ភាសាខ្មែរ និង ភាសាសៀម
ខ្មែរបានមានទំនាក់ទំនងជាមួយបរទេសតាំងពីសម័យបុរាណម្លេះតាមរយៈពាណិជ្ជកម្ម ការទូត ទេសចរណ៍និងទំនាក់ទំនងអរិយធម៌រវាងផងគ្នា។
នៅសម័យបុរាណ ពេលខ្មែរមានទំនាក់ទំនងជាមួយបរទេស ខ្មែរបានផ្សព្វ ផ្សាយវប្បធម៌របស់ខ្លួន ហើយក៏ទទួលវប្ប ធម៌បរទេសមកវិញផងដែរ។
ក- ពាក្យកំចីថៃ ៖ ពាក្យខ្មែរយើងមួយចំនួនតូចមានប្រភពចេញមកពីភាសា ថៃ ព្រោះនៅប្រមាណសតវត្សទី១៧ គឺក្រោយពេលបែកបន្ទាយលង្វែក ពាក្យថៃបានហូច្រាស់មកកម្ពុជាវិញ។
– កាពិ = ម្ហូបធ្វើពីគីនិងអំបឹលបុកឲល្អិត
– កាពិផៅ = កាពិចៀន
– ក្លងខែក = ស្គរជ្វាគឺស្គរមួយប្រភេទដែលមានរាងវែងពាសស្បែកទាំងសងខាង។
– ក្លងឆ្នះ = ស្គរមួយប្រភេទមានទ្រង់ទ្រាយមិនខុសពីសរ្គជ្វា ប្រើសម្រាប់ទះបញ្ជើចលើខ្នងដំរីឲ្យកងទ័ពដើរស្រុះគ្នា
– ក្វែន = វៃ វាងវៃ ស្ទាត់ ជំនាញ
– ខុនហ្នឹង = មនុស្សម្នាក់
– ខុន = ឈ្មោះកូនចត្រង្គដែលសន្មតថា ជាស្តេចខុនចត្រង្គ
– ខុនណាង = ស្រីជាភរិយាមន្ត្រី ជំទាវខុនណាង
– ខៅតាក = បាយហាលឲ្យក្រៀម
– ខ្វាម = ចាប់ខ្វាម
– ចៃឬដួងចៃ = ចិត្ត
– ចៅ ឬព្រះចៅ = ម្ចាស់
– ឆាន់ = ខ្ញំុ(ពាក្យសង្ឃ)
– ដៀវ = មួយ តែមួយ
– ឌឺ = ផ្គើនឲ្យ និយាយផ្គើន
– ឌឺដង = និយាយដៀមដាម
– ណាំនួន = សមរម្យ សមសួន
* ពាក្យសងបំណុលមួយចំនួនដែលថៃយកពីខ្មែរទៅប្រើ ហើយខ្មែរក៏យកពាក្យនោះមកប្រើវិញដោយត្រាប់តាមសូរថៃ ៖
– កុន = ឈ្មោះល្បែង ជាប់កុន ដោះកុន
លេងកុន មើលកុន
– ក្រុត =ធាតុគីមីមានរសជាតិជូរ ទឹកក្រុត
– ឆ្លាត = ប៉ិនប្រសប់
– ចំណាន = ពូកែ
– ចឺម = ចិញ្ចើម = ក្បិតចិញ្ចើម
– ទិតៀន = រិះគន់
– ប្រថាប់ត្រា = បោះត្រា
– សំខាន់ = ដែលគួរកត់សម្គាល់ សំគាល់
– សុភ័ន្ត = ការកាត់សក់
ប្រវត្តិដើមរបស់ជនជាតិថៃ
កែប្រែដើម្បីឲ្យយល់ការទាក់ទងគ្នា ដោយច្បាស់លាស់ រវាងភាសាខ្មែរនិងភាសាសៀម យើងគួរងាកទៅមើលប្រវត្តិសាស្រ្តបានមួយភ្លែតសិន ។សៀមទើបតែតាំងឈ្មោះខ្លួនជាសៀមក្នុងសតវត្សទី១៣នេះទេ, ពីដើមឈ្មោះថៃ ។អ្នកប្រវត្តិសាស្រ្តសៀមបានខំប្រឹងប្រែងស្រាវជ្រាវរកដើម កំណើតរបស់ជាតិថៃ ដោយសេចក្តីព្យាយាមយ៉ាងមុតមាំគួរសរសើរ, រកទាល់តែឃើញថាជាតិថៃមានកំណើតតាំងពី ៤៥០០ឆ្នាំមុនពុទ្ធកាល គិតទៅ៧០០០ឆ្នាំកន្លងទៅហើយ ។ដើមឡើយ ជាតិថៃតាំងទីលំនៅក្នុងដែនម៉ុងហ្គោលីភាគខាងលិច នៅជើងជួរភ្នំអាល់តាយ ទិសខាងត្បូង ។រួចរវាង២០០០ឆ្នាំមុនពុទ្ធកាល បានមកនៅតាមដងទន្លេវ៉ាងហូ និងដងទន្លេអៀងសេកៀងខាងលើ ក្នុងខេត្តចិនដែលហៅថា សេឈួន ហ៊ូប៉េ អាន់ហ៊ុយកៀងស៊ី សព្វថ្ងៃនេះ តែកាលនោះ មិនទាន់មានចិននៅទេ ។នៅទីនោះបាន៣ឬ៤០០ឆ្នាំ ជាតិថៃ ត្រុវចិនរុករានដណ្ដើមយកដីនៅ ព្រោះទីនោះជាដីដ៏ឧត្តមសំបូរ ។ថៃក៏ចុះមកនៅខាងត្បូងមកទៀត ក្នុងខេត្តដែលចិនហៅក្នុងវេលានេះថា យុនណាន គុយជីវ ក្វាងស៊ី ក្វាងទុង ចែកគ្នាជាច្រើនអាណាចក្រ ។ក្នុងទីដីនោះ ចិនមិនទាន់មកនៅ តែចិនតាមមករុករានដណ្ដើមយកដីនោះទៀត ។ដល់មកក្នុងសម័យសាមកុក សតវត្សទី៣ ខុងម៉ឹងនាំទ័ពព្រះចៅឡៅពី ពីខេត្តសេឈួន មកវាយដេញពយកហ៊ន គឺថៃនេះឯង ធ្វើឲ្យថៃពួកខ្លះរុលមកទិសខាងត្បូងមកទៀត ចូលមកក្នុងសុវណ្ណភូមិ(សុវណ្ណ=មាស, ភូមិ=ទីដី,ផែនដ។សព្វថ្ងៃនេះក្នុងសុវណ្ណភូមិមានប្រទេសភូមា, សៀម, មាឡាយូ, ខ្មែរ, យួន, លាវ។) ដែលយើងហៅតាមបារាំងថា ជ្រោយឥណ្ឌូស៊ិន ។ដើមដំបូងចូលមកដោយចំនួនតិច,ភាគច្រើនរបស់ជាតិថៃ នៅតាំងខ្លួនជាប្រទេសឯករាជ្យមួយឈ្មោះណានចៅ ក្នុងខេត្តយុនណាន មានរាជធានីឈ្មោះណងសែ ។តែតាំងពីសម័យសាមកុកមក ជនជាតិថៃចេះតែចោលទីលំនៅខ្លួនក្នុងស្រុកណានចៅ ចូលមកក្នុងសុវណ្ណភូមិបន្តិចម្តងៗ ជាដរាបមក ដោយហេតុការរុករានរបស់ចិន ភាសាខ្មែរ។
ស្យាម និង សុវណ្ណភូមិ
កែប្រែត្រង់នេះខ្ញុំសូមបើកវង់ក្រចកមួយ ដើម្បីនិយាយពីការរុករាន ដែលចិនបានធ្វើទៅលើជាតិថៃ ក្នុងសម័យបុរាណ ។ ក្នុងសៀវភៅ "សយ៉ាមនិងសុវណ្ណភូមិ"(១) ហ្លួងវិចិត្រវាតការជាអ្នករៀបរៀង បានសរសេរត្រង់ទំព័រ៥០ថា ដូច្នេះ «តែយើងត្រូវចោលដីដើមរបស់យើងចុះមកខាងក្នុង ព្រោះហេតុតែមួយយ៉ាង គឺយើងត្រូវចិនរុករាន ការដែលថៃត្រូវចិនរុករាននោះ ចែកបានជាសម័យ៣ ហើយមានវិធីផ្សេងគ្នា សម័យដើមក្នុងរវាង១៦៨០ឆ្នាំមុនពុទ្ធសករាជ មកដល់ពុទ្ធសករាជ២០០, ក្នុងរវាង១៨៨០ឆ្នាំនោះ ជាការរុករានបែបស្ងប់ រុករានដោយដណ្តើមការរកស៊ី បើទុកជាមានច្បាំងកាប់សំលាប់គ្នាខ្លះក៏មិនច្រើនណាស់ ។តាំងពីពុទ្ធសករាជប្រហែល១១០០ក្នុងរវាង៩០០ឆ្នាំ ចិនទើបបានរុករានយើងដោយចំបាំង ។តាំងពីពុទ្ធសករាជរវាង១១០០មក ក៏រុករានបែបស្ងប់ទៀត ។តែគ្រានេះជាអន្តរាយច្រើនជាង រុករានដោយចំបាំងទៅទៀត ព្រោះចិនមិនបានរុករានចូលមកត្រឹមតែដណ្តើមការរកស៊ី ចិនរុករានដល់ចូលទទួលតំណែងនាទីក្នុងរាជការស្រុកទេស ម្ចាស់ផែនដីថៃបានអភិសេកនឹងរាជធីតាម្ចាស់ក្រុងចិន ដល់ជាឈាមថៃចេះតែថយតិចទៅរាល់ដង, ជាតិថៃក្នុងដែនចិនក៏សូន្យជាតិ គង់សល់តែថៃដែលរត់គេចភ័យចុះមកកាន់សុវណ្ណភូមិប៉ុណ្ណោះ» ។ ចិនដែលលើកមកវាយថៃ កាលពុទ្ធសករាជ១៨២៧ (គ្រិស្តសករាជ១២៨៤)នោះគឺ គូប៊ិឡាយខាន់ ដែលជាស្តេចជាតិម៉ុងហ្គោល មានឬទ្ធានុភាពក្រៃលែង វាយយកបានស្រុកស្ទើរតែទាំងអស់ក្នុងទ្វីបអាស៊ី មានទាំងស្រុកចិនផង ។
