ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ

១៤. ពុទ្ធវង្សកែប្រែ

រតនចង្កមនក័ណ្ឌកែប្រែ

[១] គ្រានោះ សហម្បតីព្រហ្ម ជាអធិបតីនៃលោក ធ្វើអញ្ជលីអារាធនាព្រះសម្ពុទ្ធថាពួកសត្វក្នុងលោកនេះ មានធូលី គឺរាគាទិក្កិលេសក្នុងភ្នែកស្រាលស្តើងហើយ សូមព្រះអង្គសំដែងធម៌ សូមព្រះអង្គអនុគ្រោះពួកសត្វនេះ ។ ពួកព្រហ្មធ្វើអញ្ជលី អារាធនាព្រះមានព្រះភាគ ជាអធិបតី នៃលោក ខ្ពង់ខ្ពស់ជាងនរជនថា ពួកសត្វក្នុងលោកនេះមាន ប្រាជ្ញា មានធូលី គឺរាគាទិក្កិលេសក្នុងភ្នែកស្រាលស្តើង ហើយសូមព្រះអង្គសំដែងធម៌ សូមព្រះអង្គអនុគ្រោះពួកសត្វនេះ ។ សូមព្រះសុគតសំដែងធម៌ សូមសំដែងព្រះនិព្វានឈ្មោះអមតៈ បពិត្រព្រះនាយក សូមព្រះមានព្រះភាគ សំដែងធម៌ ដើម្បីអនុគ្រោះដល់សត្វលោកទាំងឡាយ ។ ព្រះតថាគត ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាតាទិបុគ្គល ទ្រទ្រង់នូវពន្លឺទ្រទ្រង់នូវរាងកាយ ជាទីបំផុត ព្រះអង្គឥតមានបុគ្គលផ្ទឹមបានទ្រង់ មានសេចក្តីករុណា កើតឡើង ក្នុងសត្វទាំងពួង ។ ព្រះមានព្រះភាគ ជាសាស្តា ទ្រង់ព្រះសណ្តាប់ពាក្យនោះហើយ ក៏ទ្រង់ពោល នូវពាក្យនេះថា ៖ ទ្វារនៃព្រះនិព្វាននោះ របើកហើយ សត្វទាំងឡាយណា មានសោតប្បសាទ សត្វទាំងនោះ ចូរបញ្ចញនូវសទ្ធាចុះ ម្នាលព្រហ្ម តថាគត សម្គាល់នូវសេចក្តីនឿយលំបាក បានជាមិន សំដែងធម៌ដ៏ឧត្តម ដែលតថាគតស្ទាត់ហើយចំពោះមនុស្សទាំងឡាយ ។ សម័យនោះ ព្រះមានព្រះភាគ ទ្រង់អនុគ្រោះដល់ពួកវេនេយ្យសត្វព្រះអង្គទ្រង់ ជាអ្នកប្រាជ្ញដ៏ប្រសើរ ទ្រង់ពុទ្ធដំណើរទៅអំពីដើមអជបាលនិគ្រោធ ។ ព្រះអង្គស្តេចចូល ទៅកាន់ក្រុងពារាណសី ដោយព្រះពុទ្ធដំណើរ តាមលំដាប់ គ្រានោះ ព្រះមានព្រះភាគ ទ្រង់គង់លើបល្ល័ង្កដ៏ប្រសើរនោះឯង ។ ព្រះមានព្រះភាគ ទ្រង់ញ៉ាំងធម្មចក្រ គឺទុក្ខសច្ច ១ ទុក្ខសមុប្បាទសច្ច ១ និរោធសច្ច ១ មគ្គសច្ចដ៏ឧត្តម ១ ឲ្យប្រព្រឹត្តទៅដល់ពួកបញ្ចវគ្គិយភិក្ខុ ។ លុះព្រះមានព្រះភាគ ទ្រង់ញ៉ាំងធម្មចក្រនោះ ឲ្យប្រព្រឹត្តទៅហើយ គ្រានោះ ពួកឥសី គឺបញ្ចវគ្គិយភិក្ខុទាំងនេះ គឺកោណ្ឌញ្ញៈ ភទ្ទយៈ វប្បៈ មហានាម អស្សជិ ព្រមទាំងពួកព្រហ្ម និងទេវតា ១៨ កោដិ ក៏បានត្រាស់ដឹងនូវធម៌ ក្នុងបឋមសន្និបាត ។ គ្រានោះឯង ពួកបញ្ចវគ្គិយភិក្ខុទាំងអស់ ព្រមទាំងពួកព្រហ្ម និងទេវតា ១៨ កោដិ ដែលព្រះមានព្រះភាគ ទ្រង់ណែនាំពន្យល់ដោយធម្មចក្រនោះ និងដោយធម៌ដទៃទៀត ក៏បាន លុះសោតាបត្តិផល ក្នុងបឋមសន្និបាតនោះ តាមលំដាប់ ។ ព្រះសាស្តា ស្តេចទៅកាន់ ក្រុងរាជគ្រឹះ ដោយពុទ្ធដំណើរ តាមលំដាប់ ។ ព្រះពុទ្ធជាអ្នកប្រាជ្ញដ៏ប្រសើរ ទ្រង់គង់ នៅក្នុងវេឡុវនមហាវិហារ ព្រះបាទពិម្ពិសារ ទ្រង់ឮដំណឹងនោះហើយ ក៏ស្តេចចូល ទៅគាល់ព្រះមានព្រះភាគ ។ ព្រះរាជាមានពួកបរិវារច្រើន ចំនួន ១១ ម៉ឺនរូប កាន់ប្រទីប គ្រឿងក្រអូប ធូប និងផ្កាកម្រងជាដើម បូជាព្រះមានព្រះភាគ ។ ព្រះមានព្រះភាគ ទ្រង់សំដែងទោសនៃកាម ក្នុងទីប្រជុំនោះឯងលុះចប់ទេសនា ព្រះរាជាកើតសេចក្តីរីករាយ ក្នុងកាលនោះ ។ ពួកសត្វ ៨ ម៉ឺន ៤ ពាន់រូប បានត្រាស់ដឹងធម៌ព្រះរាជាជាពុទ្ធបិតា លុះឮដំណឹងនោះហើយ ទើបបញ្ជូនទូត ៩ រូបទៅ ។ ទូតទាំងឡាយ ព្រមទាំងបរិវារ ៩ ពាន់ ក៏សូមផ្នួសនឹងព្រះមុនីពួកទូតទាំងនោះ មានបរិវារ ៩ ពាន់ ក៏បានលុះព្រះអរហត្ត ។ ក្នុងកាលជាខាងក្រោយបំផុត កាឡុទាយិមានបរិវារមួយពាន់ កាន់យកភេទជាភិក្ខុហើយលោកក៏និមន្តព្រះមានព្រះភាគមក ។ ព្រះពុទ្ធជាសក្យដ៏ប្រសើរ ទ្រង់ទទួល និមន្តហើយ ក៏ស្តេចទៅកាន់ផ្លូវធំ ស្តេចទៅជាមួយនឹងភិក្ខុពីរម៉ឺនរូប ។ ព្រះអង្គស្តេចទៅ កាន់ក្រុងកបិលវត្ថុ ដោយព្រះដំណើរ តាមលំដាប់ ទ្រង់ធ្វើបដិហារិយ៍ត្រង់ឆ្នេរស្ទឹងរោហិណី ។ ព្រះមានព្រះភាគ ជាសក្យៈដ៏ប្រសើរ ទ្រង់គង់ត្រង់កណ្តាលនៃបល្ល័ង្កនោះ សំដែងមហាវេស្សន្តរជាតក ថ្វាយព្រះវរបិតា ពួកសត្វ ៨ ម៉ឺន ៤ ពាន់រូប ក៏បានត្រាស់ ដឹងនូវធម៌ ។ ពួកមនុស្សព្រមទាំងទេវតានោះ មិនបានដឹងដូច្នេះ ថា ព្រះពុទ្ធអង្គនោះ ទ្រង់ឧត្តមជាងនរជនដូចម្តេចឥទ្ធិពលនិងបញ្ញាពលតើដូចម្តេចពុទ្ធពលរបស់ព្រះសាស្តា ជាប្រយោជន៍ដល់សត្វលោកដូចម្តេច ។ ពួកមនុស្សព្រមទាំង ទេវតានោះ មិនបានដឹងដូច្នេះថា ព្រះពុទ្ធអង្គនេះ ទ្រង់ឧត្តមជាងនរជនបែបនេះ ឥទ្ធិពល និងបញ្ញាពល បែប នេះ ពុទ្ធពលរបស់ព្រះសាស្តា ជាប្រយោជន៍ដល់សត្វលោក បែបនេះ ។ (ព្រះសាស្តា ទ្រង់ជ្រាបអធ្យាស្រ័យនៃមនុស្ស និងទេវតាទាំងនោះ ដូច្នោះហើយ)ទើបទ្រង់ព្រះចិន្តាថា បើដូច្នោះ តថាគតនឹងសំដែងនូវពុទ្ធពលដ៏ប្រសើរ និម្មិតទីចង្ក្រម ប្រដាប់ដោយកែវ ឰដ៏អាកាស ។ ទេវតាទាំងឡាយណា គឺភុម្មទេវតាក្តី មហារាជិកទេវតាក្តី តាវត្តឹសទេវតាក្តី យាមទេវតាក្តី តុសិតទេវតាក្តី និម្មានរតីទេវតាក្តី បរនិម្មិតវសវត្តីទេវតាក្តី ព្រហ្មទាំងឡាយណាក្តីពួកទេវតា និងព្រហ្មទាំងនោះ រីករាយហើយ បានធ្វើនូវសំឡេងឲ្យកងរំពងខ្ទរខ្ទារ ។ ផែនដីព្រមទាំងទេវលោក ក៏ភ្លឺព្រោងព្រាត ទាំងពួកសត្វនរក នៅក្នុងលោកន្តរដ៏ច្រើន ក៏ឥតមានអ្វីបិទបាំងទាំងងងឹតដ៏ខ្លាំងក្លាទៀតសោត ក៏ខ្ចាត់ខ្ចាយចេញក្នុងកាលនោះ គេអាចមើលឃើញនូវបដិហារ្យជាអស្ចារ្យបាន ។ ពន្លឺដ៏ធំទូលាយលើសលប់ កើតឡើងដល់ពួកទេវតា គន្ធព្វមនុស្ស និងអារក្ស ។ ព្រះសាស្តាព្រះអង្គឧត្តមជាងសត្វ មិនមានអ្នកណាមួយប្រសើរលើស តែងដឹកនាំសត្វ ដែលទេវតា និងមនុស្សតែងបូជា មានអានុភាពច្រើនមានបុញ្ញលក្ខណៈច្រើន ទ្រង់សំដែងបដិហារិយ៍ ជាអស្ចារ្យ ផ្សាយទៅក្នុងលោកទាំងពីរ គឺលោកនេះ និងលោកដទៃផង ក្នុងទិសខាងក្រោម ទិសខាងលើ និងទិសទទឹងផង ។ ព្រះជិនស្រីជាសាស្តាចារ្យ ទ្រង់ហោះទៅឰដ៏ផ្ទៃអាកាស ទ្រង់និម្មិតភ្នំសិនេរុ ជាទី រីករាយ ឲ្យជាទីចង្ក្រមក្នុងទីប្រជុំនោះ ។ ទេវតាទាំងមួយម៉ឺនលោកធាតុនោះ ក៏បានក្រាប ថ្វាយបង្គំព្រះតថាគត ក្នុងសម្នាក់នៃព្រះជិនស្រីហើយធ្វើពុទ្ធបូជា ។ គ្រានោះ ព្រះពុទ្ធមានចក្ខុអង្គនោះ ទ្រង់ឧត្តមជាងនរៈ ដែលទេវតាដ៏ប្រសើរអារាធនាហើយ ក៏ទ្រង់ពិចារណា នូវអត្ថ ព្រះលោកនាយក ទ្រង់និម្មិតទីចង្ក្រម តាក់តែង ដោយរតនៈទាំងអស់ សម្រេចដោយល្អហើយ ។ ព្រះមានព្រះភាគ ទ្រង់ស្ទាត់ក្នុងបដិហារ្យ ៣ យ៉ាង គឺ ឥទ្ធិបដិហារ្យ ១ អាទេសនាបាដិហារ្យ ១ អនុសាសនីបដិហារ្យ ១ ព្រះលោកនាយក ទ្រង់និម្មិតទីចង្ក្រម តាក់តែងដោយរតនៈ ទាំងអស់ សម្រេចល្អហើយ ។ ព្រះអង្គទ្រង់សំដែង (នូវបដិហារ្យ) លើទីចង្ក្រម សម្រេចដោយកែវ លើភ្នំសិនេរុ ដ៏ឧត្តម ដោយលំដាប់ ដូចជាសសរនៃលោកធាតុទាំងមួយម៉ឺន ។ ព្រះជិនស្រីទ្រង់និម្មិត ទីចង្ក្រម ជាវិការៈនៃមាសសុទ្ធ ត្រង់ខាងនៃទីចង្ក្រម ដ៏សម្រេចដោយកែវ កន្លងលោកធាតុមួយម៉ឺន ។ ទ្រង់និម្មិតនូវថែវទាំងឡាយ ជាវិការៈនៃមាសសុទ្ធ មានមេដំបូល និងផ្ទោងប្រព្រឹត្តទៅ ក្រាលដោយក្តារមាស ត្រង់ចំហៀងទាំងសងខាង (នៃរតនចង្ក្រម និងសុវណ្ណចង្ក្រមនោះ) ។ ព្រះសម្ពុទ្ធ ទ្រង់និម្មិតរតនចង្ក្រមដ៏ពោរពាសដោយខ្សាច់ ជា វិការៈនៃកែវមណី និងកែវមុក្តាញ៉ាំងទិសទាំងពួងឲ្យភ្លឺព្រោងព្រាត ហាក់ដូចជាព្រះអាទិត្យរះឡើង ។ ព្រះសម្ពុទ្ធ ជាអ្នកប្រាជ្ញ ទ្រង់មានលក្ខណៈដ៏ប្រសើរ ៣២ ប្រការ ទ្រង់រុងរឿងក្នុងទីចង្ក្រមនោះព្រះជិនស្រីទ្រង់ចង្ក្រមលើទីចង្ក្រម ។ ពួកទេវតាទាំង អស់ មកប្រជុំគ្នាហើយ រោយរាយ នូវផ្កាមន្ទារវៈ ផ្កាឈូក និងផ្កាបរិច្ឆត្តកព្រឹក្សជាទិព្វ ក្នុងទីចង្ក្រម ។ ពួកទេវតាមួយម៉ឺនលោកធាតុ ដែលមកប្រជុំគ្នា បានឃើញព្រះមានព្រះភាគអង្គនោះ ក៏មានចិត្តត្រេកអររីករាយ ហើយក្រាបថ្វាយបង្គំ ។ ទេវតាទាំងឡាយ ណា ជាន់តាវត្តឹង្សផង ជាន់យាមៈផង ជាន់តុសិតផង ទេវតាជាន់និម្មានរតីផង ទេវតាជាន់វសវត្តីផង ទេវតាទាំងនោះ មានចិត្តអណ្តែតខ្ពស់ឡើង មានចិត្តរីករាយ រមិលមើលព្រះលោកនាយក ។ ពួកទេវតា ពួកគន្ធព្វ ពួកមនុស្ស និងពួកអារក្ស ពួកនាគ ពួកគ្រុឌទាំងពួកកិន្នរ ក៏ឃើញព្រះសម្ពុទ្ធម្ចាស់ ទ្រង់មានព្រះទ័យអនុគ្រោះ ដោយប្រយោជន៍ ដល់សត្វ លោកនោះ ហាក់ដូចជាមណ្ឌលព្រះចន្ទខ្ពស់ត្រដែត ឰដ៏អាកាស ។ ពួកព្រហ្មជាន់អាភស្សរៈផង ជាន់សុភកិណ្ហៈផង ជាន់វេហប្ផលៈផង ជាន់អកនិដ្ឋៈ ស្លៀកសំពត់សសុទ្ធ ឈរផ្គងអញ្ជលី ។ (ពួកព្រហ្មទាំងនោះ)បញ្ចេញនូវផ្កាមន្ទារវៈ មានពណ៌ ៥ ដ៏លាយដោយលំអិតខ្លឹមចន្ទន៍ផង បង្វិលគ្រវីសំពត់ទាំងឡាយផង ឰដ៏អាកាសក្នុងកាលនោះ (ហើយពោលថា)អើហ្ន៎ព្រះជិនស្រីទ្រង់អនុគ្រោះដោយប្រយោជន៍ ដល់សត្វលោក ។ ព្រះអង្គជាសាស្តាចារ្យផង ជាទង់ផង ជាទង់ជ័យផង ជាប្រាសាទផង ជាទីពឹង ប្រព្រឹត្តទៅខាងមុខផង ជាប្រទីបរបស់ពួកសត្វផង ទ្រង់ឧត្តមជាងសត្វជើង ២ ផង ។ ពួកទេវតាក្នុងមួយម៉ឺនលោកធាតុ ដែលមានឫទ្ធិច្រើន មានចិត្តត្រេកអរ ស្រស់ស្រាយ រីករាយ មកចោមរោម ហើយថ្វាយបង្គំ ។ ពួកទេវតា និងពួកទេពកញ្ញា មានចិត្តជ្រះថ្លា មានចិត្តត្រេកអរ បូជាព្រះសម្ពុទ្ធ ទ្រង់ប្រសើរជាងនរៈ ដោយផ្កាមានពណ៌ ៥ ។ ពួកទេវតាទាំងឡាយ មានចិត្តជ្រះថ្លា មានចិត្តត្រេកអរ ឃើញព្រះអង្គ ក៏នាំគ្នាបូជា ព្រះសម្ពុទ្ធ ទ្រង់ប្រសើរជាងនរៈ ដោយផ្កាមានពណ៌ ៥ (ហើយពោលថា) ឱហ្ន៎ ! អស្ចារ្យ ចម្លែកណាស់ គួរឲ្យព្រឺរោម ក្នុងលោក ឯសេចក្តីអស្ចារ្យគួរឲ្យព្រឺរោម បែបនេះ មិនដែលកើតឡើងសោះឡើយ ។ ពួកទេវតាទាំងនោះអង្គុយក្នុងភពរបស់ខ្លួន ៗ រីករាយខ្លាំង ព្រោះឃើញនូវសេចក្តីអស្ចារ្យឰដ៏អាកាស ។ ពួកអាកាសដ្ឋកទេវតា ពួកភុម្មដ្ឋកទេវតា និងពួកទេវតាដែលនៅអាស្រ័យឰដ៏ស្មៅ និងឈើជាថ្នាំ ត្រេកអរ ស្រស់ស្រាយ រីករាយខ្លាំង នាំគ្នាផ្គងអញ្ជលីនមស្ការ ។ ទាំងពួកនាគដែលមានអាយុ វែង មានបុណ្យច្រើន មានឫទ្ធិច្រើន ក៏រីករាយ ថ្វាយបង្គំ បូជាព្រះពុទ្ធ ដ៏ខ្ពង់ខ្ពស់ជាង នរៈដែរ ។ ចម្រៀងទាំងឡាយប្រព្រឹត្តទៅ ឰដ៏អាកាស ជាផ្លូវនៃខ្យល់ពួកទេវតា ក៏វាយស្គរ ព្រោះឃើញនូវសេចក្តីអស្ចារ្យ ឰដ៏អាកាស ស័ង្ខ ស្រឡៃ សំភោរដ៏ច្រើន ក៏ប្រគំលាន់ឮឡើង ក្នុងកណ្តាលអាកាស ព្រោះឃើញនូវសេចក្តីអស្ចារ្យ ឰដ៏អាកាស ។ ការព្រឺរោម កើតឡើងដល់ពួកយើង ក្នុងថ្ងៃនេះ ចម្លែកពេកណាស់ហ្ន៎ពួកយើងបាន នូវការសម្រេចប្រយោជន៍ ដ៏ទៀងទាត់ ខណៈឈ្មោះថា ពួកយើងបានទាន់ហើយ ។ បីតិក៏កើតឡើង ដល់ទេវតាទាំងនោះ ក្នុងខណៈនោះឯងព្រោះពាក្យឮថាព្រះពុទ្ធទេវតា ទាំងនោះ ឈរផ្គងអញ្ជលី ពោលសរសើរថា ព្រះពុទ្ធ ៗ ។ ពួកសត្វផ្សេង ៗ ផ្គងអញ្ជលី ញ៉ាំងសំឡេងទ្រហឹងអឺងកងសំឡេងសាធុការ សំឡេងហ៊ោឲ្យប្រព្រឹត្តទៅ ក្នុងកណ្តាលអាកាស ។ ទេវតាទាំងឡាយច្រៀង ហួច ប្រគំ ទះដៃ រាំ ជម្រុះនូវផ្កាមន្ទារវៈ មានពណ៌ ៥ ដែលលាយច្រឡំ ដោយលំអិតនៃខ្លឹមចន្ទន៍ ។ (ហើយពោលថា)បពិត្រព្រះអង្គមានព្យាយាមធំ លក្ខណៈនៃចក្រ ទង់ជ័យ កែវវជីរ ទង់ជ្រុង តាក់តែងដោយកង្វេរ កំពុងចម្រើនត្រង់ព្រះបាទទាំងគូរបស់ព្រះអង្គ ។ ព្រះមានព្រះភាគ ឥតមានបុគ្គលស្មើ ចំពោះព្រះរូបផង សីលផង សមាធិផង ប្រាជ្ញាផង ព្រះអង្គស្មើដោយព្រះពុទ្ធ ដែលមិនមានបុគ្គលស្មើចំពោះវិមុត្តិនិងការញ៉ាំងធម្មចក្រ ឲ្យប្រព្រឹត្តទៅ ។ កម្លាំងក្នុងព្រះកាយនៃព្រះអង្គ ជាកម្លាំងប្រក្រតី ស្មើនឹងកម្លាំងដំរី ១០ ព្រះអង្គឥតមានបុគ្គលប្រៀបផ្ទឹមស្មើ ដោយកម្លាំងនៃឫទ្ធិក្នុងការញ៉ាំងធម្មចក្រឲ្យ ប្រព្រឹត្តទៅ ។ អ្នកទាំងឡាយ ចូរនាំគ្នាក្រាបថ្វាយបង្គំនូវព្រះមហាមុនី ព្រះអង្គបរិបូណ៌ ដោយគុណទាំងពួង ប្រកបដោយអវយវៈទាំងពួង ទ្រង់មានករុណាជាទីពឹងនៃលោក ។ ព្រះអង្គជាបុគ្គលគួរទទួលនូវកិច្ចទាំងពួងរបស់ពួកជនគឺការក្រាបសំពះ ការស្ងើច ការថ្វាយបង្គំ ការសរសើរ ការនមស្ការ និងការបូជា ។ ជនទាំងឡាយណាមួយ ក្នុងលោក ដែលគួរគេថ្វាយបង្គំ ឬជនទាំងឡាយណា គួរដល់ការថ្វាយបង្គំ បពិត្រព្រះអង្គ មានព្យាយាមធំ ព្រះអង្គជាបុគ្គលប្រសើរបំផុត ជាងជនទាំងអស់នោះ បុគ្គលស្មើនឹង ព្រះអង្គមិនមានឡើយ ។ ព្រះសារីបុត្ត មានប្រាជ្ញាច្រើន ជាអ្នកឈ្លាសក្នុងសមាធិ និងឈាន ឋិតនៅលើភ្នំគិជ្ឈកូដ ឃើញព្រះលោកនាយក ។ សំឡឹងមើលព្រះសម្ពុទ្ធ ទ្រង់ប្រសើរជាងនរៈ ហាក់ដូចជាដើមរាំងភ្នំ ដែលមានផ្ការីកស្គុះស្គាយ ដូចព្រះចន្ទ កណ្តាលអាកាស ឬដូចជាព្រះអាទិត្យត្រង់ជាក់ ។ ឃើញព្រះលោកនាយក មានរស្មី ផ្សាយចេញ ១ ព្យាម រុងរឿងដូចឈើប្រចាំទ្វីប ឬដូចព្រះអាទិត្យស្រទន់ ដែលទើប នឹងរះឡើង ។ ខណៈនោះ ព្រះសារីបុត្ត បានប្រជុំពួកភិក្ខុចំនួន ៥០០ រូប ជាអ្នកមាន សោឡសកិច្ចធ្វើហើយ ជាតាទិបុគ្គល ជាព្រះខីណាស្រព ប្រាសចាកមន្ទិលហើយសំដែងនូវបដិហារិយៈ ឈ្មោះលោកប្បសាទនៈថា ពួកយើងនឹងទៅក្នុងទីនោះហើយថ្វាយបង្គំព្រះជិនស្រី ។ លោកទាំងឡាយចូរមក យើងទាំងអស់គ្នា នឹងទៅសាកសួរ ព្រះជិនស្រីបានជួបព្រះលោកនាយកហើយ នឹងបន្ទោបង់នូវសេចក្តីសង្ស័យ ។ ឯពួកភិក្ខុ ទាំងនោះ ជាអ្នកមានប្រាជ្ញាចាស់ក្លា សង្រួមឥន្ទ្រិយ ក៏ទទួលព្រមថា សាធុហើយ ប្រដាប់បាត្រ និងចីវរ ដើរទៅជាប្រញាប់ ។ ព្រះសារីបុត្តមានប្រាជ្ញាច្រើន(ឋិតនៅ)ក្នុងការទូន្មានដ៏ឧត្តម ក៏ចូលទៅរក (ព្រះមានព្រះភាគ) ដោយឫទ្ធិ ជាមួយនឹងព្រះខីណាស្រពទាំងឡាយ ដែលជាអ្នកប្រាសចាកមន្ទិល មានឥន្ទ្រិយទូន្មាន ។ ព្រះសារីបុត្ត ដែល មានពួកភិក្ខុទាំងនោះហែហម ជាអ្នកមានពួកដ៏ធំ ចូលទៅដោយឫទ្ធិ ដូចទេវតា កាល លេងសប្បាយ ឰដ៏អាកាស ។ ពួកភិក្ខុទាំងនោះ ជាអ្នកមានវត្តល្អ ប្រកបដោយសេចក្តី គោរព ប្រកបដោយសេចក្តីកោតក្រែង អត់ទ្រាំនូវការក្អក និងកណ្តាស់ ចូលគាល់ ព្រះសម្ពុទ្ធ ។ លុះចូលទៅគាល់ហើយ ក៏បានឃើញព្រះសយម្ភូ ជាលោកនាយក មានព្យាយាម ទ្រង់ហោះទៅឰដ៏អាកាសហាក់ដូចជាព្រះចន្ទ នាកណ្តាលអាកាស ។ ឃើញព្រះលោកនាយក រុងរឿងដូចឈើប្រចាំទ្វីប ដូចផ្លេកបន្ទោរ ឰដ៏អាកាស ឬដូច ព្រះអាទិត្យត្រង់ជាក់ ។ ភិក្ខុទាំង ៥០០ រូប ឃើញព្រះលោកនាយក ទ្រង់ថ្លាស្អាត ដូចអន្លង់ទឹក ឬដូចផ្កាឈូកដែលរីកស្គុះស្គាយ ក៏ត្រេកអរ ស្រស់ស្រាយ រីករាយ ហើយផ្គងអញ្ជលី ក្រាបថ្វាយបង្គំព្រះបាទា ដ៏ប្រដាប់ដោយលក្ខណៈនៃចក្ររបស់ព្រះសាស្តា ។ ព្រះសារីបុត្ត មានប្រាជ្ញាច្រើន ប្រាកដស្មើដោយផ្កាស្មៅកន្ទុយដំរី ជាអ្នក ឈ្លាសក្នុងសមាធិ និងឈាន ក្រាបថ្វាយបង្គំនូវព្រះលោកនាយក ។ ព្រះមោគ្គល្លាន មានឫទ្ធិច្រើន ឥតមានបុគ្គលស្មើដោយកម្លាំងនៃឫទ្ធិប្រាកដស្មើដោយផ្កាឧប្បលខៀវ ប្រៀបដូចជាកាលមេឃគំទរ ។ ព្រះមហាកស្សបត្ថេរ រុងរឿងដូចជាមាស ដែលព្រះសាស្តាសរសើរ លើកតម្កើងតម្កល់ក្នុងឋានៈដ៏ប្រសើរ ខាងធុតង្គគុណ ។ ឯព្រះអនុរុទ្ធ ជាអ្នកប្រសើរជាងពួកបុគ្គលមានចក្ខុទិព្វ មានពួកច្រើន ជាអ្នកប្រសើរ ក្នុងញាតិ ឋិតនៅក្នុងទីជិតព្រះមានព្រះភាគ ។ ព្រះឧបលិ អ្នកឈ្លាសក្នុងអាបត្តិ និងអនាបត្តិ ទាំងអាបត្តិនៅកែបាន ដែលព្រះសាស្តាសរសើរតាំងទុកថា ជាអ្នកប្រសើរខាងវិន័យ ។ ភិក្ខុ ជាកូននៃនាងមន្តានី ប្រាកដនាមថា បុណ្ណៈ អ្នកចាក់ធ្លុះនូវអត្ថដ៏ល្អិតល្អន់ ប្រសើរ ជាងពួកធម្មកថិក ជាអ្នកមានពួក ។ ព្រះមុនីទ្រង់ឈ្លាសក្នុងពាក្យឧបមាទ្រង់ជ្រាបនូវ ចិត្តនៃពួកភិក្ខុទាំងឡាយនោះទ្រង់មានព្យាយាមធំ កាត់នូវសេចក្តីសង្ស័យ ទ្រង់សំដែង នូវគុណរបស់ព្រះអង្គ ។ ទីបំផុតនៃអសង្ខេយ្យទាំងឡាយណា ដែលបុគ្គលដឹងមិនបាន អសង្ខេយ្យទាំងនោះ មាន ៤ ប្រការអសង្ខេយ្យទាំងនោះ គឺពួកសត្វ ១ អាកាស ១ ចក្កវាឡមិនមានទីបំផុត ១ពុទ្ធញ្ញាណដែលប្រមាណមិនបាន ១ បុគ្គលមិនអាចដឹងបាន ឡើយ ។ (ព្រះសាស្តាទ្រង់ត្រាស់ថា)ការដែលតថាគត ធ្វើឫទ្ធិប្លែក ៗ ណា ការធ្វើ ឫទ្ធិប្លែក ៗ នោះ នឹងទុកជាហេតុអស្ចារ្យក្នុងលោក ដូចម្តេចបាន ព្រោះហេតុជាអស្ចារ្យ ចម្លែក គួរព្រឺរោមដទៃទៀត នៅមានច្រើន ។ កាលដែលតថាគត នៅជាទេវបុត្រឈ្មោះ សន្តុសិតៈ ក្នុងពួកទេវបុត្រជាន់តុសិត កាលនោះ ទេវតាមួយម៉ឺនលោកធាតុ មកប្រជុំគ្នា ធ្វើអញ្ជលីអារាធនាតថាគតថា បពិត្រព្រះអង្គមានព្យាយាមធំ កាលនេះគួរដល់ព្រះអង្គហើយសូមព្រះអង្គទ្រង់កើត ក្នុងផ្ទៃនៃព្រះមាតា ចម្លងមនុស្សលោក ព្រមទាំងទេវលោក សូមទ្រង់ត្រាស់ដឹងនូវព្រះនិព្វាន ឈ្មោះអមតៈ ។ កាលណា តថាគតច្យុតចាកពួកទេវតាជាន់តុសិតមកចាប់បដិសន្ធិក្នុងផ្ទៃ (នៃព្រះមាតា) កាលនោះ លោកធាតុមួយម៉ឺន និងព្រះធរណី ញាប់ញ័រ ។ កាលដែលតថាគតប្រសូតចាកផ្ទៃមាតា ក៏ដឹងខ្លួនច្បាស់លាស់ ពួកទេវតាញ៉ាំងសាធុការឲ្យប្រព្រឹត្តទៅ លោកធាតុមួយម៉ឺន ញាប់ញ័រ ។ តថាគតមិនមានបុគ្គលស្មើ ក្នុងការចុះកាន់គភ៌ព្រះមាតានៃតថាគត ជាបុគ្គលប្រសើរបំផុត ក្នុងការប្រសូតិចាកផ្ទៃមាតា ក្នុងការត្រាស់ដឹង និងការញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ។ ឱ ! ព្រះពុទ្ធទាំងឡាយ មានគុណដ៏ធំជាអស្ចារ្យក្នុងលោកពេកណាស់លោកធាតុមួយម៉ឺន ញាប់ញ័រ អស់វារៈ ៦ លើក ។ ពន្លឺដ៏ធំ ក៏កើតមាន ទាំងសេចក្តីអស្ចារ្យ គួរព្រឺរោម ក៏កើតឡើង ។ សម័យនោះ ព្រះជិនស្រីមានព្រះភាគ ជាចម្បងក្នុងលោក ប្រសើរជាងនរៈ ទ្រង់ចង្ក្រមបង្ហាញឲ្យមនុស្សលោកព្រមទាំងទេវលោក មើលឃើញដោយឫទ្ធិ ។ ព្រះលោកនាយក ចង្ក្រមក្នុងទីចង្ក្រម ទ្រង់មានព្រះបន្ទូល ទ្រង់មិនត្រឡប់វិញ ត្រង់ពាក់កណ្តាល ហាក់ដូចជាចង្ក្រមក្នុងទីចង្ក្រមប្រវែង ៤ ហត្ថ ។ ព្រះសារីបុត្តមានប្រាជ្ញាច្រើន ឆ្លៀវឆ្លាសក្នុងសមាធិ និងឈាន ជាអ្នកដល់នូវបារមីនៃប្រាជ្ញា បានក្រាបបង្គំទូលសួរព្រះលោកនាយកដូច្នេះថា បពិត្រព្រះអង្គមានព្យាយាមធំ ទ្រង់ប្រសើរជាងនរៈ អភិនីហាររបស់ព្រះអង្គតើដូចម្តេច បពិត្រព្រះអង្គមានព្យាយាម ពោធិញ្ញាណដ៏ខ្ពង់ខ្ពស់ ព្រះអង្គប្រាថ្នាតាំងពីកាលណា ។ ទាន សីល នេក្ខម្មៈ បញ្ញា និងវីរិយៈ តើដូចម្តេច? ខន្តិ សច្ចៈ និងអធិដ្ឋាន មេត្តា និងឧបេក្ខា តើដូចម្តេច ? បពិត្រព្រះអង្គមានព្យាយាមធំជាលោកនាយក បារមី ១០ តើដូចម្តេចឧបបារមី ១០ ដែលបរិបូណ៌ តើដូចម្តេចបរមត្ថបារមី ១០ ដែលបរិបូណ៌ តើដូចម្តេច ។ អធិបតីធម៌ទាំងឡាយ អធិដ្ឋាននូវកតិកម្ម ដូចម្តេចបារមីទាំងឡាយ ដូចម្តេចអ្នកប្រាជ្ញទាំងឡាយក្នុងលោក តើដូចម្តេច ។ មេត្តា ករុណា មុទិតា និងឧបេក្ខា តើដូចម្តេច ? ព្រះពុទ្ធទ្រង់បំពេញនូវពុទ្ធធម៌ដ៏ពេញលេញ ដូចម្តេច ? ព្រះពុទ្ធទ្រង់មានព្រះសូរសៀងពីរោះ ដូចសត្វករវិក ទ្រង់ញ៉ាំងហឫទ័យ (នៃពួកសត្វ) ឲ្យរលត់ញ៉ាំងមនុស្សលោកព្រមទាំងទេវលោក ឲ្យស្រស់ស្រាយ ដែលព្រះសារីបុត្តសាកសួរហើយ ទ្រង់ដោះស្រាយដល់ព្រះសារីបុត្តនោះវិញ ។ ព្រះសម្ពុទ្ធ ទ្រង់ប្រកាសនូវរឿង ១ដែលព្រះជិនស្រីជាអតីតពុទ្ធទាំងឡាយ ទ្រង់សំដែងចងទុកហើយ ដែលជាប់តមកតាំងពីព្រះពុទ្ធទីបង្ករ ជាប្រយោជន៍ក្នុងលោក ព្រមទាំងទេវលោក ដោយប្រាជ្ញា ដែល ប្រព្រឹត្តទៅតាមបុព្វេនិវាស ។ អ្នកទាំងឡាយចូរតាំងចិត្តប្រុងស្តាប់ (នូវពុទ្ធវង្សទេសនា)របស់តថាគត ជាគ្រឿងញ៉ាំងបីតិ និងបមោជ្ជៈឲ្យកើត បន្ទោបង់នូវសគឺសេចក្តីសោកបាន ជាហេតុបាននូវសម្បត្តិទាំងពួង ។ អ្នកទាំងឡាយ ចូរប្រតិបត្តិនូវមគ្គ ជាគ្រឿងញាំញីនូវសេចក្តីស្រវឹង បន្ទោបង់នូវសេចក្តីសោក អាចដោះខ្លួនឲ្យរួចចាកសង្សារ ជាគ្រឿងអស់ទៅនៃទុក្ខទាំងពួងបាន ដោយគោរពចុះ ។

ចប់ រតនចង្កមនក័ណ្ឌ ។

១. ទីបង្ករពុទ្ធវង្សកែប្រែ

[២] ក្នុង៤ អសង្ខេយ្យ និងមួយសែនកប្ប មាននគរមួយឈ្មោះអមរវតី ជានគរគួរពិតពិលរមិលមើល ជាទីរីករាយនៃចិត្ត ជានគរបរិបូណ៌ដោយបាយ និងទឹក ទាំងមិនស្ងាត់ដោយមានសំឡេង ១០ យ៉ាង គឺសំឡេងដំរី សំឡេងសេះ សំឡេងស្គរ សំឡេងស័ង្ខ និងសំឡេងរថ ជាដើម ។ ទាំងជានគរគឹកកងដោយសំឡេង ដែលប្រកប ដោយបាយ និងទឹកថា ចូរស៊ី ចូរផឹកជានគរសម្បូណ៌ដោយសត្វ និងគ្រឿងឧបករណ៍ ទាំងពួង បរិបូណ៌ដោយការងារគ្រប់យ៉ាង ។ បរិបូណ៌ដោយកែវ ៧ ប្រការ កុះករដោយជនជាតិផ្សេង ៗ សម្រេច (ដោយគ្រឿងបរិភោគ និងឧបភោគទាំងពួង) ដូចជានគរនៃទេវតា ជាទីនៅនៃជនអ្នកមានបុណ្យទាំងឡាយ ។ វេលានោះ មានសុមេធព្រាហ្មណ៍ នៅក្នុងនគរអមរវតី ជាអ្នកសន្សំនូវទ្រព្យដ៏ច្រើនកោដិ មានទ្រព្យ និងស្រូវច្រើន ។ ជាអ្នករៀនមន្ត ចងចាំនូវមន្ត ដល់នូវត្រើយនៃវេទទាំង ៣ ដល់នូវបារមីក្នុងលក្ខណៈផង ក្នុងគម្ពីរឥតិហាសៈផង ក្នុងធម៌របស់ព្រាហ្មណ៍ផង ។ កាលនោះ តថាគតនៅក្នុងទីស្ងាត់ ក៏គិតយ៉ាងនេះថា ធម្មតាភពថ្មីទៀត តែងនាំមកនូវសេចក្តីទុក្ខការបែកធ្លាយនៃសរីរៈ ក៏នាំមកនូវសេចក្តីទុក្ខដូចគ្នា(សេចក្តីស្លាប់ប្រកបដោយមោហៈ នាំមកនូវទុក្ខ រូបដែលជរាញាំញីហើយ ក៏នាំមកនូវទុក្ខ) អាត្មាអញ មានជាតិជាធម្មតា មានជរាជាធម្មតា មានព្យាធិជាធម្មតា អាត្មាអញនឹងស្វែងរកព្រះនិព្វាន ដែលមិនចាស់ មិនស្លាប់ ជាទីក្សេមក្សាន្ត ។ បើដូច្នោះ អាត្មាអញគួរតែលះបង់កាយស្អុយនេះ ដែលពេញដោយសាកសពផ្សេង ៗ ជាអ្នកមិនអាឡោះអាល័យ មិនមានសេចក្តីត្រូវការ ហើយនឹងចេញទៅ ។ ផ្លូវនោះនឹងមានពិត ផ្លូវនោះមិនមែនជាមិនមានហេតុទេ បុគ្គលអាចទៅបាន អាត្មាអញនឹងស្វែងរកផ្លូវនោះ ដើម្បីដោះខ្លួនចាកភព ។ កាលបើទុក្ខមាន សុខក៏មាន យ៉ាងណាកាលបើភពមាន ការប្រាសចាកភព បុគ្គលគួរតែប្រាថ្នារក ក៏យ៉ាងនោះ ដែរ ។ កាលបើក្តៅមាន ត្រជាក់ដទៃក៏មាន យ៉ាងណាកាលបើភ្លើង ៣ ប្រការមាន ព្រះនិព្វានដែលបុគ្គលគួរប្រាថ្នា ក៏មានយ៉ាងនោះដែរ ។ កាលបើបាបមានបុណ្យក៏មាន យ៉ាងណាកាលបើជាតិមាន ព្រះនិព្វានមិនមានជាតិដែលបុគ្គលគប្បីប្រាថ្នាក៏មាន យ៉ាងនោះដែរ ។ បុរសដែលប្រឡាក់លាមក ឃើញស្រះពេញដោយទឹក ហើយមិនស្វែងរកស្រះ ទោសនោះ មិនមែនជាទោសនៃស្រះទេ យ៉ាងណាមិញ កាលបើស្រះ គឺព្រះនិព្វានមានហើយ បុគ្គលមិនស្វែងរកស្រះ សម្រាប់លាងនូវកិលេសជាមន្ទិលចេញទេ ទោសនោះ មិនមែនជាទោសនៃស្រះ គឺព្រះនិព្វានទេ គឺជាទោសរបស់បុរស ក៏យ៉ាងនោះដែរ ។ បុរសដែលត្រូវសត្រូវទាំងឡាយចោមព័ទ្ធហើយ កាលបើផ្លូវសម្រាប់រត់ទៅមាន តែបុរសនោះមិនរត់ទៅ ទោសនោះមិនមែនជាទោសនៃផ្លូវទេ យ៉ាងណា បុគ្គលត្រូវកិលេសរួបរឹតហើយកាលបើផ្លូវព្រះនិព្វានមាន តែមិនស្វែងរកផ្លូវនោះទោសនោះមិនមែនជាទោសនៃផ្លូវនិព្វានទេ គឺជាទោសរបស់បុគ្គលនោះឯង យ៉ាងនោះដែរ ។ បុរសដែលមានជំងឺ កាលបើពេទ្យមាន តែមិនឲ្យពេទ្យនោះព្យាបាលជំងឺនោះទេ ទោសនោះ មិនមែនជាទោសនៃពេទ្យទេ យ៉ាងណា បុគ្គលត្រូវជំងឺ គឺកិលេសទាំងឡាយបៀតបៀនហើយ ដល់នូវសេចក្តីទុក្ខ មិនស្វះស្វែងរកអាចារ្យទោសនោះមិនមែនជាទោសនៃអាចារ្យទេ គឺជាទោសរបស់បុគ្គលនោះឯង យ៉ាងនោះដែរ ។ (បើដូច្នោះ) គួរតែអាត្មាអញ លះបង់កាយស្អុយនេះ ដែលពេញដោយសាកសពផ្សេង ៗ ចេញ គប្បីជាអ្នកមិនមានសេចក្តីអាឡោះអាល័យ មិនមានសេចក្តីត្រូវការរូប ហើយចេញទៅ ។ បុរសបានស្រាយសាកសព ដ៏គួរខ្ពើមរអើមដែលជាប់ឰដ៏ក គប្បីជាអ្នកមានសេចក្តីសុខ នៅតាមទំនើងខ្លួន មានអំណាចខ្លួនឯងយ៉ាងណាមិញ ។ អាត្មាអញ គួរតែលះកាយស្អុយនេះដែលជាទីប្រមូលមកនូវសាកសពផ្សេង ៗ ចេញ ហើយគប្បីជាអ្នកមិនអាឡោះអាល័យ មិនមានសេចក្តីត្រូវការ ចេញទៅ យ៉ាងនោះដែរ ។ បុរសស្ត្រីទាំងឡាយ ទៅបន្ទោបង់នូវករីសៈ ក្នុងបង្គន់ហើយ ឥតមានអាឡោះអាល័យ ឥតមានសេចក្តីត្រូវការ ដើរចេញទៅ យ៉ាងណាមិញ ឯអាត្មាអញនឹងលះបង់នូវកាយស្អុយនេះ ដែលពេញដោយសាកសពផ្សេង ៗ ចេញទៅ ដូចបុរសស្ត្រីទាំងឡាយ ដែលបន្ទោបង់វច្ចៈក្នុងបង្គន់ ដូច្នោះឯង ។ ម្ចាស់ទូកទាំងឡាយ តែងលះបង់ទូកចាស់ដែលពុកផុយ លេចចូលទឹក ឥត មានអាឡោះអាល័យ ឥតត្រូវការវិញយ៉ាងណាមិញ អាត្មាអញនឹងលះបង់នូវកាយ នេះ ដែលមានរន្ធ ៩ ហូរជានិច្ច ហើយចេញទៅ ដូចជាម្ចាស់ទូក លះបង់ចោលទូកចាស់ ដូច្នោះឯង ។ បុរសកាលដើរទៅជាមួយនឹងពួកចោរ យកទ្រព្យជាប់ទៅផង ឃើញភ័យអំពីការខូចខាតទ្រព្យ ក៏លះបង់ហើយដើរទៅ យ៉ាងណាកាយនេះ ក៏មានឧបមាស្មើដោយមហាចោរ អាត្មាអញនឹងលះបងកាយនេះចេញ ព្រោះខ្លាចខូចខាតកុសលធម៌ យ៉ាងនោះដែរ ។ លុះតថាគតគិតឃើញយ៉ាងនេះហើយ ក៏ឲ្យទ្រព្យច្រើនរយកោដិដល់ពួកជនដែលមានទីពឹងនិងពួកជនដែលឥតទីពឹង ហើយចូលទៅកាន់ព្រៃហិមពាន្ត ។ មានភ្នំមួយឈ្មោះធម្មិកនៅជិតព្រៃហិមពាន្ត តថាគតធ្វើអាស្រម សាងបណ្ណសាលាក្បែរភ្នំនោះ ។ តថាគតនិម្មិតនូវទីចង្ក្រម ដែលប្រាសចាកទោស ៥ ប្រការ នៅក្បែរអាស្រមបទនោះ នាំមកនូវអភិញ្ញាពលៈ ដែលប្រកបដោយគុណ ៨ ប្រការ ។ លះបង់សំពត់សាដក ដែលប្រកបដោយទោស ៩ ប្រការ ក្នុងអាស្រមបទនោះ ស្លៀកសំពត់សម្បកឈើ ដែលប្រកបដោយគុណ ១២ ប្រការវិញ ។ លះបង់បណ្ណសាលា ដែលប្រកបដោយទោស ៨ ប្រការ ចូលទៅកាន់គល់ឈើ ដែលប្រកបដោយគុណ ១០ យ៉ាង ។ លះបង់ស្រូវដែលគេព្រោះគេដាំដោយមិន សេសសល់កាន់យកផ្លែឈើដែលជ្រុះឯង បរិបូណ៌ដោយគុណច្រើនប្រការ ។ តថាគតផ្គងព្យាយាម ក្នុងអាស្រមបទនោះ (ញ៉ាំងយប់ និងថ្ងៃឲ្យកន្លងទៅ)ក្នុងទីអង្គុយ ទីឈរ និងទីចង្ក្រម បានលុះអភិញ្ញាពលៈ ក្នុងរវាង ៧ ថ្ងៃ ។ កាលតថាគតសម្រេចអភិញ្ញាហើយ ជាអ្នកមានវសី ក្នុងសាសនានៃតាបសកាលនោះ ព្រះជិនស្រីព្រះនាមទីបង្ករ ជានាយកនៃលោក ទ្រង់កើតឡើង ។ កាលព្រះពុទ្ធចាប់បដិសន្ធិផង ប្រសូតផង កាលត្រាស់ដឹងផង សំដែងធម្មចក្រផង តថាគតជាអ្នកឆ្អែតស្កប់ស្កល់ ដោយសេចក្តីត្រេកអរក្នុងឈាន ប៉ុន្តែមិនបានឃើញនូវនិមិត្តទាំង ៤ ឡើយ ។ ពួកមហាជនក្នុងបច្ចន្តប្រទេស មានចិត្តត្រេកអរ និមន្តព្រះតថាគតបាននាំគ្នាជម្រះផ្លូវជាទីមក នៃព្រះតថាគតនោះ ។ សម័យនោះឯង តថាគតចេញអំពីអាស្រមរបស់ខ្លួន កាលរលាស់ចីវរសម្បកឈើ ហោះទៅឯអាកាស តថាគតឃើញជនកំពុងតែពេញចិត្ត ត្រេកអរ ស្រស់ស្រាយ រីករាយ ក៏ចុះអំពីអាកាសហើយសួរមនុស្សទាំងឡាយ ក្នុងខណៈនោះថា មហាជន ត្រេកអរ ស្រស់ស្រាយ រីករាយ ពេញចិត្ត ជម្រះផ្លូវ គន្លង ប្រឡាយ ដើម្បីអ្នកណា ។ ពួកជនទាំងនោះ ដែលតថាគតសួរហើយ ក៏ឆ្លើយប្រាប់ថា ព្រះពុទ្ធដ៏ប្រសើរក្នុងលោក ជាព្រះជិនស្រីព្រះនាមទីបង្ករ ជាលោកនាយក ទ្រង់កើតឡើងហើយ ពួកយើងខ្ញុំជម្រះផ្លូវ គន្លង ប្រឡាយ ដើម្បីព្រះពុទ្ធទីបង្ករនោះ ។ បីតិកើតឡើងដល់តថាគត ក្នុងខណៈនោះព្រោះតែឮពាក្យថា ព្រះពុទ្ធតថាគតទន្ទេញថា ព្រះពុទ្ធ ព្រះពុទ្ធ ដូច្នេះហើយ ក៏បាននូវសោមនស្ស ។ តថាគតឋិតនៅក្នុងប្រទេសនោះ ត្រេកអរ មានចិត្តតក់ស្លុត គិតថា អាត្មាអញនឹងបណ្តុះពូជកុសល ក្នុងបុញ្ញក្ខេត្តនេះ កុំឲ្យខណៈកន្លងទៅទទេឡើយ ។ (លុះគិតដូច្នេះហើយក៏និយាយទៅរកមហាជនថា) បើអ្នកទាំងឡាយ ជម្រះផ្លូវថ្វាយព្រះពុទ្ធ ចូរឲ្យឱកាសមួយដល់អាត្មាផង អាត្មានឹងជម្រះផ្លូវប្រឡាយដែរ ។ កាលនោះ ពួកជនទាំងនោះ ក៏ឲ្យឱកាសមួយដល់តថាគតដើម្បីជម្រះផ្លូវតថាគតគិតថា ព្រះពុទ្ធ ព្រះពុទ្ធ ដូច្នេះ ជម្រះផ្លូវបណ្តើរ ក្នុងឱកាសនោះ ។ កាលដែលឱកាស (ផ្លូវ)របស់តថាគត ធ្វើមិនទាន់សម្រេចនៅឡើយ ស្រាប់តែព្រះជិនស្រីជាអ្នកប្រាជ្ញធំ ព្រះនាមទីបង្ករ ស្តេចយាងមកតាមផ្លូវ ជាមួយនឹងព្រះខីណាស្រព ៤ សែនរូប សុទ្ធតែជាអ្នកបានអភិញ្ញា ៦ ជាតាទិបុគ្គល ប្រាសចាកមន្ទិល ។ ការក្រោកទទួល (ព្រះសាស្តា) ក៏ប្រព្រឹត្តទៅ ស្គរទាំងឡាយជាច្រើន ក៏លាន់ឡើងគគ្រឹកគគ្រេង ពួកមនុស្ស និងទេវតា ក៏ត្រេកអរ ញ៉ាំងសាធុការឲ្យប្រព្រឹត្តទៅ ។ ពួកទេវតាឃើញ ពួកមនុស្ស ឯពួកមនុស្សក៏ឃើញពួកទេវតា ទេវតា និងមនុស្សទាំងពីរពួកនេះ បានផ្គងអញ្ជលី ដើរដង្ហែព្រះតថាគត ។ ពួកទេវតាប្រគំតូរ្យតន្ត្រីទិព្វទាំងឡាយ ពួកមនុស្ស ក៏ប្រគំតូរ្យតន្ត្រី ជារបស់មនុស្សទាំងឡាយ ពួកទេវតា និងមនុស្សទាំងពីរក្រុមនេះ ប្រគំភ្លេងដង្ហែព្រះតថាគត ។ ពួកទេវតាដែលឋិតនៅ ឰដ៏អាកាស ក៏រោយរាយផ្កាមន្ទារវៈ ផ្កាឈូក ផ្កាបរិច្ឆត្តកព្រឹក្សជាទិព្វ ឰដ៏អាកាស អំពីទិសតូចទិសធំ ។ ពួកទេវតាដែលឋិតនៅឰដ៏អាកាស ក៏រោយរាយលំអិតខ្លឹមចន្ទន៍ទិព្វផង គ្រឿងក្រអូបដ៏ប្រសើរទាំងអស់ផង អំពីទិសតូចទិសធំ ឰដ៏អាកាស ។ ពួកមនុស្សដែលឋិតនៅលើផែនដី ក៏រោយរាយផ្កាចម្ប៉ា ផ្កាស្រល់ ផ្កាក្ទម្ព ផ្កាខ្ទឹង ផ្កាបុសនាគ និងផ្កាកាកេស អំពីទិសតូចទិសធំ ។ តថាគតរំសាយសក់ត្រង់ប្រទេសនោះហើយក្រាលចីវរសម្បកឈើនិងកំណាត់ស្បែកលើភក់ហើយដេកផ្កាប់មុខ (អធិដ្ឋានថា) សូមព្រះពុទ្ធព្រមទាំងពួកសិស្ស ជាន់អាត្មាអញយាងទៅចុះ សូមកុំជាន់ភក់ឡើយ ការមិនជាន់លើភក់នោះ នឹងជាប្រយោជន៍ដល់អាត្មាអញ ។ កាលតថាគតដេកលើផែនដី ក៏មានសេចក្តីត្រិះរិះដោយចិត្តយ៉ាងនេះថា បើអាត្មាអញប្រាថ្នាដុតកិលេសទាំងឡាយរបស់អញ ក្នុងថ្ងៃនេះក៏បាន ។ តែថាប្រយោជន៍អ្វី អាត្មាអញធ្វើឲ្យជាក់ច្បាស់នូវធម៌ ដោយភេទដែលគេមិនស្គាល់ ក្នុងទីនេះ អាត្មាអញគប្បីដល់នូវសព្វញ្ញុតញ្ញាណ ជាអ្នក រួចស្រឡះចាកកិលេស ញ៉ាំងលោកព្រមទាំងទេវលោក ឲ្យរួចរំដោះ (ចាកសង្សារ) ។ ប្រយោជន៍អ្វី អាត្មាអញជាបុរស សំដែងកម្លាំងឆ្លងទៅម្នាក់ឯង អាត្មាអញគួរដល់ នូវសព្វញ្ញុតញ្ញាណ ចម្លងមនុស្សលោកព្រមទាំងទេវលោក ។ អាត្មាអញនឹងបានដល់នូវ សព្វញ្ញុតញ្ញាណ ចម្លងប្រជុំជនច្រើន ដោយអធិការនេះ ដែលអាត្មាអញធ្វើចំពោះ ព្រះពុទ្ធ ជាបុរសខ្ពង់ខ្ពស់ ។ តថាគតនឹងកាត់ខ្សែសង្សារ កម្ចាត់បង់ភពទាំង ៣ ឡើង ជិះលើនាវា គឺធម៌ នឹងចម្លងមនុស្សលោកព្រមទាំងទេវលោក ។ ព្រះពុទ្ធ ព្រះនាមទីបង្ករ ទ្រង់ជ្រាបច្បាស់នូវលោក ទ្រង់គួរទទួលគ្រឿងបូជាទាំងឡាយ ទ្រង់ឈរក្បែរសីសៈរបស់តថាគតត្រាស់ពាក្យនេះថា (ម្នាលភិក្ខុទាំងឡាយ)អ្នកទាំងឡាយ ចូរមើល តាបសនេះ ជាជដិលមានតបៈដ៏ខ្ពង់ខ្ពស់ តាបសនេះនឹងបានត្រាស់ជាព្រះពុទ្ធ ក្នុងលោក ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះទៅ ។ សត្វនេះ នឹងចេញចាកក្រុងឈ្មោះកបិលវត្ថុ ជាទីរីករាយ តម្កល់ព្យាយាម ធ្វើទុក្ករកិរិយា ។ សត្វនេះ អង្គុយទៀបគល់អជបាលព្រឹក្ស ទទួលបាយាសដែលនាងសុជាតាថ្វាយក្នុងទីនោះនឹងចូលទៅកាន់ស្ទឹងនេរញ្ជរា ។ ជិនស្រីនោះ បានទទួលបាយាសទៀបឆ្នេរស្ទឹងនេរញ្ជរាហើយ នឹងត្រឡប់មក តាមផ្លូវដែលគេតាក់តែងយ៉ាងប្រសើរ (អង្គុយ)ទៀបគល់ពោធិព្រឹក្ស លំដាប់នោះ តាបសមានយសធំនេះ ធ្វើប្រទក្សិណពោធិមណ្ឌល នឹងបានត្រាស់ដឹងនូវអនុត្តរសម្ពោធិញ្ញាណ ទៀបគល់អស្សត្ថព្រឹក្ស ។ ព្រះជនិកាមាតារបស់តាបសនេះ នឹងមាននាមថា ព្រះនាងមាយាទេវី ព្រះបិតាព្រះនាមសុទ្ធោទនៈ ឯតាបសនេះនឹងមានឈ្មោះថា ព្រះគោតម អគ្គសាវ័កទាំងពីររូប គឺកោលិតៈ ១ ឧបតិស្សៈ ១ ជាអ្នកមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តខ្ជាប់ខ្ជួនភិក្ខុជាឧបដ្ឋាកឈ្មោះអានន្ទ នឹងបម្រើព្រះជិនស្រីនេះ ។ អគ្គសាវិកាពីររូប គឺនាងខេមា ១ នាងឧប្បលវណ្ណា ១ ជាអ្នកមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តខ្ជាប់ខ្ជួន ។ ឈើជាទីត្រាស់ដឹងរបស់ព្រះមានព្រះភាគនោះហៅថាអស្សត្ថព្រឹក្សឯឧបាសកជាឧបដ្ឋាកដ៏ប្រសើរពីររូប គឺចិត្តៈ ១ ហត្ថាឡវកៈ ១ ។ នាងនន្ទមាតា និងនាងឧត្តរា ជាឧបដ្ឋាយិកាដ៏ប្រសើរ ព្រះគោតមមានយសនោះ មានព្រះជន្ម ១០០ វស្សា ។ ពួកមនុស្ស និងទេវតា លុះឮពាក្យព្យាករណ៍របស់ព្រះពុទ្ធទីបង្ករ ទ្រង់ស្វែងរកនូវគុណដ៏ធំ ឥតមានបុគ្គលស្មើនេះហើយ ក៏រីករាយដោយគិតថា សុមេធតាបសនេះ ជាពូជពន្លកនៃព្រះពុទ្ធ ។ សំឡេងហ៊ោទាំងឡាយ ក៏ប្រព្រឹត្តទៅ ពួកលោកព្រមទាំងទេវលោក ទាំងមួយម៉ឺនលោកធាតុ ទះដៃផង សើចផង ផ្គងអញ្ជលីនមស្ការផង ពោលថា បើពួកយើងឃ្វាងមគ្គផល ក្នុងសាសនាព្រះលោកនាថនេះ ក្នុងកាលជាអនាគត ពួកយើងនឹងបានសម្រេចក្នុងទីចំពោះព្រះភក្ត្រ នៃព្រះគោតមនេះ ។ ពួកមនុស្សកាលឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខហើយ តែងកាន់យក កំពង់ខាងក្រោម ក៏ឈ្មោះថាឆ្លងស្ទឹងធំដែរ យ៉ាងណាមិញ ពួកយើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីនេះហើយ ក្នុងកាលជាអនាគត គង់នឹងបានសម្រេចក្នុងទីចំពោះ ព្រះភក្ត្រនៃព្រះគោតមនេះ ក៏យ៉ាងនោះដែរ ។ ព្រះពុទ្ធទីបង្ករ ទ្រង់ជ្រាបច្បាស់នូវលោក គួរទទួលគ្រឿងបូជា ទ្រង់សរសើរអំពើរបស់តថាគតហើយ ទ្រង់លើកព្រះបាទខាងស្តាំ ។ សាវ័កទាំងឡាយណា ជាបុត្រនៃព្រះជិនស្រីក្នុងទីនោះ ពួកសាវ័កទាំងនោះ ក៏ធ្វើប្រទក្សិណតថាគត ពួកទេវតា ពួកមនុស្ស ពួកអសុរ ពួកយក្ស ក៏ក្រាបថ្វាយបង្គំតថាគត ហើយចៀសចេញទៅ ។ កាលព្រះលោកនាយក ព្រមទាំងព្រះសង្ឃ កន្លងនូវការឃើញរបស់តថាគតទៅ តថាគតក៏ក្រោកចាកទីដេក ហើយពែនភ្នែនក្នុងកាលនោះ ។ តថាគត ជាអ្នកមានសេចក្តីសុខ ដោយសេចក្តីសុខ រីករាយដោយបមោជ្ជៈ ផ្សព្វផ្សាយដោយបីតិ អង្គុយពែនភ្នែន ក្នុងកាលនោះ ។ តថាគតអង្គុយពែនភ្នែន គិតយ៉ាងនេះ ក្នុងកាលនោះថា អាត្មាអញជាអ្នកស្ទាត់ក្នុងឈាន ដល់នូវត្រើយនៃអភិញ្ញា ។ ក្នុងលោកធាតុទាំងមួយពាន់ មិនមានពួកឥសី ស្មើដោយអាត្មាអញឡើយ អាត្មាអញឥតមានបុគ្គលស្មើ ក្នុងឥទ្ធិធម៌ទាំងឡាយ អញបាននូវសេចក្តីសុខបែបនេះ ។ ក្នុងកាលដែលតថាគតអង្គុយ ពែនភ្នែន គិតយ៉ាងនេះ ពួកមហាព្រហ្មដែលនៅអាស្រ័យក្នុងលោកធាតុមួយម៉ឺន ក៏ញ៉ាំង សំឡេងខ្លាំងឲ្យលាន់ឮថា លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ ។ និមិត្តទាំងឡាយ ណា ក្នុងកាលជាទីពត់ភ្នែន នៃពោធិសត្វទាំងឡាយ ប្រាកដក្នុងកាលមុន និមិត្តទាំងនោះ ក៏ប្រាកដក្នុងថ្ងៃនេះ ។ ត្រជាក់ក៏ស្ងាត់បាត់ទៅទាំងក្តៅក៏ស្ងប់រម្ងាប់ និមិត្តទាំងនោះ ក៏ប្រាកដក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ ។ លោកធាតុទាំងមួយម៉ឺន ក៏ឥតមានសំឡេង ឥតវឹកវរ និមិត្តទាំងនោះ ក៏ប្រាកដក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ ជាព្រះពុទ្ធប្រាកដ ។ ខ្យល់ធំទាំងឡាយក៏ឈប់បក់ ស្ទឹងទាំងឡាយក៏ឈប់ហូរ និមិត្ត ទាំងនោះក៏ប្រាកដក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ ។ ផ្កាទាំងពួង ដែលកើតលើគោក កើតក្នុងទឹកក៏រីកក្នុងខណៈនោះ ផ្កាទាំងអស់នោះ ក៏បញ្ចេញផ្កាក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ ។ វល្លិទាំងឡាយក្តី ឈើទាំងឡាយក្តី ទ្រទ្រង់នូវផ្លែ ក្នុងខណៈនោះ វល្លិនិងឈើទាំងអស់នោះ ក៏បញ្ចេញផ្លែក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ ។ កែវទាំងឡាយ ដែលឋិតនៅឰដ៏អាកាសក្តី ឋិតនៅលើផែនដីក្តីដែលរុងរឿងក្នុងខណៈនោះ កែវទាំងនោះ ក៏រុងរឿងក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ ។ គ្រឿងតូរ្យតន្ត្រីទាំងឡាយ ជារបស់មនុស្ស និងជាទិព្វ ដែលប្រគំក្នុងខណៈនោះ តូរ្យតន្ត្រីទាំងពីរនោះ ក៏លាន់ឮឡើងក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ ។ ផ្កាដ៏វិចិត្រទាំងឡាយ រុះរោយចុះអំពីអាកាស ក្នុងខណៈនោះ ផ្កាដ៏វិចិត្រទាំងនោះ ក៏ប្រាកដក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ ។ មហាសមុទ្រក៏ស្រកចុះ លោកធាតុទាំងមួយម៉ឺនក៏ញាប់ញ័រ ក្នុងខណៈនោះ មហាសមុទ្រ និងលោកធាតុទាំងពីរនោះ ក៏លាន់កងរំពងក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធ ប្រាកដ ។ ភ្លើងក្នុងនរកទាំងមួយម៉ឺនក៏រលត់ ក្នុងខណៈនោះ ភ្លើងទាំងនោះ ក៏រលត់ ក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ ។ ព្រះអាទិត្យប្រាសចាកមន្ទិល ផ្កាយទាំងពួងក៏ប្រាកដ ព្រះអាទិត្យ និងផ្កាយទាំងនោះ ក៏បានប្រាកដក្នុងថ្ងៃនេះ លោកនឹង បានត្រាស់ជាព្រះពុទ្ធប្រាកដ ។ ក្នុងកាលគ្មានភ្លៀង ទឹកក៏ផុសផុលឡើងលើផែនដី ក្នុងខណៈនោះ ទឹកក៏ផុសឡើងលើផែនដី ក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធ ប្រាកដ ។ ពួកផ្កាយទាំងឡាយក៏រុងរឿង ផ្កាយនក្ខត្តឫក្សទាំងឡាយ ប្រកបដោយព្រះចន្ទ ខែវិសាខ (ក៏រុងរឿង) ក្នុងមណ្ឌលនៃអាកាសលោកនឹងបានត្រាស់ ជាព្រះពុទ្ធប្រាកដ ។ ចំណែកឯពួកសត្វនៅក្នុងរន្ធ ពួកសត្វដេកក្នុងជ្រោះ ក៏ចេញចាកលំនៅរបស់ ខ្លួន ពួកសត្វទាំងអស់នោះ ក៏បោះបង់លំនៅចោល ក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជា ព្រះពុទ្ធប្រាកដ ។ សេចក្តីអផ្សុកមិនមានដល់សត្វទាំងឡាយ សត្វទាំងឡាយ ជាអ្នក ត្រេកអរ ក្នុងខណៈនោះ ពួកសត្វទាំងអស់នោះ ជាអ្នកត្រេកអរ ក្នុងថ្ងៃនេះ លោកនឹង បានត្រាស់ជាព្រះពុទ្ធប្រាកដ ។ រោគទាំងឡាយដ៏ស្រាល ៗ ក៏ស្ងប់រម្ងាប់ទៅ ទាំងសេចក្តី ស្រេកឃ្លានក៏វិនាសទៅ ការស្ងប់រោគ និងការវិនាសសេចក្តីស្រេកឃ្លានទាំងនោះ ក៏ប្រាកដក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ ។ រោគក៏ស្រាកស្រាន្តទៅ ទោសៈមោហៈក៏បាត់បង់ទៅក្នុងកាលនោះរោគនិងកិលេសទាំងអស់នោះ ក៏ប្រាស ចេញទៅក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ ។ ឯភ័យមិនមាន ក្នុងកាល នោះ ការមិនមានភ័យនោះក៏ប្រាកដក្នុងថ្ងៃនេះ ព្រោះហេតុនោះ ទើបយើងដឹងថា លោក នឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ ។ ធូលីក៏ខ្ចាត់ខ្ចាយទៅខាងលើ ការខ្ចាត់ខ្ចាយធូលីក៏ ប្រាកដក្នុងថ្ងៃនេះ ព្រោះហេតុនោះ ទើបពួកយើងដឹងថា លោកនឹងបានត្រាស់ជាព្រះពុទ្ធ ប្រាកដ ។ ក្លិនស្អុយក៏ផាត់ចេញ ក្លិនទិព្វក៏ផ្សាយទៅក្លិនទិព្វនោះ ក៏ផ្សាយចេញ ក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ ។ ពួកទេវតាទាំងពួង វៀរលែងតែ អរូបព្រហ្មចេញ ដែលប្រាកដ ពួកទេវតាទាំងអស់នោះ ក៏ប្រាកដក្នុងថ្ងៃនេះ លោកនឹង បានត្រាស់ជាព្រះពុទ្ធប្រាកដ ។ ពួកសត្វនរកទាំងអម្បាលម៉ាន ដែលប្រាកដ ក្នុងខណៈ នោះ ពួកសត្វនរកទាំងអស់នោះឯង ក៏ប្រាកដក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជា ព្រះពុទ្ធប្រាកដ ។ ក្នុងកាលនោះ ជញ្ជាំងទាំងឡាយក្តី សន្ទះទ្វារទាំងឡាយក្តីភ្នំទាំងឡាយក្តី ជាគ្រឿងរារាំងមិនមានឡើយ កំពែង សន្ទះទ្វារ និងភ្នំទាំងឡាយនោះក៏ ក្លាយទៅជាអាកាស(ប្រាកដ)ក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ ។ ចុតិ និងឧបបត្តិ មិនមានក្នុងខណៈនោះ និមិត្តទាំងនោះ ក៏ប្រាកដក្នុងថ្ងៃនេះ លោកនឹង បានត្រាស់ជាព្រះពុទ្ធប្រាកដ ។ (និមិត្តទាំងនោះ ក៏ប្រាកដដល់សត្វទាំងឡាយ ដើម្បី ត្រាស់ដឹងនូវអនុត្តរសម្ពោធិញ្ញាណ) ពួកសត្វពោលថា (បពិត្រសុមេធតាបស) សូម លោកផ្គងព្យាយាមឲ្យមាំមួនឡើង កុំត្រឡប់ កុំថយក្រោយឡើយ ពួកយើងដឹងច្បាស់ នូវហេតុនោះថា លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ ។ តថាគតលុះឮពាក្យរបស់ជន ទាំងពីរពួកគឺព្រះពុទ្ធ និងទេវតាទាំងមួយម៉ឺនចក្រវាឡហើយ ក៏ត្រេកអរ ស្រស់ស្រាយ រីករាយ គិតក្នុងកាលនោះ យ៉ាងនេះថា ធម្មតាព្រះពុទ្ធទាំងឡាយ មិនដែលមាន ព្រះពុទ្ធដីកាបែកជាពីរទេ ព្រះជិនស្រីទាំងឡាយ មិនដែលមានព្រះពុទ្ធដីកាឥតអំពើទេ ព្រះពុទ្ធដីការបស់ព្រះពុទ្ធទាំងឡាយ មិនដែលឃ្លៀងឃ្លាតទេ អាត្មាអញនឹងបានត្រាស់ ជាព្រះពុទ្ធប្រាកដ ។ ដុំដីដែលគេចោលទៅឰដ៏អាកាស ទៀងតែធ្លាក់មកលើផែនដីវិញ យ៉ាងណា ពាក្យរបស់ព្រះពុទ្ធដ៏ប្រសើរទាំងឡាយ ក៏ទៀងទាត់ប្រាកដ យ៉ាងនោះដែរ ។ ព្រះបន្ទូលរបស់ព្រះពុទ្ធទាំងឡាយ មិនចេះឃ្លៀងឃ្លាត អាត្មាអញនឹងបានត្រាស់ជា ព្រះពុទ្ធប្រាកដសេចក្តីស្លាប់របស់សព្វសត្វទៀងទាត់ប្រាកដ យ៉ាងណា ព្រះបន្ទូលរបស់ព្រះពុទ្ធប្រសើរទាំងឡាយ ទៀងទាត់ប្រាកដ ដូច្នោះដែរ ។ កាលដែលរាត្រីអស់ទៅ ព្រះអាទិត្យតែងរះឡើង យ៉ាងណា ព្រះបន្ទូលរបស់ព្រះពុទ្ធដ៏ប្រសើរទាំងឡាយក៏ទៀង ទាត់ប្រាកដ យ៉ាងនោះដែរ ។ សីហៈ ដែលចេញអំពីដំណេក តែងបន្លឺសំឡេង យ៉ាងណា ព្រះបន្ទូលរបស់ព្រះពុទ្ធដ៏ប្រសើរទាំងឡាយ ក៏ទៀងទាត់ប្រាកដ យ៉ាងនោះដែរ ។ ការ សម្រាលគភ៌នៃស្ត្រីដែលមានគភ៌ធ្ងន់ ជារបស់ទៀងទាត់ យ៉ាងណាព្រះបន្ទូលរបស់ ព្រះពុទ្ធដ៏ប្រសើរទាំងឡាយ ក៏ទៀងទាត់ប្រាកដ យ៉ាងនោះដែរ ។ បើដូច្នោះ អាត្មាអញ នឹងជ្រើសរើសរកពុទ្ធការកធម៌ទាំងឡាយ ពីខាងនេះ ពីខាងនោះ គឺខាងលើ ខាងក្រោម ទិសទាំង ១០ ដរាបដល់ធម្មធាតុ ។ កាលនោះ តថាគតកំពុងជ្រើសរើស ក៏បានឃើញទានបារមី ជាដំបូង ជាគន្លងធំ ដែលពោធិសត្វទាំងឡាយអំពីបូរាណ ធ្លាប់សន្សំមក (ហើយទូន្មានខ្លួនឯងថា ម្នាលសុមេធបណ្ឌិត) អ្នកចូរសមាទាន ធ្វើនូវទានបារមី ជាដំបូងនេះឲ្យមាំមួន បើអ្នកចង់លុះនូវពោធិញ្ញាណចូរបំពេញនូវទានបារមីចុះ ។ ក្អមដែលមានទឹកពេញ បុគ្គលណាមួយផ្កាប់ចុះ ចាក់មិនឲ្យសល់ទឹកទឹកមិនដក់ នៅក្នុងក្អមនោះយ៉ាងណាអ្នកបើឃើញពួកស្មូមមកទោះថោកទាបខ្ពង់ខ្ពស់ ឬមធ្យមចូរ ឲ្យទានកុំឲ្យសេសសល់ឲ្យដូចជាក្អមដែលគេផ្កាប់ដូច្នោះ ។ ពុទ្ធធម៌ទាំងឡាយ មិនមែន មានត្រឹមប៉ុណ្ណេះទេ អាត្មាអញនឹងជ្រើសរើសរកពុទ្ធធម៌ដទៃទៀត ដែលជាធម៌ញ៉ាំង ពោធិញ្ញាណឲ្យសម្រេច ។ កាលនោះ តថាគតកំពុងជ្រើសរើសរក ក៏បានឃើញ សីលបារមីទី ២ ដែលពោធិសត្វទាំងឡាយអំពីបូរាណ ធ្លាប់សេព ធ្លាប់អាស្រ័យមក(ហើយទូន្មានខ្លួនឯងថា ម្នាលសុមេធបណ្ឌិត) អ្នកឯងចូរសមាទាន ធ្វើនូវសីលបារមីទី ២ នេះឲ្យមាំមួន បើអ្នកចង់លុះនូវពោធិញ្ញាណ ចូរបំពេញនូវសីលបារមីចុះ ។ សត្វ ចាមរី (កាលឃើញ) រោមកន្ទុយចំពាក់នឹងរបស់អ្វីមួយ ស៊ូស្លាប់ក្នុងទីនោះ មិនព្រម ផ្តាច់កន្ទុយចោលឡើយ យ៉ាងណាមិញ អ្នកចូលបំពេញនូវសីលទាំងឡាយ ក្នុងភូមិទាំង ៤ ចូររក្សាសីលសព្វកាល ឲ្យដូចជាសត្វចាមរីរក្សាកន្ទុយ យ៉ាងនោះចុះ ។ ពុទ្ធធម៌ ទាំងឡាយ មិនមែនមានត្រឹមតែប៉ុណ្ណេះទេ អាត្មាអញនឹងជ្រើសរើសរកពុទ្ធធម៌ដទៃទៀត ដែលជាធម៌ញ៉ាំងពោធិញ្ញាណឲ្យសម្រេច ។ កាលនោះតថាគតកំពុងជ្រើសរើសរក ក៏បានឃើញនេក្ខម្មបារមីទី ៣ ដែលពោធិសត្វទាំងឡាយអំពីបូរាណធ្លាប់សេព ធ្លាប់ អាស្រ័យមក (ហើយទូន្មានខ្លួនឯងថា ម្នាលសុមេធបណ្ឌិត) អ្នកចូរសមាទាន ធ្វើនូវនេក្ខម្មបារមីទី ៣ នេះ ឲ្យមាំមួនបើអ្នកចង់លុះនូវពោធិញ្ញាណចូរបំពេញនូវ នេក្ខម្មបារមីចុះ ។ បុរសដែលជាប់នៅក្នុងគុកអស់កាលយូរ ត្រូវសេចក្តីទុក្ខបៀតបៀន ហើយរមែងមិនញ៉ាំងសេចក្តីត្រេកអរ ឲ្យកើតឡើងក្នុងគុកនោះទេ រមែងស្វែងរកការ រួច (ចាកគុកនោះ) យ៉ាងណា អ្នកចូរឃើញនូវភពទាំងអស់ ដូចជាគុកចុះ ចូរបែរមុខ ទៅរកនេក្ខម្មៈ ដើម្បីរួចចាកភព យ៉ាងនោះដែរ ។ ពុទ្ធធម៌ទាំងឡាយ មិនមែនមានត្រឹមតែប៉ុណ្ណេះទេ អាត្មាអញនឹងជ្រើសរើសរកពុទ្ធធម៌ដទៃទៀត ដែលជាធម៌ញ៉ាំង ពោធិញ្ញាណឲ្យសម្រេច ។ កាលនោះតថាគតកំពុងជ្រើសរើសរកក៏បានឃើញ បញ្ញាបារមីទី ៤ ដែលពោធិសត្វទាំងឡាយអំពីបូរាណធ្លាប់សេពធ្លាប់អាស្រ័យមក (ហើយទូន្មានខ្លួនឯងថា ម្នាលសុមេធបណ្ឌិត) អ្នកចូរសមាទាន ធ្វើនូវបញ្ញាបារមីទី ៤ នេះ ឲ្យមាំមួន បើអ្នកចង់ដល់នូវពោធិញ្ញាណ ចូរបំពេញនូវបញ្ញាបារមីចុះ ។ ភិក្ខុកាល ប្រព្រឹត្តបិណ្ឌបាត មិនរំលងនូវត្រកូលទាំងឡាយ ទោះថោកទាបខ្ពង់ខ្ពស់ ឬមធ្យមរមែងបានចង្ហាន់ល្មមញ៉ាំងអត្តភាពឲ្យប្រព្រឹត្ត ទៅយ៉ាងណា អ្នកបើសាកសួរ ជនជា អ្នកប្រាជ្ញសព្វកាល នឹងដល់នូវបញ្ញាបារមីហើយ នឹងបានលុះនូវពោធិញ្ញាណមិនខាន ក៏យ៉ាងនោះដែរ ។ ពុទ្ធធម៌ទាំងឡាយ មិនមែនមានត្រឹមប៉ុណ្ណេះទេ អាត្មាអញនឹងជ្រើស រើសរកពុទ្ធធម៌ដទៃទៀត ដែលជាធម៌ញ៉ាំងពោធិញ្ញាណឲ្យសម្រេច ។ កាលនោះ តថាគតកំពុងជ្រើសរើសរកក៏បានឃើញវីរិយបារមីទី៥ ដែលពោធិសត្វទាំងឡាយអំពីបូរាណធ្លាប់សេពធ្លាប់អាស្រ័យមក (ហើយទូន្មានខ្លួនឯងថា ម្នាលសុមេធបណ្ឌិត) អ្នកចូរសមាទាន ធ្វើនូវវីរិយបារមីទី ៥ នេះ ឲ្យមាំមួន បើអ្នកចង់លុះនូវពោធិញ្ញាណ ចូរបំពេញនូវវីរិយបារមីចុះ ។ សត្វសីហៈ ជាស្តេចនៃម្រឹគ មានព្យាយាមមិនរួញរាមានចិត្តផ្គូផ្គងសព្វកាល ក្នុងការ អង្គុយ ឈរ ដើរ យ៉ាងណា អ្នកគួរផ្គូផ្គងព្យាយាមឲ្យមាំមួន ក្នុងភពទាំងពួង យ៉ាងនោះចុះ លុះដល់នូវវីរិយបារមីហើយ នឹងបានសម្រេចពោធិញ្ញាណ មិនខានឡើយ ។ ពុទ្ធធម៌ទាំងឡាយ មិនមែនមានត្រឹមប៉ុណ្ណេះទេ អាត្មាអញនឹង ជ្រើសរើសរកពុទ្ធធម៌ដទៃទៀត ដែលជាធម៌ញ៉ាំងពោធិញ្ញាណឲ្យសម្រេច ។ កាលនោះ តថាគតកំពុងជ្រើសរើសរក ក៏បានឃើញខន្តិបារមីទី ៦ ដែលពោធិសត្វទាំងឡាយអំពីបូរាណ ធ្លាប់សេព ធ្លាប់អាស្រ័យមក (ហើយទូន្មានខ្លួនឯងថា ម្នាលសុមេធបណ្ឌិត) អ្នកចូរសមាទាន ធ្វើនូវខន្តិបារមីទី ៦ នេះ ឲ្យមាំមួនអ្នកកុំមានចិត្តបែកជាពីរ ក្នុងខន្តិបារមីនោះ នឹងបានដល់នូវពោធិញ្ញាណមិនខានឡើយ ។ ធម្មតាផែនដី រមែងអត់ទ្រាំចំពោះវត្ថុទាំងពួង ទោះស្អាតក្តី មិនស្អាតក្តី ដែលគេដាក់ចុះហើយ រមែងមិនធ្វើនូវសេចក្តីថ្នាំងថ្នាក់ និងសេចក្តីត្រេកអរឡើយ យ៉ាងណា ។ អ្នកក៏គួរអត់ទ្រាំនូវការរាប់អាននិងការមើលងាយរបស់ពួកជនទាំងពួងយ៉ាងនោះដែរ លុះដល់នូវខន្តិបារមីហើយ នឹងបានសម្រេចសម្ពោធិញ្ញាណមិនខានឡើយ ។ ពុទ្ធធម៌ទាំងឡាយ មិនមែនមានត្រឹមប៉ុណ្ណេះទេ អាត្មាអញនឹងជ្រើសរើសរកពុទ្ធធម៌ដទៃទៀត ដែលជាធម៌ញ៉ាំងពោធិញ្ញាណឲ្យសម្រេច ។ កាលនោះ តថាគតកំពុងជ្រើសរើសរកក៏បានឃើញសច្ចបារមី ទី ៧ ដែលពោធិសត្វទាំងឡាយអំពីបូរាណ ធ្លាប់សេព ធ្លាប់អាស្រ័យមក(ហើយទូន្មានខ្លួនឯងថា ម្នាលសុមេធបណ្ឌិត) អ្នកចូរសមាទាន ធ្វើនូវសច្ចបារមីទី ៧ នេះ ឲ្យមាំមួនអ្នកកុំមានពាក្យបែកជាពីរ ក្នុងសច្ចបារមីនោះនឹងបានសម្រេចសម្ពោធិញ្ញាណមិនខានឡើយ ។ ធម្មតាផ្កាយព្រឹក ជាជញ្ជីងរបស់លោកព្រមទាំងទេវលោក រមែងមិនឃ្លាតចាកវិថី ក្នុងរដូវភ្លៀង ឬហេមន្តរដូវឡើយ យ៉ាងណា ។ អ្នកកុំឃ្លាតចាកវិថី ក្នុងសច្ចៈទាំងឡាយ យ៉ាងនោះដែរលុះដល់នូវសច្ចបារមីហើយនឹងបានសម្រេចសម្ពោធិញ្ញាណមិនខានឡើយ ។ ពុទ្ធធម៌ទាំងឡាយ មិនមែនមានត្រឹមប៉ុណ្ណេះទេអាត្មាអញនឹងជ្រើសរើសរកពុទ្ធធម៌ដទៃទៀត ដែលជាធម៌ញ៉ាំងពោធិញ្ញាណឲ្យសម្រេច ។ កាលនោះ តថាគតកំពុងជ្រើសរើសរកក៏បានឃើញអធិដ្ឋានបារមីទី៨ ដែលពោធិសត្វទាំងឡាយអំពីបូរាណ ធ្លាប់សេព ធ្លាប់អាស្រ័យមក(ហើយទូន្មានខ្លួនឯងថា ម្នាលសុមេធបណ្ឌិត) អ្នកចូរសមាទាន ធ្វើនូវអធិដ្ឋានបារមីទី ៨ នេះ ឲ្យមាំមួន អ្នកកុំញាប់ញ័រក្នុងអធិដ្ឋានបារមីនោះ នឹងបានសម្រេចសម្ពោធិញ្ញាណមិនខានឡើយ ។ ភ្នំថ្មឥតកម្រើក តាំងនៅស៊ប់ មិនរញ្ជួយដោយខ្យល់ដ៏ខ្លាំងក្លា រមែងតាំងនៅក្នុងទីរបស់ខ្លួនដដែលយ៉ាងណា អ្នកចូរកុំកម្រើក ក្នុងអធិដ្ឋានបារមី សព្វកាល យ៉ាងនោះដែរ លុះដល់នូវអធិដ្ឋានបារមីហើយ នឹងបានសម្រេចសម្ពោធិញ្ញាណមិនខានឡើយ ។ ពុទ្ធធម៌ទាំងឡាយ មិនមែនមានត្រឹមតែប៉ុណ្ណេះទេ អាត្មាអញនឹងជ្រើសរើសរកពុទ្ធធម៌ដទៃទៀត ដែលជាធម៌ញ៉ាំងពោធិញ្ញាណឲ្យសម្រេច ។ កាលនោះ តថាគតកំពុងជ្រើសរើសរក ក៏បានឃើញមេត្តាបារមីទី ៩ ដែលពោធិសត្វទាំងឡាយអំពីបូរាណ ធ្លាប់សេព ធ្លាប់អាស្រ័យមក(ហើយទូន្មានខ្លួនឯងថា ម្នាលសុមេធបណ្ឌិត) អ្នកចូរសមាទានធ្វើនូវមេត្តាបារមីទី៩នេះឲ្យមាំមួនអ្នកចូរកុំឲ្យ មានបុគ្គលដទៃស្មើដោយមេត្តា បើអ្នកចង់លុះនូវពោធិញ្ញាណ ។ ធម្មតាទឹក រមែងផ្សព្វផ្សាយត្រជាក់ស្មើចំពោះជនទាំងល្អទាំងអាក្រក់ រមែងកម្ចាត់បង់នូវធូលី និងមន្ទិលយ៉ាងណា ។ អ្នកចូរចម្រើនមេត្តាឲ្យស្មើ ចំពោះមិត្តនិងសត្រូវ យ៉ាងនោះដែរ លុះដល់នូវមេត្តាបារមីហើយ នឹងបានសម្រេចសម្ពោធិញ្ញាណមិនខានឡើយ ។ ពុទ្ធធម៌ទាំងឡាយ មិនមែនមានត្រឹមប៉ុណ្ណេះ ទេ អាត្មាអញនឹងជ្រើសរើសរកពុទ្ធធម៌ដទៃទៀត ដែលជាធម៌ញ៉ាំងពោធិញ្ញាណឲ្យសម្រេច ។ កាលនោះ តថាគតកំពុងជ្រើសរើសរក ក៏បានឃើញឧបេក្ខាបារមីទី ១០ ដែលពោធិសត្វទាំងឡាយអំពីបូរាណ ធ្លាប់សេព ធ្លាប់អាស្រ័យមក (ហើយទូន្មានខ្លួនឯងថា ម្នាលសុមេធបណ្ឌិត) អ្នកចូរសមាទាន ធ្វើនូវឧបេក្ខាបារមីទី ១០ នេះ ឲ្យមាំមួន អ្នកគួរជាបុគ្គលដូចជាជញ្ជីងដ៏មាំមួន នឹងបានសម្រេចពោធិញ្ញាណមិនខានឡើយ ។ ធម្មតាផែនដី តែងព្រងើយកន្តើយ ចំពោះវត្ថុមិនស្អាតក្តី ស្អាតក្តី ដែលគេដាក់ចុះហើយ តែងវៀរចាកសេចក្តីក្រោធនិងសេចក្តីត្រេកអរ ចំពោះវត្ថុទាំងពីរនោះ យ៉ាងណាអ្នកចូរធ្វើខ្លួនឲ្យដូចជាជញ្ជីង ចំពោះសុខនិងទុក្ខ សព្វកាល យ៉ាងនោះដែរ អ្នកលុះដល់នូវឧបេក្ខាបារមីហើយ នឹងបានសម្រេចសម្ពោធិញ្ញាណពុំខាន ។ ធម៌ទាំងឡាយណាជាគ្រឿងញ៉ាំងពោធិញ្ញាណឲ្យសម្រេច ធម៌ទាំងនោះ មានក្នុងលោកត្រឹមតែប៉ុណ្ណេះពុទ្ធការកធម៌ដទៃ ក្រៅអំពីបារមី ១០នោះ មិនមានទេអ្នកចូរតាំងនៅក្នុងបារមីធម៌ទាំង ១០ នោះ ឲ្យមាំមួនចុះ ។ កាលតថាគតពិចារណានូវបារមីទាំងនេះ ដោយសភាវសរសលក្ខណៈ ផែនដីទាំងមួយម៉ឺនលោកធាតុ ក៏ញាប់ញ័រ ដោយតេជៈនៃធម៌ ។ ផែនដីកម្រើក បន្លឺឡើង ដូចជាឃ្នាបអំពៅ ដែលត្រូវគេគាប ឬចក្កយន្តប្រេង ត្រូវគេគាបហើយ (រមែងវិលញ័រ) យ៉ាងណា ផែនដីក៏ញាប់ញ័រ យ៉ាងនោះដែរ ។ បរិស័ទរបស់ព្រះពុទ្ធ មានចំនួនប៉ុន្មាន ក្នុងទីដែលអង្គាសបរិស័ទទាំងនោះ ក៏ញាប់ញ័រ ដេកជ្រប់លើផែនដី ក្នុងទីអង្គាសនោះ ។ ឆ្នាំងជាច្រើនពាន់ និងក្អមជាច្រើនរយ ក៏ទង្គិចគ្នាបែកខ្ទេចខ្ទីអស់ ក្នុងទីនោះ ។ ពួកមហាជន មានចិត្តរន្ធត់តក់ស្លុត ភិតភ័យ ភ្ញាក់ផ្អើល មានចិត្តញ័រចំប្រប់ មកប្រជុំគ្នាហើយ ចូលទៅគាល់ព្រះពុទ្ធទីបង្ករ (ហើយទូលសួរថា)បពិត្រព្រះអង្គ មានចក្ខុ ហេតុល្អឬហេតុអាក្រក់ ដូចម្តេច នឹងមានដល់មនុស្សលោក លោកទាំងមូល ត្រូវសេចក្តីអន្តរាយបៀតបៀនហើយ សូមព្រះអង្គទ្រង់មេត្តាប្រោសបន្ទោបង់សេចក្តី អន្តរាយនោះចេញ ។ គ្រានោះ ព្រះមហាមុនីទីបង្ករ ទ្រង់ញ៉ាំងមហាជនទាំងនោះ ឲ្យ យល់ច្បាស់ថា អ្នកទាំងឡាយ ចូរកុំមានសេចក្តីរង្កៀស កុំខ្លាចចំពោះការញាប់ញ័រ ផែនដីនោះឡើយ ។ ដ្បិតតថាគតបានព្យាករក្នុងថ្ងៃនេះថា សុមេធបណ្ឌិតនេះ នឹងបាន ត្រាស់ជាព្រះពុទ្ធ ក្នុងលោក (ក្នុងកាលជាអនាគត) សុមេធបណ្ឌិតនោះ កំពុង ពិចារណាធម៌ ដែលព្រះជិនស្រីអំពីបូរាណ ធ្លាប់សេពមក ។ កាលសុមេធបណ្ឌិត ពិចារណាធម៌ គឺពុទ្ធភូមិ ដោយឥតសេសសល់ ព្រោះហេតុនោះ បានជាផែនដីទាំង មួយម៉ឺនលោកធាតុ ក្នុងលោកព្រមទាំងទេវលោក ញាប់ញ័រ ។ (ចិត្តនៃមហាជន) ក៏ រលត់ស្ងប់ក្នុងខណៈនោះភ្លាម ព្រោះបានស្តាប់ព្រះបន្ទូលរបស់ព្រះពុទ្ធ ពួកមហាជនទាំងអស់គ្នា ក៏ចូលមករកតថាគត ហើយក្រាបថ្វាយបង្គំម្តងទៀត ។ គ្រានោះ តថាគតសមាទាននូវពុទ្ធគុណ ធ្វើចិត្តឲ្យមាំមួន ក្រាបថ្វាយបង្គំព្រះពុទ្ធទីបង្ករ ហើយក្រោកចាកអាសនៈ ។ ពួកទេវតាពួកមនុស្ស ទាំងពីរពួកក៏រោយរាយផ្កាទិព្វ និងផ្កាជារបស់មនុស្ស ចំពោះសុមេធបណ្ឌិត ដែលក្រោកចាកអាសនៈ ។ ពួកទេវតា និងពួកមនុស្សទាំងពីរពួកនេះ បាននូវសួស្តី (ពោលថា)តំណែងដ៏ធំ ដែលលោកប្រាថ្នាហើយ សូមលោកបាននូវតំណែងនោះ សមគួរតាមប្រាថ្នាចុះ ។ ចង្រៃទាំងពួង ចូរបរវៀសចៀសចេញទៅ សេចក្តីសោកនិងរោគ ក៏ចូរចៀសវាងចេញទៅ សេចក្តីអន្តរាយ កុំបីមានដល់លោកឡើយ សូមលោកបានលុះនូវសព្វញ្ញុតញ្ញាណ ដ៏ខ្ពង់ខ្ពស់ឆាប់ ៗ ចុះ ។ កាលដល់រដូវផ្កា ពួកឈើមានផ្ការមែងបញ្ចេញផ្កា យ៉ាងណា បពិត្រតាបសមានព្យាយាមធំ លោកចូរបញ្ចេញផ្កា ដោយពុទ្ធញ្ញាណ យ៉ាងនោះដែរ ។ ព្រះសម្ពុទ្ធទាំងឡាយណាមួយ ទ្រង់បំពេញហើយ នូវបារមីទាំង ១០ យ៉ាងណា បពិត្រតាបសមានព្យាយាមធំ លោកចូរបំពេញបារមីទាំង ១០ យ៉ាងនោះ ។ ព្រះសម្ពុទ្ធទាំងឡាយណាមួយ ទ្រង់ត្រាស់ដឹងទៀបពោធិមណ្ឌល យ៉ាងណា បពិត្រតាបសមានព្យាយាមធំ លោកចូរត្រាស់ដឹងទៀបគល់ពោធិមណ្ឌល នៃព្រះជិនស្រីយ៉ាងនោះ ។ ព្រះសម្ពុទ្ធទាំងឡាយណាមួយ ទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ យ៉ាងណា បពិត្រតាបសមានព្យាយាមធំ សូមលោកញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ យ៉ាងនោះចុះ ។ ព្រះចន្ទពេញវង់ រមែងរុងរឿងក្នុងថ្ងៃពេញបូណ៌មី យ៉ាងណា លោកក៏មានចិត្តពេញ ចូររុងរឿងក្នុងលោកធាតុទាំងមួយម៉ឺន យ៉ាងនោះ ។ ព្រះអាទិត្យដែលរួចផុតអំពីរាហុ រមែងរុងរឿងដោយកម្តៅ យ៉ាងណា លោកចូររួចចាកលោកធម៌ ចូររុងរឿងដោយពុទ្ធសិរី យ៉ាងនោះដែរ ។ ស្ទឹងទាំងឡាយណាមួយ រមែងហូរទៅប្រជុំក្នុងមហាសមុទ្រ យ៉ាងណា ពួកលោកព្រមទាំងទេវលោក ក៏រមែងប្រជុំក្នុងសម្នាក់របស់លោក យ៉ាងនោះដែរ ។ គ្រានោះ សុមេធបណ្ឌិតនោះ ដែលពួកទេវតា និងមនុស្សទាំងនោះ ស្ងើចសរសើរហើយ ក៏សមាទាននូវបារមីធម៌ទាំង ១០ បំពេញបារមីធម៌ទាំងនោះ ចូលទៅកាន់ព្រៃធំ ។

