រមណីយដ្ឋានអន្លង់ជ្រៃ

thumb រមណីយដ្ឋានអន្លង់ជ្រៃ ដែលគេនិយមហៅថា"ភូមិសម្តេច ហេង" ត្រូវបានអ្នកទេសចរជាតិកំពុងចាប់អារម្មណ៍ និងនាំក្រុមគ្រួសារ មិត្តភក្តិ ញាតិសន្តាន ទៅលេងកម្សាន្ត និងញ៉ាំអាហារពេលថ្ងៃត្រង់ ថែមទាំងលេងទឹកនៅទំនប់បង្ហៀរទឹកក្នុងភូមិនេះយ៉ាងសប្បាយរីករាយថែមទៀតផង។ ភូមិអន្លង់ជ្រៃ បើថ្ងៃធម្មតាមិនសូវមានភ្ញៀវទេសចរទៅលេងកម្សាន្តនៅឯរមណីយដ្ឋានមួយនេះទេ តែបើថ្ងៃចុងសប្តាហ៍ សៅរ៍ អាទិត្យ ឬថ្ងៃបុណ្យទានវិញ រកតែកន្លែងអង្គុយលេងស្ទើរតែគ្មានផង។នៅទីនោះមានទំនប់ទឹកយ៉ាងធំសម្រាប់លេងកម្សាន្ត និងមាន បរិយាកាសបរិសុទ្ធ ខ្យល់អាកាសធម្មជាតិតាមបែបស្រុកស្រែចម្ការ និងមានលក់ម្ហួបអាហារឈ្ងុយឆ្ងាញ់ដូចជា មាន់ដុត កង្កែបបោក សាច់គោអាំង ត្រីអាំង និងម្ហូបអាហារជាច្រើនបែបតាមរបៀបអ្នកជនបទជាច្រើនមុខទៀត។រមណីយដ្ឋាន អន្លង់ជ្រៃ មានទីតាំងស្ថិតនៅក្នុងភូមិអន្លង់ជ្រៃ(ភូមិសម្តេច ហេង) ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ បើយើងធ្វើដំណើរចេញពីភ្នំពេញ បត់តាមស្ពានព្រែកតាមាក់ រហូតដល់រង្វង់មូលស្វាយអន្ទរ រួចបន្តដំណើរប្រមាណ ៤០ គីឡូម៉ែត្រទៀត ដោយបត់ទៅទិសខាងកើតឆ្ពោះទៅកាន់ស្រុកពញាក្រែក នោះនឹងឃើញរមណីយដ្ឋានអន្លង់ជ្រៃ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៨ នេះតែម្តង។