ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > មហានិទ្ទេស

តតិយភាគកែប្រែ

តុវដកសុត្តនិទ្ទេស ទី ១៤កែប្រែ

[១] (ព្រះពុទ្ធនិម្មិត ពោលថា) ខ្ញុំសូមសួរនូវិវេកផង សន្តិបទផង ចំពោះព្រះអង្គ ជាអាទិច្ចពន្ធុ ទ្រង់ស្វែងរកគុណដ៏ធំ ភិក្ខុឃើញដូចម្តេច ហើយញុំាងកិលេសឲ្យរលត់ ទើបមិនប្រកាន់នូវរបស់អ្វីក្នុងលោក ។

[២] អធិប្បាយពាក្យថា ខ្ញុំសូមសួរចំពោះព្រះអង្គ ជាអាទិច្ចពន្ធុ ត្រង់ពាក្យថា សួរ បានដល់ការសួរ ៣ គឺការសួរជាគ្រឿងបំភ្លឺនូវធម៌ដែលមិនទាន់ឃើញ ការសួរជាគ្រឿងប្រៀបធៀបនូវធម៌ដែលឃើញហើយ ការសួរជាគ្រឿងកាត់សេចក្តីសង្ស័យ ។

ការសួរជាគ្រឿងបំភ្លឺនៃធម៌ ដែលមិនទាន់ឃើញ តើដូចម្ដេច ។ លក្ខណៈដែលបុគ្គលមិនដឹង មិនឃើញ មិនថ្លឹង មិនត្រិះរិះ មិនប្រាកដ មិនជាក់ច្បាស់ តាមប្រក្រតី បុគ្គលសួរនូវប្រស្នាដើម្បីការដឹង ការឃើញ ការថ្លឹង ការត្រិះរិះ ដើម្បីជាក់ច្បាស់នូវលក្ខណៈនោះ នេះ ការសួរជាគ្រឿងបំភ្លឺនូវធម៌ដែលមិនទាន់ឃើញហើយ ។

ការសួរជាគ្រឿងប្រៀបធៀបនូវធម៌ដែលឃើញហើយ តើដូចម្តេច ។ លក្ខណៈដែលបុគ្គលដឹង ឃើញ ថ្លឹង ត្រិះរិះ ប្រាកដ ជាក់ច្បាស់ហើយ ដោយប្រក្រតី បុគ្គលសួរប្រស្នា ដើម្បីប្រយោជន៍ដល់ការប្រៀបធ្រៀបជាមួយនឹងបណ្ឌិតទាំងឡាយដទៃ នេះ ការសួរជាគ្រឿងប្រៀបធ្រៀបនូវធម៌ ដែលឃើញហើយ ។

ការសួរជាគ្រឿងកាត់សេចក្តីសង្ស័យ តើដូចម្តេច ។ បុគ្គលនៅក្នុងការសង្ស័យ នៅក្នុងសេចក្តីងឿងឆ្ងល់ ដោយប្រក្រតី បែកទៅជាពីរថា យ៉ាងនេះឬហ្ន៎ មិនមែនយ៉ាងនេះឬហ្ន៎ ដូចម្តេចហ្ន៎ ដោយប្រការដូចម្តេចហ្ន៎ បុគ្គលនោះ ក៏សួរប្រស្នាដើម្បីប្រយោជន៍ដល់ការកាត់សេចក្តីងឿងឆ្ងល់ នេះ ការសួរជាគ្រឿងកាត់សេចក្តីងឿងឆ្ងល់ ។ នេះ ការសួរ ៣ ។

ការសួរ ៣ ដទៃទៀត គឺការសួររបស់មនុស្ស ការសួររបស់អមនុស្ស ការសួររបស់និម្មិត ។

ការសួររបស់មនុស្ស តើដូចម្តេច ។ មនុស្សទាំងឡាយ ចូលទៅសួរប្រស្នានឹងព្រះពុទ្ធមានព្រះភាគ គឺពួកភិក្ខុសួរ ពួកភិក្ខុនីសួរ ពួកឧបាសកសួរ ពួកឧបាសិកាសួរ ពួកព្រះរាជាសួរ ពួកក្សត្រសួរ ពួកព្រាហ្មណ៍សួរ ពួកវេស្សៈសួរ ពួកសុទ្ទៈសួរ ពួកគ្រហស្ថសួរ ពួកបព្វជិតសួរ នេះ ការសួររបស់មនុស្ស ។

ការសួររបស់អមនុស្ស តើដូចម្តេច ។ ពួកអមនុស្ស ចូលទៅសួរប្រស្នានឹងព្រះពុទ្ធមានព្រះភាគ គឺពួកនាគសួរ ពួកគ្រុឌសួរ ពួកយក្សសួរ ពួកអសុរសួរ ពួកគន្ធព្វសួរ ពួកមហារាជសួរ ពួកព្រះឥន្ទ្រសួរ ពួកព្រហ្មសួរ ពួកទេវតាសួរ នេះ ការសួររបស់អមនុស្ស ។

ការសួររបស់និម្មិត តើដូចម្តេច ។ ព្រះមានព្រះភាគ ទ្រង់និម្មិតរូបណា ដែលសម្រេចដោយព្រះទ័យ មានអវយវៈតូច-ធំគ្រប់ មានឥន្រ្ទិយមិនខ្វះខាត រូបនិម្មិតនោះ ចូលទៅសួរប្រស្នានឹងព្រះមានព្រះភាគ ព្រះមានព្រះភាគ ទ្រង់ដោះស្រាយ នេះ ការសួររបស់និម្មិត ។ នេះ ការសួរ ៣ ។

ការសួរ ៣ ដទៃទៀត គឺការសួរប្រយោជន៍ខ្លួន ការសួរប្រយោជន៍បុគ្គលដទៃ ការសួរប្រយោជន៍ទាំងពីរ ។

ការសួរ ៣ ដទៃទៀត គឺការសួរប្រយោជន៍បច្ចុប្បន្ន ការសួរប្រយោជន៍លោកខាងមុខ ការសួរប្រយោជន៍ដ៏ក្រៃលែង ។

ការសួរ ៣ ដទៃទៀត គឺការសួរប្រយោជន៍មិនមានទោស ការសួរប្រយោជន៍មិនមានកិលេស ការសួរប្រយោជន៍ដ៏ផូរផង់ ។

ការសួរ ៣ ដទៃទៀត គឺការសួរប្រារព្ធធម៌ជាអតីត ការសួរប្រារព្ធធម៌ជាអនាគត ការសួរប្រារព្ធធម៌ជាបច្ចុប្បន្ន ។

ការសួរ ៣ ដទៃទៀត គឺការសួរធម៌ខាងក្នុង ការសួរធម៌ខាងក្រៅ ការសួរធម៌ទាំងខាងក្នុង ទាំងខាងក្រៅ ។

ការសួរ ៣ ដទៃទៀត គឺការសួរធម៌ជាកុសល ការសួរធម៌ជាអកុសល ការសួរធម៌ជាអព្យាកតៈ ។

ការសួរ ៣ ដទៃទៀត គឺការសួរខន្ធ ការសួរធាតុ ការសួរអាយតនៈ ។

ការសួរ ៣ ដទៃទៀត គឺការសួរសតិប្បដ្ឋាន ការសួរសម្មប្បធាន ការសួរឥទ្ធិបាទ ។

ការសួរ ៣ ដទៃទៀត គឺការសួរឥន្រ្ទិយ ការសួរពលៈ ការសួរពោជ្ឈង្គ ។

ការសួរ ៣ ដទៃទៀត គឺការសួរមគ្គ ការសួរផល ការសួរព្រះនិព្វាន ។

ពាក្យថា ខ្ញុំសូមសួរចំពោះព្រះអង្គ គឺខ្ញុំសូមសួរព្រះអង្គ សូមអង្វរព្រះអង្គ អារាធនាព្រះអង្គ ចោទព្រះអង្គ សូមព្រះអង្គទ្រង់សំដែងធម៌នោះដល់ខ្ញុំ ហេតុនោះ (ត្រាស់សួរថា) ខ្ញុំសូមសួរចំពោះព្រះអង្គ ។

ពាក្យថា អាទិច្ចពន្ធុ សេចក្តីថា សុរិយៈ លោកហៅថា អាទិច្ចៈ ។ សុរិយៈ ជាគោតមៈដោយគោត្រ ព្រះមានព្រះភាគ ជាគោតមៈដោយគោត្រ ។ ព្រះមានព្រះភាគ ជាព្រះញាតិព្រះអាទិត្យដោយគោត្រ ជាវង្សត្រកូលដោយគោត្រ ហេតុនោះ ព្រះពុទ្ធទើបជាអាទិច្ចពន្ធុ ហេតុនោះ ទ្រង់ត្រាស់ថា ខ្ញុំសូមសួរចំពោះព្រះអង្គ ជាអាទិច្ចពន្ធុ ។

[៣] អធិប្បាយពាក្យថា នូវវិវេកផង សន្តិបទផង ចំពោះព្រះអង្គ ដែលទ្រង់ស្វែងរកគុណដ៏ធំ ត្រង់ពាក្យថា វិវេក បានដល់ វិវេក ៣ គឺកាយវិវេក ចិត្តវិវេក ឧបធិវិវេក ។

កាយវិវេក តើដូចម្តេច ។ ភិក្ខុក្នុងសាសនានេះ គប់រកសេនាសនៈដ៏ស្ងាត់ គឺព្រៃ គល់ឈើ ភ្នំ ជ្រោះ គុហាភ្នំ ព្រៃស្មសាន ព្រៃធំ ទីវាល គំនរចំបើង ទាំងជាអ្នកស្ងប់ស្ងាត់ដោយកាយ គឺភិក្ខុនោះដើរម្នាក់ឯង ឈរម្នាក់ឯង អង្គុយម្នាក់ឯង ដេកម្នាក់ឯង ចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាតម្នាក់ឯង ត្រឡប់មកវិញម្នាក់ឯង អង្គុយក្នុងទីស្ងាត់ម្នាក់ឯង អធិដ្ឋានទីចង្រ្កមម្នាក់ឯង ត្រាច់ទៅ សម្រេចនៅ ទៅ ប្រព្រឹត្តទៅ រក្សា យាត្រា ឲ្យទៅម្នាក់ឯង នេះ កាយវិវេក ។

ចិត្តវិវេក តើដូចម្តេច ។ ភិក្ខុចូលបឋមជ្ឈាន ចិត្តស្ងប់ស្ងាត់ចាកនីវរណធម៌ទាំងឡាយ ចូលទុតិយជ្ឈាន ចិត្តស្ងប់ស្ងាត់ចាកវិតក្កៈ និងវិចារៈ ចូលតតិយជ្ឈាន ចិត្តស្ងប់ស្ងាត់ចាកបីតិ ចូលចតុត្ថជ្ឈាន ចិត្តស្ងប់ស្ងាត់ចាកសុខ និងទុក្ខ ចូលអាកាសានញ្ចាយតនៈ ចិត្តស្ងប់ស្ងាត់ចាករូបសញ្ញា បដិឃសញ្ញា នានត្តសញ្ញា ចូលវិញ្ញាណញ្ចាយតនៈ ចិត្តស្ងប់ស្ងាត់ចាកអាកាសានញ្ចាយតនសញ្ញា ចូលអាកិញ្ចញ្ញាយតនៈ ចិត្តស្ងប់ស្ងាត់ ចាកវិញ្ញាណញ្ចាយតនសញ្ញា ចូលនេវសញ្ញានាសញ្ញាយតនៈ ចិត្តស្ងប់ស្ងាត់ ចាកអាកិញ្ចញ្ញាយតនសញ្ញា ចិត្តរបស់សោតាបន្នបុគ្គល រមែងស្ងប់ស្ងាត់ចាកសក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាសៈ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ ទាំងចាកកិលេសទាំងឡាយ ដែលតាំងនៅជាមួយនឹងកិលេសទាំងនោះ ចិត្តរបស់សកទាគាមិបុគ្គល រមែងស្ងប់ស្ងាត់ចាកកាមរាគសញ្ញោជនៈ បដិឃសញ្ញោជនៈដ៏គ្រោតគ្រាត ចាកកាមរាគានុស័យ បដិឃានុស័យដ៏គ្រោតគ្រាត ទាំងចាកកិលេសទាំងឡាយ ដែលតាំងនៅជាមួយនឹងកិលេសទាំងឡាយនោះ ចិត្តរបស់អនាគាមិបុគ្គល រមែងស្ងប់ស្ងាត់ចាកកាមរាគសញ្ញោជនៈ បដិឃសញ្ញោជនៈដ៏ល្អិត ចាកកាមរាគានុស័យ បដិឃានុស័យដ៏ល្អិត ទាំងចាកកិលេសទាំងឡាយ ដែលតាំងនៅជាមួយនឹងកិលេសទាំងនោះ ចិត្តរបស់ព្រះអរហន្ត រមែងស្ងប់ស្ងាត់ចាករូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មានានុស័យ ភវរាគានុស័យ អវិជ្ជានុស័យ ចាកកិលេសទាំងឡាយ ដែលតាំងនៅជាមួយនឹងកិលេសទាំងនោះ ទាំងចាកនិមិត្រទាំងអស់ ជាខាងក្រៅ នេះ ចិត្តវិវេក ។

ឧបធិវិវេក តើដូចម្តេច ។ កិលេសទាំងឡាយផង ខន្ធទាំងឡាយផង អភិសង្ខារទាំងឡាយផង លោកហៅថា ឧបធិ ។ អមតនិព្វាន លោកហៅថា ឧបធិវិវេក បានដល់ការរម្ងាប់សង្ខារទាំងពួង ការរលាស់ចោលឧបធិទាំងពួង ការអស់តណ្ហា ការប្រាសចាករាគៈ ការរលត់កិលេស និព្វាន នេះ ឧបធិវិវេក ។

កាយវិវេក (មាន) ដល់បុគ្គលទាំងឡាយ ដែលមានកាយគេចចេញ (ចាកពួក) ត្រេកអរក្នុងការចេញចាកកាម ចិត្តវិវេក (មាន) ដល់បុគ្គលទាំងឡាយ អ្នកមានចិត្តបរិសុទ្ធ ដល់នូវការផូរផង់ក្រៃលែង ឯឧបធិវិវេក (មាន) ដល់បុគ្គលមិនមានឧបធិ សម្រេចព្រះនិព្វានដែលប្រាសចាកសង្ខារ ។

ពាក្យថា សន្តិ សេចក្តីថា សន្តិក្កី សន្តិបទក្តី ដោយអាការតែមួយទេ សន្តិបទនោះឯង ឈ្មោះថា អមតនិព្វាន បានដល់ការរម្ងាប់សង្ខារទាំងពួង ការរលាស់ចោលឧបធិទាំងពួង ការអស់តណ្ហា ការប្រាសចាករាគៈ ការរលត់ទុក្ខ និព្វាន សមដូចពាក្យនេះ ដែលព្រះមានព្រះភាគទ្រង់ត្រាស់ថា នេះបទស្ងប់រម្ងាប់ នេះបទដ៏ឧត្តម គឺការរម្ងាប់សង្ខារទាំងពួង ការរលាស់ចោលឧបធិទាំងពួង ការអស់តណ្ហា ការប្រាសចាករាគៈ ការរលត់ទុក្ខ និព្វាន ។ ម្យ៉ាងទៀត ដោយអាការដទៃ ធម៌ទាំងឡាយណា ប្រព្រឹត្តទៅ ដើម្បីបាននូវការស្ងប់រម្ងាប់ ដើម្បីពាល់ត្រូវនូវការស្ងប់រម្ងាប់ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវការស្ងប់រម្ងាប់ គឺសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ ធម៌ទាំងនេះ លោកហៅថា សន្តិបទ តាណបទ (បទ គឺទីពឹង) លេណបទ (បទ គឺទីជ្រកកោន) សរណបទ (បទ គឺទីជាទីរលឹក) អភយបទ (បទ គឺមិនមានភ័យ) អច្ចុតបទ (បទ គឺមិនឃ្លាត) អមតបទ (បទ គឺមិនស្លាប់) និព្វានបទ (បទ គឺនិព្វាន) ។

ពាក្យថា ទ្រង់ស្វែងរកគុណធំ គឺព្រះមានព្រះកោត ស្វែងរកគុណធំ ។ ព្រះមានព្រះភាគ ស្វែង ស្វែងរក ស្វះស្វែងរកនូវសីលក្ខន្ធធំ ហេតុនោះ ឈ្មោះថា ទ្រង់ស្វែងរកគុណធំ ។ ស្វែង ស្វែងរក ស្វះស្វែងរកនូវសមាធិក្ខន្ធធំ បញ្ញាខន្ធធំ វិមុត្តិក្ខន្ធធំ វិមុត្តិញ្ញាណទស្សនក្ខន្ធធំ ហេតុនោះ ឈ្មោះថា ទ្រង់ស្វែងរកគុណធំ ។ ស្វែង ស្វែងរក ស្វះស្វែងរកនូវការកំចាត់បង់នូវគំនរងងឹតធំ ទំលាយបង់នូវវិបល្លាសធំ ដកចោលនូវសរ គឺតណ្ហាធំ ទំលុះទំលាយនូវសន្ទះ គឺទិដ្ឋិធំ បន្សាត់បង់នូវមានះដូចជាទង់ធំ រម្ងាប់បង់នូវអភិសង្ខារធំ រលាស់ចោលនូវឱឃៈធំ ដាក់ចុះនូវភារៈធំ ផ្តាច់បង់នូវសង្សារវដ្តធំ រំលត់នូវសេចក្តីអន្ទះអន្ទែងធំ គ្របសង្កត់នូវសេចក្តីក្តៅក្រហាយធំ លើកឡើងនូវទង់ជ័យ គឺធម៌ធំ ហេតុនោះ ឈ្មោះថា ទ្រង់ស្វែងរកគុណធំ ។ ស្វែង ស្វែងរក ស្វះស្វែងរកនូវសតិប្បដ្ឋានធំ សម្មប្បធានធំ ឥទ្ធិបាទធំ ឥន្ទ្រិយធំ ពលៈធំ ពោជ្ឈង្គធំ អដ្ឋង្គិកមគ្គដ៏ប្រសើរធំ អមតនិព្វាន ប្រយោជន៍ដ៏ក្រៃលែងធំ ហេតុនោះ ឈ្មោះថា ទ្រង់ស្វែងរកគុណធំ ។ ម្យ៉ាងទៀត ព្រះមានព្រះភាគ គឺជាបុគ្គលដែលពួកសត្វមានសក្តិ៍ធំ ស្វែង ស្វែងរក ស្វះស្វែងរកថា ព្រះពុទ្ធ (គង់នៅ) ក្នុងទីណា ព្រះមានព្រះភាគ ក្នុងទីណា ព្រះមានព្រះភាគ ជាទេវតាធំជាងទេវតា ក្នុងទីណា ព្រះមានព្រះភាគ ជានរៈប្រសើរក្នុងទីណា ហេតុនោះ ឈ្មោះថា ស្វែងរកគុណធំ ហេតុនោះ (ទ្រង់ត្រាស់សួរថា) នូវវិវេកផង សន្តិបទផង ចំពោះព្រះអង្គស្វែងរកគុណធំ ។

[៤] ពាក្យថា ភិក្ខុឃើញដូចម្តេច ហើយញុំាងកិលេសឲ្យរលត់ គឺភិក្ខុឃើញ មើល ថ្លឹង ត្រិះរិះ ធ្វើឲ្យជាក់ច្បាស់ ធ្វើឲ្យប្រាកដដូចម្តេច ទើបញុំាងរាគៈរបស់ខ្លួនឲ្យរលត់ ញុំាងទោសៈឲ្យរលត់ ញុំាងមោហៈឲ្យរលត់ ញុំាងកោធៈ ឧបនាហៈ មក្ខៈ បលាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងអស់ ទុច្ចរិតទាំងអស់ សេចក្តីក្រវល់ក្រវាយទាំងអស់ សេចក្តីក្តៅក្រហាយទាំងអស់ សេចក្តីអន្ទះអន្ទែងទាំងអស់ អកុសលាភិសង្ខារទាំងអស់ ឲ្យរលត់ ឲ្យស្ងប់ ឲ្យរម្ងាប់ ឲ្យស្ងប់ស្ងៀម ឲ្យរម្ងាប់ចំពោះ ។ ពាក្យថា ភិក្ខុ គឺភិក្ខុជាកល្យាណបុថុជ្ជនក្តី ភិក្ខុជាសេក្ខៈក្តី ហេតុនោះ (ត្រាស់សួរថា) ភិក្ខុឃើញដូចម្តេច ហើយញុំាងកិលេសឲ្យរលត់ ។

[៥] ពាក្យថា មិនប្រកាន់របស់អ្វីក្នុងលោក គឺមិនប្រកាន់ មិនកាន់យក មិនស្ទាបអង្អែល ដោយឧបាទានទាំងបួន ។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក ។ ពាក្យថា របស់អ្វីមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណនីមួយ ហេតុនោះ (ត្រាស់សួរថា) មិនប្រកាន់របស់អ្វីក្នុងលោក ។ ហេតុនោះ ព្រះពុទ្ធនិម្មិតនោះ (ត្រាស់សួរថា)

ខ្ញុំសូមសួរវិវេកផង សន្តិបទផង ចំពោះព្រះអង្គជាអាទិច្ចពន្ធុ ទ្រង់ស្វែងរកគុណធំ ភិក្ខុឃើញដូចម្តេច ហើយញុំាងកិលេសឲ្យរលត់ ទើបមិនប្រកាន់នូវរបស់អ្វីក្នុងលោក ។

[៦] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បុគ្គលគប្បីរំលត់ឫសគល់នៃបបញ្ចសង្ខា និងអស្មិមានះទាំងពួងដោយការយល់ តណ្ហាទាំងឡាយណាមួយជាខាងក្នុង បុគ្គលគប្បីមានសតិសព្វកាល សិក្សាដើម្បីបន្ទោបង់តណ្ហាទាំងនោះ ។

[៧] ពាក្យថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បុគ្គលគប្បីរំលត់ឫសគល់នៃបបញ្ចសង្ខា និងអស្មិមានះទាំងពួងដោយការយល់ អធិប្បាយថា កិលេសជាគ្រឿងយឺតយូរ ឈ្មោះបបញ្ចសង្ខា បានដល់ តណ្ហាបបញ្ចសង្ខា និងទិដ្ឋិបបញ្ចសង្ខា ។

ឫសគល់នៃតណ្ហាបបញ្ចសង្ខា តើដូចម្តេច ។ គឺអវិជ្ជា ជាឫសគល់ អយោនិសោមនសិការៈជាឫសគល់ អស្មិមានះជាឫសគល់ អហិរិកៈជាឫសគល់ អនោត្តប្បៈជាឫសគល់ ឧទ្ធច្ចៈជាឫសគល់ នេះឫសគល់នៃតណ្ហាបបញ្ចសង្ខា ។

ឫសគល់នៃទិដ្ឋិបបញ្ចសង្ខា តើដូចម្តេច ។ គឺអវិជ្ជា ជាឫសគល់ អយោនិសោមនសិការៈជាឫសគល់ អស្មិមានះជាឫសគល់ អហិរិកៈជាឫសគល់ អនោត្តប្បៈជាឫសគល់ ឧទ្ធច្ចៈជាឫសគល់ នេះឫសគល់នៃទិដ្ឋិបបញ្ចសង្ខា ។

ពាក្យថា ព្រះមានព្រះភាគ គឺជាពាក្យពោលដោយគោរព ។ ម្យ៉ាងទៀត ឈ្មោះថា ព្រះមានព្រះភាគ ព្រោះហេតុបំបាក់បង់នូវរាគៈ ។ ឈ្មោះថា មានព្រះភាគ ព្រោះហេតុបំបាក់បង់នូវទោសៈ ។ ឈ្មោះថា មានព្រះភាគ ព្រោះហេតុបំបាក់បង់នូវមោហៈ ។ ឈ្មោះថា មានព្រះភាគ ព្រោះហេតុបំបាក់បង់នូវមានះ ។ ឈ្មោះថា មានព្រះភាគ ព្រោះហេតុបំបាក់បង់នូវទិដ្ឋិ ។ ឈ្មោះថា មានព្រះភាគ ព្រោះហេតុបំបាក់បង់នូវចំរូង ។ ឈ្មោះថា មានព្រះភាគ ព្រោះហេតុបំបាក់បង់នូវកិលេស ។ ឈ្មោះថា មានព្រះភាគ ព្រោះហេតុទ្រង់ចែករំលែកញែកនូវធម្មរតនៈ ។ ឈ្មោះថា មានព្រះភាគ ព្រោះហេតុធ្វើនៅទីបំផុតនៃភពទាំងឡាយ ។ ឈ្មោះថា មានព្រះភាគ ព្រោះហេតុចម្រើនព្រះកាយ ។ ឈ្មោះថា មានព្រះភាគ ព្រោះហេតុចម្រើនសីល ព្រោះហេតុចម្រើនចិត្ត ព្រោះហេតុចម្រើនបញ្ញា ។ មួយទៀត ឈ្មោះថា មានព្រះភាគ ព្រោះហេតុព្រះមានព្រះភាគ ទ្រង់គប់រកនូវសេនាសនៈទាំងឡាយដ៏ស្ងាត់ គឺព្រៃតូច និងព្រៃធំ ជាព្រៃមិនមានសំឡេង មិនមានការគឹកកង ជាព្រៃប្រាសចាកខ្យល់កាយនៃជន ជាព្រៃស្ងប់ស្ងាត់ចាកមនុស្ស សមគួរដល់ការពួនសម្ងំ ។ ឈ្មោះថា មានព្រះភាគ ព្រោះហេតុព្រះមានព្រះភាគទ្រង់មានភាគនៃចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ។ មួយទៀត ឈ្មោះថា មានព្រះភាគ ព្រោះហេតុព្រះមានព្រះភាគ ទ្រង់មានភាគនៃអត្ថរស ធម្មរស វិមុត្តិរស អធិសីស អធិចិត្ត អធិប្បញ្ញា ។ មួយទៀត ឈ្មោះថា មានព្រះភាគ ព្រោះហេតុព្រះមានព្រះភាគ ទ្រង់មានភាគនៃឈាន ៤ អប្បមញ្ញា ៤ អរូបសមាបត្តិ ៤ ។ មួយទៀត ឈ្មោះថា មានព្រះភាគ ព្រោះហេតុព្រះមានព្រះភាគ ទ្រង់មានភាគនៃវិមោក្ខធម៌ ៨ អភិភាយតនៈ ៨ អនុបុព្វវិហារសមាបត្តិ ៩ ។ មួយទៀត ឈ្មោះថា មានព្រះភាគ ព្រោះហេតុព្រះមានព្រះភាគ ទ្រង់មានភាគនៃសញ្ញាភាវនា ១០ កសិណសមាបត្តិ ១០ អានាបានស្សតិ សមាធិ អសុភសមាបត្តិ ។ មួយទៀត ឈ្មោះថា មានព្រះភាគ ព្រោះហេតុព្រះមានព្រះភាគ ទ្រង់មានភាគនៃសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទិ្ធបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ ។ មួយទៀត ឈ្មោះថា មានព្រះភាគ ព្រោះហេតុព្រះមានព្រះភាគ ទ្រង់មានភាគនៃតថាគតពលៈ ១០ វេសារជ្ជៈ ៤ បដិសម្ភិទា ៤ អភិញ្ញា ៦ ពុទ្ធធម៌ ៦ ។ ព្រះនាមថា មានព្រះភាគនេះ មិនមែនមាតាធ្វើ មិនមែនបិតាធ្វើ មិនមែនបងប្អូនប្រុសធ្វើ មិនមែនបងប្អូនស្រីធ្វើ មិនមែនពួកមិត្តអាមាត្យធ្វើ មិនមែនពួកញាតិសាលោហិតធ្វើ មិនមែនពួកសមណព្រាហ្មណ៍ធ្វើ មិនមែនពួកទេវតាធ្វើទេ នេះជាព្រះនាមកើតក្នុងទីបំផុតវិមោក្ខរបស់ព្រះពុទ្ធទាំងឡាយមានព្រះភាគ បញ្ញតិថា មានព្រះភាគនុ៎ះ កើតដោយការធ្វើឲ្យជាក់ច្បាស់ ព្រមទាំងការបានចំពោះនូវសព្វញ្ញុតញ្ញាណ ទៀបគល់នៃពោធិព្រឹក្ស ។

ក្នុងពាក្យថា បុគ្គលគប្បីរំលត់អស្មិមានះទាំងពួង ដោយការយល់ សេចក្តីថា បញ្ញា លោកហៅថា ការយល់ បានខាងប្រាជ្ញា ការដឹងច្បាស់ ។ល ។ ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវ ។ ពាក្យថា អស្មិមានះ គឺការប្រកាន់ថា អញមានក្នុងរូប សេចក្តីពេញចិត្តថា អញមានការដេកត្រាំរឿយៗ ថា អញមានសេចក្តីប្រកាន់ ថាអញមានក្នុងវេទនា សញ្ញា សង្ខារ វិញ្ញាណ សេចក្តីពេញចិត្តថា អញមានការដេកត្រាំរឿយៗ ថា អញមាន ។ ពាក្យថា ព្រះមានព្រះភាគត្រាស់ថា បុគ្គលគប្បីរំលត់ឫសគល់នៃបបញ្ចសង្ខា និងអស្មិមានះទាំងពួង ដោយការយល់ បានសេចក្តីថា បុគ្គលគប្បីរំលត់ គប្បីចូលទៅរំលត់ គប្បីរំលត់មិនសល់ គប្បីរម្ងាប់ គប្បីឲ្យវិនាស គប្បីឲ្យស្ងប់រម្ងាប់នូវឫសគល់នៃបបញ្ចសង្ខា និងអស្មិមានះផងទាំងពួង ដោយការយល់ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បុគ្គលគប្បីរំលត់ឫសគល់នៃបបញ្ចសង្ខា និងអស្មិមានះទាំងពួង ដោយការយល់ ។

[៨] អធិប្បាយពាក្យថា តណ្ហាទាំងឡាយណាមួយជាខាងក្នុង ត្រង់ពាក្យថា ណាមួយ គឺសព្វទាំងអស់ គ្រប់ទាំងអស់ ឥតសេសសល់ មិនមានសេសសល់ ពាក្យថា ណាមួយនុ៎ះ ជាពាក្យអស់រលីង ពាក្យថា តណ្ហា បានដល់រូបតណ្ហា ។ល ។ ធម្មតណ្ហា ។ ពាក្យថា ជាខាងក្នុង គឺតណ្ហានោះ រមែងតាំងឡើងខាងក្នុង ហេតុនោះ ឈ្មោះថា ខាងក្នុង ។ ម្យ៉ាងទៀត ចិត្ត លោកហៅថា ខាងក្នុង បានដល់ ចិត្ត មនៈ មានសៈ ហទយៈ បណ្ឌរៈ មនោ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណក្ខន្ធ ។ តណ្ហានោះ ទៅជាមួយគ្នា កើតជាមួយគ្នា ច្រឡំគ្នា ប្រកបព្រមដោយចិត្ត ដោយមនៈ មានការកើតក្នុងទីជាមួយគ្នា មានការរលត់ក្នុងទីជាមួយគ្នា មានវត្ថុតែមួយ មានអារម្មណ៍តែមួយ ដូច្នេះទើបឈ្មោះថា ខាងក្នុង ហេតុនោះ (ទ្រង់ត្រាស់ថា) តណ្ហាទាំងឡាយណាមួយ ជាខាងក្នុង ។

[៩] អធិប្បាយពាក្យថា បុគ្គលគប្បីមានសតិសព្វកាល សិក្សាដើម្បីបន្ទោបង់តណ្ហាទាំងនោះ ត្រង់ពាក្យថា សព្វកាល គឺសព្វកាល គ្រប់កាល អស់កាលទាំងពួង អស់កាលជានិច្ច អស់កាលដ៏ទៀង អស់កាលមិនដាច់ អស់កាលរឿយៗ ។ មិនរោយរាយ ថែមហើយថែមទៀត ជាប់តគ្នា មិនមានចន្លោះ ដូចជារលកទឹកទង្គិចគ្នា ប៉ះពាល់គ្នា អស់បុរេភត្ត បច្ឆាភត្ត អស់បឋមយាម មជ្ឈិមយាម បច្ឆិមយាម អស់កាឡបក្ខ ជុណ្ហបក្ខ អស់រដូវភ្លៀង រដូវរងា រដូវក្តៅ អស់ចំណែកបឋមវ័យ អស់ចំណែកមជ្ឈិមវ័យ អស់ចំណែកបច្ឆិមវ័យ ។ ពាក្យថា មានសតិ គឺមានសតិដោយហេតុ ៤ យ៉ាង គឺចម្រើនកាយេ កាយានុបស្សនាសតិប្បដ្ឋាន ឈ្មោះថា មានសតិ (ចម្រើន) វេទនាសុ វេទនានុបស្សនាសតិប្បដ្ឋាន ឈ្មោះថា មានសតិ (ចម្រើន) ចិត្តេ ចិត្តានុបស្សនាសតិប្បដ្ឋាន ឈ្មោះថា មានសតិ (ចម្រើន) ធម្មេសុ ធម្មានុបស្សនាសតិប្បដ្ឋាន ឈ្មោះថា មានសតិ ។ មានសតិដោយហេតុ ៤ ដទៃទៀត គឺមានសតិ ព្រោះវៀរបង់នូវភាពមិនមានសតិ មានសតិព្រោះធ្វើនូវធម៌ទាំងឡាយ ដែលគួរធ្វើដោយសតិ មានសតិ ព្រោះកំចាត់បង់នូវធម៌ទាំងឡាយ ជាសត្រូវដល់សតិ មានសតិ ព្រោះមិនភ្លេចធម៌ទាំងឡាយ ជានិម្មិតរបស់សតិ ។ មានសតិដោយហេតុ ៤ ដទៃទៀត គឺមានសតិ ព្រោះប្រកបដោយសតិ មានសតិ ព្រោះស្ទាត់ដោយសតិ មានសតិ ព្រោះជំនាញដោយសតិ មានសតិ ព្រោះមិនបោះបង់សតិ ។ មានសតិដោយហេតុ ៤ ដទៃទៀត គឺមានសតិព្រោះមានសតិមិនដាច់ មានសតិព្រោះមានសតិជាប់ត មានសតិព្រោះមានសតិរឿយៗ ។ មានសតិ ព្រោះប្រកបដោយធម៌ជាប់តៗគ្នា មានសតិ ព្រោះពុទ្ធានុស្សតិ មានសតិ ព្រោះធម្មានុស្សតិ មានសតិព្រោះសង្ឃានុស្សតិ មានសតិព្រោះសីលានុស្សតិ មានសតិព្រោះចាគានុស្សតិ មានសតិព្រោះទេវតានុស្សតិ មានសតិព្រោះអានាបានស្សតិ មានសតិព្រោះមរណស្សតិ មានសតិ ព្រោះកាយគតាសតិ មានសតិ ព្រោះឧបសមានុស្សតិ ។ សតិណា ការរលឹករឿយៗ រលឹកចំពោះ ធម្មជាតិជាគ្រឿងរលឹក ការរលឹក ការចាំបាន ការមិនភ្លេច សេចក្តីមិនវង្វេង ធម្មជាតិជាគ្រឿងរលឹក សតិន្រ្ទិយ សតិពលៈ សម្មាសតិ សតិសម្ពោជ្ឈង្គ ជាផ្លូវជាទីទៅនៃបុគ្គលម្នាក់ឯង នេះលោកហៅថា សតិ ។ បុគ្គលណា ជាអ្នកចូលទៅជិត ប្រកប ចូលទៅជិត ប្រកបព្រម ចូលទៅរក ចូលទៅរកព្រម ចូលទៅដល់ ចូលទៅដល់ព្រម ប្រកបព្រមដោយសតិនេះ បុគ្គលនោះ លោកហៅថា មានសតិ ។

ពាក្យថា សិក្សា បានដល់សិក្ខា ៣ គឺ អធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១ ។ អធិសីលសិក្ខា តើដូចម្តេច ។ ភិក្ខុក្នុងសាសនានេះ មានសីល សង្រួមល្អក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោសសូម្បីបន្តិចបន្តួច សមាទាន សិក្សាក្នុងសិក្ខាបទទាំងឡាយ សីលក្ខន្ធតូច សីលក្ខន្ធធំ សីលជាទីពឹង សីលជាខាងដើម ការប្រព្រឹត្តិ ការសង្រួម ការរវាំង ជាប្រធាន ជាប្រមុខ ដើម្បីបានកុសលធម៌ទាំងឡាយ នេះ អធិសីលសិក្ខា ។

អធិចិត្តសិក្ខា តើដូចម្តេច ។ ភិក្ខុក្នុងសាសនានេះ ជាអ្នកស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលបឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខ ដែលកើតអំពើសេចក្តីស្ងប់ស្ងាត់ ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ ចូលទុតិយជ្ឈាន ជាធម្មជាតកើតក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ ។ ព្រោះនឿយណាយចាកបីតិផង ប្រកបដោយឧបេក្ខាផង មានស្មារតីដឹងខ្លួនដោយប្រពៃផង ទទួលសុខដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរបុគ្គលដែលបានតតិយជ្ឈាននោះថា បុគ្គលនោះ ប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខដូច្នេះ ព្រោះតតិយជ្ឈានណា ក៏ចូលតតិយជ្ឈាននោះ ព្រោះលះបង់សុខផង ព្រោះលះបង់ទុក្ខផង ព្រោះវិនាសទៅនៃសោមនស្ស និងទោមនស្សក្នុងកាលមុន ចូលចតុត្ថជ្ឈាន ឥតទុក្ខ ឥតសុខ មានសេចក្តីបរិសុទ្ធិដោយឧបេក្ខា និងសតិ នេះ អធិចិត្តសិក្ខា ។

អធិប្បញ្ញាសិក្ខា តើដូចម្តេច ។ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានប្រាជ្ញា ប្រកបដោយប្រាជ្ញា ប្រព្រឹត្តទៅក្នុងសេចក្តីចម្រើន និងការវិនាស ជាប្រាជ្ញាដ៏ប្រសើរ ជាគ្រឿងទំលុះទំលាយ ជាដំណើរទៅដើម្បីការអស់ទុក្ខដោយប្រពៃ ភិក្ខុនោះ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ ដឹងច្បាស់តាមពិតថា នេះការឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះការរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះបដិបទាជាដំណើរទៅដើម្បីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា ទាំងនេះជាអាសវៈ ដឹងច្បាស់តាមពិតថា នេះការឲ្យកើតអាសវៈ ដឹងច្បាស់តាមពិតថា នេះការរលត់អាសវៈ ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅដើម្បីការរលត់អាសវៈ នេះ អធិប្បញ្ញាសិក្ខា ។

ពាក្យថា បុគ្គលគប្បីមានសតិសព្វកាល សិក្សា ដើម្បីបន្ទោបង់តណ្ហាទាំងនោះ បានសេចក្តីថា គប្បីសិក្សាអធិសីលផង គប្បីសិក្សាអធិចិត្តផង គប្បីសិក្សាអធិប្បញ្ញាផង ដើម្បីនាំចេញ ដើម្បីនាំចេញចំពោះ ដើម្បីលះបង់ ដើម្បីរម្ងាប់ ដើម្បីរលាស់ចោល ដើម្បីគ្របសង្កត់នូវតណ្ហាទាំងនោះ គប្បីនឹកសិក្សាសិក្ខាទាំង ៣ នេះ គប្បីដឹងសិក្សា គប្បីឃើញសិក្សា គប្បីពិចារណាសិក្សា គប្បីអធិដ្ឋានចិត្តសិក្សា គប្បីជឿដោយសទ្ធាសិក្សា គប្បីផ្គងព្យាយាមសិក្សា គប្បីតំកល់នូវសតិសិក្សា គប្បីតំកល់ចិត្តសិក្សា គប្បីដឹងច្បាស់ដោយបញ្ញាសិក្សា គប្បីដឹងចំពោះនូវអភិញ្ញេយ្យធម៌សិក្សា គប្បីកំណត់ដឹងនូវបរិញ្ញេយ្យធម៌សិក្សា គប្បីលះបង់នូវបហាតព្វធម៌សិក្សា គប្បីចម្រើនភាវេតព្វធម៌សិក្សា គប្បីធ្វើឲ្យជាក់ច្បាស់នូវសច្ឆិកាតព្វធម៌សិក្សា ប្រព្រឹត្តទួទៅ ប្រព្រឹត្តទួទៅព្រម ប្រព្រឹត្តសមាទាន ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលគប្បីមានសតិសព្វកាល សិក្សាដើម្បីបន្ទោបង់តណ្ហាទាំងនោះ ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បុគ្គលគប្បីរំលត់ឫសគល់នៃបបញ្ចសង្ខា និងអស្មិមានះទាំងពួងដោយការយល់ តណ្ហាទាំងឡាយណាមួយ ជាខាងក្នុង បុគ្គលគប្បីមានសតិសព្វកាលសិក្សា ដើម្បីបន្ទោបង់នូវតណ្ហាទាំងនោះ ។

[១០] បុគ្គលគប្បីដឹងនូវធម៌ណាមួយ ជាខាងក្នុង ឬខាងក្រៅ មិនគប្បីធ្វើនូវកំឡាំងដោយធម៌នោះ ការរលត់នោះ ពួកសប្បុរសមិនបានពោលហើយ ។

[១១] ពាក្យថា បុគ្គលគប្បីដឹងនូវធម៌ណាមួយជាខាងក្នុង អធិប្បាយថា បុគ្គលគប្បីដឹងគុណណាមួយរបស់ខ្លួន ក្នុងកុសលធម៌ក្តី ក្នុងអព្យាកតធម៌ក្តី ។ គុណរបស់ខ្លួន តើដូចម្តេច ។ បុគ្គល (ចេញ) អំពីត្រកូលខ្ពស់ ហើយបួសក្តី អំពីត្រកូលធំ ហើយបួសក្តី អំពីត្រកូលមានភោគៈច្រើន ហើយបួសក្តី អំពីត្រកូលមានភោគៈដ៏លើសលុប ហើយបួសក្តី (ដឹង) ថា អាត្មាអញ ជាអ្នកល្បីល្បាញ មានយសជាងពួកគ្រហស្ថ និងបព្វជិតក្តី (ដឹង) ថា អញជាអ្នកបានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារក្តី ថាជាអ្នកទ្រទ្រង់ព្រះសូត្រក្តី ជាអ្នកទ្រទ្រង់វិន័យក្តី ជាធម្មកថិកក្តី ជាអ្នកប្រព្រឹត្តអារញ្ញិកធុតង្គក្តី ជាអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គក្តី ជាអ្នកប្រព្រឹត្តបំសុកូលិកធុតង្គក្តី ជាអ្នកប្រព្រឹត្តតេចីវរិកធុតង្គក្តី ជាអ្នកប្រព្រឹត្តសបទានចារិកធុតង្គក្តី ជាអ្នកប្រព្រឹត្តខលុបច្ឆាភត្តិកធុតង្គក្តី ជាអ្នកប្រព្រឹត្តនេសជ្ជិកធុតង្គក្តី ជាអ្នកប្រព្រឹត្តយថាសន្ថតិកធុតង្គក្តី បានបឋមជ្ឈានក្តី បានទុតិយជ្ឈានក្តី បានតតិយជ្ឈានក្តី បានចតុត្ថជ្ឈានក្តី បានអាកាសានញ្ចាយតនសមាបត្តិក្តី បានវិញ្ញាណញ្ចាយតនសមាបត្តិក្តី បានអាកិញ្ចញ្ញាយតនសមាបត្តិក្តី បាននេវសញ្ញានាសញ្ញាយតនសមាបត្តិក្តី ទាំងនេះហៅថា គុណរបស់ខ្លួន ។ បុគ្គលគប្បីដឹង គប្បីដឹងទួទៅ គប្បីដឹងផ្សេងៗ គប្បីដឹងចំពោះ គប្បីចាក់ធ្លុះ នូវគុណណាមួយរបស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីដឹងនូវធម៌ណាមួយជាខាងក្នុង ។ ពាក្យថា ខាងក្រៅ គឺគុណទាំងនោះ គប្បីមានដល់ឧបជ្ឈាយ៍ ឬអាចារ្យ ហេតុនោះ (ទ្រង់ត្រាស់) ថា ជាខាងក្នុង ឬខាងក្រៅ ។

[១២] ពាក្យថា បុគ្គលមិនគប្បីធ្វើនូវកម្លាំង ដោយធម៌នោះ គឺមិនគប្បីធ្វើនូវកម្លាំង មិនគប្បីធ្វើនូវសេចក្តីរឹងត្អឹង មិនគប្បីធ្វើនូវសេចក្តីប្រកាន់ មិនគប្បីធ្វើនូវការប៉ោងឡើង មិនគប្បីធ្វើនូវការក្រអឺតក្រអោងដោយគុណរបស់ខ្លួនផង ដោយគុណរបស់បុគ្គលដទៃផង មិនគប្បីញុំាងសេចក្តីប្រកាន់ឲ្យកើតដោយគុណនោះ មិនគប្បីរឹងរូស រឹងរូសក្រៃលែង មានក្បាលងើបឡើងដោយគុណនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីធ្វើនូវកម្លាំងដោយធម៌នោះ ។

[១៣] ពាក្យថា សេចក្តីរលត់នោះ ពួកសប្បុរសមិនពោលហើយ គឺសេចក្តីរលត់នោះ ពួកអ្នកស្ងប់ អ្នករម្ងាប់ សប្បុរស គឺព្រះពុទ្ធ សាវ័ករបស់ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធទាំងឡាយ មិនពោល មិនពោលសព្វគ្រប់ មិនប្រាប់ មិនសំដែង មិនបញ្ញត្ត មិនតាំងទុក មិនបើក មិនចែក មិនធ្វើឲ្យរាក់ មិនប្រកាសហើយ ហេតុនោះ ទ្រង់ត្រាស់ថា សេចក្តីរលត់នោះ ពួកសប្បុរសមិនពោលហើយ ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

បុគ្គលគប្បីដឹងនូវធម៌ណាមួយជាខាងក្នុង ឬខាងក្រៅ បុគ្គលមិនគប្បីធ្វើនូវកម្លាំងដោយធម៌នោះ សេចក្តីរលត់នោះ ពួកសប្បុរសមិនពោលហើយ ។

[១៤] បុគ្គល មិនគប្បីសំគាល់ថា ប្រសើរជាង ថាថោកទាបជាង ឬថាស្មើគ្នាដោយគុណនោះឡើយ បុគ្គលបើត្រូវអាការៈទាំងឡាយ មានសភាពជាអនេក គ្របសង្កត់ហើយ មិនគប្បីតាំងខ្លួនទេ ។

[១៥] ពាក្យថា មិនគប្បីសំគាល់ថា ប្រសើរជាងដោយគុណនោះ គឺមិនគប្បីញុំាងមានះឲ្យកើតថា អញជាអ្នកប្រសើរដូច្នេះ ដោយជាតិក្តី គោត្រក្តី ភាពនៃខ្លួនជាកូនអ្នកមានត្រកូលក្តី ភាពនៃខ្លួនមានសម្បុរល្អក្តី ទ្រព្យក្តី ការស្វាធ្យាយន៍ក្តី ការងារក្តី សិល្បៈក្តី ថ្នាក់នៃវិជ្ជាក្តី សុតៈក្តី បដិភាណក្តី វត្ថុណាមួយក្តី ហេតុនោះ ទ្រង់ត្រាស់ថា មិនគប្បីសំគាល់ថា ប្រសើរជាង ដោយគុណនោះ ។

[១៦] ពាក្យថា ថោកទាបជាង ឬថាស្មើគ្នា គឺបុគ្គលមិនគប្បីញុំាងសេចក្តីប្រកាន់ទាប ឲ្យកើតឡើងថា អញជាអ្នកថោកទាបដូច្នេះ ដោយជាតិក្តី គោត្រក្តី ។បេ ។ វត្ថុណាមួយក្តី មិនគប្បីញុំាងសេចក្តីប្រកាន់ឲ្យកើតឡើងថា អញជាអ្នកស្មើគ្នាដូច្នេះ ដោយជាតិក្តី គោត្រក្តី ភាពនៃខ្លួនជាកូនអ្នកមានត្រកូលក្តី ភាពនៃខ្លួនមានសម្បុរល្អក្តី ទ្រព្យក្តី ការស្វាធ្យាយន៍ក្តី ការងារក្តី សិល្បៈក្តី ថ្នាក់នៃវិជ្ជាក្តី សុតៈក្តី បដិភាណក្តី វត្ថុណាមួយក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) ថោកទាបជាង ឬថាស្មើគ្នា ។

[១៧] ពាក្យថា បុគ្គល បើត្រូវអាការៈទាំងឡាយ មានសភាពជាអនេក គ្របសង្កត់ហើយ គឺអាការៈមានប្រការៈជាអនេក គ្របសង្កត់ បៀតបៀន រួបរឹត ចោមរោមហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គល បើត្រូវអាការៈទាំងឡាយ មានសភាពជាអនេក គ្របសង្កត់ហើយ ។

[១៨] ពាក្យថា មិនគប្បីតាំងខ្លួន សេចក្តីថា អត្តា លោកហៅថា ខ្លួន បុគ្គលមិនគប្បីតាំង តែងតាំង ដល់នូវការតែងតាំងខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីតាំងខ្លួន ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

បុគ្គល មិនគប្បីសំគាល់ថាប្រសើរជាង ថាថោកទាបជាង ឬថាស្មើគ្នា ដោយគុណនោះឡើយ បុគ្គល បើត្រូវអាការៈទាំងឡាយ មានសភាពជាអនេក គ្របសង្កត់ហើយ មិនគប្បីតាំងខ្លួនទេ ។

[១៩] ភិក្ខុគប្បីរម្ងាប់កិលេសខាងក្នុងតែម្យ៉ាង មិនគប្បីស្វែងរកនូវការស្ងប់ដោយឧបាយដទៃទេ ភិក្ខុរម្ងាប់កិលេសខាងក្នុង អត្តាមិនមាន ឬនិរត្តា នឹងមានពីណា ។

[២០] ពាក្យថា គប្បីរម្ងាប់កិលេសខាងក្នុងតែម្យ៉ាង គឺគប្បីរម្ងាប់រាគៈ គប្បីរម្ងាប់ទោសៈ គប្បីរម្ងាប់មោហៈខាងក្នុង គប្បីរម្ងាប់ គប្បីចូលទៅរម្ងាប់ គប្បីឲ្យស្ងប់ គប្បីឲ្យរលត់ គប្បីឲ្យរម្ងាប់ចំពោះនូវកោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ និងកិលេសទាំងពួង ទុច្ចរិតទាំងពួង សេចក្តីក្រវល់ក្រវាយទាំងពួង សេចក្តីក្តៅក្រហាយទាំងពួង សេចក្តីអន្ទះអន្ទែងទាំងពួង អកុសលាភិសង្ខារទាំងពួង ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីរម្ងាប់កិលេសខាងក្នុងតែម្យ៉ាង ។

[២១] ពាក្យថា ភិក្ខុមិនគប្បីស្វែងរកនូវការរម្ងាប់ដោយឧបាយដទៃទេ គឺភិក្ខុមិនគប្បីស្វែងរក មិនគប្បីគន់រក មិនគប្បីគន់រករឿយៗ នូវការស្ងប់ ការចូលទៅជិតស្ងប់ ការរម្ងាប់ ការរលត់ ការស្ងប់រម្ងាប់ដោយផ្លូវដទៃ ផ្លូវមិនបរិសុទ្ធ បដិបទាខុស ផ្លូវមិនមែនជាទីស្រោចស្រង់សត្វ វៀរចាកសតិប្បដ្ឋាន វៀរចាកសម្មប្បធាន វៀរចាកឥទ្ធិបាទ វៀរចាកឥន្ទ្រិយ វៀរចាកពលៈ វៀរចាកពោជ្ឈង្គ វៀរចាកអដ្ឋង្គិកមគ្គដ៏ប្រសើរ ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុមិនគប្បីស្វែងរកនូវការរម្ងាប់ដោយឧបាយដទៃទេ ។

[២២] ពាក្យថា ភិក្ខុរម្ងាប់កិលេសខាងក្នុងហើយ គឺរម្ងាប់រាគៈ រម្ងាប់ទោសៈខាងក្នុង ។បេ ។ រម្ងាប់ ចូលទៅរម្ងាប់ ស្ងប់ រលត់ ឲ្យស្ងប់រម្ងាប់ នូវអកុសលាភិសង្ខារទាំងពួង ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុរម្ងាប់កិលេសខាងក្នុងហើយ ។

[២៣] អធិប្បាយពាក្យថា អត្តា មិនមាន ឬថា និរត្តា (នឹងមាន) អំពីណា ត្រង់ពាក្យថា មិនមាន គឺជាពាក្យហាមឃាត់ ។

ពាក្យថា អត្តា គឺសស្សតទិដ្ឋិ មិនមាន ពាក្យថា និរត្តា គឺឧច្ឆេទទិដ្ឋិ មិនមាន ។ ការប្រកាន់ថា អត្តា មិនមាន ការគប្បីលែងថា និរត្តា មិនមាន ។ ការប្រកាន់នៃបុគ្គលណា មិនមាន ការគប្បីលែងនៃបុគ្គលនោះ មិនមាន ។ ការគប្បីលែងនៃបុគ្គលណា មាន ការប្រកាន់នៃបុគ្គលនោះ ក៏មាន ។ ព្រះអរហន្តកន្លងនូវការប្រកាន់ និងការលែង គឺប្រព្រឹត្តកន្លងនូវសេចក្តីចម្រើន និងសេចក្តីសាបសូន្យ ។ ព្រះអរហន្តនោះ មានការនៅ (ក្នុងអរិយវាសៈ) នៅរួចហើយ មានការប្រព្រឹត្តិសន្សំហើយ ។បេ ។ ភពថ្មីនៃលោក មិនមានទេ ហេតុនោះ (ទ្រង់ត្រាស់ថា) អត្តា មិនមាន ឬថា និរត្តា (នឹងមាន) អំពីណា ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ហើយថា

ភិក្ខុគប្បីរម្ងាប់កិលេសខាងក្នុងតែម្យ៉ាង មិនគប្បីស្វែងរកនូវការរម្ងាប់ដោយឧបាយដទៃទេ ភិក្ខុរម្ងាប់កិលេសខាងក្នុងហើយ អត្តា មិនមានទេ ឬថា និរត្តា នឹងមានអំពីណា ។

[២៤] រលកមិនកើតត្រង់ទីពាក់កណ្តាលនៃសមុទ្រ (សមុទ្រនោះ) តាំងនៅនឹង យ៉ាងណាមិញ ភិក្ខុគប្បីតាំងនៅនឹងនួន មិនញាប់ញ័រ យ៉ាងនោះឯង មិនគប្បីធ្វើនូវការប៉ោងឡើងក្នុងហេតុនីមួយ ។

[២៥] ពាក្យថា រលកមិនកើតត្រង់ទីពាក់កណ្តាលនៃសមុទ្រ (សមុទ្រនោះ) តាំងនៅនឹង យ៉ាងណាមិញ អធិប្បាយថា សមុទ្រមានជំរៅទៅខាងក្រោម ប្រាំបីម៉ឺនបួនពាន់យោជន៍ ទឹកខាងក្រោមបួនម៉ឺនយោជន៍ កម្រើកដោយហ្វូងត្រី និងអណ្តើក ទឹកខាងលើបួនម៉ឺនយោជន៍ កម្រើកដោយខ្យល់ ទឹកត្រង់កណ្តាលបួនពាន់យោជន៍ មិនកម្រើក មិនរង្គើ មិនញ័រ មិនរញ្ជួយ មិនរញ្ជួយខ្លាំង មិនវិល ជាសមុទ្រមិនកម្រើក មិនរំជួល មិនកក្រើក មិនកករ មិនផុល ជាសមុទ្រស្ងប់ស្ងាត់ រលកក្នុងទីនោះ មិនកើតឡើង តាំងនៅនឹង យ៉ាងណាមិញ ហេតុនោះ (ទ្រង់ត្រាស់ថា) រលកមិនកើតឡើងត្រង់ទីពាក់កណ្តាលសមុទ្រ តាំងនៅនឹង យ៉ាងណាមិញ (ភិក្ខុតាំងនៅនឹង) យ៉ាងនេះឯង ។ ម្យ៉ាងទៀត សីទន្តរសមុទ្រក្នុងចន្លោះភ្នំទាំង ៧ ទឹកក្នុងសមុទ្រនោះ មិនកម្រើក មិនរង្គើ មិនញ័រ មិនរញ្ជួយ មិនរញ្ជួយខ្លាំង មិនវិល ជាសមុទ្រមិនកម្រើក មិនរំជួល មិនកក្រើក មិនកករ មិនផុល ជាសមុទ្រស្ងប់ស្ងាត់ រលកមិនកើតក្នុងសមុទ្រនោះ សមុទ្រតាំងនៅនឹង ហេតុនោះ (ទ្រង់ត្រាស់ថា) រលកមិនកើតត្រង់ទីពាក់កណ្តាលនៃសមុទ្រ (សមុទ្រនោះ) តាំងនៅនឹង យ៉ាងណាមិញ (ភិក្ខុតាំងនៅនឹង) យ៉ាងនេះឯង ។

[២៦] អធិប្បាយពាក្យថា ភិក្ខុគប្បីតាំងនៅនឹងនួន មិនញាប់ញ័រយ៉ាងនោះឯង ត្រង់ពាក្យថា យ៉ាងនោះ គឺជាពាក្យញុំាងសេចក្តីឧបមាឲ្យសម្រេច ពាក្យថា តាំងនៅនឹងនួន គឺមិនកម្រើក មិនកក្រើកព្រោះលាភ មិនកម្រើកព្រោះឥតលាភ មិនកម្រើក ព្រោះយស មិនកម្រើកព្រោះឥតយស មិនកម្រើកព្រោះសេចក្តីសរសើរ មិនកម្រើក ព្រោះនិន្ទា មិនកម្រើកព្រោះសេចក្តីសុខ មិនកក្រើក មិនឃ្លេងឃ្លោង មិនញាប់ញ័រ មិនញាប់ញ័រខ្លាំង មិនញាប់ញ័រព្រម សូម្បីព្រោះទុក្ខ ហេតុនោះ (ទ្រង់ត្រាស់ថា) តាំងនៅនឹង យ៉ាងនោះឯង ។ ពាក្យថា មិនញាប់ញ័រ សេចក្តីថា តណ្ហា ហៅថា ការញាប់ញ័រ បានខាងតម្រេក តម្រេកខ្លាំង ។ល ។ អភិជ្ឈា លោភៈ អកុសលមូល ។ តណ្ហាជាគ្រឿងញាប់ញ័រនោះ បុគ្គលណា លះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើង គឺញាណហើយ បុគ្គលនោះ លោកហៅថា អ្នកមិនញាប់ញ័រ ។ បុគ្គលអ្នកមិនញាប់ញ័រ ព្រោះលះបង់តណ្ហាជាគ្រឿងញាប់ញ័រ ។ បុគ្គលនោះ រមែងមិនញាប់ញ័រ សូម្បីព្រោះលាភ មិនញាប់ញ័រ សូម្បីព្រោះឥតលាភ មិនញាប់ញ័រសូម្បីព្រោះយស មិនញាប់ញា័រសូម្បីព្រោះឥតយស មិនញាប់ញ័រសូម្បីព្រោះសេចក្តីសរសើរ មិនញាប់ញ័រ សូម្បីព្រោះនិន្ទា មិនញាប់ញ័រសូម្បីព្រោះសុខ មិនញាប់ញ័រ មិនឃ្លេងឃ្លោង មិនរន្ធត់ មិនរន្ធត់ខ្លាំង មិនត្រឡប់រន្ធត់ព្រម សូម្បីព្រោះទុក្ខ ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុគប្បីតាំងនៅនឹងនួន មិនញាប់ញ័រ យ៉ាងនោះឯង ។

[២៧] អធិប្បាយពាក្យថា មិនគប្បីធ្វើនូវការប៉ោងឡើងក្នុងហេតុនីមួយ ត្រង់ពាក្យថា ការប៉ោងឡើង បានដល់ ការប៉ោងឡើង ៧ គឺការប៉ោងឡើងគឺរាគៈ ការប៉ោងឡើងគឺទោសៈ ការប៉ោងឡើងគឺមោហៈ ការប៉ោងឡើងគឺមានះ ការប៉ោងឡើងគឺទិដ្ឋិ ការប៉ោងឡើងគឺកិលេស ការប៉ោងឡើងគឺកម្ម ។ ភិក្ខុមិនគប្បីធ្វើ មិនគប្បីឲ្យកើត មិនគប្បីឲ្យកើតព្រម មិនគប្បីបង្កើត មិនគប្បីបង្កើតចំពោះនូវការប៉ោងឡើងនោះ ។ ពាក្យថា ក្នុងហេតុនីមួយ គឺក្នុងហេតុនីមួយ អ្វីៗ ណាៗ ខាងក្នុងក្តី ខាងក្រៅក្តី ទាំងខាងក្នុង ខាងក្រៅក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីធ្វើនូវការប៉ោងឡើងក្នុងហេតុនីមួយ ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ហើយថា

រលកមិនកើតត្រង់ទីពាក់កណ្តាលនៃសមុទ្រ (សមុទ្រនោះ) តាំងនៅនឹង យ៉ាងណាមិញ ភិក្ខុគប្បីតាំងនៅនឹងនួន មិនញាប់ញ័រ យ៉ាងនោះឯង មិនគប្បីធ្វើនូវការប៉ោងឡើងក្នុងហេតុនីមួយ ។

[២៨] (ព្រះពុទ្ធនិម្មិតត្រាស់ថា) ព្រះអង្គមានចក្ខុបើកហើយ បានសំដែងធម៌ដែលព្រះអង្គជ្រាប ដោយព្រះអង្គឯង ជាគ្រឿងនាំចេញនូវអន្តរាយ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះអង្គសំដែងនូវបដិបទា បាតិមោក្ខ និងសមាធិ ។

[២៩] អធិប្បាយពាក្យថា ព្រះអង្គមានចក្ខុបើកហើយ បានសំដែង ត្រង់ពាក្យថា បានសំដែង គឺបានសំដែង ប្រាប់ ពន្យល់ បញ្ញត តែងតាំង បើក ចែក ធ្វើឲ្យងាយ ប្រកាស ហេតុនោះ (ទ្រង់ត្រាស់) ថា បានសំដែង ។ ពាក្យថា មានចក្ខុបើកហើយ គឺព្រះមានព្រះភាគ ទ្រង់មានចក្ខុបើកហើយ ដោយចក្ខុ ៥ គឺមានចក្ខុបើក ដោយមំសចក្ខុ ១ មានចក្ខុបើក ដោយទិព្វចក្ខុ ១ មានចក្ខុបើក ដោយបញ្ញាចក្ខុ ១ មានចក្ខុបើក ដោយពុទ្ធចក្ខុ ១ មានចក្ខុបើក ដោយសមន្តចក្ខុ ១ ។

ព្រះមានព្រះភាគ មានចក្ខុបើក ដោយមំសចក្ខុ តើដូចម្តេច ។ ក្នុងមំសចក្ខុរបស់ព្រះមានព្រះភាគ មានសម្បុរ ៥ គឺសម្បុរខៀវ ១ សម្បុរលឿង ១ សម្បុរក្រហម ១ សម្បុរខ្មៅ ១ សម្បុរ-ស ១ ។ រោមព្រះនេត្រឋិតនៅត្រង់ទីណា ទីនោះមានសម្បុរខៀវ ខៀវល្អ គួរជ្រះថ្លា គួររមិលមើល ស្រដៀងនឹងផ្កាត្រគៀត ។ ទីក្រៅអំពីនោះ មានសម្បុរលឿង លឿងល្អ ដូចសម្បុរមាស គួរជ្រះថ្លា គួររមិលមើល ស្រដៀងនឹងផ្កាកណ្ណិការ ។ រណ្តៅព្រះនេត្រទាំងពីរខាងរបស់ព្រះមានព្រះភាគ មានសម្បុរក្រហម ក្រហមល្អ គួរជ្រះថ្លា គួររមិលមើល ស្រដៀងនឹងអណ្តើកមាស ។ ត្រង់កណ្តាល មានសម្បុរខ្មៅ ខ្មៅល្អ មិនមានសៅហ្មង យ៉ាងសិ្នទ្ធ គួរជ្រះថ្លា គួររមិលមើល ស្រដៀងនឹងផ្លែផ្គាំ ។ ក្រៅអំពីទីនោះ មានសម្បុរស សល្អ សស្រស់ សសុទ្ធ គួរជ្រះថ្លា គួររមិលមើល ស្រដៀងនឹងផ្កាយព្រឹក ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញជុំវិញចម្ងាយ ១ យោជន៍ ទាំងយប់ទាំងថ្ងៃ ដោយព្រះមំសចក្ខុ តាមប្រក្រតីនោះ ដែលរាប់ចូលក្នុងអត្តភាព កើតអំពីសុចរិតកម្មក្នុងកាលមុន ។ ទោះបីងងឹតប្រកបដោយអង្គ ៤ គឺព្រះអាទិត្យអស្តង្គត ១ ថ្ងៃឧបោសថខាងកាឡបក្ខ ១ ដងព្រៃដែលញឹក ១ អាកាសមេឃដ៏ធំតាំងឡើង ១ ព្រះមានព្រះភាគ ទ្រង់ទតឃើញជុំវិញចម្ងាយ ១ យោជន៍ ក្នុងទីងងឹតប្រកបដោយអង្គ ៤ សូម្បីមានសភាពយ៉ាងនេះ ។ មិនមានជញ្ជាំង សន្ទះទ្វារ កំពែង ភ្នំ គុម្ពឈើ វល្លិ៍ ជាគ្រឿងរារាំងដើម្បីឃើញរូបទាំងឡាយទេ ។ បើទុកជាគេដាក់គ្រាប់ល្ងមួយគ្រាប់ ក្នុងរទេះពេញដោយល្ង ធ្វើឲ្យជាគ្រឿងចំណាំ ក៏នៅតែព្រះមានព្រះភាគ ទ្រង់រើសយកគ្រាប់ល្ងនោះបានវិញដដែល ។ ព្រះមំសចក្ខុជាប្រក្រតីរបស់ព្រះមានព្រះភាគ បរិសុទ្ធយ៉ាងនេះ ។ ព្រះមានព្រះភាគ ឈ្មោះថា មានចក្ខុបើកហើយ ដោយមំសចក្ខុ យ៉ាងនេះឯង ។

ព្រះមានព្រះភាគ មានចក្ខុបើកហើយដោយទិព្វចក្ខុ តើដូចម្តេច ។ ព្រះមានព្រះភាគ ទ្រង់មានចក្ខុដូចជាទិព្វ បរិសុទ្ធកន្លងផុតចក្ខុរបស់មនុស្ស ទ្រង់ទតឃើញពួកសត្វកំពុងច្យុត កំពុងកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានវណ្ណៈល្អ មានវណ្ណៈអាក្រក់ មានដំណើរល្អ មានដំណើរអាក្រក់ ដឹងច្បាស់នូវពួកសត្វ ដែលអន្ទោលទៅតាមកម្មថា អើហ្ន៎ ពួកសត្វដ៏ចម្រើនទាំងឡាយនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលពួកព្រះអរិយៈ ជាមិច្ឆាទិដ្ឋិ សមាទានអំពើជាមិច្ឆាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ម្យ៉ាងទៀត ពួកសត្វដ៏ចម្រើននេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀលនូវពួកព្រះអរិយៈ ជាសម្មាទិដ្ឋិ សមាទានអំពើជាសម្មាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ព្រះមានព្រះភាគ ទ្រង់មានចក្ខុដូចជាទិព្វ បរិសុទ្ធកន្លងផុតចក្ខុរបស់មនុស្ស ទ្រង់ឃើញពួកសត្វដែលកំពុងច្យុត កំពុងកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានវណ្ណៈល្អ មានវណ្ណៈអាក្រក់ មានដំណើរល្អ មានដំណើរអាក្រក់ ទ្រង់ជ្រាបនូវពួកសត្វដែលអន្ទោលទៅតាមកម្មយ៉ាងនេះ ។ មួយទៀត កាលបើព្រះមានព្រះភាគ ប្រាថ្នានឹងឃើញ គប្បីឃើញលោកធាតុមួយខ្លះ ឃើញលោកធាតុពីរខ្លះ ឃើញលោកធាតុ ៣ ខ្លះ ឃើញលោកធាតុ ៤ ខ្លះ ឃើញលោកធាតុ ៥ ខ្លះ ឃើញលោកធាតុ ១០ ខ្លះ ឃើញលោកធាតុ ២០ ខ្លះ ឃើញលោកធាតុ ៣០ ខ្លះ ឃើញលោកធាតុ ៤០ ខ្លះ ឃើញលោកធាតុ ៥០ ខ្លះ ឃើញលោកធាតុយ៉ាងតូច ១ ពាន់ខ្លះ ឃើញលោកធាតុជាកណ្តាលមួយពាន់ [ពាក្យថា មួយពាន់ពីរជាន់ គឺតាំងមួយពាន់ យកមួយពាន់គុណ បាន ១.០០០.០០០ ។] ពីរជាន់ខ្លះ ទតឃើញលោកធាតុមួយពាន់ [ពាក្យថា មួយពាន់បីជាន់ គឺតាំងមួយពាន់ យកមួយពាន់គុណពីរលើក បានជា ១.០០០.០០០.០០០ ហៅថា មហាហស្សីលោកធាតុ ។ អដ្ឋកថា ។] បីជាន់ខ្លះ ឈ្មោះថា ទតឃើញមហាសហស្សីលោកធាតុខ្លះ ។ មួយទៀត បើព្រះមានព្រះភាគ ទ្រង់ប្រាថ្នាត្រឹមណា គប្បីទតឃើញត្រឹមណោះ ។ ទិព្វចក្ខុរបស់ព្រះមានព្រះភាគ បរិសុទ្ធយ៉ាងនេះ ។ ព្រះមានព្រះភាគឈ្មោះថា មានចក្ខុបើកហើយ ដោយចក្ខុដូចជាទិព្វ យ៉ាងនេះ ។

ព្រះមានព្រះភាគ ទ្រង់មានចក្ខុបើកហើយ ដោយបញ្ញាចក្ខុ តើដូចម្តេច ។ ព្រះមានព្រះភាគ ទ្រង់មានប្រាជ្ញាច្រើន មានប្រាជ្ញាក្រាស់ មានប្រាជ្ញារីករាយ មានប្រាជ្ញារហ័ស មានប្រាជ្ញាមុត មានប្រាជ្ញាទំលុះទំលាយនូវកិលេស ឈ្លាសក្នុងប្រភេទនៃប្រាជ្ញា បែកព្រះញាណ ទ្រង់បានបដិសម្ភិទា ទ្រង់ដល់នូវសេចក្តីក្លៀវក្លា ៤ យ៉ាង ទ្រទ្រង់នូវកម្លាំង ១០ ជាបុរសដ៏ប្រសើរ ជាបុរសដូចសីហៈ ជាបុរសនាគ ជាបុរសអាជានេយ្យ ជាបុរសអាចនាំទៅនូវធុរៈ ជាអនន្តញ្ញាណ មានតេជះជាអនន្ត មានយសជាអនន្ត ទ្រង់ស្តុកស្តម្ភ មានទ្រព្យច្រើន មានធនធាន ដឹកនាំទូន្មាន ប្រៀនប្រដៅ ពន្យល់ ធ្វើសត្វឲ្យពិនិត្យ សំឡឹង ធ្វើសត្វឲ្យជ្រះថ្លា ។ ព្រោះថា ព្រះមានព្រះភាគនោះ ទ្រង់ញុំាងមគ្គដែលមិនទាន់កើតឡើង ឲ្យកើតឡើង ទ្រង់ញុំាងមគ្គដែលមិនទាន់កើតសព្វគ្រប់ ឲ្យកើតសព្វគ្រប់ ទ្រង់ប្រាប់ផ្លូវដែលមិនទាន់បានប្រាប់ ទ្រង់យល់ផ្លូវ ទ្រង់ជ្រាបច្បាស់នូវផ្លូវ ទ្រង់វាងវៃក្នុងផ្លូវ ។ ឯពួកសាវ័កក្នុងកាលឥឡូវនេះ គ្រាន់តែជាអ្នកដើរតាមផ្លូវ មកតាមក្រោយ ។ ព្រោះថា ព្រះមានព្រះភាគនោះ ទ្រង់ជ្រាបហេតុដែលគួរជ្រាប ទ្រង់ឃើញហេតុដែលគួរឃើញ ទ្រង់មានចក្ខុ មានធម៌ មានញាណ មានភាពដ៏ប្រសើរ ទ្រង់ពោល សំដែង បង្អោននូវប្រយោជន៍ ទ្រង់ប្រទានអមតធម៌ ជាម្ចាស់នៃធម៌ ជាព្រះតថាគត ។ ហេតុណាមួយ ដែលព្រះមានព្រះភាគនោះ មិនជ្រាប មិនឃើញ មិនជ្រាបច្បាស់ មិនធ្វើឲ្យជាក់ច្បាស់ មិនប៉ះពាល់ដោយបញ្ញា មិនមាន ។ ធម៌ទាំងពួង រាប់ទាំងអតីត អនាគត និងបច្ចុប្បន្ន រមែងមកកាន់គន្លងចំមុខព្រះញាណនៃព្រះពុទ្ធមានព្រះភាគ ដោយអាការៈគ្រប់យ៉ាង ។ ឈ្មោះថា វត្ថុណាមួយ ដែលត្រូវយល់ ត្រូវដឹង គឺប្រយោជន៍ខ្លួនក្តី ប្រយោជន៍ជនដទៃក្តី ប្រយោជន៍ទាំងពីរក្តី ប្រយោជន៍ជាបច្ចុប្បន្នក្តី ប្រយោជន៍ក្នុងលោកខាងមុខក្តី ប្រយោជន៍រាក់ក្តី ប្រយោជន៍ជ្រៅក្តី ប្រយោជន៍លាក់ក្តី ប្រយោជន៍កំបាំងក្តី ប្រយោជន៍ដែលត្រូវនាំចេញក្តី ប្រយោជន៍ដែលបាននាំចេញស្រាប់ហើយក្តី ប្រយោជន៍មិនមានទោសក្តី ប្រយោជន៍មិនមានកិលេសក្តី ប្រយោជន៍ផូរផង់ក្តី ប្រយោជន៍យ៉ាងសំខាន់ក្តី ទាំងអស់នោះ រមែងប្រព្រឹត្តទៅក្នុងខាងក្នុងនៃពុទ្ធញ្ញាណ ។ ព្រះពុទ្ធមានព្រះភាគ មានព្រះញាណមិនទើសទាល់ក្នុងអតីត មានព្រះញាណមិនទើសទាល់ក្នុងអនាគត ក្នុងបច្ចុប្បន្ន ។ កាយកម្មទាំងអស់ ប្រព្រឹត្តទៅតាមព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ វចីកម្មទាំងអស់ មនោកម្មទាំងអស់ ប្រព្រឹត្តទៅតាមព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ ។ ហេតុដែលត្រូវដឹង មានត្រឹមណា ព្រះញាណក៏មានត្រឹមនោះ ព្រះញាណមានត្រឹមណា ហេតុដែលត្រូវដឹង ក៏មានត្រឹមនោះ ព្រះញាណមានហេតុដែលត្រូវដឹងជាទីបំផុត ហេតុដែលត្រូវដឹង ក៏មានញាណជាទីបំផុត ព្រះញាណមិនប្រព្រឹត្តកន្លងហេតុដែលត្រូវដឹង ហេតុដែលត្រូវដឹង ក៏មិនប្រព្រឹត្តកន្លងព្រះញាណ ធម៌ទាំងនោះ រមែងឋិតនៅក្នុងទីបំផុតនៃគ្នានឹងគ្នា ។ បាតស្មុគ្គទាំងពីរ ដែលសិ្នទ្ធគ្នាល្អ បាតស្មុគ្គខាងក្រោម មិនប្រព្រឹត្តហួសបាតស្មុគ្គខាងលើ បាតស្មុគ្គខាងលើ មិនប្រព្រឹត្តហួសបាតស្មុគ្គខាងក្រោម រមែងតាំងនៅក្នុងទីបំផុតនៃគ្នាយ៉ាងណា ហេតុដែលត្រូវដឹងផង ព្រះញាណផង របស់ព្រះពុទ្ធមានព្រះភាគ តាំងនៅក្នុងទីបំផុតនៃគ្នានឹងគ្នា យ៉ាងនោះដែរ គឺហេតុដែលត្រូវដឹង មានត្រឹមណា ព្រះញាណ ក៏មានត្រឹមនោះ ព្រះញាណមានត្រឹមណា ហេតុដែលត្រូវដឹង ក៏មានត្រឹមនោះ ព្រះញាណ មានហេតុដែលត្រូវដឹងជាទីបំផុត ហេតុដែលត្រូវដឹង ក៏មានព្រះញាណជាទីបំផុត ព្រះញាណ មិនប្រព្រឹត្តកន្លងហេតុដែលត្រូវដឹង គន្លងដែលត្រូវដឹង មិនប្រព្រឹត្តកន្លងព្រះញាណ ធម៌ទាំងនោះ រមែងតាំងនៅក្នុងទីបំផុតនៃគ្នានឹងគ្នា ។ ព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ ប្រព្រឹត្តទៅក្នុងធម៌ទាំងពួង ។ ធម៌ទាំងអស់ ជាប់ដោយការនឹក ជាប់ដោយការប្រាថ្នា ជាប់ដោយការធ្វើទុកក្នុងចិត្ត ជាប់ដោយចិត្តុប្បាទនៃព្រះពុទ្ធមានព្រះភាគ ។ ព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ ប្រព្រឹត្តទៅក្នុងសត្វទាំងពួង ។ ព្រះមានព្រះភាគ ទ្រង់ជ្រាបអាសយៈ ជ្រាបអនុសយៈ ជ្រាបចរិត ជ្រាបនូវការបង្អោនទៅនៃសត្វទាំងពួង ជ្រាបពួកសត្វដែលមានធូលីតិចក្នុងភ្នែក មានធូលីច្រើនក្នុងភ្នែក មានឥន្រ្ទិយក្លៀវក្លា មានឥន្រ្ទិយទន់ មានអាការល្អ មានអាការអាក្រក់ ឲ្យដឹងបានដោយងាយ ឲ្យដឹងបានដោយក្រ ជាសត្វមានភ័ព្វ និងឥតភ័ព្វ ។ លោក ព្រមទាំងទេវលោក ព្រមទាំងមារ ព្រមទាំងព្រហ្ម ពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សសាម័ញ្ញ រមែងប្រព្រឹត្តទៅខាងក្នុងនៃពុទ្ធញ្ញាណ ហ្វូងត្រី និងអណ្តើកណាមួយ ដោយហោចទៅ រាប់យកត្រីឈ្មោះតិមិតិមិង្គលៈ ប្រព្រឹត្តទៅក្នុងខាងក្នុងនៃមហាសមុទ្រ យ៉ាងណា លោក ព្រមទាំងទេវលោក ព្រមទាំងមារ ព្រមទាំងព្រហ្ម ពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សសាម័ញ្ញ ប្រព្រឹត្តទៅខាងក្នុងនៃពុទ្ធញ្ញាណ យ៉ាងនោះដែរ ។ ហ្វូងបក្សីណាមួយ ដោយហោចទៅ រាប់យកគ្រុឌឈ្មោះវេនតេយ្យ ប្រព្រឹត្តទៅក្នុងប្រទេសនៃអាកាស យ៉ាងណា ពួកជនណា មានបញ្ញាស្មើនឹងព្រះសារីបុត្ត សូម្បីជនទាំងនោះ ប្រព្រឹត្តទៅក្នុងប្រទេសនៃពុទ្ធញ្ញាណ យ៉ាងនោះដែរ ។ ព្រះពុទ្ធញ្ញាណ រមែងផ្សាយគ្របបញ្ញានៃពួកទេវតា និងមនុស្ស ហើយឋិតនៅ ។ ពួកជនណាមួយជាខត្តិយបណ្ឌិតក្តី ព្រាហ្មណបណ្ឌិតក្តី គហបតិបណ្ឌិតក្តី សមណបណ្ឌិតក្តី ជាអ្នកមានប្រាជ្ញាល្អិត មានបរប្បវាទធ្វើហើយ មានភាពដូចជាខ្មាន់ធ្នូ អ្នកបាញ់រោមកន្ទុយ ហាក់ដូចជាទំលុះទំលាយនូវទិដ្ឋិទាំងឡាយ ដោយប្រាជ្ញា្ ជនទាំងនោះ តាក់តែងរឿយៗ នូវប្រស្នា ហើយចូលទៅសួរព្រះតថាគត ។ ប្រស្នាទាំងនោះ លុះព្រះមានព្រះភាគទ្រង់បានសំដែង បានដោះហើយ ក៏ទៅជាប្រស្នាដែលព្រះអង្គទ្រង់សំដែងចេញនូវហេតុ និងជាប្រស្នាដែលព្រះអង្គទ្រង់បញ្ឈប់ទុក ។ ជនទាំងនោះ នាំគ្នាចុះចូលព្រះមានព្រះភាគ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់រុងរឿងក្រៃពេក ក្នុងប្រជុំនោះដោយប្រាជ្ញា ។ ព្រះមានព្រះភាគ ឈ្មោះថា មានចក្ខុបើកហើយ ដោយបញ្ញាចក្ខុ យ៉ាងនេះឯង ។

ព្រះមានព្រះភាគ ទ្រង់មានចក្ខុបើកហើយ ដោយពុទ្ធចក្ខុ តើដូចម្តេច ។ ព្រះមានព្រះភាគ ទ្រង់ប្រមើលមើលសត្វលោក ដោយពុទ្ធចក្ខុ បានទតឃើញពួកសត្វ ដែលមានធូលីតិចក្នុងភ្នែក មានធូលីច្រើនក្នុងភ្នែក មានឥន្រ្ទិយក្លៀវក្លា មានឥន្រ្ទិយទន់ មានអាការៈល្អ មានអាការៈអាក្រក់ ឲ្យដឹងបានដោយងាយ ឲ្យដឹងបានដោយក្រ ទាំងសត្វពួកខ្លះ ជាអ្នកឃើញទោសក្នុងបរលោកថា គួរខ្លាច ។ ដូចជលជាតិពួកខ្លះ គឺព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ក្នុងត្រពាំងព្រលិតក្តី ត្រពាំងឈូកក្រហមក្តី ត្រពាំងឈូកសក្តី ដុះក្នុងទឹក ចម្រើនក្នុងទឹក លូតតាមទឹក លិចចុះខាងក្នុង ដែលទឹកចិញ្ចឹមហើយ ផ្កាជលជាតិពួកខ្លះ គឺព្រលឹតក្តី ឈូកក្រហមក្តី្ ឈូកសក្តី ដុះក្នុងទឹក ចម្រើនក្នុងទឹក ឋិតនៅស្មើនឹងទឹក ជលជាតិពួកខ្លះ គឺព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ដុះក្នុងទឹក ចម្រើនក្នុងទឹក ឋិតនៅផុតអំពីទឹក មិនទទឹកដោយទឹក យ៉ាងណា ព្រះមានព្រះភាគ ទ្រង់ប្រមើលមើលសត្វលោកដោយពុទ្ធចក្ខុ បានទតឃើញពួកសត្វដែលមានធូលីតិចក្នុងភ្នែក មានធូលីច្រើនក្នុងភ្នែក មានឥន្រ្ទិយក្លៀវក្លា មានឥន្រ្ទិយទន់ មានអាការល្អ មានអាការល្អ ឲ្យដឹងបានដោយងាយ ឲ្យដឹងបានដោយក្រ ទាំងសត្វពួកខ្លះ ជាអ្នកឃើញទោសក្នុងបរលោកថា គួរខ្លាច ក៏យ៉ាងនោះដែរ ។ ព្រះមានព្រះភាគ ទ្រង់ជ្រាបថា បុគ្គលនេះ ជារាគចរិត នេះជាទោសចរិត នេះជាមោហចរិត នេះជាវិតក្កចរិត នេះជាសទ្ធាចរិត នេះជាញាណចរិត ។ ព្រះមានព្រះភាគ ទ្រង់សំដែងអសុភកថា ចំពោះបុគ្គលជារាគចរិត ព្រះមានព្រះភាគ ទ្រង់ត្រាស់ប្រាប់មេត្តាភាវនាចំពោះបុគ្គលជាទោសចរិត ។ ព្រះមានព្រះភាគ ទ្រង់ញុំាងបុគ្គលជាមោហចរិត ឲ្យតាំងនៅក្នុងឧទ្ទេស (ការរៀនបាលី) ក្នុងបរិបុច្ឆា (ការរៀនអដ្ឋកថា) ក្នុងការស្តាប់ធម៌តាមកាល ក្នុងការសាកសួរធម៌តាមកាល ក្នុងការនៅរួមជាមួយនឹងគ្រូ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ប្រាប់អានាបានស្សតិ ចំពោះបុគ្គលជាវិតក្កចរិត ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ប្រាប់និមិត្តគួរជ្រះថ្លា គឺការត្រាស់ដឹងប្រពៃនៃព្រះពុទ្ធ ការទ្រទ្រង់ល្អនៃធម៌ ការប្រតិបត្តិប្រពៃនៃព្រះសង្ឃ និងសីលទាំងឡាយសម្រាប់ខ្លួន ចំពោះបុគ្គលជាសទ្ធាចរិត ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ប្រាប់នូវវិបស្សនានិមិត្ត គឺអាការមិនទៀង អាការជាទុក្ខ អាការមិនមែនខ្លួន ចំពោះបុគ្គលជាញាណចរិត ។

បុគ្គលឋិតនៅលើកំពូលភ្នំថ្ម គប្បីឃើញប្រជុំជនក្នុងទីជុំវិញបាន យ៉ាងណា បពិត្រព្រះសុមេធៈ ទ្រង់មានសមន្តចក្ខុ ព្រះអង្គជាបុគ្គលប្រាសចាកសេចក្តីសោក សូមឡើងកាន់ប្រាសាទគឺធម៌ ហើយទតមើលប្រជុំជន ដែលខ្វល់ដោយសេចក្តីសោក ត្រូវជាតិ និងជរាគ្របសង្កត់ យ៉ាងនោះដែរ ។

ព្រះមានព្រះភាគ ឈ្មោះថា មានចក្ខុបើកហើយ ដោយពុទ្ធចក្ខុយ៉ាងនេះ ។

ព្រះមានព្រះភាគ ទ្រង់មានចក្ខុបើកហើយ ដោយសមន្តចក្ខុ តើដូចម្តេច ។ ព្រះសព្វញ្ញុតញាណ ហៅថា សមន្តចក្ខុ ។ ព្រះមានព្រះភាគទ្រង់ប្រកប ប្រកបព្រម ចូលទៅជិត ចូលទៅជិតព្រម ចូលទៅដល់ ចូលទៅដល់ព្រម ប្រកបព្រម ដោយសព្វញ្ញុតញាណ ។

ហេតុនីមួយក្នុងលោកនេះ ដែលព្រះមានព្រះភាគនោះ ទ្រង់មិនឃើញ ឬថាមិនជ្រាប មិនយល់ មិនមានទេ ហេតុណាដែលត្រូវដឹង ព្រះមានព្រះភាគទ្រង់ជ្រាបនូវហេតុ (នោះ) ទាំងអស់ ព្រោះហេតុនោះ ព្រះតថាគត ទើបឈ្មោះថា សមន្តចក្ខុ ។

ព្រះមានព្រះភាគ ទ្រង់ឈ្មោះថា មានចក្ខុបើកហើយ ដោយសមន្តចក្ខុ យ៉ាងនេះឯង ហេតុនោះ ទ្រង់ត្រាស់ថា មានចក្ខុបើកហើយ បានសំដែង ។

[៣០] អធិប្បាយពាក្យថា ធម៌ដែលព្រះអង្គជ្រាបដោយព្រះអង្គឯង ជាគ្រឿងនាំចេញនូវអន្តរាយ ត្រង់ពាក្យថា ធម៌ដែលព្រះអង្គជ្រាបដោយព្រះអង្គឯង គឺមិនជឿតាមគេថាយ៉ាងនេះៗ មិនមែនដោយឮថាដូច្នេះៗ មិនមែនដោយឮតៗគ្នា មិនមែនដោយការផ្សែផ្សំនឹងក្បួន មិនមែនដោយហេតុនៃសេចក្តីត្រិះរិះ មិនមែនដោយហេតុនៃការគ្នេរគ្នាន់ មិនមែនដោយសេចក្តីត្រិះរិះនូវអាការៈ មិនមែនដោយហេតុដែលខ្លួនយល់ ខ្លួនពិនិត្យ ខ្លួនចូលចិត្តទេ គឺព្រះអង្គជ្រាបដោយព្រះអង្គឯងពិត ជាធម៌ជាក់ច្បាស់ចំពោះព្រះអង្គ ហេតុនោះ (ទ្រង់ត្រាស់ថា) ធម៌ដែលព្រះអង្គជ្រាបដោយព្រះអង្គឯង ។ ពាក្យថា ជាគ្រឿងនាំចេញនូវអន្តរាយ ត្រង់ពាក្យថា អន្តរាយ បានដល់ អន្តរាយពីរគឺ អន្តរាយច្បាស់លាស់ ១ អន្តរាយកំបាំង ១  ។

អន្តរាយច្បាស់លាស់ តើដូចម្តេច ។ សីហៈ ខ្លាធំ ខ្លាដម្បង ខ្លាឃ្មុំ ឆ្កែព្រៃ គោ ក្របី ដំរី ពស់ ខ្ទួយ ក្អែប ពួកចោរ ឬពួកមាណព ធ្វើចោរកម្មក្តី មិនទាន់ធ្វើចោរកម្មក្តី រោគភ្នែក រោគត្រចៀក រោគច្រមុះ រោគអណ្តាត រោគកាយ រោគក្បាល រោគគុម្ពត្រចៀក រោគមាត់ រោគធ្មេញ ក្អក ហឺត ឫសដូងច្រមុះ ក្តៅក្រហាយ ស្គាំងស្គម រោគផ្ទៃ វិលមុខ ធ្លាក់ឈាម ចុកសៀត ចុកផ្ទៃ ឃ្លង់ ពក ស្រែង រីងរៃ ឆ្កួតជ្រូក ដំណួចពិស រមាស់ កម រោគកើតក្នុងទីខ្វារដោយក្រចក ឃ្លង់ដែក ឈាម ប្រមាត់ ប្រមេះផ្អែមមាត់ ឫសដូងដុះ បូស ឫសដូងបាត អាពាធកើតអំពីប្រមាត់ អាពាធកើតអំពីស្លេស្ម អាពាធកើតអំពីខ្យល់ អាពាធកើតអំពីប្រជុំធាតុបួន អាពាធកើតអំពីការប្រែប្រួលរដូវ អាពាធកើតអំពីការរក្សាឥរិយាបថមិនស្មើ អាពាធកើតអំពីសេចក្តីព្យាយាមរបស់គេ មានវាយចងជាដើម អាពាធកើតអំពីផលកម្ម ត្រជាក់ ក្តៅ ឃ្លាន ស្រេក ឧច្ចារៈ បស្សាវៈ សម្ផស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ ពស់តូច ពស់ធំ ទាំងនេះលោកហៅថា អន្តរាយច្បាស់លាស់ ។

អន្តរាយកំបាំង តើដូចម្តេច ។ កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត កាមច្ឆន្ទនីវរណៈ ព្យាបាទនីវរណៈ ថីនមិទ្ធនីវរណៈ ឧទ្ធច្ចកុក្កុច្ចនីវរណៈ វិចិកិច្ឆានីវរណៈ រាគៈ ទោសៈ មោហៈ ការក្រោធ ការចងក្រោធទុក ការលុបគុណ ការវាយឫកស្មើ ការច្រណែន ការកំណាញ់ ការលាក់ទោសខ្លួន ការអួតអាង ការរឹងរូស ការប្រណាំងវាសនា ការប្រកាន់ ការមើលងាយ ការស្រវឹង ការប្រហែស កិលេសទាំងពួង ទុច្ចរិតទាំងពួង សេចក្តីក្រវល់ក្រវាយទាំងពួង សេចក្តីក្តៅក្រហាយទាំងពួង សេចក្តីអន្ទះអន្ទែងទាំងពួង អកុសលាភិសង្ខារទាំងពួង ទាំងនេះលោកហៅថា អន្តរាយកំបាំង ។

អធិប្បាយពាក្យថា អន្តរាយ ចុះឈ្មោះថាអន្តរាយ ដោយអត្ថថាដូចម្តេច ។ ឈ្មោះថា អន្តរាយ ព្រោះជាសភាវៈគ្របសង្កត់ ។ ឈ្មោះថា អន្តរាយ ព្រោះជាសភាវៈដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ។ ឈ្មោះថា អន្តរាយ ព្រោះជាសភាវៈអាស្រ័យនៅក្នុងអត្តភាពនោះ ។

ចុះឈ្មោះថា អន្តរាយ ព្រោះជាសភាវៈគ្របសង្កត់ តើដូចម្តេច ។ អន្តរាយទាំងនោះ តែងសង្កត់សង្កិន គ្របសង្កត់ ជិះជាន់ ស្រំពន្លិច រួបរឹត ញាំញីនូវបុគ្គលនោះ ។ ឈ្មោះថា អន្តរាយ ព្រោះជាសភាវៈគ្របសង្កត់ យ៉ាងនេះ ។

ចុះឈ្មោះថាអន្តរាយ ព្រោះជាសភាវៈប្រព្រឹត្តទៅដើម្បីសេចក្តីសាបសូន្យ តើដូចម្តេច ។ អន្តរាយទាំងនោះ តែងប្រព្រឹត្តទៅដើម្បីសេចក្តីសាបសូន្យ ដើម្បីអន្តរាយកុសលធម៌ទាំងឡាយ ។ តែងប្រព្រឹត្តទៅដើម្បីសាបសូន្យ ដើម្បីអន្តរាយកុសលធម៌ទាំងឡាយ តើដូចម្តេច ។ តែងប្រព្រឹត្តទៅដើម្បីសាបសូន្យ ដើម្បីអន្តរាយដល់កុសលធម៌ទាំងនេះ គឺសេចក្តីប្រតិបត្តិដោយប្រពៃ សេចក្តីប្រតិបត្តិជាអនុលោម សេចក្តីប្រតិបត្តិមិនជាសត្រូវ សេចក្តីប្រតិបត្តិជាប្រយោជន៍សមគួរ សេចក្តីប្រតិបត្តិធម៌ដ៏សមគួរដល់ធម៌ ការធ្វើឲ្យពេញក្នុងសីលទាំងឡាយ ការគ្រប់គ្រងទ្វារក្នុងឥន្រ្ទិយទាំងឡាយ ការដឹងប្រមាណក្នុងភោជន ការប្រកបរឿយៗ នូវការភ្ញាក់រឭក ការមានស្មារតីដឹងខ្លួន ការប្រកបរឿយៗ នូវការចម្រើនសតិប្បដ្ឋាន ៤ ការប្រកបរឿយៗ នូវការចម្រើនសម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គៈ ៧ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ។ ឈ្មោះថា អន្តរាយ ព្រោះជាសភាវៈប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យយ៉ាងនេះ ។

ចុះឈ្មោះថា អន្តរាយ ព្រោះជាសភាវៈអាស្រ័យនៅក្នុងអត្តភាពនោះ តើដូចម្តេច ។ ធម៌អកុសលដ៏លាមកទាំងនោះ ជាអន្តរាយ អាស្រ័យក្នុងអត្តភាព កើតឡើងក្នុងអត្តភាពនោះ ។ ពួកសត្វអាស្រ័យនឹងរូង ដេកក្នុងរូង ពួកសត្វអាស្រ័យនឹងទឹក ដេកក្នុងទឹក ពួកសត្វអាស្រ័យនឹងព្រៃ ដេកក្នុងព្រៃ ពួកសត្វអាស្រ័យនឹងដើមឈើ ដេកលើដើមឈើ យ៉ាងណាមិញ ធម៌អកុសលដ៏លាមកទាំងនោះ ជាអន្តរាយ អាស្រ័យក្នុងអត្តភាព កើតឡើងក្នុងអត្តភាពនោះ ក៏យ៉ាងនោះដែរ ហេតុនោះ ឈ្មោះថា អន្តរាយ ព្រោះជាសភាវៈអាស្រ័យនៅក្នុងអត្តភាពនោះ យ៉ាងនេះឯង ។