ចប់ សុមេធកថា ។

គ្រានេះ ពួកឧបាសកឧបាសិកាទាំងនោះ ញ៉ាំងព្រះលោកនាយក ព្រមទាំង ព្រះសង្ឃឲ្យឆាន់រួចហើយ ក៏ដល់នូវព្រះសាស្តាទីបង្ករនោះជាទីពឹង ។ ព្រះតថាគត ទ្រង់ញ៉ាំងបុគ្គលខ្លះ ឲ្យតម្កល់នៅក្នុងសរណគមន៍ ញ៉ាំងបុគ្គលខ្លះ ឲ្យតាំងនៅក្នុងសីល ៥ ញ៉ាំងបុគ្គលដទៃទៀត ឲ្យតម្កល់នៅក្នុងសីល ១០ ។ ព្រះអង្គទ្រង់ប្រទានមគ្គ ដល់ បុគ្គលខ្លះ ប្រទានផលដ៏ឧត្តមទាំង ៤ ដល់បុគ្គលខ្លះ ប្រទានបដិសម្ភិទា ជាធម៌ឥត មានអ្វីស្មើ ដល់បុគ្គលខ្លះ ។ ព្រះពុទ្ធដ៏ប្រសើរជាងនរៈ ទ្រង់ប្រទានសមាបត្តិ ៨ ដ៏ប្រសើរ ដល់បុគ្គលខ្លះប្រទានវិជ្ជា ៣ ដល់បុគ្គលខ្លះអភិញ្ញា ៦ ដល់បុគ្គលខ្លះ ។ ព្រះមហាមុនី ទ្រង់ទូន្មានពួកជនដោយន័យជាគ្រឿងប្រកបនោះ ព្រោះហេតុនោះ បានជាសាសនានៃព្រះលោកនាថ ជាគុណជាតដ៏ធំទូលាយ ។ ព្រះពុទ្ធ ព្រះនាមទីបង្ករ មានព្រះហនុកា(ដូចព្រះចន្ទក្នុងថ្ងៃ ១២ កើត) មានដងខ្លួនមូលក្លំ ដូចគោឧសភៈ ទ្រង់ចម្លងពួកជនច្រើន ឲ្យរួចចាកទុគ្គតិ ។ ព្រះមហាមុនី ទ្រង់ឃើញពួកជនដែលគួរត្រាស់ដឹង ឋិតនៅក្នុងទីមួយសែនយោជន៍ ទ្រង់ចូលទៅជិត ហើយញ៉ាំងពួកជននោះ ឲ្យត្រាស់ដឹង ក្នុងខណៈ នោះ ។ ក្នុងការត្រាស់ដឹងទី ១ ព្រះពុទ្ធទ្រង់ញ៉ាំងពួកទេវតា ១០០ កោដិ ឲ្យត្រាស់ដឹង ក្នុងការត្រាស់ដឹងទី ២ ព្រះលោកនាថ ទ្រង់ញ៉ាំងពួកទេវតា និងមនុស្ស  ៩០  កោដិ ឲ្យត្រាស់ដឹង ។ កាលណាព្រះពុទ្ធទ្រង់សំដែងធម៌ ក្នុងភពនៃទេវតា កាលនោះពួកទេវតា  ៩០ ពាន់កោដិ (បានត្រាស់ដឹង) នេះជាការត្រាស់ដឹងទី ៣ ។ ព្រះសាស្តាទីបង្ករ មានសាវកសន្និបាត (ការជួបជុំសាវ័ក) ៣ លើក គឺសន្និបាត លើកទី ១ មានភិក្ខុសង្ឃ១ សែនកោដិ ។ កាលដែលព្រះជិនស្រីទ្រង់យាងទៅក្នុងទីស្ងាត់លើកំពូលភ្នំនារទៈ ពួកព្រះខីណាស្រព ប្រាសចាកមន្ទិល ចំនួន ១០០ កោដិ មកប្រជុំគ្នា (នេះជាសន្និបាត លើកទី ២) ។ កាលព្រះមហាមុនី មានព្យាយាមធំទ្រង់បវារណាជាមួយនឹងពួកភិក្ខុ ៩០  កោដិ ឰដ៏ភ្នំសុទស្សនៈ (នេះជាសន្និបាត លើកទី ៣) ។ សម័យនោះ តថាគត ជាតាបសមានផ្នួងសក់ មានព្យាយាមដ៏ក្លៀវក្លា ត្រាច់ទៅឰដ៏អាកាស ជាអ្នកបានដល់ នូវត្រើយនៃអភិញ្ញាទាំង ៥ ។ ពួកសត្វចំនួន ៣ ម៉ឺន បានត្រាស់ដឹងនូវសច្ចៈ ការត្រាស់ ដឹងរបស់សត្វនឹងរាប់ថា ១ ឬ ២ រាប់មិនអស់ឡើយ ។ សាសនារបស់ ព្រះទីបង្ករមានព្រះភាគ ជាគុណជាតធំទូលាយ មានជនច្រើន ស្តុកស្តម្ភ សាយភាយ គឺព្រះអង្គ ទ្រង់ជម្រះល្អហើយ ក្នុងកាលនោះ ។ ពួកព្រះខីណាស្រព ចំនួន ៤ សែនរូប បានលុះ អភិញ្ញា ៦ មានឫទ្ធិច្រើន តែងហែហមព្រះពុទ្ធទីបង្ករ ដែលទ្រង់ជ្រាបច្បាស់នូវលោក សព្វកាល ។ ក្នុងសម័យនោះ ពួកជនណាមួយ ដែលមិនបានលុះព្រះអរហត្ត នៅជា សេក្ខបុគ្គល លះបង់នូវការកើតជាមនុស្សពួកជននោះរមែងត្រូវគេតិះដៀល ។ សាសនា (របស់ព្រះពុទ្ធទីបង្ករនោះ) រីកសាយល្អ រុងរឿងដោយពួកព្រះអរហន្តខីណាស្រព ជា តាទិបុគ្គល ប្រាសចាកមន្ទិល សព្វកាល ។ នគររបស់ព្រះសាស្តា ព្រះនាមទីបង្ករ ឈ្មោះរម្មវតី ក្សត្រិយ៍ព្រះនាមសុទេវៈ (ជាព្រះបិតា) ព្រះជនិកា ព្រះនាមសុមេធា ។ ព្រះជិនស្រីនៅគ្រប់គ្រងផ្ទះអស់ ១ ម៉ឺនឆ្នាំប្រាសាទដ៏ខ្ពង់ខ្ពស់មាន ៣ ខ្នង គឺហង្សប្រាសាទ ១ កោញ្ចប្រាសាទ ១មាយុរប្រាសាទ ១ ។ ពួកនារី ៣ សែននាក់ សុទ្ធសឹងតែ តាក់តែងយ៉ាងល្អ នារីឈ្មោះបទុមានោះ (ជាមហេសី) ព្រះឱរស ព្រះនាមឱសភក្ខន្ធ ។ ព្រះជិនស្រីឃើញនិមិត្តទាំង ៤ ទ្រង់ចេញទៅ (បួស) ដោយយានដំរី ទ្រង់ផ្គងព្យាយាម អស់ ១០ ខែឥតខ្វះ ។ លុះព្រះមុនីមានព្រះទ័យ ប្រព្រឹត្តព្យាយាមហើយ ក៏បានត្រាស់ ជាព្រះពុទ្ធ ព្រះមហាមុនីទីបង្ករ ត្រូវព្រហ្មអារាធនាហើយ ។ ព្រះជិនស្រីមានព្យាយាមធំ ទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងវត្តនន្ទៈ ទ្រង់គង់ទៀបគល់ច្រេស ធ្វើនូវការញាំញីតិរ្ថិយ ។ ព្រះសុមង្គលៈ និងព្រះតិស្សៈ ជាអគ្គសាវ័កព្រះសាគតៈ ជាឧបដ្ឋាករបស់ព្រះសាស្តាទីបង្ករ ។ នាងនន្ទា និងនាងសុនន្ទា ជាអគ្គសាវិកាពោធិព្រឹក្សរបស់ព្រះមានព្រះភាគអង្គនោះ គេហៅថាដើមលៀប ។ ឧបាសកឈ្មោះតបុស្សៈ និងភល្លិកៈ ជាឧបដ្ឋាកដ៏ប្រសើរនាងសិរិមា និងនាងសោណា ជាឧបដ្ឋាយិការបស់ព្រះសាស្តាទីបង្ករ ។ ព្រះមហាមុនីទីបង្ករ មានកម្ពស់ ៨០ ហត្ថ ល្អដូចឈើប្រចាំទ្វីប ឬដូចដើមសាលរាជព្រឹក្ស មានផ្ការីកស្គុះស្គាយ ។ រស្មីរបស់ព្រះអង្គ ផ្សាយទៅចម្ងាយ ១០០ យោជន៍ជុំវិញព្រះមហេសីនោះ មានព្រះជន្ម ១ សែនឆ្នាំកាលព្រះអង្គគង់ធរមាននៅឡើយ ទ្រង់ញ៉ាំងព្រះសទ្ធម្មឲ្យរុងរឿង ចម្លងមហាជន ញ៉ាំងប្រជុំជនច្រើន ឲ្យឆ្លង ចាកសង្សារវដ្ត ។ ព្រះទីបង្ករនោះ ព្រមទាំងសាវ័ក និព្វានទៅ ដូចគំនរភ្លើងដែលរុងរឿង រលត់ទៅដូច្នោះ ឫទ្ធិនោះក្តី យសនោះក្តី ទាំងចក្ករតនៈឰដ៏ព្រះបាទានោះក្តី ក៏រលត់ទៅ ។ សម្បត្តិទាំងអស់ ក៏អន្តធានទៅ ឱហ្ន៎ ! សង្ខារទាំងពួង ជារបស់សូន្យទទេព្រះជិនស្រីជាសាស្តា ព្រះនាមទីបង្ករ ទ្រង់បរិនិព្វាន ក្នុងវត្តនន្ទៈ ។ ព្រះស្តូបរបស់ព្រះជិនស្រីនោះ កម្ពស់ ៣៦ យោជន៍ (គេសាងទុក) ក្នុងវត្តនន្ទៈនោះឯង ។ គ្រានោះ(ពួកជនកសាង) ព្រះស្តូបកម្ពស់ ៣ យោជន៍ ទៀបគល់ពោធិព្រឹក្ស (សម្រាប់បញ្ចុះ) បាត្រ និងចីវរ គ្រឿងបរិក្ខារ និងគ្រឿងប្រើប្រាស់របស់ព្រះសាស្តា ។

ចប់ ទីបង្ករពុទ្ធវង្ស ។

២. កោណ្ឌញ្ញពុទ្ធវង្សកែប្រែ

[៣] សម័យខាងក្រោយ អំពីព្រះសម្ពុទ្ធទីបង្ករមក ព្រះលោកនាយក ព្រះនាម កោណ្ឌញ្ញៈ ទ្រង់មានតេជះរកទីបំផុតគ្មាន មានយសរាប់មិនបាន មានគុណប្រមាណ មិនបាន មិនងាយបុគ្គលគ្របសង្កត់បាន ។ ព្រះអង្គមានការអត់ធន់ ប្រៀបដោយធរណី មានសីលប្រៀបដោយសាគរ មានសមាធិប្រៀបដោយភ្នំសុមេរុ មានញាណប្រៀប ដោយអាកាស ។ ព្រះសម្ពុទ្ធ ទ្រង់ប្រកាសហើយ នូវការប្រកាសឥន្ទ្រិយ ពលៈ ពោជ្ឈង្គៈ និងមគ្គសច្ចៈ ដើម្បីប្រយោជន៍ដល់សព្វសត្វទាំងឡាយ សព្វកាល ។ កាល ដែលព្រះកោណ្ឌញ្ញៈ ជាលោកនាយក ទ្រង់សំដែងធម្មចក្រ ពួកសត្វប្រមាណ ១ សែនកោដិ បានសម្រេចមគ្គផល លើកទី ១ ។ លំដាប់អំពីនោះ កាលព្រះអង្គ ទ្រង់សំដែងធម៌ ក្នុងសមាគមនៃមនុស្សនិងទេវតា ពួកសត្វប្រមាណ  ៩០  ពាន់កោដិ បានសម្រេចមគ្គផល លើកទី ២ ។ កាលព្រះលោកនាយក ទ្រង់សំដែងធម៌ ញាំញីពួកតិរ្ថិយ ពួកសត្វ ៨០ ពាន់កោដិ បានសម្រេចមគ្គផល លើកទី ៣ ។ ព្រះមហេសីកោណ្ឌញ្ញៈ មានសាវកសន្និបាត ៣ លើក គឺសន្និបាតទី ១ មានព្រះខីណាស្រព ដែលប្រាសចាកមន្ទិល មានចិត្តស្ងប់រម្ងាប់ មានចិត្តនឹងធឹង ចំនួន ១ សែនកោដិសន្និបាតទី ២ មានព្រះខីណាស្រព ១ ពាន់កោដិសន្និបាតទី ៣ មានព្រះខីណាស្រព  ៩០  កោដិ ។ ក្នុងសម័យនោះ តថាគតបានកើតជាក្សត្រ មានឈ្មោះថាវិជិតាវី បានញ៉ាំងឥស្សរិយយស ឲ្យប្រព្រឹត្តទៅ រហូតដល់សមុទ្រជាទីបំផុត ។ តថាគតបាននិមន្តព្រះខីណាស្រព ១ សែនកោដិ ដែល ប្រាសចាកមន្ទិល ស្វែងរកនូវគុណដ៏ធំ ព្រមទាំងព្រះសម្ពុទ្ធជាទីពឹងដ៏ប្រសើររបស់ សត្វលោក ឲ្យឆាន់ស្កប់ស្កល់ ដោយម្ហូបចំណីដ៏ថ្លៃថ្លា ។ ព្រះសម្ពុទ្ធ ជាលោកនាយក ព្រះនាមកោណ្ឌញ្ញៈអង្គនោះ ទ្រង់ព្យាករតថាគតថា ក្នុងកប្បមានប្រមាណមិនបាន អំពី កប្បនេះ បុរសនេះ នឹងបានជាព្រះពុទ្ធក្នុងលោក ។ សត្វ (នេះ) នឹងចេញអំពីក្រុង កបិលពស្តុ ជាទីរីករាយ ហើយតាំងសេចក្តីព្យាយាម ធ្វើទុក្ករកិរិយា ។ សត្វ (នេះ) នឹងអង្គុយទៀបគល់អជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយនឹងចូលទៅកាន់ស្ទឹងនេរញ្ជរា ។ ព្រះជិនស្រីអង្គនោះ នឹងទ្រង់សោយបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយចូលទៅឯគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរ ដែលគេចាត់ចែងហើយ ។ តអំពីនោះមក សត្វ (នេះ) មានយសច្រើនធ្វើប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយនឹងត្រាស់ដឹង ទៀបគល់អស្សត្ថព្រឹក្ស (ដើមពោធិ) ។ ព្រះមាតាបង្កើត នៃព្រះសម្ពុទ្ធនោះ នឹងមានព្រះនាមថា មាយា ព្រះបិតាមានព្រះនាមថា សុទ្ធោទនៈ ឯព្រះពុទ្ធអង្គនេះ មានព្រះនាមថា គោតម ព្រះថេរៈឈ្មោះកោលិតៈ ១ ឧបតិស្សៈ ១ មិនមានអាសវៈ ប្រាសចាកតម្រេក មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវ័ក ព្រះថេរៈឈ្មោះអានន្ទ នឹងជាឧបដ្ឋាក បម្រើព្រះជិនស្រីអង្គនោះ ។ ព្រះថេរីឈ្មោះខេមា ១ ឈ្មោះឧប្បលវណ្ណា ១ មិនមានអាសវៈ ប្រាសចាកតម្រេក មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវិកា ។ ពោធិព្រឹក្សរបស់ព្រះមានព្រះភាគអង្គនោះ គេហៅថា អស្សត្ថព្រឹក្ស ឧបាសកជាឧបដ្ឋាកដ៏ប្រសើរ ឈ្មោះចិត្តៈ ១ ឈ្មោះហត្ថាឡវកៈ ១ ។ ឧបាសិកា ជាឧបដ្ឋាយិកាដ៏ប្រសើរ ឈ្មោះនន្ទមាតា ១ ឈ្មោះឧត្តរា ១ព្រះគោតមដ៏ទ្រង់មានយសអង្គនោះ មានព្រះជន្ម ១០០ ឆ្នាំ ។ ពួកមនុស្សនិងទេវតា បានស្តាប់ភាសិតរបស់ព្រះសម្ពុទ្ធ ព្រះអង្គមិនមានបុគ្គលស្មើ ទ្រង់ស្វែងរកនូវគុណដ៏ធំនេះហើយ ក៏រីករាយថា បុរសនេះជាពូជពន្លកនៃព្រះពុទ្ធ ។ ពួកមនុស្ស ព្រមទាំងទេវតាមួយម៉ឺន (ចក្រវាឡ) មានសំឡេងហ៊ោឡើងផង ទះដៃផង សើចផង ធ្វើអញ្ជលីនមស្ការផងថា យើងទាំងឡាយ បើឃ្វាងមគ្គផលក្នុងសាសនារបស់ព្រះលោកនាថកោណ្ឌញ្ញៈអង្គនេះ គង់នឹងបានជួបចំពោះព្រះភក្ត្រ នៃព្រះគោតមអង្គនេះ ក្នុងកាលជាអនាគតមិនខាន ។ ពួកមនុស្សកាលនឹងឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់នឹងកាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំ យ៉ាងណា យើងទាំងអស់គ្នា បើលះបង់ព្រះជិនស្រីនេះហើយ គង់នឹង បានជួបចំពោះព្រះភក្ត្រ នៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគតមិនខាន ក៏យ៉ាងនោះ ដែរ ។ តថាគតបានស្តាប់នូវព្រះតម្រាស់របស់ព្រះសម្ពុទ្ធអង្គនោះហើយ ក៏ធ្វើចិត្តឲ្យជ្រះថ្លាក្រៃពេក កាលញ៉ាំងប្រយោជន៍នោះឲ្យសម្រេច បានថ្វាយរាជសម្បត្តិដ៏ធំ ចំពោះព្រះជិនស្រីលុះថ្វាយរាជសម្បត្តិដ៏ធំហើយ ទើបបួសក្នុងសម្នាក់របស់ព្រះអង្គ ។ តថាគតបានរៀនព្រះសូត្រ ព្រះវិន័យ និងសត្ថុសាសនាមានអង្គ ៩ ទាំងអស់ ហើយញ៉ាំង សាសនានៃព្រះជិនស្រីឲ្យរុងរឿង ។ តថាគតមិនប្រមាទ កាលនៅក្នុងទីនោះ បាន សម្រេចអភិញ្ញាបារមី ក្នុងទីអង្គុយ និងទីចង្ក្រម ក៏បានទៅកើតនៅក្នុងព្រហ្មលោក ។ ព្រះពុទ្ធ ព្រះនាមកោណ្ឌញ្ញៈ ទ្រង់ស្វែងរកនូវគុណដ៏ធំ មាននគរឈ្មោះរម្មវតី មាន ព្រះបិតា ព្រះនាមសុនន្ទៈ ព្រះមាតា ព្រះនាមនាងសុជាតាទេវី ។ ព្រះអង្គទ្រង់គង់នៅ ក្នុងកណ្តាលផ្ទះអស់ ១ ម៉ឺនឆ្នាំឯប្រាសាទដ៏ប្រសើររបស់ព្រះអង្គ មាន ៣ គឺរុចិប្រាសាទ ១ សុរុចិប្រាសាទ ១ សុភប្រាសាទ ១ ។ នារី ៣ សែន មានគ្រឿងប្រដាប់សមរម្យ នារីជាភរិយានោះ ព្រះនាមរុចិទេវីមានព្រះរាជបុត្រ ១ ព្រះអង្គ ព្រះនាមជីវិតសេន ។ ព្រះជិនស្រីឃើញនិមិត្តទាំង ៤ យ៉ាង ទ្រង់ចេញទៅដោយរថយាន ទៅតាំងសេចក្តី ព្យាយាម អស់ ១០ ខែឥតខ្វះ ។ ព្រះសម្ពុទ្ធ ព្រះនាមកោណ្ឌញ្ញៈ មានព្រះទ័យស្ងប់រម្ងាប់ ព្រះអង្គឧត្តមជាងសត្វទ្វេបាទ មានចក្រប្រព្រឹត្តទៅ មានព្យាយាមច្រើន ត្រូវមហាព្រហ្ម អារាធនាក្នុងមហាវ័នរបស់ពួកទេវតា ។ ព្រះថេរៈឈ្មោះភទ្ទៈ ១ ឈ្មោះសុភទ្ទៈ ១ ជាអគ្គសាវ័កព្រះថេរៈឈ្មោះអនុរុទ្ធ ជាឧបដ្ឋាករបស់ព្រះពុទ្ធកោណ្ឌញ្ញៈ ទ្រង់ស្វែងរក នូវគុណដ៏ធំ ។ ភិក្ខុនីឈ្មោះតិស្សា ១ឧបតិស្សា ជាអគ្គសាវិកាសាលកល្យាណិព្រឹក្ស ជាពោធិរបស់ព្រះពុទ្ធកោណ្ឌញ្ញៈ ទ្រង់ស្វែងរកនូវគុណដ៏ធំ ។ ឧបាសកឈ្មោះសោណៈ ១ និងឧបសោណៈ ១ ជាអគ្គឧបដ្ឋាកឧបាសិកាឈ្មោះនន្ទា ១ និងសិរិមា ១ ជាអគ្គឧបដ្ឋាយិកា ។ ព្រះមហាមុនីអង្គនោះ មានកម្ពស់ ៨៨ ហត្ថ ទ្រង់ល្អល្អះដូចព្រះចន្ទ ពុំនោះសោត ដូចព្រះអាទិត្យក្នុងវេលាថ្ងៃត្រង់ ។ ព្រះអង្គមានព្រះជន្មាយុ ១ សែនឆ្នាំជាកំណត់ ទ្រង់ឋិតនៅអស់កាលដរាបនោះ ទ្រង់ញ៉ាំងប្រជុំជនជាច្រើនឲ្យឆ្លង (ចាកវាលវដ្តសង្សារ) ។ ផែនដីដ៏វិចិត្រដោយព្រះខីណាស្រពទាំងឡាយ ដែលអស់ មន្ទិល ព្រះសម្ពុទ្ធអង្គនោះ ទ្រង់រុងរឿងដូចមេឃ ដែលល្អដោយពួកផ្កាយ ។ ព្រះនាគត្ថេរទាំងអម្បាលនោះ មានគុណប្រមាណមិនបាន មានសន្តានមិនកម្រើក បុគ្គលចូលទៅរកបានដោយកម្រ សំដែងនូវឫទ្ធិ ដូចកាលធ្លាក់ចុះនៃផ្លេកបន្ទោរ ព្រះអរហន្តដ៏មានយសធំទាំងនោះ និព្វានហើយ ។ ចំណែកឫទ្ធិរបស់ព្រះជិនស្រីនោះ ជាគុណឥតថ្លឹងថ្លែងបាន សមាធិមានញាណអប់រំហើយរបស់ទាំងអស់វិនាសសូន្យទៅ សង្ខារទាំងពួង ជារបស់ទទេពិត ។ ព្រះកោណ្ឌញ្ញសម្ពុទ្ធ ព្រះអង្គទ្រទ្រង់សិរី ទ្រង់បរិនិព្វានក្នុងនន្ទារាម ពួកមហាជនបានបញ្ចុះ (ព្រះអដ្ឋិ)របស់ព្រះអង្គនោះ ក្នុងចេតិយ មានកម្ពស់ ៧ យោជន៍ ក្នុងនន្ទារាមនោះឯង ។

ចប់ កោណ្ឌញ្ញពុទ្ធវង្ស ទី ២ ។

៣. មង្គលពុទ្ធវង្សកែប្រែ

[៤] កាលខាងក្រោយ អំពីព្រះសម្ពុទ្ធកោណ្ឌញ្ញៈមក ព្រះលោកនាយកព្រះនាមមង្គលៈ ទ្រង់កម្ចាត់បង់ងងឹតក្នុងលោក ព្រះអង្គទ្រទ្រង់នូវគប់ភ្លើង គឺព្រះធម៌ ។ ពន្លឺរបស់ព្រះអង្គឥតថ្លឹងបាន ជាពន្លឺលើសលប់ជាងព្រះជិនស្រីដទៃ គ្របសង្កត់ពន្លឺ ព្រះចន្ទ និងព្រះអាទិត្យ រុងរឿងអស់មួយម៉ឺនលោកធាតុ ។ ព្រះសម្ពុទ្ធអង្គនោះ ទ្រង់ ប្រកាសសច្ចៈ ៤ ដ៏ប្រសើរ ពួកសត្វនោះ ៗ បានផឹករសសច្ចៈ ហើយកម្ចាត់ងងឹតធំ គឺមោហៈ ។ ព្រះសម្ពុទ្ធអង្គនោះ បានដល់នូវពោធិញ្ញាណ ជាគុណឥតថ្លឹងបាន កាល សំដែងធម៌ជាដំបូង ពួកសត្វ ១ សែនកោដិ បានសម្រេចមគ្គផល លើកទី ១ ។ ព្រះសម្ពុទ្ធ ទ្រង់សំដែងធម៌ ក្នុងសុរិន្ទទេវភព កាលនោះ ពួកសត្វ ១ សែនកោដិ បានសម្រេច មគ្គផល លើកទី ២ ។ កាលព្រះបាទសុនន្ទចក្រពត្តិ ទ្រង់ចូលទៅគាល់ព្រះសម្ពុទ្ធ កាលនោះ ព្រះសម្ពុទ្ធទ្រង់វាយស្គរ គឺព្រះធម៌ដ៏ប្រសើរខ្ពង់ខ្ពស់ ។ កាលនោះ ពួកជនដែលតាមហែព្រះបាទសុនន្ទៈ មានចំនួន  ៩០  កោដិ ជនទាំងអស់នោះ បានជាឯហិភិក្ខុ ឥតសេសសល់ (លើកទី ៣) ព្រះមង្គលសម្ពុទ្ធ ព្រះអង្គស្វែងរកនូវគុណដ៏ធំ មានសាវកសន្និបាត ៣ លើក គឺសន្និបាត លើក ទី ១ មានព្រះខីណាស្រព ១ សែនកោដិ សន្និបាតលើកទី ២ មានព្រះខីណាស្រព ១ សែនកោដិសន្និបាតលើកទី ៣ មានព្រះខីណាស្រព  ៩០  កោដិ ។ សមាគមក្នុងកាលនោះ សុទ្ធតែព្រះខីណាស្រព ប្រាសចាកមន្ទិល សម័យនោះ តថាគតជាព្រាហ្មណ៍ឈ្មោះសុរុចិ ។ តថាគតអ្នករៀនមន្តចងចាំមន្ត ដល់នូវត្រើយនៃវេទទាំង ៣ ចូលទៅគាល់ព្រះសម្ពុទ្ធអង្គនោះ ហើយបានដល់ព្រះសាស្តាជាទីពឹង ។ តថាគតបានបូជាព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយគ្រឿងក្រអូប និងផ្កាកម្រងលុះបូជាដោយគ្រឿងក្រអូប និងផ្កាកម្រងហើយ ក៏ញ៉ាំងព្រះភិក្ខុសង្ឃឲ្យឆាន់ស្កប់ស្កល់ ដោយទឹកដោះគោ ។ ព្រះសម្ពុទ្ធ ព្រះនាមមង្គលៈនោះ ព្រះអង្គឧត្តមជាងសត្វទ្វេបាទ ទ្រង់ទំនាយតថាគតថា ក្នុងរវាងកប្បប្រមាណមិនបាន អំពីកប្បនេះទៅ បុរសនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ។ សត្វនេះ នឹងចេញអំពីក្រុងកបិលពស្តុជាទីរីករាយតាំងសេចក្តីព្យាយាម ធ្វើទុក្ករកិរិយា ។ សត្វ (នេះ) នឹងអង្គុយទៀបគល់អជបាលព្រឹក្ស បានទទួលបាយាសក្នុងទីនោះ ហើយចូលទៅកាន់ស្ទឹងនេរញ្ជរា ។ ព្រះជិនស្រីអង្គនោះ ទ្រង់សោយបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយចូលទៅជិតគល់ នៃពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរ ដែលគេចាត់ចែង ។ លំដាប់អំពីនោះទៅ ព្រះជិនស្រីមានយសច្រើន នឹងធ្វើប្រទក្សិណនូវពោធិមណ្ឌល ដ៏ប្រសើរ ហើយនឹងត្រាស់ដឹង ទៀប គល់អស្សត្ថព្រឹក្ស ។ ព្រះមាតាបង្កើតរបស់ព្រះសម្ពុទ្ធនេះ នឹងមានព្រះនាមថា មាយា ព្រះបិតា ព្រះនាមថាសុទ្ធោទនៈ ឯបុរសនេះ ជាព្រះពុទ្ធ ព្រះនាមថាគោតម ព្រះថេរៈ ឈ្មោះកោលិតៈ ១ ឧបតិស្សៈ ១ ជាអ្នកមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្ត ស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងបានជាអគ្គសាវ័ក ព្រះថេរៈឈ្មោះអានន្ទ នឹងបាន ជាឧបដ្ឋាក បម្រើព្រះជិនស្រីអង្គនោះ ។ ព្រះថេរីឈ្មោះខេមា ១ ឧប្បលវណ្ណា ១ ជាអ្នក មិនមានអាសវៈ ប្រាសចាករាគៈមានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងបានជា អគ្គសាវិកា ។ ឈើសម្រាប់ត្រាស់ដឹងរបស់ព្រះមានព្រះភាគអង្គនោះ គេហៅថា អស្សត្ថព្រឹក្ស (ដើមពោធិ) ឧបាសកឈ្មោះចិត្តៈ ១ ហត្ថាឡវកៈ ១ នឹងបានជា អគ្គឧបដ្ឋាក ។ ឧបាសិកាឈ្មោះនន្ទមាតា ១ ឧត្តរា ១នឹងបានជាអគ្គឧបដ្ឋាយិកា ព្រះនាមគោតមមានយសនោះ ទ្រង់មានព្រះជន្មាយុ ១០០ ឆ្នាំ ។ ពួកមនុស្ស និងទេវតា បានឮព្រះពុទ្ធដីកានេះរបស់ព្រះពុទ្ធមិនមានបុគ្គលស្មើ ស្វែងរកនូវគុណដ៏ធំហើយ ក៏មានចិត្តរីករាយថា បុរសនេះ ជាពូជពន្លកនៃព្រះពុទ្ធ ។ ពួកមនុស្សព្រមទាំងទេវតាមួយម៉ឺនលោកធាតុ មានសំឡេងហ៊ោផង ទះដៃផង សើចផង ធ្វើអញ្ជលីនមស្ការផងថា យើងទាំងឡាយ បើឃ្វាងមគ្គផលក្នុងសាសនារបស់ព្រះលោកនាថនេះ គង់នឹងបានសម្រេចចំពោះព្រះភក្ត្រ នៃព្រះសាស្តាអង្គនោះ ក្នុងកាលជាអនាគតមិនខាន ។ ពួកមនុស្សកាលនឹងឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់នឹងកាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំ យ៉ាងណា ។ យើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះហើយ គង់នឹងបានសម្រេចចំពោះព្រះភក្ត្រ នៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគតមិនខាន ក៏យ៉ាងនោះដែរ ។ តថាគតបានស្តាប់ព្រះតម្រាស់របស់ព្រះពុទ្ធនោះហើយ ក៏ធ្វើចិត្តឲ្យជ្រះថ្លាក្រៃពេក បានអធិដ្ឋានវត្តតទៅទៀត ដោយការបំពេញបារមី ១០ ។ ក្នុងកាលនោះ តថាគតចម្រើនបីតិ ថ្វាយផ្ទះរបស់តថាគត ចំពោះព្រះពុទ្ធ ហើយបួសក្នុងសម្នាក់ព្រះអង្គ ដើម្បីសម្រេចពោធិញ្ញាណដ៏ប្រសើរ ។ តថាគតបានរៀនព្រះសូត្រ ព្រះវិន័យ និងសត្ថុសាសនាមានអង្គ ៩ ទាំងអស់ហើយ ញ៉ាំងសាសនានៃព្រះជិនស្រីឲ្យល្អរុងរឿង ។ តថាគតមិនប្រមាទ កាលនៅក្នុងទីនោះ ចម្រើនព្រហ្មវិហារ បានសម្រេចអភិញ្ញាបារមី ហើយក៏បានទៅកើតនៅក្នុងព្រហ្មលោក ។ ព្រះមង្គលសម្ពុទ្ធ ទ្រង់ស្វែងរកនូវគុណដ៏ធំ មាននគរឈ្មោះឧត្តរៈ មហាក្សត្រ ទ្រង់ព្រះនាមឧត្តរៈ ជាព្រះបិតាព្រះមាតា ព្រះនាមឧត្តរា ។ ព្រះសម្ពុទ្ធអង្គនោះ ទ្រង់នៅគ្រប់គ្រងរាជដំណាក់ អស់ ៩ ពាន់ឆ្នាំ មានប្រាសាទ ៣ ដ៏ល្អឧត្តម គឺយសវប្រាសាទ ១ សុចិមប្រាសាទ ១ សិរិមប្រាសាទ ១ ។ មានពួកនារី ៣ ម៉ឺននាក់ មានខ្លួនប្រដាប់សមរម្យ នារីជាភរិយា ឈ្មោះយសវតីមានព្រះរាជបុត្រ ឈ្មោះសីវលៈ ។ ព្រះជិនស្រីទ្រង់ឃើញនិមិត្ត ៤ ហើយទ្រង់ចេញទៅ ដោយយានសេះ តាំងសេចក្តីព្យាយាមអស់ ៨ ខែឥតខ្វះ ។ ព្រះលោកនាយក ព្រះនាមមង្គលៈ មានព្រះទ័យស្ងប់រម្ងាប់ ទ្រង់មានចក្រប្រព្រឹត្តទៅ មានព្យាយាម ទ្រង់ប្រសើរជាងសត្វទ្វេបាទ ត្រូវមហាព្រហ្មអារាធនាហើយ ទើបស្តេចត្រាច់ទៅ គឺសំដែងធម៌ ។ ព្រះថេរៈឈ្មោះសុទេវៈ ១ ធម្មសេនៈ ១ជាអគ្គសាវ័កព្រះថេរៈឈ្មោះបលិតៈ ជាឧបដ្ឋាករបស់ព្រះមង្គលសម្ពុទ្ធ ទ្រង់ស្វែងរកនូវគុណដ៏ធំ ។ ព្រះថេរីឈ្មោះសីវលា ១ និងអសោកា ១ ជាអគ្គសាវិកា ដើមឈើត្រាស់ដឹងរបស់ព្រះមានព្រះភាគអង្គនោះ ហៅថានាគព្រឹក្ស (ដើមខ្ទឹង) ។ ឧបាសកឈ្មោះនន្ទៈ ១ វិសាខៈ ១ ជាអគ្គឧបដ្ឋាកឧបាសិកាឈ្មោះអនុឡា ១ សុមនា ១ ជាអគ្គឧបដ្ឋាយិកា ។ ព្រះមហាមុនី ទ្រង់មានកម្ពស់ ៨៨ ហត្ថរស្មីច្រើនសែន ផ្សាយចេញអំពីកាយព្រះអង្គ ។ ព្រះជន្មាយុរបស់ព្រះអង្គ ៩ ម៉ឺនឆ្នាំ ជាកំណត់ ព្រះអង្គទ្រង់ឋិតនៅដរាបនោះ ញ៉ាំងពួកជនច្រើន ឲ្យឆ្លង (វដ្តសង្សារ) ។ រលកក្នុងសាគរ គេមិនអាចរាប់បាន យ៉ាងណាមិញ សាវ័កទាំងឡាយរបស់ព្រះអង្គ ក៏គេមិនអាចរាប់បាន យ៉ាងនោះដែរ ។ ព្រះមង្គលសម្ពុទ្ធ ជាលោកនាយក ទ្រង់បានឋិតនៅដរាបណា មរណៈប្រកបដោយកិលេស មិនមានក្នុងសាសនា នៃព្រះអង្គដរាបនោះ ។ ព្រះសម្ពុទ្ធ ទ្រង់មានយសច្រើនអង្គនោះ ទ្រទ្រង់នូវគប់ភ្លើង គឺព្រះធម៌ ហើយញ៉ាំងមហាជនឲ្យឆ្លង ដ៏រុងរឿង ដូចជាផ្កាយដុះកន្ទុយ ទ្រង់បរិនិព្វាន ។ ព្រះសម្ពុទ្ធ ទ្រង់សំដែងនូវសភាពប្រែប្រួលនៃសង្ខារ ដល់ពួកមនុស្សព្រមទាំងទេវតា រុងរឿងដូចជាគំនរភ្លើង ពុំនោះសោត ដូចព្រះអាទិត្យដែលទើបនឹងអស្តង្គត ។ ព្រះមង្គលសម្ពុទ្ធ ទ្រង់បរិនិព្វាន ក្នុងឧទ្យានឈ្មោះវេស្សរៈ ព្រះស្តូបរបស់ព្រះជិនស្រីអង្គនោះ មានកម្ពស់ ៣០ យោជន៍ មាននៅក្នុងទីនោះឯង ។

