ភូមិសាស្ត្រនយោបាយដើមបូព៌ា និងសហរដ្ឋអាមេរិក
ភូមិសាស្ត្រនយោបាយដើមបូព៌ា និងសហរដ្ឋអាមេរិក
កែប្រែអាមេរិកនៅដើមបូព៌ា៖ពីនគរបាលពិភពលោកមកជាវិស្វករនយោបាយពិភពលោក
កែប្រែក្រោយពីសង្គ្រាមត្រជាក់បានរលត់រលាយទៅ សហរដ្ឋអាមេរិកបានសើរើពិនិត្យមើលឡើងវិញទាំងស្រុង យុទ្ធសាស្រ្តភូមិសាស្ត្រនយោបាយរបស់ខ្លួន។ គោលដៅរបស់ទីក្រុងWashington គឺធ្វើយ៉ាងណាឲ្យអាមេរិក នៅតែជាមហាអំណាចខ្លាំងផ្តាច់មុខតែឯង នៅក្នុងពិភពលោក យូរលង់តទៅអនាគត។
នៅក្នុងក្របខណ្ឌនៃយុទ្ធសាស្រ្តថ្មីនេះ ភូមិភាគដើមបូព៌ាជាអាទិភាពមួយធំជាងគេបង្អស់ សម្រាប់រដ្ឋការអាមេរិកាំងជាបន្តបន្ទាប់។ ជាក់ស្តែង គឺនៅក្នុងភូមិភាគដើមបូព៌ានេះឯង ដែលកាលសម័យសង្គ្រាមឈូងសមុទ្រPerse ឆ្នាំ១៩៩០-១៩៩១ អាមេរិកបានអនុវត្តជាលើកទីមួយបង្អស់សិទ្ធិរបស់ខ្លួន ក្នុងនាមជានគរបាលពិភពលោក។ កាលណោះ អាមេរិកដែលដឹកនាំកងទ័ពពហុជាតិមួយ បានវាយប្រហារទៅលើប្រទេសIrak ពីព្រោះIrak បានឈ្លានពាននិងចូលកាន់កាប់ប្រទេសKoweït។
ស្ថានភាពបច្ចុប្បន្ននៅភូមិភាគដើមបូព៌ា ជាផលវិបាកប្រកែកមិនបាននៃនយោបាយរបស់រដ្ឋការលោកBush ក្រោយពីមានព្រឹត្តិការណ៍ថ្ងៃទី១១កញ្ញាឆ្នាំ២០០១។
ក្រៅពីសង្គ្រាមនៅAfghanistan ក្នុងឆ្នាំ២០០១ ដើម្បីរំលំរបបពួកTaliban ដែលការពារ Ben Laden មេកើយរបស់Al-Qaïda នយោបាយរបស់រដ្ឋការBush នៅភូមិភាគដើមបូព៌ាមាន គោលដៅ៥សំខាន់ៗ។ ទី១ គឺទប់ស្កាត់កុំឲ្យជម្លោះរវាងIsraël និងPalestine ក្លាយជាសង្គ្រាម ធំ រហូតដល់អាចរីករាលដាលពាសពេញតំបន់។ ទី២ គឺគាបសង្កត់ទៅលើប្រទេសណាដែលមានមហិច្ឆតាចង់បង្កើតអាវុធប្រល័យ លោក។ ទី៣ គឺពង្រឹងការតស៊ូប្រឆាំងនឹងពួកភេរវជន។ ត្រង់នេះ រដ្ឋការលោកBush បានចាត់ទុក អង្គការរំដោះPalestine OLP ក៏ដូចចលនាHamasនៅក្នុងដែនដីកាន់កាប់ និងក៏ដូចចលនាHezbollah នៅប្រទេសLiban ថាជាចលនាភេរវកម្មឬជាចលនាដែលមានទំនាក់ទំនងជាមួយពួកភេរវជន។ គោលដៅទី៤ នៃនយោបាយរបស់រដ្ឋការលោកBush នៅក្នុងភូមិភាគដើមបូព៌ា គឺរំលំរបបរបស់ Saddam Hussein នៅIrak និងរំលំរបបរបស់ពួកAyatollah នៅIran។ រីឯគោលដៅទី៥ គឺពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្តនៅក្នុងតំបន់ ពិសេសជាមួយប្រទេសIsraël និងប្រទេសTurquie។
