ភូមិសាស្ត្រនយោបាយប្រេស៊ីល
ភូមិសាស្ត្រនយោបាយប្រេស៊ីល
កែប្រែប្រេស៊ីលជាយក្សដែលទើបងើបពីដំណេក
កែប្រែ]
មិនដែលឡើយ នៅក្នុងប្រវត្តិសាស្រ្តជាងប្រាំរយឆ្នាំរបស់ខ្លួន ដែលប្រទេសប្រេស៊ីលមាន ឈ្មោះ ឥទ្ធិពល និងទឹកមាត់ប្រៃ នៅលើឆាកអន្តរជាតិ ដូចពេលនេះ។ ស្ថានភាពនៃប្រទេស ធំជាងគេមួយនេះនៃទ្វីបអាមេរិកឡាទីន ប្រៀបដូចយក្សមួយ ដែលក្រោយពីបានដេកលក់ យូរឆ្នាំ បើកភ្នែក ងើបឈរឡើង ហើយសម្លឹងមើលទៅឆ្ងាយ ពីព្រោះចង់មានអំណាចនៅ ក្នុងតំបន់ និងនៅក្នុងពិភពលោក។
អ្នកដែលបានដាស់យក្សប្រេស៊ីលឲ្យងើបពីដំណេក អ្នកដែលបានធ្វើឲ្យពលរដ្ឋប្រេស៊ីលទុកចិត្តខ្លួនឯង និងមានមោទនភាព គឺលោកប្រធានាធិបតី លុយឡា(Lula) អាយុ៦៤ឆ្នាំ និង ដែលអាណត្តិគ្រប់គ្រងប្រទេសនឹងត្រូវចប់ជាស្ថាពរ នៅចុងឆ្នាំ២០១០នេះ។ កាលពីឆ្នាំ២០០២ នៅពេលដែល លុយឡា បានឡើងមកកាន់តំណែងប្រធានាធិបតី ប្រេស៊ីលជាប្រជាជាតិមួយដែលត្រូវបានគេវាយតម្លៃថា អត់ផ្លូវ និងគ្មានអនាគត។
ប្រាំបីឆ្នាំក្រោយមក លទ្ធិប្រជាធិបតេយ្យប្រេស៊ីលដែលបានប្រសូតឡើងនៅឆ្នាំ១៩៨៥ មានគ្រឹះមាំមួន សេដ្ឋកិច្ចនៃប្រទេសមានកំណើនខ្លាំងក្លា ប្រេស៊ីលក្លាយជាអ្នកនាំពាក្យនៃ បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ជាសមាជិកនៃក្រុមប្រទេសG២០។ អ៊ីចឹងហើយបានជា ថ្មីៗ កន្លងទៅនេះ លោកប្រធានាធិបតីបារាំង សារកូស៊ី(Sarkozy) បានធ្លោយមាត់និយាយថា ពីពេលនេះតទៅ គេនឹងមិនអាចដោះស្រាយបានទេ បញ្ហាធំៗនៅក្នុងលោក បើសិនជាគ្មាន ប្រទេសប្រេស៊ីល។
គួរនិយាយថា តាំងពីដំបូងមក លុយឡាដែលជាអតីតប្រមុខសហជីព មេដឹកនាំកូដកម្មធំៗ សម័យទសវត្សរ៍ទី៧០ និងដែលជាអ្នកបង្កើតគណបក្សពលករ មានមហិច្ឆតាធំណាស់ សម្រាប់ប្រេស៊ីល។ គោលដៅរបស់លោក គឺកំចាត់ភាពអត់ឃ្លាន ធ្វើឲ្យអ្នកក្រក្លាយជាអ្នក វណ្ណៈមធ្យម និងធ្វើឲ្យអ្នកមិនចេះអក្សរក្លាយជាអ្នកចេះដឹង។ នៅឆ្នាំ២០០៤ តាមរយៈកម្មវិធី ដែលមានឈ្មោះថា "ឈប់ឃ្លាន" រដ្ឋាភិបាលផ្តើមផ្តល់ប្រាក់ឧបត្ថម្ភពី១០ទៅ១០០ដុល្លារ ក្នុងមួយខែ ឲ្យដល់១លាន២សែនគ្រួសារដែលក្រីក្រជាងគេ។ ជាថ្នូរវិញ ម្តាយឪពុកត្រូវ បញ្ជូនកូនទៅសាលារៀន។ ទន្ទឹមជាមួយគ្នានេះ កសិករក្រីក្រទទួលបានឥណទានពីរដ្ឋមានទឹកស្អាតនិងភ្លើង អគ្គិសនីប្រើបា្រស់។
ដើម្បីដំឡើងអំណាចទិញរបស់ប្រជាជន ក្នុងគោលដៅដំឡើងការទិញដូរគ្រឿងឧបភោគ បរិភាគនៅលើទីផ្សារផ្ទៃក្នុង រៀងរាល់ឆ្នាំ រដ្ឋាភិបាលសម្រេចដំឡើងប្រាក់ខែអប្បបរមាដែល កើនរហូតដល់ទៅ៥៤% ក្នុងចន្លោះឆ្នាំ២០០៣ និង២០១០។ ជាលទ្ធផល ក្នុងរយៈពេលតែ ៨ឆ្នាំប៉ុណ្ណោះ ប្រជាជនប្រេស៊ីលរហូតដល់ទៅ២៤លាននាក់បានចេញរួចផុតពីភាពក្រីក្រ ហើយទន្ទឹមជាមួយគ្នានេះ ៣១លាននាក់បានក្លាយជាអ្នកវណ្ណៈមធ្យម។ មិនតែប៉ុណ្ណោះ ក្រោមការគ្រប់គ្រងរដ្ឋរបស់លុយឡា ប្រទេសប្រេស៊ីលបង្កើតបាន ក្នុងមួយ ឆ្នាំៗ ការងារចំនួន១លាន៤សែនកន្លែង ជាមធ្យមភាគ។
