រាជវង្សសុងខាងជើង (ឆ្នាំគ.ស ៩៦០-១១២៧)

កែប្រែ

ការចាប់កំណើតឡើងរបស់រាជវង្សសុងខាងជើង បានបញ្ឈប់សភាពបែកបាក់គ្នានៃប្រទេសក្រោយការដួលរលំនៃរាជវង្សថាង។ ថ្វីបើផែនដីចិនក្នុងសម័យនេះ ស្ថិតក្នុងសភាពគំរាបកំហែងពីក្រុមជនជាតិភាគខាងជើង មានដូចជា នគរលៀវ ជីន និងស៊ីស៊ែ ដែលមានកម្លាំងខ្លាំងឡើងក្នុងពេលជាមួយគ្នា តែសភាពស្រុកទេសជាទូទៅមានការរីកចម្រើនជាងមុន ទាំងផ្នែកសេដ្ឋកិច្ច ជំនួញនិងសិល្បៈ វិជ្ជាការផ្សេងៗ ដោយពាក់កណ្ដាលនៃវត្ថុអច្ឆរិយៈទាំងបួនរបស់ចិន បានទទួលការអភិវឌ្ឍន៍និងផ្សព្វផ្សាយក្នុងយុគនេះ ថែមទាំងជាយុគមាសនៃសិល្បៈគំនូរនិងអក្សរសិល្ប៍ចិនទៀតផង។

ម៉្យាង ប្រវត្ដិវិទូចិនបានបែងចែករាជវង្សសុង (ឆ្នាំគ.ស ៩៦០-១២៧៩) ចេញជាពីរសម័យកាល សម័យកាលទីមួយគឺ សុងខាងជើង (ឆ្នាំគ.ស ៩៦០-១១២៧) រាជធានីនៅក្រុងខៃហ្វឹង ឬពៀនជីង ឬពៀនលាំង និងសម័យកាលទីពីរគឺ សុងខាងត្បូង (ឆ្នាំគ.ស ១១២៧-១២៧៩) ប្ដូររាជធានីមកនៅក្រុងលីងអាន់ (បច្ចុប្បន្នក្រុងហាំងចូវខេត្ដចឺជាំង) ក្រោយពេលដែលកងទ័ពជីនវាយចូលរាជធានីខៃហ្វឹងរហូតខូចខាតយ៉ាងធ្ងន់ធ្ងរ។

សុងរួបរួមផែនដី

កែប្រែ

ផែនដីភូមិភាគកណ្ដាល ក្រោយពេលចូវស៊ឺចុង នៃរាជវង្សហូវចូវសុគត់ (រាជវង្សចុងក្រោយនៃប្រាំរាជវង្ស) ខាងក្នុងរាជសំណាក់មានសភាពតានតឹង ខាងក្រៅប្រឈមនឹងសត្រូវមកពីខាងជើងគឺកងទ័ពរាជវង្សលៀវ។ ឆ្នាំគ.ស ៩៦០ កើតហេតុប្រែប្រួលនៅឆឺនឆៀវ ចាវ ខ័ងអ៊ីន ដែលខណៈពេលនោះកាន់តំណែងជាមេទ័ពការពាររាជវាំង ជាមេបញ្ជាការកងកម្លាំងដែលរឹងមាំបំផុតក្នុងពេលនោះ បានទទួលការគាំទ្រពីក្រុមមេទ័ពក្រោមបញ្ជា បង្ខំឲ្យចាវ កុងទី ព្រះជន្មប្រាំពីរខួបដាក់រាជ្យសម្បត្ដិ ក្រោយមកស្ថាបនារាជវង្សសុងឡើងជំនួសរាជវង្សហូវចូវ ប្រវត្ដិវិទូហៅរាជវង្សនោះថា ប៉ីសុងឬមហាសុងខាងជើង។

សុងថៃជូ ចាវ ខ័ងអ៊ីនឡើងគ្រងរាជ្យមិនបានយូរប៉ុន្មាន ក៏រៀបចំ “ពិធីជប់លៀងផឹកស្រាទម្លាក់អាវុធ” រំសាយកម្លាំងរបស់នាយទាហានក្រុមផ្សេងៗ ដែលគាំទ្រខ្លួនឡើងគ្រងរាជ្យបល្ល័ង្កដោយមិនមានការបង្ហូរឈាម។ ដោយក្រែងថាអាចនឹងកើតហេតុការណ៍ដូចគ្នានេះឡើងម្ដងទៀត ថែមទាំងសម្លឹងឃើញថាការដែលនាយទាហានកាន់កាប់កងកម្លាំង រមែងអាចនឹងមានអំណាចផ្លាស់ប្ដូរផែនដីនៅក្នុងដៃ ទើបសុងថៃជូប្រើវិធីដូចគ្នាក្នុងការផ្ទេរអំណាចយោធារបស់មេទ័ពការពារព្រំដែនចូលមកក្នុងជ្ឈមណ្ឌលកណ្ដាល។ ក្រៅពីនេះ ដើម្បីកាត់បន្ថយអំណាចមន្ដ្រីដែលអាចគម្រាមកំហែងរាជ្យបល្ល័ង្កនៅពេលខាងមុខ ទើបចេញច្បាប់ថ្មី ឲ្យមានត្រឹមតែមន្ដ្រីថ្នាក់ខ្ពស់តែប៉ុណ្ណោះដែលអាចចូលគាល់ដើម្បីប្រឹក្សារាជកិច្ច ដោយមានក្សត្រជាអ្នកសម្រេចចិត្ដដាច់ខាត មន្ដ្រីត្រឹមជាអ្នកទទួលយកទៅប្រតិបត្ដិ មិនបានមានតួនាទីផ្ដល់ការប្រឹក្សារាជការដូចពីមុនទេ។ ចាប់ពីពេលនោះមក អំណាចដាច់ខាតទាំងអស់ត្រូវធ្លាក់ក្នុងដៃរបស់ក្សត្រតែម្នាក់គត់។

