សម្ផប្បលាបវាទ

(អំពី មិច្ឆាទិដ្ឋិ)

ឯសម្ផប្បលាបវាទនោះ បាន​ខាង​ពាក្យ​ដែល​និយាយ​ឡេះឡោះ ឬ​ពាក្យ​ដែល​រោយរាយ ឥត​ប្រយោជន៍​ខ្លួន​និង​អ្នក​ដទៃ ដូច​និយាយ​រឿង​ចំពូក​ខ្លះ លោក​លើករឿង​នាង​នាង​សិតា​ជាដើម ថា​ជារឿង​រោយរាយ​មិន​មាន​ប្រយោជន៍។ ក្នុង​ន័យ​ខ្លះ​លោក​ឃាត់​អ្នក​ប្រតិបត្តិ​ធម៌​មិន​ឲ្យ​និយាយ​ពាក្យ​តិរច្ឆានកថា ៣២ យ៉ាង មាន​រាជកថា និងមហាមត្តថាជាដើម ឲ្យ​និយាយ​តែ​ពាក្យ​ជា​វត្ថុ​កថា ១០ យ៉ាង មាន​អប្បិច្ឆកថា និងសន្តុដ្ឋីកថា ជាដើម។

សម្ផប្បលាបវាទនេះ ជាសម្ដែ​រោយរាយ​ធ្វើ​ទាំង​អ្នក​និយាយ​ទាំង​អ្នក​ស្ដាប់​ឲ្យ​រាយមាយ​ចិត្ត​មិន​ស្ងប់​រម្ងាប់ អ្នក​ណា​និយាយ​សម្ដី​ឡេះឡោះ អ្នក​នោះ​ក៏​សម្ដែង​អាការៈ​ឲ្យ​អ្នក​ដទៃ​ឃើញ​ថា​ជា​មនុស្ស​ឡេះឡោះ​ដែរ សម្ដី​របស់​មនុស្ស​ដែល​និយាយ​ឡេះឡោះ​នោះ ជា​សម្ដីមិន​ស័ក្កិសិទ្ធ ឥតប្រយោជន៍។

ព្រោះហេតុ​ដូច្នោះ​បាន​ជា ឈ្មោះ​ថា បាប ជាអំពើ​អាក្រក់​មិន​គួរ​និយាយ​ឡើយ។ បណ្ឌិត​ទាំង​ឡាយ លោក​ឃើញ​ទោស​នៃ​សម្ផប្បលាបវាទ ដូច​សម្ដែង​មក​ហើយ​នេះ បាន​ជា​លោកនិយាយ​តែ​ពាក្យ​សុភាសិត ដែល​ជា​ពាក្យ​មាន​ប្រយោជន៍​ដល់​ខ្លួន​និង​អ្នកដទៃ។

សម្ដែង​មក​នេះ​ជា​ចំណែក​វចីកម្ម។

ពណ៌នា​សេចក្ដី​ក្នុង​មនោកម្ម

ឯមនោកម្មនោះ បាន​ខាង​អំពើ​ដែល​សម្រេច​ដោយ​ចិត្ត​មាន ៣ យ៉ាង​ គឺ

ក- អភិជ្ឈា

ខ- ព្យាបាទៈ

គ- មិច្ឆាទិដ្ឋិ

មិច្ឆាទិដ្ឋិ

មិច្ឆាទិដ្ឋិ​នោះ បាន​ខាង​អំពើ​ដែល​យល់​ខុស ចាក​គន្លងធម៌ពិត​ធម៌​មែន។

មិច្ឆាទិដ្ឋិ​ចែក​ជា ១០ យ៉ាង

១- នត្ថិ ទិន្មំ យល់​ថា​ទាន​ដែល​បុគ្គលឲ្យ មិន​មាន​ផល

២- នត្ថិ យិដ្ឋំ យល់​ថា​របស់​ដែល​បុគ្គល​បូជា​មិន​មាន​ផល

៣- នត្ថិ ហុតំ យល់​ថា​សក្ការៈ​ដែល​បុគ្គល​ធ្វើ​មិន​មាន​ផល

៤- នត្ថិ សុកដទុក្កដានំ កម្មានំ ផលវិបាកោ យល់​ថា​ផល​វិបាក​របស់​កម្ម​ដែល​សត្វ​ធ្វើ​ល្អ និង អាក្រក់​មិនមាន

