រមណីយដ្ឋាន​ភ្នំ​សសៀរ

ភ្នំ​សសៀរជារមណីយដ្ឋានមួយស្ថិតនៅខេត្តកែប ប្រមូលផ្តុំ​ដោយ​ភ្នំ​តូចៗ​ចំនួន​៣​មាន​ទំហំ​ផ្ទៃដី​ប្រមាណ​ជាង​១​គីឡូម៉ែត្រ​ការ៉េ និង​មាន​កម្ពស់​ជាង​៤០​ម៉ែត្រ​។ លក្ខណៈ​ដ៏​អស្ចារ្យ​របស់​ភ្នំ​សសៀរ​​គឺ​មាន​ល្អាង​រូង​ពី​ធម្មជាតិ​ស្ទើរតែ​គ្មាន​កន្លែង​ណា​ដូច​ ​មានដូចជា​រូងភ្នំ​ដំរី​ស រូងភ្នំ​អាចម៍​ប្រចៀវ​ជាពិសេស​នៅ​រូងភ្នំ​ដំរី​ស​មាន​បន្សល់​ទុក​នៅ​ស្នាដៃ​ស្ថាបត្យកម្ម​ដ៏​កំពូល​មួយ​គឺ​វាលស្រែ ១០០​ដែល​បាន​លាក់​ខ្លួន​បំពួន​អាត្មា​ក្នុង​រូង​យ៉ាង​ងងឹត​នោះ​។​ ដោយឡែក​នៅ​លើ​កំពូលភ្នំ​សសៀរ​វិញ​​​មាន​ចេតិយ​មួយ​ដែល​កសាង​ឡើង​នៅ​ឆ្នាំ​១៩៦៤​ដោយ​ព្រះ​មហាក្សត្រិយ៍​រស្មី​សោភ័ណ្ឌ​ មាន​រំលេ​ច និង​លម្អ​ទៅដោយ ក្បូរ​ក្បាច់រចនា​យ៉ាង​ល្អ​វិចិត្រ និង​មាន​ពណ៌​ប្រណីត​ដ៏​អស្ចារ្យ​គឺជា​គោតម​មុនី​ចេតិយ​ដែល​ជាទី​សក្ការៈ​គោរព​បូជា​ជំនឿ​លើ​វត្ថុ​ស័ក្តិសិទ្ធិ​ទាំង​៣​របស់​ព្រះពុទ្ធ​ដែល​គេ​បាន​យក​ទៅ តម្កល់ទុក​នៅ​ក្នុង​នោះ​គឺ​ព្រះ​សរីរធាតុ​របស់​ព្រះពុទ្ធ​។​ពី​ជើងភ្នំ​ឡើង​ទៅ​ដល់​កំពូលភ្នំ​នោះ​មាន​សំណង់​វត្ត​អារាម​ព្រះពុទ្ធ​សាសនា​មាន​ផ្លូវ​ខ្វែងខ្វាត់​មាន​ព្រះសង្ឃ​គង់នៅ និង​មាន​រោង​តូចៗ​ជាច្រើន​ទៀត​សង់​ឡើង​នៅ​តាម​ជើងភ្នំ​សម្រាប់​តាជី​យាយជី​មក​សំណាក់​ធម៌​ទៀតផង​។​