ភូមិសាស្ត្រនយោបាយដើមបូព៌ា ប៉ាឡេស្ទីន និងអ៊ីស្រាអែល
ភូមិសាស្ត្រនយោបាយដើមបូព៌ា ប៉ាឡេស្ទីន និងអ៊ីស្រាអែល
កែប្រែសង្គ្រាមធំៗរវាងអ៊ីស្រាអែលនិងបណ្តាប្រទេសអារ៉ាប់ ដោយសារការបង្កើតរដ្ឋអ៊ីស្រាអែល
កែប្រែនៅថ្ងៃទី១៥ឧសភាឆ្នាំ១៩៤៨ ពោលគឺមួយថ្ងៃប៉ុណ្ណោះ ក្រោយការចាប់បដិសន្ធិឡើងនៃរដ្ឋអ៊ីស្រាអែល(Israël) ប្រទេសអេហ្ស៊ីប(Egypte) ស៊ីរី(Syrie) ត្រង់ហ្ស័រដានី(Transjordanie) អៀរ៉ាក់(Irak)និងលីបង់(Liban) បានប្រកាសសង្គ្រាមប្រឆាំងអ៊ីស្រាអែល និងបានវាយលុក ទៅលើរដ្ឋថ្មីថ្មោងមួយនេះ។ គោលដៅរបស់បណ្តាប្រទេសអារ៉ាប់ទាំងនេះ គឺកំទេចអ៊ីស្រាអែល និងលុបបំបាត់ប្រទេសនេះ ចេញពីផែនទីនៃភូមិភាគដើមបូព៌ា។ ក៏ប៉ុន្តែ ពួកគេបានច្បាំងចាញ់អ៊ីស្រាអែល ហើយសង្គ្រាមបានរលត់បាត់ទៅវិញ នៅខែកុម្ភៈ ឆ្នាំ១៩៤៩។ តាំងពីពេលនោះមក បណ្តាប្រទេសអារ៉ាប់ទាំងអស់នៅក្នុងតំបន់ បានខិតខំបង្កើតនិងពង្រឹងទ័ព ដេករង់ចាំថ្ងៃសងសឹកអ៊ីស្រាអែលវិញ។
បណ្តាប្រទេសអារ៉ាប់ ត្រូវរង់ចាំរហូតដល់ឆ្នាំ១៩៥៤ មុននឹងហ៊ានចេញមុខរករឿងអ៊ីស្រាអែលសាជាថ្មី។ កាលណោះ ប្រទេសអេហ្ស៊ីប ក្រោមការដឹកនាំរបស់វរសេនីយឯក ណាស្សែរ(Nasser) បានប្រឹងប្រែងចងសម្ព័ន្ធភាពយោធាជាមួយបណ្តាប្រទេសអារ៉ាប់ជិតខាង។ គោលដៅ គឺឡោមព័ទ្ធនិងច្របាច់កអ៊ីស្រាអែល។ ក៏ប៉ុន្តែ នៅទីបំផុត គឺអ៊ីស្រាអែល ទេតើដែលបានធ្វើការវាយប្រហារមុន។ កាលណោះ គឺនៅខែមិថុនាឆ្នាំ១៩៦៧ កងទ័ពអ៊ីស្រាអែលបានវាយកំទេចកងកម្លាំងរបស់អេហ្ស៊ីប ស៊ីរី និងហ្ស័រដានី ដោយបានប្រើពេលតែប្រាំមួយថ្ងៃប៉ុណ្ណោះ ។ សង្គ្រាមដ៏លឿនរហ័សដូចផ្លេកបន្ទោរនេះ ត្រូវបានគេហៅថា សង្គ្រាមប្រាំមួយថ្ងៃ។ បរាជ័យជាលើកទីពីរនេះ បានធ្វើអោយបណ្តាប្រទេសអារ៉ាប់កាន់តែអាម៉ាស់មុខ និងកាន់តែចង់សងសឹកអ៊ីស្រាអែលខ្លាំងឡើងៗ។
នៅឆ្នាំ១៩៧០ ជាថ្មីម្តងទៀត ប្រទេសEgypte ដែលកាលណោះឋិតនៅក្រោមការគ្រប់គ្រងរបស់លោកសាដាត់ (Sadate) បានផ្តើមពង្រឹងទ័ពរបស់ខ្លួនឡើងវិញ ដោយមានការជួយជ្រោមជ្រែងពីសំណាក់សហភាពសូវៀត។ បីឆ្នាំក្រោយមក គឺនៅខែតុលាឆ្នាំ១៩៧៣ ជួនចំថ្ងៃបុណ្យរបស់ជនជាតិJuif ឈ្មោះបុណ្យយ៉ូមគីបពួរ(Yom Kippour) កងទ័ពEgypte និងកងទ័ពSyrie បានពួតដៃគ្នាវាយប្រហារទៅលើប្រទេសIsraël។ ក៏ប៉ុន្តែ ដូចពេលមុនៗដែរ Israëlបានទទួលជ័យជំនះក្នុងសង្គ្រាមថ្មីនេះ សង្គ្រាមដែលគេហៅថា សង្គ្រាមYom Kippour។
