រមណីយដ្ឋានទឹកធ្លាក់មនោរម្យ

ព័ត៌មានទូទៅ

កែប្រែ

thumb|រមណីយដ្ឋានទឹកធ្លាក់សែនមនោរម្យ ទឹកធ្លាក់មនោរម្យ (ឬសែនមនោរម្យ) ឬទឹកធ្លាក់ដំណាក់ស្តេច មានទីតាំងស្ថិតនៅក្នុងភូមិដើមស្រល់ ឃុំមនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលអមសងខាងផ្លូវមានចម្ការដំណាំឧស្សាហកម្មដូចជា កៅស៊ូ កាហ្វេ ស្វាយចន្ទី សាវម៉ាវ ក្រូចវល្លិ និងផ្លែប៊័រ ជាដើម។ ទឹកធ្លាក់នេះ ត្រូវបានប្រជាពលរដ្ឋហៅថា «ទឹកធ្លាក់ដំណាក់ស្តេច» មានទឹកធ្លាក់ធម្មជាតិ ព្រៃឈើ និងខ្យល់អាកាសបរិសុទ្ធ។ ដើមឈើងាប់រលំគងទទឹងលើផ្លូវទឹកហូរ គឺជាទីតាំងថតរូបអនុស្សាវរីយ៍ដ៏ស្រស់ស្អាតសម្រាប់ភ្ញៀវទេសចរ។ ពាក់ព័ន្ធប្រវត្តិពីការដាក់ឈ្មោះ«ទឹកធ្លាក់មនោរម្យ ឬដំណាក់ស្តេច» លោក ដួង វេហា ដែលជាមគ្គុទ្ទេសក៍ទេសចរណ៍ប្រចាំខេត្តមណ្ឌលគិរី បានដំណាលឱ្យដឹងថា៖ «ដើមឡើយ ពេលសម្តេចយាងមកសង់រាជដំណាក់មួយនៅក្នុងឆ្នាំ១៩៦០ ចម្ងាយប្រមាណ១គីឡូម៉ែត្រពីទឹកធ្លាក់នេះ ព្រះអង្គហៅឈ្មោះថា ទឹកធ្លាក់មនោរម្យ តាមឈ្មោះឃុំមនោរម្យតែម្តង។ ចាប់ពីរាជដំណាក់ រហូតដល់កាំជណ្តើរទៅកាន់ទឹកធ្លាក់ សុទ្ធតែមានចម្លាក់គ្រប់កាំ»។ ជាអកុសលទាំងរាជដំណាក់ និងកាំជណ្តើរទឹកធ្លាក់ត្រូវបានក្រុមប៉ុល ពតបំផ្លិចបំផ្លាញស្ទើរតែខ្ទេចដល់ដី។ លោក ដួង វេហា បានបង្ហើបប្រាប់ទៀតថា បច្ចុប្បន្ននៅក្រោមជម្រាលភ្នំនៃរាជដំណាក់មានរូងធំមួយ ដែលលោកធ្លាប់ប្រទះឃើញសត្វពស់ដ៏ធំ២ ទៅ៣គូរស់នៅ។ លោកមគ្គុទ្ទេសក៍ទេសចរណ៍វ័យ៣៧ឆ្នាំ បានបញ្ជាក់ថា៖«សព្វថ្ងៃនេះ យើងក៏អាចនៅមើលឃើញចម្លាក់មួយចំនួន នៅតាមថ្មក្បែរមាត់អូរ នៃទឹកធ្លាក់ផងដែរ។ ភាគច្រើនមានតែមនុស្សចាស់ៗ អភិបាលក្រុង អភិបាលខេត្ត និងមគ្គុទ្ទេសក៍មួយចំនួនប៉ុណ្ណោះ ដែលបានដឹងអំពីបញ្ហានេះ»។ លោកបានរំឭកថា ក្រោយពីសម្តេចតា យាងមកតំបន់នេះដោយព្រះអង្គទតឃើញពីសក្តានុពលល្អ ចំពោះដែនដីសម្បូរភ្នំ និងទឹកធ្លាក់ជាច្រើន ព្រះអង្គក៏សម្រេចហឫទ័យបង្កើតខេត្តមណ្ឌលគិរី ដែលបំបែកចេញពីស្រុកឆ្លូងលើ ខេត្តក្រចេះ ក្នុងឆ្នាំ១៩៦៣[]

ឯកសារយោង

កែប្រែ
  1. ដកស្រង់ពី www.postkhmer.com