ភូមិសាស្ត្រនយោបាយចិន និងជប៉ុន
ភូមិសាស្ត្រនយោបាយចិន និងជប៉ុន
កែប្រែចិន និង ជប៉ុន ៖ មូលហេតុផ្សេងៗនៃការមិនត្រូវគ្នា
កែប្រែតើមានមូលហេតុផ្សេងៗអ្វីខ្លះដែលធ្វើឲ្យប្រទេសអាស៊ីទាំងពីរនេះមិនត្រូវគ្នា?
ទំនាក់ទំនងរវាងចិននិងជប៉ុនសព្វថ្ងៃ បង្កប់ទៅដោយការមិនទុកចិត្តគ្នាទៅវិញទៅមក។ ចិនមិនទុកចិត្តជប៉ុន និងមិនអាចទុកចិត្តជប៉ុនបាន ដោយហេតុតែអតីតកាលយោធានិយមនៃប្រទេសជប៉ុន ដោយហេតុតែអំពើសាហាវយង់ឃ្នងដែលកងទ័ពជប៉ុនបានប្រព្រឹត្តទៅលើ ប្រជាជនចិន ដូចយ៉ាងការកាប់សម្លាប់រង្គាលនៅណង់កាំង(Nankin)ក្នុងឆ្នាំ១៩៣៧ជា ដើម។ ចិនមិនទុកចិត្តជប៉ុន ដោយហេតុតែគំនិតសើរើនិយមរបស់ថ្នាក់ដឹកនាំជប៉ុនសព្វថ្ងៃដែលចង់ លុបបំបាត់ទង្វើអមនុស្សធម៌ទាំងនេះឲ្យបាត់អស់រលីងពីសៀវភៅ ប្រវត្តិសាស្ត្រ។ ចិនមិនទុកចិត្តជប៉ុន ដោយហេតុតែសម្ពន្ធភាពរវាងជប៉ុននិងសហរដ្ឋអាមេរិក ដោយហេតុតែវត្តមានមកទល់ឥឡូវនៃកងទ័ពអាមេរិកនៅលើទឹកដីជប៉ុន។
ទន្ទឹមនេះ ក៏មានច្រើនដែរមូលហេតុដែលធ្វើឲ្យជប៉ុនមិនទុកចិត្តចិន ដូចជាចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នៃប្រជាជនចិន របបកុម្មុយនិស្តផ្តាច់ការ នយោបាយសម្លុតកំញើញរបស់ថ្នាក់ដឹកនាំចិនទៅលើតៃវ៉ាន់ និងសេដ្ឋកិច្ចស្ទុះលឿនជ្រុលរបស់ប្រទេសចិន។ នៅក្រោយព្រឹត្តិការណ៍មហាភេរវកម្មថ្ងៃទី១១កញ្ញាឆ្នាំ២០០១ ចិនតាមដានមើលទាំងក្តីព្រួយបារម្ភការតស៊ូមតិនៅប្រទេសជប៉ុន។ កាលណោះ អ្នកនយោបាយជប៉ុនមានគំនិតចង់សើរើមើលឡើងវិញតួនាទីរបស់កងទ័ព ចង់ឲ្យកងកម្លាំងជប៉ុនដែលជាទ័ពស្វ័យការពារតាំងពីចប់សង្គ្រាមលោក លើកទីពីរមក ប្តូរលក្ខន្តិកៈក្លាយជាទ័ពចម្បាំង ដូចប្រទេសដទៃផ្សេងៗក្នុងលោកដែរ។ ម្យ៉ាងវិញទៀត ចាប់ពីឆ្នាំ២០០២មក ក៏មានដែរការតស៊ូមតិយ៉ាងផុសផុលជុំវិញសំណួរដែលថា តើជប៉ុនគួរឬមិនគួរផលិតអាវុធនុយក្លេអ៊ែរ? ទាំងនេះ ពីព្រោះកូរ៉េខាងជើងចេះតែចចេសបន្តកម្មវិធីនុយក្លេអ៊ែរ ដែលថ្នាក់ដឹកនាំជប៉ុនយល់ឃើញថា ជាគ្រោះថ្នាក់មួយធំសម្រាប់ប្រទេសគេ។ ចំពោះថ្នាក់ដឹកនាំចិន ការតស៊ូមតិទាំងនេះ ស្តែងឲ្យឃើញថា ប្រទេសជប៉ុនមានមហិច្ឆតាចង់វិលទៅរកអតីតកាលយោធានិយមវិញរបស់ខ្លួន វិលទៅរកសម័យមួយ ដែលកាលណោះ កងទ័ពជប៉ុនមានកម្លាំងខ្លាំងពូកែជាងគេបង្អស់នៅអាស៊ី។
ប្រទេសជប៉ុនវិញ ក៏តាមមើលសភាពការណ៍នៃប្រទេសចិនទាំងក្តីព្រួយបារម្ភដូចគ្នាដែរ។ សំណួរទាំងអម្បាលម៉ានដែលថ្នាក់ដឹកនាំជប៉ុនតែងលើកឡើង រួមមានជាអាទិ៍ តើការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ចិន អាចនាំប្រទេសអាស៊ីដ៏ធំមួយនេះទៅរកសេរីកម្មនយោបាយ នៅទីបំផុតបានដែរឬទេ? តើមហិច្ឆតានៃថ្នាក់ដឹកនាំចិនមានព្រំដែនដែរឬទេ? តើចិនហ៊ានរហូតដល់ទៅប្រើកម្លាំងទ័ព ដើម្បីដោះស្រាយបញ្ហាតៃវ៉ាន់ដែរឬទេ?
