ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ជាតក

ទ្វាទសមភាគកែប្រែ

មហានិបាតជាតកកែប្រែ

មហានារទកស្សបជាតក ទី៨កែប្រែ

[១] (អភិសម្ពុទ្ធគាថា) ព្រះរាជារបស់ពួកជនអ្នកនៅក្នុងដែនវិទេហៈជាក្សត្រ ទ្រង់ព្រះនាមអង្គតិ មានយានច្រើន មានទ្រព្យច្រើន មានពួកពលមិនមានទីបំផុត ។ នៅពេលបឋមយាមដែលមិនទាន់កន្លងនៃរាត្រីជាគំរប់ ១៥ ជាទីបំផុតនៃខែភ្លៀង ៤ ខែ ជាទីរីកនៃផ្កាកុមុទ ព្រះអង្គទ្រង់ប្រជុំអាមាត្យទាំងឡាយជាបណ្ឌិត បរិបូណ៌ដោយការស្តាប់ ជាអ្នកញញឹមមុននិយាយ ជាអ្នកមានប្រាជ្ញា ឈ្មោះវិជយៈ ១ ឈ្មោះសុនាមៈ ១ និងសេនាបតីឈ្មោះអលាតៈ ១ ។ ព្រះបាទវិទេហៈ ទ្រង់សួរអាមាត្យនោះជាលំដាប់ថា អ្នកទាំងឡាយចូរពោលតាមសេចក្តីពេញចិត្តផេ្សងៗគ្នា ថៃ្ងនេះជារាត្រីជាទីបំផុតនៃខែភ្លៀង ៤ ខែ ជាទីរីកនៃផ្កាកុមុទ មណ្ឌលព្រះចន្ទដ៏ស កំចាត់បង់ងងឹត ថ្ងៃនេះយើងទាំងឡាយ នឹងនៅដោយសេចក្តីត្រេកអរដូចមេ្តច ក្នុងរាត្រីរដូវនេះ ។

[២] លំដាប់នោះ សេនាបតីរបស់ព្រះរាជាឈ្មោះអលាតៈ បានក្រាបទូលដូច្នេះថា យើងខ្ញុំនឹងចាត់ចែងយាន ពល និងសេនាទាំងអស់ដែលមានចិត្តរីករាយហើយ ។ បពិត្រព្រះសម្មតិទេព យើងខ្ញុំមានពួកពលមិនមានទីបំផុត នឹងចេញទៅដើម្បីច្បាំង ពួកព្រះរាជាណាមិនមកចុះអំណាច យើងនឹងនាំចូលមកចុះអំណាចព្រះអង្គ នេះជាសេចក្តីយល់ផ្ទាល់ខ្លួនរបស់ទូលព្រះបង្គំជាខ្ញុំ ពួកទូលព្រះបង្គំជាខ្ញុំ នឹងផ្ចាញ់សត្រូវ ដែលមិនទាន់ផ្ចាញ់ ។ (បពិត្រព្រះសម្មតិទេព សូមព្រះអង្គត្រេកអរក្នុងចម្បាំង នេះជាសេចក្តីចូលចិត្តរបស់ទូលព្រះបង្គំជាខ្ញុំ) ។

[៣] អាមាត្យឈ្មោះសុនាមៈ បានស្តាប់ពាក្យអលាតសេនាបតីហើយ ក៏ក្រាបទូលដូច្នេះថា បពិត្រមហារាជ ពួកសត្រូវទាំងអស់ មកចុះអំណាចព្រះអង្គស្រាប់ហើយតើ ។ ពួកសត្រូវមានគ្រឿងសស្រ្តាដាក់ចុះហើយ តែងប្រព្រឹត្តបន្ទន់បន្ទាប មហោស្រពដ៏ឧត្តមនឹងមានក្នុងថ្ងៃនេះ ការច្បាំង ទូលព្រះបង្គំជាខ្ញុំមិនពេញចិត្តទេ ។ ជនទាំងឡាយ ចូរនាំយកបាយ ទឹក និងបង្អែមយ៉ាងឆាប់ មកថ្វាយព្រះអង្គ បពិត្រព្រះសម្មតិទេព សូមព្រះអង្គត្រេកអរក្នុងការរាំច្រៀង និងគ្រឿងប្រគុំដោយកាមទាំងឡាយចុះ ។

[៤] វិជយាមាត្យ បានស្តាប់ពាក្យសុនាមអាមាត្យហើយ ក៏ក្រាបទូលដូច្នេះថា បពិត្រមហារាជ កាមទាំងអស់ ប្រាកដដល់ព្រះអង្គជានិច្ចហើយតើ ។ បពិត្រព្រះសម្មតិទេព កាមទាំងនេះ ព្រះអង្គមិនមែនបានដោយក្រទេ កាលបើព្រះអង្គ (ប្រាថ្នា) រីករាយដោយកាមទាំងឡាយ កាមទាំងឡាយ ព្រះអង្គបានសព្វៗកាល នេះមិនមែនជាសេចក្តីពេញចិត្តរបស់ទូលព្រះបង្គំជាខ្ញុំទេ ។ សមណព្រាហ្មណ៍ណា អ្នកដឹងអត្ថ និងធម៌ ជាអ្នកស្វែងរកគុណ គប្បីបន្ទោបង់សេចក្តីសង្ស័យនៃយើងទាំងឡាយក្នុងថ្ងៃនេះបាន យើងទាំងឡាយ នឹងចូលទៅរកសមណព្រាហ្មណ៍ ជាពហុស្សូតនោះ ។

[៥] ព្រះរាជា ទ្រង់ព្រះនាមអង្គតិ ទ្រង់ព្រះសណ្តាប់ពាក្យនៃវិជយាមាត្យហើយ ទ្រង់ត្រាស់ថា ការណ៍នេះ ពេញចិត្តដល់យើងដូចវិជយាមាត្យពោល ។ សមណព្រាហ្មណ៍ណា ជាអ្នកដឹងអត្ថ និងធម៌ ជាអ្នកស្វែងរកគុណ គប្បីបន្ទោបង់សេចក្តីសង្ស័យនៃយើងទាំងឡាយបានក្នុងថ្ងៃនេះ យើងទាំងឡាយនឹងចូលទៅរកសមណព្រាហ្មណ៍ ជាពហុស្សូតនោះ ។ អ្នកទាំងអស់គ្នា ចូរធ្វើសេចក្តីយល់ចុះ យើងគួរចូលទៅរកបណ្ឌិតណាដែលជាអ្នកដឹងអត្ថ និងធម៌ ជាអ្នកស្វែងរកគុណ បន្ទោបង់សេចក្តីសង្ស័យនៃពួកយើងបានក្នុងថ្ងៃនេះ ។

[៦] អលាតសេនាបតី បានស្តាប់ព្រះបន្ទូលនៃព្រះបាទវិទេហៈហើយ ក៏ក្រាបទូលដូច្នេះថា មានអចេលកៈ ១ អង្គនេះ ដែលគេសន្មតថា ជាអ្នកប្រាជ្ញ គង់ក្នុងមិគទាយវ័ន ។ អចេលកៈនេះ ឈ្មោះគុណៈ ជាកស្សបគោត្រ ជាអ្នកចេះដឹង ជាអ្នកពោលពាក្យដ៏វិចិត្រ ជាគណាចារ្យ បពិត្រព្រះសម្មតិទេព យើងគួរចូលទៅរកអចេលកៈនោះ លោកនឹងបន្ទោបង់សេចក្តីសង្ស័យនៃពួកយើងបាន ។

[៧] ព្រះរាជា ទ្រង់ព្រះសណ្តាប់ពាក្យនៃអលាតសេនាបតីហើយ ទ្រង់បង្គាប់នាយសារថីថា យើងនឹងទៅកាន់មិគទាយវ័ន អ្នកចូរនាំយកនូវយានដែលទឹមហើយ មកក្នុងទីនេះ ។

[៨] ពួកនាយសារថី បានទឹមថ្វាយព្រះរាជានោះ នូវយានជាវិការៈនៃភ្លុក មានទ្រពងជាវិការៈនៃប្រាក់ មានប្រដាប់ជាបរិវារដ៏សរលង់ ហាក់ដូចមុខនៃរាត្រី ដែលប្រាសចាកទោស ឬដូចព្រះចន្រ្ទ (ពេញវង់) ក្នុងរថនោះ នាយសារថីបានទឹមសេះសិន្ធព  ៤  មានសម្បុរដូចផ្កាកុមុទ មានសន្ទុះលឿនប្រហែលនឹងសន្ទុះខ្យល់ ដែលបង្ហាត់ល្អហើយ ប្រដាប់ដោយកម្រងផ្កា ជាវិការៈនៃមាស ។ មានព្រះក្លស់ស រថស សេះស ស៊ែស ព្រះបាទវិទេហៈយាងទៅ (ដោយរថនោះ) ជាមួយនឹងពួកអាមាត្យ ក៏ល្អដូចជាព្រះចន្រ្ទ ។ ពលដ៏ច្រើន ជាអ្នកទ្រទ្រង់លំពែង និងដាវ ទាំងពួកជនអ្នកក្លាហាន ក៏ជិះលើខ្នងសេះ ហើយតាមដង្ហែព្រះរាជានោះ ដែលជាធំដ៏ប្រសើរជាងនរៈ ។ ព្រះបាទវិទេហៈជាក្សត្រនោះ ក៏យាងទៅកាន់ឧទ្យានដោយមួយរំពេច ទ្រង់ចុះពីយាន យាងផ្ទាល់ព្រះបាទជាមួយនឹងអាមាត្យ ក៏យាងទៅរកអាជីវក ឈ្មោះគុណៈ ។ គ្រានោះ ព្រាហ្មណ៍ និងគហបតីទាំងឡាយណា ដែលមកប្រជុំគ្នាក្នុងឧទ្យាននោះ ព្រះរាជាក៏មិនបណ្តេញព្រាហ្មណ៍ និងគហបតីទាំងនោះ ដែលមកកាន់ទីដែលមិនបានធ្វើឱកាស ។

[៩] លំដាប់នោះ ព្រះរាជានោះ ចូលទៅក្នុងទីដ៏សមគួរ (ប្រថាប់) លើពូកមានសម្ផ័ស្សទន់ លើកម្រាលដ៏វិចិត្រ មានសម្ផ័ស្សទន់ លើទីដែលគេក្រាលដោយកម្រាលដ៏ទន់ ។ ព្រះរាជាលុះគង់ហើយ ក៏រីករាយ (ជាមួយ) អចេលកៈ លំដាប់នោះ ទ្រង់ត្រាស់នូវពាក្យគួររលឹកថា បពិត្រលោកដ៏ចម្រើន សរីរៈរបស់លោក អាចប្រព្រឹត្តទៅបានទេឬ ធាតុខ្យល់មិនប្រព្រឹត្តទៅ (ស្រួលក្នុងសរីរៈ) ទេឬ ។ ការប្រព្រឹត្តិ (ចិញ្ចឹមជីវិត) របស់លោក មិនលំបាកទេឬ លោកបានដុំបាយខ្លះដែរឬ លោកមិនមានអាពាធទេឬ ចក្ខុរបស់លោកមិនសាបសូន្យទេឬ ។

[១០] អចេលកៈឈ្មោះគុណៈ បានរីករាយតបនឹងព្រះបាទវិទេហៈ ដែលទ្រង់ត្រេកអរក្នុងវិន័យដោយពាក្យថា បពិត្រមហារាជ អាត្មាភាពល្មមញុំាងសរីរៈឲ្យប្រព្រឹត្តទៅបាន ខាងដើមដំណើរទាំងអស់នុ៎ះ ដំណើរទាំងពីរដែលព្រះអង្គត្រាស់សួរហើយនោះ (ក៏ស្រួលដែរ) ។ បពិត្រព្រះបាទវិទេហៈ បច្ចន្តគ្រាមទាំងឡាយរបស់ព្រះអង្គ មិនបះបោរទេឬ យានរបស់ព្រះអង្គ មិនខូចខាតទេឬ វាហនៈនៅប្រព្រឹត្តទៅបានទេឬ ព្យាធិទាំងឡាយដែលដុតកំដៅសរីរៈរបស់ព្រះអង្គមិនមានទេឬ ។

[១១] លំដាប់នោះ ព្រះរាជាព្រះអង្គប្រសើរក្នុងរថ ទ្រង់បា្រថ្នាធម៌ ក៏រីករាយតប ទើបសួរអត្ថផង ធម៌ផង ហេតុដែលគួរដឹងផងថា បពិត្រកស្សបគោត្រ សត្វគប្បីប្រព្រឹត្តធម៌ក្នុងមាតាបិតា តើដូចម្តេច គប្បីប្រព្រឹត្តក្នុងអាចារ្យ តើដូចម្តេច គប្បីប្រព្រឹត្តក្នុងកូន និងប្រពន្ធ តើដូចម្តេច ។ គប្បីប្រព្រឹត្តក្នុងពួកមនុស្សចាស់ តើដូចម្តេច ក្នុងសមណព្រាហ្មណ៍ តើដូចម្តេច ក្នុងពួកពល តើដូចម្តេច គប្បីប្រព្រឹត្តក្នុងជនបទ តើដូចម្តេច ។ សត្វទាំងឡាយប្រព្រឹត្តធម៌ដូចម្តេច លះលោកនេះហើយ ទៅកាន់សុគតិ សត្វពួកខ្លះឋិតនៅក្នុងអធម៌ មានក្បាលសំយុងចុះ ធ្លាក់ទៅកាន់នរក តើដូចម្តេច ។

[១២] អចេលកៈជាកស្សបគោត្រ បានស្តាប់ព្រះបន្ទូលព្រះបាទវិទេហៈហើយ ក៏ទូលដូច្នេះថា បពិត្រមហារាជ សូមព្រះអង្គទ្រង់ព្រះសណ្តាប់នូវបទដែលពិត មិនឃ្លៀងឃ្លាតរបស់អាត្មាភាពចុះ ។ ផលល្អ និងអាក្រក់របស់បុគ្គលអ្នកប្រព្រឹត្តធម៌ មិនមានទេ បពិត្រព្រះសម្មតិទេព បរលោកក៏មិនមានដែរ ព្រោះថា ក្នុងលោកនេះ មាននរណាមកពីបរលោក ។ បពិត្រព្រះសម្មតិទេព មួយទៀត មាតាបិតា មិនមានទេ មាតា នឹងមានពីណា បិតា នឹងមានពីណា បុគ្គលដែលឈ្មោះថាអាចារ្យ មិនមានទេ បុគ្គលណា នឹងទូន្មានបុគ្គលដែលទូន្មានមិនបាន ។ សត្វទាំងឡាយ មានតុល្យភាពស្មើៗគ្នា សត្វទាំងឡាយជាអ្នកគោរពចំពោះបុគ្គលចាស់ មិនមានទេ កម្លាំងក្តី ព្យាយាមក្តី ក៏មិនមានដែរ បុរសអ្នកព្យាយាម នឹងមានពីណា ។ ព្រោះថា សត្វទាំងឡាយទៀង ដូចទូកតូចចងភ្ជាប់នឹងទូកធំ សត្វរមែងបានរបស់ដែលត្រូវបាន ផលទានក្នុងបរលោកនោះ នឹងមានពីណា ។ បពិត្រព្រះសម្មតិទេព ផលទានមិនមានទេ បពិត្រព្រះសម្មតិទេព សេចក្តីព្យាយាមមិនមានអំណាចទេ ទាន គឺពួកជនពាលទេតើបញ្ញត្តមក ពួកបណ្ឌិតចាំតែទទួលយកនូវទាននោះ ពួកជនពាលជាអ្នកមិនមានអំណាច សំគាល់ខ្លួនថាជាបណ្ឌិត រមែងឲ្យទានដល់បណ្ឌិតទាំងឡាយ ។

[១៣] ភ្លើង ដី ទឹក ខ្យល់ សុខ ទុក្ខ និងជីវិតទាំង ៧ នេះ ឈ្មោះថា ពួកទៀង ជាសភាវៈឲ្យដាច់មិនបាន ឲ្យកំរើកមិនបាន ។ ពួកទៀងទាំង ៧ នេះ គប្បីរស់នៅជាដរាប ដែលបុគ្គលកាត់ហើយ មិនឈ្មោះថាកាត់ បុគ្គលអ្នកសម្លាប់ក្តី បុគ្គលអ្នកកាត់ក្តីមិនមាន អ្នកណាឈ្មោះថាសម្លាប់អ្នកណាបាន ។ គ្រឿងសស្រ្តាទាំងឡាយ គ្រាន់តែចូលទៅក្នុងចន្លោះនៃពួក (ទៀង) ប៉ុណ្ណោះ បុគ្គលណាយកដាវដែលសំលៀងហើយ កាត់ក្បាលជនដទៃ បុគ្គលនោះមិនឈ្មោះថាកាត់ពួក (ទៀង) ទាំងនោះទេ ផលនៃបាបក្នុងការកាត់នោះនឹងមានពីណា ។ សត្វទាំងអស់ កាលអន្ទោលអស់មហាកប្ប ៨៤ ទើបបរិសុទ្ធឯង កាលបើមិនទាន់ដល់កាលនោះ បុគ្គលសូម្បីសង្រួម ក៏មិនបរិសុទ្ធ ។ កាលបើមិនទាន់ដល់កំណត់នោះ ពួកសត្វសូម្បីប្រព្រឹត្តល្អច្រើន ក៏មិនបរិសុទ្ធ ទុកជាធ្វើបាបច្រើន ក៏មិនកន្លងហួសនូវខណៈនោះដែរ ។ សេចក្តីបរិសុទ្ធនៃយើងទាំងឡាយ តាមលំដាប់នៃកប្ប ៨៤ យើងទាំងឡាយមិនកន្លងហួស (កម្រិត) ដ៏ទៀងនោះទេ ដូចសាគរមិនកន្លងហួសច្រាំង ។

[១៤] អលាតសេនាបតី លុះស្តាប់ពាក្យអចេលកៈ ជាកស្សបគោត្រហើយ ក៏ពោលដូច្នេះថា លោកដ៏ចម្រើនពោលយ៉ាងណា ពាក្យនោះពេញចិត្តខ្ញុំដែរ ។ខ្ញុំរលឹកជាតិរបស់ខ្លួនក្នុងកាលមុន ដែលអន្ទោលទៅហើយថា ក្នុងកាលមុន ខ្ញុំកើតជាមនុស្ស ប្រព្រឹត្តអាក្រក់ ឈ្មោះបិង្គលៈ ជាអ្នកសម្លាប់គោ ។ ខ្ញុំបានធ្វើបាបដ៏ច្រើន ក្នុងក្រុងពារាណសី ជាក្រុងសម្បូរ ខ្ញុំបានសម្លាប់សត្វដ៏ច្រើន គឺក្របី ជ្រូក ពពែ ។ លុះខ្ញុំច្យុតចាកអត្តភាពនោះ ក៏បានមកកើតក្នុងត្រកូលសេនាបតីដ៏ស្តុកស្តម្ភក្នុងទីនេះ ផលបាបរបស់ខ្ញុំមិនមានពិត បានជាខ្ញុំមិនទៅនរក ។

[១៥] គ្រានោះ ក្នុងក្រុងមិថិលា មានបុគ្គលកម្សត់ម្នាក់ ជាទាសៈឈ្មោះវីជកៈ រក្សាឧបោសថហើយ ចូលទៅកាន់សំណាក់នៃអចេលកៈឈ្មោះគុណៈ ។ វីជកៈ លុះស្តាប់ពាក្យរបស់គុណៈ ជាកស្សបគោត្រ និងពាក្យដែលអលាតសេនាបតីពោលហើយ ក៏ដកដង្ហើមចេញដ៏ក្តៅរឿយៗ យំបង្ហូរទឹកភ្នែក ។

[១៦] ព្រះបាទវិទេហៈ ទ្រង់ត្រាស់សួរវីជកៈនោះថា ម្នាលសម្លាញ់ អ្នកយំ តើដើម្បីអ្វី អ្នកបានឮ ឬបានឃើញអ្វី អ្នកដល់នូវទុក្ខវេទនាដូចម្តេច ចូរបា្រប់ឲ្យយើងដឹងផង ។

[១៧] វីជកៈបានស្តាប់ព្រះបន្ទូលព្រះបាទវិទេហៈហើយ ក្រាបបង្គំទូលថា បពិត្រមហារាជ ទុក្ខវេទនារបស់ទូលព្រះបង្គំជាខ្ញុំមិនមានទេ សូមព្រះអង្គទ្រង់ព្រះសណ្តាប់ចុះ ។ ទូលព្រះបង្គំជាខ្ញុំរលឹកឃើញនូវសេចក្តីសុខរបស់ទូលព្រះបង្គំជាខ្ញុំ ក្នុងជាតិមុន កាលដែលបានកើតជាភាវសេដ្ឋី ជាអ្នកត្រេកអរក្នុងគុណធម៌ក្នុងបូរីឈ្មោះសាកេត ។ ទូលព្រះបង្គំជាខ្ញុំត្រូវពួកព្រាហ្មណ៍ និងគហបតីសរសើរហើយថា ជាអ្នកត្រេកអរក្នុងការចែករំលែកទាន ជាអ្នកមានការងារដ៏ស្អាត តែទូលព្រះបង្គំជាខ្ញុំមិនហ៊ាននឹកនានូវអំពើអាក្រក់របស់ខ្លួនដែលធ្វើហើយទេ ។ បពិត្រព្រះបាទវិទេហៈ ទូលព្រះបង្គំជាខ្ញុំលុះច្យុតចាកអត្តភាពនោះ ក៏មកកើតក្នុងគភ៌នៃកុម្ភទាសី ជាស្រីទុគ៌តក្នុងក្រុងមិថិលានេះ តាំងពីកើតមក ទូលព្រះបង្គំជាខ្ញុំទុគ៌តក្រៃពេក ។ សូម្បីទូលព្រះបង្គំជាខ្ញុំទុគ៌តយ៉ាងនេះ ក៏តាំងនៅក្នុងការប្រព្រឹត្តិស្មើ តែងឲ្យភត្តពាក់កណ្តាល ដល់បុគ្គលអ្នកត្រូវការ ។ តែងរក្សា (ឧបោសថ) អស់ថ្ងៃទី ១៤ និងថ្ងៃទី ១៥ សព្វៗ កាល ទាំងមិនបៀតបៀនសត្វផង បានវៀរបង់ការលួចលាក់ផង ។ អំពើដែលសន្សំល្អហើយទាំងអស់នេះ ជារបស់ឥតផល ដោយពិត ទូលព្រះបង្គំជាខ្ញុំសំគាល់ថា សីលនេះមិនមានប្រយោជន៍ទេ ដូចជាអលាតសេនាបតីពោលដែរ ។ ដែលទូលព្រះបង្គំជាខ្ញុំទទួលទុក្ខទោសដោយជាក់ស្តែងនេះ ដូចជាអ្នកលេងដែលមិនមានសិល្បៈ ឬដូចជាអលាតសេនាបតី ជាអ្នកលេងស្កាបានរៀនហើយ ក៏បានទទួលការឈ្នះ ។ ទូលព្រះបង្គំមិនឃើញទ្វារ សម្រាប់ទៅសុគតិសោះ បពិត្រព្រះរាជា ព្រោះហេតុនោះ បានជាទូលព្រះបង្គំជាខ្ញុំយំទួញ ព្រោះបានស្តាប់ភាសិតនៃអចេលកៈ ជាកស្សបគោត្រ ។

[១៨] ព្រះរាជាព្រះនាមអង្គតិ ទ្រង់ព្រះសណ្តាប់ពាក្យវីជកៈហើយ ទ្រង់ត្រាស់ថា ម្នាលវីជកៈ ទ្វារនៃសុគតិមិនមានទេ អ្នកចូរសង្ឃឹមការដ៏ទៀងចុះ ។ បានឮថា សុខ ឬទុក្ខជារបស់ទៀង ដែលពួកសត្វរមែងតែបានសេចក្តីបរិសុទ្ធិ ព្រោះសង្សាររបស់សត្វទាំងអស់ (រមែងមាន) អ្នកកុំប្រញាប់ចង់ឃើញក្នុងកាលដែលមិនទាន់ដល់ (កំណត់នោះ) ឡើយ ។ ក្នុងកាលមុន យើងជាបុគ្គលល្អ បានខ្វល់ខ្វាយ (បម្រើ) នូវពួកព្រាហ្មណ៍ និងគហបតី កាលប្រៀនប្រដៅនូវវោហារ (រាជកិច្ច) ក៏សាបសូន្យចាកសេចក្តីត្រេកអរ (ក្នុងកាមគុណ) ជាលំដាប់ ។

[១៩] ព្រះរាជា ទ្រង់ត្រាស់នឹងអចេលកៈ ជាកស្សបគោត្រថា បពិត្រលោកដ៏ចម្រើន ប្រសិនបើមានការប្រជុំ យើងនឹងជួបគ្នាម្តងទៀត ។ ព្រះបាទវិទេហៈ ទ្រង់ត្រាស់ព្រះតម្រាស់នេះហើយ ទ្រង់ត្រឡប់ទៅកាន់ព្រះនិវេសន៍របស់ព្រះអង្គវិញ ។

[២០] លំដាប់នោះ លុះរាត្រីអស់ហើយ ព្រះបាទអង្គតិ ទ្រង់ប្រជុំពួកអាមាត្យក្នុងទីជាទីបម្រើ ហើយត្រាស់ព្រះតម្រាស់ដូច្នេះថា អាមាត្យទាំងឡាយ ចូរចាត់ចែងកម្មទាំងឡាយក្នុងវិមានចន្ទក៍របស់យើងសព្វៗកាល នាកាលសេចក្តីកំបាំង និងសេចក្តីជាក់ស្តែងកើតឡើងហើយ អាមាត្យឯណានីមួយ កុំមករកយើងឡើយ ។ អាមាត្យឈ្មោះវិជយៈ ១ ឈ្មោះសុនាមៈ ១ អលាតសេនាបតី ១ ទាំង ៣ នេះ ជាអ្នកឈ្លាសវៃក្នុងវោហារ (រាជកិច្ច) ចូរអង្គុយក្នុងទីជាទីវិនិច្ឆ័យសេចក្តីនេះចុះ ។ ព្រះបាទវិទេហៈ លុះទ្រង់ត្រាស់ព្រះតម្រាស់នេះហើយ ក៏សំគាល់កាមទាំងឡាយដ៏ច្រើន ឈប់ខ្វល់ខ្វាយចំពោះព្រាហ្មណ៍គហបតី និងសេចក្តីណានីមួយ ។

[២១] តាំងពីកាលនោះមក រហូតដល់រាត្រី ១៤ នាងរាជកញ្ញារបស់ព្រះបាទវិទេហៈព្រះនាមរុចា ជាធីតាបង្កើត ជាទីស្រឡាញ់ បានពោលចំពោះមេនំថា នែម៉ែ សូមម៉ែប្រដាប់ស្អិតស្អាងខ្ញុំ ទាំងពួកស្ត្រីជាសម្លាញ់របស់ខ្ញុំ ក៏ចូរប្រដាប់ស្អិតស្អាងដែរ ស្អែកជាថ្ងៃទី ១៥ ជាថ្ងៃទិព្វ ខ្ញុំនឹងទៅកាន់សំណាក់បិតា ។ ស្ត្រីទាំងឡាយ បាននាំមកនូវផ្កាកម្រង ខ្លឹមចន្ទន៍ កែវមុណី ស័ង្ខ កែវមុក្តា មានតម្លៃដ៏ច្រើន និងសំពត់អម្ពរណ៍មានពណ៌ក្រហមផ្សេងៗ ថ្វាយព្រះរាជកញ្ញានោះ ។ ពួកស្ត្រីដ៏ច្រើន បានចោមរោមព្រះរាជកញ្ញាព្រះនាមរុចានោះ ដែលមានសម្បុរដ៏រុងរឿង កំពុងគង់លើតាំងជាវិការៈនៃមាស ។

[២២] ឯនាងរុចានោះ ស្អិតស្អាងដោយគ្រឿងអាភរណៈទាំងពួង ឋិតនៅក្នុងកណ្តាលនៃពួកស្ត្រីជាសម្លាញ់ បានចូលទៅកាន់វិមានចន្ទក៍ ដូចជាផ្លេកបន្ទោរអាស្រ័យមេឃ ។ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះបាទវិទេហៈ ដែលទ្រង់ត្រេកអរក្នុងវិន័យ ហើយយាងចូលទៅគង់លើតាំង ដែលវិចិត្រដោយមាសក្នុងទីសមគួរ ។

[២៣] ព្រះបាទវិទេហៈ ទ្រង់ទតឃើញការប្រជុំនោះ ដូចជាទីប្រជុំពួកស្រ្តីទេពអប្សរ ទើបត្រាស់ព្រះតម្រាស់នេះនឹងនាងរុចា ដែលឋិតនៅត្រង់កណ្តាលនៃពួកស្រ្តីជាសម្លាញ់ថា នាងត្រេកអរក្នុងប្រាសាទ ស្រះបោក្ខរណីខាងក្នុងដែរឬ ពួកជនបាននាំមកនូវបង្អែមមានប្រការដ៏ច្រើន ដល់នាងសព្វកាលដែរឬ ។ នាងទាំងឡាយជាកុមារី បានក្រងកម្រងផ្កាដ៏ច្រើន ជាស្ត្រីនៅលេងល្បែង ត្រេកអរដោយសេចក្តីសប្បាយ បានធ្វើផ្ទះតូចៗទាំងឡាយផ្សេងៗគ្នាខ្លះដែរឬ ។ មួយទៀត នាងខ្វះខាតដោយវត្ថុអ្វី ជនទាំងឡាយបាននាំមកយ៉ាងឆាប់ ដល់នាងដែរឬ ម្នាលនាងមានភក្រ្តផាត់លាបល្អ នាងចូរធ្វើតាមចិត្តចុះ សូម្បីរបស់ស្មើដោយព្រះចន្ទ ក៏ឪពុកផ្តល់ឲ្យនាងដែរ ។

[២៤] នាងរុចា បានស្តាប់ព្រះរាជឱង្ការព្រះបាទវិទេហៈហើយ ទូលតបព្រះបិតាថា បពិត្រមហារាជ របស់ទាំងអស់នុ៎ះ ខ្ញុំម្ចាស់តែងបានក្នុងសំណាក់របស់ព្រះអង្គ ជាឥស្សរៈ ។ ស្អែកជាថ្ងៃទី ១៥ ជាទិព្យ សូមឲ្យពួកជននាំកហាបណៈមួយពាន់ដល់ខ្ញុំម្ចាស់ៗ នឹងឲ្យទានចំពោះវណិព្វកៈទាំងអស់ តាមទំនងដែលខ្ញុំម្ចាស់ធ្លាប់ឲ្យហើយ ។

[២៥] ព្រះរាជាអង្គតិ ទ្រង់ព្រះសណ្តាប់ពាក្យនាងរុចាហើយ ទ្រង់ត្រាស់ថា ទ្រព្យដ៏ច្រើន ឈ្មោះថានាងធ្វើឲ្យវិនាស ធ្វើឲ្យឥតប្រយោជន៍ ធ្វើឲ្យឥតផលហើយ ។ នាងរក្សាឧបោសថ មិនបរិភោគបាយទឹកជានិច្ច ឯបាយ និងទឹកដែលនាងមិនបរិភោគនេះ ជារបស់ទៀង បុណ្យមិនមានដល់បុគ្គលដែលមិនបរិភោគទេ ដូចយ៉ាងទាសៈឈ្មោះវីជកៈ បានស្តាប់ភាសិតអចេលកៈ ជាកស្សបគោត្រ ក្នុងកាលនោះ ក៏ដកដង្ហើមចេញដ៏ក្តៅរឿយៗ យំសម្រក់ទឹកភ្នែក ។ ម្នាលនាងរុចា នាងកាលរស់នៅដរាបណា កុំអត់បាយឡើយ ម្នាលនាងដ៏ចម្រើន បរលោកមិនមានទេ ព្រោះហេតុអ្វី នាងប្រឹងឲ្យលំបាកឥតប្រយោជន៍ ។

[២៦] នាងរុចាមានសម្បុរដ៏រុងរឿង បានស្តាប់ព្រះបន្ទូលព្រះបាទវិទេហៈ កាលដឹងធម៌ខាងដើម និងខាងចុង ទើបពោលពាក្យនេះនឹងបិតាថា ពីដើម ខ្ញុំម្ចាស់គ្រាន់តែឮ (ថ្ងៃនេះ) រឿងនេះ ខ្ញុំម្ចាស់ឃើញជាក់ច្បាស់ហើយថា បុគ្គលណាសេពគប់នឹងជនពាល បុគ្គលនោះ ទៅជាបុគ្គលពាលដែរ ។ ដ្បិតថា បុគ្គលវង្វេងអាស្រ័យនឹងបុគ្គលវង្វេង រមែងដល់សេចក្តីវង្វេងដ៏លើសលុប អលាតសេនាបតី និងទាសៈឈ្មោះវីជកៈគួរវង្វេងទៅចុះ (តែព្រះអង្គកុំវង្វេងឡើយ) ។

[២៧] បពិត្រព្រះសម្មតិទេព ព្រះអង្គប្រកបដោយបញ្ញា ជាអ្នកប្រាជ្ញ ឈ្លាសក្នុងសេចក្តីចម្រើន ហេតុអ្វីព្រះអង្គប្រហែលនឹងពួកជនពាល ហើយលុះទិដ្ឋិថោកទាប ។

ប្រសិនបើសត្វបរិសុទ្ធដោយគន្លងនៃសំសារ បព្វជ្ជានៃអចេលកៈឈ្មោះគុណៈ ក៏មិនមានប្រយោជន៍ដែរ អចេលកៈឈ្មោះគុណៈ ជាអ្នកវង្វេងដោយមោហៈ ដល់នូវភាពជាអ្នកអាក្រាត ដូចជាសត្វកណ្តូបទម្លាក់ខ្លួនក្នុងភ្លើងកំពុងឆេះ ។ ជនទាំងឡាយច្រើននាក់ កាលមិនដឹង ត្រូវអចេលកៈឈ្មោះគុណៈទូន្មានហើយក្នុងកាលមុនថា សេចក្តីបរិសុទ្ធិ ព្រោះសំសារដូច្នេះ ក៏បដិសេធនូវកម្មចេញ ប្រយោជន៍ដែលជនកាន់មិនល្អហើយ ក្នុងកាលមុន ក៏ទៅជាទោស ដូចត្រីដែលរួចអំពីសន្ទូចបានដោយក្រ ។

[២៨] បពិត្រមហារាជ ខ្ញុំម្ចាស់នឹងធ្វើឧបមាថ្វាយព្រះអង្គ ដើម្បីប្រយោជន៍ដល់ព្រះអង្គ ព្រោះថា បណ្ឌិតពួកខ្លះក្នុងលោកនេះ រមែងដឹងសេចក្តីដោយពាក្យឧបមា ។ ទូករបស់ពួកឈ្មួញផ្ទុកភារៈធ្ងន់ហួសប្រមាណ នាំទៅនូវភារៈធ្ងន់លើសលុប រមែងលិចក្នុងសមុទ្រយ៉ាងណា នរជនកាលសន្សំបាបបន្តិចម្តងៗ ឈ្មោះថាជាអ្នកកាន់យកនូវភារៈដ៏លើសលុប រមែងលិចក្នុងនរកយ៉ាងនោះដែរ ។ បពិត្រព្រះអង្គជាម្ចាស់ផែនដី ភារៈដ៏ធ្ងន់របស់អលាតសេនាបតី មិនទាន់ពេញប្រៀបនៅឡើយ អលាតសេនាបតីទៅកាន់ទុគ្គតិ ព្រោះបាបណា គាត់នៅតែសន្សំបាបនោះ ។ បពិត្រព្រះអង្គជាម្ចាស់ផែនដី អលាតសេនាបតីបានធ្វើបុណ្យហើយក្នុងកាលមុន បពិត្រព្រះសម្មតិទេព ឯអលាតសេនាបតីនុ៎ះបានសុខ ព្រោះអានិសង្សបុណ្យដែលគាត់ធ្វើហើយ ក្នុងកាលមុននោះឯង ។ បុណ្យនោះរបស់គាត់អស់ហើយ បានជាគាត់ត្រេកអរក្នុងអកុសលកម្ម លះបង់នូវផ្លូវត្រង់ ហើយដើរទៅតាមផ្លូវវៀចវិញ ។ កាលវត្ថុធ្ងន់ដែលគេដាក់ក្នុងមណ្ឌលនៃជញ្ជីង ជញ្ជីងក៏បះ កាលបើភារៈគេដាក់ចេញហើយ ក្បាលជញ្ជីងក៏ងើបឡើង យ៉ាងណាមិញ ។ នរជនកាលសន្សំបុណ្យសូម្បីបន្តិចម្តងៗ ដូចជាទាសៈឈ្មោះវីជកៈ កាលប្រាថ្នាឋានសួគ៌ ត្រេកអរក្នុងកុសលកម្ម មានផលល្អ ក៏យ៉ាងនោះដែរ ។ បាបណាដែលវីជកៈនោះបានធ្វើទុកក្នុងកាលមុន ទាសៈឈ្មោះវីជកៈឃើញទុក្ខណា ចំពោះខ្លួនក្នុងថ្ងៃនេះ ព្រោះគាត់បានធ្វើបាបក្នុងជាតិមុន បានជាគាត់ទទួលទុក្ខនោះ ។ បាបរបស់គាត់នោះអស់ បានជាគាត់ត្រេកអរក្នុងវិន័យ សូមព្រះអង្គកុំគប់រកអចេលកៈ ឈ្មោះគុណៈជាកស្សបគោត្រ ហើយមកកាន់ផ្លូវខុសឡើយ ។

[២៩] បពិត្រព្រះរាជា បុគ្គលគប់រកបុគ្គលណាៗ ជាសប្បុរស ឬជាអសប្បុរស មានសីល ឬមិនមានសីល រមែងលុះនូវអំណាចនៃបុគ្គលនោះៗឯង ។ បុគ្គលធ្វើបុគ្គលបែបណាឲ្យជាមិត្រផង សេពបុគ្គលបែបណាផង បុគ្គលនោះ រមែងប្រាកដដូចបុគ្គលនោះដែរ ព្រោះថា ការនៅរួមគ្នា រមែងប្រាកដដូច្នោះ ។ អាចារ្យដែលកូនសិស្សពាល់ត្រូវហើយ រមែងប្រឡាក់កូនសិស្ស ដែលមិនទាន់ប្រឡាក់ កាលកូនសិស្សពាល់ត្រូវអាចារ្យដទៃ រមែងប្រឡាក់ ដូចព្រួញលាបថ្នាំពិស ប្រឡាក់បំពង់ព្រួញដូច្នោះ អ្នកប្រាជ្ញមិនត្រូវមានសម្លាញ់ដ៏លាមក ព្រោះខ្លាចអំពីការប្រឡាក់ ។ ជនណាខ្ចប់ត្រីស្អុយដោយស្បូវភ្លាំង ស្បូវភ្លាំងរបស់ជននោះ ទៅជាមានក្លិនស្អុយផ្សាយទៅ យ៉ាងណាមិញ ការសេពគប់នឹងបុគ្គលពាល ក៏យ៉ាងនោះដែរ ។ ជនណាខ្ចប់ក្រឹស្នាដោយស្លឹកឈើ ស្លឹកឈើរបស់ជននោះ ទៅជាមានក្លិនក្រអូបផ្សាយទៅ យ៉ាងណាមិញ ការសេពបុគ្គលជាអ្នកប្រាជ្ញ ក៏យ៉ាងនោះដែរ ។ ព្រោះហេតុនោះ បណ្ឌិតកាលដឹងច្បាស់នូវភាពនៃខ្លួន ដែលប្រែប្រួលបាន ដូចជាកញ្ចប់នៃស្លឹកឈើ មិនត្រូវសេពអសប្បុរសទេ ត្រូវសេពតែពួកសប្បុរស ព្រោះថា ពួកអសប្បុរសតែងនាំទៅកាន់នរក ពួកសប្បុរស តែងឲ្យដល់សុគតិ ។

[៣០] ខ្ញុំម្ចាស់បានរឭកឃើញនូវភាពនៃខ្លួន ដែលអន្ទោលទៅមកអស់ ៧ ជាតិមក ហើយ និង ៧ ជាតិ (ទៀត) ដែលខ្ញុំម្ចាស់នឹងច្យុតចាកអត្តភាពនេះ ទៅក្នុងអនាគត ។ បពិត្រព្រះអង្គជាធំជាងជន ក្នុងកាលមុន ជាតិណារបស់ខ្ញុំម្ចាស់ជាគំរប់ ៧ (ក្នុងជាតិនោះ) ខ្ញុំម្ចាស់បានកើតជាកូនជាងមាសក្នុងរាជគហបូរី ក្នុងដែនមគធៈ ។ បាបដ៏ច្រើន ខ្ញុំម្ចាស់បានធ្វើហើយ ព្រោះអាស្រ័យសម្លាញ់ដ៏លាមក ខ្ញុំម្ចាស់ទាំងពីរនាក់ កាលបៀតបៀនប្រពន្ធនៃបុគ្គលដទៃ ប្រព្រឹត្ត (ខ្លួន) ដូចមិនស្លាប់ ។ អំពើនោះ កប់នៅដូចភ្លើងដែលកប់ក្នុងផេះ បពិត្រមហារាជ តទៅ ខ្ញុំម្ចាស់បានកើតក្នុងវំសភូមិ ក្រុងកោសម្ពី ជាកូនប្រុសតែមួយ មានគេធ្វើសក្ការបូជាជានិច្ចក្នុងត្រកូលសេដ្ឋី ជាត្រកូលស្តុកស្តម្ភ សម្បូរ មានទ្រព្យច្រើន ដោយកម្មដទៃ ។ ក្នុងកាលនោះ ខ្ញុំម្ចាស់បានសេពគប់មិត្រសម្លាញ់ អ្នកត្រេកអរក្នុងកុសល ជាបណ្ឌិតអ្នកបរិបូណ៌ដោយការចេះដឹង មិត្រនោះ បានតម្កល់ខ្ញុំម្ចាស់ក្នុងអំពើជាប្រយោជន៍ ។ ខ្ញុំម្ចាស់បានរក្សាឧបោសថអស់រាត្រីទី ១៤ និងទី ១៥ ដ៏ច្រើន កម្មនោះនៅកប់ដូចកំណប់ក្នុងទឹក ។ ក៏បណ្តាបាបកម្មទាំងឡាយ បរទារកកម្មណា ដែលខ្ញុំម្ចាស់បានធ្វើហើយ ក្នុងដែនមគធៈ ផល (នៃបរទារកកម្ម) នោះ ផ្តល់ក្នុងកាលជាខាងក្រោយ ដូចបុគ្គលអ្នកបរិភោគភោជន ដែលលាយដោយពិសដ៏កាចដូច្នោះ ។ បពិត្រព្រះបាទវិទេហៈ ខ្ញុំម្ចាស់ច្យុតចាកត្រកូលសេដ្ឋីនោះមក ក៏ឆេះក្នុងរោរុពនរកអស់កាលដ៏យូរ ដោយកម្មរបស់ខ្លួន ខ្ញុំម្ចាស់កាលរឭកឃើញទុក្ខក្នុងនរកនោះ រមែងមិនបានសេចក្តីសុខ ។ ខ្ញុំម្ចាស់ញ៉ាំងសេចក្តីទុក្ខដ៏ច្រើនឲ្យអស់ទៅក្នុងរោរុពនរកនោះ អស់ពួកនៃឆ្នាំដ៏ច្រើន បានមកកើតជាពពែ គេក្រៀវអណ្ឌៈ ក្នុងក្រុងភិន្នាគតៈ ។

[៣១] ខ្ញុំម្ចាស់បាននាំពួកកូនអាមាត្យដោយខ្នងផង ដោយរថផង (ការឆេះក្នុងរោរុពនរកជាដើមនោះ) ជាផលកម្ម គឺការគប់រកប្រពន្ធបុគ្គលដទៃនៃខ្ញុំម្ចាស់នោះ ។ បពិត្រព្រះបាទវិទេហៈ ខ្ញុំម្ចាស់ច្យុតចាកអត្តភាពនោះហើយ ក៏កើតជាស្វាក្នុងព្រៃធំ ត្រូវស្វាជាម្ចាស់ហ្វូង ជាសត្វឃ្នើសឃ្នង ខាំកាត់ពូជចេញ នេះជាផលកម្ម គឺការគប់រកប្រពន្ធបុគ្គលដទៃនៃខ្ញុំម្ចាស់នោះ ។ បពិត្រព្រះបាទវិទេហៈ ខ្ញុំម្ចាស់ច្យុតចាកអត្តភាពនោះហើយ បានកើតជាគោក្នុងដែនទសន្នៈ ជាគោដ៏ចម្រើន មានសន្ទុះលឿន ត្រូវគេក្រៀវ ខ្ញុំម្ចាស់បានអូសរទេះអស់កាលដ៏យូរ នេះជាផលកម្ម គឺការគប់រកប្រពន្ធអ្នកដទៃនៃខ្ញុំម្ចាស់នោះ ។ បពិត្រព្រះបាទវិទេហៈ ខ្ញុំម្ចាស់ច្យុតចាកអត្តភាពនោះហើយ បានមក (កើត) ក្នុងត្រកូលក្នុងដែនវជ្ជី ក្នុងភាពជាមនុស្ស ដែលគេបានដោយក្រ តែមិនមែនស្រីមិនមែនប្រុស (ខ្ទើយ) នេះជាផលកម្ម គឺការគប់រកប្រពន្ធបុគ្គលដទៃនៃខ្ញុំម្ចាស់នោះ ។ បពិត្រព្រះបាទវិទេហៈ ខ្ញុំម្ចាស់ច្យុតចាកអត្តភាពនោះហើយ បានកើតជាស្រីអប្សរ មានវណ្ណៈគួរប្រាថ្នា ក្នុងនន្ទវនឧទ្យាន ក្នុងឋានតាវត្តិង្ស ។ មានសំពត់ និងគ្រឿងអាភរណៈដ៏វិចិត្រ ពាក់កុណ្ឌលជាវិការៈនៃកែវមុណី ជាស្រីឈ្លាសក្នុងការរាំ និងច្រៀង ជាស្រីបម្រើទេវរាជឈ្មោះសក្កៈ ។ បពិត្រព្រះបាទវិទេហៈ ខ្ញុំម្ចាស់ឋិតនៅក្នុងឋានតាវត្តិង្សនោះ រលឹកឃើញជាតិ ៧ ដែលខ្ញុំម្ចាស់នឹងទៅក្នុងអនាគត ។ កុសលណា ដែលខ្ញុំម្ចាស់បានធ្វើហើយក្នុងក្រុងកោសម្ពី កុសលនោះ តាមមកឲ្យផល ខ្ញុំម្ចាស់ច្យុតចាកអត្តភាពជាទេពធីតានុ៎ះ នឹងអន្ទោលទៅហើយក្នុងទេវលោក និងមនុស្សលោក ។ បពិត្រមហារាជ ខ្ញុំម្ចាស់ដែលគេធ្វើសក្ការបូជាជានិច្ចអស់ជាតិទាំងឡាយ ៧ តែខ្ញុំម្ចាស់នឹងមិនរួចហើយចាកភាពជាស្រីអស់គតិ ៦ នេះ ។ បពិត្រព្រះសម្មតិទេព ក្នុងគតិជាគំរប់ ៧ ខ្ញុំម្ចាស់នឹងកើតជាទេវតាប្រុស ជាទេវបុត្រមានឫទិ្ធច្រើនដ៏ឧត្តមក្នុងពួកទេវតា ។ ក៏ក្នុងថ្ងៃនេះ នាងទេពកញ្ញាទាំងឡាយ នៅកំពុងតែក្រងផ្កាជាផ្ទាំង ក្នុងនន្ទនវ័ន ទេវបុត្រឈ្មោះជវៈ (ជាស្វាមីខ្ញុំម្ចាស់នោះ) កំពុងទទួលកម្រងផ្កាដើម្បីខ្ញុំម្ចាស់ ។ ១៦ ឆ្នាំ ក្នុងជាតិរបស់ខ្ញុំម្ចាស់នេះ ហាក់ដូចជាកាលទិព្វនោះមួយរំពេច មួយយប់ មួយថ្ងៃទិព្វនោះ ជា ១០០ ឆ្នាំរបស់មនុស្ស ។ កម្មទាំងឡាយ រមែងអន្ទោលតាម អស់ជាតិជាអសង្ខេយ្យដូច្នេះឯង ដ្បិតថា កម្មល្អក្តី លាមកក្តី មិនវិនាសទេ ។

[៣២] ប្រុសណាប្រាថ្នាឲ្យបានជាភេទប្រុសរាល់ៗជាតិ ត្រូវវៀរប្រពន្ធបុគ្គលដទៃ ដូចជាបុគ្គលអ្នកមានជើងលាងហើយ វៀរបង់នូវភក់ដូច្នោះ ។ ស្រ្តីណាប្រាថ្នាឲ្យបានជាប្រុសរាល់ៗជាតិ ត្រូវគោរពប្តី ដូចជាពួកស្រីអប្សរ ជាអ្នកបំរើ គោរពព្រះឥន្ទដូច្នោះ ។ បុគ្គលណាចង់បានភោគៈជាទិព្វ អាយុ យស និងសុខជាទិព្វ ត្រូវវៀរបង់អំពើបាបទាំងឡាយ ប្រព្រឹត្តសុច្ចរិតធម៌ ៣ យ៉ាង ។ ស្រ្តីក្តី បុរសក្តី ជាអ្នកមិនធ្វេសប្រហែសដោយកាយ វាចា ចិត្ត មានប្រាជ្ញាជាគ្រឿងពិចារណា ឈ្មោះថា កើតមកដើម្បីប្រយោជន៍របស់ខ្លួន ។

ពួកមនុស្សណានីមួយ ក្នុងជីវលោក ជាអ្នកមានយស មានភោគៈបរិបូណ៌ទាំងអស់ ពួកមនុស្សទាំងនោះ បានសន្សំកម្មល្អហើយក្នុងកាលមុន ដោយឥតសង្ស័យ សត្វទាំងអស់ជាច្រើន សុទ្ធតែមានកម្មជារបស់ខ្លួន ។ បពិត្រព្រះសម្មតិទេព សូមព្រះអង្គទ្រង់ត្រិះរិះរឿយៗ ដោយព្រះអង្គឯងចុះ បពិត្រព្រះអង្គ ជាធំជាងជន ស្រ្តីទាំងឡាយណា របស់ព្រះអង្គ ប្រាកដស្មើដោយស្រីអប្សរ មានខ្លួនប្រដាប់ហើយ បិទបាំងដោយបណ្តាញមាស តើស្រ្តីទាំងនេះរបស់ព្រះអង្គ មានអ្វីជាហេតុ ។

ព្រះរាជកញ្ញាព្រះនាមរុចា ញ៉ាំងព្រះបាទអង្គតិ ជាព្រះបិតាឲ្យត្រេកអរយ៉ាងនេះ ដូច្នេះឯង នាងជាអ្នកមានវត្តល្អ បានប្រាប់ផ្លូវ (សុគតិ) ដល់ព្រះបិតា (ដូចបុគ្គលប្រាប់ផ្លូវ) ដល់មនុស្សវង្វេង នាងបានសំដែងសុចរិតធម៌ ។

[៣៣] គ្រានោះ នារទព្រហ្ម មកពីព្រហ្មលោក មកកាន់គន្លងជារបស់មនុស្ស ប្រមើលមើលជម្ពូទ្វីប ក៏បានឃើញព្រះបាទអង្គតិ ។ លំដាប់នោះ នារទព្រហ្មឋិតនៅឰដ៏អាកាសក្នុងប្រាសាទ ខាងមុខនៃព្រះបាទវិទេហៈ នាងរុចាបានឃើញនារទព្រហ្មនោះ ដែលមកដល់ហើយ ក៏ថ្វាយបង្គំនារទព្រហ្មដែលតំណែងខ្លួនជាឥសី ។

[៣៤] គ្រានោះ ព្រះរាជាមានព្រះហ្ឫទ័យតក់ស្លុត ក៏ចុះអំពីអាសនៈ ហើយសាកសួរនារទព្រហ្ម ទើបត្រាស់ព្រះបន្ទូលដូច្នេះថា លោកមានវណ្ណៈដូចទេវតា ញ៉ាំងទិសទាំងអស់ឲ្យភ្លឺដូចព្រះចន្ទ តើទើបនឹងមកអំពីទីណា យើងសួរហើយ លោកចូរប្រាប់នាម និងគោត្រ មនុស្សទាំងឡាយក្នុងមនុស្សលោក តើគេស្គាល់ដូចម្តេចបាន ។

[៣៥] (នារទព្រហ្ម…) អាត្មាភាពទើបនឹងមកអំពីទេវលោក ក្នុងកាលឥឡូវនេះ ញ៉ាំងទិសទាំងអស់ឲ្យភ្លឺដូចព្រះចន្ទ អាត្មាភាពដែលព្រះអង្គសួរហើយ នឹងទូលនាម និងគោត្រថា មនុស្សទាំងឡាយស្គាល់អាត្មាភាពថា ឈ្មោះនារទៈ ជាកស្សបគោត្រ ។

[៣៦] (ព្រះរាជា…) សណ្ឋានរបស់លោកប្រាកដយ៉ាងណាផង លោកកំពុងដើរក្តី កំពុងឈរក្តី ឰដ៏អាកាសផង (នេះ) មានសភាពជាអស្ចារ្យ បពិត្រនារទៈ ខ្ញុំសួរសេចក្តីនេះនឹងលោក តើឫទ្ធិរបស់លោកនេះ មានដោយហេតុអ្វី ។

[៣៧] (នារទព្រហ្ម…) សច្ចៈ ១ ធម៌ ១ ទមៈ ១ ចាគៈ ១ គុណធម៌នេះ អាត្មាភាព បានសាងមកហើយ អំពីជាតិមុន អាត្មាភាពមានសន្ទុះចិត្តទៅតាមប្រាថ្នាបាន ព្រោះធម៌ដែលអាត្មាភាពសេពល្អហើយទាំងនោះឯង ។

[៣៨] (ព្រះរាជា…) ឥឡូវនេះ លោកប្រាប់ការសម្រេចនៃបុណ្យជារបស់អស្ចារ្យហើយ បពិត្រនារទៈ ប្រសិនបើដូចជាលោកពោលយ៉ាងនេះមែន ខ្ញុំសូមសួរសេចក្តីនេះនឹងលោកទៀត បើខ្ញុំសួរហើយ សូមលោកឆ្លើយឲ្យប្រពៃចុះ ។

[៣៩] (នារទព្រហ្ម…) បពិត្រព្រះរាជាជាភូមិបាល ព្រះអង្គធ្វើសេចក្តីសង្ស័យណាសូមទ្រង់សួរអាត្មាភាពចុះ អាត្មាភាពជាប្រយោជន៍របស់ព្រះអង្គហើយ អាត្មាភាពនឹងញ៉ាំងព្រះអង្គឲ្យដល់នូវភាពជាអ្នកមិនមានសេចក្តីសង្ស័យ ដោយន័យ ដោយញាណ និងដោយហេតុទាំងឡាយ ។

[៤០] (ព្រះរាជា…) បពិត្រនារទៈ ខ្ញុំសូមសួរសេចក្តីនេះនឹងលោក បពិត្រនារទៈ ខ្ញុំសួរហើយ លោកកុំពោលមុសាវាទឡើយ នរជនបានសួរថា ទេវតាមានឬ មាតាបិតាមានឬ បរលោកមានឬ ។

[៤១] (នារទព្រហ្ម…) នរជនបានពោលថា ទេវតាមាន មាតាបិតាមាន បរលោកមាន ពួកជនជាអ្នកជាប់ក្នុងកាម ជាអ្នកវងេ្វងប្រកបដោយមោហៈ រមែងមិនបានដឹងនូវបរលោកឡើយ ។

[៤២] (ព្រះរាជា…) បពិត្រនារទៈ ប្រសិនបើលោកជឿថា លំនៅនៃជនទាំងឡាយដែលស្លាប់ទៅហើយ មានក្នុងបរលោកមែន លោកចូរឲ្យកហាបណៈ ៥០០ ដល់ខ្ញុំក្នុងលោកនេះចុះ ខ្ញុំនឹងសងកហាបណៈជា ១ ពាន់ ដល់លោកក្នុងបរលោកវិញ ។

[៤៣] (នារទព្រហ្ម…) ប្រសិនបើយើងដឹង (នូវអ្នកដ៏ចម្រើន) ថា មានសីល ជាអ្នកដឹងនូវពាក្យស្មូម យើងនឹងឲ្យកហាបណៈ ៥០០ ដល់អ្នកដ៏ចម្រើន ប៉ុនែ្តបើអ្នកដ៏ចម្រើននោះ ជាមនុស្សអាក្រក់ នៅក្នុងនរក តើបុគ្គលណានឹងទារកហាបណៈ ១ ពាន់ក្នុងបរលោកបាន ។ សូម្បីក្នុងលោកនេះ បុគ្គលណាមិនមានធម៌ជាប្រក្រតី មានមារយាទដ៏លាមក ជាអ្នកខ្ជិលច្រអូស មានការងារអាក្រក់ ពួកបណ្ឌិតក៏មិនឲ្យបុគ្គលនោះបុលទ្រព្យទេ ព្រោះថា ការបាន (ទ្រព្យ) អំពីបុគ្គលមានប្រការដូច្នោះ មិនមានឡើយ ។ ពួកមនុស្សដឹងនូវបុរសថា ជាអ្នកប៉ិនប្រសប់ មានព្យាយាម មានសីល ជាអ្នកដឹងពាក្យស្មូម រមែងអញ្ជើញខ្លួនឯងដោយភោគៈទាំងឡាយថា អ្នកធ្វើការងារហើយ គប្បីសងយើងវិញ ។

[៤៤] បពិត្រព្រះរាជា បើព្រះអង្គច្យុតចាកអត្តភាពនេះទៅ នឹងទតឃើញខ្លួនព្រះអង្គដែលហ្វូងក្អែកកំពុងចឹកជញ្ជែងក្នុងនរកនោះ ព្រះអង្គគង់ក្នុងនរក ដែលហ្វូងក្អែក ត្មាត និងឆ្កែកំពុងទំពាស៊ី មានខ្លួនធ្លុះធ្លាយ កំពុងហូរឈាម តើបុគ្គលណានឹងទៅទារកហាបណៈ ១ ពាន់ ក្នុងបរលោកបាន ។

[៤៥] សេចក្តីងងឹតខ្លាំង រមែងមានក្នុងនរកនោះ ព្រះចន្ទ និងព្រះអាទិត្យក៏មិនមាន នរកនោះ មានងងឹតដ៏ក្រាស់សព្វកាល មានសភាពគួរខ្លាច យប់ក៏មិនប្រាកដ ថ្ងៃក៏មិនប្រាកដ នរណាជាអ្នកត្រូវការដោយទ្រព្យ គប្បីត្រាច់ទៅក្នុងនរកដូច្នោះបាន ។

[៤៦] ឆ្កែពពាល និងឆ្កែលឿងទាំងពីរពួក មានកាយធាត់ធំ មានកម្លាំង តែងខាំស៊ីនូវសត្វដែលច្យុតអំពីលោកនេះ ធ្លាក់ទៅក្នុងបរលោកដោយធ្មេញជាវិការៈនៃដែក ។ ព្រះអង្គកាលនៅក្នុងនរក ត្រូវពួកឆ្កែដ៏កាចអាក្រក់ នាំមកនូវសេចក្តីទុក្ខ ខាំស៊ី មានខ្លួនធ្លុះធ្លាយ កំពុងហូរឈាម តើនរណានឹងទារកហាបណៈ ១ ពាន់ក្នុងបរលោកបាន ។

[៤៧] ពួកនាយនិរយបាល ឈ្មោះកាលូបកាលៈ ក្នុងនរកគួរខ្លាចដ៏ពន្លឹក ជាបច្ចាមិត្រ តែងសម្លាប់ ឬចាក់នរជន ដែលធ្វើអំពើអាក្រក់ក្នុងកាលមុន ដោយព្រួញ និងលំពែងដែលសំលៀងមុតហើយ ។ ព្រះអង្គកាលទៅក្នុងនរក ត្រូវនាយនិរយបាល ចាក់ត្រង់ក្លៀក ត្រង់ឆ្អឹងជំនីរ វះពោះ មានខ្លួនធ្លុះធ្លាយ មានឈាមហូរចេញ តើនរណានឹងទារកហាបណៈ ១ ពាន់ ក្នុងបរលោកបាន ។

[៤៨] ក្នុងនរកនោះ មានភ្លៀងបង្អុរចុះជាអាវុធផេ្សងៗ គឺលំពែងព្រួញ លំពែងស្នែងក្របី និងច្បូក ភ្លៀងអាវុធ មានអណ្តាតដូចជារងើកភ្លើង រមែងធ្លាក់លើក្បាល រន្ទះថ្ម រមែងបង្អុរចុះលើបុគ្គលអ្នកមានអំពើអាក្រក់ ។ ក្នុងនរកនោះ មានខ្យល់ដ៏ក្តៅ ដែលអត់ធន់បានដោយក្រ ព្រះអង្គដែលមានកម្មអាក្រក់ រមែងមិនបានសេចក្តីសុខតិចតួចក្នុងនរកនោះឡើយ តើនរណានឹងទារកហាបណៈ ១ ពាន់ ក្នុងបរលោកនឹងព្រះអង្គនោះ ដែលក្តៅក្រហាយជានិច្ច ស្ទុះទៅមក មិនមានទីពួន ។

[៤៩] ព្រះអង្គស្ទុះទៅស្ទុះមក ដែលនាយនិរយបាលទឹមក្នុងរថ ព្រះអង្គជាន់ផែនដីមានអណ្តាតភ្លើងសន្ធោសន្ធៅ ដែលនាយនិរយបាលកំពុងចាក់ដោយជន្លួញ តើនរណានឹងទារកហាបណៈ ១ ពាន់ ក្នុងបរលោកបាន ។

[៥០] ព្រះអង្គឡើងកាន់ភ្នំ ដ៏ដេរដាសដោយកាំបិត ជាភ្នំគួរស្ញើប មានអណ្តាតភ្លើងច្រាលរន្ទាលឆ្អិនឆ្អៅគួរខ្លាច ព្រះអង្គមានខ្លួនធ្លុះធ្លាយ កំពុងហូរឈាម តើនរណានឹងទារកហាបណៈ ១ ពាន់ក្នុងបរលោកបាន ។

[៥១] ព្រះអង្គឡើងកាន់គំនររងើកភ្លើង ប្រាកដស្មើដោយភ្នំដ៏ច្រាលឆ្អៅ គួរខ្លាច មានខ្លួនឆេះសព្វ ជាសត្វកំព្រា ទួញយំ តើនរណានឹងទារកហាបណៈ ១ ពាន់ ក្នុងបរលោកបាន ។