ថៃដែលចូលមកក្នុងសុវណ្ណភូមិ តាំងពីសតវត្សទី៣រៀងមកនោះ មកតាំងទីលំនៅរាយគ្នាក្នុងភូមិភាគដែលយើងហៅក្នុងសម័យបច្ចុប្បន្នថា ស្រុកតុងកឹងភាគខាងលើ ស្រុកឡាវភាគខាងជើង ស្រុកសៀមភាគខាងជើង ស្រុកភូមាភាគខាងជើងឆៀងខាងកើត ។ដល់មកសតវត្សទី៨ ទើបជាតិថៃចូលមកក្នុងសុវណ្ណភូមិបានចំនួនច្រើនល្មមនឹងតាំងជាអាណាចក្រ តូចៗបាន ។អាណាចក្រទាំងនោះចំនុះខ្មែរទាំងអស់ ។ថៃដែលទ្រាំនៅស្រុកចិនមិនបាន ព្រោះចិនរុករានដោយបែបស្ងប់ក៏ត្រលប់មករុករានយើង ដោយបែបស្ងប់ដូច្នេះវិញ ។ ថៃចូលមកជ្រៀតជ្រែកមកក្នុងអាណានិគមខ្មែរ ដណ្តើមយកដីនៅបានកាន់តែច្រើនឡើងៗ តាំងពីសតវត្សទី៨រៀងមក ដោយខ្មែរមិនយកចិត្តទុកដាក់ នឹងភ័យអន្តរាយយ៉ាងធំនេះសោះ ព្រោះរមិលមិនឃើញ ។ស្រាប់តែដល់៥០០ឆ្នាំតមក ក្នុងសតវត្សទី១៣ថៃឃើញមានគ្នាគេ ក្នុងព្រះរាជាណាចក្រខ្មែរយើងភាគខាងជើង ច្រើនល្មមគ្រប់គ្រាន់ហើយ ក៏នាំគ្នាបះបោរលែងចំនុះយើង វាយយកក្រុងសុខោទ័យ(សុខោទ័យ<សុខ(សេចក្តី សុខ)+ឱទ័យ(ព្រះអាទិត្យកាលទើបរះ) ពីយើងបានទៅដោយងាយ ។ កន្លែងតាំងក្រុងសុខោទ័យពីដើមនោះ នៅខាងត្បូងក្រុងសួគ៌ាលោកក្នុងស្រុកសៀមសព្វថ្ងៃនេះ ។ក្រុងសុខោទ័យសម័យនោះ ហៅតាមពាក្យសាមញ្ញថាស្រុកសៀម(មឿងសៈយ៉ាម) ។ ទើបថៃដែលមកតាំងខ្លួនជាឯករាជ្យនៅទីនោះមានឈ្មោះថា សៀមតមក ។
ហ្លួងវិចិត្រវាទការ ក្នុងសៀវភៅ «សយ៉ាមនិងសុវណ្ណភូមិ» បានពោលអំពីលក្ខណៈនិស្ស័យរបស់ជាតិសៀមថា ជាជាតិដែលចេះរេទៅតាមកាលៈទេសៈយ៉ាងបំផុត រកជាតិណាក្នុងលោកមកប្រៀបផងមិនបាន ។ត្រង់ទំព័រ៨២-៨៣មានសរសេរដូច្នេះ៖ « យើងទទួលទានអាហារបានគ្រប់យ៉ាង មិនរើសថាជារបស់ជាតិណា យើងធន់នឹងអាកាសបានគ្រប់យ៉ាង មិនថាត្រជាក់ក្តៅអាក្រក់យ៉ាងណា យើងចូលទៅដល់ទីណា ក៏អាចធ្វើខ្លួនអោយល្មមសមនឹងទីនោះ យើងចូលពួកក្លឹងយើងក៏ជាក្លឹងបាន យើងចូលពួកចិនយើងក៏ជាចិន យើងចូលពួកជាតិណា យើងធ្វើខ្លួនយើងឲ្យត្រូវទំនើបទំនៀមជាតិនោះបានយ៉ាងរហ័ស…» ។ក្នុងសម័យមហាសង្រ្គាម ដែលទើបនឹងផុតទៅនេះ ក្រោយជប៉ុនចូលស្រុកសៀមបានមិនយូរប៉ុន្មាន សៀមក៏មានក្បាច់រាំបែបជប៉ុន មានបទច្រៀងបែបជប៉ុនសុទ្ធៗ តែទំនុកជាសៀមច្រៀងដាក់ក្នុងវិទ្យុផ្សាយពេញទាំងលោក, ធ្វើឲ្យឃើញដោយជាក់ច្បាស់ថាលក្ខណៈនិស្ស័យ ដែលហ្លួងវិចិត្រវាទការពោល មកនេះ ជាការណ៍ពិតប្រាកដមែន, ហើយធ្វើឲ្យយើងអាចឃើញបានតាមមនោគតិថា រវាង១០០០ឆ្នាំដែលជនជាតិថៃមកនៅប៉ះពាល់នឹងអារ្យធម៌ខ្មែរ មកនៅជាស្រុកប្រទេសរាជរបស់ចក្រវត្តិខ្មែរ ហើយចូលជ្រៀតជ្រែកមកនៅក្នុងព្រះរាជាណាចក្រខ្មែរ នោះជាតិថៃបានយកទំនើបទំនៀម យកពាក្យសំដីរបស់យើងទៅប្រើប៉ុន្មានទៅ ។ អក្សរដែលសៀមប្រើសព្វថ្ងៃ ក៏គឺអក្សរខ្មែរយើងនេះឯង គេខ្ចីទៅពីមុនសតវត្សទី១៣ព្រម ទាំងជើងនិងសក់ ហើយកែប្រែសម្រួលទៅតាមសំលេងគេរៀងៗមក ទើបនឹងចោលជើងអក្សរសរសេររាយតួក្នុងសម័យក្រោយនេះ កាលគេត្រូវការបោះពុម្ពឲ្យបានស្រួល ។ឯអក្សរខ្មែរបែបបុរាណ ដែលយើងហៅថាអក្សរមូល អក្សរខម សៀមប្រើសម្រាប់សរសេរបាលី ដល់មកសព្វថ្ងៃនេះ ក៏មិនទាន់លើកលែងប្រើសោះនៅឡើយ ។
