យាយម៉ៅលោកយាយម៉ៅ ជា​វីរៈនារី​ក្នុង​ទេវកថា​ពី​បុរាណ​ដ៏ពេញនិយមរបស់ប្រជាជនខ្មែរ [] និងគេមានជំនឿថាជាទេវតាស័ក្តិសិទ្ធ តាមបែប​ព្រហ្មញ្ញសាសនាក្នុងប្រទេសកម្ពុជា។ **យាយម៉ៅ ត្រូវបានគេគោរពបូជា ធ្វើសក្ការៈនៅតាមឆ្នេរសមុទ្រ ឬច្រាំងសមុទ្រ ក៏ដូចជានៅចន្លោះផ្លូវពីក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ កំពត និងក្រុងកែប។ នៅភ្នំបូគោក្នុងខេត្តកំពត គេឃើញមានរូបសំណាកយាយម៉ៅ ដែលមានកំពស់ដល់ទៅ២៩ម៉ែត្រ ដែលត្រូវបានសំភោធឡើងក្នុងឆ្នាំ២០១២ ទន្ទឹមនឹងនោះ ក៏មានឃើញរូបសំណាករបស់លោកយាយនៅឆ្នេរសមុទ្រកែប ដែលត្រូវបានហៅថា "ស្រីស្អាត" ឬ"សិលាចាំប្តី" ទាំងនោះ គឺជារឿងព្រេងនិទានរបស់ស្រី្តម្នាក់ ដែលទន្ទឹងចាំស្វាមីរបស់ខ្លួន ហើយសំឡឹងមើលទៅទិសខាងលិច។ យាយម៉ៅ ត្រូវបានគេជឿថា គាត់គឺជាអ្នកការពារ ថែរក្សាអ្នកដំណើរ និងព្រានព្រៃឲ្យបានសេចក្តីសុខសប្បាយ។ អ្នកដំណើរដែល​ធ្វើ​ដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ តែងតែឈប់នៅមុខអាស្រមលោកយាយម៉ៅ នៅតាមបណ្តោយផ្លូវនោះ ដើម្បីធ្វើសក្ការៈ បូជា ដើម្បីសុំឲ្យការធ្វើដំណើរបានសុខសប្បាយតាមផ្លូវ។

ទីសក្ការៈយាយម៉ៅ នៅវត្តរាម ក្រុងព្រះសីហនុ

ដំណើររឿង

កែប្រែ
 
រូបសំណាកយាយម៉ៅនៅភ្នំបូកគោ

ដំណើររឿងរបស់យាយម៉ៅ គេពុំទាន់មានឯកសារណាមួយជាក់លាក់ ដែលជាប្រវត្តិសាស្ត្រទេ។ រឿងនេះត្រូវបានគេនិយាយតៗគ្នា ពីមាត់មួយទៅមាត់មួយ។ គេឃើញមានរឿងនិទានមួយចំនួនទាក់ទងនឹងប្រវត្តិយាយម៉ៅ។ បានឮថា រឿងនេះបានកើត​ឡើង​នៅមុន​សម័យ​​អាណានិគមបារាំង នាងគឺ​ជា​ស្រ្តីដ៏ស្អាត ផូរផង់ បានរៀបអាពាពិពាហ៍​ជាមួយនឹង​មេទ័ពម្នាក់។ ក្រោយពេល​ដែលស្វាមី​របស់គាត់ធ្វើ​មរណកាល​ក្នុងសង្គ្រាម រវាងកម្ពុជា]]និងថៃ នាងក៏បាន​ដឹកនាំទ័ព​ឡើងប្រឆាំង​តបវិញ។ នៅពេលនោះ នាងក៏បានក្លាយ​ជាវីរៈនារី​ដ៏ល្បីល្បាញ​​របស់ជនជាតិខ្មែរ

រឿងដំណាលខ្លះថា ស្វាមីរបស់ដូនម៉ៅ ដែលជាមេទ័ព បានចេញទៅធ្វើសង្គ្រាមតាមផ្លូវសមុទ្រ ដោយសារតែនឹកស្វាមីខ្លាំងពេក នាងក៏ទៅតាមរក ហើយក៏បានមកដួលស្លាប់នៅខេត្តកោះកុង ក្លាយជាអ្នកដូន (ឆ្មាំរក្សាសមុទ្រ)។