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងរយៈកាលខ្លីថ្នាក់ដឹកនាំចិន និងថ្នាក់ដឹកនាំជប៉ុនមិនជាបារម្ភខ្លាំងពេកទេ។ ក៏ប៉ុន្តែ ទាំងសងខាងមើលឃើញថា គ្រោះថ្នាក់យោធានឹងអាចកើតឡើងនារយៈកាលវែង បើសិនជាពុំមានពីឥឡូវនេះទៅទេ កិច្ចសន្ទនាយុទ្ធសាស្ត្រស្តីពីបញ្ហាសន្តិសុខរវាងប្រទេសទាំងពីរ។ តែកិច្ចសន្ទនាបែបនេះ ពិបាកនឹងប្រព្រឹត្តទៅបាន ព្រោះតែមូលហេតុពីរយ៉ាង។ ទីមួយ គឺមកពីប្រទេសអាស៊ីទាំងពីរនេះគ្មានព្រំដែនដីគោកជាប់គ្នា ហើយសព្វថ្ងៃនេះ ថ្នាក់ដឹកនាំចិនឲ្យអាទិភាពទៅលើតែដំណោះស្រាយបញ្ហារវាងចិននិង ប្រទេសជិតខាងរបងតែមួយ ដូចជាឥណ្ឌា និងរុស្ស៊ីជាដើម។ ទីពីរ គឺមកពីថ្នាក់ដឹកនាំចិនហាមាត់និយាយផ្ទាល់អំពីបញ្ហាសន្តិសុខ ជាមួយថ្នាក់ដឹកនាំជប៉ុនមិនកើត ដោយហេតុតែ សម្ពន្ធភាពជាប្រវត្តិសាស្ត្រនិងស្អិតល្មួតខ្លាំងពេករវាងជប៉ុននិង សហរដ្ឋអាមេរិក។ បានន័យថា ចំពោះថ្នាក់ដឹកនាំចិន អាមេរិកជាមេខ្លោងធំរបស់ជប៉ុន ម្ល៉ោះហើយចិនមិនព្រមអង្គុយទល់មុខជប៉ុនទេ តែចង់អង្គុយទល់មុខសហរដ្ឋអាមេរិកតែម្តង ដើម្បីជជែកអំពីរាល់បញ្ហាសន្តិសុខដែលទាក់ទងនឹងប្រទេសជប៉ុន។
ក្រៅពីមហិច្ឆតាយោធារៀងៗខ្លួនដែលធ្វើឲ្យចិននិងជប៉ុនមិនទុក ចិត្តគ្នា និងសង្ស័យគ្នាទៅវិញទៅមក ក៏មានដែរសំណុំរឿងរសើបៗផ្សេងទៀតដែលបាននិងកំពុងបន្តបំពុលទំនាក់ ទំនងរវាងប្រទេសទាំងពីរ។
សំណុំរឿងទីមួយ គឺសង្គ្រាមប៉ាកកាជុំវិញវិហារយ៉ាស៊ុយគុយនី(Yasukuni)។ វិហារយ៉ាស៊ុយគុយនី ជាទីកន្លែងតម្កល់ឈ្មោះទាហានជប៉ុនដែលបានពលីជីវិតដើម្បីមាតុភូមិ។ ប៉ុន្តែ នៅទីនោះក៏មានដាក់តម្កល់ដែរ ឈ្មោះរបស់ក្រុមនាយទាហាន ដែលជាឧក្រិដ្ឋជនសង្គ្រាមលោកលើកទីពីរ ដូចយ៉ាងឧត្តមសេនីយ៍Tojo Hideki ដែលជានាយករដ្ឋមន្ត្រីជប៉ុនពីឆ្នាំ១៩៤១ដល់ឆ្នាំ១៩៤៤។ ថ្នាក់ដឹកនាំចិនទប់កំហឹងខ្លួនមិនជាប់ឡើយ ពេលដែលឃើញនាយករដ្ឋមន្រ្តីជប៉ុនសម័យទសវត្សរ៍ទី៨០ Nakasone និងនាយករដ្ឋមន្ត្រីជប៉ុនKoizumi ដែលចប់អាណត្តិកាលពីឆ្នាំ២០០៦ ទៅវិហារយ៉ាស៊ុយគុយនីម្តងៗ។ ចំពោះថ្នាក់ដឹកនាំចិន ទង្វើបែបនេះ ជាការមាក់ងាយជេរប្រមាថព្រលឹងជនជាតិចិនរាប់សែននាក់ដែលត្រូវបាន កងទ័ពជប៉ុនកាប់សម្លាប់។
សំណុំរឿងទីពីរ ដែលបង្កឲ្យមានជម្លោះរវាងចិននិងជប៉ុន គឺទីប្រជុំកោះសេនកាគុយ(Senkaku) ដែលជប៉ុនបានឈ្លានពានយកពីចិននៅឆ្នាំ១៨៩៥។ ថ្នាក់ដឹកនាំចិនចេះតែទាមទារចង់បានសេនកាគុយមកវិញ។ ក៏ប៉ុន្តែ ជប៉ុនមិនព្រម ហើយគ្មានបំណងចង់ដោះស្រាយបញ្ហានេះទេ ពីព្រោះទីប្រជុំកោះសេនកាគុយ អាចមានប្រេងកាតនិងឧស្ម័នធម្មជាតិ។ នៅក្នុងបរិបទបែបនេះ ក្រុមអ្នកជាតិនិយមចិនតែងតែជិះកប៉ាល់ចូលទៅបង្កសកម្មភាពនៅ ក្បែរទីប្រជុំកោះសេនកាគុយ មុននឹងត្រូវកងឆ្មាំជប៉ុនចាប់ខ្លួនហើយដោះលែងមកវិញនៅទីបំផុត។ នៅខែកញ្ញាឆ្នាំ២០១០ ឧប្បត្តិហេតុទូតយ៉ាងធ្ងន់ធ្ងរមួយ កើតឡើងរវាងប្រទេសទាំងពីរ ក្រោយពីទូកនេសាទមួយរបស់ចិនដែលមានដឹកមនុស្ស១៥នាក់បានប៉ះទង្គិច ជាមួយនាវាល្បាតរបស់ជប៉ុន នៅក្បែរទីប្រជុំកោះសេនកាគុយ។ កាលណោះ កងល្បាតជប៉ុនបានស្ទាក់ចាប់នាវានេះ ជាហេតុបានធ្វើឲ្យថ្នាក់ដឹកនាំចិនខឹងសម្បាជាខ្លាំង។
