ភូមិសាស្ត្រនយោបាយជប៉ុន
ភូមិសាស្ត្រនយោបាយជប៉ុន
កែប្រែជប៉ុនឲ្យតម្លៃខ្លាំងឡើងៗដល់តួនាទីរបស់ខ្លួននៅអាស៊ី
កែប្រែជិត២០ឆ្នាំកន្លងមកហើយ ដែលជប៉ុនចង់ក្លាយជាមហាអំណាចពិតប្រាកដមួយ ឬយ៉ាងហោចណាស់ ជាប្រទេសប្រកបដោយទឹកមាត់ប្រៃ នៅលើឆាកតំបន់ និងនៅលើឆាកអន្តរជាតិ។ នៅក្នុងន័យនេះ ជប៉ុនបាននិងកំពុងបន្តទាមទារអាសនៈអចិន្ត្រៃយ៍មួយ នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយផ្អែកទៅលើទឡ្ហីករណ៍ចំនួនពីរ។ ទីមួយ ជប៉ុនថា ខ្លួនជាប្រទេសលំដាប់ទីពីរក្នុងលោក បន្ទាប់ពីសហរដ្ឋអាមេរិក ដែលផ្តល់ប្រាក់វិភាគទានច្រើនជាងគេទៅឲ្យអង្គការសហប្រជាជាតិ។ ទីពីរ ជប៉ុនពន្យល់ថា ពិភពលោកបច្ចុប្បន្នមិនដូចពីមុនទេ មិនដូចសម័យក្រោយសង្គ្រាមលោកលើកទី២ឯណា។ កាលពីមុនមានមហាអំណាចតែប្រាំទេ ឥឡូវមានមហាអំណាចជិតដប់ឯណោះ ដូច្នេះគេត្រូវបង្កើនជាបន្ថែម អាសនៈអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខ។
ដោយឡែក ប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកនយោបាយជប៉ុនខ្លះ លួចនឹកស្រមៃ ឬនិយាយយ៉ាងចំហ ចង់ឲ្យប្រទេសពួកគេក្លាយជាមហាអំណាចនុយក្លេអ៊ែរ។ ពួកគេអះអាងថា មានតែអាវុធនុយក្លេអ៊ែរទេ ដែលអាចធ្វើឲ្យមហាអំណាចសេដ្ឋកិច្ចជប៉ុន ក្លាយជាមហាអំណាចនយោបាយ និងយោធាបាន និងថា មានតែអាវុធនុយក្លេអ៊ែរទេដែលអាចរក្សាសន្តិសុខរបស់ជប៉ុនបាន។ ពីព្រោះ នៅជុំវិញប្រទេសជប៉ុន មានសុទ្ធតែមហាអំណាចនុយក្លេអ៊ែរ ដូចជាចិន និងរុស្ស៊ី និងប្រទេសដែលកំពុងលួចផលិតអាវុធនុយក្លេអ៊ែរ ដូចជាកូរ៉េខាងជើងជាដើម។
យ៉ាងណាមិញ ក្នុងរយៈកាលខ្លី និងក្នុងរយៈកាលមធ្យម ជប៉ុននឹងមិនអាចកា្លយជាមហាអំណាចនុយក្លេអ៊ែរបានទេ។ ម្យ៉ាង ពីព្រោះរដ្ឋធម្មនុញ្ញដែលកំពុងចូលជាធរមាន តាំងពីចប់សង្គ្រាមលោកទី២មក មិនទាំងអនុញ្ញាតឲ្យជប៉ុនបង្កើតទ័ពសម្រាប់ធ្វើសង្គ្រាមផង។ ម្យ៉ាងទៀត ពីព្រោះ សូម្បីតែសហរដ្ឋអាមេរិកដែលជាមិត្តដ៏ស្និទ្ធ និងដែលបារម្ភចំពោះការប្រណាំងប្រជែងសព្វាវុធនៅអាស៊ីបូព៌ា ក៏មិនព្រមឲ្យជប៉ុនផលិតអាវុធនុយក្លេអ៊ែរដែរ។ រីឯម្យ៉ាងចុងក្រោយ ពីព្រោះមានការជំទាស់ពីសំណាក់សង្គមជប៉ុនខ្លួនឯង។ ចូរកុំភ្លេចថា ជប៉ុនជាប្រទេសតែមួយគត់នៅក្នុងលោកដែលធ្លាប់ទទួលរងគ្រាប់បែក បរមាណូ។