ក្នុងសៀវភៅដដែល ទំព័រ ៩១-៩២ ហ្លួងវិចិត្រវាទការ (Luang Wichit Wathakan) បានសរសេរត្រង់រឿងនេះ តទៅទៀតថា៖ « … ដល់ជាជាតិថៃដែលចូលមកតាំងនៅក្នុង(ប្រទេស)សៀមយើងនេះឯង ក៏រកកល់ក្លាយទៅជាខ្មែរទៅហើយ យើងតាំងខ្លួនយកបែបខ្មែរចូលមកប្រើក្នុងរាជសំណាក់ យកអក្សរខមមកបូជា យកភាសាខ្មែរមកប្រើជារាជសព្ទ(ពាក្យខ្មែរដែលសៀមខ្ចីយកទៅប្រើ ជាពាក្យខ្ពស់នោះ គឺជាពាក្យសាមញ្ញរបស់ខ្មែរ ដូចជា ខ្នើយ, ស្តាំ, ឆ្វេង, ស្តាប់ ។ល។ ) គ្រោះជា ដែលយើងរវល់ច្បាំងនឹងភូមា មិនសូវទាក់ទងនឹងខ្មែរ ហើយខ្មែរក៏សាបសូន្យទៅភ្លាម បើខ្មែរនៅរុងរឿងតទៅទៀត ប្រហែលពីររយឆ្នាំហើយយើងទាក់ទងនឹងខ្មែរយ៉ាងល្អនៅឡើយ យើងក៏គង់ក្លាយជាខ្មែរទៅអស់» ។
សៀមដែលខ្ចីពាក្យខ្មែរទៅប្រើ ខ្ចីយកទៅច្រើនពេក ហើយប្រើមកច្រើនឆ្នាំ ជ្រាបចូលក្នុងសន្តាននិស្ស័យសៀមពេកទៅ ដល់ជាវេលានេះនឹងថាពាក្យណាក្នុងភាសាសៀម ជាពាក្យរបស់សៀមដោយជាក់ច្បាស់ ក៏មិនមែនជាការងាយឡើយ ។ ព្រះអង្គម្ចាស់វណ៌វៃទ្យាករ () នាយករាជបណ្ឌិត្យស្ថានប្រទេសសៀម ក្នុងសៀវភៅ «ជំនុំព្រះនិពន្ធភាគ២» របស់ព្រះអង្គ បានទ្រង់សរសេរត្រង់ទំព័រ ២១៣-២១៤ ថាដូច្នេះ ៖ «ការ ពិចារណាទីមករបស់ពាក្យថៃដើមនោះ ជួយឲ្យចូលចិត្តសេចក្តីសំគាល់ល្អិតនិងជ្រៅជ្រះល្អណាស់ដែរ តែជារឿងដែលគប្បីប្រើសេចក្តីប្រយ័ត្នប្រយែង ព្រោះភាសាថៃមិនមែនជាភាសាដែលថែមឧបសគ្គ និងថែមកន្ទុយពាក្យ យើងមានការថែមភាគរបស់ពាក្យខាងមុខឆៀង និងឧបសគ្គខ្លះដែរដូច ទាំ កៈទាំ, ទប កៈទប(អានថា ថាំ កៈថាំ, ថុប កៈថុប) តែមានចំនួនតិច ហើយដោយច្រើនក៏ជាពាក្យដែលខ្ចីពីខ្មែរ ដូច សៈទឿន កៈទឿន(អានថា សៈថឿន, កៈថឿន)» ។
ពាក្យ ទាំ និង កៈទាំ ដែលថាជាពាក្យសៀមសុទ្ធនេះ ក៏នៅជាបញ្ហានៅឡើយ ។ ទាំ ប្រែថា ធ្វើ, ពាក្យកិរិយា ធ្វើ កាលទៅជានាមនាម ថែមបទជ្រែក អន់ ទៅ ទម្វើ, ទំវើ ។សៀមយកតែមួយកំណាត់ ទំ > ទាំ ទៅប្រើ ចោល វើ ចេញ ។ត្រង់នេះជាយោបល់របស់ឪពុកខ្ញុំ ខ្ញុំក៏យល់ថាសមជាសេចក្តីពិតមែន ដោយហេតុផលដូចតទៅនេះ ៖ ទំវើ តាមរបៀបខ្មែរជានាមនាម, ទាំ របស់ សៀមជាកិរិយាសព្ទ ។ ការត្រង់នេះ មិនជាប្លែកអ្វីណាស់ទេ ។សៀមតែងខ្ចីពាក្យនាមនាមខ្មែរ ទៅប្រើជាកិរិយាសព្ទ ដូចជាពាក្យនាមនាម