[៥២] ដើមឈើដ៏ខ្ពស់ស្មើនឹងពពក វិចិត្រដោយបន្លាដ៏មុត ជាវិការៈនៃដែក ជាបន្លាផឹកឈាមរបស់នរជន ។ ពួកស្រ្តី និងបុរស ដែលក្បត់ប្រពន្ធនៃបុគ្គលដទៃ ត្រូវពួកនាយនិរយបាលមានដាវក្នុងដៃ ជាអ្នកធ្វើតាមពាក្យរបស់យមរាជចាក់ហើយ រមែងឡើងដើមឈើនោះ ។ ព្រះអង្គនឹងឡើងដើមរកាក្នុងនរក មានកាយរាត់រាយ ប្រឡាក់ដោយឈាម មានស្បែករបក ក្តៅក្រហាយជានិច្ច មានវេទនាដ៏ខ្លាំង ។ ដកដង្ហើមដ៏ក្តៅរឿយៗ មានកំហុសព្រោះបុព្វកម្ម មានខ្លួនរបកស្បែក នៅលើចុងរកា តើនរណានឹងទារទ្រព្យនោះនឹងព្រះអង្គបាន ។

[៥៣] ដើមឈើខ្ពស់ស្មើនឹងពពក វិចិត្រដោយស្លឹកជាដាវ ជាវិការៈនៃដែកដ៏មុត ជាស្លឹកផឹកឈាមនៃនរជន ។ ព្រះអង្គនឹងឡើងដើមរកា មានស្លឹកជាដាវ ត្រូវនាយនិរយបាល កាប់ដោយដាវដ៏មុត មានខ្លួនធ្លុះធ្លាយ កំពុងហូរឈាម តើនរណានឹងទារកហាបណៈ ១ ពាន់ ក្នុងបរលោកបាន ។

[៥៤] ព្រះអង្គនឹងដើរចេញអំពីនរកមានដើមរកា មានស្លឹកជាដាវនោះហើយ ក៏ធ្លាក់ទៅក្នុងស្ទឹងនរកឈ្មោះវេត្តរណី តើនរណានឹងទារទ្រព្យនោះនឹងព្រះអង្គបាន ។

[៥៥] ស្ទឹងនរកឈ្មោះវេត្តរណីដ៏កាច មានទឹកផ្សាក្តៅ ឆ្លងបានដោយកម្រ ដ៏ដេរដាសដោយស្លឹកឈូកជាវិការៈនៃដែក រមែងហូរទៅតាមស្លឹកដ៏មុត ។ ព្រះអង្គមានខ្លួនធ្លុះធ្លាយ ប្រឡាក់ដោយឈាម ដែលខ្សែទឹកហូរកួចទៅក្នុងស្ទឹងនរកឈ្មោះវេត្តរណីនោះ ជាស្ទឹងមិនមានអ្វីតោងទេ តើនរណានឹងទារទ្រព្យនោះនឹងព្រះអង្គបាន ។

[៥៦] (ព្រះរាជា…) ខ្ញុំញាប់ញ័រ ដូចជាដើមឈើបម្រុងបាក់ ខ្ញុំវង្វេងសញ្ញា មិនដឹងទិស ក្តៅក្រហាយរឿយៗ ព្រោះភ័យ (នឹងបាបដែលខ្លួនធ្វើហើយ) បពិត្រឥសី ភ័យដ៏ធំកើតឡើងដល់ខ្ញុំ ព្រោះបានស្ដាប់គាថាដែលលោកសំដែងហើយ ។

បពិត្រឥសី សូមលោកជាទីពឹងរបស់ខ្ញុំ ដូចជាបុគ្គលកាលចុះទៅកាន់ទីពាក់កណ្តាលទឹក ព្រោះកាយត្រូវភ្លើងកំពុងឆេះ ឬដូចជាកោះរបស់ពួកជន ដែលធ្លាយសំពៅ ក្នុងអន្លង់ធំ ក្នុងមហាសមុទ្រ ឬក៏ដូចជាប្រទីបរបស់ពួកជនអ្នកទៅក្នុងទីងងឹត ។

បពិត្រឥសី សូមលោកប្រៀនប្រដៅអត្ថ និងធម៌ខ្ញុំផង កំហុសខ្ញុំបានប្រព្រឹត្ត កន្លងហើយអស់កាលយូរ បពិត្រនារទៈ សូមលោកប្រាប់ផ្លូវសេចក្តីបរិសុទ្ធិដល់ខ្ញុំ កុំឲ្យខ្ញុំធ្លាក់ទៅនរកឡើយ ។

[៥៧] (នារទព្រហ្ម…) ព្រះបាទធតរដ្ឋ ១ វេស្សាមិត្ត ១ អដ្ឋកៈ ១ យមទគ្គិ ១ ឧសិន្នរៈ ១ (សិវិ ១) ព្រះរាជាទាំង ៦ អង្គនេះ នឹងពួកព្រះរាជាដទៃ ជាអ្នកបំរើសមណព្រាហ្មណ៍ ទៅកាន់វិស័យឋានសួគ៌យ៉ាងណា ។ បពិត្រព្រះអង្គជាធំលើផែនដី ព្រះអង្គចូរវៀរអធម៌ ហើយប្រព្រឹត្តធម៌យ៉ាងនោះចុះ ម្យ៉ាងទៀត ពួករាជបុរសអ្នកកាន់យកបាយ ក្នុងប្រាសាទរបស់ព្រះអង្គក្តី ក្នុងបូរីរបស់ព្រះអង្គក្តី ចូរឃោសនាថា នរណាឃ្លាន នរណាស្រេក នរណាចង់បានកម្រងផ្កា នរណាចង់បានគ្រឿងលាប នរណាអាក្រាត ចង់ស្លៀកដណ្តប់សំពត់ជ្រលក់ពណ៌ផេ្សងៗ ។ នរណាចង់បាំងឆត្រដើរក្នុងផ្លូវ នរណាចង់បានស្បែកជើងដ៏ទន់ល្អ ពួករាជបុរស ចូរឃោសនាក្នុងបូរីរបស់ព្រះអង្គ រាល់ព្រឹករាល់ល្ងាចដូច្នេះឯង ។ សូមព្រះអង្គកុំទឹមគោ និងសេះជាសត្វចិញ្ចឹមចាស់ៗ ដូចក្នុងកាលមុនឡើយ (សត្វណា) មានកម្លាំងធ្វើឧបការៈច្រើនដល់ព្រះអង្គៗ ចូរប្រទានការរក្សា (ដល់សត្វនោះ) ផង ។

[៥៨] កាយរបស់ព្រះអង្គ ចូរសំគាល់ថា ដូចរថ មានចិត្តជានាយសារថី ជាកាយរហ័សរហួន មានការមិនបៀតបៀនជាភ្លៅ ដែលគេសម្រេចល្អហើយ មានការចែករំលែកទានជាផ្ទុរ មានការសង្រួមជើងជាខ្នងកង់ មានការសម្រួមដៃជាទ្រពង មានការសង្រួមផ្ទៃជាប្រេងលាប មានការសង្រួមវាចាជាសូរមិនលាន់ឮ ។ មានពាក្យពិត ជាអង្គនៃរថដ៏បរិបូណ៌ មានការមិនញុះញុងជាត្រណាប់ជិតល្អ មានវាចាពីរោះ ជាអង្គនៃរថមិនមានទោស គឺថារលីង មានការពោលល្មមប្រមាណជាគ្រឿងចង ។ មានសទ្ធា និងអលោភៈ ជាគ្រឿងប្រដាប់រថ មានការបន្ទន់បន្ទាប និងអញ្ជលីកម្ម ជាទូកមានការមិនរឹងត្អឹងជាចន្ទោលរថ មានការសង្រួមសីល ជាព្រ័ត្រជ្រាម ។ មានការមិនក្រោធជាការមិនសណ្តក មានសុចរិតធម៌ ជាឆ័ត្រស មានពាហុសច្ចៈ ជាខ្សែចន្ទោល មានចិត្តតាំងនៅនឹង ជាអាសនៈ មានការដឹងកាល ជាឈើខ្លឹមដ៏វិចិត្រ មានសេចក្តីក្លៀវក្លា ជាចន្ទល់ មានការប្រព្រឹត្តិបន្ទន់ខ្លួនជាខ្សែ មានការមិនមើលងាយជានឹមដ៏ស្រាល ។ មានចិត្តមិនរួញរា ជាកម្រាល មានការសេពសេចក្តីចម្រើន (ដោយបញ្ញា) ជាអំបោស សតិរបស់ព្រះអង្គជាអ្នកប្រាជ្ញ ទុកជាជន្លួញ មានព្យាយាមដ៏មាំ និងការប្រកបជាខ្សែបរ ។ ចិត្តដែលទូន្មានល្អហើយ រមែងទៅកាន់ផ្លូវ (ដូចរថដែលទៅកាន់ផ្លូវត្រង់) ដោយសារសេះទាំងឡាយដែលនាយសារថីហ្វឹកហ្វឺនល្អហើយ ព្រោះសេចក្តីប្រាថ្នា និងសេចក្តីលោភជាផ្លូវខុស ការសង្រួមជាផ្លូវត្រង់ ។ បពិត្រព្រះរាជា កាលបើរថ គឺកាយ (របស់ព្រះអង្គ) ស្ទុះទៅក្នុងរូប សម្លេង រស ក្លិន តួបញ្ញាជាជន្លួញសម្រាប់គោះ ឯខ្លួនព្រះអង្គជានាយសារថីក្នុងរថនោះ ។ បពិត្រព្រះរាជា ប្រសិនបើការប្រព្រឹត្តិស្មើនឹងសេចក្តីព្យាយាមដ៏មាំ ដោយយាន គឺកាយនោះ ការបង្ហូរសេចក្តីប្រាថ្នាគ្រប់យ៉ាងក៏កើតមាន សត្វមិនទៅកាន់នរកដោយដាច់ខាត ។

[៥៩] អលាតសេនាបតី គឺទេវទត្ត សុនាមអាមាត្យ គឺភទ្ទជិ វិជយអាមាត្យ គឺសារីបុត្ត វីជកទាសៈ គឺមោគ្គល្លាន ។ អចេលកៈឈ្មោះគុណៈ គឺសុនក្ខត្តលិច្ឆវីបុត្ត នាងរុចាណា បានញ៉ាំងព្រះរាជាឲ្យជ្រះថ្លា នាងរុចានោះ គឺអានន្ទ ។ ព្រះរាជា (អង្គតិ) ដែលមានទិដ្ឋិអាក្រក់ក្នុងកាលនោះ គឺឧរុវេលកស្សប មហាព្រហ្ម គឺពោធិសត្វ អ្នកទាំងឡាយ ចូរចាំទុកនូវជាតក ដូចសំដែងមកនេះ ។

ចប់ មហានារទកស្សបជាតក ទី៨ ។

វិធុរជាតក ទី៩កែប្រែ

[៦០] (វរុណនាគរាជសួរថា) នាងមានសម្បុរលឿង ស្គាំងស្គម មានកម្លាំងតិច ពីដើមរូបសម្បុររបស់នាង មិនមែនបែបនេះទេ ម្នាលនាងវិមលា ខ្ញុំសួរហើយ នាងចូរប្រាប់ តើវេទនាក្នុងសរីរៈរបស់នាងដូចម្តេច ។

[៦១] (នាងវិមលាទូលថា) បពិត្រព្រះអង្គជាធំជាងនាគជន ទំនៀមរបស់ស្រ្តីទាំងឡាយក្នុងពួកមនុស្ស (ដែលមានគភ៌) គេហៅថា ចំណង់ប្លែក បពិត្រព្រះអង្គជាកុញ្ជររបស់នាគ ខ្ញុំម្ចាស់ចង់បានដួងហ្ឫទ័យរបស់វិធុរបណ្ឌិត ដែលត្រូវនាំយកមកដោយធម៌ ។

[៦២] (វរុណនាគរាជ…) ម្នាលនាងវិមលា នាងចង់បាន (ដួងហ្ឫទ័យរបស់វិធុរបណ្ឌិតនោះ ដូចបុគ្គលប្រាថ្នា) ព្រះចន្ទ ព្រះអាទិត្យ ឬព្រះពាយ ព្រោះថា ការជួបប្រទះនឹងវិធុរបណ្ឌិត គេគប្បីបានដោយក្រ នរណានឹងនាំព្រះវិធុរបណ្ឌិតមកក្នុងពិភពនាគនេះបាន ។

[៦៣] (នាងឥរន្ទតី…) បពិត្របិតា ហេតុអ្វីហ្ន៎ ព្រះអង្គសញ្ជប់សញ្ជឹង ព្រះភក្រ្តរបស់ព្រះអង្គដូចជាផ្កាឈូកដែលគេឈ្លីដោយដៃ បពិត្រព្រះអង្គជាឥស្សរៈ ព្រះអង្គតូចព្រះហ្ឫទ័យដូចម្តេច បពិត្រព្រះអង្គអ្នកញ៉ាំងសត្រូវឲ្យក្តៅ សូមព្រះអង្គកុំទ្រង់សោយសោកឡើយ ។

[៦៤] (វរុណនាគរាជ…) ម្នាលនាងឥរន្ទតី មាតារបស់នាងចង់បានហ្ឫទ័យរបស់វិធុរបណ្ឌិត តែការជួបប្រទះនឹងវិធុរបណ្ឌិត គេគប្បីបានដោយក្រ នរណានឹងនាំព្រះវិធុរបណ្ឌិតមកក្នុងពិភពនាគនេះបាន ។

[៦៥] ភស្តាណា នាំវិធុរបណ្ឌិតមកក្នុងទីនេះបាន នាងចូរត្រាច់ទៅស្វែងរកភស្តានោះចុះ ។ នាងឥរន្ទតីនោះ លុះបានស្តាប់បន្ទូលព្រះបិតាហើយ ក៏ចេញទៅក្នុងវេលារាត្រី ជាស្រីជោកជាំ (ដោយរាគៈ) បានត្រាច់ទៅ (ស្វែងរកព្រះភស្តា) ។

[៦៦] (នាងឥរន្ទតី…) នរណាទោះជាគន្ធព្វក្តី នរណាទោះជាអារក្សទឹក ឬជានាគក្តី នរណាទោះជាកិន្នរ ឬជាមនុស្សក្តី នរណាទោះជាបណ្ឌិត ដែលឲ្យសេចក្តីប្រាថ្នាទាំងពួងក្តី អ្នកនោះនឹងជាភស្តារបស់ខ្ញុំ អស់កាលមានរាត្រីដ៏វែង ។

[៦៧] (បុណ្ណកយក្ស…) ម្នាលនាង មានភ្នែកគេតិះដៀលមិនបាន នាងចូរដកដង្ហើមស្រួល (ត្រេកអរ) ចុះ ខ្ញុំនឹងជាប្តីរបស់នាង នឹងជាភស្តារបស់នាង ដោយសារបញ្ញារបស់ខ្ញុំមានសភាពដូច្នោះ នាងចូរដកដង្ហើមស្រួលចុះ នាងនឹងជាភរិយារបស់ខ្ញុំ ។

[៦៨] នាងឥរន្ទតី ក៏មានចិត្តកួចកាន់តាមគន្លងដែលធ្លាប់ជាប្តីក្នុងជាតិមុន បាននិយាយនឹងបុណ្ណកយក្សថា អ្នកចូរមក យើងនឹងនាំគ្នាទៅឯសំណាក់បិតាខ្ញុំ បិតានោះនឹងប្រាប់សេចក្តីនុ៎ះដល់អ្នក ។

[៦៩] (អភិសម្ពុទ្ធគាថា) នាងឥរន្ទតី តាក់តែងខ្លួន ស្លៀកដណ្តប់ល្អ ទ្រង់កម្រងផ្កា ប្រោះព្រំដោយខ្លឹមចន្ទន៍ ចាប់ដៃបុណ្ណកយក្ស នាំចូលទៅកាន់សំណាក់បិតា ។

[៧០] (បុណ្ណកយក្ស…) បពិត្រព្រះអង្គប្រសើរជាងពួកនាគ សូមព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យរបស់ខ្ញុំព្រះអង្គ សូមព្រះអង្គទ្រង់ទទួលសួយដ៏សមគួរ (ដល់ត្រកូល និងប្រទេសរបស់ព្រះអង្គ) ខ្ញុំព្រះអង្គចង់បាននាងឥរន្ទតី សូមព្រះអង្គធ្វើខ្ញុំព្រះអង្គឲ្យមូលមិត្តជាមួយនឹងនាងឥរន្ទតីនោះ ។ បពិត្រព្រះអង្គដ៏ប្រសើរ សូមព្រះអង្គទ្រង់ទទួលនូវសួយទាំងនោះ គឺដំរី ១០០ សេះ ១០០ រថទឹមដោយសេះអស្សតរ ១០០ និងរទេះដែលផ្ទុកពេញដោយរតនវត្ថុផ្សេងៗ ទាំងអស់ ១០០ សូមព្រះអង្គទ្រង់ព្រះរាជទានធីតាឈ្មោះនាងឥរន្ទតីឲ្យទាន ។

[៧១] (ព្រះបាទវរុណ…) អ្នកចូររង់ចាំយើងប្រឹក្សានឹងពួកញាតិមិត្រ ឬសម្លាញ់ដ៏ស្និទ្ធស្នាលសិន អំពើដែលយើងធ្វើដោយមិនបានប្រឹក្សាណា អំពើនោះរមែងក្តៅក្រហាយក្នុងកាលខាងក្រោយ ។

[៧២] លំដាប់នោះ វរុណនាគនោះ ចូលទៅកាន់លំនៅ ហើយប្រឹក្សានឹងភរិយា ហើយពោលពាក្យនេះថា បុណ្ណកយក្សនេះសូមនាងឥរន្ទតីនឹងយើង យើងនឹងឲ្យនាងឥរន្ទតីជាទីស្រឡាញ់របស់យើងដល់បុណ្ណកយក្សនោះ ដោយការបានវត្ថុជាទីត្រេកអរច្រើនជាថ្នូរ ។

[៧៣] (នាងវិមលា…) បុណ្ណកយក្សមិនត្រូវបាននាងឥរន្ទតី ជាធីតារបស់យើងដោយទ្រព្យ មិនត្រូវបានដោយវត្ថុជាទីត្រេកអរទេ តែបើបុណ្ណកយក្សបានហ្ឫទ័យរបស់បណ្ឌិតដោយធម៌ ហើយនាំមកក្នុងពិភពនាគនេះ ទើបត្រូវបាននាងកុមារីដោយសារវត្ថុជាទីត្រេកអរនុ៎ះ យើងមិនចង់បានទ្រព្យដទៃតទៅទៀតទេ ។

[៧៤] លំដាប់នោះ វរុណនាគនោះ ចេញអំពីលំនៅ ហៅបុណ្ណកយក្សមកនិយាយពាក្យនេះថា អ្នកមិនត្រូវបាននាងឥរន្ទតី ជាធីតារបស់យើងដោយទ្រព្យ មិនត្រូវបានដោយវត្ថុជាទីត្រេកអរ ជាថ្នូរទេ បើអ្នកបានហ្ឫទ័យរបស់បណ្ឌិតដោយធម៌ ហើយនាំមកក្នុងពិភពនាគនេះ ទើបអ្នកត្រូវបាននាងកុមារីដោយសារវត្ថុជាទីត្រេកអរនុ៎ះ យើងមិនចង់បានទ្រព្យដទៃតទៅទៀតទេ ។

[៧៥] (បុណ្ណកយក្ស…) បពិត្រព្រះអង្គដ៏ប្រសើរ បុគ្គលពួកខ្លះក្នុងលោកនេះ ហៅមនុស្សណាថា ជាបណ្ឌិត បុគ្គលឯទៀតបែរជាហៅបុគ្គលនោះថា ជាពាលវិញ ពួកជនតែងជជែកគ្នាក្នុងរឿងនេះ សូមព្រះអង្គត្រាស់ប្រាប់ដល់ខ្ញុំព្រះអង្គឲ្យទាន បពិត្រនាគ ព្រះអង្គត្រាស់ហៅអ្នកណា ថាជាបណ្ឌិត ។

[៧៦] (ព្រះបាទវរុណ…) អាមាត្រឈ្មោះវិធុរៈរបស់ធនញ្ជយកោរព្យរាជ អ្នកក៏ធ្លាប់បានឮហើយ បើអ្នកបានបណ្ឌិតនោះដោយធម៌ ហើយនាំមក នាងឥរន្ទតីចូរបានជាអ្នកបំរើជើងរបស់អ្នកចុះ ។

[៧៧] ចំណែកបុណ្ណកយក្ស លុះបានស្តាប់ព្រះបន្ទូលរបស់វរុណនាគនេះហើយ ក៏ក្រោកឡើង ត្រេកអរក្រៃលែង ហើយសម្ងំនៅក្នុងទីនោះ បង្គាប់បុរស (អ្នកបំរើរបស់ខ្លួន) ថា អ្នកចូរនាំសេះអាជានេយ្យ ដែលបានសំរិតសំរាំង យកមកក្នុងទីនេះ ។ ត្រចៀក (របស់សេះនោះ) ប្រដាប់ដោយមាស ក្រចកប្រដាប់ដោយកែវមណីមានពណ៌ក្រហម គ្រឿងបិទបាំងឰដ៏ទ្រូង ប្រដាប់ដោយមាសឆ្អិន ឈ្មោះជម្ពោនទ ។

[៧៨] (អភិសម្ពុទ្ធគាថា) បុណ្ណកយក្សតាក់តែងខ្លួន កាត់កោរសក់ និងពុកមាត់ស្រេចហើយ ក៏ឡើងជិះសេះដែលជាយាន ដូចជាពាហនៈនៃទេវតា ហោះទៅឰដ៏អាកាសវេហា ។ បុណ្ណកយក្សនោះ ជាប់ចំពាក់ដោយកាមរាគ ប្រាថ្នានាងឥរន្ទតី ជាកញ្ញានៃនាគ បានទៅក្រាបទូលព្រះបាទវេស្សវណកុវេរៈ ដ៏ទ្រង់យស ជាម្ចាស់ពួកយក្សនោះ ដូច្នេះថា មន្ទីរឈ្មោះភោគវតី គេហៅថា វាសៈ (ព្រោះជាលំនៅនៃស្តេចនាគ) គេហៅថា ហិរញ្ញវតី (ព្រោះជាទីដែលបិទបាំងដោយកំពែងប្រាក់) ជានគរសម្រេចអំពីមាស ដែលសាងសម្រេចដល់នាគ មានមណ្ឌលនៃភ្នេន ។ ប៉មមានសណ្ឋានដូចកឱដ្ឋ ធ្វើអំពីកែវមណីក្រហម និងកែវមរកត ប្រាសាទក្នុងពិភពនាគធ្វើអំពីកែវមណី ប្រក់ដោយរតនៈ គឺមាស ។ ដើមឈើទាំងឡាយ គឺដើមស្វាយ ដើមទ្រមួច ដើមព្រីង ដើមសត្តប័ណ្ណ (ឈើមានសន្លឹក ៧ ) ដើមរាំងអន្លក់ ដើមកេតក៍ ដើមបិយង្គុ ដើមរាជព្រឹក្ស ព្រមទាំងដើមបារិច្ឆត្តព្រឹក្ស ដើមឈើទាលខ្សាច់ (មានក្នុងពិភពនាគនោះ) ។ ដើមចម្បា ដើមខ្ទឹង ម្លិះ នួនស្រី និងដើមក្របៅ មានក្នុងក្រុងពិភពនាគនោះ ដើមឈើទាំងនោះ ទន់ទោរ ល្អរុងរឿងក្នុងមន្ទីរនៃនាគ ។ ព្រះបាទវរុណៈ ជាឱបបាតិកៈកំណើត មានឫទ្ធិច្រើន នៅក្នុងពិភពនាគណា ពួកដើមផ្អាវជាច្រើន ដ៏ហើយដោយកែវឥន្ទនីល មានផ្កាជានិច្ច ជាវិការៈនៃមាស ក្នុងពិភពនាគនោះ ។ នាងវិមលាជាភរិយារបស់ព្រះបាទវរុណនាគនោះ ជាស្រីនៅក្មេង មានរាងកាយភ្លឺផ្លេកដូចមាស មានព្រះថនាដូចផ្លែស្តៅ គួរជាទីមើលដោយសេចក្តីពេញចិត្ត ឬដូចត្រួយវល្លិ៍ប្រេងខ្ចី ។ នាងវិមលាមានសម្បុរថ្ងៃក្រហមដូចពណ៌ល័ខ ដូចផ្កាកណ្ណិការរីកក្នុងទីមិនមានខ្យល់ ឬដូចស្រីអប្សរ នៅក្នុងឋានត្រៃត្រិង្ស ឬក៏ដូចផ្លេកបន្ទោរដាលច្រវាត់ ចេញអំពីស្រទាប់ពពក ។ នាងវិមលានោះ ជាស្រីមានចំណង់ប្លែកអស្ចារ្យក្រៃលែង ចង់បានហ្ឫទ័យនៃវិធុរបណ្ឌិត បពិត្រព្រះអង្គជាឥស្សរៈ ខ្ញុំនឹងឲ្យហ្ឫទ័យវិធុរបណ្ឌិតនោះ ដល់នាគទាំងឡាយនោះ នាគទាំងនោះ នឹងឲ្យនាងឥរន្ទតីដល់ខ្ញុំ ដោយហេតុនោះ ។

[៧៩] បុណ្ណកយក្សនោះ ទូលលាព្រះបាទវេស្សវណកុវេរៈ ជាម្ចាស់នៃភូត ជាព្រះរាជាមានយស ហើយសម្ងំនៅក្នុងទីនោះ បង្គាប់បុរស (អ្នកបំរើខ្លួន) ថា អ្នកចូរនាំសេះអាជានេយ្យ ដែលបានស្អិតស្អាង យកមកក្នុងទីនេះ ។ ត្រចៀក (របស់សេះនោះ) ប្រដាប់ដោយមាស ក្រចកសេះប្រដាប់ដោយកែវមណី មានពណ៌ក្រហម គ្រឿងបិទបាំងឰដ៏ទ្រូង ប្រដាប់ដោយមាសឆ្អិន ឈ្មោះថាជម្ពោនទ បុណ្ណកយក្ស តាក់តែងខ្លួន កាត់កោរសក់ និងពុកមាត់ស្រេចហើយ ក៏ឡើងជិះសេះ ដែលជាយាន ដូចជាពាហនៈនៃទេវតា ហោះទៅឰដ៏អាកាសវេហា ។

[៨០] បុណ្ណកយក្សនោះ បានទៅកាន់នគររាជគ្រឹះ ជាទីរីករាយដ៏ក្រៃលែង ជាក្រុងរបស់ព្រះបាទអង្គរាជ ដែលសត្រូវចូលមកបានដោយក្រ ជាក្រុងមានភក្សាហារច្រើន មានបាយ និងទឹកច្រើន ដូចជាភពឈ្មោះមសក្កសារៈរបស់វាសវៈ ។ នគរនោះ គឹកកង ដោយហ្វូងនៃក្ងោក និងក្រៀល គឹកកងដោយសត្វស្លាប ដែលពួកសត្វស្លាបអាស្រ័យនៅ មានសូរសំឡេងនៃពួកបក្សីផ្សេងៗ មានព្រះលានដ៏ល្អ ដេរដាសដោយផ្កា ដូចជាភ្នំហិមវន្ត ។ បុណ្ណកយក្សនោះ ឡើងទៅកាន់ភ្នំឈ្មោះវេបុលៈ ជាទីអាស្រ័យនៅនៃពួកកិន្នរ ហើយស្វែងរកកែវមណីដ៏ប្រសើរ បានឃើញកែវមណីនោះ ត្រង់កណ្តាលកំពូលភ្នំ ។

[៨១] បុណ្ណកយក្សឃើញកែវមណី មានជាតិ (ផ្សេងៗ) ជាទីផ្សាយចេញនៃរស្មីរុងរឿង ជាកែវមណីដ៏ប្រសើរ អាចនាំមកនូវទ្រព្យ ជាកែវរុងរឿង ជាកែវមានយសជាងយស ភ្លឺរុងរឿងដូចផ្លេកបន្ទោរឰដ៏អាកាស ក៏បានកាន់យកកែវមណីឈ្មោះមនោហរៈនោះ ជាកែវពៃទូរ្យ មានតម្លៃច្រើន មានអានុភាពច្រើន ជាអ្នកមានភេទមិនថោកទាប ឡើងជិះសេះអាជានេយ្យ ហោះទៅឰដ៏អាកាសវេហា ។

[៨២] បុណ្ណកយក្សនោះ បានទៅកាន់ក្រុងឥន្ទបត្ត ចុះ (អំពីសេះ) ហើយចូលទៅកាន់ទីប្រជុំនៃអ្នកដែនកុរុ មិនកោតញញើតព្រះរាជា ១០១ អង្គ ដែលព្រមព្រៀងគ្នាមកប្រជុំ (នៅទីនោះ) បបួលថា បណ្តាពួកព្រះរាជាក្នុងរាជសមាគមនេះ ព្រះរាជាអង្គណាឈ្នះយើង (ត្រូវយក) កែវដ៏ប្រសើរ (របស់យើង) បើយើងឈ្នះព្រះរាជាអង្គណាវិញ (ត្រូវយក) ទ្រព្យដ៏ប្រសើរ ឬយើងឈ្នះព្រះរាជាអង្គណា (នឹងយក) កែវដ៏ប្រសើរថ្លៃថ្លាក៏បាន ចំណែកព្រះរាជាអង្គណាឈ្នះយើងវិញ (នឹងយក) ទ្រព្យដ៏ប្រសើរក៏បាន ។

[៨៣] (ព្រះបាទកោរព្យៈ…) ជាតិភូមិរបស់អ្នក នៅក្នុងដែនណា ពាក្យរបស់អ្នកនេះ មិនមែនជាពាក្យរបស់អ្នកដែនកុរុទេ អ្នកមានវាចាអង់អាច មិនកោតខ្លាចយើងទាំងអស់គ្នា អ្នកចូរប្រាប់ឈ្មោះ និងផៅពង្សដល់យើង ។

[៨៤] (បុណ្ណកយក្ស…) បពិត្រព្រះរាជា ខ្ញុំជាមាណពកច្ចាយនគោត្រ ពួកញាតិ និងផៅពង្សរបស់ខ្ញុំក្នុង (កាលចម្បាកនគរ) ដែនអង្គៈ តែងហៅខ្ញុំថា មាណពមានឈ្មោះមិនថោកទាប បពិត្រព្រះសម្មតិទេព ខ្ញុំមកក្នុងទីនេះ ដើម្បីលេងល្បែងភ្នាល់ ។

[៨៥] (ព្រះបាទកោរព្យៈ…) អ្នកលេងល្បែងភ្នាល់ កាលបើឈ្នះ អ្នកគប្បីយកកែវទាំងឡាយណា កែវទាំងនោះ របស់មាណពឯង មានដែរឬ ឯកែវរបស់ព្រះរាជា មានចំនួនច្រើន អ្នកជាមនុស្សទាល់ក្រ នឹងបបួលព្រះរាជាទាំងនោះ ដូចម្តេចបាន ។

[៨៦] (បុណ្ណកយក្ស…) ឯកែវមណីរបស់ខ្ញុំនេះ អាចនាំមកនូវទ្រព្យបាន អ្នកលេងល្បែងភ្នាល់ បើលេងឈ្នះខ្ញុំហើយ គប្បីយកកែវមណីដ៏ប្រសើរ ជាកែវអាចនាំមកនូវទ្រព្យនេះ ១ និងសេះអាជានេយ្យ អាចបង្រ្កាបសត្រូវនេះ ១ របស់ខ្ញុំចុះ ។

[៨៧] (ព្រះបាទកោរព្យៈ…) ម្នាលមាណព កែវមណីមួយ នឹងធ្វើអ្វីបាន ទាំងសេះអាជានេយ្យ ១ នឹងធ្វើអ្វីបាន (ព្រោះ) កែវទាំងឡាយរបស់ព្រះរាជា មានចំនួនច្រើន សេះអាជានេយ្យរបស់ព្រះរាជា មានសន្ទុះដូចខ្យល់ ក៏មានចំនួនមិនតិចទេ ។

ចប់ ទោហឡកណ្ឌ ។

[៨៨] (បុណ្ណកយក្ស…) បពិត្រព្រះអង្គប្រសើរជាងសត្វជើងពីរ សូមព្រះអង្គទ្រង់ទតកែវមណីរបស់ខ្ញុំនេះចុះ ក្នុងកែវមណីនេះ មានរាងកាយរបស់ស្រ្តី មានរាងកាយរបស់បុរស ។ មានរាងកាយរបស់ម្រឹគ មានរាងកាយរបស់បក្សី ប្រាកដក្នុងកែវមណីនេះ សូមព្រះអង្គទ្រង់ទតនាគរាជ និងគ្រុឌ ជារូបនិម្មិតក្នុងកែវមណី ។

[៨៩] សូមព្រះអង្គទ្រង់ទត សេនាមានអង្គ ៤ គឺពលដំរី ១ ពលរថ ១ ពលសេះ ១ ពលថ្មើរជើងមានគ្រឿងគ្រោះ ១ ជារូបនិម្មិតក្នុងកែវមណី ។ សូមព្រះអង្គទ្រង់ទតពលដំរី និងពួកសេនា ពលរថ និងពលថ្មើរជើង គឺពួកពលដែលរៀបជាព្យុហៈ ជារូបនិម្មិតក្នុងកែវមណី ។

[៩០] សូមព្រះអង្គទ្រង់ទត នគរដ៏បរិបូណ៌ដោយប៉ម មានកំពែង និងក្លោងទ្វារដ៏ច្រើនជាន់ មានផ្លូវបែកជា ៤ និងផែនដីដ៏ល្អ ជារូបនិម្មិតក្នុងកែវមណី ។ សូមព្រះអង្គទ្រង់ទតសសរខឿន គូ រនុកទ្វារ គន្លឹះទ្វារ ប៉ម និងទ្វារប៉ម ជារូបនិម្មិតក្នុងកែវមណី ។

[៩១] សូមព្រះអង្គទ្រង់ទតពួកបក្សីផ្សេងៗជាច្រើន ទៀបក្លោងទ្វារ និងផ្លូវ គឺហ្វូងហង្ស ក្រៀល ក្ងោក ចាក្រពាក អក សូមព្រះអង្គទ្រង់ទតទីក្រុងដ៏ដេរដាសដោយបក្សីផ្សេងៗ គឺតាវ៉ៅខ្មៅ តាវ៉ៅពព្រុស ក្ងោក និងប៉ោលតោកជាច្រើន ជារូបនិម្មិត ក្នុងកែវមណី ។

[៩២] សូមព្រះអង្គទ្រង់ទតទីក្រុងមានកំពែងល្អអស្ចារ្យចំឡែកគួរព្រឺរោម មានទង់ជ័យលើកឡើង ក្រាលដោយដីខ្សាច់ដែលមានសម្បុរដូចមាស គួរជាទីរីករាយ ។ សូមព្រះអង្គទ្រង់ទតរានផ្សាដ៏បរិបូណ៌ដោយទំនិញ ដែលគេចែកជាជួរ ជាសង្កាត់តាមចំណែក មានផ្ទះ និងទីផ្ទះ តំណនៃផ្ទះ ច្រកទាល់ និងផ្លូវទាំងឡាយ ។

[៩៣] សូមព្រះអង្គទ្រង់ទតរោងសុរា អ្នកលេងសុរា អ្នកគ្រួ ផ្ទះបាយ ពួកឈ្មួញ និងពួកស្រីពេស្យា ជារូបនិម្មិតក្នុងកែវមណី ។ សូមព្រះអង្គទ្រង់ទតពួកជនអ្នកធ្វើផ្កាកម្រង ជាងជ្រលក់ អ្នកធ្វើគ្រឿងក្រអូប អ្នកត្បាញសំពត់ ជាងមាស និងជាងកែវមណី ជារូបនិម្មិតក្នុងកែវមណី ។ សូមព្រះអង្គទ្រង់ទតពួកជនអ្នកធ្វើសំឡ ជនធ្វើបាយ អ្នករបាំ នាយរបាំ អ្នកច្រៀង អ្នកច្រៀងទះដៃ និងអ្នកវាយស្គរ ជារូបនិម្មិតក្នុងកែវមណី ។

[៩៤] សូមព្រះអង្គទ្រង់ទតស្គរ សំម្ភោរ ស័ង្ខ ខ្លុយ ស្គរជ័យ និងគ្រឿងភ្លេងទាំងអស់ ជារូបនិម្មិតក្នុងកែវមណី ។ សូមព្រះអង្គទ្រង់ទត ក្រាប់ ឈឹង ពិណ របាំ ចម្រៀង ប្រគំ ដែលគឹកកងដោយតូរ្យតន្រ្តីដ៏រងំ ជារូបនិម្មិតក្នុងកែវមណី ។ សូមព្រះអង្គទ្រង់ទតពួកជនអ្នកលោត អ្នកប្រដាល់ អ្នកធ្វើខាងកលមាយា និងស្រី ប្រុសដ៏ល្អ ក្នុងកែវមណីនេះ ទាំងពួកអ្នកដាស់តឿនគេ និងអ្នកកាត់កោរសក់ ជារូបនិម្មិតក្នុងកែវមណី ។

[៩៥] ម្ហោស្រពទាំងឡាយ ដ៏មីរដេរដាស ដោយបុរស និងស្រ្តី ក៏មានក្នុងកែវមណីនេះ សូមព្រះអង្គទ្រង់ទតគ្រែតូច និងគ្រែធំ និងទី (នៃម្ហោស្រព) ជារូបនិម្មិត ក្នុងកែវមណី ។ សូមព្រះអង្គទ្រង់ទត ពួកអ្នកចំបាប់ ដែលច្របាប់គ្នាដោយដៃទាំងពីរ ក្នុងទីម្ហោស្រព សូមព្រះអង្គទ្រង់ទតពួកអ្នកឈ្នះ និងអ្នកចាញ់ ជារូបនិម្មិតក្នុងកែវមណី ។

[៩៦] សូមព្រះអង្គទ្រង់ទតពួកម្រឹគផ្សេងៗ ជាច្រើនទៀបជើងភ្នំ គឺរាជសីហ៍ ខ្លាធំ ជ្រូកព្រៃ ខ្លាឃ្មុំ ឆ្កែព្រៃ ខ្លារខិន ។ សត្វរមាស គោ ក្របី រមាំង ប្រើស ទ្រាយ សរភម្រឹគ ក្តាន់ ជ្រូកស្រុក ។ ឈ្លូស ពួកមិត្រម្រឹគជាច្រើន ខ្លាត្រី ទន្សាយ និងកង្ហែន សូមព្រះអង្គទ្រង់ទតជើងភ្នំដ៏ដេរដាសដោយពួកម្រឹគផេ្សងៗ ជារូបនិម្មិតក្នុងកែវមណី ។

[៩៧] ស្ទឹងទាំងឡាយ មានកំពង់រាបទាបល្អ ដែលក្រាលដោយខ្សាច់មាស មានទឹកថ្លា មានពួកត្រីអាស្រ័យតែងហូរទៅ ។ ពួកឆ្លាម មករ ក្រពើ អណ្តើក ត្រីស្លាត ត្រីសណ្តាយ ត្រីឆ្តោ ត្រីឆ្ពិន មានក្នុងកែវមណីនេះ ។ សូមព្រះអង្គទ្រង់ទតស្រះបោក្ខរណីដែលធ្វើដោយផែនថ្ម ជាវិការៈនៃកែវពៃទូរ្យ ដ៏ដេរដាសដោយពួកសត្វស្លាបផ្សេងៗ មានពួកឈើផ្សេងៗជាជួរ ជារូបនិម្មិតក្នុងកែវមណី ។

[៩៨] សូមព្រះអង្គទ្រង់ទតស្រះបោក្ខរណីក្នុងកែវមណីនេះ ដែលចាត់ចែងដោយល្អទាំង ៤ ទិស ដ៏ដេរដាសដោយពួកសត្វស្លាបផ្សេងៗ ដែលត្រីធំអាស្រ័យនៅ សូមព្រះអង្គទ្រង់ទតផែនដីដ៏បរិបូណ៌ដោយទឹកព័ទ្ធជុំវិញ ជាកុណ្ឌលនៃសាគរ ប្រកបដោយជួរដងព្រៃទាំងឡាយ ជារូបនិម្មិតក្នុងកែវមណី ។

[៩៩] សូមព្រះអង្គទ្រង់ទតមើលទ្វីបទាំង ៤ គឺបុព្វវិទេហទ្វីប ខាងកើត អបរគោយានទ្វីប ខាងលិច ឧត្តរកុរុទ្វីប និងជម្ពូទ្វីប ជារូបនិម្មិតក្នុងកែវមណី ។ សូមព្រះអង្គទ្រង់ទតព្រះចន្ទ និងព្រះអាទិត្យ កំពុងបំភ្លឺទិសទាំង ៤ សូមព្រះអង្គទ្រង់ទត (ព្រះចន្ទ និងព្រះអាទិត្យនោះ) កំពុងដើរក្រឡឹងភ្នំសិនេរុ ជារូបនិម្មិតក្នុងកែវមណី ។ សូមព្រះអង្គទ្រង់ទតភ្នំសិនេរុ ភ្នំហិមពាន្ត សមុទ្ទសាគរ ដែលមានឫទ្ធិច្រើន និងមហារាជទាំង ៤ អង្គ ជារូបនិម្មិតក្នុងកែវមណី ។ សូមព្រះអង្គទ្រង់ទតសួនច្បារ ព្រៃ គុម្ពឈើ ខ្នងថ្មភ្នំ ហាក់ដូចជាគេក្រាលដំកល់ទុកដ៏ដេរដាសដោយពួកកិន្នរ គួរជាទីរីករាយ ជារូបនិម្មិតក្នុងកែវមណី ។ សូមព្រះអង្គទ្រង់ទតបារុសកវ័ន ចិត្តលតាវ័ន មិស្សកវ័ន នន្ទនវ័ន និងវេជយន្តប្រាសាទ ជារូបនិម្មិតក្នុងកែវមណី ។ សូមព្រះអង្គទ្រង់ទតសុធម្មសភា ឋានតាវត្តិង្ស ដើមបារិច្ឆត្តព្រឹក្ស មានផ្ការីក ស្តេចដំរីឈ្មោះឯរាវ័ណ ជារូបនិម្មិតក្នុងកែវមណី ។ សូមព្រះអង្គទ្រង់ទតពួកស្រីទេពកញ្ញា ដែលភ្លឺផ្លេក ដូចជាផ្លេកបន្ទោរចេញចាកពពក កំពុងត្រាច់ទៅក្នុងនន្ទនវ័ន ជារូបនិម្មិតក្នុងកែវមណី ។ សូមព្រះអង្គទ្រង់ទតពួកទេពកញ្ញាប្រលោមទេវបុត្រ និងពួកទេវបុត្រកំពុងរីករាយក្នុងនន្ទនវ័ន ជារូបនិម្មិតក្នុងកែវមណី ។

[១០០] សូមព្រះអង្គទ្រង់ទតប្រាសាទច្រើនជាងពាន់ ដែលក្រាលដោយផែនក្តារកែវពៃទូរ្យ មានសម្បុររុងរឿង ជារូបនិម្មិតក្នុងកែវមណី ។ សូមព្រះអង្គទ្រង់ទតឋានតាវត្តិង្ស យាមា តុសិត និម្មានរតី បរនិម្មិតវសវត្តី ជារូបនិម្មិតក្នុងកែវមណី ។ សូមព្រះអង្គទ្រង់ទតស្រះបោក្ខរណី ក្នុងជាន់នោះៗ មានទឹកថ្លាស្អាត ដ៏ដេរដាសដោយផ្កាចង្កុលណី ផ្កាឈូក និងផ្កាឧប្បលក្នុងឋានសួគ៌នុ៎ះ ។

[១០១] ក្នុងកែវមណីនេះ មានឆ្នូតស ១០ ឆ្នូតក្រហម ៦ និង ១៥ (ជា៣១) ឆ្នូតលឿង ១៤ គួរជាទីរមិលមើល ជាទីរីករាយនៃចិត្ត ។ ឆ្នូតមាស ២០ ឆ្នូតប្រាក់ ២០ ឆ្នូតមានពន្លឺ ដូចជាពណ៌នៃអណ្តើកមាស ៣០ ប្រាកដនៅក្នុងកែវមណីនេះ ។ ឆ្នូតខ្មៅ ១៦ ឆ្នូតហង្សបាទ ២៥ ឆ្នូតលាយដោយផ្កាច្បា វិចិត្រដោយផ្កាឧប្បលខៀវ មានក្នុងកែវមណីនេះ ។ បពិត្រមហារាជប្រសើរជាងសត្វជើងពីរ សូមព្រះអង្គទ្រង់ទត (កែវមណី) មានរស្មីជាទីផ្សាយចេញនៃពន្លឺ ដ៏ប្រកបដោយអង្គទាំងពួងយ៉ាងនេះ (អ្នកណាលេងឈ្នះខ្ញុំ) ចំណែកនៃសួយ (ចូរបានទៅអ្នកនោះចុះ) ។

ចប់ មណិកណ្ឌ ។

[១០២] (បុណ្ណកយក្ស…) បពិត្រព្រះរាជា (ការរៀបចំរោងល្បែង) សម្រេចហើយ សូមព្រះអង្គ ស្តេចចូលមកកាន់ទីជាទីក្រសាលល្បែង កែវមណីប្រាកដដូច្នេះ របស់ព្រះអង្គ មិនមានទេ យើងគប្បីឈ្នះគ្នាដោយធម៌ មិនបាច់កំហែងទេ មួយទៀត ព្រះអង្គបើខ្ញុំឈ្នះហើយ សូមសងឲ្យឆាប់ ។

[១០៣] បពិត្រព្រះបាទបញ្ចាលដ៏ល្បីល្បាញ សូមព្រះបាទសុរសេន ព្រះបាទមច្ឆៈ ព្រះបាទមទ្ទៈ ព្រមទាំងព្រះបាទកេកកៈទាំងនោះ ទ្រង់ទតចម្បាំងល្បែង ដោយការមិនអួតអាងរបស់យើងចុះ ក្សត្រទាំងឡាយសុទ្ធតែធ្វើ (ជាសាក្សី) របស់យើងក្នុងរោង ។

[១០៤] (អភិសម្ពុទ្ធគាថា) ព្រះរាជារបស់អ្នកដែនកុរុ និងបុណ្ណកយក្សនោះ ជាអ្នកស្រវឹងជ្រុលជ្រប់ក្នុងល្បែងភ្នាល់ ចូលមក (កាន់រោងល្បែង) ព្រះរាជាជ្រើសយកកូនបាសកា ជាទោស (ខាងចាញ់) បុណ្ណកយក្ស ចាប់យកកូនបាសកាខាងឈ្នះ ជនទាំងពីរនោះ បានលេងបាសការួមគ្នា ក្នុងរោងបាសកានោះហើយ បុណ្ណកយក្សឈ្នះព្រះរាជា មានព្យាយាមប្រសើរជាងនរៈ ក្នុងសំណាក់នៃពួកព្រះរាជា ក្នុងកណ្តាលនៃពួកសាក្សី សំឡេងគឺកកង សំឡេងហ៊ោកញ្រ្ជៀវ ក៏កើតមានក្នុងទីនោះ ។

[១០៥] (បុណ្ណកយក្ស…) បពិត្រមហារាជ បណ្តាពួកយើង ដែលខំប្រឹងព្យាយាម ការឈ្នះ និងការចាញ់ គង់មានដល់អ្នកណាមួយ បពិត្រព្រះអង្គជាធំជាងជន ឥឡូវនេះ ខ្ញុំព្រះអង្គឈ្នះហើយ (ត្រូវយក) ទ្រព្យដ៏ប្រសើរ ព្រះអង្គដែលខ្ញុំឈ្នះហើយ សូមសងឲ្យឆាប់ ។

[១០៦] (ព្រះបាទកោរព្យៈ…) ម្នាលមាណពកច្ចាយនគោត្រ ដំរី គោ សេះ កែវមណី និងកុណ្ឌល ឬកែវណាមួយរបស់ខ្ញុំលើផែនដី បណ្តាទ្រព្យទាំង (នោះ) អ្នកចូរយកទ្រព្យណាដែលប្រសើរនោះចុះ អ្នកចូរកាន់យកទៅតាមសេចក្តីពេញចិត្តចុះ ។

[១០៧] (បុណ្ណកយក្ស…) ដំរី គោ សេះ កែវមណី និងកុណ្ឌល ឬកែវណាមួយរបស់ព្រះអង្គលើផែនដី វិធុរបណ្ឌិតអាមាត្យ ទុកជាទ្រព្យប្រសើរជាងទ្រព្យទាំងនោះ ព្រះអង្គដែលខ្ញុំឈ្នះហើយ សូមព្រះរាជទានវិធុរបណ្ឌិតនោះមកខ្ញុំ ។

[១០៨] (ព្រះបាទកោរព្យៈ…) វិធុរបណ្ឌិតនោះ ទុកដូចជាខ្លួនខ្ញុំ ទាំងជាទីពឹង ជាគតិ ជាប្រទីប ជាទីពំនាក់ ជាទីបង្អែករបស់ខ្ញុំ វិធុរបណ្ឌិតនោះ គេមិនគប្បីប្រៀបផ្ទឹមដោយទ្រព្យរបស់ខ្ញុំបានទេ វិធុរបណ្ឌិតនោះ ជាអាមាត្យ ប្រាកដស្មើដោយជីវិតរបស់ខ្ញុំ ។

[១០៩] (បុណ្ណកយក្ស…) ការវិវាទរបស់ខ្ញុំនឹងព្រះអង្គ នាំឲ្យយូរទេ យើងត្រូវទៅសួរសេចក្តីពិតនឹងវិធុរបណ្ឌិតនោះវិញ សូមឲ្យវិធុរបណ្ឌិតនោះ ញែកសេចក្តីនុ៎ះដល់យើង បើវិធុរបណ្ឌិតពោលពាក្យណា ពាក្យ (នោះ) ចូរសម្រេចដល់យើងទាំងពីរនាក់ចុះ ។

[១១០] (ព្រះបាទកោរព្យៈ…) ម្នាលមាណព អ្នកនិយាយនេះ ទៀងទាត់ពិតហើយ មិនមែននិយាយទាំងគម្រាមទេ យើងនឹងទៅសួរវិធុរបណ្ឌិតនោះចុះ យើងទាំង ២ នាក់នឹងត្រេកអរតាមវិធុរបណ្ឌិតនោះ ។

[១១១] (បុណ្ណកយក្ស…) ពួកទេព្តាសរសើរអ្នកឈ្មោះវិធុរៈ ថាជាអាមាត្យ ឋិតនៅក្នុងធម៌របស់អ្នកដែនកុរុ ពិតមែនឬ អ្នកជាទាសៈ ឬជាញាតិរបស់ព្រះរាជា ការរាប់ (អ្នក) ថាវិធុរៈ តើអ្នកជាអ្វីក្នុងលោក ។

[១១២] (វិធុរបណ្ឌិត…) បុគ្គលពួកខ្លះជាទាសៈ កើតក្នុងផ្ទៃខ្ញុំស្រី ពួកខ្លះជាទាសៈគេលោះដោយទ្រព្យ ពួកខ្លះជាទាសៈចូលទៅនៅខ្លួនឯង ពួកខ្លះបោះបង់ (ទីលំនៅ) ព្រោះភ័យ ទៅនៅជាទាសៈគេ ទាសៈរបស់ជនទាំងឡាយ មាន ៤ ពួកនេះឯង ។ ឯយើងពិតជាទាសៈកើតអំពីកំណើត ព្រះរាជាមានសេចក្តីចម្រើនក្តី ព្រះរាជាមានសេចក្តីមិនចម្រើនក្តី (យើងមិនអាចនឹងពោលកុហកបានទេ) យើងបើទុកជាទៅកាន់ទីដទៃ ក៏គង់នៅជាទាសៈរបស់ព្រះសម្មតិទេព ម្នាលមាណព ព្រះរាជាគួរប្រទានយើងដល់អ្នកដោយធម៌ ។

[១១៣] (បុណ្ណកយក្ស…) នេះឯងជាជ័យជំនះទី ២ របស់ខ្ញុំក្នុងថ្ងៃនេះ ព្រោះថា (វិធុរៈ) អាមាត្យ ដែលខ្ញុំសួរហើយ ក៏ញែកប្រស្នាហើយ ឱហ្ន៎! ព្រះរាជាដ៏ប្រសើរ មិនតាំងនៅក្នុងធម៌ ទ្រង់មិនអនុញ្ញាតឲ្យនូវវិធុរបណ្ឌិត ជាអ្នកពោលពាក្យពីរោះដល់ខ្ញុំ ។

[១១៤] (ព្រះបាទកោរព្យៈ…) បើវិធុរបណ្ឌិតនោះ ញែកប្រស្នាដល់យើងយ៉ាងនេះថា ខ្ញុំជាទាសៈ មិនមែនជាញាតិទេ ម្នាលកច្ចានៈ អ្នកចូរយកវិធុរបណ្ឌិតជាទ្រព្យដ៏ប្រសើរជាងទ្រព្យទាំងឡាយចុះ អ្នកចូរយកទៅតាមពេញចិត្តចុះ ។

ចប់ អក្ខកណ្ឌ ។

[១១៥] (ព្រះបាទកោរព្យ…) ម្នាលវិធុរៈ កាលបុគ្គលជាគ្រហស្ថ នៅគ្រប់គ្រងផ្ទះរបស់ខ្លួន តើគួរមានការប្រព្រឹត្តិដ៏ក្សេមក្សាន្ត ដោយប្រការដូចម្តេច គួរមានការសង្រ្គោះ ដោយប្រការដូចម្តេចហ្ន៎ ។ គួរមានការមិនមានទុក្ខ ដោយប្រការដូចម្តេច មាណពឈ្មោះថា ពោលពាក្យពិត តើដោយប្រការដូចម្តេច បុគ្គលជាគ្រហស្ថ ចេញចាកលោកនេះ ទៅកាន់លោកខាងមុខ លុះទៅកាន់លោកខាងមុខហើយ រមែងមិនសោកស្តាយ តើដោយប្រការដូចម្តេច ។

[១១៦] (អភិសម្ពុទ្ធគាថា) វិធុរបណ្ឌិតអ្នកមានញាណគតិ មានព្យាយាម មានប្រាជ្ញាយល់អត្ថ យល់ធម៌ទាំងពួង បានឆ្លើយប្រស្នានុ៎ះ នឹងព្រះរាជានោះ ក្នុងរោងធម្មសភានោះថា គ្រហស្ថមិនគប្បីជាអ្នកមានប្រពន្ធសាធារណៈ មិនគួរបរិភោគអាហារមានរសឆ្ងាញ់តែម្នាក់ឯង មិនគួរគប់រករឿងផ្តេសផ្តាស ដែលទាក់ទងនឹងលោក (ព្រោះ) រឿងបែបនុ៎ះ មិនមែនជាគ្រឿងចម្រើនប្រាជ្ញាទេ ។ គ្រហស្ថ គួរជាអ្នកមានសីល បរិបូណ៌ដោយវត្ត មិនប្រហែស មានប្រាជ្ញាវាងវៃ ជាអ្នកប្រព្រឹត្តឱនលំទោន មិនរឹងត្អឹង ជាអ្នកស្លូតបូត មានពាក្យទន់ពីរោះ មានអាការដ៏ទន់ភ្លន់ ។ ជាអ្នកសង្រ្គោះមិត្រទាំងឡាយ ជាអ្នកចែករលែកទាន មានការចាត់ចែងដ៏ល្អ ញ៉ាំងសមណព្រាហ្មណ៍ឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹក ក្នុងកាលទាំងពួង ។ ជាអ្នកប្រាថ្នាសុចរិតធម៌ ទ្រទ្រង់ការចេះដឹង ជាអ្នកសាកសួរ ឧស្សាហ៍ចូលទៅរកអ្នកមានសីល ជាពហុស្សូត ដោយគោរព ។ កាលបុគ្គលជាគ្រហស្ថនៅគ្រប់គ្រងផ្ទះរបស់ខ្លួន គួរមានការប្រព្រឹត្តិដ៏ក្សេមក្សាន្តយ៉ាងនេះ គួរមានការសង្រ្គោះយ៉ាងនេះ ។ គ្រហស្ថគួរជាអ្នកមិនមានទុក្ខយ៉ាងនេះ មាណពឈ្មោះថា ពោលពាក្យពិតយ៉ាងនេះ គ្រហស្ថចេញចាកលោកនេះ ទៅកាន់លោកខាងមុខ លុះទៅកាន់លោកខាងមុខហើយ រមែងមិនសោកស្តាយយ៉ាងនេះ ។

ចប់ ឃរាវាសប្បញ្ហា ។

[១១៧] (បុណ្ណកយក្ស…) លោកចូរមក យើងនឹងទៅឥឡូវនេះ លោក (ដែលព្រះបាទធនញ្ជ័យ) ជាឥស្សរៈ បានព្រះរាជទានដល់ខ្ញុំហើយ ចូរប្រតិបត្តិឲ្យជាប្រយោជន៍ដល់ខ្ញុំ នេះជាទំនៀមរបស់អ្នកប្រាជ្ញក្នុងកាលមុន ។

[១១៨] (វិធុរបណ្ឌិត…) ម្នាលមាណព ខ្ញុំដឹងថា ខ្លួនខ្ញុំនៅក្នុងកណ្តាប់ដៃអ្នកហើយ (ព្រោះ) ខ្ញុំត្រូវព្រះបាទធនញ្ជ័យជាឥស្សរៈ ព្រះរាជទានដល់អ្នកហើយ តែយើងសូមឲ្យអ្នកនៅក្នុងផ្ទះយើងអស់ ៣ ថ្ងៃ ទំរាំយើងប្រៀនប្រដៅកូន និងប្រពន្ធសិន ។

[១១៩] (បុណ្ណកយក្ស…) លោកពោលពាក្យណា ពាក្យនោះចូរមានដល់ខ្ញុំ ដោយប្រការដូច្នោះ យើងគប្បីនៅអស់ ៣ ថ្ងៃ លោកដ៏ចម្រើន ចូរធ្វើកិច្ចក្នុងផ្ទះ (របស់លោក) ក្នុងថ្ងៃនេះចុះ លោកដ៏ចម្រើន ចូរប្រៀនប្រដៅបុត្រ និងភរិយា ក្នុងថ្ងៃនេះចុះ កាលបើលោកចេញទៅ (បុត្រ និងភរិយារបស់លោក) បានសេចក្តីសុខយ៉ាងណា (សូមប្រៀនប្រដៅយ៉ាងនោះ) ។

[១២០] (អភិសម្ពុទ្ធគាថា) បុណ្ណកយក្ស មានភោគៈជាគ្រឿងប្រាថ្នាច្រើន បានពោលថា សាធុ ដូច្នេះ ក៏ចៀសចេញទៅជាមួយនឹងវិធុរបណ្ឌិត ឯវិធុរបណ្ឌិត ជាបុគ្គលប្រសើរថ្លៃថ្លា ចូលទៅកាន់ខាងក្នុងបុរីនោះ ដែលបរិបូណ៌ដោយដំរី និងសេះអាជានេយ្យ ។

[១២១] បណ្តាប្រាសាទទាំងនោះ គឺកោញ្ចប្រាសាទ មយូរប្រាសាទ បិយកេតប្រាសាទ ព្រះមហាសត្វ (នាំបុណ្ណកយក្ស) ចូលទៅកាន់ប្រាសាទជាទីរីករាយក្រៃលែង ជាប្រាសាទមានភក្សាហារច្រើន មានបាយ និងទឹកច្រើន ដូចជា (ភព) មសក្កសារៈនៃព្រះវាសវៈ ។

[១២២] នាងនារីទាំងឡាយ តាក់តែងខ្លួនដ៏សមរម្យល្អ រាំច្រៀង ហៅរកដ៏ប្រសើរក្រៃលែង ក្នុងប្រាសាទនោះ ដូចស្រីអប្សរក្នុងទេវលោក ។ ព្រះមហាសត្វ អ្នករក្សាធម៌ ធ្វើបុណ្ណកយក្សឲ្យបរិបូណ៌ដោយពួកនារីជាទីរីករាយផង ដោយបាយ និងទឹកផង ហើយជ្រើសរើសតែសេចក្តីយ៉ាងសំខាន់ ទើបចូលទៅក្នុងសំណាក់ភរិយាក្នុងកាលនោះ ។ មហាសត្វនិយាយនឹងភរិយា ដែលមានខ្លួនប្រោះព្រំដោយទឹកក្រអូបនៃខ្លឹមចន្ទន៍ មានសម្បុរប្រាកដស្មើដោយឆ្តោរនៃមាសជម្ពូនទថា ម្នាលនាងដ៏ចម្រើនមានភ្នែកក្រហម នាងចូរមក ចូរស្តាប់ខ្ញុំ ចូរហៅបុត្រ និងធីតាមក ។ នាងអនោជាបានស្តាប់ពាក្យរបស់ប្តីហើយ ក៏និយាយនឹងកូនប្រសាស្រី មានក្រចកក្រហម មានភ្នែកល្អថា ម្នាលនាងមានសម្បុរដូចផ្ការាជព្រឹក្ស នាងចូរហៅបុត្រ និងធីតា ដែលទ្រទ្រង់ប្រដាប់ទាំងនោះមក ។

[១២៣] ព្រះមហាសត្វ ជាអ្នករក្សាធម៌ ឥតមានញាប់ញ័រនឹងកូនទាំងឡាយ ថើបក្បាលកូនទាំងឡាយនោះ ដែលមកដល់ហើយ ហៅមកនិយាយពាក្យថា អញត្រូវព្រះរាជា ក្នុងក្រុងឥន្ទបត្តនេះ ប្រទានដល់មាណពហើយ ។ ថ្ងៃនេះអញមានសេចក្តីសុខក្នុងខ្លួនទេ (តអំពី ៣ ថ្ងៃទៅ) អញនឹងជាអ្នកបំរើមាណពនោះ មាណពនោះ នាំអញទៅតាមសេចក្តីត្រូវការ ចំណែកខាងអញដែលមកនេះ ដើម្បីប្រៀនប្រដៅអ្នកទាំងឡាយ (ព្រោះថា) អញនឹងទៅដោយមិនបានការពារ (មុន) ដូចម្តេចបាន ។ បើព្រះរាជានៅក្នុងដែនកុរុ ជាអ្នកភ្ជាប់មិត្តជន មានភោគៈជាទីប្រាថ្នាច្រើន សួរកូនឯងទាំងឡាយថា អ្នកទាំងឡាយ ដឹងច្បាស់នូវដំណើរបូរាណក្នុងកាលមុនដែរឬ បិតារបស់អ្នកទាំងឡាយបានប្រៀនប្រដៅក្នុងកាលមុនដូចម្តេចខ្លះ មួយទៀត ពួកអ្នកទាំងអស់គ្នា ចូរមានអាសនៈស្មើនឹងយើងចុះ (ព្រោះ) ក្នុងរាជត្រកូលនេះ រកមនុស្សណារបស់ព្រះរាជា ជាអ្នកខ្ពង់ខ្ពស់ (ឲ្យស្មើនឹងពួកអ្នក) មិនមានទេ ពួកកូនឯងគប្បីធ្វើអញ្ជលី ទូលព្រះរាជាយ៉ាងនេះថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គកុំត្រាស់យ៉ាងនេះ ព្រោះថា នេះមិនមែនជាបវេណីធម៌ទេ បពិត្រព្រះសម្មតិទេព សត្វចចកមានជាតិថោកទាប គប្បីមានអាសនៈស្មើនឹងកេសរសីហៈ ដូចម្តេចបាន ។

