ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > មហានិទេ្ទស

តេរសមភាគកែប្រែ

អដ្ឋវគ្គិកៈកែប្រែ

កាមសុត្តនិទ្ទេស ទី១កែប្រែ

[១] (ព្រះមានព្រះភាគត្រាស់ថា) កាលសត្វ​​​ប្រាថ្នា​កាម បើវត្ថុនោះសម្រេចដល់សត្វនោះ សត្វរមែងមានចិត្តប្រកបដោយបីតិពិត (ព្រោះ) សត្វប្រាថ្នា​នូវវត្ថុណា បាន (នូវវត្ថុនោះ) ។

[២] ពាក្យថា កាម ក្នុងពាក្យថា កាលសត្វ​​​ប្រាថ្នា​កាមដូច្នេះ បើតាមឧទ្ទាន បានដល់កាម ២ គឺវត្ថុកាម ១ កិលេសកាម ១ ។

ពួកវត្ថុកាម ដូច​ម្តេច ? រូបជាទីគាប់ចិត្ត សំឡេងជាទីគាប់ចិត្ត ក្លិនជាទីគាប់ចិត្ត រសជាទីគាប់ចិត្ត ផ្សព្វជាទីគាប់ចិត្ត កម្រាល គ្រឿងស្លៀកពាក់ ខ្ញុំស្រី ខ្ញុំប្រុស ពពែ ចៀម មាន់ ជ្រូក ដំរី គោ សេះឈ្មោល សេះញី ស្រែ ចម្ការ បា្រក់មាស ស្រុក និគម រាជធានី ដែន ជនបទ បន្ទាយ ឃ្លាំង និងវត្ថុដែលគួរត្រេកអរណាមួយ ឈ្មោះថា វត្ថុកាម ។ មួយទៀត កាមទាំងឡាយជាអតីត កាមទាំងឡាយជាអនាគត កាមទាំងឡាយជាបច្ចុប្បន្ន កាមទាំងឡាយជាខាងក្នុង កាមទាំងឡាយជាខាងក្រៅ កាមទាំងឡាយទាំងខាងក្នុងទាំងខាងក្រៅ កាមទាំងឡាយថោកទាប កាមទាំងឡាយជាកណ្តាល កាមទាំងឡាយដ៏ខ្ពង់ខ្ពស់ កាមទាំងឡាយមានក្នុងអបាយ កាមទាំងឡាយមានក្នុងមនុស្ស កាមទាំងឡាយជាទិព្វ កាមទាំងឡាយដែលតាំងឡើងឯង កាមទាំងឡាយដែលខ្លួននិមិ្មត កាមទាំងឡាយដែលអ្នកដទៃនិមិ្មត កាមទាំងឡាយដែលបុគ្គលហួងហែង កាមទាំងឡាយ ដែលបុគ្គលមិនបានហួងហែង កាមទាំងឡាយ ដែលបុគ្គលរាប់អានថា ជារបស់អញ កាមទាំងឡាយដែលបុគ្គលមិនរាប់អានថា ជារបស់អញ ពួកធម៌ជាកាមាវចរទាំងអស់ក្តី ពួកធម៌ជារូបាវចរទាំងអស់ក្តី ពួកធម៌ជាអរូបាវចរទាំងអស់ក្តី ដែលជាវត្ថុនៃតណ្ហា ជាអារម្មណ៍នៃតណ្ហា ឈ្មោះថា កាម ដោយអត្ថថា គួរ​​​ប្រាថ្នា​ ដោយអត្ថថា គួរត្រេកអរ ដោយអត្ថថា គួរស្រវឹង ទាំងនេះហៅថា វត្ថុកាម ។

ពួកកិលេសកាម ដូច​ម្តេច ? សេចក្តី​​​ប្រាថ្នា​ ឈ្មោះថាកាម សេចក្តីត្រេកអរ ឈ្មោះថា កាម សេចក្តីត្រេកអរដ៏មានកម្លាំង ឈ្មោះថាកាម សេចក្តីត្រិះរិះ ឈ្មោះថា កាម តម្រេក ឈ្មោះថាកាម តម្រេកដោយការត្រិះរិះ ឈ្មោះថាកាម បានដល់សេចក្តី​​​ប្រាថ្នា​ក្នុងកាម ក្នុងកាមទាំងឡាយ សេចក្តីត្រេកអរក្នុងកាម សេចក្តីរីករាយក្នុងកាម តណ្ហាក្នុងកាម សេចក្តីស្នេហាក្នុងកាម សេចក្តីអន្ទះអន្ទែងក្នុងកាម ការជ្រប់ក្នុងកាម ការងប់ចុះក្នុងកាម អន្លង់គឺកាម គ្រឿងប្រកបគឺកាម ការថ្ពក់ជាប់គឺកាម នីវរណៈគឺកាមច្ឆន្ទៈ (និងពាក្យដែលព្រះមានព្រះភាគត្រាស់ថា)

នែកាម តថាគត បានឃើញឫសគល់របស់អ្នកហើយ នែកាម អ្នកឯងកើតអំពីសេចក្តីត្រិះរិះ តថាគត មិនត្រិះរិះចំពោះអ្នកទេ នែកាម អ្នកនឹងមិនមានយ៉ាងនេះទេ ។

ទាំងនេះ លោកហៅថា កិលេសកាម ។ ពាក្យថា កាលសត្វ​​​ប្រាថ្នា​កាម គឺកាលត្រូវការ កាលចង់បាន កាលត្រេកអរ កាលតាំងទុក កាលស្រឡាញ់ កាលជាប់ចំពាក់ ចំពោះកាម ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) កាលសត្វ​​​ប្រាថ្នា​កាម ។

[៣] អធិប្បាយពាក្យថា បើវត្ថុនោះ សម្រេចដល់សត្វនោះ ត្រង់ពាក្យថា បើ… ដល់សត្វនោះ គឺដល់សត្វនោះ ទោះក្សត្រក្តី ព្រាហ្មណ៍ក្តី វេស្សៈក្តី សូទ្រៈក្តី គ្រហស្ថក្តី បព្វជិតក្តី ទេវតាក្តី មនុស្សក្តី ។ ពាក្យថាវត្ថុនោះ លោកសំដៅយកវត្ថុកាម គឺរូបជាទីគាប់ចិត្ត សំឡេងជាទីគាប់ចិត្ត ក្លិនជាទីគាប់ចិត្ត រសជាទីគាប់ចិត្ត ផ្សព្វជាទីគាប់ចិត្ត ។ ពាក្យថា សម្រេច គឺស្រេច ស្រេចបាច់ បាន បានចំពោះ បានស៊ប់ បានប្រទះ ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) បើវត្ថុនោះសម្រេចដល់សត្វនោះ ។

[៤] អធិប្បាយពាក្យថា សត្វរមែងមានចិត្តប្រកបដោយបីតិពិត ត្រង់ពាក្យថា ពិត គឺជាពាក្យប្រាប់សេចក្តីដោយដាច់ខាត ប្រាប់សេចក្តីដោយមិនមានសង្ស័យ ប្រាប់សេចក្តីមិនមានងឿងឆ្ងល់ ប្រាប់ដំណើរមិនមានពីរ ប្រាប់ហេតុមិនបែកជាពីរ ប្រាប់ការប្រកបដោយទៀងទាត់ ប្រាប់ហេតុមិនខុស ពាក្យថាពិតនុ៎ះ ជាពាក្យប្រាប់សេចក្តីកំណត់ ។ ពាក្យថា បីតិ បានដល់ បីតិ ភាពនៃចិត្តរីករាយ ការរីករាយទួទៅ ការរីករាយសព្វគ្រប់ សេចក្តីស្រស់ស្រាយ សេចក្តីស្រស់ស្រាយសព្វគ្រប់ សេចក្តីត្រេកអរ សេចក្តីពេញចិត្ត ភាពនៃចិត្តអបអរ ភាពនៃចិត្តត្រេកត្រអាល ភាពនៃចិត្តដ៏ពេញលេញក្រៃលែង ដែលប្រកបដោយកាមគុណ ៥ ។ ពាក្យថា ចិត្ត គឺចិត្ត មនៈ មានសៈ ហទយៈ បណ្ឌរៈ មនៈ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដែលសមគួរដល់ធម៌ មានផស្សៈជាដើមនោះណា នេះលោកហៅថា ចិត្ត ។ ចិត្តនេះ ជាធម្មជាតទៅជាមួយ កើតជាមួយ ច្រឡំ ប្រកប មានការកើតឡើងក្នុងទីជាមួយ មានការរលត់ក្នុងទីមួយ មានវត្ថុតែមួយ មានអារម្មណ៍តែមួយ ជាមួយនឹងបីតិនេះ ។ ពាក្យថា មានចិត្តប្រកបដោយបីតិ គឺមានចិត្តត្រេកអរ មានចិត្តរីករាយ មានចិត្តរីករាយខ្លាំង មានចិត្តជារបស់ខ្លួន មានចិត្តខ្ពស់ មានចិត្តស្រស់ស្រាយ ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) មានចិត្តប្រកបដោយបីតិពិត ។

[៥] អធិប្បាយពាក្យថា សត្វប្រាថ្នានូវវត្ថុណា បាន (នូវវត្ថុនោះ) ត្រង់ពាក្យថា បាន គឺបានហើយ បានរួចហើយ បានស៊ប់ហើយ បានសម្រេចហើយ បានប្រាកដហើយ ។ ពាក្យថា សត្វ គឺសត្វ ជន មាណព បុរស បុគ្គល សត្វមានជីវិត សត្វមានជាតិ សត្វមានជរា សត្វទៅដោយឥន្រ្ទិយ សត្វកើតអំពីមនុស្ស ។ ពាក្យថា សត្វប្រាថ្នានូវវត្ថុណា គឺសត្វប្រាថ្នាវត្ថុណា ត្រេកអរវត្ថុណា កួចកាន់វត្ថុណា ស្រឡាញ់វត្ថុណា ជាប់ចំពាក់ចំពោះវត្ថុណា ទោះជារូបក្តី សំឡេងក្តី ក្លិនក្តី រសក្តី ផ្សព្វក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) សត្វប្រាថ្នានូវវត្ថុណា បាន (នូវវត្ថុនោះ) ។ ព្រោះហេតុនោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ៖ កាលសត្វប្រាថ្នាកាម បើវត្ថុនោះសម្រេចដល់សត្វនោះ សត្វរមែងមានចិត្តប្រកបដោយបីតិពិត (ព្រោះ) សត្វប្រាថ្នានូវវត្ថុណា បាន (នូវវត្ថុនោះ) ។

[៦] បើកាលសត្វនោះ មានឆន្ទៈកើតហើយ កំពុងប្រាថ្នាកាមទាំងឡាយនោះ សាបសូន្យទៅវិញ សត្វរមែងក្តៅក្រហាយ ដូចត្រូវព្រួញមុត ។

[៧] អធិប្បាយពាក្យថា បើកាលសត្វនោះកំពុងប្រាថ្នា ត្រង់ពាក្យថា បើកាលសត្វនោះ គឺកាលសត្វនោះទោះជាក្សត្រិយ៍ក្តី ព្រាហ្មណ៍ក្តី វេស្យៈក្តី សូទ្រៈក្តី គ្រហស្ថក្តី បព្វជិតក្តី ទេវតាក្តី មនុស្សក្តី ។ ពាក្យថាកំពុងប្រាថ្នា គឺកំពុងត្រូវការ កំពុងចង់បាន កំពុងត្រេកអរ កំពុងតាំងទុក កំពុងស្រឡាញ់ កំពុងជាប់ចំពាក់ ។ មួយទៀត សត្វរមែងទៅ ចេញទៅ រសាត់ទៅ ប្រមូលទៅ តាមកាមតណ្ហា ។ បុគ្គលតែងទៅ ចេញទៅ រសាត់ទៅ ប្រមូលទៅ ដោយយានដំរី យានសេះ យានគោ យានពពែ យានចៀម យានឱដ្ឋ ឬយានលា យ៉ាងណា សត្វរមែងទៅ ចេញទៅ រសាត់ទៅ ប្រមូលទៅ ដោយកាមតណ្ហា យ៉ាងនោះដែរ ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) បើកាលសត្វនោះកំពុងប្រាថ្នា ។

[៨] ពាក្យថា ឆន្ទៈ ក្នុងពាក្យថា កាលសត្វមានឆន្ទៈកើតហើយ គឺសេចក្តីប្រាថ្នាក្នុងកាម សេចក្តីត្រេកអរក្នុងកាម សេចក្តីរីករាយក្នុងកាម តណ្ហាក្នុងកាម សេចក្តីស្នេហាក្នុងកាម សេចក្តីអន្ទះអន្ទែងក្នុងកាម ការជ្រប់ក្នុងកាម ការងប់ចុះក្នុងកាម អន្លង់គឺកាម គ្រឿងប្រកបគឺកាម ការថ្ពក់ជាប់គឺកាម នីវរណៈគឺកាមច្ឆន្ទៈ ក្នុងកាមទាំងឡាយណា កាមច្ឆន្ទៈនោះ របស់សត្វនោះ ជាសភាពកើតហើយ កើតព្រមហើយ កើតឡើងហើយ កើតចំពោះហើយ កើតប្រាកដហើយ ។ ពាក្យថា កាលសត្វ គឺកាលសត្វ ជន មាណព បុរស បុគ្គល ជីវសត្វ សត្វមានជាតិ សត្វមានជរា សត្វទៅដោយឥន្រ្ទិយ សត្វកើតអំពីមនុស្ស ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) កាលសត្វមានឆន្ទៈកើតហើយ ។

[៩] ពាក្យថា កាមទាំងឡាយនោះសាបសូន្យទៅ អធិប្បាយថា កាមទាំងឡាយនោះ សាបសូន្យ ឬសត្វនោះសាបសូន្យចាកកាមទាំងឡាយ ។

កាមទាំងឡាយនោះ សាបសូន្យដោយប្រការដូច​ម្តេច ? ព្រះរាជាទាំងឡាយ នាំយកភោគៈទាំងឡាយនោះ របស់សត្វនោះ ដែលកំពុងរស់នៅ ឬពួកចោរនាំយកទៅ ឬភ្លើងឆេះ ឬទឹកបន្សាត់យកទៅ ឬញាតិសាច់មិនជាទីគាប់ចិត្តដណ្តើមយក ឬសត្វនោះ មិនបានកំណប់ដែលខ្លួនកប់ទុក ការងារទាំងឡាយ ដែលប្រកបខុសទំនង ខូចខាតទៅ បុគ្គលសម្លាប់ត្រកូល កើតឡើងក្នុងត្រកូល បុគ្គលណា (ជាខាងក្រោយ) ខ្ជះខ្ជាយ បំផ្លាញ កំចាត់បង់នូវភោគៈទាំងនោះ បុគ្គលនោះឈ្មោះថា អ្នកមានសេចក្តីវិនាស ព្រោះភាពនៃការមិនទៀង កាមទាំងឡាយនោះ សាបសូន្យ សាបសូន្យស្រឡះ ខ្ចាត់ភ្លាត់ លះបង់ បាត់បង់ រលាយ រលត់ទៅយ៉ាងនេះ ។

បុគ្គលនោះ សាបសូន្យចាកកាមទាំងឡាយ ដោយប្រការដូច​ម្តេច ? ភោគៈទាំងឡាយនោះ ឋិតនៅ តែបុគ្គលនោះ ឃ្លាត ស្លាប់ អន្តរធាន វិនាសទៅ បុគ្គលនោះ ឈ្មោះថាសាបសូន្យ សាបសូន្យស្រឡះ ខ្ចាត់ភ្លាត់ បាត់បង់ អន្តរធាន វិនាសទៅយ៉ាងនេះ ។

ចោរទាំងឡាយ ព្រះរាជាទាំងឡាយ នាំយកទ្រព្យទៅ ភ្លើងឆេះទ្រព្យ ប្រយោជន៍វិនាសទៅ បុគ្គលលះបង់សរីរៈ ព្រមទាំងរបស់ដែលហួងហែងដោយមរណៈ អ្នកប្រាជ្ញ ជ្រាបសេចក្តីនេះហើយ គប្បីបរិភោគផង ឲ្យទានផង លុះបានឲ្យទាន និងបរិភោគ តាមសមគួរដល់អានុភាពហើយ រមែងជាបុគ្គលដែលមិនត្រូវគេនិន្ទា ហើយចូលទៅកាន់ឋានសួគ៌ ។

កាមទាំងឡាយនោះ ឈ្មោះថា រមែងសាបសូន្យ ។

[១០] ពាក្យថា សត្វរមែងក្តៅក្រហាយ ដូចត្រូវព្រួញមុត គឺសត្វដែលត្រូវព្រួញដែកមុត ឬត្រូវព្រួញឆ្អឹង ត្រូវព្រួញភ្លុក ត្រូវព្រួញស្នែង ឬត្រូវព្រួញឈើមុត រមែងក្តៅក្រហាយញាប់ញ័រ ចង្អៀតចង្អល់ លំបាក ឈឺចាប់ តូចចិត្ត យ៉ាងណា សេចក្តីសោក ខ្សឹកខ្សួល ទុក្ខទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ រមែងកើតឡើងព្រោះប្រែប្រួល ព្រាត់ប្រាសចាកវត្ថុកាមទាំងឡាយ បុគ្គលនោះ ត្រូវព្រួញគឺកាមមុត រមែងក្តៅក្រហាយញាប់ញ័រ ចង្អៀតចង្អល់ លំបាក ឈឺចាប់ តូចចិត្ត យ៉ាងនោះឯង ហេតុនោះ (ទ្រង់ត្រាស់ថា) សត្វក្តៅក្រហាយដូចត្រូវព្រួញមុត ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា ៖ បើកាលសត្វនោះ មានឆន្ទៈកើតហើយ កំពុងប្រាថ្នា កាមទាំងឡាយនោះ សាបសូន្យទៅវិញ សត្វរមែងក្តៅក្រហាយ ដូចត្រូវព្រួញមុត ។

[១១] បុគ្គលណា វៀរកាមទាំងឡាយ ដូចបុគ្គលវៀរក្បាលពស់ដោយជើង បុគ្គលនោះ ជាអ្នកមានសតិ រមែងកន្លងវិសត្តិកាតណ្ហានេះ ក្នុងលោក ។

[១២] អធិប្បាយពាក្យថា បុគ្គលណា វៀរកាមទាំងឡាយ ត្រង់ពាក្យថា បុគ្គលណា គឺជនណា បែបណា ប្រកបដោយប្រការណា តាំងនៅដោយប្រការណា មានប្រការយ៉ាងណា ដល់ឋានៈណា ប្រកបដោយធម៌ណា ទោះជាក្សត្រ ព្រាហ្មណ៍ វេស្សៈ សូទ្រៈ គ្រហស្ថ បព្វជិត ទេវតា ឬមនុស្ស ។ ពាក្យថា កាមទាំងឡាយ ក្នុងពាក្យថា វៀរកាមទាំងឡាយដូច្នេះ បើតាមឧទ្ទាន បានដល់កាម ២ គឺវត្ថុកាម ១ កិលេសកាម ១ ។បេ។ ទាំងនេះលោកហៅថា វត្ថុកាម ។បេ។ ទាំងនេះលោកហៅថា កិលេសកាម ។ ត្រង់ពាក្យថា វៀរកាមទាំងឡាយ គឺបុគ្គលវៀរកាមទាំងឡាយដោយហេតុ ២ គឺដោយកិរិយាសង្កត់សង្កិន ឬដោយការផ្តាច់ផ្តិល ។

បុគ្គលវៀរកាម ដោយកិរិយាសង្កត់សង្កិន តើដូច​ម្តេច ? បុគ្គលកាលឃើញថា កាមទាំងឡាយ មានឧបមាដូចរាងឆ្អឹង ដោយសេចក្តីថា មានសេចក្តីត្រេកអរតិច ឈ្មោះថាវៀរកាម ដោយកិរិយាសង្កត់សង្កិន កាលឃើញថា កាមទាំងឡាយ មានឧបមាដូចដុំសាច់ ដោយសេចក្តីថា ជារបស់សាធារណ៍ដល់សត្វ មានប្រមាណច្រើន ឈ្មោះថា វៀរកាម ដោយកិរិយាសង្កត់សង្កិន កាលឃើញថា កាមទាំងឡាយ មានឧបមាដូចគប់ស្មៅ ដោយសេចក្តីថា ដុតកំដៅរឿយ ៗ ឈ្មោះថាវៀរកាម ដោយកិរិយាសង្កត់សង្កិន កាលឃើញថា កាមទាំងឡាយ មានឧបមាដូចរណ្តៅរងើកភ្លើង ដោយសេចក្តីថា មានកិរិយាក្តៅរោលរាលខ្លាំង ឈ្មោះថាវៀរកាម ដោយកិរិយាសង្កត់សង្កិន កាលឃើញថា កាមទាំងឡាយ មានឧបមាដូចការយល់សប្តិ ដោយសេចក្តីថា មានកិរិយាតាំងឡើងដ៏ផ្តេសផ្តាស ឈ្មោះថាវៀរកាម ដោយកិរិយាសង្កត់សង្កិន កាលឃើញថា កាមទាំងឡាយ មានឧបមាដូចរបស់ដែលខ្ចីគេ ដោយសេចក្តីថា ជារបស់ប្រព្រឹត្តទៅមួយដងមួយកាលប៉ុណ្ណោះ ឈ្មោះថាវៀរកាម ដោយកិរិយាសង្កត់សង្កិន កាលឃើញថា កាមទាំងឡាយ មានឧបមាដូចឈើមានផ្លែ ដោយសេចក្តីថា មានកិរិយាបាក់ខ្ទេចខ្ទី ឬបាក់ដាច់អស់ ឈ្មោះថាវៀរកាម ដោយកិរិយាសង្កត់សង្កិន កាលឃើញថា កាមទាំងឡាយ មានឧបមាដូចកាំបិត និងជ្រញ់ ដោយសេចក្តីថា ដាច់រេចរិល ឈ្មោះថា វៀរកាមដោយកិរិយាសង្កត់សង្កិន កាលឃើញថា កាមទាំងឡាយ មានឧបមាដូចមុខលំពែង ដោយសេចក្តីថា ចាក់ទម្លុះ ឈ្មោះថា វៀរកាម ដោយកិរិយាសង្កត់សង្កិន កាលឃើញថា កាមទាំងឡាយ មានឧបមាដូចក្បាលពស់វែក ដោយសេចក្តីថា ប្រកបដោយភ័យចំពោះមុខ ឈ្មោះថា វៀរកាម ដោយកិរិយាសង្កត់សង្កិន កាលឃើញថា កាមទាំងឡាយ មានឧបមាដូចគំនរភ្លើង ដោយសេចក្តីថា ក្តៅ រោលរាលដោយភ្លើងធំ ឈ្មោះថា វៀរកាម ដោយកិរិយាសង្កត់សង្កិន ។ បុគ្គលកំពុងចម្រើនពុទ្ធានុស្សតិក្តី ឈ្មោះថា វៀរកាម ដោយកិរិយាសង្កត់សង្កិន កំពុងចម្រើនធម្មានុស្សតិក្តី កំពុងចម្រើនសង្ឃានុស្សតិក្តី កំពុងចម្រើនសីលានុស្សតិក្តី កំពុងចម្រើនចាគានុស្សតិក្តី កំពុងចម្រើនទេវតានុស្សតិក្តី កំពុងចម្រើនអានាបានុស្សតិក្តី កំពុងចម្រើនមរណានុស្សតិក្តី កំពុងចម្រើនកាយគតាសតិក្តី កំពុងចម្រើនឧបសមានុស្សតិក្តី ឈ្មោះថា វៀរកាមដោយកិរិយាសង្កត់សង្កិន ។ បុគ្គលកំពុងចម្រើនបឋមជ្ឈានក្តី ឈ្មោះថា វៀរកាមដោយកិរិយាសង្កត់សង្កិន ។ កំពុងចម្រើនទុតិយជ្ឈានក្តី កំពុងចម្រើនតតិយជ្ឈានក្តី កំពុងចម្រើនចតុត្ថជ្ឈានក្តី កំពុងចម្រើនអាកាសានញ្ចាយតនសមាបត្តិក្តី កំពុងចម្រើនវិញ្ញាណញ្ចាយតនសមាបត្តិក្តី កំពុងចម្រើនអាកិញ្ចញ្ញាយតនសមាបត្តិក្តី កំពុងចម្រើននេវសញ្ញានាសញ្ញាយតនសមាបត្តិក្តី ឈ្មោះថា វៀរកាម ដោយកិរិយាសង្កត់សង្កិន ។ បុគ្គលវៀរកាម ដោយកិរិយាសង្កត់សង្កិនយ៉ាងនេះ ។

បុគ្គលវៀរកាមដោយការផ្តាច់ផ្តិល តើដូច​ម្តេច ? បុគ្គលកាលចម្រើនសោតាបត្តិមគ្គក្តី ឈ្មោះថា វៀរកាមដែលជាហេតុទៅកាន់អបាយ ដោយកិរិយាផ្តាច់ផ្តិល កាលចម្រើនសកទាគាមិមគ្គក្តី ឈ្មោះថា វៀរកាមដ៏គ្រោតគ្រាត ដោយកិរិយាផ្តាច់ផ្តិល កាលចម្រើនអនាគាមិមគ្គក្តី ឈ្មោះថា វៀរកាមដ៏លិ្អត ដោយកិរិយាផ្តាច់ផ្តិល កាលចម្រើនអរហត្តមគ្គក្តី ឈ្មោះថា វៀរកាមដោយសព្វគ្រប់ គ្រប់ទាំងអស់ មិនមានសេសសល់ ឥតសេសសល់ ដោយកិរិយាផ្តាច់ផ្តិល ។ បុគ្គលវៀរកាមដោយការផ្តាច់ផ្តិលយ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលណាវៀរកាមទាំងឡាយ ។

[១៣] ពាក្យថា ដូចបុគ្គលវៀរក្បាលពស់ដោយជើង អធិប្បាយថា អហិសត្វ លោកហៅថា ពស់ ។ ដែលហៅថា ពស់ ដោយសេចក្តីដូច​ម្តេច ? សត្វណាលូនទៅ ហេតុនោះ សត្វនោះឈ្មោះថា ពស់ ។ សត្វណាពត់ពេន ហេតុនោះ សត្វនោះឈ្មោះថា ភុជគៈ ។ សត្វណាទៅដោយទ្រូង ហេតុនោះ សត្វនោះឈ្មោះថា ពស់ ។ សត្វណាមានក្បាលឱនរាប ហេតុនោះ សត្វនោះឈ្មោះថា ពស់ ។ សត្វណាលូនទៅដោយក្បាល ហេតុនោះ សត្វនោះឈ្មោះថា ពស់ ។ សត្វណាដេកក្នុងរន្ធ ហេតុនោះ សត្វនោះឈ្មោះថា វិលាស័យ ។ សត្វណាដេកក្នុងគុហា ហេតុនោះ សត្វនោះឈ្មោះថា គុហាស័យ ។ សត្វនោះមានចង្កូមជាអាវុធ ហេតុនោះ សត្វនោះឈ្មោះថា ទាឍាវុធ ។ សត្វនោះមានពិសដ៏ពន្លឹក ហេតុនោះ សត្វនោះឈ្មោះថា ឃោរវិសៈ ។ សត្វនោះមានអណ្តាតពីរ ហេតុនោះ សត្វនោះឈ្មោះថា ទុជិវា្ហ ។ សត្វណាជញ្ជក់រស ដោយអណ្តាតពីរ ហេតុនោះ សត្វនោះឈ្មោះថា ទិរសញ្ញូ ។ បុរសអ្នកចង់រស់ មិនចង់ស្លាប់ ប្រាថ្នាសេចក្តីសុខ ខ្ពើមសេចក្តីទុក្ខ គួរវៀរ គួរចៀសចេញ គួរគេចចេញ គួរវៀរស្រឡះចេញនូវក្បាលពស់ដោយជើង យ៉ាងណា បុគ្គលអ្នកប្រាថ្នាសេចក្តីសុខ ខ្ពើមសេចក្តីទុក្ខ គួរវៀរ គួរចៀសចេញ គួរគេចចេញ គួរវៀរស្រឡះចេញនូវកាមទាំងឡាយ ក៏យ៉ាងនោះដែរ ហេតុនោះ (ទ្រង់ត្រាស់ថា) ដូចបុគ្គលវៀរក្បាលពស់ដោយជើង ។

[១៤] អធិប្បាយពាក្យថា បុគ្គលនោះ ជាអ្នកមានសតិ រមែងកន្លងវិសត្តិកាតណ្ហានេះក្នុងលោក ត្រង់ពាក្យថា បុគ្គលនោះ គឺបុគ្គលដែលវៀរកាម ។ តណ្ហា លោកហៅថា វិសត្តិកា បានដល់តម្រេក តម្រេកមានកំឡាំង សេចក្តីកួចកាន់ សេចក្តីត្រេកអរ សេចក្តីរីករាយ សេចក្តីរីករាយក្នុងតម្រេក តម្រេកមានកំឡាំងរបស់ចិត្ត សេចក្តីប្រាថ្នា សេចក្តីជ្រប់ចុះ កិរិយាងប់ចុះ សេចក្តីចំពាក់ចិត្ត សេចក្តីចំពាក់មាំ កិលេសជាគ្រឿងជាប់ កិលេសដូចភក់ កិរិយាស្វែងរក ការលាក់ពុត កិលេសជាតិជាគ្រឿងញ៉ាំសត្វឲ្យកើត គ្រឿងញុំាងទុក្ខឲ្យកើត គ្រឿងចាក់ស្រេះ កិលេសជាតិដូចជាបណ្តាញ កិលេសជាតិហូរទៅ ផ្សាយទៅ ក្រសែ គឺតណ្ហា កិលេសជាតិដ៏ទូលាយ គ្រឿងញ៉ាំងអាយុឲ្យវិនាស តណ្ហាជាគំរប់ពីរ គ្រឿងតម្កល់ទុក គ្រឿងនាំសត្វទៅកាន់ភព កិលេសជាតិដូចជាព្រៃធំ ដូចជាព្រៃតូច ការស្និទ្ធស្នាល សេចក្តីស្នេហា សេចក្តីអាល័យ សេចក្តីជាប់ចំពាក់ សេចក្តីប៉ុនប៉ង សេចក្តីនឹកជញ្ជឹង ភាពនៃចិត្តនឹកជញ្ជឹង បំណងរូប បំណងសំឡេង បំណងក្លិន បំណងរស បំណងផ្សព្វ បំណងលាភ បំណងទ្រព្យ បំណងបុត្រ បំណងជីវិត ការជាប់ ការជាប់ទួទៅ ការជាប់ក្រៃលែង ការជាប់ កិរិយាជាប់ ភាពនៃចិត្តជាប់ ការជក់ស្អិត កិរិយាជក់ស្អិត ភាពនៃចិត្តជក់ស្អិត ភាពនៃចិត្តរឡិបរឡប់ ភាពនៃចិត្តប្រាថ្នាក្រៃពេក តម្រេកខុសគន្លងធម៌ សេចក្តីលោភមិនស្មើ សេចក្តីអាល័យ កិលេសជាតិជាទីអាល័យ សេចក្តីប្រាថ្នា សេចក្តីស្រឡាញ់ សេចក្តីប្រាថ្នាគ្រប់យ៉ាង កាមតណ្ហា ភវតណ្ហា វិភវតណ្ហា រូបតណ្ហា អរូបតណ្ហា និរោធតណ្ហា រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា អន្លង់ គ្រឿងប្រកបទុក គ្រឿងចាក់ស្រេះ គ្រឿងប្រកាន់ទុក កិរិយារារាំង កិរិយាទប់ កិរិយាប្រក់ កិរិយាចង កិរិយាសៅហ្មង កិរិយាដេកនៅរឿយ ៗ កិរិយាស្ទាក់ វល្លិ គឺតណ្ហា សេចក្តីប្រាថ្នាផ្សេង ៗ ឫសគល់នៃទុក្ខ ហេតុនៃទុក្ខ ដែនកើតនៃទុក្ខ អន្ទាក់នៃមារ សន្ទូចនៃមារ វិស័យនៃមារ ស្ទឹង គឺតណ្ហា បណ្តាញ គឺតណ្ហា ដងដោយ គឺតណ្ហា សមុទ្ទ គឺតណ្ហា អភិជ្ឈា លោភៈ អកុសលមូល ។

សំណួរត្រង់ពាក្យថា វិសត្តិកា តើវិសត្តិកា ដោយសេចក្តីដូច​ម្តេច ? តណ្ហាណា ផ្សាយទៅ ព្រោះហេតុនោះ តណ្ហានោះឈ្មោះថា វិសត្តិកា ។ តណ្ហាណា ដ៏ទូលាយ ព្រោះហេតុនោះ តណ្ហានោះឈ្មោះថា វិសត្តិកា ។ តណ្ហាណា ជ្រួតជ្រាបទៅ ព្រោះហេតុនោះ តណ្ហានោះឈ្មោះថា វិសត្តិកា ។ តណ្ហាណា អត់ទ្រាំ ព្រោះហេតុនោះ តណ្ហានោះឈ្មោះថា វិសត្តិកា ។ តណ្ហាណា ប្រមូលផ្សេង ៗ ព្រោះហេតុនោះ តណ្ហានោះឈ្មោះថា វិសត្តិកា ។ តណ្ហាណា ញុំាងសត្វឲ្យពោលខុស ព្រោះហេតុនោះ តណ្ហានោះឈ្មោះថា វិសត្តិកា ។ តណ្ហាណា មានឫសគល់ជាពិស ព្រោះហេតុនោះ តណ្ហានោះឈ្មោះថា វិសត្តិកា ។ តណ្ហាណា មានផ្លែជាពិស ព្រោះហេតុនោះ តណ្ហានោះឈ្មោះថា វិសត្តិកា ។ តណ្ហាណា មានគ្រឿងបរិភោគជាពិស ព្រោះហេតុនោះ តណ្ហានោះឈ្មោះថា វិសត្តិកា ។ មួយទៀត តណ្ហានោះ ជាកិលេសជាតិទូលាយ បាចសាចទៅ ផ្សាយទៅក្នុងរូប សំឡេង ក្លិន រស ផ្សព្វ ក្នុងត្រកូល គណៈ អាវាស លាភ យស សេចក្តីសរសើរ សុខក្នុងចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ក្នុងកាមធាតុ រូបធាតុ អរូបធាតុ ក្នុងកាមភព រូបភព អរូបភព ក្នុងសញ្ញាភព អសញ្ញាភព នេវសញ្ញានាសញ្ញាភព ឯកវោការភព ចតុវោការភព បញ្ចវោការភព ក្នុងកាលជាអតីត អនាគត បច្ចុប្បន្ន ក្នុងអារម្មណ៍ទាំងឡាយដែលខ្លួនឃើញ ឮ ប៉ះពាល់ ឬគប្បីដឹង ព្រោះហេតុនោះ តណ្ហានោះឈ្មោះថា វិសត្តិកា ។

ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក ។

ពាក្យថា ជាអ្នកមានសតិ គឺមានសតិ ដោយហេតុ ៤ យ៉ាងគឺ មានសតិ កាលចម្រើនកាយានុបស្សនាសតិប្បដ្ឋាន ក្នុងកាយ ក្នុងវេទនាទាំងឡាយ ក្នុងចិត្ត មានសតិ កាលចម្រើនធម្មានុបស្សនាសតិប្បដ្ឋាន ក្នុងធម៌ទាំងឡាយ ។ មានសតិ ដោយហេតុ ៤ យ៉ាងទៀត គឺមានសតិ ដោយការវៀរចាកកាមមិនមានសតិ មានសតិដោយការបានធ្វើធម៌ទាំងឡាយ ដែលខ្លួនគប្បីធ្វើដោយសតិ មានសតិ ដោយការបានកំចាត់នូវធម៌ទាំងឡាយ ជាទំនាស់ដល់សតិ មានសតិដោយការមិនភ្លេចភ្លាំងនូវធម៌ទាំងឡាយ ជានិមិត្តរបស់សតិ ។ មានសតិដោយហេតុ ៤ យ៉ាងទៀត គឺមានសតិដោយការបាន ប្រកបដោយសតិ មានសតិព្រោះជាអ្នកស្ទាត់ក្នុងសតិ មានសតិព្រោះជាអ្នកថ្នឹកក្នុងសតិ មានសតិព្រោះជាអ្នកមិនឃ្លៀងឃ្លាតចាកសតិ ។ មានសតិដោយហេតុ ៤ យ៉ាងផ្សេងទៀត គឺមានសតិព្រោះជាអ្នកមានស្មារតី មានសតិព្រោះជាអ្នកស្ងប់ មានសតិព្រោះជាអ្នករម្ងាប់ មានសតិព្រោះជាអ្នកប្រកបដោយសប្បុរិសធម៌ ។ មានសតិព្រោះការរលឹករឿយ ៗ ចំពោះព្រះពុទ្ធ មានសតិព្រោះការរលឹករឿយ ៗ ចំពោះព្រះធម៌ មានសតិព្រោះការរលឹករឿយ ៗ ចំពោះព្រះសង្ឃ មានសតិព្រោះការរលឹករឿយៗ ចំពោះសីល មានសតិព្រោះការរលឹករឿយ ៗ ចំពោះការលះ មានសតិព្រោះការរលឹករឿយ ៗ ចំពោះគុណធម៌នៃទេវតា មានសតិព្រោះការរលឹករឿយ ៗ ចំពោះខ្យល់ដង្ហើមចេញចូល មានសតិព្រោះការរលឹករឿយ ៗ ចំពោះមរណៈ មានសតិព្រោះការរលឹករឿយ ៗ ចំពោះកាយ មានសតិព្រោះការរលឹករឿយ ៗ ចំពោះឧបសមៈ គឺនិព្វាន ។ កិរិយារលឹក រលឹករឿយ ៗ រលឹកចំពោះ ឈ្មោះថាសតិ ភាពនៃកិរិយារលឹក ភាពនៃកិរិយាចាំទុក ភាពនៃកិរិយាមិនភ្លេចភ្លាំង ភាពនៃកិរិយាមិនវង្វេង ឈ្មោះថាសតិ សតិន្ទ្រិយ សតិពលៈ សម្មាសតិ សតិសម្ពោជ្ឈង្គ ឯកាយនមគ្គ (ផ្លូវជាទីប្រព្រឹត្តទៅនៃបុគ្គលម្នាក់ឯង) នេះលោកហៅថា សតិ ។ បុគ្គលណា កៀកកើយ អែបនែប ចូលទៅជិត ចូលផ្តេកផ្តិត មូលមិត្រ បរិបូណ៌ប្រកបដោយសតិនេះ បុគ្គលនោះ លោកហៅថា អ្នកមានស្មារតី ។

ពាក្យថា បុគ្គលនោះ ជាអ្នកមានស្មារតី រមែងកន្លងនូវវិសត្តិកាតណ្ហានេះ ក្នុងលោក សេចក្តីថា តណ្ហាឈ្មោះវិសត្តិកាណាក្នុងលោក បុគ្គលមានស្មារតី រមែងឆ្លង ឆ្លងឡើង ឆ្លងកាត់ ឈានកន្លង ប្រព្រឹត្តកន្លងនូវតណ្ហា ឈ្មោះវិសត្តិកានេះក្នុងលោក ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ ជាអ្នកមានស្មារតី រមែងកន្លងនូវវិសត្តិកាតណ្ហានេះក្នុងលោក ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា៖ បុគ្គលណា វៀរកាមទាំងឡាយ ដូចបុគ្គលវៀរក្បាលពស់ដោយជើង បុគ្គលនោះ ជាអ្នកមានស្មារតី រមែងកន្លងនូវវិសត្តិកាតណ្ហានេះក្នុងលោក ។

[១៥] ជនណា ប្រាថ្នារឿយ ៗ នូវស្រែ ទីកន្លែង បា្រក់ គោ សេះ ទាសៈ និងពួកបុរស ស្រ្តី ផៅពង្ស ឬកាមទាំងឡាយច្រើន ។

[១៦] អធិប្បាយពាក្យថា ស្រែ ទីកន្លែង បា្រក់ ត្រង់ពាក្យថា ស្រែ គឺ ស្រែស្រូវសាលី ស្រែស្រូវធម្មតា ចម្ការសណ្តែកបាយ ចម្ការសណ្តែករាជមាស ស្រែស្រូវដំណើប ស្រែស្រងែ ចម្ការល្ង ។ ពាក្យថា ទីកន្លែង គឺទីផ្ទះ ទីជង្រុក ទីមុខ (ផ្ទះ) ទីក្រោយ (ផ្ទះ) ទីសួន ទីកន្លែងនៅ ។ កហាបណៈ លោកហៅថា បា្រក់ ក្នុងបទថា បា្រក់ ហេតុនោះ (ទ្រង់ត្រាស់ថា) ស្រែ ទីកន្លែង បា្រក់ ។

[១៧] ពាក្យថា គោ សេះ ទាសៈ និងពួកបុរស អធិប្បាយថា គោទាំងឡាយ លោកហៅថា គោ ។ ពួកសត្វ មានសត្វចិញ្ចឹមជាដើម លោកហៅថា សេះ ។ ពាក្យថា ទាសៈ បានដល់ខ្ញុំ ៤ ពួក គឺខ្ញុំដែលកើតខាងក្នុងផ្ទះ [បានដល់ ខ្ញុំដែលកើតឡើងក្នុងផ្ទៃម្តាយ ជាខ្ញុំគេស្រាប់ ។] ១ ខ្ញុំដែលលោះដោយទ្រព ១ បុគ្គលដែលចូលមកជាខ្ញុំដោយខ្លួនឯង ១ បុគ្គលដែលមិនមាន​​​ប្រាថ្នា​ តែចូលមកជាខ្ញុំ [បានដល់ ខ្ញុំដែលគេរិបជាន់យកទាំងអំណាច ។ អដ្ឋកថា ។] ១ ។

បុគ្គលពួកមួយ ជាខ្ញុំកើតអំពីទាសី ក៏មាន ជាខ្ញុំដែលគេលោះដោយទ្រព្យ ក៏មាន បុគ្គលពួកមួយ ចូលមកជាខ្ញុំដោយខ្លួនឯង ក៏មាន បុគ្គលដែលត្រូវភ័យគ្របសង្កត់មកធ្វើជាខ្ញុំ ក៏មាន ។

ពាក្យថាពួកបុរស បានដល់បុរស ៣ ពួក គឺអ្នករាជការ ១ កម្មករ ១ អ្នកជំនួញ ១ ហេតុនោះ (ទ្រង់ត្រាស់ថា) គោ សេះ ទាសៈ និងពួកបុរស ។

[១៨] ពាក្យថា ស្រ្តី ផៅពង្ស ឬកាមទាំងឡាយច្រើន អធិប្បាយថា ស្រ្តីជាភរិយា លោកហៅថា ស្រ្តី ។ ពាក្យថា ផៅពង្ស បានដល់ផៅពង្ស ៤ ពួក គឺផៅពង្សជាប់ដោយញាតិ ១ ផៅពង្សជាប់ដោយគោត្រ ១ ផៅពង្សជាប់ដោយមន្ត ១ [បុគ្គលដែលបានរៀនមន្ត ឬសិល្បៈ ក្នុងសំណាក់អាចារ្យជាមួយគ្នា ហៅថា មន្តពន្ធុ សិប្បពន្ធុ ។ អដ្ឋកថា ។] ផៅពង្សជាប់ដោយសិល្បសាស្រ្ត ១ [បុគ្គលដែលបានរៀនមន្ត ឬសិល្បៈ ក្នុងសំណាក់អាចារ្យជាមួយគ្នា ហៅថា មន្តពន្ធុ សិប្បពន្ធុ ។ អដ្ឋកថា ។] ។ ពាក្យថា កាមទាំងឡាយច្រើន គឺកាមមានប្រមាណច្រើន ។ កាមមានប្រមាណច្រើននុ៎ះ គឺរូបទាំងឡាយ ជាទីគាប់ចិត្ត ។បេ។ ផ្សព្វទាំងឡាយជាទីគាប់ចិត្ត ហេតុនោះ (ទ្រង់ត្រាស់ថា) ស្រ្តី ផៅពង្ស កាមទាំងឡាយច្រើន ។

[១៩] អធិប្បាយពាក្យថា ជនណា​​​ប្រាថ្នា​រឿយៗ ត្រង់ពាក្យថា ជនណា គឺបុគ្គលណា បែបណា ប្រកបដោយប្រការណា តាំងនៅដោយប្រការណា មានប្រការយ៉ាងណា ដល់នូវឋានៈណា ប្រកបដោយធម៌ណា ទោះបីជាក្សត្រ ឬញ្រហ្មណ៍ ជាវេស្សៈ ឬសូទ្រៈ ជាគ្រហស្ថ ឬបព្វជិត ជាទេវតា ឬមនុស្ស ។ ពាក្យថា ជន បានដល់ សត្វ ជន មាណព បុរស បុគ្គល សត្វមានជីវិត សត្វមានជាតិ សត្វមានជរា សត្វទៅដោយឥន្ទ្រិយ សត្វកើតអំពីមនុស្ស ។ ពាក្យថា ​​​ប្រាថ្នា​រឿយ ៗ គឺចង់បាន ​​​ប្រាថ្នា​រឿយ ៗ ជាប់ចិត្ត ញ៉ាម ក្នុងវត្ថុកាមទាំងឡាយ ដោយសារកិលេសកាម ហេតុនោះ (ទ្រង់ត្រាស់ថា) ជនណា ​​​ប្រាថ្នា​រឿយ ៗ ។ ញ្រេះហេតុនោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ៖ ជនណា​​​ប្រាថ្នា​រឿយ ៗ នូវស្រែ ទីកន្លែង បា្រក់ គោ សេះ ទាសៈ និងពួកបុរស ស្រ្តី ផៅពង្ស ឬកាមទាំងឡាយច្រើន ។

[២០] កិលេសមិនមានកំឡាំងទាំងឡាយ រមែងសង្កត់សង្កិនបុគ្គលនោះ [សំដៅយកបុគ្គលប្រាសចាកពលៈ ៥ ប្រការ មានសទ្ធាពលៈជាដើម ។ អដ្ឋកថា ។] អន្តរាយទាំងឡាយ រមែងញាំញីបុគ្គលនោះ ទុក្ខរមែងជាប់តាមបុគ្គលនោះ ញ្រេះអន្តរាយនោះ ដូចជាទឹក កាលជ្រាបចូលកាន់នាវា ដែលបែកធ្លាយ ។

[២១] អធិប្បាយពាក្យថា កិលេស មិនមានកម្លាំងទាំងឡាយ រមែងសង្កត់សង្កិនបុគ្គលនោះ ត្រង់ពាក្យថា កិលេសមិនមានកម្លាំងទាំងឡាយ គឺកិលេសទាំងឡាយ មិនមានកម្លាំង មានកម្លាំងថយ មានកម្លាំងតិច មានសេចក្តីប្រឹងប្រែងតិច ថោកទាប ស្តួចស្តើង អន់ថយ ជ្រោកជ្រាក លាមក អាក្រក់ តិចតួច ។ កិលេសទាំងឡាយនោះ រមែងញាំញី ទន្រ្ទាន សង្កត់ គ្របសង្កត់ រួបរឹត ឈ្លេចឈ្លីបុគ្គលនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) កិលេសមិនមានកម្លាំងទាំងឡាយ រមែងសង្កត់សង្កិនបុគ្គលនោះ យ៉ាងនេះ​​ខ្លះ ? មួយទៀត កិលេសទាំងឡាយនោះ រមែងញាំញី ទន្រ្ទាន សង្កត់ គ្របសង្កត់ រួបរឹត ឈ្លេចឈ្លីនូវបុគ្គលមិនមានកម្លាំង មានកម្លាំងថយ មានកម្លាំងតិច មានសេចក្តីប្រឹងប្រែងតិច ថោកទាប ស្តួចស្តើង អន់ថយ ជ្រោកជ្រាក លាមក អាក្រក់ តិចតួច នូវបុគ្គលដែលមិនមានកម្លាំង គឺសទ្ធា កម្លាំងគឺព្យាយាម កម្លាំង គឺសតិ កម្លាំង គឺសមាធិ កម្លាំង គឺបញ្ញា កម្លាំង គឺហិរិ កម្លាំង គឺឱត្តប្បៈ ហេតុនោះ (ទ្រង់ត្រាស់ថា) កិលេសមិនមានកម្លាំងទាំងឡាយ រមែងសង្កត់សង្កិនបុគ្គលនោះ យ៉ាងនេះ​​ខ្លះ ?

[២២] អធិប្បាយពាក្យថា អន្តរាយទាំងឡាយ រមែងញាំញីបុគ្គលនោះ ត្រង់ពាក្យថា អន្តរាយទាំងឡាយ សំដៅយកអន្តរាយ ២ យ៉ាង គឺអន្តរាយបា្រកដ ១ អន្តរាយកំបាំង ១ ។

អន្តរាយបា្រកដ តើដូច​ម្តេច ? សីហៈ ខ្លាធំ ខ្លាដម្បង ខ្លាឃ្មុំ និងខ្លាត្រី ឆ្កែ គោ ក្របី ដំរី ពស់ ខ្ទួយ ក្អែប ពួកមាណព កំពុងលួចក្តី ធ្វើចោរកម្មហើយក្តី [សំដៅ កំពុងកាត់ជញ្ជាំងជាដើម] មិនទាន់ធ្វើចោរកម្មហើយក្តី [ទើបនឹងចេញទៅ ។ ន័យអដ្ឋកថា ។] រោគក្នុងភ្នែក រោគក្នុងត្រចៀក រោគក្នុងច្រមុះ រោគក្នុងអណ្តាត រោគក្នុងកាយ រោគក្នុងក្បាល រោគត្រង់ស្លឹកត្រចៀក រោគក្នុងមាត់ រោគត្រង់ធ្មេញ រោគក្អក រោគហឺត រោគក្រៅច្រមុះ រោគគ្រុនក្តៅក្រហាយ រោគរីងរៃ រោគក្នុងពោះ រោគខ្យល់ចាប់ រោគធ្លាក់ឈាម រោគចុកសៀត ចុះរាក ឃ្លង់ រោគពក ស្រែងស្រកីអណ្តែង ឆ្កួតជ្រូក ដំនួចពិស រមាស់ កម រោគអេះក្លាយ ឃ្លង់ដែក មួលឈាម រោគប្រមាត់ ប្រមេះទឹកបាយ ឫសដូងដុះ ក្អកឈាម ឫសដូងបាត អាពាធកើតអំពីប្រមាត់ អាពាធកើតអំពីស្លេស្ម អាពាធកើតអំពីខ្យល់ អាពាធកើតអំពីប្រជុំនៃ (ខ្យល់ ប្រមាត់ ស្លេស្ម) អាពាធកើតអំពីការផ្លាស់ប្តូររដូវ អាពាធកើតអំពីការរក្សាឥរិយាបថមិនស្មើគ្នា អាពាធកើតអំពីសេចក្តីព្យាយាមខ្លាំង [អាពាធនេះ កើតអំពីការបៀតបៀនរបស់អ្នកដទៃ មានសម្លាប់ ឬចងជាដើម ។ អដ្ឋកថា ។] អាពាធកើតអំពីផលកម្ម ត្រជាក់ ក្តៅ ឃ្លាន ស្រេក ឧច្ចារៈ បស្សាវៈ ​សម្ផស្ស​ របោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំទាំងឡាយ ទាំងនេះ លោកហៅថា អន្តរាយបា្រកដ ដូច្នេះឯង ។

អន្តរាយកំបាំង តើដូច​ម្តេច ? កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត កាមច្ឆន្ទនីវរណៈ ព្យាបាទនីវរណៈ ថីនមិទ្ធនីវរណៈ ឧទ្ធច្ចកុក្កុច្ចនីវរណៈ វិចិកិច្ឆានីវរណៈ រាគៈ ទោសៈ មោហៈ សេចក្តីក្រោធ ការចងក្រោធទុក ការលុបលាងគុណអ្នកដទៃ ការលើកខ្លួន សេចក្តីឈ្នានីស សេចក្តីកំណាញ់ ពុតត្បុត ការអួតអាង ការរឹងត្អឹង ការប្រណាំងប្រជែង ការប្រកាន់ខ្លួន ការមើលងាយគេ សេចក្តីស្រវឹង សេចក្តីប្រហែសធ្វេស កិលេសទាំងអស់ ទុច្ចរិតទាំងអស់ សេចក្តីក្រវល់ក្រវាយទាំងអស់ សេចក្តីអន្ទះអន្ទែងទាំងអស់ សេចក្តីក្តៅក្រហាយទាំងអស់ ការតាក់តែងអកុសលទាំងអស់ ទាំងនេះ លោកហៅថា អន្តរាយកំបាំង ។

សំណួរត្រង់ពាក្យថា អន្តរាយ តើអន្តរាយដោយអត្ថថាដូច​ម្តេច ? អន្តរាយ ព្រោះហេតុទន្ទ្រាន អន្តរាយព្រោះហេតុប្រព្រឹត្តទៅដើម្បីសេចក្តីវិនាស អន្តរាយ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ ។

អន្តរាយព្រោះហេតុទន្រ្ទាន តើដូច​ម្តេច ? អន្តរាយទាំងឡាយនោះ ញាំញី ទន្រ្ទាន គ្របសង្កត់ រួបរឹត បំផ្លាញ ញីញក់ នូវបុគ្គលនោះ ។ អន្តរាយ ព្រោះហេតុទន្រ្ទាន យ៉ាងនេះ ។

អន្តរាយ ព្រោះហេតុប្រព្រឹត្តទៅដើម្បីសេចក្តីវិនាស តើដូច​ម្តេច ? អន្តរាយទាំងនោះ ប្រព្រឹត្តទៅដើម្បីសេចក្តីវិនាស ដើម្បីអន្តរាយដល់ធម៌ទាំងឡាយជាកុសល ។ ធម៌ទាំងឡាយជាកុសល តើដូច​ម្តេច ? អន្តរាយទាំងឡាយនោះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីវិនាស ដើម្បីអន្តរាយដល់ធម៌ទាំងឡាយជាកុសលទាំងនេះ គឺសេចក្តីប្រតិបត្តិដោយប្រពៃ សេចក្តីប្រតិបត្តិដ៏សមគួរ សេចក្តីប្រតិបត្តិមិនជាសត្រូវ សេចក្តីប្រតិបត្តិសមគួរដល់អត្ថ សេចក្តីប្រតិបត្តិតាមធម៌សមគួរដល់ធម៌ ភាពនៃបុគ្គលអ្នកធ្វើឲ្យបរិបូណ៌ក្នុងសីលទាំងឡាយ ភាពនៃបុគ្គលអ្នកមានទ្វារគ្រប់គ្រងក្នុងឥន្រ្ទិយទាំងឡាយ ភាពនៃបុគ្គលអ្នកដឹងប្រមាណក្នុងភោជន ការប្រកបរឿយៗនូវធម៌ ជាគ្រឿងភ្ញាក់រលឹក សតិ និងសម្បជញ្ញៈ ការប្រកបរឿយៗ ក្នុងកិរិយាចម្រើនសតិប្បដ្ឋាន ៤ ការប្រកបរឿយៗ ក្នុងកិរិយាចម្រើនសម្មប្បធាន ៤ ការប្រកបរឿយៗ ក្នុងកិរិយាចម្រើនឥទ្ធិបាទ ៤ ការប្រកបរឿយៗ ក្នុងកិរិយាចម្រើនឥន្រ្ទិយ ៥ ការប្រកបរឿយៗ ក្នុងកិរិយាចម្រើនពលៈ ៥ ការប្រកបរឿយៗ ក្នុងកិរិយាចម្រើនពោជ្ឈង្គ ៧ ការប្រកបរឿយៗ ក្នុងកិរិយាចម្រើនអដ្ឋង្គិកមគ្គដ៏ប្រសើរ ។ អន្តរាយ ព្រោះហេតុប្រព្រឹត្តទៅ ដើម្បីសេចក្តីវិនាសយ៉ាងនេះ ។

អន្តរាយ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ តើដូច​ម្តេច ? ធម៌ទាំងឡាយដ៏លាមក ជាអកុសលនុ៎ះ អាស្រ័យនៅក្នុងអត្តភាព កើតឡើងក្នុងសរីរៈនោះ ។ ពួកសត្វអាស្រ័យនៅក្នុងរន្ធ ដេកនៅក្នុងរន្ធ ពួកសត្វអាស្រ័យនៅក្នុងទឹក ដេកនៅក្នុងទឹក ពួកសត្វអាស្រ័យនៅក្នុងព្រៃ ដេកនៅក្នុងព្រៃ ពួកសត្វអាស្រ័យនៅលើដើមឈើ ដេកនៅលើដើមឈើ យ៉ាងណាមិញ ធម៌ទាំងឡាយដ៏លាមក ជាអកុសលនុ៎ះ អាស្រ័យនៅក្នុងអត្តភាព កើតឡើងក្នុងសរីរៈនោះ យ៉ាងនោះដែរ ព្រោះហេតុនោះ អន្តរាយព្រោះអាស្រ័យក្នុងសរីរៈនោះ យ៉ាងនេះ​​ខ្លះ ?

សមដូចពាក្យនេះ ដែលព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកនៅជាមួយអន្តេវាសិក អ្នកនៅជាមួយអាចារ្យ រមែងនៅជាទុក្ខ មិនសប្បាយទេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកនៅជាមួយអន្តេវាសិក អ្នកនៅជាមួយអាចារ្យ រមែងនៅជាទុក្ខ មិនសប្បាយ តើដោយប្រការដូច​ម្តេច ? ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយដ៏លាមក ជាអកុសលណា ជាសេចក្តីត្រិះរិះដោយអំណាចនៃកិរិយារលឹកឃើញ ជាទីតាំងនៃសំយោជនៈ កើតឡើងដល់ភិក្ខុក្នុងសាសនានេះ ព្រោះឃើញរូបដោយចក្ខុ ធម៌ទាំងឡាយដ៏លាមក ជាអកុសលនោះ រមែងនៅ រមែងជាប់តាមក្នុងសន្តាននៃភិក្ខុនោះ ព្រោះហេតុនោះ ភិក្ខុនោះ តថាគតហៅថា អ្នកនៅជាមួយអន្តេវាសិក ធម៌ទាំងឡាយដ៏លាមក ជាអកុសលនោះ រមែងត្រួតត្រាភិក្ខុនោះ ព្រោះហេតុនោះ ភិក្ខុនោះ តថាគតហៅថា អ្នកនៅជាមួយអាចារ្យ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ធម៌ទាំងឡាយដ៏លាមក ជាអកុសលណា ជាសេចក្តីត្រិះរិះដោយកិរិយារលឹកឃើញ ជាទីតាំងនៃសំយោជនៈ កើតឡើងដល់ភិក្ខុ ព្រោះស្តាប់សម្លេងដោយត្រចៀក ហិតក្លិនដោយច្រមុះ លិទ្ធរសដោយអណ្តាត ប៉ះពាល់ផ្សព្វដោយកាយ ដឹងធម្មារម្មណ៍ដោយចិត្ត ធម៌ទាំងឡាយដ៏លាមក ជាអកុសលនោះ រមែងនៅ រមែងជាប់តាមក្នុងសន្តាននៃភិក្ខុនោះ ព្រោះហេតុនោះ ភិក្ខុនោះ តថាគតហៅថា អ្នកនៅជាមួយអន្តេវាសិក ធម៌ទាំងឡាយដ៏លាមក ជាអកុសលនោះ រមែងត្រួតត្រាភិក្ខុនោះ ព្រោះហេតុនោះ ភិក្ខុនោះ តថាគតហៅថា អ្នកនៅជាមួយអាចារ្យ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកនៅជាមួយអន្តេវាសិក អ្នកនៅជាមួយអាចារ្យ រមែងនៅជាទុក្ខ មិនសប្បាយដោយប្រការយ៉ាងនេះឯង ។ អន្តរាយ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ យ៉ាងនេះ​​ខ្លះ ?

មួយទៀត ពាក្យនេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ៣ នេះ ជាមន្ទិលខាងក្នុង ជាអមិត្តខាងក្នុង ជាសត្រូវខាងក្នុង ជាពេជ្ឈឃាតខាងក្នុង ជាបច្ចាមិត្តខាងក្នុង ។ ធម៌ទាំងឡាយ ៣ តើដូចម្តេច​​ខ្លះ ? ម្នាលភិក្ខុទាំងឡាយ លោភៈ ជាមន្ទិលខាងក្នុង ជាអមិត្តខាងក្នុង ជាសត្រូវខាងក្នុង ជាពេជ្ឈឃាតខាងក្នុង ជាបច្ចាមិត្តខាងក្នុង ម្នាលភិក្នុទាំងឡាយ ទោសៈ ជាមន្ទិលខាងក្នុង ជាអមិត្តខាងក្នុង ជាសត្រូវខាងក្នុង ជាពេជ្ឈឃាតខាងក្នុង ជាបច្ចាមិត្តខាងក្នុង ម្នាលភិក្ខុទាំងឡាយ មោហៈជាមន្ទិលខាងក្នុង ជាអមិត្តខាងក្នុង ជាសត្រូវខាងក្នុង ជាពេជ្ឈឃាតខាងក្នុង ជាបច្ចាមិត្តខាងក្នុង ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ នេះឯង ជាមន្ទិលខាងក្នុង ជាអមិត្តខាងក្នុង ជាសត្រូវខាងក្នុង ជាពេជ្ឈឃាតខាងក្នុង ជាបច្ចាមិត្តខាងក្នុង ។

លោភៈជាកិលេសញុំាងសេចក្តីវិនាសឲ្យកើត លោភៈជាកិលេសញុំាងចិត្តឲ្យកំរើក ភ័យកើតហើយខាងក្នុង ជនរមែងមិនយល់ច្បាស់នូវភ័យនោះទេ បុគ្គលអ្នកលោភ រមែងមិនដឹងអត្ថ បុគ្គលអ្នកលោភ រមែងមិនឃើញធម៌ លោភៈគ្របសង្កត់ជនណា សេចក្តីងងឹតឈឹងសូន្យ (នៃជននោះ) ក៏រមែងមានក្នុងកាលនោះ ទោសៈ ជាកិលេសញុំាងសេចក្តីវិនាសឲ្យកើត ទោសៈជាកិលេសញុំាងចិត្តឲ្យកំរើក ភ័យកើតហើយខាងក្នុង ជនរមែងមិនយល់ច្បាស់នូវភ័យនោះទេ បុគ្គលអ្នកក្រោធ រមែងមិនដឹងអត្ថ បុគ្គលអ្នកក្រោធ រមែងមិនឃើញធម៌ សេចក្តីក្រោធគ្របសង្កត់ជនណា សេចក្តីងងឹតឈឹងសូន្យ (នៃជននោះ) ក៏រមែងមានក្នុងកាលនោះ ។ មោហៈ ជាកិលេសញុំាងសេចក្តីវិនាសឲ្យកើត មោហៈជាកិលេសញុំាងចិត្តឲ្យកំរើក ភ័យកើតហើយខាងក្នុង ជនរមែងមិនយល់ច្បាស់នូវភ័យនោះទេ បុគ្គលអ្នកវង្វេង រមែងមិនដឹងអត្ថ បុគ្គលអ្នកវង្វេង រមែងមិនឃើញធម៌ មោហៈគ្របសង្កត់ជនណា សេចក្តីងងឹតឈឹងសូន្យ (នៃជននោះ) ក៏រមែងមាន ក្នុងកាលនោះ ។ អន្តរាយ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ យ៉ាងនេះ​​ខ្លះ ?

ន័យមួយទៀត ពាក្យនេះ ព្រះមានព្រះភាគត្រាស់ថា បពិត្រមហារាជ បុរិសធម៌ (ធម៌របស់បុរស) ៣ កាលកើតឡើងក្នុងសន្តាន រមែងកើតឡើង ដើម្បីមិនជាប្រយោជន៍ ដើម្បីទុក្ខ ដើម្បីការនៅមិនសប្បាយ ។ បុរិសធម៌ ៣ តើដូច​ម្តេច ? បពិត្រមហារាជ លោភៈ ជាបុរិសធម៌ កាលកើតឡើងក្នុងសន្តាន រមែងកើតឡើង ដើម្បីមិនជាប្រយោជន៍ ដើម្បីទុក្ខ ដើម្បីការនៅមិនសប្បាយ បពិត្រមហារាជ ទោសៈជាបុរិសធម៌ កាលកើតឡើងក្នុងសន្តាន រមែងកើតឡើងដើម្បីមិនជាប្រយោជន៍ ដើម្បីទុក្ខ ដើម្បីការនៅមិនសប្បាយ បពិត្រមហារាជ មោហៈជាបុរិសធម៌ កាលកើតឡើងក្នុងសន្តាន រមែងកើតឡើងដើម្បីមិនជាប្រយោជន៍ ដើម្បីទុក្ខ ដើម្បីការនៅមិនសប្បាយ ។ បពិត្រមហារាជ បុរិសធម៌ ៣ នេះឯង កាលកើតឡើងក្នុងសន្តាន រមែងកើតឡើងដើម្បីមិនជាប្រយោជន៍ ដើម្បីជាទុក្ខ ដើម្បីការនៅមិនសប្បាយ ។

លោភៈ ទោសៈ និងមោហៈ កើតអំពីខ្លួន រមែងបៀតបៀននូវបុរសអ្នកមានចិត្តអាក្រក់ ដូចជាឈើមានសំបកជាខ្លឹម (ឫស្សី ) ដែលវិនាសដោយសារផ្លែរបស់ខ្លួន ។

អន្តរាយ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ យ៉ាងនេះ​​ខ្លះ ? មួយវិញទៀត ពាក្យនោះ ព្រះមានព្រះភាគត្រាស់ថា ៖ រាគៈ និងទោសៈ មានអត្តភាពនេះជាហេតុ សេចក្តីមិនត្រេកអរ និងសេចក្តីត្រេកអរ និងការព្រឺរោម កើតអំពីអត្តភាពនេះ មនោវិតក្កៈទាំងឡាយ តាំងឡើងហើយ អំពីអត្តភាពនេះ លែងទៅ (នូវចិត្ត) ដូចជាកុមារចងបន្លាយនូវក្អែក ។

អន្តរាយ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ យ៉ាងនេះ​​ខ្លះ ?

ពាក្យថា អន្តរាយទាំងឡាយ រមែងញាំញីបុគ្គលនោះ បានសេចក្តីថា អន្តរាយទាំងឡាយនោះ រមែងទន្រ្ទាន ជិះជាន់ គ្របសង្កត់ រួបរឹត បំផ្លាញ ញីញក់នូវបុគ្គលនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) អន្តរាយទាំងឡាយ រមែងញាំញីបុគ្គលនោះ ។

[២៣] ពាក្យថា ទុក្ខ រមែងជាប់តាមបុគ្គលនោះ ព្រោះអន្តរាយនោះ អធិប្បាយថា ទុក្ខ រមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម នូវបុគ្គលនោះ ព្រោះសេចក្តីអន្តរាយនោះៗ គឺ ជាតិទុក្ខ រមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម ជរាទុក្ខ រមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម ព្យាធិទុក្ខ រមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម មរណទុក្ខ រមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម សោកបរិទេវទុក្ខទោមនស្សុបាយាសទុក្ខ រមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម ទុក្ខក្នុងនរក ទុក្ខក្នុងកំណើតតិរច្ឆាន ទុក្ខក្នុងបិត្តិវិស័យ រមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម ទុក្ខក្នុងពួកមនុស្ស ទុក្ខមានកិរិយាចុះកាន់គភ៌ជាមូល ទុក្ខមានកិរិយាតាំងនៅក្នុងគភ៌ជាមូល ទុក្ខមានកិរិយាចេញចាកគភ៌ជាមូល ទុក្ខប្រកបដោយគ្រឿងចង (ថែទាំ) របស់សត្វដែលកើតហើយ ទុក្ខព្រោះអាស្រ័យអ្នកដទៃ របស់សត្វដែលកើតហើយ ទុក្ខព្រោះការព្យាយាមរបស់ខ្លួន ទុក្ខព្រោះការព្យាយាមរបស់អ្នកដទៃ រមែងជាប់តាម ទៅតាម ប្រព្រឹត្តតាមទុក្ខ ទុក្ខរមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម សង្ខារទុក្ខ វិបរិណាមទុក្ខ រោគក្នុងភ្នែក រោគក្នុងត្រចៀក រោគក្នុងច្រមុះ រោគក្នុងអណ្តាត រោគក្នុងកាយ រោគក្នុងក្បាល រោគត្រង់ស្លឹកត្រចៀក រោគក្នុងមាត់ រោគត្រង់ធ្មេញ រោគក្អក រោគហឺត រោគក្រៅច្រមុះ រោគគ្រុនក្តៅក្រហាយ រោគរីងរៃ រោគក្នុងពោះ ខ្យល់ចាប់ រោគធ្លាក់ឈាម ចុកសៀត ចុះរាក ឃ្លង់ រោគពក ស្រែង ស្រកីអណ្តែង ឆ្កួតជ្រូក ដំនួចពិស រមាស់ កម រោគអេះក្លាយ ឃ្លង់ដែក មួលឈាម រោគប្រមាត់ ប្រមេះទឹកបាយ ឫសដូងដុះ ក្អកឈាម ឫសដូងបាត អាពាធកើតអំពីប្រមាត់ អាពាធកើតអំពីស្លេស្ម អាពាធកើតអំពីខ្យល់ អាពាធកើតអំពីប្រជុំ (នៃខ្យល់ ប្រមាត់ ស្លេស្ម) អាពាធកើតអំពីការផ្លាស់ប្តូររដូវ អាពាធកើតអំពីរក្សាឥរិយាបថមិនស្មើគ្នា អាពាធកើតអំពីសេចក្តីព្យាយាមខ្លាំង អាពាធកើតអំពីផលកម្ម ត្រជាក់ ក្ដៅ ឃ្លាន ស្រេក ឧច្ចារៈ បស្សាវៈ ​សម្ផស្ស​នៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំ ទុក្ខព្រោះកិរិយាស្លាប់នៃមាតា ទុក្ខព្រោះកិរិយាស្លាប់នៃបិតា ទុក្ខព្រោះកិរិយាស្លាប់នៃបងប្អូនប្រុស ទុក្ខព្រោះកិរិយាស្លាប់នៃបងប្អូនស្រី ទុក្ខព្រោះកិរិយាស្លាប់កូនប្រុស ទុក្ខព្រោះកិរិយាស្លាប់កូនស្រី ទុក្ខព្រោះវិនាសញាតិ ទុក្ខព្រោះវិនាសភោគសម្បតិ្ត ទុក្ខព្រោះវិនាស គឺរោគ ទុក្ខព្រោះវិនាសសីល ទុក្ខព្រោះវិនាសគឺទិដ្ឋិ រមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម (នូវបុគ្គលនោះ) ហេតុនោះ (ទ្រង់ត្រាស់ថា) ទុក្ខរមែងជាប់តាមបុគ្គលនោះ ព្រោះអន្តរាយនោះ ។

[២៤] ពាក្យថា ដូចជាទឹកកាលជ្រាបចូលកាន់នាវាដែលបែកធ្លាយ សេចក្តីថា ទឹកប្រព្រឹត្តតាមទូកដែលបែកធ្លាយ គឺទឹករមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម ត្រង់ទីដែលធ្លាយនោះៗ ទឹករមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម ត្រង់ទីខាងមុខខ្លះ ទឹករមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម ត្រង់ទីខាងក្រោយខ្លះ ត្រង់ទីខាងក្រោមខ្លះ ត្រង់ទីខាងខ្លះ យ៉ាងណាមិញ សេចក្តីទុក្ខរមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម នូវបុគ្គលនោះ ព្រោះសេចក្តីអន្តរាយនោះៗ ជាតិទុក្ខ រមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម ។បេ។ ទុក្ខព្រោះកិរិយាវិនាស គឺទិដ្ឋិ រមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម ក៏យ៉ាងនោះដែរ ហេតុនោះ (ទ្រង់ត្រាស់ថា) ដូចជាទឹកកាលជ្រាបចូលកាន់នាវាដែលបែកធ្លាយ ។ ព្រោះហេតុនោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ៖ កិលេសមិនមានកម្លាំងទាំងឡាយ រមែងសង្កត់សង្កិនបុគ្គលនោះ អន្តរាយទាំងឡាយ រមែងញាំញីបុគ្គលនោះ ទុក្ខរមែងជាប់តាមបុគ្គលនោះ ព្រោះអន្តរាយនោះ ដូចជាទឹកកាលជ្រាបចូលកាន់នាវាដែលបែកធ្លាយ ។

[២៥] ព្រោះហេតុនោះ ជនអ្នកមានស្មារតីគ្រប់កាល គប្បីវៀរស្រឡះនូវកាមទាំងឡាយ ជនលុះលះបង់កាមទាំងនោះ ទើបឆ្លងឱឃៈបាន ដូចបុគ្គលអ្នកដល់ត្រើយ ព្រោះស្តារនាវា ។

[២៦] អធិប្បាយពាក្យថា ព្រោះហេតុនោះ ជនអ្នកមានស្មារតីគ្រប់កាល ត្រង់ពាក្យថា ព្រោះហេតុនោះ គឺព្រោះហេតុដូច្នោះ ព្រោះដំណើរនោះ ព្រោះហេតុនោះ ព្រោះបច្ច័យនោះ ព្រោះអំពើនោះជាហេតុ ជួនកាលឃើញច្បាស់នូវទោសនុ៎ះ ក្នុងកាមទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះហេតុនោះ ។ ពាក្យថា ជន គឺសត្វ នរៈ មាណព បុរស បុគ្គល សត្វមានជីវិត សត្វមានជាតិ សត្វមានជរា សត្វទៅដោយឥន្រ្ទិយ សត្វកើតអំពីមនុស្ស ។ ពាក្យថា គ្រប់កាល គឺសព្វកាល រាល់វេលា អស់កាលទាំងពួង អស់កាលជានិច្ច អស់កាលដ៏ទៀងទាត់ ឋិតថេររឿយៗ ប៉ុកប៉ឺន ញឹកញាប់ មានសភាពដូចជារលកទឹក មិនដាច់ ជាប់ត ប្រព្រឹត្តទៅជាមួយគ្នា ប៉ះជាប់គ្នា កាលមុនភត្ត កាលក្រោយភត្ត យាមខាងដើម យាមកណ្តាល យាមទីបំផុត ក្នុងកាលរនោច ខ្នើត វស្សានរដូវ ហេមន្តរដូវ គិម្ហរដូវ គំនរវ័យខាងដើម គំនរវ័យកណ្តាល គំនរវ័យទីបំផុត ។ ពាក្យថា មានសតិ គឺមានសតិ ដោយហេតុ ៤ យ៉ាង គឺមានសតិ កាលចម្រើនកាយានុបស្សនាសតិប្បដ្ឋាន ក្នុងកាយ ក្នុងវេទនាទាំងឡាយ ក្នុងចិត្ត មានសតិ កាលចម្រើនធម្មានុបស្សនាសតិប្បដ្ឋាន ក្នុងធម៌ទាំងឡាយ ។ មានសតិ ដោយហេតុ ៤ យ៉ាងដទៃទៀត ។បេ។ បុគ្គលនោះ លោកហៅថា អ្នកមានសតិ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះហេតុនោះ ជនអ្នកមានស្មារតីគ្រប់កាល ។

[២៧] អធិប្បាយពាក្យថា គប្បីវៀរស្រឡះនូវកាមទាំងឡាយ ត្រង់ពាក្យថា កាម បើតាមឧទ្ទាន បានដល់កាម ២ យ៉ាង គឺវត្ថុកាម ១ កិលេសកាម ១ ។បេ។ ទាំងនេះហៅថា វត្ថុកាម ។បេ។ ទាំងនេះហៅថាកិលេសកាម ។ ពាក្យថា គប្បីវៀរស្រឡះនូវកាមទាំងឡាយ គឺគប្បីវៀរនូវកាម ដោយហេតុ ២ យ៉ាង គឺកិរិយាសង្កត់សង្កិន ១ កិរិយាផ្តាច់បង់ ១ ។ បុគ្គលវៀរកាមដោយកិរិយាសង្កត់សង្កិន តើដូច​ម្តេច ? បុគ្គលកាលឃើញថា កាមទាំងឡាយ មានឧបមាដូចរាងឆ្អឹង ដោយសេចក្តីថា មានសេចក្តីត្រេកអរតិច ឈ្មោះថា វៀរកាមដោយកិរិយាសង្កត់សង្កិន កាលឃើញថា កាមទាំងឡាយ មានឧបមាដោយដុំសាច់ ដោយសេចក្តីថា ជារបស់សាធារណ៍ ដល់សត្វមានប្រមាណច្រើន ឈ្មោះថាវៀរកាម ដោយកិរិយាសង្កត់សង្កិន កាលឃើញថា កាមទាំងឡាយ មានឧបមាដូចគប់ភ្លើងស្មៅ ដោយសេចក្តីថា ដុតកំដៅរឿយៗ ឈ្មោះថាវៀរកាម ដោយកិរិយាសង្កត់សង្កិន ។បេ។ កំពុងចម្រើននេវសញ្ញានាសញ្ញាយតនសមាបត្តិក្តី ឈ្មោះថា វៀរកាមដោយកិរិយាសង្កត់សង្កិន ។ បុគ្គលវៀរកាម ដោយកិរិយាសង្កត់សង្កិន ដោយប្រការយ៉ាងនេះ ។បេ។ បុគ្គលវៀរកាម ដោយកិរិយាផ្តាច់បង់ ដោយប្រការយ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីវៀរស្រឡះនូវកាមទាំងឡាយ ។

[២៨] ពាក្យថា កាមទាំងនោះ ក្នុងបទថា ជនលុះលះបង់កាមទាំងនោះ ទើបឆ្លងឱឃៈបាន គឺជនកំណត់ដឹងនូវវត្ថុកាមទាំងឡាយ លះបង់ កំចាត់បង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាននូវកិលេសកាមទាំងឡាយ លះបង់ កំចាត់បង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាន នូវកាមច្ឆន្ទនីវរណៈ លះបង់ កំចាត់បង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាន នូវព្យាបាទនីវរណៈ ថីនមិទ្ធនីវរណៈ ឧទ្ធច្ចកុក្កុច្ចនីវរណៈ វិចិកិច្ឆានីវរណៈ គប្បីឆ្លង គប្បីឆ្លងឡើង គប្បីឆ្លងកាត់ ឈានកន្លង ប្រព្រឹត្តកន្លងនូវឱឃៈ គឺកាម ឱឃៈគឺភព ឱឃៈគឺខិដ្ឋិ ឱឃៈគឺអវិជ្ជា ហេតុនោះ (ទ្រង់ត្រាស់ថា) ជនលុះលះបង់កាមទាំងនោះ ទើបឆ្លងឱឃៈបាន ។

[២៩] ពាក្យថា ដូចបុគ្គលអ្នកដល់ត្រើយ ព្រោះស្តារនាវា អធិប្បាយថា បុគ្គល បាច ស្តារ ជះចោលនូវទឹកក្នុងនាវា មានគ្រឿងផ្ទុកដ៏ធ្ងន់ ហើយដល់ត្រើយឆាប់រហ័ស មិនលំបាក ដោយសារនាវាស្រាល យ៉ាងណាមិញ បុគ្គលកំណត់ដឹងនូវវត្ថុកាមទាំងឡាយ លះបង់ កំចាត់បង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាន នូវកិលេសកាមទាំងឡាយ លះបង់ កំចាត់បង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាន នូវកាមច្ឆន្ទនីវរណៈ ព្យាបាទនីវរណៈ ថីនមិទ្ធនីវរណៈ ឧទ្ធច្ចកុក្កុច្ចនីវរណៈ វិចិកិច្ឆានីវរណៈ ហើយដល់ត្រើយឆាប់រហ័សដោយមិនលំបាក ក៏យ៉ាងនោះដែរ ។ អមតនិពា្វន ការរម្ងាប់សង្ខារទាំងពួង កិរិយាលះបង់កិលេសទាំងពួង ការអស់តណ្ហា ការបា្រសចាកតម្រេក ការរលត់ (នៃកិលេស) ការចេញចាកតណ្ហា លោកពោលថា ត្រើយ បុគ្គលគប្បីដល់ត្រើយ បានត្រើយ ប៉ះពាល់ត្រើយ ធ្វើឲ្យជាក់ច្បាស់នូវត្រើយនោះ ។ ពាក្យថា បុគ្គលអ្នកដល់ត្រើយ គឺបុគ្គលណា ​​​ប្រាថ្នា​ដើម្បីទៅកាន់ត្រើយ បុគ្គលនោះ ឈ្មោះថា អ្នកទៅកាន់ត្រើយ បុគ្គលណា កំពុងទៅកាន់ត្រើយ បុគ្គលនោះ ឈ្មោះថាអ្នកទៅកាន់ត្រើយ ។ បុគ្គលណាដល់ហើយនូវត្រើយ បុគ្គលនោះ ឈ្មោះថា អ្នកទៅកាន់ត្រើយ ។ សមដូចពាក្យនេះ ដែលព្រះមានព្រះភាគទ្រង់ត្រាស់ថា ព្រាហ្មណ៍ឆ្លងដល់ត្រើយ ឋិតនៅលើគោក ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ព្រាហ្មណ៍នេះ ជាឈ្មោះនៃព្រះអរហន្ត ព្រះអរហន្តនោះ ឈ្មោះថា អ្នកដល់ត្រើយ ដោយការត្រាស់ដឹង អ្នកដល់ត្រើយដោយការកំណត់ដឹង អ្នកដល់ត្រើយដោយការលះបង់ អ្នកដល់ត្រើយដោយការចម្រើន អ្នកដល់ត្រើយ ដោយការធ្វើឲ្យជាក់ច្បាស់ អ្នកដល់ត្រើយដោយសមាបត្តិ អ្នកដល់ត្រើយដោយការត្រាស់ដឹងធម៌ទាំងពួង អ្នកដល់ត្រើយដោយការកំណត់ដឹងទុក្ខទាំងពួង អ្នកដល់ត្រើយ ដោយការលះបង់កិលេសទាំងពួង អ្នកដល់ត្រើយដោយការចម្រើនអរិយមគ្គទាំង ៤ អ្នកដល់ត្រើយដោយការធ្វើឲ្យជាក់ច្បាស់នូវនិរោធសច្ចៈ អ្នកដល់ត្រើយដោយការចូលទៅកាន់សមាបត្តិទាំងពួង ព្រះអរហន្តនោះដល់នូវភាពដ៏ស្ទាត់ ដល់នូវឧត្តមភាពក្នុងសីលដ៏ប្រសើរ ដល់នូវភាពដ៏ស្ទាត់ ដល់នូវឧត្តមភាព ក្នុងសមាធិដ៏ប្រសើរ ដល់នូវភាពដ៏ស្ទាត់ ដល់នូវឧត្តមភាពក្នុងបញ្ញាដ៏ប្រសើរ ដល់នូវភាពដ៏ស្ទាត់ ដល់នូវឧត្តមភាព ដោយវិមុត្តិដ៏ប្រសើរ ព្រះអរហន្តនោះ ឈ្មោះថា ទៅកាន់ត្រើយ ដល់ត្រើយ ទៅកាន់ទីបំផុត (នៃសង្ខារ) ដល់ទីបំផុត ទៅកាន់ទីខាងចុង ដល់ទីខាងចុង ទៅកាន់ទីបំផុតជុំវិញ ដល់ទីបំផុតជុំវិញ ទៅកាន់ទីអវសាន ដល់ទីអវសាន ទៅកាន់ទីពំនាក់ ដល់ទីពំនាក់ ទៅកាន់ទីពឹងពួន ដល់ទីពឹងពួន ទៅកាន់ទីជាទីពឹង ដល់ទីជាទីពឹង ទៅកាន់ទីមិនមានភ័យ ដល់ទីមិនមានភ័យ ទៅកាន់ទីមិនច្យុត ដល់ទីមិនច្យុត ទៅកាន់ទីមិនស្លាប់ ដល់ទីមិនស្លាប់ ទៅកាន់និពា្វន ដល់និពា្វន ព្រះអរហន្តនោះ មានធម៌ជាគ្រឿងអប់រំនៅស្រេចហើយ មានកិរិយាប្រព្រឹត្តិ ប្រព្រឹត្តហើយ មានផ្លូវឆ្ងាយ គឺសង្សារកន្លងហើយ មានទិស គឺព្រះនិពា្វនដល់ហើយ មានទីបំផុតនៃព្រះនិពា្វនដល់ហើយ មានព្រហ្មចរិយធម៌រក្សាហើយ ដល់ហើយនូវការឃើញដ៏ឧត្តម មានមគ្គចម្រើនហើយ មានកិលេសលះបង់ហើយ មានអរហត្តផលជាធម្មជាតមិនកម្រើក ត្រាស់ដឹងហើយ មាននិរោធ គឺព្រះនិពា្វន ធ្វើឲ្យជាក់ច្បាស់ហើយ ទុក្ខ ព្រះអរហន្តនោះ កំណត់ដឹងហើយ សមុទយៈលះបង់ហើយ មគ្គចម្រើនហើយ និរោធធម៌បានធ្វើឲ្យជាក់ច្បាស់ហើយ ត្រាស់ដឹងហើយនូវហេតុដែលគួរត្រាស់ដឹង កំណត់ដឹងហើយនូវហេតុដែលគួរកំណត់ដឹង លះបង់ហើយនូវហេតុដែលគួរលះបង់ ចម្រើនហើយនូវហេតុដែលគួរចម្រើន ធ្វើឲ្យជាក់ច្បាស់ហើយនូវហេតុដែលគួរធ្វើឲ្យជាក់ច្បាស់ ។ ព្រះអរហន្តនោះ មានសសរគោល គឺអវិជ្ជាដកចេញហើយ មានស្នាមភ្លោះ គឺជាតិសង្សារលុបអស់ហើយ មានសសរខឿនគឺតណ្ហាដកចេញហើយ មិនមានគន្លឹះទ្វារ គឺឱរម្ភាគិយសំយោជន៍ ជាអរិយៈ មិនមានកិលេស មានទង់គឺមានះទំលាក់ហើយ មានគ្រឿងធ្ងន់ [ខន្ធភារៈ កិលេសភារៈ អភិសង្ខារភារៈ បញ្ចកាមគុណភារៈ មានភារៈ ។] ទំលាក់ចេញហើយ ជាអ្នកបា្រសចាកកិលេស លះបង់អង្គ ៥ គឺនីវរណៈហើយ ប្រកបព្រមដោយអង្គបាំ្រមួយ [ភិក្ខុមានសតិសម្បជញ្ញៈ ដោយអំណាចឧបេក្ខា កំចាត់បង់នូវសេចក្តីថ្នាំងថ្នាក់ ឬសោមនស្សក្នុងអារម្មណ៍ទាំង៦ មានរូបារម្មណ៍ជាដើម ។ អដ្ឋកថា ។] មានការរក្សាដោយធម៌តែមួយ គឺសតិ មានធម៌ជាគ្រឿងពឹងផ្អែក ៤ ប្រការ មានទិដ្ឋិសច្ចដោយឡែកលះបង់ហើយ មានការស្វែងរកទាំងពួងលះបង់ហើយដោយប្រពៃ មានសេចក្តី្តត្រិះរិះមិនមានល្អក់ មានកាយសង្ខារស្ងប់រម្ងាប់ហើយ មានចិត្តផុតស្រឡះហើយដោយប្រពៃ មានបញ្ញាផុតស្រឡះហើយដោយប្រពៃ ជាបុគ្គលបរិបូណ៌ មានព្រហ្មចរិយធម៌ប្រព្រឹត្តស្រេចហើយ ជាឧត្តមបុរស ជាបរមបុរស ដល់នូវការដល់ដ៏ប្រសើរ ព្រះអរហន្តនោះ មិនសន្សំ មិនកំចាត់បង់ លោកនឹងធឹង ព្រោះកំចាត់បង់ មិនលះបង់ មិនប្រកាន់ លោកនឹងធឹងព្រោះលះបង់ មិនចាក់ស្រេះ មិន​តម្កើង​ (ដោយតណ្ហា និងមានះ) លោកនឹងធឹង ព្រោះមិនចាក់ស្រេះ មិនរំលត់ មិនបង្កាត់ (នូវភ្លើង គឺកិលេស) លោកនឹងធឹង ព្រោះរំលត់ លោកខ្ជាប់ខ្ជួន ព្រោះប្រកបដោយសីលក្ខន្ធជាអសេក្ខៈ លោកខ្ជាប់ខ្ជួន ព្រោះប្រកបដោយសមាធិក្ខន្ធជាអសេក្ខៈ ដោយបញ្ញាខន្ធជាអសេក្ខៈ ដោយវិមុត្តិក្ខន្ធជាអសេក្ខៈ ដោយវិមុត្តិញាណទស្សនក្ខន្ធជាអសេក្ខៈ លោកខ្ជាប់ខ្ជួន ព្រោះយល់ច្បាស់នូវសច្ចធម៌ លោកខ្ជាប់ខ្ជួន ព្រោះកន្លងផុតយ៉ាងនេះ លោកខ្ជាប់ខ្ជួន ព្រោះរំលត់ភ្លើង គឺកិលេស លោកខ្ជាប់ខ្ជួន ព្រោះមិនមានដំណើរតទៅទៀត លោកខ្ជាប់ខ្ជួន ព្រោះចាប់បាននូវកំពូល (ជ័យជំនះ) លោកខ្ជាប់ខ្ជួន ព្រោះកិរិយាសេពនូវធម៌ជាគ្រឿងផុតស្រឡះ លោកខ្ជាប់ខ្ជួន ព្រោះមេត្តាជាគុណជាតិដ៏បរិសុទ្ធ លោកខ្ជាប់ខ្ជួន ព្រោះករុណា មុទិតា ឧបេក្ខា ជាគុណជាតិដ៏បរិសុទ្ធ លោកខ្ជាប់ខ្ជួន ព្រោះដល់ទីបំផុតនៃសេចក្តីបរិសុទ្ធិ លោកខ្ជាប់ខ្ជួន ព្រោះសេចក្តីបរិសុទ្ធិ មិនគួរដល់ការងារ (នៃតណ្ហា ទិដ្ឋិ មានះ) លោកខ្ជាប់ខ្ជួន ព្រោះផុតស្រឡះ លោកខ្ជាប់ខ្ជួន ព្រោះជាបុគ្គលសន្តោស លោកខ្ជាប់ខ្ជួនក្នុងទីបំផុតនៃខន្ធ លោកខ្ជាប់ខ្ជួនក្នុងទីបំផុតនៃធាតុ លោកខ្ជាប់ខ្ជួនក្នុងទីបំផុតនៃអាយតនៈ លោកខ្ជាប់ខ្ជួនក្នុងទីបំផុតនៃគតិ លោកខ្ជាប់ខ្ជួនក្នុងទីបំផុតនៃឧបបត្តិភព លោកខ្ជាប់ខ្ជួនក្នុងទីបំផុតនៃបដិសន្ធិ លោកខ្ជាប់ខ្ជួនក្នុងទីបំផុតនៃភព លោកខ្ជាប់ខ្ជួន ក្នុងទីបំផុតនៃសង្សារ លោកខ្ជាប់ខ្ជួនក្នុងទីបំផុតនៃវដ្តៈ លោកខ្ជាប់ខ្ជួន ក្នុងភពជាទីបំផុត លោកខ្ជាប់ខ្ជួនក្នុងសរីរៈ ជាទីប្រជុំក្នុងទីបំផុត ទ្រទ្រង់រាងកាយជាទីបំផុត ជាព្រះអរហន្ត ។

ភពនេះ ជាទីបំផុតរបស់ព្រះអរហន្តនោះ អត្តភាពនេះ ជាខាងក្រោយបង្អស់ ការអន្ទោលទៅដោយជាតិ និងមរណៈ ភពថ្មីរបស់ព្រះអរហន្តនោះ មិនមានទេ ។

ហេតុនោះ (ទ្រង់ត្រាស់ថា) ដូចជាបុគ្គលអ្នកដល់ត្រើយ ព្រោះស្តារនាវា ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា ៖ ព្រោះហេតុនោះ ជនអ្នកមានស្មារតីគ្រប់កាល គប្បីវៀរស្រឡះនូវកាមទាំងឡាយ ជនលុះលះបង់នូវកាមទាំងនោះ ទើបឆ្លងឱឃៈបាន ដូចបុគ្គលអ្នកដល់នូវត្រើយ ព្រោះស្តារនាវា ។

កាមសុត្តនិទ្ទេស ទី១ ។

គុហដ្ឋកសុត្តនិទ្ទេស ទី២កែប្រែ

[៣០] (ព្រះមានព្រះភាគត្រាស់ថា) នរជនណា កាលឋិតនៅ ជាប់នៅក្នុងគុហា ត្រូវកិលេសដ៏ច្រើន បិទបាំងលិចចុះក្នុងមោហៈ (អារម្មណ៍ជាគ្រឿងវង្វេង) នរជនមានសភាពដូច្នោះនោះ រមែងឋិតនៅក្នុងទីឆ្ងាយអំពីវិវេក ដ្បិតកាមទាំងឡាយក្នុងលោក បុគ្គលមិនមែនលះបង់បានដោយងាយទេ ។

[៣១] អធិប្បាយពាក្យថា ជាប់នៅក្នុងគុហា ត្រូវកិលេសដ៏ច្រើនបិទបាំង ត្រង់ពាក្យថា ជាប់នៅ ព្រះអង្គពោលក៏ពិតហើយ ។ តែខ្ញុំសូមពោលត្រង់ពាក្យថា គុហា ជាមុនសិន ។ កាយ លោកហៅថា គុហា ។ ពាក្យថា កាយក្តី គុហាក្តី ទេហៈក្តី សន្ទេហៈក្តី នាវាក្តី រថក្តី ទង់ក្តី ដំបូកក្តី សម្បុកក្តី នគរក្តី កុដិក្តី បូសក្តី ក្អមក្តី នេះជាឈ្មោះនៃកាយ ។ ពាក្យថា ជាប់នៅក្នុងគុហា គឺជាប់នៅផ្សេងៗ ជាប់ទួទៅ ទាក់នៅ ថ្ពក់នៅ ព័ន្ធព័ទ្ធនៅក្នុងគុហា ។ ភណ្ឌៈដែលជាប់នៅ ជាប់ផ្សេងៗ ជាប់ទួទៅ ទាក់នៅ ថ្ពក់នៅ ព័ន្ធព័ទ្ធនៅឰដ៏ចម្រឹង ដែលដោតនឹងជញ្ជាំងក្តី ឰដ៏ដៃកែវក្តី យ៉ាងណា នរជនជាប់នៅ ជាប់ផ្សេងៗ ជាប់ទួទៅ ទាក់នៅ ថ្ពក់នៅ ព័ន្ធព័ទ្ធនៅក្នុងគុហា ក៏យ៉ាងនោះដែរ ។ សមដូចព្រះពុទ្ធដីកានេះ ដែលព្រះមានព្រះភាគទ្រង់ត្រាស់ថា សេចក្តីពេញចិត្តណា តម្រេកណា សេចក្តីត្រេកត្រអាលណា សេចក្តីប៉ុនប៉ងណា សេចក្តីប្រកាន់ដោយឧបាយ ដែលមានការតាំងចិត្ត និងការប្រកាន់ជាអនុស័យណា ក្នុងរូប នរជនជាប់ក្នុងកិលេសនោះៗ ហេតុនោះ (លោកពោលថា) ជាប់នៅ ។ ពាក្យថា ជាប់នៅ ជាឈ្មោះនៃការជាប់ចំពាក់ ហេតុនោះ (ទ្រង់ត្រាស់ថា) ជាប់នៅក្នុងគុហា ។ ពាក្យថា ត្រូវកិលេសដ៏ច្រើនបិទបាំង គឺត្រូវកិលេសទាំងឡាយដ៏ច្រើនបិទបាំង គឺរាគៈបិទបាំង ទោសៈបិទបាំង មោហៈបិទបាំង កោធៈបិទបាំង ឧបនាហៈបិទបាំង មក្ខៈបិទបាំង បឡាសៈបិទបាំង ឥស្សាបិទបាំង មច្ឆរិយៈបិទបាំង មាយាបិទបាំង សាថេយ្យៈបិទបាំង ថម្ភៈបិទបាំង សារម្ភៈបិទបាំង មានះបិទបាំង អតិមានះបិទបាំង មទៈបិទបាំង បមាទៈបិទបាំង កិលេសទាំងពួង ទុច្ចរិតទាំងពួង សេចក្តីក្រវល់ក្រវាយទាំងពួង សេចក្តីអន្ទះអន្ទែងទាំងពួង សេចក្តីក្តៅក្រហាយទាំងពួង អកុសលាភិសង្ខារទាំងពួង បិទបាំង ប្រក់ព្រំ ខ្ទប់ រាំង ហ៊ុមភ្ជិត គ្រប បង្រួម ផ្កាប់ហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ជាប់នៅក្នុងគុហា ត្រូវកិលេសដ៏ច្រើនបិទបាំង ។

[៣២] អធិប្បាយពាក្យថា នរជនកាលឋិតនៅ… លិចចុះក្នុងមោហៈ ត្រង់ពាក្យថា នរជនកាលឋិតនៅ បានដល់នរជនកាលតំអក់ គឺត្រេកត្រអាលដោយអំណាចរាគៈ ហើយតំអក់ ប្រទូស្តដោយអំណាចទោសៈ ហើយតំអក់ វង្វេងដោយអំណាចមោហៈ ហើយតំអក់ ជាប់ក្នុងអារម្មណ៍ផ្សេងៗ ដោយអំណាចមានះ ហើយតំអក់ ស្ទាបអងែ្អលដោយអំណាចទិដ្ឋិ ហើយតំអក់ រាយមាយដោយអំណាចឧទ្ធច្ចៈ ហើយតំអក់ មិនដល់នូវសេចក្តីចូលចិត្ត ដោយអំណាចវិចិកិច្ឆា ហើយតំអក់ មានកម្លាំងដោយអំណាចអនុស័យ ហើយតំអក់ នរជនកាលឋិតនៅ យ៉ាងនេះ​​ខ្លះ ?

