ភូមិសាស្ត្រនយោបាយដើមបូព៌ា
ភូមិសាស្ត្រនយោបាយដើមបូព៌ា
កែប្រែអ៊ីស្រាអែលនិងប៉ាលេស្ទីន ៖ មូលហេតុនៃទំនាស់ស៊ីសាច់ហុតឈាមគ្នា
កែប្រែអធិករណ៍រវាងជនជាតិ ជ្វីហ្វ(Juif) នៅអ៊ីស្រាអែល និងជនជាតិប៉ាលេស្ទីន ជាទំនាស់ចាស់ជាងគេបង្អស់មួយ នៅក្នុងពិភពលោកយើងសព្វថ្ងៃ។ ឫសគល់នៃជម្លោះនេះ ចាក់ជ្រៅរហូតទៅដល់បីពាន់ឆ្នាំមុន កាលសម័យដែលជនជាតិ អេប្រឺ(Hébreux) ឬជ្វីហ្វ ក្នុងរជ្ជកាលស្តេច ដាវីត(David) និងសាឡូម៉ុង(Salomon) បានរស់នៅយ៉ាងសុខដុមរមនាក្នុងដែនដី ប៉ាលេស្ទីន។ ក៏ប៉ុន្តែក្រោយមក ដោយសារតែការចូលឈ្លានពានពីសំណាក់ពួក ពែរ្ស(Perse) រួចហើយពួក រ៉ូម៉ាំង(Romain) រាជាណាចក្រអ៊ីស្រាអែលបានវិនាសអន្តរាយ។
ពួកជនជាតិជ្វីហ្វវិញ បានបែកបាក់ខ្ចាត់ខ្ចាយ និងបាននិរទេសទៅរស់នៅគ្រប់ច្រកល្ហកក្នុងពិភពលោក ជាពិសេសនៅអឺរ៉ុប។ ក៏ប៉ុន្តែ ទោះជាបានព្រាត់គ្នា និងបានរស់នៅឆ្ងាយពីមាតុភូមិរាប់សិបរយឆ្នាំក្តី ក៏ពួកជ្វីហ្វរក្សាបានជាប់លាប់ ល្អ ត កូនតចៅ អត្តសញ្ញាណ វប្បធម៌ និងសាសនារបស់ពួកគេ ដោយសារតែច្បាប់សីលធម៌ដែលគេហៅថា តាលមូដ(Talmud)។
នៅសតវត្សរ៍ទី១៩ ទ្វីបអឺរ៉ុបទាំងមូល បានផ្តើមពើបប្រទះនឹងបាតុភាពពីរ។ ទីមួយ គឺការលេចឡើងយ៉ាងផុសផុលនៃចលនាជាតិនិយមជ្រុល និងទីពីរ គឺការស្អប់ខ្ពើមពួកជ្វីហ្វ ខ្លាំងឡើងៗ។ បាតុភាពប្រកបដោយគ្រោះថ្នាក់ទាំងពីរនេះ បានអង្រួនស្មារតីជនជាតិជ្វីហ្វក្នុងបណ្តាប្រទេសអឺរ៉ុប ឲ្យភ័យ ឲ្យភ្ញាក់ខ្លួន និងឲ្យផ្តើមមានមហិច្ឆតានយោបាយនិងទឹកដី។ និយាយបែបផ្សេង ពួកជ្វីហ្វបានផ្តើមមានគំនិតចង់វិលត្រឡប់ទៅរស់នៅក្នុងទឹកដី ដូនតារបស់ពួកគេវិញ ចង់វិលត្រឡប់ទៅកាន់ប៉ាលេស្ទីនវិញ។ គឺនៅក្នុងបរិបទបែបនេះហើយ ដែលនៅចុងសតវត្សរ៍ទី១៩ ជនជាតិជ្វីហ្វម្នាក់ឈ្មោះ Théodore Herzl បានបង្កើតចលនាមួយឡើង គឺចលនាស៊ីយ៉ូននិស្ត (Sioniste)។
ស៊ីយ៉ូន(Sion) ជាឈ្មោះនៃទួលមួយនៅទីក្រុងJérusalem ក្នុងដែនដីប៉ាលេស្ទីន។ ចលនាស៊ីយ៉ូនិស្តរបស់ Théodore Herzl មានគោលដៅមួយធំ នោះគឺប្រមូលផ្តុំជនជាតិជ្វីហ្វមកពីគ្រប់ទីកន្លែង រួចហើយកេណ្ឌគ្នាទៅបង្កើតប្រទេសមួយនៅលើទឹកដីប៉ាលេស្ទីន។
នៅឆ្នាំ ១៩១៤ មុនសង្គ្រាមលោកលើកទីមួយបានផ្ទុះឡើង ដោយសារតែសកម្មភាពរបស់ចលនាស៊ីយ៉ូននិស្ត ចំនួនជនជាតិជ្វីហ្វដែលបានចូលទៅតាំងលំនៅឋាន នៅក្នុងដែនដីប៉ាលេស្ទីន បានកើនទៅដល់៨ ៥០០០នាក់។ ក៏ប៉ុន្តែ គេត្រូវរង់ចាំបីឆ្នាំ ចាំដល់ឆ្នាំ១៩១៧ ទើបឃើញប្រទេសទីមួយបង្អស់ក្នុងលោក គឺប្រទេសអង់គ្លេសចេញមុខគាំទ្រជាផ្លូវការ ចលនាស៊ីយ៉ូននិស្តរបស់Théodore Herzl។
កាលណោះ លោក Balfour រដ្ឋមន្ត្រីក្រសួងការបរទេសនៃអង់គ្លេស ដែលជាប្រទេសមួយមានឥទ្ធិពលខ្លាំង នៅក្នុងភូមិភាគដើមបូព៌ា បានថ្លែងគាំទ្រឲ្យមានមណ្ឌលជនជាតិជ្វីហ្វមួយ នៅលើទឹកដីប៉ាលេស្ទីន។ ការថ្លែងបែបនេះរបស់លោក Balfour បាននាំមកនូវផលវិបាកធ្ងន់ធ្ងរមែនទែន សម្រាប់ប្រវត្តិសាស្ត្រ។ ពីព្រោះចាប់ពីពេលនោះមក នៅខាងប្រជាជនអារ៉ាប់ក្នុងភូមិភាគដើមបូព៌ា គឺជាការផ្តើមចងកំហឹងទៅលើចក្រភពអង់គ្លេស និងការផ្តើមតស៊ូខ្ទប់មិនឲ្យពួកជ្វីហ្វ ចូលមកតាំងលំនៅឋាន ក្នុងទឹកដីប៉ាលេស្ទីន។ នៅខាងជនជាតិជ្វីហ្វវិញ គេបានចាត់ទុកថា ការថ្លែងរបស់លោក Balfour គឺជាការទទួលស្គាល់ជាផ្លូវការ មហិច្ឆតានយោបាយរបស់ចលនាស៊ីស្សុននីស្ត។ ពួកជ្វីហ្វ បានផ្តើមមានជំនឿថា ការបង្កើតប្រទេសអ៊ីស្រាអែលមួយនៅលើដីប៉ាលេស្ទីន លែងជាការស្រមើស្រមៃទៀតហើយ គឺជាសុបិន្តដែលអាចនឹងក្លាយជាការពិតបាន។
ក្រោយពីចប់សង្គ្រាមលើកទីមួយហើយ សង្គមប្រជាជាតិ(La Société des Nations) ដែលមានតួនាទីស្រដៀងគ្នានឹងអង្គការសហប្រជាជាតិសព្វថ្ងៃ បានប្រគល់សិទ្ធិឲ្យ ប្រទេសអង់គ្លេសនិងប្រទេសបារាំងចែកគ្នាកាន់កាប់រដ្ឋបាលនៃភូមិភាគ ដើមបូព៌ា។ ឧទាហរណ៍ អង់គ្លេសជាអ្នកគ្រប់គ្រងប៉ាលេស្ទីន ឯបារាំងវិញជាអ្នកត្រួតត្រាលីបង់និងស៊ីរី។