ពេលនោះ ជុំវិញប្រកបទៅដោយនគរតូចធំផ្សេងៗ បន្ដពីសម័យប្រាំរាជវង្សដប់នគរ មានជាអាទិ ហូវស៊ូ ណានហាន ណានថាង អ៊ូយៀក ប៉ីហាន ជាដើម ដូច្នេះភារកិច្ចសំខាន់របស់ចាវ ខ័ងអ៊ីនគឺ ការបើកសមរភូមិបង្រួបង្រួមផែនដី។ ទ័ពសុងវាយចុះមកត្បូង រួបរួមផែនដីភាគខាងត្បូងជាបន្ដបន្ទាប់។ ក្រោយពេលបង្ក្រាបនគរណានថាងដ៏រឹងមាំ បានសម្រេចក្នុងឆ្នាំគ.ស ៩៧៤ នគរដែលនៅសេសសល់បន្តកន្ទុយគ្នាមកស្វាមីភក្ដិជាមួយរាជវង្សសុង។ ចុងរជ្ជកាល ចាវ ខ័ងអ៊ីនបែរទ័ពតម្រង់ទៅខាងជើង ក្រោយពេលបញ្ចូលនគរប៉ីហានដែលនៅសល់ក្រោយគេ តែត្រូវអស់ព្រះជន្មក្នុងពេលធ្វើសង្គ្រាមភាគខាងជើងក្នុងឆ្នាំគ.ស ៩៧៦។

សុងថៃចុង ចាវ គ័ងអ៊ី (ឆ្នាំគ.ស ៩៧៦-៩៩៧) ដែលជាប្អូនប្រុសឡើងគ្រងរាជ្យ បន្ដមហិច្ឆតារួបរួមផែនដី ដោយរួមនគរប៉ីហានបានសម្រេចក្នុងឆ្នាំគ.ស ៩៧៩។ ក្រោយមកព្យាយាមវាយដណ្ដើមយកដែនដីដែលបានបាត់បង់ធ្លាក់ក្នុងដៃនគរលៀវ (ប៉េកាំងនិងតាថុង)។ កងទ័ពសុងខាងជើងបើកឆាកប្រយុទ្ធជាមួយនគរលៀវជាច្រើនលើក ខណៈដែលនគរលៀវក៏រកឱកាលវាយចុះមកត្បូង ក្លាយជាសភាពការប្រឈមដាក់គ្នា។ រហូតដល់ឆ្នាំគ.ស ១០០៤ ចូលដល់រជ្ជកាលស្ដេចសុងជិនចុង នគរសុងខាងជើងជាមួយនគរលៀវបានធ្វើសន្ធិសញ្ញាសន្ដិភាពនៅឆានយ័ន សង្គ្រាមដែលអូសបន្លាយពេលយ៉ាងយូរត្រូវបានបញ្ចប់។

ចម្បាំងជាមួយនគរស៊ីស៊ែ

កែប្រែ

ចុងរជ្ជកាលស្ដេចសុងថៃចុងចាវគ័ងអ៊ី កុលសម្ព័ន្ធតាំងសៀង ភាគខាងលិចឆៀងខាងជើងចាប់ផ្ដើមមានកម្លាំងរឹងមាំ ងាកទៅស្វាមីភក្ដិជាមួយរាជវង្សលៀវ ទើបរាជសំណាក់សុងបញ្ជាឲ្យបិទព្រំដែនផ្ដាច់ទំនាក់ទំនងពាណិជ្ចកម្មរវាងគ្នា ធ្វើឲ្យកើតការធ្វើជំនួញអំបិលគេចពន្ធ និងការប្លន់ទំនិញក្នុងតំបន់ជុំវិញ។ ទាំងពីរភាគីប្រយុទ្ធគ្នាជាច្រើនដងតែមិនអាចយកឈ្នះគ្នាបាន។ លុះដល់ឆ្នាំគ.ស ១០០៦ ក្រោយពេលធ្វើសន្ធិសញ្ញាសន្តិភាពជាមួយរាជវង្សលៀវ ទើបងាកមកចងសម្ព័ន្ធមិត្ដជាមួយរាជវង្សសុងខាងជើង បើកព្រំដែលធ្វើជំនួញតាមប្រក្រតី។

រហូតដល់ឆ្នាំគ.ស ១០៣៨ លី យានហូវ មេដឹកនាំថ្មីនាពេលនោះ ស្ថាបនារាជវង្សស៊ីសៀ បានសម្រេច នៅក្រុងស៊ិងចូវ (បច្ចុប្បន្នគឺក្រុងអ៊ិនឆួន ខេត្ដនិងសៀ)។ ស៊ីសៀហែកសន្ធិសញ្ញាសន្ដិភាពដែលមានជាង ៣០ ឆ្នាំ ចាប់ផ្ដើមវាយចូលដែនដីភាគខាងលិចរបស់រាជវង្សសុងខាងជើង ខណៈដែលកងទ័ពសុងខាងជើងចាញ់សង្គ្រាមម្ដងហើយម្ដងទៀត ព្យាយាមអំពាវនាវឲ្យមានការចរចារសន្តិភាពតែមិនបានផល។ ទោះជាយ៉ាងណា ពេលធ្វើសង្គ្រាមអស់រយៈពេលយូរទៅ ការធ្វើពានិជ្ជកម្មដែលធ្លាប់មានពីមុនមកត្រូវរងផលប៉ះពាល់ ស៊ីសៀក្លាយជាអ្នករងគ្រោះព្រោះខ្វះទំនិញចាំបាច់។ ចុងក្រោយ ទើបស៊ីសៀព្រមចរចាសន្តិភាព ដោយស៊ីសៀព្រម “ស្វាមីភក្ដិ” ចំពោះរាជសំណាក់សុង ខណៈដែលរាជវង្សសុង “ព្រះរាជទាន” ក្រណាត់សូត្រល្អៗ មាសប្រាក់និងតែឲ្យទៅស៊ីសៀ។ ភាគីទាំងពីចាប់ផ្ដើមស្ដារទំនាក់ទំនងសេដ្ឋកិច្ចទ្វេរភាគីដូចដើម។

