យាយទេព
យាយទេព លោកយាយជាពុទ្ធសាសនិកមួយរូបកាលក្នុងសតវត្សទី១៧ សម័យឧដុង្គ ក្រោយគាត់អនិច្ចកម្ម លោកយាយបានក្លាយជាអ្នកដូន។
ប្រវត្តិ
កែប្រែលោកយាយទេពបានបរិច្ចាគដីទំហំប្រមាណជា ៥ ហិកតាកន្លះនៅចំចំណុចទីអារាមយាយទេពសព្វថ្ងៃដែលទីទួលមួយដែលកាលពីមុនជាទីលំនៅរបស់លោកយាយទេព។ នៅលើទីទួលមានដើមពោធិ៍មួយដើមធំ និងព័ទ្ធជុំវិញដោយផ្ទៃទឹកល្ហល្ហាចប្រៀបដូចសមុទ្រនៃបឹងទន្លេសាប។ លោកយាយក៏បានផ្តួចផ្តើមគំនិតដើរកៀរគរអ្នកស្រុកឲ្យគេមកជួយកសាងព្រះពន្លាធ្វើជាទីសក្ការបូជាតាមផ្លូវព្រះពុទ្ធសាសនាតទៅ។ ប៉ុន្តែក្រោយមកទៀតទីនេះក៏ក្លាយជាទីអារាមមួយយ៉ាងល្អដោយស្មារតីលះបង់ដ៏ធំធេងក្នុងចិត្តជ្រះថ្លារបស់លោកយាយទេពលើផ្លូវព្រះពុទ្ធសាសនារួចអ្នកស្រុកក៏បានឯកភាពគ្នាដាក់ឈ្មោះវត្តនេះទៅជា «វត្តទេពធីតារាម» ហៅថាវត្តយាយទេពតាំងពីពេលនោះរហូតមកដល់សព្វថ្ងៃនេះ។ បើតាមសំដីរបស់លោកស៊ីវ-រុន ប្រធានមន្ទីរទេសចរណ៍ខេត្តបញ្ជាក់ទៀតថាទាក់ទងដល់សេចក្តីជ្រះថ្លារបស់លោកយាយទេព ពោលគឺក្រោយពេលគាត់ធ្វើមរណកាលទៅអ្នកស្រុកបាននិយាយតៗគ្នាថាព្រលឹងយាយទេពបានមកសណ្ឋិតនៅនឹងដើមពោធិ៍ហើយមានចេស្តាបារមីស័ក្តិសិទ្ធិធ្វើឲ្យអ្នកស្រុកមានជំនឿគោរពបូជារៀងរហូតមក។ ក៏មានកវីនិពន្ធបានចារជាទំនុកបទច្រៀងទាក់ទងនឹងបារមីយាយទេពនេះថែមទៀតផងដូចជាបទ «ចំប៉ាផ្សារលើ» ដែលច្រៀងរៀបរាយដោយអធិរាជសំឡេងមាស លោកស៊ីន-ស៊ីសាមុត។
បើតាមការសាកសួរព័ត៌មានលំអិតអំពីប្រវត្តិនៃការកកើតទីអារាមនេះពីព្រះចៅអធិការវត្តព្រះនាមជូ-សុខ ព្រះជន្ម ៧២ វស្សា (បច្ចុប្បន្នសុគតហើយ) បានឲ្យដឹងថា វត្តទេពធីតារាម ហៅវត្តយាយទេពចាប់កើតជាទីអារាមតាំងពីឆ្នាំ ១៦៧៧ មកម៉្លេះគិតមកទល់ពេលនេះមានអាយុ ៣២៥ ឆ្នាំហើយ។ ប្រវត្តិទីអារាមដែលចងក្រងដោយព្រះអង្គព្រះចៅអធិការមានសំអាងលើសង្ឃដីការបស់សម្តេចព្រះសង្ឃរាជជួន-ណាត ដែលបាននិមន្តមកសម្ពោធសាលាបាលី និង ចេតិយនៅវត្តយាយទេពក្នុងឆ្នាំ១៩៦៥។
ទីអាស្រម
កែប្រែវត្តទេពធីតារាម ហៅ វត្តយាយទេពស្ថិតនៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងសង់នៅលើផ្ទៃដីទំហំ ២ ហិកតា ១៤ អា។
យើងអាចចូលទៅលេង និងបរិច្ចាគនូវធនធានផ្ទាល់ខ្លួនក្នុងផ្លូវព្រះពុទ្ធសាសនានៅវត្តទេពធីតារាម ហៅ វត្តយាយទេពនេះ ព្រមទាំងអាចត្រឡប់មកលំហែនៅលើសួនច្បារផ្សារក្រោមទស្សនាទិដ្ឋភាពទេសភាពភ្នំនាងកង្រីហាក់អណ្តែតលើផ្ទៃទឹកនារដូវវស្សា៕ [១]