សមដូចព្រះពុទ្ធដីកានេះ ដែលព្រះមានព្រះភាគ ទ្រង់សំដែងថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកនៅរួមនឹងសិស្ស អ្នកនៅរួមនឹងអាចារ្យ រមែងនៅជាទុក្ខ មិនសប្បាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកនៅរួមនឹងសិស្ស នៅរួមនឹងអាចារ្យ រមែងនៅជាទុក្ខ មិនសប្បាយ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយជាអកុសលដ៏លាមក ដែលបុគ្គលត្រិះរិះដោយសេចក្តីរឭក ជាទីតាំងនៃសញ្ញោជនៈ កើតឡើងដល់ភិក្ខុក្នុងសាសនានេះ ព្រោះឃើញរូបដោយភ្នែក ធម៌អកុសលដ៏លាមកទាំងនោះ រមែងនៅក្នុងខាងក្នុង រមែងជាប់តាមភិក្ខុនោះ ព្រោះហេតុនោះ (ភិក្ខុនោះ តថាគត) ហៅថា អ្នកនៅរួមនឹងសិស្ស ធម៌អកុសលដ៏លាមកទាំងនោះ រមែងគ្របសង្កត់ភិក្ខុនោះ ព្រោះហេតុនោះ (ភិក្ខុនោះ តថាគត) ហៅថា អ្នកនៅរួមនឹងអាចារ្យ ម្នាលភិក្ខុទាំងឡាយ មួយទៀត ធម៌ទាំងឡាយជាអកុសលដ៏លាមក ដែលបុគ្គលត្រិះរិះដោយសេចក្តីរឭក ជាទីតាំងនៃសញ្ញោជនៈ កើតឡើងដល់ភិក្ខុព្រោះឮសំឡេងដោយត្រចៀក ហិតក្លិនដោយច្រមុះ ជញ្ជក់រសដោយអណ្តាត ប៉ះពាល់ផ្សព្វដោយកាយ ដឹងធម៌ដោយចិត្ត ធម៌អកុសលដ៏លាមកទាំងនោះ រមែងនៅខាងក្នុង រមែងជាប់តាមភិក្ខុនោះ ព្រោះហេតុនោះ (ភិក្ខុនោះ តថាគត) ហៅថា អ្នកនៅរួមនឹងសិស្ស ធម៌អកុសលដ៏លាមកទាំងនោះ រមែងគ្របសង្កត់ភិក្ខុនោះ ព្រោះហេតុនោះ (ភិក្ខុនោះ តថាគត) ហៅថា អ្នកនៅរួមនឹងអាចារ្យ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកនៅរួមនឹងសិស្ស អ្នកនៅរួមនឹងអាចារ្យ រមែងនៅជាទុក្ខ មិនសប្បាយ យ៉ាងនេះឯង ។ ឈ្មោះថា អន្តរាយ ព្រោះជាសភាវៈអាស្រ័យនៅក្នុងអត្តភាពនោះ យ៉ាងនេះឯង ។

មួយទៀត ព្រះពុទ្ធដីកានេះ ព្រះមានព្រះភាគត្រាស់ហើយថា ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ៣ នេះ ជាមន្ទិលខាងក្នុង ជាបច្ចាមិត្តខាងក្នុង ជាសត្រូវខាងក្នុង ជាអ្នកសម្លាប់ខាងក្នុង ជាខ្មាំងខាងក្នុង ធម៌ ៣ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ លោភៈជាមន្ទិលខាងក្នុង ជាបច្ចាមិត្តខាងក្នុង ជាសត្រូវខាងក្នុង ជាអ្នកសម្លាប់ខាងក្នុង ជាខ្មាំងខាងក្នុង ម្នាលភិក្ខុទាំងឡាយ ទោសៈ ជាមន្ទិលខាងក្នុង ជាបច្ចាមិត្តខាងក្នុង ជាសត្រូវខាងក្នុង ជាអ្នកសម្លាប់ខាងក្នុង ជាខ្មាំងខាងក្នុង ម្នាលភិក្ខុទាំងឡាយ មោហៈ ជាមន្ទិលខាងក្នុង ជាបច្ចាមិត្តខាងក្នុង ជាសត្រូវខាងក្នុង ជាអ្នកសម្លាប់ខាងក្នុង ជាខ្មាំងខាងក្នុង ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ នេះឯង ជាមន្ទិលខាងក្នុង ជាបច្ចាមិត្តខាងក្នុង ជាសត្រូវខាងក្នុង ជាអ្នកសម្លាប់ខាងក្នុង ជាខ្មាំងខាងក្នុង ។

លោភៈឲ្យកើតវិនាស លោភៈជាគ្រឿងញុំាងចិត្តឲ្យកម្រើក ភ័យកើតឡើងខាងក្នុង តែជនមិនដឹងនូវភ័យនោះ ។ ជនល្មោភ រមែងមិនដឹងនូវអត្ថ ជនល្មោភ រមែងមិនឃើញនូវធម៌ លោភៈ គ្របសង្កត់ជន ក្នុងកាលណា សេចក្តីងងឹតងងល់ រមែងកើតក្នុងកាលនោះ ទោសៈឲ្យកើតវិនាស ទោសៈ ជាគ្រឿងញុំាងចិត្តឲ្យកម្រើក ភ័យរមែងកើតខាងក្នុង តែជនមិនដឹងនូវភ័យនោះ ជនក្រោធ រមែងមិនដឹងអត្ថ ជនក្រោធ រមែងមិនឃើញធម៌ សេចក្តីក្រោធ គ្របសង្កត់ជន ក្នុងកាលណា ការងងឹតងងល់ រមែងកើតក្នុងកាលនោះ មោហៈ ឲ្យកើតវិនាស មោហៈ ជាគ្រឿងញុំាងចិត្តឲ្យកម្រើក ភ័យរមែងកើតខាងក្នុង តែជនមិនដឹងនូវភ័យនោះ ជនវង្វេង រមែងមិនដឹងអត្ថ ជនវង្វេង រមែងមិនឃើញធម៌ មោហៈគ្របសង្កត់ជន ក្នុងកាលណា ការងងឹតងងល់ រមែងកើតក្នុងកាលនោះ ។

ឈ្មោះថា អន្តរាយ ព្រោះជាសភាវៈអាស្រ័យនៅក្នុងអត្តភាពនោះយ៉ាងនេះឯង ។

មួយវិញទៀត ព្រះពុទ្ធដីកានេះ ព្រះមានព្រះភាគត្រាស់ហើយថា បពិត្រមហារាជ ធម៌របស់បុរស ៣ កាលកើតឡើងខាងក្នុង រមែងកើតឡើង ដើម្បីមិនជាប្រយោជន៍ ដើម្បីទុក្ខ ដើម្បីកិរិយានៅមិនសប្បាយ ធម៌ ៣ តើដូចម្តេច បពិត្រមហារាជ លោភៈ ជាធម៌របស់បុរស កាលកើតខាងក្នុង រមែងកើតដើម្បីមិនជាប្រយោជន៍ ដើម្បីទុក្ខ ដើម្បីកិរិយានៅមិនសប្បាយ បពិត្រមហារាជ ទោសៈ ជាធម៌របស់បុរស កាលកើតខាងក្នុង រមែងកើតដើម្បីមិនជាប្រយោជន៍ ដើម្បីទុក្ខ ដើម្បីកិរិយានៅមិនសប្បាយ បពិត្រមហារាជ មោហៈ ជាធម៌របស់បុរស កាលកើតឡើងខាងក្នុង រមែងកើតដើម្បីមិនជាប្រយោជន៍ ដើម្បីទុក្ខ ដើម្បីកិរិយានៅមិនសប្បាយ បពិត្រមហារាជ ធម៌របស់បុរស ៣ នេះឯង កាលកើតឡើងខាងក្នុង រមែងកើតដើម្បីមិនជាប្រយោជន៍ ដើម្បីទុក្ខ ដើម្បីកិរិយានៅមិនសប្បាយ ។

លោភៈ ទោសៈ មោហៈ កើតចេញអំពីខ្លួន រមែងសម្លាប់បុរស ដែលមានចិត្តអាក្រក់ ដូចផ្លែឫស្សីសម្លាប់ដើមឫស្សី ។

ឈ្មោះថា អន្តរាយ ព្រោះជាសភាវៈអាស្រ័យនៅក្នុងអត្តភាពនោះ យ៉ាងនេះឯង ។

ន័យមួយទៀត ព្រះពុទ្ធដីកានេះ ព្រះមានព្រះភាគ ត្រាស់ហើយថា

រាគៈ និងទោសៈ មានអត្តភាពនេះជាហេតុ សេចក្តីមិនត្រេកអរ តម្រេក កិរិយាព្រឺរោម កើតអំពីអត្តភាពនេះ សេចក្តីត្រិះរិះក្នុងចិត្ត ក៏កើតឡើងអំពីអត្តភាពនេះ ដូចពួកក្មេងតូចលែងក្អែក ។

ឈ្មោះថា អន្តរាយ ព្រោះជាសភាវៈអាស្រ័យនៅក្នុងអត្តភាពនោះ យ៉ាងនេះឯង ។

ពាក្យថា ជាគ្រឿងនាំចេញនូវអន្តរាយ គឺជាគ្រឿងនាំចេញអន្តរាយ ជាគ្រឿងលះបង់អន្តរាយ ជាគ្រឿងរម្ងាប់អន្តរាយ ជាគ្រឿងរលាស់ចោលអន្តរាយ ជាគ្រឿងរម្ងាប់អន្តរាយ គឺអមតនិព្វាន ហេតុនោះ (ទ្រង់ត្រាស់ថា) ធម៌ដែលព្រះអង្គជ្រាបដោយព្រះអង្គឯង ជាគ្រឿងនាំចេញនូវអន្តរាយ ។

[៣១] ពាក្យថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះអង្គសំដែងនូវបដិបទា សេចក្តីថា សូមព្រះអង្គសំដែងនូវបដិទា គឺសំដែង ប្រាប់ ពោល បញ្ញាត្ត តែងតាំង បើក ចែក ធ្វើឲ្យងាយ ប្រកាសនូវសម្មាបដិបទា អនុលោមបដិបទា បដិបទាមិនជាសត្រូវ បដិបទាជាប្រយោជន៍ដ៏សមគួរ ការប្រព្រឹត្តធម៌ដ៏សមគួរដល់ធម៌ ការបំពេញក្នុងសីលទាំងឡាយ ការគ្រប់គ្រងទ្វារក្នុងឥន្រ្ទិយទាំងឡាយ ការដឹងប្រមាណក្នុងភោជន ការប្រកបរឿយៗ នូវការភ្ញាក់រឭក ការមានស្មារតីដឹងខ្លួន សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ និពា្វន និងបដិបទាជាដំណើរទៅកាន់និព្វាន ហេតុនោះ (ទ្រង់ត្រាស់ថា) សូមព្រះអង្គសំដែងនូវបដិបទា ។ ពាក្យថា បពិត្រព្រះអង្គដ៏ចម្រើន គឺព្រះពុទ្ធនិម្មិតនោះ ត្រាស់ហៅព្រះពុទ្ធមានព្រះភាគ ។ មួយទៀត ព្រះអង្គប្រាប់ សំដែង បញ្ញាត្ត តែងតាំង បើក ចែក ធ្វើឲ្យងាយ ប្រកាសហើយនូវធម៌ណា ធម៌ទាំងអស់នោះ ជាធម៌ល្អ ជាធម៌ចម្រើន ជាធម៌គួររាប់រក ជាធម៌មិនមានទោស ជាធម៌ដែលបុគ្គលគួរសេព ហេតុនោះ (ទ្រង់ត្រាស់ថា) បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះអង្គសំដែងនូវបដិបទា ។

[៣២] អធិប្បាយពាក្យថា បាតិមោក្ខ និងសមាធិ ត្រង់ពាក្យថា បាតិមោក្ខ គឺសីល ទីតាំង ទីខាងដើម សេចក្តីប្រព្រឹត្តិ សេចក្តីសង្រួម សេចក្តីរវាំង ប្រធាន ប្រមុខ នៃការបាននូវធម៌ទាំងឡាយជាកុសល ។ ពាក្យថា សមាធិ បានដល់ការតាំងនៅ ការតាំងនៅព្រម ការតាំងនៅស៊ប់នៃចិត្ត ការមិនកន្ទះរា ការមិនរាយមាយ ភាពនៃចិត្តមិនកន្ទះរា សេចក្តីស្ងប់ ឥន្ទ្រិយ គឺសមាធិ កម្លាំងគឺសមាធិ ការតាំងចិត្តដោយប្រពៃ ហេតុនោះ (ទ្រង់ត្រាស់ថា) បាតិមោក្ខ និងសមាធិ ។ ហេតុនោះ ព្រះពុទ្ធនិម្មិតនោះត្រាស់ថា

ព្រះអង្គមានចក្ខុបើកហើយ បានសំដែងធម៌ ដែលព្រះអង្គជ្រាបដោយព្រះអង្គឯង ជាគ្រឿងនាំចេញនូវអន្តរាយ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះអង្គសំដែងនូវបដិបទា បាតិមោក្ខ និងសមាធិ ។

[៣៣] (ព្រះមានព្រះភាគត្រាស់តបថា) បុគ្គលមិនគប្បីឡេះឡោះដោយភ្នែក គប្បីរារាំងត្រចៀកចាកគាមកថា មិនគប្បីជាប់ចំពាក់ក្នុងរសផង មិនគប្បីប្រកាន់វត្ថុណាមួយក្នុងលោកផង  ។

[៣៤] អធិប្បាយពាក្យថា បុគ្គលមិនគប្បីឡេះឡោះដោយភ្នែក សំនួរថា បុគ្គលអ្នកឡេះឡោះដោយភ្នែក តើដូចម្តេច ។ បុគ្គលខ្លះក្នុងលោកនេះ ជាអ្នកឡេះឡោះដោយភ្នែក ប្រកបដោយសេចក្តីឡេះឡោះដោយភ្នែក គិតថា អាត្មាអញគួរឃើញអារម្មណ៍ដែលមិនធ្លាប់ឃើញ គួររំលងចោលអារម្មណ៍ដែលឃើញហើយ ប្រកបរឿយៗ នូវការត្រាច់ទៅឆ្ងាយៗ និងការត្រាច់ទៅមិនឈប់ឈរ គឺចេញអំពីអារាម ទៅអារាម អំពីឱទ្យាន ទៅឱទ្យាន អំពីស្រុក ទៅស្រុក អំពីនិគម ទៅនិគម អំពីក្រុងទៅក្រុង អំពីដែនទៅដែន អំពីជនបទ ទៅជនបទ ដើម្បីឃើញរូប ជាអ្នកឡេះឡោះដោយភ្នែក យ៉ាងនេះខ្លះ ។ មួយទៀត បុគ្គលខ្លះចូលទៅកាន់ចន្លោះផ្ទះ ដើរតាមថ្នល់ ជាអ្នកដើរមិនសង្រួម តែងក្រឡេកមើលដំរី ក្រឡេកមើលសេះ ក្រឡេកមើលរថ ក្រឡេកមើលពលថ្មើរជើង ក្រឡេកមើលពួកស្រី ក្រឡេកមើលពួកបុរស ក្រឡេកមើលពួកក្មេងប្រុស ក្រឡេកមើលពួកក្មេងស្រី ក្រឡេកមើលរានផ្សារ ក្រឡេកមើលមុខផ្ទះ ក្រឡេកមើលលើ ក្រឡេកមើលក្រោម ដើរសំឡឹងទិសតូចទិសធំ ជាអ្នកឡេះឡោះដោយភ្នែក យ៉ាងនេះខ្លះ ។ មួយទៀត បុគ្គលខ្លះឃើញរូបដោយភ្នែក ហើយជាអ្នកប្រកាន់និមិត្ត ជាអ្នកប្រកាន់អនុព្យព្ជានៈ ធម៌ទាំងឡាយជាអកុសលដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមភិក្ខុ អ្នកមិនសង្រួមចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុតែមិនសង្រួមចក្ខុន្រ្ទិយណា ក៏មិនប្រតិបត្តិដើម្បីសង្រួមចក្ខុន្រ្ទិយនោះ មិនរក្សានូវចក្ខុន្រ្ទិយ មិនដល់នូវសេចក្តីសង្រួមក្នុងចក្ខុន្រ្ទិយ ជាអ្នកឡេះឡោះដោយភ្នែក យ៉ាងនេះខ្លះ ។ ដូចជាសមណព្រាហ្មណ៍ពួកមួយដ៏ចម្រើន បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗ នូវការស្តាប់ និងមើលល្បែងដែលជាសត្រូវ មានសភាពយ៉ាងនេះ គឺរាំ ច្រៀង ប្រគំ មហោស្រព ចម្បាំងមហាភារត និងរាមកេរ្តិ៍ជាដើម គង រគាំង ស្គរមានជ្រុងបួន គូរគំនូររូបរបាំ ល្បែងដំដែក ល្បែងរ៉ាវ ការលាងឆ្អឹង ប្រជល់ដំរី ប្រខាំសេះ ប្រជល់ក្របី ប្រជល់គោ ប្រជល់ពពែ ប្រជល់កែះ ប្រជល់មាន់ ប្រជល់ចាប ល្បែងគុណដំបង ប្រដាល់ ចំបាប់ ចម្បាំង ទីសម្រាប់រៀបពល ទីនៅកងទ័ព ការមើលកងទ័ព ជាអ្នកឡេះឡោះដោយភ្នែក យ៉ាងនេះខ្លះ ។

ភិក្ខុជាអ្នកមិនឡេះឡោះដោយភ្នែក តើដូចម្តេច ។ ភិក្ខុក្នុងសាសនានេះ ចូលទៅកាន់ចន្លោះផ្ទះ ដើរតាមថ្នល់ ក៏ដើរសង្រួម មិនក្រឡេកមើលដំរី មិនក្រឡេកមើលសេះ មិនក្រលេកមើលរថ មិនក្រឡេកមើលពលថ្មើរជើង មិនក្រឡេកមើលពួកស្រី មិនក្រឡេកមើលពួកបុរស មិនក្រឡេកមើលពួកក្មេងប្រុស មិនក្រឡេកមើលពួកក្មេងស្រី មិនក្រឡេកមើលរានផ្សារ មិនក្រឡេកមើលមុខផ្ទះ មិនក្រឡេកមើលលើ មិនក្រឡេកមើលក្រោម មិនដើរសំឡឹងទិសតូច ឬទិសធំ ជាអ្នកមិនឡេះឡោះដោយភ្នែក យ៉ាងនេះខ្លះ ។ មួយទៀត ភិក្ខុឃើញនូវរូបដោយភ្នែក ហើយជាអ្នកមិនប្រកាន់និមិត្ត មិនប្រកាន់អនុព្យព្ជានៈ ធម៌ទាំងឡាយជាអកុសលដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមភិក្ខុអ្នកមិនសង្រួមចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុតែមិនសង្រួមចក្ខុន្រ្ទិយណា ក៏ប្រតិបត្តិដើម្បីសង្រួមចក្ខុន្រ្ទិយនោះ រក្សាចក្ខុន្រ្ទិយ ដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយ ជាអ្នកមិនឡេះឡោះដោយភ្នែក យ៉ាងនេះខ្លះ ។ ដូចជាសមណព្រាហ្មណ៍ដ៏ចម្រើនពួកខ្លះ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ សមណព្រាហ្មណ៍ទាំងនោះ មិនប្រកបរឿយៗ នូវការស្តាប់ និងការមើលល្បែង ដែលជាសត្រូវ មានសភាពយ៉ាងនេះ គឺល្បែងរាំ ច្រៀង ប្រគំ មហោស្រព ចម្បាំងមហាភារត និងរាមកេរ្តិ៍ជាដើម ។ល ។ ការមើលកងទ័ព ជាអ្នកវៀរស្រឡេះចាកការប្រកបរឿយៗ នូវការស្តាប់ និងការមើលល្បែងដែលជាសត្រូវ មានសភាពយ៉ាងនេះ ជាអ្នកមិនឡេះឡោះដោយភ្នែក យ៉ាងនេះខ្លះ ។

ពាក្យថា បុគ្គលមិនគប្បីឡេះឡោះដោយភ្នែក បានសេចក្តីថា បុគ្គលគប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើឲ្យបាត់បង់នូវការឡេះឡោះដោយភ្នែក ហើយជាអ្នកឆ្ងាយ វៀរចេញ វៀរស្រឡះ ឃ្លាតចេញ រលាស់ចោល ផុតស្រឡះ ប្រកបប្រាស ចាកការឡេះឡោះដោយភ្នែក សម្រេចនៅដោយចិត្តដែលប្រាសចាកដែនគឺកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលមិនគប្បីឡេះឡោះដោយភ្នែក ។

[៣៥] ពាក្យថា គប្បីរារាំងត្រចៀកចាកគាមកថា សេចក្តីថា តិរច្ឆានកថា ៣២ លោកហៅថា គាមកថា ។ តិរច្ឆានកថានោះ តើដូចម្តេច ។ គឺនិយាយអំពីព្រះរាជា និយាយអំពីចោរ និយាយអំពីអាមាត្យធំ និយាយអំពីសេនា និយាយអំពីភ័យ និយាយអំពីចម្បាំង និយាយអំពីបាយ និយាយអំពីទឹក និយាយអំពីសំពត់ និយាយអំពីយាន និយាយអំពីទីដេក និយាយអំពីផ្កាកម្រង និយាយអំពីគ្រឿងក្រអូប និយាយអំពីញាតិ និយាយអំពីស្រុក និយាយអំពីនិគម និយាយអំពីនគរ និយាយអំពីជនបទ និយាយអំពីស្រ្តី និយាយអំពីបុរស និយាយអំពីយោធាដែលក្លៀវក្លា និយាយអំពីច្រក និយាយអំពីកំពង់ទឹក និយាយអំពីញាតិដែលចែកឋានទៅកាន់បរលោកហើយ និយាយអំពីពាក្យដែលឥតប្រយោជន៍មានសភាពផ្សេងៗ និយាយអំពីលោក និយាយអំពីសមុទ្រ និយាយអំពីសេចក្តីចម្រើន និងមិនចម្រើន ហេតុនោះ (ទ្រង់ត្រាស់ថា) ចាកគាមកថា ។ ពាក្យថា គប្បីរារាំងត្រចៀក គឺគប្បីរារាំង ហាមឃាត់ ខាំងខា រក្សា គ្រប់គ្រង បិទ ផ្តាច់បង់នូវត្រចៀកចាកគាមកថា ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីរារាំងត្រចៀក ចាកគាមកថា ។

[៣៦] អធិប្បាយពាក្យថា មិនគប្បីជាប់ចំពាក់ក្នុងរស ត្រង់ពាក្យថា រស គឺរសមើម រសដើម រសសម្បក រសស្លឹក រសផ្កា រសផ្លែ រសជូរ ផ្អែម ល្វីង ហឺរ ប្រៃ ខារ ជូរផ្អែម ចត់ ឆ្ងាញ់ មិនឆ្ងាញ់ ត្រជាក់ ក្តៅ ។ សមណព្រាហ្មណ៍ពួកមួយ ជាប់ចំពាក់ក្នុងរស ។ សមណព្រាហ្មណ៍ទាំងនោះ តែត្រាច់ស្វែងរករសដ៏ប្រសើរ ដោយចុងនៃអណ្តាត ។ សមណព្រាហ្មណ៍ទាំងនោះ បានរសជូរ ស្វែងរករសមិនជូរ បានរសមិនជូរហើយ ស្វែងរករសជូរ ។បេ ។. បានរសត្រជាក់ហើយ ស្វែងរករសក្តៅ បានរសក្តៅហើយ ស្វែងរកនូវរសត្រជាក់ ។ សមណព្រាហ្មណ៍ទាំងនោះ បានរបស់ណាៗ មិនសន្តោសនឹងរបស់នោះៗ ស្វែងរករសឯទៀតៗ ជាអ្នកត្រេកអរ ជាប់ចំពាក់ ល្មោភ ជក់ជាប់ ញ៉ាម ជាប់ស្អិត មានអាការជាប់ស្អិត ញៀនក្នុងរសទាំងឡាយជាទីគាប់ចិត្ត ។ បុគ្គលណា បានលះបង់ បានផ្តាច់ផ្តិលនូវចំណង់ក្នុងរសនុ៎ះ ។បេ ។ ដុតដោយភ្លើង គឺញាណហើយ បុគ្គលនោះ ពិចារណាដោយត្រូវទំនង ហើយបរិភោគអាហារ មិនដើម្បីលេង មិនដើម្បីស្រវឹង មិនដើម្បីប្រដាប់ មិនដើម្បីស្អិតស្អាង គ្រាន់តែដើម្បីឋិតនៅនៃកាយនេះ ដើម្បីឲ្យកាយប្រព្រឹត្តទៅ ដើម្បីបំបាត់បង់សេចក្តីលំបាក ដើម្បីអនុគ្រោះព្រហ្មចរិយៈ ។បេ ។ ការនៅសប្បាយផង ។ បុគ្គលលាបដម្បៅ គ្រាន់តែប្រយោជន៍ឲ្យដុះសាច់យ៉ាងណា មួយទៀត បុគ្គលលាបភ្លៅរទេះ គ្រាន់តែប្រយោជន៍ដល់ការដឹកនាំនូវភារៈ យ៉ាងណា មួយទៀត បុគ្គលបរិភោគសាច់កូន គ្រាន់តែប្រយោជន៍ដល់ការឆ្លងឲ្យផុតផ្លូវដាច់ស្រយាល យ៉ាងណា ភិក្ខុពិចារណាដោយត្រូវទំនង ហើយបរិភោគអាហារ មិនដើម្បីលេង ។បេ ។ សេចក្តីមិនមានទោសផង ការនៅសប្បាយផង ក៏យ៉ាងនោះដែរ បុគ្គលលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើឲ្យដល់នូវការបាត់បង់នូវចំណង់ក្នុងរស ដូច្នេះ ជាអ្នកឆ្ងាយ វៀរ វៀរស្រឡះ ឃ្លាតចេញ រលាស់ចោល រួចស្រឡះ មិនប្រកបដោយចំណង់ក្នុងរស សម្រេចនៅដោយចិត្ត ដែលប្រាសចាកដែន គឺកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីជាប់ចំពាក់ក្នុងរស ។

[៣៧] អធិប្បាយពាក្យថា មិនគប្បីប្រកាន់វត្ថុណាមួយក្នុងលោក ត្រង់ពាក្យថា ប្រកាន់ បានដល់សេចក្តីប្រកាន់ពីរ គឺសេចក្តីប្រកាន់គឺតណ្ហា ១ សេចក្តីប្រកាន់គឺទិដ្ឋិ ១ ។បេ ។ នេះ សេចក្តីប្រកាន់ គឺតណ្ហា ។បេ ។ នេះ សេចក្តីប្រកាន់គឺទិដ្ឋិ ។ បុគ្គលលះបង់សេចក្តីប្រកាន់ គឺតណ្ហា រលាស់ចោលសេចក្តីប្រកាន់គឺទិដ្ឋិ មិនគប្បីប្រកាន់ មិនកាន់យក មិនស្ទាបអង្អែល មិនប្រកាន់ស្អិតនូវចក្ខុ មិនគប្បីប្រកាន់ មិនកាន់យក មិនស្ទាបអង្អែល មិនប្រកាន់ស្អិតនូវត្រចៀក ច្រមុះ អណ្តាត កាយ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ ត្រកូល ពួក អាវាស លាភ យស សេចក្តីសរសើរ សុខ ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ កាមធាតុ រូបធាតុ អរូបធាតុ កាមភព រូបភព អរូបភព សញ្ញាភព អសញ្ញាភព នេវសញ្ញានាសញ្ញាភព ឯកវោការភព ចតុវោការភព បញ្ចវោការភព អតីត អនាគត បច្ចុប្បន្ន និងធម៌ដែលខ្លួនឃើញ ឮ ប៉ះពាល់ ឬគប្បីដឹង ។ ពាក្យថា វត្ថុណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ណាមួយ ។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក ។បេ ។ ក្នុងអាយតនលោក ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីប្រកាន់វត្ថុណាមួយ ក្នុងលោក ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

បុគ្គលមិនគួរឡេះឡោះដោយភ្នែក គប្បីរារាំងត្រចៀកចាកគាមកថា មិនគប្បីជាប់ចំពាក់ក្នុងរសផង មិនគប្បីប្រកាន់វត្ថុណាមួយ ក្នុងលោកផង ។

[៣៨] ភិក្ខុត្រូវផស្សៈប៉ះពាល់ហើយ ក្នុងកាលណា ក្នុងកាលនោះ មិនគប្បីធ្វើនូវការទួញយំ ក្នុងទីណាមួយទេ មួយទៀត មិនគប្បីប្រាថ្នាភព មិនគប្បីញាប់ញ័រក្នុងអារម្មណ៍ដែលគួរខ្លាចទាំងឡាយឡើយ ។

[៣៩] ពាក្យថា ភិក្ខុត្រូវផស្សៈប៉ះពាល់ហើយ ក្នុងកាលណា អធិប្បាយថា ភិក្ខុត្រូវផស្សៈ គឺរោគប៉ះពាល់ គ្របសង្កត់ ប្រជុំចុះ ប្រកបព្រម គឺត្រូវរោគភ្នែក ប៉ះពាល់ គ្របសង្កត់ ប្រជុំចុះ ប្រកបព្រម ត្រូវរោគត្រចៀក រោគច្រមុះ រោគអណ្តាត រោគកាយ រោគក្បាល រោគគុម្ពត្រចៀក រោគមាត់ រោគធ្មេញ ក្អក ហឺត ឫសដូងច្រមុះ ក្តៅក្រហាយ ស្គាំងស្គម រោគផ្ទៃ វិលមុខ ធ្លាក់ឈាម ចុកសៀត ចុះផ្ទៃ ឃ្លង់ ពក ស្រែង រីងរៃ ឆ្កួតជ្រូក ដំណួចពិស រមាស់ កម រោគកើតក្នុងទីខ្វារដោយក្រចក ឃ្លង់ដែក ឈាម ប្រមាត់ ប្រមេះ ផ្អែមមាត់ ឫសដូងដុះ បូស ឫសដូងបាត អាពាធកើតអំពីប្រមាត់ អាពាធកើតអំពីស្លេស្ម អាពាធកើតអំពីខ្យល់ អាពាធកើតអំពីប្រជុំធាតុបួន អាពាធកើតអំពីការប្រែប្រួលរដូវ អាពាធកើតអំពីការរក្សាឥរិយាបថមិនស្មើ អាពាធកើតអំពីសេចក្តីព្យាយាម (របស់គេ មានវាយចងជាដើម) អាពាធកើតអំពីផលកម្ម ត្រជាក់ ក្តៅ ឃ្លាន ស្រេក ឧច្ចារៈ បស្សាវៈ សម្ផស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូចពស់ធំ ប៉ះពាល់ គ្របសង្កត់ ប្រជុំចុះ ប្រកបព្រម ហេតុនោះ (ទ្រង់ត្រាស់ថា) ត្រូវផស្សៈប៉ះពាល់ហើយ ក្នុងកាលណា ។

[៤០] ពាក្យថា ភិក្ខុមិនគប្បីធ្វើនូវការទួញយំ ក្នុងទីណាមួយ គឺភិក្ខុមិនគប្បីធ្វើ មិនគប្បីឲ្យកើត មិនគប្បីឲ្យកើតព្រម មិនគប្បីបង្កើត មិនគប្បីបង្កើតចំពោះនូវការយំ យំរៀបរាប់ អាការនៃការយំ អាការនៃការយំរៀបរាប់ ភាពនៃការយំ ភាពនៃការយំរៀបរាប់ ការរៀបរាប់ដោយវាចា ការរៀបរាប់ផ្សេងៗ ការចរចា អាការនៃការចរចា ភាពនៃការចរចា ។ ពាក្យថា ក្នុងទីណាមួយ គឺក្នុងកន្លែងណាមួយ ក្នុងទីណាៗ ក្នុងទីខ្លះ ដែលជាខាងក្នុងក្តី ខាងក្រៅក្តី ទាំងខាងក្នុង ទាំងខាងក្រៅក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុមិនគប្បីធ្វើនូវការទួញយំ ក្នុងទីណាមួយទេ ។

[៤១] ពាក្យថា មួយទៀត មិនគប្បីប្រាថ្នាភព គឺមិនគប្បីប្រាថ្នាកាមភព មិនគប្បីប្រាថ្នារូបភព មិនគប្បីប្រាថ្នា មិនគប្បីប៉ុនប៉ង មិនគប្បីចង់បានអរូបភព ហេតុនោះ (ទ្រង់ត្រាស់ថា) មួយទៀត មិនគប្បីប្រាថ្នាភព ។

[៤២] អធិប្បាយពាក្យថា មិនគប្បីញាប់ញ័រ ក្នុងអារម្មណ៍ដែលគួរខ្លាចទាំងឡាយឡើយ ត្រង់ពាក្យថា អារម្មណ៍ដែលគួរខ្លាច គឺភ័យក្តី ការខ្លាចក្តី បើដោយអាការៈតែមួយទេ គឺមានន័យដូចគ្នា ។ សមដូចព្រះពុទ្ធដីកានេះ ដែលព្រះមានព្រះភាគត្រាស់ហើយថា ការខ្លាច ការញញើតនោះ តែងមកដោយពិត ។ អារម្មណ៍ខាងក្រៅដែលលោកពោលហើយ គឺសីហៈ ខ្លាធំ ខ្លាដម្បង ខ្លាឃ្មុំ ឆ្កែព្រៃ ខ្លាត្រី គោ ក្របី ដំរី ពស់ ខ្ទួយ ក្អែប ឬថាពួកចោរ ឬពួកមាណពមានការងារធ្វើហើយក្តី មានការមិនទាន់ធ្វើហើយក្តី ។ មួយទៀត បើដោយអាការៈដទៃវិញ ការខ្លាច អាការខ្លាច ការញាប់ញ័រជាខាងក្នុង មានចិត្តជាសមុដ្ឋាន ការព្រឺរោម ការរន្ធត់ចិត្ត ការតក់ស្លុត ភ័យអំពីជាតិ ភ័យអំពីជរា ភ័យអំពីព្យាធិ ភ័យអំពីមរណៈ ភ័យអំពីព្រះរាជា ភ័យអំពីចោរ ភ័យអំពីភ្លើង ភ័យអំពីទឹក ភ័យអំពីការតិះដៀលខ្លួនឯង ភ័យអំពីអ្នកដទៃតិះដៀល ភ័យអំពីអាជ្ញា ភ័យអំពីទុគ្គតិ ភ័យអំពីរលក ភ័យអំពីក្រពើ ភ័យអំពីអន្លង់ ភ័យអំពីត្រីសាហាវ ភ័យអំពីការចិញ្ចឹមជីវិត ភ័យអំពីគេមិនសរសើរ ភ័យអំពីសេចក្តីត្រេកអរក្នុងបរិស័ទ្យ អាការខ្លាច ការញាប់ញ័រ ការព្រឺរោម ការរន្ធត់ចិត្ត ការតក់ស្លុត លោកហៅថា ភ័យ ។ ពាក្យថា មិនគប្បីញាប់ញ័រក្នុងអារម្មណ៍ ដែលគួរខ្លាចទាំងឡាយ បានសេចក្តីថា ភិក្ខុឃើញក្តី ឮក្តី នូវអារម្មណ៍ដែលគួរខ្លាចទាំងឡាយហើយ មិនគប្បីរន្ធត់ មិនគប្បីរន្ធត់ខ្លាំង មិនគប្បីញាប់ញ័រ មិនគប្បីតក់ស្លុត មិនគប្បីស្លន់ មិនគប្បីស្លន់ស្លោ មិនគប្បីខ្លាច មិនគប្បីដល់នូវសេចក្តីតក់ស្លុត ជាបុគ្គលមិនរន្ធត់ មិនញាប់ញ័រ មិនតក់ស្លុត មិនរត់ លះបង់ភ័យដែលគួរខ្លាច ប្រាសចាកការព្រឺរោម ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីញាប់ញ័រ ក្នុងអារម្មណ៍ដែលគួរខ្លាចទាំងឡាយឡើយ ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

ភិក្ខុត្រូវផស្សៈប៉ះពាល់ហើយ ក្នុងកាលណា ក្នុងកាលនោះ មិនគប្បីធ្វើនូវការទួញយំ ក្នុងទីណាមួយទេ មួយទៀត មិនគប្បីប្រាថ្នាភព មិនគប្បីញាប់ញ័រ ក្នុងអារម្មណ៍ដែលគួរខ្លាចទាំងឡាយឡើយ ។

[៤៣] ភិក្ខុបានបាយក្តី ទឹកក្តី បង្អែមក្តី សំពត់ក្តី មិនគប្បីធ្វើនូវការសន្សំទុកទេ មួយទៀត កាលបើមិនបានវត្ថុទាំងនោះ ក៏មិនគប្បីតក់ស្លុតឡើយ ។

[៤៤] អធិប្បាយពាក្យថា បាយក្តី ទឹកក្តី បង្អែមក្តី សំពត់ក្តី ត្រង់ពាក្យថា បាយ គឺបាយ នំ សដូវ ត្រី សាច់ ។ ពាក្យថា ទឹក គឺទឹក ៨ យ៉ាង គឺ ទឹកស្វាយ ទឹកព្រីង ទឹកចេកមានគ្រាប់ ទឹកចេកឥតគ្រាប់ ទឹកស្រគំ ទឹកចន្ទ ទឹកក្រអៅឈូក ទឹកមាក់ប្រាង ។ ទឹក ៨ យ៉ាងដទៃទៀត គឺទឹកសង្ឃ័រ ទឹកពទ្រាតូច ទឹកពទ្រាធំ ទឹកដោះថ្លា ទឹកគឺប្រេង ទឹកបបរ ទឹកដោះស្រស់ ទឹករស (ស្លឹកឈើ ជាដើម) ។ ពាក្យថា បង្អែម គឺបង្អែមដែលធ្វើអំពីម្សៅ បង្អែមនំ បង្អែមមើមឈើ បង្អែមសម្បកឈើ បង្អែមស្លឹកឈើ បង្អែមផ្កាឈើ បង្អែមផ្លែឈើ ។ ពាក្យថា សំពត់ បានដល់សំពត់ ៦ យ៉ាង គឺសំពត់សម្បកឈើ ១ សំពត់អម្បោះ ១ សំពត់សូត្រ ១ សំពត់រោមសត្វ ១ សំពត់សម្បកធ្មៃ ១ សំពត់ដែលធ្វើដោយវត្ថុទាំងនោះលាយចម្រុះគ្នា ១ ហេតុនោះ (ទ្រង់ត្រាស់ថា) បាយក្តី ទឹកក្តី បង្អែមក្តី សំពត់ក្តី ។

[៤៥] អធិប្បាយពាក្យថា បានហើយ មិនគប្បីធ្វើនូវការសន្សំទុកទេ ត្រង់ពាក្យថា បាន គឺបាន បានហើយ យកមកហើយ បានស៊ប់ហើយ បានចំពោះហើយ មិនមែន (បាន) ដោយការកុហក គឺញុំាងសត្វលោកឲ្យភាន់ភាំង មិនមែនដោយការពោលពាក្យរាក់ទាក់ មិនមែនដោយការធ្វើនិមិត្ត គឺពោលបញ្ឆិតបញ្ឆៀង មិនមែនដោយការកិនកំទេចនូវគុណគេ មិនមែនដោយការស្វែងរកលាភដោយលាភ មិនមែនដោយការឲ្យឈើ មិនមែនដោយការឲ្យឫស្សី មិនមែនដោយការឲ្យស្លឹកឈើ មិនមែនដោយការឲ្យផ្កាឈើ មិនមែនដោយការឲ្យផ្លែឈើ មិនមែនដោយការឲ្យលំអិតសម្រាប់ងូត មិនមែនដោយការឲ្យលំអិតសម្រាប់លាប មិនមែនដោយការឲ្យដីស្អិត មិនមែនដោយការឲ្យឈើស្ទន់ មិនមែនដោយការឲ្យទឹកសម្រាប់លប់មុខ មិនមែនដោយការពោលលើកតម្កើងអ្នកដទៃ មិនមែនដោយការពោលពាក្យមិនពិត ដូចសម្លសណ្តែកបាយ មិនមែនដោយការថ្នាក់ថ្នម (នូវកូនត្រកូល) មិនមែនដោយការចូលទៅអង្គុយលើតាំងក្នុងផ្ទះយ៉ាងរហ័ស មិនមែនដោយវត្ថុវិជ្ជា (ការចេះទាយនូវទីភូមិស្ថាន) មិនមែនដោយតិរច្ឆានវិជ្ជា មិនមែនដោយអង្គវិជ្ជា (ការចេះទាយអវយវៈ) មិនមែនដោយនក្ខត្តវិជ្ជា (ការចេះទាយនក្ខត្តឫក្ស) មិនមែនដោយការទៅធ្វើខ្លួនជាទូត មិនមែនដោយការទៅធ្វើខ្លួនជាអ្នកនាំដំណឹងដែលគេផ្តាំ មិនមែនដោយការធ្វើជាអ្នកបំរើគេដោយស្មង មិនមែនដោយវេជ្ជកម្ម មិនមែនដោយនវកម្ម មិនមែនដោយការឲ្យដុំបាយដោយដុំបាយ មិនមែនដោយការឲ្យទៅឲ្យមក គឺបាន បានហើយ យកមកហើយ បានស៊ប់ហើយ បានចំពោះហើយ ដោយធម៌ដ៏ស្មើ ហេតុនោះ (ទ្រង់ត្រាស់ថា) បានហើយ ។ ពាក្យថា មិនគប្បីធ្វើនូវការសន្សំទេ គឺមិនគប្បីធ្វើ មិនគប្បីឲ្យកើត មិនគប្បីឲ្យកើតព្រម មិនគប្បីបង្កើត មិនគប្បីបង្កើតចំពោះនូវការសន្សំបាយ ការសន្សំទឹក ការសន្សំសំពត់ ការសន្សំយាន ការសន្សំទីដេក ការសន្សំគ្រឿងក្រអូប ការសន្សំអាមិសៈ ហេតុនោះ (ទ្រង់ត្រាស់ថា) បានហើយ មិនគប្បីធ្វើនូវការសន្សំទេ ។

[៤៦] ពាក្យថា កាលបើមិនបានវត្ថុទាំងនោះទេ ក៏មិនគប្បីតក់ស្លុត គឺមិនគប្បីតក់ស្លុត មិនគប្បីរន្ធត់ មិនគប្បីញាប់ញ័រ មិនគប្បីខ្លាច មិនគប្បីដល់នូវការតក់ស្លុត ជាអ្នកមិនភ័យ មិនរន្ធត់ មិនតក់ស្លុត មិនរត់ ជាអ្នកមានការភ័យដែលគួរខ្លាចលះបង់ហើយ ប្រាសចាកការព្រឺរោមដោយគិតថា អញមិនបានបាយក្តី មិនបានទឹកក្តី មិនបានសំពត់ក្តី មិនបានត្រកូលក្តី មិនបានគណៈក្តី មិនបានអាវាសក្តី មិនបានលាភក្តី មិនបានយសក្តី មិនបានសេចក្តីសរសើរក្តី មិនបានសុខក្តី មិនបានចីវរក្តី មិនបានបិណ្ឌបាតក្តី មិនបានសេនាសនៈក្តី មិនបានគិលានប្បច្ចយភេសជ្ជបរិក្ខារក្តី មិនបានបុគ្គលអ្នកបំរើជម្ងឺក្តី (ព្រោះ) អញជាអ្នកមិនល្បីល្បាញ ហេតុនោះ (ទ្រង់ត្រាស់) ថា កាលបើមិនបាននូវវត្ថុទាំងនោះ មិនគប្បីតក់ស្លុតឡើយ ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ភិក្ខុបានបាយក្តី ទឹកក្តី បង្អែមក្តី សំពត់ក្តី មិនគប្បីធ្វើនូវការសន្សំទុកទេ មួយទៀត កាលបើមិនបានវត្ថុទាំងនោះ ក៏មិនគប្បីតក់ស្លុតឡើយ ។

[៤៧] ភិក្ខុជាអ្នកមានឈាន មិនគប្បីឡេះឡោះដោយជើងទេ គប្បីវៀរចាកកុក្កុច្ចៈ (ការរពឹស ឬការរង្កៀស) មិនគប្បីប្រហែសទេ មួយទៀត គប្បីនៅក្នុងទីអង្គុយ ឬទីដេកដែលមិនមានសំឡេង ។

[៤៨] អធិប្បាយពាក្យថា ភិក្ខុជាអ្នកមានឈាន មិនគប្បីឡេះឡោះដោយជើង ត្រង់ពាក្យថា ជាអ្នកមានឈាន គឺជាអ្នកមានឈានដោយបឋមជ្ឈានក្តី មានឈានដោយទុតិយជ្ឈានក្តី មានឈានដោយតតិយជ្ឈានក្តី មានឈានដោយចតុត្ថជ្ឈានក្តី មានឈានដោយឈានដែលប្រកបដោយវិតក្កៈ និងវិចារៈក្តី មានឈានដោយឈានដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី មានឈានដោយឈានដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី មានឈានដោយឈានដែលប្រកបដោយបីតិក្តី មានឈានដោយឈានដែលមិនមានបីតិក្តី មានឈានដោយឈានដែលប្រកបដោយបីតិក្តី មានឈានដោយឈានប្រដោយដោយសេចក្តីសប្បាយក្តី មានឈានដោយឈានប្រកបដោយសុខក្តី មានឈានដោយឈានប្រកបដោយឧបេក្ខាក្តី មានឈានដោយសុញ្ញតជ្ឈានក្តី មានឈានដោយអនិមិត្តជ្ឈានក្តី មានឈានដោយអប្បណិហិតជ្ឈានក្តី មានឈានដោយលោកិយជ្ឈានក្តី មានឈានដោយលោកុត្តរជ្ឈានក្តី ជាអ្នកត្រេកអរក្នុងឈាន ជាអ្នកប្រកបរឿយៗ នូវចិត្តមានអារម្មណ៍តែមួយ ជាអ្នកធ្ងន់ក្នុងប្រយោជន៍របស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកមានឈាន ។ ត្រង់ពាក្យថា ជាអ្នកមិនគប្បីរពឹសដោយជើង (មានពាក្យបុច្ឆាថា) ជាអ្នកមិនរពឹសដោយជើង តើដូចម្តេច ។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នករពឹសដោយជើង ប្រកបដោយការរពឹសដោយជើង គឺជាអ្នកប្រកបរឿយៗ នូវការត្រាច់ទៅឆ្ងាយៗ និងការត្រាច់ទៅមិនឈប់ឈរ គឺចេញអំពីអារាមទៅអារាម អំពីឱទ្យានទៅឱទ្យាន អំពីស្រុកទៅស្រុក អំពីនិគមទៅនិគម អំពីនគរទៅនគរ អំពីដែនទៅដែន អំពីជនបទទៅជនបទ បុគ្គលជាអ្នករពឹសដោយជើង យ៉ាងនេះខ្លះ ។ មួយទៀត ភិក្ខុជាអ្នកប្រកបដោយការរពឹសដោយជើង ខាងក្នុងអារាមនៃសង្ឃ មិនមែនព្រោះហេតុតែប្រយោជន៍ មិនមែនព្រោះហេតុតែធ្វើ (នូវកិច្ចរបស់សង្ឃ) ជាអ្នកមានចិត្តរើរុះ មានចិត្តមិនស្ងប់រម្ងាប់ ចេញអំពីបរិវេណទៅបរិវេណ អំពីវិហារទៅវិហារ អំពីអឌ្ឍយោគទៅអឌ្ឍយោគ អំពីប្រាសាទទៅប្រាសាទ អំពីប្រសាទត្រងិលទៅប្រាសាទត្រងិល អំពីគុហាទៅគុហា អំពីលេណៈ (ទីជ្រកកោន) ទៅលេណៈ អំពីកុដិទៅកុដិ អំពីផ្ទះកំពូលទៅផ្ទះកំពូល អំពីបញ្ចាទៅបញ្ចា អំពីរោងទៅរោង អំពីទីជ្រកអាស្រ័យទៅទីជ្រកអាស្រ័យ អំពីឃ្លាំងទៅឃ្លាំង អំពីឧបដ្ឋានសាលាទៅឧបដ្ឋានសាលា អំពីរោងមូលទៅរោងមូល អំពីគល់ឈើទៅគល់ឈើ ឬក៏ពួកភិក្ខុអង្គុយក្នុងទីណា ក៏ទៅក្នុងទីនោះ ។ បើក្នុងទីនោះ ភិក្ខុ ១ រូប មានភិក្ខុជាគំរប់ពីររូប ឬភិក្ខុ ២ រូប មានភិក្ខុជាគំរប់បីរូប ឬក៏ភិក្ខុ ៣ រូប មានភិក្ខុជាគំរប់ ៤ រូប ក្នុងទីនោះ ភិក្ខុនោះ តែងចរចានូវពាក្យឥតប្រយោជន៍ច្រើន គឺពោលអំពីព្រះរាជា ពោលអំពីចោរ ពោលអំពីមហាមាត្យ ពោលអំពីសេនា ពេលអំពីភ័យ ពោលអំពីចម្បាំង ពោលអំពីបាយ ពោលអំពីទឹក ពោលអំពីសំពត់ ពោលអំពីយាន ពោលអំពីដំណេក ពោលអំពីផ្កាកម្រង ពោលអំពីគ្រឿងក្រអូប ពោលអំពីញាតិ ពោលអំពីស្រុក ពោលអំពីនិគម ពោលអំពីក្រុង ពោលអំពីជនបទ ពោលអំពីស្រី ពោលអំពីប្រុស ពោលអំពីអ្នកក្លៀវក្លា ពោលអំពីច្រក ពោលអំពីកំពង់ទឹក ពោលអំពីបុរស ដែលចែកឋានទៅកាន់បរលោក ក្នុងកាលមុន ពោលវាចាមានសភាពផ្សេងៗ ពោលអំពីរឿងលោក ពោលអំពីសមុទ្រ ឬពោលអំពីសេចក្តីចម្រើន និងវិនាសថាដូច្នេះ ដូច្នោះ ភិក្ខុជាអ្នករពឹសដោយជើង យ៉ាងនេះខ្លះ ។ ពាក្យថា ជាអ្នកមិនគប្បីរពឹសដោយជើង បានសេចក្តីថា គប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមានការរពឹសដោយជើង ជាអ្នកឆ្ងាយ វៀរ វៀរចំពោះ ឃ្លាតចេញ រលាស់ចោល រួចស្រឡះ មិនប្រកបដោយការរពឹសដោយជើង ហើយសម្រចនៅ ប្រព្រឹត្ត ប្រព្រឹត្តព្រម ទៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅ ដោយចិត្តដែលប្រាសចាកដែនគឺកិលេស ។ បុគ្គលនោះ គប្បីជាអ្នកមានទីពួនសម្ងំជាទីត្រេកអរ ត្រេកអរតែក្នុងទីពួនសម្ងំ ប្រកបរឿយៗ នូវការរម្ងាប់ចិត្តខាងក្នុង មានឈានមិនបានឃ្លាតចេញ ប្រកបដោយវិបស្សនា ចម្រើនសុញ្ញាគារដ្ឋាន មានឈាន ត្រេកអរក្នុងឈាន ប្រកបរឿយៗ នូវចិត្តមានអារម្មណ៍តែមួយ ជាអ្នកធ្ងន់ក្នុងប្រយោជន៍របស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកមានឈាន មិនគប្បីរពឹសដោយជើង ។

[៤៩] អធិប្បាយពាក្យថា គប្បីវៀរចាកកុក្កុច្ចៈ មិនគប្បីប្រហែសទេ ត្រង់ពាក្យថា កុក្កុច្ចៈ  គឺការរពឹសដៃ ហៅថា កុក្កុច្ចៈ ការរពឹសជើង ហៅថា កុក្កុច្ចៈ ការរពឹសដៃ និងជើង ហៅថា កុក្កុច្ចៈ សេចក្តីសំគាល់ក្នុងរបស់គួរ ថាជារបស់មិនគួរ សេចក្តីសំគាល់ក្នុងរបស់មិនគួរថា ជារបស់គួរ សេចក្តីសំគាល់ក្នុងរបស់មិនមានទោស ថាជារបស់មានទោស សេចក្តីសំគាល់ក្នុងរបស់មានទោស ថាជារបស់មិនមានទោស កុក្កុច្ចៈ អាការនៃកុក្កុច្ចៈ ភាពនៃកុក្កុច្ចៈ សេចក្តីក្តៅក្រហាយនៃចិត្ត ការស្លាកស្នាមនៃចិត្តឯណា មានសភាពយ៉ាងនេះ នេះហៅថា កុក្កុច្ចៈ ។ ម្យ៉ាងទៀត កុក្កុច្ចៈ សេចក្តីក្តៅក្រហាយនៃចិត្ត ការស្លាកស្នាមនៃចិត្ត រមែងកើតដោយហេតុ ២ គឺភាពនៃអំពើដែលខ្លួនធ្វើហើយ ឬមិនបានធ្វើ ។ កុក្កុច្ចៈ ការក្តៅក្រហាយនៃចិត្ត ការស្លាកស្នាមនៃចិត្ត រមែងកើតឡើងព្រោះអំពើដែលធ្វើហើយ ឬមិនបានធ្វើ តើដូចម្តេច ។ កុក្កុច្ចៈ ការក្តៅក្រហាយនៃចិត្ត ការស្លាកស្នាមនៃចិត្តកើតឡើងថា កាយទុច្ចរិត អញបានធ្វើហើយ កាយសុចរិត អញមិនបានធ្វើទេ ។ កុក្កុច្ចៈ ។បេ ។ ការស្លាកស្នាមនៃចិត្តកើតឡើងថា វចីទុច្ចរិត អញបានធ្វើហើយ មនោទុច្ចរិត អញបានធ្វើហើយ បាណាតិបាត អញបានធ្វើហើយ ការវៀរចាកបាណាតិបាត អញមិនបានធ្វើទេ ។ កុក្កុច្ចៈ ការក្តៅក្រហាយនៃចិត្ត ការស្លាកស្នាមនៃចិត្ត កើតឡើងថា អទិន្នាទាន អញធ្វើហើយ កាមេសុមិច្ឆាចារ អញធ្វើហើយ មុសាវាទ អញធ្វើហើយ បិសុណាវាចា អញធ្វើហើយ ផរុសវាចា អញធ្វើហើយ សម្ផប្បលាបៈ អញធ្វើហើយ អភិជ្ឈា អញធ្វើហើយ ព្យាបាទ អញធ្វើហើយ មិច្ឆាទិដ្ឋិ អញធ្វើហើយ សម្មាទិដ្ឋិ អញមិនបានធ្វើទេ ។ កុក្កុច្ចៈ ការក្តៅក្រហាយនៃចិត្ត ការស្លាកស្នាមនៃចិត្ត រមែងកើតឡើងព្រោះអំពើដែលធ្វើហើយ ឬមិនបានធ្វើ យ៉ាងនេះឯង ។ មួយទៀត កុក្កុច្ចៈ ការក្តៅក្រហាយនៃចិត្ត ការស្លាកស្នាមនៃចិត្ត រមែងកើតឡើងថា អញជាអ្នកមិនបានធ្វើនូវការបំពេញក្នុងសីល ថាអញជាអ្នកមិនបានគ្រប់គ្រងទ្វារក្នុងឥន្រ្ទិយ ថាអញជាអ្នកមិនដឹងប្រមាណក្នុងភោជន ថាអញជាអ្នកមិនប្រកបនូវការភ្ញាក់រឭក ថាអញជាអ្នកមិនប្រកបដោយសតិសម្បជញ្ញៈ ថាសតិប្បដ្ឋាន ៤ អញមិនបានចម្រើន ថាសម្មប្បធាន ៤ អញមិនបានចម្រើន ថាឥទ្ធិបាទ ៤ អញមិនបានចម្រើន ថាឥន្រ្ទិ ៥ អញមិនបានចម្រើន ថាពលៈ ៥ អញមិនបានចម្រើន ថាពោជ្ឈង្គៈ ៧ អញមិនបានចម្រើន ថាអដ្ឋង្គិកមគ្គដ៏ប្រសើរ អញមិនបានចម្រើន ថាទុក្ខ អញមិនបានកំណត់ដឹង ថាសមុទយៈ អញមិនបានលះបង់ ថាមគ្គ អញមិនបានចម្រើន ថានិរោធ អញមិនបានធ្វើឲ្យជាក់ច្បាស់ ។ ពាក្យថា គប្បីវៀរចាកកុក្កុច្ចៈ គឺគប្បីឆ្ងាយ វៀរ វៀរចំពោះ ចាកកុក្កុច្ចៈ គឺគប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាន កុក្កុច្ចៈ គឺថាគប្បីជាបុគ្គលឆ្ងាយ វៀរ វៀរចំពោះ ឃ្លាតចេញ រលាស់ចោល រួចស្រឡះ មិនប្រកបដោយកុក្កុច្ចៈ គប្បីសម្រេចនៅដោយចិត្ត ដែលប្រាសចាកដែនគឺកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីវៀរចាកកុក្កុច្ចៈ ។ ពាក្យថា មិនគប្បីប្រហែស គឺគប្បីជាអ្នកធ្វើដោយគោរព ធ្វើរឿយៗ ធ្វើមិនដាច់ ប្រព្រឹត្តមិនរួញរា មិនដាក់ឆន្ទៈ មិនដាក់ធុរៈ មិនប្រហែសក្នុងកុសលធម៌ទាំងឡាយ ។ គឺបានខាងការពេញចិត្ត ការព្យាយាម ការឧស្សាហ៍ ការប្រឹងប្រែង កំឡាំង ការមិនប្រែត្រឡប់វិញ សតិសម្បជញ្ញៈ សេចក្តីព្យាយាមជាគ្រឿងដុតកំដៅកិលេស ការតាំងព្យាយាម អធិដ្ឋាន ការប្រកបរឿយៗ និងការមិនប្រហែសក្នុងកុសលធម៌ទាំងឡាយថា កាលណាអញមិនបំពេញសីលក្ខន្ធ ដែលមិនទាន់បំពេញហើយ ឬថែទាំសីលក្ខន្ធ ដែលពេញហើយដោយប្រាជ្ញា ក្នុងសីលក្ខន្ធនោះ ។ មួយទៀត បានខាងការពេញចិត្ត ការព្យាយាម ការឧស្សាហ៍ ការប្រឹងប្រែង កំឡាំង ការមិនប្រែត្រឡប់វិញ សតិសម្បជញ្ញៈ សេចក្តីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ការតាំងព្យាយាម អធិដ្ឋាន ការប្រកបរឿយៗ និងសេចក្តីមិនប្រហែសក្នុងកុសលធម៌ទាំងឡាយថា កាលណាអញនឹងបំពេញសមាធិក្ខន្ធ បញ្ញាខន្ធ វិមុត្តិក្ខន្ធ វិមុត្តិញ្ញាណទស្សនក្ខន្ខ ដែលមិនទាន់ពេញក្តី កាលណាអញគប្បីកំណត់ដឹងទុក្ខ ដែលមិនទាន់កំណត់ដឹងក្តី នឹងលះបង់កិលេសដែលមិនទាន់លះបង់ក្តី នឹងចម្រើនមគ្គ ដែលមិនទាន់ចម្រើនក្តី នឹងធ្វើឲ្យជាក់ច្បាស់នូវនិរោធ ដែលមិនទាន់ធ្វើឲ្យជាក់ច្បាស់ក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីវៀរចាកកុក្កុច្ចៈ មិនគប្បីប្រហែសទេ ។

[៥០] អធិប្បាយពាក្យថា មួយទៀត គប្បីនៅក្នុងទីអង្គុយ ឬទីដេក ដែលមិនមានសំឡេង ត្រង់ពាក្យថា មួយទៀត គឺជាបទតភ្ជាប់ ។បេ ។ ភិក្ខុអង្គុយក្នុងទីណា គឺគ្រែ តាំង ពូក កន្ទេល កំណាត់ស្បែក កម្រាលស្មៅ កម្រាលស្លឹក កម្រាលចំបើង ទីនោះ លោកហៅថា ទីអង្គុយ ។ សេនាសនៈ វិហារ អឌ្ឍយោគ ប្រាសាទ ប្រាសាទត្រងិល គុហា លោកហៅថា ទីដេក ហេតុនោះ (ទ្រង់ត្រាស់ថា) មួយទៀត ក្នុងទីអង្គុយ ឬទីដេក ។ ពាក្យថា គប្បីនៅក្នុងទីដែលមិនមានសំឡេង បានសេចក្តីថា គប្បីត្រាច់ទៅ គប្បីនៅ គប្បីទៅ គប្បីប្រព្រឹត្ត គប្បីរក្សា គប្បីយាត្រា គប្បីឲ្យយាត្រាទៅក្នុងសេនាសនៈ ដែលមិនមានសំឡេង មិនមានការគឹកកង ប្រាសចាកខ្យល់កាយនៃជន ជាទីស្ងប់ស្ងាត់ចាកមនុស្ស ជាទីដ៏សមគួរដល់ការពួនសម្ងំ ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីនៅក្នុងទីអង្គុយ ឬទីដេក ដែលមិនមានសំឡេង ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

ភិក្ខុជាអ្នកមានឈាន មិនគប្បីរពឹសដោយជើង គប្បីវៀរចាកកុក្កុច្ចៈ (ការរពឹស ឬរង្កៀស) មិនគប្បីប្រហែសទេ ម្យ៉ាងទៀត គប្បីនៅក្នុងទីអង្គុយ ឬទីដេក ដែលមិនមានសំឡេង ។

[៥១] ភិក្ខុមានព្យាយាមជាគ្រឿងដុតកំដៅកិលេស មិនគប្បីធ្វើការដេកលក់ឲ្យច្រើនទេ គប្បីគប់រកនូវការភ្ញាក់រឭក គប្បីលះបង់នូវសេចក្តីខ្ជិលច្រអូស មាយា ការសើច ការលេង មេថុនធម្ម ព្រមទាំងការស្អិតស្អាងចេញ ។

[៥២] ពាក្យថា មិនគប្បីធ្វើការដេកលក់ឲ្យច្រើន គឺធ្វើយប់ និងថ្ងៃឲ្យមាន ៦ ចំណែក គប្បីភ្ញាក់រឭក ៥ ចំណែក គប្បីដេក ១ ចំណែក ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីធ្វើការដេកលក់ឲ្យច្រើនទេ ។

[៥៣] ពាក្យថា ភិក្ខុមានព្យាយាមជាគ្រឿងដុតកំដៅកិលេស គប្បីគប់រកការភ្ញាក់រឭក អធិប្បាយថា ភិក្ខុក្នុងសាសនានេះ គប្បីដុសខាត់ចិត្តចាកពួកធម៌ជាគ្រឿងរារាំង ដោយការចង្រ្កម ដោយកិរិយាអង្គុយអស់វេលាថ្ងៃ គប្បីដុសខាត់ចិត្តចាកពួកធម៌ ជាគ្រឿងរារាំង ដោយការចង្រ្កម ដោយកិរិយាអង្គុយ អស់បឋមយាមនៃរាត្រី គប្បីសម្រេចសីហសេយ្យាស ដោយចំហៀងខាងស្តាំ អស់មជ្ឈិមយាមនៃរាត្រី យកជើងតម្រួតលើជើង ជាអ្នកមានស្មារតីដឹងខ្លួន ធ្វើទុកក្នុងចិត្តនូវឧដ្ឋានសញ្ញាក្រោកឡើង ហើយដុសខាត់ចិត្ត ចាកពួកធម៌ជាគ្រឿងរារាំង ដោយការចង្ក្រម ដោយកិរិយាអង្គុយ អស់បច្ឆិមយាមនៃរាត្រី ។ ពាក្យថា គប្បីគប់រកការភ្ញាក់រឭក គឺគប្បីគប់រក គប្បីគប់រកព្រម គប្បីសេពចំពោះ នូវការភ្ញាក់រឭក ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីគប់រកការភ្ញាក់រឭក ។ ពាក្យថា មានព្យាយាមជាគ្រឿងដុតកំដៅកិលេស សេចក្តីថា ការព្យាយាម លោកហៅថា ការព្យាយាមជាគ្រឿងដុតកំដៅកិលេស បានដល់ ការព្យាយាមតឹងតែង ដែលប្រព្រឹត្តទៅក្នុងចិត្ត ការខ្នះខ្នែង ការសង្វាត ការស្ទុះស្ទា ការព្យាយាម ការឧស្សាហ៍ ការប្រឹងប្រែង កម្លាំងចិត្ត ការព្យាយាមដ៏មាំ ការប្រឹងប្រែងមិនធូរថយ ការមិនដាក់ឆន្ទៈចោល ការមិនដាក់ធុរៈចោល ការផ្គងនូវធុរៈ សេចក្តីព្យាយាម ការព្យាយាមជាធំ ព្យាយាមជាកម្លាំង ព្យាយាមដោយប្រពៃ បុគ្គលនោះ ព្រមព្រៀង មូលមិត្ត ចូលទៅជិត អែបនែប កៀកកើយ ផ្តេកផ្តិត ប្រកបដោយការព្យាយាមជាគ្រឿងដុតកំដៅកិលេសនេះ ទើបលោកហៅថា អ្នកមានព្យាយាមជាគ្រឿងដុតកំដៅកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុមានព្យាយាមជាគ្រឿងដុតកំដៅកិលេស គប្បីគប់រកការភ្ញាក់រឭក ។

[៥៤] អធិប្បាយពាក្យថា គប្បីលះបង់នូវសេចក្តីខ្ជិលច្រអូស មាយា ការសើច ការលេង មេថុនធម្ម ព្រមទាំងការស្អិតស្អាង ត្រង់ពាក្យថា សេចក្តីខ្ជិលច្រអូស គឺសេចក្តីខ្ជិលច្រអូល អាការនៃការខ្ជិលច្រអូស ភាពនៃការខ្ជិលច្រអូស ភាពនៃចិត្តខ្ជិលច្រអូស សេចក្តីខ្ជិល អាការខ្ជិល ភាពនៃសេចក្តីខ្ជិលណា នេះ លោកហៅថា សេចក្តីខ្ជិលច្រអូស ។ ពាក្យថា មាយា គឺការប្រព្រឹត្តិប្រកបដោយការបញ្ឆោត លោកហៅថា មាយា ។ បុគ្គលខ្លះក្នុងលោកនេះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត តាំងសេចក្តីប្រាថ្នាដ៏លាមក ព្រោះហេតុនៃការបិទបាំងទុច្ចរិតនោះ តែងប្រាថ្នាថា អ្នកផងកុំដឹងអញ ត្រិរិះថា អ្នកផងកុំដឹងអញ ពោលនូវវាចាថា អ្នកផងកុំស្គាល់អញ ប្រឹងប្រែងដោយកាយថា អ្នកផងកុំដឹងអញ ។ មាយា ភាពនៃមាយា ការបំភ្លេច ការបញ្ឆោត ការបំភ័ន្ត ការរោយរាយ ការនាំចេញ ការរក្សាពុត ការលាក់ពុត ការលាក់លៀម ការបិទបាំង ការគ្របបិទបាំង អំពើដ៏ជ្រៅ អំពើដ៏កំបាំង ការគ្របជិតស្និទ្ធ កិរិយាអាក្រក់ឯណា មានសភាពយ៉ាងនេះ នេះ លោកហៅថា មាយា ។ ពាក្យថា ការសើច គឺបុគ្គលខ្លះក្នុងលោកនេះ សើចបង្ហាញធ្មេញហួសប្រមាណ ។ សមដូចព្រះពុទ្ធដីកានេះ ដែលព្រះមានព្រះភាគត្រាស់ហើយថា ម្នាលភិក្ខុទាំងឡាយ ការសើចបញ្ចេញធ្មេញហួសប្រមាណឯណា នេះ ជាអំពើរបស់ក្មេងក្នុងអរិយវិន័យ ។

ពាក្យថា ការលេង បានដល់ការលេង ២ គឺការលេងប្រកបដោយកាយ ១ ការលេងប្រកបដោយវាចា ១ ។ ការលេងប្រកបដោយកាយ តើដូចម្តេច ។ ជនទាំងឡាយ លេងដំរីខ្លះ លេងសេះខ្លះ លេងរថខ្លះ លេងធ្នូខ្លះ លេងបាស្កាមានក្រឡាប្រាំបីខ្លះ លេងបាស្កាមានក្រឡាដប់ខ្លះ លេងបាស្កាក្នុងអាកាសខ្លះ លេងវាងផ្លូវដែលគួរវាងខ្លះ លេងផ្ទាត់គ្រាប់ មានគ្រាប់ក្រួសជាដើមខ្លះ លេងបាស្កាក្នុងលានសម្រាប់លេងខ្លះ លេងហ៊ឹងខ្លះ លេងដោយបាចស្លាករលាស់ទឹកល័ខជាដើម ឲ្យទាយរូបខ្លះ លេងអង្គញ់ខ្លះ លេងប៉ីស្លឹកខ្លះ លេងនង្គ័លតូចខ្លះ លេងដាំដូងខ្លះ លេងកង្ហារខ្លះ លេងគ្រឿងវាល់ដីដោយស្លឹកខ្លះ លេងរថតូចខ្លះ លេងធ្នូតូចខ្លះ លេងឲ្យទាយអក្សរខ្លះ លេងទាយចិត្ត (ស្តេចចង់) ខ្លះ លេងធ្វើត្រាប់គេខ្លះ នេះហៅថា ការលេងប្រកបដោយកាយ ។

ការលេងប្រកបដោយវាចា តើដូចម្តេច ។ ការធ្វើឲ្យដូចជាស្គរដោយសំឡេងមាត់ ការធ្វើត្រាប់ស្គរដោយមាត់ ការធ្វើសំឡេងដោយមាត់ ដូចជាស្គរដែលគេវាយហើយ ការធ្វើសំឡេងដោយអណ្តាតទល់បបូរមាត់ ការបញ្ចេញសំឡេងដូចស្គរដោយមាត់ ការធ្វើឲ្យដូចជាស្គរតូចដោយមាត់ ការនិយាយពន្យល់ឲ្យអ្នករាំ ការស្រែកហ៊ោ ការច្រៀង អំពើសើចលេង នេះហៅថា ការលេងប្រកបដោយវាចា ។

ឈ្មោះថា មេថុនធម្ម បានដល់ធម៌អសប្បុរស ធម៌របស់អ្នកស្រុក ធម៌របស់អ្នកខូច ធម៌អាក្រក់ មានទឹកជាទីបំផុត ធម៌កំបាំង ការជួបជុំរបស់បុគ្គល ១ គូៗ ។ ព្រោះហេតុអ្វី ទើបលោកហៅថា មេថុនធម្ម ។ ធម៌របស់បុគ្គល ២ នាក់ ដែលត្រេតអរ ត្រេកអរក្រៃពេក មានចិត្តទទឹកដោយរាគៈ មានកិលេសរួបរឹត មានចិត្តដែលកិលេសគ្របសង្កត់ ធម៌របស់បុគ្គល ២ នាក់ស្មើគ្នា ព្រោះហេតុនោះ លោកហៅថា មេថុនធម្ម ។ ពួកជនអ្នកធ្វើជម្លោះ ២ នាក់ អ្នកធ្វើការប្រកាន់ ២ នាក់ អ្នកធ្វើតិរច្ឆានកថា ២ នាក់ អ្នកធ្វើការជជែក ២ នាក់ អ្នកធ្វើអធិករណ៍ ២ នាក់ អ្នកនិយាយ ២ នាក់ អ្នកចរចា ២ នាក់ លោកហៅថា អ្នកធ្វើធម៌ជាគូ យ៉ាងណា ធម៌របស់បុគ្គល ២ នាក់ ដែលត្រេកអរ ត្រេកអរក្រៃពេក មានចិត្តទទឹកដោយរាគៈ មានកិលេសរួបរឹត មានចិត្តដែលកិលេសគ្របសង្កត់ ជាធម៌របស់បុគ្គល ២ នាក់ស្មើគ្នា ព្រោះហេតុនោះ លោកហៅថា មេថុនធម្ម យ៉ាងនោះដែរ ។  

ពាក្យថា ការស្អិតស្អាង បានដល់ការស្អិតស្អាង ២ គឺ ការស្អិតស្អាងរបស់គ្រហស្ថ ១ ការស្អិតស្អាងរបស់បព្វជិត ១ ។

ការស្អិតស្អាងរបស់គ្រហស្ថ តើដូចម្តេច ។ សក់ ពុកមាត់ ពុកចង្កា ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប គ្រឿងអាភរណៈ គ្រឿងប្រដាប់សំពត់ គ្រឿងស្អិតស្អាង ឆ្នួតក្បាល គ្រឿងអប់ ការច្របាច់រឹត ការផ្ងូតទឹក ការគក់ច្របាច់ កញ្ចក់ គ្រឿងបន្តក់ កម្រងផ្កា និងគ្រឿងលាប គ្រឿងលំអិតសម្រាប់ប្រស់មុខ វត្ថុសម្រាប់លាបមុខ គ្រឿងប្រដាប់ដៃ ចំណងភ្នួងសក់ ដំបង បំពង់ថ្នាំហិត ព្រះខ័ន ឆត្រ ស្បែកជើងដ៏វិចិត្រ មកុដ ឬក្បាំងមុខ ស្នៀតសក់ កែវមណី ផ្លិតធ្វើពីរោមកន្ទុយសត្វ និងសំពត់សទាំងវែងទាំងខ្លី នេះហៅថា ការស្អិតស្អាងរបស់គ្រហស្ថ ។

ការស្អិតស្អាងរបស់បព្វជិត តើដូចម្តេច ។ ការប្រដាប់ចីវរ ការប្រដាប់បាត្រ ការប្រដាប់ ការស្អិតស្អាង ការលេង ការលេងដោយប្រការៈ ការជាប់ចិត្ត ភាពនៃការជាប់ចិត្ត ការធ្វើនូវគ្រឿងប្រដាប់ ភាពនៃការធ្វើនូវគ្រឿងប្រដាប់នូវកាយស្អុយនេះក្តី នូវបរិក្ខារទាំងឡាយជាខាងក្រៅក្តី នេះហៅថា ការស្អិតស្អាងរបស់បព្វជិត ។

ពាក្យថា គប្បីលះបង់នូវសេចក្តីខ្ជិលច្រអូស មាយា ការសើច ការលេង មេថុនធម្ម ព្រមទាំងការស្អិតស្អាង បានសេចក្តីថា គប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាន នូវសេចក្តីខ្ជិលច្រអូសផង មាយាផង ការសើចផង ការលេងផង មេថុនធម្ម ព្រមទាំងការស្អិតស្អាង ព្រមទាំងបរិវារ ព្រមទាំងគ្រឿងប្រស់ព្រំ ព្រមទាំងបរិក្ខារ ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីលះបង់នូវសេចក្តីខ្ជិលច្រអូស មាយា ការសើច ការលេង មេថុនធម្ម ព្រមទាំងការស្អិតស្អាង ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ភិក្ខុមានព្យាយាមជាគ្រឿងដុតកំដៅកិលេស មិនគប្បីធ្វើការដេកលក់ឲ្យច្រើនទេ គប្បីគប់រកនូវការភ្ញាក់រឭក គប្បីលះបង់នូវសេចក្តីខ្ជិលច្រអូស មាយា ការសើច ការលេង មេថុនធម្ម ព្រមទាំងការស្អិតស្អាង ។

[៥៥] ភិក្ខុអ្នករាប់អាន (ព្រះរតនត្រយ័) មិនគប្បីគប់នូវអំពើធ្មប់ផង សុបិនផង លក្ខណៈផង នក្ខត្តឫក្សផង មិនគប្បីសេពនូវមន្តសម្រាប់ទាយសម្រែកសត្វផង ថ្នាំសម្រាប់ធ្វើគភ៌ឲ្យតាំងនៅផង ការរក្សារោគផង ។

[៥៦] ពាក្យថា ភិក្ខុមិនគប្បីគប់នូវអំពើធ្មប់ផង សុបិនផង លក្ខណៈផង នក្ខត្តឫក្សផង អធិប្បាយថា ពួកគ្រូធ្មប់ តែងប្រកបអំពើធ្មប់ កាលបើទីក្រុងគេបិទហើយ ឬសង្រ្គាមតទល់គ្នាហើយ ក៏ញុំាងចង្រៃឲ្យកើត ញុំាងឧបទ្រពឲ្យកើត ញុំាងរោគឲ្យកើត ធ្វើឲ្យចុក ធ្វើឲ្យចុកសៀត ធ្វើឲ្យគ្រុនក្តៅ ធ្វើឲ្យចុះឈាម ចំពោះពួកបច្ចាមិត្រជាសត្រូវ ពួកគ្រូធ្មប់តែងប្រកបអំពើធ្មប់ យ៉ាងនេះ ។ ពួកគ្រូទាយសុបិន តែងទាយសុបិនថា បុគ្គលណា យល់សប្តក្នុងវេលាព្រឹកព្រហាម វិបាករមែងមានយ៉ាងនេះ បុគ្គលណា យល់សប្តក្នុងវេលាថ្ងៃត្រង់ វិបាករមែងមានយ៉ាងនេះ បុគ្គលណា យល់សប្តក្នុងវេលាថ្ងៃរសៀល វិបាករមែងមានយ៉ាងនេះ បុគ្គលណា យល់សប្តិក្នុងបឋមយាម ក្នុងមជ្ឈិមយាម ក្នុងបច្ឆិមយាម បុគ្គលណា ដេកដោយចំហៀងខាងស្តាំ បុគ្គលណា ដេកដោយចំហៀងខាងឆ្វេង បុគ្គលណា ដេកផ្ងារ បុគ្គលណា ដេកផ្កាប់ បុគ្គលណា យល់សប្តឃើញព្រះចន្ទ បុគ្គលណា យល់សប្តយើញព្រះអាទិត្យ បុគ្គលណា យល់សប្តឃើញមហាសមុទ្រ បុគ្គលណា យល់សប្តឃើញស្តេចភ្នំឈ្មោះសិនេរុ បុគ្គលណាយល់សប្តឃើញដំរី បុគ្គលណាយល់សប្តឃើញសេះ បុគ្គលណាយល់សប្តឃើញរថ បុគ្គលណាយល់សប្តឃើញពលថ្មើរជើង បុគ្គលណាយល់សប្តឃើញសេនាព្យូហៈ បុគ្គលណាយល់សប្តឃើញសួនជាទីត្រេកអរ បុគ្គលណាយល់សប្តឃើញព្រៃជាទីត្រេកអរ បុគ្គលណា យល់សប្តឃើញភូមិជាទីត្រេកអរ បុគ្គលណាយល់សប្តឃើញស្រះឈូកជាទីត្រេកអរ វិបាករមែងមានយ៉ាងនេះ ពួកគ្រូទាយសុបិន តែងទាយសុបិនយ៉ាងនេះ ។ ពួកគ្រូទាយលក្ខណៈ តែងទាយលក្ខណៈ គឺលក្ខណៈកែវមណី លក្ខណៈដំបង ឬឈើច្រត់ លក្ខណៈសំពត់ លក្ខណៈដាវ លក្ខណៈព្រួញ លក្ខណៈធ្នូ លក្ខណៈអាវុធ លក្ខណៈស្រី លក្ខណៈប្រុស លក្ខណៈក្មេងស្រី លក្ខណៈក្មេងប្រុស លក្ខណៈខ្ញុំស្រី លក្ខណៈខ្ញុំប្រុស លក្ខណៈដំរី លក្ខណៈសេះ លក្ខណៈក្របី លក្ខណៈគោឧសភ លក្ខណៈពពែ លក្ខណៈកែះ លក្ខណៈមាន់ លក្ខណៈចាប ឬក្រួច លក្ខណៈទន្សង លក្ខណៈគ្រឿងប្រដាប់ផ្ទះ ឬកំពូលផ្ទះ លក្ខណៈអណ្តើក លក្ខណៈម្រឹគ ពួកគ្រូទាយលក្ខណៈ តែងទាយលក្ខណៈយ៉ាងនេះ ។ ពួកគ្រូទាយនក្ខត្តឫក្ស តែងទាយថា នក្ខត្តឫក្ស ២៨ ការចូលកាន់ផ្ទះ ត្រូវធ្វើដោយនក្ខត្តឫក្សនេះ មកុដគេត្រូវចងដោយនក្ខត្តឫក្សនេះ ការដណ្តឹងកូនគេ ត្រូវធ្វើដោយនក្ខត្តឫក្សនេះ ការនាំពូជ (ដើម្បីសាបព្រោះ) ត្រូវធ្វើដោយនក្ខក្តឫក្សនេះ ការគ្រប់គ្រងផ្ទះ ត្រូវធ្វើដោយនក្ខត្តឫក្សនេះ ពួកគ្រូទាយនក្ខត្តឫក្ស រមែងទាយនក្ខត្តឫក្ស យ៉ាងនេះ ។ ពាក្យថា ភិក្ខុមិនគប្បីគប់នូវអំពើធ្មប់ផង សុបិនផង លក្ខណៈផង នក្ខត្តឫក្សផង បានសេចក្តីថា មិនគប្បីគប់ មិនគប្បីប្រព្រឹត្ត មិនគប្បីប្រព្រឹត្តព្រម មិនគប្បីប្រព្រឹត្តសមាទាន ឬមិនគប្បីកាន់យក មិនគប្បីរៀន មិនគប្បីទ្រទ្រង់ មិនគប្បីចងចាំ មិនគប្បីកំណត់ មិនគប្បីប្រកបនូវអំពើធ្មប់ផង សុបិនផង លក្ខណៈផង នក្ខត្តឫក្សផង ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុមិនគប្បីគប់នូវអំពើធ្មប់ផង សុបិនផង លក្ខណៈផង នក្ខត្តឫក្សផង ។

[៥៧] ពាក្យថា ភិក្ខុអ្នករាប់អាន (ព្រះរតនត្រ័យ) មិនគប្បីសេពនូវមន្តសម្រាប់ទាយសម្រែកសត្វផង ថ្នាំសម្រាប់ធ្វើគភ៌ឲ្យតាំងនៅផង ការរក្សារោគផង អធិប្បាយថា សម្រែកម្រឹគ លោកហៅថា សម្រែកសត្វ ។ ពួកគ្រូទាយសម្រែកម្រឹគ រមែងទាយសម្រែកម្រឹគ រមែងដឹងនូវសម្រែកស្រែករបស់ពួកសត្វស្លាប ឬពួកសត្វចតុប្បាទ ពួកគ្រូទាយសម្រែកម្រឹគ រមែងទាយសម្រែកម្រឹគយ៉ាងនេះ ។ ពួកគ្រូពេទ្យធ្វើគភ៌ រមែងញុំាងគភ៌ឲ្យតាំងនៅបាន ។ គភ៌មិនតាំងនៅដោយហេតុ ២ គឺ ដោយពួកដង្កូវ ឬដោយខ្យល់កម្រើក ។ ពួកគ្រូពេទ្យតែងឲ្យឱសថដើម្បីការពារពួកដង្កូវ ឬខ្យល់កម្រើក ពួកគ្រូពេទ្យធ្វើគភ៌ រមែងញុំាងគភ៌ឲ្យតាំងនៅ ដោយវិធីយ៉ាងនេះ ។ ពាក្យថា ការរក្សារោគ បានដល់ ការរក្សា ៥ គឺវេជ្ជកម្មខាងស្លាក ១ វេជ្ជកម្មខាងវះ ១ វេជ្ជកម្មខាងការរក្សាកាយ ១ វេជ្ជកម្មខាងភូត ១ វេជ្ជកម្មខាងកុមារ ១ ។ ពាក្យថា អ្នករាប់អាន (ព្រះរតនត្រ័យ) គឺអ្នករាប់អានព្រះពុទ្ធ រាប់អានព្រះធម៌ រាប់អានព្រះសង្ឃ បុគ្គលនោះ រាប់អានព្រះមានព្រះភាគ ព្រះមានព្រះភាគក៏លើកតំកើងបុគ្គលនោះ ។ សមដូចព្រះពុទ្ធដីកានេះ ដែលព្រះមានព្រះភាគ ត្រាស់ហើយថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ជាអ្នកកុហក រឹងរូស ពោលអែបអប មានកិលេសដូចស្នែង មានមានះខ្ពស់ឡើង មានចិត្តមិនតាំងមាំ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ មិនឈ្មោះថា អ្នករាប់អានតថាគតផង ភិក្ខុទាំងនោះ ឈ្មោះថា ជាអ្នកប្រាសចាកធម្មវិន័យនេះផង ភិក្ខុទាំងនោះមិនដល់នូវសេចក្តីចម្រើន លូតលាស់ធំទូលាយ ក្នុងធម្មវិន័យនេះផង ម្នាលភិក្ខុទាំងឡាយ ឯពួកភិក្ខុណា ជាអ្នកមិនកុហក មិនពោលអែបអប ជាអ្នកប្រាជ្ញ មិនរឹងរូស មានចិត្តតាំងមាំ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថារាប់អានតថាគតផង ភិក្ខុទាំងនោះ ឈ្មោះថាមិនប្រាសចាកធម្មវិន័យនេះផង ភិក្ខុទាំងនោះ រមែងដល់នូវសេចក្តីចម្រើនលូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះផង ។

ពួកភិក្ខុណា ជាអ្នកកុហក រឹងរូស ពោលពាក្យអែបអប មានកិលេសដូចស្នែង មានមានះខ្ពស់ឡើង មានចិត្តមិនតាំងមាំ ភិក្ខុទាំងនោះ រមែងមិនលូតលាស់ក្នុងធម៌ដែលព្រះសម្មាសម្ពុទ្ធត្រាស់ទុកហើយ ឯពួកភិក្ខុណា ជាអ្នកមិនកុហក មិនពោលអែបអប ជាអ្នកប្រាជ្ញ មិនរឹងរូស មានចិត្តតាំងមាំ ភិក្ខុទាំងនោះ រមែងលូតលាស់ក្នុងធម៌ដែលព្រះសម្មាសម្ពុទ្ធត្រាស់ទុកហើយ ។

ពាក្យថា ភិក្ខុអ្នករាប់អាន (ព្រះរតនត្រ័យ) មិនគប្បីសេពនូវមន្តសម្រាប់ទាយសម្រែកសត្វផង ថ្នាំសម្រាប់ធ្វើគភ៌ឲ្យតាំងនៅផង ការរក្សារោគផង បានសេចក្តីថា បុគ្គលអ្នករាប់អានព្រះរតនត្រ័យ មិនគប្បីសេព មិនគប្បីរាប់រក មិនគប្បីសេពចំពោះ មិនគប្បីប្រព្រឹត្ត មិនគប្បីអើពើ មិនគប្បីប្រព្រឹត្តសមាទាន មិនគប្បីកាន់យក មិនគប្បីរៀន មិនគប្បីទ្រទ្រង់ មិនគប្បីចងចាំ មិនគប្បីកំណត់ មិនគប្បីប្រកបនូវមន្តសម្រាប់ទាយសម្រែកសត្វផង ថ្នាំសម្រាប់ធ្វើគភ៌ឲ្យតាំងនៅផង ការរក្សារោគផង ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុអ្នករាប់អាន (ព្រះរតនត្រ័យ) មិនគប្បីសេពនូវមន្តសម្រាប់ទាយសម្រែកសត្វផង ថ្នាំសម្រាប់ធ្វើគភ៌ឲ្យតាំងនៅផង ការរក្សារោគផង ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា ភិក្ខុអ្នករាប់អាន (ព្រះរតនត្រ័យ) មិនគប្បីគប់នូវអំពើធ្មប់ផង សុបិនផង លក្ខណៈផង នក្ខត្តឫក្សផង មិនគប្បីសេពនូវមន្តសម្រាប់ទាយសម្រែកសត្វផង ថ្នាំសម្រាប់ធ្វើគភ៌ឲ្យតាំងនៅផង ការរក្សារោគផង ។

[៥៨] ភិក្ខុមិនគប្បីញាប់ញ័រដោយនិន្ទា បើត្រូវគេសរសើរហើយ មិនគប្បីឡើងជំនោរ គប្បីបន្ទោបង់លោភៈ ព្រមទាំងមច្ឆរិយផង ការក្រោធផង ការញុះញង់ផង ។

[៥៩] ពាក្យថា ភិក្ខុមិនគប្បីញាប់ញ័រដោយនិន្ទា អធិប្បាយថា បុគ្គលពួកខ្លះ ក្នុងលោកនេះ និន្ទាភិក្ខុ គឺនិន្ទា តិះដៀល ត្មះ ដោយជាតិខ្លះ គោត្រខ្លះ ភាពនៃខ្លួនជាកូនមានត្រកូលខ្លះ ភាពនៃខ្លួនមានពណ៌សម្បុរល្អខ្លះ ទ្រព្យខ្លះ ការរៀនមន្តខ្លះ ការងារខ្លះ សិប្បៈខ្លះ ថ្នាក់នៃវិជ្ជាខ្លះ ការចេះដឹងខ្លះ ការវាងវៃខ្លះ វត្ថុណាមួយខ្លះ ។ ភិក្ខុត្រូវគេនិន្ទា តិះដៀល ពោលទោសហើយ មិនគប្បីញាប់ញ័រ មិនគប្បីញាប់ញ័រខ្លាំង មិនគប្បីញ័រចំប្រប់ មិនគប្បីតក់ស្លុត មិនគប្បីតក់ស្លុតខ្លាំង មិនគប្បីស្លន់ស្លោ មិនគប្បីខ្លាច មិនគប្បីដល់នូវការតក់ស្លុត ជាអ្នកមិនភ័យ ជាអ្នកមិនរន្ធត់ ជាអ្នកមិនតក់ស្លុត ជាអ្នកមិនរត់ ជាអ្នកលះបង់ភ័យដែលគួរខ្លាចហើយ ប្រាសចាកការព្រឺរោមដោយនិន្ទា ដំនៀល ពាក្យត្មះ ការបង្អាប់កេរ្តិ៍ ការនាំមកនូវទោស ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីញាប់ញ័រដោយនិន្ទា ។

[៦០] ពាក្យថា បើត្រូវគេសរសើរហើយ មិនគប្បីឡើងជំនោរ អធិប្បាយថា បុគ្គលពួកខ្លះក្នុងលោកនេះ សរសើរភិក្ខុ គឺសរសើរ ស្ងើច តំកើង ពណ៌នាដោយជាតិខ្លះ ។បេ ។ វត្ថុណាមួយខ្លះ ។ ភិក្ខុត្រូវគេសរសើរ ស្ងើច តំកើង ពណ៌នា មិនគប្បីធ្វើនូវការឡើងជំនោរ មិនគប្បីធ្វើការខ្ពស់ឡើង មិនគប្បីធ្វើមានះ មិនគប្បីធ្វើការរឹងត្អឹង ព្រោះការសរសើរ ស្ងើច តំកើង ការនាំមកនូវគុណ មិនត្រូវរឹងត្អឹង រឹងរូស មានក្បាលងើប ព្រោះដំណើរនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) បើត្រូវគេសរសើរហើយ មិនគប្បីឡើងជំនោរ ។

[៦១] អធិប្បាយពាក្យថា គប្បីបន្ទោបង់លោភៈ ព្រមទាំងមច្ឆរិយៈផង ការក្រោធផង ការញុះញង់ផង ត្រង់ពាក្យថា លោភៈ បានដល់ ការជាប់ចិត្ត អាការនៃការជាប់ចិត្ត ភាពនៃការជាប់ចិត្ត តម្រេកមានកំឡាំង អាការនៃតម្រេកមានកំឡាំង ភាពនៃតម្រេកមានកំឡាំង អភិជ្ឈា លោភៈ អកុសលមូល ។ ពាក្យថា កំណាញ់ បានដល់ កំណាញ់ ៥ គឺ កំណាញ់អាវាស ១ ។បេ ។ សេចក្តីប្រកាន់ លោកហៅថា កំណាញ់ ។ ពាក្យថា ក្រោធ បានដល់សេចក្តីគុំគួន សេចក្តីចង្អៀតចង្អល់ សេចក្តីតានតឹង សេចក្តីថ្នាំងថ្នាក់នៃចិត្ត ការខឹង ការខឹងខ្លាំង ការខឹងក្រៃលែង សេចក្តីប្រទូស្ត សេចក្តីប្រទូស្តខ្លាំង សេចក្តីប្រទូស្តក្រៃលែង ការប្រែប្រួលនៃចិត្ត ការប្រទូសក្នុងចិត្ត សេចក្តីក្រាធ អាការក្រោធ ភាពនៃក្រាធ ការប្រទូស្ត អាការប្រទូស្ត ភាពនៃការប្រទូស្ត ការព្យាបាទ អាការព្យាបាទ ភាពនៃការព្យាបាទ ការខុស ការអាក់អន់ ភាពកាច ការចេញទឹកភ្នែក សេចក្តីមិនត្រេកអរនៃចិត្ត ។ ពាក្យថា ការញុះញង់ សេចក្តីថា បុគ្គលខ្លះក្នុងលោកនេះ ជាអ្នកមានវាចាញុះញង់ គឺឮអំពីពួកជនឯណេះហើយ ប្រាប់ពួកជនឯណោះ ដើម្បីការបំបែកពួកជនឯនេះ ឬឮអំពីពួកជនឯណោះហើយ ប្រាប់ពួកជនឯនេះ ដើម្បីការបំបែកពួកជនឯណោះ ជាអ្នកបំបែកពួកជនដែលព្រមព្រៀងគ្នាហើយផង ជាអ្នកបន្ថែមកំឡាំងដល់ពួកជនដែលបែកគ្នាហើយផង ជាអ្នកមានពួកជាទីត្រេកអរ ត្រេកអរក្នុងពួក រីករាយក្នុងពួក ជាអ្នកពោលនូវវាចាធ្វើឲ្យជាពួក នេះ លោកហៅថា ការញុះញង់ ។ មួយទៀត បុគ្គលបង្កការញុះញង់ដោយហេតុ ២ គឺដោយសេចក្តីប្រាថ្នាឲ្យគេស្រលាញ់ខ្លួន ឬជាអ្នកប៉ុនប៉ងឲ្យគេបែកគ្នា ។ បុគ្គលបង្កការញុះញង់ ដោយប្រាថ្នាឲ្យគេស្រលាញ់ខ្លួន តើដូចម្តេច ។ បុគ្គលបង្កការញុះញង់ ដោយប្រាថ្នាឲ្យគេស្រលាញ់ខ្លួន យ៉ាងនេះថា អញនឹងបានជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីស្និទ្ធស្នាល ជាអ្នកខាងក្នុង ជាមិត្រសំឡាញ់នៃជននេះ ។ បុគ្គលប៉ុនប៉ងឲ្យគេបែកគ្នា ហើយបង្កការញុះញង់ តើដូចម្តេច ។ បុគ្គលប៉ុនប៉ងឲ្យគេបែកគ្នា ហើយបង្កការញុះញង់យ៉ាងនេះថា ធ្វើដូចម្តេច ជនទាំងអម្បាលនេះ គប្បីផ្សេងគ្នា គប្បីព្រាត់ប្រាសគ្នា គប្បីជាពួក គប្បីជាចំណែកពីរ គប្បីបែកជាពីរ គប្បីបែកជាពីរពួក គប្បីបែកគ្នា មិនគប្បីមកជួបគ្នា គប្បីនៅជាទុក្ខ មិនសប្បាយ ។ ពាក្យថា គប្បីបន្ទោបង់លោភៈ ព្រមទាំងមច្ឆរិយៈផង ការក្រោធផង ការញុះញង់ផង បានសេចក្តីថា គប្បីបន្ទោបង់ លះបង់ បោះបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនកើតមាននូវលោភៈផង មច្ឆរិយៈផង ការក្រោធផង ការញុះញង់ផង ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីបន្ទោបង់លោភៈ ព្រមទាំងមច្ឆរិយៈផង ការក្រោធផង ការញុះញង់ផង ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

ភិក្ខុមិនគប្បីញាប់ញ័រដោយនិន្ទា បើត្រូវគេសរសើរហើយ មិនគប្បីឡើងជំនោរ គប្បីបន្ទោបង់លោភៈ ព្រមទាំងមច្ឆរិយៈផង ការក្រោធផង ការញុះញង់ផង ។

[៦២] ភិក្ខុមិនគប្បីតាំងនៅក្នុងការទិញ និងការលក់ មិនគប្បីធ្វើនូវការឲ្យគេតិះដៀលក្នុងទីណាមួយ មិនគប្បីជាប់ក្នុងស្រុក មិនគប្បីពោលរាក់ទាក់នឹងជន ព្រោះប្រាថ្នាលាភទេ ។