ប្រែប្រួលនយោបាយគ្រប់គ្រងផ្ទៃក្នុង

កែប្រែ

ចៅខួងអ៊ិននិងចៅខួងអ៊ីពីរនាក់បងប្អូនដែលឆ្លងកាត់ចលាលចបែកបាក់គ្នាផ្ទៃក្នុងដែលកើតឡើងដោយសារការដណ្ដើមអំណាចនៃពួកមេទ័ព និងបទពិសោធន៍ការប្រែប្រួលនយោបាយរបស់ខ្លួន ដឹងថា ដោយសារតែពួកមេទ័ពមានកម្លាំងទ័ពនិងកម្លាំងទ្រព្យនៅក្នុងដៃ ទាំងបានទទួលការគាំទ្រពីប្រជាជនក្នុងតំបន់ ដូច្នេះ ដើម្បីជាការកាត់បន្ថយអំណាចរបស់បណ្ដាមេទ័ពការពារព្រំដែន រាជសំណាក់បានចាត់បញ្ជូនមន្ដ្រីស៊ីវិលចេញទៅបំពេញតួនាទីគ្រប់គ្រងក្នុងតំបន់ដោយផ្ទាល់ មានការជ្រើសរើសទាហានថ្វីដៃល្អពីក្នុងតំបន់ចូលមកក្នុងមជ្ឈមណ្ឌលកណ្ដាលដើម្បីធ្វើតួនាទីជាកងកម្លាំងការពាររាជធានី ថែមទាំងឲ្យមានការផ្លាស់ប្ដូរតំណែងប្រចាំរាជការរៀងរាល់បីឆ្នាំម្ដង។ ចំណែកក្នុងផ្នែកហិរញ្ញវត្ថុ ក៏កំណត់ឲ្យចំណូលចំណាយរបស់តំបន់ (ភាស៊ី​ ប្រាក់ប្រចាំឆ្នាំ ប្រាក់បំណាច់ ប្រាក់ខែរាជការ) ត្រូវចាត់រួបរួមនិងចែកចាយចេញពីមជ្ឈមណ្ឌលកណ្ដាល។

ការបដិវត្ដន៍ខាងលើនេះ ជាការបន្ថែមអំណាចការគ្រប់គ្រងរបស់មជ្ឈមណ្ឌលកណ្ដាលឲ្យមានភាពរឹងមាំដោយគ្មានសម័យកាលណាអាចធៀបបាន ព្រមទាំងបានរំសាយកងកម្លាំងក្នុងតំបន់បានយ៉ាងរាបទាប។ កំឡុងពេលមួយរជ្ជកាលពុំមានកម្លាំងណាក្នុងផែនដីអាចប្រឆាំងរាជអំណាចរបស់ក្សត្របានទៀតឡើយ។ ទោះជាយ៉ាងណាក៏ដោយ នយោបាយខាងលើបណ្ដាលឲ្យកងទ័ពធ្លាក់ចុះខ្សោយ ធ្វើឲ្យរាជសំណាក់សុងត្រូវធ្លាក់មកជាភាគី “ចាំទទួលសឹក” ក្នុងយុគសម័យដែលដែនដីខាងក្រៅពោរពេញទៅដោយជនជាតិអ្នកចម្បាំងដែលមានកម្លាំងកាន់តែរឹងមាំឡើង ដូចជាមិនមែនជាពេលវេលាសមស្រមសោះ។

ប្រឈមនឹងវិបត្ដិសេដ្ឋកិច្ច

កែប្រែ

ក្រោយសន្ធិសញ្ញាសន្ដិភាពនៅឆានយួន រាជវង្សសុងនិងរាជវង្សលៀវបញ្ចប់សង្គ្រាមអស់រយៈពេលរាប់សិបឆ្នាំ។ ពេលមានសន្ដិភាព ពានិជ្ជកម្ម ការផលិត សិល្បៈវិជ្ជាការផ្សេងៗ និងវប្បធម៌របស់ភាគីទាំងពីរចម្រើនរុងរឿងឡើង។ ស្របពេលជាមួយគ្នាដែរ ការពង្រីកខ្លួនរបស់ក្រុមការងាររាជការកណ្ដាល ដែលធ្លាប់មានប្រសិទ្ធិភាពចាប់ផ្ដើមធ្លាក់ចុះ ទាហានខ្វះការហ្វឹកហាត់និងការសិក្សាយុទ្ធវិធីធ្វើសឹក កងទ័ពផ្ដើមចុះខ្សោយ ដល់ថ្នាក់មានពាក្យពោលថា ទាហានសេះមិនចេះពាក់កែបសេះ ទាហានថ្មើរជើងក៏មិនចេះច្បាំង ពេលប្រឈមមុខជាមួយសត្រូវចេះតែភ័យខ្លាចស្លាប់ រវាងមេទ័ពនិងពលទាហានមិនស្គាល់ចិត្ដគ្នា បានត្រឹមចេញបញ្ជាលើក្រដាស ដែលជាមូលហេតុនៃបរាជ័យម្ដងហើយម្ដងទៀតរបស់កងទ័ពសុង។

ក្រៅពីនេះ ក្រុមការងាររាជការមន្ដ្រីក៏មានទំហំធំគ្រមាំឡើងជារៀងរាល់ថ្ងៃ ទំាងដែលនៅមានបុគ្គលិកដែលឆ្លងកាត់ការប្រឡងជ្រើសរើសតែមិនមានតំណែងការងារច្រើនរាប់មិនអស់ គេនិយាយថា មានអត្រាការដណ្ដើមប្រជែងគ្នាដើម្បីបានតំណែងដល់ទៅមួយភាគដប់។

សភាវដូចខាងក្រោមផ្ដល់ផលប៉ះពាល់ដល់ចរន្ដអភិរក្សយ៉ាងខ្លាំង ដោយសារខ្លាចថាត្រូវប្រឈមនឹងសម្លេងរិះគន់ ដែលនឹងរង្គោះរង្គើតំណែងរបស់ខ្លួន ក្នុងពេលជាមួយគ្នាដែរ បណ្ដាមន្ដ្រីធំៗ ម្នាក់ៗ គិតតែពីខិតខំស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ប្រមូលទ្រព្យសម្បតិ្ដចូលហោប៉ៅខ្លួន មិនចាប់អារម្មណ៍ផលប៉ះពាល់ប្រយោជន៍រួម បរិយាកាសដូចខាងលើនេះគ្របដណ្ដប់ទូទាំងរាជសំណាក់សុង។

ការពង្រីកខ្លួននៃក្រុមការងាររាជការ ធ្វើឲ្យរាជសំណាក់សុងត្រូវប្រឈមនឹងវិបត្ដិចំណាយថវិកាជាតិបន្ថែមដែលជាស្រមោលតាមលងខ្លួន។ តាមរយៈរបាយការណ៍ចំណូលចំណាយសម័យសុង បង្ហាញថា ពេលដល់រជ្ជកាលស្ដេចសុងអ៊ិងចុង (ឆ្នាំគ.ស ១០៦៣-១០៦៧) ព្រះរាជឃ្លាំងដែលទទេស្អាតបែរជាមានរបាយការណ៍ចំណាយច្រើនជាងចំណូលគិតជាចំនួនមហាសាល ដែលជាការបង្ហាញពីសភាពហិរញ្ញវត្ថុដ៏ទន់ខ្សោយរបស់រាជសំណាក់។