ចប់ មង្គលពុទ្ធវង្ស ។

៤. សុមនពុទ្ធវង្សកែប្រែ

[៥] កាលខាងក្រោយ អំពីព្រះមង្គលសម្ពុទ្ធមក ព្រះលោកនាយក ព្រះនាម សុមនៈ រកបុគ្គលស្មើគ្មាន ដោយធម៌ទាំងពួង ព្រះអង្គឧត្តមជាងសព្វសត្វ ។ កាលនោះ ព្រះអង្គទ្រង់ទូងស្គរ គឺអមតៈ ប្រកបដោយស័ង្ខ គឺធម៌ ជាសាសនារបស់ព្រះជិនស្រីមានអង្គ ៩ ក្នុងមេខលបុរី ។ ព្រះសាស្តាអង្គនោះ ទ្រង់ឈ្នះកិលេស ហើយសម្រេច នូវសម្ពោធិញ្ញាណដ៏ប្រសើរ ទ្រង់សាងនគរជាបុរី គឺព្រះសទ្ធម្មដ៏ប្រសើរខ្ពង់ខ្ពស់ ។ ព្រះអង្គទ្រង់សាងផ្លូវធំ មិនមានចន្លោះ ជាផ្លូវមិនវៀច ជាផ្លូវត្រង់ មានទទឹងដ៏ធំទូលាយ គឺសតិប្បដ្ឋានដ៏ប្រសើរខ្ពងខ្ពស់ ។ ព្រះអង្គទ្រង់លាតសាមញ្ញផល ៤ បដិសម្ភិទា ៤ អភិញ្ញា ៦ សមាបត្តិ ៨ ក្នុងផ្លូវនោះ ។ ពួកសត្វណា មិនមានសេចក្តីប្រមាទ មិនរឹងរូស ប្រកបដោយសេចក្តីខ្មាសបាប និងសេចក្តីព្យាយាម ពួកសត្វនោះ ៗ តែងកាន់យកគុណ ដ៏ប្រសើរទាំងនេះ តាមសប្បាយ ។ ព្រះសាស្តា ទ្រង់ស្រោចស្រង់មហាជន ដោយសេចក្តីព្យាយាមនោះ យ៉ាងនេះឯង បានញ៉ាំងសត្វ ១ សែនកោដិ ឲ្យត្រាស់ដឹង លើក ទី ១ ។ ព្រះសាស្តា មានព្យាយាមច្រើន ទ្រង់ឲ្យឱវាទពួកតិរ្ថិយ ក្នុងកាលណា កាលនោះ សត្វ ១ សែនកោដិ (បានសម្រេចគុណវិសេស) ក្នុងធម្មទេសនា លើកទី ២ ។ ពួកទេវតា និងមនុស្ស មានសេចក្តីព្រមព្រៀងគ្នា មានចិត្តស្រួលបួល សួរប្រស្នាក្នុងនិរោធ ផង សេចក្តីសង្ស័យផង សេចក្តីប្រាថ្នាក្នុងចិត្តផង ក្នុងកាលណា កាលនោះ ពួកសត្វ  ៩០  ពាន់កោដិ បានសម្រេចមគ្គផល លើកទី ៣ ក្នុងធម្មទេសនា ជាគ្រឿងបំភ្លឺនូវ និរោធ ។ ព្រះសុមនសម្ពុទ្ធ ទ្រង់ស្វែងរកនូវគុណដ៏ធំ មានសាវកសន្និបាត ៣ លើក ដែលសុទ្ធតែជាព្រះខីណាស្រព ប្រាសចាកមន្ទិល មានចិត្តស្ងប់រំងាប់ ទាំងមានចិត្តនឹង ធឹង ។ កាលព្រះមានព្រះភាគ ទ្រង់ចេញវស្សាហើយ កាលភិក្ខុសង្ឃប្រកាសបវារណាហើយព្រះតថាគតទ្រង់បវារណាដោយភិក្ខុចំនួនមួយសែនកោដិ(នេះជាសន្និបាត លើក ទី ១) ។ ក្នុងការប្រជុំដទៃអំពីនោះមក មានសន្និបាត លើកទី ២ នៃព្រះខីណាស្រព  ៩០  ពាន់កោដិ លើកញ្ចនបព៌ត មិនមានមន្ទិល ។ កាលសក្កទេវរាជ ចូលមកគាល់ ព្រះសម្ពុទ្ធ ជាសន្និបាត លើកទី ៣របស់ព្រះខីណាស្រព ៨០ ពាន់កោដិ ។ ក្នុងសម័យ នោះ តថាគតកើតជាស្តេចនាគ មានឫទ្ធិច្រើន មានឈ្មោះថាអតុលៈ ជាអ្នកសន្សំ កុសល ។ កាលនោះ តថាគតចេញអំពីភពនាគ ជាមួយនឹងពួកញាតិ បានទៅបម្រើ ព្រះជិនស្រីព្រមទាំងព្រះសង្ឃ ដោយតន្ត្រីជាទិព្វរបស់នាគ ។ តថាគត បានញ៉ាំងភិក្ខុ សង្ឃ ១ សែនកោដិ ឲ្យឆ្អែតស្កប់ស្កល់ដោយបាយ ទឹក ហើយសំពត់ ១ គូ ៗ មួយអង្គ ហើយយកព្រះភិក្ខុសង្ឃនោះ ជាទីពឹង ។ ព្រះសម្ពុទ្ធ ព្រះនាមសុមនៈ ជាលោកនាយក អង្គនោះ ទ្រង់ព្យាករតថាគតថា ក្នុងកប្បមានប្រមាណមិនបាន អំពីកប្បនេះ នាគរាជនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ។ សត្វនេះនឹងចេញអំពីក្រុងកបិលពស្តុ ជាទីរីករាយ ទៅតម្កល់សេចក្តីព្យាយាម ធ្វើទុក្ករកិរិយា ។ សត្វនេះ នឹងអង្គុយទៀបគល់អជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយនឹងចូលទៅកាន់ស្ទឹងនេរញ្ជរា ។ ព្រះជិនស្រីអង្គនោះ ទ្រង់សោយបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរាហើយស្តេចចូលមក ទៀបគល់ពោធិព្រឹក្ស តាមផ្លូវដែលគេចាត់ចែងដ៏ប្រសើរ ។ លំដាប់តអំពីនោះមក ព្រះសម្ពុទ្ធមានយស ច្រើន ទ្រង់ធ្វើប្រទក្សិណនូវពោធិមណ្ឌល ដ៏ប្រសើរ ហើយនឹងត្រាស់ដឹងទៀបគល់ អស្សត្ថព្រឹក្ស ។ ព្រះមាតាបង្កើតរបស់ព្រះសម្ពុទ្ធអង្គនោះ ព្រះនាមមាយា ព្រះបិតា ព្រះនាមសុទ្ធោទនៈ ឯនាគរាជនេះ នឹងបានត្រាស់ជាព្រះសម្ពុទ្ធ ព្រះនាមគោតម ព្រះថេរៈឈ្មោះកោលិតៈ ១ ឧបតិស្សៈ ១ ជាអ្នកមិនមានអាសវៈ មិនមានរាគៈ មានចិត្ត ស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវ័ក ព្រះថេរៈឈ្មោះអានន្ទ នឹងជាឧបដ្ឋាក បម្រើព្រះជិនស្រីអង្គនេះ ។ ព្រះថេរីឈ្មោះខេមា ១ ឧប្បលវណ្ណា ១ ជាអ្នកមិនមាន អាសវៈ មិនមានរាគៈមានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវិកា ។ ឈើ សម្រាប់ត្រាស់ដឹង នៃព្រះមានព្រះភាគនោះ ហៅថាអស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តៈ ១ ហត្ថាឡវកៈ ១ នឹងជាអគ្គឧបដ្ឋាក ។ ឧបាសិកាឈ្មោះនន្ទមាតា ១ ឧត្តរា ១នឹងជា អគ្គឧបដ្ឋាយិកាព្រះគោតម ទ្រង់មានយសអង្គនោះ នឹងមានព្រះជន្ម ១០០ ឆ្នាំ ។ ពួកមនុស្ស និងទេវតា បានស្តាប់ពុទ្ធដីកានេះរបស់ព្រះមហេសី មិនមានបុគ្គលស្មើ ហើយក៏ រីករាយថា នាគរាជនេះ នឹងជាពូជពន្លកនៃព្រះពុទ្ធ ។ ពួកមនុស្សព្រមទាំងទេវតា មួយម៉ឺនលោកធាតុ ស្រែកហ៊ោឡើងផង ទះដៃផង សើចផង ធ្វើអញ្ជលីនមស្ការផងថា យើងទាំងឡាយ បើឃ្វាងមគ្គផលក្នុងសាសនា នៃព្រះលោកនាថអង្គនេះ គង់នឹងបាន សម្រេច ចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគតមិនខាន ។ ពួកមនុស្ស កាលឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់កាន់យកកំពង់ខាងក្រោមហើយឆ្លងស្ទឹងធំ យ៉ាងណា យើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះ គង់នឹងបានសម្រេច ក្នុងទី ចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគតមិនខាន ក៏យ៉ាងនោះដែរ ។ តថាគតបានស្តាប់ព្រះតម្រាស់របស់ព្រះសម្ពុទ្ធអង្គនោះហើយ ក៏ធ្វើចិត្តឲ្យជ្រះថ្លា ក្រៃពេក បានអធិដ្ឋាននូវវត្តតទៅទៀត ដោយការបំពេញបារមី ១០ ។ ព្រះសុមនសម្ពុទ្ធ ទ្រង់ស្វែងរកនូវគុណដ៏ធំ មានទីក្រុងឈ្មោះមេខលៈ មានមហាក្សត្រព្រះនាមសុទត្តៈ ជា ព្រះបិតា មានព្រះមាតា ព្រះនាមសិរិមា ។ ព្រះអង្គគ្រប់គ្រងព្រះរាជដំណាក់អស់ ៩ ពាន់ ឆ្នាំ មានប្រាសាទដ៏ប្រសើរ ៣ គឺចន្ទ្រប្រាសាទ ១ សុចុន្ទ្រប្រាសាទ ១ វដំសប្រាសាទ ១ ។ ពួកនារី៦៣សែននាក់មានរូបប្រដាប់សមរម្យនារី(ជាអគ្គមហេសី) ព្រះនាម វដំសកីមានព្រះរាជបុត្រ ព្រះនាមអនូបមៈ ។ ព្រះជិនស្រីឃើញនិមិត្តទាំង ៤ ហើយទ្រង់ ចេញបព្វជ្ជា ដោយយានដំរី តាំងសេចក្តីព្យាយាមអស់១០ ខែឥតខ្វះ ។ ព្រះលោកនាយក ព្រះនាមសុមនៈ មានព្រះទ័យស្ងប់រម្ងាប់ ទ្រង់មានចក្រប្រព្រឹត្តទៅ មានព្យាយាម ធំ ត្រូវព្រហ្មអារាធនា ក្នុងមេខលបុរីដ៏ប្រសើរខ្ពង់ខ្ពស់ ។ ព្រះថេរៈឈ្មោះសរណៈ ១ ភាវិតត្តៈ ១ជាអគ្គសាវ័កព្រះថេរៈឈ្មោះឧទេនៈ ជាឧបដ្ឋាករបស់ព្រះសម្ពុទ្ធ ព្រះនាម សុមនៈ ទ្រង់ស្វែងរកនូវគុណដ៏ធំ ។ ព្រះថេរីឈ្មោះ សោណា១ ឧបសោណា១ ជា អគ្គសាវិកា ព្រះសម្ពុទ្ធនោះ ស្មើដោយព្រះពុទ្ធ ដែលឥតមានបុគ្គលស្មើ ទ្រង់បានត្រាស់ ដឹងទៀបគល់នាគព្រឹក្ស ។ ឧបាសកឈ្មោះវរុណៈ ១ សរណៈ ១ ជាអគ្គឧបដ្ឋាកឧបាសិកាឈ្មោះចាលា ១ ឧបចាលា ១ ជាអគ្គឧបដ្ឋាយិកា ។ ឯព្រះសម្ពុទ្ធអង្គនោះ ទ្រង់មានកម្ពស់  ៩០  ហត្ថ មានលំអនៃព្រះរូប ប្រហែលដូចគ្រឿងបូជាមាស ទ្រង់រុងរឿង ក្នុងមួយម៉ឺនលោកធាតុ ។ ព្រះជន្មាយុ (របស់ព្រះអង្គ) ៩ ម៉ឺនឆ្នាំ ជាកំណត់ ព្រះអង្គ ទ្រង់ឋិតនៅដរាបនោះ ទ្រង់ញ៉ាំងប្រជុំជនច្រើន ឲ្យឆ្លង (វដ្តសង្សារ) ។ ព្រះសម្ពុទ្ធទ្រង់ ចម្លងពួកសត្វដែលគួរចម្លង ទ្រង់បានដាស់តឿនពួកសត្វដែលគួរដាស់តឿន ហើយទ្រង់ បរិនិព្វាន ដូចព្រះចន្ទអស្តង្គត ។ ភិក្ខុទាំងឡាយនោះ ជាព្រះខីណាស្រពក្តី ព្រះសម្ពុទ្ធ អង្គនោះក្តី ទ្រង់មិនមានបុគ្គលណាស្មើ ទ្រង់បញ្ចេញរស្មីឥតថ្លឹងថ្លែងបាន ព្រះខីណាស្រពមានយសច្រើនទាំងនោះ និព្វានហើយ ។ ព្រះញាណនោះ ជាគុណឥតមានអ្វីថ្លឹង បានផង រតនៈទាំងនោះ ឥតមានអ្វីថ្លឹងបានផងរបស់ទាំងអស់នោះ វិនាសសូន្យទៅ សង្ខារទាំងពួង ជារបស់ទទេពិត ។ ព្រះសុមនសម្ពុទ្ធទ្រទ្រង់យស ទ្រង់បរិនិព្វាន ក្នុងអង្គារាម ព្រះស្តូបរបស់ព្រះជិនស្រីអង្គនោះ មានកម្ពស់ ៤ យោជន៍ ប្រតិស្ឋាននៅក្នុងអារាមនោះ ។

ចប់ សុមនពុទ្ធវង្ស ។

៥. រេវតពុទ្ធវង្សកែប្រែ

[៦] កាលខាងក្រោយ អំពីព្រះសម្ពុទ្ធ ព្រះនាមសុមនៈមក មានព្រះលោកនាយក ព្រះនាមរេវតៈ មិនមានបុគ្គលប្រៀប មិនមានបុគ្គលស្មើ មិនមានបុគ្គលថ្លឹងបាន ព្រះអង្គឧត្តម ទ្រង់ឈ្នះពួកមារ ។ ព្រះសម្ពុទ្ធអង្គនោះ លុះមហាព្រហ្មអារាធនាហើយ ទ្រង់ប្រកាសធម៌ដ៏កំណត់ដោយខន្ធ និងធាតុ ជាធម៌មិនប្រព្រឹត្តទៅក្នុងភពតូចភពធំ ។ ក្នុងការសំដែងធម៌ នៃព្រះរេវតសម្ពុទ្ធនោះ មានការត្រាស់ដឹងមគ្គផល ៣ លើក គឺការ ត្រាស់ដឹងលើកទី ១មិនគប្បីពោលដោយការរាប់ចំនួនបាន ។ ព្រះមហាមុនី ព្រះនាម រេវតៈ ទ្រង់ទូន្មានព្រះបាទអរិន្ទមៈក្នុងកាលណា កាលនោះពួកសត្វ ១ ពាន់កោដិ បានត្រាស់ដឹងមគ្គផល លើកទី ២ ។ ព្រះនរាសភៈ ទ្រង់ក្រោកចាកទីពួនសម្ងំ អស់ ៧ ថ្ងៃ ហើយទូន្មានពួកមនុស្ស និងទេវតា ១ រយកោដិ (ឲ្យតាំងនៅ) ក្នុងផលដ៏ឧត្តម លើកទី៣ ។ ព្រះសម្ពុទ្ធ ព្រះនាមរេវតៈ ទ្រង់ស្វែងរកនូវគុណដ៏ធំ មានសាវកសន្និបាត ៣ លើក សុទ្ធតែជាព្រះខីណាស្រព ប្រាសចាកមន្ទិល មានព្រះទ័យរួចស្រឡះដោយប្រពៃ មាន ចិត្តនឹងធឹង គឺសន្និបាតលើកទី ១កន្លងផុតផ្លូវនៃការរាប់ (រាប់ពុំបាន)សន្និបាត លើកទី ២ មានព្រះអរហន្ត ១ សែនកោដិ ។ ព្រះអគ្គសាវ័កអង្គណា រកបុគ្គលស្មើគ្មានដោយប្រាជ្ញា ជាអ្នកប្រព្រឹត្តតាមធម្មចក្រ នៃព្រះសម្ពុទ្ធអង្គនោះ កាលនោះ ព្រះអគ្គសាវ័កនោះ មានព្យាធិ ដល់នូវការសង្ស័យក្នុងជីវិត ។ កាលនោះ ពួកព្រះអរហន្តចូលទៅគាល់ ព្រះមុនី ដើម្បីសាកសួរអាពាធរបស់ព្រះអគ្គសាវ័កនោះ មានចំនួន ១ សែនកោដិ នេះជាសន្និបាត លើកទី ៣ ។ សម័យនោះ តថាគតកើតជាព្រាហ្មណ៍ ឈ្មោះអតិទេវៈ បានចូលទៅគាល់ព្រះរេវតសម្ពុទ្ធ ហើយបានយកព្រះអង្គជាទីពឹង ។ តថាគតបានសរសើរសីល សមាធិ និងបញ្ញា គុណដ៏ប្រសើររបស់ព្រះអង្គ ហើយបានថ្វាយសំពត់ឧត្តរាសង្គៈ តាមកម្លាំង ។ ព្រះសម្ពុទ្ធ ព្រះនាមរេវតៈ ជាលោកនាយកអង្គនោះ ទ្រង់ព្យាករតថាគតថា ក្នុងកប្បមានប្រមាណមិនបាន អំពីកប្បនេះទៅ ព្រាហ្មណ៍នេះ នឹងបានត្រាស់ជាព្រះពុទ្ធ ។ សត្វនេះនឹងចេញអំពីក្រុងកបិលពស្តុជាទីរីករាយ ហើយតាំងសេចក្តីព្យាយាម ធ្វើទុក្ករកិរិយា ។ សត្វ (នេះ) នឹងអង្គុយទៀបគល់អជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយនឹងចូលទៅកាន់ស្ទឹងនេរញ្ជរា ។ ព្រះជិនស្រីអង្គនោះ ទ្រង់សោយបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយចូលទៅទៀបគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរ ដែលគេបានចាត់ចែងហើយ ។ លំដាប់អំពីនោះមក ព្រះទ្រង់យសធំ ទ្រង់ធ្វើប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយនឹងត្រាស់ដឹង ទៀបគល់អស្សត្ថព្រឹក្ស ។ ព្រះមាតាបង្កើត នៃព្រះសម្ពុទ្ធអង្គនោះ ព្រះនាមមាយា ព្រះបិតា ព្រះនាមថាសុទ្ធោទនៈ ព្រាហ្មណ៍នេះ នឹង បានត្រាស់ជាព្រះពុទ្ធ ព្រះនាមគោតម ។ ព្រះថេរៈ ឈ្មោះកោលិតៈ ១ ឧបតិស្សៈ ១ ជា អ្នកមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជា អគ្គសាវ័ក ព្រះថេរៈឈ្មោះអានន្ទ នឹងជាឧបដ្ឋាក បម្រើព្រះជិនស្រីអង្គនេះ ។ ព្រះថេរីឈ្មោះខេមា ១ ឧប្បលវណ្ណា ១ ជាអ្នកមិនមានអាសវៈ ប្រាសចាករាគៈមានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវិកា ។ ឈើសម្រាប់ត្រាស់ដឹង នៃព្រះមានព្រះភាគអង្គនោះ ហៅថាអស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តៈ ១ ហត្ថាឡវកៈ ១ នឹងជា អគ្គឧបដ្ឋាក ។ ឧបាសិកាឈ្មោះនន្ទមាតា ១ ឧត្តរា ១នឹងបានជាអគ្គឧបដ្ឋាយិកាព្រះនាមគោតម ទ្រង់យសអង្គនោះ មានព្រះជន្មាយុ ១០០ ឆ្នាំ ។ ពួកមនុស្ស និងទេវតា បាន ស្តាប់ព្រះពុទ្ធដីកានេះរបស់ព្រះសម្ពុទ្ធមិនមានបុគ្គលស្មើ ទ្រង់ស្វែងរកនូវគុណដ៏ធំហើយ ត្រេកអរថា ព្រាហ្មណ៍នេះ នឹងបានជាពូជពន្លកនៃព្រះពុទ្ធ ។ ពួកមនុស្ស ព្រមទាំងទេវតា មួយម៉ឺនលោកធាតុ ស្រែកហ៊ោឡើងផង ទះដៃផង សើចផង ធ្វើអញ្ជលីនមស្ការផងថាពួកយើងបើឃ្វាងមគ្គផល ក្នុងសាសនារបស់ព្រះលោកនាថអង្គនេះ គង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនោះ ក្នុងកាលជាអនាគតមិនខាន ។ ពួកមនុស្សកាលឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់កាន់យកកំពង់ខាងក្រោមហើយឆ្លងស្ទឹងធំ យ៉ាងណា យើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះ គង់នឹងបានជួប ក្នុងទីចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគតមិនខាន យ៉ាងនោះដែរ ។ តថាគតបានស្តាប់ព្រះតម្រាស់របស់ព្រះសម្ពុទ្ធនោះហើយ ក៏ធ្វើចិត្តឲ្យត្រេកអរក្រៃពេក បានអធិដ្ឋាននូវវត្តតទៅទៀត ដោយការបំពេញបារមី ១០ ។ កាលនោះ តថាគត នឹកឃើញហើយ បានអប់រំពុទ្ធការកធម៌នោះ ទាំងបានបំពេញនូវពុទ្ធការកធម៌នេះ តាមគួរដល់សេចក្តីប្រាថ្នានៃតថាគត ។ ព្រះរេវតសម្ពុទ្ធ ទ្រង់ស្វែងរកនូវគុណដ៏ធំ មានទីក្រុងឈ្មោះសុធញ្ញកៈ មានព្រះមហាក្សត្រ ព្រះនាមវិបុលៈ ជាព្រះបិតា មានព្រះមាតា ព្រះនាមវិបុលា ។ ព្រះសម្ពុទ្ធអង្គនោះ ទ្រង់នៅគ្រប់គ្រងព្រះរាជដំណាក់ អស់ ៦ ពាន់ឆ្នាំ ប្រាសាទដ៏ប្រសើរ ដែលកើតដោយបុញ្ញកម្ម មាន ៣ គឺសុទស្សនប្រាសាទ ១ រតនគ្ឃិប្រាសាទ ១ អាវេឡប្រាសាទ ១ដែលគេស្អិតស្អាងហើយ ។ ពួកនារី ៣៣ សែននាក់ មានរូបតាក់តែងសមរម្យ ឯនារីជាអគ្គមហេសី ព្រះនាមសុទស្សនា មានព្រះរាជបុត្រ ព្រះនាមវរុណៈ ។ ព្រះជិនស្រីទ្រង់ឃើញនិមិត្ត ៤ យ៉ាង ហើយទ្រង់ចេញបព្វជ្ជា ដោយរថយាន ហើយតាំងសេចក្តីព្យាយាម អស់ ៧ ខែឥតខ្វះ ។ ព្រះសម្ពុទ្ធ ទ្រង់ព្រះនាមរេវតៈ ជាលោកនាយក មានព្រះទ័យស្ងប់រម្ងាប់ ទ្រង់ញ៉ាំងចក្រឲ្យប្រព្រឹត្តទៅ ទ្រង់មានព្យាយាមច្រើន ទ្រង់ឈ្នះមារ ត្រូវមហាព្រហ្មអារាធនាហើយ ទ្រង់គង់នៅក្នុងវរុណារាម ។ ព្រះថេរៈ ឈ្មោះវរុណៈ ១ ព្រហ្មទេវៈ ១ ជាអគ្គសាវ័ក ព្រះថេរៈឈ្មោះសម្ភវៈ ជាឧបដ្ឋាករបស់ព្រះរេវតសម្ពុទ្ធ ទ្រង់ស្វែងរកនូវគុណដ៏ធំ ។ ព្រះថេរីឈ្មោះភទ្ទា ១ សុភទ្ទា ១ ជាអគ្គសាវិកា ឯព្រះសម្ពុទ្ធ ឥតមានបុគ្គលស្មើអង្គនោះ ទ្រង់បានត្រាស់ដឹង ទៀបដើមខ្ទឹង ។ ឧបាសកឈ្មោះវរុណៈ ១ សរភៈ ១ ជាអគ្គឧបដ្ឋាកឧបាសិកាឈ្មោះបាលា ១ ឧបបាលា ១ ជាអគ្គឧបដ្ឋាយិកា ។ ព្រះពុទ្ធអង្គនោះ ទ្រង់មានកម្ពស់ ៨០ ហត្ថ ទ្រង់ញ៉ាំងទិសទាំង ពួង ឲ្យភ្លឺរុងរឿង ដូចទង់ជ័យរបស់ព្រះឥន្ទ្រ ដ៏ខ្ពង់ខ្ពស់ ។ កម្រងរស្មីដ៏ប្រសើរ កើតក្នុងសរីរៈនៃព្រះអង្គ ផ្សាយចេញ ១ យោជន៍ជុំវិញ ទាំងថ្ងៃទាំងយប់ ។ ព្រះសម្ពុទ្ធអង្គនោះ មានព្រះជន្មាយុ ៦ ម៉ឺនឆ្នាំ ជាកំណត់ ទ្រង់ឋិតនៅអស់កាលដរាបនោះ ទ្រង់ញ៉ាំងប្រជុំ ជនច្រើន ឲ្យឆ្លង (ចាកវដ្តសង្សារ) ។ ព្រះសម្ពុទ្ធ ទ្រង់សំដែងកម្លាំងនៃព្រះពុទ្ធ ហើយទ្រង់ប្រកាសអមតធម៌ក្នុងលោក ព្រះអង្គមិនមានសេចក្តីប្រកាន់ ទ្រង់បរិនិព្វាន ព្រោះអស់ឧបាទាន ដូចភ្លើងដែលអស់កំញម ។ ព្រះកាយរបស់ព្រះអង្គនោះ មានពណ៌ដូចកែវ ព្រះធម៌របស់ព្រះអង្គ មិនមានអ្វីស្មើដូចទេរបស់ទាំងអស់វិនាសសូន្យទៅ សង្ខារទាំងពួងទទេពិត ។ ព្រះរេវតសម្ពុទ្ធ ទ្រទ្រង់យសអង្គនោះ ទ្រង់មានបុណ្យច្រើន ទ្រង់បរិនិព្វានហើយ ព្រះធាតុរបស់ព្រះអង្គបានសាយភាយទៅ ក្នុងប្រទេសនោះ ដោយចំណែក ៗ ។

ចប់ រេវតពុទ្ធវង្ស ។

៦. សោភិតពុទ្ធវង្សកែប្រែ

[៧] កាលខាងក្រោយ អំពីព្រះសម្ពុទ្ធ ព្រះនាមរេវតៈមក មានព្រះលោកនាយក ព្រះនាមសោភិតៈ មានព្រះហឫទ័យតម្កល់ខ្ជាប់ មានព្រះហឫទ័យស្ងប់ មិនមានបុគ្គលស្មើ មិនមានបុគ្គលប្រៀបផ្ទឹម ។ ព្រះជិនស្រីអង្គនោះ ទ្រង់ញ៉ាំងបំណង ក្នុងព្រះទ័យ ឲ្យប្រព្រឹត្តទៅ ក្នុងដំណាក់របស់ព្រះអង្គ ទ្រង់បានសម្រេចសម្ពោធិញ្ញាណ ដោយសព្វគ្រប់ ហើយទ្រង់សំដែងព្រះធម្មចក្រ ។ ខាងលើរាប់អំពីអវិចីនរកឡើងទៅ ខាង ក្រោមរាប់អំពីភវគ្គព្រហ្មចុះមក ក្នុងចន្លោះនេះ ពេញដោយបរិស័ទតែម៉្យាង ក្នុងការ សំដែងធម្មទេសនា ។ កាលព្រះសម្ពុទ្ធ ទ្រង់សំដែងព្រះធម្មចក្រ ដល់បរិស័ទនោះ ការ ត្រាស់ដឹងធម៌ លើកទី ១ គេមិនគប្បីពោលដោយការរាប់ចំនួនបានឡើយ ។ លំដាប់អំពី នោះមកទៀត កាលព្រះសម្ពុទ្ធ ទ្រង់សំដែងធម៌ ក្នុងទីសមាគមនៃមនុស្ស និងទេវតា មានពួកបរិស័ទ ៩ ម៉ឺនកោដិ ត្រាស់ដឹងធម៌ លើកទី ២ ។ មួយវិញទៀត កាលនោះ ព្រះរាជបុត្រជាក្សត្រ ព្រះនាមជយសេន ដាំសួនវេរថ្វាយព្រះសម្ពុទ្ធ ។ ព្រះចក្ខុមសម្ពុទ្ធ ទ្រង់ប្រកាសការបូជា នៃព្រះបាទជយសេននោះ ហើយសំដែងធម្មទេសនា ក្នុងកាល នោះ មានបរិស័ទ ១ ពាន់កោដិ ត្រាស់ដឹងធម៌ លើកទី ៣ ។ ព្រះសោភិតសម្ពុទ្ធ ទ្រង់ ស្វែងរកនូវគុណដ៏ធំ មានសាវកសន្និបាត ៣ លើក ដែលសុទ្ធតែជាព្រះខីណាស្រព ប្រាសចាកមន្ទិល មានចិត្តស្ងប់រម្ងាប់ មានចិត្តនឹងធឹង គឺកាលព្រះរាជា ព្រះនាមឧគ្គតៈ អង្គនោះ ទ្រង់ថ្វាយទានចំពោះ ព្រះសម្ពុទ្ធថ្លៃថ្លាជាងនរជន ក្នុងវេលាថ្វាយទាននោះ មាន ព្រះអរហន្ត ១ រយកោដិ និមន្តមកប្រជុំគ្នា (នេះជាសន្និបាត លើកទី ១) ។ មួយវិញទៀត មានពួកបរិស័ទថ្វាយទាន ចំពោះព្រះសម្ពុទ្ធថ្លៃថ្លាជាងពួកនរជន ក្នុងកាលនោះ មានពួកបរិស័ទ  ៩០  កោដិ (មកប្រជុំគ្នា)នេះជាសន្និបាត លើកទី ២ ។ ព្រះជិនស្រីទ្រង់គង់ ក្នុងទេវលោក ហើយស្តេចចុះចាកទេវលោក ក្នុងកាលណា កាលនោះ មានពួកបរិស័ទ ៨០ កោដិ (មកប្រជុំគ្នា)នេះជាសន្និបាត លើកទី ៣ ។ សម័យនោះ តថាគតកើតជា ព្រាហ្មណ៍ឈ្មោះសុជាតៈ កាលនោះតថាគត និមន្តព្រះពុទ្ធ ព្រមទាំងសាវ័ក ឲ្យឆាន់ឆ្អែត ស្កប់ស្កល់ ដោយបាយ និងទឹក ។ ព្រះសម្ពុទ្ធ ព្រះនាមសោភិតៈ ជាលោកនាយកអង្គនោះ ទ្រង់ព្យាករតថាគតថា ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះទៅ ព្រាហ្មណ៍នេះនឹងបាន ត្រាស់ជាព្រះពុទ្ធ ។ សត្វនេះ នឹងចេញអំពីក្រុងកបិលពស្តុជាទីរីករាយ ហើយតាំង សេចក្តីព្យាយាម ធ្វើទុក្ករកិរិយា ។ សត្វ (នេះ) នឹងអង្គុយទៀបគល់អជបាលព្រឹក្ស ទទួលបាយាស ក្នុងទីនោះ ហើយនឹងចូលទៅកាន់ស្ទឹងនេរញ្ជរា ។ ព្រះជិនស្រីអង្គនោះ ទ្រង់សោយបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយចូលទៅជិតគល់នៃពោធិព្រឹក្ស តាម ផ្លូវដ៏ប្រសើរ ដែលគេចាត់ចែងហើយ ។ លំដាប់អំពីនោះមក ព្រះជិនស្រីទ្រង់យសធំអង្គនោះ ទ្រង់ធ្វើប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយនឹងត្រាស់ដឹង ទៀបគល់នៃអស្សត្ថព្រឹក្ស ។ ព្រះមាតាបង្កើតរបស់ព្រះសម្ពុទ្ធអង្គនោះ នឹងមានព្រះនាមថា មាយា ព្រះបិតា ព្រះនាមថាសុទ្ធោទនៈ ព្រាហ្មណ៍នេះ នឹងបានជាព្រះពុទ្ធ ព្រះនាមគោតមព្រះថេរៈឈ្មោះកោលិតៈ ១ ឧបតិស្សៈ ១ ជាអ្នកមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្ត ស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវ័ក ព្រះថេរៈឈ្មោះអានន្ទ នឹងជាឧបដ្ឋាក បម្រើព្រះជិនស្រីអង្គនោះ ។ ព្រះថេរីឈ្មោះខេមា ១ ឧប្បលវណ្ណា ១ មិនមានអាសវៈ ប្រាសចាករាគៈមានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវិកា ។ ឈើ សម្រាប់ត្រាស់ដឹងរបស់ព្រះមានព្រះភាគអង្គនោះ គេហៅថាអស្សត្ថព្រឹក្ស ឧបាសក ឈ្មោះចិត្តៈ ១ ហត្ថាឡវកៈ ១ នឹងជាអគ្គឧបដ្ឋាក ។ ឧបាសិកាឈ្មោះនន្ទមាតា ១ ឧត្តរា ១នឹងជាអគ្គឧបដ្ឋាយិកាព្រះគោតមទ្រង់យសអង្គនោះ មានព្រះជន្មាយុ ១០០ ឆ្នាំ ។ ពួកមនុស្ស និងទេវតា លុះបានស្តាប់ព្រះពុទ្ធដីកានេះរបស់ព្រះសោភិតសម្ពុទ្ធ ឥតមាន បុគ្គលស្មើ ព្រះសម្ពុទ្ធទ្រង់ស្វែងរកនូវគុណដ៏ធំ ហើយក៏រីករាយថា ព្រាហ្មណ៍នេះ ជាពូជ ពន្លកនៃព្រះពុទ្ធ ។ ពួកមនុស្សព្រមទាំងទេវតា មួយម៉ឺនលោកធាតុ មានសំឡេងហ៊ោផង ទះដៃផង សើចផង ធ្វើអញ្ជលី នមស្ការផងថា ពួកយើងបើនឹងឃ្វាងមគ្គផល ក្នុងសាសនារបស់ព្រះលោកនាថនេះ គង់នឹងបានសម្រេចចំពោះព្រះភក្ត្រ នៃព្រះសាស្តាអង្គ នេះ ក្នុងកាលជាអនាគតមិនខាន ។ ពួកមនុស្ស កាលឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់នឹងកាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំ យ៉ាងណា យើងទាំងអស់គ្នា បើ ឃ្វាងព្រះជិនស្រីអង្គនេះហើយ គង់នឹងបានសម្រេចចំពោះព្រះភក្ត្រ នៃព្រះសម្ពុទ្ធអង្គនេះ ក្នុងកាលជាអនាគត ក៏យ៉ាងនោះដែរ ។ ចំណែកតថាគត លុះបានស្តាប់ព្រះពុទ្ធដីការរបស់ព្រះសម្ពុទ្ធអង្គនោះ ក៏មានចិត្តត្រេកអរ មានចិត្តតក់ស្លុត ហើយបានធ្វើនូវប្រាជ្ញា ឲ្យខ្ពង់ខ្ពស់ ដើម្បីសម្រេចប្រយោជន៍នោះ ។ ព្រះសោភិតសម្ពុទ្ធ ទ្រង់ស្វែងរកនូវគុណ ដ៏ធំ មាននគរឈ្មោះសុធម្មៈ ព្រះមហាក្សត្រ ព្រះនាមសុធម្មៈ ជាព្រះបិតា ព្រះមាតា ព្រះនាមសុធម្មា ព្រះសោភិតសម្ពុទ្ធអង្គនោះ ទ្រង់គ្រប់គ្រងដំណាក់អស់ ៩ ពាន់ឆ្នាំ ប្រាសាទដ៏ប្រសើរ មាន ៣ គឺកុមុទប្រាសាទ ១ នឡិនីប្រាសាទ ១ បទុមប្រាសាទ ១ ។ ពួកនារី ៤ ពាន់នាក់ មានរូបតាក់តែងសមរម្យ ឯនារីជាអគ្គមហេសី ឈ្មោះកិមិលា មាន ព្រះរាជបុត្រឈ្មោះសីហៈ ។ ព្រះសម្ពុទ្ធខ្ពង់ខ្ពស់ជាងបុរស ទ្រង់ឃើញនិមិត្ត ៤ យ៉ាងហើយស្តេចចេញទៅទ្រង់ព្រះផ្នួស ដោយប្រាសាទ ទៅប្រព្រឹត្តបធានចារៈ អស់ ៧ ថ្ងៃ ។ ព្រះសោភិតសម្ពុទ្ធ ជាលោកនាយក មានព្រះទ័យស្ងប់រម្ងាប់ ទ្រង់មានចក្រប្រព្រឹត្តទៅ មានព្យាយាមច្រើន ត្រូវមហាព្រហ្មអារាធនាហើយ ក្នុងសុធម្មឧទ្យានដ៏ប្រសើរ ។ ព្រះថេរៈឈ្មោះអសមៈ ១ សុនេត្តៈ ១ ជាអគ្គសាវ័ក ព្រះថេរៈឈ្មោះអនោមៈ ជាឧបដ្ឋាករបស់ព្រះសោភិតសម្ពុទ្ធ ទ្រង់ស្វែងរកនូវគុណដ៏ធំ ។ ព្រះថេរីឈ្មោះនកុលា ១ សុជាតា ១ ជាអគ្គសាវិកា ព្រះសម្ពុទ្ធអង្គនោះ កាលត្រាស់ដឹង ទ្រង់ត្រាស់ទៀបដើមខ្ទឹង ។ ឧបាសកឈ្មោះរម្មៈ ១ សុនេត្តៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះនកុលា ១ ចិត្តា ១ ជាអគ្គឧបដ្ឋាយិកា ។ ព្រះមហាមុនី ទ្រង់មានកម្ពស់ ៥៨ ហត្ថ ទ្រង់ញ៉ាំងទិសទាំងពួង ឲ្យភ្លឺរុងរឿង ដូចព្រះអាទិត្យរះឡើង ។ ព្រៃធំដែលមានផ្កាឈើរីកល្អ ដែលអប់ដោយគ្រឿងក្រអូបផ្សេង ៗ យ៉ាងណា ពាក្យប្រដៅរបស់ព្រះសម្ពុទ្ធអង្គនោះ តែងអប់ដោយក្លិនក្រអូប គឺសីល ក៏យ៉ាងនោះដែរ ។ ធម្មតាសាគរ គេតែងមិនឆ្អែត ដោយការរមិល មើល យ៉ាងណា ពាក្យប្រដៅរបស់ព្រះសម្ពុទ្ធអង្គនោះ គេមិនឆ្អែត ដោយការស្តាប់ ក៏ យ៉ាងនោះដែរ ។ ព្រះអង្គមានព្រះជន្ម៩ ម៉ឺនឆ្នាំ ជាកំណត់ ព្រះអង្គគង់នៅដរាបអស់ កាលប៉ុណ្ណោះ ទ្រង់ញ៉ាំងប្រជុំជន ឲ្យឆ្លង(វដ្តសង្សារ) ។ ព្រះអង្គ ព្រមទាំងសាវ័ក ទ្រង់ឲ្យឱវាទ នឹងការប្រៀនប្រដៅចំពោះជនដ៏សេស ហើយញ៉ាំងជនទាំងនោះ ឲ្យមាន ព្យាយាម ដុតកម្តៅកិលេសដូចភ្លើង រួចបរិនិព្វាន ។ ព្រះសម្ពុទ្ធ ស្មើដោយព្រះពុទ្ធ ឥត មានបុគ្គលស្មើអង្គនោះក្តី ពួកសាវ័កទាំងនោះ ដែលដល់នូវកម្លាំងក្តីរបស់ទាំងអស់នេះ ក៏វិនាសសូន្យទៅ សង្ខារទាំងពួង ជារបស់ទទេពិត ។ ព្រះសោភិតសម្ពុទ្ធដ៏ប្រសើរ ទ្រង់ បរិនិព្វានក្នុងសីហារាម ព្រះធាតុ (របស់ព្រះអង្គ) សាយភាយទៅក្នុងប្រទេសនោះ តាម ចំណែក ៗ ។

ចប់ សោភិតពុទ្ធវង្ស ។

៧. អនោមទស្សិពុទ្ធវង្សកែប្រែ

[៨] កាលជាខាងក្រោយ អំពីព្រះសោភិតសម្ពុទ្ធមក មានព្រះសម្ពុទ្ធ ព្រះនាម អនោមទស្សី ព្រះអង្គប្រសើរជាងសត្វទ្វេបាទ ទ្រង់មានយសរាប់មិនបាន ទ្រង់មានតេជះ ទ្រង់កម្របុគ្គលកន្លងបាន ។ ព្រះសម្ពុទ្ធ ទ្រង់កាត់ចំណងទាំងអស់ កម្ចាត់បង់ ភពទាំង ៣ហើយសំដែងផ្លូវសម្រាប់ដើរឆ្ពោះទៅរកនិព្វាន មិនវិលត្រឡប់វិញ ចំពោះ ទេវតា និងមនុស្ស ។ ព្រះអនោមទស្សីអង្គនោះ ទ្រង់មិនរំភើប ដូចជាសាគរ គេគ្របសង្កត់បានដោយក្រដូចជាភ្នំ ទ្រង់មានគុណរកទីបំផុតគ្មាន ដូចជាអាកាស មានព្រះកាយ រីកពេញ ដូចជាស្តេចឈើ ។ ពួកសត្វ គ្រាន់តែឃើញព្រះសម្ពុទ្ធអង្គនោះ ក៏មានសេចក្តី ត្រេកអរ សត្វទាំងនោះ លុះបានស្តាប់មធុរវាចា ដែលលាន់ឮ ក៏បានដល់អមតនិព្វាន ។ កាលនោះ ការត្រាស់ដឹងធម៌របស់ព្រះអង្គ ក៏ធំទូលាយ ផ្សាយទៅ ចំនួនពួកសត្វ ១ រយកោដិ បានត្រាស់ដឹង ក្នុងការសំដែងធម៌ លើកទី ១ ។ លំដាប់ អំពីនោះមក កាល ព្រះសម្ពុទ្ធ បង្អុរភ្លៀងចុះនូវភ្លៀង គឺធម៌ ក្នុងអភិសម័យ ពួកសត្វ ៨០ កោដិ បានត្រាស់ ដឹង ក្នុងការសំដែងធម៌ លើកទី ២ ។ តអំពីនោះមកទៀត កាលព្រះសម្ពុទ្ធ ទ្រង់បង្អុរ ចុះគ្រប់ភ្លៀង គឺធម៌ ទ្រង់ញ៉ាំងពួកសត្វ ឲ្យឆ្អែតស្កប់ស្កល់ (ដោយធម៌) ពួកសត្វ ៧៨ កោដិ បានសម្រេចមគ្គផល លើកទី ៣ ។ ព្រះអនោមទស្សីអង្គនោះ ទ្រង់ស្វែងរកនូវគុណដ៏ធំ មានសាវកសន្និបាត ៣ លើក ដែលសុទ្ធតែជាព្រះអរហន្ត បានសម្រេចអភិញ្ញាពលៈ រីកពេញដោយវិមុត្តិ គឺសន្និបាត លើកទី ១ កាលនោះ មានព្រះអរហន្ត ៨ សែន ដែលមានសេចក្តីស្រវឹង និងសេចក្តីវង្វេងលះបង់ហើយ មានសន្តានស្ងប់រម្ងាប់ ទាំងមានចិត្តនឹងធឹង ។ សន្និបាត លើកទី ២ មានព្រះអរហន្ត ៧ សែន ដែលមិនមានទីទួល គឺកិលេស ប្រាសចាកធូលី គឺកិលេស ទាំងមានសន្តានស្ងប់រម្ងាប់ មានចិត្តនឹងធឹង ។ សន្និបាត លើកទី ៣ មានព្រះអរហន្ត ៦ សែន ដែលបានសម្រេចអភិញ្ញាពលៈ មានទុក្ខរំលត់ហើយ មានព្យាយាមដុតកម្តៅកិលេស ។ សម័យនោះ តថាគតកើតជាយក្ស មានឫទ្ធិច្រើន ជាធំជាងពួកយក្សច្រើនកោដិ ក្នុងវសវត្តីទេវលោក ។ កាលនោះ តថាគតបានចូលទៅគាល់ព្រះសម្ពុទ្ធប្រសើរអង្គនោះ ព្រះអង្គស្វែងរកនូវគុណដ៏ធំ ហើយអង្គាសព្រះលោកនាយក ព្រមទាំងព្រះសង្ឃ ឲ្យឆ្អែតស្កប់ស្កល់ ដោយបាយ និងទឹក ។ ឯព្រះមុនីអង្គនោះ ទ្រង់មានព្រះនេត្រដ៏បរិសុទ្ធ ទ្រង់ព្យាករតថាគតថា ក្នុងកប្បមានប្រមាណមិនបាន អំពីកប្បនេះទៅ យក្សនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ។ សត្វនេះនឹងចេញអំពីក្រុងកបិលពស្តុ ជាទីរីករាយ ហើយតាំងសេចក្តីព្យាយាម ធ្វើទុក្ករកិរិយា ។ សត្វ (នេះ) នឹងអង្គុយ ទៀបគល់អជបាលព្រឹក្ស បានទទួលបាយាស ក្នុងទីនោះ រួចហើយចូលទៅកាន់ស្ទឹង នេរញ្ជរា ។ ព្រះជិនស្រីអង្គនោះ ទ្រង់សោយបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយក៏ចូលទៅឯជិតគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរដែលគេចាត់ចែងហើយ ។ តអំពីនោះមក ព្រះជិនស្រីមានយសច្រើន ទ្រង់ធ្វើប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយបានត្រាស់ដឹង ទៀបគល់នៃអស្សត្ថព្រឹក្ស ។ ព្រះមាតាបង្កើត នៃព្រះសម្ពុទ្ធនោះ នឹងមានព្រះនាមថាមាយា ព្រះបិតា ព្រះនាមថាសុទ្ធោទនៈ យក្សនេះនឹងបានជាព្រះពុទ្ធ ព្រះនាមថាគោតម ព្រះថេរៈឈ្មោះកោលិតៈ ១ ឧបតិស្សៈ ១ ជាអ្នកមិនមានអាសវៈ ប្រាសចាកតម្រេក មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងបានជាអគ្គសាវ័ក ព្រះថេរៈឈ្មោះអានន្ទ នឹងជាឧបដ្ឋាក បម្រើព្រះជិនស្រីអង្គនេះ ។ ព្រះថេរីឈ្មោះខេមា១ ឧប្បលវណ្ណា ១ មិនមានអាសវៈ ប្រាសចាករាគៈមានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងបានជាអគ្គសាវិកា ។ ឈើសម្រាប់ត្រាស់ដឹងរបស់ព្រះមានព្រះភាគនោះ គេហៅថាអស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តៈ ១ ហត្ថាឡវកៈ ១ នឹងបានជាអគ្គឧបដ្ឋាក ។ ឧបាសិកាឈ្មោះ នន្ទមាតា ១ ឧត្តរា ១នឹងជាអគ្គឧបដ្ឋាយិកាព្រះគោតមមានយសអង្គនោះ មានព្រះជន្មាយុ ១០០ ឆ្នាំ ។ ពួកមនុស្ស និងទេវតា លុះបានស្តាប់ព្រះពុទ្ធដីកានេះរបស់ព្រះអនោមទស្សី មិនមានបុគ្គលស្មើ ទ្រង់ស្វែងរកនូវគុណដ៏ធំហើយ ក៏មានចិត្តរីករាយថា យក្សនេះ ជាពូជពន្លកនៃព្រះពុទ្ធ ។ ពួកមនុស្សព្រមទាំងទេវតា មួយម៉ឺនលោកធាតុ នាំ គ្នាស្រែកហ៊ោផង ទះដៃផង សើចផង ធ្វើអញ្ជលីនមស្ការផងថា ពួកយើងបើនឹងឃ្វាង មគ្គផល ក្នុងសាសនារបស់ព្រះលោកនាថអង្គនេះ គង់នឹងបានសម្រេចចំពោះព្រះភក្ត្រ នៃព្រះសាស្តានេះ ក្នុងកាលជាអនាគតមិនខាន ។ ពួកមនុស្សកាលឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់កាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំ យ៉ាងណា ។ ពួកយើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះ គង់នឹងបានសម្រេចចំពោះព្រះភក្ត្រព្រះពុទ្ធអង្គនេះ ក្នុងកាលជាអនាគតមិនខាន ក៏យ៉ាងនោះដែរ ។ ចំណែកតថាគត លុះបានស្តាប់ព្រះពុទ្ធដីការបស់ព្រះអនោមទស្សីអង្គនោះ ក៏មានចិត្តត្រេកអរ មានចិត្តតក់ស្លុត បានអធិដ្ឋាននូវវត្តតទៅទៀត ដោយការបំពេញបារមីទាំង ១០ ។ ព្រះសាស្តា ព្រះនាម អនោមទស្សី មាននគរឈ្មោះចន្ទវតី មហាក្សត្រ ព្រះនាមយសវា ជាព្រះបិតា ព្រះមាតា ព្រះនាមយសោធរា ។ ព្រះអនោមទស្សីអង្គនោះ ទ្រង់នៅគ្រប់គ្រងព្រះរាជដំណាក់អស់ ១ ម៉ឺនឆ្នាំ ប្រាសាទដ៏ប្រសើរ មាន ៣ គឺសិរីប្រាសាទ ១ ឧបសិរីប្រាសាទ ១ វឌ្ឍប្រាសាទ១(សម្រាប់ព្រះអង្គ) ។ ពួកនារី ២ ម៉ឺន ៣ ពាន់នាក់ មានរូបប្រដាប់សមរម្យ នារីជា អគ្គមហេសីនោះ ព្រះនាមសិរិមា មានព្រះរាជបុត្រ ព្រះនាមឧបសាលៈ ។ ព្រះជិនស្រីទ្រង់បានឃើញនូវនិមិត្ត ៤ យ៉ាង ហើយស្តេចចេញទៅ ដោយវ (គ្រែស្នែង) ទ្រង់តាំង សេចក្តីព្យាយាមអស់ ១០ ខែឥតខ្វះ ។ ព្រះអនោមទស្សីមហាមុនី មាន ព្រះទ័យស្ងប់ រម្ងាប់ មានព្យាយាមច្រើន ដែលព្រហ្មអារាធនាហើយ ទ្រង់សំដែងធម្មចក្រ ក្នុងសុទស្សនឧទ្យានដ៏ឧត្តម ។ ព្រះថេរៈឈ្មោះនិសភៈ ១ អនោមៈ ១ ជាអគ្គសាវ័ក ឯព្រះថេរៈឈ្មោះវរុណៈ ជាឧបដ្ឋាករបស់ព្រះសាស្តាព្រះនាម អនោមទស្សីនោះ ។ ព្រះថេរី ឈ្មោះសុន្ទរា ១ សុមនា ១ ជាអគ្គសាវិកា ឈើសម្រាប់ត្រាស់ដឹងនៃព្រះមានព្រះភាគ អង្គនោះ ហៅថាអជ្ជុនព្រឹក្ស (ដើមអង្គ្រង) ។ ឧបាសកឈ្មោះនន្ទិវឌ្ឍ ១ សិរីវឌ្ឍ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះឧបលា ១ បទុមា១ ជាអគ្គឧបដ្ឋាយិកា ។ ព្រះមហាមុនី មានកម្ពស់ ៥៨ ហត្ថ ពន្លឺនៃព្រះអង្គផ្សាយចេញទៅ ដូចជាព្រះអាទិត្យរះឡើង ។ ព្រះអង្គ មានព្រះជន្មាយុ ១ សែនឆ្នាំ ជាកំណត់ ទ្រង់ឋិតនៅអស់កាលដរាបនោះ ទ្រង់ញ៉ាំងប្រជុំ ជនច្រើន ឲ្យឆ្លង (វដ្តសង្សារ) ។ ពាក្យជា ប្រធាន គឺសាសនារីកល្អហើយ ដោយពួកព្រះអរហន្ត ជាតាទិបុគ្គល ប្រាសចាករាគៈ ប្រាសចាកមន្ទិល សាសនារបស់ព្រះជិនស្រីល្អរុងរឿង ។ ឯព្រះសាស្តាអង្គនោះ មានយសរាប់មិនបានក្តី គូនៃសាវ័កទាំងនោះ មានគុណថ្លឹងមិនបានក្តីរបស់ (ទាំងនោះ) វិនាសសូន្យទៅ សង្ខារទាំងពួង ជារបស់ទទេពិត ។ ព្រះជិនស្រីជាសាស្តាព្រះនាម អនោមទស្សី ទ្រង់បរិនិព្វានក្នុងធម្មារាម ឯព្រះស្តូបបញ្ចុះព្រះធាតុរបស់ព្រះជិនស្រីនោះ មានកម្ពស់ ២០ យោជន៍ ប្រតិស្ឋាននៅក្នុងអារាមនោះ ។

ចប់ អនោមទស្សិពុទ្ធវង្ស ។

៨. បទុមពុទ្ធវង្សកែប្រែ

[៩] ក្នុងកាលខាងក្រោយ អំពីព្រះសម្ពុទ្ធព្រះនាមអនោមទស្សីមក មានព្រះសម្ពុទ្ធ ព្រះនាមបទុមៈ ទ្រង់ឧត្តមជាងសត្វជើងពីរ ឥតមានបុគ្គលស្មើ ឥតមានបុគ្គល ប្រៀបផ្ទឹម ។ សីលនៃព្រះអង្គ ឥតមានសីលនៃបុគ្គលដទៃស្មើ ទាំងសមាធិក៏រកទីបំផុត គ្មាន ព្រះញាណដ៏ប្រសើរ នឹងរាប់ពុំបាន ទាំងវិមុត្តក៏មិនមានឧបមា ។ កាលដែលព្រះពុទ្ធ ព្រះនាមបទុមៈ ព្រះអង្គនោះ មានតេជះថ្លឹងមិនបាន ទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ មាន ការត្រាស់ដឹងនូវធម៌ បីលើក ដែលជាគ្រឿងបន្សត់បង់នូវងងឹតដ៏ធំ ។ គឺព្រះពុទ្ធ ទ្រង់ ញ៉ាំងសត្វ ១០០ កោដិ ឲ្យត្រាស់ដឹង ក្នុងការត្រាស់ដឹង លើកទី ១ ព្រះពុទ្ធជាអ្នកប្រាជ្ញ ទ្រង់ញ៉ាំងសត្វ  ៩០  កោដិ ឲ្យត្រាស់ដឹង ក្នុងការត្រាស់ដឹង លើក ទី ២ ។ មួយទៀត ព្រះពុទ្ធ ព្រះនាមបទុមៈ ទ្រង់ទូន្មានព្រះឱរសរបស់ព្រះអង្គ ក្នុងកាលណា កាលនោះ ពួកសត្វ ៨០ កោដិ ត្រាស់ដឹង លើកទី ៣ ។ ព្រះពុទ្ធ ព្រះនាមបទុមៈ ជាមហេសី មាន សាវកសន្និបាត ៣ លើក គឺសន្និបាតលើកទី ១ មានភិក្ខុ ១ សែនកោដិ ។ កាលកឋិន ចីវរកើតឡើងហើយ ក្នុងសម័យជាទីក្រាលនូវកឋិន ភិក្ខុទាំងឡាយ បានដេរនូវចីវរដើម្បី ប្រគេនព្រះធម្មសេនាបតី ។ ក្នុងកាលនោះ ភិក្ខុទាំងបីសែនរូបនោះ សុទ្ធតែប្រាសចាក មន្ទិល មានអភិញ្ញា ៦ មានឫទ្ធិច្រើន ជាអ្នកមិនចាលចាញ់ បានមកប្រជុំគ្នា នេះជា សន្និបាត លើកទី ២ ។ មួយវិញទៀត ព្រះពុទ្ធ ព្រះនាមបទុមៈអង្គនោះ ទ្រង់ប្រសើរជាង ពួកនរៈ ស្តេចចូលទៅកាន់លំនៅក្នុងព្រៃធំ ក្នុងកាលនោះ មានភិក្ខុ ២ សែនរូប ជួបជុំគ្នា នេះជាសន្និបាត លើកទី ៣ ។ សម័យនោះ តថាគតកើតជាសីហៈ គ្របសង្កត់លើពួកម្រឹគ បានឃើញព្រះជិនស្រីព្រះអង្គកំពុងចម្រើននូវវិវេក ក្នុងព្រៃធំ ។ តថាគត បានថ្វាយបង្គំនូវព្រះបាទទាំងគូ ដោយសិរ្សៈ ហើយធ្វើប្រទក្សិណព្រះអង្គ រួចបន្លឺឡើងនូវសីហនាទ អស់ ៣ ដង បានបម្រើព្រះជិនស្រីអស់ ៧ ថ្ងៃ ។ ព្រះតថាគត ទ្រង់ចេញចាកសមាបត្តិដ៏ប្រសើរ អស់ ៧ ថ្ងៃ ហើយទ្រង់ព្រះចិន្តាដោយព្រះហឫទ័យ រួចទ្រង់ប្រមូលមកនូវភិក្ខុចំនួន ១ កោដិ ។ កាលនោះ ព្រះមហាវីរៈនោះ ទ្រង់ព្យាករក្នុងកណ្តាលភិក្ខុសង្ឃទាំង ១ កោដិនោះថា ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះ សត្វសីហៈនេះ នឹងបានជាព្រះពុទ្ធ ។ សត្វនេះ នឹងចេញអំពីក្រុងកបិលពស្តុ ជាទីរីករាយ ហើយតាំងសេចក្តីព្យាយាម ធ្វើទុក្ករកិរិយា ។ សត្វ (នេះ) នឹងអង្គុយទៀបគល់អជបាលព្រឹក្ស បានទទួលបាយាស ក្នុងទីនោះ ហើយនឹងចូលទៅកាន់ស្ទឹងនេរញ្ជរា ។ ព្រះជិនស្រីអង្គនោះ នឹងសោយនូវបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយស្តេចចូលទៅ ទៀបគល់នៃពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរ ដែលគេជម្រះហើយ ។ លំដាប់អំពីនោះ ព្រះពុទ្ធមានយសធំ ទ្រង់ធ្វើនូវការប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយនឹងត្រាស់ដឹង ទៀបគល់នៃអស្សត្ថព្រឹក្ស ។ ព្រះមាតាបង្កើត នៃព្រះពុទ្ធអង្គនេះ ព្រះនាមមាយា ព្រះបិតា ព្រះនាមសុទ្ធោទនៈ ព្រះសម្ពុទ្ធអង្គនេះ នឹងមានព្រះនាមគោតម ។ ព្រះកោលិតៈ ១ ព្រះឧបតិស្សៈ ១ នឹងបានជាអគ្គសាវ័ក សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតាំងមាំ ភិក្ខុជាឧបដ្ឋាក ឈ្មោះអានន្ទ នឹងបម្រើនូវព្រះជិនស្រីអង្គនេះ ។ ព្រះនាងខេមា ១ ព្រះនាងឧប្បលវណ្ណា ១ មិនមានអាសវៈ ប្រាសចាករាគៈមានចិត្តស្ងប់រម្ងាប់ មានចិត្តតាំងមាំ នឹងជាអគ្គសាវិកា ។ ឈើសម្រាប់ត្រាស់ដឹង នៃព្រះមានព្រះភាគអង្គនោះ ហៅថាអស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តគហបតី ១ ហត្ថាឡវកគហបតី ១ នឹងជាអគ្គឧបដ្ឋាក ។ នាងនន្ទមាតា ១ នាងឧត្តរា ១នឹងជាអគ្គឧបដ្ឋាយិកាព្រះជន្មាយុ នៃព្រះគោតមមាន យសអង្គ នោះ កំណត់ ១០០ ឆ្នាំ ។ ទេវតា និងមនុស្សទាំងឡាយ លុះបានស្តាប់នូវព្រះបន្ទូលនេះរបស់ព្រះពុទ្ធ ព្រះនាមបទុមៈ ទ្រង់ស្វែងរកនូវគុណដ៏ធំហើយ រកបុគ្គលស្មើគ្មាន ក៏មាន ចិត្តត្រេកអរថា សត្វសីហៈនេះ ជាពូជពន្លកនៃព្រះពុទ្ធ ។ សំឡេងហ៊ោ ឡើង ក៏ប្រព្រឹត្តទៅ ឯមនុស្សព្រមទាំងទេវតា ទាំងមួយម៉ឺនលោកធាតុ ក៏ទះដៃផងសើចផ្គងអញ្ជលីនមស្ការ ថា បើពួកយើងបើឃ្វាងមគ្គផល ក្នុងសាសនានៃព្រះលោកនាថនេះ ក្នុងកាលជាអនាគត ពួកយើងនឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះគោតមអង្គនោះ ពុំខាន ។ មនុស្សទាំងឡាយ កាលឆ្លងនូវស្ទឹង បើឃ្វាងនូវកំពង់ក្នុងទីចំពោះមុខ គង់កាន់យកនូវកំពង់ខាង ក្រោម ហើយឆ្លងនូវស្ទឹងធំបានដែរ យ៉ាងណា យើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីនេះ ក្នុងកាលជាអនាគត ពួកយើងគង់នឹងសម្រេច ក្នុងទីចំពោះព្រះភក្ត្រ នៃព្រះគោតមនេះ ក៏យ៉ាងនោះដែរ ។ ឯតថាគត លុះបានស្តាប់ព្រះបន្ទូលនៃព្រះសម្ពុទ្ធ ទ្រង់ព្រះនាមបទុមៈ នោះហើយ ក៏ញ៉ាំចិត្តឲ្យជ្រះថ្លាក្រៃលែង បានអធិដ្ឋាននូវវត្តដ៏លើសលុប ដោយការបំពេញនូវបារមីទាំង ១០ ។ ព្រះសម្ពុទ្ធ ព្រះនាមបទុមៈ ទ្រង់ស្វែងរកនូវគុណដ៏ធំ មាននគរចម្បកៈ មានមហាក្សត្រ ព្រះនាមអសមៈ ជាបិតា មានព្រះមាតា ព្រះនាមអសមា ។ ព្រះសម្ពុទ្ធ ព្រះនាមបទុមៈនោះ នៅគ្រប់គ្រងផ្ទះ អស់ ១ ម៉ឺនឆ្នាំ ប្រាសាទដ៏ប្រសើរ មាន ៣ ខ្នង គឺនន្ទប្រាសាទ ១ វសុប្រាសាទ ១ យសត្តរប្រាសាទ ១ ។ មាននារី ៣ ម៉ឺន ៣ ពាន់រូប សឹងតាក់តែងល្អ ឯនារីជាអគ្គមហេសីនោះ ឈ្មោះនាងឧត្តរា មានព្រះរាជឱរស ព្រះនាមរម្មៈ ។ ព្រះជិនស្រីទ្រង់បានឃើញនូវនិមិត្ត ៤ យ៉ាង ហើយស្តេចចេញមហាភិនិស្ក្រម ដោយយាន គឺរថ ទ្រង់តម្កល់នូវព្យាយាម អស់ ៨ ខែគត់ ។ ព្រះសម្ពុទ្ធ ព្រះនាមបទុមៈ ជាលោកនាយក ជាមហាវីរៈ ត្រូវព្រហ្មអារាធនាហើយ ទើបទ្រង់ញ៉ាំងធម្មចក្រ ឲ្យប្រព្រឹត្តទៅ ក្នុងឧទ្យានដ៏ប្រសើរឈ្មោះធនញ្ជៈ ។ ភិក្ខុឈ្មោះសាលៈ ១ ឧបសាលៈ ១ ជាអគ្គសាវ័ក ភិក្ខុឈ្មោះវរុណៈ ជាឧបដ្ឋាករបស់ព្រះពុទ្ធព្រះនាមបទុមៈ ទ្រង់ស្វែងរកនូវគុណដ៏ធំ ។ ព្រះនាងរាធា ១ សុរាធា ១ ជាអគ្គសាវិកា ឈើសម្រាប់ត្រាស់ដឹង នៃព្រះមានព្រះភាគនោះ ហៅថាមហាសោណៈ (ដើមម្រំ) ឧបាសកឈ្មោះសភិយៈ ១ អសមៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះរុចិ ១ នន្ទិមារា ១ ជាអគ្គឧបដ្ឋាយិកា ។ ព្រះសម្ពុទ្ធ ព្រះនាមបទុមៈ ជាមហាមុនី ទ្រង់មានកម្ពស់ ៥៨ ហត្ថ កម្រងរស្មីនៃព្រះមហាមុនីអង្គនោះ តែងផ្សាយចេញសព្វទិស ទាំងឥតមានអ្វីស្មើ ។ រស្មីព្រះចន្ទ រស្មីព្រះអាទិត្យ រស្មីកែវមុនី រស្មីទាំងអស់នោះ ក៏សាបសូន្យទៅ ព្រោះប៉ះនឹងពន្លឺរបស់ព្រះជិនស្រីដ៏ឧត្តម ។ ព្រះជន្មាយុ (របស់ព្រះមហាមុនីនោះ) ១ សែនឆ្នាំ ជាកំណត់ ព្រះមហាមុនីអង្គ នោះ កាលទ្រង់ព្រះជន្មនៅដរាបនោះ ទ្រង់ញ៉ាំងប្រជុំជនច្រើន ឲ្យឆ្លង (ចាកសង្សារ) ។ ព្រះមហាមុនីអង្គនោះ ទ្រង់ញ៉ាំងសត្វដែលមានឥន្ទ្រិយចាស់ក្លា ឲ្យត្រាស់ដឹង មិនមាន សេសសល់ ទ្រង់ប្រៀនប្រដៅសត្វទាំងឡាយ ដែលសេសសល់ ទ្រង់បរិនិព្វានទៅជា មួយនឹងសាវ័ក ។ ព្រះមហាមុនីអង្គនោះ ទ្រង់លះបង់នូវសង្ខារទាំងពួង ដូចជាពស់ដែល លះបង់នូវសំណកចាស់ ឬដូចជាដើមឈើជម្រុះនូវស្លឹកចាស់ ហើយទ្រង់បរិនិព្វានទៅ ដូចជាអណ្តាតប្រទីបដូច្នោះ ។ ព្រះសាស្តា ព្រះនាមបទុមៈ ជាព្រះជិនស្រីដ៏ប្រសើរ ទ្រង់ បរិនិព្វានក្នុងធម្មារាម មានព្រះធាតុផ្សាយទៅ ក្នុងប្រទេសនោះ ៗ ។

ចប់ បទុមពុទ្ធវង្ស ។

៩. នារទពុទ្ធវង្សកែប្រែ

[១០] ក្នុងកាលជាខាងក្រោយនៃព្រះពុទ្ធ ព្រះនាមបទុមៈមក មានព្រះសម្មាសម្ពុទ្ធ ព្រះនាមនារទៈ ទ្រង់ឧត្តមជាងសត្វជើង ២ ឥតមានបុគ្គលស្មើ ឥតមានបុគ្គល ប្រៀបផ្ទឹម ។ ព្រះអង្គនោះ ជាព្រះរាជបុត្រច្បង ជាព្រះរាជឱរស ជាទីស្រឡាញ់របស់ ស្តេចចក្រពត្តិ ទ្រង់បានពាក់នូវកែវមុនី និងគ្រឿងអាភរណៈ ហើយស្តេចចូលទៅកាន់ ឧទ្យាន ។ ក្នុងឧទ្យាននោះ មានដើមឈើ ១ ដើមឈ្មោះមហាសោណព្រឹក្ស ជាឈើ សមរម្យ ធំល្អស្អាត ព្រះសម្ពុទ្ធស្តេចទៅដល់នូវដើមឈើនោះហើយ ទ្រង់គង់ខាងក្រោម នៃឈើនោះ ។ ព្រះញាណប្រសើររកទីបំផុតគ្មាន មានឧបមាដូចកែវវជីរ បានកើតឡើង(ដល់ព្រះអង្គ) ក្នុងទីនោះ ព្រះអង្គពិចារណានូវសង្ខារទាំងឡាយ ដោយព្រះញាណនោះ ដូចជាបុគ្គលដែលផ្កាប់ផ្ងារឡើងនូវភាជនៈ ។ ក្នុងទីនោះ ព្រះអង្គ ទ្រង់បន្សាត់នូវកិលេស ទាំងពួង មិនឲ្យសេសសល់ ហើយបានសម្រេចនូវពោធិញ្ញាណទាំងអស់ផង នូវពុទ្ធញ្ញាណ ទាំង ១៤ ផង ។ លុះព្រះអង្គសម្រេចនូវសម្ពោធិហើយ ទើបទ្រង់សំដែងនូវធម្មចក្រ សត្វ ១ សែនកោដិ បានត្រាស់ដឹង ជាដំបូង ។ ព្រះមហាមុនីទូន្មានស្តេចនាគ ឈ្មោះ មហាទោណៈ ក្នុងកាលនោះ ទ្រង់ពន្យល់នូវពួកមនុស្សព្រមទាំងទេវតា ហើយធ្វើនូវ បដិហារ្យ ។ ក្នុងកាលនោះ ទេវតា និងមនុស្សទាំងឡាយ  ៩០  ពាន់កោដិ បានឆ្លងផុតនូវ សេចក្តីសង្ស័យទាំងអស់ ក្នុងការប្រកាសនូវធម៌នោះ នេះជាកាត្រាស់ដឹង លើកទី ២ ។ ព្រះមហាវីរៈ ទ្រង់ទូន្មាននូវបុត្របង្កើតរបស់ព្រះអង្គ ក្នុងកាលណា (កាលនោះ) ពួកសត្វចំនួន ៨០ ពាន់កោដិ បានត្រាស់ដឹង ក្នុងលើកទី ៣ ។ ព្រះសម្ពុទ្ធ ព្រះនាមនារទៈ ទ្រង់ស្វែងរកនូវគុណដ៏ធំ មានសាវកសន្និបាត ៣ លើក គឺសន្និបាត លើកដំបូង មានពួកព្រះអរហន្តប្រមាណ ១ សែនកោដិ ។ ព្រះសម្ពុទ្ធ ទ្រង់ប្រកាសពុទ្ធគុណ ព្រមទាំងនិទាន ក្នុងកាលណា កាលនោះ ព្រះអរហន្តប្រមាណ ៩០  ពាន់កោដិ ប្រាសចាកមន្ទិល មកប្រជុំគ្នា នេះជាសន្និបាត លើកទី ២ ។ នាគរាជឈ្មោះវេរោចនៈ បានថ្វាយទានដល់ព្រះសាស្តា ក្នុងកាលណា ក្នុងកាលនោះ ពួកសាវ័កជាបុត្រនៃព្រះជិនស្រីប្រមាណ ៨០ សែន បានមកប្រជុំគ្នា (នេះជាសន្និបាត លើកទី ៣) ។ សម័យនោះ តថាគតជាតាបស មានផ្នួងសក់ មានព្យាយាមក្លៀវក្លា បានដល់ត្រើយនៃអភិញ្ញាទាំង ៥ ត្រាច់ទៅតាមអាកាសបាន ។ គ្រានោះ តថាគតបានញ៉ាំងព្រះសម្ពុទ្ធ ដែលស្មើដោយព្រះពុទ្ធ មិនមានបុគ្គលស្មើ ព្រមទាំងព្រះសង្ឃ និងជនជាបរិស័ទ ឲ្យឆ្អែតស្កប់ស្កល់ ដោយបាយ និងទឹក ហើយបូជាដោយខ្លឹមចន្ទន៍ ។ គ្រានោះ ព្រះនារទៈ ជាលោកនាយកអង្គនោះ ទ្រង់បានព្យាករតថាគតថា ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះ តាបសនេះ នឹងបានជាព្រះពុទ្ធក្នុងលោក ។ សត្វនេះ នឹងចេញចាកក្រុងកបិលពស្តុ ជាទីរីករាយ តម្កល់នូវសេចក្តីព្យាយាម ហើយធ្វើទុក្ករកិរិយា ។ សត្វ (នេះ) នឹងគង់ទៀបគល់នៃអជបាលព្រឹក្ស បានទទួលបាយាស ក្នុងទីនោះ រួចចូលទៅកាន់ស្ទឹងនេរញ្ជរា ។ ព្រះជិនស្រីអង្គនោះ នឹងសោយនូវបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយស្តេចចូលមកទៀបគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរ ដែលគេតាក់តែងហើយ ។ លំដាប់នោះ ព្រះពុទ្ធទ្រង់មានយសធំ នឹងធ្វើប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយនឹងត្រាស់ដឹង ទៀបគល់អស្សត្ថព្រឹក្ស ។ ព្រះមាតាបង្កើតរបស់ព្រះពុទ្ធនេះ ព្រះនាមមាយា ព្រះបិតា ព្រះនាមសុទ្ធោទនៈ ព្រះពុទ្ធអង្គនេះ ព្រះនាមគោតម ។ ព្រះកោលិតៈ ១ ព្រះឧបតិស្សៈ ១ ជាអ្នកមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវ័ក ភិក្ខុជាឧបដ្ឋាក ឈ្មោះអានន្ទៈ នឹងបម្រើព្រះជិនស្រីនេះ ។ នាងខេមា ១ នាងឧប្បលវណ្ណា ១ មិនមាន អាសវៈ ប្រាសចាករាគៈមានចិត្តស្ងប់រម្ងាប់ ទាំងមានចិត្តតាំងមាំ នឹងបានជាអគ្គសាវិកា ។ ឈើសម្រាប់ត្រាស់ដឹង នៃព្រះមានព្រះភាគអង្គនោះ គេហៅថាអស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តគហបតី ១ ហត្ថាឡវកគហបតី ១ នឹងជាអគ្គឧបដ្ឋាក ។ នាង នន្ទមាតា ១ នាងឧត្តរា ១នឹងជាអគ្គឧបដ្ឋាយិកា ។ ព្រះជន្មាយុរបស់ព្រះគោតម មាន យសអង្គនោះ កំណត់ ១០០ ឆ្នាំ ។ ទេវតា និងមនុស្សទាំងឡាយ លុះបានស្តាប់ព្រះបន្ទូល នេះរបស់ព្រះសម្ពុទ្ធ ព្រះអង្គមិនមានបុគ្គលស្មើ ទ្រង់ស្វែងរកនូវគុណដ៏ធំហើយ ក៏ ត្រេកអរថា ជដិលនេះ ជាពូជពន្លកនៃព្រះពុទ្ធ ។ សំឡេងហ៊ោ ក៏ប្រព្រឹត្តទៅ មនុស្សព្រមទាំងទេវតា ទាំងមួយម៉ឺនលោកធាតុ ក៏ទះដៃ សើចក្អាកក្អាយ ធ្វើអញ្ជលី នមស្ការថា បើពួកយើងនឹងឃ្វាងមគ្គផល ក្នុងសាសនានៃព្រះលោកនាថអង្គនេះ ក្នុងកាលជា អនាគត ពួកយើងគង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះគោតមអង្គនេះ ។ មនុស្ស ទាំងឡាយ កាលឆ្លងស្ទឹង បើឃ្វាងនូវកំពង់ចំពោះមុខ គង់កាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំបានដែរ យ៉ាងណាមិញ ។ បើយើងទាំងអស់គ្នា ឃ្វាងព្រះជិនស្រីអង្គនេះ ក្នុងកាលជាអនាគត ពួកយើងគង់នឹងបានសម្រេច ក្នុងទីចំពោះព្រះភក្ត្រនៃព្រះគោតមអង្គនេះ ក៏យ៉ាងនោះដែរ ។ តថាគតបានឮព្រះពុទ្ធដីកា នៃព្រះពុទ្ធអង្គនោះហើយក៏ញ៉ាំងចិត្តឲ្យរីករាយដោយក្រៃលែង បានអធិដ្ឋាននូវវត្តដ៏លើសលុប ដោយការ បំពេញនូវបារមី ទាំង ១០ ។ ព្រះពុទ្ធ ព្រះនាមនាទៈ ទ្រង់ស្វែងរកនូវគុណដ៏ធំ មាននគរ ឈ្មោះធញ្ញវតី មហាក្សត្រ ព្រះនាមសុទេវៈ ជាព្រះបិតា ព្រះមាតា ព្រះនាមអនោមា ។ ព្រះនារទៈនោះ នៅគ្រប់គ្រងផ្ទះ អស់ ៩ ពាន់ឆ្នាំ ប្រាសាទដ៏ប្រសើរមាន ៣ ខ្នង គឺជិតប្រាសាទ ១ វិជិតប្រាសាទ ១ អភិរាមប្រាសាទ ១ ។ មាននារី ៣ ៤ ពាន់រូប សុទ្ធសឹង ស្អិតស្អាងល្អ ព្រះនារី (ដែលជាអគ្គមហេសី) នោះ ព្រះនាមវិជិតសេនា ឯព្រះរាជបុត្រ ព្រះនាមនន្ទុត្តរៈ ។ ព្រះពុទ្ធ ជាបុរសរត្នដ៏ប្រសើរ ទ្រង់ទតឃើញនូវនិមិត្តទាំង ៤ ហើយស្តេចចេញមហាភិនិស្ក្រម ដោយការយាងទៅ ដោយព្រះបាទផ្ទាល់ ហើយទ្រង់ប្រព្រឹត្តព្យាយាម អស់ ៧ ថ្ងៃ ។ ព្រះនារទៈ ជាលោកនាយក ជាមហាវីរបុរស ត្រូវព្រហ្មអារាធនាហើយ ទើបទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងឧទ្យានដ៏ប្រសើរឈ្មោះធនញ្ជៈ ។ ភិក្ខុឈ្មោះភទ្ទសាលៈ ១ ឈ្មោះជិតមិត្តៈ ១ ជាអគ្គសាវ័ក ភិក្ខុឈ្មោះវាសេដ្ឋៈ ជាឧបដ្ឋាករបស់ព្រះសម្ពុទ្ធនារទៈ ទ្រង់ស្វែងរកនូវគុណដ៏ធំ ។ នាងឧត្តរា ១ នាងផគ្គុនី ១ ជាអគ្គសាវិកា ឈើសម្រាប់ត្រាស់ដឹង នៃព្រះមានព្រះភាគអង្គនោះ គេហៅថាមហាសោណព្រឹក្ស ។ ឧបាសកឈ្មោះឧគ្គរិន្ទៈ ១ ឈ្មោះវសភៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះ ឥន្ទវរី ១ ឈ្មោះគណ្ឌី ១ ជាអគ្គឧបដ្ឋាយិកា ។ ព្រះមហាមុនី ទ្រង់មានកម្ពស់ ៨៨ ហត្ថក្រពុំ មានព្រះរូបស្មើដោយគ្រឿងបូជាជាវិការៈនៃមាស បានញ៉ាំងលោកធាតុទាំង មួយម៉ឺន ឲ្យភ្លឺរុងរឿង ។ ព្រះកាយរបស់ព្រះអង្គ មានរស្មីប្រមាណ ១ ព្យាម តែងផ្សាយ ទៅកាន់ទិសតូចទិសធំ តែងផ្សាយទៅកាន់ទីប្រមាណ ១ យោជន៍ ទាំងថ្ងៃទាំងយប់ ជានិរន្តរ៍ សព្វ ៗ កាល ។ សម័យនោះ ជនទាំងឡាយពួកខ្លះ នៅក្នុងប្រមាណ ១ យោជន៍ ដោយជុំវិញ ត្រូវរស្មីទាំងឡាយនៃព្រះពុទ្ធ គ្របសង្កត់ហើយ មិនចាំបាច់អុជភ្លើងគប់ ឬអុជភ្លើងប្រទីបទាំងឡាយឡើយ ។ ព្រះជន្មាយុកំណត់ ៩ ម៉ឺន ឆ្នាំគត់ កាលទ្រង់ព្រះជន្មាយុនៅដរាបនោះ តែងញ៉ាំងប្រជុំជនដ៏ច្រើន ឲ្យឆ្លងចាកសង្សារ ។ អាកាសដ៏វិចិត្រ រុងរឿងដោយផ្កាយទាំងឡាយ យ៉ាងណា សាសនារបស់ព្រះនារទៈអង្គនោះ ក៏រុងរឿង ដោយព្រះអរហន្តទាំងឡាយ ក៏យ៉ាងនោះដែរ ។ ព្រះពុទ្ធ ព្រះនាមនារទៈ ប្រសើរជាង ពួកនរៈអង្គនោះ ទ្រង់ធ្វើស្ពាន គឺព្រះធម៌ឲ្យមាំ ដើម្បីចម្លងនូវជនទាំងឡាយដ៏សេស ដែល កំពុងដើរទៅដើម្បីឆ្លងនូវខ្សែទឹក គឺសង្សារ ហើយបរិនិព្វាន ។ ព្រះពុទ្ធ ស្មើដោយព្រះពុទ្ធ ដែលគ្មានបុគ្គលស្មើអង្គនោះក្តី ព្រះខីណាស្រពទាំងឡាយ មានតេជះថ្លឹងពុំបាន ទាំង អម្បាលនោះក្តី ក៏និព្វានបាត់បង់អស់របស់ទាំងពួងក៏អន្តរធានអស់ ឱហ្ន៎ ! សង្ខារទាំង ពួង ជារបស់សោះសូន្យពិត ។ ព្រះនារទៈ ជាព្រះជិនស្រីដ៏ប្រសើរ ទ្រង់បរិនិព្វាន ក្នុងព្រះសុទស្សនបុរី ព្រះស្តូបដ៏ប្រសើរមានកម្ពស់ប្រមាណ ៤ យោជន៍ ។