គឺនៅក្នុងបរិបទបែបនេះហើយ ដែលពីឆ្នាំ១៩២០ ដល់ឆ្នាំ១៩៣៩ ចំនួនជនជាតិជ្វីហ្វនៅ ប៉ាលេស្ទីន បានកើនពី ១០០០០០នាក់ទៅ ៤៧០០០០នាក់។ សូមជំរាបថា កាលសម័យនោះប្រជាជនអារ៉ាប់នៅប៉ាលេស្ទីន មានគ្នាមិនដល់ ៦០០០០០នាក់ល្អផង។ អ៊ីចឹងហើយបានជា នៅឆ្នាំ១៩៣៩ នៅពេលដែលសង្គ្រាមលោកលើកទីពីរហៀបនឹងផ្ទុះឡើង តួអង្គសំខាន់ៗនៃអធិករណ៍រវាងជនជាតិជ្វីហ្វនិងជនជាតិអារ៉ាប់ បានលេចឡើងច្បាស់ក្រឡែតហើយជាស្រេច។
រួមមាន បណ្តាប្រទេសមហាអំណាចដែលមកពីក្រៅ ចលនាស៊ីយ៉ូននិស្ត ដែលបានបង្កើតទីភ្នាក់ងារជ្វីហ្វមួយរួចស្រេចនៅប៉ាលេស្ទីន ពួកអារ៉ាប់នៅប៉ាលេស្ទីន និងបណ្តាប្រទេសអារ៉ាប់ជិតខាងប៉ាលេស្ទីន។ តួអង្គទាំងអស់នេះ មានគោលដៅខុសៗគ្នា។ មហាអំណាចមកពីក្រៅ ចង់រក្សាឥទ្ធិពលរបស់ខ្លួន នៅក្នុងភូមិភាគមួយដែលសម្បូណ៌ទៅដោយសម្បត្តិធម្មជាតិ។ ចលនាស៊ីយ៉ូននិស្ត ចង់បង្កើតរដ្ឋអ៊ីស្រាអែលមួយ នៅប៉ាលេស្ទីន។ ចំណែក ពួកអារ៉ាប់នៅប៉ាលេស្ទីន និងនៅបណ្តាប្រទេសជិតខាងប៉ាលេស្ទីន វិញចង់ខ្ទប់កុំឲ្យប្រជាជាតិអ៊ីស្រាអែលកើតឡើងបាននៅក្នុងតំបន់។ ក្រោយមកទៀត បរិបទក្រោយសង្គ្រាមលោកលើកទីពីរ បានធ្វើឲ្យការបង្កើតរដ្ឋអ៊ីស្រាអែលមានលក្ខណៈកាន់តែចាំបាច់ និងកាន់តែចៀសមិនរួចចំពោះជនជាតិជ្វីហ្វ។ អំពើប្រល័យពូជសាសន៍ជ្វីហ្វ អនុវត្តដោយរបបណាហ្ស៊ី(Nazie) អាល្លឺម៉ង់របស់ Hitler បានជម្រុញពួកជ្វីហ្វច្រើនឡើងៗនៅអឺរ៉ុបនិងនៅសហរដ្ឋអាមេរិក ឲ្យសម្រេចចិត្តចូលទៅរស់នៅលើទឹកដីប៉ាលេស្ទីន។ នៅប៉ាលេស្ទីន ពួកគេត្រូវបានទទួលដោយទីភ្នាក់ងារជ្វីហ្វ ដែលកាលណោះ ដឹកនាំដោយលោក David Ben Gourion។
អំពើប្រល័យពូជសាសន៍ជ្វីហ្វក៏បានអង្រួនស្មារតីរបស់បណ្តាប្រទេស មហាអំណាចឲ្យជួយឈឺឆ្អាលបុព្វហេតុរបស់ពួកជ្វីហ្វកាន់តែខ្លាំងឡើង ជួនពេលជាមួយគ្នានោះ ពួកជ្វីហ្វ និងពួកអារ៉ាប់នៅប៉ាលេស្ទីន ទាស់ទែងគ្នា ប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងដែរ។ អ៊ីចឹងហើយ បានជា នៅថ្ងៃទី ៨កុម្ភៈ ឆ្នាំ ១៩៤៧ ប្រទេសអង់គ្លេសបានប្រកាសទទួលស្គាល់អសមត្ថភាពរបស់ខ្លួនក្នុង ការរក្សា សណ្តាប់ធ្នាប់នៅក្នុងដែនដីប៉ាលេស្ទីន ហើយបានសម្រេចចិត្តបញ្ជូនសំណុំរឿងទៅអង្គការសហប្រជាជាតិដោះស្រាយ។
នៅទីបំផុត នៅខែវិច្ឆិកាឆ្នាំ ១៩៤៧ អង្គការសហប្រជាជាតិបានសម្រេចពុះដែនដីប៉ាលេស្ទីនជាពីរ៖ មួយកំណាត់ឲ្យទៅពួកជ្វីហ្វ និងមួយកំណាត់ទៀតឲ្យទៅពួកអារ៉ាប់។ ប៉ុន្មានខែក្រោយមក គឺនៅថ្ងៃទី ១៤ឧសភាឆ្នាំ១៩៤៨ លោក David Ben Gourion ដែលជាប្រធានទីភ្នាក់ងារជ្វីហ្វនៅប៉ាលេស្ទីន និងជាតំណាងនៃចលនាស៊ីយ៉ូនិស្ត បានប្រកាសការចាប់បដិសន្ធិឡើងនៃរដ្ឋអ៊ីស្រាអែល។
ទសវត្សរ៍ទី៩០៖ ក្តីសង្ឃឹមនិងការស្រងាកចិត្ត
កែប្រែទសវត្សរ៍ទី៩០ បានផ្តើមឡើង ក្នុងកាលៈទេសៈមួយថ្មីប្រកបទៅដោយសុទិដ្ឋិនិយម សម្រាប់ភូមិភាគដើមបូព៌ា។ សុទិដ្ឋិនិយម ពីព្រោះនៅថ្ងៃទី៣០តុលាឆ្នាំ១៩៩១ សន្និសីទអន្តរជាតិមួយស្តីពីសន្តិភាពនៅដើមបូព៌ាបានផ្តើមឡើង នៅទីក្រុងម៉ាឌ្រីដ(Madrid)ប្រទេស អេស្ប៉ាញ(Espagne)។ គឺជាសន្និសីទមួយ ដែលចូលរួមដោយភាគីជម្លោះទាំងអស់ សូម្បីតែ ប្រជាជនPalestine តំណាងដោយអង្គការរំដោះប៉ាលេស្ទីនOLP របស់លោកYasser Arafat ក៏ត្រូវបានអញ្ជើញឲ្យមកអង្គុយចរចាដែរ។
តាមពិត កិច្ចចរចាដែលមានលក្ខណៈជាសកលនេះ អាចផ្តើមប្រព្រឹត្តទៅបាន ក៏ដោយសារតែបរិបទភូមិសាស្ត្រនយោបាយអន្តរជាតិបានប្រែប្រួលដែរ។ កាលណោះ ពិភពលោកទាំងមូលកំពុងតែឈានជើងចេញពីសករាជសង្គ្រាមត្រជាក់។ ម្យ៉ាង សហភាពសូវៀតកំពុងត្រដរខ្យល់ខ្លាំង ជាហេតុបានធ្វើឲ្យឥទ្ធិពលនៃមហាប្រទេសកុម្មុយនិស្តមួយនេះ ទៅលើIrak Syrie និង អង្គការOLP របស់លោកYasser Arafat ចាប់ផ្តើមរលាយសាបសូន្យ។ ម្យ៉ាងទៀត នៅដើមទសវត្សរ៍ទី៩០ សង្គ្រាមនៅឈូងសមុទ្រពែរ្ស(Perse) បានធ្វើឲ្យអាមេរិកមានកិត្យានុភាពកាន់តែខ្លាំង នៅក្នុងភូមិភាគដើមបូព៌ា។ អ៊ីចឹងហើយ បានជាក្រោមការផ្តួចផ្តើមឡើងរបស់លោក James Baker រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកាំងសម័យនោះអភិក្រមសន្តិភាព នៅដើមបូព៌ាអាចមានដំណើរការទៅបាន។