ចប់ លក្ខកណ្ឌ ។

[១២៤] (អភិសម្ពុទ្ធគាថា) វិធុរបណ្ឌិតនោះ មានសេចក្តីត្រិះរិះដោយចិត្តមិនរួញរា បានពោលពាក្យនេះនឹងបុត្រ អាមាត្យ ញាតិ សម្លាញ់ថា ម្នាលកូនសម្លាញ់ទាំងឡាយ ចូរអ្នកទាំងឡាយមកអង្គុយស្តាប់រាជវសតិធម៌ (ច្បាប់សម្រាប់នៅក្នុងរាជត្រកូល) របស់អញ ដែលជាច្បាប់សម្រាប់បុរសចូលទៅកាន់រាជត្រកូល រមែងបាននូវយស ។

[១២៥] រាជសេវកៈ ដែលចូលទាំកាន់រាជត្រកូល (មានគុណសម្បត្តិ) មិនប្រាកដ រមែងមិនបានយសទេ រាជសេវកៈមិនត្រូវជាអ្នកក្លៀវក្លាពេក មិនត្រូវជាអ្នកខ្លាចពេក មិនត្រូវធ្វេសប្រហែសក្នុងកាលណាឡើយ ។ ព្រះរាជាជ្រាបច្បាស់នូវអាចារសម្បត្តិ និងសេចក្តីចេះដឹង ព្រមទាំងសេចក្តីស្អាតរបស់រាជសេវកៈនោះក្នុងកាលណា ព្រះរាជាក៏រមែងស្និទ្ធស្នាលចំពោះរាជសេវកៈនោះ ក្នុងកាលណោះ ទាំងមិនលាក់នូវអាថ៌កំបាំង (របស់ព្រះអង្គ) នឹងរាជសេវកៈនោះទេ ។

[១២៦] រាជសេវកៈ ដែលព្រះរាជាត្រាស់ប្រើ (ក្នុងរាជកិច្ចណាមួយ) មិនគប្បីធ្វើរាជកិច្ចនោះឲ្យកម្រើក (ល្អៀង) ទេ ត្រូវធ្វើឲ្យដូចជាជញ្ជីងដែលគេលើកឡើងហើយ មានដងស្មើទៀងល្អ ។ រាជសេវកៈធ្វើរាជកិច្ចទាំងពួងដូចជញ្ជីងដែលគេលើកឡើងហើយ មានដងស្មើ ទៀងល្អ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល ។

[១២៧] រាជសេវកៈ ជាអ្នកឈ្លាសេវៃក្នុងរាជកិច្ចទាំងឡាយ ដែលព្រះរាជាត្រូវប្រើក្នុងវេលាថ្ងៃ ឬក្នុងវេលាយប់ មិនគប្បីធ្វើរាជកិច្ចនោះឲ្យកម្រើក រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល ។ រាជសេវកៈ ជាអ្នកឈ្លាសវៃក្នុងរាជកិច្ចទាំងឡាយ ធ្វើរាជកិច្ចគ្រប់យ៉ាង ក្នុងវេលាថ្ងៃ ឬក្នុងវេលាយប់ (ឲ្យសម្រេចដោយរៀបរយ) រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល ។ ផ្លូវណាដែលគេធ្វើល្អ ចាត់ចែងល្អសម្រាប់ព្រះរាជា រាជសេវកៈ ដែលព្រះរាជាត្រាស់ហើយ មិនត្រូវដើរទៅតាមផ្លូវនោះ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល ។

[១២៨] រាជសេវកៈមិនគួរប្រើប្រាស់កាមភោគៈ ស្មើនឹងព្រះរាជាក្នុងកាលណាឡើយ ត្រូវដើរខាងក្រោយក្នុងកាមគុណគ្រប់យ៉ាង រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល ។ រាជសេវកៈមិនត្រូវប្រើប្រាស់សំពត់ មិនត្រូវប្រើប្រាស់ផ្កាកម្រង មិនត្រូវប្រើប្រាស់គ្រឿងលាប ឲ្យដូចរបស់ព្រះរាជា មិនត្រូវប្រព្រឹត្តកិរិយា ឬការនិយាយស្តី ឲ្យដូចព្រះរាជា ត្រូវធ្វើអាកប្បកិរិយាដទៃវិញ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល ។

[១២៩] ព្រះរាជា ទ្រង់ក្រសាលនឹងរាជសេវកៈ មានស្រីស្នំគាល់បំរើ អាមាត្យជាបណ្ឌិត មិនត្រូវធ្វើសេចក្តីស្និទ្ធស្នាល ចំពោះពួកស្រីស្នំរបស់ព្រះរាជាទេ ។ រាជសេវកៈ ជាអ្នកមិនឆ្មើងឆ្មៃ មិនឃ្នើសឃ្នង ជាអ្នកមានប្រាជ្ញាខ្ជាប់ខ្ជួន សង្រួមឥន្រ្ទិយដ៏ល្អ បរិបូណ៌ដោយការតំកល់ចិត្ត រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល ។

[១៣០] រាជសេវកៈ មិនត្រូវប្រឡែង មិនត្រូវនៅក្នុងទីស្ងាត់ ប្រឹក្សាជាមួយនឹងពួកស្រីស្នំរបស់ព្រះរាជា មិនត្រូវលួចយកព្រះរាជទ្រព្យអំពីឃ្លាំងរបស់ព្រះរាជានោះទេ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល ។ រាជសេវកៈ មិនគប្បីសំគាល់ការដេកច្រើន មិនត្រូវផឹកសុរាឲ្យស្រវឹង មិនត្រូវបៀតបៀនពួកម្រឹគដែលទ្រង់ឲ្យអភ័យ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល ។ រាជសេវកៈមិនត្រូវឡើងកាន់តាំង មិនត្រូវឡើងកាន់បល្ល័ង្ក មិនត្រូវឡើងកាន់កៅអី មិនត្រូវឡើងកាន់នាវា ឬកាន់រថរបស់ព្រះរាជា ដោយគិតថា ខ្លួនអញ ព្រះរាជាប្រោសប្រាណហើយ ដូច្នេះទេ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល ។ រាជសេវកៈជាអ្នកវាងវៃ ត្រូវគាល់ព្រះរាជា ក្នុងទីមិនឆ្ងាយពេក មិនជិតពេក គប្បីឋិតនៅល្មមតែព្រះរាជាទតឃើញ ទាំងខ្លួនឯងក៏មើលឃើញព្រះរាជាជាម្ចាស់ ។ រាជសេវកៈ (គួរគិតថា) ព្រះរាជាមិនមែនជាសម្លាញ់របស់អញទេ ។ ព្រះរាជាមិនមែនជាគូកន (របស់អញទេ) ធម្មតា ព្រះរាជាទាំងឡាយ រមែងខ្ញាល់ឆាប់ ដូចភ្នែកដែលត្រូវលំអង មានកន្ទុយស្រូវ (ជាដើម) ប៉ះពាល់ ។ ជនជាបណ្ឌិត អ្នកមានប្រាជ្ញា មិនត្រូវសំគាល់ថា ព្រះរាជាបូជាអញហើយ ក៏ពិតទូលហេតុអាក្រក់ ចំពោះព្រះរាជា ដែលយាងមកកាន់បរិស័ទ ។

[១៣១] រាជសេវកៈ ទុកជាបានអនុញ្ញាតទ្វារហើយ ត្រូវបានអនុញ្ញាតទ្វារ (ទៀត សឹមចូល) មិនត្រូវទុកចិត្តចំពោះព្រះរាជាទាំងឡាយ គប្បីប្រយ័ត្នដូចភ្លើង រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល ។ ព្រះរាជាជាក្សត្រិយ៍ ទ្រង់លើកតំកើងព្រះរាជបុត្រ ឬក្សត្រិយ៍ជាបងប្អូនរបស់ព្រះអង្គ ដោយស្រុក ឬនិគម ដោយដែន ឬជនបទ រាជសេវកៈត្រូវនៅស្ងៀម រំពឹងមើល មិនត្រូវនិយាយពីគុណ ឬទោសឡើយ ។

[១៣២] ព្រះរាជា ទ្រង់បន្ថែមបៀវត្សរ៍ដល់ពលដំរី ពលរថ ពលថ្មើរជើងទាំងនោះ ដោយការប្រគល់ឲ្យចំពោះការងារ រាជសេវកៈមិនត្រូវធ្វើឲ្យអន្តរាយ (លាភ) របស់ពលទាំងនោះ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល ។ រាជសេវកៈ ជាអ្នកប្រាជ្ញ ត្រូវឱនលំទោនដូចជាដងធ្នូ ត្រូវញាប់ញ័រដូចជាឫស្សី មិនត្រូវប្រព្រឹត្តទទឹងទាស់ទេ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល ។ រាជសេវកៈ ត្រូវមានពោះធូរដូចបន្លោះធ្នូ មិនត្រូវមានអណ្តាតដូចត្រី ត្រូវស៊ីតិច មានប្រាជ្ញារក្សាខ្លួន ក្លៀវក្លា រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល ។

[១៣៣] រាជសេវកៈ មិនត្រូវប៉ះពាល់គប់ស្រី ជាហេតុឲ្យអស់តេជះខ្លាំងពេកទេ សេវកៈដែលអស់ប្រាជ្ញា រមែងដល់នូវរោគក្អក ហឺត ទុរន់ទុរា មានកម្លាំងថយ ។ រាជសេវកៈមិនត្រូវនិយាយហួសកម្រិត មិនត្រូវស្ងៀមគ្រប់កាលទាំងពួងទេ ត្រូវពោលពាក្យមិនរោយរាយ ល្មមប្រមាណក្នុងកាលដែលត្រូវការ ។ រាជសេវកៈ គប្បីជាអ្នកមិនក្រោធ មិនបៀតបៀនគេ មានពាក្យសច្ចៈ ផ្អែមល្ហែម មិនញុះញង់ មិននិយាយពាក្យឥតប្រយោជន៍ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល ។

[១៣៤] រាជសេវកៈត្រូវចិញ្ចឹមមាតា និងបិតា ត្រូវមានសេចក្តីគោរពចំពោះបុគ្គលជាធំក្នុងត្រកូល មានវាចាផ្អែមល្ហែម ពោលពាក្យម៉ត់ហ្មង រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល ។ សេវកៈត្រូវមានសណ្តាប់ធ្នាប់ មានសិល្បសាស្ត្រ មានឥន្ទ្រិយទូន្មានហើយ មានខ្លួនធ្វើហើយ (ចេះស្ទាត់) ជាអ្នកនឹងនួន មានអធ្យាស្រ័យទន់ភ្លន់ មិនធ្វេសប្រហែស ជាអ្នកស្អាត ទាំងឈ្លាសវៃ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល ។ រាជសេវកៈត្រូវមានសេចក្តីប្រព្រឹត្តិឱនលំទោន កោតក្រែងគោរពចំពោះបុគ្គលចម្រើន (ដោយវយ័ជាដើម) ជាអ្នកស្លូតត្រង់ នៅរួមជាសុខ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល ។ រាជសេវកៈ គប្បីវៀរឲ្យឆ្ងាយចេញនូវជន ដែលព្រះរាជាដទៃបញ្ជូនមក ដើម្បីការស្ងាត់កំបាំង គប្បីរំពៃមើលចំពោះព្រះរាជាជាម្ចាស់ (របស់ខ្លួន) មិនត្រូវនិយាយចំពោះព្រះរាជាដទៃទេ ។

[១៣៥] រាជសេវកៈ គប្បីគប់រកចំពោះសមណៈ និងព្រាហ្មណ៍ អ្នកមានសីល ជាពហុស្សូតដោយគោរព រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល ។ រាជសេវកៈ គួរប្រព្រឹត្តតាមពួកសមណៈ និងព្រាហ្មណ៍អ្នកមានសីល ជាពហុស្សូតដោយគោរព រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល ។ រាជសេវកៈគួរញ៉ាំងសមណៈ និងព្រាហ្មណ៍ អ្នកមានសីល ជាពហុស្សូត ឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹក រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល ។ រាជសេវកៈ កាលបើប្រាថ្នាសេចក្តីចម្រើនដល់ខ្លួន គប្បីចូលទៅគប់រកសមណៈ និងព្រាហ្មណ៍អ្នកមានសីលជាពហុស្សូត ជាបណ្ឌិត ។

[១៣៦] រាជសេវកៈ មិនត្រូវញ៉ាំងទានដែលព្រះរាជាធ្លាប់ព្រះរាជទានដល់សមណៈ និងព្រាហ្មណ៍ ឲ្យសាបសូន្យ ទាំងមិនគួរឃាត់វត្ថុណាមួយចំពោះពួកស្មូមក្នុងកាលជាទីព្រះរាជទាន ។ រាជសេវកៈ ជាអ្នកមានប្រាជ្ញា បរិបូណ៌ដោយឧបាយ ជាអ្នកឆ្លៀវឆ្លាសក្នុងវិធីចាត់ចែង ជាអ្នកដឹងកាល (ជាទីធ្វើបុណ្យ) ដឹងសម័យ (ប្រកបការងារ) រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល ។ រាជសេវកៈ ជាអ្នកខ្នះខ្នែង មិនប្រមាទ ឈ្លាសវៃ ចាត់ចែងការងារដ៏ល្អ ក្នុងក្រសួងការងារទាំងឡាយ ត្រូវមានសេចក្តីព្យាយាមចាត់ចែងរាជកិច្ចឲ្យប្រព្រឹត្តទៅដោយស្រួល រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល ។

[១៣៧] រាជសេវកៈគួរទៅ (ត្រួតត្រាមើល) លានស្រូវ រោងចិញ្ចឹមសត្វ និងស្រែចំការ (របស់ព្រះរាជា) ឲ្យរឿយៗ គប្បីទុកដាក់ស្រូវដែលវាល់ហើយផង ឲ្យគេចំអិនអង្ករ ដែលវាល់ហើយក្នុងផ្ទះផង ។ មិនត្រូវលើកតំកើងកូន ឬបងប្អូនរបស់ខ្លួន ដែលមិនតាំងនៅក្នុងសីលាចារវត្ត ព្រោះថាជនទាំងនោះ ជាមនុស្សពាល មិនឈ្មោះថាជាអវយវៈ (របស់ខ្លួន) ជនទាំងនោះ ទុកដូចជាមនុស្សស្លាប់ហើយ តែថាត្រូវឲ្យសំពត់ និងដុំបាយដល់ជនទាំងនោះ ដែលមកអង្គុយជិតហើយ គប្បីតំកល់ពួកបុរសជាទាសកម្មករ ដែលជាអ្នកខ្ជាប់ខ្ជួនល្អ ក្នុងសីលាចារវត្ត ជាអ្នកឈ្លាសវៃ បរិបូណ៌ដោយសេចក្តីឃ្មាតខ្មីក្នុងទីជាអធិបតី (ក្នុងការងារ) ។

[១៣៨] រាជសេវកៈ ត្រូវមានសីល មិនលោភ ជាអ្នកប្រព្រឹត្តតាមព្រះរាជា ជាគុណដល់ព្រះរាជា ទាំងក្នុងទីចំពោះព្រះភក្រ្ត និងទីកំបាំងព្រះភក្រ្ត រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល ។ រាជសេវកៈជាអ្នកស្គាល់បំណងរបស់ព្រះរាជានោះផង តាំងនៅដូចព្រះហ្ឫទ័យរបស់ព្រះរាជានោះផង ជាអ្នកមិនប្រព្រឹត្តទទឹងទាស់នឹងព្រះរាជានោះផង រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល ។ រាជសេវកៈគប្បីឱនក្បាលលាងព្រះបាទ (របស់ព្រះរាជា) ក្នុងកាលជាទីទ្រង់ព្រះពស្ត្រ ឬក្នុងកាលជាទីស្រង់ព្រះគង្គា សូម្បីព្រះរាជាទ្រង់ខ្ញាល់ ក៏មិនគប្បីខឹងតបវិញទេ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល ។

[១៣៩] ប៉ុនអម្បាលបុរសប្រាថ្នាសេចក្តីចម្រើន គង់ធ្វើអញ្ជលីចំពោះក្អមទឹក ឬធ្វើបទក្សិណចំពោះបក្សីក្អែក បុគ្គលមិននមស្ការចំពោះព្រះរាជាជាបណ្ឌិតខ្ពង់ខ្ពស់ ព្រះអង្គប្រទានសេចក្តីប្រាថ្នាគ្រប់យ៉ាង ដូចម្តេចបាន ព្រោះព្រះអង្គប្រទានទីដេក សំពត់ យាន និងផ្ទះសំរាប់សំណាក់អាស្រ័យ ទ្រង់បង្អុរភោគសម្ប័ទ ដូចមេឃបង្អុរភ្លៀងដល់ពួកសត្ត ។ ម្នាលកូនសម្លាញ់ទាំងឡាយ នេះជារាជវសតិធម៌ ដែលនរជនប្រព្រឹត្តតាម រមែងញ៉ាំងព្រះរាជាឲ្យប្រោសប្រាណ រមែងបានការបូជាអំពីចៅហ្វាយនាយទាំងឡាយ ។

ចប់ រាជវសតីកណ្ឌ ។

[១៤០] (អភិសម្ពុទ្ធគាថា) វិធុរបណ្ឌិតមានប្រាជ្ញាវាងវៃ ប្រៀនប្រដៅពួកញាតិយ៉ាងនេះហើយ ក៏ចូលទៅគាល់ព្រះរាជា ដោយមានពួកញាតិចោមរោម វិធុរបណ្ឌិតថ្វាយបង្គំព្រះបាទាដោយត្បូង ធ្វើប្រទក្សិណព្រះអង្គ ផ្គងអញ្ជលី ក្រាបបង្គំទូលព្រះរាជាថា បពិត្រព្រះអង្គជាអ្នកបង្រ្កាបសត្រូវ មាណពនេះ មានប្រាថ្នានឹងធ្វើតាមអធ្យាស្រ័យ នឹងនាំខ្ញុំព្រះអង្គទៅ ខ្ញុំព្រះអង្គនឹងនិយាយពាក្យជាប្រយោជន៍ដល់ពួកញាតិ សូមព្រះអង្គទ្រង់ព្រះសណ្តាប់នូវពាក្យនោះ ។ សូមព្រះអង្គទ្រង់ទតមើលកូនទាំងឡាយរបស់ខ្ញុំព្រះអង្គផង និងទ្រព្យដទៃក្នុងផ្ទះរបស់ខ្ញុំព្រះអង្គផង កាលបើខ្ញុំព្រះអង្គទៅហើយ សូមកុំឲ្យពួកញាតិវិនាស ក្នុងកាលខាងក្រោយឡើយ ប្រសិនបើទូលព្រះបង្គំមានសេចក្តីភ្លាំងភ្លាត់ ទូលព្រះបង្គំនឹងឃើញកំហុសនោះវិញ ដូចជាបុរសភ្លាត់ដួលលើផែនដីហើយឈរស៊ប់លើផែនដីវិញ ។

[១៤១] (ព្រះរាជា…) សេចក្តីគាប់ចិត្តខ្ញុំថា អ្នកមិនគួរទៅទេ ខ្ញុំគាប់ចិត្តថា ឲ្យអ្នកកាប់សំឡាប់មាណពកច្ចាយនៈក្នុងទីនេះ ហើយនៅក្នុងទីនេះចុះ ម្នាលបណ្ឌិតមានប្រាជ្ញាឧត្តមដូចផែនដី អ្នកកុំទៅ ។

[១៤២] (មហាសត្វ…) សូមព្រះអង្គកុំតំកល់ព្រះហ្ឫទ័យក្នុងភាពមិនមែនជាធម៌ សូមប្រកបក្នុងប្រយោជន៍ផង ក្នុងធម៌ផង ថ្វឺយ បុគ្គលធ្វើកម្មណា ហើយទៅកាន់នរកក្នុងកាលខាងក្រោយ កម្មនោះ ជាអំពើអកុសលមិនប្រសើរ ។ បពិត្រព្រះអង្គជាធំជាងជន ព្រោះថា ធម្មតា ម្ចាស់ជាធំរបស់ទាសៈ ចង់សំឡាប់ ចង់ដុតរោលបៀតបៀនក៏បាន តែនេះមិនមែនជាធម៌ (របស់បុរាណបណ្ឌិតទេ) ទាំងមិនមែនជាកិច្ចគួរប្រព្រឹត្តឡើយ សេចក្តីក្រោធនៃខ្ញុំព្រះអង្គមិនមានទេ ខ្ញុំព្រះអង្គសូមលាទៅ ។

[១៤៣] (អភិសម្ពុទ្ធគាថា) ព្រះមហាសត្វនោះ មានព្រះនេត្រពេញដោយទឹកភ្នែក ចូលទៅឱបរឹត (ធម្មបាលកុមារ) ជាបុត្តច្បង លុះបន្ទោបង់សេចក្តីក្រវល់ក្រវាយក្នុងហ្ឫទ័យហើយ ក៏ចូលទៅកាន់ផ្ទះធំ ។

[១៤៤] ពួកបុត្រ និងភរិយារបស់វិធុរបណ្ឌិត ដេក (បម្រាស់ននៀលក្នុងលំនៅដូចជាដើមរាំងដែលត្រូវខ្យល់បក់បោកញាំញី ។ ស្រ្តីជាប្រពន្ធ ១ ពាន់នាក់ និង ទាសី ៧ រយនាក់ ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញក្នុងលំនៅនៃវិធុរបណ្ឌិត ។ ពួកស្រីស្នំ ពួកកុមារ ពួកអ្នកជំនួញ និងពួកព្រាហ្មណ៍ ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញក្នុងលំនៅនៃវិធុរបណ្ឌិត ។ ពួកពលដំរី ពលសេះ ពលរថ ពលថ្មើរជើង ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញក្នុងលំនៅនៃវិធុរបណ្ឌិត ។ ពួកអ្នកជនបទ មកជួបជុំគ្នា ទាំងពួកអ្នកនិគម ក៏មកជួបជុំគ្នា ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញក្នុងលំនៅនៃវិធុរបណ្ឌិត ។ ស្រ្តីជាប្រពន្ធ ១ ពាន់នាក់ និងទាសី ៧ រយនាក់ ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញថា ហេតុអ្វីទើបលោកលះចោលពួកយើង ។ ពួកស្រីស្នំ ពួកកុមារ ពួកអ្នកជំនួញ និងពួកព្រាហ្មណ៍ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញថា ហេតុអ្វីទើបលោកលះចោលពួកយើង ។ ពួកពលដំរី ពលសេះ ពលរថ ពលថ្មើរជើង ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញថា ហេតុអ្វីទើបលោកលះចោលពួកយើង ។ ពួកអ្នកជនបទ មកជួបជុំគ្នា ទាំងពួកអ្នកនិគម ក៏មកជួបជុំគ្នា ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញថា ហេតុអ្វីទើបលោកលះចោលពួកយើង ។

[១៤៥] ព្រះមហាសត្វ បានធ្វើកិច្ចទាំងឡាយក្នុងផ្ទះ ប្រៀនប្រដៅជនរបស់ខ្លួន គឺពួកមិត្រ អាមាត្យ ជនអ្នកនៅអាស្រ័យ បុត្រ ភរិយា និងផៅពង្ស ។ ព្រះមហាសត្វ ចាត់ចែងការងារប្រាប់នូវទ្រព្យក្នុងផ្ទះ និងកំណប់ និងការឲ្យបុល ហើយពោលពាក្យនេះនឹងបុណ្ណកយក្សថា អ្នកបានស្នាក់នៅក្នុងផ្ទះរបស់ខ្ញុំអស់ ៣ ថ្ងៃហើយ កិច្ចក្នុងផ្ទះខ្ញុំធ្វើហើយ ទាំងបុត្រ និងភរិយា ខ្ញុំក៏បានប្រៀនប្រដៅហើយ អ្នកចូរធ្វើកិច្ចទាំងឡាយ តាមអធ្យាស្រ័យរបស់អ្នកចុះ ។

[១៤៦] (បុណ្ណកយក្ស…) បពិត្រអ្នកជាអាមាត្យ បើអ្នកបានប្រៀនប្រដៅបុត្រ ភរិយា និងពួកជនអ្នកចិញ្ចឹមជីវិតដោយសារហើយ អើ អ្នកចូរប្រញាប់ប្រញាល់មកក្នុងកាលឥឡូវនេះចុះ ព្រោះថាផ្លូវខាងមុខនេះ ជាផ្លូវដាច់ស្រយាលវែងឆ្ងាយ ។ អ្នកកុំភ័យ ចូរចាប់តោងកន្ទុយសេះអាជានេយ្យចុះ នេះជាការឃើញនូវជីវលោកជាទីបំផុតរបស់អ្នក ។

[១៤៧] (ព្រះមហាសត្វ…) បុគ្គលទៅកាន់ទុគ្គតិដោយអំពើណាដែលកើតអំពីកាយ វាចា ចិត្ត អំពើអាក្រក់ (នោះ) របស់ខ្ញុំមិនមានទេ ខ្ញុំនឹងខ្លាចចំពោះអំពើអ្វី ។

[១៤៨] (អភិសម្ពុទ្ធគាថា) ស្តេចសេះនោះ នាំវិធុរបណ្ឌិតហោះទៅឰដ៏អាកាសវេហាស៍ ឥតប៉ះទង្គិចនឹងមែកឈើ ឬភ្នំ ក៏ចូលទៅកាន់កាឡាគិរីបព៌តដោយឆាប់រហ័ស ។

[១៤៩] ស្រ្តីជាប្រពន្ធ ១ ពាន់នាក់ និងទាសី ៧ រយនាក់ ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញថា យក្សក្លែងភេទជាព្រាហ្មណ៍ នាំវិធុរបណ្ឌិតទៅ ។ ពួកស្រីស្នំ ពួកកុមារ ពួកអ្នកជំនួញ និងពួកព្រាហ្មណ៍ ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញថា យក្សក្លែងភេទជាព្រាហ្មណ៍ នាំវិធុរបណ្ឌិតទៅ ។ ពួកពលដំរី ពលសេះ ពលរថ ពលថ្មើរជើង ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញថា យក្សក្លែងភេទជាព្រាហ្មណ៍ នាំវិធុរបណ្ឌិតទៅ ។ ពួកអ្នកជនបទមកជួបជុំគ្នា ទាំងពួកអ្នកនិគមក៏មកជួបជុំគ្នា ផ្គងដៃខ្សឹកខ្សួលកន្ទក់កន្ទេញថា យក្សក្លែងភេទជាព្រាហ្មណ៍ នាំវិធុរបណ្ឌិតទៅ ។ ស្រ្តីជាប្រពន្ធ ១ ពាន់នាក់ និងទាសី ៧ រយនាក់ ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញថា វិធុរបណ្ឌិតទៅក្នុងទីណាហ្ន៎ ។ ពួកស្រីស្នំ ពួកកុមារ ពួកអ្នកជំនួញ និងពួកព្រាហ្មណ៍ ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញថា វិធុរបណ្ឌិតទៅក្នុងទីណាហ្ន៎ ។ ពួកពលដំរី (ពលសេះ) ពលរថ ពលថ្មើរជើង ផ្គងដៃខ្សឹកខ្សួលកន្ទក់កន្ទេញថា វិធុរបណ្ឌិតនោះទៅក្នុងទីណាហ្ន៎ ។ ពួកអ្នកជនបទមកជួបជុំគ្នា ទាំងពួកអ្នកនិគមក៏មកជួបជុំគ្នា ផ្គងដៃខ្សឹកខ្សួលកន្ទក់កន្ទេញថា វិធុរបណ្ឌិតនោះទៅក្នុងទីណាហ្ន៎ ។

[១៥០] (មហាជន…) បើបណ្ឌិតនោះ នឹងមិនត្រឡប់មកក្នុងរវាង ៧ រាត្រីវិញទេ ពួកទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា នឹងចូលភ្លើង ពួកទូលព្រះបង្គំជាខ្ញុំ មិនមានសេចក្ដីត្រូវការដោយជីវិតឡើយ ។

[១៥១] (ព្រះរាជា…) បណ្ឌិតជាបុគ្គលឈ្លាសវៃ អាចសំដែង (ប្រយោជន៍) និងមិនមែនប្រយោជន៍ មានប្រាជ្ញាឈ្វេងយល់ រមែងដោះខ្លួនបានដោយឆាប់ អ្នកទាំងឡាយកុំខ្លាចឡើយ បណ្ឌិតនោះ គង់តែនឹងត្រឡប់មកវិញ ។

ចប់ អន្តរបេយ្យាលៈ ។

[១៥២] (អភិសម្ពុទ្ធគាថា) បុណ្ណកយក្សនោះ កាលទៅលើកំពូលភ្នំកាឡាគិរីនោះ ក៏គិតថា គំនិតទាំងឡាយ រមែងជាធម្មជាតិខ្ពស់ និងទាប អញមិនមែនមានកិច្ចតិចតួច ដោយជីវិតរបស់វិធុរបណ្ឌិតនេះ (ក្នុងភពនាគនោះទេ) អញនឹងសំឡាប់វិធុរបណ្ឌិតនេះ ហើយនាំយកតែដួងហ្ឫទ័យទៅ ។

[១៥៣] មាណពកច្ចាយនគោត្រនោះ មានចិត្តប្រទូស្ត បានទៅក្នុងចន្លោះភ្នំនោះ ហើយចូលទៅខាងក្នុងភ្នំ ចាប់ព្រះមហាសត្វ យកក្បាលចុះក្រោម (គ្រវែងទៅ) ក្នុងប្រទេសនៃផែនដីដែលមិនមានអ្វីប៉ះពាល់ឡើយ ។

[១៥៤] វិធុរបណ្ឌិតនោះ ជាអាមាត្យដ៏ប្រសើររបស់អ្នកដែនកុរុ កាលសំយុងចុះ ទៅក្នុងរណ្តៅជ្រោះ ជាទីមានភ័យដ៏ធំ គួរព្រួចព្រឺរោម ដែលលំបាកនឹងទៅក្រៃលែង តែមិនតក់ស្លុត ហើយពោលនឹងបុណ្ណកយក្សយ៉ាងនេះថា អ្នកជាមនុស្សមិនប្រសើរ តែធ្វើដូចជាប្រសើរ ជាអ្នកមិនសង្រួម តែមានអាការហាក់ដូចជាអ្នកសង្រួម អ្នកធ្វើអំពើអាក្រក់ឥតប្រយោជន៍ ចំណែកកុសលតិចតួច ឥតមានក្នុងចិត្តនៃអ្នកទេ ។ អ្នកចង់ទំលាក់ខ្ញុំទៅក្នុងរណ្តៅជ្រោះ ដោយហេតុណា ប្រយោជន៍ដូចម្តេចដោយការសំឡាប់ខ្ញុំនឹងមានដល់អ្នក ដោយហេតុនោះ ក្នុងថ្ងៃនេះ អ្នកមានភេទដូចជាមិនមែនភេទនៃមនុស្សទេ ចូរអ្នកប្រាប់ខ្ញុំ អ្នកជាទេវតា ឬជាអ្វី ។

[១៥៥] (បុណ្ណកយក្ស…) ខ្ញុំនោះឈ្មោះបុណ្ណកយក្ស ជាអាមាត្យព្រះបាទកុវេរៈដែលអ្នកធ្លាប់បានឮហើយ នាគរាជព្រះនាមវរុណៈ ជាអ្នកទ្រទ្រង់ផែនដីមានទំហំនិងកំពស់ មានទ្រង់ទ្រាយដ៏ស្អាត បរិបូណ៌ដោយពណ៌ និងកម្លាំង ។ ម្នាលអ្នកប្រាជ្ញ ខ្ញុំចង់បានធីតា ជាអនុជាតិនៃព្រះបាទវរុណនាគនោះ នាគកញ្ញានោះ ឈ្មោះឥរន្ទតី ខ្ញុំព្យាយាមសំឡាប់អ្នក ព្រោះហេតុនាងឥរន្ទតីមានចង្កេះល្អ ជាទីស្រឡាញ់នោះ ។

[១៥៦] (ព្រះមហាសត្វ…) ម្នាលយក្ស សេចក្តីវង្វេង កុំមានដល់អ្នកឡើយ ពួកសត្វលោកជាច្រើនវិនាសហើយ ព្រោះអំពើដែលខ្លួនប្រកាន់ខុស ចុះអ្នកមានកិច្ចអ្វី ដោយការសំឡាប់ខ្ញុំ (ព្រោះនាគកញ្ញា) មានចង្កេះល្អ ជាទីស្រឡាញ់ សូមអញ្ជើញប្រាប់ ខ្ញុំនឹងស្តាប់ការទាំងអស់មើល ។

[១៥៧] (បុណ្ណកយក្ស…) ខ្ញុំចង់បានធីតារបស់ព្រះបាទវរុណនាគជាធំមានអានុភាពច្រើន ខ្ញុំជាអ្នកស៊ីឈ្នួលរបស់ពួកញាតិ ព្រោះហេតុពួកញាតិដឹងនូវខ្ញុំថា ជាអ្នកត្រូវកាមទង់ទាញដោយពិត (បានជា) ឪពុកក្មេកខ្ញុំពោលនឹងខ្ញុំ ដែលសូមនាងឥរន្ទតីនោះថា យើងនឹងឲ្យកូនក្រមុំមានរាងកាយល្អ មានភ្នែកល្អ មានទ្រង់ទ្រាយឆើតឆាយ មានខ្លួនលាបដោយខ្លឹមចន្ទន៍ដល់អ្នក បើអ្នកបានដួងហ្ឫទ័យរបស់វិធុរបណ្ឌិតមកដោយធម៌ ហើយនាំមកក្នុងភពនាគនេះ ។ អ្នកត្រូវបាននាងកុមារី ដោយទ្រព្យជាទីត្រេកអរនោះ យើងមិនប្រាថ្នាទ្រព្យដទៃក្រៃលែងទេ ម្នាលបណ្ឌិត ជាអាមាត្យ ខ្ញុំមិនវង្វេងដូចអ្នកថាទេ អ្នកចូរស្តាប់ចុះ ។ មួយទៀត អំពើតិចតួចដែលខ្ញុំប្រកាន់ខុស មិនមានទេ កាលខ្ញុំបានហ្ឫទ័យរបស់អ្នកដោយធម៌ ពួកនាគនឹងឲ្យនាគកញ្ញាឈ្មោះឥរន្ទតី ។ ព្រោះហេតុនោះ ទើបខ្ញុំលៃលកសំឡាប់អ្នក ខ្ញុំមានសេចក្តីត្រូវការដោយការសំឡាប់អ្នកយ៉ាងនេះឯង ខ្ញុំនឹងទំលាក់អ្នកក្នុងរណ្តៅនេះ សម្លាប់អ្នកហើយ នឹងនាំយកតែហ្ឫទ័យទៅ ។

[១៥៨] (មហាសត្វ…) ម្នាលកច្ចាយនៈ បើអ្នកមានកិច្ចត្រូវការ ដោយហ្ឫទ័យរបស់ខ្ញុំ ចូរអ្នកលើកខ្ញុំដោយឆាប់រហ័ស ដ្បិតសាធុនរធម៌ (ធម៌ល្អរបស់នរៈ) របស់ខ្ញុំណាមួយ ខ្ញុំនឹងសំដែងសាធុនរធម៌ទាំងអស់នោះ ដល់អ្នកក្នុងថ្ងៃនេះ ។

[១៥៩] (អភិសម្ពុទ្ធគាថា) បុណ្ណកយក្សនោះ ដាក់វិធុរបណ្ឌិតជាអាមាត្យដ៏ប្រសើរ របស់អ្នកដែនកុរុលើកំពូលភ្នំឆាប់រហ័ស ឃើញវិធុរបណ្ឌិតជាអាមាត្យមានប្រាជ្ញាមិនថោកទាប អង្គុយដកដង្ហើមស្រួល ហើយក៏សាកសួរថា អ្នកគឺខ្ញុំលើកឡើងចាករណ្តៅហើយ ក្នុងថ្ងៃនេះ ខ្ញុំត្រូវការដោយហ្ឫទ័យរបស់អ្នក អ្នកចូរសំដែងសាធុនរធម៌ទាំងអស់នោះដល់ខ្ញុំក្នុងថ្ងៃនេះ ។

[១៦០] (មហាសត្វ…) ខ្ញុំ គឺអ្នកលើកឡើងចាករណ្តៅហើយ បើអ្នកត្រូវការដោយហ្ឫទ័យរបស់ខ្ញុំ ខ្ញុំនឹងសំដែងសាធុនរធម៌ទាំងអស់នោះដល់អ្នកក្នុងថ្ងៃនេះ ។

[១៦១] ម្នាលមាណព អ្នកចូរដើរតាមផ្លូវដែលគេដើរហើយ អ្នកចូរវៀរ គឺកុំដុតបាតដៃទាំងទទឹក អ្នកកុំប្រទូស្តមិត្រក្នុងកាលណាមួយ អ្នកកុំលុះអំណាចនៃស្រីដែលប្រកបដោយអសទ្ធម្ម ។

[១៦២] (បុណ្ណកយក្ស…) បុគ្គលដែលឈ្មោះថា ដើរទៅកាន់ផ្លូវដែលគេដើរហើយ តើដូចម្តេច គេដុតបាតដៃទាំងទទឹក តើដូចម្តេច ស្រីដូចម្តេចឈ្មោះថា ស្រីប្រកបដោយអសទ្ធម្ម នរណាឈ្មោះថាជាអ្នកប្រទូស្តមិត្រ ខ្ញុំសួរហើយ អ្នកចូរប្រាប់សេចក្តីនោះ ។

[១៦៣] (វិធុរបណ្ឌិត…) បុគ្គលណា អញ្ជើញមនុស្សដែលមិនធ្លាប់នៅជាមួយគ្នា ឬមិនធ្លាប់ឃើញគ្នា សូម្បីដោយអាសនៈ បុរសត្រូវធ្វើប្រយោជន៍តបស្នង ដល់បុគ្គលនោះឯង បណ្ឌិតទាំងឡាយពោលថា អ្នកនោះឯងជាអ្នកដើរតាមផ្លូវដែលគេដើរហើយ ។ បុរសស្នាក់នៅក្នុងផ្ទះរបស់បុគ្គលណា សូម្បីមួយយប់ បានបាយ និងទឹកក្នុងសំណាក់បុគ្គលណា មិនត្រូវគិតអំពើអាក្រក់ដល់បុគ្គលនោះសូម្បីដោយចិត្ត បុគ្គលអ្នកប្រទូស្តមិត្រ ឈ្មោះថាដុតបាតដៃទាំងទទឹក ។ បុគ្គលអង្គុយ ឬដេកក្នុងម្លប់ឈើណា មិនត្រូវកាច់មែកឈើនោះ ព្រោះថា បុគ្គលប្រទូស្តមិត្រ ជាបុគ្គលអាក្រក់ ។ បុរសណាឲ្យផែនដីនេះ ដែលពេញដោយទ្រព្យដល់ស្រីដែលខ្លួនសន្មតថា (ល្អ) ស្រីនោះបានឱកាស (ក្បត់ចិត្ត) គប្បីមើលងាយបុរសនោះវិញ បុគ្គលមិនត្រូវលុះអំណាចស្រី ដែលប្រកបដោយអសទ្ធម្មនោះទេ ។ បុគ្គលឈ្មោះថា ដើរទៅកាន់ផ្លូវដែលគេដើរហើយយ៉ាងនេះ ឈ្មោះថា ដុតបាតដៃទាំងទទឹកយ៉ាងនេះ ស្រីនោះឈ្មោះថា ប្រកបដោយអសទ្ធម្ម បុរសនោះ ឈ្មោះថា ជាអ្នកប្រទូស្តមិត្រ អ្នកចូរជាអ្នកប្រកបដោយធម៌ ចូរលះបង់អំពើមិនមែនធម៌ចេញ ។

ចប់ សាធុនរធម្មកណ្ឌ ។

[១៦៤] (បុណ្ណកយក្ស…) ខ្ញុំបាននៅអាស្រ័យក្នុងផ្ទះរបស់អ្នកអស់ ៣ ថ្ងៃ ដែលអ្នកបានទំនុកបំរុងខ្ញុំ ដោយបាយ និងទឹក អ្នកសូមជាមិត្ររបស់ខ្ញុំ ទាំងខ្ញុំក៏លែងអ្នកដែរ ម្នាលបណ្ឌិតមានប្រាជ្ញាខ្ពង់ខ្ពស់ ចូរអ្នកអញ្ជើញទៅកាន់ផ្ទះរបស់អ្នកតាមប្រាថ្នាចុះ ។ ទាំងសេចក្តីត្រូវការរបស់ត្រកូលនាគ ក៏សាបសូន្យទៅចុះ អំពើព្រោះហេតុនៃនាងនាគកញ្ញា ក៏ល្មមដល់ខ្ញុំហើយ ម្នាលអ្នកមានប្រាជ្ញា អ្នកបានរួចចាកការសំឡាប់របស់ខ្ញុំក្នុងថ្ងៃនេះ ព្រោះសុភាសិតជារបស់ខ្លួន ។

[១៦៥] (ព្រះមហាសត្វ…) ម្នាលយក្ស ណ្ហើយ អ្នកចូរនាំខ្ញុំទៅកាន់សំណាក់ឪពុកក្មេករបស់អ្នកចុះ អ្នកចូរប្រព្រឹត្តឲ្យជាប្រយោជន៍ចំពោះខ្ញុំ ដ្បិតខ្ញុំចង់ឃើញនាគរាជជាអធិបតី និងវិមានរបស់នាគរាជដែលខ្ញុំមិនធ្លាប់ឃើញ ។

[១៦៦] (បុណ្ណកយក្ស…) របស់ណា ដែលប្រព្រឹត្តទៅមិនជាប្រយោជន៍ដល់នរជន ជនមានប្រាជ្ញាមិនគួរឃើញរបស់នោះទេ ម្នាលបណ្ឌិត មានប្រាជ្ញាខ្ពង់ខ្ពស់ កាលបើដូច្នោះ អ្នកប្រាថ្នាទៅកាន់ស្រុករបស់សត្រូវដោយហេតុដូចម្តេច ។

[១៦៧] (ព្រះមហាសត្វ…) ខ្ញុំប្រាកដជាដឹងហេតុនោះ ជនមានប្រាជ្ញាមិនគួរឃើញសត្រូវនោះទេ តែអំពើអាក្រក់ ខ្ញុំមិនបានធ្វើទុកក្នុងទីណាមួយ ព្រោះហេតុនោះខ្ញុំមិនរង្កៀសចំពោះសេចក្តីស្លាប់ដែលនឹងមកដល់ឡើយ ។

[១៦៨] (បុណ្ណកយក្ស…) ម្នាលអ្នកជាអាមាត្យ បើដូច្នោះ អ្នកនឹងឃើញឋានដែលមានអានុភាពប្រៀបមិនបាន ជាមួយនឹងខ្ញុំ អ្នកចូរមកចុះ នាគរមែងនៅដោយការរាំ និងច្រៀងក្នុងទីណា ដូចជាព្រះបាទវេស្សវ័ណនៅក្នុងរាជធានី ឈ្មោះនិឡិញ្ញៈ ។ ទីនោះមានពួកនៃនាងនាគកញ្ញា ត្រាច់ទៅដោយពួកៗលេងអស់ថ្ងៃ និងយប់ជានិច្ច ជាទីមានផ្កាកម្រងច្រើន ដេរដាសដោយផ្កាឈើច្រើនបែប ភ្លឺផ្លេកដូចផ្លេកបន្ទោរឰដ៏អាកាស ។ ភពនៃនាគនោះ មានភាពសម្បូណ៌ដោយបាយ និងទឹក និងការរាំច្រៀងប្រគំ បរិបូណ៌ដោយពួកនាងនាគកញ្ញាដែលតាក់តែងខ្លួនដោយសំពត់ និងគ្រឿងប្រដាប់ល្អឆើតឆាយ ។

[១៦៩] (អភិសម្ពុទ្ធគាថា) បុណ្ណកយក្សនោះ បានអញ្ជើញវិធុរបណ្ឌិត ជាអាមាត្យដ៏ប្រសើររបស់អ្នកដែនកុរុឲ្យអង្គុយលើអាសនៈ អំពីខាងក្រោយ នាំវិធុរបណ្ឌិត ជាអាមាត្យមានប្រាជ្ញាមិនថោកទាប ចូលទៅកាន់ភពនៃនាគរាជ ។ វិធុរបណ្ឌិតជាអាមាត្យលុះដល់ទីដែលមានអានុភាពប្រៀបមិនបាន ក៏ឈរខាងក្រោយបុណ្ណកយក្ស ចំណែកនាគរាជក្រឡេកមើលឃើញបុណ្ណកយក្ស មានសេចក្តីស្មោះសរ បានត្រាស់នឹងកូនប្រសាមុនថា

[១៧០] (នាគរាជ…) អ្នកកាលស្វែងរកហ្ឫទ័យរបស់បណ្ឌិត បានទៅកាន់មនុស្សលោក ហើយនាំអាមាត្យ មានប្រាជ្ញាមិនថោកទាបមកដល់ក្នុងទីនេះដោយសួស្តីហើយឬ ។

[១៧១] (បុណ្ណកយក្ស…) ព្រះអង្គប្រាថ្នាបណ្ឌិតណា បណ្ឌិតនោះមកដល់ហើយ បណ្ឌិតអ្នករក្សាធម៌ គឺខ្ញុំព្រះអង្គរកបានមកដោយធម៌ហើយ សូមព្រះអង្គទ្រង់ទតបណ្ឌិតនោះ ដែលកំពុងនិយាយក្នុងទីចំពោះព្រះភក្រ្តនៃព្រះអង្គ ការជួបជុំដោយសប្បុរសទាំងឡាយ ជាហេតុនាំមកនូវសេចក្តីសុខដោយពិត ។

ចប់ កាលាគិរីកណ្ឌ ។

[១៧២] (នាគរាជ…) អ្នកជាមនុស្សមានមច្ចុភ័យគ្របសង្កត់ តក់ស្លុតព្រោះឃើញភពនាគដែលខ្លួនមិនធ្លាប់ឃើញ ទើបមិនថ្វាយបង្គំ (ខ្ញុំ) ដំណើរនេះ មិនមែនជាបុគ្គលមានប្រាជ្ញាទេ ។

[១៧៣] (មហាសត្វ…) បពិត្រនាគ ខ្ញុំព្រះអង្គមិនមែនជាអ្នកតក់ស្លុតទេ មិនមានមច្ចុភ័យគ្របសង្កត់ទេ ព្រោះអ្នកទោសដែលត្រូវគេសំឡាប់ មិនគប្បីថ្វាយបង្គំ (នូវពេជ្ឈឃាត) ឬពេជ្ឈឃាត ក៏មិនគប្បីថ្វាយបង្គំអ្នកទោសដែលត្រូវគេសំឡាប់ដែរ ។ ជនប្រាថ្នាសម្លាប់អ្នកណា គប្បីថ្វាយបង្គំ (អ្នកនោះ) ឬឲ្យ (អ្នកនោះ) ថ្វាយបង្គំ (ខ្លួន) ដូចម្តេចកើត កម្មនោះ មិនសម្រេចទៅជាអ្វីទេ ។

[១៧៤] (នាគរាជ…) ម្នាលបណ្ឌិត ដំណើរនុ៎ះ ដូចអ្នកពោលមែន អ្នកពោលពាក្យពិត អ្នកទោសដែលត្រូវគេសំឡាប់ មិនគប្បីថ្វាយបង្គំពេជ្ឈឃាត ឬពេជ្ឈឃាតក៏មិនគប្បីថ្វាយបង្គំអ្នកទោសដែលត្រូវគេសំឡាប់ដែរ ។ នរជនប្រាថ្នាសម្លាប់អ្នកណា គប្បីថ្វាយបង្គំ (អ្នកនោះ) ឬឲ្យ (អ្នកនោះ) ថ្វាយបង្គំ (ខ្លួន) ដូចម្តេចកើត កម្មនោះ មិនកើតទៅជាអ្វីទេ ។

[១៧៥] (មហាសត្វ…) វិមាននេះ ទាំងឫទ្ធិ សេចក្តីរុងរឿង កម្លាំងកាយ សេចក្តីព្យាយាម និងការកើត (ក្នុងភពនាគ) របស់ព្រះអង្គមិនទៀង តែដូចជារបស់ទៀង បពិត្រនាគរាជ ខ្ញុំព្រះអង្គសូមសួរសេចក្តីនុ៎ះនឹងព្រះអង្គថា វិមាននេះ ព្រះអង្គបានហើយដោយប្រការដូចម្តេច ។ វិមាននេះ ព្រះអង្គបានព្រោះអាស្រ័យ (ភពនាគ) ឬកើតអំពីរដូវប្រែប្រួល ឬព្រះអង្គកសាងដោយព្រះអង្គឯង ឬមួយទេវតាថ្វាយ បពិត្រនាគរាជ វិមាននេះ ព្រះអង្គបានហើយដោយប្រការណា សូមព្រះអង្គប្រាប់សេចក្តីនុ៎ះដល់ខ្ញុំព្រះអង្គដោយប្រការដូច្នោះ ។

[១៧៦] (នាគរាជ…) វិមាន (នេះ) មិនមែនខ្ញុំបានព្រោះអាស្រ័យ (ភពនាគ) មិនមែនកើតអំពីរដូវប្រែប្រួល មិនមែនខ្ញុំធ្វើខ្លួនឯង ទាំងមិនមែនទេវតាឲ្យទេ វិមាននេះ ខ្ញុំបានដោយបុញ្ញកម្មមិនអាក្រក់របស់ខ្លួន ។

[១៧៧] (មហាសត្វ…) អ្វីជាវត្តរបស់ព្រះអង្គ អ្វីជាព្រហ្មចរិយៈរបស់ព្រះអង្គ បពិត្រនាគ ឫទ្ធិ សេចក្តីរុងរឿង កម្លាំងកាយ សេចក្តីព្យាយាម និងការកើត (ក្នុងភពនាគ) ទាំងវិមានធំរបស់ព្រះអង្គនេះ នេះជាផលនៃកម្មដែលព្រះអង្គសន្សំល្អហើយដូចម្តេច ។

[១៧៨] (នាគរាជ…) ខ្ញុំ និងភរិយាទាំងពីរនាក់ (កាលនៅ) ក្នុងមនុស្សលោក ជាអ្នកមានសទ្ធា ជាម្ចាស់នៃទាន ក្នុងកាលនោះ ផ្ទះរបស់ខ្ញុំដូចជាអណ្តូង (នៃមហាជន) ទាំងពួកសមណៈ និងព្រាហ្មណ៍ ខ្ញុំក៏បានឲ្យឆ្អែតស្កប់ស្កល់ ខ្ញុំ (កាលនៅ) ក្នុងកាលចម្បានគរនោះ បានឲ្យទានដោយគោរព គឺឲ្យកម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប គ្រឿងប្រទីប ទីដេក ទីសំណាក់អាស្រ័យ សំពត់សម្រាប់ស្លៀកដណ្តប់ កម្រាលដេក បាយ ទឹក ។ នោះជាវត្ត នោះជាព្រហ្មចរិយៈរបស់ខ្ញុំ នែអ្នកប្រាជ្ញ ឯឫទិ្ធ សេចក្តីរុងរឿង កម្លាំងកាយ សេចក្តីព្យាយាម និងការកើត (ក្នុងភពនាគ) ទាំងវិមានធំរបស់ខ្ញុំនេះ នេះជាផលនៃកម្មដែលខ្ញុំសន្សំល្អហើយនោះ ។

[១៧៩] (មហាសត្វ…) បើវិមាននេះ ព្រះអង្គបានហើយយ៉ាងនេះ ឈ្មោះថា ព្រះអង្គ ជ្រាបកំណើតនៃផលរបស់បុណ្យ ព្រោះហេតុនោះ ព្រះអង្គកុំប្រហែស សូមប្រព្រឹត្តធម៌ ជាហេតុឲ្យបានគ្រប់គ្រងវិមាននេះតទៅទៀត ។

[១៨០] (នាគរាជ…) នែបណ្ឌិតជាអាមាត្យ ខ្ញុំគប្បីឲ្យបាយ និងទឹកដល់ពួកសមណៈ និងព្រាហ្មណ៍ណា ពួកសមណៈ និងព្រាហ្មណ៍នោះ មិនមានក្នុងភពនាគនេះទេ ខ្ញុំសួរហើយ អ្នកចូរប្រាប់សេចក្តីនុ៎ះ ដែលជាហេតុឲ្យខ្ញុំនៅគ្រប់គ្រងវិមានតទៅ ។

[១៨១] (មហាសត្វ…) ពួកនាគ គឺបុត្រ ភរិយា និងអ្នករស់នៅដោយសារ ដែលចូលមកកើតក្នុងភពនាគនេះ សូមព្រះអង្គជាអ្នកមិនប្រទូស្តក្នុងពួកនាគនោះ ដោយពាក្យ ឬដោយការងារ អស់កាលជានិច្ច ។ បពិត្រនាគ សូមព្រះអង្គរក្សាសេចក្តីមិនប្រទូស្តដោយពាក្យ ឬដោយការងារយ៉ាងនេះចុះ ព្រះអង្គនឹងឋិតនៅក្នុងវិមាននេះ រហូតអស់ព្រះជន្មាយុ ហើយនឹងបានទៅកាន់ទេវលោកជាន់ខាងលើ អំពីភពនាគនេះ ។

[១៨២] (នាគរាជ…) អ្នកជាអាមាត្យរបស់ព្រះរាជាណា ព្រះរាជាដ៏ប្រសើរនោះ បើវៀរចាកអ្នកហើយ រមែងសោកស្តាយដោយពិត បុរសសូម្បីត្រូវសេចក្តីទុក្ខគ្របសង្កត់ ឬសូម្បីមានជំងឺធ្ងន់ បើបានជួបនឹងអ្នកហើយ ក៏នឹងបានសុខវិញ ។

[១៨៣] (មហាសត្វ…) បពិត្រនាគ ព្រះអង្គពោលធម៌របស់សប្បុរស ជាធម៌ប្រសើរ ជាចំណែកនៃប្រយោជន៍ដែលសន្សំល្អដោយពិត ឯសេចក្តីវិសេសរបស់បណ្ឌិតទាំងឡាយបែបខ្ញុំព្រះអង្គ រមែងប្រាកដក្នុងអន្តរាយទាំងឡាយបែបនេះ ។

[១៨៤] (នាគរាជ…) អ្នកចូរប្រាប់យើងមកចុះ បុណ្ណកយក្សនេះ បានអ្នកមកដោយទទេឬ អ្នកចូរប្រាប់យើងមកចុះ បុណ្ណកយក្សនេះ ឈ្នះអ្នកដោយល្បែងភ្នាល់ឬ បុណ្ណកយក្សនេះ បាននិយាយថា បណ្ឌិត ខ្ញុំបាននាំមកដោយធម៌ តើអ្នកមកនៅក្នុងកណ្តាប់ដៃនៃបុណ្ណកយក្សនេះ ដោយប្រការដូចមេ្តច ។

[១៨៥] (មហាសត្វ…) ព្រះរាជារបស់ខ្ញុំព្រះអង្គណា ជាធំក្នុងក្រុងឥន្ទបត្ត ដែនកុរុនោះ បុណ្ណកយក្សនេះ បានឈ្នះល្បែងសា្កនឹងព្រះរាជានោះដោយការភ្នាល់ ព្រះរាជាដែលបុណ្ណកយក្សឈ្នះហើយនោះ បានប្រទានខ្ញុំព្រះអង្គ ដល់បុណ្ណកយក្សនេះ បុណ្ណកយក្ស ឈ្មោះថាបានខ្ញុំព្រះអង្គមកដោយធម៌ មិនមែនដោយការកំហែងទេ ។

[១៨៦] (អភិសម្ពុទ្ធគាថា) នាគរាជដ៏ប្រសើរ មានចិត្តត្រេកអររីករាយហើយ ព្រោះបានស្តាប់សុភាសិតនៃវិធុរបណ្ឌិតជាអ្នកប្រាជ្ញ ក៏ចាប់ដៃវិធុរបណិ្ឌត មានប្រាជ្ញាមិនថោកទាប នាំចូលទៅក្នុងសំណាក់នៃនាងវិមលាជាភរិយា ក្នុងកាលនោះ (ត្រាស់ថា) ម្នាលនាងវិមលា នាងមានសម្បុរលឿង ដោយហេតុណា ឬនាងមិនឆ្ងាញ់បាយដោយហេតុណា គុណ (នៃវិធុរបណ្ឌិត) បែបនេះ មិនមាន (ដល់នាង) ដោយហេតុនោះទេ វិធុរបណ្ឌិតនេះឯង ជាអ្នកបន្ទោបង់នូវងងឹត ។ នាងមានសេចក្តីត្រូវការដោយហ្ឫទ័យរបស់វិធុរបណ្ឌិតណា វិធុរបណ្ឌិតនេះ ជាអ្នកធើ្វពន្លឺ មកដល់ហើយ នាងចូរផ្ទៀងសា្តប់ពាក្យរបស់វិធុរបណ្ឌិតនោះចុះ (ព្រោះ) ការជួបប្រទះ (នូវវិធុរបណ្ឌិត) ទៀត ជាកិច្ចបានដោយកម្រ ។

[១៨៧] ព្រះនាងវិមលា ទ្រង់ទតឃើញវិធុរបណិ្ឌត ដែលជាអ្នកមានប្រាជា្ញក្រាស់ដូចផែនដីនោះ ក៏មានព្រះទ័យត្រេកអរសោមនស្ស ទ្រង់លើកម្រាមដៃទាំង ១០ផ្គងអញ្ជលី ហើយត្រាស់នឹងវិធុរបណ្ឌិតជាអាមាត្យដ៏ប្រសើររបស់អ្នកដែនកុរុយ៉ាងនេះថា អ្នកជាមនុស្សមានមច្ចុភ័យគ្របសង្កត់ តក់ស្លុត ព្រោះឃើញភពនៃនាគ ដែលខ្លួនមិនធ្លាប់ឃើញ ទើបមិនថា្វយបង្គំ (ខ្ញុំ) ដំណើរនេះ ដូចមិនមែនជាអាការរបស់បុគ្គលមានប្រាជា្ញទេ ។

[១៨៨] (មហាសត្វ…) បពិត្រព្រះនាងនាគី ខ្ញុំព្រះអង្គមិនមែនជាអ្នកតក់ស្លុតទេ មិនមានមច្ចុភ័យគ្របសង្កត់ទេ អ្នកទោសដែលត្រូវគេសំឡាប់ មិនគប្បីថា្វយបង្គំ (ពេជ្ឈឃាត) ឬពេជ្ឈឃាត ក៏មិនគប្បីថា្វយបង្គំអ្នកទោសដែលត្រូវគេសំឡាប់ដែរ ។ ជនប្រាថា្នសម្លាប់អ្នកណា គប្បីថា្វយបង្គំ (អ្នកនោះ) ឬឲ្យ (អ្នកនោះ) ថា្វយបង្គំ (ខ្លួន) ដូចមេ្តចកើត កម្មនោះមិនកើតជាអី្វទេ ។

[១៨៩] (ព្រះនាងវិមលា…) ម្នាលបណ្ឌិត ដំណើរនុ៎ះ ដូចអ្នកពោលមែន អ្នកពោលពាក្យពិត អ្នកទោសដែលត្រូវគេសំឡាប់ មិនគប្បីថា្វយបង្គំពេជ្ឈឃាត ឬពេជ្ឈឃាតក៏មិនគប្បីថា្វយបង្គំអ្នកទោសដែលត្រូវគេសំឡាប់ដែរ ។ ជនប្រាថា្នសម្លាប់អ្នកណា គប្បីថា្វយបង្គំ (អ្នកនោះ) ឬឲ្យ (អ្នកនោះ) ថា្វយបង្គំ (ខ្លួន) ដូចមេ្តចកើត កម្មនោះមិនកើតទេ ។

[១៩០] (មហាសត្វ…) វិមាននេះ ទាំងឫទិ្ធ សេចក្តីរុងរឿង សេចក្តីព្យាយាម និងការកើតក្នុងភពនាគរបស់ព្រះនាង មិនទៀង តែដូចជារបស់ទៀង បពិត្រនាគកញ្ញា ខ្ញុំព្រះអង្គសួរសេចក្តីនុ៎ះនឹងព្រះនាងថា វិមាននេះ ព្រះនាងបានហើយដោយប្រការដូចមេ្តច ។ វិមានដែលព្រះនាងបាន ព្រោះអាស្រ័យ (ភពនាគ) ឬកើតអំពីរដូវប្រែប្រួល ឬព្រះនាងធើ្វខ្លួនឯង ឬមួយទេវតាថា្វយ បពិត្រនាគកញ្ញា វិមាននេះ ព្រះនាងបានហើយដោយប្រការណា សូមព្រះនាងប្រាប់សេចក្តីនុ៎ះដល់ខ្ញុំ ដោយប្រការនោះ ។

[១៩១] (ព្រះនាងវិមលា…) វិមាននេះ មិនមែនខ្ញុំបាន ព្រោះអាស្រ័យភពនាគ មិនមែនកើតអំពីរដូវប្រែប្រួល មិនមែនធើ្វខ្លួនឯង ទាំងមិនមែនទេវតាឲ្យទេ វិមាននេះ ខ្ញុំបានដោយបុញ្ញកម្មមិនអាក្រក់ ជារបស់ខ្លួន ។

[១៩២] (មហាសត្វ…) អ្វីជាវត្ត អ្វីជាព្រហ្មចរិយៈរបស់ព្រះនាង បពិត្រព្រះនាងនាគី ឫទ្ធិអំណាច សេចក្តីរុងរឿង កម្លាំងកាយ សេចក្តីព្យាយាម និងការកើត (ក្នុងភពនាគ) ទាំងវិមានធំរបស់ព្រះនាងនេះ នេះជាផលនៃកម្មដែលព្រះនាងសន្សំល្អហើយដូចមេ្តច ។

[១៩៣] (ព្រះនាងវិមលា…) ខ្ញុំ និងស្វាមីទាំងពីរនាក់ ជាអ្នកមានសទ្ធា ជាម្ចាស់ទាន ផ្ទះរបស់ខ្ញុំដូចអណ្តូងជាទីចុះផឹកនៃ (មហាជន) ទាំងសមណព្រាហ្មណ៍ ខ្ញុំក៏បានឲ្យឆ្អែតស្កប់ស្កល់ ។ ខ្ញុំ (កាលនៅ) ក្នុងកាលចម្បានគរនោះ បានឲ្យទានដោយគោរព គឺឲ្យផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប គ្រឿងប្រទីប ទីដេក ទីសំណាក់អាស្រ័យ សំពត់សម្រាប់ស្លៀកដណ្តប់ កម្រាលដេក បាយ និងទឹក ។ នោះជាវត្ត នោះជាព្រហ្មចរិយៈរបស់ខ្ញុំ នែអ្នកប្រាជ្ញ ឯឫទ្ធិ សេចក្តីរុងរឿង កម្លាំងកាយ សេចក្តីព្យាយាម និងការកើត (ក្នុងភពនាគ) ទាំងវិមានធំរបស់ខ្ញុំនេះ នេះជាផលនៃកម្មដែលខ្ញុំសន្សំល្អហើយនោះ ។