ដំណើរ ពំនាក់ សៀមយកទៅធ្វើកិរិយាសព្ទ ។ឯពាក្យខ្មែរទ្វីព្យាង្គ សៀមយកទៅកាត់ជាឯកព្យាង្គនោះ ក៏មិនមែនមានត្រឹមតែ ទំវើ ជា ទាំ នេះទេ នៅមានទៀតជាច្រើនដូចជា ដូច គ្នា > ឌុចក័ន(គ្នា > គនា > គ័នា >គ័ន >ក័ន), កន្លែង > ហ្លែង, ថ្មី > ម៉ៃ (ថ្មី > ម៉ី > ម៉ៃ > ហ្មៃ), របង > រ > រួ… ។ ឯ ទប និង កៈទប ដែលថាជាពាក្យសៀមសុទ្ធដែរនោះ គឺពាក្យខ្ចីពីយើងទៅពិតតៗ គឺពាក្យទប់, ខ្ទប់ យើងនេះឯង ។ក្នុងអំបូរពាក្យខ្ទប់ យើងនៅមាន បន្ទប់ ទំនប់ ពីរម៉ាត់ទៀត ។ ត្រង់ពាក្យ សទឿន, កៈទឿន ដែលថាជាពាក្យខ្មែរនោះ កៈទឿន ក្លាយទៅពីពាក្យខ្មែរ ខ្ទ័រ, ឯ សទឿន នឹងថាសៀមខ្ចីពីខ្មែរដែរ នោះក៏មិនជាក់ណាស់ ។ប្រហែលជាពាក្យនេះ សៀមយកមូលបទខ្មែរ ទ័រ ទៅផ្សំនឹងបុព្វបទ ស តាមបែបសៀមក៏មិនដឹង តែពាក្យ ស្ទ័រ គ្មានក្នុងភាសាខ្មែរ ។
ពាក្យខ្មែរដែលសៀមខ្ចីយកទៅ មិនមែនត្រឹមតែពាក្យខ្មែរសុទ្ធទេ ។ពាក្យដែលយើងខ្ចីមកពីសំស្រ្កឹត សៀមក៏ខ្ចីមួយតទៅទៀត ។ក្រោយមក កាលព្រះពុទ្ធសាសនាចូលមកស្ថិតនៅក្នុងសុវណ្ណភូមិ ពាក្យបាលីក៏ជ្រាបចូលទៅក្នុងភាសាសៀម ភាសាខ្មែរព្រមគ្នា ។ទើបពាក្យសៀមនិងពាក្យខ្មែរ មានដូចគ្នាច្រើនណាស់ ។
ហេតុដែលញ៉ាំងពាក្យក្នុងភាសាទាំងពីរ ឲ្យដូចគ្នាជាច្រើននោះមានមួយប្រការទៀត ។ សៀមដែលស្រូបយកអារ្យធម៌ខ្មែរទៅ មិនមែនតែក្នុងរយៈវេលា១០០០ឆ្នាំ ពីសតវត្សទី៣ ដល់សតវត្សទី ១៣ ដែលថៃនៅក្នុងបង្គាប់ខ្មែរនោះទេ ។ រហូតវេលាដែលសៀមវាយដណ្តើមយកក្រុងសុខោទ័យពីខ្មែរបាន ទៅ(សតវត្សទី ១៣) រួចវាយយសោធរៈ(អង្គរធំ)បែកទៅទៀត(ចុងសតវត្សទី១៤ ឬដើមសតវត្សទី១៥) ដរាបមកដល់សៀមវាយបែកបន្ទាយលង្វែក(ចុងសតវត្សទី១៦) រួម ៣០០ ឆ្នាំ សៀម កាន់តែទទួលអារ្យធម៌ពីយើងទៅដោយពេញទី ដោយអាស្រ័យគម្ពីរសត្រាតំរាផ្សេងៗ ដែលសៀមយកពីស្រុកយើងទៅតាមកងទ័ពសៀមកាលត្រឡប់ពីស្រុកខ្មែរទៅ វិញ ហើយដោយអាស្រ័យអ្នកប្រាជ្ញរាជបណ្ឌិត្យខ្មែរ ដែលត្រូវកៀរយកទៅនៅស្រុកសៀម។គម្ពីរសត្រាតំរាខ្មែរនោះ សៀមយកទៅសូត្ររៀន ហើយប្រែជាភាសាសៀម តែវេលានេះបាត់បង់ស្ទើរអស់ទៅហើយ ដោយភូមាដុតចោលកាលវាយយកក្រុងអយុធ្យាបាននា គ.ស. ១៧៦៧(ព.ស.២៣១០) ។សៀវភៅរឿងរាមកេរ្តិ៍សៀម មិនមែនសៀមប្រែពីសំស្ក្រឹតដោយត្រង់មកទេ គឺប្រែពីខ្មែរសម័យក្រោយអង្គរ ។ សេចក្តីត្រង់នេះ មានឡាក់ឋានជាច្រើន ។ ឡាក់ឋានដែលសំខាន់ជាងគេនោះ គឺពាក្យ ផ្កាយព្រឹក ដែលមាននិយាយត្រង់វៃយរាពណ៍ លួចយកព្រះរាមនាំទៅបាតាល ។វៃយរាពណ៍ឡើងទៅលើកំពូលភ្នំ គ្រវីអំពង់កែវឲ្យមានពន្លឺដូចផ្កាយព្រឹក បញ្ឆោតពួកពលស្វាដែលចាំយាមរក្សាព្រះរាមពេលយប់ ឲ្យស្មានថាជិតភ្លឺហើយ ហើយឲ្យលែងយាមទៅព្រោះពិភេកបានទាយថា ដល់ភ្លឺឡើងព្រះរាមនឹងអស់គ្រោះ ។ ក្នុងសៀវភៅរាមកេរ្តិ៍សៀម(មើលសៀវភៅសៀម «បទល្ខោនរឿងរាមកេរ្តិ៍» ក្បាលទី១ ទំព័រ១៨៧ ។ ព្រឹក្ស សរសេរដាក់ជើងសដូច្នេះ ធ្វើឲ្យឃើញថាអ្នកចំឡងជាន់ក្រោយ មិនស្គាល់និរុត្តិសាស្ត្ររបស់ពាក្យនេះ ឬមិនចង់ឲ្យគេថា សៀមខ្ចីពាក្យពីខ្មែរ ។) ដាក់ «ដាវប្រៈកាយព្រឹក្ស» ៖ ដាវ ជាពាក្យសៀមប្រែថា ផ្កាយ , ប្រៈកាយ គឺពាក្យខ្មែរ ផ្កាយ ។ «ដាវប្រៈកាយព្រឹក្ស» = ផ្កាយផ្កាយព្រឹក! ដូចពាក្យបារាំង choucroute: chou = ស្ពៃ, croute ក្លាយពីពាក្យអាឡឺម៉ង់ប្រែថា ស្ពៃ ដែរ choucroute = ស្ពៃស្ពៃ ។
ពាក្យដែលសៀមខ្ចីពីខ្មែរទៅប្រើ មានចំនួនតិចច្រើនប៉ុណ្ណា? សេចក្តីត្រង់នេះ បើនឹងអះអាងថាក្នុងលិខិតសៀមណាមួយក៏ដោយ ពាក្យខ្ចីពីខ្មែរមាននៅគ្រប់បន្ទាត់ យ៉ាងតិចណាស់មានមួយម៉ាត់ដែរ ដូច្នេះដូចជាហួសហេតុបន្តិចតែក៏មិនហួសណាស់ទេ ប្រសិនជាថាមានពាក្យខ្ចីពីខ្មែរនៅគ្រប់ទំព័រវិញ នោះយើងអាចអះអាងបានដោយពេញមាត់ ហើយអាចបន្ថែមពាក្យថា មានច្រើនម៉ាត់ផង ។
តាំងពីជាតិយើងធ្លាក់ខ្លួនពេញទី ចាប់ពីខូចបង់បន្ទាយលង្វែកមក អារ្យធម៌ដែលធ្លាប់ហូរពីស្រុកខ្មែរទៅតាមទិសឯជើងនិងឯលិច កាលយើងជានាយចៅហ្វាយគេ ក៏ត្រឡប់ហូរបញ្ច្រាស់មកពីទិសឯលិច កាលយើងបរាជ័យនៅក្រោមបង្គាប់គេវិញ ។
ពាក្យសៀមទើបចូលមកក្នុងភាសាខ្មែរតាំងពី គ្រានោះមក ។ ព្រះមហាក្សត្រិយ៍ខ្មែរដែលបានយាងទៅរៀនសូត្រនៅស្រុកសៀមនៅវ័យ កុមារ តែងតែសព្វព្រះរាជហឫទ័យប្រើភាសាសៀម ។ រួចទ័ពសៀមដែលចូលមកធ្វើសង្រ្គាមច្រើនលើកច្រើនគ្រាក្នុង ស្រុកខ្មែរ ក៏នាំពាក្យសៀមចូលមកក្នុងភាសាយើងផង ។ ពាក្យដូច វ៉ែនតា ផាហ៊ុម បៃតង ជាពាក្យសៀម តែពាក្យជំពូកនេះមានចំនួនតិច, បើទុកជាដូចម្តេចក៏មិនមានច្រើន ដូចអ្នកផងស្មាននោះទេ ។ខ្មែរខ្លះមិនដឹងថាក្នុងសម័យបុរាណ ជាតិខ្មែរយើងថ្កុំថ្កើងប៉ុណ្ណា ជឿថាប្រាសាទអង្គរវត្ត ព្រះវិស្វកម្មជាអ្នកកសាង, បារាំងខ្លះក្នុងភាគដើមនៃសតវត្សនេះ គិតថាខ្មែរជាជាតិថោកទាបធ្លាប់ជាខ្ញុំសៀម ។ មនុស្សចំពូកនេះ កាលបើឃើញពាក្យខ្មែរណាចំឡែក ក៏ចាត់ថាជាពាក្យខ្ចីពីសៀម ។ការត្រង់នេះគួរធ្វើទៅដោយប្រយ័ត្នប្រយែងឲ្យណាស់ ព្រោះអាចមានការភាន់ច្រឡំទៅបានដោយងាយ ។ ដូចពាក្យ យោក្ប័ត្រ ក្នុងវចនានុក្រមខ្មែរដាក់ថាមកពីសៀម ។ លោក ស.ម៉ាស្ប៉េរ៉ូ ក្នុងសៀវភៅវេយ្យាករណ៍ខ្មែរ (Grammaire de la langue khmere) ទំព័រ ២៦ ក៏សរសេរថា ពាក្យនេះមកពីសៀមដែរ ។ ពាក្យយោក្ប័ត្រ យើងមានប្រើមកតាំងពីសៀមមិនទាន់តាំងនាមជាសៀម ។ពាក្យនេះមានឆ្លាក់ក្នុងសិលាចារឹកប្រាសាទត្រពាំងរុន គ.