ចប់ នារទពុទ្ធវង្ស ។

១០. បទុមុត្តរពុទ្ធវង្សកែប្រែ

[១១] ក្នុងកាលខាងក្រោយ អំពីព្រះពុទ្ធ ព្រះនាមនារទៈមក មានព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ទ្រង់ឧត្តមជាងសត្វជើងពីរ ទ្រង់ឈ្នះមារ ទ្រង់មិនរំភើប ឧបមាដូច សាគរ ។ ព្រះពុទ្ធនេះ ទ្រង់កើតឡើងក្នុងកប្បណា កប្បនោះ ឈ្មោះមណ្ឌកប្ប ប្រជុំជន មានកុសលដុះឡើងហើយ តែងកើតក្នុងកប្បនោះ ។ កាលព្រះមានព្រះភាគ ព្រះនាម បទុមុត្តរៈ ទ្រង់សំដែងនូវព្រះធម៌ជាដំបូង សត្វទាំងឡាយប្រមាណ ១ សែន កោដិ ក៏បាន ត្រាស់ដឹងនូវមគ្គផល ។ លំដាប់តអំពីនោះមក កាលព្រះបរមសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ បង្អុរចុះនូវធម៌ ទ្រង់ញ៉ាំងពួកសត្វឲ្យឆ្អែតស្កប់ស្កល់ ពួកសត្វប្រមាណ ៣ ម៉ឺន ៧ ពាន់ បានត្រាស់ដឹងក្នុងលើកទី ២ ។ ក្នុងកាលណា ព្រះមហាវីរបុរស ស្តេចចូលទៅរក ព្រះបាទអានន្ទ ជាបិតា លុះស្តេចចូលទៅកាន់សម្នាក់ព្រះបិតាហើយ ទ្រង់ទូងស្គរ គឺ អមតធម៌ ។ កាលស្គរ គឺអមតធម៌ ដែលព្រះអង្គទ្រង់ទូងហើយ ភ្លើងគឺធម៌ ក៏ធ្លាក់ចុះ(ក្នុងកាលនោះ) ពួកសត្វប្រមាណ ៥ លាន បានត្រាស់ដឹង ក្នុងលើកទី ៣ ។ ព្រះពុទ្ធ ទ្រង់ឈ្លាសក្នុងទេសនា ទ្រង់ទូន្មានពន្យល់ ចម្លងនូវពួកសត្វទាំងពួង បានចម្លងហើយនូវ ប្រជុំជនជាច្រើន ។ ព្រះសាស្តា ព្រះនាមបទុមុត្តរៈ មានសាវកសន្និបាត ៣លើក គឺ សន្និបាត លើកទី ១ មានព្រះខីណាស្រព ប្រមាណ ១ សែនកោដិ ។ កាលណា ព្រះសម្ពុទ្ធ ស្មើដោយព្រះអតីតពុទ្ធ រកបុគ្គលស្មើគ្មាន ទ្រង់គង់លើភ្នំវេភារបព៌ត (ក្នុងកាល នោះ) ជាសន្និបាត លើកទី ២ មានព្រះខីណាស្រព ប្រមាណ  ៩០  ពាន់កោដិ ។ កាល ព្រះសម្ពុទ្ធ ចៀសចេញចាកស្រុក ចាកនិគម និងដែន ទៅកាន់ទីចារិកម្តងទៀត នេះជា សន្និបាត លើកទី ៣ មានព្រះខីណាស្រពប្រមាណ ៨០ ពាន់កោដិ ។ សម័យនោះ តថាគតជាជដិល អ្នកនៅក្នុងដែន តថាគតបានថ្វាយសំពត់ព្រមទាំងភត្ត ដល់ព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ។ ព្រះពុទ្ធអង្គនោះ ទ្រង់គង់នៅកណ្តាលនៃភិក្ខុសង្ឃហើយ ទ្រង់ ព្យាករតថាគតថា ក្នុងកប្បទី ១ សែន អំពីកប្បនេះ ជដិលនេះ នឹងបានជាព្រះពុទ្ធ មួយអង្គ ។ សត្វនេះ នឹងចេញចាកក្រុងកបិលពស្តុ ជាទីត្រេកអរ តម្កល់នូវព្យាយាម ធ្វើទុក្ករកិរិយា ។ សត្វ (នេះ) នឹងអង្គុយទៀបនៃគល់អជបាលព្រឹក្ស ទទួលបាយាស ក្នុងទីនោះ នឹងចូល ទៅកាន់ស្ទឹងនេរញ្ជរា ។ ព្រះជិនស្រីអង្គនោះ ទ្រង់សោយបាយាស ទៀបឆ្នេរស្ទឹង នេរញ្ជរា ហើយស្តេចចូលទៅ ទៀបគល់នៃពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរ ដែលគេតាក់តែង ។ លំដាប់នោះ ព្រះសម្ពុទ្ធទ្រង់មានយសធំ ធ្វើប្រទក្សិណនូវពោធិមណ្ឌល ដ៏ ប្រសើរ ហើយនឹងត្រាស់ដឹង ទៀបគល់អស្សត្ថព្រឹក្ស ។ ព្រះមាតាបង្កើត នៃព្រះសម្ពុទ្ធ អង្គនេះ ព្រះនាមមាយា ព្រះបិតា ព្រះនាមសុទ្ធោទនៈ ឯព្រះសម្ពុទ្ធអង្គនេះ ព្រះនាមគោតម ។ ព្រះកោលិតៈ ១ ព្រះឧបតិស្សៈ ១ ជាអគ្គសាវ័ក សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ ភិក្ខុជាឧបដ្ឋាកឈ្មោះអានន្ទ នឹងបម្រើព្រះជិនស្រីអង្គនេះ ។ នាងខេមា ១ នាងឧប្បលវណ្ណា ១ ជាអគ្គសាវិកា សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈមានចិត្តស្ងប់រម្ងាប់ មានចិត្តតាំងមាំ ។ ឈើសម្រាប់ត្រាស់ដឹង នៃព្រះមានព្រះភាគនោះ គេហៅថាអស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តគហបតី ១ ហត្ថាឡវកគហបតី ១ នឹងជាអគ្គឧបដ្ឋាក ។ នាងនន្ទមាតា ១ នាងឧត្តរា ១នឹងជាអគ្គឧបដ្ឋាយិកា ព្រះជន្មាយុរបស់ព្រះគោតម ដ៏មានយសអង្គនោះ កំណត់ ១០០ ឆ្នាំ ។ ទេវតា និង មនុស្សទាំងឡាយ លុះបានស្តាប់ព្រះបន្ទូលនេះ នៃព្រះសម្ពុទ្ធរកបុគ្គលស្មើគ្មាន ទ្រង់ស្វែង រកនូវគុណដ៏ធំ ហើយក៏ត្រេកអរថា ជដិលនេះ ជាពូជពន្លកនៃព្រះពុទ្ធ ។ សំឡេងហ៊ោ ក៏ប្រព្រឹត្តទៅ មនុស្សព្រមទាំងទេវតា មួយម៉ឺនលោកធាតុ ក៏ទះដៃ សើចក្អាកក្អាយ ធ្វើអញ្ជលីនមស្ការថា បើពួកយើងឃ្វាងមគ្គផលក្នុងសាសនា នៃព្រះលោកនាថអង្គនេះ ក្នុងកាលជាអនាគត ពួកយើងគង់នឹងបានសម្រេច ចំពោះព្រះភក្ត្រព្រះគោតមនេះ ។ មនុស្សទាំងឡាយកាលឆ្លងស្ទឹង បើឃ្វាងកំពង់ក្នុងទីចំពោះមុខ គង់កាន់យកកំពង់ខាង ក្រោមហើយ ឆ្លងនូវស្ទឹងធំបានដែរ យ៉ាងណា ។ យើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីនេះហើយ ក្នុងកាលជាអនាគត គង់បានសម្រេចក្នុងទីចំពោះព្រះភក្ត្រ នៃព្រះគោតមនេះ ក៏យ៉ាងនោះដែរ ។ តថាគតបានឮព្រះបន្ទូល នៃព្រះសម្ពុទ្ធអង្គនោះហើយបានអធិដ្ឋានវត្ត ដ៏លើសលប់ឡើងទៅ បានធ្វើនូវព្យាយាមដ៏ខ្ពង់ខ្ពស់ មាំមួន ដោយការបំពេញនូវបារមី ទាំង ១០ ។ ក្នុងកាលនោះ តិរ្ថិយទាំងពួងអាក់អន់តូចចិត្ត វិនាសខ្ចាត់ខ្ចាយ បរិស័ទពួកខ្លះ នៃតិរ្ថិយទាំងនោះ មិនបម្រើតិរ្ថិយទាំងនោះ ក៏នាំគ្នាចៀសចេញចាកដែនទៅ ។ តិរ្ថិយទាំង ពួង មកប្រជុំគ្នាក្នុងទីនោះ ហើយបានចូលទៅក្នុងសម្នាក់នៃព្រះពុទ្ធ (ហើយពោលថា) បពិត្រព្រះមហាវីរៈ សូមព្រះអង្គជាទីពឹងពំនាក់ (នៃយើងខ្ញុំទាំងឡាយ)បពិត្រព្រះអង្គ មានចក្ខុ សូមព្រះអង្គជាទីរព្ញក ។ ព្រះពុទ្ធ ទ្រង់អនុគ្រោះ ទ្រង់ប្រកបដោយករុណា ទ្រង់ស្វែងរកនូវប្រយោជន៍ ដល់សត្វទាំងពួង ទ្រង់ញ៉ាំងតិរ្ថិយទាំងអស់ ដែលមកប្រជុំហើយឲ្យឋិតនៅក្នុងសីល ៥ ។ សាសនា (របស់ព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈនោះ) មិនវឹកវរ ជាសាសនាសូន្យចាកពួកតិរ្ថិយយ៉ាងនេះ សាសនានោះ វិចិត្រហើយដោយព្រះអរហន្តទាំងឡាយ ជាអ្នកស្ទាត់ជំនាញ ជាតាទិបុគ្គល ។ ព្រះសាស្តា ព្រះនាម បទុមុត្តរៈ មានព្រះនគរឈ្មោះហង្សវតី មានមហាក្សត្រ ព្រះនាមអានន្ទៈ ជាព្រះបិតា មានព្រះមាតា ព្រះនាមសុជាតា ។ ព្រះអង្គទ្រង់នៅគ្រប់គ្រងផ្ទះ អស់ ៩ ពាន់ឆ្នាំ ប្រាសាទទាំងឡាយដ៏ប្រសើរ មាន ៣ ខ្នង គឺនារីប្រាសាទ ១ ពាហនប្រាសាទ ១ យសវតីប្រាសាទ ១ ។ មាននារីបីបួនពាន់ តាក់តែងល្អ ឯនារីដែលជាអគ្គមហេសី ឈ្មោះវសុលទត្តា ព្រះរាជបុត្រ ព្រះនាមឧត្តរៈ ។ ព្រះជិនស្រីប្រសើរជាងបុរស ទ្រង់ឃើញនូវនិមិត្ត ទាំង ៤ យ៉ាងហើយ ស្តេចចេញទៅដោយប្រាសាទ ទ្រង់ប្រព្រឹត្តសេចក្តីព្យាយាមអស់ ៧ ថ្ងៃ ។ ព្រះបទុមុត្តរសម្ពុទ្ធ ជានាយក ជាមហាវីរបុរស ត្រូវព្រហ្មអារាធនាហើយ ទើបទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងឧទ្យានដ៏ប្រសើរឈ្មោះមិថិលា ។ ភិក្ខុឈ្មោះទេវិលៈ ១ ឈ្មោះសុជាតៈ ១ ជាអគ្គសាវ័ក ភិក្ខុឈ្មោះសុមនៈ ជាឧបដ្ឋាករបស់ព្រះសាស្តា ព្រះនាមបទុមុត្តរៈ ។ ភិក្ខុនីឈ្មោះអមិតា ១ ឈ្មោះអសមា ១ ជាអគ្គសាវិកា ឈើសម្រាប់ត្រាស់ដឹង នៃព្រះមានព្រះភាគអង្គនោះ ហៅថាសលឡព្រឹក្ស (ដើមស្រល់) ។ ឧបាសកឈ្មោះអមិតៈ ១ ឈ្មោះតិស្សៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះហត្ថា ១ សុចិត្តា ១ ជាអគ្គឧបដ្ឋាយិកា ។ ព្រះសម្ពុទ្ធ មហាមុនី ទ្រង់មានកម្ពស់ ៥៨ ហត្ថក្រពុំ មានព្រះអង្គដ៏ល្អល្អះ ប្រាកដស្មើដោយគ្រឿងបូជា ជាវិការៈនៃមាស មានលក្ខណៈដ៏ ប្រសើរ ៣២ ប្រការ ។ ទ្វារក្តី គន្លឹះទ្វារក្តី ជញ្ជាំងក្តី ឈើក្តី ភ្នំធំក្តី ជាគ្រឿងរាំងរានៃព្រះសម្ពុទ្ធនោះ ក្នុងទីប្រមាណ ១២ យោជន៍ ដោយជុំវិញ មិនមានឡើយ ។ ព្រះជន្មាយុ មានកំណត់ ១ សែនឆ្នាំ កាលព្រះសម្ពុទ្ធនោះ ទ្រង់ព្រះជន្មាយុនៅដរាបនោះ ទ្រង់ញ៉ាំង ប្រជុំជនច្រើន ឲ្យឆ្លង (ចាកសង្សារ) លុះទ្រង់ចម្លងជនជាច្រើនហើយ កាត់នូវសេចក្តី សង្ស័យទាំងពួង ហើយបរិនិព្វានជាមួយនឹងសាវ័ក ដូចជាគំនរភ្លើងដែលឆេះរុងរឿង ហើយរលត់ទៅដូច្នោះ ។ ព្រះពុទ្ធជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់បរិនិព្វាន ក្នុងនន្ទារាម ព្រះស្តូបដ៏ប្រសើររបស់ព្រះអង្គ មានកម្ពស់ ១២ យោជន៍ (ដែលគេសាងហើយ) ក្នុងនន្ទារាមនោះ ។

ចប់ បទុមុត្តរពុទ្ធវង្ស ។

១១. សុមេធពុទ្ធវង្សកែប្រែ

[១២] ក្នុងកាលជាខាងក្រោយ អំពីព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈមក មាន ព្រះពុទ្ធ ព្រះនាមសុមេធៈ ព្រះអង្គជានាយក គេគ្របសង្កត់បានដោយក្រ ទ្រង់មាន ព្រះតេជះដ៏ខ្ពង់ខ្ពស់ ជាព្រះជិនស្រីដ៏ប្រសើរឧត្តមជាងលោកទាំងមូល ។ ព្រះអង្គមាន ព្រះនេត្រថ្លាស្អាត មានព្រះភក្ត្រល្អល្អះ មានព្រះសរីរៈធំ មានព្រះសរីរៈត្រង់ល្អ មាន ព្រះតេជះ ទ្រង់ស្វែងរកនូវប្រយោជន៍ដល់សត្វទាំងពួង ទ្រង់ញ៉ាំងសត្វទាំងឡាយច្រើន ឲ្យរួចចាកចំណង ។ កាលណា ព្រះពុទ្ធទ្រង់បានដល់នូវពោធិញ្ញាណដ៏ឧត្តម សព្វគ្រប់ហើយទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងនគរឈ្មោះសុទស្សនៈ ។ ក្នុងកាលសំដែង ធម៌ទេសនា នៃព្រះពុទ្ធព្រះនាមសុមេធអង្គនោះ មានការត្រាស់ដឹង ៣ លើក គឺការ ត្រាស់ដឹងទី ១ មានពួកសត្វប្រមាណ ១ សែនកោដិ ។ តមកទៀត ការត្រាស់ដឹងទី ២ មានពួកសត្វប្រមាណ  ៩០  ពាន់កោដិ ក្នុងគ្រាដែលព្រះជិនស្រីទ្រង់ទូន្មានយក្សឈ្មោះ កុម្ភកណ្ណៈ ។ តមកទៀត ការត្រាស់ដឹងទី ៣មានពួកសត្វ ៨០ ពាន់កោដិ ក្នុងគ្រាដែល ព្រះសម្ពុទ្ធមានយសរាប់មិនបាន ទ្រង់ប្រកាសនូវសច្ចៈទាំង ៤ ប្រការ ។ ព្រះសុមេធមហេសី មានសាវកសន្និបាត ៣ លើក ដែលសុទ្ធតែជាព្រះខីណាស្រព ប្រាសចាកមន្ទិល មានចិត្តស្ងប់រម្ងាប់ មានចិត្តនឹងធឹង គឺក្នុងកាលដែលព្រះជិនស្រីស្តេចចូលទៅក្នុងនគរសុទស្សនៈ មានភិក្ខុជាព្រះខីណាស្រព ១០០ កោដិ បានមកប្រជុំ (នេះជាសន្និបាត លើកទី ១) ។ តមកទៀត សន្និបាត លើកទី ២ មានភិក្ខុប្រមាណ  ៩០  កោដិ (មកប្រជុំ) ក្នុងកាលក្រាលកឋិនលើភ្នំទេវកូដ ។ តមកទៀត សន្និបាត លើកទី ៣ មានភិក្ខុប្រមាណ ៨០ កោដិ មកប្រជុំ ក្នុងកាលព្រះទសពល ស្តេចទៅកាន់ចារិក ។ សម័យនោះ តថាគត កើតជាមាណពឈ្មោះឧត្តរៈ តថាគតបានសន្សំទ្រព្យទុកក្នុងផ្ទះ ប្រមាណ ៨០ កោដិ ។ តថាគតថ្វាយទ្រព្យទាំងអស់ ឥតមានសេសសល់ដល់ព្រះលោកនាយក ព្រមទាំងព្រះសង្ឃ ហើយបានយកព្រះលោកនាយកនោះ ជាទីពឹង បានពេញចិត្តចំពោះបព្វជ្ជា ។ គ្រា នោះ ព្រះអង្គទ្រង់ធ្វើនូវអនុមោទនា ហើយព្យាករតថាគតថា ក្នុងកប្បទី ៣០ ពាន់ មាណព នេះ នឹងបានជាព្រះពុទ្ធ (មួយអង្គ) ។ សត្វនេះ នឹងចេញចាកក្រុងកបិលពស្តុ ជាទីរីករាយ ហើយតម្កល់នូវព្យាយាម ធ្វើទុក្ករកិរិយា ។ សត្វ (នេះ) នឹងអង្គុយនូវទៀបគល់អជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយចូលទៅកាន់ស្ទឹងនេរញ្ជរា ។ ព្រះជិនស្រីអង្គនោះ នឹងសោយបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយស្តេចចូលទៅ ទៀបគល់នៃពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរ ដែលគេតាក់តែងហើយ ។ លំដាប់នោះ ព្រះមានយសធំ នឹងធ្វើប្រទក្សិណ នូវពោធិមណ្ឌលដ៏ប្រសើរ ហើយនឹងត្រាស់ដឹង ទៀបគល់នៃអស្សត្ថព្រឹក្ស ។ ព្រះមាតាបង្កើតរបស់ព្រះសម្ពុទ្ធអង្គនេះ នឹងមានព្រះនាមមាយា ព្រះបិតា ព្រះនាមសុទ្ធោទនៈ ព្រះពុទ្ធអង្គនេះ ព្រះនាមគោតម ។ ព្រះកោលិតៈ ១ ព្រះឧបតិស្សៈ ១ ជាអ្នកមិនមានអាសវៈ ប្រាសចាកតម្រេក មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវ័ក ភិក្ខុជាឧបដ្ឋាកឈ្មោះអានន្ទ នឹងបម្រើនូវព្រះជិនស្រីអង្គនោះ ។ នាង ខេមា ១ នាងឧប្បលវណ្ណា ១ ជាអ្នកមិនមានអាសវៈ ប្រាសចាកតម្រេកមានចិត្តស្ងប់ រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវិកា ។ ឈើសម្រាប់ត្រាស់ដឹងរបស់ព្រះមានព្រះភាគអង្គនោះ ហៅថាអស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តគហបតី ១ ហត្ថាឡវកគហបតី ១ នឹងជាអគ្គឧបដ្ឋាក ។ ឧបាសិកាឈ្មោះនន្ទមាតា ១ ឧត្តរា ១នឹងជាអគ្គឧបដ្ឋាយិកាព្រះជន្មាយុ ព្រះគោតមមានយសនោះ មានកំណត់ ១០០ ឆ្នាំ ។ ទេវតា និងមនុស្សទាំងឡាយ លុះបានស្តាប់នូវព្រះបន្ទូលនេះ នៃព្រះមហេសី មិនមានបុគ្គលស្មើ ក៏មានចិត្តត្រេកអរថា មាណពនេះ ជាពូជពន្លកនៃព្រះពុទ្ធ ។ សំឡេងហ៊ោ ក៏ប្រព្រឹត្តទៅ មនុស្ស និងទាំងទេវតា ទាំងមួយម៉ឺនលោកធាតុ ក៏ទះដៃសើចក្អាកក្អាយ ធ្វើអញ្ជលី នមស្ការថា បើពួកយើងនឹងឃ្វាងមគ្គផល ក្នុងសាសនារបស់ព្រះលោកនាថអង្គនេះ ក្នុងកាលជាអនាគត ពួកយើងនឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះគោតមនេះ ។ មនុស្ស ទាំងឡាយ កាលឆ្លងស្ទឹង បើឃ្វាងកំពង់នៅទីចំពោះមុខ គង់កាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំបានដែរ យ៉ាងណា ។ ពួកយើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីនេះ ក្នុងកាលជាអនាគត គង់បានសម្រេចក្នុងទីចំពោះព្រះភក្ត្រ នៃព្រះគោតមនេះ ក៏យ៉ាង នោះដែរ ។ តថាគតបានស្តាប់ព្រះបន្ទូល នៃព្រះសម្ពុទ្ធអង្គនេះហើយ បានញ៉ាំងចិត្តឲ្យជ្រះ ថ្លាក្រៃលែង បានអធិដ្ឋានវត្តដ៏លើសលប់ ដោយការបំពេញនូវបារមី ១០ ។ តថាគត បានរៀននូវព្រះសូត្រ ព្រះវិន័យ និងសត្ថុសាសនៈ ដែលមានអង្គ ៩ ទាំងអស់ ហើយញ៉ាំង សាសនានៃព្រះជិនស្រីឲ្យល្អរុងរឿង ។ តថាគតជាអ្នកមិនប្រមាទ ក្នុងសាសនានោះ កាលតថាគតនៅក្នុងទីអង្គុយ ទីឈរ និងទីដើរ ក៏បានដល់អភិញ្ញាបារមី ហើយទៅកើតក្នុងព្រហ្មលោក ។ ព្រះសម្ពុទ្ធ ព្រះនាមសុមេធៈ ជាមហេសី មានព្រះនគរ ឈ្មោះសុទស្សនៈ ព្រះមហាក្សត្រ ព្រះនាមសុទត្តៈ ជាព្រះបិតាព្រះមាតាបង្កើត ព្រះនាមសុទត្តា ។ ព្រះសុមេធសម្ពុទ្ធនោះ ទ្រង់នៅគ្រប់គ្រងផ្ទះ អស់ ៩ ពាន់ឆ្នាំ ប្រាសាទដ៏ប្រសើរ មាន ៣ ខ្នង គឺសុចន្ទប្រាសាទ ១ កញ្ចនប្រាសាទ ១ សិរិវឌ្ឍប្រាសាទ១ ។ មាននារី ប្រមាណ ១៦ ពាន់រូប សុទ្ធសឹងតែតាក់តែងល្អហើយ ឯនារីដែលជាអគ្គមហេសីនោះ ព្រះនាមសុមនា ព្រះរាជបុត្រ ព្រះនាមបុនព្វៈ ។ ព្រះជិនស្រីទ្រង់ឃើញនូវនិមិត្ត ៤ យ៉ាង ហើយស្តេចចេញ ទៅដោយហត្ថិយាន ទ្រង់តម្កល់ព្យាយាម អស់ ៨ ខែគត់ ។ ព្រះលោកនាយក ព្រះនាម សុមេធៈ ជាមហាវីរៈ ត្រូវព្រហ្មអារាធនាហើយ ទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងឧទ្យានដ៏ប្រសើរឈ្មោះសុទស្សនៈ ។ ភិក្ខុឈ្មោះសរណៈ ១ ឈ្មោះសព្វកាមៈ ១ ជាអគ្គសាវ័ករបស់ព្រះសុមេធៈ ដែលទ្រង់ស្វែងរកនូវគុណដ៏ធំអង្គនោះ ភិក្ខុជាឧបដ្ឋាកឈ្មោះ សាគរៈ ។ ភិក្ខុនីឈ្មោះរាមា ១ ឈ្មោះសុរាមា ១ ជាអគ្គសាវិកា ឈើសម្រាប់ត្រាស់ដឹង នៃព្រះមានព្រះភាគនោះ ហៅថានិម្ពព្រឹក្ស (ដើមស្តៅ) ។ ឧបាសកឈ្មោះឧរុវេលៈ ១ ឈ្មោះយសវៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះយសា ១ ឈ្មោះសិរិវា ១ ជាអគ្គឧបដ្ឋាយិកា ។ ព្រះមហាមុនី ទ្រង់មានកម្ពស់ ៨៨ ហត្ថក្រពុំ ទ្រង់ញ៉ាំងទិសទាំងពួងឲ្យភ្លឺ ដូចព្រះចន្ទរុងរឿងកន្លងពួកផ្កាយ ។ កែវមណីរបស់ស្តេចចក្រពត្តិ ភ្លឺរុងរឿងអស់ទី ប្រមាណ ១ យោជន៍ យ៉ាងណា រតនៈ គឺពន្លឺនៃព្រះមានព្រះភាគនោះ តែងផ្សាយទៅកាន់ ទីប្រមាណ ១ យោជន៍ ដោយជុំវិញ ក៏យ៉ាងនោះដែរ ។ ព្រះជន្មាយុ មានកំណត់ ៩ ម៉ឺនឆ្នាំគត់ ព្រះសុមេធៈអង្គនោះ កាលទ្រង់ព្រះជន្មាយុនៅដរាបនោះ តែងញ៉ាំងប្រជុំជន ច្រើន ឲ្យឆ្លងចាកសង្សារ ។ ព្រះពុទ្ធសាសនានេះ កុះករដោយពួកព្រះអរហន្ត ដែលមាន វិជ្ជា ៣ និងអភិញ្ញា ៦ ដល់នូវកម្លាំង ជាតាទិបុគ្គល ។ ព្រះអរហន្តទាំងពួងនោះ សឹងតែ មានយសរាប់មិនបាន សុទ្ធតែរួចផុតហើយ មិនមានឧបធិទាំងអស់ ព្រះអរហន្តទាំងនោះ មានយសធំ បានសំដែងនូវពន្លឺ គឺព្រះញាណ ហើយបរិនិព្វានទៅ ។ ព្រះពុទ្ធ ព្រះនាម សុមេធៈ ជាព្រះជិនស្រីប្រសើរ ទ្រង់បរិនិព្វាន ក្នុងមេធារាម ព្រះធាតុផ្សាយទៅ ក្នុងប្រទេសទាំងឡាយនោះ ៗ ។

ចប់ សុមេធពុទ្ធវង្ស ។

១២. សុជាតពុទ្ធវង្សកែប្រែ

[១៣] ក្នុងមណ្ឌកប្បនោះឯង ព្រះសម្មាសម្ពុទ្ធជានាយក ព្រះនាមសុជាតៈទ្រង់មានព្រះហនុកា ដូចជាចង្កានៃរាជសី ទ្រង់មានព្រះសុរង ដូចជាកគោឧសភៈ ទ្រង់មានព្រះគុណប្រមាណមិនបាន គេគ្របសង្កត់មិនបាន ។ ព្រះសម្ពុទ្ធដ៏បរិសុទ្ធ ប្រាសចាកមន្ទិល ដូចជាព្រះចន្ទមានតេជះ ដូចជាព្រះអាទិត្យភ្លឺរុងរឿងដោយព្រះសិរី សព្វ ៗ កាល យ៉ាងនេះ ។ ព្រះសម្ពុទ្ធ ទ្រង់ដល់នូវពោធិញ្ញាណ ដ៏ប្រសើរសព្វគ្រប់ហើយ ទ្រង់ញ៉ាំងព្រះធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងព្រះនគរឈ្មោះសុមង្គលៈ ។ កាលព្រះលោកនាយក ព្រះនាមសុជាតៈ ទ្រង់សំដែងនូវធម៌ដ៏ប្រសើរ សត្វទាំងឡាយ ចំនួនប្រមាណ ៨០ កោដិ បានសម្រេចមគ្គផល ក្នុងធម៌ទេសនាជាដំបូង ។ កាលណា ព្រះសម្ពុទ្ធ ព្រះនាមសុជាតៈ ទ្រង់មានយសរាប់មិនបាន ស្តេចចូលទៅកាន់ព្រះវស្សា ក្នុងទេវលោក កាលនោះ ការត្រាស់ដឹងនូវធម៌ លើកទី ២ មានពួកសត្វ ៣៧ សែន ។ កាលណា ព្រះពុទ្ធ ព្រះនាមសុជាតៈ រកបុគ្គលស្មើគ្មាន ស្តេចចូលទៅកាន់សម្នាក់ព្រះរាជបិតា កាលនោះ ការត្រាស់ដឹងនូវធម៌ លើកទី ៣ មានពួកសត្វ ៦០ សែន ។ ព្រះសុជាតមហេសី មានសាវកសន្និបាត ៣ លើក ដែលសុទ្ធតែជាព្រះខីណាស្រព ប្រាសចាកមន្ទិល មានចិត្តស្ងប់រម្ងាប់ ជាតាទិបុគ្គល ជាអ្នកដល់នូវអភិញ្ញា និងពលៈ ជាអ្នកមិនដល់(នូវការកើត) ក្នុងភពតូច និងភពធំ គឺព្រះអរហន្តទាំងនោះ មានប្រមាណ ៦០ សែន បានមកប្រជុំ ជាសន្និបាត លើកដំបូង ។ តមកទៀត ការប្រជុំក្នុងកាលដែលព្រះជិនស្រីទ្រង់ចុះចាកឋានទេវលោកនេះ ជាសន្និបាត លើកទី ២ មានព្រះខីណាស្រពចំនួន៥០ សែន ។ អគ្គសាវ័កណារបស់ព្រះពុទ្ធ ព្រះនាមសុជាតៈនោះបានចូលទៅគាល់ ព្រះសម្ពុទ្ធដ៏ប្រសើរជាងនរៈ អគ្គសាវ័កនោះ បានចូលទៅគាល់ព្រះសម្ពុទ្ធ មួយអន្លើដោយភិក្ខុប្រមាណ ៤ សែនរូប(នេះជាសន្និបាត លើកទី ៣) ។ សម័យនោះ តថាគតជាស្តេចចក្រពត្តិ មានកម្លាំងច្រើន ជាធំក្នុងទ្វីបទាំង ៤អាចហោះទៅក្នុងអាកាសបាន ។ តថាគត បានថ្វាយនូវរាជសម្បត្តិជាច្រើន ក្នុងទ្វីបទាំង ៤ នូវកែវដ៏ឧត្តមទាំង ៧ ប្រការ ចំពោះព្រះពុទ្ធ ហើយបួសក្នុងសម្នាក់នៃព្រះសម្ពុទ្ធអង្គនោះ ។ អារាមិកជនទាំងឡាយ ក្នុងជនបទ បានប្រមូលមកនូវសួយសាអាករ ជាបច្ច័យ ទីដេក ទីអង្គុយ ហើយនាំចូលទៅថ្វាយដល់ព្រះភិក្ខុសង្ឃ ។ កាលនោះ ព្រះសុជាតសម្ពុទ្ធនោះ ទ្រង់ព្យាករតថាគតថា ក្នុងទីបំផុតនៃកប្ប ៣០ ពាន់ ស្តេចចក្រពត្តិអង្គនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ជាធំក្នុងមួយម៉ឺនលោកធាតុ ។ សត្វនេះ នឹងស្តេចចេញចាកក្រុងកបិលពស្ថុ ជាទីរីករាយ ហើយតម្កល់នូវព្យាយាម ធ្វើទុក្ករកិរិយា ។ សត្វ (នេះ) នឹងអង្គុយទៀបគល់អជបាលព្រឹក្ស ទទួលនូវបាយាស ក្នុងទីនោះ ហើយនឹងចូលទៅកាន់ស្ទឹងនេរញ្ជរា ។ ព្រះជិនស្រីអង្គនោះ នឹងសោយនូវបាយាស ទៀប ឆ្នេរស្ទឹងនេរញ្ជរា ហើយស្តេចចូលទៅទៀបគល់នៃពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរ ដែល គេតាក់តែង ។ លំដាប់នោះ ព្រះមានយសធំ ធ្វើប្រទក្សិណនូវពោធិមណ្ឌលដ៏ប្រសើរ ហើយត្រាស់ដឹង ទៀបគល់អស្សត្ថព្រឹក្ស ។ ព្រះមាតាបង្កើតរបស់ព្រះសម្ពុទ្ធអង្គនេះ ព្រះនាមមាយា ព្រះបិតា ព្រះនាមសុទ្ធោទនៈ ព្រះពុទ្ធអង្គនេះ ព្រះនាមគោតម ។ ព្រះកោលិតៈ ១ ព្រះឧបតិស្សៈ ១ ជាអ្នកមិនមានអាសវៈ ប្រាសចាកតម្រេក មានចិត្តស្ងប់ រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវ័ក ភិក្ខុជាឧបដ្ឋាកឈ្មោះអានន្ទ នឹងបម្រើនូវ ព្រះជិនស្រីអង្គនោះ ។ នាងខេមា ១ នាងឧប្បលវណ្ណា ១ មិនមានអាសវៈ ប្រាសចាក តម្រេកមានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងបានជាអគ្គសាវិកា ។ ឈើសម្រាប់ ត្រាស់ដឹងរបស់ព្រះមានព្រះភាគនោះ ហៅថាអស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តគហបតី ១ ហត្ថាឡវកគហបតី ១ ជាអគ្គឧបដ្ឋាក ។ នាងនន្ទមាតា ១ នាងឧត្តរា ១ជាអគ្គឧបដ្ឋាយិកាមានព្រះជន្មាយុ នៃព្រះគោតមដ៏ទ្រង់យសអង្គនោះ មានកំណត់ ១០០ ឆ្នាំ ។ មនុស្ស និងទេវតាទាំងឡាយ លុះបានស្តាប់ព្រះបន្ទូលនេះ នៃព្រះពុទ្ធ រកបុគ្គលស្មើគ្មាន ទ្រង់ស្វែងរកនូវគុណដ៏ធំ ហើយត្រេកអរថា ស្តេចចក្រពត្តិអង្គនេះ ជាពូជពន្លក នៃព្រះពុទ្ធ ។ សំឡេងហ៊ោក៏ប្រព្រឹត្តទៅ ពួកមនុស្សព្រមទាំងទេវតា ទាំងមួយម៉ឺនលោកធាតុ ក៏ទះដៃ សើចក្អាកក្អាយ ធ្វើអញ្ជលីនមស្ការថា បើពួកយើងឃ្វាងមគ្គផល ក្នុងសាសនានៃព្រះលោកនាថអង្គនេះ ក្នុងកាលជាអនាគត ពួកយើងទាំងអស់គ្នា គង់បានសម្រេចក្នុងទី ចំពោះព្រះភក្ត្រនៃព្រះគោតមនេះ ពុំខាន ។ ពួកមនុស្សកាលឆ្លងស្ទឹង បើឃ្វាងកំពង់ក្នុងទីចំពោះមុខ គង់កាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំបានដែរ យ៉ាងណា ពួកយើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះ ក្នុងកាលជាអនាគត គង់នឹងបានសម្រេច ក្នុងទី ចំពោះព្រះភក្ត្រនៃព្រះគោតមនេះ ក៏យ៉ាងនោះដែរ ។ តថាគតបានស្តាប់នូវព្រះបន្ទូល នៃព្រះពុទ្ធនោះហើយ បានញ៉ាំងសេចក្តីរីករាយឲ្យកើត ដោយក្រៃលែង ហើយបាន អធិដ្ឋាននូវវត្តដ៏លើសលប់ ដោយការបំពេញនូវបារមីទាំង ១០ ។ តថាគតបានរៀននូវព្រះសូត្រផង ព្រះវិន័យផង សត្ថុសាសនាដែលមានអង្គ ៩ ទាំងអស់ផង ហើយបានញ៉ាំងសាសនានៃព្រះជិនស្រីឲ្យល្អរុងរឿង ។ កាលតថាគត នៅក្នុងសាសនានោះ ជាអ្នកមិនប្រមាទ បានចម្រើននូវភាវនាដ៏ប្រសើរ ហើយបានដល់នូវបារមីក្នុងអភិញ្ញាទាំងឡាយ ហើយទៅកើតក្នុងព្រហ្មលោក ។ ព្រះសម្ពុទ្ធ ព្រះនាមសុជាតៈ ទ្រង់ស្វែងរកនូវគុណដ៏ធំ មាននគរឈ្មោះសុមង្គលៈ ព្រះមហាក្សត្រ ព្រះនាមឧគ្គតៈ ជាព្រះបិតា ព្រះមាតា ព្រះនាមបភាវតី ។ ព្រះសុជាតសម្ពុទ្ធនោះ ទ្រង់នៅគ្រប់គ្រងផ្ទះ អស់ ៩ ពាន់ឆ្នាំ ប្រាសាទដ៏ប្រសើរ (របស់ព្រះពុទ្ធនោះ) មាន ៣ ខ្នង គឺសិរិប្រាសាទ ១ ឧបសិរិប្រាសាទ ១ ចន្ទប្រាសាទ ១ ។ មាននារី ប្រមាណ ២ ម៉ឺន៣ ពាន់នាក់ សុទ្ធសឹងតែតាក់តែងល្អហើយ ឯនារីដែលជាអគ្គមហេសី ព្រះនាមសិរិនន្ទា ព្រះរាជបុត្រ ព្រះនាមឧបសេនៈ ។ ព្រះជិនស្រីទ្រង់ឃើញនូវនិមិត្ត ៤ យ៉ាង ហើយស្តេចចេញទៅ ដោយយានសេះ តម្កល់នូវ ព្យាយាមអស់ ៩ ខែគត់ ។ ព្រះសម្ពុទ្ធ ព្រះនាមសុជាតៈ ជាលោកនាយក ជាមហាវីរៈ ត្រូវព្រហ្មអារាធនាហើយ ទើបទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងឧទ្យានដ៏ប្រសើរ ឈ្មោះសុមង្គលៈ ។ ភិក្ខុឈ្មោះសុទស្សនៈ ១ ឈ្មោះសុទេវៈ ១ ជាអគ្គសាវ័ក ភិក្ខុឈ្មោះ នារទៈ ជាឧបដ្ឋាកនៃព្រះពុទ្ធ ព្រះនាមសុជាតៈ ទ្រង់ស្វែងរកនូវគុណដ៏ធំ ។ ភិក្ខុនីឈ្មោះ នាគា ១ ឈ្មោះនាគសមានា ១ ជាអគ្គសាវិកា ឈើសម្រាប់ត្រាស់ដឹង នៃព្រះមានព្រះភាគនោះ ហៅថាមហាវេឡុព្រឹក្ស (ដើមឫស្សីធំ) ។ ឫស្សីនោះ មានដើមតាន់ មិនមានប្រហោង មានស្លឹកច្រើន ជាឫស្សីមានដើមត្រង់ មានដើមធំ គួររមិលមើល ជាទីរីករាយនៃចិត្ត ។ ជាឫស្សីតែមួយដើម លូតលាស់ឡើងហើយ ឯមែកក៏បែកចេញអំពីដើមនោះ ជា ៥ មែក ឫស្សីនោះ ជាឈើល្អដូចជាបាច់នៃកន្ទុយក្ងោក ដែលគេចងល្អហើយដូច្នោះ ។ ឫស្សីនោះ ជាឫស្សីឥតបន្លា ឥតប្រហោង មានមែកត្រសុំត្រសាយ ដេរដាសដោយមែក មានម្លប់ត្រឈៃ ជាទីរីករាយនៃចិត្ត ។ ឧបាសកឈ្មោះសុទត្តៈ ១ ឈ្មោះចិត្តៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះនាងសុភទ្ទ្រា ១ នាងបទុមា ១ ជាអគ្គឧបដ្ឋាយិកា ។ ព្រះជិនស្រីអង្គនោះ ទ្រង់មានកម្ពស់ ៥០ ហត្ថក្រពុំ ទ្រង់ប្រកបដោយអាការៈប្រសើរ គ្រប់យ៉ាង ទ្រង់ប្រកបដោយគុណទាំងពួង ។ រស្មីនៃព្រះសម្ពុទ្ធអង្គនោះ ស្មើដោយរស្មីនៃព្រះពុទ្ធ ដែលមិនមានបុគ្គលស្មើ តែងផ្សាយចេញទៅក្នុងទីជុំវិញ ព្រះសម្ពុទ្ធនោះ មានព្រះគុណប្រមាណមិនបាន មានព្រះគុណថ្លឹងមិនបាន មិនមានឧបមា ដោយសេចក្តីឧបមាទាំងឡាយឡើយ ។ ព្រះជន្មាយុ មានកំណត់  ៩០  ពាន់ឆ្នាំគត់ ព្រះពុទ្ធ អង្គនោះ កាលទ្រង់គង់ព្រះជន្មាយុនៅដរាបនោះ តែងញ៉ាំងប្រជុំជនជាច្រើន ឲ្យឆ្លង(ចាកសង្សារ) ។ ក្នុងកាលនោះ សាសនារបស់ព្រះពុទ្ធនោះ ដ៏វិចិត្រដោយព្រះអរហន្ត ទាំងឡាយ ដូចជារលកក្នុងសាគរ ឬដូចជាផ្កាយក្នុងអាកាស ។ សាសនានេះ កុះករ ដោយព្រះអរហន្តទាំងឡាយ ដែលមានវិជ្ជា ៣ និងអភិញ្ញា ៦លោកដល់នូវកម្លាំង ជាតាទិបុគ្គល ។ ព្រះសម្ពុទ្ធនោះ ស្មើដោយព្រះពុទ្ធ រកបុគ្គលស្មើគ្មាន គុណទាំងឡាយ នោះ ជាគុណថ្លឹងពុំបាន ធម្មជាតទាំងពួង ក៏អន្តរធានអស់ ឱហ្ន៎ ! សង្ខារទាំងពួង ជារបស់ សោះសូន្យទទេ ។ ព្រះសម្ពុទ្ធ ព្រះនាមសុជាតៈ ជាព្រះជិនស្រីដ៏ប្រសើរ ទ្រង់បរិនិព្វាន ក្នុងសេលារាម ព្រះចេតិយរបស់ព្រះសាស្តា មានកម្ពស់ ៣ គាវុត (ដែលគេសាង) ក្នុងសេលារាមនោះ ។

ចប់ សុជាតពុទ្ធវង្ស ។

១៣. បិយទស្សិពុទ្ធវង្សកែប្រែ

[១៤] ក្នុងកាលជាខាងក្រោយ នៃព្រះសម្ពុទ្ធ ព្រះនាមសុជាតៈមក មានព្រះពុទ្ធ ទ្រង់ព្រះនាមបិយទស្សី ជាសយម្ភូ ជាលោកនាយក ទ្រង់មានយសច្រើន គេគ្របសង្កត់ បានដោយក្រ ព្រះអង្គស្មើដោយព្រះពុទ្ធ ដែលឥតមានបុគ្គលស្មើ ។ ព្រះសម្ពុទ្ធអង្គនោះ ទ្រង់មានយសប្រមាណមិនបាន ទ្រង់រុងរឿងដូចជាព្រះអាទិត្យ ទ្រង់កម្ចាត់បង់នូវងងឹត ទាំងពួង ទ្រង់ញ៉ាំងធម្មចក្រទាំងពួង ឲ្យប្រព្រឹត្តទៅ ។ ព្រះពុទ្ធនោះ មានតេជះថ្លឹងមិនបាន មានការត្រាស់ដឹង ៣ លើក គឺការត្រាស់ដឹងទី ១ មានពួកសត្វប្រមាណ ១ សែនកោដិ ។ ទេវរាជព្រះនាមសុទស្សនៈ គាប់ព្រះហឫទ័យនឹងមច្ឆាទិដ្ឋិ ព្រះសាស្តា កាលទ្រង់បន្ទោបង់នូវទិដ្ឋិ នៃសុទស្សនទេវរាជនោះ ទ្រង់បានសំដែងធម៌ ។ ក្នុងកាលនោះ ការប្រជុំជនច្រើនថ្លឹងមិនបាន ជាការប្រជុំធំ ឈ្មោះថាត្រាស់ដឹង ទី ២ មានពួកសត្វ ៩ ពាន់កោដិ ។ ក្នុងកាលណា ព្រះពុទ្ធ ព្រះអង្គជាសារថី ទូន្មាននូវនរៈ ទ្រង់ទូន្មាននូវដំរីឈ្មោះរោណមុខៈ ក្នុងកាលនោះ ឈ្មោះថាត្រាស់ដឹងទី ៣ មានពួកសត្វ ៨០ កោដិ ។ ព្រះបិយទស្សីអង្គនោះ មានសាវកសន្និបាត ៣ លើក គឺសន្និបាត លើកទី ១ មានពួកព្រះអរហន្តមួយសែនកោដិ ។ តពីនោះមក ព្រះខីណាស្រពទាំងឡាយ ជាអ្នកប្រាជ្ញ ចំនួន  ៩០  ពាន់កោដិ បានមកប្រជុំព្រមក្នុងទីជាមួយគ្នា នេះជាសន្និបាត លើកទី ២ក្នុងសន្និបាត លើកទី ៣ មានព្រះខីណាស្រព ៨០ កោដិ ។ សម័យនោះ តថាគតកើតជាមាណព ឈ្មោះកស្សបៈ ជាអ្នកស្វាធ្យាយមន្ត ចងចាំមន្ត ដល់នូវត្រើយនៃត្រៃវេទ ។ តថាគតបានស្តាប់ធម៌របស់ព្រះពុទ្ធ ព្រះនាមបិយទស្សីនោះ ហើយបានញ៉ាំងសេចក្តីជ្រះថ្លាឲ្យកើតឡើង តថាគតបានសាងនូវសង្ឃារាម ដោយទ្រព្យប្រមាណ ១ សែនកោដិ ។ តថាគត បានថ្វាយអារាម ដល់ព្រះពុទ្ធអង្គនោះ ហើយមានចិត្តរីករាយ មានចិត្តសង្វេគ បានសមាទានព្រះត្រៃសរណគមន៍ និងសីល ៥ ធ្វើឲ្យមាំមួន ។ ព្រះពុទ្ធអង្គនោះ ទ្រង់គង់ក្នុងកណ្តាលសង្ឃហើយ ទ្រង់ព្យាករតថាគតថា មាណពនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ក្នុងកប្បទី ១.៨០០ ។ សត្វនេះ នឹងចេញចាកក្រុងកបិលពស្ថុ ជាទីរីករាយ ទៅតម្កល់ការព្យាយាម ហើយធ្វើទុក្ករកិរិយា ។ សត្វនេះ នឹងអង្គុយទៀបគល់នៃអជបាលព្រឹក្ស ទទួលបាយាស ក្នុងទីនោះ ហើយទ្រង់ចូលទៅកាន់ស្ទឹងនេរញ្ជរា ។ ព្រះជិនស្រីអង្គនោះ នឹងទ្រង់សោយនូវបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយស្តេចចូលទៅ ទៀបគល់នៃពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរ ដែលគេតាក់តែងហើយ ។ លំដាប់នោះ ព្រះមានយសធំ នឹង ធ្វើប្រទក្សិណនូវពោធិមណ្ឌលដ៏ប្រសើរ ហើយត្រាស់ដឹង ទៀបគល់អស្សត្ថព្រឹក្ស ។ ព្រះមាតាបង្កើត នៃព្រះពុទ្ធអង្គនេះ ព្រះនាមមាយា ព្រះបិតា ព្រះនាមសុទ្ធោទនៈ ព្រះពុទ្ធអង្គនេះ ព្រះនាមគោតម ។ ព្រះភិក្ខុឈ្មោះកោលិតៈ ១ ឧបតិស្សៈ ១ ជាអគ្គសាវ័ក ជាអ្នកមិនមានអាសវៈ អស់រាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតាំងមាំ ភិក្ខុជាឧបដ្ឋាកឈ្មោះអានន្ទ នឹងបម្រើព្រះជិនស្រីអង្គនោះ ។ នាងខេមា ១ នាងឧប្បលវណ្ណា ១ ជាអគ្គសាវិកា ជាអ្នកមិនមានអាសវៈ អស់រាគៈមានចិត្តស្ងប់រម្ងាប់ មានចិត្តតាំងមាំ ។ ឈើសម្រាប់ត្រាស់ដឹង នៃព្រះមានព្រះភាគនោះ គេហៅថាអស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តគហបតី ១ ហត្ថាឡវកគហបតី ១ ជាអគ្គឧបដ្ឋាក ។ ឧបាសិកាឈ្មោះនន្ទមាតា ១ ឧត្តរា ១ជាអគ្គឧបដ្ឋាយិកាព្រះជន្មាយុ នៃព្រះគោតមមានយសអង្គនោះ មានកំណត់ ១០០ ឆ្នាំ ។ ទេវតា និងមនុស្សទាំងឡាយ លុះបានស្តាប់នូវព្រះបន្ទូលនេះ នៃព្រះមហេសី រកបុគ្គលស្មើគ្មាន ក៏ត្រេកអរថា មាណពនេះ ជាពូជពន្លកនៃព្រះពុទ្ធ ។ សំឡេងហ៊ោក៏ប្រព្រឹត្តទៅ មនុស្ស និងទាំងទេវតា ទាំងមួយម៉ឺនលោកធាតុ ក៏ទះដៃសើចក្អាកក្អាយ ធ្វើ អញ្ជលីនមស្ការផងថា បើពួកនឹងឃ្វាងមគ្គផលក្នុងសាសនា នៃព្រះលោកនាថអង្គនេះ ក្នុងកាលជាអនាគត ពួកយើងគង់បានសម្រេចមគ្គផល ចំពោះព្រះភក្ត្រនៃព្រះគោតម នេះ មិនខាន ។ មនុស្សទាំងឡាយ កាលបើនឹងឆ្លងស្ទឹង បើឃ្វាងនូវកំពង់ក្នុងទីចំពោះមុខហើយ គង់កាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំបានដែរ យ៉ាងណា ។ យើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះហើយ ក្នុងកាលជាអនាគត ពួកយើងនឹងបានសម្រេច ក្នុងទីចំពោះព្រះភក្ត្រនៃព្រះគោតមនេះ ក៏យ៉ាងនោះដែរ ។ លុះតថាគត បានស្តាប់ព្រះបន្ទូល នៃព្រះពុទ្ធអង្គនេះហើយ បានញ៉ាំងចិត្តឲ្យជ្រះថ្លាដោយក្រៃលែង ហើយអធិដ្ឋាននូវវត្តដ៏លើសលប់ ដោយការបំពេញនូវបារមីទាំង ១០ ។ ព្រះសាស្តា ព្រះនាមបិយទស្សី មានព្រះនគរឈ្មោះសុធញ្ញៈ មានព្រះមហាក្សត្រ ព្រះនាមសុទត្តៈ ជាព្រះបិតា មានព្រះមាតា ព្រះនាមសុចន្ទា ។ ព្រះពុទ្ធអង្គនោះ ទ្រង់នៅគ្រប់គ្រងផ្ទះអស់ ៩ ពាន់ឆ្នាំ ប្រាសាទដ៏ប្រសើរ មាន ៣ ខ្នង គឺសុនិម្មលប្រាសាទ ១ វិមលប្រាសាទ ១ គិរិគូហាប្រាសាទ ១ ។ មាននារី ប្រមាណ ៣៣ ពាន់នាក់ សុទ្ធសឹងតែតាក់តែងល្អ ឯនារីជាអគ្គមហេសីនោះ ព្រះនាមនាងវិមលា ព្រះរាជបុត្របង្កើត ព្រះនាមកញ្ចនាវេឡៈ ។ ព្រះជិនស្រីជាបុរសដ៏ ប្រសើរ ទ្រង់ឃើញនូវនិមិត្ត ៤ យ៉ាង ហើយស្តេចចេញទៅ ដោយយាន គឺរថហើយទ្រង់ប្រព្រឹត្តនូវសេចក្តីព្យាយាម អស់ ៦ ខែគត់ ។ ព្រះមហាមុនី ព្រះនាមបិយទស្សី ជាព្រះមហាវីរបុរស ត្រូវព្រហ្មអារាធនាហើយ ទើបទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងឧសភឧទ្យាន ជាទីរីករាយនៃចិត្ត ។ ភិក្ខុឈ្មោះបាលិតៈ ១ ឈ្មោះសព្វទស្សី ១ ជាអគ្គសាវ័ក ភិក្ខុឈ្មោះសោភិតៈ ជាឧបដ្ឋាកនៃព្រះសាស្តា ព្រះនាមបិយទស្សី ។ ភិក្ខុនីឈ្មោះ សុជាតា ១ ឈ្មោះធម្មទិន្នា ១ ជាអគ្គសាវិកា ឈើសម្រាប់ត្រាស់ដឹង នៃព្រះមានព្រះភាគ នោះ គេហៅថាកកុធព្រឹក្ស (ដើមថ្ងាន់) ។ ឧបាសកឈ្មោះសន្ទកៈ ១ ឈ្មោះធម្មិកៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះនាងវិសាខា ១ ឈ្មោះធម្មទិន្នា ១ ជាអគ្គឧបដ្ឋាយិកា ព្រះពុទ្ធអង្គនោះ ទ្រង់មានយសរាប់មិនបាន មានលក្ខណៈដ៏ប្រសើរ ៣២ ប្រការ មានកម្ពស់ ៨០ ហត្ថ ទ្រង់ប្រាកដដូចជាស្តេចនៃឈើ ឈ្មោះសាលព្រឹក្ស ។ រស្មីនៃភ្លើង រស្មីនៃព្រះចន្ទ និងរស្មីនៃព្រះអាទិត្យប្រាកដដូចជារស្មី នៃព្រះពុទ្ធមហេសី ដែលរកបុគ្គលស្មើគ្មាននោះ មិនមានឡើយ ។ ព្រះសម្ពុទ្ធ ជាទេវតាដ៏ប្រសើរអង្គនោះ មានព្រះជន្មាយុនៅដរាបនោះគឺព្រះចក្ខុសម្ពុទ្ធ ទ្រង់ឋិតនៅក្នុងលោក អស់  ៩០  ពាន់ឆ្នាំ ។ ព្រះពុទ្ធដែលមិនមានបុគ្គលស្មើអង្គនោះក្តី គូនៃសាវ័កទាំងអម្បាលនោះក្តី មានគុណថ្លឹងពុំបានរបស់ទាំងអស់នោះ អន្តរធានទៅ ឱហ្ន៎ ! សង្ខារទាំងពួង ជារបស់សោះសូន្យទទេ ។ ព្រះពុទ្ធ ព្រះនាមបិយទស្សី ជាព្រះមុនីដ៏ប្រសើរ ទ្រង់បរិនិព្វាន ក្នុងអស្សត្ថារាម ព្រះស្តូបនៃព្រះជិនស្រីអង្គនោះ មានកម្ពស់ ៣ យោជន៍ (គេបានសាងហើយ) ក្នុងអស្សត្ថារាម នោះ ។

ចប់ បិយទស្សិពុទ្ធវង្ស ។

១៤. អត្ថទស្សិពុទ្ធវង្សកែប្រែ

[១៥] ក្នុងមណ្ឌកប្បនោះឯង មានព្រះពុទ្ធ ព្រះនាមអត្ថទស្សី មានយសធំ ទ្រង់ កម្ចាត់បង់ងងឹតធំ សម្រេចសម្ពោធិញ្ញាណដ៏ឧត្តម ។ ព្រះសម្ពុទ្ធ ត្រូវព្រហ្មអារាធនាហើយទើបទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ហើយញ៉ាំងមនុស្ស និងទេវតា ទាំងមួយម៉ឺន លោកធាតុ ឲ្យឆ្អែតដោយទឹកអម្រឹត ។ ព្រះលោកនាថអង្គនោះ មានការត្រាស់ដឹង ៣ លើក គឺការត្រាស់ដឹង លើកទី ១ មានពួកសត្វចំនួន ១ សែនកោដិ ។ ការត្រាស់ដឹង លើកទី ២មានពួកសត្វចំនួន ១ សែនកោដិ ក្នុងកាលដែលព្រះពុទ្ធ ព្រះនាមអត្ថទស្សី ទ្រង់ត្រាច់ទៅកាន់ទេវចារិក ។ តមក ការត្រាស់ដឹង លើកទី ៣ មានពួកសត្វចំនួន ១ សែនកោដិ ក្នុងកាលដែលព្រះពុទ្ធជាម្ចាស់ ទ្រង់សំដែងព្រះធម៌ ក្នុងសម្នាក់បិតា ។ ព្រះមហេសីអង្គនោះ មានសាវកសន្និបាត (ការជួបជុំសាវ័ក) ៣ លើក ដែលសុទ្ធតែជាព្រះខីណាស្រព ប្រាសចាកមន្ទិល មានព្រះទ័យស្ងប់ ប្រកបដោយតាទិគុណ គឺសន្និបាត លើកទី ១ មានពួកព្រះខីណាស្រព ចំនួន ៩៨ ពាន់អង្គ សន្និបាត លើកទី ២ មានពួកព្រះខីណាស្រព ចំនួន ៨៨ ពាន់អង្គ ។ សន្និបាត លើក ៣ មានពួកព្រះខីណាស្រព ចំនួន ៧៨ ពាន់អង្គ សុទ្ធតែមានព្រះទ័យផុតស្រឡះ ឥតប្រកាន់ ប្រាសចាកមន្ទិល ជាអ្នកស្វែងរកនូវគុណដ៏ធំ ។ ក្នុងសម័យនោះ តថាគតកើតជាជដិល ឈ្មោះសុសិមៈ មានតបៈដ៏ខ្ពង់ខ្ពស់ ដែលគេសន្មតថា ជាបុគ្គលប្រសើរលើផែនដី ។ តថាគតបាននាំយកផ្កាមន្ទារវៈ ផ្កាឈូក និងផ្កាបរិច្ឆត្តកព្រឹក្សជាទិព្វ អំពីទេវលោក មកបូជាចំពោះព្រះសម្ពុទ្ធ ។ ឯព្រះពុទ្ធ ជាមហាមុនី ព្រះនាមអត្ថទស្សីអង្គនោះ ទ្រង់បានព្យាករតថាគតថា តាបសនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ក្នុងកប្បទី ១.៨០០ ។ សត្វនេះ នឹងចេញអំពីបុរីជាទីរីករាយ ឈ្មោះកបិលពស្ថុ តម្កល់ព្យាយាម ហើយធ្វើទុក្ករកិរិយា ។ សត្វនេះ នឹងអង្គុយទៀបគល់នៃអជបាលព្រឹក្ស ទទួលមធុបាយាស ក្នុងទីនោះ ហើយចូលទៅកាន់ស្ទឹងនេរញ្ជរា ។ ព្រះជិនស្រីអង្គនោះ នឹងទ្រង់សោយមធុបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយចូលទៅ ទៀបគល់នៃពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរ ដែលគេចាត់ចែងហើយ ។ លំដាប់នោះ ព្រះមានយសធំ នឹងធ្វើប្រទក្សិណពោធិមណ្ឌល ហើយត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ទៀបគល់អស្សត្ថព្រឹក្ស ។ ព្រះនាមជននី នៃព្រះពោធិសត្វនេះ ព្រះនាមមាយា ព្រះបិតា ព្រះនាមសុទ្ធោទនៈ បុរសនេះ នឹងជាព្រះពុទ្ធ ព្រះនាមគោតម ។ ព្រះកោលិតៈ ១ឧបតិស្សៈ ១ នឹងជាអគ្គសាវ័ក ជាអ្នកមិនមានអាសវៈ អស់រាគៈ មានចិត្តស្ងប់រម្ងាប់ មាន ចិត្តតម្កល់មាំ ភិក្ខុជាឧបដ្ឋាកឈ្មោះអានន្ទ នឹងបម្រើព្រះជិនស្រីអង្គនេះ ។ ព្រះខេមាថេរី ១ ព្រះឧប្បលវណ្ណាថេរី ១ ជាអគ្គសាវិកា ជាអ្នកមិនមានអាសវៈ អស់រាគៈមានចិត្ត ស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ ។ ឈើសម្រាប់ត្រាស់ដឹងរបស់ព្រះមានព្រះភាគអង្គនោះ ហៅថាអស្សត្ថព្រឹក្ស គហបតីឈ្មោះចិត្តៈ ១ គហបតីឈ្មោះហត្ថាឡវកៈ ១ នឹងជាអគ្គឧបដ្ឋាក ។ នាងនន្ទមាតា ១ ឧត្តរា ១នឹងជាអគ្គឧបដ្ឋាយិកាព្រះគោតមមានយស អង្គនោះ ទ្រង់មានព្រះជន្មាយុ ១០០ ឆ្នាំ ។ ពួកមនុស្ស និងទេវតា បានស្តាប់ព្រះពុទ្ធដីកា នេះ នៃព្រះមហេសី ទ្រង់ស្មើដោយព្រះពុទ្ធ ដែលមិនមានបុគ្គលស្មើហើយ ក៏រីករាយថា បុរសនេះ ជាពូជពន្លកនៃព្រះពុទ្ធ ។ សំឡេងហ៊ោ ក៏ប្រព្រឹត្តទៅ ពួកមនុស្សព្រមទាំង ទេវតា ទាំងមួយម៉ឺនលោកធាតុ នាំគ្នាទះដៃអបអរ ធ្វើអញ្ជលី នមស្ការថា បើយើងនឹងឃ្វាងមគ្គផលក្នុងសាសនា នៃព្រះលោកនាថអង្គនេះ ពួកយើងគង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះគោតមនេះ ក្នុងកាលជាអនាគតមិនខាន ។ ពួកមនុស្សកាលឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខហើយ គង់នឹងទៅកាន់កំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំបាន យ៉ាងណាមិញ ។ ពួកយើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះ ក៏គង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះគោតមអង្គនេះ ក្នុងកាលជាអនាគត យ៉ាងនោះដែរ ។ លុះតថាគតបានស្តាប់ភាសិត នៃព្រះលោកនាថអង្គនោះហើយ ក៏មានចិត្តត្រេកអរ មានចិត្តតក់ស្លុត ខំអធិដ្ឋានវត្តតទៅទៀត ដើម្បីបំពេញបារមី ១០ ប្រការ ។ ព្រះមហេសី ព្រះនាមអត្ថទស្សី មានទីក្រុងឈ្មោះសោភណៈ មានព្រះមហាក្សត្រ ព្រះនាមសាគរៈ(ជាព្រះបិតា) មានព្រះជននី ព្រះនាមសុទស្សនា ។ ព្រះអត្ថទស្សីអង្គនោះ ទ្រង់គ្រប់គ្រងគេហដ្ឋាន អស់ ៩ ពាន់ឆ្នាំ មានប្រាសាទដ៏ប្រសើរ ៣ ខ្នង គឺប្រាសាទឈ្មោះអមរគិ ១ ប្រាសាទឈ្មោះសុរគិ ១ ប្រាសាទឈ្មោះគិរិពាហនៈ១ ។ នារី ៣៣ ពាន់រូប សឹងប្រដាប់យ៉ាងសមសួន ព្រះនារី (ជាអគ្គមហេសី) នោះ ព្រះនាមវិសាខា ព្រះរាជបុត្រ ព្រះនាមសេលៈ ។ ព្រះជិនស្រីទ្រង់ឃើញនិមិត្ត ៤ យ៉ាង ហើយទ្រង់ស្តេចចេញទៅ ដោយយានសេះ តម្កល់នូវព្យាយាម អស់ ៨ ខែគត់ ។ ព្រះអត្ថទស្សីមានយសធំ មានព្យាយាមធំ ឧត្តមជាងជន ត្រូវព្រហ្មអារាធនាហើយ ទើបទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងឧទ្យានដ៏ថ្លៃថ្លា ។ ព្រះមហេសី ព្រះនាមអត្ថទស្សី មានអគ្គសាវ័ក ២ អង្គ គឺព្រះសន្តៈ ១ ព្រះឧបសន្តៈ ១ មានភិក្ខុជាឧបដ្ឋាក ឈ្មោះអភយៈ ។ មានព្រះថេរីឈ្មោះធម្មា ១ ឈ្មោះសុធម្មា ១ ជាអគ្គសាវិកា ឈើសម្រាប់ត្រាស់ដឹង នៃព្រះមានព្រះភាគនោះ គេហៅថាចម្បកព្រឹក្ស ។ ឧបាសកឈ្មោះនកុឡៈ ១ ឈ្មោះនិសភៈ ១ ជាអគ្គឧបដ្ឋាក នាងមកិលា ១ នាងសុនន្ទា ១ ជាអគ្គឧបដ្ឋាយិកា ។ ឯព្រះពុទ្ធអង្គនោះ ទ្រង់ស្មើដោយព្រះពុទ្ធ ដែលមិនមានបុគ្គលស្មើ មានកម្ពស់ ៨០ ហត្ថ ទ្រង់រុងរឿងហាក់ដូចដើមសាលរាជព្រឹក្ស ឬដូចព្រះចន្ទពេញវង់ ។ រស្មីជាប្រក្រតី នៃព្រះពុទ្ធអង្គនោះ ច្រើនរយកោដិតែងផ្សាយទៅកាន់ទិសទាំង ១០ ទាំងខាងលើ ទាំងខាងក្រោម ចម្ងាយ ១ យោជន៍ សព្វ ៗ កាល ។ ម៉្យាងទៀត ព្រះពុទ្ធអង្គនោះ ប្រសើរជាងជនខ្ពង់ខ្ពស់ជាងសត្វទាំងពួង ជាអ្នក ប្រាជ្ញ មានបញ្ញាចក្ខុ ទ្រង់ឋិតនៅក្នុងមនុស្សលោក អស់ ១ សែនឆ្នាំ ។ ព្រះពុទ្ធនោះ ទ្រង់សំដែងពន្លឺថ្លឹងពុំបាន ញ៉ាំងមនុស្សលោកព្រមទាំងទេវលោក ឲ្យរុងរឿង ហើយទ្រង់ ដល់នូវអនិច្ចតាធម៌ ដូចជាភ្លើងអស់កំញម ។ ព្រះអត្ថទស្សីជិនស្រីដ៏ប្រសើរ ទ្រង់ បរិនិព្វាន ក្នុងអនោមារាម មានការសាយភាយទៅនៃព្រះធាតុ ក្នុងប្រទេសទាំងឡាយ នោះ ៗ ។