[៦៣] ពាក្យថា ភិក្ខុមិនគប្បីតាំងនៅក្នុងការទិញ និងការលក់ អធិប្បាយថា ការទិញ និងការលក់ទាំងឡាយណា ដែលព្រះមានព្រះភាគ ទ្រង់ឃាត់ហាមក្នុងវិន័យ ការទិញ និងការលក់ទាំងនោះ លោកមិនបំណងយកក្នុងសេចក្តីនេះទេ ។ ភិក្ខុតាំងនៅក្នុងការទិញ និងការលក់ តើដូចម្តេច ។ ភិក្ខុធ្វើរបស់បន្លំក្តី ប្រាថ្នាចំណេញក្តី ប្តូរបាត្រ ចីវរ ឬបរិក្ខារដទៃណាមួយ ជាមួយនឹងសហធម្មិកទាំង ៥ ឈ្មោះថា តាំងនៅក្នុងការទិញ និងការលក់យ៉ាងនេះ ។ ភិក្ខុមិនតាំងនៅក្នុងការទិញ និងការលក់ តើដូចម្តេច ។ ភិក្ខុមិនធ្វើរបស់បន្លំក្តី មិនប្រាថ្នាចំណេញក្តី ប្តូរបាត្រ ចីវរ ឬបរិក្ខារដទៃណាមួយ ជាមួយនឹងសហធម្មិកទាំង ៥ ឈ្មោះថា មិនតាំងនៅក្នុងការទិញ និងការលក់យ៉ាងនេះ ។ ពាក្យថា មិនគប្បីតាំងនៅក្នុងការទិញ និងការលក់ បានសេចក្តីថា មិនតាំងនៅ មិនតាំងនៅព្រម ក្នុងការទិញ និងការលក់ គឺគប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនកើតមាននូវការទិញ និងការលក់ គប្បីជាអ្នកឆ្ងាយ វៀរ វៀរស្រឡះ ឃ្លាតចេញ រលាស់ចោល រួចស្រឡះ ប្រាសចេញចាកការទិញ និងការលក់ គប្បីនៅដោយចិត្តដែលប្រាសចាកដែនគឺកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីតាំងនៅក្នុងការទិញ និងការលក់ ។

[៦៤] ពាក្យថា មិនគប្បីធ្វើនូវការឲ្យគេតិះដៀល ក្នុងទីណាមួយ អធិប្បាយថា ពួកកិលេសជាគ្រឿងធ្វើនូវការឲ្យគេតិះដៀល តើដូចម្តេច ។ មានសមណព្រាហ្មណ៍ពួកមួយ មានឫទ្ធិ មានទិព្វចក្ខុ ដឹងចិត្តរបស់បុគ្គលដទៃ សមណព្រាហ្មណ៍ទាំងនោះ ឃើញអំពីចម្ងាយខ្លះ មិនឃើញក្នុងទីជិតខ្លះ ដឹងចិត្តដោយចិត្តខ្លះ ។ មានពួកទេវតាខ្លះ មានឫទ្ធិ មានទិព្វចក្ខុ ដឹងចិត្តរបស់បុគ្គលដទៃ ទេវតាទាំងនោះ ឃើញអំពីចម្ងាយខ្លះ មិនប្រាកដក្នុងទីជិតខ្លះ ដឹងច្បាស់នូវចិត្តដោយចិត្តខ្លះ ។ ជនទាំង ២ ពួកនោះ រមែងឲ្យគេតិះដៀល ដោយកិលេសគ្រោតគ្រាតខ្លះ ដោយកិលេសជាកណ្តាលខ្លះ ដោយកិលេសដ៏ល្អិតខ្លះ ។ ពួកកិលេសគ្រោតគ្រាត តើដូចម្តេច ។ កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត ទាំងនេះហៅថា កិលេសគ្រោតគ្រាត ។ ពួកកិលេសជាកណ្តាល តើដូចម្តេច ។ កាមវិតក្កៈ ព្យាបាទវិតក្កៈ វិហឹសាវិតក្កៈ ទាំងនេះហៅថា កិលេសជាកណ្តាល ។ ពួកកិលេសដ៏ល្អិត តើដូចម្តេច ។ ការត្រិះរិះចំពោះញាតិ ការត្រិះរិះចំពោះជនបទ ការត្រិះរិះចំពោះការមិនចង់ស្លាប់ ការត្រិះរិះប្រកបដោយសេចក្តីអាណិតចំពោះជនដទៃ ការត្រិះរិះប្រកបដោយលាភសក្ការៈ និងសេចក្តីសរសើរ ការត្រិះរិះប្រកបដោយការមិនឲ្យគេមើលងាយ ទាំងនេះហៅថា កិលេសដ៏ល្អិត ។ ជនទាំង ២ ពួកនោះ រមែងឲ្យគេតិះដៀលដោយពួកកិលេសគ្រោតគ្រាតខ្លះ ដោយពួកកិលេសជាកណ្តាលខ្លះ ដោយពួកកិលេសដ៏ល្អិតខ្លះ ។ ភិក្ខុមិនគប្បីធ្វើនូវការឲ្យគេតិះដៀល គឺមិនគប្បីធ្វើ មិនគប្បីឲ្យកើត មិនគប្បីឲ្យកើតព្រម មិនគប្បីឲ្យលូតលាស់ មិនគប្បីឲ្យដុះដាល នូវពួកកិលេសជាគ្រឿងធ្វើនូវការឲ្យគេតិះដៀល គឺគប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនកើតមាននូវកិលេសជាគ្រឿងធ្វើនូវការឲ្យគេតិះដៀល គប្បីជាអ្នកឆ្ងាយ វៀរ វៀរស្រឡះ ឃ្លាតចេញ រលាស់ចោល រួចស្រឡះ ប្រាសចេញ ចាកពួកកិលេសជាគ្រឿងធ្វើនូវការឲ្យគេតិះដៀល ហើយនៅដោយចិត្តដែលប្រាសចាកដែនគឺកិលេស ។ ពាក្យថា ក្នុងទីណាមួយ គឺក្នុងទីដូចម្តេច ក្នុងទីណា ក្នុងទីនីមួយ ទោះជាខាងក្នុង ឬខាងក្រៅ ឬទាំងខាងក្នុងខាងក្រៅ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីធ្វើនូវការឲ្យគេតិះដៀល ក្នុងទីណាមួយ ។

[៦៥] ពាក្យថា មិនគប្បីជាប់ក្នុងស្រុក អធិប្បាយថា ភិក្ខុជាប់ក្នុងស្រុក តើដូចម្តេច ។ ភិក្ខុក្នុងសាសនានេះ នៅច្រឡូកច្រឡំដោយពួកគ្រហស្ថក្នុងស្រុក គឺជាអ្នកត្រេកត្រអាលជាមួយ មានសេចក្តីសោកជាមួយ កាលពួកគ្រហស្ថដល់នូវសុខ ក៏ដល់នូវសុខ កាលពួកគ្រហស្ថដល់នូវទុក្ខ ក៏ដល់នូវទុក្ខ កាលបើករណីយកិច្ចកើតឡើង ក៏ដល់នូវការខ្វល់ខ្វាយចំពោះខ្លួនឯង ភិក្ខុជាប់ក្នុងស្រុក យ៉ាងនេះខ្លះ ។ មួយទៀត ភិក្ខុស្លៀកក្នុងវេលាព្រឹកព្រហាម ហើយកាន់យកបាត្រ និងចីវរ ចូលទៅស្រុក ឬនិគម ដើម្បីបិណ្ឌបាត ដោយកាយដែលមិនបានរក្សា ដោយវាចាដែលមិនបានរក្សា ដោយចិត្តដែលមិនបានរក្សា ដោយស្មារតីដែលមិនបានតំកល់មាំ ដោយឥន្រ្ទិយដែលមិនបានសង្រួម ភិក្ខុនោះជាប់ក្នុងអារម្មណ៍នោះៗ កួចកាន់ក្នុងអារម្មណ៍នោះៗ ចំពាក់ក្នុងអារម្មណ៍នោះៗ ដល់នូវវិនាសក្នុងអារម្មណ៍នោះៗ ភិក្ខុជាប់ក្នុងស្រុក យ៉ាងនេះខ្លះ ។ ភិក្ខុមិនជាប់ក្នុងស្រុក តើដូចម្តេច ។ ភិក្ខុក្នុងសាសនានេះ មិននៅច្រឡូកច្រឡំដោយពួកគ្រហស្ថក្នុងស្រុក គឺជាអ្នកមិនត្រេកអរជាមួយ មិនសោកជាមួយ កាលពួកគ្រហស្ថដល់នូវសុខ ក៏មិនដល់នូវសុខជា (មួយ) កាលបើពួកគ្រហស្ថដល់នូវទុក្ខ ក៏មិនដល់នូវទុក្ខ (ជាមួយ) កាលបើករណីយកិច្ចកើតឡើង ក៏មិនដល់នូវការខ្វល់ខ្វាយដោយខ្លួនឯង ភិក្ខុមិនជាប់ក្នុងស្រុក យ៉ាងនេះខ្លះ ។ មួយទៀត ភិក្ខុស្លៀកក្នុងវេលាព្រឹកព្រហាម ហើយកាន់យកនូវបាត្រ និងចីវរ ចូលទៅស្រុក ឬនិគមដើម្បីបិណ្ឌបាតដោយកាយដែលរក្សាហើយ ដោយវាចាដែលរក្សាហើយ ដោយចិត្តដែលរក្សាហើយ ដោយស្មារតីដែលតំកល់មាំហើយ ដោយឥន្រ្ទិយដែលសង្រួមហើយ ភិក្ខុនោះមិនជាប់ក្នុងអារម្មណ៍នោះៗ មិនកួចកាន់ក្នុងអារម្មណ៍នោះៗ មិនចំពាក់ក្នុងអារម្មណ៍នោះ ៗ មិនដល់នូវការវិនាសក្នុងអារម្មណ៍នោះ ៗ ភិក្ខុមិនជាប់ក្នុងស្រុក យ៉ាងនេះខ្លះ ។ ពាក្យថា មិនគប្បីជាប់ក្នុងស្រុក បានសេចក្ដីថា មិនគប្បីជាប់ មិនគប្បីកួចកាន់ មិនគប្បីចំពាក់ មិនគប្បីកង្វល់ក្នុងស្រុក ជាអ្នកមិនជាប់ចិត្ត មិនធ្លាក់ចុះ មិនជ្រុលជ្រប់ មិនងល់ងប់ ប្រាសចាកការជាប់ចំពាក់ ឃ្លាតចាកការជាប់ចំពាក់ លះបង់ការជាប់ចំពាក់ ។បេ ។ គប្បីនៅដោយចិត្តដ៏ប្រសើរ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីជាប់ក្នុងស្រុក ។

[៦៦] ពាក្យថា មិនគប្បីពោលរាក់ទាក់នឹងជន ព្រោះប្រាថ្នាលាភ អធិប្បាយថា ការរាក់ទាក់ តើដូចម្ដេច ។ ការហៅរក ការពោល រាក់ទាក់ ការពោលស្រស់ស្រាយ ការពោលស្រុសស្រួល ការពោលរួសរាយ ការលួងលោម ការបន្ទន់ចិត្តគ្រហស្ថ ការលើកបញ្ជោរ ការលើកតំកើង ការពោលពាក្យជាទីស្រលាញ់រឿយ ៗ ការបន្ទោបន្ទន់កាយ ការពោលពាក្យដូចសម្លសណ្ដែកបាយ ការថ្នាក់ថ្នមកូនរបស់គ្រហស្ថ ការពោលពាក្យដូចស៊ីខ្នងជនដទៃទៅរកពួកជនដទៃណានៃភិក្ខុអ្នកអាស្រ័យលាភៈ សក្ការៈ និងសេចក្ដីសរសើរ មានប្រាថ្នាដ៏លាមក ត្រូវសេចក្តីប្រាថ្នាគ្របសង្កត់ ជាអ្នកសំឡឹងអាមិស អ្នកធ្ងន់ក្នុងលោកធម៌ ឬការពោលពាក្យផ្អែមល្ហែម ការពោលពាក្យទន់ ការពោលពាក្យប្រកបដោយមេត្តា កាពោលពាក្យមិនអាក្រក់ណា ចំពោះជនទាំងនោះ នេះលោកហៅថា ការពោលរាក់ទាក់ ។ មួយទៀត ភិក្ខុពោលរាក់ទាក់នឹងជនដោយហេតុ ២ គឺ ភិក្ខុដាក់ខ្លួនឲ្យទាប លើកបុគ្គលដទៃឲ្យខ្ពស់ ពោលរាក់ទាក់នឹងជន ឬលើកខ្លួនឯងឲ្យខ្ពស់ ដាក់បុគ្គលដទៃឲ្យទាប ពោលរាក់ទាក់នឹងជន ។

ភិក្ខុដាក់ខ្លួនឲ្យទាប លើកបុគ្គលដទៃឲ្យខ្ពស់ ពោលរាក់ទាក់នឹងជន តើដូចម្ដេច ។ ភិក្ខុពោលថា អ្នកទាំងឡាយមានឧបការៈច្រើនដល់អាត្មា អាត្មាអាស្រ័យនឹងពួកអ្នក ទើបបានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ឯពួកជនដទៃណា សំគាល់ដើម្បីឲ្យ ឬដើម្បីធ្វើ ដល់អាត្មា ពួកជននោះ ក៏អាស្រ័យអ្នកទាំងឡាយ យល់អ្នកទាំងឡាយ មួយទៀត ឈ្មោះដើមណាដែលមាតាបិតាឲ្យ ឈ្មោះរបស់អាត្មានោះបាត់ទៅហើយ អាត្មាដែលបានឋានៈជាជីតុនអាមាត្យឯណោះ ជាជីតុនឧបាសិកាឯណោះ ក៏ដោយសារអ្នកទាំងឡាយ ភិក្ខុដាក់ខ្លួនឲ្យទាប លើកបុគ្គលដទៃឲ្យខ្ពស់ ពោលរាក់ទាក់នឹងជន យ៉ាងនេះឯង ។ ភិក្ខុលើកខ្លួនឯងឲ្យខ្ពស់ ដាក់បុគ្គលដទៃឲ្យទាប ពោលរាក់ទាក់នឹងជន តើដូចម្តេច ។ ភិក្ខុពោលថា អាត្មាមានឧបការៈច្រើន ដល់អ្នកទាំងឡាយ អ្នកទាំងឡាយអាស្រ័យនឹងអាត្មា ទើបដល់ព្រះពុទ្ធជាទីពឹង ដល់ព្រះធម៌ជាទីពឹង ដល់ព្រះសង្ឃជាទីពឹង វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារៈ វៀរចាកមុសាវាទ វៀរចាកហេតុជាទីតាំងនៃសេចក្ដីប្រមាទ គឺផឹកសុរា និងមេរ័យ អាត្មាឲ្យឧទេ្ទស ឲ្យបរិបុច្ឆា ប្រាប់ឧបោសថ អធិដ្ឋាននូវនវកម្ម ដល់អ្នកទាំងឡាយ ម្យ៉ាងទៀត អ្នកទាំងឡាយ មិនសមបើបោះបង់អាត្មាចោល ទៅធ្វើសក្ការៈ ធ្វើគោរព រាប់អាន បូជាបុគ្គលដទៃវិញសោះ ភិក្ខុលើកខ្លួនឯងឲ្យខ្ពស់ ដាក់បុគ្គលដទៃឲ្យទាប ពោលរាក់ទាក់នឹងជនដទៃ យ៉ាងនេះឯង ។ ពាក្យថា មិនគប្បីពោលរាក់ទាក់នឹងជន ព្រោះប្រាថ្នាលាភ បានសេចក្ដីថា ភិក្ខុបង្អាប់នូវលាភ មិនរាក់ទាក់នឹងជនព្រោះហេតុតែលាភ ព្រោះការណ៍នៃលាភ ព្រោះការកើតនៃលាភ គឺគប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនកើតមាន នូវការពោលរាក់ទាក់ គប្បីជាអ្នកឆ្ងាយ វៀរ វៀរស្រឡះ ឃ្លាតចាក រលាស់ចោល រួចស្រឡះ ប្រាសចេញ ចាកការរាក់ទាក់ នៅដោយចិត្ដដែលប្រាសចាកដែនគឺកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីពោលរាក់ទាក់នឹងជន ព្រោះប្រាថ្នាលាភ ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

ភិក្ខុមិនគប្បីតាំងនៅក្នុងការទិញ និងការលក់ មិនគប្បីធ្វើនូវការឲ្យគេតិះដៀលក្នុងទីណាមួយ មិនគប្បីជាប់ក្នុងស្រុក មិនគប្បីពោលរាក់ទាក់នឹងជនព្រោះប្រាថ្នាលាភទេ ។

[៦៧] ភិក្ខុមិនគប្បីជាអ្នកអួតអាង មិនគប្បីពោលវាចាកៀរគរ មិនគប្បីសិក្សានូវអំពើឃ្នើសឃ្នង មិនគប្បីពោលពាក្យផ្ទញ់ផ្ទាល់ ។

[៦៨] ពាក្យថា ភិក្ខុមិនគប្បីជាអ្នកអួតអាង សេចក្តីថា ភិក្ខុខ្លះក្នុងសាសនានេះ ជាអ្នកអួតអាង ជាអ្នកពោលអំនួត ភិក្ខុនោះអួតអាង គឺអួតអាង ពោលអំនួតថា ខ្ញុំជាអ្នកបរិបូរដោយសីល ឬថាជាអ្នកបរិបូរដោយវ័ត ឬក៏ថា ជាអ្នកបរិបូរដោយសីល និងវ័ត ដោយជាតិ ដោយគោត្រ ដោយភាពនៃខ្លួនជាកូនអ្នកមានត្រកូល ដោយភាពនៃខ្លួនមានសម្បុរល្អ ដោយទ្រព្យ ដោយការរៀន ដោយការងារ ដោយសិប្បៈ ដោយថ្នាក់នៃវិជ្ជា ដោយការចេះដឹង ដោយបដិភាណ ឬដោយវត្ថុណាមួយ ថាជាអ្នកចេញអំពីត្រកូលខ្ពស់ហើយបួស ឬថាជាអ្នកចេញអំពីត្រកូលមានភោគៈច្រើនហើយបួស ថាជាអ្នកចេញអំពីត្រកូលមានភោគៈដ៏លើសលប់ហើយបួស ថាជាអ្នកចេះព្រះសូត្រ ថាជាអ្នកទ្រទ្រង់វិន័យ ថាជាធម្មកថិក ថាជាអ្នកប្រព្រឹត្តអារញ្ញិកធុតង្គ ។បេ ។ ឬថាជាអ្នកបាននេវសញ្ញានាសញ្ញាយតនសមាបត្តិ ។ ភិក្ខុមិនគប្បីពោលអួត គឺគប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនកើតមាន នូវការពោលអួត គឺជាអ្នកឆ្ងាយ វៀរ វៀរស្រឡះ ឃ្លាតចេញ រលាស់ចោល រួចស្រឡះ ប្រាសចេញ ចាកការពោលអួត គប្បីនៅដោយចិត្តដែលប្រាសចាកដែនគឺកិលេស យ៉ាងនេះឯង ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុមិនគប្បីជាអ្នកអួតអាង ។

[៦៩] ពាក្យថា មិនគប្បីពោលនូវវាចាកៀរគរ សំនួរថា ចុះវាចាកៀរគរ តើដូចម្តេច ។ ភិក្ខុខ្លះក្នុងសាសនានេះ ពោលវាចាកៀរគរចីវរ ពោលវាចាកៀរគរបិណ្ឌបាត ពោលវាចាកៀរគរសេនាសនៈ ពោលវាចាកៀរគរគិលានប្បច្ចយភេសជ្ជបរិក្ខារ នេះលោកហៅថា វាចាកៀរគរ ។ មួយទៀត ភិក្ខុពោលពាក្យពិតខ្លះ ពោលពាក្យកុហកខ្លះ ពោលពាក្យញុះញង់ខ្លះ ពោលពាក្យមិនញុះញង់ខ្លះ ពោលពាក្យអាក្រក់ខ្លះ ពោលពាក្យមិនអាក្រក់ខ្លះ ពោលសម្ផប្បលាបៈខ្លះ ពោលពាក្យមិនមែនជាសម្ផប្បលាបៈខ្លះ ពោលវាចាដោយប្រាជ្ញាខ្លះ ព្រោះហេតុចីវរ ព្រោះហេតុបិណ្ឌបាត ព្រោះហេតុសេនាសនៈ ព្រោះហេតុគិលានប្បច្ចយភេសជ្ជបរិក្ខារ នេះលោកហៅថា វាចាកៀរគរ ។ មួយទៀត ភិក្ខុមានចិត្តជ្រះថា្ល សំដែងធម៌ដល់ពួកជនដទៃ ដោយគិតថា ធ្វើដូចម្តេចហ្ន៎ ពួកជនគប្បីស្តាប់ធម៌របស់អញ លុះស្តាប់ហើយ គប្បីជ្រះថា្លក្នុងធម៌ លុះជ្រះថា្លហើយ គប្បីធ្វើអាការជ្រះថ្លាដល់អញ នេះលោកហៅថា វាចាកៀរគរ ។ ពាក្យថា មិនគប្បីពោលវាចាកៀរគរ បានសេចក្តីថា មិនគប្បីពោល មិនគប្បីសំដែង មិនគប្បីពណ៌នា មិនគប្បីបំភ្លឺ មិនគប្បីថ្លែងនូវវាចាកៀរគរ ដោយហោចទៅ រាប់យកធម្មទេសនាវាចាផង គឺគប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនកើតមាន នូវវាចាកៀរគរ គប្បីជាអ្នកឆ្ងាយ វៀរ វៀរស្រឡះ ឃ្លាតចេញ រលាស់ចោល រួចស្រឡះ ប្រាសចេញ ចាកវាចាកៀរគរ គប្បីនៅដោយចិត្តដែលប្រាសចាកដែនគឺកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីពោលវាចាកៀរគរ ។

[៧០] អធិប្បាយពាក្យថា មិនគប្បីសិក្សានូវអំពើឃ្នើសឃ្នង ត្រង់ពាក្យថា អំពើឃ្នើសឃ្នង បានដល់អំពើឃ្នើសឃ្នង ៣ គឺ អំពើឃ្នើសឃ្នងប្រកបដោយកាយ ១ អំពើឃ្នើសឃ្នងប្រកបដោយវាចា ១ អំពើឃ្នើសឃ្នងប្រកបដោយចិត្ត ១ ។

អំពើឃ្នើសឃ្នងប្រកបដោយកាយ តើដូចម្តេច ។ ភិក្ខុខ្លះក្នុងសាសនានេះ នៅក្នុងសង្ឃ សំដែងការឃ្នើសឃ្នងប្រកបដោយកាយក៏មាន នៅក្នុងគណៈ សំដែងការឃ្នើសឃ្នងប្រកបដោយកាយក៏មាន សំដែងការឃ្នើសឃ្នងប្រកបដោយកាយក្នុងរោងឆាន់ ក៏មាន សំដែងការឃ្នើសឃ្នងប្រកបដោយកាយក្នុងរោងភ្លើងក៏មាន សំដែងការឃ្នើសឃ្នងប្រកបដោយកាយក្នុងកំពង់ទឹកក៏មាន កំពុងចូលទៅកាន់ចន្លោះផ្ទះ សំដែងការឃ្នើសឃ្នងប្រកបដោយកាយក៏មាន ចូលទៅកាន់ចន្លោះផ្ទះហើយ សំដែងការឃ្នើសឃ្នងប្រកបដោយកាយក៏មាន ។

ភិក្ខុនៅក្នុងសង្ឃ សំដែងការឃ្នើសឃ្នងប្រកបដោយកាយ តើដូចម្តេច ។ ភិក្ខុខ្លះ ក្នុងសាសនានេះ នៅក្នុងសង្ឃ មិនធ្វើសេចក្តីកោតក្រែង គឺឈរប្រជ្រៀតពួកភិក្ខុជាថេរៈខ្លះ អង្គុយប្រជ្រៀតខ្លះ ឈរខាងមុខខ្លះ អង្គុយខាងមុខខ្លះ អង្គុយលើអាសនៈខ្ពស់ខ្លះ អង្គុយទទូរក្បាលខ្លះ ឈរនិយាយខ្លះ និយាយវាសដៃខ្លះ ភិក្ខុនៅក្នុងសង្ឃ សំដែងការឃ្នើសឃ្នងប្រកបដោយកាយ យ៉ាងនេះ ។

ភិក្ខុនៅក្នុងគណៈ សំដែងការឃ្នើសឃ្នងប្រកបដោយកាយ តើដូចម្តេច ។ ភិក្ខុខ្លះ ក្នុងសាសនានេះ នៅក្នុងគណៈ មិនធ្វើសេចក្តីកោតក្រែង គឺកាលពួកភិក្ខុជាថេរៈមិនពាក់ស្បែកជើងចង្រ្កម ខ្លួនពាក់ស្បែកជើងចង្រ្កម កាលពួកភិក្ខុជាថេរៈចង្រ្កមក្នុងទីចង្ក្រមទាប ខ្លួនចង្រ្កមលើទីចង្រ្កមខ្ពស់ កាលពួកភិក្ខុជាថេរៈចង្រ្កមលើផែនដី ខ្លួនចង្រ្កមលើទីចង្រ្កម ឈរប្រជ្រៀតខ្លះ អង្គុយប្រជ្រៀតខ្លះ ឈរខាងមុខខ្លះ អង្គុយខាងមុខខ្លះ អង្គុយលើអាសនៈខ្ពស់ខ្លះ អង្គុយទទូរក្បាលខ្លះ ឈរនិយាយខ្លះ និយាយវាសដៃខ្លះ ភិក្ខុនៅក្នុងគណៈ សំដែងការឃ្នើសឃ្នងប្រកបដោយកាយ យ៉ាងនេះ ។

ភិក្ខុសំដែងការឃ្នើសឃ្នង ប្រកបដោយកាយ ក្នុងរោងឆាន់ តើដូចម្តេច ។ ភិក្ខុខ្លះ ក្នុងសាសនានេះ មិនធ្វើសេចក្តីកោតក្រែងក្នុងរោងឆាន់ គឺអង្គុយប្រជ្រៀតពួកភិក្ខុជាថេរៈ ឃាត់ពួកភិក្ខុថ្មីដោយអាសនៈខ្លះ ឈរប្រជ្រៀតពួកភិក្ខុជាថេរៈខ្លះ អង្គុយប្រជ្រៀតខ្លះ ឈរខាងមុខខ្លះ អង្គុយខាងមុខខ្លះ អង្គុយលើអាសនៈខ្ពស់ខ្លះ អង្គុយទទូរក្បាលខ្លះ ឈរនិយាយនឹងពួកភិក្ខុជាថេរៈខ្លះ និយាយវាសដៃខ្លះ ភិក្ខុសំដែងការឃ្នើសឃ្នងប្រកបដោយកាយក្នុងរោងឆាន់ យ៉ាងនេះ ។

ភិក្ខុសំដែងការឃ្នើសឃ្នងប្រកបដោយកាយ ក្នុងរោងភ្លើង តើដូចម្តេច ។ ភិក្ខុខ្លះ ក្នុងសាសនានេះ មិនធ្វើសេចក្តីកោតក្រែងក្នុងរោងភ្លើង គឺឈរប្រជ្រៀតពួកភិក្ខុជាថេរៈខ្លះ អង្គុយប្រជ្រៀតខ្លះ ឈរខាងមុខខ្លះ អង្គុយខាងមុខខ្លះ អង្គុយលើអាសនៈខ្ពស់ខ្លះ មិនប្រាប់សិនហើយដាក់ឧសខ្លះ មិនប្រាប់សិនហើយបិទទ្វារខ្លះ ភិក្ខុសំដែងការឃ្នើសឃ្នងប្រកបដោយកាយ ក្នុងរោងភ្លើង យ៉ាងនេះ ។

ភិក្ខុសំដែងការឃ្នើសឃ្នងប្រកបដោយកាយ ក្នុងកំពង់ទឹក តើដូចម្តេច ។ ភិក្ខុខ្លះ ក្នុងសាសនានេះ មិនធ្វើសេចក្តីកោតក្រែងក្នុងកំពង់ទឹក គឺចុះទៅប្រជ្រៀតពួកភិក្ខុជាថេរៈខ្លះ ចុះខាងមុខខ្លះ ងូតប្រជ្រៀតខ្លះ ងូតខាងមុខខ្លះ ងូតខាងលើខ្លះ ឡើងប្រជ្រៀតខ្លះ ឡើងខាងមុខខ្លះ ឡើងខាងលើខ្លះ ភិក្ខុសំដែងការឃ្នើសឃ្នងប្រកបដោយកាយក្នុងកំពង់ទឹក យ៉ាងនេះ ។

ភិក្ខុកំពុងចូលទៅកាន់ចន្លោះផ្ទះ សំដែងការឃ្នើសឃ្នងប្រកបដោយកាយ តើដូចម្តេច ។ ភិក្ខុខ្លះក្នុងសាសនានេះ កំពុងចូលទៅកាន់ចន្លោះផ្ទះ មិនធ្វើសេចក្តីកោតក្រែង គឺដើរប្រជ្រៀតពួកភិក្ខុជាថេរៈខ្លះ ដើរខាងមុខខ្លះ ដើរហួសទៅពីមុខពួកភិក្ខុជាថេរៈខ្លះ ភិក្ខុកំពុងចូលទៅកាន់ចន្លោះផ្ទះ សំដែងការឃ្នើសឃ្នងប្រកបដោយកាយ យ៉ាងនេះ ។

ភិក្ខុចូលទៅកាន់ចន្លោះផ្ទះ ហើយសំដែងការឃ្នើសឃ្នងប្រកបដោយកាយ តើដូចម្តេច ។ ភិក្ខុខ្លះក្នុងសាសនានេះ ចូលទៅកាន់ចន្លោះផ្ទះហើយ គេមិនទាន់និយាយថា លោកម្ចាស់សូមចូលមក ក៏ចូលមក គេមិនទាន់និយាយថា លោកម្ចាស់សូមឈររង់ ក៏នៅឈរ គេមិនទាន់និយាយថា លោកម្ចាស់សូមគង់ ក៏អង្គុយ ចូលទៅកាន់ទីមិនមែនទីឱកាសខ្លះ ឈរក្នុងទីមិនមែនឱកាសខ្លះ អង្គុយក្នុងទីមិនមែនឱកាសខ្លះ ម្នីម្នាចូលទៅក្នុងបន្ទប់ទាំងឡាយរបស់ត្រកូលទាំងឡាយ ជាទីដែលគេពួនផង បិទបាំងផង ជាទីដែលពួកស្រីក្នុងត្រកូល ពួកកូនស្រីរបស់ត្រកូល ពួកកូនប្រសាស្រីរបស់ត្រកូល ពួកកុមារីរបស់ត្រកូលអង្គុយខ្លះ ស្ទាបអង្អែលក្បាលរបស់កុមារតូចខ្លះ ភិក្ខុចូលទៅកាន់ចន្លោះផ្ទះ ហើយសំដែងការឃ្នើសឃ្នងប្រកបដោយកាយ យ៉ាងនេះ ។ នេះឈ្មោះថា អំពើឃ្នើសឃ្នង ប្រកបដោយកាយ ។

អំពើឃ្នើសឃ្នងប្រកបដោយវាចា តើដូចម្តេច ។ ភិក្ខុខ្លះក្នុងសាសនានេះ នៅក្នុងសង្ឃ សំដែងការឃ្នើសឃ្នងប្រកបដោយវាចា ក៏មាន នៅក្នុងគណៈ សំដែងការឃ្នើសឃ្នងប្រកបដោយវាចាក៏មាន ចូលទៅចន្លោះផ្ទះ ហើយសំដែងការឃ្នើសឃ្នងប្រកបដោយវាចាក៏មាន ។

ភិក្ខុនៅក្នុងសង្ឃ សំដែងការឃ្នើសឃ្នងប្រកបដោយវាចា តើដូចម្តេច ។ ភិក្ខុខ្លះក្នុងសាសនានេះ នៅក្នុងសង្ឃ មិនធ្វើសេចក្តីកោតក្រែង គឺមិនប្រាប់ពួកភិក្ខុជាថេរៈ ឬពួកភិក្ខុជាថេរៈមិនបានអារាធនា ក៏សំដែងធម៌ ឆ្លើយប្រស្នា សំដែងបាតិមោក្ខ ដល់ពួកភិក្ខុនៅក្នុងអារាម ឈរនិយាយខ្លះ និយាយវាសដៃខ្លះ ភិក្ខុនៅក្នុងសង្ឃ សំដែងការឃ្នើសឃ្នងប្រកបដោយវាចា យ៉ាងនេះ ។

ភិក្ខុនៅក្នុងគណៈ សំដែងការឃ្នើសឃ្នងប្រកបដោយវាចា តើដូចម្តេច ។ ភិក្ខុខ្លះ ក្នុងសាសនានេះ នៅក្នុងគណៈ មិនធ្វើសេចក្តីកោតក្រែង គឺមិនប្រាប់ភិក្ខុជាថេរៈ ឬពួកភិក្ខុជាថេរៈមិនបានអារាធនា ក៏សំដែងធម៌ ឆ្លើយប្រស្នា ដល់ពួកភិក្ខុនៅក្នុងអារាម ឈរនិយាយខ្លះ និយាយវាសដៃខ្លះ សំដែងធម៌ ឆ្លើយប្រស្នាដល់ពួកភិក្ខុនី ពួកឧបាសក ពួកឧបាសិកាដែលនៅក្នុងអារាម ឈរនិយាយខ្លះ និយាយវាសដៃខ្លះ ភិក្ខុនៅក្នុងគណៈ សំដែងការឃ្នើសឃ្នងប្រកបដោយវាចា យ៉ាងនេះ ។

ភិក្ខុចូលទៅកាន់ចន្លោះផ្ទះ ហើយសំដែងការឃ្នើសឃ្នងប្រកបដោយវាចា តើដូចម្តេច ។ ភិក្ខុខ្លះក្នុងសាសនានេះ ចូលទៅកាន់ចន្លោះផ្ទះហើយ និយាយនឹងស្រី ឬនឹងកុមារី និយាយមម៉េះមម៉ោះថា នែនាងឈ្មោះនេះ នែនាងគោត្រនេះ មានអ្វីទេ មានបបរទេ មានបាយទេ មានបង្អែមទេ ពួកយើងនឹងផឹកអ្វី បរិភោគអ្វី ស៊ីអ្វី មានអ្វីទេ ពួកនាងនឹងឲ្យអ្វីដល់អាត្មា ភិក្ខុចូលទៅកាន់ចន្លោះផ្ទះ ហើយសំដែងការឃ្នើសឃ្នងប្រកបដោយវាចា យ៉ាងនេះ ។ នេះ ឈ្មោះថា អំពើឃ្នើសឃ្នងប្រកបដោយវាចា ។

អំពើឃ្នើសឃ្នងប្រកបដោយចិត្ត តើដូចម្តេច ។ ភិក្ខុខ្លះក្នុងសាសនានេះ ជាអ្នកមិនចេញអំពីត្រកូលខ្ពស់ហើយបួសទេ តែតាំងចិត្តធ្វើខ្លួនឲ្យប្រហែលនឹងបុគ្គលដែលចេញអំពីត្រកូលខ្ពស់ហើយបួស ជាអ្នកមិនចេញអំពីត្រកូលធំហើយបួស ជាអ្នកមិនចេញអំពីត្រកូលមានភោគៈច្រើនហើយបួស ជាអ្នកមិនចេញអំពីត្រកូលមានភោគៈដ៏លើសលប់ហើយបួសទេ តែតាំងចិត្តធ្វើខ្លួនឲ្យប្រហែលនឹងបុគ្គលដែលចេញអំពីត្រកូលមានភោគៈលើសលប់ហើយបួស ជាអ្នកមិនចេះព្រះសូត្រទេ តែតាំងចិត្តធ្វើខ្លួនឲ្យប្រហែលនឹងបុគ្គលដែលចេះព្រះសូត្រ ជាអ្នកមិនទ្រទ្រង់ព្រះវិន័យ មិនមែនជាធម្មកថិក មិនប្រព្រឹត្តអារញ្ញិកធុតង្គ មិនប្រព្រឹត្តបិណ្ឌបាតិកធុតង្គ មិនប្រព្រឹត្តបំសុកូលិកធុតង្គ មិនប្រព្រឹត្តតេចីវរិកធុតង្គ មិនប្រព្រឹត្តសបទានចារិកធុតង្គ មិនប្រព្រឹត្តខលុបច្ឆាភត្តិកធុតង្គ មិនប្រព្រឹត្តនេសជ្ជិកធុតង្គ មិនប្រព្រឹត្តយថាសន្ថតិកធុតង្គទេ តែតាំងចិត្តធ្វើខ្លួនឲ្យប្រហែលនឹងបុគ្គលដែលប្រព្រឹត្តយថាសន្ថតិកធុតង្គ ជាអ្នកមិនបានបឋមជ្ឈានទេ តែតាំងចិត្តធ្វើខ្លួនឲ្យប្រហែលនឹងបុគ្គលដែលបានបឋមជ្ឈាន ជាអ្នកមិនបានទុតិយជ្ឈាន មិនបានតតិយជ្ឈាន មិនបានចតុត្ថជ្ឈាន មិនបានអាកាសានញ្ចាយតនសមាបត្តិ មិនបានវិញ្ញាណញ្ចាយតនសមាបត្តិ មិនបានអាកិញ្ចញ្ញាយតនសមាបត្តិ មិនបាននេវសញ្ញានាសញ្ញាយតនសមាបត្តិទេ តែតាំងចិត្តធ្វើខ្លួនឲ្យប្រហែលនឹងបុគ្គលដែលបាននេវសញ្ញានាសញ្ញាយតនសមាបត្តិ នេះ ឈ្មោះថា អំពើឃ្នើសឃ្នងប្រកបដោយចិត្ត ។ ពាក្យថា មិនគប្បីសិក្សានូវអំពើឃ្នើសឃ្នង បានសេចក្តីថា មិនគប្បីសិក្សា មិនគប្បីប្រព្រឹត្ត មិនគប្បីប្រព្រឹត្តព្រម មិនគប្បីប្រព្រឹត្តសមាទាននូវអំពើឃ្នើសឃ្នង គឺគប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនកើតមាននូវអំពើឃ្នើសឃ្នង គប្បីជាអ្នកឆ្ងាយ វៀរ វៀរស្រឡះ ឃ្លាតចេញ រលាស់ចោល រួចស្រឡះ ប្រាសចេញ ចាកអំពើឃ្នើសឃ្នង គប្បីនៅដោយចិត្តដែលប្រាសចាកដែនគឺកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីសិក្សានូវអំពើឃ្នើសឃ្នង ។

[៧១] ពាក្យថា មិនគប្បីពោលពាក្យផ្ទញ់ផ្ទាល់ សំនួរថា ពាក្យផ្ទញ់ផ្ទាល់ តើដូចម្តេច ។ ភិក្ខុខ្លះក្នុងសាសនានេះ ជាអ្នកធ្វើនូវពាក្យពោលមានសភាពយ៉ាងនេះថា អ្នកមិនយល់ធម៌វិន័យនេះទេ ។បេ ។ ឬថា បើអ្នកអាច ចូរដោះចុះ ។ សមដូចព្រះពុទ្ធដីកានេះ ដែលព្រះមានព្រះភាគត្រាស់ហើយថា ម្នាលមោគ្គល្លាន កាលបើពាក្យផ្ទញ់ផ្ទាល់មាន សំដីច្រើនក៏កើតប្រាកដ កាលបើពាក្យច្រើនមានហើយ សេចក្តីរាយមាយក៏កើតប្រាកដ កាលបើបុគ្គលមានចិត្តរាយមាយហើយ សេចក្តីមិនសង្រួម ក៏កើតប្រាកដ កាលបើបុគ្គលមិនសង្រួមហើយ ចិត្តក៏ឆ្ងាយអំពីសមាធិ ។ ពាក្យថា មិនគប្បីពោលនូវពាក្យផ្ទញ់ផ្ទាល់ គឺមិនគប្បីពោល មិនគប្បីពណ៌នា មិនគប្បីបំភ្លឺ មិនគប្បីថ្លែងនូវពាក្យផ្ទញ់ផ្ទាល់ គឺគប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស មិនឲ្យកើតមាន នូវពាក្យផ្ទញ់ផ្ទាល់ គប្បីជាអ្នកឆ្ងាយ វៀរ វៀរស្រឡះ ឃ្លាតចេញ រលាស់ចោល រួចស្រឡះ ប្រាសចេញ ចាកពាក្យផ្ទញ់ផ្ទាល់ គប្បីនៅដោយចិត្តដែលប្រាសចាកដែនគឺកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីពោលនូវពាក្យផ្ទញ់ផ្ទាល់ ។ ព្រោះហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

ភិក្ខុមិនគប្បីជាអ្នកអួតអាង មិនគប្បីពោលនូវវាចាកៀរគរ មិនគប្បីសិក្សានូវអំពើឃ្នើសឃ្នង មិនគប្បីពោលពាក្យផ្ទញ់ផ្ទាល់ ។

[៧២] បុគ្គលគប្បីវៀរចាកការពោលពាក្យកុហក គប្បីជាអ្នកដឹងខ្លួន មិនធ្វើនូវការពោលអួតទាំងឡាយ ទាំងមិនគប្បីមើលងាយនូវបុគ្គលដទៃ ដោយការចិញ្ចឹមជីវិតដោយបញ្ញា ដោយសីល និងវ័តឡើយ ។

[៧៣] ពាក្យថា បុគ្គលគប្បីវៀរចាកការពោលពាក្យកុហក អធិប្បាយថា មុសាវាទ លោកហៅថា ការពោលពាក្យកុហក ។ បុគ្គលខ្លះក្នុងលោកនេះ ទៅកាន់រោងជាទីប្រជុំ ទៅកាន់បរិស័ទ្យ ។បេ ។ ជាអ្នកពោលពាក្យកុហកទាំងដឹងខ្លួន ព្រោះហេតុតែអាមិសតិចតួច នេះលោកហៅថា ការពោលពាក្យកុហក ។ ម្យ៉ាងទៀត មុសាវាទ រមែងមានដោយអាការៈ ៣ គឺមុសាវាទរបស់បុគ្គលនោះក្នុងកាលមុនថា អញនឹងពោលពាក្យកុហក ១ មុសាវាទរបស់បុគ្គលដែលកំពុងពោលថា អញកំពុងពោលពាក្យកុហក ១ មុសាវាទរបស់បុគ្គលដែលពោលហើយថា អញពោលពាក្យកុហកហើយ ១ មុសាវាទរមែងមានដោយអាការៈ ៣ នេះ ។ មួយទៀត មុសាវាទ រមែងមានដោយអាការៈ ៤ ដោយអាការៈ ៥ ដោយអាការៈ ៦ ដោយអាការៈ ៧ ដោយអាការៈ ៨ មុសាវាទរបស់បុគ្គលនោះ ក្នុងកាលមុនថា អញនឹងពោលពាក្យកុហក ១ មុសាវាទរបស់បុគ្គលដែលកំពុងពោលថា អញកំពុងពោលពាក្យកុហក ១ មុសាវាទរបស់បុគ្គលដែលពោលហើយថា អញពោលពាក្យកុហកហើយ ១ (មុសាវាទរបស់បុគ្គល) ព្រោះបិទបាំងសេចក្តីយល់ ១ ព្រោះបិទបាំងសេចក្តីចូលចិត្ត ១ ព្រោះបិទបាំងសេចក្តីគាប់ចិត្ត ១ ព្រោះបិទបាំងសេចក្តីសំគាល់ ១ ព្រោះបិទបាំងការកើត ១ មុសាវាទរមែងមានដោយអាការៈ ៨ នេះ ពាក្យថា បុគ្គលគប្បីវៀរចាកការពោលពាក្យកុហក បានសេចក្តីថា គប្បីវៀរចាកការពោលពាក្យកុហក គប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស មិនឲ្យកើតមានបែបភាព នូវការពោលពាក្យកុហក គប្បីជាអ្នកឆ្ងាយ វៀរ វៀរស្រឡះ ឃ្លាតចេញ រលាស់ចោល រួចស្រឡះ ប្រាសចេញ ចាកការពោលពាក្យកុហក គប្បីនៅដោយចិត្តដែលប្រាសចាកដែនគឺកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលគប្បីវៀរចាកការពោលពាក្យកុហក ។

[៧៤] អធិប្បាយពាក្យថា គប្បីជាអ្នកដឹងខ្លួន មិនធ្វើនូវការពោលអួតទាំងឡាយ សំនួរថា ភាពនៃការពោលអួត តើដូចម្តេច ។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកពោលអួត ពោលអួតគ្រប់យ៉ាង បានខាងការពោលអួត ភាពនៃការពោលអួត សេចក្តីពោលអួត សំដីគ្រោតគ្រាត សំដីគគ្រើម ការអួតខ្លាំង សេចក្តីអួតខ្លាំង ក្នុងដំណើរនោះ នេះលោកហៅថា ភាពនៃការអួត ។ ពាក្យថា គប្បីជាអ្នកដឹងខ្លួន មិនធ្វើនូវការពោលអួតទាំងឡាយ បានសេចក្តីថា ជាអ្នកដឹងខ្លួន មិនគប្បីធ្វើ មិនគប្បីបង្កើត មិនគប្បីបង្កើតព្រម មិនគប្បីបញ្ចេញ មិនគប្បីបញ្ចេញចំពោះ នូវការពោលអួត គឺគប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស មិនឲ្យកើតមាន នូវការពោលអួត គប្បីជាអ្នកឆ្ងាយ វៀរ វៀរស្រឡះ ឃ្លាតចេញ រលាស់ចោល រួចស្រឡះ ប្រាសចេញ ចាកការពោលអួត គប្បីនៅដោយចិត្តដែលប្រាសចាកដែនគឺកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីជាអ្នកដឹងខ្លួន មិនធ្វើនូវការពោលអួតទាំងឡាយ ។

[៧៥] អធិប្បាយពាក្យថា ទាំងមិនគប្បីមើលងាយនូវបុគ្គលដទៃដោយជីវិត ដោយបញ្ញា ដោយសីល និងវ័ត ត្រង់ពាក្យថា ទាំង គឺជាពាក្យតំណនៃបទ ។បេ ។ ពាក្យថា ទាំង នេះ គឺជាលំដាប់លំដោយនៃបទ ។ បុគ្គលខ្លះក្នុងលោកនេះ កាលចិញ្ចឹមជីវិតដ៏សៅហ្មង មើលងាយបុគ្គលដទៃដែលចិញ្ចឹមជីវិតដ៏ឧត្តមថា បុគ្គលនេះ ចិញ្ចឹមជីវិតដោយវត្ថុច្រើនអ្វីម្ល៉េះ បរិភោគវត្ថុគ្រប់មុខ គឺពូជដែលកើតអំពីមើម ពូជដែលកើតអំពីដើម ពូជដែលកើតអំពីថ្នាំង ពូជដែលកើតអំពីត្រួយ ពូជដែលកើតអំពីគ្រាប់ ជាគំរប់ ៥ មិនឆ្លងសេចក្តីព្យាយាមដ៏ស្មើដោយកាំរន្ទះ និងចុងនៃភ្លុក [បាលីនេះ មិនឃើញមានក្នុងទីណាសោះ យើងខ្ញុំសង្ស័យក្រែងប្រែថា “មិនឆ្លងសេចក្តីព្យាយាមស្មើដោយចុងធ្មេញនៃត្បាល់កិន” ដូច្នេះត្រូវជាងដឹង ។] ។ ព្រោះការចិញ្ចឹមជីវិតដ៏សៅហ្មងនោះ បុគ្គលនោះ មើលងាយបុគ្គលដទៃដែលចិញ្ចឹមជីវិតដ៏ឧត្តម ។ បុគ្គលខ្លះក្នុងលោកនេះ ចិញ្ចឹមជីវិតដ៏ឧត្តម មើលងាយបុគ្គលដទៃដែលចិញ្ចឹមជីវិតដ៏សៅហ្មងថា បុគ្គលនេះមានបុណ្យតិច មានសក្តិតិចអ្វីម្ល៉េះ មិនធ្លាប់បាននូវចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ។ ព្រោះការចិញ្ចឹមជីវិតដ៏ឧត្តមនោះ បុគ្គលនោះមើលងាយបុគ្គលដទៃដែលចិញ្ចឹមជីវិតដ៏សៅហ្មង ។ បុគ្គលខ្លះក្នុងលោកនេះ ជាអ្នកបរិបូរដោយបញ្ញា បុគ្គលនោះត្រូវគេសួរហើយ ក៏ឆ្លើយប្រស្នា ។ បុគ្គលនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា អញជាអ្នកបរិបូរដោយបញ្ញា ឯពួកបុគ្គលឯទៀតនេះ មិនបរិបូរដោយបញ្ញាទេ ។ ព្រោះការបរិបូរដោយបញ្ញានោះ បុគ្គលនោះមើលងាយបុគ្គលដទៃ ។ បុគ្គលខ្លះក្នុងសាសនានេះ ជាអ្នកបរិបូរដោយសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូរដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច សមាទាន សិក្សាក្នុងសិក្ខាបទទាំងឡាយ ។ បុគ្គលនោះមានសេចក្តីត្រិះរិះយ៉ាងនេះថា អញជាអ្នកបរិបូរដោយសីល ឯពួកភិក្ខុឯទៀតនេះទ្រុស្តសីល មានធម៌អាក្រក់ ។ ព្រោះការបរិបូរដោយសីលនោះ បុគ្គលនោះមើលងាយបុគ្គលដទៃ ។ បុគ្គលខ្លះក្នុងសាសនានេះ បរិបូរដោយវត្ត គឺជាអ្នកប្រព្រឹត្តអារញ្ញិកធុតង្គ ប្រព្រឹត្តបិណ្ឌបាតិកធុតង្គ ប្រព្រឹត្តបំសុកូលិកធុតង្គ ប្រព្រឹត្តតេចីវរិកធុតង្គ ប្រព្រឹត្តសបទានចារិកធុតង្គ ប្រព្រឹត្តខលុបច្ឆាភត្តិកធុតង្គ ប្រព្រឹត្តនេសជ្ជិកធុតង្គ ប្រព្រឹត្តយថាសន្ថតិកធុតង្គ ។ បុគ្គលនោះមានសេចក្តីត្រិះរិះយ៉ាងនេះថា អញជាអ្នកបរិបូរដោយវ័ត ឯពួកភិក្ខុឯទៀតនេះ មិនបរិបូរដោយវ័តទេ ។ ព្រោះការបរិបូរដោយវ័តនោះ បុគ្គលនោះមើលងាយបុគ្គលដទៃ ។ ពាក្យថា ទាំងមិនគប្បីមើលងាយនូវបុគ្គលដទៃ ដោយការចិញ្ចឹមជីវិត ដោយបញ្ញា ដោយសីល និងវ័ត បានសេចក្តីថា មិនគប្បីមើលងាយ មិនគប្បីបង្អាប់បុគ្គលដទៃដោយការចិញ្ចឹមជីវិតដ៏សៅហ្មង ដោយការចិញ្ចឹមជីវិតដ៏ឧត្តម ដោយការបរិបូរដោយបញ្ញា ដោយការបរិបូរដោយសីល ដោយការបរិបូរដោយវ័ត មិនគប្បីបង្កើតមានះដោយហេតុនោះ មិនគប្បីជាអ្នករឹងរូស រឹងត្អឹង មានក្បាលងើបឡើងដោយហេតុនោះឡើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ទាំងមិនគប្បីមើលងាយនូវបុគ្គលដទៃ ដោយការចិញ្ចឹមជីវិតដោយបញ្ញា ដោយសីល និងវ័ត ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

បុគ្គលគប្បីវៀរចាកការពោលពាក្យកុហក គប្បីជាអ្នកដឹងខ្លួន មិនធ្វើនូវការពោលអួតទាំងឡាយ ទាំងមិនគប្បីមើលងាយនូវបុគ្គលដទៃ ដោយការចិញ្ចឹមជីវិតដោយបញ្ញា ដោយសីល និងវ័តឡើយ ។

[៧៦] បុគ្គលត្រូវគេប្រទូស្តហើយ បើឮនូវសំដីច្រើនរបស់សមណៈទាំងឡាយ ឬរបស់ជនមានមាត់ពាក្យច្រើនទាំងឡាយហើយ មិនត្រូវពោលតបនឹងជនទាំងនោះដោយពាក្យអាក្រក់ទេ ព្រោះថា ជនអ្នកស្ងប់ រមែងមិនធ្វើនូវសត្រូវតបឡើយ ។

[៧៧] អធិប្បាយពាក្យថា បុគ្គលត្រូវគេប្រទូស្តហើយ បើឮនូវសំដីច្រើនរបស់សមណៈទាំងឡាយ ឬរបស់ជនមានមាត់ពាក្យច្រើនទាំងឡាយហើយ ត្រង់ពាក្យថា ត្រូវគេប្រទូស្តហើយ គឺត្រូវគេប្រទូស្ត ជេរ កោសរូស ប្រទេច តិះដៀល បន្តុះបង្អាប់ហើយ ។ ពាក្យថា របស់សមណៈទាំងឡាយ គឺពួកជនណាមួយ ក្រៅអំពីសាសនានេះ នៅក្នុងពួកបរិព្វាជក ប្រកបក្នុងពួកបរិព្វាជក ។ ពាក្យថា របស់ជនមានមាត់ពាក្យច្រើនទាំងឡាយ គឺពួកក្សត្រិយ៍ផង ព្រាហ្មណ៍ផង វេស្សៈផង សុទ្ទៈផង គ្រហស្ថផង បព្វជិតផង ទេវតាផង មនុស្សផង ។ ពួកជននោះ គប្បីជេរ គប្បីផ្តាសា គប្បីខឹង គប្បីខឹងខ្លាំង គប្បីបៀតបៀន គប្បីបៀតបៀនខ្លាំង គប្បីធ្វើទុក្ខបុកម្នេញ គប្បីធ្វើទុក្ខខ្លាំង គប្បីធ្វើនូវការបៀតបៀន ដោយពាក្យដ៏ច្រើន ដែលមិនជាទីប្រាថ្នា មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត ។ បើឮ ស្តាប់ ចាប់បាន ចាំបាន កំណត់បាន នូវសំដីច្រើនរបស់ពួកជននោះ ដែលមិនជាទីប្រាថ្នា មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលត្រូវគេប្រទូស្តហើយ បើឮសំដីច្រើនរបស់សមណៈទាំងឡាយ ឬរបស់ជនមានមាត់ពាក្យច្រើនទាំងឡាយ ។

[៧៨] អធិប្បាយពាក្យថា មិនត្រូវពោលតបនឹងជនទាំងនោះដោយពាក្យអាក្រក់ ត្រង់ពាក្យថា ដោយពាក្យអាក្រក់ គឺដោយពាក្យរឹងរូស ។ ពាក្យថា មិនត្រូវពោលតបសេចក្តីថា មិនគប្បីពោលតប គឺមិនគប្បីជេរតបនឹងជនដែលជេរ មិនគប្បីខឹងតបនឹងជនដែលខឹង មិនគប្បីប្រកួតតបនឹងជនដែលប្រកួត មិនគប្បីធ្វើជម្លោះ មិនគប្បីធ្វើសេចក្តីប្រកួត មិនគប្បីធ្វើនូវការទាស់ទែង មិនគប្បីធ្វើនូវវិវាទ មិនគប្បីធ្វើនូវសេចក្តីបែកខ្ញែកគ្នាទេ គឺគប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមានបែបភាពនូវជម្លោះ ការប្រកួត សេចក្តីទាស់ទែង វិវាទ ការបែកខ្ញែកគ្នា គប្បីជាអ្នកឆ្ងាយ វៀរ វៀរស្រឡះ ឃ្លាតចេញ រលាស់ចោល រួចស្រឡះ ប្រាសចេញ ចាកការជម្លោះ សេចក្តីប្រកួត ការទាស់ទែង វិវាទ ការបែកខ្ញែកគ្នា គប្បីនៅដោយចិត្តដែលប្រាសចាកដែនគឺកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) មិនត្រូវពោលតបនឹងជននោះ ដោយពាក្យអាក្រក់ទេ ។

[៧៩] ពាក្យថា ព្រោះថា ជនអ្នកស្ងប់ រមែងមិនធ្វើសត្រូវតបឡើយ ត្រង់ពាក្យថា ជនអ្នកស្ងប់ គឺឈ្មោះថាអ្នកស្ងប់ ព្រោះស្ងប់រាគៈ ទោសៈ មោហៈ កោធៈ ឧបនាហៈ ។បេ ។ ឈ្មោះថា អ្នកស្ងប់ អ្នកចូលទៅជិតស្ងប់ អ្នកស្ងប់វិសេស អ្នករលត់ អ្នករម្ងាប់ ព្រោះស្ងប់រម្ងាប់ រម្ងាប់វិសេស ផុត រំលត់ ឃ្លាតចេញ រម្ងាប់នូវអកុសលាភិសង្ខារទាំងអស់ ហេតុនោះ (ទ្រង់ត្រាស់ថា) ជនអ្នកស្ងប់ ។ ពាក្យថា ព្រោះថា ជនអ្នកស្ងប់ រមែងមិនធ្វើសត្រូវតបឡើយ បានសេចក្តីថា ជនអ្នកស្ងប់ មិនធ្វើ មិនបង្កើត មិនបង្កើតព្រម មិនឲ្យលេចឡើង មិនឲ្យលេចឡើងចំពោះ នូវសត្រូវតប នូវចំបាប់តប នូវចំរូងតប នូវបដិប័ក្ខ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះថា ជនអ្នកស្ងប់ មិនធ្វើនូវសត្រូវតបឡើយ ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

បុគ្គលត្រូវគេប្រទូស្តហើយ បើឮនូវសំដីច្រើនរបស់សមណៈទាំងឡាយ ឬរបស់ជនមានមាត់ពាក្យច្រើនទាំងឡាយហើយ មិនត្រូវពោលតបនឹងជនទាំងនោះ ដោយពាក្យអាក្រក់ទេ ព្រោះថា ជនអ្នកស្ងប់ រមែងមិនធ្វើនូវសត្រូវតបឡើយ ។

[៨០] ភិក្ខុដឹងធម៌នេះហើយ គប្បីពិនិត្យ មានស្មារតី សិក្សាសព្វកាល ដឹងនូវការរលត់ ថាជាការស្ងប់ហើយ មិនគប្បីប្រហែសក្នុងសាសនានៃព្រះគោតម ។

[៨១] អធិប្បាយពាក្យថា ដឹងធម៌នេះហើយ ត្រង់ពាក្យថា ធម៌នេះ គឺធម៌ដែលតថាគតប្រាប់ សំដែង បញ្ញត្ត តាំង បើក ចែក ធ្វើឲ្យរាក់ ប្រកាសហើយ ។ ពាក្យថា ដឹងធម៌ គឺដឹង ថ្លឹង ត្រិះរិះ ធ្វើឲ្យជាក់ច្បាស់ ធ្វើឲ្យប្រាកដហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ដឹងធម៌នេះ យ៉ាងនេះខ្លះ ។ ម្យ៉ាងទៀត យល់ ដឹង ថ្លឹង ត្រិះរិះ ធ្វើឲ្យជាក់ច្បាស់ ធ្វើឲ្យប្រាកដហើយ នូវធម៌ដ៏ស្មើផង ធម៌មិនស្មើផង ធម៌ជាផ្លូវផង ធម៌មិនមែនជាផ្លូវផង ធម៌មានទោសផង ធម៌មិនមានទោសផង ធម៌ថោកទាបផង ធម៌ខ្ពង់ខ្ពស់ផង ធម៌ខ្មៅផង ធម៌សផង ធម៌ដែលអ្នកចេះដឹងតិះដៀលផង ធម៌ដែលអ្នកចេះដឹងសរសើរផង ហេតុនោះ (ទ្រង់ត្រាស់ថា) ដឹងធម៌នេះ យ៉ាងនេះខ្លះ ។ ឬថា យល់ ដឹង ថ្លឹង ត្រិះរិះ ធ្វើឲ្យជាក់ច្បាស់ ធ្វើឲ្យប្រាកដហើយនូវធម៌ គឺសម្មាបដិបទា អនុលោមប្បដិបទា អបច្ចនីកប្បដិបទា អន្វត្ថប្បដិប្បទា ធម្មានុធម្មប្បដិប្បទា ការបំពេញក្នុងសីលទាំងឡាយ ការគ្រប់គ្រងទ្វារក្នុងឥន្រ្ទិយទាំងឡាយ ការដឹងប្រមាណក្នុងភោជន ការប្រកបរឿយៗ នូវសេចក្តីភ្ញាក់រលឹក សតិ និងសម្បជញ្ញៈ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ និព្វាន និងនិព្វានគាមិនីបដិបទា ហេតុនោះ (ទ្រង់ត្រាស់ថា) ដឹងធម៌នេះ យ៉ាងនេះខ្លះ ។

[៨២] អធិប្បាយពាក្យថា ភិក្ខុគប្បីពិនិត្យ មានស្មារតី សិក្សាសព្វកាល ត្រង់ពាក្យថា ពិនិត្យ គឺពិនិត្យ ពិចារណា ថ្លឹង ត្រិះរិះ ធ្វើឲ្យជាក់ច្បាស់ ធ្វើឲ្យប្រាកដថា សង្ខារទាំងអស់មិនទៀង ។បេ ។ ពិនិត្យ ពិចារណា ថ្លឹង ត្រិះរិះ ធ្វើឲ្យជាក់ច្បាស់ ធ្វើឲ្យប្រាកដថា របស់ណាមួយ មានការកើតឡើងជាធម្មតា របស់ទាំងអស់នោះ មានការរលត់ទៅជាធម្មតា ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីពិនិត្យ ។ ពាក្យថា សព្វកាល គឺសព្វកាល សព្វគ្រា ក្នុងកាលទាំងពួង ។បេ ។ ក្នុងគំនរនៃវ័យជាបច្ឆិម ។ ពាក្យថា មានស្មារតី គឺមានស្មារតីដោយហេតុ ៤ គឺ ភិក្ខុចម្រើនកាយេកាយានុបស្សនាសតិប្បដ្ឋាន ។បេ ។ ភិក្ខុនោះ លោកហៅថា អ្នកមានស្មារតី ។ ពាក្យថា គប្បីសិក្សា បានដល់សិក្ខា ៣ គឺអធិសីលសិក្ខា អធិចិត្តសិក្ខា អធិប្បញ្ញាសិក្ខា ។បេ ។ នេះ អធិប្បញ្ញាសិក្ខា ។ គប្បីនឹកសិក្សានូវសិក្ខាទាំង ៣ នេះ ។បេ ។ គប្បីសិក្សា គប្បីប្រព្រឹត្ត គប្បីប្រព្រឹត្តស្មើ គប្បីប្រព្រឹត្តសមាទាន ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុគប្បីពិនិត្យ មានស្មារតី សិក្សាសព្វកាល ។

[៨៣] ពាក្យថា ដឹងនូវការរលត់ ថាជាការស្ងប់ គឺដឹងនូវការរលត់រាគៈ ថាជាការស្ងប់ ដឹង ស្គាល់ ថ្លឹង ត្រិះរិះ ធ្វើឲ្យជាក់ច្បាស់ ធ្វើឲ្យប្រាកដ នូវការរលត់ទោសៈ មោហៈ ។បេ ។ អកុសលាភិសង្ខារទាំងអស់ ថាជាការស្ងប់ ហេតុនោះ (ទ្រង់ត្រាស់ថា) ដឹងនូវការរលត់ ថាជាការស្ងប់ ។

[៨៤] ពាក្យថា មិនគប្បីប្រហែសក្នុងសាសនានៃព្រះគោតម គឺក្នុងសាសនារបស់ព្រះគោតម ក្នុងសាសនារបស់ព្រះពុទ្ធ ក្នុងសាសនារបស់ព្រះជិនស្រី ក្នុងសាសនារបស់ព្រះតថាគត ក្នុងសាសនារបស់ព្រះពុទ្ធជាទេវតា ក្នុងសាសនារបស់ព្រះអរហន្ត ។ ពាក្យថាមិនគប្បីប្រហែស គឺគប្បីជាអ្នកធ្វើដោយសេចក្តីគោរព ធ្វើមិនដាច់ ធ្វើមិនឈប់ មិនប្រព្រឹត្តរួញរា មិនដាក់ឆន្ទៈ មិនដាក់ធុរៈ មិនធ្វេសប្រហែសក្នុងធម៌ជាកុសលទាំងឡាយថា កាលណាអញគប្បីញុំាងសីលក្ខន្ធដែលមិនទាន់ពេញលេញឲ្យពេញលេញបាន ។បេ ។ ឬគប្បីញុំាងសមាធិក្ខន្ធ បញ្ញាខន្ធ វិមុត្តិក្ខន្ធ វិមុត្តិញ្ញាណទស្សនក្ខន្ធ ដែលមិនទាន់ពេញលេញឲ្យពេញបាន ឬកាលណាអញគប្បីកំណត់ដឹងនូវទុក្ខដែលមិនទាន់កំណត់ដឹង ឬគប្បីលះបង់កិលេសទាំងឡាយដែលមិនទាន់លះបង់ ឬគប្បីចម្រើនមគ្គដែលមិនទាន់ចម្រើន ឬគប្បីធ្វើឲ្យជាក់ច្បាស់នូវនិរោធដែលមិនទាន់ធ្វើឲ្យជាក់ច្បាស់ គឺបានដល់ឆន្ទៈ ការព្យាយាម ការឧស្សាហ៍ ការព្យាយាមដ៏មាំ កម្លាំងចិត្ត ការមិនត្រឡប់វិញ សតិ និងសម្បជញ្ញៈ ការព្យាយាមជាគ្រឿងដុតកំដៅកិលេស ការតំកល់ព្យាយាម ការអធិដ្ឋាន ការប្រកបរឿយៗ និងការមិនប្រមាទ ក្នុងកុសលធម៌ទាំងឡាយនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីប្រហែសក្នុងសាសនាសនៃព្រះគោតម ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

ភិក្ខុដឹងធម៌នេះហើយ គប្បីពិនិត្យ មានស្មារតី សិក្សាសព្វកាល ដឹងនូវការរលត់ ថាជាការស្ងប់ហើយ មិនគប្បីប្រហែស ក្នុងសាសនានៃព្រះគោតម ។

[៨៥] ព្រះមានព្រះភាគត្រាស់ថា ព្រះមានព្រះភាគអង្គនោះ ទ្រង់គ្របសង្កត់ (នូវអារម្មណ៍) ព្រះអង្គមិនមានអ្វីគ្របសង្កត់បានទេ បានឃើញធម៌ជាក់ច្បាស់ មិនមែនដោយការជឿស្តាប់បុគ្គលដទៃ ព្រោះហេតុនោះ បុគ្គលគប្បីមិនប្រហែស ថ្វាយបង្គំ សិក្សារឿយ ៗ សព្វកាល ក្នុងសាសនានៃព្រះមានព្រះភាគនោះ ។

[៨៦] ពាក្យថា ព្រះមានព្រះភាគអង្គនោះ ទ្រង់គ្របសង្កត់ (នូវអារម្មណ៍) ព្រះអង្គមិនមានអ្វីគ្របសង្កត់បានទេ គឺឈ្មោះថា ទ្រង់គ្របសង្កត់ (អារម្មណ៍) ព្រោះទ្រង់គ្របសង្កត់រូប គ្របសង្កត់សំឡេង គ្របសង្កត់ក្លិន គ្របសង្កត់រស គ្របសង្កត់ផោដ្ឋព្វៈ គ្របសង្កត់ធម្មារម្មណ៍ ព្រះអង្គមិនត្រូវពួកកិលេសណាមួយគ្របសង្កត់បានទេ ព្រោះថា ទ្រង់គ្របសង្កត់នូវអកុសលធម៌ទាំងឡាយដ៏លាមក ជាធម៌ប្រកបដោយសេចក្តីសៅហ្មង ប្រកបដោយភពថ្មីទៀត មានសេចក្តីក្រវល់ក្រវាយ មានសេចក្តីទុក្ខជាវិបាក ជាបច្ច័យ នៃជាតិ ជរា និងមរណៈតទៅ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រះមានព្រះភាគនោះ ទ្រង់គ្របសង្កត់ (នូវអារម្មណ៍) ព្រះអង្គមិនមានអ្វីគ្របសង្កត់បានទេ ។

[៨៧] ពាក្យថា បានឃើញធម៌ជាក់ច្បាស់ មិនមែនដោយការជឿស្តាប់បុគ្គលដទៃ ត្រង់ពាក្យថា ធម៌ជាក់ច្បាស់ គឺបានឃើញ បានយល់ បានប្រទះ បានចាក់ធ្លុះនូវធម៌ដោយខ្លួនឯង ដែលត្រាស់ដឹងដោយខ្លួនឯង ជាក់ច្បាស់ចំពោះខ្លួន មិនមែនដោយជឿស្តាប់បុគ្គលដទៃ មិនមែនដោយឮថា ដូច្នេះ ៗ មិនមែនតាមទំនៀម មិនមែនដោយការផ្សែផ្សំនឹងក្បួន មិនមែនដោយហេតុនៃការត្រិះរិះ មិនមែនដោយហេតុនៃការគ្នេគ្នាន់ មិនមែនដោយការជញ្ជឹងនូវអាការៈ មិនមែនដោយការយល់ ការពិនិត្យ និងការចូលចិត្តឡើយ ហេតុនោះ (ទ្រង់ត្រាស់ថា) បានឃើញធម៌ជាក់ច្បាស់ មិនមែនដោយការជឿស្តាប់បុគ្គលដទៃ ។

[៨៨] ពាក្យថា ព្រោះហេតុនោះ ក្នុងសាសនានៃព្រះមានព្រះភាគនោះ ត្រង់ពាក្យថា ព្រោះហេតុនោះ គឺព្រោះហេតុនោះ ព្រោះរឿងនោះ ព្រោះដើមចមនោះ ព្រោះបច្ច័យនោះ ព្រោះនិទាននោះ ។ ពាក្យថា ក្នុងសាសនានៃព្រះមានព្រះភាគនោះ គឺក្នុងសាសនារបស់ព្រះមានព្រះភាគ ក្នុងសាសនារបស់ព្រះគោតម ក្នុងសាសនារបស់ព្រះពុទ្ធ ក្នុងសាសនារបស់ព្រះជិនស្រី ក្នុងសាសនារបស់ព្រះតថាគត ក្នុងសាសនារបស់ព្រះពុទ្ធជាទេវតា ក្នុងសាសនារបស់ព្រះអរហន្តនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះហេតុនោះ ក្នុងសាសនានៃព្រះមានព្រះភាគនោះ ។

[៨៩] អធិប្បាយពាក្យថា ព្រះមានព្រះភាគត្រាស់ថា បុគ្គលគប្បីមិនប្រហែស ថ្វាយបង្គំ សិក្សារឿយៗ សព្វកាល ត្រង់ពាក្យថា គប្បីមិនប្រហែស គឺគប្បីជាអ្នកធ្វើដោយគោរព ។បេ ។ មិនប្រហែសក្នុងកុសលទាំងឡាយ ។ ពាក្យថា សព្វកាល គឺសព្វកាល សព្វគ្រា ។បេ ។ ក្នុងគំនរនៃវ័យជាបច្ឆិម ។ ពាក្យថា ថ្វាយបង្គំ គឺថ្វាយបង្គំដោយកាយ ថ្វាយបង្គំដោយវាចា ថ្វាយបង្គំដោយចិត្ត ថ្វាយបង្គំដោយអន្វត្ថប្បដិបត្តិ ថ្វាយបង្គំ ធ្វើសក្ការៈ ធ្វើគោរព រាប់អាន បូជា កោតក្រែង ដោយធម្មានុធម្មប្បដិបត្តិ ។ ពាក្យថា គប្បីសិក្សារឿយ ៗ បានដល់ សិក្ខា ៣ គឺអធិសីលសិក្ខា អធិចិត្តសិក្ខា អធិប្បញ្ញាសិក្ខា ។បេ ។ នេះ អធិប្បញ្ញាសិក្ខា ។ គប្បីនឹកសិក្សាសិក្ខា ៣ នេះ ។បេ ។ គប្បីធ្វើឲ្យជាក់ច្បាស់ សិក្សា ប្រព្រឹត្ត ប្រព្រឹត្តស្មើ ប្រព្រឹត្តសមាទាននូវនិរោធ ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ។ ពាក្យថា ព្រះមានព្រះភាគ ជាពាក្យពោលដោយគោរព ។បេ ។ ការបញ្ញាត្តិថា មានព្រះភាគ នេះ (កើត) ព្រោះការធ្វើឲ្យជាក់ច្បាស់ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រះមានព្រះភាគត្រាស់ថា បុគ្គលគប្បីមិនប្រហែស ថ្វាយបង្គំ សិក្សារឿយៗ សព្វកាល ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

ព្រះមានព្រះភាគត្រាស់ថា ព្រះមានព្រះភាគអង្គនោះ ទ្រង់គ្របសង្កត់ (នូវអារម្មណ៍) ព្រះអង្គមិនមានអ្វីគ្របសង្កត់បានទេ បានឃើញធម៌ជាក់ច្បាស់ មិនមែនដោយជឿស្តាប់បុគ្គលដទៃ ព្រោះហេតុនោះ បុគ្គលគប្បីមិនប្រហែស ថ្វាយបង្គំ សិក្សារឿយៗ សព្វកាល ក្នុងសាសនានៃព្រះមានព្រះភាគនោះ ។

ចប់ តុវដកសុត្តនិទ្ទេស ទី១៤ ។

អត្តទណ្ឌសុត្តនិទ្ទេស ទី១៥កែប្រែ

[៩០] (ព្រះមានព្រះភាគត្រាស់ថា) ភ័យកើតអំពីអាជ្ញារបស់ខ្លួន អ្នកទាំងឡាយ ចូរមើលជនអ្នកឈ្លោះគ្នា តថាគត នឹងសំដែងសំវេគធម៌ តាមដែលតថាគតធ្លាប់សំវេគហើយ ។

[៩១] អធិប្បាយពាក្យថា ភ័យកើតអំពីអាជ្ញារបស់ខ្លួន ត្រង់ពាក្យថា អាជ្ញា បានដល់ អាជ្ញា ៣ គឺ អាជ្ញាដោយកាយ អាជ្ញាដោយវាចា អាជ្ញាដោយចិត្ត ។ កាយទុច្ចរិត ៣ ប្រការ ឈ្មោះថា អាជ្ញាដោយកាយ វចីទុច្ចរិត ៤ ប្រការ ឈ្មោះថា អាជ្ញាដោយវាចា មនោទុច្ចរិត ៣ ប្រការ ឈ្មោះថា អាជ្ញាដោយចិត្ត ។ ពាក្យថា ភ័យ បានដល់ ភ័យ ២ ប្រការ គឺទិដ្ឋធម្មិកភ័យ ១ សម្បរាយិកភ័យ ១ ។

ទិដ្ឋធម្មិកភ័យ តើដូចម្តេច ។ បុគ្គលពួកខ្លះក្នុងលោកនេះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត សម្លាប់សត្វខ្លះ កាន់យកទ្រព្យដែលគេមិនបានឲ្យខ្លះ កាត់នូវតំណ (នៃផ្ទះ) ខ្លះ ប្លន់ធំខ្លះ កំហែងយកទ្រព្យក្នុងផ្ទះមួយខ្លះ ឈរស្កាត់ច្រកផ្លូវខ្លះ គប់រកភរិយារបស់អ្នកដទៃខ្លះ ពោលពាក្យកុហកខ្លះ ។ ពួករាជបុរស ចាប់បុគ្គលនោះ ថ្វាយព្រះរាជា ទូលថា បពិត្រព្រះសម្មតិទេព បុគ្គលនេះ ជាចោរ ប្រព្រឹត្តអាក្រក់ ព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យនឹងទណ្ឌកម្មណា ចំពោះចោរនេះ សូមទ្រង់ដាក់នូវទណ្ឌកម្មនោះចុះ ។ ព្រះរាជាក៏គម្រាមចោរនោះ ។ ចោរនោះ ទទួលទុក្ខទោមនស្ស ព្រោះការគម្រាមជាបច្ច័យ ក៏មាន ។ ភ័យទុក្ខទោមនស្សនុ៎ះ កើតមកពីណាដល់ចោរនោះ ។ ភ័យទុក្ខទោមនស្សកើតឡើង ចម្រើនឡើង ដុះដាលឡើង លូតលាស់ឡើង កើតប្រាកដឡើង អំពីអាជ្ញារបស់ខ្លួន ។ ព្រះរាជាមិនពេញព្រះទ័យ ដោយអំពើសូម្បីត្រឹមប៉ុណ្ណេះ ។ ព្រះរាជាត្រាស់បង្គាប់ឲ្យចងចោរនោះ ដោយចំណងគឺខ្នោះក្តី ដោយចំណងគឺខ្សែក្តី ដោយចំណងគឺច្រវាក់ក្តី ដោយចំណងគឺផ្តៅក្តី ដោយចំណងគឺវល្លិក្តី ដោយចំណងគឺគុកក្តី ដោយចំណងគឺរបងក្តី ដោយចំណងគឺស្រុកក្តី ដោយចំណងគឺនគរក្តី ដោយចំណងគឺដែនក្តី ដោយចំណងគឺជនបទក្តី ដោយហោចទៅ ព្រះរាជាក៏រមែងធ្វើ (នូវចោរនោះ) ឲ្យស្តាប់បង្គាប់ថា អ្នកមិនត្រូវបានចៀសចេញទៅអំពីទីនេះទេ ។ ចោរនោះ ទទួលរងទុក្ខទោមនស្ស ព្រោះចំណងជាបច្ច័យក៏មាន ។ ភ័យទុក្ខទោមនស្សបែបនុ៎ះ កើតមកពីណាដល់ចោរនោះ ។ ភ័យទុក្ខទោមនស្ស កើតឡើង ចម្រើនឡើង ដុះដាលឡើង លូតលាស់ឡើង កើតប្រាកដឡើង អំពីអាជ្ញារបស់ខ្លួន ។ ព្រះរាជាមិនពេញព្រះទ័យ ដោយអំពើសូម្បីត្រឹមប៉ុណ្ណេះ ។ ព្រះរាជាញុំាងចោរនោះឲ្យនាំទ្រព្យមួយរយក្តី មួយពាន់ក្តី មួយហ្មឺនក្តី មកថ្វាយព្រះអង្គ ។ ចោរនោះ ទទួលរងទុក្ខទោមនស្ស ព្រោះការវិនាសទ្រព្យជាបច្ច័យក៏មាន ។ ភ័យទុក្ខទោមនស្សនុ៎ះ កើតមកពីណាដល់ចោរនោះ ។ ភ័យទុក្ខទោមនស្ស កើតឡើង ចម្រើនឡើង ដុះដាលឡើង លូតលាស់ឡើង កើតប្រាកដឡើង អំពីអាជ្ញារបស់ខ្លួន ។ ព្រះរាជាមិនពេញព្រះទ័យ ដោយអំពើសូម្បីត្រឹមប៉ុណ្ណេះ ។ ព្រះរាជាទ្រង់ត្រាស់បង្គាប់រាជបុរសឲ្យធ្វើចោរនោះ ដោយកម្មការណ៍ផ្សេង ៗ គឺវាយដោយរំពាត់ខ្លះ វាយដោយផ្តៅខ្លះ វាយដោយដំបងខ្លីខ្លះ កាត់ដៃខ្លះ កាត់ជើងខ្លះ កាត់ទាំងដៃទាំងជើងខ្លះ កាត់ស្លឹកត្រចៀកខ្លះ កាត់ច្រមុះខ្លះ កាត់ទាំងស្លឹកត្រចៀកទាំងច្រមុះខ្លះ ធ្វើនូវវិលង្គថាលកកម្ម (អំពើដែលចោះរលាក្បាលធ្វើឲ្យដូចជាឆ្នាំងជ្រក់) ខ្លះ ធ្វើនូវសង្ខមុណ្ឌកកម្ម (អំពើដែលគេបកស្បែកក្បាលឲ្យរលីងដូចស័ង្ខ) ខ្លះ ធ្វើនូវរាហុមុខកម្ម (អំពើដែលថ្ពក់ហែកមាត់ឲ្យដូចជាមាត់រាហូ) ខ្លះ ធ្វើនូវជោតិមាលិកកម្ម (អំពើដែលរុំខ្លួនដុត) ខ្លះ ធ្វើនូវហត្ថប្បជ្ជោតិកកម្ម (អំពើដែលរុំដៃដុត) ខ្លះ ធ្វើនូវឯរកវត្តិកកម្ម (អំពើដែលពន្លាត់ស្បែកកដល់កជើង) ខ្លះ ធ្វើនូវចីរកវាសិកកម្ម (អំពើដែលបកស្បែកធ្វើឲ្យដូចជាស្លៀកសម្បកឈើ) ខ្លះ ធ្វើនូវឯណេយ្យកកម្ម (អំពើដែលដាក់កងត្រង់ជើងដោតឲ្យឈរហើយដុត) ខ្លះ ធ្វើនូវពលិសមំសិកកម្ម (អំពើដែលខ្វារសាច់ដោយសន្ទូច) ខ្លះ ធ្វើនូវកហាបណកកម្ម (អំពើដែលចោះសរីរៈប្រមាណប៉ុនៗកហាបណៈ) ខ្លះ ធ្វើនូវខារាបតច្ឆិកកម្ម (អំពើដែលយកទឹកផ្សារស្រោច) ខ្លះ ធ្វើនូវបលិឃបរិវត្តិកកម្ម (អំពើដែលឲ្យដេកផ្អៀង ហើយដោតទម្លុះប្រហោងត្រចៀកទៅក្នុងដែនដីបង្វិលដូចជាជើងគុល) ខ្លះ ធ្វើនូវបលាលបីឋកកម្ម (អំពើដែលគេកិនឆ្អឹងឲ្យខ្ទេច ហើយយកសក់យួរឡើង ធ្វើឲ្យដូចជាកណ្តាប់ចំបើង) ខ្លះ ស្រោចដោយប្រេងក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងារលើឈើអណ្តោតទាំងរស់ខ្លះ កាត់ក្បាលដោយដាវខ្លះ ។ ចោរនោះ ទទួលរងទុក្ខទោមនស្ស ព្រោះហេតុនៃកម្មការណ៍ជាបច្ច័យក៏មាន ។ ភ័យទុក្ខទោមនស្សបែបនុ៎ះ កើតមកពីណាដល់ចោរនោះ ។ ភ័យទុក្ខទោមនស្សកើតឡើង ចម្រើនឡើង ដុះដាលឡើង លូតលាស់ឡើង កើតប្រាកដឡើង អំពីអាជ្ញារបស់ខ្លួន ។ ព្រះរាជាជាធំ (អាចធ្វើ) នូវអាជ្ញាទាំង ៤ យ៉ាងនេះឯង ។ ចោរនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏កើតឯអបាយ ទុគ្គតិ វិនិបាត នរក ព្រោះកម្មរបស់ខ្លួន ។ នាយនិរយបាលទាំងឡាយ ក៏ធ្វើនូវកម្មការណ៍ ឈ្មោះចំណង ៥ ប្រការ ចំពោះសត្វនោះ គឺបោះដែកគោលដ៏ក្តៅត្រង់ដៃ (ម្ខាង) បោះដែកគោលដ៏ក្តៅត្រង់ដៃទីពីរ បោះដែកគោលដ៏ក្តៅត្រង់ជើង (ម្ខាង) បោះដែកគោលដ៏ក្តៅត្រង់ជើងទីពីរ បោះដែកគោលដ៏ក្តៅត្រង់ពាក់កណ្តាលដើមទ្រូង ។ សត្វនោះ ក៏ទទួលរងនូវវេទនា ជាទុក្ខដ៏ក្លៀវក្លា ខ្លោចផ្សាក្នុងនរកនោះ បាបកម្មនោះ មិនទាន់អស់ដរាបណា សត្វនោះក៏មិនធ្វើកាលកិរិយាដរាបនោះ ។ ភ័យទុក្ខទោមនស្សនុ៎ះ កើតមកពីណាដល់ចោរនោះ ។ ភ័យទុក្ខទោមនស្ស កើតចម្រើន ដុះដាល លូតលាស់ កើតប្រាកដអំពីអាជ្ញារបស់ខ្លួន ។ នាយនិរយបាលទាំងឡាយផ្តេកសត្វនោះ ហើយចាំងដោយដឹងទាំងឡាយ ។ សត្វនោះ ក៏ទទួលរងវេទនា ជាទុក្ខដ៏ក្លៀវក្លា ខ្លោចផ្សា ក្នុងនរកនោះ បាបកម្មនោះ មិនទាន់អស់ដរាបណា សត្វនោះ ក៏មិនធ្វើកាលកិរិយាដរាបនោះ ។ នាយនិរយបាលទាំងឡាយ ចាប់សត្វនោះ ឲ្យមានជើងឡើងលើ ឲ្យមានក្បាលចុះក្រោម ហើយក៏កាប់ដោយកាំបិតព្រាទាំងឡាយ ។ នាយនិរយបាលទាំងឡាយ ទឹមសត្វនោះក្នុងរថហើយ ក៏បរទៅខ្លះ បរមកវិញខ្លះ លើផែនដីដ៏ក្តៅដែលភ្លើងកំពុងឆេះសន្ធោសន្ធៅ ។បេ ។ នាយនិរយបាលទាំងឡាយ ឲ្យសត្វនោះឡើងទៅលើភ្នំរងើកភ្លើងដ៏ធំ ដែលភ្លើងកំពុងឆេះទ្រលោមសន្ធោសន្ធៅខ្លះ ឲ្យចុះខ្លះ ។បេ ។ នាយនិរយបាលទាំងឡាយ ចាប់សត្វនោះ ឲ្យមានជើងឡើងលើ ឲ្យមានក្បាលចុះក្រោមហើយ បោះចុះទៅក្នុងខ្ទះទង់ដែងដ៏ក្តៅ ដែលភ្លើងកំពុងឆេះទ្រលោមសន្ធោសន្ធៅ ។ សត្វនោះ ត្រូវកម្មស្ងោរ ខ្ជោលឡើងដូចពពុះទឹកក្នុងខ្ទះនោះ ។ សត្វនោះ ត្រូវកម្មស្ងោរខ្ជោលឡើងដូចពពុះទឹកក្នុងខ្ទះនោះ ក៏អណ្តែតឡើងលើម្តង ទៅក្រោមម្តង ទៅខាងទទឹងម្តង ។ សត្វនោះ ទទួលរងវេទនាជាទុក្ខដ៏ក្លៀវក្លា ខ្លោចផ្សា ក្នុងនរកនោះ បាបកម្មនោះ មិនទាន់អស់ដរាបណា សត្វនោះ ក៏មិនធ្វើកាលកិរិយាដរាបនោះ ។ ភ័យទុក្ខទោមនស្សនុ៎ះ កើតមកពីណាដល់ចោរនោះ ។ ភ័យទុក្ខទោមនស្ស កើតចម្រើន ដុះដាល លូតលាស់ កើតប្រាកដ អំពីអាជ្ញារបស់ខ្លួន ។ នាយនិរយបាលទាំងឡាយ ចាប់បោះសត្វនោះទៅក្នុងមហានរក ។ ឯមហានរកនោះសោត

មានជ្រុង ៤ មានទ្វារ ៤ ដែលធម្មតាចែកតាក់តែងដោយចំណែក ព័ទ្ធដោយកំពែងដែក គ្របដោយដែក ។ ទីនៃមហានរកនោះដែកសុទ្ធ ដែលរុងរឿង ប្រកបដោយកំដៅ ផ្សាយទៅអស់មួយរយយោជន៍ដោយជុំវិញ ឋិតនៅសព្វកាល ។ មហានរកទាំងនោះ ក្តៅដ៏ពន្លឹកអស់កាលជានិច្ច មានអណ្តាតភ្លើង ដែលបុគ្គលចូលទៅបានដោយក្រ មានសភាពគួរជាទីព្រឺរោម តក់ស្លុត ជាទុក្ខ គួរខ្លាច ។ គំនរអណ្តាតភ្លើង ដែលតាំងឡើងអំពីជញ្ជាំងខាងកើត ឆាបឆេះសត្វទាំងឡាយ ដែលមានបាបកម្ម ផ្ទប់ទៅនឹងជញ្ជាំងខាងលិច ។ គំនរអណ្តាតភ្លើង ដែលតាំងឡើងអំពីជញ្ជាំងខាងលិច ឆាបឆេះសត្វទាំងឡាយ ដែលមានបាបកម្ម ផ្ទប់ទៅនឹងជញ្ជាំងខាងកើត ។ គំនរអណ្តាតភ្លើង ដែលតាំងឡើងអំពីជញ្ជាំងខាងជើង ឆាបឆេះសត្វទាំងឡាយដែលមានបាបកម្ម ផ្ទប់ទៅនឹងជញ្ជាំងខាងត្បូង ។ គំនរអណ្តាតភ្លើង ដែលតាំងឡើងអំពីជញ្ជាំងខាងត្បូង ឆាបឆេះសត្វទាំងឡាយដែលមានបាបកម្ម ផ្ទប់ទៅនឹងជញ្ជាំងខាងជើង ។ គំនរអណ្តាតភ្លើងគួរខ្លាច តាំងឡើងអំពីខាងក្រោម ឆាបឆេះសត្វទាំងឡាយ ដែលមានបាបកម្ម ផ្ទប់ទៅនឹងដម្បូល ។ គំនរអណ្តាភ្លើង ដ៏គួរខ្លាច តាំងឡើងអំពីដម្បូល ឆាបឆេះសត្វទាំងឡាយដែលមានបាបកម្ម ផ្ទប់មកនឹងផែនដី ។ អម្បែងដែក កំពុងឆេះក្តៅសព្វរុងរឿងយ៉ាងណា នរកអវិចី (ក៏ប្រាកដ) ដល់សត្វដែលតាំងនៅអំពីខាងក្រោម ខាងលើ អំពីខាង ក៏យ៉ាងនោះដែរ ។ សត្វទាំងឡាយ ជាអ្នកលោភធំ ធ្វើអំពើអាក្រក់ច្រើនយ៉ាង មានអំពើបាបតែមួយយ៉ាង រមែងឆេះ តែមិនស្លាប់ក្នុងនរកនោះ ។ កាយនៃសត្វទាំងឡាយ ដែលអាស្រ័យនៅក្នុងនរកនោះ ប្រាកដស្មើដោយភ្លើង អ្នកចូរមើលភាពនៃកម្មដ៏មាំមួនចុះ សត្វទាំងនោះ មិនទៅជាផេះ មិនទៅជាធ្យូង ។ សត្វនរកទាំងឡាយ រមែងស្ទុះទៅទិសខាងកើត ស្ទុះអំពីទិសនោះ មកទិសខាងលិចខ្លះ ស្ទុះទៅទិសខាងជើង ស្ទុះអំពីទិសនោះ មកទិសខាងត្បូងខ្លះ ។ សត្វនរកទាំងនោះ ស្ទុះទៅទិសណា ៗ ទ្វារក្នុងទិសនោះ ៗ ក៏បិទជិតឯង សត្វនរកទាំងនោះ សុទ្ធតែមានសេចក្តីប្រាថ្នា ដើម្បីចេញ ស្វែងរកនូវការរួចចេញ ។ ប៉ុន្តែសត្វនរកទាំងនោះ មិនបានចេញអំពីនរកនោះ ព្រោះកម្មជាបច្ច័យ បាបកម្មរបស់សត្វទាំងនោះ មានច្រើនយ៉ាង ដែល ខ្លួនធ្វើហើយ ជាកម្មឲ្យផលមិនទាន់អស់ ។

ភ័យទុក្ខទោមនស្សនុ៎ះ កើតមកពីណា ដល់សត្វនោះ ។ ភ័យទុក្ខទោមនស្ស កើតចម្រើន ដុះដាល លូតលាស់ កើតប្រាកដ អំពីអាជ្ញារបស់ខ្លួន ។ ទុក្ខក្នុងនរកណា ទុក្ខក្នុងកំណើតតិរច្ឆានណា ទុក្ខក្នុងបិត្តិវិស័យណា ទុក្ខក្នុងមនុស្សណា ទុក្ខទាំងនោះ កើតអំពីណា ចម្រើនអំពីណា ដុះដាលអំពីណា លូតលាស់អំពីណា កើតប្រាកដឡើងអំពីណា ។ ទុក្ខទាំងនោះ កើត ចម្រើន ដុះដាល លូតលាស់ កើតប្រាកដ អំពីអាជ្ញារបស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) ភ័យកើតអំពីអាជ្ញារបស់ខ្លួន ។

[៩២] ពាក្យថា អ្នកទាំងឡាយ ចូរមើលជនអ្នកឈ្លោះគ្នា ត្រង់ពាក្យថា ជន បានដល់ ក្សត្រ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ គ្រហស្ថ បព្វជិត ទេវតា និងមនុស្ស ។ ពាក្យថា អ្នកឈ្លោះគ្នា គឺអ្នកទាំងឡាយ ចូរមើល ចូរឃើញ ចូរក្រឡេកមើល ចូរពិនិត្យមើល ចូរពិចារណាមើល នូវជនអ្នកឈ្លោះគ្នា ជនអ្នកប្រកែកគ្នា ជនខុសនឹងគ្នា ជនប្រកាន់ខុសនឹងគ្នា ជនដែលបៀតបៀនគ្នា ជនដែលតបតគ្នា ជនដែលគុំគួនគ្នា ជនដែលគុំគួនចំពោះគ្នា ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកទាំងឡាយ ចូរមើលជនអ្នកឈ្លោះគ្នា ។

[៩៣] ពាក្យថា តថាគតនឹងសំដែងសំវេគធម៌ គឺតថាគតនឹងសំដែង នឹងបង្ហាញ ប្រាប់ ពន្យល់ បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស នូវសំវេគធម៌ សេចក្តីរន្ធត់ តក់ស្លុត ភ័យលំបាក ចង្អៀតចង្អល់ ឧបទ្រពចង្រៃ ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគត នឹងសំដែងសំវេគធម៌ ។

[៩៤] ពាក្យថា តាមដែលតថាគតធ្លាប់សង្វេគហើយ គឺតថាគតសង្វេគ រន្ធត់ ដល់នូវការសង្វេគហើយ ដោយខ្លួនឯង យ៉ាងណា ហេតុនោះ (ទ្រង់ត្រាស់ថា) តាមដែលតថាគតសង្វេគហើយ ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

ភ័យកើតអំពីអាជ្ញារបស់ខ្លួន អ្នកទាំងឡាយ ចូរមើលជនអ្នកឈ្លោះគ្នា តថាគតនឹងសំដែងសំវេគធម៌ តាមដែលតថាគតសំវេគហើយ ។

[៩៥] ភ័យ ចូលមកកាន់តថាគត ព្រោះឃើញប្រជាជនកំពុងញាប់ញ័រ ដូចពួកត្រីក្នុងទីមានទឹកតិច ព្រោះឃើញពួកជនដែលទាស់ទែងគ្នីគ្នា ។