[១៩៤] (មហាសត្វ…) បើវិមាននេះ គឺព្រះនាងបានហើយយ៉ាងនេះ ឈ្មោះថា ព្រះនាងជ្រាបកំណើតនៃផលរបស់បុណ្យទាំងឡាយ ព្រោះហេតុនោះ ព្រះនាងកុំប្រហែស សូមប្រព្រឹត្តធម៌ ជាហេតុឲ្យបានគ្រប់គ្រងវិមាននេះតទៅ ។

[១៩៥] (ព្រះនាងវិមលា…) នែបណ្ឌិត ជាអាមាត្យ ខ្ញុំគប្បីឲ្យបាយ និងទឹក ដល់ពួកសមណៈ និងព្រាហ្មណ៍ណា ពួកសមណៈ និងព្រាហ្មណ៍ (ទាំងនោះ) មិនមានក្នុងភពនាគនេះទេ ខ្ញុំសួរហើយ អ្នកចូរប្រាប់សេចក្តីនុ៎ះ ដែលជាហេតុឲ្យខ្ញុំនៅគ្រប់គ្រងវិមានតទៅ ។

[១៩៦] (មហាសត្វ…) ពួកនាគគឺ បុត្រ ស្វាមី និងអ្នករស់នៅដោយសារ ដែលកើតមានក្នុងភពនាគនេះ សូមព្រះនាងជាអ្នកមិនប្រទូស្តក្នុងពួកនាគនោះ ដោយពាក្យ ឬដោយការងារ អស់កាលជានិច្ច ។ បពិត្រព្រះនាងនាគី សូមព្រះនាងរក្សាសេចក្តីមិនប្រទូស្តដោយពាក្យ ឬដោយការងារយ៉ាងនេះចុះ ព្រះនាងនឹងឋិតនៅក្នុងវិមាននេះ រហូតអស់ជន្មាយុ ហើយនឹងបានទៅកាន់ទេវលោកជាន់ខាងលើអំពីភពនាគនេះ ។

[១៩៧] (ព្រះនាងវិមលា…) អ្នកជាអាមាត្យរបស់ព្រះរាជាណា ព្រះរាជាដ៏ប្រសើរនោះ បើវៀរចាកអ្នកហើយ រមែងសោកស្តាយដោយពិត បុរសសូម្បីត្រូវសេចក្តីទុក្ខគ្របសង្កត់ ឬសូម្បីមានជំងឺធ្ងន់ បើបានជួបនឹងអ្នកហើយ ក៏នឹងបានសុខវិញ ។

[១៩៨] (មហាសត្វ…) បពិត្រព្រះនាងនាគី ព្រះនាងពោលធម៌របស់សប្បុរស ជាធម៌ប្រសើរ ជាចំណែកនៃប្រយោជន៍ដែលសន្សំល្អដោយពិត ឯសេចក្តីវិសេសរបស់បណ្ឌិតទាំងឡាយបែបខ្ញុំព្រះអង្គ រមែងប្រាកដក្នុងអន្តរាយទាំងឡាយបែបនេះ ។

[១៩៩] (ព្រះនាងវិមលា…) អ្នកចូរប្រាប់យើងមកចុះ បុណ្ណកយក្សនេះ បានអ្នកមកដោយទទេឬ អ្នកចូរប្រាប់យើងមកចុះ បុណ្ណកយក្សនេះ ឈ្នះអ្នកដោយល្បែងភ្នាល់ឬ បុណ្ណកយក្សនេះបាននិយាយថា បណ្ឌិត ខ្ញុំបានមកដោយធម៌ តើអ្នកមកនៅក្នុងកណ្តាប់ដៃបុណ្ណកយក្សនេះ ដោយប្រការដូចមេ្តច ។

[២០០] (មហាសត្វ…) ព្រះរាជារបស់ខ្ញុំព្រះអង្គណា ជាធំក្នុងក្រុងឥន្ទបត្ត ដែនកុរុនោះ បុណ្ណកយក្សនេះ បានឈ្នះល្បែងសា្កនឹងព្រះរាជានោះ ដោយការភ្នាល់ ព្រះរាជាដែលបុណ្ណកយក្សឈ្នះហើយនោះ បានប្រទានខ្ញុំព្រះអង្គដល់បុណ្ណកយក្សនេះ ឯបុណ្ណកយក្ស ឈ្មោះថាបានខ្ញុំព្រះអង្គដោយធម៌ មិនមែនដោយកំហែងទេ ។

[២០១] (អភិសម្ពុទ្ធគាថា) វរុណនាគបានសួរប្រសា្ននឹងវិធុរបណ្ឌិតយ៉ាងណា ព្រះនាងនាគកញ្ញា ក៏បានសួរប្រស្នានឹងវិធុរបណ្ឌិតយ៉ាងនោះដែរ ។ វិធុរបណ្ឌិត ជាអ្នកប្រាជ្ញ ដែលវរុណនាគត្រាស់សួរហើយ ក៏បានញុំាងវរុណនាគឲ្យត្រេកអរយ៉ាងណា វិធុរបណ្ឌិត ជាអ្នកប្រាជ្ញ ដែលព្រះនាងនាគកញ្ញាសួរហើយ ក៏បានញុំាងព្រះនាងនាគកញ្ញាឲ្យត្រេកអរយ៉ាងនោះដែរ ។ វិធុរបណ្ឌិត ជាអ្នកប្រាជ្ញ លុះដឹងច្បាស់ថា នាគរាជដ៏ប្រសើរ និងនាងនាគកញ្ញាទាំងពីរព្រះអង្គនោះ មានព្រះទ័យរីករាយហើយ ក៏មិនតក់ស្លុត មិនខា្លច មិនព្រឺរោម បានទូលវរុណនាគរាជដូច្នេះថា បពិត្រនាគ ព្រះអង្គកុំខ្ញាល់ទ្បើយ ខ្ញុំនេះហើយ ជាសេចក្តីត្រូវការរបស់ព្រះអង្គ នេះសរីរៈ សូមព្រះអង្គធើ្វកិច្ចដោយសាច់ហ្ឫទ័យចុះ ខ្ញុំនឹងធ្វើតាមអធ្យាស្រ័យរបស់ព្រះអង្គដោយខ្លួនឯង ។

[២០២] (នាគរាជ…) បញ្ញាហ្នឹងឯង ជាដួងហ្ឫទ័យរបស់បណ្ឌិតទាំងឡាយ យើងទាំងនោះត្រេកអរក្រៃលែង ដោយប្រាជ្ញរបស់អ្នក យក្សមានឈ្មោះមិនខ្វះខាត គឺបុណ្ណកៈ ចូរបានភរិយាក្នុងថៃ្ងនេះចុះ ចូរញុំាងអ្នកឲ្យទៅដល់ដែនកុរុ ក្នុងថៃ្ងនេះចុះ ។

[២០៣] (អភិសម្ពុទ្ធគាថា) បុណ្ណកយក្សនោះ មានចិត្តត្រេកអររីករាយ ព្រោះបាននាងនាគកញ្ញា ឈ្មោះឥរន្ទតី មានចិត្តត្រេកអរសប្បាយហើយ បានពោលនឹងវិធុរបណ្ឌិត ជាអាមាត្យដ៏ប្រសើរ របស់អ្នកដែនកុរុ ដូច្នេះថា

អ្នកធើ្វខ្ញុំឲ្យបានព្រមព្រៀងដោយភរិយា បពិត្រវិធុរបណ្ឌិត ខ្ញុំសូមធើ្វកិច្ច (តបគុណ) ដល់អ្នក ខ្ញុំនឹងឲ្យកែវមណីនេះដល់អ្នក ទាំងញុំាងអ្នកឲ្យដល់ដែនកុរុ ក្នុងថៃ្ងនេះឯង ។

[២០៤] (មហាសត្វ…) មា្នលកច្ចានៈ មេត្រីជាគុណជាតិ គឺបុគ្គលផ្ចាញ់មិនបាននេះ ចូរមានដល់អ្នក ព្រមទាំងភរិយាជាទីស្រឡាញ់ អ្នកមានចិត្តត្រេកអរទួទៅ មានចិត្តល្អ មានចិត្តរីករាយឲ្យកែវមណីដល់ខ្ញុំហើយ ចូរនាំខ្ញុំទៅកាន់ឥន្ទបត្តនគរចុះ ។

[២០៥] (អភិសម្ពុទ្ធគាថា) បុណ្ណកយក្សនោះ ឡើងជិះសេះអាជានេយ្យ មានវណ្ណៈមិនថោកទាប ហើយអញ្ជើញវិធុរបណ្ឌិតជាអាមាត្យដ៏ប្រសើររបស់ពួកអ្នកដែនកុរុ ឲ្យអង្គុយលើអាសនៈអំពីខាងមុខ ហោះទៅឰដ៏អាកាសវេហា ។ ចិត្តរបស់មនុស្ស រមែងស្ទុះទៅ (កាន់អារម្មណ៍ក្នុងទីឆ្ងាយ) យ៉ាងណា ដំណើរសន្ទុះរបស់សេះអាជានេយ្យនោះ ក៏ឆាប់រហ័សក្រៃលែងជាងចិត្តនោះ ក៏យ៉ាងនោះដែរ បុណ្ណកយក្សនោះ នាំវិធុរបណ្ឌិតជាអាមាត្យដ៏ប្រសើរ របស់អ្នកដែនកុរុ ទៅកាន់ឥន្ទបត្តនគរ ។

[២០៦] (បុណ្ណកយក្ស…) នុ៎ះ ក្រុងឥន្ទបត្ត ដែលឃើញច្បាស់ នុ៎ះព្រៃសា្វយគួរជាទីរីករាយ ដោយចំណែកៗ ខ្ញុំក៏បានព្រមព្រៀងដោយភរិយា ទាំងអ្នកក៏បានមកដល់ទីលំនៅរបស់ខ្លួន ។

[២០៧] (អភិសម្ពុទ្ធគាថា) បុណ្ណកយក្សនោះ ញុំាងវិធុរបណ្ឌិតជាអាមាត្យដ៏ប្រសើររបស់ពួកអ្នកដែនកុរុ ឲ្យចុះក្នុងកណា្តលធម្មសភា ហើយឡើងជិះសេះអាជានេយ្យ ជាអ្នកមានវណ្ណៈមិនថោកទាប ហោះទៅឰដ៏អាកាសវេហា ។ព្រះរាជាទតឃើញមហាសត្វនោះហើយ ព្រះអង្គមានព្រះហ្ឫទ័យសោមនស្សដ៏ក្រៃលែង ទ្រង់ក្រោកឡើង យកព្រះហស្តស្រវាឱប ទ្រង់មិនបានឲ្យកំរើក ហើយអញ្ជើញព្រះមហាសត្វឲ្យអង្គុយលើអាសនៈក្នុងកណ្តាលធម្មសភា ចំពោះព្រះភក្ត្រ ។

[២០៨] (ព្រះរាជា…) អ្នក ជាអ្នកណែនំាយើង ដូចនាយសារថីនំាយករថដែលបាត់ទៅ (មកឲ្យ) អ្នកដែនកុរុទាំងឡាយត្រេកអរ ព្រោះបានឃើញអ្នក ខ្ញុំសួរហើយ អ្នកចូរប្រាប់សេចក្តីនុ៎ះ អ្នករួចអំពីមាណព ដោយប្រការដូចម្តេច ។

[២០៩] (មហាសត្វ…) បពិត្រព្រះអង្គជាធំជាងជន មានព្យាយាមដ៏ប្រសើរជាងជន ព្រះអង្គត្រាស់ហៅបុរសណាថាមាណព បុរសនោះមិនមែនជាមនុស្សទេ គឺជាយក្ស ឈោ្មះបុណ្ណកៈ ព្រះអង្គក៏ធា្លប់បានឮមកហើយ បុណ្ណកយក្សនោះ ជាអាមាត្យនៃព្រះបាទកុវេរៈ មានស្តេចនាគមួយឈោ្មះវរុណៈ គ្រប់គ្រងផែនដី មានទំហំ និងកំពស់សា្អត បរិបូណ៌ដោយពណ៌សម្បុរ និងកម្លាំង ឯបុណ្ណកយក្សនោះ ចង់បានធីតាជាអនុជាតនៃវរុណនាគនោះ (ធើ្វជាប្រពន្ធ) នាងនាគកញ្ញានោះឈោ្មះឥរន្ទតី ។ បុណ្ណកយក្ស ព្យាយាមដើម្បីសំឡាប់ខ្ញុំព្រះអង្គ ព្រោះហេតុនៃនាងឥរន្ទតីនោះ មានចង្កេះល្អគួរជាទីស្រឡាញ់ ឥឡូវនេះ បុណ្ណកយក្សនោះ បានព្រមព្រៀងដោយភរិយា ចំណែកខ្ញុំព្រះអង្គ ក៏បុណ្ណកយក្សអនុញ្ញាតហើយ ទាំងកែវមណី ខ្ញុំព្រះអង្គក៏បានហើយ ។

[២១០] (ព្រះរាជា…) ដើមឈើដុះទៀបទ្វារដំណាក់របស់យើង មានដើមសម្រេចដោយប្រាជា្ញ មែករបស់ឈើនោះសម្រេចដោយសីល ដើមឈើ (នោះ) សម្រេចដោយប្រាជា្ញខ្ជាប់ខ្ជួន តាំងនៅក្នុងអត្ថ និងធម៌ មានផែ្លជាបញ្ចគោរស ដេរដាសដោយដំរី គោ និងសេះ ។ កាលដើមឈើនោះ គឹកកងដោយការរាំ ការច្រៀង និងតន្រ្តី បុរស (ខៅ្មមា្នក់) កាត់ដើមឈើនោះ ហើយញុំាងសេនា (ឲ្យរត់ទៅ) បណ្ឌិតនេះ ទុកដូចជាដើមឈើរបស់យើងនោះ មកកាន់លំនៅរបស់ខ្លួនវិញហើយ អ្នកទាំងឡាយ ចូរធើ្វសេចក្តីកោតក្រែងដើមឈើនេះ ។ ជនទាំងឡាយណានីមួយ មានចិត្តត្រេកអរ (ដោយយស) ព្រោះបច្ច័យនៃយើង ពួកជនទាំងអស់នោះ ចូរធើ្វ (ចិត្តរបស់ខ្លួន) ឲ្យប្រាកដក្នុងថៃ្ងនេះចុះ អ្នកទាំងឡាយធ្វើបណ្ណាការឲ្យច្រើន ចូរធ្វើសេចក្ដីកោតក្រែងដល់ដើមឈើនេះចុះ ។ ពួកសត្វណានីមួយ ដែលគេចងទុកក្នុងដែនរបស់យើង ពួកសត្វទាំងអស់នោះ ចូរឲ្យរួចចាកចំណង វិធុរបណ្ឌិតនេះ រួចចាកចំណងយ៉ាងណា ពួកសត្វទាំងនុ៎ះ គប្បីរួចចាកចំណងយ៉ាងនោះ ។ ចូរពួកប្រជាជនទុកដាក់នង្គ័ល ធើ្វ (មហោស្រព) អស់មួយខែនេះចុះ ពួកព្រាហ្មណ៍ ចូរបរិភោគបាយលាយដោយសាច់ ពួកអ្នកមិនផឹកទឹកស្រឹង គួរផឹកទឹកស្រវឹង ចូរផឹកដោយភាជនៈដ៏ពេញហូរហៀរ ។ ស្រីពេស្យាទាំងឡាយ (អាស្រ័យ) ផ្លូវធំ ចូរហៅរកបុរសអ្នកត្រូវការ អស់កាលជានិច្ចចុះ មួយទៀត រាជបុរសទាំងឡាយ ចូរចាត់ចែងការរក្សាឲ្យមាំមួនក្នុងដែន កុំឲ្យពួកមនុស្សបៀតបៀនគា្ននឹងគា្ន អ្នកទាំងឡាយ ចូរធើ្វសេចក្តីកោតក្រែងចំពោះដើមឈើនេះ ។

[២១១] ពួកស្នំ ពួករាជកុមារ ពួកអ្នកជំនួញ និងពួកព្រាហ្មណ៍ នាំយកបាយ និងទឹកដ៏ច្រើន មកជូនវិធុរបណ្ឌិត ។ ពលដំរី (ពលសេះ) ពលរថ ពលថើ្មរជើង នាំយកបាយ និងទឹកដ៏ច្រើន មកជូនវិធុរបណ្ឌិត ។ ពួកអ្នកជនបទមកជួបជុំគ្នា ពួកអ្នកនិគម មកជួបជុំគ្នា នាំយកបាយ និងទឹកដ៏ច្រើន មកជូនវិធុរបណ្ឌិត ។ ប្រជាជនជាច្រើន ជាអ្នកមានចិត្តជ្រះថា្ល ព្រោះឃើញបណ្ឌិតមកដល់ហើយ កាលបណ្ឌិតមកដល់ ការលើកទង់ក៏ប្រព្រឹត្តទៅ ។

ចប់ វិធុរជាតក ទី៩  ។

វេស្សន្តរជាតក ទី១០កែប្រែ

[២១២] (ព្រះឥន្រ្ទាធិរាជ ទ្រង់ត្រាស់ថា) មា្នលនាងផុស្សតីដ៏មានពន្លឺនៃសម្បុរដ៏ប្រសើរ មានអវយវៈខាងដើមដ៏ល្អ នាងចូរទទួលពរ ១០ ប្រការលើផែនដី ដែលជាពរពេញចិត្តរបស់នាង ។

[២១៣] (នាងផុស្សតីទេវធីតា ក្រាបបង្គំទូលថា) បពិត្រទេវរាជ ខ្ញុំមា្ចស់សូមថ្វាយបង្គំព្រះអង្គ ចុះខ្ញុំមា្ចស់បានធើ្វអំពើអាក្រក់ដូចមេ្តច បានជាព្រះអង្គមកញុំាងខ្ញុំមា្ចស់ឲ្យឃា្លតចាករមណីយដ្ឋាន ដូចជាខ្យល់ដែលបក់រំលើងដើមឈើដូច្នោះ ។

[២១៤] (ព្រះឥន្រ្ទា…) នាងឥតបានធើ្វអំពើអាក្រក់ទេ មួយទៀត នាងមិនមែនជាទីស្អប់នៃខ្ញុំទេ តែថានាងអស់បុណ្យហើយ បានជាខ្ញុំនិយាយនឹងនាងយ៉ាងនេះ ។ នាងមានសេចក្តីសា្លប់កៀកជិតណាស់ហើយ មុខជានឹងមានសេចក្តីព្រាត់ប្រាស កាលបើខ្ញុំឲ្យនូវពរ ១០ ប្រការនេះ នាងចូរទទួលយកចុះ ។

[២១៥] (នាងផុស្សតី…) បពិត្រសក្កទេវរាជដ៏ចម្រើន ជាឥស្សរៈលើពួកទេវតាទាំងអស់ បើព្រះអង្គទ្រង់ប្រទានពរដល់ខ្ញុំម្ចាស់ ខ្ញុំម្ចាស់សូមឲ្យបានទៅក្នុងព្រះរាជនិវេសន៍នៃព្រះបាទសិវិរាជនោះ ១ សូមឲ្យមាននេត្រាដ៏ខ្មៅដូចជាកូនម្រឹគញីមានភែ្នកខ្មៅ ១ សូមឲ្យមានចិញ្ចើមខ្មៅ ១ បពិត្រព្រះអង្គ ទ្រង់បានបំពេញទានក្នុងកាលមុន ខ្ញុំម្ចាស់ទៅកើតក្នុងព្រះរាជនិវេសន៍នោះ សូមឲ្យមានឈ្មោះថា ផុស្សតី (ដូចដើម) សូមឲ្យបានបុត្រដ៏ប្រសើរ ដែលចូលចិត្តឲ្យទាន ជាអ្នកគួរដល់ស្មូម មិនមានសេចក្តីកំណាញ់ ជាបុគ្គលដែលព្រះរាជាប្រទេសដទៃបូជា ជាអ្នកមានកេរ្តិ៍ឈ្មោះ មានយស ១ ។ កាលខ្ញុំម្ចាស់ទ្រទ្រង់គភ៌ សូមកុំឲ្យមានពោះប៉ោងឡើង ដូចជាដងធ្នូដែលគេសិតស្មើដូច្នោះ ១ ។ បពិត្រព្រះវាសវៈ ខ្ញុំម្ចាស់សូមកុំឲ្យមានដោះយារវែង ១ សក់ខ្ញុំម្ចាស់សូមកុំឲ្យមានស្កូវ ១ ខ្ញុំម្ចាស់សូមកុំឲ្យធូលីជាប់លើកាយ ១ ខ្ញុំម្ចាស់សូមដោះលែងចោរ ដែលមានកំហុសគួរគេសម្លាប់ ១ ។ បពិត្រទេវរាជដ៏ចម្រើន ខ្ញុំម្ចាស់សូមឲ្យបានជាអគ្គមហេសី ជាទីស្រឡាញ់នៃព្រះបាទសិវិក្នុងព្រះរាជនិវេសន៍នោះ ដែលជាទីកងរំពង ដោយសំឡេងក្ងោក និងក្រៀល ប្រកបដោយពួកនាងនារីដ៏ប្រសើរ ដេរដាសដោយមនុស្សគម និងមនុស្សតឿ ជាព្រះរាជនិវេសន៍ដែលពួកអ្នកសូទ្រៈ និងពួកអ្នកមគធៈសរសើរហើយ ដ៏គឹកកងដោយសំឡេងនៃសន្ទះទា្វរបង្អួចដ៏ពិចិត្រ ដែលជាទីមានពួកជនដាស់គ្នាឲ្យផឹកសុរា និងឲ្យបរិភោគសាច់ ។

[២១៦] (ព្រះឥន្រ្ទា…) ម្នាលនាងមានអវយវៈទាំងអស់ដ៏ល្អ ពរ ១០ ប្រការណា ដែលខ្ញុំឲ្យដល់នាងហើយ នាងនឹងបានពរទាំងអស់នោះក្នុងដែននៃព្រះបាទសិវិ ។

[២១៧] (អភិសម្ពុទ្ធគាថា) ព្រះមឃវៈទេវរាជ សុជម្បតិ វាសវៈ លុះទ្រង់មានព្រះបន្ទូលយ៉ាងនេះហើយ ក៏ប្រទានពរដល់ព្រះនាងផុស្សតី ហើយក៏មានព្រះហ្ឫទ័យរីករាយ ។

ចប់ គាថាទសពរ ។

[២១៨] (អភិសម្ពុទ្ធគាថា) នាងផុស្សតីទេវធីតានោះ ច្យុតចាកទេវលោកនោះមកហើយ ក៏ទៅកើតក្នុងខត្តិយត្រកូល បាននៅរួមនឹងព្រះបាទសញ្ជ័យក្នុងនគរជេតុត្តរ ។ ព្រះនាងទេវី ទ្រង់ព្រះនាមផុស្សតីទ្រង់គភ៌អស់ ១០ ខែ ក៏ធើ្វប្រទក្សិណព្រះរាជបុរី រួចប្រសូតតថាគតត្រង់កណ្តាលផ្លូវនៃពួកឈ្មួញ ។ នាមតថាគតមិនមែនជារបស់មាតា ទាំងមិនមែនកើតមកពីបិតាទេ តថាគតកើតត្រង់ (កណ្តាល) ផ្លូវនៃពួកឈ្មួញ ព្រោះហេតុនោះ បានជាតថាគតឈ្មោះវេស្សន្តរ ។ កាលដែលតថាគតនៅកេ្មងតូច ទើបនឹងមានអាយុ ៨ ឆ្នាំអំពីកំណើត តថាគតបានអង្គុយលើប្រាសាទ រិះគិតនឹងឲ្យទានថា បើមានស្មូមណាមួយ មកបន្លឺវាចាសុំអាត្មាអញ ៗ គួរឲ្យបេះដូង គួរឲ្យភ្នែក គួរឲ្យសាច់ គួរឲ្យឈាម គួរឲ្យរាងកាយ (ដល់ស្មូមនោះឯង) ។ កាលតថាគតនោះ កំពុងគិតសភាវធម៌ដែលមិនកម្រើក មិនតាំងនៅក្នុងកាលនោះ ប្រឹថពីមានភ្នំសិនេរុ និងព្រៃជាគ្រឿងប្រដាប់ពីខាងលើ ក៏ញាប់ញ័រ ។

[២១៩] (ព្រះបាទវេស្សន្តរ…) ពួកព្រាហ្មណ៍មានរោមក្លៀក និងក្រចកដុះវែង មានធេ្មញប្រកបដោយមន្ទិល មានក្បាលប្រឡាក់ដោយធូលី ផ្គងដើមដៃខាងស្តាំ តើសុំអ្វីនឹងអញ ។

[២២០] (ពួកព្រាហ្មណ៍…) បពិត្រព្រះសម្មតិទេព ពួកទូលព្រះបង្គំសុំហត្ថិរតន៍ ដែលញុំាងដែននៃពួកអ្នកសិវិរាស្រ្តឲ្យចម្រើន សូមព្រះអង្គទ្រង់ប្រទានដំរីដ៏ប្រសើរ ដែលមានភ្លុក ង ទន្ទាំ អាចញំាញីសត្រូវបាន ។

[២២១] (ព្រះបាទវេស្សន្តរ…) ព្រាហ្មណ៍ទាំងឡាយ សុំដំរីណានឹងអញ ជាដំរីចុះប្រេង ជាកុញ្ជរជាតិ មានភ្លុកដ៏ល្អ ជាដំរីដ៏ប្រសើរ គួរជារាជពាហនៈ អញនឹងឲ្យ (ដំរីនោះ) អញមិនញាប់ញ័រទេ ។

[២២២] (អភិសម្ពុទ្ធគាថា) ព្រះរាជាដែលជាអ្នកញុំាងពួកអ្នកសិវិរាស្រ្តឲ្យចម្រើន ទ្រង់មានព្រះហ្ឫទ័យប្រាថា្នយ៉ាងលើសលុបក្នុងការបរិច្ចាគ ទ្រង់ចុះចាក ក នៃដំរី រួចទ្រង់ប្រទាន (ដំរី) ជាទានដល់ពួកព្រាហ្មណ៍ ។

[២២៣] កាលដែលព្រះរាជា ទ្រង់ប្រទានដំរីដ៏ប្រសើរ ផែនដីកំរើកញាប់ញ័រ ការកើតហេតុគួរខា្លច គួរព្រឺរោម ក៏មានក្នុងកាលនោះ ។ កាលព្រះរាជាទ្រង់ប្រទានដំរីដ៏ប្រសើរ ការកើតហេតុគួរខា្លច គួរព្រឺរោម ក៏មានក្នុងកាលនោះ អ្នកនគរក៏ជ្រួលជ្រើមក្នុងកាលនោះ ។ កាលព្រះរាជាទ្រង់ប្រទានដំរីដ៏ប្រសើរ ដែលជាដំរីញុំាងពួកអ្នកសិវិរាស្រ្តឲ្យចម្រើន អ្នកបុរីក៏ជ្រួលច្របល់ ទាំងសំឡេងក៏គឹកកងរំពងខ្លាំង ។

[២២៤] កាលព្រះរាជា ទ្រង់ប្រទាននូវដំរីដ៏ប្រសើរ គ្រានោះ សំឡេងយ៉ាងខ្លាំងពន្លឹក ជាសំឡេងគួរខ្លាច ក៏ប្រព្រឹត្តទៅក្នុងនគរនោះ ក្នុងកាលនោះ អ្នកនគរក៏ជ្រួលជ្រើម ។ កាលព្រះរាជា ទ្រង់ប្រទានដំរីដ៏ប្រសើរ ជាដំរីញុំាងពួកអ្នកសិវិរាស្រ្តឲ្យចម្រើន គ្រានោះ សំឡេងយ៉ាងខ្លាំងពន្លឹក គួរខា្លច ប្រព្រឹត្តទៅក្នុងនគរនោះ ។

[២២៥] ពួកជនអ្នកមានកេរ្តិ៍ឈ្មោះ ពួករាជបុត្ត ពួកអ្នកជំនួញ ពួកព្រាហ្មណ៍ ពួកទាហានដំរី ទាហាន (សេះ) ទាហានរថ និងពលថ្មើរជើង អ្នកនិគមទាំងអស់ និងពួកអ្នកសិវិរាស្រ្ត ក៏មកប្រជុំគ្នា ពួកជនទាំងនោះបានឃើញដំរី ដែលពួកព្រាហ្មណ៍កំពុងនាំទៅ ក៏ក្រាបទូលចំពោះព្រះរាជា (ទ្រង់ព្រះនាមសញ្ជ័យ) ថា បពិត្រព្រះសម្មតិទេព ដែនរបស់ព្រះអង្គសាបសូន្យហើយ ព្រះវេស្សន្តរជាព្រះរាជបុត្តរបស់ព្រះអង្គ មេ្តចក៏ប្រទានដំរីដ៏ប្រសើររបស់យើង ជាដំរីដែលអ្នកដែនបូជាហើយ មេ្តចក៏ប្រទានដំរីកុញ្ជររបស់យើង ដែលជាដំរីមានភ្លុក ង ទន្ទាំ អាចញំាញីសត្រូវបាន ជាសត្វសា្គល់ខេត្តចម្បាំងទាំងអស់ ជាដំរីដ៏ឧត្តម សសុទ្ធ ។ ដំរីនោះមានខ្លួនពាសដោយសំពត់កម្ពលលឿង ជាដំរីចុះប្រេង ញំាញីសត្រូវបាន មានភ្លុកដ៏ល្អ ប្រកបដោយស៊ែ ជាដំរីស ប្រហែលនឹងភ្នំកៃលាស ។ ព្រះរាជបុត្តរបស់ព្រះអង្គ បានប្រទានដំរីរាជពាហនៈ ជាយានដ៏ប្រសើរ ព្រមទាំងសេ្វតច្ឆត្រ ព្រមទាំងកម្រាលសម្រាប់ក្រាលលើខ្នង ព្រមទាំងពេទ្យ ព្រមទាំងអ្នករក្សាដំរី ទៅជាទានដល់ពួកព្រាហ្មណ៍ ។

[២២៦] ព្រះរាជបុត្តរបស់ព្រះអង្គនោះ គួរតែឲ្យបាយ ទឹក សំពត់ និងសេនាសនៈ (ព្រោះថា) វត្ថុនុ៎ះឯង ជារបស់គួរដល់ទាន វត្ថុនុ៎ះឯង ជារបស់គួរដល់ព្រាហ្មណ៍ ។ បពិត្រព្រះបាទសញ្ជ័យ ព្រះបាទវេស្សន្តរជាបុត្តរបស់ព្រះអង្គនេះ ជាព្រះឱរស កើតក្នុងវង្សរបស់ព្រះអង្គ ជាអ្នកញុំាងពួកអ្នកសិវិរាស្រ្តឲ្យចម្រើន ម្តេចក៏ចែកដំរីទៅឲ្យព្រាហ្មណ៍ ។ ថាបើព្រះអង្គ នឹងមិនធើ្វតាមសំដីរបស់ពួកអ្នកដែនសិវិនេះទេ មុខជាពួកអ្នកសិវិរាស្រ្ត ធើ្វព្រះអង្គ ព្រមទាំងព្រះរាជបុត្ត ឲ្យឋិតនៅក្នុងកណ្តាប់ដៃមិនខាន ។

[២២៧] (ព្រះរាជា…) ជនបទសាបសូន្យទៅចុះ ទាំងដែនទៀត ក៏វិនាសទៅចុះ យើងនឹងមិនបណេ្តញរាជបុត្ត ដែលជាអ្នកមិនប្រទូស្ត ឲ្យចេញចាកដែនរបស់ខ្លួន តាមសំដីពួកអ្នកសិវិរាស្រ្តទេ ដ្បិតកូនប្រុសនេះ ពិតជាកើតអំពីទ្រូងរបស់យើង ។ ជនបទសាបសូន្យទៅចុះ ទាំងដែនទៀត ក៏វិនាសទៅចុះ យើងនឹងមិនបណេ្តញរាជបុត្ត ដែលជាអ្នកមិនប្រទូស្ត ឲ្យចេញចាកដែនរបស់ខ្លួនតាមសំដីពួកអ្នកសិវិរាស្រ្តទេ ដ្បិតកូនប្រុសនេះ ពិតជាកើតអំពីខ្លួនរបស់យើង ។ មួយទៀត យើងមិនគួរប្រទូស្តចំពោះកូនយើងនោះទេ ព្រោះថា កូនយើងនោះ ជាអ្នកមានសីល និងវត្តដ៏ប្រសើរ ដំណេះដំនៀល នឹងមានដល់យើងផង យើងត្រូវសោយបាបច្រើនផង យើងនឹងសម្លាប់វេស្សន្តរជាកូន ដោយគ្រឿងសស្ត្រាដូចម្តេចបាន ។

[២២៨] (ពួកអ្នកដែន) សូមព្រះអង្គកុំសម្លាប់ព្រះរាជបុត្តនោះដោយដម្បង ឬគ្រឿងសស្រ្តាទ្បើយ ព្រោះព្រះរាជបុត្តនោះ មិនគួរដល់ចំណងទេ ព្រះអង្គគ្រាន់តែបណេ្តញព្រះរាជបុត្តនោះ ចេញអំពីដែនទៅចុះ សូមឲ្យព្រះរាជបុត្តនោះទៅគង់នៅឯវង្កបព៌តចុះ ។

[២២៩] (ព្រះរាជា…) ថាបើពួកអ្នកដែនសិវិ មានចំណង់បែបនេះហើយ យើងក៏មិនអាចបន្ទោបង់ចំណង់នេះបានទេ តែសូមឲ្យកូនយើងនោះ នៅបរិភោគកាមបានមួយរាត្រីនេះសិនចុះ ។ នាកាលរាត្រីនោះអស់ហើយ ព្រះអាទិត្យរះឡើង ទើបសូមឲ្យពួកអ្នកសិវិរាស្រ្តព្រមព្រៀងគ្នា បណេ្តញកូនរបស់យើងនោះ ចេញអំពីដែនចុះ ។

[២៣០] នែអាមាត្យ អ្នកចូរក្រោកទ្បើង អ្នកចូរប្រញាប់ទៅប្រាប់វេស្សន្តរថា បពិត្រព្រះទេវៈ ពួកអ្នកសិវិរាស្រ្ត ពួកអ្នកនិគម ពួកអ្នកមានកេរ្តិ៍ឈ្មោះ ពួករាជបុត្ត ពួកអ្នកជំនួញ និងពួកព្រាហ្មណ៍ មកប្រជុំគា្ន ខឹងនឹងព្រះអង្គហើយ ។ ពួកទាហានដំរី ទាហាន (សេះ) ទាហានរថ និងពលថ្មើរជើង ពួកអ្នកនិគមទាំងអស់ និងពួកអ្នកសិវិរាស្រ្ត ក៏មកប្រជុំគ្នាដែរ លុះរាត្រីនេះអស់ហើយ ព្រះអាទិត្យរះឡើង ពួកអ្នកដែនសិវិព្រមព្រៀងគ្នា នឹងបណ្ដេញព្រះអង្គចាកដែន ។

[២៣១] អាមាត្យនោះ លុះព្រះបាទសិវិទ្រង់បញ្ចូនទៅ ក៏ប្រញាប់ប្រញាល់ងូតទឹក កក់ក្បាល ពាក់គ្រឿងប្រដាប់ដៃ ស្លៀកសំពត់ល្អ ប្រោះព្រំដោយខ្លឹមចន្ទន៍ ពាក់កុណ្ឌលកែវមណី ចូរទៅកាន់ព្រះរាជនិវេសន៍នៃព្រះបាទវេស្សន្តរដែលជាបុរីរម្យ ។ អាមាត្យនោះ បានឃើញព្រះរាជកុមារ (វេស្សន្តរ) កំពុងរីករាយក្នុងបុរីរបស់ព្រះអង្គនោះ ដ៏កុះករដោយពួកអាមាត្យ ដូចព្រះវាសវៈរបស់ទេវតាជាន់ត្រៃត្រឹង្ស ។

[២៣២] អាមាត្យនោះ ប្រញាប់ប្រញាល់ទៅក្នុងរាជបូរីនោះ ហើយក្រាបទូលព្រះបាទវេស្សន្តរថា បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ ទូលព្រះបង្គំជាខ្ញុំនឹងក្រាបទូលសេចក្តីទុក្ខរបស់ព្រះអង្គ សូមព្រះអង្គកុំខ្ញាល់នឹងទូលព្រះបង្គំជាខ្ញុំឡើយ ។ អាមាត្យនោះ លុះថា្វយបង្គំហើយ ក៏យំទួញ ក្រាបបង្គំទូលព្រះរាជាថា បពិត្រមហារាជ ព្រះអង្គរមែងនាំនូវរសជាទីប្រាថ្នាគ្រប់យ៉ាង មកចិញ្ចឹមទូលព្រះបង្គំ ៗ នឹងក្រាបទូលសេចក្តីទុក្ខរបស់ព្រះអង្គ សូមល្អងធូលីព្រះបាទ ឲ្យទូលព្រះបង្គំដកដងើ្ហមស្រួលក្នុងដំណើរក្រាបទូលនោះ ។ បពិត្រព្រះទេវៈ ពួកអ្នកសិវិរាស្រ្ត ពួកអ្នកនិគម ពួកអ្នកមានកេរ្តិ៍ឈ្មោះ ពួករាជបុត្ត ពួកអ្នកជំនួញ និងពួកព្រាហ្មណ៍ ប្រជុំគ្នា ខឹងនឹងព្រះអង្គហើយ ។ ពួកទាហានដំរី ទាហាន (សេះ) ពលរថ និងពលថើ្មរជើង ព្រមទាំងអ្នកនិគមទាំងអស់ និងពួកអ្នកសិវិរាស្រ្ត ក៏មកប្រជុំគ្នាដែរ ។ លុះរាត្រីនោះអស់ហើយ ព្រះអាទិត្យក៏រះឡើង ពួកអ្នកសិវិរាស្រ្ត ព្រមព្រៀងគ្នានឹងបណេ្តញព្រះអង្គចាកដែន ។

[២៣៣] (ព្រះវេស្សន្តរ…) ព្រោះដំណើរដូចមេ្តច បានជាពួកអ្នកសិវិរាស្រ្តខឹងនឹងយើង ដ្បិតយើងរកមិនឃើញអំពើអាក្រក់ទេ ម្នាលអាមាត្យ អ្នកចូរប្រាប់ដំណើរនោះដល់យើង ព្រោះហេតុអ្វី បានជាគេបណេ្តញ ។

[២៣៤] (អាមាត្យ…) ពួកអ្នកមានកេរ្តិ៍ឈ្មោះ ពួករាជបុត្ត ពួកអ្នកជំនួញ ពួកព្រាហ្មណ៍ ពួកទាហានដំរី ទាហាន (សេះ) ពលរថ និងពលថ្មើរជើង ខឹងនឹងព្រះអង្គ ព្រោះតែការប្រទានដំរី ហេតុនោះ បានជាគេបណេ្តញព្រះអង្គ ។

[២៣៥] (ព្រះវេស្សន្តរ…) យើងចង់ឲ្យបេះដូង ឬភ្នែកផង ទ្រព្យជាខាងក្រៅរបស់យើង គឺប្រាក់ មាស កែវមុក្តា កែវពិទូរ្យ និងកែវមណី ជាប្រយោជន៍អ្វី បើយើងបានឃើញស្មូមមកសុំដៃស្តាំ ឬដៃឆេ្វង គួរតែឲ្យ មិនគប្បីរំភើបទេ (ព្រោះថា) ចិត្តរបស់យើងរីករាយក្នុងការឲ្យ (ទាន) ។ ពួកអ្នកសិវិរាស្រ្តទាំងអស់នោះ ចង់បណេ្តញ ឬចង់សម្លាប់យើងក៏ដោយចុះ យើងនឹងមិនវៀរចាកការឲ្យ (ទាន) ទេ អ្នកដែនទាំងអស់ចង់កាត់យើងជាប្រាំពីរកំណាត់ក៏ដោយចុះ ។

[២៣៦] (អាមាត្យ…) ពួកអ្នកសិវិរាស្រ្ត និងពួកអ្នកនិគមប្រជុំគ្នានិយាយអំពីព្រះអង្គយ៉ាងនេះថា ពួកអ្នកទោសត្រូវនិរទេស តែងទៅតាមឆ្នេរទន្លេកោន្តិមារាណា ព្រះបាទវេស្សន្តរដែលមានវត្តល្អ ចូរយាងសំដៅទៅកាន់ភ្នំអារញ្ជរា តាមឆ្នេរទន្លេកោន្តិមារានោះចុះ ។

[២៣៧] (ព្រះវេស្សន្តរ…) ពួកជនអ្នកប្រទូស្ត តែងទៅតាមផ្លូវណា យើងនឹងទៅតាមផ្លូវនោះឯង តែសូមឲ្យអ្នកទាំងទ្បាយ អត់ទោសឲ្យយើងបានមួយយប់មួយថៃ្ង ចាំយើងឲ្យទានសិន ។

[២៣៨] ព្រះរាជាទ្រង់ត្រាស់ហៅព្រះនាងមទ្រីទេវី ដែលមានអវយវៈល្អទាំងអស់នោះមកប្រាប់ថា ទ្រព្យស្រូវណាមួយដែលយើងឲ្យដល់នាង នៅមានក្តី ប្រាក់មាស កែវមុក្តា កែវពិទូរ្យណាដ៏ច្រើនក្តី ទ្រព្យណាជារបស់ព្រះបិតានាងក្តី នាងគប្បីកប់ទ្រព្យទាំងអស់នោះទុកចុះ ។

[២៣៩] ព្រះរាជបុត្រី ទ្រង់ព្រះនាមមទ្រី ដែលមានអវយវៈល្អទាំងអស់ បានក្រាបបង្គំទូលសួរព្រះរាជានោះថា បពិត្រព្រះទេវៈ ខ្ញុំម្ចាស់នឹងកប់ក្នុងទីណា ខ្ញុំម្ចាស់ក្រាបទូលសួរហើយ សូមព្រះអង្គប្រាប់ដំណើរនោះ ។

[២៤០] (ព្រះវេស្សន្តរ…) ម្នាលនាងមទ្រី នាងគួរឲ្យទានចំពោះអ្នកមានសីលទាំងទ្បាយតាមសមគួរ ព្រោះថាទីពឹងរបស់សព្វសត្វដទៃក្រៅអំពីទាន មិនមានទេ ។

[២៤១] ម្នាលនាងមទ្រី នាងត្រូវមេត្តាបុត្ត ព្រះមាតាក្មេក និងព្រះបិតាក្មេក មួយទៀត បើអ្នកណាសំគាល់ថា នឹងធើ្វជាប្តីនាង នាងចូរបំរើអ្នកនោះដោយគោរពចុះ ។ បើគ្មានគេសំគាល់ថានឹងធើ្វជាប្តីនាងទេ កាលនាងព្រាត់ប្រាសអំពីយើងទៅហើយ នាងចូរសែ្វងរកប្តីដទៃទៀតចុះ កុំឲ្យនាងលំបាក ព្រោះព្រាត់ប្រាសអំពីយើងទ្បើយ ។

[២៤២] ព្រោះយើងនឹងទៅកាន់ព្រៃ ប្រកបដោយមឹ្រគសាហាវពន្លឹក សេចក្តីសង្ស័យនឹងជីវិត រមែងមានដល់យើង ដែលនៅម្នាក់ឯងក្នុងព្រៃធំ ។

[២៤៣] ព្រះរាជបុត្រី ទ្រង់ព្រះនាមមទ្រី មានអវយវៈល្អទាំងអស់ នាងបានក្រាបទូលព្រះបាទវេស្សន្តរនោះថា ថី្វក៏ព្រះអង្គមានព្រះបន្ទូលនូវព្រះវាចាដែលមិនធ្លាប់មាន ព្រះអង្គមានព្រះបន្ទូលនូវព្រះវាចាដ៏អាក្រក់អី្វម្ល៉េះ ។ បពិត្រមហារាជ ដំណើរនោះ មិនត្រូវតាមធម៌ទេ ដ្បិតព្រះអង្គទ្រង់សេ្តចយាងទៅតែមួយអង្គឯង បពិត្រក្សត្រិយ៍ ព្រះអង្គសេ្តចយាងទៅតាមផ្លូវណា ខ្ញុំម្ចាស់នឹងទៅតាមផ្លូវនោះដែរ ។ សេចក្តីស្លាប់ជាមួយនឹងព្រះអង្គក្តី សេចក្តីរស់នៅ តែព្រាត់ប្រាសចាកព្រះអង្គក្តី សេចក្តីស្លាប់នោះឯងប្រសើរជាង ខ្ញុំម្ចាស់រស់នៅ តែព្រាត់ប្រាសចាកព្រះអង្គ មិនប្រសើរទេ ។ ម្ចាស់ខ្ញុំនឹងដុតភើ្លងឲ្យមានអណ្ដាតឆេះមូលទ្រលោម សេចក្តីស្លាប់នៅក្នុងភើ្លងនោះឯងប្រសើរជាង ខ្ញុំម្ចាស់រស់នៅ តែព្រាត់ប្រាសចាកព្រះអង្គ មិនប្រសើរទេ ។ មេដំរី តែងដើរតាមដំរីឈ្មោល ដែលមានភ្លុកល្អ ដែលនៅក្នុងព្រៃកាលត្រាច់ទៅក្នុងជ្រោះ ជ្រលងភ្នំសើ្មខ្លះ មិនសើ្មខ្លះ យ៉ាងណាមិញ ។ ខ្ញុំម្ចាស់នឹងនាំបុត្តទាំងទ្បាយ ដើរតាមក្រោយព្រះអង្គយ៉ាងនោះដែរ ខ្ញុំម្ចាស់ជាស្រីដែលព្រះអង្គចិញ្ចឹមបានដោយងាយ មិនមែនជាស្រីដែលព្រះអង្គចិញ្ចឹមបានដោយក្រទេ ។

[២៤៤] ព្រះអង្គកាលទតឃើញកុមារទាំងនេះ ដែលមានសំឡេងពីរោះ និយាយសំដីជាទីស្រឡាញ់ អង្គុយក្បែរគុម្ពឈើ នឹងមិនរលឹករាជសម្បត្តិ ។ ព្រះអង្គកាលទតឃើញកុមារទាំងនេះ មានសំឡេងពីរោះ និយាយសំដីជាទីស្រឡាញ់ កំពុងលេងក្បែរគុម្ពឈើ នឹងមិនរលឹករាជសម្បត្តិ ។ ព្រះអង្គកាលទតឃើញកុមារទាំងនេះ មានសមេ្លងពីរោះ និយាយពាក្យពាក្យជាទីស្រលាញ់ក្នុងអាស្រមជារមណីដ្ឋាន នឹងមិនរលឹករាជសម្បត្តិ ។ ព្រះអង្គកាលទតឃើញរាជកុមារទាំងនេះ មានសម្លេងពីរោះ និយាយពាក្យជាទីស្រឡាញ់ កំពុងលេងក្បែរអាស្រមជាទីត្រេកអរ នឹងមិនរលឹករាជសម្បត្តិ ។ ព្រះអង្គកាលទតឃើញកុមារទាំងនេះ ពាក់កម្រងផ្កា មានខ្លួនប្រដាប់ហើយ ក្នុងអាស្រមជារមណីដ្ឋាន នឹងមិនរលឹករាជសម្បត្តិ ។ ព្រះអង្គកាលទតឃើញកុមារទាំងនេះ ពាក់កម្រងផ្កា មានខ្លួនប្រដាប់ហើយ កំពុងលេងក្បែរអាស្រម ដែលជាទីត្រេកអរ នឹងមិនរលឹករាជសម្បត្តិ ។ កាលណាព្រះអង្គទតឃើញកុមារពាក់កម្រងផ្កា កំពុងរាំក្នុងអាស្រមជារមណីដ្ឋាន នឹងមិនរលឹករាជសម្បត្តិ ។ កាលណាព្រះអង្គទតឃើញកុមារពាក់កម្រងផ្កា កំពុងរាំលេងក្នុងអាស្រមជាទីត្រេកអរ នឹងមិនរលឹករាជសម្បត្តិ ។ កាលណាព្រះអង្គទតឃើញដំរីធំ ជាកុញ្ជរជាតិ មានអាយុ ៦០ ឆ្នាំ ត្រាច់ទៅក្នុងព្រៃតែម្នាក់ឯង នឹងមិនរលឹករាជសម្បត្តិ ។ កាលណាព្រះអង្គទតឃើញដំរីធំ ជាកុញ្ជរជាតិ មានអាយុ ៦០ ឆ្នាំ ត្រាច់ទៅមករាល់ល្ងាច រាល់ព្រឹក នឹងមិនរលឹករាជសម្បត្តិ ។ កាលណាដំរីធំ ជាកុញ្ជរជាតិ មានអាយុ ៦០ ឆ្នាំ កាលដើរទៅខាងមុខនៃហ្វូងដំរីញី និងហ្វូងដំរីឈ្មោល ហើយបន្លឺកោញ្ចនាទ ព្រះអង្គបានទ្រង់ព្រះសណ្តាប់ដំរីបន្លឺកោញ្ចនាទនោះហើយ នឹងមិនរលឹករាជសម្បត្តិ ។ កាលណាព្រះអង្គទតឃើញដងព្រៃសងខាងផ្លូវ ជាទីឲ្យសេចក្តីប្រាថ្នាក្នុងព្រៃ ដ៏ដេរដាសដោយម្រឹគសាហាវ នឹងមិនរលឹករាជសម្បត្តិ ។ ព្រះអង្គទតឃើញម្រឹគជាបញ្ចមាលិនីដើរមក និងឃើញពួកកិន្នរ ដែលកំពុងរាំក្នុងវេលាល្ងាច នឹងមិនរលឹករាជសម្បត្តិ ។ កាលណាព្រះអង្គឮសូរសម្លេងគឹកកងនៃទន្លេកំពុងហូរទៅផង ឮចម្រៀងនៃពួកកិន្នរផង នឹងមិនរលឹករាជសម្បត្តិ ។ កាលណាព្រះអង្គឮសូរសម្លេងគឹកកងនៃសត្វមៀម ដែលត្រាច់ក្នុងញកនៃភ្នំ នឹងមិនរលឹករាជសម្បត្តិ ។ កាលណាព្រះអង្គឮសូរសម្លេងគឹកកងនៃម្រឹគសាហាវក្នុងព្រៃ គឺរាជសីហ៍ ខ្លាធំ រមាស គោព្រៃ នឹងមិនរលឹករាជសម្បត្តិ ។ កាលណាព្រះអង្គទតឃើញកោ្ងកឈ្មោល ដែលមានពួកកោ្ងកញីចោមរោម ជាសត្វដេរដាសដោយសំណុំកន្ចុយ ទំលើកំពូលភ្នំ កំពុងពេនពង់ នឹងមិនរលឹករាជសម្បត្តិ ។ កាលណាព្រះអង្គទតឃើញកោ្ងកឈ្មោល ដែលមានកោ្ងកញីចោមរោម ជាអណ្ឌជាតិ មានភ្នែកដ៏វិចិត្រ កំពុងពេនពង់ នឹងមិនរលឹករាជសម្បត្តិ ។ កាលណាព្រះអង្គទតឃើញក្ងោកឈ្មោល ដែលមានក្ងោកញីចោមរោម ជាសត្វមានផ្នត់កខៀវ មានកំប៉ោយ កំពុងពេនពង់ នឹងមិនរលឹករាជសម្បត្តិ ។ កាលណាព្រះអង្គទតឃើញដើមឈើទាំងឡាយ មានផ្ការីក ក្នុងហេមន្តរដូវ ផ្សព្វផ្សាយដោយក្លិនក្រអូប នឹងមិនរលឹករាជសម្បត្តិ ។ កាលណាព្រះអង្គទតឃើញផែនដី មានសៅ្មខៀវខ្ចី ក្នុងខែខាងក្នុងហេមន្តរដូវ ដ៏ដេរដាសដោយមេភ្លៀង នឹងមិនរលឹករាជសម្បត្តិ ។ កាលណាព្រះអង្គទតឃើញដើមឈើទាំងឡាយ ដែលមានផ្ការីកស្គុះស្គាយ ក្នុងហេមន្តរដូវផង ដើមខែ្លងគង់ និងឈើដែលមានត្រួយ មានស្លឹកក្រហមផង ដើមលោទ និងដើមឈូកមានផ្ការីក ផ្សព្វផ្សាយក្លិនក្រអូបផង នឹងមិនរលឹករាជសម្បត្តិ ។ កាលណាព្រះអង្គទតឃើញព្រៃ មានផ្ការីកក្នុងខែខាងក្នុងហេមន្តរដូវផង ឈូកទាំងឡាយមានផ្កាជ្រុះហើយផង នឹងមិនរលឹករាជសម្បត្តិ ។

ចប់ ហិមវន្ត ។

[២៤៥] (អភិសម្ពុទ្ធគាថា) ព្រះនាងផុស្សតី ជារាជបុត្រី មានយស បានទ្រង់ព្រះសណ្តាប់ការចរចានៃព្រះរាជបុត្រ និងព្រះរាជសុណិសាទាំងនោះហើយ ទ្រង់ព្រះកនែ្សង មុខគួរអណោចអធម្មថា ឱ អាត្មាអញគួរតែបរិភោគថ្នាំពិស ឬអាត្មាអញលោតទំលាក់ខ្លួនក្នុងជ្រោះ… ពុំនោះ ចង (ក) នឹងខែ្ស (ឲ្យស្លាប់) ប្រសើរជាង ។ ម្តេចទ្បើយក៏ពួកអ្នកសិវិរាស្រ្តបណេ្តញបាវេស្សន្តរ ជាកូនអញដែលជាអ្នកមិនប្រទូស្ត ។ ម្តេចទ្បើយក៏ពួកអ្នកសិវិរាស្រ្តបណ្តេញបាវេស្សន្តរ ជាកូនអញដែលជាអ្នកចេះចប់ត្រៃវេទ ជាម្ចាស់ទាន ជាអ្នកគួរដល់ស្មូម ឥតមានសេចក្តីកំណាញ់ ជាអ្នកមិនប្រទូស្ត ។ ម្តេចឡើយក៏ពួកអ្នកសិវិរាស្រ្តបណ្តេញបាវេស្សន្តរជាកូនអញ ដែលពួកព្រះរាជាប្រទេសដទៃបូជា មានកិត្តិយស ជាអ្នកមិនប្រទូស្ត ។ ម្តេចឡើយក៏ពួកអ្នកសិវិរាស្រ្ត បណេ្តញបាវេស្សន្តរ ជាកូនអញ ដែលជាបុគ្គលចិញ្ចឹមមាតា និងបិតា ជាអ្នកគោរពចំពោះបុគ្គលជាធំក្នុងត្រកូល ជាអ្នកមិនប្រទូស្ត ។ ម្តេចឡើយក៏ពួកអ្នកសិវិរាស្រ្តបណេ្តញបាវេស្សន្តរជាកូនអញ ជាប្រយោជន៍ដល់ព្រះរាជា ជាប្រយោជន៍ដល់ទេវតា ជាប្រយោជន៍ដល់ពួកញាតិ និងសម្លាញ់ ជាប្រយោជន៍ដល់អ្នកដែនទាំងអស់ ជាអ្នកមិនប្រទូស្ត ។

[២៤៦] ដែនរបស់ព្រះអង្គ មុខជានឹងសាធារណ៍ដល់ជនទាំងឡាយ ដូចផ្លិតឃ្មុំ ដែលមេឃ្មុំហើរចោល ពុំនោះ ដូចផែ្លស្វាយដែលជ្រុះលើផែនដី (ព្រោះ) ពួកអ្នកសិវិរាស្រ្ត បណេ្តញវេស្សន្តរជាអ្នកមិនប្រទូស្ត ។ ព្រះអង្គដែលពួកអាមាត្យបោះបង់ហើយ ជាព្រះរាជាម្នាក់ឯង រមែងនឿយព្រួយដូចហង្សដែលអស់ស្លាប លើភក់ដែលគ្មានទឹក ។ បពិត្រមហារាជ ព្រោះហេតុនោះ បានជាខ្ញុំម្ចាស់ក្រាបទូលព្រះអង្គ កុំឲ្យប្រយោជន៍កន្លងផុតព្រះអង្គឡើយ សូមព្រះអង្គកុំបំបរបង់វេស្សន្តរដែលជាអ្នកមិនប្រទូស្តនោះ តាមសំដីពួកអ្នកសិវិរាស្រ្តឡើយ ។

[២៤៧] (ព្រះរាជា…) យើងបណេ្តញបាវេស្សន្តរ ដែលជាទង់ជ័យនៃពួកអ្នកសិវិរាស្រ្ត ឈ្មោះថា ធើ្វនូវសេចក្តីគោរពចំពោះបវេណីធម៌ ទុកជាបាវេស្សន្តរ ជាទីស្រឡាញ់ដ៏លើសជាងជីវិតរបស់យើង ក៏យើងនៅតែបណេ្តញបាវេស្សន្តរ ដែលជាកូនរបស់យើងមិនខាន ។

[២៤៨] (ព្រះនាងផុស្សតិទេវី…) ក្នុងកាលមុន ចុងទង់ជ័យទាំងឡាយ ដូចជាផ្កាកណិការរីក រមែងទៅតាមបាវេស្សន្តរណា កាលទៅ (កាន់ឱទ្យានជាដើម) តែក្នុងថៃ្ងនេះ បាវេស្សន្តរនោះ នឹងទៅតែម្នាក់ឯង ។ ក្នុងកាលមុន ចុងទង់ជ័យទាំងឡាយ ដូចជាព្រៃផ្កាកណិការ រមែងទៅតាមបាវេស្សន្តរណា កាលទៅ (កាន់ឱទ្យានជាដើម) តែក្នុងថ្ងៃនេះ បាវេស្សន្តរនោះ នឹងទៅតែម្នាក់ឯង ។ ក្នុងកាលមុន ពលទាំងឡាយ ដូចជាដើមកណិការរីក រមែងទៅតាមបាវេស្សន្តរណា កាលទៅ (កាន់ឱទ្យានជាដើម) តែក្នុងថៃ្ងនេះ បាវេស្សន្តរនោះ នឹងទៅតែម្នាក់ឯង ។ ក្នុងកាលមុន ពលទាំងឡាយដូចជាព្រៃផ្កាកណិការ រមែងទៅតាមបាវេស្សន្តរណា កាលទៅ (កាន់ឱទ្យានជាដើម) តែក្នុងថ្ងៃនេះ បាវេស្សន្តរនោះ នឹងទៅតែម្នាក់ឯង ។ ពួកសេនាស្លៀកសំពត់កម្ពលមានពណ៌លឿង ដែលកើតក្នុងដែនគន្ធារៈ មានរស្មីដូចជាសម្បុរមេភ្លៀង រមែងទៅតាមបាវេស្សន្តរណា កាលទៅ (កាន់ឱទ្យានជាដើម) តែក្នុងថៃ្ងនេះ បាវេស្សន្តរនោះ នឹងទៅតែម្នាក់ឯង ។ ក្នុងកាលមុន បាវេស្សន្តរណា ទៅដោយដំរី ដោយសាលៀង និងរថ តែក្នុងថ្ងៃនេះ ព្រះរាជាវេស្សន្តរនោះ នឹងដើរទៅដូចម្តេចបាន ។ បាវេស្សន្តរដែលមានអវយវៈលាបដោយខ្លឹមចន្ទន៍ ធ្លាប់ភ្ញាក់រលឹកដោយរបាំ និងចម្រៀង (ស្លៀកដណ្តប់) ស្បែកខ្លាទាំងក្រចកគ្រោតគ្រាតផង រែកអម្រែកទម្ងន់មួយខារិផង ដូចមេ្តចកើត ។ ព្រោះហេតុដូចមេ្តច ក៏ជនទាំងឡាយមិននាំសំពត់កាសាវៈផង ស្បែកខា្លផង ដើម្បីបាវេស្សន្តរ កាលចូលទៅក្នុងព្រៃធំ ព្រោះហេតុអ្វី ក៏ជនទាំងឡាយមិនត្បាញសំពត់សំបកឈើថ្វាយ ។ ពួកជនជារាជបព្វជិត នឹងស្លៀកសំពត់សម្បកឈើ ដូចមេ្តចកើត នាងមទ្រីនឹងស្លៀកសំពត់ដែលក្រងដោយស្បូវភ្លាំងដូចមេ្តចកើត ។ នាងមទ្រីធ្លាប់តែស្លៀកសំពត់ដែលកើតក្នុងដែនកាសីផង សំពត់ដែលកើតក្នុងដែនខោមៈ និងដែនកោទុម្ពរៈផង ឥឡូវនេះ មកស្លៀកសំពត់ដែលក្រងដោយស្បូវភ្លាំង តើនឹងធើ្វអ្វីកើត ។ នាងមទ្រីនោះ មានអវយវៈគួរសរសើរ ធ្លាប់ទៅដោយវ ព្រះសាលៀង និងរថ ថៃ្ងនេះ នឹងដើរដោយជើងតាមផ្លូវដូចមេ្តចបាន ។ នាងមទ្រីណា មានផ្ទៃដៃដ៏ទន់ មានចិត្តញាប់ញ័រ ធ្លាប់ឋិតនៅក្នុងសេចក្តីសុខ ថៃ្ងនេះ នាងមទ្រីមានអវយវៈគួរសរសើរនោះ នឹងដើរដោយជើងតាមផ្លូវដូចមេ្តចបាន ។ នាងមទ្រីណា មានផ្ទៃជើងដ៏ទន់ មានចិត្តញាប់ញ័រ ធ្លាប់ឋិតនៅក្នុងសេចក្តីសុខ នាងមទ្រីមានអវយវៈគួរសរសើរនោះ តែងពាក់ស្បែកជើងមាស ហើយដើរទៅ ថ្ងៃនេះនឹងដើរដោយជើងទៅតាមផ្លូវដូចមេ្តចបាន ។ នាងមទ្រីណា តែងពាក់កម្រងផ្កា ដើរទៅខាងមុខនៃស្ត្រីមួយពាន់ ថ្ងៃនេះ នាងមទ្រីមានអវយវៈគួរសរសើរនោះ នឹងដើរទៅព្រៃតែម្នាក់ឯងដូចម្តេចបាន ។ នាងមទ្រីណា ដែលនៅក្នុងបូរី គ្រាន់តែបានឮសំឡេងចចកលូរឿយ ៗ រមែងតក់ស្លុត ថ្ងៃនេះ នាងមទ្រីមានអវយវៈគួរសរសើរនោះ ជាស្ត្រីរន្ធត់ នឹងទៅព្រៃដូចម្ដេចបាន ។ នាងមទ្រីណា គ្រាន់តែបានឮសំឡេងមៀម ជាកោសិយគោត្រ កាលស្រែកបន្លឺ ក៏ខា្លចរន្ធត់ ដូចមេមត់ដែលខោ្មចចូល ថៃ្ងនេះ នាងមទ្រីមានអវយវៈគួរសរសើរនោះ ជាស្រ្តីមានសេចក្តីរន្ធត់ នឹងដើរទៅព្រៃដូចមេ្តចបាន ។ ខ្ញុំម្ចាស់លុះមកកាន់បុរីនេះសូន្យទទេហើយ មុខជានឹងឆេះដោយសេចក្ដីទុក្ខអស់កាលយូរ ដូចមេបក្សីដែលបាត់កូន ឃើញតែសំបុកសូន្យទទេដូច្នោះ ។ ខ្ញុំម្ចាស់កាលមិនឃើញកូន (ទាំងពីរ) ហើយ មុខជានឹងស្គមស្លេកស្លាំង ដូចជាមេបក្សីដែលបាត់កូន ឃើញតែសម្បុកសូន្យទទេដូច្នោះ ។ ខ្ញុំម្ចាស់កាលមិនឃើញកូន (ទាំងពីរ) ជាទីស្រឡាញ់ហើយ មុខជានឹងស្ទុះទៅតាមទីនោះៗ ដូចជាមេបក្សី ដែលបាត់កូន ឃើញតែសម្បុកសូន្យទទេដូច្នោះ ។ ខ្ញុំម្ចាស់លុះមកកាន់បុរីនេះសូន្យទទេហើយ នឹងឆេះដោយសេចក្តីទុក្ខអស់កាលយូរ ដូចមេអកដែលបាត់កូន ឃើញតែសំបុកសូន្យទទេដូច្នោះ ។ ខ្ញុំម្ចាស់កាលមិនឃើញកូន (ទាំងពីរ) ជាទីស្រឡាញ់ហើយ មុខជានឹងស្គមស្លេកស្លាំង ដូចជាមេអក ដែលបាត់កូន ឃើញតែសម្បុកសូន្យទទេដូច្នោះ ។ ខ្ញុំម្ចាស់កាលមិនឃើញកូន (ទាំងពីរ) ជាទីស្រឡាញ់ហើយ មុខជានឹងស្ទុះទៅតាមទីនោះៗ ដូចជាមេអកដែលបាត់កូន ឃើញតែសម្បុកសូន្យទទេដូច្នោះ ។ ខ្ញុំម្ចាស់នោះ មកកាន់បុរីនេះសូន្យទទេហើយ មុខជានឹងឆេះដោយសេចក្តីទុក្ខអស់កាលយូរដោយពិត ដូចជាមេចាក្រពាក ដែល (សំកុក) លើភក់មិនមានទឹក ។ ខ្ញុំម្ចាស់នោះមិនឃើញកូន (ទាំងពីរ) ជាទីស្រឡាញ់ហើយ មុខជានឹងស្គមសេ្លកស្លាំងដោយពិត ដូចជាមេចាក្រពាក ដែល (សំកុក) នៅលើភក់មិនមានទឹក ។ ខ្ញុំម្ចាស់កាលមិនឃើញកូន (ទាំងពីរ) ជាទីស្រឡាញ់ហើយ មុខជានឹងស្ទុះទៅតាមទីនោះៗ ដោយពិត ដូចជាមេចាក្រពាក ដែលនៅលើភក់មិនមានទឹក ។ កាលបើខ្ញុំម្ចាស់យំរៀបរាប់យ៉ាងនេះហើយ ព្រះអង្គនៅតែបណេ្តញរាជបុត្តនោះ ដែលជាអ្នកមិនប្រទូស្ត ឲ្យចេញចាកដែន ខ្ញុំម្ចាស់ទំនងជានឹងលះបង់ជីវិតមិនខាន ។