ចង់ឬមិនចង់ ជប៉ុនបាននិងកំពុងបន្តបង្កើនសមត្ថភាពយោធារបស់ខ្លួន ហើយនេះជាទំនោរមួយដែលគ្មានអ្នកណាឬប្រទេសណាខ្ទប់បានទេ។ ជាក់ស្តែង កងកម្លាំងស្វ័យការពាររបស់ជប៉ុន កំពុងប្រែក្លាយបណ្តើរៗទៅជាកងទ័ពចម្បាំងហើយ។ កងកម្លាំងស្វ័យការពាររបស់ជប៉ុន ដែលមានគ្នាប្រមាណជាងពីរសែនបួនម៉ឺននាក់ បន្តមមាញឹកចេញទៅបំពេញបេសកកម្មនៅក្រៅប្រទេស។ គួរនិយាយទៀតថា ជប៉ុនមានផ្កាយរណបយោធា មានមីស្ស៊ីលប្រឆាំងមីស្ស៊ីលPatriots មាននាវាចម្បាំង Destroyers Kongo មាននាវាមុជទឹកជាង២០ប្លាយគ្រឿង កំពុងផលិតនាវាចម្បាំងដែលអាចផ្ទុកយន្តហោះបាន និងមានយន្តហោះប្រដាប់ទៅដោយRadars Awacs យន្តហោះចម្បាំងធុនធ្ងន់ចំនួន១៥គ្រឿង និងយន្តហោះប្រដេញទំនើបផុតលេខ ចំនួន៣០០គ្រឿង។ ចូរកុំភ្លេចដែរថា សព្វថ្ងៃថវិកាដែលជប៉ុនចាយសម្រាប់វិស័យយោធាកើនទៅដល់បួនម៉ឺនពីរ ពាន់លានដុល្លារ។
យ៉ាងណាមិញ កុំថាឡើយនៅលើឆាកអន្តរជាតិ សូម្បីតែនៅលើឆាកតំបន់អាស៊ី ក៏ជប៉ុនមានការពិបាកខ្លាំងដែរក្នុងការពង្រឹងនិងពង្រីកឥទ្ធិពល របស់ខ្លួន។ មូលហេតុគឺ តាំងពីចុងសតវត្សរ៍ទី១៩មក នយោបាយការបរទេសរបស់ជប៉ុនរេចុះរេឡើង ម្តងបែរចេញពីអាស៊ី និងម្តងបែរចូលមករកអាស៊ីវិញ។
ពីចុងសតវត្សរ៍ទី១៩ រហូតដល់ក្រោយសង្គ្រាមលោកលើកទី១ ជប៉ុនយកតម្រាប់តាមបស្ចិមប្រទេសធំៗ ដូចជាបារាំង អង់គ្លេស និងអាល្លឺម៉ង់ ដោយបានក្លាយជាប្រទេសអាណានិគមនិយមដែលឈ្លានពានយកប្រទេសជិតខាង ដូចជាកូរ៉េ និងចិនជាដើម។ តែក្រោយមក ជប៉ុនងាកចេញពីបស្ចិមលោកវិញ ពីព្រោះ ទោះជាឋិតនៅក្នុងក្រុមបណ្តាប្រទេសអ្នកឈ្នះសង្គ្រាមលោកលើកទី១ ដូចសហរដ្ឋអាមេរិក អង់គ្លេសនិងបារាំងក្តី ក៏ជប៉ុនត្រូវពួកបស្ចិមប្រទេសធំៗមាក់ងាយ។ អ៊ីចឹងហើយបានជា នៅក្នុងសម័យសង្គ្រាមលោកលើកទី២ ជប៉ុនចេញមុខប្រឆាំងសហរដ្ឋអាមេរិក និងបណ្តេញពួកបស្ចិមប្រទេសចេញពីទ្វីបអាស៊ី ដោយប្រកាសថា អាស៊ីជាកម្មសិទ្ធិរបស់ជាតិសាសន៍អាស៊ី។