[៩៦] អធិប្បាយពាក្យថា ព្រោះឃើញប្រជាជនកំពុងញាប់ញ័រ ត្រង់ពាក្យថា ប្រជាជន គឺជាឈ្មោះរបស់សត្វ ។ ប្រជាជនកំពុងញាប់ញ័រ ដោយការញាប់ញ័រ ព្រោះតណ្ហា កំពុងញាប់ញ័រដោយការញាប់ញ័រព្រោះទិដ្ឋិ កំពុងញាប់ញ័រដោយការញាប់ញ័រ ព្រោះកិលេស កំពុងញាប់ញ័រដោយការញាប់ញ័រព្រោះទុច្ចរិត កំពុងញាប់ញ័រដោយការញាប់ញ័រព្រោះបយោគ កំពុងញាប់ញ័រដោយការញាប់ញ័រព្រោះវិបាក កំពុងញាប់ញ័រដោយរាគៈ ដែលត្រេកអរហើយ កំពុងញាប់ញ័រដោយទោសៈដែលប្រទុស្តហើយ កំពុងញាប់ញ័រដោយមោហៈដែលវង្វេងហើយ កំពុងញាប់ញ័រដោយមានះដែលជាប់ចំពាក់ហើយ កំពុងញាប់ញ័រដោយទិដ្ឋិដែលស្ទាបអង្អែលហើយ កំពុងញាប់ញ័រដោយឧទ្ធច្ចៈ ដែលរាយមាយហើយ កំពុងញាប់ញ័រដោយវិចិកិច្ឆាដែលមិនចូលចិត្តហើយ កំពុងញាប់ញ័រដោយអនុសយៈដែលដល់ហើយនូវកំឡាំង កំពុងញាប់ញ័រដោយលាភ កំពុងញាប់ញ័រដោយការមិនមានលាភ កំពុងញាប់ញ័រដោយយស កំពុងញាប់ញ័រដោយការមិនមានយស កំពុងញាប់ញ័រដោយសេចក្តីសរសើរ កំពុងញាប់ញ័រដោយនិន្ទា កំពុងញាប់ញ័រដោយសុខ កំពុងញាប់ញ័រដោយទុក្ខ កំពុងញាប់ញ័រដោយជាតិ កំពុងញាប់ញ័រដោយជរា កំពុងញាប់ញ័រដោយព្យាធិ កំពុងញាប់ញ័រដោយមរណៈ កំពុងញាប់ញ័រដោយសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ កំពុងញាប់ញ័រដោយទុក្ខក្នុងនរក កំពុងញាប់ញ័រដោយទុក្ខក្នុងកំណើតតិរច្ឆាន កំពុងញាប់ញ័រដោយទុក្ខក្នុងបិត្តិវិស័យ កំពុងញាប់ញ័រដោយទុក្ខជារបស់មនុស្ស ដោយទុក្ខមានការចុះកាន់គភ៌ជាមូល ដោយទុក្ខ មានការឋិតនៅក្នុងគភ៌ជាមូល ដោយទុក្ខ មានការចេញចាកគភ៌ជាមូល ដោយទុក្ខ មានការជាប់ចំពាក់នៃសត្វដែលកើតហើយ ដោយទុក្ខ ដែលទាក់ទងអំពីបុគ្គលដទៃនៃសត្វដែលកើតហើយ ដោយទុក្ខ គឺការព្យាយាមរបស់ខ្លួន ដោយទុក្ខ គឺការព្យាយាមរបស់បុគ្គលដទៃ ដោយទុក្ខទុក្ខ ដោយទុក្ខ គឺសង្ខារ ដោយទុក្ខ ព្រោះការប្រែប្រួល ដោយទុក្ខ គឺរោគភ្នែក រោគត្រចៀក រោគច្រមុះ រោគអណ្តាត រោគកាយ រោគក្បាល រោគត្រង់ស្លឹកត្រចៀក រោគមាត់ រោគធ្មេញ ក្អក ហឺត ឫសដូងច្រមុះ ក្តៅក្រហាយ ស្គាំងស្គម រោគក្នុងផ្ទៃ វិលមុខ ធ្លាក់ឈាម ចុកសៀត ចុះផ្ទៃ ឃ្លង់ ពក ស្រែង រីងរៃ ឆ្កួតជ្រូក ដំនួចពិស រមាស់ កម រោគក្នុងទីខ្វារដោយក្រចក ឃ្លង់ដែក ឈាម ប្រមាត់ ទឹកមូត្រផ្អែម ឫសដូងដុះ បូស ឫសដូងបាត អាពាធតាំងឡើងអំពីប្រមាត់ អាពាធតាំងឡើងអំពីស្លេស្ម អាពាធតាំងឡើងអំពីខ្យល់ អាពាធតាំងឡើងអំពីការប្រជុំធាតុ អាពាធកើតអំពីផ្លាស់រដូវ អាពាធកើតអំពីការរក្សាឥរិយាបថមិនស្មើគ្នា អាពាធកើតអំពីការព្យាយាមខ្លាំង អាពាធកើតអំពីផលកម្ម ត្រជាក់ ក្តៅ គំលាន សម្រេក ឧច្ចារៈ បស្សាវៈ សម្ផស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងពស់ កំពុងញាប់ញ័រ ញាប់ញ័រខ្លាំង អន្ទះអន្ទែង អន្ទះសា រន្ធត់ ចំប្រប់ខ្លាំង ដោយទុក្ខព្រោះមរណៈមាតា ដោយទុក្ខព្រោះមរណៈបិតា ដោយទុក្ខ ព្រោះមរណៈបងប្អូនប្រុស ដោយទុក្ខ ព្រោះមរណៈបងប្អូនស្រី ដោយទុក្ខ ព្រោះមរណៈបុត្រ ដោយទុក្ខ ព្រោះមរណៈធីតា ដោយទុក្ខ ព្រោះមរណៈញាតិ ដោយទុក្ខ ព្រោះវិនាសភោគៈ ដោយទុក្ខ ព្រោះវិនាសគឺរោគ ដោយទុក្ខ ព្រោះវិនាសសីល ដោយទុក្ខ ព្រោះវិនាសគឺទិដ្ឋិ ។ ពាក្យថា ព្រោះឃើញ គឺព្រោះឃើញ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យប្រាកដ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះឃើញប្រជាជនកំពុងញាប់ញ័រ ។

[៩៧] ពាក្យថា ដូចពួកត្រីក្នុងទីមានទឹកតិច សេចក្តីថា ត្រីក្នុងទីមានទឹកតិច មានទឹកស្តួចស្តើង មានទឹករីងទៅ ត្រូវក្អែកក្តី ខ្លែងក្តី កុកក្តី ឆាបឆក់ ចឹកស៊ី ក៏រមែងញាប់ញ័រ ញាប់ញ័រខ្លាំង អន្ទះអន្ទែង អន្ទះសា ចំប្រប់ខ្លាំង យ៉ាងណាមិញ ពួកប្រជាជន ក៏រមែងញាប់ញ័រដោយការញាប់ញ័រព្រោះតណ្ហា ។បេ ។ ញាប់ញ័រ ញាប់ញ័រខ្លាំង អន្ទះអន្ទែង អន្ទះសា រន្ធត់ ចំប្រប់ខ្លាំង ដោយទុក្ខព្រោះវិនាសគឺទិដ្ឋិ ហេតុនោះ (ទ្រង់ត្រាស់ថា) ដូចពួកត្រីក្នុងទីមានទឹកតិច ។

[៩៨] ពាក្យថា ទាស់ទែងគ្នា សេចក្តីថា ពួកសត្វខឹង ខឹងតប បៀតបៀន បៀតបៀនតប គុំគួន គុំគួនតបនូវគ្នានឹងគ្នា គឺពួកព្រះរាជាទាស់ទែងនឹងពួកព្រះរាជាខ្លះ ពួកក្សត្រទាស់ទែងនឹងពួកក្សត្រខ្លះ ពួកព្រាហ្មណ៍ទាស់ទែងនឹងពួកព្រាហ្មណ៍ខ្លះ ពួកគហបតីទាស់ទែងនឹងពួកគហបតីខ្លះ មាតាទាស់ទែងនឹងបុត្រខ្លះ បុត្រទាស់ទែងនឹងមាតាខ្លះ បិតាទាស់ទែងនឹងបុត្រខ្លះ បុត្រទាស់ទែងនឹងបិតាខ្លះ បងប្អូនប្រុសទាស់ទែងនឹងបងប្អូនប្រុសខ្លះ បងប្អូនស្រីទាស់ទែងនឹងបងប្អូនស្រីខ្លះ បងប្អូនប្រុសទាស់ទែងនឹងបងប្អូនស្រីខ្លះ បងប្អូនស្រីទាស់ទែងនឹងបងប្អូនប្រុសខ្លះ សំឡាញ់ទាស់ទែងនឹងសំឡាញ់ខ្លះ ។ ពួកជនទាំងនោះ ដល់នូវជំលោះ ប្រកែកទាស់ទែងក្នុងទីនោះហើយ ប្រហារនូវគ្នានឹងគ្នាដោយដៃខ្លះ ប្រហារដោយដុំដីខ្លះ ប្រហារដោយដំបងខ្លះ ប្រហារដោយគ្រឿងសស្រ្តាវុធខ្លះ ។ ពួកជនទាំងនោះ ក្នុងទីនោះ ក៏ដល់នូវសេចក្តីស្លាប់ខ្លះ ដល់នូវទុក្ខជិតស្លាប់ខ្លះ ហេតុនោះ (ទ្រង់ត្រាស់ថា) ទាស់ទែងគ្នា ។

[៩៩] ពាក្យថា ភ័យចូលមកកាន់តថាគតព្រោះឃើញ ត្រង់ពាក្យថា ព្រោះឃើញ សេចក្តីថា ភ័យ សេចក្តីលំបាក ការចង្អៀតចង្អល់ ឧបទ្រពចង្រៃ រមែងមូលមក (កាន់តថាគត) ព្រោះឃើញ យល់ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យប្រាកដ ហេតុនោះ (ទ្រង់ត្រាស់ថា) ភ័យចូលមកកាន់តថាគតព្រោះឃើញ ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ភ័យចូលមកកាន់តថាគត ព្រោះឃើញប្រជាជនកំពុងញាប់ញ័រ ដូចពួកត្រីក្នុងទីមានទឹកតិច ព្រោះឃើញពួកជនដែលទាស់ទែងគ្នីគ្នា ។

[១០០] លោក មិនមានខ្លឹមដោយជុំវិញ សង្ខារក្នុងទិសទាំងអស់ ញាប់ញ័រ តថាគតកាលប្រាថ្នាសេចក្តីចម្រើនដើម្បីខ្លួន មិនបានឃើញ (នូវទីណាមួយ ដែលទុក្ខ) មិនញាំញីឡើយ ។

[១០១] អធិប្បាយពាក្យថា លោកមិនមានខ្លឹមដោយជុំវិញ (ដូចតទៅនេះ) និរយលោក តិរច្ឆានយោនិលោក បិត្តិវិសយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក លោកនេះ លោកមុខ ព្រមទាំងព្រហ្មលោក ព្រមទាំងទេវលោក នេះហៅថា លោក ។ និរយលោក មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម គឺចាកខ្លឹម គឺ ចាកខ្លឹមគឺខ្លឹមទៀងក្តី ចាកខ្លឹមគឺខ្លឹមសុខក្តី ចាកខ្លឹមគឺខ្លឹមខ្លួនក្តី ចាកសភាវៈទៀងក្តី ចាកការឋិតថេរក្តី ចាកការមាំមួនក្តី ចាកសភាវៈមិនប្រែប្រួលក្តី ។ តិរច្ឆានយោនិលោក បិត្តិវិសយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក លោកនេះ លោកមុខ ព្រមទាំងព្រហ្មលោក ព្រមទាំងទេវលោក ជាសភាវៈមិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម គឺ ចាកខ្លឹមគឺខ្លឹមទៀងក្តី ចាកខ្លឹមគឺខ្លឹមសុខក្តី ចាកខ្លឹមគឺខ្លឹមខ្លួនក្តី ចាកសភាវៈទៀងក្តី ចាកការឋិតថេរក្តី ចាកការមាំមួនក្តី ចាកសភាវៈមិនប្រែប្រួលក្តី ។ ដើមបបុស មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម យ៉ាងណា ដើមល្ហុង មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម យ៉ាងណា ដើមល្វា មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម យ៉ាងណា ដើមកន្ទាំងបាយស មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម យ៉ាងណា ដើមរលួសបាយ មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម យ៉ាងណា ដុំពពុះទឹក មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹមយ៉ាងណា ក្រពេញទឹក មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម យ៉ាងណា ថ្ងៃបណ្តើរកូន មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម យ៉ាងណា ដើមចេក មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម យ៉ាងណា រស្មី មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម យ៉ាងណា និរយលោក មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម គឺ ចាកខ្លឹមគឺខ្លឹមទៀងក្តី ចាកខ្លឹមគឺខ្លឹមសុខក្តី ចាកខ្លឹមគឺខ្លឹមខ្លួនក្តី ចាកសភាវៈទៀងក្តី ចាកការឋិតថេរក្តី ចាកការមាំមួនក្តី ចាកសភាវៈប្រែប្រួលក្តី តិរច្ឆានយោនិលោកក្តី បិត្តិវិសយលោក មនុស្សលោក ។បេ ។ ព្រមទាំងទេវលោក មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម គឺ ចាកខ្លឹមគឺខ្លឹមទៀងក្តី ចាកខ្លឹមគឺខ្លឹមសុខក្តី ចាកខ្លឹមគឺខ្លឹមខ្លួនក្តី ចាកសភាវៈទៀងក្តី ចាកការឋិតថេរក្តី ចាកការមាំមួនក្តី ចាកសភាវៈមិនប្រែប្រួលក្តី ក៏យ៉ាងនោះដែរ ហេតុនោះ (ទ្រង់ត្រាស់ថា) លោកមិនមានខ្លឹមដោយជុំវិញ ។

[១០២] ពាក្យថា សង្ខារក្នុងទិសទាំងអស់ញាប់ញ័រ អធិប្បាយថា ពួកសង្ខារណា ក្នុងទិសខាងកើត សង្ខារទាំងនោះឯង រំភើប ញាប់ញ័រ កក្រើក ខ្ទាំងខ្ទប់ ជាប់តាមដោយជាតិ ព្រោះសភាពសង្ខារនោះមិនទៀង គឺត្រូវជរាជ្រួតជ្រាបចូល ត្រូវព្យាធិគ្របសង្កត់ ត្រូវមរណៈញំាញី ជាសង្ខារតាំងនៅក្នុងកងទុក្ខ ពុំមានទីពំនាក់ ពុំមានទីជ្រកកោន ពុំមានទីពឹង ពុំមានទីពំនាក់ឡើយ ។ ពួកសង្ខារណា ក្នុងទិសខាងលិច ពួកសង្ខារណា ក្នុងទិសខាងជើង ពួកសង្ខារណា ក្នុងទិសខាងត្បូង ពួកសង្ខារណា ក្នុងទិសអគ្នេយ៍ ពួកសង្ខារណា ក្នុងទិសពាយ័ព្យ ពួកសង្ខារណា ក្នុងទិសឦសាន ពួកសង្ខារណា ក្នុងទិសនិរតី ពួកសង្ខារណា ក្នុងទិសខាងក្រោម ពួកសង្ខារណា ក្នុងទិសខាងលើ ពួកសង្ខារណា ក្នុងទិសទាំង ១០ ពួកសង្ខារទាំងនោះឯង រំភើប ញាប់ញ័រ កក្រើក ខ្ទាំងខ្ទប់ ជាប់តាមដោយជាតិ ព្រោះសភាពសង្ខារនោះមិនទៀង គឺត្រូវជរាជ្រួតជ្រាបចូល ត្រូវព្យាធិគ្របសង្កត់ ត្រូវមរណៈញាំញី ជាសង្ខារតាំងនៅក្នុងទុក្ខ ពុំមានទីពំនាក់ ពុំមានទីជ្រកកោន ពុំមានទីពឹង ពុំមានទីពំនាក់ឡើយ ។ សមដូចពាក្យនុ៎ះ ដែលព្រះមានព្រះភាគត្រាស់ថា

វិមាននុ៎ះ ភ្លឺរុងរឿងខ្លាំងក្នុងទិស ក៏មែនពិតហើយ (តែ) បុគ្គលអ្នកមានប្រាជ្ញាល្អ ឃើញទោសដែលឲ្យញាប់ញ័រក្នុងរូបសព្វកាល ព្រោះហេតុនោះ ទើបមិនត្រេកអរក្នុងរូប លោក ត្រូវមច្ចុគ្របសង្កត់ ត្រូវជរាចោមរោម ត្រូវសរ គឺតណ្ហាមុត ប្រកបដោយផ្សែង គឺសេចក្តីប្រាថ្នាគ្រប់កាល លោកទាំងមូល ត្រូវភ្លើងឆេះ លោកទាំងមូល ច្រាលរន្ទាល លោកទាំងមូល សន្ធោសន្ធៅ លោកទាំងមូល រំភើប ។ ហេតុនោះ (ទ្រង់ត្រាស់ថា) សង្ខារក្នុងទិសទាំងអស់ ញាប់ញ័រ ។

[១០៣] ពាក្យថា កាលប្រាថ្នាសេចក្តីចម្រើនដើម្បីខ្លួន គឺកាលចង់បាន ត្រេកអរ ប្រាថ្នា ស្រឡាញ់ កួចកាន់ ចំពោះសេចកី្តចម្រើន ទីពំនាក់ ទីជ្រកកោន ទីពឹង ដំណើរការប្រព្រឹត្តទៅមុខ ដើម្បីខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) កាលប្រាថ្នាសេចក្តីចម្រើន ដើម្បីខ្លួន ។

[១០៤] ពាក្យថា តថាគតមិនឃើញ (នូវទីណាមួយដែលទុក្ខ) មិនញាំញី គឺមិនបានឃើញទីដែលទុក្ខមិនស្រោចចុះ បានឃើញតែទីដែលទុក្ខស្រោចចុះតែម្យ៉ាង ។ សេចក្តីចម្រើនទាំងពួង ត្រូវជរាញាំញី ភាពនៃការមិនមានរោគទាំងពួង ត្រូវព្យាធិញាំញី ជីវិតទាំងពួង ត្រូវមរណៈញាំញី លាភទាំងពួង ត្រូវអលាភញាំញី យសទាំងពួង ត្រូវអយសញាំញី សេចក្តីសរសើរទាំងពួង ត្រូវនិន្ទាញាំញី សុខទាំងពួង ត្រូវទុក្ខញាំញី ។

ពួកធម៌ទាំងនុ៎ះ គឺ លាភ អលាភ យស អយស និន្ទា បសំសា សុខ និងទុក្ខ ជាសភាពមិនទៀង មិនឋិតថេរ មានការប្រែប្រួលជាធម្មតា ក្នុងពួកមនុស្ស

ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគតមិនឃើញ (នូវទីណាមួយ) ដែលទុក្ខមិនញាំញីឡើយ ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

លោកមិនមានខ្លឹមដោយជុំវិញ សង្ខារក្នុងទិសទាំងអស់ ញាប់ញ័រ តថាគត កាលប្រាថ្នាសេចក្តីចម្រើនដើម្បីខ្លួន មិនបានឃើញ (នូវទីណាមួយ ដែលទុក្ខ) មិនញាំញីឡើយ ។

[១០៥] សេចក្តីមិនត្រេកអរ កើតមានដល់តថាគត ព្រោះឃើញសត្វទាំងឡាយ ដែលទាស់ចិត្ត ក្នុងកាលជាទីសាបសូន្យតែម្យ៉ាង ទាំងតថាគត បានឃើញសរក្នុងពួកសត្វនុ៎ះ ជាសរអាស្រ័យនៅក្នុងហឫទ័យ ដែលគេកម្រឃើញបាន ។

[១០៦] អធិប្បាយពាក្យថា ដែលទាស់ចិត្តក្នុងកាលជាទីសាបសូន្យតែម្យ៉ាង ត្រង់ពាក្យថា ក្នុងកាលជាទីសាបសូន្យតែម្យ៉ាង សេចក្តីថា ជរាញុំាងភាពក្មេងទាំងពួងឲ្យសាបសូន្យ ព្យាធិញុំាងភាពមិនមានរោគទាំងពួងឲ្យសាបសូន្យ មរណៈញុំាងជីវិតទាំងពួងឲ្យសាបសូន្យ អលាភញុំាងលាភទាំងពួងឲ្យសាបសូន្យ អយសញុំាងយសទាំងពួងឲ្យសាបសូន្យ និន្ទាញុំាងសេចក្តីសរសើរទាំងពួងឲ្យសាបសូន្យ ទុក្ខញុំាងសុខទាំងពួងឲ្យសាបសូន្យ ហេតុនោះ (ទ្រង់ត្រាស់ថា) ក្នុងកាលជាទីសាបសូន្យតែម្យ៉ាង ។ ពាក្យថា ទាស់ចិត្ត សេចក្តីថា សត្វទាំងឡាយ អ្នកប្រាថ្នាភាពក្មេង ថ្នាំងថ្នាក់នឹងជរា សត្វទាំងឡាយ អ្នកប្រាថ្នាភាពមិនមានរោគ ថ្នាំងថ្នាក់នឹងព្យាធិ សត្វទាំងឡាយអ្នកប្រាថ្នាជីវិត ថ្នាំងថ្នាក់នឹងមរណៈ សត្វទាំងឡាយអ្នកប្រាថ្នាលាភ ថ្នាំងថ្នាក់នឹងអលាភ សត្វទាំងឡាយអ្នកប្រាថ្នាយស ថ្នាំងថ្នាក់នឹងអយស សត្វទាំងឡាយអ្នកប្រាថ្នាសេចក្តីសរសើរ ថ្នាំងថ្នាក់នឹងនិន្ទា សត្វទាំងឡាយអ្នកប្រាថ្នាសុខ ទាស់ ថ្នាំងថ្នាក់ ខ្ទាំងខ្ទាស់ ខ្ទាំងខ្ទាស់ចំពោះ ចង្អៀតចង្អល់ តានតឹងចិត្តដោយសារទុក្ខ ហេតុនោះ (ទ្រង់ត្រាស់ថា) ទាស់ចិត្តក្នុងកាលជាទីសាបសូន្យតែម្យ៉ាង ។

[១០៧] ពាក្យថា សេចក្តីមិនត្រេកអរ កើតមានដល់តថាគតព្រោះឃើញ ត្រង់ពាក្យថា ព្រោះឃើញ គឺព្រោះជួប យល់ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យប្រាកដ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះឃើញ ។ ពាក្យថា សេចក្តីមិនត្រេកអរ (កើតមាន) ដល់តថាគត គឺសេចក្តីមិនត្រេកអរណា សេចក្តីមិនរីករាយណា សេចក្តីមិនស្រស់ស្រាយណា សេចក្តីអផ្សុកណា សេចក្តីតក់ស្លុតណា មានហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) សេចក្តីមិនត្រេកអរ កើតមានដល់តថាគតព្រោះឃើញ ។

[១០៨] ពាក្យថា ទាំងតថាគតបានឃើញសរ ក្នុងពួកសត្វនុ៎ះ ត្រង់ពាក្យថា ទាំង គឺជាបទតភ្ជាប់ ។បេ ។ ពាក្យថា ទាំងនុ៎ះ ជាលំដាប់នៃបទ ។ ពាក្យថា នុ៎ះ បានដល់ ក្នុងពួកសត្វ ។ ពាក្យថា សរ បានដល់ សរ ៧ សរគឺរាគៈ សរគឺទោសៈ សរគឺមោហៈ សរគឺមានះ សរគឺទិដ្ឋិ សរគឺសោក សរគឺសង្ស័យ ។ ពាក្យថា បានឃើញ គឺបានប្រទះ យល់ ឃើញ ចាក់ធ្លុះ ហេតុនោះ (ទ្រង់ត្រាស់ថា) ទាំងតថាគតបានឃើញសរ ក្នុងពួកសត្វនុ៎ះ ។

[១០៩] អធិប្បាយពាក្យថា ជាសរអាស្រ័យនៅក្នុងហឫទ័យ ដែលគេកម្រឃើញបាន ត្រង់ពាក្យថា ដែលគេកម្រឃើញបាន គឺជួបប្រទះបានដោយក្រ យល់បានដោយក្រ ឃើញបានដោយក្រ ត្រាស់ដឹងបានដោយក្រ ឈ្វេងយល់បានដោយក្រ ចាក់ធ្លុះបានដោយក្រ ។ ពាក្យថា ជាសរអាស្រ័យនៅក្នុងហឫទ័យ សេចក្តីថា ចិត្ត លោកហៅថា ហឫទ័យ បានដល់ ចិត្ត មនៈ មានសៈ ហទយៈ បណ្ឌរៈ មនៈ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដែលកើតអំពីមនៈនោះ ។ ពាក្យថា ជាសរអាស្រ័យនៅក្នុងហឫទ័យ បានសេចក្តីថា អាស្រ័យនៅក្នុងហឫទ័យ អាស្រ័យនូវចិត្ត អាស្រ័យនៅព្រមក្នុងចិត្ត ប្រព្រឹត្តទៅជាមួយ កើតជាមួយ ច្រឡំព្រម ប្រកបព្រម កើតជាមួយគ្នា រលត់ជាមួយគ្នា មានវត្ថុជាមួយគ្នា មានអារម្មណ៍ជាមួយគ្នានឹងចិត្ត ហេតុនោះ (ទ្រង់ត្រាស់ថា) ជាសរអាស្រ័យនៅក្នុងហឫទ័យ ដែលគេកម្រឃើញបាន ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

សេចក្តីមិនត្រេកអរ កើតមានដល់តថាគត ព្រោះឃើញសត្វទាំងឡាយ ដែលទាស់ចិត្តក្នុងកាលជាទីសាបសូន្យតែម្យ៉ាង ទាំងតថាគតបានឃើញសរក្នុងពួកសត្វនុ៎ះ ជាសរអាស្រ័យនៅក្នុងហឫទ័យ ដែលគេកម្រឃើញបាន ។

[១១០] បុគ្គលដែលត្រូវសរណាមុតហើយ រមែងស្ទុះទៅកាន់ទិសទាំងពួង បុគ្គលដកសរនោះហើយ ទើបមិនស្ទុះទៅ មិនលិចចុះ ។

[១១១] អធិប្បាយពាក្យថា បុគ្គលដែលត្រូវសរណាមុតហើយ រមែងស្ទុះទៅកាន់ទិសទាំងពួង ត្រង់ពាក្យថា សរ បានដល់សរ ៧ សរគឺរាគៈ សរគឺទោសៈ សរគឺមោហៈ សរគឺមានះ សរគឺទិដ្ឋិ សរគឺសេចក្តីសោក សរគឺសេចក្តីសង្ស័យ ។

សរគឺរាគៈ តើដូចម្តេច ។ តម្រេក តម្រេកខ្លាំង សេចក្តីស្រើបស្រាល សេចក្តីត្រេកត្រអាល សេចក្តីរីករាយ តម្រេកដែលប្រកបដោយសេចក្តីរីករាយ តម្រេកខ្លាំងនៃចិត្ត ។បេ ។ អភិជ្ឈា លោភៈ អកុសលមូលឯណា នេះ សរគឺរាគៈ ។

សរគឺទោសៈ តើដូចម្តេច ។ គំនុំកើតឡើងថា គេបានប្រព្រឹត្តនូវសេចក្តីវិនាសដល់អាត្មាអញ គំនុំកើតឡើងថា គេកំពុងប្រព្រឹត្តនូវសេចក្តីវិនាសដល់អាត្មាអញ គំនុំកើតឡើងថា គេនឹងប្រព្រឹត្តនូវសេចក្តីវិនាសដល់អាត្មាអញ ។បេ ។ ភាពនៃចិត្តកាច ការញុំាងទឹកភ្នែកឲ្យស្រក់ ភាពនៃចិត្តមិនត្រេកអរ នេះ សរគឺទោសៈ ។

សរគឺមោហៈ តើដូចម្តេច ។ ការមិនដឹងទុក្ខ ។បេ ។ ការមិនដឹងនូវសេចក្តីប្រតិបត្តិ ជាដំណើរទៅកាន់ទីរំលត់ទុក្ខ ការមិនដឹងទីបំផុតខាងដើម ការមិនដឹងទីបំផុតខាងចុង ការមិនដឹងទីបំផុតខាងដើម និងទីបំផុតខាងចុង ការមិនដឹងក្នុងធម៌ទាំងឡាយ ដែលកើតឡើងអាស្រ័យគ្នានឹងគ្នា ព្រោះរបស់នេះជាបច្ច័យ ការមិនឃើញ ការមិនយល់ច្បាស់ ការមិនភ្ញាក់រឭក ការមិនត្រាស់ដឹង ការមិនចាក់ធ្លុះ ការមិនកាន់យកស៊ប់ ការមិនស្ទង់ចុះស៊ប់ ការសំឡឹងមើលមិនស្មើ ការមិនពិចារណា អំពើមិនជាក់ច្បាស់ ការមិនផូរផង់ ភាពនៃសេចក្តីល្ងង់ខ្លៅ សេចក្តីវង្វេង សេចក្តីវង្វេងខ្លាំង សេចក្តីវង្វេងជ្រប់ អវិជ្ជា អន្លង់គឺអវិជ្ជា យោគៈគឺអវិជ្ជា អនុស័យគឺអវិជ្ជា បរិយុដ្ឋានគឺអវិជ្ជា គន្លឹះគឺអវិជ្ជា មោហៈ អកុសលមូលឯណា មានសភាពយ៉ាងនេះ នេះ សរគឺមោហៈ ។

សរគឺមានះ តើដូចម្តេច ។ សេចក្តីប្រកាន់ថា អាត្មាអញជាបុគ្គលប្រសើរ ការប្រកាន់ថា អាត្មាអញជាបុគ្គលស្មើ ការប្រកាន់ថា អាត្មាអញ ជាបុគ្គលថោកទាប សេចក្តីប្រកាន់ ការប្រកាន់ ភាពនៃសេចក្តីប្រកាន់ ការឆ្មើងឆ្មៃ ការក្រអឺតក្រអោង សភាពដូចទង់ ការប្រកាន់ចិត្ត ភាពនៃចិត្តប្រាថ្នាដូចទង់ឯណា មានសភាពយ៉ាងនេះ នេះ សរគឺមានះ ។

សរគឺទិដ្ឋិ តើដូចម្តេច ។ សកាយទិដ្ឋិ មានវត្ថុ ២០ មិច្ឆាទិដ្ឋិ មានវត្ថុ ១០ អន្តគ្គាហិកទិដ្ឋិ មានវត្ថុ ១០ ទិដ្ឋិ ដំណើរគឺទិដ្ឋិ ការប្រកាន់គឺទិដ្ឋិ ផ្លូវលំបាកគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ គ្រឿងញាប់ញ័រគឺទិដ្ឋិ សំយោជនៈគឺទិដ្ឋិ ការកាន់យក ការកាន់មាំ ការប្រកាន់ ការស្ទាបអង្អែល ផ្លូវអាក្រក់ គន្លងខុស ភាពនៃសេចក្តីខុស លំនៅដូចជាកំពង់ ការប្រកាន់ក្នុងការស្វែងរកខុស ការប្រកាន់ភ្លាត់ ការប្រកាន់ឃ្លៀងឃ្លាត ការប្រកាន់ខុស ការប្រកាន់ក្នុងវត្ថុមិនពិតថាជាវត្ថុពិត ទិដ្ឋិ ៦២ ទាំងប៉ុន្មាន មានសភាពយ៉ាងនេះ នេះ សរគឺទិដ្ឋិ ។

សរគឺសេចក្តីសោក តើដូចម្តេច ។ ការសោក អាការសោក ភាពនៃការសោក ការស្ងួតស្ងប់ក្នុង ការស្រពោនក្នុង ការក្តៅក្នុង ការក្តៅរោលរាលខាងក្នុង ការសញ្ជប់សញ្ជឹងនៃចិត្ត ការតូចចិត្តរបស់បុគ្គលដែលត្រូវវិនាសចាកញាតិប៉ះពាល់ក្តី ត្រូវវិនាសភោគៈប៉ះពាល់ក្តី ត្រូវវិនាសគឺរោគប៉ះពាល់ក្តី ត្រូវវិនាសចាកសីលប៉ះពាល់ក្តី ត្រូវវិនាសគឺទិដ្ឋិប៉ះពាល់ក្តី ឬប្រកបដោយវិនាសណាមួយក្តី ត្រូវទុក្ខធម៌ណាមួយប៉ះពាល់ក្តី នេះ សរគឺសេចក្តីសោក ។

សរគឺសេចក្តីសង្ស័យ តើដូចម្តេច ។ សេចក្តីសង្ស័យក្នុងទុក្ខ សេចក្តីសង្ស័យក្នុងទុក្ខសមុទ័យ សេចក្តីសង្ស័យក្នុងទុក្ខនិរោធ សេចក្តីសង្ស័យក្នុងទុក្ខនិរោធគាមិនីបដិបទា សេចក្តីសង្ស័យក្នុងទីបំផុតខាងដើម សេចក្តីសង្ស័យក្នុងទីបំផុតខាងចុង សេចក្តីសង្ស័យក្នុងទីបំផុតខាងដើម និងទីបំផុតខាងចុង សេចក្តីសង្ស័យក្នុងធម៌ទាំងឡាយ ដែលកើតឡើងអាស្រ័យគ្នានឹងគ្នា ព្រោះរបស់នេះជាបច្ច័យ សេចក្តីសង្ស័យ អាការសង្ស័យ ភាពនៃសេចក្តីសង្ស័យ ការប្រាសចាកសេចក្តីយល់ ការងឿងឆ្ងល់ ផ្លូវបែកជាពីរ ការអល់អែក ការកាន់យកនូវចំណែកច្រើនយ៉ាង ការស្ទាក់ស្ទើរ ការអង្គឺអង្គែ ការមិនចុះចិត្តស៊ប់ ភាពនៃចិត្តច្រួលច្រាល់ ការសាំញុំានៃចិត្តឯណា មានសភាពយ៉ាងនេះ នេះ សរគឺសេចក្តីសង្ស័យ ។

[១១២] ពាក្យថា បុគ្គលត្រូវសរណាមុតហើយ រមែងស្ទុះទៅកាន់ទិសទាំងពួង អធិប្បាយថា បុគ្គលត្រូវសរគឺរាគៈមុត ធ្លុះ ពាល់ត្រូវ គ្របសង្កត់ ញាំញី ទន្រ្ទានហើយ រមែងប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត សម្លាប់សត្វខ្លះ កាន់យកទ្រព្យដែលគេមិនបានឲ្យខ្លះ កាត់នូវតំណ (នៃផ្ទះ) ខ្លះ ប្លន់ធំខ្លះ ធ្វើការប្លន់ក្នុងផ្ទះមួយខ្លះ ឈរស្កាត់ច្រកផ្លូវខ្លះ គប់រកភរិយារបស់អ្នកដទៃខ្លះ ពោលពាក្យកុហកខ្លះ ។ បុគ្គលដែលត្រូវសរគឺរាគៈមុត ធ្លុះ ពាល់ត្រូវ គ្របសង្កត់ ញាំញី ទន្រ្ទានហើយ រមែងស្ទុះទៅ រត់ទៅ រលះរលាំងទៅ អន្ទោលទៅ យ៉ាងនេះខ្លះ ។ មួយទៀត បុគ្គលដែលត្រូវសរគឺរាគៈមុត ធ្លុះ ពាល់ត្រូវ គ្របសង្កត់ ញាំញី ទន្រ្ទានហើយ កាលស្វែងរកភោគៈទាំងឡាយ រមែងស្ទុះទៅកាន់មហាសមុទ្រដោយនាវា ត្រូវត្រជាក់បៀតបៀន ត្រូវកំដៅបៀតបៀន លំបាកដោយសម្ផស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ ពស់តូច និងពស់ធំ ត្រូវសេចក្តីស្រេកឃ្លានបៀតបៀន ក៏ទៅកាន់ដែនឈ្មោះគុម្ពៈ ទៅកាន់ស្រុកតក្កោលៈ ទៅកាន់ស្រុកតក្កសិលា ទៅកាន់ស្រុកកាលមុខៈ ទៅកាន់ស្រុកមរណបារៈ ទៅកាន់ស្រុកវេសុង្គៈ ទៅកាន់ស្រុកវេរាបថៈ ទៅកាន់ស្រុកជវៈ ទៅកាន់ស្រុកតម្ពលិង្គៈ ទៅកាន់ស្រុកវង្កៈ ទៅកាន់ស្រុកឯឡវទ្ធនៈ ទៅកាន់ស្រុកសុវណ្ណកូដៈ ទៅកាន់ស្រុកសុវណ្ណភូមិ ទៅកាន់ស្រុកតម្ពបណ្ណិ ទៅកាន់ស្រុកសុប្បារៈ ទៅកាន់ស្រុកភរុកៈ ទៅកាន់ស្រុកសុរទ្ធៈ ទៅកាន់ស្រុកអង្គណេកៈ ទៅកាន់ស្រុកគង្គណៈ ទៅកាន់ស្រុកបរមគង្គណៈ ទៅកាន់ស្រុកយោនៈ ទៅកាន់ស្រុកបិនកៈ ទៅកាន់អល្លសណ្ឌៈ ទៅកាន់មរុកន្តារៈ ទៅកាន់ជណ្ណុបថ ទៅកាន់អជបថ ទៅកាន់មេណ្ឌបថ ទៅកាន់សង្កុបថ ទៅកាន់ឆត្តបថ ទៅកាន់វំសបថ ទៅកាន់សកុណបថ ទៅកាន់មូសិកាបថ ទៅកាន់ទរិបថ ទៅកាន់វេត្តាធារៈ ។ កាលស្វែងរកមិនបាន រមែងទទួលទុក្ខទោមនស្ស មានការមិនបានជាមូលខ្លះ កាលស្វែងរក ក៏រកបាន លុះបានហើយ ក៏ទទួលទុក្ខទោមនស្ស មានការរក្សាជាមូលថា ធ្វើម្តេចហ្ន៎ ព្រះរាជាមិនគប្បីយកភោគៈទាំងឡាយ ចោរទាំងឡាយមិនគប្បីលួចយកភោគៈទាំងឡាយរបស់អាត្មាអញ ភ្លើងមិនគប្បីឆេះ ទឹកមិនគប្បីបន្សាត់ ទាយាទទាំងឡាយមិនជាទីស្រឡាញ់ មិនគប្បីនាំយកទៅបាន ដូច្នេះខ្លះ ។ បុគ្គលនោះ កាលរក្សាគ្រប់គ្រងយ៉ាងនេះ ភោគៈទាំងនោះក៏គង់វិនាសទៅ ។ បុគ្គលនោះ ក៏ទទួលទុក្ខទោមនស្ស មានការព្រាត់ប្រាសជាមូលខ្លះ ។ បុគ្គលដែលត្រូវសរគឺរាគៈមុត ធ្លុះ ពាល់ត្រូវ គ្របសង្កត់ ញំាញី ទន្រ្ទានហើយ រមែងស្ទុះទៅ រត់ទៅ រលះរលាំងទៅ អន្ទោលទៅ យ៉ាងនេះខ្លះ ។ បុគ្គលដែលត្រូវសរគឺទោសៈ សរគឺមោហៈ សរគឺមានះ មុត ធ្លុះ ពាល់ត្រូវ គ្របសង្កត់ ញំាញី ទន្រ្ទានហើយ រមែងប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត សម្លាប់សត្វខ្លះ កាន់យកទ្រព្យដែលគេមិនបានឲ្យខ្លះ កាត់នូវតំណខ្លះ ប្លន់ធំខ្លះ ធ្វើការប្លន់ក្នុងផ្ទះមួយខ្លះ ឈរស្កាត់ច្រកផ្លូវខ្លះ គប់រកភរិយារបស់អ្នកដទៃខ្លះ ពោលពាក្យកុហកខ្លះ ។ បុគ្គលដែលត្រូវសរគឺមានះមុត ធ្លុះ ពាល់ត្រូវ គ្របសង្កត់ ញាំញី ទន្រ្ទានហើយ រមែងស្ទុះទៅ រត់ទៅ រលះរលាំងទៅ អន្ទោលទៅ យ៉ាងនេះឯង ។

បុគ្គលដែលត្រូវសរគឺទិដ្ឋិមុត ធ្លុះ ពាល់ត្រូវ គ្របសង្កត់ ញំាញី ទន្រ្ទានហើយ រមែងទៅជាអចេលក៍ (គ្មានសំពត់) លះបង់មារយាទ ស៊ីលិទ្ធដៃ (និងជម្រះឧច្ចារៈដោយម្រាមដៃ) ជាអ្នកមិនទទួលភត្តដែលមានគេហៅរកថា លោកដ៏ចម្រើនចូរមក ជាអ្នកមិនទទួលភត្តដែលមានគេឃាត់ថា លោកដ៏ចម្រើនចូរឈប់ មិនទទួលភត្តដែលគេនាំមកមុន មិនទទួលភត្តដែលគេធ្វើចំពោះ មិនត្រេកអរនឹងកិច្ចនិមន្ត ។ អចេលក៍នោះ មិនទទួលភត្ត ដែលឃើញគេដោះអំពីមាត់ឆ្នាំង មិនទទួលភត្តដែលឃើញគេដោះអំពីមាត់កញ្ជើ មិនទទួលភត្តនៅចន្លោះធរណីទ្វារ មិនទទួលភត្តនៅចន្លោះកំណាត់ឈើ មិនទទួលភត្តនៅចន្លោះអង្រែ មិនទទួលភត្តរបស់មនុស្សពីរនាក់កំពុងបរិភោគ មិនទទួលភត្តរបស់ស្រ្តីមានគភ៌ មិនទទួលភត្តរបស់ស្រ្តីកំពុងបំបៅកូន មិនទទួលភត្តរបស់ស្រ្តីកំពុងនៅរួមនឹងបុរស មិនទទួលភត្តដែលគេអង្គាសមក មិន (ទទួលភត្ត) ក្នុងទីដែលមានឆ្កែចាំ មិនទទួលភត្តក្នុងទីដែលមានរុយរោម មិនស៊ីត្រី មិនស៊ីសាច់ មិនផឹកមេរ័យ មិនផឹកទឹកថ្នាំដែលត្រាំដោយស្រូវទាំងពួង ។ អចេលក៍នោះ ជាអ្នកទទួលភត្តតែក្នុងផ្ទះមួយ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅដោយដុំបាយមួយពំនូតខ្លះ ទទួលភត្តតែក្នុងផ្ទះពីរ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅដោយដុំបាយពីរពំនូតខ្លះ ។បេ ។ ទទួលភត្តតែក្នុងផ្ទះ ៧ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅដោយដុំបាយ ៧ ពំនូតខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅដោយភត្ត ១ ភាជន៍តូចខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅដោយភត្ត ២ ភាជន៍តូចខ្លះ ។បេ ។ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅដោយភត្ត ៧ ភាជន៍តូចខ្លះ ស៊ីអាហាររំលង ១ ថ្ងៃខ្លះ ស៊ីអាហាររំលង ២ ថ្ងៃខ្លះ ។បេ ។ ស៊ីអាហាររំលង ៧ ថ្ងៃខ្លះ អចេលក៍ ប្រកបដោយសេចក្តីព្យាយាមក្នុងការផ្លាស់ប្តូរនូវការបរិភោគភត្តរំលងកន្លះខែខ្លះ មានសភាពយ៉ាងនេះដូច្នេះឯង ។ បុគ្គលដែលត្រូវសរគឺទិដ្ឋិមុត ធ្លុះ ពាល់ត្រូវ គ្របសង្កត់ ញុំាញី ទន្រ្ទានហើយ រមែងស្ទុះទៅ រត់ទៅ រលះរលាំងទៅ អន្ទោលទៅ យ៉ាងនេះខ្លះ ។ មួយទៀត បុគ្គលដែលត្រូវសរគឺទិដ្ឋិមុត ធ្លុះ ពាល់ត្រូវ គ្របសង្កត់ ញាំញី ទន្រ្ទានហើយ បុគ្គលនោះ ជាអ្នកមានបន្លែស្រស់ជាអាហារខ្លះ មានអង្ករស្រងែជាអាហារខ្លះ មានស្កួយជាអាហារខ្លះ មានចំនៀរស្បែកជាអាហារខ្លះ មានស្លែ ឬសារាយជាអាហារខ្លះ មានបាយក្តាំងជាអាហារខ្លះ មានមេម្សៅជាអាហារខ្លះ មានស្មៅជាអាហារខ្លះ មានអាចម៍គោជាអាហារខ្លះ មានមើម និងផ្លែឈើក្នុងព្រៃជាអាហារ បរិភោគតែផ្លែឈើដែលជ្រុះឯងខ្លះ ។ បុគ្គលនោះ ទ្រទ្រង់សំពត់សំបកធ្មៃខ្លះ ទ្រទ្រង់សំពត់ដែលត្បាញលាយគ្នាខ្លះ ទ្រទ្រង់សំពត់ដែលបកចេញអំពីសាកសពខ្លះ ទ្រទ្រង់សំបកឈើខ្លះ ទ្រទ្រង់ស្បែកខ្លាខ្លះ ទ្រទ្រង់សំពត់បង្សុកូលខ្លះ ទ្រទ្រង់ស្បែកខ្លាទាំងក្រចកខ្លះ ទ្រទ្រង់ស្បូវក្រងខ្លះ ទ្រទ្រង់សំពត់ត្បាញដោយសំបកក្រចៅខ្លះ ទ្រទ្រង់ចំរៀកក្តារជាសំពត់ខ្លះ ទ្រទ្រង់សំពត់កម្ពលដែលត្បាញដោយសក់មនុស្សខ្លះ ទ្រទ្រង់សំពត់ដែលត្បាញដោយស្លាបមៀមខ្លះ ទុកសក់ និងពុកមាត់ខ្លះ ជាអ្នកប្រកបរឿយៗ នូវការព្យាយាមក្នុងការទុកសក់ និងពុកមាត់ ជាអ្នកឈរងើយឡើងលើ ហាមឃាត់អាសនៈខ្លះ អង្គុយច្រហោង ប្រព្រឹត្តកាន់វត្តក្នុងការព្យាយាមអង្គុយច្រហោងខ្លះ ដេកលើបន្លាខ្លះ សម្រេចការដេកលើបន្លាខ្លះ សម្រេចការដេកលើចំរៀកក្តារខ្លះ សម្រេចការដេកលើផែនដីទួលខ្លះ ប្រព្រឹត្តដេកផ្អៀងតែម្ខាងខ្លះ ទ្រទ្រង់ក្អែលខ្លះ [មានខ្លួនលាបប្រេង ហើយឈរនៅក្នុងទីដែលមានធូលីហុយឡើង ។ អដ្ឋកថា ។] ប្រព្រឹត្តនៅក្នុងទីវាលខ្លះ ប្រព្រឹត្តនៅក្នុងទីតាមតែប្រទះខ្លះ ជាអ្នកស៊ីលាមកខ្លះ ប្រកបក្នុងការបរិភោគលាមកខ្លះ មិនផឹកទឹកត្រជាក់ ប្រកបក្នុងការបរិភោគនូវភត្តមិនបាច់ផឹកទឹកត្រជាក់ខ្លះ ប្រកបរឿយៗ នូវព្យាយាមក្នុងការចុះត្រាំទឹកជាគំរប់ ៣ ដងនឹងពេលល្ងាចខ្លះ បុគ្គលជាអ្នកប្រកបរឿយ ៗ នូវព្យាយាមក្នុងការឆ្អើរកំដៅកាយច្រើនប្រការ មានសភាពយ៉ាងនេះដូច្នេះឯង ។ បុគ្គលដែលត្រូវសរគឺទិដ្ឋិ មុត ធ្លុះ ពាល់ត្រូវ គ្របសង្កត់ ញំាញី ទន្រ្ទានហើយ រមែងស្ទុះទៅ រត់ទៅ រលះរលាំងទៅ អន្ទោលទៅ យ៉ាងនេះខ្លះ ។

បុគ្គលដែលត្រូវសរគឺសោក មុត ធ្លុះ ពាល់ត្រូវ គ្របសង្កត់ ញំាញី ទន្រ្ទានហើយ រមែងស្តាយស្រណោះ លំបាក ខ្សឹកខ្សួល គក់ទ្រូង ដល់នូវសេចក្តីវង្វេង ។ សមដូចពាក្យនេះ ដែលព្រះមានព្រះភាគត្រាស់ហើយថា ម្នាលព្រាហ្មណ៍ ហេតុធ្លាប់មានមកហើយ មាតារបស់ស្ត្រីម្នាក់ ក្នុងក្រុងសាវត្ថីនេះឯង បានធ្វើមរណកាលហើយ ស្រ្តីនោះទៅជាឆ្កួត មានចិត្តរវើរវាយ ព្រោះកាលកិរិយានៃមាតានោះ ហើយក៏ដើរចេញអំពីច្រក ចូលទៅច្រក ចេញអំពីផ្លូវត្រឡែងកែង ចូលទៅផ្លូវត្រឡែងកែង ហើយពោលយ៉ាងនេះថា អ្នកទាំងឡាយបានឃើញមាតារបស់ខ្ញុំដែរឬ អ្នកទាំងឡាយ បានឃើញមាតារបស់ខ្ញុំដែរឬ ។ ម្នាលព្រាហ្មណ៍ ហេតុធ្លាប់មានមកហើយ បិតារបស់ស្រ្តីម្នាក់ ក្នុងក្រុងសាវត្ថីនេះឯង បានធ្វើមរណកាលហើយ បងប្អូនប្រុស បានធ្វើមរណកាលហើយ បងប្អូនស្រីបានធ្វើមរណកាលហើយ បុត្របានធ្វើមរណកាលហើយ ធីតាបានធ្វើមរណកាលហើយ ស្វាមីបានធ្វើមរណកាលហើយ ។ ស្ត្រីនោះ ក៏ទៅជាឆ្កួត មានចិត្តរវើរវាយ ព្រោះកាលកិរិយានៃស្វាមីនោះ ហើយក៏ដើរចេញអំពីច្រក ចូលទៅកាន់ច្រក ចេញអំពីផ្លូវត្រឡែងកែង ចូលទៅកាន់ផ្លូវត្រឡែងកែង ហើយពោលយ៉ាងនេះថា អ្នកទាំងឡាយ បានឃើញស្វាមីរបស់ខ្ញុំដែរឬ អ្នកទាំងឡាយបានឃើញស្វាមីរបស់ខ្ញុំដែរឬ ។ ម្នាលព្រាហ្មណ៍ ហេតុធ្លាប់មានមកហើយ មាតារបស់បុរសម្នាក់ ក្នុងក្រុងសាវត្ថីនេះឯង បានធ្វើមរណកាលហើយ ។ បុរសនោះ ក៏ទៅជាឆ្កួត មានចិត្តរវើរវាយ ព្រោះកាលកិរិយានៃមាតានោះ ហើយដើរចេញអំពីច្រក ចូលទៅកាន់ច្រក ចេញអំពីផ្លូវត្រឡែងកែង ចូលទៅកាន់ផ្លូវត្រឡែងកែង ហើយពោលយ៉ាងនេះថា អ្នកទាំងឡាយ បានឃើញមាតារបស់ខ្ញុំដែរឬ អ្នកទាំងឡាយ បានឃើញមាតារបស់ខ្ញុំដែរឬ ។ ម្នាលព្រាហ្មណ៍ ហេតុធ្លាប់មានមកហើយ បិតារបស់បុរសម្នាក់ ក្នុងក្រុងសាវត្ថីនេះឯង បានធ្វើមរណកាលហើយ បងប្អូនប្រុស បានធ្វើមរណកាលហើយ បងប្អូនស្រី បានធ្វើមរណកាលហើយ បុត្របានធ្វើមរណកាលហើយ ធីតាបានធ្វើមរណកាលហើយ ភរិយាបានធ្វើមរណកាលហើយ ។ បុរសនោះ ក៏ទៅជាឆ្កួត មានចិត្តរវើរវាយ ព្រោះកាលកិរិយានៃភរិយានោះ ហើយដើរចេញអំពីច្រកចូលទៅកាន់ច្រក ចេញអំពីផ្លូវត្រឡែងកែង ចូលទៅកាន់ផ្លូវត្រឡែងកែង ហើយពោលយ៉ាងនេះថា អ្នកទាំងឡាយបានឃើញភរិយារបស់ខ្ញុំដែរឬ ។ អ្នកទាំងឡាយ បានឃើញភរិយារបស់ខ្ញុំដែរឬ ។ ម្នាលព្រាហ្មណ៍ ហេតុធ្លាប់មានមកហើយ ស្រ្តីម្នាក់ក្នុងក្រុងសាវត្ថីនេះឯង បានទៅកាន់ត្រកូលញាតិ ។ ពួកជនជាញាតិទាំងនោះ មានប្រាថ្នាផ្តាច់ស្វាមីរបស់ស្រ្តីនោះ ហើយឲ្យដល់បុរសឯទៀត ។ តែស្រ្តីនោះ មិនចង់បានបុរសនោះទេ ។ គ្រានោះ ស្ត្រីនោះ បានពោលពាក្យនេះ នឹងស្វាមីថា ម្នាលអយ្យបុត្ត ពួកជនជាញាតិទាំងនេះ មានប្រាថ្នាផ្តាច់អ្នក ហើយឲ្យខ្ញុំដល់បុរសឯទៀត យើងទាំងពីរនាក់នឹងស្លាប់ ។ គ្រានោះ បុរសនោះ កាត់ស្រ្តីនោះជាពីរកំណាត់ ហើយសម្លាប់ខ្លួនឯងថា យើងទាំងពីរនឹងបានជួបគ្នាក្នុងបរលោក ។ បុគ្គលដែលត្រូវសរគឺសោក មុត ធ្លុះ ពាល់ត្រូវ គ្របសង្កត់ ញំាញី ទន្រ្ទានហើយ រមែងស្ទុះទៅ រត់ទៅ រលះរលាំងទៅ អន្ទោលទៅ យ៉ាងនេះ ។

បុគ្គលដែលត្រូវសរគឺសេចក្តីសង្ស័យ មុត ធ្លុះ ពាល់ត្រូវ គ្របសង្កត់ ញំាញី ទន្រ្ទានហើយ ជាអ្នកស្ទុះទៅកាន់សេចក្តីសង្ស័យ ស្ទុះទៅកាន់សេចក្តីយល់ខុស ជាអ្នកយល់បែកជាពីរថា ក្នុងអតីតកាល អាត្មាអញបានកើតឬហ្ន៎ ក្នុងអតីតកាល អាត្មាអញមិនបានកើតទេឬហ្ន៎ ក្នុងអតីតកាល អាត្មាអញបានកើតដូចម្តេចហ្ន៎ ក្នុងអតីតកាល អាត្មាអញបានកើតដោយប្រការដូចម្តេចហ្ន៎ ក្នុងអតីតកាល អាត្មាអញមានសភាពដូចម្តេច បានកើតដូចម្តេចហ្ន៎ ក្នុងអនាគតកាល អាត្មាអញនឹងមានឬហ្ន៎ ក្នុងអនាគតកាល អាត្មាអញនឹងមិនមានទេឬហ្ន៎ ក្នុងអនាគតកាល អាត្មាអញនឹងមិនមានដូចម្តេចហ្ន៎ ក្នុងអនាគតកាល អាត្មាអញនឹងមានដោយប្រការដូចម្តេចហ្ន៎ ក្នុងអនាគតកាល អាត្មាអញមានសភាពដូចម្តេច នឹងមានទៀតដូចម្តេចហ្ន៎ ។ បុគ្គលអ្នកមានសេចក្តីសង្ស័យក្នុងសន្តាន ក្នុងបច្ចុប្បន្ន ឥឡូវនេះថា អាត្មាអញមានឬហ្ន៎ អាត្មាអញមិនមានទេឬហ្ន៎ អាត្មាអញមានដូចម្តេចហ្ន៎ អាត្មាអញមានដោយប្រការដូចម្តេចហ្ន៎ សត្វមកអំពីទីណា សត្វនោះនឹងទៅក្នុងទីណា ។ បុគ្គលដែលត្រូវសរគឺសេចក្តីសង្ស័យ មុត ធ្លុះ ពាល់ត្រូវ គ្របសង្កត់ ញំាញី ទន្រ្ទានហើយ រមែងស្ទុះទៅ រត់ទៅ រលះរលាំងទៅ អន្ទោលទៅ យ៉ាងនេះ ។ បុគ្គលបង្កើតសរទាំងនោះ កាលបើបង្កើតសរទាំងនោះ រមែងស្ទុះទៅក្នុងបុរត្ថិមទិស ស្ទុះទៅក្នុងបច្ឆិមទិស ស្ទុះទៅក្នុងឧត្តរទិស ស្ទុះទៅក្នុងទក្ខិណទិស ដោយអំណាចនៃការបង្កើតសរ ។ ការបង្កើតសរទាំងនោះ បើបុគ្គលមិនបានលះបង់ហើយ បុគ្គលក៏រមែងស្ទុះទៅក្នុងគតិ ស្ទុះទៅក្នុងនរក ស្ទុះទៅក្នុងកំណើតតិរច្ឆាន ស្ទុះទៅក្នុងបិត្តិវិស័យ ស្ទុះទៅក្នុងមនុស្សលោក ស្ទុះទៅក្នុងទេវលោក ព្រោះការបង្កើតសរដែលខ្លួនមិនទាន់លះបង់បាន រមែងស្ទុះទៅ រត់ទៅ រលះរលាំងទៅ អន្ទោលទៅអំពីគតិ កាន់គតិ អំពីកំណើត កាន់កំណើត អំពីបដិសន្ធិ កាន់បដិសន្ធិ អំពីភព កាន់ភព អំពីសង្សារ កាន់សង្សារ អំពីវដ្តៈ កាន់វដ្តៈ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលដែលត្រូវសរណាមុតហើយ រមែងស្ទុះទៅកាន់ទិសទាំងពួង ។  

[១១៣] ពាក្យថា បុគ្គលដកសរនោះហើយ ទើបមិនស្ទុះទៅ មិនលិចចុះ សេចក្តីថា បុគ្គលដក ភើច ទាញ កន្រ្តាក់ គាស់ រំលើង លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាននូវសរគឺរាគៈ សរគឺទោសៈ សរគឺមោហៈ សរគឺមានះ សរគឺទិដ្ឋិ សរគឺសោកៈ សរគឺសេចក្តីសង្ស័យនោះឯងបាន ទើបមិនស្ទុះទៅក្នុងបុរត្ថិមទិស មិនស្ទុះទៅក្នុងបច្ឆិមទិស មិនស្ទុះទៅក្នុងឧត្តរទិស មិនស្ទុះទៅក្នុងទក្ខិណទិសទេ ។ ការបង្កើតសរទាំងនោះ បើបុគ្គលលះបង់បានហើយ បុគ្គលរមែងមិនស្ទុះទៅក្នុងគតិ មិនស្ទុះទៅក្នុងនរក មិនស្ទុះទៅក្នុងកំណើតតិរច្ឆាន មិនស្ទុះទៅក្នុងបិត្តិវិស័យ មិនស្ទុះទៅក្នុងមនុស្សលោក មិនស្ទុះទៅក្នុងទេវលោក ព្រោះការបង្កើតសរដែលបុគ្គលលះបង់បានហើយ គឺបុគ្គលមិនស្ទុះអំពីគតិកាន់គតិ មិនស្ទុះអំពីកំណើត កាន់កំណើត មិនស្ទុះអំពីបដិសន្ធិកាន់បដិសន្ធិ មិនស្ទុះអំពីភព កាន់ភព មិនស្ទុះអំពីសង្សារ កាន់សង្សារ មិនស្ទុះ រត់ រលះរលាំង អន្ទោលអំពីវដ្តៈ កាន់វដ្តៈ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលដកសរនោះហើយ ទើបមិនស្ទុះទៅ ។ ពាក្យថា មិនលិចចុះ គឺមិនលិចចុះក្នុងអន្លង់គឺកាម មិនលិចចុះក្នុងអន្លង់គឺភព មិនលិចចុះក្នុងអន្លង់គឺទិដ្ឋិ មិនលិចចុះ មិនជ្រមុជ មិនសំយុងចុះ មិនធ្លាក់ចុះ មិនឈមចុះ ក្នុងអន្លង់គឺអវិជ្ជា ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលដកសរនោះហើយ ទើបមិនស្ទុះទៅ មិនលិចចុះ ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ហើយថា

បុគ្គលដែលត្រូវសរណាមួយមុតហើយ រមែងស្ទុះទៅកាន់ទិសទាំងពួង បុគ្គលដកសរនោះហើយ ទើបមិនស្ទុះទៅ មិនលិចចុះ ។

[១១៤] (ព្រះមានព្រះភាគ ត្រាស់ថា អារម្មណ៍ទាំងឡាយណាក្នុងលោក ដែលសត្វជាប់ចំពាក់) ការសិក្សាក្នុងអារម្មណ៍ទាំងនោះ គេតែងរៀន បុគ្គលមិនគប្បីខ្វល់ខ្វាយ ក្នុងគ្រឿងចំពាក់ទាំងនោះទេ គប្បីយល់ច្បាស់នូវកាមទាំងឡាយដោយសព្វគ្រប់ ហើយគប្បីសិក្សានូវព្រះនិព្វានដើម្បីខ្លួន ។

[១១៥] អធិប្បាយពាក្យថា អារម្មណ៍ទាំងឡាយណាក្នុងលោក ដែលសត្វជាប់ចំពាក់ ការសិក្សាក្នុងអារម្មណ៍ទាំងនោះ គេតែងរៀន ត្រង់ពាក្យថា ការសិក្សា បានដល់ ការសិក្សាខាងដំរី ការសិក្សាខាងសេះ ការសិក្សាខាងបររថ ការសិក្សាខាងធ្នូ វេជ្ជកម្មដោយស្លាក វេជ្ជកម្មដោយការវះកាត់ វេជ្ជកម្មដោយការរក្សាកាយ វេជ្ជកម្មខាងខ្មោច វេជ្ជកម្មខាងការរក្សាក្មេង ។ ពាក្យថា គេតែងរៀន គឺគេតែងរៀន សំដែង និយាយ បំភ្លឺ បញ្ចេញ ។ ឬគេតែងរៀន កាន់ ទន្ទេញ ទ្រទ្រង់ ចងចាំ កំណត់ ដើម្បីបាននូវអារម្មណ៍ដែលជាប់ចំពាក់ ។ កាមគុណ ៥ គឺ រូបទាំងឡាយ ដែលដឹងច្បាស់ដោយចក្ខុ ជាទីប្រាថ្នា ត្រេកអរ ពេញចិត្ត ស្រឡាញ់ ប្រកបដោយកាមដែលគួរត្រេកអរ លោកហៅថា គ្រឿងជាប់ចំពាក់ ។ កាមគុណ ៥ លោកហៅថា គ្រឿងជាប់ចំពាក់ តើហេតុដូចម្តេច ។ (ព្រោះថា) ទេវតា និងមនុស្សទាំងឡាយ ច្រើនតែប្រាថ្នា ត្រេកអរ ស្រឡាញ់ ចូលចិត្ត នូវកាមគុណ ៥ ហេតុនោះ កាមគុណ ៥ លោកហៅថា គ្រឿងជាប់ចំពាក់ ។ ពាក្យថា ក្នុងលោក គឺក្នុងមនុស្សលោក ហេតុនោះ (ទ្រង់ត្រាស់ថា) អារម្មណ៍ទាំងឡាយណា ក្នុងលោកដែលសត្វជាប់ចំពាក់ ការសិក្សាក្នុងអារម្មណ៍ទាំងនោះ គេតែងរៀន ។

[១១៦] ពាក្យថា បុគ្គលមិនគប្បីខ្វល់ខ្វាយក្នុងគ្រឿងចំពាក់ទាំងនោះ សេចក្តីថា បុគ្គលមិនគប្បីខ្វល់ខ្វាយ ក្នុងការសិក្សាទាំងនោះ ឬក្នុងកាមគុណ ៥ ទាំងនោះ មិនគប្បីបង្អោនទៅកាន់កាមគុណនោះ មិនគប្បីទោរទន់ទៅរកកាមគុណនោះ មិនគប្បីឈមទៅរកកាមគុណនោះ មិនគប្បីចុះស៊ប់ក្នុងកាមគុណនោះ មិនគប្បីយកកាមគុណនោះជាធំ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលមិនគប្បីខ្វល់ខ្វាយក្នុងគ្រឿងចំពាក់ទាំងនោះទេ ។

[១១៧] ពាក្យថា គប្បីយល់ច្បាស់នូវកាមទាំងឡាយដោយសព្វគ្រប់ ត្រង់ពាក្យថា យល់ច្បាស់ គឺយល់ច្បាស់ យល់ច្បាស់ថា សង្ខារទាំងឡាយទាំងពួងមិនទៀង យល់ច្បាស់ថា សង្ខារទាំងឡាយទាំងពួងជាទុក្ខ ។បេ ។ យល់ច្បាស់ថា ធម្មជាតណាមួយមានកិរិយាកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានកិរិយារលត់ទៅវិញជាធម្មតា ។ ពាក្យថា ដោយសព្វគ្រប់ គឺគ្រប់ទាំងអស់ សព្វទាំងអស់ មិនមានសល់ ឥតសេសសល់ ពាក្យថា សព្វគ្រប់នុ៎ះ ជាពាក្យអស់រលីង ។ ពាក្យថា កាម បើតាមឧទាន បានដល់កាម ២ គឺវត្ថុកាម ១ កិលេសកាម ១ ។បេ ។ នេះហៅថា វត្ថុកាម ។បេ ។ នេះហៅថា កិលេសកាម ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីយល់ច្បាស់នូវកាមទាំងឡាយដោយសព្វគ្រប់ ។

[១១៨] អធិប្បាយពាក្យថា គប្បីសិក្សានូវព្រះនិព្វានដើម្បីខ្លួន ត្រង់ពាក្យថា សិក្សា បានដល់សិក្ខា ៣ គឺ អធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១ ។បេ ។ នេះ អធិប្បញ្ញាសិក្ខា ។ ពាក្យថា ព្រះនិព្វានដើម្បីខ្លួន សេចក្តីថា បុគ្គលគប្បីសិក្សាអធិសីលផង គប្បីសិក្សាអធិចិត្តផង គប្បីសិក្សាអធិប្បញ្ញាផង ដើម្បីរំលត់រាគៈ ដើម្បីរំលត់ទោសៈ ដើម្បីរំលត់មោហៈរបស់ខ្លួន ។បេ ។ ដើម្បីរម្ងាប់ ដើម្បីស្ងប់ ដើម្បីស្ងប់រម្ងាប់ ដើម្បីរំលត់ ដើម្បីរលាស់ចេញ ដើម្បីលះបង់ ដើម្បីកំចាត់បង់នូវអភិសង្ខារជាអកុសលទាំងពួង ។ បុគ្គលគប្បីពិចារណាសិក្សានូវសិក្ខាទាំង ៣ នេះ គប្បីដឹងសិក្សា ។បេ ។ គប្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់សិក្សា ប្រព្រឹត្តដោយអើពើ ប្រព្រឹត្តដោយត្រឹមត្រូវ ប្រព្រឹត្តជឿកាន់ ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីសិក្សានូវព្រះនិព្វានដើម្បីខ្លួន ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

(អារម្មណ៍ទាំងឡាយណា ក្នុងលោក ដែលសត្វជាប់ចំពាក់) ការសិក្សាក្នុងអារម្មណ៍ទាំងនោះ គេតែងរៀន បុគ្គលមិនគប្បីខ្វល់ខ្វាយក្នុងគ្រឿងចំពាក់ទាំងនោះទេ គប្បីយល់ច្បាស់នូវកាមទាំងឡាយ ដោយសព្វគ្រប់ ហើយសិក្សានូវព្រះនិព្វានដើម្បីខ្លួន ។

[១១៩] មុនិ គប្បីជាអ្នកមានសច្ចៈ ជាអ្នកមិនឃ្នើសឃ្នង មិនមានមាយា មានពាក្យញុះញង់លះបង់ហើយ ជាអ្នកមិនក្រោធ រមែងឆ្លងផុតលោភៈដ៏លាមក និងសេចក្តីកំណាញ់បាន ។

[១២០] អធិប្បាយពាក្យថា គប្បីជាអ្នកមានសច្ចៈ ជាអ្នកមិនឃ្នើសឃ្នង ត្រង់ពាក្យថា គប្បីជាអ្នកមានសច្ចៈ គឺគួរជាអ្នកប្រកបដោយសច្ចវាចា គួរប្រកបដោយសម្មាទិដ្ឋិ គួរប្រកបដោយមគ្គដ៏ប្រសើរមានអង្គ ៨ ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីជាអ្នកមានសច្ចៈ ។ ពាក្យថា ជាអ្នកមិនឃ្នើសឃ្នង បានដល់ ការឃ្នើសឃ្នង ៣ គឺការឃ្នើសឃ្នងដោយកាយ ១ ការឃ្នើសឃ្នងដោយវាចា ១ ការឃ្នើសឃ្នងដោយចិត្ត ១ ។បេ ។ នេះ ការឃ្នើសឃ្នងដោយចិត្ត ។ ការឃ្នើសឃ្នង ៣ នេះ បុគ្គលណា បានលះបង់ ផ្តាច់ផ្តិល រម្ងាប់ ស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ បុគ្គលនោះ លោកហៅថា អ្នកមិនឃ្នើសឃ្នង ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីជាអ្នកមានសច្ចៈ ជាអ្នកមិនឃ្នើសឃ្នង ។

[១២១] ពាក្យថា មិនមានមាយា មានពាក្យញុះញង់លះបង់ហើយ អធិប្បាយថា ការប្រព្រឹត្តិជាគ្រឿងបញ្ឆោត លោកហៅថា មាយា ។ បុគ្គលពួកខ្លះក្នុងលោកនេះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត តាំងប្រាថ្នាដ៏លាមក ព្រោះហេតុនៃការបិទបាំងនូវអំពើទុច្ចរិតនោះ រមែងប្រាថ្នាថា សូមកុំឲ្យអ្នកផងដឹងនូវអញ រមែងត្រិះរិះថា សូមកុំឲ្យអ្នកផងដឹងនូវអញ ពោលវាចាថា សូមកុំឲ្យអ្នកផងដឹងនូវអញ ប្រឹងប្រែងដោយកាយថា សូមកុំឲ្យអ្នកផងដឹងនូវអញ ។ មាយា ភាពនៃបុគ្គលមានកលលាក់ពុត ការប្រព្រឹត្តិឈ្លានពាន ការបញ្ឆោត ការលាក់កំនួច ការលួចគំនិត ការវាសវាង ការគេចកែ ការលាក់លៀម ការគៃកាញ់ ការបិទបាំង ការបិទទុកដោយជុំវិញ អំពើមិនផ្ងារ អំពើមិនច្បាស់ ការបិទជិតស្លុង កិរិយាដ៏លាមកណា មានសភាពយ៉ាងនេះ នេះលោកហៅថា មាយា ។ មាយានុ៎ះ បុគ្គលណា បានលះបង់ ផ្តាច់ផ្តិល រម្ងាប់ ស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ បុគ្គលនោះ លោកហៅថា អ្នកមិនមានមាយា ។ ពាក្យថា មានពាក្យញុះញង់លះបង់ហើយ ត្រង់ពាក្យថា ញុះញង់ សេចក្តីថា បុគ្គលខ្លះក្នុងលោកនេះ ជាអ្នកពោលពាក្យញុះញង់ ។បេ ។ បុគ្គលមានសេចក្តីប៉ុនប៉ងដើម្បីបំបែក រមែងនាំមកនូវពាក្យញុះញង់យ៉ាងនេះឯង ។ ពាក្យញុះញង់នុ៎ះ បុគ្គលណា បានលះបង់ ផ្តាច់ផ្តិល រម្ងាប់ ស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ បុគ្គលនោះ លោកហៅថា អ្នកមានពាក្យញុះញង់លះបង់ហើយ គឺមានពាក្យញុះញង់ប្រាសចេញហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលមិនមានមាយា មានពាក្យញុះញង់លះបង់ហើយ ។

[១២២] អធិប្បាយពាក្យថា មុនិ ជាអ្នកមិនក្រោធ រមែងឆ្លងផុតលោភៈដ៏លាមក និងសេចក្តីកំណាញ់បាន ត្រង់ពាក្យថា ជាអ្នកមិនក្រោធ លោកបានពោលហើយ ក៏ពិតមែនហើយ ។ តែខ្ញុំគួរពោលពីសេចក្តីក្រោធជាមុនសិន ។ សេចក្តីក្រោធ រមែងកើតឡើងដោយអាការៈ ១០ យ៉ាង ។បេ ។ សេចក្តីក្រោធនុ៎ះ បុគ្គលណា បានលះបង់ ផ្តាច់ផ្តិល រម្ងាប់ ស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ បុគ្គលនោះ លោកហៅថា អ្នកមិនក្រោធ ។ បុគ្គលឈ្មោះថា អ្នកមិនក្រោធ ព្រោះលះបង់ក្រោធ ឈ្មោះថា អ្នកមិនក្រោធ ព្រោះកំណត់ដឹងវត្ថុក្រោធ ឈ្មោះថា អ្នកមិនក្រោធ ព្រោះផ្តាច់ផ្តិលហេតុក្រោធ ។ ពាក្យថា លោភៈ បានដល់សេចក្តីជាប់ចំពាក់ អាការជាទីជាប់ចំពាក់ ភាពនៃចិត្តជាប់ចំពាក់ ។បេ ។ អភិជ្ឈា លោភៈ អកុសលមូល ។ សេចក្តីកំណាញ់ លោកពោលសំដៅមច្ឆរិយៈ ៥ គឺអាវាសមច្ឆរិយៈ ។បេ ។ ការប្រកាន់ស្អិត លោកហៅថា សេចក្តីកំណាញ់ ។ ពាក្យថា មុនិ សេចក្តីថា ញាណ លោកហៅថា មោនៈ បានខាងប្រាជ្ញា ការដឹងច្បាស់ ។បេ ។ មុនិនោះ កន្លងនូវបណ្តាញ ជាគ្រឿងជាប់ចំពាក់ ។ ពាក្យថា មុនិ ជាអ្នកមិនក្រោធ រមែងឆ្លងផុតលោភៈដ៏លាមក និងសេចក្តីកំណាញ់បាន បានសេចក្តីថា មុនិបានឆ្លង ឆ្លងឡើង ឆ្លងកាត់ ឈានកន្លង ប្រព្រឹត្តកន្លង លោតរំលង នូវលោភៈដ៏លាមក និងសេចក្តីកំណាញ់ ហេតុនោះ (ទ្រង់ត្រាស់ថា) មុនិ ជាអ្នកមិនក្រោធ រមែងឆ្លងផុតលោភៈដ៏លាមក និងសេចក្តីកំណាញ់បាន ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

មុនិគប្បីជាអ្នកមានសច្ចៈ ជាអ្នកមិនឃ្នើសឃ្នង មិនមានមាយា មានពាក្យញុះញង់លះបង់ហើយ ជាអ្នកមិនក្រោធ រមែងឆ្លងផុតលោភៈដ៏លាមក និងសេចក្តីកំណាញ់បាន ។

[១២៣] ជនមានចិត្តស្លុងទៅកាន់ព្រះនិព្វាន គប្បីគ្របសង្កត់នូវការដេកលក់ នូវការខ្ជិល នូវការរួញរា មិនគប្បីនៅរួមដោយសេចក្តីប្រហែស មិនគប្បីតាំងនៅក្នុងការមើលងាយឡើយ ។

[១២៤] អធិប្បាយពាក្យថា គប្បីគ្របសង្កត់នូវការដេកលក់ នូវការខ្ជិល នូវការរួញរា ត្រង់ពាក្យថា ការដេកលក់ បានខាងភាពនៃកាយឈឺចាប់ ភាពនៃកាយមិនគួរដល់ការងារ ការទន់ទោរចុះ ការងោកងក់ ការងុយស្រឡេតខាងក្នុងសន្តាន ការងុយងក់ ការលក់ ការញ័រត្របកភ្នែក អាការជាទីលក់ ភាពនៃចិត្តលក់ស៊ប់ ។ ពាក្យថា ការខ្ជិល បានដល់ សេចក្តីខ្ជិល អាការកំជិល ភាពនៃចិត្តខ្ជិល សេចក្តីច្រអូស អាការច្រអូស ភាពនៃចិត្តច្រអូស ។ ពាក្យថា ការរួញរា បានខាង ភាពនៃចិត្តឈឺចាប់ ភាពនៃចិត្តមិនគួរដល់ការងារ អាការជាទីធុញថប់ ការរួញថយ ការកៀចក្រាញ អាការជាទីកៀចក្រាញ ភាពនៃចិត្តកៀចក្រាញ ការរួញ អាការជាទីរួញ ភាពនៃចិត្តរួញ ។ ពាក្យថា គប្បីគ្របសង្កត់នូវការដេកលក់ នូវការខ្ជិល នូវការរួញរា បានសេចក្តីថា គប្បីសង្កត់ គប្បីគ្របសង្កត់ គប្បីបង្គ្រប គប្បីសង្កត់សង្កិន គប្បីរួបរឹត គប្បីញំាញី នូវការដេកលក់ ១ ការខ្ជិល ១ ការរួញរា ១ ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីគ្របសង្កត់នូវការដេកលក់ នូវការខ្ជិល និងការរួញរា ។

[១២៥] អធិប្បាយពាក្យថា មិនគប្បីនៅរួមដោយសេចក្តីប្រហែស ឯសេចក្តីប្រហែស ខ្ញុំត្រូវពោលដូចតទៅនេះ ។ ការបណ្តោយចិត្ត ការឲ្យកម្លាំងដល់ការបណ្តោយចិត្តទៅក្នុងកាយទុច្ចរិតក្តី ក្នុងវចីទុច្ចរិតក្តី ក្នុងមនោទុច្ចរិតក្តី ក្នុងកាមគុណ ៥ ក្តី ឬការធ្វើដោយមិនគោរព ការធ្វើមិនឲ្យរឿយ ៗ ការធ្វើមិនខ្ជាប់ខ្ជួន ការប្រព្រឹត្តិទំរន់ ការដាក់ចោលនូវសេចក្តីប្រាថ្នា ការដាក់ចោលនូវធុរៈ ការមិនសេព ការមិនចម្រើន ការធ្វើមិនឲ្យច្រើន ការមិនតាំងទុក ការមិនប្រកបរឿយ ៗ ការធ្វេសក្នុងការចម្រើននូវកុសលធម៌ ការប្រហែស អាការជាទីធ្វេស ភាពនៃចិត្តធ្វេសណា មានសភាពយ៉ាងនេះ នេះលោកហៅថា សេចក្តីប្រហែស ។ ពាក្យថា មិនគប្បីនៅរួមដោយសេចក្តីប្រហែស បានសេចក្តីថា មិនគប្បីនៅរួម មិនគប្បីនៅអាស្រ័យ មិនគប្បីនៅជិត ដោយការប្រហែស គប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាននូវការប្រហែស គឺគប្បីជាបុគ្គលចៀសវាង គេចចេញ វៀរស្រឡះ រត់ចេញ រលាស់ចេញ រួចចេញ ប្រាសចេញ ចាកការប្រហែស គប្បីជាអ្នកមានចិត្តប្រាសចាកសេចក្តីសល់វល់ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីនៅរួមដោយសេចក្តីប្រហែស ។

[១២៦] អធិប្បាយពាក្យថា មិនគប្បីតាំងនៅ ក្នុងការមើលងាយ ត្រង់ពាក្យថា ការមើលងាយ សេចក្តីថា បុគ្គលខ្លះក្នុងលោកនេះ រមែងមើលងាយអ្នកឯទៀត ដោយជាតិក្តី ដោយគោត្រក្តី ។បេ ។ ដោយវត្ថុដ៏វិសេសណាមួយក្តី ។ សេចក្តីប្រកាន់ អាការប្រកាន់ ភាពនៃចិត្តប្រកាន់ ការឆ្មើងឆ្មៃ អាការឆ្មើងឆ្មៃ ចិត្តដូចទង់ជ័យ ការប្រកាន់ខ្លាំង ភាពនៃចិត្តប្រាថ្នា ដូចទង់ណា មានសភាពយ៉ាងនេះ នេះលោកហៅថា ការមើលងាយ ។ ពាក្យថា មិនគប្បីតាំងនៅក្នុងការមើលងាយ គឺមិនគប្បីឋិតនៅ មិនគប្បីតាំងនៅក្នុងការមើលងាយ បានសេចក្តីថា គប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាននូវការមើលងាយ គឺគួរចៀសវាង គេចចេញ វៀរស្រឡះ រត់ចេញ រលាស់ចេញ រួចចេញ ប្រាសចេញ ចាកការមើលងាយ គប្បីជាអ្នកមានចិត្តប្រាសចាកសេចក្តីសល់វល់ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីតាំងនៅក្នុងការមើលងាយ ។

[១២៧] ពាក្យថា ជនមានចិត្តស្លុងទៅកាន់ព្រះនិព្វាន អធិប្បាយថា បុគ្គលខ្លះក្នុងលោកនេះ កាលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម តំកល់ទុកទឹកដែលបុគ្គលគប្បីផឹក និងភោជនដែលបុគ្គលគប្បីបរិភោគ បោសច្រាសទីបរិវេណ ថ្វាយបង្គំព្រះចេតិយ រៀបចំគ្រឿងក្រអូប និងកម្រងផ្កាថ្វាយព្រះចេតិយ ធ្វើប្រទក្សិណព្រះចេតិយ កសាងអភិសង្ខារជាកុសលណាមួយ ដែលប្រព្រឹត្តទៅក្នុងត្រៃធាតុ មិនមែនព្រោះហេតុគតិ មិនមែនព្រោះហេតុការកើត មិនមែនព្រោះហេតុបដិសន្ធិ មិនមែនព្រោះហេតុភព មិនមែនព្រោះហេតុសំសារ មិនមែនព្រោះហេតុវដ្តៈទេ រមែងជាអ្នកមានបំណងដើម្បីប្រាសចាកយោគៈ ជាអ្នកឱនទៅកាន់ព្រះនិព្វាន ឈមទៅកាន់ព្រះនិព្វាន ទោរទន់ទៅកាន់ព្រះនិព្វាន កសាងកុសលទាំងអស់នោះ ហេតុនោះ (ទ្រង់ត្រាស់ថា) ជនមានចិត្តស្លុងទៅកាន់ព្រះនិព្វាន យ៉ាងនេះខ្លះ ។ មួយទៀត បុគ្គលញុំាងចិត្តឲ្យងាកចេញចាកសង្ខារធាតុទាំងពួង ហើយប្រមូលចិត្ត ដើម្បីអមតធាតុ (ព្រះនិព្វាន) ថា គុណជាតនុ៎ះស្ងប់ គុណជាតនុ៎ះប្រសើរ គឺការរម្ងាប់សង្ខារទាំងពួង ការរលាស់ចេញនូវឧបធិទាំងពួង ការអស់តណ្ហា ការប្រាសចាករាគៈ ការរលត់ និព្វាន ហេតុនោះ (ទ្រង់ត្រាស់ថា) ជនមានចិត្តស្លុងទៅកាន់ព្រះនិព្វាន យ៉ាងនេះខ្លះ ។

បណ្ឌិតទាំងឡាយ ឲ្យទានមិនមែនព្រោះហេតុសុខនៃឧបធិដើម្បីភពថ្មីទេ បណ្ឌិតទាំងនោះ ឲ្យទានដើម្បីការអស់ឧបធិ មិនដើម្បីភពថ្មីដោយពិត ។ បណ្ឌិតទាំងឡាយ ចម្រើនឈាន មិនមែនព្រោះហេតុសុខនៃឧបធិដើម្បីភពថ្មីទេ បណ្ឌិតទាំងនោះ ចម្រើនឈាន ដើម្បីការអស់ឧបធិ មិនដើម្បីភពថ្មីដោយពិត ។ បណ្ឌិទាំងនោះ មានចិត្តត្រេកអរស៊ប់ចំពោះការរលត់ទុក្ខ ទើបឲ្យទាន មានចិត្តទន់ទោរទៅកាន់ព្រះនិព្វាននោះ មានចិត្តចុះស៊ប់ទៅកាន់ព្រះនិព្វាននោះ បណ្ឌិតទាំងនោះ មានព្រះនិព្វានជាទីប្រព្រឹត្តទៅខាងមុខ ដូចស្ទឹងទាំងឡាយ ដែលហូរទៅកាន់ទីកណ្តាលនៃសាគរ ។

ហេតុនោះ (ទ្រង់ត្រាស់ថា) ជនមានចិត្តស្លុងទៅកាន់ព្រះនិព្វាន ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ជនមានចិត្តស្លុងទៅកាន់ព្រះនិព្វាន គប្បីគ្របសង្កត់នូវការដេកលក់ នូវការខ្ជិល នូវការរួញរា មិនគប្បីនៅរួមដោយសេចក្តីប្រហែស មិនគប្បីតាំងនៅក្នុងការមើលងាយឡើយ ។

[១២៨] បុគ្គលគប្បីគេចចេញចាកពាក្យកុហក មិនគប្បីធ្វើសេចក្តីស្នេហាក្នុងរូប គប្បីស្គាល់មានះ ទាំងគប្បីប្រព្រឹត្តវៀរស្រឡះចាកសាហសាចរិយា [ការប្រព្រឹត្តិសាហ័ស គឺការប្រព្រឹត្តិរហ័ស ដោយកម្លាំងរាគៈ ទោសៈ មោហៈ ជាដើម ហៅថា សាហសាចរិយា ។] ។

[១២៩] ពាក្យថា គប្បីគេចចេញចាកពាក្យកុហក អធិប្បាយថា មុសាវាទ លោកហៅថា ពាក្យកុហក ។ បុគ្គលខ្លះក្នុងលោកនេះ នៅក្នុងទីប្រជុំក្តី នៅក្នុងបរិស័ទក្តី នៅក្នុងកណ្តាលញាតិក្តី នៅក្នុងកណ្តាលពួកក្តី នៅក្នុងកណ្តាលរាជត្រកូលក្តី ដែលគេនាំយកទៅសួរជាសាក្សីថា នែបុរសដ៏ចម្រើន អ្នកចូរមក អ្នកដឹងហេតុណា ចូរអ្នកប្រាប់ហេតុនោះ បុគ្គលនោះមិនដឹង និយាយថា ខ្ញុំដឹងក្តី ដឹង និយាយថា ខ្ញុំមិនដឹងក្តី មិនឃើញ និយាយថា ខ្ញុំឃើញក្តី ឃើញ និយាយថា ខ្ញុំមិនឃើញក្តី ជាអ្នកពោលវាចាកុហកទាំងដឹងខ្លួន ព្រោះហេតុខ្លួនខ្លះ ព្រោះហេតុបុគ្គលដទៃខ្លះ ព្រោះហេតុអាមិសៈបន្តិចបន្តួចខ្លះ នេះហៅថា ពាក្យកុហក ។ មួយទៀត មុសាវាទ ដោយអាការបី ដោយអាការៈបួន ប្រាំ ប្រាំមួយ ប្រាំពីរ ប្រាំបី ។បេ ។ នេះ មុសាវាទ ដោយអាការៈប្រាំបី ។ ពាក្យថា គប្បីគេចចេញចាកពាក្យកុហក បានសេចក្តីថា មិនគប្បីបណ្តោយ មិនគប្បីបន្សាត់ មិនគប្បីបង្ហើរ ដោយពាក្យកុហក គឺគប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាន នូវពាក្យកុហក គប្បីជាអ្នកចៀសវាង គេចចេញ វៀរស្រឡះ រត់ចេញ រលាស់ចេញ រួចចេញ ប្រាសចេញ ចាកពាក្យកុហក ជាអ្នកមានចិត្តប្រាសចាកសេចក្តីសល់វល់ ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីគេចចេញចាកពាក្យកុហក ។

[១៣០] ពាក្យថា មិនគប្បីធ្វើសេចក្តីស្នេហាក្នុងរូប ត្រង់ពាក្យថា រូប បានដល់ មហាភូតរូប ៤ និងឧបាទាយរូបរបស់មហាភូតរូប ៤ ។ ពាក្យថា មិនគប្បីធ្វើសេចក្តីស្នេហាក្នុងរូប គឺមិនគប្បីធ្វើស្នេហា មិនគប្បីធ្វើសេចក្តីពេញចិត្ត មិនគប្បីធ្វើសេចក្តីស្រឡាញ់ មិនគប្បីធ្វើ មិនគប្បីឲ្យកើត មិនគប្បីឲ្យដុះដាល មិនគប្បីឲ្យលូតលាស់ មិនគប្បីឲ្យកើតឡើងនូវតម្រេកក្នុងរូប ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីធ្វើសេចក្តីស្នេហាក្នុងរូប ។

[១៣១] អធិប្បាយពាក្យថា គប្បីស្គាល់មានះ ត្រង់ពាក្យថា មានះ សេចក្តីថា មានះដោយចំណែក ១ បានដល់ ការក្រអឺតក្រអោងនៃចិត្ត ។ មានះដោយចំណែក ២ គឺ មានះដោយការលើកខ្លួនឯង ១ មានះដោយការបង្អាប់អ្នកដទៃ ១ ។ មានះដោយចំណែក ៣ គឺ មានះថា អញជាបុគ្គលប្រសើរ ១ មានះថា អញជាបុគ្គលស្មើ ១ មានះថា អញជាបុគ្គលថោកទាប ១ ។ មានះដោយចំណែក ៤ គឺ បុគ្គលញុំាងមានះឲ្យកើតព្រោះលាភ ១ ញុំាងមានះឲ្យកើតព្រោះយស ១ ញុំាងមានះឲ្យកើតព្រោះសេចក្តីសរសើរ ១ ញុំាងមានះឲ្យកើតព្រោះសុខ ១ ។ មានះដោយចំណែក ៥ គឺ បុគ្គលញុំាងមានះឲ្យកើតថា អញបានរូបជាទីពេញចិត្ត ញុំាងមានះឲ្យកើតថា អញបានសំឡេង ក្លិន រស ផ្សព្វជាទីពេញចិត្ត ។ មានះដោយចំណែក ៦ គឺ បុគ្គលញុំាងមានះឲ្យកើតព្រោះចក្ខុសម្ប័ទ ញុំាងមានះឲ្យកើតព្រោះសោតសម្ប័ទ ឃានសម្ប័ទ ជិវ្ហាសម្ប័ទ កាយសម្ប័ទ មនោសម្ប័ទ ។ មានះដោយចំណែក ៧ គឺ មានះ អតិមានះ មានាតិមានះ ឱមានះ អធិមានះ អស្មិមានះ មិច្ឆាមានះ ។ មានះដោយចំណែក ៨ គឺបុគ្គលញុំាងមានះឲ្យកើតព្រោះលាភ ញុំាងឱមានះឲ្យកើតព្រោះអលាភ ញុំាងមានះឲ្យកើតព្រោះយស ញុំាងឱមានះឲ្យកើតព្រោះអយស ញុំាងមានះឲ្យកើតព្រោះបសំសា ញុំាងឱមានះឲ្យកើតព្រោះនិន្ទា ញុំាងមានះឲ្យកើតព្រោះសុខ ញុំាងឱមានះឲ្យកើតព្រោះទុក្ខ ។ មានះដោយចំណែក ៩ គឺ មានះថា អញប្រសើរជាងបុគ្គលប្រសើរ មានះថា អញស្មើនឹងបុគ្គលប្រសើរ មានះថា អញថោកទាបជាងបុគ្គលប្រសើរ មានះថា អញប្រសើរជាងបុគ្គលអ្នកស្មើ មានះថា អញស្មើនឹងបុគ្គលអ្នកស្មើ មានះថា អញថោកទាបជាងបុគ្គលអ្នកស្មើ មានះថា អញប្រសើរជាងបុគ្គលអ្នកថោកទាប មានះថា អញស្មើនឹងបុគ្គលអ្នកថោកទាប មានះថា អញថោកទាបជាងបុគ្គលអ្នកថោកទាប ។ មានះដោយចំណែក ១០ គឺ បុគ្គលពួកខ្លះក្នុងលោកនេះ ញុំាងមានះឲ្យកើតដោយជាតិក្តី គោត្រក្តី ។បេ ។ ដោយវត្ថុណាមួយក្តី សេចក្តីប្រកាន់ អាការជាទីប្រកាន់ ភាពនៃចិត្តប្រកាន់ ការឆ្មើងឆ្មៃ អាការឆ្មើងឆ្មៃ ចិត្តដូចទង់ ការប្រកាន់ខ្លាំង ភាពនៃចិត្តប្រាថ្នាដូចទង់ឯណា មានសភាពយ៉ាងនេះ នេះលោកហៅថា មានះ ។

ពាក្យថា គប្បីស្គាល់មានះ គឺគប្បីស្គាល់មានះ ដោយបរិញ្ញា ៣ គឺ ញាតបរិញ្ញា ១ តិរណបរិញ្ញា ១ បហានបរិញ្ញា ១ ។ ញាតបរិញ្ញា តើដូចម្តេច ។ បុគ្គលស្គាល់មានះថា មានះនេះដោយចំណែក ១ គឺ ការឆ្មើងឆ្មៃនៃចិត្ត មានះនេះដោយចំណែក ២ គឺ មានះដោយការលើកខ្លួនឯង មានះដោយការបន្តុះបង្អាប់អ្នកដទៃ ។បេ ។ មានះនេះដោយចំណែក ១០ គឺ បុគ្គលខ្លះក្នុងលោកនេះ ញុំាងមានះឲ្យកើតដោយជាតិក្តី គោត្រក្តី ។បេ ។ ដោយវត្ថុណាមួយក្តី បុគ្គលដឹង ឃើញដូច្នេះ នេះ ញាតបរិញ្ញា ។ តិរណបរិញ្ញា តើដូចម្តេច ។ បុគ្គលដឹងយ៉ាងនេះហើយ ពិចារណានូវមានះ ដោយសេចក្តីថា មិនទៀង ជាទុក្ខ ។បេ ។ ពិចារណានូវមានះ ដោយសេចក្តីថា មិនជាទីរលាស់ចេញ នេះ តិរណបរិញ្ញា ។ បហានបរិញ្ញា តើដូចម្តេច ។ បុគ្គលពិចារណាយ៉ាងនេះហើយ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាននូវមានះ នេះ បហានបរិញ្ញា ។ ពាក្យថា គប្បីស្គាល់មានះ គឺ គប្បីស្គាល់មានះដោយបរិញ្ញា ៣ នេះឯង ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីស្គាល់មានះ ។

[១៣២] ពាក្យថា ទាំងគប្បីប្រព្រឹត្តវៀរស្រឡះចាកសាហសាចរិយា សំនួរថា សាហសាចរិយា តើដូចម្តេច ។ ការប្រព្រឹត្តិដោយតម្រេករបស់បុគ្គលដែលត្រេកអរ ឈ្មោះថា សាហសាចរិយា ការប្រព្រឹត្តិដោយកំហឹងរបស់បុគ្គលដែលខឹង ឈ្មោះថា សាហសាចរិយា ការប្រព្រឹត្តិដោយល្ងង់ខ្លៅ របស់បុគ្គលដែលល្ងង់ ឈ្មោះថា សាហសាចរិយា ការប្រព្រឹត្តិដោយមានះ របស់បុគ្គលដែលប្រកាន់មាំ ឈ្មោះថា សាហសាចរិយា ការប្រព្រឹត្តិដោយទិដ្ឋិ របស់បុគ្គលដែលស្ទាបអង្អែល ឈ្មោះថា សាហសាចរិយា ការប្រព្រឹត្តិដោយឧទ្ធច្ចៈ របស់បុគ្គលដែលដល់នូវសេចក្តីរាយមាយ ឈ្មោះថា សាហសាចរិយា ការប្រព្រឹត្តិដោយវិចិកិច្ឆា របស់បុគ្គលអ្នកដល់នូវសេចក្តីមិនដាច់ស្រេច ឈ្មោះថា សាហសាចរិយា ការប្រព្រឹត្តិដោយអនុស័យ របស់បុគ្គលដែលដល់នូវកំឡាំង ឈ្មោះថា សាហសាចរិយា នេះ សាហសាចរិយា ។ ពាក្យថា គប្បីប្រព្រឹត្តវៀរស្រឡះ ចាកសាហសាចរិយា គឺ គប្បីចៀសវាង គេចចេញ វៀរចេញ រត់ចេញ រលាស់ចេញ រួចចេញ ប្រាសចេញ ចាកសាហសាចរិយា គប្បីនៅ ត្រាច់ទៅ ទៅ សម្រេចឥរិយាបថ ប្រព្រឹត្ត រក្សា យាត្រា យាត្រាទៅ ដោយចិត្តប្រាសចាកសេចក្តីសល់វល់ ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីប្រព្រឹត្តវៀរស្រឡះ ចាកសាហសាចរិយា ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

បុគ្គលគប្បីគេចចេញចាកពាក្យកុហក មិនគប្បីធ្វើសេចក្តីស្នេហាក្នុងរូប គប្បីស្គាល់មានះ ទាំងគប្បីប្រព្រឹត្តវៀរស្រឡះ ចាកសាហសាចរិយា ។

[១៣៣] បុគ្គលមិនគប្បីត្រេកអរចំពោះបុរាណក្ខន្ធ (ខន្ធចាស់) មិនគប្បីធ្វើសេចក្តីពេញចិត្តក្នុងនវក្ខន្ធ (ខន្ធថ្មី) មិនគប្បីសោកស្តាយ ចំពោះវត្ថុកាលវិនាស មិនគប្បីជាអ្នកអាស្រ័យសភាវៈជាគ្រឿងទាញមក ។

[១៣៤] ពាក្យថា មិនគប្បីត្រេកអរចំពោះបុរាណក្ខន្ធ សេចក្តីថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ជាអតីត លោកហៅថា បុរាណក្ខន្ធ ។ បុគ្គលមិនគប្បីត្រេកអរ មិនគប្បីសរសើរ មិនគប្បីជ្រុលជ្រប់ គឺគប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាន នូវការត្រេកអរ ការសរសើរ ការជ្រុលជ្រប់ ការប្រកាន់ ការស្ទាបអង្អែល ការជាប់ចំពាក់ចំពោះសង្ខារជាអតីត ដោយអំណាចតណ្ហា ដោយអំណាចទិដ្ឋិ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីត្រេកអរចំពោះបុរាណក្ខន្ធ ។