សមដូចព្រះពុទ្ធដីកានេះ ដែលព្រះមានបុណ្យត្រាស់ថា ម្នាលភិក្ខុទាំងឡាយ រូបទាំងឡាយគប្បីដឹងច្បាស់ដោយចក្ខុ ជាទី​​​ប្រាថ្នា​ ជាទីត្រេកអរ ជាទីពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួររីករាយ បើភិក្ខុត្រេកអរ រីករាយនឹងរូបនោះហើយ រមែងតំអក់ក្នុងសេចក្តី​​​ប្រាថ្នា​មិនខាន ម្នាលភិក្ខុទាំងឡាយ សំឡេងទាំងឡាយដែលគប្បីដឹងច្បាស់ដោយត្រចៀក ក្លិនទាំងឡាយដែលគប្បីដឹងច្បាស់ដោយច្រមុះ រសទាំងឡាយដែលគប្បីដឹងច្បាស់ដោយអណ្តាត ផ្សព្វទាំងឡាយដែលគប្បីដឹងច្បាស់ដោយកាយធម្មារម្មណ៍ទាំងឡាយដែលគប្បីដឹងច្បាស់ដោយចិត្ត ជាទី​​​ប្រាថ្នា​ ជាទីត្រេកអរ ជាទីពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួររីករាយ បើភិក្ខុត្រេកអរ រីករាយនឹងអារម្មណ៍នោះហើយ រមែងតំអក់ក្នុងសេចក្តី​​​ប្រាថ្នា​មិនខាន ។ នរជនកាលឋិតនៅ យ៉ាងនេះ​​ខ្លះ ?

មួយទៀត ព្រះពុទ្ធដីកានេះ ដែលព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទំាងឡាយ វិញ្ញាណ មានរូបជាឧបាយក្តី មានរូបជាអារម្មណ៍ តាំងនៅក្នុងរូប សេពនូវសេចក្តីត្រេកអរ កាលសម្ងំ រមែងសម្ងំ (ក្នុងអារម្មណ៍នោះ) ក៏ដល់នូវសេចក្តីចម្រើន លូតលាស់ ធំទូលាយ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណមានវេទនាជាឧបាយក្តី ម្នាលភិក្ខុទាំងឡាយ វិញ្ញាណមានសញ្ញាជាឧបាយក្តី ម្នាលភិក្ខុទាំងឡាយ វិញ្ញាណមានសង្ខារជាឧបាយក្តី មានសង្ខារជាអារម្មណ៍ តាំងនៅក្នុងសង្ខារ សេពសេចក្តីត្រេកអរ កាលសម្ងំ រមែងសម្ងំ (ក្នុងអារម្មណ៍នោះ) ដល់នូវសេចក្តីចម្រើន លូតលាស់ធំទូលាយ ។ នរជន កាលឋិតនៅ យ៉ាងនេះ​​ខ្លះ ?

ន័យមួយទៀត ព្រះពុទ្ធដីកានេះ ដែលព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើមានរាគៈ មានសេចក្តីត្រេកអរ មានតណ្ហា ក្នុងកវឡិង្ការាហារ វិញ្ញាណតាំងនៅ លូតលាស់ក្នុងទីណា វិញ្ញាណតាំងនៅលូតលាស់ក្នុងទីនោះ ការចុះកាន់នៃនាមរូប មានក្នុងទីណា ការចុះកាន់នៃនាមរូប ក៏មានក្នុងទីនោះ សេចក្តីចម្រើនឡើងនៃសង្ខារទាំងឡាយ មានក្នុងទីណា សេចក្តីចម្រើនឡើងនៃសង្ខារទាំងឡាយ ក៏មានក្នុងទីនោះ ការកើតឡើងនៃភពថ្មីតទៅ មានក្នុងទីណា ការកើតឡើងនៃភពថ្មីតទៅ ក៏មានក្នុងទីនោះ ជាតិ ជរា មរណៈ តទៅ មានក្នុងទីណា ជាតិ ជរា មរណៈ តទៅ មានក្នុងទីនោះ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវជាតិ ជរា មរណៈ នោះថា ប្រកបដោយសេចក្តីសោក ប្រកបដោយធូលី ប្រកបដោយសេចក្តីចង្អៀតចង្អល់ ម្នាលភិក្ខុទាំងឡាយ បើក្នុងផស្សាហារ ម្នាលភិក្ខុទាំងឡាយ បើក្នុងមនោសញ្ចេតនាហារ ម្នាលភិក្ខុទាំងឡាយ បើមានរាគៈ មានសេចក្តីត្រេអរ មានតណ្ហាក្នុងវិញ្ញាណាហារ វិញ្ញាណតាំងនៅ ដុសដាលឡើង ក្នុងទីណា វិញ្ញាណក៏តាំងនៅ ដុសដាលក្នុងទីនោះ ការចុះកាន់នៃនាមរូប មានក្នុងទីណា ការចុះកាន់នៃនាមរូប ក៏មានក្នុងទីនោះ សេចក្តីចម្រើននៃសង្ខារទាំងឡាយ មានក្នុងទីណា សេចក្តីចម្រើននៃសង្ខារទាំងឡាយ ក៏មានក្នុងទីនោះ ការកើតនៃភពថ្មីតទៅ មានក្នុងទីណា ការកើតនៃភពថ្មីតទៅ ក៏មានក្នុងទីនោះ ជាតិ ជរា មរណៈ តទៅ មានក្នុងទីណា ជាតិ ជរា មរណៈ តទៅ ក៏មានក្នុងទីនោះ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវជាតិ ជរា មរណៈនោះថា ប្រកបដោយសេចក្តីសោក ប្រកបដោយធូលី ប្រកបដោយសេចក្តីចង្អៀតចង្អល់ ។ នរជន កាលឋិតនៅ យ៉ាងនេះ​​ខ្លះ ?

ពាក្យថា លិចចុះក្នុងមោហៈ សេចក្តីថា កាមគុណ ៥ ហៅថា មោហៈ បានដល់រូប ដែលដឹងដោយចក្ខុ ជាទី​​​ប្រាថ្នា​ ជាទីត្រេកអរ ជាទីពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួររីករាយ សំឡេងដែលគប្បីដឹងដោយត្រចៀក ក្លិនដែលគប្បីដឹងដោយច្រមុះ រសដែលគប្បីដឹងដោយអណ្តាត ផ្សព្វដែលគប្បីដឹងដោយកាយ ជាទី​​​ប្រាថ្នា​ ជាទីត្រេកអរ ជាទីពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាមគួររីករាយ ។ កាមគុណ ៥ លោកហៅថា មោហៈ តើព្រោះហេតុអ្វី ។ ទេវតា និងមនុស្សដោយច្រើន វង្វេង ភ្លេចស្មារតី ភាន់ភាំងគំនិត ក្នុងកាមគុណទាំង ៥ ជាអ្នកវង្វេង ភ្លេចស្មារតី ភាន់ភាំងគំនិត ត្រូវអវិជ្ជាធ្វើឲ្យងងឹត ខ្ទប់ រាំង ហ៊ុម ភ្ជិត គ្រប បង្រួម ផ្កាប់ហើយ ព្រោះហេតុនោះ កាមគុណទាំង ៥ លោកហៅថា មោហៈ ។ ត្រង់ពាក្យថា លិចចុះក្នុងមោហៈ គឺចូលទៅ ផ្កាប់ចុះ ចូលទៅស៊ប់ ជ្រមុចចុះ ក្នុងមោហៈ ហេតុនោះ (ទ្រង់ត្រាស់ថា) នរជន កាលឋិតនៅ លិចចុះក្នុងមោហៈ ។

[៣៣] អធិប្បាយពាក្យថា នរជនមានសភាពដូច្នោះនោះ (ឋិតនៅ) ក្នុងទីឆ្ងាយអំពីវិវេក ត្រង់ពាក្យថា វិវេក បានដល់វិវេក ៣ គឺ កាយវិវេក ១ ចិត្តវិវេក ១ ឧបធិវិវេក ១ ។

កាយវិវេក តើដូច​ម្តេច ? ភិក្ខុក្នុងសាសនានេះ គប់រកសេនាសនៈស្ងាត់ គឺព្រៃ គល់ឈើ ភ្នំ លា្អង គុហា ព្រៃស្មសាន ព្រៃឆ្ងាយ ទីវាល និងគំនរចំបើង ជាអ្នកនៅស្ងប់ស្ងាត់ដោយកាយ ភិក្ខុនោះ ទៅម្នាក់ឯង ឈរម្នាក់ឯង អង្គុយម្នាក់ឯង ដេកម្នាក់ឯង ចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាតម្នាក់ឯង ត្រឡប់មកវិញម្នាក់ឯង អង្គុយនៅក្នុងទីស្ងាត់ម្នាក់ឯង អធិដ្ឋានទីចង្រ្កមម្នាក់ឯង ត្រាច់ទៅ នៅ (ញុំាងឥរិយាបថ) ឲ្យប្រព្រឹត្តទៅ ប្រព្រឹត្ត រក្សា (ឥរិយាបថ) ប្រព្រឹត្តទៅ ដើរទៅម្នាក់ឯង នេះឈ្មោះថា កាយវិវេក ។

ចិត្តវិវេក តើដូច​ម្តេច ? ភិក្ខុចូលបឋមជ្ឈាន ចិត្តស្ងាត់ចាកនីវរណៈទាំងឡាយ ភិក្ខុចូលទុតិយជ្ឈាន ចិត្តស្ងាត់ចាកវិតក្កៈ និងវិចារៈ ចូលតតិយជ្ឈាន ចិត្តស្ងាត់ចាកបីតិ ភិក្ខុចូលចតុត្ថជ្ឈាន ចិត្តស្ងាត់ចាកសុខ និងទុក្ខ ភិក្ខុចូលអាកាសានញ្ចាយតនជ្ឈាន ចិត្តស្ងាត់ចាករូបសញ្ញា បដិឃសញ្ញា នានត្តសញ្ញា ភិក្ខុចូលវិញ្ញាណញ្ចាយតនជ្ឈាន ចិត្តស្ងាត់ចាកអាកាសានញ្ចាយតនសញ្ញា ភិក្ខុចូលអាកិញ្ចញ្ញាយតនជ្ឈាន ចិត្តស្ងាត់ចាកវិញ្ញាណញ្ចាយតនសញ្ញា ភិក្ខុចូលនេវសញ្ញានាសញ្ញាយតនជ្ឈាន ចិត្តស្ងាត់ចាកអាកិញ្ចញ្ញាយតនសញ្ញា ភិក្ខុដល់សោតៈ ចិត្តស្ងាត់ចាកសក្កាយទិដ្ឋិ ចាកវិចិកិច្ឆា ចាកសីលព្វតបរាមាសៈ ចាកទិដ្ឋានុស័យ ចាកវិចិកិច្ឆានុស័យ និងកិលេសដែលឋិតនៅជាមួយនឹងកិលេសទាំងនោះ ភិក្ខុដល់សកទាគាមិ ចិត្តស្ងាត់ចាកកាមរាគសញ្ញោជនៈ ចាកបដិឃសញ្ញោជនៈ ដ៏គ្រោតគ្រាតផង ចាកកាមរាគានុស័យ ចាកបដិឃានុស័យ យ៉ាងគ្រោតគ្រាត ចាកកិលេសទាំងឡាយដែលឋិតនៅជាមួយនឹងកិលេសទាំងនោះផង ភិក្ខុដល់អនាគាមិ ចិត្តស្ងាត់ចាកកាមរាគសញ្ញោជនៈ ចាកបដិឃសញ្ញោជនៈយ៉ាងល្អិតផង ចាកកាមរាគានុស័យ ចាកបដិឃានុស័យយ៉ាងល្អិតផង ចាកកិលេសទាំងឡាយ ដែលឋិតនៅជាមួយគ្នានឹងកិលេសទាំងនោះផង ភិក្ខុដល់ព្រះអរហត្ត ចិត្តស្ងាត់ចាករូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មានានុស័យ ភវរាគានុស័យ អវិជ្ជានុស័យផង ចាកកិលេសទាំងឡាយ ដែលឋិតនៅជាមួយនឹងកិលេសទាំងនោះផង ចាកនិមិត្តគ្រប់យ៉ាងខាងក្រៅផង នេះឈ្មោះថា ចិត្តវិវេក ។

ឧបធិវិវេក តើដូច​ម្តេច ? កិលេសទាំងឡាយ ខន្ធទាំងឡាយ និងអភិសង្ខារទាំងឡាយ លោកហៅថា ឧបធិ ។ អមតនិពា្វន លោកហៅថា ឧបធិវិវេក បានដល់ការរម្ងាប់សង្ខារទាំងពួង ការលះបង់ឧបធិទាំងពួង ការអស់តណ្ហា ការបា្រសចាករាគៈ ការរលត់ (កងទុក្ខ) ការចេញចាកតណ្ហា នេះឈ្មោះថា ឧបធិវិវេក ។

កាយវិវេក (កើតមាន) ដល់ពួកបុគ្គលដែលចេញចាកពួក ត្រេកអរក្នុងការចេញចាកកាមផង ចិត្តវិវេក (កើតមាន) ដល់ពួកបុគ្គលដែលមានចិត្តបរិសុទ្ធ ដល់នូវសេចក្តីផូរផង់ក្រៃលែងផង ឧបធិវិវេក (កើតមាន) ដល់ពួកបុគ្គលដែលមិនមានកិលេស ដល់នូវព្រះនិពា្វនដែលបា្រសចាកសង្ខារផង ។

ពាក្យថា ក្នុងទីឆ្ងាយអំពីវិវេក បានដល់នរជនណា ជាប់ចំពាក់ក្នុងគុហាយ៉ាងនេះ ត្រូវពួកកិលេសដ៏ច្រើនបិទបាំងយ៉ាងនេះ លិចចុះក្នុងមោហៈយ៉ាងនេះ នរជននោះ (ឈ្មោះថាឋិតនៅ) ក្នុងទីឆ្ងាយអំពីកាយវិវេកផង ក្នុងទីឆ្ងាយអំពីចិត្តវិវេកផង ក្នុងទីឆ្ងាយ ឆ្ងាយពេក ឆ្ងាយពេកណាស់ មិនមែនជិត មិនមែននៅក្បែរ មិនមែននៅប្រកៀក ឃ្លាតអំពីឧបធិវិវេកផង ។ ពាក្យថា មានសភាពដូច្នោះ គឺមានប្រការដូច្នោះ បា្រកដដូច្នោះ ឋិតនៅដោយអាការនោះ ឋិតនៅដោយប្រការនោះ ជាចំណែកនៃប្រការនោះ ដែលលិចចុះក្នុងមោហៈនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) នរជនមានសភាពដូច្នោះនោះ (ឋិតនៅ) ក្នុងទីឆ្ងាយអំពីវិវេក ។

[៣៤] អធិប្បាយពាក្យថា ដ្បិតកាមទាំងឡាយក្នុងលោក បុគ្គលមិនមែនលះបង់បានដោយងាយទេ ត្រង់ពាក្យថា កាម បើតាមឧទ្ទាន បានដល់ កាម ២ យ៉ាង គឺ វត្ថុកាម ១ កិលេសកាម ១ ។

វត្ថុកាម តើដូច​ម្តេច ? រូបជាទីគាប់ចិត្ត សំឡេងជាទីគាប់ចិត្ត ក្លិនជាទីគាប់ចិត្ត រសជាទីគាប់ចិត្ត ផ្សព្វជាទីគាប់ចិត្ត កម្រាល គ្រឿងស្លៀកពាក់ ខ្ញុំស្រី ខ្ញុំប្រុស ពពែ ចៀម មាន់ ជ្រូក ដំរី គោ សេះ លា ស្រែ ចម្ការ បា្រក់ មាស ស្រុក និគម រាជធានី ដែន ជនបទ បន្ទាយ ឃ្លាំង និងវត្ថុដែលគួរត្រេកអរណាមួយ ហៅថាវត្ថុកាម ។ មួយទៀត កាមទាំងឡាយជាអតីត កាមទាំងឡាយជាអនាគត កាមទាំងឡាយជាបច្ចុប្បន្ន កាមទាំងឡាយ ជាខាងក្នុង កាមទាំងឡាយជាខាងក្រៅ កាមទាំងឡាយ ទាំងខាងក្នុងខាងក្រៅ កាមទាំងឡាយថោកទាប កាមទាំងឡាយជាកណ្តាល កាមទាំងឡាយដ៏ឧត្តម កាមទាំងឡាយមានក្នុងអបាយ កាមទាំងឡាយមានក្នុងមនុស្ស កាមទាំងឡាយជាទិព្វ កាមទាំងឡាយ ដែលតាំងឡើងឯង កាមទាំងឡាយដែលខ្លួននិម្មិត កាមទាំងឡាយ ដែលអ្នកដទៃនិមិ្មត កាមទាំងឡាយដែលគេហួងហែង កាមទាំងឡាយដែលគេមិនហួងហែង កាមទាំងឡាយដែលគេប្រកាន់ថា របស់អញ កាមទាំងឡាយ ដែលគេមិនប្រកាន់ថារបស់អញ ពួកធម៌ជាកាមាវចរទាំងអស់ក្តី ពួកធម៌ជារូបាវចរទាំងអស់ក្តី ពួកធម៌ជាអរូបាវចរទាំងអស់ក្តី ដែលជាវត្ថុនៃតណ្ហា ជាអារម្មណ៍នៃតណ្ហា ឈ្មោះថា កាម ដោយអត្ថថា គួរ​​​ប្រាថ្នា​ ដោយអត្ថថា គួរត្រេកអរ ដោយអត្ថថា ជាហេតុញុំាងសេចក្តីស្រវឹងឲ្យកើត ទាំងនេះហៅថា វត្ថុកាម ។

កិលេសកាម តើដូច​ម្តេច ? សេចក្តីពេញចិត្ត ឈ្មោះថា កាម សេចក្តីត្រេកអរ ឈ្មោះថា កាម សេចក្តីត្រេកអរមានកម្លាំង ឈ្មោះថាកាម សេចក្តីត្រិះរិះ ឈ្មោះថា កាម តម្រេក ឈ្មោះថា កាម សេចក្តីត្រេកអរដោយការត្រិះរិះ ឈ្មោះថា កាម បានដល់សេចក្តីពេញចិត្តគឺកាម សេចក្តីត្រេកអរគឺកាម សេចក្តីត្រេកត្រអាលគឺកាម សេចក្តី​​​ប្រាថ្នា​គឺកាម សេចក្តីស្រឡាញ់គឺកាម សេចក្តីក្តៅក្រហាយគឺកាម ការជ្រប់គឺកាម សេចក្តីចូលចិត្តមាំគឺកាម អន្លង់គឺកាម យោគៈគឺកាម ឧបាទានគឺកាម នីវរណៈគឺកាមច្ឆន្ទៈ ក្នុងកាមទាំងឡាយ (និងពាក្យដែលព្រះមានព្រះភាគត្រាស់ថា) ៖ ម្នាលកាម តថាគតបានឃើញដើមកំណើតអ្នកហើយ ម្នាលកាម អ្នកឯងកើតអំពីសេចក្តីត្រិះរិះ តថាគត មិនត្រិះរិះចំពោះអ្នកទៀតទេ ម្នាលកាម កាលបើយ៉ាងនេះ អ្នកនឹងមិនមានឡើយ ។

ទាំងនេះ លោកហៅថា កិលេសកាម ។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក ក្នុងមនុស្សលោក ក្នុងទេវលោក ក្នុងខន្ធលោក ក្នុងធាតុលោក ក្នុងអាយតនលោក ។ ពាក្យថា ដ្បិតកាមទាំងឡាយក្នុងលោក បុគ្គលមិនមែនលះបង់បានដោយងាយទេ បានសេចក្តីថា ដ្បិតកាមទាំងឡាយក្នុងលោក គេលះបង់បានដោយក្រ បោះបង់បានដោយក្រ លះលែងបានដោយក្រ ញាំញីបានដោយក្រ ដោះស្រាយបានដោយក្រ ឆ្លងបានដោយក្រ ឆ្លងកាត់បានដោយក្រ កន្លងបានដោយក្រ រំលងបានដោយក្រ ហេតុនោះ (ទ្រង់ត្រាស់ថា) កាមទាំងឡាយក្នុងលោក បុគ្គលមិនមែនលះបង់បានដោយងាយទេ ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា ៖ នរជន កាលឋិតនៅ ជាប់នៅក្នុងគុហា ត្រូវកិលេសដ៏ច្រើនបិទបាំង លិចចុះក្នុងមោហៈ នរជនមានសភាពដូច្នោះនោះ (ឋិតនៅ) ក្នុងទីឆ្ងាយអំពីវិវេក ដ្បិតកាមទាំងឡាយក្នុងលោក បុគ្គលមិនមែនលះបង់បានដោយងាយទេ ។

[៣៥] ពួកសត្វទាំងនោះ មានសេចក្តី​​​ប្រាថ្នា​ជាហេតុ ជាប់ចំពាក់ដោយសេចក្តីត្រេកអរក្នុងការចម្រើន អាឡោះអាល័យក្នុងកាលជាខាងក្រោយ ឬក្នុងកាលមុន ​​​ប្រាថ្នា​នូវកាមទាំងនេះ ឬនូវកាមក្នុងកាលមុន រមែងរួចបានដោយក្រ ទាំងញុំាងបុគ្គលដទៃឲ្យរួចមិនបាន ។

[៣៦] ពាក្យថា មានសេចក្តី​​​ប្រាថ្នា​ជាហេតុ ជាប់ចំពាក់ដោយសេចក្តីត្រេកអរក្នុងការចម្រើន អធិប្បាយថា តណ្ហា លោកហៅថា សេចក្តីប្រាថ្នា បានដល់ តម្រេក តម្រេកមានកម្លាំង សេចក្តីកួចកាន់ សេចក្តីត្រេកអរ សេចក្តីរីករាយ សេចក្តីរីករាយនឹងតម្រេក តម្រេកដ៏មានកម្លាំងរបស់ចិត្ត សេចក្តី​​​ប្រាថ្នា​ សេចក្តីជ្រប់ចុះ កិរិយាងប់ចុះ សេចក្តីចំពាក់ចិត្ត សេចក្តីចំពាក់មាំ គ្រឿងជាប់ ភក់ កិរិយាស្វែងរក ការលាក់ពុត កិលេសជាតិជាគ្រឿងញុំាងសត្វឲ្យកើត ជាគ្រឿងញុំាងទុក្ខឲ្យកើត ជាគ្រឿងចាក់ស្រេះ កិលេសជាតិដូចជាសំណាញ់ ជាគ្រឿងហូរទៅ ផ្សាយទៅ ក្រសែ គឺតណ្ហា កិលេសជាតិដ៏ទូលាយ ជាគ្រឿងញុំាងអាយុឲ្យវិនាស (របស់សត្វ) ជាគំរប់ពីរ ជាគ្រឿងតំកល់ទុក ជាគ្រឿងនាំសត្វទៅកាន់ភព កិលេសជាតិដូចជាព្រៃធំ ដូចជាព្រៃតូច សេចក្តីស្និទ្ធស្នាល សេចក្តីស្នេហា សេចក្តីអាល័យ សេចក្តីជាប់ចំពាក់ សេចក្តីប៉ុនប៉ង សេចក្តីនឹកជញ្ជឹង ភាពនៃចិត្តនឹកជញ្ជឹង បំណងរូប បំណងសំឡេង បំណងក្លិន បំណងរស បំណងផ្សព្វ បំណងលាភ បំណងទ្រព្យ បំណងកូន បំណងជីវិត ការជាប់ ការជាប់ទួទៅ ការជាប់ក្រៃលែង ការជាប់ កិរិយាជាប់ ភាពនៃចិត្តជាប់ ការជក់ស្អិត កិរិយាជក់ស្អិត ភាពនៃចិត្តជក់ស្អិត ភាពនៃចិត្តរឡិបរឡប់ ភាពនៃចិត្ត​​​ប្រាថ្នា​ខ្លាំងក្លា តម្រេកមិនត្រូវតាមធម៌ សេចក្តីលោភមិនស្មើ សេចក្តីអាល័យ កិលេសជាតិជាទីអាល័យ សេចក្តី​​​ប្រាថ្នា​ សេចក្តីស្រឡាញ់ សេចក្តី​​​ប្រាថ្នា​គ្រប់យ៉ាង ចំណង់ក្នុងកាម ចំណង់ក្នុងសេចក្តីចម្រើន ចំណង់ក្នុងសេចក្តីវិនាស ចំណង់ក្នុងរូប ចំណង់ក្នុងអរូប ចំណង់ក្នុងនិរោធ ចំណង់ក្នុងរូប ចំណង់ក្នុងសំឡេង ចំណង់ក្នុងក្លិន ចំណង់ក្នុងរស ចំណង់ក្នុងផ្សព្វ ចំណង់ក្នុងធម៌ អន្លង់ គ្រឿងប្រកបទុក គ្រឿងដោតក្រង គ្រឿងប្រកាន់ កិរិយារារាំង កិរិយាទប់ កិរិយាប្រក់ កិរិយាចង កិរិយាសៅហ្មង កិរិយាដេកត្រាំ កិរិយាស្ទាក់ វល្លិគឺតណ្ហា សេចក្តី​​​ប្រាថ្នា​ផ្សេងៗ ឫសគល់នៃសេចក្តីទុក្ខ ហេតុនៃសេចក្តីទុក្ខ ដែនកើតនៃសេចក្តីទុក្ខ អន្ទាក់នៃមារ សន្ទូចនៃមារ វិស័យនៃមារ ស្ទឹងគឺតណ្ហា បណ្តាញគឺតណ្ហា ដងដោយគឺតណ្ហា សមុទ្ទគឺតណ្ហា អភិជ្ឈា លោភៈ ឫសគល់នៃអកុសល ។ ពាក្យថា មានសេចក្តី​​​ប្រាថ្នា​ជាហេតុ គឺមានសេចក្តី​​​ប្រាថ្នា​ជានិទាន មានសេចក្តី​​​ប្រាថ្នា​ជាហេតុ មានសេចក្តី​​​ប្រាថ្នា​ជាបច្ច័យ មានសេចក្តី​​​ប្រាថ្នា​ជាការណ៍ មានសេចក្តី​​​ប្រាថ្នា​ជាដែនកើតមុន ហេតុនោះ (ទ្រង់ត្រាស់ថា) មានសេចក្តី​​​ប្រាថ្នា​ជាហេតុ ។ ពាក្យថា ជាប់ចំពាក់ដោយសេចក្តីត្រេកអរក្នុងការចម្រើន គឺសេចក្តីត្រេកអរក្នុងការចម្រើន ១ គឺសុខវេទនា ។ សេចក្តីត្រេកអរក្នុងការចម្រើន ២ គឺសុខវេទនា ១ វត្ថុជាទី​​​ប្រាថ្នា​ ១ ។ សេចក្តីត្រេកអរក្នុងការចម្រើន ៣ គឺភាពនៅក្មេង ១ ការមិនមានរោគ ១ ជីវិត ១ ។ សេចក្តីត្រេកអរក្នុងការចម្រើន ៤ គឺលាភ ១ យស ១ សេចក្តីសរសើរ ១ សុខ ១ ។ សេចក្តីត្រេកអរក្នុងការចម្រើន ៥ គឺរូបជាទីគាប់ចិត្ត ១ សំឡេងជាទីគាប់ចិត្ត ១ ក្លិនជាទីគាប់ចិត្ត ១ រសជាទីគាប់ចិត្ត ១ ផ្សព្វជាទីគាប់ចិត្ត ១ ។ សេចក្តីត្រេកអរក្នុងការចម្រើន ៦ គឺចក្ខុសម្បទា ១ សោតសម្បទា ១ ឃានសម្បទា ១ ជិវ្ហាសម្បទា ១ កាយសម្បទា ១ មនោសម្បទា ១ ។ ពាក្យថា ជាប់ចំពាក់ដោយសេចក្តីត្រេកអរក្នុងការចម្រើន គឺជាប់ក្នុងសុខវេទនា ជាប់ក្នុងវត្ថុជាទី​​​ប្រាថ្នា​ ជាប់ក្នុងភាពនៅក្មេង ជាប់ក្នុងការមិនមានរោគ ជាប់ក្នុងជីវិត ជាប់ក្នុងលាភ ជាប់ក្នុងយស ជាប់ក្នុងសេចក្តីសរសើរ ជាប់ក្នុងសុខ ជាប់ក្នុងរូបជាទីគាប់ចិត្ត ក្នុងសំឡេង ក្នុងក្លិន ក្នុងរស ជាប់ក្នុងផ្សព្វជាទីគាប់ចិត្ត ជាប់ក្នុងចក្ខុសម្បទា ជាប់ចំពាក់ ជាប់ដោយអាការផ្សេងៗ ស្អិត ទាក់ ថ្ពក់ ពន្ធ័ពទ្ធ័ ក្នុងសោតសម្បទា ឃានសម្បទា ជិវ្ហាសម្បទា កាយសម្បទា មនោសម្បទា ហេតុនោះ (ទ្រង់ត្រាស់ថា) មានសេចក្តី​​​ប្រាថ្នា​ជាហេតុ ជាប់ចំពាក់ដោយសេចក្តីត្រេកអរក្នុងការចម្រើន ។

[៣៧] ពាក្យថា ពួកសត្វទាំងនោះ រមែងរួចបានដោយក្រ ទាំងញុំាបុគ្គលដទៃឲ្យរួចមិនបាន អធិប្បាយថា អារម្មណ៍ជាវត្ថុនៃសេចក្តីត្រេកអរ ក្នុងការចម្រើនទាំងនោះ ពួកសត្វដោះបានដោយក្រ ឬពួកសត្វរួចបានដោយក្រ ចាកអារម្មណ៍នុ៎ះ ។

អារម្មណ៍ជាវត្ថុនៃសេចក្តីត្រេកអរក្នុងការចម្រើនទាំងនោះ ពួកសត្វដោះបានដោយក្រ តើដូច​ម្តេច ? សុខវេទនា សត្វដោះបានដោយកម្រ វត្ថុជាទី​​​ប្រាថ្នា​ សត្វដោះបានដោយកម្រ ភាពនៅក្មេង សត្វដោះបានដោយកម្រ ការមិនមានរោគ សត្វដោះបានដោយកម្រ ជីវិត សត្វដោះបានដោយកម្រ លាភ សត្វដោះបានដោយកម្រ យស សត្វដោះបានដោយកម្រ សេចក្តីសរសើរ សត្វដោះបានដោយកម្រ សុខ សត្វដោះបានដោយកម្រ រូបទាំងឡាយជាទីគាប់ចិត្ត សត្វដោះបានដោយកម្រ សំឡេង ក្លិន រស ផ្សព្វ ជាទីគាប់ចិត្ត សត្វដោះបានដោយកម្រ ចក្ខុសម្បទា សត្វដោះបានដោយកម្រ សោតសម្បទា ឃានសម្បទា ជិវ្ហាសម្បទា កាយសម្បទា មនោសម្បទា សត្វដោះបានដោយកម្រ ដោះស្រឡះបានដោយកម្រ ដោះចេញបានដោយកម្រ ដោះចេញស្រឡះបានដោយកម្រ ញាំញីបានដោយកម្រ ដោះចេញបានដោយកម្រ ឆ្លងបានដោយកម្រ ឆ្លងកាត់បានដោយកម្រ កន្លងបានដោយកម្រ រំលងបានដោយកម្រ ។ អារម្មណ៍ជាវត្ថុនៃសេចក្តីត្រេកអរក្នុងការចម្រើនទាំងនោះ សត្វរួចបានដោយក្រ យ៉ាងនេះ ។

ពួកសត្វរួចបានដោយកម្រ ចាកធម៌នុ៎ះ តើដូច​ម្តេច ? ពួកសត្វរួចបានដោយកម្រ ចាកសុខវេទនា រួចបានដោយកម្រ ចាកវត្ថុជាទី​​​ប្រាថ្នា​ រួចបានដោយកម្រ ចាកភាពនៅក្មេង រួចបានដោយកម្រ ចាកការមិនមានរោគ រួចបានដោយកម្រ ចាកជីវិត រួចបានដោយកម្រ ចាកលាភ រួចបានដោយកម្រ ចាកយស រួចបានដោយកម្រ ចាកសេចក្តីសរសើរ រួចបានដោយកម្រ ចាកសុខ រួចបានដោយកម្រ ចាករូបទាំងឡាយជាទីគាប់ចិត្ត រួចបានដោយកម្រ ចាកសំឡេង ក្លិន រស ផ្សព្វ ជាទីគាប់ចិត្ត រួចបានដោយកម្រ ចាកចក្ខុសម្បទា រួចបានដោយកម្រ រួចស្រឡះបានដោយកម្រ រើចេញបានដោយកម្រ ស្ទុះឡើងបានដោយកម្រ ក្រោកឡើងបានដោយកម្រ លោតឡើងបានដោយកម្រ ចាកសោតសម្បទា ឃានសម្បទា ជិវ្ហាសម្បទា កាយសម្បទា មនោសម្បទា ។ ពួកសត្វរួចបានដោយក្រ ចាកធម៌នុ៎ះ យ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកសត្វទាំងនោះ រួចបានដោយក្រ ។

ពាក្យថា ទាំងញុំាងអ្នកដទៃឲ្យរួចមិនបាន សេចក្តីថា សត្វទាំងនោះជាអ្នកលិចកប់ក្នុងភក់ដោយខ្លួនឯង មិនអាចនឹងស្រង់បុគ្គលដទៃ ដែលលិចកប់ក្នុងភក់បានទេ ។ សមដូចពាក្យនេះ ដែលព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលចុន្ទៈ បុគ្គលនោះឯងលិចកប់ក្នុងភក់ដោយខ្លួនឯង នឹងស្រង់បុគ្គលដទៃដែលលិចកប់ក្នុងភក់បាន ហេតុដូច្នេះនេះ មិនមានទេ ម្នាលចុន្ទៈ បុគ្គលនោះឯង មិនទាន់ទូន្មានខ្លួន មិនទាន់ប្រៀនប្រដៅខ្លួន មិនទាន់រលត់កិលេសដោយខ្លួនឯងទេ នឹងទូន្មានប្រៀនប្រដៅបុគ្គលដទៃ (នឹងញុំាងបុគ្គលដទៃ) ឲ្យរលត់កិលេសបាន ហេតុដូច្នេះនេះ មិនមានទេ ។ ពួកសត្វមិនអាចញុំាងអ្នកដទៃឲ្យរួចបាន យ៉ាងនេះ​​ខ្លះ ? ម្យ៉ាងទៀត បុគ្គលដទៃណាមួយ អាចញុំាងបុគ្គលដទៃឲ្យរួចបាន មិនមានទេ ប្រសិនបើពួកសត្វនោះគប្បីរួច លុះតែប្រតិបតិ្តនូវសម្មាបដិបទា អនុលោមប្បដិបទា អប្បច្ចនីកប្បដិបទា អន្វត្ថប្បដិបទា ធម្មានុធម្មប្បដិបទាដោយខ្លួនឯង ដោយកំឡាំងញាណរបស់ខ្លួន ដោយពលញ្ញាណរបស់ខ្លួន ដោយព្យាយាមរបស់ខ្លួន ដោយការប្រឹងប្រែងរបស់ខ្លួន ដោយកំឡាំងបុរសរបស់ខ្លួន ដោយពលញ្ញាណនៃបុរសរបស់ខ្លួន ដោយព្យាយាមនៃបុរសរបស់ខ្លួន ដោយការប្រឹងប្រែងនៃបុរសរបស់ខ្លួន ទើបរួចបាន ។ ពួកសត្វមិនអាចញុំាងអ្នកដទៃឲ្យរួចបាន យ៉ាងនេះ​​ខ្លះ ? មួយទៀត ពាក្យនេះ ព្រះមានព្រះភាគ ត្រាស់ហើយថា ៖ ម្នាលធោតកៈ តថាគតមិនអាចញុំាងបុគ្គលណាមួយ ដែលមានសេចក្តីសង្ស័យក្នុងលោក ឲ្យរួចបានទេ អ្នកកាលដឹងច្បាស់នូវធម៌ដ៏ប្រសើរ នឹងឆ្លងអន្លង់នេះ យ៉ាងនេះបាន ។

ពួកសត្វ មិនអាចនឹងញុំាងអ្នកដទៃឲ្យរួចបាន យ៉ាងនេះ​​ខ្លះ ? មួយទៀត ពាក្យនេះ ព្រះមានព្រះភាគ ត្រាស់ហើយថា ៖ បុគ្គលធ្វើបាបដោយខ្លួនឯង នឹងសៅហ្មងដោយខ្លួនឯង មិនធ្វើបាបដោយខ្លួនឯង រមែងបរិសុទ្ធដោយខ្លួនឯង សេចក្ដីបរិសុទ្ធិ និងមិនបរិសុទ្ធិ កើតចំពោះខ្លួន បុគ្គលដទៃ នឹងញុំាងបុគ្គលដទៃឲ្យបរិសុទ្ធមិនបានទេ ។

ពួកសត្វមិនអាចញុំាងបុគ្គលដទៃឲ្យរួចបាន យ៉ាងនេះ​​ខ្លះ ? មួយវិញទៀត ពាក្យនេះ ព្រះមានព្រះភាគត្រាស់ហើយថា ម្នាលព្រាហ្មណ៍ ព្រះនិព្វានក៏តាំងនៅ ផ្លូវជាទីទៅកាន់ព្រះនិពា្វន ក៏តាំងនៅ តថាគតជាអ្នកណែនាំ ក៏ឋិតនៅ យ៉ាងនេះឯង ប៉ុន្តែសាវ័កទាំងឡាយរបស់តថាគត ដែលតថាគតកាលទូន្មានយ៉ាងនេះ កាលប្រៀនប្រដៅយ៉ាងនេះ ពួកខ្លះបានព្រះនិពា្វន ជាទីសម្រេចទីបំផុត ពួកខ្លះមិនបាន ម្នាលព្រាហ្មណ៍ តថាគតនឹងធ្វើដូចម្តេច ចំពោះសាវ័កទាំងនុ៎ះ ម្នាលព្រាហ្មណ៍ ព្រះតថាគតជាអ្នកប្រាប់ផ្លូវ ព្រះពុទ្ធរមែងបា្រប់ផ្លូវ ពួកសត្វកាលប្រតិបតិ្ត គប្បីរួចដោយខ្លួនឯង ។ ពួកសត្វមិនអាចញុំាងអ្នកដទៃឲ្យរួច យ៉ាងនេះខ្លះ ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកសត្វទាំងនោះរួចបានដោយក្រ ទាំងញុំាងអ្នកដទៃឲ្យរួចមិនបាន ។

[៣៨] ពាក្យថា កាល​​​ប្រាថ្នា​កាម ក្នុងកាលជាខាងក្រោយ ឬក្នុងកាលមុន អធិប្បាយថា អនាគត លោកហៅថា កាលជាខាងក្រោយ អតីត លោកហៅថា កាលមុន ។ ម្យ៉ាងទៀត អនាគត និងបច្ចុប្បន្ន ដែលអាស្រ័យនឹងអតីត ឈ្មោះថា កាលខាងក្រោយ អតីត និងបច្ចុប្បន្ន ដែលអាស្រ័យនឹងអនាគត ឈ្មោះថា កាលមុន ។

នរជនធ្វើនូវសេចក្តី​​​ប្រាថ្នា​ក្នុងកាលមុន តើដោយប្រការដូច​ម្តេច ? នរជនញុំាងសេចក្តីត្រេកអរឲ្យកើតក្នុងរូបបារម្មណ៍នោះថា អាត្មាអញ មានរូបយ៉ាងនេះហើយ ក្នុងអតីតកាល ដល់ព្រមនូវសេចក្តីត្រេកអរក្នុងវេទនាជាដើមនោះថា អាត្មាអញមានវេទនាយ៉ាងនេះហើយ មានសញ្ញាយ៉ាងនេះហើយ មានសង្ខារយ៉ាងនេះហើយ មានវិញ្ញាណ យ៉ាងនេះហើយ ក្នុងអតីតកាល ។ នរជនធ្វើនូវសេចក្តី​​​ប្រាថ្នា​ ក្នុងកាលមុន យ៉ាងនេះ​​ខ្លះ ? មួយវិញទៀត វិញ្ញាណជាប់ចំពាក់ដោយឆន្ទរាគ ក្នុងអាយតនៈនោះថា អញមានចក្ខុដូចនេះ មានរូបដូចនេះហើយ ក្នុងអតីតកាល នរជនតែងត្រេកអរនឹងអាយតនៈនោះ ព្រោះវិញ្ញាណជាប់ចំពាក់ដោយឆន្ទរាគ កាលត្រេកអរនឹងអាយតនៈនោះ ឈ្មោះថា ធ្វើនូវសេចក្តី​​​ប្រាថ្នា​ក្នុងកាលមុន យ៉ាងនេះ​​ខ្លះ ? ថា អញមានសោតៈដូចនេះ មានសំឡេងដូចនេះហើយ ក្នុងអតីតកាល ។ ថា អញមានឃានៈដូចនេះ មានក្លិនដូចនេះហើយ ក្នុងអតីតកាល ។ ថា អញមានជិវ្ហាដូចនេះ មានរសដូចនេះហើយក្នុងអតីតកាល ។ ថា អញមានកាយដូចនេះ មានផោដ្ឋព្ធៈដូចនេះហើយ ក្នុងអតីតកាល ។ វិញ្ញាណជាប់ចំពាក់ដោយឆន្ទរាគ ក្នុងអាយតនៈនោះថា អញមានចិត្តដូចនេះ មានធម្មារម្មណ៍ដូចនេះហើយ ក្នុងអតីតកាល នរជនរមែងត្រេកអរនឹងអាយតនៈនោះ ព្រោះវិញ្ញាណជាប់ចំពាក់ដោយឆន្ទរាគ កាលត្រេកអរនឹងអាយតនៈនោះ ឈ្មោះថា ធ្វើនូវសេចក្តី​​​ប្រាថ្នា​ក្នុងកាលមុន យ៉ាងនេះ​​ខ្លះ ? ម្យ៉ាងទៀត នរជននោះ សើច ចរចា ឬលេង ជាមួយនឹងមាតុគ្រាមក្នុងកាលមុន ក៏ត្រេកអរនឹងអារម្មណ៍នោះ ​​​ប្រាថ្នា​នូវអារម្មណ៍នោះ ដល់នូវសេចក្តីត្រេកអរដោយអារម្មណ៍នោះ ។ នរជនធ្វើនូវសេចក្តី​​​ប្រាថ្នា​ ក្នុងកាលមុន យ៉ាងនេះ​​ខ្លះ ?

នរជនធ្វើនូវសេចក្តី​​​ប្រាថ្នា​ ក្នុងកាលជាខាងក្រោយ តើដូច​ម្តេច ? នរជន ញុំាងសេចក្តីត្រេកអរឲ្យកើតក្នុងរូបារម្មណ៍នោះថា អាត្មាអញគប្បីជាអ្នកមានរូបយ៉ាងនេះ ក្នុងអនាគតកាល ដល់ព្រមនូវសេចក្តីត្រេកអរ ក្នុងវេទនាជាដើមនោះថា អាត្មាអញ គប្បីជាអ្នកមានវេទនាយ៉ាងនេះ មានសញ្ញាយ៉ាងនេះ មានសង្ខារយ៉ាងនេះ មានវិញ្ញាណយ៉ាងនេះ ក្នុងអនាគតកាល ។

នរជន ធ្វើនូវសេចក្តី​​​ប្រាថ្នា​ក្នុងកាលជាខាងក្រោយ យ៉ាងនេះ​​ខ្លះ ? មួយទៀត នរជនតំកល់ចិត្ត ដើម្បីបានចំពោះនូវអាយតនៈ ដែលមិនទាន់បានថា អញគប្បីមានចក្ខុដូចនេះ មានរូបដូចនេះ ក្នុងអនាគតកាលដូច្នេះ រមែងត្រេកអរនឹងអាយតនៈនោះ ព្រោះការតំកល់ចិត្តជាបច្ច័យ កាលត្រេកអរនឹងអាយតនៈនោះ ឈ្មោះថា ធ្វើនូវសេចក្តី​​​ប្រាថ្នា​ ក្នុងកាលជាខាងក្រោយ យ៉ាងនេះ​​ខ្លះ ? ថា អញគប្បីមានសោតៈដូចនេះ មានសំឡេងដូចនេះ ក្នុងអនាគតកាល ។ ថា អញគប្បីមានឃានៈដូចនេះ មានគន្ធៈដូចនេះ ក្នុងអនាគតកាល ។ ថា អញគប្បីមានជីវ្ហាដូចនេះ មានរសដូចនេះ ក្នុងអនាគតកាល ។ ថា អញគប្បីមានកាយដូចនេះ មានផ្សព្វដូចនេះ ក្នុងអនាគតកាល ។ នរជនតំកល់ចិត្ត ដើម្បីបានចំពោះនូវអាយតនៈ ដែលខ្លួនមិនទាន់បានថា អញគប្បីមានចិត្តដូចនេះមានធម្មារម្មណ៍ដូចនេះ ក្នុងអនាគតកាល ដូច្នេះ រមែងត្រេកអរនឹងអាយតនៈនោះ ព្រោះការតំកល់ចិត្តជាបច្ច័យ កាលត្រេកអរនឹងអាយតនៈនោះ ឈ្មោះថាធ្វើនូវសេចក្តី​​​ប្រាថ្នា​ក្នុងកាលជាខាងក្រោយ យ៉ាងនេះ​​ខ្លះ ? មួយទៀត នរជនតំកល់ចិត្ត ដើម្បីបានចំពោះនូវអត្តភាពដែលខ្លួនមិនទាន់បានថា អាត្មាអញនឹងបានជាទេវតា (មានអានុភាពច្រើន) ឬ ជាទេវតាណាមួយ ដោយសារសីលក្តី វត្តក្តី តបៈក្តី ព្រហ្មចរិយៈនេះក្តី ដូច្នេះ រមែងត្រេកអរនឹងអត្តភាពនោះ ព្រោះការតំកល់ចិត្តជាបច្ច័យ កាលត្រេកអរនឹងអត្តភាពនោះ ឈ្មោះថាធ្វើនូវសេចក្តី​​​ប្រាថ្នា​ក្នុងកាលជាខាងក្រោយ យ៉ាងនេះខ្លះ ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកសត្វកាល​​​ប្រាថ្នា​ (កាម) ក្នុងកាលជាខាងក្រោយ ឬក្នុងកាលមុន ។

[៣៩] អធិប្បាយពាក្យថា ​​​ប្រាថ្នា​នូវកាមទាំងនេះ ឬនូវកាមក្នុងកាលមុន ត្រង់ពាក្យថា កាមទាំងនេះ បានដល់ពួកសត្វកាលចង់បាន កាលត្រេកអរ កាល​​​ប្រាថ្នា​ កាលស្រឡាញ់ កាលជាប់ចិត្ត នូវកាមគុណទាំង ៥ ជាបច្ចុប្បន្ន ។ ពាក្យថា ​​​ប្រាថ្នា​នូវកាមក្នុងកាលមុន បានដល់ពួកសត្វ កាលសរសើរ សរសើរសព្វ សរសើរក្រៃពេក នូវកាមគុណទាំង ៥ ជាអតីត ហេតុនោះ (ទ្រង់ត្រាស់ថា) ​​​ប្រាថ្នា​នូវកាមទាំងនេះ ឬនូវកាមក្នុងកាលមុន ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា ៖ ពួកសត្វទាំងនោះ មានសេចក្តី​​​ប្រាថ្នា​ជាហេតុ ជាប់ចំពាក់ដោយសេចក្តីត្រេកអរ ក្នុងសេចក្តីចម្រើន អាឡោះអាល័យកាមក្នុងកាលជាខាងក្រោយ ឬក្នុងកាលមុន ​​​ប្រាថ្នា​នូវកាមទាំងនេះ ឬនូវកាមក្នុងកាលមុន រមែងរួចបានដោយក្រ ទាំងញុំាងអ្នកដទៃឲ្យរួចមិនបាន ។

[៤០] ជនអ្នកជាប់ចំពាក់ អ្នកខ្វល់ខ្វាយ អ្នកវង្វេងក្នុងកាមទាំងឡាយ អ្នកប្រកាន់ថោកទាប អ្នកតាំងនៅក្នុងអំពើមិនស្មើ អ្នកដល់សេចក្តីទុក្ខទាំងនោះ រមែងខ្សឹកខ្សួលថា យើងទាំងឡាយ ច្យុតចាកអត្តភាពនេះទៅ នឹងកើតជាអ្វីហ្ន៎ ។

[៤១] អធិប្បាយពាក្យថា អ្នកជាប់ចំពាក់ អ្នកខ្វល់ខ្វាយ អ្នកវង្វេងក្នុងកាមទាំងឡាយ ត្រង់ពាក្យថា កាម បើតាមឧទ្ទាន បានដល់កាម ២ យ៉ាង គឺ វត្ថុកាម ១ កិលេសកាម ១ ។បេ។ ទាំងនេះ លោកហៅថា វត្ថុកាម ។បេ។ ទាំងនេះលោកហៅថា កិលេសកាម ។ តណ្ហា លោកហៅថា ការជាប់ចំពាក់ បានដល់ សេចក្តីត្រេកអរ សេចក្តីត្រេកអរមានកំឡាំង ។បេ។ អភិជ្ឈា លោភៈ អកុសលមូល ។ ពួកសត្វជាអ្នកត្រេកអរ ជាប់ចំពាក់ ធ្លាក់ចុះ ងុលងប់ ជ្រុលជ្រប់ ទាក់ថ្ពក់ ពន្ធ័ពទ្ធ័ ក្នុងវត្ថុកាម ព្រោះកិលេសកាម ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកជាប់ចំពាក់ក្នុងកាមទាំងឡាយ ។ ពាក្យថា អ្នកខ្វល់ខ្វាយ សេចក្តីថា ពួកសត្វណា ប៉ុនប៉ង ស្វែងរក ស្វះស្វែង នូវកាមទាំងឡាយ ជាអ្នកត្រាច់ទៅរកកាមនោះ ច្រើនដោយកាមនោះ ធ្ងន់ក្នុងកាមនោះ ឱនទៅរកកាមនោះ សសៀរទៅរកកាមនោះ ឈមទៅរកកាមនោះ ស្លុងទៅរកកាមនោះ ធ្វើនូវកាមនោះឲ្យជាធំ ពួកសត្វនោះឯង ឈ្មោះថា អ្នកខ្វល់ខ្វាយក្នុងកាម ។ ពួកសត្វណា ប៉ុនប៉ង ស្វែងរក ស្វះស្វែង នូវរូបទាំងឡាយ ប៉ុនប៉ង ស្វែងរក ស្វះស្វែង នូវសំឡេង ក្លិន រស ផ្សព្វទាំងឡាយ ដោយអំណាចតណ្ហា ជាអ្នកត្រាច់ទៅរកអារម្មណ៍នោះ ច្រើនដោយអារម្មណ៍នោះ ធ្ងន់ក្នុងអារម្មណ៍នោះ ឱនទៅរកអារម្មណ៍នោះ សសៀរទៅរកអារម្មណ៍នោះ ឈមទៅរកអារម្មណ៍នោះ ស្លុងទៅរកអារម្មណ៍នោះ ធ្វើអារម្មណ៍នោះ ឲ្យជាធំ ពួកសត្វនោះឯង ឈ្មោះថាអ្នកខ្វល់ខ្វាយក្នុងកាម ។ មួយទៀត ពួកសត្វណា បានចំពោះនូវរូបទាំងឡាយ បានចំពោះនូវសំឡេង ក្លិន រស ផ្សព្វទាំងឡាយ ដោយអំណាចតណ្ហា ជាអ្នកត្រាច់ទៅរកអារម្មណ៍នោះ ច្រើនដោយអារម្មណ៍នោះ ធ្ងន់ក្នុងអារម្មណ៍នោះ ឱនទៅរកអារម្មណ៍នោះ សសៀរទៅរកអារម្មណ៍នោះ ឈមទៅរកអារម្មណ៍នោះ ស្លុងទៅរកអារម្មណ៍នោះ ធ្វើអារម្មណ៍នោះឲ្យជាធំ ពួកសត្វនោះឯង ឈ្មោះថាអ្នកខ្វល់ខ្វាយក្នុងកាម ។ មួយទៀត ពួកសត្វណា បរិភោគនូវរូបទាំងឡាយ បរិភោគនូវសំឡេង ក្លិន រស ផ្សព្វទាំងឡាយ ដោយអំណាចតណ្ហា ជាអ្នកត្រាច់ទៅរកអារម្មណ៍នោះ ច្រើនដោយអារម្មណ៍នោះ ធ្ងន់ក្នុងអារម្មណ៍នោះ ឱនទៅរកអារម្មណ៍នោះ សសៀរទៅរកអារម្មណ៍នោះ ឈមទៅរកអារម្មណ៍នោះ ស្លុងទៅរកអារម្មណ៍នោះ ធ្វើអារម្មណ៍នោះឲ្យជាធំ ពួកសត្វនោះឯង ឈ្មោះថា អ្នកខ្វល់ខ្វាយក្នុងកាម ។ ជនអ្នកធ្វើនូវការឈ្លោះ ឈ្មោះថាអ្នកខ្វល់ខ្វាយក្នុងការឈ្លោះ អ្នកធ្វើនូវការងារ ឈ្មោះថា អ្នកខ្វល់ខ្វាយក្នុងការងារ អ្នកប្រព្រឹត្តក្នុងគោចរ ឈ្មោះថា អ្នកខ្វល់ខ្វាយក្នុងគោចរ អ្នកមានឈាន ឈ្មោះថា អ្នកខ្វល់ខ្វាយក្នុងឈាន យ៉ាងណា ពួកសត្វណា ប៉ុនប៉ង ស្វែងរក ស្វះស្វែង នូវកាមទាំងឡាយ ជាអ្នកត្រាច់ទៅរកកាមនោះ ច្រើនដោយកាមនោះ ធ្ងន់ក្នុងកាមនោះ ឱនទៅរកកាមនោះ សសៀរទៅរកកាមនោះ ឈមទៅរកកាមនោះ ស្លុងទៅរកកាមនោះ ធ្វើកាមនោះឲ្យជាធំ ពួកសត្វនោះ ឈ្មោះថា អ្នកខ្វល់ខ្វាយក្នុងកាម ។ មួយទៀត ពួកសត្វណា ប៉ុនប៉ង ស្វែងរក ស្វះស្វែង នូវរូបទាំងឡាយ ប៉ុនប៉ង ស្វែងរក ស្វះស្វែង នូវសំឡេង ក្លិន រស ផ្សព្វទាំងឡាយ ដោយអំណាចតណ្ហា ជាអ្នកត្រាច់ទៅរកអារម្មណ៍នោះ ច្រើនដោយអារម្មណ៍នោះ ធ្ងន់ក្នុងអារម្មណ៍នោះ ឱនទៅរកអារម្មណ៍នោះ សសៀរទៅរកអារម្មណ៍នោះ ឈមទៅរកអារម្មណ៍នោះ ស្លុងទៅរកអារម្មណ៍នោះ ធ្វើអារម្មណ៍នោះឲ្យជាធំ ពួកសត្វនោះ ឈ្មោះថា អ្នកខ្វល់ខ្វាយក្នុងកាម ។ មួយទៀត ពួកសត្វណា បានចំពោះនូវរូបទាំងឡាយ បានចំពោះនូវសំឡេង ក្លិន រស ផ្សព្វទាំងឡាយ ដោយអំណាចតណ្ហា ជាអ្នកត្រាច់ទៅរកអារម្មណ៍នោះ ច្រើនដោយអារម្មណ៍នោះ ធ្ងន់ក្នុងអារម្មណ៍នោះ ឱនទៅរកអារម្មណ៍នោះ សសៀរទៅរកអារម្មណ៍នោះ ឈមទៅរកអារម្មណ៍នោះ ស្លុងទៅរកអារម្មណ៍នោះ ធ្វើអារម្មណ៍នោះឲ្យជាធំ ពួកសត្វទាំងនោះ ឈ្មោះថា អ្នកខ្វល់ខ្វាយក្នុងកាម ។ មួយទៀត ពួកសត្វណា បរិភោគនូវរូបទាំងឡាយ បរិភោគនូវសំឡេង ក្លិន រស ផ្សព្វទាំងឡាយ ដោយអំណាចតណ្ហា ជាអ្នកត្រាច់ទៅរកអារម្មណ៍នោះ ច្រើនដោយអារម្មណ៍នោះ ធ្ងន់ក្នុងអារម្មណ៍នោះ ឱនទៅរកអារម្មណ៍នោះ សសៀរទៅរកអារម្មណ៍នោះ ឈមទៅរកអារម្មណ៍នោះ ស្លុងទៅរកអារម្មណ៍នោះ ធ្វើអារម្មណ៍នោះឲ្យជាធំ ពួកសត្វនោះ ឈ្មោះថា អ្នកខ្វល់ខ្វាយក្នុងកាម ។ ពាក្យថា អ្នកវង្វេង បានដល់ទេវតា និងមនុស្សទាំងឡាយដោយច្រើន វង្វេងភ្លេចស្មារតី ភាន់ភាំងគំនិតក្នុងកាមគុណទាំង ៥ ជាអ្នកវង្វេង ភ្លេចស្មារតី ភាន់ភាំងគំនិត ត្រូវអវិជ្ជាធ្វើឲ្យងងឹត ខ្ទប់ រាំង ហ៊ុម ភ្ជិត គ្រប បង្រួម ផ្កាប់ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកជាប់ចំពាក់ អ្នកខ្វល់ខ្វាយ អ្នកវង្វេង ក្នុងកាមទាំងឡាយ ។

[៤២] អធិប្បាយពាក្យថា អ្នកប្រកាន់ថោកទាប អ្នកតាំងនៅក្នុងអំពើមិនស្មើទាំងនោះ ត្រង់ពាក្យថា អ្នកប្រកាន់ថោកទាប គឺអ្នកប្រកាន់ថោកទាប ព្រោះហេតុទៅកាន់ទីថោកទាប ក៏បាន ។ ពួកជនមានសេចក្តីកំណាញ់ លោកហៅថា អ្នកប្រកាន់ថោកទាប ក៏បាន ។ អ្នកប្រកាន់ថោកទាប ព្រោះហេតុមិនកាន់យកនូវសំដី នូវគន្លងពាក្យ នូវទេសនា នូវពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយ របស់សាវកនៃព្រះពុទ្ធទាំងឡាយ ក៏បាន ។

អ្នកប្រកាន់ថោកទាប ព្រោះហេតុទៅកាន់ទីថោកទាប តើដូច​ម្តេច ? ត្រង់ពាក្យថា ទៅកាន់ទីថោកទាប គឺទៅកាន់នរក ទៅកាន់កំណើតតិរច្ឆាន ទៅកាន់បិត្តិវិស័យ ព្រោះហេតុនោះ អ្នកប្រកាន់ទីថោកទាប ព្រោះហេតុទៅកាន់ទីថោកទាប យ៉ាងនេះ ។

ពួកជនមានសេចក្តីកំណាញ់ លោកហៅថា អ្នកប្រកាន់ថោកទាប តើដូច​ម្តេច ? សេចក្តីកំណាញ់ ៥ យ៉ាងគឺ សេចក្តីកំណាញ់អាវាស ១ សេចក្តីកំណាញ់ត្រកូល ១ សេចក្តីកំណាញ់លាភ ១ សេចក្តីកំណាញ់វណ្ណៈ (សម្បុរ ឬគុណ) ១ សេចក្តីកំណាញ់ ធម៌ ១ សេចក្តីកំណាញ់អាការនៃសេចក្តីកំណាញ់ ភាពនៃសេចក្តីកំណាញ់ ភាពនៃសេចក្តីកំណាញ់យ៉ាងល្មម ភាពនៃសេចក្តីកំណាញ់រឹង សេចក្តីរួញរា ភាវៈនៃការមិនយកចិត្តយកថ្លើមគេ មានសភាពយ៉ាងនេះ នេះលោកហៅថា សេចក្តីកំណាញ់ ។ មួយទៀត សេចក្តីកំណាញ់ខន្ធក្តី ក៏ឈ្មោះថាកំណាញ់ សេចក្តីកំណាញ់ធាតុក្តី ក៏ឈ្មោះថា កំណាញ់ សេចក្តីកំណាញ់អាយតនៈក្តី ក៏ឈ្មោះថាកំណាញ់ សេចក្តីប្រកាន់ (ដោយអំណាចនៃសេចក្តី​​​ប្រាថ្នា​) នេះ លោកហៅថា សេចក្តីកំណាញ់ ។ ពួកជនប្រកបដោយសេចក្តីកំណាញ់នេះ ព្រោះមិនដឹងនូវការប្រកាន់ថោកទាប ឈ្មោះថា អ្នកប្រមាទ ពួកជនមានសេចក្តីកំណាញ់ លោកហៅថា អ្នកប្រកាន់ថោកទាប យ៉ាងនេះ ។

អ្នកប្រកាន់ថោកទាប ព្រោះហេតុមិនកាន់យកនូវសំដី នូវគន្លងពាក្យ នូវទេសនា នូវពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយ របស់សាវ័កនៃព្រះពុទ្ធទាំងឡាយ តើដូច​ម្តេច ? ពួកជនមិនកាន់យក មិនស្តាប់ មិនប្រុងត្រចៀក មិនតាំងចិត្តដើម្បីឲ្យដឹងនូវសំដី គន្លងពាក្យទេសនា ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយ របស់សាវ័កនៃព្រះពុទ្ធទាំងឡាយ ជាអ្នកមិនស្តាប់ឱវាទ មិនធ្វើតាមពាក្យ ប្រព្រឹត្តទទឹង បែរមុខទៅកាន់ទីដទៃវិញ មិនជឿកាន់សំដី គន្លងពាក្យទេសនា និងពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយ របស់សាវ័កនៃព្រះពុទ្ធទាំងឡាយ ព្រោះហេតុនោះ ឈ្មោះថា អ្នកប្រកាន់ថោកទាប យ៉ាងនេះ ។

ពាក្យថា ទាំងនោះ … អ្នកតាំងនៅក្នុងអំពើមិនស្មើ អធិប្បាយថា ពួកសត្វតាំងនៅក្នុងកាយកម្មមិនស្មើ តាំងនៅក្នុងវចីកម្មមិនស្មើ តាំងនៅក្នុងមនោកម្មមិនស្មើ តាំងនៅក្នុងបាណាតិបាតមិនស្មើ តាំងនៅក្នុងអទិន្នាទានមិនស្មើ តាំងនៅក្នុងកាមេសុមិច្ឆាចារមិនស្មើ តាំងនៅក្នុងមុសាវាទមិនស្មើ តាំងនៅក្នុងបិសុណវាចាមិនស្មើ តាំងនៅក្នុងផរុសវាចាមិនស្មើ តាំងនៅក្នុងសម្ផប្បលាបៈមិនស្មើ តាំងនៅក្នុងអភិជ្ឈាមិនស្មើ តាំងនៅក្នុងព្យាបាទមិនស្មើ តាំងនៅក្នុងមិច្ឆាទិដ្ឋិមិនស្មើ តាំងនៅក្នុងសង្ខារទាំងឡាយមិនស្មើ តាំងនៅក្នុងកាមគុណទាំង ៥ មិនស្មើ តាំងនៅក្នុងនីវណៈទាំង ៥ មិនស្មើ តាំងនៅ តំកល់នៅ ស្អិតជាប់ ចូលទៅជិតដល់ ជ្រុលជ្រប់ បង្អោនទៅ ជាប់នៅ ទាក់ ថ្ពក់ ព័ន្ធព័ទ្ធ ក្នុងចេតនាមិនស្មើ ក្នុងសេចក្តី​​​ប្រាថ្នា​មិនស្មើ ក្នុងការតាំងចិត្តមិនស្មើ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកប្រកាន់ថោកទាប អ្នកតាំងនៅក្នុងអំពើមិនស្មើ ។

[៤៣] អធិប្បាយពាក្យថា អ្នកដល់សេចក្តីទុក្ខ រមែងខ្សឹកខ្សួល ត្រង់ពាក្យថា អ្នកដល់សេចក្តីទុក្ខ គឺអ្នកចូលទៅដល់ទុក្ខ ដល់នូវទុក្ខ ដល់ព្រមនូវទុក្ខ ចូលទៅរកទុក្ខ ដល់នូវមារ ដល់ព្រមនូវមារ ចូលទៅរកមារ ដល់នូវសេចក្តីស្លាប់ ដល់ព្រមនូវសេចក្តីស្លាប់ ចូលទៅរកសេចក្តីស្លាប់ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកដល់សេចក្តីទុក្ខ ។ ពាក្យថា រមែងខ្សឹកខ្សួល គឺរមែងយំរៀបរាប់ យំអណ្តឺតអណ្តក សោកសៅ លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្តីវង្វេង ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកដល់សេចក្តីទុក្ខ រមែងខ្សឹកខ្សួល ។

[៤៤] ពាក្យថា យើងទាំងឡាយ ច្យុតចាកអត្តភាពនេះទៅ នឹងកើតជាអ្វីហ្ន៎ សេចក្តីថា ពួកយើងច្យុតចាកអត្តភាពនេះទៅ តើទៅកើតជាអ្វី គឺទៅកើតជាសត្វនរក ឬកើតជាសត្វតិរច្ឆាន កើតជាបិត្តិវិស័យ កើតជាមនុស្ស កើតជាទេវតា កើតជារូបព្រហ្ម កើតជាអរូបព្រហ្ម កើតជាសញ្ញីព្រហ្ម កើតជាអសញ្ញីព្រហ្ម កើតជានេវសញ្ញីនាសញ្ញីព្រហ្ម យើងទាំងឡាយនឹងកើតក្នុងអនាគតកាលឬហ្ន៎ ឬនឹងមិនកើតក្នុងអនាគតកាលទេ នឹងជាអ្វីហ្ន៎ ក្នុងអនាគតកាល នឹងកើតក្នុងអនាគតកាលដោយសណ្ឋានដូចម្តេចហ្ន៎ យើងទាំងឡាយនឹងបានជាអ្វី កើតជាអ្វី ក្នុងអនាគតកាល ពួកជនអ្នកកន្ទះរា ដោយសេចក្តីសង្ស័យ អ្នកឆ្លេឆ្លាដោយសេចក្តីងឿងឆ្ងល់ អ្នកបែកចេញជាពីរចំណែក រមែងយំរៀបរាប់យំអណ្តឺតអណ្តក សោកសៅ លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្តីវង្វេង ហេតុនោះ (ទ្រង់ត្រាស់ថា) យើងទាំងឡាយ ច្យុតចាកអត្តភាពនេះទៅ នឹងកើតជាអ្វីហ្ន៎ ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា ៖ ជនអ្នកជាប់ចំពាក់ អ្នកខ្វល់ខ្វាយ អ្នកវង្វេងក្នុងកាមទាំងឡាយ អ្នកប្រកាន់ថោកទាប អ្នកតាំងនៅក្នុងអំពើមិនស្មើ អ្នកដល់សេចក្តីទុក្ខទាំងនោះ រមែងខ្សឹកខ្សួលថា យើងទាំងឡាយ ច្យុតចាកអត្តភាពនេះទៅ នឹងកើតជាអ្វីហ្ន៎ ។

[៤៥] ព្រោះហេតុនោះ ជនក្នុងសាសនានេះ គប្បីសិក្សា គប្បីដឹងនូវកម្មណាមួយ ក្នុងលោក ថាមិនស្មើ មិនគប្បីប្រព្រឹត្តនូវកម្មមិនស្មើ ព្រោះហេតុនៃកម្មមិនស្មើនោះទេ ដ្បិតថា ធីរជនទាំងឡាយ បានពោលនូវជីវិតនេះ ថាតិច ។

[៤៦] អធិប្បាយពាក្យថា ព្រោះហេតុនោះ ជនក្នុងសាសនានេះ គប្បីសិក្សា ត្រង់ពាក្យថា ព្រោះហេតុនោះ គឺព្រោះដំណើរនោះ ព្រោះការណ៍នោះ ព្រោះហេតុនោះ ព្រោះបច្ច័យនោះ ព្រោះនិទាននោះ ជនកាលឃើញច្បាស់នូវទោសនុ៎ះ ក្នុងកាមទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះហេតុនោះ ។ ពាក្យថា គប្បីសិក្សា បានដល់សិក្ខា (ការសិក្សា) ៣ គឺ អធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១ ។

អធិសីលសិក្ខា តើដូច​ម្តេច ? ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោសមានប្រមាណតិច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ សីលក្ខន្ធតូច សីលក្ខន្ធធំ សីល ទីតំកល់ ទីខាងដើម ការប្រព្រឹត្តិ ការសង្រួម ការរវាំង ប្រធាន ប្រមុខ នៃការបាននូវកុសលធម៌ទាំងឡាយ នេះឈ្មោះថា អធិសីលសិក្ខា ។

អធិចិត្តសិក្ខា តើដូច​ម្តេច ? ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងាត់ ។ ព្រោះរម្ងាប់វិតក្កៈ វិចារៈ ចូលកាន់ទុតិយជ្ឈាន ជាទីផូរផង់ប្រព្រឹត្តទៅខាងក្នុង ញុំាងសមាធិចិត្តឲ្យកើត ឥតមានវិតក្កៈនិងវិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ ។ ព្រោះប្រាសចាកបីតិផង ជាអ្នកប្រកបដោយឧបេក្ខាផង មានសតិ និងសម្បជញ្ញៈផង សោយសុខដោយនាមកាយផង ចូលកាន់តតិយជ្ឈានដែលព្រះអរិយៈទាំងឡាយ សរសើរបុគ្គលអ្នកបានតតិយជ្ឈាននោះ ថាជាអ្នកមានឧបេក្ខា មានសតិ នៅជាសុខដូច្នេះ ។ ព្រោះលះបង់សុខផង លះបង់ទុក្ខផង រំលត់សោមន្ស និងទោមនស្សទាំងឡាយ ក្នុងកាលមុនផង ចូលកាន់ចតុត្ថជ្ឈាន ឥតទុក្ខ ឥតសុខ មានសតិដ៏បរិសុទ្ធដោយឧបេក្ខា នេះឈ្មោះថា អធិចិត្តសិក្ខា ។

អធិប្បញ្ញាសិក្ខា តើដូច​ម្តេច ? ភិក្ខុក្នុងសាសនានេះ ជាអ្នកមានបញ្ញា ប្រកបដោយបញ្ញា ប្រព្រឹត្តក្នុងកិរិយាកើតឡើង និងវិនាសទៅ ជាបញ្ញាដ៏ប្រសើរ ជាគ្រឿងទំលុះទំលាយ ជាគ្រឿដឹងនូវការអស់ទៅនៃទុក្ខដោយប្រពៃ ភិក្ខុនោះ តែងដឹងច្បាស់តាមពិតថា នេះ ទុក្ខ ដឹងច្បាស់តាមពិតថា នេះ ហេតុនាំឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះ ទីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះ សេចក្តីប្រតិបត្តិជាដំណើរទៅកាន់ទីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះ អាសវៈ ដឹងច្បាស់តាមពិតថា នេះ ធម៌នាំឲ្យកើតអាសវៈ ដឹងច្បាស់តាមពិតថា នេះ ទីរលត់អាសវៈ ដឹងច្បាស់តាមពិតថា នេះ សេចក្តីប្រតិបត្តិជាដំណើរទៅកាន់ទីរលត់អាសវៈ នេះឈ្មោះថា អធិប្បញ្ញាសិក្ខា ។

ភិក្ខុកាលនឹក ឈ្មោះថា សិក្សា កាលដឹង ឈ្មោះថាសិក្សា កាលឃើញ ឈ្មោះថា សិក្សា កាលពិចារណា ឈ្មោះថា សិក្សា កាលតំកល់ចិត្ត ឈ្មោះថា សិក្សា កាលបង្អោនចិត្តដោយសទ្ធា ឈ្មោះថាសិក្សា កាលផ្គងនូវព្យាយាម ឈ្មោះថាសិក្សា កាលតំកល់ស្មារតី ឈ្មោះថាសិក្សា កាលតំកល់ចិត្ត ឈ្មោះថាសិក្សា កាលដឹងច្បាស់ដោយបញ្ញា ឈ្មោះថាសិក្សា កាលដឹងច្បាស់នូវអភិញ្ញេយ្យធម៌ ឈ្មោះថាសិក្សា កាលកំណត់ដឹងនូវបរិញ្ញេយ្យធម៌ ឈ្មោះថាសិក្សា កាលលះបង់នូវបហាតព្វធម៌ ឈ្មោះថាសិក្សា កាលចម្រើននូវភាវេតព្វធម៌ ឈ្មោះថាសិក្សា កាលធ្វើឲ្យជាក់ច្បាស់នូវសច្ឆិកាតព្វធម៌ ឈ្មោះថាសិក្សា ប្រព្រឹត្តទួទៅ ប្រព្រឹត្តដោយល្អ ប្រព្រឹត្តសមាទាននូវសិក្ខាទាំង ៣ នេះ ។ ពាក្យថា ក្នុងសាសនានេះ គឺក្នុងទិដ្ឋិនេះ ក្នុងសេចក្តីគួរនេះ ក្នុងសេចក្តីគាប់ចិត្តនេះ ក្នុងសេចក្តីប្រកាន់នេះ ក្នុងធម៌នេះ ក្នុងវិន័យនេះ ក្នុងធម្មវិន័យនេះ ក្នុងពាក្យជាប្រធាននេះ ក្នុងព្រហ្មចរិយៈនេះ ក្នុងសាសនានៃព្រះសាស្តានេះ ក្នុងអត្តភាពនេះ ក្នុងមនុស្សលោកនេះ ។ ពាក្យថា ជន បានដល់សត្វ នរជន ។បេ។ សត្វកើតអំពីមនុស្ស ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះហេតុនោះ ជនក្នុងសាសនានេះ គប្បីសិក្សា ។

[៤៧] អធិប្បាយពាក្យថា គប្បីដឹងនូវកម្មណាមួយក្នុងលោក ថាមិនស្មើ ត្រង់ពាក្យថា ណាមួយ គឺទាំងអស់ ដោយអាការទាំងអស់ ទាំងពួង ដោយប្រការទាំងពួង មិនមានសេសសល់ ឥតសេសសល់ ពាក្យថា ណាមួយនុ៎ះ ជាពាក្យរួបរួម ។ ពាក្យថា គប្បីដឹងថា មិនស្មើ គឺគប្បីដឹងនូវកាយកម្មមិនស្មើ ថាមិនស្មើ គប្បីដឹងនូវវចីកម្មមិនស្មើ ថាមិនស្មើ គប្បីដឹងនូវមនោកម្មមិនស្មើ ថាមិនស្មើ គប្បីដឹងនូវបាណាតិបាតមិនស្មើ ថាមិនស្មើ គប្បីដឹងនូវអទិន្នាទានមិនស្មើ ថាមិនស្មើ គប្បីដឹងនូវកាមេសុមិច្ឆាចារមិនស្មើ ថាមិនស្មើ គប្បីដឹងនូវមុសាវាទមិនស្មើ ថាមិនស្មើ គប្បីដឹងនូវបិសុណវាចាមិនស្មើ ថាមិនស្មើ គប្បីដឹងនូវផរុសវាចាមិនស្មើ ថាមិនស្មើ គប្បីដឹងនូវសម្ផប្បលាបៈមិនស្មើ ថាមិនស្មើ គប្បីដឹងនូវអភិជ្ឈាមិនស្មើ ថាមិនស្មើ គប្បីដឹងនូវព្យាបាទមិនស្មើ ថាមិនស្មើ គប្បីដឹងនូវមិច្ឆាទិដ្ឋិមិនស្មើ ថាមិនស្មើ គប្បីដឹងនូវសង្ខារទាំងឡាយមិនស្មើ ថាមិនស្មើ គប្បីដឹងនូវកាមគុណទាំង ៥ មិនស្មើ ថាមិនស្មើ គប្បីដឹងនូវនីវណៈទាំង ៥ មិនស្មើ ថាមិនស្មើ គប្បីដឹងនូវចេតនាមិនស្មើ ថាមិនស្មើ គប្បីដឹងនូវសេចក្តី​​​ប្រាថ្នា​មិនស្មើ ថាមិនស្មើ គប្បីដឹង គប្បីដឹងទួទៅ គប្បីដឹងវិសេស គប្បីដឹងបា្រកដ គប្បីចាក់ធ្លុះនូវកិរិយាតំកល់ (ចិត្ត) មិនស្មើ ថាមិនស្មើ ។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក ។បេ។ ក្នុងអាយតនលោក ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីដឹងនូវកម្មណាមួយ ក្នុងលោក ថាមិនស្មើ ។

[៤៨] ពាក្យថា មិនគប្បីប្រព្រឹត្តនូវកម្មមិនស្មើ ព្រោះហេតុនៃកម្មមិនស្មើនោះ អធិប្បាយថា មិនគប្បីប្រព្រឹត្តកាយកម្មមិនស្មើ ព្រោះហេតុនៃកាយកម្មមិនស្មើ មិនគប្បីប្រព្រឹត្តវចីកម្មមិនស្មើ ព្រោះហេតុនៃវចីកម្មមិនស្មើ មិនគប្បីប្រព្រឹត្តមនោកម្មមិនស្មើ ព្រោះហេតុនៃមនោកម្មមិនស្មើ មិនគប្បីប្រព្រឹត្តបាណាតិបាតមិនស្មើ ព្រោះហេតុនៃបាណាតិបាតមិនស្មើ មិនគប្បីប្រព្រឹត្តអទិន្នាទានមិនស្មើ ព្រោះហេតុនៃអទិន្នាទានមិនស្មើ មិនគប្បីប្រព្រឹត្តកាមេសុមិច្ឆាចារមិនស្មើ ព្រោះហេតុនៃកាមេសុមិច្ឆាចារមិនស្មើ មិនគប្បីប្រព្រឹត្តមុសាវាទមិនស្មើ ព្រោះហេតុនៃមុសាវាទមិនស្មើ មិនគប្បីប្រព្រឹត្តបិសុណវាចាមិនស្មើ ព្រោះហេតុនៃបិសុណវាចាមិនស្មើ មិនគប្បីប្រព្រឹត្តផរុសវាចាមិនស្មើ ព្រោះហេតុនៃផរុសវាចាមិនស្មើ មិនគប្បីប្រព្រឹត្តសម្ផប្បលាបៈមិនស្មើ ព្រោះហេតុនៃសម្ផប្បលាបៈមិនស្មើ មិនគប្បីប្រព្រឹត្តអភិជ្ឈាមិនស្មើ ព្រោះហេតុនៃអភិជ្ឈាមិនស្មើ មិនគប្បីប្រព្រឹត្តព្យាបាទមិនស្មើ ព្រោះហេតុនៃព្យាបាទមិនស្មើ មិនគប្បីប្រព្រឹត្តមិច្ឆាទិដ្ឋិមិនស្មើ ព្រោះហេតុនៃមិច្ឆាទិដ្ឋិមិនស្មើ មិនគប្បីប្រព្រឹត្តសង្ខារទាំងឡាយមិនស្មើ ព្រោះហេតុនៃសង្ខារទាំងឡាយមិនស្មើ មិនគប្បីប្រព្រឹត្តកាមគុណទាំង ៥ មិនស្មើ ព្រោះហេតុនៃកាមគុណទាំង ៥ មិនស្មើ មិនគប្បីប្រព្រឹត្តនីវរណៈទាំង ៥ មិនស្មើ ព្រោះហេតុនៃនីវរណៈ ទាំង ៥ មិនស្មើ មិនគប្បីប្រព្រឹត្ត មិនគប្បីប្រព្រឹត្តទួទៅ មិនគប្បីប្រព្រឹត្តដោយប្រពៃ មិនគប្បីប្រព្រឹត្តសមាទាន (នូវចេតនាជាដើម) មិនស្មើ ព្រោះហេតុនៃចេតនាមិនស្មើ ព្រោះហេតុនៃសេចក្តី​​​ប្រាថ្នា​ មិនស្មើ ព្រោះហេតុនៃកិរិយាតំកល់ (ចិត្ត) មិនស្មើ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីប្រព្រឹត្តនូវកម្មមិនស្មើ ព្រោះហេតុនៃកម្មមិនស្មើនោះទេ ។

[៤៩] អធិប្បាយពាក្យថា ធីរជនទាំងឡាយ បានពោលនូវជីវិតនេះ ថាតិច ត្រង់ពាក្យថា ជីវិត បានដល់អាយុ ការតាំងនៅ ការទៅ ការញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ការដើរទៅ ការប្រព្រឹត្តទៅ ការរក្សា ការរស់នៅ ឥន្រ្ទិយគឺការរស់នៅ ។ ម្យ៉ាងទៀត ជីវិតតិច ដោយហេតុ ២ យ៉ាង គឺ ជីវិតតិច ព្រោះជាធម្មជាតតាំងនៅតិច ជីវិតតិច ព្រោះកិច្ចរបស់ខ្លួនតិច ។

ជីវិតតិច ព្រោះជាធម្មជាតតាំងនៅតិច តើដូច​ម្តេច ? សត្វដែលរស់នៅហើយ ក្នុងខណៈចិត្តជាអតីត មិនរស់នៅ នឹងមិនរស់នៅ ។ សត្វនឹងរស់នៅក្នុងខណៈចិត្តជាអនាគត មិនរស់នៅ មិនរស់នៅហើយ ។ សត្វកំពុងរស់នៅក្នុងខណៈចិត្តជាបច្ចុប្បន្ន មិនបានរស់នៅហើយ នឹងមិនរស់នៅ ។

ជីវិត អត្តភាព សុខ និងទុក្ខទាំងអស់ ប្រកបដោយខណៈចិត្តតែមួយ ព្រោះខណៈប្រព្រឹត្តទៅរហ័ស ពួកទេវតាណា ឋិតនៅអស់ ៨៤,០០០ ក័ល្ប ទេវតាទាំងនោះ មិនមែនប្រកបដោយចិត្តពីរ ហើយរស់នៅទេ ខន្ធទាំងឡាយណា របស់បុគ្គលដែលស្លាប់ទៅក្តី រស់នៅក្តី រលត់ហើយក្នុងលោកនេះ ខន្ធទាំងអស់នោះ ក៏ដូចគ្នា ទៅបដិសន្ធិទៀតមិនបាន ខន្ធទាំងឡាយណា ដែលកន្លងជាលំដាប់ បែកធ្លាយហើយផង ខន្ធទាំងឡាយណា ជាអនាគត នឹងបែកធ្លាយផង សេចក្តីផ្សេងគ្នានៃខន្ធទាំងឡាយជាបច្ចុប្បន្ន ដែលរលត់ហើយក្នុងចន្លោះនៃខន្ធទាំងពីរនោះ រមែងមិនមានក្នុងលក្ខណៈ សត្វលោកមិនមែនកើតដោយអនាគតខន្ធ ដែលមិនទាន់កើត មិនមែនរស់នៅក្នុងបច្ចុប្បន្នទេ សត្វលោកស្លាប់ដោយការបែកធ្លាយនៃចិត្ត ការបញ្ញតិ្តប្រកបដោយបរមត្ថ ប្រែប្រួលទៅដោយឆន្ទៈ ដូចជាទីទាប រមែងប្រព្រឹត្តទៅដូច្នោះ វេទនាទាំងឡាយ មានសឡាយតនៈជាបច្ច័យ មានវារៈមិនដាច់ តែងប្រព្រឹត្តទៅ ខន្ធទាំងឡាយដែលបែកធ្លាយហើយ ក៏មិនដល់នូវកិរិយាតំកល់ទុកទេ គំនរនៃខន្ធក្នុងអនាគត ក៏មិនមាន ខន្ធទាំងឡាយដែលកើតឡើងហើយ រមែងតាំងនៅ ឧបមាដូចជាគ្រាប់ស្ពៃដែលជាប់នឹងចុងដែកស្រួច កាលបើខន្ធទាំងឡាយកើតឡើងហើយ ការបែកក្លាយនៃខន្ធទាំងនោះ ក៏ឋិតនៅក្នុងខាងមុខ ឯសភាវៈដែលត្រូវវិនាសទាំងឡាយ (ខន្ធ) កំពុងឋិតនៅ មិនច្រឡូកច្រឡំ ដោយខន្ធចាស់ទេ ពួកសត្វមកអំពីទីមើលមិនឃើញ តែងទៅកាន់ទីមើលមិនឃើញ មុនអំពីការបែកធ្លាយ តែងកើតឡើង ទាំងតែងវិនាសទៅវិញ ដូចជាផ្លេកបន្ទោរឰដ៏អាកាស ។ ជីវិតតិច ព្រោះការតាំងនៅតិច យ៉ាងនេះ ។

ជីវិតតិច ព្រោះកិច្ចរបស់ខ្លួនតិច តើដូច​ម្តេច ? ជីវិតជាប់ចំពាក់ដោយដង្ហើមចូល ជីវិតជាប់ចំពាក់ដោយដង្ហើមចេញ ជីវិតជាប់ចំពាក់ដោយដង្ហើមចូល និងដង្ហើមចេញ ជីវិតជាប់ចំពាក់ដោយមហាភូតរូប ជីវិតជាប់ចំពាក់ដោយភ្លើងធាតុ ជីវិតជាប់ចំពាក់ដោយកវឡិង្ការាហារ ជីវិតជាប់ចំពាក់ដោយវិញ្ញាណ ។ មូលនៃធម៌ទាំងនេះ ក៏មានកម្លាំងថយ ។ បុព្វហេតុទាំងឡាយ នៃធម៌ទាំងនេះ ក៏មានកម្លាំងថយ ។ សូម្បីធម៌ទាំងឡាយណាជាបច្ច័យ ធម៌ទាំងនោះ ក៏មានកម្លាំងថយ ។ សូម្បីធម៌ទាំងឡាយណា ជាដែនកើតមុន ធម៌ទាំងនោះ ក៏មានកម្លាំងថយ ។ ពួកធម៌ដែលកើតជាមួយនឹងធម៌ទាំងនេះ ក៏មានកម្លាំងថយដូចគ្នា ។ ពួកធម៌ដែលសម្បយោគនឹងធម៌ទាំងនេះ មានកម្លាំងថយ ។ សហជាតធម៌នៃធម៌ទាំងនេះ មានកម្លាំងថយ ។ តណ្ហាណា ជាគ្រឿងប្រកប តណ្ហានោះ មានកម្លាំងថយ ។ ធម៌ទាំងនេះ មានកម្លាំងថយជានិច្ច ចំពោះគ្នានិងគ្នា ។ ធម៌ទាំងនេះ មិនឱនរកគ្នានិងគ្នា ។ ធម៌ទាំងនេះ ញុំាងគ្នានិងគ្នាឲ្យធ្លាក់ចុះ ។ ព្រោះថា មិនបានជាទីពឹងដល់គ្នានឹងគ្នា ។ មួយទៀត ធម៌ទាំងនេះ មិនលើក​តម្កើង​គ្នានិងគ្នា ។ ធម៌ណា ជាអ្នកបង្កើត ធម៌នោះមិនមានទេ ។ ធម៌នីមួយ មិនមែនសាបសូន្យដោយធម៌ណាមួយទេ ។ ព្រោះថា ធម៌ទាំងនេះ បែកធ្លាយទៅទាំងអស់ ។ ធម៌ទាំងនេះ កើតហើយ ដោយសារហេតុ និងបច្ច័យជាខាងដើម ។ ហេតុ និងបច្ច័យទាំងឡាយណា ដែលឲ្យកើតមុន ហេតុ និងបច្ច័យទាំងនោះ ក៏ស្លាប់មុនទៅហើយ ។ ធម៌ទាំងឡាយខាងដើម និងខាងចុង មិនបានឃើញគ្នានិងគ្នាក្នុងកាលណាឡើយ ។ ជីវិតតិច ព្រោះកិច្ចរបស់ខ្លួនតិច យ៉ាងនេះ ។

មួយវិញទៀត មនុស្សទាំងឡាយ មានជីវិតតិច ជីវិតស្តួចស្តើង ជីវិតខ្លី ជីវិតមានក្នុងមួយខណៈ ជីវិតរហ័ស ជីវិតបាត់ ជីវិតមិនមាំមួន ជីវិតមិនតាំងនៅអស់កាលយូរ បើប្រៀបធៀបនឹងជីវិតរបស់ពួកទេវតាជាន់ចាតុម្មហារាជិកា ។ របស់ពួកទេវតាជាន់តាវត្តិង្ស ។ របស់ពួកទេវតាជាន់យាមៈ ។ របស់ពួកទេវតាជាន់តុសិត ។ របស់ពួកទេវតាជាន់និម្មានរតី ។ របស់ពួកទេវតាជាន់បរនិមិ្មតវសវត្តី ។ មនុស្សទាំងឡាយ មានជីវិតតិច ជីវិតស្តួចស្តើង ជីវិតខ្លី ជីវិតមានក្នុងមួយខណៈ ជីវិតរហ័ស ជីវិតឆាប់ ជីវិតមិនមាំមួន ជីវិតមិនតាំងនៅអស់កាលយូរ បើប្រៀបធៀបនឹងជីវិតរបស់ពួកទេវតាព្រហ្មកាយិកៈ ។ សមដូចពាក្យនេះ ដែលព្រះមានព្រះភាគ ត្រាស់ហើយថា ម្នាលភិក្ខុទាំងឡាយ អាយុរបស់មនុស្សទាំងឡាយនេះតិច បរលោក ត្រូវទៅដោយពិត បុគ្គលគប្បីប៉ះពាល់ដោយបញ្ញា ត្រូវធ្វើកុសល ត្រូវប្រព្រឹត្តព្រហ្មចរិយៈ បុគ្គលដែលកើតហើយ មិនមែនមិនស្លាប់ទេ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា រស់នៅយ៉ាងយូរ បុគ្គលនោះ គប្បីរស់នៅ ១០០ ឆ្នាំ តិចជាងនេះ ឬច្រើនជាងនេះ (មានខ្លះ) ។

អាយុរបស់មនុស្សទាំងឡាយតិច បុរសអ្នកមាន​ប្រាជ្ញា​ គួរធុញទ្រាន់នឹងអាយុនុ៎ះ គប្បីប្រព្រឹត្តឲ្យដូចបុគ្គលដែលត្រូវភ្លើងឆេះក្បាល ការមិនមកនៃមច្ចុ មិនមានទេ ថ្ងៃ និងយប់ រមែងកន្លងទៅ ជីវិតក៏រលត់ទៅដែរ អាយុនៃសត្វទាំងឡាយ រមែងអស់ទៅ ដូចទឹកនៃស្ទឹងតូចៗ ។

អធិប្បាយពាក្យថា ធីរជនទាំងឡាយ ពោលនូវជីវិតនេះថា តិច ត្រង់ពាក្យថា ធីរជនទាំងឡាយ គឺឈ្មោះថា ធីរជន ព្រោះហេតុជាអ្នកមាន​ប្រាជ្ញា​ ។ ឈ្មោះថា ធីរជនព្រោះហេតុជាអ្នកបរិបូណ៌ដោយ​ប្រាជ្ញា​ ។ ឈ្មោះថា ធីរជន ព្រោះហេតុជាអ្នកតិះដៀលបាប ។ បញ្ញា លោកហៅថា ធី បានដល់​ប្រាជ្ញា​ ការដឹង ការពិចារណា ការពិចារណាសព្វ ការពិចារណាធម៌ ការកំណត់ ការកំណត់មាំ ការកំណត់មាំមួន ភាពជាបណ្ឌិត ភាពជាអ្នកឈ្លាស ភាពជាអ្នកល្អិតល្អន់ ភាពជាអ្នកវាងវៃ ការគិត ការត្រិះរិះ ​ប្រាជ្ញា​ដូចជាផែនដី ​ប្រាជ្ញា​ជាគ្រឿងទំលាយបង់ (នូវកិលេស) ​ប្រាជ្ញា​ជាគ្រឿងដឹកនាំ ការឃើញច្បាស់ ការដឹងខ្លួន ចន្លួញគឺបញ្ញា បញ្ញា បញ្ញិន្រ្ទិយ កម្លាំងគឺបញ្ញា សស្រ្តាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា រស្មីគឺបញ្ញា ប្រទីបគឺបញ្ញា កែវគឺបញ្ញា ការមិនភាន់ច្រឡំ ការពិចារណាធម៌ ការយល់ត្រូវ ឈ្មោះថា ធីរជន ព្រោះប្រកបព្រមដោយបញ្ញានោះ ។ មួយទៀត ពួកធីរជនខាងខន្ធ ធីរជនខាងធាតុ ធីរជនខាងអាយតនៈ ធីរជនខាងបដិច្ចសមុប្បាទ ធីរជនខាងសតិប្បដ្ឋាន ធីរជនខាងសម្មប្បធាន ធីរជនខាងឥទ្ធិបាទ ធីរជនខាងឥន្រ្ទិយ ធីរជនខាងពលៈ ធីរជនខាងពោជ្ឈង្គ ធីរជនខាងមគ្គ ធីរជនខាងផល ធីរជនខាងព្រះនិពា្វន ។ ពួកធីរជនទាំងនោះ បានពោលយ៉ាងនេះថា មនុស្សទាំងឡាយ មានជីវិតតិច ជីវិតស្តួចស្តើង ជីវិតខ្លី ជីវិតប្រកបដោយខណៈ ជីវិតរហ័យ ជីវិតឆាប់ ជីវិតមិនមាំមួន ជីវិតមិនតាំងនៅអស់កាលយូរ ធីរជនទាំងឡាយ បានពោលយ៉ាងនេះ សំដែងយ៉ាងនេះ ពណ៌នាយ៉ាងនេះ បំភ្លឺយ៉ាងនេះ ថ្លែងយ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) ធីរជនទាំងឡាយ បានពោលនូវជីវិតនេះ ថាតិច ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា ៖ ព្រោះហេតុនោះ ជនក្នុងសាសនានេះ គប្បីសិក្សា គប្បីដឹងនូវកម្មណានីមួយក្នុងលោក ថាមិនស្មើ មិនគប្បីប្រព្រឹត្តនូវកម្មមិនស្មើ ព្រោះហេតុនៃកម្មមិនស្មើនោះទេ ដ្បិតថា ធីរជនទាំងឡាយ បានពោលនូវជីវិតនេះថា តិច ។

[៥០] តថាគតឃើញនូវពពួកសត្វនេះ ដែលលុះក្នុងអំណាចតណ្ហា ក្នុងភពទាំងឡាយ កំពុងញាប់ញ័រក្នុងលោក នរជនទាំងឡាយថោកទាប មិនទាន់កន្លងតណ្ហាក្នុងភពតូច និងភពធំទាំងឡាយទេ រមែងយំរៀបរាប់ក្នុងមាត់មច្ចុ ។