កាលពីសម័យមុន មានមេកន្ទ្រាញ ម្នាក់ ឈ្មោះជុច ត្រួតត្រា​កុល​សម្ព័ន្ធ​ជនជាតិព័រ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលពី​មុនហៅថា ​ព្រៃខ្លាដំរី។ តា​ជុច មានប្ញទ្ធិអំណាចខ្លាំងពូកែណាស់ ជាមនុស្សឆ្អឹងដែក ស្បែកស្ពាន់។ កាលនោះ មាន​យុវតី​ ជនជាតិព័រម្នាក់ ឈ្មោះនាងម៉ៅ មានរូបឆោមល្អល្អះ ត្រូវបានមេកន្ទ្រាញយកធ្វើជាភរិយា។ ក្រោយពេលពួកគាត់ធ្វើមរណកាលទៅ បានបន្សល់ទុកទ្រព្យសម្បត្តិជាច្រើន ដោយហេតុថា ពួកគាត់គ្មានកូនបន្តពូជពង្ស ចិត្តរបស់ពួកគាត់​ ក៏នៅ​មិនដាច់​អាល័យ ក៏ចាប់ជាតិជាអ្នកតា អ្នកដូន​ នៅចាំយាម ថែរក្សាទឹកដីនោះ។ មេកន្ទ្រាញដែលឡើងកាន់ដំណែងក្រោយៗ ក៏នៅតែគោរពកោតខ្លាចតាជុច យាយម៉ៅ ដូចកាលនៅរស់ បានទាំងយកដុំថ្ម២ដុំធំៗ ដាក់​ទន្ទឹម​គ្នា ធ្វើរោង​ប្រក់​ស្បូវ​ត្រង់ផ្ទះ​តាយាយ​នេះ ដោយឧបកិច្ច​សុំឱ្យពួកគាត់តាមថែរក្សាជនជាតិព័រ កុំឱ្យមានជំងឺតម្កាត់អ្វីឡើយ។ គ្រានោះ ដូនម៉ៅ បានចូលសណ្ឋិត ក្នុងរូបស្នងម្នាក់ ហើយប្រាប់អ្នកស្រុកថា គាត់មានភារកិច្ចតាម​ថែរក្សា​មនុស្សលោក មិនត្រឹមតែ​​តំបន់​​ភ្នំក្រវាញ​នេះទេ សូម្បី​ខេត្តផ្សេងៗ មានដូចជា ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ក្រុងកំពង់សោម ជាដើម ជាពិសេស កូនចៅដែល​ធ្វើដំណើរ​តាមសមុទ្រ។

ការបូជា

កែប្រែ
 
Sela waits for her husband (សិលាចាំប្តី), a monument in Kep Province inspired in a version of Yeay Mao, whose husband went to the wars with Thailand and never returns, so she decided to go to the west in his search.

ការសែនព្រេនចម្បងគឺនៅខែមិថុនា។ អ្នកដែលមានជំនឿតែងនាំគ្នាទៅវត្ត ឬក៏ទីសក្ការៈនានា ដើម្បីធ្វើនូវការបូជា។ ក្នុងការសែនព្រេននេះ គេតែងនាំយកអាហារដ៏ប្រណិត ជាពិសេស មានដូចជា ក្បាលជ្រូក មាន់ស្ងោរ និងគ្រឿង​សក្ការៈ ដែល​ជាបរិក្ខារ​របស់យញ្ញ មានដូចជា ស្លាធម៌ ដូងទុំ ផ្កាភ្ញី និងបាយសី (ធ្វើឡើងដោយកំណាត់ផ្នែកមួយនៃដើមចេក ដែលមានដោតជើងទ្រ មានស្លឹកចេកដែលគេរុំប៉ុនៗម្រាមដៃ ៣ ទៅ៩ស្រទាប់។ បាយសីនេះ គឺជាបរិក្ខារមួយដែលពេញ​និយម របស់ប្រជាជនខ្មែរ ក៏ដូចជាជនជាតិ​ថៃ ក្នុងការធ្វើពិធីសែនព្រេន ឬបូជាផ្សេងៗ។ .[]

រូបស្នងទាំងបីដែលយាយម៉ៅធ្លាប់ចូល

  1. យាយសៅរ៍ : គឺជាភរិយារបស់តាអ៊ុង ដែលជាកាប៉ូរ៉ាល់ថ្នល់ (អ្នកត្រួតត្រាខាងផ្លូវ)។
  2. តាស្នងឡុង : ជាកូនរបស់យាយសៅរ៍ និងតាអ៊ុង។
  3. តាឡុងម៉ៅ  : ជាកូនតាស្នងឡុង។

តាមរយៈស្នាដៃនិពន្ធរបស់លោកសេក សុផាត និងលោកស្តើង ធូរ [] កាលពីរវាងឆ្នាំ ១៨៦៦ អ្នកដូនម៉ៅនេះ កាចណាស់ គឺបើអ្នកណាធ្វើដំណើរកាត់តាមផ្លូវជ្រោះភ្នំពេជ្រនិល ហើយមិនបានបង្អង់ឈប់ ដើម្បីសុំសេចក្ដីសុខសប្បាយទេ ឬប្រព្រឹត្តចោរកម្មផ្សេងៗ អ្នកដូននឹងធ្វើជាហេតុផ្សេងៗ មានជម្ងឺដម្កាត់ ឬមើលផ្លូវដែលត្រូវ​ធ្វើដំណើរ​មិនឃើញ ដែលអាច​បណ្តាល​ឲ្យ​បើកខុសផ្លូវ មានគ្រោះថ្នាក់ដល់ជីវិត។ មួយវិញទៀត បើអ្នកណា មានគំនុំ ហើយមានប្រាថ្នានឹងព្យាបាទអ្នកដទៃ ហើយទៅធ្វើការបន់ សុំឲ្យអ្នកដូនជួយទៅបង្ក្រាបគូសត្រូវរបស់ខ្លួន ដោយសន្យាថា បើបានសម្រេចដូចការបន់ នឹងថ្វាយវត្ថុណានីមួយ។ អ្នកដូន ក៏ទៅកាច់ ធ្វើតាមបំណងអ្នកដែលបន់នោះក៏មាន។[]