ចប់ អត្ថទស្សិពុទ្ធវង្ស ។

១៥. ធម្មទស្សិពុទ្ធវង្សកែប្រែ

[១៦] ក្នុងមណ្ឌកប្បនោះឯង មានព្រះពុទ្ធ ព្រះនាមធម្មទស្សី មានយសធំ ទ្រង់ កម្ចាត់បង់ងងឹតអន្ធការហើយញ៉ាំងមនុស្សលោក ព្រមទាំងទេវលោក ឲ្យរុងរឿង ។ ការត្រាស់ដឹង លើកទី ១ មានពួកសត្វប្រមាណ ១ សែនកោដិ ក្នុងការញ៉ាំងធម្មចក្រ ឲ្យប្រព្រឹត្តទៅ នៃព្រះធម្មទស្សីនោះ ទ្រង់មានតេជះថ្លឹងមិនបាន ។ ការត្រាស់ ដឹង លើកទី ២ មានសត្វចំនួន  ៩០  កោដិ ក្នុងកាលដែលព្រះពុទ្ធ ព្រះនាមធម្មទស្សី ទ្រង់ទូន្មានឥសី ឈ្មោះសញ្ជយៈ ។ ការត្រាស់ដឹង លើកទី៣ មានសត្វចំនួន ៨០ កោដិ ក្នុងកាលដែល សក្កទេវរាជ ព្រមទាំងបរិស័ទ ចូលទៅគាល់ព្រះធម្មទស្សី ទ្រង់ជានាយក ។ ព្រះធម្មទស្សីនោះ ជាទេវតាក្រៃលែងជាងទេវតា មានសាវកសន្និបាត ៣ លើក សុទ្ធតែជា ព្រះខីណាស្រព មានមន្ទិលទៅប្រាសហើយ មានព្រះទ័យស្ងប់ ប្រកបដោយតាទិគុណ ។ សន្និបាត លើកទី ១ មានព្រះខីណាស្រព ១ ពាន់កោដិ ក្នុងវេលាដែលព្រះពុទ្ធ ព្រះនាម ធម្មទស្សី ទ្រង់ចូលទៅកាន់វស្សា ក្នុងអារាមឈ្មោះសរណៈ ។ សន្និបាត លើកទី ២ មានព្រះខីណាស្រពចំនួន ១ រយកោដិ ក្នុងវេលាដែលព្រះពុទ្ធជាម្ចាស់ ស្តេចចុះចាក ទេវលោក មកកាន់មនុស្សលោក ។ មួយទៀត សន្និបាត លើកទី ៣ មានព្រះខីណាស្រព ចំនួន ៨០ កោដិ ក្នុងវេលាដែលព្រះពុទ្ធ ទ្រង់ប្រកាសនូវធុតង្គគុណទាំងឡាយ ។ ក្នុងសម័យនោះ តថាគតកើតជាព្រះឥន្ទ្រ ឈ្មោះបុរិន្ទទៈ បានបូជាព្រះពុទ្ធជាម្ចាស់ ដោយគ្រឿងក្រអូប ផ្កាកម្រង និងតូរ្យតន្ត្រីទិព្វ ។ ព្រះពុទ្ធអង្គនោះ ទ្រង់គង់ចំកណ្តាលពួកទេវតា ហើយព្យាករតថាគតថា ក្នុងកប្បទី ១.៨០០ ទេវរាជនេះ នឹងបានត្រាស់ដឹងជាព្រះពុទ្ធ ។ សត្វនេះ នឹងចេញពីបុរី ជាទីត្រេកអរ ឈ្មោះកបិលភស្តុ ទៅតម្កល់ព្យាយាម ធ្វើទុក្ករកិរិយា ។ សត្វនេះ នឹងអង្គុយទៀបគល់អជបាលព្រឹក្ស បានទទួលបាយាស ក្នុងទីនោះ ហើយចូលទៅឯស្ទឹងនេរញ្ជរា ។ ព្រះពុទ្ធជិនស្រីអង្គនោះ បានឆាន់បាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរាហើយ នឹងត្រឡប់ទៅឯគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរ ដែលគេចាត់ចែងហើយ ។ លំដាប់អំពីនោះ ព្រះជិនស្រីមានយសធំ នឹងធ្វើប្រទក្សិណនូវពោធិមណ្ឌលដ៏ប្រសើរ ហើយនឹងត្រាស់ដឹង ទៀបគល់អស្សត្ថព្រឹក្ស ។ ព្រះជននីនៃព្រះតថាគតនេះ ព្រះនាមមាយាទេវី ព្រះបិតា ព្រះនាមសុទ្ធោទនៈ ទេវរាជនេះ នឹងបានជាព្រះពុទ្ធ ព្រះនាមគោតម ។ ព្រះថេរៈឈ្មោះកោលិតៈ ១ ឧបតិស្សៈ ១ នឹងជាអគ្គសាវ័ក ជាអ្នកមិនមានអាសវៈ មានរាគៈអស់ហើយ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ ភិក្ខុជាឧបដ្ឋាកឈ្មោះអានន្ទ នឹងបម្រើព្រះជិនស្រីអង្គនេះ ។ ព្រះខេមាថេរី ១ ព្រះឧប្បលវណ្ណាថេរី ១ នឹងជាអគ្គសាវិកា ជាអ្នកមិនមានអាសវៈ មានរាគៈអស់ហើយមានចិត្ត ស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ ។ ដើមឈើសម្រាប់ត្រាស់ដឹង នៃព្រះមានព្រះភាគអង្គនោះ ហៅថាអស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តៈ ១ ឈ្មោះហត្ថាឡវកៈ ១ នឹងជាអគ្គឧបដ្ឋាក ។ នាងនន្ទមាតា ១ នាងឧត្តរា ១នឹងជាអគ្គឧបដ្ឋាយិកាព្រះគោតមមានយសអង្គនោះ មានព្រះជន្មាយុ ១០០ ឆ្នាំ ។ ពួកមនុស្ស និងទេវតា លុះបានស្តាប់ព្រះពុទ្ធដីកានេះ នៃព្រះមហេសី ឥតមានបុគ្គលស្មើ ក៏រីករាយថា ព្រះឥន្ទនេះ ជាពូជពន្លកនៃព្រះពុទ្ធ ។ សំឡេងហ៊ោ ក៏ប្រព្រឹត្តទៅ ពួកមនុស្សព្រមទាំងទេវតា ទាំងមួយម៉ឺនលោកធាតុ នាំគ្នាទះ ដៃអបអរ ធ្វើអញ្ជលីនមស្ការថា បើពួកយើងឃ្វាងមគ្គផលក្នុងសាសនា នៃព្រះលោកនាថអង្គនេះ ពួកយើងគង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះគោតមនេះ ក្នុងកាលជា អនាគត មិនខាន ។ ពួកមនុស្សកាលនឹងឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់កាន់ យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំបាន យ៉ាងណាមិញ ពួកយើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីនេះ គង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះគោតម ក្នុងកាលជា អនាគត មិនខាន យ៉ាងនោះឯង ។ តថាគត លុះបានស្តាប់នូវភាសិត នៃព្រះជិនស្រីអង្គនោះហើយ ក៏ញុំាងចិត្តឲ្យជ្រះថ្លាក្រៃលែង បានអធិដ្ឋានវត្តតទៅ ដើម្បីបំពេញបារមី ទាំង ១០ ។ ព្រះសាស្តា ព្រះនាមធម្មទស្សី មានទីក្រុងឈ្មោះសោរណៈ មានព្រះមហាក្សត្រ ព្រះនាមសរណៈ (ជាព្រះបិតា) មានព្រះជននី ព្រះនាមសុនន្ទា ។ ព្រះធម្មទស្សី អង្គនោះ ទ្រង់គ្រប់គ្រងគេហដ្ឋាន អស់ ៨ ពាន់ឆ្នាំ ទ្រង់មានប្រាសាទ ៣ ខ្នង គឺប្រាសាទ ឈ្មោះអរជៈ ១ ប្រាសាទឈ្មោះវិរជៈ ១ ប្រាសាទឈ្មោះសុទស្សនៈ ១ ។ ពួកនារី ៤០ ពាន់រូប សឹងប្រដាប់ខ្លួនយ៉ាងសមសួន ព្រះនារី (ជាអគ្គមហេសី) ឈ្មោះវិចិកោលី ព្រះរាជបុត្រ ឈ្មោះបុញ្ញវឌ្ឍនៈ ។ ព្រះធម្មទស្សី ជាបុរសដ៏ប្រសើរ ទ្រង់ឃើញនិមិត្ត ៤ ហើយទ្រង់ចេញទៅទាំងប្រាសាទ ទៅប្រព្រឹត្តព្យាយាម អស់ ៧ ខែគត់ ។ ព្រះពុទ្ធ ព្រះនាមធម្មទស្សី ប្រសើរជាងពួកជន មានព្យាយាមធំ ឧត្តមជាងជន ត្រូវព្រហ្ម អារាធនាហើយ ទើបទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងមិគទាយវ័ន ។ ព្រះសាស្តា ព្រះនាមធម្មទស្សី មានព្រះបទុមត្ថេរ ១ ព្រះបុស្សទេវត្ថេរ ១ ជាអគ្គសាវ័ក ព្រះសុទត្ថត្ថេរ ជាឧបដ្ឋាក ។ មានព្រះខេមាថេរី ១ ព្រះសច្ចនាមាថេរី ១ ជាអគ្គសាវិកា ដើមឈើ សម្រាប់ត្រាស់ដឹង នៃព្រះមានព្រះភាគនោះ គេហៅថាតិម្ពជាលព្រឹក្ស ។ សុភទ្ទគហបតី ១ កដិស្សហគហបតី ១ ជាអគ្គឧបដ្ឋាក នាងសាឡិសា ១ នាងកឡិស្សា ១ ជាអគ្គឧបដ្ឋាយិកា ។ ព្រះពុទ្ធអង្គនោះ ទ្រង់ស្មើដោយព្រះពុទ្ធ ដែលមិនមានបុគ្គលស្មើ ទ្រង់មានកម្ពស់ ៨០ ហត្ថ ទ្រង់រុងរឿងក្រៃលែង ដោយតេជះ ក្នុងមួយម៉ឺនលោកធាតុ ។ ដើមសាលរាជព្រឹក្ស មានផ្ការីកស្គុះស្គាយល្អ ផ្លេកបន្ទោរលើអាកាស ព្រះអាទិត្យនាថ្ងៃត្រង់ រុងរឿងល្អ យ៉ាងណាមិញ ព្រះពុទ្ធអង្គនោះ ទ្រង់រុងរឿងល្អ យ៉ាងនោះ ។ ព្រះពុទ្ធអង្គនោះ ទ្រង់មាន តេជះថ្លឹងពុំបាន មានជីវិតដ៏ស្មើល្អ ព្រះពុទ្ធមានបញ្ញាចក្ខុ ទ្រង់ឋិតនៅក្នុងលោក អស់ ១ សែនឆ្នាំ ។ ព្រះពុទ្ធអង្គនោះ ព្រមទាំងសាវ័ក ទ្រង់សំដែងរស្មី ធ្វើសាសនា មិនឲ្យមាន មន្ទិល ដូចព្រះចន្ទ កាលរុងរឿងឰដ៏អាកាស ហើយបរិនិព្វាន ។ ព្រះធម្មទស្សី ទ្រង់មាន ព្យាយាមធំទ្រង់ បរិនិព្វានក្នុងអារាមឈ្មោះកេសៈ ព្រះស្តូបដ៏ប្រសើរនោះរបស់ព្រះពុទ្ធ អង្គនោះឯង មានកម្ពស់ ៣ យោជន៍ ។

ចប់ ធម្មទស្សិពុទ្ធវង្ស ។

១៦. សិទ្ធត្ថពុទ្ធវង្សកែប្រែ

[១៧] ក្រោយអំពីព្រះធម្មទស្សីមក មានព្រះលោកនាយក ព្រះនាមសិទ្ធត្ថៈ ទ្រង់ កម្ចាត់បង់ងងឹតទាំងអស់ បីដូចព្រះអាទិត្យរះឡើង ។ ព្រះសិទ្ធត្ថៈអង្គនោះ ទ្រង់ដល់នូវ សម្ពោធិញ្ញាណ ហើយចម្លងមនុស្សព្រមទាំងទេវតា បង្អុរភ្លៀង គឺព្រះធម៌ ហើយញ៉ាំង មនុស្សព្រមទាំងទេវតា ឲ្យរលត់ទុក្ខ ។ ព្រះអង្គមានតេជះថ្លឹងពុំបាន ទ្រង់មានការ ត្រាស់ដឹង ៣ លើក គឺការត្រាស់ដឹង លើកទី ១ មានពួកសត្វមួយសែនកោដិ ។ តមក ការត្រាស់ដឹង លើកទី ២ មានពួកសត្វ  ៩០  កោដិ ក្នុងកាលព្រះសម្ពុទ្ធ ទ្រង់ទូងស្គរ គឺធម៌ ក្នុងដែនឈ្មោះភីមៈ ។ ការត្រាស់ដឹង លើក ទី ៣ មានពួកសត្វ  ៩០  កោដិ ក្នុងកាលដែលព្រះពុទ្ធ ប្រសើរជាងជនអង្គនោះទ្រង់សំដែងធម៌ ទៀបភ្នំឈ្មោះវេភារៈ ។ ព្រះមហេសី ព្រះនាមសិទ្ធត្ថៈ មានសាវកសន្និបាត ៣ លើក សុទ្ធតែព្រះខីណាស្រព ឥត មានមន្ទិល មានចិត្តស្ងប់រម្ងាប់ ប្រាកដដោយតាទិគុណ ។ ឋានៈ គឺសន្និបាតទាំង ៣លើក ក្នុងសមាគម នៃព្រះខីណាស្រព ដែលមិនមានមន្ទិលនោះ មានចំនួន ១ រយកោដិម្តង  ៩០  កោដិម្តង ៨០ កោដិម្តង ។ សម័យនោះ តថាគតជាតាបស ឈ្មោះមង្គលៈ មានតេជះ ខ្ពង់ខ្ពស់ គេគ្របសង្កត់មិនបាន ជាអ្នកប្រកបដោយកម្លាំងនៃអភិញ្ញា ។ តថាគតបាននាំ ផ្លៃព្រីង មកថ្វាយព្រះពុទ្ធ ព្រះនាមសិទ្ធត្ថៈ ព្រះសម្ពុទ្ធទ្រង់ទទួលយកហើយ ទ្រង់បាន ត្រាស់ព្រះតម្រាស់នេះថា អ្នកទាំងឡាយ ចូរមើលជដិលតាបស ដែលមានតេជះខ្ពង់ខ្ពស់ នេះ ចុះតាបសនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ក្នុងកប្បទី ៩៤ អំពីកប្បនេះទៅ ។ សត្វនេះ នឹងចេញពីបុរីឈ្មោះកបិលភស្តុជាទីរីករាយ ទៅតម្កល់ព្យាយាម ធ្វើទុក្ករកិរិយា ។ សត្វនេះ នឹងអង្គុយទៀបគល់អជបាលព្រឹក្ស ទទួលបាយាស ក្នុងទីនោះ ហើយចូលទៅកាន់ស្ទឹងនេរញ្ជរា ។ ព្រះជិនស្រីអង្គនោះ បានសោយបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយស្តេចត្រឡប់ ចូលទៅឯគល់ពោធិព្រឹក្ស តាមផ្លូវប្រសើរ ដែលគេចាត់ចែងហើយ ។ លំដាប់នោះ ព្រះជិនស្រីទ្រង់មានយសធំ ធ្វើប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយនឹងត្រាស់ដឹង ទៀបគល់អស្សត្ថព្រឹក្ស ។ ព្រះជននី នៃព្រះគោតមនេះ ព្រះនាមមាយា ព្រះបិតា ព្រះនាមសុទ្ធោទនៈ តាបសនេះ នឹងបានជាព្រះពុទ្ធ ព្រះនាមគោតម ។ ព្រះកោលិតៈ ១ ព្រះឧបតិស្សៈ ១ នឹងជាអគ្គសាវ័ក សុទ្ធតែមិនមានអាសវៈ មានរាគៈអស់ហើយមានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ ភិក្ខុជាឧបដ្ឋាកឈ្មោះអានន្ទ នឹងបម្រើព្រះជិនស្រីអង្គនេះ ។ ខេមាថេរី ១ ឧប្បលវណ្ណាថេរី ១ ជាអគ្គសាវិកា សុទ្ធតែមិនមាន អាសវៈ មានរាគៈអស់ហើយមានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ ។ ដើមឈើជាទីត្រាស់ដឹង នៃព្រះមានជោគនោះ ហៅថាអស្សត្ថព្រឹក្ស ចិត្តគហបតី ១ ហត្ថាឡវកគហបតី ១ នឹងជាអគ្គឧបដ្ឋាក ។ នាងនន្ទមាតា ១ នាងឧត្តរា ១ជាអគ្គឧបដ្ឋាយិកា ព្រះគោតមទ្រង់យសអង្គនោះ មានព្រះជន្មាយុមួយរយឆ្នាំ ។ មនុស្ស និងទេវតា បាន ស្តាប់ព្រះពុទ្ធដីកានេះ នៃព្រះមហេសីឥតមានបុគ្គលស្មើ ក៏រីករាយថា បុរសនេះ ជាពូជ ពន្លកនៃព្រះពុទ្ធ ។ សំឡេងហ៊ោ ក៏ប្រព្រឹត្តទៅ ពួកមនុស្សព្រមទាំងទេវតា ទាំងមួយម៉ឺន លោកធាតុ នាំគ្នាទះដៃអបអរ ធ្វើអញ្ជលីនមស្ការថា បើយើងនឹងឃ្វាងមគ្គផល ក្នុងសាសនានៃព្រះលោកនាថអង្គនេះ ពួកយើងគង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះគោតមនេះ ក្នុងកាលជាអនាគតមិនខាន ។ ពួកមនុស្សកាលឆ្លងស្ទឹង បើឃ្វាងកំពង់ ចំពោះមុខ គង់ទៅកាន់កំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំបាន យ៉ាងណា ។ ពួកយើង ទាំងអស់ បើឃ្វាងព្រះជិនស្រីអង្គនេះ គង់នឹងបានសម្រេច ចំពោះព្រះភក្ត្រព្រះគោតម នេះ ក្នុងកាលជាអនាគតមិនខាន ក៏យ៉ាងនោះដែរ ។ តថាគត លុះស្តាប់ភាសិត នៃព្រះពុទ្ធ ព្រះនាមសិទ្ធត្ថៈនោះហើយ ក៏ធ្វើចិត្តឲ្យជ្រះថ្លាក្រៃលែង បានអធិដ្ឋានវត្តតទៅ ទៀត ដើម្បីបំពេញបារមីទាំង ១០ ។ ព្រះមហេសី ព្រះនាមសិទ្ធត្ថៈមានទីក្រុងឈ្មោះ វេភារៈ មានព្រះមហាក្សត្រ ព្រះនាមឧទេនៈ (ជាព្រះបិតា) មានព្រះជននី ព្រះនាម សុផស្សា ។ ព្រះសិទ្ធត្ថអង្គនោះ ទ្រង់គ្រប់គ្រងគេហដ្ឋាន អស់មួយម៉ឺនឆ្នាំ មានប្រាសាទ ដ៏ប្រសើរ ៣ ខ្នង គឺកោកាសប្រាសាទ ១ ឧប្បលប្រាសាទ ១ កោកនុទប្រាសាទ ១ ។ នារី ៤៨ ពាន់រូប សឹងមានខ្លួនតាក់តែងល្អ នារីជាអគ្គមហេសីព្រះនាមសុមនា មានព្រះរាជបុត្រ ព្រះនាមអនុបមៈ ។ ព្រះជិនស្រីទ្រង់ឃើញនិមិត្ត ៤ យ៉ាង ក៏ចេញទៅ ដោយវ តម្កល់នូវព្យាយាម អស់ ១០ ខែគត់ ។ ព្រះលោកនាយក ព្រះនាមសិទ្ធត្ថៈ មានព្យាយាម ធំ ប្រសើរជាងជន ត្រូវព្រហ្មអារាធនាហើយ ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងមិគទាយវ័ន ។ ព្រះមហេសី ព្រះនាមសិទ្ធត្ថៈមានព្រះសម្ពលត្ថេរ១ ព្រះសុមិត្តត្ថេរ ១ ជាអគ្គសាវ័ក ភិក្ខុឈ្មោះរេវតៈ ជាឧបដ្ឋាក ។ ព្រះសីវលាថេរី ១ ព្រះសុរាមាថេរី១ ជាអគ្គសាវិកា ដើមឈើសម្រាប់ត្រាស់ដឹង នៃព្រះមានព្រះភាគនោះ គេហៅថាកណ្ណិការព្រឹក្ស ។ សុប្បិយគហបតី ១ សម្ពុទ្ធគហបតី ១ ជាអ្នកបម្រើដ៏ប្រសើរ រម្មាឧបាសិកា ១ សុរម្មាឧបាសិកា ១ ជាស្រីបម្រើដ៏ប្រសើរ ។ ព្រះពុទ្ធអង្គនោះទ្រង់មានកម្ពស់ ៦០ ហត្ថ ទ្រង់ខ្ពស់ដល់អាកាស ប្រាកដដោយគ្រឿងបូជាមាស ទ្រង់រុងរឿងអស់មួយម៉ឺនលោក ធាតុ ។ ព្រះពុទ្ធអង្គនោះ ទ្រង់ស្មើដោយព្រះពុទ្ធ ដែលមិនមានបុគ្គលស្មើ ឥតមានបុគ្គល ថ្លឹងបាន ឥតមានបុគ្គលប្រៀបផ្ទឹមបាន ទ្រង់មានចក្ខុ ឋិតនៅក្នុងលោក អស់ ១ សែន ឆ្នាំ ។ ព្រះពុទ្ធអង្គនោះ ព្រមទាំងសាវ័ក ទ្រង់សំដែងពន្លឺ ភ្លឺត្រចះ ហើយញ៉ាំងសាវ័ក ឲ្យ សាយភាយទៅ ទ្រង់ក្រសាលដោយសមាបត្តិដ៏ប្រសើរ ហើយបរិនិព្វាន ។ ព្រះពុទ្ធ ព្រះនាមសិទ្ធត្ថៈ ជាអ្នកប្រាជ្ញដ៏ប្រសើរ ទ្រង់បរិនិព្វាន ក្នុងអនោមារាម ព្រះស្តូបដ៏ ប្រសើរ នៃព្រះអង្គនោះ មានកម្ពស់ ៤ យោជន៍ ប្រតិស្ឋាននៅក្នុងអនោមារាមនោះឯង ។

ចប់ សិទ្ធត្ថពុទ្ធវង្ស ។

១៧. តិស្សពុទ្ធវង្សកែប្រែ

[១៨] ក្រោយពីព្រះពុទ្ធ ព្រះនាមសិទ្ធត្ថៈមក មានព្រះពុទ្ធ ព្រះនាមតិស្សៈ ជា នាយកដ៏ប្រសើរក្នុងលោក ទ្រង់មិនមានបុគ្គលស្មើ មិនមានបុគ្គលប្រៀបផ្ទឹមបាន មាន សីលរកទីបំផុតគ្មាន មានយសរាប់មិនបាន ទ្រង់មានសេចក្តីអាណិតអាសូរ មាន ព្យាយាមធំ មានចក្ខុ ទ្រង់កើតឡើងក្នុងលោក កម្ចាត់បង់ងងឹតអន្ធការ ញ៉ាំងលោកនេះ ព្រមទាំងទេវលោក ឲ្យភ្លឺស្វាងហើយ ។ ព្រះពុទ្ធអង្គនោះ ទ្រង់មានឫទ្ធិថ្លឹងពុំបាន មាន សីលសមាធិថ្លឹងពុំបាន ព្រះអង្គសម្រេចនូវបារមី ក្នុងធម៌ទាំងពួង ហើយទ្រង់ញ៉ាំងចក្រ គឺធម៌ឲ្យប្រព្រឹត្តទៅ ។ ព្រះពុទ្ធនោះ ទ្រង់បញ្ចេញព្រះសូរសៀងដ៏ជ្រះស្អាតល្អ ក្នុងលោកធាតុមួយម៉ឺន ពួកសត្វទាំងមួយរយកោដិ សឹងបានត្រាស់ដឹង ក្នុងការសំដែងធម៌ លើកទី ១ ។ ការត្រាស់ដឹង លើកទី ២ មានពួកសត្វ  ៩០  កោដិ ការត្រាស់ដឹង លើកទី ៣ មានពួកសត្វ ៦០ កោដិ ពេលនោះ ព្រះសម្ពុទ្ធនោះ ទ្រង់ដោះមនុស្ស និងទេវតា ដែល មកដល់ ឲ្យរួចចាកចំណង គឺមារ ។ ព្រះតិស្សមហេសី មានសាវកសន្និបាត ៣ លើក ដែលសុទ្ធសឹងតែជាពួកព្រះខីណាស្រព មិនមានមន្ទិល គឺកិលេស មានចិត្តស្ងប់រម្ងាប់ ប្រកបដោយតាទិគុណ ។ សន្និបាត លើកទី ១ មានព្រះខីណាស្រព មួយសែនអង្គ សន្និបាត លើកទី ២ មានព្រះខីណាស្រព  ៩០  សែនអង្គ ។ សន្និបាត លើកទី ៣ មាន ព្រះខីណាស្រព ៨០ សែនអង្គ សុទ្ធតែជាអ្នកអស់អាសវៈ ឥតមានមន្ទិល គឺកិលេស រីកហើយដោយវិមុត្តិ ។ គ្រានោះ តថាគតជាក្សត្រនាមសុជាតៈ លះចោលភោគៈដ៏ច្រើន ហើយទៅបួសជាឥសី ។ កាលដែលតថាគតបួសស្រេចហើយ ព្រះលោកនាយក ទ្រង់ កើតឡើង តថាគតកើតមានបីតិ ព្រោះបានស្តាប់សំឡេងថា ព្រះពុទ្ធ ។ តថាគត បានកាន់ យកផ្កាមន្ទារវព្រឹក្ស ផ្កាឈូក និងផ្កាបរិច្ឆត្តកព្រឹក្សជាទិព្វ ដោយដៃទាំងពីរ ជជុះរលាស់ ហើយចូលទៅគាល់ ។ តថាគតកាន់ផ្កានោះ បំាងលើព្រះសិរ្សៈ នៃព្រះជិនស្រីព្រះនាមតិស្សៈ ជាលោកគ្គនាយក ដែលមានបរិស័ទ ៤ ចោមរោម ។ ព្រះពុទ្ធអង្គនោះ ទ្រង់គង់កណ្តាលប្រជុំជន ហើយព្យាករតថាគតកាលនោះថា ក្នុងកប្បទី ៩២ អំពីមណ្ឌកប្បនេះទៅ តាបសនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ។ សត្វនេះ និងចេញពីបូរីឈ្មោះកបិលពស្តុ ជាទីត្រេកអរ ទៅតម្កល់ព្យាយាម ធ្វើទុក្ករកិរិយា ។ សត្វនេះ នឹងអង្គុយទៀបគល់អជបាលព្រឹក្ស ទទួលបាយាស ត្រង់ទីនោះ ហើយនឹងចូលទៅកាន់ស្ទឹងនេរញ្ជរា ។ ព្រះជិនស្រីអង្គនោះ បានសោយបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយចូលទៅ ទៀបគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរ ដែលគេចាត់ចែងហើយ ។ លំដាប់នោះ ព្រះពុទ្ធមានយសធំ ទ្រង់ធ្វើប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយត្រាស់ដឹង ទៀបគល់អស្សត្ថព្រឹក្ស ។ ព្រះជននី នៃព្រះពុទ្ធេនេះ ព្រះនាមមាយា ព្រះបិតា ព្រះនាមសុទ្ធោទនៈ តាបសនេះ នឹងបានជាព្រះពុទ្ធ ព្រះនាមគោតម ។ ព្រះកោលិតៈ ១ ឧបតិស្សៈ ១ នឹងជាអគ្គសាវ័ក សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ ភិក្ខុជា ឧបដ្ឋាកឈ្មោះអានន្ទ នឹងបម្រើព្រះជិនស្រីអង្គនេះ ។ នាងខេមាថេរី ១ នាងឧប្បលវណ្ណា ថេរី ១ នឹងជាអគ្គសាវិកា សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈមានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ ។ ដើមឈើសម្រាប់ត្រាស់ដឹង នៃព្រះមានព្រះភាគអង្គនោះ គេហៅថា អស្សត្ថព្រឹក្ស ចិត្តគហបតី ១ ហត្ថាឡវកគហបតី ១ ជាអគ្គឧបដ្ឋាក ។ នន្ទមាតា ឧបាសិកា ១ ឧត្តរាឧបាសិកា ១ជាអគ្គឧបដ្ឋាយិកាព្រះគោតមមានយសអង្គនោះ ទ្រង់ មានព្រះជន្មាយុ ១០០ ឆ្នាំ ។ ពួកមនុស្ស និងទេវតា បានស្តាប់នូវព្រះពុទ្ធដីកានេះនៃព្រះមហេសី ទ្រង់ឥតមានបុគ្គលស្មើ ហើយរីករាយថា តាបសនេះ ជាពូជពន្លកនៃព្រះពុទ្ធ ។ សំឡេងហ៊ោ ក៏ប្រព្រឹត្តទៅ ពួកមនុស្សព្រមទាំងទេវតា ទាំងមួយម៉ឺនលោកធាតុ នាំគ្នា ទះដៃ អបអរសាទរ ធ្វើអញ្ជលីនមស្ការថា បើយើងឃ្វាងមគ្គផល ក្នុងសាសនា ព្រះលោកនាថអង្គនេះ គង់យើងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះគោតមនេះ ក្នុងកាល ជាអនាគតមិនខាន ។ ពួកមនុស្សកាលឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់នឹងកាន់ យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំបានយ៉ាងណា ពួកយើងទាំងអស់គ្នា បើឃ្វាង ព្រះជិនស្រីអង្គនេះ គង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះគោតមនេះ ក្នុងអនាគត យ៉ាងនោះដែរ ។ តថាគត លុះបានស្តាប់នូវព្រះពុទ្ធដីកា នៃព្រះជិនស្រីអង្គនោះហើយ ធ្វើចិត្តឲ្យរិតតែជ្រះថ្លាថែមទៀត ខំអធិដ្ឋានវត្តតទៅទៀត ដើម្បីបំពេញបារមីទាំង ១០ ។ ព្រះមហេសី ព្រះនាមតិស្សៈមានទីក្រុងឈ្មោះខេមកៈ មានព្រះមហាក្សត្រ ព្រះនាម ជនសន្ទៈ (ជាព្រះបិតា) មានព្រះជននី ព្រះនាមបទុមា ។ ព្រះតិស្សនោះ ទ្រង់គ្រប់គ្រង ព្រះរាជគេហដ្ឋាន អស់ ៧ ពាន់ឆ្នាំ មានប្រាសាទដ៏ប្រសើរ ៣ ខ្នង គឺប្រាសាទឈ្មោះ គុណសេលៈ ១ ប្រាសាទឈ្មោះអនាទិយៈ ១ ប្រាសាទឈ្មោះនិសភៈ ១ ។ ពួកនារីចំនួន ៣ ម៉ឺននាក់ សុទ្ធសឹងតែតាក់តែងខ្លួនល្អ ឯនាងនារី ជាអគ្គមហេសីនោះ ព្រះនាមសុភទ្រា ព្រះរាជបុត្រ ព្រះនាមអានន្ទ ។ ព្រះជិនស្រីទ្រង់ឃើញនិមិត្តទាំង ៤ ក៏យាងចេញទៅ ដោយយានសេះ ទៅតម្កល់ព្យាយាម អស់កន្លះខែគត់ ។ ព្រះលោកនាយក ព្រះនាម តិស្ស ប្រសើរក្នុងលោក មានព្យាយាមធំ ត្រូវព្រហ្មអារាធនាហើយ ទើបទ្រង់ញ៉ាំងចក្រ គឺធម្មឲ្យប្រព្រឹត្តទៅ ក្នុងយសវតីទាយវ័នដ៏ឧត្តម ។ ព្រះព្រហ្មទេវត្ថេរ ១ ព្រះឧទយត្ថេរ១ ជាអគ្គសាវ័ក ភិក្ខុឈ្មោះសមគៈ ជាឧបដ្ឋាកនៃព្រះមហេសី ព្រះនាមតិស្ស ។ នាងផុស្សា ថេរី ១ នាងសុទត្តាថេរី ១ ជាអគ្គសាវិកា ដើមឈើជាទីត្រាស់ដឹង នៃព្រះមានជោគ អង្គនោះ ហៅថាអសនព្រឹក្ស (ដើមធ្នង់) ។ សម្ពលគហបតី ១ សិរិគហបតី ១ ជា អគ្គឧបដ្ឋាក កីសាគោតមីឧបាសិកា ១ ឧបសេនាឧបាសិកា ១ ជាអគ្គឧបដ្ឋាយិកា ។ ព្រះជិនស្រីសម្ពុទ្ធនោះឯង ទ្រង់មានកម្ពស់ ៦០ ហត្ថ ឥតមានបុគ្គលប្រៀបផ្ទឹមបាន ឥតមានបុគ្គលស្មើបានប្រាកដដូចភ្នំហិមពាន្ត ។ ព្រះជិនស្រីអង្គនោះ ទ្រង់មានតេជះ ថ្លឹងពុំបាន ទ្រង់មានព្រះជន្ម មួយសែនឆ្នាំ ព្រះអង្គមិនមានបុគ្គលក្រៃលែងជាង ទ្រង់មាន ចក្ខុឋិតនៅក្នុងលោក ។ ព្រះជិនស្រីអង្គនោះ ព្រមទាំងសាវ័កទ្រង់សោយនូវយសធំ ដ៏ឧត្តម ប្រសើររុងរឿង ដូចគំនរភ្លើង ហើយបរិនិព្វាន ។ ព្រះជិនស្រីអង្គនោះ ព្រមទាំង សាវ័ក ទ្រង់បរិនិព្វានហើយ ដូចជាភ្លៀង (ដែលបាត់ទៅ) ព្រោះខ្យល់ ឬដូចទឹកសន្សើម(អស់ទៅ)ព្រោះព្រះអាទិត្យឬដូចងងឹត (បាត់ទៅ) ព្រោះប្រទីប ។ ព្រះពុទ្ធ ព្រះនាម តិស្សៈ ជាព្រះជិនស្រីដ៏ប្រសើរ បរិនិព្វានក្នុងនន្ទារាម ព្រះស្តូបព្រះជិនស្រីអង្គនោះ ពួកមហាជនសាងទុក កម្ពស់ ៣ យោជន៍ ក្នុងនន្ទារាមនោះ ។

ចប់ តិស្សពុទ្ធវង្ស ។

១៨. បុស្សពុទ្ធវង្សកែប្រែ

[១៩] ក្នុងមណ្ឌកប្បនោះឯង មានព្រះសាស្តា ព្រះនាមបុស្សៈ ទ្រង់មិនមាន បុគ្គលក្រៃលែងជាង មិនមានបុគ្គលប្រៀបផ្ទឹមបាន ស្មើដោយព្រះពុទ្ធ ដែលមិនមាន បុគ្គលស្មើ ជានាយកប្រសើរ ក្នុងលោក ។ ព្រះពុទ្ធអង្គនោះ ទ្រង់កម្ចាត់បង់ងងឹតទាំង អស់ ហើយត្រដោះគ្រឿងចាក់ស្រែះធំ (កិលេស) ទ្រង់ញ៉ាំងមនុស្សព្រមទាំងទេវតា ឲ្យឆ្អែតស្កប់ស្កល់ ទ្រង់បង្អុរភ្លៀងទឹកអម្រឹតចុះមក ។ កាលព្រះពុទ្ធ ព្រះនាមបុស្សៈ ញ៉ាំងចក្រ គឺធម៌ឲ្យប្រព្រឹត្តទៅ ការត្រាស់ដឹង លើកទី ១ មានពួកសត្វ ៨០ សែន ក្នុងមង្គលនៃថ្ងៃនក្ខត្តឫក្ស ។ ការត្រាស់ដឹង លើកទី ២ មានពួកសត្វ  ៩០  សែន ការ ត្រាស់ដឹង លើកទី ៣ មានពួកសត្វ ៨០ សែន ។ ព្រះមហេសី ព្រះនាមបុស្សៈ មាន សាវកសន្និបាត ៣ លើក ដែលសុទ្ធតែជាពួកព្រះខីណាស្រព ឥតមានមន្ទិល គឺកិលេស មានចិត្តស្ងប់រម្ងាប់ ប្រកបដោយតាទិគុណ ។ សន្និបាត លើកទី ១ មានព្រះខីណាស្រព ៦០ សែន សន្និបាត លើកទី ២ មានព្រះខីណាស្រព ៥០ សែន ។ សន្និបាត លើកទី ៣ មានពួកព្រះខីណាស្រព ៤០ សែន លោកផុតស្រឡះហើយ ព្រោះមិនប្រកាន់ មានតំណ គឺជាតិកាត់ផ្តាច់ហើយ ។ សម័យនោះ តថាគតជាក្សត្រ ព្រះនាមវិជិតៈ លះចោលរាជ សម្បត្តិដ៏ធំ ទៅបួសក្នុងសម្នាក់ព្រះពុទ្ធនោះ ។ ព្រះពុទ្ធជាម្ចាស់ ព្រះនាមបុស្សៈ ជាលោកគ្គនាយកនោះ ទ្រង់បានព្យាករតថាគតថា ក្នុងកប្បទី ៩២ អំពីកប្បនេះទៅ ភិក្ខុនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ។ សត្វនេះ នឹងចេញអំពីកបិលភស្តុបុរី ជាទីរីករាយ ទៅតម្កល់ ព្យាយាម ធ្វើទុក្ករកិរិយា ។ សត្វនេះ នឹងអង្គុយទៀបគល់នៃអជបាលព្រឹក្ស ទទួល បាយាស ក្នុងទីនោះ ហើយចូលទៅកាន់ស្ទឹងនេរញ្ជរា ។ ព្រះជិនស្រីអង្គនោះ ទ្រង់ សោយបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយស្តេចទៅឯគល់នៃពោធិព្រឹក្ស តាមផ្លូវ ដ៏ប្រសើរ ដែលគេចាត់ចែងហើយ ។ លំដាប់អំពីនោះ ព្រះពុទ្ធមានយសធំ ធ្វើប្រទក្សិណ ពោធិមណ្ឌលដ៏ប្រសើរ ហើយត្រាស់ដឹង ទៀបគល់អស្សត្ថព្រឹក្ស ។ ព្រះជននី នៃព្រះពុទ្ធអង្គនេះ ព្រះនាមមាយា ព្រះបិតា ព្រះនាមសុទ្ធោទនៈ ភិក្ខុនេះ នឹងបានជាព្រះពុទ្ធ ព្រះនាមគោតម ។ ព្រះកោលិតៈ ១ ឧបតិស្សៈ ១ នឹងជាអគ្គសាវ័ក សុទ្ធតែមិនមាន អាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ ភិក្ខុជាឧបដ្ឋាកឈ្មោះ អានន្ទ នឹងបម្រើព្រះជិនស្រីអង្គនេះ ។ ខេមាភិក្ខុនី ១ ឧប្បលវណ្ណាភិក្ខុនី ១ នឹងជា អគ្គសាវិកា សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈមានចិត្តស្ងប់រម្ងាប់ មានចិត្ត តម្កល់មាំ ។ ដើ់មឈើជាទីត្រាស់ដឹង នៃព្រះមានព្រះភាគនោះ ហៅថាអស្សត្ថព្រឹក្ស ចិត្តគហបតី ១ ហត្ថាឡវកគហបតី ១ នឹងជាអគ្គឧបដ្ឋាក ។ នាងនន្ទមាតា ១ នាងឧត្តរា ១នឹងជាអគ្គឧបដ្ឋាយិកាព្រះគោតមមានយសអង្គនោះ មានព្រះជន្មាយុ ១០០ ឆ្នាំ ។ ពួកមនុស្ស និងទេវតា លុះឮព្រះពុទ្ធដីកានេះ នៃព្រះមហេសី ឥតមានបុគ្គលស្មើហើយ ក៏រីករាយថា ភិក្ខុនេះ ជាពូជពន្លកនៃព្រះពុទ្ធ ។ សំឡេងហ៊ោ ក៏ប្រព្រឹត្តទៅ ពួកមនុស្ស និងទេវតា ទាំងមួយម៉ឺនលោកធាតុ នាំគ្នាទះដៃអបអរ ធ្វើអញ្ជលីនមស្ការថា បើពួកយើង នឹងឃ្វាងមគ្គផល ក្នុងសាសនានៃព្រះលោកនាថអង្គនេះ គង់នឹងសម្រេចក្នុងទី ចំពោះ ព្រះភក្ត្រនៃព្រះគោតមនេះ ក្នុងកាលអនាគតមិនខាន ។ ចំណែកខាងតថាគត បានស្តាប់ ព្រះពុទ្ធដីកា នៃព្រះបុស្សសម្ពុទ្ធនោះហើយ ក៏ញ៉ាំងចិត្តឲ្យរឹងរឹតតែជ្រះថ្លា ហើយខំអធិដ្ឋាន វត្តតទៅទៀត ដើម្បីបំពេញបារមីទាំង ១០ ប្រការ ។ តថាគត រៀនយកនូវព្រះសូត្រផង ព្រះវិន័យផង ពាក្យប្រៀនប្រដៅព្រះសាស្តា ប្រកបដោយអង្គ ៩ ទាំងអស់ផង ហើយញ៉ាំង សាសនាព្រះជិនស្រីឲ្យរុងរឿង ។ តថាគតមិនប្រមាទ សម្រេចសម្រាន្តនៅក្នុងសាសនានោះ ខំចម្រើនភាវនា ដែលប្រកបដោយព្រហ្មវិហារ ហើយដល់នូវបារមីក្នុងអភិញ្ញាទាំងឡាយ ហើយទៅកើតក្នុងព្រហ្មលោក ។ ព្រះមហេសី ព្រះនាមបុស្សៈ មាន ទីក្រុងឈ្មោះកាសិកៈ មានព្រះមហាក្សត្រ ព្រះនាមជ័យសេន ជាព្រះបិតាមានព្រះជននី ព្រះនាមសិរិមា ។ ព្រះបុស្សៈនោះ ទ្រង់គ្រប់គ្រងគេហដ្ឋាន អស់ ៩ ពាន់ឆ្នាំ មានប្រាសាទ ដ៏ប្រសើរ ៣ ខ្នង គឺប្រាសាទឈ្មោះគរុឡៈ ១ ប្រាសាទឈ្មោះហំសៈ ១ ប្រាសាទឈ្មោះ សុវណ្ណតារៈ ១ ។ ពួកនារី ២៣ ពាន់ សឹងមានខ្លួនតាក់តែងល្អហើយ ឯនារីជាអគ្គមហេសី ឈ្មោះកីសាគោតមី ព្រះរាជបុត្រឈ្មោះអានន្ទ ។ ព្រះជិនស្រីជាបុរសដ៏ប្រសើរ ទ្រង់ទត ឃើញនិមិត្តទាំង ៤ យ៉ាងហើយ ចេញទៅ ដោយយានដំរី បានប្រព្រឹត្តធ្វើព្យាយាម អស់ ៧ ថ្ងៃគត់ ។ ព្រះលោកគ្គនាយក ព្រះនាមបុស្សៈ មានព្យាយាមធំ ទ្រង់ប្រសើរជាងជន ត្រូវ ព្រហ្មអារាធនាហើយ ទើបទ្រង់ញ៉ាំងចក្រ គឺធម៌ ឲ្យប្រព្រឹត្តទៅ នាព្រៃមិគទាយវ័ន ។ ព្រះសុរក្ខិតភិក្ខុ ១ ព្រះធម្មសេនភិក្ខុ ១ ជាអគ្គសាវ័ក ភិក្ខុឈ្មោះសភិយ្យៈ ជាឧបដ្ឋាក នៃព្រះមហេសី ព្រះនាមបុស្សៈ ។ នាងចាលាភិក្ខុនី ១ នាងឧបចាលាភិក្ខុនី ១ ជាអគ្គសាវិកា ដើមឈើសម្រាប់ត្រាស់ដឹង នៃព្រះមានព្រះភាគអង្គនោះ គេហៅថាអាមលកព្រឹក្ស (ដើមកន្ទួតព្រៃ) ។ អនញ្ជគហបតី ១ វិសាខាគហបតី ១ ជាអគ្គឧបដ្ឋាក នាងបទុមា ១ នាងសិរិនាគា ១ ជាអគ្គឧបដ្ឋាយិកា ។ ព្រះមុនីអង្គនោះ មានកម្ពស់ ៥៨ ហត្ថ ទ្រង់រុងរឿងដូចព្រះអាទិត្យ ឬដូចព្រះចន្ទពេញវង់ ។ ទ្រង់មានព្រះជន្ម  ៩០  ពាន់ឆ្នាំ ព្រះអង្គកាលទ្រង់ធរមាននៅឡើយ បានចម្លងប្រជុំជនជាច្រើន ។ ព្រះសាស្តាអង្គនោះ ព្រមទាំងសាវ័ក ទ្រង់មានយសថ្លឹងពុំបាន ទ្រង់ទូន្មានពួកសត្វជាច្រើន ហើយចម្លងពួកសត្វជាច្រើន រួចបរិនិព្វាន ។ ព្រះជិនស្រីដ៏ប្រសើរ ព្រះនាមបុស្សៈ ទ្រង់ជាសាស្តា បរិនិព្វានហើយក្នុងសេនារាម ការផ្សាយចេញទៅនៃព្រះធាតុ មានក្នុងប្រទេសទាំងឡាយ នោះ ៗ ។

ចប់ បុស្សពុទ្ធវង្ស ។

១៩. វិបស្សិពុទ្ធវង្សកែប្រែ

[២០] ក្រោយអំពីព្រះពុទ្ធ ព្រះនាមបុស្សៈមក មានព្រះសម្ពុទ្ធ ព្រះនាមវិបស្សី ដ៏ឧត្តមជាងសត្វជើង ២ ទ្រង់មានចក្ខុកើតឡើងក្នុងលោក ។ ព្រះអង្គទ្រង់រំលាយស៊ុត គឺអវិជ្ជាចេញ ហើយដល់សម្ពោធិញ្ញាណដ៏ឧត្តម ទ្រង់ចៀសចេញទៅកាន់ពន្ធុមតីបុរី ដើម្បីញ៉ាំងចក្រ គឺធម៌ ឲ្យប្រព្រឹត្តទៅ ។ ព្រះនាយក ទ្រង់ញ៉ាំងធម៌ គឺចក្រ ឲ្យប្រព្រឹត្តទៅ រួចហើយ ញ៉ាំងខណ្ឌរាជកុមារ និងតិស្សកុមារ ទាំងពីរ ឲ្យត្រាស់ដឹង ការត្រាស់ដឹង លើកទី ១ មានចំនួនសត្វ គេមិនគប្បីពោលដោយការរាប់ឡើយ ។ តមកទៀត ព្រះពុទ្ធជាម្ចាស់ មានយសរាប់មិនបាន ប្រកាសសច្ចៈទាំង ៤ ក្នុងបុរីនោះ ការត្រាស់ដឹង លើកទី ២ មានពួកសត្វចំនួន ៨ ម៉ឺន ៤ ពាន់ ។ មានមនុស្ស ៨ ម៉ឺន ៤ ពាន់ បួសតាមព្រះពុទ្ធ ព្រះពុទ្ធមានចក្ខុ ទ្រង់សំដែងធម៌ដល់បព្វជិតទាំងនោះ ដែលមកដល់អារាម ។ ភិក្ខុទាំងនោះ អាស្រ័យព្រះជិនស្រីកាលទ្រង់សំដែងដោយអាការទាំងពួង ក៏បានសម្រេចនូវធម៌ដ៏ប្រសើរ នេះជាការត្រាស់ដឹង លើកទី ៣ ។ ព្រះមហេសី ព្រះនាមវិបស្សី មានសាវកសន្និបាត ៣ លើក ដែលសុទ្ធតែជាព្រះខីណាស្រពឥតមានមន្ទិល គឺកិលេស មានចិត្តស្ងប់រម្ងាប់ ប្រកបដោយតាទិគុណ ។ គឺសន្និបាត លើកទី ១ មានពួកព្រះខីណាស្រព ចំនួន ៦៨ សែន សន្និបាត លើកទី ២មានពួកព្រះខីណាស្រព ចំនួន ១ សែន ។ សន្និបាត លើកទី ៣ មានភិក្ខុចំនួន ៨ ម៉ឺន ព្រះសម្ពុទ្ធរុងរឿង ក្នុងកណ្តាលពួកភិក្ខុនោះ ។ សម័យនោះ តថាគតកើតជាស្តេចនាគ ឈ្មោះអតុលៈ មានឫទ្ធិច្រើន មានបុណ្យ ទ្រទ្រង់ពន្លឺ ។ ក្នុងកាលនោះ តថាគត មានពួកនាគច្រើនកោដិចោមរោម ប្រគំតូរ្យតន្ត្រីដ៏ជាទិព្វ ហើយចូលទៅជិតព្រះលោកជេដ្ឋៈ ។ លុះចូលទៅដល់ហើយ ក៏និមន្តព្រះសម្ពុទ្ធ ព្រះនាមវិបស្សី ជាលោកនាយក ហើយថ្វាយតាំងមាស ដែលដាំដោយកែវមណី និងកែវមុក្តា ដ៏ស្អិតស្អាង ហើយដោយអាភរណៈគ្រប់យ៉ាង ដល់ព្រះអង្គជាធម្មរាជ ។ ព្រះពុទ្ធជាម្ចាស់នោះ ទ្រង់គង់នៅក្នុងកណ្តាលសង្ឃ ហើយព្យាករតថាគតថា ក្នុងកប្បទី ៩១ អំពីមណ្ឌកប្បនេះ ស្តេចនាគនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ។ សត្វនេះ នឹងចេញពីកបិលពស្តុបុរី ជាទីត្រេកអរ ទៅតម្កល់ព្យាយាម ធ្វើទុក្ករកិរិយា ។ សត្វនេះ នឹងអង្គុយ ទៀបគល់អជបាលព្រឹក្ស ទទួលបាយាស ក្នុងទីនោះ ហើយចូលទៅកាន់ស្ទឹងនេរញ្ជរា ។ ព្រះជិនស្រីអង្គ នោះ បានសោយបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយចូលទៅឯគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរ ដែលគេចាត់ចែងហើយ ។ លំដាប់នោះ ព្រះពុទ្ធមានយសធំ ធ្វើ ប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយត្រាស់ដឹងសម្ពោធិញ្ញាណ ទៀបគល់អស្សត្ថព្រឹក្ស ។ ព្រះជននី នៃព្រះពុទ្ធនេះ ព្រះនាមមាយា ព្រះបិតា ព្រះនាមសុទ្ធោទនៈ នាគរាជ នេះ នឹងបានត្រាស់ជាព្រះពុទ្ធ ព្រះនាមគោតម ។ ព្រះកោលិតៈ ១ ព្រះឧបតិស្សៈ ១ នឹងជាអគ្គសាវ័ក សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្ត តាំងមាំ ភិក្ខុជាឧបដ្ឋាកឈ្មោះអានន្ទ នឹងបម្រើព្រះជិនស្រីអង្គនេះ ។ នាងខេមាភិក្ខុនី ១ នាងឧប្បលវណ្ណាភិក្ខុនី ១ នឹងជាអគ្គសាវិកា សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតំាងមាំ ។ ដើមឈើជាទីត្រាស់ដឹង នៃព្រះមានជោគអង្គនោះ ហៅថាអស្សត្ថព្រឹក្ស ចិត្តគហបតី ១ ហត្ថាឡវកគហបតី ១ នឹងជាអគ្គឧបដ្ឋាក ។ នាង នន្ទមាតា ១ នាងឧត្តរា ១នឹងជាអគ្គឧបដ្ឋាយិកាព្រះគោតមនោះ មានព្រះជន្មាយុ ១០០ ឆ្នាំ ។ ពួកមនុស្ស និងទេវតា លុះបានស្តាប់ព្រះពុទ្ធដីកានេះ នៃព្រះមហេសី ឥតមាន បុគ្គលស្មើ ហើយរីករាយថា នាគរាជនេះ ជាពូជពន្លកនៃព្រះពុទ្ធ ។ សំឡេងហ៊ោ ក៏ ប្រព្រឹត្តទៅ ពួកមនុស្សព្រមទាំងទេវតា មួយម៉ឺនលោកធាតុ នាំគ្នាទះដៃអបអរ ធ្វើ អញ្ជលីនមស្ការថា បើពួកយើងឃ្វាងមគ្គផល ក្នុងសាសនាព្រះលោកនាថអង្គនេះ គង់ នឹងសម្រេច ចំពោះព្រះភក្ត្រនៃព្រះគោតមនេះ ក្នុងអនាគតជាមិនខាន ។ ពួកមនុស្ស កាលឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់កាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹង ធំបាន យ៉ាងណាមិញ ។ ពួកយើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះ គង់បាន សម្រេចក្នុងទី ចំពោះព្រះភក្ត្រនៃព្រះគោតមនេះ ក្នុងអនាគតកាល យ៉ាងនោះដែរ ។ តថាគត បានស្តាប់ព្រះពុទ្ធដីកា នៃព្រះជិនស្រីអង្គនោះ ហើយញ៉ាំងចិត្តឲ្យរឹងរឹតតែជ្រះថ្លា បានខំអធិដ្ឋានវត្តតទៅ ដើម្បីបំពេញបារមីទាំង ១០ ប្រការ ។ ព្រះមហេសី ព្រះនាម វិបស្សី មានទីក្រុងឈ្មោះពន្ធុមតីមានព្រះមហាក្សត្រ ព្រះនាមពន្ធុមៈ ជាព្រះបិតា មាន ព្រះមាតា ព្រះនាមពន្ធុមតី ។ ព្រះវិបស្សីអង្គនោះ ទ្រង់គ្រប់គ្រងគេហដ្ឋាន អស់ ៨ ពាន់ឆ្នាំ មានប្រាសាទដ៏ប្រសើរ ៣ ខ្នង គឺប្រាសាទឈ្មោះនន្ទៈ១ ប្រាសាទឈ្មោះសុនន្ទៈ ១ ប្រាសាទឈ្មោះសិរិមៈ ១ ។ ពួកនារីចំនួន ៤ ម៉ឺន ៣ ពាន់ សឹងមានខ្លួនតាក់តែងល្អ ឯនារីជាអគ្គមហេសីព្រះនាមសុទស្សនា ព្រះរាជបុត្រ ព្រះនាមសមវត្តក្ខន្ធៈ ។ ព្រះជិនស្រីទ្រង់ឃើញនិមិត្ត ៤ ហើយចេញទៅ ដោយយានរថ តម្កល់ព្យាយាម អស់ ៨ ខែគត់ ។ ព្រះវិបស្សី ជាលោកនាយក ទ្រង់មានព្យាយាមធំ ប្រសើរជាងជន ត្រូវព្រហ្មអារាធនាហើយទើបទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងមិគទាយវ័ន ។ ព្រះរាជកុមារ នាមខន្ធៈ ១ បុត្រនៃបុរោហិត នាមតិស្សៈ ១ ជាអគ្គសាវ័កភិក្ខុឈ្មោះអសោកៈ ជាឧបដ្ឋាក នៃព្រះមហេសី ព្រះនាមវិបស្សី ។ នាងចន្ទាភិក្ខុនី ១ នាងចន្ទមិត្តាភិក្ខុនី ១ ជាអគ្គសាវិកា ដើមឈើជាទីត្រាស់ដឹង នៃព្រះមានព្រះភាគអង្គនោះ ហៅថាបាដលិព្រឹក្ស ។ បុនព្វសុមិត្តគហបតី ១ នាគគហបតី ១ ជាអគ្គឧបដ្ឋាក នាងសិរិមា ១ នាងឧត្តរា ១ ជាអគ្គឧបដ្ឋាយិកា ។ ព្រះវិបស្សីលោកនាយក មានកម្ពស់ ៨០ ហត្ថ ពន្លឺព្រះអង្គផ្សាយចេញទៅជុំវិញ ៧ យោជន៍ ។ ព្រះពុទ្ធអង្គនោះ ទ្រង់មានព្រះជន្ម ៨ ម៉ឺនឆ្នាំ ព្រះអង្គកាលទ្រង់ធរមាននៅ ឡើយ បានចម្លងប្រជុំជនច្រើន ចាកសំសារវដ្ត ។ ព្រះអង្គទ្រង់ដោះស្រាយនូវចំណង នៃទេវតា និងមនុស្សជាច្រើន ទាំងប្រាប់ផ្លូវត្រូវ ផ្លូវខុស ចំពោះពួកបុថុជ្ជនដ៏សេស ទៀត ផង ។ ព្រះអង្គ ព្រមទាំងសាវ័ក ទ្រង់សំដែងពន្លឺ ហើយបង្ហាញឧបាយ ជាទីទៅកាន់ ព្រះនិព្វាន ឈ្មោះអមតៈ ទ្រង់រុងរឿងដូចគំនរភ្លើង ហើយបរិនិព្វាន ។ ព្រះសរីរៈ ដែលមាន ឫទ្ធិដ៏ខ្ពង់ខ្ពស់ មានបុណ្យដ៏ប្រសើរ ប្រដាប់ហើយដោយលក្ខណៈ គឺចក្រ គង់បាត់បង់ អស់ទៅបាន ឱហ្ន៎ !សង្ខារទាំងអស់ សោះសូន្យទទេតើព្រះវិបស្សី ជានរៈដ៏ប្រសើរ ទ្រង់មានព្យាយាម បរិនិព្វានហើយ ក្នុងសុមិត្តារាម ព្រះស្តូបដ៏ប្រសើររបស់ព្រះអង្គនោះ គេបានសាងទុកកម្ពស់ ៧ យោជន៍ ក្នុងអារាមនោះ ។

ចប់ វិបស្សិពុទ្ធវង្ស ។

២០. សិខិពុទ្ធវង្សកែប្រែ

[២១] ក្រោយអំពីព្រះពុទ្ធវិបស្សីមក មានព្រះសម្ពុទ្ធ ព្រះនាមសិខីជិនស្រីទ្រង់ ឧត្តមជាសត្វជើង ២ ឥតមានបុគ្គលស្មើ ឥតមានបុគ្គលប្រៀបផ្ទឹមបាន ។ ព្រះអង្គ កម្ចាត់បង់សេនានៃមារ ហើយដល់សម្ពោធិញ្ញាណដ៏ប្រសើរ ញ៉ាំងចក្រ គឺធម៌ ឲ្យប្រព្រឹត្ត ទៅ ដើម្បីសេចក្តីអនុគ្រោះដល់ពួកសត្វ ។ កាលព្រះសិខីជិនស្រីដ៏ប្រសើរ ទ្រង់ញ៉ាំង ធម្មចក្រឲ្យប្រព្រឹត្តទៅការត្រាស់ដឹង លើកទី ១ មានពួកសត្វចំនួន ១ សែន កោដិ ។ កាលព្រះសិខី ប្រសើរជាងគណៈ ឧត្តមជាងជន ទ្រង់សំដែងធម៌ដទៃទៀត ការត្រាស់ ដឹង លើក ទី ២ មានពួកសត្វចំនួន  ៩០  ពាន់កោដិ ។ កាលព្រះសិខី ទ្រង់សំដែង យមកប្បាដិហារ្យ ក្នុងមនុស្សលោក ព្រមទាំងទេវលោក ការត្រាស់ដឹង លើក ទី ៣ មានពួកសត្វចំនួន ៨០ ពាន់កោដិ ។ ព្រះមហេសី ព្រះនាមសិខី មានសាវកសន្និបាត ៣ លើក ដែលសុទ្ធតែជាពួកព្រះខីណាស្រព ឥតមានមន្ទិល មានចិត្តស្ងប់រម្ងាប់ ប្រកបដោយតាទិគុណ ។ សន្និបាត លើកទី ១ មានភិក្ខុចំនួន ១ សែនរូប សន្និបាត លើកទី ២មានពួកភិក្ខុចំនួន ៨ ម៉ឺនរូប ។ សន្និបាត លើកទី ៣ មានភិក្ខុចំនួន ៧ ម៉ឺនរូប ជាសមាគម មិនប្រឡាក់ (ដោយពួកបុថុជ្ជន) ដូចបទុមជាតិ ដែលលូតលាស់នៅក្នុងទឹក ។ សម័យ នោះ តថាគតជាក្សត្រ នាមអរិន្ទមៈ បានញ៉ាំងព្រះសង្ឃ មានព្រះសម្ពុទ្ធជាប្រធាន ឲ្យឆ្អែត ស្កប់ស្កល់ ដោយបាយ និងទឹក ។ តថាគត បានប្រគេនសំពត់ជាច្រើន គឺកោដិនៃសំពត់ មិនតិច ហើយថ្វាយយានដំរីដ៏ប្រថាប់ហើយ ដល់ព្រះសម្ពុទ្ធ ។ តថាគត សាងយានដំរី ហើយបង្អោនចូលទៅជិត ឲ្យជារបស់គួរ បំពេញចិត្តរបស់ព្រះតថាគត ឲ្យតម្កល់នៅមាំ អស់កាលជានិច្ច ។ ព្រះពុទ្ធ ព្រះនាមសិខី ជាលោកគ្គនាយកនោះ ទ្រង់ព្យាករតថាគតថា ក្នុងកប្បទី ៣១ អំពីមណ្ឌកប្បនេះ ព្រះរាជាអង្គនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ។ សត្វនេះ នឹងចេញអំពីកបិលពស្តុបុរី ជាទីរីករាយ ទៅតម្កល់ព្យាយាម ធ្វើទុក្ករកិរិយា ។ សត្វនេះ នឹងអង្គុយទៀបគល់អជបាលព្រឹក្ស ទទួលយកបាយាសនៅទីនោះ ហើយចូលទៅកាន់ ស្ទឹងនេរញ្ជរា ។ ព្រះជិនស្រីអង្គនោះ បានសោយបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរាហើយចូលទៅឯគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរ ដែលគេចាត់ចែងហើយ ។ លំដាប់នោះ ព្រះពុទ្ធមានយសធំ ធ្វើប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយនឹងត្រាស់ដឹង ទៀប គល់អស្សត្ថព្រឹក្ស ។ ព្រះពុទ្ធនេះ នឹងមានព្រះជននី ព្រះនាមមាយា ព្រះបិតា ព្រះនាម សុទ្ធោទនៈ ព្រះរាជាអង្គនេះ នឹងបានជាព្រះពុទ្ធ ព្រះនាមគោតម ។ ព្រះកោលិតៈ ១ ព្រះឧបតិស្សៈ ១ នឹងជាអគ្គសាវ័កសុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់ រម្ងាប់ មានចិត្តតម្កល់មាំ ភិក្ខុជាឧបដ្ឋាកឈ្មោះអានន្ទ នឹងបម្រើព្រះជិនស្រីអង្គនោះ ។ នាងខេមាភិក្ខុនី ១ នាងឧប្បលវណ្ណាភិក្ខុនី ១ជាអគ្គសាវិកា សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈមានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ ។ ដើមឈើជាទីត្រាស់ដឹង នៃព្រះមានព្រះភាគអង្គនោះ ហៅថាអស្សត្ថព្រឹក្ស ចិត្តគហបតី ១ ហត្ថាឡវកគហបតី ១ នឹងជាអគ្គឧបដ្ឋាក ។ នាងនន្ទមាតា ១ នាងឧត្តរា ១នឹងជាអគ្គឧបដ្ឋាយិកាព្រះគោតម មានយសនោះ មានព្រះជន្ម ១០០ ឆ្នាំ ។ ពួកមនុស្ស និងទេវតា លុះបានស្តាប់ព្រះពុទ្ធ ដីកានេះ នៃព្រះមហេសី ឥតមានបុគ្គលស្មើ ហើយរីករាយថា ព្រះរាជាអង្គនេះ ជាពូជ ពន្លកនៃព្រះពុទ្ធ ។ សំឡេងហ៊ោ ក៏ប្រព្រឹត្តទៅ ពួកមនុស្សព្រមទាំងទេវតា ទាំងមួយម៉ឺន លោកធាតុ នាំគ្នាទះដៃអបអរ ធ្វើអញ្ជលីនមស្ការថា បើពួកយើងនឹងឃ្វាងមគ្គផល ក្នុងសាសនានៃព្រះលោកនាថអង្គនេះ គង់នឹងបានសម្រេចក្នុងទី ចំពោះព្រះភក្ត្រនៃព្រះគោតម អង្គនេះ ក្នុងអនាគតកាលមិនខាន ។ ពួកមនុស្សកាលឆ្លងស្ទឹង បើឃ្វាងកំពង់ខាងលើ គង់ទៅកាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងបាន យ៉ាងណាមិញ ពួកយើងទាំងអស់ គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះ គង់នឹងបានសម្រេចក្នុងទី ចំពោះព្រះភក្ត្រនៃព្រះគោតម អង្គនេះ យ៉ាងនោះដែរ ។ ឯតថាគត លុះបានស្តាប់ព្រះពុទ្ធដីកានៃព្រះអង្គនោះហើយ រឹងរឹតតែធ្វើចិត្តឲ្យជ្រះថ្លាហើយ បានខំអធិដ្ឋានវត្តតទៅ ដើម្បីបំពេញបារមីទាំង ១០ ប្រការ ។ ព្រះមហេសី ព្រះនាមសិខី មានទីក្រុងឈ្មោះ អរុណវតីមានព្រះមហាក្សត្រ ព្រះនាមអរុណៈ ជាព្រះបិតាមានព្រះជននី ព្រះនាមបភាវតី ។ ព្រះអង្គទ្រង់គ្រប់គ្រង គេហដ្ឋាន អស់ ៧ ពាន់ឆ្នាំ ទ្រង់មានប្រាសាទដ៏ប្រសើរ ៣ ខ្នង គឺប្រាសាទឈ្មោះសុវឌ្ឍកៈ ១ ប្រាសាទឈ្មោះគិរី ១ ប្រាសាទឈ្មោះនារីវាហនៈ ១ ។ ពួកនារីចំនួន ២ ម៉ឺន ៤ ពាន់ សឹងមានខ្លួនតាក់តែងល្អហើយ ឯនាងនារីជាអគ្គមហេសីនោះព្រះនាមសព្វកាមា ព្រះរាជបុត្រព្រះនាមអតុលៈ ។ (ព្រះតថាគត) ជាបុរសដ៏ឧត្តម ទ្រង់ឃើញនិមិត្តទាំង ៤ ហើយចេញទៅ ដោយយានដំរី បានប្រព្រឹត្តធ្វើព្យាយាម អស់ ៨ ខែគត់ ។ ព្រះសិខីលោកគ្គនាយក មានព្យាយាមដ៏ធំ ប្រសើរជាងជន ត្រូវព្រហ្មអារាធនាហើយ ទើប ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងមិគទាយវ័ន ។ ព្រះមហេសី ព្រះនាមសិខី មានអភិភូភិក្ខុ ១ សម្ភវភិក្ខុ ១ ជាអគ្គសាវ័ក ភិក្ខុឈ្មោះខេមង្ករៈ ជាឧបដ្ឋាក ។ នាងមខិលាភិក្ខុនី ១ នាងបទុមាភិក្ខុនី ១ ជាអគ្គសាវិកា ដើមឈើជាទីត្រាស់ដឹង នៃព្រះមានព្រះភាគនោះ គេហៅថាបុណ្ឌរីកព្រឹក្ស (ដើមស្វាយស) ។ សិរិវឌ្ឍគហបតី ១ នន្ទគហបតី ១ ជា អគ្គឧបដ្ឋាក នាងចិត្តា ១ នាងសុចិត្តា ១ ជាអគ្គឧបដ្ឋាយិកា ។ ព្រះពុទ្ធអង្គនោះ ទ្រង់មាន កម្ពស់ ៧០ ហត្ថ ប្រាកដស្មើដោយគ្រឿងមាស មានលក្ខណៈដ៏ប្រសើរ ៣២ ប្រការ ។ ព្រះពុទ្ធជាម្ចាស់អង្គនោះ មានពន្លឺប្រមាណ ១ ព្យាម ផ្សាយចេញអំពីព្រះកាយជានិច្ច ផ្សាយចេញទៅទិសតូច និងទិសធំ ភ្លឺចេញទៅ ចម្ងាយ ៣ យោជន៍ ។ ព្រះមហេសីអង្គ នោះ មានព្រះជន្ម ៧ ម៉ឺនឆ្នាំ ព្រះអង្គកាលគង់ធរមាននៅឡើយ បានញ៉ាំងប្រជុំជនជាច្រើន ឲ្យឆ្លង (ត្រើយសំសារវដ្ត) ។ ព្រះពុទ្ធនោះ ព្រមទាំងសាវ័ក បង្អុរភ្លៀង គឺធម៌ ស្រោច ស្រប់ផ្សើមពួកមនុស្សព្រមទាំងទេវតា ធ្វើឲ្យដល់នូវសភាពក្សេមក្សាន្ត ហើយបរិនិព្វាន ។ ព្រះសរីរៈបរិបូណ៌ដោយអនុព្យញ្ជនៈ មានលក្ខណៈដ៏ប្រសើរ ៣២ ប្រការ គង់បាត់បង់សូន្យ ទាំងអស់ ឱ ! សង្ខារទាំងពួង ជារបស់ទទេ ទេតើ ។ ព្រះសិខីសម្ពុទ្ធ ជាអ្នកប្រាជ្ញដ៏ ប្រសើរ ទ្រង់បរិនិព្វាន ក្នុងអស្សារាម ព្រះស្តូបដ៏ប្រសើរ នៃព្រះអង្គនោះ គេសាងទុក កម្ពស់ ៣ យោជន៍ ក្នុងទីនោះឯង ។

