ភូមិ និគមលើ ឃុំស្រឡប់
ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីមុនគេហៅថាភូមិត្រពាំងឈ្លូស គីជាភូមិតាំងពីបុរាណមកហើយគេបានដូរឈ្មោះក្រោយមកគឺភូមិនិគមលើ នៅទីរួមខេត្តត្បូងឃ្មុំ គឺជាខេត្តដែលគេទើបបង្កើតថ្មី
១.សាវតាខេត្តត្បូងឃ្មុំ
កែប្រែតាមពិតទៅ ខេត្តត្បូងឃ្មុំ ពុំមែនជាឈ្មោះខេត្តថ្មីនោះទេ ឈ្មោះស្រុក ឬខេត្តត្បូងឃ្មុំ បានលេចឡើងដំបូងក្នុងសិលាចារឹកសម័យក្រោយអង្គរ (IMA.37) ចារនៅលើ ជញ្ជាំងនៃស្លាបខាងជើង រោងទងខាងកើត នៃប្រាសាទអង្គរវត្តរួចទៅហើយ។ សិលាចារឹកនេះ ចារដោយបុរសម្នាក់ឈ្មោះជយនន្ទនៅឆ្នាំ១៧០១។ ក្នុងសិលាចារឹកដដែលនេះ គឺចាររៀបរាប់ពីព្រឹត្តការណ៍ដែលព្រះរាជាបានដំឡើង បុណ្យសក្តិឱ្យគាត់មានងារជាស្តេចក្រាញ់ “អរជូន” ត្រួតត្រាដែនដីខេត្តត្បូងឃ្មុំ។ រហូតដល់ដើមសតវត្សទី១៩ ឃើញមានឯកសារមួយចំនួនដូចជា ព្រះរាជពង្សាវតារស្នាដៃអក្សរសិល្ប៍រឿងទុំទាវ រឿងហ្លួងព្រះស្តេចកនដែល ជារឿងព្រេងនិទានបែបប្រវត្តិសាស្ត្រ ព្រមទាំងឯកសារប្រវត្តិសាស្ត្រជាច្រើនទៀត ទាំងភាសាខ្មែរ និងបរទេស ហើយភាគច្រើនឯកសារជាភាសាបារាំងសុទ្ធតែ បានសរសេររៀបរាប់អំពីឈ្មោះស្រុក ឬខេត្តត្បូងឃ្មុំ។ នៅពេលប្រទេសខ្មែរស្ថិតក្រោមរបបអាណាព្យាបាលរបស់បារាំងចន្លោះឆ្នាំ១៨៦៣ ដល់១៩៥៣ ឃើញមានឯកសារដែលសរសេរពីការបង្កើតខេត្តស្រុក ខណ្ឌ ឃុំ និងភូមិ។ ជាក់ស្តែងខេត្តកំពង់ចាមបង្កើតនៅថ្ងៃទី១ ខែមករា ឆ្នាំ១៨៨៥ ហើយមន្ត្រីបារាំង ម្នាក់ឈ្មោះ ហ្វ្រង់ស័រ បូឌាន់ (Francois Baudoin) ជាអ្នកត្រួតត្រាពី លើចៅហ្វាយខេត្ត ខ្មែរ។ ខេត្តកំពង់ចាមកាលណោះ មានស្រុកចំនួនដប់ជាចំណុះ គឺស្រុកកំពង់សៀម ក្រូចឆ្មារ ព្រៃឈរ ជើងព្រៃ កងមាស កោះសូទិន ស្រីសន្ធរ មេមត់ ស្ទឹងត្រង់ និងស្រុកត្បូងឃ្មុំ។ កំណែទម្រង់លើវិស័យរដ្ឋបាលនៅក្នុងរបបអាណាព្យាបាលបារាំង បានធ្វើឡើងជាបន្តបន្ទាប់ពិសេសក្នុងរាជ្យព្រះបាទអង្គឌួង និងព្រះបាទនរោត្តម។ នៅក្នុងឆ្នាំ១៨៩៧ ត្បូងឃ្មុំត្រូវគេដំឡើងពីស្រុកឱ្យទៅជាខេត្ត ដែលកាលណោះ មានខេត្តចំនួន ៥៧ ប៉ុន្តែពុំមានខេត្តកំពង់ចាមទេ។ លុះដល់ឆ្នាំ១៩១៧ មានការរុះរើចំនួនខេត្តម្តងទៀត ដោយបន្ថយពី ៥៧ខេត្តមកនៅត្រឹម ៥១ខេត្តវិញ ហើយត្បូងឃ្មុំនៅជាខេត្តដដែល។ រហូតដល់ទសវត្ស១៩២០ ក៏មានកំណែទម្រង់រចនា សម្ព័ន្ធវិស័យរដ្ឋបាលជាថ្មីទៀត ហើយនៅពេលនោះរក្សាទុកខេត្តតែ ១៣ ប៉ុណ្ណោះ ដោយត្បូងឃ្មុំធ្លាប់ជាខេត្តកាលពីមុនមកនោះ ត្រូវប្រែក្លាយឱ្យទៅជាស្រុកមួយរបស់ ខេត្តកំពង់ចាមវិញ។ ចាប់ពីពេលនោះមក យើងពុំឃើញមានការផ្លាស់ប្តូរទៀតឡើយ រហូតមកទល់នឹងឆ្នាំ២០១៤ ទើបរាជរដ្ឋាភិបាលកម្ពុជា សម្រេចប្រែក្លាយទឹកដីត្បូងឃ្មុំ ឱ្យទៅជាខេត្តវិញ ដូចពីអតីតកាលជាង ១០០ឆ្នាំមុន។
បញ្ចូលអត្ថបទដោយៈ សុទ្ធ ពិសិដ្ឋ