បដិវត្ដន៍គ្មានប្រសិទ្ធិភាព

កែប្រែ

ឆ្នាំគ.ស ១០២២ សុងចឺនចុង ធ្លាក់ខ្លួនឈឺស្លាប់ សុងយឺនចុង (ឆ្នាំគ.ស ១០២២-១០៦៣) ព្រះរាជបុត្រឡើងគ្រងរាជបន្ដក្នុងវ័យត្រឹមតែ ១៣ វស្សា ដូច្នេះទើបមានលិវថៃហៅចាំបាច់ត្រូវជួយផ្ដល់ការប្រឹក្សារាជកិច្ច។ លុះពេល លិវថៃហៅស្លាប់ក្នុងឆ្នាំគ.ស ១០៣៣ ទើបសុងយឺនចុងចាប់ផ្ដើមគ្រប់គ្រងរាជកិច្ចដោយខ្លួនឯង។ ក្រោយមកមិនយូរ រាជសំណាក់សុងបើកការប្រយុទ្ធជាមួយស៊ីសៀម្ដងទៀត តែមេទ័ពសុងត្រូវបរាជ័យ ជាហេតុធ្វើឲ្យសុងយឺនចុងមានព្រះរាជតម្រិះចង់ធ្វើកំណែទម្រង់កងទ័ពនិងហិរញ្ញវត្ថុជាថ្មី។

ឆ្នាំគ.ស ១០៤៣ ទ្រង់តែងតាំងហ្វានចុងយៀន និងបក្សពួកឲ្យធ្វើបដិវត្ដន៍ប្រព័ន្ធរចនាសម្ព័ន្ធផ្ទៃក្នុង តែនយោបាយកំណែទម្រង់របស់ហ្វានចុងយៀនធ្វើឲ្យបណ្ដាមន្ដ្រីនិងក្រុមត្រកូលដែលមានបណ្ដាសក្ដិខ្ពង់ខ្ពស់ខូចប្រយោជន៍ ជាហេតុបណ្ដាលឲ្យកើតសំឡេងជំទាស់ជាច្រើន។ ចុងក្រោយ កំណែទម្រង់ខាងលើប្រព្រឹត្ដិទៅបានតែមួយឆ្នាំគត់ក៏ត្រូវបញ្ឈប់ ក្រុមបដិវត្ដន៍របស់ហ្វានចុងយៀនត្រូវដកបណ្ដាសក្ដិជាបន្ដបន្ទាប់។

ចុងរជ្ជកាលស្ដេចសុងយឺនចុង វ៉ាំងអាន់ស៊ឺ ដែលទើបតែចូលកាន់តំណែងរាជការ បានស្នើតម្រុយបដិវត្ដន៍បែបថ្មី ដោយស្នើជម្រុញឲ្យតែងតាំងមន្ដ្រីដែលមានសមត្ថភាព វិសោធនកម្មច្បាប់ និងរៀបចំគ្រប់គ្រងព្រះរាជឃ្លាំងជាថ្មី ជាដើម។ គំនិតរបស់វ៉ាំងអាន់ស៊ឺថ្វីបើត្រូវបានទទួលការសរសើរពីបណ្ដាបញ្ញាជន តែសុងយឺនចុងមិនបានយកទៅអនុវត្ដទេ។

រហូតដល់ឆ្នាំគ.ស ១០៦៣ ស្ដេចសុងយឺនចុង ឈឺស្លាប់ សុងអ៊ិងចុងបន្ដរាជសម្បត្ដិបានត្រឹមតែ ៤ ឆ្នាំក៏ស្លាប់ បុត្រារបស់សុងអ៊ិងចុងឡើងគ្រងរាជបន្ដ ទ្រង់ព្រះនាមថា សុងសឺនចុង ព្រះអង្គបានគាំទ្រគំនិតកំណែទម្រង់របស់វ៉ាំងអាន់ស៊ឺ។

ក្នុងវេលានោះ បញ្ហាទំនាស់ក្នុងសង្គមនិងវិបត្ដហិរញ្ញវត្ថុកាន់តែធ្ងន់ឡើងទ្វេដង។ ក្រុមការងាររាជការរបស់រាជសំណាក់សុងមានទំហំធំជាងកាសដើមរាជវង្សដល់ទៅជាងដប់ដង។ គ្រាន់តែចំណាយក្នុងមួយឆ្នាំលើកងទ័ពត្រូវគ្របដណ្ដប់ជាងពាក់កណ្ដាលនៃប្រាក់ចំណូលចូលព្រះរាជឃ្លាំង។ ដូច្នេះ សុងសឺនចុងឡើងគ្រងរាជបានមិនយូរប៉ុន្មានទ្រង់តែងតាំងវ៉ាំងអាន់ស៊ឺ ជាប្រធានក្រុមកំណែទម្រង់ច្បាប់ថ្មី។

ច្បាប់ថ្មីរបស់វ៉ាំងអាន់ស៊ឺផ្ដោតលើការប្រមូលចំណូលពីបណ្ដាអ្នកជំនួញ មន្ដ្រីរាជការ និងម្ចាស់ដីចូលព្រះរាជឃ្លាំង កាត់បន្ថយការផ្ដាច់មុននិងអភ័យឯកសិទ្ធិនៃក្រុមត្រកូលថ្នាក់ខ្ពស់ ខណៈដែលក្រុមកសិករនិងប្រជារាស្ដ្រទូទៅត្រូវបានកាត់បន្ថយពន្ធនិងកេណ្ឌកម្លាំងការងារ ថែមទាំងមានធ្វើកំណែទម្រង់ប្រព័ន្ធធារាសាស្ដ្រ ធ្វើឲ្យកម្លាំងការផលិតកើនឡើងមួយកម្រិត មានប្រាក់ចូលព្រះរាជឃ្លាំងកើនឡើង។

