រាជវង្សជិនខាងកើត

History of China
History of China
ប្រវត្តិសាស្ត្រចិន
សម័យបុរាណ
ថ្មរំលីង រ. ៨៥០០–រ. ២១០០ មគ.
រាជវង្សសៀ រ.២១០០– រ.១៦០០ មគ.
រាជវង្សសាង រ.១៦០០–រ.១០៤៦ មគ.
រាជវង្សចូវ រ.១០៤៥–២៥៦ មគ.
 ចូវខាងលិច
 ចូវខាងកើត
   សម័យផ្ការីក​និងស្លឹកឈើជ្រុះ
   សម័យនគរចម្បាំង
សម័យអធិរាជ
រាជវង្សឈិន ២២១ មគ.–២០៦ មគ.
រាជវង្សហាន ២០៦ មគ.–២២០ គស.
  ហានខាងលិច
  រាជវង្សថ្មី
  ហានខាងកើត
នគរបី ២២០–២៨០
  អ៊ួយ ស៊ូ និង អ៊ូ
រាជវង្សជិន ២៦៥–៤២០
  ជិនខាងលិច នគរ១៦
៣០៤–៤៣៩
  ជិនខាងកើត
រាជវង្សខាងត្បូងនិងខាងជើង
៤២០–៥៨៩
រាជវង្សសួយ ៥៨១–៦១៨
រាជវង្សថាង ៦១៨–៩០៧
  ( ចូវទី២ ៦៩០–៧០៥ )
រាជវង្ស៥ និង
នគរ១០

៩០៧–៩៦០
រាជវង្សលៀវ
៩០៧–១១២៥
រាជវង្សសុង
៩៦០–១២៧៩
  សុងខាងជើង សៀខាងលិច
  សុងខាងត្បូង ជិន
រាជវង្សយាន ១២៧១–១៣៦៨
រាជវង្សមិង ១៣៦៨–១៦៤៤
រាជវង្សឈិង ១៦៤៤–១៩១១
សម័យទំនើប
សាធារណរដ្ឋចិន ១៩១២–បច្ចុប្បន្ន
សាធារណរដ្ឋប្រជាមានិត
ចិន

១៩៤៩–បច្ចុប្បន្ន
សាធារណរដ្ឋ
ចិន

(តៃវ៉ាន់)
១៩១២–បច្ចុប្បន្ន

រាជវង្សជិនខាងកើត (ឆ្នាំគ.ស ៣១៧-៤២០) កែប្រែ

រាជវង្សជិនខាងកើតស្ថាបនាឡើងក្រោយការភាសខ្លួនប្ដូររាជធានីនៃបណ្ដាមន្ដ្រីក្នុងរាជសំណាក់ជិនចុះទៅភូមិភាគខាងត្បូង ក្រោយការរលំរលាយនៃរាជវង្សជិនខាងលិច។ ថ្វីបើនៅរាប់ជារាជវង្សតែមួយក្នុងទំព័រប្រវត្ដិសាស្ដ្របុរាណចិន តែតាមពិតទៅ ព្រំដែនអំណាចការគ្រប់គ្រងគ្របដណ្ដប់ត្រឹមតែលើដែនដីភាគខាងត្បូងនៃទំនាបទន្លេឆាងចៀងតែប៉ុណ្ណោះ។ ក្នុងកំឡុងពេលជាមួយគ្នានេះ ប្រទេសជាតិនៅភាគខាងជើងរង្គោះរង្គើទៅដោយភ្លើងសង្គ្រាមដណ្ដើមអំណាចគ្នានៃនគរផ្សេងៗ ក្រោមការដឹកនាំរបស់ក្រុមកុលសម្ព័ន្ធពីខាងក្រៅ រួមទាំងជនជាតិហានដែរ។ ស្ថានការណ៍ជម្លោះនេះ កើតឡើងតាំងពីពេលនៃការកកើតនិងដួលរលំនៃរាជវង្សជិនខាងកើត រហូតដល់សម័យនៃការប្រឈមគ្នានៃរាជវង្សជើងត្បូង ដែលស៊ីពេលអស់ជាង ៣០០ ឆ្នាំ។

