មហាសករាជ
មហាសករាជ (ម.ស.) មានបញ្ហាប្រឈមថា តើឥណ្ឌា ឬខ្មែរជាអ្នកបង្កើតវាឡើង? ព្រោះមានគេនិយមថា ព្រះកេតុមាលាផ្ដើមបង្កើតមហាសករាជ។ ឆ្លើយតបនឹងបញ្ហានេះ វចនានុក្រមខ្មែរភាគទី១ ទំព័រ៧២២ និងភាគទី២ ទំព័រ១០៨១ បានសរសេរថា មហាសករាជកើតឡើងក្នុងប្រទេសឥណ្ឌាក្នុង ព.ស ៦២១ឆ្នាំ ដោយពួកតាត៌ គឺស្របជាមួយនឹងឆ្នាំដែលព្រះកេតុមាលាស្ដេចឡើងគ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់ពុំទាន់បង្កើតបញ្ញត្តិឱ្យប្រើមហាសករាជក្នុងឆ្នាំនោះនៅឡើយទេ។ លុះដល់ ព. ស. ៦២៣ ព្រះកេតុមាលាទ្រង់បានទទួលឥន្ទ្រាភិសេកជាថ្មី ហើយក៏បានតាំងជាមហាសករាជពីពេលនោះមក។
ការរាប់ថ្ងៃខែឆ្នាំ ឬការរាប់ត្រឹមតែឆ្នាំ តាមកាលកំណត់ដែលតាំងទុកពីមួយរៀងមកដោយមានបុគ្គលអស្ចារ្យ ឬដោយមានហេតុអស្ចារ្យណាមួយ ដែលពួកជនានុជនអ្នកគោរពត្រូវកត់ត្រាទុកមិនឲ្យបាត់, ត្រូវប្រើក្នុងសំបុត្រចុតហ្មាយជាដើម បង្កើនមួយលេខរៀងរាល់ឆ្នាំ ហៅថា "សករាជ" ៗ នេះកើតឡើងអំពីជនមួយពួកហៅថា ពួកតាត៌ នៅក្នុងតំបន់មួយខាងទិសពាយ័ព្យប្រទេសឥណ្ឌៀ ក្នុងកាល ព. ស. ៦២១ ឆ្នាំ ។ កាលជនពួកនេះមានជ័យជំនះក្នុងការលុកលុយចូលមកវាតអំណាចក្នុង ប្រទេសឥណ្ឌៀប៉ែកខាងលិច បានតាំងក្សត្រជាតិរបស់ខ្លួនមានព្រះនាមថា សកៈ ឬសាលិវាហនៈ, ហើយក៏ចាប់ផ្ដើមរាប់ឆ្នាំតាំងពីមួយរៀងមក, ហៅរបៀបការរាប់ឆ្នាំនោះថា "ស័ក ឬសការជ" ដែលចំណេរតមក ហៅថា "មហាសករាជ" ប្រែថា "សករាជធំ" នេះកើតមុនចុល្លសករាជ ៥៦០ ឆ្នាំ, ជាប់មានប្រើក្នុងប្រទេសខ្មែរយើងតាំងពីរវាងសតវត្សរ៍ទី១០ នៃពុទ្ធសករាជ (ព.ស. ៩២១) រហូតមកដល់សព្វថ្ងៃនេះ ប្រើអក្សរសង្ខេបថា ម.ស.១។
មហាសករាជ ប្រាកដជាកើតឡើងក្នុងប្រទេសឥណ្ឌៀជាដំបូងក្នុង ព. ស. ៦២១ ឆ្នាំ អំពីជនពួកមួយ ដែលមានរៀបរាប់ខាងលើនេះ, មិនមែនកើតឡើងជាដំបូងនៅប្រទេសខ្មែរដោយព្រះកេតុមាលាតាំងឡើង ក្នុង ព. ស. ៦២១ នោះទេ។
ក្នុងព្រះរាជពង្សាវតារខ្មែរ ភាគទី ២ ថា ព្រះកេតុមាលាកាលស្ដេចឡើងគ្រងរាជសម្បត្តិក្នុង ព. ស. ៦២១ ឆ្នាំមែន ជាមួយនឹងឆ្នាំដែលប្រទេសឥណ្ឌៀបង្កើតឲ្យប្រើមហាសករាជ, ប៉ុន្តែទ្រង់ពុំទាន់បញ្ញត្តឲ្យប្រើមហាសករាជ ក្នុងឆ្នាំនោះនៅឡើយទេ ។ លុះដល់មក ព. ស. ៦២៣ ឆ្នាំ ព្រះកេតុមាលាទ្រង់បានទទួលឥន្ទ្រាភិសេកជាថ្មី ក៏តាំងជាមហាសករាជដរាបមក ។ (ត្រង់នេះហើយប្រហែលជា ព្រះកេតុមាលាបញ្ញត្តឲ្យប្រើមហាសករាជ តាមប្រទេសឥណ្ឌៀ ហើយគេនិយមថា ព្រះកេតុមាលាផ្ដើមបង្កើតមហាសករាជ ជាបឋមនៅប្រទេសខ្មែរ)៕