[២៤៩] (អភិសម្ពុទ្ធគាថា) ពួកកញ្ញារបស់ព្រះបាទសិវិទាំងអស់ ដែលនៅក្នុងបុរី លុះបានឮទំនួញរៀបរាប់នៃព្រះនាងផុស្សតីនោះហើយ ក៏មកចួបជុំគ្នា ផ្គងដើមដៃ កន្ទក់កនេ្ទញ ។ កូន និងប្រពន្ធទាំងឡាយ ក៏ដួលដេកក្នុងព្រះរាជនិវេសន៍ព្រះបាទវេស្សន្តរ ដូចដើមឈើដែលត្រូវខ្យល់បក់បោកខេ្ទចខ្ទី ។ ពួកស្រីស្នំ ពួករាជកុមារ ពួកអ្នកជំនួញ និងពួកព្រាហ្មណ៍ ផ្គងដើមដៃកន្ទក់កន្ទេញ ក្នុងព្រះរាជនិវេសន៍ព្រះបាទវេស្សន្តរ ។ ពួកពលដំរី ពល (សេះ) ពលរថ ពលថើ្មរជើង ផ្គងដើមដៃកន្ទក់កន្ទេញក្នុងព្រះរាជនិវេសន៍ព្រះបាទវេស្សន្តរ ។ រាត្រីនោះអស់ហើយ ព្រះអាទិត្យរះទ្បើង គ្រានោះ ព្រះបាទវេស្សន្តរសេ្តចចូលទៅដើម្បីឲ្យទាន ។ មានព្រះរាជបញ្ជាថា អ្នកទាំងឡាយ ចូរឲ្យសំពត់ដល់ពួកជនដែលត្រូវការសំពត់ ឲ្យសុរាដល់ពួកអ្នកលេង ឲ្យភោជនដល់ពួកអ្នកត្រូវការដោយភោជន ចូរឲ្យដោយប្រពៃចុះ ។ អ្នកទាំងឡាយ កុំបៀតបៀនពួកវណិព្វកៈ ដែលមកក្នុងទីនេះតិចតួចឡើយ អ្នកទាំងឡាយ ចូរញុំាងពួកវណិព្វកៈឲ្យស្កប់ស្កល់ដោយបាយ និងទឹក ពួកវណិព្វកៈដែលយើងបានឲ្យរួចហើយ ចូរទៅចុះ ។ (លំដាប់នោះ ស្រាប់តែសម្លេងក្រលួចយ៉ាងពន្លឹក ប្រព្រឹត្តទៅក្នុងព្រះនគរនោះថា ពួកអ្នកសិវិរាស្រ្ត បានបណេ្តញព្រះអង្គ ព្រោះតែឲ្យទាន ឥឡូវនេះ ព្រះអង្គឲ្យទានទៀតហើយ) ។

[២៥០] កាលមហារាជ ព្រះអង្គញុំាងពួកអ្នកសិវិរាស្រ្តឲ្យចម្រើន ទ្រង់យាងចេញទៅ វណិព្វកៈទាំងនោះ ក៏ដួលចុះ ដូចជាបុគ្គលស្រវឹង ឬដូចជាបុគ្គលនឿយហត់ខ្លាំង (ដោយពាក្យថា) មា្នលអ្នកទាំងឡាយដ៏ចម្រើន ពួកអ្នកសិវិរាស្រ្ត បានបណេ្តញព្រះបាទវេស្សន្តរ ដែលជាអ្នកមិនប្រទូស្ត ឲ្យចេញចាកដែន ដូចគេកាត់ផ្ដាច់ដើមឈើ ជាឈើឲ្យផ្លែផ្សេងៗ ។ ម្នាលអ្នកទាំងឡាយដ៏ចម្រើន ពួកអ្នកសិវិរាស្រ្ត បានបណេ្តញព្រះបាទវេស្សន្តរ ដែលជាអ្នកមិនប្រទូស្ត ឲ្យចេញចាកដែន ដូចជាគេកាត់ចោលនូវដើមឈើ ជាឈើទ្រទ្រង់ផែ្លផ្សេងៗ ។ ម្នាលអ្នកទាំងឡាយដ៏ចម្រើន ពួកអ្នកសិវិរាស្រ្ត បានបណេ្តញព្រះបាទវេស្សន្តរ ដែលជាអ្នកមិនប្រទូស្ត ឲ្យចេញចាកដែន ដូចជាគេកាត់ដើមឈើ ជាឈើឲ្យសេចក្តីបា្រថ្នាគ្រប់យ៉ាង ។ មា្នលអ្នកទាំងឡាយដ៏ចម្រើន ពួកអ្នកសិវិរាស្រ្ត បានបណេ្តញព្រះបាទវេស្សន្តរ ដែលជាអ្នកមិនប្រទូស្ត ឲ្យចេញចាកដែន ដូចជាគេកាត់ដើមឈើ ជាឈើនំាមកនូវរស ជាទីបា្រថ្នាគ្រប់យ៉ាង ។ ពួកជនណាដែលចាស់កី្ត ពួកជនណាដែលនៅក្មេងក្ដី ពួកជនណា ដែលមានវ័យកណ្តាលក្តី ជនទាំងនោះ កាលដែលមហារាជ ព្រះអង្គញុំាងដែនរបស់ពួកអ្នកសិវិរាស្រ្តឲ្យចម្រើន ទ្រង់យាងចេញទៅ ក៏ផ្គងដៃកន្ទក់កនេ្ទញ ។ កាលមហារាជ ព្រះអង្គញុំាងដែនអ្នកសិវិឲ្យចម្រើន ទ្រង់យាងចេញទៅ ពួកពេទ្យចាប់ខោ្មច ពួកអ្នករក្សាស្រីស្នំ [អដ្ឋកថាអធិប្បាយថា ពួកក្រុមនោះ ត្រូវគេក្រៀវពូជចេញ សម្រាប់ថែរក្សាពួកស្រីស្នំក្នុងវាំង ។] និងពួកស្រីស្នំរបស់ព្រះរាជា ក៏ផ្គងដើមដៃកន្ទក់កនេ្ទញ ។ កាលមហារាជ ព្រះអង្គញុំាងអ្នកដែនសិវិឲ្យចម្រើន ទ្រង់យាងចេញទៅ ពួកស្ត្រីដែលនៅក្នុងព្រះនគរនោះ ក៏កន្ទក់កនេ្ទញ ។ ពួកព្រាហ្មណ៍ សមណៈ និងវណិព្វកៈដទៃៗ ផ្គងដើមដៃកន្ទក់កន្ទេញថា មា្នលគ្នាយើងដ៏ចម្រើន បានឮថា នេះមិនមែនជាធម៌ទេ ។ ដូចយ៉ាងព្រះបាទវេស្សន្តរ កាលបូជាក្នុងបុរីរបស់ព្រះអង្គ ទ្រង់យាងចេញចាកដែនរបស់ព្រះអង្គ ព្រោះហេតុតែសំដីពួកអ្នកសិវិរាស្រ្ត ។ ព្រះបាទវេស្សន្តរនុ៎ះ បានប្រទានដំរីមាតង្គៈប្រាំពីររយ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង មានខ្សែដង្គន់មាស មានគ្រឿងប្រដាប់ក្បាលជាវិការៈនៃមាស ដែលពួកហ្មដំរី មានលំពែងស្នែងក្របី និងកងេ្វរក្នុងដៃ ឡើងជិះហើយ ក៏យាងចេញទៅចាកដែនរបស់ព្រះអង្គ ។ ព្រះបាទវេស្សន្តរនុ៎ះ បានប្រទានសេះ អាជានីយប្រាំពីររយ ជាសេះសិន្ធពដោយជាតិ ជាពាហនៈមានសន្ទុះលឿន ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកអ្នកជិះសេះកាន់ស៊ែ និងធ្នូ ឡើងជិះហើយ ក៏យាងចេញចាកដែនរបស់ព្រះអង្គ ។ ព្រះបាទវេស្សន្តរនុ៎ះ បានប្រទានរថប្រាំពីររយ ដែលប្រដាប់ហើយ មានទង់លើកឡើងហើយ បិទបាំងដោយស្បែកខ្លាដម្បង និងសែ្បកខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថី មានធ្នូក្នុងដៃ និងពាក់អាវក្រោះ ឡើងជិះហើយ ក៏យាងចេញចាកដែនរបស់ព្រះអង្គ ។ ព្រះបាទវេស្សន្តរនុ៎ះ បានប្រទានស្ត្រីប្រាំពីររយ ឋិតនៅលើរថមួយម្នាក់ ៗ ដែលស្អិតស្អាងហើយ ប្រដាប់ដោយខែ្សជាវិការៈនៃមាសឆ្ដោរ មានគ្រឿងប្រដាប់លឿង មានសំលៀកបំពាក់លឿង ស្អិតស្អាងដោយគ្រឿងអាភរណៈលឿង មានថ្ពាល់ និងភែ្នកដ៏ល្អ ញញឹមហើយទើបនិយាយ ជាស្រ្តីមានត្រគាកល្អ មានចង្កេះរៀវ ក៏យាងចេញចាកដែនរបស់ព្រះអង្គ ។ ព្រះបាទវេស្សន្តរនុ៎ះ បានប្រទានមេគោប្រាំពីររយ ព្រមទាំងភាជន៍មាសសម្រាប់ត្រងទឹកដោះទាំងអស់ ហើយយាងចេញចាកដែនរបស់ព្រះអង្គ ។ ព្រះបាទវេស្សន្តរនុ៎ះ បានប្រទានខ្ញុំស្រីប្រាំពីររយ ខ្ញុំប្រុសប្រាំពីររយ ហើយយាងចេញចាកដែនរបស់ព្រះអង្គ ។ ព្រះបាទវេស្សន្តរនុ៎ះ បានប្រទានដំរី សេះ រថ និងនាងនារី ដែលប្រដាប់ហើយ ក៏យាងចេញចាកដែនរបស់ព្រះអង្គ ។ កាលដែលព្រះបាទវេស្សន្តរ ប្រទានមហាទាន ការស្ញប់ស្ញែង ការព្រឺរោមក៏កើតមានក្នុងកាលនោះ ផែនដីក៏ញប់ញ័រ ។ ព្រះរាជាដែលមហាជនកំពុងផ្គងអញ្ជលី ទ្រង់យាងចេញចាកដែនរបស់ព្រះអង្គ ដោយហេតុណា ហេតុនោះ ជាការគួរស្ញប់សែ្ញង គួរព្រឺរោម កើតមានក្នុងកាលនោះ ។

[២៥១] (អភិសម្ពុទ្ធគាថា) គ្រានោះ សម្លេងក្រលួចយ៉ាងពន្លឹក ប្រព្រឹត្តទៅក្នុងព្រះរាជនិវេសន៍នុ៎ះថា ពួកអ្នកសិវិរាស្រ្តបណេ្តញព្រះវេស្សន្តរនោះ ព្រោះតែឲ្យទាន ព្រះវេស្សន្តរនោះ នៅតែឲ្យទានទៀត ។

[២៥២] កាលមហារាជ ព្រះអង្គញុំាងពួកអ្នកសិវិរាស្រ្តឲ្យចម្រើន យាងចេញទៅ ពួកវណិព្វកៈទាំងនោះ ក៏ដួលចុះ ដូចបុគ្គលស្រវឹង ឬដូចបុគ្គលនឿយហត់ខ្លាំង ។

[២៥៣] ព្រះបាទវេស្សន្តរ បានក្រាបទូលព្រះរាជាព្រះនាមសញ្ជ័យ ជាធម្មិករាជដ៏ប្រសើរថា បពិត្រព្រះទេវៈ ព្រះអង្គទ្រង់បណេ្តញទូលព្រះបងំ្គជាខ្ញុំ ទូលព្រះបងំ្គជាខ្ញុំនឹងទៅឯវង្កតបព៌ត ។ បពិត្រមហារាជ សត្វទាំងឡាយណាមួយ កើតហើយក្តី ទាំងសត្វទាំងឡាយណា នឹងកើតក្តី (ពួកសត្វដែលកំពុងកើតក្តី) សត្វទាំងនោះ សុទ្ធតែមិនឆែ្អតដោយកាមទាំងអស់ រមែងទៅកាន់ទីរបស់យមៈ ។ ទូលព្រះបង្គំជាខ្ញុំនោះ កាលឲ្យទានក្នុងបុរីជារបស់ខ្លួន ឈ្មោះថា បៀតបៀនពួកអ្នកដែនរបស់ខ្លួន ទូលព្រះបង្គំជាខ្ញុំ កាលចេញចាកដែនរបស់ខ្លួន ព្រោះហេតុតែសំដីពួកអ្នកសិវិរាស្រ្ត ទូលព្រះបង្គំក៏នឹងរងទុក្ខក្នុងព្រៃ ដែលច្របូកច្របល់ដោយម្រឹគសាហាវ ដែលរមាស និងខ្លាដម្បងអាស្រ័យហើយ ទូលព្រះបង្គំជាខ្ញុំ នឹងធើ្វបុណ្យទាំងឡាយ ឯព្រះអង្គលិចក្នុងភក់ គឺកាមចុះ ។

[២៥៤] (ព្រះវេស្សន្តរ…) បពិត្រព្រះមាតា សូមទ្រង់អនុញ្ញាតទូលព្រះបង្គំជាខ្ញុំ ទូលព្រះបង្គំជាខ្ញុំគាប់ចិត្តនឹងបព្វជា្ជ ទូលព្រះបង្គំជាខ្ញុំនោះ កាលឲ្យទានក្នុងបុរីជារបស់ខ្លួន ឈ្មោះថា បៀតបៀនពួកអ្នកដែនរបស់ខ្លួន ទូលព្រះបង្គំជាខ្ញុំ កាលចេញចាកដែនរបស់ខ្លួន ព្រោះហេតុតែសំដីពួកអ្នកសិវិរាស្រ្ត ទូលព្រះបង្គំជាខ្ញុំ នឹងសោយទុក្ខក្នុងព្រៃ ដែលច្របូកច្របល់ដោយម្រឹគសាហាវ ដែលរមាស និងខ្លាដម្បងអាស្រ័យហើយ ទូលព្រះបង្គំជាខ្ញុំ តែងធើ្វបុណ្យទំាងឡាយ នឹងទៅឯគិរីវង្កត ។

[២៥៥] (ព្រះនាងផុស្សតីទេវី ) មា្នលកូន យើងអនុញ្ញាតអ្នកហើយ បព្វជ្ជា ចូរសម្រេចដល់អ្នកចុះ តែនាងមទ្រីកល្យាណីនេះ នាងមានត្រគាកដ៏ល្អ មានចងេ្កះរៀវ ចូរនៅជាមួយនឹងកូនទាំងពីរចុះ នាងនឹងធើ្វអី្វក្នុងព្រៃ ។

[២៥៦] (ព្រះវេស្សន្តរ) សូម្បីតែទាសី ដែលបា្រថ្នានឹងទៅ ទូលព្រះបង្គំជាខ្ញុំ ក៏មិនអាចនំាទៅកាន់ព្រៃទេ ប្រសិនបើនាងមទ្រីចង់ ចូរទៅតាមចុះ បើមិនចង់ ចូរនៅចុះ ។

[២៥៧] លំដាប់នោះ មហារាជទ្រង់យាងទៅអង្វរព្រះសុណិសាថា មា្នលនាងមានរាងកាយប្រោះព្រំដោយខ្លឹមចន្ទន៍ នាងកុំស្លៀកដណ្តប់សំពត់ឲ្យប្រឡាក់ក្អែលឡើយ ។ នាងធ្លាប់ស្លៀកដណ្តប់សំពត់អ្នកដែនកាសី ហើយត្រឡប់ជាស្លៀកដណ្តប់សំពត់ដែលក្រងដោយស្បូវភ្លាំងវិញ ការនៅក្នុងព្រៃ តែងនំាមកនូវសេចក្តីទុក្ខ មា្នលនាងមានល័ក្ខណ៍ នាងកុំទៅឡើយ ។

[២៥៨] ព្រះរាជបុតី្រព្រះនាងមទ្រី មានអវយវៈទាំងអស់ដ៏ល្អ បានក្រាបបង្គំទូលព្រះបិតាក្មេកថា ខ្ញុំម្ចាស់ បើបា្រសចាកព្រះវេស្សន្តររបស់ខ្ញុំមា្ចស់ហើយ មិនចង់បានសេចក្តីសុខទេ ។

[២៥៩] មហារាជជាអ្នកញុំាងពួកអ្នកសិវិរាស្រ្តឲ្យចម្រើន មានព្រះបន្ទូលនឹងនាងមទ្រីនោះថា ម្នាលនាងមទ្រី បើដូច្នោះ នាងចូរស្តាប់សេចក្តីអន្តរាយទាំងឡាយ ដែលនាងអត់ទ្រាំបានដោយក្រ ក្នុងព្រៃចុះ ។ កណ្តូប របោម មូស និងឃ្មុំដ៏ច្រើន សត្វទាំងនោះ គប្បីបៀតបៀននាងក្នុងព្រៃនោះ ការបៀតបៀននោះ មុខជានាំមកនូវទុក្ខយ៉ាងខាំ្លងដល់នាង ។ នាងចូរមើលពួកសត្វដទៃ ដែលគួរឲ្យតក់ស្លុត ដែលអាស្រ័យនៅនឹងទន្លេ គឺពស់ថ្លាន់ ពស់ទាំងនោះ មិនមានពិសទេ តែមានកម្លាំងច្រើន ។ ពស់ថា្លន់ទាំងនោះ តែងយកភ្នេនរឹតមនុស្ស ឬម្រឹគដែលមកជិតវា ហើយនាំមកកាន់អំណាចខ្លួន ។ ខ្លាឃ្មុំដទៃទៀត មានសម្បុរខៅ្ម រោមរឹង ជាម្រឹគឲ្យទុក្ខ បុរសដែលខ្លាទាំងនោះឃើញហើយ រត់ឡើងដើមឈើក៏មិនរួច ។ ក្របីជាសត្វប្រហារ តែងវ័ធនឹងសែ្នង មានចុងដ៏មុត តែងត្រាច់ទៅមកក្នុងព្រៃនោះ ជិតទន្លេឈោ្មះសោតុម្ពរា ។ មា្នលនាងមទ្រី នាងដូចជាមេគោដែលមានចិត្តជាប់នឹងកូន ឃើញគោឈោ្មលកំពុងទៅតាមហ្វូងម្រឹគក្នុងព្រៃ នឹងធើ្វដូចម្តេច ។ មា្នលនាងមទ្រី ភ័យធំមុខជានឹងមានដល់នាង ដែលជាស្រ្តីមិនដឹងទីខេត្ត ព្រោះឃើញស្វាទំាងឡាយដ៏ពន្លឹក ដែលផ្តុំគា្នក្បែរផ្លូវ ដែលទៅមកបានដោយក្រ ។ មា្នលនាងមទ្រី ក្នុងបុរី នាងគ្រាន់តែឮ (សូរសម្លេង) ចចក រមែងតក់ស្លុតរឿយ ៗ ដល់ទៅគិរីវង្កត តើនឹងធើ្វដូចមេ្តចទៅ ។ កាលដែលពួកបក្សីប្រជុំគា្ន ក្នុងវេលាដែលព្រះអាទិត្យឋិតនៅត្រង់កណ្ដាល (ថ្ងៃត្រង់) ព្រៃធំ ក៏លាន់ឮសម្លេងគឹកកង ចុះនាងចង់ទៅក្នុងព្រៃធំនោះធើ្វអ្វី ។

[២៦០] ព្រះរាជបុត្រីព្រះនាមមទ្រី មានអវយវៈទាំងអស់ដ៏ល្អ បានក្រាបបង្គំទូលព្រះរាជបិតាក្មេកនោះថា ព្រះអង្គទ្រង់ត្រាស់ប្រាប់ដល់ខ្ញុំម្ចាស់នូវភ័យ ដែលមានចំពោះមុខទាំងឡាយណា ក្នុងព្រៃ ឯខ្ញុំម្ចាស់អាចទទួលអត់ទ្រាំភ័យ ដែលមានចំពោះមុខទាំងអស់នោះបាន បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ ខ្ញុំម្ចាស់នឹងទៅពុំខានឡើយ ។ ខ្ញុំម្ចាស់នឹងយកទ្រូងរុលវែកដើមអំពៅព្រៃ ស្បូវភ្លាំង ស្មៅសសិត ស្មៅរណ្តាស ស្មៅយាប្លង និងស្មៅដំណេកទន្សាយ (ដើរមុខព្រះវេស្សន្តរជាប្តីខ្ញុំម្ចាស់) ខ្ញុំម្ចាស់នឹងនាំព្រះភស្តាទៅមិនឲ្យលំបាក ។ កុមារីរមែងបានប្តីដោយការប្រព្រឹត្តិវត្តដ៏ច្រើន គឺដោយការបិទពោះ (បន្ថយអាហារឲ្យពោះតូច) ដោយការដំចងេ្កះ ដោយឈើមានសណ្ឋានដូចចងា្កគោ និងការរឹតចងេ្កះខ្លួនដោយឈ្នួត (ធើ្វឲ្យចងេ្កះរៀវ) ដោយការបំរើភើ្លង (អាំងភើ្លង) និងដោយការដុសលាងសំអាតដោយទឹក ភាពជាស្រ្តីមេម៉ាយ រមែងកៅ្តក្រហាយក្នុងលោក បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ ខ្ញុំមា្ចស់នឹងទៅពុំខានឡើយ ។ ម្យ៉ាងទៀត បុរសមិនគួរបរិភោគរបស់សំណល់អំពីស្រ្តីមេម៉ាយនោះ បុរសណា សូម្បី (មានជាតិទាប បុរសនោះ) ក៏ចាប់ដៃទង់ទាញស្រ្តីមេម៉ាយនោះ ដែលមិនបា្រថ្នាផង ភាពជាស្រ្តីមេម៉ាយ រមែងកៅ្តក្រហាយក្នុងលោក បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ ខ្ញុំម្ចាស់នឹងទៅពុំខានឡើយ ។ បុរសតែងឲ្យសេចក្តីទុក្ខយ៉ាងច្រើនលើសលុប ដោយការចាប់សក់កញ្ឆក់ឡើង ដោយការផ្តួលលើផែនដី ហើយក៏មិនដើរចេញទៅណា (នៅឈរមើលព្រងើយ) ភាពជាស្រ្តីមេម៉ាយ រមែងកៅ្តក្រហាយក្នុងលោក បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ ខ្ញុំម្ចាស់នឹងទៅមិនខានឡើយ ។ ពួកបុរសដែលមានសម្បុរ ស ជាអ្នកត្រូវការនឹងស្រ្តីមេម៉ាយ ប្រកាន់ខ្លួនថា មានលំអដ៏ប្រសើរ បានឲ្យ (ទ្រព្យបន្តិចបន្តួច) ហើយទង់ទាញស្រ្តីមេម៉ាយដែលមិនត្រូវការនឹងខ្លួន ដូចកែ្អកដែលឆាបមៀមដូច្នោះ ភាពជាស្រ្តីមេម៉ាយ រមែងក្ដៅក្រហាយក្នុងលោក បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ ខ្ញុំម្ចាស់នឹងទៅពុំខានឡើយ ។ ម្យ៉ាងទៀត ស្ត្រីមេម៉ាយ កាលនៅក្នុងត្រកូលញាតិដ៏ស្តុកស្តម្ភ រុងរឿងដោយភាជន៍មាស ក៏នៅតែបានពាក្យតិះដៀលអំពីបងប្អូនប្រុស និងពួកស្រ្តីជាសម្លាញ់ពុំខាន ភាពជាស្រ្តីមេម៉ាយ រមែងកៅ្តក្រហាយក្នុងលោក បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ ខ្ញុំម្ចាស់នឹងទៅពុំខានឡើយ ។ ទន្លេដែលគ្មានទឹក ហៅថា ទន្លេស្រាត ដែនដែលគ្មានព្រះរាជា ហៅថា ដែនស្រាត ចំណែកស្រ្តីមេម៉ាយ បើទុកជាមានបងប្អូនប្រុសដល់ ១០ នាក់ ក៏ហៅថា ស្រ្តីស្រាត ភាពជាស្រ្តីមេម៉ាយ រមែងកៅ្តក្រហាយក្នុងលោក បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ ខ្ញុំម្ចាស់នឹងទៅពុំខានឡើយ ។ ទង់ជាគ្រឿងបា្រកដរបស់រថ ផ្សែងជាគ្រឿងប្រាកដរបស់ភើ្លង ព្រះរាជាជាគឿងបា្រកដរបស់ដែន ភស្តាជាគ្រឿងបា្រកដរបស់ស្រ្តី ភាពជាស្រ្តីមេម៉ាយ រមែងកៅ្តក្រហាយក្នុងលោក បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ ខ្ញុំម្ចាស់នឹងទៅពុំខានឡើយ ។ ស្រ្តីណាដែលមានកេរ្តិ៍ឈ្មោះ កាលស្វាមីទ័លក្រ ក៏ជាស្រ្តីទ័លក្រ (ជាមួយ) កាលស្វាមីស្តុកស្តម្ភ ក៏ជាស្ត្រីស្តុកស្តម្ភ (ជាមួយ) ពួកទេវតារមែងសរសើរស្រ្តីនោះឯង ព្រោះថា ស្រ្តីនោះធើ្វអំពើដែលគេធើ្វបានដោយក្រ ។ ខ្ញុំម្ចាស់នឹងស្លៀកសំពត់កាសាយៈ ហើយដើរតាមប្តីសព្វ ៗ កាល ភាពជាស្រ្តីមេម៉ាយ ទោះបីមានផែនដីមិនបែក (បានជាធំលើផែនដីទាំងមូល) ក៏នៅតែក្តៅក្រហាយដែរ ។ ម្យ៉ាងទៀត ខ្ញុំម្ចាស់បើប្រាសព្រាត់ព្រះវេស្សន្តរជាប្តីហើយ មិនចង់បានផែនដីដែលមានសមុទ្រព័ទ្ធជុំវិញ ទ្រទ្រង់ទ្រព្យដ៏ច្រើន ជាផែនដីបរិបូណ៌ដោយរតនៈផេ្សង ៗ ទេ ។ ពួកស្រ្តីណា ជាស្រ្តីរឹងរូសយ៉ាងក្រៃលែង កាលដែលស្វាមីដល់នូវសេចក្តីទុក្ខហើយ ប្រាថ្នាសេចក្តីសុខដល់ខ្លួនតែម្យ៉ាង ហ្ឫទ័យរបស់ស្រ្តីទាំងនោះនឹងទៅជាដូចមេ្តចហ៎្ន ។ កាលបើមហារាជ ដែលញុំាងពួកអ្នកសិវិរាស្រ្តឲ្យចម្រើន ទ្រង់ចេញទៅហើយ ខ្ញុំម្ចាស់នឹងទៅតាមមហារាជនោះ ព្រោះថា ព្រះអង្គជាអ្នកឲ្យវត្ថុជាទីប្រាថ្នាគ្រប់យ៉ាងដល់ខ្ញុំម្ចាស់ ។

[២៦១] ព្រះបាទសញ្ជយមហារាជ មានព្រះរាជឱង្ការនឹងព្រះនាងមទ្រី ដែលមានអវយវៈទាំងអស់ដ៏ល្អនោះថា ម្នាលនាងមានល័ក្ខណ៍ នាងចូរទុកកូនតូចទាំងពីររបស់នាង គឺបាជាលី និងនាងកណ្ហាជិនានេះ ហើយទៅចុះ យើងនឹងចិញ្ចឹមកូនតូចទាំងនោះ ។

[២៦២] ព្រះរាជបុត្រីព្រះនាមមទ្រី ដែលមានអវយវៈទាំងអស់ដ៏ល្អ បានក្រាបទូលព្រះរាជានោះវិញថា បពិត្រព្រះទេវៈ កូនតូចទាំងពីរ គឺបាជាលី និងនាងកណ្ហាជិនា ជាទីស្រឡាញ់របស់ខ្ញុំម្ចាស់ កូនតូចទាំងពីរនោះ នឹង (ញុំាងហឫទ័យ) នៃយើងខ្ញុំ ដែលមិនទាន់ប្រាសចាកសេចក្តីសោក ឲ្យត្រេកអរក្នុងព្រៃនោះបាន ។

[២៦៣] ព្រះបាទសញ្ជយមហារាជ ទ្រង់ញុំាងពួកអ្នកសិវិរាស្រ្តឲ្យចម្រើន មានព្រះបន្ទូលនឹងព្រះនាងមទ្រីនោះថា ក្មេងទាំងពីរធ្លាប់បរិភោគបាយអង្ករសាលី លាយដោយសាច់ដ៏ស្អាត នឹងបរិភោគផែ្លឈើធើ្វមេ្តចកើត ។ ក្មេងទាំងពីរធ្លាប់បរិភោគភោជនក្នុងភាជន៍មាសដែលមានទម្ងន់ ១០០ បល្លៈ មានស្នាមចំឡាក់មួយ ១០០ នឹងបរិភោគភោជន ដែលដាក់ក្នុងស្លឹកឈើធើ្វមេ្តចកើត ។ ក្មេងទាំងពីរធ្លាប់ស្លៀកដណ្តប់សំពត់អ្នកដែនកាសីផង សំពត់ខោមៈផង សំពត់កោទុម្ពរៈផង នឹងស្លៀកដណ្តប់សំពត់ដែលក្រងដោយស្បូវភ្លាំងធើ្វមេ្តចកើត ។ ក្មេងទាំងពីរធ្លាប់ទៅដោយវ ដោយគ្រែស្នែង ដោយរថ នឹងដើរទៅដោយជើងធើ្វមេ្តចកើត ។ ក្មេងទាំងពីរធ្លាប់ដេកក្នុងផ្ទះមានកំពូល មានសន្ទះទា្វរ និងបង្អួចដ៏ជិតស្និទ្ធ ខ្យល់ចេញចូលមិនបាន នឹងដេកទៀបគល់ឈើធើ្វមេ្តចកើត ។ ក្មេងទាំងពីរធ្លាប់ដេកលើបល្លង្ក លើកម្រាលរោមវែង និងលើកម្រាលដ៏ពិចិត្រ នឹងដេកលើកម្រាលស្មៅធើ្វមេ្តចកើត ។ ក្មេងទាំងពីរធ្លាប់លាបស្រឡាបដោយគ្រឿងក្រអូប គឺខ្លឹមក្រឹស្នា ខ្លឹមចន្ទន៍ នឹងស្លៀកដណ្តប់សំពត់ប្រឡាក់កែ្អលធើ្វមេ្តចកើត ។ ក្មេងទាំងពីរធ្លាប់ឋិតនៅក្នុងសេចក្តីសុខ មានអវយវៈគេតែងបក់ដោយផិ្លតរោមចាមរី និងសំណុំកន្ទុយក្ងោក ត្រូវល្បោមមូសប៉ះពាល់ នឹងធើ្វដូចមេ្តចកើត ។

[២៦៤] ព្រះរាជបុត្រីទ្រង់ព្រះនាមមទ្រី ដែលមានអវយវៈទាំងអស់ដ៏ល្អ ក្រាបទូលព្រះរាជបិតានោះថា បពិត្រព្រះទេវៈ ព្រះអង្គកុំទ្រង់ព្រះកនែ្សងឡើយ សូមព្រះអង្គកុំមានព្រះហ្ឫទ័យអាក់អន់ឡើយ ខ្ញុំម្ចាស់ទាំងពីរនាក់ នឹងរស់នៅយ៉ាងណា ក្មេងទាំងពីរនាក់ ក៏រស់នៅយ៉ាងនោះដែរ ។ ព្រះនាងមទ្រី ដែលមានអវយវៈទាំងអស់ដ៏ល្អ ដ៏ទ្រង់ល័ក្ខណ៍ លុះបានពោលពាក្យយ៉ាងនេះហើយ ក៏នាំព្រះរាជបុត្រាបុត្រីទៅតាមផ្លូវដែលព្រះបាទសិវិ (វេស្សន្តរ) ទ្រង់សេ្តចទៅ ។

[២៦៥] លំដាប់នោះ ព្រះវេស្សន្តរជាក្សត្រ ទ្រង់បានឲ្យទាន ហើយក៏ថា្វយបង្គំព្រះបិតា និងព្រះមាតា ធើ្វប្រទក្សិណព្រះបិតា និងព្រះមាតានោះ ។ ព្រះវេស្សន្តរឡើងកាន់រថ ដែលទឹមដោយសេះ ៤ មានសន្ទុះដ៏លឿន នាំបុត្រាបុត្រី និងព្រះជាយា សេ្តចទៅកាន់គិរីវង្កត ។

[២៦៦] លំដាប់នោះ ព្រះរាជាទ្រង់ព្រះនាមវេស្សន្តរ ទ្រង់បររថសំដៅទៅរកទីដែលមានជនច្រើន ហើយត្រាស់ថា យើងសូមលាអ្នករាល់គ្នាទៅហើយ សូមឲ្យពួកញាតិកុំមានរោគឡើយ ។

[២៦៧] (អភិសម្ពុទ្ធគាថា) កាលដែលព្រះបាទវេស្សន្តរ សេ្តចចេញអំពីព្រះនគរ ហើយងាកក្រឡេកទតព្រះរាជនិវេសន៍ គ្រានោះឯង ផែនដីដែលមានភ្នំសិនេរុ និងព្រៃជាគ្រឿងប្រដាប់ ក៏ញាប់ញ័រ ។

[២៦៨] (ព្រះវេស្សន្តរ…) នែនាងមទ្រី នាងចូរគន់មើលចុះ (នុ៎ះ) និវេសន៍របស់ព្រះបាទសិវិដ៏ប្រសើរ (នុ៎ះ) វាំងរបស់យើង ដែលព្រះបិតាប្រទានឲ្យ ប្រាកដជារូបគួរត្រេកអរ ។

[២៦៩] ពួកព្រាហ្មណ៍បានទៅតាមព្រះបាទវេស្សន្តរនោះ ព្រាហ្មណ៍ទាំងនោះបានសុំសេះទាំងឡាយអំពីព្រះបាទវេស្សន្តរនោះ ព្រះបាទវេស្សន្តរ លុះពួកព្រាហ្មណ៍សុំហើយ ក៏បានប្រទានសេះទាំង ៤ ដល់ព្រាហ្មណ៍ទាំង ៤ នាក់ ។

[២៧០] (ព្រះបាទវេស្សន្តរ…) នែមទ្រី នាងចូរគន់មើលចុះ ម្រឹគទាំងឡាយមានភេទជារមាំង នាំខ្ញុំទៅ ដូចសេះដែលគេទូន្មានល្អហើយ ប្រាកដជារូបដ៏វិចិត្រ ។

[២៧១] លំដាប់នោះ ព្រាហ្មណ៍ទី ៥ ក៏មកក្នុងព្រៃនោះ ព្រាហ្មណ៍នោះ បានសុំរថអំពីព្រះបាទវេស្សន្តរនោះ ព្រះបាទវេស្សន្តរ ក៏ប្រទានរថដល់ព្រាហ្មណ៍នោះ ព្រះហ្ឫទ័យរបស់ព្រះបាទវេស្សន្តរ មិនបានរួញរាឡើយ ។

[២៧២] ព្រះបាទវេស្សន្តរទ្រង់ឲ្យជន គឺព្រះទេវី បុត្រាបុត្រីរបស់ព្រះអង្គ (ចុះពីរថនោះ) រួចប្រទានអស្សរថ ដល់ព្រាហ្មណ៍អ្នកសែ្វងទ្រព្យ ។

[២៧៣] (ព្រះបាទវេស្សន្តរ…) នែមទ្រី នាងចូរពកណ្ហាចុះ ដ្បិតកណ្ហានុ៎ះជាប្អូននៅតូចស្រាល ខ្ញុំនឹងពជាលី ដ្បិតជាលីនោះជាបងដ៏ធ្ងន់ ។

[២៧៤] ព្រះរាជាទ្រង់ពជាលីកុមារ ចំណែកព្រះរាជបុត្រី ទ្រង់ពនាងកណ្ហាជិនា ទ្រង់យាងទៅ មានព្រះបន្ទូលព្រះវាចាជាទីស្រឡាញ់ សំណេះសំណាលទៅវិញទៅមក ។

ចប់ ទានកណ្ឌ ។

[២៧៥] (អភិសម្ពុទ្ធគាថា) (ក្សត្រទាំងនោះ មានព្រះបន្ទូលសំណេះសំណាលថា) ប្រសិនបើពួកមនុស្សណាមួយ មកចួបក្នុងផ្លូវជាលំដាប់ យើងនឹងសួររកផ្លូវនឹងមនុស្សទាំងនោះថា វង្កតបព៌តនៅក្នុងទីណា ។ មនុស្សទាំងនោះ បានឃើញយើងក្នុងទីនោះហើយ សមជាទួញយំ មុខគួរឲ្យអណោចអធម្ម មនុស្សទាំងនោះ ក៏ប្រាប់សេចក្តីទុក្ខថា វង្កតបព៌តនៅក្នុងទីឆ្ងាយ ។

[២៧៦] បើក្មេងទាំងពីរ បានឃើញដើមឈើ ដែលមានផ្លែក្នុងព្រៃ ក្មេងទាំងពីររមែងយំទារ ព្រោះហេតុចង់បានផ្លែឈើទាំងនោះ ។ ដើមឈើទាំងឡាយដ៏ខ្ពស់ ឃើញក្មេងទាំងពីរកំពុងយំ ក៏ទោរទន់មកជិតក្មេងទាំងពីរ ដោយខ្លួនឯងតែម្តង ។ ព្រះនាងមទ្រីដែលមានអវយវៈទាំងអស់ដ៏ល្អ បានឃើញហេតុនេះ ជាហេតុអស្ចារ្យចំឡែក គួរឲ្យព្រឺរោម ក៏ញុំាងសាធុការឲ្យប្រព្រឹត្តទៅថា ឱហ្ន៎ (នេះ) គួរអស្ចារ្យណាស់ ចំឡែកណាស់ គួរឲ្យព្រឺរោមក្នុងលោក ដើមឈើទាំងឡាយស្រាប់តែទោរចុះមកឯង ដោយតេជះនៃព្រះវេស្សន្តរ ។

[២៧៧] យក្ខទាំងឡាយ បំប្រួញផ្លូវដោយសេចក្តីអនុគ្រោះចំពោះក្មេងទាំងពីរ ក្សត្រទាំងនោះ បានទៅដល់ដែនឈ្មោះចេតៈ តែមួយថៃ្ង រាប់ពីសេ្តចចេញទៅ ។

[២៧៨] ក្សត្រទាំងនោះ យាងទៅកាន់ផ្លូវឆ្ងាយ ក៏បានដល់ដែនឈ្មោះចេតៈ ដែលជាជនបទស្តុកស្ភម្ភធំទូលាយ មានសាច់ សុរា និងទឹកច្រើន ។

[២៧៩] អ្នកដែនចេតៈទាំងឡាយ បានឃើញព្រះនាងមទ្រី ដែលប្រកបដោយលក្ខណៈ សេ្តចមកដល់ហើយ ក៏នាំគ្នាចោមរោមចរចាថា ឱហ្ន៎ ព្រះនាងម្ចាស់ ជាសុខុមាលជាតិ សេ្តចសញ្ចរមកដោយព្រះបាទទទេ ។ សមេ្តចព្រះមទ្រីនោះ ធ្លាប់សេ្តចទៅដោយវ គ្រែសែ្នង និងរថ តែក្នុងថៃ្ងនេះ សេ្តចទៅក្នុងព្រៃដោយព្រះបាទទទេ ។

[២៨០] ព្រះរាជាចេតៈទាំងឡាយ លុះបានឃើញព្រះបាទវេស្សន្តរនោះហើយ ក៏ទ្រង់ព្រះកន្សែង ចូលទៅជិតថា បពិត្រព្រះទេវៈ ព្រះអង្គសុខស្រួលទេឬ បពិត្រព្រះទេវៈ ព្រះអង្គមិនមានជំងឺដម្កាត់ទេឬ ។ ព្រះបិតារបស់ព្រះអង្គ មិនមានរោគទេឬ ពួកអ្នកសិវិរាស្រ្ត មិនមានជំងឺដម្កាត់ទេឬ បពិត្រមហារាជ ទៅណាទៅពួកពលរបស់ព្រះអង្គ ទៅណាទៅរថមណ្ឌលរបស់ព្រះអង្គ ។ ព្រះអង្គទ្រង់សេ្តចមកកាន់ផ្លូវឆ្ងាយ មិនមានសេះ មិនមានរថ ពួកបច្ចាមិត្រគ្របសង្កត់ព្រះអង្គឬ ទើបសេ្តចយាងមកកាន់ទិសនេះ ។

[២៨១] (ព្រះបាទវេស្សន្តរ…) ម្នាលសម្លាញ់ទំាងឡាយ យើងមានសេចកី្តសុខស្រួលទេ មា្នលសម្លាញ់ទំាងឡាយ យើងមិនមានជំងឺដម្កាត់អី្វទេ ព្រះបិតារបស់យើង ក៏មិនមានរោគទេ ទំាំងពួកអ្នកសិវិរាស្រ្តក៏មិនមានជំងឺដម្កាត់ដែរ ។ យើងបានឲ្យដំរីមានភ្លុក ង ទន្ទាំ អាចពុះពារសត្រូវ ស្គាល់ខែត្រនៃចម្បំាងគ្រប់យ៉ាង ជាដំរីដ៏ឧត្តម សសុទ្ធ បិទបាំងដោយសំពត់កម្ពលលឿង ជាដំរីចុះបេ្រង អាចញាំញីសត្រូវបាន មានភ្លុក (ល្អ) ប្រកបដោយស៊ែ ជាដំរីសប្រហែលនឹងភ្នំកៃលាស ។ ខ្ញុំបានឲ្យដំរីនោះ ព្រមទាំងសេ្វតច្ឆត្រ ព្រមទាំងកម្រាលលើខ្នងដ៏ល្អ ព្រមទាំងពេទ្យ ព្រមទាំងអ្នករក្សា ជាយានដ៏ប្រសើរ ជារាជពាហនៈ ដល់ពួកព្រាហ្មណ៍ ។ ព្រោះដំណើរនោះហើយ បានជាពួកអ្នកសិវិរាស្រ្តខឹងនឹងខ្ញុំ ទាំងព្រះបិតា ក៏មានព្រះហ្ឫទ័យអាក់អន់នឹងខ្ញុំ ព្រះរាជាទ្រង់ដេញខ្ញុំ ខ្ញុំនឹងទៅឯភ្នំវង្កត នែសម្លាញ់ទាំងឡាយ អ្នកទាំងឡាយចូរដឹងឱកាសជាទីនៅក្នុងព្រៃ ។

[២៨២] (ពួកព្រះរាជាចេតៈ…) បពិត្រមហារាជ ព្រះអង្គទ្រង់យាងមកស្រួលហើយ ព្រះអង្គមិនមែនយាងមកដោយអាក្រក់ទេ ព្រះអង្គជាធំ ទ្រង់សេ្តចមកដល់ហើយ សូមព្រះអង្គមានព្រះបន្ទូលប្រាប់របស់ដែលមានក្នុងទីនេះ ។ បពិត្រមហារាជ សូមព្រះអង្គទ្រង់សោយអន្លក់ ក្រអៅឈូក ទឹកឃ្មុំ សាច់ និងបាយនៃអង្ករស្រូវសាលីដ៏សា្អត ដ្បិតព្រះអង្គយាងមកហើយ ទុកជាភ្ញៀវរបស់ទូលព្រះបង្គំជាខ្ញុំទាំងឡាយ ។

[២៨៣] (ព្រះវេស្សន្តរ…) វត្ថុណា ដែលអ្នកទាំងអស់ ធើ្វឲ្យជារបស់មានតម្លៃ បានឲ្យដល់ខ្ញុំ វត្ថុនោះ ខ្ញុំក៏បានទទួលហើយ (តែថា) ព្រះរាជាទ្រង់បណេ្តញខ្ញុំ ខ្ញុំនឹងទៅឯភ្នំវង្កត នែសម្លាញ់ទាំងឡាយ អ្នកទាំងឡាយ ចូរដឹងឱកាសជាទីនៅក្នុងព្រៃ ។

[២៨៤] (ពួកព្រះរាជាចេតៈ…) បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ សូមព្រះអង្គសេ្តចគង់នៅក្នុងដែនឈ្មោះចេតៈនេះសិនចុះ ទំរាំពួកព្រះរាជាចេតៈ នឹងទៅកាន់សំណាក់ព្រះរាជា ដើម្បីទូលអង្វរ ។ ពួកព្រះរាជាចេតៈត្រេកអរបានទីពឹងហើយ ហែហមចោមរោមព្រះអង្គទៅ ដើម្បីញុំាងមហារាជ ដែលញុំាងពួកអ្នកសិវិរាស្រ្តឲ្យចម្រើន ឲ្យលើកទោសចោល បពិត្រក្សត្រ សូមព្រះអង្គទ្រង់ជ្រាបយ៉ាងនេះចុះ ។

[២៨៥] (ព្រះបាទវេស្សន្តរ…) អ្នកទាំងឡាយ កុំពេញចិត្តនឹងការទៅកាន់សំណាក់ព្រះរាជា ដើម្បីទូលអង្វរមហារាជ ឲ្យលើកទោសចោល ព្រោះព្រះរាជាមិនជាធំក្នុងការនោះទេ ។ ព្រោះថា ពួកអ្នកសិវិរាស្រ្តណា ជានាយពលកី្ត ជាអ្នកនិគមកី្ត សុទ្ធតែជាអ្នកខឹង ពួកអ្នកសិវិរាស្រ្តនោះ ចង់បណេ្តញទាំងព្រះរាជា ព្រោះហេតុតែយើងផង ។

[២៨៦] (ពួកព្រះរាជាចេតៈ…) បពិត្រព្រះអង្គអ្នកញុំាងដែនឲ្យចម្រើន បើដំណើរហ្នឹងមានក្នុងដែននុ៎ះមែន សូមព្រះអង្គដែលពួកព្រះរាជាចេតៈចោមរោម ទ្រង់សោយរាជ្យក្នុងដែននេះចុះ ។ ឯដែននេះ ជាដែនស្តុកស្តម្ភទូលាយ ជនបទក៏ស្តុកស្តម្ភធំ បពិត្រព្រះទេវៈ សូមព្រះអង្គ ទ្រង់ធើ្វសេចក្តីពេញព្រះទ័យ ដើម្បីនឹងគ្រប់គ្រងរាជ្យ ។

[២៨៧] (ព្រះបាទវេស្សន្តរ…) យើងដែលគេបណេ្តញអំពីដែនហើយ មិនមានសេចក្តីបា្រថា្ន មិនមានសេចក្តីពេញចិត្ត ដើម្បីនឹងគ្រប់គ្រងរាជទេ ម្នាលពួកចេតបុត្រ អ្នកចូរសា្តប់ខ្ញុំ ។ បើពួកព្រះរាជាចេតៈអភិសេកយើង ដែលគេបណេ្តញចាកដែនក្នុងរាជ្យហើយ ពួកអ្នកសិវិរាស្រ្តណា ជានាយពលក្តី ជាអ្នកនិគមកី្ត ពួកអ្នកសិវិរាស្រ្តនោះ មិនត្រេកអរទេ ។ ទាំងមិនមានសេចក្តីស្មោះស័្មគ្រ នឹងអ្នកទាំងឡាយ ព្រោះហេតុតែខ្ញុំដោយពិត ខ្ញុំមិនគាប់ចិត្តនឹងការប្រកួតប្រកាន់ ទាស់ទែងជាមួយពួកអ្នកសិវិរាស្រ្ត ។ តទៅ នឹងកើតមានការប្រកួតប្រកាន់ដ៏ពន្លឹក ការវាយដំគ្នាយ៉ាងសម្បើម នឹងមានមិនខាន ជនជាច្រើនគប្បីបៀតបៀនគ្នា ព្រោះហេតុតែខ្ញុំម្នាក់ឯង ។ វត្ថុណាដែលអ្នកទាំងអស់គ្នាធើ្វឲ្យជារបស់មានតមៃ្ល បានឲ្យដល់ខ្ញុំ វត្ថុនោះខ្ញុំបានទទួលហើយ ព្រះរាជាទ្រង់បណេ្តញខ្ញុំ ខ្ញុំនឹងទៅភ្នំវង្កត ម្នាលសម្លាញ់ទាំងឡាយ អ្នកទាំងឡាយ ចូរដឹងឱកាសជាទីនៅក្នុងព្រៃ ។

[២៨៨] (ពួកព្រះរាជាចេតៈ…) ពួករាជបព្វជិតជាអ្នកឈ្លាស ជាអ្នកបូជាភើ្លង មានចិត្តតំកល់មាំ តែងគង់នៅក្នុងទីណា ពួកទូលព្រះបង្គំជាខ្ញុំ នឹងក្រាបទូលដល់ព្រះអង្គយ៉ាងនោះ បពិត្រមហារាជ ព្រះអង្គគង់នៅជាមួយព្រះរាជបុត្ត ព្រមទាំងព្រះអគ្គជាយា កែ្បរភ្នំណា ភ្នំនោះហៅថា ភ្នំគន្ធមាទន៍ ជាវិការនៃថ្មសទ្ធ ។

[២៨៩] ពួកព្រះរាជាចេតៈ កាលយំមានមុខជោកដោយទឹកភែ្នក ក៏ក្រាបទូលព្រះបាទវេស្សន្តរនោះថា បពិត្រមហារាជ សូមព្រះអង្គទ្រង់យាងទៅអំពីទីនេះ សំដៅត្រង់ទៅទិសខាងជើង ។ បពិត្រព្រះអង្គដ៏ចម្រើន គ្រានោះ ព្រះអង្គនឹងទតឃើញភ្នំ ឈ្មោះវេបុល្លៈ ជាភ្នំដេរដាសដោយពួកឈើផេ្សង ៗ មានម្លប់ត្រជាក់ ជាទីរីករាយចិត្ត ។ បពិត្រព្រះអង្គដ៏ចម្រើន លុះព្រះអង្គឆ្លងផុតភ្នំនោះហើយ នឹងបានឃើញស្ទឹងមួយ ជាទីហូរទៅនៃទឹក ឈ្មោះកេតុម្មតី ជាស្ទឹងជ្រៅ ហូរចេញអំពីផ្ទៃភ្នំ ។ ដេរដាសដោយហ្វូងត្រីច្រើន មានកំពង់រាបសើ្មល្អ មានទឹកច្រើន ព្រះអង្គស្រង់ផង សោយផង លួងលោមព្រះរាជបុត្ររបស់ព្រះអង្គក្នុងស្ទឹងនោះ ។ បពិត្រព្រះអង្គដ៏ចម្រើន តទៅ ព្រះអង្គនឹងទតឃើញដើមជ្រៃ មានផែ្លផែ្អម ដុះនៅលើកំពូលភ្នំជាទីត្រេកអរ មានម្លប់ត្រជាក់ ជាទីរីករាយនៃចិត្ត ។ បពិត្រព្រះអង្គដ៏ចម្រើន លំដាប់នោះ ព្រះអង្គនឹងទតឃើញភ្នំមួយ ឈ្មោះនាលិកៈ ជាវិការៈនៃថ្ម ដេរដាសដោយពួកសត្វស្លាបផេ្សងៗ កុះករដោយពួកកិន្នរ ។ នៅភាគខាងជើងឆៀងខាងកើតនៃភ្នំនោះ មានស្រះឈ្មោះមុចលិន្ទ ដេរដាសដោយឈូកសផង ឧប្បលសផង ចង្កុលណីផង ។ ព្រះអង្គចូលទៅកាន់ព្រៃដូចផ្ទៃមេឃ មានស្មៅចិញ្ចៀនខៀវស្រស់ជានិច្ច ចូលទៅកាន់ដងព្រៃ ដេរដាសដោយឈើមានផ្កា និងឈើមានផ្លែទាំងពីរ ដូចសីហៈប្រាថ្នាចំណី ។ ក្នុងព្រៃនោះ មានបក្សីជាច្រើនមានសម្បុរប្លែក ៗ គ្នា មានសំឡេងមូល មានសំឡេងពីរោះ ស្រែកយំឆ្លងឆ្លើយគ្នាទៅមក លើដើមឈើមានផ្ការីកតាមរដូវ ។ ព្រះអង្គទ្រង់សេ្តចទៅកាន់ជង្ហុកភ្នំ និងកន្លែងកកើតនៃស្ទឹងទាំងឡាយ នឹងបានទតឃើញស្រះបោក្ខរណី ដេរដាសដោយដើមកញ្ជើបាយដាច និងដើមថ្ងាន់ ។ ជាស្រះដេរដាសដោយហ្វូងត្រីដ៏ច្រើន មានកំពង់រាបស្មើល្អ មានទឹកច្រើន មានសណ្ឋាន ៤ ជ្រុងសើ្ម មានទឹកមានរសឆ្ងាញ់ មានក្លិនមិនគួរខើ្ពម ។ សូមព្រះអង្គទ្រង់សាងបណ្ណសាលាត្រង់ទិសខាងជើង ឆៀងខាងកើតនៃស្រះបោក្ខរណីនោះ លុះទ្រង់បានសាងបណ្ណសាលាហើយ សូមទ្រង់ព្យាយាម ត្រាច់សែ្វងរកផលាផលចិញ្ចឹមព្រះអង្គចុះ ។

ចប់ វនប្បវេសន៍ ។

[២៩០] (អភិសម្ពុទ្ធគាថា) មានព្រាហ្មណ៍មា្នក់ឈ្មោះជូជក នៅក្នុងដែនកលិង្គៈ ឯភរិយារបស់គាត់នៅក្មេង ឈ្មោះនាងអមិត្តតាបនា ។ ពួកស្រីជាអ្នកដងទឹកស្ទឹងក្នុងស្រុកនោះ បានទៅស្តីថានាងអមិត្តតាបនានោះ ផ្អើលជ្រួលជ្រើមចោមរោម ជេរប្រទេចនាងអមិត្តតាបនានោះថា ម្ដាយនាងជាសត្រូវពិត ឪពុកនាងជាសត្រូវពិត បានជាឲ្យនាងដែលនៅកំពុងក្រមុំយ៉ាងនេះ ដល់ព្រាហ្មណ៍ចាស់ ។ ពួកញាតិរបស់នាងនាំគ្នាទៅប្រឹក្សាក្នុងទីស្ងាត់ មិនជាប្រយោជន៍ដល់នាងពិតហើយ បានជានាំគ្នាលើកនាង ដែលនៅកំពុងក្រមុំយ៉ាងនេះ ឲ្យដល់ព្រាហ្មណ៍ចាស់ ។ ពួកញាតិរបស់នាង នាំគ្នាទៅប្រឹក្សាក្នុងទីស្ងាត់ ជាការអាក្រក់របស់នាងប្រាកដហើយ បានជានាំគ្នាលើកនាង ដែលនៅក្រមុំយ៉ាងនេះ ឲ្យដល់ព្រាហ្មណ៍ចាស់ ។ ពួកញាតិរបស់នាង នាំគ្នាទៅប្រឹក្សាក្នុងទីស្ងាត់ ជាការលាមករបស់នាងប្រាកដហើយ បានជានាំគ្នាលើកនាង ដែលនៅក្រមុំយ៉ាងនេះ ឲ្យដល់ព្រាហ្មណ៍ចាស់ ។ ពួកញាតិរបស់នាង នាំគ្នាទៅប្រឹក្សាក្នុងទីស្ងាត់ មិនជាទីគាប់ចិត្តរបស់នាងពិតហើយ បានជានាំគ្នាលើកនាង ដែលនៅក្រមុំយ៉ាងនេះ ឲ្យដល់ព្រាហ្មណ៍ចាស់ ។ នាងនៅទាំងមិនគាប់ចិត្ត ជាមួយនឹងប្ដីចាស់ ដ្បិតនាងនៅក្នុងផ្ទះនៃប្ដីចាស់បែបនេះ នាងស្លាប់ទៅប្រសើរជាងការរស់នៅ ។ នែនាងមានលំអយ៉ាងឆើត មាតាបិតារបស់នាងជាក់ជារកប្ដីដទៃឲ្យនាងមិនបាន បានជានាំគ្នាលើកនាងដែលនៅក្រមុំយ៉ាងនេះ ឲ្យដល់ព្រាហ្មណ៍ចាស់ ។ នាងបានធ្វើការបូជាមិនល្អក្នុងថ្ងៃទី ៩ ទាំងមិនបានធ្វើការបូជាព្រះអគ្គី បានជាពួកញាតិនាំគ្នាលើកនាង ដែលនៅក្រមុំយ៉ាងនេះ ឲ្យដល់ព្រាហ្មណ៍ចាស់ ។ នាងជាក់ជាជេរប្រទេចពួកសមណៈ និងព្រាហ្មណ៍ មានព្រហ្មចរិយៈប្រព្រឹត្តទៅខាងមុខ ជាអ្នកមានសីល មានការចេះដឹងច្រើនក្នុងលោក បានជានាងដែលនៅក្រមុំយ៉ាងនេះ នៅ (ក្នុងផ្ទះ) ព្រាហ្មណ៍ចាស់ ។ ពស់ចឹក មិនទាន់ជាទុក្ខទេ ទាំងលំពែងមុត ក៏មិនទាន់ជាទុក្ខដែរ ត្រង់នាងឃើញប្តីចាស់នោះ ទើបជាទុក្ខ ទាំងជាគ្រឿងកៅ្តក្រហាយ ។ ល្បែងមិនមាន តម្រេកមិនមាន ការចរចាទៅមក ជាមួយនឹងប្តីចាស់មិនមាន ទាំងការសើច ក៏មិនសមល្អ ។ កាលណាប្តីក្មេង ប្រពន្ធក្មេង ទៅប្រឹក្សាគ្នាក្នុងទីស្ងាត់ កាលណោះ សេចក្តីសោកគ្រប់យ៉ាងណាមួយ ដែលអាស្រ័យនៅហ្ឫទ័យ ក៏រមែងវិនាសបាត់ទៅ នាងក្មេងមានរូបល្អ រមែងជាទីប្រាថា្ននៃពួកបុរសណាស់ ចូរនាងវិលទៅនៅឯត្រកូលញាតិវិញទៅ ព្រាហ្មណ៍ចាស់នឹងធើ្វនាងឲ្យរីករាយដូចមេ្តចកើត ។

[២៩១] (នាងអមិត្តតាបនា…) នែព្រាហ្មណ៍ ខ្ញុំមិនទៅដងទឹកស្ទឹងឲ្យអ្នកទេ នែព្រាហ្មណ៍ ដ្បិតពួកស្រី ៗ ជេរប្រទេចខ្ញុំ ព្រោះតែអ្នកចាស់ ។

[២៩២] (ជូជក…) នាងកុំធើ្វកិច្ចការឲ្យអញឡើយ នាងកុំដងទឹកមកឲ្យអញឡើយ អញនឹងដងទឹក (ខ្លួនឯង) ម្នាលនាងដ៏ចម្រើន នាងកុំក្រេវក្រោធឡើយ ។