[៥១] អធិប្បាយពាក្យថា ឃើញ (នូវពពួកសត្វ) កំពុងញាប់ញ័រក្នុងលោក ត្រង់ពាក្យថា ឃើញ គឺឃើញដោយមំសចក្ខុក្តី ឃើញដោយទិព្វចក្ខុក្តី ឃើញដោយបញ្ញាចក្ខុក្តី ឃើញដោយពុទ្ធចក្ខុក្តី មើលឃើញ ក្រឡេកមើល ​សម្លឹង​មើល ពិចារណាមើល ដោយសមន្តចក្ខុក្តី ។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក ។ ពាក្យថា កំពុងញាប់ញ័រ គឺកំពុងញាប់ញ័រ ដោយការញាប់ញ័រព្រោះតណ្ហា កំពុងញាប់ញ័រដោយការញាប់ញ័រព្រោះទិដ្ឋិ កំពុងញាប់ញ័រ ដោយការញាប់ញ័រព្រោះកិលេស កំពុងញាប់ញ័រ ដោយការញាប់ញ័រព្រោះធម៌ជាគ្រឿងប្រកប កំពុងញាប់ញ័រ ដោយការញាប់ញ័រព្រោះវិបាក កំពុងញាប់ញ័រ ដោយការញាប់ញ័រព្រោះទុច្ចរិត កំពុងញាប់ញ័រ ដោយតម្រេកដែលត្រេកអរហើយ កំពុងញាប់ញ័រដោយទោសៈដែលប្រទូស្តហើយ កំពុងញាប់ញ័រ ដោយមោហៈដែលវង្វេងហើយ ញាប់ញ័រដោយមានះដែលជាប់ចំពាក់ហើយ ញាប់ញ័រដោយទិដ្ឋិដែលស្ទាបអង្អែលហើយ ញាប់ញ័រដោយឧទ្ធច្ចៈ ដែលដល់នូវសេចក្តីរាយមាយ ញាប់ញ័រដោយវិចិកិច្ឆា ដែលដល់នូវសេចក្តីមិនដាច់ស្រេច ញាប់ញ័រដោយអនុស័យ ដែលដល់នូវកំឡាំងញាប់ញ័រដោយលាភ ញាប់ញ័រដោយអលាភ ញាប់ញ័រដោយយស ញាប់ញ័រដោយការមិនមានយស ញាប់ញ័រដោយសេចក្តីសរសើរ ញាប់ញ័រដោយនិន្ទា ញាប់ញ័រដោយសុខ ញាប់ញ័រដោយទុក្ខ ញាប់ញ័រដោយជាតិ ញាប់ញ័រដោយជរា ញាប់ញ័រដោយព្យាធិ ញាប់ញ័រដោយមរណៈ ញាប់ញ័រដោយសោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ ឧបាយាសៈទាំងឡាយ ញាប់ញ័រដោយទុក្ខ ដែលកើតក្នុងនរក ញាប់ញ័រដោយទុក្ខ ដែលកើតក្នុងកំណើតតិរច្ឆាន ញាប់ញ័រដោយទុក្ខដែលកើតក្នុងបិត្តិវិស័យ ញាប់ញ័រដោយទុក្ខ ដែលកើតជាមនុស្ស ញាប់ញ័រដោយទុក្ខ មានចុះកាន់គភ៌ជាហេតុ ញាប់ញ័រដោយទុក្ខ មានការឋិតនៅក្នុងគភ៌ជាហេតុ ញាប់ញ័រដោយទុក្ខ មានការចេញចាកគភ៌ជាហេតុ ញាប់ញ័រដោយទុក្ខដែលជាប់ចំពាក់របស់សត្វដែលកើតហើយ ញាប់ញ័រដោយទុក្ខ ដែលបណ្តាលអំពីបុគ្គលដទៃ របស់សត្វដែលកើតហើយ ញាប់ញ័រដោយទុក្ខ ព្រោះព្យាយាមសម្លាប់ខ្លួន ញាប់ញ័រដោយទុក្ខ ព្រោះព្យាយាមសម្លាប់អំពីបុគ្គលដទៃ ញាប់ញ័រដោយទុក្ខទុក្ខ (កាយិកទុក្ខ និងចេតសិកទុក្ខ) ញាប់ញ័រដោយសង្ខារទុក្ខ ញាប់ញ័រដោយទុក្ខ ព្រោះការប្រែប្រួល ញាប់ញ័រដោយទុក្ខ ព្រោះចក្ខុរោគ ញាប់ញ័រដោយទុក្ខ ព្រោះសោតរោគ ដោយទុក្ខព្រោះឃានរោគ ដោយទុក្ខព្រោះជិវ្ហារោគ ដោយទុក្ខព្រោះកាយរោគ ដោយទុក្ខ ព្រោះសីសរោគ ដោយទុក្ខ ព្រោះកណ្ណរោគ មុខរោគ ទន្តរោគ ក្អក ហឺត ឫសដូងច្រមុះ ក្តៅក្រហាយ គ្រាំគ្រា រោគក្នុងផ្ទៃ ជ្រប់ ចុះឈាម ចុកសៀត ចុះរាគ ឃ្លង់ ពក ស្រែង រីងរៃ ឆ្កួតជ្រូក ដំនួចពិស រមាស់ កម រោគក្នុងទីខ្វាដោយក្រចក ឃ្លង់ដែក ឈាម ប្រមាត់ ទឹកមូត្រផ្អែម ឫសដូងដុះ បូស ឫសដូងបាត អាពាធតាំងឡើងអំពីប្រមាត់ អាពាធតាំងឡើងអំពីស្លេស្ម អាពាធតាំងឡើងអំពីខ្យល់ អាពាធកើតអំពីធាតុទាំង ៤ ប្រជុំគ្នា អាពាធកើតអំពីរដូវប្រែប្រួល អាពាធកើតអំពីរក្សាឥរិយាបថមិនស្មើ អាពាធកើតអំពីសេចក្តីព្យាយាម (របស់គេ មានវាយចងជាដើម) អាពាធកើតអំពីផលនៃកម្ម ត្រជាក់ ក្តៅ ឃ្លាន ស្រេក ឧច្ចារៈ បស្សាវៈ ទុក្ខដោយ​សម្ផស្ស​នៃរបោម មូស ខ្យល់ កំដៅថ្ងៃ ពស់តូច និងពស់ធំ ទុក្ខព្រោះស្លាប់មាតា ទុក្ខព្រោះស្លាប់បិតា ទុក្ខព្រោះស្លាប់បងប្អូនប្រុស ទុក្ខព្រោះស្លាប់បងប្អូនស្រី ទុក្ខព្រោះស្លាប់កូនប្រុស ទុក្ខព្រោះស្លាប់កូនស្រី ទុក្ខព្រោះវិនាសពួកញាតិ វិនាសភោគៈ វិនាសគឺរោគ វិនាសសីល វិនាសទិដ្ឋិ តថាគតឃើញ មើល ក្រឡេកមើល ​សម្លឹង​មើល ពិចារណាឃើញ (នូវពួកសត្វ) កំពុងញាប់ញ័រ ញាប់ញ័រចំប្រប់ ញាប់ញ័រផ្សេងៗ រន្ធត់ រន្ធត់ខ្លាំង រន្ធត់ក្រៃលែង ហេតុនោះ (ទ្រង់ត្រាស់ថា) ឃើញ (នូវពួកសត្វ) កំពុងញាប់ញ័រក្នុងលោក ។

[៥២] អធិប្បាយពាក្យថា ពួកសត្វនេះ ដែលលុះក្នុងអំណាចតណ្ហា ក្នុងភពទាំងឡាយ ត្រង់ពាក្យថា ពួកសត្វ គឺជាឈ្មោះនៃសត្វ ។ ពាក្យថាតណ្ហា បានដល់ រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា ។ ពាក្យថា លុះក្នុងតណ្ហា គឺនៅក្នុងតណ្ហា ទៅតាមតណ្ហា ផ្សាយទៅតាមតណ្ហា លិចចុះក្នុងតណ្ហា ធ្លាក់ក្នុងតណ្ហា (ត្រូវតណ្ហា) គ្របសង្កត់ហើយ មានចិត្ត (ត្រូវតណ្ហា) សង្កត់សង្កិនហើយ ។ ពាក្យថា ភពទាំងឡាយ បានដល់ កាមភព រូបភព អរូបភព ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកសត្វនេះ ដែលលុះក្នុងអំណាចតណ្ហា ក្នុងភពទាំងឡាយ ។

[៥៣] អធិប្បាយពាក្យថា នរជនទាំងឡាយ ថោកទាប រមែងយំរៀបរាប់ក្នុងមាត់នៃមច្ចុ ត្រង់ពាក្យថា នរជនទាំងឡាយថោកទាប គឺនរជនថោកទាប ព្រោះហេតុជាអ្នកប្រកបដោយកាយកម្មដ៏ថោកទាប ។ នរជនថោកទាប ព្រោះហេតុជា អ្នកប្រកបដោយវចីកម្មដ៏ថោកទាប ។ នរជនថោកទាប ព្រោះហេតុជាអ្នកប្រកបដោយមនោកម្មដ៏ថោកទាប ។ នរជនថោកទាប ព្រោះហេតុជាអ្នកប្រកបដោយបាណាតិបាតដ៏ថោកទាប ។ ដោយអទិន្នាទានដ៏ថោកទាប ។ ដោយកាមេសុមិច្ឆាចារដ៏ថោកទាប ។ ដោយមុសាវាទដ៏ថោកទាប ។ ដោយបិសុណាវាចាដ៏ថោកទាប ។ ដោយផរុសវាចាដ៏ថោកទាប ។ ដោយសម្ផប្បលាបៈដ៏ថោកទាប ។ ដោយអភិជ្ឈាដ៏ថោកទាប ។ ដោយព្យាបាទដ៏ថោកទាប ។ ដោយមិច្ឆាទិដ្ឋិដ៏ថោកទាប ។ ដោយសង្ខារទាំងឡាយដ៏ថោកទាប ។ ដោយកាមគុណទាំង ៥ ដ៏ថោកទាប ។ ដោយនីវរណៈទាំង ៥ ដ៏ថោកទាប ។ ដោយចេតនាដ៏ថោកទាប ។ ដោយសេចក្តីប្រាថ្នាដ៏ថោកទាប ។ នរជនថោកទាប ថោកទាបពេក ទន់ទាប លាមក អាក្រក់ កំទេចកំទី ព្រោះហេតុជាអ្នកប្រកបដោយការតំកល់ចិត្តដ៏ថោកទាប ហេតុនោះ (ទ្រង់ត្រាស់ថា) នរជនទាំងឡាយថោកទាប ។ ពាក្យថា រមែងយំរៀបរាប់ ក្នុងមាត់នៃមច្ចុ សេចក្តីថា ពួកជនដល់នូវមច្ចុ ដល់ព្រមនូវមច្ចុ ចូលទៅរកមច្ចុ ដល់នូវមារ ដល់ព្រមនូវមារ ចូលទៅរកមារ ដល់នូវមរណៈ ដល់ព្រមនូវមរណៈ ចូលទៅរកមរណៈ រមែងយំ យំរៀបរាប់ សៅសោក លំបាក ខ្សឹកខ្សួល គក់ទ្រូង ដល់នូវសេចក្តីវង្វេង ក្នុងមាត់នៃមច្ចុ ក្នុងមាត់នៃមារ ក្នុងមាត់នៃមរណៈ ហេតុនោះ (ទ្រង់ត្រាស់ថា) នរជនទាំងឡាយថោកទាប រមែងយំរៀបរាប់ក្នុងមាត់នៃមច្ចុ ។

[៥៤] អធិប្បាយពាក្យថា មិនទាន់កន្លងនូវតណ្ហា ក្នុងភពតូច និងភពធំទាំងឡាយ ត្រង់ពាក្យថា តណ្ហា បានដល់រូបតណ្ហា ។បេ។ ធម្មតណ្ហា ។ ពាក្យថា ក្នុងភពតូច និងភពធំទាំងឡាយ គឺក្នុងកម្មភព បុនព្ភព ឈ្មោះថាក្នុងភពតូច និងភពធំ គឺថា ក្នុងកាមភព ឈ្មោះកម្មភព ក្នុងកាមភព ឈ្មោះបុនព្ភព ក្នុងរូបភព ឈ្មោះកម្មភព ក្នុងរូបភព ឈ្មោះបុនព្ភព ក្នុងអរូបភព ឈ្មោះកម្មភព ក្នុងអរូបភព ឈ្មោះបុនព្ភព គឺថា ក្នុងការកើតរឿយៗ ការទៅរឿយៗ ឧបបត្តិរឿយៗ បដិសន្ធិរឿយៗ ការញុំាងអត្តភាព ឲ្យកើតឡើងរឿយៗ ។ ពាក្យថា មិនកន្លងតណ្ហា គឺមិនកន្លងតណ្ហា មិនបា្រសចាកតណ្ហា មានតណ្ហាមិនឃ្លាតចេញ មានតណ្ហាមិនខ្ជាក់ចោល មិនរួចចាកតណ្ហា មិនលះបង់តណ្ហា មិនរលាស់ចោលតណ្ហា ហេតុនោះ (ទ្រង់ត្រាស់ថា) មិនកន្លងតណ្ហាក្នុងភពតូច និងភពធំទាំងឡាយ ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា ៖ តថាគតឃើញនូវពួកសត្វនេះ ដែលលុះក្នុងអំណាចតណ្ហា ក្នុងភពទាំងឡាយ កំពុងញាប់ញ័រក្នុងលោក នរជនទាំងឡាយថោកទាប មិនកន្លងតណ្ហាក្នុងភពតូច និងភពធំទាំងឡាយ រមែងយំរៀបរាប់ ក្នុងមាត់នៃមច្ចុ ។

[៥៥] អ្នកទាំងឡាយ ចូរមើលពួកសត្វដែលមានសេចក្តីអាល័យកំពុងញាប់ញ័រ ដូចពួកត្រីក្នុងទីមានទឹកតិច ទាំងមានខ្សែទឹកអស់ហើយ បុគ្គលមិនមានអាល័យ លុះឃើញទោសនេះហើយ គប្បីប្រព្រឹត្ត មិនធ្វើការជាប់ចំពាក់ក្នុងភពទាំងឡាយ ។

[៥៦] អធិប្បាយពាក្យថា អ្នកទាំងឡាយ ចូរមើលពួកសត្វ ដែលមានសេចក្តីអាល័យ កំពុងញាប់ញ័រ ត្រង់ពាក្យថា អាល័យ បានដល់អាល័យ ២ យ៉ាង អាល័យគឺតណ្ហា ១ អាល័យគឺទិដ្ឋិ ១ ។

អាល័យ គឺតណ្ហា តើដូច​ម្តេច ? កំណត់ដែន កំណត់ទី កំណត់ជួរ កំណត់ជុំវិញ ការហួងហែង ការអាល័យ ដោយចំណែកនៃតណ្ហា មានប្រមាណណាថា នេះរបស់អញ នុ៎ះរបស់អញ ប៉ុណ្ណេះរបស់អញ មានប្រមាណប៉ុណ្ណេះរបស់អញ រូបៈ សទ្ទៈ គន្ធៈ រសៈ ផោដ្ឋព្វៈ របស់អញ គ្រឿងកម្រាល គ្រឿងស្លៀកពាក់ ខ្ញុំស្រី ខ្ញុំប្រុស ពពែ ចៀម មាន់ ជ្រូក ដំរី គោ សេះ លា ស្រែ ចម្ការ បា្រក់ មាស ស្រុក និគម រាជធានី ដែន ជនបទ បន្ទាយ ឃ្លាំងរបស់អញ សូម្បីបុគ្គលប្រកាន់ផែនដីធំទាំងអស់ ដោយអំណាចនៃតណ្ហា ទាំងតណ្ហាវិបរឹត ១០៨ ជាកំណត់នេះ ឈ្មោះថា អាល័យគឺតណ្ហា ។

អាល័យ គឺទិដ្ឋិ តើដូច​ម្តេច ? សក្កាយទិដ្ឋិ មានវត្ថុ ២០ មិច្ឆាទិដ្ឋិ មានវត្ថុ ១០ អន្តគ្គាហិកទិដ្ឋិ មានវត្ថុ ១០ ទិដ្ឋិណា មានសភាពយ៉ាងនេះ ដំណើរគឺទិដ្ឋិ ការសាំញុំាគឺទិដ្ឋិ ផ្លូវលំបាកគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ ការញាប់ញ័រគឺទិដ្ឋិ សញ្ញោជនៈគឺទិដ្ឋិ ការកាន់ ការប្រកាន់ ប្រកាន់មាំ ការស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស ភាពខុស កំពង់ និងអណ្តូង ការកាន់ដោយការស្វែងរកខុស ការប្រកាន់វិបរឹត ការវិបល្លាស ការកាន់ខុស ការប្រកាន់ក្នុងវត្ថុមិនពិត ថាជារបស់ពិត ទិដ្ឋិទាំង ៦២ ទាំងប៉ុន្មាននេះ ឈ្មោះថា អាល័យគឺទិដ្ឋិ ។

ពាក្យថា ចូរមើលពួកសត្វដែលមានសេចក្តីអាល័យ កំពុងតែញាប់ញ័រ សេចក្តីថា ពួកនរជនមានសេចក្តីរង្កៀស ក្នុងការដណ្តើមយកវត្ថុ ដែលខ្លួនអាល័យ ញាប់ញ័រខ្លះ កាលគេកំពុងដណ្តើមយក ញាប់ញ័រខ្លះ កាលវត្ថុដែលគេដណ្តើមយកហើយ ញាប់ញ័រខ្លះ មានសេចក្តីរង្កៀស ក្នុងការប្រែប្រួលនៃវត្ថុដែលខ្លួនអាល័យ ញាប់ញ័រខ្លះ កាលវត្ថុដែលកំពុងប្រែប្រួល ញាប់ញ័រខ្លះ កាលវត្ថុដែលប្រែប្រួលហើយ ញាប់ញ័រខ្លះ ញាប់ញ័រខ្លាំង ញាប់ញ័រផ្សេងៗ រន្ធត់ រន្ធត់ខ្លាំ រន្ធត់ដោយអាការទាំងពួង អ្នកទាំងឡាយ ចូរមើល ចូរឃើញ ចូរក្រឡេកមើល ចូរ​សម្លឹង​មើល ចូរពិចារណាមើល នូវពួកសត្វកំពុងញាប់ញ័រ ញាប់ញ័រដោយអាការទាំងពួង ញាប់ញ័រផ្សេងៗ រន្ធត់ រន្ធត់ខ្លាំង រន្ធត់ដោយអាការទាំងពួង យ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកទាំងឡាយ ចូរមើលពួកសត្វ ដែលមានសេចក្តីអាល័យ កំពុងញាប់ញ័រ ។

[៥៧] ពាក្យថា ដូចពួកត្រី ក្នុងទីមានទឹកតិច ទាំងមានខ្សែទឹកអស់ហើយ សេចក្តីថា ពួកត្រីក្នុងទីមានទឹកតិច មានទឹកស្តួចស្តើង មានទឹកអស់ហើយ ត្រូវពួកក្អែកក្តី ពួកត្រដក់ក្តី ពួកកុកក្តី បៀតបៀនចឹកលើកឡើង ពាំស៊ី ក៏ញាប់ញ័រ ញាប់ញ័រសព្វ ញាប់ញ័រផ្សេងៗ រន្ធត់ រន្ធត់ខ្លាំង រន្ធត់សព្វសាច់ យ៉ាងណាមិញ ពួកសត្វដែលមានសេចក្តីរង្កៀស ក្នុងការដណ្តើមយកវត្ថុដែលខ្លួនអាល័យ ញាប់ញ័រខ្លះ កាលគេកំពុងដណ្តើម ញាប់ញ័រខ្លះ កាលវត្ថុដែលគេដណ្តើមហើយ ញាប់ញ័រខ្លះ មានសេចក្តីរង្កៀសក្នុងការប្រែប្រួលនៃវត្ថុដែលខ្លួនអាល័យ ញាប់ញ័រខ្លះ កាលវត្ថុដែលកំពុងប្រែប្រួលញាប់ញ័រខ្លះ កាលវត្ថុដែលប្រែប្រួលហើយ ញាប់ញ័រខ្លះ ញាប់ញ័រសព្វ ញាប់ញ័រផ្សេង ៗ រន្ធត់ រន្ធត់ខ្លាំង រន្ធត់សព្វសាច់ ក៏យ៉ាងនោះដែរ ហេតុនោះ (ទ្រង់ត្រាស់ថា) ដូចពួកត្រីក្នុងទីមានទឹកតិច ទាំងមានខ្សែទឹកអស់ហើយ ។

[៥៨] ពាក្យថា បុគ្គលមិនមានអាល័យ លុះឃើញទោសនេះហើយ គប្បីប្រព្រឹត្ត គឺឃើញ មើល ថ្លឹង ពិចារណា សំដែងឲ្យច្បាស់ ធ្វើឲ្យបា្រកដ នូវទោសនេះក្នុងអាល័យទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) ឃើញទោសនេះ ។ ពាក្យថា អាល័យ ក្នុងបទថា បុគ្គលមិនមានអាល័យ គប្បីប្រព្រឹត្ត បានដល់អាល័យ ២ អាល័យគឺតណ្ហា ១ អាល័យគឺទិដ្ឋិ ១ ។បេ។ នេះ អាល័យគឺតណ្ហា ។បេ។ នេះ អាល័យគឺទិដ្ឋិ ។ បុគ្គលលះអាល័យគឺតណ្ហា រលាស់ចោលអាល័យគឺទិដ្ឋិ មិនប្រកាន់ចក្ខុ មិនប្រកាន់សោតៈ មិនប្រកាន់ឃានៈ មិនប្រកាន់ជិវ្ហា មិនប្រកាន់កាយ មិនប្រកាន់ចិត្ត មិនប្រកាន់ មិនទទួល មិនស្ទាបអង្អែល មិនប្រកាន់ស្អិត នូវរូប សំឡេង ក្លិន រស ផ្សព្វទាំងឡាយ ត្រកូល ពួក អាវាស លាភ យស សេចក្តីសរសើរ សុខ ចីវរ បិណ្ឌបាត សេនាសនៈ បរិក្ខារគឺថ្នាំជាបច្ច័យដល់ជម្ងឺ កាមធាតុ រូបធាតុ អរូបធាតុ កាមភព រូបភព អរូបភព សញ្ញាភព អសញ្ញាភព នេវសញ្ញា នាសញ្ញាភព ឯកវោការភព ចតុវោការភព បញ្ចវោការភព អតីត អនាគត បច្ចុប្បន្ន ធម៌ដែលគេគប្បីឃើញ ឮ ប៉ះពាល់ ឬដឹង គប្បីប្រព្រឹត្ត គប្បីនៅដោយស្ងប់ស្ងាត់ គប្បីញុំាងឥរិយាបថឲ្យប្រព្រឹត្តទៅ គប្បីញុំាងឥរិយាបថឲ្យកើតឡើង គប្បីរក្សាឥរិយាបថ គប្បីបំពេញឥរិយាបថ គប្បីបង្រ្គប់ឥរិយាបថ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលអ្នកមិនមានអាល័យ លុះឃើញទោសនេះហើយ គប្បីប្រព្រឹត្ត ។

[៥៩] ពាក្យថា ក្នុងភពទាំងឡាយ ក្នុងបទថា មិនធ្វើការជាប់ចំពាក់ក្នុងភពទាំងឡាយ គឺ ក្នុងកាមភព រូបភព អរូបភព ។ តណ្ហា លោកហៅថា ការជាប់ចំពាក់ បានដល់ សេចក្តីត្រេកអរ សេចក្តីរីករាយ ដ៏មានកម្លាំង ។បេ។ អភិជ្ឈា លោភៈ អកុសលមូល ។ ពាក្យថា មិនធ្វើការជាប់ចំពាក់ក្នុងភពទាំងឡាយ បានសេចក្តីថា មិនធ្វើការជាប់ចំពាក់ក្នុងភពទាំងឡាយ មិនធ្វើសេចក្តីពេញចិត្ត សេចក្តីស្រឡាញ់ សេចក្តីត្រេកអរ សេចក្តីអត់ធន់ មិនឲ្យកើត មិនឲ្យកើតព្រម មិនបង្កើត មិនបង្កើតចំពោះ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនធ្វើការជាប់ចំពាក់ក្នុងភពទាំងឡាយ ។ ហេតុនោះព្រះមានព្រះភាគ ត្រាស់ថា ៖ អ្នកទាំងឡាយ ចូរមើលពួកសត្វ ដែលមានសេចក្តីអាល័យ កំពុងញាប់ញ័រ ដូចពួកត្រីក្នុងទីមានទឹកតិច ទាំងមានខ្សែទឹកអស់ហើយ បុគ្គលមិនមានអាល័យ លុះឃើញទោសនេះហើយ គប្បីប្រព្រឹត្ត មិនធ្វើការជាប់ចំពាក់ក្នុងភពទាំងឡាយ ។

[៦០] អ្នកបា្រជ្ញ រមែងបន្ទោបង់នូវសេចក្តីពេញចិត្ត ក្នុងទីបំផុតទាំងពីរ រមែងកំណត់ដឹងផស្សៈ ហើយជាអ្នកមិនជាប់ចំពាក់ ជាអ្នកតិះដៀលអំពើណាដោយខ្លួនឯង តែងមិនធ្វើអំពើនោះ មិនប្រឡាក់ក្នុងអារម្មណ៍ទាំងឡាយ ដែលខ្លួនឃើញហើយ ឮហើយឡើយ ។

[៦១] អធិប្បាយពាក្យថា រមែងបន្ទោបង់នូវសេចក្តីពេញចិត្តក្នុងទីបំផុតទាំងពីរ ត្រង់ពាក្យថា ទីបំផុត គឺ ផស្សៈ ជាទីបំផុតទី ១ ហេតុដែលកើតផស្សៈ ជាទីបំផុតទី ២ ។ អតីតកាល ជាទីបំផុតទី ១ អនាគតកាល ជាទីបំផុតទី ២ ។ សុខវេទនា ជាទីបំផុតទី ១ ទុក្ខវេទនាជាទីបំផុតទី ២ ។ នាម ជាទីបំផុតទី ១ រូប ជាទីបំផុតទី ២ ។ អាយតនៈខាងក្នុង ៦ ជាទីបំផុតទី ១ អាយតនៈខាងក្រៅ ៦ ជាទីបំផុតទី ២ ។ សក្កាយៈ ជាទីបំផុតទី ១ ហេតុជាដែនកើតនៃសក្កាយៈ ជាទីបំផុតទី ២ ។ ពាក្យថា សេចក្តីពេញចិត្ត បានដល់សេចក្តីពេញចិត្តគឺកាម សេចក្តីត្រេកអរគឺកាម សេចក្តីរីករាយគឺកាម ចំណង់គឺកាម សេចក្តីស្រឡាញ់គឺកាម សេចក្តីក្តៅក្រហាយគឺកាម សេចក្តីងល់ងប់គឺកាម សេចក្តីជ្រុលជ្រប់គឺកាម អន្លង់គឺកាម យោគៈគឺកាម ឧបាទានគឺកាម នីវរណៈគឺកាមច្ឆន្ទៈក្នុងកាមទាំងឡាយ ។ ពាក្យថា រមែងបន្ទោបង់នូវសេចក្តីពេញចិត្តក្នុងទីបំផុតទាំងពីរ បានសេចក្តីថា រមែងបន្ទោបង់ បន្ទោបង់ចំពោះ លះបង់ កំចាត់បង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាន នូវសេចក្តីពេញចិត្តក្នុងទីបំផុតទាំងពីរ ហេតុនោះ (ទ្រង់ត្រាស់ថា) រមែងបន្ទោបង់ សេចក្តីពេញចិត្តក្នុងទីបំផុតទាំងពីរ ។

[៦២] អធិប្បាយពាក្យថា រមែងកំណត់ដឹងផស្សៈ ហើយជាអ្នកមិនជាប់ចំពាក់ ត្រង់ពាក្យថា ផស្សៈ បានដល់ចក្ខុសម្ផស្សៈ សោតសម្ផស្សៈ ឃានសម្ផស្សៈ ជិវ្ហាសម្ផស្សៈ កាយសម្ផស្សៈ មនោសម្ផស្សៈ អធិវចនសម្ផស្សៈ បដិឃសម្ផស្សៈ សុខវេទនីយសម្ផស្សៈ ទុក្ខវេទនីយសម្ផស្សៈ អទុក្ខមសុខវេទនីយសម្ផស្សៈ កុសលផស្សៈ អកុសលផស្សៈ អព្យាកតផស្សៈ កាមាវចរផស្សៈ រូបាវចរផស្សៈ អរូបាវចរផស្សៈ សុញ្ញតផស្សៈ អនិមិត្តផស្សៈ អប្បណិហិតផស្សៈ លោកិយផស្សៈ លោកុត្តរផស្សៈ អតីតផស្សៈ អនាគតផស្សៈ បច្ចុប្បន្នផស្សៈ ការប៉ះពាល់ អាការនៃការប៉ះពាល់ ការពាល់ត្រូវព្រម ភាពនៃការពាល់ត្រូវព្រមណា មានសភាពយ៉ាងនេះ នេះហៅថាផស្សៈ ។ ពាក្យថា កំណត់ដឹងផស្សៈ គឺកំណត់ដឹងផស្សៈ ដោយបរិញ្ញា ៣ គឺ ញាតបរិញ្ញា ១ តិរណបរិញ្ញា ១ បហាណបរិញ្ញា ១ ។

ញាតបរិញ្ញា តើដូច​ម្តេច ? (ភិក្ខុក្នុងសាសនានេះ) ដឹងនូវផស្សៈ គឺដឹង ឃើញថា នេះ ចក្ខុសម្ផស្សៈ នេះសោតសម្ផស្សៈ នេះឃានសម្ផស្សៈ នេះជិវ្ហាសម្ផស្សៈ នេះកាយ សម្ផស្សៈ នេះមនោសម្ផស្សៈ នេះអធិវចនសម្ផស្សៈ នេះបដិឃសម្ផស្សៈ នេះសុខវេទនីយផស្សៈ នេះទុក្ខវេទនីយផស្សៈ នេះអទុក្ខមសុខវេទនីយផស្សៈ នេះកុសលផស្សៈ នេះអកុសលផស្សៈ នេះអព្យាកតផស្សៈ នេះកាមាវចរផស្សៈ នេះរូបាវចរផស្សៈ នេះអរូបាវចរផស្សៈ នេះសុញ្ញតផស្សៈ នេះអនិមិត្តផស្សៈ នេះអប្បណិហិតផស្សៈ នេះលោកិយផស្សៈ នេះលោកុត្តរផស្សៈ នេះអតីតផស្សៈ នេះអនាគតផស្សៈ នេះបច្ចុប្បន្នផស្សៈ នេះឈ្មោះថា ញាតបរិញ្ញា ។

តិរណបរិញ្ញា តើដូច​ម្តេច ? (ភិក្ខុក្នុងសាសនានេះ) លុះធ្វើនូវការដឹងយ៉ាងនេះ ហើយ ពិចារណាផស្សៈ គឺពិចារណាថា មិនទៀង ថាជាទុក្ខ ជារោគ ជាបូស ជាព្រួញ ជាសេចក្តីលំបាក ជាអាពាធ ជារបស់អ្នកដទៃ ជារបស់ទ្រុឌទ្រោម ជាចង្រៃ ជាឧបទ្រព ជាភ័យ ជាឧបស័គ្គ ជារបស់ញាប់ញ័រ ជារបស់ពុករលួយ ជារបស់មិនយឺនយូរ ជារបស់គ្មានទីពឹង គ្មានទីជ្រក គ្មានទីរលឹក ជារបស់ទទេ ជារបស់រលីងធេង ជារបស់សោះសូន្យ មិនមែនជារបស់ខ្លួន ជាទោស ជារបស់ប្រែប្រួលធម្មតា ជារបស់ឥតខ្លឹម ជាឫសនៃទុក្ខ ជាពេជ្ឈឃាត គ្មានសេចក្តីចម្រើន ប្រកបដោយអាសវៈ មានបច្ច័យតាក់តែង ជាអាមិសៈនៃមារ មានជាតិជាធម្មតា មានជរាជាធម្មតា មានព្យាធិជាធម្មតា មានមរណៈជាធម្មតា មានសោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ ឧបាយាសៈជាធម្មតា ប្រកបដោយគ្រឿងសៅហ្មងជាធម្មតា ជារបស់កើតឡើង ជារបស់វិនាសទៅវិញ ជារបស់គួរត្រេកអរ ជាទោស ជាគ្រឿងរលាស់ចេញ នេះឈ្មោះថា តិរណបរិញ្ញា ។

បហានបរិញ្ញា តើដូច​ម្តេច ? (ភិក្ខុក្នុងសាសនានេះ) លុះពិចារណាយ៉ាងនេះហើយ ក៏លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាននូវឆន្ទរាគក្នុងផស្សៈ ។ សមដូចជាព្រះពុទ្ធដីកានេះ ដែលព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឆន្ទរាគណា ក្នុងផស្សៈទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ឆន្ទរាគនោះចេញ កាលបើធ្វើយ៉ាងនេះបាន ផស្សៈនោះ ឈ្មោះថា អ្នកទាំងឡាយ បានលះបង់ហើយ ផ្តាច់ផ្តិលឫសគល់ហើយ ធ្វើមិនឲ្យមានទីកើត ដូចជាមិនមានទីកើតនៃដើមត្នោត ធ្វើមិនឲ្យកើតមាន ធ្វើឲ្យជាធម៌ លែងកើត តទៅទៀតហើយ ។ នេះឈ្មោះថា បហានបរិញ្ញា ។

ពាក្យថា កំណត់ដឹងផស្សៈហើយ គឺកំណត់ដឹងផស្សៈ ដោយបរិញ្ញាទាំង ៣ នេះ ។ ពាក្យថា មិនជាប់ចំពាក់ អធិប្បាយថា តណ្ហា លោកហៅថា ការជាប់ចំពាក់ បានដល់ សេចក្តីត្រេកអរ សេចក្តីត្រេកអរមានកំឡាំង ។បេ។ អភិជ្ឈា លោភៈ អកុសលមូល ។ ការជាប់ចំពាក់នុ៎ះ បុគ្គលណាបានលះបង់ហើយ បានផ្តាច់ផ្តិលហើយ បានរម្ងាប់ហើយ បានរលាស់ចោលហើយ ធ្វើមិនឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ បុគ្គលនោះ លោកហៅថា អ្នកមិនជាប់ចំពាក់ ។ បុគ្គលនោះមិនជាប់ចំពាក់ក្នុងរូប មិនជាប់ចំពាក់ក្នុងសំឡេង មិនជាប់ចំពាក់ក្នុងក្លិន មិនជាប់ចំពាក់ក្នុងរស មិនជាប់ចំពាក់ក្នុងផ្សព្វ មិនជាប់ចំពាក់ក្នុងត្រកូល ពួក អាវាស លាភ យស សេចក្តីសរសើរ សុខ ចីវរ បិណ្ឌបាត សេនាសនៈ គ្រឿងបរិក្ខារ គឺថ្នាំជាបច្ច័យដល់ជម្ងឺ កាមធាតុ រូបធាតុ អរូបធាតុ កាមភព រូបភព អរូបភព សញ្ញាភព អសញ្ញាភព នេវសញ្ញានាសញ្ញាភព ឯកវោការភព ចតុវោការភព បញ្ចវោការភព អតីត អនាគត បច្ចុប្បន្ន ក្នុងធម៌ទាំងឡាយដែលឃើញ ឮ ប៉ះពាល់ ឬគប្បីដឹង មិនធ្លាក់ចុះ មិនជ្រុលជ្រប់ មិនងល់ងប់ មានការជាប់ចំពាក់កន្លងហើយ មានការជាប់ចំពាក់ទៅបា្រសហើយ មានការជាប់ចំពាក់លះហើយ មានការជាប់ចំពាក់ខ្ជាក់ចោលហើយ មានការជាប់ចំពាក់រួចហើយ មានការជាប់ចំពាក់លះបង់ហើយ មានការជាប់ចំពាក់រលាស់ចោលហើយ មានរាគៈកន្លងហើយ មានរាគៈទៅបា្រសហើយ មានរាគៈលះហើយ មានរាគៈខ្ជាក់ចោលហើយ មានរាគៈរួចស្រឡះហើយ មានរាគៈ លះបង់ហើយ មានរាគៈរលាស់ចោលហើយ មិនមានសេចក្តី​​​ប្រាថ្នា​ មានទុក្ខរលត់ហើយ មានសេចក្តីត្រជាក់ ទទួលចំពោះសេចក្តីសុខ សម្រេចនៅដោយចិត្តដ៏ប្រសើរ ហេតុនោះ (ទ្រង់ត្រាស់ថា) កំណត់ដឹងផស្សៈហើយ ជាអ្នកមិនជាប់ចំពាក់ ។

[៦៣] អធិប្បាយពាក្យថា តិះដៀលអំពើណាដោយខ្លួនឯង មិនធ្វើអំពើនោះ ត្រង់ពាក្យថា អំពើណា គឺតិះដៀលអំពើណាដោយខ្លួនឯង ។ តិះដៀលខ្លួន ព្រោះហេតុ ២ យ៉ាង គឺព្រោះអំពើដែលខ្លួនធ្វើហើយ និងអំពើដែលខ្លួនមិនបានធ្វើហើយ ។

តិះដៀលខ្លួនឯង ព្រោះអំពើដែលខ្លួនធ្វើហើយ និងអំពើដែលខ្លួនមិនបានធ្វើហើយ តើដូច​ម្តេច ? បុគ្គលតិះដៀលខ្លួនឯងថា កាយទុច្ចរិត អាត្មាអញបានធ្វើហើយ កាយសុចរិត អាត្មាអញមិនបានធ្វើទេ ។ តិះដៀលខ្លួនឯងថា វចីទុច្ចរិត អាត្មាអញបានធ្វើហើយ វចីសុចរិត អាត្មាអញមិនបានធ្វើទេ ។ តិះដៀលខ្លួនឯងថា មនោទុច្ចរិត អាត្មាអញ បានធ្វើហើយ មនោសុចរិត អាត្មាអញមិនបានធ្វើទេ ។ តិះដៀលខ្លួនឯងថា បាណាតិបាត អាត្មាអញបានធ្វើហើយ ការវៀរចាកបាណាតិបាត អាត្មាអញមិនបានធ្វើទេ ។ តិះដៀលខ្លួនឯងថា អទិន្នាទាន អាត្មាអញបានធ្វើហើយ ការវៀរចាកអទិន្នាទាន អាត្មាអញមិនបានធ្វើទេ ។ តិះដៀលខ្លួនឯងថា កាមេសុមិច្ឆាចារ អាត្មាអញបានធ្វើហើយ ការវៀរចាកកាមេសុមិច្ឆាចារ អាត្មាអញមិនបានធ្វើទេ ។ តិះដៀលខ្លួនឯងថា មុសាវាទ អាត្មាអញបានធ្វើហើយ ការវៀរចាកមុសាវាទ អាត្មាអញមិនបានធ្វើទេ ។ តិះដៀលខ្លួនឯងថា បិសុណាវាចា អាត្មាអញបានធ្វើហើយ ការវៀរចាកបិសុណាវាចា អាត្មាអញមិនបាន ធ្វើទេ ។ តិះដៀលខ្លួនឯងថា ផរុសវាចា អាត្មាអញបានធ្វើហើយ ការវៀរចាកផរុសវាចាអាត្មាអញ មិនបានធ្វើទេ ។ តិះដៀលខ្លួនឯងថា សម្ផប្បលាបៈ អាត្មាអញបានធ្វើហើយ ការវៀរចាកសម្ផប្បលាបៈ អាត្មាអញមិនបានធ្វើទេ ។ តិះដៀលខ្លួនឯងថា អភិជ្ឈា អាត្មាអញបានធ្វើហើយ អនភិជ្ឈា អាត្មាអញមិនបានធ្វើទេ ។ តិះដៀលខ្លួឯងថា ព្យាបាទ អាត្មាអញបានធ្វើហើយ អព្យាបាទ អាត្មាអញមិនបានធ្វើទេ ។ តិះដៀលខ្លួនឯងថា មិច្ឆាទិដ្ឋិ អាត្មាអញបានធ្វើហើយ សម្មាទិដ្ឋិ អាត្មាអញមិនបានធ្វើទេ ។ តិះដៀលខ្លួនឯង ព្រោះអំពើដែលខ្លួនបានធ្វើហើយ និងអំពើដែលខ្លួនមិនបានធ្វើហើយ យ៉ាងនេះឯង ។ ម្យ៉ាងទៀត បុគ្គលតិះដៀលខ្លួនឯងថា អាត្មាអញជាអ្នកមិនបានធ្វើឲ្យពេញលេញ ក្នុងសីលទាំងឡាយ ។ តិះដៀលខ្លួនឯងថា អាត្មាអញជាអ្នកមិនបានគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ ។ តិះដៀលខ្លួនឯងថា អាត្មាអញជាអ្នកមិនដឹងប្រមាណក្នុងភោជន ។ តិះដៀលខ្លួនឯងថា អាត្មាអញជាអ្នកមិនប្រកបរឿយៗ នូវការភ្ញាក់រលឹក ។ តិះដៀលខ្លួនឯងថា អាត្មាអញជាអ្នកមិនប្រកបដោយសតិសម្បជញ្ញៈ ។ តិះដៀលខ្លួនឯងថា សតិប្បដ្ឋានទាំង ៤ អាត្មាអញមិនបានចម្រើនទេ ។ តិះដៀលខ្លួនឯងថា សម្មប្បធានទាំង ៤ អាត្មាអញមិនបានចម្រើនទេ ។ តិះដៀលខ្លួនឯងថា ឥទ្ធិបាទទាំង ៤ អាត្មាអញមិនបានចម្រើនទេ ។ តិះដៀលខ្លួនឯងថា ឥន្រ្ទិយទាំង ៥ អាត្មាអញមិនបានចម្រើនទេ ។ តិះដៀលខ្លួនឯងថា ពលៈទាំង ៥ អាត្មាអញមិនបានចម្រើនទេ ។ តិះដៀលខ្លួនឯងថា ពោជ្ឈង្គទាំង ៧ អាត្មាអញមិនបានចម្រើនទេ ។ តិះដៀលខ្លួនឯងថា អរិយមគ្គប្រកបដោយអង្គ ៨ អាត្មាអញមិនបានចម្រើនទេ ។ តិះដៀលខ្លួនឯងថា ទុក្ខ អាត្មាអញមិនបានកំណត់ទេ ។ តិះដៀលខ្លួនឯងថា សមុទយៈ អាត្មាអញមិនបានលះបង់ទេ ។ តិះដៀលខ្លួនឯងថា មគ្គ អាត្មាអញមិនបានចម្រើនទេ ។ តិះដៀលខ្លួនឯងថា និរោធ អាត្មាអញមិនបានធ្វើឲ្យជាក់ច្បាស់ទេ ។ តិះដៀលខ្លួនឯង ព្រោះអំពើដែលបានធ្វើហើយ និងអំពើដែលខ្លួនមិនបានធ្វើហើយ យ៉ាងនេះឯង ។ អ្នកបា្រជ្ញមិនធ្វើ គឺមិនឲ្យកើត មិនឲ្យកើតព្រម មិនបង្កើត មិនបង្កើតចំពោះនូវអំពើដែលគួរតិះដៀលខ្លួនយ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកបា្រជ្ញ ជាអ្នកតិះដៀលអំពើណាដោយខ្លួនឯង តែងមិនធ្វើអំពើនោះ ។

[៦៤] អធិប្បាយពាក្យថា អ្នកបា្រជ្ញមិនប្រឡាក់ក្នុងអារម្មណ៍ទាំងឡាយដែលខ្លួនឃើញហើយ ឮហើយ ត្រង់ពាក្យថា ការប្រឡាក់ បានដល់ការប្រឡាក់ ២ ការប្រឡាក់គឺតណ្ហា ១ ការប្រឡាក់គឺទិដ្ឋិ ១ ។បេ។ នេះឈ្មោះថា ការប្រឡាក់គឺតណ្ហា ។បេ។ នេះ ឈ្មោះថាការប្រឡាក់គឺទិដ្ឋិ ។ អ្នកមាន​ប្រាជ្ញា​ បណ្ឌិត អ្នកមានការដឹងសព្វ អ្នកមានការត្រាស់ដឹង អ្នកមានញាណ អ្នកមាន​ប្រាជ្ញា​ភ្លឺច្បាស់ អ្នកមាន​ប្រាជ្ញា​ជាគ្រឿងទំលាយបង់នូវកិលេស ឈ្មោះថា អ្នកបា្រជ្ញ ។ អ្នកបា្រជ្ញបានលះបង់នូវការប្រឡាក់ គឺតណ្ហា រលាស់ចោលនូវការប្រឡាក់ គឺទិដ្ឋិ មិនប្រឡាក់ក្នុងអារម្មណ៍ដែលឃើញហើយ មិនប្រឡាក់ក្នុងអារម្មណ៍ដែលឮហើយ មិនប្រឡាក់ក្នុងអារម្មណ៍ដែលទទួលហើយ មិនប្រឡាក់ មិនសៅហ្មង មិនចូលទៅជិតលាបក្នុងអារម្មណ៍ ដែលដឹងច្បាស់ហើយ គឺជាអ្នកមិនប្រឡាក់ មិនសៅហ្មង មិនចូលទៅជិតលាប ឃ្លាតចេញ រលាស់ចេញ រួចស្រឡះ បា្រសចេញ សម្រេចនៅដោយចិត្ត ដែលបា្រសចាកដែន គឺកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកបា្រជ្ញ មិនប្រឡាក់ក្នុងអារម្មណ៍ ដែលខ្លួនឃើញហើយ ឮហើយ ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា ៖ អ្នកបា្រជ្ញ រមែងបន្ទោបង់នូវសេចក្តីពេញចិត្ត ក្នុងទីបំផុតទាំងពីរ រមែងកំណត់ដឹងផស្សៈ ហើយជាអ្នកមិនជាប់ចំពាក់ ជាអ្នកតិះដៀលអំពើណាដោយខ្លួនឯង តែងមិនធ្វើអំពើនោះ មិនប្រឡាក់ក្នុងអារម្មណ៍ដែលខ្លួនឃើញហើយ ឮហើយ ។

[៦៥] មុនិ កំណត់ដឹងសញ្ញាហើយ គប្បីឆ្លងឱឃៈបាន ជាអ្នកមិនប្រឡាក់ក្នុងសេចក្តីហួងហែងទាំងឡាយ ជាអ្នកមានព្រួញដកឡើងហើយ ប្រព្រឹត្តមិនប្រហែស មិន​​​ប្រាថ្នា​នូវលោកនេះ និងលោកដទៃ ។

[៦៦] អធិប្បាយពាក្យថា កំណត់ដឹងសញ្ញាហើយ គប្បីឆ្លងឱឃៈបាន ត្រង់ពាក្យថា សញ្ញា បានដល់កាមសញ្ញា ព្យាបាទសញ្ញា វិហឹសាសញ្ញា នេក្ខម្មសញ្ញា អព្យាបាទសញ្ញា អវិហឹសាសញ្ញា រូបសញ្ញា សទ្ទសញ្ញា គន្ធសញ្ញា រសសញ្ញា ផោដ្ឋព្វសញ្ញា ធម្មសញ្ញា សេចក្តីសំគាល់អាការនៃសេចក្តីសំគាល់ ភាពនៃអារម្មណ៍ដែលបុគ្គលសំគាល់ណា មានសភាពយ៉ាងនេះ នេះលោកហៅថា សញ្ញា ។ ពាក្យថា កំណត់ដឹងនូវសញ្ញា គឺកំណត់ដឹងនូវសញ្ញា ដោយបរិញ្ញា ៣ គឺ ញាតបរិញ្ញា ១ តិរណបរិញ្ញា ១ បហានបរិញ្ញា ១ ។

ញាតបរិញ្ញា តើដូច​ម្តេច ? ភិក្ខុដឹងនូវសញ្ញា គឺដឹង ឃើញថា នេះកាមសញ្ញា នេះព្យាបាទសញ្ញា នេះវិហឹសាសញ្ញា នេះនេក្ខម្មសញ្ញា នេះអព្យាបាទសញ្ញា នេះអវិហឹសាសញ្ញា នេះរូបសញ្ញា នេះសទ្ទសញ្ញា នេះគន្ធសញ្ញា នេះរសសញ្ញា នេះផោដ្ឋព្វសញ្ញា នេះធម្មសញ្ញា ដូច្នេះ នេះឈ្មោះថា ញាតបរិញ្ញា ។

តិរណបរិញ្ញា តើដូច​ម្តេច ? (ភិក្ខុ) លុះធ្វើនូវការដឹងយ៉ាងនេះហើយ ពិចារណានូវសញ្ញា គឺពិចារណាថា មិនទៀង ថាជាទុក្ខ ជារោគ ជាពក ជាព្រួញ ជាសេចក្តីលំបាក ជាអាពាធ ជារបស់បុគ្គលដទៃ ជារបស់វិនាស ជាចង្រៃ ជាឧបទ្រព ជាភ័យ ជាឧបស័គ្គ ជារបស់កម្រើក ជារបស់ពុករលួយ ។បេ។ ជាគ្រឿងកើតឡើង ជាគ្រឿងដល់នូវសេចក្តីវិនាស ជាគ្រឿងត្រេកអរ ជាទោស ជាការរលាស់ចេញ នេះឈ្មោះថា តិរណបរិញ្ញា ។

បហានបរិញ្ញា តើដូច​ម្តេច ? (ភិក្ខុ) លុះពិចារណាយ៉ាងនេះហើយ ក៏លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមានឆន្ទរាគក្នុងសញ្ញា ។ សមដូចពាក្យនេះ ដែលព្រះមានព្រះភាគត្រាស់ហើយថា ម្នាលភិក្ខុទាំងឡាយ ឆន្ទរាគណាក្នុងសញ្ញា អ្នកទាំងឡាយ ចូរលះបង់ឆន្ទរាគនោះចេញ កាលបើធ្វើយ៉ាងនេះបាន សញ្ញានោះ ឈ្មោះថាអ្នកទាំងឡាយលះបង់ហើយ ផ្តាច់ផ្តិលឫសគល់ហើយ ធ្វើមិនឲ្យមានទីកើត ដូចជាទីកើតនៃដើមត្នោត ធ្វើឲ្យលែងកើតមាន ធ្វើឲ្យជាធម៌លែងកើត តទៅទៀត ។ នេះឈ្មោះថា បហានបរិញ្ញា ។

ពាក្យថា កំណត់ដឹងសញ្ញា គឺកំណត់ដឹងសញ្ញាដោយបរិញ្ញា ៣ នេះ ។ ពាក្យថា គប្បីឆ្លងឱឃៈបាន គឺគប្បីឆ្លង ឆ្លងឡើង កន្លង ប្រព្រឹត្តកន្លង នូវកាមោឃៈ ភវោឃៈ ទិដ្ឋោឃៈ អវិជ្ជោឃៈ ហេតុនុ៎ះ (ទ្រង់ត្រាស់ថា) កំណត់ដឹងសញ្ញាហើយ គប្បីឆ្លងឱឃៈបាន ។

[៦៧] អធិប្បាយពាក្យថា មុនិ ជាអ្នកមិនប្រឡាក់ក្នុងសេចក្តីហួងហែងទាំងឡាយ ត្រង់ពាក្យថា សេចក្តីហួងហែងទាំងឡាយ បានដល់សេចក្តីហួងហែង ២ គឺ សេចក្តីហួងហែងគឺតណ្ហា ១ សេចក្តីហួងហែងគឺទិដ្ឋិ ១ ។បេ។ នេះឈ្មោះថា សេចក្តីហួងហែងគឺតណ្ហា ។បេ។ នេះឈ្មោះថា សេចក្តីហួងហែងគឺទិដ្ឋិ ។ ពាក្យថា មុនិ អធិប្បាយថា ការដឹង លោកហៅថា មោនៈ បានដល់បញ្ញា ការដឹងច្បាស់ ។បេ។ ការមិនវង្វេង ការសន្សំធម៌ ការយល់ឃើញត្រូវ មុនិ ប្រកបព្រមដោយការដឹងនោះ ឈ្មោះថា អ្នកដល់នូវមោនៈ ។ មោនេយ្យៈ មាន ៣ គឺ កាយមោនេយ្យៈ ១ វចីមោនេយ្យៈ ១ មនោមោនេយ្យៈ ១ ។

កាយមោនេយ្យៈ តើដូច​ម្តេច ? ការលះបង់កាយទុច្ចរិត ៣ យ៉ាង ឈ្មោះថា កាយមោនេយ្យៈ ។ កាយសុចរិត ៣ យ៉ាង ឈ្មោះថា កាយមោនេយ្យៈ ។ ញាណ មានកាយជាអារម្មណ៍ ឈ្មោះថា កាយមោនេយ្យៈ ។ ការកំណត់ដឹងកាយ ឈ្មោះថា កាយមោនេយ្យៈ ។ មគ្គប្រព្រឹត្តទៅមួយអន្លើដោយការកំណត់ដឹង ឈ្មោះថា កាយមោនេយ្យៈ ។ ការលះបង់ឆន្ទរាគក្នុងកាយ ឈ្មោះថា កាយមោនេយ្យៈ ។ ចតុត្ថជ្ឈានសមាបត្តិ ដែលរំលត់កាយសង្ខារ ឈ្មោះថា កាយមោនេយ្យៈ ។ នេះឈ្មោះថា កាយមោនេយ្យៈ ។

វចីមោនេយ្យៈ តើដូច​ម្តេច ? ការលះបង់វចីទុច្ចរិត ៤ យ៉ាង ឈ្មោះថា វចីមោនេយ្យៈ ។ វចីសុចរិត ៤ យ៉ាង ឈ្មោះថា វចីមោនេយ្យៈ ។ ញាណមានវាចាជាអារម្មណ៍ ឈ្មោះថា វចីមោនេយ្យៈ ។ ការកំណត់ដឹងវាចា ឈ្មោះថា វចីមោនេយ្យៈ ។ មគ្គប្រព្រឹត្តទៅមួយអន្លើដោយការកំណត់ដឹង ឈ្មោះថា វចីមោនេយ្យៈ ។ ការលះបង់ឆន្ទរាគក្នុងវាចា ឈ្មោះថា វចីមោនេយ្យៈ ។ ទុតិយជ្ឈានសមាបត្តិ ដែលរំលត់វចីសង្ខារ ឈ្មោះថា វចីមោនេយ្យៈ ។ នេះឈ្មោះថា វចីមោនេយ្យៈ ។

មនោមោនេយ្យៈ តើដូច​ម្តេច ? ការលះបង់មនោទុច្ចរិត ៣ យ៉ាង ឈ្មោះថា មនោមោនេយ្យៈ ។ មនោសុច្ចរិត ៣ យ៉ាង ឈ្មោះថា មនោមោនេយ្យៈ ។ ញាណមានចិត្តជាអារម្មណ៍ ឈ្មោះថា មនោមោនេយ្យៈ ការកំណត់ដឹងចិត្ត ឈ្មោះថា មនោមោនេយ្យៈ ។ មគ្គប្រព្រឹត្តទៅមួយអន្លើដោយការកំណត់ដឹង ឈ្មោះថា មនោមោនេយ្យៈ ។ ការលះបង់ ឆន្ទរាគក្នុងចិត្ត ឈ្មោះថា មនោមោនេយ្យៈ ។ សញ្ញាវេទយិតនិរោធសមាបត្តិ ដែលរំលត់ចិត្តសង្ខារ ឈ្មោះថា មនោមោនេយ្យៈ ។ នេះឈ្មោះថា មនោមោនេយ្យៈ ។

អ្នកបា្រជ្ញទាំងឡាយ បានពោលនូវកាយមុនិ វាចាមុនិ មនោមុនិ អនាសវមុនិ អ្នកបរិបូណ៌ដោយមោនេយ្យធម៌ ថាជាអ្នកលះបង់បាបទាំងអស់ ។ អ្នកបា្រជ្ញទាំងឡាយបានពោលនូវកាយមុនិ វាចាមុនិ មនោមុនិ អនាសវមុនិ អ្នកបរិបូណ៌ដោយមោនេយ្យធម៌ ថាជាអ្នកលាងជម្រះបាបហើយ ។

មុនិដែលប្រកបដោយមោនេយ្យធម៌ ៣ នេះ មាន ៦ គឺអាគារមុនិ ១ អនាគារមុនិ ១ សេក្ខមុនិ ១ អសេក្ខមុនិ ១ បច្ចេកមុនិ ១ មុនិមុនិ ១ ។ ពួកអាគារមុនិ តើដូច​ម្តេច ? បុគ្គលទាំងឡាយណា ជាអ្នកនៅគ្រប់គ្រងផ្ទះ ឃើញបទគឺ ព្រះនិពា្វន ដឹងច្បាស់សាសនា បុគ្គលទាំងឡាយនេះ ឈ្មោះថា អាគារមុនិ ។ ពួកអនាគារមុនិ តើដូច​ម្តេច ? បុគ្គលទាំងឡាយណា ជាអ្នកបួស ឃើញបទគឺព្រះនិពា្វន ដឹងច្បាស់សាសនា បុគ្គលទាំងឡាយនេះ ឈ្មោះថា អនាគារមុនិ ។ សេក្ខបុគ្គល ៧ ពួក ឈ្មោះថា សេក្ខមុនិ ។ ព្រះអរហន្តទាំងឡាយ ឈ្មោះថា អសេក្ខមុនិ ។ ព្រះបច្ចេកពុទ្ធទាំងឡាយ ឈ្មោះថា បច្ចេកមុនិ ។ ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ លោកហៅថា មុនិមុនិ ។ បុគ្គលមានសភាពជាអ្នកល្ងង់ខ្លៅ មិនចេះដឹង មិនមែនឈ្មោះថា មុនិ ដោយការស្ងៀមទេ លុះតែបុគ្គលណា ជាបណ្ឌិតកាន់យកធម៌ដ៏ប្រសើរ ហើយវៀរបង់បាបទាំងឡាយ ដូចជាបុគ្គលអ្នកកាន់ជញ្ជីង បុគ្គលនោះ ឈ្មោះថា មុនិ ដោយហេតុនោះ បុគ្គលណាដឹងប្រយោជន៍ទាំងពីរក្នុងលោក បុគ្គលនោះឈ្មោះថា មុនិ បុគ្គលដែលលោកហៅថាមុនិ ដោយហេតុនោះ ។

បុគ្គលណា ដឹងធម៌របស់ពួកអសប្បុរសផង ពួកសប្បុរសផង ខាងក្នុងផង ខាងក្រៅផង ក្នុងលោកទាំងអស់ ជាបុគ្គលដែលទេវតា និងមនុស្ស បូជាហើយ បានកន្លងបណ្តាញ គឺគ្រឿងចំពាក់ បុគ្គលនោះ ឈ្មោះថា មុនិ ។

ពាក្យថា ការប្រឡាក់ បានដល់ការប្រឡាក់ ២ គឺ ការប្រឡាក់ គឺ តណ្ហា ១ ការប្រឡាក់គឺទិដ្ឋិ ១ ។បេ។ នេះឈ្មោះថា ការប្រឡាក់គឺតណ្ហា ។បេ។ នេះឈ្មោះថា ការប្រឡាក់គឺទិដ្ឋិ ។ មុនិលះបង់ការប្រឡាក់គឺតណ្ហា រលាស់ចោលការប្រឡាក់គឺទិដ្ឋិ មិនប្រឡាក់ មិនជាប់ មិនចូលទៅប្រឡាក់ក្នុងសេចក្តីហួងហែងទាំងឡាយ គឺជាអ្នកមិនប្រឡាក់ មិនជាប់ មិនចូលទៅប្រឡាក់ ឃ្លាតចេញ រលាស់ចេញ រួចស្រឡះ បា្រសចេញ សម្រេចដោយចិត្តដែលបា្រសចាកដែនគឺកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) មុនិ មិនប្រឡាក់ក្នុងសេចក្តីហួងហែងទាំងឡាយ ។

[៦៨] អធិប្បាយពាក្យថា មានព្រួញដកហើយ ប្រព្រឹត្តមិនប្រមាទ ត្រង់ពាក្យថា ព្រួញ បានដល់ព្រួញ ៧ គឺ ព្រួញគឺរាគៈ ព្រួញគឺទោសៈ ព្រួញគឺមោហៈ ព្រួញគឺមានះ ព្រួញគឺទិដ្ឋិ ព្រួញគឺសោក ព្រួញគឺសេចក្តីសង្ស័យ ។ ព្រួញទាំងឡាយនេះ បុគ្គលណាបានលះបង់ហើយ បានផ្តាច់ផ្តិលហើយ បានរម្ងាប់ហើយ បានគ្របសង្កត់ហើយ មិនគួរឲ្យកើតបាន បានដុតដោយភ្លើងគឺញាណហើយ បុគ្គលនោះ លោកហៅថា អ្នកមានព្រួញដកហើយ មានព្រួញភើចឡើងហើយ មានព្រួញគាស់ឡើងហើយ មានព្រួញរំលើងឡើងហើយ មានព្រួញហូតឡើងហើយ មានព្រួញហូតឡើងព្រមហើយ មានព្រួញលះចេញហើយ មានព្រួញខ្ជាក់ចោលហើយ មានព្រួញរួចស្រឡះហើយ មានព្រួញលះបង់ហើយ មានព្រួញរលាស់ចោលហើយ មិនមានសេចក្តីស្រេកឃ្លាន មានទុក្ខរលត់ហើយ មានសេចក្តីត្រជាក់ ទទួលសុខ សម្រេចនៅដោយចិត្តដ៏ប្រសើរ ហេតុនោះទ្រង់ត្រាស់ថា មានព្រួញដកឡើងហើយ ពាក្យថា ប្រព្រឹត្ត គឺចរទៅ នៅ ដើរទៅ រក្សា ត្រាច់ទៅ ញុំាងឥរិយាបទឲ្យត្រាច់ទៅ ។ ពាក្យថា មិនប្រហែស គឺធ្វើគោរព ធ្វើរឿយៗ ធ្វើមិនឈប់ ប្រព្រឹត្តមិនធូរថយ មិនទម្លាក់ចោលនូវឆន្ទៈ មិនដាក់ធុរៈចោលក្នុងកុសលធម៌ទាំងឡាយ ។ សេចក្តីពេញចិត្ត ការព្យាយាម ការឧស្សាហ៍ សេចក្តីប្រឹងប្រែង ការមិនប្រព្រឹត្តត្រឡប់វិញ សតិសម្បជញ្ញៈ ការព្យាយាមដុតកំដៅកិលេស ការព្យាយាមដ៏ឧត្តម អធិដ្ឋាននឹងការប្រកបរឿយៗ ណា ក្នុងកុសលធម៌ទាំងឡាយនោះថា ធ្វើម្តេចហ្ន៎ អាត្មាអញនឹងបំពេញសីលក្ខន្ធ ដែលមិនទាន់ពេញលេញ ឬនឹងអនុគ្រោះសីលក្ខន្ធ ដែលពេញលេញស្រាប់ហើយ ដោយបញ្ញាក្នុងកិច្ចនោះ ៗ ដូច្នេះ នេះឈ្មោះថា ការមិនប្រហែស ក្នុងកុសលធម៌ទាំងឡាយ ។ ថា ធ្វើម្តេចហ្ន៎ អាត្មាអញនឹងបំពេញសមាធិក្ខន្ធ ដែលមិនទាន់ពេញលេញ ឬនឹងអនុគ្រោះសមាធិក្ខន្ធ ដែលពេញលេញស្រាប់ហើយ ដោយបញ្ញាក្នុងកិច្ចនោះៗ ។បេ។ ក្នុងកុសលធម៌ទាំងឡាយ ។ សេចក្តីពេញចិត្ត ការព្យាយាម ការឧស្សាហ៍ សេចក្តីប្រឹងប្រែង ការមិនប្រព្រឹត្តត្រឡប់វិញ សតិសម្បជញ្ញៈ ការព្យាយាមដុតកំដៅកិលេស ការព្យាយាមដ៏ឧត្តម អធិដ្ឋាននឹងការប្រកបរឿយៗ ណា ក្នុងកុសលធម៌ទាំងឡាយនោះថា ធ្វើម្តេចហ្ន៎ អាត្មាអញគប្បីបំពេញបញ្ញាខន្ធ វិមុត្តិក្ខន្ធ វិមុត្តិញ្ញាណទស្សនក្ខន្ធ ដែលមិនទាន់ពេញលេញ ឬនឹងអនុគ្រោះវិមុត្តិញ្ញាណទស្សនក្ខន្ធ ដែលពេញលេញស្រាប់ហើយ ដោយបញ្ញាក្នុងកិច្ចនោះ ៗ ដូច្នេះ នេះឈ្មោះថា ការមិនប្រហែស ក្នុងកុសលធម៌ទាំងឡាយ ។ សេចក្តីពេញចិត្ត ការព្យាយាម ការឧស្សាហ៍ សេចក្តីប្រឹងប្រែង ការមិនប្រព្រឹត្តត្រឡប់វិញ សតិសម្បជញ្ញៈ ការព្យាយាមដុតកំដៅកិលេស ការព្យាយាមដ៏ឧត្តម អធិដ្ឋាននឹងការប្រកបរឿយៗ ណា ក្នុងកុសលធម៌ទាំងឡាយនោះថា ធ្វើម្តេចហ្ន៎ អាត្មាអញនឹងកំណត់ដឹងទុក្ខ ដែលមិនបានកំណត់ដឹងហើយ នឹងលះបង់កិលេសទាំងឡាយ ដែលមិនទាន់លះ នឹងចម្រើនមគ្គដែលមិនទាន់ចម្រើន ឬនឹងធ្វើឲ្យជាក់ច្បាស់ នូវនិរោធ ដែលមិនទាន់ធ្វើឲ្យជាក់ ដូច្នេះ នេះឈ្មោះថា ការមិនប្រហែសក្នុងកុសលធម៌ទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) មានព្រួញដកហើយ ប្រព្រឹត្តមិនប្រហែស ។

[៦៩] ពាក្យថា មិន​​​ប្រាថ្នា​នូវលោកនេះ និងលោកដទៃ សេចក្តីថា មិន​​​ប្រាថ្នា​លោកនេះ គឺអត្តភាពរបស់ខ្លួន មិន​​​ប្រាថ្នា​លោកដទៃ គឺអត្តភាពដទៃ ។ មិន​​​ប្រាថ្នា​លោកនេះគឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណរបស់ខ្លួន មិន​​​ប្រាថ្នា​លោកដទៃ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណដទៃ ។ មិន​​​ប្រាថ្នា​លោកនេះ គឺអាយតនៈខាងក្នុង ៦ មិន​​​ប្រាថ្នា​លោកដទៃ គឺអាយតៈខាងក្រៅ ៦ ។ មិន​​​ប្រាថ្នា​លោកនេះ គឺមនុស្សលោក មិន​​​ប្រាថ្នា​លោកដទៃ គឺទេវលោក ។ មិន​​​ប្រាថ្នា​លោកនេះ គឺកាមធាតុ មិន​​​ប្រាថ្នា​លោកដទៃ គឺរូបធាតុ និងអរូបធាតុ ។ មិន​​​ប្រាថ្នា​លោកនេះ គឺកាមធាតុ រូបធាតុ មិនប្រាថ្នាលោកដទៃ គឺអរូបធាតុ ។ មិនប្រាថ្នា មិនត្រូវការ មិនត្រេកអរ មិនប៉ុនប៉ង មិនស្រឡាញ់ មិនជាប់ចិត្តនូវគតិ ឧបបតិ្ត បដិសន្ធិ ភព សំសារ ឬវដ្តៈទៀតទេ ហេតុនោះ (ទ្រង់ត្រាស់ថា) មិន​​​ប្រាថ្នា​នូវលោកនេះ និងលោកដទៃ ។ ហេតុនោះ ព្រះមានព្រភាគ ត្រាស់ថា ៖ មុនិកំណត់ដឹងសញ្ញាហើយ គប្បីឆ្លងឱឃៈបាន ជាអ្នកមិនប្រឡាក់ក្នុងសេចក្តីហួងហែងទាំងឡាយ ជាអ្នកមានព្រួញដកឡើងហើយ ប្រព្រឹត្តមិនប្រហែស មិន​​​ប្រាថ្នា​នូវលោកនេះ និងលោកដទៃ ។

គុហដ្ឋកសុត្តនិទេ្ទស ទី២ ។

ទុដ្ឋដ្ឋកសុត្តនិទេ្ទស ទី៣កែប្រែ

[៧០] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) តិរ្ថិយពួកខ្លះ មានចិត្តខឹង ហើយជេរ ពួកជនឯទៀតមានចិត្តជឿថាមែន រមែងជេរតាម តែព្រះពុទ្ធជាមុនិ មិនអើពើនូវវាទៈ ដែលកើតហើយ ព្រោះហេតុនោះ បង្គោលគឺកិលេស របស់ព្រះពុទ្ធជាមុនិ មិនមានក្នុងទីណាទេ ។

[៧១] ពាក្យថា តិរិ្ថយពួកខ្លះ មានចិត្តខឹងហើយជេរ គឺពួកតិរិ្ថយទាំងនោះ មានចិត្តខឹង មានចិត្តប្រទូស្ត មានចិត្តអាក់អន់ មានចិត្តអាក់អន់តប មានចិត្តបៀតបៀន មានចិត្តបៀតបៀនតប មានចិត្តគុំគួន មានចិត្តគុំគួនតប ហើយជេរប្រទេចនូវព្រះមានព្រះភាគនិងព្រះភិក្ខុសង្ឃ ដោយហេតុមិនពិត ហេតុនោះ (ទ្រង់ត្រាស់ថា) តិរិ្ថយពួកខ្លះ មានចិត្តខឹង ហើយជេរ ។

[៧២] ពាក្យថា ពួកជនឯទៀត មានចិត្តជឿថាមែន រមែងជេរតាម គឺពួកជនណាជឿ ជឿស៊ប់ ចុះចិត្តស៊ប់ តាមពាក្យនៃតិរិ្ថយទាំងនោះ មានចិត្តជឿថាមែន មានសេចក្តីសំគាល់ថាមែន មានចិត្តជឿបា្រកដ មានសេចក្តីសំគាល់ថា បា្រកដ មានចិត្តថាទៀងទាត់ មានសេចក្តីសំគាល់ថាទៀងទាត់ មានចិត្តថាពិត មានសេចក្តីសំគាល់ថាពិត មានចិត្តថាមិនប្រែប្រួល មានសេចក្តីសំគាល់ថាមិនប្រែប្រួល ហើយជេរប្រទេចនូវព្រះមានព្រះភាគ និងព្រះភិក្ខុសង្ឃ ដោយហេតុមិនពិត ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកជនឯទៀត មានចិត្តជឿថាមែន រមែងជេរតាម ។

[៧៣] ពាក្យថា ព្រះពុទ្ធជាមុនិ រមែងមិនអើពើនូវវាទៈ ដែលកើតឡើង គឺវាទៈនោះ កើត កើតព្រម កើតហើយ កើតចំពោះហើយ កើតបា្រកដហើយ ជាវាទៈលាន់កងរំពង អំពីសំណាក់បុគ្គលដទៃ ជាពាក្យជេរប្រទេចនូវព្រះមានព្រះភាគ និងព្រះភិក្ខុសង្ឃ ដោយហេតុមិនពិត ហេតុនោះ (ទ្រង់ត្រាស់ថា) នូវវាទៈដែលកើតហើយ ។ ពាក្យថា ព្រះពុទ្ធជាមុនិ រមែងមិនអើពើ សេចក្តីថា ញាណ លោកហៅថាមោនៈ បានដល់​ប្រាជ្ញា​ ការដឹងច្បាស់ ។បេ។ សេចក្តីមិនវង្វេង ការពិចារណាធម៌ សេចក្តីឃើញត្រូវ ព្រះពុទ្ធជាមុនិ ប្រកបដោយញាណនោះ ឈ្មោះថាទ្រង់ដល់នូវមោនៈ ។បេ។ ព្រះមានព្រះភាគនោះ កន្លងនូវបណ្តាញគឺសេចក្តីជាប់ ទើបឈ្មោះថា មុនិ ។ បុគ្គលណាអើពើនូវវាទៈ បុគ្គលនោះ រមែងអើពើនូវវាទៈដោយហេតុ ២ យ៉ាង ។ គឺបុគ្គលអ្នកបង្កទោស រមែងអើពើនូវវាទៈ ព្រោះភាពនៃខ្លួនជាអ្នកបង្កទោស ១ ។ មួយទៀត បុគ្គលត្រូវគេស្តី គេតិះដៀល រមែងខឹង គុំគួន តបត ធ្វើសេចក្តីក្រោធផង ទោសៈផង សេចក្តីអាក់អន់ផង ឲ្យបា្រកដថា អញជាអ្នកមិនបង្កទោស ១ ។ បុគ្គលណារមែងអើពើនូវវាទៈ បុគ្គលនោះ រមែងអើពើនូវវាទៈ ដោយហេតុ ២ នេះឯង ។ ព្រះពុទ្ធជាមុនិ រមែងមិនអើពើនូវវាទៈ ដោយហេតុ ២ យ៉ាង ។ គឺព្រះពុទ្ធជាអ្នកមិនបង្កទោស រមែងមិនអើពើនូវវាទៈ ព្រោះភាពនៃព្រះអង្គជាអ្នកមិនបង្កទោស ១ ។ មួយទៀត ព្រះពុទ្ធ កាលគេស្តី គេតិះដៀល រមែងមិនខឹង មិនគុំគួន មិនតបត ទាំងមិនធ្វើសេចក្តីក្រោធផង ទោសៈផង សេចក្តីអាក់អន់ផង ឲ្យបា្រកដថា អញជាអ្នកមិនបង្កទោស ១ ។ ព្រះពុទ្ធជាមុនិ រមែងមិនអើពើ មិនរវល់ មិនកាន់យក មិនប៉ះពាល់ មិនប្រកាន់ទុកនូវវាទៈដោយហេតុ ២ នេះឯង ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រះពុទ្ធជាមុនិ រមែងមិនអើពើនូវវាទៈដែលកើតហើយ ។

[៧៤] អធិប្បាយពាក្យថា ព្រោះហេតុនោះ បង្គោលគឺកិលេសរបស់ព្រះពុទ្ធជាមុនិ មិនមានក្នុងទីណាទេ ត្រង់ពាក្យថា ព្រោះហេតុនោះ គឺព្រោះដំណើរនោះ ព្រោះការណ៍នោះ ព្រោះហេតុនោះ ព្រោះបច្ច័យនោះ ព្រោះនិទាននោះ ព្រះពុទ្ធជាមុនិ មិនមានព្រះហ្ឫទ័យត្រូវកិលេសបៀតបៀន ឬបង្គោល គឺកិលេសកើតហើយទេ ។ ចេតោខីលៈ (បង្គោលគឺ កិលេសរបស់ចិត្ត) ៥ យ៉ាង ក៏មិនមាន ខីលៈ ៣ យ៉ាង គឺរាគខីលៈ ទោសខីលៈ មោហខីលៈ មិនមាន អង្គឺមាន ឥតមាន លែងកើតមាន គឺព្រះពុទ្ធជាមុនិ បានលះបង់ ផ្តាច់ផ្តិល រម្ងាប់ ស្ងប់រម្ងាប់ មិនគួរដល់ការកើតទៀត ដុតដោយភ្លើង គឺញាណហើយ ។ ពាក្យថា ក្នុងទីណាមួយ គឺក្នុងកន្លែងណាមួយ ក្នុងតំបន់ណាមួយ ក្នុងទីខ្លះ ខាងក្នុងក្តី ខាងក្រៅក្តី ទាំងខាងក្នុងខាងក្រៅក្តី ហេតុដូច្នោះ (ទ្រង់ត្រាស់ថា) ហេតុនោះ បង្គោលគឺកិលេស របស់ព្រះពុទ្ធជាមុនិ មិនមានក្នុងទីណាទេ ។ ហេតុនោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ៖ តិរិ្ថយពួកខ្លះ មានចិត្តខឹង ហើយជេរ ពួកជនឯទៀត មានចិត្តជឿថាមែន រមែងជេរតាម តែព្រះពុទ្ធជាមុនិ មិនអើពើនូវវាទៈដែលកើតហើយ ព្រោះហេតុនោះ បង្គោលគឺកិលេសរបស់ព្រះពុទ្ធជាមុនិ មិនមានក្នុងទីណាទេ ។

[៧៥] បុគ្គលគប្បីកន្លងនូវទិដ្ឋិរបស់ខ្លួន ដោយប្រការដូចម្តេចបាន បុគ្គលដែលត្រូវសេចក្តី​​​ប្រាថ្នា​ដឹកនាំ ឋិតនៅស៊ប់ក្នុងសេចក្តីពេញចិត្ត រមែងធ្វើនូវទិដ្ឋិទាំងឡាយ ឲ្យគ្រប់គ្រាន់ដោយខ្លួនឯង ដឹងយ៉ាងណា ក៏ពោលយ៉ាងនោះ ។

[៧៦] ពាក្យថា បុគ្គលគប្បីកន្លងនូវទិដ្ឋិរបស់ខ្លួនដោយប្រការដូចម្តេចបាន អធិប្បាយថា ពួកតិរិ្ថយណា មានទិដ្ឋិយ៉ាងនេះ មានសេចក្តីគួរយ៉ាងនេះ មានសេចក្តីពេញចិត្តយ៉ាងនេះ មានលទ្ធិយ៉ាងនេះ មានអធ្យាស្រ័យយ៉ាងនេះ មានសេចក្តីប៉ុនប៉ងយ៉ាងនេះថា ពួកយើងនឹងសម្លាប់នាងសុន្ទរីបរិព្វាជិកា ហើយប្រកាសទោសរបស់ពួកសមណសក្យបុត្តិយ៍ កាលបើធ្វើយ៉ាងនេះ ពួកយើងនឹងប្រមូលយកនូវលាភ យស សក្ការៈ និងសេចក្តីរាប់អាននុ៎ះបាន ទើបពួកតិរិ្ថយទាំងនោះ មិនអាចនឹងកន្លងនូវទិដ្ឋិរបស់ខ្លួន សេចក្តីគួររបស់ខ្លួន សេចក្តីពេញចិត្តរបស់ខ្លួន លទ្ធិរបស់ខ្លួន អធ្យាស្រ័យរបស់ខ្លួន សេចក្តីប៉ុនប៉ងរបស់ខ្លួនបានឡើយ ។ តាមពិត ការមិនមានយសនោះឯង ក៏ត្រឡប់មកដល់ពួកតិរិ្ថយនោះវិញទេ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលគប្បីកន្លងនូវទិដ្ឋិរបស់ខ្លួនដោយប្រការដូចម្តេចបាន យ៉ាងនេះ​​ខ្លះ ? មួយទៀត បុគ្គលណាមានវាទៈ យ៉ាងនេះថា លោក គឺអត្តភាពទៀងទាត់ ការឃើញនេះឯង ជាការពិត ការឃើញដទៃជាមោឃៈ បុគ្គលនោះ គប្បីកន្លង ឈានកន្លង កន្លងផុត ប្រព្រឹត្តកន្លងនូវទិដ្ឋិរបស់ខ្លួន សេចក្តីគួររបស់ខ្លួន សេចក្តីពេញចិត្តរបស់ខ្លួន លទិ្ធរបស់ខ្លួន អធ្យាស្រ័យរបស់ខ្លួន សេចក្តីប៉ុនប៉ងរបស់ខ្លួន ដោយប្រការដូចម្តេចបាន ។ ដំណើរនោះ ព្រោះហេតុអ្វី ។ (ព្រោះថា) ទិដ្ឋិនោះ ដែលបុគ្គលនោះធ្វើឲ្យពេញលេញ សមាទាន កាន់យក ស្ទាបអង្អែល ឋិតនៅស៊ប់ ជ្រុលជ្រប់ ចុះចិត្តស៊ប់ហើយ ដោយប្រការដូច្នោះ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលគប្បីកន្លងនូវទិដ្ឋិរបស់ខ្លួន ដោយប្រការដូចម្តេចបាន យ៉ាងនេះ​​ខ្លះ ? បុគ្គលណាមានវាទៈយ៉ាងនេះថា លោកទៀងទាត់ លោកមិនទៀងទាត់ លោកមានទីបំផុត លោកមិនមានទីបំផុត ជីវិតនោះ សរីរៈនោះ ជីវិតដទៃ សរីរៈដទៃ សត្វស្លាប់ទៅ រមែងកើតទៀត សត្វស្លាប់ទៅ រមែងមិនកើតទៀត សត្វស្លាប់ទៅកើតទៀតខ្លះ មិនកើតទៀតខ្លះ សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ការឃើញនេះឯង ជាការពិត ការឃើញដទៃ ជាមោឃៈ បុគ្គលនោះ គប្បីកន្លង ឈានកន្លង កន្លងផុត ប្រព្រឹត្តកន្លងនូវទិដ្ឋិរបស់ខ្លួន សេចក្តីគួររបស់ខ្លួន សេចក្តីពេញចិត្តរបស់ខ្លួន លទ្ធិរបស់ខ្លួន អធ្យាស្រ័យរបស់ខ្លួន សេចក្តីប៉ុនប៉ងរបស់ខ្លួន ដោយប្រការដូចម្តេចបាន ។ ដំណើរនោះ តើព្រោះហេតុដូច​ម្តេច ? (ព្រោះថា) ទិដ្ឋិនោះ ដែលបុគ្គលនោះធ្វើឲ្យពេញលេញ សមាទាន កាន់យក ស្ទាបអង្អែល ឋិតនៅស៊ប់ ជ្រុលជ្រប់ ចុះចិត្តស៊ប់ហើយដូច្នោះ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលគប្បីកន្លងនូវទិដ្ឋិរបស់ខ្លួន ដោយប្រការដូចម្តេចបាន យ៉ាងនេះ​​ខ្លះ ?

[៧៧] អធិប្បាយពាក្យថា បុគ្គលដែលត្រូវសេចក្តី​​​ប្រាថ្នា​ដឹកនាំ ឋិតនៅស៊ប់ ក្នុងសេចក្តីពេញចិត្ត ត្រង់ពាក្យថា បុគ្គលដែលត្រូវសេចក្តី​​​ប្រាថ្នា​ដឹកនាំ គឺបុគ្គលដែលត្រូវទិដ្ឋិរបស់ខ្លួន សេចក្តីគួររបស់ខ្លួន សេចក្តីពេញចិត្តរបស់ខ្លួន លទិ្ធរបស់ខ្លួននាំទៅ នាំចេញទៅ បន្សាត់ទៅ ប្រមូលទៅ ។ បុគ្គលដែលហត្ថិយាន ឬរថយាន អស្សយាន ឬគោយាន អជយាន ឬមេណ្ឌកយាន ឱដ្ឋយាន ឬខរយាន (យានដែលទឹមដោយលា) នាំទៅ នាំចេញទៅ បំផាយទៅ ប្រមូលទៅ យ៉ាងណាមិញ បុគ្គលដែលត្រូវទិដ្ឋិរបស់ខ្លួន សេចក្តីគួររបស់ខ្លួន សេចក្តីពេញចិត្តរបស់ខ្លួន លទ្ធិរបស់ខ្លួន នាំទៅ នាំចេញទៅ បន្សាត់ទៅ ប្រមូលទៅ ក៏យ៉ាងនោះដែរ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលដែលត្រូវសេចក្តី​​​ប្រាថ្នា​ ដឹកនាំ ។ ពាក្យថា ឋិតនៅស៊ប់ ក្នុងសេចក្តីពេញចិត្ត គឺឋិតនៅស៊ប់ តាំងនៅស៊ប់ ជាប់ស្អិត ប្រកាន់ស៊ប់ ជ្រុលជ្រប់ ចុះស៊ប់ ក្នុងទិដ្ឋិរបស់ខ្លួន ក្នុងសេចក្តីគួររបស់ខ្លួន ក្នុងសេចក្តីពេញចិត្តរបស់ខ្លួន ក្នុងលទ្ធិរបស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលដែលត្រូវសេចក្តី​​​ប្រាថ្នា​ដឹកនាំ ឋិតនៅស៊ប់ក្នុងសេចក្តីពេញចិត្ត ។

[៧៨] ពាក្យថា រមែងធ្វើនូវទិដ្ឋិទាំងឡាយ ឲ្យគ្រប់គ្រាន់ដោយខ្លួនឯង គឺរមែងធ្វើនូវទិដិ្ឋឲ្យគ្រប់គ្រាន់ ធ្វើឲ្យបរិបូណ៌ ធ្វើមិនឲ្យខ្វះខាត ធ្វើឲ្យខ្ពស់ ឲ្យប្រសើរ ឲ្យវិសេស ឲ្យជាប្រធាន ឲ្យឧត្តម ឲ្យថ្លៃថ្លាដោយខ្លួនឯង បុគ្គលរមែងធ្វើនូវទិដ្ឋិឲ្យគ្រប់គ្រាន់ ធ្វើឲ្យបរិបូណ៌ ធ្វើមិនឲ្យខ្វះខាត ធ្វើឲ្យខ្ពស់ ឲ្យប្រសើរ ឲ្យវិសេស ឲ្យជាប្រធាន ឲ្យឧត្តម ឲ្យថ្លៃថ្លាដោយខ្លួនឯងថា សាស្តានេះ ជាសព្វញ្ញូ ធ្វើនូវទិដ្ឋិឲ្យគ្រប់គ្រាន់ ធ្វើឲ្យបរិបូណ៌ ធ្វើឲ្យមិនខ្វះខាត ធ្វើឲ្យខ្ពស់ ឲ្យប្រសើរ ឲ្យវិសេស ឲ្យជាប្រធាន ឲ្យឧត្តម ឲ្យថ្លៃថ្លា រមែងញុំាងទិដ្ឋិឲ្យកើត ឲ្យកើតព្រម ឲ្យកើតឡើង ឲ្យកើតបា្រកដ ដោយខ្លួនឯងថា នេះជាធម៌ដែលខ្លួនសំដែងល្អហើយ នេះជាគណៈប្រតិបត្តិល្អហើយ នេះជាទិដ្ឋិដ៏ប្រសើរ នេះជាបដិបទាដែលបញ្ញត្តល្អហើយ នេះជាមគ្គ ជាឧបាយស្រោចស្រង់សត្វ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលធ្វើនូវទិដិ្ឋទាំងឡាយ ឲ្យគ្រប់គ្រាន់ដោយខ្លួនឯង ។

[៧៩] ពាក្យថា បុគ្គលដឹងយ៉ាងណា តែងពោលយ៉ាងនោះ គឺបុគ្គលដឹងយ៉ាងណា តែងពោល សំដែង បរិយាយ បំភ្លឺ និយាយបញ្ចេញយ៉ាងនោះ ។ បុគ្គលដឹងយ៉ាងណាថា លោកទៀងទាត់ ការឃើញនេះឯង ជាការពិត ការឃើញដទៃ ជាមោឃៈ ដូច្នេះ គប្បីពោលសំដែង និយាយ បំភ្លឺ និយាយបញ្ចេញយ៉ាងនោះ ។ បុគ្គលដឹងយ៉ាងណាថា លោកមិនទៀងទាត់ ។បេ។ សត្វស្លាប់ទៅកើតទៀត ក៏មិនមែន មិនមែនកើតទៀត ក៏មិនមែន ការឃើញនេះឯង ជាការពិត ការឃើញដទៃ ជាមោឃៈ ដូច្នេះ គប្បីពោល សំដែង និយាយ បំភ្លឺ និយាយបញ្ចេញយ៉ាងនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលដឹងយ៉ាងណា ពោលយ៉ាងនោះ ។ ហេតុនោះ ព្រះមានបុណ្យត្រាស់ថា ៖ បុគ្គលគប្បីកន្លងនូវទិដ្ឋិរបស់ខ្លួន ដោយប្រការដូចម្តេចបាន បុគ្គលដែលត្រូវសេចក្តីប្រាថ្នាដឹកនាំ ឋិតនៅស៊ប់ក្នុងសេចក្តីពេញចិត្ត រមែងធ្វើនូវទិដ្ឋិទាំងឡាយ ឲ្យគ្រប់គ្រាន់ដោយខ្លួនឯង ដឹងយ៉ាងណា ក៏ពោលយ៉ាងនោះ ។

[៨០] ជនណា ដែលគេមិនបានសាកសួរ នូវសីល និងវត្តរបស់ខ្លូន ហើយពោលអួតប្រាប់ពួកបុគ្គលដទៃ ជនអ្នកឈ្លាសវៃទាំងឡាយ ពោលនូវជន ដែលពោលអួតខ្លួន ដោយខ្លួនឯងនោះ ថាជាអ្នកមិនមានអរិយធម៌ ។

[៨១] អធិប្បាយពាក្យថា ជនណា (ដែលគេមិនបានសាកសួរ) នូវសីល និងវត្តរបស់ខ្លួន ត្រង់ពាក្យថា ណា គឺ ជនណា បែបណា ប្រកបដោយប្រការណា តាំងនៅដោយប្រការណា មានប្រការយ៉ាងណា ដល់នូវឋានៈបែបណា ប្រកបដោយធម៌ណា ទោះជាក្សត្រ ឬព្រាហ្មណ៍ វេស្សៈ ឬសូទ្រៈ គ្រហស្ថ ឬបព្វជិត ទេវតា ឬមនុស្ស ។ ពាក្យថា សីល និងវត្ត គឺសីសផង វត្តផងក៏មាន វត្ត មិនមែនសីលក៏មាន ។

សីស និងវត្ត តើដូច​ម្តេច ? ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីស សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោសទាំងឡាយ ដែលមានប្រមាណតិច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ ការសង្រួម ការរវាំង ការមិនប្រព្រឹត្តិកន្លងណា ក្នុងសិក្ខាបទទាំងឡាយនោះ នេះឈ្មោះថា សីស ។ ការកាន់យកដោយប្រពៃណា នោះឈ្មោះថា វត្ត ។ សីលដោយអត្ថថា សង្រួម វត្តដោយអត្ថថា ការកាន់យកដោយប្រពៃ នេះលោកហៅថា សីលផង វត្តផង ។

វត្តមិនមែនសីល តើដូច​ម្តេច ? ធុតង្គវត្ត ៨ គឺ អារញ្ញិកង្គៈ បិណ្ឌបាតិកង្គៈ បំសុកូលិកង្គៈ តេចីវរិកង្គៈ សបទានចារិកង្គៈ ខលុបច្ឆាភត្តិកង្គៈ នេសជ្ជិកង្គៈ យថាសន្ថតិកង្គៈ នេះលោកហៅថា វត្ត មិនមែនសីល ។ សូម្បីការកាន់យកដោយប្រពៃ ដោយវីរិយៈ លោកហៅថាវត្ត មិនមែនសីលដែរ ។ បុគ្គលផ្គងចិត្ត តម្កល់ចិត្តថា ស្បែកសសៃ និងឆ្អឹង ចូរសល់នៅចុះ ឯសាច់ និងឈាមក្នុងសរីរៈ ចង់រីងស្ងួតទៅក៏ដោយចុះ ហេតុណាដែលអញគួរដល់ ដោយសេចក្ដីសង្វាតនៃបុរស ដោយកម្លាំងនៃបុរស ដោយព្យាយាមនៃបុរស ដោយសេចក្តីប្រឹងប្រែងនៃបុរស បើការមិនសម្រេចនូវហេតុនោះទេ នឹងមិនបពា្ឈប់នូវព្យាយាមឡើយ ការកាន់យកដោយប្រពៃ ដោយវីរិយៈមានសភាពយ៉ាងនេះ ក៏លោកហៅថា វត្ត មិនមែនសីល ។ បុគ្គលផ្គូរផ្គងចិត្ត តម្កល់ចិត្តថា ចិត្តអាត្មាអញនឹងមិនទាន់រួចចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ ដរាបណា អាត្មាអញ នឹងមិនដោះភ្នែននេះចេញ ដរាបនោះ ការកាន់យកដោយប្រពៃ ដោយវីរិយៈមានសភាពយ៉ាងនេះ ក៏លោកហៅថា វត្ត មិនមែនសីល ។ បុគ្គលផ្គងចិត្ត ដម្កល់ចិត្តថា ៖ កាលបើសរ គឺតណ្ហា ដែលអាត្មាដកមិនទាន់បានទេ អាត្មានឹងមិនបរិភោគ នឹងមិនផឹក នឹងមិនចេញ អំពីលំនៅ នឹងមិនទម្រេតកាយទេ

ការកាន់យកដោយប្រពៃ ដោយវីរិយៈ មានសភាពយ៉ាងនេះ ក៏លោកហៅថា វត្ត មិនមែនសីល ។ បុគ្គលផ្គងចិត្ត តម្កល់ចិត្តថា ចិត្តរបស់អាត្មាអញ មិនទាន់រួចចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ ដរាបណា ដរាបនោះ អាត្មាអញនឹងមិនក្រោកអំពីអាសនៈ មិនចុះអំពីទីចង្រ្កម មិនចេញអំពីវិហារ មិនចេញអំពីអឌ្ឍយោគៈ មិនចេញអំពីបា្រសាទ មិនចេញអំពីផ្ទះមានដំបូល មិនចេញអំពីគុហា មិនចេញអំពីលេនដ្ឋាន មិនចេញអំពីកុដិ មិនចេញអំពីផ្ទះមានកំពូល មិនចេញអំពីជម្រំ មិនចេញអំពីរោង មិនចេញអំពីលំនៅដ៏បែ្លក មិនចេញអំពីឧបដ្ឋានសាលា មិនចេញអំពីមណ្ឌប មិនចេញអំពីគល់ឈើនេះទេ ការកាន់យកដោយប្រពៃ ដោយវីរិយៈមានសភាពយ៉ាងនេះ ក៏លោកហៅថា វត្ត មិនមែនសីល ។ បុគ្គលផ្គងចិត្ត តម្កល់ចិត្តថា អាត្មាអញនឹងនាំមក ប្រមូលមក សម្រេច ពាល់ត្រូវ ធ្វើឲ្យជាក់ច្បាស់ នូវអរិយធម៌ក្នុងបុព្វណ្ហសម័យនេះឯង ការកាន់យកដោយប្រពៃ ដោយវីរិយៈមានសភាពយ៉ាងនេះ ក៏លោកហៅថា វត្ត មិនមែនសីល ។ បុគ្គលផ្គងចិត្ត តម្កល់ចិត្តថា អាត្មាអញនឹងនាំមក ប្រមូលមក សម្រេច ពាល់ត្រូវ ធើ្វឲ្យជាក់ច្បាស់ នូវអរិយធម៌ ក្នុងសម័យថ្ងៃត្រង់នេះឯង ក្នុងសម័យថ្ងៃរសៀល ក្នុងវេលាមុនភត្ត ក្នុងវេលាក្រោយភត្ត ក្នុងយាមជាខាងដើម ក្នុងយាមជាកណ្តាល ក្នុងយាមជាទីបំផុត ក្នុងកាលខាងរនោច ក្នុងកាលខាងខ្នើត ក្នុងវស្សានរដូវ ក្នុងហេមន្តរដូវ ក្នុងគិម្ហរដូវ ក្នុងចំណែកនៃវ័យជាខាងដើម ក្នុងចំណែកនៃវ័យជាកណ្តាល ក្នុងចំណែកនៃវ័យជាទីបំផុត ការកាន់យកដោយប្រពៃ ដោយវីរិយៈមានសភាពយ៉ាងនេះ ក៏លោកហៅថា វត្ត មិនមែនសីល ។ ពាក្យថា ជន គឺសត្វ នរៈ មាណព បុរស បុគ្គល សត្វមានជីវិត សត្វមានជាតិ សត្វមានជរា សត្វទៅដោយឥន្ទ្រិយ សត្វកើតអំពីមនុស្ស ហេតុនោះ (ទ្រង់ត្រាស់ថា) ជនណា (ដែលគេមិនបានសាកសួរ) នូវសីល និងវត្តរបស់ខ្លួន ។