ទោះជាយ៉ាងណាក៏ដោយ ច្បាប់ថ្មីត្រូវប្រឈមនឹងចរន្ដជំទាស់ពីបណ្ដាអ្នកខាតប្រយោជន៍។ ក្រោយពេលសុងសឺនចុងស្លាប់ក្នុងឆ្នាំគ.ស ១០៨៥ បុត្រាវ័យដប់វស្សាឡើងគ្រងរាជ្យបន្ដ ទ្រង់ព្រះនាមថា សុងចឺចុង មានកៅថៃហៅជាទីប្រឹក្សារាជកិច្ច ដែលគាំទ្រគំនិតអភិរក្សនិយមបែបចាស់ដឹកនាំដោយស៊ឺម៉ាកួង។ មិនយូរប៉ុន្មាន ក្រុមបដិវត្ដន៍របស់វ៉ាំងអាន់ស៊ឺក៏ត្រូវបណ្ដេញចេញពីអំណាចកណ្ដាល ច្បាប់ថ្មីត្រូវចាត់ទុកជានិរាករណ៍ ទើបកំណែទម្រង់របស់វ៉ាំងអាន់ស៊ឺត្រូវបញ្ចប់តំណាលគ្នានៃការស្លាប់របស់ស្ដេចសុងសឺនចុង។

ក្រោយមកពេលកៅថៃហៅស្លាប់ក្នុងឆ្នាំគ.ស ១០៩៣ សុងចឺចុងងាកមកគាំទ្រគំនិតកំណែទម្រង់ជាថ្មី តែផ្ទៃក្នុងក្រុមកំណែទម្រង់បែកបាក់ជាជំហរច្រើនភាគី ក្លាយជាការដណ្ដើមអំណាចគ្នា។ សុងចឺចុងស្លាប់ក្នុងឆ្នាំគ.ស ១១០០ សុងហ៊ុយចុង ឡើងគ្រងរាជ្យបន្ដ គាំទ្រក្រុមមន្ត្រីឆៃជិងនិងបក្សពួក ដែលយកលេសការជម្រុញកំណែទម្រង់ច្បាប់ថ្មី មកប្រើប្រព្រឹត្ដិអំពើពុករលួយនិងពង្រីកអំណាចបក្សពួកខ្លួន ដែលនាំមកនូវយុគខ្មៅងងឹតនៃរាជវង្សសុង។

ប្រព័ន្ធរចនាសម្ព័ន្ធរាជការដែលបរាជ័យ ជាហេតុធ្វើឲ្យរាស្ដ្រងើបបះបោរប្រឆាំងនឹងរាជសំណាក់ មានជាអាទិ ក្រុមក្បត់ហ្វាងឡា (១១២០) ក្រុមក្បត់សុងចៀង (១១១៨) ដែលជាប្រភពនៃរឿងរ៉ាវក្នុងរឿងតំណាល “វីរបុរសភ្នំលៀងសាន” ដែលជាអក្សរសិល្ប៍មួយក្នុងចំណោមអក្សរសិល្ប៍កំពូលទាំងបួនរបស់ចិន ជាដើម តែចុងក្រោយនៅតែចាញ់កម្លាំងពីខាងក្នុងរាជសំណាក់សុង។

កំណើតនគរជិននិងអវសាននៃរាជវង្សសុងខាងជើង

កែប្រែ

ក្នុងពេលជាមួយគ្នា ស្ថានការណ៍នៅភូមិភាគខាងជើងក៏ជ្រួលច្របល់មិនខុសគ្នាដែរ។ រាជសំណាក់លៀវកើតបែកបាក់សាមគ្គីផ្ទៃក្នុង ប្រព័ន្ធការគ្រប់គ្រងដួលរលំ ប្រទេសជាតិចុះខ្សោយ។ ក្រុមជនជាតិភាគខាងជើងដែលធ្លាប់ត្រូវកៀបសង្កត់នាំគ្នាងើបបះបោរបង្កចលាចល។ ជនជាតិនីចឺន នាភូមិភាគឥសានចាប់ផ្ដើមមានកម្លាំងរឹងមាំ។

ឆ្នាំគ.ស ១១១៥​ អាគូតា មេដឹកនាំកុលសម្ព័ន្ធនីចឺន ស្ថាបនានគរតាជិនឬគិម នៅហ៊ុយនិង (បច្ចុប្បន្នខេត្ដហឺយឡុងចៀង) ទ្រង់ព្រះនាម ជិនថៃជូ ក្រោយមកបានបរទ័ពវាយនគរលៀវ។

ភាគីនគរសុងខាងជើង ឃើញឱកាសក្នុងការដណ្ដើមដែនដី ១៦ ស្រុកដែលធ្លាប់បាត់បង់ពីមុន បានធ្វើសន្ធិសញ្ញារួមដៃជាមួយនគរជិនវាយនគរលៀវ ដោយនគរសុងផ្ទេរសួយសាអាករដែលធ្លាប់ជូននគរលៀវប្រគល់ឲ្យនគរជិនជំនួសវិញ ដើម្បីប្ដូរនឹងដែនដី ១៦ ស្រុក (ប៉េកាំង តាថុង) ដែលបានបាត់បង់ត្រឡប់មកវិញ។

នគរសុងនិងនគរជិនរួមដៃគ្នាវាយនគរលៀវ។ នគរសុងទទួលខុសត្រូវវាយយកក្រុងយៀនជិង (ប៉េកាំង) និងតាថុង ខណៈដែលនគរជិនបរទ័ពវាយដណ្ដើមយកដែនដីនគរលៀវដែលសេសសល់។ ថុងកួន មេទ័ពសុងវាយក្រុងយៀនជិងពីរដងតែត្រូវបរាជ័យទំាងពីរដង។ ចុងក្រោយបណ្ដោយឲ្យទ័ពជិនវាយដណ្ដើមយកទីក្រុងបានដោយងាយ។ រាជសំណាក់សុងត្រូវ “សង” នគរជិនតាមរយៈភាស៊ីប្រចាំឆ្នាំដែលប្រមូលបានពីក្នុងតំបន់ជាប្រាក់កញ្ចប់ធំ។ ស្ថានការណ៍លើកនេះជាហេតុធ្វើឲ្យទ័ពជិនមើលឃើញចំនុចខ្សោយនិងគ្មានប្រសិទ្ធិភាពរបស់កងទ័ពសុង។ ដូច្នេះ ពេលទ័ពជិនផ្ដួលរំលំទ័ពលៀវបានសម្រេចហើយ ក៏ងាកក្បាលមកវាយនគរសុងនាពេលក្រោយមកទៀត។