ទិសដៅធំៗទាំង៥ ត្រូវបានកំណត់ដោយវិជ្ជាស្ថាន Washington Institute for Near East Policy នៅក្នុងរបាយការណ៍មួយសម្រាប់លោកប្រធានាធិបតីអាមេរិកាំងBush ចុះនៅខែមករាឆ្នាំ២០០១ ពោលគឺ៨ខែមុនមហាភេរវកម្មថ្ងៃទី១១កញ្ញា ឆ្នាំ២០០១។
មែនទែនទៅ របាយការណ៍របស់Washington Institute for Near East Policy របាយការណ៍ដែលបានទៅដល់ដៃរបស់លោកBush នៅខែមករាឆ្នាំ២០០១ មិនបានលើកឡើងសោះឡើយ អំពីសារៈសំខាន់នៃប្រេងកាត នៅក្នុងភូមិភាគដើមបូព៌ា។ ក៏ប៉ុន្តែ អ្នកណាក៏ដឹងដែរថា ប្រេងកាតជាកត្តាមួយសំខាន់ដែលបានជម្រុញរដ្ឋការលោកBush ឲ្យចាត់ទុកដើមបូព៌ា ថាជាតំបន់អាទិភាព។ ភូមិភាគដើមបូព៌ាជាមហាអណ្តូងប្រេងកាតរបស់ពិភពលោក។ គ្រាន់តែតំបន់ឈូងសមុទ្រPerse តែមួយ មានផ្ទុកប្រេងកាតរហូតទៅដល់៦៦ ០០០០លាន baril ពោលគឺប្រមាណ៦៥%នៃបរិមាណប្រេងកាតទាំងស្រុងដែលគេបានរកឃើញ នៅក្នុងពិភពលោកសព្វថ្ងៃ។ លើសពីនេះទៅទៀត ភូមិភាគដើមបូព៌ានៅជាប់នឹងតំបន់សមុទ្រCaspienne ដែលក៏សម្បូណ៌ទៅដោយប្រេងកាតដែរ។
យ៉ាងណាក៏ដោយ មហាភេរវកម្មថ្ងៃទី១១កញ្ញាឆ្នាំ២០០១ បានជំរុញរដ្ឋការលោកBush ឲ្យ
ប្រញាប់ផ្លាស់ប្តូរតួនាទីរបស់អាមេរិកនៅក្នុងភូមិភាគដើមបូព៌ា ពីនគរបាលពិភពលោក ទៅជាវិស្វករនយោបាយពិភពលោក។
ដូចដែលយើងបានលើកឡើងខាងលើរួចហើយថា អាមេរិករបស់លោកBushឪពុក បានដើរតួនាទីជានគរបាលពិភពលោក នៅសម័យសង្គ្រាមឈូងសមុទ្រPerse ឆ្នាំ១៩៩០-១៩៩១។ កាលណោះ កងទ័ពអាមេរិកាំងបានរុញច្រានទ័ពរបស់Irak ចេញពីប្រទេសKoweït តែមិនបានចូលទៅដល់ទីក្រុងBagdad ដើម្បីរំលំរបបរបស់Saddam Husseinទេ។
១០ឆ្នាំក្រោយមក អាមេរិករបស់លោកBushកូន បានចេញមុខដើរតួនាទីជាវិស្វករនយោបាយពិភពលោក។ បានន័យថា ចំពោះលោកBushកូន អាមេរិកត្រូវហ៊ានប្រើគ្រប់មធ្យោបាយ រួមទាំងមធ្យោបាយសឹកផង ដើម្បីធ្វើឲ្យរលកប្រជាធិបតេយ្យគ្របដណ្តប់ទៅលើទូទាំងពិភពលោក ពិសេសទៅលើភូមិភាគដើមបូព៌ា។ និយាយរួម រដ្ឋការលោកBushមានជំនឿថា ដើម្បីសន្តិភាពនៅដើមបូព៌ា គេត្រូវគាស់រម្លើងរបបផ្តាច់ការនៅក្នុងតំបន់ ហើយរបបរបស់Saddam Hussein នៅIrak គឺជាអំណាចដែលអាមេរិកត្រូវផ្តួលរំលំមុនគេ។