ការស្ថាបនារាជវង្សជិនខាងកើត កែប្រែ

ឆ្នាំគ.ស ៣១៦ ពេលជិនមិនទី ហង់តេអង្គចុងក្រោយត្រូវកុលសម្ព័ន្ធសុងនូចាប់ធ្វើជាឈ្លើយ រាជវង្សជិនខាងលិចក៏ចូលដល់កាលអវសាន។  បណ្ដាមន្ដ្រីចាស់ៗ របស់រាជវង្សជិនដែលពុំព្រមទទួលជតាកម្មនេះ បានតស៊ូដើម្បីស្ដារស្ថានការណ៍នៅគ្រប់ទីតំបន់។ ក្នុងឆ្នាំគ.ស ៣១៧ ក្រោមការជួយជ្រោមជ្រែងពីសំណាក់មន្ដ្រីថ្នាក់ខ្ពស់នៅចុងយួន (ទំនាបកណ្ដាលបរិវេណទំនាបទន្លេហួងហូ) និងចៀងណាន (ដែនដីភាគខាងត្បូងនៃទន្លេឆាងចៀងឬយ៉ង់សេ) ស៊ឺម៉ារុយ ដែលខណៈនោះមានតំណែងជាឡាងយ៉ាវ៉ាំង តែងតាំងខ្លួនជាក្សត្រជិនជាបន្ដ ទ្រង់មានព្រះនាមថាជិនយួនទី និងស្ថាបនាស្រុកចៀនខាំង (ក្រុងណានជិងខេត្ដចៀងស៊ូបច្ចុប្បន្ន) ជារាជធានី ជាពេលចាប់ផ្ដើមនៃសម័យរាជវង្សជិនខាងកើត។

រាជវង្សជិនខាងកើតថ្វីបើប្ដូររាជធានីទៅតំបន់ចៀងណានភាគខាងត្បូងនៃប្រទេសចិន តែដោយសារមានអ្នកបន្ដរាជសម្បត្ដិ ទើបមានបំណងប្រាថ្នាចង់បង្រួបបង្រួមផែនដីភាគខាងជើងត្រឡប់មកវិញ។ ពេញមួយយុគសម័យនេះ មានមេទ័ពដែលអាសាលើកទ័ពទៅវាយភាគខាងជើងជាច្រើនលើក។ ជូធីបង្ក្រាបភាគខាងជើងបានជាលទ្ធផលមួយនៃការខិតខំបង្រួបបង្រួមជាតិ។

ជូធីមានកំណើតចេញពីត្រកូលអ្នកធំនៅភូមិភាគខាងជើង ដំបូងឡើងយពេលភាសខ្លួនមកនៅភាគខាងត្បូងនោះ ដោយសារនៅមានស្ម័គ្របក្សពួកនិងប្រជាជនដែលមកពីភាគខាងជើង ទើបយល់ថាការលើកទ័ពឡើងទៅភាគខាងត្បូងមានសង្ឃឹមឈ្នះច្រើន ដូច្នេះ មុនការប្រកាសបង្កើតរាជវង្សជិនខាងកើត បានសុំជំនួយពីស៊ឺម៉ារុយឬជិនយួនទីនាពេលក្រោយមក ដើម្បីបង្ក្រាបពួកក្បត់នាភាគខាងជើង។ ស៊ឺម៉ារុយតែងតាំងជូធីធ្វើជាមេស្រុកអ៊ីចូវនិងប្រគល់ស្បៀងមួយចំនួន។ ជូធីនាំកងកម្លាំងឆ្លងទន្លេ (ភាគខាងជើងនិងភាគខាងត្បូងនៃប្រទេសចិនឃាំងដោយទន្លេឆាងចៀងឬយ៉ង់សេ) ទៅសង្កត់ទ័ពរបស់ស៊ឺឡឺថែមទាំងដណ្ដើមយកដែនដីមួយផ្នែកនៃទន្លេហងហឺឬហួងហូដែលនៅខាងជើង។ ខណៈពេលនោះឯង រាជសំណាក់ភាគខាងត្បូងកើតចលនាក្បត់វ៉ាំងទុនជាហេតុធ្វើឲ្យការលើកទ័ពឡើងទៅភូមិភាគខាងជើងរបស់ជូធីត្រូវអាកខាន។ ជូធីក្ដៅក្រហាយធ្លាក់ខ្លួនឈឺនិងស្លាប់ក្នុងឆ្នាំគ.ស ៣២១ ។ ក្រោយមកស៊ឺឡឺវាយបកដណ្ដើមយកដែនដីហឺណានទៅវិញ។ ផែនការបង្រួបបង្រួមប្រទេសលើកនេះត្រូវបរាជ័យ។

ការដណ្ដើមអំណាចក្នុងរាជសំណាក់ កែប្រែ

ថ្វីបើថាប្រទេសជាតិក្នុងសម័យរាជវង្សជិនខាងកើតដែលបានទទួលការជ្រោមជ្រែងពីបណ្ដាកងកម្លាំងមកពីត្រកូលធំៗ មកពីរាជវង្សជិនខាងលិចមានការវិវត្ដន៍ទៅមុខខ្លះ តែរឿងផ្ទៃក្នុងវិញពោរពេញទៅដោយជម្លោះ ដោយសារការដណ្ដើមអំណាចគ្នារវាងក្រុមម្ចាស់ស្រុកដែលមានឥទ្ធិពលតាំងពីដើមជាមួយក្រុមអំណាចថ្មីដែលទើបផ្លាស់ទីចូលមក ដែលភាគច្រើនខាងត្រកូលអ្នកធំពីតំបន់ចុងយួនជាអ្នកក្ដោចអំណាចរដ្ឋនៅក្នុងដៃ។ ចំណែកក្រុមថ្នាក់ដឹកនាំភាគខាងត្បូងត្រូវរងគំនាបនយោបាយ។ ក្រៅពីនេះ នៅមានការដណ្ដើមអំណាចគ្នារវាងក្រុមត្រកូលធំៗ ជាមួយរាជសំណាក់ ឬសូម្បីតែក្រុមត្រកូលភាគខាងជើងជាមួយគ្នាក៏មានការដណ្ដើមអំណាចគ្នាយ៉ាងស៊ីសាច់ហុតឈាមមិនចាញ់គ្នាប៉ុន្មានដែរ។

រវាងកំឡុងពេលឆ្នាំគ.ស ៣១៧-៣៩៩ រជ្ជកាលស្ដេចជិនយួនទីដល់រជ្ជកាលស្ដេចជិនអាន់ទី ចាត់ទុកជាកំឡុងពេលដែលរាជវង្សជិនខាងកើតមានការវិវត្ដន៍ជាសន្សឹម។ ថ្វីបើក្នុងកំឡុងពេលនេះមានការបង្កចលាចលខ្លះតែក៏ត្រូវបណ្ដាមន្ដ្រីនិងក្រុមត្រកូលធំៗ រួមគ្នាដាក់គំនាបឲ្យនៅរាបទាបទៅវិញ។ ការវិវត្ដន៍ខាងលើនេះ បានធ្វើឲ្យកើត ៤ ត្រកូលធំៗ ដែលផ្លាស់គ្នាឡើងកាន់អំណាចនយោបាយក្នុងសម័យរាជវង្សជិនខាងកើត មានដូចជា ត្រកូលវ៉ាំង ត្រកូលវី ត្រកូលហួន ត្រកូលសៀ ខណៈដែលក្សត្រមិនមានព្រះរាជអំណាចសោះ ជាហេតុធ្វើឲ្យប្រទេសជាតិធ្លាក់ក្នុងសភាពរង្គោះរង្គើ ពិបាកអភិវឌ្ឍន៍ឈានទៅមុខ។