ក្រោយសន្និសីទអន្តរជាតិនៅMadrid ឆ្នាំ១៩៩១ កិច្ចចរចាសម្ងាត់និងក្រៅផ្លូវការបានបន្តប្រព្រឹត្តទៅ នៅអូស្លូ(Oslo)ប្រទេសន័រវ៉ែស(Norvège) ពីខែមករាដល់ខែកញ្ញាឆ្នាំ១៩៩៣។ នៅថ្ងៃទី១៣កញ្ញាឆ្នាំ១៩៩៣ កិច្ចព្រមព្រៀងOslo ត្រូវបានចុះហត្ថលេខាពីសំណាក់ភាគី ជម្លោះPalestineនិងIsraël នៅទីក្រុងWashington សហរដ្ឋអាមេរិក។ កាលណោះ រូបភាពនៃការចាប់ដៃគ្នាជាប្រវត្តិសាស្ត្ររវាងលោកប្រធានអង្គការ OLP Yasser Arafat និងលោកនាយករដ្ឋមន្ត្រីIsraël Yitzhak Rabin បានបំផុសឲ្យមានក្តីសង្ឃឹមយ៉ាងធំ ក្តីសង្ឃឹមក្នុងការឃើញរដ្ឋIsraël និងរដ្ឋPalestineឯករាជ្យមួយ រួមរស់នៅជិតគ្នាយ៉ាងសុខសាន្ត ដោយមានការអនុគ្រោះយោគយល់ពីសំណាក់បណ្តាប្រទេសអារ៉ាប់ជិតខាង នៅក្នុងតំបន់។
ក៏ប៉ុន្តែ បន្តិចម្តងៗ ការអនុវត្តន៍កិច្ចព្រមព្រៀងOslo ពើបប្រទះនឹងបញ្ហាស្មុគស្មាញ។ តាមពិតទៅ កិច្ចព្រមព្រៀងOsloនេះ ជាកិច្ចព្រមព្រៀងអន្តរកាលមួយ ដែលត្រូវចូលជាធរមាន ចំនួនប្រាំឆ្នាំ ពីឆ្នាំ១៩៩៣រហូតដល់ឆ្នាំ១៩៩៨ មុននឹងសម្រេចបានដំណោះស្រាយជាស្ថាពរមួយ នោះគឺការបង្កើតរដ្ឋPalestineឯករាជ្យមួយ។
កិច្ចព្រមព្រៀងOslo តម្រូវឲ្យIsraël ដកទ័ពចេញបណ្តើរៗពីដែនដីកាន់កាប់CisjordanieនិងGaza ដោយប្រគល់ការគ្រប់គ្រងប្រជាជននៅទីនោះទៅឲ្យរដ្ឋអំណាចមួយ ដឹកនាំដោយលោកប្រធានអង្គការរំដោះប៉ាលេស្ទីន Yasser Arafat។ ក៏ប៉ុន្តែ នៅលើការអនុវត្តន៍ជាក់ស្តែង រដ្ឋអំណាចPalestine ត្រួតត្រាបានតែ៣%នៃដែនដីCisjordanie តែប៉ុណ្ណោះ។ ធ្ងន់ធ្ងរជាងនេះទៅទៀត កិច្ចព្រមព្រៀងOsloមិនបាននិយាយអ្វីទាំងអស់ អំពីជោគវាសនារបស់ជនជាតិJuif ជាច្រើនម៉ឺននាក់ ដែលបានមកតាំងលំនៅឋាន នៅCisjordanieនិងនៅGaza តាំងពីឆ្នាំ១៩៦៧មកម៉្លេះ។
នៅទីបំផុត ទាំងរដ្ឋាភិបាលIsraëlរបស់លោកYitzhak Rabin ទាំងរដ្ឋអំណាចPalestine របស់ លោកYasser Arafat ត្រូវប្រឈមមុខរៀងៗខ្លួន នឹងពួកជ្រុលនិយមJuif ព្រមទាំងពួកជ្រុលនិយមPalestine ដែលមិនព្រមទទួលកិច្ចព្រមព្រៀងOsloជាដាច់ខាត។
នៅខាងភាគីPalestine ពួកជ្រុលនិយមហាម៉ាស់(Hamas) និងDjihad islamique បានប្រកាសបន្តការតស៊ូតទៅទៀត រហូតដល់កំទេច Israëlឲ្យទៅជាផេះ។ គឺនៅក្នុងន័យនេះហើយ ដែលនៅឆ្នាំ១៩៩៤ ពួកជ្រុលនិយមHamas បានបង្កអំពើភេរវកម្មអត្តឃាត ជាលើកទីមួយបង្អស់។ នៅខាងភាគីIsraëlវិញ សកម្មជនជ្រុលនិយមម្នាក់បានធ្វើឃាតលោកនាយករដ្ឋមន្ត្រីYitzhak Rabin នៅថ្ងៃទី៤វិច្ឆិកាឆ្នាំ១៩៩៥។ ម៉្លោះហើយ ចាប់ពីឆ្នាំ១៩៩៥ទៅ កងចក្រនៃអំពើហិង្សាបានផ្តើមវិលខ្ញាល់ឡើងវិញ នៅក្នុងភូមិភាគដើមបូព៌ា។ ពួកHamas បង្កភេរវកម្មអត្តឃាត ឯរដ្ឋាភិបាលIsraëlវិញ ឆ្លើយតបដោយប្រើកាំភ្លើងធំ យន្តហោះចម្បាំង និងរថក្រោះ ដើម្បីវាយបង្រ្កាបទៅលើប្រជាជនPalestineដោយឥតរើសមុខ។
នៅឆ្នាំ២០០០ លោក Bill Clinton ប្រមុខរដ្ឋអាមេរិកាំងជិតអស់អាណត្តិ បានខ្នះខ្នែងរៀបចំ ជំនួបកំពូលមួយថ្មីរវាងIsraëlនិងPalestine។ ជំនួបកំពូលដែលគេហៅថា “ជំនួបកំពូលនៃភ័ព្វ សំណាង»ចុងក្រោយនេះ បានប្រព្រឹត្តទៅ នៅCamp David សហរដ្ឋអាមេរិក។ គោលដៅ កាលណោះ គឺដោះស្រាយចំណុចស្មុគស្មាញមួយចំនួន រួមមាន លក្ខន្តិកៈនៃទីក្រុងJérusalem បញ្ហាជនភៀសខ្លួនPalestineនិងបញ្ហានៃការបន្តធ្វើអាណានិគមកិច្ច របស់ពួកJuif នៅក្នុងដែនដីកាន់កាប់។ ក៏ប៉ុន្តែ ភាគីទាំងពីរ IsraëlនិងPalestineមិនត្រូវគ្នា ជាពិសេសជុំវិញ លក្ខន្តិកៈរបស់ទីក្រុងJérusalem។ សូមបញ្ជាក់ថា ទីក្រុងJérusalemជាទីក្រុងសក្ការៈមួយ សម្រាប់អ្នកកាន់គ្រិស្តសាសនា អ្នកកាន់សាសនាJuif និងអ្នកកាន់សាសនាអ៊ីស្លាម។ ទីក្រុងនេះ ត្រូវបានឋិតនៅក្រោមការកាន់កាប់ទាំងស្រុងរបស់Israël ក្រោយសង្គ្រាម ឆ្នាំ១៩៦៧។ លោកYasser Arafat ប្រធានអង្គការOLP ចង់បានទីក្រុងJérusalemមកវិញ យកមកធ្វើជារដ្ឋធានីនៃអនាគតរដ្ឋPalestineឯករាជ្យ។
ភាពមិនជាក់លាក់នៃភូមិភាគដើមបូព៌ាសព្វថ្ងៃ