សំណុំរឿងទីបី ដែលកំពុងបន្តធ្វើឲ្យល្អក់កករទំនាក់ទំនងរវាងចិននិងជប៉ុន គឺបញ្ហាតៃវ៉ាន់។ តាំងពីឆ្នាំ២០០១មក ឆ្នាំដែលGeorge Bushកូនឡើងធ្វើជាប្រធានាធិបតីអាមេរិក ជប៉ុនបានបណ្តោយខ្លួនឲ្យអាមេរិកទាញចូលបន្តិចម្តងៗក្នុងអធិករណ៍ កោះតៃវ៉ាន់។ វិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង តាំងពីឆ្នាំ២០០២មកនិងក្រោយមកទៀតសង្គ្រាមអាមេរិកនៅអ៊ីរ៉ាក់នៅ ឆ្នាំ២០០៣ បានជម្រុញឲ្យប្រទេសជប៉ុនពង្រឹងសម្ពន្ធភាពជាមួយអាមេរិក។ ម្យ៉ាងវិញទៀតGeorge Bush បានចេញមុខការពារតៃវ៉ាន់ ក្នុងករណីណាដែលចិនហ៊ានប្រើកម្លាំងទ័ពវាយយកកោះនេះ។ ការពារ តៃវ៉ាន់បើសិនជាមានការវាយប្រហារពីសំណាក់ចិន គឺនៅតែជានយោបាយរបស់សហរដ្ឋអាមេរិកមកទល់សព្វថ្ងៃ ពីព្រោះអាមេរិកចង់ឃើញចិនកុម្មុយនិស្តនិងចិនតៃវ៉ាន់បង្រួបបង្រួម គ្នាតាមផ្លូវចរចា ជាជាងតាមមធ្យោបាយសឹក។
ម៉្លោះហើយ ថ្នាក់ដឹកនាំចិនជឿជាក់ថា ក្នុងនាមជាសម្ពន្ធមិត្តចាក់ទឹកមិនលិចរបស់អាមេរិក ជប៉ុននឹងច្បាស់ជាចូលរួមក្នុងប្រតិបត្តិការយោធា ដើម្បីការពារតៃវ៉ាន់ដែរ បើសិនជាសង្គ្រាមផ្ទុះឡើងនៅថ្ងៃណាមួយមែននោះ។ ត្រង់ចំណុចនេះ ថ្នាក់ដឹកនាំចិនប្រហែលជាមិនភាន់ច្រឡំទេ ពីព្រោះនៅឆ្នាំ២០០៥ ជប៉ុននិងអាមេរិកបានប្រកាសរួមគ្នាជាសំឡេងតែមួយថា «ដៃសមុទ្រហ្វូ័រម៉ូស(Formose) ជាតំបន់យុទ្ធសាស្ត្ររួមរបស់សហរដ្ឋអាមេរិកនិងរបស់ប្រទេសជប៉ុន»៕
ចិន និងជប៉ុន ៖ ភ្នំមួយខ្លាពីរ
កែប្រែសព្វថ្ងៃនេះ នៅក្នុងទ្វីបអាស៊ី ចិននិងជប៉ុនប្រៀបដូចជាភ្នំមួយខ្លាពីរអ៊ីចឹង។
ភ្នំមួយខ្លាពីរ នេះហើយជារូបភាពដែលស្តែងចេញពីវត្តមានរបស់ប្រទេសចិននិងរបស់ ប្រទេសជប៉ុន នៅក្នុងទ្វីបអាស៊ីសព្វថ្ងៃ បានន័យថា ប្រទេសទាំងពីរចៀសមិនរួចពីមើលមុខគ្នាមិនចំ ប្រឈមមុខដាក់គ្នា និងប្រជែងឥទ្ធិពលគ្នា ។ ពីព្រោះចិននិងជប៉ុន ថ្វីដ្បិតជាអាស៊ីដូចគ្នាមែនពិត តែជាគំរូពីរផ្ទុយខុសគ្នាស្រឡះ។ ជប៉ុនមានរូបភាពជាមហាអំណាចត្រជាក់ មិនធ្វើឲ្យគេភ័យ រីឯចិនវិញជាមហាអំណាចក្តៅ ជាប្រភពនៃក្តីព្រួយបារម្ភ។ ជប៉ុនជាប្រទេសទំនើបមិនចាញ់បស្ចិមលោក។
ជប៉ុនជាប្រទេសទាន់សម័យ តាំងពីចុងសតវត្សរ៍ទី១៩ម្ល៉េះ ហើយរហូតមកទល់ដើមទសវត្សរ៍ទី៣០ ជប៉ុនជាគំរូសេដ្ឋកិច្ច មនោគមវិជ្ជានិងនយោបាយ សម្រាប់បណ្តាបញ្ញវន្តអាស៊ីមួយចំនួនធំ។ ក្រោយមកទៀត ជប៉ុនបានបាត់បង់តួនាទីជាប្រទេសគំរូនាំមុខគេនៅអាស៊ី ដោយហេតុតែខ្លួនជាអ្នកនាំអាទិ៍បង្កសង្គ្រាមលោកលើកទីពីរ។ ក៏ប៉ុន្តែ ចាប់ពីទសវត្សរ៍ទី៥០ទៅ ជប៉ុនមានកិត្យានុភាពនិងស្គាល់ភាពរុងរឿងឡើងវិញ រហូតដល់ក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចទីមួយនៅអាស៊ី និងជាប្រទេសប្រជាធិបតេយ្យគំរូមួយដ៏ល្អសម្រាប់ប្រទេសអាស៊ីដទៃ។
រីឯចិនវិញ ជាប្រទេសដែលមានអារ្យធម៌រុងរឿង និងប្រវត្តិសាស្ត្រយូរលង់ ស្មើនឹងអារ្យធម៌ក្រិក(Grèce) ឬអារ្យធម៌រ៉ូម(Rome) នៅអឺរ៉ុប កាលពីជំនាន់ដើមដែរ តែបានបាត់បង់កេរ្តិ៍ឈ្មោះ នៅពេលដែលរបបកុម្មុយនិស្តឆ្នាំ១៩៤៩ បានជាន់ឈ្លីខ្ទេចខ្ទីគ្មានសល់អតីតកាលដ៏ត្រចះត្រចង់នេះ។ ចិនទើបតែមានឈ្មោះល្បីល្បាញឡើងវិញ ជាមហាអំណាច នៅអាស៊ីនារយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ដោយសារតែសន្ទុះសេដ្ឋកិច្ចដ៏ខ្លាំងក្លានៃប្រទេសខ្លួន។