ឆ្នាំគ.ស ១១២៥ ក្រោយពេលវ៉ាន់យៀនសឺនឡើងគ្រងរាជ្យជាស្ដេចជិនថៃចុង បន្ដពីជិនថៃជូជាបងប្រុសហើយ ក៏នាំទ័ពបោសសម្អាតនគរលៀវបានសម្រេច។ ទ័ពជិនយកលេសតាមចាប់ខ្លួនមេទ័ពលៀវ នាំទ័ពធំចូលមកក្នុងដែនដីនគរសុង។ បំបែកគ្នាវាយយកដែនដីថៃយួននិងយៀនជិង (ប៉េកាំង)។ មេទ័ពការពារក្រុងយៀនជិងព្រមស្វាមីភក្ដិទ័ពជិន នាំផ្លូវបរទ័ពចុះមកវាយយករាជធានីខៃហ្វឺង។

សុងហ៊ុយចុងពេលបានដំណឹងថាទ័ពជិនវាយចុះមកភូមិភាគខាងត្បូងក៏ប្រញាប់ដាក់រាជ្យសម្បត្ដិឲ្យរាជទាយាទ ចំណែកខ្លួនគេចខ្លួនមកភាគខាងត្បូងទៀត។ សុងឈិនចុង ពេលឡើងគ្រងរាជ្យ ក៏កោះប្រជុំបណ្ដាសេនាបតីគិតរកវិធីដោះស្រាយបញ្ហានេះ។ ក្រុមមន្ដ្រីធំៗ គាំទ្រឲ្យប្ដូររាជធានីដើម្បីចៀងពីគ្រោះកាច តែលីកាំង ធានាការពារក្រុង បណ្ដាស្រុកជុំវិញពេលដឹងថាទ័ពជិនមកដល់ក៏រួមគ្នាចាត់តាំងកងកម្លាំងប្រឆាំងការរុករានពីខាងក្រៅ។ ទ័ពជិនពេលពុំអាចវាយយកឈ្នះបានក្នុងរយៈពេលខ្លីក៏ចាប់ផ្ដើមអស់ស្បៀង។

ក្នុងពេលជាមួយគ្នា ស្ដេចសុងជិនចុងលួចធ្វើសន្ធិសញ្ញាសន្ដិភាពជាមួយទ័ពជិន ដោយព្រមបង់ទ្រព្យសម្បត្ដិចំនួនមហាសាល និងប្រគល់ដែនដីបីក្រុងជាសំណង ទើបជិនព្រមថយទ័ពត្រឡប់ទៅភូមិភាគខាងជើង។ ក្រោយចលាចលលីកាំងត្រូវដកហូតតំណែង។

រាជសំណាក់សុងថ្វីបើបានសន្យាប្រគល់ស្រុកថៃយួន ចុងសាននិងហឺចៀនឲ្យទៅនគរជិន តែប្រជារាស្ដ្រក្នុងតំបន់នាំគ្នាប្រឆាំងនឹងទ័ពជិនដោយពុំស្ដាយជីវិត។ ទ័ពជិនពុំអាចចូលគ្រប់គ្រងស្រុកទាំងបីនេះបាន ទើបបញ្ជូនកងទ័ពវាយចុះមកខាងត្បូងម្ដងទៀត។ តែម្ដងនេះ អ្នកស្រុកថៃយួនបានវាយទប់ទល់អស់រយៈពេលយ៉ាងយូរ កើតការខ្វះស្បៀងអាហារ ទើបទីបំផុតត្រូវបាត់បង់ក្រុង កងទ័ពជិនវាយដណ្ដើមយកក្រុងខៃហ្វឺងម្ដងទៀត​ រាជសំណាក់សុងចាត់បញ្ជូនរាជទូតទៅចរចាសន្ដិភាពតែពុំបានផល។​ ទ័ពជិនវាយចូលក្រុងខៃហ្វឺងចាប់សុងវ៉ើយចុង សុងឈិនចុង និងញាតិវង្សជាឈ្លើយ ថែមទាំងប្លន់ទ្រព្យសម្បត្ដិក្នុងព្រះរាជឃ្លាំងទៅទាំងអស់។ រាជវង្សសុងខាងជើងត្រូវដួលរលំ។

ក្នុងសម័យរាជវង្សសុងខាងជើង ថ្វីបើមានសឹកសង្គ្រាមកើតឡើងបន្ដបន្ទាប់ តែដោយសារតំបន់ខ្លះមានសន្ដិភាព ដូច្នេះ វិជ្ជាការ ចំណេះដឹង ការផលិត នៅមានការបោះជំហានយ៉ាងខ្ពស់ ជាពិសេស បច្ចេកទេសបោះពុម្ព ចាត់ទុកជាស្នាដៃលេចធ្លោជាងគេក្នុងសម័យនេះ។ ក្រៅពីនេះ ភាពចំាបាច់នៃសឹកសង្គ្រាម រាជសំណាក់សុងបានផលិតកាំភ្លើងឡើងដើម្បីប្រើក្នុងចម្បាំងជាលើកដំបូង។

ក្នុងផ្នែកសិល្បៈនិងអក្សរសិល្ប៍ ក៏មានអច្ឆរិយភាពដែលលេចធ្លោកើតឡើងមិនតិចដែរ។ កំណាព្យ ក្នុងសម័យសុងត្រូវបានទទួលស្គាល់ថា ជាស្នាដៃល្អខ្លាំង។ ដោយសារប្រព័ន្ធការប្រឡងចងួនធ្វើឲ្យក្រុមបញ្ញាជនមានសេរីភពក្នុងការអភិវឌ្ឍន៍ខ្លួនខ្លាំង មានជាអាទិ​ វ៉ាំងអាន់ស៊ឺ ស៊ឺម៉ាកួង ជាដើម ថែមទាំងបានបន្សល់ស្នាដៃគំនូរថ្វីដៃអស្ចារ្យជាច្រើនផ្ទាំងដែលគេស្គាល់ជាទូទៅ​ ដូចជាស្នាដៃរបស់ សុងហ៊ុយចុង ស្ដេចអង្គទីប្រាំបីនៃរាជវង្សសុង។

ចាប់តាំងពីរាជវង្សសុងរហូតមក ប្រវត្ដិសាស្ដ្រការបែងចែកទឹកដីដ៏យូរអង្វែងរបស់ចិនក្នុងលក្ខណៈនេះមិនបានកើតឡើងទៀតទេ។ ក្រោយពេលនគរសុងខាងជើងត្រូវបោសសម្អាតដោយរាជវង្សជិន ធ្វើឲ្យកើតចរន្ដការរុករានពីសំណាក់ជនជាតិខាងក្រៅចូលមកគ្រប់គ្រងផែនដីចិននាពេលក្រោយមកទៀត។