[៨២] អធិប្បាយពាក្យថា ជនណា ដែលគេមិនបានសាកសួរ ហើយពោលអួត ប្រាប់បុគ្គលដទៃ ត្រង់ពាក្យថា បុគ្គលដទៃ បានដល់ ជនដទៃគឺ ក្សត្រ ព្រាហ្មណ៍ វេស្សៈ សូទ្រៈ គ្រហស្ថ បព្វជិត ទេវតា មនុស្សទាំងឡាយ ។ ពាក្យថា ដែលគេមិនបានសាកសួរគឺ ដែលគេមិនបានដណឹ្តង មិនបានសួរ មិនបានអារាធនា មិនបានអញ្ជើញ មិនបានឲ្យជ្រះថ្លា ។ ពាក្យថាពោលអួត គឺផ្តើមនិយាយនូវសីល ឬវត្ត ឬក៏សីល និងវត្តរបស់ខ្លួន ។ បុគ្គលផ្តើមនិយាយ សំដែង ពោល បំភ្លឺ បញ្ចេញថា អាត្មាជាអ្នកបរិបូណ៌ដោយសីលក្តី ថាបរិបូណ៌ដោយវត្តក្តី ថាបរិបូណ៌ដោយសីល និងវត្តក្តី ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកូនអ្នកមានត្រកូលក្តី ដោយភាពនៃខ្លួនមានសម្បុរល្អក្តី ដោយទ្រព្យក្តី ដោយការរៀនសូត្រក្តី ដោយការងារក្តី ដោយសិល្បៈក្តី ដោយថ្នាក់នៃវិជ្ជាក្តី ដោយសុតៈក្តី ដោយការវាងវៃក្តី ដោយវត្ថុណាមួយក្តី ថាជាអ្នក (ចេញ) អំពីត្រកូលខ្ពស់ ហើយបួសក្តី ថា (ចេញ) អំពីត្រកូលដ៏ប្រសើរ ហើយបួសក្តី ថា (ចេញ) អំពីត្រកូល មានទ្រព្យច្រើន ហើយបួសក្តី ថា (ចេញ) អំពីត្រកូលមានទ្រព្យលើសលុប ហើយបួសក្តី ថាជាអ្នកមានយសល្បីល្បាញជាងគ្រហស្ថ និងបព្វជិតទាំងឡាយក្តី ថាអាត្មាអញជាអ្នកមានលាភចំពោះចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារក្តី ថាជាអ្នកចេះព្រះសូត្រក្តី ថាជាអ្នកទ្រទ្រង់វិន័យក្តី ថាជាធម្មកថិកក្តី ថាជាអ្នកកាន់អារញ្ញិកធុតង្គក្តី កាន់បិណ្ឌបាតិកធុតង្គក្តី កាន់បំសុកូលិកធុតង្គក្តី កាន់តេចីវរិកធុតង្គក្តី កាន់សបទានចារិកធុតង្គក្តី កាន់ខលុបច្ឆាភត្តិកធុតង្គក្តី កាន់នេសជ្ជិកធុតង្គក្តី កាន់សន្ថតិកធុតង្គក្តី ថាជាអ្នកបានបឋមជ្ឈានក្តី បានទុតិយជ្ឈានក្តី បានតតិយជ្ឈានក្តី បានចតុត្ថជ្ឈានក្តី បានអាកាសានញ្ចាយតនសមាបត្តិក្តី បានវិញ្ញាណញ្ចាយតនសមាបត្តិក្តី បានអាកិញ្ចញ្ញាយតនសមាបត្តិក្តី បាននេវសញ្ញានាសញ្ញាយតនសមាបត្តិក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) ជនណាដែលគេមិនទាន់សាកសួរ ហើយពោលអួតបា្រប់បុគ្គលដទៃ ។

[៨៣] អធិប្បាយពាក្យថា ជនអ្នកឈ្លាសវៃទាំងឡាយ ពោលនូវជននោះថា ជាអ្នកមិនមានអរិយធម៌ ត្រង់ពាក្យថា ជនអ្នកឈ្លាសវៃ គឺជនទាំងឡាយណា ជាអ្នកឈ្លាសវៃក្នុងខន្ធ ឈ្លាសវៃក្នុងធាតុ ឈ្លាសវៃក្នុងអាយតនៈ ឈ្លាសវៃក្នុងបដិច្ចសមុប្បាទ ឈ្លាសវៃក្នុងសតិប្បដ្ឋាន ឈ្លាសវៃក្នុងសម្មប្បធាន ឈ្លាសវៃក្នុងឥទ្ធិបាទ ឈ្លាសវៃក្នុងឥន្រ្ទិយ ឈ្លាសវៃក្នុងពលៈ ឈ្លាសវៃក្នុងពោជ្ឈង្គ ឈ្លាសវៃក្នុងមគ្គ ឈ្លាសវៃក្នុងផល ឈ្លាសវៃក្នុងព្រះនិពា្វន ពួកអ្នកឈ្លាសវៃនោះ បានពោលយ៉ាងនេះថា នុ៎ះជាធម៌របស់ពួកជនមិនមែនជាអរិយៈ នុ៎ះមិនមែនជាធម៌របស់ពួកអរិយៈ នុ៎ះជាធម៌របស់ពួកពាល នុ៎ះមិនមែនធម៌របស់ពួកបណ្ឌិត នុ៎ះជាធម៌របស់ពួកអសប្បុរស នុ៎ះមិនមែនជាធម៌របស់ពួកសប្បុរស ពួកជនអ្នកឈ្លាសវៃ បានពោលយ៉ាងនេះហើយ សំដែងយ៉ាងនេះ និយាយយ៉ាងនេះ បំភ្លឺយ៉ាងនេះ បញ្ចេញយ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) ជនអ្នកឈ្លាសវៃទាំងឡាយ បានពោលនូវជននោះថា ជាអ្នកមិនមានអរិយធម៌ ។

[៨៤] ពាក្យថាជនណា ពោលអួតខ្លួនដោយខ្លួនឯង អធិប្បាយថា អត្តា លោកពោលថា ខ្លួន ។ ពាក្យថា ពោលអួតដោយខ្លួនឯង គឺបុគ្គលពោលអួតខ្លួនដោយខ្លួនឯង គឺថា ពោលអួត សំដែង និយាយ បំភ្លឺ បញ្ចេញថា អាត្មាអញជាអ្នកបរិបូណ៌ដោយសីលក្តី ថាបរិបូណ៌ដោយវត្តក្តី ថាបរិបូណ៌ដោយសីល និងវត្តក្តី ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកូនអ្នកមានត្រកូលក្តី ដោយភាពនៃខ្លួនមានសម្បុរល្អក្តី ដោយទ្រព្យក្តី ដោយការរៀនសូត្រក្តី ដោយការងារក្តី ដោយសិល្បៈក្តី ដោយថ្នាក់នៃវិជ្ជាក្តី ដោយសុតៈក្តី ដោយការវាងវៃក្តី ដោយវត្ថុណាមួយក្តី ថាជាអ្នក (ចេញ) អំពីត្រកូលខ្ពស់ ហើយបួសក្តី ថា (ចេញ) អំពីត្រកូលដ៏ប្រសើរហើយបួសក្តី ថា (ចេញ) អំពីត្រកូលមានទ្រព្យច្រើន ហើយបួសក្តី ថា (ចេញ) អំពីត្រកូលមានទ្រព្យលើសលុប ហើយបួសក្តី ថាជាអ្នកមានយសល្បីល្បាញជាងគ្រហស្ថ និងបព្វជិតទាំងឡាយក្តី ថាអាត្មាជាអ្នកមានលាភ ចំពោះចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជៈបរិក្ខារក្តី ថាជាអ្នកចេះព្រះសូត្រក្តី ថាជាអ្នកទ្រទ្រង់វិន័យក្តី ថាជាធម្មកថិកក្តី ថាជាអ្នកកាន់អារញ្ញិកធុតង្គក្តី កាន់បិណ្ឌបាតិកធុតង្គក្តី កាន់បំសុកូលិកធុតង្គក្តី កាន់តេចីវរិកធុតង្គក្តី កាន់សបទានចារិកធុតង្គក្តី កាន់ខលុបច្ឆាភត្តិកធុតង្គក្តី កាន់នេសជ្ជិកធុតង្គក្តី កាន់យថាសន្ថតិកធុតង្គក្តី ថាជាអ្នកបានបឋមជ្ឈានក្តី បានទុតិយជ្ឈានក្តី បានតតិយជ្ឈានក្តី បានចតុត្ថជ្ឈានក្តី បានអាកាសានញ្ចាយតនសមាបត្តិក្តី បានវិញ្ញាណញ្ចាយតនសមាបត្តិក្តី បានអាកិញ្ចញ្ញាយតនសមាបត្តិក្តី បាននេវសញ្ញានាសញ្ញាយតនសមាបត្តិក្តី ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) ជនណា ពោលអួតខ្លួនដោយខ្លួនឯង ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា ៖ ជនណា ដែលគេមិនបានសាកសួរនូវសីល និងវត្តរបស់ខ្លួន ហើយពោលអួតប្រាប់ពួកបុគ្គលដទៃ ជនអ្នកឈ្លាសវៃទាំងឡាយពោលនូវជនដែលពោលអួតខ្លួន ដោយខ្លួនឯងនោះ ថាជាអ្នកមិនមានអរិយធម៌ ។

[៨៥] ភិក្ខុណាជាអ្នកស្ងប់រម្ងាប់ផង អ្នកមានចិត្តរលត់ផង អ្នកមិនអួតអាងចំពោះសីលទាំងឡាយថា អាត្មាអញដូច្នេះផង កិលេសដ៏ក្រាស់ណាមួយក្នុងលោក នៃភិក្ខុណា មិនមានផង ជនអ្នកឈ្លាសវៃទាំងឡាយ រមែងពោលនូវភិក្ខុនោះថា ជាអ្នកមានអរិយធម៌ ។

[៨៦] អធិប្បាយពាក្យថា ភិក្ខុណាជាអ្នកស្ងប់រម្ងាប់ផង អ្នកមានចិត្តរលត់ផង ត្រង់ពាក្យថា អ្នកស្ងប់រម្ងាប់ គឺអ្នកស្ងប់រម្ងាប់ ព្រោះជាអ្នកស្ងប់រម្ងាប់រាគៈ អ្នកស្ងប់រម្ងាប់ ព្រោះជាអ្នកស្ងប់រម្ងាប់ទោសៈ អ្នកស្ងប់រម្ងាប់ ព្រោះជាអ្នកស្ងប់រម្ងាប់មោហៈ អ្នកស្ងប់រម្ងាប់ ចូលទៅជិតស្ងប់ រំលត់ រលាស់ចេញ ព្រោះជាអ្នកស្ងប់រម្ងាប់ ចូលទៅជិតស្ងប់ ដុត រំលត់ បា្រសចេញ រលាស់ចេញនូវកោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងពួង ទុច្ចរិតទាំងពួង សេចក្តីក្រវល់ក្រវាយទាំងពួង សេចក្តីក្រហល់ក្រហាយទាំងពួង សេចក្តីក្តៅក្រហាយទាំងពួង ការតាក់តែងនូវអកុសលទាំងពួង ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកស្ងប់រម្ងាប់ ។ ពាក្យថា ភិក្ខុ គឺឈ្មោះថា ភិក្ខុ ព្រោះទំលាយចោលនូវធម៌ទាំង ៧ ។ គឺជាអ្នកទម្លាយសក្កាយទិដ្ឋិ ទម្លាយវិចិកិច្ឆា ទម្លាយសីលព្វត្តបរាមាសៈ ទម្លាយរាគៈ ទម្លាយទោសៈ ទម្លាយមោហៈ ទម្លាយមានះ ។ ពួកអកុសលធម៌ដ៏លាមក ប្រកបដោយសេចក្តីសៅហ្មង ប្រព្រឹត្តទៅក្នុងភពថ្មី ប្រកបដោយការក្រវល់ក្រវាយ មានផលជាទុក្ខ មានជាតិ ជរា មរណៈក្នុងខាងមុខ ភិក្ខុនោះ ទម្លាយបង់ហើយ ។

(ព្រះមានព្រះភាគ ទ្រង់សំដែងថា ម្នាលសភិយៈ បុគ្គលណា) ដល់នូវការរលត់ ឆ្លងសេចក្តីសង្ស័យ ដោយផ្លូវដែលខ្លួនធ្វើហើយ លះបង់នូវវិភវតណ្ហា និងភវតណ្ហា មានព្រហ្មចរិយធម៌ ប្រព្រឹត្តគ្រប់គ្រាន់ហើយ មានភពថ្មីអស់ហើយ បុគ្គលនោះ ឈ្មោះថា ភិក្ខុ ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុណា ជាអ្នកស្ងប់រម្ងាប់ផង ។ ពាក្យថា អ្នកមានចិត្តរលត់ គឺអ្នកមានចិត្តរលត់ ព្រោះជាអ្នករំលត់នូវរាគៈ ព្រោះជាអ្នករំលត់ទោសៈ ព្រោះជាអ្នករំលត់មោហៈ អ្នកមានចិត្តរលត់ ព្រោះជាអ្នករំលត់នូវកោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងពួង ទុច្ចរិតទាំងពួង សេចក្តីក្រវល់ក្រវាយទាំងពួង សេចក្តីក្តៅក្រហាយទាំងពួង សេចក្តីអន្ទះអន្ទែងទាំងពួង ការតាក់តែងអកុសលទាំងពួង ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុណា ជាអ្នកស្ងប់រម្ងាប់ផង អ្នកមានចិត្តរលត់ផង ។

[៨៧] អធិប្បាយពាក្យថា អ្នកមិនអួតអាង ចំពោះសីលទាំងឡាយថា អាត្មាអញដូច្នេះ ត្រង់ពាក្យថា ដូច្នេះ គឺជាពាក្យតបទ ជាប់ជាមួយដោយបទ ជាពាក្យបំពេញបទ រួបរួមអក្ខរៈ ជាពាក្យសម្រួលព្យញ្ជនៈ ពាក្យថា ដូច្នេះនេះ ជាលំដាប់បទ ។ ពាក្យថា មិនអួតអាង ចំពោះសីលទាំងឡាយ គឺបុគ្គលខ្លះក្នុងលោកនេះ ជាអ្នកពោលអួតអាង ។ បុគ្គលនោះ រមែងពោលអួតអាងថា អាត្មាអញបរិបូណ៌ដោយសីលក្តី បរិបូណ៌ដោយវត្តក្តី បរិបូណ៌ដោយសីល និងវត្តក្តី ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកូនអ្នកមានត្រកូលក្តី ដោយភាពនៃខ្លួនជាអ្នកមានសម្បុរល្អល្អះក្តី ។បេ។ ពោលអួតអាងថា អាត្មាអញជាអ្នកបាននូវនេវសញ្ញានាសញ្ញាយតនសមាបត្តិក្តី ។ បុគ្គលរមែងមិនពោល មិនអួតអាងយ៉ាងនេះ គឺជាអ្នកវៀរ ជៀសវាង គេចចេញ រលាស់ចេញ ដោះចេញ បា្រសចេញឆ្ងាយ ចាកការពោលអួត នៅដោយចិត្តបា្រសចាកសេចក្តីសល់វល់ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកមិនអួតអាង ចំពោះសីលទាំងឡាយថា អាត្មាអញ ដូច្នេះ ។

[៨៨] អធិប្បាយពាក្យថា ជនអ្នកឈ្លាសវៃ រមែងពោលនូវបុគ្គលនោះ ថាជាអ្នកមានអរិយធម៌ ត្រង់ពាក្យថា ជនអ្នកឈ្លាសវៃ គឺជនទាំងឡាយណា ជាអ្នកឈ្លាសវៃក្នុងខន្ធ ឈ្លាសវៃក្នុងធាតុ ឈ្លាសវៃក្នុងអាយតនៈ ឈ្លាសវៃក្នុងបដិច្ចសមុប្បាទ ឈ្លាសវៃក្នុងសតិប្បដ្ឋាន ឈ្លាសវៃក្នុងសម្មប្បធាន ឈ្លាសវៃក្នុងឥទិ្ធបាទ ឈ្លាសវៃក្នុងឥន្រ្ទិយ ឈ្លាសវៃក្នុងពលៈ ឈ្លាសវៃក្នុងពោជ្ឈង្គ ឈ្លាសវៃក្នុងមគ្គ ឈ្លាសវៃក្នុងផល ឈ្លាសវៃក្នុងព្រះនិពា្វន ជនអ្នកឈ្លាសវៃនោះ រមែងពោលយ៉ាងនេះថា នុ៎ះជាធម៌របស់ពួកអរិយៈ នុ៎ះមិនមែនជាធម៌របស់ពួកអ្នកមិនមែនអរិយៈ នុ៎ះជាធម៌របស់ពួកបណ្ឌិត នុ៎ះមិនមែនជាធម៌របស់ពួកពាល នុ៎ះជាធម៌របស់ពួកសប្បុរស នុ៎ះមិនមែនជាធម៌របស់ពួកអសប្បុរស ពួកអ្នកឈ្លាសវៃ រមែងពោលយ៉ាងនេះ សំដែងយ៉ាងនេះ និយាយយ៉ាងនេះ បំភ្លឺយ៉ាងនេះ បញ្ចេញយ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) ជនអ្នកឈ្លាសវៃទាំងឡាយ រមែងពោលនូវបុគ្គលនោះ ថាជាអ្នកមានអរិយធម៌ ។

[៨៩] អធិប្បាយពាក្យថា កិលេសដ៏ក្រាស់ណាមួយ ក្នុងលោកនៃភិក្ខុណា មិនមាន ត្រង់ពាក្យថា នៃភិក្ខុណា គឺនៃព្រះអរហន្តខីណាស្រព ។ ពាក្យថា កិលេសដ៏ក្រាស់ បានដល់ កិលេសដ៏ក្រាស់ ៧ គឺ កិលេសដ៏ក្រាស់គឺរាគៈ កិលេសដ៏ក្រាស់គឺទោសៈ កិលេសដ៏ក្រាស់គឺមោហៈ កិលេសដ៏ក្រាស់គឺមានះ កិលេសដ៏ក្រាស់គឺទិដ្ឋិ កិលេសដ៏ក្រាស់គឺកិលេស កិលេសដ៏ក្រាស់គឺកម្ម ។ កិលេសដ៏ក្រាស់ទាំងនេះ នៃព្រះខីណាស្រពនោះ មិនមាន ឥតមាន គ្មានសោះ មិនកើតមាន គឺលោកលះបង់ ផ្តាច់ផ្តិល រម្ងាប់ ស្ងប់រម្ងាប់ ធ្វើមិនឲ្យកើតទៀត ដុតដោយភ្លើងគឺញាណហើយ ។ ពាក្យថា ណាមួយ គឺណាមួយ នីមួយ ណានីមួយ ខាងក្នុងក្តី ខាងក្រៅក្តី ទាំងខាងក្នុងខាងក្រៅក្តី ។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក ហេតុនោះ (ទ្រង់ត្រាស់ថា) កិលេសដ៏ក្រាស់ណាមួយក្នុងលោក នៃភិក្ខុណាមិនមាន ។ ហេតុនោះ ព្រះមានព្រះភាគ សំដែងថា ៖ ភិក្ខុណាជាអ្នកស្ងប់រម្ងាប់ផង អ្នកមានចិត្តរលត់ផង អ្នកមិនអួតអាងចំពោះសីលទាំងឡាយថា អាត្មាអញ ដូច្នេះផង កិលេសដ៏ក្រាស់ណាមួយក្នុងលោក នៃភិក្ខុណា មិនមានផង ជនអ្នកឈ្លាសវៃទាំងឡាយ រមែងពោលនូវបុគ្គលនោះ ថាជាអ្នកមានអរិយធម៌ ។

[៩០] ធម៌ទាំងឡាយ ដែលបុគ្គលណាសម្រេចហើយ តាក់តែងហើយ ធ្វើឲ្យតាំងនៅក្នុងខាងមុខហើយ ជាធម៌មិនផូរផង់ បុគ្គលនោះឃើញនូវអានិសង្សណាក្នុងខ្លួន រមែងអាស្រ័យនូវអានិសង្សនោះ និងសេចក្តីស្ងប់ដែលអាស្រ័យនូវការកំរើក ។

[៩១] អធិប្បាយពាក្យថា ធម៌ទាំងឡាយ ដែលបុគ្គលណាសម្រេចហើយ តាក់តែងហើយ ត្រង់ពាក្យថា សម្រេច បានដល់កិរិយាសម្រេច ២ ប្រការ គឺកិរិយាសម្រេច គឺតណ្ហា ១ កិរិយាសម្រេចគឺទិដ្ឋិ ១ ។ បេ ។ នេះហៅថា កិរិយាសម្រេចគឺតណ្ហា ។បេ។ នេះហៅថា កិរិយាសម្រេចគឺទិដ្ឋិ ។ ពាក្យថា តាក់តែងហើយ គឺធ្វើព្រមហើយ ចាត់ចែងហើយ តាក់តែងបា្រកដហើយ តាំងទុកព្រមហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) តាក់តែងហើយ ។ ម្យ៉ាងទៀត ធម៌ទាំងឡាយមានសភាពមិនទៀង ដែលបច្ច័យតាក់តែងហើយ អាស្រ័យគ្នាទើបកើតឡើង មានការអស់ទៅជាធម្មតា មានការសូន្យទៅជាធម្មតា មានការព្រាត់បា្រសជាធម្មតា មានការរលត់ជាធម្មតា ហេតុនោះ (ទ្រង់ត្រាស់ថា) តាក់តែងហើយ ។ ពាក្យថា ដែលបុគ្គលណា គឺបុគ្គលដែលលុះក្នុងទិដ្ឋិ ។ ទិដ្ឋិ ៦២ លោកពោលថា ធម៌ទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) ធម៌ទាំងឡាយដែលបុគ្គលណា សម្រេចហើយ តាក់តែងហើយ ។

[៩២] អធិប្បាយពាក្យថា ធ្វើឲ្យតាំងនៅក្នុងខាងមុខហើយ ជាធម៌មិនផូរផង់ ត្រង់ពាក្យថា ធ្វើឲ្យតាំងនៅក្នុងខាងមុខហើយ បានដល់ ការធ្វើឲ្យតាំងនៅក្នុងខាងមុខ ២ គឺ ការធ្វើតណ្ហា ឲ្យតាំងនៅក្នុងខាងមុខ ១ ការធ្វើទិដ្ឋិ ឲ្យតាំងនៅក្នុងខាងមុខ ១  ។បេ។ នេះ ឈ្មោះថា ការធ្វើតណ្ហាឲ្យតាំងនៅក្នុងខាងមុខ ។បេ។ នេះឈ្មោះថា ការធ្វើទិដ្ឋិឲ្យតាំងនៅក្នុងខាងមុខ ។ ការធ្វើតណ្ហាឲ្យតាំងនៅក្នុងខាងមុខ ដែលបុគ្គលនោះមិនទាន់លះបង់ហើយ ការធ្វើទិដ្ឋិឲ្យតាំងនៅក្នុងខាងមុខ ដែលបុគ្គលនោះមិនទាន់រលាស់ចេញហើយ បុគ្គលនោះ ធ្វើតណ្ហា ឬទិដ្ឋិឲ្យតាំងនៅអំពីមុខ ហើយប្រព្រឹត្ត មានតណ្ហាដូចជាទង់ជ័យ មានតណ្ហាដូចជាទង់ មានតណ្ហាជាធំ មានទិដ្ឋិដូចជាទង់ជ័យ មានទិដ្ឋិដូចជាទង់ មានទិដ្ឋិជាធំ ត្រូវតណ្ហា ឬទិដ្ឋិរួបរឹតហើយ ប្រព្រឹត្តទៅ ព្រោះហេតុនៃការធ្វើតណ្ហា ឲ្យតាំងនៅក្នុងខាងមុខ ដែលខ្លួនមិនទាន់លះបង់ ព្រោះហេតុនៃការធ្វើទិដ្ឋិឲ្យតាំងនៅក្នុងខាងមុខ ដែលខ្លួនមិនទាន់រលាស់ចេញ ហេតុនោះ (ទ្រង់ត្រាស់ថា) ធ្វើឲ្យតាំងនៅក្នុងខាងមុខហើយ ។ ពាក្យថា រមែងមាន គឺមាន មានគ្រប់គ្រាន់ កើតមាន ។ ពាក្យថា មិនផូរផង់ គឺមិនផូរផង់ មិនថ្លាស្អាត មិនបរិសុទ្ធ ជាធម៌សៅហ្មង ប្រកបដោយសេចក្តីសៅហ្មង ហេតុនោះ (ទ្រង់ត្រាស់ថា) ធ្វើឲ្យតាំងនៅក្នុងខាងមុខហើយ ជាធម៌មិនផូរផង់ ។

[៩៣] អធិប្បាយពាក្យថា បុគ្គលនោះ ឃើញនូវអានិសង្សណា ក្នុងខ្លួន ត្រង់ពាក្យថា អានិសង្សណាក្នុងខ្លួន គឺអានិសង្សណាចំពោះខ្លួន ។ ទិដ្ឋិ លោកហៅថា ខ្លួន ។ បុគ្គលរមែងឃើញអានិសង្ស ២ យ៉ាង នៃទិដ្ឋិរបស់ខ្លួន គឺអានិសង្សក្នុងបច្ចុប្បន្ន ១ អានិសង្សក្នុងបរលោក ១ ។

អានិសង្សនៃទិដ្ឋិក្នុងបច្ចុប្បន្ន តើដូច​ម្តេច ? សាស្តាជាអ្នកមានទិដ្ឋិបែបណា ពួកសាវ័ក ក៏រមែងមានទិដ្ឋិបែបនោះ ។ ពួកសាវ័ករមែងធ្វើសក្ការៈ គោរព រាប់អាន បូជា ធ្វើនូវការកោតក្រែងចំពោះសាស្តា មានទិដ្ឋិបែបនោះ ទាំងបាននូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ព្រោះការធ្វើសក្ការៈ ជាដើមនោះ ជាហេតុ នេះឈ្មោះថា អានិសង្សនៃទិដ្ឋិក្នុងបច្ចុប្បន្ន ។

អានិសង្សនៃទិដ្ឋិក្នុងបរលោក តើដូច​ម្តេច ? ទិដ្ឋិនេះ គួរដើម្បីភាពជានាគក្តី ភាពជាគ្រុឌក្តី ភាពជាយក្ខក្តី ភាពជាអសុរក្តី ភាពជាគន្ធព្វក្តី ភាពជាមហារាជក្តី ភាពជាព្រះឥន្រ្ទក្តី ភាពជាព្រះព្រហ្មក្តី ភាពជាទេវតាក្តី ទិដ្ឋិនេះ គួរដើម្បីសេចក្តីមដ្ឋចត់ ស្អាតវិសេស បរិសុទ្ធ ផុត រួចស្រឡះ រួចចេញ ជនទាំងឡាយ រមែងមដ្ឋចត់ ស្អាតវិសេស បរិសុទ្ធ ផុត រួចស្រឡះ រួចចេញ (ចាកទុក្ខ) ដោយទិដ្ឋិនេះ អាត្មាអញ នឹងមដ្ឋចត់ ស្អាតវិសេស បរិសុទ្ធ ផុត រួចស្រឡះ រួចចេញ ដោយទិដ្ឋិនេះ បុគ្គលជាអ្នកប៉ុនប៉ង ចំពោះផលក្នុងខាងមុខ ដូច្នេះនេះ ឈ្មោះថា អានិសង្សនៃទិដ្ឋិក្នុងបរលោក ។

បុគ្គលឃើញ មើល គន់គិត ពិនិត្យ ពិចារណា នូវអានិសង្សនៃទិដ្ឋិរបស់ខ្លួនពីរនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ ឃើញនូវអានិសង្សណាក្នុងខ្លួន ។

[៩៤] ពាក្យថា រមែងអាស្រ័យនូវអានិសង្សនោះ និងសេចក្តីស្ងប់ដែលអាស្រ័យនូវការកំរើក អធិប្បាយថា សេចក្តីស្ងប់ ៣ យ៉ាង គឺអច្ចន្តសន្តិ (ស្ងប់ដោយដាច់ខាត) តទង្គសន្តិ (ស្ងប់ដោយអង្គឈាននោះ) សម្មតិសន្តិ (ស្ងប់ដោយសេចក្តីសន្មតិ) ។

អច្ចន្តសន្តិ តើដូច​ម្តេច ? អមតនិព្វាន លោកហៅថា អច្ចន្តសន្តិ បានខាងការរម្ងាប់សង្ខារទាំងពួង ការលះលែងឧបធិទាំងពួង ការអស់តណ្ហា ការបា្រសចាករាគៈ ការរលត់និព្វាននេះ ឈ្មោះថា អច្ចន្តសន្តិ ។

តទង្គសន្តិ តើដូច​ម្តេច ? នីវរណៈរបស់បុគ្គលចូលបឋមជ្ឈាន រមែងស្ងប់រម្ងាប់ ។ វិតក្កៈ និងវិចារៈរបស់បុគ្គលចូលទុតិយជ្ឈាន រមែងស្ងប់រម្ងាប់ ។ បីតិរបស់បុគ្គលចូលតតិយជ្ឈាន រមែងស្ងប់រម្ងាប់ សុខ និងទុក្ខរបស់បុគ្គលចូលចតុត្ថជ្ឈាន រមែងស្ងប់រម្ងាប់ ។ រូបសញ្ញា បដិឃសញ្ញា នានត្តសញ្ញារបស់បុគ្គលចូលអាកាសានញ្ចាយតនៈ រមែងស្ងប់រម្ងាប់ ។ អាកាសានញ្ចាយតនសញ្ញារបស់បុគ្គលចូលវិញ្ញាណញ្ចាយតនៈ រមែងស្ងប់រម្ងាប់ ។ វិញ្ញាណញ្ចាយតនសញ្ញារបស់បុគ្គលចូលអាកិញ្ចញ្ញាយតនៈ រមែងស្ងប់រម្ងាប់ ។ អាកិញ្ចញ្ញាយតនសញ្ញារបស់បុគ្គលចូលនេវសញ្ញានាសញ្ញាយតនៈ រមែងស្ងប់រម្ងាប់ ។ នេះឈ្មោះ ថា តទង្គសន្តិ ។

សម្មតិសន្តិ តើដូច​ម្តេច ? សេចក្តីស្ងប់រម្ងាប់ដោយអំណាចទិដ្ឋិ គឺ ទិដ្ឋិ ៦២ លោកហៅថា សម្មតិសន្តិ ។ មួយទៀត សេចក្តីស្ងប់ដែលលោកអធិប្បាយទុកក្នុងទីនេះ ក៏ឈ្មោះ ថា សម្មតិសន្តិ ។

ពាក្យថា រមែងអាស្រ័យនូវអានិសង្សនោះ និងសេចក្តីស្ងប់អាស្រ័យនូវការកំរើកបានសេចក្តីថា បុគ្គលអាស្រ័យ ជាប់ចំពាក់ អែបនែប លិចចុះ ជឿស៊ប់នូវសេចក្តីស្ងប់ នៅកំរើក សេចក្តីស្ងប់នៅកំរើកខ្លាំង សេចក្តីស្ងប់នៅញាប់ញ័រ សេចក្តីស្ងប់នៅញាប់ញ័រខ្លាំង សេចក្តីស្ងប់នៅរំភើប សេចក្តីស្ងប់នៅបៀតបៀន សេចក្តីស្ងប់ដែលគេចាត់ចែង សេចក្តីស្ងប់ដែលគេចាត់ចែងដោយវិសេស សេចក្តីស្ងប់ជាសភាពមិនទៀង ដែលបច្ច័យតាក់តែង អាស្រ័យគ្នាកើតឡើង មានកិរិយាអស់ទៅជាធម្មតា សូន្យទៅជាធម្មតា ប្រាសទៅជាធម្មតា រលត់ជាធម្មតា ហេតុនោះ (ទ្រង់ត្រាស់ថា) រមែងអាស្រ័យនូវអានិសង្សនោះ និងសេចក្តីស្ងប់អាស្រ័យនូវការកំរើក ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា ៖ ធម៌ទាំងឡាយ ដែលបុគ្គលណា សម្រេចហើយ តាក់តែងហើយ ធ្វើឲ្យតាំងនៅក្នុងខាងមុខហើយ ជាធម៌មិនផូរផង់ បុគ្គលនោះ រមែងឃើញនូវអានិសង្សណាក្នុងខ្លួន រមែងអាស្រ័យនូវអានិសង្សនោះ និងសេចក្តីស្ងប់ អាស្រ័យនូវការកំរើក ។

[៩៥] ការជាប់ចំពាក់ គឺទិដ្ឋិ និងការជ្រើសរើស ក្នុងធម៌ទាំងឡាយ ហើយប្រកាន់ បុគ្គលមិនងាយប្រព្រឹត្តកន្លងបានទេ ព្រោះហេតុនោះ ទើបជនរមែងលះបង់ផង ប្រកាន់ផងនូវធម៌ ក្នុងការជាប់ចំពាក់ទាំងនោះ ។

[៩៦] អធិប្បាយពាក្យថា ការជាប់ចំពាក់ គឺទិដ្ឋិ បុគ្គលមិនងាយប្រព្រឹត្តកន្លងបានទេ ត្រង់ពាក្យថា ការជាប់ចំពាក់គឺទិដ្ឋិ បានដល់ការចុះចិត្តស៊ប់ ការស្ទាបអង្អែល ការជាប់ចំពាក់គឺទិដ្ឋិថា លោកទៀង ការឃើញនេះឯងជាការពិត ការឃើញដទៃជាមោឃៈ ការចុះចិត្តស៊ប់ ការស្ទាបអង្អែល ការជាប់ចំពាក់គឺទិដ្ឋិថា លោកមិនទៀង លោកមានទីបំផុត លោកមិនមានទីបំផុត ជីវិតនោះ សរីរៈនោះ ជីវិតដទៃ សរីរៈដទៃ សត្វស្លាប់ទៅ កើតទៀតក៏មាន សត្វសា្លប់ទៅ មិនកើតទៀតក៏មាន សត្វស្លាប់ទៅ កើតទៀតផង មិនកើតទៀតផង សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ការឃើញនេះឯងជាការពិត ការឃើញដទៃ ជាមោឃៈ ហេតុនោះ (ទ្រង់ត្រាស់ថា) ការជាប់ចំពាក់គឺទិដ្ឋិ ។ ពាក្យថា បុគ្គលមិនងាយប្រព្រឹត្តកន្លងបានទេ គឺប្រព្រឹត្តកន្លងដោយលំបាក ឆ្លងដោយក្រ ឆ្លងចេញបានដោយកម្រ ប្រព្រឹត្តកន្លងបានដោយតឹង ឈានកន្លងបានដោយលំបាក ហេតុនោះ (ទ្រង់ត្រាស់ថា) ការជាប់ចំពាក់គឺទិដ្ឋិ បុគ្គលមិនងាយប្រព្រឹត្តកន្លងបានទេ ។

[៩៧] ពាក្យថា ការជ្រើសរើស ក្នុងធម៌ទាំងឡាយ ហើយប្រកាន់ ត្រង់ពាក្យថា ក្នុងធម៌ទាំងឡាយ គឺក្នុងទិដ្ឋិ ៦២ ។ ពាក្យថា ជ្រើសរើស គឺ ការរិះរក វិនិច្ឆ័យ ជ្រើសរើស ពិនិត្យ ថ្លឹងមើល លៃលក ពិចារណា ធ្វើឲ្យច្បាស់ហើយ ប្រកាន់តាមជួរ ប្រកាន់ស្អិត ប្រកាន់មាំ ប្រកាន់ចំណែក ប្រកាន់គំនរ ប្រកាន់ដោយការប្រមូល គឺថា ការប្រកាន់ ការស្ទាបអង្អែល ការជាប់ចំពាក់ ការចូលចិត្ត ការចុះចិត្តជឿថា ហេតុនេះ ពិត ទៀង ទៀងទាត់ បា្រកដ ពិតមែន មិនប្រែប្រួល ហេតុនោះ (ទ្រង់ត្រាស់ថា) ការជ្រើសរើស ក្នុងធម៌ទាំងឡាយ ហើយប្រកាន់ ។

[៩៨] ពាក្យថា ព្រោះហេតុនោះ របស់បទថា ព្រោះហេតុនោះ ជន (រមែងប្រកាន់) ក្នុងការជាប់ចំពាក់ទាំងនោះគឺ ព្រោះហេតុដូច្នោះ ព្រោះដំណើរនោះ ព្រោះហេតុនោះ ព្រោះបច្ច័យនោះ ព្រោះនិទាននោះ ។ ពាក្យថា ជន គឺសត្វ នរៈ មាណព បុរស បុគ្គល សត្វមានជីវិត សត្វមានជាតិ សត្វមានជរា សត្វទៅដោយឥន្រ្ទិយ សត្វកើតអំពីមនុស្ស ។ ពាក្យថា ក្នុងការជាប់ចំពាក់ទាំងនោះ គឺក្នុងហេតុជាគ្រឿងជាប់ចំពាក់ គឺទិដ្ឋិទាំងនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះហេតុនោះ ជន (រមែងប្រកាន់) ក្នុងការជាប់ចំពាក់ទាំងនោះ ។

[៩៩] អធិប្បាយពាក្យថា រមែងលះបង់ផង ប្រកាន់ផង នូវធម៌ ត្រង់ពាក្យថា រមែងលះបង់ គឺបុគ្គលលះបង់ដោយហេតុ ២ យ៉ាង គឺលះបង់ដោយកិរិយាកាត់ចោល អំពីបុគ្គលដទៃ ឬកាលមិនទាន់ដល់ លះបង់ ។

បុគ្គលលះបង់ដោយកិរិយាកាត់ចោល អំពីបុគ្គលដទៃ តើដូច​ម្តេច ? បុគ្គលដទៃកាត់ចោលថា សាស្តានោះ មិនមែនជាសព្វញ្ញូទេ ធម៌មិនមែនសំដែងត្រូវទេ គណៈមិនមែនប្រតិបត្តិត្រូវទេ ទិដ្ឋិ មិនល្អទេ បដិបទា មិនមែនបញ្ញាតិ្តល្អទេ មគ្គ មិនមែនជាឧបាយស្រោចស្រង់ទេ សេចក្តីស្អាត ស្អាតវិសេស សេចក្តីបរិសុទ្ធិ ការរួច ការរួចវិសេស និងការរួចស្រឡះក្នុងធម៌នុ៎ះ ក៏មិនមាន ពួកជន រមែងស្អាត ស្អាតវិសេស បរិសុទ្ធ រួច រួចវិសេស រួចស្រឡះ ព្រោះធម៌នុ៎ះក៏ទេ បុគ្គលនោះ ជាអ្នកថោកទាប ខ្សត់ខ្សោយ អាប់ឱន លាមក ជ្រោកជ្រាក រំកាច់រំកោច ។ បុគ្គលដទៃ កាត់ចោលយ៉ាងនេះ ។ បុគ្គលនោះ ដែលត្រូវគេកាត់ចោលយ៉ាងនេះ រមែងលះបង់សាស្តា លះបង់ធម៌ដែលសាស្តាសំដែង លះបង់គណៈ លះបង់ទិដ្ឋិ លះបង់សេចក្តីប្រតិបត្តិ លះបង់មគ្គ ។ បុគ្គលលះបង់ដោយកិរិយាកាត់ចោល អំពីបុគ្គលដទៃយ៉ាងនេះ ។

បុគ្គលកាលមិនទាន់ដល់ លះបង់ តើដូច​ម្តេច ? បុគ្គលកាលមិនទាន់ដល់សីល លះបង់សីល មិនទាន់ដល់វត្ត លះបង់វត្ត មិនទាន់ដល់សីល និងវត្ត លះបង់សីល និងវត្ត ។ បុគ្គលកាលមិនទាន់ដល់ លះបង់ យ៉ាងនេះ ។

ពាក្យថា ប្រកាន់ផង នូវធម៌ គឺបុគ្គលប្រកាន់សាស្តា ប្រកាន់ធម៌ដែលសាស្តាសំដែង ប្រកាន់គណៈ ប្រកាន់ទិដ្ឋិ ប្រកាន់សេចក្តីប្រតិបត្តិ ប្រកាន់ស្ទាបអង្អែល ជាប់ចំពាក់នូវមគ្គ ហេតុនោះ (ទ្រង់ត្រាស់ថា) លះបង់ផង ប្រកាន់ផងនូវធម៌ ។ ហេតុនោះ ព្រះមានព្រះភាគ សំដែងថា ៖ ការជាប់ចំពាក់ដោយទិដ្ឋិ និងការជ្រើសរើសក្នុងធម៌ទាំងឡាយ ហើយប្រកាន់ បុគ្គលមិនងាយប្រព្រឹត្តកន្លងបានទេ ព្រោះហេតុនោះ ទើបជនរមែងលះបង់ផង ប្រកាន់ផងនូវធម៌ ក្នុងការជាប់ចំពាក់ទាំងនោះ ។

[១០០] ទិដ្ឋិដែលគេកំណត់ហើយក្នុងភពតូចធំ ក្នុងលោកណាមួយនៃបុគ្គលមាន​ប្រាជ្ញា​កំចាត់ មិនមានទេ បុគ្គលមាន​ប្រាជ្ញា​កំចាត់នោះ លះបង់មាយាផង មានះផង តើនឹងលុះដោយកិលេសដូចម្តេចកើត ព្រោះលោកមិនមានការអែបនែប ។

[១០១] អធិប្បាយពាក្យថា ទិដ្ឋិដែលគេកំណត់ហើយ ក្នុងភពតូចធំក្នុងលោកណាមួយ នៃបុគ្គលមាន​ប្រាជ្ញា​កំចាត់ មិនមានទេ ត្រង់ពាក្យថា បុគ្គលមាន​ប្រាជ្ញា​កំចាត់ សេចក្តីថា បញ្ញា លោកហៅថា ​ប្រាជ្ញា​កំចាត់ បានខាង​ប្រាជ្ញា​ ការដឹង ការពិចារណា ការពិចារណាសព្វ ការពិចារណាធម៌ ការកំណត់ ការចូលទៅកំណត់ ការចូលទៅកំណត់ចំពោះ ភាពជាបណ្ឌិត ភាពជាអ្នកឈ្លាស ភាពជាអ្នកល្អិតល្អន់ ភាពជាអ្នកវៀងវៃ ការគិត ការត្រិះរិះ បញ្ញាដូចផែនដី បញ្ញាជាគ្រឿងទម្លាយបង់ (នូវកិលេស) បញ្ញាជាគ្រឿងដឹកនាំ ការឃើញច្បាស់ ការដឹងខ្លួន ជន្លួញ គឺ (បញ្ញា) ការដឹងច្បាស់ បញ្ញិន្រ្ទិយ កម្លាំងគឺបញ្ញា សស្ត្រាគឺបញ្ញា បា្រសាទគឺបញ្ញា ពន្លឺគឺបញ្ញា រស្មីគឺបញ្ញា ប្រទីបគឺបញ្ញា កែវគឺបញ្ញា ការមិនវង្វេង ការពិចារណាធម៌ សម្មាទិដ្ឋិ ។ ព្រោះហេតុអ្វី បញ្ញា លោកហៅថា ​ប្រាជ្ញា​កំចាត់ ។ (ព្រោះថា) ដោយបញ្ញានោះ កាយទុច្ចរិត បុគ្គលកំចាត់បង់ លាង លាងដោយល្អ លាងជំរះហើយ វចីទុច្ចរិត បុគ្គលកំចាត់បង់ លាង លាងដោយល្អ លាងជំរះហើយ ។ មនោទុច្ចរិត បុគ្គលកំចាត់បង់ លាង លាងដោយល្អ លាងជំរះហើយ ។ រាគៈ បុគ្គលកំចាត់បង់ លាង លាងដោយល្អ លាងជំរះហើយ ។ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងអស់ ទុច្ចរិតទាំងអស់ សេចក្តីក្រវល់ក្រវាយទាំងអស់ សេចក្តីអន្ទះអន្ទែងទាំងអស់ សេចក្តីក្តៅក្រហាយទាំងអស់ ការតាក់តែងនូវអកុសលទាំងអស់ បុគ្គលកំចាត់បង់ លាង លាងដោយល្អ លាងជំរះហើយ ។ ព្រោះហេតុនោះ បញ្ញា លោកហៅថា ​ប្រាជ្ញា​កំចាត់ ។ មួយទៀត មិច្ឆាទិដ្ឋិ បុគ្គលកំចាត់បង់ លាង លាងដោយល្អ លាងជំរះហើយ ដោយសម្មាទិដ្ឋិ ។ មិច្ឆាសង្កប្បៈ បុគ្គលកំចាត់បង់ លាង លាងដោយល្អ លាងជំរះហើយ ដោយសម្មាសង្កប្បៈ ។ មិច្ឆាវាចា បុគ្គលកំចាត់បង់ ដោយសម្មាវាចា ។ មិច្ឆាកម្មន្តៈ បុគ្គលកំចាត់បង់ ដោយសម្មាកម្មន្តៈ ។ មិច្ឆាអាជីវៈ បុគ្គលកំចាត់បង់ ដោយសម្មាអាជីវៈ ។ មិច្ឆាវាយាមៈ បុគ្គលកំចាត់បង់ដោយសម្មាវាយាមៈ ។ មិច្ឆាសតិ បុគ្គល កំចាត់បង់ដោយសម្មាសតិ ។ មិច្ឆាសមាធិ បុគ្គល កំចាត់បង់ ដោយសម្មាសមាធិ ។ មិច្ឆាញាណៈ បុគ្គលកំចាត់បង់ដោយសម្មាញាណៈ ។ មិច្ឆាវិមុត្តិ បុគ្គលកំចាត់បង់ លាង លាងដោយល្អ លាងជំរះហើយ ដោយសម្មាវិមុត្តិ ។ មួយទៀត កិលេសទាំងអស់ ទុច្ចរិតទាំងអស់ សេចក្តីក្រវល់ក្រវាយទាំងអស់ សេចក្តីអន្ទះអន្ទែងទាំងអស់ សេចក្តីក្តៅក្រហាយទាំងអស់ ការតាក់តែងអកុសលទាំងអស់ បុគ្គលកំចាត់បង់ លាង លាងដោយល្អ លាងជំរះហើយដោយអរិយមគ្គមានអង្គ ៨ ។ ព្រះអរហន្ត ផ្តេកផ្តិត មូលមិត្រ ចូលទៅជិត អែបនែប ចូលទៅដល់ កើតឡើងព្រម ប្រកបដោយគុណធម៌ទាំងឡាយ ជាគ្រឿងកំចាត់បង់នេះ ព្រោះហេតុនោះ ព្រះអរហន្ត ឈ្មោះថា អ្នកមាន ​ប្រាជ្ញា​កំចាត់ ។ ព្រះអរហន្តនោះ មានរាគៈកំចាត់ហើយ មានបាបកំចាត់ហើយ មានកិលេសកំចាត់ហើយ មានសេចក្តីអន្ទះអន្ទែងកំចាត់ហើយ ព្រោះហេតុនោះ ឈ្មោះថា អ្នកមាន​ប្រាជ្ញា​កំចាត់ ។ ពាក្យថា ណាមួយ គឺនីមួយ ណានីមួយ ណាក៏ដោយ ខាងក្នុងក្តី ខាងក្រៅក្តី ទាំងខាងក្នុងខាងក្រៅក្តី ។ ពាក្យថា ក្នុងលោក គឺ ក្នុងអបាយលោក ។បេ។ ក្នុងអាយតនលោក ។ ពាក្យថា កិរិយាកំណត់ បានដល់កិរិយាកំណត់ ២ យ៉ាង គឺ កិរិយាកំណត់គឺតណ្ហា ១ កិរិយាកំណត់គឺទិដ្ឋិ ១ ។បេ។ នេះឈ្មោះថា កិរិយាកំណត់គឺតណ្ហា ។បេ។ នេះឈ្មោះថា កិរិយាកំណត់គឺទិដ្ឋិ ។ ពាក្យថា ក្នុងភពតូចភពធំ បានដល់ក្នុងកម្មភព បុនព្ភព ឈ្មោះថាភពតូចភពធំ គឺក្នុងកាមភព កម្មភព ក្នុងកាមភព បុនព្ភព ក្នុងរូបភព កម្មភព ក្នុងរូបភព បុនព្ភព ក្នុងអរូបភព កម្មភព ក្នុងអរូបភព បុនព្ភព គឺថាក្នុងការកើតរឿយៗ ការប្រព្រឹត្តិទៅរឿយ ៗ ការកើតរឿយៗ បដិសន្ធិរឿយៗ ការញុំាងអត្តភាពឲ្យកើតរឿយ ៗ ។ ពាក្យថា ទិដ្ឋិដែលគេកំណត់ហើយ ក្នុងភពតូចភពធំ ក្នុងលោកណាមួយ នៃបុគ្គលមាន​ប្រាជ្ញា​កំចាត់ មិនមានទេ សេចក្តីថា ទិដ្ឋិដែលតែងតាំង បង្កើត តាក់តែង តម្កល់ទុកក្នុងភពតូចភពធំក្នុងលោកណាមួយ នៃបុគ្គលមានប្រាជ្ញាកំចាត់ មិនមាន ឥតមាន គ្មាន មិនកើតមាន គឺលោកលះបង់ ផ្តាច់បង់ រម្ងាប់ ស្ងប់អស់ហើយ ធ្វើមិនគួរឲ្យកើត ដុតដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ទិដ្ឋិដែលគេកំណត់ ក្នុងភពតូចភពធំ ក្នុងលោកណាមួយ នៃបុគ្គលមាន​ប្រាជ្ញា​កំចាត់ មិនមានទេ ។

[១០២] ពាក្យថា បុគ្គលមាន​ប្រាជ្ញា​កំចាត់នោះ លះបង់មាយាផង មានះផង អធិប្បាយថា ការប្រព្រឹត្តិបញ្ឆោត លោកហៅថាមាយា ។ បុគ្គលខ្លះ ក្នុងលោកនេះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត តាំងទុកនូវសេចក្តី​​​ប្រាថ្នា​ដ៏លាមក ព្រោះហេតុនៃការបិទបាំងនូវទុច្ចរិតនោះ គឺ​​​ប្រាថ្នា​ថា សូមកុំឲ្យជនដឹងអញ ត្រិះរិះថា សូមកុំឲ្យជនដឹងអញ ពោលវាចាថា សូមកុំឲ្យជនដឹងអញ ព្យាយាមដោយកាយថា សូមកុំឲ្យជនដឹងអញ ។ មាយា ភាពនៃមាយា ការនិយាយលើស ការបញ្ឆោត ការបោកបា្រស ការលាក់កំនួច ការលួចគំនិត ការលាក់ពុត ការលាក់ទោសខ្លួន ការបិទបាំងមារយាទ ការបិទបាំងជិតស្និទ្ធ អំពើមិនរាក់ អំពើមិនបា្រកដ ការបំបាំងទោសដោយស្រួល កិរិយាអាក្រក់ណា មានសភាពយ៉ាងនេះ នេះលោកហៅថា មាយា ។

ពាក្យថា មានះ អធិប្បាយថា មានះ ដោយចំណែកមួយ គឺការក្រអឺតក្រអោងនៃចិត្ត ។ មានះដោយចំណែក ២ គឺសេចក្តីប្រកាន់ដោយការលើកខ្លួន សេចក្តីប្រកាន់ដោយការបន្តុះបង្អាប់អ្នកដទៃ ។ មានះដោយចំណែក ៣ គឺការប្រកាន់ថា អញជាមនុស្សប្រសើរ ការប្រកាន់ថា អញជាមនុស្សស្មើ ការប្រកាន់ថា អញជាមនុស្សថោកទាប ។ មានះដោយចំណែក ៤ គឺបុគ្គលញុំាងមានះឲ្យកើត ព្រោះលាភ ញុំាងមានះឲ្យកើត ព្រោះយស ញុំាងមានះឲ្យកើត ព្រោះបសំសា ញុំាងមានះឲ្យកើត ព្រោះសុខ ។ មានះដោយចំណែក ៥ គឺបុគ្គលញុំាងមានះឲ្យកើតថា អញជាអ្នកបានរូបទាំងឡាយ ជាទីគាប់ចិត្ត ញុំាងមានះឲ្យកើតថា អញជាអ្នកបានសំឡេង ក្លិន រស ផ្សព្វទាំងឡាយ ជាទីគាប់ចិត្ត ។ មានះដោយចំណែក ៦ គឺបុគ្គលញុំាងមានះឲ្យកើត ព្រោះការបរិបូរដោយចក្ខុ ញុំាងមានះឲ្យកើត ព្រោះការបរិបូរដោយសោតៈ ញុំាងមានះឲ្យកើត ព្រោះការបរិបូរដោយឃានៈ បរិបូរដោយជិវ្ហា បរិបូរដោយកាយ បរិបូរដោយចិត្ត ។ មានះដោយចំណែក ៧ គឺការប្រកាន់ (ក្រអឺតក្រអោង) ការមើលងាយ ការប្រកាន់ថា អញប្រសើរជាង ការប្រកាន់ថា ថោកទាប ការប្រកាន់ថា មានគុណវិសេសក្នុងខ្លួន ការប្រកាន់ថា អញមាន (ខន្ធគ្រប់គ្រាន់) ការប្រកាន់ខុស ។ មានះដោយចំណែក ៨ គឺបុគ្គលញុំាងការក្រអឺតក្រអោងឲ្យកើត ព្រោះលាភៈ ញុំាងការប្រកាន់ថោកទាបឲ្យកើត ព្រោះមិនមានលាភ ញុំាងការក្រអឺតក្រអោងឲ្យកើត ព្រោះយស ញុំាងការប្រកាន់ថោកទាបឲ្យកើត ព្រោះមិនមានយស ញុំាងការក្រអឺតក្រអោងឲ្យកើត ព្រោះបសំសា ញុំាងការប្រកាន់ថោកទាបឲ្យកើត ព្រោះនិន្ទា ញុំាងការក្រអឺតក្រអោងឲ្យកើត ព្រោះសុខ ញុំាងការប្រកាន់ថោកទាបឲ្យកើត ព្រោះទុក្ខ ។ មានះដោយចំណែក ៩ គឺបុគ្គលប្រសើរ មានសេចក្តីប្រកាន់ថា អញជាបុគ្គលប្រសើរ បុគ្គលប្រសើរ មានសេចក្តីប្រកាន់ថា អញជាបុគ្គលស្មើ បុគ្គលប្រសើរ មានសេចក្តីប្រកាន់ថា អញជាបុគ្គលថោកទាប បុគ្គលស្មើ មានសេចក្តីប្រកាន់ថា អញជាបុគ្គលប្រសើរ បុគ្គលស្មើ មានសេចក្តីប្រកាន់ថា អញជាបុគ្គលស្មើ បុគ្គលស្មើ មានសេចក្តីប្រកាន់ថា អញជាបុគ្គលថោកទាប បុគ្គលថោកទាប មានសេចក្តីប្រកាន់ថា អញជាបុគ្គលប្រសើរ បុគ្គលថោកទាប មានសេចក្តីប្រកាន់ថា អញជាបុគ្គលស្មើ បុគ្គលថោកទាប មានសេចក្តីប្រកាន់ថា អញជាបុគ្គលថោកទាប ។ មានះដោយចំណែក ១០ គឺបុគ្គលខ្លះក្នុងលោកនេះ ញុំាងមានះឲ្យកើត ព្រោះជាតិ ព្រោះគោត្រ ព្រោះភាពនៃខ្លួនជាកូនមានត្រកូល ព្រោះភាពនៃខ្លួនមានសម្បុរល្អ ព្រោះទ្រព្យ ព្រោះការរៀន ព្រោះការងារ ព្រោះសិល្បសាស្រ្ត ព្រោះហេតុជាទីតាំងនៃវិជ្ជា ព្រោះសុតៈនិងបដិភាណៈ ព្រោះវត្តុណាមួយ ។ មានះ ការប្រកាន់ ភាពជាអ្នកប្រកាន់ ការក្រអឺតក្រអោង ការតម្កើង ការប្រកាន់ឫកខ្ពស់ដូចទង់ជ័យ ការផ្គងឡើង ភាពនៃចិត្តបា្រថា្ន ដូចជាទង់ណា មានសភាពយ៉ាងនេះ នេះលោកហៅថា មានះ ។

ពាក្យថា បុគ្គលមាន​ប្រាជ្ញា​កំចាត់នោះ លះបង់មាយាផង មានះផង គឺលះបង់ កំចាត់បង់ បនោ្ទបង់ ធ្វើឲ្យវិនាស មិនឲ្យកើត នូវមាយា និងមានះ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលមាន​ប្រាជ្ញា​កំចាត់នោះ លះបង់មាយាផង មានះផង ។

[១០៣] អធិប្បាយពាក្យថា បុគ្គលមាន​ប្រាជ្ញា​កំចាត់នោះ គប្បីលុះដោយកិលេស ដូចម្តេចកើត ព្រោះលោកមិនមានការអែបនែប ត្រង់ពាក្យថា ការអែបនែប បានខាងការអែបនែប ២ គឺការអែបនែបគឺតណ្ហា ១ ការអែបនែបគឺទិដិ្ឋ ១ ។បេ។ នេះឈ្មោះថា ការអែបនែបគឺតណ្ហា ។បេ។ នេះឈ្មោះថា ការអែបនែបគឺទិដិ្ឋ ។ បុគ្គលនោះ លះបង់ការអែបនែប គឺតណ្ហា រលាស់ចេញនូវការអែបនែបគឺទិដិ្ឋ ឈ្មោះថា អ្នកមិនមានការអែបនែប ព្រោះលះបង់ការអែបនែបគឺតណ្ហាហើយ ព្រោះរលាស់ចេញនូវការអែបនែបគឺទិដិ្ឋហើយ ។ បុគ្គលនោះ គប្បីលុះដោយរាគៈដូចម្តេច លុះដោយទោសៈដូចម្តេច លុះដោយមោហៈដូចម្តេច លុះដោយមានះដូចម្តេច លុះដោយទិដិ្ឋដូចម្តេច លុះដោយឧទ្ធច្ចៈដូចម្តេច លុះដោយវិចិកិច្ឆាដូចម្តេច លុះដោយអនុសយក្កិលេសទាំងឡាយដូចម្តេចកើត ថាជាអ្នកត្រេកអរក្តី ថាជាអ្នកខឹងក្តី ថាជាអ្នកវង្វេងក្តី ថាជាអ្នកជាប់ចំពាក់ក្តី ថាជាអ្នកស្ទាបអង្អែលក្តី ថាជាអ្នកដល់នូវការរាយមាយក្តី ថាជាអ្នកដល់នូវការមិនដាច់ស្រេចក្តី ថាជាអ្នកដល់នូវកម្លាំងក្តី ។ អភិសង្ខារទាំងនោះ បុគ្គលមានបា្រជា្ញកំចាត់ លះបង់ហើយ បុគ្គលនោះ គប្បីទៅកាន់គតិទាំងឡាយ ថាជាបុគ្គលទៅកើតក្នុងនរកក្តី ថាទៅកើតក្នុងកំណើតតិរច្ឆានក្តី ថាទៅកើតក្នុងបិត្តិវិស័យក្តី ថាជាមនុស្សក្តី ថាជាទេវតាក្តី ថាមានរូបក្តី ថាមិនមានរូបក្តី ថាមានសញ្ញាក្តី ថាមិនមានសញ្ញាក្តី ថាមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនក្តី ដោយហេតុដូចម្តេចកើត ព្រោះអភិសង្ខារទាំងឡាយ លោកលះបង់ហើយ ។ បុគ្គលមានបា្រជា្ញកំចាត់ គប្បីទៅដោយហេតុណា ហេតុនោះមិនមាន បច្ច័យមិនមាន ការណ៍មិនមានទេ ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលមានបា្រជា្ញកំចាត់នោះ គប្បីលុះដោយកិលេសដូចម្តេចកើត ព្រោះលោកមិនមានការអែបនែប ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា ៖ ទិដិ្ឋដែលគេកំណត់ហើយ ក្នុងភពតូចភពធំ ក្នុងលោកណាមួយនៃបុគ្គលមានបា្រជា្ញកំចាត់ មិនមានទេ បុគ្គលមានបា្រជា្ញកំចាត់នោះ លះបង់មាយាផង មានះផង តើនឹងលុះដោយកិលេសដូចម្តេចកើត ព្រោះលោកមិនមានការអែបនែប ។

[១០៤] បុគ្គលមានកិលេសជាគ្រឿងអែបនែប រមែងអើពើនឹងវាទៈក្នុងធម៌ទាំងឡាយ ជនគប្បីពោលនូវបុគ្គលមិនមានការអែបនែបដោយកិលេសណាដូចម្តេចបាន ព្រោះអត្តទិដិ្ឋ (ការឃើញថាមានខ្លួន) និរត្តទិដិ្ឋ (ការឃើញថាមិនមានខ្លួន) នៃព្រះអរហន្តនោះមិនមានទេ ព្រះអរហន្តនោះ បានលាងនូវទិដិ្ឋទាំងអស់ក្នុងលោកនេះហើយ ។

[១០៥] អធិប្បាយពាក្យថា បុគ្គលមានកិលេស ជាគ្រឿងអែបនែប រមែងអើពើនឹងវាទៈក្នុងធម៌ទាំងឡាយ ត្រង់ពាក្យថា កិលេសជាគ្រឿងអែបនែប បានខាងការអែបនែប ២ យ៉ាង គឺ ការអែបនែបគឺតណ្ហា ១ ការអែបនែបគឺទិដិ្ឋ ១ ។បេ។ នេះឈ្មោះថា ការអែបនែបគឺតណ្ហា ។បេ។ នេះឈ្មោះថា ការអែបនែបគឺទិដិ្ឋ ។ បុគ្គលនោះ មិនទាន់លះបង់ការអែបនែបគឺតណ្ហា មិនទាន់រលាស់ចោលការអែបនែបគឺទិដ្ឋិ រមែងអើពើនូវវាទៈក្នុងធម៌ទាំងឡាយថា ជាអ្នកត្រេកអរក្ដី ថាជាអ្នកខឹងក្ដី ថាជាអ្នកវងេ្វងក្ដី ថាជាអ្នកជាប់ចំពាក់ក្តី ថាជាអ្នកស្ទាបអងែ្អលក្ដី ថាជាអ្នកដល់នូវការរាយមាយក្ដី ថាជាអ្នកដល់នូវការមិនដាច់ស្រេចក្ដី ថាជាអ្នកដល់នូវកមាំ្លងក្តី ព្រោះការអែបនែបគឺតណ្ហា ខ្លួនមិនទាន់លះបង់ ព្រោះការអែបនែបគឺទិដ្ឋិ ខ្លួនមិនទាន់រលាស់ចេញ ។ អភិសង្ខារទាំងនោះ បុគ្គលមិនទាន់លះបង់ហើយ បុគ្គលរមែងអើពើនូវវាទៈដោយគតិ ព្រោះអភិសង្ខារទាំងឡាយ ដែលខ្លួនមិនទាន់លះបង់ គឺរមែងដល់ ចូលទៅជិត ប្រកាន់ ស្ទាបអង្អែល ជាប់ចំពាក់នូវវាទៈថា ជាអ្នកកើតក្នុងនរកក្តី កើតក្នុងកំណើតតិរច្ឆានក្តី កើតក្នុងបិត្តិវិស័យក្តី ជាមនុស្សក្តី ជាទេវតាក្តី មានរូបក្តី មិនមានរូបក្តី មានសញ្ញាក្តី មិនមានសញ្ញាក្តី មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលមានកិលេសជាគ្រឿងអែបនែប រមែងអើពើនូវវាទៈក្នុងធម៌ទាំងឡាយ ។

[១០៦] អធិប្បាយពាក្យថា ជនគប្បីពោលនូវបុគ្គលមិនមានការអែបនែបដោយកិលេសណា ដូចម្ដេចបាន ត្រង់ពាក្យថា ការអែបនែប បានដល់ការអែបនែប ២ គឺការអែបនែបគឺតណ្ហា ១ ការអែបនែបគឺទិដ្ឋិ ១ ។បេ។ នេះឈ្មោះថា ការអែបនែបគឺតណ្ហា ។បេ។ នេះឈ្មោះថា ការអែបនែបគឺទិដ្ឋិ ។ បុគ្គលនោះ លះបង់ការអែបនែបគឺតណ្ហា រលាស់ចោលការអែបនែបគឺទិដ្ឋិ ព្រោះការអែបនែបគឺតណ្ហា លោកលះបង់ហើយ ព្រោះការអែបនែបគឺទិដ្ឋិ លោករលាស់ចេញហើយ ជនគប្បីពោលនូវបុគ្គលមិនមានកិលេស ជាគ្រឿងអែបនែបដោយរាគៈដូចម្តេច គប្បីពោលដោយទោសៈដូចម្តេច គប្បីពោលដោយមោហៈដូចម្តេច គប្បីពោលដោយមានះដូចម្តេច គប្បីពោលដោយទិដ្ឋិដូចម្តេច គប្បីពោលដោយឧទ្ធច្ចៈដូចម្តេច គប្បីពោលដោយវិចិកិច្ឆាដូចម្តេច គប្បីពោលដោយអនុស័យទាំងឡាយដូចម្តេច ថាជាអ្នកត្រេកអរក្តី ថាជាអ្នកខឹងក្តី ថាជាអ្នកវង្វេងក្តី ថាជាអ្នកជាប់ចំពាក់ក្តី ថាជាអ្នកស្ទាបអង្អែលក្តី ថាជាអ្នកដល់នូវការរាយមាយក្តី ថាជាអ្នកដល់នូវការមិនដាច់ស្រេចក្តី ថាជាអ្នកដល់នូវកម្លាំងក្តី ។ អភិសង្ខារទាំងនោះ បុគ្គលនោះលះបង់ហើយ ជនគប្បីពោលនូវគតិទាំងឡាយថា ជាអ្នកកើតក្នុងនរកដូច្នេះក្តី ។បេ។ មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនដូច្នេះក្តី ដោយហេតុដូចម្តេចបាន ព្រោះអភិសង្ខារទាំងឡាយ លោកលះបង់ហើយ ។ ជនគប្បីពោល សម្តែង និយាយ បំភ្លឺ បញ្ចេញ ដោយហេតុណា ហេតុនោះមិនមាន បច្ច័យមិនមាន ការណ៍មិនមាន ហេតុនោះ (ទ្រង់ត្រាស់ថា) ជនគប្បីពោលនូវបុគ្គលមិនមានការអែបនែប ដោយកិលេសណា ដូចម្តេចបាន ។

[១០៧] អធិប្បាយពាក្យថា អត្តទិដ្ឋិ និងនិរត្តទិដ្ឋិនៃបុគ្គលនោះ មិនមានទេ ត្រង់ពាក្យថា អត្តទិដ្ឋិ គឺសស្សតទិដ្ឋិ មិនមាន ពាក្យថា និរត្តទិដ្ឋិ គឺឧច្ឆេទទិដ្ឋិ ក៏មិនមាន បានសេចក្តីថា ការប្រកាន់ថា ខ្លួនមិនមាន ការគួរដោះថា មិនមែនខ្លួន ក៏មិនមាន ។ ការប្រកាន់របស់បុគ្គលណាមាន ការគួរដោះរបស់បុគ្គលនោះក៏មាន ការគួរដោះរបស់បុគ្គលណា មាន ការប្រកាន់របស់បុគ្គលនោះក៏មាន ។ ព្រះអរហន្ត កន្លងផុតការប្រកាន់ និងការដោះ ហើយប្រព្រឹត្តកន្លងនូវសេចក្តីចម្រើន និងសេចក្តីវិនាស ។ ព្រះអរហន្តនោះ មានព្រហ្មចរិយៈនៅហើយ មានធម៌ជាគ្រឿងប្រព្រឹត្ត ប្រព្រឹត្តហើយ ។បេ។ ព្រះអរហន្តនោះ មិនមានភពថ្មីទៀតទេ ហេតុនោះ (ទ្រង់ត្រាស់ថា) អត្តទិដ្ឋិ (ការឃើញថា មានខ្លួន) និរត្តទិដ្ឋិ (ការឃើញថា មិនមានខ្លួន) នៃបុគ្គលនោះ មិនមានទេ ។

[១០៨] ពាក្យថា បុគ្គលនោះ បានលាងនូវទិដ្ឋិទាំងអស់ក្នុងលោកនេះហើយ សេចក្តីថា ទិដ្ឋិទាំង ៦២ បុគ្គលនោះ លះបង់ ផ្តាច់ផ្តិល រម្ងាប់ ស្ងប់រម្ងាប់ ធ្វើមិនគួរដល់ការកើតទៀត ដុតដោយភ្លើងគឺញាណហើយ ។ បុគ្គលនោះ បានលាង កំចាត់បង់ កំចាត់ដាច់ស្រឡះ កំចាត់ដោយមិនសល់ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាន នូវទិដ្ឋិទាំងអស់ក្នុងលោក ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ បានលាងនូវទិដ្ឋិទាំងអស់ ក្នុងលោកនេះហើយ ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា ៖ បុគ្គលមានកិលេសជាគ្រឿងអែបនែប រមែងអើពើនូវវាទៈ ក្នុងធម៌ទាំងឡាយ ជនគប្បីពោលនូវបុគ្គលមិនមានការអែបនែប ដោយកិលេសណាដូចម្តេចបាន ព្រោះអត្តទិដ្ឋិ (ការឃើញថា មានខ្លួន) និរត្តទិដ្ឋិ (ការឃើញថា មិនមានខ្លួន) នៃបុគ្គលនោះ មិនមានទេ បុគ្គលនោះ បានលាងនូវទិដ្ឋិទាំងអស់ ក្នុងលោកនេះហើយ ។

ទុដ្ឋដ្ឋកសុត្តនិទ្ទេស ទី៣ ។

សុទ្ធដ្ឋកសុត្តនិទ្ទេស ទី៤កែប្រែ

[១០៩] (ព្រះមានព្រះភាគត្រាស់ថា) អាត្មាអញឃើញ (នូវរូប) ដ៏បរិសុទ្ធ ឧត្តម មិនមានរោគ សេចក្តីបរិសុទ្ធិដ៏ប្រពៃរបស់នរជន រមែងកើតមានដោយសាររូបដែលខ្លួនឃើញបុគ្គលពាលអ្នកឃើញរឿយ ៗ នូវការបរិសុទ្ធិ កាលដឹងច្បាស់យ៉ាងនេះ រមែងយល់ថា (ការឃើញនេះ) ឧត្តម ហើយជឿនូវការឃើញនោះ ថាជាញាណ ។

[១១០] អធិប្បាយពាក្យថា អាត្មាអញឃើញ (នូវរូប) ដ៏បរិសុទ្ធ ឧត្តម មិនមានរោគត្រង់ពាក្យថា អាត្មាអញ ឃើញ (នូវរូប) ដ៏បរិសុទ្ធ គឺអាត្មាអញឃើញ (រូប) បរិសុទ្ធ មើល (រូប) បរិសុទ្ធ ក្រឡេកមើល (រូប) បរិសុទ្ធ សម្លឹងមើល (រូប) បរិសុទ្ធ សង្កេតមើល (រូប) បរិសុទ្ធ ។ ពាក្យថា ឧត្តម មិនមានរោគ គឺឧត្តម ដល់នូវភាពមិនមានរោគ ដល់នូវសេចក្តីក្សេម ដល់នូវទីជ្រក ដល់នូវទីពឹងពំនាក់ ដល់នូវទីរលឹក ដល់នូវការប្រព្រឹត្តិទៅខាងមុខ ដល់នូវការមិនមានភ័យ ដល់នូវភាពទៀងទាត់ ដល់នូវអមតៈ ដល់នូវភាពបា្រសចាកតណ្ហា ហេតុនោះ (ទ្រង់តា្រស់ថា) អាត្មាអញឃើញ (នូវរូប) បរិសុទ្ធ ឧត្តម មិនមានរោគ ។

[១១១] ពាក្យថា សេចក្តីបរិសុទ្ធិដ៏ប្រពៃរបស់នរជន រមែងកើតមាន ដោយសាររូបដែលខ្លួនឃើញ សេចក្តីថា សេចក្តីស្អាត សេចក្តីស្អាតវិសេស សេចក្តីបរិសុទ្ធិ ការផុត ការផុតស្រឡះ ការផុតដោយជុំវិញរបស់នរជន រមែងកើតមាន ឬនរជន ស្អាត ស្អាតវិសេស បរិសុទ្ធ ផុត ផុតស្រឡះ ផុតដោយជុំវិញ ដោយសារការឃើញរូប ដោយចក្ខុវិញ្ញាណ ហេតុនោះ (ទ្រង់ត្រាស់ថា) សេចក្តីបរិសុទ្ធិដ៏ប្រពៃរបស់នរជន រមែងកើតមានដោយសាររូប ដែលខ្លួនឃើញ ។

[១១២] ពាក្យថា បុគ្គលពាល កាលដឹងច្បាស់យ៉ាងនេះ រមែងយល់ថា (ការឃើញនេះ) ឧត្តម គឺកាលដឹងចំពោះ ដឹងទួទៅ ដឹងវិសេស ដឹងច្បាស់ ចាក់ធ្លុះ ចំពោះ យ៉ាងនេះ រមែងយល់ ដឹង ថ្លឹងមើល ពិចារណាឃើញ យល់ច្បាស់ ធ្វើឲ្យបា្រកដថា ការឃើញនេះ ថ្លៃថ្លា លើសលុប ប្រសើរ ប្រសើរវិសេស ចម្បង ឧត្តម ក្រៃលែង ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលពាល កាលដឹងច្បាស់យ៉ាងនេះ រមែងយល់ថា (ការឃើញនេះ) ឧត្តម ។

[១១៣] ពាក្យថា អ្នកឃើញរឿៗ នូវការបរិសុទ្ធិ រមែងជឿ (នូវការឃើញនោះ) ថាជាញាណ សេចក្តីថា បុគ្គលណា ឃើញនូវសេចក្តីបរិសុទ្ធិ បុគ្គលនោះឈ្មោះថា អ្នកឃើញរឿយៗនូវសេចក្តីបរិសុទ្ធិ ។ ពាក្យថាជឿ (នូវការឃើញនោះ) ថាជាញាណ គឺជឿនូវការឃើញរូប ដោយចក្ខុវិញ្ញាណ ថាជាញាណ ជឿថាជាមគ្គ ជឿថាជាផ្លូវ ជឿថាជាគ្រឿងដឹកនាំ ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកឃើញរឿយៗ នូវសេចក្តីបរិសុទ្ធិ ជឿ (នូវការឃើញនោះ) ថាជាញាណ ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា ៖ អាត្មាអញឃើញ (នូវរូប) ដ៏បរិសុទ្ធ ឧត្តម មិនមានរោគ សេចក្តីបរិសុទ្ធិដ៏ប្រពៃ របស់នរជន រមែងមាន ដោយសារ (រូប) ដែលខ្លួនឃើញ បុគ្គលពាលអ្នកឃើញរឿយៗ នូវការបរិសុទ្ធិ កាលដឹងច្បាស់យ៉ាងនេះ រមែងយល់ថា (ការឃើញនេះ) ឧត្តម ហើយជឿ (នូវការឃើញនោះ) ថាជាញាណ ។

[១១៤] បើសេចក្តីបរិសុទ្ធិរបស់នរជន កើតមានដោយសាររូបដែលខ្លួនឃើញ ឬនរជននោះលះបង់ទុក្ខ គឺរួចចាកទុក្ខ ដោយសារញាណបាន នរជនអ្នកមានឧបធិក្កិលេសនោះ ឈ្មោះថាបរិសុទ្ធ ដោយផ្លូវដទៃ ព្រោះថា ទិដ្ឋិរមែងបា្រប់នូវបុគ្គល អ្នកពោលដូច្នោះនោះ ។

[១១៥] ពាក្យថា បើសេចក្តីបរិសុទ្ធិរបស់នរជនកើតមាន ដោយសាររូបដែលខ្លួនឃើញ គឺសេចក្តីស្អាត ស្អាតវិសេស បរិសុទ្ធិ ការផុត ផុតស្រឡះ ផុតដោយជុំវិញរបស់នរជន កើតមាន ឬនរជនស្អាត ស្អាតវិសេស បរិសុទ្ធ ផុត ផុតស្រឡះ ផុតដោយជុំវិញ ដោយសារការឃើញរូប ដោយចក្ខុវិញ្ញាណ ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) បើសេចក្តីបរិសុទ្ធិរបស់នរជន កើតមាន ដោយសាររូបដែលខ្លួនឃើញ ។

[១១៦] ពាក្យថា ឬនរជននោះ លះបង់ទុក្ខដោយសារញាណបាន គឺបើនរជនលះបង់ជាតិទុក្ខ លះបង់ជរាទុក្ខ លះបង់ព្យាធិទុក្ខ លះបង់មរណទុក្ខ លះបង់សោកទុក្ខ បរិទេវទុក្ខ ទុក្ខទុក្ខ ទោមនស្សទុក្ខ ឧបាយាសទុក្ខ ដោយសារការឃើញរូបដោយចក្ខុវិញ្ញាណ ហេតុនោះ (ទ្រង់ត្រាស់ថា) ឬនរជននោះ លះបង់ទុក្ខ គឺរួចចាកទុក្ខ ដោយសារញាណបាន ។

[១១៧] ពាក្យថា នរជនអ្នកមានឧបធិក្កិលេសនោះ ឈ្មោះថាបរិសុទ្ធ ដោយផ្លូវដទៃ សេចក្តីថា នរជនរមែងស្អាត ស្អាតវិសេស បរិសុទ្ធ ផុត ផុតស្រឡះ ផុតដោយជុំវិញ ដោយផ្លូវមិនបរិសុទ្ធដទៃ ដោយបដិបទាខុស ដោយគន្លងមិនមែនជាទីដឹកនាំ ក្រៅអំពីសតិប្បដ្ឋាន ក្រៅអំពីសម្មប្បធាន ក្រៅអំពីឥទ្ធិបាទ ក្រៅអំពីឥន្ទ្រិយ ក្រៅអំពីពលៈ ក្រៅអំពីពោជ្ឈង្គ ក្រៅអំពីអដ្ឋង្គិកមគ្គដ៏ប្រសើរ ។ ពាក្យថា មានឧបធិក្តិលេស គឺប្រកបដោយរាគៈ ប្រកបដោយទោសៈ ប្រកបដោយមោហៈ ប្រកបដោយមានះ ប្រកបដោយតណ្ហា ប្រកបដោយទិដ្ឋិ ប្រកបដោយកិលេស ប្រកបដោយឧបាទាន ហេតុនោះ (ទ្រង់ត្រាស់ថា) នរជនអ្នកមានឧបធិក្កិលេសនោះ ឈ្មោះថា បរិសុទ្ធដោយផ្លូវដទៃ ។

[១១៨] ពាក្យថា ព្រោះថាទិដ្ឋិរមែងបា្រប់នូវបុគ្គលអ្នកពោលដូច្នោះនោះ សេចក្តីថា ទិដ្ឋិនោះឯង រមែងបា្រប់បុគ្គលនោះដូច្នេះថា បុគ្គលនេះ ជាមិច្ឆាទិដ្ឋិ មានសេចក្តីយល់ផ្ទុយ ។ ពាក្យថា ពោលដូច្នោះ គឺពោលថ្លែង ពណ៌នា ពន្យល់ ពោលប្រកាន់ដោយប្រការដូច្នោះ គឺពោលថ្លែង ពណ៌នា ពន្យល់ ពោលប្រកាន់ដោយប្រការដូច្នោះថា លោកទៀង ពាក្យនេះជាពាក្យពិត ពាក្យដទៃជាមោឃៈ ពោលថ្លែង ពណ៌នា ពន្យល់ ពោលប្រកាន់ ដោយប្រការដូច្នោះថា លោកមិនទៀង លោកមានទីបំផុត លោកមិនមានទីបំផុត ជីវៈនោះ សរីរៈនោះ ជីវៈដទៃ សរីរៈដទៃ សត្វស្លាប់ហើយកើតទៀត សត្វស្លាប់ហើយ មិនកើតទៀត សត្វស្លាប់ហើយកើតទៀតក៏មាន មិនកើតទៀតក៏មាន សត្វស្លាប់ហើយ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ពាក្យនេះជាពាក្យពិត ពាក្យដទៃជាមោឃៈ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះថា ទិដ្ឋិរមែងបា្រប់នូវបុគ្គលអ្នកពោលដូច្នោះនោះ ។ ហេតុនោះ ព្រះមានព្រភាគត្រាស់ថា ៖ បើសេចក្តីបរិសុទ្ធិ របស់នរជន កើតមាន ដោយសាររូបដែលខ្លួនឃើញ ឬនរជននោះ លះបង់ទុក្ខដោយញាណបាន នរជនអ្នកមានឧបធិក្កិលេសនោះ រមែងបរិសុទ្ធ ដោយផ្លូវដទៃ ព្រោះថា ទិដ្ឋិរមែងបា្រប់នូវបុគ្គលអ្នកពោលដូច្នោះនោះ ។

[១១៩] ព្រាហ្មណ៍ មិនពោលនូវសេចក្តីបរិសុទ្ធិ ព្រោះផ្លូវដទៃ ព្រោះអារម្មណ៍ដែលឃើញ ឬឮ ព្រោះសីល និងវត្ត ឬព្រោះអារម្មណ៍ដែលប៉ះពាល់ឡើយ ទាំងជាអ្នកមិនជាប់នៅក្នុងបុណ្យ និងបាប ជាអ្នកលះបង់នូវអត្តា ជាអ្នកលែងធ្វើក្នុងលោកនេះ ។

[១២០] អធិប្បាយពាក្យថា ព្រាហ្មណ៍ មិនពោលនូវសេចក្តីបរិសុទ្ធិ ព្រោះផ្លូវដទៃ ព្រោះអារម្មណ៍ដែលខ្លួនឃើញ ឬឮ ព្រោះសីល និងវត្ត ឬព្រោះអារម្មណ៍ដែលប៉ះពាល់ឡើយ ត្រង់ពាក្យថា មិន គឺជាពាក្យបដិសេធ ។ ពាក្យថា ព្រាហ្មណ៍ គឺបុគ្គលដែលឈ្មោះថា ព្រាហ្មណ៍ ព្រោះបន្សាត់បង់នូវធម៌ ៧ គឺ ជាអ្នកបន្សាត់បង់សក្កាយទិដ្ឋិ បន្សាត់បង់វិចិកិច្ឆា បន្សាត់បង់សីលព្វតបរាមាសៈ បន្សាត់បង់រាគៈ បន្សាត់បង់ទោសៈ បន្សាត់បង់មោហៈ បន្សាត់បង់មានះ ។ លោកបន្សាត់បង់អកុសលធម៌ទាំងឡាយដ៏លាមក ជាធម៌ប្រកបដោយសេចក្តីសៅហ្មងព្រម មានកិរិយានាំសត្វឲ្យកើតទៀត ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានផលជាទុក្ខ ជាបច្ច័យរបស់ជាតិ ជរា និងមរណៈ តទៅទៀត ។

(ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលសភិយៈ) បុគ្គលណាដែលបន្សាត់ចោល នូវធម៌ដ៏លាមកទាំងពួង ជាអ្នកមានមន្ទិលទៅបា្រសហើយ មានចិត្តតម្កល់មាំដោយប្រពៃ មានចិត្តនឹងធឹង កន្លងហើយនូវសំសារ បុគ្គលនោះ ឈ្មោះថា ជាអ្នកមានកិច្ចសម្រេចអស់ហើយ ជាអ្នកមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) ជាតាទិបុគ្គល បុគ្គលនោះ លោកហៅថា ព្រាហ្មណ៍ ។

ពាក្យថា ព្រាហ្មណ៍ មិនពោលនូវសេចក្តីបរិសុទ្ធិ ព្រោះផ្លូវដទៃ គឺព្រាហ្មណ៍ មិនពោល មិនថ្លែង មិនពណ៌នា មិនពន្យល់ មិនពោលប្រកាន់នូវសេចក្តីស្អាត ស្អាតវិសេស សេចក្តីបរិសុទ្ធិ ការផុត ផុតស្រឡះ ផុតដោយជុំវិញ ដោយផ្លូវមិនបរិសុទ្ធិដទៃ ដោយមិច្ឆាបដិបទា ដោយគន្លងមិនជាទីដឹកនាំ ក្រៅចាកសតិប្បដ្ឋាន ក្រៅចាកសម្មប្បធាន ក្រៅចាកឥទ្ធិបាទ ក្រៅចាកឥន្រ្ទិយ ក្រៅចាកពលៈ ក្រៅចាកពោជ្ឈង្គៈ ក្រៅចាកអដ្ឋង្គិកមគ្គដ៏ប្រសើរ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រាហ្មណ៍ មិនពោលនូវសេចក្តីបរិសុទ្ធិ ព្រោះផ្លូវដទៃ ។ ពាក្យថា ព្រោះអារម្មណ៍ដែលខ្លួនឃើញ ឬឮ ព្រោះសីល និងវ័ត ឬព្រោះអារម្មណ៍ដែលប៉ះពាល់ឡើយ សេចក្តីថា មានសមណព្រាហ្មណ៍ពួកខ្លះ ប្រកាន់សេចក្តីបរិសុទ្ធិដោយសាររូបដែលឃើញ សមណព្រាហ្មណ៍ទាំងនោះ ជឿនូវការឃើញរូបទាំងឡាយខ្លះ ថាជាមង្គល ជឿនូវការឃើញរូបទាំងឡាយខ្លះ ថាមិនមែនជាមង្គល ។

សមណព្រាហ្មណ៍ទាំងឡាយពួកខ្លះ ជឿនូវការឃើញរូបទាំងឡាយដូចម្តេច ថាជាមង្គល ។ សមណព្រាហ្មណ៍ទាំងនោះ ក្រោកឡើងអំពីព្រលឹម ឃើញនូវរូបទាំងឡាយ ដែលសម្មតថាជាមង្គលដ៏ក្រៃលែង គឺឃើញសត្វត្រចៀកកាំ ឃើញដើមព្នៅដែលដុះដោយបុស្សនក្ខត្តឫក្ស ឃើញស្រ្តីមានគភ៌ ឃើញបុគ្គលកំពុងបញ្ជិះនាងកុមារិកាលើ.ក ដើរទៅ ឃើញក្អមមានទឹកពេញ ឃើញត្រីឆ្ពឹន ឃើញសេះអាជានេយ្យ ឃើញរថដែលទឹមដោយសេះអាជានេយ្យ ឃើញគោឧសភ ឃើញមេគោក្រហម ក៏ប្រកាន់ជឿនូវការឃើញរូបទាំងឡាយ មានសភាពយ៉ាងនេះ ថាជាមង្គល ។

សមណព្រាហ្មណ៍ទាំងឡាយពួកខ្លះ ជឿនូវការឃើញរូបទាំងឡាយដូចម្តេច ថាមិនមែនជាមង្គល ។ សមណព្រាហ្មណ៍ទាំងនោះ ឃើញគំនរចំបើង ឃើញឆ្នាំងខ្លាញ់ ឃើញឆ្នាំងទទេ ឃើញស្ត្រីរបាំ ឃើញស្រមណ៍អាក្រាត ឃើញលា ឃើញយានដែលទឹមដោយលា ឃើញយានដែលទឹមដោយសត្វពាហនៈម្ខាង ឃើញមនុស្សខ្វាក់ ឃើញមនុស្សក្ងែង ឃើញមនុស្សខ្ចក ឃើញមនុស្សខ្វិន ឃើញមនុស្សជរា ឃើញមនុស្សឈឺ ឃើញមនុស្សស្លាប់ ក៏ប្រកាន់ជឿនូវការឃើញរូបទាំងឡាយ មានសភាពយ៉ាងនេះ ថាមិនមែនជាមង្គល ។ សមណព្រាហ្មណ៍ទាំងឡាយនេះ ប្រកាន់សេចក្តីបរិសុទ្ធិដោយសាររូបដែលឃើញ សមណព្រាហ្មណ៍ទាំងនោះ តែងជឿថា សេចក្តីស្អាត ស្អាតវិសេស សេចក្តីបរិសុទ្ធិ ការផុត ផុតស្រឡះ ផុតដោយជុំវិញ ដោយសាររូបដែលឃើញ ។

មានសមណព្រាហ្មណ៍ពួកខ្លះ ប្រកាន់សេចក្តីបរិសុទ្ធិដោយសម្លេងដែលឮ សមណព្រាហ្មណ៍ទាំងនោះ ជឿនូវការឮសំឡេងទាំងឡាយខ្លះថា ជាមង្គល ជឿនូវការឮសំឡេងទាំងឡាយខ្លះ ថាមិនមែនជាមង្គល ។

សមណព្រាហ្មណ៍ទាំងឡាយពួកខ្លះ រមែងជឿនូវការឮសំឡេងទាំងឡាយដូចម្តេច ថាជាមង្គល ។ សមណព្រាហ្មណ៍ទាំងឡាយនោះ ក្រោកឡើងអំពីព្រលឹម ឮសំឡេងទាំងឡាយ ដែលសម្មតថាជាមង្គលដ៏ក្រៃលែង ដូចឮថា ចម្រើនក្តី កំពុងចម្រើនក្តី ពេញក្តី សក្តី មិនមានសោកក្តី មានចិត្តល្អក្តី នក្ខត្តឫក្សល្អក្តី មង្គលល្អក្តី សិរីក្តី ចម្រើនដោយសិរីក្តី ក៏ប្រកាន់ជឿនូវការឮសំឡេងទាំងឡាយ មានសភាពយ៉ាងនេះ ថាជាមង្គល ។

សមណព្រាហ្មណ៍ទាំងឡាយពួកខ្លះ ជឿនូវការឮសំឡេងទាំងឡាយដូចម្តេច ថាមិនមែនជាមង្គល ។ សមណព្រាហ្មណ៍ទាំងនោះ ឮពាក្យថា មនុស្សខ្វាក់ក្តី ក្ងែងក្តី ខ្ចកក្តីខ្វិនក្តី ជរាក្តី ឈឺក្តី ស្លាប់ក្តី ដាច់ក្តី បែកក្តី ឆេះក្តី វិនាសក្តី មិនមានក្តី ក៏ប្រកាន់ជឿនូវការឮសំឡេង មានសភាពយ៉ាងនេះ ថាមិនមែនជាមង្គល ។ សមណព្រាហ្មណ៍ទាំងនេះ អ្នកប្រកាន់សេចក្តីបរិសុទ្ធិដោយសម្លេងដែលឮ គឺសមណព្រាហ្មណ៍ទាំងនោះ ជឿនូវសេចក្តីស្អាត ស្អាតវិសេស ស្អាតជុំវិញ ការផុត ផុតស្រឡះ ផុតដោយជុំវិញ ព្រោះសម្លេងដែលឮ ។

មានសមណព្រាហ្មណ៍ពួកខ្លះ ប្រកាន់សេចក្តីបរិសុទ្ធិដោយសីល សមណព្រាហ្មណ៍ទាំងនោះ តែងជឿថា សេចក្តីស្អាត ស្អាតវិសេស ស្អាតជុំវិញ ការផុត ផុតស្រឡះ ផុតដោយជុំវិញ ដោយហេតុត្រឹមតែសីល ត្រឹមតែការសង្រួម ត្រឹមតែការរវាំង ត្រឹមតែការមិនប្រព្រឹត្តិកន្លង ។ សមណមុណ្ឌិកាបុត្រ បានពោលយ៉ាងនេះថា មា្នលជាងឈើ ខ្ញុំតែងបញ្ញត្តនូវបុរសបុគ្គលដែលប្រកបដោយធម៌ទាំងឡាយ ៤ យ៉ាង ថាជាបុគ្គលមានកុសលបរិបូណ៌ មានកុសលដ៏ឧត្តម ជាបុគ្គលដល់ហើយនូវធម៌ ដែលគេគប្បីដល់ដ៏ឧត្តម ជាសមណៈមិនមានបរាជ័យ ។ ធម៌ ៤ យ៉ាង តើដូចម្តេច​​ខ្លះ ? ម្នាលជាងឈើ បុរសបុគ្គលក្នុងលោកនេះ មិនធ្វើនូវអំពើលាមកដោយកាយ ១ មិនពោលនូវវាចាដ៏លាមក ១ មិនត្រិះរិះនូវសេចក្តីត្រិះរិះដ៏លាមក ១ មិនចិញ្ចឹមជីវិតដោយការចិញ្ចឹមជីវិតដ៏លាមក ១ ម្នាលជាងឈើ ខ្ញុំតែងបញ្ញត្តនូវបុរសបុគ្គល ដែលប្រកបដោយធម៌ ៤ នេះឯង ថាជាបុគ្គលមានកុសលដ៏បរិបូណ៌ មានកុសលដ៏ឧត្តម ជាបុគ្គលដល់ហើយនូវធម៌ ដែលបុគ្គលគប្បីដល់ដ៏ឧត្តម ជាសមណៈ មិនមានបរាជ័យ ។ មានសមណព្រាហ្មណ៍ពួកខ្លះ ជាអ្នកប្រកាន់នូវសេចក្តីបរិសុទ្ធិដោយសីល សមណព្រាហ្មណ៍ទាំងនោះ រមែងជឿសេចក្តីស្អាត ស្អាតវិសេស ស្អាតជុំវិញ ការផុត ផុតស្រឡះ ផុតដោយជុំវិញ ដោយហេតុត្រឹមតែសីល ត្រឹមតែការសង្រួម ត្រឹមតែការរវាំង ត្រឹមតែការមិនប្រព្រឹត្តកន្លង យ៉ាងនេះឯង ។

មានសមណព្រាហ្មណ៍ពួកខ្លះ ជាអ្នកប្រកាន់នូវសេចក្តីបរិសុទ្ធិដោយវត្ត សមណព្រាហ្មណ៍ទាំងនោះ ជាអ្នកប្រព្រឹត្តវត្តដំរីក៏មាន ប្រព្រឹត្តវត្តសេះក៏មាន ប្រព្រឹត្តវត្តគោក៏មាន ប្រព្រឹត្តវត្តឆ្កែក៏មាន ប្រព្រឹត្តវត្តក្អែកក៏មាន ប្រព្រឹត្តវត្តរបស់វាសុទេពក៏មាន ប្រព្រឹត្តវត្តរបស់ពលទេពក៏មាន ប្រព្រឹត្តវត្តរបស់បុណ្ណភទ្ទក៏មាន ប្រព្រឹត្តវត្តរបស់មណិភទ្ទក៏មាន ប្រព្រឹត្តវត្តភ្លើងក៏មាន ប្រព្រឹត្តវត្តនាគក៏មាន ប្រព្រឹត្តវត្តគ្រុឌក៏មាន ប្រព្រឹត្តវត្តយក្ខក៏មាន ប្រព្រឹត្តវត្តអសុរក៏មាន ប្រព្រឹត្តវត្តគន្ធព្វក៏មាន ប្រព្រឹត្តវត្តមហារាជក៏មាន ប្រព្រឹត្តវត្តព្រះចន្រ្ទក៏មាន ប្រព្រឹត្តវត្តព្រះអាទិត្យក៏មាន ប្រព្រឹត្តវត្តព្រះឥន្រ្ទក៏មាន ប្រព្រឹត្តវត្តព្រះព្រហ្មក៏មាន ប្រព្រឹត្តវត្តទេព្តាក៏មាន ប្រព្រឹត្តវត្តសំពះទិសក៏មាន ។ សមណព្រាហ្មណ៍ទាំងឡាយនេះ ជាអ្នកប្រកាន់សេចក្តីបរិសុទ្ធិដោយវត្ត សមណព្រាហ្មណ៍ទាំងនោះ រមែងជឿសេចក្តីស្អាត ស្អាតវិសេស ស្អាតជុំវិញ ការផុត ផុតស្រឡះ ផុតដោយជុំវិញ ព្រោះវត្ត ។

មានសមណព្រាហ្មណ៍ពួកខ្លះ អ្នកប្រកាន់សេចក្តីបរិសុទ្ធិដោយអារម្មណ៍ដែលប៉ះពាល់ ។ សមណព្រាហ្មណ៍ទាំងនោះ ក្រោកឡើងអំពីព្រលឹម ស្ទាបប្រថពី ស្ទាបស្មៅស្រស់ ស្ទាបអាចម៍គោ ស្ទាបអណ្តើក ជាន់នូវបណ្តាញ (ដែក) ស្ទាបរទេះដែលពេញដោយល្ង ស៊ីល្ងដែលជាមង្គល លាបប្រេងមង្គល ស៊ីឈើស្ទន់មង្គល ងូតដោយដីស្អិតមង្គល ស្លៀកសំពត់មង្គល ជួតឈ្នួតមង្គល ។ សមណព្រាហ្មណ៍ទាំងនេះ ជាអ្នកប្រកាន់សេចក្តីបរិសុទ្ធិ ដោយអារម្មណ៍ដែលប៉ះពាល់ សមណព្រាហ្មណ៍ទាំងនោះ រមែងជឿសេចក្តីស្អាត ស្អាតវិសេស ស្អាតជុំវិញ ការផុត ផុតស្រឡះ ផុតដោយជុំវិញ ដោយអារម្មណ៍ដែលប៉ះពាល់ ។