៥- នត្ថិ អយំ លោកោ យល់​ថា​លោក​នេះ​មិនមាន

៦- នត្ថិ បរោ លោកោ យល់​ថា​លោក​ខាង​មុខ​មិន​មាន

៧- នត្ថិ មាតា យល់​ថា​មាតា​មិន​មាន​គុណ

៨- នត្ថិ បិតា យល់​ថា​បិតា​មិន​មាន​គុណ

៩- នត្ថិ សត្តា ឧបបាតិកា យល់​ថា​សត្វ​ជា​ឧបបាតិក​មិនមាន

១០- នត្ថិ លោកេ សមណព្រាហ្មណា យល់​ថា​ពួក​សមណៈ និង​ព្រាហ្មណ៍​ក្នុង​លោក​ដែល​ព្រម​ព្រៀង​គ្នា​ប្រតិបត្តិ​ធម៌ ហើយ​ពោល​ថា បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​លោក​នេះ និង​លោក​ខាង​មុខ​មិន​មាន។

មច្ឆាទិដ្ឋិ ១០ រួម​ចូល​គ្នា​ជា ៣

១- អកិរិយទិដ្ឋិ យល់​ថា​កម្ម​ដែល​ធ្វើ​មិន​មាន គឺ​មិន​ជឿ​កម្ម

២- នត្ថិកទិដ្ឋិ យល់​ថា​ផល​របស់កម្ម​មិន​មាន គឺ​មិន​ជឿ​ផល

៣- អហេតុកទិដ្ឋិ យល់​ថា​ហេតុ​បច្ច័យ​ដែល​តាក់តែង​ឲ្យ​សត្វ​ល្អ​ឬ​អាក្រក់​មិន​មាន​គឺ​មិន​ជឿ​ទាំង​កម្មទាំង​ផល។

មិច្ឆាទិដ្ឋិ​បំព្រួញ​ដោយតិចត្រឹម​ ២ យ៉ាង

១- សស្សតទិដ្ឋិ យល់​ថា​ទៀងទាត់​ឋិត​ឋេរ គឺ​ជាតិ​នេះ​ធ្លាប់​កើត​ជា​សត្វ ទៅ​លោក​ខាង​មុខ​ក៏​កើត​ជា​សត្វ​ទៀត​មិន​ប្រែប្រួល

២- ឧច្ឆេទទិដ្ឋិ យល់​ថា​ដាច់​សូន្យ​សោះ គឺ​ស្លាប់ហើយ​មិន​កើត​ទៀត។

ពាក្យ​ថា ទិដ្ឋិ ប្រែថា សេចក្ដី​យល់ បើ​យល់​ត្រូវ លោក​ហៅថា សម្មាទិដ្ឋិ យល់​ខុស​ហៅថា មិច្ឆាទិដ្ឋិ។ សេចក្ដី​យល់​ទាំង​ប៉ុន្មាន​យ៉ាង ដែលសម្ដែងមក​ហើយ​ខាង​លើ​នេះ​សុទ្ធតែ​ខុស​ទាំង​អស់ បាន​ជា​លោក​ឲ្យ​ឈ្មោះ​ថា មិច្ឆាទិដ្ឋិ។