សង្គ្រាមបីលើកបន្តបន្ទាប់គ្នានេះ រវាងអ៊ីស្រាអែលនិងបណ្តាប្រទេសអារ៉ាប់ ដែលបានផ្ទុះឡើងដោយសារតែការបង្កើតរដ្ឋអ៊ីស្រាអែល បាននាំមកនូវផលវិបាកសែនធ្ងន់ធ្ងរមួយចំនួន។
ផលវិបាកធ្ងន់ធ្ងរទីមួយ គឺការក្រឡាប់ចាក់នៃភូមិសាស្រ្តនយោបាយរបស់ភូមិភាគដើមបូព៌ា។ ក្រោយសង្គ្រាមឆ្នាំ១៩៤៩ ប្រទេសអ៊ីស្រាអែលបានពង្រីកទឹកដីរបស់ខ្លួននៅប៉ាលេស្ទីន ពី៥៥%ទៅ៧៨%។ ក្រោយសង្គ្រាមYom Kippour នៅឆ្នាំ១៩៧៣ អ៊ីស្រាអែល បានកាន់កាប់ដែនដីប៉ាលេស្ទីនទាំងស្រុង។ មិនតែប៉ុណ្ណោះ ក្រោយសង្គ្រាមប្រាំមួយថ្ងៃ នៅឆ្នាំ១៩៦៧ អ៊ីស្រាអែល បានលេបយកដែនដីហ្គោឡង់(Golan)នៃប្រទេសស៊ីរី និងដែនដីស៊ីណៃ(Sinaï)នៃប្រទេសអេហ្ស៊ីប។
ផលវិបាកធ្ងន់ធ្ងរទីពីរនៃសង្គ្រាមបន្តបន្ទាប់គ្នាទាំងអស់នេះ គឺទុក្ខវេទនារបស់ប្រជាជនអារ៉ាប់ប៉ាលេស្ទីន ជាង៧០០០០០នាក់ដែលបានបាត់បង់អស់ទឹកដី និងបានក្លាយជាជនភៀសខ្លួនចេញទៅរស់នៅក្នុងបណ្តាប្រទេសជិតខាង ដូចជានៅស៊ីរី អេហ្ស៊ីប និង លីបង់។ ចំណែកជាង២០០០០០នាក់ទៀត បន្តរស់នៅក្នុងដែនដីប៉ាលេស្ទីន កាន់កាប់ដោយអ៊ីស្រាអែល ដូចជានៅហ្កាហ្សា(Gaza) និងអេប្រុង(Hébron)ជាដើម។ បណ្តើរៗ ជនភៀសខ្លួនប៉ាលេស្ទីន បានពួតដៃគ្នាបង្កើតចលនាតស៊ូមួយ ដែលនៅឆ្នាំ១៩៦៤ បានក្លាយជាអង្គការរំដោះប៉ាលេស្ទីន ហៅកាត់ថាOLP។
ផលវិបាកធ្ងន់ធ្ងរទីបីនៃសង្គ្រាមបន្តបន្ទាប់គ្នារវាងអ៊ីស្រាអែល និងបណ្តាប្រទេសអារ៉ាប់ គឺការបង្កអោយមានសង្គ្រាមស៊ីវិលកើតឡើងនៅប្រទេសលីបង់។ នៅដើមទសវត្សរ៍ទី៧០ តំបន់ប៉ែកខាងត្បូងនៃប្រទេសលីបង់ បានក្លាយជាជំរំជនភៀសខ្លួនប៉ាលេស្ទីនធំជាងគេ ដោយសារតែប្រទេសស៊ីរី និងហ្ស័រដានីបានរុញច្រានជនភៀសខ្លួនប៉ាលេស្ទីនចេញពីប្រទេសពួកគេ ហើយបានសម្រេចបិទច្រកព្រំដែន ជាហេតុបានជម្រុញអោយជនភៀសខ្លួនទាំងនោះរុលចូលទៅក្នុងទឹកដី លីបង់។ ចូលដល់ទឹកដីលីបង់ ហើយ ជនភៀសខ្លួនប៉ាលេស្ទីន ដែលជាអ្នកកាន់សាសនាអ៊ីស្លាម បានទៅចូលដៃជាមួយសហគមន៍អ្នកកាន់សាសនាអ៊ីស្លាម និងបានផ្តើមទាស់ទែងជាមួយសហគមន៍អ្នកកាន់គ្រិស្តសាសនានៅក្នុង ប្រទេសនោះ។ សង្គ្រាមស៊ីវិលនៅលីបង់បានផ្ទុះឡើង នៅខែមេសាឆ្នាំ១៩៧៥។