ចប់ សិខិពុទ្ធវង្ស ។

២១. វេស្សភូពុទ្ធវង្សកែប្រែ

[២២] ក្នុងមណ្ឌកប្បនោះឯង មានព្រះជិនស្រីព្រះនាមវេស្សភូ ព្រះអង្គមិន មានបុគ្គលស្មើ មិនមានបុគ្គលប្រៀបផ្ទឹមបាន ទ្រង់កើតឡើងក្នុងលោក ។ ព្រះជិនស្រីនោះ កាលជ្រាបច្បាស់នូវលោកទាំង ៣ នេះ ដែលឆេះសព្វ ដោយភ្លើង គឺរាគៈផង នូវដែននៃតណ្ហាទាំងឡាយផង ទ្រង់កាត់នូវចំណង ដូចដំរីដ៏ប្រសើរ ដល់នូវសម្ពោធិញ្ញាណដ៏ឧត្តម ។ ព្រះវេស្សភូ ជាលោកនាយក ទ្រង់សំដែងធម្មចក្រ មានពួកបរិស័ទ ចំនួន ៨០ ពាន់កោដិ បានត្រាស់ដឹង ក្នុងគ្រាជាដំបូង ។ កាលដែលព្រះលោកជេដ្ឋៈ ប្រសើរជាងពួកនរជន ចៀសចេញទៅកាន់ចារិកក្នុងដែន មានពួកបរិស័ទចំនួន ៧០ ពាន់កោដិ បានត្រាស់ដឹង ក្នុងគ្រាទី ២ ។ ព្រះជិនស្រីអង្គនោះ ទ្រង់បន្ទោបង់នូវមហាទិដ្ឋិ ហើយធ្វើនូវបាដិហារ្យ ពួកមនុស្ស និងទេវតា ក្នុងមួយម៉ឺនលោកធាតុ ព្រមទាំងទេវលោក ក៏បានមកប្រជុំគ្នា ។ ពួកទេវតា និងមនុស្ស ចំនួន ៦០ កោដិ ឃើញហេតុអស្ចារ្យ ធំចំឡែក ជាទីព្រឺរោមហើយ ក៏បានត្រាស់ដឹង (ក្នុងគ្រាទី ៣) ។ ព្រះពុទ្ធ ព្រះនាមវេស្សភូ ស្វែងរកនូវគុណដ៏ធំ មានសាវកសន្និបាត ៣ លើក សុទ្ធតែជាព្រះខីណាស្រព ប្រាសចាកមន្ទិល មានចិត្តស្ងប់រម្ងាប់ មានចិត្តនឹងធឹង ។ គឺសន្និបាត លើកទី ១ មានភិក្ខុចំនួន ៨០ ពាន់កោដិ សន្និបាត លើកទី ២ មានភិក្ខុចំនួន ៧០ ពាន់កោដិ ។ សន្និបាត លើកទី ៣ មានពួកភិក្ខុចំនួន ៦០ ពាន់កោដិ ដែលភ័យតក់ស្លុតអំពីទុក្ខ មានជរាជាដើម ជាឱរសរបស់ព្រះពុទ្ធស្វែងរកនូវគុណដ៏ធំ ។ កាលព្រះសម្ពុទ្ធ មិនមានបុគ្គលស្មើអង្គនោះ ទ្រង់សំដែងធម្មចក្រដ៏ឧត្តម សម័យនោះ តថាគតជាក្សត្រ ឈ្មោះសុទស្សនៈ បាន ស្តាប់នូវធម៌ដ៏ប្រសើរហើយ ក៏ពេញចិត្តនឹងផ្នួសយ៉ាងក្រៃលែង បានបូជានូវព្រះជិនស្រីព្រមទាំងព្រះសង្ឃ ដោយបាយទឹក និងសំពត់ ។ តថាគត ញ៉ាំងមហាទាន ឲ្យប្រព្រឹត្តទៅ ជាអ្នកមិនខ្ជិល ទាំងយប់ទាំងថ្ងៃ ហើយចូលទៅកាន់ផ្នួស ដែលបរិបូណ៌ដោយគុណ ក្នុងសម្នាក់ព្រះជិនស្រី ។ តថាគត បរិបូណ៌ដោយអាចារគុណ មានចិត្តតម្កល់ខ្ជាប់ ក្នុងវត្ត និងសីល ស្វែងរកនូវសព្វញ្ញុតញ្ញាណ ត្រេកអរក្នុងសាសនានៃព្រះជិនស្រី ។ តថាគត ញ៉ាំងសទ្ធា និងបីតិ ឲ្យកើតឡើង ហើយថ្វាយបង្គំ ព្រះសម្ពុទ្ធ ជាសាស្តា បីតីរបស់តថាគត ក៏កើតឡើង ព្រោះហេតុនៃការត្រាស់ដឹង ។ ព្រះសម្ពុទ្ធ ទ្រង់ជ្រាបចិត្តមិនវិលត្រឡប់ ហើយទ្រង់ត្រាស់ថា ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្សត្រនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ។ សត្វនេះ នឹងចេញពីក្រុងកបិលពស្តុ ជាទីរីករាយ ហើយតាំងសេចក្តីព្យាយាម ធ្វើទុក្ករកិរិយា ។ សត្វនេះ នឹងអង្គុយទៀបគល់អជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយចូលទៅកាន់ស្ទឹងនេរញ្ជរា ។ ព្រះជិនស្រីអង្គនោះ បានឆាន់បាយាស ក្បែរឆ្នេរស្ទឹងនេរញ្ជរា ហើយចូលទៅឯគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរ ដែលគេចាត់ចែង ។ លំដាប់នោះ ព្រះសម្ពុទ្ធមានយសធំ ធ្វើប្រទក្សិណនូវពោធិមណ្ឌលដ៏ប្រសើរ ហើយនឹងត្រាស់ដឹង ទៀបគល់អស្សត្ថព្រឹក្ស ។ ព្រះមាតា ព្រះពុទ្ធអង្គនេះ ព្រះនាមមាយា ព្រះបិតា ព្រះនាមសុទ្ធោទនៈ ស្តេចនេះ នឹងបានជាព្រះពុទ្ធ ព្រះនាមគោតម ។ ព្រះថេរៈ ២ អង្គ គឺកោលិតៈ ១ ឧបតិស្សៈ ១ ជាអ្នកមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវ័ក ព្រះថេរៈឈ្មោះអានន្ទ នឹងជាឧបដ្ឋាក បម្រើព្រះជិនស្រីអង្គនេះ ។ ព្រះថេរីឈ្មោះខេមា ១ ឧប្បលវណ្ណា ១ជាអ្នកមិនមានអាសវៈ ប្រាសចាករាគៈមានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវិកា ។ ដើមឈើជាទីត្រាស់ដឹងរបស់ព្រះមានព្រះភាគអង្គនោះ គេហៅថាអស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តគហបតី ១ ហត្ថាឡវកគហបតី ១ នឹងបានជាអគ្គឧបដ្ឋាក ។ ឧបាសិកាឈ្មោះនន្ទមាតា ១ ឧត្តរា ១នឹងជាអគ្គឧបដ្ឋាយិកាព្រះសម្ពុទ្ធ ព្រះនាមគោតម មានយសអង្គនោះ មានព្រះជន្ម ១០០ ឆ្នាំ ។ ពួកមនុស្ស និងទេវតា បានស្តាប់នូវព្រះពុទ្ធដីកានេះរបស់ព្រះសម្ពុទ្ធ ទ្រង់រកបុគ្គលស្មើគ្មាន ស្វែងរកនូវគុណដ៏ធំហើយ ក៏រីករាយថា ក្សត្រនេះ ជាពូជពន្លកនៃព្រះពុទ្ធ ។ ពួកមនុស្សព្រមទាំងទេវតា ទាំងមួយម៉ឺនលោកធាតុ មានសំឡេងហ៊ោ ទះដៃ អបអរសាទរ ធ្វើអញ្ជលីនមស្ការថា បើពួកយើងនឹងឃ្វាងមគ្គផល ក្នុងសាសនានៃព្រះលោកនាថអង្គនេះ គង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគតមិនខាន ។ មនុស្សទាំងឡាយ កាលឆ្លងស្ទឹង បើឃ្វាងកំពង់ ចំពោះមុខ គង់នឹងកាន់យកនូវកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំបាន យ៉ាងណាមិញ ។ យើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះ ក៏គង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគត ក៏យ៉ាងនោះដែរ ។ តថាគត បានស្តាប់នូវ ព្រះពុទ្ធដីកានៃព្រះសាស្តានោះហើយ ក៏ញ៉ាំងចិត្តឲ្យជ្រះថ្លាក្រៃលែង បានខំអធិដ្ឋានវត្តតទៅ ដោយការបំពេញបារមីទាំង ១០ ។ ព្រះវេស្សភូសម្ពុទ្ធ ទ្រង់ស្វែងរកនូវគុណដ៏ធំ មាននគរឈ្មោះអនោមៈ មានព្រះមហាក្សត្រ ព្រះនាមសុប្បតិតៈ ជាព្រះបិតាមានព្រះមាតា ព្រះនាមយសវតី ។ ព្រះអង្គគង់នៅគ្រប់គ្រងព្រះដំណាក់ អស់ ៦ ពាន់ឆ្នាំ ប្រាសាទដ៏ប្រសើរ មាន ៣គឺរុចិប្រាសាទ ១ សុរតិប្រាសាទ ១ វឌ្ឍកប្រាសាទ ១ ។ ពួកនារីមិនខ្វះពី ៣០ ពាន់នាក់ មានខ្លួនប្រដាប់សមរម្យ ឯនារី ជាអគ្គមហេសី ព្រះនាម សុចិត្តាព្រះរាជបុត្រព្រះនាមសុប្បពុទ្ធ ។ ព្រះសម្ពុទ្ធ ជាបុរសដ៏ឧត្តម បានឃើញនូវ និមិត្ត ៤យ៉ាង ស្តេចចេញដោយវ បានប្រព្រឹត្តព្យាយាម អស់ ៦ ខែ ។ ព្រះវេស្សភូ ជាលោកនាយក មានព្រះទ័យស្ងប់រម្ងាប់មានចក្រ គឺធម៌ប្រព្រឹត្តទៅ មានព្យាយាមធំ ឧត្តមជាងពួកជន ត្រូវមហាព្រហ្មអារាធនាហើយ ក្នុងអរុណារាម ។ ព្រះវេស្សភូសម្ពុទ្ធ ទ្រង់ស្វែងរកនូវគុណដ៏ធំ មានព្រះថេរៈឈ្មោះសោណៈ ១ ឧត្តរៈ ១ ជាអគ្គសាវ័ក ព្រះថេរៈឈ្មោះឧបសន្តៈ ជាឧបដ្ឋាក ។ ព្រះថេរីឈ្មោះរាមា ១ សមានា ១ ជាអគ្គសាវិកា ឯ ឈើសម្រាប់ត្រាស់ដឹងរបស់ព្រះមានព្រះភាគនោះ គេតែងហៅថា មហាសាលព្រឹក្ស ។ ឧបាសកឈ្មោះសោត្ថិកៈ ១ រម្មៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះគោតមី ១ សិរិមា ១ ជាអគ្គឧបដ្ឋាយិកា ។ រស្មីមានកម្ពស់ ៦០ ហត្ថ មានឧបមាស្មើដោយប្រាសាទមាស ផ្សាយចេញពីព្រះកាយ ដូចអណ្តាតភ្លើងលើកំពូលភ្នំ ក្នុងវេលាយប់ ។ ព្រះសម្ពុទ្ធ ទ្រង់ ស្វែងរកនូវគុណដ៏ធំអង្គនោះ មានព្រះជន្មាយុ ៦ ម៉ឺនឆ្នាំ ព្រះអង្គឋិតនៅអស់កាល ត្រឹមនោះ ញ៉ាំងប្រជុំជនជាច្រើន ឲ្យឆ្លង (ចាកសង្សារ) ។ ព្រះសម្ពុទ្ធអង្គនោះ ព្រមទាំង សាវ័ក ញែកធម៌ធ្វើឲ្យពិស្តារ តម្កល់មហាជនក្នុងសំពៅ គឺធម៌ ហើយបរិនិព្វាន ។ ជន ទាំងអស់នោះ វិហារ និងឥរិយាបថ ជារបស់ដែលគេគប្បីរមិលមើលរបស់ទាំងអស់នេះ វិនាសសាបសូន្យអស់ទៅ ឱ ! សង្ខារទាំងពួង ជារបស់ទទេ ទេតើ ។ ព្រះជិនស្រីដ៏ ប្រសើរ ព្រះនាមវេស្សភូ ជាសាស្តា បរិនិព្វានក្នុងខេមារាម ព្រះធាតុផ្សាយទៅ ក្នុងប្រទេសនោះ ៗ ។

ចប់ វេស្សភូពុទ្ធវង្ស ។

២២. កក្កុសន្ធពុទ្ធវង្សកែប្រែ

[២៣] ក្នុងកាលជាខាងក្រោយ នៃព្រះវេស្សភូសម្ពុទ្ធមក មានព្រះសម្ពុទ្ធ ព្រះនាមកក្កុសន្ធៈទ្រង់ប្រសើរជាងពួកសត្វទ្វេបាទ មានគុណរាប់មិនបាន គេគ្របសង្កត់ បានដោយកម្រ ព្រះអង្គរំលើងនូវភពទាំងពួង ដល់នូវបារមីដោយចរិយា ហើយសម្រេច នូវពោធិញ្ញាណដ៏ឧត្តម ដូចសីហៈទម្លាយនូវទ្រុង ។ កាលព្រះកក្កុសន្ធៈ ជាលោកនាយក ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ មានពួកបរិស័ទ ចំនួន ៤ ម៉ឺនកោដិ បានត្រាស់ដឹង ក្នុងគ្រាដំបូង ។ ព្រះកក្កុសន្ធៈ ទ្រង់ធ្វើនូវវិកុព្វនបដិហារ្យ ជាគូ ៗ ឰដ៏អាកាស ញ៉ាំងទេវតា និងមនុស្ស ៣ ម៉ឺនកោដិ ឲ្យត្រាស់ដឹង(នេះជាការត្រាស់ដឹង ទី ២) ។ ក្នុងការប្រកាស នូវចតុស្សច្ចធម៌ នៃព្រះពុទ្ធនោះ មានមនុស្សទេវតា និងយក្ស ត្រាស់ដឹងនូវធម៌ គេមិន អាចរាប់បាន (នេះជាការត្រាស់ដឹង ទី ៣) ។ ព្រះមានជោគ ព្រះនាមកក្កុសន្ធៈ មាន សាវកសន្និបាតតែមួយដង សុទ្ធតែជាព្រះខីណាស្រព មិនមានមន្ទិល មានចិត្តស្ងប់រម្ងាប់ មានចិត្តនឹងធឹង ។ សាវ័កសមាគមក្នុងកាលនោះ មានពួកព្រះខីណាស្រព ៤ ម៉ឺន ដែលដល់នូវទន្តភូមិ (ភូមិនៃបុគ្គលអ្នកមានខ្លួនទូន្មានហើយ) ព្រោះអស់ទៅនៃកិលេស មានអាសវៈជាដើម ។ សម័យនោះ តថាគតជាក្សត្រឈ្មោះខេមៈ បានថ្វាយទានដ៏ច្រើន ចំពោះព្រះតថាគត និងព្រះសង្ឃ ជាជិនបុត្ត ។ តថាគតបានចាត់ចែងថ្វាយបាត្រ ចីវរ ថ្នាំបន្តក់ និងដើមឈើអែម ទាំងអស់នេះ ជារបស់ប្រសើរក្រៃពេក ដែលតថាគតប្រាថ្នាហើយ ។ ព្រះមុនីកក្កុសន្ធៈ ជានាយកអង្គនោះ ទ្រង់ព្យាករតថាគតថា ក្នុងភទ្ទកប្បនេះ ក្សត្រនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ។ សត្វនេះ នឹងចេញចាកក្រុងកបិលពស្តុ ជាទីរីករាយ ហើយតម្កល់នូវព្យាយាម ធ្វើទុក្ករកិរិយា ។ សត្វនេះ នឹងអង្គុយទៀបគល់នៃអជបាលព្រឹក្ស ទទួលបាយាស ក្នុងទីនោះ ហើយចូលទៅកាន់ស្ទឹងនេរញ្ជរា ។ ព្រះជិនស្រីនោះ នឹងសោយបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយស្តេចសំដៅទៅឯគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរ ដែលគេចាត់ចែង ។ លំដាប់នោះ ព្រះពុទ្ធមានយសធំ ធ្វើប្រទក្សិណ ពោធិមណ្ឌលដ៏ប្រសើរ ហើយនឹងត្រាស់ដឹង ទៀបគល់អស្សត្ថព្រឹក្ស ។ ព្រះមាតា នៃព្រះពុទ្ធនេះ ព្រះនាមមាយា ព្រះបិតា ព្រះនាមសុទ្ធោទនៈ ក្សត្រនេះ ជាព្រះពុទ្ធ ព្រះនាម គោតម ។ ព្រះថេរៈឈ្មោះកោលិតៈ ១ ឧបតិស្សៈ ១ សុទ្ធតែមិនមានអាសវៈ ប្រាសចាក រាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ ជាអគ្គសាវ័ក ព្រះថេរៈឈ្មោះអានន្ទ ជា ឧបដ្ឋាក បម្រើព្រះជិនស្រីអង្គនេះ ។ ព្រះថេរីឈ្មោះខេមា ១ ឧប្បលវណ្ណា ១សុទ្ធតែមិន មានអាសវៈ ប្រាសចាករាគៈមានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ ជាអគ្គសាវិកា ។ ឈើជាទីត្រាស់ដឹងរបស់ព្រះមានព្រះភាគនោះ ហៅថាអស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តៈ ១ ហត្ថាឡវក ១ ជាអគ្គឧបដ្ឋាក ។ ឧបាសិកាឈ្មោះនន្ទមាតា ១ ឧត្តរា ១ នឹងជាអគ្គឧបដ្ឋាយិកាព្រះគោតមមានយសអង្គនោះ មានព្រះជន្មាយុ ១០០ ឆ្នាំ ។ ពួកមនុស្ស និងទេវតា បានស្តាប់ព្រះពុទ្ធដីកានេះរបស់ព្រះសម្ពុទ្ធ ទ្រង់មិនមានបុគ្គលស្មើ ស្វែងរកនូវគុណដ៏ធំហើយ ក៏រីករាយថា ក្សត្រអង្គនេះ ជាពូជពន្លកនៃព្រះពុទ្ធ ។ ពួកមនុស្សព្រមទាំងទេវតា ទាំងមួយម៉ឺនលោកធាតុ មានសំឡេងហ៊ោ ទះដៃអបអរ ធ្វើ អញ្ជលីនមស្ការថា បើយើងនឹងឃ្វាងមគ្គផល ក្នុងសាសនានៃព្រះលោកនាថអង្គនេះ យើងគង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគត មិនខាន ។ មនុស្សទាំងឡាយ កាលឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខហើយ គង់នឹងកាន់ យកនូវកំពង់ខាងក្រោម ហើយឆ្លងនូវស្ទឹងធំបានដែរ យ៉ាងណាមិញ ។ យើងទាំងអស់ គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះហើយ គង់តែនឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគតពុំខាន ក៏យ៉ាងនោះដែរ ។ តថាគតស្តាប់ព្រះពុទ្ធដីការបស់ព្រះពុទ្ធនោះហើយ ក៏ញ៉ាំងចិត្តឲ្យជ្រះថ្លាដោយក្រៃលែង បានអធិដ្ឋានវត្តតទៅ ដោយការបំពេញបារមីទាំង ១០ ។ កាលនោះ នគរឈ្មោះខេមវតី ឯតថាគត ជាបុរស ឈ្មោះខេមៈ ស្វែងរកនូវសព្វញ្ញុតញ្ញាណ បានបួសក្នុងសម្នាក់ នៃព្រះពុទ្ធអង្គនោះ ។ ព្រះពុទ្ធ ព្រះនាមកក្កុសន្ធៈ ទ្រង់ស្វែងរកនូវគុណដ៏ធំ មានអគ្គិទត្តព្រាហ្មណ៍ ជាព្រះបិតា ព្រះមាតា ព្រះនាមវិសាខា ។ មហាត្រកូលរបស់ព្រះសម្ពុទ្ធ នៅក្នុងខេមបុរីនោះ ជាត្រកូលប្រសើរបំផុត មានជាតិខ្ពង់ខ្ពស់ មានយសធំ ជាងមនុស្សទាំងឡាយ ។ ព្រះកក្កុសន្ធៈអង្គនោះ ទ្រង់គង់នៅគ្រប់គ្រងឃរាវាស អស់ ៤ ពាន់ឆ្នាំ ប្រាសាទដ៏ប្រសើរ មាន ៣ គឺកាមវឌ្ឍប្រាសាទ ១ កាមសុទ្ធិប្រាសាទ ១ រតិវឌ្ឍនប្រាសាទ ១ ។ មាននារី ៣ ម៉ឺននាក់ មានខ្លួនប្រដាប់សមរម្យ ឯនារីជាអគ្គមហេសីនោះព្រះនាមរោបិនីព្រះរាជបុត្រព្រះនាមឧត្តរៈ ។ ព្រះជិនស្រីឃើញនូវនិមិត្តទាំង ៤ ទ្រង់ចេញទៅដោយរថយាន តម្កល់ទុក នូវព្យាយាម មិនលើសពី៨ ខែ ។ ព្រះកក្កុសន្ធៈ ជាលោកនាយក មានព្រះទ័យស្ងប់រម្ងាប់ មានព្យាយាមធំ ទ្រង់ឧត្តមជាងពួកជន ត្រូវព្រហ្មអារាធនាហើយ ទើបញ៉ាំងចក្រ ឲ្យប្រព្រឹត្តទៅ ក្នុងមិគទាយវ័ន ។ ព្រះកក្កុសន្ធៈ ស្វែងរកនូវគុណដ៏ធំ មានព្រះថេរៈ ឈ្មោះវិធុរៈ ១ សញ្ជីវៈ ១ ជាអគ្គសាវ័ក ព្រះថេរៈឈ្មោះពុទ្ធិជៈ ជាឧបដ្ឋាក ។ ព្រះថេរី ឈ្មោះសាមា ១ នាងចម្ប៉ា ១ ជាអគ្គសាវិកា ឈើសម្រាប់ត្រាស់ដឹងរបស់ព្រះមានព្រះភាគនោះ ហៅថាសិរិសព្រឹក្ស (ដើមជ្រេស) ។ ឧបាសកឈ្មោះអច្ចុគ្គតៈ ១ សុមនៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះនន្ទា ១ សុនន្ទា ១ ជាអគ្គឧបដ្ឋាយិកា ។ ព្រះមហាមុនី មានកម្ពស់ ៤០ ហត្ថ រស្មីដូចជាមាស ផ្សាយចេញទៅកាន់ទីចម្ងាយ ១០ យោជន៍ ដោយជុំវិញ ។ ព្រះមហេសីនោះ មានព្រះជន្មាយុ ៤ ម៉ឺនឆ្នាំព្រះអង្គគង់នៅកំណត់ប៉ុណ្ណោះទ្រង់ញ៉ាំងប្រជុំជនដ៏ច្រើន ឲ្យឆ្លង (ចាកសង្សារ) ។ ព្រះសម្ពុទ្ធនោះ ព្រមទាំងសាវ័ក តាំងរានផ្សារ គឺព្រះសទ្ធម្ម បន្លឺឡើងដូចជាសីហនាទ ចំពោះនរៈ និងនារីទាំងឡាយ ក្នុងមនុស្សលោកព្រមទាំងទេវលោក ហើយនិព្វាន ។ ព្រះសម្ពុទ្ធ បរិបូណ៌ដោយពាក្យ ប្រកប ដោយអង្គ ៨ សីលទាំងឡាយ មិនធ្លុះធ្លាយ ជាប់មិនដាច់របស់ទាំងអស់ វិនាសសូន្យទៅ ឱ ! សង្ខារទាំងពួង ជារបស់មិនទៀង ទេតើ ។ ព្រះកក្កុសន្ធៈ ជាព្រះជិនស្រីដ៏ប្រសើរ និព្វានក្នុងខេមារាម ព្រះស្តូបដ៏ប្រសើររបស់ព្រះពុទ្ធនោះ មានកម្ពស់ទៅក្នុងអាកាស ១ គាវុត ក្នុងទីនោះឯង ។

ចប់ កក្កុសន្ធពុទ្ធវង្ស ។

២៣. កោនាគមនពុទ្ធវង្សកែប្រែ

[២៤] កាលជាខាងក្រោយ អំពីព្រះកក្កុសន្ធៈមក មានព្រះជិនស្រីសម្ពុទ្ធ ព្រះនាម កោនាគមនៈ ព្រះអង្គឧត្តមជាងសត្វទ្វេបាទ ជាធំក្នុងលោក ទ្រង់ប្រសើរជាងពួកជន ។ ព្រះសម្ពុទ្ធអង្គនោះ បានបំពេញបារមីធម៌ទាំង ១០ កន្លងផ្លូវឆ្ងាយ គឺជាតិ លះបង់មន្ទិល ទាំងអស់ ដល់នូវសម្ពោធិញ្ញាណដ៏ឧត្តម ។ ព្រះកោនាគមនសម្ពុទ្ធ ជានាយក ញ៉ាំង ធម្មចក្រឲ្យប្រព្រឹត្តទៅ ពួកសត្វចំនួន ៣ ម៉ឺនកោដិ បានត្រាស់ដឹងដំបូង ។ កាលទ្រង់ធ្វើ បាដិហារិយ៍ ញាំញីពាក្យត្មះតិះដៀល នៃជនដទៃ ពួកសត្វចំនួន ២ ម៉ឺនកោដិ បានត្រាស់ដឹង ជាលើកទី ២ ។ លំដាប់ពីនោះ ព្រះជិនស្រីធ្វើវិកុព្វនបដិហារិយ៍ ហើយទ្រង់យាងទៅកាន់ ទេវបុរី ព្រះសម្ពុទ្ធគង់នៅលើបណ្ឌុកម្ពលសិលា ក្នុងទេវលោកនោះ ។ ព្រះមុនី កាល សំដែងសត្តបករណាភិធម្មគង់ចាំវស្សា (ក្នុងទេវលោក) ពួកសត្វចំនួនមួយម៉ឺនកោដិ បានត្រាស់ដឹង ជាលើកទី ៣ ។ ព្រះពុទ្ធជាទេវតា ទ្រង់ប្រសើរជាងទេវតាអង្គនោះ ទ្រង់ មានសាវកសន្និបាតតែមួយដង ដែលសុទ្ធតែជាពួកព្រះខីណាស្រព ប្រាសចាកមន្ទិល មានចិត្តស្ងប់រម្ងាប់ មានចិត្តនឹងធឹង ។ សាវកសមាគមក្នុងកាលនោះ មានភិក្ខុ ៣ ម៉ឺន ដែលកន្លងឱឃៈ ផ្តាច់បង់មច្ចុ ។ សម័យនោះ តថាគតជាក្សត្រឈ្មោះបព្វតៈ បរិបូណ៌ ដោយមិត្ត និងអាមាត្យ មានពល និងពាហនៈច្រើន ។ តថាគតទៅគាល់ព្រះសម្ពុទ្ធ ស្តាប់ ធម៌ដ៏ប្រសើរ ហើយនិមន្តព្រះសង្ឃ ព្រមទាំងព្រះជិនស្រីថ្វាយទានតាមសេចក្តីប្រាថ្នា ។ តថាគត បានថ្វាយវត្ថុ ៤ មុខ គឺសំពត់ចីនប្រទេស ១ សំពត់សូត្រ ១ សំពត់កម្ពល ១ ស្បែកជើងមាស ១ ចំពោះព្រះសាស្តា ព្រមទាំងសាវ័ក ។ ព្រះមុនីនោះ ទ្រង់គង់នៅក្នុងកណ្តាលសង្ឃ ទ្រង់ព្យាករតថាគតថា មហាបុរសនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ក្នុងភទ្ទកប្បនេះ ។ សត្វនេះ នឹងចេញពីនគរកបិលពស្តុបុរី ជាទីត្រេកអរ តាំងនូវព្យាយាម ធ្វើទុក្ករកិរិយា ។ សត្វនេះ នឹងអង្គុយទៀបគល់អជបាលព្រឹក្ស ទទួលបាយាស ក្នុងទី នោះ ហើយចូលទៅកាន់ស្ទឹងនេរញ្ជរា ។ ព្រះជិនស្រីអង្គនោះ បានឆាន់បាយាស ទៀប ឆ្នេរស្ទឹងនេរញ្ជរា ហើយស្តេចសំដៅទៅឯពោធិមណ្ឌល តាមផ្លូវដ៏ប្រសើរ ដែលគេចាត់ចែងហើយ ។ លំដាប់នោះ មហាបុរសមានយសធំ នឹងធ្វើប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយបានត្រាស់ដឹង ទៀបគល់អស្សត្ថព្រឹក្ស ។ ព្រះមាតាបង្កើតរបស់ព្រះពុទ្ធអង្គនេះ ព្រះនាមមាយា ព្រះបិតា ព្រះនាមសុទ្ធោទនៈ ក្សត្រអង្គនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ព្រះនាមគោតម ។ ព្រះថេរៈឈ្មោះកោលិតៈ ១ ឧបតិស្សៈ ១ សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវ័ក ព្រះថេរៈឈ្មោះអានន្ទ នឹងបម្រើព្រះជិនស្រីអង្គនេះ ។ ព្រះថេរីឈ្មោះខេមា ១ ឧប្បលវណ្ណា ១ សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវិកា ។ ឈើជាទីត្រាស់ដឹងរបស់ព្រះមានព្រះភាគអង្គនោះ គេហៅថា អស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តៈ ១ ហត្ថាឡវកៈ ១ នឹងជាអគ្គឧបដ្ឋាក ។ ឧបាសិកា ឈ្មោះនន្ទមាតា ១ ឧត្តរា ១នឹងជាអគ្គឧបដ្ឋាយិកាព្រះគោតមមានយសនោះ មាន ព្រះជន្មាយុ ១០០ ឆ្នាំ ។ ពួកមនុស្ស និងទេវតា បានស្តាប់ព្រះពុទ្ធដីកានេះរបស់ព្រះពុទ្ធ រកបុគ្គលស្មើគ្មាន ស្វែងរកនូវគុណដ៏ធំហើយ ក៏មានចិត្តរីករាយថា មហាបុរសនេះ ជាពូជពន្លកនៃព្រះពុទ្ធ ។ ពួកមនុស្ស និងទេវតា ទាំងមួយម៉ឺនលោកធាតុ មានសំឡេង ហ៊ោឡើង ទះដៃអបអរ ធ្វើអញ្ជលីនមស្ការថា បើពួកយើងនឹងឃ្វាងមគ្គផល ក្នុងសាសនានៃព្រះលោកនាថនេះ គង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលអនាគតមិនខាន ។ មនុស្សទាំងឡាយ កាលឆ្លងនូវស្ទឹង បើឃ្វាងកំពង់ចំពោះ មុខ គង់កាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំបាន យ៉ាងណា ។ យើងទាំងអស់ គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះ គង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងអនាគតកាល ក៏យ៉ាងនោះដែរ ។ តថាគត ស្តាប់ព្រះពុទ្ធដីកានៃព្រះសម្ពុទ្ធនោះហើយក៏ញ៉ាំងចិត្តឲ្យជ្រះថ្លាដោយក្រៃលែង បានខំអធិដ្ឋានវត្តតទៅ ដោយការបំពេញនូវ បារមីទាំង ១០ ។ តថាគត ប្រសើរជាងជន កាលស្វែងរកសព្វញ្ញុតញ្ញាណ បានឲ្យទាន លះបង់រាជសម្បត្តិដ៏ធំ ហើយបួសក្នុងសម្នាក់ព្រះជិនស្រី ។ មាននគរឈ្មោះសោភវតី ក្សត្រព្រះនាមសោភៈ ត្រកូលធំរបស់ព្រះពុទ្ធ នៅក្នុងនគរនោះ ។ ព្រាហ្មណ៍ឈ្មោះ យញ្ញទត្ត (ជាព្រះបិតា)នាងឧត្តរា ជាព្រះមាតារបស់ព្រះសម្ពុទ្ធ ព្រះនាមកោនាគមនៈ ជាសាស្តានោះ ។ ព្រះសម្ពុទ្ធអង្គនោះ ទ្រង់គង់នៅគ្រប់គ្រងព្រះដំណាក់ អស់ ៣ ពាន់ឆ្នាំ ប្រាសាទដ៏ប្រសើរ មាន ៣ គឺតុសិតប្រាសាទ ១ សន្តុសិតប្រាសាទ ១ សន្តុដ្ឋប្រាសាទ ១ ។ មាននារីមិនខ្វះពី ១ ម៉ឺន ៦ ពាន់នាក់ មានខ្លួនប្រដាប់សមរម្យ ឯនារីជាអគ្គមហេសី ព្រះនាមរុចិគត្តាព្រះរាជបុត្រព្រះនាមសត្ថវាហៈ ។ បុរសដ៏ឧត្តមឃើញនូវនិមិត្ត ៤ យ៉ាង ហើយចេញទៅ ដោយយានដំរី បានប្រព្រឹត្តព្យាយាម អស់ ៦ ខែ ។ ព្រះកោនាគមនៈ ជាលោកនាយក មានព្រះទ័យស្ងប់រម្ងាប់ មានព្យាយាមធំ ប្រសើរជាងជន ត្រូវព្រហ្មអារាធនាហើយ ទើបទ្រង់ញ៉ាំងចក្រឲ្យប្រព្រឹត្តទៅ ក្នុងមិគទាយវ័ន ។ ព្រះពុទ្ធ ព្រះនាមកោនាគមនៈដ៏មានយស មានព្រះថេរៈឈ្មោះភិយ្យោសៈ ១ ឧត្តរៈ ១ ជាអគ្គសាវ័ក ព្រះថេរៈឈ្មោះសោត្ថិជៈ ជាឧបដ្ឋាក ។ ព្រះថេរីឈ្មោះសមុទ្ទា ១ ឧត្តរា ១ ជាអគ្គសាវិកា ឈើសម្រាប់ត្រាស់ដឹង នៃព្រះមានព្រះភាគអង្គនោះ គេហៅថាឧទុម្ពរព្រឹក្ស (ដើមល្វា) ។ ឧបាសកឈ្មោះឧគ្គៈ ១ សោមទេវៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកា ឈ្មោះសីវលា ១សាមា ១ ជាអគ្គឧបដ្ឋាយិកា ។ ព្រះពុទ្ធនោះ មានកម្ពស់ ៣០ ហត្ថ ប្រដាប់ដោយរស្មីយ៉ាងនេះ ដូចជាមាសក្នុងមាត់នៃបាវ ។ ព្រះពុទ្ធមានព្រះជន្មាយុ ៣ ម៉ឺនឆ្នាំ ជាកំណត់ ព្រះអង្គឋិតនៅកំណត់ត្រឹមនោះ ញ៉ាំងប្រជុំជនជាច្រើន ឲ្យឆ្លង (ចាក សង្សារ) ។ ព្រះពុទ្ធអង្គនោះ ព្រមទាំងសាវ័ក លើកឡើងនូវធម្មចេតិយ ស្អិតស្អាងដោយសំពត់ គឺធម៌ ធ្វើនូវកម្រងផ្កា គឺធម៌ ហើយបរិនិព្វាន ។ ជនជាសាវ័ករបស់ព្រះពុទ្ធនោះ សំដែងនូវធម៌ដ៏មានសិរី ដល់នូវឫទ្ធិដ៏ធំទូលាយរបស់ទាំងអស់នេះ វិនាសសូន្យទៅ ឱ ! សង្ខារទាំងពួង ជារបស់ទទេ ទេតើ ។ ព្រះសម្ពុទ្ធ ព្រះនាមកោនាគមនៈនិព្វាន ក្នុងបព្វតារាម ព្រះធាតុផ្សាយទៅ ក្នុងទីនោះ ៗ តាមចំណែក ។

ចប់ កោនាគមនពុទ្ធវង្ស ។

២៤. កស្សបពុទ្ធវង្សកែប្រែ

[២៥] កាលខាងក្រោយ អំពីព្រះពុទ្ធ ព្រះនាមកោនាគមនៈមក មានព្រះសម្ពុទ្ធ ព្រះនាមកស្សបៈ ដ៏ឧត្តមជាងសត្វទ្វេបាទ ជាធម្មរាជ ទ្រង់ធ្វើពន្លឺ ។ ផ្ទះ ជាឫសនៃត្រកូលព្រះពុទ្ធ ទ្រង់លះបង់ហើយ ព្រះពុទ្ធនោះ ទ្រង់ឲ្យទាន គឺបាយ និងទឹកច្រើន ដល់យាចកទាំងឡាយ ហើញញ៉ាំងព្រះទ័យឲ្យពេញ ដល់សម្ពោធិញ្ញាណដ៏ឧត្តម ដូច ជាគោឧសភៈ ទម្លាយនូវក្រោល ។ កាលព្រះកស្សបៈ ជាលោកនាយក ញ៉ាំងធម្មចក្រ ឲ្យប្រព្រឹត្តទៅ ពួកបរិស័ទចំនួន ២ ម៉ឺនកោដិ បានត្រាស់ដឹង ជាគ្រាដំបូង ។ កាល ព្រះសម្ពុទ្ធយាងទៅកាន់ចារិក ក្នុងទេវលោក អស់ ៤ ខែ ពួកបរិស័ទមួយម៉ឺនកោដិ បានត្រាស់ដឹង ជាលើកទី ២ ។ ព្រះសាស្តាធ្វើយមកបដិហារ្យ និងវិកុព្វនឫទ្ធិ សំដែង នូវញាណធាតុ ពួកបរិស័ទ ៥ ពាន់កោដិ បានត្រាស់ដឹង ជាគ្រាទី ៣ ។ ព្រះជិនស្រីសំដែងធម៌ ក្នុងសុធម្មទេវបុរី ជាទីរីករាយ ក្នុងទេវលោកនោះ ញ៉ាំងទេវតា ៣ ពាន់កោដិ ឲ្យត្រាស់ដឹង ។ ក្នុងការសំដែងធម៌ដទៃទៀត ដល់ទេវតាមនុស្ស និងយក្ស ជនទាំងនោះ បានត្រាស់ដឹងរាប់មិនអស់ ។ ព្រះពុទ្ធ ជាទេវតាដ៏ប្រសើរនោះ មានសាវកសន្និបាត តែមួយដង ដែលសុទ្ធតែជាពួកព្រះខីណាស្រព មិនមានមន្ទិល មានចិត្តស្ងប់រម្ងាប់ មាន ចិត្តនឹងធឹង ។ ការប្រជុំក្នុងកាលនោះ មានភិក្ខុ ២ ម៉ឺនរូប ដែលមានភពកន្លងហើយ មាន ចិត្តនឹងធឹង ដោយហិរិ និងសីល ។ កាលនោះ តថាគតជាមាណព ឈ្មោះជោតិបាល ជាអ្នករៀនមន្ត ចេះចាំមន្ត ដល់នូវត្រើយនៃវេទទាំង ៣ ។ តថាគតដល់នូវបារមី ក្នុងគម្ពីរ លក្ខណៈផង ក្នុងគម្ពីរឥតិហាសៈផង ក្នុងព្រះសទ្ធម្មផង ឈ្លាសវៃក្នុងផែនដី និងអាកាស មានវិជ្ជាធ្វើរួចហើយ ជាអ្នកមិនមានរោគ ។ ឧបាសកឈ្មោះឃដិការ ជាឧបដ្ឋាករបស់ ព្រះមានព្រះភាគ ព្រះនាមកស្សបៈ ប្រកបដោយសេចក្តីគោរព ប្រកបដោយសេចក្តី កោតក្រែង និព្វានក្នុងផល ទី ៣ ឃដិការនាំតថាគត ចូលទៅគាល់ព្រះជិនស្រីព្រះនាម កស្សបៈ តថាគតស្តាប់ធម៌របស់ព្រះពុទ្ធនោះ ក៏បួសក្នុងសម្នាក់នៃព្រះអង្គ ។ តថាគត មានព្យាយាមក្លៀវក្លា ឈ្លាសវៃ ក្នុងវត្តតូច និងវត្តធំ មិនមានសេចក្តីសាបសូន្យ ក្នុងសីល និងសមាធិណាមួយឡើយ ញ៉ាំងសាសនា នៃព្រះជិនស្រីឲ្យពេញបរិបូណ៌ ។ សាសនាព្រះសាស្តា មានអង្គ ៩ ដែលព្រះអង្គសំដែងហើយទាំងប៉ុន្មាន តថាគតបានរៀន នូវធម៌ទាំងអស់នោះ ហើយញ៉ាំងសាសនាព្រះជិនស្រីឲ្យរុងរឿង ។ ព្រះពុទ្ធនោះ ឃើញ ហេតុជាអស្ចារ្យរបស់តថាគត ក៏ទ្រង់ព្យាករថា ជោតិបាលមាណពនេះ នឹងបានត្រាស់ដឹង ជាព្រះពុទ្ធក្នុងភទ្ទកប្បនេះឯង ។ សត្វនេះ នឹងចេញអំពីនគរកបិលពស្តុ ជាទីរីករាយ តម្កល់សេចក្តីព្យាយាម ធ្វើទុក្ករកិរិយា ។ សត្វនេះ នឹងអង្គុយនៅទៀបគល់ នៃអជបាលព្រឹក្ស ទទួលបាយាស ក្នុងទីនោះ ហើយចូលទៅឯស្ទឹងនេរញ្ជរា ។ សត្វនេះ សោយ បាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយចូលសំដៅទៅរកគល់ពោធិព្រឹក្ស តាមផ្លូវដ៏ ប្រសើរ ដែលគេចាត់ចែងហើយ ។ លំដាប់ពីនោះ ព្រះពុទ្ធមានយសធំ ទ្រង់ធ្វើ ប្រទក្សិណនូវពោធិមណ្ឌលដ៏ប្រសើរ ហើយនឹងបានត្រាស់ដឹងនូវសម្ពោធិញ្ញាណ ទៀប គល់អស្សត្ថព្រឹក្ស ។ ព្រះមាតាបង្កើតរបស់ព្រះពុទ្ធអង្គនេះ ព្រះនាមមាយា ព្រះបិតា ព្រះនាមសុទ្ធោទនៈ មាណពនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ព្រះនាមគោតម ។ ព្រះថេរៈ ឈ្មោះកោលិតៈ ១ ឧបតិស្សៈ ១ មិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតាំងមាំ នឹងបានជាអគ្គសាវ័ក ព្រះថេរៈឈ្មោះអានន្ទ ជាឧបដ្ឋាក នឹងបម្រើ ព្រះជិនស្រីអង្គនេះ ។ ព្រះថេរីឈ្មោះនាងខេមា ១ នាងឧប្បលវណ្ណា ១ សុទ្ធតែមិនមាន អាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតាំងមាំ ។ ឈើជាទីត្រាស់ដឹងរបស់ព្រះមានជោគអង្គនោះ គេហៅថាអស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តៈ ១ ហត្ថាឡវកៈ នឹងជាអគ្គឧបដ្ឋាក ។ ឧបាសិកាឈ្មោះនន្ទមាតា ១ ឧត្តរា ១ នឹងជាអគ្គឧបដ្ឋាយិកា ព្រះគោតមមានយសអង្គនោះ មានព្រះជន្មាយុ ១០០ ឆ្នាំ ។ ពួកមនុស្ស និងទេវតា បានស្តាប់ព្រះពុទ្ធដីកានេះរបស់ព្រះពុទ្ធរកបុគ្គលស្មើគ្មាន ស្វែងរកនូវគុណដ៏ធំហើយ ក៏រីករាយថា មាណពនេះ ជាពូជពន្លកនៃព្រះពុទ្ធ ។ ពួកមនុស្ស និងទេវតា ទាំងមួយម៉ឺន លោកធាតុ មានសំឡេងហ៊ោឡើង ទះដៃអបអរ ធ្វើអញ្ជលីនមស្ការថា បើពួកយើងនឹង ឃ្វាងមគ្គផលក្នុងសាសនា នៃព្រះលោកនាថអង្គនេះ គង់នឹងបានសម្រេច ចំពោះ ព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគតមិនខាន ។ មនុស្សទាំងឡាយ កាល ឆ្លងនូវស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់នឹងកាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំ បានដែរ យ៉ាងណាមិញ ។ ពួកយើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះហើយ គង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគត ក៏យ៉ាង នោះដែរ ។ តថាគតបានស្តាប់ព្រះពុទ្ធដីការបស់ព្រះពុទ្ធអង្គនោះហើយ ក៏ញ៉ាំងចិត្តឲ្យ ជ្រះថ្លាក្រៃលែង បានខំអធិដ្ឋានវត្តតទៅទៀត ដោយការបំពេញបារមីទាំង ១០ ។ តថាគត កាលបំពេញបារមីយ៉ាងនេះ តថាគតតែងអន្ទោលទៅ វៀរនូវមាយាទអាក្រក់ អំពើដែល បុគ្គលធ្វើដោយកម្រ តថាគតបានធ្វើហើយ ព្រោះហេតុពោធិញ្ញាណ ។ នគរឈ្មោះ ពារាណសី ក្សត្រព្រះនាមកិកី ត្រកូលធំរបស់ព្រះសម្ពុទ្ធ នៅក្នុងនគរនោះ ។ ព្រះពុទ្ធ ព្រះនាមកស្សបៈ ទ្រង់ស្វែងរកនូវគុណដ៏ធំ មានព្រហ្មទត្តព្រាហ្មណ៍ ជាព្រះបិតា ព្រះមាតា ព្រះនាមធនវតី ។ ព្រះអង្គគង់គ្រប់គ្រងព្រះដំណាក់ អស់ ២ ពាន់ឆ្នាំ ប្រាសាទ ដ៏ប្រសើរ មាន ៣ គឺហំសប្រាសាទ ១ យសប្រាសាទ ១ សិរីចន្ទប្រាសាទ ១ ។ នារី ១៦ ពាន់ ៣ ដង មានខ្លួនប្រដាប់សមរម្យ ឯនារីជាអគ្គមហេសីនោះ ព្រះនាមសុនន្ទា ព្រះរាជបុត្រ ព្រះនាមវិជិតសេន ។ ព្រះពុទ្ធជាបុរសដ៏ឧត្តម ឃើញនូវនិមិត្តទាំង ៤ ក៏បានចេញ ទៅដោយប្រាសាទ ទ្រង់ប្រព្រឹត្តសេចក្តីព្យាយាម អស់ ៧ ថ្ងៃ (បានត្រាស់ជាព្រះពុទ្ធ) ។ ព្រះសម្ពុទ្ធ ព្រះនាមកស្សបៈ ជាលោកនាយក មានព្រះហឫទ័យស្ងប់រម្ងាប់ មាន ព្យាយាមច្រើន ទ្រង់ឧត្តមជាងនរជន ត្រូវព្រហ្មអារាធនាហើយ ទើបទ្រង់ញ៉ាំងចក្រ ឲ្យប្រព្រឹត្តទៅ ក្នុងមិគទាយវ័ន ។ ព្រះថេរៈឈ្មោះតិស្សៈ ១ ភារទ្វាជៈ ១ ជាអគ្គសាវ័ក ព្រះថេរៈឈ្មោះសព្វមិត្ត ជាឧបដ្ឋាករបស់ព្រះសម្ពុទ្ធ ព្រះនាមកស្សបៈ ស្វែងរកនូវគុណ ដ៏ធំ ។ ព្រះថេរីឈ្មោះអនុលា ១ ឧរុវេលា ១ ជាអគ្គសាវិកា ឈើសម្រាប់ត្រាស់ដឹងរបស់ព្រះមានជោគនោះ ហៅថានិគ្រោធព្រឹក្ស (ដើមជ្រៃ) ។ ឧបាសកឈ្មោះមង្គលៈ ១ ឃដិការៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះវិជិតសេនា ១ ភទ្រា ១ ជាអគ្គឧបដ្ឋាយិកា ។ ព្រះសម្ពុទ្ធនោះ មានកម្ពស់ ២០ ហត្ថ ដូចជាឆ្នូត នៃផ្លេកបន្ទោរ ឰដ៏អាកាស ឬដូចជា ព្រះចន្ទដែលផ្កាយចោមរោមហើយ ។ ព្រះមហេសីអង្គនោះ មានព្រះជន្មាយុ ២ ម៉ឺនឆ្នាំ ព្រះអង្គឋិតនៅត្រឹមណោះ ទ្រង់ញ៉ាំងប្រជុំជនដ៏ច្រើន ឲ្យឆ្លងចាក (សង្សារ) ។ ព្រះអង្គ និម្មិតស្រះ គឺព្រះសទ្ធម្ម ទ្រង់ប្រទានគ្រឿងលាប គឺសីល ទ្រង់ញ៉ាំងសត្វឲ្យស្លៀកពាក់ គឺព្រះធម៌ ទ្រង់ចែកកម្រងផ្កា គឺព្រះធម៌ ទ្រង់តម្កល់ទុកកញ្ចក់មិនមានមន្ទិល គឺព្រះសទ្ធម្ម ចំពោះពួកមហាជនថា ពួកជនណាមួយ កាលប្រាថ្នានិព្វាន ចូររមិលមើលគ្រឿង ប្រដាប់របស់តថាគតចុះ ។ ព្រះសម្ពុទ្ធនោះ ឲ្យអាវ គឺសីល ឲ្យស្បែកក្រោះ គឺឈាន ឲ្យដណ្តប់ស្បែក គឺព្រះធម៌ ឲ្យកាំបិតស្នៀតដ៏ឧត្តម គឺព្យាយាម ។ ឲ្យខែល គឺសតិ ឲ្យកាំបិត គឺញាណដ៏មុត ឲ្យព្រះខ័នដ៏ប្រសើរ គឺធម៌ ឲ្យប្រដាប់សម្រាប់ញាំញីសត្រូវ គឺសីល ។ ឲ្យគ្រឿងស្អិតស្អាង គឺវិជ្ជា ៣ ឲ្យគ្រឿងពាក់ត្រចៀក គឺផល ៤ ឲ្យគ្រឿង អាភរណៈ គឺអភិញ្ញា ៦ ឲ្យគ្រឿងប្រដាប់ជាវិការៈនៃផ្កា គឺព្រះសទ្ធម្ម ។ ព្រះសម្ពុទ្ធអង្គ នោះ ព្រមទាំងសាវ័ក ឲ្យឆ័ត្រ គឺព្រះសទ្ធម្ម ជាគ្រឿងឃាត់នូវបាប និម្មិតនូវផ្កាមិនមានភ័យ ហើយទើបនិព្វាន ។ ព្រះសម្មាសម្ពុទ្ធអង្គនោះ ប្រមាណមិនបាន បុគ្គលគ្របសង្កត់បានដោយកម្រ ព្រះធម្មរតនៈនោះ ដែលព្រះអង្គសំដែងហើយដោយប្រពៃ ជាធម៌គួរហៅអ្នកផង ឲ្យចូលមកមើលបាន ។ ព្រះសង្ឃរតនៈនោះ លោកប្រតិបត្តិហើយដោយប្រពៃ ជាសង្ឃដ៏ប្រសើររបស់ទាំងអស់នេះ វិនាសសោះសូន្យទៅ ឱ ! សង្ខារទាំងពួង ជារបស់ទទេ ទេតើ ។ ព្រះជិនស្រីជាសាស្តា ព្រះនាមមហាកស្សបៈ ទ្រង់និព្វាន ក្នុងសេតព្យារាម ព្រះស្តូបរបស់ព្រះជិនស្រីអង្គនោះ មានកម្ពស់ ១ យោជន៍ ក្នុងទីនោះ ។

ចប់ កស្សបពុទ្ធវង្ស ។

២៥. គោតមពុទ្ធវង្សកែប្រែ

[២៦] ក្នុងកាលឥឡូវនេះ តថាគតជាព្រះសម្ពុទ្ធ ព្រះនាមគោតម ចម្រើនក្នុងត្រកូលសក្យៈ តាំងព្យាយាម ដល់សម្ពោធិញ្ញាណដ៏ឧត្តម ។ តថាគតមានចិត្តស្ងប់រម្ងាប់ ត្រូវព្រហ្មអារាធនាហើយ ក៏ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ពួកបរិស័ទ ១៨ កោដិ បានត្រាស់ដឹង គ្រាដំបូង ។ លំដាប់តទៅ កាលតថាគតសំដែងធម៌ដទៃទៀត ក្នុងការ ប្រជុំនៃពួកមនុស្ស និងទេវតា ការត្រាស់ដឹង គ្រាទី ២ គេមិនគប្បីពោល ដោយការ រាប់បានឡើយ ។ ឥឡូវនេះ តថាគត បានទូន្មានកូនរបស់តថាគត ក្នុងទីនេះ ការត្រាស់ ដឹង គ្រាទី ៣ បុគ្គលមិនគប្បីពោល ដោយការរាប់បានឡើយ ។ ការប្រជុំសាវ័ករបស់ តថាគត អ្នកស្វែងរកគុណដ៏ប្រសើរ មានតែមួយដង គឺប្រជុំពួកភិក្ខុ ១,២៥០របស់ តថាគត ។ តថាគតរុងរឿង មិនមានមន្ទិល ទៅក្នុងកណ្តាលនៃសង្ឃ ឲ្យសេចក្តីប្រាថ្នាទាំងពួង គឺបុគ្គលប្រាថ្នាហើយ ដូចជាកែវមណី ដែលអាចឲ្យសម្រេចសេចក្តី ប្រាថ្នាគ្រប់យ៉ាង ។ តថាគតប្រកាសសច្ចៈ ទាំង ៤ ដើម្បីអនុគ្រោះដល់ពួកសត្វ ដែលប្រាថ្នានូវផល លះបង់នូវឆន្ទៈក្នុងភព ។ មានពួកសត្វ ២ សែន បានត្រាស់ដឹងធម៌ ការត្រាស់ដឹងរបស់បុគ្គលមួយនាក់ ឬ ២ នាក់ គេមិនអាចរាប់បានឡើយ ។ សម័យនេះ សាសនានៃតថាគត ជាសក្យមុនី បានផ្សាយទៅ ជាសាសនាដែលទេវតា និងមនុស្ស ដឹងច្រើន ជាសាសនាស្តុកស្តម្ភ មាំមួន រីកសាយភាយ តថាគតបានពិសោធន៍ហើយដោយប្រពៃ ។ ពួកភិក្ខុជាច្រើនរយ មិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ គ្រប់រូប តែងតែចោមរោមតថាគត សព្វ ៗ កាល ។ ក្នុងកាលឥឡូវនេះឯង ពួកភិក្ខុណា លះបង់ភពជារបស់មនុស្ស តែភិក្ខុទាំងនោះ មិនទាន់បានអរហត្តផល នៅជាសេក្ខបុគ្គល ពួកភិក្ខុទាំងនោះ ត្រូវអ្នកប្រាជ្ញតិះដៀលបាន ។ នរជនទាំងឡាយ កាលសរសើរផ្លូវដ៏ប្រសើរ (អដ្ឋង្គិកមគ្គ) ត្រេកអរក្នុងធម៌ សព្វកាល មានសេចក្តីរុងរឿង អន្ទោលទៅក្នុងសង្សារ នឹងបានត្រាស់ដឹង ។ នគររបស់តថាគត ឈ្មោះកបិលពស្តុ ស្តេចជាព្រះបិតា ព្រះនាមសុទ្ធោទនៈ ព្រះមាតាបង្កើតរបស់តថាគត ព្រះនាមមាយាទេវី ។ តថាគតនៅគ្រប់គ្រងព្រះរាជដំណាក់ អស់ ២៩ ឆ្នាំ មានប្រាសាទដ៏ប្រសើរ ៣ គឺសុចន្ទប្រាសាទ ១ កោកនុទប្រាសាទ ១ កោញ្ចប្រាសាទ ១ ។ មាននារី ៤ ម៉ឺននាក់ មានខ្លួន ប្រដាប់សមរម្យ នារីជាអគ្គមហេសី ព្រះនាមយសោធរា ព្រះរាជបុត្រ ព្រះនាមរាហុល ។ តថាគត ឃើញនិមិត្ត ៤ យ៉ាង ហើយក៏ចេញទៅ ដោយយានសេះ ប្រព្រឹត្តព្យាយាម ធ្វើទុក្ករកិរិយា អស់ ៦ វស្សា ។ តថាគត ជាព្រះជិនស្រីបានញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងព្រៃឥសិបតនៈ ទៀបក្រុងពារាណសី តថាគត ជាគោតមសម្ពុទ្ធ ជាទីពឹងនៃសត្វ ទាំងពួង ។ ភិក្ខុ ២ រូបឈ្មោះកោលិតៈ ១ ឧបតិស្សៈ ១ ជាអគ្គសាវ័ក ភិក្ខុឈ្មោះអានន្ទ ជាឧបដ្ឋាក អ្នកបម្រើផ្ទាល់របស់តថាគត ។ ភិក្ខុនីឈ្មោះខេមា ១ ឧប្បលវណ្ណា ១ ជាអគ្គសាវិកា ឧបាសកឈ្មោះចិត្តៈ ១ ហត្ថាឡវកៈ ១ ជាអគ្គឧបដ្ឋាក ។ ឧបាសិកាឈ្មោះនន្ទមាតា ១ ឧត្តរា ១ ជាអគ្គឧបដ្ឋាយិកា តថាគតបានដល់នូវសម្ពោធិញ្ញាណដ៏ឧត្តម ទៀបគល់អស្សត្ថព្រឹក្ស ។ តថាគត មានរស្មីមួយព្យាម សព្វ ៗ កាល មានកម្ពស់ ១៦ ហត្ថ ក្នុងកាលឥឡូវនេះ តថាគតមានអាយុតិច បានតែ ១០០ ឆ្នាំ ។ តថាគត កាលឋិតនៅអស់កាលនោះ បានញ៉ាំងប្រជុំជនដ៏ច្រើន ឲ្យឆ្លងចាកសង្សារ ហើយតម្កល់ទុកគប់ភ្លើង គឺធម៌ ដើម្បីញ៉ាំងជនខាងក្រោយ ឲ្យបានត្រាស់ដឹងផង ។ មិនយូរប៉ុន្មានទេ តថាគត ព្រមទាំងព្រះសង្ឃជាសាវ័ក នឹងនិព្វានក្នុងទីនេះ ដូចជាភ្លើងរលត់ ព្រោះអស់អាហារ គឺឧស ។ អគ្គសាវ័កទាំងគូនេះឯង មានតេជះថ្លឹងពុំបានផង មានយស និងកម្លាំងឫទ្ធិផង តថាគតមានរាងកាយទ្រទ្រង់នូវគុណ វិចិត្រដោយលក្ខណៈដ៏ប្រសើរ ៣២ ប្រការ ។ រស្មី ៦ ពណ៌ ភ្លឺទៅក្នុងទិសទាំង ១០ ដូចព្រះអាទិត្យរបស់ទាំងអស់នេះ នឹងវិនាសសូន្យទៅ ឱ ! សង្ខារទាំងពួង ជារបស់ទទេ ទេតើ ។

ចប់ គោតមពុទ្ធវង្ស ។

ពុទ្ធប្បកិណ្ណកក័ណ្ឌកែប្រែ

[២៧] ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះ មានព្រះពុទ្ធជានាយក ៤ ព្រះអង្គ គឺព្រះសម្ពុទ្ធ ព្រះនាមតណ្ហង្ករៈ ១ មេធង្ករៈ ១ សរណង្ករៈ ១ ទីបង្ករៈ ១ ព្រះជិនស្រីទាំងនោះ ត្រាស់ក្នុងកប្បជាមួយគ្នា ។ ខាងក្រោយអំពីព្រះពុទ្ធទីបង្ករៈមក ព្រះពុទ្ធ ជានាយក ព្រះនាមកោណ្ឌញ្ញៈ បានត្រាស់តែមួយព្រះអង្គ ក្នុងកប្បមួយ ញ៉ាំងប្រជុំជន ជាច្រើន ឲ្យឆ្លង (ចាកសង្សារ) ។ កប្បជាចន្លោះនៃព្រះពុទ្ធ ២ ព្រះអង្គ នោះ គឺ ព្រះពុទ្ធទីបង្ករមានព្រះភាគ និងព្រះសាស្តា ព្រះនាមកោណ្ឌញ្ញៈជាកប្បគេមិនអាចរាប់បាន ឡើយ ។ ខាងក្រោយអំពីព្រះពុទ្ធ ព្រះនាមកោណ្ឌញ្ញៈមក មានព្រះពុទ្ធជានាយក ព្រះនាម មង្គលៈ (ទ្រង់ត្រាស់ឡើង) កប្បជាចន្លោះ នៃព្រះពុទ្ធទាំង ២ ព្រះអង្គនោះ បុគ្គលមិនអាច រាប់បានឡើយ ។ ព្រះពុទ្ធ ព្រះនាមមង្គលៈ ១ ព្រះសុមនៈ ១ ព្រះរេវតៈ ១ និងព្រះមុនី ព្រះនាមសោភិតៈ ១ ព្រះសម្ពុទ្ធទាំងនោះ មានចក្ខុ ធ្វើនូវពន្លឺ (បានត្រាស់ឡើង) ក្នុងកប្បជាមួយគ្នា ។ ខាងក្រោយនៃព្រះសម្ពុទ្ធ ព្រះនាមសោភិតៈមក មានព្រះពុទ្ធ ព្រះនាម អនោមទស្សី ជាមហាមុនី ត្រាស់ឡើងក្នុងលោក កប្បជាចន្លោះ នៃព្រះពុទ្ធទាំង ២ អង្គ នោះ គេមិនអាចរាប់បានឡើយ ។ ព្រះនាយក ព្រះនាមអនោមទស្សី១ ព្រះនាមបទុមៈ ១ ព្រះនាមនារទៈ ១ ព្រះពុទ្ធ ជាមហាមុនីទាំងនោះ ទ្រង់ធ្វើនូវទីបំផុតនៃងងឹត (ត្រាស់ឡើង) ក្នុងកប្បជាមួយគ្នា ។ ខាងក្រោយអំពីព្រះពុទ្ធ ព្រះនាមនារទៈមក មានព្រះនាយក ព្រះនាមបទុមុត្តរៈកើតឡើង ក្នុងកប្បមួយ ញ៉ាំងប្រជុំជនជាច្រើន ឲ្យឆ្លងចាកសង្សារ ។ កប្បជាចន្លោះ នៃព្រះពុទ្ធទាំង ២ ព្រះអង្គនោះ គឺព្រះមានជោគ ព្រះនាមនារទៈ និងព្រះសាស្តា ព្រះនាមបទុមុត្តរៈ គេមិនអាចរាប់បានឡើយ ។ ក្នុងកប្បទីមួយសែន មានតែ ព្រះមហាមុនី ១ ព្រះអង្គ ព្រះនាមបទុមុត្តរៈ ជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គគួរទទួលនូវ គ្រឿងបូជាដែលគេនាំមកបូជា ។ ក្នុងកប្បទី ៣ ម៉ឺន ខាងអាយព្រះពុទ្ធបទុមុត្តរៈមក មានព្រះនាយក ២ ព្រះអង្គ ព្រះនាមសុមេធៈ ១ សុជាតៈ ១ ត្រាស់ឡើងក្នុងលោក ។ ក្នុងកប្បទី ១ ពាន់ ៨ រយ ខាងអាយព្រះពុទ្ធ ព្រះនាមសុជាតៈមក មានព្រះនាយក ៣ អង្គ ព្រះនាមបិយទស្សី ១អត្ថទស្សី ១ ព្រះនាយកធម្មទស្សី ១ ត្រាស់ដឹងឡើងក្នុងលោក ។ ព្រះសម្ពុទ្ធទាំងនោះ ឧត្តមជាងសត្វជើង ២ ជាព្រះសម្ពុទ្ធ រកបុគ្គលប្រៀបផ្ទឹមគ្មានក្នុងលោក បានត្រាស់ដឹងក្នុងកប្បជាមួយគ្នា ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ មានព្រះមហាមុនី ព្រះនាមសិទ្ធត្ថៈ តែ ១ អង្គ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ជាពេទ្យដ៏ប្រសើរ បានត្រាស់ ឡើងក្នុងលោក ។ ក្នុងកប្បទី ៩២ អំពីភទ្ទកប្បនេះ ព្រះសម្ពុទ្ធជានាយក ២ ព្រះអង្គ ព្រះនាមតិស្សៈ ១ បុស្សៈ ១ រកបុគ្គលស្មើគ្មាន រកបុគ្គលប្រៀបផ្ទឹមគ្មាន បានត្រាស់ឡើង ក្នុងលោក ។ ក្នុងកប្បទី ៩១ អំពីភទ្ទកប្បនេះ ព្រះសម្ពុទ្ធ ព្រះនាមវិបស្សី ជាលោកនាយក ព្រះអង្គប្រកបដោយសេចក្តីករុណា ទ្រង់ដោះសត្វទាំងឡាយ ឲ្យរួចចាកចំណង (បានត្រាស់ឡើងក្នុងលោក) ។ ក្នុងកប្ប ទី ៣១ អំពីភទ្ទកប្បនេះ ព្រះនាយក ២ ព្រះអង្គ ព្រះនាមសិខី ១ វេស្សភូ ១ រកបុគ្គលស្មើគ្មាន រកបុគ្គលផ្ទឹមគ្មាន (បានត្រាស់ឡើងក្នុងលោក) ។ ក្នុងភទ្ទកប្បនេះ ព្រះនាយក ៣ ព្រះអង្គ ព្រះនាមកក្កុសន្ធៈ ១ កោនាគមនៈ ១ និងព្រះនាយក ព្រះនាមកស្សបៈ ១ (បានត្រាស់ឡើងក្នុងលោក) ។ ក្នុងកាលឥឡូវនេះ មានតថាគតនេះ ជាព្រះសម្ពុទ្ធ ទៅក្នុងអនាគតកាល និងមានព្រះសម្ពុទ្ធ ព្រះនាមមេត្តេយ្យ ព្រះសម្ពុទ្ធទាំង ៥ អង្គនេះ ជាអ្នកប្រាជ្ញ អនុគ្រោះស្រង់សត្វលោក ។ ព្រះសម្ពុទ្ធអង្គនោះ ព្រមទាំងសាវ័ក លុះប្រាប់ផ្លូវរបស់ព្រះពុទ្ធ ជាធម្មរាជទាំងនោះ ដល់ ពួកសត្វដទៃ ជាច្រើនកោដិហើយ ក៏បរិនិព្វាន ។