[២៩៣] (នាងអមិត្តតាបនា) ខ្ញុំមិនមែនកើតក្នុងត្រកូល (ស្រីអ្នកប្រើបី្ត) នោះទេ អ្នកដងទឹកណា (ខ្ញុំមិនត្រូវការទឹកនោះទេ) នែព្រាហ្មណ៍ អ្នកចូរដឹងយ៉ាងនេះចុះ ខ្ញុំនឹងមិននៅក្នុងផ្ទះអ្នកទេ ។ នែព្រាហ្មណ៍ បើអ្នកមិននាំខ្ញុំប្រុស ឬខ្ញុំស្រីមកឲ្យខ្ញុំទេ នែព្រាហ្មណ៍ អ្នកចូរដឹងយ៉ាងនេះចុះ ខ្ញុំមិននៅក្នុងសំណាក់អ្នកទេ ។

[២៩៤] (ជូជក…) ម្នាលនាងព្រាហ្មណី ហេតុជាទីតាំងនៃសិល្បៈក្តី ទ្រព្យក្តី ស្រូវក្តី របស់អញមិនមានទេ អញនឹងនាំយកខ្ញុំប្រុស ឬខ្ញុំស្រីមកឲ្យនាងដ៏ចម្រើនអំពីណាបាន អញនឹងបំរើនាងដ៏ចម្រើន នាងដ៏ចម្រើនកុំក្រេវក្រោធឡើយ ។

[២៩៥] (នាងអមិត្តតាបនា…) អ្នកចូរមក ខ្ញុំនឹងបា្រប់អ្នក តាមពាក្យដែលខ្ញុំឮមកថា ព្រះរាជាទ្រង់ព្រះនាមវេស្សន្តរនោះ ស្តេចគង់នៅនាគិរីវង្កត ។ ម្នាលព្រាហ្មណ៍ អ្នកចូរទៅសុំខ្ញុំប្រុស ខ្ញុំស្រីនឹងព្រះបាទវេស្សន្តរនោះ ។ ក្សត្រនោះ ដែលអ្នកសុំហើយ មុខជាប្រទានខ្ញុំប្រុស ខ្ញុំស្រីដល់អ្នកពុំខាន ។

[២៩៦] (ជូជក…) អញចាស់ហើយ មានកម្លាំងថយ ទាំងផ្លូវក៏ឆ្ងាយលំបាកទៅណាស់ នាងដ៏ចម្រើន កុំយំយែកឡើយ នាងដ៏ចម្រើន កុំអាក់អន់ចិត្តឡើយ អញនឹងបំរើនាងដ៏ចម្រើន នាងដ៏ចម្រើន កុំក្រេវក្រោធឡើយ ។

[២៩៧] (នាងអមិត្តតាបនា…) ទាហានមិនទាន់ទៅធើ្វសង្គ្រាម មិនទាន់ច្បាំង ចាញ់មុនទៅហើយ ម្នាលព្រាហ្មណ៍ អ្នកមិនទាន់ទំាងទៅផង ចាញ់យ៉ាងនោះដែរ ។ នែព្រាហ្មណ៍ បើអ្នកមិននាំខ្ញុំប្រុស ខ្ញុំស្រីមកឲ្យខ្ញុំទេ នែព្រាហ្មណ៍ អ្នកចូរដឹងយ៉ាងនេះចុះ ខ្ញុំនឹងមិននៅក្នុងផ្ទះអ្នកទេ ខ្ញុំនឹងធើ្វអំពើមិនគាប់ចិត្តដល់អ្នក អំពើនោះនឹងជាទុក្ខដល់អ្នកមិនខាន កាលណាអ្នកនឹងឃើញខ្ញុំតាក់តែង (ខ្លួន) ត្រេកត្រអាលជាមួយនឹងពួកប្រុសឯទៀត ក្នុងថ្ងៃនក្ខត្តឫក្ស ក្នុងខាងដើមរដូវទំាងឡាយ ដំណើរនោះនឹងជាទុក្ខដល់អ្នកក្នុងកាលនោះ ។ ម្នាលព្រាហ្មណ៍ កាលអ្នកជាបុគ្គលចាស់ទួញយំរៀបរាប់ ព្រោះតែមិនបានឃើញខ្ញុំ ខ្នងរឹតតែកោងទៅ សក់នឹងស្កូវច្រើនឡើង ។

[២៩៨] (អភិសម្ពុទ្ធគាថា) លំដាប់នោះ ព្រាហ្មណ៍នោះ ភិតភ័យ លុះក្នុងអំណាចនាងព្រាហ្មណី ត្រូវកាមរាគគ្របសង្កត់ បានពោលនឹងនាងព្រាហ្មណីយ៉ាងនេះថា ម្នាលនាងព្រាហ្មណី នាងចូរធើ្វទ្រាបល្ងផង ទ្រាបលាជផង នំទឹកឃ្មុំដែលគេធើ្វល្អហើយផង ភត្ត គឺសដូវផង ឲ្យជាស្បៀងដល់អញ ។ អញនឹងនំាកុមារជាខ្ញុំពីរនាក់ មានជាតិគោត្រត្រកូល និងប្រទេស ដើម្បីនាង កុមារទាំងនោះនឹងបំរើនាងទាំងយប់ទាំងថៃ្ង មិនខ្ជិលច្រអូសឡើយ ។

[២៩៩] ជូជក ជាព្រហ្មពន្ធុ លុះពោលយ៉ាងនេះហើយ ក៏ពាក់ស្បែកជើង លំដាប់នោះ គាត់ផ្តែផ្តាំភរិយា ហើយប្រទក្សិណ ចៀសចេញទៅ ព្រាហ្មណ៍នោះ មានមុខយំសស្រាក់ បានសមាទានវត្ត ត្រាច់ទៅកាន់នគររបស់ពួកអ្នកសិវិរាស្រ្ត ជានគរធំទូលាយ សែ្វងរកខ្ញុំប្រុសខ្ញុំស្រី ។

[៣០០] ព្រាហ្មណ៍នោះ បានដើរទៅក្នុងនគរនោះ សាកសួរជនទាំងឡាយ ដែលប្រជុំគា្នក្នុងនគរនោះថា ព្រះបាទវេស្សន្តរ សេ្តចយាងទៅក្នុងទីណា យើងគប្បីគាល់ក្សត្រអង្គនោះ ក្នុងទីណា ។ ពួកជនដែលមកប្រជុំគា្នក្នុងទីនោះៗ បាននិយាយនឹងព្រាហ្មណ៍នោះថា មា្នលព្រាហ្មណ៍ ក្សត្រត្រូវពួកអ្នកធើ្វឲ្យខ្ចាត់ភ្លាត់ទៅ ព្រោះអតិទាន (ទានប្រសើរ) គេបំបរបង់ចាកដែនរបស់ព្រះអង្គ ៗ ទៅគង់ឯគិរីវង្កត ។ មា្នលព្រាហ្មណ៍ ក្សត្រត្រូវពួកអ្នកធើ្វឲ្យខ្ចាត់ភ្លាត់ទៅ ព្រោះអតិទាន ទ្រង់នាំព្រះឱរស និងព្រះទេវីទៅគង់នៅឯគិរីវង្កត ។

[៣០១] ជូជកនោះ ដែលនាងព្រាហ្មណីដាស់តឿនហើយ ជាបុគ្គលមានសេចក្តីជាប់ចំពាក់នឹងកាម រងទុក្ខក្នុងព្រៃ ដេរដាសដោយម្រឹគសាហាវ ជាទីដែលរមាស និងខ្លាដម្បងអាស្រ័យនៅហើយ ។ ព្រាហ្មណ៍នោះ បានកាន់ដម្បងមានសម្បុរដូចផែ្លភៅ្ន និងវែកសម្រាប់បូជាភើ្លង ព្រមទាំងកុណ្ឌីរ ចូលទៅកាន់ព្រៃធំ ដែលគាត់បានឮថាជាទីដែលព្រះវេស្សន្តរ ព្រះអង្គឲ្យសេចក្តីបា្រថ្នា (គង់នៅ) ។ ឆែ្កទាំងឡាយ បានចោមរោមគាត់ កំពុងចូលទៅកាន់ព្រៃធំនោះ គាត់វងេ្វងផ្លូវ ស្រែកទ្រហោយំ ស្ទុះឃា្លតទៅក្នុងទីឆ្ងាយអំពីផ្លូវ (ដែលជាទីទៅកាន់គិរីវង្កត) ។ លំដាប់នោះ ព្រាហ្មណ៍ដែលលោ្មភក្នុងភោគៈ មិនសង្រួម ទៅវងេ្វងនៅក្នុងផ្លូវដែលជាទីទៅកាន់គិរីវង្កត (ត្រូវពួកឆែ្កទាំងឡាយចោមព័ទ្ធ ក៏ឡើងទៅអង្គុយនៅលើដើមឈើ) បានពោលគាថាទាំងនេះថា

[៣០២] ជនណាហ្ន៎ ប្រាប់ព្រះវេស្សន្តរ ដែលជារាជបុត្តដ៏ប្រសើរ ឈ្នះសេចក្តីកំណាញ់ មិនចាលចាញ់ ជាអ្នកឲ្យសេចក្តីកេ្សម ក្នុងកាលមានភ័យដល់ខ្ញុំ ។ ព្រះបាទវេស្សន្តរណា ជាទីពឹងនៃពួកអ្នកស្មូម ដូចជាផែនដី ជាទីពឹងនៃពួកសត្វ នរណាហ្ន៎ ប្រាប់ព្រះវេស្សន្តរមហារាជ មានឧបមាដូចផែនដីដល់ខ្ញុំ ។ ព្រះបាទវេស្សន្តរណា ជាទីទៅរបស់ពួកស្មូម ដូចជាសាគរជាទីទៅនៃផ្លូវទឹកទាំងឡាយ នរណាហ្ន៎ ប្រាប់ព្រះវេស្សន្តរមហារាជ មានឧបមាដូចជាសមុទ្រដល់ខ្ញុំ ។ នរណាហ្ន៎ ប្រាប់ព្រះវេស្សន្តរមហារាជ មានឧបមាដូចជាអន្លង់ទឹកមានកំពង់ល្អ ងាយផឹក មានទឹកត្រជាក់ ជាទីមនោរម្យ ដេរដាសដោយផ្កាឈូកស ប្រកបដោយលំអងផ្កាដល់ខ្ញុំ ។ នរណាហ្ន៎ ប្រាប់ព្រះវេស្សន្តរមហារាជ មានឧបមាដូចជាដើមពោធិ៍បាយដែលដុះក្បែរផ្លូវ មានម្លប់ត្រជាក់ ជាទីមនោរម្យ ជាទីសម្រាករបស់បុគ្គលនឿយហត់ ជាទីពំនាក់នៃបុគ្គលដែលលំបាកដល់ខ្ញុំ ។ នរណាហ្ន៎ ប្រាប់ព្រះវេស្សន្តរមហារាជ មានឧបមាដូចជាដើមជ្រៃ ដែលដុះក្បែរផ្លូវ មានម្លប់ត្រជាក់ ជាទីមនោរម្យ ជាទីសម្រាកនៃបុគ្គលនឿយហត់ ជាទីពំនាក់នៃបុគ្គលដែលលំបាកដល់ខ្ញុំ ។ នរណាហ្ន៎ ប្រាប់ព្រះវេស្សន្តរមហារាជ មានឧបមាដូចដើមស្វាយ មានម្លប់ត្រជាក់ ជាទីមនោរម្យ ជាទីសម្រាកនៃបុគ្គលនឿយហត់ ជាទីពំនាក់នៃបុគ្គលដែលលំបាកដល់ខ្ញុំ ។ នរណាហ្ន៎ ប្រាប់ព្រះវេស្សន្តរមហារាជ មានឧបមាដូចដើមរាំង ដែលដុះក្បែរផ្លូវ មានម្លប់ត្រជាក់ ជាទីមនោរម្យ ជាទីសម្រាកនៃបុគ្គលនឿយហត់ ជាទីពំនាក់នៃបុគ្គលដែលលំបាក ដល់ខ្ញុំ ។ នរណាហ្ន៎ ប្រាប់ព្រះវេស្សន្តរមហារាជ មានឧបមាដូចដើមឈើដែលដុះក្បែរផ្លូវ មានម្លប់ត្រជាក់ ជាទីមនោរម្យ ជាទីសម្រាកនៃបុគ្គលនឿយហត់ ជាទីពំនាក់នៃបុគ្គលដែលលំបាក ដល់ខ្ញុំ ។ ម្យ៉ាងទៀត បុគ្គលណានិយាយប្រាប់ថា ខ្ញុំឯងសា្គល់កនែ្លងនៅនៃព្រះបាទវេស្សន្តរដូច្នេះ ដល់ខ្ញុំ ដែលចូលមកក្នុងព្រៃធំ កំពុងយំរៀបរាប់យ៉ាងនេះ បុគ្គលនោះ ឈ្មោះថា ញុំាងសេចក្តីត្រេកត្រអាលឲ្យកើតដល់ខ្ញុំ ។ មួយទៀត បុគ្គលណា និយាយប្រាប់ថា ខ្ញុំដឹងទីលំនៅនៃព្រះបាទវេស្សន្តរដូច្នេះ ដល់ខ្ញុំ ដែលចូលមកក្នុងព្រៃធំ កំពុងយំរៀបរាប់យ៉ាងនេះ បុគ្គលនោះ រមែងប្រទះបុណ្យដ៏ច្រើន ព្រោះតែសំដីមួយម៉ាត់នោះឯង ។

[៣០៣] ចេតបុត្តព្រានព្រៃ អ្នកចូលទៅក្នុងព្រៃ បានស្រដីតបទៅនឹងជូជកព្រាហ្មណ៍នោះថា នែព្រាហ្មណ៍ ក្សត្រត្រូវពួកអ្នកធើ្វឲ្យខ្ចាត់ភ្លាត់ទៅព្រោះអតិទាន ត្រូវគេបណេ្តញចេញចាកដែនរបស់ព្រះអង្គ ទៅគង់ឯគិរីវង្កត ។ ម្នាលព្រាហ្មណ៍ ក្សត្រត្រូវពួកអ្នកធើ្វឲ្យខ្ចាត់ភ្លាត់ទៅ ព្រោះអតិទាន ទ្រង់នាំព្រះរាជបុត្រ និងព្រះទេវីទៅគង់ឯគិរីវង្កត ។ អ្នកជាបុគ្គលឥតប្រាជ្ញា មិនខំប្រឹងធើ្វការងារ ចេញអំពីដែនចូលមកកាន់ព្រៃធំ ដើរសែ្វងរកព្រះរាជបុត្រ ដូចជាកុកសែ្វងរកត្រីក្នុងទឹក ។ នែព្រាហ្មណ៍ យើងមុខជាមិនឲ្យជីវិត ដល់អ្នកនោះក្នុងទីនេះទេ ព្រោះថា ព្រួយនេះដែលយើងបាញ់សំដៅអ្នកហើយ មុខជាផឹកឈាមអ្នក ។ មា្នលព្រាហ្មណ៍ យើងមុខជានឹងកាត់ក្បាលអ្នក ពន្លះកាត់យកបេះដូង ព្រមទាំងទង ហើយបូជាបន្ថសកុណយ័ញ្ញ (បូជាទេវតាក្នុងផ្លូវ) ដោយសាច់របស់អ្នក ។ ម្នាលព្រាហ្មណ៍ យើងនឹងកាត់យកបេះដូងរបស់អ្នក រួចផ្គងការបូជាដោយសាច់ ខា្លញ់ខាប់ និងក្បាលរបស់អ្នក ។ ម្នាលព្រាហ្មណ៍ ការបូជានោះ ដោយសាច់របស់អ្នកនោះ ឈ្មោះថាយើងបូជាល្អហើយ មួយទៀត អ្នកនឹងនាំព្រះទេពី និងព្រះរាជបុត្រាបុត្រីនៃព្រះរាជបុត្រមិនបានទេ ។

[៣០៤] (ជូជក…) នែចេតបុត្ត អ្នកចូរសា្តប់យើង ព្រាហ្មណទូត អ្នកមិនត្រូវសមា្លប់ទេ ព្រោះហេតុនោះឯង បានជាគេមិនសមា្លប់ទូត នេះជាធម៌មានមកយូរយារណាស់ហើយ ពួកអ្នកសិវិរាស្រ្តទាំងអស់ បាត់ខឹងហើយ ព្រះបិតាចង់ជួបព្រះបាទវេស្សន្តរនោះ ទាំងព្រះមាតាព្រះអង្គក៏មានកម្លាំងថយ ពុំយូរឡើយ មុខជានឹងងងឹតព្រះនេត្រ (ដោយទ្រង់ព្រះពិលាប) ។ នែចេតបុត្ត អ្នកចូរសា្តប់ពាក្យយើង យើងជារាជទូតដែលក្សត្រទាំងនោះបញ្ជូនមកហើយ យើងនឹងនាំទៅនូវព្រះរាជបុត្ត បើអ្នកដឹង អ្នកចូរប្រាប់យើង ។

[៣០៥] (ចេតបុត្ត…) នែព្រាហ្មណ៍ អ្នកជាទូត ជាទីស្រឡាញ់នៃព្រះបាទវេស្សន្តរ ដែលជាទីស្រឡាញ់របស់យើង យើងខ្ញុំនឹងឲ្យភាជន៍ដ៏ពេញដោយទឹកផង គុម្ពទឹកឃ្មុំនេះផង ភៅ្លម្រឹគ (ដែលចំអិនស្រេច) ផង ដល់អ្នក មួយទៀត ព្រះបាទវេស្សន្តរ ដែលជាអ្នកឲ្យវត្ថុជាទីប្រាថា្ន គង់នៅក្នុងប្រទេសណា យើងនឹងប្រាប់ប្រទេសនោះ ដល់អ្នក ។

ចប់ ជូជកបព្វៈ ។

[៣០៦] (ចេតបុត្ត…) នែមហាព្រាហ្មណ៍ នោះហ្ន៎ ភំ្នគន្ធមាទន៍ ជាវិការៈនៃថ្ម ដែលព្រះបាទវេស្សន្តរសេ្តចគង់នៅជាមួយនឹងព្រះរាជបុត្រ និងព្រះទេពី ។ ព្រះរាជាទ្រទ្រង់ភេទអ្នកបួសដ៏ប្រសើរផង មានទំពក់ និងវែកសម្រាប់បូជាភើ្លង និងជដាផង ទ្រង់ស្លៀកដណ្តប់ស្បែកខា្ល ផ្ទំលើផែនដី នមសា្ករនូវភើ្លង ។ ឈើទាំងឡាយនុ៎ះដ៏ខៀវ ទ្រទ្រង់ផែ្លផេ្សងៗ ដ៏ខ្ពស់ មានកំពូលទើសមេឃ ដ៏ខៀវដូចភ្នំផ្កាអញ្ជ័ន ។ មានដើមត្របែកព្រៃ ដើមត្រចៀកប្រើស ដើមគគីរ ដើមរាំង ដើមពង្រ និងដើមជ្រៃ ទោរទន់ទៅមកដោយខ្យល់ ដូចជាមាណព ទើបផឹក (ស្រា) ម្តង ។ នៅខាងលើមែកឈើទាំងឡាយ ឮសូរស័ព្ទដូចជាចម្រៀងទិព្វ (ព្រោះ) មានហ្វូងប៉ោលតោក និងតាវ៉ៅ ចុះទំពីឈើមួយទៅឈើមួយ ។ មែកឈើ និងស្លឹកឈើទាំងឡាយ ដែលខ្យល់បក់ត្រូវហើយ ឮដូចជាហៅរកជនកំពុងដើរ ដូចជារីករាយនឹងជនដែលមកដល់ ត្រេកត្រអាលនឹងជនដែលនៅអាស្រ័យ ។ អ្នកនឹងចូលទៅក្នុងអាស្រម ដែលជាកនែ្លងព្រះបាទវេស្សន្តរ សេ្តចគង់នៅជាមួយនឹងព្រះរាជបុត្រាបុត្រីទាំងឡាយ សេ្តចទ្រទ្រង់ភេទជាអ្នកបួសដ៏ប្រសើរ មានទំពក់ និងវែកសម្រាក់បូជា និងព្រះជដា ទ្រង់ស្លៀកស្បែកខា្ល ផ្ទំលើផែនដី នមស្ការភើ្លង ។

[៣០៧] ក្នុងទីនុ៎ះ មានដើមស្វាយ ខិ្វត ខ្នុរ រាំង ព្រីង សម៉ពិភេទក៍ សម៉ភ្លុក កន្ទួតព្រៃ ពោធិ ពទ្រា ទន្លាប់មាស ជ្រៃ និងក្រសាំង មាក់សាង មានផែ្លដ៏ផែ្អមរុងរឿង និងល្វាមានផែ្លទុំ ដើមទាបៗ មានចេកអម្បូងភ្លុក ចេកអម្បូងសែ្នង និងចន្ទន៍ មានផែ្លផែ្អមដូចទឹកឃ្មុំ គេតែងយកឃ្មុំឥតមេក្នុងទីនោះ មកជារបស់ខ្លួន ហើយបរិភោគ ។ ក្នុងទីនុ៎ះ មានស្វាយខ្លះកំពុងផ្កា សា្វយខ្លះទើបជាក្បាលរុយ សា្វយខ្លះមានផែ្លខ្ចី និងទុំ ផ្លែទាំងពីរបែបនោះ មានសម្បុរដូចខ្នងកញ្ចាញ់ចេក ។ ក្នុងទីនុ៎ះ បុរស (ឈរ) ខាងក្រោម បេះផែ្លស្វាយទុំទាំងឡាយ ស្វាយទាំងឡាយ ទាំងខី្ចទាំងទុំ មានសម្បុរ ក្លិន និងរសដ៏ឧត្តម ។ ខ្ញុំតែងមានសេចក្តីអស្ចារ្យក្រៃពេក ទាំងការលាន់ឮថា ហឹងៗ ក៏ប្រាកដដល់ខ្ញុំ ប្រទេសនោះ ឧបមាដោយនន្ទនវ័ន ល្អដូចជាទីនៅរបស់ពួកទេវតា ។ តោ្នត ដូង ដុះចម្រុះគ្នា ក្នុងព្រៃល្ម៉ើដ៏ធំ ផ្កាទាំងឡាយ ដូចជាកម្រងដែលគេក្រងហើយ ឬប្រាកដដូចជាជាយទង់ជ័យ ។ ខែ្លងគង់ គុម្ពកោដ្ឋ គុម្ពក្រឹស្នា ច្រនៀង បុន្នាគតូច បុន្នាគធំ និងរលួស មានផ្កាពណ៌ផេ្សងៗ រីកស្គុះស្គាយ ដូចផ្កាយដែលភ្លឺព្រោងព្រាតឰដ៏អាកាស ។ រាជព្រឹក្ស ខ្មួញ កំញ៉ាន រាក់ខ្មៅ ជ្រៃធំ ទន្លា និងធ្នង់ជាច្រើន បញេ្ចញផ្កាក្នុងទីនោះ ។ ខែ្លងគង់ ស្រល់ សោ្មល សង្ឃ័រ ខ្នុរសម្ល ត្របែកព្រៃ និងរាំង ជ្រុះផ្កាក្នុងទីនោះ ដូចជាលានចម្បើង ។ ក្នុងភូមិភាគជាទីមនោរម្យ ជិតអាស្រមនោះ មានស្រះបោក្ខរណី ដេរដាសដោយផ្កាឈូក និងផ្កាព្រលិត ដូចជាក្នុងនន្ទនវ័នរបស់ពួកទេវតា ។ មួយទៀត ពួកតាវ៉ៅដែលស្រវឹងដោយរសផ្កា យំពីរោះ នៅលើឈើដែលមានផ្ការីកតាមរដូវ ញុំាងព្រៃនោះឲ្យលាន់ឮគឹកកង ។ លំអងដែលរោយរាយចេញអំពីកេសរ ដែលមាននៅគ្រប់ស្លឹកឈូក មានរសផែ្អម បើខ្យល់បក់ផាត់មកក្នុងទីអាស្រមនុ៎ះ អំពីទិសខាងត្បូង និងខាងលិច ។ អាស្រមក៏ដេរដាសដោយលំអងកេសរផ្កាឈូក ក្នុងស្រះបោក្ខរណីនុ៎ះ មានផែ្លក្រចាប់ដ៏ថ្លោស ៗ និងស្រូវសាលីជ្រុះរុះរោយរាយលើផែនដី ។ មួយទៀត មានត្រី អណើ្តក និងក្តាម ច្រើនបែប ហែបហែលទៅមកក្នុងស្រះនោះ រសដែលហូរចេញអំពីក្រអៅឈូក មានឱជាដូចទឹកឃ្មុំ និងរសដែលហូរចេញអំពីមើមឈូក មានឱជាដូចទឹកដោះស្រស់ និងទឹកដោះថ្លា ព្រៃនោះមានក្លិនក្រអូបផេ្សងៗ ផ្សព្វផ្សាយកិ្លនឈ្ងុយឈ្ងប់ ។ ព្រៃនោះ ដូចជា (ញុំាងជនដែលមកដល់) ឲ្យរីករាយដោយកិ្លន ដោយផ្កា និងមែកឈើ កន្លង់ទាំងឡាយក៏ញុំាងព្រៃឲ្យគឹកកងដោយជុំវិញ ព្រោះតែកិ្លនផ្កា ។ មិនតែប៉ុណ្ណោះសោត មានសត្វបក្សីទ្វិជាតិជាច្រើន មានសម្បុរផេ្សងៗគ្នា ត្រេកត្រអាលជាមួយនឹងមេ យំរកគ្នាទៅវិញទៅមក ក្នុងស្រះនោះ ។ ពួកបក្សីដែលនៅក្នុងស្រះបោក្ខរណី គឺសត្វនន្ទិកា ១ [ពួកសត្វនេះ ពោលថា បពិត្រព្រះវេស្សន្តរ ព្រះអង្គកាលគង់នៅក្នុងព្រៃនេះ ចូរត្រេកអរចុះ ។] សត្វជីវបុត្តា ១ [ពួកសត្វនេះពោលថា ព្រះអង្គក្តី បុត្រាបុត្រីរបស់ព្រះអង្គក្តី ចូររស់នៅសប្បាយចុះ ។] សត្វជីវបុត្តាបិយាចនោ ១ [ពួកសត្វនេះពោលថា ព្រះអង្គក្តី បុត្រាបុត្រីរបស់ព្រះអង្គក្តី ដែលជាទីស្រឡាញ់ ចូររស់នៅចុះ ។] សត្វបិយាបុត្តាបិយានន្ទា ១ [ពួកសត្វនេះពោលថា ព្រះអង្គក្តី បុត្រាបុត្រីរបស់ព្រះអង្គក្តី ដែលជាទីស្រឡាញ់ ចូរត្រេកអរ ។ អដ្ឋកថា ។] ។ ផ្កាទាំងឡាយ ដូចជាកម្រងផ្កាដែលគេក្រងហើយ ប្រាកដដូចជាជាយទង់ជ័យ ពុំនោះ ដូចជាកម្រងផ្កាដែលមាលាការដ៏ឈ្លាស ក្រងយ៉ាងល្អ ដោយផ្កាមានពណ៌ផេ្សងៗ ។ ក្នុងទីដែលព្រះបាទវេស្សន្តរទ្រង់គង់នៅជាមួយនឹងព្រះរាជបុត្រាបុត្រី ព្រះអង្គទ្រង់ភេទជាអ្នកបួសដ៏ប្រសើរ មានទំពក់ និងវែកសម្រាក់បូជាភើ្លងផង និងព្រះជដា ទ្រង់ស្លៀកស្បែកខ្លា ផ្ទំនៅលើផែនដី នមស្ការភើ្លង ។

[៣០៨] (ជូជក…) ភត្ត គឺសដូវនេះ ដែលយើងលាយហើយដោយទឹកឃ្មុំ យើងនឹងឲ្យនូវទឹកឃ្មុំដែលយើងធើ្វល្អហើយផង និងភត្ត គឺសដូវផងដល់អ្នក ។

[៣០៩] (ចេតបុត្ត…) ស្បៀង ចូរនៅជារបស់អ្នកឯងចុះ យើងមិនត្រូវការស្បៀងទេ នែព្រាហ្មណ៍ អ្នកចូរយកស្បៀងអំពីនេះទៅ នែព្រាហ្មណ៍ អ្នកចូរទៅតាមស្រួលចុះ ។ ផ្លូវនេះជាផ្លូវល្មមដើរចុះបុគ្គលម្នាក់ ត្រង់ទៅកាន់អាស្រម ក្នុងអាស្រមនោះ មានឥសីឈ្មោះអច្ចុតៈ មានធ្មេញប្រកបដោយមន្ទិល មានសរីរៈប្រឡាក់ដោយធូលី ទ្រទ្រង់ភេទជាអ្នកបួសដ៏ប្រសើរផង ទំពក់ផង វែកសម្រាប់បូជាភើ្លងផង ជដាផង ។ ឥសីឈ្មោះអច្ចុតៈនោះ ជាអ្នកស្លៀកស្បែកខ្លា ដេកនៅលើកម្រាលស្លឹកឈើលើផែនដី នមស្ការភើ្លង អ្នកចូរទៅសួរលោកចុះ លោកនឹងប្រាប់ផ្លូវដល់អ្នកពុំខាន ។

[៣១០] ជូជកជាព្រហ្មពន្ធុ លុះបានឮពាក្យនេះហើយ ក៏មានចិត្តរីករាយ ប្រទក្សិណចេតបុត្តព្រានព្រៃ រួចដើរតម្រង់ទៅកាន់អច្ចុតឫសី ។

ចប់ ចុល្លវនវណ្ណនា ។

[៣១១] កាលជូជកព្រាហ្មណ៍នោះ ដើរទៅចួបឥសីឈ្មោះអច្ចុតៈ លុះជូជកបានឃើញឥសីនោះហើយ ក៏សំណេះសំណាលជាមួយនឹងឥសីថា លោកដ៏ចម្រើន សុខសប្បាយទេឬ លោកដ៏ចម្រើន មិនមានរោគាពាធទេឬ លោកចិញ្ចឹមជីវិតដោយការសែ្វងរក (ស្រួល) ទេឬ មើមឈើ និងផែ្លឈើមានច្រើនដែរឬ ។ ពួករបោម មូស ពស់ មានតិចទេឬ ក្នុងព្រៃដេរដាសដោយម្រឹគសាហាវ មិនមានការបៀតបៀនទេឬ ។

[៣១២] (តាបស…) មា្នលព្រាហ្មណ៍ អាតា្មសុខសប្បាយទេ អាតា្មមិនមានរោគាពាធទេ មួយទៀត អាតា្មចិញ្ចឹមជីវិតដោយការសែ្វងរក (ស្រួល) ទេ ទាំងមើមឈើ ផែ្លឈើក៏មានច្រើនដែរ ។ មួយវិញទៀត ពួករបោម មូស ពស់ មានតិចទេ ក្នុងព្រៃដ៏ដេរដាសដោយម្រឹគសាហាវ មិនមានការបៀតបៀនអាតា្មទេ ។ អាតា្មនៅក្នុងអាស្រមនេះ អស់ប្រជុំនៃឆ្នាំជាច្រើន អាតា្មមិនដែលសា្គល់អាពាធ មិនជាទីត្រេកអរនៃចិត្តកើតហើយទេ ។ នែមហាព្រាហ្មណ៍ អ្នកមកល្អហើយ អ្នកមិនមែនមកអាក្រក់ទេ មា្នលព្រាហ្មណ៍ដ៏ចម្រើន អ្នកអញ្ជើញចូលមកខាងក្នុង អ្នកចូលលាងជើងទាំងឡាយរបស់អ្នកចុះ ។ នែព្រាហ្មណ៍ អ្នកចូរបរិភោគផ្លែទន្លាប់ ផែ្លទ្រយឹង ផែ្លមាក់សាង ផ្លែមាក់ដោក មានរសឆ្ងាញ់ពីសាដូចជាទឹកឃ្មុំ ។ ទាំងទឹកត្រជាក់នេះ អាតា្មបានដងមកអំពីជ្រោះភ្នំ នែមហាព្រាហ្មណ៍ អ្នកចូរផឹកទឹកនោះចុះ ប្រសិនបើអ្នកត្រូវការ ។

[៣១៣] (ជូជក…) វត្ថុដែលលោកបានឲ្យ ខ្ញុំបានទទួលយកហើយ ដែលលោកបានធើ្វឲ្យជាជំនូនដល់ខ្ញុំទាំងអស់ ខ្ញុំមកដើម្បីចង់ចួបនឹងព្រះរាជបុត្របង្កើតរបស់ព្រះបាទសញ្ជ័យ ដែលពួកអ្នកសិវិរាស្រ្តបំបរបង់ហើយនោះ ប្រសិនបើលោកជ្រាប សូមប្រាប់ខ្ញុំផង ។

[៣១៤] (តាបស…) អ្នកមិនមែនមកគាល់ព្រះបាទសិវិ ដើម្បីបុណ្យទេ អ្នកទំនងជាចង់បានព្រះទេពីរបស់ព្រះរាជា ដែលជាស្រ្តីប្រតិបតិ្តក្នុងភសា្ត ។ អ្នកទំនងជាចង់បានកុមារីឈ្មោះកណា្ហជិនា ធើ្វជាទាសី និងកុមារឈ្មោះជាលី ធើ្វជាទាសៈ ឬក៏អ្នកមកដើម្បីនាំយកជនទាំង ៣ នាក់ គឺមាតា និងបុត្រីបុត្រា ទៅអំពីព្រៃ នែព្រាហ្មណ៍ ឯព្រះបាទវេស្សន្តរនោះ មិនមានភោគៈ មិនមានទ្រព្យ មិនមានធញ្ញជាតិទេ ។

[៣១៥] (ជូជក…) ខ្ញុំមិនមែនមានសភាពជាអ្នកខឹងនឹងលោកទេ ខ្ញុំមិនមែនមកដើម្បីសូមទេ ការចួបប្រទះនឹងពួកលោកដ៏ប្រសើរ ជាការល្អ ការនៅរួម នាំមកនូវសេចក្តីសុខសព្វៗកាល ។ ព្រះបាទសិវិដែលពួកអ្នកសិវិរាស្រ្តបំបរបង់ហើយ ខ្ញុំមិនដែលបានឃើញ បានជាខ្ញុំមកគាល់ព្រះអង្គ ប្រសិនបើលោកជ្រាប សូមប្រាប់ខ្ញុំផង ។

[៣១៦] (តាបស…) នែមហាព្រាហ្មណ៍ នុ៎ះហ្ន៎ ភ្នំគន្ធមាទន៍ ជាវិការៈនៃថ្ម ដែលព្រះបាទវេស្សន្តរសេ្តចគង់នៅជាមួយព្រះរាជបុត្រ និងព្រះទេពី ។ ព្រះរាជាទ្រទ្រង់ភេទនៃបព្វជិតដ៏ប្រសើរ មានទំពក់ និងវែកសម្រាប់បូជាភើ្លង សក់កណ្តាញ់ ស្លៀកដណ្តប់ស្បែកខា្ល ផ្ទំផ្ទាល់ផែនដី នមស្តារភើ្លង ។ ពួកឈើដែលមើលទៅឃើញនុ៎ះ ជាឈើមានពណ៌ខៀវ ទ្រទ្រង់ផែ្លផ្សេង ៗ ខ្ពស់ មានចុងសើ្មនឹងពពក មានពណ៌ខៀវដូចភ្នំផ្កាអញ្ជ័ន គឺដើមត្របែកព្រៃ ត្រចៀកប្រើស គគីរ រាំងភ្នំ ពង្រ និងជ្រៃ ញ័រទ្រេតទ្រោតដោយខ្យល់ ដូចពួកមាណពទើបផឹក (សុរា) ម្តង ។ (សំឡេងរបស់ពួកសត្វសា្លបផ្សេងៗ) លើមែកឈើទាំងឡាយ លាន់ឮដូចចម្រៀង (ទិព្វ) ពួកសត្វប៉ោលតោក សត្វតារ៉ៅ នាំគ្នាហើរឆ្វៀលឆ្វាត់អំពីដើមឈើមួយ ទៅកាន់ដើមឈើមួយ ។ អស់ទាំងមែកឈើមានស្លឹក ដែលត្រូវខ្យល់បក់មក ក៏ហាក់ដូចជាដង្ហោយហៅជនដែលកំពុងដើរ ដូចជាត្រេកអរនឹងជនដែលមកដល់ រីករាយនឹងជនដែលនៅអាស្រ័យ ។ (អ្នកនឹងឃើញសម្បត្តិនៃអាស្រមបទ) ក្នុងអាស្រមដែលព្រះបាទវេស្សន្តរសេ្តចគង់នៅ ជាមួយព្រះរាជបុត្រ និងព្រះទេពី ព្រះអង្គទ្រទ្រង់ភេទបព្វជិតដ៏ប្រសើរ មានទំពក់ និងវែកសម្រាប់បូជាភើ្លង និងសក់កណ្តាញ់ ស្លៀកដណ្តប់ស្បែកខ្លា ផ្ទំផ្ទាល់ផែនដី នមសា្តរភើ្លង ។ មានផ្កាទន្លាជ្រុះរោយរាយ ដេរដាសលើភូមិភាគជាទីត្រេកអរនៃចិត្ត ទាំងផៃ្ទផែនដី ក៏មានពណ៌ខៀវស្រងាត់ ដោយសៅ្មចិញ្ចៀន ឥតមានធូលីហុយក្នុងទីនោះឡើយ ។ ទាំងសៅ្មសោត ក៏មានពណ៌ដូចជាផ្នួត កនៃក្ងោក មានឧបមាសើ្មដោយសម្ផស្សនៃសំឡី មិនហួសអំពី ៤ ធ្នាប់ដោយជុំវិញ ។ មានស្វាយ ព្រីង ក្វិដ្ឋ ល្វា មានផៃ្លទុំក្នុងទីទាប ព្រៃនោះសម្រាប់ញុំាងតម្រេកឲ្យចម្រើន ដោយពួកឈើសម្រាប់បរិភោគ ទឹកស្អាត មានក្លិនក្រអូប មានសម្បុរប្រហែលគា្ននឹងពណ៌នៃកែវពៃទូរ្យ កុះករដោយហ្វូងត្រី រមែងហូរទៅក្នុងព្រៃនោះ ។ ក្នុងទីជិតនៃអាស្រមបទនោះ មានស្រះបោក្ខរណី ដ៏ដេរដាសដោយឈូក និងឧប្បលក្នុងភូមិភាគជាទីត្រេកអរនៃចិត្ត ដូចជាក្នុងនន្ទនវ័ននៃពួកទេវតា ។ ម្នាលព្រាហ្មណ៍ ក្នុងស្រះនោះសឹងឆ្លូកឆ្លាស់ដោយឧប្បលជាតបី (នេះ) គឺឧប្បលខៀវ ឧប្បល ស និងឧប្បលក្រហម ។

[៣១៧] ក្នុងស្រះនោះ (ស) ដូចជាសំពត់សម្បកឈើ ស្រះនោះឈោ្មះថា មុចលិន្ទស្រះ ដេរដាសដោយព្រលិត និងស្គន្ធទាំងឡាយផង ដោយត្រកួនទាំងឡាយផង ។ មួយទៀត ពួកផ្កាឈូកក្នុងស្រះនោះ រីកស្គុះស្គាយ ឃើញហាក់ដូចជាគ្មានទីបំផុត ខ្លះក៏រីកក្នុងគិម្ហរដូវ ខ្លះរីកក្នុងហេមន្តរដូវ ឋិតនៅក្នុងទឹកត្រឹមជង្គង់ ។ ផៃ្ទទឹកនោះសឹងវិចិត្រល្អ ដ៏ដេរដាសដោយផ្កា មានក្លិនក្រអូបឈ្ងុយឈ្ងប់បក់ផ្សាយទៅ ពួកមេឃ្មុំ កន្លង់ទ្រហឹងអឹងកងជុំវិញ ព្រោះកិ្លនផ្កា ។

[៣១៨] មា្នលព្រាហ្មណ៍ មួយទៀត មានពួកដើមឈើ គឺក្ទម្ព ច្រនៀង និងរលួសផ្អុង មានផ្ការីកស្គុះស្គាយ ដុះក្បែរមាត់ទឹកមុចលិន្ទស្រះនុ៎ះ ។ មានទាំងដើមព្រូស ជន្លូស ស្វាត ខ្ទឹង មានផ្ការីកអមសងខាងមុចលិន្ទស្រះ ។ មានពួកជីរខៅ្ម ជីរ-ស ឈូកត្រាញ់ គណ្ឌីស គណ្ឌីខៅ្ម ធ្នង់ បញ្ចេញផា្កក្បែរមុចលិន្ទស្រះនុ៎ះ មានក្លិនក្រអូបបក់ផ្សាយទៅ ។ មានពួកដើមសុក្រំ ដកពរ ពពូលថ្ម ម្រុំ មានផ្ការីក ពួកដើមកេតកៈ កណិការ ច្បាទេស មានផ្ការីក ។ ពួកថ្ងាន់ស ថ្ងាន់ខ្មៅ ជន្លាត់ដៃ មានផា្ករីក មានត្រួយរីកល្អ ដុះនៅច្រាលរនា្ទលដូចជាផ្កាចារ ។ ពួកដើមសត្បា-ស សត្បាខ្មៅ ដើមចេកមាស ដើមដកគាំ (ព្រៃនោះរុងរឿង) ដោយផា្កទឹកដោះខ្លា និងគន្ទាផង ដោយផា្កធ្នង់ និងទន្លាផង ។ ដើមដកខិម រកា អំពៅព្រៃ អង្គាសដី ក្រឹសា្ន គ្រញូង កោដ្ឋ-ស កោដ្ឋខៅ្ម មានផា្ករីក ។ ព្រឹក្សា (ទាំងនោះ) ទោះខ្ចី សឹងមានដើមដ៏ត្រង់ មានផា្ករីកក្បែរមុចលិន្ទស្រះនុ៎ះ ដុះនៅទាំងសងខាងអាស្រម (ព័ន្ធព័ទ្ធ) ជុំវិញរោងភើ្លង ។

[៣១៩] មួយទៀត មានទាំងស្លឹកគ្រៃ សណ្តែកបាយ សណ្តែករាជមាសជាច្រើន សារាយ និងកំពីងពួយជាច្រើនដុះក្បែរមាត់ទឹកមុចលិន្ទស្រះនុ៎ះ ។ (ទឹកនោះ) មានច្រាំងជាទំនប់ ត្រូវខ្យល់បក់មក រលកក៏ខ្ចាយខ្ចរឡើង មានពួកមេឃ្មុំ យំដោយសំឡេងដ៏ពីរោះ ហើរឆ្វៀលឆ្វាត់ គុម្ពឈើ មានម្លូភំ្ន ស្លាស្នាប់ ស្លាធំក្នុងទីទំនាប ទៀបមុចលិន្ទស្រះនោះ មានត្រកួនជាច្រើន ។ ម្នាលព្រាហ្មណ៍ ពួកព្រឹក្សាសឹងដ៏ដេរដាសដោយពួកវល្លិឈ្មោះឯឡម្ពកៈដុះនៅ ក្លិនរបស់ផ្កានៃវល្លិទាំងនោះ ដែលគេទ្រទ្រង់អស់ ៧ ថៃ្ង មិនទាន់បាត់ក្រអូបឡើយ ។ ពួកផ្កាដុះនៅក្នុងចំណែកទាំងពីរនៃមុចលិន្ទស្រះ ព្រៃនោះដ៏ដេរដាសដោយពួកផ្កាលំចង់ដ៏រុងរឿង ក្លិនរបស់ផ្កាទាំងនោះ ដែលគេទ្រទ្រង់អស់កន្លះខែ ក៏មិនទាន់បាត់ក្រអូបឡើយ ។ រីឯអញ្ជ័នខៀវ អញ្ជ័ន-ស អញ្ជ័នលឿង មានផ្ការីកស្គុះស្គាយ ព្រៃនោះដ៏ដេរដាសដោយម្លិះរួត ម្លិះលា ។ រីឯព្រៃនោះ ដូចជា (ញុំាងជនដែលមកដល់) ឲ្យរីករាយដោយក្លិនផង ដោយមែកមានផ្កាទាំងឡាយផង ឯពួកកន្លង់មានសូរសព្ទទ្រហឹងអឹងកងជុំវិញព្រោះក្លិនផា្ក ។ ម្នាលព្រាហ្មណ៍ ក្នុងមុចលិន្ទស្រះនោះ មានពួកត្រឡាចបីមុខ គឺមួយពួកផែ្លប៉ុនក្អម ពីរពួកទៀតផែ្លប៉ុនសម្ភោរ ។

[៣២០] មួយទៀត មានសៃ្ពដ៏ច្រើន និងខ្ទឹមសលាយដោយខ្ទឹមក្រហមជាច្រើន ដើមរកាទាំងឡាយ ដុះនៅដូចជាដើមតោ្នត មានទាំងពួកលំចង់ដ៏ច្រើន ដែលគេគប្បីក្តិច ដុះនៅក្បែរមុចលិន្ទស្រះនុ៎ះ ។ មានវលិ្លម្លិះរួត ម្លិះលា ក្លាំពាក់ ឈើឯម ពួកអសោកព្រឹក្ស និងដើមទៀនព្រៃ លៅ្ព វលិ្លផ្តៅឆ្វាំង ។ សៅ្មកន្ទុយដំរី រនោងព្រៃ ដើមខ្ទឹម ដើមម្លិះសឹងដ៏មានផា្ករីកស្គុះស្គាយ វលិ្លចារ មានផា្ករីក ដុះព័ទ្ធព័ន្ធដើមឈើ ។ ពួកឈើនាងនួន មៀនព្រៃ យុថា្ក មានក្លិនដូចជាទឹកឃ្មុំ ម្លិះវលិ្ល ម្លិះប្រក្រតី ច្បា បទុមុត្តរព្រឹក្ស សឹងដ៏រុងរឿងល្អ ។ ពួកច្រនៀង កប្បាសសមុទ្រ កណិការសឹងដ៏មានផា្ករីកស្គុះស្គាយ បា្រកដដូចជាបណា្តញមាស សឹងដ៏រុងរឿងល្អ ដូចជាអណ្តាតភ្លើង ។ ពួកផា្កណា កើតលើគោក និងកើតក្នុងទឹក ពួកផា្កទាំងអស់នោះ ប្រាកដក្នុងមុចលិន្ទស្រះនោះ មុចលិន្ទស្រះទ្រទ្រង់ទឹកច្រើន គួរឲ្យត្រេកអរយ៉ាងនេះឯង ។

[៣២១] មួយទៀត ក្នុងស្រះបោក្ខរណីនោះ មានពួកសត្វដែលត្រាច់ទៅក្នុងទឹកជាច្រើន គឺត្រីឆ្ពិន ត្រីរ៉ស់ ត្រីអណ្តែង ក្រពើ មករ ឆ្លាម ។ មានទាំងផ្លិតឃ្មុំ ឈើឯម ឆ្លាំពូ ប្រយង្គុ សៅ្មក្រវាញជ្រូក សៅ្មមាត់កែ្អក ដើមសត្តបុស្ស សម្បុរលែ្វង ។ ដើមពុំសែន ដើមឫសសាមសិប ក្រឹសា្ន វល្លិជណើ្តរស្វា ឈូកត្រាញ់ ក្រវាន់ កោដ្ឋ ព្រហូត បាយម៉ាត ។ ពួករមៀត ហរតាន យ៉ាងណា ហិរិវេរព្រឹក គ្រើល សម៉ពិភេទក៍ ប្រោស កប្បូរ រង្គក្រហម ។

[៣២២] មួយទៀត ក្បែរស្រះបោក្ខរណីនោះ មានពួករាជសីហ៍ ខ្លាធំ យក្ខិនី មានមុខដូចជាមុខមេសេះ ដំរី ទ្រាយ ស្វាន រមាំង សរភម្រឹគ ។ ហ្វូងចចក ទន្សាយ ឆ្មាបា ឆ្កែព្រៃ មានសម្បុរដូចជាផ្កាបបុស ចាមរី ទោច ឈ្លូស ស្វាព្រាម ស្វាក្រិស ស្វាខោល ។ ទន្សោង ខ្ទីង ខ្លាឃ្មុំ គោព្រៃជាច្រើន ហ្វូងរមាស ជ្រូកព្រៃ ស្កា កងែ្ហនដោយច្រើន ក្បែរមុចលិន្ទស្រះនុ៎ះ ។ មានទាំងហ្វូងក្របី ឆែ្កព្រៃ ចចក មានស្នាប់ឫស្សីធំព័ន្ធព័ទ្ធជុំវិញអាស្រមបទ ទន្សង បចលាកម្រឹគ វិចិត្តម្រឹគ ខ្លាដំបង ។ ហ្វូងទន្សាយ ត្មាត កេសរសីហៈ កោកនិសាតកម្រឹគ សរភៈ ក្ងោក ក្ងាន អាអូតភើ្លង ។ ពួកមាន់ទឹក មាន់ព្រៃ ដំរី ស្រែកយំឆើ្លយឆ្លងរកគា្នទៅវិញទៅមក ពួកកុកសាប់ កុកក្រក ប៉ោលតោក ត្រដេវវិច ក្រៀល រនាល ។ ពួកខ្លែង ប្រមង់ ចង្កៀលខ្យង ចាបស្រុក ចចាត ទទា ខែ្វក អាអូត ។ ពួកចចាតធំ ច្រឡៃ ក្រួច ទទា ចាបស្រុក ចាបព្រៃ សាលិកាកែវគោ គ្រលីងគ្រលោង ។ ពួកករវិកផង ត្រចៀកកាំផង មៀមផង អកផង (មុចលិន្ទស្រះនោះ) កុះករដោយហ្វូងបក្សីផ្សេងៗ ជាទីទ្រហឹងអឹងកងដោយសំឡេងផ្សេងៗ ។

[៣២៣] មួយទៀត ក្បែរមុចលិន្ទស្រះនុ៎ះ មានសត្វស្លាបទាំងឡាយ គឺពួកសាលិកាកែវ មានសម្លេងពីរោះ ស្រែកយំឆ្លើយឆ្លងរកគា្នទៅវិញទៅមក រីករាយជាមួយនឹងញី (របស់ខ្លួន) ។ មួយទៀត ក្បែរមុចលិន្ទស្រះនុ៎ះ មានពួកសត្វស្លាបកើតពីរដង មានសំឡេងពីរោះ មានរង្វង់ភ្នែកល្អ កើតក្នុងពង មានសា្លបដ៏វិចិត្រ ។ មួយទៀត ក្បែរមុចលិន្ទស្រះនុ៎ះ មានពួកបក្សីមានសំឡេងពីរោះ គឺកោ្ងកមានកខៀវ ស្រែកយំឆ្លើយឆ្លងគា្នទៅវិញទៅមក ។ អាអូតភើ្លង មាន់ព្រៃ កោដ្ឋ បក្សីពព្លាក់ ត្រចៀកកាំសមុទ្រ ខ្លែងជ្រក បក្សីប្រវឹក សេក និងសាលិកា ។ មួយទៀត ក្បែរមុចលិន្ទស្រះនុ៎ះ មានពួកហង្សច្រើន មានសម្បុរលឿង ក្រហម ស សត្វហតិ្ថលិង្គ សម្បកត្រពាំង ប្រវឹក សេក និងតាវ៉ៅ ។ ពួកអង្កត់ខៅ្ម អង្កត់ស ហង្ស រអាដ ក្លែងស្រាក ចាកហង្ស កុកគ្រោង ប៉ោលគោក ចាបស្រុក ។ ហ្វូងព្រាប គ្រលែងវែក ចាក្រពាក កែ្អកទឹក វារណបក្សី មានសំឡេងគួរឲ្យត្រេកអរ ស្រែកយំហៅគា្នក្នុងកាលទាំងពីរ គឺព្រឹកល្ងាច មួយទៀត ក្បែរមុចលិន្ទស្រះនុ៎ះ មានពួកសត្វសា្លបកើតពីរដង មានសម្បុរផ្សេងៗជាច្រើន ស្រែកយំឆ្លើយឆ្លងគា្នទៅវិញទៅមក រីករាយជាមួយនឹងញី ។ មួយទៀត ក្បែរមុចលិន្ទស្រះនុ៎ះ មានពួកសត្វសា្លបមានកំណើតពីរដង មានសម្បុរផ្សេងៗជាច្រើន សុទ្ធតែមានសំឡេងពីរោះ ស្រែកស័ព្ទស៊ានត្រង់ឆ្នេរទាំងសងខាងមុចលិន្ទស្រះ ។ មួយទៀត ក្បែរមុចលិន្ទស្រះនុ៎ះ មានពួកករវិក សត្វទាំងនោះមានកំណើតពីរដង រមែងស្រែកហៅគ្នា រីករាយជាមួយនឹងញី ។ មួយទៀត ក្បែរមុចលិន្ទស្រះនុ៎ះ មានពួកករវិក សត្វទាំងនោះមានកំណើតពីរដង សុទ្ធតែមានសំឡេងដ៏ពីរោះ ស្រែកស័ព្ទស៊ានត្រង់ឆ្នេរទាំងសងខាងមុចលិន្ទស្រះ ។ ព្រៃ (ជិតស្រះបោក្ខរណីនោះ) ដែលពួកដំរីអាស្រ័យនៅហើយ សឹងដ៏កុះករដោយទ្រាយ សា្វន ទាំងដេរដាសដោយពួកវល្លិផ្សេងៗ ដែលពួកសត្វឈ្មុសអាស្រ័យនៅហើយ ។ មួយយ៉ាងទៀត ក្បែរមុចលិន្ទស្រះនុ៎ះ មានស្រងែច្រើន ស្កួយច្រើន ពោតច្រើន ស្រូវសាលីដុះឯង មិនបាច់មានអ្នកណាភ្ជួររាស់ដាំឡើយ ទាំងអំពៅសោត ក៏មានច្រើន ដុះក្បែរមុចលិន្ទស្រះនុ៎ះ ។ ផ្លូវដើរនេះចុះតែជើងមួយ បុគ្គលដើរទៅត្រង់អាស្រម ដល់ទៅទីនោះហើយ ក៏មិនបានសម្រេក គំលាន និងសេចក្តីអផ្សុកឡើយ ។ ជាអាស្រមដែលព្រះបាទវេស្សន្តរគង់នៅ ព្រមទាំងព្រះរាជបុត្រ និងព្រះរាជទេពី ព្រះអង្គទ្រទ្រង់ភេទបុព្វជិតដ៏ប្រសើរ មានទំពក់ និងវែកសម្រាប់បូជាភ្លើង និងសក់កណ្តាញ់ ទ្រង់ស្បែកខ្លា ផ្ទំផ្ទាល់ផែនដី នមស្ការភ្លើង ។

[៣២៤] (អភិសម្ពុទ្ធគាថា) ជូជកជាផៅពង្សនៃព្រហ្ម ឮពាក្យនេះហើយ ក៏ធ្វើប្រទក្សិណឥសី មានចិត្តត្រេកអរ ក៏ដើរចេញទៅសំដៅទៅអាស្រមដែលព្រះបាទវេស្សន្តរគង់នៅ ។

ចប់ មហាវនវណ្ណនា ។

[៣២៥] (ព្រះវេស្សន្តរ…) ហៃបាជាលី អ្នកចូរក្រោកឈរឡើង (ដំណើរមករបស់ស្មូម) ប្រាកដដូចជាដំណើរមកអំពីមុន ៗ បិតាមើលទៅឃើញដូចជាព្រាហ្មណ៍ សេចក្តីរីករាយក៏មកស្រោចស្រពលើបិតា ។

[៣២៦] (ជាលីកុមារ…) បពិត្រព្រះវរបិតា ខ្ញុំរមិលមើលទៅឃើញប្រាកដដូចជាព្រាហ្មណ៍ ដូចជាមានអ្នកដំណើរមក និងជាភ្ញៀវរបស់យើង ។

[៣២៧] (ជូជក…) ព្រះអង្គបានសេចក្តីសុខសប្បាយទេឬ ព្រះអង្គមិនមានរោគាពាធទេឬ ព្រះអង្គចិញ្ចឹមជីវិតដោយការស្វែងរក (ស្រួល) ទេឬ មើមឈើ និងផ្លែឈើមានច្រើនឬ ។ ពួករបោម មូស ពស់ មានតិចទេឬ ក្នុងព្រៃដ៏កុះករដោយម្រឹគយង់ឃ្នង មិនមានការបៀតបៀនព្រះអង្គទេឬ ។

[៣២៨] (ព្រះពោធិសត្វ…) ម្នាលព្រាហ្មណ៍ យើងបានសេចក្តីសុខសប្បាយទេ ម្នាលព្រាហ្មណ៍ មួយទៀត យើងមិនមានរោគាពាធទេ យើងចិញ្ចឹមជីវិតដោយការស្វែងរកស្រួលទេ ទាំងមើមឈើ និងផ្លែឈើ ក៏មានច្រើនដែរ ។ មួយវិញទៀត ពួករបោម មូស ពស់ ក៏មានតិចទេ ក្នុងព្រៃដ៏កុះករដោយម្រឹគយង់ឃ្នង មិនមានការបៀតបៀនយើងទេ ។ យើងនៅក្នុងព្រៃអស់ ៧ ខែហើយ រស់នៅទាំងទុក្ខសោក ទើបតែនឹងបានឃើញព្រាហ្មណ៍ឯងជាដំបូងមានភេទដ៏ប្រសើរ កាន់ឈើច្រត់មានសម្បុរដូចផ្លែភ្នៅទុំ មានវែកសម្រាប់បូជាភ្លើង និងកុណ្ឌី ។ ហៃមហាព្រាហ្មណ៍ អ្នកមកល្អហើយ មួយទៀត អ្នកមិនមែនមកអាក្រក់ទេ អ្នកចូរចូលមកខាងក្នុង សេចក្តីចម្រើន (ចូរមាន) ដល់អ្នក អ្នកចូរលាងជើងរបស់អ្នក ។ ម្នាលព្រាហ្មណ៍ អ្នកចូរបរិភោគផ្លែឈើដ៏ឆ្ងាញ់ពិសាដូចទឹកឃ្មុំ គឺផ្លែទន្លាប់ ផ្លែទ្រយឹង ផ្លែមាក់ប្រាង ផ្លែមាក់ដោក ។ ទឹកដ៏ត្រជាក់នេះឯង ដែលដងមកអំពីជ្រោះភ្នំ ម្នាលមហាព្រាហ្មណ៍ បើអ្នកប្រាថ្នាចង់ផឹក ចូរដងយកអំពីរោងទឹកនោះ ហើយផឹកចុះ ។ អ្នកមកដល់ព្រៃធំដោយហេតុដូចម្តេច ដោយបច្ច័យដូចម្តេច យើងសួរហើយ អ្នកចូរប្រាប់ហេតុនោះ ។

[៣២៩] (ជូជក…) ផ្លូវទឹក (មានទន្លេ និងស្ទឹងជាដើម) ដ៏ពេញប្រៀបមិនចេះអស់ទៅសព្វកាល យ៉ាងណាមិញ ទូលព្រះបង្គំជាខ្ញុំមកដើម្បីសូមទានព្រះអង្គ ទូលព្រះបង្គំជាខ្ញុំសូមហើយ សូមប្រទានព្រះរាជបុត្រទាំងពីរ ក៏យ៉ាងនោះដែរ ។

[៣៣០] (ព្រះមហាសត្វ…) ម្នាលព្រាហ្មណ៍ យើងឲ្យ យើងមិនរួញរាទេ អ្នកជាម្ចាស់ (នៃពួកបុត្ររបស់យើង) ចូរនាំយកទៅចុះ រាជបុត្រី (ជាមាតានៃបុត្រទាំងពីរនុ៎ះ) បានចេញទៅរកផលានុផលអំពីព្រឹក នាងនឹងត្រឡប់មកអំពីការស្វែងរក ក្នុងវេលាល្ងាច ម្នាលព្រាហ្មណ៍ អ្នកចូរឈប់សម្រាកបានមួយយប់សិន លុះព្រឹកឡើង សឹមទៅចុះ ។ ម្នាលព្រាហ្មណ៍ អ្នកឈប់សម្រាកបានមួយយប់ លុះព្រឹកឡើង (សឹមនាំយក) កុមារទាំងពីរនោះ ដែលមាតានោះដុសក្បាលហើយ ប្រដាប់ដោយផ្កាកម្រង ហើយទៅចុះ ។ ម្នាលព្រាហ្មណ៍ អ្នកចូរនាំយក (កុមារទាំងពីរនោះ) ដែលពាក់ដោយផ្កាផ្សេង ៗ ស្អិតស្អាងដោយគ្រឿងក្រអូបផ្សេង ៗ សម្បូរដោយមើមឈើ និងផ្លែឈើផ្សេង ៗ ហើយទៅចុះ ។

[៣៣១] (ជូជក…) បពិត្រព្រះអង្គប្រសើរក្នុងរថ ទូលព្រះបង្គំមិនគាប់ចិត្តនឹងការនៅទេ គាប់ចិត្តតែនឹងការទៅ ក្រែងអន្តរាយមានដល់ទូលព្រះបង្គំ ឯទូលព្រះបង្គំ នឹងទៅខានពុំបាន ។ ធម្មតាពួកស្រីនោះ មិនមែនជាអ្នកគួរដល់ស្មូមទេ តែងធ្វើសេចក្តីអន្តរាយ ពួកស្រីរមែងចេះកិច្ចកលមាយា តែងកាន់យកកិច្ចការទាំងពួងដោយខាងឆ្វេង ។ បពិត្រព្រះអង្គប្រសើរក្នុងរថ កាលបើព្រះអង្គប្រទានដោយសទ្ធា សូមកុំឲ្យទូលព្រះបង្គំជាខ្ញុំ ជួបនឹងព្រះមាតា (របស់កុមារទាំងនោះឡើយ) ក្រែងព្រះនាងនោះធ្វើសេចក្តីអន្តរាយ ទូលព្រះបង្គំនឹងទៅខានពុំបាន ។ សូមព្រះអង្គត្រាស់ហៅបុត្រទាំងគូរបស់ព្រះអង្គមក កុំឲ្យបុត្រទាំងនោះបានឃើញព្រះមាតាឡើយ កាលបើព្រះអង្គប្រទានដោយសទ្ធា បុណ្យតែងចម្រើនលូតលាស់យ៉ាងនេះ សូមព្រះអង្គត្រាស់ហៅបុត្រទាំងគូរបស់ព្រះអង្គមក កុំឲ្យបុត្រទាំងនោះបានឃើញព្រះមាតាឡើយ បពិត្រព្រះរាជា លុះព្រះអង្គប្រទានព្រះរាជទ្រព្យ ដល់បុគ្គលបា្រកដដូចជាខ្ញុំហើយ ព្រះអង្គនឹងយាងទៅកាន់ឋានសួគ៌ ។

[៣៣២] (ព្រះវេស្សន្តរ…) បើអ្នកមិនបា្រថ្នាចង់ជួបនឹងភរិយារបស់យើងដែលជាស្រ្តីមានវ័តក្នុងស្វាមីទេ អ្នកចូរឲ្យកុមារទាំងពីរ គឺជាលី និងកណ្ហាជិនានេះ ដល់ព្រះអយ្យកោចុះ ។ ព្រះអយ្យកោនោះ ទ្រង់ទតឃើញកុមារទាំងនេះដែលមានសំដីពីរោះ និយាយពាក្យជាទីស្រឡាញ់ ហើយទ្រង់សប្បាយរីករាយត្រេកអរ នឹងប្រទានទ្រព្យច្រើនដល់អ្នក ។