បើ​ជា​មិច្ឆាទិដ្ឋិ​ហើយ ទោះ​និយាយ ឬ​ធ្វើ​ និង​គិត​អ្វីៗ ក៏​សុទ្ធ​តែ​ខុសៗ ទាំងអស់។ មិច្ឆាទិដ្ឋិ​នេះ​ឯង ជាឫសគល់​នៃ​បាប​អកុសល​គ្រប់​ចំពូក។ ហេតុ​នេះ​បាន​ជា ព្រះដ៏មាន​ព្រះភាគ​ជា​ម្ចាស់​ទ្រង់​សម្ដែង​ថា នាហំ ភិក្ខវេ អញ្ញំ ឯកធម្មំ សមនុបស្សាមិ ម្នាលភិក្ខុ​ទាំង​ឡាយ! តថាគត​មិន​ឃើញ​មាន​ធម៌​ដទៃ​ណា​មួយ​ជា​ហេតុ ជាឫស​គល់​នាំ​អកុសល​ដែល​មិន​ទាន់​កើត​ឲ្យ​កើត​ឡើង នាំ​អកុសលដែល​កើត​ឡើង​ហើយ​ឲ្យ​រឹងរឹត​តែ​កើត​ចម្រើន​ឡើង ដូច​មិច្ឆាទិដ្ឋិ​នេះ​ឡើយ មិច្ឆាទិដ្ឋិកស្ស ភិក្ខវេ ម្នាល​ភិក្ខុ​ទាំង​ឡាយ! អកុសល​ធម៌​ដែល​មិន​ទាន់​កើត​ឡើង ឬ​ដែល​កើត​ឡើង​ហើយ រមែង​កើតច្រើនៗ ឡើង ដល់​អ្នក​ដែល​យល់​ខុស​នោះ​ឯង ដូច្នេះ។

ឯសេចក្ដី​យល់​ខុស​នេះ បើ​សម្ដែង​ចំពោះសេចក្ដី​យល់​ខុសចាក​ព្រះពុទ្ធ​សាសនា កុំ​បាច់​និយាយ​ដល់​អ្នក​ដែរមិន​ទាន់​ចូល​មក​កាន់​ព្រះពុទ្ធសាសនា​នេះ​ឡើយ ទោះ​បី​អ្នក​ដែល​ធ្លាប់​កាន់​ហើយ ក៏​គង់​នឹង​ឃ្លាតចេញ​ដោយ​ឆាប់​មិន​ខាន ដូច​សុនក្ខត្តលិច្ឆវី សូម​នាំ​រឿង​នោះ​មក​សម្ដែង​ជា​ឧទាហរណ៍​ដូច​ត​ទៅ​នេះ

រឿង សុនក្ខត្តលិច្ឆវី

សុនក្ខត្តលិច្ឆវីនោះ ជា​បុត្ត​របស់​ស្ដេច​លិច្ឆវី នៅ​ក្រុង​វេសាលី បាន​ចូល​មក​បួស​ក្នុង​សាសនា​នៃ​ព្រះបរមគ្រូ​ជាម្ចាស់​របស់​យើង​ទាំង​ឡាយ​នេះ។ លុះ​បួស​ហើយ​ខំ​យក​ចិត្ត​ទុកដាក់​បម្រើ​ព្រះដ៏មានព្រះភាគ សូម​រៀន​ទិព្វចក្ខុ​បរិកម្ម​ដើម្បី​ឲ្យ​បាន​ទិព្វ​ចក្ខុវិជ្ជា គឺ​ភ្នែក​ទិព្វ។ ព្រះ​ទសពលញ្ញាណ​ក៏​ទ្រង់​មាន​សេចក្ដី​អនុគ្រោះ​បង្ហាញ​វិធី​ឲ្យ​ភាវនា។ កាល​បើ​សុនក្ខត្តភិក្ខុ​នោះ​ព្យាយាម​ប្រតិបត្តិ​ធ្វើ​បរិកម្ម​សមគួរ​តាម​ពុទ្ធ​ឱវាទ​ទៅ​ហើយ ក៏​បាន​ទិព្វ​ចក្ខុមែន មើល​ឃើញ​រូប​ទេវតា​ទាំង​ឡាយ តែ​ស្ដាប់​សម្លេង​មិន​ឮ​ក៏​កើត​គំនិត​លោភ​ឡើង​ថា អាត្មាអញ​បាន​ឃើញ​សរីរសណ្ឋាន​ដ៏​មាន​ទិព្វ​មាន​លំអរ​យ៉ាង​នេះ​ហើយ ទាល់​តែ​មិន​បាន​ឮ​សម្លេង បើ​ប្រសិន​ជា​បាន​ឮ​ផង​តើ​នឹង​ពីរោះ​ពិសា​យ៉ាង​ណា​ទៅ ឱហ្ន៎ ! ធ្វើ​ម្ដេច​នឹង​បាន​ឮសម្លេង​ទិព្វ​នោះ​ទៀត។ លុះ​គិត​ដូច្នោះ​ហើយ​ក៏​ចូល​ទៅ​គាល់​ក៏​ចូល​ទៅ​គាល់​ព្រះដ៏មាន​បុណ្យ​ក្រាប​បង្គំ​សូម​រៀន​បរិកម្ម​ក្នុង​ទិព្វ​សោត​វិជ្ជា​តទៅ។

