យស
យស (yasa) អានុភាព; ឥស្សរភាព; បរិវារ; ទ្រព្យធន; កេរ្តិ៍ឈ្មោះល្អ; សេចក្ដី ថ្កើងថ្កាន : មានយស, ថ្កើងយស ។ ខ្មែរច្រើនប្រើសំដៅលំដាប់ ឋានន្តរស័ក្តិធំតូច ឬអំណាចតាមមុខងារ, មុខក្រសួង : ស័ក្តិ ៩ ហ៊ូពាន់ តែយសជាសេនាបតី គឺស័ក្តិត្រឹមតែ ៩ ហ៊ូពាន់ទេ ប៉ុន្តែទទួលស្តីទីជាសេនាបតីបណ្តោះអាសន្ន ។
យស និង អយស
កែប្រែការមានយស និងការអត់យស ក៏ជាព្រឹត្តិការណ៍មួយ ដែលសត្វលោកគ្រប់គ្នាត្រូវតែប្រឈមមុខ ដោយមិនអាចជៀសផុត។
យស តែងធ្វើហឫទ័យរបស់មនុស្សជាច្រើនឲ្យសប្បាយរីករាយភ្លើតភ្លើន និងទទួលបានដោយសេចក្ដីសោមនស្ស។
អយស គឺជាព្រឹត្តិការណ៍មួយ ដែលមនុស្សជាច្រើន ភ័យខ្លាច និងមិនចង់ឲ្យកើតឡើងជាដាច់ខាត តែគ្រប់គ្នាមិនអាចគេចវេសបានឡើយ ហើយបញ្ចប់ទៅដោយសេចក្ដីទុក្ខ និងតូចចិត្ត យ៉ាងគួរឲ្យអាណិត។
សព្វថ្ងៃនេះ មានមនុស្សច្រើនណាស់ដែលខ្វល់ខ្វាយនឹងការស្វែងរកកិត្តិយស អ្នកខ្លះចង់បានល្បី ក៏ចុះផ្សាយពីសកម្មភាព ឬថារូបភាពរបស់ខ្លួនតាមរយៈសារពត៌មាន ឬក៏តាមទស្សនាវដ្ដីទៀតផង។
អ្នកខ្លះក៏រៀបចំ ពិធីជប់លៀងណាមួយដើម្បីយកចិត្តអ្នកធំ ព្រោះប្រាថ្នាចង់បាននូវកិត្តិយសផ្ទាល់ខ្លួនរបស់គេ។
អ្នកខ្លះរៀបចំធ្វើពិធីបុណ្យ យ៉ាងឱឡារិកគគ្រឹកគ្រេង ធ្វើពិធីរាប់បាត្រព្រះសង្ឃរាប់ពាន់អង្គ ប៉ុន្តែគេមិនយកចិត្តទុកដាក់ទាល់តែសោះ ចំពោះជនទុគ៌ត ក្រខ្សត់ ស្រេកឃ្លាន នៅជុំវិញខ្លួនរបស់គេ គេអាចចោទប្រកាន់ ហើយផ្ដន្ទាទោសដល់មនុស្សស្រេកឃ្លានម្នាក់ ដែលបានលួចបេះផ្លែដូងមួយនៅក្នុងចំការរបស់គេ ប៉ុន្តែគេមិនស្ទាក់ស្ទើរនឹងឲ្យដូងមួយពាន់ផ្លែ ដើម្បីបានកេរ្តិ៍ឈ្មោះឬកិត្តិយសល្អនោះឡើយ។
ទាំងនេះ គឺជាចំណុចខ្សោយរបស់មនុស្ស ហើយមនុស្សភាគច្រើន តែងតែមានគំនិតអាថ៌កំបាំង នៅពីខាងក្រោយសកម្មភាពរបស់ខ្លួន មិនងាយអ្នកណាម្នាក់ស្មានត្រូវឡើយ ដូចគេនិយាយថា ស្គាល់មុខ តែមិនងាយស្គាល់ចិត្ត។
មនុស្សជាច្រើន ចូលចិត្តនិយាយអួតអាង ដើម្បីបាននូវកិត្តិយស ឬគុណសម្បត្តិ ប៉ុន្តែកិត្តិយស ឬគុណសម្បត្តិមិនមែនកើតឡើង ដោយការអួតអាងនោះទេ វានឹងកើតឡើងសមទៅនឹងសមត្ថភាព និងការប្រព្រឹត្តរបស់មនុស្សម្នាក់ៗ។
ពេលដែលមានពន្លឺចាំងមក មនុស្សយើងតែងតែមានស្រមោល បើយើងខំប្រឹងដេញចាប់ស្រមោល ពិតជាចាប់មិនបានឡើយ តែបើយើងមិនតាមចាប់ទេ ស្រមោលនោះក៏មិនបានឃ្លាតទៅណាឆ្ងាយពីយើងដែរ គឺតែងតែជាប់តាមទៅជានិច្ច។ សូមកុំធ្វើជាមនុស្សដេញចាប់ស្រមោល ទុកឲ្យស្រមោលដើរតាមយើងវិញទៅចុះ។