ភូមិសាស្ត្រនយោបាយប៉ាឡេស្ទីន អៀរ៉ាក់ អេហ្ស៊ីប និងអ៊ីស្រាអែល
ភូមិភាគដើមបូព៌ា ៖ តំបន់ពោរពេញទៅដោយសោកនាដកម្ម
កែប្រែជាង៦០ប្លាយឆ្នាំកន្លងមកហើយ ដែលភូមិភាគដើមបូព៌ា ជាតំបន់ក្តៅគគុកជាងគេបង្អស់មួយ នៅក្នុងពិភពលោក។ តើមកពីមូលហេតុអ្វី?
ពាក្យថា ភូមិភាគដើមបូព៌ា តែងធ្វើអោយគេនឹកឃើញទៅដល់រូបភាពនៃសង្គ្រាម រូបភាពនៃសោកនាដកម្មដែលបញ្ចាំងតាមទូរទស្សន៍ សឹងមិនលស់ថ្ងៃ។ សង្គ្រាមនិងសោកនាដកម្ម នៅក្នុងភូមិភាគនេះ បន្តគ្មានថ្ងៃចប់ជាង៦០ប្លាយឆ្នាំកន្លងមកហើយ គឺតាំងពីរដ្ឋអ៊ីស្រាអែល(Israël) ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៤៨មកម៉្លេះ។
មុននឹងនិយាយដល់សង្គ្រាមទាំងអស់នេះ មុននឹងចូលដល់បញ្ហាភូមិសាស្ត្រនយោបាយនៃតំបន់នេះ គួរសាកល្បងកំណត់ជាបឋម ភូមិសាស្រ្តនៃពាក្យថាភូមិភាគដើមបូព៌ាសិន។ ជាទូទៅ គេមិនរាប់បញ្ចូលបណ្តាប្រទេសអារ៉ាប់(Arabe) នៃតំបន់ម៉ាគ្រេប(Maghreb) នាប៉ែកខាងជើងនៃទ្វីបអាហ្វ្រិក(Afrique) ដូចជាអាល់ហ្សេរី(Algérie) ឬក៏ម៉ារ៉ុក(Maroc) ទៅក្នុងភូមិភាគដើមបូព៌ាទេ។ ត្រូវគេរាប់បញ្ចូលទៅក្នុងភូមិភាគដើមបូព៌ា មានជាបឋមដែនដីដែលជាភាសាបារាំង គេហៅថា Le croissant fertile រួមមានប្រទេសIsraël ប៉ាលេស្ទីន(Palestine) ហ្ស័កដានី(Jordanie) អៀរ៉ាក់(Irak) ស៊ីរី(Syrie) និងលីបង់(Liban)។ មានបន្ទាប់មកទៀត ដែនដីជុំវិញទន្លេនីល(Nil) ដែលជាទីតាំងរបស់ប្រទេសអេហ្សីប(Egypte) និងស៊ូដង់(Soudan)។
នៅចុងក្រោយបង្អស់ ដែនដីដែលត្រូវគេរាប់បញ្ចូលទៅក្នុងភូមិភាគដើមបូព៌ា គឺឧបទ្វីបអារ៉ាប់(la péninsule arabique) ដែលជាទីតាំងនៃប្រទេសអារ៉ាប៊ី សាអ៊ូឌីត(Arabie Saoudite) បារ៉ែន(Bahreïn) អេម៊ីរ៉ា អារ៉ាប់រួម(Emirats arabes unis) កូវ៉េត(Koweït) អូម៉ាន(Oman) កាតារ(Qatar) និងយ៉េមែន(Yémen)។ មានប្រទេស២ទៀត ដែលត្រូវគេរាប់បញ្ចូលទៅក្នុងភូមិភាគដើមបូព៌ាដែរ គឺអៀរ៉ង់(Iran) និងទួរគី(Turquie)។
ទាក់ទងទៅនឹងភូមិភាគដើមបូព៌ា អ្វីដែលគេកត់សម្គាល់ឃើញមុនគេ គឺលក្ខណៈខុសគ្នាខ្លាំងនៃពូជសាសន៍របស់ប្រជាជន។ មានប្រជាជនArabe មានប្រជាជនTurque មានប្រជាជនKurde និងមានប្រជាជនArménie ។ល។និង។ល។