ព្រះបរមលោកនាថ​ជាម្ចាស់ មិន​បាន​ត្រាស់​ពន្យល់​ដូច​មុន​ឡើយ ព្រោះ​ទ្រង់​ជ្រាប​ថា ក្នុង​កាល​កន្លង​ទៅ​ហើយ​សុនក្ខត្តភិក្ខុ​នោះ បាន​ប្រហារ​គុម្ព​ត្រចៀក​ភិក្ខុមាន​សីល ១ រូប​ឲ្យ​ថ្លង់​ស្ដាប់​អ្វីមិន​ឮ​សោះ។ ព្រោះ​សេស​បាប​នោះ ទោះបី​ព្យាយាម​យ៉ាង​ណា​ក៏​មិន​បាន​ទិព្វ​សោតទេ បាន​ជា​ព្រះបរមគ្រូ​ទ្រង់​មិន​ពន្យល់​សូម្បី​សុនក្ខត្តភិក្ខុ​ខំ​ធ្វើ​បរិកម្ម​ភាវនា​ដោយ​ខ្លួន​ឯង​អស់​បី​ឆ្នាំ ក៏​ឥត​បាន​ទិព្វ​សោតវិជ្ជា​នោះ​ឡើយ។ កាល​បើ​មិន​បាន​ទិព្វ​សោតវិជ្ជា​ដូច្នោះ សុនក្ខត្តភិក្ខុ​ក៏​គិត​ថា

ច្បាស់​ជា​ព្រះសមណគោតម​យល់​ថា លោក​ក៏​ជាតិ​ក្សត្រិយ៍​អញ​ក៏​ជាតិ​ក្សត្រិយ៍​ស្មើ​គ្នា បើ​ប្រសិន​ជា​បណ្ដោយ​ឲ្យ​អញ​បាន​ទិព្វ​សោតវិជ្ជា​ទៅ ក្រែង​លោ​អញ​បានត្រាស់​ដឹង​ព្រះ​សព្វ​ញ្ញុតញ្ញាណ​ស្មើ​នឹង​លោក បាន​ជា​លោក​មិន​ខ្វល់ខ្វាយ​ប្រាប់វិធី​ចម្រើន​ឲ្យ​កើត​ទិព្វ​សោត​វិជ្ជា​ដល់​អញ​ឡើយ គឺ​លោក​ប្រាថ្នា​នឹង​រារាំង​ញាណ​វិស័យ​នៃ​អញ​ជា​ប្រាកដ។

កាល​បើ​សុនក្ខត្តភិក្ខុ​គិត​ជ្រុល​យល់​ជ្រួស ដោយ​គំនិត​ខូច​ដូច្នោះ​ហើយ ក៏​ចង​គំនុំ​នឹង​ព្រះបរមគ្រូ​តទៅ។ លុះ​កាល​កន្លង​ទៅ​ដោយ​លំដាប់ សុនក្ខត្តភិក្ខុ​ក៏​សឹក​ចេញ​ទៅ​ជា​គ្រហាវាស​វិនាស​ចាក​ពុទ្ធសាសនា។