ដោយហេតុតែកាចសាហាវយ៉ាងនេះហើយ ទើបបារាំងសែស (ក្នុងសម័យអាណានិគមបារាំងរវាងឆ្នាំ ១៩០០) បានទៅបាញ់ទីសក្ការៈអ្នកដូននោះម្ដង។ តាំងពីពេលនោះមក អ្នកដូននេះ ក៏ថយអានុភាពបន្តិច។

ក្នុងរវាងឆ្នាំ ១៩៤០ ជំនាន់ជប៉ុនចូលស្រុក បានកេណ្ឌប្រជាពលរដ្ឋចំណុះខែត្រកំពត ឲ្យទៅជីកលេណដ្ឋាន នៅត្រង់ថ្នល់បត់ភ្នំទ្វារកំពតនោះ។ ពលករទាំងនោះ បានទៅធ្វើបរិវេណទីសក្ការៈនោះឲ្យស្មោកគ្រោក មានបន្ទោរបង់មូត្រ លាមកជាដើម ដោយ​ការខឹងនឹងអំពើរបស់អ្នកទាំងនោះ អ្នកដូនក៏ធ្វើឲ្យមានជម្ងឺ ស្លាប់អស់ជាច្រើននាក់។ អ្នកខ្លះមានជំងឺឈឺតាំងពីកន្លែងកាប់ដីនោះមក ស្លាប់អស់ជាច្រើននាក់។ អ្នកខ្លះបានមកដល់ផ្ទះ ទើបចាប់មានជំងឺក៏មាន ស្លាប់រង្គាលចោលប្រពន្ធ ឲ្យនៅមេម៉ាយគគោក រហូតទាល់តែបាននាមថា "មេម៉ាយជំនាន់ជប៉ុនកេណ្ឌ" ។ ដោយឃើញហេតុការស្ដែងយ៉ាងនេះ បានធ្វើឲ្យអ្នកស្រុក ទាំងខ្មែរ ចិន យួន ចាម ជ្វា បាក់បបខ្លបខ្លាចឥតឧបមា។ ម្នាក់ៗប្រសិនបើមានការត្រូវធ្វើដំណើរទៅចំកន្លែងនោះ ដោយខានមិនបាន ក៏ត្រូវប្រុងប្រយ័ត្នឲ្យមានវត្ថុកំដរដៃ សម្រាប់ថ្វាយអ្នកដូនពុំដែលខានឡើយ។[]

ដើម្បីធ្វើឲ្យការវឹកវរស្ងប់ស្ងាត់ មនុស្សទាំងឡាយ ក៏ចាប់ផ្តើមនាំយកវត្ថុផ្សេងៗ ដើម្បីធ្វើសក្ការៈបូជាយាយម៉ៅ និងកសាង​ទីសក្ការៈឡើងវិញ។ ក្រៅពីការបន់ស្រន់សុំសេចក្តីសុខ របស់អ្នកស្រុក​នៅផ្តុំភ្នំពេជ្យនិល ពេលដែលមានភាពវឹកវរកើតឡើង មានការលួច កាប់សម្លាប់ជាដើម អ្នកទាំងនោះ តែងទៅបញ្ជាន់អ្នកដូន ដើម្បីឲ្យអ្នកដូនប្រាប់ហេតុការ ឬប្រាប់ពិធីដើម្បីដោះស្រាយផ្សេងៗ។[]

ឯកសារយោង

កែប្រែ

Notes

  1. Khmer Heroes, Kampuchea Krom Community: Yeay [or Grandma] Mao, visitors travel to seacoast Sihanoukville and Kampong Som province must stop to pay respect.. Link retrieved on 2nd Feb 2009.
  2. Seik Sopat and Sadang Tuo: Collection of Cambodian Traditions (ប្រជុំរឿងព្រេងខ្មែរ), pp.80-81.
  3. Seik Sopat and Sadang Tuo: Collection of Cambodian Traditions (ប្រជុំរឿងព្រេងខ្មែរ), p.78.
  4. ៤,០ ៤,១ Seik Sopat and Sadang Tuo: Collection of Cambodian Traditions (ប្រជុំរឿងព្រេងខ្មែរ), p.80.
  5. Seik Sopat and Sadang Tuo: Collection of Cambodian Traditions (ប្រជុំរឿងព្រេងខ្មែរ), p.79.

អានបន្ថែម

កែប្រែ
  • Collection of Cambodian Traditions (ប្រជុំរឿងព្រេងខ្មែរ), Phnom Penh, 2001, Ministry of Education, Kingdom of Cambodia, pp 78–81.

តំណភ្ជាប់ខាងក្រៅ

កែប្រែ