[៣៣៣] (ជូជក…) បពិត្រព្រះរាជបុត្រ សូមព្រះអង្គទ្រង់ព្រះសណ្តាប់ (ពាក្យ) របស់ទូលព្រះបង្គំ ទូលព្រះបង្គំខ្លាចក្រែងព្រះអយ្យកោដណ្តើមយក (ព្រះរាជកុមារ) ព្រះអយ្យកោនឹងប្រទានទូលព្រះបង្គំ (ដល់ពួកអាមាត្យ) ដើម្បីព្រះរាជទណ្ឌ ឬលក់ពិន័យ ពុំនោះសោត នឹងសំឡាប់ពុំខាន ទូលព្រះបង្គំមុខជានឹងដាច់ចាកទ្រព្យផង ចាកពួកទាសៈផង ត្រូវនាងព្រាហ្មណីតិះដៀលផង ។

[៣៣៤] (ព្រះវេស្សន្តរ…) ព្រះមហារាជទ្រង់ឋិតនៅក្នុងធម៌ ញ៉ាំងពួកអ្នកសិវិរាស្រ្តឲ្យចម្រើន ទ្រង់ទតឃើញកុមារទាំងនេះដែលមានសំដីពីរោះ និយាយពាក្យជាទីស្រឡាញ់ ទ្រង់បានបីតិ និងសោមនស្ស នឹងព្រះរាជទានព្រះរាជទ្រព្យជាច្រើនដល់អ្នក ។

[៣៣៥] (ជូជក…) ទូលព្រះបង្គំមិនធ្វើតាមព្រះបន្ទូលដែលទ្រង់បង្គាប់នោះទេ ទូលព្រះបង្គំសូមនាំយកទារកទាំងពីរទៅឲ្យបំរើនាងព្រាហ្មណី ។

[៣៣៦] (អភិសម្ពុទ្ធគាថា) លំដាប់នោះ ព្រះរាជកុមារទាំងពីរ គឺជាលី និងកណ្ហាជិនា លុះឮសំដីព្រាហ្មណ៍ឈ្លានពានហើយ ក៏តក់ស្លុត នាំគ្នាស្ទុះរត់ទៅតាមទីនោះៗ ។

[៣៣៧] (ព្រះមហាសត្វ…) ហៃបា ជាកូនស្ងួនសម្លាញ់ កូនចូរមកអាយ ចូរបំពេញបារមីរបស់បិតា កូនចូរស្រោចស្រពហ្ឫទ័យរបស់បិតា កូនចូរធ្វើតាមពាក្យរបស់បិតា ។ កូនចូរដូចជាយាននាវារបស់បិតាឲ្យនឹងថ្កល់ក្នុងសាគរ គឺភព បិតានឹងឆ្លងចាកត្រើយ គឺជាតិ និងចម្លងមនុស្ស ព្រមទាំងទេវតា (ទៅកាន់ត្រើយ គឺព្រះនិព្វាន) ។ ហៃធីតាស្ងួនសម្លាញ់ (ឪពុក) នាងចូរមក ព្រោះទានបារមី ជាសម្លាញ់របស់បិតា នាងចូរស្រោចស្រពហ្ឫទ័យរបស់បិតា ចូរធ្វើតាមពាក្យរបស់បិតា ។ នាងចូរដូចជាយាននាវារបស់បិតាឲ្យនឹងថ្កល់ក្នុងសាគរ គឺភព បិតានឹងឆ្លងចាកត្រើយ គឺជាតិ និងចម្លងពួកមនុស្ស ព្រមទាំងទេវតា ។

[៣៣៨] (អភិសម្ពុទ្ធគាថា) លំដាប់នោះ ព្រះបរមពោធិសត្វ ញ៉ាំងពួកអ្នកសិវិរាស្រ្តឲ្យចម្រើន ទ្រង់នាំយកកុមារទាំងពីរ គឺជាលី និងកណ្ហាជិនាហើយ ទ្រង់ប្រទានដល់ព្រាហ្មណ៍ ។ ក្នុងលំដាប់នោះ ព្រះរាជាទ្រង់មានព្រះហ្ឫទ័យរីករាយ នាំយកកុមារទាំងពីរ គឺជាលី និងកណ្ហាជិនា ជាបុត្រឲ្យជាទានដ៏ឧត្តមដល់ព្រាហ្មណ៍ ។ ហេតុដែលគួរឲ្យស្ញប់ស្ញែង ក៏កើតមានក្នុងកាលនោះ សេចក្តីព្រឺព្រួចរោម ក៏កើតមានក្នុងកាលនោះ កាលដែលព្រះរាជាបានប្រទានកុមារទាំងពីរហើយ ផែនដីក៏កំរើកញាប់ញ័រ ។ ហេតុដែលគួរឲ្យស្ញប់ស្ញែង ក៏កើតមានក្នុងកាលនោះ សេចក្តីព្រឺព្រួចរោម ក៏កើតមានក្នុងកាលនោះ ព្រោះព្រះរាជា ញ៉ាំងពួកអ្នកសិវិរាស្រ្តឲ្យចម្រើន ទ្រង់ផ្គងអពា្ជលី បានប្រទានកុមារទាំងពីរដ៏ចម្រើនដោយសេចក្តីសុខ ឲ្យជាទានដល់ព្រាហ្មណ៍ ។

[៣៣៩] លំដាប់នោះ ព្រាហ្មណ៍ជាអ្នកល្មោភនោះ បានខាំកាត់វល្លិដោយធ្មេញទាំងឡាយ ហើយចងដៃទាំងឡាយដោយវល្លិ ហើយយកវល្លិវាយបណ្តីរ ។ លំដាប់តពីនោះមក ព្រាហ្មណ៍នោះកាន់ខ្សែផង កាន់ឈើច្រត់ផង វាយកុមារទាំងពីរនោះ នាំបណ្តើរទៅ (ក្នុងទី) ចំពោះព្រះភក្រ្តនៃព្រះបាទសិវិ (វេស្សន្តរ) ។

[៣៤០] ក្នុងកាលដែលព្រាហ្មណ៍នាំទៅនោះ កុមារទាំងពីរបានរបូតរួច (អំពីចំណង) នៃព្រាហ្មណ៍ ហើយរត់ចៀសចេញទៅ កុមារនោះមាននេត្រាទាំងពីរដ៏ពោរពេញដោយទឹកភ្នែក ងើបមើលព្រះបិតា ។ កុមារក៏ញាប់ញ័រចំប្រប់ ដូចជាស្លឹកពោធិ៍ ថ្វាយបង្គំព្រះបាទទាំងគូរបស់ព្រះបិតា លុះថ្វាយបង្គំព្រះបាទទាំងគូរបស់ព្រះបិតាហើយ បានពោលពាក្យនេះថា បពិត្រព្រះបិតា ព្រះមាតាចេញទៅព្រៃហើយ បពិត្រព្រះបិតា ឯព្រះអង្គប្រទានយើងខ្ញុំ បពិត្រព្រះបិតា ចាំយើងខ្ញុំជួបនឹងព្រះមាតាសិន សឹមព្រះអង្គប្រទានយើងខ្ញុំ ។ បពិត្រព្រះបិតា ព្រះមាតាចេញទៅព្រៃហើយ បពិត្រព្រះបិតា ឯព្រះអង្គប្រទានយើងខ្ញុំ បពិត្រព្រះបិតា ព្រះអង្គកុំអាលប្រទានយើងខ្ញុំឡើយ រង់ចាំព្រះមាតារបស់យើងខ្ញុំត្រឡប់មកសិន ។ ក្នុងពេលនោះ ព្រាហ្មណ៍នេះចង់លក់ ឬចង់សំឡាប់ ក៏តាមប្រាថ្នាចុះ (ជូជកព្រាហ្មណ៍នេះ) មានជើងត្រប៉ាត ក្រចកស្អុយ មួយទៀត មានដុំសាច់យូរយារ បបូរមាត់ខាងលើវែង មានទឹកមាត់ហៀរ ចេញធ្មេញស្ញេញ (ដូចខ្នាយជ្រូក) ច្រមុះបាក់ ។ មានពោះធំកំប៉ោង ខ្នងកោង ភ្នែកស្រលៀង ពុកមាត់ ពុកចង្កាក្រហម សក់លឿង ស្បែកជ្រួញជ្រីវ រទុះដោយអាចម៍រុយ ។ មានភ្នែកលៀនខ្លោត (ដូចភ្នែកឆ្មា) ចង្កេះ ខ្នង ក វៀច សន្លាក់ឆ្អឹងលាន់ឮប្រស ៗ ធំដំបង ឈ្លានពាន ទុកជាស្លៀកដណ្តប់ស្បែកខ្លា ក៏ដូចជាអមនុស្សគួរស្បើម ។ បពិត្រព្រះបិតា (ព្រាហ្មណ៍នេះ) ជាមនុស្ស ឬជាយក្ស ជាអ្នកស៊ីសាច់ និងឈាម ចេញអំពីស្រុកមកកាន់ព្រៃ សូមទ្រព្យ គឺកូននឹងព្រះបិតាទេដឹង ។ បពិត្រព្រះបិតា យើងខ្ញុំត្រូវបិសាចកំពុងនាំទៅ ព្រះបិតាទ្រង់ទតឃើញឬទេ ព្រះហ្ឫទ័យរបស់ព្រះបិតា (ធ្ងន់ដូចថ្ម) ឬដូចជាចំណងដែកដ៏មាំ ព្រះអង្គមិនជ្រាបយើងខ្ញុំដែលព្រាហ្មណ៍ជាអ្នកស្វែងរកទ្រព្យ ល្មោភហួសប្រមាណ ចាប់ចងហើយវាយយើងខ្ញុំដូចជាគេវាយគោ ។ នាងកណ្ហាជិនា ចូរនៅក្នុងទីនេះចុះ ដ្បិតនាងមិនទាន់ដឹងក្តីនៅឡើយ រមែងកន្ទក់កន្ទញ ដូចជាកូនម្រឹគនៅបៅដោះ ហើយព្រាត់ប្រាសចាកហ្វូង ។

[៣៤១] ទុក្ខដូច្នោះនេះ មិនមែនជាទុក្ខដល់អញទេ  ព្រោះទុក្ខនេះ  បុរស (ដែលរង្គាត់ទៅក្នុងភព) ត្រូវបាន អញមិនឃើញព្រះមាតាណា  ការមិនឃើញព្រះមាតានោះ ជាសេចក្តីទុក្ខក្រៃលែងរបស់អញជាងសេចក្តីទុក្ខ ដែលព្រាហ្មណ៍វាយដំនេះទៅទៀត ។ ទុក្ខដូច្នោះនេះ  មិនមែនជាទុក្ខដល់អញទេ ព្រោះទុក្ខនេះ បុរសត្រូវបាន អញមិនឃើញព្រះមាតាណា ការមិនឃើញព្រះមាតានោះ ជាសេចក្តីទុក្ខក្រៃលែងរបស់អញជាងសេចក្តីទុក្ខដែលព្រាហ្មណ៍វាយដំនេះទៅទៀត ។ ព្រះមាតានោះ មនុស្សកំព្រាពិត កាលបើមិនឃើញកុមារីឈ្មោះកណ្ហាជិនា ល្អគួរមើល មុខជានឹងទ្រង់ព្រះកន្សែងអស់កាលយូរ ។ ព្រះបិតានោះ ជាមនុស្សកំព្រាដោយពិត  កាលបើមិនឃើញកុមារីឈ្មោះកណ្ហាជិនា  ល្អគួរមើល មុខជានឹងទ្រង់ព្រះកន្សែងអស់កាលយូរ ។ ព្រះមាតានោះ ជាមនុស្សកំព្រាពិត  កាលបើមិនឃើញកុមារីឈ្មោះកណ្ហាជិនា ល្អគួរមើល មុខជានឹងទ្រង់ព្រះកន្សែងក្នុងអាស្រមអស់កាលយូរ ។ ព្រះបិតានោះ ជាមនុស្សកំព្រាពិត  កាលបើមិនឃើញកុមារីឈ្មោះកណ្ហាជិនា  ល្អគួរមើល មុខជានឹងទ្រង់ព្រះកន្សែងក្នុងអាស្រមអស់កាលយូរ ។ ព្រះមាតានោះ ជាមនុស្សកំព្រាពិត (រឭកពួកយើង) ក្នុងពាក់កណ្តាលអធ្រាត្រ ឬក្នុងរាត្រីទាំងមូល នឹងទ្រង់ព្រះកន្សែងអស់កាលយូរ នឹងរីងស្ងួតដូចស្ទឹង ។ ព្រះបិតានោះ ជាមនុស្សកំព្រាដោយពិត (រឭកពួកយើង) ក្នុងកណ្តាលអធ្រាត្រ ឬក្នុងរាត្រីទាំងមូល នឹងទ្រង់ព្រះកន្សែងអស់កាលយូរ នឹងរីងស្ងួតដូចជាស្ទឹង ។ រុក្ខជាតិផ្សេងៗ ទាំងនេះ គឺដើមព្រីង ឈើទាលខ្សាច់ មានមែកត្រសុំត្រសាយ ថ្ងៃនេះ យើងនឹងបោះបង់ពួករុក្ខជាតិទាំងនោះចោលហើយ ។ ពួកផលជាតិផ្សេងៗទាំងនេះ គឺពោធិ ខ្នុរ ជ្រៃ ក្រសាំង ថ្ងៃនេះយើងនឹងបោះបង់ផលជាតិទាំងនោះចោលហើយ ។ នេះសួនច្បារ  នេះស្ទឹងមានទឹកត្រជាក់  ពីដើម យើងលេងក្នុងទីណា  ថ្ងៃនេះ យើងនឹងបោះបង់ទីទាំងនោះ ។ ពីដើម ពួកយើងទ្រទ្រង់ផ្កាណា ច្រើនយ៉ាង លើភ្នំនេះ ថ្ងៃនេះ យើងនឹងបោះបង់ផ្កាទាំងនោះ ។ ពីដើមពួកយើងបរិភោគផ្លែឈើណាច្រើនយ៉ាង លើភ្នំនេះ ថ្ងៃនេះ យើងនឹងបោះបង់ផ្លែឈើទាំងនោះ ។ នេះរូបដំរី  រូបសេះរបស់យើង  នេះរូបគោរបស់យើង  ពីដើមយើងលេងដោយរូបណា  ថ្ងៃនេះយើងនឹងបោះបង់រូបទាំងនោះ ។

[៣៤២] កុមារទាំងនោះ  កាលជូជកព្រាហ្មណ៍កំពុងនាំទៅ បានពោលនឹងព្រះបិតាដូច្នេះថា បពិត្រព្រះបិតា  សូមព្រះអង្គបា្រប់នូវភាព (របស់យើងខ្ញុំ) ជាបុគ្គលមិនមានរោគ ដល់ព្រះមាតាផង ទាំងព្រះអង្គសោត ក៏សូមឲ្យបានសេចក្តីសុខ ។ នេះរូបដំរី រូបសេះរបស់យើងខ្ញុំ  នេះរូបគោរបស់យើងខ្ញុំ  សូមព្រះអង្គប្រទានរូបទាំងនោះ ដល់ព្រះមាតាៗ នឹងបន្ទោបង់សំណោកព្រោះរូបទាំងនោះ ។ នេះរូបដំរី រូបសេះរបស់យើងខ្ញុំ  នេះរូបគោរបស់យើងខ្ញុំ  ព្រះមាតាកាលបើក្រឡេកឃើញរូបទាំងនោះហើយ នឹងបន្ទោបង់សំណោកចេញបាន ។

[៣៤៣] លំដាប់នោះ ព្រះបាទវេស្សន្តរជាក្សត្រិយ៍ ទ្រង់ដាក់ទានរួចហើយ ក៏យាងចូលទៅកាន់បណ្ណសាលា ហើយខ្សឹកខ្សួលគួរឲ្យអាណោចអាធ័ម ។ (ព្រះមហាសត្វទ្រង់ព្រះពិលាបថា) ក្នុងថ្ងៃនេះ ទារកទាំងពីរមានសេចក្តីស្រេកឃ្លានហើយ យំទារនរណា អ្នកណាហ្ន៎ នឹងឲ្យភោជនដល់ទារកទាំងពីរនោះ ក្នុងកាលជាទីអង្គាស (អាហារ) ក្នុងវេលាល្ងាច ។ ក្នុងថ្ងៃនេះ ទារកទាំងពីរមានសេចក្ដីស្រេកឃ្លាន ហើយយំទារនរណា បពិត្រព្រះមាតា យើងខ្ញុំមានសេចក្តីស្រេកឃ្លានហើយ សូមព្រះមាតាប្រទានភោជនដល់យើងខ្ញុំក្នុងកាលជាទីអង្គាស (អាហារ) ក្នុងវេលាល្ងាច ។ ទារកទាំងពីរដើរទៅដោយជើងទទេ មិនមានស្បែកជើង នឿយហត់ មានជើងទាំងពីរដ៏ពុរពង ទៅកាន់ផ្លូវដូចម្តេចបាន អ្នកណានឹងដឹកដៃទារកទាំងនោះទៅ ។ កោតតែព្រាហ្មណ៍នោះ ហ៊ានវាយកូនទាំងពីររបស់អញជាអ្នកមិនមានកំហុស ក្នុងទីចំពោះមុខ មិនអៀនខ្មាស ព្រាហ្មណ៍នេះ ហៅពេញជាមនុស្សឥតអៀនខ្មាស ។ អ្នកណាមានសេចក្តីអៀនខ្មាស នឹងវាយពួកជនសូម្បីជាខ្ញុំស្រី ខ្ញុំប្រុស ឬថាអ្នកបម្រើដទៃរបស់អញ ដែលលះឲ្យហើយនោះ ។ ព្រាហ្មណ៍ហ៊ានជេរ ហ៊ានវាយដំកូនសម្លាញ់របស់អញដែលកំពុងមើលឃើញ ដូចជាត្រីដែលជាប់នៅក្នុងមាត់លប ។

[៣៤៤] អញនឹងកាន់យកធ្នូ ស្ពាយព្រះខាន់លើស្មាខាងឆ្វេង ហើយនាំយកកូនទាំងពីររបស់ខ្លួនមកវិញឬ ព្រោះថា ការដែលគេវាយដំកូនទាំងពីរ នាំមកនូវសេចក្ដីទុក្ខ ។ កុមារទាំងពីរគប្បីលំបាកដោយហេតុណា ហេតុនុ៎ះមិនមែនជាទីតាំងមានសភាពជាទុក្ខទេ នរណាយល់ធម៌របស់ពួកសប្បុរស ហើយឲ្យទាន រមែងក្តៅក្រហាយរឿយៗ ។

[៣៤៥] (ជាលិកុមារ…) បានឮថា ជនពួកខ្លះក្នុងលោកនេះ បានពោលពាក្យពិតយ៉ាងនេះថា បុគ្គលណាមិនមានមាតាបង្កើត បុគ្គលនោះឈ្មោះថា មិនមានបិតាដូចគ្នាដែរ ។ នែនាងកណ្ហាប្អូន នាងចូរមក យើងមុខជានឹងស្លាប់ យើងមិនមានសេចក្តីត្រូវការដោយជីវិតទេ ដោយយើងត្រូវព្រះជនិន្ទប្រទានដល់ព្រាហ្មណ៍ អ្នកស្វែងរកទ្រព្យ ជាមនុស្សកំណាចលើសលន់ វាយដំយើង ដូចជាគេវាយហ្វូងគោ ។ នែនាងកណ្ហា ពួករុក្ខជាតិផ្សេងៗនេះ គឺដើមព្រីង ឈើទាលខ្សាច់ មានមែកត្រសុំត្រសាយ យើងនឹងបោះបង់រុក្ខជាតិទាំងនោះ នែនាងកណ្ហា ពួកផលជាតិផ្សេង ៗ នេះ គឺពោធិ៍ ខ្នុរ ជ្រៃ ក្រសាំង យើងនឹងបោះបង់ផលជាតិទាំងនោះ ។ ហៃនាងកណ្ហា នេះសួនច្បារ នេះស្ទឹងមានទឹកត្រជាក់ ពីដើម យើងលេងក្នុងទីណា យើងនឹងបោះបង់ទីទាំងនោះ ហៃនាងកណ្ហា ពីដើម យើងទ្រទ្រង់ផ្កាទាំងឡាយណាផ្សេងៗ លើភ្នំនេះ យើងនឹងបោះបង់ផ្កាទាំងនោះ ។ ហៃនាងកណ្ហា ពីដើម យើងបរិភោគផ្លែឈើផ្សេង ៗ ទាំងឡាយណា យើងនឹងបោះបង់ផ្លែឈើទាំងនោះ ។ ហៃនាងកណ្ហា នេះរូបដំរី រូបសេះរបស់យើង នេះរូបគោរបស់យើង ជារូបដែលយើងធ្លាប់លេង យើងនឹងបោះបង់រូបនោះ ។

[៣៤៦] (អភិសម្ពុទ្ធគាថា) កុមារទាំងពីរនោះ គឺជាលី និងកណ្ហាជិនា កាលដែលព្រាហ្មណ៍កំពុងនាំទៅ ក៏របូតចេញ (អំពីចំណង) ហើយនាំគ្នាស្ទុះចូលទៅក្នុងទីនោះ ក្នុងខណៈនោះ ។

[៣៤៧] លំដាប់នោះ ជូជកព្រាហ្មណ៍នោះ កាន់យកខ្សែ និងឈើច្រត់វាយដំកុមារទាំងពីរនោះ ហើយនាំទៅក្នុងទីចំពោះព្រះភក្រ្តនៃព្រះបាទសិវិ (វេស្សន្តរ) ។

[៣៤៨] នាងកណ្ហាជិនាបានពោលនឹងព្រះបិតានោះថា បពិត្រព្រះបិតា ព្រាហ្មណ៍នេះ វាយដំខ្ញុំម្ចាស់ដោយឈើច្រត់ដូចជាទាសីដែលកើតក្នុងផ្ទះ ។ បពិត្រព្រះបិតា នេះមិនមែនជាព្រាហ្មណ៍ទេ ដ្បិតពួកព្រាហ្មណ៍ ជាអ្នកប្រកបដោយធម៌ បពិត្រព្រះបិតា យក្សក្លែងភេទជាព្រាហ្មណ៍ នាំយើងខ្ញុំយកទៅស៊ីទេដឹង បពិត្រព្រះបិតា យើងខ្ញុំត្រូវបិសាចកំពុងនាំទៅ ហេតុអ្វីក៏ព្រះអង្គទ្រង់ទតព្រងើយ ។

[៣៤៩] ជើងទាំងឡាយរបស់យើងខ្ញុំនេះ ក៏សែនលំបាក ផ្លូវសោត ក៏ឆ្ងាយដាច់ស្រយាល លំបាកនឹងដើរទៅណាស់ ព្រះសុរិយាក៏កាន់តែទន់ទាប ជិតអស្តង្គតណាស់ហើយ ព្រាហ្មណ៍ក៏នាំយើងខ្ញុំទៅប្រញាប់ប្រញាល់ ។ យើងខ្ញុំសូមថ្វាយបង្គំនូវពួកភូតដែលនៅអាស្រ័យលើភ្នំ និងព្រៃ សូមថ្វាយបង្គំដោយសិរសានូវពួកទេវតាដែលរក្សាស្រះ និងទេវតាដែលនៅអាស្រ័យក្នុងស្ទឹង មានកំពង់ដ៏ល្អ ។ (យើងខ្ញុំសូមថ្វាយបង្គំ) នូវពួកទេវតាដែលនៅអាស្រ័យលើស្មៅ និងវល្លិ និងឈើឱសធ និងភ្នំ និងព្រៃ សូមទេវតាទាំងឡាយ ទូលព្រះមាតានូវភាពរបស់យើងខ្ញុំជាអ្នកមិនមានរោគ ដ្បិតព្រាហ្មណ៍នេះ កំពុងនាំយកយើងខ្ញុំទៅ ។ សូមពួកលោកដ៏ចម្រើន ទូលដល់ព្រះមទ្រីជាព្រះមាតារបស់យើងខ្ញុំថា បើលោកចង់អញ្ជើញមកតាមយើងខ្ញុំ គប្បីអញ្ជើញមកឲ្យឆាប់ ។ ផ្លូវនេះ ដើរចុះតែជើងមួយ ត្រង់ទៅកាន់អាស្រម ព្រះមាតាគប្បីស្តេចអញ្ជើញមកតាមផ្លូវនោះឯង មុខជានឹងឃើញយើងខ្ញុំភ្លាម ។ បពិត្រព្រះមាតាដ៏មានជដាអើយ ទុក្ខនោះនឹងមានដល់លោក ដែលនាំមើមឈើ និងផ្លែឈើអំពីព្រៃមក ព្រោះឃើញអាស្រមស្ងាត់ជ្រងំ ។ ព្រះមាតាបាន (មើមឈើ និងផ្លែឈើអំពីព្រៃ និងចំណី) ច្រើនដោយការស្វែងរកហួសវេលា មិនជ្រាបយើងខ្ញុំដែលព្រាហ្មណ៍អ្នកស្វែងរកទ្រព្យកំណាចលើសលន់ ចងវាយដំយើងខ្ញុំដូចជាគេវាយហ្វូងគោ ថ្ងៃនេះ យើងខ្ញុំសូមចួបនឹងព្រះមាតា ដែលអញ្ជើញមកអំពីការស្វែងរកផ្លែឈើក្នុងវេលាល្ងាច ។ ព្រះមាតាគប្បីប្រទានផ្លែឈើលាយដោយទឹកឃ្មុំដល់ព្រាហ្មណ៍ៗនេះបានបរិភោគផ្លែឈើនោះឆ្អែតហើយ មុខជាមិនបង្ខំនាំយើងខ្ញុំទៅ ។ កុមារទាំងពីរ មានសេចក្តីជាប់ចិត្តក្នុងព្រះមាតា ពិលាបក្នុងកាលនោះថា ឱហ្ន៎ បាតជើងទាំងឡាយរបស់យើងពុរពងអស់ហើយ ព្រាហ្មណ៍ដឹកនាំយើងទៅប្រញាប់ប្រញាល់ខ្លាំងណាស់ ។

ចប់ ទារកបព្វៈ ។

[៣៥០] (អភិសម្ពុទ្ធគាថា) ពួកទេវតាបានឮពិលាបនៃកុមារទាំងពីរនោះហើយ បានពោលពាក្យនេះថា អ្នកទាំងឡាយ ចូរធ្វើជាម្រឹគសាហាវបីក្នុងព្រៃ គឺសីហៈ ១ ខ្លាធំ ១ ខ្លាដំបង ១ ។ កុំឲ្យព្រះរាជបុត្រីមកអំពីការស្វែងរកផ្លែឈើក្នុងវេលារសៀលឡើយ កុំឲ្យពួកម្រឹគក្នុងព្រៃជាដែនរបស់យើងបៀតបៀនឡើយ ។ ប្រសិនបើសីហៈក្តី ខ្លាធំក្តី ខ្លាដំបងក្តី បៀតបៀននាងមទ្រី ដែលប្រកបដោយលក្ខណានោះហើយ ជាលិកុមារ និងនាងកណ្ហាជិនា នឹងរស់នៅដូចម្តេចបាន នាងមទ្រីដែលប្រកបដោយលក្ខណា នឹងព្រាត់ប្រាសចាកចំណែកទាំងពីរ គឺភស្ដា និងបុត្រទាំងពីរ ។

[៣៥១] (ព្រះនាងមទ្រី…) ជ្រនីកធ្លាក់ចុះ (អំពីដៃ) របស់អញ ភ្នែកស្តាំក៏កម្រើក ទាំងដើមឈើមានផ្លែ ក៏ប្រែជាមិនមានផ្លែ អញវង្វេងទិសទាំងអស់ ។ កាលដែលអញនោះមកកាន់អាស្រមក្នុងវេលាល្ងាច ក្នុងពេលដែលព្រះអាទិត្យអស្តង្គតហើយ ក៏មានពួកម្រឹគសាហាវមកឈររាំងក្នុងផ្លូវ កាលបើព្រះអាទិត្យទៀបអស្តង្គតហើយ អាស្រមក៏នៅឆ្ងាយណាស់ អញនឹងនាំយកមើមឈើ និងផ្លែឈើណាអំពីទីនេះ ដើម្បីជនទាំងនោះ ជនទាំងនោះ គប្បីនាំគ្នាបរិភោគមើមឈើ និងផ្លែឈើនោះជាភោជន ។ ក្សត្រិយ៍នោះ គង់នៅតែមួយអង្គឯង ក្នុងបណ្ណសាលាពិត ម្ល៉េះសមឃើញអាត្មាអញដែលមិនទាន់មកដល់ ក៏ខំលួងលោមទារកទាំងពីរ ដែលមានសេចក្តីស្រេកឃ្លាន ។ កូនតូចទាំងនោះរបស់អញ ជាស្រ្តីកំព្រា កម្សត់ដោយពិត នៅអង្គុយ (ចាំមើលផ្លូវ) ដូចកូនម្រឹគនៅបៅទឹកដោះ ក្នុងវេលាល្ងាច ឬក្នុងវេលាដែលបរិភោគ ។ កូនតូចទាំងនោះរបស់អញ ជាស្រ្តីកំព្រា កម្សត់ដោយពិត នៅអង្គុយ (ចាំមើលផ្លូវ) ដូចកូនម្រឹគបា្រថ្នារកទឹកផឹក ក្នុងវេលាល្ងាច ឬក្នុងវេលាដែលបរិភោគ ។ កូនតូចទាំងនោះរបស់អញ ជាស្រ្តីកំព្រា កម្សត់ដោយពិតនាំគ្នាឈរចាំទទួលអញ ដូចជាពួកកូនគោតូច ឈរចាំទទួលមេ ។ កូនតូចទាំងនោះរបស់អញ ជាស្រ្តីកំព្រា កម្សត់ដោយពិត នាំគ្នាឈរចាំទទួលអញ ដូចជាពួកហង្សឈរនៅលើភក់ ។ កូនតូចទាំងនោះរបស់អញជាស្រ្តីកំព្រា កម្សត់ដោយពិត នាំគ្នាឈរចាំទទួលអញ ក្នុងទីមិនឆ្ងាយអំពីអាស្រម ។ ផ្លូវតែមួយ ចុះបានតែជើងនៃបុគ្គលម្នាក់ ក្បែរខាងផ្លូវ មានស្រះ មានជ្រោះ អញមិនឃើញផ្លូវដទៃសម្រាប់ទៅកាន់អាស្រមបានទេ ។ បពិត្រម្រឹគទាំងឡាយ ខ្ញុំសូមថ្វាយបង្គំលោកទាំងឡាយ ជាស្តេចមានកម្លាំងច្រើនក្នុងព្រៃធំ សូមលោកជាបងប្អូននឹងគ្នាដោយធម៌ លោកទាំងឡាយ កាលបើខ្ញុំអង្វរហើយ ក៏សូមឲ្យផ្លូវដល់ខ្ញុំ ។ ខ្ញុំជាភរិយារបស់ព្រះរាជបុត្រដ៏មានសិរី ដែលគេនិរទេស ខ្ញុំមិនហ៊ានមើលងាយព្រះរាជស្វាមីនោះ ដូចនាងសិតាជាស្រ្តីមានវ័ត មិនហ៊ានមើលងាយព្រះរាម ។ លោកទាំងឡាយ ចូរឃើញបុត្រទាំងឡាយចុះ ចំណែកខ្ញុំ សូមឃើញស្វាមី និងបុត្រទាំងពីរ គឺជាលី និងកណ្ហាជិនា ក្នុងពេលល្ងាច គឺកាលជាទីទទួលចំណី ។ មើមឈើ និងផ្លែឈើនេះសោតក៏ច្រើន ចំណីនេះ មិនមែនតិចទេ ខ្ញុំនឹងបែងចំណីនោះពាក់កណ្តាលជូនលោកទាំងឡាយ កាលបើខ្ញុំអង្វរហើយ សូមឲ្យផ្លូវខ្ញុំ ។ ព្រះមាតារបស់យើង ជាព្រះរាជបុត្រី ព្រះបិតារបស់យើង ជាព្រះរាជបុត្រា លោកទាំងឡាយចូរជាបងប្អូនដោយធម៌ លោកទាំងឡាយ កាលបើខ្ញុំអង្វរហើយ សូមឲ្យផ្លូវខ្ញុំ ។

[៣៥២] (អភិសម្ពុទ្ធគាថា) ពួកម្រឹគសាហាវបានស្តាប់វាចាពីរោះពិសា ជាវាចាប្រកបដោយសេចក្តីករុណាច្រើន របស់នាងមទ្រីនោះ ដែលកំពុងលួងលោមហើយ ក៏នាំគ្នាថយចេញអំពីផ្លូវបាត់ទៅ ។

[៣៥៣] (ព្រះនាងមទ្រី) កូនតូចទាំងពីរប្រឡាក់ដោយអាចម៍ដី រមែងឈរចាំទទួលអញក្នុងប្រទេសនេះ ដូចជាពួកកូនគោឈរចាំទទួលមេ ។ កូនតូចទាំងពីរប្រឡាក់ដោយអាចម៍ដី រមែងឈរចាំទទួលអញក្នុងប្រទេសនេះ ដូចជាពួកហង្ស ឈរនៅលើភក់ ។ កូនតូចទាំងពីរប្រឡាក់ដោយអាចម៍ដី រមែងឈរចាំទទួលអញក្នុងប្រទេសនេះ ក្នុងទីជិតអាស្រម ។ កូនតូចទាំងនោះ ធ្លាប់តែស្ទុះមកព័ទ្ធជុំវិញ មានសេចក្តីត្រេកអររីករាយ នាំគ្នាលោតមក ហាក់ដូចជា (ញ៉ាំងហ្ឫទ័យរបស់មាតា) ឲ្យកំរើក ដូចកូនម្រឹគទាំងឡាយ (ឃើញមេ) ហើយដំឡើងស្លឹកត្រចៀក (អើត ក ចូលទៅជិតមេ រីករាយត្រេកអរ ស្ទុះទៅព័ទ្ធជុំវិញ) ថ្ងៃនេះ អញមិនបានឃើញកូនទាំងពីរ គឺជាលី និងនាងកណ្ហាជិនានោះ ។ អញលះបង់កូនទាំងពីរ ហើយចេញទៅ ដូចមេពពែ ឬមេម្រឹគ លះបង់កូន ដូចមេបក្សីចេញអំពី (សម្បុក) ឬដូចមេសីហៈ ប្រាថ្នាសាច់ (លះបង់កូនរបស់ខ្លួន ដើរចេញទៅរកចំណី) ថ្ងៃនេះ អញមិនបានឃើញកូនទាំងពីរ គឺជាលី និងនាងកណ្ហាជិនានោះ ។ នេះស្នាមជើងនៃកូនទាំងពីរនោះ ដូច (ស្នាមជើង) នៃហ្វូងដំរីក្បែរភ្នំ ពំនូកខ្សាច់ដែលកូនទាំងពីរនាំគ្នាពូន ក៏ខ្ចាត់ខ្ចាយក្នុងទីជិតនៃអាស្រម ថ្ងៃនេះ អញមិនបានឃើញកូនទាំងពីរ គឺជាលី និងនាងកណ្ហាជិនានោះ ។ កូនតូចទាំងពីររោយរាយដោយខ្សាច់ ប្រឡាក់ដោយអាចម៍ដី រមែងស្ទុះមកព័ទ្ធជុំវិញ អញមិនបានឃើញទារកទាំងនោះ ។ កាលពីដើម កូនទាំងពីរណា ទទួលអញដែលមកអំពីព្រៃឆ្ងាយ ថ្ងៃនេះ អញមិនបានឃើញកូនទាំងពីរនោះ គឺជាលី និងនាងកណ្ហាជិនា ។ ទារកទាំងពីរ តែងរមិលមើលផ្លូវអញក្នុងទីឆ្ងាយ ដូចកូនម្រឹគទទួលមេពពែ ឬម្រឹគជាមេ ។ ផ្លែព្នៅលឿងខ្ចី ដែលជ្រុះមកនេះឯង ជាល្បែងរបស់ទារកទាំងនោះ ថ្ងៃនេះ អញមិនបានឃើញកូនទាំងពីរ គឺជាលី និងនាងកណ្ហាជិនានោះ ។ ស្តនរបស់អញទាំងពីរនេះ ពេញ (ដោយទឹកដោះ) ទាំងទ្រូងសោត ក៏ស្ទើតែនឹងធ្លាយ អញមិនបានឃើញកូនទាំងពីរ គឺជាលី និងនាងកណ្ហាជិនានោះ ។ កូនមួយរាវរកផ្លែឈើក្នុងថ្នក់របស់អញ កូនមួយតោងដោះទាំងគូរបស់អញ ថ្ងៃនេះ អញមិនបានឃើញកូនទាំងពីរ គឺជាលី និងនាងកណ្ហាជិនានោះ ។ វេលាថ្ងៃល្ងាច កូនតូចទាំងពីរ ប្រឡាក់ដោយអាចម៍ដី ននៀលលើភ្លៅរបស់អញ អញមិនបានឃើញទារកទាំងនោះ ។ កាលពីដើម អាស្រមនេះ ប្រាកដដល់អញ (ដូចជា) កន្លែងមហោស្រព ថ្ងៃនេះ អាស្រមហាក់ដូចវិលដល់អញ ដែលមិនបានឃើញកូនទាំងនោះ ។ ហេតុដូចម្តេច បានជាអាស្រមនេះ ហាក់ដូចជាស្ងាត់សូន្យឈឹងប្រាកដដល់អញ សូម្បីពួកក្អែកព្រៃ ក៏មិនកញ្រ្ជៀវ ទារកទាំងពីររបស់អញ ប្រាកដជាស្លាប់ហើយ ។ ហេតុដូចម្តេច បានជាអាស្រមនេះហាក់ដូចជាស្ងាត់សូន្យឈឹងប្រាកដដល់អញ សូម្បីពួកសត្វហើរ ក៏មិនកញ្រ្ជៀវ ទារកទាំងពីររបស់អញ ប្រាកដជាស្លាប់ហើយ ។

[៣៥៤] ហេតុនេះដូចម្តេច បានជាព្រះអង្គគង់ស្ងៀម ចិត្តរបស់ខ្ញុំម្ចាស់ហាក់ដូច (យល់សប្តិ) ក្នុងរាត្រី សូម្បីពួកក្អែកព្រៃ ក៏មិនកញ្ជ្រៀវ ទារកទាំងពីររបស់ខ្ញុំម្ចាស់ ប្រាកដជាស្លាប់ហើយ ។ ហេតុដូចម្តេច បានជាព្រះអង្គគង់ស្ងៀម ចិត្តរបស់ខ្ញុំម្ចាស់ ហាក់ដូចជា (យល់សប្តិ) ក្នុងរាត្រី សូម្បីពួកសត្វហើរ ក៏មិនកញ្ជ្រៀវ ទារកទាំងពីររបស់ខ្ញុំម្ចាស់ ប្រាកដជាស្លាប់ហើយ ។ បពិត្រព្រះអយ្យបុត្រ ពួកម្រឹគស៊ីទារកទាំងពីររបស់ខ្ញុំម្ចាស់ហើយទេដឹង ឬនរណានាំយកទារករបស់ខ្ញុំម្ចាស់ទៅក្នុងព្រៃដ៏ស្ងាត់ឥតជាតិជៅ ។ ព្រះអង្គធ្វើទារកទាំងនោះ ឲ្យជាទូត ហើយប្រើទៅឬ ឬក៏ទារកទាំងនោះ ជាអ្នកពោលពាក្យពីរោះ ដេកលក់អស់ហើយ ឬទារកទាំងនោះ ខ្វល់ខ្វាយក្នុងល្បែងទាំងឡាយ ហើយនាំគ្នាចេញទៅខាងក្រៅ ។ សក់ទាំងឡាយក្តី ដៃជើងទាំងឡាយក្តី ដ៏វិចិត្រដោយបណ្តាញរបស់ទារកទាំងនោះ ក៏មិនឃើញសោះ ក្រែងពួកបក្សីឆាបនាំយកទៅទេដឹង ឬនរណានាំយកទារករបស់ខ្ញុំម្ចាស់ទៅ ។

[៣៥៥] ការដែលព្រះអង្គមិនមានព្រះបន្ទូលនេះ ជាទុក្ខក្រៃលែងជាងទុក្ខរបស់ខ្ញុំម្ចាស់ ដែលមិនឃើញកូនទាំងពីរ គឺជាលី និងនាងកណ្ហាជិនានោះ ដូចជាដំបៅដែលមុតដោយព្រួញ ។ នេះជាព្រួញទីពីរ គឺត្រង់ដែលខ្ញុំម្ចាស់មិនឃើញបុត្រទាំងពីរ ១ ដែលព្រះអង្គមិនត្រាស់ប្រាប់ខ្ញុំម្ចាស់ ១ នាំឲ្យកំរើកហ្ឫទ័យរបស់ខ្ញុំម្ចាស់ ។ បពិត្រព្រះរាជបុត្រ បើព្រះអង្គមិនត្រាស់ប្រាប់ដល់ខ្ញុំម្ចាស់ អស់រាត្រីនេះ ក្នុងថ្ងៃនេះទេ ព្រះអង្គមុខជានឹងឃើញខ្ញុំម្ចាស់អស់ជីវិត ស្លាប់ក្នុងពេលព្រឹកមិនខាន ។

[៣៥៦] (ព្រះមហាសត្វ…) ក្រែងនាងមទ្រីមានកំពស់ និងទំហំដ៏ប្រសើរ ជារាជបុត្រី មានយសឬ នាងទៅដើម្បីស្វែងរក (ផ្លែឈើតូចធំ) តាំងពីពេលព្រឹក ហេតុដូចម្ដេច បានជាដល់ពេលល្ងាចហើយទើបមក ។

[៣៥៧] (ព្រះនាងមទ្រី…) ក្រែងព្រះអង្គទ្រង់ព្រះសណ្តាប់សំឡេងទ្រហឹងអឺងកងនៃសីហៈ និងខ្លា ដែលស្រែកបន្លឺឡើង (ព្រមទាំងម្រឹគដទៃ មានដំរីជាដើម) ដែលមកកាន់ស្រះ (នេះ) ដើម្បីផឹកទឹកដែរឬទេ ។ បុព្វនិមិត្តបានកើតឡើងដល់ខ្ញុំម្ចាស់ ដែលដើររង្គាត់ក្នុងព្រៃធំ ជ្រនីក ក៏ធ្លាក់អំពីដៃរបស់ខ្ញុំម្ចាស់ ទាំងកញ្ច្រែងដែលលីលើចង្កួយស្មា ក៏ធ្លាក់អំពីស្មា ។ ក្នុងពេលនោះ ខ្ញុំម្ចាស់មានសេចក្តីភិតភ័យក្រៃពេក ក៏ប្រណម្យអញ្ជលី នមស្ការគ្រប់ទិសផ្សេងៗ សូមឲ្យសួស្តីគប្បីមានព្រោះការនមស្ការនេះ ។ សូមកុំឲ្យសីហៈ និងខ្លាដំបងបៀតបៀនព្រះរាជបុត្ររបស់យើងបាន មួយទៀត សូមកុំឲ្យខ្លាឃ្មុំ ឆ្កែព្រៃ និងខ្លារខិនចាប់ខាំស៊ីទារកទាំងពីរបាន ។ ពួកពាលម្រឹគទាំងបីក្នុងព្រៃ គឺសីហៈមួយ ខ្លាធំមួយ ខ្លាដំបងមួយ រាំងផ្លូវខ្ញុំម្ចាស់ ព្រោះហេតុនោះ បានជាខ្ញុំម្ចាស់មកក្នុងវេលាល្ងាច ។

[៣៥៨] ខ្ញុំម្ចាស់មានសក់កណ្តាញ់ ប្រព្រឹត្តធម៌ដ៏ប្រសើរ ស្រវាស្រទេញ (ផ្គត់ផ្គង់) ប្តីផង បុត្រទាំងពីរផង អស់ថ្ងៃ និងយប់ ដូចជាមាណព (ផ្គត់ផ្គង់) អាចារ្យ ។ ហៃបុត្រកម្សត់ទាំងពីរ មាតាស្លៀកដណ្តប់ស្បែកខ្លា ខំស្វែងរកមើមឈើ និងផ្លែឈើ ក្នុងព្រៃទាំងថ្ងៃ ទាំងយប់ ព្រោះតែសេចក្តីស្រឡាញ់កូនឯងទាំងពីរ ។ រមៀតមានពណ៌ដូចជាមាស និងផ្លែព្នៅនេះ មាតាបាននាំមកដល់ហើយ មាតាបាននាំទាំងផ្លែឈើទាំងឡាយ (ឯទៀតផង) ហៃបុត្រកម្សត់ទាំងពីរ ផ្លែឈើទាំងនេះ ជាល្បែងរបស់កូនឯងទាំងពីរ ។ មើមឈូក ក្រអៅ ឧប្បល ក្រចាប់នេះ បពិត្រក្សត្រិយ៍ សូមព្រះអង្គ ព្រមទាំងបុត្រទាំងពីរសោយ (វត្ថុទាំងនោះ) ដែលលាយដោយទឹកឃ្មុំចុះ ។ បពិត្រព្រះបាទសិវិ សូមព្រះអង្គប្រទានផ្កាឈូកដល់ជាលី សូមព្រះអង្គប្រទានផ្កាកុមុទដល់នាងកុមារី សូមទត (កុមារទាំងពីរ) ដែលប្រដាប់ដោយកម្រងផ្កា ហើយរាំ សូមព្រះអង្គត្រាស់ហៅបុត្រទាំងពីរមក ។ បពិត្រព្រះអង្គ ជាធំក្នុងរថ បណ្តាបុត្រទាំងពីរនោះ បុត្រីឈ្មោះកណ្ហាជិនា រមែងទៅ សូមព្រះអង្គទ្រង់ព្រះសណ្តាប់ (សំឡេង) របស់វា ដែលពីរោះគួរចាប់ចិត្ត ពាក្យពីរោះ ចូលទៅកាន់អាស្រម ។ បពិត្រព្រះបាទសិវិ យើងទាំងពីរនាក់ ត្រូវគេនិរទេសចាកដែនហើយ ជាអ្នករួមសុខរួមទុក្ខជាមួយគ្នា ព្រះអង្គឃើញបុត្រទាំងពីរ គឺជាលី និងកណ្ហាជិនាដែរឬ ។ ខ្ញុំម្ចាស់បានជេរប្រទេចពួកស្រមណ៍ និងព្រាហ្មណ៍ក្នុងលោក មានព្រហ្មចរិយធម៌ប្រព្រឹត្តទៅខាងមុខ មានសីល ជាពហុស្សូតដោយពិត បានជាខ្ញុំម្ចាស់មិនឃើញបុត្រទាំងពីរ គឺជាលី និងកណ្ហាជិនានោះក្នុងថ្ងៃនេះ ។

[៣៥៩] នេះរុក្ខជាតិផ្សេងៗ គឺព្រីង ឈើទាលខ្សាច់ មានមែកត្រសុំត្រសាយ កុមារទាំងនោះ អញមិនបានឃើញ ។ នេះជលជាតិផ្សេងៗ គឺពោធិ៍ ខ្នុរ ជ្រៃ ក្រសាំង កុមារទាំងនោះ អញមិនបានឃើញ ។ នេះសួនច្បារទាំងឡាយ នេះស្ទឹង មានទឹកត្រជាក់ ជាទីដែលកុមារទាំងពីរធ្លាប់លេង កុមារទាំងនោះ អញមិនបានឃើញ ។ ផ្កាឈើច្រើនយ៉ាង លើភ្នំនេះ ជាផ្កាដែលកុមារទាំងពីរធ្លាប់ទ្រទ្រង់ កុមារទាំងនោះ អញមិនបានឃើញ ។ ផ្លែឈើច្រើនយ៉ាង លើភ្នំនេះ ជាផ្លែដែលកុមារទាំងពីរធ្លាប់បរិភោគ កុមារទាំងនោះ អញមិនបានឃើញសោះ ។ រូបដំរី រូបសេះទាំងនេះក្តី រូបគោទាំងនេះក្តី ជារូបដែលកុមារទាំងពីរធ្លាប់លេង កុមារទាំងនោះ អញមិនបានឃើញ ។

[៣៦០] រូបម្រឹគមានសម្បុរពព្រុស រូបទន្សាយ  រូបមៀម  រូបម្រឹគឈ្លូសជាច្រើនទាំងនេះ ជារូបដែលកុមារទាំងពីរធ្លាប់លេង កុមារទាំងនោះ អញមិនបានឃើញ ។ រូបហង្ស រូបក្រៀល រូបក្ងោកមានស្លាបដ៏វិចិត្រ ជារូបដែលកុមារទាំងពីរធ្លាប់លេង កុមារទាំងនោះ អញមិនបានឃើញ ។

[៣៦១] គុម្ពឈើទាំងនេះ មានផ្ការីកសព្វកាល ជាផ្កាដែលកុមារទាំងពីរធ្លាប់លេង កុមារទាំងនោះ អញមិនបានឃើញ ។ ស្រះបោក្ខរណីទាំងនេះ គួរជាទីត្រេកអរ ទ្រហឹងអឺងកងដោយសត្វចាក្រពាក ដេរដាសដោយផ្កាមណ្ឌាលកៈផង ដោយផ្កាឈូក និងផ្កាឧប្បលផង ជាទីដែលកុមារទាំងពីរធ្លាប់លេង កុមារទាំងនោះ អញមិនបានឃើញ ។

[៣៦២] ឧសទាំងឡាយ ព្រះអង្គមិនកាច់ ទឹក ព្រះអង្គមិនដង ភ្លើង ព្រះអង្គមិនបង្កាត់ ហេតុអ្វីបានជាព្រះអង្គសញ្ជប់សញ្ជឹង ដូចមនុស្សខ្លៅ ។ (ព្រះវេស្សន្តរ) ជាទីស្រឡាញ់ (របស់ខ្ញុំម្ចាស់) សេចក្តីព្រួយ តែងរសាយព្រោះបានជួបជុំដោយព្រះអង្គ ជាទីស្រឡាញ់ ក្នុងថ្ងៃនេះ ខ្ញុំម្ចាស់មិនឃើញបុត្រទាំងពីរ គឺជាលី និងនាងកណ្ហាជិនានោះ ។

[៣៦៣] បពិត្រព្រះទេវៈ ខ្ញុំម្ចាស់មិនឃើញបុត្ររបស់យើងទាំងពីរសោះ ខ្ញុំម្ចាស់មិនដឹងជា (អ្នកណា) នាំយកបុត្រទាំងនោះទៅ ទាំងពួកក្អែកព្រៃសោត ក៏មិនកញ្ជ្រៀវ ទារកទាំងពីររបស់ខ្ញុំម្ចាស់ប្រាកដជាស្លាប់ហើយ ។ បពិត្រព្រះទេវៈ ខ្ញុំម្ចាស់មិនឃើញបុត្ររបស់យើងទាំងពីរសោះ ខ្ញុំម្ចាស់មិនដឹងជា (អ្នកណា) នាំយកបុត្រទាំងនោះទៅ ទាំងពួកសត្វស្លាបសោត ក៏មិនកញ្ជ្រៀវ ទារកទាំងពីររបស់ខ្ញុំម្ចាស់ ប្រាកដជាស្លាប់ហើយ ។ ។

[៣៦៤] (អភិសម្ពុទ្ធគាថា) នាងមទ្រីនោះ (បានត្រាច់ទៅ) កាន់ភ្នំ និងព្រៃ ខ្សឹកខ្សួលក្នុងទីនោះ ហើយត្រឡប់មកអាស្រមវិញ ក៏ទ្រង់ព្រះកន្សែងក្នុងសំណាក់ព្រះរាជស្វាមីថា បពិត្រព្រះទេវៈ ខ្ញុំម្ចាស់មិនឃើញ (បុត្រទាំងពីរ) របស់យើងសោះ ខ្ញុំម្ចាស់មិនដឹងជា (អ្នកណា) នាំយកបុត្រទាំងនោះទៅ ទាំងពួកក្អែកព្រៃសោត ក៏មិនកញ្ជ្រៀវ ទារកទាំងពីររបស់ខ្ញុំម្ចាស់ ប្រាកដជាស្លាប់ហើយ ។ បពិត្រព្រះទេវៈ ខ្ញុំម្ចាស់មិនឃើញ (បុត្រទាំងពីរ) របស់យើងសោះ ខ្ញុំម្ចាស់មិនដឹងជា (អ្នកណា) នាំយកបុត្រទាំងនោះទៅ ទាំងពួកសត្វស្លាបសោត ក៏មិនកញ្ជ្រៀវ ទារកទាំងពីររបស់ខ្ញុំម្ចាស់ ប្រាកដជាស្លាប់ហើយ ។ បពិត្រព្រះទេវៈ ខ្ញុំម្ចាស់មិនឃើញ (បុត្រទាំងពីរ) របស់យើងសោះ ខ្ញុំម្ចាស់មិនដឹងជា (អ្នកណា) នាំយកបុត្រទាំងនោះទៅ ម្នាលភិក្ខុទាំងឡាយ នាងមទ្រីត្រាច់ទៅក្រោមម្លប់ឈើ និងភ្នំ និងគុហា ។ នាងមទ្រីមានកំពស់ និងទំហំដ៏ប្រសើរ ជារាជបុត្រីមានយស ក៏ផ្គងដើមដៃទាំងពីរ កន្ទក់កន្ទេញយ៉ាងនេះហើយ ក៏ដួលទៅលើផែនដីក្នុងទីនោះ ។

[៣៦៥] ព្រះបាទវេស្សន្តរ ទ្រង់ស្រោចស្រពព្រះរាជបុត្រីនោះ ដែលបានមកដល់សំណាក់ព្រះអង្គ បន្ទាប់អំពីនោះមក ព្រះអង្គជ្រាបព្រះរាជបុត្រីនោះ ដែលស្រួលចិត្តហើយ ទើបបានត្រាស់នឹងព្រះរាជបុត្រីនោះ យ៉ាងនេះថា ហៃនាងមទ្រី អញមិនចង់ប្រាប់សេចក្តីទុក្ខ ដល់នាងអំពីដំបូងទេ មានព្រាហ្មណ៍ចាស់កម្សត់ជាស្មូម បានមកកាន់លំនៅ ។ ហៃនាងមទ្រី អញបានឲ្យបុត្រទាំងពីរ ដល់ព្រាហ្មណ៍នោះហើយ នាងកុំភិតភ័យអ្វី នាងចូរស្រួលចិត្តចុះ ហៃនាងមទ្រី នាងចូរមើលមកអញ កុំមើលបុត្រទាំងពីរ កុំខ្សឹកខ្សួលខ្លាំងឡើយ កាលបើយើងរស់នៅ បានសុខសប្បាយ ក៏គង់បាន (ចួបប្រទះ) នឹងបុត្រវិញ ។ សប្បុរសបានឃើញពួកស្មូមមកហើយ គប្បីឲ្យកូន សត្វចិញ្ចឹម ធញ្ញជាតិ និងទ្រព្យដទៃដែលមានក្នុងផ្ទះជាទាន ហៃនាងមទ្រី នាងចូររីករាយតាមនូវអំណោយបុត្រដ៏ឧត្តមរបស់អញ ។

[៣៦៦] (ព្រះនាងមទ្រី…) បពិត្រព្រះទេវៈ ខ្ញុំម្ចាស់សូមរីករាយតាមនូវអំណោយបុត្រដ៏ឧត្តមរបស់ព្រះអង្គ ព្រះអង្គប្រទានហើយ សូមធ្វើព្រះហ្ឫទ័យឲ្យជ្រះថ្លាចុះ សូមព្រះអង្គទ្រង់ឲ្យទានជាភិយ្យោភាពចុះ ។ បពិត្រព្រះជនាធិបៈ កាលដែលពួកមនុស្សកំពុងមានសេចក្តីកំណាញ់ ព្រះអង្គជាអ្នកញ៉ាំងពួកអ្នកសិវិរាស្រ្តឲ្យចម្រើន ទ្រង់បានដាក់ទានដល់ព្រាហ្មណ៍ ។

[៣៦៧] ព្រះអង្គបានញ៉ាំងផែនដីឲ្យខ្ទរខ្ទារ កិត្តិសព្ទរបស់ព្រះអង្គទៅដល់ទេវលោក ផ្លេកបន្ទោរពុំជួកាល ដាលច្រវាត់ជុំវិញព្រៃហេមពាន្ត ដូចជាសំឡេងលាន់នៃភ្នំទាំងឡាយ ។

[៣៦៨] ពួកទេវតាទាំងពីរក្រុម គឺនារទៈ និងបព្វតៈ ព្រមទាំងព្រះឥន្រ្ទ ព្រះព្រហ្ម និងបជាបតិទេវបុត្រ សោមទេវបុត្រ ព្រះបាទយមៈ និងព្រះបាទវេស្សវ័ណ ក៏នាំគ្នារីករាយតាមព្រះអង្គនោះ ពួកទេវតាទាំងអស់ដែលកើតក្នុងឋានតាវត្តិង្ស ព្រមទាំងព្រះឥន្រ្ទ ក៏រីករាយតាម ។ (ព្រះសាស្តាបានត្រាស់គាថានេះថា) ព្រះនាងមទ្រី មានកំពស់ និងទំហំដ៏ប្រសើរ ជារាជបុត្រីមានយស បានរីករាយតាមនូវអំណោយបុត្រដ៏ឧត្តមរបស់ព្រះបាទវេស្សន្តរដោយប្រការដូច្នេះ ។

ចប់ មទ្ទីបព្វៈ ។

[៣៦៩] (អភិសម្ពុទ្ធគាថា) លំដាប់នោះ ក្នុងកាលដែលរាត្រីកន្លងទៅហើយ ព្រះអាទិត្យក៏រះឡើង សក្កទេវរាជមានភេទជាព្រាហ្មណ៍ ប្រាកដដល់ក្សត្រទាំងពីរនោះក្នុងពេលព្រឹក ។

[៣៧០] (សក្កទេវរាជ…) ព្រះអង្គសុខសប្បាយទេឬ ព្រះអង្គមិនមានរោគាពាធទេឬ ព្រះអង្គញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅដោយការស្វែងរកស្រួលទេឬ មើមឈើ និងផ្លែឈើមានច្រើនដែរឬ ។ ពួករបោម មូស និងពស់ មានតិចទេឬ ក្នុងព្រៃដ៏កុះករដោយម្រឹគយង់ឃ្នង មិនមានការបៀតបៀនទេឬ ។

[៣៧១] (ព្រះមហាសត្វ…) ម្នាលព្រាហ្មណ៍ ពួកយើងសុខសប្បាយទេ ម្នាលព្រាហ្មណ៍ មិនមានរោគាពាធអ្វីទេ មួយទៀត យើងញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយការស្វែងរកស្រួលទេ មើមឈើ និងផ្លែឈើទាំងឡាយដ៏បរិបូណ៌ដែរទេ ។ ទាំងពួករបោម មូស និងពស់ មានតិចទេ ក្នុងព្រៃដ៏កុះករដោយម្រឹគយង់ឃ្នង មិនមានការបៀតបៀនយើងទេ ។ យើងនៅក្នុងព្រៃអស់ ៧ ខែ រស់នៅទាំងសំណោក ទើបឃើញព្រាហ្មណ៍ជាគំរប់ពីរនេះ មានភេទដ៏ប្រសើរ កាន់ឈើច្រត់មានពណ៌ដូចជាផ្លែព្នៅទុំ ទ្រទ្រង់ស្បែកខ្លាទាំងក្រចក ។ នែមហាព្រាហ្មណ៍ អ្នកមកល្អហើយ មួយទៀត អ្នកមិនមែនមកអាក្រក់ទេ អញ្ជើញអ្នកចូលទៅខាងក្នុង សេចក្តីចម្រើន (ចូរមាន) ដល់អ្នក អ្នកចូរលាងជើងទាំងឡាយរបស់អ្នក ។ ម្នាលព្រាហ្មណ៍ អ្នកចូរបរិភោគផ្លែឈើយ៉ាងឆ្ងាញ់ៗដូចទឹកឃ្មុំ គឺផ្លែទន្លាប់ ទ្រយឹង មាក់ប្រាង មាក់ដោក ។ ទឹកត្រជាក់នេះ ដងមកអំពីជ្រោះភ្នំ ម្នាលមហាព្រាហ្មណ៍ អ្នកចូរផឹកទឹកនេះចុះ បើអ្នកប្រាថ្នាចង់ផឹក ។ យើងសូមសួរអ្នក អ្នកបានមកដល់ព្រៃធំដោយរឿងដូចម្តេច ឬដោយហេតុដូចម្តេច អ្នកកាលបើយើងសួរហើយ ចូរប្រាប់រឿងនោះ ។

[៣៧២] (សក្កទេវរាជ…) ផ្លូវទឹកដ៏ពេញប្រៀប មិនអស់ទៅសព្វកាលយ៉ាងណាមិញ ទូលបង្គំជាខ្ញុំ មកដើម្បីសូមទានព្រះអង្គ ទូលបង្គំជាខ្ញុំសូមហើយ សូមព្រះអង្គប្រទានភរិយា ក៏យ៉ាងនោះដែរ ។

[៣៧៣] (ព្រះមហាសត្វ…) ម្នាលព្រាហ្មណ៍ យើងឲ្យរបស់ដែលអ្នកសូមនឹងយើង យើងមិនរួញរាទេ យើងមិនលាក់លៀមវត្ថុដែលមាន ចិត្តរបស់យើងត្រេកអរក្នុងទាន ។

[៣៧៤] (អភិសម្ពុទ្ធគាថា) ព្រះបាទវេស្សន្តរ ជាអ្នកញ៉ាំងពួកអ្នកសិវិរាស្រ្តឲ្យចម្រើន ចាប់ដៃនាងមទ្រី និងកុណ្ខីទឹក ហើយបានដាក់ទានដល់ព្រាហ្មណ៍ ។ កាលដែលព្រះវេស្សន្តរ ទ្រង់លះបង់ព្រះនាងមទ្រី ហេតុដែលគួរស្ញប់ស្ញែង ក៏កើតមានក្នុងកាលនោះ សេចក្តីព្រឺរោម ក៏កើតមានក្នុងកាលនោះ ផែនដីក៏ញាប់ញ័រ ។ ព្រះនាងមទ្រី មិនមានមុខក្រញូវ មិនអៀន មិនយំ ព្រះនាងស្ងៀម សំឡឹង (ព្រះភក្រ្ត) របស់ព្រះបាទវេស្សន្តរនោះ (ដោយគិតថា) ព្រះរាជានេះ ជ្រាបហេតុដ៏ប្រសើរ ។