ស ១០០៦ (មើលសៀវភៅ «សិលាចារឹកថ្មីនៅស្រុកខ្មែរ» Nouvelles Inscriptions du Cambodge ទំព័រទី៥៦ និង ៦៧ របស់លោក ល.ហ្វីណូត៍) ។កាលនោះថៃនៅណាន ចៅនៅឡើយ ក្រោពីនោះមានស្រុកថៃតូចៗឯទៀតក្នុងបង្គាប់ខ្មែរ ។មិនសមជាខ្មែរស្វែងទៅខ្ចីពាក្យថៃ ដែលនៅឆ្ងាយ ដល់ម្ល៉ោះមកប្រើឡើយ ។សេចក្តីពិតមានតែថៃខ្ចីពាក្យខ្មែរសម្រាប់ឋានន្តរសក្តិ៍ទៅប្រើវិញ ។ដល់មកសម័យអយុធ្យាហើយ សៀមក៏នៅតែប្រើរបៀបខ្មែរ ។ហ្លួងវិចិត្រវាទការ (ក្នុងសៀវភៅដដែលទំព័រ១៣៤) បានសរសេរថា «សម្តេចព្រះរាមាធិបតី(អ៊ូទង)(គ.ស.១៣៥០) បានតាំងរបៀបការគ្រប់គ្រងទីរួមខេត្តក្រៅ ដូចដែលសុខោទ័យតាំងទុកមក, តែរបៀបការក្នុងទីក្រុងនិងរាជពិធីក្នុងរាជសំណាក់នោះ បានទ្រង់ចម្លងបែបខ្មែរមកច្រើន ទ្រង់តាំងចតុស្តម្ភគឺ មឿង វ័ង ឃ្លាំង ស្រែ តាមបែបខ្មែរ» ។
ពាក្យយោក្ប័ត្រ សរសេរបែបនោះដោយយាក្លាយមកទេ ។ក្នុងអក្សរថ្មដាក់ យុគមត៑, ទំនងជាមកពីសំស្រ្កឹត ។យុគ ជាពាក្យឥណ្ឌូអឺរ៉ុប ប្រែថា នឹម សំដៅសេចក្តីថា អំនាចគ្របសង្កត់ ។ ពាក្យ យុគ(yuga) យើងប្រទះឃើញក្នុងភាសាបារាំងជាពាក្យ joug ប្រែសេចក្តីបានពីយ៉ាងដូចគ្នា ។ ក្នុងសៀវភៅលោក ស.ម៉ាស្ប៉េរ៉ូ ដែលចេញឈ្មោះមុននេះ ទំព័រដដែល លោកថាពាក្យ សូភា(juge) ជាពាក្យសៀម។សេចក្តីពិត សូភា សរសេរខុសហើយមិនអស់ពាក្យទាំងមូលផង ។ពាក្យទាំងមូលគឺ សភាចារបុរស ។ សភា ជាពាក្យសំស្រ្កឹត-បាឡី ដែលខ្មែរមានប្រើមកយូរណាស់ហើយ ។ក្នុងប្រទេសឥណ្ឌាសព្វថ្ងៃនេះក៏មានប្រើ, ប្រែសេចក្តីថា ទីប្រជុំ ។សភាចារបុរស ជាមនុស្សប្រុសដែលជាសមាជិករបស់សភាចារ គឺរបស់ទីប្រជុំជំរះក្តី បានដល់ចៅក្រមសាលា ។
ក្នុងវចនានុក្រមខ្មែរ លោកថាពាក្យ លៀង ជាពាក្យសៀម ។ តាមយោបល់ឪពុកខ្ញុំ ពាក្យនេះជាពាក្យខ្មែរ សៀមខ្ចីយកទៅប្រើ ។ ហេតុផលដែលគាត់អាង ដូចមានតទៅនេះ ។ ពាក្យ លៀង ជាពាក្យគន្លាស់កាត់៖ លេង + ច្រៀង > លៀង(+ច្រេង) ។ដើមដំបូងប្រើសម្រាប់អារក្ស៖ លៀងអារក្ស ។លៀងអារក្ស គឺបញ្ចូលអារក្សឲ្យលេងសប្បាយ មានភ្លេងមានចំរៀងឲ្យស្តាប់ ដើម្បីកុំឲ្យវាធ្វើអ្នកជម្ងឺឲ្យឈឺតទៅទៀត ។ រូបអារក្ស កាលខ្មោចចូលមកសណ្ឋិតហើយ ក៏ផឹកស្រាហើយរាំ ។ក្រោយតមកការប្រជុំគ្នាស៊ីបាយផឹកស្រា, លេងភ្លេង, ច្រៀងតាមធម្មតាគ្មានបញ្ចូលអារក្ស ក៏ហៅថា លៀងដែរ ។ តមកទៀត ការឲ្យអាហារមិត្តសម្លាញ់ច្រើនគ្នាបរិភោគ ទោះមានផឹកស្រា, លេងភ្លេង, ច្រៀងរាំក៏ដោយ ឬគ្មានក៏ដោយគង់តែហៅថា លៀង ។សៀមខ្ចីពាក្យខ្មែរនេះទៅប្រើ សម្រាប់សំដែងសេចក្តីថា ឲ្យអាហារដល់មិត្តសម្លាញ់បរិភោគដូចខាងលើនេះផង ថាឲ្យអាហារបរិភោគជានិច្ចគឺចិញ្ចឹមផង ។ មិនតែប៉ុណ្ណោះ ស៊ីសេចក្តីថា ថែទាំរក្សាទៀតផងក៏បាន ។