ក្រោយពេលជិនយួនទីស្ថាបនារាជវង្សជិនខាងកើតហើយ វ៉ាំងតៅបានចូលគ្រប់គ្រងអំណាចផ្ទៃក្នុង។ ចំណែកវ៉ាំងទុនកាន់កម្លាំងទាហានគ្រប់គ្រងខាងក្រៅ ជាហេតុធ្វើឲ្យជិនយួនទីមានអារម្មណ៍ថាត្រកូលវ៉ាំងកំពុងតែពានវ៉ាំង។ ក្រោយពេលជិនយួនទីស្លាប់ ជិនមិងទីឡើងគ្រងរាជ្យបល្ល័ង្កបន្ដ។ ឆ្នាំគ.ស ៣២៤ វ៉ាំងទុនឈឺធ្ងន់ ជិនមិងទីឆ្លៀតឱកាសលើកទ័ពបង្រ្កាប ចុងក្រោយវ៉ាំងទុនឈឺកាន់តែធ្ងន់និងស្លាប់បាត់បង់ជីវិត កងកម្លាំងដែលនៅសេសសល់ត្រូវបោសសម្អាតទាំងអស់។

ពេលដល់រជ្ជកាលស្ដេចជិនឆឺងទី អ៊ីលៀង អាស្រ័យឋានៈជាសម្ដេចពូចូលកាន់អំណាចនយោបាយ។ ខណៈនោះអ៊ីលៀងចង់ប្រឆាំងនឹងជូយេវ ដែលកាន់កាប់ក្រុងអ៊ីចូវ តែខ្លាចស៊ូជ្វិន ដែលមានគុណសម្បត្ដិក្នុងការបង្ក្រាបវ៉ាំងទុន។ លុះដល់ឆ្នាំគ.ស ៣២៧ អ៊ីលៀងផ្ញើសារកោះហៅស៊ូជ្វិនចូលរាជធានី តែស៊ូជ្វិនក្រែងអ៊ីលៀងយកលេសកម្ចាត់ខ្លួន ទើបរួមដៃជាមួយជូយេវលើកទ័ពចូលរាជធានីចៀនខាំង។ ក្រោយមកក្នុងឆ្នាំគ.ស ៣២៩ អ៊ីលៀងបង្ក្រាបពួកក្បត់ស៊ូជ្វិនបានសម្រេច ក្ដោបអំណាចបានទាំងអស់។

ក្នុងកំឡុងពេលខ្លីមួយដែលរាជវង្សជិនខាងកើតមានសន្ដិភាពនោះ ហួនវ៉ើន ដែលគ្រប់គ្រងក្រុងជិងចូវក្នុងរជ្ជកាលស្ដេចជិនមូទី ឆ្នាំគ.ស ៣៤៧ លើកទ័ពបង្ក្រាបនគរស៊ូ (ខេត្ដសេឆួនបច្ចុប្បន្ន) ។ ក្រោយមកព្យាយាមវាយឡើងទៅខាងជើងដើម្បីពង្រីកអំណាចរបស់ខ្លួន ធ្វើឲ្យរាជវង្សជិនខ្លាចរអែង។ ក្រោយមកថ្វីបើហួនវ៉ើនវាយទៅខាងជើង ៣ ដង វាយបានហើយត្រូវសត្រូវវាយបកមកវិញ ចុងក្រោយក៏នៅតែមិនអាចសម្រេចកិច្ចការធំ។

សមរភូមិនៅទំនាបទន្លេហ្វឺយស៊ុយ កែប្រែ

ថ្វីបើហួនវ៉ើនបរាជ័ក្នុងការលើកទ័ពឡើងទៅខាងជើង តែនៅតែអាចគ្រប់គ្រងអំណាចនយោបាយបានដដែល។ រហូតដល់ឆ្នាំគ.ស ៣៧៣ ហួនវ៉ើនឈឺស្លាប់ សៀអាន់ដែលមកពីក្រុមទាយាទត្រកូលអ្នកធំ ចាប់ផ្ដើមមានឥទ្ធិពលសំខាន់ក្នុងកិច្ចការគ្រប់គ្រងប្រទេស។