កែប្រែនា រយៈពេលជិត១០ឆ្នាំចុងក្រោយនេះ មហារីកធំៗទាំងបួនដែលបាននិងកំពុងបន្តរាតត្បាត ភូមិភាគដើមបូព៌ា គឺជម្លោះរ៉ាំរ៉ៃរវាងអ៊ីស្រាអែល និងប៉ាលេស្ទីន អស្ថិរភាពនៅអៀរ៉ាក់ ស្ថានភាពមិនជាក់លាក់ នៅអាហ្វហ្កានិស្តង់ និងកម្មវិធីនុយក្លេអ៊ែររបស់អៀរ៉ង់។
តាំងពីឆ្នាំ២០០៦មក អភិក្រមនៃកិច្ចចរចាសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាលេស្ទីន នៅទ័លច្រកមួយកន្លែង។ គឺជាភាពទ័លច្រក នៅក្នុងថ្លុកឈាមទៅទៀត ពីព្រោះនៅក្នុងដែនដីស្វយ័តប៉ាលេស្ទីន គឺGazaនិងCisjordanie រដ្ឋអំណាចត្រូវរង្គោះរង្គើ ដោយហេតុតែសង្គ្រាមស៊ីវិលរវាងចលនាFatah និងចលនាHamas។
Fatah ជាសាខានយោបាយរបស់អង្គការរំដោះប៉ាលេស្ទីន OLP ដែលបានចុះហត្ថលេខាទទួលយកកិច្ចព្រមព្រៀងOslo ឆ្នាំ១៩៩៣ ជាមួយភាគីអ៊ីស្រាអែល និយាយឲ្យខ្លី គឺជាចលនានយោបាយប៉ាលេស្ទីនដែលទទួលស្គាល់អ៊ីស្រាអែល។ ឯHamas វិញ ជាពួកប៉ាលេស្ទីនជ្រុលនិយម ដែលប្រកាសបន្តការតស៊ូ រហូតដល់កំទេចអ៊ីស្រាអែលឲ្យទៅជាផេះ។
នៅ ខែមករាឆ្នាំ២០០៦ ពួកHamasបានឈ្នះឆ្នោតនៅGaza និងនៅCisjordanie រួចហើយបានចេញមុខដឹកនាំរដ្ឋាភិបាលចម្រុះរួបរួមជាតិមួយ ជាមួយចលនាFatah។ ក៏ប៉ុន្តែ បស្ចិមប្រទេស ដែលមិនព្រមគាំទ្ររដ្ឋាភិបាលHamas ដ្បិតHamasមិនទទួលស្គាល់អ៊ីស្រាអែល បានសម្រេចឈប់ផ្តល់ជំនួយទៅឲ្យរដ្ឋអំណាចប៉ាលេស្ទីន ជាហេតុបានធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចនិងមនុស្សធម៌នៅGaza ធ្លាក់ចុះដុនដាប និងជាហេតុបានបណ្តាលឲ្យចលនាFatahនិងHamas ទាស់ទែងគ្នា វាយប្រយុទ្ធគ្នា និងចែកគ្នាកាន់កាប់តំបន់ស្វយ័តប៉ាលេស្ទីន។ ពួកHamasបានក្រសោបយកតំបន់Gaza រីឯCisjordanieបន្តឋិតនៅក្រោមការត្រួតត្រារបស់ចលនាFatah។ សម្រាប់ភាគីអ៊ីស្រាអែលវិញ អ្វីដែលកំពុងប្រព្រឹត្តទៅនៅក្នុងដែនដីស្វយ័តប៉ាលេស្ទីន គឺជាScénarioនៃគ្រោះមហន្តរាយមួយដែលខ្លួនមិនអាចទទួលបាន។ ម្យ៉ាងគឺមកពីពួកសកម្មជនHamasបន្តបង្កភេរវកម្មអត្តឃាត និងម្យ៉ាងទៀតមកពីចលនាHamasទទួលអាវុធនិងជំនួយថវិកាពីប្រទេស អៀរ៉ង់។
ធ្ងន់ធ្ងរជាងនេះទៅទៀត អធិករណ៍រវាងអ៊ីស្រាអែលនិងប៉ាលេស្ទីន បន្តប្រព្រឹត្តទៅ នៅក្នុងភូមិភាគមួយ ដែលស្គាល់អស្ថិរភាពកាន់តែខ្លាំង។ សង្គ្រាមអាមេរិកាំងនៅអៀរ៉ាក់ បានរំលំមែនពិតរបបផ្តាច់ការរបស់Saddam Hussein តែបានរុញច្រានប្រទេសមួយនេះ ទៅក្នុងជ្រោះនៃវិបត្តិច្រើនយ៉ាង រួមមានជាអាទិ៍ សង្គ្រាមស៊ីវិលនិងភេរវកម្ម។ ដោយឡែក ប្រទេសអៀរ៉ង់ ដែលគ្រប់គ្រងតាំងពីឆ្នាំ២០០៥មកដោយប្រធានាធិបតីសំដីកោងកាច Ahmadinejad កំពុងរកលេសបង្កើតអាវុធនុយក្លែអ៊ែរ និងបានប្រកាសម្តងជាពីរដងថា ខ្លួនចង់កំទេច អ៊ីស្រាអែល និងចង់លុបបំបាត់អ៊ីស្រាអែលចេញពីផែនទីនៃភូមិភាគដើមបូព៌ា។ ប្រទេសលីបង់វិញ ដែលទើបតែបានរើបម្រះខ្លួន ចេញរួចពីនឹមនៃប្រទេសSyrie ត្រូវប្រឈមមុខនឹងពួកជ្រុលនិយម Hezbollah។ ពួកHezbollah ដែលគាំទ្រដោយប្រទេសSyrie និងប្រទេសអៀរ៉ង់។ ពួកHezbollahដែលចង់កំទេចអ៊ីស្រាអែលឲ្យទៅជាផេះដែរ។
គឺនៅក្នុង បរិបទបែបនេះហើយ ដែលនៅខែកក្កដាឆ្នាំ២០០៦ ពួក Hezbollah បានចាប់ជំរិតទាហានIsrëlពីរនាក់និងបានបាញ់ផ្លោងគ្រាប់Roquettes ទៅលើប្រទេសអ៊ីស្រាអែល ជាហេតុបានជម្រុញកងទ័ពអ៊ីស្រាអែលឲ្យធ្វើសង្គ្រាម៣៤ថ្ងៃវាយលុកទៅ លើ ទីតាំងរបស់Hezbollah នៅប៉ែកខាងត្បូងនៃប្រទេសLiban។
ក្រៅពី នេះ នៅជាប់នឹងភូមិភាគដើមបូព៌ា មានប្រទេសអាហ្វហ្កានីស្តង់ ដែលបន្តផុងខ្លួនក្នុងអស្ថិរភាពសែនធ្ងន់ធ្ងរ។ អន្តរាគមន៍យោធារបស់បស្ចិមលោក នៅក្នុងប្រទេសនេះ នៅឆ្នាំ២០០១ មិនបានធ្វើឲ្យពួកតាលីបង់រលាយសាបសូន្យជាស្ថាពរទេ។ ពួកជ្រុលនិយមទាំងនេះ កំពុងវាយលុកមកវិញ និងបន្តបង្កភេរវកម្ម ធ្វើឲ្យប្រទេសអាហ្វហ្កានីស្តង់ ពិបាកនឹងវិលមករកភាពឋិតថេរវិញបាន។
ព្រឹត្តិការណ៍ អស់ទាំងនេះ សុទ្ធតែមានឫសគល់ប្រទាក់ប្រទាញគ្នា ឆ្ងាយឬជិត ខ្លាំងឬខ្សោយ តិចឬច្រើន ទៅនឹងជម្លោះដើម នោះគឺជម្លោះជាង៦០ឆ្នាំកន្លងមកហើយរវាងអ៊ីស្រាអែល និង បណ្តាប្រទេសអារ៉ាប់ជិតខាង។