ម្ល៉ោះហើយបើនិយាយជាសាមញ្ញ សព្វថ្ងៃចិននិងជប៉ុនដណ្តើមគ្នាធ្វើស្តេចនៅអាស៊ី ដោយប្រើមធ្យោបាយ យុទ្ធសាស្រ្ត និងនយោបាយ ខុសគ្នា។ ជប៉ុនអះអាងប្រាប់អាស៊ីថា ខ្លួនជាប្រទេសប្រជាធិបតេយ្យ។ រីឯចិនវិញ ចៀសវាងមិននិយាយពីនយោបាយ លើកតម្កើងគោលការណ៍មិនជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងនៃប្រទេសផ្សេង ឲ្យអាទិភាពទៅលើតែសេដ្ឋកិច្ច។ នៅចំពោះមុខបណ្តាប្រទេសដែលខ្លួនជួយ ជប៉ុនឲ្យតម្លៃទៅលើគម្រោងការអភិវឌ្ឍន៍យឺនយូរ មីក្រូគំរោងការ សង្គមស៊ីវិល និងអភិបាលកិច្ចល្អ។ រីឯចិនវិញអនុវត្តនយោបាយជំនួយគ្មានលក្ខខណ្ឌ ដូចជានៅភូមា ឬនៅកម្ពុជាជាដើម។
ការដណ្តើមឥទ្ធិពលគ្នារវាងចិននិងជប៉ុននៅអាស៊ី ស្តែងឡើងជាពិសេស តាមរយៈអភិក្រមនៃសមាហរ័ណកម្មតំបន់។ ថ្នាក់ដឹកនាំចិនចង់បានសមាហរ័ណកម្មមួយ ដែលប្រមូលយកតែបណ្តាប្រទេសអាស៊ីសុទ្ធសាធមកដាក់ជុំវិញប្រទេសខ្លួន ដោយមិនឲ្យមានការចូលរួមឬការជ្រៀតជ្រែកពីសំណាក់មហាអំណាចណាដែល មិនមែនជាអាស៊ី ដូចយ៉ាងសហរដ្ឋអាមេរិក ជាដើម។ រីឯជប៉ុនវិញចង់បើកចំហលំហដែនដីអាស៊ីដល់ប្រទេសផ្សេង ដូចជាអូស្រ្តាលី នូវែលសេឡង់ និងអាមេរិក។ គោលដៅ គឺរក្សាតុល្យភាពនៅអាស៊ី កុំឲ្យចិនមានប្រៀបខ្លាំងពេក។ ត្រង់ចំណុចនេះ បណ្តាប្រទេសអាស៊ានភាគច្រើនយល់ឃើញដូចជប៉ុនដែរ មិនចង់ឲ្យអាស៊ីក្លាយជាប៉ូលមួយដែលឋិតនៅក្រោមឥទ្ធិពលផ្តាច់មុខ របស់ចិន។
ការប្រជែងឥទ្ធិពលគ្នារវាងចិននិងជប៉ុនប្រព្រឹត្តទៅជាពិសេសនៅ អាស៊ីអាគ្នេយ៍។ ជាក់ស្តែង នៅខែមករាឆ្នាំ១៩៩៧ ជាលើកទីមួយបង្អស់ នាយករដ្ឋមន្ត្រីជប៉ុនសម័យនោះ គឺ Ryutaro Hashimoto ស្នើអាស៊ានឲ្យបង្កើតជំនួបកំពូលមួយឆ្នាំម្តងរវាងអាស៊ាននិងជប៉ុន។ ប៉ុន្តែ កាលណោះអាស៊ានរារែក បារម្ភខ្លាចចិនអាក់អន់ចិត្ត។ នៅទីបំផុត អាស៊ានសម្រេចចិត្តអញ្ជើញជប៉ុន ចិន និង កូរ៉េខាងត្បូង មកចូលរួមជាលើកទីមួយបង្អស់ក្នុងជំនួបកំពូលរបស់គេ នៅខែធ្នូ ឆ្នាំ១៩៩៧ ។ គឺជាការផ្តើមចាប់បដិសន្ធិឡើងនៃអ្វី ដែលគេឲ្យឈ្មោះថា«អាស៊ាន+៣»។ អាស៊ាន+៣ ត្រូវបានបង្កើតឡើងជាផ្លូវការ មួយឆ្នាំក្រោយមក គឺនាឱកាសជំនួបកំពូលនៅហាណូយប្រទេសវៀតណាមក្នុងឆ្នាំ១៩៩៨ ពីព្រោះនៅឆ្នាំ១៩៩៨នោះ ប្រទេសអាស៊ីមួយចំនួនជួបនឹងការប្រែប្រួលនយោបាយ។ នៅឥណ្ឌូណេស៊ី របបផ្តាច់ការរបស់Suharto ដួលរលំ នៅម៉ាឡេស៊ី នាយករដ្ឋមន្ត្រីMahathir ដកឧបនាយករដ្ឋមន្រ្តីAnwar ដែលក្លាយជាគូប្រជែងចេញពីតំណែង នៅកូរ៉េខាងត្បូង Kim Dae Jung ជាប់ឆ្នោតជាប្រធានាធិបតី នៅជប៉ុនRyutaro Hashimoto ត្រូវបង្ខំចិត្តលាលែងពីតំណែងនាយករដ្ឋមន្រ្តី។ ការប្រែប្រួលនយោបាយទាំងអស់នេះ និងវិបត្តិហិរញ្ញវត្ថុអាស៊ី បានតម្រូវឲ្យបង្កើតឡើងយ៉ាងលឿនរហ័ស ជំនួបកំពូលអាស៊ានបូក+៣ នេះឡើង ដើម្បីជាឱកាសឲ្យថ្នាក់ដឹកនាំអាស៊ីផ្តោះប្តូរយោបល់ និងសាកល្បងរកដំណោះស្រាយ។
ការប្រជែងឥទ្ធិពលគ្នារវាងចិននិងជប៉ុនបានធ្លាយចេញហួសពីព្រំដែន នៃទ្វីបអាស៊ី ហើយចូលទៅដល់វេទិកានៃអង្គការសហប្រជាជាតិ។ ជប៉ុនទាមទារចង់បានដូចចិនដែរ អាសនៈអចិន្ត្រៃយ៍មួយ នៅក្នុងក្រុមប្រឹក្សាសន្តិសុខ ហើយសុំឲ្យលុបបំបាត់ចោលមាត្រាទី៥៣នៃធម្មនុញ្ញអង្គការ សហប្រជាជាតិ។ មាត្រាទី៥៣នេះ ចាត់ទុកជប៉ុននិងអាល្លឺម៉ង់ដែលជាអ្នកបានបង្កសង្រ្គាមលោកលើកទី ពីរថាជាប្រទេស«សត្រូវ»។ ក៏ប៉ុន្តែ ចិនដែលមានសិទ្ធិវេតូ មិនព្រមឲ្យលុបមាត្រានេះចោល។ ចិនអះអាងថា ជប៉ុនចង់សើរើប្រវត្តិសាស្រ្ត ចង់វិលទៅរកអតីតកាលយោធានិយមរបស់ខ្លួនវិញ។ ដូចគ្នាអ៊ីចឹងដែរ ចិនមិនព្រមឲ្យជប៉ុនក្លាយជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ។ នេះគឺមកពីចិនចង់រក្សាលក្ខន្តិកៈរបស់ខ្លួន ជាមហាអំណាចនយោបាយតែមួយគត់នៅអាស៊ី៕