ពាក្យថា ព្រាហ្មណ៍មិនពោលនូវសេចក្តីបរិសុទ្ធិ ព្រោះផ្លូវដទៃ ព្រោះអារម្មណ៍ដែលឃើញក្តី ដែលឮក្តី ព្រោះសីល និងវត្តក្តី ព្រោះអារម្មណ៍ដែលប៉ះពាល់ក្តី បានសេចក្តីថា ព្រាហ្មណ៍មិនពោលនូវសេចក្តីបរិសុទ្ធិ ដោយសេចក្តីបរិសុទ្ធិ ព្រោះអារម្មណ៍ដែលឃើញផង មិនពោលនូវសេចក្តីបរិសុទ្ធិ ដោយសេចក្តីបរិសុទ្ធិ ព្រោះអារម្មណ៍ដែលឮផង មិនពោលនូវសេចក្តីបរិសុទ្ធិ ដោយសេចក្តីបរិសុទ្ធិ ព្រោះសីលផង មិនពោលនូវសេចក្តីបរិសុទ្ធិដោយសេចក្តីបរិសុទ្ធិព្រោះវត្តផង មិនពោល មិនថ្លែង មិនពណ៌នា មិនពន្យល់ មិននិយាយ នូវសេចក្តីបរិសុទ្ធិ ដោយសេចក្តីបរិសុទ្ធិ ព្រោះអារម្មណ៍ដែលប៉ះពាល់ផង ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) ព្រាហ្មណ៍មិនពោលនូវសេចក្តីបរិសុទ្ធិដោយផ្លូវដទៃ ព្រោះអារម្មណ៍ដែលឃើញក្តី ដែលឮក្តី ព្រោះសីល និងវត្តក្តី ព្រោះអារម្មណ៍ដែលប៉ះពាល់ក្តី ។

[១២១] ពាក្យថា មិនជាប់នៅក្នុងបុណ្យ និងបាប មានសេចក្តីថា កុសលាភិសង្ខារណាមួយ ដែលឲ្យបដិសន្ធិក្នុងត្រៃធាតុ លោកហៅថាបុណ្យ ។ អកុសលទាំងអស់ លោកហៅថា បាប ។ កាលណាបុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ និងអានេញ្ជាភិសង្ខារដែលព្រាហ្មណ៍លះបង់ហើយ ផ្តាច់ឫសចោលហើយ ធ្វើមិនឲ្យមានទីកើតដូចជាដើមត្នោត ដល់នូវភាពតាំងនៅមិនបាន មានសភាពមិនកើតតទៅទៀត ក្នុងកាលណា ព្រាហ្មណ៍ឈ្មោះថា មិនជាប់ មិនជាប់ព្រម មិនជាប់មាំ ជាអ្នកមិនប្រឡាក់ មិនប្រឡាក់ព្រម មិនចូលទៅប្រឡាក់ ស្ទុះចេញ លះបង់ រួចស្រឡះ បា្រសចេញ មានចិត្តបា្រសចាកកិលេសដូចជា ទំនប់ជាដើម ក្នុងបុណ្យ និងបាប ព្រោះហេតុប៉ុណ្ណេះ ក្នុងកាលនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនជាប់នៅក្នុងបុណ្យ និងបាប ។

[១២២] ពាក្យថា ជាអ្នកលះបង់នូវអត្តា លែងធ្វើក្នុងលោកនេះ អធិប្បាយថា អ្នកលះបង់នូវអត្តទិដ្ឋិ ឈ្មោះថា អ្នកលះបង់នូវអត្តា ។ អ្នកលះបង់នូវសេចក្តីប្រកាន់ ឈ្មោះថា អ្នកលះបង់នូវអត្តា ។ វត្ថុណាដែលគេប្រកាន់ បបោសអង្អែល ត្រេកអរចំពោះ ចុះចិត្ត ចុះចិត្តស៊ប់ហើយ ដោយអំណាចតណ្ហា ដោយអំណាចទិដ្ឋិ វត្ថុទាំងអស់នោះ ព្រាហ្មណ៍បានកំចាត់ ខ្ជាក់ចោល ផុត លះបង់ រលាស់ចោលហើយ ឈ្មោះថា អ្នកលះបង់នូវអត្តា ។ ពាក្យថា លែងធ្វើក្នុងលោកនេះ គឺមិនធ្វើ មិនឲ្យកើត មិនឲ្យកើតព្រម មិនបង្កើត មិនបង្កើតចំពោះនូវបុញ្ញាភិសង្ខារក្តី នូវអបុញ្ញាភិសង្ខារក្តី នូវអានេញ្ជាភិសង្ខារក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកលះបង់នូវអត្តា លែងធ្វើក្នុងលោកនេះ ។ ហេតុនោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ៖ ព្រាហ្មណ៍ មិនពោលនូវសេចក្តីបរិសុទ្ធិដោយផ្លូវដទៃ ព្រោះអារម្មណ៍ដែលឃើញក្តី ដែលឮក្តី ព្រោះសីល និងវត្តក្តី ព្រោះអារម្មណ៍ដែលប៉ះពាល់ក្តី ទាំងមិនជាប់នៅក្នុងបុណ្យ និងបាប ជាអ្នកលះបង់នូវអត្តា លែងធ្វើក្នុងលោកនេះ ។

[១២៣] ជនណា ជាអ្នកលង់តាមការញាប់ញ័រ លះបង់វត្ថុមុន អាស្រ័យវត្ថុក្រោយ ជននោះ នឹងឆ្លងនូវការជាប់ចំពាក់មិនបានទេ ជននោះ តែងប្រកាន់ តែងលះបង់ ដូចជាស្វាតោងមែកឈើចំពោះមុខ ។

[១២៤] ពាក្យថា លះបង់វត្ថុមុន ហើយអាស្រ័យវត្ថុក្រោយ គឺលះបង់សាស្តាមុន មកពឹងផ្អែកនឹងសាស្តាក្រោយ លះបង់ធម៌ដែលសាស្តាបា្រប់មុន មកអាស្រ័យធម៌ ដែលសាស្តាបា្រប់ក្រោយ លះបង់ពួកមុន មកអាស្រ័យពួកក្រោយ លះបង់ទិដ្ឋិមុន មកអាស្រ័យទិដ្ឋិក្រោយ លះបង់បដិបទាមុន មកអាស្រ័យបដិបទាក្រោយ លះបង់មគ្គមុន ហើយអាស្រ័យ អាស្រ័យព្រម ជាប់នៅ ជក់នៅ ចុះចិត្ត ចុះចិត្តស៊ប់នូវមគ្គក្រោយ ហេតុនោះ (ទ្រង់ត្រាស់ថា) តែងលះបង់វត្ថុមុន អាស្រ័យវត្ថុក្រោយ ។

[១២៥] ពាក្យថា ជនណាជាអ្នកលង់តាមការញាប់ញ័រ… ជននោះ នឹងឆ្លងនូវការជាប់ចំពាក់មិនបានទេ អធិប្បាយថា តណ្ហាហៅថា ការញាប់ញ័រ បានខាងតម្រេក តម្រេកខ្លាំង ។បេ។ អភិជ្ឈា លោភៈ អកុសលមូល ។ ពាក្យថា ជាអ្នកលង់តាមការ ញាប់ញ័រ គឺជាអ្នកប្រព្រឹត្តតាមការញាប់ញ័រ ទៅតាមការញាប់ញ័រ ផ្សាយទៅតាមការ ញាប់ញ័រ ដល់នូវការញាប់ញ័រ ធ្លាក់ចុះ គ្របសង្កត់ មានចិត្តរួបរឹតដោយការញាប់ញ័រ ។ ពាក្យថា នឹងឆ្លងនូវការជាប់ចំពាក់ មិនបានទេ គឺនឹងឆ្លងមិនបាន ឆ្លងឡើងមិនបាន ឆ្លងមិនផុត មិនកន្លងព្រម មិនប្រព្រឹត្តកន្លង នូវការចំពាក់គឺរាគៈ ការចំពាក់គឺទោសៈ ការចំពាក់គឺមោហៈ ការចំពាក់គឺមានះ ការចំពាក់គឺទិដ្ឋិ ការចំពាក់គឺកិលេស ការចំពាក់គឺទុច្ចរិត ហេតុនោះ (ទ្រង់ត្រាស់ថា) ជនណាជាអ្នកលង់តាមការញាប់ញ័រ ជននោះនឹង ឆ្លងនូវការជាប់ចំពាក់មិនបានទេ ។

[១២៦] ពាក្យថា ជនទាំងនោះ តែងប្រកាន់ តែងលះបង់ សេចក្តីថា ប្រកាន់យកនូវសាស្តា លះបង់នូវសាស្តានោះ ហើយប្រកាន់សាស្តាដទៃវិញ ប្រកាន់ធម៌ដែលសាស្តាបា្រប់ លះបង់ធម៌ដែលសាស្តាបា្រប់នោះ ហើយប្រកាន់ធម៌ដទៃដែលសាស្តាបា្រប់វិញ ប្រកាន់ពួក លះបង់ពួកនោះហើយ ប្រកាន់ពួកដទៃវិញ ប្រកាន់ទិដ្ឋិ លះបង់ទិដ្ឋិនោះ ហើយប្រកាន់ទិដ្ឋិដទៃវិញ ប្រកាន់បដិបទា លះបង់បដិបទានោះ ហើយប្រកាន់បដិបទាដទៃវិញ ប្រកាន់មគ្គ លះបង់មគ្គនោះ ហើយប្រកាន់មគ្គដទៃវិញ ប្រកាន់ផង លះបង់ផង ប្រកាន់យកផង លែងចោលផង ហេតុនោះ (ទ្រង់ត្រាស់ថា) ជនទាំងនោះ តែងប្រកាន់ តែងលះបង់ ។

[១២៧] ពាក្យថា ដូចជាស្វាតោងមែកឈើចំពោះមុខ សេចក្តីថា ស្វាកាលត្រាច់ទៅ ក្នុងព្រៃតូចព្រៃធំ តែងតោងមែកឈើ លែងនូវមែកឈើនោះចោល ហើយតោងមែកឈើដទៃ លែងមែកឈើនោះចោល ហើយតោងមែកឈើដទៃវិញ យ៉ាងណា ពួកសមណព្រាហ្មណ៍ផ្តេសផ្តាស តែងប្រកាន់ផង លះបង់ផង កាន់យកផង លែងចោលផង នូវទិដ្ឋិផ្តេសផ្តាស ក៏យ៉ាងនោះដែរ ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) ដូចជាស្វាតោងមែកឈើ ចំពោះមុខ ព្រោះហេតុនោះ ព្រះមានព្រះភាគត្រាស់ថា ៖ ជនណា ជាអ្នកលង់តាមការញាប់ញ័រ លះបង់វត្ថុមុន អាស្រ័យវត្ថុក្រោយ ជននោះ នឹងឆ្លងនូវការជាប់ចំពាក់មិនបាន ជននោះ តែងប្រកាន់ តែងលះបង់ដូចជាស្វា តោងមែកឈើចំពោះមុខ ។

[១២៨] ជនសមាទាននូវវត្តទាំងឡាយដោយខ្លួនឯង ជាអ្នកជាប់ក្នុងសញ្ញា តែងទៅរកវត្ថុខ្ពស់ទាប ឯអ្នកបា្រជ្ញ មានបញ្ញាដូចផែនដី ត្រាស់ដឹងនូវធម៌ដោយវេទទាំងឡាយ មិនទៅរកវត្ថុខ្ពស់ទាបទេ ។

[១២៩] អធិប្បាយពាក្យថា ជនសមាទាននូវវត្តទាំងឡាយដោយខ្លួនឯង ត្រង់ពាក្យថា សមាទានដោយខ្លួនឯង គឺកាន់យកព្រមដោយខ្លួនឯង ។ ពាក្យថាវត្តទាំងឡាយ សេចក្តីថា កាន់យក កាន់យកព្រម ប្រកាន់ ប្រកាន់ព្រម កួចកាន់យក បបោសអង្អែល ជាប់ចិត្តនូវវត្តដំរីក្តី វត្តសេះក្តី វត្តគោក្តី វត្តឆ្កែក្តី វត្តក្អែកក្តី វត្តវាសុទេពក្តី វត្តពលទេពក្តី វត្តបុណ្ណភទ្រក្តី វត្តមណិភទ្រក្តី វត្តភ្លើងក្តី វត្តនាគក្តី វត្តគ្រុឌក្តី វត្តយក្ខក្តី វត្តអសុរក្តី ។បេ។ វត្តទិសក្តី ។ ពាក្យថា ជន គឺសត្វ នរៈ ។បេ។ សត្វមានជាតិជាមនុស្ស ហេតុនោះ (ទ្រង់ត្រាស់ថា) ជនសមាទាននូវវត្តទាំងឡាយដោយខ្លួនឯង ។

[១៣០] ពាក្យថា ជាអ្នកជាប់ក្នុងសញ្ញា រមែងទៅរកវត្ថុខ្ពស់ទាប សេចក្តីថា ចេញអំពីសាស្តា ទៅរកសាស្តា ចេញអំពីធម៌ដែលសាស្តាបា្រប់ ទៅរកធម៌ដែលសាស្តាបា្រប់ អំពីពួក ទៅរកពួក អំពីទិដ្ឋិ ទៅរកទិដ្ឋិ អំពីបដិបទា ទៅរកបដិបទា អំពីមគ្គ ទៅរកមគ្គ ។ ពាក្យថា ជាអ្នកជាប់នៅក្នុងសញ្ញា គឺ ចំពាក់ ចំពាក់ឆ្វាក់ ចំពាក់ចាក់ស្រែះ ថ្ពក់ ទាក់ជាប់មាំហើយ ក្នុងកាមសញ្ញា ព្យាបាទសញ្ញា វិហឹសាសញ្ញា ទិដ្ឋិសញ្ញា ។ ភណ្ឌៈដែលចំពាក់ ចំពាក់ឆ្វាក់ ចំពាក់ចាក់ស្រែះ ថ្ពក់ ទាក់ជាប់មាំហើយ ឰដ៏ចម្រឹង ជញ្ជាំង ឬដៃកែវ យ៉ាងណាមិញ បុគ្គលអ្នកចំពាក់ ចំពាក់ឆ្វាក់ ចំពាក់ចាក់ស្រែះ ថ្ពក់ ទាក់ជាប់មាំហើយ ក្នុងកាមសញ្ញា ព្យាបាទសញ្ញា វិហឹសាសញ្ញា ទិដ្ឋិសញ្ញា ក៏យ៉ាងនោះដែរ ហេតុនោះ (ទ្រង់ត្រាស់ថា) ជនអ្នកជាប់នៅក្នុងសញ្ញា តែងទៅរកវត្ថុខ្ពស់ទាប ។

[១៣១] អធិប្បាយពាក្យថា អ្នកបា្រជ្ញ ត្រាស់ដឹងនូវធម៌ដោយវេទទាំងឡាយ ត្រង់ពាក្យថា អ្នកបា្រជ្ញ គឺអ្នកដឹង អ្នកប្រកបដោយវិជ្ជា អ្នកមានញាណ អ្នកមាន​ប្រាជ្ញា​ មានបញ្ញាជាគ្រឿងឆ្លុះយល់ មានបញ្ញាជាគ្រឿងថ្លឹង ។ ញាណ បញ្ញា បញ្ញិន្រ្ទិយ បញ្ញាពល ធម្មវិចយសម្ពោជ្ឈង្គ វិមំសា វិបស្សនា សម្មាទិដ្ឋិ ក្នុងមគ្គទាំងឡាយ ៤ លោកហៅថា វេទ ក្នុងបទថា ដោយវេទទាំងឡាយ ។ បុគ្គលដល់នូវទីបំផុត សម្រេចនូវទីបំផុត ដល់នូវចុង សម្រេចនូវចុង ដល់នូវទីបំផុតដោយជុំវិញ សម្រេចនូវទីបំផុតដោយជុំវិញ ដល់នូវទីអវសាន សម្រេចនូវទីអវសាន នៃជាតិ ជរា និងមរណៈ ដល់ហើយនូវទីជ្រកកោន សម្រេចនូវទីជ្រកកោន ដល់នូវទីពួន សម្រេចនូវទីពួន ដល់នូវទីពឹងទីរឭក សម្រេចនូវទីពឹងទីរឭក ដល់នូវទីមិនមានភ័យ សម្រេចនូវទីមិនមានភ័យ ដល់នូវទីមិនច្យុត សម្រេចនូវទីមិនច្យុត ដល់នូវអមតៈ សម្រេចនូវអមតៈ ដល់នូវព្រះនិព្វាន សម្រេចនូវព្រះនិព្វាន ដោយវេទទាំងនោះ ។ មួយទៀត បុគ្គលដល់នូវទីបំផុតនៃវេទទាំងឡាយ ឈ្មោះថា វេទគូបុគ្គល ។ បុគ្គលដល់នូវទីបំផុតដោយវេទទាំងឡាយ ឈ្មោះថា វេទគូបុគ្គល ។ បុគ្គលដែលឈ្មោះថា វេទគូ ព្រោះដឹងច្បាស់នូវធម៌ទាំងឡាយ ៧ ប្រការ គឺជាអ្នកដឹងច្បាស់សក្កាយទិដ្ឋិ ១ ដឹងច្បាស់វិចិកិច្ឆា ១ ដឹងច្បាស់សីលព្វតបរាមាសៈ ១ ដឹងច្បាស់រាគៈ ១ ដឹងច្បាស់ទោសៈ ១ ដឹងច្បាស់មោហៈ ១ ដឹងច្បាស់មានះ ១ ។ អកុសលធម៌ទាំងឡាយដ៏លាមក ប្រកបដោយសេចក្តីសៅហ្មងព្រម ជាធម៌ញុំាងសត្វឲ្យកើតក្នុងភពថ្មីទៀត ប្រកបដោយសេចក្តីក្រវល់ក្រវាយ ជាធម៌មានសេចក្តីទុក្ខជាផល ជាបច្ច័យរបស់ជាតិ ជរា និងមរណៈតទៅទៀត វេទគូបុគ្គល ដឹងច្បាស់ហើយ  ។

(ព្រះមានព្រះភាគ ត្រាស់ថា ម្នាលសភិយៈ) បុគ្គលណាពិចារណាហើយ នូវវេទទាំងអស់របស់ពួកសមណព្រាហ្មណ៍ ជាអ្នកបា្រសចាកតម្រេក ក្នុងវេទទាំងពួង កន្លងនូវវេទទាំងពួង បុគ្គលនោះ ឈ្មោះថា វេទគូបុគ្គល ។

ពាក្យថា ត្រាស់ដឹងនូវធម៌ គឺត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ ។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា សង្ខារទាំងពួងមិនទៀង ។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា សង្ខារទាំងពួងជាទុក្ខ ។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា ធម៌ទាំងពួងជាអនត្តា ។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា សង្ខារទាំងឡាយ (កើត) ព្រោះអវិជ្ជាជាបច្ច័យ ។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា វិញ្ញាណ (កើត) ព្រោះសង្ខារជាបច្ច័យ ។ នាម និងរូប (កើត) ព្រោះវិញ្ញាណជាបច្ច័យ ។ អាយតនៈ ៦ (កើត) ព្រោះនាមរូបជាបច្ច័យ ។ ផស្សៈ (កើត) ព្រោះអាយតនៈ ៦ ជាបច្ច័យ ។ វេទនា (កើត) ព្រោះផស្សៈជាបច្ច័យ ។ តណ្ហា (កើត) ព្រោះវេទនាជាបច្ច័យ ។ ឧបាទាន (កើត) ព្រោះតណ្ហាជាបច្ច័យ ។ ភព (កើត) ព្រោះឧបាទានជាបច្ច័យ ។ ជាតិ (កើត) ព្រោះភពជាបច្ច័យ ។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា ជរា និងមរណៈ (កើត) ព្រោះជាតិជាបច្ច័យ ។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា កិរិយារលត់សង្ខារ ព្រោះការរលត់អវិជ្ជា ។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា កិរិយារលត់វិញ្ញាណ ព្រោះការរលត់សង្ខារ ។ កិរិយារលត់នាម និងរូប ព្រោះការរលត់វិញ្ញាណ ។ កិរិយារលត់អាយតនៈ ៦ ព្រោះការរលត់នាម និងរូប ។ កិរិយារលត់ផស្សៈ ព្រោះការរលត់អាយតនៈ ៦ ។ កិរិយារលត់វេទនា ព្រោះការរលត់ផស្សៈ ។ កិរិយារលត់តណ្ហា ព្រោះការរលត់វេទនា ។ កិរិយារលត់ឧបាទាន ព្រោះការរលត់តណ្ហា ។ កិរិយារលត់ភព ព្រោះការរលត់ឧបាទាន ។ កិរិយារលត់ជាតិ ព្រោះការរលត់ភព ។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា កិរិយារលត់ជរា និងមរណៈ ព្រោះការរលត់ជាតិ ។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា នេះទុក្ខ ។ នេះជាហេតុនាំឲ្យកើតទុក្ខ ។ នេះជាការរលត់ទុក្ខ ។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា នេះជាបដិបទា ទៅកាន់ការរលត់ទុក្ខ ។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា នេះពួកអាសវៈ ។ នេះជាហេតុនាំឲ្យកើតអាសវៈ ។ នេះជាការរំលត់អាសវៈ ។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា នេះបដិបទាទៅកាន់ការរំលត់អាសសវៈ ។ នេះពួកធម៌គួរត្រាស់ដឹង ។ នេះពួកធម៌គួរកំណត់ដឹង ។ នេះពួកធម៌គួរលះបង់ ។ នេះពួកធម៌គួរចម្រើន ។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា នេះពួកធម៌គួរធ្វើឲ្យជាក់ច្បាស់ ។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ គឺហេតុឲ្យកើតផង ឲ្យរលត់ផង សេចក្តីរីករាយផង ទោសផង រលាស់ចេញផងនៃផស្សាយតនៈ ៦ ។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ គឺហេតុឲ្យកើតផង ឲ្យរលត់ផង សេចក្តីរីករាយផង ទោសផង រលាស់ចេញផង នៃឧបាទានក្ខន្ធ ៥ ។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ គឺហេតុឲ្យកើតផង ឲ្យរលត់ផង សេចក្តីរីករាយផង ទោសផង រលាស់ចេញផង នៃមហាភូត ៤ ។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា វត្ថុណាមួយ មានកិរិយាកើតឡើងជាធម្មតា វត្ថុទាំងពួងនោះ មានកិរិយារលត់ទៅវិញជាធម្មតា ហេតុនោះ (ទ្រង់ត្រាស់ថា) ឯអ្នកបា្រជ្ញត្រាស់ដឹងនូវធម៌ ដោយវេទទាំងឡាយ ។

[១៣២] ពាក្យថា មានបញ្ញាដូចផែនដី មិនទៅរកវត្ថុខ្ពស់ និងទាប គឺមិនចេញអំពីសាស្តា ទៅរកសាស្តា មិនចេញអំពីធម៌ដែលសាស្តាប្រាប់ ទៅរកធម៌ដែលសាស្តាបា្រប់ មិនចេញអំពីពួកទៅរកពួក មិនចេញអំពីទិដ្ឋិទៅរកទិដ្ឋិ មិនចេញអំពីបដិបទាទៅរកបដិបទា មិនចេញអំពីមគ្គ ទៅរកមគ្គ ។ ពាក្យថា មានបញ្ញាដូចផែនដី គឺមានបញ្ញាច្រើន មានបញ្ញាក្រាស់ មានបញ្ញាស្រស់ មានបញ្ញារហ័ស មានបញ្ញាមុត មានបញ្ញាជាគ្រឿងទំលាយបង់នូវកិលេស ។ ប្រឹថពី ហៅថាផែនដី ។ អ្នកប្រាជ្ញប្រកបព្រមហើយ ដោយបញ្ញាដ៏ទូលាយ លាតផ្សាយស្មើដោយប្រឹថពីនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) មានបញ្ញាដូចផែនដី មិនទៅរកវត្ថុខ្ពស់ទាប ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា ៖ ជនសមាទាននូវវត្តទាំងឡាយដោយខ្លួនឯង ជាអ្នកជាប់នៅក្នុងសញ្ញា តែងទៅរកវត្ថុខ្ពស់ទាប ឯអ្នកប្រាជ្ញមានបញ្ញាដូចផែនដី ត្រាស់ដឹងនូវធម៌ដោយវេទទាំងឡាយ មិនទៅរកវត្ថុខ្ពស់ និងទាបទេ ។

[១៣៣] អ្នកប្រាជ្ញនោះ ជាអ្នកមានសេនាទៅប្រាសហើយ ក្នុងធម៌ទាំងពួងទាំងឡាយ គឺអារម្មណ៍ណាមួយ ដែលលោកឃើញហើយក្តី ឮហើយក្តី ប៉ះពាល់ហើយក្តី ជនគប្បីកំណត់នូវអ្នកប្រាជ្ញ ជាអ្នកឃើញ អ្នកមានដំបូលបើកហើយ កំពុងប្រព្រឹត្តនោះឯង ដោយកិលេសដូចម្តេច ក្នុងលោកនេះបាន ។

[១៣៤] ពាក្យថា អ្នកប្រាជ្ញនោះ ជាអ្នកមានសេនាទៅប្រាសហើយ ក្នុងធម៌ទាំងពួងទាំងឡាយ គឺអារម្មណ៍ណាមួយ ដែលលោកឃើញហើយក្តី ឮហើយក្តី ប៉ះពាល់ហើយក្តី អធិប្បាយថា សេនារបស់មារ លោកហៅថាសេនា ។ កាយទុច្ចរិត ជាមារសេនា វចីទុច្ចរិត ជាមារសេនា មនោទុច្ចរិត ជាមារសេនា រាគៈ ជាមារសេនា ទោសៈ ជាមារសេនា មោហៈ ជាមារសេនា កោធៈ ឧបនាហៈ ។បេ។ អកុសលាភិសង្ខារទាំងអស់ ជាមារសេនា ។ ដូចពាក្យដែលព្រះមានព្រះភាគ ត្រាស់ដូច្នេះថា ៖ កាម ជាសេនាទី ១ របស់អ្នក សេចក្តីមិនត្រេកអរ (ក្នុងធម៌ជាកុសល) លោកហៅថា សេនាទី ២ សេចក្តីស្រេកឃ្លាន ជាសេនា ទី ៣ របស់អ្នក តណ្ហា លោកហៅថា សេនាទី ៤ ថីនមិទ្ធៈ ជាសេនាទី ៥ របស់អ្នក សេចក្តីខ្លាច លោកហៅថា សេនាទី ៦ វិចិកិច្ឆា ជាសេនាទី ៧ របស់អ្នក ការលុបគុណ និងសេចក្តីរឹងត្អឹង ជាសេនាទី ៨ របស់អ្នក លាភ សេចក្តីសរសើរ និងសក្ការៈ (ជាសេនាទី ៩) យសដែលបុគ្គលបានមកដោយការខុស បុគ្គលដែលលើកតម្កើងខ្លួនឯង ទាំងមើលងាយអ្នកដទៃ (នេះជា) សេនាទី ១០ ម្នាលមារ នេះជាសេនារបស់អ្នកឯងដែលមានធម៌ខ្មៅ ជាសេនាតែងបៀតបៀន (នូវពួកសមណព្រាហ្មណ៍) បុគ្គលមិនក្លៀវក្លា មិនអាចឈ្នះនូវសេនានោះទេ (លុះតែបុគ្គលក្លៀវក្លា) ទើបឈ្នះហើយបានសុខ ។

កាលណា មារសេនាទាំងពួង និងកិលេសជាសត្រូវទាំងពួង ដែលបុគ្គលណា ឈ្នះ ផ្ចាញ់ បំបាក់ កំទេច ធ្វើឲ្យមានមុខងាកចេញ ដោយអរិយមគ្គទាំង ៤ បានហើយ បុគ្គលនោះ លោកហៅថា អ្នកមានសេនាទៅប្រាសហើយ ។ បុគ្គលនោះ មានសេនាទៅប្រាសក្នុងអារម្មណ៍ដែលឃើញ មានសេនាទៅបា្រសក្នុងអារម្មណ៍ដែលឮ មានសេនាទៅប្រាសក្នុងអារម្មណ៍ដែលប៉ះពាល់ មានសេនាទៅបា្រសក្នុងអារម្មណ៍ដែលដឹង ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកប្រាជ្ញនោះ មានសេនាទៅបា្រសហើយ ក្នុងធម៌ទាំងពួងទាំងឡាយ គឺអារម្មណ៍ណាមួយ ដែលលោកឃើញហើយក្តី ឮហើយក្តី ប៉ះពាល់ហើយក្តី ។

[១៣៥] ពាក្យថា អ្នកឃើញ អ្នកមានដំបូលបើកហើយ កំពុងប្រព្រឹត្តនោះឯង គឺអ្នកឃើញការស្អាត អ្នកឃើញការស្អាតវិសេស អ្នកឃើញការបរិសុទ្ធិ អ្នកឃើញការម៉ត់ចត់ អ្នកឃើញការផូរផង់ ។ ឬថាអ្នកមានសេចក្តីយល់ស្អាត អ្នកមានសេចក្តីយល់ស្អាតវិសេស អ្នកមានសេចក្តីយល់បរិសុទ្ធិ អ្នកមានសេចក្តីយល់ម៉ត់ចត់ អ្នកមានសេចក្តីយល់ផូរផង់ ។ ពាក្យថា អ្នកមានដំបូលបើកហើយ សេចក្តីថា ដំបូលគឺតណ្ហា ដំបូលគឺកិលេស ដំបូលគឺអវិជ្ជា ។ គ្រឿងប្រក់ទាំងនោះ លោកបើក កំចាត់បង់ បំផ្លាញចោល ដករំលើងចោល លះបង់ ផ្តាច់បង់ ស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើត ដុតដោយភ្លើងគឺញាណហើយ ។ ពាក្យថា កំពុងប្រព្រឹត្ត គឺកំពុងត្រាច់ទៅ កំពុងត្រាច់ទៅផ្សេងៗ កំពុងសម្រេចឥរិយាបថ កំពុងប្រព្រឹត្ត កំពុងរក្សា កំពុងរស់នៅ កំពុងញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកឃើញ អ្នកមានដំបូលបើកហើយ កំពុងប្រព្រឹត្តនោះឯង ។

[១៣៦] អធិប្បាយពាក្យថា គប្បីកំណត់ដោយកិលេសដូចម្តេច ក្នុងលោកនេះត្រង់ពាក្យថា កំណត់ បានដល់ការកំណត់ មាន ២ គឺការកំណត់ គឺតណ្ហា ១ ការកំណត់ គឺទិដ្ឋិ ១ ។បេ។ នេះ ការកំណត់ គឺតណ្ហា ។បេ។ នេះ ការកំណត់ គឺទិដ្ឋិ ។ ការកំណត់គឺតណ្ហា អ្នកប្រាជ្ញនោះ បានលះបង់ហើយ ការកំណត់ គឺទិដ្ឋិ អ្នកប្រាជ្ញនោះ បានរលាស់ចោលហើយ ព្រោះលោកលះបង់នូវការកំណត់ គឺតណ្ហា ព្រោះលោករលាស់ចោលនូវការកំណត់ គឺទិដ្ឋិ ជនគប្បីកំណត់ដោយរាគៈដូចម្តេច គប្បីកំណត់ដោយទោសៈដូចម្តេច គប្បីកំណត់ដោយមោហៈដូចម្តេច គប្បីកំណត់ដោយមានះដូចម្តេច គប្បីកំណត់ដោយទិដ្ឋិដូចម្តេច គប្បីកំណត់ដោយឧទ្ធច្ចៈដូចម្តេច គប្បីកំណត់ដោយវិចិកិច្ឆា ដូចម្តេច គប្បីកំណត់ដោយអនុស័យទាំងឡាយ ដូចម្តេចបានថា លោកនៅត្រេកត្រអាលក្តី នៅប្រទូស្តក្តី នៅវង្វេងក្តី នៅជាប់ចំពាក់ក្តី នៅបបោសអង្អែលក្តី ដល់នូវការរាយមាយក្តី ដល់នូវការមិនដាច់ស្រេចក្តី ដល់នូវកម្លាំងក្តី ។ អភិសង្ខារទាំងនោះ អ្នកប្រាជ្ញនោះ លះបង់ហើយ ព្រោះលោកលះអភិសង្ខារហើយ ជនគប្បីកំណត់នូវគតិទាំងឡាយថា លោកទៅកើតក្នុងនរកក្តី កើតក្នុងកំណើតតិរច្ឆានក្តី កើតក្នុងប្រេតវិស័យក្តី ជាមនុស្សក្តី ជាទេវតាក្តី ព្រហ្មមានរូបក្តី ព្រហ្មឥតរូបក្តី ព្រហ្មមានសញ្ញាក្តី ព្រហ្មឥតសញ្ញាក្តី ព្រហ្មមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែនក្តី ដោយប្រការដូចម្តេចបាន ។ មិនមានហេតុ មិនមានបច្ច័យ មិនមានទំនង ជាហេតុល្មមឲ្យជនគប្បីកំណត់ គប្បីកំណត់ទុក គប្បីដល់នូវការកំណត់ទុកបានឡើយ ។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក ហេតុនោះ (ទ្រង់ត្រាស់ថា) ជនគប្បីកំណត់ដោយកិលេសដូចម្តេចក្នុងលោកនេះបាន ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា ៖ អ្នកបា្រជ្ញនោះ មានសេនាទៅបា្រសហើយ ក្នុងធម៌ទាំងពួងទាំងឡាយ គឺអារម្មណ៍ណាមួយ ដែលលោកឃើញហើយក្តី ឮហើយក្តី ប៉ះពាល់ហើយក្តី ជនគប្បីកំណត់នូវអ្នកបា្រជ្ញ ជាអ្នកឃើញ មានដំបូលបើកហើយ កំពុងប្រព្រឹត្តនោះឯង ដោយកិលេសដូចម្តេច ក្នុងលោកនេះបាន ។

[១៣៧] ព្រះខីណាស្រពទាំងឡាយនោះ មិនកំណត់ មិនធ្វើឲ្យជាប្រធាន មិនពោលថា (ទិដ្ឋិ) មានសេចក្តីបរិសុទ្ធិជាទីបំផុត កាត់គ្រឿងចងស្រែះ គឺសេចក្តីប្រកាន់ ដែលចងស្រែះហើយ មិនធ្វើនូវបំណងក្នុងលោកណាមួយ ។

[១៣៨] អធិប្បាយពាក្យថា មិនកំណត់ មិនធ្វើឲ្យជាប្រធាន ត្រង់ពាក្យថា កំណត់ បានដល់ការកំណត់ ២ គឺ ការកំណត់គឺតណ្ហា ១ ការកំណត់គឺទិដ្ឋិ ១ ។បេ។ នេះ ការកំណត់គឺតណ្ហា ។បេ។ នេះការកំណត់គឺទិដ្ឋិ ។ ការកំណត់គឺតណ្ហា ព្រះខីណាស្រពទាំងនោះ បានលះបង់ហើយ ការកំណត់គឺទិដ្ឋិ លោករលាស់ចោលហើយ ព្រះខីណាស្រពទាំងឡាយ មិនកំណត់ មិនបណ្តុះ មិនឲ្យលូតលាស់ មិនបង្កើត មិនបង្កើតចំពោះនូវការកំណត់គឺតណ្ហា ឬការកំណត់គឺទិដ្ឋិ ព្រោះការកំណត់គឺតណ្ហា លោកលះបង់ហើយ ព្រោះការកំណត់គឺទិដ្ឋិ លោករលាស់ចោលហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនកំណត់ ។ ពាក្យថា មិនធ្វើឲ្យជាប្រធាន បានខាងការធ្វើឲ្យជាប្រធាន ២ គឺ ការធ្វើឲ្យជាប្រធាន គឺតណ្ហា ១ ការធ្វើឲ្យជាប្រធាន គឺទិដ្ឋិ ១ ។បេ។ នេះការធ្វើឲ្យជាប្រធានគឺ តណ្ហា ។បេ។ នេះការធ្វើឲ្យជាប្រធានគឺទិដ្ឋិ ។ ការធ្វើឲ្យជាប្រធានគឺតណ្ហា ព្រះខីណាស្រពទាំងនោះ លះបង់ហើយ ការធ្វើឲ្យជាប្រធានគឺទិដ្ឋិ លោករលាស់ចោលហើយ ព្រះខីណាស្រពទាំងឡាយ រមែងមិនធ្វើនូវតណ្ហា និងទិដ្ឋិឲ្យជាប្រធាន មិនមានតណ្ហា ជាទង់ជ័យ មិនមានតណ្ហាជាទង់សំគាល់ មិនមានតណ្ហាជាអធិបតី មិនមានទិដ្ឋិជាទង់ជ័យ មិនមានទិដ្ឋិជាទង់សំគាល់ មិនមានទិដ្ឋិជាអធិបតី មិនមានតណ្ហា និងទិដ្ឋិចោមរោម ព្រោះការធ្វើឲ្យជាប្រធានគឺតណ្ហា លោកលះបង់ហើយ ព្រោះការធ្វើឲ្យជាប្រធានគឺទិដ្ឋិ លោករលាស់ចោលហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនកំណត់ មិនធ្វើឲ្យជាប្រធាន ។

[១៣៩] ពាក្យថា មានសេចក្តីបរិសុទ្ធិជាទីបំផុត ក្នុងបទថា ព្រះខីណាស្រពទាំងនោះ មិនពោលថា ទិដ្ឋិមានសេចក្តីបរិសុទ្ធិជាទីបំផុត គឺព្រះខីណាស្រពទាំងឡាយ មិនពោល មិនថ្លែង មិនពណ៌នា មិនសំដែង មិននិយាយ នូវអកិរិយទិដ្ឋិ នូវសស្សតវាទថា មានសេចក្តីបរិសុទ្ធិជាទីបំផុត មានសេចក្តីបរិសុទ្ធិព្រោះសំសារ ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) ព្រះខីណាស្រពទាំងនោះ មិនពោលថា (ទិដ្ឋិ) មានសេចក្តីបរិសុទ្ធិ ជាទីបំផុត ។

[១៤០] អធិប្បាយពាក្យថា កាត់គ្រឿងចងស្រែះ គឺសេចក្តីប្រកាន់ ដែលចងស្រែះហើយ ត្រង់ពាក្យថា គ្រឿងចងស្រែះ បានដល់ គ្រឿងចងស្រែះ ៤ គឺអភិជ្ឈាកាយគន្ថៈ [កិលេសជាគ្រឿងចងនូវនាមកាយ ជាគ្រឿងបន្ត (នូវនាមកាយ) ក្នុងវដ្ត ដោយអំណាចចុតិ បដិសន្ធិ ហៅថា កាយគន្ថ ។] ១ ព្យាបាទកាយគន្ថៈ ១ សីលព្វតបរាមាសកាយគន្ថៈ ១ ឥទំសច្ចាភិនិវេសកាយគន្ថៈ [ការចូលចិត្តដែលបដិសេធនូវភាសិតរបស់ព្រះសព្វញ្ញូដោយអាការថា លោកទៀង ពាក្យនេះ ជាពាក្យពិត ពាក្យដទៃ ជាមោឃៈ ហៅថា ឥទំសច្ចាភិនិវេសៈ ។ អដ្ឋកថា ។] ១ ។ តម្រេកក្នុងទិដ្ឋិរបស់ខ្លួន ឈ្មោះថា អភិជ្ឈាកាយគន្ថៈ ។ ការគំនុំ ការមិនពេញចិត្តក្នុងវាទៈរបស់បុគ្គលដទៃ ឈ្មោះថា ព្យាបាទកាយគន្ថៈ ។ បុគ្គលបបោសអង្អែលនូវសីលក្តី វត្តក្តី សីល និងវត្តក្តី របស់ខ្លួន ឈ្មោះថា សីលព្វតបរាមាសកាយគន្ថៈ ។ ទិដ្ឋិរបស់ខ្លួន ឈ្មោះថា ឥទំសច្ចាភិនិវេសកាយគន្ថៈ ។ ព្រោះហេតុអ្វី (គន្ថៈទាំងឡាយ) លោកហៅថា គ្រឿងចងស្រែះ គឺសេចក្តីប្រកាន់ ។ ពួកបុគ្គលកាន់យក ប្រកាន់ កួចកាន់ បបោសអង្អែល ចូលចិត្តរូប កាន់យក ប្រកាន់ កួចកាន់ បបោសអង្អែល ចូលចិត្តវេទនា សញ្ញា សង្ខារ វិញ្ញាណ គតិ ឧប្បត្តិ បដិសន្ធិ ភព សង្សារ វដ្តៈ ដោយគន្ថៈទាំងនោះ ព្រោះហេតុនោះ គន្ថៈទាំងនោះ លោកហៅថា គ្រឿងចងស្រែះ គឺសេចក្តីប្រកាន់ ។ ពាក្យថា កាត់ គឺលះបង់ ឬកំចាត់បង់ នូវគ្រឿងចងស្រែះទាំងឡាយ ។ មួយទៀតថា ស្រាយ ឬថា លះបង់នូវចំណង គ្រឿងចងដែលចងស្រែះហើយ ចំណងដែលចងហើយ ចងវិសេសហើយ ចងដោយប្រការដ៏ច្រើន ជាប់នៅ ចំពាក់នៅ ទាក់នៅ ។ បុគ្គលទាំងឡាយ រុះរើ ធ្វើឲ្យខ្ទេចខ្ទីនូវវក្តី រថក្តី រទេះក្តី រថទ្រង់គ្រឿងក្តី យ៉ាងណាមិញ មុនីបោះបង់ ឬលះចោលនូវគន្ថៈទាំងឡាយ ឬថាស្រាយ ឬលះចោលនូវគន្ថៈទាំងឡាយ ដែលចាក់ស្រែះ ក្រង ចងឆ្វាក់ ពាក់ព័ន្ធ ព័ទ្ធមាំ ជាប់ចំពាក់ ចងមាំ ចងជាប់ ក៏យ៉ាងនោះដែរ ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) លះបង់នូវគ្រឿងចងស្រែះ គឺសេចក្តីប្រកាន់ដែលចងស្រែះហើយ ។

[១៤១] ពាក្យថា មិនធ្វើនូវបំណងក្នុងលោកណាមួយ សេចក្តីថា តណ្ហា លោកហៅថា បំណង បានដល់តម្រេក តម្រេកខ្លាំង ។បេ។ អភិជ្ឈា លោភៈ អកុសលមូល ។ ពាក្យថា មិនធ្វើនូវបំណង គឺមិនធ្វើ មិនបង្កើត មិនឲ្យកើតព្រម មិនឲ្យកើត មិនឲ្យកើតចំពោះ នូវបំណង ។ ពាក្យថា ណាមួយ គឺណាមួយ ឯណាមួយ ឯណានីមួយ ខាងក្នុងក្តី ខាងក្រៅក្តី ទាំងខាងក្នុង ខាងក្រៅក្តី ។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក ។បេ។ អាយតនលោក ហេតុនោះ (ទ្រង់ត្រាស់ថា) មិនធ្វើនូវបំណង ក្នុងលោកណាមួយ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា ៖ ព្រះខីណាស្រពទាំងឡាយនោះ មិនកំណត់ មិនធ្វើឲ្យជាប្រធាន មិនពោលថា ទិដ្ឋិមានសេចក្តីបរិសុទ្ធិជាទីបំផុត កាត់គ្រឿងចងស្រែះ គឺសេចក្តីប្រកាន់ដែលចងស្រែះហើយ មិនធ្វើនូវបំណងក្នុងលោកណាមួយ ។

[១៤២] ព្រាហ្មណ៍ណា កន្លងហួសដែនហើយ ព្រហ្មណ៍នោះ មិនមានការប្រកាន់មាំ ព្រោះដឹង ព្រោះឃើញទេ ព្រាហ្មណ៍នោះ មិនមានសេចក្តីត្រេកអរក្នុងកាមរាគ មិនត្រេកអរក្នុងរូបរាគ និងអរូបរាគ ព្រាហ្មណ៍នោះ មិនមានការប្រកាន់ថា នេះប្រសើរ ដូច្នេះឡើយ ។

[១៤៣] អធិប្បាយពាក្យថា ព្រាហ្មណ៍ណា កន្លងហួសដែនហើយ ព្រាហ្មណ៍នោះ មិនមានការប្រកាន់មាំ ព្រោះដឹង ព្រោះឃើញទេ ត្រង់ពាក្យថា ដែន បានដល់ ដែន ៤ ។ សក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាសៈ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ ព្រមទាំងកិលេស ដែលតាំងនៅជាមួយគ្នានោះ នេះដែនទី ១ ។ កាមរាគសញ្ញោជនៈ បដិឃសញ្ញោជនៈដ៏គ្រោតគ្រាត កាមរាគានុស័យ បដិឃានុស័យដ៏គ្រោតគ្រាត ព្រមទាំងពួកកិលេសដែលតាំងនៅជាមួយគ្នានោះ នេះដែនទី ២ ។ កាមរាគសញ្ញោជនៈ បដិឃសញ្ញោជនៈដ៏ល្អិត កាមរាគានុស័យ បដិឃានុស័យដ៏ល្អិត ព្រមទាំងពួកកិលេស ដែលតាំងនៅជាមួយគ្នានោះ នេះដែនទី ៣ ។ រូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មានានុសយៈ ភវរាគានុសយៈ អវិជ្ជានុសយៈ ព្រមទាំងពួកកិលេសដែលតាំងនៅជាមួយគ្នានោះ នេះដែនទី ៤ ។ កាលណាបុគ្គលកន្លង កន្លងព្រម ប្រព្រឹត្តកន្លងដែនទាំង ៤ នេះ ដោយអរិយមគ្គទាំង ៤ ហើយ បុគ្គលនោះ លោកហៅថា អ្នកកន្លងហួសដែន ។ ពាក្យថា ព្រាហ្មណ៍ សេចក្តីថា បុគ្គលឈ្មោះថាព្រាហ្មណ៍ ព្រោះបន្សាត់បង់ធម៌ ៧ ។បេ។ មិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) ជាតាទិបុគ្គល បុគ្គលនោះលោកហៅថា ព្រាហ្មណ៍ ។ ពាក្យថា ព្រាហ្មណ៍នោះ គឺព្រះអរហន្តខីណាស្រព ។ ពាក្យថា ព្រោះដឹង គឺព្រោះដឹងដោយបរចិត្តញ្ញាណក្តី ព្រោះដឹងដោយបុព្វេនិវាសានុស្សតិញ្ញាណក្តី ។ ពាក្យថា ព្រោះឃើញគឺ ព្រោះឃើញ ដោយមំសចក្ខុក្តី ដោយទិព្វចក្ខុក្តី ហេតុនោះ ទ្រង់ត្រាស់ថា ព្រាហ្មណ៍ណា កន្លងហួសដែនហើយ ព្រាហ្មណ៍នោះ មិនមានការប្រកាន់ ព្រោះដឹង ព្រោះឃើញទេ ។ ពាក្យថា ការប្រកាន់មាំ គឺការប្រកាន់ ការបបោសអង្អែល ការចូលចិត្ត ការជាប់ចិត្ត ការចុះចិត្តស៊ប់ នៃព្រាហ្មណ៍នោះថា នេះ ថ្លៃថ្លា ខ្ពង់ខ្ពស់ ប្រសើរ វិសេស ចម្បង ឧត្តម បវរ ។ ពាក្យថា មិនមាន គឺមិនមាន មិនមានព្រម មិនបាន ។ គឺលោកលះបង់ ផ្តាច់បង់ រម្ងាប់ ស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើត ដុតដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រាហ្មណ៍ណា កន្លងហួសដែនហើយ ព្រាហ្មណ៍នោះ មិនមានការប្រកាន់មាំ ព្រោះដឹង ព្រោះឃើញទេ ។

[១៤៤] ពាក្យថា មិនមានសេចក្តីត្រេកអរក្នុងកាមរាគ មិនត្រេកអរក្នុងរូបរាគ និងអរូបរាគ សេចក្តីថា បុគ្គលទាំងឡាយណា ត្រេកអរ រីករាយ ជាប់ ជ្រប់ ងប់ ទាក់ ថ្ពក់ ចំពាក់ ក្នុងកាមគុណទាំងប្រាំ បុគ្គលទាំងនោះ លោកហៅថា អ្នកត្រេកអរក្នុងកាមរាគ ។ បុគ្គលទាំងឡាយណា ត្រេកអរ រីករាយ ជាប់ ជ្រប់ ងប់ ទាក់ ថ្ពក់ ចំពាក់ ក្នុងរូបាវចរសមាបត្តិ និងអរូបបាវចរសមាបត្តិទាំងឡាយ បុគ្គលទាំងនោះ លោកហៅថា អ្នកត្រេកអរក្នុងរូបរាគ និងអរូបរាគ ។ ពាក្យថា មិនមានសេចក្តីត្រេកអរក្នុងកាមរាគ មិនត្រេកអរក្នុងរូបរាគ និងអរូបរាគ បានសេចក្តីថា ក្នុងកាលណាកាមរាគ រូបរាគ និងអរូបរាគ ព្រះខីណាស្រពលះបង់ ផ្តាច់ឫសចោល ធ្វើមិនឲ្យមានទីកើត ដូចជាដើមត្នោត ដល់នូវភាពមិនមាន មានសភាពមិនកើតឡើងតទៅទៀត ព្រះខីណាស្រព មិនមានសេចក្តីត្រេកអរក្នុងកាមរាគ មិនត្រេកអរក្នុងរូបរាគ និងអរូបរាគ ក្នុងកាលនោះ ដោយកាលមានប្រមាណប៉ុណ្ណេះឯង ។

[១៤៥] អធិប្បាយពាក្យថា ព្រាហ្មណ៍នោះ មិនមានការប្រកាន់ថា នេះប្រសើរដូច្នេះឡើយ ត្រង់ពាក្យថា ព្រាហ្មណ៍នោះ គឺព្រះអរហន្តខីណាស្រព ។ ការប្រកាន់ ការបបោសអង្អែល ការចូលចិត្ត ការជាប់ចិត្ត ការចុះចិត្តស៊ប់របស់លោកថា នេះថ្លៃថ្លា ខ្ពង់ខ្ពស់ ប្រសើរ វិសេស ចម្បង ឧត្តម បវរ ។ ពាក្យថា មិនមាន គឺមិនមាន មិនមានព្រម មិនបាន ។ គឺលោកលះបង់ ផ្តាច់បង់ រម្ងាប់បង់ កំចាត់ កំចាត់បង់ហើយ ធ្វើមិនគួរឲ្យកើត ដុតដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រាហ្មណ៍នោះ មិនមានការប្រកាន់ថា នេះប្រសើរ ដូច្នេះឡើយ ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា ៖ ព្រាហ្មណ៍ណា កន្លងហួសដែនហើយ ព្រាហ្មណ៍នោះ មិនមានការប្រកាន់មាំ ព្រោះដឹង ព្រោះឃើញទេ ព្រាហ្មណ៍នោះ មិនមានសេចក្តីត្រេកអរក្នុងកាមរាគ មិនត្រេកអរក្នុងរូបរាគ និងអរូបរាគ ព្រាហ្មណ៍នោះ មិនមានការប្រកាន់ថា នេះប្រសើរ ដូច្នេះឡើយ ។

សុទ្ធដ្ឋកសុត្តនិទ្ទេស ទី៤ ។

បរមដ្ឋកសុត្តនិទ្ទេស ទី៥កែប្រែ

[១៤៦] (ព្រះមានព្រះភាគត្រាស់ថា) សត្វក្នុងលោក កាលត្រាំក្នុងទិដ្ឋិទាំងឡាយ (របស់ខ្លួន) ថា ក្រៃលែង រមែងធ្វើនូវរបស់ណាឲ្យលើសលុប ក៏ពោលនូវរបស់ទាំងអស់ ដទៃ (អំពីរបស់ខ្លួន) នោះថា ថោកទាប ព្រោះហេតុនោះ សត្វមិនកន្លងវិវាទទាំងឡាយ បានទេ ។

[១៤៧] ពាក្យថា កាលត្រាំក្នុងទិដិ្ឋទាំងឡាយ (របស់ខ្លួន) ថា ក្រៃលែង អធិប្បាយថា សមណព្រាហ្មណ៍ពួកខ្លះ ប្រកបដោយទិដ្ឋិ សមណព្រាហ្មណ៍ទាំងនោះ ប្រកាន់ រៀនយក កួចកាន់ ស្ទាបអង្អែល ប្រកាន់ស្អិត បណ្តាទិដ្ឋិទាំង ៦២ នូវទិដ្ឋិណាមួយថា នេះក្រៃលែង ជាកំពូល ប្រសើរ ប្រសើរវិសេស ជាប្រធាន ឧត្តម ប្រសើរក្រៃលែង ហើយនៅ នៅរួម នៅគ្រប់គ្រង នៅត្រាំក្នុងទិដ្ឋិរបស់ខ្លួនៗ ។ ពួកអ្នកម្ចាស់ផ្ទះ តែងនៅក្នុងផ្ទះ ពួកអ្នកត្រូវអាបត្តិ តែងនៅក្នុងអាបត្តិទាំងឡាយ ឬពួកអ្នកមានកិលេស នៅក្នុងកិលេសទាំងឡាយ យ៉ាងណា មានសមណព្រាហ្មណ៍ពួកខ្លះ ជាអ្នកប្រកបក្នុងទិដ្ឋិ សមណព្រាហ្មណ៍ទាំងនោះ ប្រកាន់ រៀនយក កួចកាន់ ស្ទាបអង្អែល ប្រកាន់ស្អិត បណ្តាទិដ្ឋិទាំង ៦២ នូវទិដ្ឋិណាមួយថា នេះក្រៃលែង ជាកំពូល ប្រសើរ ប្រសើរវិសេស ជាប្រធាន ឧត្តម ប្រសើរក្រៃលែង ហើយនៅ នៅរួម នៅគ្រប់គ្រង នៅត្រាំក្នុងទិដ្ឋិរបស់ខ្លួនៗ ក៏យ៉ាងនោះដែរ ហេតុនោះ (ទ្រង់ត្រាស់ថា) ត្រាំក្នុងទិដ្ឋិទាំងឡាយ (របស់ខ្លួន) ថា ក្រៃលែង ។

[១៤៨] អធិប្បាយពាក្យថា សត្វក្នុងលោក រមែងធ្វើនូវរបស់ណាឲ្យលើសលុប ត្រង់ពាក្យថា របស់ណា គឺរបស់ណាមួយ ។ ពាក្យថា ធ្វើឲ្យលើសលុប គឺធ្វើឲ្យក្រៃលែង ធ្វើឲ្យជាកំពូល ឲ្យប្រសើរ ឲ្យប្រសើរវិសេស ឲ្យជាប្រធាន ឲ្យឧត្តម ឲ្យប្រសើរក្រៃលែង ។ ធ្វើឲ្យលើសលុប ធ្វើឲ្យជាកំពូល ឲ្យប្រសើរ ឲ្យប្រសើរវិសេស ឲ្យជាប្រធាន ឲ្យឧត្តម ឲ្យប្រសើរក្រៃលែងថា សាស្តានេះ ជាសព្វញ្ញូ ធ្វើឲ្យលើសលុប ធ្វើឲ្យជាកំពូល ឲ្យប្រសើរ ឲ្យប្រសើរវិសេស ឲ្យជាប្រធាន ឲ្យឧត្តម ឲ្យប្រសើរក្រៃលែង ឲ្យកើត ឲ្យកើតចំពោះថា ធម៌នេះ លោកសំដែងល្អហើយ ពួកនេះប្រតិបត្តិល្អហើយ ទិដ្ឋិនេះល្អ បដិបទានេះ លោកបញ្ញត្តល្អហើយ មគ្គនេះជាទីស្រោចស្រង់សត្វ ។ ពាក្យថា សត្វ គឺសត្វ នរជន ។បេ។ សត្វកើតអំពីមនុស្ស ។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក ។បេ។ ក្នុងអាយតនលោក ហេតុនោះ (ទ្រង់ត្រាស់ថា) សត្វក្នុងលោក រមែងធ្វើនូវរបស់ណាឲ្យលើសលុប ។

[១៤៩] ពាក្យថា ពោលនូវរបស់ទាំងអស់ ដទៃ (អំពីរបស់ខ្លួន) នោះថា ថោកទាប សេចក្តីថា បុគ្គលលើក​តម្កើង​សាស្តា ធម៌ដែលសាស្តាសំដែង គណៈ ទិដ្ឋិ បដិបទា មគ្គរបស់ខ្លួន ហើយបោះ លើកបោះ បោះចោល នូវវាទៈដទៃទាំងអស់ គឺពោលយ៉ាងនេះ សំដែងយ៉ាងនេះ ពណ៌នាយ៉ាងនេះ បំភ្លឺយ៉ាងនេះ ថ្លែងយ៉ាងនេះថា សាស្តានោះ មិនមែនជាសព្វញ្ញូទេ ធម៌មិនមែនសំដែងដោយប្រពៃទេ គណៈប្រតិបត្តិមិនប្រពៃទេ ទិដ្ឋិមិនល្អទេ បដិបទាមិនមែនបញ្ញត្តល្អទេ មគ្គមិនមែនស្រោចស្រង់សត្វទេ សេចក្តីស្អាត ឬសេចក្តីស្អាតវិសេស សេចក្តីបរិសុទ្ធិ ការរួច រួចវិសេស ឬរួចស្រឡះ មិនមានក្នុងធម៌នុ៎ះទេ ពួកជនមិនមែនស្អាត ស្អាតវិសេស បរិសុទ្ធ រួច រួចវិសេស ឬរួចស្រឡះ ព្រោះធម៌នោះទេ បុគ្គលនោះ ជាអ្នកថោកទាប ថោកទាបពេក ទន់ទាប លាមក អាក្រក់ ជាមនុស្សកំទេច ហេតុនោះ (ទ្រង់ត្រាស់ថា) ពោលនូវរបស់ទាំងអស់ដទៃ (អំពីរបស់ខ្លួន) នោះថា ថោកទាប ។

[១៥០] ពាក្យថា ព្រោះហេតុនោះ សត្វមិនកន្លងវិវាទទាំងឡាយបានទេ គឺព្រោះដំណើរនោះ ការណ៍នោះ ហេតុនោះ បច្ច័យនោះ និទាននោះ សត្វមិនកន្លង មិនកន្លងផុត មិនកន្លងហួស នូវការឈ្លោះ ព្រោះទិដ្ឋិទាំងឡាយ ការជជែក ព្រោះទិដ្ឋិទាំងឡាយ សេចក្តីប្រកួតប្រកាន់ ព្រោះទិដ្ឋិទាំងឡាយ ការទាស់ទែង ព្រោះទិដ្ឋិទាំងឡាយ ការបៀតបៀន ព្រោះទិដ្ឋិទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះហេតុនោះ សត្វមិនកន្លងវិវាទទាំងឡាយបានទេ ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា ៖ សត្វក្នុងលោក ត្រាំក្នុងទិដ្ឋិទាំងឡាយ (របស់ខ្លួន) ថា ក្រៃលែង រមែងធ្វើនូវរបស់ណាឲ្យលើសលុប ក៏ពោលនូវរបស់ទាំងអស់ដទៃ (អំពីរបស់ខ្លួន) នោះថា ថោកទាប ព្រោះហេតុនោះ សត្វមិនកន្លងវិវាទទាំងឡាយបានទេ ។

[១៥១] បុគ្គលឃើញអានិសង្សណា ចំពោះខ្លួន ក្នុងអារម្មណ៍ដែលឃើញ ដែលឮ ដែលប៉ះពាល់ហើយ ឬក្នុងសីល និងវត្ត បុគ្គលនោះ ក៏ប្រកាន់អានិសង្សនោះក្នុងទិដ្ឋិនោះ រមែងយល់ឃើញសភាពដទៃទាំងអស់ថា ថោកទាប ។

[១៥២] អធិប្បាយពាក្យថា បុគ្គលឃើញអានិសង្សណា ចំពោះខ្លួនក្នុងអារម្មណ៍ដែលឃើញ ដែលឮ ដែលប៉ះពាល់ហើយ ឬក្នុងសីល និងវត្ត ត្រង់ពាក្យថា អានិសង្សណា ចំពោះខ្លួន គឺអានិសង្សណាមួយ ចំពោះខ្លួន ។ ទិដ្ឋិ លោកហៅថា ខ្លួន ។ បុគ្គលឃើញអានិសង្សនៃទិដ្ឋិរបស់ខ្លួន ២ យ៉ាងគឺ ទិដ្ឋធម្មិកានិសង្ស ១ សម្បរាយិកានិសង្ស ១ ។

ទិដ្ឋធម្មិកានិសង្សនៃទិដ្ឋិ តើដូច​ម្តេច ? គ្រូជាអ្នកប្រកបដោយទិដ្ឋិណា ពួកសាវ័ក ក៏ជាអ្នកប្រកបដោយទិដ្ឋិនោះ ពួកសាវ័កធ្វើសក្ការៈ គោរព រាប់អាន បូជា ធ្វើការកោតក្រែងនូវគ្រូដែលប្រកបដោយទិដ្ឋិនោះ ហើយបាននូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ព្រោះហេតុតែគ្រូនោះ នេះឈ្មោះថា ទិដ្ឋធម្មិកានិសង្សនៃទិដ្ឋិ ។

សម្បរាយិកានិសង្សនៃទិដ្ឋិ តើដូច​ម្តេច ? បុគ្គលជាអ្នក​​​ប្រាថ្នា​ផលក្នុងអនាគតថា ទិដ្ឋិនេះ គួរដើម្បីបានជានាគ ជាគ្រុឌ ជាយក្ស ជាអសុរ ជាគន្ធព្វ ជាមហារាជ ជាឥន្រ្ទ ជាព្រហ្ម ឬជាទេវតា ទិដ្ឋិនេះ គួរដើម្បីការស្អាត ស្អាតវិសេស បរិសុទ្ធិ រួច រួចវិសេស រួចស្រឡះ ពួកសត្វរមែងស្អាត ស្អាតវិសេស បរិសុទ្ធ រួច រួចវិសេស រួចស្រឡះដោយទិដ្ឋិនេះ អាត្មាអញនឹងស្អាត ស្អាតវិសេស បរិសុទ្ធ រួច រួចវិសេស រួចស្រឡះ ដោយទិដ្ឋិនេះ ។ នេះសម្បរាយិកានិសង្សនៃទិដ្ឋិ ។ បុគ្គលឃើញអានិសង្ស ២ យ៉ាងនេះឯង នៃទិដ្ឋិរបស់ខ្លួន ។

បុគ្គលឃើញអានិសង្ស ២ យ៉ាង នៃទិដ្ឋសុទ្ធិផង ឃើញអានិសង្ស ២ យ៉ាង នៃសុតសុទ្ធិផង ឃើញអានិសង្ស ២ យ៉ាង នៃសីលសុទ្ធិផង ឃើញអានិសង្ស ២ យ៉ាង នៃវត្តសុទ្ធិផង ឃើញអានិសង្ស ២ យ៉ាងនៃមុតសុទ្ធិផង ដែលជាទិដ្ឋធម្មិកានិសង្ស និងសម្បរាយិកានិសង្ស ។

ទិដ្ឋធម្មិកានិសង្សនៃមុតសុទ្ធិ តើដូច​ម្តេច ? គ្រូប្រកបក្នុងទិដ្ឋិណា ពួកសាវ័កក៏ប្រកបក្នុងទិដ្ឋិនោះ ។បេ។ នេះទិដ្ឋធម្មិកានិសង្សនៃមុតសុទ្ធិ ។

សម្បរាយិកានិសង្សនៃមុតសុទ្ធិ តើដូច​ម្តេច ? ទិដ្ឋិនេះ គួរដើម្បីបានជានាគ ។បេ។ នេះសម្បរាយិកានិសង្សនៃមុតសុទ្ធិ ។ បុគ្គលឃើញ មើល រមិលមើល ​សម្លឹង​មើល ពិចារណាឃើញនូវអានិសង្ស ២ យ៉ាងនេះឯង នៃមុតសុទ្ធិ ហេតុនោះ (ទ្រង់ត្រាស់ថា) ឃើញអានិសង្សណា ចំពោះខ្លួន ក្នុងអារម្មណ៍ដែលឃើញ ដែលឮ ដែលប៉ះពាល់ហើយ ឬក្នុងសីល និងវត្ត ។

[១៥៣] ពាក្យថា បុគ្គលនោះក៏ប្រកាន់អានិសង្សនោះ ក្នុងទិដ្ឋិនោះ ត្រង់ពាក្យថា នោះ គឺទិដ្ឋិនោះ ។ ពាក្យថា ក្នុងទិដ្ឋិនោះ គឺក្នុងទិដ្ឋិរបស់ខ្លួន ក្នុងការគួររបស់ខ្លួន ក្នុងសេចក្តីពេញចិត្តរបស់ខ្លួន ក្នុងលទ្ធិរបស់ខ្លួន ។ ពាក្យថា ប្រកាន់ គឺប្រកាន់ ​តម្កើង​ កួចកាន់ ស្ទាបអង្អែល ប្រកាន់ស្អិតថា នេះក្រៃលែង ជាកំពូល ប្រសើរ ប្រសើរវិសេស ជាប្រធាន ឧត្តម ប្រសើរក្រៃលែង ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ ក៏ប្រកាន់អានិសង្សនោះ ក្នុងទិដ្ឋិនោះ ។

[១៥៤] ពាក្យថា រមែងយល់ឃើញសភាពដទៃទាំងអស់ថា ថោកទាប គឺឃើញ មើល រមិលមើល ​សម្លឹង​មើល ពិចារណាឃើញនូវគ្រូដទៃ ធម៌ដែលគ្រូនោះសំដែងហើយ គណៈ ទិដ្ឋិ បដិបទា មគ្គ ថា ថោកទាប ថោកទាបពេក ទន់ទាប លាមក អាក្រក់ តិចតួច ហេតុនោះ (ទ្រង់ត្រាស់ថា) រមែងយល់ឃើញសភាពដទៃទាំងអស់ថា ថោកទាប ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា ៖ បុគ្គលឃើញអានិសង្សណា ចំពោះខ្លួន ក្នុងអារម្មណ៍ដែលឃើញ ដែលឮ ដែលប៉ះពាល់ហើយ ឬក្នុងសីល និងវត្ត បុគ្គលនោះ ក៏ប្រកាន់អានិសង្សនោះ ក្នុងទិដ្ឋិនោះ រមែងយល់ឃើញសភាពដទៃទាំងអស់ថា ថោកទាប ។

[១៥៥] បុគ្គលអាស្រ័យសភាពណាហើយ តែងឃើញសភាពដទៃថា ថោកទាប ពួកជនអ្នកឈ្លាសតែងពោលការឃើញនោះថា ជាគ្រឿងជាប់ចំពាក់ ព្រោះហេតុនោះ ភិក្ខុមិនត្រូវអាស្រ័យអារម្មណ៍ដែលឃើញ ដែលឮ ដែលប៉ះពាល់ហើយ ឬសីល និងវត្តឡើយ ។

[១៥៦] អធិប្បាយពាក្យថា ពួកជនអ្នកឈ្លាស តែងពោលការឃើញនោះ ថាជាគ្រឿងជាប់ចំពាក់ ត្រង់ពាក្យថា ពួកជនអ្នកឈ្លាស បានដល់ពួកជនអ្នកឈ្លាសក្នុងខន្ធ អ្នកឈ្លាសក្នុងធាតុ អ្នកឈ្លាសក្នុងអាយតនៈ អ្នកឈ្លាសក្នុងបដិច្ចសមុប្បាទ អ្នកឈ្លាសក្នុងសតិប្បដ្ឋាន អ្នកឈ្លាសក្នុងសម្មប្បធាន អ្នកឈ្លាសក្នុងឥទ្ធិបាទ អ្នកឈ្លាសក្នុងឥន្រ្ទិយ អ្នកឈ្លាសក្នុងពលៈ អ្នកឈ្លាសក្នុងពោជ្ឈង្គ អ្នកឈ្លាសក្នុងមគ្គ អ្នកឈ្លាសក្នុងផល អ្នកឈ្លាសក្នុងព្រះនិព្វាន ពួកជនអ្នកឈ្លាសទំាងនោះ តែងពោលយ៉ាងនេះ គឺតែងពោលយ៉ាងនេះ និយាយយ៉ាងនេះ ពណ៌នាយ៉ាងនេះ បំភ្លឺយ៉ាងនេះ ថ្លែងយ៉ាងនេះថា នុ៎ះជាគ្រឿងជាប់ចំពាក់ នុ៎ះជាគ្រឿងជាប់ល្អិត នុ៎ះជាគ្រឿងចង នុ៎ះជាគ្រឿងកង្វល់ ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកជនអ្នកឈ្លាស តែងពោលការឃើញនោះ ថាជាគ្រឿងជាប់ចំពាក់ ។

[១៥៧] អធិប្បាយពាក្យថា បុគ្គលអាស្រ័យសភាពណាហើយ តែងឃើញសភាពដទៃថា ថោកទាប ត្រង់ពាក្យថា បុគ្គលអាស្រ័យសភាពណាហើយ គឺអាស្រ័យ អាស្រ័យព្រម ជាប់ស្អិត ចូលទៅរក ជឿស៊ប់ ជឿជាក់នូវគ្រូណា ធម៌ដែលគ្រូនោះសំដែងហើយ គណៈ ទិដ្ឋិ បដិបទា មគ្គ ។ ពាក្យថា តែងឃើញសភាពដទៃថា ថោកទាប គឺឃើញ មើល រមិលមើល ​សម្លឹង​មើល ពិចារណាឃើញនូវគ្រូដទៃ ធម៌ដែលគ្រូនោះសំដែងហើយ គណៈ ទដ្ឋិ បដិបទា មគ្គ ថា ថោកទាប ថោកទាបពេក ទន់ទាប លាមក អាក្រក់ តិចតួចហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលអាស្រ័យសភាពណាហើយ តែងឃើញសភាពដទៃថា ថោកទាប ។

[១៥៨] ពាក្យថា ព្រោះហេតុនោះ ភិក្ខុមិនត្រូវអាស្រ័យអារម្មណ៍ដែលឃើញ ដែលឮ ដែលប៉ះពាល់ហើយ ឬសីល និងវត្តឡើយ គឺព្រោះដំណើរនោះ ព្រោះការណ៍នោះ ព្រោះហេតុនោះ ព្រោះបច្ចយ័នោះ ព្រោះនិទាននោះ ភិក្ខុមិនត្រូវអាស្រ័យ មិនត្រូវប្រកាន់ មិនត្រូវស្ទាបអង្អែល មិនត្រូវចុះចិត្តស៊ប់ នូវទិដ្ឋៈ [អារម្មណ៍ដែលឃើញ ។] ឬទិដ្ឋសុទ្ធិ [បរិសុទ្ធិព្រោះឃើញ ។] សុតៈ [អារម្មណ៍ដែលឮ ។] ឬសុតសុទ្ធិ [បរិសុទ្ធិព្រោះឮ ។] មុតៈ [អារម្មណ៍ដែលប៉ះពាល់ ។] ឬមុតសុទ្ធិ [បរិសុទ្ធិព្រោះប៉ះពាល់ ។] សីល ឬសីលសុទ្ធិ វត្ត ឬវត្តសុទ្ធិទេ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះហេតុនោះ ភិក្ខុមិនត្រូវអាស្រ័យអារម្មណ៍ដែលឃើញ ដែលឮ ដែលប៉ះពាល់ហើយ ឬសីល និងវត្តឡើយ ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា ៖ បុគ្គលអាស្រ័យសភាពណាហើយ តែងឃើញសភាពដទៃថា ថោកទាប ពួកជនអ្នកឈ្លាស តែងពោលការឃើញនោះ ថាជាគ្រឿងជាប់ចំពាក់ ព្រោះហេតុនោះ ភិក្ខុមិនត្រូវអាស្រ័យអារម្មណ៍ដែលឃើញ ដែលឮ ដែលប៉ះពាល់ហើយ ឬសីល និងវត្តឡើយ ។

[១៥៩] បុគ្គលមិនគប្បីតែងតាំងទិដ្ឋិក្នុងលោក ដោយញាណ ឬដោយសីលវត្ត មិនគប្បីប្រៀបផ្ទឹមខ្លួនថា ស្មើ (នឹងបុគ្គលដទៃ) មិនគប្បីសំគាល់ថា ថោកទាប ឬថាវិសេសឡើយ ។

[១៦០] ពាក្យថា បុគ្គលមិនគប្បីតែងតាំងទិដ្ឋិក្នុងលោក ដោយញាណ ឬដោយសីលវត្ត គឺមិនគប្បីតែងតាំង មិនគប្បីបង្កើត មិនគប្បីបង្កើតព្រម មិនគប្បីឲ្យកើត មិនគប្បីឲ្យកើតចំពោះ នូវទិដ្ឋិ ដោយអដ្ឋសមាបត្តិញាណ ដោយបញ្ចាភិញ្ញាញាណ ដោយមិច្ឆាញាណ ដោយសីល ដោយវត្ត ឬដោយសីលវត្ត ។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីតែងតាំងទិដ្ឋិក្នុងលោក ដោយញាណ ឬដោយសីលវត្ត ។

[១៦១] ពាក្យថា មិនគប្បីប្រៀបផ្ទឹមខ្លួនថា ស្មើ គឺមិនគប្បីប្រៀបផ្ទឹមខ្លួនថា អាត្មាអញជាអ្នកស្មើនឹងគេដោយជាតិ ដោយគោត្រ ដោយភាពនៃខ្លួនជាកូនអ្នកមានត្រកូល ដោយភាពនៃខ្លួនជាអ្នកមានសម្បុរល្អ ដោយទ្រព្យ ដោយការរៀនមន្ត ដោយកន្លែងធ្វើនូវការងារ ដោយកន្លែងរៀនសិល្បៈ ដោយកន្លែងនៃវិជ្ជា ដោយពហុស្សូត្រ ដោយបដិភាណ ឬដោយវត្តុណាមួយ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីប្រៀបផ្ទឹមខ្លួនថា ស្មើ ។

[១៦២] ពាក្យថា មិនគប្បីសំគាល់ថា ថោកទាប ឬវិសេស គឺមិនគប្បីប្រៀបផ្ទឹមខ្លួន ថា អាត្មាអញជាអ្នកថោកទាប ដោយជាតិ ដោយគោត្រ ។បេ។ ឬដោយវត្ថុណាមួយ មិនគប្បីប្រៀបផ្ទឹមខ្លួនថា អាត្មាអញជាអ្នកប្រសើរ ដោយជាតិ ដោយគោត្រ ។បេ។ ឬដោយវត្ថុណាមួយ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីសំគាល់ថា ថោកទាប ឬវិសេស ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា ៖ បុគ្គលមិនគប្បីតែងតាំងទិដ្ឋិក្នុងលោកដោយញាណ ឬដោយសីលវត្ត មិនគប្បី ប្រៀបផ្ទឹមខ្លួនថា ស្មើ (នឹងបុគ្គលដទៃ) មិនគប្បីសំគាល់ថា ថោកទាប ឬវិសេសឡើយ ។

[១៦៣] បុគ្គលនោះ លះបង់អត្តា មិនប្រកាន់ មិនធ្វើនិស្ស័យសូម្បីក្នុងញាណទេ កាលសត្វយល់បែកគ្នាផ្សេងៗ បុគ្គលនោះឯង ជាអ្នកមិនលុះតាមពួក បុគ្គលនោះ មិនត្រឡប់មកកាន់ទិដ្ឋិណាមួយឡើយ ។

[១៦៤] អធិប្បាយពាក្យថា លះបង់អត្តា មិនប្រកាន់ ត្រង់ពាក្យថា លះបង់អត្តា គឺលះបង់អត្តទិដ្ឋិ ។ ពាក្យថា លះបង់អត្តា គឺលះបង់សេចក្តីប្រកាន់ ។ ពាក្យថា លះបង់អត្តា គឺលះបង់ បន្សាត់បង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាននូវសេចក្តីប្រកាន់ ការស្ទាបអង្អែល សេចក្តីប្រកាន់ស្អិត ការជ្រុលជ្រប់ ការឱនទៅដោយអំណាចតណ្ហា ដោយអំណាចទិដ្ឋិ ។ ពាក្យថា លះបង់អត្តា មិនប្រកាន់ គឺមិនប្រកាន់ មិនកាន់យក មិនស្អាបអង្អែល មិនប្រកាន់ស្អិត ដោយឧបាទាន ៤ ហេតុនោះ (ទ្រង់ត្រាស់ថា) លះបង់អត្តា មិនប្រកាន់ ។

[១៦៥] ពាក្យថា បុគ្គលនោះ មិនធ្វើនិស្ស័យសូម្បីក្នុងញាណទេ គឺមិនធ្វើ មិនបង្កើត មិនបង្កើតព្រម មិនឲ្យកើត មិនឲ្យកើតចំពោះនូវតណ្ហានិស្ស័យ ឬទិដ្ឋិនិស្ស័យ ក្នុងអដ្ឋសមាបត្តិញាណ ក្នុងបញ្ចាភិញ្ញាញាណ ឬក្នុងមិច្ឆាញាណ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ មិនធ្វើនិស្ស័យក្នុងញាណ ។

[១៦៦] ពាក្យថា កាលសត្វយល់បែកគ្នាផ្សេងៗ បុគ្គលនោះឯង ជាអ្នកមិនលុះតាមពួក គឺកាលពួកសត្វ អ្នកកំណត់ហើយ បែកគ្នាហើយ បែកចិត្តជាពីរ កើតទៅជាពីរពួក ប្រកបដោយទិដ្ឋិផ្សេងៗ ប្រកបដោយការគួរផ្សេងៗ ប្រកបដោយសេចក្តីពេញចិត្តផ្សេងៗ ប្រកបដោយលទ្ធិផ្សេងៗ អាស្រ័យទិដ្ឋិនិស្ស័យផ្សេង ៗ កាលលុះនូវឆន្ទាគតិ លុះនូវទោសាគតិ លុះនូវមោហាគតិ លុះនូវភយាគតិ បុគ្គលនោះ មិនលុះនូវឆន្ទាគតិ មិនលុះនូវទោសាគតិ មិនលុះនូវមោហាគតិ មិនលុះនូវភយាគតិ មិនលុះដោយអំណាចរាគៈ មិនលុះដោយអំណាចទោសៈ មិនលុះដោយអំណាចមោហៈ មិនលុះដោយអំណាចមានះ មិនលុះដោយអំណាចទិដ្ឋិ មិនលុះដោយអំណាចឧទ្ធច្ចៈ មិនលុះដោយអំណាចវិចិកិច្ឆា មិនលុះដោយអំណាចអនុស័យ គឺធម៌ជាពួកទាំងឡាយនាំទៅ នាំយកទៅ បន្សាត់ទៅ ដឹកនាំទៅមិនបាន ហេតុនោះ (ទ្រង់ត្រាស់ថា) កាលសត្វយល់បែកគ្នាផ្សេងៗ បុគ្គលនោះឯង មិនលុះតាមពួក ។

[១៦៧] ពាក្យថា បុគ្គលនោះ មិនត្រឡប់មកកាន់ទិដ្ឋិណាមួយឡើយ គឺទិដ្ឋិ ៦២ បុគ្គលនោះលះបង់ហើយ ផ្តាច់បង់ហើយ រម្ងាប់ហើយ គ្របសង្កត់ហើយ ធ្វើមិនគួរឲ្យកើត ដុតបំផ្លាញដោយភ្លើង គឺញាណហើយ បុគ្គលនោះមិនត្រឡប់មក មិនងាកមកកាន់ ទិដ្ឋិណាមួយទេ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ មិនត្រឡប់មកកាន់ទិដ្ឋិណាមួយឡើយ ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា ៖ បុគ្គលនោះ លះបង់អត្តា មិនប្រកាន់ មិនធ្វើនិស្ស័យសូម្បីក្នុងញាណ កាលសត្វយល់បែកគ្នាផ្សេង ៗ បុគ្គលនោះឯង មិនលុះតាមពួក បុគ្គលនោះ មិនត្រឡប់មកកាន់ទិដ្ឋិណាមួយឡើយ ។

[១៦៨] ការតាំងទុកអន្តៈទាំងពីរ ក្នុងលោកនេះ និងលោកដទៃ ដើម្បីភពតូចភពធំនេះ នៃបុគ្គលណា មិនមានទេ ជម្រកទាំងឡាយណាមួយ និងការពិនិត្យ ហើយប្រកាន់ក្នុងធម៌ទាំងឡាយនៃបុគ្គលនោះ មិនមានឡើយ ។

[១៦៩] អធិប្បាយពាក្យថា ការតាំងទុកអន្តៈទាំងពីរ ក្នុងលោកនេះ និងលោកដទៃ ដើម្បីភពតូចភពធំនេះ នៃបុគ្គលណា មិនមានទេ ត្រង់ពាក្យថា នៃបុគ្គលណា គឺនៃព្រះអរហន្តខីណាស្រព ។ ពាក្យថា អន្តៈ គឺផស្សៈជាអន្តៈមួយ ការកើតឡើងនៃផស្សៈ ជាអន្តៈទីពីរ ។ អតីត ជាអន្តៈមួយ អនាគត ជាអន្តៈទីពីរ ។ សុខវេទនា ជាអន្តៈមួយ ទុក្ខវេទនា ជាអន្តៈទីពីរ ។ នាម ជាអន្តៈមួយ រូបជាអន្តៈទីពីរ ។ អាយតនៈខាងក្នុង ៦ ជាអន្តៈមួយ អាយតនៈខាងក្រៅ ៦ ជាអន្តៈទីពីរ ។ សក្កាយ ជាអន្តៈមួយ ការកើតឡើងនៃសក្កាយ ជាអន្តៈទីពីរ ។ តណ្ហា លោកហៅថា ការដំកល់ទុក បានដល់សេចក្តីត្រេកអរ សេចក្តីត្រេកអរដ៏មានកម្លាំង ។បេ។ អភិជ្ឈា លោភៈ អកុសលមូល ។ ពាក្យថា ដើម្បីភពតូច និងភពធំ គឺដើម្បីកម្មភព បុនព្ភព ឈ្មោះថាភពតូចនិងភពធំ គឺថាដើម្បីកាមភព កម្មភព កាមភព បុនព្ភព រូបភព កម្មភព រូបភព បុនព្ភព អរូបភព កម្មភព អរូបភព បុនព្ភព គឺថាដើម្បីការកើតរឿយ ៗ ការទៅរឿយ ៗ ឧបបត្តិរឿយ ៗ បដិសន្ធិរឿយ ៗ ការញុំាងអត្តភាព ឲ្យកើតរឿយ ៗ ។ ពាក្យថា លោកនេះ គឺអត្តភាពរបស់ខ្លួន ។ ពាក្យថា លោកដទៃ គឺអត្តភាពរបស់បុគ្គលដទៃ ។ ពាក្យថា លោកនេះ គឺរូប វេទនា សញ្ញា សង្ខារ វិញាណរបស់ខ្លួន ។ ពាក្យថាលោកដទៃ គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណរបស់បុគ្គលដទៃ ។ ពាក្យថា លោកនេះ គឺ អាយតនៈខាងក្នុង ៦ ។ ពាក្យថា លោកដទៃ គឺអាយតនៈខាងក្រៅ ៦ ។ ពាក្យថា លោកនេះ គឺមនុស្សលោក ។ ពាក្យថា លោកដទៃ គឺទេវលោក ។ ពាក្យថា លោកនេះ គឺ កាមធាតុ ។ ពាក្យថា លោកដទៃ គឺរូបធាតុ អរូបធាតុ ។ ពាក្យថា លោកនេះ គឺកាមធាតុ រូបធាតុ ។ ពាក្យថា លោកដទៃ គឺអរូបធាតុ ។ ពាក្យថា ការតាំងទុកអន្តៈទាំងពីរក្នុងលោកនេះ និងលោកដទៃ ដើម្បីភពតូចភពធំនេះ នៃបុគ្គលណា មិនមានទេ បានសេចក្តីថា ការតាំងទុកអន្តៈទាំងពីរ ក្នុងលោកនេះ និងលោកដទៃ ដើម្បីភពតូចភពធំនេះ នៃបុគ្គលណា មិនមាន មិនមានព្រម មិនកើតមាន គឺបុគ្គលណាលះបង់ហើយ ផ្តាច់ផ្តិលហើយ រម្ងាប់ហើយ ស្ងប់ហើយ ធ្វើមិនគួរឲ្យកើត ដុតបំផ្លាញដោយភ្លើង គឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ការតាំងទុកអន្តៈទាំងពីរ ក្នុងលោកនេះ និងលោកដទៃ ដើម្បីភពតូចភពធំនេះ នៃបុគ្គលណា មិនមានទេ ។

[១៧០] អធិប្បាយពាក្យថា ជម្រកទាំងឡាយណាមួយនៃបុគ្គលនោះ មិនមាន ត្រង់ពាក្យថា ជម្រកទាំងឡាយ បានដល់ជម្រក ២ យ៉ាង គឺ ជម្រកគឺតណ្ហា ១ ជម្រកគឺទិដ្ឋិ ១ ។បេ។ នេះជម្រកគឺតណ្ហា ។បេ។ នេះជម្រកគឺទិដ្ឋិ ។ ពាក្យថា នៃបុគ្គលនោះ គឺនៃព្រះអរហន្តខីណាស្រព ។ ពាក្យថា មិនមាន គឺមិនមាន មិនមានព្រម មិនកើតមាន គឺបុគ្គលលះបង់ហើយ ផ្តាច់ផ្តិលហើយ រម្ងាប់ហើយ គ្របសង្កត់ហើយ ធ្វើមិនគួរឲ្យកើត ដុតបំផ្លាញដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ជម្រកទាំងឡាយណាមួយនៃបុគ្គលនោះ មិនមានឡើយ ។

[១៧១] អធិប្បាយពាក្យថា ការពិនិត្យហើយប្រកាន់ក្នុងធម៌ទាំងឡាយ ត្រង់ពាក្យថា ក្នុងធម៌ទាំងឡាយ គឺក្នុងទិដ្ឋិ ៦២ ។ ពាក្យថា ពិនិត្យ គឺការពិនិត្យ ពិចារណា សន្សំ ជ្រើសរើស ថ្លឹង ត្រិះរិះ សំដែងឲ្យជាក់ច្បាស់ ធ្វើឲ្យបា្រកដ ហើយកាន់យកតាមជួរកាន់យកតាមចំណែក កាន់យកមាំ កាន់យកតាមសង្កាត់ កាន់យកជាគំនរ កាន់យកដោយការសន្សំព្រម គឺសេចក្តីប្រកាន់ ការស្ទាបអង្អែល ការប្រកាន់ស្អិត ការប្រកាន់ស៊ប់ ការចុះចិត្តជឿថា នេះទៀង ពិត មិនឃ្លៀងឃ្លាត បា្រកដ គួរតាមសភាពពិត មិនប្រែប្រួល រមែងមិនមាន មិនមានព្រម មិនកើតមាន គឺបុគ្គលបានលះបង់ហើយ ផ្តាច់ផ្តិលហើយ រម្ងាប់ហើយ ស្ងប់ហើយ ធ្វើមិនគួរឲ្យកើត ដុតបំផ្លាញដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ការពិនិត្យហើយប្រកាន់ក្នុងធម៌ទាំងឡាយ ។ ហេតុនោះ ព្រះមានព្រះភាគ សំដែងថា ៖ ការតាំងទុកអន្តៈទាំងពីរ ក្នុងលោកនេះ និងលោកដទៃ ដើម្បីភពតូច ភពធំនេះ នៃបុគ្គលណា មិនមានទេ ជម្រកទាំងឡាយណាមួយ (និង) ការពិនិត្យ ហើយប្រកាន់ក្នុងធម៌ទាំងឡាយ នៃបុគ្គលនោះ មិនមានឡើយ ។

[១៧២] សេចក្តីសំគាល់សូម្បីតូចមួយ ដែលកំណត់ហើយ ក្នុងអារម្មណ៍ដែលឃើញ ដែលឮ ឬដែលប៉ះពាល់ហើយនេះ នៃបុគ្គលនោះ មិនមានទេ អ្នកផងគប្បីកំណត់ បុគ្គលដែលជាព្រាហ្មណ៍ មិនប្រកាន់ទិដ្ឋិនោះ ក្នុងលោកនេះដោយកិលេស ដូចម្តេចបាន ។

[១៧៣] ពាក្យថា សេចក្តីសំគាល់សូម្បីតូចមួយ ដែលកំណត់ហើយ ក្នុងអារម្មណ៍ដែលឃើញ ដែលឮ ឬដែលប៉ះពាល់ហើយនេះ នៃបុគ្គលនោះ មិនមានទេ សេចក្តីថា សេចក្តីសំគាល់ ភាពជាប្រធាន ភាពជាធំ ក្នុងទិដ្ឋៈ ឬក្នុងទិដ្ឋសុទ្ធិ ក្នុងសុតៈ ឬក្នុងសុតសុទ្ធិ ក្នុងមុតៈ ឬក្នុងមុតសុទ្ធិ ដែលគេតាំងឡើង កំណត់តាក់តែង តាំងនៅ ព្រមដោយសញ្ញា ព្រោះសេចក្តីប្រកាន់ខុសដោយសញ្ញា នៃព្រះអរហន្តខីណាស្រពនោះ មិនមាន មិនមានព្រម មិនកើតមាន គឺលោកលះបង់ ផ្តាច់ផ្តិល រម្ងាប់ ស្ងប់ ធ្វើមិនគួរឲ្យកើត ដុតបំផ្លាញដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) សេចក្តីសំគាល់ សូម្បីតូចមួយ ដែលកំណត់ហើយក្នុងអារម្មណ៍ដែលឃើញ ដែលឮ ឬដែលប៉ះពាល់ហើយនេះនៃបុគ្គលនោះ មិនមានទេ ។

[១៧៤] អធិប្បាយពាក្យថា បុគ្គលដែលជាព្រាហ្មណ៍ មិនប្រកាន់ទិដ្ឋិនោះ ត្រង់ពាក្យថា ព្រាហ្មណ៍គឺ បុគ្គលឈ្មោះថា ព្រាហ្មណ៍ ព្រោះជាអ្នកបន្សាត់បង់នូវធម៌ទាំង ៧ ។បេ។ ជាអ្នកមិនអាស្រ័យ (នូវទិដ្ឋិ) ជាអ្នកនឹងធឹង បុគ្គលនោះលោកហៅថា ព្រាហ្មណ៍ ។ ពាក្យថា បុគ្គលដែលជាព្រាហ្មណ៍ មិនប្រកាន់ទិដ្ឋិនោះ បានសេចក្តីថា បុគ្គលជាព្រាហ្មណ៍នោះ មិនប្រកាន់ មិនកាន់យក មិនស្ទាបអង្អែល មិនប្រកាន់ស្អិតនូវទិដ្ឋិ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលដែលជាព្រាហ្មណ៍ មិនប្រកាន់ទិដ្ឋិនោះ ។

[១៧៥] អធិប្បាយពាក្យថា គប្បីកំណត់ក្នុងលោកនេះ ដោយកិលេសដូចម្តេចបាន ត្រង់ពាក្យថា កំណត់ បានដល់ការកំណត់ ២ គឺការកំណត់គឺតណ្ហា ១ ការកំណត់ គឺទិដ្ឋិ ១ ។បេ។ នេះ ការកំណត់គឺតណ្ហា ។បេ។ នេះការកំណត់គឺទិដ្ឋិ ។ ការកំណត់គឺតណ្ហា ព្រាហ្មណ៍នោះ លះបង់ហើយ ការកំណត់គឺទិដ្ឋិ ព្រាហ្មណ៍នោះ រលាស់ចោលហើយ ព្រោះលោកបានលះបង់នូវការកំណត់គឺតណ្ហា បានរលាស់ចោលនូវការកំណត់គឺទិដ្ឋិ អ្នកផងគប្បីកំណត់ដោយរាគៈដូចម្តេច កំណត់ដោយទោសៈដូចម្តេច កំណត់ដោយមោហៈដូចម្តេច កំណត់ដោយមានះដូចម្តេច កំណត់ដោយទិដ្ឋិដូចម្តេច កំណត់ដោយឧទ្ធច្ចៈដូចម្តេច កំណត់ដោយវិចិកិច្ឆាដូចម្តេច កំណត់ដោយអនុស័យទាំងឡាយដូចម្តេចថា លោកជាអ្នកត្រេកអរ ថាជាអ្នកប្រទូស្ត ថាជាអ្នកវង្វេង ថាជាអ្នកជាប់ចំពាក់ ថាជាអ្នកស្ទាបអង្អែល ថាជាអ្នកដល់នូវសេចក្តីរាយមាយ ថាជាអ្នកដល់នូវការមិនដាច់ស្រេច ឬថាជាអ្នកដល់នូវកម្លាំង ។ អភិសង្ខារទាំងនោះ លោកលះបង់ហើយ ព្រោះលោកលះបង់អភិសង្ខារទាំងឡាយហើយ អ្នកផងគប្បីកំណត់គតិទាំងឡាយថា លោកទៅកើតក្នុងនរក ថាកើតក្នុងកំណើតតិរច្ឆាន ថាកើតក្នុងបិត្តិវិស័យ ថាជាមនុស្ស ថាជាទេវតា ថាជាព្រហ្មមានរូប ថាជាព្រហ្មមិនមានរូប ថាជាសញ្ញីព្រហ្ម ថាជាអសញ្ញីព្រហ្ម ឬថាជានេវសញ្ញីនាសញ្ញីព្រហ្ម ដោយកិលេសដូច​ម្តេច ? អ្នកផងគប្បីកំណត់ គប្បីសំគាល់ គប្បីដល់នូវការកំណត់ ដោយហេតុណា ហេតុនោះ មិនមាន បច្ច័យមិនមាន ការណ៍មិនមានទេ ។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីកំណត់ក្នុងលោកនេះ ដោយកិលេសដូចម្តេចបាន ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា ៖ សេចក្តីសំគាល់សូម្បីតូចមួយ ដែលកំណត់ហើយ ក្នុងអារម្មណ៍ដែលឃើញ ដែលឮ ឬដែលប៉ះពាល់ហើយនេះ នៃបុគ្គលនោះ មិនមានទេ អ្នកផងគប្បីកំណត់បុគ្គលដែលជាព្រាហ្មណ៍ មិនប្រកាន់ទិដ្ឋិនោះក្នុងលោកនេះ ដោយកិលេសដូចម្តេចបាន ។

[១៧៦] ព្រះអរហន្តទាំងឡាយ មិនតែងតាំង មិនធ្វើឲ្យជាប្រធាន ដ្បិតធម៌ទាំងឡាយ លោកមិនទទួលយកទេ ព្រាហ្មណ៍ មិនមែនសីលវត្តដឹកនាំបានទេ លោកដល់ត្រើយហើយ ជាអ្នកនឹងធឹង មិនត្រឡប់មកវិញឡើយ  ។

[១៧៧] អធិប្បាយពាក្យថា មិនតែងតាំង មិនធ្វើឲ្យជាប្រធាន ត្រង់ពាក្យថា តែងតាំង បានដល់ ការតែងតាំង ២ គឺការតែងតាំងគឺតណ្ហា ១ ការតែងតាំងគឺទិដ្ឋិ ១ ។

ការតែងតាំងគឺតណ្ហា តើដូច​ម្តេច ? ការកំណត់ដែន កំណត់ទី កំណត់ជួរ កំណត់ដោយជុំវិញ ហួងហែង អាល័យ ដោយចំណែកតណ្ហាទាំងប៉ុន្មានថា នេះរបស់អញ នុ៎ះរបស់អញ ប៉ុណ្ណេះរបស់អញ ទាំងប៉ុណ្ណោះរបស់អញ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈរបស់អញ គ្រឿងកម្រាល គ្រឿងស្លៀកពាក់ ខ្ញុំស្រី ខ្ញុំប្រុស ពពែ ចៀម មាន់ ជ្រូក ដំរី គោ សេះ លា ស្រែ ចម្ការ បា្រក់ មាស ស្រុក និគម រាជធានី ដែន ជនបទ បន្ទាយ ឃ្លាំងរបស់អញ បុគ្គលប្រកាន់ផែនដីទាំងអស់ ដោយអំណាចតណ្ហា តណ្ហាវិបរឹត ១០៨ ទាំងប៉ុន្មាន នេះការតែងតាំងគឺតណ្ហា ។

ការតែងតាំង គឺទិដ្ឋិ តើដូច​ម្តេច ? សក្កាយទិដ្ឋិ មានវត្ថុ ២០ មិច្ឆាទិដ្ឋិ មានវត្ថុ ១០ អន្តគ្គាហិកទិដ្ឋិ មានវត្ថុ ១០ ទិដ្ឋិដំណើរ គឺទិដ្ឋិ ការសាំញុំា គឺទិដ្ឋិ ផ្លូវលំបាក គឺទិដ្ឋិ ចម្រូង គឺទិដ្ឋិ សេចក្តីអន្ទះអន្ទែងគឺទិដ្ឋិ ការប្រកបព្រមគឺទិដ្ឋិ ការកាន់ ការទទួល ការប្រកាន់ ការស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស ភាពខុស កំពង់ និងអណ្តូង ការកាន់យកដោយការស្វែងរកខុស ការកាន់យកវិបរឹត ការកាន់យកវិបល្លាស ការកាន់យកខុស ការកាន់យកក្នុងវត្ថុមិនពិត ថាជាសភាពពិត ទិដ្ឋិ ៦២ ទាំងប៉ុន្មានណា មានសភាពយ៉ាងនេះ នេះការតែងតាំងគឺទិដ្ឋិ ។