នៅក្រោយសង្គ្រាមលោកលើកទី២ ជប៉ុនងាកចេញពីអាស៊ី ហើយបែរទៅរកបស្ចិមលោកជាថ្មីម្តងទៀត។ ម្យ៉ាងគឺមកអំពីអំពើសាហាវយង់ឃ្នងដែលកងទ័ពជប៉ុនបានប្រព្រឹត្ត នៅមុននិងនៅក្រោយសង្គ្រាមលោកលើកទី២ ធ្វើឲ្យបណ្តាប្រទេសអាស៊ីជាទូទៅមិនទុកចិត្តជប៉ុន និងមិនអនុញ្ញាតឲ្យជប៉ុនដើរតួនាទីសំខាន់ នៅក្នុងទ្វីបអាស៊ីបាន។ ម្យ៉ាងទៀតគឺមកអំពីតាំងពីឆ្នាំ១៩៤៥មក ជប៉ុនជាប្រទេសមួយដែលឋិតនៅក្រោមកិច្ចការពាររបស់សហរដ្ឋអាមេរិក។
គេត្រូវរង់ចាំរហូតដល់ទសវត្សរ៍ទី៧០ ទើបឃើញជប៉ុនបែរមកចាប់អារម្មណ៍បណ្តើរៗឡើងវិញ ទៅលើទ្វីបអាស៊ី ពីព្រោះកាលណោះ ឥណ្ឌូចិនបានធ្លាក់ទៅក្នុងកណ្តាប់ដៃពូកកុម្មុយនិស្ត ជាហេតុធ្វើឲ្យជប៉ុនបារម្ភ និងងាកមកបញ្ចុះបញ្ចូលបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដទៃឲ្យរួបរួមជាមួយ ជប៉ុន នៅចំពោះមុខការគំរាមកំហែងជាយថាហេតុពីសំណាក់ចិន និងឥណ្ឌូចិនកុម្មុយនិស្ត។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ជប៉ុនបាននិងកំពុងបន្តបែរចេញបណ្តើរៗពីបស្ចិមលោក ពិសេសពីសហរដ្ឋអាមេរិក និងងាកមកឲ្យតម្លៃទៅលើទ្វីបអាស៊ី។ នៅក្នុងន័យនេះ ជប៉ុនពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាស៊ាន ផ្តល់ជំនួយដល់ប្រទេសអាស៊ីមួយចំនួន រួមមានកម្ពុជាជាដើម។
យ៉ាងណាក៏ដោយ នាពេលដែលថ្នាក់ដឹកនាំទីក្រុងតូក្យូ មានមហិច្ឆតាកាន់តែធំ ក្នុងការដើរតួនាទីសំខាន់នៅក្នុងតំបន់និងនៅលើឆាកអន្តរជាតិ ស្រាប់តែមធ្យោបាយសេដ្ឋកិច្ចនៃប្រទេសខ្សត់ខ្សោយទៅជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ។
សេដ្ឋកិច្ចជប៉ុននៅទ្រឹងមួយកន្លែងជាង២០ឆ្នាំកន្លងមកហើយ។ ភាពទ្រឹងនៅមួយកន្លែងនេះមានលក្ខណៈកាន់តែធ្ងន់ធ្ងរ តាំងពីវិបត្តិសេដ្ឋកិច្ចសកលបានផ្តើមបោកកញ្ជ្រោក ទៅលើពិភពលោក កាលពីពីរឆ្នាំមុន។ ជាក់ស្តែង សេដ្ឋកិច្ចនៃប្រទេសអាស៊ីមួយនេះ បានដើរថយក្រោយពេញមួយឆ្នាំ២០០៨ ហើយទើបតែផ្តើមងើបក្បាលឡើងវិញនៅឆ្នាំ២០០៩-២០១០នេះតែប៉ុណ្ណោះ។