ចប់ ពុទ្ធប្បកិណ្ណកក័ណ្ឌ ។

ធាតុភាជនីយកថាកែប្រែ

[២៧] ព្រះមហាគោតម ជាព្រះជិនស្រីប្រសើរ ទ្រង់និព្វានក្នុងនគរកុសិនារា ព្រះធាតុផ្សាយទៅក្នុងប្រទេសនោះ ៗ តាមចំណែក គឺព្រះធាតុ មួយចំណែក បានទៅ ព្រះបាទអជាតសត្តុ មួយចំណែក បានទៅក្រុងវេសាលី មួយចំណែក បានទៅក្រុង កបិលពស្តុ មួយចំណែក បានទៅដែនអល្លកប្បកៈ មួយចំណែក បានទៅក្រុងរាមគ្រាម មួយចំណែក បានទៅក្រុងវេដ្ឋទីបកៈ មួយចំណែក បានទៅក្រុងវេយ្យកមល្លៈ ឯព្រះធាតុ មួយចំណែកទៀត បានទៅអ្នកក្រុងកុសិនារា ។ ព្រាហ្មណ៍ឈ្មោះទោណៈ បានធ្វើស្តូប បញ្ចុះតុម្ព (នាឡិ) ពួកមោរិយជន មានចិត្តជ្រះថ្លា បានធ្វើស្តូបបញ្ចុះព្រះអង្គារ (ធ្យូង) ។ ព្រះស្តូបបញ្ចុះព្រះសារីរិកធាតុ មាន ៨ បើរាប់តុម្ពចេតិយមួយផង ជា ៩ បើគិតទាំងព្រះស្តូប បញ្ចុះព្រះអង្គារមួយទៀត ត្រូវជា ១០ ដែលមហាជនស្ថាបនាទុក ក្នុងកាលនោះ ។ ព្រះចង្កូម ១ តម្កល់ក្នុងឋានត្រៃត្រិង្ស ព្រះចង្កូម ១ តម្កល់ក្នុងនាគបុរី ព្រះចង្កូម ១ នៅក្នុងដែនគន្ធារៈ ព្រះចង្កូម ១ នៅក្នុងដែនកាលិង្គរាជ ។ ព្រះទន្តទាំង ៤០ គត់ ព្រះកេសា និង ព្រះលោមាទាំងអស់ ពួកទេវតា រៀងខ្លួន បាននាំទៅមួយ ៗ កាន់ចក្រវាឡទីទៃ ៗ ។ បាត្រ ឈើច្រត់ និងចីវររបស់ព្រះមានព្រះភាគ តម្កល់ទុកនៅក្នុងដែនវជីរ ស្បង់ តម្កល់ ទុកនៅក្នុងផ្ទះនៃត្រកូល គ្រឿងកម្រាល តម្កល់ទុកនៅក្នុងក្រុងឈ្មោះសិលៈ ។ ធម្មក្រក និងកាយពន្ធ (វត្ថពន្ធចង្កេះ) តម្កល់ទុកនៅក្នុងបាដលីបុត្ត ឧទកសាដក តម្កល់ ទុកនៅក្រុងចម្ប៉ា ព្រះឧណ្ណាលោម (រោមចិញ្ចើម) តម្កល់ទុកនៅក្នុងដែនកោសល ។ សំពត់កាសាវៈ តម្កល់ទុកក្នុងព្រហ្មលោក ឆ្នួត តម្កល់ទុកក្នុងឋានត្រៃត្រិង្សស្នាមព្រះបាទដ៏ប្រសើរ ដែលមិនបាត់ទៅ តម្កល់ទុកលើថ្ម សំពត់នីសីទនៈ តម្កល់ទុកក្នុងអវន្តិជនបទ គ្រឿងកម្រាល តម្កល់ទុកក្នុងដែនឈ្មោះទេវៈ ក្នុងកាលនោះ ។ កាលនោះ ដែកភ្លើង តម្កល់ទុកក្នុងក្រុងមិថិលា តម្រងទឹក តម្កល់ទុកក្នុងដែនវិទេហៈ កាំបិតកោរ និងបំពង់ម្ជុល តម្កល់ទុកនៅក្នុងឥន្ទបត្ថបុរី ។ កាលនោះ គ្រឿងបរិក្ខារដ៏សេសទាំងឡាយ តម្កល់ទុកក្នុងជនបទជាទីបំផុត ពួកមនុស្ស តែងបូជាចំពោះគ្រឿងបរិក្ខារទាំងឡាយ ដែលព្រះមុនីទ្រង់ប្រើប្រាស់ ។ ការផ្សាយទៅនៃព្រះធាតុរបស់ព្រះមហេសី ព្រះនាមគោតម ក្នុងកាលនោះ ជាប្រពៃណីពីបូរាណ (នៃព្រះពុទ្ធទាំងឡាយ) សម្រាប់ទុក អនុគ្រោះ ស្រោចស្រង់សត្វទាំងឡាយ ជាខាងក្រោយ ។

ចប់ ធាតុភាជនីយកថា ។

ចប់ ពុទ្ធវង្ស ។

១៥. ចរិយាបិដកកែប្រែ

ទានបរមិតាកែប្រែ

១. អកិត្តិចរិយាកែប្រែ

[១]អំពើណា ដែលតថាគត បានប្រព្រឹត្តហើយ ក្នុងរវាងនេះ អស់ ៤ អសង្ខេយ្យ កម្រៃ ១ សែនកប្ប អំពើទាំងអស់នោះ ជាគ្រឿងញ៉ាំងពោធិញ្ញាណឲ្យសម្រេច ។ តថាគត លើកទុកនូវអំពើដែលតថាគតបានប្រព្រឹត្ត ក្នុងភពតូច និងភពធំ ក្នុងកប្ប ដែលកន្លងទៅហើយ នឹងសំដែងតែអំពើដែលតថាគត បានប្រព្រឹត្តហើយ ក្នុងភទ្ទកប្បនេះ អ្នកចូរស្តាប់តថាគតចុះ ។ កាលដែលតថាគតជាតាបស ឈ្មោះអកិត្តិ ចូលទៅនៅក្នុងព្រៃធំ និងព្រៃតូច ជាព្រៃស្ងាត់សូន្យឈឹង ។ កាលនោះ ព្រះឥន្ទ្រអ្នកគ្របសង្កត់ទេវលោក ទ្រង់ក្តៅដោយតេជះ គឺតបធម៌នៃតថាគត ក៏ក្លែងភេទជាព្រាហ្មណ៍ ចូលមករកតថាគត ដើម្បីសូមភិក្ខា ។ តថាគត ឃើញព្រាហ្មណ៍ឈរទៀបទ្វារបណ្ណសាលារបស់តថាគត ក៏ឲ្យស្លឹកដង្កៀបក្តាមទាំងអស់ ដែលតថាគតនាំមកពីព្រៃ ជាស្លឹកមិនមានប្រេង មិនមានរសប្រៃ ព្រមទាំងភាជន៍ ។ លុះតថាគត ឲ្យស្លឹកដង្កៀបក្តាម ដល់ព្រាហ្មណ៍ហើយ ក៏ផ្កាប់ភាជន៍ លះបង់នូវការស្វែងរកទៀត ហើយចូលទៅក្នុងបណ្ណសាលា ។ ក្នុងថ្ងៃទី ២ និងថ្ងៃទី ៣ ព្រាហ្មណ៍ចូលមកក្នុងសម្នាក់តថាគតទៀត តែតថាគតមិនញាប់ញ័រ មិនជាប់ចំពាក់ បានឲ្យយ៉ាងនោះទៀត សរីរៈរបស់តថាគត មិនមានប្លែកភេទព្រោះហេតុទាននោះ តថាគតញ៉ាំងកាល ឲ្យប្រព្រឹត្ត កន្លងទៅ អស់ថ្ងៃនោះ ព្រោះសេចក្តីត្រេកអរដោយសុខ ដែលកើតអំពីបីតិ ។ បើតថាគត បានទក្ខិណេយ្យបុគ្គលដ៏ប្រសើរ អស់ ១ ខែ ឬ ២ ខែទៀត តថាគតមិនញាប់ញ័រ មិនរួញរា នឹងឲ្យទានដ៏ឧត្តមឡើយ ។ តថាគត កាលឲ្យទានដល់ឥន្ទ្រព្រាហ្មណ៍នោះ ទាំងបានប្រព្រឹត្តនូវអំពើទាំងឡាយនោះ មិនប្រាថ្នានូវយស និងលាភទេ តថាគតប្រាថ្នា ចំពោះសព្វញ្ញុតញ្ញាណតែម៉្យាង ។

ចប់ អកិត្តិចរិយា ។

២. សង្ខព្រាហ្មណចរិយាកែប្រែ

[២] មានចរិយាដទៃទៀត កាលដែលតថាគត កើតជាព្រាហ្មណ៍ឈ្មោះសង្ខៈ មានប្រាថ្នាដើម្បីឆ្លងមហាសមុទ្រ សំដៅទៅកាន់កំពង់ (តម្ពលិត្តិ) ។ កាលនោះ តថាគត បានឃើញព្រះបច្ចេកពុទ្ធ ដែលត្រាស់ដឹងឯង ទ្រង់ឈ្នះមារ កំពុងនិមន្តទៅកាន់ផ្លូវ លំបាក លើផែនដីរដិបរដុបដ៏ក្តៅ ត្រង់ផ្លូវជួបគ្នានោះ ។ លុះតថាគត ឃើញព្រះបច្ចេកពុទ្ធ ត្រង់ផ្លូវជួបគ្នានោះ ក៏គិតនូវសេចក្តីនេះថា ស្រែបុណ្យនេះ រមែងសម្រេចដល់សត្វអ្នកប្រាថ្នានូវបុណ្យ ប្រៀបដូចបុរសអ្នកភ្ជួរ ឃើញស្រែ ឬសួនច្បារធំ មិនព្រោះពូជ ក្នុងស្រែនោះទេ បុរសនោះ ឈ្មោះថា ជាអ្នកមិនត្រូវការដោយស្រូវ យ៉ាងណាមិញ ។ តថាគត ជាអ្នកចង់បានបុណ្យ បើឃើញស្រែបុណ្យដ៏ប្រសើរថ្លៃថ្លាហើយ មិនធ្វើសក្ការៈទេ តថាគតឈ្មោះថា ជាអ្នកមិនត្រូវការដោយបុណ្យយ៉ាងនោះឯង ។ ម៉្យាងទៀត ប្រៀបដូចអាមាត្យ មានប្រាថ្នាជាធំក្នុងក្រសួងត្រា (ហើយបណ្តេញ) ពួកជន ក្នុងវាំងរបស់ស្តេច មិនឲ្យទ្រព្យ និងស្រូវដល់ជនទាំងនោះ អាមាត្យនោះ រមែងសាបសូន្យចាកត្រា យ៉ាងណាមិញ តថាគត ជាអ្នកប្រាថ្នាបុណ្យ បានឃើញទក្ខិណេយ្យបុគ្គលដ៏ធំទូលាយ ហើយមិនឲ្យទាន ដល់ទក្ខិណេយ្យបុគ្គលនោះតថាគតរមែងសាបសូន្យចាកបុណ្យ ក៏យ៉ាងនោះដែរ ។ តថាគតលុះគិតឃើញយ៉ាងនេះហើយ ក៏ដោះស្បែកជើង ថ្វាយបង្គំព្រះបាទា នៃព្រះបច្ចេកពុទ្ធនោះ រួចប្រគេនឆ័ត្រ និងស្បែកជើង ។ ហេតុនោះ បានជាតថាគត ចម្រើនដោយសេចក្តីសុខ ដល់នូវសេចក្តីសុខ ដោយរយគុណ ម៉្យាងទៀត តថាគត កាលបំពេញទាន ក៏បានឲ្យទាន ដល់ព្រះបច្ចេកពុទ្ធ យ៉ាងនេះឯង ។

ចប់ សង្ខព្រាហ្មណចរិយា ។

៣. កុរុធម្មចរិយាកែប្រែ

[៣] ចរិយាដទៃទៀត កាលតថាគត ជាស្តេចឈ្មោះធនញ្ជ័យ នៅក្នុងឥន្ទបត្ថបុរី ដ៏ឧត្តម ប្រកបដោយកុសលធម៌ ១០ ។ ព្រាហ្មណ៍ទាំងឡាយ នៅក្នុងដែនកាលិង្គៈ ចូលទៅរកតថាគត សូមដំរីដ៏ប្រសើររបស់តថាគត ជាដំរីនាំឲ្យបានទ្រព្យ ដែលគេសន្មតថា ជាសត្វមង្គល ដោយពាក្យថា ជនបទ (នៃយើងខ្ញុំព្រះអង្គ) មិនមានភ្លៀង ទុរ្ភិក្សអត់ឃ្លានខ្លាំងណាស់ សូមព្រះអង្គប្រទានដំរីដ៏ប្រសើរ ដែលមានសម្បុរខៀវ ឈ្មោះអញ្ជ័ន ។ បើស្មូមមកដល់ហើយ តថាគតមិនគួរប្រកែក ការសមាទានរបស់តថាគត កុំបែកធ្លាយឡើយ ដូច្នេះ តថាគតនឹងឲ្យដំរីប្រសើរ ។ តថាគតចាប់ដំរីត្រង់ប្រមោយ ជ្រួចទឹកកុណ្ឌី ជាវិការៈនៃកែវ លើដៃព្រាហ្មណ៍ ហើយឲ្យដំរីដល់ព្រាហ្មណ៍ ។ កាលតថាគតបានឲ្យដំរីដល់ពួកព្រាហ្មណ៍ហើយ មានពួកអាមាត្យក្រាបទូលពាក្យនេះថាហេតុដូចម្តេច បានជាព្រះអង្គប្រទានដំរីដ៏ប្រសើររបស់ព្រះអង្គ ដែលជាដំរីនាំឲ្យបានទ្រព្យ ប្រកបដោយមង្គល ជាដំរីឧត្តមក្នុងសង្គ្រាមជ័យ ដល់ពួកស្មូម កាលបើព្រះអង្គប្រទានដំរីដ៏ប្រសើរ ដល់ពួកស្មូមនោះហើយ ព្រះអង្គសោយរាជ្យ ធ្វើអ្វី ។ តថាគតតបថា តថាគតអាចនឹងឲ្យរាជ្យទាំងអស់របស់តថាគត ដល់ស្មូមក៏បាន ឬនឹងឲ្យសរីរៈរបស់ខ្លួន ដល់ពួកស្មូមក៏បាន ដ្បិតសព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់របស់តថាគត ព្រោះហេតុនោះ បានជាតថាគត ឲ្យដំរីដ៏ប្រសើរ ។

ចប់ កុរុធម្មចរិយា ។

៤. មហាសុទស្សនចរិយាកែប្រែ

[៤] កាលតថាគត ជាក្សត្រចក្រពត្តិឈ្មោះមហាសុទស្សនៈ មានពលច្រើន នៅក្នុងនគរកុសាវតី ។ ក្នុងនគរនោះ តថាគតបានឲ្យគេឃោសនា ក្នុងមួយថ្ងៃ ៣ ដង ក្នុងទីនោះ ៗ ថា អ្នកណាប្រាថ្នាចង់បានអ្វី ចូរឲ្យនូវទ្រព្យអ្វី ដល់អ្នកណា ។ អ្នកណាឃ្លាន អ្នកណាស្រេក អ្នកណា (ប្រាថ្នា) នូវកម្រងផ្កា អ្នកណា (ប្រាថ្នា) នូវគ្រឿងលាបអ្នកណាអាក្រាត និងស្លៀកដណ្តប់នូវសំពត់ទាំងឡាយ ដែលជ្រលក់ដោយពណ៌ផ្សេង ៗ អ្នកណាយកឆត្រ (ដើម្បីបំាង) ក្នុងផ្លូវ អ្នកណាយកស្បែកជើង ដ៏ទន់ល្អ (ដើម្បីពាក់ក្នុងផ្លូវ) ។ តថាគតឲ្យគេឃោសនា ក្នុងវេលាព្រឹក (ថ្ងៃត្រង់) ល្ងាច ក្នុងទីនោះ ៗ ដូចបានពោលហើយ ក្នុងខាងលើ ទាននោះ តថាគតមិនមែនចាត់ចែង តែក្នុងទី ១០ កន្លែង មិនមែនចាត់ចែងតែក្នុងទីមួយរយកន្លែងទេ ។ ទ្រព្យដែលតថាគត ចាត់ចែងចំពោះស្មូម ក្នុងទីច្រើនរយកន្លែង សម្រាប់ពួកវណិព្វកៈ ដែលមកក្នុងវេលាថ្ងៃ ឬមកក្នុងវេលា យប់ ។ ពួកស្មូម លុះតែបានភោគៈ គួរតាមសេចក្តីប្រាថ្នា ពេញក្នុងដៃហើយ ទើបបានដើរចេញទៅ តថាគតបានឲ្យមហាទានបែបនេះ ដរាបដល់អស់ជីវិត ។ តថាគតមិនឲ្យទ្រព្យ ដែលមិនជាទីគាប់ចិត្តទេ ម៉្យាងទៀត តថាគតមិនមែនជាអ្នកមិនសន្សំទ្រព្យទុកទេដូចបុរសកើតរោគក្តៅក្រហាយ ចង់ជារោគ ញ៉ាំងពេទ្យឲ្យស្កប់ស្កល់ដោយទ្រព្យ រមែងរួចចាករោគ យ៉ាងណាមិញ តថាគតកាលដឹងច្បាស់ថា (ការឲ្យទានជាឧបាយ) ដើម្បីបំពេញអធ្យាស្រ័យរបស់សត្វ ដោយមិនមានសេសសល់ តថាគតឲ្យទានចំពោះស្មូម ដើម្បីបំពេញចិត្តស្មូម ដែលខ្វះកន្លះ តថាគតជាអ្នកមិនមានអាល័យ មិនមានសេចក្តីប៉ុនប៉ង (ចំពោះផលនៃទាននោះទេ តថាគតឲ្យទាន) ដើម្បីបានត្រាស់ដឹងនូវសម្ពោធិញ្ញាណ យ៉ាងនេះឯង ។

ចប់ មហាទស្សនចរិយា ។

៥. មហាគោវិន្ទចរិយាកែប្រែ

[៥] ចរិយាដទៃទៀត កាលតថាគត កើតជាមហាគោវិន្ទព្រាហ្មណ៍ បានជា បុរោហិតនៃស្តេច ៧ អង្គ ជាបុរោហិតដែលមនុស្ស និងទេវតាបូជាហើយ ។ សួយសារអាករណា ដែលកើតដល់តថាគត ក្នុងរាជ្យនៃស្តេចទាំង ៧ អង្គ ក្នុងកាលនោះ តថាគតបានឲ្យនូវមហាទាន ជាទានមិនកម្រើក ដូចជាសាគរ ដោយសួយសារអាករនោះ ។ ទ្រព្យ និងស្រូវ មិនមែនជាទីស្អប់ខ្ពើមរបស់តថាគតទេ ទាំងការសន្សំទ្រព្យ នៃតថាគត មិនមែនជាមិនមានទេ តែសព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់របស់តថាគត ព្រោះ ហេតុនោះ បានជាតថាគតឲ្យទ្រព្យដ៏ប្រសើរ ។

ចប់ មហាគោវិន្ទចរិយា ។

៦. នេមិរាជចរិយាកែប្រែ

[៦] ចរិយាដទៃទៀត កាលដែលតថាគតកើតជាស្តេចធំឈ្មោះនេមិ ជាបណ្ឌិត អ្នកត្រូវការដោយកុសល នៅក្នុងក្រុងដ៏ប្រសើរ ឈ្មោះមិថិលា ។ កាលនោះ តថាគត បានឲ្យគេស្ថាបនាសាលាបួនខ្នង មានមុខ ៤ ហើយញ៉ាំងទាន ឲ្យប្រព្រឹត្តទៅ ដល់ពួកម្រឹគ បក្សី និងមនុស្សជាដើម ក្នុងសាលានោះ ។ តថាគតបាន ធ្វើនូវសំពត់សម្រាប់ ស្លៀកដណ្តប់ ទីដេក បាយ ទឹក និងភោជន ឲ្យជារបស់ប្រព្រឹត្តទៅមិនដាច់ ហើយញ៉ាំងមហាទាន ឲ្យប្រព្រឹត្តទៅ ។ សេវកាមាត្យ ចូលទៅរកចៅហ្វាយនាយ ព្រោះហេតុចង់បានទ្រព្យ ហើយស្វែងរកហេតុ ដែលគួររីករាយ ដោយកាយ ឬដោយវាចាចិត្ត (ផ្គាប់ចិត្តចៅហ្វាយនាយ) យ៉ាងណា ។ តថាគតនឹងស្វែងរក នូវពូជនៃពោធិញ្ញាណ ក្នុងភពទាំងពួង ញ៉ាំងសត្វឲ្យស្កប់ស្កល់ ដោយទាន ហើយប្រាថ្នានូវពោធិញ្ញាណដ៏ឧត្តម យ៉ាងនេះឯង ។

ចប់ នេមិរាជចរិយា ។

៧. ចន្ទកុមារចរិយាកែប្រែ

[៧] មានចរិយាដទៃទៀត កាលដែលតថាគតជាឱរស ឈ្មោះចន្ទកុមាររបស់ស្តេចព្រះនាមឯករាជ នៅក្នុងក្រុងបុប្ផវតី ។ កាលនោះ តថាគតរួចពីការដែល គេត្រូវសម្លាប់ ចេញផុតពីទីយញ្ញនាះហើយ ក៏កើតសេចក្តីសង្វេគ បានញ៉ាំងមហាទាន ឲ្យប្រព្រឹត្តទៅ ។ តថាគតបើមិនទាន់បានឲ្យទេយ្យធម៌ ចំពោះទក្ខិណេយ្យបុគ្គលទេ តថាគតក៏មិនផឹក មិនទំពាស៊ី មិនបរិភោគភោជន អស់ចំនួន ៥ ឬ ៦ រាត្រី ។ ពាណិជ ធ្វើការសន្សំទ្រព្យ (បើដឹងថា) ទីណាមានលាភច្រើន ក៏នាំភណ្ឌៈទៅក្នុងទីនោះ យ៉ាងណា ។ វត្ថុដែលត្រូវបរិភោគខ្លួនឯង បើឲ្យដល់បដិគ្គាហកៈដទៃ ជាវត្ថុមានផលច្រើន ហេតុនោះ ត្រូវតែឲ្យដល់បុគ្គលដទៃវិញ នឹងមានផល ១០០ ភាគ ក៏យ៉ាងនោះដែរ ។ តថាគតដឹងនូវអំណាចនៃហេតុនោះហើយ ទើបឲ្យទានក្នុងភពតូច និងភពធំ មិនគេចចេញចាកទាន ដើម្បីបានត្រាស់ដឹងនូវសម្ពោធិញ្ញាណ ។

ចប់​ ចន្ទកុមារចរិយា ។

៨. សិវិរាជចរិយាកែប្រែ

[៨] កាលតថាគត ជាក្សត្រឈ្មោះសិវិ សោយរាជ្យក្នុងនគរអរិដ្ឋៈ អង្គុយក្នុងប្រាសាទដ៏ប្រសើរ តថាគតគិតយ៉ាងនេះថា ទានណាមួយ ជារបស់មនុស្ស ទាននោះ គឺអញមិនដែលឲ្យហើយ មិនមានឡើយ បើមានយាចកណាមកសូមភ្នែកអញ អញ នឹងមិនញាប់ញ័រ ត្រូវតែឲ្យ (ដល់យាចកនោះ) ។ សក្កៈជាធំជាងពួកទេវតា បានដឹងនូវសេចក្តីត្រិះរិះរបស់តថាគត អង្គុយនៅក្នុងទេវបរិស័ទ ក៏ពោលនូវពាក្យនេះថា ស្តេចសិវិមានឫទ្ធិច្រើន គង់ក្នុងប្រាសាទដ៏ប្រសើរ កំពុងពិចារណានូវទានផ្សេង ៗ (ដែលខ្លួនឲ្យហើយ) ស្តេចនោះ មិនឃើញនូវវត្ថុដែលខ្លួនមិនធ្លាប់ឲ្យសោះឡើយ ។ ការណ៍នោះពិត ឬមិនពិតអេះ បើដូច្នេះ អញនឹងល្បងស្តេចនោះមើល អ្នកទាំងឡាយ ចូររង់ចាំមួយរំពេច ទំរាំយើងបានដឹងនូវព្រះរាជហឫទ័យនៃស្តេចនោះ (ព្រះឥន្ទ្រ ក៏ក្លែងខ្លួនជាព្រាហ្មណ៍) មានសក់ស្កូវ មានខ្លួនជ្រួញជ្រីវ ទូរន់ទូរាដោយជរា ព្រមទាំងមានសម្បុរអាក្រក់ ដើរញញាក់ញញ័រ ចូលទៅរកព្រះរាជា ។ គ្រានោះ ព្រាហ្មណ៍នោះ ផ្គងដៃឆ្វេង និងដៃស្តាំ ហើយធ្វើអញ្ជលីលើសិរ្សៈ ពោលពាក្យនេះថា បពិត្រធម្មិកមហារាជ ជាអ្នកញុំងដែនឲ្យចម្រើន ខ្ញុំព្រះអង្គសូមអង្វរព្រះអង្គ កិត្តិស័ព្ទរបស់ព្រះអង្គថា ត្រេកអរក្នុងទាន ល្បីទូទ័រទៅក្នុងទេវលោក និងមនុស្សលោក ។ ភ្នែកទាំងពីរនៃទូលព្រះបង្គំ ត្រូវងងឹតបៀតបៀនហើយ សូមព្រះអង្គប្រទាននូវព្រះនេត្រមួយ ដល់ទូលព្រះបង្គំ ចំណែកព្រះអង្គ សូមញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយព្រះនេត្រម្ខាងចុះ ។ តថាគតឮពាក្យនៃព្រាហ្មណ៍នោះហើយ ក៏រីករាយ មានចិត្តសង្វេគ ធ្វើអញ្ជលី មានសេចក្តីត្រេកអរ ហើយពោលថា ខ្ញុំទើបនឹងគិតឃើញអម្បាញ់មិញនេះ ហើយចុះអំពីប្រាសាទមកក្នុងទីនោះ អ្នកទំនងជាដឹងចិត្តខ្ញុំ ទើបមកសូមភ្នៃកខ្ញុំ ឱហ្ន៎ ! សេចក្តីប្រាថ្នាក្នុងចិត្តនៃខ្ញុំ សម្រេចហើយ សេចក្តីត្រិះរិះនៃខ្ញុំ ពេញហើយ ទានដ៏ប្រសើរ ដែលខ្ញុំមិនធ្លាប់ឲ្យ ខ្ញុំនឹងឲ្យដល់ស្មូមក្នុងថ្ងៃនេះ ។ ម្នាលពេទ្យឈ្មោះសិវកៈ អ្នកចូរមក ចូរក្រោកឡើង កុំបង្អង់ឲ្យយឺតយូរឡើយ កុំញាប់ញ័រចូរឆ្កៀលភ្នែកទាំងពីរ (របស់អញ) ហើយឲ្យដល់ស្មូម ។ លំដាប់នោះ ពេទ្យសិវកៈនោះ ដែលតថាគតដាស់តឿនហើយ ក៏ធ្វើតាមពាក្យតថាគត បានខ្វេះឆ្កៀល(ភ្នែកតថាគត) ហើយប្រគល់ឲ្យ ដល់ស្មូម ដូចជាឲ្យសាច់ត្នោត ។ ក្នុងកាលមុនឲ្យក្តី កំពុងឲ្យក្តី ឲ្យរួចហើយក្តី ចិត្តរបស់តថាគត ឥតមានការរាយមាយឡើយ ព្រោះហេតុពោធិញ្ញាណតែម៉្យាង ។ ភ្នែកទាំងពីរ មិនមែនជាទីស្អប់របស់តថាគតទេ ទាំងខ្លួនសោតទៀត ក៏មិនមែនជាទីស្អប់របស់តថាគតដែរតែសព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់របស់តថាគត ព្រោះហេតុនោះ បានជាតថាគតឲ្យចក្ខុ ។

ចប់ សិវិរាជចរិយា ។

៩. វេស្សន្តរចរិយាកែប្រែ

[៩] ព្រះនាងផុស្សតិ ខត្តិយកញ្ញា ជាព្រះជននីរបស់តថាគត ព្រះនាងផុស្សតី នោះ ជាព្រះមហេសីនៃសក្កទេវរាជ ក្នុងអតីតជាតិទាំងឡាយ ។ ព្រះឥន្ទ្រទ្រង់ជ្រាបនូវ ការអស់ទៅនៃអាយុរបស់ព្រះនាងហើយ ទ្រង់ត្រាស់ពាក្យនេះថា ម្នាលនាងដ៏ចម្រើន យើងនឹងឲ្យនូវពរ ១០ ប្រការ ដល់នាង បើនាងប្រាថ្នានូវពរណា ចូរទទួលយកនូវពរ នោះចុះ ។ ព្រះនាងទេវីនោះ កាលបើព្រះឥន្ទ្រពោលយ៉ាងនេះហើយ ក៏ពោលពាក្យនេះ តបនឹងព្រះឥន្ទ្រវិញថា ខ្ញុំមានទោសកំហុសដូចម្តេច ខ្ញុំជាទីស្អប់របស់ព្រះអង្គ យ៉ាងណាទៅ បានជាព្រះអង្គញ៉ាំងខ្ញុំឲ្យឃ្លាតចាកមរណីយដ្ឋាន ដូចជាខ្យល់បក់បោករំលំ នូវ រុក្ខជាតិ ដែលដុះលើផែនដីដូច្នេះ ។ សក្កទេវរាជនោះ លុះឮព្រះនាងផុស្សតី ពោលយ៉ាង នេះហើយ ក៏ត្រាស់ពាក្យនេះ តបនឹងព្រះនាងវិញថា អំពើដ៏លាមក នាងមិនបានធ្វើទេ នាងមិនមានជាទីស្អប់នៃយើងទេ ។ អាយុរបស់នាងត្រឹមតែប៉ុណ្ណេះ កាលជាទីច្យុត នឹង មាន (ដល់នាង) ចូរនាងទទួលយកពរដ៏ប្រសើរឧត្តម ១០ ប្រការ ដែលយើងឲ្យនេះចុះ ។ ព្រះនាងផុស្សតីនោះ បានទទួលពរដែលសក្កទេវរាជឲ្យហើយ ក៏មានព្រះហឫទ័យត្រេកអររីករាយ ធ្វើតថាគតឲ្យនៅខាងក្នុង(ពរទាំងនោះ)ហើយទទួលយកពរទាំង ១០ ប្រការ ។ ព្រះនាងផុស្សតីនោះ លុះច្យុតចាកឋានទេវលោកហើយ ទទួលយកពរទាំង ១០ ប្រការ ។ ព្រះនាងផុស្សតីនោះ លុះច្យុតចាកឋានទេវលោកនោះហើយ មកកើតក្នុងរាជ ត្រកូលក្សត្រ ហើយមកភប់ប្រសព្វនឹងសញ្ជយរាជកុមារ ក្នុងជេតុត្តរនគរ ។ កាលណា តថាគត ចុះមកកាន់ផ្ទៃនៃនាងផុស្សតី ជារាជមាតា ដែលជាទីស្រឡាញ់ ក្នុងកាលនោះ ដោយតេជានុភាពរបស់តថាគត មាតានៃតថាគត ក៏ត្រេកអរក្នុងទានសព្វ ៗ កាល ។ ព្រះនាងផុស្សតីនោះ ទ្រង់បរិច្ចាគទាន ដល់ពួកជន អ្នកឥតទ្រព្យ ពួកជនឈឺជានិច្ច ពួកជនចាស់ជរា ពួកយាចក ពួកអ្នកដំណើរ និងពួកសមណព្រាហ្មណ៍ ដែលមានអាសវៈ អស់ហើយ មិនមានកិលេលជាគ្រឿងកង្វល់ ។ កាលព្រះនាងផុស្សតីទេវីនោះ ទ្រង់គភ៌ អស់ ១០ ខែហើយ ព្រះបាទសញ្ជយមហារាជ ទ្រង់នាំព្រះនាងទៅធ្វើប្រទក្សិណបុរី ព្រះនាងប្រសូតតថាគត ត្រង់កណ្តាលថ្នល់នៃអ្នកជំនួញ ។ ឈ្មោះរបស់តថាគត មិនមែនជាប់មកអំពីមាតា មិនមែនជាប់មកអំពីបិតាទេ គឺព្រោះតែតថាគត កើតត្រង់កណ្តាលថ្នល់អ្នកជំនួញ ហេតុនោះបានជា ឈ្មោះថាវេស្សន្តរ ។ កាលណា តថាគតជាទារក មានអាយុ ៨ ឆ្នាំ អំពីកំណើត ក្នុងកាលនោះ តថាគតអង្គុយក្នុងប្រាសាទ ត្រិះរិះដើម្បីឲ្យនូវអជ្ឈត្តិកទានថា បើអ្នកណាមកសូមតថាគត តថាគតគប្បីឲ្យបេះដូង ឲ្យភ្នែក ឲ្យសាច់ និងឈាម ឬក៏គេញ៉ាំងតថាគត ឲ្យដឹងឮថា (អ្នកចូរធ្វើជាទាសៈរបស់ខ្ញុំ) តថាគតនឹងព្រមប្រគល់កាយ (ដល់អ្នកនោះ) ។ កាលតថាគតកំពុងគិតនូវភាពដែលមិនញាប់ញ័រ ដែលមិនរួញរា មហាប្រឹថពី មានភ្នំសិនេរុ និងព្រៃ ជាគ្រឿងប្រដាប់ ក៏ញាប់ញ័រក្នុងទីនោះ ។ តថាគតឡើងជិះដំរីឈ្មោះបច្ច័យ ចូលទៅ (កាន់សាលាទាន) ដើម្បីឲ្យទានក្នុងថ្ងៃឧបោសថ ខែពេញបូណ៌មី ទី ១៥ ក្នុងកន្លះខែ ជាលំដាប់ ។ ព្រាហ្មណ៍ទាំងឡាយ ដែលនៅក្នុងដែនកាលិង្គៈ ចូលទៅរកតថាគត សូមដំរីដ៏ប្រសើររបស់តថាគត ជាដំរីនាំឲ្យបានទ្រព្យ ដែលគេសន្មត ជាសត្វមង្គលថា ជនបទ (របស់យើងខ្ញុំព្រះអង្គ) មិនមានភ្លៀង ទុរ្ភិក្សអត់ឃ្លានខ្លាំង សូមព្រះអង្គព្រះរាជទានដំរីប្រសើរមានអវយវៈសសុទ្ធ ជាដំរីឧត្តម ។ ព្រាហ្មណ៍ទាំងឡាយ សូមដំរីណា ចំពោះតថាគត តថាគតឲ្យដំរីនោះ ឥតញាប់ញ័រឡើយ តថាគតមិនលាក់លៀម នូវទេយ្យធម៌ដែលមាន ព្រោះចិត្តរបស់តថាគត ត្រេកអរក្នុងទាន ។ កាលបើយាចកមកដល់ហើយ ការប្រកែកក៏មិនសមគួរដល់តថាគត ការសមាទានរបស់តថាគត កុំបីបែកធ្លាយឡើយ ដូច្នេះ តថាគតនឹងឲ្យដំរីប្រសើរ ។ តថាគតចាប់ដំរីត្រង់ប្រមោយ រួចច្រូតទឹកក្នុងកណ្ឌី ជាវិការៈនៃកែវ ដាក់លើដៃព្រាហ្មណ៍ ហើយឲ្យដំរីដល់ព្រាហ្មណ៍ ។ កាលតថាគតឲ្យដំរីដ៏ឧត្តមសសុទ្ធដទៃទៀត ក្នុងកាលនោះ មហាប្រឹថពីដែលមានភ្នំសិនេរុ និងព្រៃ ជាគ្រឿងប្រដាប់ ក៏ញាប់ញ័រ ។ ព្រោះតែការឲ្យដំរីនោះ ជាហេតុឲ្យពួកអ្នកដែនសិវិខឹងខ្លាំង ក៏មកប្រជុំគ្នា ហើយបណ្តេញ តថាគត ចាកដែនរបស់ខ្លួន ដោយពាក្យថា សូមព្រះអង្គទៅនៅវង្កតបព៌តទៅ ។ កាលពួកអ្នកដែនសិវិនោះ បណ្តេញតថាគតចេញចាកដែន ចិត្តរបស់តថាគតមិនញាប់ញ័រ មិនតក់ស្លុតទេ តថាគតបានសូមពរមួយដ៏ប្រសើរ នឹងជនទាំងនោះ ដើម្បីញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅ ។ ពួកអ្នកដែនសិវិទាំងអស់ ដែលតថាគតសូមពរហើយ ក៏ឲ្យនូវពរដ៏ប្រសើរ ដល់តថាគត ៗ ញ៉ាំងគេឲ្យដឹងឮដោយស្គរ មានត្រចៀក ហើយឲ្យមហាទាន ។ គ្រានោះ សំឡេងកោលាហល ដែលនាំឲ្យភ័យធំ ក៏ប្រព្រឹត្តទៅ នៅក្នុងរោងទាននោះថា ៖ (ពួកអ្នកដែនសិវិ) បណ្តេញព្រះបាទវេស្សន្តរនេះ ព្រោះតែទាន ឥឡូវព្រះបាទវេស្សន្តរនេះ នៅតែឲ្យទានទៀត ។ កាលនោះ តថាគតឲ្យដំរី សេះ រថ ខ្ញុំស្រី ខ្ញុំប្រុស មេគោ និងទ្រព្យ លុះឲ្យមហាទានហើយ ក៏ចេញអំពីនគរ ។ លុះតថាគត ចេញចាកនគរហើយ ក៏ងាកមើលទៅព្រះនគរវិញ កាលនោះ មហាប្រឹថពី ដែលមានភ្នំសិនេរុ និងព្រៃ ជាគ្រឿងប្រដាប់ ក៏ញាប់ញ័រ ។ តថាគតឲ្យនូវរថដែលទឹម ដោយសេះសន្ធព ៤ ហើយឋិតនៅក្នុងផ្លូវធំ ៤ ជាបុគ្គលតែម្នាក់ឯង មិនមានបុគ្គលជាគម្រប់ពីរ និយាយនូវពាក្យនេះ នឹងនាងមទ្រីទេវីថា ម្នាលនាងមទ្រី នាងចូរពកណ្ហាជិនាចុះ ព្រោះកណ្ហាជិនាជាប្អូននេះ ស្រាល បងនឹងពជាលីកុមារ ព្រោះជាលីកុមារជាបង ធ្ងន់ ។ នាងមទ្រីទេវីពកណ្ហាជិនា ដូចជាផ្កាឈូកស តថាគតពក្សត្រជាលី ដូចជារូបភាព ជាវិការៈនៃមាស ។ ខត្តិយជនទាំង ៤ អង្គ ធ្លាប់ចម្រើន ដោយសេចក្តីសុខ មានជាតិខ្ពង់ខ្ពស់ កាលស្តេចទៅក្នុងផ្លូវមិនរាបស្មើខ្លះ រាបស្មើខ្លះ (ដោយគិតថា) យើងនឹងទៅកាន់វង្កតបព៌ត ។ បើមនុស្សណាមួយ ដើរមក ក្នុងផ្លូវបណ្តោយគ្នា ឬផ្លូវជួបគ្នា យើងនឹងសាកសួរផ្លូវ នឹងមនុស្សទាំងនោះថា វង្កតបព៌តនៅក្នុងទីណា ។ មនុស្សទាំងនោះ ឃើញយើងក្នុងទីនោះ នឹងប្រាប់ (នូវផ្លូវដែលទៅ) កាន់ភ្នំ ដោយសេចក្តីករុណា មនុស្សទាំងនោះ ដឹងនូវទុក្ខ (របស់យើង នឹងប្រាប់ថា) វង្កតបព៌ត នៅក្នុងទីឆ្ងាយអំពីនេះ ។ បើទារកទាំងពីរ ឃើញឈើ មានផ្លៃក្នុងព្រៃធំ ព្រោះ ហេតុនៃផ្លែឈើទាំងនោះ ទារកទាំងពីរនឹងយំទារ ។ ដើមឈើធំខ្ពស់ទាំងឡាយ ព្រោះ ឃើញទារកទាំងពីរយំ ក៏ទោរទន់ចូលមកជិតទារកដោយខ្លួនឯង ។ នាងមទ្រីមានអវយវៈ ទាំងអស់ល្អ ឃើញនូវហេតុគួរអស្ចារ្យចំឡែក គួរព្រឺរោម ក៏ញ៉ាំងសាធុការឲ្យប្រព្រឹត្ត ទៅថា ឱហ្ន៎ ! ហេតុអស្ចារ្យចំឡែក គួរព្រឺរោម កើតឡើងហើយក្នុងលោកនេះ ដោយតេជះនៃព្រះវេស្សន្តរ ដើមឈើទាំងឡាយ ក៏ទោរទន់ចុះមកដោយខ្លួនឯង ។ ពួកទេវតាបានពង្រួមផ្លូវ ដោយសេចក្តីអនុគ្រោះ ចំពោះទារក ញ៉ាំងជនទាំងនោះ ឲ្យដល់ដែនចេតៈ ក្នុងថ្ងៃដែលខ្លួនចេញទៅ ។ កាលនោះ ស្តេចទាំងអស់ ៦០,០០០ អង្គ ដែលនៅក្នុងមាតុលនគរ ក៏ប្រណម្យអញ្ជលី ទួញយំ ដើរចូលមកជិត ។ ក្សត្រទាំង ៤ ព្រះអង្គនោះ និយាយចរចាជាមួយនឹងស្តេចចេតៈទាំងឡាយ និងពួកបុត្ររបស់ស្តេចចេតៈ ក្នុងទីនោះ ហើយលាចេញពីទីនោះទៅថា យើងនឹងទៅកាន់វង្កតបព៌ត ។ ព្រះឥន្ទ្រ ទ្រង់ហៅវិស្សុកម្មទេវបុត្រ ដែលមានឫទ្ធិច្រើនមកប្រាប់ថា អ្នកចូរនិម្មិតអាស្រម និងបណ្ណសាលាដ៏ល្អ ជាទីរីករាយ ថ្វាយព្រះបាទវេស្សន្តរ ព្រមទាំងភរិយា និងបុត្រ ។ វិស្សុកម្មទេវបុត្រ ដែលមានឫទ្ធិច្រើន លុះបានស្តាប់ពាក្យរបស់ទេវរាជហើយ ក៏ចុះមកនិម្មិតអាស្រម និងបណ្ណសាលា ដ៏ល្អជាទីរីករាយ ។ ក្សត្រទាំង ៤ ព្រះអង្គ បានចូលទៅកាន់ព្រៃធំ ដែលមិនមានសំឡេង មិនមានសេចក្តីវិកវរហើយ(និយាយគ្នាថា) យើងនឹងនៅក្នុងចន្លោះនៃភ្នំនោះ កាលនោះ តថាគត នាងមទ្រីទេវី កូនទាំងពីរ គឺជាលី និងកណ្ហាជិនា បានបន្ទោបង់សេចក្តីសោក ដល់គ្នានឹងគ្នា ហើយនៅក្នុងអាស្រម កាលនោះ តថាគត រក្សាទារកក្នុងអាស្រម មិនសូន្យស្ងាត់ នាងមទ្រីនោះ តែងនាំផ្លៃឈើមកចិញ្ចឹមជនទាំង ៣នាក់ ។ កាលតថាគតនៅក្នុងព្រៃធំ មានអ្នកដំណើរម្នាក់ ចូលមករកតថាគត សូមកូន ទាំងពីរនៃតថាគត គឺជាលី និងកណ្ហាជិនា ។ កាលនោះ តថាគតកើតសេចក្តីរីករាយ ព្រោះបានឃើញយាចកដើរចូលមក បានយកកូនទាំងពីរ ឲ្យដល់ព្រាហ្មណ៍ ។ កាល តថាគត បរិច្ចាគបុត្តទាំងពីររបស់ខ្លួន ដល់ជូជកព្រាហ្មណ៍ កាលនោះ ប្រឹថពី ដែលមានភ្នំសិនេរុ និងព្រៃ ជាគ្រឿងប្រដាប់ ក៏ញាប់ញ័រ ។ ព្រះឥន្ទ្របានក្លែងភេទ ជាព្រាហ្មណ៍ម្តងទៀត ចុះមកសូមនាងមទ្រីទេវី ដែលមានសីល មានវត្តចំពោះប្តី នឹងតថាគត ។ តថាគតមានសេចក្តីត្រិះរិះក្នុងចិត្តដោយជ្រះថ្លា ចាប់នាងមទ្រីទេវី ត្រង់ដើមដៃ ហើយជ្រួចទឹក ដាក់លើអញ្ជលីនៃព្រាហ្មណ៍ ឲ្យនាងមទ្រីដល់ព្រាហ្មណ៍ ។ កាលដែលតថាគត ឲ្យនាងមទ្រី ទេវតាឰដ៏អាកាស ក៏ត្រេកអររីករាយ ប្រឹថពីដែលមានភ្នំសិនេរុ និងព្រៃ ជាគ្រឿងប្រដាប់ ក៏ញាប់ញ័រ ក្នុងកាលនោះ ។ កាលតថាគត បរិច្ចាគជាលីកុមារ កណ្ហាជិនាធីតា និងនាងមទ្រីទេវី ដែលមានវត្តចំពោះប្តី ឥតគិត ក្តៅក្រហាយសោះឡើយ ក៏ព្រោះហេតុនៃពោធិញ្ញាណតែម៉្យាង ។ បុត្រទាំងពីរមិនមែនជាទីស្អប់របស់តថាគតទេ ទាំងនាងមទ្រីទេវី ក៏មិនមែនជាទីស្អប់របស់តថាគតដែរ តែសព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់របស់តថាគត បានជាតថាគត ឲ្យបុត្រ និងភរិយាជាទីស្រឡាញ់ ។ កាលពួកជនមកជួបជុំគ្នា ក្នុងសម្នាក់នៃមាតា និងបិតា ក្នុងព្រៃធំ ក៏ខ្សឹកខ្សួល ដោយសេចក្តីករុណា ចរចាសួរសុខនិងទុក្ខគ្នា ។ កាលមហាជន ចូលទៅរកជនទាំងពីរ ជាអ្នកធ្ងន់ដោយហិរិ និងឱត្តប្បៈ កាលនោះ ប្រឹថពី ដែលមានភ្នំសិនេរុ និងព្រៃ ជាគ្រឿងប្រដាប់ ក៏កម្រើកញាប់ញ័រ ។ ម៉្យាងទៀត តថាគតចេញអំពីព្រៃធំ ជាមួយនឹងពួកញាតិ ចូលទៅកាន់បុរី គួរជាទីសប្បាយ ឈ្មោះជេតុត្តរ ដែលជានគរដ៏ឧត្តម ក្នុងកាលនោះ មហារមេឃក៏បង្អុរចុះនូវភ្លៀង ជាវិការៈនៃកែវ ៧ ប្រការ ប្រឹថពីដែលមានភ្នំសិនេរុ និងព្រៃ ជាគ្រឿងប្រដាប់ ក៏កម្រើក ។ ប្រឹថពីមិនមានចេតនាទេ មិនដឹងសុខ និងទុក្ខទេ តែមហាប្រឹថពីនោះ បានកម្រើកញាប់ញ័រ អស់វារៈ ៧ ដង ព្រោះកម្លាំងទានរបស់តថាគត ។

ចប់ វេស្សន្តរចរិយា ។

១០. សសបណ្ឌិតចរិយាកែប្រែ

[១០] ចរិយាដទៃទៀត កាលតថាគត កើតជាទន្សាយ ត្រាច់ទៅក្នុងព្រៃ មាន ស្មៅ ស្លឹកឈើ បន្លែ និងផ្លៃឈើ ជាអាហារ វៀរចាកការបៀតបៀនសត្វដទៃ ។ កាល នោះ ស្វា ចចក ភេ និងតថាគត ព្រមព្រៀងនៅជាមួយគ្នា ទាំងព្រឹកទាំងល្ងាច ។ តថាគត ប្រៀនប្រដៅសំឡាញ់ទាំង ៣ នោះ ដែលមានកិរិយាល្អ និងកិរិយាអាក្រក់ថា អ្នកទាំងឡាយ ចូរវៀរនូវអំពើអាក្រក់ ហើយចូរតម្កល់ខ្ជាប់ក្នុងអំពើល្អ ។ តថាគត ឃើញព្រះចន្ទពេញវង់ ក្នុងថ្ងៃឧបោសថ ក៏ប្រាប់ដល់សំឡាញ់នោះ ក្នុងទីនោះថាថ្ងៃនេះ ជាថ្ងៃឧបោសថ ។ អ្នកទាំងឡាយ ចូរចាត់ចែងទាន ដើម្បីឲ្យដល់ទក្ខិណេយ្យបុគ្គល លុះបានឲ្យទានដល់ទក្ខិណេយ្យបុគ្គលរួចហើយ ចូររក្សាឧបោសថ ។ សត្វជាសំឡាញ់នោះ បានទទួលពាក្យតថាគតថា សាធុ ហើយចាត់ចែងទាន តាមសេចក្តីអង់អាច តាមកម្លាំង ហើយស្វែងរកទក្ខិណេយ្យបុគ្គល ។ ឯតថាគត ដេកគិតនូវទានដែលសមគួរ ដល់ទក្ខិណេយ្យបុគ្គលថា បើអញបានទក្ខិណេយ្យបុគ្គល តើអញនឹងឲ្យទានដូចម្តេច ។ ល្ង និងសណ្តែកបាយនៃអញគ្មានទេ សណ្តែករាជមាស អង្ករ និងខ្លាញ់ នៃអញ ក៏គ្មានដែរ អញញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅដោយស្មៅ អញមិនអាចនឹងឲ្យស្មៅបានទេ ដូច្នេះ បើមានទក្ខិណេយ្យបុគ្គលណាមួយ ដើរមកក្នុងសម្នាក់អញដើម្បីភិក្ខា អញនឹងឲ្យខ្លួនជារបស់ខ្លួន នឹងមិនឲ្យទក្ខិណេយ្យបុគ្គលនោះ មានដៃទទេទៅវិញឡើយ ព្រះឥន្ទ្រដឹងនូវសេចក្តីត្រិះរិះរបស់តថាគត ហើយក្លែងភេទជាព្រាហ្មណ៍ ចូលមកកាន់លំនៅរបស់តថាគត ដើម្បីល្បងទានរបស់តថាគត ។ តថាគតឃើញឥន្ទព្រាហ្មណ៍នោះ ហើយក៏ត្រេកអរ បានពោលពាក្យនេះថា ពេញជាល្អមែន អ្នកមកក្នុងសម្នាក់ខ្ញុំ ព្រោះហេតុតែអាហារ ។ ក្នុងថ្ងៃនេះ ខ្ញុំនឹងឲ្យនូវទានដ៏ប្រសើរដល់អ្នក ជាទានដែលខ្ញុំមិនធ្លាប់ឲ្យឡើយ អ្នកប្រកបដោយគុណ គឺសីល ការបៀតបៀនសត្វដទៃ មិនគួរដល់អ្នកឡើយ អ្នកចូរមក ចូរទៅនាំយកឧស ផ្សេង ៗ មកបង្កាត់ភ្លើងឲ្យឆេះឡើង ខ្ញុំនឹងដុតខ្លួន អ្នកនឹងបានបរិភោគសាច់ឆ្អិន ។ ឥន្ទព្រាហ្មណ៍នោះ មានចិត្តត្រេកអរ ទទួលថាសាធុ ហើយទៅនាំឧសផ្សេង ៗ យកមកធ្វើ ជើងថ្ករយ៉ាងធំ ហើយធ្វើឲ្យមានផ្ទៃ ពេញដោយរងើកភ្លើង ។ គំនរភ្លើងធំនោះ ឆេះឆាប យ៉ាងណា ឥន្ទព្រាហ្មណ៍នោះ ក៏ដុតភ្លើងឆេះសន្ធោសន្ធៅក្នុងទីនោះ យ៉ាងនោះ តថាគត រលាស់ខ្លួនដែលប្រឡាក់ធូលី ហើយអង្គុយក្នុងទីដ៏សមគួរនោះ ។ កាលណា គំនរឧស ធំ ត្រូវភ្លើងឆេះ ឮសូរសំឡេង ធុំ ធុំ កាលនោះ តថាគតលោតទម្លាក់ខ្លួន ទៅក្នុងកណ្តាលចន្លោះអណ្តាតភ្លើង ធម្មតាទឹកត្រជាក់ ដែលបុគ្គលណាមួយចុះទៅហើយ រមែងញ៉ាំងសេចក្តីក្រវល់ក្រវាយ ក្តៅក្រហាយ ឲ្យស្ងប់រម្ងាប់ បានញ៉ាំងសេចក្តីត្រេកអរ និងបីតិ ឲ្យកើតឡើង យ៉ាងណា ។ កាលតថាគត ចូលទៅក្នុងភ្លើង ដែលកំពុងឆេះសន្ធោ សន្ធៅ ក៏ញ៉ាំងសេចក្តីក្រវល់ក្រវាយទាំងអស់ ឲ្យស្ងប់រម្ងាប់ ដូចជាទឹកត្រជាក់ ដូច្នោះ ឯង ។ តថាគតបានឲ្យសម្បុរថ្ងៃ ស្បែក សាច់ សរសៃ ឆ្អឹង បេះដូង និងកាយទាំងមូល មិនឲ្យមានសេសសល់ ដល់ព្រាហ្មណ៍ ។

ចប់ សសបណ្ឌិតចរិយា ។

ឧទាននៃចរិយានោះ

អកិត្តិចរិយា ១ សង្ខព្រាហ្មណ៍ចរិយា ១ ស្តេចក្នុងដែនកុរុ ព្រះនាមធនញ្ជ័យ (កុរុចរិយា) ១ មហាសុទស្សនរាជ (សុទស្សនចរិយា) ១ មហាគោវិន្ទចរិយា ១ នេមិរាជចរិយា ១ ចន្ទកុមារចរិយា ១ សិវិរាជចរិយា ១ វេស្សន្តរចរិយា ១ សសបណ្ឌិតចរិយា ១ បុគ្គលណាបានឲ្យទានដ៏ប្រសើរទាំងឡាយនោះ ក្នុងកាលនោះ បុគ្គល នោះ គឺតថាគតហ្នឹងឯង ។ ការបរិច្ចាគនូវទេយ្យធម៌ទាំងឡាយនោះ ជាបរិក្ខារនៃទាន ការបរិច្ចាគនូវទានដ៏ប្រសើរទាំងឡាយនោះ ជាបារមីនៃទាន (ហេតុនោះ) បានជាតថាគត ឲ្យនូវជីវិតដល់យាចក ហើយបំពេញនូវបារមីនេះ ។ តថាគតឃើញយាចក ចូលមកដើម្បី ភិក្ខា ក៏បានលះបង់ខ្លួនជារបស់ខ្លួន បុគ្គលអ្នកឲ្យទាន ស្មើដោយទានរបស់តថាគត មិនមានឡើយ នេះជាទានបារមីរបស់តថាគត ។

ចប់ ទានបារមី ។

សីលបរមិតាកែប្រែ

១. សីលវនាគចរិយាកែប្រែ

[១១] កាលដែលតថាគតកើតជាដំរី ជាសត្វចិញ្ចឹមមាតា នៅក្នុងព្រៃធំ កាល នោះ នឹងរកអ្នកណា លើផែនដីនេះ ឲ្យស្មើដោយតថាគត ដោយសីលគុណ មិនមាន ឡើយ ។ មានថ្មើរព្រៃម្នាក់ ឃើញតថាគតក្នុងព្រៃ ក៏ក្រាបទូលដល់ស្តេចពារាណសី ថា បពិត្រមហារាជ គជសារមួយ នៅក្នុងព្រៃធំ ជាសត្វមានសភាពសមគួរ ដល់ព្រះអង្គ ដំរីនោះ មិនមានសេចក្តីត្រូវការដោយស្នាមភ្លោះទេ មិនមានសេចក្តីត្រូវការដោយខ្សែ ប្រកាំ និងរណ្តៅទេ ដំរីនោះ គ្រាន់តែបុគ្គលចាប់ទាញប្រមោយ នឹងមកក្នុងទីនេះ ដោយខ្លួន ឯង ។ ចំណែកខាងព្រះរាជា ទ្រង់បានព្រះសណ្តាប់នូវពាក្យរបស់ថ្មើរព្រៃ នោះហើយ ក៏មានព្រះរាជហឫទ័យត្រេកអរទើបទ្រង់ប្រើហ្មដំរី ដែលជាហត្ថាចារ្យ ឈ្លាសវាងវៃ បានសិក្សាវិជ្ជាចាប់ដំរីចេះល្អិតល្អ ។ ហ្មដំរីនោះ លុះទៅដល់ ក៏ឃើញតថាគត កំពុងដក មើមឈូក ក្រអៅឈូក ក្នុងបទុមស្រះ ដើម្បីចិញ្ចឹមមាតា ។ នាយហត្ថាចារ្យនោះ លុះដឹងច្បាស់សីលគុណនៃតថាគត ក៏ពិចារណាឃើញលក្ខណៈ (នៃតថាគត)ហើយពោលថា ម្នាលកូន អ្នកចូរមក ហើយចាប់ដឹកតថាគតត្រង់ប្រមោយ ។ កាលនោះ កម្លាំងណាប្រព្រឹត្តទៅក្នុងសរីរៈនៃតថាគត ដែលតាំងនៅដោយប្រក្រតី កម្លាំងនោះ ប្រាកដស្មើដោយកម្លាំងនៃដំរីច្រើនពាន់ ក្នុងថ្ងៃនេះ ។ បើតថាគត ខឹងចំពោះជនទាំងឡាយ នោះ ដែលចូលមកចាប់តថាគត តថាគតអាច (នឹងញាំញីនូវជីវិត) នៃមនុស្សនោះ រហូត ដល់រាជ្យ ជារបស់មនុស្សក៏បាន ។ តែតថាគត រក្សាសីល (សូម្បីឃើញ) នូវជន កាល ដាក់តថាគតក្នុងរោង ក៏មិនធ្វើចិត្តឲ្យរាយមាយ ដើម្បីបំពេញនូវសីលបារមី ។ ប្រសិន បើជនទាំងឡាយនោះ កាប់ចាក់តថាគត ដោយប៉ូវថៅ និងលំពែងស្នែងក្របី ក្នុងទីនោះ ក៏តថាគតមិនក្រោធខឹង ចំពោះជនទាំងនោះ ព្រោះតថាគតខ្លាចដាច់សីល ។

ចប់ សីលវនាគចរិយា ។

២. ភូរិទត្តចរិយាកែប្រែ

[១២] មានចរិយាដទៃទៀត កាលដែលតថាគត កើតជានាគឈ្មោះភូរិទត្ត មាន ឫទ្ធិច្រើន កាលនោះ តថាគតបានទៅកាន់តាវត្តិង្សទេវលោក ជាមួយនឹងមហារាជ ព្រះនាមវិរូបក្ខៈ ។ តថាគតបានឃើញទេវតាទាំងឡាយ ដែលឆ្អែតស្កប់ស្កល់ ដោយសេចក្តីសុខយ៉ាងក្រៃលែង ក្នុងតាវត្តិង្សទេវលោកនោះ បានជាតថាគត សមាទាននូវ សីល និងវត្ត ដើម្បីទៅកាន់ឋានសួគ៌នោះ ។ តថាគតធ្វើនូវកិច្ចថែទាំសរីរៈ បរិភោគគ្រាន់ តែដើម្បីញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ អធិដ្ឋាននូវអង្គ ៤ហើយដេកលើក្បាលដំបូក ។ កិច្ច ដែលបុគ្គលណា គួរធ្វើក្នុងសម្បុរថ្ងៃ ស្បែក សាច់ សរសៃ និងឆ្អឹង បុគ្គលនោះ ចូរនាំ យកនូវសម្បុរថ្ងៃ ស្បែក ដែលតថាគតឲ្យហើយនោះចុះ ។ អាលម្ពានព្រាហ្មណ៍ លុះនេសាទព្រាហ្មណ៍ ជាអកតញ្ញូ ប្រាប់កន្លែងហើយ ក៏ទៅ ចាប់យកតថាគត ដាក់ក្នុងកំប្រោង ហើយប្រើតថាគតឲ្យលេង ក្នុងស្រុក និគម ជនបទ នោះ ៗ ។ កាលអាលម្ពានព្រាហ្មណ៍ ដាក់តថាគតក្នុងកំប្រោងក្តី ញាំញីតថាគត ដោយដៃ ក្តី តថាគតមិនខឹងនឹងអាលម្ពានព្រាហ្មណ៍ ព្រោះតថាគតខ្លាចដាច់សីល ។ ការបរិច្ចាគ ជីវិតនៃខ្លួនរបស់តថាគត ជាធម្មជាតិស្រាលជាងបាច់ស្មៅទៅទៀត ។ ឯការប្រព្រឹត្ត កន្លងសីលនៃតថាគត ធ្ងន់ដូចជាការប្រែត្រឡប់ដែនដី ។ តថាគតលះបង់ជីវិត នៃតថាគត អស់រយជាតិមិនមានចន្លោះ តថាគតមិនដែលទម្លាយសីល ព្រោះហេតុតែបានជាស្តេច ចក្រពត្តិ ក្នុងទ្វីបទាំង ៤ ទេ ។ ចំណែកខាងតថាគត រក្សាសីល (សូម្បីឃើញ) នូវ អាលម្ពានព្រាហ្មណ៍ ដាក់តថាគតក្នុងកំប្រោង ក៏មិនធ្វើចិត្តឲ្យរាយមាយ ដើម្បីបំពេញនូវ សីលបារមី ។

ចប់ ភូរិទត្តចរិយា ។

៣. ចម្បេយ្យចរិយាកែប្រែ

[១៣] ចរិយាដទៃទៀត កាលដែលតថាគត កើតជាស្តេចនាគ ឈ្មោះចម្បេយ្យ មានឫទ្ធិច្រើន កាលនោះ តថាគតជាអ្នកប្រកបដោយធម៌ ជាអ្នកឆ្អែតស្កប់ស្កល់ ដោយសីល និងវ័ត ។ កាលនោះ ហ្មពស់ចាប់តថាគត ដែលជាអ្នកប្រព្រឹត្តធម៌ រក្សាឧបោសថ យកទៅឲ្យលេងល្បែង ទៀបទ្វារក្រុងនៃស្តេច ។ ហ្មពស់នោះ គិតឲ្យមានពណ៌ខៀវ លឿង ក្រហម តថាគតធ្វើតាមចិត្តហ្មពស់ ឲ្យសម្រេចដូចគំនិតដែលគិត ។ តថាគត អាចនឹងធ្វើទីទួលឲ្យជាទីទឹក ធ្វើទីទឹកឲ្យទៅជាទីទួល បើតថាគតខឹងចំពោះហ្មពស់នោះ តថាគតធ្វើឲ្យខ្ទេចជាផេះ មួយរំពេច ។ បើតថាគត បណ្តោយតាមអំណាចចិត្ត តថាគត នឹងសាបសូន្យចាកសីល ប្រយោជន៍ដ៏ឲ្យត្តម គឺភាពជាព្រះពុទ្ធ នឹងមិនសម្រេចដល់ តថាគត ដែលសាបសូន្យចាកសីលឡើយ ។ កាយនេះ ទោះបែកធ្លាយរោយរាយលើ ផែនដីនេះ ឲ្យដូចជាបុគ្គលរោយនូវសំដីស្រូវ ក៏តថាគតមិនទម្លាយសីលឡើយ ។

ចប់ ចម្បេយ្យចរិយា ។

៤. ចូឡពោធិចរិយាកែប្រែ

[១៤] ចរិយាដទៃទៀត កាលដែលតថាគត ជាបរិព្វាជក ឈ្មោះចូឡពោធិ ជា អ្នកមានសីលល្អ ឃើញនូវភពថា ជារបស់គួរខ្លាចហើយ ក៏ចេញទៅសាងអភិនេស្ក្រម ។ នាងព្រាហ្មណី មានសម្បុរដូចមាស នាងជាភរិយារបស់តថាគត នាងមិនមាន អាល័យ ក្នុងវដ្តៈ ក៏បានចេញទៅសាងអភិនេស្ក្រមដែរ នាងមិនមានអាល័យ លះបង់នូវផៅពង្ស មិនជាប់នឹងពួកត្រកូល តថាគត និងព្រាហ្មណីនោះ ដើរទៅកាន់ស្រុក និងនិគម ក៏បាន ចូលទៅកាន់ក្រុងពារាណសី ។ យើងទាំងពីរនាក់ ជាអ្នកមានបញ្ញា នៅជិតក្រុង ពារាណសីនោះ មិននៅច្រឡូកច្រឡំ ក្នុងពួកត្រកូលទេ នៅក្នុងឧទ្យានស្តេច ជាទីមិនមានសំឡេង មិនមានវឹកវរ ។ ព្រះរាជាទ្រង់ស្តេចទៅទតឧទ្យាន បានឃើញព្រាហ្មណ៍ ទ្រង់ចូលទៅសួរតថាគតថា ស្រីនេះជាភរិយារបស់លោក ឬជាភរិយារបស់អ្នកណា ។ កាលព្រះរាជា ទ្រង់ត្រាស់សួរយ៉ាងនេះហើយ តថាគតបានទូលព្រះរាជាថា ស្រីនេះ មិនមែនជាភរិយារបស់អាត្មាភាពទេ គ្រាន់តែជាស្រី មានធម៌ត្រូវគ្នា មានសាសនាត្រូវគ្នាប៉ុណ្ណោះ ។ ព្រះរាជាមានព្រះទ័យប្រតិព័ទ្ធ ចំពោះបរិព្វាជិកានោះ ក៏ប្រើរាជបុរសឲ្យចាប់សង្កត់សង្កិនដោយកម្លាំង យកចូលទៅខាងក្នុងព្រះរាជវាំង ។ កាលភរិយា មានជាតិជាមួយគ្នា មានសាសនាត្រូវគ្នារបស់តថាគត ដែលរាជបុរសទាញអូសនាំទៅនោះ សេចក្តីក្រោធ ក៏កើតឡើងដល់តថាគត ។ កាលសេចក្តីក្រោធកើតឡើង តថាគតពិចារណានូវសីលវ័ត ផ្ទញ់ផ្ទាល់នូវសេចក្តីក្រោធ ក្នុងទីនោះ មិនឲ្យចម្រើនឡើងបាន ប្រសិនបើអ្នកណាមួយចាក់ព្រាហ្មណ៍នោះ ដោយលំពែងដ៏មុត តថាគតក៏មិនទម្លាយសីល ព្រោះហេតុនៃពោធិញ្ញាណ ព្រាហ្មណីនោះ មិនមែនជាទីស្អប់របស់តថាគតទេ ទាំងកម្លាំងតថាគត ក៏មិនមែនជាទីស្អប់របស់តថាគតទេ ទាំងកម្លាំងតថាគត ក៏មិនមែនជាមិនមានឡើយ តែសព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់របស់តថាគត ព្រោះហេតុនោះ បានជាតថាគតរក្សាសីលតែម៉្យាង ។

ចប់ ចូឡពោធិចរិយា ។

៥. មហិសរាជចរិយាកែប្រែ

[១៥] មានចរិយាដទៃទៀត កាលតថាគតកើតជាក្របីព្រៃ ត្រាច់ទៅក្នុងព្រៃធំ មានកាយចម្រើន មានកម្លាំងច្រើន មានសរីរៈធំធាត់ បើគេឃើញហើយគួរខ្លាច ។ ទីនៅនៃក្របីទាំងឡាយ មានក្នុងទីនោះ គឺញកភ្នំ ផ្លូវជិតភ្នំដែលបុគ្គលទៅបានដោយកម្រ គល់ឈើ និងបឹង សត្វនីមួយ ៗ កាលត្រាច់ទៅក្នុងទីនោះ ៗ តែងបានឃើញ ទីដ៏ល្អក្នុងព្រៃធំ ឯតថាគតក៏ចូលទៅកាន់ទីនោះ ឈរផង ដេកផង ។ គ្រានោះ មានស្វា មួយក្នុងព្រៃធំនោះ ជាសត្វលាមក ថោកទាប ឡេះឡោះ មកកាន់ទីនោះ នោម ជុះដាក់ តថាគតត្រង់ក ថ្ងាស និងចិញ្ចើម ។ ពានរនោះ ប្រទូស្តនឹងតថាគត អស់មួយថ្ងៃ ពីរថ្ងៃ បីថ្ងៃ បួនថ្ងៃ តថាគតត្រូវពានរនោះ បៀតបៀនសព្វ ៗ កាល ។ ទេវតា ឃើញតថាគត ដែលត្រូវស្វានោះ បៀតបៀនហើយ ក៏ពោលពាក្យនេះ នឹងតថាគតថា (ម្នាលក្របី) អ្នកចូរញ៉ាំងស្វាលាមកអាក្រក់នេះ ឲ្យវិនាសដោយស្នែង និងក្រចកទៅ ។ កាលទេវតា ពោលយ៉ាងនេះហើយ តថាគតបាននិយាយតបទៅនឹងទេវតានោះ វិញថា (ម្នាលទេវតា) បើទុកជាអ្នកប្រឡាក់ខ្ញុំដោយសាកសព លាមក ថោកទាប ដូចម្តេចក៏ដោយក៏ខ្ញុំមិន ធ្វើតាមពាក្យអ្នកឡើយ ។ ព្រោះថា បើខ្ញុំខឹងនឹងស្វានេះ ខ្ញុំជាបុគ្គលថោកទាបជាងស្វានោះទៅទៀត សីលរបស់ខ្ញុំនឹងបែកធ្លាយផង វិញ្ញូជនទាំងឡាយ នឹងតិះដៀលដល់ខ្ញុំផង ។ ការស្លាប់ដោយសេចក្តីបរិសុទ្ធ ប្រសើរជាងការរស់នៅ ដែលពួកអ្នកប្រាជ្ញតិះដៀល បើយ៉ាងនេះ ឲ្យខ្ញុំធ្វើនូវការបៀតបៀនអ្នកដទៃ ព្រោះហេតុតែជីវិត (របស់ខ្លួន) ដូចម្តេចកើត ។ បុគ្គលប្រកបដោយប្រាជ្ញា កាលអត់ទ្រាំចំពោះសេចក្តីមើលងាយ (របស់ពួកជនដទៃ) ក្នុងហេតុយ៉ាងមុទុ មជ្ឈិម និងឧក្រិដ្ឋ រមែងបានសម្រេចដូចសេចក្តីប្រាថ្នាក្នុងចិត្ត យ៉ាងនេះឯង ។