[១៣៥] ពាក្យថា មិនគប្បីធ្វើសេចក្តីពេញចិត្តក្នុងនវក្ខន្ធ សេចក្តីថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ជាបច្ចុប្បន្ន លោកហៅថា នវក្ខន្ធ ។ បុគ្គលមិនគប្បីធ្វើសេចក្តីពេញចិត្ត មិនគប្បីធ្វើសេចក្តីប្រាថ្នា មិនគប្បីធ្វើសេចក្តីស្រឡាញ់ គឺមិនគប្បីធ្វើ មិនគប្បីឲ្យកើត មិនគប្បីឲ្យលូតលាស់ មិនគប្បីដុះដាល មិនគប្បីឲ្យកើតនូវតម្រេកចំពោះសង្ខារជាបច្ចុប្បន្ន ដោយអំណាចតណ្ហា ដោយអំណាចទិដ្ឋិ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីធ្វើសេចក្តីពេញចិត្តក្នុងនវក្ខន្ធ ។

[១៣៦] ពាក្យថា មិនគប្បីសោកស្តាយ ចំពោះវត្ថុកាលវិនាស គឺមិនគប្បីសោកស្តាយ មិនគប្បីលំបាក មិនគប្បីស្ទាបអង្អែល មិនគប្បីខ្សឹកខ្សួល មិនគប្បីគក់ទ្រូង មិនគប្បីដល់នូវសេចក្តីវង្វេង ចំពោះវត្ថុកាលវិនាស ខូចខាត សាបសូន្យ បាត់បង់ ព្រាត់ប្រាស អន្តរធាន គឺមិនគប្បីសោកស្តាយ មិនគប្បីលំបាក មិនគប្បីស្ទាបអង្អែល មិនគប្បីខ្សឹកខ្សួល មិនគប្បីគក់ទ្រូង មិនគប្បីដល់នូវសេចក្តីវង្វេង ចំពោះចក្ខុកាលវិនាស ខូចខាត សាបសូន្យ បាត់បង់ ព្រាត់ប្រាស អន្តរធាន ចំពោះសោតៈ ឃានៈ ជិវ្ហា កាយ រូប សទ្ទៈ គន្ធៈ រសៈ ផោដ្ឋព្វៈ ត្រកូល គណៈ អាវាស លាភ យស បសំសា សុខ ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ កាលវិនាស ខូចខាត សាបសូន្យ បាត់បង់ ព្រាត់ប្រាស អន្តរធាន ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីសោកស្តាយចំពោះវត្ថុកាលវិនាស ។

[១៣៧] ពាក្យថា មិនគប្បីជាអ្នកអាស្រ័យសភាវៈជាគ្រឿងទាញមក អធិប្បាយថា តណ្ហា លោកហៅថា សភាវៈជាគ្រឿងទាញមក បានដល់ រាគៈ រាគៈមានកំឡាំង ។បេ ។ អភិជ្ឈា លោភៈ អកុសលមូល ។ តណ្ហា លោកហៅថា សភាវៈជាគ្រឿងទាញមក តើដូចម្តេច ។ បុគ្គលតែងទាញមក ប្រមូលមក កាន់យក ស្ទាបអង្អែល ជាប់ចំពាក់ ចំពោះរូប បុគ្គលតែងទាញមក ប្រមូលមក កាន់យក ស្ទាបអង្អែល ជាប់ចំពាក់ចំពោះវេទនា សញ្ញា សង្ខារ វិញ្ញាណ គតិ ឧបបត្តិ បដិសន្ធិ ភព សំសារ វដ្តៈ ដោយតណ្ហាណា ព្រោះហេតុនោះ តណ្ហានោះ លោកហៅថា ជាគ្រឿងទាញមក ។ ពាក្យថា មិនគប្បីជាអ្នកអាស្រ័យសភាវៈជាគ្រឿងទាញមក គឺមិនគប្បីជាអ្នកអាស្រ័យនូវតណ្ហា គឺគប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាននូវតណ្ហា បុគ្គលគប្បីចៀសវាង គេចចេញ វៀរស្រឡះ រត់ចេញ រលាស់ចេញ រួចចេញ ប្រាសចេញ ចាកតណ្ហា ជាអ្នកមានចិត្តប្រាសចាកសេចក្តីសល់វល់ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីអាស្រ័យសភាវៈជាគ្រឿងទាញមក ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

បុគ្គលមិនគប្បីត្រេកអរចំពោះបុរាណក្ខន្ធ (ខន្ធចាស់) មិនគប្បីធ្វើសេចក្តីពេញចិត្តក្នុងនវក្ខន្ធ (ខន្ធថ្មី) មិនគប្បីសោកស្តាយ ចំពោះវត្ថុកាលវិនាស មិនគប្បីអាស្រ័យសភាវៈជាគ្រឿងទាញមក ។

[១៣៨] តថាគតពោលថា សេចក្តីប្រាថ្នា ជាអន្លង់ធំ ពោលថា តណ្ហា ជាអាចម ជាបំណង ជាអារម្មណ៍ ជាគ្រឿងញាប់ញ័រ ថា កាមជាភក់ ដែលសត្វកន្លងបានដោយក្រ ។

[១៣៩] ពាក្យថា តថាគតពោលថា សេចក្តីប្រាថ្នា ជាអន្លង់ធំ សេចក្តីថា តណ្ហា លោកហៅថា សេចក្តីប្រាថ្នា បានដល់រាគៈ រាគៈមានកំឡាំង ។បេ ។ អភិជ្ឈា លោភៈ អកុសលមូល ។ តណ្ហា លោកហៅថា អន្លង់ធំ បានខាងរាគៈ រាគៈមានកំឡាំង ។បេ ។ អភិជ្ឈា លោភៈ អកុសលមូល ។ ពាក្យថា តថាគតពោលថា សេចក្តីប្រាថ្នាជាអន្លង់ធំ បានសេចក្តីថា តថាគតពោល ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស នូវសេចក្តីប្រាថ្នា ថាជាអន្លង់ធំ ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគតពោលថា សេចក្តីប្រាថ្នា ជាអន្លង់ធំ ។

[១៤០] ពាក្យថា តថាគតពោលថា តណ្ហាជាអាចម ជាបំណង សេចក្តីថា តណ្ហា លោកហៅថា អាចម បានដល់រាគៈ រាគៈមានកំឡាំង ។បេ ។ អភិជ្ឈា លោភៈ អកុសលមូល ។ តណ្ហា លោកហៅថា បំណង បានដល់រាគៈ រាគៈមានកំឡាំង ។បេ ។ អភិជ្ឈា លោភៈ អកុសលមូល ។ ពាក្យថា តថាគតពោលថា តណ្ហាជាអាចម ជាបំណង បានសេចក្តីថា តថាគតពោល ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស នូវតណ្ហាថា ដូចជាអាចម ថាជាបំណង ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគតពោលថា តណ្ហាជាអាចម ជាបំណង ។

[១៤១] ពាក្យថា ជាអារម្មណ៍ ជាគ្រឿងញាប់ញ័រ សេចក្តីថា តណ្ហា លោកហៅថា អារម្មណ៍ បានដល់ រាគៈ រាគៈមានកំឡាំង ។បេ ។ អភិជ្ឈា លោភៈ អកុសលមូល ។ តណ្ហា លោកហៅថា គ្រឿងញាប់ញ័រ បានដល់ រាគៈ រាគៈមានកំឡាំង ។បេ ។ អភិជ្ឈា លោភៈ អកុសលមូល ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអារម្មណ៍ ជាគ្រឿងញាប់ញ័រ ។

[១៤២] ពាក្យថា កាមជាភក់ ដែលសត្វកន្លងបានដោយក្រ សេចក្តីថា កាមដូចជាភក់ កាមដូចជាល្បាប់ សេចក្តីសៅហ្មងគឺកាម គ្រឿងស្អិតគឺកាម សេចក្តីកង្វល់គឺកាម ដែលសត្វឆ្លងបានដោយក្រ កន្លងបានដោយក្រ រម្លងបានដោយក្រ ឆ្លងឡើងបានដោយក្រ ឈានកន្លងបានដោយក្រ ប្រព្រឹត្តកន្លងបានដោយក្រ ហេតុនោះ (ទ្រង់ត្រាស់ថា) កាមជាភក់ ដែលសត្វកន្លងបានដោយក្រ ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

តថាគតពោលថា សេចក្តីប្រាថ្នាជាអន្លង់ធំ ពោលថា តណ្ហា ជាអាចម ជាបំណង ជាអារម្មណ៍ ជាគ្រឿងញាប់ញ័រ ថា កាមជាភក់ ដែលសត្វកន្លងបានដោយក្រ ។

[១៤៣] មុនិ មិនឃ្លាតចាកសច្ចៈ ជាព្រាហ្មណ៍ ឋិតនៅលើទីទួល មុនិនោះ លះបង់វត្ថុទាំងពួង មុនិនោះឯង តថាគតហៅថា អ្នកស្ងប់ ។

[១៤៤] ពាក្យថា មុនិ មិនឃ្លាតចាកសច្ចៈ គឺ មិនឃ្លាតចាកសច្ចវាចា មិនឃ្លាតចាកសម្មាទិដ្ឋិ មិនឃ្លាតចាកអដ្ឋង្គិកមគ្គដ៏ប្រសើរ ។ ពាក្យថា មុនិ សេចក្តីថា ញាណ លោកហៅថា មោនៈ បានខាងប្រាជ្ញា ការដឹងច្បាស់ ។បេ ។ មុនិនោះ កន្លងនូវបណ្តាញជាគ្រឿងចំពាក់ ហេតុនោះ (ទ្រង់ត្រាស់ថា) មុនិ មិនឃ្លាតចាកសច្ចៈ ។

[១៤៥] ពាក្យថា ជាព្រាហ្មណ៍ ឋិតនៅលើទីទួល សេចក្តីថា អមតនិព្វាន លោកហៅថា ទីទួល បានខាង ការរម្ងាប់សង្ខារទាំងពួង ការលះបង់ឧបធិទាំងពួង ការអស់តណ្ហា ការប្រាសចាកតម្រេក ការរលត់ និព្វាន ។ ពាក្យថា ព្រាហ្មណ៍ គឺ ឈ្មោះថា ព្រាហ្មណ៍ ព្រោះលះធម៌ ៧ ។បេ ។ ជាអ្នកមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) ប្រកបដោយតាទិគុណ បុគ្គលនោះ លោកហៅថា ព្រាហ្មណ៍ ។ ពាក្យថា ជាព្រាហ្មណ៍ ឋិតនៅលើទីទួល បានសេចក្តីថា ព្រាហ្មណ៍ឋិតនៅលើទីទួល គឺឋិតនៅលើកោះ ឋិតនៅលើទីពំនាក់ ឋិតនៅលើទីពួន ឋិតនៅលើទីពឹង ឋិតនៅលើទីមិនមានភ័យ ឋិតនៅលើទីមិនច្យុត ឋិតនៅលើទីមិនស្លាប់ ឋិតនៅលើទីមិនមានវានៈ (ព្រះនិព្វាន) ហេតុនោះ (ទ្រង់ត្រាស់ថា) ជាព្រាហ្មណ៍ ឋិតនៅលើទីទួល ។

[១៤៦] ពាក្យថា មុនិនោះ លះបង់វត្ថុទាំងពួង អធិប្បាយថា វត្ថុទាំងពួង លោកពោលសំដៅអាយតនៈ ១២ គឺចក្ខុ ១ រូប ១ ។បេ ។ ចិត្ត ១ ធម៌ ១ ។ ឆន្ទរាគៈក្នុងអាយតនៈទាំងឡាយ ទាំងខាងក្នុង និងខាងក្រៅ មុនិនោះ បានលះបង់ ផ្តាច់បង់ឫសគល់ ធ្វើមិនឲ្យមានទីកើត ដូចជាទីកើតនៃដើមត្នោត ដល់នូវភាវៈមិនមាន មិនឲ្យមានការកើតជាធម្មតាតទៅ ក្នុងកាលណា វត្ថុទាំងពួង ឈ្មោះថា មុនិនោះ បានលះចោល ខ្ជាក់ចេញ រួចស្រឡះ លះបង់ រលាស់ចោល ដោយហេតុមានប្រមាណប៉ុណ្ណេះ ក្នុងកាលនោះ ។ តណ្ហា ១ ទិដ្ឋិ ១ មានះ ១ មុនិនោះបានលះបង់ ផ្តាច់បង់ឫសគល់ ធ្វើមិនឲ្យមានទីកើតដូចជាទីកើតនៃដើមត្នោត ដល់នូវភាវៈមិនមាន មិនឲ្យមានការកើតជាធម្មតាតទៅ ក្នុងកាលណា វត្ថុទាំងពួង ឈ្មោះថា មុនិនោះលះចោល ខ្ជាក់ចេញ រួចស្រឡះ លះបង់ រលាស់ចោល ដោយហេតុមានប្រមាណប៉ុណ្ណេះ ក្នុងកាលនោះ ។ បុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ និងអនេញ្ជាភិសង្ខារ មុនិនោះបានលះបង់ ផ្តាច់បង់ឫសគល់ ធ្វើមិនឲ្យមានទីកើត ដូចជាទីកើតនៃដើមត្នោត ដល់នូវភាវៈមិនមាន មិនឲ្យមានការកើតជាធម្មតាតទៅ ក្នុងកាលណា វត្ថុទាំងពួង ឈ្មោះថា មុនិនោះបានលះចោល ខ្ជាក់ចេញ រួចស្រឡះ លះបង់ រលាស់ចោល ដោយហេតុមានប្រមាណប៉ុណ្ណេះ ក្នុងកាលនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) មុនិនោះ លះបង់វត្ថុទាំងពួង ។

[១៤៧] ពាក្យថា មុនិនោះឯង តថាគតហៅថា អ្នកស្ងប់ គឺមុនិនោះ តថាគតពោល សំដែង និយាយ បំភ្លឺ បញ្ចេញ ថាជាអ្នកស្ងប់ រម្ងាប់ ស្ងប់រម្ងាប់ រលត់ សះស្បើយ ហេតុនោះ (ទ្រង់ត្រាស់ថា) មុនិនោះ តថាគតហៅថា អ្នកស្ងប់ ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

មុនិ មិនឃ្លាតចាកសច្ចៈ ជាព្រាហ្មណ៍ ឋិតនៅលើទីទួល មុនិនោះ លះបង់វត្ថុទាំងពួង មុនិនោះឯង តថាគត ហៅថា អ្នកស្ងប់ ។

[១៤៨] មុនិនោះ ឈ្មោះថាអ្នកដឹង មុនិនោះ ឈ្មោះថា អ្នកដល់នូវវេទ ឈ្មោះថា មិនអាស្រ័យធម៌ ព្រោះដឹង មុនិនោះ ឈ្មោះថារស់នៅក្នុងលោកដោយប្រពៃ តែងមិនស្រឡាញ់ចំពោះបុគ្គលណាមួយក្នុងលោកនេះ ។

[១៤៩] អធិប្បាយពាក្យថា មុនិនោះ ឈ្មោះថា អ្នកដឹង មុនិនោះ ឈ្មោះថា អ្នកដល់នូវវេទ ត្រង់ពាក្យថា អ្នកដឹង គឺអ្នកចេះដឹង អ្នកតាំងនៅក្នុងវិជ្ជា មានញាណ មានប្រាជ្ញា មានប្រាជ្ញាឈ្វេងយល់ មានប្រាជ្ញាធ្លុះធ្លាយ ។ ពាក្យថា អ្នកដល់នូវវេទ សេចក្តីថា ញាណក្នុងមគ្គ ៤ លោកហៅថា វេទ ។បេ ។ មុនិនោះ ជាអ្នកប្រាសចាករាគៈក្នុងវេទនាទាំងពួង កន្លងវេទទាំងពួង ឈ្មោះថា អ្នកដល់នូវវេទ ហេតុនោះ (ទ្រង់ត្រាស់ថា) មុនិនោះ ឈ្មោះថា អ្នកដឹង មុនិនោះ ឈ្មោះថា អ្នកដល់នូវវេទ ។

[១៥០] ពាក្យថា ឈ្មោះថាមិនអាស្រ័យធម៌ ព្រោះដឹង គឺ ព្រោះដឹង ស្គាល់ ថ្លឹង ពិចារណា យល់ច្បាស់ ធ្វើឲ្យប្រាកដថា សង្ខារទាំងពួងមិនទៀង ព្រោះដឹង ស្គាល់ ថ្លឹង ពិចារណា យល់ច្បាស់ ធ្វើឲ្យប្រាកដថា សង្ខារទាំងពួងជាទុក្ខ ។បេ ។ ព្រោះដឹង ស្គាល់ ថ្លឹង ពិចារណា យល់ច្បាស់ ធ្វើឲ្យប្រាកដថា ធម្មជាតណាមួយ មានកិរិយាកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានកិរិយារលត់ទៅវិញជាធម្មតា ។ ពាក្យថា មិនអាស្រ័យ បានដល់និស្ស័យ ២ គឺ តណ្ហានិស្ស័យ ១ ទិដ្ឋិនិស្ស័យ ១ ។បេ ។ នេះ តណ្ហានិស្ស័យ ។បេ ។ នេះ ទិដ្ឋិនិស្ស័យ ។ មុនិលះបង់តណ្ហានិស្ស័យ រលាស់ចេញនូវទិដ្ឋិនិស្ស័យ មិនអាស្រ័យចក្ខុ មិនអាស្រ័យសោតៈ មិនអាស្រ័យឃានៈ ។បេ ។ មិនអាស្រ័យធម៌ដែលគប្បីឃើញ ឮ ប៉ះពាល់ ឬដឹង មិនក្រាញនៅ មិនចូលទៅជិត មិនជ្រុលជ្រប់ មិនចុះស៊ប់ គឺជាអ្នករត់ចេញ រលាស់ចេញ រួចស្រឡះ ប្រាសចេញ មានចិត្តប្រាសចាកសេចក្តីសល់វល់ ហេតុនោះ (ទ្រង់ត្រាស់ថា) ឈ្មោះថា មិនអាស្រ័យធម៌ ព្រោះដឹង ។

[១៥១] ពាក្យថា មុនិនោះ ឈ្មោះថា រស់នៅក្នុងលោកដោយប្រពៃ អធិប្បាយថា ឆន្ទរាគក្នុងអាយតនៈទាំងខាងក្នុងខាងក្រៅ មុនិនោះបានលះបង់ ផ្តាច់ឫសគល់ ធ្វើមិនឲ្យមានទីកើត ដូចជាទីកើតនៃដើមត្នោត ដល់នូវភាវៈមិនមាន មិនឲ្យមានការកើតជាធម្មតាតទៅ ក្នុងកាលណា មុនិនោះ ឈ្មោះថា ត្រាច់ទៅ នៅ សម្រេចឥរិយាបថ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅក្នុងលោកដោយប្រពៃ ដោយហេតុមានប្រមាណប៉ុណ្ណេះ ក្នុងកាលនោះ ។ បុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ និងអនេញ្ជាភិសង្ខារ មុនិនោះបានលះបង់ ផ្តាច់ឫសគល់ ធ្វើមិនឲ្យមានទីកើត ដូចជាទីកើតនៃដើមត្នោត ដល់នូវភាវៈមិនមាន មិនឲ្យមានការកើតជាធម្មតាតទៅ ក្នុងកាលណា មុនិនោះ ឈ្មោះថា ត្រាច់ទៅ នៅ សម្រេចឥរិយាបថ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅក្នុងលោកដោយប្រពៃ ដោយហេតុមានប្រមាណប៉ុណ្ណេះ ក្នុងកាលនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) មុនិនោះ ឈ្មោះថារស់នៅក្នុងលោកដោយប្រពៃ ។

[១៥២] ពាក្យថា តែងមិនស្រឡាញ់ចំពោះបុគ្គលណាមួយក្នុងលោកនេះ សេចក្តីថា តណ្ហា លោកហៅថា សេចក្តីស្រឡាញ់ បានដល់រាគៈ រាគៈមានកំឡាំង ។បេ ។ អភិជ្ឈា លោភៈ អកុសលមូល ។ សេចក្តីស្រឡាញ់ គឺតណ្ហានុ៎ះ មុនិណាបានលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យរម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើង គឺញាណហើយ មុនិនោះ មិនស្រឡាញ់ចំពោះបុគ្គលណាមួយ ទោះជាក្សត្រក្តី ព្រាហ្មណ៍ក្តី វេស្សៈក្តី សុទ្ទៈក្តី គ្រហស្ថក្តី បព្វជិតក្តី ទេវតាក្តី មនុស្សក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) តែងមិនស្រឡាញ់ចំពោះបុគ្គលណាមួយក្នុងលោកនេះ ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

មុនិនោះ ឈ្មោះថាអ្នកដឹង មុនិនោះ ឈ្មោះថាអ្នកដល់នូវវេទ ឈ្មោះថាមិនអាស្រ័យធម៌ ព្រោះដឹង មុនិនោះ ឈ្មោះថារស់នៅក្នុងលោកដោយប្រពៃ តែងមិនស្រឡាញ់ចំពោះបុគ្គលណាមួយក្នុងលោកនេះ ។

[១៥៣] បុគ្គលណា បានឆ្លងនូវកាមផង នូវគ្រឿចំពាក់ដែលសត្វឆ្លងបានដោយក្រក្នុងលោកផង បុគ្គលនោះ រមែងមិនសោកស្តាយ មិនសញ្ជប់សញ្ជឹង (ព្រោះ) ជាអ្នកមានខ្សែដាច់ហើយ ជាអ្នកមិនមានចំណង ។

[១៥៤] អធិប្បាយពាក្យថា បុគ្គលណា បានឆ្លងនូវកាមផង នូវគ្រឿងចំពាក់ ដែលសត្វឆ្លងបានដោយក្រក្នុងលោកផង ត្រង់ពាក្យថា បុគ្គលណា គឺជនណា បែបណា ប្រកបយ៉ាងណា មានបែបផែនយ៉ាងណា មានប្រការយ៉ាងណា ដល់នូវឋានៈយ៉ាងណា ប្រកបដោយធម៌ណា ទោះជាក្សត្រក្តី ព្រាហ្មណ៍ក្តី វេស្សៈក្តី សុទ្ទៈក្តី គ្រហស្ថក្តី បព្វជិតក្តី ទេវតាក្តី មនុស្សក្តី ។ ពាក្យថា កាម តាមឧទ្ទាន កាមមាន ២ គឺវត្ថុកាម ១ កិលេសកាម ១ ។បេ ។ នេះហៅថា វត្ថុកាម ។បេ ។ នេះហៅថា កិលេសកាម ។ ពាក្យថា គ្រឿងចំពាក់ បានដល់គ្រឿងចំពាក់ ៧ គឺ គ្រឿងចំពាក់គឺរាគៈ ១ គ្រឿងចំពាក់គឺទោសៈ ១ គ្រឿងចំពាក់គឺមោហៈ ១ គ្រឿងចំពាក់គឺមានះ ១ គ្រឿងចំពាក់គឺទិដ្ឋិ ១ គ្រឿងចំពាក់គឺកិលេស ១ គ្រឿងចំពាក់គឺទុច្ចរិត ១ ។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក ។ ពាក្យថា ដែលសត្វឆ្លងបានដោយក្រ សេចក្តីថា បុគ្គលណា បានឆ្លង ឆ្លងឡើង ឆ្លងកាត់ ឈានកន្លង ប្រព្រឹត្តកន្លង នូវកាម និងគ្រឿងចំពាក់ ដែលសត្វឆ្លងបានដោយក្រ លោតរំលងបានដោយក្រ ឆ្លងចេញបានដោយក្រ ឆ្លងកាត់បានដោយក្រ ឈានកន្លងបានដោយក្រ ប្រព្រឹត្តកន្លងបានដោយក្រ ក្នុងលោក ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលណាបានឆ្លងនូវកាមផង នូវគ្រឿងចំពាក់ ដែលសត្វឆ្លងបានដោយក្រក្នុងលោកផង ។

[១៥៥] ពាក្យថា បុគ្គលនោះ រមែងមិនសោកស្តាយ មិនសញ្ជប់សញ្ជឹង អធិប្បាយថា បុគ្គលនោះ រមែងមិនសោកស្តាយរកវត្ថុដែលត្រូវប្រែប្រួល ឬកាលវត្ថុប្រែប្រួលហើយ មិនសោកស្តាយ គឺមិនសោកស្តាយថា ចក្ខុរបស់អញប្រែប្រួលហើយ មិនសោកស្តាយ មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង មិនដល់នូវសេចក្តីវង្វេងថា សោតៈរបស់អញ ឃានៈរបស់អញ ជិវ្ហារបស់អញ កាយរបស់អញ រូបរបស់អញ សំឡេងរបស់អញ ក្លិនរបស់អញ រសរបស់អញ ផ្សព្វរបស់អញ ត្រកូលរបស់អញ ពួករបស់អញ អាវាសរបស់អញ លាភរបស់អញ យសរបស់អញ សេចក្តីសរសើររបស់អញ សុខរបស់អញ ចីវររបស់អញ បិណ្ឌបាតរបស់អញ សេនាសនៈរបស់អញ គិលានប្បច្ចយភេសជ្ជបរិក្ខាររបស់អញ មាតារបស់អញ បិតារបស់អញ បងប្អូនប្រុសរបស់អញ បងប្អូនស្រីរបស់អញ បុត្ររបស់អញ ធីតារបស់អញ មិត្ររបស់អញ អាមាត្យរបស់អញ ញាតិសាលោហិតរបស់អញ ប្រែប្រួលហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) រមែងមិនសោកស្តាយ ។ ពាក្យថា មិនសញ្ជប់សញ្ជឹង គឺ មិនទ្រមឹងទ្រមើយ មិនស្រពោនស្រពាប់ មិនទង្គឹះ មិនជ្រប់ មិនស្ញុលស្ញប់ ។ ឬថា មិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនឧបបត្តិ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ រមែងមិនសោកស្តាយ មិនសញ្ជប់សញ្ជឹង ។

[១៥៦] ពាក្យថា ជាអ្នកមានខ្សែដាច់ហើយ ជាអ្នកមិនមានចំណង សេចក្តីថា តណ្ហា លោកហៅថា ខ្សែ បានដល់ រាគៈ រាគៈមានកំឡាំង ។បេ ។ អភិជ្ឈា លោភៈ អកុសលមូល ។ តណ្ហា ឈ្មោះថាខ្សែនុ៎ះ បុគ្គលណា បានលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យរម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ បុគ្គលនោះ លោកហៅថា អ្នកមានខ្សែដាច់ហើយ ។ ពាក្យថា ជាអ្នកមិនមានចំណង សេចក្តីថា ចំណង ៧ ចំណងគឺរាគៈ ១ ចំណងគឺទោសៈ ១ ចំណងគឺមោហៈ ១ ចំណងគឺមានះ ១ ចំណងគឺទិដ្ឋិ ១ ចំណងគឺកិលេស ១ ចំណងគឺទុច្ចរិត ១ ។ ចំណងទាំងនុ៎ះ បុគ្គលណាបានលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យរម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ បុគ្គលនោះ លោកហៅថា អ្នកមិនមានចំណង ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកមានខ្សែដាច់ហើយ ជាអ្នកមិនមានចំណង ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

បុគ្គលណា បានឆ្លងនូវកាមផង នូវគ្រឿងចំពាក់ ដែលសត្វឆ្លងបានដោយក្រក្នុងលោកផង បុគ្គលនោះ រមែងមិនសោកស្តាយ មិនសញ្ជប់សញ្ជឹង (ព្រោះ) ជាអ្នកមានខ្សែដាច់ហើយ ជាអ្នកមិនមានចំណង ។

[១៥៧] កិលេសជាតណា (ដែលកើត) ក្នុងកាលមុន អ្នកចូរញុំាងកិលេសជាតនោះ ឲ្យរីងស្ងួត កិលេសជាតជាគ្រឿងកង្វល់ កុំមានដល់អ្នក ក្នុងកាលជាខាងក្រោយឡើយ បើអ្នកមិនកាន់យកក្នុងខន្ធជាកណ្តាលទេ អ្នកនឹងជាបុគ្គលស្ងប់ ត្រាច់ទៅ ។

[១៥៨] ពាក្យថា កិលេសជាតណា (ដែលកើត) ក្នុងកាលមុន អ្នកចូរញុំាងកិលេសជាតនោះឲ្យរីងស្ងួត អធិប្បាយថា កិលេសទាំងឡាយណា គប្បីកើតឡើង ព្រោះប្រារព្ធនូវសង្ខារជាអតីត អ្នកចូរញុំាងកិលេសទាំងនោះ ឲ្យស្ងួត ឲ្យរីង ឲ្យក្រៀម គឺចូរលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាន នូវកិលេសទាំងនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) កិលេសជាតណា (ដែលកើត) ក្នុងកាលមុន អ្នកចូរញុំាងកិលេសជាតនោះឲ្យរីងស្ងួត យ៉ាងនេះខ្លះ ។ មួយទៀត កម្មាភិសង្ខារណាមានផលមិនទាន់ចាស់ ជាអតីត អ្នកចូរញុំាងកម្មាភិសង្ខារទាំងនោះឲ្យស្ងួត ឲ្យរីង ឲ្យក្រៀម គឺចូរធ្វើមិនឲ្យជាពូជ ចូរលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាន នូវកម្មាភិសង្ខារនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) កិលេសជាតណា (ដែលកើត) ក្នុងកាលមុន អ្នកចូរញុំាងកិលេសជាតនោះឲ្យរីងស្ងួត យ៉ាងនេះខ្លះ ។

[១៥៩] ពាក្យថា កិលេសជាតជាគ្រឿងកង្វល់ ចូរកុំមានដល់អ្នក ក្នុងកាលជាខាងក្រោយឡើយ សេចក្តីថា អនាគត លោកហៅថា កាលខាងក្រោយ ។ គ្រឿងកង្វល់ទាំងឡាយណា គប្បីកើតឡើង ព្រោះប្រារព្ធនូវសង្ខារជាអនាគត គ្រឿងកង្វល់ទាំងនេះ គឺ កង្វល់គឺរាគៈ កង្វល់គឺទោសៈ កង្វល់គឺមោហៈ កង្វល់គឺមានះ កង្វល់គឺទិដ្ឋិ កង្វល់គឺកិលេស កង្វល់គឺទុច្ចរិត កុំមានដល់អ្នកឡើយ ទាំងអ្នក កុំធ្វើឲ្យប្រាកដ កុំញុំាងគ្រឿងកង្វល់ឲ្យកើតឡើង កុំឲ្យដុះដាល កុំឲ្យលូតលាស់ កុំឲ្យកើតឡើងចំពោះ គឺចូរលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាននូវគ្រឿងកង្វល់ទាំងនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) កិលេសជាតជាគ្រឿងកង្វល់ ចូរកុំមានដល់អ្នក ក្នុងកាលជាខាងក្រោយឡើយ ។

[១៦០] ពាក្យថា បើអ្នកមិនកាន់យកក្នុងខន្ធជាកណ្តាល សេចក្តីថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ជាបច្ចុប្បន្ន ហៅថា ខន្ធជាកណ្តាល ។ បើអ្នកមិនកាន់ មិនស្ទួយ មិនចាប់ មិនពាល់ មិនត្រេកអរ មិនស្រស់ស្រាយ មិនជ្រុលជ្រប់ ចំពោះសង្ខារជាបច្ចុប្បន្ន ដោយអំណាចតណ្ហា និងទិដ្ឋិទេ គឺថា បើអ្នកលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាន នូវសេចក្តីត្រេកអរ សេចក្តីស្រស់ស្រាយ សេចក្តីជ្រុលជ្រប់ សេចក្តីប្រកាន់ ការស្ទាបអង្អែល ការជាប់ចំពាក់ទេ ហេតុនោះ (ទ្រង់ត្រាស់ថា) បើអ្នកមិនកាន់យក ក្នុងខន្ធជាកណ្តាល ។

[១៦១] ពាក្យថា អ្នកនឹងជាបុគ្គលស្ងប់ ត្រាច់ទៅ គឺអ្នកនឹងជាបុគ្គលស្ងប់ ព្រោះស្ងប់រាគៈ ជាបុគ្គលស្ងប់ ព្រោះស្ងប់ទោសៈ ។បេ ។ នឹងជាអ្នកស្ងប់ អ្នករម្ងាប់ អ្នកស្ងប់រម្ងាប់ អ្នករលត់ទុក្ខ អ្នកសះស្បើយទុក្ខ ព្រោះស្ងប់ ព្រោះរម្ងាប់ ព្រោះស្ងប់រម្ងាប់ ព្រោះផុត ព្រោះរលត់ទុក្ខ ព្រោះប្រាសទៅ ព្រោះទ្រុឌទ្រោមទៅ នៃអភិសង្ខារជាអកុសលទាំងពួង ហើយនឹងត្រាច់ទៅ នៅ សម្រេចឥរិយាបថ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកនឹងជាបុគ្គលស្ងប់ ត្រាច់ទៅ ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

កិលេសជាតណា (ដែលកើត) ក្នុងកាលមុន អ្នកចូរញុំាងកិលេសជាតនោះ ឲ្យរីងស្ងួត កិលេសជាត ជាគ្រឿងកង្វល់ កុំមានដល់អ្នក ក្នុងកាលជាខាងក្រោយឡើយ បើអ្នកមិនកាន់យក ក្នុងខន្ធជាកណ្តាលទេ អ្នកនឹងជាបុគ្គលស្ងប់ ត្រាច់ទៅ ។

[១៦២] សេចក្តីប្រកាន់ ក្នុងនាម និងរូប ដោយសព្វគ្រប់នៃបុគ្គលណា មិនមានទេ បុគ្គលនោះ រមែងមិនសោក ព្រោះសត្វ និងសង្ខារដែលមិនមាន បុគ្គលនោះឯង រមែងមិនសាបសូន្យក្នុងលោកឡើយ ។

[១៦៣] អធិប្បាយពាក្យថា សេចក្តីប្រកាន់ក្នុងនាម និងរូប ដោយសព្វគ្រប់ នៃបុគ្គលណា មិនមានទេ ត្រង់ពាក្យថា ដោយសព្វគ្រប់ គឺគ្រប់ទាំងអស់ សព្វទាំងអស់ ឥតសេសសល់ មិនមានសេសសល់ ពាក្យថា ដោយសព្វគ្រប់នុ៎ះ គឺជាពាក្យប្រមូល ។ ពាក្យថា នាម បានដល់ អរូបក្ខន្ធ ៤ ។ ពាក្យថា រូប បានដល់ មហាភូតរូប ៤ និងឧបាទាយរូបរបស់មហាភូតរូប ៤ ។ ពាក្យថា នៃបុគ្គលណា គឺនៃព្រះអរហន្តខីណាស្រព ។ ពាក្យថា សេចក្តីប្រកាន់ បានខាងសេចក្តីប្រកាន់ ២ សេចក្តីប្រកាន់គឺតណ្ហា ១ សេចក្តីប្រកាន់គឺទិដ្ឋិ ១ ។បេ ។ នេះ សេចក្តីប្រកាន់គឺតណ្ហា ។បេ ។ នេះ សេចក្តីប្រកាន់គឺទិដ្ឋិ ។ ពាក្យថា ការប្រកាន់ក្នុងនាម និងរូបដោយសព្វគ្រប់នៃបុគ្គលណា មិនមានទេ បានសេចក្តីថា សេចក្តីប្រកាន់ក្នុងនាម និងរូបដោយសព្វគ្រប់នៃបុគ្គលណា មិនមាន ឥតមាន មិនបាន គឺបុគ្គលណាបានលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យរម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) សេចក្តីប្រកាន់ក្នុងនាម និងរូបដោយសព្វគ្រប់នៃបុគ្គលណា មិនមានទេ ។

[១៦៤] ពាក្យថា បុគ្គលនោះរមែងមិនសោក ព្រោះសត្វ និងសង្ខារដែលមិនមាន អធិប្បាយថា បុគ្គលរមែងមិនសោករកវត្ថុដែលត្រូវប្រែប្រួល ឬកាលវត្ថុប្រែប្រួលហើយ មិនសោក គឺមិនសោកថា ចក្ខុរបស់អញ ប្រែប្រួលហើយ មិនសោក មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង មិនដល់នូវការវង្វេងថា សោតៈរបស់អញ ឃានៈរបស់អញ ជិវ្ហារបស់អញ កាយរបស់អញ រូបរបស់អញ សំឡេងរបស់អញ ក្លិនរបស់អញ រសរបស់អញ ផ្សព្វរបស់អញ ត្រកូលរបស់អញ ពួករបស់អញ អាវាសរបស់អញ លាភរបស់អញ ។បេ ។ ញាតិសាលោហិតរបស់អញប្រែប្រួលហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលរមែងមិនសោក ព្រោះសត្វ និងសង្ខារដែលមិនមាន យ៉ាងនេះខ្លះ ។ មួយទៀត បុគ្គលដែលត្រូវទុក្ខវេទនា មិនជាទីត្រេកអរ ពាល់ត្រូវ គ្របសង្កត់ រួបរឹត ទន្រ្ទានហើយ រមែងមិនសោក មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង មិនដល់នូវការវង្វេង ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ រមែងមិនសោក ព្រោះសត្វ និងសង្ខារដែលមិនមាន យ៉ាងនេះខ្លះ ។ មួយទៀត បុគ្គលដែលត្រូវចក្ខុរោគពាល់ត្រូវ គ្របសង្កត់ ។បេ ។ ត្រូវសម្ផស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងពស់ ពាល់ត្រូវ គ្របសង្កត់ រួបរឹត ទន្រ្ទានហើយ រមែងមិនសោក មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង មិនដល់នូវការវង្វេង ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលរមែងមិនសោក ព្រោះសត្វ និងសង្ខារដែលមិនមាន យ៉ាងនេះខ្លះ ។ មួយវិញទៀត កាលសត្វ និងសង្ខារមិនមាន ឥតមាន ដែលមិនបាន បុគ្គលក៏មិនសោក មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង មិនដល់នូវការវង្វេងថា ឱហ្ន៎ វត្ថុនោះ មានដល់អញហើយ ឱហ្ន៎ វត្ថុនោះ មិនមានដល់អញទេ ឱហ្ន៎ សូមឲ្យវត្ថុនោះ មានដល់អញ ឱហ្ន៎ អញមិនបានវត្ថុនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលរមែងមិនសោក ព្រោះសត្វ និងសង្ខារដែលមិនមាន យ៉ាងនេះខ្លះ ។

[១៦៥] ពាក្យថា បុគ្គលនោះឯង រមែងមិនសាបសូន្យក្នុងលោក អធិប្បាយថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ណាមួយ ដែលគួរកាន់យក គួរស្ទាបអង្អែល គួរជាប់ចំពាក់ គួរជ្រុលជ្រប់ គួរចុះស៊ប់ថា នេះរបស់អញក្តី ថានេះរបស់បុគ្គលដទៃក្តី នៃបុគ្គលណា មាន ឯសេចក្តីសាបសូន្យនៃបុគ្គលនោះ ក៏មាន ។ សមដូចភាសិតនុ៎ះថា

ព្រះអង្គសាបសូន្យចាករថ សេះ កែវមណី និងកណ្ឌល សាបសូន្យចាកបុត្រ និងភរិយា ដូច្នោះដែរ កាលភោគៈទាំងអស់ ព្រះអង្គមិនបានសេពសោយហើយ ហេតុអ្វី ទើបព្រះអង្គមិនក្តៅក្រហាយក្នុងកាលដែលគួរសោក ។ ភោគៈទាំងឡាយ លះបង់សត្វមុន ក៏មាន សត្វលះបង់ភោគៈទាំងនោះមុនជាងទៅទៀត ក៏មាន បពិត្រព្រះអង្គអ្នកមានប្រាថ្នាកាម ពួកជនអ្នកមានភោគៈ មិនមានអ្វីជារបស់ខ្លួនទេ ហេតុនោះ ទើបខ្ញុំមិនសោកក្នុងកាលដែលគួរសោក ។ ព្រះច័ន្ទរមែងរះឡើង រួចពេញវង់ ហើយអស់ទៅវិញ ព្រះអាទិត្យអស្តង្គតទៅ លោកធម៌ទាំង ៨ ខ្ញុំដឹងច្បាស់ហើយ ហេតុនោះ ទើបខ្ញុំមិនសោក ក្នុងកាលដែលគួរសោក ។

រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ណាមួយ ដែលគួរកាន់យក គួរស្ទាបអង្អែល គួរជាប់ចំពាក់ គួរជ្រុលជ្រប់ គួរចុះស៊ប់ថា នេះរបស់អញក្តី ថានេះរបស់បុគ្គលដទៃក្តី នៃបុគ្គលណា មិនមានទេ សេចក្តីសាបសូន្យនៃបុគ្គលនោះក៏មិនមាន ។ សមដូចភាសិតនុ៎ះថា បពិត្រសមណៈ លោកត្រេកអរឬ ម្នាលអ្នកមានអាយុ យើងត្រេកអរព្រោះបានអ្វី បពិត្រសមណៈ បើដូច្នោះ លោកសោកឬ ម្នាលអ្នកមានអាយុ យើងសាបសូន្យអ្វីហើយ បពិត្រសមណៈ បើដូច្នោះ លោកមិនត្រេកអរ មិនសោកឬ ម្នាលអ្នកមានអាយុ យ៉ាងហ្នឹងហើយ ។

យូរណាស់ហើយ យើងទើបឃើញព្រាហ្មណ៍ ដែលមានទុក្ខរលត់ហើយ ដែលមិនមានសេចក្តីត្រេកអរ ដែលមិនមានសេចក្តីតានតឹង ជាភិក្ខុឆ្លងតណ្ហា ដែលផ្សាយទៅកាន់អារម្មណ៍ផ្សេងៗក្នុងលោក ។ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះឯង រមែងមិនសាបសូន្យក្នុងលោក ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

សេចក្តីប្រកាន់ក្នុងនាម និងរូប ដោយសព្វគ្រប់នៃបុគ្គលណា មិនមានទេ បុគ្គលនោះ រមែងមិនសោក ព្រោះសត្វ និងសង្ខារដែលមិនមាន បុគ្គលនោះឯង រមែងមិនសាបសូន្យក្នុងលោក ។

[១៦៦] ខន្ធនីមួយដែលគួរប្រកាន់ថា នេះរបស់អញ ឬថា នេះរបស់បុគ្គលដទៃ នៃបុគ្គលណា មិនមានទេ បុគ្គលនោះ កាលមិនបានសេចក្តីប្រកាន់ រមែងមិនសោកថា អញមិនមានរបស់នេះ ដូច្នេះឡើយ ។

[១៦៧] អធិប្បាយពាក្យថា ខន្ធនីមួយដែលគួរប្រកាន់ថា នេះរបស់អញ ឬថា នេះរបស់បុគ្គលដទៃ នៃបុគ្គលណា មិនមានទេ ត្រង់ពាក្យថា នៃបុគ្គលណា គឺនៃព្រះអរហន្តខីណាស្រព ។ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ណាមួយ ដែលគួរកាន់ គួរស្ទាបអង្អែល គួរជាប់ចំពាក់ គួរជ្រុលជ្រប់ គួរចុះស៊ប់ថា នេះរបស់អញ ឬថា នេះរបស់បុគ្គលដទៃ នៃបុគ្គលណា មិនមាន មិនមានព្រម ដែលមិនបាន គឺបុគ្គលណា បានលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យរម្ងាប់ ធ្វើមិនគួរឲ្យកើតឡើង ដុតដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ខន្ធនីមួយដែលគួរប្រកាន់ថា នេះរបស់អញ ឬថា នេះរបស់បុគ្គលដទៃ នៃបុគ្គលណា មិនមាន យ៉ាងនេះខ្លះ ។ ពាក្យនេះ ព្រះមានព្រះភាគក៏បានត្រាស់ហើយថា ម្នាលភិក្ខុទាំងឡាយ កាយនេះ មិនមែនរបស់អ្នកទាំងឡាយទេ ទាំងមិនមែនរបស់អ្នកដទៃទេ ម្នាលភិក្ខុទាំងឡាយ កម្មនេះជារបស់ចាស់ ដែលគេតាក់តែងហើយ ដែលចិត្តសន្សំហើយ ជាទីតាំងនៃវេទនា អ្នកទាំងឡាយត្រូវឃើញ ម្នាលភិក្ខុទាំងឡាយ ក្នុងដំណើរនោះ អរិយសាវ័កអ្នកចេះដឹង រមែងកំណត់ទុកក្នុងចិត្តដោយឧបាយ ចំពោះបដិច្ចសមុប្បាទធម៌ដោយល្អថា កាលបើនេះមាន នេះក៏មាន នេះកើតឡើង ព្រោះនេះកើត កាលបើនេះមិនមាន នេះក៏មិនមាន នេះរលត់ ព្រោះនេះរលត់ គឺថា សង្ខារទាំងឡាយ (កើតមាន) ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណ (កើតមាន) ព្រោះសង្ខារជាបច្ច័យ ។បេ ។ ការកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ ។ ការរលត់សង្ខារ ព្រោះការរលត់រលាយអស់អវិជ្ជាមិនមានសេសសល់ ។បេ ។ ការរលត់កងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះឯង ។ ខន្ធនីមួយ (ដែលគួរប្រកាន់ថា) នេះរបស់អញ ឬថា នេះរបស់បុគ្គលដទៃ នៃបុគ្គលណា មិនមាន យ៉ាងនេះខ្លះ ។ ពាក្យនេះ ព្រះមានព្រះភាគក៏បានត្រាស់ហើយថា

ម្នាលមោឃរាជ អ្នកចូរមានស្មារតីគ្រប់កាល សំឡឹងមើលនូវលោក ថាជារបស់សូន្យចុះ បុគ្គលដកអត្តានុទិដ្ឋិហើយ គប្បីឆ្លងមច្ចុបានដោយវិធីយ៉ាងនេះ មច្ចុរាជរមែងមិនជួបប្រទះនូវបុគ្គលដែលសំឡឹងមើលលោកយ៉ាងនោះ ។

ខន្ធនីមួយ (ដែលគួរប្រកាន់ថា) នេះរបស់អញ ឬថា នេះរបស់បុគ្គលដទៃ នៃបុគ្គលណា មិនមាន យ៉ាងនេះខ្លះ ។

មួយទៀត ពាក្យនេះ ព្រះមានព្រះភាគត្រាស់ហើយថា ម្នាលភិក្ខុទាំងឡាយ ធម្មជាតណា មិនមែនជារបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយចូរលះបង់នូវធម្មជាតនោះចេញ ធម្មជាតនោះ ដែលអ្នកទាំងឡាយលះបង់បានហើយ នឹងមានប្រយោជន៍ មានសេចក្តីសុខ អស់កាលដ៏វែង ។ ម្នាលភិក្ខុទាំងឡាយ ធម្មជាតដូចម្តេច មិនមែនរបស់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ រូប មិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះរូបនោះចេញ រូបនោះដែលអ្នកទាំងឡាយលះហើយ នឹងមានប្រយោជន៍ មានសេចក្តីសុខអស់កាលវែង វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយចូរលះបង់នាមខន្ធនោះចេញ នាមខន្ធនោះ ដែលអ្នកទាំងឡាយលះបង់ហើយ នឹងមានប្រយោជន៍ មានសេចក្តីសុខ អស់កាលវែង ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់ហេតុនោះដូចម្តេច ស្មៅឈើ មែកឈើ ស្លឹកឈើណា មាននៅក្នុងវត្តជេតពននេះ អ្នកផងគប្បីនាំយកចេញ ឬដុត ឬក៏ធ្វើនូវស្មៅជាដើមនោះ ឲ្យសមគួរដល់បច្ច័យ ចុះអ្នកទាំងឡាយ មានសេចក្តីត្រិះរិះយ៉ាងនេះដែរឬទេថា អ្នកផងនាំយក ឬដុត ឬក៏ធ្វើនូវយើងទាំងឡាយ ឲ្យសមគួរដល់បច្ច័យ ។ បពិត្រព្រះអង្គដ៏ចម្រើន ដំណើរនុ៎ះ មិនដូច្នោះទេ ។ ដំណើរនុ៎ះ ព្រោះហេតុអ្វី ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្លួនក្តី វត្ថុជារបស់ខ្លួនក្តី នុ៎ះមិនមែនជារបស់យើងខ្ញុំទេ ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនោះមែនហើយ វត្ថុណា មិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់វត្ថុនោះចេញ វត្ថុនោះ ដែលអ្នកទាំងឡាយលះបង់ហើយ នឹងមានប្រយោជន៍ មានសេចក្តីសុខ អស់កាលវែង ។ ម្នាលភិក្ខុទាំងឡាយ វត្ថុអ្វី មិនមែនរបស់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ រូប មិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់រូបនោះចេញ រូបនោះដែលអ្នកទាំងឡាយលះបង់ហើយ នឹងមានប្រយោជន៍ មានសេចក្តីសុខ អស់កាលវែង ។ វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់នាមខន្ធនោះចេញ នាមខន្ធនោះ ដែលអ្នកទាំងឡាយ លះបង់ហើយ នឹងមានប្រយោជន៍ មានសេចក្តីសុខ អស់កាលដ៏វែង ។ ខន្ធនីមួយ (ដែលគួរប្រកាន់ថា) នេះរបស់អញ ឬថា នេះរបស់បុគ្គលដទៃ នៃបុគ្គលណា មិនមានយ៉ាងនេះខ្លះ ។ មួយទៀត មានភាសិតនេះថា

បពិត្រអ្នកជាធំ បុគ្គលកាលឃើញនូវការកើតឡើងនៃការប្រព្រឹត្តទៅសុទ្ធ នូវតំណនៃសង្ខារសុទ្ធ ភ័យរមែងមិនមានដោយពិត បុគ្គលឃើញដោយបញ្ញានូវសត្វលោក ទុកស្មើដោយស្មៅ និងកំណាត់ឈើ ក្នុងកាលណា ក្នុងកាលនោះ រមែងមិនប្រាថ្នានូវវត្ថុដទៃបន្តិចបន្តួច ក្រៅអំពីមិនបដិសន្ធិ ។

វជិរាភិក្ខុនី បានពោលពាក្យនុ៎ះ នឹងមារមានចិត្តបាបថា

ម្នាលមារ អ្នកជឿនូវអ្វីហ្ន៎ ថាជាសត្វ ទិដ្ឋិរបស់អ្នកដូច្នោះឬ នេះជាគំនរនៃសង្ខារសុទ្ធ សត្វក្នុងគំនរនេះ បុគ្គលរកមិនបានទេ ពាក្យថា រថដូច្នេះ រមែងកើតមាន ព្រោះគ្រឿងផ្សំនៃអវយវៈ យ៉ាងណាមិញ កាលបើខន្ធទាំងឡាយមាន សេចក្តីសន្មតថាសត្វ ក៏រមែងមាន យ៉ាងនោះដែរ ពិតណាស់ ទុក្ខហ្នឹងឯង រមែងកើតឡើង ទុក្ខរមែងឋិតនៅផង រលត់ទៅផង មិនមានធម្មជាតណាមួយ ក្រៅអំពីទុក្ខ កើតឡើង មិនមានធម្មជាតដទៃ ក្រៅអំពីទុក្ខ រលត់ទៅ ។

ខន្ធនីមួយ (ដែលគួរប្រកាន់) ថា នេះរបស់អញ ឬថា នេះរបស់បុគ្គលដទៃ នៃបុគ្គលណា មិនមាន យ៉ាងនេះខ្លះ ។

ម្នាលភិក្ខុទាំងឡាយ ភិក្ខុស្វែងរករូប រហូតដល់គតិរបស់រូប ស្វែងរកវេទនា សញ្ញា សង្ខារ វិញ្ញាណ រហូតដល់គតិរបស់វិញ្ញាណ កាលបើភិក្ខុនោះ ស្វែងរករូបរហូតដល់គតិរបស់រូប ស្វែងរកវេទនា សញ្ញា សង្ខារ វិញ្ញាណ រហូតដល់គតិរបស់វិញ្ញាណ យ៉ាងនេះហើយ (សេចក្តីប្រកាន់) ណាថា អញ ដូច្នេះក្តី ថារបស់អញ ដូច្នេះក្តី (ថាអញ) មាន ដូច្នេះក្តី របស់ភិក្ខុណា (សេចក្តីប្រកាន់) នោះ របស់ភិក្ខុនោះ មិនមានទេ ។ ហេតុនោះ (ទ្រង់ត្រាស់ថា) ខន្ធនីមួយដែលគួរប្រកាន់ថា នេះរបស់អញ ឬថា នេះរបស់បុគ្គលដទៃ នៃបុគ្គលណា មិនមាន យ៉ាងនេះខ្លះ ។

ព្រះអានន្ទមានអាយុ ក្រាបទូលសួរដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលព្រះអង្គពោលថា លោកសូន្យ លោកសូន្យដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលព្រះអង្គពោលថា លោកសូន្យ តើដោយហេតុដូចម្តេច ។ ម្នាលអានន្ទ ធម្មជាតសូន្យចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន ព្រោះហេតុណា ហេតុនោះ បានជាតថាគតពោលថា លោកសូន្យ ។ ម្នាលអានន្ទ ធម្មជាតដូចម្តេច ដែលសូន្យចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន ម្នាលអានន្ទ ចក្ខុហ្នឹងឯង សូន្យចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន រូបទាំងឡាយសូន្យ ចក្ខុវិញ្ញាណសូន្យ ចក្ខុសម្ផស្សសូន្យ សុខក្តី ទុក្ខក្តី អទុក្ខមសុខក្តី ណា ដែលបុគ្គលដឹងហើយ រមែងកើតឡើង ព្រោះចក្ខុសម្ផស្សជាបច្ច័យ ធម្មជាត មានសុខជាដើមនោះឯង ជារបស់សូន្យ សោតៈសូន្យ សទ្ទៈសូន្យ ឃានៈសូន្យ គន្ធៈសូន្យ ជិវ្ហាសូន្យ រសទាំងឡាយសូន្យ កាយសូន្យ ផោដ្ឋព្វៈទាំងឡាយសូន្យ មនៈសូន្យ ធម្មៈសូន្យ មនោវិញ្ញាណសូន្យ មនោសម្ផស្សសូន្យ សុខក្តី ទុក្ខក្តី អទុក្ខមសុខក្តីណា ដែលបុគ្គលដឹងហើយ រមែងកើតឡើងព្រោះមនោសម្ផស្សជាបច្ច័យ ធម្មជាត មានសុខជាដើមនោះឯង ជារបស់សូន្យចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន ម្នាលអានន្ទ ធម្មជាតដែលសូន្យចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន ព្រោះហេតុណា ហេតុនោះ តថាគតពោលថា លោកសូន្យ ។ ហេតុនោះ (ទ្រង់ត្រាស់ថា) ខន្ធនីមួយដែលគួរប្រកាន់ថា នេះរបស់អញ ឬថា នេះរបស់បុគ្គលដទៃ នៃបុគ្គលណា មិនមាន យ៉ាងនេះខ្លះ ។

[១៦៨] ពាក្យថា បុគ្គលនោះ កាលមិនបានសេចក្តីប្រកាន់ ត្រង់ពាក្យថា សេចក្តីប្រកាន់ បានដល់ សេចក្តីប្រកាន់ ២ សេចក្តីប្រកាន់គឺតណ្ហា ១ សេចក្តីប្រកាន់គឺទិដ្ឋិ ១ ។បេ ។ នេះ សេចក្តីប្រកាន់គឺតណ្ហា ។បេ ។ នេះ សេចក្តីប្រកាន់គឺទិដ្ឋិ ។ បុគ្គលកាលលះបង់សេចក្តីប្រកាន់គឺតណ្ហា រលាស់ចោលសេចក្តីប្រកាន់គឺទិដ្ឋិ ហើយមិនចួប មិនប្រទះ មិនបាន មិនបានចំពោះ នូវសេចក្តីប្រកាន់ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ កាលមិនបាននូវសេចក្តីប្រកាន់ ។

[១៦៩] ពាក្យថា រមែងមិនសោកថា អញមិនមានរបស់នេះ គឺបុគ្គលមិនសោករករបស់ដែលត្រូវប្រែប្រួល ឬកាលវត្ថុដែលប្រែប្រួលហើយ មិនសោក គឺមិនសោកថា ចក្ខុរបស់អញប្រែប្រួល សោតៈរបស់អញ ។បេ ។ មិនសោក មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង មិនដល់នូវការវង្វេងថា ញាតិសាលោហិតរបស់អញ ប្រែប្រួលហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលមិនសោកថា អញមិនមានរបស់នេះ ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

ខន្ធនីមួយ (ដែលគួរប្រកាន់ថា) នេះរបស់អញ ឬថា នេះរបស់បុគ្គលដទៃ នៃបុគ្គលណា មិនមានទេ បុគ្គលនោះ កាលមិនបានសេចក្តីប្រកាន់ រមែងមិនសោកថា អញមិនមានរបស់នេះ ដូច្នេះឡើយ ។

[១៧០] តថាគតដែលត្រូវគេសួរ អំពីពួកបុគ្គលអ្នកមិនញាប់ញ័រហើយ នឹងពោលនូវអានិសង្ស (នៃពួកបុគ្គល) នោះ គឺបុគ្គលអ្នកមិនមានសេចក្តីច្រណែន អ្នកមិនប្រាថ្នា អ្នកមិនមានការញាប់ញ័រ អ្នកមានចិត្តស្មើក្នុងធម៌ទាំងពួង ។

[១៧១] អធិប្បាយពាក្យថា បុគ្គលអ្នកមិនមានសេចក្តីច្រណែន អ្នកមិនប្រាថ្នា សំនួរថា សេចក្តីច្រណែន តើដូចម្តេច ។ បុគ្គលខ្លះក្នុងលោកនេះ ជាអ្នកច្រណែន រមែងច្រណែន ឈ្នានីស ចងនូវសេចក្តីច្រណែនទុក ក្នុងលាភ សក្ការៈ ការគោរព ការរាប់អាន ការថ្វាយបង្គំ ការបូជា របស់បុគ្គលដទៃ សេចក្តីច្រណែន អំពើនៃសេចក្តីច្រណែន សេចក្តីឫស្យា អាការនៃឫស្យា ភាពនៃសេចក្តីឫស្យា សេចក្តីឈ្នានីស អាការនៃឈ្នានីស ភាពនៃសេចក្តីឈ្នានីសឯណា មានសភាពយ៉ាងនេះ នេះលោកហៅថា សេចក្តីច្រណែន ។ សេចក្តីច្រណែននុ៎ះ បុគ្គលណា បានលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យរម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើង គឺញាណហើយ បុគ្គលនោះ លោកហៅថា អ្នកមិនមានសេចក្តីច្រណែន ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកមិនមានសេចក្តីច្រណែន ។ ពាក្យថា អ្នកមិនប្រាថ្នា សេចក្តីថា តណ្ហា លោកហៅថា សេចក្តីប្រាថ្នា បានខាងរាគៈ រាគៈមានកំឡាំង ។បេ ។ អភិជ្ឈា លោភៈ អកុសលមូល ។ សេចក្តីប្រាថ្នានុ៎ះ បុគ្គលណា បានលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យរម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើង គឺញាណហើយ បុគ្គលនោះ លោកហៅថា អ្នកមិនប្រាថ្នា ។ បុគ្គលនោះ មិនប្រាថ្នាក្នុងរូប ។បេ ។ មិនប្រាថ្នា មិនចង់បាន មិនល្មោភ មិនជ្រុលជ្រប់ ក្នុងអារម្មណ៍ទាំងឡាយ ដែលឃើញ ឮ ប៉ះពាល់ ឬគប្បីដឹង គឺជាអ្នកអស់ចំណង់ គ្មានចំណង់ លះបង់ចំណង់ ខ្ជាក់ចោលចំណង់ មានចំណង់រួចស្រឡះ មានចំណង់វិនាស មានចំណង់រលាស់ចេញ ជាអ្នកអស់តម្រេក គ្មានតម្រេក លះបង់តម្រេក ខ្ជាក់ចោលតម្រេក មានតម្រេករួចស្រឡះ មានតម្រេកវិនាស មានតម្រេករលាស់ចេញ ជាអ្នកមិនឃ្លាន រលត់ចំណង់ មានចិត្តត្រជាក់ ទទួលសុខ មានខ្លួនដ៏ប្រសើរ សម្រាន្តនៅ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកមិនមានសេចក្តីច្រណែន អ្នកមិនប្រាថ្នា ។

[១៧២] ពាក្យថា អ្នកមិនមានការញាប់ញ័រ អ្នកមានចិត្តស្មើក្នុងអារម្មណ៍ទាំងពួង អធិប្បាយថា តណ្ហា លោកហៅថា សេចក្តីញាប់ញ័រ បានខាងរាគៈ រាគៈមានកំឡាំង ។បេ ។ អភិជ្ឈា លោភៈ អកុសលមូល ។ តណ្ហា ជាគ្រឿងញាប់ញ័រនុ៎ះ បុគ្គលណា បានលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យរម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ បុគ្គលនោះ លោកហៅថា អ្នកមិនមានការញាប់ញ័រ ។ បុគ្គលនោះ ឈ្មោះថា អ្នកមិនមានការញាប់ញ័រ ព្រោះលះតណ្ហាជាគ្រឿងញាប់ញ័រហើយ រមែងមិនញាប់ញ័រក្នុងលាភខ្លះ មិនញាប់ញ័រក្នុងអលាភខ្លះ មិនញាប់ញ័រក្នុងយសខ្លះ មិនញាប់ញ័រក្នុងអយសខ្លះ មិនញាប់ញ័រក្នុងបសំសាខ្លះ មិនញាប់ញ័រក្នុងនិន្ទាខ្លះ មិនញាប់ញ័រក្នុងសុខខ្លះ មិនញាប់ញ័រ មិនកំរើក មិនរំភើប មិនរន្ធត់ មិនស្លន់ស្លោ ក្នុងទុក្ខខ្លះ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកមិនមានការញាប់ញ័រ ។ ពាក្យថា អ្នកមានចិត្តស្មើក្នុងធម៌ទាំងពួង សេចក្តីថា ធម៌ទាំងពួង លោកពោលសំដៅអាយតនៈ ១២ គឺ ចក្ខុ ១ រូប ១ ។បេ ។ មនៈ ១ ធម្មៈ ១ ។ កាលណាឆន្ទរាគៈ ក្នុងអាយតនៈទាំងខាងក្នុង ខាងក្រៅ បុគ្គលបានលះបង់ ផ្តាច់ផ្តិលឫសគល់ ធ្វើមិនឲ្យមានទីកើត ដូចជាទីកើតនៃដើមត្នោត ដល់នូវភាពមិនមាន មិនឲ្យមានការកើតតទៅជាធម្មតា បុគ្គលនោះ លោកហៅថា អ្នកមានចិត្តស្មើក្នុងធម៌ទាំងពួង អ្នកនឹងធឹងក្នុងធម៌ទាំងពួង អ្នកកណ្តាល ក្នុងធម៌ទាំងពួង អ្នកព្រងើយកន្តើយក្នុងធម៌ទាំងពួង ក្នុងកាលនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកមិនមានការញាប់ញ័រ អ្នកមានចិត្តស្មើក្នុងធម៌ទាំងពួង ។

[១៧៣] ពាក្យថា តថាគត ដែលត្រូវគេសួរ អំពីពួកបុគ្គលអ្នកមិនញាប់ញ័រ នឹងពោលនូវអានិសង្ស (នៃពួកបុគ្គល) នោះ គឺ តថាគតដែលត្រូវគេសួរ គេដេញដោល គេសូម គេអារាធនា គេជ្រះថ្លា អំពីពួកបុគ្គលអ្នកមិនញាប់ញ័រ នឹងពោល នឹងសំដែង នឹងប្រាប់ ។បេ ។ នឹងប្រកាសនូវអានិសង្ស ៤ នេះ ថា បុគ្គលនោះ ជាអ្នកមិនមានសេចក្តីច្រណែន ១ អ្នកមិនប្រាថ្នា ១ អ្នកមិនមានការញាប់ញ័រ ១ អ្នកមានចិត្តស្មើក្នុងធម៌ទាំងពួង ១ ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគត ដែលត្រូវគេសួរ អំពីពួកបុគ្គលអ្នកមិនញាប់ញ័រ នឹងពោលនូវអានិសង្ស (នៃពួកបុគ្គល) នោះ ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

តថាគតដែលត្រូវគេសួរ អំពីពួកបុគ្គលអ្នកមិនញាប់ញ័រ នឹងពោលនូវអានិសង្ស (នៃពួកបុគ្គល) នោះ គឺបុគ្គលអ្នកមិនមានសេចក្តីច្រណែន អ្នកមិនប្រាថ្នា អ្នកមិនមានការញាប់ញ័រ អ្នកមានចិត្តស្មើ ក្នុងធម៌ទាំងពួង ។

[១៧៤] ការតាក់តែងណានីមួយ នៃបុគ្គលអ្នកមិនមានការញាប់ញ័រ អ្នកដឹងច្បាស់ មិនមានទេ បុគ្គលនោះ វៀរចាកការផ្តើមផ្សេងៗ រមែងឃើញសេចក្តីក្សេមក្នុងទីទាំងពួង ។

[១៧៥] ពាក្យថា អ្នកមិនមានការញាប់ញ័រ អ្នកដឹងច្បាស់ សេចក្តីថា តណ្ហា លោកហៅថា ការញាប់ញ័រ បានខាង រាគៈ រាគៈមានកំឡាំង ។បេ ។ អភិជ្ឈា លោភៈ អកុសលមូល ។ តណ្ហាជាគ្រឿងញាប់ញ័រនុ៎ះ បុគ្គលណា បានលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យរម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ បុគ្គលនោះ លោកហៅថា អ្នកមិនមានការញាប់ញ័រ ។ បុគ្គលឈ្មោះថា អ្នកមិនមានការញាប់ញ័រនោះ ព្រោះលះតណ្ហា ជាគ្រឿងញាប់ញ័រហើយ រមែងមិនញាប់ញ័រក្នុងលាភខ្លះ មិនញាប់ញ័រក្នុងអលាភខ្លះ មិនញាប់ញ័រក្នុងយសខ្លះ មិនញាប់ញ័រក្នុងអយសខ្លះ មិនញាប់ញ័រក្នុងបសំសាខ្លះ មិនញាប់ញ័រក្នុងនិន្ទាខ្លះ មិនញាប់ញ័រក្នុងសុខខ្លះ មិនញាប់ញ័រ មិនកំរើក មិនរំភើប មិនរន្ធត់ មិនស្លន់ស្លោ ក្នុងទុក្ខខ្លះ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកមិនមានការញាប់ញ័រ ។ ពាក្យថា អ្នកដឹងច្បាស់ គឺអ្នកដឹង ដឹងទួទៅ ដឹងច្បាស់ ដឹងចំពោះ យល់ច្បាស់ថា សង្ខារទាំងពួងមិនទៀង អ្នកដឹង ដឹងទួទៅ ដឹងច្បាស់ ដឹងចំពោះ យល់ច្បាស់ថា សង្ខារទាំងពួងជាទុក្ខ ។បេ ។ អ្នកដឹង ដឹងទួទៅ ដឹងច្បាស់ ដឹងចំពោះ យល់ច្បាស់ថា ធម្មជាតណាមួយ មានការកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានការរលត់ទៅវិញជាធម្មតា ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកមិនមានការញាប់ញ័រ អ្នកដឹងច្បាស់ ។

[១៧៦] ពាក្យថា ការតាក់តែងណានីមួយ មិនមាន សេចក្តីថា ការតាក់តែងទាំងឡាយ លោកពោលសំដៅយកបុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ អនេញ្ជាភិសង្ខារ ។ បុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ អនេញ្ជាភិសង្ខារ បុគ្គលលះបង់ ផ្តាច់ឫសគល់ ធ្វើមិនឲ្យមានទីកើត ដូចជាទីកើតនៃដើមត្នោត ដល់នូវភាពមិនមាន មិនឲ្យមានការកើតតទៅជាធម្មតា ក្នុងកាលណា ការតាក់តែងទាំងឡាយនៃបុគ្គល មិនមាន ឥតមាន ដែលមិនបាន គឺលោកបានលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យរម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ ដោយហេតុប៉ុណ្ណេះ ក្នុងកាលនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) ការតាក់តែងណានីមួយ មិនមាន ។

[១៧៧] ពាក្យថា បុគ្គលនោះ វៀរចាកការផ្តើមផ្សេង ៗ សេចក្តីថា បុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ អនេញ្ជាភិសង្ខារ លោកហៅថា ការផ្តើមផ្សេងៗ ។ បុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ អនេញ្ជាភិសង្ខារ បុគ្គលលះបង់ ផ្តាច់ឫសគល់ ធ្វើមិនឲ្យមានទីកើត ដូចជាទីកើតនៃដើមត្នោត ដល់នូវភាពមិនមាន មិនឲ្យមានការកើតតទៅជាធម្មតា ក្នុងកាលណា បុគ្គលជាអ្នកចៀសវាង គេចចេញ វៀរស្រឡះផ្សេង ៗ រត់ចេញ រលាស់ចេញ រួចស្រឡះ ប្រកបប្រាស ចាកការផ្តើមផ្សេង ៗ មានចិត្តប្រាសចាកសេចក្តីសល់វ៉ល់ ដោយហេតុប៉ុណ្ណេះ ក្នុងកាលនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ វៀរចាកការតាក់តែងផ្សេងៗ ។

[១៧៨] ពាក្យថា រមែងឃើញសេចក្តីក្សេមក្នុងទីទាំងពួង សេចក្តីថា រាគៈជាគ្រឿងធ្វើនូវភ័យ ទោសៈជាគ្រឿងធ្វើនូវភ័យ មោហៈជាគ្រឿងធ្វើនូវភ័យ ។បេ ។ កិលេសទាំងឡាយ ជាគ្រឿងធ្វើនូវភ័យ ។ ព្រោះរាគៈជាគ្រឿងធ្វើនូវភ័យ លោកលះបង់ហើយ ។បេ ។ ព្រោះកិលេសជាគ្រឿងធ្វើនូវភ័យ លោកលះបង់ហើយ ទើបឈ្មោះថា ឃើញសេចក្តីក្សេមក្នុងទីទាំងពួង គឺឃើញហេតុមិនមានភ័យក្នុងទីទាំងពួង ឃើញវត្ថុមិនមានចង្រៃក្នុងទីទាំងពួង ឃើញវត្ថុមិនមានឧបទ្រពក្នុងទីទាំងពួង ឃើញការមិនមានឧបសគ្គក្នុងទីទាំងពួង ឃើញគុណដ៏ស្ងប់រម្ងាប់ក្នុងទីទាំងពួង ហេតុនោះ (ទ្រង់ត្រាស់ថា) រមែងឃើញសេចក្តីក្សេមក្នុងទីទាំងពួង ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

ការតាក់តែងណានីមួយ នៃបុគ្គលអ្នកមិនមានការញាប់ញ័រ អ្នកដឹងច្បាស់ មិនមានទេ បុគ្គលនោះ វៀរចាកការផ្តើមផ្សេង ៗ រមែងឃើញសេចក្តីក្សេមក្នុងទីទាំងពួង ។

[១៧៩] មុនិ មិននិយាយក្នុងហេតុដ៏ស្មើទេ មិននិយាយក្នុងហេតុដ៏ថោកទាបទេ មិននិយាយក្នុងហេតុដ៏ខ្ពង់ខ្ពស់ទេ (ព្រោះ) លោកជាអ្នកស្ងប់ ប្រាសចាកកំណាញ់ មិនប្រកាន់ មិនរលាស់ចោល (ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះ) ។

[១៨០] ពាក្យថា មុនិ មិននិយាយក្នុងហេតុដ៏ស្មើទេ មិននិយាយក្នុងហេតុដ៏ថោកទាប មិននិយាយក្នុងហេតុដ៏ខ្ពង់ខ្ពស់ទេ សេចក្តីថា ញាណ លោកហៅថា មោនៈ បានដល់ ប្រាជ្ញា ការដឹងសព្វ ។បេ ។ មុនិនោះ កន្លងនូវបណ្តាញជាគ្រឿងចំពាក់ ។ មុនិ រមែងមិននិយាយ មិនសំដែង មិនពោល មិនបំភ្លឺ មិនបញ្ចេញថា អញជាបុគ្គលប្រសើរ ឬថា អញជាបុគ្គលស្មើ ឬក៏ថា អញជាបុគ្គលថោកទាប ដូច្នេះឡើយ ហេតុនោះ ទ្រង់ត្រាស់ថា មុនិ មិននិយាយក្នុងហេតុដ៏ស្មើទេ មិននិយាយក្នុងហេតុដ៏ថោកទាបទេ មិននិយាយក្នុងហេតុដ៏ខ្ពង់ខ្ពស់ទេ ។

[១៨១] អធិប្បាយពាក្យថា លោកជាអ្នកស្ងប់ ប្រាសចាកកំណាញ់ ត្រង់ពាក្យថា ជាអ្នកស្ងប់ គឺជាអ្នកស្ងប់ ព្រោះស្ងប់រាគៈ ជាអ្នកស្ងប់ អ្នករម្ងាប់ អ្នកស្ងប់រម្ងាប់ អ្នករលត់ទុក្ខ អ្នកសះស្បើយទុក្ខ ព្រោះស្ងប់ទោសៈ មោហៈ ។បេ ។ ព្រោះស្ងប់ ព្រោះរម្ងាប់ ព្រោះធ្លុះធ្លាយ ព្រោះរលត់ ព្រោះប្រាសចេញ ព្រោះសះស្បើយ នូវអភិសង្ខារ ជាអកុសលទាំងពួង ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកស្ងប់ ។ ពាក្យថា ប្រាសចាកកំណាញ់ សេចក្តីថា កំណាញ់ ៥ គឺកំណាញ់អាវាស ។បេ ។ ការប្រកាន់ នេះ លោកហៅថា ការកំណាញ់ ។ ការកំណាញ់នុ៎ះ បុគ្គលណា លះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យរម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើង គឺញាណហើយ បុគ្គលនោះ លោកហៅថា អ្នកមានកំណាញ់ទៅប្រាស មានកំណាញ់ឃ្លាតចេញ មានកំណាញ់លះបង់ មានកំណាញ់ខ្ជាក់ចោល មានកំណាញ់រួចចេញ មានកំណាញ់បន្សាត់ចេញ មានកំណាញ់រលាស់ចេញហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) លោកជាអ្នកស្ងប់ ប្រាសចាកកំណាញ់ ។

[១៨២] អធិប្បាយពាក្យថា មិនប្រកាន់ មិនលះចោល ព្រះមានព្រះភាគត្រាស់ដូច្នេះ ត្រង់ពាក្យថា មិនប្រកាន់ គឺមិនប្រកាន់ មិនកួចកាន់ មិនទង់ទាញទុក មិនកាន់យក មិនស្ទាបអង្អែល មិនជាប់ចំពាក់ ចំពោះរូប មិនប្រកាន់ មិនកួចកាន់ មិនទង់ទាញទុក មិនស្ទាបអង្អែល មិនជាប់ចំពាក់ ចំពោះវេទនា សញ្ញា សង្ខារ វិញ្ញាណ គតិ ឧបបត្តិ បដិសន្ធិ ភព សំសារ វដ្តៈ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនប្រកាន់ ។ ពាក្យថា មិនរលាស់ចោល គឺមិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យវិនាស មិនឲ្យដល់ការមិនមាននូវរូប មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យវិនាស មិនឲ្យដល់ការមិនមាននូវវេទនា សញ្ញា សង្ខារ វិញ្ញាណ គតិ ឧបបត្តិ បដិសន្ធិ ភព សំសារ វដ្តៈ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនរលាស់ចោល ។ ពាក្យថា ព្រះមានព្រះភាគ ជាពាក្យពោលដោយគោរព ។បេ ។ ការបញ្ញត្តិថា ព្រះមានព្រះភាគ នេះ (កើត) ព្រោះការធ្វើឲ្យជាក់ច្បាស់ ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

មុនិ មិននិយាយក្នុងហេតុដ៏ស្មើទេ មិននិយាយក្នុងហេតុដ៏ថោកទាបទេ មិននិយាយក្នុងហេតុដ៏ខ្ពង់ខ្ពស់ទេ (ព្រោះ) លោកជាអ្នកស្ងប់ ប្រាសចាកកំណាញ់ មិនប្រកាន់ មិនរលាស់ចោល (ព្រះមានព្រះភាគ ត្រាស់ដូច្នេះ) ។

ចប់ អត្តទណ្ឌសុត្តនិទ្ទេស ទី១៥ ។

សារីបុត្តសុត្តនិទ្ទេស ទី១៦កែប្រែ

[១៨៣] (ព្រះសារីបុត្តមានអាយុ ពោលដូច្នេះថា) ក្នុងកាលមុនអំពីកាលនេះ ខ្ញុំមិនបានឃើញ ទាំងមិនបានឮ (អំពីសំណាក់) អ្នកណាមួយទេ ព្រះសាស្តា មានព្រះសូរសៀងដ៏ពីរោះយ៉ាងនេះ ទ្រង់ចុះចាកឋានតុសិតមកកាន់ពួក ។

[១៨៤] ពាក្យថា ក្នុងកាលមុនអំពីកាលនេះ ខ្ញុំមិនបានឃើញ គឺក្នុងកាលមុនអំពីកាលនេះ ព្រះមានព្រះភាគអង្គនោះ ខ្ញុំមិនធ្លាប់ឃើញ ដោយចក្ខុនេះ ដោយអត្តភាពនេះទេ ។ កាលដែលព្រះមានព្រះភាគ គង់ចាំវស្សាលើថ្មបណ្ឌុកម្ពលក្រោមម្លប់បារិឆ្ឆត្តកព្រឹក្ស នាឋានតាវត្តិង្ស មានពួកទេវតាហែហម ទ្រង់យាងចុះកាន់ក្រុងសង្កស្ស តាមជណ្តើរកែវ ត្រង់កណ្តាល ខ្ញុំមិនបានឃើញក្នុងកាលមុន វៀរលែងនូវការឃើញនេះ ។ ហេតុនោះ (លោកពោលថា) ក្នុងកាលមុនអំពីកាលនេះ ខ្ញុំមិនបានឃើញ ។

[១៨៥] ពាក្យថា ព្រះសារីបុត្តមានអាយុ (ពោល) ថាដូច្នេះ ត្រង់ពាក្យថា ដូច្នេះ ជាពាក្យតបទ ភ្ជាប់បទ បំពេញបទ ប្រជុំអក្ខរៈ ជាពាក្យសម្រួលព្យព្ជានៈ ពាក្យថា ដូច្នេះនុ៎ះ គឺជាលំដាប់បទ ។ ពាក្យថា មានអាយុ គឺពាក្យជាទីស្រឡាញ់ ជាពាក្យគោរព ពាក្យថា មានអាយុនុ៎ះ ជាពាក្យប្រកបដោយសេចក្តីគោរពកោតក្រែង ។ ពាក្យថា ព្រះសារីបុត្ត គឺជាឈ្មោះ ជាការរាប់ ជាពាក្យសំគាល់ ជាបញ្ញត្តិ ជាពាក្យហៅ ជានាម ជានាមកម្ម ជានាមបញ្ញត្តិ ជាសំដី ជាគ្រឿងបញ្ជាក់ ជាគ្រឿងប្រកាស របស់ព្រះថេរៈនោះ ហេតុនោះ (លោកពោលថា) ព្រះសារីបុត្តមានអាយុ ពោលដូច្នេះ ។

[១៨៦] ពាក្យថា ទាំងមិនបានឮ អំពីសំណាក់អ្នកណាមួយទេ ត្រង់ពាក្យថា មិន ជាពាក្យហាមឃាត់ ។ ពាក្យថា ទាំង ជាពាក្យតបទ ភ្ជាប់បទ បំពេញបទ ប្រជុំអក្ខរៈ ជាពាក្យសម្រួលព្យព្ជានៈ ពាក្យថា ទាំងនុ៎ះ គឺជាលំដាប់បទ ។ ពាក្យថា អ្នកណាមួយ គឺអ្នកណាមួយ ទោះក្សត្រក្តី ព្រាហ្មណ៍ក្តី វេស្សៈក្តី សុទ្ទៈក្តី គ្រហស្ថក្តី បព្វជិតក្តី ទេវតាក្តី មនុស្សក្តី ហេតុនោះ (លោកពោលថា) ទាំងមិនបានឮ អំពីសំណាក់អ្នកណាមួយទេ ។

[១៨៧] ពាក្យថា ព្រះសាស្តាមានព្រះសូរសៀងពីរោះយ៉ាងនេះ អធិប្បាយថា ព្រះអង្គមានព្រះសូរសៀងពីរោះ សូរសៀងទន់ ផ្អែម សូរសៀងគួរជាទីស្រឡាញ់ សូរសៀងជាទីគាប់ចិត្ត សូរសៀងពីរោះ ដូចសំឡេងសត្វករវិកយ៉ាងនេះ ។ ព្រះសូរសៀងដែលផ្សាយចេញចាកព្រះឱស្ឋរបស់ព្រះមានព្រះភាគនោះ ប្រកបដោយអង្គ ៨ គឺក្បោះក្បាយ ១ គប្បីដឹងបានដោយងាយ ១ ទន់ពីរោះ ១ ស្រួលស្តាប់ ១ មូល ១ មិនបែកព្រែក ១ ក្រអួន ១ លាន់រំពង ១ ។ កាលណាព្រះមានព្រះភាគអង្គនោះ ទ្រង់ញុំាងបរិស័ទឲ្យដឹងដោយព្រះសូរសៀង ព្រះសូរសៀងព្រះមានព្រះភាគអង្គនោះ មិនខ្ចាយចេញទៅខាងក្រៅអំពីបរិស័ទ ។ ព្រះមានព្រះភាគអង្គនោះ មានព្រះសូរសៀងដូចជាសំឡេងព្រហ្ម មានព្រះសូរសៀងដូចជាសំឡេងសត្វករវិក ហេតុនោះ លោកពោលថា ព្រះមានព្រះភាគ មានព្រះសូរសៀងពីរោះយ៉ាងនេះ ។ ពាក្យថា ព្រះសាស្តា គឺព្រះមានព្រះភាគជាអ្នកនាំពួក ។ នាយពួក ញុំាងពួកទាំងឡាយឲ្យឆ្លងផ្លូវលំបាក គឺឲ្យឆ្លងផ្លូវលំបាកគឺចោរ ឲ្យឆ្លងផ្លូវលំបាកគឺម្រឹគសាហាវ ឲ្យឆ្លងផ្លូវលំបាកគឺការអត់ឃ្លាន ឲ្យឆ្លង ឲ្យឆ្លងឡើង ឲ្យឆ្លងចេញ ឲ្យឆ្លងផុតផ្លូវលំបាកគឺការមិនមានទឹក ឲ្យបានដល់ទីក្សេម យ៉ាងណាមិញ ព្រះមានព្រះភាគជាអ្នកនាំពួក តែងញុំាងពួកសត្វឲ្យឆ្លងផ្លូវលំបាក គឺឲ្យឆ្លងផ្លូវលំបាកគឺជាតិ ឲ្យឆ្លងផ្លូវលំបាកគឺជរា ឲ្យឆ្លងផ្លូវលំបាកគឺព្យាធិ ឲ្យឆ្លងផ្លូវលំបាកគឺមរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ ឧបាយាសៈ ឲ្យឆ្លងផ្លូវលំបាកគឺរាគៈ ឲ្យឆ្លងផ្លូវលំបាកគឺទោសៈ មោហៈ មានះ ទិដ្ឋិ កិលេស ទុច្ចរិត ឲ្យឆ្លងសេចក្តីសាំញុំាគឺរាគៈ ឲ្យឆ្លងសេចក្តីសាំញុំាគឺទោសៈ មោហៈ មានះ ទិដ្ឋិ ឲ្យឆ្លង ឲ្យឆ្លងឡើង ឲ្យឆ្លងចេញ ឲ្យឆ្លងផុត នូវសេចក្តីសាំញុំាគឺកិលេស ឲ្យដល់ទីក្សេម គឺអមតនិព្វាន ក៏យ៉ាងនោះដែរ ហេតុនោះ ព្រះមានព្រះភាគជាអ្នកនាំពួក យ៉ាងនេះខ្លះ ។ មួយទៀត ព្រះមានព្រះភាគទ្រង់ទូន្មាន ណែនាំ ប្រៀនប្រដៅ ឲ្យស្គាល់ ឲ្យចាក់ធ្លុះ ឲ្យសំឡឹងមើល ឲ្យជ្រះថ្លា ហេតុនោះ ព្រះមានព្រះភាគជាអ្នកនាំពួក យ៉ាងនេះខ្លះ ។ មួយទៀត ព្រះមានព្រះភាគ ទ្រង់ធ្វើមគ្គដែលមិនទាន់កើត ឲ្យកើតឡើង ទ្រង់ធ្វើមគ្គដែលមិនទាន់កើត ឲ្យកើតព្រម ទ្រង់ប្រាប់មគ្គដែលមិនទាន់បានប្រាប់ ជាអ្នកដឹងនូវមគ្គ ជ្រាបច្បាស់នូវមគ្គ ឈ្លាសក្នុងមគ្គ ។ ឯពួកសាវ័កឥឡូវនេះ ជាអ្នកដើរតាមមគ្គ ជាអ្នកប្រកបតាមក្រោយ ហេតុនោះ ព្រះមានព្រះភាគ ឈ្មោះថាជាអ្នកនាំពួក យ៉ាងនេះខ្លះ ហេតុនោះ (លោកពោលថា) ព្រះសាស្តាមានព្រះសូរសៀងពីរោះ យ៉ាងនេះឯង ។

[១៨៨] ពាក្យថា ចុះចាកឋានតុសិត មកកាន់ពួក អធិប្បាយថា ព្រះមានព្រះភាគ ចុះចាកកាយតុសិត ស្តេចមកកាន់ផ្ទៃមាតា ទាំងមានស្មារតី ដឹងច្បាស់ ហេតុនោះ (លោកពោលថា) ព្រះសាស្តាចុះចាកឋានតុសិតមកកាន់ពួក យ៉ាងនេះខ្លះ ។ មួយទៀត ពួកទេវតា លោកហៅថា តុសិត ។ ពួកទេវតាទាំងនោះ ជាអ្នកត្រេកអរ ត្រេកអរព្រម ពេញចិត្ត រីករាយ មានបីតិ និងសោមនស្ស ព្រះសាស្តាចុះចាកឋានតុសិតទេវលោក មកកាន់ពួក ហេតុនោះ (លោកពោលថា) ចុះចាកឋានតុសិត មកកាន់ពួក យ៉ាងនេះខ្លះ ។ មួយវិញទៀត ព្រះអរហន្តទាំងឡាយ លោកហៅថា តុសិត ។ ព្រះអរហន្តទាំងនោះ ជាអ្នកត្រេកអ ត្រេកអរព្រម ពេញចិត្ត រីករាយ មានបីតិ និងសោមនស្ស ព្រះមានព្រះភាគ ស្តេចមកកាន់ពួកព្រះអរហន្តទាំងឡាយ ហេតុនោះ (លោកពោលថា) ចុះចាកឋានតុសិត មកកាន់ពួក យ៉ាងនេះខ្លះ ។ ព្រះមានព្រះភាគ ឈ្មោះថា មានពួក ព្រោះមានពួក ។ ព្រះមានព្រះភាគ ឈ្មោះថា មានពួក ព្រោះជាអាចារ្យនៃពួក ។ ព្រះមានព្រះភាគ ឈ្មោះថា មានពួក ព្រោះជាសាស្តានៃពួក ។ ព្រះមានព្រះភាគ ឈ្មោះថា មានពួក ព្រោះទ្រង់រក្សាពួក ។ ព្រះមានព្រះភាគ ឈ្មោះថា មានពួក ព្រោះទ្រង់ទូន្មានពួក ។ ព្រះមានព្រះភាគ ឈ្មោះថា មានពួក ព្រោះទ្រង់ប្រៀនប្រដៅពួក ។ ព្រះមានព្រះភាគ ឈ្មោះថា មានពួក ព្រោះទ្រង់អង់អាច ចូលទៅរកពួក ។ ព្រះមានព្រះភាគ ឈ្មោះថា មានពួក ព្រោះពួក តែងស្តាប់ដោយគោរព (នូវពាក្យ) នៃព្រះមានព្រះភាគនោះ ផ្ទៀងសោតៈស្តាប់ ដំកល់ទុកនូវចិត្តដើម្បីដឹង ។ ព្រះមានព្រះភាគ ឈ្មោះថា មានពួក ព្រោះទ្រង់ញុំាងពួកឲ្យក្រោកចេញអំពីអកុសលធម៌ ហើយឲ្យតាំងនៅក្នុងកុសលធម៌ ។ ព្រះមានព្រះភាគ ឈ្មោះថា មានពួក របស់ពួកនៃភិក្ខុ ។ ព្រះមានព្រះភាគ ឈ្មោះថា មានពួក របស់ពួកនៃភិក្ខុនី ។ ព្រះមានព្រះភាគ ឈ្មោះថា មានពួក របស់ពួកនៃឧបាសក ។ ព្រះមានព្រះភាគ ឈ្មោះថា មានពួក របស់ពួកនៃឧបាសិកា ។ ព្រះមានព្រះភាគ ឈ្មោះថា មានពួក របស់ពួកនៃព្រះរាជា ។ ព្រះមានព្រះភាគ ឈ្មោះថា មានពួក របស់ពួកនៃក្សត្រ របស់ពួកនៃព្រាហ្មណ៍ របស់ពួកនៃវេស្សៈ របស់ពួកនៃសុទ្ទៈ របស់ពួកនៃទេវតា របស់ពួកនៃព្រហ្ម ។ ព្រះមានព្រះភាគ មានសង្ឃ មានគណៈ ជាគណាចារ្យ បានស្តេចមកចូលទៅជិត ចូលទៅជិតព្រម បានដល់នូវសង្កស្សនគរ ហេតុនោះ (លោកពោលថា) ព្រះមានព្រះភាគ ចុះចាកឋានតុសិត មកកាន់ពួក ។ ហេតុនោះ ព្រះសារីបុត្តត្ថេរពោលថា

(ព្រះសារីបុត្តមានអាយុ ពោលដូច្នេះថា) ក្នុងកាលមុនអំពីកាលនេះ ខ្ញុំមិនបានឃើញ ទាំងមិនបានឮ (អំពីសំណាក់) អ្នកណាមួយទេ ព្រះសាស្តា មានព្រះសូរសៀងពីរោះ យ៉ាងនេះ ទ្រង់ចុះចាកឋានតុសិត មកកាន់ពួក ។

[១៨៩] ព្រះមានព្រះភាគ ទ្រង់មានចក្ខុប្រាកដដល់លោក ព្រមទាំងទេវលោក ទ្រង់កំចាត់បង់នូវងងឹតទាំងពួង តែមួយអង្គឯង បានដល់នូវសេចក្តីត្រេកអរ ។

[១៩០] ពាក្យថា ដល់លោក ព្រមទាំងទេវលោក គឺដល់លោក ព្រមទាំងទេវលោក ព្រមទាំងមារលោក ព្រមទាំងព្រហ្មលោក ដល់ពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ហេតុនោះ (លោកពោលថា) ដល់លោក ព្រមទាំងទេវលោក ។

[១៩១] ពាក្យថា ទ្រង់មានចក្ខុប្រាកដ អធិប្បាយថា ពួកទេវតាឃើញព្រះមានព្រះភាគ កាលគង់លើថ្មបណ្ឌុកម្ពល ក្រោមម្លប់បារិច្ឆត្តកព្រឹក្ស នាឋានតាវត្តិង្ស ទ្រង់សំដែងធម៌យ៉ាងណា ពួកមនុស្សក៏រមែងឃើញយ៉ាងនោះ ។ មនុស្សទាំងឡាយ ឃើញយ៉ាងណា ពួកទេវតាឃើញយ៉ាងនោះ ។ ព្រះមានព្រះភាគប្រាកដដល់ពួកទេវតា យ៉ាងណា ប្រាកដដល់ពួកមនុស្សយ៉ាងនោះ ។ ព្រះមានព្រះភាគប្រាកដដល់ពួកមនុស្សយ៉ាងណា ប្រាកដដល់ពួកទេវតាយ៉ាងនោះ ហេតុនោះ (លោកពោលថា) មានចក្ខុប្រាកដ យ៉ាងនេះខ្លះ ។ មួយទៀត ពួកសមណព្រាហ្មណ៍ដ៏ចម្រើននុ៎ះ ដែលមានចិត្តមិនទាន់ទូន្មានទេ ប្រាកដដោយភេទនៃអ្នកមានចិត្តទូន្មាន មានចិត្តមិនទាន់រម្ងាប់ទេ ប្រាកដដោយភេទនៃអ្នកមានចិត្តរម្ងាប់ មានចិត្តមិនទាន់ស្ងប់ស្ងាត់ទេ ប្រាកដដោយភេទនៃអ្នកមានចិត្តស្ងប់ស្ងាត់ មិនទាន់មានទុក្ខរលត់ទេ ប្រាកដដោយភេទនៃអ្នកមានទុក្ខរលត់ យ៉ាងណាមិញ ។

ពួកសមណព្រាហ្មណ៍ ដែលមានបរិវារហែហម មិនមានសេចក្តីបរិសុទ្ធខាងក្នុង មានលំអខាងក្រៅ ត្រេចទៅក្នុងលោក ដូចជាកុណ្ឌលដែលធ្វើអំពីដីស្អិត មានសភាពដ៏សមគួរ ឬដូចជាមាសកៈទង់ដែង ដែលក្រឡៃមាស (យ៉ាងណាមិញ) ។

ចំណែកព្រះមានព្រះភាគ មិនប្រាកដយ៉ាងនោះទេ ។ ព្រះមានព្រះភាគ ទ្រង់មានព្រះទ័យទូន្មានហើយ ប្រាកដដោយភេទនៃអ្នកមានចិត្តទូន្មាន ទ្រង់មានព្រះទ័យរម្ងាប់ហើយ ប្រាកដដោយភេទនៃអ្នកមានចិត្តរម្ងាប់ ទ្រង់មានព្រះទ័យស្ងប់រម្ងាប់ហើយ ប្រាកដដោយភេទនៃអ្នកមានចិត្តស្ងប់រម្ងាប់ ទ្រង់មានទុក្ខរលត់ហើយ ប្រាកដដោយភេទនៃអ្នកមានទុក្ខរលត់ហើយ ដោយពិត ប្រាកដ ទៀងទាត់ មិនប្រែប្រួល មិនវិបរិត ពិតមែន ។ មួយទៀត ព្រះពុទ្ធទាំងឡាយមានព្រះភាគ មានព្រះឥរិយាបថមិនបានញាប់ញ័រ សឹងបរិបូណ៌ដោយសេចក្តីប្រាថ្នា ហេតុនោះ (លោកពោលថា) ព្រះមានព្រះភាគ មានចក្ខុប្រាកដ យ៉ាងនេះខ្លះ ។ មួយទៀត ព្រះមានព្រះភាគ ព្រះអង្គមានកិត្តិសព្ទដ៏បរិសុទ្ធ មានកិតិ្តសព្ទ និងសេចក្តីសរសើរដ៏ពោរពេញក្នុងភពនៃនាគផង ក្នុងភពនៃគ្រុឌផង ក្នុងភពនៃយក្ខផង ក្នុងភពនៃអសុរផង ក្នុងភពនៃគន្ធព្វផង ក្នុងភពនៃមហារាជផង ក្នុងភពនៃព្រះឥន្ទផង ក្នុងភពនៃព្រហ្មផង គឺថា ព្រះអង្គមានកិតិ្តសព្ទ និងសេចក្តីសរសើរប្រាកដបែបនេះផង ប្រាកដបែបនោះផង លើសលប់ជាងនោះផង ហេតុនោះ (លោកពោលថា) ព្រះមានព្រះភាគ មានចក្ខុប្រាកដ យ៉ាងនេះខ្លះ ។ មួយទៀត ព្រះមានព្រះភាគ ព្រះអង្គប្រកបដោយកំឡាំង ១០ តែងប្រាកដជាក់ច្បាស់ដោយវេសារជ្ជញ្ញាណ ៤ បដិសម្ភិទា ៤ អភិញ្ញា ៦ ពុទ្ធធម៌ ៦ តេជះ ១ ពលៈ ១ គុណ ១ វីរិយៈ ១ បញ្ញា ១ ។

សប្បុរសទាំងឡាយ រមែងប្រាកដក្នុងទីឆ្ងាយ ដូចភ្នំហិមវន្ត អសប្បុរសទាំងឡាយ មិនប្រាកដក្នុងទីឆ្ងាយនោះបានទេ ដូចជាសរដែលគេបាញ់ទៅក្នុងពេលយប់ ។

ហេតុនោះ (លោកពោលថា) ព្រះមានព្រះភាគ មានចក្ខុប្រាកដ យ៉ាងនេះខ្លះ ។

ពាក្យថា ទ្រង់មានចក្ខុ សេចក្តីថា ព្រះមានព្រះភាគ មានចក្ខុ ដោយចក្ខុ ៥ គឺមានចក្ខុដោយមំសចក្ខុ ១ មានចក្ខុដោយទិព្វចក្ខុ ១ មានចក្ខុដោយបញ្ញាចក្ខុ ១ មានចក្ខុដោយពុទ្ធចក្ខុ ១ មានចក្ខុដោយសមន្តចក្ខុ ១ ។