ឯ​គំនិត​ដែល​សុនក្ខត្តភិក្ខុ​គិត ថ្កោល​ទោស​ព្រះសម្មាសម្ពុទ្ធ​ដូច្នោះ ជា​គំនិត​ឆ្វេង​ខុស​ទទេ មិន​ត្រូវ​តាម​សេចក្ដី​ពិតឡើយព្រោះ​ធម្មតា​ព្រះពុទ្ធទាំង​ឡាយ មិន​មាន​ព្រះហឫទ័យ​ញាប់ញ័រ​ដោយ​លោកធម៌​ទេ។ ដូច​កាល​ដែល​សុភទ្ទ​បរិព្វាជក​ចូល​ទៅ​ក្រាប​បង្គំ​សួរ​ព្រះដ៏មានព្រះភាគ​ជាម្ចាស់​យើង អំពី​រឿង​សមណៈ អំពី​សង្ខារ និង​អំពី​ព្រះហឫទ័យ​នៃ​ព្រះពុទ្ធ​ទាំង​ឡាយ។ ព្រះអង្គ​ក៏​ទ្រង់​ទេសនា​ប្រៀបធៀប​គតិលោក​និង​គតិធម៌​តាម​សេចក្ដី​ពិត​ថា

អាកាសេវ បទំ នត្ថិ សមណោ នត្ថិ ពាហិរោ

សង្ខារា សស្សតា នត្ថិ នត្ថិ ពុទ្ធានមិញ្ចិតំ។

សេចក្ដី​ថា ខាង​ក្រៅ​ពី​ពុទ្ធសាសនា​មិន​មាន​សមណៈ​ទេ សង្ខារ​ទាំង​ឡាយ​មិន​ដែលទៀត​ទេ ព្រះពុទ្ធ​ទាំង​ឡាយ​មិន​មាន​សេចក្ដី​ញាប់ញ័រ​ទេ ដូច​ជា​ស្នាម​ជើង​ដែល​មិន​មាន​ព្ធដ៏អាកាស​ដូច្នោះ​ឯង។

ព្រោះ​អាស្រ័យ​ពុទ្ធភាសិត​នេះ​ជា​សំអាង បាន​ជា​ឃើញ​ថាគំនិត​ដែល​សុនក្ខត្តភិក្ខុ​គិត​ដូច្នោះ ជា​គំនិត​យល់​ខុស​គួរ​រាប់​ថា ជាមិច្ឆាទិដ្ឋិ​ពេញ​ទី​បាន ព្រោះ​គិត​ថ្កោល​ព្រះ​ហឫទ័យ​របស់​ព្រះសម្មាសម្ពុទ្ធ មិន​ត្រូវ​តាម​ទំនង​ដែល​ពិត​មែន។

ហេតុ​នេះ​បាន​ជា មិច្ឆាទិដ្ឋិ​គំនិត​យល់​ឆ្វេង យល់​ខុស​ដូច​សុនក្ខត្ត​លិច្ឆវីនេះ​ជាដើម លោកឲ្យ​ឈ្មោះ​ថា បាប ជាអំពើ​អាក្រក់​ដែល​បុគ្គល​មិន​គួរ​ឲ្យ​មក​ប៉ះពាល់​ក្នុង​ចិត្ត​ឡើយ។ បណ្ឌិត​ទាំង​ឡាយ លោក​ឃើញ​ទោស​មិច្ឆាទិដ្ឋិ​ដូច​ពោល​មក​នេះ បាន​ជា​លោក​លះបង់ ហើយ​ព្យាយាម​ធ្វើ​សម្មាទិដ្ឋិ​ឲ្យ​កើត​ឡើង។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ

ដោយ​៥០០០​ឆ្នាំ