នៅឆ្នាំ១៩៧៦ ប្រទេសស៊ីរី ដែលបារម្ភខ្លាចសង្គ្រាមស៊ីវិលនៅលីបង់ រាលដាលចូលមកដល់ប្រទេសគេ បានបញ្ជូនទ័ពចូលទៅធ្វើអន្តរាគមន៍នៅក្នុងប្រទេសលីបង់ ដើម្បីរៀបចំអោយមានសណ្តាប់ធ្នាប់ឡើងវិញ។ ចាប់ពីពេលនោះមក អនាធិបតេយ្យបានគ្របដណ្តប់ទៅលើប្រទេសលីបង់ទាំងមូល។ កងទ័ពស៊ីរី បានកាន់កាប់ដីមួយភាគធំ នៅប៉ែកខាងជើងនៃប្រទេសលីបង់។ ជនភៀសខ្លួនប៉ាលេស្ទីនវិញបានកាន់កាប់ប៉ែកខាងត្បូងនៃប្រទេស និងសង្កាត់មួយចំនួននៃរដ្ឋធានីបីរូត(Beyrouth)។ ធ្ងន់ធ្ងរជាងនេះទៅទៀត ពួកអ្នកកាន់សាសនាអ៊ីស្លាម និងពួកអ្នកកាន់គ្រិស្តសាសនាបានប្រយុទ្ធគ្នារៀងរាល់ថ្ងៃ នៅក្នុងទីក្រុង។ នៅឆ្នាំ១៩៧៨ ដោយខ្លាចសង្គ្រាមស៊ីវិលនៅលីបង់ ប៉ះពាល់ដល់សន្តិសុខរបស់ប្រទេសខ្លួន កងទ័ពអ៊ីស្រាអែលបានចូលកាន់កាប់ប៉ែកខាងត្បូងនៃប្រទេសលីបង់។ បួនឆ្នាំក្រោយមកទៀត គឺនៅឆ្នាំ១៩៨២ អ៊ីស្រាអែលបានសម្រេចធ្វើប្រតិបត្តិការយោធាមួយយ៉ាងធំ នៅលីបង់ ប្រតិបត្តិការដែលគេហៅថា ប្រតិបត្តិការសន្តិភាពហ្កាលីឡេ(Galilée)។
គោលដៅរបស់អ៊ីស្រាអែល គឺការពារសន្តិសុខនៃប្រទេសគេ ដោយរុញច្រានជនភៀសខ្លួនប៉ាលេស្ទីន ទៅអោយឆ្ងាយពីព្រំដែនរវាងអ៊ីស្រាអែល និងលីបង់។ ក៏ប៉ុន្តែ ក្រោយមកទៀត ក្រោមការគាបសង្កត់របស់សហគមន៍អន្តរជាតិ កងទ័ពIអ៊ីស្រាអែលបានដកខ្លួនចេញពីលីបង់វិញ ដោយទុកចោលប្រទេសនេះអោយឋិតនៅក្រោមការគ្រប់គ្រងសឹងផ្តាច់មុខ របស់កងទ័ពស៊ីរី។
ចាប់ពីដើមទសវត្សរ៍ទី៨០មក អធិករណ៍រវាងបណ្តាប្រទេសអារ៉ាប់និងអ៊ីស្រាអែល ក្លាយទៅជាជម្លោះផ្ទាល់តែម្តងរវាងប៉ាលេស្ទីន និងអ៊ីស្រាអែល ពីព្រោះបណ្តាប្រទេសអារ៉ាបក្នុងតំបន់ បានដកខ្លួនចេញបណ្តើរៗ ដោយលែងចង់ជួយឈឺឆ្អាលខ្លាំងដូចមុនទៀតហើយ បញ្ហារបស់ប្រជាជនអារ៉ាប់នៅប៉ាលេស្ទីន។ ឧទាហរណ៍ជាក់ស្តែង ប្រទេសអេហ្ស៊ីប ដែលជាអ្នកនាំអាទិ៍បង្កសង្គ្រាមពីរលើកប្រឆាំងនឹងអ៊ីស្រាអែលបាន ចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពមួយជាមួយIអ៊ីស្រាអែល នៅឆ្នាំ១៩៧៩។ ឧទាហរណ៍ជាក់ស្តែងដែរ ប្រទេសលីបង់ បានបណ្តេញលោកYasser Arafat ប្រធានអង្គការរំដោះប៉ាលេស្ទីន OLP ចេញពីទីក្រុងBeyrouth នៅឆ្នាំ១៩៨២។
គឺនៅក្នុងបរិបទបែបនេះហើយ ដែលនៅខែធ្នូឆ្នាំ១៩៨៧ អធិករណ៍បានកើតចេញពីក្នុងមកវិញ ចេញពីដែនដីប៉ាលេស្ទីនដែលកាន់កាប់ដោយអ៊ីស្រាអែល ដូចជានៅGazaជាដើម។ នៅទីនោះ ប្រជាជនអារ៉ាប់បានយកដុំថ្មមកធ្វើជាអាវុធ ដើម្បីងើបបះបោរប្រឆាំងនឹងកងទ័ពអ៊ីស្រាអែល។ គឺជាការផ្តើមឡើងនៃអ្វីដែលគេហៅថាIntifada ឬសង្គ្រាមចោលដុំថ្ម៕
ឯកសារយោង
កែប្រែដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ http://www.khmer.rfi.fr/Israel%20war%20with%20muslim%20country Archived 2010-11-13 at the វេយប៊ែខ ម៉ាស៊ីន.