ការតែងតាំងគឺតណ្ហា ព្រះអរហន្តទាំងនោះ លះបង់ហើយ ការតែងតាំងគឺទិដ្ឋិ លោករលាស់ចោលហើយ ព្រះអរហន្តទាំងឡាយ មិនតែងតាំង មិនឲ្យកើត មិនឲ្យកើតព្រម មិនបង្កើត មិនបង្កើតចំពោះ នូវការតែងតាំងគឺតណ្ហា ឬនូវការតែងតាំងគឺទិដ្ឋិ ព្រោះលោកលះបង់ការតែងតាំងគឺតណ្ហា រលាស់ចោលការតែងតាំងគឺទិដ្ឋិហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនតែងតាំង ។

ពាក្យថា ការធ្វើឲ្យជាប្រធាន ក្នុងបទថា មិនធ្វើឲ្យជាប្រធាន បានដល់ការធ្វើឲ្យជាប្រធាន ២ គឺការធ្វើឲ្យជាប្រធានគឺតណ្ហា ១ ការធ្វើឲ្យជាប្រធានគឺទិដ្ឋិ ១ ។បេ។ នេះការធ្វើឲ្យជាប្រធានគឺតណ្ហា ។បេ។ នេះការធ្វើឲ្យជាប្រធានគឺទិដ្ឋិ ។ ការធ្វើឲ្យជាប្រធានគឺតណ្ហា ព្រះអរហន្តទាំងនោះលះបង់ហើយ ការធ្វើឲ្យជាប្រធានគឺទិដ្ឋិ លោករលាស់ចោលហើយ ព្រះអរហន្តទាំងនោះ មិនធ្វើតណ្ហា និងទិដ្ឋិ ឲ្យជាប្រធាន ហើយប្រព្រឹត្ត ព្រោះលោកលះបង់ការធ្វើឲ្យជាប្រធានគឺតណ្ហា រលាស់ចោលការធ្វើឲ្យជាប្រធានគឺទិដ្ឋិ ព្រះអរហន្តទាំងឡាយមិនមានតណ្ហា ដូចជាទង់ជ័យ មិនមានតណ្ហាដូចជាទង់ មិនមានតណ្ហាជាអធិបតិ មិនមានទិដ្ឋិដូចជាទង់ជ័យ មិនមានទិដ្ឋិដូចជាទង់ មិនមានទិដ្ឋិជាអធិបតិ គឺតណ្ហា និងទិដ្ឋិ មិនប្រព្រឹត្តចោមរោមហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនតែងតាំង មិនធ្វើឲ្យជាប្រធាន ។

[១៧៨] ទិដ្ឋិ ៦២ លោកហៅថា ធម៌ ក្នុងបទថា ដ្បិតធម៌ទាំងឡាយ លោកមិនទទួលយកទេ ។ ពាក្យថា លោក គឺព្រះអរហន្តខីណាស្រពទាំងនោះ ។ ពាក្យថា មិនទទួលយកទេ គឺមិនទទួលថា លោកទៀង ពាក្យនេះពិត ពាក្យដទៃជាមោឃៈ មិនទទួលថា លោកមិនទៀង ។បេ។ សត្វខាងមុខអំពីសេចក្តីស្លាប់ កើតទៀតក៏ទេ មិនកើតទៀតក៏ទេ ពាក្យនេះ ជាពាក្យពិត ពាក្យឯទៀតជាមោឃៈ ហេតុនោះ (ទ្រង់ត្រាស់ថា) ដ្បិតធម៌ទាំងឡាយ លោកមិនទទួលយកទេ ។

[១៧៩] ពាក្យថា មិនមែន ក្នុងបទថា ព្រាហ្មណ៍ មិនមែនសីលវត្តដឹកនាំបានទេ ជាពាក្យហាមឃាត់ ។ ពាក្យថា ព្រហ្មណ៍ គឺបុគ្គលឈ្មោះថា ព្រាហ្មណ៍ ព្រោះលោកបន្សាត់បង់នូវធម៌ទាំង ៧ ។បេ។ ជាអ្នកមិនអាស្រ័យ (នូវទិដ្ឋិ) ជាតាទិបុគ្គល បុគ្គលនោះ លោកហៅថា ព្រាហ្មណ៍ ។ ពាក្យថា ព្រាហ្មណ៍ មិនមែនសីលវត្តដឹកនាំបានទេ បានសេចក្តីថា ព្រាហ្មណ៍គឺសីល ឬវត្ត ឬសីលវត្តដឹកនាំមិនបាន នាំទៅមិនបាន បន្សាត់ទៅមិនបាន ទង់ទាញទៅមិនបាន ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រាហ្មណ៍ មិនមែនសីលវត្ត ដឹកនាំបានទេ ។

[១៨០] ពាក្យថា លោកដល់ត្រើយហើយ ជាអ្នកនឹងធឹង មិនត្រឡប់មកវិញទេ អធិប្បាយថា អមតនិព្វាន លោកហៅថា ត្រើយ បានខាងការរម្ងាប់សង្ខារទាំងអស់ ការលះបង់ឧបធិទាំងអស់ ការអស់តណ្ហា ការប្រាសចាករាគៈ ការរលត់ និព្វាន ។ បុគ្គលណា ទៅកាន់ត្រើយ ដល់ត្រើយ ទៅកាន់ទីបំផុត ដល់ទីបំផុត ទៅកាន់ខាងចុង ដល់ខាងចុង ។បេ។ ភពថ្មីទៀតនៃបុគ្គលនោះ មិនមានទេ ហេតុនោះ (ទ្រង់ត្រាស់ថា) លោកដល់ត្រើយហើយ ។ ពាក្យថា មិនត្រឡប់មកវិញ គឺកិលេសទាំងឡាយណា ដែលលោកលះបង់ហើយ ដោយសោតាបត្តិមគ្គ លោកមិនត្រឡប់ មិនមក មិនត្រឡប់មករកកិលេសទាំងនោះវិញទេ កិលេសទាំងឡាយណា ដែលលោកលះបង់ហើយ ដោយសកទាគាមិមគ្គ លោកមិនត្រឡប់ មិនមក មិនត្រឡប់មករកកិលេសទាំងនោះវិញទេ កិលេសទាំងឡាយណា ដែលលោកលះបង់ហើយ ដោយអនាគាមិមគ្គ លោកមិនត្រឡប់ មិនមក មិនត្រឡប់មករកកិលេសទាំងនោះវិញទេ កិលេសទាំងឡាយណា ដែលលោកលះបង់ហើយ ដោយអរហត្តមគ្គ លោកមិនត្រឡប់ មិនមក មិនត្រឡប់មករកកិលេសទាំងនោះវិញទេ ហេតុនោះ (ទ្រង់ត្រាស់ថា) លោកដល់ត្រើយហើយ មិនត្រឡប់មកវិញទេ ។ ពាក្យថា ជាអ្នកនឹងធឹង បានដល់ព្រះអរហន្ត លោកនឹងធឹងដោយអាការ ៥ យ៉ាងគឺ លោកនឹងធឹងក្នុងឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍ ១ លោកនឹងធឹង ព្រោះជាអ្នកលះបង់ហើយ ១ លោកនឹងធឹងព្រោះជាអ្នកឆ្លងហើយ ១ លោកនឹងធឹងព្រោះជាអ្នករួចហើយ ១ លោកនឹងធឹង ព្រោះការសំដែងចេញនូវហេតុនោះ ១ ។

លោកនឹងធឹងក្នុងឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍ តើដូច​ម្តេច ? ព្រះអរហន្ត លោកនឹងធឹងក្នុងលាភ នឹងធឹងក្នុងអលាភ នឹងធឹងក្នុងយស នឹងធឹងក្នុងអយស នឹងធឹងក្នុងសេចក្តីសរសើរ នឹងធឹងក្នុងនិន្ទា នឹងធឹងក្នុងសុខ នឹងធឹងក្នុងទុក្ខ ។ បើពួកជនលាបដៃម្ខាង ដោយគ្រឿងក្រអូប បើពួកជនច្រាសដៃម្ខាងដោយកាំបិត តម្រេកក្នុងការលាបឯណោះ ក៏មិនមាន សេចក្តីថ្នាំងថ្នាក់ក្នុងការច្រាសឯណោះ ក៏មិនមាន ព្រះអរហន្ត លះបង់ស្រឡះ នូវសេចក្តីត្រេកអរ និងសេចក្តីថ្នាំងថ្នាក់ ប្រព្រឹត្តកន្លងនូវសេចក្តីលើក​តម្កើង​ និងសេចក្តីផ្ទញ់ផ្ទាល់ កន្លងផុតនូវសេចក្តីស្រឡាញ់ និងសេចក្តីស្អប់ហើយ ព្រះអរហន្ត លោកនឹងធឹងក្នុងឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍យ៉ាងនេះ ។

ព្រះអរហន្តលោកនឹងធឹង ព្រោះជាអ្នកលះបង់ហើយ តើដូច​ម្តេច ? ព្រះអរហន្តលះបង់ ខ្ជាក់ចោល រួចស្រឡះ លះចោល រលាស់ចោលហើយនូវរាគៈ ។ ព្រះអរហន្តលះបង់ ខ្ជាល់ចោល រួចស្រឡះ លះចោល រលាស់ចោលហើយនូវទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ថុម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងអស់ ទុច្ចរិតទាំងអស់ សេចក្តីក្រវល់ក្រវាយទាំងអស់ សេចក្តីក្តៅក្រហាយទាំងអស់ សេចក្តីអន្ទះអន្ទែងទាំងអស់ អកុសលាភិសង្ខារទាំងអស់ ព្រះអរហន្តលោកនឹងធឹង ព្រោះជាអ្នកលះបង់ហើយយ៉ាងនេះ ។

ព្រះអរហន្តលោកនឹងធឹង ព្រោះជាអ្នកឆ្លងហើយ តើដូច​ម្តេច ? ព្រះអរហន្តឆ្លងកាមោឃៈ ឆ្លងភវោឃៈ ឆ្លងទិដ្ឋោឃៈ ឆ្លងអវិជ្ជោឃៈ ឆ្លង ឆ្លងផុត ឆ្លងស្រឡះ កន្លង កន្លងផុត កន្លងហួស នូវផ្លូវគឺសង្សារទាំងអស់ ព្រះអរហន្តនោះ លោកមានកិរិយានៅ នៅស្រេចហើយ មានការប្រព្រឹត្តិ ប្រព្រឹត្តហើយ ។បេ។ ភពថ្មីទៀតនៃព្រះអរហន្តនោះ មិនមានទេ ហេតុនោះ ព្រះអរហន្តលោកនឹងធឹង ព្រោះជាអ្នកឆ្លងហើយយ៉ាងនេះ ។

ព្រះអរហន្តលោកនឹងធឹង ព្រោះជាអ្នករួចហើយ តើដូច​ម្តេច ? ចិត្តរបស់ព្រះអរហន្ត រួច រួចស្រឡះ រួចផុតស្រឡះចាករាគៈ ។ ចិត្តលោក រួច រួចស្រឡះ រួចផុតស្រឡះ ចាកទោសៈ ។ ចិត្តលោក រួច រួចស្រឡះ រួចផុតស្រឡះ ចាកមោហៈ ។ ចិត្តលោក រួច រួចស្រឡះ រួចផុតស្រឡះ ចាកកោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងអស់ ទុច្ចរិតទាំងអស់ សេចក្តីក្រវល់ក្រវាយទាំងអស់ សេចក្តីក្តៅក្រហាយទាំងអស់ សេចក្តីអន្ទះអន្ទែងទាំងអស់ អកុសលាភិសង្ខារទាំងអស់ ព្រះអរហន្តលោកនឹងធឹង ព្រោះជាអ្នករួចហើយយ៉ាងនេះ ។

ព្រះអរហន្តលោកនឹងធឹង ព្រោះការសំដែងចេញនូវហេតុនោះ តើដូច​ម្តេច ? ព្រះអរហន្តលោកនឹងធឹង ព្រោះការសំដែងចេញនូវហេតុនោះថា កាលបើសីលមានលោកជាអ្នកមានសីល ។ លោកនឹងធឹង ព្រោះការសំដែងចេញនូវហេតុនោះថា កាលបើសទ្ធាមាន លោកជាអ្នកមានសទ្ធា ។ លោកនឹងធឹង ព្រោះការសំដែងចេញនូវហេតុនោះថា កាលបើវីរិយៈមាន លោកជាអ្នកមានវីរិយៈ ។ លោកនឹងធឹង ព្រោះការសំដែងចេញនូវហេតុនោះថា កាលបើសតិមាន លោកជាអ្នកមានសតិ ។ លោកនឹងធឹងព្រោះការសំដែងចេញនូវហេតុនោះថា កាលបើសមាធិមាន លោកជាអ្នកមានសមាធិ ។ លោកនឹងធឹង ព្រោះការសំដែងចេញនូវហេតុនោះថា កាលបើបញ្ញាមាន លោកជាអ្នកមានបញ្ញា ។ លោកនឹងធឹង ព្រោះការសំដែងចេញនូវហេតុនោះថា កាលបើវិជ្ជាមាន លោកជាអ្នកមានវិជ្ជាបីប្រការ ។ លោកនឹងធឹង ព្រោះការសំដែងចេញនូវហេតុនោះថា កាលបើអភិញ្ញាមាន លោកជាអ្នកមានអភិញ្ញាប្រាំមួយ ព្រះអរហន្តលោកនឹងធឹង ព្រោះការសំដែងចេញនូវហេតុនោះ យ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) លោកដល់ត្រើយហើយ ជាអ្នកនឹងធឹង មិនត្រឡប់មកវិញទេ ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា ៖ ព្រះអរហន្តទាំងឡាយ មិនតែងតាំង មិនធ្វើឲ្យជាប្រធាន ដ្បិតធម៌ទាំងឡាយ លោកមិនទទួលយកទេ ព្រាហ្មណ៍ មិនមែនសីលវត្តដឹកនាំបានទេ លោកដល់ត្រើយហើយ ជាអ្នកនឹងធឹង មិនត្រឡប់មកវិញឡើយ ។

បរមដ្ឋកសុត្តនិទ្ទេស ទី៥ ។

ជរាសុត្តនិទ្ទេស ទី៦កែប្រែ

[១៨១] (ព្រះមានព្រះភាគត្រាស់ថា) ជីវិតនេះ តិចណាស់ រមែងស្លាប់ខាងអាយ អំពីមួយរយឆ្នាំ បើបុគ្គលណា រស់នៅកន្លងហួស (ពីមួយរយឆ្នាំ) ទៅ បុគ្គលនោះ គង់ស្លាប់ព្រោះជរាពុំខាន ។

[១៨២] អធិប្បាយពាក្យថា ជីវិតនេះតិចណាស់ ត្រង់ពាក្យថា ជីវិតគឺអាយុ ការតាំងនៅ ការរស់នៅ ការញុំាងអត្តភាពឲ្យរស់នៅ ការដើរទៅ ការប្រព្រឹត្តិទៅ ការរក្សា ជីវិត ជីវិតិន្រ្ទិយ ។ មួយទៀត ជិវិតតិច ជីវិតស្តួចស្តើង ដោយហេតុពីរ គឺជីវិតតិច ព្រោះជាធម្មជាតតាំងនៅតិច ១ ជីវិតតិច ព្រោះកិច្ចរបស់ខ្លួនតិច ១ ។

ជីវិតតិច ព្រោះធម្មជាតតាំងនៅតិច តើដូច​ម្តេច ? សត្វដែលរស់នៅហើយ ក្នុងខណៈចិត្តជាអតីត មិនកំពុងរស់នៅក្នុងបច្ចុប្បន្ន និងមិនរស់នៅក្នុងអនាគតទេ ។ សត្វនឹងរស់នៅក្នុងខណៈចិត្តជាអនាគត មិនកំពុងរស់នៅក្នុងបច្ចុប្បន្ន មិនរស់នៅហើយ ក្នុងអតីតទេ ។ សត្វកំពុងរស់នៅក្នុងខណៈចិត្តជាបច្ចុប្បន្ន មិនបានរស់នៅហើយក្នុងអតីត និងមិនរស់នៅក្នុងអនាគតទេ ។

ជីវិត អត្តភាព សុខ និងទុក្ខទាំងអស់ ប្រកបដោយខណៈចិត្តតែមួយ ព្រោះខណៈ ប្រព្រឹត្តទៅរហ័ស ពួកទេវតាណា ឋិតនៅអស់ ៨៤ ពាន់កប្ប ទេវតាទាំងនោះ មិនមែនប្រកបដោយចិត្ត ២ ហើយរស់នៅទេ ខន្ធទាំងឡាយណា របស់បុគ្គលដែលស្លាប់ទៅក្តី រស់នៅក្តី រលត់ហើយក្នុងលោកនេះ ខន្ធទាំងអស់នោះ ក៏ដូចគ្នា ទៅបដិសន្ធិទៀតមិនបាន ខន្ធទាំងឡាយណា ដែលកន្លងទៅជាលំដាប់ បែកធ្លាយហើយផង ខន្ធទាំងឡាយណា ជាអនាគត នឹងបែកធ្លាយផង សេចក្តីផ្សេងគ្នានៃខន្ធទាំងឡាយជាបច្ចុប្បន្ន ដែលរលត់ហើយ ក្នុងចន្លោះនៃខន្ធទាំងពីរនោះ រមែងមិនមានក្នុងលក្ខណៈ សត្វលោកដែលកើតហើយដោយអនាគតក្ខន្ធ ដែលមិនទាន់កើត មិនឈ្មោះថា រស់នៅហើយ ទាំងមិនឈ្មោះថា កំពុងរស់នៅក្នុងខន្ធជាបច្ចុប្បន្នទេ សត្វលោកស្លាប់ដោយការបែកធ្លាយនៃចិត្ត (នេះជា) បញ្ញតិ្តនៃបរមត្ថ ការប្រែប្រួលទៅដោយឆន្ទៈ ដូចជាទីទាប រមែងប្រព្រឹត្តទៅ ដូច្នោះ វេទនាទាំងឡាយ មានសឡាយតនៈជាបច្ច័យ មានវារៈមិនដាច់ តែងប្រព្រឹត្តទៅ ខន្ធទាំងឡាយ ដែលបែកធ្លាយហើយ ក៏មិនដល់នូវការតំកល់ទុក គំនរនៃខន្ធក្នុងអនាគត ក៏មិនមាន ខន្ធទាំងឡាយដែលកើតឡើងហើយ រមែងឋិតនៅ ដូចគ្រាប់ស្ពៃដែលឋិតនៅលើចុងដែកស្រួច កាលបើខន្ធទាំងឡាយកើតឡើងហើយ ការបែកធ្លាយនៃខន្ធទាំងនោះ ក៏ឋិតនៅក្នុងខាងមុខ សភាវៈដែលត្រូវវិនាសទាំងឡាយ (ខន្ធ) កំពុងឋិតនៅ មិនច្រឡូកច្រឡំដោយខន្ធចាស់ទេ រមែងមកអំពីទីមើលមិនឃើញ លុះបែកធ្លាយហើយ តែងទៅកាន់ទីមើលមិនឃើញវិញ រមែងកើតឡើងផង រមែងវិនាសទៅផង ដូចជាផ្លេកបន្ទោរឰដ៏អាកាស ។ ជីវិតតិច ព្រោះការឋិតនៅតិច យ៉ាងនេះ ។

ជីវិតតិច ព្រោះកិច្ចរបស់ខ្លួនតិច តើដូច​ម្តេច ? ជីវិតជាប់ទាក់ទងដោយដង្ហើមចូល ជីវិតជាប់ទាក់ទងដោយដង្ហើមចេញ ជីវិតជាប់ទាក់ទងដោយដង្ហើមចូល និងដង្ហើមចេញ ជីវិតជាប់ទាក់ទងដោយមហាភូតរូប ជីវិតជាប់ទាក់ទងដោយភ្លើងធាតុ ជីវិតជាប់ទាក់ទងដោយអាហារជាពំនូត ជីវិតជាប់ទាក់ទងដោយវិញ្ញាណ ។ ឫសគល់របស់ធម៌ទាំងនេះ មានកម្លាំងថយ ។ បុព្វហេតុទាំងឡាយរបស់ធម៌ទាំងនេះ ក៏មានកម្លាំងថយ ។ សូម្បីពួកធម៌ណាជាបច្ច័យ ធម៌ទាំងនោះ ក៏មានកម្លាំងថយ ។ សូម្បីពួកធម៌ណា ជាប្រភព ធម៌ទាំងនោះ ក៏មានកម្លាំងថយ ។ ពួកធម៌ដែលកើតជាមួយនឹងធម៌ទាំងនេះ ក៏មានកម្លាំងថយ ។ ពួកធម៌ប្រកបជាមួយគ្នានឹងធម៌ទាំងនេះ ក៏មានកម្លាំងថយ ។ ធម៌ដែលកើតឡើងជាមួយគ្នានឹងធម៌ទាំងនេះ ក៏មានកម្លាំងថយ ។ ធម្មជាតិណាជាគ្រឿងប្រកប ធម្មជាតិនោះ ក៏មានកម្លាំងថយ ។ ធម៌ទាំងនេះ មានកម្លាំងថយជានិច្ចដល់គ្នានឹងគ្នា ។ ធម៌ទាំងនេះ មិនឱនរកគ្នានឹងគ្នា ។ ធម៌ទាំងនេះ ញុំាងគ្នានឹងគ្នាឲ្យធ្លាក់ចុះ ។ ព្រោះមិនបានជាទីពឹងដល់គ្នានឹងគ្នា ។ មួយទៀត ធម៌ទាំងនេះ មិនតំកល់ទុកនូវគ្នានឹងគ្នា ។ សូម្បីធម៌ណា ជាអ្នកបង្កើត ធម៌នោះក៏មិនមាន ។ ធម៌ណាមួយ មិនមែនវិនាស ដោយធម៌ណាមួយទេ ។ ព្រោះថា ធម៌ទាំងនេះ បែកធ្លាយទៅដោយប្រការទាំងពួង ។ ធម៌ទាំងនេះ កើតហើយ ព្រោះហេតុ និងបច្ច័យអំពីមុន ។ ហេតុ និងបច្ច័យទាំងឡាយណា ដែលឲ្យកើតមុន ហេតុ និងបច្ច័យទាំងនោះ ក៏ស្លាប់មុនទៅហើយ ។ ធម៌ទាំងឡាយខាងដើម និងខាងចុង មិនបានឃើញគ្នានឹងគ្នា ក្នុងកាលណាមួយឡើយ ។ ជីវិតតិច ព្រោះកិច្ចរបស់ខ្លួនតិច យ៉ាងនេះ ។

មួយទៀត ពួកមនុស្ស មានជីវិតតិច ជីវិតស្តួចស្តើង ជីវិតខ្លី ជីវិតមានក្នុងមួយខណៈ ជីវិតរហ័ស ជីវិតឆាប់ ជីវិតមិនមាំមួន ជីវិតមិនឋិតនៅយូរ បើប្រៀបផ្ទឹមនឹងជីវិតរបស់ពួកទេវតាជាន់ចាតុម្មហារាជិកា ។ របស់ពួកទេវតាជាន់តាវត្តិង្ស ។ របស់ទេវតាជាន់យាមៈ ។ របស់ទេវតាជាន់តុសិត ។ របស់ទេវតាជាន់និម្មានរតី ។ របស់ទេវតាជាន់បរនិម្មិតវសវត្តី ។ ពួកមនុស្សមានជីវិតតិច ជីវិតស្តួចស្តើង ជីវិតថោកថយ ជីវិតមានក្នុងមួយខណៈ ជីវិតរហ័ស ជីវិតឆាប់ ជីវិតមិនមាំមួន ជីវិតមិនឋិតនៅយូរ បើប្រៀបផ្ទឹមនឹងជីវិតរបស់ទេវតាព្រហ្មកាយិកៈ ។ សមដូចពាក្យនេះ ដែលព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អាយុរបស់ពួកមនុស្សនេះតិច បរលោក ពួកសត្វត្រូវទៅដោយពិត បុគ្គលគប្បីប៉ះពាល់ដោយបញ្ញា គប្បីធ្វើកុសល គប្បីប្រព្រឹត្តព្រហ្មចរិយៈ (ព្រោះថា) សត្វដែលកើតហើយ មិនមែនជាមិនស្លាប់ទេ ម្នាលភិក្ខុទាំងឡាយ បុគ្គលណារស់នៅអស់កាលយូរ បុគ្គលនោះ គប្បីរស់នៅ ១០០ ឆ្នាំ តិចពីមួយរយឆ្នាំ ឬច្រើនជាង ១០០ឆ្នាំ ។

អាយុរបស់ពួកមនុស្ស តិច បុរសល្អ គប្បីនឿយណាយនឹងអាយុនោះ គប្បីប្រព្រឹត្តដូចជាបុគ្គល ដែលភ្លើងឆេះក្បាល ដំណើរមិនមកនៃមច្ចុ មិនមានទេ ថ្ងៃ និងយប់ តែងកន្លងទៅ ជីវិតក៏ស្រកស្រុតទៅដែរ អាយុរបស់ពួកសត្វ រមែងអស់ទៅ ដូចជាទឹកនៃស្ទឹងតូចទាំងឡាយ ។

ហេតុនេះ (ទ្រង់ត្រាស់ថា) ជីវិតនេះ តិចណាស់ ។

[១៨៣] ពាក្យថា សត្វរមែងស្លាប់ខាងអាយអំពីមួយរយឆ្នាំ អធិប្បាយថា សត្វរមែងច្យុត ស្លាប់ បាត់បង់ វិនាស ក្នុងកាលជាកលលៈ ក៏មាន ។ សត្វរមែងច្យុត ស្លាប់ បាត់បង់ វិនាស ក្នុងកាលជាអម្ពុទៈ ក៏មាន ។ សត្វរមែងច្យុត ស្លាប់ បាត់បង់ វិនាស ក្នុងកាលជាបេសិ ក៏មាន ។ សត្វរមែងច្យុត ស្លាប់ បាត់បង់ វិនាស ក្នុងកាលជាឃនៈ ក៏មាន ។ សត្វរមែងច្យុត ស្លាប់ បាត់បង់ វិនាស ក្នុងកាលជាបញ្ចសាខា ក៏មាន ។ សត្វគ្រាន់តែមានកំណើត ច្យុត ស្លាប់ បាត់បង់ វិនាសទៅវិញ ក៏មាន ។ សត្វរមែងច្យុត ស្លាប់ បាត់បង់ វិនាស ក្នុងផ្ទះជាទីប្រសូត ក៏មាន ។ សត្វកើតបានកន្លះខែ ច្យុត ស្លាប់ បាត់បង់ វិនាសទៅវិញ ក៏មាន ។ សត្វកើតបាន ១ ខែ ច្យុត ស្លាប់ បាត់បង់ វិនាសទៅវិញ ក៏មាន ។ សត្វកើតបាន ២ ខែខ្លះ បាន ៣ ខែខ្លះ បាន ៤ ខែខ្លះ បាន ៥ ខែខ្លះ ច្យុត ស្លាប់ បាត់បង់ វិនាសទៅវិញ ក៏មាន ។ សត្វកើតបាន ៦ ខែខ្លះ ៧ ខែខ្លះ ៨ ខែខ្លះ ៩ ខែខ្លះ ១០ ខែខ្លះ ១ ឆ្នាំខ្លះ ច្យុត ស្លាប់ បាត់បង់ វិនាសទៅវិញ ក៏មាន ។ សត្វកើតបាន ២ ឆ្នាំខ្លះ ៣ ឆ្នាំខ្លះ ៤ ឆ្នាំខ្លះ ៥ ឆ្នាំខ្លះ ៦ ឆ្នាំខ្លះ ៧ ឆ្នាំខ្លះ ៨ ឆ្នាំខ្លះ ៩ ឆ្នាំខ្លះ ១០ ឆ្នាំខ្លះ ២០ ឆ្នាំខ្លះ ៣០ ឆ្នាំខ្លះ ៤០ ឆ្នាំខ្លះ ៥០ ឆ្នាំខ្លះ ៦០ ឆ្នាំខ្លះ ៧០ ឆ្នាំខ្លះ ៨០ ឆ្នាំខ្លះ ៩០ ឆ្នាំខ្លះ ច្យុត ស្លាប់ បាត់បង់ វិនាស ទៅវិញ ក៏មាន ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលរមែងស្លាប់ខាងអាយ អំពីមួយរយឆ្នាំ ។

[១៨៤] ពាក្យថា បើបុគ្គលណា រស់នៅកន្លងហួសទៅ គឺ បុគ្គលណា រស់នៅកន្លងមួយរយឆ្នាំ បុគ្គលនោះ រស់នៅអស់ ១ ឆ្នាំក្តី រស់នៅអស់ ២ ឆ្នាំក្តី រស់នៅអស់ ៣ ឆ្នាំក្តី រស់នៅអស់ ៤ ឆ្នាំក្តី រស់នៅអស់ ៥ ឆ្នាំក្តី រស់នៅអស់ ១០ ឆ្នាំក្តី រស់នៅអស់ ២០ ឆ្នាំក្តី រស់នៅអស់ ៣០ ឆ្នាំក្តី រស់នៅអស់ ៤០ ឆ្នាំក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) បើបុគ្គលណា រស់នៅកន្លងហួសទៅ ។

[១៨៥] ពាក្យថា បុគ្គលនោះ គង់ស្លាប់ ព្រោះជរាពុំខាន អធិប្បាយថា កាលណាបុគ្គលចាស់ ចម្រើនដោយវ័យ មានអាយុច្រើន កន្លងកាល ជ្រុលចូលក្នុងបច្ឆិមវ័យ មានធ្មេញបាក់ សក់ស្កូវ ក្បាលឆក ក្បាលថ្ពែក ស្បែកជ្រួញជ្រីវ មានខ្លួនរទុះដោយប្រជ្រុយ ខ្នងកោងក្ងក់ កាន់ឈើច្រត់ បុគ្គលនោះ គង់ច្យុត ស្លាប់ បាត់បង់ វិនាស ព្រោះជរា ។

ការរួចចាកមរណៈ មិនមានទេ សត្វទាំងឡាយ ដែលកើតហើយ តែងមានភ័យអំពីមរណៈជានិច្ច ដូចជាផ្លែឈើទុំទាំងឡាយ តែងមានភ័យអំពីការជ្រុះចុះ ក្នុងវេលាព្រឹក ភាជន៍ដី ដែលកុម្ភការធ្វើហើយទាំងអស់ មានការបែកធ្លាយជាទីបំផុត យ៉ាងណា ជីវិតរបស់សត្វទាំងឡាយ ក៏យ៉ាងនោះដែរ ពួកជនណា ទាំងក្មេង ទាំងចាស់ ទាំងពាល ទាំងបណ្ឌិត ពួកជនទាំងអស់នោះ រមែងលុះអំណាចនៃមច្ចុ ពួកជនទាំងអស់ មានមច្ចុប្រព្រឹត្តទៅខាងមុខ កាលពួកជនទាំងនោះ ដែលមច្ចុគ្របសង្កត់ ទៅកាន់បរលោក បិតាពឹងបុត្តមិនបាន ឬថាពួកញាតិពឹងពួកញាតិក៏មិនបាន អ្នកចូរមើលចុះ កាលពួកញាតិកំពុង​សម្លឹង​មើល កំពុងយំរៀបរាប់ច្រើន សត្វលោកដែលត្រូវមច្ចុ និងជរាបំផ្លាញហើយ ដូចជាបណ្តាសត្វទាំងឡាយ គោមួយៗ ដែលគេត្រូវនាំទៅសម្លាប់ ។

ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះគង់ស្លាប់ ព្រោះជរាពុំខាន ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា ៖ ជីវិតនេះ តិចណាស់ រមែងស្លាប់ខាងអាយ អំពីមួយរយឆ្នាំ បើបុគ្គលណា រស់នៅកន្លងហួស (ពីមួយរយឆ្នាំ) ទៅ បុគ្គលនោះ គង់ស្លាប់ ព្រោះជរាពុំខាន ។

[១៨៦] ពួកជន រមែងសោកស្តាយ ចំពោះវត្ថុដែលហួងហែង ការហួងហែងទាំងឡាយ ពុំមែនជាការទៀងទាត់ទេ វត្ថុនេះ មានសភាពព្រាត់ប្រាសដោយពិត បុគ្គលកាលឃើញដូច្នេះហើយ មិនគួរនៅគ្រប់គ្រងផ្ទះឡើយ ។

[១៨៧] អធិប្បាយពាក្យថា ពួកជន រមែងសោកស្តាយ ចំពោះវត្ថុដែលហួងហែង ត្រង់ពាក្យថា ពួកជន បានដល់ ពួកក្សត្រិយ៍ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ គ្រហស្ថ បព្វជិត ទេវតា មនុស្ស ។ ពាក្យថា ការហួងហែង បានដល់ការហួងហែង ២ គឺការហួងហែងគឺតណ្ហា ១ ការហួងហែងគឺទិដ្ឋិ ១ ។បេ។ នេះការហួងហែងគឺតណ្ហា ។បេ។ នេះការហួងហែងគឺទិដ្ឋិ ។ ពួកជនជាអ្នកមានសេចក្តីរង្កៀស ដោយការដណ្តើមយកវត្ថុដែលហួងហែង រមែងសោកស្តាយ ក៏មាន សោកស្តាយចំពោះវត្ថុដែលគេកំពុងដណ្តើមយក ក៏មាន សោកស្តាយចំពោះវត្ថុដែលគេដណ្តើមយកហើយ ក៏មាន ពួកជនមានសេចក្តីរង្កៀសដោយការប្រែប្រួលចាកវត្ថុដែលហួងហែង រមែងសោកស្តាយ ក៏មាន សោកស្តាយចំពោះវត្ថុដែលកំពុងប្រែប្រួល ក៏មាន សោកស្តាយចំពោះវត្ថុដែលប្រែប្រួលហើយ ក៏មាន រមែងលំបាក ខ្សឹកខ្សួល គក់ទ្រូង ដល់នូវការវង្វេង ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកជនរមែងសោកស្តាយ ចំពោះវត្ថុដែលហួងហែង ។

[១៨៨] អធិប្បាយពាក្យថា ការហួងហែងទាំងឡាយ ពុំមែនជាការទៀងទាត់ទេ ត្រង់ពាក្យថា ការហួងហែង បានដល់ការហួងហែង ២ គឺការហួងហែងគឺតណ្ហា ១ ការហួងហែងគឺទិដ្ឋិ ១ ។បេ។ នេះការហួងហែងគឺតណ្ហា ។បេ។ នេះការហួងហែងគឺទិដ្ឋិ ។ ការហួងហែងគឺតណ្ហា ជាសភាពមិនទៀង ដែលបច្ច័យតាក់តែង កើតឡើង ព្រោះអាស្រ័យ (បច្ច័យ) មានការអស់ទៅជាធម្មតា វិនាសទៅជាធម្មតា បា្រសទៅជាធម្មតា រលត់ទៅជាធម្មតា ប្រែប្រួលទៅជាធម្មតា ។ ការហួងហែងគឺទិដ្ឋិ ជាសភាពមិនទៀង ដែលបច្ច័យតាក់តែង កើតឡើង ព្រោះអាស្រ័យ (បច្ច័យ) មានការអស់ទៅជាធម្មតា វិនាសទៅជាធម្មតា បា្រសទៅជាធម្មតា រលត់ទៅជាធម្មតា ប្រែប្រួលទៅជាធម្មតា ។ សមដូចពាក្យនេះ ដែលព្រះមានព្រះភាគ ត្រាស់ហើយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ធ្លាប់ឃើញការហួងហែង ដែលជាសភាពទៀង មាំមួន ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅស្មើដោយសស្សតិវត្ថុ ដូច្នោះដែរឬ ។ បពិតព្រះអង្គដ៏ចម្រើន ដំណើរនុ៎ះ យើងខ្ញុំមិនធ្លាប់ឃើញទេ ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ប្រពៃហើយ ម្នាលភិក្ខុទាំងឡាយ តថាគត ក៏ពិចារណាមិនឃើញនូវការហួងហែងនុ៎ះ ដែលជាសភាពទៀង មាំមួន ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅស្មើដោយសស្សតិវត្ថុ ដូច្នោះដែរ ។ ការហួងហែងទាំងឡាយ ជាសភាពទៀង មាំមួន ឋិតថេរ មិនប្រែប្រួលជាធម្មតា ឥតមាន មិនដែលមាន មិនមានបា្រកដ មិនកើតមានទេ ហេតុនោះ (ទ្រង់ត្រាស់ថា) ការហួងហែងទាំងឡាយ ពុំមែនជាការទៀងទាត់ទេ ។

[១៨៩] ពាក្យថា វត្តុនេះមានសភាពព្រាត់បា្រសដោយពិត គឺភាវៈផ្សេងៗ ភាវៈព្រាត់បា្រស ភាវៈទៅជាយ៉ាងដទៃ កាលមាន កាលកាន់ព្រម កាលកើតមាន ។ សមដូចពាក្យនេះ ដែលព្រះមានបុណ្យត្រាស់ហើយថា ម្នាលអានន្ទ មិនគួរទេ អ្នកកុំសោក កុំខ្សឹកខ្សួលឡើយ ម្នាលអានន្ទ ក្រែងតថាគតបានពោលហើយ ក្នុងកាលមុន នូវពាក្យនេះថា ភាវៈផ្សេងៗ ភាវៈព្រាត់បា្រស ភាវៈជាយ៉ាងដទៃ ចាកសត្វ និងសង្ខារទាំងពួង ជាទីស្រឡាញ់ពេញចិត្តដូច្នេះឬ ម្នាលអានន្ទ បុគ្គលគប្បីបាននូវហេតុនោះ ក្នុងសត្វ និងសង្ខារទាំងនោះ អំពីទីណាថា វត្ថុណាកើតហើយ បា្រកដហើយ តាក់តែងហើយ មានកិរិយាវិនាសជាធម្មតា ឱហ្ន៎ វត្ថុនោះ កុំវិនាសឡើយ ដំណើរនោះ មិនសមហេតុទេ ។ ព្រោះសេចក្តីប្រែប្រួលជាយ៉ាងដទៃ របស់ខន្ធ ធាតុ អាយតនៈ ដែលមានក្នុងកាលមុនៗ ខន្ធ ធាតុ អាយតនៈ ដែលមានក្នុងកាលខាងក្រោយៗ ក៏រមែងប្រព្រឹត្តទៅ (ដូចគ្នា) ហេតុនោះ (ទ្រង់ត្រាស់ថា) វត្ថុនេះមានសភាពព្រាត់បា្រសដោយពិត ។

[១៩០] អធិប្បាយពាក្យថា បុគ្គលឃើញដូច្នេះហើយ មិនគួរនៅគ្រប់គ្រងផ្ទះឡើយ ត្រង់ពាក្យថា ដូច្នេះ គឺជាពាក្យភ្ជាប់បទ ជាពាក្យជាប់ទាក់ទងដោយបទ ជាពាក្យញុំាងបទឲ្យពេញ ជាពាក្យប្រជុំដោយអក្ខរៈ ជាបទសម្រួលព្យព្ជានៈ ពាក្យថា ដូច្នេះនេះ ជាលំដាប់នៃបទ ។ បុគ្គលឃើញ យល់ ថ្លឹង ពិចារណា យល់ច្បាស់ ធ្វើឲ្យបា្រកដ ក្នុងវត្ថុដែលហួងហែង ដូច្នេះហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលឃើញដូច្នេះហើយ ។ ពាក្យថា មិនគួរនៅគ្រប់គ្រងផ្ទះ គឺគប្បីកាត់បលិពោធ ក្នុងឃរាវាសគ្រប់យ៉ាង កាត់បលិពោធ ក្នុងបុត្តភរិយា កាត់បលិពោធក្នុងពួកញាតិ កាត់បលិពោធក្នុងមិត្ត និងអាមាត្យ កាត់បលិពោធក្នុងការសន្សំ ហើយកោរសក់ និងពុកមាត់ ស្លៀកដណ្តប់សំពត់កាសាយៈ (ចេញ) ចាកផ្ទះ ហើយបួស ដោយភេទជាបុគ្គលមិនមានផ្ទះ ដល់នូវភាពមិនមានកង្វល់ ត្រាច់ទៅ នែបនៅ សម្រេច សម្រាន្ត ប្រព្រឹត្ត រក្សា សម្រួល រស់នៅតែម្នាក់ឯង ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គល ឃើញដូច្នេះហើយ មិនគួរនៅគ្រប់គ្រងផ្ទះឡើយ ។ ហេតុនោះព្រះមានព្រះភាគ ត្រាស់ថា ៖ ពួកជន រមែងសោកស្តាយ ចំពោះវត្ថុដែលហួងហែង ការហួងហែងទាំងឡាយ ពុំមែនជាការទៀងទាត់ទេ វត្ថុនេះ មានសភាពព្រាត់បា្រសដោយពិត បុគ្គលឃើញដូច្នេះហើយ មិនគួរនៅគ្រប់គ្រងផ្ទះឡើយ ។

[១៩១] បុរសសំគាល់នូវខន្ធបញ្ចកៈណាថា នេះរបស់អញ ខន្ធបញ្ចកៈនោះ រមែងសាបសូន្យដោយមរណៈ បណ្ឌិតជាអ្នករាប់អាន ដឹងច្បាស់ដំណើរនុ៎ះហើយ មិនគប្បីបង្អោនទៅក្នុងសេចក្តីហួងហែងឡើយ ។

[១៩២] អធិប្បាយពាក្យថា ខន្ធបញ្ចកៈនោះ រមែងសាបសូន្យដោយមរណៈ ត្រង់ពាក្យថា មរណៈ បានដល់ ការច្យុតិ ការឃ្លាត ការបែកធ្លាយ ការបាត់បង់ មច្ចុ មរណៈ កាលកិរិយា ការបែកធ្លាយខន្ធ ការដាក់ចោលសាកសព ការផ្តាច់បង់ជីវិតិន្រ្ទិយ ចាកសត្តនិកាយនោះៗ របស់សត្វទាំងឡាយនោះៗ ។ ពាក្យថា ខន្ធបញ្ចកៈនោះ គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ។ ពាក្យថា សាបសូន្យ គឺ សាបសូន្យ លះបង់ បោះបង់ បាត់ទៅ វិនាសទៅ ។ សមដូចភាសិតនេះថា ៖ ភោគៈទាំងឡាយ រមែងលះបង់នូវសត្វក្នុងកាលមុន ក៏មាន សត្វលះបង់ភោគៈទាំងនោះ មុនជាងទៅទៀត ក៏មាន នែអ្នក​​​ប្រាថ្នា​កាម ពួកជនអ្នកមានភោគៈ មិនទៀងទេ ព្រោះហេតុនោះ ទើបខ្ញុំមិនសោកស្តាយក្នុងកាលដែលគួរសោកស្តាយ ព្រះចន្ទ រះឡើង ពេញវង់ លិចទៅ ព្រះអាទិត្យរះឡើង ហើយអស្តង្គតទៅ នែអ្នកជាសត្រូវ លោកធម៌ទាំងឡាយ ខ្ញុំដឹងច្បាស់ហើយ ព្រោះហេតុនោះ ខ្ញុំទើបមិនសោកស្តាយក្នុងកាលដែលគួរសោកស្តាយ ។

ហេតុនោះ (ទ្រង់ត្រាស់ថា) ខន្ធបញ្ចកៈ រមែងសាបសូន្យដោយមរណៈ ។

[១៩៣] អធិប្បាយពាក្យថា បុរសសំគាល់នូវខន្ធបញ្ចកៈណាថា នេះរបស់អញ ត្រង់ពាក្យថា ខន្ធបញ្ចកៈណា គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ។ ពាក្យថា បុរស គឺ ការរាប់ ឈ្មោះ បញ្ញត្តិ លោកវោហារ នាម អំពើរបស់នាម ពាក្យទ្រទ្រង់ទុកនូវនាម ភាសា ព្យញ្ជនៈ ការហៅរក ។ ពាក្យថា សំគាល់ថា នេះរបស់អញ គឺសំគាល់ក្នុងការសំគាល់ដោយតណ្ហា សំគាល់ក្នុងការសំគាល់ដោយទិដ្ឋិ សំគាល់ក្នុងការសំគាល់ដោយមានះ សំគាល់ក្នុងការសំគាល់ដោយកិលេស សំគាល់ក្នុងការសំគាល់ដោយទុច្ចរិត សំគាល់ក្នុងការសំគាល់ដោយបយោគៈ សំគាល់ក្នុងការសំគាល់ដោយវិបាក ហេតុនោះ (ទ្រង់ត្រាស់ថា) បុរសសំគាល់ខន្ធបញ្ចកៈណាថា នេះរបស់អញ ។

[១៩៤] ពាក្យថា បណ្ឌិតដឹងច្បាស់ដំណើរនុ៎ះ គឺ ដឹង ស្គាល់ ថ្លឹង ត្រិះរិះ ពិចារណា ឈ្វេងយល់ ធ្វើឲ្យបា្រកដនូវទោសនុ៎ះ ក្នុងវត្ថុដែលហួងហែងទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) ដឹងច្បាស់ដំណើរនុ៎ះ ។ ពាក្យថា បណ្ឌិត គឺអ្នកមាន​ប្រាជ្ញា​ មានញាណ មានបញ្ញា ភ្លឺច្បាស់ មានបញ្ញាធ្លុះធ្លាយ ហេតុនោះ (ទ្រង់ត្រាស់ថា) បណ្ឌិតដឹងច្បាស់ដំណើរនុ៎ះ ។

[១៩៥] អធិប្បាយពាក្យថា ជាអ្នករាប់អាន មិនគប្បីបង្អោនទៅក្នុងសេចក្តីហួងហែងឡើយ ត្រង់ពាក្យថា សេចក្តីហួងហែង បានដល់សេចក្តីហួងហែង ២ គឺ សេចក្តីហួងហែងគឺតណ្ហា ១ សេចក្តីហួងហែងគឺទិដ្ឋិ ១ ។បេ។ នេះ សេចក្តីហួងហែងគឺតណ្ហា ។បេ។ នេះ សេចក្តីហួងហែងគឺទិដ្ឋិ ។ ពាក្យថា អ្នករាប់អាន គឺអ្នករាប់អានព្រះពុទ្ធ អ្នករាប់អានព្រះធម៌ អ្នករាប់អានព្រះសង្ឃ បុគ្គលនោះ តែងរាប់អានព្រះមានព្រះភាគ ព្រះមានព្រះភាគ ក៏ទ្រង់រាប់អានបុគ្គលនោះ ។ សមដូចពាក្យនេះ ដែលព្រះមានព្រះភាគត្រាស់ហើយថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ជាអ្នកកុហក មានចិត្តរឹងត្អឹង ចរចាហួសហេតុ មានការជាប់ចំពាក់ ជាអ្នកឆ្មើងឆ្មៃ មានចិត្តមិនតាំងមាំ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុទាំងនោះ មិនមែនរាប់អានតថាគតទេ មួយទៀត ភិក្ខុទាំងនោះ បា្រសចាកធម៌វិន័យនេះហើយ ភិក្ខុទាំងនោះ មិនដល់នូវការចម្រើន លូតលាស់ ធំទូលាយ ក្នុងធម៌វិន័យនេះទេ ម្នាលភិក្ខុទាំងឡាយ លុះតែពួកភិក្ខុណា មិនកុហក មិនចរចាហួសហេតុ មាន​ប្រាជ្ញា​ខ្ជាប់ខ្ជួន មិនរឹងត្អឹង មានចិត្តតាំងមាំល្អ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះឯង ឈ្មោះថា អ្នករាប់អានតថាគត មួយទៀត ភិក្ខុទាំងនោះ មិនបា្រសចាកធម៌វិន័យនេះទេ ភិក្ខុទាំងនោះ ដល់នូវសេចក្តីចម្រើន លូតលាស់ ធំទូលាយ ក្នុងធម៌វិន័យនេះ ។

ពួកភិក្ខុណា ជាអ្នកកុហក រឹងត្អឹង ចរចាហួសហេតុ មានការជាប់ចំពាក់ ឆ្មើងឆ្មៃ មានចិត្តមិនតាំងមាំ ភិក្ខុទាំងនោះ មិនលូតលាស់ក្នុងធម៌ ដែលព្រះសម្មាសម្ពុទ្ធសំដែងទេ ពួកភិក្ខុណា ជាអ្នកមិនកុហក មិនចរចាហួសហេតុ មាន​ប្រាជ្ញា​ខ្ជាប់ខ្ជួន មិនរឹងត្អឹង មានចិត្តតាំងមាំល្អ ភិក្ខុទាំងនោះ ទើបលូតលាស់ក្នុងធម៌ ដែលព្រះសម្មាសម្ពុទ្ធសំដែងហើយ ។

ពាក្យថា បណ្ឌិតជាអ្នករាប់អាន មិនគប្បីបង្អោនទៅក្នុងសេចក្តីហួងហែង បានសេចក្តីថា បុគ្គលអ្នករាប់អាន (ព្រះរត្នត្រ័យ) គប្បីលះបង់សេចក្តីហួងហែងគឺតណ្ហា រលាស់ចោលសេចក្តីហួងហែង គឺទិដ្ឋិ ហើយមិនបង្អោនទៅ មិនបន្ទន់ទៅ ក្នុងសេចក្តីហួងហែង ជាអ្នកមិនឱនទៅរកសេចក្តីហួងហែងនោះ មិនងាកទៅរកសេចក្តីហួងហែងនោះ មិនឈមទៅរកសេចក្ដីហួងហែងនោះ មិនចុះចិត្តស៊ប់ទៅរកសេចក្តីហួងហែងនោះ មិនយកសេចក្តីហួងហែងនោះជាធំ ហេតុនោះ (ទ្រង់ត្រាស់ថា) បណ្ឌិតជាអ្នករាប់អាន មិនគប្បីបង្អោនទៅក្នុងសេចក្តីហួងហែង ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា ៖ បុរសសំគាល់ខន្ធបញ្ចកៈណាថា នេះរបស់អញ ខន្ធបញ្ចកៈនោះ រមែងសាបសូន្យដោយមរណៈ បណ្ឌិតជាអ្នករាប់អាន ដឹងច្បាស់ដំណើរនុ៎ះហើយ មិនគប្បីបង្អោនទៅក្នុងសេចក្តីហួងហែងឡើយ ។

[១៩៦] បុរសភ្ញាក់ឡើងហើយ មិនឃើញអារម្មណ៍ដែលចួបប្រទះដោយការយល់សបិ្ត យ៉ាងណា បុគ្គលមិនឃើញជនជាទីស្រឡាញ់ ដែលធ្វើមរណកាល ទៅកាន់បរលោកហើយ ក៏យ៉ាងនោះដែរ ។

[១៩៧] ពាក្យថា អារម្មណ៍ដែលចួបប្រទះដោយការយល់សប្តិ យ៉ាងណា គឺចួបប្រទះ ភប់ប្រសប់ រួមគ្នា ជួបជុំគ្នា ហេតុនោះ (ទ្រង់ត្រាស់ថា) អារម្មណ៍ដែលចួបប្រទះដោយការយល់សប្តិ យ៉ាងណា ។

[១៩៨] ពាក្យថា បុរសភ្ញាក់ឡើងហើយមិនឃើញ សេចក្តីថា បុរសអ្នកយល់សប្តិឃើញព្រះចន្រ្ទ ឃើញព្រះអាទិត្យ ឃើញមហាសមុទ្រ ឃើញស្តេចភ្នំសិនេរុ ឃើញដំរី ឃើញសេះ ឃើញរថ ឃើញពលថ្មើរជើង ឃើញសេនាព្យូហៈ ឃើញសួនច្បារជាទីត្រេកអរ ឃើញព្រៃជាទីត្រេកអរ ឃើញផែនដីជាទីត្រេកអរ ឃើញស្រះបោក្ខរណីជាទីត្រេកអរ ភ្ញាក់ឡើងហើយ ក៏មិនឃើញអ្វីសោះយ៉ាងណា ហេតុនោះ (ទ្រង់ត្រាស់ថា) បុរសភ្ញាក់ឡើងហើយមិនឃើញ ។

[១៩៩] ពាក្យថា ក៏យ៉ាងនោះដែរ របស់បទថា ជនជាទីស្រឡាញ់ ក៏យ៉ាងនោះដែរ គឺជាវាចាផ្តល់ដោយសេចក្តីឧបមា ។ ពាក្យថា ជនជាទីស្រឡាញ់ គឺជនដែលស្រឡាញ់ ដែលរាប់អាន ទោះជាមាតាក្តី បិតាក្តី បងប្អូនប្រុសក្តី បងប្អូនស្រីក្តី បុត្តក្តី ធីតាក្តី មិត្រក្តី អាមាត្យក្តី ញាតិសាលោហិតក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) ជនជាទីស្រឡាញ់ ក៏យ៉ាងនោះដែរ ។

[២០០] ពាក្យថា បុគ្គលមិនឃើញជនដែលធ្វើមរណកាលទៅកាន់បរលោកហើយ សេចក្តីថា ពួកជនស្លាប់ ធ្វើមរណកាលហើយ លោកហៅថា អ្នកទៅកាន់បរលោក ។ បុគ្គលមិនឃើញ មិនជួប មិនប្រទះ មិនបាន ឥតបាន ហេតុនោះ (ទ្រង់ត្រាស់ថា) មិនឃើញជន ដែលធ្វើមរណកាលទៅកាន់បរលោកហើយ ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា ៖ បុរសភ្ញាក់ឡើងហើយ មិនឃើញអារម្មណ៍ដែលចួបប្រទះដោយការយល់សប្តិយ៉ាងណា បុគ្គលមិនឃើញជនជាទីស្រឡាញ់ ដែលធ្វើមរណកាល ទៅកាន់បរលោកហើយ ក៏យ៉ាងនោះដែរ ។

[២០១] នាមនេះ របស់ពួកជនណា ដែលគេតែងពោល ពួកជននោះ គេឃើញខ្លះ ឮខ្លះ នាមហ្នឹងឯងរបស់សត្វទៅកាន់បរលោក ដែលគេគួរហៅបាន រមែងសល់នៅ ។

[២០២] អធិប្បាយពាក្យថា ពួកជននោះ គេឃើញខ្លះ ឮខ្លះ ត្រង់ពាក្យថា គេឃើញ គឺពួកជនណា ដែលចួបប្រទះដោយចក្ខុវិញ្ញាណ ។ ពាក្យថា ឮ គឺពួកជនណា ដែលចួបប្រទះដោយសោតវិញ្ញាណ ។ ពាក្យថា ពួកជននោះ គឺក្សត្រិយ៍ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ គ្រហស្ថ បព្វជិត ទេវតា និងមនុស្ស ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកជននោះ គេឃើញខ្លះ ឮ​​ខ្លះ ?

[២០៣] អធិប្បាយពាក្យថា នាមនេះ របស់ពួកជនណា ដែលគេតែងពោល ត្រង់ពាក្យថា របស់ពួកជនណា គឺរបស់ពួកក្សត្រិយ៍ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ គ្រហស្ថ បព្វជិត ទេវតា មនុស្សណា ។ ពាក្យថា នាម គឺ ការរាប់ឈ្មោះ បញ្ញាតិ្ត លោកវោហារ នាម អំពើរបស់នាម ពាក្យទ្រទ្រង់នូវនាម ភាសា ព្យញ្ជនៈ ការហៅរក ។ ពាក្យថា គេតែងពោល គឺគេតែងសំដែង តែងនិយាយ តែងបំភ្លឺ តែងបញ្ចេញ ហេតុនោះ (ទ្រង់ត្រាស់ថា) នាមនេះ របស់ពួកជនណាដែលគេតែងពោល ។

[២០៤] ពាក្យថា នាមហ្នឹងឯងដែលគួរហៅបាន រមែងសល់នៅ សេចក្តីថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ដែលឃ្លាតចេញ លះចេញស្រឡះ បាត់បង់ វិនាស តែនាមរមែងសល់នៅ ។ ពាក្យថា គួរហៅបាន គឺ គួរពោល សំដែង បំភ្លឺ បញ្ចេញបាន ហេតុនោះ (ទ្រង់ត្រាស់ថា) នាមហ្នឹងឯង ដែលគួរហៅបាន រមែងសល់នៅ ។ ពាក្យថា ទៅកាន់បរលោក របស់បទថា របស់សត្វទៅកាន់បរលោក គឺ សត្វស្លាប់ ធ្វើមរណកាលហើយ ។ ពាក្យថា របស់សត្វ គឺរបស់សត្វ នរៈ មាណព បុរស បុគ្គល សត្វមានជីវៈ សត្វមានជាតិ សត្វមានជរា សត្វទៅដោយឥន្រ្ទិយ សត្វមានជាតិអំពីមនុស្ស ហេតុនោះ (ទ្រង់ត្រាស់ថា) របស់សត្វទៅកាន់បរលោក ដែលគួរហៅបាន ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា ៖ នាមនេះ របស់ពួកជនណា ដែលគេតែងពោល ពួកជននោះ គេឃើញខ្លះ ឮខ្លះ នាមហ្នឹងឯងរបស់សត្វ ទៅកាន់បរលោក ដែលគេគួរហៅបាន រមែងសល់នៅ ។

[២០៥] ពួកជនអ្នក​​​ប្រាថ្នា​ រមែងមិនលះបង់នូវសេចក្តីសោក សេចក្តីខ្សឹកខ្សួល និងសេចក្តីកំណាញ់ ក្នុងវត្ថុដែលហួងហែង ព្រោះហេតុនោះ មុនិទាំងឡាយ ជាអ្នកឃើញសេចក្តីក្សេម បានប្រព្រឹត្តលះបង់សេចក្តីហួងហែងចេញ ។

[២០៦] អធិប្បាយពាក្យថា ពួកជនអ្នក​​​ប្រាថ្នា​ រមែងមិនលះបង់សេចក្តីសោក សេចក្តីខ្សឹកខ្សួល និងសេចក្តីកំណាញ់ ក្នុងវត្ថុដែលហួងហែង ត្រង់ពាក្យថា សេចក្តីសោក គឺការសោក ការសោកស្តាយ ភាពនៃចិត្តសោកស្តាយ សោកខាងក្នុង ស្តាយស្រណោះខាងក្នុង ក្តៅក្រហាយខាងក្នុង ក្តៅរោលរាលខាងក្នុង ជ្រប់ ស្រពោនចិត្ត ទោមនស្ស សរគឺសោករបស់សត្វ ដែលត្រូវសេចក្តីវិនាសញាតិប៉ះពាល់ក្តី សេចក្តីវិនាសភោគៈប៉ះពាល់ក្តី សេចក្តីវិនាសគឺរោគប៉ះពាល់ក្តី សេចក្តីវិនាសសីលប៉ះពាល់ក្តី សេចក្តីវិនាសទិដ្ឋិប៉ះពាល់ក្តី ប្រកបដោយសេចក្តីវិនាសណាមួយក្តី ទុក្ខធម៌ណាមួយប៉ះពាល់ក្តី ។ ពាក្យថា សេចក្តីខ្សឹកខ្សួល គឺការយំ ការយំរៀបរាប់ អាការយំ អាការយំរៀបរាប់ ភាពនៃការយំ ភាពនៃការយំរៀបរាប់ ការនិយាយ ការពោលឥតប្រយោជន៍ ការពោលរវើរវាយ ការពោលរឿយៗ អាការជាទីពោលរឿយៗ ភាពនៃការពោលរឿយៗ របស់សត្វដែល ត្រូវសេចក្តីវិនាសញាតិប៉ះពាល់ក្តី ។បេ។ សេចក្តីវិនាសទិដ្ឋិប៉ះពាល់ក្តី ប្រកបដោយសេចក្តីវិនាសណាមួយក្តី ទុក្ខធម៌ណាមួយប៉ះពាល់ក្តី ។ ពាក្យថា សេចក្តីកំណាញ់ បានដល់សេចក្តីកំណាញ់ ៥ យ៉ាង គឺសេចក្តីកំណាញ់អាវាស ១ សេចក្តីកំណាញ់ត្រកូល ១ សេចក្តីកំណាញ់លាភ ១ សេចក្តីកំណាញ់វណ្ណៈ ១ សេចក្តីកំណាញ់ធម៌ ១ សេចក្តីកំណាញ់ អាការកំណាញ់ ភាពនៃការកំណាញ់ សេចក្តី​​​ប្រាថ្នា​ផ្សេងៗ ស្មូកន្រ្ទឹះ ភាពនៃចិត្តរួញ ភាពនៃការមិនយកចិត្តគេណា មានសភាពយ៉ាងនេះ នេះហៅថា សេចក្តីកំណាញ់ ។ មួយទៀត សេចក្តីកំណាញ់ខន្ធ ក៏ឈ្មោះថាសេចក្តីកំណាញ់ សេចក្តីកំណាញ់ធាតុ ក៏ឈ្មោះថា សេចក្តីកំណាញ់ សេចក្តីកំណាញ់អាយតនៈ ក៏ឈ្មោះថា សេចក្តីកំណាញ់ ការគិតតែកាន់យកនេះ លោកហៅថា សេចក្តីកំណាញ់ ។ តណ្ហា លោកហៅថា ការចង់បាន បានដល់តម្រេក តម្រេកខ្លាំង ។បេ។ ការ​សម្លឹង​រំពៃ លោភៈ អកុសលមូល ។ ពាក្យថា ការហួងហែង បានដល់ការហួងហែង ២ គឺ ការហួងហែង គឺតណ្ហា ១ ការហួងហែងគឺទិដ្ឋិ ១ ។បេ។ នេះការហួងហែងគឺតណ្ហា ។បេ។ នេះការហួងហែងគឺទិដ្ឋិ ។ ពួកជនមានសេចក្តីរង្កៀស ដោយការដណ្តើមយកវត្ថុដែលហួងហែង សោកស្តាយក៏មាន សោកស្តាយវត្ថុដែលគេកំពុងដណ្តើមយក ក៏មាន សោកស្តាយវត្ថុដែលគេដណ្តើមយកហើយ ក៏មាន ពួកជនមានសេចក្តីរង្កៀសដោយការប្រែប្រួល នៃវត្ថុដែលហួងហែង រមែងសោកស្តាយ ក៏មាន សោកស្តាយវត្ថុដែលកំពុងប្រែប្រួល ក៏មាន សោកស្តាយវត្ថុដែលប្រែប្រួលហើយ ក៏មាន ។ អ្នកមានសេចក្តីរង្កៀសដោយការដណ្តើមយកវត្ថុដែលហួងហែង ខ្សឹកខ្សួល ក៏មាន ខ្សឹកខ្សួលនឹងវត្ថុដែលគេកំពុងដណ្តើមយក ក៏មាន ខ្សឹកខ្សួលនឹងវត្ថុដែលគេដណ្តើមយកហើយក៏មាន អ្នកមានសេចក្តីរង្កៀសដោយការប្រែប្រួល នៃវត្ថុដែលហួងហែង ខ្សឹកខ្សួល ក៏មាន ខ្សឹកខ្សួលនឹងវត្ថុដែលកំពុងប្រែប្រួល ក៏មាន ខ្សឹកខ្សួលនឹងវត្ថុដែលប្រែប្រួលហើយ ក៏មាន ។ ពួកជនរមែងរក្សា គ្រប់គ្រង កួចកាន់ ហួងហែង កំណាញ់វត្ថុដែលហួងហែង ។ ពួកជនរមែងសោកស្តាយវត្ថុដែលហួងហែង មិនលះបង់សេចក្តីសោក មិនលះបង់សេចក្តីខ្សឹកខ្សួល មិនលះបង់សេចក្តីកំណាញ់ មិនលះបង់ មិនលះចោល មិនបន្ទោបង់ មិនធ្វើឲ្យវិនាស មិនធ្វើឲ្យដល់នូវការមិនកើតមានសេចក្តី​​​ប្រាថ្នា​ ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកជនអ្នក​​​ប្រាថ្នា​ រមែងមិនលះបង់នូវសេចក្តីសោក សេចក្តីខ្សឹកខ្សួល និងសេចក្តីកំណាញ់ ក្នុងវត្ថុដែលហួងហែង ។

[២០៧] អធិប្បាយពាក្យថា ព្រោះហេតុនោះ មុនិទាំងឡាយ ជាអ្នកឃើញសេចក្តីក្សេម បានប្រព្រឹត្ត លះបង់សេចក្តីហួងហែងចេញ ត្រង់ពាក្យថា ព្រោះហេតុនោះ គឺព្រោះដូច្នោះ ព្រោះដំណើរនោះ ព្រោះហេតុនោះ ព្រោះបច្ច័យនោះ ព្រោះនិទាននោះ មុនិកាលឃើញច្បាស់នូវទោសនុ៎ះ ក្នុងវត្ថុដែលហួងហែងទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះហេតុនោះ ។ ពាក្យថា មុនិទាំងឡាយ សេចក្តីថា ញាណ ហៅថា មោនៈ បានខាង​ប្រាជ្ញា​ ការដឹងច្បាស់ ។បេ។ ការមិនវង្វេង ការពិចារណាធម៌ សេចក្តីយល់ឃើញត្រូវ មុនិទាំងឡាយ ប្រកបដោយញាណនោះ ដល់ហើយនូវការដឹង ។ មោនេយ្យៈ មាន ៣ គឺ កាយមោនេយ្យៈ វចីមោនេយ្យៈ មនោមោនេយ្យៈ ។បេ។ បុគ្គលណាកន្លងបង់បណ្តាញគឺគ្រឿងជាប់ចំពាក់ បុគ្គលនោះ ហៅថាមុនិ ។ ពាក្យថា សេចក្តីហួងហែង បានដល់សេចក្តីហួងហែង ២ គឺសេចក្តីហួងហែងគឺតណ្ហា ១ សេចក្តីហួងហែងគឺទិដ្ឋិ ១ ។បេ។ នេះ សេចក្តីហួងហែងគឺតណ្ហា ។បេ។ នេះ សេចក្តីហួងហែងគឺទិដ្ឋិ ។ មុនិទាំងឡាយ លះបង់សេចក្តីហួងហែងគឺតណ្ហា រលាស់ចោលសេចក្តីហួងហែងគឺទិដ្ឋិ បានរង្គាត់ទៅ ត្រាច់ទៅ ដើរទៅ សម្រេច ប្រព្រឹត្ត រក្សា ចិញ្ចឹម ទំនុក បម្រុង ។ ពាក្យថា អ្នកឃើញសេចក្តីក្សេម សេចក្តីថា អមតនិព្វាន លោកហៅថា សេចក្តីក្សេម បានខាងការរម្ងាប់សង្ខារទាំងពួង ការរលាស់ចេញនូវឧបធិទាំងពួង ការអស់ទៅនៃតណ្ហា សេចក្តីនឿយណាយ សេចក្តីរលត់ ព្រះនិព្វាន ។ ពាក្យថា អ្នកឃើញ សេចក្តីក្សេម បានសេចក្តីថា អ្នកឃើញសេចក្តីក្សេម អ្នកឃើញទីជ្រកកោន អ្នកឃើញទីពឹងពួន អ្នកឃើញទីពឹង អ្នកឃើញទីមិនមានភ័យ អ្នកឃើញទីមិនច្យុត អ្នកឃើញអមតៈ អ្នកឃើញព្រះនិព្វាន ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះហេតុនោះ មុនិទាំងឡាយ ជាអ្នកឃើញសេចក្តីក្សេម បានប្រព្រឹត្តលះបង់សេចក្តីហួងហែង ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា ៖ ពួកជនអ្នក​​​ប្រាថ្នា​ រមែងមិនលះបង់នូវសេចក្តីសោក សេចក្តីខ្សឹកខ្សួល និងសេចក្តីកំណាញ់ ក្នុងវត្តុដែលហួងហែង ព្រោះហេតុនោះ មុនិទាំងឡាយ ជាអ្នកឃើញសេចក្តីក្សេម បានប្រព្រឹត្តលះបង់សេចក្តីហួងហែងចេញ ។

[២០៨] អ្នកបា្រជ្ញទាំងឡាយ ពោលអំពើនោះថាជាសាមគ្គីរបស់ភិក្ខុអ្នកប្រព្រឹត្តរួញថយ គប់រកអាសនៈស្ងាត់ ដែលមិនបង្ហាញខ្លួនក្នុងទីកើត ។

[២០៩] ពាក្យថា របស់ភិក្ខុអ្នកប្រព្រឹត្តរួញថយ អធិប្បាយថា សេក្ខបុគ្គល ៧ លោកហៅថា អ្នកប្រព្រឹត្តរួញថយ ឯព្រះអរហន្ត ជាអ្នកប្រព្រឹត្តរួញថយហើយ ។ សេក្ខបុគ្គល ៧ ពួក លោកហៅថា អ្នកប្រព្រឹត្តរួញថយ ព្រោះហេតុអ្វី ។ សេក្ខបុគ្គល ៧ ពួកនោះ ញុំាងចិត្តឲ្យរួញថយ ឲ្យខ្មូរ ឲ្យវិលវិញ អំពីអារម្មណ៍នោះៗ ខ្ទប់ សង្កត់សង្កិន រារាំង រក្សា គ្រប់គ្រង ត្រាច់ទៅ សម្រេចឥរិយាបថ សម្រាន្តចិត្ត ប្រព្រឹត្តទៅ រក្សា ចិញ្ចឹម ទំនុកបម្រុង ។ សេក្ខបុគ្គលទាំងនោះ ញុំាងចិត្តក្នុងចក្ខុទ្វារឲ្យរួញថយ ឲ្យខ្មូរ ឲ្យវិលវិញ ខ្ទប់ សង្កត់សង្កិន រារាំង រក្សា គ្រប់គ្រង ត្រាច់ទៅ សម្រេចឥរិយាបថ សម្រាន្តចិត្ត ប្រព្រឹត្តទៅ រក្សា ចិញ្ចឹម ទំនុកបម្រុង ។ ញុំាងចិត្តក្នុងសោតទ្វារ ញុំាងចិត្តក្នុងឃានទ្វារ ញុំាងចិត្តក្នុងជិវ្ហាទា្វរ ញុំាងចិត្តក្នុងកាយទ្វារ ញុំាងចិត្តក្នុងមនោទ្វារ ឲ្យរួញថយ ឲ្យខ្មូរ ឲ្យវិលវិញ ខ្ទប់ សង្កត់សង្កិន រារាំង រក្សា គ្រប់គ្រង ត្រាច់ទៅ សម្រេចឥរិយាបថ សម្រាន្តចិត្ត ប្រព្រឹត្តទៅ រក្សា ចិញ្ចឹម ទំនុកបម្រុង ។ ស្លាបមាន់ ឬទងសរសៃដែលគេដាក់ក្នុងភ្លើង រមែងរួញ ខ្មូរ វិលវិញ មិនលា យ៉ាងណាមិញ សេក្ខបុគ្គលទាំងនោះ ញុំាងចិត្តឲ្យរួញថយ ឲ្យខ្មូរ ឲ្យវិលវិញ អំពីអារម្មណ៍នោះៗ ខ្ទប់ សង្កត់សង្កិន រារាំង រក្សា គ្រប់គ្រង ត្រាច់ទៅ សម្រេចឥរិយាបថ សម្រាន្តចិត្ត ប្រព្រឹត្តទៅ រក្សា ចិញ្ចឹម ទំនុកបម្រុង ក៏យ៉ាងនោះដែរ ញុំាងចិត្តក្នុងចក្ខុទ្វារ ញុំាងចិត្តក្នុងសោតទ្វារ ញុំាងចិត្តក្នុងឃានទ្វារ ញុំាងចិត្តក្នុងជិវ្ហាទ្វារ ញុំាងចិត្តក្នុងកាយទ្វារ ញុំាងចិត្តក្នុងមនោទ្វារ ឲ្យរួញថយ ឲ្យខ្មូរ ឲ្យវិលវិញ ខ្ទប់ សង្កត់សង្កិន រារាំង រក្សា គ្រប់គ្រង ត្រាច់ទៅ សម្រេចឥរិយាបថ សម្រាន្តចិត្ត ប្រព្រឹត្ត រក្សា ចិញ្ចឹម ទំនុកបម្រុង ។ ព្រោះហេតុនោះ សេក្ខបុគ្គល ៧ ពួក លោកហៅថា អ្នកប្រព្រឹត្តរួញថយ ។ ពាក្យថា របស់ភិក្ខុ គឺរបស់ភិក្ខុជាកល្យាណបុថុជ្ជនក្តី ភិក្ខុជាសេក្ខក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) របស់ភិក្ខុអ្នកប្រព្រឹត្តរួញថយ ។

[២១០] ពាក្យថា គប់រកអាសនៈស្ងាត់ សេចក្តីថា ភិក្ខុអង្គុយក្នុងទីណា ទីនោះ លោកហៅថាអាសនៈ គឺគ្រែ តាំង ពូក កន្ទេល ចម្មខ័ណ្ឌ កម្រាលស្មៅ កម្រាលស្លឹកឈើ កម្រាលចំបើង ។ អាសនៈនោះជាទីស្ងាត់ ស្ងាត់ច្រៀប ស្ងាត់ឈឹង ចាកការឃើញរូបមិនជាទីសប្បាយ ស្ងាត់ ស្ងាត់ច្រៀប ស្ងាត់ឈឹង ចាកការឮសំឡេងមិនជាទីសប្បាយ ស្ងាត់ ស្ងាត់ច្រៀប ស្ងាត់ឈឹង ចាកការធុំក្លិនមិនជាទីសប្បាយ ចាកការលិទ្ធភ្លក្សរសមិនជាទីសប្បាយ ចាកការពាល់ត្រូវផ្សព្វមិនជាទីសប្បាយ ចាកកាមគុណទាំង ៥ មិនជាទីសប្បាយ ។ កាលគប់រក ភពប្រសព្វ សេពគប់ អាស្រ័យ ចូលចិត្ត ផ្តេកផ្តិត ចំពោះអាសនៈនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) គប់រកអាសនៈស្ងាត់ ។

[២១១] អធិប្បាយពាក្យថា អ្នកបា្រជ្ញទាំងឡាយ ពោលអំពើនោះ ថាជាសាមគ្គីរបស់ភិក្ខុ ដែលមិនបង្ហាញខ្លួនក្នុងទីកើត ត្រង់ពាក្យថា សាមគ្គី បានដល់សាមគ្គី ៣ យ៉ាង គឺ គណសាមគ្គី ធម្មសាមគ្គី អនភិនិព្វតិ្តសាមគ្គី ។

គណសាមគ្គី តើដូច​ម្តេច ? បើភិក្ខុទាំងឡាយច្រើនរូប ព្រមព្រៀងគ្នា មានសេចក្តីស្មោះសរនឹងគ្នា មិនទាស់ទែងគ្នា មានសភាពហាក់ដូចទឹក ដែលលាយដោយទឹកដោះស្រស់ ​សម្លឹង​មើលគ្នានឹងគ្នាដោយចក្ខុជាទីស្រឡាញ់ នេះឈ្មោះថា គណសាមគ្គី ។

ធម្មសាមគ្គី តើដូច​ម្តេច ? សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធម៌ទាំងនោះ រមែងលឿនទៅ ថ្លាស្អាត តាំងនៅល្អ រួចស្រឡះក្នុងទីជាមួយគ្នា ការជជែក  ការទាស់ទែងនៃធម៌ទាំងនោះ រមែងមិនមាន នេះឈ្មោះថា ធម្មសាមគ្គី ។

អនភិនិព្វត្តិសាមគ្គី តើដូច​ម្តេច ? បើភិក្ខុទាំងឡាយច្រើនរូប បរិនិព្វានដោយអនុបាទិសេសនិព្វានធាតុ ការខ្វះខាត ឬការពេញក្នុងនិព្វានធាតុ នៃភិក្ខុទាំងនោះ ក៏មិនប្រាកដ នេះឈ្មោះថា អនភិនិព្វត្តិសាមគ្គី ។

ពាក្យថា ក្នុងទីកើត គឺនរកជាទីកើតរបស់ពួកសត្វនរក កំណើតតិរច្ឆានជាទីកើតរបស់ពួកសត្វក្នុងកំណើតតិរច្ឆាន បិត្តិវិស័យជាទីកើតរបស់ពួកសត្វក្នុងបិត្តិវិស័យ មនុស្សលោកជាទីកើតរបស់ពួកមនុស្ស ទេវលោកជាទីកើតរបស់ពួកទេវតា ។ ពាក្យថា អ្នកប្រាជ្ញទាំងឡាយពោលអំពើនោះថាជាសាមគ្គីរបស់ភិក្ខុដែលមិនបង្ហាញខ្លួនក្នុងទីកើត បានសេចក្តីថា ភិក្ខុណាប្រតិបត្តិយ៉ាងនេះ ឈ្មោះថា មិនគប្បីបង្ហាញខ្លួនក្នុងនរក មិនបង្ហាញខ្លួនក្នុងកំណើតតិរច្ឆាន មិនបង្ហាញខ្លួនក្នុងបិត្តិវិស័យ មិនបង្ហាញខ្លួនក្នុងមនុស្សលោក មិនបង្ហាញខ្លួនក្នុងទេវលោក អំពើនុ៎ះឈ្មោះថា សេចក្តីព្រមព្រៀង នុ៎ះឈ្មោះថា ជាទីបិទបាំង នុ៎ះឈ្មោះថា ជាទីសមរម្យ នុ៎ះឈ្មោះថា ជាទីសមគួរ នុ៎ះឈ្មោះថា ជាទីសមសួនរបស់ភិក្ខុនោះ អ្នកប្រាជ្ញទាំងឡាយ ពោលហើយយ៉ាងនេះ បានពោលហើយយ៉ាងនេះ រមែងសម្តែងយ៉ាងនេះ និយាយយ៉ាងនេះ បំភ្លឺយ៉ាងនេះ បញ្ចេញយ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកប្រាជ្ញទាំងឡាយ ពោលអំពើនោះ ថាជាសាមគ្គីរបស់ភិក្ខុដែលមិនបង្ហាញខ្លួនក្នុងទីកើត ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា ៖ អ្នកប្រាជ្ញទាំងឡាយ ពោលអំពើនោះ ថាជាសាមគ្គីរបស់ភិក្ខុអ្នកប្រព្រឹត្តរួញថយ គប់រកអាសនៈស្ងាត់ ដែលមិនបង្ហាញខ្លួនក្នុងទីកើត ។

[២១២] មុនិមិនអាស្រ័យនៅក្នុងវត្ថុទាំងពួង មិនធ្វើសេចក្តីស្រឡាញ់ ទាំងមិនធ្វើសេចក្តីស្អប់ (ចំពោះសត្វ និងសង្ខារ) សេចក្តីខ្សឹកខ្សួល និងសេចក្តីកំណាញ់ មិនជាប់នៅក្នុងមុនិនោះ ដូចជាវារិ មិនជាប់នៅលើស្លឹក (ឈូក) ។

[២១៣] ពាក្យថា មុនិ មិនអាស្រ័យនៅក្នុងវត្ថុទាំងពួង អធិប្បាយថា វត្ថុទាំងពួង លោកពោលសំដៅយកអាយតនៈ ១២ គឺ ភ្នែក ១ រូប ១ ត្រចៀក ១ សំឡេង ១ ច្រមុះ ១ ក្លិន ១ អណ្តាត ១ រស ១ កាយ ១ ផ្សព្វ ១ ចិត្ត ១ ធម៌ ១ ។ ពាក្យថា មុនិ សេចក្តីថា ញាណ ហៅថាមោនៈ គឺ ប្រាជ្ញា ការដឹងច្បាស់ ។បេ។ បុគ្គលណា កន្លងបង់នូវបណ្តាញគឺគ្រឿងជាប់ចំពាក់ បុគ្គលនោះ ឈ្មោះថា មុនិ ។ ពាក្យថា មិនអាស្រ័យនៅ បានដល់និស្ស័យ ២ យ៉ាង គឺ តណ្ហានិស្ស័យ ១ ទិដ្ឋិនិស្ស័យ ១ ។បេ។ នេះតណ្ហានិស្ស័យ ។បេ។ នេះទិដ្ឋិនិស្ស័យ ។ មុនិលះបង់តណ្ហានិស្ស័យ រលាស់ចោលទិដ្ឋិនិស្ស័យ មិនអាស្រ័យចក្ខុ មិនអាស្រ័យសោតៈ មិនអាស្រ័យឃានៈ មិនអាស្រ័យជិវ្ហា មិនអាស្រ័យកាយ មិនអាស្រ័យចិត្ត មិនអាស្រ័យរូប សំឡេង ក្លិន រស ផ្សព្វ ធម្មារម្មណ៍ ត្រកូល គណៈ អាវាស លាភ យស សេចក្តីសរសើរ សុខ ចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យ គិលានប្បច្ច័យភេសជ្ជបរិក្ខារ កាមធាតុ រូបធាតុ អរូបធាតុ កាមភព រូបភព អរូបភព សញ្ញាភព អសញ្ញាភព នេវសញ្ញានាសញ្ញាភព ឯកវោការភព ចតុវោការភព បញ្ចវោការភព អារម្មណ៍ជាអតីត អនាគត បច្ចុប្បន្ន អារម្មណ៍ដែលឃើញ ឮ ប៉ះពាល់ ឬគប្បីដឹង គឺមិនអាស្រ័យនៅព្រម មិនពួនសម្ងំ មិនចូលទៅជិត មិនជ្រុលជ្រប់ មិនចុះចិត្តស៊ប់ ជាអ្នកចេញទៅ រលាស់ចេញ រួចស្រឡះ បា្រសចេញ មានចិត្តប្រាសចាក សេចក្តីសល់វល់ ហេតុនោះ (ទ្រង់ត្រាស់ថា) មុនិ មិនអាស្រ័យនៅក្នុងវត្ថុទាំងពួង ។

[២១៤] អធិប្បាយពាក្យថា មិនធ្វើសេចក្តីស្រឡាញ់ ទាំងមិនធ្វើសេចក្តីស្អប់ ត្រង់ពាក្យថា សេចក្តីស្រឡាញ់ បានដល់ សេចក្តីស្រឡាញ់ ២ គឺ ពួកសត្វ ១ សង្ខារ ១ ។

ពួកសត្វជាទីស្រឡាញ់ តើដូច​ម្តេច ? ពួកជនណាក្នុងលោកនេះ ជាអ្នកប្រាថ្នាសេចក្តីចម្រើន ប្រាថ្នាប្រយោជន៍ ប្រាថ្នាសប្បាយ ប្រាថ្នាសេចក្តីក្សេមចាកយោគៈ ដល់មុនិនោះ ទោះជាមាតាក្តី បិតាក្តី បងប្អូនប្រុសក្តី បងប្អូនស្រ្តីក្តី បុត្តក្តី ធីតាក្តី មិត្តក្តី អាមាត្យក្តី ញាតិក្តី សាលោហិតក្តី នេះពួកសត្វជាទីស្រឡាញ់

ពួកសង្ខារជាទីស្រឡាញ់ តើដូច​ម្តេច ? រូបជាទីពេញចិត្ត សំឡេងជាទីពេញចិត្ត ក្លិនជាទីពេញចិត្ត រសជាទីពេញចិត្ត ផ្សព្វជាទីពេញចិត្ត នេះពួកសង្ខារជាទីស្រឡាញ់ ។ ពាក្យថា ស្អប់ បានដល់សេចក្តីស្អប់ ២ គឺពួកសត្វ ១ សង្ខារ ១ ។

ពួកសត្វជាទីស្អប់ តើដូច​ម្តេច ? ពួកជនណាក្នុងលោកនេះ ជាអ្នកមិន​​​ប្រាថ្នា​សេចក្តីចម្រើន មិន​​​ប្រាថ្នា​ប្រយោជន៍ មិន​​​ប្រាថ្នា​សប្បាយ មិន​​​ប្រាថ្នា​សេចក្តីក្សេមចាកយោគៈ ជាអ្នក​​​ប្រាថ្នា​ ដើម្បីឲ្យវិនាសចាកជីវិត ដល់មុនិនោះ នេះពួកសត្វជាទីស្អប់ ។

ពួកសង្ខារជាទីស្អប់ តើដូច​ម្តេច ? រូបមិនជាទីពេញចិត្ត សំឡេងមិនជាទីពេញចិត្ត ក្លិនមិនជាទីពេញចិត្ត រសមិនជាទីពេញចិត្ត ផ្សព្វមិនជាទីពេញចិត្ត នេះពួកសង្ខារជាទីស្អប់ ។

ពាក្យថា មិនធ្វើសេចក្តីស្រឡាញ់ ទាំងមិនធ្វើសេចក្តីស្អប់ បានសេចក្តីថា បុគ្គលមិនធ្វើសេចក្តីស្រឡាញ់ ដោយអំណាចរាគៈថា សត្វនេះជាទីស្រឡាញ់របស់អញ សង្ខារទាំងនេះ ជាទីពេញចិត្តរបស់អញ បុគ្គលមិនធ្វើ មិនបង្កើត មិនឲ្យកើត មិនឲ្យកើតព្រម មិនឲ្យកើតឡើង មិនឲ្យកើតចំពោះនូវសេចក្តីស្អប់ ដោយអំណាចបដិឃៈថា សត្វនេះជាទីស្អប់របស់អញ សង្ខារទាំងនេះ ជាទីស្អប់របស់អញ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនធ្វើសេចក្តីស្រឡាញ់ ទាំងមិនធ្វើសេចក្តីស្អប់ ។

[២១៥] អធិប្បាយពាក្យថា សេចក្តីខ្សឹកខ្សួល និងសេចក្តីកំណាញ់មិនជាប់នៅ ក្នុងមុនិនោះ ដូចជាវារិមិនជាប់នៅលើស្លឹក (ឈូក) ត្រង់ពាក្យថា ក្នុងមុនិនោះ គឺក្នុងបុគ្គលជាព្រះអរហន្តខីណាស្រព ។ ពាក្យថាសេចក្តីខ្សឹកខ្សួល គឺ ការយំ ការយំរៀបរាប់ អាការយំ អាការយំអណ្តឺតអណ្តក ភាពនៃការយំ ភាពនៃការយំរៀបរាប់ ការនិយាយ ការពោលប៉ប៉ាច់ប៉ប៉ោច ការពោលរវើរវាយ ការពោលរឿយៗ អាការជាទីពោលរឿយៗ ភាពនៃការពោលរឿៗ របស់សត្វដែលត្រូវសេចក្តីវិនាសញាតិប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសភោគៈប៉ះពាល់ក្តី ត្រូវសេចក្តីវិនាស គឺរោគប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសសីលប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសទិដ្ឋិប៉ះពាល់ក្តី ប្រកបព្រមដោយសេចក្តីវិនាសណាមួយ ឬត្រូវទុក្ខធម៌ណាមួយប៉ះពាល់ក្តី ។ ពាក្យថា សេចក្តីកំណាញ់ បានដល់សេចក្តីកំណាញ់ ៥ យ៉ាងគឺសេចក្តីកំណាញ់អាវាស ១ សេចក្តីកំណាញ់ត្រកូល ១ សេចក្តីកំណាញ់លាភ ១ សេចក្តីកំណាញ់វណ្ណៈ ១ សេចក្តីកំណាញ់ធម៌ ១ សេចក្តីកំណាញ់ អាការកំណាញ់ ភាពនៃចិត្តកំណាញ់ សេចក្តីចង់មានហួសហេតុ ស្មូរកន្រ្ទឹស ភាពនៃចិត្តរួញ ភាពនៃការមិនយកចិត្តគេណា មានសភាពយ៉ាងនេះ នេះហៅថា សេចក្តីកំណាញ់ មួយទៀត សូម្បីសេចក្តីកំណាញ់ខន្ធ ក៏ឈ្មោះថា កំណាញ់ សូម្បីសេចក្តីកំណាញ់ធាតុ ក៏ឈ្មោះថា កំណាញ់ សូម្បីសេចក្តីកំណាញ់អាយតនៈ ក៏ឈ្មោះថា កំណាញ់ ការគិតតែកាន់យកនេះ លោកហៅថា សេចក្តីកំណាញ់ ។ ពាក្យថា មិនជាប់នៅ ដូចជាវារិមិនជាប់លើស្លឹក (ឈូក) សេចក្តីថា ស្លឹកឈូក លោកហៅថា ស្លឹក ។ ទឹក លោកហៅថា វារិ ។ វារិមិនជាប់ មិនជ្រួតជ្រាប មិនប្រឡាក់ គឺមិនជាប់ មិនជ្រួតជ្រាប មិនប្រឡាក់ហើយនឹងស្លឹកឈូក យ៉ាងណាមិញ សេចក្តីខ្សឹកខ្សួល និងសេចក្តីកំណាញ់ មិនជាប់ មិនជ្រួតជ្រាប មិនប្រឡាក់ គឺមិនជាប់ មិនជ្រួតជ្រាប មិនប្រឡាក់ហើយ ក្នុងបុគ្គលនោះ គឺក្នុងព្រះអរហន្តខីណាស្រព ក៏យ៉ាងនោះដែរ ទាំងបុគ្គលនោះ មិនជាប់ មិនជ្រួតជ្រាប មិនប្រឡាក់ គឺមិនជាប់ មិនជ្រួតជ្រាប មិនប្រឡាក់ ចេញរួចហើយ រលាស់ចេញហើយ រួចស្រឡះហើយ បា្រសចេញហើយ ចាកកិលេសទាំងនោះ ជាអ្នកមានចិត្តបា្រសចាកសេចក្តីសល់វល់ ហេតុនោះ (ទ្រង់ត្រាស់ថា) សេចក្តីខ្សឹកខ្សួល និងសេចក្តីកំណាញ់ មិនជាប់ក្នុងបុគ្គលនោះ ដូចជាវារិ មិនជាប់លើស្លឹក (ឈូក) ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា ៖ មុនិ មិនអាស្រ័យនៅក្នុងវត្ថុទាំងពួង មិនធ្វើសេចក្តីស្រឡាញ់ ទាំងមិនធ្វើសេចក្តីស្អប់ (ចំពោះសត្វ និងសង្ខារ) សេចក្តីខ្សឹកខ្សួល និងសេចក្តីកំណាញ់ មិនជាប់នៅក្នុងមុនិនោះ ដូចជាវារិ មិនជាប់នៅលើស្លឹក (ឈូក) ។

[២១៦] ដំណក់ទឹក មិនជាប់នៅលើស្លឹកឈូកយ៉ាងណា វារិមិនជាប់នៅលើផ្កាឈូកយ៉ាងណា មុនិ មិនជាប់ក្នុងអារម្មណ៍ដែលខ្លួនឃើញ ឮ ឬប៉ះពាល់ ក៏យ៉ាងនោះដែរ ។

[២១៧] ពាក្យថា ដំណក់ទឹកមិនជាប់លើស្លឹកឈូកយ៉ាងណា សេចក្តីថា គ្រាប់ទឹក លោកហៅថា ដំណក់ទឹក ។ ស្លឹកឈូក លោកហៅថា ឈូក ។ ដំណក់ទឹកមិនជាប់នៅ មិនជ្រួតជ្រាប មិនប្រឡាក់ គឺមិនជាប់ មិនជ្រួតជ្រាប មិនប្រឡាក់ហើយ លើស្លឹកឈូកយ៉ាងណា ហេតុនោះ (ទ្រង់ត្រាស់ថា) ដំណក់ទឹកមិនជាប់លើស្លឹកឈូកយ៉ាងណា ។

[២១៨] ពាក្យថា វារិ មិនជាប់នៅលើផ្កាឈូកយ៉ាងណា សេចក្តីថា ផ្កាឈូក លោកហៅថា ឈូក ។ ទឹក លោកហៅថា វារិ ។ វារិ មិនជាប់នៅ មិនជ្រួតជ្រាប មិនប្រឡាក់ គឺមិនជាប់នៅ មិនជ្រួតជ្រាប មិនប្រឡាក់ហើយ លើផ្កាឈូកយ៉ាងណា ហេតុនោះ (ទ្រង់ត្រាស់ថា) វារិ មិនជាប់នៅលើផ្កាឈូក យ៉ាងណា ។

[២១៩] អធិប្បាយពាក្យថា មុនិមិនជាប់នៅក្នុងអារម្មណ៍ដែលខ្លួនឃើញ ឮ ឬប៉ះពាល់ ក៏យ៉ាងនោះ ត្រង់ពាក្យថា យ៉ាងនោះ គឺជាពាក្យផ្តល់សេចក្តីឧបមា ។ ពាក្យថា មុនិ សេចក្តីថា ញាណ លោកហៅថា មោនៈ បានខាង​ប្រាជ្ញា​ ការដឹងច្បាស់ ។បេ។ បុគ្គលណា កន្លងបណ្តាញគឺគ្រឿងជាប់ចំពាក់ បុគ្គលនោះ ឈ្មោះថា មុនិ ។ ពាក្យថា ជាប់ បានដល់ការជាប់ ២ គឺការជាប់គឺតណ្ហា ១ ការជាប់គឺទិដ្ឋិ ១ ។បេ។ នេះការជាប់គឺតណ្ហា ។បេ។ នេះការជាប់គឺទិដ្ឋិ ។ មុនិ លះបង់ការជាប់គឺតណ្ហា រលាស់ចោលការជាប់ គឺទិដ្ឋិ មិនជាប់ក្នុងរូបដែលឃើញ មិនជាប់ក្នុងសំឡេងដែលឮ មិនជាប់ក្នុងផស្សៈ ដែលប៉ះពាល់ មិនជាប់ មិនជ្រួតជ្រាប មិនប្រឡាក់ គឺមិនជាប់ មិនជ្រួតជ្រាប មិនប្រឡាក់ ចេញទៅ រលាស់ចេញ រួចស្រឡះ បា្រសចេញហើយក្នុងអារម្មណ៍ដែលដឹង ជាអ្នកមានចិត្តបា្រសចាកសេចក្តីសល់វល់ ហេតុនោះ (ទ្រង់ត្រាស់ថា) មុនិមិនជាប់ក្នុងអារម្មណ៍ ដែលខ្លួនឃើញ ឮ ឬប៉ះពាល់ យ៉ាងនោះ ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា ៖ ដំណក់ទឹក មិនជាប់នៅលើស្លឹកឈូក យ៉ាងណា វារិ មិនជាប់នៅលើផ្កាឈូកយ៉ាងណា មុនិ មិនជាប់ក្នុងអារម្មណ៍ដែលខ្លួនឃើញ ឮ ឬប៉ះពាល់ ក៏យ៉ាងនោះ ។

[២២០] បុគ្គលមាន​ប្រាជ្ញា​កំចាត់ មិនសំគាល់នូវអារម្មណ៍ដែលខ្លួនឃើញ ឮ ឬប៉ះពាល់ដោយវត្ថុនោះ មិន​​​ប្រាថ្នា​សេចក្តីបរិសុទ្ធិដោយហេតុដទៃ បុគ្គលមានប្រាជ្ញាកំចាត់នោះ រមែងមិនត្រេកអរ មិនទ្រាន់ ។