ការដែលភូមិភាគដើមបូព៌ា ក្លាយទៅជាសមរភូមិមុខនៃសង្គ្រាមធំៗ ក្នុងពិភពលោកសព្វថ្ងៃ មិនមែនជារឿងចៃដន្យទេ ពីព្រោះដើមបូព៌ាជាតំបន់យុទ្ធសាស្រ្តចំបងមួយ។ គួរគូសបញ្ជាក់ ថា ភូមិភាគដើមបូព៌ាផលិត៣៥%នៃប្រេងកាតដែលពិភពលោកទាំងមូលប្រើប្រាស់ ក្នុងគ្រាបច្ចុប្បន្ន ហើយភូមិភាគដើមបូព៌ាក៏ជាតំបន់ដែលផ្ទុកទៅដោយ៦៨%នៃអណ្តូង ប្រេងកាតទាំងស្រុងរបស់ភពផែនដីដែរ។
បើតាមការប្រមើលឃើញរបស់ ទីភ្នាក់ងារថាមពលអន្តរជាតិ ប្រេងកាតផលិតដោយArabie Saoudite Emirats អារ៉ាប់រួម Koweït Iran និងអៀរ៉ាក់ នឹងកើនពី២៥%ក្នុងពេលឥឡូវ ទៅ៣២% នៅ២០១០ និងទៅដល់៤១%នៅឆ្នាំ២០២០។
ក្រៅពីប្រេងកាត កត្តាយុទ្ធសាស្រ្តសំខាន់មួយទៀតរបស់ភូមិភាគដើមបូព៌ាគឺផ្លូវទឹក ផ្លូវទឹកដែលនៅក្នុងអតីតកាលបានធ្វើឲ្យចក្រភពអង់គ្លេស ស្គាល់ភាពលូតលាស់និងមហិទ្ធិឫទ្ធិខ្លាំងក្លា។ មានជាឧទាហរណ៍ ព្រែកជីកSuez ដែលបើកលទ្ធភាពឲ្យនាវាធ្វើដំណើរពីសមុទ្រ Méditerranée ទៅសមុទ្រឥណ្ឌា។
នៅក្នុងបរិបទបែបនេះ សំនួរដែលចោទឡើងក្នុងពេលនេះគឺ តើមហារីកទាំងបួននៅក្នុងតំបន់និងនៅជាយតំបន់ដើមបូព៌ា ពោលគឺជម្លោះរ៉ាំរ៉ៃរវាងអ៊ីស្រាអែល និងប៉ាលេស្ទីន អស្ថិរភាពនៅ អៀរ៉ាក់ ស្ថានភាពមិនជាក់លាក់នៅអាហ្វហ្កានីស្តង់ និងកម្មវិធីនុយក្លេអ៊ែររបស់អៀរ៉ង់ តើមហារីកទាំងបួននេះអាចជាសះស្បើយ នៅថ្ងៃណាមួយដែរឬទេ?
រហូត មកដល់ឆ្នាំ២០០៩នេះ ការកើនឡើងនៃភេរវកម្មនៅអៀរ៉ាក់ ការវាយប្រហារកាន់តែខ្លាំងពីសំណាក់ពួកតាលីបង់នៅអាហ្វហ្កានីស្តង់ មហិច្ឆតានុយក្លេអ៊ែររបស់ប្រទេសអៀរ៉ង់ និងភាពទ័លច្រកនៃអភិក្រមសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាលេស្ទីន មិនបំផុសឲ្យមានសុទិដ្ឋិនិយមឡើយ។
សំនួរមួយទៀតដែលចោទឡើង ក្នុងពេលនេះ គឺ តើពីពេលនេះតទៅ បណ្តាមហាអំណាចក្នុងលោក ជាពិសេសបស្ចិមប្រទេស នឹងប្រកាន់យកឥរិយាបថបែបណា នៅចំពោះមុខស្ថានភាពពុះកញ្ជ្រោលក្តាប់មិនបានទាល់តែសោះនៃភូមិភាគ ដើមបូព៌ា?
អំណាចស្រទន់ soft power របស់ Obamaនៅដើមបូព៌ា
កែប្រែក៏ដូចប្រធានាធិបតីអាមេរិកាំងមុនៗដែរ លោក Barak Obama បាននិយាយរំឭកឡើងវិញជាថ្មី អំពីតួនាទីនាំមុខគេរបស់សហរដ្ឋអាមេរិក នៅក្នុងពិភពលោក។ ក៏ប៉ុន្តែខុសផ្ទុយពីលោក Bush ដែលបានអនុវត្តអំណាចខ្លាំង hard powerនិងបានប្រើប្រាស់មធ្យោបាយយោធា លោក Obamaឲ្យអាទិភាពទៅលើអំណាចស្រទន់ soft power ទៅលើការទូតនិងនយោបាយ ដើម្បី រក្សាតួនាទីនាំមុខគេនេះរបស់អាមេរិក នៅលើឆាកអន្តរជាតិ។ « យើងមិនត្រូវដកខ្លួនចេញពី ពិភពលោកទេ ហើយយើងក៏មិនត្រូវដាក់ពិភពលោកទាំងមូល នៅក្រោមមហិទ្ធិឫទ្ធិយោធា របស់យើងដែរ។ យើងត្រូវតាំងខ្លួនជាប្រទេសគំរូ សម្រាប់ពិភពលោក»។ នេះជាពាក្យសំដី របស់លោក Obama។
ប៉ុន្មានខែចុងក្រោយនេះ អ្វីដែលរដ្ឋការលោក Obama បាននិងកំពុងបន្តខ្នះខ្នែងធ្វើ នៅ ភូមិភាគដើមបូព៌ា គឺទីមួយ ដកទ័ពអាមេរិកាំងចេញពីប្រទេសអៀរ៉ាក់ ទីពីរ កសាងសន្តិភាពមួយរឹងមាំរវាង Israëlនិង Palestine និងទីបី ខ្ទប់កុំឲ្យអៀរ៉ង់ចម្រើនធាតុ Uraniumបាន ក្នុងគោលដៅផលិតគ្រាប់បែកបរមាណូ។
មកទល់ពេលនេះ ទាក់ទិននឹងប្រទេសអៀរ៉ាក់ រដ្ឋការរបស់លោក Obamaមានផែនការមួយច្បាស់ នោះគឺការដកទ័ពអាមេរិកាំងបណ្តើរៗចេញពីប្រទេសនេះ។ នៅចុងបញ្ចប់ អាមេរិកនឹងរក្សាទុកទាហានតែជាង ៣ ០០០នាក់ប៉ុណ្ណោះ ដើម្បីជួយរដ្ឋាភិបាលអៀរ៉ាក់ក្នុងការបង្កើតកងទ័ពជាតិមួយឡើង និងក្នុងការប្រយុទ្ធទប់ទល់នឹងភេរវកម្ម។
ផែនការនេះ ប្រហែលជានឹងអាចអនុវត្តទៅបាន ដោយសារតែ តាំងពីឆ្នាំ ២០០៧មក អំពើហិង្សានៅអៀរ៉ាក់បាននិងកំពុងបន្តបាត់បង់កម្លាំងរបស់វាបន្តិច ម្តងៗ ទៅវិញហើយ។ តាមមើលទៅ ក្រុមភេរវជនប្រហែលជាបានដកកងកម្លាំងមួយភាគធំរបស់ខ្លួន ចេញពីអៀរ៉ាក់ ទៅដាក់នៅ Afghanistan និង នៅ akistan។