គេក៏កត់សម្គាល់ឃើញដែរ លក្ខណៈខុសគ្នាខ្លាំងនៃសាសនារបស់ប្រជាជន។ ជាសាសនាអ៊ីស្លាមតែមួយមែនពិត តែជានិកាយផ្សេងគ្នា។ ប្រជាជនភាគច្រើននៅក្នុងតំបន់ ជាអ្នកកាន់សាសនាអ៊ីស្លាមនិកាយសុនីត(sunnite)។ តែអ៊ីស្លាមដែលប្រជាជនភាគច្រើនកាន់នៅIrak នៅBahreïn និងនៅអៀរ៉ង់ ជាអ៊ីស្លាមនិកាយស្ហ៊ីអ៊ីត(chiite)។ នៅប្រទេសOmanវិញ ប្រជាជនភាគច្រើនកាន់សាសនាអ៊ីស្លាមនិកាយខារ៊ីយីត(kharijite) ។ រីឯអ៊ីស្លាមនៅប្រទេសArabie Saoudite វិញជាអ៊ីស្លាមនិកាយវ៉ាលហាប៊ីត(walhabite)។ ចំណែកអ៊ីស្លាមនៅប្រទេសSyrie ជាអ៊ីស្លាមនិកាយអាឡាវីត(alaouite)និងអ៊ីស្លាមនិកាយឌ្រីហ្សក (druze)ដែលក៏ជាសាសនារបស់ប្រជាជនមួយចំនួននៅLibanដែរ។ ក្រៅពីនេះ សាសនារបស់ប្រជាជនIsraël ជាសាសនាជ្វីហ្វ(juif)។ ក៏មានដែរគ្រិស្តសាសនា ដែលជាសាសនារបស់ប្រជាជនEgypte ប្រមាណ៨% របស់ប្រជាជនSyrie ប្រមាណ១០% និងរបស់ប្រជាជនLiban ប្រមាណ៤៥%។
លក្ខណៈខុសគ្នាខ្លាំងមួយទៀតនៃភូមិភាគដើមបូព៌ា គឺរបបនយោបាយនៃប្រទេសនីមួយៗ។ រួមមានជាអាទិ៍ លទ្ធិរាជានិយមនិងអភិរក្សនិយមតឹងរ៉ឹងនៅArabie Saoudite របបសាធារណរដ្ឋបាសនិយម(baasiste) ប្រកាន់អំណាចផ្តាច់ការដូចជានៅSyrie របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញដូចជានៅJordanie របបអ៊ីស្លាមតឹងរ៉ឹង ដូចជានៅIran និងលទ្ធិប្រជាធិបតេយ្យ ដូចជានៅIsraëlជាដើម។
លក្ខណៈខុសគ្នាខ្លាំងមួយចុងក្រោយនៃភូមិភាគដើមបូព៌ា គឺកំរិតសេដ្ឋកិច្ចនិងសង្គមកិច្ចនៃប្រទេសនីមួយៗ។ គេឃើញមានជាបឋម បណ្តាប្រទេសផលិតប្រេងកាតដែលជាប្រទេសអ្នកមានស្តុកស្តម្ភ ដូចជាArabie Saoudite និងKoweït។ បន្ទាប់មកទៀត មានបណ្តាប្រទេសដែលរស់ដោយជំនួយបស្ចិមលោក ដូចជាEgypte Jordanie និងIsraël។ នៅចុងក្រោយបង្អស់ មានបណ្តាប្រទេសប្រជាជនច្រើន តែខ្វះធនធានធម្មជាតិ ដូចជាSyrie ឬក៏បណ្តាប្រទេសប្រកបដោយសក្តានុពលសេដ្ឋកិច្ច តែមិនលូតលាស់ ដោយសារតែបញ្ហានយោបាយនិងបញ្ហាភូមិសាស្ត្រនយោបាយ ដូចជាប្រទេសTurquie Iran និងIrak។
ដូចបានលើកឡើងខាងលើបន្តិចរួចមកហើយ ភូមិភាគដើមបូព៌ាជាតំបន់មួយប្រកបទៅដោយសង្គ្រាម និងសោកនាដកម្មមិនចេះចប់មិនចេះហើយ។ មានជាបឋមសង្គ្រាមជាច្រើនលើក រវាងIsraël និងបណ្តាប្រទេសArabe ដែលប្រឆាំងនឹងការបង្កើតរដ្ឋIsraël ក្នុងទឹកដីPalestine នៅឆ្នាំ១៩៤៨។ គឺសុទ្ធសឹងជាសង្គ្រាមដែលមានបុព្វហេតុប្រវត្តិសាស្រ្ត សាសនា សន្តិសុខ និងទឹកដី។