សៀអាន់ប្រើនយោបាយទាមទារតុល្យភាពអំណាចនិងផលប្រយោជន៍នៃគ្រប់ភាគី ជួយកាត់បន្ថយការប៉ះទង្គិចនៃភាគីផ្សេងៗ ទើបធ្វើឲ្យបានទទួលការគាំទ្រពីរាជសំណាក់ និងទទួលការលើកសសើរយ៉ាងច្រើន។ ក្នុងកំឡុងពេលនេះរាជវង្សជិនខាងកើតទទួលបានសុខសន្ដិភាពមួយរយៈកាលទៀត។

រហូតដល់ឆ្នាំគ.ស ៣៨២ ហ៊្វូចៀន ស្ដេចនគរឆៀនឈិន ភាគខាងជើង មានកម្លាំងខ្លាំងឡើង ទើបប្រមូលកងទ័ពយ៉ាងច្រើនវាយចុះមកខាងត្បូង ដើម្បីបង្រួបបង្រួមផែនដីឲ្យមានឯកភាព។ ខណៈដែលកងទ័ពហ៊្វូចៀនពោពេញទៅដោយភាពក្លៀវក្លា រាជវង្សជិនខាងកើតក៏ត្រៀមទប់ទល់រួចរាល់ហើយដែរ។ កងទ័ពទាំងពីរក្រុមប្រឈមមុខដាក់គ្នានៅច្រាំងទាំងពីនៃទន្លេហ្វឺយស៊ុយ និងដោយសារទំនាក់ទំនងរបស់សៀអាន់ បណ្ដាមេទ័ពមកពីត្រកូលធំៗ ចូលមកបូកកម្លាំងបន្ថែម រហូតនៅទីបំផុតវាយទ័ពធំរបស់ហ៊្វូចៀនបែករត់ទៅវិញខ្ចាត់ខ្ចាយ។ ជ័នជម្នះរបស់អ្នកភាគខាងត្បូងលើកនេះ ធ្វើឲ្យផែនការបង្រួបបង្រួមផែនដីត្រូវនៅទើរដដែល។ អ្នកភាគខាងត្បូងរួចផុតពីគ្រោះធំ សេដ្ឋកិច្ចនិងសង្គមបានទទួលអភិវឌ្ឍន៍ជាបន្ដបន្ទាប់មួយរយៈពេលទៀត ជាបច្ច័យសំខាន់ក្នុងការអូសបន្លាយសង្គ្រាមដណ្ដើមដែនដីដែលបែងជាជើងត្បូងនាពេលក្រោយមកទៀត។

ប្រទេសជាតិអន់ប្រព័ន្ធគ្រប់គ្រង ជាហេតុនៃភាពរលំរលាយ កែប្រែ

ក្រោយសមរភូមិនៅទំនាបទន្លេហ្វឺយស៊ុយ ធ្វើឲ្យអ្នកភាគខាងជើងបែកបាក់គ្នាម្ដងទៀត។ សភាពការណ៍រុករានពីខាងក្រៅ (រាជវង្សជិនខាងកើត) ចុះថមថយ។ ទំនាស់ការបែងចែកតំណែងគ្រប់គ្រង ការដណ្តើមអំណាចរបស់មេដឹកនាំនិងការគាប់សង្កត់ប្រជារាស្ដ្រធ្ងន់ធ្ងរទ្វេឡើងម្ដងទៀត។