រីឯកម្មវិធីនុយក្លេអ៊ែររបស់អៀរ៉ង់វិញ វាជាសំណុំរឿងមួយពិបាកដោះស្រាយ សម្រាប់រដ្ឋការ Obama។ រហូតមកដល់ខែកញ្ញាឆ្នាំ ២០០៩ លោក Obamaបានអះអាងហើយអះអាងទៀតថា អាមេរិកនៅតែចង់ចរចាជាមួយអៀរ៉ង់។ ក៏ប៉ុន្តែបន្តិចម្តងៗ លោក Obama ត្រូវបង្ខំចិត្តដំឡើងសម្លេងនិងប្រើកណ្តាប់ដៃដែកដាក់របបទីក្រុង Téhéran ពីព្រោះថ្នាក់ដឹកនាំអៀរ៉ង់នៅតែរឹងក្បាល មិនព្រមបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ នៅក្នុងបរិបទបែបនេះ លោក Obamaគ្មានជម្រើសអ្វីផ្សេងក្រៅពីខិតខំបញ្ចុះបញ្ចូលចិននិងរុស្ស៊ី ឲ្យគាបសង្កត់ទៅលើអៀរ៉ង់។ នៅក្នុងន័យនេះ លោកប្រធានាធិបតីអាមេរិកាំងបានបោះបង់ចោល ផែនការដាក់ខែលមីស៊ីលប្រឆាំងមីស៊ីលនៅប្រទេសប៉ូឡូញ និងនៅសាធារណរដ្ឋ ឆែក ផែនការដែលត្រូវបានសម្រេចឡើងដោយលោក Bush និងដែលបានធ្វើឲ្យរុស្ស៊ីក្តៅចិត្តមិនតិចទេ។ ជាថ្នូរនឹងសម្បទាននេះ លោក Obamaចង់ឃើញរុស្ស៊ីឈប់លក់អាវុធទៅអោយអៀរ៉ង់ និងចង់ឃើញរុស្ស៊ីបោះឆ្នោតគាំទ្រទណ្ឌកម្មដែលត្រូវដាក់ទៅលើអៀរ៉ង់ នៅក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ការកសាងសន្តិភាពរវាង Israëlនិង Palestine ក៏ជាមហិច្ឆតាមួយពិបាកសម្រេចដែរ សម្រាប់រដ្ឋការលោក Obama។ ប៉ុន្មានខែចុងក្រោយនេះ លោក Obamaបានដាក់សម្ពាធខ្លាំងទៅលើ Israël និងកំពុងបន្តជម្រុញ Israël ឲ្យចរចាជាមួយ Palestine។ លោកប្រធានាធិបតីអាមេរិកាំង បានព្រមានថ្នាក់ដឹកនាំ Israëlថា កុំប៉ុនប៉ងធ្វើឲ្យខូចសកម្មភាពទូតរបស់អាមេរិកនៅភូមិភាគដើមបូព៌ា ឲ្យសោះ។ បើពុំនោះសោតទេ អាមេរិក នឹងសើរើមើលឡើងវិញទំនាក់ទំនងនយោបាយ ហិរញ្ញវត្ថុ និងយោធា ជាមួយប្រទេស Israël។
ដើម្បីយកចិត្តរដ្ឋអំណាច Palestine លោក Obamaបានតែងតាំងលោក George Mitchell ជាបេសកជនពិសេសរបស់លោកទទួលបន្ទុកខាងបញ្ហារវាង Israël និង Palestine។ ការតែងតាំងលោក George Michell ឲ្យទទួលតំណែងនេះ បានធ្វើឲ្យថ្នាក់ដឹកនាំ Palestine សប្បាយចិត្ត និងបានធ្វើឲ្យថ្នាក់ដឹកនាំ Israël ស្រងាកចិត្ត ពីព្រោះលោក George Michell ជាអ្នកដែលយល់ឃើញថា ដរាបណាអាមេរិកនៅតែកាន់ជើង Israëlផ្កាប់មុខ ដរាបនោះនឹង នៅតែមិនអាចមានទៅកើតឡើយសន្តិភាពនៅក្នុងភូមិភាគដើមបូព៌ា។
យ៉ាងណាក៏ដោយ មានបុព្វហេតុច្រើនណាស់ដែលនឹងធ្វើឲ្យលោក Obamaពិបាកកសាងសន្តិភាពរវាង Israël និងPalestine។ បុព្វហេតុសំខាន់ទីមួយ គឺការជំទាស់ជាដាច់ខាត ពីសំណាក់ Israël ជំទាស់មិនឲ្យបង្កើតរដ្ឋ Palestineឯករាជ្យមួយឡើង នៅក្នុងទឹកដី ដែលកងទ័ព Israëlកាន់កាប់តាំងពីឆ្នាំ ១៩៦៧មកម៉្លេះ។ បុព្វហេតុសំខាន់មួយទៀត គឺការបែកបាក់គ្នានៅក្នុងជួរថ្នាក់ដឹកនាំ Palestine រវាងពួក Fatahដែលព្រមចរចាជាមួយIsraël និងពួក Hamasដែលនៅតែប្តេជ្ញាចិត្តតាមកំទេច Israëlឲ្យទៅជាផេះ៕
សេចក្តីសន្និដ្ឋានជុំវិញភូមិសាស្រ្តនយោបាយនៃភូមិភាគដើមបូព៌ា
កែប្រែយើងបានលើកឡើងរួចហើយ អំពីបុព្វហេតុសំខាន់ៗ ដែលធ្វើឲ្យសង្គ្រាមនិងសោកនាដកម្មបន្តគ្មានថ្ងៃចប់នៅក្នុង ភូមិភាគដើមបូព៌ា ជាង៦០បា្លយឆ្នាំកន្លងមកហើយ។
បុព្វហេតុសំខាន់ជាងគេ គឺការបង្កើតរដ្ឋIsraëlឡើងក្នុងទឹកដីPalestine នៅឆ្នាំ១៩៤៨។ ទង្វើនេះ បានបណ្តាលឲ្យបណ្តាប្រទេសអារ៉ាប់ក្នុងតំបន់ ដូចយ៉ាងEgypte, Syrie, Irakជាដើម ខឹងសម្បារ និងពួតដៃគ្នាធ្វើសង្គ្រាមប្រឆាំងនឹងIsraël ក្នុងគោលដៅកំទេចនិងលុបបំបាត់ប្រទេសថ្មីថ្មោងនេះ ចេញពីផែនទីនៃភូមិភាគដើមបូព៌ា។ ប៉ុន្តែ នៅក្នុងសង្គ្រាមទាំងបីលើក នៅឆ្នាំ១៩៤៨ នៅឆ្នាំ១៩៦៧ និងនៅឆ្នាំ១៩៧០ Israëlបានច្បាំងឈ្នះរហូត និងបានឆ្លៀតពង្រីកទឹកដីរបស់ខ្លួន រហូតដល់កាន់កាប់បានសឹងទាំងស្រុងPalestine ជាហេតុធ្វើឲ្យប្រជាជនPalestineគ្មានទឹកដី តរហូតមកដល់សព្វថ្ងៃ។
យើងក៏បានលើកឡើងដែរអំពីបុព្វហេតុសំខាន់ៗផ្សេងទៀត នៃអស្ថិរភាពឥតឈប់ឈរនៅ ក្នុងភូមិភាគដើមបូព៌ា នោះគឺលក្ខណៈខុសគ្នាខ្លាំងនៃពូជសាសន៍របស់ប្រជាជន លក្ខណៈខុសគ្នាខ្លាំងនៃសាសនារបស់ប្រជាជន លក្ខណៈខុសគ្នាខ្លាំងនៃរបបនយោបាយ និងលក្ខណៈខុសគ្នាខ្លាំងនៃកម្រិតសេដ្ឋកិច្ចនៃប្រទេសនីមួយៗ។ អ៊ីចឹងហើយបានជាទន្ទឹមគ្នានឹងសង្គ្រាមប្រឆាំងIsraël ក៏មានកើតឡើងដែរសង្គ្រាមរវាងប្រទេសមួយនិងប្រទេសមួយទៀតនៅក្នុង តំបន់ ដូចជាសង្គ្រាមIran-Irak ពីឆ្នាំ១៩៨០ដល់ឆ្នាំ១៩៨៨ សង្គ្រាមឈូងសមុទ្រPerse នៅឆ្នាំ១៩៩១ក្រោយពីIrak បានចូលឈ្លានពានប្រទេសKoweït ទំនាស់រវាងSyrieនិងJordanieនៅ ទសវត្សរ៍ទី៨០ ទំនាស់រវាងEgypte និងSoudanនៅទសវត្សរ៍ទី៩០ឬក៏ទំនាស់រវាងEgypte និងបណ្តាប្រទេសអារ៉ាប់ដទៃផ្សេង នៅក្នុងទសវត្សរ៍ទី៧០ ពីព្រោះកាលនោះ ប្រទេសEgypteរបស់លោកSadate បានត្រូវរ៉ូវគ្នាវិញជាមួយប្រទេសIsraël ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយ។
