ភូមិសាស្ត្រនយោបាយអៀរ៉ាក់
ភូមិសាស្ត្រនយោបាយអៀរ៉ាក់
កែប្រែអៀរ៉ាក់ ប្រាំពីរឆ្នាំក្រោយមក
កែប្រែនៅថ្ងៃទី២០មីនាឆ្នាំ២០០៣ សង្គ្រាមអាមេរិកនៅអៀរ៉ាក់បានផ្តើមឡើង។ ទីក្រុងBagdad បានធ្លាក់នៅថ្ងៃទី៩មេសា។ កូនប្រុសទាំងពីរនាក់របស់Saddam Hussein ត្រូវបានកងទ័ពអាមេរិកាំងបាញ់សម្លាប់ នៅថ្ងៃទី២២កក្កដា។ Saddam Husseinត្រូវបានចាប់ខ្លួន នៅខែធ្នូឆ្នាំ២០០៣ រួចហើយត្រូវបានកាត់ទោស និងប្រហារជីវិត នៅខែធ្នូឆ្នាំ២០០៦។
ប្រាំពីរឆ្នាំក្រោយមក ប្រាំពីរឆ្នាំក្រោយពីរបប Saddam Hussein បានរលំបាត់ទៅ គេអាចនិយាយបានថា សហរដ្ឋអាមេរិកបានពង្រីកវត្តមានយោធារបស់ខ្លួន នៅក្នុងតំបន់ឈូងសមុទ្រPerse និងបានពង្រឹងវត្តមានពាណិជ្ជកម្មរបស់ខ្លួននៅក្នុងតំបន់ តាមរយៈការលក់អាវុធ។ ទន្ទឹមជាមួយគ្នានេះ គេក៏អាចនិយាយបានដែរថា អាមេរិកបានកាត់បន្ថយអស់មិនតិចទេ ឥទ្ធិពលរបស់អឺរ៉ុប នៅក្នុងភូមិភាគដើមបូព៌ា។ ម្យ៉ាងគឺមកអំពីសង្គ្រាមអាមេរិកាំង នៅអៀរ៉ាក់បានធ្វើឲ្យអឺរ៉ុបបែកបាក់គ្នា មានប្រទេសអឺរ៉ុបខ្លះ ដូចជាអង់គ្លេស អ៊ីតាលី និងអេស្ប៉ាញបានគាំទ្រសង្គ្រាម និងមានប្រទេសអឺរ៉ុបខ្លះទៀត ដូចជាបារាំង និងអាល្លឺម៉ង់ បានប្រឆាំងនឹងសង្គ្រាម។ ម្យ៉ាងទៀត ការដែលប្រទេសអឺរ៉ុបខ្លះបានចូលដៃជាមួយអាមេរិកធ្វើសង្គ្រាមនៅ អៀរ៉ាក់ បានបណ្តាលឲ្យបណ្តាប្រទេសអារ៉ាប់ក្នុងតំបន់ អស់មានទំនុកទុកចិត្ត ទៅលើសហភាពអឺរ៉ុប។
ក៏ប៉ុន្តែ ប្រាំពីរឆ្នាំក្រោយមក គេអាចនិយាយបានថា សង្គ្រាមនៅអៀរ៉ាក់ ជាបរាជ័យមួយធំសម្រាប់រដ្ឋការអាមេរិកាំងរបស់លោកBush។ ជាបឋម គឺជាបរាជ័យនយោបាយ ៖ ពិភពអារ៉ាប់មិនដែលស្អប់ខ្ពើមអាមេរិកខ្លាំងដូចពេលនេះទេ។ បន្ទាប់មកទៀត គឺជាបរាជ័យសីលធម៌ ៖ ការដែលរដ្ឋការលោកBush បាននិយាយភូតកុហកថា របបSaddam Hussein មានទំនាក់ទំនងជាមួយអង្គការភេរវកម្មAl-Qaida និងថារបបSaddam Hussein មានអាវុធប្រល័យលោក បានធ្វើឲ្យពិភពលោកអស់មានទំនុកទុកចិត្តទៅលើសហរដ្ឋអាមេរិក។ នៅចុងក្រោយបង្អស់ គឺជាបរាជ័យផ្នែកសន្តិសុខ ៖ ពិតមែនហើយ របបផ្តាច់ការនៅអៀរ៉ាក់បានរលាយ។ ពិតមែនហើយ មានការបោះឆ្នោតដោយសេរី និងតាមបែបផែនប្រជាធិបតេយ្យ នៅអៀរ៉ាក់ ក៏ប៉ុន្តែអំពើហិង្សាបានកើតឡើងសឹងឥតលស់ថ្ងៃ នៅក្នុងប្រទេសនេះរហូតដល់ឆ្នាំ២០០៧។