រាជវង្សសុងខាងត្បូង (ឆ្នាំគ.ស ១១២៧-១២៧៩)

កែប្រែ

រាជវង្សសុងខាងត្បូង បង្កើតឡើងដោយចៅកូវ ជនជាតិហានដែលជារជ្ជទាយាទរបស់ត្រកូលចៅ ដែលបន្ដមកពីរាជវង្សសុងខាងជើង បង្កើតរាជធានីឡើងក្នុងបរិវេណដែនដីតំបន់ចៀងណាន (តំបន់ភាគខាងត្បូងនៃទន្លេយ៉ង់សេ) ហៅថាក្រុងលិនអាន់ (បច្ចុប្បន្នគឺក្រុងហាងចូវ ខេត្ដចឺចៀង) ដោយចៅកូវស្ថាបនាខ្លួនឯងឡើងជា សុងកៅចុង ជាបឋមក្សត្រនៃរាជវង្សសុងខាងត្បូង។ សម័យរាជវង្សសុងខាងត្បូងមានរយៈពេល ១៥៣ ឆ្នាំ មានព្រះមហាក្សត្រ ៩ អង្គ។ រាជវង្សនេះត្រូវធ្លាក់នៅក្រោមការលុកលុយពីអាណាចក្រជិនជាប្រចាំ រហូតដល់អវសាននៃរាជវង្សដោយស្នាដៃរបស់ពួកម៉ុងកូល។

ទំនាស់ផ្ទៃក្នុង និងភាពទន់ខ្សោយរបស់រាជវង្សសុងខាងត្បូង ជាមរតកបន្សល់ទុកមកតាំងពីសម័យរាជវង្សសុងខាងជើង ធ្វើឲ្យរយៈពេលជាង ១៥០ នៃសម័យរាជវង្សសុងនេះ ជនជាតិហានពុំមានឱកាសអាចវាយដណ្ដើមយកភូមិភាគខាងជើងត្រឡប់មកវិញបានឡើយ។ ព្រំដែនភាគខាងជើងបំផុតរបស់រាជវង្សសុងជាប់នឹងអាណាចក្រជិនត្រង់ដងទន្លេវ៉ើយស៊ុយ ហូរកាត់ខេត្ដថាំង (បច្ចុប្បន្នគឺហឺថាំង ខេត្ដហឺណាន) និងតឺង (បច្ចុប្បន្នគឺតំបន់តឺងខាងកើត ក្នុងខេត្ដហឺណាន) ទៅបញ្ចាប់នៅត្រង់ច្រកឈិនលិងតាសាន ដែលបច្ចុប្បន្ននៅក្នុងបរិវេណខេត្ដសានស៊ី។ ព្រំដែនភាគផ្សេង ៗ នៅដដែលដូចនឹងអាណាចក្រសុងខាងជើង។

ក្រោយពីកងទ័ពជិនវាយយកក្រុងខៃហ្វឺង ចាប់សុងហ៊ុយចុងនិងសុងឈិនចុង ហង់តេពីរអង្គនៃរាជវង្សសុងខាងជើង រួមទាំងខ្សែញាតិវង្សធ្វើជាឈ្លើយ ប្លន់យកទ្រព្យសម្បត្ដិក្នុងព្រះរាជឃ្លាំងទៅទាំងអស់ ដែលធ្វើឲ្យរាជវង្សសុងខាងជើងត្រូវរលំរលាយហើយ ឆ្នាំគ.ស ១១២៧ ដោយសារឆ្នាំខាងលើនេះជាឆ្នាំដំបូងនៃសករាជជិនខាំង ធ្វើឲ្យអ្នកប្រវត្ដិសាស្រ្ដចិនហៅហេតុការណ៍ការចាប់ហង់តេពីរអង្គនៃរាជវង្សសុងខាងជើងជាឈ្លើយថាជា ហេតុការណ៍ជិងខាំង។

ប្រាំខែក្រោយមកក្នុងឆ្នាំដដែលនោះ ខ្សែញាតិវង្សនិងមេទ័ពរបស់កងទ័ពរាជវង្សសុងខាងជើងដែលឈ្មោះចៅកូវ បានអាស្រ័យកំឡុងពេលដែលកងទ័ពជិនដកថយទ័ពបង្កើតរាជវង្សសុងឡើងជាថ្មីនៅក្រុងណានជិង (បច្ចុប្បន្នគឺក្រុងសាំងឈិវ ខេត្ដហឺណាន) និងស្ថាបនាខ្លួនឯងឡើងជាហង់តេសុងកៅចុង។ ក្នុងឆ្នាំបន្ទាប់មក (ឆ្នាំគ.ស ១១២៨) សុងកៅចុងបានប្ដូររាជធានីមកនៅក្រុងលិនអាន់ (ស្រុកហាងចូវបច្ចុប្បន្ន) ដែលជាទីក្រុងភាគខាងត្បូងនៃទន្លេយ៉ង់សេ និងជាទីក្រុងដែលមានជ័យភូមិល្អក្នុងការទប់ទល់ការរុករានពីអាណាចក្រជិន។ អ្នកប្រវត្ដិសាស្ដ្រសម័យក្រោយហៅរាជវង្សដែលបង្កើតឡើងថ្មីនៅតំបន់ចៀងណាននេះថា “រាជវង្សសុងខាងត្បូង”។