[២២១] អធិប្បាយពាក្យថា បុគ្គលមានប្រាជ្ញាកំចាត់ មិនសំគាល់ចំពោះអារម្មណ៍ដែលខ្លួនឃើញ ឮ ឬប៉ះពាល់ ដោយវត្ថុនោះ ត្រង់ពាក្យថា បុគ្គលមាន​ប្រាជ្ញា​កំចាត់សេចក្តីថា បញ្ញា លោកហៅថា ប្រាជ្ញាកំចាត់ បានខាងប្រាជ្ញា សេចក្តីដឹងច្បាស់ ។បេ។ សេចក្តីមិនវង្វេង ការពិចារណាធម៌ សេចក្តីយល់ត្រូវ ។ បញ្ញា លោកហៅថា ប្រាជ្ញាកំចាត់ តើព្រោះហេតុដូច​ម្តេច ? កាយទុច្ចរិត លោកកំចាត់បង់ហើយ លាងហើយ សំអាតហើយ ជម្រះឲ្យស្អាតហើយ ដោយបញ្ញានោះ ។ វចីទុច្ចរិត លោកកំចាត់បង់ហើយ លាងហើយ សំអាតហើយ ជម្រះឲ្យស្អាតហើយ ។ មនោទុច្ចរិត លោកកំចាត់បង់ហើយ លាងហើយ សំអាតហើយ ជម្រះឲ្យស្អាតហើយ ។ រាគៈ លោកកំចាត់បង់ហើយ លាងហើយ សំអាតហើយ ជម្រះឲ្យស្អាតហើយ ។ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងអស់ ទុច្ចរិតទាំងអស់ សេចក្តីក្រវល់ក្រវាយទាំងអស់ សេចក្តីអន្ទះអន្ទែងទាំងអស់ សេចក្តីក្តៅក្រហាយទាំងអស់ ការតាក់តែងអកុសលទាំងអស់ លោកកំចាត់បង់ហើយ លាងហើយ សំអាតហើយ ជម្រះឲ្យស្អាតហើយ ។ ហេតុនោះ បញ្ញា លោកហៅថា ប្រាជ្ញាកំចាត់ ។ មួយទៀត មិច្ឆាទិដ្ឋិ លោកកំចាត់បង់ហើយ លាងហើយ សំអាតហើយ ជម្រះឲ្យស្អាតហើយ ដោយសម្មាទិដ្ឋិ ។ មិច្ឆាសង្កប្បៈ លោកកំចាត់បង់ហើយ លាងហើយ សំអាតហើយ ជម្រះឲ្យស្អាតហើយ ដោយសម្មាសង្កប្បៈ ។ មិច្ឆាវាចា លោកកំចាត់បង់ហើយ ដោយសម្មាវាចា ។ មិច្ឆាកម្មន្តៈ លោកកំចាត់បង់ហើយ ដោយសម្មាកម្មន្តៈ ។ មិច្ឆាអាជីវៈ លោកកំចាត់បង់ហើយដោយសម្មាអាជីវៈ ។ មិច្ឆាវាយាមៈ លោកកំចាត់បង់ហើយ ដោយសម្មាវាយាមៈ ។ មិច្ឆាសតិ លោកកំចាត់បង់ហើយដោយសម្មាសតិ ។ មិច្ឆាសមាធិ លោកកំចាត់បង់ហើយ ដោយសម្មាសមាធិ ។ មិច្ឆាញាណៈ លោកកំចាត់បង់ហើយ ដោយសម្មាញាណៈ ។ មិច្ឆាវិមុត្តិ លោកកំចាត់បង់ហើយ លាងហើយ សំអាតហើយ ជម្រះឲ្យស្អាតហើយ ដោយសម្មាវិមុត្តិ ។ មួយទៀត កិលេសទាំងអស់ ទុច្ចរិតទាំងអស់ សេចក្តីក្រវល់ក្រវាយទាំងអស់ សេចក្តីអន្ទះអន្ទែងទាំងអស់ សេចក្តីក្តៅក្រហាយទាំងអស់ ការតាក់តែងអកុសលទាំងអស់ លោកកំចាត់បង់ហើយ លាងហើយ សំអាតហើយ ជម្រះឲ្យស្អាតហើយ ដោយអរិយមគ្គមានអង្គ ៨ ប្រការ ។ ព្រះអរហន្តចូលទៅ ចូលទៅព្រម ចូលទៅជិត ផ្តេកផ្តិត កើត កើតឡើងជាមួយ ប្រកបដោយធោនេយ្យធម៌ទាំងនេះ ព្រោះហេតុនោះ ព្រះអរហន្តឈ្មោះថា អ្នកមានប្រាជ្ញាកំចាត់ ។ ព្រះអរហន្តនោះ កំចាត់បង់រាគៈ កំចាត់បង់បាប កំចាត់បង់កិលេស កំចាត់បង់សេចក្តីអន្ទះអន្ទែង ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកមានប្រាជ្ញាកំចាត់ ។

ពាក្យថា បុគ្គលមានប្រាជ្ញាកំចាត់ មិនសំគាល់នូវអារម្មណ៍ដែលខ្លួនឃើញ ឮ ឬប៉ះពាល់ ដោយវត្ថុនោះ បានសេចក្តីថា បុគ្គលមានប្រាជ្ញាកំចាត់ មិនសំគាល់រូបដែលឃើញ មិនសំគាល់ក្នុងរូបដែលឃើញ មិនសំគាល់ដោយរូបដែលឃើញ មិនសំគាល់ថា រូបដែលអញឃើញហើយ ។ មិនសំគាល់សំឡេងដែលឮ មិនសំគាល់ក្នុងសំឡេងដែលឮ មិនសំគាល់ដោយសំឡេងដែលឮ មិនសំគាល់ថា សំឡេងដែលអញឮហើយ ។ មិនសំគាល់អារម្មណ៍ដែលប៉ះពាល់ មិនសំគាល់ក្នុងអារម្មណ៍ដែលប៉ះពាល់ មិនសំគាល់ដោយអារម្មណ៍ដែលប៉ះពាល់ មិនសំគាល់ថា អារម្មណ៍ដែលអញប៉ះពាល់ហើយ ។ មិនសំគាល់ហេតុដែលដឹង មិនសំគាល់ក្នុងហេតុដែលដឹង មិនសំគាល់ដោយហេតុដែលដឹង មិនសំគាល់ថា ហេតុដែលអញដឹងហើយ ។ សមដូចពាក្យនុ៎ះ ដែលព្រះមានព្រះភាគត្រាស់ហើយថា ម្នាលភិក្ខុទាំងឡាយ អ្នកសំគាល់ហេតុនុ៎ះថា អាត្មាអញកំពុងមាន អ្នកសំគាល់ហេតុនុ៎ះថា អាត្មាអញកំពុងមិនមាន អ្នកសំគាល់ហេតុនុ៎ះថា អាត្មាអញនឹងមានអ្នកសំគាល់ហេតុនុ៎ះថា អាត្មាអញនឹងមិនមាន អ្នកសំគាល់ហេតុនុ៎ះថា អាត្មាអញនឹងមានរូប អ្នកសំគាល់ហេតុនុ៎ះថា អាត្មាអញនឹងមិនមានរូប អ្នកសំគាល់ហេតុនុ៎ះថា អាត្មាអញនឹងមានសញ្ញា អ្នកសំគាល់ហេតុនុ៎ះថា អាត្មាអញនឹងមិនមានសញ្ញា អ្នកសំគាល់ហេតុនុ៎ះថា អាត្មាអញនឹងមានសញ្ញាក៏ទេ មិនមានសញ្ញាក៏ទេ ម្នាលភិក្ខុទាំងឡាយ អ្នកសំគាល់ថាជារោគ អ្នកសំគាល់ថាជាបូស អ្នកសំគាល់ថាជាសរ អ្នកសំគាល់ថាជាឧបទ្រព ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ (ចូរសិក្សា) ថា យើងទាំងឡាយ គប្បីនៅដោយចិត្តមិនបានសំគាល់ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសិក្សាយ៉ាងហ្នឹងឯង ។ បុគ្គលមាន​ប្រាជ្ញា​កំចាត់ មិនសំគាល់អារម្មណ៍ដែលខ្លួនឃើញ ឮ ឬប៉ះពាល់ ដោយវត្ថុនោះ ។

[២២២] ពាក្យថា មិន​​​ប្រាថ្នា​សេចក្តីបរិសុទ្ធិ ដោយហេតុដទៃ គឺបុគ្គលមាន​ប្រាជ្ញា​កំចាត់ រមែងមិនចង់បាន មិនត្រេកអរ មិន​​​ប្រាថ្នា​ មិនស្រឡាញ់ មិនជាប់ចំពោះនូវសេចក្តីស្អាត ការហ្មត់ចត់ ការបរិសុទ្ធិ ការរួច ការរួចស្រឡះ ការផុតស្រឡះ ដោយមគ្គមិនបរិសុទ្ធិ ដោយសេចក្តីប្រតិបត្តិខុស ដោយគន្លងមិនមែនជានិយ្យានិកធម៌ដទៃ វៀរចាកសតិប្បដ្ឋាន វៀរចាកសម្មប្បធាន វៀរចាកឥទ្ធិបាទ វៀរចាកឥន្រ្ទិយ វៀរចាកពលៈ វៀរចាកពោជ្ឈង្គ វៀរចាកអរិយមគ្គមានអង្គ ៨ ឡើយ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនប្រាថ្នាសេចក្តីបរិសុទ្ធិ ដោយហេតុដទៃ ។

[២២៣] ពាក្យថា បុគ្គលមានប្រាជ្ញាកំចាត់នោះ រមែងមិនត្រេក មិនទ្រាន់ សេចក្តីថា ពាលបុថុជ្ជនទាំងអស់ រមែងត្រេក សេក្ខបុគ្គល ៧ ពួក រាប់ទាំងកល្យាណបុថុជ្ជនផង រមែងទ្រាន់ ព្រះអរហន្ត រមែងមិនត្រេក មិនទ្រាន់ ។ ព្រះអរហន្តនោះ ប្រាសចាកតម្រេក ព្រោះអស់រាគៈ ព្រោះប្រាសចាករាគៈ ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈ ព្រោះអស់មោហៈ ព្រោះប្រាសចាកមោហៈហើយ ។ ព្រះអរហន្តនោះ មានការអប់រំព្រហ្មចរិយធម៌ស្រេចហើយ មានការប្រព្រឹត្តិ ប្រព្រឹត្តរួចហើយ ។បេ។ ភពថ្មីរបស់ព្រះអរហន្តនោះ មិនមានទេ ហេតុនោះ (ទ្រង់ត្រាស់) ថា បុគ្គលមានប្រាជ្ញាកំចាត់នោះ រមែងមិនត្រេក មិនទ្រាន់ ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា ៖ បុគ្គលមានប្រាជ្ញាកំចាត់ មិនសំគាល់នូវអារម្មណ៍ដែលខ្លួនឃើញ ឮ ឬប៉ះពាល់ដោយវត្ថុនោះ មិនប្រាថ្នាសេចក្តីបរិសុទ្ធិដោយហេតុដទៃ បុគ្គលមានប្រាជ្ញាកំចាត់នោះ រមែងមិនត្រេក មិនទ្រាន់ ។

ជរាសុត្តនិទ្ទេស ទី៦ ។

តិស្សមេត្តេយ្យសុត្តនិទេ្ទស ទី៧កែប្រែ

[២២៤] (ព្រះតិស្សមេត្តេយ្យៈមានអាយុ ក្រាបទូលយ៉ាងនេះថា) ៖ បពិត្រព្រះអង្គទ្រង់និរទុក្ខ សូមព្រះអង្គពោលសេចក្តីចង្អៀតចង្អល់របស់បុគ្គលដែលប្រកបរឿយៗ ក្នុងមេថុន យើងខ្ញុំស្ដាប់ពាក្យប្រដៅរបស់ព្រះអង្គហើយ នឹងសិក្សាក្នុងវិវេក ។

[២២៥] ពាក្យថា បុគ្គលប្រកបរឿយៗក្នុងមេថុន អធិប្បាយថា ឈ្មោះថា មេថុនធម្ម បានដល់ ធម៌របស់អសប្បុរស ធម៌របស់អ្នកស្រុក ធម៌របស់ជនថោកទាប ធម៌អាក្រក់ មានទឹកជាទីបំផុត ធម៌កើតក្នុងទីកំបាំង ការជួបជុំរបស់បុគ្គលពីរៗ នាក់ ។ ដែលលោកហៅថា មេថុនធម្ម តើព្រោះហេតុអ្វី ។ ធម៌របស់បុគ្គលពីរនាក់ ដែលត្រេកអរ ត្រេកអរខ្លាំង ជោក (ដោយរាគៈ) រួបរឹត (ដោយរាគៈ) មានចិត្តត្រូវកិលេសគ្របសង្កត់ស្មើគ្នាទាំងពីរនាក់ ព្រោះហេតុនោះ ទើបលោកហៅថា មេថុនធម្ម ។ ជនពីរនាក់ ធ្វើជំលោះ លោកហៅថា គូជម្លោះ ជនពីរនាក់ ធ្វើសេចក្តីប្រកួតប្រកាន់ លោកហៅថា គូប្រកួតប្រកាន់ ជនពីរនាក់ធ្វើការនិយាយគ្នា លោកហៅថា គូនិយាយគ្នា ជនពីរនាក់ ធ្វើការជជែកគ្នា លោកហៅថា គូជជែកគ្នា ជនពីរនាក់ធ្វើអធិករណ៍ លោកហៅថា គូអធិករណ៍ ជនពីរនាក់ចរចាគ្នាជាប្រក្រតី លោកហៅថា គូចរចា ជនពីរនាក់និយាយឆ្លើយឆ្លងគ្នា លោកហៅថា គូឆ្លើយឆ្លង យ៉ាងណា ធម៌របស់ជនពីរនាក់ដែលត្រេកអរ ត្រេកអរខ្លាំង ជោក (ដោយរាគៈ) រួបរឹត (ដោយរាគៈ) មានចិត្តត្រូវកិលេសគ្របសង្កត់ ស្មើគ្នាទាំងពីរនាក់ ព្រោះហេតុនោះ ទើបលោកហៅថា មេថុនធម្ម យ៉ាងនោះដែរ ។ ពាក្យថា ប្រកបរឿយៗក្នុងមេថុន បានសេចក្តីថា ប្រកប តាក់តែង ប្រដុងប្រជា ប្រកបព្រមក្នុងមេថុនធម្ម ប្រព្រឹត្តមេថុនធម្មនោះ ក្រាស់ដោយមេថុនធម្មនោះ គោរពមេថុនធម្មនោះ ឱនទៅក្នុងមេថុនធម្មនោះ ទោរទៅក្នុងមេថុនធម្មនោះ ឈមមុខទៅក្នុងមេថុនធម្មនោះ ចុះចិត្តស៊ប់ទៅក្នុងមេថុនធម្មនោះ ធ្វើមេថុនធម្មនោះឲ្យជាធំ ហេតុនោះ (លោកពោលថា) ប្រកបរឿយៗ ក្នុងមេថុន ។

[២២៦] អធិប្បាយពាក្យថា ព្រះតិស្សមេត្តេយ្យៈមានអាយុ ក្រាបទូលយ៉ាងនេះ ត្រង់ពាក្យថា យ៉ាងនេះ គឺជាពាក្យភ្ជាប់បទ ជាប់ដោយបទ បំពេញបទ ប្រជុំនៃអក្ខរៈ សម្រួលព្យញ្ជនៈ ពាក្យថា យ៉ាងនេះ នុ៎ះជាលំដាប់នៃបទ ។ ពាក្យថា មានអាយុ គឺពាក្យ ជាទីស្រឡាញ់ ពាក្យជាទីគោរព ពាក្យប្រកបដោយសេចក្តីគោរព ពាក្យថា មានអាយុនុ៎ះ ជាពាក្យប្រកបដោយសេចក្តីកោតក្រែង ។ ពាក្យថា តិស្សៈ គឺជានាម ការរាប់ ឈ្មោះ បញ្ញត្តិ វោហារ ជានាម អំពើរបស់នាម ពាក្យទ្រទ្រង់ទុកនូវនាម ភាសា ព្យញ្ជនៈ ការហៅរកនៃព្រះថេរៈនោះ ។ ពាក្យថា  មេត្តេយ្យៈ គឺជាគោត្រ ការរាប់ ឈ្មោះ បញ្ញត្តិ វោហារ របស់ព្រះថេរៈនោះ ហេតុនោះ (លោកពោល) ថា ព្រះតិស្សមេត្តេយ្យៈមានអាយុ ក្រាបទូលយ៉ាងនេះ ។

[២២៧] ពាក្យថា បពិត្រព្រះអង្គទ្រង់និរទុក្ខ សូមព្រះអង្គពោលសេចក្តីចង្អៀតចង្អល់ សេចក្តីថា សូមព្រះអង្គពោល បា្រប់ សំដែង បញ្ញត្ត តាំងទុក បើក ចែករលែក ធ្វើឲ្យរាក់ ប្រកាស នូវសេចក្តីចង្អៀតចង្អល់ សេចក្តីតានតឹង សេចក្តីបៀតបៀន សេចក្តីលំបាក សេចក្តីឧបទ្រព សេចក្តីខ្ទាំងខ្ទាស់ ឲ្យទាន ។ ពាក្យថា បពិត្រព្រះអង្គទ្រង់និរទុក្ខនុ៎ះ គឺពាក្យជាទីស្រឡាញ់ ពាក្យជាទីគោរព ពាក្យប្រកបដោយសេចក្តីគោរព ពាក្យថា ព្រះអង្គទ្រង់និរទុក្ខនុ៎ះ ជាពាក្យប្រកបដោយសេចក្តីកោតក្រែង ហេតុនោះ (លោកពោលថា) បពិត្រព្រះអង្គទ្រង់និរទុក្ខ សូមព្រះអង្គពោលសេចក្តីចង្អៀតចង្អល់ ។

[២២៨] ពាក្យថា ខ្ញុំស្តាប់ពាក្យប្រដៅរបស់ព្រះអង្គ គឺខ្ញុំស្តាប់ ត្រងត្រាប់ រៀន ចំណាំ កំណត់ នូវពាក្យ គន្លងនៃពាក្យ ទេសនា ការប្រៀនប្រដៅរបស់ព្រះអង្គ ហេតុនោះ (លោកពោលថា) ខ្ញុំស្តាប់ពាក្យប្រៀនប្រដៅរបស់ព្រះអង្គ ។

[២២៩] អធិប្បាយពាក្យថា សិក្សាក្នុងវិវេក ត្រង់ពាក្យថា វិវេក បានដល់ វិវេក ៣ គឺ កាយវិវេក ចិត្តវិវេក ឧបធិវិវេក ។

កាយវិវេក តើដូច​ម្តេច ? ភិក្ខុក្នុងសាសនានេះ គប់រកសេនាសនៈស្ងាត់ គឺព្រៃ គល់ឈើ ភ្នំ ជ្រោះ គុហាក្នុងភ្នំ ព្រៃស្មសាន ព្រៃធំ ទីវាល គំនរចំបើង ជាអ្នកស្ងាត់ដោយកាយ ភិក្ខុនោះ ដើរម្នាក់ឯង ឈរម្នាក់ឯង អង្គុយម្នាក់ឯង សម្រេចកិរិយាដេកម្នាក់ឯង ចូលទៅកាន់ស្រុក បិណ្ឌបាតម្នាក់ឯង ត្រឡប់មកវិញម្នាក់ឯង អង្គុយក្នុងទីស្ងាត់ម្នាក់ឯង អធិដ្ឋានចង្ក្រមម្នាក់ឯង ត្រាច់ទៅ នៅ សម្រេចឥរិយាបថ ប្រព្រឹត្តទៅ រក្សា រស់នៅ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅតែម្នាក់ឯង នេះកាយវិវេក ។

ចិត្តវិវេក តើដូច​ម្តេច ? ចិត្តរបស់ភិក្ខុអ្នកចូលបឋមជ្ឈាន ជាចិត្តស្ងាត់ចាកនីវរណៈ ចិត្តរបស់ភិក្ខុអ្នកចូលទុតិយជ្ឈាន ជាចិត្តស្ងាត់ចាកវិតក្កៈ និងវិចារៈ ចិត្តរបស់ភិក្ខុអ្នកចូលតតិយជ្ឈាន ជាចិត្តស្ងាត់ចាកបីតិ ចិត្តរបស់ភិក្ខុ អ្នកចូលចតុត្ថជ្ឈាន ជាចិត្តស្ងាត់ចាកសុខ និងទុក្ខ ចិត្តរបស់ភិក្ខុអ្នកចូលអាកាសានញ្ចាយតនៈ ជាចិត្តស្ងាត់ចាករូបសញ្ញា ចាកបដិឃសញ្ញា ចាកនានត្តសញ្ញា ចិត្តរបស់ភិក្ខុអ្នកចូលវិញ្ញាណញ្ចាយតនៈ ជាចិត្តស្ងាត់ ចាកអាកាសានញ្ចាយតនសញ្ញា ចិត្តរបស់ភិក្ខុអ្នកចូលអាកិញ្ចញ្ញាយតនៈ ជាចិត្តស្ងាត់ចាកវិញ្ញាណញ្ចាយតនសញ្ញា ចិត្តរបស់ភិក្ខុអ្នកចូលនេវសញ្ញានាសញ្ញាយតនៈ ជាចិត្តស្ងាត់ចាកអាកិញ្ចញ្ញាយតនសញ្ញា ចិត្តរបស់ភិក្ខុអ្នកដល់សោតៈ ជាចិត្តស្ងាត់ចាកសក្កាយទិដ្ឋិ ចាកវិចិកិច្ឆា ចាកសីលព្វតបរាមាសៈ ចាកទិដ្ឋានុស័យ ចាកវិចិកិច្ឆានុស័យ ចាកកិលេសទាំងឡាយ ដែលតាំងនៅជាមួយគ្នានឹងសញ្ញោជនៈទាំងនោះ ចិត្តរបស់ភិក្ខុជាសកទាគាមិ ជាចិត្តស្ងាត់ចាកកាមរាគសញ្ញោជនៈ ចាកបដិឃសញ្ញោជនៈដ៏គ្រោតគ្រាត ចាកកាមរាគានុស័យ ចាកបដិឃានុស័យដ៏គ្រោតគ្រាត ចាកកិលេសដែលតាំងនៅជាមួយនឹងសញ្ញោជនៈទាំងនោះ ចិត្តរបស់ភិក្ខុជាអនាគាមិ ជាចិត្តស្ងាត់ចាកកាមរាគសញ្ញោជនៈ និងបដិឃសញ្ញោជនៈដែលលាយឡំនៅដ៏ល្អិត ចាកកាមរាគានុស័យ ចាកបដិឃានុស័យដែលលាយឡំនៅដ៏ល្អិត ចាកកិលេសដែលតាំងនៅជាមួយនឹងសញ្ញោជនៈទាំងនោះ ចិត្តរបស់ភិក្ខុជាព្រះអរហន្ត ជាចិត្តស្ងាត់ចាករូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មានានុស័យ ភវរាគានុស័យ អវិជ្ជានុស័យ ចាកកិលេសដែលតាំងនៅជាមួយនឹងសញ្ញោជនៈទាំងនោះ ចាកនិមិត្តទាំងពួងជាខាងក្រៅ នេះចិត្តវិវេក ។

ឧបធិវិវេក តើដូច​ម្តេច ? កិលេស ខន្ធ និងអភិសង្ខារទាំងឡាយ លោកហៅថា ឧបធិ ។ អមតនិព្វាន លោកហៅថាឧបធិវិវេក បានខាងការរម្ងាប់សង្ខារទាំងពួង ការរលាស់ចេញនូវឧបធិទាំងពួង ការអស់តណ្ហា ការបា្រសចាកតម្រេក ការរលត់ និព្វាន នេះ ឧបធិវិវេក ។

កាយវិវេក សម្រាប់អ្នកមានកាយគេចចេញ (ចាកពួក) អ្នកត្រេកអរចំពោះនេក្ខម្មៈ ចិត្តវិវេក  សម្រាប់អ្នកមានចិត្តបរិសុទ្ធិ អ្នកដល់សេចក្តីផូរផង់ដ៏ក្រៃលែង ឯឧបធិវិវេក សម្រាប់បុគ្គលមិនមានឧបធិ អ្នកដល់នូវវិសង្ខារ គឺព្រះនិព្វាន ។

ពាក្យថា សិក្សាក្នុងវិវេក គឺព្រះថេរៈនោះ មានសិក្ខាសិក្សាហើយដោយប្រក្រតី តែលោកសូមធម្មទេសនា បានពោលយ៉ាងនេះថា នឹងសិក្សាក្នុងវិវេក ។ ហេតុនោះ ព្រះថេរៈ ឈ្មោះតិស្សមេត្តេយ្យៈ ពោលថា ៖ (ព្រះតិស្សមេត្តេយ្យៈមានអាយុ ក្រាបទូលយ៉ាងនេះថា) បពិត្រព្រះអង្គទ្រង់និរទុក្ខ សូមព្រះអង្គពោលសេចក្តីចង្អៀតចង្អល់របស់បុគ្គលដែលប្រកបរឿយៗក្នុងមេថុន យើងខ្ញុំស្តាប់ពាក្យប្រដៅរបស់ព្រះអង្គហើយ នឹងសិក្សាក្នុងវិវេក ។

[២៣០] (ព្រះមានព្រះភាគត្រាស់ថា ម្នាលមេត្តេយ្យៈ) សាសនារបស់បុគ្គលអ្នកប្រកបរឿយៗ ក្នុងមេថុនធម្ម រមែងវិនាសដោយពិត ទាំងបុគ្គលនោះ ក៏រមែងប្រតិបត្តិខុស អំពើនុ៎ះ មិនមែនជាអំពើប្រសើរចំពោះបុគ្គលនោះទេ ។

[២៣១] ពាក្យថា បុគ្គលអ្នកប្រកបរឿយៗ ក្នុងមេថុនធម្ម អធិប្បាយថា ឈ្មោះថាមេថុនធម្ម បានខាងធម៌របស់អសប្បុរស ធម៌របស់អ្នកស្រុក ធម៌របស់ជនថោកទាប ធម៌អាក្រក់ មានទឹកជាទីបំផុត ធម៌កើតក្នុងទីកំបាំង ការចួបជុំរបស់បុគ្គលពីរ ៗ នាក់ ។ ដែលលោកហៅថា មេថុនធម្ម តើព្រោះហេតុអ្វី ។ ធម៌របស់បុគ្គលពីរនាក់ ដែលត្រេកអរ ត្រេកអរខ្លាំង ជោក (ដោយរាគៈ) រួបរឹត (ដោយរាគៈ) មានចិត្តត្រូវកិលេសគ្របសង្កត់ស្មើគ្នាទាំងពីរនាក់ ព្រោះហេតុនោះ ទើបលោកហៅថា មេថុនធម្ម ដូច្នេះ ។ ជនពីរនាក់ធ្វើជំលោះ លោកហៅថាគូជម្លោះ ជនពីរនាក់ធ្វើសេចក្តីប្រកួតប្រកាន់ លោកហៅថា គូប្រកួតប្រកាន់ ជនពីរនាក់ធ្វើការនិយាយគ្នា លោកហៅថា គូនិយាយគ្នា ជនពីរនាក់ធ្វើការជជែកគ្នា លោកហៅថាគូជជែកគ្នា ជនពីរនាក់ធ្វើអធិករណ៍ លោកហៅថា គូអធិករណ៍ ជនពីរនាក់ចរចាជាប្រក្រតី លោកហៅថា គូចរចា ជនពីរនាក់និយាយឆ្លើយឆ្លងគ្នា លោកហៅថា គូឆ្លើយឆ្លង យ៉ាងណា ធម៌របស់បុគ្គលពីរនាក់ ដែលត្រេកអរ ត្រេកអរខ្លាំង ជោក (ដោយរាគៈ) រួបរឹត (ដោយរាគៈ) មានចិត្តត្រូវកិលេសគ្របសង្កត់ស្មើគ្នាទាំងពីរនាក់ ព្រោះហេតុនោះ ទើបលោកហៅថា មេថុនធម្ម យ៉ាងនោះដែរ ។ ពាក្យថាប្រកបរឿយ ៗ ក្នុងមេថុន គឺប្រកប តាក់តែង ប្រដុងប្រជា ប្រកបព្រមក្នុងមេថុនធម្ម ប្រព្រឹត្តមេថុនធម្មនោះ ក្រាស់ដោយមេថុនធម្មនោះ គោរពមេថុនធម្មនោះ ឱនទៅក្នុងមេថុនធម្មនោះ ទោរទៅក្នុងមេថុនធម្មនោះ ឈមមុខទៅក្នុងមេថុនធម្មនោះ ចុះចិត្តស៊ប់ក្នុងមេថុនធម្មនោះ ធ្វើមេថុនធម្មនោះឲ្យជាធំ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលអ្នកប្រកបរឿយៗ ក្នុងមេថុនធម្ម ។ ព្រះមានព្រះភាគ ត្រាស់ហៅព្រះថេរៈនោះតាមគោត្រថា ម្នាលមេត្តេយ្យៈ ។ ពាក្យថា ព្រះមានព្រះភាគ ជាពាក្យពោលដោយគោរព ។ មួយទៀត ព្រះពុទ្ធមានរាគៈបំបាក់បង់ហើយ ហេតុនោះ ឈ្មោះថា ព្រះមានព្រះភាគ ។ មានទោសៈបំបាក់បង់ហើយ ហេតុនោះ ឈ្មោះថា ព្រះមានព្រះភាគ ។ មានមោហៈបំបាក់បង់ហើយ ហេតុនោះ ឈ្មោះថាព្រះមានព្រះភាគ ។ មានមានះបំបាក់បង់ហើយ ហេតុនោះ ឈ្មោះថាព្រះមានព្រះភាគ ។ មានទិដ្ឋិបំបាក់បង់ហើយ ហេតុនោះឈ្មោះថា ព្រះមានព្រះភាគ ។ មានបន្លា គឺកិលេសបំបាក់បង់ហើយ ហេតុនោះឈ្មោះថា ព្រះមានព្រះភាគ ។ មានកិលេសបំបាក់បង់ហើយ ហេតុនោះឈ្មោះថា ព្រះមានព្រះភាគ ។ ទ្រង់បែងចែក រំលែកធម្មរតនៈ ហេតុនោះឈ្មោះថា ព្រះមានព្រះភាគ ។ ជាអ្នកធ្វើនូវទីបំផុតនៃភព ហេតុនោះឈ្មោះថា ព្រះមានព្រះភាគ ។ មានព្រះកាយចម្រើនហើយ ហេតុនោះឈ្មោះថា ព្រះមានព្រះភាគ ។ មានសីលចម្រើនហើយ មានចិត្តចម្រើនហើយ មាន​ប្រាជ្ញា​ចម្រើនហើយ ហេតុនោះឈ្មោះថា ព្រះមានព្រះភាគ ។ មួយទៀត ព្រះមានបុណ្យទ្រង់គប់រកសេនាសនៈស្ងាត់ គឺព្រៃតូច និងព្រៃធំ មិនមានសំឡេង មិនមានការគឹកកង ជាទីប្រាសចាកខ្យល់ដែលកើតអំពីកាយនៃជន ជាទីស្ងាត់កំបាំងរបស់មនុស្ស ជាទីសមគួរដល់ការពួនសម្ងំ ហេតុនោះឈ្មោះថា ព្រះមានព្រះភាគ ។ មួយទៀត ព្រះមានបុណ្យ ព្រះអង្គមានចំណែកចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ហេតុនោះឈ្មោះថា ព្រះមានព្រះភាគ ។ មួយទៀត ព្រះមានបុណ្យ ព្រះអង្គមានចំណែកអត្ថរស ធម្មរស វិមុត្តិរស អធិសីល អធិចិត្ត និងអធិប្បញ្ញា ហេតុនោះ ឈ្មោះថា ព្រះមានព្រះភាគ ។ មួយទៀត ព្រះមានបុណ្យ ព្រះអង្គមានចំណែកឈាន ៤ អប្បមញ្ញា ៤ អរូបសមាបត្តិ ៤ ហេតុនោះឈ្មោះថា ព្រះមានព្រះភាគ ។ មួយទៀត ព្រះមានបុណ្យ ព្រះអង្គមានចំណែកវិមោក្ខ ៨ អភិភាយតនៈ ៨ អនុបុព្វវិហារសមាបត្តិ ៩ ហេតុនោះ ឈ្មោះថា ព្រះមានព្រះភាគ ។ មួយទៀត ព្រះមានបុណ្យ ព្រះអង្គមានចំណែកសញ្ញាភាវនា ១០ កសិណសមាបត្តិ ១០ អាណាបានស្សតិសមាធិ និងអសុភសមាបត្តិ ហេតុនោះ ឈ្មោះថា ព្រះមានព្រះភាគ ។ មួយទៀត ព្រះមានបុណ្យ ព្រះអង្គមានចំណែកសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អរិយមគ្គប្រកបដោយអង្គ ៨ ហេតុនោះឈ្មោះថា ព្រះមានព្រះភាគ ។ មួយទៀត ព្រះមានបុណ្យ ព្រះអង្គមានចំណែកតថាគតពល ១០ វេសារជ្ជៈ ៤ បដិសម្ភិទា ៤ អភិញ្ញា ៦ ធម៌របស់ព្រះពុទ្ធ ៦ យ៉ាង ហេតុនោះ ឈ្មោះថា ព្រះមានព្រះភាគ ។ ព្រះនាមថា មានព្រះភាគនុ៎ះ មិនមែនព្រះមាតាធ្វើ មិនមែនព្រះបិតាធ្វើ មិនមែនបងប្អូនប្រុសធ្វើ មិនមែនបងប្អូនស្រីធ្វើ មិនមែនមិត្រ និងអាមាត្យធ្វើ មិនមែនញាតិសាលោហិតធ្វើ មិនមែនសមណៈ និងព្រាហ្មណ៏ធ្វើ មិនមែនទេវតាធ្វើទេ (ព្រះនាមថា មានព្រះភាគ) នុ៎ះ របស់ព្រះពុទ្ធទាំងឡាយមានព្រះភាគ ជាព្រះនាមកើតក្នុងទីបំផុតវិមោក្ខ គឺសេចក្តីបញ្ញត្តិថា មានព្រះភាគនេះ (កើត) អំពីការបានត្រាស់ ដំណាលគ្នានឹងការបានចំពោះសព្វញ្ញុតញ្ញាណទៀបគល់ពោធិព្រឹក្ស ហេតុនោះ (លោកពោលថា) ព្រះមានព្រះភាគត្រាស់ថា ម្នាលមេតេ្តយ្យៈ ។

[២៣២] ពាក្យថា សាសនាវិនាស បានដល់សាសនាវិនាសដោយហេតុ ២ គឺបរិយត្តិសាសនា ក៏វិនាស បដិបត្តិសាសនា ក៏វិនាស ។

បរិយត្តិសាសនា តើដូច​ម្តេច ? ពុទ្ធវចនៈណា គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ ដែលបុគ្គលនោះរៀនហើយ នេះបរិយត្តិសាសនា ។ បរិយត្តិសាសនាវិនាស បាត់បង់ទៅ (បុគ្គលនោះ) ទៅជាបុគ្គលខាងក្រៅ ហេតុនោះ (ទ្រង់ត្រាស់ថា) សាសនាវិនាស យ៉ាងនេះ​​ខ្លះ ?

បដិបត្តិសាសនា តើដូច​ម្តេច ? សេចក្តីប្រតិបត្តិដោយប្រពៃ សេចក្តីប្រតិបត្តិដ៏សមគួរ សេចក្តីប្រតិបត្តិមិនជាសឹកសត្រូវ សេចក្តីប្រតិបត្តិចំពោះប្រយោជន៍តាមលំដាប់ សេចក្តីប្រតិបត្តិធម៌ដ៏សមគួរដល់ធម៌ ភាពបុគ្គលអ្នកធ្វើឲ្យបរិបូរណ៌ក្នុងសីលទាំងឡាយ ភាពបុគ្គលមានទ្វារគ្រប់គ្រងក្នុងឥន្រ្ទិយទាំងឡាយ ភាពបុគ្គលអ្នកដឹងប្រមាណក្នុងភោជន សេចក្តីប្រកបរឿយៗ ក្នុងការភ្ញាក់រលឹក សតិ និងសម្បជញ្ញៈ សតិបដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អរិយមគ្គប្រកបដោយអង្គ ៨ នេះបដិបត្តិសាសនា ។ បដិបត្តិសាសនានោះ រមែងវិនាស បាត់បង់ទៅ (បុគ្គលនោះ) ទៅជាបុគ្គលខាងក្រៅ ហេតុនោះ (ទ្រង់ត្រាស់ថា) សាសនាវិនាស យ៉ាងនេះ​​ខ្លះ ?

[២៣៣] ពាក្យថា រមែងប្រតិបត្តិខុស គឺបុគ្គលសម្លាប់សត្វខ្លះ កាន់យកទ្រព្យដែលគេមិនបានឲ្យខ្លះ កាត់ទីតខ្លះ វាយប្រហារ ទាំងប្លន់ធំខ្លះ ធ្វើការបៀតបៀនទ្រព្យក្នុងផ្ទះមួយខ្លះ ចាំនៅក្បែរផ្លូវរឹបជាន់ខ្លះ គប់រកប្រពន្ធបុគ្គលដទៃខ្លះ ពោលកុហកខ្លះ ហេតុនោះ (ទ្រង់តា្រស់ថា) រមែងប្រតិបតិ្តខុស ។

[២៣៤] ពាក្យថា អំពើនុ៎ះ មិនមែនជាអំពើប្រសើរ ចំពោះបុគ្គលនោះទេ គឺអំពើនុ៎ះ ជាធម៌មិនប្រសើរ ជាធម៌របស់បុគ្គលពាល ជាធម៌របស់បុគ្គលល្ងង់ខ្លៅ ជាធម៌របស់បុគ្គលមិនមានបញ្ញា ជាធម៌របស់បុគ្គលបោះទៅនូវពាក្យមិនឲ្យស្លាប់សំដី គឺជាសេចក្តីប្រតិបត្តិខុស ចំពោះបុគ្គលនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) អំពើនុ៎ះ មិនមែនជាអំពើប្រសើរ ក្នុងបុគ្គលនោះទេ ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា ៖ (ព្រះមានព្រះភាគ ត្រាស់ថា ម្នាលមេត្តេយ្យៈ) សាសនារបស់បុគ្គលអ្នកប្រកបរឿយៗក្នុងមេថុនធម្ម រមែងវិនាសទៅដោយពិត ទាំងបុគ្គលនោះ ក៏រមែងប្រតិបត្តិខុស អំពើនុ៎ះ មិនមែនជាអំពើប្រសើរ ចំពោះបុគ្គលនោះទេ ។

[២៣៥] បុគ្គលណា ប្រព្រឹត្តម្នាក់ឯងក្នុងកាលមុន ហើយសេពមេថុនធម្ម អ្នកបា្រជ្ញទាំងឡាយ ហៅបុគ្គលនោះថា ជាបុថុជ្ជនថោកទាបក្នុងលោក ដូចជាយានដែលភ្លូកហើយ ។

[២៣៦] ពាក្យថា ប្រព្រឹត្តម្នាក់ឯងក្នុងកាលមុន អធិប្បាយថា បុគ្គលប្រព្រឹត្តម្នាក់ឯង ក្នុងកាលមុន ដោយហេតុ ២ គឺ ដោយចំណែកបព្វជ្ជា ឬដោយការលះបង់ពួក ។

បុគ្គលប្រព្រឹត្តម្នាក់ឯង ក្នុងកាលមុន ដោយចំណែកបព្វជ្ជា តើដូច​ម្តេច ? បុគ្គលកាត់បង់កង្វល់ គឺឃរាវាសទាំងអស់ កាត់បង់កង្វល់ គឺបុត្តភរិយា កាត់បង់កង្វល់ គឺញាតិ កាត់បង់កង្វល់គឺមិត្រ និងអាមាត្យ កាត់បង់កង្វល់ គឺការសន្សំ កោរសក់ និងពុកមាត់ ស្លៀកដណ្តប់សំពត់ដែលជ្រលក់ដោយទឹកចត់ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដល់នូវភាពជាអ្នកមិនមានសេចក្តីខ្វល់ខ្វាយ ត្រាច់ទៅ សម្រាក សម្រាន្ត សម្រេចឥរិយាបថ ប្រព្រឹត្តទៅ រក្សា រស់នៅ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅតែម្នាក់ឯង បុគ្គលប្រព្រឹត្តម្នាក់ឯង ក្នុងកាលមុន ដោយចំណែកបព្វជ្ជា យ៉ាងនេះ ។

បុគ្គលប្រព្រឹត្តម្នាក់ឯង ក្នុងកាលមុន ដោយការលះបង់ពួក តើដូច​ម្តេច ? បុគ្គលនោះ លុះបួសយ៉ាងនេះហើយ ជាបុគ្គលម្នាក់ឯង តែងគប់រកសេនាសនៈស្ងាត់ គឺព្រៃតូច និងព្រៃធំ មិនមានសំឡេង មិនមានការគឹកកង ជាទីបា្រសចាកខ្យល់ ដែលកើតអំពីកាយនៃជន ជាទីស្ងាត់កំបាំងរបស់មនុស្ស សមគួរដល់ការពួនសម្ងំ ។ បុគ្គលនោះ ដើរតែម្នាក់ឯង ឈរតែម្នាក់ឯង អង្គុយតែម្នាក់ឯង សម្រេចការដេកតែម្នាក់ឯង ចូលទៅកាន់ស្រុក ដើម្បីបិណ្ឌបាតតែម្នាក់ឯង ត្រឡប់មកវិញតែម្នាក់ឯង អង្គុយក្នុងទីស្ងាត់តែម្នាក់ឯង អធិដ្ឋានចង្រ្កមតែម្នាក់ឯង ត្រាច់ទៅ សម្រាកសម្រាន្ត សម្រេចឥរិយាបថ ប្រព្រឹត្តទៅ រក្សា រស់នៅ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅតែម្នាក់ឯង បុគ្គលប្រព្រឹត្តតែម្នាក់ឯង ក្នុងកាលមុន ដោយការលះបង់ពួក យ៉ាងនេះ ។

[២៣៧] អធិប្បាយពាក្យថា បុគ្គលណា សេពមេថុនធម្ម ឈ្មោះថាមេថុនធម្ម បានខាងធម៌របស់អសប្បុរស ។បេ។ ព្រោះហេតុនោះ ទើបលោកហៅថា មេថុនធម្ម ។ ពាក្យថា បុគ្គលណា សេពមេថុនធម្ម បានសេចក្តីថា បុគ្គលនោះ ពោលលាព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងសិក្ខា ត្រឡប់ដើម្បីភាពជាបុគ្គលថោកទាប ហើយគប់រក សេពគប់ សេពសម្ភព សេពចំពោះមេថុនធម្មក្នុងសម័យដទៃ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលណា សេពមេថុនធម្ម ។

[២៣៨] អធិប្បាយពាក្យថា ដូចជាយានដែលភ្លូកហើយក្នុងលោក ត្រង់ពាក្យថា យាន គឺយានទឹមដោយដំរី យានទឹមដោយសេះ យានទឹមដោយគោ យានទឹមដោយពពែ យានទឹមដោយចៀម យានទឹមដោយឱដ្ឋ យានទឹមដោយលា ជាយានភ្លូកហើយ ដែលគេមិនបានទូន្មាន មិនបានធ្វើ មិនបានបង្ហាត់ រមែងកាន់យកផ្លូវខុស ឡើងកាន់ទីមានដង្គត់ និងថ្មរដិបរដុបខ្លះ កិនជនអ្នកបរខ្លះ ភ្លូកធ្លាក់ទៅក្នុងជ្រោះ​​ខ្លះ ? យានភ្លូកហើយ ដែលគេមិនបានទូន្មាន មិនបានធ្វើ មិនបានបង្ហាត់នោះ រមែងកាន់យកផ្លូវខុស យ៉ាងណា បុគ្គលជាអ្នកភ្លាត់នោះ (សឹក) ប្រៀបដោយយានភ្លូកហើយ រមែងកាន់យកផ្លូវខុស គឺកាន់យកទិដ្ឋិខុស ។បេ។ កាន់យកសមាធិខុស យ៉ាងនោះដែរ ។ យានភ្លូកហើយ ដែលគេមិនបានទូន្មាន មិនបានធ្វើ មិនបានបង្ហាត់នោះ រមែងឡើងកាន់ទីមានដង្គត់ និងថ្មរដិបរដុប យ៉ាងណា បុគ្គលអ្នកភា្លត់នោះ ប្រៀបដោយយានភ្លូកហើយ រមែងឡើងកាន់កាយកម្មមិនស្មើ ឡើងកាន់វចីកម្មមិនស្មើ ឡើងកាន់មនោកម្មមិនស្មើ ឡើងកាន់បាណាតិបាតមិនស្មើ ឡើងកាន់អទិន្នាទានមិនស្មើ ឡើងកាន់កាមេសុមិច្ឆាចារមិនស្មើ ឡើងកាន់មុសាវាទមិនស្មើ ឡើងកាន់បិសុណវាចាមិនស្មើ ឡើងកាន់ផរុសវាចាមិនស្មើ ឡើងកាន់សម្ជប្បលាបៈមិនស្មើ ឡើងកាន់អភិជ្ឈាមិនស្មើ ឡើងកាន់ព្យាបាទមិនស្មើ ឡើងកាន់មិច្ឆាទិដ្ឋិមិនស្មើ ឡើងកាន់សង្ខារទាំងឡាយមិនស្មើ ឡើងកាន់កាមគុណ ៥ មិនស្មើ ឡើងកាន់នីវរណៈទាំងឡាយមិនស្មើ យ៉ាងនោះដែរ យានភ្លូកហើយដែលគេមិនបានទូន្មាន មិនបានធ្វើ មិនបានបង្ហាត់នោះ រមែងកិនជនអ្នកបរ យ៉ាងណា បុគ្គលអ្នកភ្លាត់នោះ ប្រៀបដោយយានភ្លូកហើយ រមែងកិនខ្លួនក្នុងនរក កិនខ្លួនក្នុងកំណើតតិរច្ឆាន កិនខ្លួនក្នុងបិត្តិវិស័យ កិនខ្លួនក្នុងមនុស្សលោក កិនខ្លួនក្នុងទេវលោក យ៉ាងនោះដែរ ។ យានភ្លូកហើយដែលគេមិនបានទូន្មាន មិនបានធ្វើ មិនបានបង្ហាត់នោះ រមែងភ្លូកធ្លាក់ទៅក្នុងជ្រោះ យ៉ាងណា បុគ្គលអ្នកភ្លាត់នោះ ប្រៀបដោយយានភ្លូកហើយ រមែងធ្លាក់ចុះក្នុងជ្រោះ គឺជាតិខ្លះ ធ្លាក់ចុះក្នុងជ្រោះ គឺជរាខ្លះ ធ្លាក់ចុះក្នុងជ្រោះ គឺព្យាធិខ្លះ ធ្លាក់ចុះក្នុងជ្រោះ គឺមរណៈខ្លះ ធ្លាក់ចុះក្នុងជ្រោះ គឺសេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ខ្លះ យ៉ាងនោះដែរ ។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក ។បេ។ ក្នុងមនុស្សលោក ហេតុនោះ (ទ្រង់ត្រាស់ថា) ដូចជាយានដែលភ្លូកហើយក្នុងលោក ។

[២៣៩] អធិប្បាយពាក្យថា អ្នកបា្រជ្ញទាំងឡាយហៅបុគ្គលនោះ ថាជាបុថុជ្ជនថោកទាប ត្រង់ពាក្យថា បុថុជ្ជន គឺឈ្មោះថាបុថុជ្ជន ដោយសេចក្តីដូច​ម្តេច ? ឈ្មោះថាបុថុជ្ជន ព្រោះញុំាងកិលេសក្រាស់ឲ្យកើត ។ ឈ្មោះថា បុថុជ្ជន ព្រោះជាអ្នកមានសកាយទិដ្ឋិដ៏ក្រាស់មិនទាន់លះបង់ ។ ឈ្មោះថា បុថុជ្ជន ព្រោះជាអ្នកពោលប្តេជ្ញា ចំពោះមុខសាស្តាទាំងឡាយច្រើន ។ ឈ្មោះថា បុថុជ្ជន ព្រោះជាអ្នកត្រូវគតិទាំងពួងដ៏ក្រាស់ចាក់ស្រែះ ។ ឈ្មោះថា បុថុជ្ជន ព្រោះតាក់តែងដោយអភិសង្ខារផ្សេងៗ ដ៏ក្រាស់ ។ ឈ្មោះថា បុថុជ្ជន ព្រោះត្រូវឱឃៈផ្សេង ៗ ដ៏ក្រាស់បន្សាត់ទៅ ។ ឈ្មោះថា បុថុជ្ជន ព្រោះក្តៅក្រហាយដោយកំដៅផ្សេង ៗ ដ៏ក្រាស់ ។ ឈ្មោះថា បុថុជ្ជន ព្រោះរោលរាលដោយកំដៅរោលរាលផ្សេង ៗ ដ៏ក្រាស់ ។ ឈ្មោះថា បុថុជ្ជន ព្រោះត្រេកអរ ញ៉ាម ជាប់ចិត្ត ជ្រប់ ងល់ងប់ ជាប់ចំពាក់ ចាក់ស្រែះ រួបរឹតក្នុងកាមគុណ ៥ ដ៏ក្រាស់ ។ ឈ្មោះថា បុថុជ្ជន ព្រោះត្រូវនីវរណៈ ៥ ដ៏ក្រាស់ ចាក់ស្រែះ រួបរឹត គ្របសង្កត់ សន្ធប់ បិទបាំង សណ្តំជាប់ ។ ពាក្យថា អ្នកបា្រជ្ញទាំងឡាយ ហៅបុគ្គលនោះថាជាបុថុជ្ជនថោកទាប គឺអ្នកបា្រជ្ញទាំងឡាយ ពោលយ៉ាងនេះ បានពោលហើយយ៉ាងនេះ សំដែងយ៉ាងនេះ និយាយយ៉ាងនេះ បំភ្លឺយ៉ាងនេះ បញ្ចេញយ៉ាងនេះ នូវបុគ្គលនោះ ថាជាមនុស្សបុថុជ្ជនថោកទាប ទន់ថយ ជ្រោកជ្រាក លាមក អាក្រក់ រំកាច់រំកោច ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកបា្រជ្ញទាំងឡាយ ពោលនូវបុគ្គលនោះ ថាជាបុថុជ្ជនថោកទាប ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា ៖ បុគ្គលណា ប្រព្រឹត្តតែម្នាក់ឯងក្នុងកាលមុន ហើយសេពមេថុនធម្ម អ្នកបា្រជ្ញទាំងឡាយ ហៅបុគ្គលនោះថាជា បុថុជ្ជនថោកទាបក្នុងលោក ដូចជាយានដែលភ្លូកហើយ ។

[២៤០] យស និងកេរ្តិ៍ឈ្មោះណា (ធ្លាប់មាន) ក្នុងកាលមុន យស និងកេរ្តិ៍ឈ្មោះនោះ របស់បុគ្គលនោះ ក៏សាបសូន្យទៅ បព្វជិតឃើញនូវដំណើរនុ៎ះហើយ គប្បីសិក្សាដើម្បីលះបង់មេថុនធម្ម ។

[២៤១] ពាក្យថា យស និងកេរ្តិ៍ឈ្មោះណា ធ្លាប់មានក្នុងកាលមុន យស និងកេរ្តិ៍ឈ្មោះនោះ របស់បុគ្គលនោះ រមែងសាបសូន្យទៅ មានសេចក្តីអធិប្បាយដូចតទៅនេះ ចុះយស តើដូច​ម្តេច ? បុគ្គលពួកខ្លះក្នុងលោកនេះ ជាអ្នកដែលគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ជាអ្នកបានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ក្នុងភាពជាសមណៈក្នុងកាលមុន នេះឈ្មោះថា យស ។ ចុះកេរ្តិ៍ឈ្មោះ តើដូច​ម្តេច ? បុគ្គលពួកខ្លះក្នុងលោកនេះ កាលនៅក្នុងភាពជាសមណៈក្នុងកាលមុន ជាអ្នកពេញដោយកេរ្តិ៍ឈ្មោះ និងសេចក្តីសរសើរ ជាបណ្ឌិត វាងវៃ មាន​ប្រាជ្ញា​ ជាពហុស្សូត មានពាក្យដ៏វិចិត្រ មាន​ប្រាជ្ញា​ល្អ ជាអ្នកទ្រទ្រង់ព្រះសូត្រក្តី ជាអ្នកទ្រទ្រង់វិន័យក្តី ជាធម្មកថិកក្តី ជាអ្នកកាន់អារញ្ញិកធុតង្គក្តី ជាអ្នកកាន់បិណ្ឌបាតិកធុតង្គក្តី ជាអ្នកកាន់បង្សុកូលិកធុតង្គក្តី ជាអ្នកកាន់តេចីវរិកធុតង្គក្តី ជាអ្នកកាន់សបទានចារិកធុតង្គក្តី ជាអ្នកកាន់ខលុបច្ឆាភត្តិកធុតង្គក្តី ជាអ្នកកាន់នេសជ្ជិកធុតង្គក្តី ជាអ្នកកាន់យថាសន្ថតិកធុតង្គក្តី ជាអ្នកបានបឋមជ្ឈានក្តី ជាអ្នកបានទុតិយជ្ឈានក្តី ជាអ្នកបានតតិយជ្ឈានក្តី ជាអ្នកបានចតុត្ថជ្ឈានក្តី ជាអ្នកបានអាកាសានញ្ចាយតនសមាបត្តិក្តី ជាអ្នកបានវិញ្ញាណញ្ចាយតនសមាបត្តិក្តី ជាអ្នកបានអាកិញ្ចញ្ញាយតនសមាបតិ្តក្តី ជាអ្នកបាននេវសញ្ញានាសញ្ញាយតនសមាបតិ្តក្តី នេះឈ្មោះថា កេរ្តិ៍ឈ្មោះ ។ ពាក្យថា យស និងកេរ្តិ៍ឈ្មោះណា ធ្លាប់មានក្នុងកាលមុន យស និងកេរ្តិ៍ឈ្មោះនោះ របស់បុគ្គលនោះ រមែងសាបសូន្យទៅ បានសេចក្តីថា កាលបព្វជិតនោះ ពោលលាព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងសិក្ខា ក្នុងសម័យដទៃ ហើយត្រឡប់ដើម្បីភេទថោកទាប យស និងកេរ្តិ៍ឈ្មោះនោះ រមែងសូន្យ សាបរលាប ខ្ចាត់ចេញ ជ្រុះចេញ បាត់បង់ វិនាស ហេតុនោះ (ទ្រង់ត្រាស់ថា) យស និងកេរ្តិ៍ឈ្មោះណា ធ្លាប់មានក្នុងកាលមុន យស និងកេរ្តិ៍ឈ្មោះនោះ របស់បុគ្គលនោះ រមែងសាបសូន្យទៅ ។

[២៤២] អធិប្បាយពាក្យថា បព្វជិតឃើញនូវដំណើរនុ៎ះហើយ គប្បីសិក្សាដើម្បីលះបង់មេថុនធម្ម ត្រង់ពាក្យថា នូវដំណើរនុ៎ះ សេចក្តីថា យស និងកេរ្តិ៍ឈ្មោះក្នុងភាពជាសមណៈ ក្នុងកាលមុន ការមិនមានយស និងការមិនមានកេរ្តិ៍ឈ្មោះរបស់បព្វជិត ដែលពោលលានូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងសិក្ខា ហើយត្រឡប់ដើម្បីភេទថោកទាប ក្នុងកាលជាចំណែកខាងក្រោយ បព្វជិតឃើញ ជួប ប្រទះ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យជាក់ច្បាស់នូវសម្បតិ្ត និងវិបត្តិនុ៎ះ ហេតុនោះ (ទ្រង់ត្រាស់ថា) បព្វជិតឃើញនូវដំណើរនុ៎ះ ។ ពាក្យថា គប្បីសិក្សា បានដល់សិក្ខា ៣ គឺអធិសីលសិក្ខា ១ អធិចិត្តសង្ខា ១ អធិប្បញ្ញាសិក្ខា ១ ។

អធិសីលសិក្ខា តើដូច​ម្តេច ? ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោសមានប្រមាណបន្តិចបន្តួច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ សីលក្ខន្ធតូច សីលក្ខន្ធធំ សីល ទីតាំងខាងដើម ការប្រព្រឹត្តិ ការសង្រួម ការរវាំង ប្រធាន ប្រមុខនៃការបានធម៌ជាកុសលទាំងឡាយ នេះអធិសីលសិក្ខា ។

អធិចិត្តសិក្ខា តើដូច​ម្តេច ? ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាម ស្ងាត់ចាកអកុសលធម៌ ចូលបឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខៈ កើតអំពីវិវេក ចូលទុតិយជ្ឈាន មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ ប្រព្រឹត្តទៅខាងក្នុងសន្តាន ជាទីជ្រះថ្លាស៊ប់ គឺសទ្ធា មានសភាពជាចិត្តដ៏ខ្ពស់ឯក ព្រោះការរម្ងាប់នូវវិតក្កៈ និងវិចារៈ ចូលតតិយជ្ឈាន ចូលចតុត្ថជ្ឈាន នេះ អធិចិត្តសិក្ខា ។

អធិប្បញ្ញាសិក្ខា តើដូច​ម្តេច ? ភិក្ខុក្នុងសាសនានេះ ជាអ្នកមាន​ប្រាជ្ញា​ ប្រកបដោយ​ប្រាជ្ញា​ជាគ្រឿងដឹងនូវការកើតឡើង និងការវិនាសទៅ ជា​ប្រាជ្ញា​ដ៏ប្រសើរ អាចទំលុះទំលាយ ជាគ្រឿងដល់នូវការអស់ទុក្ខដោយប្រពៃ ភិក្ខុនោះ ក៏ដឹងច្បាស់តាមពិតថា នេះជាទុក្ខ ដឹងច្បាស់តាមពិតថា នេះជាហេតុកើតឡើងនៃទុក្ខ ដឹងច្បាស់តាមពិតថា នេះជាគ្រឿងរំលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជាបដិបទាជាគ្រឿងដល់នូវការរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជាអាសវៈ ដឹងច្បាស់តាមពិតថា នេះជាហេតុកើតឡើងនៃអាសវៈ ដឹងច្បាស់តាមពិតថា នេះជាគ្រឿងរលត់អាសវៈ ដឹងច្បាស់តាមពិតថា នេះជាបដិបទា ជាគ្រឿងដល់នូវការរលត់អាសវៈ នេះ អធិប្បញ្ញាសិក្ខា ។ ពាក្យថា មេថុនធម្ម សេចក្តីថា ដែលឈ្មោះថា មេថុនធម្ម បានខាងធម៌របស់អសប្បុរស ។បេ។ ព្រោះហេតុនោះ ទើបលោកហៅថា មេថុនធម្ម ។

ពាក្យថា បព្វជិតឃើញនូវដំណើរនុ៎ះហើយ គប្បីសិក្សា ដើម្បីលះបង់មេថុនធម្ម បានសេចក្តីថា បព្វជិត គប្បីសិក្សាអធិសីលផង គប្បីសិក្សាអធិចិត្តផង គប្បីសិក្សាអធិប្បញ្ញាផង ដើម្បីលះបង់ ដើម្បីរម្ងាប់ ដើម្បីរលាស់ចោល ដើម្បីរម្ងាប់នូវមេថុនធម្ម ។ គប្បីពិចារណាសិក្សាសិក្ខាទាំង ៣ នេះ គប្បីដឹងសិក្សា គប្បីឃើញសិក្សា គប្បីពិចារណាសិក្សា គប្បីអធិដ្ឋានចិត្តសិក្សា គប្បីចុះចិត្តស៊ប់ដោយសទ្ធាសិក្សា គប្បីផ្គងព្យាយាមសិក្សា គប្បីតំកល់ស្មារតីសិក្សា គប្បីតំកល់ចិត្តសិក្សា គប្បីដឹងច្បាស់ដោយ​ប្រាជ្ញា​សិក្សា គប្បីដឹងច្បាស់នូវធម៌ដែលគួរដឹងច្បាស់សិក្សា គប្បីកំណត់ដឹងធម៌ដែលគួរកំណត់ដឹងសិក្សា គប្បីលះបង់ធម៌ដែលគួរលះបង់សិក្សា គប្បីចម្រើនធម៌ដែលគួរចម្រើនសិក្សា គប្បីធ្វើឲ្យជាក់ច្បាស់ធម៌ ដែលគួរធ្វើឲ្យជាក់ច្បាស់សិក្សា គប្បីប្រព្រឹត្តទៅ ប្រព្រឹត្តដោយប្រពៃ ប្រព្រឹត្តកាន់យក ហេតុនោះ (ទ្រង់ត្រាស់ថា) បព្វជិតឃើញនូវដំណើរនុ៎ះហើយ គប្បីសិក្សា ដើម្បីលះបង់មេថុនធម្ម ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា ៖ យស និងកេរ្តិ៍ឈ្មោះណា (ធ្លាប់មាន) ក្នុងកាលមុន យស និងកេរ្តិ៍ឈ្មោះនោះ របស់បុគ្គលនោះ ក៏សាបសូន្យទៅ បព្វជិតឃើញនូវដំណើរនុ៎ះហើយ គប្បីសិក្សា ដើម្បីលះបង់មេថុនធម្ម ។

[២៤៣] បព្វជិតនោះ ដែលត្រូវសង្កប្បៈទាំងឡាយគ្របសង្កត់ហើយ រមែងសញ្ជប់សញ្ជឹង ដូចមនុស្សកំព្រា បព្វជិតមានសភាពដូច្នោះ លុះឮពាក្យសំដីរបស់ពួកជនដទៃហើយ រមែងអៀនអន់ ។

[២៤៤] ពាក្យថា បព្វជិតនោះ ដែលត្រូវសង្កប្បៈទាំងឡាយគ្របសង្កត់ហើយ រមែងសញ្ជប់សញ្ជឹង ដូចមនុស្ស​​​កំព្រា​ អធិប្បាយថា បព្វជិតត្រូវសេចក្តីត្រិះរិះប្រកបដោយកាម ត្រូវសេចក្តីត្រិះរិះប្រកបដោយព្យាបាទ ត្រូវសេចក្តីត្រិះរិះប្រកបដោយវិហឹសា ត្រូវសេចក្តីត្រិះរិះប្រកបដោយទិដ្ឋិប៉ះពាល់ គ្របសង្កត់ ជ្រួតជ្រាប ប្រកបហើយ រមែងក្តុកក្តួល សញ្ជប់សញ្ជឹង ស្រពាប់ស្រពោន ជ្រុលជ្រប់ ដូចមនុស្សកំព្រា ឬដូចជាអ្នកល្ងង់ ឬក៏ដូចជាអ្នកវង្វេងទិស ។ មៀម កាលស្វែងរកកណ្តុរលើមែកឈើ រមែងក្តៅក្តួល សញ្ជប់សញ្ជឹង ស្រពាប់ស្រពោន ជ្រុលជ្រប់ យ៉ាងណា ចចកកាលស្វែងរកត្រី ទៀបឆ្នេរស្ទឹង រមែងក្តៅក្តួល សញ្ជប់សញ្ជឹង ស្រពាប់ស្រពោន ជ្រុលជ្រប់ យ៉ាងណា ឆ្មាកាលស្វែងរកកណ្តុរ ក្នុងទីជាចន្លោះតំណនៃផ្ទះ និងទីប្រកបដោយមន្ទិល ប្រកបដោយភក់ និងឆ្នេរ រមែងក្តៅក្តួល សញ្ជប់សញ្ជឹង ស្រពាប់ស្រពោន ជ្រុលជ្រប់ យ៉ាងណា លា មានការដឹកនាំដាច់ហើយ (គេប្រើមិនកើត) រមែងក្តៅក្តួល សញ្ជប់សញ្ជឹង ស្រពាប់ស្រពោន ជ្រុលជ្រប់ ក្នុងទីជាចន្លោះតំណនៃផ្ទះ និងទីប្រកបដោយមន្ទិល ប្រកបដោយភក់ និងឆ្នេរ យ៉ាងណា បុគ្គលជាអ្នកភ្លាត់នោះ ដែលត្រូវសេចក្តីត្រិះរិះប្រកបដោយកាម ត្រូវសេចក្តីត្រិះរិះប្រកបដោយព្យាបាទ ត្រូវសេចក្តី្តត្រិះរិះប្រកបដោយវិហឹសា ត្រូវសេចក្តីត្រិះរិះប្រកបដោយទិដ្ឋិប៉ះពាល់ គ្របសង្កត់ ជ្រួតជ្រាប ប្រកបហើយ រមែងក្តុកក្តួល សញ្ជប់សញ្ជឹង ស្រពាប់ស្រពោន ជ្រុលជ្រប់ដូចមនុស្សកំព្រា ឬដូចជាអ្នកល្ងង់ ឬក៏ដូចជាអ្នកវង្វេងទិស យ៉ាងនោះដែរ ហេតុនោះ (ទ្រង់ត្រាស់ថា) បព្វជិតនោះ ដែលត្រូវសង្កប្បៈទាំងឡាយ គ្របសង្កត់ហើយ រមែងសញ្ជប់សញ្ជឹង ដូចមនុស្ស​​​កំព្រា​ ។

[២៤៥] អធិប្បាយពាក្យថា បព្វជិតមានសភាពដូច្នោះ លុះឮពាក្យសំដីរបស់ជនដទៃហើយ ក៏រមែងអៀនអន់ ត្រង់ពាក្យថា ជនដទៃ បានដល់ ពួកជនជាឧបជ្ឈាយ៍ក្តី អាចារ្យក្តី បុគ្គលមានឧបជ្ឈាយ៍ស្មើគ្នាក្តី បុគ្គលមានអាចារ្យស្មើគ្នាក្តី មិត្តក្តី បុគ្គលដែលធ្លាប់ឃើញគ្នាម្តងម្កាលក្តី បុគ្គលដែលធ្លាប់គប់រកគ្នាក្តី សំឡាញ់ក្តី ដាស់តឿនថា ម្នាលអាវុសោ អ្នកនោះពេញជាឥតលាភមែន ការបាន (អត្តភាពជាមនុស្ស) អ្នកបានដោយកម្រ ព្រោះថាជាអ្នកបានគ្រូដ៏ថ្លៃថ្លាមានសភាពយ៉ាងនេះ បួសក្នុងធម៌វិន័យដែលព្រះមានព្រះភាគ សំដែងល្អហើយយ៉ាងនេះ បានពួកព្រះអរិយៈ មានសភាពយ៉ាងនេះត្រឡាំង ហើយពោលលានូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងសិក្ខា ហើយត្រឡប់មកកាន់ភេទថោកទាប ព្រោះហេតុមេថុនធម្មដ៏ថោកទាប សូម្បីតែសទ្ធារបស់អ្នកក្នុងកុសលធម៌ ក៏មិនមាន សូម្បីតែហិរិរបស់អ្នកក្នុងកុសលធម៌ ក៏មិនមាន សូម្បីតែឱត្តប្បៈរបស់អ្នកក្នុងកុសលធម៌ ក៏មិនមាន សូម្បីតែវីរិយៈរបស់អ្នកក្នុងកុសលធម៌ ក៏មិនមាន សូម្បីតែសតិរបស់អ្នកក្នុងកុសលធម៌ ក៏មិនមាន សូម្បីតែបញ្ញារបស់អ្នកក្នុងកុសលធម៌ ក៏មិនមាន បុគ្គលអ្នកភ្លាត់នោះ លុះស្តាប់ ឮ រៀន ពិចារណា កំណត់នូវពាក្យ គន្លងពាក្យ ទេសនា ការប្រៀនប្រដៅរបស់ជនទាំងឡាយនោះ ក៏រមែងអៀនអន់ ចង្អៀតចង្អល់ ក្រៀមក្រំ ឈឺចាប់ តូចចិត្ត ។ ពាក្យថា បុគ្គលមានសភាពដូច្នោះ គឺបុគ្គលណា ជាអ្នកភ្លាត់ បុគ្គលនោះ ឈ្មោះថាមានសភាពដូច្នោះ ប្រាកដដូច្នោះ ឋិតនៅដូច្នោះ មានប្រការៈដូច្នោះ មានចំណែកប្រៀបដូច្នោះ ហេតុនោះ (ទ្រង់ត្រាស់ថា) បព្វជិតមានសភាពដូច្នោះ លុះឮពាក្យសំដីរបស់ពួកជនដទៃហើយ រមែងអៀនអន់ ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា ៖ បព្វជិតនោះ ដែលត្រូវសង្កប្បៈទាំងឡាយគ្របសង្កត់ហើយ រមែងសញ្ជប់សញ្ជឹងដូចមនុស្សកំព្រា បព្វជិតមានសភាពដូច្នោះ លុះឮពាក្យសំដីរបស់ពួកជនដទៃហើយ រមែងអៀនអន់ ។

[២៤៦] លំដាប់នោះ បុគ្គលដែលត្រូវវាទៈជនដទៃដាស់តឿនហើយ រមែងធ្វើសស្រ្តាទាំងឡាយ នុ៎ះជាសេចក្តីជាប់ចំពាក់ធំរបស់បុគ្គលនោះ បុគ្គលនោះ រមែងផ្គងពាក្យកុហក ។

[២៤៧] អធិប្បាយពាក្យថា លំដាប់នោះ បុគ្គលដែលត្រូវវាទៈជនដទៃដាស់តឿនហើយ រមែងធ្វើសស្ត្រាទាំងឡាយ ត្រង់ពាក្យថា លំដាប់នោះ គឺជាពាក្យភ្ជាប់បទ ជាពាក្យជាប់ចំពាក់ដោយបទ ជាពាក្យបំពេញបទ ជាពាក្យប្រជុំអក្ខរៈ ជាពាក្យសម្រួលព្យញ្ជនៈ ពាក្យថា លំដាប់នោះ គឺជាពាក្យលំដាប់បទ ។ ពាក្យថា សស្ត្រា បានដល់សស្ត្រា ៣ យ៉ាង គឺ សស្ត្រាគឺកាយ ១ សស្រ្តាគឺវាចា ១ សស្ត្រាគឺចិត្ត ១ ។ កាយទុច្ចរិត ៣ ឈ្មោះថា សស្ត្រាគឺកាយ វចីទុច្ចរិត ៤ ឈ្មោះថា សស្ត្រាគឺវាចា មនោទុច្ចរិត ៣ ឈ្មោះថា សស្ត្រាគឺចិត្ត ។ ពាក្យថា បុគ្គលដែលត្រូវវាទៈជនដទៃដាស់តឿនហើយ គឺបុគ្គលជាឧបជ្ឈាយ៍ក្តី អាចារ្យក្តី បុគ្គលមានឧបជ្ឈាយ៍ស្មើគ្នាក្តី បុគ្គលមានអាចារ្យស្មើគ្នាក្តី មិត្តក្តី បុគ្គលដែលធ្លាប់ឃើញគ្នាក្តី បុគ្គលដែលធ្លាប់គប់រកគ្នាក្តី សំឡាញ់ក្តី ដាស់តឿន បុគ្គលនោះ រមែងពោលពាក្យកុហកទាំងដឹងខ្លួន គឺពោលថា បពិត្រលោកដ៏ចម្រើន ខ្ញុំជាអ្នកត្រេកអរក្នុងបព្វជ្ជាហើយ តែថាខ្ញុំត្រូវចិញ្ចឹមមាតា ហេតុនោះ បានជាខ្ញុំវិលខុស ពោលថា ខ្ញុំត្រូវចិញ្ចឹមបិតាហេតុនោះ បានជាខ្ញុំវិលខុស ពោលថា ខ្ញុំត្រូវចិញ្ចឹមបងប្អូនប្រុស ខ្ញុំត្រូវចិញ្ចឹមបងប្អូនស្រី ខ្ញុំត្រូវចិញ្ចឹមបុត្ត ខ្ញុំត្រូវចិញ្ចឹមធីតា ខ្ញុំត្រូវចិញ្ចឹមមិត្ត ខ្ញុំត្រូវចិញ្ចឹមអាមាត្យ ខ្ញុំត្រូវចិញ្ចឹមពួកញាតិ ខ្ញុំត្រូវចិញ្ចឹមសាលោហិត ហេតុនោះ បានជាខ្ញុំវិលខុស រមែងធ្វើឲ្យកើត ឲ្យកើតព្រម បង្កើត បង្កើតចំពោះនូវសស្ត្រា គឺវាចា ហេតុនោះ (ទ្រង់ត្រាស់ថា) លំដាប់នោះ បុគ្គលត្រូវវាទៈជនដទៃដាស់តឿនហើយ រមែងធ្វើសស្ត្រាទាំងឡាយ ។

[២៤៨] ពាក្យថា នុ៎ះជាសេចក្តីជាប់ចំពាក់ធំរបស់បុគ្គលនោះ គឺសភាពនុ៎ះឯងជាសេចក្តីជាប់ចំពាក់ធំ ជាព្រៃធំ ជាញាតស្បាតធំ ជាផ្លូវដាច់ស្រយាលធំ ជាផ្លូវមិនស្មើ (ចម្រូងចម្រាសធំ) ជាផ្លូវវៀចធំ ជាផ្លូវល្បាប់ធំ ជាផ្លូវមានភក់ច្រើន ជាផ្លូវមានសេចក្តីខ្វល់ខ្វាយធំ ជាចំណងធំរបស់បុគ្គលនោះ គឺការពោលមុសាវាទទាំងដឹងខ្លួនរបស់បុគ្គលនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) នុ៎ះជាសេចក្តីជាប់ចំពាក់ធំរបស់បុគ្គលនោះ ។

[២៤៩] ពាក្យថា បុគ្គលនោះ រមែងផ្គងពាក្យកុហក អធិប្បាយថា មុសាវាទ លោកហៅថា ពាក្យកុហក ។ បុគ្គលខ្លះ ក្នុងលោកនេះ ទៅកាន់រោងជាទីប្រជុំក្តី ទៅកាន់បរិស័ទក្តី ទៅក្នុងកណ្តាលញាតិក្តី ទៅក្នុងកណ្តាលពួកក្តី ទៅក្នុងកណ្តាលរាជត្រកូលក្តី ដែលគេនាំទៅសួរយកជាបន្ទាល់ថា ម្នាលបុរសដ៏ចម្រើន អ្នកចូរមក អ្នកដឹងហេតុណា ចូរពោលហេតុនោះ ។ បុរសនោះ កាលមិនដឹង ពោលថា ខ្ញុំដឹងក្តី កាលដឹងពោលថា ខ្ញុំមិនដឹងក្តី កាលមិនឃើញ ពោលថា ខ្ញុំឃើញក្តី កាលឃើញ ពោលថា ខ្ញុំមិនឃើញក្តី ពោលសម្បជានមុសាវាទ ព្រោះហេតុខ្លួនក្តី ព្រោះហេតុបុគ្គលដទៃក្តី ព្រោះហេតុអាមិសៈបន្តិចបន្តួចក្តី ដោយប្រការដូច្នេះ នេះលោកហៅថា ពាក្យកុហក ។ មួយទៀត មុសាវាទ ដោយអាការ ៣ យ៉ាង គឺមុសាវាទរបស់បុគ្គលនោះ ក្នុងកាលមុនថា អាត្មាអញនឹងពោលពាក្យកុហក ១ មុសាវាទរបស់បុគ្គលកំពុងពោលថា អាត្មាអញកំពុងពោលពាក្យកុហក ១ មុសាវាទរបស់បុគ្គលដែលពោលហើយថា អាត្មាអញពោលពាក្យកុហកហើយ ១ មុសាវាទដោយអាការ ៣ នេះ ។ មួយវិញទៀត មុសាវាទ មានដោយអាការ ៤ យ៉ាង ។ ដោយអាការ ៥ យ៉ាង ។ ដោយអាការ ៦ យ៉ាង ។ ដោយអាការ ៧ យ៉ាង ។ មុសាវាទដោយអាការ ៨ យ៉ាង គឺមុសាវាទនៃបុគ្គលនោះ ក្នុងកាលមុនថា អាត្មាអញនឹងពោលពាក្យកុហក ១ មុសាវាទនៃបុគ្គលកំពុងពោលថា អាតា្មអញពោលពាក្យកុហក ១ មុសាវាទនៃបុគ្គលពោលហើយថា អាត្មាអញពោលពាក្យកុហកហើយ ១ ព្រោះលាក់ទុកនូវទិដ្ឋិ ១ ព្រោះលាក់ទុកនូវការចូលចិត្ត ១ ព្រោះលាក់ទុកនូវសេចក្តីពេញចិត្ត ១ ព្រោះលាក់ទុកនូវសញ្ញា ១ ព្រោះលាក់ទុកនូវការកើតឡើង ១ មុសាវាទដោយអាការ ៨ នេះ ។ ពាក្យថា រមែងផ្គងពាក្យកុហក គឺផ្គង ផ្គូផ្គង ទុក កំណត់ទុក ចូលទៅកាន់ពាក្យកុហក ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ រមែងផ្គងពាក្យកុហក ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា៖ លំដាប់នោះ បុគ្គលដែលត្រូវវាទៈជនដទៃដាស់តឿនហើយ រមែងធ្វើសស្ត្រាទាំងឡាយ នុ៎ះជាសេចក្តីជាប់ចំពាក់ធំរបស់បុគ្គលនោះ បុគ្គលនោះ រមែងផ្គងពាក្យកុហក ។

[២៥០] បុគ្គលដែលគេដឹងច្បាស់ហើយថាជាបណ្ឌិត អធិដ្ឋានការប្រព្រឹត្តិតែម្នាក់ឯង តែខាងក្រោយមក ជាអ្នកប្រកបក្នុងមេថុនធម្ម នឹងត្រដាបត្រដួសដូចបុគ្គលល្ងង់ខ្លៅ ។

[២៥១] ពាក្យថា បុគ្គលដែលគេដឹងច្បាស់ហើយថា ជាបណ្ឌិត អធិប្បាយថា បុគ្គលខ្លះក្នុងលោកនេះ កាលនៅក្នុងភាពជាសមណៈក្នុងកាលមុន ជាអ្នកពេញដោយកេរ្តិ៍ឈ្មោះ និងសេចក្តីសរសើរ ជាបណ្ឌិតវាងវៃ មានប្រាជ្ញា ជាពហុស្សូត មានពាក្យដ៏វិចិត្រ មានប្រាជ្ញាល្អ ជាអ្នកដែលគេដឹងហើយ ដឹងច្បាស់ហើយ ដឹងសុសសាយហើយ យ៉ាងនេះថា ជាអ្នកទ្រទ្រង់ព្រះសូត្រក្តី ទ្រទ្រង់វិន័យក្តី ជាធម្មកថិកក្តី ។ បេ ។ ជាអ្នកបាននេវសញ្ញានាសញ្ញាយតនសមាបត្តិក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលដែលគេដឹងច្បាស់ហើយថាជាបណ្ឌិត ។

[២៥២] ពាក្យថា អធិដ្ឋានការប្រព្រឹត្តិតែម្នាក់ឯង អធិប្បាយថា បុគ្គលអធិដ្ឋានការប្រព្រឹត្តិតែម្នាក់ឯង ដោយហេតុ ២ គឺដោយចំណែកបព្វជ្ជាក្តី ដោយការលះបង់ពួកក្តី ។ បុគ្គលអធិដ្ឋានការប្រព្រឹត្តិតែម្នាក់ឯង ដោយចំណែកបព្វជ្ជា តើដូច​ម្តេច ? បុគ្គលផ្តាច់បង់សេចក្តីខ្វល់ខ្វាយ គឺឃរាវាសទាំងពួង ។បេ។ អធិដ្ឋានការប្រព្រឹត្តិតែម្នាក់ឯង ដោយចំណែកបព្វជា្ជយ៉ាងនេះឯង ។ បុគ្គលអធិដ្ឋានការប្រព្រឹត្តិតែម្នាក់ឯង ដោយការលះបង់ពួក តើដូច​ម្តេច ? បុគ្គលនោះបួសយ៉ាងនេះហើយ ជាអ្នកម្នាក់ឯង គប់សេនាសនៈស្ងាត់ គឺព្រៃតូច ព្រៃធំ ។បេ។ អធិដ្ឋានការប្រព្រឹត្តិតែម្នាក់ឯង ដោយការលះបង់ពួកយ៉ាងនេះឯង ហេតុនោះ (ទ្រង់ត្រាស់ថា) អធិដ្ឋានការប្រព្រឹត្តិតែម្នាក់ឯង ។

[២៥៣] ពាក្យថា តែខាងក្រោយមក ជាអ្នកប្រកបក្នុងមេថុនធម្ម អធិប្បាយថា ឈ្មោះថាមេថុនធម្ម បានខាងធម៌របស់អសប្បុរស ។បេ។ ហេតុនោះ ទើបលោកហៅថា មេថុនធម្ម ។ ពាក្យថា តែខាងក្រោយមក ជាអ្នកប្រកបក្នុងមេថុនធម្ម គឺសម័យខាងក្រោយ បុគ្គលនោះពោលលាព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងសិក្ខា វិលមកដើម្បីភេទថោកទាប ប្រកប តាក់តែង ប្រដុងប្រជា ប្រកបព្រមក្នុងមេថុនធម្ម ហេតុនោះ (ទ្រង់ត្រាស់ថា) តែខាងក្រោយមក ជាអ្នកប្រកបក្នុងមេថុនធម្ម ។

[២៥៤] ពាក្យថា និងត្រដាបត្រដួស ដូចបុគ្គលល្ងង់ខ្លៅ អធិប្បាយថា បុគ្គលនោះ នឹងលំបាក ចង្អៀតចង្អល់ សៅហ្មង ដូចមនុស្ស​​​កំព្រា​ ឬដូចមនុស្សល្ងង់ខ្លៅ គឺរមែងសម្លាប់សត្វខ្លះ កាន់យកទ្រព្យដែលគេមិនឲ្យខ្លះ កាត់តំណ (នៃផ្ទះ) ខ្លះ វាយប្រហារ ទាំងប្លន់ខ្លះ ធ្វើអាការកំហែងក្នុងផ្ទះមួយខ្លះ ឈរចាំស្កាត់ដណ្តើមយកខ្លះ គប់រកប្រពន្ធរបស់ជនដទៃខ្លះ ពោលពាក្យកុហកខ្លះ និងលំបាក ចង្អៀតចង្អល់ សៅហ្មង យ៉ាងនេះ​​ខ្លះ ? ព្រះរាជាទាំងឡាយឲ្យចាប់បុគ្គលនោះឯងហើយ ឲ្យធ្វើកម្មករណ៍ផ្សេងៗ គឺឲ្យគេវាយដោយរំពាត់ខ្លះ ឲ្យគេវាយដោយផ្តៅខ្លះ ឲ្យគេវាយដោយដំបងខ្លីខ្លះ កាត់ដៃខ្លះ កាត់ជើងខ្លះ កាត់ទាំងដៃទាំងជើងខ្លះ កាត់ស្លឹកត្រចៀកខ្លះ កាត់ច្រមុះខ្លះ កាត់ទាំងត្រចៀក ទាំងច្រមុះខ្លះ ធ្វើវិលង្គថាលិកកម្ម គឺអំពើដែលគេធ្វើក្បាលឲ្យដូចជាឆ្នាំង ដាក់ជ្រក់ខ្លះ ធ្វើសង្ខមុណ្ឌកកម្ម គឺអំពើដែលគេធ្វើក្បាលឲ្យរលើងដូចជាសម្បកស័ង្ខខ្លះ ធ្វើរាហុមុខកម្ម គឺអំពើដែលគេធ្វើមាត់ឲ្យដូចជាមាត់រាហូខ្លះ ធ្វើជោតិមាលិកកម្ម គឺអំពើដែលគេដុតខ្លួន ឲ្យមានរបៀបនៃអណ្តាតភ្លើងខ្លះ ធ្វើហត្តប្បជោតិកកម្ម គឺអំពើដែលគេដុតដៃខ្លះ ធ្វើឯរកវត្តិកកម្ម គឺអំពើដែលគេធ្វើដូចជាពន្លាត់ស្បែកពពែខ្លះ ធ្វើចិរកវាសិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាស្លៀកសំពត់សម្បកឈើខ្លះ ធ្វើឯណេយ្យកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាជើងសត្វទ្រាយខ្លះ ធ្វើពឡិសមំសិកកម្ម គឺអំពើដែលគេថ្ពក់មាត់ដោយកាង ឬសន្ទូចខ្លះ ធ្វើកហាបណកកម្ម គឺអំពើដែលគេធ្វើឲ្យខូចសរីរៈប្រមាណប៉ុនកហាបណៈមួយ ៗ ខ្លះ ធ្វើខារាបតច្ឆិកកម្ម គឺអំពើដែលគេយកទឹកផ្សាស្រោចខ្លះ ធ្វើបលិឃបរិវត្តិកកម្ម គឺអំពើដែលគេធ្វើដូចជាបង្វិលជើងគុល ឬសសរគោលខ្លះ ធ្វើបលាលបីឋកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាកណ្តាប់ចម្បើងខ្លះ ស្រោចដោយប្រេងកំពុងក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងារលើឈើអណ្តោតទាំងរស់ខ្លះ កាត់ក្បាលដោយដាវខ្លះ [មានក្នុងមជ្ឈិមនិកាយ ត្រង់មហាទុក្ខក្ខន្ធសូត្រ ។] បុគ្គលនោះ នឹងលំបាក ចង្អៀតចង្អល់ សៅហ្មង ដោយប្រការយ៉ាងនេះ​​ខ្លះ ? មួយទៀត បុគ្គលដែលត្រូវកាមតណ្ហាគ្របសង្កត់ មានចិត្តគឺកាមតណ្ហារួបរឹត ស្វែងរកភោគៈទាំងឡាយ ចេញទៅកាន់មហាសមុទ្រដោយនាវា ត្រូវត្រជាក់ចោមរោម ត្រូវកំដៅចោមរោម លំបាកដោយសម្ផស្សនៃល្បោម មូស ខ្យល់ កំដៅ ពស់តូច និងពស់ធំ ត្រូវសេចក្តីស្រេកឃ្លានបៀតបៀន រមែងទៅកាន់ស្រុកគុម្ពៈ ទៅកាន់ស្រុកតក្កោលៈ ទៅកាន់ស្រុកតក្កសិលា ទៅកាន់ស្រុកកាលមុខៈ ទៅកាន់ស្រុកមរណបារៈ ទៅកាន់ស្រុកវេសុង្គៈ ទៅកាន់ស្រុកវេរាបថៈ ទៅកាន់ស្រុកជវៈ ទៅកាន់ស្រុកកមលិ ទៅកាន់ស្រុកវង្កៈ ទៅកាន់ស្រុកឯឡវទ្ទនៈ ទៅកាន់ស្រុកសុវណ្ណកូដៈ ទៅកាន់ស្រុកសុវណ្ណភូមិ ទៅកាន់ស្រុកតម្ពបណ្ណិ ទៅកាន់ស្រុកសុប្បារៈ ទៅកាន់ស្រុកភរុកៈ ទៅកាន់ស្រុកសុរទ្ធៈ ទៅកាន់ស្រុកអង្គណេកៈ ទៅកាន់ស្រុកគង្គណៈ ទៅកាន់ស្រុកបរមគង្គណៈ ទៅកាន់ស្រុកយោនៈ ទៅកាន់ស្រុកបិនៈ ទៅកាន់ស្រុកអល្លសន្ទៈ ទៅកាន់មរុកន្តារៈ ទៅកាន់ផ្លូវដែលគេគប្បីទៅដោយជង្គង់ ទៅកាន់ផ្លូវដែលគេគប្បីទៅដោយចៀម ទៅកាន់ផ្លូវដែលគេគប្បីទៅដោយពពែ ទៅកាន់ផ្លូវដង្គត់ ទៅកាន់ផ្លូវដែលគេគប្បីទៅដោយឆ័ត្រ ទៅកាន់ផ្លូវប្រកបដោយព្រៃឫស្សី ទៅកាន់ផ្លូវសត្វស្លាប ទៅកាន់ផ្លូវកណ្តុរ ទៅកាន់ផ្លូវជ្រោះ ទៅកាន់ផ្លូវមានបន្លាផ្តៅ បុគ្គលនោះនឹងលំបាក ចង្អៀតចង្អល់ សៅហ្មង ដោយប្រការយ៉ាងនេះ​​ខ្លះ ? បុគ្គលកាលស្វែងរកមិនបាន រមែងទទួលទុក្ខ និងទោមនស្ស ដែលមានការមិនបានជាមូល បុគ្គលនោះ នឹងលំបាក ចង្អៀតចង្អល់ សៅហ្មង ដោយប្រការយ៉ាងនេះខ្លះ  ។ បុគ្គលកាលស្វែងរកទ្រព្យបាន លុះបានហើយ ក៏ទទួលទុក្ខ និងទោមនស្ស មានការថែរក្សាជាមូលថា ធ្វើដូចម្តេចហ្ន៎ ព្រះរាជាទាំងឡាយនឹងមិននាំយកទៅ ចោរទាំងឡាយ នឹងមិនលួចយក ភ្លើងនឹងមិនឆេះ ទឹកនឹងមិនបន្សាត់ទៅ ជនជាទាយាទមិនជាទីស្រឡាញ់ នឹងមិននាំយកភោគៈទាំងឡាយរបស់អញ កាលបុគ្គលនោះ កំពុងរក្សា កំពុងគ្រប់គ្រងយ៉ាងនេះ ភោគៈទាំងឡាយ ក៏វិនាសទៅ (បុគ្គលនោះ) រមែងទទួលទុក្ខ និងទោមនស្ស មានការព្រាត់បា្រសជាមូល បុគ្គលនោះនឹងលំបាក ចង្អៀតចង្អល់ សៅហ្មង ដោយប្រការយ៉ាងនេះខ្លះ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនឹងត្រដាបត្រដួស ដូចជាបុគ្គលល្ងង់ខ្លៅ ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា ៖ បុគ្គលដែលគេដឹងច្បាស់ហើយថាជាបណ្ឌិត អធិដ្ឋានការប្រព្រឹត្តិម្នាក់ឯង តែខាងក្រោយមក ជាអ្នកប្រកបក្នុងមេថុនធម្ម នឹងត្រដាបត្រដួសដូចបុគ្គលល្ងង់ខ្លៅ ។

[២៥៥] មុនិក្នុងធម្មវិន័យនេះ ដឹងទោសនុ៎ះហើយក្នុងកាលមុន និងកាលខាងក្រោយ គប្បីធ្វើការប្រព្រឹត្តិម្នាក់ឯងឲ្យមាំ មិនគប្បីសេពសមមេថុនធម្មទេ ។

[២៥៦] អធិប្បាយពាក្យថា មុនិក្នុងធម្មវិន័យនេះ ដឹងទោសនុ៎ះហើយ ក្នុងកាលមុន និងកាលខាងក្រោយ ត្រង់ពាក្យថា នុ៎ះ សេចក្តីថា យស និងកេរ្តិ៍ឈ្មោះ ក្នុងភាពនៃបុគ្គលជាសាមណៈក្នុងកាលមុន អាប់យស និងអាប់កេរ្តិ៍ឈ្មោះនៃបុគ្គលពោលលាព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងសិក្ខា ត្រឡប់មកកាន់ភេទថោកទាបក្នុងកាលខាងក្រោយ មុនិដឹង ស្គាល់ ស្ទង់ ពិចារណា ឈ្វេងយល់ ធ្វើឲ្យជាក់ច្បាស់នូវសម្បតិ្ត និងវិបតិ្តនុ៎ះ ។ ពាក្យថា មុនិ សេចក្តីថា ញាណ លោកហៅថា មោនៈ បានខាង​ប្រាជ្ញា​ការដឹងច្បាស់ ។បេ។ មុនិនោះ កន្លងបណ្តាញជាគ្រឿងជាប់ចំពាក់ ។ ពាក្យថា ក្នុងធម៌វិន័យនេះ គឺក្នុងទិដ្ឋិនេះ ក្នុងកាលគួរនេះ ក្នុងសេចក្តីពេញចិត្តនេះ ក្នុងសេចក្តីប្រកាន់នេះ ក្នុងធម៌នេះ ក្នុងវិន័យនេះ ក្នុងធម៌វិន័យនេះ ក្នុងពាក្យជាប្រធាននេះ ក្នុងព្រហ្មចរិយៈនេះ ក្នុងសាសនានៃព្រះសាស្តានេះ ក្នុងអត្តភាពនេះ ក្នុងមនុស្សលោកនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) មុនិ ក្នុងធម្មវិន័យនេះ ដឹងច្បាស់នូវទោសនុ៎ះហើយ ក្នុងកាលមុន និងកាលខាងក្រោយ ។

[២៥៧] ពាក្យថា គប្បីធ្វើការប្រព្រឹត្តិម្នាក់ឯងឲ្យមាំ អធិប្បាយថា បុគ្គលគប្បីធ្វើការប្រព្រឹត្តិម្នាក់ឯងឲ្យមាំ ដោយហេតុពីរ គឺដោយចំណែកបព្វជ្ជា ឬដោយការលះបង់ពួក ។

បុគ្គលគប្បីធ្វើការប្រព្រឹត្តិម្នាក់ឯងឲ្យមាំ ដោយចំណែកបព្វជ្ជា តើដូច​ម្តេច ? បុគ្គលកាត់ការកង្វល់ គឺឃរាវាសទាំងអស់ កាត់ការកង្វល់ គឺបុត្តភរិយា កាត់ការកង្វល់គឺញាតិ កាត់ការកង្វល់គឺមិត្ត និងអាមាត្យ កាត់ការកង្វល់គឺការសន្សំ កោរសក់ និងពុកមាត់ ស្លៀកដណ្តប់សំពត់ជ្រលក់ដោយទឹកចត់ ចេញចាកផ្ទះចូលទៅកាន់ផ្នួស ដល់នូវភាពនៃខ្លួនមិនមានកង្វល់ ត្រាច់ទៅ សម្រាកសម្រាន្ត សម្រេចឥរិយាបថ ប្រព្រឹត្តទៅ រក្សា រស់នៅ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅតែម្នាក់ឯង បុគ្គលគប្បីធ្វើការប្រព្រឹត្តិម្នាក់ឯងឲ្យមាំ ដោយចំណែកបព្វជ្ជាយ៉ាងនេះ ។

បុគ្គលគប្បីធ្វើការប្រព្រឹត្តិម្នាក់ឯងឲ្យមាំ ដោយការលះបង់ពួក តើដូច​ម្តេច ? បុគ្គលនោះ បួសយ៉ាងនេះហើយ ជាបុគ្គលម្នាក់ឯង តែងគប់រកសេនាសនៈស្ងាត់ គឺព្រៃតូច និងព្រៃធំ មិនមានសំឡេង មិនមានការគឹកកង ជាទីបា្រសចាកខ្យល់ដែលកើតអំពីកាយនៃជន ស្ងាត់កំបាំងរបស់មនុស្ស សមគួរដល់ការពួនសម្ងំ ។ បុគ្គលនោះ ដើរតែម្នាក់ឯង ឈរតែម្នាក់ឯង អង្គុយតែម្នាក់ឯង សម្រេចការដេកតែម្នាក់ឯង ចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាតតែម្នាក់ឯង ត្រឡប់មកវិញតែម្នាក់ឯង អង្គុយក្នុងទីស្ងាត់តែម្នាក់ឯង អធិដ្ឋានចង្រ្កមតែម្នាក់ឯង ត្រាច់ទៅ សម្រាកសម្រាន្ត សម្រេចឥរិយាបថ ប្រព្រឹត្តទៅ រក្សា រស់នៅ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅតែម្នាក់ឯង បុគ្គលគប្បីធ្វើការប្រព្រឹត្តិម្នាក់ឯងឲ្យមាំ ដោយការលះបង់ពួកយ៉ាងនេះ ។ បុគ្គលគប្បីធ្វើនូវការប្រព្រឹត្តិម្នាក់ឯងឲ្យមាំ ធ្វើឲ្យខ្ជាប់ខ្ជួន មានការសមាទានដ៏មាំ មានការសមាទាន តាំងនៅក្នុងធម៌ជាកុសលទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលគប្បីធ្វើការប្រព្រឹត្តិម្នាក់ឯងឲ្យមាំ ។

[២៥៨] ពាក្យថា មិនគប្បីសេពសមមេថុនធម្ម សេចក្តីថា ដែលឈ្មោះថា មេថុនធម្ម បានដល់ធម៌របស់អសប្បុរស ។បេ។ ហេតុនោះទើបលោកហៅថា មេថុនធម្ម ។ បុគ្គលមិនគប្បីសេព មិនគប្បីសេពសម មិនគប្បីសេពព្រម មិនគប្បីសេពចំពោះនូវមេថុនធម្មហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីសេពសមមេថុនធម្ម ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា ៖ មុនិ ក្នុងធម្មវិន័យនេះ ដឹងទោសនុ៎ះហើយ ក្នុងកាលមុន និងកាលខាងក្រោយ គប្បីធ្វើការប្រព្រឹត្តម្នាក់ឯងឲ្យមាំ មិនគប្បីសេពសមមេថុនធម្មទេ ។

[២៥៩] បុគ្គល គប្បីសិក្សាវិវេកតែម្យ៉ាង (ព្រោះថា វិវេក) នុ៎ះ ជាធម៌ដ៏ឧត្តមរបស់ព្រះអរិយៈទាំងឡាយ បុគ្គលមិនគប្បីសំគាល់ថា ខ្លួនប្រសើរ ដោយវិវេកនោះទេ បុគ្គលនោះ (នឹងឋិតនៅ) ក្នុងទីជិតព្រះនិព្វាន ។

[២៦០] ពាក្យថា បុគ្គល គប្បីសិក្សាវិវេកតែម្យ៉ាង សេចក្តីថា វិវេកមាន ៣ គឺកាយវិវេក ១ ចិត្តវិវេក ១ ឧបធិវិវេក ១ ។