[៣៧៥] តថាគត កាលដែលលះរាជបុត្រាឈ្មោះជាលី រាជធីតាឈ្មោះកណ្ហាជិនា និងនាងទេវីឈ្មោះមទ្រី ដែលមានវត័ដ៏ល្អក្នុងប្តី មិនគិត (ស្តាយ) ព្រោះហេតុតែពោធិញ្ញាណដោយពិត ។ បុត្រទាំងពីរ មិនមែនជាទីស្អប់របស់តថាគតទេ នាងទេវីឈ្មោះមទ្រី មិនមែនមិនជាទីស្រឡាញ់របស់តថាគតទេ សព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់របស់តថាគត ព្រោះហេតុនោះ បានជាតថាគតឲ្យជនទាំង ៣ នាក់ ជាទីស្រឡាញ់ (ដល់ព្រាហ្មណ៍) ។

[៣៧៦] (ព្រះនាងមទ្រី…) ខ្ញុំម្ចាស់ជាភរិយារបស់ព្រះអង្គអំពីក្មេង ព្រះអង្គជាស្វាមី ជាឥស្សរៈរបស់ខ្ញុំម្ចាស់ស្រាប់ហើយ ចង់ឲ្យខ្ញុំម្ចាស់ដល់អ្នកណា គប្បីឲ្យដល់អ្នកនោះចុះ ចង់លក់ ឬចង់សំឡាប់ (ក៏បាន) ។

[៣៧៧] (អភិសម្ពុទ្ធគាថា) ព្រះឥន្រ្ទជាធំជាងទេវតា ជ្រាបសេចក្តីត្រិះរិះរបស់ជនទាំងនោះហើយ ក៏បានពោលដូច្នេះថា ពួកសត្រូវទាំងអស់ ដែលឃាត់នូវទិព្វសម្បត្តិ និងមនុស្សសម្បត្តិ ព្រះអង្គក៏បានឈ្នះហើយ ព្រះអង្គបានញ៉ាំងផែនដីឲ្យខ្ទរខ្ទារ កិត្តិសព្ទរបស់ព្រះអង្គផ្សាយទៅដល់ទេវលោក ផ្លេកបន្ទោរក៏ដាលច្រវាត់ជុំវិញ ដូចជាសំឡេងលាន់នៃភ្នំទាំងឡាយ ។ ពួកទេវតាទាំងពីរក្រុម គឺនារទៈ និងបុព្វតៈ ទាំងព្រះឥន្រ្ទ ព្រះព្រហ្ម និងបជាបតិទេវបុត្រ សោមទេវបុត្រ ព្រះបាទយមៈ និងព្រះបាទវេស្សវ័ណ រីករាយតាមព្រះអង្គនោះ ពួកទេវតាទាំងអស់ ក៏រីករាយតាម (យ៉ាងនេះថា) មែនពិត ព្រះបាទវេស្សន្តរនោះ ធ្វើអំពើដែលគេធ្វើបានដោយកម្រ ។ កាលដែលពួកជនកំពុងឲ្យវត្ថុដែលគេឲ្យបានដោយកម្រ កំពុងធ្វើអំពើដែលគេធ្វើបានដោយកម្រ ពួកអសប្បុរសរមែងមិនធ្វើតាម (អំពើនោះ) ឡើយ ធម៌របស់ពួកសប្បុរស គឺគេដឹងបានដោយក្រ ។ ព្រោះហេតុនោះ ដំណើរទៅអំពីលោកនេះ (ទៅកាន់បរលោក) នៃពួកសប្បុរស និងពួកអសប្បុរស ជាដំណើរផ្សេងគ្នា ពួកអសប្បុរស ទៅកាន់នរក ពួកសប្បុរស មានឋានសួគ៌ប្រព្រឹត្តទៅក្នុងខាងមុខ ។ ព្រះអង្គកាលដែលគង់នៅក្នុងព្រៃ បានប្រទានកុមារទាំងពីរ ទាំងបានប្រទានភរិយា ទានទាំងពីរនោះ ឈ្មោះថាជាយានដ៏ប្រសើរ មិននាំចុះទៅ (កាន់អបាយភូមិ) ទេ យានដ៏ប្រសើរនោះ សូមសម្រេចដល់ព្រះអង្គក្នុងឋានសួគ៌ ។

[៣៧៨] (សក្កទេវរាជ…) ឥឡូវ ខ្ញុំសូមថ្វាយនាងមទ្រី ជាស្ត្រីមានសព៌ាង្គដ៏ល្អ ជាភរិយារបស់ព្រះអង្គវិញ ព្រះអង្គសមគួរនឹងនាងមទ្រីដោយពិត នាងមទ្រីក៏សមគួរនឹងព្រះអង្គដែលជាភស្តាដែរ ។ វត្ថុទាំងពីរ គឺទឹកដោះស្រស់មួយ ស័ង្ខមួយ មានសម្បុរស្មើគ្នា យ៉ាងណាមិញ ព្រះអង្គ និងនាងមទ្រី មានព្រះហ្ឫទ័យស្មើគ្នា ក៏យ៉ាងនោះដែរ ។ ព្រះអង្គទាំងពីរ ជាក្សត្រិយ៍បរិបូណ៌ដោយគោត្រ មានព្រះជាតិល្អខាងមាតា និងបិតា ត្រូវគេនិរទេស មកគង់នៅក្នុងអាស្រម នាព្រៃនេះ ព្រះអង្គគប្បីធ្វើបុណ្យ ឲ្យទានតាមសមគួរតៗទៅ ។

[៣៧៩] ខ្ញុំជាទេវិន្ទ ឈ្មោះសក្កៈ បានមកក្នុងសំណាក់ព្រះអង្គ បពិត្រព្រះរាជា ជាឥសី សូមព្រះអង្គទទួលយកពរចុះ ខ្ញុំសូមថ្វាយពរ ៨ យ៉ាង ចំពោះព្រះអង្គ ។

[៣៨០] (ព្រះពោធិសត្វ…) បពិត្រសក្កៈជាធំជាងទេព្តាទាំងពួង បើព្រះអង្គនឹងប្រទានពរដល់ខ្ញុំ (ខ្ញុំ) សូមព្រះបិតាស្រុះស្រួលទទួលខ្ញុំដែលទៅអំពីព្រៃនេះ ដល់ដំណាក់របស់ខ្លួន សូមអញ្ជើញខ្ញុំដោយអាសនៈ (រាជសម្បត្តិ) ខ្ញុំសូមពរទី ១ នេះ ។ ខ្ញុំសូមមិនចូលចិត្តនឹងការសំឡាប់បុរស ខ្ញុំសូមដោះអំពីការសំឡាប់នូវមនុស្ស ដែលគេត្រូវសំឡាប់ សូម្បីមនុស្សនោះធ្វើអំពើមោះមៃ (មានកំហុសក្នុងព្រះរាជា) ក៏ដោយ ខ្ញុំសូមពរទី ២ នេះ ។ សូមឲ្យពួកបុរសទាំងចាស់ក្មេង ទាំងកណ្តាល រស់នៅអាស្រ័យនឹងខ្ញុំ ខ្ញុំសូមពរទី ៣ នេះ ។ ខ្ញុំសូមមិនគប់រកប្រពន្ធអ្នកដទៃ ខ្ញុំសូមជាអ្នកខ្វល់ខ្វាយចំពោះតែប្រពន្ធរបស់ខ្លួន ខ្ញុំសូមមិនលុះក្នុងអំណាចពួកស្ត្រី ខ្ញុំសូមពរទី ៤ នេះ ។ បពិត្រសក្កៈ បុត្ររបស់ខ្ញុំកើតហើយ សូមឲ្យបុត្រនោះមានអាយុវែង សូមឲ្យបានត្រួតត្រាផែនដីដោយធម៌ ខ្ញុំសូមពរទី ៥ នេះ ។ តអំពីនោះមក នាកាលរាត្រីកន្លងទៅ ព្រះអាទិត្យរះឡើង សូមចំណីជាទិព្វទាំងឡាយ មានប្រាកដ ខ្ញុំសូមពរទី ៦ នេះ ។ កាលបើខ្ញុំកំពុងឲ្យ សូម (ទេយ្យធម៌) កុំបីអស់ទៅ លុះខ្ញុំឲ្យហើយ សូមកុំឲ្យក្តៅក្រហាយស្តាយក្រោយ ខ្ញុំកំពុងឲ្យ សូមឲ្យចិត្តជ្រះថ្លា ខ្ញុំសូមពរទី ៧ នេះ ។ កាលបើខ្ញុំច្យុតចាកអត្តភាពនេះ សូមឲ្យបានទៅកាន់ឋានសួគ៌ ដល់នូវឋានដ៏វិសេស គឺកើតក្នុងតុសិតបុរី (កាលបើខ្ញុំច្យុតចាកតុសិតភពនោះមក) សូមកុំឲ្យកើត (ក្នុងភពថ្មីទៀត) ខ្ញុំសូមពរទី ៨ នេះ ។

[៣៨១] (អភិសម្ពុទ្ធគាថា) ព្រះឥន្រ្ទជាធំជាងទេវតា បានទ្រង់ព្រះសណ្តាប់ព្រះបន្ទូលព្រះបាទវេស្សន្តរនោះហើយ ក៏ពោលពាក្យយ៉ាងនេះថា ព្រះបិតាបង្កើតរបស់ព្រះអង្គ មិនយូរទេ នឹងមកចួបព្រះអង្គ ។ មឃទេវរាជ ជាប្តីនៃនាងសុជាតា លុះត្រាស់ព្រះតម្រាស់នេះហើយ ប្រទានពរដល់ព្រះបាទវេស្សន្តរហើយ ក៏ចៀសចេញទៅកាន់ពួកទេវតាក្នុងឋានសួគ៌ ។

ចប់ សក្កបព្វៈ ។

[៣៨២] (ព្រះបាទសញ្ជ័យ…) មុខអ្នកណានោះ ភ្លឺដូចមាសដែលគេរំលាយដោយភ្លើង ឬដូចមាសឆ្តោរភ្លឺចិញ្ចែងចិញ្ចាចក្នុងមាត់បាវ ។ កុមារទាំងពីរមានអវយវៈស្រដៀងគ្នា កុមារទាំងពីរមានលក្ខណៈស្រដៀងគ្នា កុមារម្នាក់ស្រដៀងនឹងជាលី កុមារីម្នាក់ដូចនាងកណ្ហាជិនា ។ កុមារទាំងពីរបរិបូណ៌ដោយរូបសម្បត្តិ ដូចជាពួកសីហៈដែលចេញអំពីរូង ទារកទាំងនេះប្រាកដដូចរូបជាវិការៈនៃមាស ។

[៣៨៣] ម្នាលភារទ្វាជៈ អ្នកនាំទារកទាំងពីរនេះមកអំពីទីណាហ្ន៎ ម្នាលព្រាហ្មណ៍ អ្នកមកដល់ដែនក្នុងថ្ងៃនេះ តើអ្នកមកអំពីទីណា ។

[៣៨៤] (ជូជក…) បពិត្រព្រះទេវៈ ទ្រង់ព្រះនាមសញ្ជ័យ ព្រះបាទវេស្សន្តរ ទ្រង់មានព្រះហ្ឫទ័យត្រេកអរ បានប្រទានទារកទាំងនោះ ដល់ទូលព្រះបង្គំជាខ្ញុំ តាំងពីថ្ងៃដែលទូលព្រះបង្គំជាខ្ញុំបានទារកមក ១៥ រាត្រី ក្នុងថ្ងៃនេះហើយ ។

[៣៨៥] (ព្រះបាទសញ្ជ័យ…) អ្នកឯងធ្វើយើងឲ្យជឿដោយពាក្យជាទីស្រឡាញ់ តាមហេតុត្រឹមត្រូវដូចម្តេចបាន នរណាហ៊ានលើកបុត្រទាំងពីរ ឲ្យជាទានដ៏ឧត្តម ហើយឲ្យដល់អ្នក ។

[៣៨៦] (ជូជក…) ព្រះបាទវេស្សន្តរណាជាទីពឹងរបស់ពួកស្មូម ដូចជាព្រះធរណី ជាទីពឹងរបស់ពួកសត្វ ព្រះបាទវេស្សន្តរនោះ ទ្រង់គង់នៅក្នុងព្រៃ បានប្រទានបុត្រទាំងពីរ ដល់ទូលព្រះបង្គំជាខ្ញុំ ។ ព្រះវេស្សន្តរណា ជាទីប្រព្រឹត្តទៅនៃពួកស្មូម ដូចជាសាគរ ជាទីប្រព្រឹត្តទៅនៃស្ទឹងទាំងឡាយ ព្រះបាទវេស្សន្តរនោះ ទ្រង់គង់នៅក្នុងព្រៃ បានប្រទានបុត្រទាំងពីរដល់ទូលព្រះបង្គំជាខ្ញុំ ។

[៣៨៧] (ពួកអាមាត្យ…) ម្នាលគ្នាយើង ព្រះរាជាកាលទ្រង់គង់នៅក្នុងព្រះរាជដំណាក់ ទ្រង់មានសទ្ធា ធ្វើអាក្រក់ណាស់ ព្រះបាទវេស្សន្តរ ត្រូវគេនិរទេស ទៅគង់នៅក្នុងព្រៃហើយ ម្តេចក៏នៅតែប្រទានបុត្រទាំងពីរទៀត ។ នែអ្នកដ៏ចម្រើនទាំងឡាយ អ្នកទាំងប៉ុន្មាននាក់ ដែលបានមកចួបជុំគ្នាក្នុងទីនេះ ចូរស្តាប់រឿងនេះចុះ ហេតុដូចម្តេចបានជាព្រះបាទវេស្សន្តរទៅគង់នៅក្នុងព្រៃហើយ ក៏ប្រទានបុត្រទាំងពីរ ។ ព្រះអង្គគួរប្រទានទាសា ទាសី សេះ រថ ដែលទឹមដោយសេះអស្សតរផង គួរប្រទានដំរីកុញ្ជរផង ហេតុដូចម្តេចបានជាដាក់ទានទារកទាំងពីរទៀត ។

[៣៨៨] (ជាលីកុមារ…) បពិត្រព្រះអយ្យកោ ទាសៈ សេះ ឬរថដែលទឹមដោយសេះអស្សតរ និងដំរីកុញ្ជរ មិនមានក្នុងផ្ទះនៃបុគ្គលណា បុគ្គលនោះនឹងឲ្យដូចម្តេចកើត ។

[៣៨៩] (ព្រះបាទសញ្ជ័យ…) នែចៅ យើងសរសើរទានបិតារបស់អ្នក យើងមិនមែនបន្តុះបង្អាប់ទេ ចុះហ្ឫទ័យ (នៃបិតារបស់បា) តើដូចម្តេច បានជាឲ្យបាទាំងពីរ ដល់ស្មូម ។

[៣៩០] (ជាលីកុមារ…) បពិត្រមហារាជ (ការណ៍ដែល) ព្រះបិតារបស់ទូលព្រះបង្គំជាខ្ញុំ ទ្រង់ប្រទានយើងខ្ញុំដល់ស្មូម (នោះ) សូមព្រះអង្គទ្រង់ព្រះសណ្តាប់នូវវាចាគួរឲ្យអាណោចអាធម័ដែលនាងកណ្ហាជិនាជាប្អូនពោលចុះ ។

[៣៩១] ហ្ឫទ័យនៃព្រះបិតារបស់ទូលព្រះបង្គំជាខ្ញុំនោះ ជាទុក្ខ ទាំងទ្រង់មានអស្សាសបស្សាសៈដ៏ក្តៅ ព្រះបិតាមានព្រះនេត្រក្រហម ដូចជាផ្កាយរោហិណី ទ្រង់សម្រក់ទឹកព្រះនេត្រ ។

[៣៩២] នាងកណ្ហាជិនា បានពោលនឹងព្រះបិតានោះថា បពិត្រព្រះបិតា ព្រាហ្មណ៍នេះ វាយខ្ញុំម្ចាស់ដោយឈើច្រត់ ដូច (ម្ចាស់) វាយទាសីដែលកើតក្នុងផ្ទះ ។ បពិត្រព្រះបិតា អ្នកនេះមិនមែនជាព្រាហ្មណ៍ទេ ព្រោះពួកព្រាហ្មណ៍ តែងជាអ្នកប្រព្រឹត្តធម៌ បពិត្រព្រះបិតា យក្សក្លែងភេទជាព្រាហ្មណ៍ នាំពួកយើងខ្ញុំយកទៅស៊ីទេដឹង ។ បពិត្រព្រះបិតា យើងខ្ញុំកាលបិសាចនាំយកទៅ ហេតុអ្វីក៏ព្រះអង្គទ្រង់ទតព្រងើយ ។

[៣៩៣] (ព្រះបាទសញ្ជ័យ…) មាតារបស់អ្នកជាព្រះរាជបុត្រី បិតារបស់អ្នកជាព្រះរាជបុត្រា ក្នុងកាលពីដើម បាទាំងពីរឡើងកាន់ភ្នែនរបស់អញ ចុះហេតុអ្វីបានជាបាទាំងពីរឋិតនៅក្នុងទីឆ្ងាយ ។

[៣៩៤] (ជាលីកុមារ…) ព្រះមាតារបស់ទូលព្រះបង្គំជាខ្ញុំ ជាព្រះរាជបុត្រី ព្រះបិតារបស់ទូលព្រះបង្គំជាខ្ញុំជាព្រះរាជបុត្រា ទូលព្រះបង្គំជាខ្ញុំទាំងពីរនាក់ ជាទាសារបស់ព្រាហ្មណ៍ ហេតុនោះបានជាទូលព្រះបង្គំជាខ្ញុំឋិតនៅក្នុងទីឆ្ងាយ ។

[៣៩៥] (ព្រះបាទសញ្ជ័យ…) នែចៅសម្លាញ់ទាំងពីរ បាទាំងពីរកុំពោលយ៉ាងនេះឡើយ នាំឲ្យក្តៅហ្ឫទ័យរបស់ជីតាណាស់ កាយរបស់ជីតាហាក់ដូចជា (គេលើកដាក់) លើជើងថ្ករ ជីតាមិនបានសុខលើអាសនៈទេ ។

[៣៩៦] នែចៅសម្លាញ់ទាំងពីរ បាទាំងពីរកុំពោលយ៉ាងនេះឡើយ បាឯងរឹងរឹតតែញ៉ាំងសំណោកឲ្យកើតដល់ជីតា ជីតានឹងលោះដោះសាបាដោយទ្រព្យ មិនឲ្យបានៅជាទាសាគេទេ ។ នែបា បិតារបស់បាបានកាត់ថ្លៃប៉ុន្មាន ហើយបានឲ្យបាទាំងពីរដល់ព្រាហ្មណ៍ បាចូរប្រាប់ដល់ជីតាឲ្យត្រង់ ពួកអាមាត្យ ចូរញ៉ាំងព្រាហ្មណ៍ឲ្យទទួលទ្រព្យ ។

[៣៩៧] (ជាលីកុមារ…) បពិត្រព្រះអយ្យកោ ព្រះបិតាបានប្រទានទូលព្រះបង្គំជាខ្ញុំដល់ព្រាហ្មណ៍ដោយកាត់ថ្លៃមួយពាន់និក្ខៈ ប្រទានកញ្ញាឈ្មោះកណ្ហាជិនាជាប្អូនស្រីដោយកាត់ថ្លៃមួយរយនៃវត្ថុគ្រប់មុខ មានដំរីជាដើម ។

[៣៩៨] (ព្រះបាទសញ្ជ័យ…) នែនាយអាមាត្យ អ្នកចូរក្រោកឲ្យឆាប់ ហើយចូរឲ្យទាសី ១០០ ទាសា ១០០ គោ ១០០ ដំរី ១០០ គោបា ១០០ (សេះ ១០០ និក្ខៈ ១០០) និងមាស ១០០០ ដំឡឹង ដល់ព្រាហ្មណ៍ឲ្យជាតម្លៃលោះយកចៅទាំងពីរ ។

[៣៩៩] (អភិសម្ពុទ្ធគាថា) លំដាប់នោះ ពួកនាយអាមាត្យក៏ប្រញាប់ប្រញាល់ឲ្យទាសី ១០០ ទាសា ១០០ គោ ១០០ ដំរី ១០០ គោបា ១០០ (សេះ ១០០ និក្ខៈ ១០០) និងមាស ១០០០ ដំឡឹង ដល់ព្រាហ្មណ៍ឲ្យជាតម្លៃលោះយកព្រះរាជនត្តាទាំងពីរ ។

[៤០០] (នាយអាមាត្យបានឲ្យទ្រព្យទាំងអស់មួយរយ ៗ គឺទាសី ១០០ ទាសា ១០០ គោ ១០០ ដំរី ១០០ គោបា ១០០ រថទឹមដោយសេះ ១០០ និងមាស ១០០០ ដំឡឹង ដល់ព្រាហ្មណ៍ជាអ្នកស្វែងរកទ្រព្យ ជាមនុស្សឈ្លានពានលើសលន់ ឲ្យជាតម្លៃលោះយកព្រះរាជនត្តាទាំងពីរ ។

[៤០១] ក្សត្រទាំងពីរព្រះអង្គ បានលោះទារកទាំងពីរ ហើយផ្ងូតទឹក ឲ្យបរិភោគភោជន ប្រដាប់ដោយគ្រឿងប្រដាប់ទាំងឡាយ រួចឲ្យអង្គុយលើភ្នែន ។ ព្រះរាជាជាព្រះអយ្យកោ ដាក់ជាលីកុមារលើភ្នែន ហើយសាកសួរទារកទាំងពីរ ដែលកក់សីសៈហើយ មានសំពត់ដ៏ស្អាត ស្អិតស្អាងដោយអាភរណៈគ្រប់យ៉ាង ។ ព្រះរាជាបានដាក់លើភ្នែននូវកុមារទាំងពីរដែលមានកុណ្ឌលឮសូរគឹកកង មានផ្កាកម្រង ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ហើយត្រាស់ព្រះរាជតម្រាស់នេះថា នែជាលី មាតា និងបិតារបស់បាទាំងពីរនោះ សុខសប្បាយទេឬ ប្រព្រឹត្តចិញ្ចឹមជីវិតដោយការស្វែងរក (ផលាផល) ស្រួលទេឬ ទាំងមើមឈើ និងផ្លែឈើ មានច្រើនដែរឬ ពួករបោម មូស និងពស់ មានតិចតួចទេឬ ក្នុងព្រៃដ៏កុះករដោយម្រឹគយង់ឃ្នង មិនមានការបៀតបៀនទេឬ ។

[៤០២] (ជាលីកុមារ…) បពិត្រព្រះទេវៈ មាតា និងបិតារបស់ទូលព្រះបង្គំជាខ្ញុំទាំងពីរនោះ សុខសប្បាយជាទេ ប្រព្រឹត្តចិញ្ចឹមជីវិតដោយការស្វែងរក (ផលាផល) ស្រួលទេ មើមឈើ និងផ្លែឈើមានច្រើន ។ ឯពួករបោម មូស និងពស់ មានតិចទេ ក្នុងព្រៃដ៏កុះករដោយម្រឹគយង់ឃ្នង មិនមានការបៀតបៀនព្រះអង្គទេ ។ ព្រះមាតានោះ ជីកយកមើមដំឡូងស្យា ដំឡូងដូង ដំឡូងដៃខ្លា ដំឡូងទៀន ទាំងបាននាំយកផ្លែពទ្រា ផ្លែរាក់ខ្មៅ ផ្លែព្នៅ មកចិញ្ចឹមយើងខ្ញុំផង ។ បើព្រះមាតានោះ ជាអ្នកនាំយកមើមឈើ និងផ្លែឈើក្នុងព្រៃ នាំយកវត្ថុណាមក យើងខ្ញុំទាំងអស់គ្នា ក៏មកជុំគ្នាបរិភោគវត្ថុនោះ តែក្នុងវេលាយប់ មិនបានបរិភោគក្នុងវេលាថ្ងៃទេ ។ ព្រះមាតារបស់យើងខ្ញុំ ជាស្រីធ្លាប់សុខស្រួល ខំនាំយកផ្លែឈើមក ក៏ទៅជាមានកាយស្គម ស្លេកស្លាំង ដោយត្រូវខ្យល់ និងកំដៅថ្ងៃ ដូចជាផ្កាឈូកដែលគេឈ្លីដោយដៃ ។ ព្រះកេសាទាំងឡាយរបស់ព្រះមាតា ក៏ជ្រុះព្រោះត្រាច់ទៅក្នុងព្រៃធំ ជាព្រៃដ៏កុះករដោយម្រឹគយង់ឃ្នង ជាទីដែលរមាស និងខ្លាដំបងអាស្រ័យហើយ ។ ព្រះបិតាបួងភ្នួងសក់ទាំងឡាយ ទ្រទ្រង់ញើសក្អែលឰដ៏ក្លៀក (ទ្រទ្រង់ភេទនៃបុព្វជិតដ៏ប្រសើរ ទ្រទ្រង់ទំពក់ ស្លាបព្រាសម្រាប់បូជាភ្លើង និងជដា) ស្លៀកពាក់ស្បែកខ្លា ផ្ទំលើផែនដី នមស្ការភ្លើង ។

[៤០៣] បុត្រជាទីស្រឡាញ់នៃមនុស្សក្នុងលោក ចំឡែកតែសេចក្តីស្នេហាក្នុងបុត្រ មិនកើតដល់ព្រះអយ្យកោរបស់យើងខ្ញុំដោយពិត ។

[៤០៤] (ព្រះបាទសញ្ជ័យ…) នែចៅ អំពើអាក្រក់ យើងបានធ្វើហើយ ទាំងអំពើដែលបង្ខូចសេចក្តីចម្រើន យើងក៏បានធ្វើហើយ ព្រោះជីតាបាននិរទេសបុត្រឥតកំហុស តាមពាក្យនៃពួកអ្នកសិវិរាស្ត្រ ។ វត្ថុណានីមួយរបស់យើង មានក្នុងទីនេះ ទាំងទ្រព្យ និងធញ្ញជាតិ (ជីតាក៏នឹងឲ្យវត្ថុនោះដល់បិតារបស់បា) សូមវេស្សន្តរ ចូលមក ចូរជាព្រះរាជាត្រួតត្រាក្នុងដែនសិវិចុះ ។

[៤០៥] (ជាលីកុមារ…) បពិត្រព្រះសម្មតិទេព ព្រះរាជាដ៏ឧត្តមរបស់អ្នកសិវិរាស្ត្រ នឹងមិនយាងមកតាមពាក្យរបស់ទូលព្រះបង្គំទេ សូមព្រះសម្មតិទេពទ្រង់ស្តេចយាងទៅដោយព្រះអង្គឯងវិញ ហើយស្រោចស្រពព្រះរាជបុត្របង្កើត ដោយភោគៈទាំងឡាយ ។

[៤០៦] (អភិសម្ពុទ្ធគាថា) លំដាប់នោះ ព្រះរាជាព្រះនាមសញ្ជ័យ បានត្រាស់នឹងសេនាបតីថា ពួកសេនាដំរី សេនាសេះ សេនារថ សេនាថ្មើរជើង ចូរសៀត (អាវុធទាំងឡាយ) ពួកអ្នកនិគម ព្រាហ្មណ៍បុរោហិត អាមាត្យ ៦០.០០០ និងពួកទាហាន ដ៏ល្អមើលចងគ្រឿងក្រោះ ប្រដាប់ដោយគ្រឿងប្រដាប់ មានបែបផ្សេងៗ ចូរនាំគ្នាមកឲ្យឆាប់ ជូនអញទៅ ។ ពួកទាហានខ្លះ ស្លៀកពាក់សំពត់ខៀវ ពួកទាហានខ្លះ ស្លៀកពាក់សំពត់លឿង ពួកទាហានដទៃ ជួតឈ្នួតក្រហម ពួកទាហានខ្លះ ស្លៀកពាក់សំពត់ស ចងគ្រឿងក្រោះ ប្រដាប់ដោយគ្រឿងប្រដាប់ មានបែបផ្សេងៗ ចូរនាំគ្នាមកឲ្យឆាប់ ។ ភ្នំហិមពាន្ត និងភ្នំគន្ធមាទន៍ដ៏ទ្រទ្រង់ក្លិន ដ៏ដេរដាសដោយពួកឈើផ្សេងៗ ជាលំនៅនៃពួកភូតដ៏ច្រើន ញ៉ាំងទិសទាំងឡាយឲ្យភ្លឺ ផ្សាយទៅដោយឱសធទាំងឡាយជាទិព្វយ៉ាងណា ពួកទាហាន នាំគ្នាចងគ្រឿងក្រោះ ចូរមកឲ្យឆាប់ ចូរញ៉ាំងទិសទាំងឡាយ ឲ្យភ្លឺរុងរឿងផ្សាយទៅ យ៉ាងនោះដែរ ។ ពួកអ្នកជិះដំរី ចូររៀបចំដំរី ១៤ ពាន់ ជាសត្វមានសរីរៈធំ មានខ្សែដង្គន់ ជាវិការៈនៃមាស មានសរីរៈស្រោបដោយគ្រឿងតែងតួ ជាវិការៈនៃមាស ។ ពួកអ្នកបង្វឹកដំរី មានដៃកាន់ដែកចំពុះទុង និងកង្វេរ មានគ្រឿងស្អិតស្អាងប្រាកដហើយ ចងគ្រឿងក្រោះហើយ ចូរនាំគ្នាឡើងជិះ ក ដំរីទាំងឡាយ បរមកឲ្យឆាប់ ។ ពួកអ្នកជិះសេះ ចូររៀបចំសេះទាំង ១៤ ពាន់ ជាជាតិសេះសិន្ធពអាជានេយ្យ មានសន្ទុះដ៏លឿន ។ ពួកអ្នកបង្វឹកសេះ ទ្រទ្រង់ស៊ែ និងធ្នូ ចងគ្រឿងក្រោះ ប្រដាប់លើខ្នងសេះ ហើយចូរឡើងជិះបរមកឲ្យឆាប់ ។ លំដាប់ពីនោះមក ពួកអ្នកបររថ ចូររៀបចំរថទាំង ១៤ ពាន់ ជារថមានខ្នងកង់ពាសដោយដែកដ៏ល្អ មានផ្ទះរំលេចដោយមាស ។ ពួកខ្មាន់ធ្នូស្ទាត់ក្នុងការប្រហារ ពួកជាងរថ ចូរនាំគ្នាលើកទង់ជ័យ ខែល និងគ្រឿងក្រោះទាំងឡាយក្នុងរថទាំងនោះ ចូរដំឡើងធ្នូ ចងគ្រឿងក្រោះ ហើយចូរបររថទាំងឡាយមកឲ្យឆាប់ ។

[៤០៧] អ្នកទាំងឡាយ ចូរតាក់តែងផ្កាទាំងឡាយ (មានលាជជាគំរប់ ៥) និងផ្កាសម្រាប់រោយរាយ កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាបស្រឡាប និងផ្កាដ៏មានតម្លៃទាំងឡាយ ចូរឋិតនៅត្រង់ផ្លូវដែលបុត្ររបស់អញមក ។ គ្រប់ទ្វារស្រុក ចូរតាក់តែងតាំងទុកឪទិនមេរ័យ និងសុរាច្រើន ត្រង់ផ្លូវដែលបុត្ររបស់អញមក ចូរតាក់តែងតាំងទុកសាច់ នំទ្រាបល្ង នំកុម្មាសដែលលាយសាច់ត្រី ត្រង់ផ្លូវដែលបុត្ររបស់អញមក ។ ចូរតាក់តែងតាំងទុកទឹកដោះរាវ ប្រេង ទឹកដោះជូរ ទឹកដោះស្រស់ និងសុរាដ៏ច្រើន ដែលធ្វើដោយម្សៅថ្ពៅ ត្រង់ផ្លូវដែលបុត្ររបស់អញមក ។ ពួកអ្នកធ្វើម្ហូប អ្នកធ្វើបាយ អ្នករាំ និងអ្នកច្រៀង អ្នកច្រៀងទះដៃ អ្នកវាយស្គរ អ្នកច្រៀងដោយសំឡេងដ៏ស្រទន់ និងពួកអ្នកចាក់ត្លុក ។ ពួកជនចូរដេញពិណគ្រប់បែប ចូរវាយស្គរ និងមហោរធឹកទាំងឡាយ ចូរផ្លុំស័ង្ខ និងទះស្គរទាំងឡាយ ។ ជនទាំងឡាយ ចូរទះសំម្ភោរ វាយស្គរធំ ផ្លុំស័ង្ខ ដេញតាក់ខេ ដេញពិណខ្សែ ៧ វាយមហោរធឹក វាយស្គរទង់ដែង វាយស្គរមង្គល ។

[៤០៨] សេនាដ៏ច្រើននោះ ជាកងទ័ពក្នុងដែនសិវិ លើកចេញទៅ មានជាលីកុមារជាមគ្គនាយក បានដើរសំដៅទៅកាន់វង្កតបព៌ត ។ ដំរីដ៏ប្រសើរ មានអាយុ ៦០ ខួប បន្លឺកោពា្ចនាទ ដំរីកាលបើមានខ្សែដង្គន់ជាប់នៅហើយ ក៏បន្លឺកោពា្ចនាទ ។ សេះអាជានីយទាំងឡាយស្រែកកងរំពង សំឡេងគឹកកងនៃខ្នងកង់ ក៏កើតមាន ក្នុងកាលនោះ ធូលីក៏ហុយបាំងដូចពពក កងទ័ពក្នុងដែនសិវិ បានលើកចេញទៅ ។ សេនាដ៏ច្រើននោះ អាចនាំយករបស់ដែលគួរនាំយកទៅបាន លើកចេញទៅ មានជាលីកុមារជាមគ្គនាយក បានដើរសំដៅទៅកាន់វង្គតបព៌ត ។ កងទ័ពទាំងនោះ បានចូលទៅកាន់ព្រៃធំ មានមែកឈើច្រើន មានទឹកច្រើន ដេរដាសដោយឈើមានផ្កា និងឈើមានផ្លែទាំងសងខាងផ្លូវ ។ ពួកសត្វស្លាបដ៏ច្រើនក្នុងព្រៃធំនោះ មានសំឡេងមូល មានសំឡេងពីរោះ មានត្រកូលផ្សេង ៗ ស្រែកហៅសត្វស្លាប ដែលកំពុងស្រែកលើដើមឈើដែលផ្កាតាមរដូវ ។ កងទ័ពទាំងនោះ ទៅកាន់ផ្លូវឆ្ងាយដាច់ស្រយាល ក្នុងកាលអំណើះទៅនៃថ្ងៃ និងយប់ បានចូលទៅដល់ប្រទេស ដែលព្រះបាទវេស្សន្តរទ្រង់គង់នៅ ។

ចប់ មហារាជបព្វៈ ។

[៤០៩] (អភិសម្ពុទ្ធគាថា) ព្រះបាទវេស្សន្តរ ទ្រង់ឮសំឡេងគឹកកងនៃកងទ័ពទាំងនោះហើយ ក៏ភិតភ័យ ទ្រង់ឡើងទៅលើភ្នំ ហើយទ្រង់ទតមើលនូវពួកសេនាទាំងភិតភ័យ មានបន្ទូលថា នែនាងមទ្រី នាងចូរពិចារណាមើលសំឡេងគឹកកងក្នុងព្រៃយ៉ាងនេះ មានទាំងសេះអាជានីយស្រែកកងរំពង ទាំងចុងទង់ជ័យក៏ប្រាកដ ។ ជនទាំងនេះ ដូចជាព្រានចោមព័ទ្ធហ្វូងម្រឹគក្នុងព្រៃដោយបង្កាត់ទាំងឡាយ ដេញទំលាក់ក្នុងរណ្តៅ ហើយចាក់កាប់សំឡាប់ ពន្លះយកតែសាច់ល្អ ៗ នៃម្រឹគទាំងនោះ ដោយកាំបិតដ៏មុតដោយពិត ។ ពួកយើងមិនមានទោស ត្រូវគេនិរទេសមកនៅក្នុងព្រៃ ដល់នូវសេចក្តីវិនាសក្នុងកណ្តាប់ដៃសត្រូវ ក៏ដូចជាម្រឹគ យ៉ាងនោះដែរ នាងចូរមើលអ្នកសម្លាប់បុគ្គលខ្សោយ ។

[៤១០] (ព្រះនាងមទ្រី…) ពួកសត្រូវមិនអាចគ្របសង្កត់ (ព្រះអង្គ) បានទេ ដូចជាភ្លើងមិនអាចគ្របសង្កត់ទឹកសមុទ្របាន សូមព្រះអង្គទ្រង់ព្រះចិន្តាដល់ពាក្យដែលសក្កទេវរាជពោលហើយនោះឯង ទំនងជាសួស្តីនឹងមានដល់ព្រះអង្គ ព្រោះពួកពលនេះ ។

[៤១១] (អភិសម្ពុទ្ធគាថា…) លំដាប់នោះ ព្រះបាទវេស្សន្តរយាងចុះអំពីភ្នំ ទ្រង់ធ្វើព្រះហ្ឫទ័យឲ្យមាំ ហើយគង់នៅក្នុងបណ្ណសាលា ។

[៤១២] ព្រះបិតាទ្រង់ឲ្យបញ្ឈប់រថ ទ្រង់ឲ្យពួកសេនាត្រៀមចាំ ហើយទ្រង់ស្តេចចូលទៅចួបនឹងព្រះរាជបុត្រដែលគង់នៅក្នុងព្រៃតែម្នាក់ឯង ។ លុះព្រះបិតាយាងចុះអំពី ក ដំរីហើយ ទ្រង់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ផ្គងអញ្ជលី មានពួកអាមាត្យហែហម បានចូលទៅដើម្បីអភិសេកបុត្រ ។ ព្រះអង្គបានទតឃើញកុមារ មានរូបគួរឲ្យត្រេកអរសម្រឹងព្រះហ្ឫទ័យកំពុងត្រិះរិះ មិនមានភ័យអំពីទីណាមួយ ដែលគង់នៅក្នុងបណ្ណសាលានោះ ។

[៤១៣] ព្រះបាទវេស្សន្តរ និងព្រះនាងមទ្រី បានទតឃើញព្រះបិតានោះ មានសេចក្តីជាប់ព្រះហ្ឫទ័យក្នុងបុត្រ កំពុងយាងមក ក៏ក្រោកទៅទទួលថ្វាយបង្គំ ។ ចំណែកព្រះនាងមទ្រី ថ្វាយបង្គំព្រះបាទទាំងគូរបស់ព្រះសុស្សរៈដោយព្រះសីរ្ស៍ (ហើយក្រាបទូលថា) បពិត្រព្រះសម្មតិទេព ខ្ញុំឈ្មោះមទ្រី ជាសុណិសារបស់ព្រះអង្គ សូមថ្វាយបង្គំព្រះបាទទាំងគូរបស់ព្រះអង្គ ព្រះបិតាទ្រង់ឱបរឹតជនទាំងពីរនោះហើយ បបោសអង្អែលដោយព្រះហស្ត ។

[៤១៤] (ព្រះរាជា…) នែបុត្រ អ្នកទាំងពីរសុខសប្បាយទេឬ នែបុត្រ អ្នកទាំងពីរមិនមានជម្ងឺដម្កាត់ទេឬ អ្នកទាំងពីរចិញ្ចឹមជីវិតដោយការស្វែងរកស្រួលទេឬ មើមឈើ និងផ្លែឈើមានច្រើនឬទេ ។ ពួករបោម មូស ពស់ មានតិចទេឬ ក្នុងព្រៃដ៏កុះករដោយម្រឹគយង់ឃ្នង មិនមានការបៀតបៀនទេឬ ។

[៤១៥] (ព្រះមហាសត្វ…) បពិត្រព្រះសម្មតិទេព ការរស់នៅរបស់យើងខ្ញុំ ជាការរស់នៅផ្តេសផ្ដាសទេ យើងខ្ញុំជាអ្នករស់នៅត្រដាបត្រដួស ព្រោះការរស់នៅដោយការស្វែងរក (ផលាផល) ។ បពិត្រមហារាជ (សេចក្តីខ្វះខាត) រមែងទូន្មាន (បុរសកម្សត់) ដូចជានាយសារថីទូន្មានសេះ យើងខ្ញុំទាំងនោះ ជាបុគ្គលមានសេចក្តីខ្វះខាតទូន្មានហើយ សេចក្តីខ្វះខាត រមែងទូន្មានយើងខ្ញុំ ។ បពិត្រមហារាជ យើងខ្ញុំត្រូវគេនិរទេសហើយ មានសេចក្តីរស់នៅទាំងទុក្ខសោកក្នុងព្រៃ ទាំងសាច់ឈាមទៀតសោត ក៏ស្គាំងស្គម ព្រោះមិនបានឃើញព្រះមាតាបិតា ។

[៤១៦] កុមារទាំងពីរ គឺជាលី និងកណ្ហាជិនាណា ដែលជាទាយាទ (ព្រះរាជនត្តា) របស់ព្រះអង្គ ជាបុគ្គលប្រសើរបំផុត ក្នុងដែនសិវិ មានបំណងមិនទាន់បានសម្រេចនៅឡើយ លុះអំណាចព្រាហ្មណ៍ ជាបុគ្គលឈ្លានពានលើសលន់ វាយកុមារទាំងពីរនោះ ដូចជាគេវាយហ្វូងគោ ។ បើព្រះអង្គជ្រាបបុត្រទាំងនោះរបស់រាជបុត្រី សូមប្រាប់ដល់យើងខ្ញុំឲ្យឆាប់ ដូចជា (ពួកពេទ្យដែលព្យាបាល) នូវមាណពត្រូវពស់ចឹក ។

[៤១៧] (ព្រះរាជា…) កុមារទាំងពីរ គឺជាលី និងកណ្ហាជិនានុ៎ះ បិតាបានប្រគល់ទ្រព្យឲ្យដល់ព្រាហ្មណ៍លោះមកហើយ បាកុំភ័យឡើយ បាចូរស្រួលចិត្តចុះ ។

[៤១៨] (ព្រះមហាសត្វ…) បពិត្រព្រះបិតា ព្រះអង្គសុខសប្បាយទេឬ បពិត្រព្រះបិតា ព្រះអង្គមិនមានរោគាពាធទេឬ បពិត្រព្រះបិតា ព្រះនេត្ររបស់ព្រះមាតានៃខ្ញុំព្រះអង្គ មិនទាន់ងងឹតទេឬ ។

[៤១៩] (ព្រះរាជា…) នែបុត្រ យើងសុខសប្បាយទេ នែបុត្រ យើងមិនមានជម្ងឺដម្កាត់ទេ នែបុត្រ ចក្ខុមាតារបស់បាមិនទាន់ងងឹតទេ ។

[៤២០] (ព្រះមហាសត្វ) យានរបស់ព្រះអង្គ មិនទាន់ចាស់ទេឬ វាហនៈរមែងនាំទៅបានទេឬ ជនបទសម្បូរដែរឬ ភ្លៀងមិនដាច់ទេឬ ។

[៤២១] (ព្រះរាជា…) យានរបស់យើងមិនទាន់ចាស់ទេ ទាំងវាហនៈក៏នាំទៅបាន ជនបទក៏សម្បូរ ទាំងភ្លៀងក៏មិនដាច់ទេ ។

[៤២២] (អភិសម្ពុទ្ធគាថា) កាលដែលក្សត្រិយ៍ទាំងបីអង្គកំពុងចរចាគ្នាយ៉ាងនេះឯង ព្រះរាជបុត្រីជាព្រះមាតា ស្តេចមកដោយព្រះបាទា ឥតមានសុព័ណ៌បាទ ប្រាកដដល់ក្សត្រិយ៍ទាំងនោះទៀបទ្វារភ្នំ ។ ឯព្រះបាទវេស្សន្តរ និងព្រះនាងមទ្រី បានឃើញព្រះមាតានោះ ដែលមានព្រះហ្ឫទ័យជាប់ក្នុងបុត្រ កំពុងយាងមក ក៏ក្រោកទទួល ហើយថ្វាយបង្គំ ។ ចំណែកខាងព្រះនាងមទ្រី ថ្វាយបង្គំព្រះបាទទាំងគូរបស់ព្រះមាតាក្មេកដោយព្រះសិរ្ស៍ (ហើយក្រាបបង្គំទូលថា) បពិត្រព្រះមេម្ចាស់ ខ្ញុំម្ចាស់ឈ្មោះនាងមទ្រី ជាព្រះសុណិសារបស់ព្រះអង្គ សូមថ្វាយបង្គំព្រះបាទទាំងគូរបស់ព្រះមេ ។

[៤២៣] ចំណែកខាងព្រះរាជបុត្រទំាងពីរ ដែលមកអំពីទីឆ្ងាយដោយសួស្តី បានឃើញព្រះនាងមទ្រីហើយ ក៏ទ្រង់ព្រះកន្សែង អួលអាក់ នាំគ្នាស្ទុះចូលទៅរក ដូចកូនគោតូច ស្ទុះទៅរកមេ ។ ឯព្រះនាងមទ្រី បានឃើញបុត្រទាំងពីរដែលមកពីទីឆ្ងាយដោយសួស្តី ក៏ញាប់ញរ័ ដូចជាស្រីមេមត់ ទនៃទឹកក្សីរ ក៏ហូរចេញមក ។

[៤២៤] កាលពួកព្រះញាតិជួបជុំគ្នាហើយ សំឡេងគឹកកងខ្លាំង ក៏កើតឡើង ភ្នំទាំងឡាយ ក៏បន្លឺឡើង ទាំងផែនពសុធា ក៏រំភើបញាប់ញ័រ ។ ភ្លៀងក៏ញ៉ាំងធ្នារទឹក ឲ្យធ្លាក់ក្នុងខណៈនោះ ព្រះបាទវេស្សន្តរ ក៏បានជួបនឹងញាតិទាំងឡាយ ក្នុងខណៈនោះ ។ ព្រះនត្តាទាំងពីរ ព្រះសុណិសា ព្រះរាជបុត្រ ព្រះរាជា និងព្រះទេវី បានជួបក្នុងទីជាមួយគ្នាក្នុងកាលណា សេចក្តីព្រឺព្រួចរោម ក៏មានក្នុងកាលនោះ ពួកអ្នកនគរទាំងអស់ បានផ្គងអញ្ជលីចំពោះព្រះបាទវេស្សន្តរនោះ នាំគ្នាយំក្នុងព្រៃ មុខគួរឲ្យស្ញប់ស្ញែងទូលអារាធនា ។ ពួករាស្ត្រទាំងអស់ ចួបជុំគ្នា (បានពោល) នឹងព្រះបាទវេស្សន្តរផង និងព្រះនាងមទ្រីផងថា ព្រះអង្គជាព្រះរាជាឥស្សរៈរបស់ពួកយើង សូមព្រះអង្គទាំងពីរព្រះអង្គរបស់ពួកយើងសោយរាជសម្បត្តិ ។

ចប់ ឆក្ខត្តិយបព្វៈ ។

[៤២៥] (ព្រះមហាសត្វ…) ព្រះអង្គ និងពួកអ្នកជនបទ អ្នកនិគម បានព្រមព្រៀងគ្នានិរទេសខ្ញុំព្រះអង្គ ដែលកំពុងសោយរាជ្យតាមធម៌ ចាកដែនហើយ ។

[៤២៦] (ព្រះរាជា…) ម្នាលបុត្រ (នេះ) ពិតជាកំហុសរបស់យើង យើងបានធ្វើអំពើបំផ្លិចបំផ្លាញសេចក្តីចម្រើន បាននិរទេសបា ដែលមិនមានកំហុស ព្រោះតាមពាក្យពួកអ្នកសិវិរាស្ត្រ ។

[៤២៧] (កូន) គួរដោះទុក្ខរបស់បិតាមាតា ឬរបស់បងប្អូនស្រី ដោយហេតុណានីមួយ សូម្បីដោយជីវិតរបស់ខ្លួន ។ (ពួកអាមាត្យបានពោលថា បពិត្រមហារាជ កាលនេះ ជាកាលគួរស្រង់ទឹក សូមទ្រង់ដុសជម្រះព្រះរជោជលៈ) ។

[៤២៨] (អភិសម្ពុទ្ធគាថា) គ្រានោះ ព្រះបាទវេស្សន្តរ ក៏ដុសជម្រះក្អែល លុះដុសជម្រះក្អែលហើយ បានទ្រទ្រង់ព្រះពស្រ្តមានពណ៌ដូចស័ង្ខ ។

[៤២៩] ព្រះបាទវេស្សន្តរ ទ្រង់កក់ព្រះសិរ្ស៍ មានព្រះពស្រ្តដ៏ស្អាត ស្អិតស្អាងដោយអាភរណៈគ្រប់យ៉ាង ទ្រង់សៀតព្រះខាន់ដែលដុតកំដៅសត្រូវ ហើយទ្រង់ឡើងគង់លើដំរីដ៏ប្រសើរ ឈ្មោះបច្ច័យ ។ កាលនោះ ពួកទាហាន ៦០.០០០ នាក់ កើតក្នុងថ្ងៃជាមួយគ្នា គួររមិលមើល ញ៉ាំងព្រះរាជាជាធំក្នុងរថឲ្យរីករាយ ចោមរោម ។ កាលនោះ ពួកកញ្ញារបស់ព្រះបាទសិវិ បានចួបជុំគ្នាហើយ ញ៉ាំងព្រះនាងមទ្រីឲ្យស្រង់ទឹក (ហើយពោលថា) សូមព្រះបាទវេស្សន្តរ និងជាលី កណ្ហាជិនា ទាំងពីរ បីបាច់ថែរក្សាព្រះនាង ទាំងមហារាជព្រះនាមសញ្ជ័យ ក៏សូមឲ្យថែរក្សាព្រះនាងដែរ ។

[៤៣០] ព្រះបាទវេស្សន្តរ និងព្រះនាងមទ្រី បាននូវទីពឹងនេះ (បានដំកល់ក្នុងរាជសម្បត្តិ ហើយភ្នករឭក) នូវសេចក្តីសៅហ្មងរបស់ព្រះអង្គ (ដែលទ្រង់ធ្លាប់នៅក្នុងព្រៃពីដើម) ក៏ទ្រង់ឲ្យទួងអានន្ទីយភេរី ត្រាច់ទៅទៀបភ្នំវង្កត ដែលគួរជាទីរីករាយ ។ ព្រះនាងមទ្រី បរិបូណ៌ដោយលក្ខណៈ បានទីពឹងនេះហើយ (ក៏ភ្នករឭក) នូវសេចក្តីសៅហ្មងរបស់ព្រះនាង ដែលធ្លាប់នៅក្នុងព្រៃពីដើម បានចួបនឹងបុត្រទាំងពីរហើយ ក៏ត្រេកអររីករាយ ។ ព្រះនាងមទ្រី បរិបូណ៌ដោយលក្ខណៈ បានទីពឹងនេះហើយ ក៏មានព្រះហ្ឫទ័យភ្នករឭកសេចក្តីសៅហ្មងរបស់ព្រះនាង ដែលធ្លាប់នៅក្នុងព្រៃពីដើម មានចិត្តត្រេកអរ រីករាយជាមួយនឹងបុត្រទាំងពីរ ។

[៤៣១] (ព្រះនាងមទ្រី…) នែបុត្រទាំងពីរ កាលពីដើម មាតាជាអ្នកបរិភោគភត្តតែមួយពេល ដេកផ្ទាល់នឹងផែនដីជានិច្ច នេះជាវត្តរបស់មាតាដូច្នេះ ព្រោះសេចក្តីប្រាថ្នាចង់ (ចួប) នឹងបាទាំងពីរ ម្នាលបុត្រទាំងពីរ វត្តនោះ សម្រេចដល់មាតាក្នុងថ្ងៃនេះហើយ ព្រោះបានចួបនឹងបាទាំងពីរ ម្នាលបុត្រទាំងពីរ សូមឲ្យបុណ្យដែលកើតអំពីមាតា និងកើតអំពីបិតា រក្សាបា ទាំងមហារាជព្រះនាមសញ្ជ័យ ក៏សូមឲ្យរក្សាបា ។ បុណ្យណានីមួយ ដែលមាតាក្តី បិតាក្តី របស់បា បានធ្វើហើយ ដោយកុសលទាំងអស់នោះ សូមបាកុំចាស់ កុំស្លាប់ឡើយ ។

[៤៣២] (អភិសម្ពុទ្ធគាថា) ព្រះសស្សុបានបញ្ជូនកប្បាសិកពស្រ្ត កោសេយ្យពស្រ្ត ខោមពស្រ្ត និងកោទុម្ពរពស្ត្រ ទៅថ្វាយព្រះសុណ្ហា ដែលជាសំពត់សម្រាប់លំអព្រះនាងមទ្រី ។ លំដាប់តមក ព្រះសស្សុ បានបញ្ជូនគ្រឿងប្រដាប់ព្រះសុរង្គ ជាវិការៈនៃមាស និងគ្រឿងប្រដាប់ព្រះសុរង្គជាវិការៈនៃកែវ ទៅថ្វាយព្រះសុណ្ហា ដែលជាគ្រឿងប្រដាប់សម្រាប់លំអរបស់ព្រះនាងមទ្រី ។ លំដាប់តមកទៀត ព្រះសស្សុ បានបញ្ជូនគ្រឿងប្រដាប់ព្រះសុរង្គ ជាវិការៈនៃមាស និងកន្ទ្រុំ និងខ្សែក្រវាត់ជាវិការៈនៃកែវមុណីទៅថ្វាយព្រះសុណ្ហា ដែលជាគ្រឿងប្រដាប់លំអរបស់ព្រះនាងមទ្រី ។ ព្រះសស្សុ បានបញ្ជូនគ្រឿងប្រដាប់នលាដៈ ជាគ្រឿងប្រដាប់សម្រាប់ព្រះភក្រ្តមានពណ៌ផ្សេង ៗ ដែលជាវិការៈនៃកែវមណីទៅថ្វាយព្រះសុណ្ហា ដែលជាគ្រឿងប្រដាប់លំអរបស់ព្រះនាងមទ្រី ។ ព្រះសស្សុបានបញ្ជូននូវគ្រឿងប្រដាប់សម្រាប់ព្រះស្តន និងគ្រឿងប្រដាប់ស្មា និងខ្សែក្រវាត់ កងជើង ទៅថ្វាយព្រះសុណ្ហា ដែលជាគ្រឿងប្រដាប់លំអព្រះមទ្រី ។ ព្រះរាជបុត្រី ជាស្រ្តីប្រសើរ បានគយគន់មើលគ្រឿងប្រដាប់ល្បើកដោយអំបោះ និងគ្រឿងប្រដាប់វៀរចាកអំបោះដ៏ល្អក្រៃពេក ហាក់ដូចទេវកញ្ញាក្នុងនន្ទនឧទ្យាន ។ ព្រះរាជបុត្រី កក់ព្រះសិរ្ស មានព្រះពស្ត្រដ៏ស្អាត ស្អិតស្អាងដោយអាភរណៈគ្រប់យ៉ាងដ៏ល្អក្រៃពេក ហាក់ដូចស្រ្តីអប្សរក្នុងឋានត្រៃត្រិង្ស ។ ព្រះរាជបុត្រី បរិបូណ៌ដោយរបៀបនៃចិញ្ចាញធ្មេញល្អក្រៃពេក ហាក់ដូចដើមចេកដែលកើតក្នុងចិត្តលតាវន័ ត្រូវខ្យល់បក់បោកហើយ ។ ព្រះរាជបុត្រីមានបបូរមាត់ដូចផ្លែជ្រៃទុំ និងផ្លែបាសទុំ ល្អក្រៃពេក ហាក់ដូចបក្សីមានសរីរៈសព្វគ្រប់ ដូចជាសរីរៈនៃមនុស្ស មានស្លាបដ៏វិចិត្រ (ហើរឰដ៏អាកាស) ។

[៤៣៣] ពួកអាមាត្យនាំដំរីដ៏ប្រសើរ មិនចាស់ពេក អត់ទ្រាំលំពែងបាន អត់ទ្រាំកូនសរបាន មានភ្លុក ង ទន្ទាំ អាចគាស់រំលើងសត្រូវបាន មកថ្វាយព្រះនាងមទ្រីនោះ ។ព្រះនាងមទ្រីនោះ ឡើងកាន់ដំរីដ៏ប្រសើរ មិនចាស់ពេក អត់ទ្រាំលំពែងបាន អត់ទ្រាំកូនសរបាន មានភ្លុក ង ទន្ទាំ អាចគាស់រំលើងសត្រូវបាន ។

[៤៣៤] ពួកម្រឹគទាំងប៉ុន្មាន ដែលមាននៅក្នុងព្រៃទាំងអស់នោះ មិនបៀតបៀនគ្នានឹងគ្នា ដោយតេជះនៃព្រះបាទវេស្សន្តរ ។ ពួកបក្សីទាំងប៉ុន្មានដែលមាននៅក្នុងព្រៃទាំងអស់នោះ មិនបៀតបៀនគ្នានឹងគ្នា ដោយតេជះនៃព្រះបាទវេស្សន្តរ ។ កាលព្រះបាទវេស្សន្តរញ៉ាំងពួកអ្នកសិវិរាស្ត្រឲ្យចម្រើន ទ្រង់យាងចេញ (អំពីព្រៃ) ពួកម្រឹគទាំងប៉ុន្មាន ដែលមាននៅក្នុងព្រៃទាំងអស់នោះ បានមកប្រជុំក្នុងទីជាមួយគ្នា ។ កាលព្រះបាទវេស្សន្តរញ៉ាំងពួកអ្នកសិវិរាស្រ្តឲ្យចម្រើន ទ្រង់យាងចេញ (អំពីព្រៃ) ពួកបក្សីទាំងប៉ុន្មាន ដែលមាននៅក្នុងព្រៃទាំងអស់នោះ បានមកប្រជុំក្នុងទីជាមួយគ្នា ។ កាលព្រះបាទវេស្សន្តរ ញ៉ាំងពួកអ្នកសិវិរាស្ត្រឲ្យចម្រើន ទ្រង់យាងចេញ (អំពីព្រៃ) ពួកម្រឹគទាំងប៉ុន្មាន ដែលមាននៅក្នុងព្រៃទាំងអស់នោះ លែងស្រែកសំឡេងពីរោះ ។ កាលព្រះបាទវេស្សន្តរញ៉ាំងពួកអ្នកសិវិរាស្ត្រឲ្យចម្រើន ទ្រង់យាងចេញ (អំពីព្រៃ) ពួកបក្សីទាំងប៉ុន្មាន ដែលមាននៅក្នុងព្រៃទាំងអស់នោះ លែងស្រែកសំឡេងពីរោះ ។

[៤៣៥] ពួកអាមាត្យបានរៀបចំរាជមាគ៌ា ឲ្យរំលេចឆ្លុះឆ្លាស់ ត្រៀបត្រាដោយផ្កា តាំងអំពីទីដែលព្រះបាទវេស្សន្តរ ទ្រង់គង់នៅ រហូតដល់ក្រុងជេតុត្តរ ។ លំដាប់នោះ កាលព្រះបាទវេស្សន្តរ ញ៉ាំងអ្នកសិវិរាស្ត្រឲ្យចម្រើន ទ្រង់យាងចេញ (អំពីព្រៃ) ពួកយោធាទាំង ៦០.០០០ ល្អមើល បានហែហមជុំវិញ ។ កាលព្រះបាទវេស្សន្តរ ញ៉ាំងពួកអ្នកសិវិរាស្ត្រឲ្យចម្រើន ទ្រង់យាងចេញ (អំពីព្រៃ) ពួកស្រីស្នំផង ពួករាជកុមារផង ពួកអ្នកជំនួញផង ពួកព្រាហ្មណ៍ផង ហែហមជុំវិញ ។ កាលព្រះបាទវេស្សន្តរ ញ៉ាំងពួកអ្នកសិវិរាស្ត្រឲ្យចម្រើន ទ្រង់យាងចេញ (អំពីព្រៃ) ពួកពលដំរី ពលសេះ ពលរថ ពលថ្មើរជើង ហែហមជុំវិញ ។ កាលព្រះបាទវេស្សន្តរ ញ៉ាំងពួកអ្នកសិវិរាស្ត្រឲ្យចម្រើន ទ្រង់យាងចេញ (អំពីព្រៃ) ពួកអ្នកជនបទ ក៏បានមកជួបជុំគ្នា និងអ្នកនិគម ក៏បានមកជួបជុំគ្នា ហែហមជុំវិញ ។ កាលព្រះបាទវេស្សន្តរ ញ៉ាំងពួកអ្នកសិវិរាស្ត្រឲ្យចម្រើន ទ្រង់យាងចេញ (អំពីព្រៃ) ពួកទាហានពាក់មួក ទ្រទ្រង់ខែល កាន់ធ្នូ ចងគ្រឿងក្រោះដ៏ល្អ ដើរហែខាងមុខ ។

[៤៣៦] ក្សត្រិយ៍ទាំងនោះ បានយាងចូលទៅកាន់បុរី ជាក្រុងគួរឲ្យត្រេកអរ មានកំពែង និងទ្វារខាងក្រៅដ៏ច្រើន ប្រកបដោយគ្រឿងស៊ី និងគ្រឿងផឹក មានទាំងល្បែងពីរយ៉ាង គឺរាំ និងច្រៀង ។ កាលរាជកុមារញ៉ាំងពួកអ្នកសិវិរាស្ត្រឲ្យចម្រើន ស្តេចមកដល់ ពួកអ្នកជនបទ និងពួកអ្នកនិគម បានមកជួបជុំគ្នាត្រេកអរ ។ កាលព្រះមហាក្សត្រិយ៍ ជាអ្នកប្រទានព្រះរាជទ្រព្យ ស្តេចមកដល់ហើយ ពួកមហាជន ក៏នាំគ្នាលើកទង់ជ័យ ទួងនន្ទិភេរី ហើយចូលទៅព្រះនគរ ព្រះបាទវេស្សន្តរ ក៏ទ្រង់ឲ្យឃោសនាដើម្បីឲ្យដោះលែងសព្វសត្វចាកចំណង ។

[៤៣៧] កាលព្រះបាទវេស្សន្តរ ញ៉ាំងពួកអ្នកសិវិរាស្ត្រឲ្យចម្រើន ស្តេចចូលមកដល់ សក្កទេវរាជដែលជាឧបបត្តិទេព បានបង្អុរភ្លៀង ជាវិការៈនៃមាស ។ លំដាប់នោះ ព្រះបាទវេស្សន្តរជាក្សត្រិយ៍ប្រកបដោយប្រាជ្ញា ទ្រង់ឲ្យទាន លុះបែកធ្លាយរាងកាយនោះទៅ ក៏បានស្តេចទៅកើតក្នុងឋានសួគ៌ទេវលោក ។

ចប់ នគរកណ្ឌ ។

ចប់ មហាវេស្សន្តរជាតក ទី១០ ។

ចប់ មហានិបាត ។

ចប់ ភាគ៦៣ ។

ឯកសារយោងកែប្រែ

ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ជាតក > ភាគ៦៣

พระไตรปิฎกเล่มที่ ๒๘  > พระสุตตันตปิฎก เล่ม ๒๐ > ขุททกนิกาย > ชาดก ภาค ๒

MAHĀNĀRADAKASSAPA-JĀTAKA (No. 544)

VIDHURAPAṆḌITA-JĀTAKA (No. 545)

THE MAHĀ-UMMAGGA-JĀTAKA (No. 546)

VESSANTARA-JĀTAKA (No. 547)