ជាពិសេសបញ្ហាការកេណ្ឌកម្លាំងពលកម្ម ក្នុងរជ្ជកាលស្ដេចជិនមូទីរាស្ដ្រដល់ថ្នាក់សុខចិត្ដធ្វើជាជនពិការ ព្រោះដើម្បីគេចវេសពីការកេណ្ឌកម្លាំង។ កម្លោះៗ មិនហ៊ានរៀបការប្រពន្ធ ពេលមានបុត្រក៏ពុំអាចចិញ្ចឹមរស់ អ្នកស្រែជាច្រើនអស់អ្វីៗ ពីខ្លួនទាំងអស់ ចាំបាច់ត្រូវចោលលំនៅដ្ឋាន ដើម្បីគេចពីការកេណ្ឌកម្លាំងពលកម្ម។

ក្រោយសង្គ្រាមនៅទន្លេហ្វឺយស៊ុយ ធ្វើឲ្យអំណាចនយោបាយរបស់សៀអាន់កាន់តែរឹងមាំឡើង។ ជិនអ៊ូទីបារម្ភក្រែងប៉ះពាល់ដល់អំណាចខ្លួនបានរកវិធីកាត់បន្ថយអំណាចសៀអាន់ ហើយងាកទៅប្រគល់អំណាចឲ្យប្អូនប្រុសឈ្មោះស៊ឺម៉ាតៅជឺ។ ក្រោយពេលសៀអាន់ស្លាប់ ស៊ឺម៉ាតៅជឺក្ដោបអំណាចទាហានតែម្នាក់ឯង បើកឆាកប្រយុទ្ធដណ្ដើមអំណាចជាមួយក្រុមត្រកូលធំៗ ជាថ្មី។ ក្រោយព្រឹត្ដិការណ៍ការបោសសម្អាតយ៉ាងសាហាវ សភាពការណ៍ក៏ក្លាយទៅជា ហួនស្វៀន (បុត្រារបស់ហួនវិន) ក្ដោបអំណាចបរិវេណភាគកណ្ដាលនៃទន្លេឆាងចៀង លិវឡៅក្ដោបអំណាចភាគខាងក្រោមនៃទន្លេ ខណៈដែលកៅយ៉ាក្ដោបអំណាចនៅទន្លេហួយណាន់។ ព្រំដែនដែលរាជសំណាក់អាចគ្រប់គ្រងបាននៅសល់ត្រឹមតែ ៨ ស្រុកប៉ុណ្ណោះ។

ឆ្នាំគ.ស ៣៩៩ ស៊ឺម៉ាយួនសៀន ចេញបញ្ជាកេណ្ឌទាហាន បណ្ដាលឲ្យកើតជាចលាចល។ ក្រុមលទ្ធិតាវនិកាយអ៊ូតូវមីបានប្រឆាំង។ ក្រុមកម្លាំងទាសករនិងអ្នកស្រែក្រីក្រនាំគ្នាមកសន្ធប់កម្លាំងបនែ្ថមបានជាចំនួនរាប់ម៉ឺនសែននាក់យ៉ាងលឿន ព្រមជាមួយគ្នាដែរបណ្ដាម្ចាស់ដីនៅចៀងតុងទាំង ៨ ស្រុកដែលរងផលប៉ះពាល់ដោយសារការកេណ្ឌទាហានេះ ក៏ងើបឡើងបះបោរដូចគ្នាដែរ។

រាជសំណាក់ជិនខាងកើតយល់ឃើញថាកងកម្លាំងចៀងតុងកាន់តែរឹងមាំ ទើបលើកទ័ពទៅបង្ក្រាប រហូតដល់ឆ្នាំគ.ស ៤១០ ត្រូវកម្ចាត់ចោលអស់។ ការបង្រ្កាបចលាចលលើកនេះ បានធ្វើឲ្យកម្លាំងទាហានរបស់រាជវង្សជិនខាងកើតធ្លាក់ចុះខ្សោយជាខ្លាំង ទើបហឺងស្វៀនដែលក្ដោបអំណាចនៅភាគកណ្ដាលនៃទន្លេឆាងចៀងឆ្លៀតឱកាសវាយចូលរាជធានីចៀនខាំង ទម្លាក់ហង់តេជិនអាន់ទី ប្រហារស៊ឺម៉ាតៅជឺនិងយួនសៀនពីនាក់ឪពុកកូន ស្ថាបនាខ្លួនជាហង់តេ។

