ភូមិក្រាំងដូង គីជាភូមិមួយដែលស្ថិតនៅក្នុងឃុំសំរោងក្រោម ស្រុកបន្ទាយមាស នៃខេត្តកំពត។ ប្រជាជននៅទីនោះប្រកបមុខរបរកសិកម្ម ​ ព្រមទាំងចិញ្ជិមសត្វដូចជា៖ចិញ្ជិមសត្វគោ សត្វមាន់ ទា ជាដើម។ ភូមិក្រាំងដូងនេះពីមុនមានសំបូរទៅដោយដូងជាច្រើន ប៉ុន្តែឈ្មោះ «ក្រាំងដូង» នេះ​មិនមែន​មកពីភូមិ​នេះ សំបូរ​ដូងនោះទេ​។ តាម​ការ​តំណាល​របស់ចាស់​ៗ​នៅទីនោះ​បាន​អោយ​ដឹងថា ភូមិនេះ​ កាលពីដើម ជាពិសេសវត្ត​ក្រាំងដូង​គឺជា​វត្ត​របស់​លោក ​អាចារ្យ ហែម ចៀវ កាល​លោកធ្វើជា​គ្រូ​បង្រៀន​។ ភូមិនេះ​សំបូរដោយអ្នកចេះដឹង​ជាច្រើន ហើយ​បាន​យក​ស្លឹក​ដូង មក​ចារ​ជាគម្ពីរ​ និងអក្សរ​ផ្សេង​ៗ​។ ពាក្យ «ក្រាំង» គឺសំដៅ​លើ​ គម្ពីរ រឺ​ចារិក​ ឯពាក្យ​ «ក្រាំងដូង» គឺ​ក្រាំង​ដែល​ចារ​លើ​ស្លឹក​ដូង​នេះឯង។

ទិដ្ឋភាពពេលថ្ងៃលិចភូមិក្រាំងដូង
រូបភាព​ក្រាំងដូង​មើលទៅទិសខាងលិច

ប្រជាជននៅភូមិក្រាំងដូង​ភាគ​ច្រើន​ជា​អ្នក​ធ្វើ​ស្រែ និង​ដាំដំណាំ​បន្តិច​បន្តួច​នៅពេល​សម្រាក​ពី​ការ​ដកស្ទូង ច្រូតកាត់​។ ភូមិនេះ​នៅ​ជាប់​ភូមិ​ត្រពាំងមន្ត្រី​ ភូមិ​តាអៀក ភូមិ​ស្រែព្រៃ និង​ភូមិ​ស្លែង​ជាប់​ផ្សារ​បន្ទាយមាស​។ ក្រាំងដូង​មាន​ចំងាយ​ប្រម៉ាណ​១គីឡូម៉ែត្រពីផ្សារ​ស្រុក​បន្ទាយ​មាស ហេតុ​នេះ​ហើយ​ប្រជាជន​ក្នុងភូមិ​ភាគ​ច្រើន​តែងនិយាយថា អ្នកភូមិក្រាំងដូង​គឺស្រែមិនស្រែ ផ្សារ​មិនផ្សារ​ ព្រោះ​ភាគ​ច្រើន​គេ​មិន​សូវ​នេសាទ​រក​ម្ហូប​ រឺ​ដាំដំណាំ​បន្លែបង្ការ​ផ្សេង​ៗ​ទេ គឺគេ​ទៅទិញ​ដូច​អ្នកផ្សារ​ដែរ​។ ភូមិក្រាំងដូង​ចែកចេញ​ជា​៣សង្កាត់គឺ៖

  • ភូមិខ្យល់ ស្ថិតនៅភាគខាងកើត​វត្តក្រាំងដូង ខាងកើត​ផ្លូវជាតិ​លេខ​៣៣
  • ត្រពាំងខ្នារ ត្រពាំងឈូក ព្រៃទទឺង ស្ថិត​នៅភាគ​ខាងលិច​វត្ត​ក្រាំងដូង ជាប់​អូខាងលិចភូមិ
  • ក្រាំងដូង ស្ថិត​នៅ​កណ្តាល តំបន់ជុំវិញវត្តក្រាំងដូង

ភូមិក្រាំងដូង មាន​សាលាបឋម​សិក្សា​មួយ​នៅ​ក្នុងវត្ត​ក្រាំងដូង មាន​ប្រព័ន្ធធារាសាស្រ្ត​ដែលបន្សល់ទុកពីសម័យ ​ប៉ុល ពត និង​មាន​វាល​ទំនាប​ស្រែ​ នៅ​ភាគ​ខាងលិច​ភូមិ​ ប៉ុន្តែភូមិនេះ​មិនមាន​មណ្ឌលសុខភាព​ទេ​។ ពេលពលរដ្ឋ​មាន​បញ្ហាសុខភាព គេត្រូវ​បញ្ជូនទៅ​កាន់​មណ្ឌលសុខភាព​ស្រុក រឺ​ទៅ​មណ្ឌល​សុខភាពឃុំ​សំរោង​ក្រោម ដែល​ស្ថិត​នៅ​ឆ្ងាយ​ពីភូមិ។ កាលពីមុន ភូមិនេះ​សំបូរ​អ្នកចេះដឹងណាស់ ដែល​ពួកគាត់ភាគ​ច្រើន​សុទ្ធ​តែធ្លាប់​បាន​បួសរៀន ពីសំណាក់អាចារ្យល្បីៗ​មាន​ដូចជា អាចារ្យ ហែម ចៀវ រឺ​អាចារ្យ ខៀវ​ ជុំ រឺ សម្តេចសង្ឃ​ ជួន ណាត​ ជាដើម​។ ក្នុងកំឡុង​ឆ្នាំ ១៩៧៩ ដល់​ឆ្នាំ ២០០៤ ភូមិ​នេះ​មាន​ភាពសំបូរ​សប្បាយ ប្រជាជន​ចេះធ្វើបុណ្យទាន ព្រោះ​វត្ត​ក្រាំងដូង គឺជា​កន្លែង​បើក​សាលា​បាលី​ថ្នាក់បឋម​សិក្សា ដែល​គ្រប់គ្រង​ដោយ​ អតីតព្រះគ្រូ​អនុគណ ហ៊ីង ងឹម។ សាស្រ្តា​ចារ្យភាសាបាលី​ល្បីល្បាញ​បំផុត​ក្នុងកាលនោះ គឺ​លោកគ្រូ ពេជ្យ ណុច ហើយ​អាចារ្យ​ធំប្រចាំវត្ត​កាល​នោះ គឺ​លោកអាចារ្យ មឿង តេង អាចារ្យ ច្រឹង ឈន។ មកដល់ពេលនេះ លោកអ្នកចេះដឹងទាំងនោះ​បាន​អនិច្ចកម្មអស់ហើយ​។