ចិន និងជប៉ុន៖ ទំនាក់ទំនងសេដ្ឋកិច្ចល្អលើសពេលណាៗទាំងអស់
កែប្រែទោះជាមិនត្រូវគ្នាក៏ដោយ ទោះជាភាពតានតឹងចេះតែកើតឡើងមិនស្វាងរវាងគ្នាក៏ដោយ ក៏ចិននិងជប៉ុនកំពុងក្លាយទៅជាដៃគូដ៏សែនសំខាន់ នៅលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។
ប៉ុន្មានឆ្នាំចុងក្រោយនេះ គេនាំគ្នាឆ្ងល់ ឆ្ងល់ថាហេតុអ្វីបានជាចិននិងជប៉ុនដែលនៅលើវិស័យសេដ្ឋកិច្ចនិង ពាណិជ្ជកម្មត្រូវការគ្នាទៅវិញទៅមកកាន់តែខ្លាំង នៅតែមិនត្រូវគ្នា ធ្វើឲ្យភាពតានតឹងរវាងប្រទេសទាំងពីរកើតឡើងជាញឹកញយ។
តាំងពីឆ្នាំ២០០២មកម្ល៉េះ ចិនជាប្រទេសដែលទិញផលិតផលជប៉ុនច្រើនជាងគេ។ នៅឆ្នាំ២០០៩ ផលិតផលជប៉ុនតំណាងរហូតដល់ទៅ២២ភាគរយនៃផលិតផលបរទេសទាំងស្រុង ដែលចិននាំចូលមកក្នុងប្រទេសខ្លួន។ ទន្ទឹមនេះ នៅឆ្នាំ២០០៩ដដែលនោះ ចិនក្លាយជាដៃគូពាណិជ្ជកម្មទីមួយរបស់ជប៉ុន សំខាន់ជាងសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបទៅទៀត ដោយបានលក់ទៅឲ្យប្រទេសជប៉ុន១៩ភាគរយនៃទំនិញទាំងស្រុង ដែលខ្លួននាំចេញទៅបរទេស។
ប្រទេសចិនជាទីដែលសម្បូណ៌ទៅដោយរោងចក្រជប៉ុន ដែលក្រោយពីបានបង្កើតផលិតផលហើយ នាំទំនិញទាំងនោះយកទៅលក់នៅប្រទេសជប៉ុនវិញ។ ម្ល៉ោះហើយ បានជាថ្នាក់ដឹកនាំជប៉ុនតែងតែអះអាងថាជប៉ុនជាដង្ហើមនៃកំណើន សេដ្ឋកិច្ចចិន។ រីឯនៅខាងថ្នាក់ដឹកនាំចិនវិញ គេនិយាយផ្សេង គេថាចិនជាមហាទីផ្សារមួយសំរាប់ផលិតផលជប៉ុន ដូច្នេះគឺចិនទៅវិញទេដែលជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចជប៉ុន។
ម្ល៉ោះហើយ ជាការពិតណាស់ដែលថា ចិននិងជប៉ុនត្រូវការគ្នាកាន់តែខ្លាំង នៅលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ ក៏ប៉ុន្តែ សេដ្ឋកិច្ចក៏ជាប្រភពមួយធំនៃភាពតានតឹងរវាងប្រទេសទាំងពីរដែរ។ ថ្នាក់ដឹកនាំចិនចូលចិត្តនិយាយថាប្រទេសខ្លួន ជាសេដ្ឋកិច្ចមួយនៅក្មេងនិងប្រកបទៅដោយថាមពល ខុសផ្ទុយពីជប៉ុនដែលជាសេដ្ឋកិច្ចមួយចាស់ជរាកំពុងទន់ខ្សោយទៅវិញ បន្តិចម្តងៗ។ ការនិយាយឃោសនាបែបនេះ មានមូលហេតុជាក់ច្បាស់ ពីព្រោះនៅឆ្នាំ២០០៥ ចិនបានក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចទីបួន នៅឆ្នាំ២០០៧ ចិនបានក្លាយជាមហាអំណាចសេដ្ឋកិច្ចទីបីដែលដេញប្រកៀកជាប់ពីក្រោយ ជប៉ុន មុននឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចទីពីរ ដោយបានវ៉ាឈ្នះជប៉ុននៅឆ្នាំ២០១០។
មែនទែនទៅ សេដ្ឋកិច្ចចិនវ៉ាឈ្នះសេដ្ឋកិច្ចជប៉ុន ឆាប់ជាងការប្រមើលឃើញពីព្រោះកាល ពីជិត១០ឆ្នាំមុននេះ ពួកសេដ្ឋវិទូមួយចំនួនបាននាំគ្នាអះអាងថា គេនឹងត្រូវចាំដល់ឆ្នាំ ២០១៥ ឯណោះ ទើបអាចឃើញផលិតផលដុលក្នុងស្រុករបស់ចិនកើនស្មើផលិតផលដុលក្នុង ស្រុករបស់ជប៉ុន។