ខណៈនោះក្រុមត្រកូលអ្នកធំដែលធ្លាប់ជ្រោមជ្រែងរាជសំណាក់ជិនខាងកើតស្ថិតក្នុងសភាពទ្រុឌទ្រោម មានតែមួយត្រកូលដែលអាចប្រយុទ្ធទប់ទល់ជាមួយហួនស្វៀន គឺលិវអ៊ីដែលមានកម្លាំងទ័ពរឹងមាំដោយសារការបង្ក្រាបនគរហូវអៀននិងហូវឈិននាភាគខាងជើង បង្រួបបង្រួមដែនដីភាគខាងត្បូងដែលបាត់បង់ឲ្យមានរបៀបរៀបរយម្ដងទៀត។ ឆ្នាំគ.ស ៤១៨ លិវអ៊ីផ្គុំកម្លាំងបង្ក្រាបហួនស្វៀនតែត្រូវបរាជ័យ។ ក្រោយមក ត្រូវស៊ឺម៉ាតឺវ៉ើនឡើងធ្វើជាក្សត្រ ដណ្ដើមរាជបល្ល័ង្កមកឲ្យរាជវង្សជិនខាងកើតវិញ។ ក្រោយមកក្នុងឆ្នាំគ.ស ៤២០ បង្ខំឲ្យហង់តេដាក់រាជ្យបល្ល័ង្ក ប្រកាសស្ថាបនានគរសុងនិងតែងតាំងខ្លួនឡើងជាហង់តេ មានព្រះនាមថា សុងអ៊ូទីជាទីអវសាននៃរាជវង្សជិនខាងកើត។ 

ដោយសាររាជវង្សជិនខាងកើតប្ដូររាជធានីទៅចៀងណានខាងត្បូង បើកឱកាលឲ្យបណ្ដាអ្នកប្រាជ្ញអ្នកមានចំណេះដឹងចំនួនជាច្រើនធ្វើដំណើរមកជាមួយដែរ ធ្វើឲ្យកើតទំនាក់ទំនងជាមួយអ្នកភាគខាងត្បូងកាន់តែខ្លាំងឡើង កើតការលាយបញ្ចូលវប្បធម៌និងប្រពៃណីគ្នា រួមទាំងស្នាដៃផលិតផលអ្នកភាគខាងជើងនិងអ្នកភាគខាងត្បូងក៏មានការលាយបញ្ចូលគ្នាដែរ ធ្វើឲ្យស្នាដៃផលិតផលនៅសម័យរាជវង្សជិនខាងកើតមានការអភិវឌ្ឍន៍ឈានឡើង។ ក្រៅពីនេះ រាប់ចាប់តាំងពីរាជវង្សវុយរបស់ចូឆូនៃសម័យសាមកុកមក ប្រទេសចិនបានទទួលវិវឌ្ឍនាការផ្នែកអក្សរសាស្ដ្រយ៉ាងលឿន។ ពេលដល់សម័យរាជវង្សជិនខាងកើត ទើបអ្នកប្រាជ្ញ កវី និងអ្នកនិពន្ធចិនដែលមានឈ្មោះបោះសម្លេងកើតឡើងយ៉ាងច្រើន មានដូចជា វ៉ាំងស៊ីជឺ សៀលិងយុន ថៅយួនមិង ជាដើម កើតជាការបដិវត្ដន៍សំណេរកំណាព្យយ៉ាងអស្ចារ្យ ជាគ្រឹះនៃយុគមាសផ្នែកអក្សរសិល្ប៍ចិននាសម័យរាជវង្សស៊ុយនិងរាជវង្សថាងនាសម័យក្រោយមកទៀត។