ភូមិសាស្ត្រនយោបាយឥណ្ឌា
ភូមិសាស្ត្រនយោបាយឥណ្ឌា
កែប្រែឥណ្ឌា៖ពីមហាអំណាចតំបន់ទៅជាមហាអំណាចពិភពលោក
កែប្រែតើឥណ្ឌាជាមហាអំណាចតំបន់ ឬជាមហាអំណាចពិភពលោក?
តាមពិតទៅ មហិច្ឆតារបស់ឥណ្ឌាទៅលើតំបន់អាស៊ីខាងត្បូង និងមហិច្ឆតារបស់ឥណ្ឌាក្នុងការដើរតួនាទីកាន់តែសំខាន់ នៅលើឆាកអន្តរជាតិ ជាគំនិតពីរដែលចិញ្ចឹមគ្នានិងបំប៉នគ្នាទៅវិញទៅមក។ បានន័យថា ប្រសិនបើសព្វថ្ងៃ ថ្នាក់ដឹកនាំទីក្រុងNew Delhi ចង់ឲ្យប្រទេសខ្លួនក្លាយជាមហាអំណាចពិភពលោក ក៏ដោយហេតុតែ ឥណ្ឌាបាននិងកំពុងបន្តឋិតនៅក្រោមសម្ពាធនិងការគំរាមកំហែងរបស់ចិន និងប៉ាគីស្តង់។
គួរនិយាយថា ឥណ្ឌាបានច្បាំងគ្នាជាមួយប៉ាគីស្តង់បួនលើករួចមកហើយ នៅឆ្នាំ ១៩៤៧ នៅឆ្នាំ ១៩៦៥ នៅឆ្នាំ ១៩៧១ និងនៅឆ្នាំ ១៩៩៩។ មិនតែប៉ុណ្ណោះ ឥណ្ឌាក៏បានធ្វើសង្គ្រាមជាមួយចិនរួចម្តងហើយដែរ នៅឆ្នាំ ១៩៦២។ ចំពោះថ្នាក់ដឹកនាំទីក្រុង New Delhi ដរាបណាចិននិងប៉ាគីស្តង់នៅតែជាសម្ព័ន្ធមិត្ត ដរាបនោះគ្រោះថ្នាក់សម្រាប់ប្រទេសឥណ្ឌានៅតែបន្តមានលក្ខណៈធំ។ ហើយការពិតជាក់ស្តែង គឺចិននិងប៉ាគីស្តង់ដែល នៅអតីតកាល បានខិតចូលជិតគ្នាក្នុងបរិបទនៃសង្គ្រាមត្រជាក់ នៅតែបន្តស្និទ្ធស្នាលនឹងគ្នាមកទល់សព្វថ្ងៃ។
មកពីអ៊ីចឹងហើយ បានជាក្នុងអំឡុងពេលជាងដប់ឆ្នាំចុងក្រោយនេះ យុទ្ធសាស្ត្ររបស់ឥណ្ឌានៅលើឆាកអន្តរជាតិ គឺជាការឆ្លើយតបដោយចំពោះ ឬដោយប្រយោល ទៅនឹងការគំរាមជាយថាហេតុពីសំណាក់ចិននិងប៉ាគីស្តង់។ នៅក្នុងន័យនេះ ឥណ្ឌាដែលចង់លេចត្រដែតឡើងឲ្យបានលឿនរហ័ស បន្តប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ច ដោយខិតខំទាញយកផលចំណេញឲ្យបានច្រើន ពីពិភពលោកភាវូនីយកម្ម។ ឥណ្ឌាកំពុងបន្តប្រឹងប្រែងលាតសន្ធឹងឥទ្ធិពលរបស់ខ្លួនចេញហួសពី ព្រំដែនអាស៊ីខាងត្បូង និងទៅដល់អាស៊ីអាគ្នេយ៍ តាមរយៈទំនាក់ទំនងជាមួយអាស៊ាន។ ឥណ្ឌាកំពុងបង្កើនវត្តមាននិងទម្ងន់របស់ខ្លួន នៅក្នុងវេទិកាអន្តរជាតិ រួមមានជាអាទិ៍អង្គការពាណិជ្ជកម្មពិភពលោក អង្គប្រជុំ G២០ និងសន្និសីទផ្សេងៗទៀត។ ដោយឡែក ឥណ្ឌាកំពុងបន្តពង្រឹងទំនាក់ទំនងរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ដែលជាសត្រូវសក្តានុពលធំជាងគេរបស់ចិន នៅក្នុងលោកសព្វថ្ងៃ។