តាមពិតទៅ ស្ថានភាពប្រែប្រួលលឿនជាងការគ្រោងទុកនេះ ជាផលវិបាកដែលហូរចេញពីវិបត្តិសេដ្ឋកិច្ចសកលដែលបានកើតឡើងនៅចុង ឆ្នាំ២០០៨។ វិបត្តិសេដ្ឋកិច្ចសកលបានកាត់បន្ថយមិនតិចទេ សន្ទុះសេដ្ឋកិច្ចរបស់បណ្តាប្រទេសឧស្សាហកម្មជឿនលឿន ដូចជាសហរដ្ឋអាមេរិក អឺរ៉ុបនិងជប៉ុនជាដើម។ ទន្ទឹមនេះ វិបត្តិសេដ្ឋកិច្ចសកលមិនបានប៉ះពាល់ខ្លាំងឡើយដល់សេដ្ឋកិច្ចរបស់ ប្រទេសចិន ដោយសារតែថ្នាក់ដឹកនាំចិនបានសម្រេចចាត់វិធានការទាន់ពេលវេលានិង ដោយមិនសំច័យលុយឡើយ ដើម្បីសង្គ្រោះសេដ្ឋកិច្ចជាតិ។
យ៉ាងណាមិញ នៅម្ខាងអាជ្ញាធរចិនពិតជាមានមោទនភាព ដោយសេដ្ឋកិច្ចនៃប្រទេសខ្លួនបានវ៉ាឈ្នះសេដ្ឋកិច្ចរបស់ប្រទេស ជប៉ុន។ ក៏ប៉ុន្តែ នៅម្ខាងទៀត ទីក្រុងប៉េកាំងក៏ត្រូវចេះបន្តដាក់ខ្លួនតទៅទៀតដែរ ដោយហេតុតែប្រទេសចិនជាប្រទេសដែលកំពុងអភិវឌ្ឍនៅឡើយ បានន័យថា គុណភាពនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ នៅមានលក្ខណៈអន់ខ្សោយ បើប្រៀបធៀបទៅនឹងគុណភាពនៃកំណើនសេដ្ឋកិច្ចរបស់ជប៉ុន។ សូមជម្រាបថា ផលិតផលដុលក្នុងស្រុករបស់ប្រជាជនចិនម្នាក់ៗ មានប្រមាណតែ៣ ៦00 ដុល្លារតែប៉ុណ្ណោះ ទល់នឹង៣ ៧៨០០ ដុល្លារ សម្រាប់ប្រជាជនជប៉ុនម្នាក់ៗ។
ម្ល៉ោះហើយ បានជានៅពេលនេះ សេដ្ឋកិច្ចចិនកាន់តែទៅមុខនិងទៅលឿន បើប្រៀបធៀបទៅនឹងសេដ្ឋកិច្ចធំៗដទៃទៀត។ គឺនៅក្នុងបរិបទនេះហើយ ដែលនៅចុងឆ្នាំ២០០៩ ចិនបានវ៉ាឈ្នះប្រទេសអាល្លឺម៉ង់ ដោយបានក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ខាងនាំទំនិញទៅក្រៅប្រទេស។ គឺនៅក្នុងបរិបទដូចគ្នានេះហើយដែរ ដែលចិនបានវ៉ាឈ្នះប្រទេសជប៉ុន ៥ឆ្នាំមុនការគ្រោងទុកដោយបានក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ច ពិភពលោកទី២ក្នុងឆ្នាំ២០១០។
ក្រុមអ្នកវិភាគជាតិនិយមចិនខ្លះចាប់ផ្តើមដំឡើងសំឡេងអះអាងថាចិន មិនត្រូវនៅបន្តធ្វើជាប្រទេសរោងចក្របង្កើតផលិតផលកំប៉ិកកំប៉ុកឲ្យ ជប៉ុនអ៊ីចឹងតទៅទៀតទេ ពីព្រោះធ្វើបែបនេះ វាខូចកិត្តិយសជាតិ។ ក្រុមអ្នកវិភាគជាតិនិយមចិនដដែលនេះ ថែមទាំងនិយាយទៀតផងថា បើសិនជាសព្វថ្ងៃ សេដ្ឋកិច្ចជប៉ុននៅគ្រាន់បើ ក៏ដោយសារតែជប៉ុនបានកាន់កាប់ប្រទេសចិនច្រើនឆ្នាំ និងបានរឹបអូសយកទ្រព្យសម្បត្តិចិនមិនតិចទេ។ នៅក្នុងន័យនេះ របាយការណ៍មួយរបស់បណ្ឌិតសភាផ្នែកសង្គមសាស្ត្រនៅទីក្រុងប៉េកាំងបាន គូសបញ្ជាក់ប៉ុន្មានឆ្នាំមុននេះថា ពីព្រោះតែសង្គ្រាមជាមួយជប៉ុននិងការកាន់កាប់ប្រទេសចិនដោយកងទ័ព ជប៉ុន ចិនបានបាត់បង់មនុស្ស៥០លាននាក់ និងបានខាតបង់ប្រាក់អស់រាប់រយលានដុល្លារ។
ដោយឡែក ខ្លាំងឡើងៗ ចិននិងជប៉ុនប្រឈមមុខដាក់គ្នា នៅក្នុងការស្វែងរកធនធានថាមពល ដើម្បីយកមកបំប៉នម៉ាស៊ីនសេដ្ឋកិច្ចនៃប្រទេសគេរៀងៗខ្លួន។ គឺនៅក្នុងបរិបទនេះហើយ ដែលគេអាចស្វែងយល់បាននូវមូលហេតុនៃវិវាទជុំវិញទីប្រជុំកោះ Spratly និងParacel នៅប៉ែកខាងត្បូងនៃសមុទ្រចិន។ ប្រទេសចំនួនប្រាំបី គឺចិន ជប៉ុន តៃវ៉ាន់ វៀតណាម ហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ដណ្តើមគ្នាចង់បានកូនកោះទាំងអស់នេះដែលសម្បូណ៌ទៅដោយប្រេងកាតនិង ឧស្ម័នធម្មជាតិ។