អារ្យធម៌ដែលហូរត្រលប់ពីទិសខាងលិចមកវិញនោះ មិនមែននាំពាក្យសៀមសុទ្ធមកឲ្យយើងតែប៉ុណ្ណោះទេ នាំទាំងពាក្យខ្មែរសុទ្ធ នឹងពាក្យសំស្រ្កឹតខ្លះដែលសៀមបានខ្ចីពីខ្មែរ យកទៅប្រើហើយប្រែសំឡេងឲ្យស្រួលនិយាយ តាមច្បាប់សូរសាស្រ្តសៀមមកឲ្យយើងវិញផង ។ពាក្យចំពូកនេះគួរហៅថា ពាក្យសងបំណុល ។ ពាក្យសងបំណុលមានច្រើនណាស់ ដូចពាក្យ សំខាន់ ឆ្លាត ក្រុត សុកាន្ត ហ្លួង ប្រថាប់… ។
សំខាន់ គឺពាក្យខ្មែរ សំគាល់ នេះឯង ។សំគាល់របស់ខ្មែរជាកិរិយាសព្ទ កាលទៅជា សំខាន់ សៀមប្រើជាកិរិយាសព្ទដូចខ្មែរក៏បាន ប្រើជាគុណនាមក៏បាន ប្រែសេចក្តីថា គួរសំគាល់ (remarquable) ។យើងទទួលពាក្យ សំខាន់ ជាសំណងពីសៀម ដែលជាគុណនាមមកវិញ បានសេចក្តីដូចគ្នាថា ប្រសើរឬមានខ្លឹមសារ (important) ។
ឆ្លាត គឺពាក្យខ្មែរ ឈ្លាស ដែអានតាមសំឡេងសៀម ។
ក្រុត គឺពាក្យខ្មែរ ក្រូច ដោយចំពោះក្រូចដែលជូរ(argre, acide) អានតាមសំឡេងសៀមថា ក្រុត បានដល់ធាតុផ្សំគីមីមួយចំពូកដែលមានរសជូរដោយធម្មតា (acide) ។
សុកាន្ត ពីខ្មែរ សក់ សៀមអានថា សុក និងសំស្រ្កឹត កាន្ត ប្រែថា ការកាត់សក់ ។ពាក្យខ្មែរដោយចំនោះគឺ សក់កាន្ត តែយើងអានតាមសំឡេងសៀមជា សុកាន្ត។
ហ្លួង ជាពាក្យសំរាប់សំគាល់ឋានន្តរសក្តិ៍មន្ត្រី ដូចជា ហ្លួងជំនិតរាជា ។គួរសង្ស័យថាពាក្យនេះជាពាក្យសងបំណុល ព្រោះឋានន្តរសក្តិ៍ខ្មែរបុរាណមាន ងារ ខ្លោញ និងរលាញ ។រលាញ អាចទៅជាលួង, ហ្លួង ។សៀមយកទៅប្រើសំគាល់សេចក្តីថា ធំ ៖ ប្រពន្ធធំ ហៅ មៀហ្លួង ។រួចពីនោះសំគាល់សេចក្តីថា ស្តេចគ្រងរាជ្យ ។សំរាប់ពាក្យ ខ្លោញ សូមឲ្យយកទៅប្រៀបមើលនឹងពាក្យសៀម ខាហ្លួង ។
ប្រថាប់ត្រា ប្រថាប់ សៀមសរសេរ ប្រទ័ប គឺខ្ចីពាក្យខ្មែរ ផ្ទាប់ទៅប្រើ រួចយើងយកពាក្យយើងនេះមកប្រើវិញហៅ តាមសំឡេងសៀម ។ប្រថាប់ត្រា គឺផ្ទាប់ត្រាទៅលើក្រដាស់ គឺបោះត្រា ។
ឯកសារយោង
កែប្រែ- Luang Wichit Wathakan. "សយ៉ាមនិងសុវណ្ណភូមិ".
- ជំនុំព្រះនិពន្ធភាគ ២.
- Louis Finot. (1928). Nouvelles Inscriptions du Cambodge. Vol. 28.
- វចនានុក្រមខ្មែរ.
- Maspero, Georges. (1915). Grammaire de la langue khmere.
- Baker, Chris; Phongpaichit, Pasuk (2005). A History of Thailand. Cambridge University Press.
- Barmé, Scot (1993). Luang Wichit Wathakan and the Creation of a Thai identity. Social Issues in Southeast Asia. Institute of Southeast Asian studies.