យើងក៏បានគូសបញ្ជាក់ដែរថា ទោះជាសង្គ្រាមត្រជាក់បានចប់បាត់ទៅហើយក្តី ក៏ភូមិភាគដើមបូព៌ាមិនប្រែប្រួល មិនបោះជំហានទៅរកការអភិវឌ្ឍន៍ និងទៅរកសន្តិភាពសោះ។
ក្រោយសង្គ្រាមត្រជាក់ រលកនៃប្រជាធិបតេយ្យូបនីយកម្មបានគ្របដណ្តប់ទៅលើអឺរ៉ុប ខាងកើត ទៅលើអាស៊ី និងទៅលើអាមេរិកឡាទីន។ ផ្ទុយពីគេឯង ភូមិភាគដើមបូព៌ាបន្តផុងខ្លួនក្នុងបញ្ហាអតីតកាល ក្នុងសង្គ្រាមរ៉ាំរ៉ៃ។ មានមែនក្តីសង្ឃឹមក្នុងទសវត្សរ៍ទី៩០ ក្តីសង្ឃឹមក្នុងការកសាងសន្តិភាពរវាងIsraël និងPalestine តាមរយៈកិច្ចព្រមព្រៀងOslo ខែកញ្ញាឆ្នាំ១៩៩៣។ ក៏ប៉ុន្តែក្តីសង្ឃឹមមនេះបានរលាយបាត់ទៅវិញយ៉ាងលឿនរហ័ស ពីព្រោះទាំងរដ្ឋាភិបាលIsraël ទាំងរដ្ឋអំណាចPalestine សុទ្ធតែត្រូវប្រឈមមុខរៀងៗខ្លួននឹងពួកជ្រុលនិយម។ នៅខាងភាគីPalestine ពួកជ្រុលនិយមHamas និងពួកDjihad Islamique មិនព្រមទទួលស្គាល់កិច្ចព្រមព្រៀង Oslo និងប្តេជ្ញាចិត្តតាមកំទេចIsraël ឲ្យទៅជាផេះ។នៅខាងភាគីIsraëlវិញ ពួកជ្រុលនិយម មិនព្រមថយចេញពីដែនដីPalestine ដែលIsraël កាន់កាប់ជាច្រើនទសវត្សរ៍កន្លងមកហើយ និងមិនព្រមឲ្យរដ្ឋាភិបាលបញ្ឈប់នយោបាយអាណានិគមកិច្ច នៅលើទឹកដីPalestineឡើយ។ ម៉្លោះហើយបានជាអំពើហិង្សានៅតែបន្ត។ ពួកHamas បង្កភេរវកម្មអត្តឃាត រីឯកងទ័ព Israëlវិញ ឆ្លើយតបដោយប្រើកាំភ្លើងធំ យន្តហោះចម្បាំងនិងរថក្រោះ ដើម្បីវាយបង្ក្រាបទៅលើប្រជាជនPalestineដោយឥតរើសមុខ។
យើងក៏បានលើកឡើងរួចហើយដែរ អំពីភាពមិនជាក់លាក់នៃភូមិភាគដើមបូព៌ា ក្នុងពេលបច្ចុប្បន្ន។ ពីព្រោះ អភិក្រមនៃកិច្ចចរចាសន្តិភាពរវាងIsraël និងPalestine នៅទ័លច្រកមួយ
កន្លែង។ ធ្ងន់ធ្ងរជាងនេះទៅទៀត ពីព្រោះរដ្ឋការអាមេរិកាំងរបស់លោកBush បានចូលមកធ្វើសង្គ្រាម នៅIrak នៅឆ្នាំ២០០៣។ សង្គ្រាមអាមេរិកាំងនៅIrakបានរំលំមែនពិតរបបផ្តាច់ការរបស់Saddam Hussein តែបានរុញច្រានប្រទេសមួយនេះ ទៅក្នុងជ្រោះនៃសង្គ្រាមស៊ីវិលនិងភេរវកម្ម។ ការដែលអាមេរិកបានផ្តួលរំលំរបបSaddam Husseinដែលជាសត្រូវសួពូជរបស់Iran បានធ្វើឲ្យIran ក្លាយជាស្វ័យប្រវត្តិទៅជាប្រទេសខ្លាំងមួយនៅក្នុងតំបន់ បានធ្វើឲ្យIran ឡើងដៃចង់ក្លាយជាមហាអំណាចនុយក្លេអ៊ែរ និងអុងអាត់ចេញមុខប្រកាសចង់កំទេចIsraël ឲ្យទៅជាផេះ។
យើងក៏បានលើកឡើងរួចហើយដែរ អំពីអស្ថិរភាពកាន់តែធ្ងន់ធ្ងរនៃភូមិភាគដើមបូព៌ា ពីព្រោះ ភូមិភាគដើមបូព៌ានៅជាប់នឹងប្រទេសAfghanistan។ អន្តរាគមន៍យោធារបស់បស្ចិមលោកនៅក្នុងប្រទេសនេះ នៅឆ្នាំ២០០១ មិនបានធ្វើឲ្យពួកTalibans រលាយសាបសូន្យជាស្ថាពរទេ។ ពួកជ្រុលនិយមទាំងនេះកំពុងវាយលុកមកវិញ ធ្វើឲ្យប្រទេសAfghanistan មិនអាចវិលមករកភាពឋិតថេរវិញបាន។
យើងក៏បានពន្យល់រួចហើយដែរថា ការដែលភូមិភាគដើមបូព៌ាក្លាយជាសមរភូមិមុខនៃសង្គ្រាមធំៗក្នុង ពិភពលោកសព្វថ្ងៃ មិនមែនជារឿងចៃដន្យទេ ពីព្រោះដើមបូព៌ាជាតំបន់យុទ្ធសាស្រ្តចំបងមួយ។ គឺជាតំបន់ដែលផ្ទុកទៅដោយប្រេងកាត គឺជាផ្លូវទឹក ដែលបើកលទ្ធភាពឲ្យនាវាធ្វើដំណើរពីសមុទ្រMéditerranée ទៅសមុទ្រឥណ្ឌា។
ពីឆ្នាំ២០១០នេះ តទៅអនាគតកាល គេរង់ចាំមើលសមត្ថភាពរបស់លោកប្រធានាធិបតី អាមេរិកាំងObama ក្នុងការព្យាបាលមហារីកធំៗទាំងបួន នៅក្នុងតំបន់និងនៅជាយតំបន់ ភូមិភាគដើមបូព៌ា។ មហារីកនោះគឺ ជម្លោះរ៉ាំរ៉ៃរវាងIsraël និងPalestine អស្ថិរភាពនៅIrak កម្មវិធីនុយក្លេអ៊ែររបស់Iran និងភាពមិនជាក់លាក់នៅAfghanistan។ តើអាមេរិកដែលមាន លទ្ធភាព មធ្យោបាយ និងអំណាចធំជាងគេ អាចកសាងសន្តិភាពពិតប្រាកដមួយ នៅក្នុងភូមិភាគដើមបូព៌ាបានដែរឬទេ?