ដូចគ្នាអ៊ីចឹងដែរ ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិននិងជប៉ុនទាស់ទែងគ្នាកាន់តែខ្លាំងជុំវិញព្រំដែនសមុទ្រម្តុំ កោះMiyako ដែលប្រហែលជាមានផ្ទុកទៅដោយឧស្ម័នធម្មជាតិ។ មូលហេតុគឺមកពីចិនបានចូលមកជីករកឧស្ម័ននៅជិតកោះMiyako នេះ នៅត្រង់កន្លែងមួយដែលឋិតនៅក្រៅព្រំដែនទឹកផ្តាច់មុខរបស់ខ្លួន។ ឃើញដូច្នេះ រដ្ឋាភិបាលជប៉ុនក៏បានអនុញ្ញាតនៅខែមេសាឆ្នាំ២០០៥ ឲ្យក្រុមហ៊ុនជប៉ុនមួយចូលទៅជីករកឧស្ម័ននៅទីនោះដែរ។ តាំងពីពេលនោះមក ការដណ្តើមគ្នារុករកឧស្ម័ននៅម្តុំកោះMiyako នៅតែជារឿងរ៉ាវមួយដែលទីក្រុងប៉េកាំង និងទីក្រុងតូក្យូដោះស្រាយមិនទាន់រួចនៅឡើយ៕
ទស្សនវិស័យនៃទំនាក់ទំនងរវាងចិន និងជប៉ុន
កែប្រែទោះបីជាត្រូវការគ្នាកាន់តែខ្លាំង នៅលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មក៏ដោយ ក៏ចិននិងជប៉ុនមិនអាចត្រូវគ្នាបានទេ នៅពេលបច្ចុប្បន្ននិងនៅអនាគតកាល។
«ភ្នំមួយមិនអាចមានខ្លាពីរបានទេ»។ ពាក្យមួយឃ្លានេះបំភ្លឺស្ថានភាពនៃទំនាក់ទំនងដ៏តានតឹងរវាងចិននិង ជប៉ុន នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចំពោះថ្នាក់ដឹកនាំចិន គេមិនត្រូវបំភ្លេចអនុស្សាវរីយ៍ដ៏ល្វីងជូរចត់នៃអតីតកាលបានឡើយ អនុស្សាវរីយ៍នៃសម័យមួយដែលកងទ័ពជប៉ុនបានចូលឈ្លានពានប្រទេសចិន កាន់កាប់ប្រទេសចិន និងកាប់សម្លាប់ប្រជាជនចិន។ ម៉្លោះហើយបានជាថ្នាក់ដឹកនាំចិន មិនព្រមឲ្យជប៉ុនសើរើប្រវត្តិសាស្រ្ត លុបបំបាត់អំពើសាហាវយង់ឃ្នងដែលខ្លួនបានប្រព្រឹត្តនៅក្នុងអតីតកាល មិនព្រមឲ្យប្រមុខរដ្ឋាភិបាលជប៉ុនទៅធ្វើគារវកិច្ចគោរព វិញ្ញាណក្ខន្ធទាហានជប៉ុន នៅវិហារយ៉ាស៊ុយគុយនី(Yasukuni)។
ប៉ុន្តែ អតីតកាលតែមួយមុខមិនគ្រប់គ្រាន់ទេ ដើម្បីពន្យល់បំភ្លឺការមើលមុខគ្នាមិនចំ ការប្រឈមមុខដាក់គ្នា និងការមិនត្រូវគ្នារវាងចិននិងជប៉ុនសព្វថ្ងៃ។ តាមពិតទៅ ប្រភពនៃភាពតានតឹងខ្លាំងនេះរវាងមហាយក្សអាស៊ីទាំងពីរ ទាក់ទងនឹងបច្ចុប្បនកាលនិងអនាគតកាលជាងអតីតកាល។ ថ្នាក់ដឹកនាំចិនចិញ្ចឹមមនោសញ្ចេតនាជាតិនិយមរបស់ប្រជាជនដែលស្អប់ ជប៉ុនស្រាប់ ឲ្យប្រយ័ត្នកុំទុកចិត្តប្រទេសសត្រូវសួពូជមួយនេះឲ្យសោះ។ នៅក្នុងន័យនេះ ទីក្រុងប៉េកាំងតែងតែបញ្ជាក់ហើយបញ្ជាក់ទៀតថា ទីប្រជុំកោះសេនកាគុយ(Senkaku) ជាទឹកដីចិនដែលជប៉ុនបានឈ្លានពានយកនៅឆ្នាំ១៨៩៥ និងថា ត្រូវតែទាមទារយកវាមកវិញ។
តាមរយៈការចិញ្ចឹមមនោសញ្ចេតនាជាតិនិយមបែបនេះរបស់ប្រជាជនខ្លួន ថ្នាក់ដឹកនាំចិនសង្ឃឹមថា អាចបង្វែរកំហឹងរបស់មហាជនដែលអន់ចិត្តដោយហេតុតែវិបត្តិសង្គម និងកង្វះសេរីភាពនយោបាយនៅក្នុងប្រទេស ឲ្យផ្តោតទៅលើសត្រូវជប៉ុន ជាជាងទៅលើរដ្ឋាភិបាលនៅទីក្រុងប៉េកាំង។ ម្យ៉ាងវិញទៀត ថ្នាក់ដឹកនាំចិនមិនព្រមឲ្យជប៉ុនដែលជាបច្ចុប្បន្នមហាអំណាច សេដ្ឋកិច្ចក្លាយទៅជាមហាអំណាចនយោបាយនិងយោធា នាអនាគតកាល។
មែនទែនទៅ ជប៉ុនពិតជាមានមហិច្ឆតាចង់ក្លាយទៅជាមហាអំណាចនយោបាយនិងយោធា ទោះបីជាផ្លូវការ មិនទាន់មានអ្នកដឹកនាំជាន់ខ្ពស់ណាម្នាក់នៅតូក្យូធ្លាប់បាន និយាយពីរឿងនេះក្តី។ ជប៉ុនមិនអាចបណ្តោយឲ្យចិនដែលជាសត្រូវរបស់ខ្លួនមានអំណាច ខ្លាំងក្លា និងឥទ្ធិពលផ្តាច់មុខតែឯកឯងនៅអាស៊ីបានទេ។ គឺនៅក្នុងបរិបទនេះហើយ ដែលជប៉ុនទាមទារចង់បានអាសនៈអចិន្រ្តៃយ៍មួយ នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ចំពោះថ្នាក់ដឹកនាំជប៉ុន ការបង្កើនអំណាចនយោបាយនិងយោធារបស់ប្រទេសខ្លួន ជាកត្តា មួយចាំបាច់ ពីព្រោះវាឆ្លើយតបទៅនឹងបុព្វហេតុសន្តិសុខជាតិ។