យ៉ាងណាមិញ ការដែលឥណ្ឌាចង់ដើរតួនាទីកាន់តែសំខាន់នៅលើឆាកអន្តរជាតិ មិនមែនជាមហិច្ឆតាថ្មីឯណា។ នៅក្នុងទសវត្សរ៍ទី ៥០ ឥណ្ឌាធ្លាប់បានធ្វើជាតួអង្គអន្តរជាតិរួចទៅហើយ។ កាលណោះ នេរុហ៍(Nehru) ដែលជានាយករដ្ឋមន្ត្រីឥណ្ឌា បានចេញមុខប្រជែងគ្នាជាមួយនាយករដ្ឋមន្ត្រី ចិន ជូ អេនឡាយ(Chou Enlaï) ដើម្បីដឹកនាំចលនាមិនចូលបក្សសម្ព័ន្ធ។ កាលសម័យនោះ ចលនាមិនចូលបក្សសម្ព័ន្ធនេះ ជាតំណាងតតិយលោក ដែលមិនព្រមចូលដៃជាមួយប៉ូលសហរដ្ឋអាមេរិក ឬក៏ជាមួយប៉ូលសហភាពសូវៀត។ ក៏ប៉ុន្តែ ក្រោយមក ដោយហេតុតែសង្គ្រាមជាមួយចិននៅឆ្នាំ ១៩៦២ និងការលេចត្រដែតឡើងនៃបណ្តាប្រទេសអ្នកផលិតប្រេងកាតហៅកាត់ថា OPEPដែលបានធ្វើឲ្យសាមគ្គីធម៌រវាងបណ្តាប្រទេសតតិយលោករលាយសាបសូន្យ ឥណ្ឌាក៏បានបោះបង់ចោលមហិច្ឆតាអន្តរជាតិរបស់ខ្លួន ហើយបានបែរមកយកចិត្តទុកដាក់ទៅលើតែភូមិភាគអាស៊ីខាងត្បូង ដូចពេលមុនវិញ។
អ៊ីចឹងហើយបានជាក្រោយមក កូនស្រីរបស់ នេ រុហ៍ គឺ អ៊ីនឌីរ៉ា ហ្កាន់ឌ្ហី(Indira Gandhi) និងបន្ទាប់មកទៀត កូនប្រុសរបស់អ៊ីនឌីរ៉ា ហ្កាន់ឌ្ហី គឺ រ៉ាយីវ ហ្កាន់ឌ្ហី(Rajiv Gandhi) បានប្រឹងប្រែងពង្រឹងឥទ្ធិពលរបស់ឥណ្ឌា នៅក្នុងតំបន់សមុទ្រឥណ្ឌា។ នៅក្នុងន័យនេះ ឥណ្ឌាបានជួយប៉ាគីស្តង់ខាងកើត ដែលជាបច្ចុប្បន្នប្រទេសបង់ក្លាដែស(Bangladesh) ក្នុងការធ្វើសង្គ្រាមផ្តាច់ខ្លួនចេញពីការត្រួតត្រារបស់ ប៉ាគីស្តង់នៅឆ្នាំ ១៩៧១។ នៅក្នុងន័យដូចគ្នាអ៊ីចឹងដែរ ឥណ្ឌាបានក្លាយជាមហាអំណាចបរមាណូ នៅឆ្នាំ ១៩៧៤បានងាកទៅរកសហភាពសូវៀត នៅពេលដែលចិនផ្តើមត្រូវគ្នាជាមួយសហរដ្ឋអាមេរិកវិញ នៅដើមទសវត្សរ៍ទី ៧០ និងបានលូកដៃធ្វើអន្តរាគមន៍ នៅក្នុងសង្គ្រាមស៊ីវិលសេរីលង្កា នៅឆ្នាំ ១៩៨៧។
ជាមួយការរលំរលាយទៅនៃសហភាពសូវៀតនៅឆ្នាំ ១៩៩១ ថ្នាក់ដឹកនាំទីក្រុង New Delhi បាត់បង់សម្ព័ន្ធមិត្តមួយដ៏មាំ ដើម្បីទប់ទល់នឹងបក្សសម្ព័ន្ធចិន-ប៉ាគីស្តង់-សហរដ្ឋអាមេរិក។ នៅក្នុងបរិបទនៃសណ្តាប់ធ្នាប់ពិភពលោកថ្មីបែបនេះ ឥណ្ឌាចាំបាច់ត្រូវតែផ្លាស់ប្តូរយុទ្ធសាស្រ្ត។ អ៊ីចឹងហើយ បានជានៅក្នុងទសវត្សរ៍ទី ៩០ ថ្នាក់ដឹកនាំឥណ្ឌាផ្តើមធ្វើកំណែទម្រង់សេដ្ឋកិច្ចនិងពង្រឹង ទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្តាប្រទេសអាស៊ីដទៃផ្សេង នៅក្រៅភូមិភាគអាស៊ីខាងត្បូង។ គោលដៅ គឺធ្វើឲ្យប្រទេសឥណ្ឌាចាកចេញបន្តិចម្តងៗពីសករាជកសិកម្ម ហើយឈានចូលទៅក្នុងសករាជឧស្សាហកម្មនិងសេវាកម្ម។ សព្វថ្ងៃនេះ នៅឥណ្ឌា សេវាកម្មតំណាងរហូតដល់ទៅ ៥៥%នៃផលិតផលដុលក្នុងស្រុក ឧស្សាហកម្ម ២៥% រីឯកសិកម្មវិញ ត្រឹមតែ ២០%តែប៉ុណ្ណោះ។ នៅក្នុងចំណោមវិស័យសេវាកម្មដែលមានថាមពលខ្លាំងក្លា គេឃើញមានជាពិសេស ព័ត៌មានវិទ្យា ដោយសារតែក្រុមហ៊ុនធំៗមួយចំនួន ដូចជា Infosys, Wipro, និងTata Computer Services។
