ម្ចាស់ដែនសុវណ្ណភូមិ
ម្ចាស់ដែនសុវណ្ណភូមិ (បទ ពាក្យ៨) | |
ម្ចាស់ដែនសុវណ្ណភូមិ (បទ ពាក្យ៨) (១) អ្នកណាជាម្ចាស់ដែនសុវណ្ណភូមិ ចរិករម្យទមសុភាពរាបសា ភាពច្នៃប្រឌិតល្បាញល្បីអស្ចារ្យ កេរ្ដិ៍ឈ្មោះខេមរាផ្សាយដល់សកល។ (២) កុលបុត្រជាន់ក្រោយគួរស្គាល់ខ្លួនឯង ហ៊ានចេញសំដែងមិនខ្លាចអែអល់ អត្តសញ្ញាណនិងសមិទ្ធិផល ដូនតាបន្សល់ជាម្ចាស់ដែនដី។ (៣) សត្រូវជិតខាងតែងតែឈ្លានពាន លួចមើលលួចរៀនសព្វគ្រប់អ្វីៗ រួចហើយកែប្រែខិតខំបំភ្លៃ ប្រវត្តិទឹកដីវប្បធម៌ផងខ្លួន។ (៤) នៅពេលអំណាចកណ្ដាលរឹងពឹង បើកភ្នែកសំលឹងវាយលុកខ្ជាប់ខ្ជួន កាន់កាប់ទឹកដីប្តូរឈ្មោះអោយជួន ថាកម្មសិទ្ធខ្លួនពីបុរាណកាល។ (៥) ឆ្លៀតឪកាសខ្ញុំនៅមានដង្ហើម ខិតខំចាប់ផ្ដើមរៀបរាប់ដំណាល ប្រវត្តិខ្លីៗទុកដូចជាថ្នាល ក្រែងលោជួនកាលគេសួរមិនដឹង។ (៦) ប្រាសាទអង្គរជារបស់ខ្មែរ សង់ជាយូរខែដោយកិច្ចខំប្រឹង ជានិមិត្តរូបនៃដួងព្រលឹង ជាតិខ្មែរយ៉ាងរឹងសតវត្សដប់ពីរ(១)។ (៧) មានជនមួយក្រុមរត់ពីណានចៅ ខ្ចាត់ព្រាត់សំដៅស៊ីឈ្នួលគ្រប់ទី ពេលមានអំណាចសាងរាជធានី ដាក់ឈ្មោះទេពីថាសុខោទ័យ(២)។ (៨) ដោយហេតុសារជាតិជាអ្នកឈ្លានពាន កេណ្ឌពលទាហានមកប្លន់ទឹកដី តាំងនៅអយុធ្យាដើម្បីលកលៃ រៀបក្បួនទព័ព្រៃវាយក្រុងអង្គរ(៣)។ (៩) ព្រះបាទសុរិយោវង្សទីមួយ លើកទ័ពបោះពួយសង្រ្គោះនគរ បានឡើងសោយរាជ្យនៅក្នុងក្រុងអង្គរ ស្ថានភាពវឹកវររំសាយមួយគ្រា។ (១០) គំនិតប៉នប៉ងជាលើកទីពីរ ជនក្បត់លាលីទាំងពីរអង្គា ចារបុរសបួននាក់សោភា យប់ស្ងាត់នាំគ្នាបើកទា្វរកំពែង។ (១១) អណ្ដាតភ្លើងឆាបឆេះអង្គរធំ ប្រជាស្រែកយំរងទុក្ខក្ដែងៗ នគរបាត់បង់ហ៊ុំពទ្ធ័ដោយផ្សែង ដុនដាបចំបែងជាលើកទីពីរ(៤)។ (១២) ព្រះបាទស្រីសុរិយោវង្សទីពីរ ខិតខំមូលមីចេញតួនាទី ទ័ពស្រីសន្ឌរប្រយុទ្ធពលី ជួយរាជធានីអង្គរជោគជ័យ។ (១៣) មហិច្ឆតាដែលមិនចេះចប់ គេវិលត្រឡប់ជាលើកទីបី នៅឆ្នាំមួយពាន់បួនរយម្ភ៉ៃ វាយយកជាថ្មីកាន់កាប់ម្ដងទៀត(៥)។ (១៤) សង្គ្រាមឈ្លានពានចេះតែបន្ដ លួចយកអក្សរប្បធម៌ខ្មីឃ្មាត ប្រមូលឯកសារចាប់អ្នកចេះទៀត ស្វះស្វែងខំឆ្លៀតកែប្រែបាចសាច។ (១៥) សង្គមខេមរាបានចុះទន់ខ្សោយ គ្មានសល់សោះឡើយធនធានអ្នកប្រាជ្ញ ឃើញវប្បធម៌គេចិញ្ចាងចិញ្ចាច ភ្លេចអស់ភ័យខ្លាចមិនស្គាល់ខ្លួនឯង។ (១៦) ពិណពាណ្យប្ដូរឈ្មោះក្លាយជាភ្លេងសៀម កូនខ្មែរភ្លេចនាមភ្លេចវប្បធម៌ឯង បកប្រែចំរៀងជាតិគ្រប់កន្លែង ចុងក្រោយចំបែងសល់ឈ្មោះលួចគេ។ (១៧) អ្នកណាជាម្ចាស់ដែនសុវណ្ណភូមិ ចរិករម្យទមសុភាពរាបសា ភាពច្នៃប្រឌិតល្បាញល្បីអស្ចារ្យ ប្រជាខេមរាសូមស្វែងយល់ផង។ (១) ប្រាសាទអង្គរវត្តសាងសង់ក្នុងរជ្ជកាលព្រះបាទសុរិយវរ្ម័នទីពីរក្នុងកំឡុងឆ្នាំ១១១៣-១១៥០ (២) កុលសម្ព័ន្ធណានចៅក្លាយជារដ្ឋសៀមតាំងរាជធានីនៅសុខោទ័យក្នុងឆ្នាំ ១២៣៨ (៣)ការវាយលុកក្រុងអង្គរលើកទីមួយនៅឆ្នាំ១៣៥២ នឹងធ្វើការកាន់កាប់ក្នុងកំឡុងឆ្នាំ១៣៥៣-១៣៥៩ (៤)ការវាយលុកក្រុងអង្គរលើកទីពីរនៅឆ្នាំ១៣៩៤ នឹងធ្វើការកាន់កាប់ក្នុងកំឡុងឆ្នាំ១៣៩៤-១៤០១ (៥)ការវាយលុកក្រុងអង្គរលើកទីបីនៅឆ្នាំ១៤២០ សៀមកាន់កាប់ទឹកដីខ្មែរមួយភាគធំពីឆ្នាំ១៧៩៥-១៩០៧ ឆ្នាំ១៩០៧ជាឆ្នាំប្រវត្តិសាស្ត្រដែលសៀមបានប្រគល់ ខេត្តបាត់ដំបង សៀមរាបអង្គរ និង សេរីសោភណ្ឌមកអោយខ្មែរក្នុងសន្ធិសញ្ញាបារាំងសៀម។ ដូចនេះហើយទើប មានរូបចម្លាក់ស្រ្តីបីអ្នកនៅក្បែររូបសំណាកព្រះបាទស៊ីសុវត្ថនៅវត្តភ្នំដើម្បីរំលឹកដល់រឿងនេះ។ មហិច្ឆតាចង់បានដែនដីសុវណ្ណភូមិ ឆ្នាំ១៨៦០ចាត់មនុស្សជាង២០០០នាក់មកដឹងថ្មប្រាសាទយកទៅសង់នៅបាងកក ឆ្នាំ១៨៦៧ សង់ប្រាសាទអង្គរវត្តចំលងមួយក្នុងបរិវេណរាជវាំងក្រុងបាងកក។ បើអ្នកជាម្ចាស់ដែនសុវណ្ណភូមិ អ្នកនឹងមិនគាស់ថ្មបា្រសាទពីកន្លែងមួយទៅសង់នៅកន្លែងមួយទៀតនោះទេ បើអ្នកជាម្ចាស់ដែនសុវណ្ណភូមិ អ្នកនឹងមិនដុតអង្គរធំនោះទេ បើអ្នកជាម្ចាស់ដែនសុវណ្ណភូមិ អ្នកនឹងមិនបាញ់គ្រប់កាំភ្លើងធ្វើអោយប៉ះពាល់ដល់ប្រាសាទព្រះវិហារនោះទេ
|