ព្រះមានព្រះភាគ មានចក្ខុដោយមំសចក្ខុ តើដូចម្តេច ។ ក្នុងមំសចក្ខុរបស់ព្រះមានព្រះភាគ មានសម្បុរ ៥ គឺសម្បុរខៀវ ១ សម្បុរលឿង ១ សម្បុរក្រហម ១ សម្បុរខ្មៅ ១ សម្បុរស ១ ។ រោមព្រះនេត្ររបស់ព្រះមានព្រះភាគ តាំងនៅត្រង់ទីណា ទីនោះមានសម្បុរខៀវ ខៀវស្រងាត់ គួរជ្រះថ្លា គួររមិលមើល ស្រដៀងនឹងផ្កាត្រកៀត ។ ទីក្រៅអំពីនោះ មានសម្បុរលឿង លឿងទុំ ដូចសម្បុរមាស គួរជ្រះថ្លា គួររមិលមើល ស្រដៀងនឹងផ្កាកណ្ណិការ ។ រណ្តៅព្រះនេត្រទាំងពីរខាងរបស់ព្រះមានព្រះភាគ មានសម្បុរក្រហម ក្រហមឆ្អៅ គួរជ្រះថ្លា គួររមិលមើល ស្រដៀងនឹងអណ្តើកមាស ។ ត្រង់កណ្តាល មានសម្បុរខ្មៅ ខ្មៅស្រិល មិនមានសៅហ្មង យ៉ាងស្និទ្ធ គួរជ្រះថ្លា គួររមិលមើល ស្រដៀងនឹងផ្លែផ្គាំ ។ ក្រៅអំពីនោះ មានសម្បុរស សសុទ្ធ សក្បុះ សត្រសុះ គួរជ្រះថ្លា គួររមិលមើល ស្រដៀងនឹងផ្កាយព្រឹក ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញជុំវិញចម្ងាយ ១ យោជន៍ ទាំងយប់ទាំងថ្ងៃ ដោយព្រះមំសចក្ខុតាមប្រក្រតីនោះ ដែលកើតអំពីសុចរិតកម្ម ក្នុងកាលមុន រាប់ទាំងអត្តភាពផង ។ ទោះបីងងឹតប្រកបដោយអង្គ ៤ គឺព្រះអាទិត្យអស្តង្គត ១ ថ្ងៃឧបោសថជាចំណែកខាងរនោច ១ ដងព្រៃជិតស៊្លុប ១ ភ្លៀងធំខុសកាលតាំងឡើង ១ ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញជុំវិញចម្ងាយ ១ យោជន៍ ក្នុងទីងងឹត ប្រកបដោយអង្គ ៤ សូម្បីមានសភាពយ៉ាងនេះ ។ ព្រះអង្គមិនមានជញ្ជាំង ឬសន្ទះទ្វារ កំផែង ឬភ្នំ គុម្ពឈើ ឬវល្លិ៍ ជាគ្រឿងរាំងនូវកិរិយាឃើញរូបទាំងឡាយទេ ។ បើទុកជាគេដាក់គ្រាប់ល្ង ១ គ្រាប់ ក្នុងរទេះពេញដោយល្ង ធ្វើឲ្យជាគ្រឿងចំណាំ ក៏នៅតែព្រះមានព្រះភាគ ទ្រង់រើសយកគ្រាប់ល្ងនោះបានវិញដដែល ។ ព្រះមំសចក្ខុជាប្រក្រតីរបស់ព្រះមានព្រះភាគ បរិសុទ្ធយ៉ាងនេះឯង ។ ព្រះមានព្រះភាគ មានចក្ខុដោយមំសចក្ខុយ៉ាងនេះ ។

ព្រះមានព្រះភាគ មានចក្ខុដោយទិព្វចក្ខុ តើដូចម្តេច ។ ព្រះមានព្រះភាគ ទ្រង់មានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងផុតចក្ខុរបស់មនុស្ស ទ្រង់ទតឃើញពួកសត្វកំពង់ច្យុត កំពុងកើត ជាសត្វថោកទាប ឧត្តម មានវណ្ណៈល្អ មានវណ្ណៈអាក្រក់ មានដំណើរល្អ មានដំណើរអាក្រក់ ដឹងច្បាស់នូវពួកសត្វដែលអន្ទោលទៅតាមកម្មថា អើហ្ន៎ ពួកសត្វដ៏ចម្រើនទាំងនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត តិះដៀលព្រះអរិយៈ ជាមិច្ឆាទិដ្ឋិ កាន់យកអំពើនៃមិច្ឆាទិដ្ឋិ ពួកសត្វនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅហើយ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ម្យ៉ាងទៀត ពួកសត្វដ៏ចម្រើននេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត មិនតិះដៀលព្រះអរិយៈ ជាសម្មាទិដ្ឋិ កាន់យកអំពើនៃសម្មាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅហើយ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ព្រះមានព្រះភាគ ទ្រង់មានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងផុតចក្ខុរបស់មនុស្ស ទ្រង់ឃើញពួកសត្វដែលកំពុងច្យុត កំពុងកើត ជាសត្វថោកទាប ឧត្តម មានវណ្ណៈល្អ មានវណ្ណៈអាក្រក់ មានដំណើរល្អ មានដំណើរអាក្រក់ ទ្រង់ជ្រាបនូវពួកសត្វដែលអន្ទោលទៅតាមកម្មយ៉ាងនេះ ។ មួយទៀត ព្រះមានព្រះភាគ កាលបើចង់ឃើញ គប្បីឃើញលោកធាតុ ១ ខ្លះ ឃើញលោកធាតុ ២ ខ្លះ ឃើញលោកធាតុ ៣ ខ្លះ ឃើញលោកធាតុ ៤ ខ្លះ ឃើញលោកធាតុ ៥ ខ្លះ ឃើញលោកធាតុ ១០ ខ្លះ ឃើញលោកធាតុ ២០ ខ្លះ ឃើញលោកធាតុ ៣០ ខ្លះ ឃើញលោកធាតុ ៤០ ខ្លះ ឃើញលោកធាតុ ៥០ ខ្លះ ឃើញលោកធាតុតូច ១ពាន់ ខ្លះ ឃើញលោកធាតុជាកណ្តាល ១ ពាន់ ២ ជាន់ ខ្លះ (១ លាន) ឃើញលោកធាតុ ១ ពាន់ ៣ ជាន់ខ្លះ (១០០ កោដិ) ឃើញលោកធាតុច្រើនពាន់ខ្លះ ។ ព្រះមានព្រះភាគអង្គនោះ ទ្រង់ប្រាថ្នាត្រឹមណា គប្បីទតឃើញត្រឹមនោះ ។ ទិព្វចក្ខុរបស់ព្រះមានព្រះភាគបរិសុទ្ធយ៉ាងនេះ ។ ព្រះមានព្រះភាគ ទ្រង់មានចក្ខុដោយទិព្វចក្ខុ យ៉ាងនេះ ។

ព្រះមានព្រះភាគ មានចក្ខុដោយបញ្ញាចក្ខុ តើដូចម្តេច ។ ព្រះមានព្រះភាគ មានបញ្ញាច្រើន មានបញ្ញាក្រាស់ មានបញ្ញារីករាយ មានបញ្ញារហ័ស មានបញ្ញាក្លាហាន មានបញ្ញាទំលាយបង់នូវកិលេស ឈ្លាសក្នុងប្រភេទនៃបញ្ញា មានញាណបែកធ្លាយ បានសម្រេចបដិសម្ភិទា បានសម្រេចចតុវេសារជ្ជញ្ញាណ ទ្រទ្រង់នូវកម្លាំង ១០ ជាបុរសដ៏ប្រសើរ ជាសីហបុរស ជានាគបុរស ជាអាជញ្ញបុរស ជាបុរសអ្នកនាំនូវធុរៈ មានញាណមិនមានទីបំផុត មានតេជះមិនមានទីបំផុត មានយសមិនមានទីបំផុត ស្តុកស្តម្ភ មាំមួន មានទ្រព្យ ទ្រង់ទូន្មាន ណែនាំ ប្រៀនប្រដៅឲ្យស្គាល់ ឲ្យចាក់ធ្លុះ ឲ្យប្រាថ្នា ឲ្យជ្រះថ្លា ។ ព្រោះព្រះមានព្រះភាគអង្គនោះ ទ្រង់ញុំាងមគ្គដែលមិនទាន់កើត ឲ្យកើតឡើង ទ្រង់ញុំាងមគ្គដែលមិនទាន់កើតឡើងព្រម ឲ្យកើតឡើងព្រម ទ្រង់ប្រាប់មគ្គដែលមិនទាន់បានប្រាប់ ជាអ្នកដឹងនូវមគ្គ ជ្រាបច្បាស់នូវមគ្គ ឈ្លាសវៃក្នុងមគ្គ ។ ឯពួកសាវ័កក្នុងកាលឥឡូវនេះ គ្រាន់តែជាអ្នកដើរតាមផ្លូវមកតាមក្រោយ ។ ព្រោះថា ព្រះមានព្រះភាគនោះ ទ្រង់ជ្រាបហេតុដែលគួរជ្រាប ទ្រង់ឃើញហេតុដែលគួរឃើញ ទ្រង់មានចក្ខុ មានធម៌ មានញាណ មានភាពដ៏ប្រសើរ ទ្រង់ពោល សំដែង បង្អោននូវប្រយោជន៍ ជាអ្នកឲ្យនូវព្រះនិព្វាន ជាម្ចាស់ហេតុធម៌ ជាព្រះតថាគត ។ ហេតុណាមួយ ដែលព្រះមានព្រះភាគនោះមិនជ្រាប មិនឃើញ មិនជាក់ច្បាស់ មិនធ្វើឲ្យប្រាកដ មិនពាល់ត្រូវដោយបញ្ញា មិនដែលមានទេ ។ ធម៌ទាំងអស់ រាប់ទាំងអតីត អនាគត បច្ចុប្បន្ន រមែងមកកាន់គន្លងចំមុខព្រះញាណនៃព្រះពុទ្ធដ៏មានព្រះភាគ ដោយអាការទាំងពួង ។ ឈ្មោះថា វត្ថុណាមួយដែលត្រូវយល់ ត្រូវដឹង ប្រយោជន៍ខ្លួនក្តី ប្រយោជន៍អ្នកដទៃក្តី ប្រយោជន៍ទាំងពីរក្តី ប្រយោជន៍ជាបច្ចុប្បន្នក្តី ប្រយោជន៍ក្នុងលោកខាងមុខក្តី ប្រយោជន៍រាក់ក្តី ប្រយោជន៍ជ្រៅក្តី ប្រយោជន៍លាក់ក្តី ប្រយោជន៍កំបាំងក្តី ប្រយោជន៍ដែលត្រូវណែនាំក្តី ប្រយោជន៍ដែលបាននាំចេញស្រាប់ហើយក្តី ប្រយោជន៍មិនមានទោសក្តី ប្រយោជន៍មិនមានកិលេសក្តី ប្រយោជន៍ដ៏ផូរផង់ក្តី ប្រយោជន៍ដ៏សំខាន់ក្តី ទាំងអស់នោះ រមែងប្រព្រឹត្តទៅក្នុងខាងក្នុងនៃពុទ្ធញាណ ។ ព្រះពុទ្ធមានព្រះភាគ មានព្រះញាណមិនទើសទាក់ក្នុងអតីត មានព្រះញាណមិនទើសទាក់ក្នុងអនាគត មានព្រះញាណមិនទើសទាក់ក្នុងបច្ចុប្បន្ន ។ កាយកម្មទាំងអស់ ប្រព្រឹត្តទៅតាមព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ វចីកម្មទាំងអស់ មនោកម្មទាំងអស់ ប្រព្រឹត្តទៅតាមព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ ។ ហេតុដែលត្រូវដឹង មានត្រឹមណា ព្រះញាណក៏មានត្រឹមនោះ ព្រះញាណមានត្រឹមណា ហេតុដែលត្រូវដឹង ក៏មានត្រឹមនោះ ព្រះញាណមានហេតុដែលត្រូវដឹងជាទីបំផុត ហេតុដែលត្រូវដឹង ក៏មានញាណជាទីបំផុត ព្រះញាណមិនប្រព្រឹត្តកន្លងហេតុដែលត្រូវដឹង គន្លងដែលត្រូវដឹង ប្រព្រឹត្តកន្លងព្រះញាណក៏មិនមាន ធម៌ទាំងនោះ រមែងឋិតនៅក្នុងទីបំផុតនៃគ្នានឹងគ្នា ។ ផ្ទៃស្មុគ្រទាំងពីរដែលស្និទ្ធគ្នាល្អ ផ្ទៃស្មុគ្រខាងក្រោម មិនប្រព្រឹត្តហួសផ្ទៃស្មុគ្រខាងលើ ផ្ទៃស្មុគ្រខាងលើ មិនហួសផ្ទៃស្មុគ្រខាងក្រោម ផ្ទៃស្មុគ្រទាំងពីរ រមែងឋិតនៅក្នុងទីបំផុតនៃគ្នានឹងគ្នា យ៉ាងណាមិញ ហេតុដែលត្រូវដឹងផង ព្រះញាណផង របស់ព្រះពុទ្ធមានព្រះភាគ តាំងនៅក្នុងទីបំផុតនៃគ្នានឹងគ្នា យ៉ាងនោះឯង គឺហេតុដែលត្រូវដឹងមានត្រឹមណា ព្រះញាណក៏មានត្រឹមនោះ ព្រះញាណមានត្រឹមណា ហេតុដែលត្រូវដឹង ក៏មានត្រឹមនោះ ព្រះញាណមានហេតុដែលត្រូវដឹងជាទីបំផុត ហេតុដែលត្រូវដឹង ក៏មានព្រះញាណជាទីបំផុត ព្រះញាណមិនប្រព្រឹត្តកន្លងហេតុដែលត្រូវដឹង គន្លងដែលត្រូវដឹង ប្រព្រឹត្តកន្លងព្រះញាណក៏មិនមាន ធម៌ទាំងនោះ រមែងតាំងនៅក្នុងទីបំផុតនៃគ្នានឹងគ្នា ។ ព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ ប្រព្រឹត្តទៅក្នុងធម៌ទាំងពួង ។ ធម៌ទាំងពួងជាប់ដោយការពិចារណា ជាប់ដោយសេចក្តីប្រាថ្នា ជាប់ដោយការធ្វើទុកក្នុងចិត្ត ជាប់ដោយចិត្តុប្បាទនៃព្រះពុទ្ធមានព្រះភាគ ។ ព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ ប្រព្រឹត្តទៅក្នុងពួកសត្វទាំងពួង ។ ព្រះមានព្រះភាគ ទ្រង់ជ្រាបអធ្យាស្រ័យ ជ្រាបអនុស័យ ជ្រាបចរិត ជ្រាបនូវអធិមុត្តិនៃសត្វទាំងពួង ជ្រាបច្បាស់នូវសត្វទាំងឡាយ ដែលមានធូលីតិចក្នុងភ្នែក មានធូលីច្រើនក្នុងភ្នែក មានឥន្រ្ទិយក្លៀវក្លា មានឥន្រ្ទិយទន់ មានអាការល្អ មានអាការអាក្រក់ ឲ្យដឹងបានដោយងាយ ឲ្យដឹងបានដោយកម្រ ជាសត្វគួរ និងមិនគួរត្រាស់ដឹង ។ លោក ព្រមទាំងទេវលោក ព្រមទាំងមារ ព្រមទាំងព្រហ្ម ពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស រមែងប្រព្រឹត្តទៅក្នុងពុទ្ធញ្ញាណ ។ ហ្វូងត្រី និងអណ្តើកណានីមួយ ដោយហោចទៅ រាប់តាំងពីត្រីឈ្មោះតិមិ និងត្រីឈ្មោះតិមិង្គលៈ ប្រព្រឹត្តទៅក្នុងខាងក្នុងមហាសមុទ្រយ៉ាងណា លោក ព្រមទាំងទេវលោក ព្រមទាំងមារ ព្រមទាំងព្រហ្ម ពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ក៏ប្រព្រឹត្តទៅខាងក្នុងពុទ្ធញ្ញាណក៏យ៉ាងនោះឯង ។ ពួកបក្សីណាមួយ ដោយហោចទៅ រាប់តាំងពីគ្រុឌឈ្មោះវេនតេយ្យ ប្រព្រឹត្តទៅក្នុងប្រទេសនៃអាកាស យ៉ាងណា ពួកជនណា មានបញ្ញាស្មើនឹងព្រះសារីបុត្ត សូម្បីជនទាំងនោះ ក៏ប្រព្រឹត្តទៅក្នុងប្រទេសនៃពុទ្ធញ្ញាណ យ៉ាងនោះឯង ។ ពុទ្ធញ្ញាណផ្សាយគ្របនូវបញ្ញានៃទេវតា និងមនុស្សទាំងឡាយ ហើយឋិតនៅ ។ ពួកជនណាមួយ ជាខត្តិយបណ្ឌិតក្តី ព្រាហ្មណបណ្ឌិតក្តី គហបតិបណ្ឌិតក្តី សមណបណ្ឌិតក្តី ជាបណ្ឌិត មានប្រាជ្ញាល្អិត មានបរប្បវាទធ្វើហើយ មានសភាពដូចជាខ្មាន់ធ្នូអ្នកបាញ់រោមកន្ទុយ អាចទំលាយនូវទិដ្ឋិទាំងឡាយដោយប្រាជ្ញាបាន ពួកជនទាំងនោះ ក៏តាក់តែង រៀបចំនូវបញ្ហា ហើយចូលទៅសួរព្រះតថាគត ។ បញ្ហាទាំងនោះ ព្រះមានព្រះភាគ ទ្រង់សំដែង ទាំងដោះស្រាយហើយ ជាប្រស្នាដែលព្រះមានព្រះភាគគួរសំដែងចេញនូវហេតុ ទាំងជាប្រស្នាដែលព្រះអង្គគួរបញ្ឈប់ទុក ។ ជនទាំងនោះ នាំគ្នាចុះចូលព្រះមានព្រះភាគ ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់រុងរឿងក្នុងទីប្រជុំនោះ ដោយបញ្ញា ព្រះមានព្រះភាគ មានចក្ខុដោយបញ្ញាចក្ខុ យ៉ាងនេះ ។

ព្រះមានព្រះភាគ មានចក្ខុដោយពុទ្ធចក្ខុ តើដូចម្តេច ។ ព្រះមានព្រះភាគ ទ្រង់ប្រមើលមើលសត្វលោកដោយពុទ្ធចក្ខុ បានឃើញនូវសត្វទាំងឡាយ មានធូលីស្រាលស្តើងក្នុងភ្នែក មានធូលីក្រាស់ក្នុងភ្នែក មានឥន្រ្ទិយក្លៀវក្លា មានឥន្រ្ទិយទន់ មានអាការល្អ មានអាការអាក្រក់ ជាសត្វឲ្យដឹងបានដោយងាយ ឲ្យដឹងបានដោយកម្រ នូវសត្វពួកខ្លះ ជាអ្នកឃើញទោសក្នុងបរលោក ថាគួរខ្លាច ។ ដូចជលជាតពួកខ្លះ គឺព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ក្នុងត្រពាំងព្រលិតក្តី ក្នុងត្រពាំងឈូកក្រហមក្តី ក្នុងត្រពាំងឈូកសក្តី ដុះក្នុងទឹក ចម្រើនក្នុងទឹក លូតតាមទឹក លិចចុះខាងក្នុងដែលទឹកចិញ្ចឹមហើយ ផ្កាជលជាតពួកខ្លះ គឺព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ដុះក្នុងទឹក ចម្រើនក្នុងទឹក ឋិតនៅស្មើនឹងទឹក ជលជាតពួកខ្លះ គឺព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ដុះក្នុងទឹក ចម្រើនក្នុងទឹក ឋិតនៅផុតពីទឹក មិនទទឹកដោយទឹក យ៉ាងណា ព្រះមានព្រះភាគ ទ្រង់ប្រមើលមើលសត្វលោកដោយពុទ្ធចក្ខុ ទ្រង់ទតឃើញនូវសត្វទាំងឡាយ ដែលមានធូលីតិចក្នុងភ្នែក មានធូលីច្រើនក្នុងភ្នែក មានឥន្រ្ទិយក្លៀវក្លា មានឥន្រ្ទិយទន់ មានអាការល្អ មានអាការអាក្រក់ ជាសត្វឲ្យដឹងបានដោយងាយ ឲ្យដឹងបានដោយកម្រ នូវសត្វពួកខ្លះ ជាអ្នកឃើញទោសក្នុងបរលោកថា គួរខ្លាច ក៏យ៉ាងនោះឯង ។ ព្រះមានព្រះភាគ ទ្រង់ជ្រាបថា បុគ្គលនេះ ជារាគចរិត នេះជាទោសចរិត នេះជាមោហចរិត នេះជាវិតក្កចរិត នេះជាសទ្ធាចរិត នេះជាញាណចរិត ។ ព្រះមានព្រះភាគ ទ្រង់សំដែងអសុភកថា ដល់បុគ្គលជារាគចរិត ។ ព្រះមានព្រះភាគទ្រង់ប្រាប់មេត្តាភាវនា ដល់បុគ្គលជាទោសចរិត ។ ព្រះមានព្រះភាគទ្រង់ញុំាងបុគ្គលជាមោហចរិត ឲ្យតាំងនៅក្នុងឧទ្ទេស (ការរៀនបាលី) ក្នុងបរិបុច្ឆា (ការរៀនអដ្ឋកថា) ក្នុងការស្តាប់ធម៌តាមកាល ក្នុងការសន្ទានាគ្នាទៅវិញទៅមកនូវធម៌តាមកាល ក្នុងការនៅជាមួយនឹងគ្រូ ។ ព្រះមានព្រះភាគ ទ្រង់ប្រាប់អានាបានស្សតិ ដល់បុគ្គលជាវិតក្កចរិត ។ ព្រះមានព្រះភាគ ទ្រង់ប្រាប់និមិត្តដែលគួរជ្រះថ្លា គឺការត្រាស់ដឹងដ៏ប្រពៃនៃព្រះពុទ្ធ ការទ្រទ្រង់ល្អនៃព្រះធម៌ សេចក្តីប្រតិបត្តិល្អនៃព្រះសង្ឃ និងសីលទាំងឡាយសម្រាប់ខ្លួន ដល់បុគ្គលជាសទ្ធាចរិត ។ ព្រះមានព្រះភាគទ្រង់ប្រាប់នូវវិបស្សនានិមិត្ត គឺអាការមិនទៀង អាការជាទុក្ខ អាការមិនមែនខ្លួន ដល់បុគ្គលជាញាណចរិត ។

បុគ្គលឈរលើកំពូលភ្នំថ្ម គប្បីឃើញប្រជុំជន ដោយជុំវិញ យ៉ាងណាមិញ បពិត្រព្រះអង្គមានប្រាជ្ញាល្អ មានសមន្តចក្ខុ ព្រះអង្គមានសេចក្តីសោកទៅប្រាសហើយ សូមទ្រង់យាងឡើងកាន់ប្រាសាទគឺធម៌ ហើយទតមើលប្រជុំជន ដែលខ្វល់ដោយសេចក្តីសោក ត្រូវជាតិ និងជរាគ្របសង្កត់ ក៏យ៉ាងនោះឯង ។

ព្រះមានព្រះភាគ មានចក្ខុដោយពុទ្ធចក្ខុ យ៉ាងនេះ ។

ព្រះមានព្រះភាគ មានចក្ខុដោយសមន្តចក្ខុ តើដូចម្តេច ។ ព្រះសព្វញ្ញុតញ្ញាណ លោកហៅថា សមន្តចក្ខុ ។ ព្រះមានព្រះភាគទ្រង់ចូល ចូលព្រម ទៅជិត ជិតព្រម ដល់ ដល់ព្រម ប្រកបដោយសព្វញ្ញុតញ្ញាណ ។

ហេតុនីមួយក្នុងលោកនេះ ដែលព្រះមានព្រះភាគនោះ ទ្រង់មិនឃើញ ឬថាមិនទ្រង់ជ្រាប មិនគួរជ្រាប មិនមានទេ ហេតុណាដែលត្រូវដឹង ព្រះមានព្រះភាគ ទ្រង់ជ្រាបហេតុនោះទាំងអស់ ព្រោះហេតុនោះ ព្រះតថាគតទើបឈ្មោះថា សមន្តចក្ខុ ។

ព្រះមានព្រះភាគ មានចក្ខុដោយសមន្តចក្ខុ យ៉ាងនេះ ហេតុនោះ (លោកពោលថា) ព្រះមានព្រះភាគ មានចក្ខុប្រាកដ ។

[១៩២] ពាក្យថា កំចាត់បង់នូវងងឹតទាំងពួង គឺទ្រង់បន្សាត់ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស មិនឲ្យដល់នូវភាវៈមិនមានបែបភាព នូវងងឹតគឺរាគៈ ងងឹតគឺទោសៈ ងងឹតគឺមោហៈ ងងឹតគឺមានះ ងងឹតគឺទិដ្ឋិ ងងឹតគឺកិលេស ងងឹតគឺទុច្ចរិត គ្រឿងធ្វើឲ្យងងឹត គ្រឿធ្វើមិនឲ្យមានបញ្ញាចក្ខុ គ្រឿងធ្វើមិនឲ្យមានញាណ ជាគ្រឿងរលត់បញ្ញា ជាចំណែកនៃការបៀតបៀន ដែលមិនប្រព្រឹត្តទៅដើម្បីព្រះនិព្វាន ហេតុនោះ (លោកពោលថា) កំចាត់បង់នូវងងឹតទាំងពួង ។

[១៩៣] ពាក្យថា ដល់នូវការត្រេកអរតែមួយព្រះអង្គឯង អធិប្បាយថា ព្រះមានព្រះភាគមួយព្រះអង្គឯង ដោយចំណែកបព្វជ្ជា មួយព្រះអង្គឯងដោយសេចក្តីថា មិនមានបុគ្គលជាទីពីរ មួយព្រះអង្គឯងដោយអត្ថថា លះបង់តណ្ហា មួយព្រះអង្គឯង ព្រោះព្រះអង្គប្រាសចាករាគៈដោយចំណែកមួយ មួយព្រះអង្គឯង ព្រោះព្រះអង្គប្រាសចាកទោសៈដោយចំណែកមួយ មួយព្រះអង្គឯង ព្រោះព្រះអង្គប្រាសចាកមោហៈដោយចំណែកមួយ មួយព្រះអង្គឯង ព្រោះព្រះអង្គមិនមានកិលេសដោយចំណែកមួយ មួយព្រះអង្គឯង ព្រោះព្រះអង្គយាងទៅកាន់ផ្លូវជាទីទៅនៃបុគ្គលម្នាក់ឯង មួយព្រះអង្គឯង ព្រោះព្រះអង្គតែម្នាក់ឯង ទ្រង់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិ ហេតុនោះ (លោកពោលថា) តែមួយព្រះអង្គឯង ។

ព្រះមានព្រះភាគ មួយព្រះអង្គឯង ដោយចំណែកបព្វជ្ជានោះ តើដូចម្តេច ។ ព្រះមានព្រះភាគ កាលនៅជាកំឡោះនៅឡើយ មានព្រះកេសាខ្មៅស្រិល ប្រកបដោយវ័យកំពុងចម្រើន គឺបឋមវ័យ កាលដែលព្រះមាតាបិតា ទ្រង់មិនពេញព្រះទ័យ (នឹងការទ្រង់ផ្នួស) ដែលមានព្រះភក្រ្តជោកទៅដោយទឹកព្រះនេត្រ ទ្រង់ព្រះកន្សែងសោយសោកហើយ ទ្រង់ក៏លះបង់ពួកញាតិ កាត់យសបលិពោធទាំងអស់ កាត់បុត្តទារបលិពោធ កាត់ញាតិបលិពោធ កាត់មិត្តាមច្ចបលិពោធ កាត់សន្និធិបលិពោធ ហើយកោរសក់ និងពុកមាត់ ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដល់នូវភាពមិនមានការកង្វល់ ត្រាច់ទៅ ប្រព្រឹត្តនៅ ចរទៅ ប្រព្រឹត្តទៅ រក្សា រស់នៅ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅមួយអង្គឯង ព្រះមានព្រះភាគ ឈ្មោះថា មួយព្រះអង្គឯង ដោយចំណែកបព្វជ្ជា យ៉ាងនេះ ។

ព្រះមានព្រះភាគ មួយព្រះអង្គឯង ដោយសេចក្តីថា មិនមានបុគ្គលជាទីពីរ តើដូចម្តេច ។ ព្រះមានព្រះភាគនោះ កាលទ្រង់ព្រះផ្នួសហើយយ៉ាងនេះ តែមួយព្រះអង្គ ទ្រង់អាស្រ័យសេនាសនៈស្ងាត់ ដែលតាំងនៅក្នុងព្រៃតូចធំ មានសំឡេងតិច មានគឹកកងតិច ប្រាសចាកសំដីមនុស្សអ្នកដើរទៅមក សមគួរដល់ការកំបាំងអំពីពួកមនុស្ស គួរជាទីលាក់ខ្លួនពួនសម្ងំបាន ព្រះមានព្រះភាគអង្គនោះ យាងទៅមួយអង្គឯង ឈរមួយអង្គឯង គង់នៅមួយអង្គឯង សម្រេចការផ្ទំមួយអង្គឯង ចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាតមួយអង្គឯង ចៀសចេញទៅមួយអង្គឯង គង់នៅក្នុងទីស្ងាត់មួយអង្គឯង អធិដ្ឋានទីចង្រ្កមមួយអង្គឯង ត្រាច់ទៅ ប្រព្រឹត្តនៅ ចរទៅ ប្រព្រឹត្តទៅ រក្សា រស់នៅ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ មួយព្រះអង្គឯង ព្រះមានព្រះភាគ ឈ្មោះថា មួយព្រះអង្គឯង ដោយសេចក្តីថា មិនមានបុគ្គលជាទីពីរ យ៉ាងនេះ ។

ព្រះមានព្រះភាគ មួយព្រះអង្គឯង ដោយសេចក្តីថា លះបង់តណ្ហានោះ តើដូចម្តេច ។ ព្រះមានព្រះភាគអង្គនោះ មួយព្រះអង្គឯង មិនមានបុគ្គលជាទីពីរ យ៉ាងនេះហើយ ព្រះអង្គមិនមានសេចក្តីប្រហែស មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានព្រះទ័យបញ្ជូនទៅកាន់ព្រះនិព្វាន ទ្រង់គង់នៅក្រោមដើមពោធិព្រឹក្ស ទៀបឆ្នេរស្ទឹងនេរញ្ជរា តាំងទុកនូវមហាបធាន កំចាត់បង់នូវមារ ដែលមិនលែងជនឲ្យរួច ព្រមទាំងសេនាជាផៅពង្សនៃអ្នកប្រហែស ហើយលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានបែបភាពនូវតណ្ហា ដែលជាបណ្តាញ ជាគ្រឿងហូរទៅ ជាប់នៅក្នុងអារម្មណ៍ផ្សេង ៗ ។

បុរសដែលមានតណ្ហាជាទីពីរ រមែងអន្ទោលទៅអស់កាលជាយូរអង្វែង មិនប្រព្រឹត្តកន្លងនូវសំសារវដ្ត ជាភាពមានប្រការយ៉ាងនេះ ជាភាពមានប្រការដទៃ ភិក្ខុដឹងនូវទោសនុ៎ះហើយ គប្បីជាអ្នកប្រាសចាកតណ្ហា មិនមានការប្រកាន់ មានស្មារតី វៀរនូវតណ្ហាដែលជាដែនកើតទុក្ខ ។

ព្រះមានព្រះភាគ ឈ្មោះថា មួយព្រះអង្គឯង ដោយសេចក្តីថា លះបង់តណ្ហា យ៉ាងនេះ ។

ព្រះមានព្រះភាគ មួយព្រះអង្គឯង ព្រោះព្រះអង្គប្រាសចាករាគៈដោយចំណែកមួយ តើដូចម្តេច ។ ព្រះមានព្រះភាគ មួយព្រះអង្គឯង ព្រោះប្រាសចាករាគៈដោយចំណែកមួយ ព្រោះលះបង់រាគៈហើយ ។ ព្រះមានព្រះភាគ មួយព្រះអង្គឯង ព្រោះប្រាសចាកទោសៈដោយចំណែកមួយ ព្រោះលះបង់ទោសៈហើយ ។ ព្រះមានព្រះភាគមួយព្រះអង្គឯង ព្រោះប្រាសចាកមោហៈដោយចំណែកមួយ ព្រោះលះបង់មោហៈហើយ ។ ព្រះមានព្រះភាគ មួយព្រះអង្គឯង ព្រោះមិនមានកិលេស ដោយចំណែកមួយ ព្រោះលះបង់នូវកិលេសទាំងឡាយហើយ ។

ព្រះមានព្រះភាគ មួយព្រះអង្គឯង ព្រោះស្តេចទៅកាន់ផ្លូវជាទីទៅនៃបុគ្គលម្នាក់ឯង តើដូចម្តេច ។ ដែលហៅថា ផ្លូវជាទីទៅនៃបុគ្គលម្នាក់ឯង (នោះ) សំដៅយកសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ។

ព្រះមានព្រះភាគ មានប្រក្រតីឃើញនូវទីបំផុតនៃធម៌ជាគ្រឿងអស់ទៅនៃជាតិ មានសេចក្តីអនុគ្រោះដោយប្រយោជន៍ ទ្រង់ជ្រាបច្បាស់នូវផ្លូវជាទីទៅនៃបុគ្គលម្នាក់ឯង ជនទាំងឡាយក្នុងកាលមុន បានឆ្លងហើយតាមផ្លូវនុ៎ះ ជនទាំងឡាយបម្រុងនឹងឆ្លង ទាំងជនទាំងឡាយកំពុងឆ្លងនូវឱឃៈ (ក៏ឆ្លងតាមផ្លូវនុ៎ះ) ។

ព្រះមានព្រះភាគ មួយព្រះអង្គឯង ព្រោះស្តេចទៅកាន់ផ្លូវជាទីទៅនៃបុគ្គលម្នាក់ឯង យ៉ាងនេះ ។

ព្រះមានព្រះភាគ មួយព្រះអង្គឯង ព្រោះព្រះអង្គតែម្នាក់ឯង ទ្រង់ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិ តើដូចម្តេច ។ ញាណ បញ្ញា បញ្ញិន្រ្ទិយ បញ្ញាពលៈ ធម្មវិចយៈ សម្ពោជ្ឈង្គ វិមំសា វិបស្សនា សម្មាទិដ្ឋិ ក្នុងមគ្គ ៤ លោកហៅថា ពោធិ ។ ដោយសារពោធិញ្ញាណនោះ ព្រះមានព្រះភាគ ទើបទ្រង់ត្រាស់ដឹងថា សង្ខារទាំងពួងមិនទៀង ត្រាស់ដឹងថា សង្ខារទាំងពួងជាទុក្ខ ត្រាស់ដឹងថា ធម៌ទាំងពួងជាអនត្តា ត្រាស់ដឹងថា សង្ខារទាំងឡាយមានអវិជ្ជាជាបច្ច័យ ។បេ ។ ត្រាស់ដឹងថា ជរា មរណៈ មានជាតិជាបច្ច័យ ត្រាស់ដឹងថា សេចក្តីរលត់នៃសង្ខារ ព្រោះរលត់អវិជ្ជា ។បេ ។ ត្រាស់ដឹងថា ការរលត់នៃជរា មរណៈ ព្រោះរលត់ជាតិ ត្រាស់ដឹងថា នេះទុក្ខ ត្រាស់ដឹងថា នេះទុក្ខសមុទ័យ ត្រាស់ដឹងថា នេះទុក្ខនិរោធ ត្រាស់ដឹងថា នេះទុក្ខនិរោធគាមិនីបដិបទា ត្រាស់ដឹងថា នេះអាសវៈ ត្រាស់ដឹងថា នេះអាសវសមុទ័យ ត្រាស់ដឹងថា នេះអាសវនិរោធ ត្រាស់ដឹងថា នេះអាសវនិរោធគាមិនីបដិបទា ត្រាស់ដឹងថា ធម៌ទាំងនេះគប្បីដឹង ត្រាស់ដឹងថា ធម៌ទាំងនេះ ត្រូវកំណត់ ត្រាស់ដឹងថា ធម៌ទាំងនេះ ត្រូវលះបង់ ត្រាស់ដឹងថា ធម៌ទាំងនេះ ត្រូវចម្រើន ត្រាស់ដឹងថា ធម៌ទាំងនេះ ត្រូវធ្វើឲ្យជាក់ច្បាស់ ត្រាស់ដឹងនូវហេតុដែលនាំឲ្យកើតឡើងផង នូវសេចក្តីអស់ផង នូវអានិសង្សផង នូវទោសផង នូវកិរិយារលាស់ចោលផង នៃផស្សាយតនៈ ៦ ត្រាស់ដឹងនូវហេតុដែលនាំឲ្យកើតឡើងផង នូវសេចក្តីអស់ផង នូវអានិសង្សផង នូវទោសផង នូវកិរិយារលាស់ចោលផង នៃឧបាទានក្ខន្ធ ៥ ត្រាស់ដឹងនូវហេតុដែលនាំឲ្យកើតឡើងផង នូវសេចក្តីអស់ផង នូវអានិសង្សផង នូវទោសផង នូវកិរិយារលាស់ចោលផង នៃមហាភូតរូប ៤ ត្រាស់ដឹងថា ធម្មជាតណាមួយ មានការកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ តែងរលត់ទៅវិញជាធម្មតា ។ មួយទៀត ធម្មជាតណាមួយ ដែលព្រះមានព្រះភាគគប្បីជ្រាប គប្បីជ្រាបចំពោះ គប្បីជ្រាបព្រម គប្បីត្រាស់ដឹង គប្បីពាល់ត្រូវ គប្បីធ្វើឲ្យជាក់ច្បាស់ ព្រះមានព្រះភាគ ក៏ទ្រង់ជ្រាប ជ្រាបតាមលំដាប់ ជ្រាបចំពោះ ជ្រាបព្រម ជ្រាបដោយប្រពៃ ត្រាស់ដឹងបានចំពោះ ពាល់ត្រូវ ធ្វើឲ្យជាក់ច្បាស់ នូវធម្មជាតទាំងអស់នោះ ដោយពោធិញ្ញាណនោះ ព្រះមានព្រះភាគ មួយព្រះអង្គឯង ព្រោះព្រះអង្គតែមួយព្រះអង្គឯង ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិ យ៉ាងនេះ ។

ពាក្យថា សេចក្តីត្រេកអ ក្នុងបទថា បានដល់នូវសេចក្តីត្រេកអរ មានសេចក្តីថា ព្រះមានព្រះភាគ ដល់ សម្រេច ពាល់ត្រូវ ធ្វើឲ្យជាក់ច្បាស់ នូវសេចក្តីត្រេកអរក្នុងនេក្ខម្មៈ នូវសេចក្តីត្រេកអរក្នុងបវិវេក នូវសេចក្តីត្រេកអរក្នុងការស្ងប់រម្ងាប់ នូវសេចក្តីត្រេកអរក្នុងសម្ពោធិ ហេតុនោះ (លោកពោលថា) បានដល់នូវសេចក្តីត្រេកអរ មួយព្រះអង្គឯង ។ ហេតុនោះ ព្រះសារីបុត្តត្ថេរពោលថា

ព្រះមានព្រះភាគ មានចក្ខុប្រាកដដល់លោក ព្រមទាំងទេវលោក ទ្រង់កំចាត់បង់នូវងងឹតទាំងពួង តែមួយអង្គឯង បានដល់នូវសេចក្តីត្រេកអរ ។

[១៩៤] ខ្ញុំមកនឹងសួរប្រស្នា ដើម្បីពួកជនអ្នកជាប់ច្រើននាក់ ក្នុងទីនេះ ចំពោះព្រះពុទ្ធអង្គនោះ ព្រះអង្គមិនអាស្រ័យ ទ្រង់នឹងធឹង ព្រះអង្គមិនកុហក ព្រះអង្គជាមេពួក ទ្រង់យាងមក ។

[១៩៥] អធិប្បាយពាក្យថា ចំពោះព្រះពុទ្ធអង្គនោះ ព្រះអង្គមិនអាស្រ័យ ជាតាទិបុគ្គល ត្រង់ពាក្យថា ព្រះពុទ្ធ បានដល់ ព្រះមានព្រះភាគជាសយម្ភូ ឥតមានគ្រូអាចារ្យ បានត្រាស់ដឹងសច្ចៈដោយព្រះអង្គឯង ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនផង ទ្រង់ដល់នូវសព្វញ្ញុតញ្ញាណក្នុងសច្ចៈនោះផង ទ្រង់ដល់នូវភាវៈស្ទាត់ក្នុងពលៈទាំងឡាយផង ។ សំនួរត្រង់ពាក្យថា ព្រះពុទ្ធ ចុះព្រះនាមថាព្រះពុទ្ធ ដោយអត្ថថាដូចម្តេច ។ ព្រះនាមថាព្រះពុទ្ធ ព្រោះហេតុព្រះអង្គត្រាស់ដឹងសច្ចៈទាំងឡាយ ។ ព្រះនាមថាព្រះពុទ្ធ ព្រោះហេតុព្រះអង្គញុំាងពួកសត្វឲ្យត្រាស់ដឹង ។ ព្រះនាមថា ព្រះពុទ្ធ ព្រោះទ្រង់ត្រាស់ដឹងនូវធម៌ទាំងអស់ ។ ព្រះនាមថា ព្រះពុទ្ធ ព្រោះទ្រង់ឃើញច្បាស់នូវធម៌ទាំងអស់ ។ ព្រះនាមថាព្រះពុទ្ធ ព្រោះទ្រង់ត្រាស់ដឹងដោយព្រះអង្គឯង ។ ព្រះនាមថា ព្រះពុទ្ធ ព្រោះព្រះអង្គរីកហើយ ។ ព្រះនាមថា ព្រះពុទ្ធ ព្រោះការរាប់ថាជាព្រះខីណាស្រព ។ ព្រះនាមថា ព្រះពុទ្ធ ព្រោះការរាប់ថាមិនមានឧបក្កិលេស ។ ព្រះនាមថា ព្រះពុទ្ធ ព្រោះព្រះអង្គប្រាសចាករាគៈ ដោយចំណែកមួយ ។ ព្រះនាមថា ព្រះពុទ្ធ ព្រោះព្រះអង្គប្រាសចាកទោសៈ ដោយចំណែកមួយ ។ ព្រះនាមថា ព្រះពុទ្ធ ព្រោះព្រះអង្គប្រាសចាកមោហៈ ដោយចំណែកមួយ ។ ព្រះនាមថា ព្រះពុទ្ធ ព្រោះព្រះអង្គមិនមានកិលេសដោយចំណែកមួយ ។ ព្រះនាមថា ព្រះពុទ្ធ ព្រោះព្រះអង្គយាងទៅកាន់ផ្លូវជាទីទៅតែមួយអង្គឯង ព្រះនាមថា ព្រះពុទ្ធ ព្រោះព្រះអង្គត្រាស់ដឹងអនុត្តរសម្មាសម្ពោធិតែមួយអង្គឯង ។ ព្រះនាមថា ព្រះពុទ្ធ ព្រោះព្រះអង្គកំចាត់បង់នូវសេចក្តីមិនដឹង ព្រោះព្រះអង្គបាននូវសេចក្តីត្រាស់ដឹង ។ ព្រះនាមថា ព្រះពុទ្ធនុ៎ះ ព្រះមាតាមិនបានថ្វាយ ព្រះបិតាមិនបានថ្វាយ បងប្អូនប្រុសមិនបានថ្វាយ បងប្អូនស្រីមិនបានថ្វាយ ពួកមិត្ត និងអាមាត្យមិនបានថ្វាយ ពួកញាតិសាលោហិតមិនបានថ្វាយ ពួកសមណព្រាហ្មណ៍មិនបានថ្វាយ ពួកទេវតាក៏មិនបានថ្វាយ ព្រះនាមថា ព្រះពុទ្ធនុ៎ះ ជាព្រះនាមមានក្នុងទីបំផុតនៃវិមោក្ខរបស់ព្រះពុទ្ធទាំងឡាយ ទ្រង់មានជោគ ការបញ្ញាតិថា ព្រះពុទ្ធនេះ (កើត) ដោយការធ្វើឲ្យជាក់ច្បាស់ ព្រមដោយការបានចំពោះនូវសព្វញ្ញុតញ្ញាណទៀបគល់ពោធិព្រឹក្ស ហេតុនោះ (លោកពោលថា) ចំពោះព្រះពុទ្ធនោះ ។

[១៩៦] ពាក្យថា ព្រះអង្គមិនអាស្រ័យ អធិប្បាយថា គ្រឿងអាស្រ័យមាន ២ គ្រឿងអាស្រ័យគឺតណ្ហា ១ គ្រឿងអាស្រ័យគឺទិដ្ឋិ ១ ។

គ្រឿងអាស្រ័យគឺតណ្ហា តើដូចម្តេច ។ បុគ្គលប្រកាន់វត្ថុដែលខ្លួនធ្វើឲ្យជាសីមា ធ្វើឲ្យជាព្រំ ធ្វើឲ្យជាប្រទល់ដែន ធ្វើឲ្យជាទីបំផុត កាន់កាប់ ប្រកាន់ ដោយចំណែកតណ្ហាទាំងអម្បាលម៉ានថា នេះរបស់អញ នុ៎ះរបស់អញ ប៉ុណ្ណេះរបស់អញ អម្បាលម៉ាននេះរបស់អញ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ កំរាល គ្រឿងដណ្តប់ ខ្ញុំស្រី ខ្ញុំប្រុស ពពែ ចៀម មាន់ ជ្រូក ដំរី គោ សេះឈ្មោល សេះញី ស្រែ ចម្ការ ប្រាក់ មាស ស្រុក និគម រាជធានី ដែន ជនបទ ឃ្លាំង និងជង្រុករបស់អញ សូម្បីការប្រកាន់នូវផែនដីធំទាំងមូល ដោយអំណាចតណ្ហា ការប្រែប្រួលនៃតណ្ហា ១០៨ ទាំងអម្បាលម៉ាន នេះគ្រឿងអាស្រ័យគឺតណ្ហា ។

គ្រឿងអាស្រ័យគឺទិដ្ឋិ តើដូចម្តេច ។ សក្កាយទិដ្ឋិ មានវត្ថុ ២០ មច្ឆាទិដ្ឋិមានវត្ថុ ១០ អន្តគ្គាហិកទិដ្ឋិមានវត្ថុ ១០ ទិដ្ឋិ ដំណើរគឺទិដ្ឋិ ព្រៃស្បាតគឺទិដ្ឋិ ផ្លូវលំបាកគឺទិដ្ឋិ ធម្មជាតជំទាស់គឺទិដ្ឋិ ធម្មជាតញញាក់ញញ័រគឺទិដ្ឋិ គ្រឿងចងក្រៀកគឺទិដ្ឋិ កំណាន់ កំណាន់ស៊ប់សួន ការប្រកាន់មាំ ការស្ទាបអង្អែល ផ្លូវគួរខ្ពើម ផ្លូវខុស សភាពខុស ទីដូចជាកំពង់ កំណាន់ដោយការស្វះស្វែងរកផ្សេងៗ កំណាន់ផ្ទុយ កំណាន់ប្រែប្រួល កំណាន់ខុស កំណាន់ថា មែនក្នុងវត្ថុដែលមិនមែន ទិដ្ឋិ ៦២ ទាំងអម្បាលម៉ាន នេះគ្រឿងអាស្រ័យគឺទិដ្ឋិ ។

ព្រះពុទ្ធមានព្រះភាគ លះបង់គ្រឿងអាស្រ័យគឺតណ្ហា រលាស់ចោលគ្រឿងអាស្រ័យគឺទិដ្ឋិហើយ ។ ព្រោះលះបង់គ្រឿងអាស្រ័យគឺតណ្ហា រលាស់ចោលគ្រឿងអាស្រ័យគឺទិដ្ឋិ ព្រះមានព្រះភាគ មិនអាស្រ័យចក្ខុ មិនអាស្រ័យសោតៈ ឃានៈ ជិវ្ហា កាយ ចិត្ត មិនអាស្រ័យ មិនស្អិត មិនចូលទៅជិត មិនជក់ចិត្ត មិនចុះចិត្ត ស្ទុះចេញ ខ្ទាតចេញ ឃ្លាតចេញ ប្រាសចេញ ចាករូប សំឡេង ក្លិន រស ផោដ្ឋព្វៈ ត្រកូល ពួក អាវាស លាភ យស សេចក្តីសរសើរ ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ កាមធាតុ រូបធាតុ អរូបធាតុ កាមភព រូបភព អរូបភព សញ្ញាភព អសញ្ញាភព នេវសញ្ញានាសញ្ញាភព ឯកវោការភព ចតុវោការភព បញ្ចវោការភព ជាអតីត អនាគត បច្ចុប្បន្ន ធម៌ទាំងឡាយដែលខ្លួនឃើញ ឮ ប៉ះពាល់ ឬគប្បីដឹង មានព្រះទ័យសម្រេចសម្រាន្តនៅ ហេតុនោះ (លោកពោលថា) ព្រះពុទ្ធអង្គនោះ ព្រះអង្គមិនអាស្រ័យ ។

[១៩៧] ពាក្យថា ទ្រង់នឹងធឹង អធិប្បាយថា ព្រះមានព្រះភាគ ទ្រង់នឹងធឹងដោយអាការ ៥ គឺ ទ្រង់នឹងធឹងក្នុងឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍ ១ ទ្រង់នឹងធឹង ព្រោះព្រះអង្គបានលះ ១ ទ្រង់នឹងធឹងព្រោះព្រះអង្គបានឆ្លង ១ ទ្រង់នឹងធឹង ព្រោះព្រះអង្គបានរួច ១ ទ្រង់នឹងធឹង ព្រោះការសំដែងចេញនូវគុណនោះ ១ ។

ព្រះមានព្រះភាគ ទ្រង់នឹងធឹងក្នុងឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍ តើដូចម្តេច ។ ព្រះមានព្រះភាគ ទ្រង់នឹងធឹងក្នុងលាភផង ទ្រង់នឹងធឹងក្នុងការមិនមានលាភផង ទ្រង់នឹងធឹងក្នុងយសផង ទ្រង់នឹងធឹងក្នុងការមិនមានយសផង ទ្រង់នឹងធឹងក្នុងសេចក្តីសរសើរផង ទ្រង់នឹងធឹងក្នុងនិន្ទាផង ទ្រង់នឹងធឹងក្នុងសុខផង ទ្រង់នឹងធឹងក្នុងទុក្ខផង ។ បើពួកជនគប្បីលាបព្រះពាហាម្ខាងដោយគ្រឿងក្រអូប គប្បីច្រាស់ព្រះពាហាម្ខាងដោយកាំបិតព្រា ។ តម្រេកក្នុងការលាបដោយគ្រឿងក្រអូបឯណោះ មិនមាន សេចក្តីថ្នាំងថ្នាក់ក្នុងការច្រាស់ដោយកាំបិតព្រាឯណោះមិនមាន ។ ព្រះមានព្រះភាគ លះស្រឡះនូវសេចក្តីស្រឡាញ់ស្អិត និងសេចក្តីថ្នាំងថ្នាក់ កន្លងផុតនូវសេចក្តីកាន់ជើង និងសេចក្តីផ្ទញ់ផ្ទាល់ កន្លងផុតស្រឡះនូវសេចក្តីត្រូវចិត្ត និងសេចក្តីខុសចិត្ត ។ ព្រះមានព្រះភាគ ទ្រង់នឹងធឹងក្នុងឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍ យ៉ាងនេះ ។

ព្រះមានព្រះភាគ ទ្រង់នឹងធឹង ព្រោះព្រះអង្គបានលះ តើដូចម្តេច ។ ព្រះមានព្រះភាគ ទ្រង់បានលះ ខ្ជាក់ លែង កំចាត់ លះបង់រាគៈ ។ ទ្រង់បានលះ ខ្ជាក់ លែង កំចាត់ លះបង់ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងអស់ ទុច្ចរិតទាំងអស់ សេចក្តីក្រវល់ក្រវាយទាំងអស់ ការអន្ទះអន្ទែងទាំងអស់ ការក្តៅក្រហាយទាំងអស់ អភិសង្ខារជាអកុសលទាំងអស់ ។ ព្រះមានព្រះភាគ ទ្រង់នឹងធឹង ព្រោះព្រះអង្គបានលះ យ៉ាងនេះ ។

ព្រះមានព្រះភាគ ទ្រង់នឹងធឹង ព្រោះទ្រង់បានឆ្លង តើដូចម្តេច ។ ព្រះមានព្រះភាគ ទ្រង់បានឆ្លងកាមោឃៈ ឆ្លងភវោឃៈ ឆ្លងទិដ្ឋោឃៈ ឆ្លងអវិជ្ជោឃៈ ឆ្លង ឆ្លងផុត ឆ្លងរួច កន្លង កន្លងដោយប្រពៃ រំលង នូវផ្លូវសង្សារទាំងអស់ ។ ព្រះអង្គគង់នៅក្នុងអរិយវាស ប្រព្រឹត្តចរណៈ ដើរហួសផ្លូវឆ្ងាយ គឺសង្សារ ដល់នូវទិស គឺ (ព្រះនិព្វាន) ដល់នូវទីបំផុត (អនុបាទិសេសនិព្វាន) រក្សាព្រហ្មចរិយៈ ដល់នូវទិដ្ឋិដ៏ឧត្តម ចម្រើនមគ្គ លះបង់កិលេស ចាក់ធ្លុះព្រះអរហត្តផល ដែលមិនកំរើក ធ្វើឲ្យច្បាស់លាស់នូវនិរោធ ។ ព្រះអង្គកំណត់ដឹងទុក្ខ លះបង់សមុទយៈ ចម្រើនមគ្គ ធ្វើឲ្យច្បាស់លាស់នូវនិរោធ ត្រាស់ដឹងធម៌ដែលត្រូវត្រាស់ដឹង កំណត់ធម៌ដែលត្រូវកំណត់ដឹង លះបង់ធម៌ដែលត្រូវលះបង់ ចម្រើនធម៌ដែលត្រូវចម្រើន ធ្វើឲ្យច្បាស់លាស់នូវធម៌ដែលត្រូវធ្វើឲ្យច្បាស់លាស់ ។ ព្រះអង្គដកគន្លឹះទ្វារ គឺអវិជ្ជា កំចាត់ស្នាមភ្លោះគឺកម្មាភិសង្ខារ ដកសសរខឿន គឺតណ្ហា មិនមានសន្ទះទ្វារ គឺឱរម្ភាគិយសំយោជនៈ ជាបុគ្គលបរិសុទ្ធ ទំលាក់ទង់ជ័យ គឺមានះហើយ ដាក់ភារៈ គឺខន្ធជាដើម ប្រាសចាកយោគៈ និងកិលេស លះស្រឡះនូវអង្គ ៥ គឺនីវរណៈ ប្រកបអង្គ ៦ គឺឧបេក្ខា មានការឃុំគ្រងយ៉ាងឯក គឺសតិ មានអបស្សេនធម៌ ៤ បន្ទោបង់បច្ចេកសច្ចៈ មានការស្វែងរកគ្រប់យ៉ាងលះចោលហើយដោយប្រពៃ មានសង្កប្បៈមិនល្អក់ រម្ងាប់កាយសង្ខារ មានចិត្តរួចស្រឡះដោយល្អ មានបញ្ញារួចស្រឡះដោយល្អ មានគុណដ៏បរិបូណ៌ អប់រំព្រហ្មចរិយៈ ជាបុរសដ៏ខ្ពង់ខ្ពស់ ជាបុរសដ៏ក្រៃលែង ដល់ហើយនូវកិរិយាបាននូវអមតៈ ។ ព្រះអង្គឈប់កពូន ឈប់កំចាត់កំចាយ ឈ្មោះថា ទ្រង់នឹងនួនព្រោះកំចាត់កំចាយ (កិលេស) ព្រះអង្គឈប់ លះបង់ ឈប់ប្រកាន់មាំ ឈ្មោះថា ទ្រង់នឹងនួន ព្រោះលះបង់ ព្រះអង្គឈប់ចាក់ស្រេះ ឈប់ក្រអឺតក្រអោង ឈ្មោះថា ទ្រង់នឹងនួន ព្រោះមិនចាក់ស្រេះ ព្រះអង្គឈប់រំលត់ ឈប់បង្កាត់ ឈ្មោះថា ទ្រង់នឹងនួន ព្រោះរំលត់ ឈ្មោះថា ទ្រង់នឹងនួន ព្រោះប្រកបដោយអសេក្ខសីលក្ខន្ធ ឈ្មោះថា ទ្រង់នឹងនួន ព្រោះប្រកបដោយអសេក្ខសមាធិក្ខន្ធ ឈ្មោះថា ទ្រង់នឹងនួន ព្រោះប្រកបដោយអសេក្ខបញ្ញាខន្ធ ឈ្មោះថា ទ្រង់នឹងនួន ព្រោះប្រកបដោយអសេក្ខវិមុត្តិក្ខន្ធ ឈ្មោះថា ទ្រង់នឹងនួន ព្រោះប្រកបដោយអសេក្ខវិមុត្តិញ្ញាណទស្សនក្ខន្ធ ឈ្មោះថា ទ្រង់នឹងនួន ព្រោះដឹងអរិយសច្ច ឈ្មោះថា ទ្រង់នឹងនួន ព្រោះកន្លង (តណ្ហាជាគ្រឿងញាប់ញ័រ) យ៉ាងនេះ ឈ្មោះថា ទ្រង់នឹងនួន ព្រោះរំលត់ភ្លើងគឺកិលេស ឈ្មោះថា ទ្រង់នឹងនួន ព្រោះមិនមានការត្រឡប់វិញ ឈ្មោះថា ទ្រង់នឹងនួន ព្រោះចាប់កំពូល (គឺជំនះ) បាន ឈ្មោះថា ទ្រង់នឹងនួន ព្រោះការសេពចំពោះនូវការរួច ឈ្មោះថា ទ្រង់នឹងនួន ព្រោះមេត្តាដ៏បរិសុទ្ធិ ឈ្មោះថា ទ្រង់នឹងនួន ព្រោះករុណាដ៏បរិសុទ្ធិ ឈ្មោះថា ទ្រង់នឹងនួន ព្រោះមុទិតាដ៏បរិសុទ្ធិ ឈ្មោះថា ទ្រង់នឹងនួន ព្រោះឧបេក្ខាដ៏បរិសុទ្ធិ ឈ្មោះថា ទ្រង់នឹងនួន ព្រោះបរិសុទ្ធិយ៉ាងដាច់ខាត ឈ្មោះថា ទ្រង់នឹងនួន ព្រោះបរិសុទ្ធិ មិនមានតណ្ហា ទិដ្ឋិ មានះ ឈ្មោះថា ទ្រង់នឹងនួន ព្រោះទ្រង់រួចស្រឡះ (ចាកកិលេស) ឈ្មោះថា ទ្រង់នឹងនួន ព្រោះជាអ្នកសន្តោស ឈ្មោះថា ទ្រង់នឹងនួន ក្នុងទីបំផុតខន្ធ ឈ្មោះថា ទ្រង់នឹងនួន ក្នុងទីបំផុតធាតុ ឈ្មោះថា ទ្រង់នឹងនួនក្នុងទីបំផុតអាយតនៈ ឈ្មោះថា ទ្រង់នឹងនួន ក្នុងទីបំផុតគតិ ឈ្មោះថា ទ្រង់នឹងនួន ក្នុងទីបំផុតឧបបត្តិ ឈ្មោះថា ទ្រង់នឹងនួន ក្នុងទីបំផុតបដិសន្ធិ ឈ្មោះថា ទ្រង់នឹងនួន ក្នុងទីបំផុតភព ឈ្មោះថា ទ្រង់នឹងនួន ក្នុងទីបំផុតសង្សារ ឈ្មោះថា ទ្រង់នឹងនួនក្នុងទីបំផុតវដ្តៈ ឈ្មោះថា ទ្រង់នឹងនួន ក្នុងភពចុងបង្អស់ ឈ្មោះថា ទ្រង់នឹងនួនក្នុងសរីរៈចុងបង្អស់ គឺទ្រទ្រង់នូវសរីរៈចុងបង្អស់ រើចេញនូវដំណើរទៅកាន់ភពថ្មី ។

នេះជាភពចុងបង្អស់របស់ព្រះអង្គ នេះជាសរីរៈក្រោយបង្អស់របស់ព្រះអង្គ ព្រះអង្គមិនមានជាតិ មរណៈ សង្សារ និងភពថ្មីទៀតទេ ។

ព្រះមានព្រះភាគ ទ្រង់នឹងធឹង ព្រោះបានឆ្លង យ៉ាងនេះ ។

ព្រះមានព្រះភាគ ទ្រង់នឹងធឹង ព្រោះបានរួច តើដូចម្តេច ។ ព្រះហឫទ័យរបស់ព្រះមានព្រះភាគ រួច រួចស្រឡះ រួចផុតចាករាគៈ ។ ព្រះហឫទ័យរួច រួចស្រឡះ រួចផុត ចាកទោសៈ ។ ព្រះហឫទ័យ រួច រួចស្រឡះ រួចផុតចាកមោហៈ ។ ព្រះហឫទ័យ រួច រួចស្រឡះ រួចផុតចាកកោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងពួង ទុច្ចរិតទាំងពួង សេចក្តីក្រវល់ក្រវាយទាំងពួង សេចក្តីអន្ទះអន្ទែងទាំងពួង សេចក្តីក្តៅក្រហាយទាំងពួង អភិសង្ខារជាអកុសលទាំងពួង ។ ព្រះមានព្រះភាគ ទ្រង់នឹងធឹង ព្រោះបានរួច យ៉ាងនេះ ។

ព្រះមានព្រះភាគ ទ្រង់នឹងធឹង ព្រោះការសំដែងចេញនូវគុណនោះ តើដូចម្តេច ។ ព្រះមានព្រះភាគ ទ្រង់នឹងធឹង ព្រោះការសំដែងចេញនូវគុណនោះថា កាលបើសីលមាន ទ្រង់ក៏មានសីល ។ ទ្រង់នឹងធឹង ព្រោះការសំដែងចេញនូវគុណនោះថា កាលបើសទ្ធាមាន ទ្រង់ក៏មានសទ្ធា ។ ទ្រង់នឹងធឹង ព្រោះការសំដែងចេញនូវគុណនោះថា កាលបើវីរិយៈមាន ទ្រង់ក៏មានវីរិយៈ ទ្រង់នឹងធឹង ព្រោះការសំដែងចេញនូវគុណនោះថា កាលបើសតិមាន ទ្រង់ក៏មានសតិ ។ ទ្រង់នឹងធឹង ព្រោះការសំដែងចេញនូវគុណនោះថា កាលបើសមាធិមាន ទ្រង់ក៏តាំងព្រះហ្ឫទ័យខ្ជាប់ ។ ទ្រង់នឹងធឹង ព្រោះការសំដែងចេញនូវគុណនោះថា កាលបើបញ្ញាមាន ទ្រង់ក៏មានបញ្ញា ។ ទ្រង់នឹងធឹង ព្រោះការសំដែងចេញនូវគុណនោះថា កាលបើវិជ្ជាមាន ទ្រង់ក៏មានត្រៃវិជ្ជា ។ ទ្រង់នឹងធឹង ព្រោះការសំដែងចេញនូវគុណនោះថា កាលបើអភិញ្ញាមាន ទ្រង់ក៏មានអភិញ្ញា ៦ ។ ទ្រង់នឹងធឹង ព្រោះការសំដែងចេញនូវគុណនោះថា កាលបើពលៈមាន ទ្រង់ក៏មានពលៈ ១០ ។ ព្រះមានព្រះភាគ ទ្រង់នឹងធឹង ព្រោះការសំដែងចេញនូវគុណនោះ យ៉ាងនេះ ហេតុនោះ (លោកពោលថា) ចំពោះព្រះពុទ្ធអង្គនោះ ព្រះអង្គមិនអាស្រ័យ ទ្រង់នឹងធឹង ។

[១៩៨] អធិប្បាយពាក្យថា ព្រះអង្គមិនកុហក ព្រះអង្គជាមេពួក ទ្រង់យាងមក ត្រង់ពាក្យថា មិនកុហក សេចក្តីថា វត្ថុនៃការកុហកមាន ៣ គឺវត្ថុនៃការកុហកចំណែកខាងការសេពបច្ច័យ ១ វត្ថុនៃការកុហកចំណែកខាងឥរិយាបថ ១ វត្ថុនៃការកុហកចំណែកខាងការពោលក្នុងទីជិត ១ ។

វត្ថុនៃការកុហកចំណែកខាងការសេពបច្ច័យ តើដូចម្តេច ។ ពួកគហបតីក្នុងសាសនានេះ និមន្តភិក្ខុដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ។ ភិក្ខុនោះ មានសេចក្តីប្រាថ្នាអាក្រក់ ត្រូវសេចក្តីប្រាថ្នាគ្របសង្កត់ មានសេចក្តីត្រូវការ អាស្រ័យសេចក្តីប្រាថ្នានូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ដ៏លើសលប់ ហើយហាមឃាត់ចីវរ ហាមឃាត់បិណ្ឌបាត ហាមឃាត់សេនាសនៈ ហាមឃាត់គិលានប្បច្ចយភេសជ្ជបរិក្ខារ ។ ភិក្ខុនោះ បាននិយាយយ៉ាងនេះថា ស្រមណ៍ មានប្រយោជន៍អ្វី ដោយចីវរមានថ្លៃច្រើន ឯការសមគួរនុ៎ះ ស្រមណ៍ ត្រូវតែរើសសំពត់ដែលមិនមានជាយទាំងឡាយ អំពីព្រៃស្មសាន ឬអំពីគំនរសម្រាម ឬក៏ដែលធ្លាក់ក្នុងចន្លោះផ្សារ យកមកធ្វើសង្ឃាដិប្រើប្រាស់ ស្រមណ៍មានប្រយោជន៍អ្វីដោយបិណ្ឌបាតមានថ្លៃច្រើន ឯការសមគួរនុ៎ះ ស្រមណ៍ត្រូវតែចិញ្ចឹមជីវិតដោយពំនូតបាយ ដែលធ្វើឲ្យទៅជាដុំ ដោយការដើរទៅស្វែងរក ស្រមណ៍មានប្រយោជន៍អ្វីដោយសេនាសនៈមានថ្លៃច្រើន ឯការសមគួរនុ៎ះ ស្រមណ៍ត្រូវតែជាអ្នកនៅជិតដើមឈើ ឬនៅក្នុងព្រៃស្មសាន ពុំនោះសោត នៅក្នុងទីវាល ស្រមណ៍មានប្រយោជន៍អ្វី ដោយគិលានប្បច្ចយភេសជ្ជបរិក្ខារមានថ្លៃច្រើន ឯការសមគួរនុ៎ះ ស្រមណ៍ត្រូវតែធ្វើថ្នាំដោយទឹកមូត្រស្អុយ ដោយចំណិតផ្លែសម៉ តាំងអំពីកាលនោះ ក៏ប្រើប្រាស់ចីរស្មៅហ្មង បរិភោគបិណ្ឌបាតសៅហ្មង សេពសេនាសនៈសៅហ្មង សេពសោយគិលានប្បច្ចយភេសជ្ជបរិក្ខារដ៏សៅហ្មង ។ ពួកគហបតីដឹងភិក្ខុនោះ យ៉ាងនេះថា ស្រមណ៍នេះ មានសេចក្តីប្រាថ្នាតិច ជាអ្នកសន្តោស ស្ងប់ស្ងាត់ មិនច្របូកច្របល់ ផ្គងព្យាយាម ពោលធុតគុណ ដូច្នេះហើយ ក៏រឹងរឹតតែនិមន្តដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ។ ភិក្ខុនោះបាននិយាយយ៉ាងនេះថា កុលបុត្រមានសទ្ធា បានបុណ្យច្រើន ព្រោះវត្ថុ ៣ ប្រការ មានក្នុងទីចំពោះមុខ គឺកុលបុត្រមានសទ្ធាបានបុណ្យច្រើន ព្រោះសទ្ធាមានក្នុងទីចំពោះមុខ ១ កុលបុត្រមានសទ្ធា បានបុណ្យច្រើន ព្រោះទេយ្យធម៌មានក្នុងទីចំពោះមុខ ១ កុលបុត្រមានសទ្ធា បានបុណ្យច្រើន ព្រោះពួកទក្ខិណេយ្យបុគ្គលមានក្នុងទីចំពោះមុខ ១ សទ្ធារបស់ពួកអ្នកក៏មាន ទេយ្យធម៌ក៏មានព្រម អាត្មាក៏ជាអ្នកទទួល បើអាត្មានឹងមិនទទួល កាលបើយ៉ាងនេះ ពួកអ្នកមុខជាឃ្លាតឆ្ងាយចាកបុណ្យមិនខាន អាត្មាមិនមានសេចក្តីត្រូវការដោយវត្ថុនេះទេ ប៉ុន្តែអាត្មាទទួល ដើម្បីអនុគ្រោះដល់ពួកអ្នកទេតើ តាំងពីនោះមក ភិក្ខុនោះទទួលចីវរក៏ច្រើន ទទួលបិណ្ឌបាតក៏ច្រើន ទទួលសេនាសនៈក៏ច្រើន ទទួលគិលានប្បច្ចយភេសជ្ជបរិក្ខារក៏ច្រើន ។ ការធ្វើមុខស្រពោន ភាពនៃការធ្វើមុខស្រពោន ការបំភាន់ អាការនៃការបំភាន់ ភាពនៃការបំភាន់ មានសភាពយ៉ាងនេះ ឯណា នេះលោកហៅថា វត្ថុនៃការកុហកចំណែកខាងការសេពបច្ច័យ ។

វត្ថុនៃការកុហកចំណែកខាងឥរិយាបថ តើដូចម្តេច ។ ភិក្ខុខ្លះ ក្នុងសាសនានេះ មានសេចក្តីប្រាថ្នាអាក្រក់ ត្រូវសេចក្តីប្រាថ្នាគ្របសង្កត់ ប្រាថ្នាការសរសើរ (គិត) ថា អ្នកផងនឹងសរសើរអាត្មាអញយ៉ាងនេះ ហើយរៀបចំដំណើរ រៀបចំការឈរ រៀបចំការអង្គុយ រៀបចំការដេក ប្រុងចិត្តហើយទើបដើរ ប្រុងចិត្តហើយទើបឈរ ប្រុងចិត្តហើយទើបអង្គុយ ប្រុងចិត្តហើយទើបសម្រចនូវការដេក ដើរធ្វើហាក់ដូចជាចូលកាន់សមាធិ ឈរធ្វើហាក់ដូចជាចូលកាន់សមាធិ អង្គុយធ្វើហាក់ដូចជាចូលកាន់សមាធិ សម្រេចការដេកធ្វើហាក់ដូចជាចូលកាន់សមាធិ ជាបុគ្គលហាក់ដូចជាចូលឈានក្នុងគន្លងចក្ខុ (នៃអ្នកផង) ។ កិរិយាផ្គូផ្គង កិរិយាតំកល់ កិរិយារៀបចំនូវឥរិយាបថ កិរិយាធ្វើមុខស្រពោន ភាពនៃការធ្វើមុខស្រពោន កិរិយាបំភាន់ អាការនៃការបំភាន់ ភាពនៃការបំភាន់ មានសភាពយ៉ាងនេះឯណា នេះលោកហៅថា វត្ថុនៃការកុហក ចំណែកខាងឥរិយាបថ ។

វត្ថុនៃការកុហក ចំណែកខាងការពោលក្នុងទីជិត តើដូចម្តេច ។ ភិក្ខុខ្លះក្នុងសាសនានេះ មានសេចក្តីប្រាថ្នាអាក្រក់ ត្រូវសេចក្តីប្រាថ្នាគ្របសង្កត់ ប្រាថ្នាការសរសើរ (គិត) ថា អ្នកផងនឹងសរសើរអាត្មាអញយ៉ាងនេះ ហើយពោលវាចាដែលអាស្រ័យព្រមនូវអរិយធម៌ គឺពោលថា ស្រមណ៍ណា ទ្រទ្រង់ចីវរមានសភាពយ៉ាងនេះ ស្រមណ៍នោះ មានស័ក្តិធំ ពោលថា ស្រមណ៍ណា ទ្រទ្រង់បាត្រ ទ្រទ្រង់ផ្តិលលោហៈ ទ្រទ្រង់ធម្មក្រក ទ្រទ្រង់សំពត់តម្រងទឹក ទ្រទ្រង់កូនសោ ទ្រទ្រង់ស្បែកជើង ទ្រទ្រង់វត្ថពន្ធន៍ចង្កេះ ទ្រទ្រង់សំពត់អាយោគៈ មានសភាពយ៉ាងនេះ ស្រមណ៍នោះ មានស័ក្តិធំ ។ ពោលថា ស្រមណ៍ណាមានឧបជ្ឈាយ៍បែបនេះ ស្រមណ៍នោះ មានស័ក្តិធំ ។ ពោលថា ស្រមណ៍ណា មានអាចារ្យ មានឧបជ្ឈាយ៍ស្មើគ្នា មានអាចារ្យស្មើគ្នា មានពួកមិត្រ មានពួកភឿន យ៉ាងជិតដិត យ៉ាងស្ទាក់ស្ទើរបែបនេះ ស្រមណ៍នោះ មានស័ក្តិធំ ។ ពោលថា ស្រមណ៍ណា នៅក្នុងវិហារបែបនេះ ស្រមណ៍នោះ មានស័ក្តិធំ ។ ពោលថា ស្រមណ៍ណា នៅក្នុងបង្ហា នៅក្នុងប្រាសាទ នៅក្នុងផ្ទះមានដំបូលរលីង នៅក្នុងរូងភ្នំ នៅក្នុងទីសម្រាប់ជ្រកកោន នៅក្នុងកុដិ នៅក្នុងផ្ទះមានកំពូល នៅក្នុងប៉ម នៅក្នុងផ្ទះមូល នៅក្នុងថែវ នៅក្នុងរោងឆាន់ នៅក្នុងបារាំ នៅក្នុងម្លប់ឈើបែបនេះ ស្រមណ៍នោះមានស័ក្តិធំ ។ មួយទៀត ភិក្ខុធ្វើមុខស្រងូតស្រងាត់ ធ្វើមុខស្រពោនស្រពាប់ បំភាន់បំភាំង និយាយរាក់ទាក់ ត្រូវគេសរសើរដោយអំណាចមាត់ ក៏ពោលសំដីដ៏ជ្រៅ កំបាំង ល្អិត ដ៏បិទបាំង ប្រកបព្រមដោយព្រះនិព្វានដែលជាលោកុត្តរធម៌ ប្រាកដដូចនោះថា ស្រមណ៍នេះ ជាអ្នកបានវិហារសមាបត្តិទាំងឡាយ ដ៏រំងាប់ មានសភាពយ៉ាងនេះ ។ កិរិយាធ្វើមុខស្រពោន ភាពនៃការធ្វើមុខស្រពោន កិរិយាបំភាន់ អាការនៃការបំភាន់ ភាពនៃការបំភាន់ មានសភាពយ៉ាងនេះឯណា នេះលោកហៅថា វត្ថុនៃការកុហកចំណែកខាងការពោលក្នុងទីជិត ។

វត្ថុនៃការកុហកទាំង ៣ នេះ ព្រះពុទ្ធមានជោគបានលះបង់ ក្បិលក្របែល រំលត់ រំលាយ រំសាយរំសោះ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ ហេតុនោះ ព្រះពុទ្ធ ឈ្មោះថា ព្រះអង្គមិនកុហក ហេតុនោះ (លោកពោលថា) ព្រះអង្គមិនកុហក ។

[១៩៩] អធិប្បាយពាក្យថា ព្រះអង្គជាមេពួក ទ្រង់យាងមក ត្រង់ពាក្យថា ព្រះអង្គជាមេពួក គឺព្រះមានព្រះភាគជាមេពួក ។ ព្រះមានព្រះភាគ ឈ្មោះថា មេពួក ព្រោះជាអាចារ្យរបស់ពួក ។ ឈ្មោះថា មេពួក ព្រោះជាគ្រូរបស់ពួក ។ ឈ្មោះថា មេពួក ព្រោះគ្រប់គ្រងពួក ។ ឈ្មោះថា មេពួក ព្រោះទូន្មានពួក ។ ឈ្មោះថា មេពួក ព្រោះប្រដែប្រដៅពួក ។ ឈ្មោះថា មេពួក ព្រោះក្លៀវក្លាចូលទៅកាន់ពួក ។ ឈ្មោះថា មេពួក ព្រោះពួកប្រាថ្នាដើម្បីស្តាប់ ផ្អៀងសោតៈ ដំកល់ចិត្តដើម្បីដឹង (ព្រះពុទ្ធដីកា) របស់ព្រះអង្គ ។ ឈ្មោះថា មេពួក ព្រោះញុំាងពួកឲ្យចេញចាកអកុសល ហើយឲ្យតាំងនៅមាំក្នុងកុសល ។ ឈ្មោះថា មេពួករបស់ពួកភិក្ខុ ។ ឈ្មោះថា មេពួករបស់ពួកភិក្ខុនី ។ ឈ្មោះថា មេពួករបស់ពួកឧបាសក ។ ឈ្មោះថា មេពួករបស់ពួកឧបាសិកា ។ ឈ្មោះថា មេពួករបស់ពួកព្រះរាជា ។ ឈ្មោះថា មេពួករបស់ពួកក្សត្រិយ៍ ។ ឈ្មោះថា មេពួករបស់ពួកព្រាហ្មណ៍ ។ ឈ្មោះថា មេពួករបស់ពួកវេស្សៈ ។ ឈ្មោះថា មេពួករបស់ពួកសុទ្ទៈ ។ ឈ្មោះថា មេពួករបស់ពួកព្រហ្ម ។ ឈ្មោះថា មេពួករបស់ពួកទេវតា ។ ទ្រង់មានក្រុម មានពួក ជាអាចារ្យរបស់ពួក យាងមកហើយ ចូលមកជិតហើយ ចូលមកជិតព្រមហើយ ដល់ព្រមហើយនូវសង្កស្សនគរ ហេតុនោះ (លោកពោលថា) ព្រះអង្គមិនកុហក ព្រះអង្គជាមេពួក ទ្រង់យាងមក ។

[២០០] ពាក្យថា ដើម្បីពួកជនអ្នកជាប់ច្រើននាក់ក្នុងទីនេះ ត្រង់ពាក្យថា ច្រើននាក់ គឺ ដើម្បីពួកក្សត្រិយ៍ ពួកព្រាហ្មណ៍ ពួកវេស្សៈ ពួកសុទ្ទៈ ពួកគ្រហស្ថ ពួកបព្វជិត ពួកទេវតា ពួកមនុស្សច្រើននាក់ ។ ពាក្យថា ដើម្បីពួកជនអ្នកជាប់ គឺដើម្បីពួកជនអ្នកជាប់ អ្នកប្រព្រឹត្តជាប់ អ្នកបំរើ គឺដើម្បីពួកសិស្ស ហេតុនោះ (លោកពោលថា) ដើម្បីពួកជនអ្នកជាប់ដ៏ច្រើននាក់ក្នុងទីនេះ ។

[២០១] ពាក្យថា ខ្ញុំមកនឹងសួរប្រស្នា គឺខ្ញុំជាបុគ្គលមកហើយ ដោយត្រូវការប្រស្នា ខ្ញុំជាបុគ្គលចង់សួរប្រស្នា ទើបមក ជាបុគ្គលចង់ស្តាប់ប្រស្នា ទើបមក ហេតុនោះ (លោកពោលថា) ខ្ញុំមកនឹងសួរប្រស្នា យ៉ាងនេះខ្លះ ។ មួយទៀត កិរិយាមក កិរិយាឈានទៅមុខ កិរិយាឈានចូលទៅជិត កិរិយាអង្គុយជិត នៃពួកជនដែលមានសេចក្តីត្រូវការដោយប្រស្នា នៃពួកជនអ្នកសួរប្រស្នា នៃពួកជនអ្នកចង់ស្តាប់ប្រស្នា ហេតុនោះ (លោកពោលថា) ខ្ញុំមកនឹងសួរប្រស្នា យ៉ាងនេះខ្លះ ។ មួយវិញទៀត ព្រះអង្គមានការមកដោយប្រស្នា ព្រះអង្គជាបុគ្គលអាចដើម្បីឲ្យខ្ញុំព្រះអង្គសួរ ដើម្បីសំដែង ដើម្បីឆ្លើយ នេះជាភារៈរបស់ព្រះអង្គអ្នកសំដែង ហេតុនោះ (លោកពោលថា) ខ្ញុំមកនឹងសួរប្រស្នា យ៉ាងនេះខ្លះ ។ ហេតុនោះ ព្រះសារីបុត្តត្ថេរពោលថា

ខ្ញុំមកនឹងសួរប្រស្នា ដើម្បីពួកជនអ្នកជាប់ច្រើននាក់ ក្នុងទីនេះ ចំពោះព្រះពុទ្ធអង្គនោះ ព្រះអង្គមិនអាស្រ័យ ទ្រង់នឹងធឹង ព្រះអង្គមិនកុហក ព្រះអង្គជាមេពួក ទ្រង់យាងមក ។

[២០២] ភិក្ខុខ្ពើមរអើម តែងគប់អាសនៈទទេ គឺគល់ឈើ ឬព្រៃស្មសាន ឬក្នុងរូងភ្នំទាំងឡាយ ។

[២០៣] អធិប្បាយពាក្យថា ភិក្ខុខ្ពើមរអើម ត្រង់ពាក្យថា ភិក្ខុ គឺភិក្ខុជាកល្យាណបុថុជ្ជន ឬជាសេក្ខៈ ហេតុនោះ (លោកពោលថា) ភិក្ខុ ។ ពាក្យថា ខ្ពើមរអើម គឺខ្ពើមរអើមជាតិ ខ្ពើមរអើមជរា ព្យាធិ មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ សេចក្តីតូចចិត្ត សេចក្តីសង្រេងសង្រៃ ខ្ពើមរអើម ព្រួយចិត្ត អៀន ឆ្អើមទុក្ខដែលកើតក្នុងនរក ទុក្ខដែលកើតក្នុងកំណើតតិរច្ឆាន ទុក្ខដែលកើតក្នុងបិត្តិវិស័យ ទុក្ខដែលកើតក្នុងមនុស្ស ទុក្ខ មានកិរិយាចូលកាន់គភ៌ជាដើមចម ទុក្ខ មានកិរិយាឋិតនៅក្នុងគភ៌ជាដើមចម ទុក្ខ មានកិរិយាចេញចាកគភ៌ជាដើមចម ទុក្ខ ដែលចូលទៅចងក្រៀកនូវសត្វដែលកើតហើយ ទុក្ខ ដែលជាប់តអំពីអ្នកដទៃ នៃសត្វដែលកើតហើយ ទុក្ខដោយសេចក្តីព្យាយាមរបស់ខ្លួន ទុក្ខដោយសេចក្តីព្យាយាមរបស់គេ ទុក្ខដោយសេចក្តីលំបាក ទុក្ខដោយសង្ខារ ទុក្ខដោយការប្រែក្លាយ ទុក្ខដោយរោគភ្នែក ទុក្ខដោយរោគត្រចៀក ទុក្ខដោយរោគច្រមុះ ទុក្ខដោយរោគអណ្តាត ទុក្ខដោយរោគកាយ ទុក្ខដោយរោគក្បាល ទុក្ខដោយរោគត្រចៀក ទុក្ខដោយរោគមាត់ ទុក្ខដោយរោគធ្មេញ ក្អក ហឺត រោគច្រមុះ ក្តៅក្នុង គ្រាំគ្រា ឃ្លង់ ពក រោគក្នុងពោះ សន្លប់ សន្ធំ ចុះឈាម ចុកសៀត ចុះរាករូស ស្រែង របេង ឆ្កួតជ្រូក ដំនួចពិស រមាស់ កម រោគកើតត្រង់កន្លែងដែលខ្វារដោយក្រចក ឃ្លង់ដែក ឈាម ប្រមាត់ ប្រមេះ ទឹកមូត្រផ្អែម ឫសដូងដុះ រលកកែវ ឫសដូងបាត អាពាធកើតអំពីប្រមាត់ អាពាធកើតអំពីស្លេស្ម អាពាធកើតអំពីខ្យល់ អាពាធកើតអំពីប្រជុំខ្យល់ប្រមាត់ និងស្មេស្ល អាពាធកើតអំពីរដូវប្រែប្រួល អាពាធកើតដោយការផ្លាស់ប្តូរឥរិយាបថមិនស្មើគ្នា អាពាធកើតដោយការព្យាយាម (មានវាយ និងចងជាដើម) អាពាធកើតដោយវិបាកនៃកម្ម ត្រជាក់ ក្តៅ ឃ្លាន ស្រេក ជុះ នោម ទុក្ខ គឺសម្ផស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងសត្វលូន ទុក្ខព្រោះមាតាស្លាប់ ទុក្ខព្រោះបិតាស្លាប់ ទុក្ខព្រោះបងប្អូនប្រុសស្លាប់ ទុក្ខព្រោះបងប្អូនស្រីស្លាប់ ទុក្ខព្រោះកូនប្រុសស្លាប់ ទុក្ខព្រោះកូនស្រីស្លាប់ ទុក្ខព្រោះវិនាសញាតិ ព្រោះវិនាសភោគៈ ព្រោះវិនាសគឺរោគ ព្រោះវិនាសសីល ព្រោះវិនាសទិដ្ឋិ ហេតុនោះ (លោកពោលថា) ភិក្ខុខ្ពើមរអើម ។

[២០៤] ពាក្យថា តែងគប់អាសនៈទទេ សេចក្តីថា គេអង្គុយលើទីណា ទីនោះ លោកហៅថា អាសនៈ គឺ គ្រែ តាំង ពូក កន្ទេល កំណាត់ស្បែក កម្រាលស្មៅ កម្រាលស្លឹកឈើខ្ចី កម្រាលស្លឹកឈើទុំ ។ អាសនៈនោះទទេ ស្ងាត់ ស្ងាត់សូន្យ ចាកការឃើញរូបមិនជាទីសប្បាយ ទទេ ស្ងាត់ ស្ងាត់សូន្យ ចាកការឮសំឡេងមិនជាទីសប្បាយ ។បេ ។ ទទេ ស្ងាត់ ស្ងាត់សូន្យ ចាកកាមគុណ ៥ មិនជាទីសប្បាយ ។ គប់ គប់ព្រម សេព សេពដោយអស់ជើង សេពព្រម សេពស៊ប់នូវអាសនៈនោះ ហេតុនោះ (លោកពោលថា) គប់អាសនៈទទេ ។

[២០៥] ពាក្យថា គល់ឈើ ឬព្រៃស្មសាន សេចក្តីថា គល់ឈើហ្នឹងឯង ឈ្មោះថា គល់ឈើ ព្រៃស្មសានហ្នឹងឯង ឈ្មោះថាព្រៃស្មសាន ហេតុនោះ (លោកពោលថា) គល់ឈើ ឬព្រៃស្មសាន ។

[២០៦] ពាក្យថា ឬក្នុងរូងភ្នំទាំងឡាយ សេចក្តីថា ភ្នំទាំងឡាយហ្នឹងឯង ឈ្មោះថា ភ្នំ ច្រកទាំងឡាយហ្នឹងឯង ឈ្មោះថា ច្រកភ្នំ រូងភ្នំទាំងឡាយហ្នឹងឯង ឈ្មោះថា រូងភ្នំ ផ្ទៃភ្នំរបស់ភ្នំទាំងឡាយ ឈ្មោះថា ចន្លោះភ្នំទាំងឡាយ ហេតុនោះ (លោកពោលថា) ឬក្នុងរូងភ្នំទាំងឡាយ ។ ហេតុនោះ ព្រះសារីបុត្តត្ថេរពោលថា

ភិក្ខុខ្ពើមរអើម តែងគប់អាសនៈទទេ គឺគល់ឈើ ឬព្រៃស្មសាន ឬក្នុងរូងភ្នំទាំងឡាយ ។

[២០៧] ពួកសត្វគួរខ្លាច ស្រែកក្នុងសយនៈ ខ្ពស់ និងទាបនោះ ជាពួកសត្វដែលភិក្ខុមិនគប្បីរន្ធត់ ក្នុងសយនាសនៈ មិនមានសំឡេងគឹកកង ។

[២០៨] ពាក្យថា ខ្ពស់ និងទាប ក្នុងបទថា ក្នុងសយនៈខ្ពស់ និងទាប គឺខ្ពស់ និងទាប ថោក និងថ្លៃ ល្អ និងអាក្រក់ ។ ពាក្យថា ក្នុងសយនៈ សេចក្តីថា សេនាសនៈ លោកហៅថា សយនៈ គឺវិហារ បង្ហា ប្រាសាទ ផ្ទះមានដំបូលរលីង រូងភ្នំ ហេតុនោះ (លោកពោលថា) ក្នុងសយនៈខ្ពស់ និងទាប ។

[២០៩]  ពាក្យថា ពួកសត្វគួរខ្លាច ស្រែកក្នុងសយនៈនោះ ត្រង់ពាក្យថា ស្រែក គឺស្រែកសន្ធាប់ បន្លឺ ធ្វើសំឡេង ។ មួយទៀត មានប៉ុន្មាន ប៉ុន្មាន មានប្រមាណប៉ុន្មាន មានកំណត់ប៉ុន្មាន ច្រើនប៉ុន្មាន ។

ពាក្យថា ពួកសត្វគួរខ្លាច គឺពួកសីហៈ ខ្លាធំ ខ្លាដំបង ខ្លាឃ្មុំ ខ្លារខិន ឆ្កែព្រៃ គោ ក្របី ដំរី ពស់ ខ្ទួយ ក្អែប ពួកចោរ ឬពួកមាណពមានការងារធ្វើហើយក្តី មានការងារមិនទាន់ធ្វើហើយក្តី ហេតុនោះ (លោកពោលថា) ពួកសត្វគួរខ្លាច ស្រែកក្នុងសយនៈនោះ ។

[២១០] ពាក្យថា ជាពួកសត្វដែលភិក្ខុមិនគប្បីរន្ធត់ ត្រង់ពាក្យថា ដែលភិក្ខុ បានសេចក្តីថា ភិក្ខុមិនគប្បីរន្ធត់ មិនគប្បីញាប់ញ័រ មិនគប្បីញាប់ញ័រព្រម មិនគប្បីតក់ស្លុត មិនគប្បីស្លន់ស្លោ មិនគប្បីឡឺនឡង់ មិនគប្បីខ្លាច មិនគប្បីដល់នូវការស្ញប់ស្ញែង គប្បីជាបុគ្គលមិនខ្លាច មិនរន្ធត់ មិនស្លន់ មិនរត់ លះបង់សេចក្តីខ្លាច និងសេចក្តីចំប្រប់ ប្រាសចាកសេចក្តីព្រឺព្រួចនៃរោម ព្រោះពួកសត្វគួរខ្លាច គឺព្រោះឃើញ ឬព្រោះឮ នូវពួកសត្វគួរខ្លាច ហេតុនោះ (លោកពោលថា) ជាពួកសត្វដែលភិក្ខុមិនគប្បីរន្ធត់ ។

[២១១] ពាក្យថា ក្នុងសយនាសនៈ មិនមានសំឡេងគឹកកង គឺក្នុងសេនាសនៈមិនមានសំឡេង មិនមានសំឡេងគឹកកង ប្រាសចាកខ្យល់កាយរបស់ជន គួរដល់សេចក្តីស្ងាត់របស់មនុស្ស គួរដល់សេចក្តីសម្ងំ ហេតុនោះ (លោកពោលថា) ក្នុងសយនាសនៈមិនមានសំឡេងគឹកកង ។ ហេតុនោះ ព្រះសារីបុត្តត្ថេរ ពោលថា

ពួកសត្វគួរខ្លាច ស្រែកក្នុងសយនៈខ្ពស់ និងទាបនោះ ជាពួកសត្វដែលភិក្ខុមិនគប្បីរន្ធត់ ក្នុងសយនាសនៈមិនមានសំឡេងគឹកកង ។

[២១២] ភិក្ខុគប្បីគ្របសង្កត់ពួកបរិស្សយៈ (អន្តរាយ) ណា ក្នុងសយនាសនៈ ទីបំផុតបរិស្សយៈ (ទាំងនោះ) ក្នុងលោក របស់ភិក្ខុទៅកាន់ទិសដែលមិនដែលទៅ តើមានប៉ុន្មាន ។

[២១៣] អធិប្បាយពាក្យថា បរិស្សយៈទាំងឡាយ ក្នុងលោក តើមានប៉ុន្មាន ត្រង់ពាក្យថា តើមានប៉ុន្មាន គឺមានប៉ុន្មាន មានប្រមាណប៉ុន្មាន មានកំណត់ប៉ុន្មាន ច្រើនប៉ុន្មាន ។ ពាក្យថា បរិស្សយៈទាំងឡាយ គឺបរិស្សយៈ មាន ២ គឺ បាកដបរិស្សយៈ (អន្តរាយប្រាកដ) ១ បដិច្ឆន្នបរិស្សយៈ (អន្តរាយកំបាំង) ១ ។

ពួកបាកដបរិស្សយៈ តើដូចម្តេច ។ ពួកសីហៈ ខ្លាធំ ខ្លាដំបង ខ្លាឃ្មុំ ខ្លារខិន ឆ្កែព្រៃ គោ ក្របី ដំរី ពស់ ខ្ទួយ ក្អែប ពួកចោរ ឬមាណពមានការងារធ្វើហើយក្តី មានការងារមិនទាន់ធ្វើហើយក្តី រោគភ្នែក រោគត្រចៀក រោគច្រមុះ រោគអណ្តាត រោគកាយ រោគ ក្បាល រោគស្លឹកត្រចៀក រោគមាត់ រោគធ្មេញ ក្អក ហឺត រោគច្រមុះ រោគក្តៅក្នុង រោគគ្រាំគ្រា រោគក្នុងពោះ សន្លប់ សន្ធំ ចុះឈាម ចុកសៀត រាករូស ឃ្លង់ ពក ស្រែង របេង ឆ្កួតជ្រូក ដំនួចពិស រមាស់ កម រោគកើតត្រង់កន្លែងដែលខ្វារដោយក្រចក ឃ្លង់ដែក ឈាម ប្រមាត់ ប្រមេះ ទឹកមូត្រផ្អែម ឫសដូងដុះ រលកកែវ ឫសដូងបាត ពួកអាពាធកើតអំពីប្រមាត់ ពួកអាពាធកើតអំពីស្លេស្ម ពួកអាពាធកើតអំពីខ្យល់ ពួកអាពាធកើតដោយការប្រជុំ (ខ្យល់ ប្រមាត់ និងស្លេស្ម) ពួកអាពាធកើតអំពីការប្រែប្រួលរដូវ ពួកអាពាធកើតអំពីការផ្លាស់ប្តូរឥរិយាបថមិនស្មើ ពួកអាពាធកើតដោយការព្យាយាមរបស់អ្នកដទៃ ពួកអាពាធកើតដោយវិបាកនៃកម្ម ត្រជាក់ ក្តៅ ឃ្លាន ស្រេក ឧច្ចារៈ បស្សាវៈ សម្ផ័ស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងសត្វលូន ទាំងនេះ លោកហៅថា ពួកបាកដបរិស្សយៈ ដូច្នេះខ្លះ ។

ពួកបដិច្ឆន្នបរិស្សយៈ តើដូចម្តេច ។ កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត កាមច្ឆន្ទនីវរណៈ ព្យាបាទនីវណៈ ថីនមិទ្ធនីវរណៈ ឧទ្ធច្ចកុក្កុច្ចនីវរណៈ វិចិកិច្ឆានីវរណៈ រាគៈ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងពួង ទុច្ចរិតទាំងពួង សេចក្តីក្រវល់ក្រវាយទាំងពួង សេចក្តីអន្ទះអន្ទែងទាំងពួង សេចក្តីក្តៅក្រហាយទាំងពួង អភិសង្ខារជាអកុសលទាំងពួង ទាំងនេះ លោកហៅថា ពួកបដិច្ឆន្នបរិស្សយៈ ។

សំនួរត្រង់ពាក្យថា បរិស្សយៈ ចុះបរិស្សយៈ តើដោយសេចក្តីដូចម្តេច ។ បរិស្សយៈ ព្រោះហេតុគ្របសង្កត់ ។ បរិស្សយៈ ព្រោះហេតុប្រព្រឹត្តទៅព្រម ដើម្បីសេចក្តីសាបសូន្យ ។ បរិស្សយៈ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ ។