តាំងពីចុងឆ្នាំ២០០៦មក នាយករដ្ឋមន្ត្រីជប៉ុនជាបន្តបន្ទាប់បានផ្តើមខ្នះខ្នែងធ្វើឲ្យ ទំនាក់ទំនងរវាងចិននិងជប៉ុនវិលមករកភាពធូរស្រាលវិញ ដោយមិនទៅវិហារយ៉ាស៊ុយគុយនី ដូចលោកអតីតប្រមុខរដ្ឋាភិបាលKoizumi ទេ។ មិនតែប៉ុណ្ណោះ នាយករដ្ឋមន្ត្រីជប៉ុនទាំងនេះបានប្រឹងប្រែងបង្ហាញថា ជប៉ុនក៏ចេះដកខ្លួនឃ្លាតចេញពីសហរដ្ឋអាមេរិកបន្តិចដែរ។
យ៉ាងណាមិញ ភាពតានតឹងនៅតែបន្តកើតឡើងជាញឹកញយដូចពេលមុនៗដដែល។ ជាក់ស្តែង នៅខែកញ្ញាឆ្នាំ២០១០ ទូកនេសាទមួយរបស់ចិនដែលមានដឹកមនុស្ស១៥នាក់បានប៉ះទង្គិចជាមួយ នាវាល្បាតរបស់ជប៉ុន នៅត្រង់ទីប្រជុំកោះសេនកាគុយ ហើយកងល្បាតជប៉ុនក៏បានស្ទាក់ចាប់នាវានេះ ជាហេតុបានធ្វើឲ្យចិននិងជប៉ុនតឹងសរសៃកដាក់គ្នាអស់ជាច្រើន ថ្ងៃ។
មិនតែប៉ុណ្ណោះ ភាពតានតឹងរវាងចិននិងជប៉ុននឹងច្បាស់ជាបន្តកើតឡើងតទៅទៀត នាពេលខាងមុខ ពីព្រោះដូចដែលបានលើកឡើងរួចហើយថា ចិននិងជប៉ុនដណ្តើមឥទ្ធិពលគ្នានៅអាស៊ី សឹងថាដូចសហរដ្ឋអាមេរិកនិងសហភាពសូវៀតបានប្រកួតប្រជែងគ្នា នៅអឺរ៉ុបកាលសម័យសង្គ្រាមត្រជាក់អ៊ីចឹង។ នៅក្នុងន័យនេះ ចិននិងជប៉ុននឹងច្បាស់ជាបន្តល្បែងសម្ពន្ធភាពយុទ្ធសាស្រ្តតទៅទៀត។ ចិននឹងបន្តខ្ទប់មិនឲ្យមហាអំណាចដែលមិនមែនអាស៊ីចូលមកលូកដៃក្នុង ដែនដីអាស៊ីបាន។ រីឯជប៉ុនវិញ នឹងបន្តអូសទាញអាមេរិក អូស្រ្តាលី ឬក៏នូវ៉ែលសេឡង់ចូលមកក្នុងទ្វីបអាស៊ី ដើម្បីសាកល្បងកាត់បន្ថយឥទ្ធិពលរបស់ចិន។
ក៏មានដែរ ល្បែងសម្ពន្ធភាពយុទ្ធសាស្ត្រជាមួយប្រទេសអាស៊ីដែលមានទម្ងន់។ ឧទាហរណ៍ជាក់ស្តែង ថ្វីដ្បិតតែខ្លួននៅតែមិនទាន់បោះបង់ចោលប៉ាគីស្ថាន និងថ្វីដ្បិតតែខ្លួននៅបន្តគាំទ្រភូមាដែលសុទ្ធសឹងជាកូនអុក សម្រាប់ទប់ទល់នឹងឥណ្ឌា ថ្នាក់ដឹកនាំចិនបានចាប់ផ្តើមចែចូវថ្នាក់ដឹកនាំឥណ្ឌា ពីព្រោះប៉ុន្មានឆ្នាំចុងក្រោយនេះ ជប៉ុនក៏ដូចសហរដ្ឋអាមេរិកបានពង្រឹងទំនាក់ទំនងជាមួយមហាយក្សអាស៊ីខាង ត្បូងមួយនេះ ដើម្បីសាកល្បងឡោមព័ទ្ធប្រទេសចិន។
ទោះបីជាទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលកាន់តែស្អិតល្មួត ឡើង កំពុងធ្វើឲ្យចិន និងជប៉ុនកាន់តែត្រូវការគ្នាទៅវិញទៅមកក៏ដោយ ក៏ភាពតានតឹងរវាងប្រទេសទាំងពីរមិនអាចធូរស្រាលយូរលង់បានទេ។
ថ្នាក់ដឹកនាំចិនបន្តយុទ្ធសាស្ត្របង្កឲ្យមានភាពតានតឹង គាបសង្កត់ឲ្យជប៉ុនជ្រើសយកអាស៊ី ឬបស្ចិមលោក។ រីឯនៅខាងជប៉ុនវិញ ថ្នាក់ដឹកនាំនឹងបន្តជំរុញតាមមធ្យោបាយដែលអាចធ្វើទៅបាន ឲ្យចិនធ្វើកំណែទម្រង់នយោបាយ ឲ្យចិនជ្រើសរើសយកលទ្ធិប្រជាធិបតេយ្យ។ ពីព្រោះចង់ឬមិនចង់ ទំនាក់ទំនងរវាងចិននិងជប៉ុនអាចនឹងស្គាល់ប្រក្រតីភាពទៅបាន លុះត្រាតែចិនក្លាយជាប្រទេសប្រជាធិបតេយ្យ។ នេះហើយជាលក្ខខណ្ឌតែមួយគត់ដែលអាចធ្វើឲ្យជប៉ុនទុកចិត្តចិនបាន។
ឯកសារយោង
កែប្រែដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
- http://www.khmer.rfi.fr/Geopolitic%20%3A%20China%20and%20Japan[តំណភ្ជាប់ខូច]
- http://www.khmer.rfi.fr/G%C3%A9opolitic%20%3A%20China%20and%20Japan%202[តំណភ្ជាប់ខូច]
- http://www.khmer.rfi.fr/Geopolitic%20China%20and%20Japan%20210311[តំណភ្ជាប់ខូច]
- http://www.khmer.rfi.fr/Geopolitic%20%3A%20China%20and%20Japan%2011 Archived 2011-07-19 at the វេយប៊ែខ ម៉ាស៊ីន.