នៅក្នុងអាណត្តិទីពីរវិញ លុយឡាបានឲ្យអាទិភាពទៅលើការពង្រឹងកំណើនសេដ្ឋកិច្ច ដោយបានចំណាយប្រាក់ប្រមាណជាង២៧ម៉ឺនលានដុល្លារ សម្រាប់សាងសង់ កំពង់ផែ ផ្លូវនិងស្ពាន។
ដោយសារតែការអភិវឌ្ឍន៍សេដ្ឋកិច្ចលឿនរហ័សនៃប្រទេស ប៉ុន្មានឆ្នាំចុងក្រោយនេះ លុយឡា មានលទ្ធភាពគ្រប់គ្រាន់ក្នុងការពង្រឹងតួនាទីរបស់ប្រេស៊ីល នៅលើឆាកតំបន់ និងនៅលើឆាកអន្តរជាតិ។ អ៊ីចឹងហើយ បានជាប្រេស៊ីលក្រោមអាណត្តិគ្រប់គ្រងរដ្ឋរបស់លុយឡា បាននិងកំពុងបន្តទាមទារអសនៈអចិន្ត្រៃយ៍មួយនៅក្រុមប្រឹក្សាសន្តិសុខ អង្គការ សហប្រជាជាតិ បានបើកស្ថានទូត៣៦បន្ថែមទៀតនៅក្នុងលោក បានដឹកនាំប្រកបដោយ ជោគជ័យបេសកកម្មរក្សាស្ថិរភាពរបស់អង្គការសហប្រជាជាតិ នៅប្រទេសហៃទី(Haïti)។
នៅក្នុងន័យដូចគ្នានេះដែរ លុយឡាបានពង្រឹងវត្តមានរបស់ប្រេស៊ីលនៅក្នុងទ្វីបអាហ្វ្រិក ជាទីដែលលោកបានទៅបំពេញទស្សនកិច្ចជាងដប់ដងរួចមកហើយ។ មិនតែប៉ុណ្ណោះ ប្រេស៊ីលរបស់លុយឡា បានបង្កើនប្រាក់ចំណាយនៅលើវិស័យយោធា ដើម្បីការពារ ប្រទេស ការពារឆ្នេរសមុទ្រប្រវែង៨ពាន់៥រយគីឡូម៉ែត្រ ការពារផ្ទៃព្រំដែនទឹកទាំង ៤លាន៥សែនគីឡូម៉ែត្រក្រឡា និងអណ្តូងប្រេងកាតបាតសមុទ្រដ៏ច្រើនសន្ធឹកសន្ធាប់ ហួសការស្មាន ដែលទើបតែត្រូវបានរកឃើញថ្មីៗកន្លងទៅនេះ។
ការលេចត្រដែតឡើងយ៉ាងលឿនរហស័របស់ប្រេស៊ីល កំពុងធ្វើឲ្យបណ្តាប្រទេសជិតខាង ព្រួយបារម្ភនិងផ្តើមអនុវត្តនូវអ្វីដែលគេហៅថា នយោបាយសេដ្ឋកិច្ចជាតិនិយម។ ជាក់ស្តែង នៅឆ្នាំ២០០៩ រដ្ឋាភិបាលអេក្វាទ័រ(Equateur) បានបណ្តេញក្រុមហ៊ុនសំណង់ប្រេស៊ីល Odebrecht ចេញពីប្រទេសខ្លួន។ ដូចគ្នាអ៊ីចឹងដែរ អាជ្ញាធរអារហ្សង់ទីន (Argentine) បាន លើករនាំងគយ ខ្ទប់កុំឲ្យទំនិញប្រេស៊ីលហូរចូលមកក្នុងប្រទេសគេច្រើនពេក។ នៅខែ តុលាខាងមុខនេះ ប្រេស៊ីលនឹងរៀបចំបោះឆ្នោតប្រធានាធិបតី មុននឹងបិទទំព័របញ្ចប់ សករាជលុយឡា។
យ៉ាងណាក៏ដោយ ការងាររបស់ប្រធានាធិបតីថ្មីនៃប្រទេសប្រេស៊ីល នឹងមិនយ៉ាប់យ៉ឺនពេកទេ ពីព្រោះម្យ៉ាង មហាអំណាចសេដ្ឋកិច្ចទីមួយនេះនៃទ្វីបអាមេរិកឡាទីន បានចេញរួចផុត ពីវិបត្តិសេដ្ឋកិច្ចសកលហើយ។ ពីព្រោះម្យ៉ាងទៀត ជាលើកទីមួយបង្អស់នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ប្រេស៊ីលមាន កំណើនសេដ្ឋកិច្ចខ្ពស់ អតិផរណាទាប និងលទ្ធិប្រជាធិបតេយ្យមាំមួន៕
ឯកសារយោង
កែប្រែដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ http://www.khmer.rfi.fr/Bresilia