ដោយឡែក បន្តិចម្តងៗ ឥណ្ឌាបានខិតចូលកាន់តែជិតទៅរកសហរដ្ឋអាមេរិក ជាពិសេសក្រោយពីមានមហាភេរវកម្មថ្ងៃទី ១១កញ្ញាឆ្នាំ ២០០១ រហូតដល់ក្លាយទៅជាដៃគូយុទ្ធសាស្រ្តរបស់ទីក្រុង Washington ក្នុងគ្រាបច្ចុប្បន្ន។ មូលហេតុធំ គឺមកអំពីទីក្រុងNew Delhi និងទីក្រុង Washington យល់ឃើញដូចគ្នាថា ត្រូវតែកំចាត់ភេរវកម្មអ៊ីស្លាមជ្រុលនិយម និងខ្ទប់កុំឲ្យប្រទេសចិនលេចត្រដែតឡើងលឿនរហ័សពេក។ គឺនៅក្នុងបរិបទនេះហើយ ដែលនៅឆ្នាំ ២០០៥ ឥណ្ឌានិងអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី សហប្រតិបត្តិការនុយក្លេអ៊ែរស៊ីវិល។
មែនទែនទៅ ទ្វារនិងឱកាសត្រូវបានបើកចំហរហើយ ដើម្បីឲ្យឥណ្ឌាពង្រឹងជំហររបស់ខ្លួនក្នុងនាមជាមហាអំណាចតំបន់ និងដើម្បីឈោងដៃក្រសោបយកលក្ខន្តិកៈជាមហាអំណាចពិភពលោក នាអនាគតរយៈកាលមធ្យម។ ចូរកុំភ្លេចថា ឥណ្ឌាជាមហាអំណាចនុយក្លេអ៊ែរ មានប្រជាជនច្រើនរហូតដល់ទៅជិត ១ពាន់២រយលាននាក់ មានផលិតផលដុលក្នុងស្រុកជិត ១រយ៥០ម៉ឺនលានដុល្លារ និងកំណើនសេដ្ឋកិច្ចខ្លាំងក្លា គឺប្រមាណពី ៦ទៅ ៧% នៅឆ្នាំ ២០១០នេះ។
មិនតែប៉ុណ្ណោះ ចំពោះអ្នកសង្កេតការណ៍ខ្លះ នាអនាគតខាងមុខ ឥណ្ឌាអាចនឹងស្គាល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច លឿនជាងចិនទៅទៀត។ ពីព្រោះខុសពីប្រទេសចិនដែលជើងម្ខាងជាន់ទូកសេដ្ឋកិច្ចសេរី និងជើងម្ខាងទៀតជាន់ទូករបបនយោបាយផ្តាច់ការ ប្រទេសឥណ្ឌាកំពុងបោះពួយទៅមុខក្នុងដំណើរស្របគ្នានិងស៊ីចង្វាក់ល្អ រវាងសេដ្ឋកិច្ចសេរីនិងរបបនយោបាយប្រជាធិបតេយ្យ។
យ៉ាងណាមិញ បក្សសម្ព័ន្ធចិន-ប៉ាគីស្តង់ ដែលជាសត្រូវក្រៅផ្លូវការនិងផ្លូវការរបស់ឥណ្ឌា នឹងបន្តបង្កឧបសគ្គ ដើម្បីខ្ទប់មហិច្ឆតារបស់មហាយក្សអាស៊ីខាងត្បូងមួយនេះ។ ជាក់ស្តែង ចិនកំពុងអនុវត្តនយោបាយឡោមព័ទ្ធឥណ្ឌា តាមរយៈការរាយសំណាញ់ពីប៉ាគីស្តង់ទៅដល់កម្ពុជា ដោយឆ្លងកាត់តាមសេរីលង្កា ម៉ាលឌីវ បង់ក្លាដែសនិងភូមា។ រីឯ ប៉ាគីស្តង់វិញ នឹងបន្តជួយពួកភេរវជនឬបន្តបង្កអំពើហិង្សាតទៅទៀត ដូចភេរវកម្មនៅទីក្រុង Bombay ក្នុងឆ្នាំ ២០០៨ ដើម្បីបង្កើតចលាចលនិងអស្ថិរភាព នៅក្នុងប្រទេសឥណ្ឌា។
នៅក្នុងបរិបទបែបនេះ ថ្នាក់ដឹកនាំឥណ្ឌាកំពុងខ្នះខ្នែងពង្រឹងទំនាក់ទំនងជាមួយជប៉ុន អូស្ត្រាលី និងកូរ៉េខាងត្បូង៕