អំពើហិង្សានៅអៀរ៉ាក់ គឺជាអំពើហិង្សាតាមរយៈភេរវកម្មអត្តឃាតប្រឆាំងនឹងប្រជាជនស៊ីវិល ប្រឆាំងនឹងកងទ័ពអាមេរិកាំង ប្រឆាំងនឹងបុគ្គលិករបស់អង្គការសហប្រជាជាតិ និងរបស់កាកបាទក្រហមអន្តរជាតិ។ ធ្ងន់ធ្ងរជាងនេះទៅទៀត គឺការប្រយុទ្ធគ្នារវាងសហគមន៍អ្នកកាន់សាសនាអ៊ីស្លាមនិកាយSunnite ដែលជាអ្នកអាឡោះអាល័យរបបSaddam Hussein និងសហគមន៍អ្នកកាន់សាសនាអ៊ីស្លាមនិកាយChiite ដែលជាអ្នកគាំទ្ររដ្ឋាភិបាលអៀរ៉ាក់បច្ចុប្បន្ន។
គួរនិយាយថា ពីឆ្នាំ២០០៣ដល់ឆ្នាំ២០០៩នេះ ទាហានអាមេរិកាំងជាង៤ពាន់នាក់ និងជនជាតិអៀរ៉ាក់ជាង១ម៉ឺននាក់បានស្លាប់បាត់បង់ជីវិត។ មិនតែប៉ុណ្ណោះ ប្រជាជនស៊ីវិលអៀរ៉ាក់ជាង៤លាននាក់បានភៀសខ្លួនទៅនៅប្រទេសអារ៉ាប់ ផ្សេង ដូចជានៅSyrie និង នៅJordanie ឬក៏បានធ្វើបន្លាស់ទី ទៅនៅកន្លែងផ្សេងក្នុងទឹកដីអៀរ៉ាក់។
យ៉ាងណាក៏ដោយ តាំងពីឆ្នាំ២០០៧មក អំពើហិង្សានៅអៀរ៉ាក់បាននិងកំពុងបន្តបាត់បង់កម្លាំងរបស់វាបន្តិច ទៅវិញហើយ។ ម្យ៉ាង គឺដោយសារតែអាមេរិកបានបញ្ជូនទាហានបន្ថែមទៅកាន់អៀរ៉ាក់ ដើម្បីពង្រឹងសន្តិសុខ នៅជុំវិញទីក្រុងBagdad។ ម្យ៉ាងទៀត គឺប្រហែលមកពីការប្រយុទ្ធគ្នារវាងពួកSunnite និងពួកChiite កំពុងមកដល់ទីបញ្ចប់ ហើយដោយជោគជ័យត្រូវបានទៅពួកChiite។
ទន្ទឹមជាមួយគ្នានេះ ពួកSunniteខ្លះ បានយល់ព្រមចូលដៃជាមួយអាមេរិកាំង ប្រឆាំងនឹងAl-Qaida ជាហេតុធ្វើឲ្យអង្គការភេរវកម្មមួយនេះខ្សោយ និងដកថយបណ្តើរៗចេញពីទឹកដីអៀរ៉ាក់។ មិនតែប៉ុណ្ណោះ Moqtada al-Sadr ដែលជាមេទ័ពChiiteជ្រុលនិយមម្នាក់ដ៏មានមហិទ្ធិឫទ្ធិ និងដែលធ្លាប់បានវាយប្រហារទៅលើទ័ពអាមេរិកាំង នៅSadr City ប៉ែកខាងត្បូងនៃប្រទេស បានយល់ព្រមអនុវត្តកិច្ចឈប់បាញ់គ្នាជាមួយកងទ័ពអាមេរិកាំង តាំងពីថ្ងៃទី១០ឧសភាឆ្នាំ២០០៨មកម៉្លេះ៕
ឯកសារយោង
កែប្រែដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ http://www.khmer.rfi.fr/Iraq%207%20year%20after%20the%20war[តំណភ្ជាប់ខូច]