បរិស្សយៈ ព្រោះហេតុគ្របសង្កត់ តើដូចម្តេច ។ បរិស្សយៈទាំងនោះ រមែងសង្កត់ គ្របសង្កត់ បង្រ្គប រួបរឹត ក្តោប ញំាញីបុគ្គលនោះ ។ បរិស្សយៈ ព្រោះហេតុគ្របសង្កត់ យ៉ាងនេះ ។

បរិស្សយៈ ព្រោះហេតុប្រព្រឹត្តទៅព្រម ដើម្បីសេចក្តីសាបសូន្យ តើដូចម្តេច ។ បរិស្សយៈទាំងនោះ រមែងប្រព្រឹត្តទៅព្រម ដើម្បីសេចក្តីសាបសូន្យ ដើម្បីអន្តរាយនៃកុសលធម៌ទាំងឡាយ ។ ពួកកុសលធម៌ តើដូចម្តេច ។ (ពួកបរិស្សយៈ) រមែងប្រព្រឹត្តទៅព្រម ដើម្បីសេចក្តីសាបសូន្យ ដើម្បីអន្តរាយនៃកុសលធម៌ទាំងនេះ គឺសម្មាបដិបទា អនុលោមប្បដិបទា អបច្ចនីកប្បដិបទា អន្វត្ថប្បដិបទា ធម្មានុធម្មប្បដិបទា កិរិយាធ្វើឲ្យពេញលេញក្នុងសីលទាំងឡាយ កិរិយាគ្រប់គ្រងទ្វារក្នុងឥន្រ្ទិយទាំងឡាយ កិរិយាដឹងប្រមាណក្នុងភោជន កិរិយាប្រកបរឿយៗ នូវសេចក្តីភ្ញាក់រឭក កិរិយាប្រកបរឿយៗ ក្នុងភាវនានូវសតិ និងសម្បជញ្ញៈ សតិប្បដ្ឋាន ៤ កិរិយាប្រកបរឿយ ៗ ក្នុងភាវនានូវសម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គៈ ៧ មគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ ។ បរិស្សយៈ ព្រោះហេតុប្រព្រឹត្តទៅព្រម ដើម្បីសេចក្តីសាបសូន្យ យ៉ាងនេះ ។

បរិស្សយៈ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ តើដូចម្តេច ។ ពួកអកុសលធម៌ដ៏អាក្រក់នេះ អាស្រ័យព្រម នូវអត្តភាព កើតក្នុងអត្តភាពនោះ ។ ពួកសត្វអាស្រ័យរូង ដេកក្នុងរូង ពួកសត្វអាស្រ័យទឹក ដេកក្នុងទឹក ពួកសត្វអាស្រ័យព្រៃ ដេកក្នុងព្រៃ ពួកសត្វអាស្រ័យដើមឈើ ដេកលើដើមឈើ យ៉ាងណាមិញ ពួកអកុសលធម៌ដ៏អាក្រក់នេះ អាស្រ័យព្រមនូវអត្តភាព កើតក្នុងអត្តភាពនោះ យ៉ាងនោះដែរ បរិស្សយៈ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះយ៉ាងនេះ ដូច្នេះខ្លះ ។

សមដូចព្រះតម្រាស់នេះ ដែលព្រះមានព្រះភាគបានត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកនៅរួមនឹងសិស្ស អ្នកនៅរួមនឹងអាចារ្យ រមែងនៅជាទុក្ខ មិនសប្បាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកនៅរួមនឹងសិស្ស អ្នកនៅរួមនឹងអាចារ្យ រមែងនៅជាទុក្ខ មិនសប្បាយ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ ពួកអកុសលធម៌ដ៏អាក្រក់ ជាតម្រិះដោយអំណាច កិរិយាអន្ទោលទៅ (ក្នុងអារម្មណ៍ផ្សេង ៗ) ជាគ្រឿងទំនុកបំរុងរបស់សំយោជនៈ កើតដល់ភិក្ខុក្នុងសាសនានេះ ព្រោះឃើញរូបដោយចក្ខុ ពួកអកុសលធម៌ដ៏អាក្រក់នោះ នៅជាប់ដិតដាមខាងក្នុងនៃភិក្ខុនោះ ហេតុនោះ តថាគតហៅភិក្ខុនោះថា អ្នកនៅរួមនឹងសិស្ស ពួកអកុសលធម៌ដ៏អាក្រក់នោះ ត្រួតត្រានូវភិក្ខុនោះ ហេតុនោះ តថាគតហៅភិក្ខុនោះថា អ្នកនៅរួមនឹងអាចារ្យ ម្នាលភិក្ខុទាំងឡាយ ពាក្យដទៃនៅមានទៀត ពួកអកុសលធម៌ដ៏អាក្រក់ ជាតម្រិះកើតដោយអំណាចកិរិយាអន្ទោលទៅ ជាគ្រឿងទំនុកបំរុងនៃសំយោជនៈ កើតដល់ភិក្ខុ ព្រោះឮសំឡេងដោយត្រចៀក ធុំក្លិនដោយច្រមុះ ក្រេបជញ្ជក់រសដោយអណ្តាត ពាល់ត្រូវផ្សព្វដោយកាយ ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្ត ពួកអកុសលធម៌ដ៏អាក្រក់នោះ រមែងជាប់ដិតដាមខាងក្នុងភិក្ខុនោះ ហេតុនោះ តថាគតហៅភិក្ខុនោះថា អ្នកនៅរួមនឹងសិស្ស ពួកអកុសលធម៌ដ៏អាក្រក់នោះ ត្រួតត្រាភិក្ខុនោះ ហេតុនោះ តថាគតហៅភិក្ខុនោះថា អ្នកនៅរួមនឹងអាចារ្យ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកនៅរួមនឹងសិស្ស អ្នកនៅរួមនឹងអាចារ្យ ជាទុក្ខ មិនសប្បាយ យ៉ាងនេះឯង ។ បរិស្សយៈ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ យ៉ាងនេះខ្លះ ។

មួយទៀត ព្រះមានព្រះភាគ បានត្រាស់ព្រះតម្រាស់នេះថា ម្នាលភិក្ខុទាំងឡាយ ពួកមន្ទិលខាងក្នុង ពួកខ្មាំងខាងក្នុង ពួកអ្នកមានពៀរខាងក្នុង ពួកអ្នកសំឡាប់ខាងក្នុង ពួកបច្ចាមិត្រខាងក្នុងនេះមាន ៣ ចុះមាន ៣ គឺអ្វីខ្លះ ម្នាលភិក្ខុទាំងឡាយ លោភៈ ជាមន្ទិលខាងក្នុង ជាខ្មាំងខាងក្នុង ជាអ្នកមានពៀរខាងក្នុង ជាអ្នកសំឡាប់ខាងក្នុង ជាបច្ចាមិត្រខាងក្នុង ម្នាលភិក្ខុទាំងឡាយ ទោសៈ ជាមន្ទិលខាងក្នុង ជាខ្មាំងខាងក្នុង ជាអ្នកមានពៀរខាងក្នុង ជាអ្នកសំឡាប់ខាងក្នុង ជាបច្ចាមិត្រខាងក្នុង ម្នាលភិក្ខុទាំងឡាយ មោហៈ ជាមន្ទិលខាងក្នុង ជាខ្មាំងខាងក្នុង ជាអ្នកមានពៀរខាងក្នុង ជាអ្នកសំឡាប់ខាងក្នុង ជាបច្ចាមិត្រខាងក្នុង ម្នាលភិក្ខុទាំងឡាយ ពួកមន្ទិលខាងក្នុង ពួកខ្មាំងខាងក្នុង ពួកអ្នកមានពៀរខាងក្នុង ពួកបច្ចាមិត្រខាងក្នុង មាន ៣ យ៉ាងនេះឯង ។ លោភៈ ឲ្យកើតវិនាស លោភៈ បណ្តាលឲ្យចិត្តកំរើក ភ័យកើតហើយក្នុងខាងក្នុង អ្នកផងមិនដឹងនូវភ័យនោះ ជនល្មោភ រមែងមិនស្គាល់ផល ជនល្មោភ រមែងមិនឃើញហេតុ ងងឹតឈឹងតែងមានក្នុងកាលដែលលោភៈគ្របសង្កត់នរៈ ទោសៈឲ្យកើតវិនាស ទោសៈ បណ្តាលឲ្យចិត្តកំរើក ភ័យកើតហើយក្នុងខាងក្នុង អ្នកផងមិនដឹងនូវភ័យនោះ ជនខឹង រមែងមិនស្គាល់ផល ជនខឹង រមែងមិនឃើញហេតុ ងងឹតឈឹង តែងមានក្នុងកាលដែលកោធៈគ្របសង្កត់នរៈ មោហៈឲ្យកើតវិនាស មោហៈ បណ្តាលឲ្យចិត្តកំរើក ភ័យកើតហើយក្នុងខាងក្នុង អ្នកផងមិនដឹងនូវភ័យនោះ ជនវង្វេង រមែងមិនស្គាល់ផល ជនវង្វេង រមែងមិនឃើញហេតុ ងងឹតឈឹង តែងមានក្នុងកាលដែលមោហៈគ្របសង្កត់នរៈ ។

បរិស្សយៈ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ យ៉ាងនេះខ្លះ ។

មួយវិញទៀត ព្រះមានព្រះភាគ បានត្រាស់ព្រះតម្រាស់នេះថា បពិត្រមហារាជ ពួកធម៌ ៣ កាលដែលកើតខាងក្នុងនៃបុរស ក៏កើតដើម្បីមិនឲ្យមានសេចក្តីចម្រើន ដើម្បីឲ្យលំបាក ដើម្បីឲ្យនៅមិនស្រួល ពួកធម៌ ៣ គឺអ្វីខ្លះ បពិត្រមហារាជ លោភៈ ជាធម៌កាលដែលកើតឡើងក្នុងសន្តាននៃបុរស ក៏កើតឡើងដើម្បីមិនឲ្យមានសេចក្តីចម្រើន ដើម្បីឲ្យលំបាក ដើម្បីឲ្យនៅមិនស្រួល បពិត្រមហារាជ ទោសៈ ជាធម៌កាលដែលកើតឡើងក្នុងសន្តាននៃបុរស ក៏កើតឡើង ដើម្បីមិនឲ្យមានសេចក្តីចម្រើន ដើម្បីឲ្យលំបាក ដើម្បីឲ្យនៅមិនស្រួល បពិត្រមហារាជ មោហៈ ជាធម៌កាលដែលកើតឡើងក្នុងសន្តាន នៃបុរស ក៏កើតឡើង ដើម្បីមិនឲ្យមានសេចក្តីចម្រើន ដើម្បីឲ្យលំបាក ដើម្បីឲ្យនៅមិនស្រួល បពិត្រមហារាជ ពួកធម៌ ៣ នេះឯង កាលដែលកើតឡើងក្នុងសន្តាននៃបុរស ក៏កើតឡើង ដើម្បីមិនឲ្យមានសេចក្តីចម្រើន ដើម្បីឲ្យលំបាក ដើម្បីឲ្យនៅមិនស្រួល ។

លោភៈ ទោសៈ និងមោហៈ កកើតអំពីចិត្ត តែងបៀតបៀនបុរស ដែលមានចិត្តអាក្រក់ ដូចដើមឫស្សីស្លាប់ដោយសារផ្លែរបស់ខ្លួន ។

បរិស្សយៈ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ យ៉ាងនេះខ្លះ ។ មួយទៀត ព្រះមានព្រះភាគ បានត្រាស់ព្រះតម្រាស់នេះថា

រាគៈ និងទោសៈ មានអត្តភាពនេះជាដើមទង សេចក្តីអផ្សុក សេចក្តីត្រេកអរ និងសេចក្តីព្រឺព្រួចរោម កើតអំពីអត្តភាពនេះ សេចក្តីជញ្ជឹងក្នុងចិត្តទាំងឡាយ តាំងឡើងអំពីអត្តភាពនេះ ហើយលែង (នូវចិត្ត) ដូចពួកក្មេងតូចលែងក្អែក ។

បរិស្សយៈ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ យ៉ាងនេះខ្លះ ។ ពាក្យថា ក្នុងលោក គឺក្នុងមនុស្សលោក ហេតុនោះ (លោកពោលថា) បរិស្សយៈទាំងឡាយ ក្នុងលោក មានប៉ុន្មាន ។

[២១៤] ពាក្យថា ទៅកាន់ទិសដែលមិនដែលទៅ សេចក្តីថា អមតនិព្វាន លោកហៅថា ទិសដែលមិនដែលទៅ បានខាងការរម្ងាប់សង្ខារទាំងពួង ការរលាស់ចោលនូវឧបធិទាំងពួង ការអស់តណ្ហា ការរសាយ ការរលត់ ព្រះនិព្វាន ។ ទិសដែលមិនដែលទៅ មិនធ្លាប់ទៅ ដោយកាលដ៏អង្វែងនេះ ។ បុគ្គលថ្នមនូវភាជន៍ប្រេង ដែលពេញស្មើមិនហៀរហូរ យ៉ាងណា បុគ្គលកាលប្រាថ្នានូវទិសដែលមិនធ្លាប់ទៅ ត្រូវឃុំគ្រងចិត្តរបស់ខ្លួន យ៉ាងនោះ ។ កាលដល់ កាលទៅ កាលឈានទៅ កាន់ទិសដែលមិនធ្លាប់ទៅ ហេតុនោះ (លោកពោលថា) ទៅកាន់ទិសដែលមិនដែលទៅ ។

[២១៥] ពាក្យថា ភិក្ខុគប្បីគ្របសង្កត់ពួកបរិស្សយៈណា គឺគប្បីគ្របសង្កត់ គប្បីគ្រប គប្បីសង្រ្គប គប្បីបង្រ្គប គប្បីញំាញីនូវពួកបរិស្សយៈណា ហេតុនោះ (លោកពោលថា) ភិក្ខុគប្បីគ្របសង្កត់ពួកបរិស្សយៈណា ។

[២១៦] ពាក្យថា ក្នុងសយនាសនៈទីបំផុត គឺក្នុងសេនាសនៈទីបំផុត ខាងចុង ខាងចុងបង្អស់ គឺទីបំផុតភ្នំក្តី ទីបំផុតព្រៃក្តី ទីបំផុតទឹកក្តី ទីបំផុតទន្លេក្តី បានដល់ទីដែលគេមិនភ្ជួរ មិនសាបព្រោះ មិនមែនជាឧបចារៈរបស់ពួកមនុស្ស កន្លងនូវទីបំផុតនៃជន ហេតុនោះ (លោកពោលថា) ក្នុងសយនាសនៈទីបំផុត ។ ហេតុនោះ ព្រះសារីបុត្តត្ថេរពោលថា

ភិក្ខុគប្បីគ្របសង្កត់ពួកបរិស្សយៈណា ក្នុងសយនាសនៈទីបំផុត បរិស្សយៈទាំងនោះក្នុងលោក របស់ភិក្ខុទៅកាន់ទិសដែលមិនដែលទៅ តើមានប៉ុន្មាន ។

[២១៧] ភិក្ខុមានចិត្តបញ្ជូនទៅហើយនោះ ត្រូវមានសំដីដូចម្តេច ភិក្ខុនោះ ត្រូវមានគោចរដូចម្តេច ក្នុងសាសនានេះ ត្រូវមានសីល និងវត្តដូចម្តេច ។

[២១៨] ពាក្យថា ត្រូវមានសំដីដូចម្តេច គឺព្រះសារីបុត្តត្ថេរសួរនូវវចីបារិសុទ្ធិថា ភិក្ខុគប្បីប្រកបដោយសំដីប្រាកដដូចម្តេច មានទ្រង់ទ្រាយដូចម្តេច មានបែបដូចម្តេច មានយ៉ាងដូចម្តេច ។

វចីបារិសុទ្ធិ តើដូចម្តេច ។ ភិក្ខុក្នុងសាសនានេះ លះបង់មុសាវាទ ជាអ្នកវៀរស្រឡះចាកមុសាវាទ ពោលតែពាក្យពិត តពាក្យពិត មានវាចាខ្ជាប់ខ្ជួន គួរឲ្យអ្នកផងជឿបាន មិនពោលបំភាន់សត្វលោក លះបង់បិសុណាវាចា ជាអ្នកវៀរស្រឡះចាកបិសុណាវាចា គឺឮអំពីពួកជននេះ មិនប្រាប់ពួកជនឯណោះ ដើម្បីបំបែកពួកជននេះ ឬឮអំពីពួកជនឯណោះ មិនប្រាប់ដល់ពួកជននេះ ដើម្បីបំបែកពួកជនឯណោះ ជាអ្នកបង្រួបបង្រួមពួកជនដែលបែកគ្នាហើយ ឬជាអ្នកឲ្យកំឡាំងដល់ពួកជនដែលស្រុះស្រួលគ្នាហើយ មានសេចក្តីព្រមព្រៀងជាទីត្រេកអរ ត្រេកអរក្នុងសេចក្តីព្រមព្រៀង រីករាយក្នុងការព្រមព្រៀង ពោលវាចាដែលធ្វើឲ្យព្រមព្រៀងគ្នា ដោយប្រការដូច្នេះ លះបង់ផរុសវាចា ជាអ្នកវៀរស្រឡះចាកផរុសវាចា វាចាណា ដែលជាសំដីឥតមានទោស ស្រួសដល់ត្រចៀក គួរឲ្យស្រឡាញ់ ពេញហឫទ័យ ជាសំដីរបស់អ្នកក្រុង ជាទីត្រេកអរដល់ជនច្រើននាក់ ពេញចិត្តដល់ជនច្រើននាក់ តែងពោលតែវាចាបែបនោះឯង លះបង់សម្ផប្បលាបៈ ជាអ្នកវៀរស្រឡះចាកសម្ផប្បលាបៈ ពោលក្នុងកាលគួរ ពោលពាក្យពិត ពោលអត្ថ ពោលធម៌ ពោលវិន័យ ពោលពាក្យជាទីតំកល់ទុកក្នុងហឫទ័យតាមកាល ប្រកបដោយគ្រឿងអាង មានគ្រឿងកំណត់ ប្រកបដោយប្រយោជន៍ ប្រកបដោយវចីសុចរិត ៤ ពោលវាចាប្រាសចាកទោស ៤ គប្បីជាអ្នកតម វៀរ វៀរស្រឡះ ចេញ ខ្ទាត ឃ្លាត ប្រាសចេញ ចាកតិរច្ឆានកថា ៣២ នៅដោយចិត្តដែលធ្វើឲ្យប្រាសចាកដែន ពោលកថាវត្ថុ ១០ គឺ អប្បិច្ឆកថា សន្តុដ្ឋិកថា បវិវេកកថា អសំសគ្គកថា វីរិយារម្ភកថា សីលកថា សមាធិកថា បញ្ញាកថា វិមុត្តិកថា វិមុត្តិញ្ញាណទស្សនកថា សតិប្បដ្ឋានកថា សម្មប្បធានកថា ឥទ្ធិបាទកថា ឥន្រ្ទិយកថា ពលកថា ពោជ្ឈង្គកថា មគ្គកថា ផលកថា និព្វានកថា ជាអ្នកប្រុងប្រយ័ត្ន រវាំង គ្រប់គ្រង ឃុំគ្រង រក្សា សង្រួមដោយវាចា នេះ វចីបារិសុទ្ធិ ។ គប្បីជាអ្នកប្រកបដោយវចីបារិសុទ្ធិ ប្រាកដដូច្នេះ ហេតុនោះ (លោកពោលថា) ត្រូវមានសំដីដូចម្តេច ។

[២១៩] ពាក្យថា ភិក្ខុនោះត្រូវមានគោចរដូចម្តេច ក្នុងសាសនានេះ គឺព្រះសារីបុត្តត្ថេរ សួរគោចរថា (ភិក្ខុនោះ) គប្បីជាអ្នកប្រកបដោយគោចរប្រាកដដូចម្តេច មានទ្រង់ទ្រាយដូចម្តេច មានបែបដូចម្តេច មានយ៉ាងដូចម្តេច ។ អគោចរក៏មាន គោចរក៏មាន ។

អគោចរ តើដូចម្តេច ។ ភិក្ខុខ្លះក្នុងសាសនានេះ ជាអ្នកត្រាច់ទៅកាន់ផ្ទះស្រ្តីពេស្យា ជាអ្នកត្រាច់ទៅកាន់ផ្ទះស្រ្តីមេម៉ាយ ជាអ្នកត្រាច់ទៅកាន់ផ្ទះស្រ្តីក្រមុំចាស់ ជាអ្នកត្រាច់ទៅកាន់សំណាក់មនុស្សខ្ទើយ ជាអ្នកត្រាច់ទៅកាន់សំណាក់ភិក្ខុនី ជាអ្នកត្រាច់ទៅកាន់រោងស្រា នៅច្របូកច្របល់នឹងពួកព្រះរាជា ពួកមហាមាត្យរបស់ព្រះរាជា និងពួកតិរ្ថិយ និងពួកសាវ័កនៃតិរ្ថិយ និងការច្របូកច្របល់ដោយគ្រហស្ថមិនត្រូវទំនង សេពគប់ ចូលទៅអង្គុយជិតពួកត្រកូលមិនមានជំនឿ មិនជ្រះថ្លា មិនមែនជាអណ្តូង ជាអ្នកជេរជំលាប ប្រាថ្នាការមិនចម្រើន ប្រាថ្នាការមិនជាប្រយោជន៍ ប្រាថ្នាការមិនស្រួល ប្រាថ្នាការមិនក្សេមចាកយោគៈ ដើម្បីពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា នេះហៅថា អគោចរ ។ មួយទៀត ភិក្ខុចូលទៅកាន់ចន្លោះផ្ទះ ដើរតាមថ្នល់ មិនសង្រួម ដើរទៅក្រឡេកមើលដំរី មើលសេះ មើលរថ មើលពលថ្មើរជើង មើលពួកស្រ្តី មើលពួកប្រុស មើលពួកក្មេងប្រុស មើលពួកក្មេងស្រី មើលចន្លោះផ្សារ មើលទ្វារផ្ទះ មើលលើ មើលក្រោម មៀងមើលទិស និងទិស ឆៀងដើរទៅ នេះក៏ហៅថា អគោចរដែរ ។ មួយទៀត ភិក្ខុឃើញរូបដោយចក្ខុ ជាអ្នកកាន់យកនូវនិមិត្ត កាន់យកនូវអនុព្យព្ជានៈ ពួកអកុសលធម៌ដ៏អាក្រក់ គឺអភិជ្ឈា និងទោមនស្ស គប្បីដិតដាម ជាប់តាមភិក្ខុនេះ ព្រោះហេតុនៃការមិនសង្រួមចក្ខុន្រ្ទិយណា ។បេ ។ មិនសង្រួមមនិន្រ្ទិយ មិនប្រតិបត្តិដើម្បីសង្រួមនូវមនិន្ទ្រិយនោះ មិនរក្សាមនិន្ទ្រិយ មិនដល់នូវការសង្រួមក្នុងមនិន្ទ្រិយ នេះក៏ហៅថា អគោចរដែរ ។ ពុំនោះសោត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគភោជន ដែលគេឲ្យដោយសទ្ធាហើយ សមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយ ៗ នូវការមើលល្បែង ដែលជាសត្រូវដល់កុសលធម៌ មានសភាពយ៉ាងនេះ គឺ រាំ ច្រៀង ប្រគំ មហោស្រព និយាយរឿង គង រគាំង ស្គរមានជ្រុង ៤ រូបគំនូរ ល្បែងដំដែក ល្បែងរ៉ាវ ល្បែងលាងឆ្អឹង ប្រជល់ដំរី ប្រខាំសេះ ប្រជល់ក្របី ប្រជល់គោ ប្រជល់ពពែ ប្រជល់កែះ ប្រជល់មាន់ ប្រជល់ចាប ល្បែងគុនដំបង ប្រដាល់ ចំបាប់ ទីសម្រាប់ច្បាំងគ្នា ទីសម្រាប់រៀបពល លំនៅកងទ័ព ទីសម្រាប់មើលសេនាប្រកបដោយអង្គ ៤ ជាអ្នកប្រកបរឿយ ៗ នូវការមើលល្បែង ដែលជាសត្រូវដល់កុសលធម៌ មានសភាពយ៉ាងនេះ ដូច្នេះ ៗ ខ្លះ នេះក៏ហៅថា អគោចរដែរ ។ សូម្បីតែកាមគុណទាំង ៥ ក៏ឈ្មោះថា អគោចរ ។ សមដូចព្រះតម្រាស់នេះ ដែលព្រះមានព្រះភាគបានត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយកុំប្រព្រឹត្តក្នុងអគោចរដែលជាវិស័យនៃសត្រូវ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយប្រព្រឹត្តក្នុងអគោចរ ដែលជាវិស័យនៃសត្រូវ មារនឹងបានចន្លោះ មារនឹងបានអារម្មណ៍ ម្នាលភិក្ខុទាំងឡាយ អគោចរ របស់ភិក្ខុដែលជាវិស័យនៃសត្រូវ គឺអ្វី គឺកាមគុណទាំង ៥ កាមគុណទាំង ៥ តើដូចម្តេចខ្លះ គឺរូបទាំងឡាយ ដែលគប្បីដឹងច្បាស់ដោយចក្ខុ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាម គួរឲ្យត្រេកត្រអាល សំឡេងទាំងឡាយ ដែលគប្បីដឹងច្បាស់ដោយត្រចៀក ក្លិនទាំងឡាយ ដែលគប្បីដឹងច្បាស់ដោយច្រមុះ រសទាំងឡាយ ដែលគប្បីដឹងច្បាស់ដោយអណ្តាត ផោដ្ឋព្វៈទាំងឡាយដែលគប្បីដឹងច្បាស់ដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាម គួរឲ្យត្រេកត្រអាល ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា អគោចររបស់ភិក្ខុ ដែលជាវិស័យនៃសត្រូវ ។ នេះក៏លោកហៅថា អគោចរដែរ ។  

គោចរ តើដូចម្តេច ។ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនត្រាច់ទៅកាន់សំណាក់ស្រ្តីពេស្យា មិនត្រាច់ទៅកាន់សំណាក់ស្រ្តីមេម៉ាយ មិនត្រាច់ទៅកាន់សំណាក់ស្រ្តីក្រមុំចាស់ មិនត្រាច់ទៅកាន់សំណាក់មនុស្សខ្ទើយ មិនត្រាច់ទៅកាន់សំណាក់ភិក្ខុនី មិនត្រាច់ទៅកាន់រោងស្រា មិននៅច្របូកច្របល់នឹងពួកព្រះរាជា និងពួកមហាមាត្យរបស់ព្រះរាជា និងពួកតិរ្ថិយ និងពួកសាវ័កតិរ្ថិយ និងការច្របូកច្របល់ដោយគ្រហស្ថ មិនត្រូវទំនង សេពគប់ ចូលទៅអង្គុយជិតនឹងពួកត្រកូលដែលមានជំនឿជ្រះថ្លា ជាអណ្តូង ចិញ្ចែងចិញ្ចាចដោយកាសាវពស្រ្ត សាយភាយដោយខ្យល់ឥសី ប្រាថ្នាសេចក្តីចម្រើន ប្រាថ្នាប្រយោជន៍ ប្រាថ្នាសេចក្តីស្រួល ប្រាថ្នាសេចក្តីក្សេមចាកយោគៈ ដើម្បីពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា នេះហៅថា គោចរ ។ មួយទៀត ភិក្ខុចូលទៅកាន់ចន្លោះផ្ទះ ដើរតាមថ្នល់ សង្រួមដើរទៅ មិនក្រឡេកមើលដំរី មិនមើលសេះ មិនមើលរថ មិនមើលពលថ្មើរជើង ។បេ ។ មិនមៀងមើលទិស និងទិស ឆៀងដើរទៅ នេះក៏ហៅថា គោចរដែរ ។ មួយវិញទៀត ភិក្ខុឃើញរូបដោយចក្ខុ ជាអ្នកមិនកាន់យកនូវនិមិត្ត ។បេ ។ ដល់នូវសេចក្តីសង្រួមក្នុងមនិន្រ្ទិយ នេះហៅថា គោចរដែរ ។ ពុំនោះសោត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ សមណព្រាហ្មណ៍ទាំងនោះ មិនប្រកបរឿយៗ នូវការមើលល្បែងដែលជាសត្រូវដល់កុសលធម៌ មានសភាពយ៉ាងនេះ គឺល្បែង រាំ ច្រៀង ប្រគំ ។បេ ។ ទីសម្រាប់មើលសេនាប្រកបដោយអង្គ ៤ ជាអ្នកវៀរស្រឡះចាកកិរិយាប្រកបរឿយៗ នូវការមើលល្បែងដែលជាសត្រូវដល់កុសលធម៌ មានសភាពយ៉ាងនេះឯង នេះក៏ហៅថា គោចរដែរ ។ សូម្បីសតិប្បដ្ឋានទាំង ៤ ក៏ឈ្មោះថា គោចរដែរ ។ សមដូចព្រះតម្រាស់នេះ ដែលព្រះមានព្រះភាគបានត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរប្រព្រឹត្តក្នុងគោចរ ដែលជាវិស័យរបស់បិតាខ្លួន ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយប្រព្រឹត្តក្នុងគោចរ ដែលជាវិស័យរបស់បិតាខ្លួន មារនឹងមិនបានចន្លោះ មារនឹងមិនបានអារម្មណ៍ ម្នាលភិក្ខុទាំងឡាយ គោចរ ដែលជាវិស័យរបស់បិតាខ្លួន គឺអ្វី គឺសតិប្បដ្ឋាន ៤ ចុះសតិប្បដ្ឋាន ៤ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកឃើញរឿយ ៗ នូវកាយក្នុងកាយ មានព្យាយាម ដុតកំដៅកិលេស ដឹងខ្លួន មានស្មារតី កំចាត់បង់អភិជ្ឈា និងទោមនស្ស ក្នុងលោក (ជាអ្នកឃើញរឿយ ៗ នូវវេទនា) ក្នុងវេទនាទាំងឡាយ (ជាអ្នកឃើញរឿយ ៗ នូវចិត្ត) ក្នុងចិត្ត ជាអ្នកឃើញរឿយ ៗ នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាមដុតកំដៅកិលេស ដឹងខ្លួន មានស្មារតី កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា គោចរ ដែលជាវិស័យរបស់បិតាខ្លួន ។ នេះក៏លោកហៅថា គោចរដែរ ។ ភិក្ខុគប្បីជាអ្នកប្រកបដោយគោចរប្រាកដដូច្នេះ ហេតុនោះ (លោកសួរថា) ភិក្ខុនោះ មានគោចរដូចម្តេច ក្នុងសាសនានេះ ។

[២២០] ពាក្យថា ត្រូវមានសីល និងវត្តដូចម្តេច គឺព្រះសារីបុត្តត្ថេរ សួរសីលព្វតបារិសុទ្ធិថា គប្បីជាអ្នកប្រកបដោយសីល និងវត្ត ប្រាកដដូចម្តេច មានទ្រង់ទ្រាយដូចម្តេច មានបែបដូចម្តេច មានយ៉ាងដូចម្តេច ។

សីលព្វតបារិសុទ្ធិ តើដូចម្តេច ។ សីលផង វត្តផង ក៏មាន វត្ត មិនមែនសីល ក៏មាន ។  

សីលផង វត្តផង តើដូចម្តេច ។ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល ជាអ្នកសង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរ ឃើញភ័យក្នុងទោសទាំងឡាយ ត្រឹមតែបន្តិចបន្តួច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ សេចក្តីរវាំង សេចក្តីសង្រួម សេចក្តីមិនប្រព្រឹត្តិល្មើសណា ក្នុងសិក្ខាបទទាំងនោះ នេះ សីល ។ ការសមាទានណា ការសមាទាននោះជាវត្ត ។ ឈ្មោះថា សីល ដោយសេចក្តីថា សង្រួម ឈ្មោះថាវត្ត ដោយសេចក្តីថា សមាទាន ។ នេះលោកហៅថា សីលផង វត្តផង ។

វត្ត មិនមែនសីល តើដូចម្តេច ។ ធុតង្គ ៨ គឺ អរញ្ញិកង្គៈ បិណ្ឌបាតិកង្គៈ បំសុកូលិកង្គៈ តេចីវរិកង្គៈ សបទានចារិកង្គៈ ខលុបច្ឆាភត្តិកង្គៈ នេសជ្ជិកង្គៈ យថាសន្ថតិកង្គៈ នេះលោកហៅថា វត្ត មិនមែនសីល ។ វីរិយសមាទាន ក៏លោកហៅថា វត្ត មិនមែនសីល ។ ភិក្ខុផ្គង តំកល់ចិត្តថា ស្បែក សរសៃ និងឆ្អឹង ចូរសល់នៅតាមប្រាថ្នាចុះ សាច់ និងឈាម ចូររីងស្ងួតក្នុងសរីរៈចុះ គុណជាតណា ដែលគេគប្បីសម្រេចដោយកំឡាំងកាយនៃបុរស ដោយកំឡាំងប្រាជ្ញានៃបុរស ដោយការព្យាយាមនៃបុរស ដោយសេចក្តីប្រឹងប្រែងនៃបុរស ការមិនទាន់សម្រេចនូវគុណជាតនោះទេ នឹងមិនឈប់ព្យាយាមឡើយ វីរិយសមាទាន មានសភាពយ៉ាងនេះ លោកហៅថា វត្ត មិនមែនសីល ។ ភិក្ខុផ្គងតំកល់ចិត្តថា

អាត្មាអញ នឹងមិនបរិភោគ នឹងមិនផឹក នឹងមិនចេញអំពីវត្ត នឹងមិនទម្រេត បើព្រួញគឺតណ្ហា អាត្មាអញដកមិនទាន់រួចទេ

វីរិយសមាទាន មានសភាពយ៉ាងនេះ លោកហៅថា វត្ត មិនមែនសីល ។ ភិក្ខុផ្គង តាំងចិត្តថា ចិត្តរបស់អាត្មាអញ មិនទាន់រួចស្រឡះចាកអាសវៈ ព្រោះមិនប្រកាន់មាំដរាបណា អាត្មាអញនឹងមិនទំលាយភ្នែនចេញដរាបនោះ វីរិយសមាទាន មានសភាពយ៉ាងនេះ លោកហៅថា វត្ត មិនមែនសីល ។ ភិក្ខុផ្គង តំកល់ចិត្តថា ចិត្តរបស់អាត្មាអញ បើមិនទាន់រួចស្រឡះចាកអាសវៈ ព្រោះមិនប្រកាន់មាំ ដរាបណា អាត្មាអញនឹងមិនក្រោកចាកអាសនៈនេះ មិនចុះអំពីទីចង្រ្កម មិនចេញអំពីវត្ត មិនចេញអំពីអឌ្ឍយោគ មិនចេញអំពីប្រាសាទ មិនចេញអំពីប្រាសាទត្រងិល មិនចេញអំពីគុហា មិនចេញអំពីទីពួន មិនចេញអំពីកុដិ មិនចេញអំពីផ្ទះកំពូល មិនចេញអំពីប៉ម មិនចេញអំពីរោង មិនចេញអំពីទីអាស្រ័យ មិនចេញអំពីរោងឆាន់ មិនចេញអំពីមណ្ឌប មិនចេញអំពីគល់ឈើ ដរាបនោះ វីរិយសមាទាន មានសភាពយ៉ាងនេះ លោកហៅថា វត្ត មិនមែនសីល ។ ភិក្ខុផ្គង តំកល់ចិត្តថា ក្នុងបុព្វណ្ហសម័យនេះឯង អាត្មាអញនឹងនាំមក នឹងប្រមូលមក នឹងត្រាស់ដឹង នឹងពាល់ត្រូវ នឹងធ្វើឲ្យជាក់ច្បាស់ នូវអរិយធម៌ឲ្យទាល់តែបាន វីរិយសមាទាន មានសភាពយ៉ាងនេះ លោកហៅថា វត្ត មិនមែនសីល ។ ភិក្ខុផ្គងតំកល់ចិត្តថា ក្នុងវេលាថ្ងៃត្រង់នេះឯង ក្នុងវេលាថ្ងៃរសៀល ក្នុងវេលាមុនបាយ ក្នុងវេលាក្រោយបាយ ក្នុងយាមដើមដំបូង ក្នុងយាមកណ្តាល ក្នុងយាមខាងក្រោយ ក្នុងកាលខាងរនោច ក្នុងកាលខាងខ្នើត ក្នុងរដូវភ្លៀង ក្នុងរដូវត្រជាក់ ក្នុងរដូវក្តៅ ក្នុងវយោខន្ធដំបូង ក្នុងវយោខន្ធកណ្តាលនេះ ក្នុងវយោខន្ធខាងក្រោយ អាត្មាអញនឹងនាំមក នឹងប្រមូលមក នឹងត្រាស់ដឹង នឹងពាល់ត្រូវ នឹងធ្វើឲ្យជាក់ច្បាស់នូវអរិយធម៌ឲ្យទាល់តែបាន វីរិយសមាទាន មានសភាពយ៉ាងនេះ លោកហៅថា វត្ត មិនមែនសីល ។ នេះ សីលព្វតបារិសុទ្ធិ ។ ភិក្ខុគប្បីជាអ្នកប្រកបដោយសីលព្វតបារិសុទ្ធិ ប្រាកដដូច្នេះ ហេតុនោះ (លោកសួរថា) ត្រូវមានសីល និងវត្ត ដូចម្តេច ។

[២២១] អធិប្បាយពាក្យថា ភិក្ខុមានចិត្តបញ្ជូនទៅ ត្រង់ពាក្យថា មានចិត្តបញ្ជូនទៅ គឺមានសេចក្តីព្យាយាមតឹងតែង មានកំឡាំងចិត្ត មានសេចក្តីប្រឹងប្រែងដ៏មុតមាំ មានឆន្ទៈមិនដាក់ចុះ មានធុរៈមិនដាក់ចុះ ក្នុងកុសលធម៌ទាំងឡាយ ។ មួយទៀត មានចិត្តបញ្ជូនទៅ បានដល់ខ្លួននៃបុគ្គលដែលបញ្ជូនចិត្តទៅក្នុងប្រយោជន៍ខ្លួនផង ក្នុងធម៌ [អរិយដ្ឋង្គិកមគ្គ ។] គួរដឹងផង ក្នុងលក្ខណៈផង ក្នុងហេតុផង ក្នុងហេតុគួរ ឬមិនគួរផង ។ មានចិត្តបញ្ជូនទៅថា សង្ខារទាំងពួងមិនទៀង ។ មានចិត្តបញ្ជូនទៅថា សង្ខារទាំងពួងជាទុក្ខ ។ មានចិត្តបញ្ជូនទៅថា ធម៌ទាំងពួង មិនមែនខ្លួន ។ មានចិត្តបញ្ជូនទៅថា សង្ខារ (កើតមាន) ព្រោះអវិជ្ជាជាបច្ច័យ ។បេ ។ មានចិត្តបញ្ជូនទៅថា ជរា មរណៈ (កើតមាន) ព្រោះជាតិជាបច្ច័យ ។ មានចិត្តបញ្ជូនទៅថា ការរលត់សង្ខារ ព្រោះរលត់អវិជ្ជា ។បេ ។ មានចិត្តបញ្ជូនទៅថា ការរលត់ជរា មរណៈ ព្រោះរលត់ជាតិ ។ មានចិត្តបញ្ជូនទៅថា នេះ ទុក្ខ ។បេ ។ មានចិត្តបញ្ជូនទៅថា នេះ បដិបទា ជាដំណើរទៅកាន់ទីរលត់ទុក្ខ ។ មានចិត្តបញ្ជូនទៅថា នេះ អាសវៈ ។បេ ។ មានចិត្តបញ្ជូនទៅថា នេះ បដិបទា ជាដំណើរទៅកាន់ទីរលត់អាសវៈ ។ មានចិត្តបញ្ជូនទៅថា ធម៌ទាំងឡាយនេះ គួរដឹងច្បាស់ ។បេ ។ មានចិត្តបញ្ជូនទៅថា ធម៌នេះ គួរធ្វើឲ្យជាក់ច្បាស់ ។ មានចិត្តស្លុងទៅកាន់ការកើត ការរលត់ អានិសង្ស ទោស និងការរលាស់ចេញនៃផស្សាយតនៈ ៦ ។ មានចិត្តស្លុងទៅកាន់ការកើត ការវិនាស អានិសង្ស ទោស និងការរលាស់ចេញនៃឧបាទានក្ខន្ធទាំង ៥ ផង នៃមហាភូតរូបទាំង ៤ ផង ។ មានចិត្តបញ្ជូនទៅថា របស់ណា មានការកើតជាធម្មតា របស់ទាំងអស់នោះ មានការរលត់ជាធម្មតា ។ ពាក្យថា ភិក្ខុ គឺភិក្ខុជាកល្យាណបុថុជ្ជន ឬភិក្ខុជាសេក្ខៈ ហេតុនោះ (លោកសួរថា) ភិក្ខុមានចិត្តបញ្ជូនទៅ ។ ហេតុនោះ ព្រះសារីបុត្ត ពោលថា

ភិក្ខុមានចិត្តបញ្ជូនទៅហើយនោះ ត្រូវមានសំដីដូចម្តេច ភិក្ខុនោះ ត្រូវមានគោចរដូចម្តេច ក្នុងសាសនានេះ ត្រូវមានសីល និងវត្តដូចម្តេច ។

[២២២] ភិក្ខុនោះ សមាទានសិក្ខាដូចម្តេច មានចិត្តខ្ពស់ឯក មានប្រាជ្ញា មានស្មារតី (ដូចម្តេច) ទើបកំចាត់បង់មន្ទិលរបស់ខ្លួនបាន ដូចជាងលោហៈ ដេញមន្ទិលប្រាក់ ។

[២២៣] ពាក្យថា ភិក្ខុនោះ សមាទានសិក្ខាដូចម្តេច គឺភិក្ខុនោះ កាន់ សមាទាន កាន់យក កួចកាន់ បបោសអង្អែល ប្រកាន់ស្អិត នូវសិក្ខាដូចម្តេច ហេតុនោះ (លោកសួរថា) ភិក្ខុនោះ សមាទានសិក្ខាដូចម្តេច ។ ពាក្យថា មានចិត្តខ្ពស់ឯក មានប្រាជ្ញា មានស្មារតី ត្រង់ពាក្យថា មានចិត្តខ្ពស់ឯក គឺមានចិត្ត មានអារម្មណ៍តែមួយ មានចិត្តមិនរវើរវាយ មានចិត្តមិនរសេមរសាម ហេតុនោះ (លោកសួរថា) មានចិត្តខ្ពស់ឯក ។  ពាក្យថា មានប្រាជ្ញា គឺមានប្រាជ្ញាចាស់ ជាបណ្ឌិតមានប្រាជ្ញា មានការដឹង មានញាណ មានការភ្លឺច្បាស់ មានប្រាជ្ញាកំចាត់បង់កិលេស ។ ពាក្យថា មានស្មារតី គឺមានស្មារតី ដោយហេតុ ៤ គឺមានស្មារតី ចម្រើនសតិប្បដ្ឋានជាគ្រឿងពិចារណានូវកាយក្នុងកាយ មានស្មារតី ចម្រើនសតិប្បដ្ឋានជាគ្រឿងពិចារណានូវវេទនាក្នុងវេទនាទាំងឡាយ មានស្មារតី ចម្រើនសតិប្បដ្ឋានជាគ្រឿងពិចារណានូវចិត្តក្នុងចិត្ត មានស្មារតីចម្រើនសតិប្បដ្ឋានជាគ្រឿងពិចារណានូវធម៌ក្នុងធម៌ទាំងឡាយ ។ ភិក្ខុនោះ ហៅថា អ្នកមានស្មារតី ។ ត្រង់ពាក្យថា ភិក្ខុនោះ សមាទានសិក្ខាដូចម្តេច គឺលោកសួរអធិសីលសិក្ខា ។ ត្រង់ពាក្យថា មានចិត្តខ្ពស់ឯក គឺលោកសួរអធិចិត្តសិក្ខា ។ ត្រង់ពាក្យថា មានប្រាជ្ញា គឺលោកសួរអធិប្បញ្ញាសិក្ខា ។ ត្រង់ពាក្យថា មានស្មារតី គឺលោកសួរសតិបារិសុទ្ធិ ហេតុនោះ (លោកសួរថា) ភិក្ខុនោះ មានចិត្តខ្ពស់ឯក មានប្រាជ្ញា មានស្មារតី សមាទានសិក្ខា ដូចម្តេច ។

[២២៤] ពាក្យថា ទើបកំចាត់បង់មន្ទិលរបស់ខ្លួនបាន ដូចជាងលោហៈដែលដេញមន្ទិលប្រាក់ អធិប្បាយថា ជាងមាស លោកហៅថា ជាងលោហៈ ។ ជាតរូប លោកហៅថា ប្រាក់ ។ ជាងមាស កំចាត់ ដុសខាត់ ដេញមន្ទិលប្រាក់ដ៏គ្រោតគ្រាតផង កំចាត់ ដុសខាត់ ដេញមន្ទិលធុនកណ្តាលផង កំចាត់ ដុសខាត់ ដេញមន្ទិលធុនល្អិតផង ។ មានឧបមាយ៉ាងណា ភិក្ខុកំចាត់ ដុសខាត់ ដេញ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានបែបភាពនូវកិលេសគ្រោតគ្រាតរបស់ខ្លួនផង កំចាត់ ដុសខាត់ ដេញ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានបែបភាពនូវកិលេសជាកណ្តាលផង កំចាត់ ដុសខាត់ ដេញ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានបែបភាពនូវកិលេសដ៏ល្អិតផង ក៏មានឧបមេយ្យយ៉ាងនោះឯង ។ មួយទៀត ភិក្ខុកំចាត់ ដុសខាត់ ដេញ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានបែបភាពនូវមន្ទិលគឺរាគៈ មន្ទិលគឺទោសៈ មន្ទិលគឺមោហៈ មន្ទិលគឺមានះ មន្ទិលគឺទិដ្ឋិ មន្ទិលគឺកិលេស មន្ទិលគឺទុច្ចរិតរបស់ខ្លួន ជាកិលេសជាតធ្វើឲ្យងងឹត ធ្វើមិនឲ្យមានចក្ខុ ធ្វើមិនឲ្យមានញាណ ជាគ្រឿងធ្វើឲ្យរលត់បញ្ញា ជាកិលេសជាតប្រព្រឹត្តទៅក្នុងពួកធម៌ ធ្វើឲ្យចង្អៀតចង្អល់ចិត្ត ប្រព្រឹត្តទៅក្នុងទីមិនមែនជាព្រះនិព្វាន ។ មួយទៀត ភិក្ខុកំចាត់ ដុសខាត់ ដេញ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានបែបភាពនូវមិច្ឆាទិដ្ឋិ ដោយសម្មាទិដ្ឋិ កំចាត់ ដុសខាត់ ដេញ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានបែបភាពនូវមិច្ឆាសង្កប្បៈ ដោយសម្មាសង្កប្បៈ នូវមិច្ឆាវាចា ដោយសម្មាវាចា នូវមិច្ឆាកម្មន្តៈ ដោយសម្មាកម្មន្តៈ នូវមិច្ឆាអាជីវៈ ដោយសម្មាអាជីវៈ នូវមិច្ឆាវាយាមៈ ដោយសម្មាវាយាមៈ នូវមិច្ឆាសតិ ដោយសម្មាសតិ នូវមិច្ឆាសមាធិ ដោយសម្មាសមាធិ នូវមិច្ឆាញាណ ដោយសម្មាញាណ នូវមិច្ឆាវិមុត្តិ ដោយសម្មាវិមុត្តិ ។ មួយវិញទៀត ភិក្ខុកំចាត់ ដុសខាត់ ដេញ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានបែបភាពនូវកិលេសទាំងអស់ ទុច្ចរិតទាំងអស់ សេចក្តីក្រវល់ក្រវាយទាំងអស់ សេចក្តីក្តៅក្រហាយទាំងអស់ សេចក្តីក្រហល់ក្រហាយទាំងអស់ អភិសង្ខារ ជាអកុសលទាំងអស់ ដោយអដ្ឋង្គិកមគ្គដ៏ប្រសើរ ហេតុនោះ (លោកសួរថា) ទើបកំចាត់បង់មន្ទិលរបស់ខ្លួនបាន ដូចជាងលោហៈដេញមន្ទិលប្រាក់ ។ ហេតុនោះ ព្រះសារីបុត្តត្ថេរពោលថា

ភិក្ខុនោះ សមាទានសិក្ខាដូចម្តេច មានចិត្តខ្ពស់ឯក មានប្រាជ្ញា មានស្មារតី (ដូចម្តេច) ទើបកំចាត់បង់មន្ទិលរបស់ខ្លួនបាន ដូចជាងលោហៈដេញមន្ទិលប្រាក់ ។

[២២៥] (ព្រះមានព្រះភាគត្រាស់តបថា ម្នាលសារីបុត្ត) ការសប្បាយណា របស់ភិក្ខុកាលខ្ពើមរអើម សេពទីអង្គុយ ទីដេកដ៏ស្ងាត់ មានបំណងនូវសម្ពោធិញ្ញាណ តាមលំដាប់ធម៌ តថាគតនឹងប្រាប់ការសប្បាយនោះដល់អ្នក តាមទំនងដែលតថាគតដឹង ។

[២២៦] អធិប្បាយពាក្យថា ការសប្បាយណា របស់ភិក្ខុកាលខ្ពើមរអើម ត្រង់ពាក្យថា កាលខ្ពើមរអើម គឺខ្ពើមរអើមព្រោះជាតិ ព្រោះជរា ព្រោះព្យាធិ ព្រោះមរណៈ ព្រោះសោក ព្រោះសេចក្តីខ្សឹកខ្សួល ព្រោះទុក្ខ ព្រោះតូចចិត្ត ព្រោះសេចក្តីតានតឹង ។បេ ។ ខ្ពើមរអើម ជិនឆ្អន់ នឿយណាយ ព្រោះទុក្ខគឺវិនាសទិដ្ឋិ ហេតុនោះ (ទ្រង់ត្រាស់ថា) កាលខ្ពើមរអើម ពាក្យថា ការសប្បាយណា សេចក្តីថា ការសប្បាយ ការនៅសប្បាយណា តថាគតនឹងសំដែងការនៅសប្បាយនោះ ។ ការនៅសប្បាយ តើដូចម្តេច ។ ការប្រតិបត្តិដោយប្រពៃ ការប្រតិបត្តិជាអនុលោម ការប្រតិបត្តិមិនជាសត្រូវ ការប្រតិបត្តិតាមលំដាប់ប្រយោជន៍ ការប្រតិបត្តិនូវធម៌ដ៏សមគួរដល់ធម៌ ភាពជាអ្នកបំពេញក្នុងសីល ភាពជាអ្នកគ្រប់គ្រងទ្វារក្នុងឥន្រ្ទិយ ភាពជាអ្នកដឹងប្រមាណក្នុងភោជន ការប្រកបរឿយៗ នូវការភ្ញាក់រឭក សតិសម្បជញ្ញៈ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទិ្ធបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ និព្វាន និងបដិបទាជាដំណើរទៅកាន់ព្រះនិព្វាន នេះឈ្មោះថា ការនៅសប្បាយ ហេតុនោះ (ទ្រង់ត្រាស់ថា) ការសប្បាយណា របស់ភិក្ខុកាលខ្ពើមរអើម ។

[២២៧] ពាក្យថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសារីបុត្ត គឺទ្រង់ហៅព្រះថេរនោះតាមនាម ។ ពាក្យថា ព្រះមានព្រះភាគ ជាពាក្យនិយាយដោយគោរព ។ មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុទ្រង់បំបាក់ចោលនូវរាគៈ ។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុទ្រង់បំបាក់ចោលទោសៈ ។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុទ្រង់បំបាក់ចោលមោហៈ ។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុទ្រង់បំបាក់ចោលមានះ ។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុទ្រង់បំបាក់ចោលទិដ្ឋិ ។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុទ្រង់បំបាក់ចោលកិលេសដូចបន្លា ។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុទ្រង់បំបាក់ចោលកិលេស ។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុទ្រង់ចែករលែក បំបែក នូវធម្មរតនៈ ។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះព្រះអង្គធ្វើនូវទីបំផុតនៃភព ។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុព្រះអង្គមានកាយអប់រំហើយ ។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុព្រះអង្គមានសីលអប់រំហើយ ព្រោះព្រះអង្គមានព្រះទ័យអប់រំហើយ ព្រោះព្រះអង្គមានប្រាជ្ញាអប់រំហើយ ។ មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុព្រះមានបុណ្យ ទ្រង់គប់រកព្រៃតូច និងព្រៃធំ ជាសេនាសនៈដ៏ស្ងាត់ មានសំឡេងតិច មានសូរកងរំពងតិច ប្រាសចាកខ្យល់ដែលកើត (អំពីសរីរៈមនុស្ស) ជាទីគួរដល់ការកំបាំងអំពីមនុស្សសមគួរដល់ការពួនសម្ងំ ។ មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុព្រះមានបុណ្យ ទ្រង់មានភាគចីវរ បិណ្ឌបាត សេនាសនៈ និងគ្រឿងបរិក្ខារគឺថ្នាំជាបច្ច័យនៃអ្នកជម្ងឺ ។ មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុព្រះមានបុណ្យ ទ្រង់មានភាគនៃអត្ថរស ធម្មរស វិមុត្តិរស អធិសីល អធិចិត្ត អធិប្បញ្ញា ។ មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុព្រះមានបុណ្យ ទ្រង់មានភាគនៃឈាន ៤ អប្បមញ្ញា ៤ អរូបសមាបត្តិ ៤ ។ មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុព្រះមានបុណ្យ ទ្រង់មានភាគនៃវិមោក្ខ ៨ អភិភាយតនៈ ៨ អនុបុព្វវិហារសមាបត្តិ ៩ ។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុព្រះមានបុណ្យទ្រង់មានភាគនៃសញ្ញាភាវនា ១០ កសិណសមាបត្តិ ១០ អានាបានស្សតិសមាធិ អសុភសមាបត្តិ ។ មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុព្រះមានបុណ្យ ទ្រង់មានភាគនៃសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ។ មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុព្រះមានបុណ្យ ទ្រង់មានភាគនៃតថាគតពលៈ ១០ វេសារជ្ជៈ ៤ បដិសម្ភិទា ៤ អភិញ្ញា ៦ ពុទ្ធធម៌ ៦ ។ ព្រះនាមថា ព្រះមានព្រះភាគនេះ មិនមែនព្រះមាតាថ្វាយ មិនមែនព្រះបិតាថ្វាយ មិនមែនបងប្អូនប្រុសថ្វាយ មិនមែនបងប្អូនស្រីថ្វាយ មិនមែនពួកមិត្រអាមាត្យថ្វាយ មិនមែនពួកញាតិសាលោហិតថ្វាយ មិនមែនពួកសមណព្រាហ្មណ៍ថ្វាយ មិនមែនពួកទេវតាថ្វាយ ព្រះនាមថា ព្រះមានព្រះភាគនេះ មានក្នុងទីបំផុតនៃវិមោក្ខរបស់ព្រះពុទ្ធទាំងឡាយដ៏មានព្រះភាគ ការបញ្ញាត្តិថា ព្រះមានព្រះភាគនេះ កើតដោយការធ្វើឲ្យជាក់ច្បាស់ ព្រមទាំងការបានចំពោះនូវសព្វញ្ញុតញ្ញាណ ទៀបគល់ពោធិព្រឹក្ស ព្រោះហេតុនោះ (លោកពោលថា) ព្រះមានព្រះភាគត្រាស់ថា ម្នាលសារីបុត្ត ។

[២២៨] ពាក្យថា សេពនូវទីអង្គុយ ទីដេកដ៏ស្ងាត់ អធិប្បាយថា គេអង្គុយលើទីណា ទីនោះ លោកហៅថា ទីអង្គុយ គឺគ្រែ តាំង ពូក កន្ទេល ចម្មខ័ណ្ឌ កម្រាលស្មៅ កម្រាលស្លឹក កម្រាលចម្បើង ។ ទីសេនាសនៈគឺវិហារ អឌ្ឍយោគ ប្រាសាទ ប្រាសាទត្រងិល គុហា លោកហៅថា ទីដេក ។ ទីដេក ទីអង្គុយដ៏ស្ងាត់ ស្ងាត់ឈឹង ស្ងាត់ជ្រងំ ចាកការឃើញរូបមិនជាទីសប្បាយ ចាកការឮសំឡេងមិនជាទីសប្បាយ ។បេ ។ ដ៏ស្ងាត់ ស្ងាត់ឈឹង ស្ងាត់ជ្រងំ ចាកកាមគុណ ៥ មិនជាទីសប្បាយ ។ កាលគប់ គប់រក សមគប់ គប់ស្និទ្ធ នូវទីដេក ទីអង្គុយដ៏ស្ងាត់ ហេតុនោះ (ទ្រង់ត្រាស់ថា) សេពនូវទីអង្គុយ ទីដេកដ៏ស្ងាត់ ។

[២២៩] ពាក្យថា មានបំណងនូវសម្ពោធិញ្ញាណ តាមលំដាប់ធម៌ សេចក្តីថា ការដឹង បញ្ញា បញ្ញិន្រ្ទិយ បញ្ញាពលៈ ធម្មវិចយសម្ពោជ្ឈង្គៈ វីមំសា វិបស្សនា សម្មាទិដ្ឋិ ក្នុងមគ្គ ៤ លោកហៅថា សម្ពោធិ ។ មានបំណងដើម្បីត្រាស់ដឹង មានបំណងដើម្បីត្រាស់ដឹងតាម មានបំណងដើម្បីត្រាស់ដឹងចំពោះ មានបំណងដើម្បីត្រាស់ដឹងព្រម មានបំណងដើម្បីបាន មានបំណងដើម្បីពាល់ត្រូវ មានបំណងដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសម្ពោធិញ្ញាណនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) មានបំណងដើម្បីសម្ពោធិញ្ញាណ ។ សំនួរត្រង់ពាក្យថា តាមលំដាប់ធម៌ ចុះតាមលំដាប់ធម៌នៃពោធិញ្ញាណ តើដូចម្តេច ។ ការប្រតិបត្តិដោយប្រពៃ ការប្រតិបត្តិជាអនុលោម ការប្រតិបត្តិមិនជាសត្រូវ ការប្រតិបត្តិតាមលំដាប់ប្រយោជន៍ ការប្រតិបត្តិធម៌ដ៏សមគួរដល់ធម៌ ភាពជាអ្នកបំពេញក្នុងសីល ភាពជាអ្នកគ្រប់គ្រងទ្វារក្នុងឥន្រ្ទិយ ភាពជាអ្នកដឹងប្រមាណក្នុងភោជន ការប្រកបរឿយៗ នូវសេចក្តីភ្ញាក់រឭក សតិសម្បជញ្ញៈ ធម៌ទាំងនេះ លោកហៅថា តាមលំដាប់ធម៌នៃពោធិញ្ញាណ ។ មួយទៀត វិបស្សនាក្នុងចំណែកខាងដើមនៃមគ្គ ៤ នេះ លោកហៅថា តាមលំដាប់ធម៌នៃពោធិញ្ញាណ ហេតុនោះ (ទ្រង់ត្រាស់ថា) មានបំណងនូវពោធិញ្ញាណ តាមលំដាប់ធម៌ ។

[២៣០] អធិប្បាយពាក្យថា តថាគតនឹងប្រាប់ការសប្បាយនោះដល់អ្នក តាមទំនងដែលតថាគតដឹង ត្រង់ពាក្យថា ការសប្បាយនោះ គឺធម៌ជាលំដាប់នៃពោធិញ្ញាណ ។ ពាក្យថា តថាគតនឹងប្រាប់ គឺតថាគតនឹងពោលប្រាប់ ចង្អុល បង្ហាញ សំដែង ធ្វើឲ្យដឹងច្បាស់ តាំងផ្តើម បើក ចែក ធ្វើឲ្យរាក់ ប្រកាស ។ ពាក្យថា តាមទំនងដែលតថាគតដឹង គឺតថាគតកាលដឹង យល់ ចូលចិត្ត ដឹងប្រាកដ ចាក់ធ្លុះយ៉ាងណា នឹងសំដែងនូវធម៌នោះយ៉ាងនោះដោយខ្លួនឯង ជាធម៌ដឹងចំពោះខ្លួនឯង ប្រាកដចំពោះខ្លួន មិនមែនដោយយល់ថា យ៉ាងនេះ យ៉ាងនោះទេ មិនមែនតាមឮថា ដូច្នេះ មិនមែនឮតៗ គ្នាមកទេ មិនមែនដោយការប្រកាន់តាមក្បួន មិនមែនដោយការប្រកាន់តាមត្រិះរិះ មិនមែនដោយការប្រកាន់តាមន័យ មិនមែនត្រិះរិះដោយអាការៈ មិនមែនដោយការពិចារណាតាមការគួរដោយទិដ្ឋិទេ ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគត នឹងប្រាប់ការសប្បាយនោះដល់អ្នក តាមទំនងដែលតថាគតដឹង ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

(ព្រះមានព្រះភាគ ត្រាស់តបថា ម្នាលសារីបុត្ត) ការសប្បាយណា របស់ភិក្ខុកាលខ្ពើមរអើម សេពទីអង្គុយ ទីដេកដ៏ស្ងាត់ មានបំណងនូវសម្ពោធិញ្ញាណ តាមលំដាប់ធម៌ តថាគតនឹងប្រាប់ការសប្បាយនោះដល់អ្នក តាមទំនងដែលតថាគតដឹង ។

[២៣១] ភិក្ខុជាធីរៈ មានស្មារតី ប្រព្រឹត្តធម៌ប្រកបដោយទីបំផុតជុំវិញ មិនគប្បីខ្លាចចំពោះភ័យ ៥ យ៉ាង គឺរបោម មមាច ពស់ សម្ផ័ស្សរបស់មនុស្ស និងសត្វចតុប្បាទ ។

[២៣២] ពាក្យថា ធីរៈ ក្នុងបទថា ធីរៈ មិនគប្បីខ្លាចចំពោះភ័យ ៥ យ៉ាង បានដល់ ធីរៈ បណ្ឌិត អ្នកមានប្រាជ្ញា មានការត្រាស់ដឹង មានញាណ មានការភ្លឺច្បាស់ មានប្រាជ្ញាជាគ្រឿងកំចាត់បង់នូវកិលេស ។ ភិក្ខុជាធីរៈ មិនគប្បីខ្លាច មិនគប្បីតក់ស្លុត មិនគប្បីរន្ធត់ មិនគប្បីស្លន់ស្លោ មិនគប្បីដល់នូវសេចក្តីតក់ស្លុត មិនគប្បីជាអ្នកស្លន់ មិនញាប់ញ័រ មិនតក់ស្លុត មិនរត់ចេញ លះបង់នូវសេចក្តីខ្លាច និងសេចក្តីភ្លឹក ជាអ្នកប្រាសចាកសេចក្តីព្រឺរោមចំពោះភ័យ ៥ យ៉ាង ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុជាធីរៈ មិនគប្បីខ្លាចចំពោះភ័យ ៥ យ៉ាង ។

[២៣៣] អធិប្បាយពាក្យថា ភិក្ខុមានស្មារតី ប្រព្រឹត្តធម៌ប្រកបដោយទីបំផុតជុំវិញ ត្រង់ពាក្យថា ភិក្ខុ បានដល់ភិក្ខុជាកល្យាណបុថុជ្ជន ឬភិក្ខុជាសេក្ខៈ ។ ពាក្យថា មានស្មារតី បានដល់ភិក្ខុមានស្មារតីដោយហេតុ ៤ គឺមានស្មារតីចម្រើនសតិប្បដ្ឋាន ជាគ្រឿងពិចារណានូវកាយក្នុងកាយ មានស្មារតីចម្រើនសតិប្បដ្ឋាន ជាគ្រឿងពិចារណានូវវេទនាក្នុងវេទនា មានស្មារតីចម្រើនសតិប្បដ្ឋាន ជាគ្រឿងពិចារណានូវចិត្តក្នុងចិត្ត មានស្មារតី ចម្រើនសតិប្បដ្ឋានជាគ្រឿងពិចារណានូវធម៌ក្នុងធម៌ ភិក្ខុនោះ លោកហៅថា អ្នកមានស្មារតី ។ ពាក្យថា ប្រព្រឹត្តធម៌ប្រកបដោយទីបំផុតជុំវិញ បានដល់ ទីបំផុតជុំវិញ ៤ គឺទីបំផុតជុំវិញដោយការសង្រួមសីល ១ ទីបំផុតជុំវិញដោយការសង្រួមឥន្រ្ទិយ ១ ទីបំផុតជុំវិញដោយការដឹងប្រមាណក្នុងភោជន ១ ទីបំផុតជុំវិញដោយការប្រកបរឿយៗ នូវការភ្ញាក់រលឹក ១ ។

ទីបំផុតជុំវិញដោយការសង្រួមសីល តើដូចម្តេច ។ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរសីល បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោសមានប្រមាណតិចតួច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ ពិចារណាឃើញច្បាស់នូវភាពស្អុយក្នុងខាងក្នុង ប្រព្រឹត្តនូវទីបំផុតជុំវិញដោយការសង្រួមសីលក្នុងខាងក្នុង មិនទំលាយនូវខេត្តដែន (នៃសីល) នេះទីបំផុតជុំវិញដោយការសង្រួមសីល ។

ទីបំផុតជុំវិញដោយការសង្រួមឥន្រ្ទិយ តើដូចម្តេច ។ ភិក្ខុក្នុងសានានេះ ឃើញរូបដោយភ្នែក ជាអ្នកមិនកួចកាន់នូវនិមិត្ត មិនកួចកាន់នូវអនុព្យព្ជានៈ ធម៌ជាអកុសលដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីដិតតាមបុគ្គលមិនសង្រួមនូវចក្ខុន្រ្ទិយ ព្រោះការមិនសង្រួមចក្ខុន្រ្ទិយណាជាហេតុ ប្រតិបត្តិដើម្បីសង្រួមចក្ខុន្រ្ទិយនោះ រក្សាចក្ខុន្រ្ទិយ ដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយ ឮសំឡេងដោយត្រចៀក ធុំក្លិនដោយច្រមុះ លិទ្ធរសដោយអណ្តាត ប៉ះពាល់សម្ផ័ស្សដោយកាយ ដឹងធម្មារម្មណ៍ដោយចិត្ត ជាអ្នកមិនកួចកាន់នូវនិមិត្ត មិនកួចកាន់នូវអនុព្យព្ជានៈ ធម៌ជាអកុសលដ៏លាមក គឺអភិជ្ឈា និងទោមនស្ស មិនដិតតាមបុគ្គលមិនសង្រួមមនិន្រ្ទិយ ព្រោះការមិនសង្រួមមនិន្រ្ទិយណាជាហេតុ ប្រតិបត្តិដើម្បីសង្រួមមនិន្រ្ទិយនោះ រក្សាមនិន្រ្ទិយ ដល់នូវការសង្រួមក្នុងមនិន្រ្ទិយ ពិចារណានូវអាទិត្តបរិយាយសូត្រ ប្រព្រឹត្តក្នុងទីបំផុតជុំវិញ ដោយការសង្រួមឥន្រ្ទិយខាងក្នុង មិនទំលាយខេត្តដែន នេះ ទីបំផុតជុំវិញ ដោយការសង្រួមឥន្រ្ទិយ ។

ទីបំផុតជុំវិញ ដោយការដឹងប្រមាណក្នុងភោជន តើដូចម្តេច ។ ភិក្ខុក្នុងសាសនានេះ ពិចារណាដោយឧបាយ ហើយបរិភោគអាហារថា អាត្មាអញមិនបរិភោគដើម្បីការលេង មិនដើម្បីការស្រវឹង មិនដើម្បីការតាក់តែង មិនដើម្បីការផូរផង់ គ្រាន់តែដើម្បីការតាំងនៅនៃកាយនេះ ដើម្បីការញុំាងជីវិតិន្រ្ទិយឲ្យប្រព្រឹត្តទៅ ដើម្បីបំបាត់បង់នូវសេចក្តីលំបាក ដើម្បីអនុគ្រោះដល់ព្រហ្មចារ្យ និងកំចាត់បង់នូវវេទនាចាស់ផង និងមិនញុំាងវេទនាថ្មីឲ្យកើតឡើងផង កិរិយាប្រព្រឹត្តទៅ (នៃឥរិយាបថទាំង ៤) ផង សេចក្តីមិនមានទោសផង ការនៅសប្បាយផង នឹងមានដល់អាត្មាអញ ដូច្នេះ ភិក្ខុពិចារណានូវអាហារ ឧបមាដោយប្រេងសម្រាប់លាបភ្លៅរទេះ និងសំពត់សម្រាប់រុំដំបៅ និងសាច់កូន ប្រព្រឹត្តក្នុងទីបំផុតជុំវិញដោយការដឹងប្រមាណក្នុងភោជនខាងក្នុង មិនទំលាយនូវខេត្តដែន នេះទីបំផុតជុំវិញ ដោយការដឹងប្រមាណក្នុងភោជន ។

ទីបំផុតជុំវិញ ដោយការប្រកបរឿយ ៗ នូវការភ្ញាក់រលឹក តើដូចម្តេច ។ ភិក្ខុក្នុងសាសនានេះ ញុំាងចិត្តឲ្យបរិសុទ្ធចាកធម៌ជាគ្រឿងរារាំង ដោយការចង្រ្កម ដោយការអង្គុយ អស់វេលាថ្ងៃ ញុំាងចិត្តឲ្យបរិសុទ្ធ ចាកធម៌ជាគ្រឿងរារាំង ដោយការចង្រ្កម ដោយការអង្គុយអស់បឋមយាមនៃរាត្រី សម្រេចសីហសេយ្យា ដោយផ្អៀងខាងស្តាំ អស់មជ្ឈិមយាមនៃរាត្រី យកជើងតម្រួតលើជើង មានស្មារតី ដឹងខ្លួន ធ្វើទុកក្នុងចិត្តនូវសញ្ញាថានឹងក្រោក ហើយក្រោកក្នុងបច្ឆិមយាមនៃរាត្រី ញុំាងចិត្តឲ្យបរិសុទ្ធចាកធម៌ជាគ្រឿងរារាំង ដោយការចង្រ្កម ដោយការអង្គុយ ពិចារណានូវការនៅតាមភទ្ទេករត្តសូត្រ ប្រព្រឹត្តក្នុងទីបំផុតជុំវិញដោយការប្រកបរឿយៗ នូវការភ្ញាក់រលឹកខាងក្នុង មិនទំលាយនូវខេត្តដែន នេះទីបំផុតជុំវិញ ដោយការប្រកបរឿយៗ នូវការភ្ញាក់រលឹក ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុមានស្មារតី ប្រព្រឹត្តធម៌ប្រកបដោយទីបំផុតជុំវិញ ។

[២៣៤] ពាក្យថា របោម មមាច ពស់ សេចក្តីថា រុយក្រហម លោកហៅថា របោម ។ ពួករុយទាំងអស់ លោកហៅថា មមាច ។ ព្រោះអ្វី បានជាពួករុយទាំងអស់ លោកហៅថា មមាច ។ ពួករុយទាំងនោះ តែងហើរឆ្វៀលឆ្វាត់ទៅខាំ ព្រោះហេតុនោះ ពួករុយទាំងអស់ លោកហៅថា មមាច ។ ពស់ទាំងឡាយ លោកហៅថា ពស់ ហេតុនោះ (ទ្រង់ត្រាស់ថា) របោម មមាច ពស់ ។

[២៣៥] ពាក្យថា សម្ផ័ស្សរបស់មនុស្ស និងសត្វចតុប្បាទ សេចក្តីថា ពួកចោរក្តី មាណពមានការងារធ្វើហើយក្តី មានការងារធ្វើមិនទាន់ហើយក្តី លោកហៅថា សម្ផ័ស្សរបស់មនុស្ស ។ ពួកជនទាំងនោះ គប្បីសួរប្រស្នាចំពោះភិក្ខុក្តី លើកវាទៈក្តី ជេរក្តី ប្រទេចក្តី ខឹងក្តី ក្រេវក្រោធក្តី បៀតបៀនក្តី បៀតបៀនផ្សេងៗក្តី គ្របសង្កត់ក្តី ជិះជាន់ក្តី ប្រហារក្តី ប្រហារមាំក្តី ធ្វើនូវការបៀតបៀនមាំក្តី ។ ការបៀតបៀនអំពីមនុស្សណានីមួយ (ការបៀតបៀននោះ) ឈ្មោះថា សម្ផ័ស្សរបស់មនុស្ស ។ ពាក្យថា សត្វចតុប្បាទ គឺសត្វសីហៈ ខ្លាធំ ខ្លាដំបង ខ្លាឃ្មុំ ខ្លារខិន ឆ្កែព្រៃ គោ ក្របី ដំរី ។ សត្វទាំងនោះ គប្បីញំាញី ខាំស៊ី បៀតបៀន បៀតបៀនផ្សេងៗ គ្របសង្កត់ ជិះជាន់ ប្រហារ ប្រហារមាំ ធ្វើការប្រហារមាំចំពោះភិក្ខុ ។ ការបៀតបៀនមាំ អំពីសត្វចតុប្បាទ ភ័យអំពីសត្វចតុប្បាទណានីមួយ ហេតុនោះ (ទ្រង់ត្រាស់ថា) សម្ផ័ស្សរបស់មនុស្ស និងសត្វចតុប្បាទ ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

ភិក្ខុជាធីរៈ មានស្មារតី ប្រព្រឹត្តធម៌ប្រកបដោយទីបំផុតជុំវិញ មិនគប្បីខ្លាចចំពោះភ័យ ៥ យ៉ាងគឺ របោម មមាច ពស់ សម្ផ័ស្សរបស់មនុស្ស និងសត្វចតុប្បាទ ។

[២៣៦] ភិក្ខុឃើញហេតុគួរខ្លាចដ៏ច្រើន របស់ពួកអ្នកកាន់ធម៌ដទៃនោះ មិនគប្បីតក់ស្លុតទេ មួយទៀត ភិក្ខុទាំងឡាយអ្នកស្វែងរកកុសលធម៌ គប្បីគ្របសង្កត់អន្តរាយទាំងឡាយដទៃបាន ។

[២៣៧] ពាក្យថា ភិក្ខុឃើញហេតុគួរខ្លាចដ៏ច្រើន របស់ពួកអ្នកកាន់ធម៌ដទៃនោះ មិនគប្បីតក់ស្លុតទេ អធិប្បាយថា ជនទាំងឡាយណានីមួយ មិនជ្រះថ្លាក្នុងព្រះពុទ្ធ មិនជ្រះថ្លាក្នុងព្រះធម៌ មិនជ្រះថ្លាក្នុងព្រះសង្ឃ លើកតែសហធម្មិកបុគ្គល ៧ ពួកចេញ លោកហៅថា ពួកអ្នកកាន់ធម៌ដទៃ ។ ពួកជននោះ គប្បីសួរប្រស្នានឹងភិក្ខុ ឬលើកវាទៈ ជេរប្រទេច ខឹងក្រេវក្រោធ បៀតបៀន បៀតបៀនផ្សេងៗ គ្របសង្កត់ ជិះជាន់ ប្រហារ ប្រហារខ្លាំង ធ្វើនូវការបៀតបៀនខ្លាំង ភិក្ខុឃើញក្តី ឮក្តី នូវហេតុគួរខ្លាចដ៏ច្រើន របស់ជននោះ មិនគប្បីញាប់ញ័រ មិនគប្បីរន្ធត់ មិនគប្បីសស្លើតសស្លក់ មិនគប្បីតក់ស្លុត មិនគប្បីស្លុតរន្ធត់ មិនគប្បីរំភើប មិនគប្បីញ័រចំប្រប់ មិនគប្បីខ្លាច មិនគប្បីដល់នូវការតក់ស្លុត គប្បីជាអ្នកមិនខ្លាច មិនញាប់ញ័រ មិនតក់ស្លុត មិនរត់ចេញ លះបង់នូវសេចក្តីខ្លាច និងការភ្លឹក មានការព្រឺរោមទៅប្រាសហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុឃើញហេតុគួរខ្លាចដ៏ច្រើន របស់ពួកអ្នកកាន់ធម៌ដទៃនោះ មិនគប្បីតក់ស្លុតទេ ។  

[២៣៨] ពាក្យថា មួយទៀត ភិក្ខុទាំងឡាយ អ្នកស្វែងរកកុសលធម៌ គប្បីគ្របសង្កត់អន្តរាយទាំងឡាយដទៃបាន សេចក្តីថា មួយទៀត សេចក្តីអន្តរាយទាំងឡាយដទៃ ដែលគួរគ្របសង្កត់ ជិះជាន់ សង្កត់សង្កិន បំផ្លាញ ញំាញី ក៏មាន ។ ពាក្យថា សេចក្តីអន្តរាយ បានដល់ សេចក្តីអន្តរាយ ២ គឺ អន្តរាយប្រាកដ ១ អន្តរាយកំបាំង ១ ។បេ ។ ឈ្មោះថា អន្តរាយ ព្រោះជាសភាពអាស្រ័យក្នុងសរីរៈនោះ យ៉ាងនេះខ្លះ ពាក្យថា អ្នកស្វែងរកកុសលធម៌ គឺភិក្ខុអ្នកស្វែងរក ស្វះស្វែងរក ប្រមើលរកនូវការប្រតិបត្តិល្អ ការប្រតិបត្តិជាអនុលោម ការប្រតិបត្តិដ៏សមគួរដល់អត្ថ ។បេ ។ នូវមគ្គដ៏ប្រសើរមានអង្គ ៨ ព្រះនិព្វាន ការប្រតិបត្តិជាដំណើរទៅកាន់ព្រះនិព្វាន គប្បីគ្របសង្កត់ ជិះជាន់ សង្កត់សង្កិន បំផ្លាញ ញំាញី នូវសេចក្តីអន្តរាយទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) មួយទៀត ភិក្ខុទាំងឡាយ អ្នកស្វែងរកកុសលធម៌ គប្បីគ្របសង្កត់អន្តរាយទាំងឡាយដទៃបាន ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

ភិក្ខុឃើញហេតុគួរខ្លាចដ៏ច្រើន របស់ពួកអ្នកកាន់ធម៌ដទៃនោះ មិនគប្បីតក់ស្លុតទេ មួយទៀត ភិក្ខុទាំងឡាយ អ្នកស្វែងរកកុសលធម៌ គប្បីគ្របសង្កត់អន្តរាយទាំងឡាយដទៃបាន ។

[២៣៩] ភិក្ខុត្រូវសម្ផ័ស្សជម្ងឺ ឬគម្លានពាល់ត្រូវហើយ គប្បីទ្រាំអត់ចំពោះត្រជាក់ និងក្តៅ ភិក្ខុនោះ ដែលអាការដ៏ច្រើននោះ ពាល់ត្រូវហើយ មិនគប្បីជាអ្នកធ្វើឱកាស គប្បីធ្វើព្យាយាម ប្រឹងប្រែងឲ្យនៅតែម៉ឺងម៉ាត់ ។

[២៤០] ពាក្យថា ភិក្ខុត្រូវសម្ផ័ស្សជម្ងឺ (ឬ) គម្លាន ពាល់ត្រូវហើយ សេចក្តីថា សម្ផ័ស្សនៃរោគ លោកហៅថា សម្ផ័ស្សជម្ងឺ ។ ភិក្ខុត្រូវសម្ផ័ស្សនៃរោគពាល់ត្រូវ គ្របសង្កត់ ស្រោចចុះ ប្រកបព្រម គឺថា ត្រូវរោគភ្នែកពាល់ត្រូវ គ្របសង្កត់ ស្រោចចុះ ប្រកបព្រម ត្រូវរោគត្រចៀក រោគច្រមុះ រោគអណ្តាត រោគកាយ ។បេ ។ ត្រូវសម្ផ័ស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងពស់ ពាល់ត្រូវ គ្របសង្កត់ ស្រោចចុះ ប្រកបព្រម ។ សេចក្តីឃ្លាន លោកហៅថា គំលាន ។ ភិក្ខុត្រូវគំលានពាល់ត្រូវ គ្របសង្កត់ ស្រោចចុះ ប្រកបព្រម ហេតុនោះ (ទ្រង់ត្រាស់ថា) ត្រូវសម្ផ័ស្សរោគពាល់ត្រូវហើយ ។

[២៤១] ពាក្យថា គប្បីទ្រាំអត់ ចំពោះត្រជាក់ និងក្តៅ ត្រង់ពាក្យថា ត្រជាក់ បានដល់ ត្រជាក់ដោយហេតុ ២ គឺ ត្រជាក់ដោយអំណាចធាតុខាងក្នុងកម្រើក ១ ត្រជាក់ដោយអំណាចរដូវខាងក្រៅ ១ ។ ពាក្យថា ក្តៅ បានដល់ការក្តៅដោយហេតុ ២ គឺ ក្តៅដោយអំណាចធាតុខាងក្នុងកម្រើក ១ ក្តៅដោយអំណាចរដូវខាងក្រៅ ១ ។ ពាក្យថា គប្បីទ្រាំអត់ចំពោះត្រជាក់ និងក្តៅ បានសេចក្តីថា ភិក្ខុគប្បីជាអ្នកអត់ធន់ចំពោះត្រជាក់ ក្តៅ សេចក្តីឃ្លាន សេចក្តីស្រេក សម្ផ័ស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ ពស់ ចំពោះគន្លងពាក្យដែលគេពោលអាក្រក់ មកអាក្រក់ គប្បីជាអ្នកប្រកបដោយជាតិ ជាអ្នកអត់ធន់វេទនា ប្រព្រឹត្តទៅក្នុងសរីរៈដែលកើតហើយ ជាទុក្ខខ្លាំងក្លា ខ្លោចផ្សា ក្តៅផ្សា មិនស្រួល មិនជាទីគាប់ចិត្ត ដែលអាចនាំយកជីវិតបាន ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុគប្បីអត់សង្កត់ចំពោះត្រជាក់ និងក្តៅ ។

[២៤២] អធិប្បាយពាក្យថា ភិក្ខុនោះ ដែលអាការដ៏ច្រើននោះពាល់ត្រូវហើយ មិនគប្បីជាអ្នកធ្វើឱកាស ត្រង់ពាក្យថា ភិក្ខុនោះដែលអាការនោះ គឺភិក្ខុនោះជាអ្នកត្រូវសម្ផ័ស្សជម្ងឺផង គម្លានផង ត្រជាក់ផង ក្តៅផង ពាល់ត្រូវ គ្របសង្កត់ ស្រោចចុះ ប្រកបព្រម ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុនោះ ដែលអាការនោះពាល់ត្រូវហើយ ។ ពាក្យថា ដោយច្រើន គឺត្រូវអាការច្រើនយ៉ាងពាល់ត្រូវ គ្របសង្កត់ ស្រោចចុះ ប្រកបព្រម ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុនោះដែលអាការដ៏ច្រើននោះពាល់ត្រូវហើយ ។ ពាក្យថា មិនគប្បីជាអ្នកធ្វើឱកាស គឺឈ្មោះថាមិនធ្វើឱកាស ព្រោះមិនធ្វើឱកាសដល់វិញ្ញាណ ដែលប្រកបដោយអភិសង្ខារក៏មាន ឬឈ្មោះថា មិនធ្វើឱកាស ព្រោះមិនធ្វើឱកាសដល់កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត ក៏មាន ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុនោះ ដែលអាការដ៏ច្រើននោះ ពាល់ត្រូវហើយ មិនគប្បីជាអ្នកធ្វើឱកាស ។

[២៤៣] ពាក្យថា គប្បីធ្វើព្យាយាមប្រឹងប្រែងឲ្យនៅតែម៉ឺងម៉ាត់ សេចក្តីថា ការព្យាយាមតឹងតែង ការសង្វាត ការប្រឹងប្រែង ការឱហាត ការព្យាយាម ការឧស្សាហ៍ ការខ្មីឃ្មាត ការមិនបន្ធូរបន្ថយ កម្លាំងកាយ ការតាំងមាំ ការប្រឹងប្រែងមិនធូរថយ ការមិនដាក់ចុះនូវសេចក្តីប្រាថ្នា ការមិនដាក់ធុរៈ ការផ្គងធុរៈ ការព្យាយាម ការព្យាយាមជាធំ ការព្យាយាមជាកំឡាំង ការព្យាយាមត្រូវ ដែលប្រព្រឹត្តទៅក្នុងចិត្តឯណា នោះ លោកហៅថា ការព្យាយាមប្រឹងប្រែង ។ ភិក្ខុគប្បីធ្វើព្យាយាមប្រឹងប្រែងឲ្យម៉ឺងម៉ាត់ គឺគប្បីជាអ្នកសមាទានដ៏មាំទាំ ជាអ្នកសមាទានដ៏មុតមាំ ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុគប្បីធ្វើព្យាយាមប្រឹងប្រែងឲ្យម៉ឺងម៉ាត់ ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

ភិក្ខុត្រូវសម្ផស្សជម្ងឺ (ឬ) គំលានពាល់ត្រូវហើយ គប្បីទ្រាំអត់ចំពោះត្រជាក់ និងក្តៅ ភិក្ខុនោះ ដែលអាការដ៏ច្រើននោះពាល់ត្រូវហើយ មិនគប្បីជាអ្នកធ្វើឱកាស គប្បីធ្វើព្យាយាមប្រឹងប្រែងឲ្យនៅតែម៉ឺងម៉ាត់ ។

[២៤៤] ភិក្ខុមិនគប្បីធ្វើការលួច មិនគប្បីពោលកុហក គប្បីផ្សព្វផ្សាយមេត្តា ចំពោះពួកសត្វ ដែលមានសន្តានតក់ស្លុត និងមានសន្តានរឹងប៉ឹង ភិក្ខុបើដឹងសេចក្តីល្អក់ចិត្តក្នុងកាលណា គប្បីបន្ទោបង់នូវសេចក្តីល្អក់ចិត្តនោះ (ដោយគិត) ថា នេះប័ក្ខពួករបស់ខ្មៅ ក្នុងកាលនោះ ។

[២៤៥] អធិប្បាយពាក្យថា ភិក្ខុមិនគប្បីធ្វើការលួច មិនគប្បីពោលកុហក ត្រង់ពាក្យថា មិនគប្បីធ្វើការលួច សេចក្តីថា ភិក្ខុក្នុងសាសនានេះ គប្បីជាអ្នកលះបង់អទិន្នាទាន វៀរស្រឡះចាកអទិន្នាទាន កាន់យកតែរបស់ដែលគេឲ្យ ប្រាថ្នាតែរបស់ដែលគេឲ្យ មានខ្លួនជាអ្នកមិនលួច មានសភាពដ៏ស្អាត ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីធ្វើការលួច ។ ពាក្យថា មិនគប្បីពោលកុហក គឺភិក្ខុក្នុងសាសនានេះ គប្បីជាអ្នកលះបង់មុសាវាទ វៀរស្រឡះចាកមុសាវាទ ជាអ្នកពោលតែពាក្យពិត តពាក្យពិត មានវាចាខ្ជាប់ខ្ជួន គួរឲ្យអ្នកផងជឿបាន មិនពោលបំភាន់សត្វលោក ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុមិនគប្បីធ្វើការលួច មិនគប្បីពោលកុហក ។

[២៤៦] អធិប្បាយពាក្យថា គប្បីផ្សព្វផ្សាយមេត្តា ចំពោះពួកសត្វដែលមានសន្តានតក់ស្លុត និងមានសន្តានរឹងប៉ឹង ត្រង់ពាក្យថា មេត្តា បានដល់ សេចក្តីរាប់អាន អាការនៃសេចក្តីរាប់អាន ភាពនៃសេចក្តីរាប់អាន សេចក្តីអាណិត អាការនៃសេចក្តីអាណិត ភាពនៃសេចក្តីអាណិត ការស្វែងរកប្រយោជន៍ សេចក្តីអនុគ្រោះ ការមិនព្យាបាទ ការមិនចងពៀរ ការមិនប្រទុស្ត កុសលមូល ចំពោះពួកសត្វ ។ ពួកសត្វដែលមិនទាន់លះបង់សេចក្តីតក់ស្លុត គឺតណ្ហាផង ពួកសត្វដែលមិនលះបង់សេចក្តីភ័យដ៏ពន្លឹកផង ឈ្មោះថា ពួកសត្វមានសន្តានតក់ស្លុត ។ ព្រោះហេតុអ្វី ទើបលោកហៅថា ពួកសត្វមានសន្តានតក់ស្លុត ។ ព្រោះថា ពួកសត្វនោះ តែងតក់ស្លុត រន្ធត់ ញាប់ញ័រ ភិតភ័យ ដល់នូវសេចក្តីតក់ស្លុត ហេតុនោះ ទើបលោកហៅថា ពួកសត្វមានសន្តានតក់ស្លុត ។ ពួកសត្វដែលលះបង់សេចក្តីតក់ស្លុត គឺតណ្ហាផង ពួកសត្វដែលលះបង់សេចក្តីភ័យដ៏ពន្លឹកផង ឈ្មោះថា ពួកសត្វមានសន្តានរឹងប៉ឹង ។ ព្រោះហេតុអ្វី ទើបលោកហៅថា ពួកសត្វមានសន្តានរឹងប៉ឹង ។ (ព្រោះថា) ពួកសត្វទាំងនោះ រមែងមិនតក់ស្លុត មិនរន្ធត់ មិនញាប់ញ័រ មិនខ្លាច មិនដល់នូវការតក់ស្លុត ហេតុនោះ ទើបលោកហៅថា ពួកសត្វមានសន្តានរឹងប៉ឹង ។ ពាក្យថា គប្បីផ្សព្វផ្សាយមេត្តា ចំពោះពួកសត្វដែលមានសន្តានតក់ស្លុត និងមានសន្តានរឹងប៉ឹង បានសេចក្តីថា គប្បីប៉ះពាល់ គប្បីផ្សាយមេត្តា ចំពោះសត្វមានសន្តានតក់ស្លុត និងមានសន្តានរឹងប៉ឹង គឺថា គប្បីផ្សាយទៅដោយចិត្ត ដែលប្រព្រឹត្តទៅក្នុងមេត្តាដ៏ទូលាយ ជាសភាពធំ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីផ្សព្វផ្សាយមេត្តា ចំពោះពួកសត្វដែលមានសន្តានតក់ស្លុត និងមានសន្តានរឹងប៉ឹង ។

[២៤៧] ពាក្យថា ភិក្ខុ បើដឹងនូវសេចក្តីល្អក់ចិត្តក្នុងកាលណា ត្រង់ពាក្យថា ក្នុងកាលណា គឺក្នុងវេលាណា ។ ពាក្យថា ចិត្ត បានដល់ ចិត្ត មនោ មានសៈ ហទយៈ បណ្ឌរៈ មនោ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណក្ខន្ធនោះ ។ ចិត្តតែងល្អក់ វឹកវរ រំភើប ខ្ទាំងខ្ទប់ ញាប់ញ័រ ភ្ញាក់ផ្អើល មិនស្ងប់ ព្រោះកាយទុច្ចរិត ចិត្តតែងល្អក់ វឹកវរ រំភើប ខ្ទាំងខ្ទប់ ញាប់ញ័រ ភ្ញាក់ផ្អើល មិនស្ងប់ ព្រោះវចីទុច្ចរិត  មនោទុច្ចរិត រាគៈ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងពួង ទុច្ចរិតទាំងពួង សេចក្តីក្រវល់ក្រវាយទាំងពួង សេចក្តីអន្ទះអន្ទែងទាំងពួង កំដៅទាំងពួង អភិសង្ខារជាអកុសលទាំងពួង ។ ពាក្យថា ភិក្ខុបើដឹងសេចក្តីល្អក់ចិត្តក្នុងកាលណា គឺគប្បីដឹង គប្បីយល់ គប្បីចូលចិត្ត គប្បីដឹងច្បាស់ គប្បីចាក់ធ្លុះ នូវភាពនៃចិត្តល្អក់ ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីដឹងសេចក្តីល្អក់ចិត្តក្នុងកាលណា ។

[២៤៨] ពាក្យថា គប្បីបន្ទោបង់នូវសេចក្តីល្អក់ចិត្តនោះ (ដោយគិត) ថា នេះប័ក្ខពួករបស់ខ្មៅ ត្រង់ពាក្យថា ខ្មៅ គឺមារ ឈ្មោះថា ខ្មៅ អធិបតី អ្នកដល់នូវទីបំផុត អ្នកមិនឲ្យរួច ផៅពង្សអ្នកប្រមាទ ។ ពាក្យថា គប្បីបន្ទោបង់នូវសេចក្តីល្អក់ចិត្តនោះ (ដោយគិត) ថា នេះប័ក្ខពួករបស់ខ្មៅ សេចក្តីថា ភិក្ខុគប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវភាពមិនមាន ដោយគិតថា នេះជាប័ក្ខពួករបស់ខ្មៅ ជាពួករបស់មារ ជាអន្ទាក់របស់មារ ជាសន្ទូចរបស់មារ ជានុយរបស់មារ ជាវិស័យរបស់មារ ជាតបៈ ទីបំផុតរបស់មារ ជាគោចររបស់មារ ជាចំណងរបស់មារ ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីបន្ទោបង់នូវសេចក្តីល្អក់ចិត្តនោះ (ដោយគិត) ថា នេះប័ក្ខពួករបស់ខ្មៅ យ៉ាងនេះខ្លះ ។ មួយវិញទៀត ភិក្ខុគប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវភាពមិនមាន (ដោយគិត) ថា នេះជាប័ក្ខពួករបស់ខ្មៅ ជាពួករបស់មារ ជាពួកអកុសល ជាកិលេសចម្រើនតែទុក្ខ ជាផលនៃទុក្ខ ជាកិលេសប្រកបក្នុងការប្រព្រឹត្តិទៅក្នុងនរក ប្រកបក្នុងការប្រព្រឹត្តិទៅក្នុងសត្វតិរច្ឆាន ប្រកបក្នុងការប្រព្រឹត្តិទៅក្នុងបិត្តិវិស័យ ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីបន្ទោបង់នូវសេចក្តីល្អក់ចិត្តនោះ (ដោយគិត) ថា នេះប័ក្ខពួករបស់ខ្មៅ យ៉ាងនេះខ្លះ ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

ភិក្ខុមិនគប្បីធ្វើការលួច មិនគប្បីពោលកុហក គប្បីផ្សព្វផ្សាយមេត្តាចំពោះពួកសត្វដែលមានសន្តានតក់ស្លុត និងមានសន្តានរឹងប៉ឹង ភិក្ខុបើដឹងសេចក្តីល្អក់ចិត្តក្នុងកាលណា គប្បីបន្ទោបង់នូវសេចក្តីល្អក់ចិត្តនោះ (ដោយគិត) ថា នេះប័ក្ខពួករបស់ខ្មៅ ក្នុងកាលនោះ ។

[២៤៩] ភិក្ខុមិនគប្បីលុះអំណាចក្រោធ និងការមើលងាយ ទាំងគប្បីគាស់ឫសនៃកិលេសទាំងនោះចេញ មួយទៀត គប្បីគ្របសង្កត់ឲ្យមាំនូវសភាវៈជាទីស្រឡាញ់ ឬមិនជាទីស្រឡាញ់ ។

[២៥០] ពាក្យថា ភិក្ខុមិនគប្បីលុះអំណាក្រោធ និងការមើលងាយ ត្រង់ពាក្យថា ក្រោធ បានដល់ការអាឃាត ការគំនុំរបស់ចិត្ត ។បេ ។ ភាពជាអ្នកកាច ការចេញទឹកភ្នែក ការអាក់អន់ចិត្ត ។ ពាក្យថា ការមើលងាយ សេចក្តីថា បុគ្គលខ្លះក្នុងលោកនេះ មើលងាយបុគ្គលដទៃដោយជាតិក៏មាន ដោយគោត្រក៏មាន ។បេ ។ ដោយវត្ថុណាមួយ ក៏មាន ។ ពាក្យថា មិនគប្បីលុះអំណាចក្រោធ និងការមើលងាយ បានសេចក្តីថា មិនគប្បីលុះអំណាចក្រោធផង ការមើលងាយផង គប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានបែបភាព នូវសេចក្តីក្រោធផង នូវការមើលងាយផង ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុមិនគប្បីលុះអំណាចក្រោធ និងការមើលងាយ ។