កាយវិវេក តើដូច​ម្តេច ?បេ ។ នេះ ឧបធិវិវេក ។ វិវេករបស់បុគ្គលទាំងឡាយ ដែលមានកាយចៀសចេញចាកពួក ត្រេកអរចំពោះនេក្ខម្មៈ ឈ្មោះថា កាយវិវេក ១ វិវេករបស់បុគ្គលទាំងឡាយ ដែលមានចិត្តបរិសុទ្ធ ដល់នូវសេចក្តីផូរផង់ដ៏ក្រៃលែង ឈ្មោះថា ចិត្តវិវេក ១ វិវេករបស់បុគ្គលទាំងឡាយ ដែលមិនមានឧបធិកិលេស ដល់នូវវិសង្ខារគឺព្រះនិព្វាន ឈ្មោះថា ឧបធិវិវេក ១ ។ ពាក្យថា សិក្សា បានដល់សិក្ខា ៣ គឺអធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១ ។បេ។ នេះ អធិប្បញ្ញាសិក្ខា ។ ពាក្យថា គប្បីសិក្សាវិវេកតែម្យ៉ាង បានសេចក្តីថា គប្បីសិក្សា ប្រព្រឹត្ត ប្រព្រឹត្តព្រម សមាទាន ប្រព្រឹត្តទៅនូវវិវេក ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីសិក្សាវិវេកតែម្យ៉ាង ។

[២៦១] ពាក្យថា នុ៎ះជាធម៌ដ៏ឧត្តមរបស់ព្រះអរិយៈទាំងឡាយ សេចក្តីថា ព្រះពុទ្ធទាំងឡាយក្តី សាវ័កនៃព្រះពុទ្ធទាំងឡាយក្តី ព្រះបច្ចេកពុទ្ធទាំងឡាយក្តី លោកហៅថា ព្រះអរិយៈ គុណជាតណាដែលឈ្មោះថា វិវេកចរិយា គុណជាតនុ៎ះ ដ៏លើស ប្រសើរ ខ្ពង់ខ្ពស់ ជាប្រធាន ឧត្តម ថ្លៃថ្លា របស់ព្រះអរិយៈទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) នុ៎ះជាគុណជាតដ៏ឧត្តមរបស់ព្រះអរិយៈទាំងឡាយ ។

[២៦២] ពាក្យថា មិនគប្បីសំគាល់ថាខ្លួនប្រសើរ ដោយវិវេកនោះទេ គឺមិនគប្បីធ្វើការ​តម្កើង​ មិនគប្បីធ្វើអាការឆ្មើងឆ្មៃ មិនគប្បីធ្វើមានះ មិនគប្បីធ្វើសេចក្តីរឹងត្អឹង ដោយវិវេកចរិយានោះ គឺមិនគប្បីញុំាងមានះឲ្យកើត មិនគប្បីធ្វើការជាប់ចំពាក់ដោយវិវេកនោះមិនគប្បីជាអ្នករឹងត្អឹង រឹងរូស មានក្បាលងើបឡើងហើយ ដោយវិវេកនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីសំគាល់ថា ខ្លួនប្រសើរ ដោយវិវេកនោះទេ ។

[២៦៣] ពាក្យថា បុគ្គលនោះ (នឹងឋិតនៅ) ក្នុងទីជិតព្រះនិព្វាន គឺបុគ្គលនោះ (នឹងឋិតនៅ) ក្នុងទីជិត ក្នុងទីជុំវិញ ក្នុងទីអែបនែប ក្នុងទីមិនឆ្ងាយ ក្នុងទីក្បែរព្រះនិព្វាន ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ (នឹងឋិតនៅ) ក្នុងទីជិតព្រះនិព្វាន ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា ៖ បុគ្គលគប្បីសិក្សាវិវេកតែម្យ៉ាង (ព្រោះថា វិវេក) នុ៎ះ ជាធម៌ដ៏ឧត្តមរបស់ព្រះអរិយៈទាំងឡាយ បុគ្គលមិនគប្បីសំគាល់ថា ខ្លួនប្រសើរដោយវិវេកនោះទេ បុគ្គលនោះ (នឹងឋិតនៅ) ក្នុងទីជិតព្រះនិព្វាន ។

[២៦៤] ប្រជាជន ដែលជាប់ចំពាក់ក្នុងកាមទាំងឡាយ រមែងស្រឡាញ់មុនិ ដែលជាអ្នកទទេ អ្នកប្រព្រឹត្ត អ្នកមិនមានសេចក្តីអាឡោះអាល័យក្នុងកាមទាំងឡាយ អ្នកឆ្លងឱឃៈ ។

[២៦៥] អធិប្បាយពាក្យថា មុនិ ជាអ្នកទទេ អ្នកប្រព្រឹត្ត ត្រង់ពាក្យថា ជាអ្នកទទេ គឺជាអ្នកទទេ ស្ងាត់ ស្ងាត់សូន្យ គឺថាជាអ្នកទទេ ស្ងាត់ ស្ងាត់សូន្យ ចាកកាយទុច្ចរិត ជាអ្នកទទេ ស្ងាត់ ស្ងាត់សូន្យ ចាកវចីទុច្ចរិត ចាកមនោទុច្ចរិត ចាករាគៈ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងពួង ទុច្ចរិតទាំងពួង សេចក្តីក្រវល់ក្រវាយទាំងពួង សេចក្តីរោលរាលទាំងពួង សេចក្តីក្តៅក្រហាយទាំងពួង អកុសលាភិសង្ខារទាំងពួង ។ ពាក្យថា មុនិ សេចក្តីថា ញាណ លោកហៅថា មោនៈ បានខាង​ប្រាជ្ញា​ ការដឹងច្បាស់ ។បេ។ មុនិនោះ កន្លងបណ្តាញ គឺគ្រឿងជាប់ចំពាក់ ។ ពាក្យថា អ្នកប្រព្រឹត្ត អ្នកប្រព្រឹត្តសម្រាក សម្រាន្ត សម្រេចឥរិយាបថ ប្រព្រឹត្តទៅ រក្សា រស់នៅ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ហេតុនោះ (ទ្រង់ត្រាស់ថា) មុនិ ជាអ្នកទទេ អ្នកប្រព្រឹត្ត ។

[២៦៦] អធិប្បាយពាក្យថា អ្នកមិនមានសេចក្តីអាឡោះអាល័យ ក្នុងកាមទាំងឡាយ ត្រង់ពាក្យថា កាមទាំងឡាយ បើតាមឧទ្ទាន បានដល់កាម ២ គឺវត្ថុកាម ១ កិលេសកាម ១ ។បេ។ នេះ ហៅថាវត្ថុកាម ។បេ។ នេះ ហៅថាកិលេសកាម ។ បុគ្គលកំណត់ដឹងវត្ថុកាម លះបង់ កំចាត់បង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាននូវកិលេសកាម មិនមានអាល័យក្នុងកាម មានការលះចោល មានកាមខ្ជាក់ចោល មានកាមដោះរួច មានកាមលះបង់ មានកាមរលាស់ចោលហើយ មានរាគៈលះបង់ មានរាគៈខ្ជាក់ចោល មានរាគៈដោះរួច មានរាគៈលះបង់ មានរាគៈរលាស់ចោលហើយ មិនមាន​​​ប្រាថ្នា​ មានទុក្ខរលត់ ជាអ្នកមានចិត្តត្រជាក់ ទទួលសេចក្តីសុខ មានចិត្តដ៏ប្រសើរ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកមិនមានសេចក្តីអាឡោះអាល័យក្នុងកាមទាំងឡាយ ។

[២៦៧] អធិប្បាយពាក្យថា ប្រជាជនដែលជាប់ចំពាក់ក្នុងកាមទាំងឡាយ រមែងស្រឡាញ់ (មុនិ) អ្នកឆ្លងឱឃៈ ត្រង់ពាក្យថា ប្រជាជន គឺជាឈ្មោះរបស់សត្វ ។ ប្រជាជនត្រេកអរ ជាប់ចំពាក់ ធ្លាក់ចុះ ងល់ងប់ ជ្រុលជ្រប់ ទាក់ ថ្ពក់ ព័ន្ធព័ទ្ធ ក្នុងកាម ប្រជាជនទាំងនោះ រមែង​​​ប្រាថ្នា​ ត្រេកអរ រាប់រក ស្រឡាញ់ កួចកាន់ (ចំពោះមុនិ) ដែលឆ្លងអន្លង់ គឺកាម ឆ្លងអន្លង់គឺភព ឆ្លងអន្លង់គឺទិដ្ឋិ ឆ្លងអន្លង់គឺអវិជ្ជា ឆ្លង ឆ្លងឡើង ឆ្លងចេញ កន្លង ឈានកន្លង ប្រព្រឹត្តរំលងនូវផ្លូវនៃសង្សារទាំងពួង ជាអ្នកទៅកាន់ត្រើយ ដល់ត្រើយ ទៅកាន់ទីបំផុត ដល់ទីបំផុត ទៅហើយកាន់ទីខាងចុង ដល់ទីខាងចុង ទៅកាន់ទីបំផុតជុំវិញ ដល់ទីបំផុតជុំវិញ ទៅកាន់ទីជាទីស្រេច ដល់ទីជាទីស្រេច ទៅកាន់ទីពំនាក់ ដល់ទីពំនាក់ ទៅកាន់ទីជ្រកកោន ដល់ទីជ្រកកោន ទៅកាន់ទីពឹង ដល់ទីពឹង ទៅកាន់ទីមិនមានភ័យ ដល់ទីមិនមានភ័យ ទៅកាន់ទីមិនច្យុត ដល់ទីមិនច្យុត ទៅកាន់ទីមិនស្លាប់ ដល់ទីមិនស្លាប់ ទៅកាន់ព្រះនិព្វាន ដល់ព្រះនិព្វាន ។ ពួកជនអ្នកចំពាក់បំណុល រមែងប្រាថ្នា ស្រឡាញ់នូវភាពជាអ្នកមិនមានបំណុល យ៉ាងណា ពួកជនមានជម្ងឺ រមែងប្រាថ្នា ស្រឡាញ់នូវភាពជាអ្នកមិនមានរោគ យ៉ាងណា ពួកជនដែលជាប់ចំណង រមែងប្រាថ្នា ស្រឡាញ់នូវការរួចចាកចំណង យ៉ាងណា ពួកជនជាទាសៈ រមែងប្រាថា្ន ស្រឡាញ់នូវភាពនៃខ្លួនជាអ្នកជា យ៉ាងណា ពួកជនដែលចេញទៅកាន់ផ្លូវឆ្ងាយដាច់ស្រយ៉ាល រមែងប្រាថ្នាស្រឡាញ់ទីដ៏ក្សេម យ៉ាងណា ពួកប្រជាជន ត្រេកអរ ជាប់ចំពាក់ ធ្លាក់ចុះ ងុលងប់ ជ្រុលជ្រប់ ទាក់ ថ្ពក់ ព័ន្ធព័ទ្ធ ក្នុងកាមទាំងឡាយ ប្រជាជនទាំងនោះ រមែងប្រាថ្នា ត្រេកអរ រាប់រក កួចកាន់ (ចំពោះមុនិ) ដែលឆ្លងអន្លង់គឺកាម ឆ្លងអន្លង់គឺភព ។បេ។ ទៅកាន់ព្រះនិព្វាន ដល់ព្រះនិព្វាន យ៉ាងនោះដែរ ហេតុនោះ (ទ្រង់ត្រាស់ថា) ប្រជាជនដែលជាប់ចំពាក់ក្នុងកាមទាំងឡាយ រមែងស្រឡាញ់មុនិ អ្នកឆ្លងឱឃៈ ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា ៖ ប្រជាជន ដែលជាប់ចំពាក់ក្នុងកាមទាំងឡាយ រមែងស្រឡាញ់មុនិ ដែលជាអ្នកទទេ អ្នកប្រព្រឹត្ត អ្នកមិនមានសេចក្តីអាឡោះអាល័យ ក្នុងកាមទាំងឡាយ អ្នកឆ្លងឱឃៈ ។

តិស្សមេត្តេយ្យសុត្តនិទ្ទេស ទី៧  ។

បសូរសុត្តនិទ្ទេស ទី៨កែប្រែ

[២៦៨] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) ពួកសមណព្រាហ្មណ៍ដ៏ច្រើន តែងពោលនូវការស្អាត ក្នុងធម៌របស់ខ្លួននេះ មិនពោលនូវការស្អាតក្នុងធម៌ដទៃ អាស្រ័យសភាវៈណា រមែងពោលថាល្អ ក្នុងសភាវៈនោះ ជាអ្នកតាំងនៅមាំក្នុងពួកសច្ចៈដោយឡែក ។

[២៦៩] ពាក្យថា តែងពោលនូវការស្អាត ក្នុងធម៌របស់ខ្លួននេះ អធិប្បាយថា (សមណព្រាហ្មណ៍ទាំងឡាយ) តែងពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ក្នុងធម៌នេះថា លោកទៀង ពាក្យនេះជាពាក្យពិត ពាក្យដទៃជាមោឃៈ ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះថា លោកមិនទៀង លោកមានទីបំផុត លោកមិនមានទីបំផុត ជីវៈនោះ សរីរៈនោះ ជីវៈដទៃ សរីរៈដទៃ សត្វបន្ទាប់អំពីសេចក្តីស្លាប់ កើតទៀតក៏មាន សត្វបន្ទាប់អំពីសេចក្តីស្លាប់ មិនកើតទៀតក៏មាន សត្វបន្ទាប់អំពីសេចក្តីស្លាប់ កើតទៀតក៏មាន មិនកើតទៀតក៏មាន សត្វបន្ទាប់អំពីសេចក្តីស្លាប់ មិនកើតទៀត ក៏មិនមែន កើតទៀតក៏មិនមែន ពាក្យនេះ ជាពាក្យពិត ពាក្យដទៃជាមោឃៈ បានពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ដូច្នេះ ហេតុនោះ (ទ្រង់ត្រាស់ថា) តែងពោលនូវការស្អាត ក្នុងធម៌របស់ខ្លួននេះ ។

[២៧០] ពាក្យថា មិនពោលនូវការស្អាតក្នុងធម៌ដទៃ គឺលើក​តម្កើង​នូវគ្រូរបស់ខ្លួន នូវធម៌ដែលគ្រូនោះពោលហើយ នូវគណៈ នូវទិដ្ឋិ នូវបដិបទា និងមគ្គ ហើយបោះចោល លើកចោល ទំលាក់ចោលនូវវាទៈដទៃទាំងអស់ថា សាស្តានោះ មិនមែនជាសព្វញ្ញូ ធម៌សាស្តានោះ មិនមែនសំដែងដោយប្រពៃទេ គណៈ មិនមែនប្រតិបតិ្តដោយប្រពៃទេ ទិដ្ឋិ មិនមែនចម្រើនទេ បដិបទា មិនមែនបញ្ញត្តដោយប្រពៃទេ មគ្គ មិនមែនជាទីស្រោចស្រង់សត្វទេ ការស្អាត ឬស្អាតវិសេស ឬសេចក្តីបរិសុទ្ធិ ការរួច ឬរួចវិសេស ឬរួចស្រឡះ មិនមានក្នុងធម៌នុ៎ះឡើយ ពួកសត្វរមែងមិនស្អាត ឬមិនស្អាតវិសេស ឬមិនបរិសុទ្ធ មិនរួច ឬមិនរួចវិសេស ឬមិនរួចស្រឡះ ក្នុងធម៌នុ៎ះឡើយ ទិដ្ឋិនោះ ថោកទាប ទន់អន់ ទន់ទាប លាមក អាក្រក់ តិចតួច ពួកសមណព្រាហ្មណ៍ ពោលយ៉ាងនេះ សំដែងយ៉ាងនេះ ពណ៌នាយ៉ាងនេះ បំភ្លឺយ៉ាងនេះ ថ្លែងយ៉ាងនេះ ដោយប្រការដូច្នេះ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនពោលនូវការស្អាតក្នុងធម៌ដទៃ ។

[២៧១] អធិប្បាយពាក្យថា អាស្រ័យសភាវៈណា រមែងពោលថាល្អ ក្នុងសភាវៈនោះ ត្រង់ពាក្យថា អាស្រ័យសភាវៈណា គឺអាស្រ័យ ពឹងផ្អែក ជាប់ស្អិត ដល់ស៊ប់ ចុះស៊ប់ ជឿជាក់នូវគ្រូ ធម៌ដែលគ្រូនោះពោលហើយ គណៈ ទិដ្ឋិ បដិបទា មគ្គណា ។ ពាក្យថា ក្នុងសភាវៈនោះ គឺក្នុងទិដ្ឋិរបស់ខ្លួន សេចក្តីគួររបស់ខ្លួន សេចក្តីគាប់ចិត្តរបស់ខ្លួន លទ្ធិរបស់ខ្លួន ។ ពាក្យថា ពោលថាល្អ គឺពោលថាល្អ ពោលថាស្អាត ពោលថាជាបណ្ឌិត ពោលថាជាអ្នកបា្រជ្ញ ពោលថារបស់គួរដឹង ពោលថាជាហេតុ ពោលថាជាលក្ខណៈ ពោលថាជាការណ៍ ពោលថាជាឋានៈ ក្នុងលទ្ធិរបស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) អាស្រ័យសភាវៈណា រមែងពោលថាល្អ ក្នុងសភាវៈនោះ ។

[២៧២] ពាក្យថា ពួកសមណព្រាហ្មណ៍ដ៏ច្រើន ជាអ្នកតាំងនៅមាំ ក្នុងពួកសច្ចៈដោយឡែក សេចក្តីថា ពួកសមណព្រាហ្មណ៍ដ៏ច្រើន ជាអ្នកមុតមាំ តាំងនៅ ជាប់ស្អិត ដល់ស៊ប់ ចុះស៊ប់ ជឿជាក់ក្នុងពួកសច្ចៈដោយឡែកដ៏ច្រើន គឺជាអ្នកមុតមាំ តាំងនៅ ជាប់ស្អិត ដល់ស៊ប់ ចុះស៊ប់ ជឿជាក់ថា លោកទៀង នេះជាពាក្យពិត ពាក្យដទៃ ជាមោឃៈ ជាអ្នកមុតមាំ តាំងនៅ ជាប់ស្អិត ដល់ស៊ប់ ជឿជាក់ថា លោកមិនទៀង ។បេ។ សត្វបន្ទាប់អំពីសេចក្តីស្លាប់ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន នេះជាពាក្យពិត ពាក្យដទៃជាមោឃៈ ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកសមណព្រាហ្មណ៍ដ៏ច្រើន ជាអ្នកតាំងនៅមាំក្នុងពួកសច្ចៈដោយឡែក ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា ៖ ពួកសមណព្រាហ្មណ៍ដ៏ច្រើន តែងពោលនូវការស្អាត ក្នុងធម៌របស់ខ្លួននេះ មិនពោលនូវការស្អាតក្នុងធម៌ដទៃ អាស្រ័យសភាវៈណា រមែងពោលថាល្អ ក្នុងសភាវៈនោះ ជាអ្នកតាំងនៅមាំ ក្នុងពួកសច្ចៈដោយឡែក ។

[២៧៣] ជនទាំងនោះ ជាអ្នកប្រាថ្នាវាទៈ ចុះកាន់បរិស័ទ ជាជនមានគូ ដុតគ្នាទៅវិញទៅមក ថាពាល ជនទាំងនោះ អាស្រ័យសភាពដទៃ ពោលពាក្យឥតឱជា ជាអ្នកប្រាថ្នាការសរសើរ មានវាទៈដ៏ឈ្លាស ។

[២៧៤] អធិប្បាយពាក្យថា ជនទាំងនោះ ប្រាថ្នាវាទៈ ចុះកាន់បរិស័ទ ត្រង់ពាក្យថា ជនទាំងនោះប្រាថ្នាវាទៈ គឺជនទាំងនោះ ប្រាថ្នានូវវាទៈ ត្រូវការដោយវាទៈ ប៉ុនប៉ងនូវវាទៈ ធ្វើវាទៈឲ្យតាំងនៅខាងមុខ ត្រាច់ទៅស្វែងរកវាទៈ ។ ពាក្យថា ចុះកាន់បរិស័ទ គឺចុះទៅ លុកទៅ ចុះសំដៅ ចូលទៅរកខតិ្តយបរិស័ទ ព្រាហ្មណបរិស័ទ គហបតិបរិស័ទ សមណបរិស័ទ ហេតុនោះ (ទ្រង់ត្រាស់ថា) ជនទាំងនោះ ប្រាថ្នាវាទៈ ចុះកាន់បរិស័ទ ។

[២៧៥] អធិប្បាយពាក្យថា ជាជនមានគូ ដុតគ្នាទៅវិញទៅមក ថាពាល ត្រង់ពាក្យថា ជាជនមានគូ គឺគ្នាពីរនាក់ គឺថា អ្នកធ្វើនូវជំលោះពីរនាក់ អ្នកធ្វើនូវការប្រកួតប្រកាន់ពីរនាក់ អ្នកធ្វើនូវតិរច្ឆានកថាពីរនាក់ អ្នកធ្វើនូវវិវាទពីរនាក់ អ្នកធ្វើនូវអធិករណ៍ពីរនាក់ អ្នកល្មោភនិយាយពីរនាក់ អ្នកចរចាទៅមកពីរនាក់ ជនទាំងនោះ តែងដុត មើលឃើញ ក្រឡេកមើល ​សម្លឹង​មើល ពិចារណាមើលនូវគ្នានឹងគ្នា ថាពាល ថោកទាប ថោកទាបពេក ទន់ទាប លាមក អាក្រក់ តិចតួច ហេតុនោះ (ទ្រង់ត្រាស់ថា) ជាជនមានគូ ដុតនូវគ្នាទៅវិញទៅមក ថាពាល ។

[២៧៦] ពាក្យថា ជនទាំងនោះ អាស្រ័យសភាវៈដទៃ ពោលពាក្យឥតឱជា គឺអាស្រ័យ ពឹងផ្អែក ជាប់ស្អិត ដល់ស៊ប់ ចុះស៊ប់ ជឿជាក់នូវសាស្តា ធម៌ដែលសាស្តានោះសំដែងហើយ គណៈ ទិដ្ឋិ បដិបទា មគ្គដទៃ ។ ការឈ្លោះ ប្រកួតប្រកាន់ ទាស់ទែង វិវាទ បែកខ្ញែកគ្នា លោកហៅថា ពាក្យឥតឱជា ។ មួយទៀត ពាក្យថា ពាក្យឥតឱជា គឺសំដីនោះ មិនមានឱជា ។ ជនទាំងនោះ ពោលពាក្យមិនមានឱជារស គឺពោលជំលោះ ពោលការប្រកួតប្រកាន់ ពោលការទាស់ទែង ពោលវិវាទ ពោល ពណ៌នា បំភ្លឺ ថ្លែង នូវការបែកខ្ញែកគ្នា ហេតុនោះ (ទ្រង់ត្រាស់ថា) ជនទាំងនោះ អាស្រ័យសភាវៈដទៃ ពោលពាក្យឥតឱជា ។

[២៧៧] ពាក្យថា ជាអ្នកប្រាថ្នាការសរសើរ មានវាទៈដ៏ឈ្លាស ត្រង់ពាក្យថា ជាអ្នកប្រាថ្នាការសរសើរ គឺប្រាថ្នាការសរសើរ ត្រូវការការសរសើរ ប៉ុនប៉ងការសរសើរ ធ្វើការសរសើរ ឲ្យតាំងនៅខាងមុខ ត្រាច់ស្វែងរកការសរសើរ ។ ពាក្យថា ជាអ្នកមានវាទៈដ៏ឈ្លាស គឺមានវាទៈដ៏ឈ្លាស មានវាទៈជាបណ្ឌិត មានវាទៈជាអ្នកប្រាជ្ញ មានវាទៈប្រកបដោយញាណ មានវាទៈជាហេតុ មានវាទៈជាលក្ខណៈ មានវាទៈជាការណ៍ មានវាទៈជាឋានៈ ក្នុងលទ្ធិរបស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកប្រាថ្នាការសរសើរ មានវាទៈដ៏ឈ្លាស ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា ៖ ជនទាំងនោះ ជាអ្នកប្រាថ្នាវាទៈ ចុះកាន់បរិស័ទ ជាជនមានគូ ដុតគ្នាទៅវិញទៅមក ថាពាល ជនទាំងនោះ អាស្រ័យសភាវៈដទៃ ពោលពាក្យឥតឱជា ជាអ្នកប្រាថ្នាការសរសើរ មានវាទៈដ៏ឈ្លាស ។

[២៧៨] បុគ្គលណា ប្រកបការពោលក្នុងកណ្តាលបរិស័ទ ប្រាថ្នាសេចក្តីសរសើរបុគ្គលនោះ រមែងចង្អៀតចិត្ត កាលបើគេបំបាត់សំដីហើយ រមែងអៀនអន់ បុគ្គលអ្នកស្វែងរកទោសនោះ រមែងខឹង ព្រោះការនិន្ទា ។

[២៧៩] ពាក្យថា ប្រកបការពោលក្នុងកណ្តាលបរិស័ទ គឺប្រកប ប្រកបរឿយៗ ប្រកបទួទៅ ប្រកបទួទៅព្រម ប្រកបរឿយៗព្រម ក្នុងពាក្យរបស់ខ្លួន ដើម្បីពោលក្នុងកណ្តាលខត្តិយបរិស័ទក្តី ព្រាហ្មណបរិស័ទក្តី គហបតិបរិស័ទក្តី សមណបរិស័ទក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) ប្រកបការពោលក្នុងកណ្តាលបរិស័ទ ។

[២៨០] អធិប្បាយពាក្យថា ប្រាថ្នាសេចក្តីសរសើរ បុគ្គលនោះ រមែងចង្អៀតចិត្ត ត្រង់ពាក្យថា ប្រាថ្នាសេចក្តីសរសើរ គឺប្រាថ្នាត្រេកអរ ប៉ុនប៉ង ស្រឡាញ់ ជាប់ចិត្ត នូវសេចក្តីសរសើរ សេចក្តីស្ងើច កេរ្តិឈ្មោះ សេចក្តីចម្រើនដោយគុណ ។ ពាក្យថា រមែងចង្អៀតចិត្ត គឺមានសេចក្តីសង្ស័យនឹងការចរចា រមែងចង្អៀតចង្អល់មុនថា អាត្មាអញ នឹងមានជ័យឬ ឬថាអាត្មាអញនឹងបរាជ័យ អាត្មាអញនឹងធ្វើការផ្ទុញផ្ទាល់ដូចម្តេចហ្ន៎ នឹងធ្វើការបន្ថយដូចម្តេចហ្ន៎ នឹងធ្វើឲ្យវិសេសដូចម្តេចហ្ន៎ នឹងធ្វើឲ្យវិសេសតបវិញដូចម្តេចហ្ន៎ នឹងធ្វើឲ្យធ្លុះធ្លាយដូចម្តេចហ្ន៎ នឹងធ្វើឲ្យធ្លុះធ្លាយរហូតដូចម្តេចហ្ន៎ នឹងធ្វើឲ្យដាច់ដូចម្តេចហ្ន៎ នឹងធ្វើឲ្យមានមណ្ឌលដូចម្តេចហ្ន៎ ជាអ្នកមានសេចក្តីសង្ស័យនឹងការចរចា រមែងចង្អៀតចង្អល់មុនយ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) ប្រាថ្នាសេចក្តីសរសើរ បុគ្គលនោះ រមែងចង្អៀតចិត្ត ។

[២៨១] ពាក្យថា កាលបើគេបំបាត់សំដីហើយ រមែងអៀនអន់ អធិប្បាយថា ពួកជនណា ជាបរិស័ទ អ្នកពិចារណានូវប្រស្នា មានសេចក្តីអាណិត ជនទាំងនោះ តែងបំបាត់ គឺបំបាត់ព្រោះអត្ថថា លោកពោល ប្រាសចាកអត្ថ បំបាត់ព្រោះព្យញ្ជនៈថា លោកពោលប្រាសចាកព្យញ្ជនៈ បំបាត់ព្រោះអត្ថ និងព្យញ្ជនៈថា លោកពោលប្រាសចាកអត្ថ និងព្យញ្ជនៈ បំបាត់ថា អត្ថ លោកនាំចេញខុស ព្យញ្ជនៈ លោកលើកឡើងខុស អត្ថ និងព្យញ្ជនៈ លោកនាំចេញខុស លើកឡើងខុស លោកធ្វើការសង្កត់សង្កិនមិនកើតទេ លោកធ្វើការបន្ថយខុស លោកធ្វើឲ្យវិសេសមិនកើតទេ លោកធ្វើឲ្យវិសេសតបវិញខុស លោកធ្វើឲ្យធ្លុះធ្លាយមិនកើតទេ លោកធ្វើឲ្យធ្លុះធ្លាយរហូតខុស លោកធ្វើឲ្យដាច់មិនកើតទេ លោកធ្វើឲ្យមានមណ្ឌលខុស សំដែងមិនល្អទេ ពណ៌នាមិនល្អទេ ចរចាមិនល្អទេ និយាយមិនល្អទេ ថ្លែងមិនល្អទេ ។ ពាក្យថា កាលបើគេបំបាត់សំដីហើយ រមែងអៀនអន់ បានសេចក្តីថា កាលបើគេបំបាត់សំដីហើយ រមែងអៀនអន់ គឺមានសេចក្តីលំបាកចិត្ត ចង្អៀតចង្អល់ចិត្ត តឹងចិត្ត ទោមនស្ស ហេតុនោះ (ទ្រង់ត្រាស់ថា) កាលបើគេបំបាត់សំដីហើយ រមែងអៀនអន់ ។

[២៨២] អធិប្បាយពាក្យថា បុគ្គលអ្នកស្វែងរកទោសនោះ រមែងខឹងព្រោះការនិន្ទា ត្រង់ពាក្យថា ព្រោះការនិន្ទា គឺព្រោះការនិន្ទា ព្រោះការតិះដៀល ព្រោះការបង្អាប់ ព្រោះការមិនចម្រើនដោយគុណ ។ ពាក្យថា រមែងខឹង គឺរមែងខឹង ប្រទូស្ត ក្រេវក្រោធ ធ្វើសេចក្តីក្រោធផង ទោសៈផង សេចក្តីមិនត្រេកអរផង ឲ្យប្រាកដ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ រមែងខឹង ព្រោះការនិន្ទា ។ ពាក្យថា ស្វែងរកទោស គឺស្វែងរកទោស ស្វែងរកទោសផ្សេងៗ ស្វែងរកកំហុស ស្វែងរកសេចក្តីភ្លាំងភា្លត់ ស្វែងរកសេចក្តីឃ្លៀងឃ្លាត ស្វែងរកចន្លោះ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលអ្នកស្វែងរកទោសនោះ រមែងខឹង ព្រោះការនិន្ទា ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា ៖ បុគ្គលណា ប្រកបការពោលក្នុងកណ្តាលបរិស័ទ ប្រាថ្នាសេចក្តីសរសើរ បុគ្គលនោះ រមែងចង្អៀតចិត្ត កាលបើគេបំបាត់សំដីហើយ រមែងអៀនអន់ បុគ្គលអ្នកស្វែងរកទោសនោះ រមែងខឹង ព្រោះការនិន្ទា ។

[២៨៣] ពួកជន អ្នកពិចារណាប្រស្នា បានពោលវាទៈរបស់ជននោះ ថាថោកទាប ថាគួរបំបាត់ចោល បុគ្គលអ្នកមានវាទៈថោកទាប រមែងយំរៀបរាប់ សោកស្តាយ ត្អូញត្អែរថា គេកន្លងអាត្មាអញ ។

[២៨៤] ពាក្យថា ពោលវាទៈរបស់ជននោះ ថាថោកទាប គឺពោលយ៉ាងនេះ សំដែងយ៉ាងនេះ ពណ៌នាយ៉ាងនេះ បំភ្លឺយ៉ាងនេះ ថ្លែងយ៉ាងនេះ នូវវាទៈរបស់បុគ្គលនោះ ថាថោកទាប ទន់អន់ ទន់ទាប សាបសូន្យ មិនបរិបូណ៌ ហេតុនោះ (ទ្រង់ត្រាស់ថា) ពោលវាទៈរបស់ជននោះ ថាថោកទាប ។

[២៨៥] ពាក្យថា ពួកជន អ្នកពិចារណានូវប្រស្នា … ថា គួរបំបាត់ចោល គឺពួកបរិស័ទណា ជាអ្នកពិចារណាប្រស្នា មានសេចក្តីអាណិតពួកបរិស័ទនោះ តែងបំបាត់ គឺបំបាត់ព្រោះអត្ថថា លោកពោលប្រាសចាកអត្ថ បំបាត់ព្រោះព្យញ្ជនៈថា លោកពោលប្រាសចាកព្យញ្ជនៈ បំបាត់ព្រោះអត្ថ និងព្យញ្ជនៈថា លោកពោលប្រាសចាកអត្ថ និងព្យញ្ជនៈ បំបាត់ថា អត្ថ លោកនាំចេញខុស ព្យញ្ជនៈ លោកលើកឡើងខុស អត្ថ និងព្យញ្ជនៈ លោកនាំចេញខុស លើកឡើងខុស លោកធ្វើការសង្កត់សង្កិនមិនកើតទេ ធ្វើការបន្ថយខុស លោកធ្វើឲ្យវិសេសមិនកើតទេ លោកធ្វើឲ្យវិសេសតបវិញខុស លោកធ្វើឲ្យធ្លុះធ្លាយមិនកើតទេ លោកធ្វើឲ្យធ្លុះធ្លាយល្ហូតខុស លោកធ្វើឲ្យដាច់មិនកើតទេ លោកធ្វើឲ្យមានមណ្ឌលខុស សំដែងមិនល្អទេ ពណ៌នាមិនល្អទេ ចរចាមិនល្អទេ និយាយមិនល្អទេ ថ្លែងមិនល្អទេ ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកជនអ្នកពិចារណាប្រស្នា … ថា គួរបំបាត់ចោល ។

[២៨៦] អធិប្បាយពាក្យថា បុគ្គលអ្នកមានវាទៈដ៏ថោកទាប រមែងយំរៀបរាប់ សោកស្តាយ ត្រង់ពាក្យថា រមែងយំរៀបរាប់ គឺការចរចាដោយវាចា ការចរចារឿយៗ ការយំរៀបរាប់ អាការយំរៀបរាប់ ភាពនៃការយំរៀបរាប់ណា មានសភាពយ៉ាងនេះថា អាត្មាអញនឹងឃើញរបស់ដទៃ គិតឃើញរបស់ដទៃ ចាំទុករបស់ដទៃ កត់ត្រាទុករបស់ដទៃ បុគ្គលនោះ ជាអ្នកមានពួកច្រើន មានបរិស័ទច្រើន មានបរិវាច្រើន ឯបរិស័ទនេះ ជាពួកមិនព្រមព្រៀងគ្នា ទាំងការចរចាដោយពាក្យ ដើម្បីសេចក្តីព្រមព្រៀងគ្នា ចូរមានចុះ អាត្មាអញនឹងបំបែកវិញ ហេតុនោះ (ទ្រង់ត្រាស់ថា) រមែងយំរៀបរាប់ ។ ពាក្យថា សោកស្តាយ គឺសោកស្តាយថា គេមានជ័យ សោកស្តាយថា អាត្មាអញបរាជ័យ សោកស្តាយថា គេមានលាភ សោកស្តាយថា អាត្មាអញឥតលាភ សោកស្តាយថា គេមានយស សោកស្តាយថា អាត្មាអញឥតយស សោកស្តាយថា គេបានសេចក្តីសរសើរ សោកស្តាយថា អាត្មាអញបាននិន្ទា សោកស្តាយថា គេបានសុខ សោកស្តាយថា អាត្មាអញបានទុក្ខ សោកស្តាយ លំបាកចិត្ត យំរៀបរាប់ យំគក់ទ្រូង ដល់នូវសេចក្តីវង្វេងថា បុគ្គលនោះ មានគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ជាអ្នកបានចីវរ បិណ្ឌាបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ អាត្មាអញ គេមិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជា មិនកោតក្រែង មិនបានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារទេ ហេតុនោះ (ទ្រង់ត្រាស់ថា) យំរៀបរាប់ សោកស្តាយ ។ ពាក្យថា មានវាទៈដ៏ថោកទាប គឺមានវាទៈដ៏ថោកទាប មានវាទៈទន់អន់ មានវាទៈសាបសូន្យ មានវាទៈខ្វះខាត មានវាទៈមិនបរិបូណ៌ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលមានវាទៈថោកទាប រមែងយំរៀបរាប់ សោកស្តាយ ។

[២៨៧] ពាក្យថា ត្អូញត្អែរថា គេកន្លងអាត្មាអញ គឺត្អូញត្អែរថា គេបំពាន រំលោភលើ ប្រព្រឹត្តកន្លង រំលងពីលើ រំលោភពីលើវាទៈដោយវាទៈនឹងអញ ហេតុនោះ (ទ្រង់ត្រាស់ថា) ត្អូញត្អែរថា គេកន្លងអាត្មាអញ យ៉ាងនេះ​​ខ្លះ ? មួយទៀត ត្អូញត្អែរថា បុគ្គលនោះ គ្របសង្កត់ ពន្លិចពន្លង់ រួបរឹត ញាំញីនូវវាទៈ ដោយវាទៈនឹងអញ ហើយត្រាច់ទៅ សម្រាន្តនៅ ញុំាងឥរិយាបថឲ្យប្រព្រឹត្តទៅ ញុំាងការប្រព្រឹត្តិឥរិយាបថឲ្យកើតឡើង រក្សាឥរិយាបថ បំពេញឥរិយាបថ បង្រ្គប់ឥរិយាបថ ហេតុនោះ (ទ្រង់ត្រាស់ថា) ត្អូញត្អែរថា គេកន្លងអាត្មាអញ យ៉ាងនេះ​​ខ្លះ ? ការចរចាដោយវាចា ការចរចាផ្សេងៗ ការយំរៀបរាប់ អាការយំរៀបរាប់ ភាពនៃការយំរៀបរាប់ លោកហៅថា ការត្អូញត្អែរ ហេតុនោះ (ទ្រង់ត្រាស់ថា) ត្អូញត្អែរ គេកន្លងអាត្មាអញ ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា ៖ ពួកជនអ្នកពិចារណាប្រស្នា បានពោលវាទៈរបស់ជននោះ ថាថោកទាប ថាគួរបំបាត់ចោល បុគ្គលអ្នកមានវាទៈដ៏ថោកទាប រមែងយំរៀបរាប់ សោកស្តាយ ត្អូញត្អែរថា គេកន្លងអាត្មាអញ ។

[២៨៨] វិវាទទាំងនុ៎ះ កើតក្នុងពួកសមណៈ កិរិយាធូរចិត្ត និងការតឹងចិត្ត រមែងមានព្រោះវាទៈទាំងនេះ បុគ្គលឃើញទោសនេះហើយ ត្រូវវៀរបង់សំដីមិនមានឱជា ដ្បិតប្រយោជន៍ដទៃមិនមាន ព្រោះកិរិយាបានពាក្យសរសើរទេ ។

[២៨៩] អធិប្បាយពាក្យថា វិវាទទាំងនុ៎ះ កើតក្នុងពួកសមណៈ ត្រង់ពាក្យថា ពួកសមណៈ គឺពួកជនណាមួយ ដែលចូលទៅកាន់ផ្នួស ជាបរិព្វាជក ចូលទៅរកបរិព្វាជក ខាងក្រៅអំពីសាសនានេះ ជំលោះព្រោះទិដ្ឋិ ការប្រកួតប្រកាន់ព្រោះទិដ្ឋិ ការទាស់ទែងព្រោះទិដ្ឋិ ការវិវាទព្រោះទិដ្ឋិ ការបែកខ្ញែកគ្នាព្រោះទិដ្ឋិទាំងនុ៎ះ កើត កើតព្រម លេចឡើង លេចឡើងប្រាកដ កើតប្រាកដ ក្នុងពួកសមណៈ ហេតុនោះ (ទ្រង់ត្រាស់ថា) វិវាទទាំងនុ៎ះ កើតក្នុងពួកសមណៈ ។

[២៩០] ពាក្យថា កិរិយាធូរចិត្ត និងការតឹងចិត្ត រមែងមាន ព្រោះវាទៈទាំងនេះ អធិប្បាយថា ជ័យ និងបរាជ័យ រមែងមាន លាភ និងឥតលាភ រមែងមាន យស និងឥតយស រមែងមាន និន្ទា និងសេចក្តីសរសើរ រមែងមាន សុខ និងទុក្ខ រមែងមាន សោមនស្ស និងទោមនស្ស រមែងមាន របស់ជាទីប្រាថ្នា និងមិនជាទីប្រាថ្នា រមែងមាន សេចក្តីត្រេកអរ និងការថ្នាំងថ្នាក់ រមែងមាន កិរិយាធូរចិត្ត និងការតឹងចិត្ត រមែងមាន សេចក្តីត្រេកអរ និងការខឹង រមែងមាន ចិត្តធូរព្រោះការឈ្នះ ចិត្តតឹងព្រោះការចាញ់ ចិត្តធូរ ព្រោះលាភ ចិត្តតឹង ព្រោះឥតលាភ ចិត្តធូរ ព្រោះយស ចិត្តតឹង ព្រោះឥតយស ចិត្តធូរ ព្រោះសេចក្តីសរសើរ ចិត្តតឹង ព្រោះនិន្ទា ចិត្តធូរ ព្រោះសុខ ចិត្តតឹង ព្រោះទុក្ខ ចិត្តធូរ ព្រោះសោមនស្ស ចិត្តតឹង ព្រោះទោមនស្ស ចិត្តធូរ ព្រោះការប៉ោងឡើង ចិត្តតឹង ព្រោះការទ្រោមចុះ ហេតុនោះ (ទ្រង់ត្រាស់ថា) ការធូរចិត្ត និងការតឹងចិត្ត រមែងមាន ព្រោះវាទៈទាំងនេះ ។

[២៩១] អធិប្បាយពាក្យថា បុគ្គលឃើញទោសនេះហើយ ត្រូវវៀរបង់សំដីមិនមានឱជា ត្រង់ពាក្យថា ឃើញទោសនេះ គឺឃើញ យល់ ថ្លឹង ត្រិះរិះ ធ្វើឲ្យច្បាស់ ធ្វើឲ្យប្រាកដនូវទោសនេះ ក្នុងការឈ្លោះព្រោះទិដ្ឋិ ក្នុងការប្រកួតប្រកាន់ព្រោះទិដ្ឋិ ក្នុងការទាស់ទែងព្រោះទិដ្ឋិ ក្នុងវិវាទព្រោះទិដ្ឋិ ក្នុងការបែកខ្ញែកគ្នាព្រោះទិដ្ឋិ ហេតុនោះ (ទ្រង់ត្រាស់ថា) ឃើញទោសនេះ ។ ពាក្យថា ត្រូវវៀរបង់សំដីមិនមានឱជា គឺជំលោះ ការប្រកួតប្រកាន់ ការទាស់ទែង ការវិវាទ ការបែកខ្ញែកគ្នា លោកហៅថា សំដីមិនមានឱជា ។ មួយទៀត ពាក្យមិនមានឱជានោះ ហៅថា សំដីមិនមានឱជា ។ បុគ្គលមិនគប្បីធ្វើសំដីមិនមានឱជា គឺមិនគប្បីធ្វើជំលោះ មិនគប្បីធ្វើការប្រកួតប្រកាន់ មិនគប្បីធ្វើការទាស់ទែង មិនគប្បីធ្វើការវិវាទ មិនគប្បីធ្វើការបែកខ្ញែកគ្នា គប្បីលះបង់ គប្បីបន្ទោបង់ គប្បីធ្វើឲ្យវិនាស គប្បីឲ្យដល់នូវការមិនកើតមានជំលោះ ការប្រកួតប្រកាន់ ការទាស់ទែង ការវិវាទ និងការបែកខ្ញែកគ្នា ។ បុគ្គលគប្បីជាអ្នកឆ្ងាយ វៀរស្រឡះ វៀរចំពោះ ចៀសវាង លះបង់ ផុតស្រឡះ ប្រកប ប្រាសចាកជម្លោះ ការប្រកួតប្រកាន់ ការទាស់ទែង ការវិវាទ និងការបែកខ្ញែកគ្នា ហើយសម្រាន្តនៅដោយចិត្តដែលប្រាសចាកដែនគឺកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) ឃើញទោសនេះហើយ ត្រូវវៀរបង់សំដីមិនមានឱជា ។

[២៩២] ពាក្យថា ដ្បិតប្រយោជន៍ដទៃមិនមាន ព្រោះការបានសេចក្តីសរសើរ សេចក្តីថា ប្រយោជន៍ដទៃមិនមាន ព្រោះការបានសេចក្តីសរសើរ គឺប្រយោជន៍របស់ខ្លួនក្តី ប្រយោជន៍របស់បុគ្គលដទៃក្តី ប្រយោជន៍ទាំងពីរក្តី ប្រយោជន៍បច្ចុប្បន្នក្តី ប្រយោជន៍ក្នុងលោកខាងមុខក្តី ប្រយោជន៍រាក់ក្តី ប្រយោជន៍ជ្រៅក្តី ប្រយោជន៍លាក់ក្តី ប្រយោជន៍កំបាំងក្តី ប្រយោជន៍ដែលត្រូវដឹកនាំក្តី ប្រយោជន៍ដែលដឹកនាំហើយក្តី ប្រយោជន៍មិនមានទោសក្តី ប្រយោជន៍មិនមានកិលេសក្តី ប្រយោជន៍ផូរផង់ក្តី ប្រយោជន៍មានអត្ថដ៏ឧត្តមក្តី រមែងមិនមាន មិនមានព្រម មិនកើតមាន ហេតុនោះ (ទ្រង់ត្រាស់ថា) ដ្បិតប្រយោជន៍ដទៃ មិនមាន ព្រោះការបានសេចក្តីសរសើរ ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា ៖ វិវាទទាំងនុ៎ះ កើតក្នុងពួកសមណៈ កិរិយាធូរចិត្ត និងការតឹងចិត្ត រមែងមាន ព្រោះវិវាទទាំងនេះ បុគ្គលឃើញទោសនេះហើយ ត្រូវវៀរបង់សំដីមិនមានឱជា ដ្បិតប្រយោជន៍ដទៃ មិនមាន ព្រោះការបានពាក្យសរសើរទេ ។

[២៩៣] មួយទៀត បុគ្គលនោះពោលវាទៈក្នុងកណ្តាលបរិស័ទ ត្រូវគេសរសើរក្នុងសភាវៈនោះហើយ រមែងរីករាយ ក្រអឺតក្រអោង ដោយហេតុនោះ ដល់នូវប្រយោជន៍នោះហើយ ជាបុគ្គលមានចិត្តតាំងនៅដូចដើម ។

[២៩៤] ពាក្យថា ក្នុងសភាវៈនោះ របស់ពាក្យថា មួយទៀត ត្រូវគេសរសើរហើយ ក្នុងសភាវៈនោះ គឺត្រូវគេសរសើរ លើក​តម្កើង​ ប្រកាសគុណ ពណ៌នាគុណក្នុងទិដ្ឋិរបស់ខ្លួន ក្នុងការគួររបស់ខ្លួន ក្នុងសេចក្តីពេញចិត្តរបស់ខ្លួន ក្នុងលទ្ធិរបស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) មួយទៀត ត្រូវគេសរសើរហើយ ក្នុងសភាវៈនោះ ។

[២៩៥] ពាក្យថា ពោលវាទៈក្នុងកណ្តាលបរិស័ទ គឺពោល ប្រាប់វាទៈរបស់ខ្លួន ពោល ប្រាប់ បំពេញ ចម្រើន សំដែង បំភ្លឺ ថ្លែង កំណត់អនុវាទៈរបស់ខ្លួន ក្នុងកណ្តាលខត្តិយបរិស័ទក្តី ព្រាហ្មណបរិស័ទក្តី គហបតិបរិស័ទក្តី សមណបរិស័ទក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) ពោលវាទៈ ក្នុងកណ្តាលបរិស័ទ ។

[២៩៦] ពាក្យថា បុគ្គលនោះ រមែងរីករាយ ក្រអឺតក្រអោងដោយហេតុនោះ គឺបុគ្គលនោះ រមែងត្រេកអររីករាយ ស្រស់ស្រាយ មានចិត្តត្រេកអរ មានចិត្តត្រិះរិះពេញលេញ ដោយប្រយោជន៍គឺការឈ្នះនោះ ។ មួយទៀត បុគ្គលកាលសើចបញ្ចេញធ្មេញ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះរីករាយ ។ ពាក្យថា ក្រអឺតក្រអោង ដោយហេតុនោះ គឺបុគ្គលនោះ មានចិត្តប៉ោងឡើង មានចិត្តខ្ពស់ឡើង មានចិត្តដូចជាទង់ជ័យ មានចិត្តផ្គងឡើង ភាពនៃចិត្តមានសេចក្តីប្រាថ្នាដូចជាទង់ ដោយប្រយោជន៍ គឺការឈ្នះនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ រីករាយ ក្រអឺតក្រអោង ដោយហេតុនោះ ។

[២៩៧] ពាក្យថា ដល់នូវប្រយោជន៍នោះ ជាអ្នកមានចិត្តតាំងនៅដូចដើម គឺដល់ លុះ សម្រេចបាន បានចំពោះនូវប្រយោជន៍ គឺការឈ្នះនោះ ។ ពាក្យថា ជាអ្នកមានចិត្តតាំងនៅដូចដើម គឺជាអ្នកមានចិត្តដូចដើម មានគំនិតដូចដើម មានសេចក្តីត្រិះរិះដូចដើម មានការដឹងដូចដើម ហេតុនោះ (ទ្រង់ត្រាស់ថា) បានដល់នូវប្រយោជន៍នោះ ជាអ្នកមានចិត្តតាំងនៅដូចដើម ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា ៖ មួយទៀត បុគ្គលនោះពោលវាទៈក្នុងកណ្តាលបរិស័ទ ត្រូវគេសរសើរហើយ ក្នុងសភាវៈនោះ រមែងរីករាយ ក្រអឺតក្រអោង ដោយហេតុនោះ ដល់នូវប្រយោជន៍នោះហើយ ជាបុគ្គលមានចិត្តតាំងនៅដូចដើម ។

[២៩៨] ការប៉ោងឡើងណា ការប៉ោងឡើងនោះ ជាភូមិនៃសេចក្តីចង្អៀតចង្អល់របស់បុគ្គលនោះ មួយទៀត បុគ្គលនុ៎ះ រមែងពោលនូវមានះ និងអតិមានះ បុគ្គលឃើញទោសនេះហើយ មិនគួរវិវាទទេ ដ្បិតជនអ្នកឈ្លាសទាំងឡាយ មិនពោលនូវការស្អាត ដោយវិវាទនោះឡើយ ។

[២៩៩] ពាក្យថា ការប៉ោងឡើងណា ការប៉ោងឡើងនោះ ជាភូមិនៃសេចក្តីចង្អៀតចង្អល់របស់បុគ្គលនោះ គឺការប៉ោងឡើង ការខ្ពស់ឡើង ចិត្តដូចទង់ជ័យ ការផ្គងឡើង ភាពនៃចិត្តមានប្រាថ្នាដូចជាទង់ណា នោះជាភូមិនៃការចង្អៀតចង្អល់ ជាភូមិនៃសេចក្តីតានតឹង ជាភូមិនៃការបៀតបៀន ជាភូមិនៃសេចក្តីខ្ទាំងខ្ទប់ ជាភូមិនៃឧបទ្រព ជាភូមិនៃឧបស័គ្គរបស់បុគ្គលនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) ការប៉ោងឡើងណា ការប៉ោងឡើងនោះ ជាភូមិនៃសេចក្តីចង្អៀតចង្អល់របស់បុគ្គលនោះ ។

[៣០០] ពាក្យថា មួយទៀត បុគ្គលនោះ រមែងពោលនូវមានះ និងអតិមានះ គឺបុគ្គលនោះ ពោលនូវមានះផង ពោលនូវអតិមានះផង ហេតុនោះ (ទ្រង់ត្រាស់ថា) មួយទៀត បុគ្គលនោះ រមែងពោលនូវមានះ និងអតិមានះ ។

[៣០១] ពាក្យថា បុគ្គលឃើញទោសនេះហើយ មិនគួរវិវាទទេ សេចក្តីថា បុគ្គលឃើញ យល់ ថ្លឹង ពិចារណា ធ្វើឲ្យជាក់ច្បាស់ ធ្វើឲ្យប្រាកដនូវទោសនេះ ក្នុងជម្លោះព្រោះទិដ្ឋិ ក្នុងការប្រកួតប្រកាន់ព្រោះទិដ្ឋិ ក្នុងការទាស់ទែងព្រោះទិដ្ឋិ ក្នុងការវិវាទព្រោះទិដ្ឋិ ក្នុងការបែកខ្ញែកគ្នាព្រោះទិដ្ឋិ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលឃើញទោសនេះ ។ ពាក្យថា មិនគួរវិវាទទេ គឺមិនគួរធ្វើជម្លោះ មិនគួរធ្វើការប្រកួតប្រកាន់ មិនគួរធ្វើការទាស់ទែង មិនគួរធ្វើការវិវាទ មិនគួរធ្វើការបែកខ្ញែកគ្នា គប្បីលះបង់ គប្បីបន្ទោបង់ គប្បីធ្វើឲ្យវិនាស គប្បីធ្វើមិនឲ្យកើតមាននូវជម្លោះ ការប្រកួតប្រកាន់ ការទាស់ទែង ការវិវាទ និងការបែកខ្ញែកគ្នា ។ គឺជាអ្នកឆ្ងាយ វៀរស្រឡះ វៀរចំពោះ ចៀសចេញ លះបង់ ផុតស្រឡះ ការប្រកបប្រាសចាកជម្លោះ ការប្រកួតប្រកាន់ ទាស់ទែង ការវិវាទ និងការបែកខ្ញែកគ្នា គប្បីសម្រេចនៅដោយចិត្ត ដែលប្រាសចាកដែន គឺកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) ឃើញទោសនេះហើយ មិនគួរវិវាទទេ ។

[៣០២] អធិប្បាយពាក្យថា ដ្បិតជនអ្នកឈ្លាសទាំងឡាយ មិនពោលនូវការស្អាត ដោយវិវាទនោះទេ ត្រង់ពាក្យថា អ្នកឈ្លាសទាំងឡាយ គឺពួកជនណា ជាអ្នកឈ្លាស ក្នុងខន្ធ ឈ្លាសក្នុងធាតុ ឈ្លាសក្នុងអាយតនៈ ឈ្លាសក្នុងបដិច្ចសមុប្បាទ ឈ្លាសក្នុងសតិប្បដ្ឋាន ឈ្លាសក្នុងសម្មប្បធាន ឈ្លាសក្នុងឥទ្ធិបាទ ឈ្លាសក្នុងឥន្ទ្រិយ ឈ្លាសក្នុងពលៈ ឈ្លាសក្នុងពោជ្ឈង្គ ឈ្លាសក្នុងមគ្គ ឈ្លាសក្នុងផល ឈ្លាសក្នុងនិព្វាន ជនអ្នកឈ្លាសទាំងនោះ មិនពោល មិនសំដែង មិនពណ៌នា មិនបំភ្លឺ មិនថ្លែងនូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ដោយជម្លោះព្រោះទិដ្ឋិ ដោយការប្រកួតប្រកាន់ ព្រោះទិដ្ឋិ ដោយការទាស់ទែងព្រោះទិដ្ឋិ ដោយការវិវាទព្រោះទិដ្ឋិ ដោយការបែកខ្ញែកគ្នាព្រោះទិដ្ឋិ ហេតុនោះ (ទ្រង់ត្រាស់ថា) ជនអ្នកឈ្លាសទាំងឡាយ មិនពោលនូវការស្អាត ដោយការវិវាទនោះទេ ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ការប៉ោងឡើងណា ការប៉ោងឡើងនោះ ជាភូមិនៃសេចក្តីចង្អៀតចង្អល់របស់បុគ្គលនោះ មួយទៀត បុគ្គលនោះ រមែងពោលនូវមានះ និងអតិមានះ បុគ្គលឃើញទោសនេះហើយ មិនគួរវិវាទទេ ដ្បិតជនអ្នកឈ្លាសទាំងឡាយ មិនពោលនូវការស្អាតដោយវិវាទនោះឡើយ ។

[៣០៣] ដូចបុគ្គលអ្នកក្លៀវក្លា ដែលគេចិញ្ចឹមដោយខាទនីយភោជនីយាហាររបស់ព្រះរាជា កាលប្រាថ្នា បុគ្គលអ្នកក្លៀវក្លាតប រមែងគម្រាមចូលមក ម្នាលអ្នកក្លៀវក្លា បុគ្គលអ្នកលុះក្នុងទិដ្ឋិនោះ (នៅ) ក្នុងទីណា អ្នកឯងចូរទៅក្នុងទីនោះចុះ ដ្បិតអំពើដែលប្រព្រឹត្តទៅ ដើម្បីតយុទ្ធគ្នា មិនមានតាំងអំពីដើមមក ។

[៣០៤] អធិប្បាយពាក្យថា ដូចជាបុគ្គលអ្នកក្លៀវក្លា ដែលគេចិញ្ចឹមដោយខាទនីយភោជនីយាហារ របស់ព្រះរាជា ត្រង់ពាក្យថា អ្នកក្លៀវក្លា គឺបុគ្គលអ្នកក្លៀវក្លា អ្នកប្រឹងប្រែង អ្នកខ្មីឃ្មាត មិនរន្ធត់ មិនរំភើប មិនតក់ស្លុត មិនរត់ ។ ពាក្យថា ដែលគេចិញ្ចឹមដោយខាទនីយភោជនីយាហារ របស់ព្រះរាជា គឺគេចិញ្ចឹម រក្សា បីបាច់ ថែទាំ ឲ្យចម្រើនដោយខាទនីយៈរបស់ព្រះរាជា ដោយភោជនីយៈរបស់ព្រះរាជា ហេតុនោះ (ទ្រង់ត្រាស់ថា) ដូចជាបុគ្គលអ្នកក្លៀវក្លា ដែលគេចិញ្ចឹមដោយខាទនីយភោជនីយាហារ របស់ព្រះរាជា ។

[៣០៥] ពាក្យថា កាល​​​ប្រាថ្នា​បុគ្គលអ្នកក្លៀវក្លាតប រមែងគម្រាមចូលមក គឺបុគ្គលនោះ កាលគម្រាម កាលសង្ឃក កាលសង្ខុញចូល ដើរចូលទៅ ឈានចូលទៅ ដើរចូលទៅជិត កាលចង់ ត្រេកអរ ប្រាថ្នា ស្រឡាញ់ ជាប់ចិត្ត នូវបុគ្គលអ្នកក្លៀវក្លាតប នូវបុរសជាសត្រូវ នូវសត្រូវតប នូវអ្នកដាល់តប់តប ហេតុនោះ (ទ្រង់ត្រាស់ថា) កាលប្រាថ្នាបុគ្គលអ្នកក្លៀវក្លា រមែងគម្រាមចូលមក ។

[៣០៦] ពាក្យថា មា្នលអ្នកក្លៀវក្លា បុគ្គលអ្នកលុះក្នុងទិដ្ឋិនោះ (នៅ) ក្នុងទីណា អ្នកចូរទៅក្នុងទីនោះចុះ សេចក្តីថា បុគ្គលលុះក្នុងទិដ្ឋិនោះ (នៅ) ក្នុងទីណា អ្នកចូរទៅក្នុងទីនោះ ចូរឈានទៅក្នុងទីនោះ ចូរដើរទៅក្នុងទីនោះ ចូរដើរតម្រង់ទៅក្នុងទីនោះបុគ្គលនោះ ជាអ្នកក្លៀវក្លាតប ជាបុរសសត្រូវ ជាសត្រូវតប ជាអ្នកដាល់តប់តបរបស់អ្នក ហេតុនោះ (ទ្រង់ត្រាស់ថា) ម្នាលអ្នកក្លៀវក្លា បុគ្គលអ្នកលុះក្នុងទិដ្ឋិនោះ (នៅ) ក្នុងទីណា អ្នកចូរទៅក្នុងទីនោះចុះ ។

[៣០៧] ពាក្យថា ដ្បិតអំពើដែលប្រព្រឹត្តទៅ ដើម្បីតយុទ្ធគ្នា មិនមានតាំងអំពីដើមមក អធិប្បាយថា កិលេសទាំងឡាយណា ធ្វើជាសេនាតប ធ្វើទំនាស់ ធ្វើជាបន្លាតប ធ្វើជាបដិបក្ខ កិលេសទាំងឡាយនោះ មិនមាន មិនកើត មិនមានព្រម មិនកើតមាន គឺតថាគត លះបង់ ផ្តាច់ផ្តិល រម្ងាប់ គ្របសង្កត់ ធ្វើមិនគួរឲ្យកើតបាន ដុតបំផ្លាញដោយភ្លើង គឺញាណហើយ ជិតគល់ពោធិព្រឹក្ស តាំងអំពីដើមមក ។ ពាក្យថា អំពើដែលប្រព្រឹត្តទៅ ដើម្បីតយុទ្ធគ្នា គឺអំពើណាប្រព្រឹត្តទៅ ដើម្បីប្រយោជន៍តយុទ្ធគ្នា ដើម្បីប្រយោជន៍ដល់ជម្លោះ ដើម្បីប្រយោជន៍ដល់ការប្រកួតប្រកាន់ ដើម្បីប្រយោជន៍ដល់ការទាស់ទែង ដើម្បីប្រយោជន៍ដល់ការវិវាទ ដើម្បីប្រយោជន៍ដល់ការបែកខ្ញែកគ្នា ហេតុនោះ (ទ្រង់ត្រាស់ថា) អំពើដែលប្រព្រឹត្តទៅដើម្បីតយុទ្ធគ្នា មិនមានតាំងអំពីដើមមក ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា ៖ ដូចបុគ្គលអ្នកក្លៀវក្លា ដែលគេចិញ្ចឹមដោយខាទនីយភោជនីយាហារ របស់ព្រះរាជា កាល​​​ប្រាថ្នា​បុគ្គលអ្នកក្លៀវក្លាតប រមែងគម្រាមចូលមក ម្នាលអ្នកក្លៀវក្លា បុគ្គលអ្នកលុះក្នុងទិដ្ឋិនោះ (នៅ) ក្នុងទីណា អ្នកឯងចូរទៅក្នុងទីនោះចុះ ដ្បិតអំពើដែលប្រព្រឹត្តទៅ ដើម្បីតយុទ្ធគា្ន មិនមានតាំងអំពីដើមមក ។

[៣០៨] ពួកជនណា ប្រកាន់ទិដ្ឋិហើយ រមែងទាស់ទែងគ្នា មួយទៀត តែងពោលថា នេះឯងជាពាក្យពិត អ្នកចូរពោលនឹងពួកជននោះចុះ កាលដែលវាទៈកើតហើយ កិលេសទាំងឡាយណា ធ្វើជាសេនាតប កិលេសទាំងឡាយនោះ មិនមានក្នុងទីនេះទេ ។

[៣០៩] ពាក្យថា ពួកជនណា ប្រកាន់ទិដ្ឋិហើយ រមែងទាស់ទែងគ្នា សេចក្តីថា ពួកជនណា ប្រកាន់ កួចកាន់ ទទួលយក ស្ទាបអង្អែល ជឿស៊ប់ នូវទិដ្ឋិ ៦២ ទិដ្ឋិណាមួយហើយ រមែងទាស់ទែងគ្នា ធ្វើជម្លោះ ធ្វើការប្រកួតប្រកាន់ ធ្វើការទាស់ទែង ធ្វើការវិវាទ ធ្វើការបែកខ្ញែកគ្នាថា អ្នកមិនដឹងច្បាស់នូវធម្មវិន័យនេះទេ ខ្ញុំដឹងច្បាស់នូវធម្មវិន័យនេះ អ្នកដឹងច្បាស់នូវធម្មវិន័យនេះដូចម្តេចបាន អ្នកជាបុគ្គលប្រតិបត្តិខុស ខ្ញុំជាអ្នកប្រតិបត្តិត្រូវ សំដីរបស់ខ្ញុំប្រកបដោយប្រយោជន៍ សំដីរបស់អ្នក មិនប្រកបដោយប្រយោជន៍ សំដីដែលត្រូវនិយាយមុន អ្នកបែរជានិយាយក្រោយ សំដីដែលត្រូវនិយាយក្រោយ អ្នកបែរជានិយាយមុន ពាក្យដែលអ្នកសន្សំមកអង្វែងហើយ ត្រូវខ្ញុំឲ្យវិលត្រឡប់ហើយ វាទៈ (ទោស) ខ្ញុំលើកដាក់លើអ្នកហើយ អ្នកជាបុគ្គលត្រូវខ្ញុំផ្ទញ់ផ្ទាល់បានហើយ អ្នកចូរត្រាច់ទៅ ដើម្បីដោះវាទៈចុះ ឬបើអ្នកអាច ចូរដោះចុះ ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកជនណា ប្រកាន់ទិដ្ឋិហើយ រមែងទាស់ទែងគ្នា ។

[៣១០] ពាក្យថា មួយទៀត តែងពោលថា នេះឯង ជាពាក្យពិត គឺតែងពោល និយាយ ពណ៌នា បំភ្លឺ ថ្លែងថា លោកទៀង ពាក្យនេះ ជាពាក្យពិត ពាក្យដទៃជាមោឃៈ តែងពោល និយាយ ពណ៌នា បំភ្លឺ ថ្លែងថា លោកមិនទៀង ។បេ។ សត្វបន្ទាប់អំពីសេចក្តីស្លាប់ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន នេះជាពាក្យពិត ពាក្យដទៃជាមោឃៈ ហេតុនោះ (ទ្រង់ត្រាស់ថា) មួយទៀត តែងពោលថា នេះជាពាក្យពិត ។

[៣១១] ពាក្យថា អ្នកចូរពោលនឹងពួកជននោះចុះ កាលដែលវាទៈកើតហើយ កិលេសទាំងឡាយណា ធ្វើជាសេនាតប កិលេសទាំងឡាយនោះ មិនមានក្នុងទីនេះទេ អធិប្បាយថា អ្នកចូរនិយាយពាក្យផ្ទញ់ផ្ទាល់ ដោយពាក្យផ្ទញ់ផ្ទល់ ពាក្យតបត ដោយពាក្យតបត ពាក្យវិសេស ដោយពាក្យវិសេស ពាក្យវិសេសតប ដោយពាក្យវិសេសតប ពាក្យទំលុះទំលាយ ដោយពាក្យទំលុះទំលាយ ពាក្យដោះស្រាយ ដោយពាក្យដោះស្រាយ ពាក្យកាត់ផ្តាច់ ដោយពាក្យកាត់ផ្តាច់ ពាក្យមានមណ្ឌល ដោយពាក្យមានមណ្ឌល នឹងជនដែលប្រកបដោយទិដ្ឋិទាំងនោះ (ព្រោះថា) ជនទាំងនោះ ជាអ្នកក្លៀវក្លាតប ជាបុរសសត្រូវ ជាសត្រូវតប ជាអ្នកដាល់តប់តបនឹងអ្នក ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកចូរពោលនឹងជនទាំងនោះចុះ ។ ពាក្យថា កាលដែលវាទៈកើតហើយ កិលេសទាំងឡាយណា ធ្វើជាសេនាតប កិលេសទាំងឡាយនោះ មិនមានក្នុងទីនេះទេ គឺកាលដែលវាទៈកើតមាន កើតព្រម កើតឡើង កើតច្បាស់ កើតបា្រកដហើយ កិលេសទាំងឡាយណា ធ្វើជាសេនាតប ជាទំនាស់ ជាចម្រូង ជាសត្រូវ គប្បីធ្វើជម្លោះ ធ្វើការប្រកួតប្រកាន់ ធ្វើការទាស់ទែង ធ្វើការវិវាទ ធ្វើការបែកខ្ញែកគ្នា កិលេសទាំងឡាយនោះ មិនមាន មិនកើត មិនមានព្រម មិនកើតមាន គឺតថាគតលះបង់ ផ្តាច់ផ្តិល រម្ងាប់ គ្របសង្កត់ មិនគួរឲ្យកើតបាន បានដុតបំផ្លាញដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកចូរពោលនឹងពួកជននោះចុះ កាលដែលវាទៈកើតហើយ កិលេសទាំងឡាយណា ធ្វើជាសេនាតប កិលេសទាំងឡាយនោះ មិនមានក្នុងទីនេះទេ ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា ៖ ពួកជនណា ប្រកាន់ទិដ្ឋិហើយ រមែងទាស់ទែងគ្នា មួយទៀត តែងពោលថា នេះឯងជាពាក្យពិត អ្នកចូរពោលនឹងពួកជននោះចុះ កាលដែលវាទៈកើតហើយ កិលេសទាំងឡាយណា ធ្វើជាសេនាតប កិលេសទាំងឡាយនោះ មិនមានក្នុងទីនេះទេ ។

[៣១២] មួយទៀត ពួកជនណា ធ្វើសេនាឲ្យវិនាសហើយ ប្រព្រឹត្តទៅ ពួកជននោះ មិនប្រទូស្តទិដ្ឋិដោយទិដ្ឋិទាំងឡាយ ម្នាលអ្នកជាបុគ្គលក្លៀវក្លាតប ការប្រកាន់ថាក្រៃលែង ក្នុងលោកនេះ នៃពួកជនណាមិនមាន អ្នកគប្បីបានអ្វីក្នុងពួកជននោះ ។

[៣១៣] ពាក្យថា មួយទៀត ពួកជនណា ធ្វើសេនាឲ្យវិនាស ហើយប្រព្រឹត្តទៅ អធិប្បាយថា មារសេនា លោកហៅថា សេនា ។ កាយទុច្ចរិត ជាមារសេនា វចីទុច្ចរិត ជាមារសេនា មនោទុច្ចរិត ជាមារសេនា រាគៈជាមារសេនា ទោសៈជាមារសេនា មោហៈជាមារសេនា កោធៈ ឧបនាហៈ មក្ខៈ បលាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងអស់ ទុច្ចរិតទាំងអស់ ការក្រវល់ក្រវាយទាំងអស់ សេចក្តីក្តៅក្រហាយទាំងអស់ សេចក្តីអន្ទះអន្ទែងទាំងអស់ អកុសលាភិសង្ខារទាំងអស់ ជាមារសេនា ។ សមដូចព្រះពុទ្ធដីកានេះ ដែលព្រះមានព្រះភាគទ្រង់ត្រាស់ថា កាមទាំងឡាយ ជាសេនាទីមួយរបស់អ្នក អរតិ លោកហៅថា ជាសេនាទី ២ របស់អ្នក ។បេ។ លុះតែបុគ្គលឈ្នះសេនានោះ ទើបបានសេចក្តីសុខ ។ ព្រោះមារសេនាទាំងអស់ និងកិលេសធ្វើជាសេនាតបទាំងអស់ ពួកជនទាំងនោះ បានឈ្នះ បានផ្ចាញ់ បានកាច់បំបាក់ បានកំទេចកំទី ដោយអរិយមគ្គទាំង ៤ ជាសភាពមានមុខក្នុងទីដទៃ ហេតុនោះ លោកពោលថា ធ្វើសេនាឲ្យវិនាស ។ ពាក្យថា ពួកជនណា បានដល់ព្រះអរហន្តខីណាស្រព ។ ពាក្យថា ប្រព្រឹត្តទៅ គឺប្រព្រឹត្តទៅ សម្រាន្តនៅ ញុំាងឥរិយាបថឲ្យប្រព្រឹត្តទៅ ញុំាងការប្រព្រឹត្តិឥរិយាបថឲ្យកើត រក្សាឥរិយាបថ បំពេញឥរិយាបថ បង្រ្គប់ឥរិយាបថ ហេតុនោះ (ទ្រង់ត្រាស់ថា) មួយទៀត ពួកជនណា ធ្វើសេនាឲ្យវិនាសហើយ ប្រព្រឹត្តទៅ ។

[៣១៤] ពាក្យថា មិនប្រទូស្តទិដ្ឋិ ដោយទិដ្ឋិទាំងឡាយ គឺទិដិ្ឋទាំង ៦២ ពួកជននោះ បានលះបង់ ផ្តាច់ផ្តិល រម្ងាប់ គ្របសង្កត់ ធ្វើមិនគួរឲ្យកើតបាន ដុតបំផ្លាញដោយភ្លើងគឺញាណ ពួកជននោះ មិនប្រទូស្ត មិនខ្ទាំងខ្ទប់ មិនចង្អៀតចង្អល់ មិនទង្គុកទិដ្ឋិដោយទិដ្ឋិទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនប្រទូស្តទិដ្ឋិ ដោយទិដ្ឋិទាំងឡាយ ។

[៣១៥] ពាក្យថា ម្នាលអ្នកជាបុគ្គលក្លៀវក្លាតប អ្នកគប្បីបានអ្វី ក្នុងពួកជននោះ សេចក្តីថា ម្នាលអ្នកជាបុគ្គលក្លៀវក្លាតប ជាបុរសសត្រូវ ជាសត្រូវតប ជាអ្នកដាល់តប់តប អ្នកនឹងបានអ្វី ក្នុងពួកព្រះអរហន្តខីណាស្រពនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) ម្នាលអ្នកជាបុគ្គលក្លៀវក្លា អ្នកគប្បីបានអ្វីក្នុងពួកជននោះ ។

[៣១៦] ពាក្យថា ការប្រកាន់ថាក្រៃលែង ក្នុងលោកនេះ នៃពួកជនណាមិនមាន គឺការប្រកាន់ ការស្ទាបអង្អែល ការចុះចិត្តស៊ប់ ការបង្អោនទៅថា របស់នេះក្រៃលែង ជាកំពូល ប្រសើរ ប្រសើរវិសេស ជាប្រធានដ៏ឧត្តម ប្រសើរក្រៃលែងដូច្នេះ នៃពួកព្រះអរហន្តខីណាស្រពណាមិនមាន មិនមានព្រម មិនកើតមាន គឺលោកលះបង់ ផ្តាច់ផ្តិល រម្ងាប់ គ្របសង្កត់ មិនគួរឲ្យកើតបាន ដុតបំផ្លាញដោយភ្លើងញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ការប្រកាន់ថាក្រៃលែង ក្នុងលោកនេះ នៃពួកជនណាមិនមាន ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា ៖ មួយទៀត ពួកជនណា ធ្វើសេនាឲ្យវិនាស ហើយប្រព្រឹត្តទៅ ពួកជននោះ មិនប្រទូស្តទិដ្ឋិ ដោយទិដ្ឋិទាំងឡាយ ម្នាលអ្នកជាបុគ្គលក្លៀវក្លាតប ការប្រកាន់ថាក្រៃលែង ក្នុងលោកនេះ នៃពួកជនណាមិនមាន អ្នកគប្បីបានអ្វីក្នុងពួកជននោះ ។

[៣១៧] មួយទៀត អ្នកត្រិះរិះហើយមក កាលគិតនូវទិដ្ឋិទាំងឡាយដោយចិត្ត ហើយមកជួបជុំជាគូ នឹងព្រះពុទ្ធអ្នកមាន​ប្រាជ្ញា​កំចាត់ អ្នកមិនអាចដើម្បីដល់នូវគូទេ ។

[៣១៨] អធិប្បាយពាក្យថា មួយទៀត របស់បទថា មួយទៀត អ្នកត្រិះរិះហើយមក ត្រង់ពាក្យថា មួយទៀត គឺជាពាក្យតបទ ជាពាក្យជាប់ដោយបទ ជាពាក្យបំពេញបទ ជាពាក្យប្រជុំអក្ខរៈ ជាពាក្យសម្រួលព្យពា្ជនៈ ពាក្យថា មួយទៀត នុ៎ះជាលំដាប់បទ ។ ពាក្យថា ត្រិះរិះហើយមក គឺអ្នកកាលត្រិះរិះ ត្រិះរិះផ្សេងៗ ត្រិះរិះព្រម ថាអាត្មាអញនឹងមានជ័យជំនះឬ ឬថាអាត្មាអញនឹងបរាជ័យ អាត្មាអញនឹងធ្វើការសង្កត់សង្កិនដូចម្តេច នឹងធ្វើការដោះតបតដូចម្តេច នឹងធ្វើឲ្យវិសេសដូចម្តេច នឹងធ្វើឲ្យវិសេសតបដូចម្តេច នឹងធ្វើឲ្យធ្លុះធ្លាយដូចម្តេច នឹងធ្វើនូវការដោះស្រាយដូចម្តេច នឹងធ្វើឲ្យដាច់ដូចម្តេច នឹងធ្វើឲ្យមានមណ្ឌលដូចម្តេច ត្រិះរិះ ត្រិះរិះផ្សេងៗ ត្រិះរិះព្រមយ៉ាងនេះ ហើយមក ចូលមក ដល់មក មកជួបជុំជាមួយនឹងតថាគត ហេតុនោះ (ទ្រង់ត្រាស់ថា) មួយទៀត អ្នកត្រិះរិះហើយមក ។

[៣១៩] អធិប្បាយពាក្យថា កាលគិតនូវទិដិ្ឋទាំងឡាយ ដោយចិត្ត ត្រង់ពាក្យថា ចិត្ត បានដល់ចិត្ត គំនិត បំណងក្នុងចិត្ត ហឫទ័យ ភវង្គចិត្ត មនៈ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណខន្ធ មនោវិញ្ញាណធាតុ កើតអំពីវិញ្ញាណខន្ធនោះ ។ កាលគិត កាលគិតផ្សេងៗ នូវទិដ្ឋិទាំងឡាយដោយចិត្តថា លោកទៀង ឬថា លោកមិនទៀង ។បេ។ ឬថាសត្វបន្ទាប់អំពីសេចក្តីស្លាប់ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ហេតុនោះ (ទ្រង់ត្រាស់ថា) កាលគិតនូវទិដ្ឋិទាំងឡាយដោយចិត្ត ។

[៣២០] ពាក្យថា មកជួបជុំជាគូនឹងព្រះពុទ្ធអ្នកមាន​ប្រាជ្ញា​កំចាត់ អ្នកមិនអាចដើម្បីដល់នូវគូឡើយ អធិប្បាយថា បញ្ញា លោកហៅថា ​ប្រាជ្ញា​កំចាត់ បានខាង​ប្រាជ្ញា​កាលដឹងច្បាស់ ។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញប្រពៃ ។ ​ប្រាជ្ញា​ដែលលោកហៅថា ​ប្រាជ្ញា​កំចាត់ តើព្រោះហេតុអ្វី ។ កាយទុច្ចរិត បុគ្គលកំចាត់បង់ផង លាងផង លាងសំអាតផង កំចាត់ចេញផង ដោយ​ប្រាជ្ញា​នោះ ។បេ។ អកុសលាភិសង្ខារទាំងអស់ បុគ្គលកំចាត់បង់ផង លាងផង លាងសំអាតផង កំចាត់ចេញផង ។ មួយទៀត មិច្ឆាទិដ្ឋិ បុគ្គលកំចាត់បង់ផង លាងផង លាងសំអាតផង កំចាត់ចេញផង ដោយសម្មាទិដ្ឋិ ។បេ។ មិច្ឆាវិមុត្តិ បុគ្គលកំចាត់បង់ផង លាងផង លាងសំអាតផង កំចាត់ចេញផង ដោយសម្មាវិមុត្តិ ។ មួយទៀត អកុសលទាំងអស់ ទុច្ចរិតទាំងអស់ សេចក្តីក្រវល់ក្រវាយទាំងអស់ សេចក្តីក្តៅក្រហាយទាំងអស់ សេចក្តីអន្ទះអន្ទែងទាំងអស់ អកុសលាភិសង្ខារទាំងអស់ បុគ្គលកំចាត់បង់ផង លាងផង លាងសំអាតផង កំចាត់ចេញផង ដោយមគ្គមានអង្គ ៨ ដ៏ប្រសើរ ។ ព្រះមានព្រះភាគ ទ្រង់ចូលទៅដល់ ចូលទៅដល់ព្រម ចូលទៅជិត ចូលទៅជិតព្រម ចូលទៅកៀក ចូលទៅកៀកព្រម ប្រកបដោយធោនេយ្យធម៌ទាំងនេះ ហេតុនោះ ព្រះមានព្រះភាគព្រះនាមថា មាន​ប្រាជ្ញា​កំចាត់ ។ ព្រះមានព្រះភាគនោះ ទ្រង់បានកំចាត់រាគៈ កំចាត់បាប កំចាត់កិលេស កំចាត់សេចក្តីក្តៅក្រហាយ ហេតុនោះ ទ្រង់ព្រះនាមថា មាន​ប្រាជ្ញា​កំចាត់ ។ ពាក្យថា មកជួបជុំជាគូនឹងព្រះពុទ្ធ អ្នកមាន​ប្រាជ្ញា​កំចាត់ អ្នកឯងមិនអាចដើម្បីដល់នូវគូឡើយ បានសេចក្តីថា អ្នកជាបរិពា្វជក អ្នកមានសេចក្តីក្លៀវក្លាមកជួប មកប្រទះ ជាគូនឹងព្រះពុទ្ធមានព្រះភាគ មាន​ប្រាជ្ញា​កំចាត់ មិនអាចនឹងផ្គូសាកសួរ ចរចាទៅមក ដល់ព្រមនូវការសាកសួរទេ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ព្រោះថា អ្នកជាបរិព្វាជក មានសេចក្តីក្លៀវក្លា ជាបុគ្គលថោកទាប ទន់ខ្សោយ ទន់ទាប លាមក អាក្រក់ កំទេចមនុស្ស ។ ចំណែកព្រះមានព្រះភាគនោះ ជាកំពូលផង ប្រសើរផង ប្រសើរវិសេសផង ជាប្រធានផង ប្រសើរក្រៃលែងផង ។ ទន្សាយបានមកចួប មកប្រទះ ជាគូគ្នានឹងដំរីសារដែលចុះប្រេង មិនអាចផ្គូបានយ៉ាងណា ចចកមកចួប មកប្រទះ ជាគូគ្នានឹងសីហៈជាមិគរាជ មិនអាចផ្គូបានយ៉ាងណា កូនគោនៅតូចកំពុងបៅមេ បានមកចួប មកប្រទះ ជាគូគ្នានឹងគោឧសភដែលមានបូកដ៏មាំ មិនអាចផ្គូបានយ៉ាងណា ក្អែកបានមកចួប មកប្រទះ ជាគូគ្នានឹងគ្រុឌ វេនតេយ្យ មិនអាចផ្គូបានយ៉ាងណា មនុស្សចណ្ឌាល បានមកចួប មកប្រទះ ជាគូគ្នានឹងស្តេចចក្រពត្តិ មិនអាចផ្គូបានយ៉ាងណា បំសុបិសាច បានមកចួប មកប្រទះ ជាគូគ្នានឹងព្រះឥន្រ្ទជាស្តេចទេវតា មិនអាចផ្គូបានយ៉ាងណា អ្នកជាបរិព្វាជក មានសេចក្តីក្លៀវក្លា បានមកចួប មកប្រទះ ជាគូគ្នានឹងព្រះពុទ្ធមានព្រះភាគអ្នកមាន​ប្រាជ្ញា​កំចាត់ មិនអាចនឹងផ្គូ សាកសួរ ចរចាទៅមក ដល់នូវការសាកសួរ ក៏យ៉ាងនោះដែរ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ព្រោះថា អ្នកជាបរិព្វាជក មានសេចក្តីក្លៀវក្លា តែមាន​ប្រាជ្ញា​ថោកទាប មាន​ប្រាជ្ញា​ទន់អន់ មាន​ប្រាជ្ញា​ទន់ទាប មាន​ប្រាជ្ញា​លាមក មាន​ប្រាជ្ញា​អាក្រក់ មាន​ប្រាជ្ញា​តិចតួច ។ ចំណែកព្រះមានព្រះភាគអង្គនោះ ទ្រង់មាន​ប្រាជ្ញា​ច្រើន មាន​ប្រាជ្ញា​ក្រាស់ មាន​ប្រាជ្ញា​រីករាយ មាន​ប្រាជ្ញា​រហ័ស មាន​ប្រាជ្ញា​មុត មាន​ប្រាជ្ញា​ជាគ្រឿងទំលុះទំលាយ ទ្រង់ឈ្លាសក្នុងប្រភេទ​ប្រាជ្ញា​ ទ្រង់បែកព្រះញាណ ទ្រង់បានសម្រេចបដិសម្ភិទា ទ្រង់ដល់នូវចតុវេសារជ្ជញ្ញាណ ទ្រទ្រង់នូវកំឡាំង ១០ ជាបុរស អាសភៈ ជាបុរសសីហៈ ជាបុរសនាគ ជាបុរសអាជានេយ្យ ជាបុរសអាចនាំទៅនូវធុរៈបាន មានអនន្តញ្ញាណ មានតេជះមិនមានទីបំផុត មានយសមិនមានទីបំផុត ទ្រង់ស្តុកស្តម្ភ មានទ្រព្យច្រើន មានធន ជាអ្នកណែនាំ ទូន្មាន ប្រៀនប្រដៅ ពន្យល់ ឲ្យពិនិត្យ ​សម្លឹង​ ឲ្យរំលឹក ។ ព្រោះថា ព្រះមានព្រះភាគអង្គនោះ ទ្រង់ជាអ្នកញុំាងមគ្គដែលមិនទាន់កើត ឲ្យកើតឡើង ញុំាងមគ្គដែលមិនទាន់កើតព្រម ឲ្យកើតព្រម បា្រប់ផ្លូវដែលគេមិនធ្លាប់បា្រប់ ទ្រង់ស្គាល់ផ្លូវ ជ្រាបច្បាស់នូវផ្លូវ វាងវៃក្នុងផ្លូវ ។ មួយទៀត ឥឡូវនេះ ពួកសាវ័កនៃព្រះមានព្រះភាគនោះ ជាអ្នកដើរតាមផ្លូវប្រកប (ដោយគុណ) ក្នុងកាលជាខាងក្រោយ ។ ព្រោះព្រះមានព្រះភាគនោះ ទ្រង់ជ្រាបហេតុដែលគួរជ្រាប ទ្រង់ឃើញហេតុដែលគួរឃើញ ព្រះអង្គមានចក្ខុ មានញាណ មានធម៌ ព្រះអង្គជាបុគ្គលប្រសើរ ពោលធម៌ ពោលដោយប្រការផ្សេងៗ ទ្រង់នាំចេញនូវប្រយោជន៍ ទ្រង់ឲ្យអមតៈ ជាធម្មស្សាមី ជាតថាគត ។ ការមិនដឹង មិនឃើញ មិនយល់ច្បាស់ មិនធ្វើឲ្យជាក់ច្បាស់ មិនប៉ះពាល់ដោយ​ប្រាជ្ញា​នៃព្រះមានព្រះភាគនោះ មិនមានទេ ។ ធម៌ទាំងអស់ ដែលអាស្រ័យអតីត អនាគត និងបច្ចុប្បន្ន រមែងមកកាន់គន្លងចំមុខព្រះញាណ របស់ព្រះពុទ្ធមានព្រះភាគ ដោយអាការសព្វគ្រប់ ។ ធម្មជាតអ្វីមួយដែលគួរដឹង ត្រូវដឹង ។ ប្រយោជន៍ខ្លួនផង ប្រយោជន៍បុគ្គលដទៃផង ប្រយោជន៍ទាំងពីរផង ប្រយោជន៍ជាបច្ចុប្បន្នផង ប្រយោជន៍ក្នុងខាងមុខផង ប្រយោជន៍រាក់ផង ប្រយោជន៍ជ្រៅផង ប្រយោជន៍លាក់ផង ប្រយោជន៍កំបាំងផង ប្រយោជន៍ដែលត្រូវនាំចេញផង ប្រយោជន៍ដែលនាំចេញហើយផង ប្រយោជន៍មិនមានទោសផង ប្រយោជន៍មិនមានកិលេសផង ប្រយោជន៍ផូរផង់ផង ប្រយោជន៍ដ៏ក្រៃលែងផង ធម្មជាតទាំងអស់នោះ រមែងប្រព្រឹត្តទៅក្នុងខាងក្នុងពុទ្ធញ្ញាណ ។ កាយកម្មទាំងអស់ រមែងប្រព្រឹត្តទៅតាមព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ វចីកម្មទាំងអស់ រមែងប្រព្រឹត្តទៅតាមព្រះញាណ មនោកម្មទាំងអស់ រមែងប្រព្រឹត្តទៅតាមព្រះញាណរបស់ព្រះមានព្រះភាគ ។ ព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ មិនទើសទាល់ក្នុងអតីតកាល ព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ មិនទើសទាល់ក្នុងអនាគតកាល ព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ មិនទើសទាល់ក្នុងបច្ចុប្បន្នកាល របស់ដែលត្រូវដឹង មានចំនួនប៉ុន្មាន ព្រះញាណក៏មានចំនួនប៉ុណ្ណោះ ព្រះញាណមានចំនួនប៉ុន្មាន របស់ដែលត្រូវដឹង ក៏មានចំនួនប៉ុណ្ណោះ ព្រះញាណមានរបស់ដែលត្រូវដឹងជាទីបំផុត របស់ដែលត្រូវដឹង មានព្រះញាណជាទីបំផុត ។ ព្រះញាណមិនប្រព្រឹត្តកន្លងរបស់ដែលត្រូវដឹង ឯគន្លងដែលត្រូវដឹង ក៏មិនកន្លងព្រះញាណ ។ ធម៌ទាំងនោះ ឋិតនៅក្នុងទីបំផុតនៃគ្នានឹងគ្នា ។ បាតស្មុគ្រទាំងពីរ ដែលគេគ្របយ៉ាងជិតស្និទ្ធ បាតស្មុគ្រខាងក្រោម រមែងមិនប្រព្រឹត្តកន្លងបាតស្មុគ្រខាងលើ បាតស្មុគ្រខាងលើ រមែងមិនប្រព្រឹត្តកន្លងបាតស្មុគ្រខាងក្រោម បាតស្មុគ្រទាំងពីរឋិតនៅក្នុងទីបំផុតនៃគ្នានឹងគ្នា យ៉ាងណាមិញ របស់ដែលត្រូវដឹង និងព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ ឋិតនៅក្នុងទីបំផុតនៃគ្នានឹងគ្នា ក៏យ៉ាងនោះដែរ របស់ដែលត្រូវដឹង មានចំនួនប៉ុន្មាន ព្រះញាណក៏មានចំនួនប៉ុណ្ណោះ ព្រះញាណមានចំនួនប៉ុន្មាន របស់ដែលត្រូវដឹង ក៏មានចំនួនប៉ុណ្ណោះ ព្រះញាណ មានរបស់ដែលត្រូវដឹងជាទីបំផុត របស់ដែលត្រូវដឹង មានព្រះញាណជាទីបំផុត ព្រះញាណមិនប្រព្រឹត្តកន្លងរបស់ដែលត្រូវដឹង ឯគន្លងដែលត្រូវដឹង ក៏មិនកន្លងព្រះញាណ ធម៌ទាំងនោះ ឋិតនៅក្នុងទីបំផុតនៃគ្នានឹងគ្នា ។ ព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ ប្រព្រឹត្តទៅ ក្នុងធម៌ទាំងពួង ធម៌ទាំងអស់ជាប់ចំពោះដោយការនឹក ជាប់ដោយការប្រាថ្នា ជាប់ដោយការធ្វើទុកក្នុងចិត្ត ជាប់ដោយចិត្តុប្បាទរបស់ព្រះពុទ្ធមានព្រះភាគ ។ ព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ ប្រព្រឹត្តទៅក្នុងសត្វទាំងអស់ ។ ព្រះមានព្រះភាគ ទ្រង់ជ្រាបអធ្យាស្រ័យ ជ្រាបអនុស័យ ជ្រាបចរិត ជ្រាបការចុះចិត្តស៊ប់របស់សត្វទាំងអស់ ជ្រាបពួកសត្វមានធូលីក្នុងភ្នែកតិច មានធូលីក្នុងភ្នែកច្រើន មានឥន្រ្ទិយក្លៀវក្លា មានឥន្រ្ទិយទន់ មានអាការល្អ មានអាការអាក្រក់ ឲ្យដឹងដោយងាយ ឲ្យដឹងដោយលំបាក មានភ័ព្វ និងឥតភ័ព្វ ។ លោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ មនុស្សជាសម្មតិទេព និងមនុស្សដ៏សេស រមែងប្រព្រឹត្តទៅខាងក្នុងព្រះពុទ្ធញ្ញណ ។ ពួកត្រី និងអណ្តើកណាមួយ រាប់យកត្រីឈ្មោះតិមិតិមិង្គលៈ ដោយហោចទៅ រមែងប្រព្រឹត្តទៅក្នុងខាងក្នុងមហាសមុទ្ទ យ៉ាងណា លោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ មនុស្សជាសម្មតិទេព និងមនុស្សដ៏សេស រមែងប្រព្រឹត្តទៅក្នុងខាងក្នុងពុទ្ធញ្ញាណ យ៉ាងនោះដែរ ។ ពួកបក្សីណាមួយ រាប់យកគ្រុឌវេនតេយ្យដោយទីបំផុត រមែងប្រព្រឹត្តទៅក្នុងប្រទេសនៃអាកាស យ៉ាងណា ជនទាំងឡាយណា មានប្រាជ្ញាស្មើនឹងព្រះសារីបុត្រ ជនទាំងនោះ រមែងប្រព្រឹត្តទៅក្នុងប្រទេសនៃពុទ្ធញ្ញាណយ៉ាងនោះដែរ ។ ព្រះពុទ្ធញ្ញាណ ផ្សាយទៅគ្របសង្កត់នូវប្រាជ្ញានៃទេវតា និងមនុស្ស ។ ទោះបីជនពួកណា ជាខត្តិយបណ្ឌិតក្តី ព្រាហ្មណបណ្ឌិតក្តី គហបតិបណ្ឌិតក្តី សមណបណ្ឌិតក្តី មានបញ្ញាល្អិត ស្គាល់វាទៈរបស់ជនដទៃ កាលទំលាយទិដ្ឋិទាំងឡាយរបស់ជនដទៃ ដោយប្រាជ្ញារបស់ខ្លួន ទំនងដូចជាខ្មាន់ធ្នូស្ទាត់ បាញ់រោមទ្រាយ ពួកជននោះ តាក់តែងរឿយ ៗ នូវប្រស្នារួច ចូលទៅសួរព្រះតថាគត ។ ប្រស្នាទាំងនោះ ដែលព្រះមានព្រះភាគ ទ្រង់សំដែងដោះស្រាយហើយផង ជាប្រស្នាមានហេតុដែលសំដែងចេញហើយផង ជាប្រស្នាដែលដាក់ហើយផង ។ បណ្ឌិតទាំងនោះ បានសម្រេច (សម្បត្តិជាសាវ័ក ឬឧបាសក ដោយការដោះស្រាយ) របស់ព្រះមានព្រះភាគ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់រុងរឿងដោយបញ្ញាក្នុងកណ្តាលបរិស័ទនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) មកចួបជុំជាគូនឹងព្រះពុទ្ធ ព្រះអង្គមានធោនា អ្នកមិនអាចដើម្បីដល់នូវគូទេ ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា ៖ មួយទៀត អ្នកត្រិះរិះហើយមក កាលគិតនូវទិដ្ឋិទាំងឡាយដោយចិត្ត ហើយមកចួបជុំជាគូនឹងព្រះពុទ្ធ ទ្រង់មានប្រាជ្ញាកំចាត់ អ្នកឯងមិនអាចដើម្បីដល់នូវគូទេ ។

បសូរសុត្តនិទេ្ទស ទី៨ ។

ចប់​ភាគ៦៤ ។

ឯកសារយោងកែប្រែ

ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > មហានិទ្ទេស > តេរសមភាគ > អដ្ឋវគ្គិកៈ (ព្រះត្រៃបិដកភាគ៦៣)

ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > មហានិទ្ទេស > តេរសមភាគ > អដ្ឋវគ្គិកៈ (ព្រះត្រៃបិដកភាគ៦៤)

ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > មហានិទ្ទេស > តេរសមភាគ > អដ្ឋវគ្គិកៈ (ព្រះត្រៃបិដកភាគ៦៥)

พระไตรปิฎกเล่มที่ ๒๙ > พระสุตตันตปิฎก เล่ม ๒๑ > ขุททกนิกาย > มหานิทเทส > อัฏฐกวัคคิกะ

The Octet Chapter  (Aṭṭhaka Vagga)