ក៏មានដែរសង្គ្រាមដែលមានលក្ខណៈផ្សងព្រេង ដូចជាសង្គ្រាមដែលបង្កឡើងដោយអតីតរបបផ្តាច់ការIrak របស់Saddam Hussein ជាអាទិ៍សង្គ្រាមIran-Irak ពីឆ្នាំ១៩៨០ដល់ឆ្នាំ១៩៨៨ សង្គ្រាមឈូងសមុទ្រPerse នៅឆ្នាំ១៩៩១ ក្រោយពីIrak បានចូលឈ្លានពានប្រទេសKoweït នៅថ្ងៃទី២សីហាឆ្នាំ១៩៩០។
មានសង្គ្រាមមួយប្រភេទទៀត គឺសង្គ្រាមស៊ីវិល ដូចជាសង្គ្រាមនៅLiban ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៩០ សង្គ្រាមដែលផ្ទុះឡើង ក្រោយពីIsraël និងSyrie បានចូលកាន់កាប់ដែនដីរបស់ប្រទេសLiban រួចមក។
ក្រៅពីនេះ ក៏មានដែររដ្ឋប្រហារបន្តបន្ទាប់គ្នា រដ្ឋប្រហារដែលបាននាំមកនូវរបបនយោបាយជាតិនិយមផ្តាច់ការ ដូចរដ្ឋប្រហារនៅប្រទេសEgypte ក្នុងឆ្នាំ១៩៥២ រដ្ឋប្រហារនៅប្រទេសSyrie ក្នុងឆ្នាំ១៩៥៤ រដ្ឋប្រហារនៅប្រទេសIrak ក្នុងឆ្នាំ១៩៥៨ ឬក៏រដ្ឋប្រហារនៅប្រទេសIran ក្នុងឆ្នាំ១៩៧៩ តាមរយៈបដិវត្តន៍អ៊ីស្លាម ដែលបាននាំក្រុមអ្នកកាន់សាសនាតឹងរ៉ឹងមកដឹកនាំប្រទេស។
ទោះបីជាសង្គ្រាមត្រជាក់បានចប់បាត់ទៅហើយក្តី ក៏ភូមិភាគដើមបូព៌ា មិនប្រែប្រួល មិនបោះជំហានទៅរកការអភិវឌ្ឍន៍ និងទៅរកសន្តិភាពសោះ។ ក្រោយសង្គ្រាមត្រជាក់ រលកនៃប្រជាធិបតេយ្យូបនីយកម្ម បានគ្របដណ្តប់ទៅលើអឺរ៉ុបខាងកើត ទៅលើអាស៊ី និងទៅលើអាមេរិកឡាទីន។ ផ្ទុយពីគេឯង ភូមិភាគដើមបូព៌ាបន្តផុងខ្លួនក្នុងបញ្ហាអតីតកាល ក្នុងសង្គ្រាមរ៉ាំរ៉ៃ។ ទាំងនេះ គឺមកពីមូលហេតុច្រើនយ៉ាង។ ម្យ៉ាង គឺអសមត្ថភាពរបស់បណ្តាប្រទេសArabeក្នុងការបង្រួបបង្រួមគ្នានិង ត្រូវរ៉ូវគ្នា។ តាំងពីចប់សង្គ្រាមលោកលើកទី២មក បណ្តាប្រទេសArabeគ្នាឯងឈ្លោះប្រកែកគ្នាឥតឈប់។
ជាក់ស្តែង គឺទំនាស់រវាងSyrie និងJordanie នៅទសវត្សរ៍ទី៨០ ទំនាស់រវាងEgypte និងSoudan នៅទសវត្សរ៍ទី៩០ ឬក៏ទំនាស់រវាងEgypte និងបណ្តាប្រទេសArabeដទៃផ្សេង នៅក្នុងទសវត្សរ៍ទី៧០ ពីព្រោះ កាលនោះ ប្រទេសEgypte របស់លោកSadate បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយ ជាមួយIsraël។ មូលហេតុម្យ៉ាងទៀតនៃអធិករណ៍មិនចេះចប់ នៅភូមិភាគដើមបូព៌ា គឺកង្វះឆន្ទៈរបស់ថ្នាក់ដឹកនាំArabe ក្នុងការអូសទាញប្រទេសជាតិទៅរកលទ្ធិប្រជាធិបតេយ្យ។ ឯមូលហេតុចុងក្រោយ គឺមកពីកម្លាំងជ្រួលច្រាល់រកខ្ទប់មិនបាននៃចលនាបាតុកម្ម និងចលនាបះបោរផ្សេងៗ៕
ឯកសារយោង
កែប្រែដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