ចប់ មហិសរាជចរិយា ។

៦. រុរុមិគចរិយាកែប្រែ

[១៦] មានចរិយាដទៃទៀត កាលតថាគតកើតជាស្តេចម្រឹគ ឈ្មោះរុរុ សម្បុរ ស្បែកដូចមាសដែលជាងដុតល្អ ប្រកបដោយសីលដ៏ឧត្តម ។ កាលនោះ ប្រទេសដែល គួរឲ្យត្រេកអរ គួរឲ្យរីករាយ ជាប្រទេសស្ងាប់សូន្យ មិនមានមនុស្ស នៅជិតច្រាំង ទន្លេគង្គា គួរជាទីរីករាយនៃចិត្ត តថាគតបានចូលទៅនៅក្នុងទីនោះ ។ កាលនោះ មាន បុរសម្នាក់ (ចំពាក់បំណុលគេ) ត្រូវពួកម្ចាស់ទ្រព្យតឹងទារខ្លាំង ក៏លោតទម្លាក់ខ្លួនចុះ ក្នុងទីខាងលើខ្សែទឹកទន្លេគង្គា ដោយគិតថា អញរស់ក៏ដោយស្លាប់ក៏ដោយ ។ បុរស នោះ ត្រូវខ្សែទឹកទន្លេគង្គា កួចទៅក្នុងទឹកធំ អស់មួយយប់មួយថ្ងៃ ស្រែកនូវសម្រែកគួរអាណិត អណ្តែតទៅក្នុងកណ្តាលទន្លេ ។ តថាគតឮសំឡេងនៃបុរសនោះ កំពុងខ្សឹកខ្សួល គួរអាណិត ឋិតនៅទៀបឆ្នេរនៃស្ទឹង ក៏ស្រែកសួរថា អ្នកជាមនុស្សឬ ។ បុរសនោះ ដែលតថាគតសួរហើយ ក៏ប្រាប់ហេតុរបស់ខ្លួន ក្នុងកាលនោះថា ខ្ញុំភ័យតក់ស្លុតខ្លាំងនឹងពួកម្ចាស់បំណុល ហើយស្ទុះមកក្នុងស្ទឹងធំនេះ ។ តថាគតមានសេចក្តីអាណិត ចំពោះបុរសនោះ ក៏ប្រថុយលះបង់ជីវិតរបស់ខ្លួន ចូលទៅនាំយកបុរសនោះមក ក្នុងរាត្រីដ៏ងងឹត ។ តថាគតដឹងនូវកាលនៃបុរសនោះ បាត់សេចក្តីលំបាកហើយ ក៏ពោលពាក្យនេះ នឹងបុរសនោះថា ខ្ញុំសូមពរមួយនឹងអ្នកថា ចូរអ្នកកុំប្រាប់រូបខ្ញុំ ដល់អ្នកណាមួយឡើយ ។ បុរសនោះ ទៅកាន់នគរវិញ ស្តេចសួរ ហេតុតែចង់បានទ្រព្យ ក៏ក្រាបទូល (ដល់ស្តេច) ហើយនាំស្តេចចូលទៅកាន់សម្នាក់តថាគត ។ តថាគត ប្រាប់ហេតុសព្វគ្រប់ដល់ស្តេច ស្តេចលុះបានស្តាប់ពាក្យនោះ ហើយក៏បានសម្រេចព្រះទ័យថា ត្រូវសម្លាប់បុរសនេះ ដោយកូនសរ (ទ្រង់ត្រាស់ថា) អញនឹងសម្លាប់បុរសទ្រុស្តមិត្តដ៏អាក្រក់ ក្នុងទីនេះ ។ តថាគត កាលរក្សានូវបុរសនោះ ក៏ស៊ូប្តូរខ្លួនបុរសនោះ ដោយខ្លួនរបស់តថាគត (ក្រាបទួលថា) បពិត្រមហារាជ បុរសនោះ ចូររស់នៅចុះ សូមព្រះអង្គធ្វើខ្ញុំព្រះអង្គតាមប្រាថ្នា វិញ ។ តថាគតរក្សាសីលរបស់តថាគត មិនរក្សាជីវិតរបស់តថាគតឡើយ បានជាក្នុងកាលនោះ តថាគតកាន់សីលហ្មត់ចត់ ព្រោះហេតុតែពោធិញ្ញាណ ។

ចប់ រុរុមិគចរិយា ។

៧. មាតង្គចរិយាកែប្រែ

[១៧] មានចរិយាដទៃទៀត កាលតថាគត កើតជាជដិលតាបស ឈ្មោះមាតង្គៈ មានតបៈខ្ពង់ខ្ពស់ មានសីលបរិសុទ្ធ មានចិត្តតម្កល់មាំល្អ ។ ជនពីរនាក់ គឺតថាគត និងព្រាហ្មណ៍ នៅជិតឆ្នេរទន្លេគង្គា តថាគតនៅខាងលើខ្សែទឹក ឯព្រាហ្មណ៍នៅ ខាងក្រោមខ្សែទឹក ។ ព្រាហ្មណ៍ កាលដើរទៅតាមឆ្នេរទន្លេ បានឃើញអាស្រមតថាគត នៅខាងលើខ្សែទឹក ក៏ប្រទេចផ្តាសាតថាគតក្នុងទីនោះ ហើយដាក់សម្បថថា (ចូរឲ្យ ក្បាលអ្នកបែកជា ៧ ភាគ ក្នុងថ្ងៃទី ៧) ។ បើតថាគត ខឹងនឹងព្រាហ្មណ៍ មានតែ តថាគតមិនរក្សាសីល តថាគតនឹងក្រឡេកមើលព្រាហ្មណ៍នោះ ហើយធ្វើឲ្យឆេះ ទៅជាផេះក៏បាន ។ កាលណោះ ព្រាហ្មណ៍នោះ មានចិត្តប្រទូស្តខឹង ដាក់សម្បថ ដល់តថាគត ដោយឧបាយណា សម្បថនោះ បែរជាធ្លាក់លើក្បាលព្រាហ្មណ៍នោះវិញ តថាគតដោះព្រាហ្មណ៍នោះ ឲ្យរួចចាកសម្បថ ដោយឧបាយនោះ ។ តថាគតរក្សាសីលរបស់តថាគត មិនរក្សាជីវិតរបស់តថាគតឡើយ បានជាក្នុងកាលនោះ តថាគតកាន់សីលហ្មត់ចត់ ព្រោះហេតុនៃពោធិញ្ញាណ ។

ចប់ មាតង្គចរិយា ។

៨. ធម្មទេវបុត្តចរិយាកែប្រែ

[១៨] មានចរិយាដទៃទៀត កាលតថាគត កើតជាទេវបុត្តមានអានុភាពធំ ឈ្មោះធម្មៈ មានសក្តិធំ មានឫទ្ធិច្រើន ជាអ្នកអនុគ្រោះដល់សត្វលោកទាំងពួង ។ កាលនោះ តថាគតញ៉ាំងមហាជនឲ្យតម្កល់នៅក្នុងកុសលកម្មបថ ១០ ត្រាច់ទៅក្នុងស្រុក និងនិគម ជាមួយនឹងមិត្រ ជាមួយនឹងជនបរិវារ ។ មានទេវបុត្តមួយអង្គ មានធម៌លាមក កំណាញ់ស្វិតស្វាញ សំដែងនូវធម៌ដ៏លាមក ១០ ប្រការ ទេវបុត្តនោះ ត្រាច់ទៅលើផែនដីដ៏ធំ ក្នុងជម្ពូទ្វីបនេះ ជាមួយនឹងមិត្ត ជាមួយនឹងជនជាបរិវារ ។ យើងជាទេវបុត្តទាំងពីរនាក់ គឺទេវបុត្តអ្នកពោលនូវធម៌ និងទេវបុត្តអ្នកពោលនូវអធម៌ ទៅជាសត្រូវនឹងគ្នា យើងទាំងពីរនាក់ ត្រូវបររថប៉ះនឹមដោយនឹម ក្នុងផ្លូវជួបគ្នា ។ ជម្លោះជាហេតុញ៉ាំងភ័យឲ្យកើតឡើង ប្រព្រឹត្តទៅដល់កល្យាណទេវបុត្ត និងបាបទេវបុត្ត មហាសង្គ្រាមក៏តាំងឡើង ដើម្បីប្រជែងផ្លូវគ្នា ។ បើតថាគត ខឹងនឹងអធម្មទេវបុត្ត មានតែតថាគតទម្លាយតបោគុណ គឺសីលដ៏ប្រសើរ តថាគតគប្បីធ្វើនូវអធម្មទេវបុត្តនោះ ព្រមទាំងជនជាបរិស័ទ ឲ្យទៅជាធូលីក៏បាន ។ ប៉ុន្តែ តថាគតរំលត់ចិត្ត ដើម្បីរក្សាសីល តថាគតព្រមទាំងជនជាបរិស័ទ ក៏បរចៀស បើកផ្លូវឲ្យបាបទេវបុត្ត ។ កាលតថាគត ព្រមទាំងជនជាបរិស័ទ រំលត់ចិត្ត បររថចៀសអំពីផ្លូវហើយ មហាប្រឹថពី ក៏ស្រូបបាបទេវបុត្ត ក្នុងខណៈនោះ ។

ចប់ ធម្មទេវបុត្តចរិយា ។

៩. ជយទិសចរិយាកែប្រែ

[១៩] មានស្តេចមួយអង្គ ព្រះនាមជយទិស ប្រកបដោយសីលគុណ ក្នុងក្រុង ដ៏ឧត្តម ឈ្មោះកប្បិលា ជាក្រុងដ៏ប្រសើរ ក្នុងដែនបញ្ចាល ។ តថាគត កើតជាព្រះរាជបុត្តរបស់ស្តេចនោះ ឈ្មោះអលីនសត្តកុមារ ជាអ្នកល្បីល្បាញក្នុងធម៌ មានសីលដ៏ល្អ ប្រកបដោយមហាបុរិសគុណ ជាអ្នករក្សានូវជនជាបរិវារ សព្វកាល ។ បិតារបស់ តថាគត បានទៅប្រពាតម្រឹគ (ក្នុងព្រៃ) ជ្រុលចូលទៅកាន់សម្នាក់យក្ស ឈ្មោះ បោរិសាទ យក្សនោះចាប់ស្តេចជយទិស ជាបិតានៃតថាគត (ហើយនិយាយថា) អ្នកត្រូវជាអាហាររបស់យើងហើយ អ្នកកុំកម្រើកឡើយ ។ បិតារបស់តថាគតនោះ លុះឮពាក្យរបស់យក្ខិនីបុត្តនោះហើយ ក៏ភ័យតក់ស្លុត ញ័ររន្ធត់ រឹងភ្លៅទាំងពីរ បិតានៃតថាគតនោះ ឈរនៅស្ងៀម មិនអាចនឹងរត់ចេញទៅបាន ព្រោះឃើញស្តេចបោរិសាទ ។ ព្រះរាជាអង្វរថា សូមអ្នកយកសត្វម្រឹគនេះទៅចុះ សូមលែងខ្ញុំ ខ្ញុំនឹងឲ្យទ្រព្យដល់ព្រាហ្មណ៍ រួចហើយនឹងត្រឡប់មកវិញ ។ បិតា ហៅតថាគតមកប្រាប់ថា ម្នាលកូន អ្នកចូរគ្រប់គ្រងរាជ្យ ចូរកុំប្រមាទបុរីនេះឡើយ ដែលអញបានត្រឡប់មកវិញនេះ ព្រោះតែអញបានប្តេជ្ញាជាមួយនឹងយក្សបោរិសាទ ។ តថាគតថ្វាយបង្គំព្រះមាតា និងព្រះបិតា ហើយនិម្មិតខ្លួនកាន់ធ្នូ និងព្រះខ័ន ចេញអំពីនគរ ដើរចូលទៅរកបោរិសាទយក្ស ។ (តថាគតគិតថា យក្សនេះបើឃើញតថាគត) មានគ្រឿងសស្ត្រាវុធនៅក្នុងដៃ ក៏នឹងតក់ស្លុត កាលបើតថាគតធ្វើយក្សនោះឲ្យស្លុត សីលរបស់តថាគត នឹងបែកធ្លាយ ដោយការញ៉ាំងសេចក្តីតក់ស្លុត ឲ្យកើតដល់យក្សនោះ ។ (លុះគិតឃើញយ៉ាងនេះ) តថាគត មិនពោលពាក្យជាទីស្អប់ ទៅរកយក្សនោះទេ ព្រោះការខ្លាចដាច់សីលនៃតថាគត តថាគតមានមេត្តាចិត្ត ពោលតែពាក្យមានប្រយោជន៍ ហើយបានពោលនូវពាក្យនេះថា ចូរលោកតា ដុតភ្លើងឲ្យឆេះខ្លាំងឡើង ខ្ញុំនឹងលោតពីដើមឈើនេះ ទម្លាក់ទៅ (ក្នុងភ្លើងនោះ) បពិត្រជីតា បើលោកតាដឹងនូវកាលនៃសាច់នោះឆ្អិនល្អហើយ ចូរបរិភោគសាច់នោះចុះ ។ ព្រោះហេតុបិតាមានសីល ដូចរៀបរាប់មកនេះ តថាគតមិនរក្សាជីវិតរបស់តថាគតទេ តថាគតញ៉ាំងបោរិសាទ ជាអ្នកធ្វើបាណាតិបាត ឲ្យវៀរបង់អំពើអាក្រក់ សព្វកាល ។

ចប់ ជយទិសចរិយា ។

១០. សង្ខបាលចរិយាកែប្រែ

[២០] មានចរិយាដទៃទៀត កាលតថាគតកើតជាស្តេចនាគ ឈ្មោះសង្ខបាល មានឫទ្ធិច្រើន មានចង្កូមជាអាវុធ មានពិសដ៏ពន្លឹក មានអណ្តាតពីរ ជាសត្វគ្រប សង្កត់ឧគរជាតិ ។ តថាគតអធិដ្ឋានអង្គទាំង ៤ ជិតផ្លូវធំ ៤ ជាកន្លែងទៅមកនៃជនផ្សេង ៗ ហើយសម្រេចនូវការនៅ ក្នុងទីនោះ ។ បុគ្គលណាមានកិច្ចគួរធ្វើ ដោយអវយវៈនេះ គឺសម្បុរថ្ងៃ ស្បែក សាច់ សរសៃ និងឆ្អឹង បុគ្គលនោះ ចូរនាំយកអវយវៈដែលអញឲ្យហើយចុះ ។ កូនព្រានព្រៃទាំងឡាយ ជាមនុស្សរឹងត្អឹង អាក្រក់ ឥតមានសេចក្តីអាណិតអាសូរ មានដំបង ៤ ជ្រុង ក្នុងដៃ បានឃើញតថាគត ហើយដើរចូលមកក្នុងទីនោះ ។ កូនព្រានព្រៃទាំងឡាយ បានចោះតថាគតត្រង់ច្រមុះ កន្ទុយ ខ្នង និងក ហើយលើកតថាគត ដាក់ក្នុងសង្រែក រែកយកទៅ ។ តថាគត បើប្រាថ្នានឹងធ្វើនូវមហាប្រឹថពី ដែលមានសមុទ្រជាទីបំផុត ព្រមទាំងព្រៃឈើ ព្រមទាំងភ្នំ ឲ្យឆេះខ្ទេចទៅជាផេះ ដោយខ្យល់តាមច្រមុះ ក្នុងទីនោះ ក៏បាន ។ (ប៉ុន្តែ) តថាគត មិនខឹងនឹងកូនព្រានព្រៃទាំងឡាយ ដែលចោះដោយដែកស្រួច និងចាក់ដោយលំពែង ទាំងឡាយឡើយ នេះជាសីលបារមីរបស់តថាគត ។

ចប់ សង្ខបាលចរិយា ។

ឧទាននៃចរិយានោះ

សីលវនាគចរិយា ១ ភូរិទត្តចរិយា ១ ចម្បេយ្យចរិយា ១ ចូឡពោធិចរិយា ១ មហិសរាជចរិយា ១ រុរុមិគចរិយា ១ មាតង្គចរិយា ១ ទេវធម្មបុត្តចរិយា ១ជយទិសចរិយា ១ សង្ខបាលចរិយា ១ ។ ចរិយាទាំងអស់នោះ តថាគតសំដែងហើយថា មានសីលជាកម្លាំង ជាបរិក្ខារ តថាគតបានគ្រង់គ្រងជីវិត រក្សាសីល ។ កាល តថាគត ជាសង្ខបាលនាគរាជ បានប្រគល់ជីវិតឲ្យដល់បុគ្គលណាមួយ សព្វ ៗ កាល ហេតុនោះ បារមីនោះ ជាសីលបរមត្ថបារមី (នៃតថាគត) ។

ចប់ សីលបារមីនិទ្ទេស ។

នេក្ខម្មាទិបារមីកែប្រែ

១. យុធញ្ជយចរិយាកែប្រែ

[២១] កាលដែលតថាគត កើតជារាជបុត្ត (នៃស្តេចសព្វទត្ត) ឈ្មោះយុធញ្ជ័យ ជារាជកុមារមានបរិវារ និងយស រាប់មិនបាន ក្នុងកាលនោះ តថាគតកើតសេចក្តីសង្វេគ ព្រោះឃើញដំណក់ទឹកសន្សើម ដែលរីងហួតដោយកម្តៅព្រះអាទិត្យ ។ តថាគតយកដំណក់ទឹកសន្សើមនោះ ជាអធិបតី ចម្រើននូវសេចក្តីសង្វេគ ថ្វាយបង្គំព្រះមាតា និងព្រះបិតា ហើយសូមបព្វជ្ជា ។ ពួករាជបុរស ព្រមទាំងអ្នកនិគម អ្នកនៅក្នុងដែន ផ្គងអញ្ជលីអង្វរតថាគតថា បពិត្រព្រះរាជបុត្ត សូមព្រះអង្គម្ចាស់ គ្រប់គ្រងមហាប្រឹថពី ដែលសម្រេចដោយសម្បត្តិដ៏ស្តុកស្តម្ភ ក្នុងថ្ងៃនេះចុះ ។ តថាគតមិនមានអាល័យ លះបង់រាជបុរស ព្រមទាំងស្តេច ស្រីស្នំ អ្នកនិគម និងអ្នកនៅក្នុងដែន ដែលកំពុងខ្សឹកខ្សួល គួរឲ្យអាណិត ។ តថាគតលះបង់រាជ្យលើផែនដី ញាតិជនជាបរិស័ទ និងយសទាំងអស់ ឥតមានគិតដល់ ព្រោះហេតុពោធិញ្ញាណតែម៉្យាង ។ មាតាបិតា មិនមែនជាទីស្អប់របស់តថាគតទេ ទាំងយសដ៏ធំ ក៏មិនមែនជាទីស្អប់របស់តថាគតដែរ តែសព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់របស់តថាគត ព្រោះហេតុនោះ បានជាតថាគត លះបង់រាជ្យ ។

ចប់ យុធញ្ជយចរិយា ។

២. សោមនស្សចរិយាកែប្រែ

[២២] មានចរិយាដទៃទៀត កាលដែលតថាគត កើតជារាជបុត្ត (នៃស្តេច កុរុរាជ) ក្នុងឥន្ទបត្ថបុរីដ៏ឧត្តម មានឈ្មោះប្រាកដថា សោមនស្សកុមារ ជារាជបុត្ត ដែលជនទាំងឡាយ មានមាតាបិតាជាដើម ស្រឡាញ់ពេញចិត្តក្រៃលែង ជាអ្នកមានសីល ប្រកបដោយគុណ មានសំដីពីរោះ គោរពកោតក្រែងចាស់ព្រឹទ្ធាចារ្យ មានហិរិ ទាំងមានសេចក្តីឈ្លាសវៃ ក្នុងសង្គហធម៌ (៤ យ៉ាង) ។ មានតាបសកុហកម្នាក់ ជាអ្នកស្និទ្ធស្នាលនៃស្តេចកុរុនោះ ដាំសួនច្បារ និងគុម្ពផ្កា ចិញ្ចឹមជីវិត ។ តថាគតឃើញ កុហកតាបសនោះ ដូចគំនរអង្កាមមិនមានគ្រាប់អង្ករ ដូចឈើមានប្រហោងក្នុងឬដូចដើមចេកមិនមានខ្លឹម ក៏ត្រិះរិះថា សប្បុរិសធម៌ មានឈានជាដើម នៃតាបសនេះ មិនមានទេ តាបសនេះ ជាបុគ្គលប្រាសចាកភាពជាសមណៈ លះបង់សុក្កធម៌ គឺហិរិ និងឱត្តប្បៈ ព្រោះហេតុតែការចិញ្ចឹមជីវិត ។ ក្នុងបច្ចន្តប្រទេស មានពួកចោរនៅក្នុងព្រៃធំ បះបោរ បិតារបស់តថាគត ទៅបង្ក្រាបបច្ចន្តប្រទេសនោះ បានផ្តាំ (តថាគតថា) ម្នាលកូន ចូរបាកុំធ្វេសប្រហែស ចំពោះជដិល ដែលមានតបៈដ៏ខ្ពង់ខ្ពស់ ចូរបាញ៉ាំងជដិលនេះ ឲ្យប្រព្រឹត្តទៅតាមសេចក្តីប្រាថ្នាចុះ ព្រោះតាបសនោះ ជាអ្នកឲ្យនូវសេចក្តីប្រាថ្នាគ្រប់យ៉ាង ។ តថាគត ទៅកាន់ទីបម្រើតាបសនោះ បានពោលនូវពាក្យនោះថា ម្នាលគហបតី អ្នកសុខសប្បាយទេឬ ពួកអ្នកជំនួញនាំ (មាស និងប្រាក់) មកឲ្យអ្នកដែរឬ ។ ព្រោះពាក្យដែលតថាគតពោលថា គហបតី កុហកតាបសនោះ អាស្រ័យនូវមានះ ក៏ខឹង (និយាយថា) ក្នុងថ្ងៃនេះ អាត្មាភាពនឹងឲ្យស្តេចសម្លាប់ទ្រង់ ឬឲ្យបំបរបង់ទ្រង់ចាកដែន ។ លុះព្រះរាជា បង្ក្រាបបច្ចន្តប្រទេសរួចហើយ (ត្រឡប់មកនគរវិញ ស្តេចចូលទៅកាន់ឧទ្យាន) ទ្រង់ត្រាស់សួរកុហកតាបសថា (បពិត្រលោកម្ចាស់ដ៏ចម្រើន) ចុះលោកល្មមអត់ធន់បានឬ រាជកុមាររាប់អានលោកស្រួលបួលទេឬ ។ តាបសបាបនោះ បានទូលព្រះរាជានោះ តាមដែលខ្លួនអាចឲ្យព្រះរាជកុមារវិនាស ព្រះរាជាជាម្ចាស់ផែនដី ទ្រង់ព្រះសណ្តាប់ពាក្យនេះរបស់តាបសនោះហើយ ត្រាស់បង្គាប់ពួកពេជ្ឈឃាតថា អ្នកទាំងឡាយ (បើឃើញកុមារក្នុងទីណា) ចូរកាត់ក្បាលចិញ្ច្រាំ ជាបួនកំណាត់ ហើយកប់ក្នុងផ្លូវច្រក បង្ហាញជនដទៃឲ្យដឹងថា នេះជាគតិដែលបៀតបៀនជដិល ។ ពួកពេជ្ឈឃាតទាំងនោះ កាច អាក្រក់ មិនមានសេចក្តីអាណិត ទៅក្នុងទីនោះ ហើយទាញតថាគត ដែលអង្គុយលើចង្កេះមាតា នាំយកទៅ ។ តថាគត និយាយនឹងជនទាំងនោះ ដែលកំពុងចងដោយចំណងដ៏មាំថា រាជកិច្ចមានដល់ខ្ញុំ សូមអ្នកទាំងឡាយ នាំខ្ញុំទៅជួបនឹងស្តេច មួយរំពេចសិន ។ ពួកពេជ្ឈឃាតទាំងនោះ នាំតថាគតទៅជួបនឹងស្តេច ដែលសេពគប់នឹងតាបសលាមក លុះតថាគតបានជួប ក៏ញ៉ាំងស្តេចឲ្យដឹងច្បាស់ នូវការប្រព្រឹត្តនៃតាបសនោះ ព្រមទាំងញ៉ាំងស្តេច ឲ្យលុះក្នុងអំណាចតថាគត ។ ព្រះរាជា ជាបិតារបស់តថាគតនោះ សូមទោសតថាគត ក្នុងទីនោះ ហើយប្រទាននូវភាពជាស្តេចធំដល់តថាគត តែតថាគតនោះឯង ទម្លាយនូវងងឹត ចូលទៅកាន់ផ្នួសវិញ ។ ភាពនៃខ្លួនជាស្តេចធំ មិនមែនជាទីស្អប់របស់តថាគតទេ ទាំងការបរិភោគកាម ក៏មិនមែនជាទីស្អប់ នៃតថាគតដែរ តែសព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់របស់តថាគត បានជាតថាគតលះបង់រាជ្យ (ចូលទៅកាន់ផ្នួស) ។

ចប់ សោមនស្សចរិយា ។

៣. អយោឃរចរិយាកែប្រែ

[២៣] មានចរិយាដទៃទៀត កាលដែលតថាគត កើតជារាជកុមារឈ្មោះ អយោឃរៈ ជាឱរសនៃព្រះបាទកាសិករាជ ចម្រើនវ័យវឌ្ឍនាការ ក្នុងផ្ទះជាវិការនៃដែក ។ ព្រះរាជបិតារបស់តថាគត ទ្រង់ត្រាស់នឹងតថាគតថា ម្នាលកូនជីវិត (របស់កូន) រស់នៅបានដោយលំបាក បិតាចិញ្ចឹមថែរក្សាកូន ក្នុងផ្ទះជាវិការៈនៃដែក ដ៏ចង្អៀត ចូរកូនគ្រប់គ្រងមហាប្រឹថពីទាំងមូលនេះព្រមទាំងដែន និគម និងពួកជន ក្នុងថ្ងៃនេះ ។ តថាគត ថ្វាយបង្គំប្រណម្យអពា្ជលី នូវព្រះមហាក្សត្រ ហើយពោលនូវពាក្យនេះថា ពពួកសត្វណាមួយលើផែនដី ជាសត្វថោកទាប ឬខ្ពង់ខ្ពស់ និងកណ្តាល សត្វទាំងនោះ ពុំមានការរក្សាឡើយ តែងចម្រើនឡើង ក្នុងផ្ទះរបស់ខ្លួន ជាមួយនឹងពួកញាតិរបស់ខ្លួន ចំឡែកតែខ្ញុំព្រះអង្គ មានការចិញ្ចឹមក្នុងផ្ទះ ជាវិការៈនៃដែក ដ៏ចង្អៀតនេះ ចាត់ទុកជាការខ្ពង់ខ្ពស់ក្នុងលោក ខ្ញុំចម្រើនវ័យក្នុងផ្ទះ ជាវិការៈនៃដែក ដែលពុំមានពន្លឺព្រះចន្ទ និងព្រះអាទិត្យ ។ ខ្ញុំប្រសូតចាកផ្ទៃនៃមាតា ដែលពេញដោយសាកសព មានក្លិនស្អុយ ហើយត្រូវគេដាក់ក្នុងផ្ទះ ជាវិការៈនៃដែកទៀត បានសេចក្តីទុក្ខយ៉ាងខ្លាំង ជាងកាលដែលនៅក្នុងផ្ទៃនែមាតានោះទៅទៀត ។ ខ្ញុំបានសេចក្តីទុក្ខអាក្រក់ក្រៃលែង ប្រាកដដូច្នោះ បើខ្ញុំនៅត្រេកអរនឹងរាជ្យ ខ្ញុំជាបុគ្គលថោកទាបបំផុត ជាងបុរសដ៏លាមកទៅទៀត ។ ខ្ញុំជាបុគ្គលនឿយណាយ នឹងកាយស្អុយ ពុំត្រូវការដោយរាជ្យឡើយ ខ្ញុំសែ្វងរកនូវទីដែលមច្ចុរាជញាំញីមិនបាននោះ ដែលជាទីរំលត់នូវទុក្ខ ។ តថាគត លុះគិតយ៉ាងនេះហើយ ពួកមហាជន ក៏យំស្រែក តថាគតកាត់នូវចំណង (គឺតណ្ហា) ហើយចូលកាន់ព្រៃធំ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង ។ មាតាបិតា មិនមែនជាទីស្អប់របស់តថាគតទេ ទាំងយសដ៏ធំ ក៏មិនមែនជាទីស្អប់របស់តថាគតដែរ តែសព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់នៃតថាគត ព្រោះហេតុនោះ បានជាតថាគតលះបង់រាជ្យ ។

ចប់ អយោឃរចរិយា ។

៤. ភឹសចរិយាកែប្រែ

[២៤] មានចរិយាដទៃទៀត កាលដែលតថាគត កើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងក្រុងពារាណសី ដែនកាសី មានបងប្អូនស្រី និងបងប្អូនប្រុស ៧ នាក់ ។ តថាគត ជាច្បងនៃជនទាំង ៧ នាក់នោះ ប្រកបដោយសុក្កធម៌ គឺហិរិ ឃើញនូវភព (មានកាមភព ជាដើម) ថាគួរខ្លាច ហើយត្រេកអរក្នុងនេក្ខម្មៈ ។ ពួកសម្លាញ់មានអធ្យាស្រ័យត្រូវ គ្នា ដែលមាតាបិតាប្រើឲ្យទៅអញ្ជើញតថាគតដោយកាមទាំងឡាយថា អ្នកចូរទ្រទ្រង់វង្សត្រកូលចុះ ។ ពាក្យណា ដែលពួកសម្លាញ់ទាំងនោះ បានពោលហើយ ជាពាក្យនាំមកនូវសេចក្តីសុខ ក្នុងគិហិភាព ពាក្យនោះ ជាពាក្យអាក្រក់ សម្រាប់ខ្ញុំ ដូចជាភាជន៍ដ៏ ក្តៅ ។ កាលនោះ ពួកសម្លាញ់ទាំងនោះ សួរសេចក្តីប្រាថ្នារបស់តថាគត នឹងតថាគត ដែលជាអ្នកបោះបង់នូវកាមថា ម្នាលសម្លាញ់ បើអ្នកមិនបរិភោគកាមទេ អ្នកចង់បានអ្វីទៅវិញ ។ តថាគត ជាអ្នកប្រាថ្នាប្រយោជន៍ខ្លួនបានពោលពាក្យនេះ ប្រាប់ពួកសម្លាញ់ទាំងនោះ ដែលស្វែងរកប្រយោជន៍ (ដល់តថាគត) ថា ខ្ញុំត្រេកអរក្នុងនេក្ខម្មៈ ខ្ញុំមិនប្រាថ្នានូវគិហិភាពទេ ។ សម្លាញ់ទាំងនោះ ស្តាប់ពាក្យរបស់តថាគត បានហើយ ទៅជម្រាបមាតាបិតា (នៃតថាគត) ឯមាតាបិតា បាននិយាយនឹងតថាគត យ៉ាងនេះថា ម្នាលព្រាហ្មណ៍ដ៏ចម្រើន យើងទាំងអស់គ្នានឹងបួសដែរ ។ មាតាបិតាទាំងគូ និងបងប្អូនប្រុសស្រីទាំង ៧នាក់របស់តថាគត លះបង់ទ្រព្យរាប់មិនអស់ ចូលទៅកាន់ព្រៃធំ(ជាមួយនឹងតថាគត) ។

ចប់ ភឹសចរិយា ។

៥. សោណនន្ទបណ្ឌិតចរិយាកែប្រែ

[២៥] មានចរិយាដទៃទៀត កាលតថាគត កើតក្នុងត្រកូលព្រាហ្មណមហាសាល ដ៏ប្រសើរថ្លៃថ្លា ក្នុងនគរព្រហ្មវទ្ធនៈ ។ កាលនោះឯង តថាគតបានឃើញសត្វលោក ដែលដល់នូវអន្ធភាព ត្រូវងងឹតគឺអវិជ្ជាគ្របសង្កត់ ចិត្តរបស់តថាគត ក៏ខ្មូររួញចាកភព ដូចជាហត្ថាជានេយ្យ ដែលគេចាក់នឹងចន្លួញ ដោយកម្លាំង ។ កាលនោះ តថាគតឃើញបាបផ្សេង ៗ ក៏គិតយ៉ាងនេះថាកាលណាហ្ន៎ អញនឹងបានចេញចាកផ្ទះ ចូលទៅកាន់ ព្រៃ ។ គ្រានោះ ពួកញាតិអញ្ជើញតថាគត ដោយភោគៈ គឺកាមទាំងឡាយ តថាគតប្រាប់នូវឆន្ទៈ (របស់ខ្លួន) ដល់ពួកញាតិទាំងនោះថា សូមអ្នកទាំងឡាយ កុំអញ្ជើញខ្ញុំ ដោយកាមទាំងនោះឡើយ ។ ប្អូនប្រុសណារបស់តថាគត ឈ្មោះនន្ទបណ្ឌិតប្អូនប្រុសនោះ ក៏សិក្សាតាមតថាគត ពេញចិត្តនឹងបព្វជ្ជា ។ កាលនោះ តថាគតឈ្មោះសោណៈ ប្អូននៃតថាគតឈ្មោះនន្ទៈ និងមាតាបិតានៃតថាគតទាំងពីរ លះបង់ភោគៈទាំងឡាយ ហើយចូលទៅកាន់ព្រៃធំ ក្នុងកាលនោះ ។

ចប់សោណនន្ទបណ្ឌិតចរិយា ។

៦. មូគផក្ខចរិយាកែប្រែ

[២៦] មានចរិយាដទៃទៀត កាលដែលតថាគត កើតជារាជឱរស នៃព្រះបាទកាសិករាជ ជនទាំងឡាយ មានមាតាបិតាជាដើម តែងហៅតថាគតថា មូគផក្ខៈផង ថាតេមិយៈផង ។ កាលនោះ ពួកស្រីស្នំ (របស់ព្រះបាទកាសិករាជ) ចំនួន ១៦ ០០០ មិនមានកូនប្រុស អស់កាលកន្លងទៅនៃថ្ងៃនឹងយប់ជាច្រើន គឺអស់ច្រើនឆ្នាំ កើតបានតែរាជបុត្រមួយ គឺតថាគត ។ ដោយបិតាតថាគតបានដោយកម្រនូវតថាគត ជាកូន ជាទីស្រឡាញ់ ជាកូនមានជាតិខ្ពស់ ទ្រទ្រង់សេចក្តីរុងរឿង ព្រះរាជាក៏យក នូវព្រះស្វេតឆ័ត្រ បាំងតថាគត ចិញ្ចឹមឲ្យផ្ទំលើសិរិសយនា ។ កាលនោះ តថាគតដេកលក់លើ វរសយនា ហើយភ្ញាក់ឡើង បានឃើញស្វេតឆ័ត្រ គិតថា អញទៅនរក ព្រោះតែ ស្វេតឆ័ត្រណា ។ សេចក្តីភ័យតក់ស្លុតកើតឡើងដល់តថាគតជាមួយនឹងការ ឃើញនូវ ស្វេតឆ័ត្រនោះ ពេលនោះ តថាគតពិចារណាមើលថា ក្នុងកាលណាហ្ន៎ អញនឹងដោះខ្លួន ឲ្យរួចពីស្វេតឆ័ត្រនេះ ។ ទេវតាជាសាលោហិតក្នុងកាលមុន ជាអ្នកប្រាថ្នាប្រយោជន៍ដល់តថាគត ទេវតានោះ ឃើញតថាគតបានទុក្ខ ក៏ឲ្យតថាគត ប្រកបក្នុងហេតុ ៣ ប្រការ ដូច្នេះថា ចូរអ្នកកុំសំដែងនូវភាពរបស់ខ្លួនជាបណ្ឌិត ១ ចូរឲ្យសព្វសត្វទាំងឡាយ ដឹងថាអ្នកជាពាលវិញ ១ ឲ្យពួកជនទាំងពួងមើលងាយអ្នកវិញ ១ប្រយោជន៍នឹងមានដល់អ្នក ដោយវិធីយ៉ាងនេះ ។ កាលទេវតានោះ ពោលយ៉ាងនេះហើយ តថាគតពោលនូវពាក្យនេះថា ម្នាលទេវតា អ្នកពោលនូវពាក្យណានឹងខ្ញុំ ខ្ញុំនឹងធ្វើតាមពាក្យនៃអ្នកនោះ ម្នាលទេវតាជាម៉ែ អ្នកឈ្មោះថា ប្រាថ្នានូវសេចក្តីចម្រើន ប្រាថ្នានូវប្រយោជន៍ដល់ខ្ញុំ ។ លុះតថាគតស្តាប់ពាក្យទេវតានោះហើយ ក៏បាននូវទួល គឺទីពឹង ដូចជាបុរស កាលលិចក្នុងសាគរ ហើយបាននូវទីទួល ។ តថាគតមានចិត្តត្រេកអរ មានចិត្តសង្វេគ បានអធិដ្ឋាននូវអង្គ ៣ យ៉ាង គឺអធិដ្ឋានជាគ ថ្លង់ និងខ្វិន វៀរចាកដំណើរធម្មតា ។ តថាគត អធិដ្ឋាននូវអង្គទាំង ៣ នោះហើយនៅអស់ ១៦ ឆ្នាំ លំដាប់ពីនោះមកជនទាំងឡាយ ច្របាច់ដៃជើង អណ្តាត និងត្រចៀករបស់តថាគតមើល ឃើញថា អវយវៈតថាគតមិនខ្វះខាត ហើយតិះដៀលតថាគតថា ជាបុរសកាឡកណ្ណី ។ លំដាប់នោះ ពួកជនបទទាំងអស់មានសេនាបតី និងបុរោហិតជាប្រធាន ពួកជនទាំងអស់នោះ ស្រុះចិត្តគ្នាត្រេកអរ ក្នុងការលះបង់ចោលតថាគត ។ លុះតថាគត ស្តាប់នូវេសេចក្តីយល់ឃើញរបស់ពួកជនទាំងនោះ ក៏មានចិត្តត្រេកអរ មានចិត្តសង្វេគ តបៈដែលតថាគតប្រព្រឹត្តហើយ ដើម្បីជាប្រយោជន៍ណា ប្រយោជន៍នោះនឹងសម្រេចដល់តថាគតមិនខាន ។ ជនទាំងឡាយ មានមាតាបិតាជាដើម ផ្ងូតទឹកក្រអូប លាបគ្រឿងក្រអូប ហើយឲ្យពាក់រាជមកុដ អភិសេកដោយស្វេតឆ័ត្រ ធ្វើប្រទក្សិណបុរី ឲ្យតថាគត គ្រងរាជអស់ ៧ ថ្ងៃ លុះមណ្ឌលព្រះអាទិត្យរះឡើង សារថីនាំតថាគត ដោយរថ ចេញពីនគរ ចូលទៅកាន់ព្រៃ ។ សារថីបានទុករថ ក្នុងទីឱកាសមួយ ចងសេះផុតពីដៃតថាគតហើយជីករណ្តៅដើម្បីកប់តថាគត ក្នុងផែនដី ។ តថាគត គ្រាន់តែគំរាមនូវអធិដ្ឋាន ដែលខ្លួនអធិដ្ឋានហើយ ដោយហេតុផ្សេង ៗ តែមិនទម្លាយនូវអធិដ្ឋាននោះទេ ព្រោះហេតុនៃពោធិញ្ញាណ ។ មាតាបិតា មិនមែនជាទីស្អប់របស់តថាគតទេ ទាំងខ្លួនក៏មិនមែនជាទីស្អប់របស់តថាគតដែរ តែសព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់របស់តថាគត ព្រោះហេតុនោះ បានជាតថាគត តម្កល់នូវអធិដ្ឋាននោះ ។ តថាគត អធិដ្ឋាននូវអង្គទាំង ៣នោះ ហើយនៅអស់ ១៦ ឆ្នាំ អធិដ្ឋានដទៃ ស្មើដោយអធិដ្ឋាននេះ មិនមានឡើយ នេះជាអធិដ្ឋានបារមីរបស់តថាគត ។

ចប់ មូគផក្ខចរិយា ។

៧. កបិលរាជចរិយាកែប្រែ

[២៧] កាលដែលតថាគតកើតជាស្តេចស្វា សម្រេចទីលំនៅជិតឆ្នេរនៃស្ទឹងមួយ កាលណោះ តថាគតត្រូវក្រពើបៀតបៀនហើយ មិនបាននូវដំណើរចេញទៅ ។ តថាគតឋិតនៅលើខ្នងថ្មណា ដែលតាំងនៅក្នុងស្ទឹង ក៏បានលោតអំពីត្រើយអាយទៅកាន់ត្រើយនាយ ហើយទំលើខ្នងថ្មនោះ ដែលមានក្រពើនៅ ជាសត្រូវឃើញគួរ ខ្លាច ។ ក្រពើនោះ និយាយនឹងតថាគតថា អ្នកចូរមកវិញ តថាគតនិយាយតបនឹងក្រពើ នោះថា អើខ្ញុំនឹងមកវិញ ហើយតថាគតលោតជាន់លើក្បាលក្រពើនោះ ទៅឋិតនៅ លើត្រើយនាយវិញ ។ តថាគតពោលនូវពាក្យសត្យ មិនពោលមុសាវាទ ដល់ក្រពើ នោះ កុសលធម៌ដទៃ ស្មើនឹងសច្ចៈរបស់តថាគតពុំមានឡើយ នេះជាសច្ចបារមីរបស់តថាគត ។

ចប់ កបិលរាជចរិយា ។

៨. សច្ចសវ្ហយបណ្ឌិតចរិយាកែប្រែ

[២៨] មានចរិយាដទៃទៀត កាលដែលតថាគតជាតាបស ឈ្មោះសច្ចៈ តថាគត ជាតាបស តថាគតបានរក្សាសត្វលោក ដោយសច្ចៈ ធ្វើមហាជនឲ្យព្រមព្រៀងគ្នា ។

ចប់ សច្ចសវ្ហយបណ្ឌិតចរិយា ។

៩. វដ្តកបោតកចរិយាកែប្រែ

[២៩] ចរិយាដទៃទៀត កាលដែលតថាគតកើតជាកូនសត្វក្រួច ក្នុងអរញ្ញ ប្រទេសមួយ ទៀបដែនមគធៈ ជាសត្វតូចដូចជាដុំសាច់មិនទាន់ដុះស្លាបនៅក្នុងសម្បុក ។ កាលនោះមាតា (របស់តថាគត) នាំយក (ចំណី) ដោយចំពុះ មកចិញ្ចឹម តថាគត តថាគតរស់នៅដោយសារសម្ផ័ស្សរបស់មាតានោះ តថាគតមិនទាន់មាន កម្លាំងកាយនៅឡើយ ។ ភ្លើងព្រៃឆេះព្រៃ ក្នុងគិម្ហសម័យ រាល់ ៗឆ្នាំ អណ្តាតភ្លើង ក៏រាលចូលមកជិតលំនៅ នៃតថាគត ។ អណ្តាតភ្លើងដ៏ធំ កាលធ្វើសំឡេងថា ធុំ ធុំ យ៉ាងនេះ ភ្លើងនោះ ឆេះរាលចូលមករកតថាគត ជាលំដាប់ ។ មាតាបិតាតថាគត ភ័យតក់ស្លុតព្រោះខ្លាចសន្ទុះភ្លើង ក៏លះបង់ចោលតថាគត ក្នុងសម្បុក ហើយដោះ ខ្លួនចេញរួចទៅ ។ តថាគតលះបង់នូវជើង និងស្លាប តថាគតមិនមានកម្លាំងកាយ តថាគតជាសត្វមិនមានដំណើរទៅ ក្នុងទីនោះ កាលណោះ គិតយ៉ាងនេះថា អញភ័យតក់ស្លុត ញាប់ញ័រ ស្ទុះទៅរកមាតាបិតាណា បើមាតាបិតាទាំងនោះ លះបង់អញ ចេញទៅហើយ តើក្នុងថ្ងៃនេះ អញត្រូវធ្វើដូចម្តេច ។ ព្រះសព្វញ្ញុពុទ្ធ ប្រកបដោយសីលគុណ សច្ចៈសោរចេយ្យ (សេចក្តីស្អាត) និងសេចក្តីអាណិត សឹងមានក្នុងលោក (បើដូច្នោះ) អញនឹងធ្វើនូវសច្ចកិរិយាដ៏ឧត្តម ដោយសច្ចៈនោះ ។ តថាគតពិចារណាកម្លាំងធម៌ ហើយរព្ញកព្រះជិនស្រីក្នុងកាលមុន ធ្វើសច្ចកិរិយា ព្រោះអាស្រ័យកម្លាំងសច្ចធម៌(នោះ) ថា ស្លាបទាំងឡាយរបស់ខ្ញុំមាន តែហើរមិនរួច ជើងទាំងឡាយរបស់ខ្ញុំមាន តែដើរមិនបាន មាតាបិតា (របស់ខ្ញុំចេញ) បាត់ទៅហើយ ម្នាលភ្លើងព្រៃ អ្នកចូរចៀសចេញទៅ ។ ព្រោះសច្ចកិរិយា ដែលតថាគតបានធ្វើហើយ ភ្លើងដែលឆេះសន្ធោសន្ធៅ ក៏ចៀសចម្ងាយ ១៦ ករីសៈ (ហើយរលត់ក្នុងទីនោះ) ដូចជាគប់ភ្លើង ដែលបុគ្គលជ្រលក់ទៅក្នុងទៅទឹកកុសលធម៌ដទៃ ស្មើនឹងសច្ចៈ នៃតថាគត ពុំមានឡើយ នេះជាសច្ចបារមីរបស់តថាគត ។

ចប់ វដ្តកបោតកចរិយា ។

១០. មច្ឆរាជចរិយាកែប្រែ

[៣០] មានចរិយាដទៃទៀត កាលដែលតថាគត កើតជាស្តេចត្រី នៅក្នុងមហាស្រះ លុះដល់គិម្ហសម័យ ដែលមានកម្តៅព្រះអាទិត្យយ៉ាងខ្លាំង ទឹកក្នុងស្រះ ក៏រីងហួតអស់ ។ លំដាប់នោះ ក្អែក ត្មាត ខ្លែងក្រហម ខ្លែងខ្មៅ និងខ្លែងធំ ចុះទៅទំ (លើភក់) ស៊ីនូវត្រីទាំងឡាយ ទាំងយប់ទាំងថ្ងៃ ។ តថាគតព្រមទាំងពួកញាតិ ត្រូវពួកសត្វមានក្អែកជាដើម បៀតបៀនក្នុងទីនោះហើយ ក៏គិតយ៉ាងនេះថា ញាតិទាំងឡាយ(របស់អញ) នឹងរួចចាកទុក្ខដោយឧបាយដូចម្តេចហ្ន៎ ។ តថាគតគិតនូវធម៌ និងអត្ថ ហើយបានឃើញសច្ចៈ កាលឃើញហើយ ឋិតនៅក្នុងសច្ចៈនោះ ដោះញាតិឲ្យរួចចាកសេចក្តីវិនាសធំទៅបាន ។ តថាគតរព្ញកនូវធម៌របស់សប្បុរសទំាងឡាយហើយពិចារណាបរមត្ថសច្ចៈ ធ្វើនូវសច្ចកិរិយា ដែលជាធម្មជាតិទៀងទាត់ ក្នុងលោកថា តថាគតរព្ញកឃើញនូវខ្លួន ក្នុងកាលណា តថាគតបានដល់នូវភាពជាអ្នកដឹងក្តី ក្នុងកាលណា ក្នុងកាលនោះ តថាគតមិនដែលក្លែងបៀតបៀន សូម្បីនូវសត្វណាមួយឡើយ ។ ដោយពាក្យសច្ចៈនេះ សូមឲ្យមេឃបង្អុរភ្លៀងចុះ ម្នាលមេឃ ចូរអ្នកបង្អុរ ភ្លៀងចុះមក ចូរអ្នកញ៉ាំងកំណប់ទ្រព្យរបស់ក្អែកឲ្យវិនាសអស់ទៅ ។ ចូរអ្នកញ៉ាំង ពួកក្អែកឲ្យសោយសោក ចូរអ្នកញ៉ាំងពួកត្រីឲ្យរួចចាកសោក ។ មេឃក៏បង្អុរភ្លៀងចុះ មក ដំណាលនឹងពាក្យសច្ចៈដ៏ប្រសើរ ដែលតថាគតធ្វើហើយ ។ តថាគតធ្វើនូវ សច្ចៈដ៏ប្រសើរ មានសភាពយ៉ាងនេះ ឲ្យជាព្យាយាមដ៏ឧត្តម ភ្លៀងក៏ធ្លាក់ចុះមក បំពេញនូវទីទួល ទីទាប មួយរំពេច ។ តថាគត អាស្រ័យកម្លាំងតេជះ នៃសច្ចៈ បានញ៉ាំងមហាមេឃ ឲ្យបង្អុរភ្លៀង គុណធម៌ដទៃទៀត ស្មើនឹងសច្ចៈ នៃតថាគត ពុំមានឡើយ នេះជាសច្ចបារមីរបស់តថាគត ។

ចប់ មច្ឆរាជចរិយា ។

១១. កណ្ហទីបាយនចរិយាកែប្រែ

[៣១] មានចរិយាដទៃទៀត កាលតថាគតជាឥសី ឈ្មោះកណ្ហទីបាយនៈអផ្សុកហើយនៅតែប្រព្រឹត្តព្រហ្មចរិយៈ អស់ ៥០ ឆ្នាំប្លាយ ។ អ្នកណាមួយ មិនដឹងនូវសេចក្តីអផ្សុកក្នុងចិត្តរបស់តថាគតនោះទេ ទាំងតថាគតសោត ក៏មិនប្រាប់នូវសេចក្តីមិនត្រេកអរ និងសេចក្តីត្រេកអរក្នុងចិត្ត ដល់អ្នកណាមួយឡើយ ។ មហាឥសីឈ្មោះមណ្ឌព្យៈ អ្នកប្រព្រឹត្តធម៌ដ៏ប្រសើរស្មើគ្នា ជាសម្លាញ់របស់តថាគត ប្រកបដោយបុព្វកម្ម ហើយបាននូវការឡើងកាន់ដែកស្រួច ។ តថាគត ថែទាំមណ្ឌព្យតាបសនោះ រហូតបានដល់ភាពជាបុគ្គលជារោគ ហើយលាមកកាន់អាស្រមនៃខ្លួនរបស់តថាគតវិញ ។ ព្រាហ្មណ៍ជាសំឡាញ់នាំប្រពន្ធ និងកូនមក ជនទាំង ៣ ជួបជុំគ្នា ចូលទៅកាន់ទីដែលភ្ញៀវមកហើយ ។ តថាគតអង្គុយក្នុងអាស្រមរបស់ខ្លួនសំណេះសំណាល ជាមួយនឹងជនទាំងនោះ ឯទារកបោះកូនឃ្លីលេង បានញ៉ាំងអាសិរពិសឲ្យខឹង ។ លំដាប់នោះ កុមារនោះ ស្វែងរកផ្លូវដែលកូនឃ្លីនោះរមៀល ក៏យកដៃស្ទាបត្រូវក្បាលអាសិរពិស ។ ឯពស់ក៏ខឹងនឹងការស្ទាបត្រូវ នៃទារកនោះ អាស្រ័យកម្លាំងនៃពិសកម្រើក ក៏ចឹកទារក ក្នុងខណៈនោះ ដោយសេចក្តីក្រោធយ៉ាងខ្លាំង ។ ទារកដែលត្រូវពស់ចឹកហើយ ក៏ដួលលើផែនដី ដោយពិសដ៏ខ្លាំង មួយរំពេច ព្រោះហេតុនោះ បានជាតថាគត មានទុក្ខ ទុក្ខនោះផ្សាយមកដល់តថាគត ។ តថាគតលួងលោមជនទាំងនោះ ដែលដល់នូវសេចក្តីទុក្ខ មានសរ គឺសេចក្តីសោក បានធ្វើសច្ចកិរិយា ដ៏ថ្លៃថ្លាប្រសើរ ឧត្តមជាដម្បូងថា ៖ តថាគត មានចិត្តជ្រះថ្លា ត្រូវការដោយបុណ្យ បានប្រព្រឹត្តព្រហ្មចរិយៈអស់ ៧ ថ្ងៃ លំដាប់តទៅ តថាគតប្រព្រឹត្ត ព្រហ្មចរិយៈណា អស់ ៥០ ឆ្នាំប្លាយ ។ តថាគតប្រព្រឹត្ត ព្រហ្មចរិយៈនោះ ទាំងអផ្សុក ដោយពាក្យសច្ចៈនេះ សូម សិរីសួស្តីកើតមាន (ដល់យញ្ញទត្តកុមារ) ពិសចូរ សាបសូន្យទៅ យញ្ញទត្តកុមារ ចូររស់ឡើង ។ យញ្ញទត្តមាណព ដែលញាប់ញ័រដោយកម្លាំងនៃពិសមិនដឹងខ្លួនសោះ ស្រាប់តែក្រោកឡើងរួច ទាំងជាបុគ្គលសះស្បើយរោគ ដំណាលនឹងពាក្យសច្ចៈ ដែលតថាគត ធ្វើហើយ គុណធម៌ដទៃ ស្មើនឹងសច្ចៈ នៃតថាគត ពុំមានឡើយ នេះជាសច្ចបារមីរបស់តថាគត ។

ចប់ កណ្ហទីបាយនចរិយា ។

១២. សុតសោមចរិយាកែប្រែ

[៣២] មានចរិយាដទៃទៀត កាលដែលតថាគត ឈ្មោះសុតសោម ជាម្ចាស់ ផែនដី ត្រូវស្តេចបោរិសោទចាប់ តថាគត ក៏បាននឹកឃើញនូវពាក្យប្តេជ្ញា ដែលខ្លួនបានធ្វើចំពោះនន្ទព្រាហ្មណ៍ ។ ស្តេចបោរិសាទ ដោតក្សត្រ ១០១ អង្គ ត្រង់បាតដៃ ហើយញ៉ាំងស្តេចទាំងនោះ ឲ្យស្វិតស្រពោន ហើយចូលទៅនាំយកតថាគត ក្នុងពេលសម្រេចយញ្ញ ។ ស្តេចបោរិសាទ សួរតថាគតថាអ្នកឯងចង់រួចខ្លួន (អំពីដៃយើង) ឬទេ បើអ្នកអាចត្រឡប់មក (កាន់សម្នាក់) យើងវិញ យើងនឹងព្រមធ្វើតាម សេចក្តីពេញចិត្តរបស់អ្នក ។ កាលនោះ តថាគតទទួល (ពាក្យ) សេ្តចបោរិសាទនោះហើយ ចូលទៅកាន់បូរីជាទីរីករាយ ប្រគល់រាជ្យ (ដល់មាតាបិតា) នឹងបាច់និយាយថ្វី ដល់ការត្រឡប់មកនៃតថាគតវិញ ។ តថាគតរព្ញកនូវធម៌របស់សប្បុរសទាំងឡាយ ដែលព្រះជិនស្រីទាំងឡាយ ធ្លាប់សេពក្នុងកាលមុន ឲ្យទ្រព្យដល់ព្រាហ្មណ៍ ហើយចូលទៅកាន់ស្តេចបោរិសាទ ។ តថាគតមិនមានសេចក្តីសង្ស័យថាស្តេចបោរិសាទនេះ នឹងសម្លាប់ ឬមិនសម្លាប់នូវអញ ក្នុងទីនោះឡើយ តថាគតរក្សាសច្ចៈ ចូលទៅ (កាន់សម្នាក់បោរិសាទ) ដើម្បីលះបង់នូវជីវិត គុណធម៌ដទៃ ស្មើដោយសច្ចៈ នៃតថាគត ពុំមានឡើយ នេះជាសច្ចបារមីរបស់តថាគត ។

ចប់ សុតសោមចរិយា ។

១៣. សុវណ្ណសាមចរិយាកែប្រែ

[៣៣] កាលដែលតថាគត ជាតាបស ឈ្មោះសាមៈ នៅក្នុងអាស្រម ដែលព្រះឥន្រ្ទនិម្មិតឲ្យក្នុងព្រៃ តថាគតញ៉ាំងសីហៈ និងខ្លាធំទាំងឡាយក្នុងព្រៃ ឲ្យចូល មកជិតដោយមេត្តាបាន ។ សត្វសីហៈខ្លាធំ ខ្លាដំបង ខ្លាឃ្មុំ ក្របី ក្តាន់ និងជ្រូកព្រៃ មកចោមរោមតថាគត ដែលនៅក្នុងព្រៃ ។ សត្វណាមួយ មិនធ្វើតថាគតឲ្យតក់ស្លុតទេ ទាំងតថាគត ក៏មិនខ្លាចសត្វណាមួយឡើយ កាលណោះ កម្លាំងមេត្តាឧបត្ថម្ភតថាគត ឲ្យតថាគតនៅក្នុងព្រៃ ដោយសួស្តី ។

ចប់សុវណ្ណសាមចរិយា ។

១៤. ឯករាជចរិយាកែប្រែ

[៣៤] មានចរិយាដទៃទៀត កាលដែលតថាគតកើតជាស្តេច ឈ្មោះឯករាជ បានអធិដ្ឋានសីលដ៏ក្រៃលែងហើយគ្រប់គ្រងមហាប្រឹថពី ក្នុងកាសិករដ្ឋ ។ តថាគត បានប្រព្រឹត្តកុសលកម្មបថ ១០ ឥតមានសេសសល់សង្រ្គោះមហាជនដោយសង្គហវត្ថុទាំង ៤ ។ តថាគតមិនប្រមាទ ក្នុងលោកនេះ និងបរលោកយ៉ាងនេះ វេលានោះ ស្តេចក្នុងដែនកោសលឈ្មោះទព្វសេន ចូលមកដណ្តើមរាជបុរីរបស់តថាគត ។ ស្តេច ទព្វសេន ធ្វើនូវអ្នកនិគម ព្រមទាំងពួកពល និងអ្នកជនបទ ដែលរស់នៅ ព្រោះអាស្រ័យ ស្តេចទាំងអស់ ឲ្យតាំងនៅក្នុងដៃ ហើយជីកកប់តថាគត ក្នុងរណ្តៅ ។ តថាគតបានឃើញនូវមណ្ឌលនៃអាមាត្យ រាជ្យ និងវាំងដ៏ស្តុកស្តម្ភរបស់តថាគត ដូចកូនជាទីស្រឡាញ់ ដែលត្រូវស្តេចទព្វសេនដណ្តើមយកហើយ(ក៏ផ្សាយមេត្តាចំពោះស្តេចទព្វសេននោះ) គុណធម៌ដទៃ ស្មើនឹងមេត្តា នៃតថាគត ពុំមានឡើយ នេះជាមេត្តាបារមីរបស់តថាគត ។

ចប់ ឯករាជចរិយា ។

១៥. មហាលោមហំសចរិយាកែប្រែ

[៣៥] តថាគតសម្រេចសេយ្យាសន៍ កើយឆ្អឹងសាកសពក្នុងព្រៃស្មសាន ពួកក្មេងអ្នកស្រុកចូលមកជិត (តថាគត) ហើយសំដែងនូវប្រការដ៏ប្លែកច្រើនយ៉ាង ។ ពួកក្មេងដទៃ ជាអ្នកដឹងការណ៍ (ឃើញទារកទាំងឡាយ) ក៏សប្បាយរីករាយ មានចិត្តសង្វេគ ទៅនាំយកគ្រឿងក្រអូប ផ្កាកម្រង ភោជនផ្សេង ៗ ដ៏ច្រើន និងគ្រឿងបណ្ណការ មកឲ្យតថាគត ។ ពួកក្មេងអ្នកស្រុកណា នាំយកសេចក្តីទុក្ខមកឲ្យតថាគត ពួកក្មេងអ្នកស្រុកណា ឲ្យសេចក្តីសុខដល់តថាគត តថាគតមានចិត្តស្មើ ចំពោះទារកទាំងអស់នោះមិនអាណិត មិនក្រោធ ។ តថាគត មានចិត្តជាកណ្តាល ក្នុងសុខ និងទុក្ខ ក្នុងយស និងអយស តថាគតមានចិត្តស្មើក្នុងលោកធម៌ទាំងពួង នេះជាឧបេក្ខាបារមីរបស់តថាគត ។

ចប់ មហាលោមហំសចរិយា ។

ឧទាននៃចរិយានោះ

យុធញ្ជយចរិយា ១ សោមនស្សចរិយា ១ អយោឃរចរិយា ១ ភិសចរិយា ១ សោណនន្ទបណ្ឌិតចរិយា ១ មូគផក្ខចរិយា ១ កបិលរាជចរិយា ១ សច្ចសវ្ហយបណ្ឌិតចរិយា ១ វដ្តកបោតកចរិយា ១ មច្ឆរាជចរិយា ១ កណ្ហទីបាយនចរិយា ១ សុតសោមចរិយា ១ សុវណ្ណសាមចរិយា ១ ឯករាជចរិយា ១ លោមហំសចរិយា ១ ព្រះមហេសីសម្ពុទ្ធ ទ្រង់សំដែងហើយ ដោយប្រការដូច្នេះ ។ តថាគត រងទុក្ខច្រើនប្រការ សោយសម្បត្តិច្រើនប្រការ ក្នុងភពតូចភពធំ ដូច បានរៀបរាប់មកយ៉ាងនេះ ហើយបានសម្រេចនូវសម្ពោធិញ្ញាណដ៏ឧត្តម ។ តថាគត បានឲ្យទាន ដែលព្រះពោធិសត្វគប្បីឲ្យ ទាំងបំពេញសីលមិនមានសេសសល់ ហើយចូលទៅកាន់មហាភិនិស្រ្កម បានដល់បារមី សម្រេចនូវសម្ពោធិញ្ញាណ ជាញាណដ៏ឧត្តម ។ តថាគត បានសាកសួរបណ្ឌិតទាំងឡាយ បានធ្វើព្យាយាមដ៏ឧត្តម បានដល់ខន្តិបារមី ហើយសម្រេចសម្ពោធិញ្ញាណដ៏ឧត្តម ។ តថាគតបានធ្វើអធិដ្ឋានយ៉ាងមាំ បានរក្សាសច្ចៈ បានដល់មេត្តាបារមី ហើយសម្រេចសម្ពោធិញ្ញាណដ៏ឧត្តម ។ តថាគតមានចិត្តស្មើ ក្នុងលោកធម៌ទាំងពួង គឺលាភ អលាភ យស អយស សេចក្តីរាប់អាន និងសេចក្តីមើលងាយ ហើយបានសម្រេចសម្ពោធិញ្ញាណដ៏ឧត្តម ។ អ្នកទាំងឡាយ គួរឃើញនូវកោសជ្ជៈ ថាជាភ័យ គួរឃើញនូវការប្រារព្ធព្យាយាម ថាជាសេចក្តីក្សេម ហើយប្រឹងប្រែងព្យាយាមចុះ នេះជាពាក្យប្រៀនប្រដៅរបស់ ព្រះពុទ្ធ ។ អ្នកទាំងឡាយ គួរឃើញនូវការទាស់ទែង ថាជាភ័យ គួរឃើញនូវការមិន ទាស់ទែង ថាជាសេចក្តីក្សេម ហើយចូលព្រមព្រៀងគ្នា ទាំងជាបុគ្គលមានពាក្យពីរោះ រកគ្នាចុះ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ ។ មួយទៀត អ្នកទាំងឡាយគួរឃើញ នូវសេចក្តីប្រមាទ ថាជាភ័យ គួរឃើញនូវសេចក្តីមិនប្រមាទ ថាជាសេចក្តីក្សេម ហើយចូរចម្រើនមគ្គ ប្រកបដោយអង្គ ៨ ចុះ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ ។ បានឮថា ព្រះមានព្រះភាគ ទ្រង់ត្រាស់សរសើរ នូវបុព្វចរិយារបស់ព្រះអង្គហើយសំដែងនូវធម្មបរិយាយ ឈ្មោះពុទ្ធាបទាន ដោយប្រការដូច្នេះ ។

ចប់ ចរិយាបិដក ។

សមោធានកថាកែប្រែ

[៣៦] បារមី ១០ ឧបបារមី ១០ បរមត្ថបារមី ១០ បារមីទាំងនេះ ជាគ្រឿង ញ៉ាំងពោធិញ្ញាណ ឲ្យបានសម្រេចគឺព្រះបាទសិវិរាជដ៏ប្រសើរ បានបំពេញទានបារមី ព្រះបាទវេស្សន្តរ និងវេលាមព្រាហ្មណ៍ បានបំពេញទានឧបបារមី អកិត្តិតាបស បានបំពេញទាន ដ៏មានកម្លាំង ហៅថាទានឧបបារមី កាលតថាគត កើតជាមាន់ និងទន្សាយដ៏ប្រសើរ បានបំពេញទានបរមត្ថបារមី ។ កាលតថាគត កើតជាស្តេចស្វាក្តី ជាដំរីឆទ្ទន្តក្តី ជាដំរីចិញ្ចឹមមាតាក្តី បានបំពេញសីលបារមី ពាក្យដូច្នេះនេះ ព្រះមហេសី ទ្រង់សំដែងហើយ ។ កាលតថាគត កើតជាស្តេចឈ្មោះចម្បេយ្យៈ និងជាស្តេចនាគឈ្មោះភូរិទត្ត បានបំពេញសីលឧបបារមី កាលតថាគត កើតជាសង្ខបាលនាគរាជ ជាអ្នកប្រាជ្ញ បានបំពេញសីលបរមត្ថបារមី ។ កាលតថាគតកើតជារាជបុត្ត ឈ្មោះយុធញ្ជ័យក្តី ជាមហាគោវិន្ទក្តី ជាហត្ថិបាលក្តី ជាកូនព្រាហ្មណមហាសាលឈ្មោះអយោឃរក្តី ជាភល្លាតិយៈក្តី ជាសុវណ្ណសាមក្តី ជាមឃវទេវបុត្តក្តី ជានេមិរាជក្តី បានបំពេញទានឧបបារមី ។ កាលតថាគត កើតជាមហោសថបណ្ឌិតក្តី ធនរដ្ឋបណ្ឌិតក្តី កុណ្ឌលបណ្ឌិតក្តី តណ្ឌិលបណ្ឌិតក្តី តិត្តិរៈក្តី សកុណៈក្តីនោះ បានបំពេញបញ្ញាឧបបារមី ។ កាល តថាគត កើតជាវិធុរបណ្ឌិតក្តី ជាសម្ភវកុមារក្តី ទាំងពីរនោះ បានបំពេញបញ្ញាបារមី កាលតថាគត កើតជាសុរិយព្រាហ្មណ៍ក្តី ជាមាតង្គបណ្ឌិតក្តី ដែលជាសិស្សអាស្រ័យ នូវអាចារ្យក្នុងកាលមុនក៏បានបំពេញនូវបញ្ញាបារមីដែរ ។ ឯបញ្ញាបរមត្ថបារមីនោះឯង(តថាគតបានបំពេញ ក្នុងកាលយោនយកកំណើតកើត) ជាសេនកបណ្ឌិត កាល តថាគត កើតប្រាកដជាស្តេចជនក មានសីល មានព្យាយាម មានការប្រឹងប្រែង យ៉ាង មាំ បានបំពេញវីរិយបរមត្ថបារមី កាលដែលតថាគត កើតជាស្តេចស្វា ជាអ្នកគោរព ធម៌ ៥ ប្រការ បានបំពេញវីរិយបារមី ។ កាលតថាគត កើតជាធម្មបាលកុមារ បាន បំពេញខន្តិបារមី ជាគ្រឿងញាំញីដោយធម៌ នូវបុគ្គលមិនប្រកបដោយធម៌ ហៅថា ខន្តិឧបបារមី ។ កាលតថាគត កើតជាខន្តិវាទីតាបស ស្វែងរកពុទ្ធភូមិ តថាគតបានធ្វើ នូវអំពើដ៏កម្រ ជាច្រើនយ៉ាង ដើម្បីបំពេញនូវខន្តិបរមត្ថបារមីដោយខន្តិវាទ ។ តថាគត កើតជាទន្សាយ និងជាសត្វក្រួច អាស្រ័យនូវគុណ គឺសច្ចៈ ដូចមានខាងលើនោះ បាន ញ៉ាំងភ្លើងឲ្យរលត់ដោយសច្ចៈ នេះក៏ជាសច្ចបារមី ។ កាលតថាគត កើតជាត្រីនៅ ក្នុងទឹក បានធ្វើនូវសច្ចដ៏ឧត្តម ញ៉ាំងមហាមេឃឲ្យបង្អុរចុះ នេះជាសច្ចបារមីរបស់ តថាគត ។ កាលតថាគត កើតជាសុបារបណ្ឌិត ជាអ្នកប្រាជ្ញ បានញ៉ាំងទូកឲ្យឆ្លង ដោយសច្ចៈ កាលកើតជាឥសីឈ្មោះកណ្ហទីបាយនៈ បានញ៉ាំងពិសឲ្យសាបរលាប ដោយសច្ចៈ កាលកើតជាស្វា បានឆ្លងខ្សែទឹកគង្គា ដោយសច្ចៈ នេះជាបាមីរបស់ តថាគត ជាសាស្តា ក្នុងកាលនោះ បារមីនោះ ជាសច្ចឧបបារមី ។ កាលតថាគត កើតជាស្តេចសុតសោម រក្សាសច្ចៈដ៏ឧត្តម ដោះក្សត្រ ១០១ អង្គ ឲ្យរួច (នេះ) ជា សច្ចបរមត្ថបារមី ។ កាលតថាគត កើតជាកឹឆន្ទៈ កាលនោះ មានបារមីដោយការ អធិដ្ឋាន កាលកើតជាទុកៈ និងមាតង្គយៈ បានបំពេញអធិដ្ឋានឧបបារមី ។ កាលតថាគត កើតជាមូគផក្ខពោធិសត្វបានបំពេញអធិដ្ឋានបរមត្ថបារមី កាលកើតជាមហាកណ្ហៈ ប្រព្រឹត្តទៅដោយមេត្តា កាលកើតជារាជសោធនៈ (ក៏ប្រព្រឹត្តទៅ) ដោយមេត្តានោះដែរ បារមីទាំងពីរនេះ ហៅថាមេត្តាបារមី ។ កាលតថាគត កើតជាស្តេចព្រហ្មទត្ត (ប្រព្រឹត្តទៅ) ដោយសីល កាលកើតជាគណ្ឌិតិណ្ឌកៈនេះ (ក៏បានប្រព្រឹត្តទៅ) ដោយសីលដែរ ។ កាលតថាគត កើតជានន្ទៈ បានធ្វើនូវសេចក្តីស្រឡាញ់ (ក្នុងសព្វញ្ញុតញ្ញាណ) បារមីទាំងនោះ ជាឧបបារមី ឯបរមត្ថបារមី បានបំពេញហើយ ក្នុងកាល តថាគតកើតជាស្តេចឯករាជ បារមីដទៃ ប្រាកដស្មើដោយមេត្តាបារមីនេះ ពុំមានឡើយ ។ កាលតថាគត កើតជាសេកទាំងពីរ បានបំពេញឧបបារមី កាលកើតជា លោមហំសនៈ បានបំពេញបរមត្ថបារមីឯបារមី ១០របស់តថាគតនេះ ជាចំណែក នៃពោធិញ្ញាណដ៏ប្រសើរ ។ បារមីទាំងឡាយ មិនលើសអំពី ១០ មិនខ្វះអំពី ១០ បារមី ទាំងអស់ ពេញត្រឹម ១០ មិនខ្វះមិនលើស ។

ចប់សមោធានកថា ។

ចប់ ចរិយាបិដក ។

ចប់ ភាគ៧៧ ។

ឯកសារយោងកែប្រែ

ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