តើពីពេលនេះតទៅ បណ្តាមហាអំណាចក្នុងលោក ជាពិសេសបស្ចិមប្រទេស នឹងប្រកាន់យកឥរិយាបថបែបណា នៅចំពោះមុខស្ថានភាពពុះកញ្ជ្រោលក្តាប់មិនបានទាល់តែសោះនៃភូមិភាគ ដើមបូព៌ា?
យ៉ាងណាក៏ដោយ បើគ្មានការចុះសម្រុងគ្នារវាងបស្ចិមលោកនិងប្រទេសចិន ព្រមទាំងប្រទេសរុស្ស៊ីទេ បើសិនជាគ្មានការយល់ដឹងដូចគ្នាពីសំណាក់បណ្តាមហាអំណាចទាំងអស់ នេះថា គ្រោះថ្នាក់នៅភូមិភាគដើមបូព៌ាជាគ្រោះថ្នាក់សម្រាប់ពិភពលោកទាំងមូល ទេ នោះសង្គ្រាមនិងសោកនាដកម្មនៅក្នុងតំបន់នេះ នឹងបន្តយូរលង់ច្រើនទសវត្សរ៍តទៅទៀត៕
ឯកសារយោង
កែប្រែដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
- http://www.khmer.rfi.fr/general/20101101-%E1%9E%A2%E1%9F%8A%E1%9E%B8%E1%9E%9F%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%A2%E1%9F%82%E1%9E%9B%E2%80%8B%E2%80%8B%E1%9E%93%E1%9E%B7%E1%9E%84%E2%80%8B%E1%9E%94%E1%9F%89%E1%9E%B6%E1%9E%9B%E1%9F%81%E1%9E%9F%E1%9F%92%E1%9E%91%E1%9E%B8%E1%9E%93%E2%80%8B-%E1%9F%96-%E1%9E%98%E1%9E%BC%E1%9E%9B%E1%9E%A0%E1%9F%81%E1%9E%8F%E1%9E%BB%E2%80%8B%E1%9E%93%E1%9F%83%E2%80%8B%E1%9E%91%E1%9F%86%E1%9E%93%E1%9E%B6%E1%9E%9F%E1%9F%8B%E2%80%8B%E1%9E%9F%E1%9F%8A%E1%9E%B8%E1%9E%9F%E1%9E%B6%E1%9E%85%E1%9F%8B%E2%80%8B%E1%9E%A0%E1%9E%BB%E1%9E%8F%E2%80%8B%E1%9E%88%E1%9E%B6%E1%9E%98%E2%80%8B%E1%9E%82%E1%9F%92%E1%9E%93%E1%9E%B6%E2%80%8B
- http://www.khmer.rfi.fr/general/20101115-%E1%9E%91%E1%9E%9F%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%9F%E1%9E%9A%E1%9F%8D%E2%80%8B%E1%9E%91%E1%9E%B8%E2%80%8B%E1%9F%A9%E1%9F%A0%E1%9F%96-%E1%9E%80%E1%9F%92%E1%9E%8F%E1%9E%B8%E2%80%8B%E1%9E%9F%E1%9E%84%E1%9F%92%E1%9E%83%E1%9E%B9%E1%9E%98%E2%80%8B%E1%9E%93%E1%9E%B7%E1%9E%84%E2%80%8B%E1%9E%80%E1%9E%B6%E1%9E%9A%E2%80%8B%E1%9E%9F%E1%9F%92%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%80%E1%9E%85%E1%9E%B7%E1%9E%8F%E1%9F%92%E1%9E%8F%E2%80%8B Archived 2010-12-13 at the វេយប៊ែខ ម៉ាស៊ីន.
- http://www.khmer.rfi.fr/Po%205 Archived 2010-12-13 at the វេយប៊ែខ ម៉ាស៊ីន.
- http://www.khmer.rfi.fr/general/20110103-%E1%9E%A2%E1%9F%86%E1%9E%8E%E1%9E%B6%E1%9E%85%E1%9E%9F%E1%9F%92%E1%9E%9A%E1%9E%91%E1%9E%93%E1%9F%8B-soft-power-%E1%9E%9A%E1%9E%94%E1%9E%9F%E1%9F%8B-obama%E1%9E%93%E1%9F%85%E1%9E%8A%E1%9E%BE%E1%9E%98%E1%9E%94%E1%9E%BC%E1%9E%96%E1%9F%8C%E1%9E%B6 Archived 2011-01-15 at the វេយប៊ែខ ម៉ាស៊ីន.
- http://www.khmer.rfi.fr/general/20110110-%E1%9E%9F%E1%9F%81%E1%9E%85%E1%9E%80%E1%9F%92%E1%9E%8F%E1%9E%B8%E2%80%8B%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%B6%E1%9E%93%E2%80%8B%E2%80%8B%E1%9E%87%E1%9E%BB%E1%9F%86%E1%9E%9C%E1%9E%B7%E1%9E%89%E2%80%8B%E1%9E%97%E1%9E%BC%E1%9E%98%E1%9E%B7%E1%9E%9F%E1%9E%B6%E1%9E%9F%E1%9F%92%E1%9E%9A%E1%9F%92%E1%9E%8F%E2%80%8B%E1%9E%93%E1%9E%99%E1%9F%84%E1%9E%94%E1%9E%B6%E1%9E%99%E2%80%8B%E1%9E%93%E1%9F%83%E2%80%8B%E1%9E%97%E1%9E%BC%E1%9E%98%E1%9E%B7%E1%9E%97%E1%9E%B6%E1%9E%82%E2%80%8B%E1%9E%8A%E1%9E%BE%E1%9E%98%E1%9E%94%E1%9E%BC%E1%9E%96%E1%9F%8C%E1%9E%B6%E2%80%8B