[២៥១] សំនួរត្រង់ពាក្យថា ទាំងគប្បីគាស់ឫសនៃកិលេសទាំងនោះចេញ តើឫសក្រោធ ដូចម្តេច ។ អវិជ្ជាជាឫស អយោនិសោមនសិការៈជាឫស អស្មិមានះជាឫស អហិរិកៈជាឫស អនោត្តប្បៈជាឫស ឧទ្ធច្ចៈជាឫស នេះឫសនៃក្រោធ ។ ឫសនៃការមើលងាយ តើដូចម្តេច ។ អវិជ្ជាជាឫស អយោនិសោមនសិការៈជាឫស អស្មិមានះជាឫស អហិរិកៈជាឫស អនោត្តប្បៈជាឫស ឧទ្ធច្ចៈជាឫស នេះឫសនៃការមើលងាយ ។ ពាក្យថា គប្បីគាស់ឫសនៃកិលេសទាំងនោះចេញ បានសេចក្តីថា គប្បីគាស់រំលើង រើចោល ផ្តាច់ចោល ផ្តាច់ផ្តិល លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវភាពមិនមាននូវឫសនៃក្រោធផង នៃការមើលងាយផង ហេតុនោះ (ទ្រង់ត្រាស់ថា) ទាំងគប្បីគាស់ឫសនៃកិលេសទាំងនោះចេញ ។

[២៥២] អធិប្បាយពាក្យថា មួយទៀត គប្បីគ្របសង្កត់ឲ្យមាំនូវសភាវៈជាទីស្រឡាញ់ ឬមិនជាទីស្រឡាញ់ ត្រង់ពាក្យថា មួយទៀត គឺជាពាក្យតបទ ជាពាក្យជាប់ដោយបទ បំពេញបទ រួបរួមអក្ខរៈ សម្រួលព្យព្ជានៈ ពាក្យថា មួយទៀតនេះ ជាលំដាប់បទ ។ ពាក្យថា សភាវៈជាទីស្រឡាញ់ បានដល់របស់ជាទីស្រឡាញ់ ២ គឺពួកសត្វ ឬពួកសង្ខារ ។ ពួកសត្វជាទីស្រឡាញ់ តើដូចម្តេច ។ សត្វទាំងនោះឯណា ក្នុងលោកនេះ មានប្រាថ្នាសេចក្តីចម្រើន ប្រាថ្នាប្រយោជន៍ ប្រាថ្នាសេចក្តីសប្បាយ ប្រាថ្នាសេចក្តីក្សេមចាកយោគៈ គឺជាមាតាក្តី បិតាក្តី បងប្អូនប្រុសក្តី បងប្អូនស្រីក្តី កូនប្រុសក្តី កូនស្រីក្តី មិត្តក្តី អាមាត្យក្តី ញាតិក្តី សាលោហិតក្តី របស់ជននោះ នេះពួកសត្វជាទីស្រឡាញ់ ។ ពួកសង្ខារជាទីស្រឡាញ់ តើដូចម្តេច ។ រូបទាំងឡាយជាទីពេញចិត្ត សំឡេងជាទីពេញចិត្ត ក្លិនជាទីពេញចិត្ត រសជាទីពេញចិត្ត ផ្សព្វជាទីពេញចិត្ត នេះពួកសង្ខារជាទីស្រឡាញ់ ។ ពាក្យថា មិនជាទីស្រឡាញ់ បានដល់ សភាវៈមិនជាទីស្រឡាញ់ ២ គឺពួកសត្វ ១ ឬពួកសង្ខារ ១  ។ ពួកសត្វមិនជាទីស្រឡាញ់ តើដូចម្តេច ។ ពួកសត្វណា ក្នុងលោកនេះ ប្រាថ្នាការមិនចម្រើន ប្រាថ្នាការឥតប្រយោជន៍ ប្រាថ្នាការមិនសប្បាយ ប្រាថ្នាការមិនក្សេមចាកយោគៈ ប្រាថ្នាដើម្បីផ្តាច់ផ្តិលចាកជីវិតរបស់ជននោះ នេះពួកសត្វមិនជាទីស្រឡាញ់ ។ ពួកសង្ខារមិនជាទីស្រឡាញ់ តើដូចម្តេច ។ រូបទាំងឡាយ មិនជាទីពេញចិត្ត សំឡេង ក្លិន រស ផ្សព្វ មិនជាទីពេញចិត្ត នេះពួកសង្ខារមិនជាទីស្រឡាញ់ ។ ពាក្យថា ឲ្យមាំ ជាពាក្យដោយចំណែកមួយ ជាពាក្យមិនឲ្យសង្ស័យ ជាពាក្យមិនឲ្យសន្ទិះ ជាពាក្យមិនបែកជាពីរ ជាពាក្យមិនមានហឫទ័យពីរ ជាពាក្យប្រកបដាច់ស្រេច ជាពាក្យមិនខុស ពាក្យថា ឲ្យមាំ នេះជាពាក្យមានកំណត់ ។ ពាក្យថា មួយទៀត គប្បីគ្របសង្កត់នូវសភាវៈជាទីស្រឡាញ់ ឬមិនជាទីស្រឡាញ់ បានសេចក្តីថា គប្បីគ្របសង្កត់ គប្បីសង្កត់គ្របនូវសភាវៈជាទីស្រឡាញ់ និងមិនជាទីស្រឡាញ់ នូវអារម្មណ៍ដ៏ឆ្ងាញ់ និងមិនឆ្ងាញ់ នូវសុខ និងទុក្ខ នូវសោមនស្ស និងទោមនស្ស នូវអារម្មណ៍ជាទីប្រាថ្នា និងមិនជាទីប្រាថ្នា ហេតុនោះ (ទ្រង់ត្រាស់ថា) មួយទៀត គប្បីគ្របសង្កត់នូវសភាវៈជាទីស្រឡាញ់ ឬមិនជាទីស្រឡាញ់ ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ភិក្ខុមិនគប្បីលុះអំណាចក្រោធ និងការមើលងាយ ទាំងគប្បីគាស់ឫសនៃកិលេសទាំងនោះចេញ មួយទៀត គប្បីគ្របសង្កត់ឲ្យមាំនូវសភាវៈជាទីស្រឡាញ់ ឬមិនជាទីស្រឡាញ់ ។

[២៥៣] ភិក្ខុមានបីតិដ៏ល្អ គប្បីធ្វើបញ្ញាឲ្យជាប្រធាន ហើយសង្កត់សង្កិននូវអន្តរាយទាំងនោះ គប្បីគ្របសង្កត់នូវសេចក្តីអផ្សុក ក្នុងសេនាសនៈដ៏ស្ងាត់ គប្បីគ្របសង្កត់នូវបរិទេវធម៌ ៤ ។

[២៥៤] អធិប្បាយពាក្យថា ភិក្ខុមានបីតិដ៏ល្អ គប្បីធ្វើបញ្ញាឲ្យជាប្រធាន ត្រង់ពាក្យថា បញ្ញា បានដល់ប្រាជ្ញា ការដឹងច្បាស់ ការពិច័យ ការពិច័យដោយវិសេស ការពិចារណាធម៌ ។បេ ។ ការមិនវង្វេង ការពិចារណាធម៌ សេចក្តីយល់ឃើញត្រូវ ។ ពាក្យថា ធ្វើបញ្ញាឲ្យជាប្រធាន សេចក្តីថា បុគ្គលខ្លះក្នុងលោកនេះ ប្រព្រឹត្តធ្វើបញ្ញាឲ្យជាប្រធាន មានប្រាជ្ញាជាទង់ជ័យ មានប្រាជ្ញាជាទង់ មានប្រាជ្ញាជាអធិបតី ជាអ្នកច្រើនដោយការពិចារណា ជាអ្នកច្រើនដោយការជ្រើសរើស ច្រើនដោយការឈ្វេងយល់ ច្រើនដោយការស្វែងរក នៅដោយការដឹងប្រាកដ ប្រព្រឹត្តដោយប្រាជ្ញានោះ ច្រើនដោយប្រាជ្ញានោះ ធ្ងន់ដោយប្រាជ្ញានោះ បង្អោនទៅដោយប្រាជ្ញានោះ ទោរទៅដោយប្រាជ្ញានោះ បន្ទន់ទៅដោយប្រាជ្ញានោះ មានចិត្តចុះស៊ប់ក្នុងប្រាជ្ញានោះ មានប្រាជ្ញានោះជាអធិបតី ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុធ្វើប្រាជ្ញាឲ្យជាប្រធាន យ៉ាងនេះខ្លះ ន័យមួយទៀត ភិក្ខុកំពុងដើរក្តី ក៏ដឹងច្បាស់ថា អញដើរ កំពុងឈរក្តី ក៏ដឹងច្បាស់ថា អញឈរ កំពុងអង្គុយក្តី ក៏ដឹងច្បាស់ថា អញអង្គុយ កំពុងដេកក្តី ក៏ដឹងច្បាស់ថា អញដេក ឬកាយរបស់ភិក្ខុនោះ ជាអត្តភាពតាំងនៅដោយប្រការណា ៗ ក៏ដឹងច្បាស់កាយនោះ ដោយប្រការនោះៗ ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុធ្វើបញ្ញាឲ្យជាប្រធាន យ៉ាងនេះខ្លះ ។ ន័យមួយវិញទៀត ភិក្ខុតែងធ្វើនូវការដឹងខ្លួន ក្នុងការឈានទៅមុខ ឈានថយក្រោយ តែងធ្វើនូវការដឹងខ្លួន ក្នុងការរមិលមើលទៅមុខ រមិលមើលផ្សេង ៗ តែងធ្វើនូវការដឹងខ្លួន ក្នុងការបត់ដៃចូល លាតដៃចេញ តែងធ្វើនូវការដឹងខ្លួន ក្នុងការទ្រទ្រង់នូវសង្ឃាដិ បាត្រ ចីវរ តែងធ្វើនូវការដឹងខ្លួន ក្នុងការស៊ី ផឹក ទំពាស៊ី លិទ្ធ ភ្លក្ស តែងធ្វើនូវការដឹងខ្លួន ក្នុងការធ្វើឧច្ចារៈ បស្សាវៈ តែងធ្វើនូវការដឹងខ្លួន ក្នុងការដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់រឭក និយាយ ស្ងៀម ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុធ្វើប្រាជ្ញាឲ្យជាប្រធាន យ៉ាងនេះខ្លះ ។ ពាក្យថា មានបីតិដ៏ល្អ សេចក្តីថា បីតិ បាមោជ្ជៈ កើតឡើងដោយអំណាចពុទ្ធានុស្សតិ ឈ្មោះថា បីតិដ៏ល្អ បីតិ បាមោជ្ជៈ កើតឡើងដោយអំណាចធម្មានុស្សតិ ដោយអំណាចសង្ឃានុស្សតិ ដោយអំណាចសីលានុស្សតិ ដោយអំណាចចាគានុស្សតិ ដោយអំណាចទេវតានុស្សតិ ដោយអំណាចអានាបានស្សតិ ដោយអំណាចមរណានុស្សតិ ដោយអំណាចកាយគតាសតិ ដោយអំណាចឧបសមានុស្សតិ ឈ្មោះថា បីតិដ៏ល្អ ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុមានបីតិដ៏ល្អ ធ្វើប្រាជ្ញាឲ្យជាប្រធាន ។

[២៥៥] ពាក្យថា អន្តរាយ ក្នុងបទថា គប្បីសង្កត់សង្កិនអន្តរាយទាំងនោះ បានដល់ អន្តរាយ ២ គឺអន្តរាយប្រាកដ ១ អន្តរាយកំបាំង ១ ។បេ ។ ទាំងនេះ ហៅថា អន្តរាយប្រាកដ ។បេ ។ ទាំងនេះហៅថា អន្តរាយកំបាំង ។បេ ។ ឈ្មោះថា អន្តរាយ ព្រោះជាសភាវៈអាស្រ័យក្នុងសរីរៈនោះ យ៉ាងនេះខ្លះ ។ ពាក្យថា គប្បីគ្របសង្កត់អន្តរាយទាំងនោះ គឺគប្បីអត់សង្កត់ គ្របសង្កត់ សង្កត់សង្កិន រួបរឹត ញាំញី នូវអន្តរាយទាំងនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីគ្របសង្កត់អន្តរាយទាំងនោះ ។

[២៥៦] ពាក្យថា គប្បីគ្របសង្កត់សេចក្តីអផ្សុក ក្នុងសេនាសនៈដ៏ស្ងាត់ ត្រង់ពាក្យថា សេចក្តីអផ្សុក បានដល់ សេចក្តីមិនត្រេកអរ អាការនៃសេចក្តីមិនត្រេកអរ សេចក្តីមិនរីករាយ អាការនៃសេចក្តីមិនរីករាយ អាការនៃសេចក្តីអផ្សុក សេចក្តីរសាប់រសល់ ។ ពាក្យថា ក្នុងសេនាសនៈដ៏ស្ងាត់ គឺគប្បីអត់ធន់ គ្របសង្កត់ រួបរឹត ក្រសោប ញាំញី នូវសេចក្តីអផ្សុក ក្នុងសេនាសនៈដ៏ស្ងាត់ ឬក្នុងធម៌ជាអធិកុសលណាមួយ ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីគ្របសង្កត់នូវសេចក្តីអផ្សុកក្នុងសេនាសនៈដ៏ស្ងាត់ ។

[២៥៧] ពាក្យថា គប្បីគ្របសង្កត់នូវបរិទេវធម៌ ៤ គឺ គប្បីអត់សង្កត់ គ្របសង្កត់ រួបរឹត ក្រសោប ញាំញី នូវធម៌ដែលគេគប្បីខ្សឹកខ្សួល ៤ ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីគ្របសង្កត់នូវបរិទេវធម៌ ៤ ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ភិក្ខុមានបីតិដ៏ល្អ គប្បីធ្វើបញ្ញាឲ្យជាប្រធាន ហើយសង្កត់សង្កិននូវអន្តរាយទាំងនោះ គប្បីគ្របសង្កត់សេចក្តីអផ្សុកក្នុងសេនាសនៈដ៏ស្ងាត់ គប្បីគ្របសង្កត់នូវបរិទេវធម៌ ៤ ។

[២៥៨] អាត្មាអញនឹងបរិភោគអ្វី ឬនឹងបរិភោគក្នុងទីណា ឱហ្ន៎ អាត្មាអញដេកមិនស្រួលសោះក្នុងថ្ងៃនេះ អាត្មាអញ នឹងដេកក្នុងទីណា ភិក្ខុជាសេក្ខៈ ជាអ្នកត្រេចទៅដោយការមិនអាឡោះអាល័យ គប្បីកំចាត់បង់នូវវិតក្កៈ ដែលគប្បីទួញយំទាំងនេះចេញ ។

[២៥៩] ពាក្យថា អាត្មាអញនឹងបរិភោគអ្វី ក្នុងបទថា អាត្មាអញនឹងបរិភោគអ្វី ឬនឹងបរិភោគក្នុងទីណា គឺអាត្មាអញនឹងបរិភោគអ្វី បាយ ឬនំកុម្មាស សដូវ ឬត្រី ឬក៏សាច់ ហេតុនោះ (ទ្រង់ត្រាស់ថា) អាត្មាអញ នឹងបរិភោគអ្វី ។ ពាក្យថា ឬនឹងបរិភោគក្នុងទីណា គឺ អាត្មាអញនឹងបរិភោគក្នុងទីណា ក្នុងខត្តិយត្រកូល ឬព្រាហ្មណត្រកូល វេស្សត្រកូល ឬសុទ្ទត្រកូល ហេតុនោះ (ទ្រង់ត្រាស់ថា) អាត្មាអញនឹងបរិភោគអ្វី ឬនឹងបរិភោគក្នុងទីណា ។

[២៦០] ពាក្យថា ឱហ្ន៎ អាត្មាអញដេកមិនស្រួលសោះក្នុងថ្ងៃនេះ អាត្មាអញនឹងដេកក្នុងទីណា គឺ យប់នេះ អាត្មាអញដេកមិនស្រួលហើយលើបន្ទះក្តារ ឬលើកន្ទេល លើចម្មខ័ណ្ឌ ឬលើកម្រាលស្មៅ លើកម្រាលស្លឹក ឬលើកម្រាលចំបើង លុះដល់យប់មកទៀត តើអាត្មាអញនឹងដេកឲ្យស្រួលក្នុងទីណា លើគ្រែ ឬលើតាំង លើពូក ឬលើខ្នើយ ក្នុងវិហារ ឬក្នុងអឌ្ឍយោគ ក្នុងប្រាសាទ ឬក្នុងប្រាសាទត្រងិល ឬក៏ក្នុងគុហា ហេតុនោះ (ទ្រង់ត្រាស់ថា) ឱហ្ន៎ អាត្មាអញដេកមិនស្រួលសោះ ក្នុងថ្ងៃនេះ អាត្មាអញនឹងដេកក្នុងទីណា ។

[២៦១] ពាក្យថា នូវវិតក្កៈទាំងនេះ ក្នុងបទថា នូវវិតក្កៈ ដែលគប្បីទួញយំទាំងនេះ គឺនូវវិតក្កៈប្រកបដោយបិណ្ឌបាតពីរ នូវវិតក្កៈប្រកបដោយសេនាសនៈពីរ ដែលគប្បីទួញយំ ទួញយំទួទៅ ហេតុនោះ (ទ្រង់ត្រាស់ថា) នូវវិតក្កៈដែលគប្បីទួញយំ ទាំងនេះ ។

[២៦២] អធិប្បាយពាក្យថា ភិក្ខុជាសេក្ខៈ ជាអ្នកត្រេចទៅ ដោយការមិនអាឡោះអាល័យ គប្បីកំចាត់បង់ សំនួរត្រង់ពាក្យថា សេក្ខៈ ចុះព្រោះហេតុអ្វី ភិក្ខុ លោកហៅថា សេក្ខៈ ។ ឈ្មោះថា សេក្ខៈ ព្រោះហេតុលោកសិក្សា ។ ចុះសិក្សាអ្វី ។ សិក្សាអធិសីលផង សិក្សាអធិចិត្តផង សិក្សាអធិប្បញ្ញាផង ។ អធិសីលសិក្ខា តើដូចម្តេច ។បេ ។ នេះហៅថា អធិប្បញ្ញាសិក្ខា ។ ភិក្ខុកាលរំពឹងត្រៃសិក្ខាទាំងនេះ ឈ្មោះថា សិក្សា កាលដឹង ឈ្មោះថា សិក្សា កាលឃើញ ឈ្មោះថា សិក្សា កាលពិចារណា ឈ្មោះថា សិក្សា កាលតាំងចិត្ត ឈ្មោះថា សិក្សា កាលចុះចិត្តស៊ប់ដោយសទ្ធា ឈ្មោះថា សិក្សា កាលផ្គងព្យាយាម ឈ្មោះថា សិក្សា កាលតំកល់ស្មារតី ឈ្មោះថា សិក្សា កាលតំកល់ចិត្តមាំ ឈ្មោះថាសិក្សា កាលដឹងច្បាស់ដោយប្រាជ្ញា ឈ្មោះថាសិក្សា កាលដឹងច្បាស់នូវធម៌ដែលគួរដឹង ឈ្មោះថាសិក្សា កាលកំណត់ដឹងធម៌ដែលគួរកំណត់ដឹង ឈ្មោះថាសិក្សា កាលលះបង់ធម៌ដែលគួរលះបង់ ឈ្មោះថាសិក្សា កាលធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ ឈ្មោះថាសិក្សា កាលចម្រើនធម៌ដែលគួរចម្រើន ឈ្មោះថាសិក្សា ថាប្រព្រឹត្ត ថាប្រព្រឹត្តព្រម ថាសមាទាន ថាសិក្សា ។ ព្រោះហេតុនោះ ទើបលោកហៅថា សេក្ខៈ ។ សេក្ខបុគ្គលគប្បីសិក្សាអធិសីលផង គប្បីសិក្សាអធិចិត្តផង គប្បីសិក្សាអធិប្បញ្ញាផង ដើម្បីកំចាត់បង់ បន្ទោបង់ លះបង់ រម្ងាប់ លះចោល ឲ្យស្ងប់រម្ងាប់ គឺថា កាលរំពឹង គប្បីសិក្សា នូវសិក្ខាទាំង ៣ នេះ កាលដឹង ។បេ ។ កាលធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ គប្បីសិក្សា គប្បីប្រព្រឹត្ត គប្បីប្រពឹត្តព្រម គប្បីសមាទានប្រព្រឹត្ត ហេតុនោះ (ទ្រង់ត្រាស់ថា) សេក្ខៈ គប្បីកំចាត់បង់ ។

[២៦៣] សំនួរត្រង់ពាក្យថា ជាអ្នកត្រាច់ទៅដោយការមិនអាឡោះអាល័យ ចុះភិក្ខុជាអ្នកត្រាច់ទៅដោយការអាឡោះអាល័យ តើដូចម្តេច ។ ភិក្ខុខ្លះក្នុងសាសនានេះ ជាអ្នកប្រកបដោយការកង្វល់ព្រោះត្រកូល ដោយការកង្វល់ព្រោះពួក ដោយការកង្វល់ព្រោះអាវាស ដោយការកង្វល់ព្រោះចីវរ ដោយការកង្វល់ព្រោះបិណ្ឌបាត ដោយការកង្វល់ព្រោះសេនាសនៈ ជាអ្នកប្រកបដោយការកង្វល់ព្រោះថ្នាំជាគ្រឿងកែរោគ ដែលជាបរិក្ខារសម្រាប់ជីវិត ភិក្ខុជាអ្នកត្រាច់ទៅដោយការអាឡោះអាល័យយ៉ាងនេះ ។ ភិក្ខុជាអ្នកត្រាច់ទៅដោយការមិនអាឡោះអាល័យ តើដូចម្តេច ។ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនប្រកបដោយការកង្វល់ព្រោះត្រកូល ជាអ្នកមិនប្រកបដោយការកង្វល់ព្រោះពួក អាវាស ចីវរ បិណ្ឌបាត សេនាសនៈ និងថ្នាំជាបច្ច័យគ្រឿងកែរោគ ដែលជាបរិក្ខារសម្រាប់ជីវិត ភិក្ខុជាអ្នកត្រាច់ទៅដោយការមិនអាឡោះអាល័យ យ៉ាងនេះ ។

បុគ្គលពួកខ្លះ (ចេញហើយ) អំពីដែនវជ្ជី ទៅកាន់ដែនមគធៈ ទៅកាន់ដែនកោសល ពួកភិក្ខុនៅក្នុងដែនមគធៈ ជាអ្នកត្រាច់ទៅ ប្រាសចាកពួក ឥតមានអាឡោះអាល័យ ការត្រាច់ទៅ ជាការប្រពៃ ការប្រព្រឹត្តិល្អ ជាការប្រពៃ ការនៅដោយមិនអាឡោះអាល័យសព្វកាល ជាការប្រពៃ ការសាកសួរអត្ថ និងការងាររបស់ជនអ្នកប្រសប់ នុ៎ះជាកិច្ចទួទៅរបស់បុគ្គលអ្នកមិនមានកង្វល់ ។

ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុជាសេក្ខៈ ជាអ្នកត្រាច់ទៅដោយការមិនអាឡោះអាល័យ គប្បីកំចាត់បង់ ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

អាត្មាអញនឹងបរិភោគអ្វី ឬនឹងបរិភោគក្នុងទីណា ឱហ្ន៎ អាត្មាអញដេកមិនស្រួលសោះក្នុងថ្ងៃនេះ អាត្មាអញនឹងដេកក្នុងទីណា ភិក្ខុជាសេក្ខៈ ជាអ្នកត្រាច់ទៅដោយការមិនអាឡោះអាល័យ គប្បីកំចាត់បង់នូវវិតក្កៈ ដែលគប្បីទួញយំទាំងនេះចេញ ។

[២៦៤] ភិក្ខុនោះ ក្នុងសាសនានេះ បានម្ហូបចំណី និងគ្រឿងស្លៀកដណ្តប់ ក្នុងកាលដ៏គួរហើយ គប្បីដឹងប្រមាណ ដើម្បីសន្តោស ភិក្ខុនោះជាអ្នកគ្រប់គ្រងក្នុងបច្ច័យទាំង ៤ នោះ ជាអ្នកប្រុងប្រយ័ត្ន ហើយត្រាច់ទៅក្នុងស្រុក សូម្បីត្រូវគេកោសរូស ក៏មិនគប្បីពោលពាក្យទ្រគោះទេ ។

[២៦៥] អធិប្បាយពាក្យថា បានម្ហូបចំណី និងគ្រឿស្លៀកដណ្តប់ក្នុងកាលដ៏គួរ ត្រង់ពាក្យថា ម្ហូបចំណី បានដល់បាយ នំកុម្មាស សដូវ ត្រី សាច់ ។ ពាក្យថា គ្រឿងស្លៀកដណ្តប់ បានដល់ចីវរ ៦ យ៉ាងគឺ ចីវរដែលធ្វើដោយសំបកឈើ ធ្វើដោយកប្បាស ធ្វើដោយសូត្រ ធ្វើដោយរោមសត្វ ធ្វើដោយសំបកធ្មៃ ធ្វើលាយដោយវត្ថុ ៥ យ៉ាងខាងដើម ។ ពាក្យថា បានម្ហូបចំណី និងគ្រឿងស្លៀកដណ្តប់ក្នុងកាលដ៏គួរ បានសេចក្តីថា ភិក្ខុបានចីវរ បានបិណ្ឌបាត មិនមែនដោយកុហក មិនមែនដោយការរួសរាយ មិនមែនដោយការធ្វើនិមិត្ត មិនមែនដោយការកិនបំបាក់ មិនមែនដោយការស្វែងរកលាភដោយលាភ មិនមែនដោយការឲ្យឈើ មិនមែនដោយការឲ្យឫស្សី មិនមែនដោយការឲ្យស្លឹក មិនមែនដោយការឲ្យផ្កា មិនមែនដោយការឲ្យផ្លែ មិនមែនដោយការឲ្យគ្រឿងកក់ មិនមែនដោយការឲ្យគ្រឿងលំអិត មិនមែនដោយការឲ្យដីស្អិត មិនមែនដោយការឲ្យឈើស្ទន់ មិនមែនដោយការឲ្យទឹកលុបមុខ មិនមែនដោយភាពជាអ្នកប្រព្រឹត្តបន្ទាបខ្លួន មិនមែនដោយភាពជាអ្នកពោលពាក្យដូចសម្លសណ្តែកបាយ មិនមែនដោយភាពជាអ្នកបំរើត្រកូល មិនមែនដោយភាពជាអ្នករលះរលាំងចូលទៅកាន់ផ្ទះ ហើយអង្គុយលើតាំង មិនមែនដោយវិជ្ជាទាយភូមិឋាន មិនមែនដោយតិរច្ឆានវិជ្ជា មិនមែនដោយវិជ្ជាទាយអវយវៈ មិនមែនដោយវិជ្ជាទាយនក្ខត្តឫក្ស មិនមែនដោយដំណើរជាទូត មិនមែនដោយដំណើរដែលគេបញ្ជូនទៅ មិនមែនដោយការបំរើដោយស្មង មិនមែនដោយវេជ្ជកម្ម មិនមែនដោយឲ្យដុំបាយ មិនមែនដោយឲ្យទៅឲ្យមក គឺបាន បានហើយ បានចំពោះ បានចំពោះហើយ ដោយធម៌ដ៏ស្មើ ហេតុនោះ (ទ្រង់ត្រាស់ថា) បានម្ហូបចំណី និងគ្រឿងស្លៀកដណ្តប់ក្នុងកាលដ៏គួរ ។

[២៦៦] អធិប្បាយពាក្យថា ភិក្ខុនោះ ក្នុងសាសនានេះ គប្បីដឹងប្រមាណ ដើម្បីសន្តោស ត្រង់ពាក្យថា ភិក្ខុនោះ គប្បីដឹងប្រមាណ សេចក្តីថា ភិក្ខុដឹងប្រមាណដោយហេតុ ២ គឺ ដោយការទទួល ឬដោយការបរិភោគ ។

ភិក្ខុដឹងប្រមាណដោយការទទួល តើដូចម្តេច ។ ទោះវត្ថុតិច ដែលទាយកឲ្យ ភិក្ខុទទួលដើម្បីអាណិតត្រកូល ដើម្បីតាមរក្សាត្រកូល ដើម្បីអនុគ្រោះត្រកូល ទោះវត្ថុច្រើនដែលទាយកឲ្យ ភិក្ខុទទួលចីវរល្មមតែរក្សាកាយ ទទួលបិណ្ឌបាតល្មមតែរក្សាផ្ទៃ ភិក្ខុដឹងប្រមាណដោយការទទួល យ៉ាងនេះ ។

ភិក្ខុដឹងប្រមាណដោយការបរិភោគ តើដូចម្តេច ។ ភិក្ខុពិចារណាដោយឧបាយ ហើយប្រើប្រាស់ចីវរ គ្រាន់តែដើម្បីការពារត្រជាក់ ដើម្បីការពារកំដៅ ដើម្បីការពារសម្ផ័ស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងពស់ទាំងឡាយ គ្រាន់តែដើម្បីនឹងបិទបាំងអវយវៈ ដែលធ្វើសេចក្តីខ្មាសឲ្យកម្រើក ភិក្ខុពិចារណាដោយឧបាយ ហើយបរិភោគបិណ្ឌបាតថា អាត្មាអញ (បរិភោគ) ដើម្បីការលេងក៏ទេ ដើម្បីការស្រវឹងក៏ទេ ដើម្បីការប្រដាប់ក៏ទេ ដើម្បីការផូរផង់ក៏ទេ គ្រាន់តែដើម្បីឲ្យតាំងនៅនៃកាយនេះ ដើម្បីនឹងញុំាងជីវិតិន្រ្ទិយឲ្យប្រព្រឹត្តទៅ ដើម្បីបំបាត់សេចក្តីលំបាក ដើម្បីអនុគ្រោះព្រហ្មចរិយៈ អាត្មាអញ នឹងកំចាត់បង់នូវវេទនាចាស់ផង នឹងញុំាងវេទនាថ្មីមិនឲ្យកើតឡើងផង ការប្រព្រឹត្តិទៅនៃឥរិយាបថទាំង ៤ ផង សេចក្តីមិនមានទោសផង ការនៅសប្បាយផង នឹងមានដល់អាត្មាអញ ដោយបានបរិភោគនូវចង្ហាន់បិណ្ឌបាតនេះ ។ ភិក្ខុពិចារណាដោយឧបាយ ហើយសេពសេនាសនៈ គ្រាន់តែដើម្បីការពារត្រជាក់ ដើម្បីការពារកំដៅ ដើម្បីការពារសម្ផស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងពស់ទាំងឡាយ គ្រាន់តែដើម្បីបន្ទោបង់នូវអន្តរាយ គឺរដូវ និងការត្រេកអរក្នុងការសម្ងំនៅ ។ ភិក្ខុពិចារណាដោយឧបាយ ហើយសេពនូវថ្នាំជាគ្រឿងកែរោគ ដែលជាបរិក្ខាររបស់ជីវិត គ្រាន់តែដើម្បីកំចាត់បង់វេទនាទាំងឡាយ ដែលបៀតបៀនផ្សេងៗ ដែលកើតឡើងហើយ ដើម្បីប្រាសចាកទុក្ខខ្លាំងជាធម្មតា ។ ភិក្ខុដឹងប្រមាណដោយការបរិភោគ យ៉ាងនេះ ។ ពាក្យថា ភិក្ខុនោះ គប្បីដឹងប្រមាណ គឺ គប្បីដឹង យល់ ដឹងច្បាស់ ដឹងចំពោះ ចាក់ធ្លុះចំពោះ នូវប្រមាណដោយហេតុ ២ នេះ ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុនោះ គប្បីដឹងប្រមាណ ។

[២៦៧] ពាក្យថា ក្នុងសាសនានេះ ដើម្បីសន្តោស សេចក្តីថា ភិក្ខុក្នុងសាសនានេះ ជាអ្នកសន្តោសដោយចីវរតាមមានតាមបាន ទាំងជាអ្នកសរសើរគុណសន្តោសដោយចីវរតាមមានតាមបាន តែងមិនដល់នូវអនេសនៈ ជាកម្មមិនសមគួរព្រោះហេតុនៃចីវរ មិនបានចីវរក៏មិនអន្ទះសា បានចីវរហើយ ក៏មិនជាប់ចំពាក់ មិនជ្រប់ មិនងប់ មានប្រក្រតីឃើញទោស មានប្រាជ្ញាជាគ្រឿងរលាស់ខ្លួនចេញ ហើយបរិភោគ មួយទៀត មិនលើកតំកើងខ្លួន មិនបង្អាប់អ្នកដទៃ ព្រោះតែសន្តោសដោយចីវរតាមមានតាមបាននោះ ភិក្ខុណាឈ្លាសវៃ មិនខ្ជិល មានការដឹងខ្លួន ប្រុងស្មារតី ក្នុងចីវរសន្តោសនោះ ភិក្ខុនោះ លោកហៅថា អ្នកឋិតនៅក្នុងអរិយវង្ស ជាវង្សគេស្គាល់ថាប្រសើរ ដែលមានមកតាំងអំពីដើម ។ មួយទៀត ភិក្ខុជាអ្នកសន្តោសដោយបិណ្ឌបាតតាមមានតាមបាន ទាំងជាអ្នកសរសើរគុណសន្តោសដោយបិណ្ឌបាតតាមមានតាមបាន តែងមិនដល់នូវអនេសនៈជាកម្មមិនសមគួរ ព្រោះហេតុនៃបិណ្ឌបាត មិនបានបិណ្ឌបាតក៏មិនអន្ទះសា បានបិណ្ឌបាតហើយ ក៏មិនជាប់ចំពាក់ មិនជ្រប់ មិនងប់ មានប្រក្រតីឃើញទោស មានប្រាជ្ញាជាគ្រឿងរលាស់ខ្លួនចេញ ហើយបរិភោគ មួយទៀត មិនលើកតំកើងខ្លួន មិនបង្អាប់អ្នកដទៃព្រោះតែសន្តោសដោយបិណ្ឌបាតតាមមានតាមបាននោះ ភិក្ខុណាឈ្លាសវៃ មិនខ្ជិល មានការដឹងខ្លួន ប្រុងស្មារតី ក្នុងបិណ្ឌបាតសន្តោសនោះ ភិក្ខុនេះ លោកហៅថា អ្នកឋិតនៅក្នុងអរិយវង្ស ជាវង្សគេស្គាល់ថាប្រសើរ ដែលមានមកតាំងអំពីដើម ។ មួយទៀត ភិក្ខុជាអ្នកសន្តោសដោយសេនាសនៈ តាមមានតាមបាន ទាំងជាអ្នកសរសើរគុណសន្តោសដោយសេនាសនៈ តាមមានតាមបាន តែងមិនដល់នូវអនេសនៈ ជាកម្មមិនសមគួរ ព្រោះហេតុនៃសេនាសនៈ មិនបានសេនាសនៈ ក៏មិនអន្ទះសា បានសេនាសនៈហើយ ក៏មិនជាប់ចំពាក់ មិនជ្រប់ មិនងប់ មានប្រក្រតីឃើញទោស មានប្រាជ្ញាជាគ្រឿងរលាស់ខ្លួនចេញ ហើយបរិភោគ មួយទៀត មិនលើកតំកើងខ្លួន មិនបង្អាប់អ្នកដទៃ ព្រោះតែសន្តោសដោយសេនាសនៈ តាមមានតាមបាននោះ ភិក្ខុណា ឈ្លាសវៃ មិនខ្ជិល មានការដឹងខ្លួន ប្រុងស្មារតី ក្នុងសេនាសនសន្តោសនោះ ភិក្ខុនេះ លោកហៅថា អ្នកឋិតនៅក្នុងអរិយវង្ស ជាវង្សគេស្គាល់ថាប្រសើរ ដែលមានមកតាំងអំពីដើម ។ មួយវិញទៀត ភិក្ខុជាអ្នកសន្តោសដោយគិលានប្បច្ចយភេសជ្ជបរិក្ខារតាមមានតាមបាន ទាំងជាអ្នកសរសើរគុណសន្តោសដោយគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបាន តែងមិនដល់នូវអនេសនៈ ជាកម្មមិនសមគួរ ព្រោះហេតុគិលានប្បច្ចយភេសជ្ជបរិក្ខារ មិនបានគិលានប្បច្ចយភេសជ្ជបរិក្ខារ ក៏មិនអន្ទះសា បានគិលានប្បច្ចយភេសជ្ជបរិក្ខារហើយ ក៏មិនជាប់ចំពាក់ មិនជ្រប់ មិនងប់ មានប្រក្រតីឃើញទោស មានប្រាជ្ញាជាគ្រឿងរលាស់ខ្លួន ហើយបរិភោគ មួយទៀត មិនលើកតំកើងខ្លួន មិនបង្អាប់ជនដទៃ ព្រោះសន្តោសដោយគិលានប្បច្ចយភេសជ្ជបរិក្ខារតាមមានតាមបាននោះ ភិក្ខុណា ឈ្លាសវៃ មិនខ្ជិល មានការដឹងខ្លួន ប្រុងស្មារតី ក្នុងគិលានប្បច្ចយភេសជ្ជបរិក្ខារសន្តោសនោះ ភិក្ខុនេះ លោកហៅថា អ្នកឋិតនៅក្នុងអរិយវង្ស ជាវង្សគេស្គាល់ថាប្រសើរ ដែលមានមកតាំងអំពីដើម ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុនោះ ក្នុងសាសនានេះ គប្បីស្គាល់ប្រមាណដើម្បីសន្តោស ។

[២៦៨] អធិប្បាយពាក្យថា ភិក្ខុនោះ ជាអ្នកគ្រប់គ្រងក្នុងបច្ច័យទាំង ៤ នោះ ជាអ្នកប្រុងប្រយ័ត្ន ហើយត្រាច់ទៅក្នុងស្រុក ត្រង់ពាក្យថា ភិក្ខុនោះជាអ្នកគ្រប់គ្រងក្នុងបច្ច័យទាំង ៤ នោះ គឺជាអ្នកគ្រប់គ្រងបីបាច់ រក្សា សង្រួម ក្នុងចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុនោះជាអ្នកគ្រប់គ្រងក្នុងបច្ច័យទាំង ៤ នោះ យ៉ាងនេះក៏មាន ។ មួយទៀត ភិក្ខុជាអ្នកគ្រប់គ្រង បីបាច់ រក្សា សង្រួម ក្នុងអាយតនៈទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុនោះជាអ្នកគ្រប់គ្រងអាយតនៈទាំងនោះ យ៉ាងនេះក៏មាន ។ ពាក្យថា ជាអ្នកប្រុងប្រយ័ត្នហើយ ត្រាច់ទៅក្នុងស្រុក គឺជាអ្នកប្រយ័ត្ន ប្រុងប្រៀប រៀបចំ គ្រប់គ្រង បីបាច់ រក្សា សង្រួម ក្នុងស្រុក ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុនោះ ជាអ្នកគ្រប់គ្រងក្នុងបច្ច័យទាំង ៤ នោះ ជាអ្នកប្រុងប្រយ័ត្ន ហើយត្រាច់ទៅក្នុងស្រុក ។

[២៦៩] ពាក្យថា សូម្បីត្រូវគេកោសរូស ក៏មិនគប្បីពោលពាក្យទ្រគោះ គឺត្រូវគេកោសរូស ជេរ ប្រទេច ខ្ទាំងខ្ទប់ តិះដៀល បង្អាប់បង្អោន ក៏មិនគប្បីនិយាយតនឹងគេ ដែលនិយាយដោយពាក្យទ្រគោះអាក្រក់ មិនគប្បីជេរតនឹងគេដែលជេរ មិនគប្បីខឹងតនឹងគេដែលខឹង មិនគប្បីបង្កហេតុនឹងគេដែលបង្កហេតុ មិនគប្បីធ្វើជំលោះ មិនគប្បីធ្វើការបង្កហេតុ មិនគប្បីធ្វើការប្រកួតប្រកាន់ មិនគប្បីធ្វើវិវាទ មិនគប្បីធ្វើការប្រកែប្រកាន់ គឺគប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើឲ្យបាត់បង់នូវជំលោះ ការបង្កហេតុ ការប្រកួតប្រកាន់ វិវាទ និងការប្រកែប្រកាន់ គប្បីជាបុគ្គលវៀរឆ្ងាយ វៀរស្រឡះ វៀរផុត ចេញទៅ រលាស់ចេញ ផុតស្រឡះ បា្រសចេញ ចាកជំលោះ ការបង្កហេតុ ការប្រកួតប្រកាន់ វិវាទ និងការប្រកែប្រកាន់ ហើយនៅដោយចិត្តដែលធ្វើឲ្យប្រាសចាកដែន ហេតុនោះ (ទ្រង់ត្រាស់ថា) សូម្បីត្រូវគេកោសរូស ក៏មិនគប្បីពោលពាក្យទ្រគោះ ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ភិក្ខុនោះ ក្នុងសាសនានេះ បានម្ហូបចំណី និងគ្រឿងស្លៀកដណ្តប់ ក្នុងកាលដ៏គួរហើយ គប្បីដឹងប្រមាណ ដើម្បីសន្តោស ភិក្ខុនោះ ជាអ្នកគ្រប់គ្រងក្នុងបច្ច័យទាំង ៤ នោះ ជាអ្នកប្រុងប្រយ័ត្ន ហើយត្រាច់ទៅក្នុងស្រុក សូម្បីត្រូវគេកោសរូស ក៏មិនគប្បីពោលពាក្យទ្រគោះទេ ។

[២៧០] ភិក្ខុគប្បីមានភ្នែកសំឡឹងចុះក្រោម មិនគប្បីរលោរលាំដោយជើង គប្បីប្រកបរឿយៗ ក្នុងឈាន ទាំងជាអ្នកភ្ញាក់រលឹកច្រើន គប្បីប្រារព្ធឧបេក្ខា ហើយជាអ្នកមានចិត្តតាំងមាំ គប្បីផ្តាច់បង់នូវសេចក្តីត្រិះរិះផង នូវធម៌ជាទីអាស្រ័យនៃសេចក្តីត្រិះរិះផង នូវកុក្កុច្ចៈផង ។

[២៧១] អធិប្បាយពាក្យថា ភិក្ខុគប្បីមានភ្នែកសំឡឹងចុះក្រោម គប្បីមិនរលោរលាំដោយជើង សំនួរថា ភិក្ខុមានភ្នែកក្រឡេកមើល តើដូចម្តេច ។ ភិក្ខុខ្លះក្នុងសាសនានេះ ជាអ្នករឡេះរឡោះដោយភ្នែក ប្រកបដោយការរឡេះរឡោះដោយភ្នែក គិតថា អាត្មាអញគួរឃើញរបស់ដែលមិនទាន់ឃើញ គួររំលងរបស់ដែលឃើញហើយ ប្រកបរឿយៗ នូវការត្រាច់ទៅឆ្ងាយ ត្រាច់ទៅមិនឈប់ឈរ អំពីសួនច្បារទៅសួនច្បារ អំពីឧទ្យានទៅឧទ្យាន អំពីស្រុកទៅស្រុក អំពីនិគមទៅនិគម អំពីនគរទៅនគរ អំពីដែនទៅដែន អំពីជនបទ ទៅជនបទ ដើម្បីមើលរូប ភិក្ខុមានភ្នែកក្រឡេកមើល យ៉ាងនេះក៏មាន ។ មួយទៀត ភិក្ខុចូលទៅចន្លោះផ្ទះ ដើរតាមថ្នល់ ទៅមិនសង្រួម ក្រឡេកមើលដំរី មើលសេះ មើលរថ មើលពលថ្មើរជើង មើលពួកស្រី មើលពួកប្រុស មើលពួកក្មេងប្រុស មើលពួកក្មេងស្រី មើលចន្លោះរានផ្សារ មើលមុខផ្ទះ មើលលើ មើលក្រោម សំឡឹងមើលទិសតូច និងទិសធំ ភិក្ខុមានភ្នែកក្រឡេកមើល យ៉ាងនេះក៏មាន ។ មួយទៀត ភិក្ខុបានឃើញរូបដោយភ្នែក ហើយជាអ្នកកាន់យកនិមិត្ត កាន់យកអនុព្យព្ជានៈ ធម៌ទាំងឡាយ ជាអកុសលដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមនូវភិក្ខុអ្នកមិនសង្រួមចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុតែការមិនសង្រួមចក្ខុន្រ្ទិយណា មិនប្រតិបត្តិដើម្បីសង្រួមចក្ខុន្រ្ទិយនោះ មិនរក្សាចក្ខុន្រ្ទិយ មិនដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយ ភិក្ខុមានភ្នែកក្រឡេកមើល យ៉ាងនេះក៏មាន ។ មួយវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយ ពួកខ្លះ បរិភោគភោជនដែលគេឲ្យដោយសទ្ធា តែសមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗ នូវការស្តាប់ និងការមើលល្បែងជាសត្រូវដល់កុសលធម៌ មានសភាពយ៉ាងនេះ គឺល្បែងរាំ ច្រៀង ប្រគំ មហោស្រព ចម្បាំងស្តេចភារតៈ និងព្រះរាមជាដើម គងរគាំង ស្គរមានជ្រុងបួន រូបគំនូរ ល្បែងដុំដែក ល្បែករ៉ាវ ល្បែងលាងឆ្អឹង ប្រជល់ដំរី ប្រខាំសេះ ប្រជល់ក្របី ប្រជល់គោ ប្រជល់ពពែ ប្រជល់កែះ ប្រជល់មាន់ ប្រជល់ចាប ល្បែងគុណដម្បង ប្រដាល់ ចម្បាប់ ទីសម្រាប់ច្បាំងគ្នា ទីសម្រាប់រៀបពល ទីលំនៅកងទ័ព សេនាព្យូហ៍ ទីមើលកងទ័ព ដូចនេះខ្លះ ភិក្ខុមានភ្នែកក្រឡេកមើលយ៉ាងនេះ ក៏មាន ។ ភិក្ខុមានភ្នែកមិនក្រឡេកមើល តើដូចម្តេច ។ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនរឡេះរឡោះដោយភ្នែក ជាអ្នកមិនប្រកបដោយការរឡេះរឡោះដោយភ្នែក ដោយគិតថា អាត្មាអញត្រូវឃើញរបស់ដែលមិនទាន់ឃើញ ត្រូវរំលងរបស់ដែលឃើញហើយ មិនប្រកបរឿយៗ នូវការត្រាច់ទៅឆ្ងាយ ត្រាច់ទៅមិនឈប់ឈរ អំពីសួនច្បារទៅសួនច្បារ អំពីឧទ្យានទៅឧទ្យាន អំពីស្រុកទៅស្រុក អំពីនិគមទៅនិគម អំពីក្រុងទៅក្រុង អំពីដែនទៅដែន អំពីជនបទ ទៅជនបទ ដើម្បីមើលរូបទេ ភិក្ខុមានភ្នែកមិនក្រឡេកមើល យ៉ាងនេះខ្លះ ។ មួយទៀត ភិក្ខុចូលទៅចន្លោះផ្ទះ ដើរតាមថ្នល់ ទៅសង្រួម មិនក្រឡេកមើលនូវដំរី ។បេ ។ មិនសំឡឹងមើលទិសតូច និងទិសធំ ដើរទៅ ភិក្ខុមានភ្នែកមិនក្រឡេកមើល យ៉ាងនេះខ្លះ ។ មួយទៀត ភិក្ខុឃើញរូបដោយភ្នែក មិនកាន់យកនូវនិមិត្ត ។បេ ។ ដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយ ភិក្ខុមានភ្នែកមិនក្រឡេកមើល យ៉ាងនេះខ្លះ ។ មួយវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយពួកខ្លះ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ ។បេ ។ ទីមើលកងទ័ព ដូចនេះខ្លះ ភិក្ខុនោះជាអ្នកវៀរស្រឡះចាកកិរិយាប្រកបរឿយ ៗ នូវការស្តាប់ និងការមើលល្បែង ដែលជាសត្រូវ មានសភាពយ៉ាងនេះ ភិក្ខុមានភ្នែកមិនក្រឡេកមើល យ៉ាងនេះខ្លះ ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុគប្បីមានភ្នែកសំឡឹងចុះក្រោម ។

[២៧២] អធិប្បាយពាក្យថា មិនគប្បីរលោរលាំដោយជើង សំនួរថា ភិក្ខុអ្នករលោរលាំដោយជើង តើដូចម្តេច ។ ភិក្ខុខ្លះក្នុងសាសនានេះ ជាអ្នករលោរលាំដោយជើង ប្រកបដោយការរលោរលាំដោយជើង ប្រកបរឿយៗ នូវការត្រាច់ទៅឆ្ងាយ ត្រាច់ទៅមិនឈប់ឈរ អំពីសួនច្បារទៅសួនច្បារ ។បេ ។ ដើម្បីកិរិយាឃើញរូប ភិក្ខុអ្នករលោរលាំដោយជើង យ៉ាងនេះក៏មាន ។ មួយទៀត ភិក្ខុជាអ្នករលោរលាំដោយជើង ប្រកបដោយការរលោរលាំដោយជើង ខាងក្នុងសង្ឃារាម ជាអ្នកមានចិត្តអណ្តែតអណ្តូង មានចិត្តមិនស្ងប់ ទៅអំពីបរិវេណ កាន់បរិវេណ មិនមែនព្រោះហេតុនៃអត្ថ មិនមែនព្រោះហេតុនៃការណ៍ ។បេ ។ ពោលនូវកថា អំពីសេចក្តីចម្រើន និងវិនាស ដូច្នេះខ្លះ ដូច្នោះខ្លះ ភិក្ខុអ្នករលោរលាំដោយជើង យ៉ាងនេះក៏មាន ។ ពាក្យថា មិនគប្បីរលោរលាំដោយជើង បានសេចក្តីថា គប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើឲ្យបាត់បង់នូវការរលោរលាំដោយជើង គប្បីជាអ្នកវៀរឆ្ងាយ វៀរចេញ វៀរស្រឡះ ចេញទៅ រលាស់ចេញ ផុតស្រឡះ ប្រាសចេញ ចាកការរលោរលាំដោយជើង សម្រាន្តនៅដោយចិត្តដែលធ្វើឲ្យប្រាសចាកដែន ជាអ្នកមានការត្រេកអរក្នុងការពួនសម្ងំ ជាអ្នកត្រេកអរក្នុងការពួនសម្ងំ ជាអ្នកប្រកបនូវសេចក្តីស្ងប់ចិត្តរបស់ខ្លួន មានឈានមិនសាបសូន្យ ប្រកបដោយវិបស្សនា ជាអ្នកចម្រើននូវការនៅក្នុងផ្ទះស្ងាត់ មានឈាន ត្រេកអរក្នុងឈាន ប្រកបនូវការនៅម្នាក់ឯង ធ្ងន់ក្នុងប្រយោជន៍របស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុគប្បីមានភ្នែកសំឡឹងចុះក្រោម មិនគប្បីរលោរលាំដោយជើង ។

[២៧៣] អធិប្បាយពាក្យថា គប្បីប្រកបរឿយៗ ក្នុងឈាន ទាំងជាអ្នកភ្ញាក់រលឹកច្រើន ត្រង់ពាក្យថា ប្រកបរឿយៗក្នុងឈាន គឺប្រកបរឿយៗក្នុងឈានដោយហេតុ ២ គឺប្រកប លៃលក ផ្សែផ្សំ ប្រកបព្រម ដើម្បីញុំាងបឋមជ្ឈាន ដែលមិនទាន់កើតឲ្យកើតឡើង ឬប្រកប លៃលក ផ្សែផ្សំ ប្រកបព្រម ដើម្បីញុំាងទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន ដែលមិនទាន់កើត ឲ្យកើតឡើង ហេតុនោះ ឈ្មោះថា ប្រកបរឿយៗ ក្នុងឈាន យ៉ាងនេះក៏មាន ។ មួយទៀត ភិក្ខុគប់រកដោយច្រើន ចម្រើន ធ្វើឲ្យច្រើននូវបឋមជ្ឈាន ដែលកើតឡើងហើយ ឬគប់រកដោយច្រើន ចម្រើន ធ្វើឲ្យច្រើននូវទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន ដែលកើតហើយ ហេតុនោះ ឈ្មោះថា ប្រកបរឿយៗ ក្នុងឈាន យ៉ាងនេះក៏មាន ។ ពាក្យថា ទាំងជាអ្នកភ្ញាក់រលឹកច្រើន គឺភិក្ខុក្នុងសាសនានេះ ញុំាងចិត្តឲ្យស្អាត ចាកធម៌ជាគ្រឿងរារាំង ដោយការចង្រ្កម ដោយការអង្គុយអស់វេលាថ្ងៃ ញុំាងចិត្តឲ្យស្អាត ចាកធម៌ជាគ្រឿងរារាំងដោយការចង្រ្កម ដោយការអង្គុយ អស់បឋមយាមនៃរាត្រី សម្រេចសីហសេយ្យាដោយបង្អៀងខាងស្តាំ ដាក់តម្រួតជើងម្ខាងលើជើងម្ខាង មានសតិ មានសម្បជញ្ញៈ ធ្វើទុកក្នុងចិត្តនូវសញ្ញាថានឹងក្រោក អស់មជ្ឈិមយាមនៃរាត្រី ញុំាងចិត្តឲ្យស្អាត ចាកធម៌ជាគ្រឿងរារាំង ដោយការចង្រ្កម ដោយការអង្គុយ អស់បច្ឆិមយាមនៃរាត្រី ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីប្រកបរឿយៗ ក្នុងឈាន ទាំងជាអ្នកភ្ញាក់រលឹកច្រើន ។

[២៧៤] ពាក្យថា គប្បីប្រារព្ធឧបេក្ខា ហើយជាអ្នកមានចិត្តតាំងមាំ ត្រង់ពាក្យថា ឧបេក្ខា បានដល់ ការតាំងចិត្តជាកណ្តាល ការព្រងើយ ការសំឡឹងឆ្ពោះ ការមានចិត្តស្មើ ការមានចិត្តស្ងប់ ការមានចិត្តជាកណ្តាល ក្នុងចតុត្ថជ្ឈាន ។ ពាក្យថា ជាអ្នកមានចិត្តតាំងមាំ គឺការតាំងនៅ ការឋិតនៅ ការឋិតនៅនឹង ការមិនកន្ទះរា ការមិនរវើរវាយ ការមិនរសាប់រសល់ ការស្ងប់នៃចិត្ត សមាធិន្រ្ទិយ សមាធិពលៈ សម្មាសមាធិ ។ ពាក្យថា គួរប្រារព្ធឧបេក្ខា ហើយជាអ្នកមានចិត្តតាំងមាំ បានសេចក្តីថា គួរប្រារព្ធឧបេក្ខា ក្នុងចតុត្ថជ្ឈាន ហើយជាអ្នកមានចិត្តមូល ក្នុងអារម្មណ៍តែមួយ មានចិត្តមិនរាយមាយ មានចិត្តមិនរសាប់រសល់ ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីប្រារព្ធឧបេក្ខា ហើយជាអ្នកមានចិត្តតាំងមាំ ។

[២៧៥] អធិប្បាយពាក្យថា គប្បីផ្តាច់បង់នូវសេចក្តីត្រិះរិះផង នូវធម៌ជាទីអាស្រ័យនៃសេចក្តីត្រិះរិះផង នូវកុក្កុច្ចៈផង ត្រង់ពាក្យថា សេចក្តីត្រិះរិះ បានដល់ សេចក្តីត្រិះរិះ ៩ គឺការត្រិះរិះកាម ការត្រិះរិះព្យាបាទ ការត្រិះរិះវិហឹសា ការត្រិះរិះញាតិ ការត្រិះរិះជនបទ ការត្រិះរិះទេវតា ការត្រិះរិះប្រកបដោយការអាណិតជនដទៃ ការត្រិះរិះប្រកបដោយលាភសក្ការៈ និងសេចក្តីសរសើរ ការត្រិះរិះប្រកបដោយសេចក្តីមិនឲ្យគេមើលងាយ នេះ លោកហៅថា សេចក្តីត្រិះរិះទាំងប្រាំបួន ។ កាមសញ្ញា ជាទីអាស្រ័យនៃកាមវិតក្កៈ ព្យាបាទសញ្ញា ជាទីអាស្រ័យនៃព្យាបាទវិតក្កៈ វិហឹសាសញ្ញា ជាទីអាស្រ័យនៃវិហឹសាវិតក្កៈ ។ មួយទៀត អវិជ្ជា ជាទីអាស្រ័យ អយោនិសោមនសិការ ជាទីអាស្រ័យ អស្មិមានះ ជាទីអាស្រ័យ អនោតប្បៈ ជាទីអាស្រ័យ ឧទ្ធច្ចៈ ជាទីអាស្រ័យនៃវិតក្កៈ គឺសេចក្តីត្រិះរិះ ។ ពាក្យថា កុក្កុច្ចៈ គឺកុក្កុច្ចៈ បានដល់ការរពឹសដៃក៏មាន កុក្កុច្ចៈ បានដល់ការរពឹសជើងក៏មាន កុក្កុច្ចៈ បានដល់ការរពឹសទាំងដៃទាំងជើងក៏មាន សេចក្តីសំគាល់ថាគួរ ក្នុងរបស់ដែលមិនគួរ សេចក្តីសំគាល់ថាមិនគួរ ក្នុងរបស់ដែលគួរ សេចក្តីសំគាល់ថាមានទោស ក្នុងរបស់ដែលមិនមានទោស សេចក្តីសំគាល់ថាមិនមានទោស ក្នុងរបស់ដែលមានទោស សេចក្តីសង្ស័យ អាការនៃសេចក្តីសង្ស័យ ភាពនៃសេចក្តីសង្ស័យ សេចក្តីក្តៅក្រហាយនៃចិត្ត សភាវៈជាគំនូសនៃចិត្តឯណា មានសភាពយ៉ាងនេះ នេះ លោកហៅថា កុក្កុច្ចៈ ។ មួយទៀត កុក្កុច្ចៈ សេចក្តីក្តៅក្រហាយនៃចិត្ត គំនូសនៃចិត្ត កើតឡើងដោយហេតុ ២ គឺ ភាពដែលបានធ្វើ ១ ភាពដែលមិនបានធ្វើ ១ ។

កុក្កុច្ចៈ គឺសេចក្តីក្តៅក្រហាយនៃចិត្ត គំនូសនៃចិត្ត កើតឡើងដោយភាពដែលបានធ្វើ និងភាពដែលមិនបានធ្វើ តើដូចម្តេច ។ កុក្កុច្ចៈ សេចក្តីក្តៅក្រហាយនៃចិត្ត គំនូសនៃចិត្ត កើតឡើងដោយគិតថា កាយទុច្ចរិត អាត្មាអញបានធ្វើ កាយសុចរិត អាត្មាអញមិនបានធ្វើទេ ។ វចីទុច្ចរិត អាត្មាអញបានធ្វើ ។ មនោទុច្ចរិត អាត្មាអញបានធ្វើ ។ កុក្កុច្ចៈ សេចក្តីក្តៅក្រហាយនៃចិត្ត គំនូសនៃចិត្ត កើតឡើងដោយគិតថា បាណាតិបាត អាត្មាអញបានធ្វើ ចេតនាជាហេតុវៀរចាកបាណាតិបាត អាត្មាអញមិនបានធ្វើទេ ។ អទិន្នាទាន អាត្មាអញបានធ្វើ ។ កាមេសុមិច្ឆាចារ អាត្មាអញបានធ្វើ ។ មុសាវាទ អាត្មាអញបានធ្វើ ។ បិសុណាវាចា អាត្មាអញបានធ្វើ ។ ផរុសវាចា អាត្មាអញបានធ្វើ ។ សម្ផប្បលាបៈ អាត្មាអញបានធ្វើ ។ អភិជ្ឈា អាត្មាអញបានធ្វើ ។ ព្យាបាទ អាត្មាអញបានធ្វើ ។ កុក្កុច្ចៈ សេចក្តីក្តៅក្រហាយនៃចិត្ត គំនូសនៃចិត្ត កើតឡើង ដោយគិតថា មិច្ឆាទិដ្ឋិ អាត្មាអញបានធ្វើ សម្មាទិដ្ឋិ អាត្មាអញមិនបានធ្វើទេ ។ កុក្កុច្ចៈ សេចក្តីក្តៅក្រហាយនៃចិត្ត គំនូសនៃចិត្តកើតឡើង ដោយភាពដែលបានធ្វើ និងភាពដែលមិនបានធ្វើ យ៉ាងនេះ ។ មួយវិញទៀត កុក្កុច្ចៈ សេចក្តីក្តៅក្រហាយនៃចិត្ត គំនូសនៃចិត្ត កើតឡើងដោយគិតថា អាត្មាអញជាអ្នកមិនធ្វើឲ្យបរិបូរក្នុងសីលទាំងឡាយ ។ ថា អាត្មាអញជាអ្នកមិនមានទ្វារគ្រប់គ្រងក្នុងឥន្រ្ទិយទាំងឡាយ ។ ថា អាត្មាអញជាអ្នកមិនស្គាល់ប្រមាណក្នុងភោជន ។ ថា អាត្មាអញជាអ្នកមិនប្រកបរឿយៗ នូវការភ្ញាក់រលឹក ។ ថា អាត្មាអញជាអ្នកមិនប្រកបដោយសតិ និងសម្បជញ្ញៈ ។ ថា អាត្មាអញមិនបានចម្រើនសតិប្បដ្ឋាន ៤ ។ ថា អាត្មាអញមិនបានចម្រើនសម្មប្បធាន ៤ ។ ថា អាត្មាអញមិនបានចម្រើនឥទ្ធិបាទ ៤ ។ ថា អាត្មាអញមិនបានចម្រើនឥន្រ្ទិយ ៥ ។ ថា អាត្មាអញមិនបានចម្រើនពលៈ ៥ ។ ថា អាត្មាអញមិនបានចម្រើនពោជ្ឈង្គ ៧ ។ ថា អាត្មាអញមិនបានចម្រើនអដ្ឋង្គិកមគ្គដ៏ប្រសើរ ។ ថា អាត្មាអញមិនបានកំណត់ដឹងនូវទុក្ខ ។ ថា អាត្មាអញមិនបានលះបង់ទុក្ខសមុទ័យ ។ ថា អាត្មាអញមិនបានចម្រើនមគ្គ ។ កុក្កុច្ចៈ គឺសេចក្តីក្តៅក្រហាយនៃចិត្ត គំនូសនៃចិត្ត កើតឡើងដោយគិតថា អាត្មាអញមិនបានធ្វើឲ្យជាក់ច្បាស់នូវនិរោធទេ ។ ពាក្យថា គប្បីផ្តាច់បង់នូវសេចក្តីត្រិះរិះផង នូវធម៌ជាទីតាំងនៃសេចក្តីត្រិះរិះផង នូវកុក្កុច្ចៈផង បានសេចក្តីថា គប្បីផ្តាច់បង់ គាស់ផ្តាច់ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើឲ្យបាត់បង់នូវការត្រិះរិះផង នូវសភាវៈជាទីអាស្រ័យនៃសេចក្តីត្រិះរិះផង នូវកុក្កុច្ចៈផង ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីផ្តាច់បង់ នូវសេចក្តីត្រិះរិះផង នូវធម៌ជាទីតាំងនៃសេចក្តីត្រិះរិះផង នូវកុក្កុច្ចៈផង ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

ភិក្ខុគប្បីមានភ្នែកសំឡឹងចុះក្រោម មិនគប្បីរលោរលាំដោយជើង គប្បីប្រកបរឿយៗ ក្នុងឈាន ទាំងជាអ្នកភ្ញាក់រលឹកច្រើន គប្បីប្រារព្ធឧបេក្ខា ហើយជាអ្នកមានចិត្តតាំងមាំ គប្បីផ្តាច់បង់នូវសេចក្តីត្រិះរិះផង នូវធម៌ជាទីអាស្រ័យនៃសេចក្តីត្រិះរិះផង នូវកុក្កុច្ចៈផង ។

[២៧៦] បុគ្គលដែលគេដាស់តឿនដោយវាចាហើយ គួរជាអ្នកមានស្មារតី ត្រេកអរចំពោះ គួរទំលាយចោលនូវសេចក្តីរឹងត្អឹង ចំពោះពួកសព្រហ្មចារី គួរបញ្ចេញវាចាជាកុសល កុំឲ្យហួសកម្រិត មិនគួរគិតគូរអំពីវាទធម៌របស់អ្នកផងទេ ។

[២៧៧] អធិប្បាយពាក្យថា បុគ្គលដែលគេដាស់តឿនដោយវាចាហើយ គួរជាអ្នកមានស្មារតី ត្រេកអរចំពោះ ត្រង់ពាក្យថា ដែលគេដាស់តឿន សេចក្តីថា ឧបជ្ឈាយ៍ក្តី អាចារ្យក្តី ភិក្ខុដែលមានឧបជ្ឈាយ៍ស្មើគ្នាក្តី ភិក្ខុមានអាចារ្យស្មើគ្នាក្តី មិត្តក្តី ជនដែលធ្លាប់ឃើញគ្នាក្តី ជនដែលធ្លាប់គប់រកគ្នាក្តី សំឡាញ់ក្តី ដាស់តឿនថា នែលោកមានអាយុ អំពើរបស់លោកនេះ មិនគួរទេ អំពើរបស់លោកនេះ មិនសមល្មមទេ អំពើរបស់លោកនេះ មិនសមគួរទេ អំពើរបស់លោកនេះ មិនមែនតាំងនៅក្នុងសីលទេ ដូច្នេះ បុគ្គលគួរប្រុងស្មារតី ហើយត្រេកអរ ត្រេកអរចំពោះ រីករាយ រីករាយតាម ប្រាថ្នា រួសរាយ ប៉ុនប៉ង ស្រឡាញ់ជាប់ចិត្តនឹងការដាស់តឿននោះ ។ ដូចស្រ្តី ឬបុរសដែលនៅក្មេង ជាក្រមុំកំឡោះ មានជាតិជាអ្នកប្រដាប់កាយ មានក្បាលកក់ហើយ បានកម្រងផ្កាឧប្បលក្តី កម្រងផ្កាម្លិះក្តី កម្រងផ្ការំដួលក្តី ហើយទទួលយកដោយដៃទាំងពីរ ប្រដាប់លើក្បាល ដែលជាអវយវៈដ៏ឧត្តម រួចត្រេកអរ ត្រេកអរចំពោះ រីករាយ រីករាយតាម ប្រាថ្នា រួសរាយ ប៉ុនប៉ង ស្រឡាញ់ជាប់ចិត្ត យ៉ាងណា បុគ្គលគួរប្រុងស្មារតី ហើយត្រេកអរ ត្រេកអរចំពោះ រីករាយ រីករាយតាម ប្រាថ្នា រួសរាយ ប៉ុនប៉ង ស្រឡាញ់ ជាប់ចិត្តនូវការដាស់តឿននោះ ក៏យ៉ាងនោះដែរ ។

បុគ្គលបើឃើញនូវអ្នកប្រាជ្ញណា ដែលមានប្រក្រតីបង្ហាញទោស ដែលឧស្សាហ៍ពោលផ្ទញ់ផ្ទាល់ ដូចជនអ្នកបង្ហាញកំណប់ទ្រព្យ គួរតែគប់រកនូវបណ្ឌិតប្រាកដដូច្នោះ កាលបើបុគ្គលគប់រកបណ្ឌិតប្រាកដដូច្នោះ សេចក្តីល្អ រមែងកើតមាន មិនមែនជាការអាក្រក់ទេ ជនគួរទូន្មានគេ គួរប្រៀនប្រដៅគេ ទាំងគួរជួយរារាំងចាកអសប្បុរស ដ្បិតថា ជនអ្នកទូន្មានគេនោះ រមែងជាទីស្រឡាញ់នៃពួកសប្បុរស តែមិនជាទីស្រឡាញ់នៃពួកអសប្បុរសទេ ។

ហេតុនោះ (ទ្រង់ត្រាស់ថា) ដែលគេដាស់តឿនដោយវាចាហើយ គួរជាអ្នកត្រេកអរចំពោះ ។

[២៧៨] ពាក្យថា គួររំលាយចោលនូវសេចក្តីរឹងត្អឹងចំពោះពួកសព្រហ្មចារី សេចក្តីថា បុគ្គលមានសង្ឃកម្មជាមួយគ្នា មានឧទ្ទេសជាមួយគ្នា មានការសិក្សាស្មើគ្នា ឈ្មោះថា សព្រហ្មចារី ។ ពាក្យថា គួរទំលាយចោលនូវសេចក្តីរឹងត្អឹងចំពោះពួកសព្រហ្មចារី គឺគួរទំលាយចោលនូវភាពនៃចិត្តចង្អៀតចង្អល់ ភាពនៃចិត្តរឹងត្អឹងចំពោះពួកសព្រហ្មចារី គួរទំលាយចោលនូវការរឹងត្អឹងនៃចិត្ត ៥ ផង គួរទំលាយចោលនូវការរឹងត្អឹងនៃចិត្ត ៣ ផង គួរទំលាយចោល បំបែកចោល កំទេចចោល នូវការរឹងត្អឹងដោយរាគៈ ការរឹងត្អឹងដោយទោសៈ ការរឹងត្អឹងដោយមោហៈ ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) គួរទំលាយចោលនូវសេចក្តីរឹងត្អឹងចំពោះពួកសព្រហ្មចារី ។

[២៧៩] ពាក្យថា គួរបញ្ចេញវាចាជាកុសល កុំឲ្យហួសសម្រិត គឺគួរបញ្ចេញវាចា ដែលផុសផុលឡើងអំពីប្រាជ្ញា គឺថា គួរបញ្ចេញ គួរចរចា គួរស្រដីនូវវាចា ដែលប្រកបដោយអត្ថ ប្រកបដោយធម៌ តាមកាលគួរ ប្រកបដោយគ្រឿងអាង ជាវាចាមានទីបំផុត អាស្រ័យប្រយោជន៍ ហេតុនោះ (ទ្រង់ត្រាស់ថា) គួរបញ្ចេញវាចាជាកុសល ។ ពាក្យថា កម្រិត ក្នុងបទថា គួរបញ្ចេញវាចាកុំឲ្យហួសកម្រិត បានដល់កម្រិត ២ គឺ កម្រិតកាល ១ កម្រិតសីល ១ ។

កម្រិតកាល តើដូចម្តេច ។ បុគ្គលមិនគួរពោលវាចាឲ្យហួសកាល មិនគួរពោលវាចាឲ្យហួសកម្រិត មិនគួរពោលវាចាឲ្យកន្លងហួសកាល និងកម្រិត មិនគួរពោលវាចា ដែលមិនទាន់ដល់កាល មិនគួរពោលវាចាដែលមិនទាន់ដល់កម្រិត មិនគួរពោលវាចា ដែលមិនទាន់ដល់កាល និងកម្រិត ។

ជនណា កាលបើមិនទាន់ដល់កាលគួរទេ ហើយពោលឲ្យហួសកម្រិត ជននោះ រមែងដេកជាទុក្ខ ដូចកូនតាវ៉ៅ ដែលក្អែករក្សា យ៉ាងនោះឯង ។

នេះ កម្រិតកាល ។

កម្រិតសីល តើដូចម្តេច ។ បុគ្គលត្រេកត្រអាលហើយ មិនគួរពោលវាចា ប្រទូស្តហើយ មិនគួរពោលវាចា វង្វេងហើយ មិនគួរពោលវាចា មិនគួរពោលពាក្យកុហក មិនគួរពោលពាក្យញុះញង់ មិនគួរពោលពាក្យទ្រគោះ មិនគួរពោល មិនគួរនិយាយ មិនគួរចរចា មិនគួរពណ៌នា មិនគួរស្រដីនូវពាក្យឥតប្រយោជន៍ នេះកម្រិតសីល ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) គួរបញ្ចេញវាចាជាកុសល កុំឲ្យហួសកម្រិត ។

[២៨០] ពាក្យថា មិនគួរគិតគូរអំពីវាទធម៌របស់អ្នកផង ត្រង់ពាក្យថា អ្នកផង បានដល់ ពួកក្សត្រិយ៍ ព្រាហ្មណ៍ វេស្យៈ សូទ្រៈ គ្រហស្ថ បព្វជិត ទេវតា និងមនុស្ស ។ បុគ្គលមិនគួរគិតគូរ មិនគួរញុំាងចេតនាឲ្យកើតឡើង មិនគួរញុំាងសេចក្តីត្រិះរិះក្នុងចិត្តឲ្យកើតឡើង មិនគួរញុំាងការធ្វើទុកក្នុងចិត្តឲ្យកើតឡើង អំពីវាទៈ ការពោលបង្អាប់ ការនិន្ទា ការបន្តុះបង្អាប់ ការតិះដៀល ការនាំទោសរបស់ជន ព្រោះសីលវិបត្តិក្តី ព្រោះអាចារវិបត្តិក្តី ព្រោះទិដ្ឋិវិបត្តិក្តី ព្រោះអាជីវវិបត្តិក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគួរគិតគូរអំពីវាទធម៌របស់អ្នកផង ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

បុគ្គលដែលគេដាស់តឿនដោយវាចាហើយ គួរជាអ្នកមានស្មារតី ត្រេកអរចំពោះ គួរទំលាយចោលនូវសេចក្តីរឹងត្អឹងចំពោះពួកសព្រហ្មចារី គួរបញ្ចេញវាចាជាកុសលកុំឲ្យហួសកម្រិត មិនគួរគិតគូរអំពីវាទធម៌របស់អ្នកផងទេ ។

[២៨១] មួយទៀត ភិក្ខុមានស្មារតី គួរសិក្សាដើម្បីកិរិយានាំចេញនូវធូលីទាំងឡាយណា ធូលី (ទាំងនោះ) មាន ៥ ក្នុងលោក គួរសង្កត់សង្កិនតម្រេកក្នុងរូប សំឡេង រស ក្លិន និងផស្សៈទាំងឡាយ ។

[២៨២] ពាក្យថា មួយទៀត ធូលី (ទាំងនោះ) មាន ៥ ក្នុងលោក ត្រង់ពាក្យថា មួយទៀត គឺជាពាក្យតបទ ជាពាក្យជាប់ជំពាក់ដោយបទ ជាពាក្យបំពេញបទ ជាពាក្យរួបរួមអក្ខរៈ ជាពាក្យសម្រួលព្យព្ជានៈ ពាក្យថា មួយទៀតនុ៎ះ ជាលំដាប់នៃបទ ។ តម្រេកក្នុងរូប ១ តម្រេកក្នុងសំឡេង ១ តម្រេកក្នុងក្លិន ១ តម្រេកក្នុងរស ១ តម្រេកក្នុងផ្សព្វ ១ ឈ្មោះថា ធូលី ៥ ។ មួយទៀត

ធូលី គឺរាគៈ មិនមែនសំដៅយកលំអងទេ ពាក្យថាធូលីនុ៎ះ ជាឈ្មោះនៃរាគៈ បណ្ឌិតទាំងនោះ រមែងលះបង់នូវធូលីនុ៎ះ ហើយសម្រាកសម្រាន្តនៅក្នុងសាសនានៃព្រះពុទ្ធ ដែលប្រាសចាកធូលី ។

ធូលី គឺទោសៈ មិនមែនសំដៅយកលំអងទេ ពាក្យថាធូលីនុ៎ះ ជាឈ្មោះនៃទោសៈ បណ្ឌិតទាំងនោះ រមែងលះបង់នូវធូលីនុ៎ះ ហើយសម្រាកសម្រាន្តនៅ ក្នុងសាសនា នៃព្រះពុទ្ធដែលប្រាសចាកធូលី ។

ធូលី គឺមោហៈ មិនមែនសំដៅយកលំអងទេ ពាក្យថាធូលីនុ៎ះ ជាឈ្មោះនៃមោហៈ បណ្ឌិតទាំងនោះ រមែងលះបង់នូវធូលីនុ៎ះ ហើយសម្រាកសម្រាន្តនៅ ក្នុងសាសនានៃព្រះពុទ្ធ ដែលប្រាសចាកធូលី ។

ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក ហេតុនោះ (ទ្រង់ត្រាស់ថា) មួយទៀត ធូលី (ទាំងនោះ) មាន ៥ ក្នុងលោក ។

[២៨៣] អធិប្បាយពាក្យថា ភិក្ខុមានស្មារតី គួរសិក្សាដើម្បីកិរិយានាំចេញនូវធូលីទាំងឡាយណា ត្រង់ពាក្យថា នូវធូលីទាំងឡាយណា គឺនូវតម្រេកក្នុងរូប តម្រេកក្នុងសំឡេង តម្រេកក្នុងក្លិន តម្រេកក្នុងរស តម្រេកក្នុងផ្សព្វ ។ ពាក្យថា មានស្មារតី សេចក្តីថា ការរលឹក ការរលឹករឿយៗ ការរលឹកចំពោះ ការនឹកឃើញ ការភ្នកឃើញ ការចាំទុក ការមិនភាន់ច្រឡំ ការមិនភ្លេចសតិ ឥន្រ្ទិយគឺសតិ កំឡាំងគឺសតិ ការរលឹកប្រពៃ សម្ពោជ្ឈង្គគឺសតិ ផ្លូវជាទីទៅនៃបុគ្គលម្នាក់ឯងឯណា នេះ លោកហៅថា ស្មារតី ។ ភិក្ខុណា ប្រកប ប្រកបព្រម ចូលទៅជិត ចូលទៅជិតព្រម ចូលទៅដល់ ចូលទៅដល់ព្រម បរិបូណ៌ដោយស្មារតីនេះ ។ ភិក្ខុនោះ លោកហៅថា អ្នកមានស្មារតី ។ ពាក្យថា គួរសិក្សា បានដល់សិក្ខា ៣ គឺអធិសីលសិក្ខា អធិចិត្តសិក្ខា អធិប្បញ្ញាសិក្ខា ។ អធិសីលសិក្ខា តើដូចម្តេច ។បេ ។ នេះ អធិប្បញ្ញាសិក្ខា ។ ពាក្យថា ភិក្ខុមានស្មារតី គួរសិក្សាដើម្បីកិរិយានាំចេញនូវធូលីទាំងឡាយណា បានសេចក្តីថា បុគ្គលអ្នកមានស្មារតី គួរសិក្សាអធិសីលផង គួរសិក្សាអធិចិត្តផង គួរសិក្សាអធិប្បញ្ញាផង គប្បីនឹករំពឹងសិក្សា គប្បីដឹងសិក្សា ។បេ ។ គប្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់សិក្សា គប្បីប្រព្រឹត្ត ប្រព្រឹត្តដោយប្រពៃ ប្រព្រឹត្តសមាទាននូវសិក្សាទាំង ៣ នេះ ដើម្បីកិរិយានាំចេញ ការបន្ទោបង់ ការលះបង់ ការរម្ងាប់ ការរលាស់ចេញ ការកំចាត់បង់ នូវតម្រេកក្នុងរូប តម្រេកក្នុងសំឡេង តម្រេកក្នុងក្លិន តម្រេកក្នុងរស តម្រេកក្នុងផ្សព្វឯណា ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុមានស្មារតី គួរសិក្សាដើម្បីកិរិយានាំចេញនូវធូលីទាំងឡាយណា ។

[២៨៤] ពាក្យថា គួរសង្កត់សង្កិននូវតម្រេកក្នុងរូប សំឡេង រស ក្លិន និងផស្សៈទាំងឡាយ គឺ គួរសង្កត់សង្កិន គ្របសង្កត់ រឹបជាន់ ស្រំពន្លិច ជាន់កំទេច ញំាញី នូវតម្រេកក្នុងរូប សំឡេង ក្លិន រស ផ្សព្វទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) គួរសង្កត់សង្កិននូវតម្រេកក្នុងរូប សំឡេង រស ក្លិន និងផស្សៈទាំងឡាយ ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

មួយទៀត ភិក្ខុមានស្មារតី គួរសិក្សា ដើម្បីកិរិយានាំចេញនូវធូលីទាំងឡាយណា ធូលី (ទាំងនោះ) មាន ៥ ក្នុងលោក គួរសង្កត់សង្កិនតម្រេកក្នុងរូប សំឡេង រស ក្លិន និងផស្សៈទាំងឡាយ ។

[២៨៥] ព្រះមានព្រះភាគត្រាស់ថា ភិក្ខុមានស្មារតី មានចិត្តផុតស្រឡះល្អ គប្បីបន្ទោបង់នូវសេចក្តីប្រាថ្នាក្នុងអារម្មណ៍ទាំងនុ៎ះចេញ ភិក្ខុនោះ កាលពិចារណាធម៌ដោយប្រពៃ តាមកាលគួរ ភិក្ខុនោះ នឹងជាអ្នកមានចិត្តខ្ពស់ឯក កំចាត់បង់នូវងងឹតបាន ។

[២៨៦] ពាក្យថា គប្បីបន្ទោបង់នូវសេចក្តីប្រាថ្នាក្នុងអារម្មណ៍ទាំងនុ៎ះចេញ ត្រង់ពាក្យថា ក្នុងអារម្មណ៍ទាំងនុ៎ះ គឺក្នុងរូប សំឡេង ក្លិន រស និងផ្សព្វ ។ ពាក្យថា សេចក្តីប្រាថ្នា បានដល់ សេចក្តីប្រាថ្នាគឺកាម តម្រេកគឺកាម សេចក្តីរីករាយគឺកាម ចំណង់គឺកាម ស្នេហាគឺកាម ការក្តៅក្រហាយគឺកាម ការជ្រប់គឺកាម ការលិចលង់គឺកាម ឱឃៈគឺកាម យោគៈគឺកាម ឧបាទានគឺកាម នីវរណៈគឺកាមច្ឆន្ទៈ ក្នុងកាមទាំងឡាយ ។ ពាក្យថា គប្បីបន្ទោបង់នូវសេចក្តីប្រាថ្នាក្នុងអារម្មណ៍ទាំងនុ៎ះចេញ គឺគប្បីនាំចេញ កំចាត់បង់ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើឲ្យបាត់បង់នូវសេចក្តីប្រាថ្នាក្នុងអារម្មណ៍ទាំងនុ៎ះចេញ ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីបន្ទោបង់នូវសេចក្តីប្រាថ្នាក្នុងអារម្មណ៍ទាំងនុ៎ះចេញ ។

[២៨៧] អធិប្បាយពាក្យថា ភិក្ខុជាអ្នកមានស្មារតី មានចិត្តផុតស្រឡះល្អ ត្រង់ពាក្យថា ភិក្ខុ គឺភិក្ខុជាកល្យាណបុថុជ្ជន ឬភិក្ខុជាសេក្ខៈ ។ ពាក្យថា ជាអ្នកមានស្មារតី សេចក្តីថា ការរលឹក ការរលឹករឿយៗ ។បេ ។ ការរលឹកដោយប្រពៃ សម្ពោជ្ឈង្គៈគឺសតិ ផ្លូវជាទីទៅនៃបុគ្គលម្នាក់ឯង នេះ លោកហៅថា ស្មារតី ។ ភិក្ខុប្រកបដោយស្មារតីនេះ ។ ។បេ ។ ភិក្ខុនោះ លោកហៅថា អ្នកមានស្មារតី ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុជាអ្នកមានស្មារតី ។ ពាក្យថា មានចិត្តផុតស្រឡះល្អ សេចក្តីថា ចិត្តរបស់ភិក្ខុចូលបឋមជ្ឈាន ជាចិត្តផុត ផុតស្រឡះ ផុតស្រឡះល្អ ចាកនីវរណៈទាំងឡាយ ចិត្តរបស់ភិក្ខុចូលទុតិយជ្ឈាន ជាចិត្តផុត ផុតស្រឡះ ផុតស្រឡះល្អ ចាកវិតក្កៈ និងវិចារៈទាំងឡាយ ចិត្តរបស់ភិក្ខុចូលតតិយជ្ឈាន ជាចិត្តផុត ផុតស្រឡះ ផុតស្រឡះល្អ ចាកបីតិ ចិត្តរបស់ភិក្ខុចូលចតុត្ថជ្ឈាន ជាចិត្តផុត ផុតស្រឡះ ផុតស្រឡះល្អ ចាកសុខ និងទុក្ខទាំងឡាយ ចិត្តរបស់ភិក្ខុចូលអាកាសានញ្ចាយតនៈ ជាចិត្តផុត ផុតស្រឡះ ផុតស្រឡះល្អ ចាករូបសញ្ញា ចាកបដិឃសញ្ញា ចាកនានត្តសញ្ញា ចិត្តរបស់ភិក្ខុចូលវិញ្ញាណញ្ចាយតនៈ ជាចិត្ត (ផុត) ចាកអាកាសានញ្ចាយតនសញ្ញា ចិត្តរបស់ភិក្ខុចូលអាកិញ្ចញ្ញាយតនៈ ជាចិត្ត (ផុត) ចាកវិញ្ញាណញ្ចាយតនសញ្ញា ចិត្តរបស់ភិក្ខុចូលនេវសញ្ញានាសញ្ញាយតនៈ ជាចិត្តផុត ផុតស្រឡះ ផុតស្រឡះល្អ ចាកអាកិញ្ចញ្ញាយតនសញ្ញា ចិត្តរបស់ភិក្ខុជាសោតាបន្ន ជាចិត្តផុត ផុតស្រឡះ ផុតស្រឡះល្អ ចាកសក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាសៈ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងកិលេសទាំងឡាយ ដែលនៅជាមួយនឹងសំយោជនៈនោះ ចិត្តរបស់ភិក្ខុដែលជាសកទាគាមិ ជាចិត្តផុត ផុតស្រឡះ ផុតស្រឡះល្អ ចាកកាមរាគានុស័យ បដិឃានុស័យដ៏គ្រោតគ្រាត និងកិលេសទាំងឡាយដែលតាំងនៅជាមួយសំយោជនៈនោះ ចិត្តរបស់ភិក្ខុជាអនាគាមិ ជាចិត្តផុត ផុតស្រឡះ ផុតស្រឡះល្អ ចាកកាមរាគសញ្ញោជនៈ ចាកបដិឃសញ្ញោជនៈដ៏ល្អិត ចាកកាមរាគានុស័យ ចាកបដិឃានុស័យដ៏ល្អិត និងកិលេសទាំងឡាយដែលតាំងនៅជាមួយអនុស័យនោះ ចិត្តរបស់ភិក្ខុជាអរហន្ត ជាចិត្តផុត ផុតស្រឡះ ផុតស្រឡះល្អ ចាករូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មានានុស័យ ភវរាគានុស័យ អវិជ្ជានុស័យ និងកិលេសទាំងឡាយ ដែលតាំងនៅជាមួយអនុស័យនោះ និងនិមិត្តទាំងពួងឰដ៏ខាងក្រៅ ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុជាអ្នកមានស្មារតី មានចិត្តផុតស្រឡះល្អ ។

[២៨៨] អធិប្បាយពាក្យថា ភិក្ខុនោះ កាលពិចារណាធម៌ដោយប្រពៃ តាមកាលគួរ ត្រង់ពាក្យថា តាមកាលគួរ គឺកាលបើចិត្តរាយមាយ នេះជាកាលគួរដល់សមថៈ កាលបើចិត្តតាំងមាំ នេះជាកាលគួរដល់វិបស្សនា ។

ព្រះយោគី ជាអ្នកឈ្លាសវៃក្នុងកាល តែងផ្គងចិត្តក្នុងកាលគួរ មួយទៀត តែងសង្កត់សង្កិនចិត្ត ក្នុងកាលដទៃ តែងពង្រីកពង្រាយចិត្តក្នុងកាលគួរ តែងតាំងចិត្តឲ្យមាំ ក្នុងកាលគួរ តែងព្រងើយកន្តើយក្នុងកាលគួរ ការគួរផ្គង (ចិត្ត) ក្នុងកាលដូចម្តេច ការគួរសង្កត់សង្កិន (ចិត្ត) ក្នុងកាលដូចម្តេច កាលជាទីពង្រីកពង្រាយ (ចិត្ត) ក្នុងកាលដូចម្តេច កាលជាទីធ្វើនូវសមថៈ តើដូចម្តេច ព្រះមានព្រះភាគ សំដែងនូវកាលគួរដល់ការព្រងើយនៃចិត្តរបស់ព្រះយោគី ដោយប្រការដូចម្តេច ការគួរផ្គងក្នុងកាលចិត្តរួញរា ការគួរសង្កត់សង្កិន ក្នុងកាលចិត្តរាយមាយ ព្រះយោគីគួរពង្រីកពង្រាយចិត្ត ដែលគ្មានសេចក្តីរីករាយក្នុងខណៈនោះឯង កាលណាចិត្តរីករាយ មិនរួញរា មិនរវើរវាយ កាលនោះ ជាកាលគួរដល់សមថៈ ព្រះយោគីគួរធ្វើចិត្តឲ្យរីករាយខាងក្នុង កាលណាចិត្តតាំងមាំដោយឧបាយនុ៎ះយ៉ាងនេះ កាលនោះ ព្រះយោគីគួរធ្វើចិត្តដែលតាំងមាំ ឲ្យព្រងើយកន្តើយ ដោយប្រាជ្ញា អ្នកប្រាជ្ញជាអ្នកដឹងកាល ស្គាល់កាល ឈ្លាសវៃក្នុងកាល គួរកំណត់នូវនិមិត្តនៃចិត្តសព្វកាល យ៉ាងនេះ ។

ពាក្យថា ភិក្ខុនោះកាលពិចារណាធម៌ដោយប្រពៃ តាមកាលគួរ បានសេចក្តីថា ពិចារណាធម៌ដោយប្រពៃថា សង្ខារទាំងពួងមិនទៀង ពិចារណាធម៌ដោយប្រពៃថា សង្ខារទាំងពួងជាទុក្ខ ពិចារណាធម៌ដោយប្រពៃថា ធម៌ទាំងពួងមិនមែនខ្លួន ។បេ ។ ពិចារណាធម៌ដោយប្រពៃថា ធម្មជាតណាមួយ មានកិរិយាកើតជាធម្មតា ធម្មជាតទាំងអស់នោះ មានកិរិយារលត់ជាធម្មតា ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុនោះ កាលពិចារណាធម៌ដោយប្រពៃ ។

[២៨៩] អធិប្បាយពាក្យថា ព្រះមានព្រះភាគត្រាស់ថា ភិក្ខុនោះនឹងជាអ្នកមានចិត្តខ្ពស់ឯក កំចាត់បង់នូវងងឹត ត្រង់ពាក្យថា ជាអ្នកមានចិត្តខ្ពស់ឯក គឺមានចិត្តប្រសើរតែមួយ មានចិត្តមិនរាយមាយ មានចិត្តមិនកន្ទះរា ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកមានចិត្តខ្ពស់ឯក ។ ពាក្យថា ភិក្ខុនោះនឹងកំចាត់បង់នូវងងឹត គឺនឹងសម្លាប់ កំចាត់បង់ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើឲ្យបាត់បង់ នូវងងឹតគឺរាគៈ ងងឹតគឺទោសៈ ងងឹតគឺមោហៈ ងងឹតគឺមានះ ងងឹតគឺទិដ្ឋិ ងងឹតគឺកិលេស ងងឹតគឺទុច្ចរិត ធម្មជាតជាគ្រឿងធ្វើឲ្យងងឹត ធ្វើមិនឲ្យមានចក្ខុ ធ្វើមិនឲ្យមានញាណ ធ្វើឲ្យរលត់ប្រាជ្ញា ជាចំណែកនៃសេចក្តីចង្អៀតចង្អល់ មិនប្រព្រឹត្តទៅដើម្បីនិព្វាន ។ ពាក្យថា ព្រះមានព្រះភាគ គឺជាពាក្យពោលដោយគោរព ។ មួយទៀត ព្រះនាមថា មានព្រះភាគ ព្រោះទ្រង់កាច់បង់រាគៈ ។ ព្រះមានថា មានព្រះភាគ ព្រោះទ្រង់កាច់បង់ទោសៈ ។ ព្រះនាមថា មានព្រះភាគ ព្រោះទ្រង់កាច់បង់មោហៈ ។ ព្រះនាមថា មានព្រះភាគ ព្រោះទ្រង់កាច់បង់មានះ ។ ព្រះនាមថា មានព្រះភាគ ព្រោះទ្រង់កាច់បង់ទិដ្ឋិ ។ ព្រះនាមថា មានព្រះភាគ ព្រោះទ្រង់កាច់បង់បន្លាគឺកាមគុណ ។ ព្រះនាមថា មានព្រះភាគ ព្រោះទ្រង់កាច់បង់កិលេស ។ ព្រះនាមថា មានព្រះភាគ ព្រោះទ្រង់ចែក ញែក រំលែក នូវធម្មរតនៈ ។ ព្រះនាមថា មានព្រះភាគ ព្រោះទ្រង់ធ្វើនូវទីបំផុតនៃភព ។ ព្រះនាមថា មានព្រះភាគ ព្រោះទ្រង់បានចម្រើនកាយ គឺរូប និងនាម ។ ព្រះនាមថា មានព្រះភាគ ព្រោះទ្រង់បានចម្រើនសីល ព្រោះទ្រង់បានចម្រើនចិត្ត ព្រោះទ្រង់បានចម្រើនប្រាជ្ញា ។ មួយទៀត ព្រះនាមថា មានព្រះភាគ ព្រោះព្រះមានបុណ្យ ទ្រង់បានគប់រកព្រៃតូច និងព្រៃធំ ជាសេនាសនៈស្ងាត់ មានសម្លេងតិច មានការគឹកកងតិច ប្រាសចាកខ្យល់កាយនៃជន គួរដល់អំពើស្ងាត់របស់មនុស្ស សមគួរដល់កិរិយាពួនសម្ងំ ។ មួយទៀត ព្រះនាមថា មានព្រះភាគ ព្រោះព្រះមានបុណ្យ ទ្រង់មានភាគនៃចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ។ មួយទៀត ព្រះនាមថា មានព្រះភាគ ព្រោះព្រះមានបុណ្យទ្រង់មានភាគនៃអត្ថរស ធម្មរស វិមុត្តិរស អធិសីល អធិចិត្ត និងអធិប្បញ្ញា មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះព្រះមានបុណ្យ ទ្រង់មានភាគនៃឈាន ៤ អប្បមញ្ញា ៤ និងអរូបសមាបត្តិ ៤ ។ មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះព្រះមានបុណ្យ ទ្រង់មានភាគនៃវិមោក្ខ ៨ អភិភាយតនៈ ៨ និងអនុបុព្វវិហារសមាបត្តិ ៩ ។ មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះព្រះមានបុណ្យ ទ្រង់មានភាគនៃសញ្ញាភាវនា ១០ កសិណសមាបត្តិ ១០ អានាបានស្សតិសមាធិ និងអសុភសមាបត្តិ ។ មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះព្រះមានបុណ្យ ទ្រង់មានភាគនៃសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គៈ ៧ និងមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ។ មួយវិញទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះព្រះមានបុណ្យ ទ្រង់មានភាគនៃតថាគតពលៈ ១០ វេសារជ្ជញ្ញាណ ៤ បដិសម្ភិទា ៤ អភិញ្ញា ៦ និងពុទ្ធធម៌ ៦ ។ ព្រះនាមថា ព្រះមានព្រះភាគ នេះ មិនមែនព្រះមាតាថ្វាយ មិនមែនព្រះបិតាថ្វាយ មិនមែនបងប្អូនប្រុសថ្វាយ មិនមែនបងប្អូនស្រីថ្វាយ មិនមែនពួកមិត្ត និងអាមាត្យថ្វាយ មិនមែនពួកញាតិសាលោហិតថ្វាយ មិនមែនពួកសមណព្រាហ្មណ៍ថ្វាយ មិនមែនពួកទេវតាថ្វាយទេ ឯព្រះនាមថា ព្រះមានព្រះភាគនេះ មានក្នុងទីបំផុតនៃវិមោក្ខរបស់ព្រះពុទ្ធទាំងឡាយ ទ្រង់មានជោគ ការបញ្ញត្តិថា ព្រះមានព្រះភាគ នេះ (កើត) ដោយការធ្វើឲ្យជាក់ច្បាស់ ព្រមទាំងការបាននូវសព្វញ្ញុតញ្ញាណ ទៀបគល់ពោធិព្រឹក្ស ហេតុនោះ (ទើបមានពាក្យថា) ព្រះមានព្រះភាគត្រាស់ថា ភិក្ខុនោះ នឹងជាអ្នកមានចិត្តខ្ពស់ឯក កំចាត់បង់នូវងងឹតបាន ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា ៖ ភិក្ខុមានស្មារតី មានចិត្តផុតស្រឡះល្អ គប្បីបន្ទោបង់នូវសេចក្តីប្រាថ្នា ក្នុងអារម្មណ៍ទាំងនុ៎ះចេញ ភិក្ខុនោះ កាលពិចារណាធម៌ដោយប្រពៃ តាមកាលគួរ ភិក្ខុនោះ នឹងជាអ្នកមានចិត្តខ្ពស់ឯក កំចាត់បង់នូវងងឹតបាន ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះ ។

ចប់ សារីបុត្តសុត្តនិទ្ទេស ទី១៦  ។

ចប់ សុត្តនិទ្ទេសទាំង ១៦ ក្នុងអដ្ឋកវគ្គ ។

ចប់ ភាគ ៦៦ ។

ឯកសារយោងកែប្រែ

ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > មហានិទ្ទេស