ្រង់កុណ្ឌល លាបស្រឡាបដោយកំញាន និងខ្លឹមចន្ទន៍ ធ្វើសេចក្តីសោកក្នុងហ្ឫទ័យនៃជន ចូរចេញទៅចុះ ។

[៤៣៦] (អភិសម្ពុទ្ធគាថា) កាលបើគ្រឿងប្រដាប់បូជាយញ្ញគ្រប់យ៉ាង ដែលគេចាត់ចែងហើយ កាលបើចន្ទកុមារ និងសុរិយកុមារអង្គុយដើម្បីប្រយោជន៍ដល់យញ្ញ ហើយនាងបញ្ចាលរាជធីតា លើកកំបង់អញ្ជលី ដើរចូលទៅត្រង់ចនោ្លះពួកបរិស័ទទាំងពួង (ប្រកាសថា) ខណ្ឌហាលព្រាហ្មណ៍ ជាមនុស្សយល់ខុស ធ្វើបាបកម្ម ដោយពាក្យសច្ចៈណា ខ្ញុំម្ចាស់ព្រមព្រៀងជាមួយនឹងព្រះស្វាមី តាមពាក្យសច្ចៈនុ៎ះ ។ ពួកអមនុស្ស ពួកទេវតា និងពួកសត្វកើតហើយ និងសត្វដែលត្រូវកើត មានក្នុងទីនេះ ចូរធ្វើនូវសេចក្តីខ្វល់ខ្វាយចំពោះខ្ញុំ ខ្ញុំសូមព្រមព្រៀង (ជាមួយ) នឹងព្រះស្វាមីហើយ ។ ពួកទេវតា ពួកសត្វកើតហើយ និងសត្វដែលត្រូវកើតទាំងអស់ ដែលមកក្នុងទីនេះ សូមអ្នកទាំងឡាយ រក្សាខ្ញុំជាមនុស្សអនាថា ដែលស្វែងរកទីពឹង ខ្ញុំសូមអង្វរព្រះស្វាមី ដែលពួកបច្ចាមិត្រផ្ចាញ់មិនបាន ចំពោះលោកទាំងឡាយ ។

[៤៣៧] អមនុស្ស (សក្កទេវរាជ) ឮពាក្យនោះហើយ ក៏គ្រវីដម្បងដែក បំភ័យព្រះរាជានោះ ហើយនិយាយនឹងព្រះរាជាដូច្នេះថា ម្នាលសេ្តចកាឡកណ្ណី ព្រះអង្គចូរដឹងចុះ កុំឲ្យខ្ញុំសំពងក្បាលព្រះអង្គឡើយ ព្រះអង្គកុំសម្លាប់បុត្រច្បង ជាអ្នកអង់អាចដូចសីហៈ ជាអ្នកមិនប្រទូស្ត ។ ម្នាលសេ្តចកាឡកណ្ណី ព្រះអង្គធា្លប់ឃើញអ្នកណា ដែលសម្លាប់បុត្រភរិយា និងសេដ្ឋី គហបតី ជាអ្នកមិនប្រទូស្ត ព្រោះប្រាថ្នាឋានសួគ៌ ។

[៤៣៨] ខណ្ឌហាលព្រាហ្មណ៍ បានឮពាក្យនោះ ទាំងព្រះរាជាក៏ឃើញសក្កទេវរាជដែលព្រះអង្គមិនធ្លាប់ឃើញនេះ ទើបឲ្យស្រាយចំណងពីជនទាំងពួង ឲ្យដូចជាមិនមានសេចក្តីបៀតបៀន ។ កាលបើពួកជនទាំងអស់ រួចពីចំណងហើយ ក្នុងកាលនោះ ពួកជនដែលមកប្រជុំក្នុងកន្លែងនោះ ក៏នាំគ្នាគប់មួយដុំដី ៗ ម្នាក់ នេះជាការសម្លាប់ខណ្ឌហាលព្រាហ្មណ៍ ។

[៤៣៩] ពួកជនទាំងពួង ធ្វើបាបកម្មហើយ ទៅកាន់នរកយ៉ាងណា ពួកជនមិនធ្វើបាបកម្ម ហើយទៅអំពីលោកនេះទៅ គប្បីបាននូវសុគតិ យ៉ាងនោះឯង ។

[៤៤០] កាលបើពួកជនទាំងអស់ រួចពីចំណងហើយ ក្នុងកាលនោះ ពួករាជបុរសមកចួបជុំគ្នាក្នុងទីនោះ ក៏ប្រជុំគ្នាអភិសេកចន្ទកុមារ ។ កាលបើពួកជនទាំងអស់ រួចពីចំណងហើយ ក្នុងកាលនោះ ពួករាជកញ្ញាដែលមកចួបជុំគ្នា ក្នុងទីនោះ ក៏ប្រជុំគ្នា អភិសេកចន្ទកុមារ ។ កាលបើពួកជនទាំងអស់ រួចពីចំណងហើយ ក្នុងកាលនោះ ពួកទេវបុរសដែលមកចួបជុំគ្នាក្នុងទីនោះ ក៏ប្រជុំគ្នាអភិសេកចន្ទកុមារ ។ កាលបើពួកជនទាំងអស់ រួចពីចំណងហើយ ក្នុងកាលនោះ ពួកទេវកញ្ញាដែលមកចួបជុំគ្នា ក្នុងទីនោះ ក៏ប្រជុំគ្នាអភិសេកនូវចន្ទកុមារ ។ កាលបើពួកជនទាំងអស់ រួចពីចំណងហើយ ក្នុងកាលនោះ ពួករាជបរិស័ទដែលមកចួបជុំគ្នាក្នុងទីនោះ ក៏ប្រជុំគ្នាលើកទង់សំពត់ ។ កាលបើពួកជនទាំងអស់ រួចពីចំណងហើយ ក្នុងកាលនោះ ពួករាជកញ្ញាដែលមកចួបជុំគ្នាក្នុងទីនោះ ក៏ប្រជុំគ្នាលើកទង់សំពត់ ។ កាលបើពួកជនទាំងអស់ រួចពីចំណងហើយ ក្នុងកាលនោះ ពួកទេវបុរសដែលមកចួបជុំគ្នាក្នុងទីនោះ ក៏ប្រជុំគ្នាលើកទង់សំពត់ ។ កាលបើពួកជនទាំងអស់ រួចពីចំណងហើយ ក្នុងកាលនោះ ពួកទេវកញ្ញាដែលមកចួបជុំគ្នាក្នុងទីនោះ ក៏ប្រជុំគ្នាលើកទង់សំពត់ ។ កាលបើពួកជនទាំងអស់ រួចពីចំណងហើយ ពួកជនជាច្រើនត្រេកអររីករាយ ប៉ាវគង ទូងអានន្ទភេរី ក្នុងកាលដែលចន្ទកុមារចូលទៅក្នុងនគរ ពួកជនបានប្រកាសការរួចចាកចំណង (របស់ពួកសត្វ ) ។

ចប់ ចន្ទកុមារជាតក ទី៧ ។

ចប់ ភាគ៦២  ។

ឯកសារយោងកែប្រែ

ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ជាតក > សៀវភៅ​ភាគ៦១

ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ជាតក > សៀវភៅ​ភាគ៦២

ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ជាតក > សៀវភៅ​ភាគ៦៣