ជាការពិតណាស់ដែលថា បើប្រៀបទៅនឹងសេដ្ឋកិច្ចនៃបណ្តាប្រទេសប្រើបា្រស់ប្រាក់អឺរ៉ូ សេដ្ឋកិច្ចជប៉ុននៅមានថាមពលខ្លាំងជាង។ ក៏ប៉ុន្តែ បំណុលសាធារណៈរបស់រដ្ឋជប៉ុនធំណាស់ ច្រើនណាស់ ច្រើនលើសបំណុលរបស់បណ្តាប្រទេសអឺរ៉ុបទៅទៀត គឺស្មើនឹងផលិតផលដុលក្នុងស្រុកចំនួនពីរឆ្នាំ ពោលគឺប្រមាណមួយពាន់ម៉ឺនលានដុល្លារ។ មិនតែប៉ុណ្ណោះ ការអនុវត្តន៍ផែនការផ្តល់សន្ទុះសេដ្ឋកិច្ចបន្តបន្ទាប់គ្នា នារយៈពេលពីរឆ្នាំចុងក្រោយនេះ បានធ្វើឲ្យរដ្ឋជប៉ុនជំពាក់លុយកាន់តែច្រើន។
មែនទែនទៅ ពលរដ្ឋជប៉ុននិងរដ្ឋាភិបាលជប៉ុន មិនអាចមានទំនុកទុកចិត្តលើអនាគតបានទេ។ ម្យ៉ាង ចិនទើបតែបានវ៉ាឈ្នះជប៉ុន ដោយក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទីពីរ និងម្យ៉ាងទៀត ប្រជាជនជប៉ុនមានចំនួនកាន់តែតិចទៅៗ និងមានវ័យកាន់តែចាស់ទៅៗ។
គឺនៅក្នុងពេលមួយដែលប្រទេសធ្វើមុខក្រញូវអ៊ីចឹងហើយ ដែលលោកNaoto Kan បានឡើងមកកាន់កាប់តំណែងនាយករដ្ឋមន្ត្រី កាលពីបីខែមុន។ កាលណោះ លោកKan បានថ្លែងប្រាប់ប្រជាជាតិជាអាទិ៍ថា ប្រទេសជប៉ុនត្រូវឈប់ដេកយល់សប្ត ត្រូវហ៊ានបញ្ចប់នយោបាយចាស់គំរឹលហួសសម័យ និងត្រូវតែអនុវត្តយ៉ាងក្លាហាន នយោបាយថ្មីដែលមានមូលដ្ឋានប្រាកដនិយម។
ភាពប្រាកដនិយមនឹងច្បាស់ជាតម្រូវឲ្យលោកKan បង្កើនទម្ងន់ពន្ធដារ ដើម្បីប្រមូលលុយឲ្យបានច្រើនជាងមុនយកមកបញ្ចូលក្នុងហិបរដ្ឋ និងដើម្បីកាត់បន្ថយបំណុលសាធារណៈ។ លើសពីនេះទៅទៀត លោកនាយករដ្ឋមន្រ្តី ក៏ប្រហែលជាគ្មានជម្រើសអ្វី ក្រៅពីបន្តធ្វើអន្តរាគមន៍បញ្ចុះតម្លៃប្រាក់យ៉េនបន្តិចម្តងៗ ក្នុងគោលដៅធ្វើឲ្យផលិតផលជប៉ុនអាចប្រកួតប្រជែងនឹងផលិតផលរបស់ អឺរ៉ុប និងជាពិសេសផលិតផលរបស់ចិនក្នុងទីផ្សារអាស៊ី៕
ឯកសារយោង
កែប្រែដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