ក្រោយដណ្ដើមដែនដីតំបន់ចៀងណានបានជាកន្លែងឈរជើងបានហើយ ហង់តេសុងកៅចុងបានតែងតាំងលីកាំងឲ្យកាន់តំណែងអគ្គមហាសេនាបតី និងចុងចឺមន្ដ្រីស្មោះនឹងរាជវង្សសុងឲ្យកាន់តំណែងសេនាបតី ថែមទាំងរៀបចំរចនាសម្ព័ន្ធយោធាជាច្រើនប្រការទៀត ដើម្បីការពារខ្លួនពីការរុករានរបស់រាជវង្សជិនដ៏រឹងមាំ តាមរយៈការក្ដោបចំណុចយុទ្ធសាស្ដ្រសំខាន់ ៗ ក្នុងតំបន់ផ្សេង ៗ អភិវឌ្ឍន៍អាវុធយុទ្ធភ័ណ្ឌឲ្យកាន់តែមានភាពទាន់សម័យ បដិវត្ដន៍រចនាសម្ព័ន្ធយោធាឲ្យមានភាពរឹងមាំ ដែលទទួលផលសម្រេចបានច្រើនគួរសម។ តែទោះជាយ៉ាងណាក៏ដោយ ដោយសារហង់តេរាជវង្សសុងរាជវង្សសុងក្រោមការគ្របគ្រងឲ្យដំណើរនយោបាយសន្ដិភាពនិងគ្រប់គ្រងដែនដីជាសំខាន់ ថែមទាំងមាននយោបាយមូលដ្ឋានឲ្យមន្ដ្រីភាគីប៊ុនជាអ្នកគ្រប់គ្រងមន្ត្រីភាគីប៊ូ ធ្វើឲ្យការពង្រីកដែនដី ការដណ្ដើមយកដែនដីដែលបានបាត់បង់កាលក្នុងសម័យរាជវង្សសុងខាងជើងមិនអាចដំណើរការបានដោយរលូន ហើយដោយហេតុនេះហើយដែលធ្វើឲ្យលីកាំង ដែលជាអ្នកគាំទ្រឲ្យមាននយោបាយវាយដណ្ដើមយកដែនដីដែលបាត់បង់មកវិញកាន់តំណែងបានត្រឹម ៧៥ ថ្ងៃក៏ត្រូវដកហូតវិញ ឯសេនាបតីចុងចឺឈឺចាប់គ្រាំចិត្ដដល់ថ្នាក់ស្លាប់ខ្លួន។

ក្នុងប្រការខាងលើនេះ អ្នកប្រវត្ដិសាស្ដ្រចិនបានធ្វើការវិភាគអំពីហេតុការណ៍ដែលហង់តេសុងកៅចុងមិនត្រូវការឲ្យកងទ័ពរបស់ព្រះអង្គវាយសម្រុងឡើងទៅខាងជើង ទៅវាយដណ្ដើមយកដែនដីពីពួកនគរជិនមកវិញក៏ព្រោះថា មួយព្រះអង្គខ្លាចកងទ័ពជិន និងពីរព្រះអង្គខ្លាចថាបើអាចបង្ក្រាបកងទ័ពជិនបានហង់តេពីរព្រះអង្គដែលត្រូវចាប់ជាឈ្លើយគឺសុងហ៊ុយចុងនិងសុងឈិនចុងនឹងមកដណ្ដើមរាជបល្ល័ង្កពីព្រះអង្គ។ ដោយការយល់ឃើញបែបនេះហើយទើបក្នុងរាជសំណាក់សុងខាងត្បូងកើតកាតប៉ះទង្គិចគ្នារវាងមន្ដ្រីថ្នាក់ឥន្ទ្រីនិងមន្ដ្រីថ្នាក់ចាបព្រាបជាបន្ដបន្ទាប់។

ក្នុងឆ្នាំគ.ស ១១២៨ កងទ័ពជិនលើកទ័ពមកលុកលុយដែនដីភាគខាងត្បូងជាថ្មីម្ដងទៀត អាចវាយដណ្ដើមយកក្រុងសំខាន់ៗ បានជាច្រើនកន្លែងទៀត ដូចជា ពៀនជិង ស៊ីចូវ យ៉ាងចូវ ជាដើម។ ក្រោយមកក្នុងរដូវរងារឆ្នាំដដែល មេទ័ពរបស់ជិនឈ្មោះអ៊ូជូ បានលើកទ័ពធំវាយក្រុងចៀនខាំង និងខាងចូវ។ ពេលហង់តេសុងកៅចុងឃើញស្ថានការណ៍កំពុងធ្លាក់ក្នុងសភាពទាល់ចក្រ ទើបព្រះអង្គភាសព្រះអង្គទៅក្រុងទិងហៃ (បច្ចុប្បន្នគឺស្រុកចឺនហៃខេត្ដចឺចៀង) និងវ៉ើនចូវ។ ក្នុងពេលនោះដែរ ដោយសារកំឡុងពេលលើកទ័ពមករុករានជនជាតិហាន ទាហានជិនបានសម្លាប់ជនជាតិហានយ៉ាងសាហាវ ធ្វើឲ្យប្រជារាស្ដ្រហានជាច្រើនមានគំនុំនឹងទាហានជិន ហើយធ្វើការប្រឆាំងបះបោរកាន់តែខ្លាំងឡើង។

ក្នុងស្ថានការបែបនេះហើយ ធ្វើឲ្យកងទ័ពរាជវង្សសុងខាងត្បូងបង្កើតបានមេទ័ពល្បីឈ្មោះជាច្រើននាក់ ហើយម្នាក់ដែលមានឈ្មោះល្បីជាគេគឺ ង៉ាក់ហ៊ុយ។

ង៉ាក់ហ៊ុយឬយ៉េវហ្វឺយ (ឆ្នាំគ.ស ១១០៣-១១៤២) កើតក្នុងត្រកូលអ្នកស្រែក្នុងខេត្ដហឺណាន ឆ្នាំគ.ស ១១២៥ ខណៈដែលង៉ាក់ហ៊ុយអាយុ ២២ ឆ្នាំ ពេលកងទ័ពជិនវាយចុះមកភូមិភាគខាងត្បូង គេបានរួមកម្លាំងជាមួយកងទ័ពការពារក្រុងខៃហ្វឺង ដោយភាពអង់អាចក្លាហានក្នុងការច្បាំងរបស់ង៉ាក់ហ៊ុយធ្វើឲ្យគេបានទទួលជ័យជម្នះក្នុងការប្រយុទ្ធជាមួយទ័ពជិនរហូត។ ពេលក្រោយមក ពេលទទួលបានការតម្លើងតំណែងជាមេទ័ព ង៉ាក់ហ៊ុយបានបង្វឹកបង្ហាត់កងទ័ពដ៏រឹងមាំរបស់ខ្លួនឡើងដោយដាក់ឈ្មោះថា “កងទ័ពង៉ាក់ហ៊ុយ”។ ភាពរឹងមាំនិងជ័យជម្នះជាបន្ដបន្ទាប់ ធ្វើឲ្យទាហានជិនខ្លាចរអារកងទ័ពង៉ាក់ហ៊ុយជាខ្លាំង រហូតមានពាក្យនិយាយតៗ គ្នាថា “អង្រួនភ្នំជាការងាយ តែកម្ចាត់ទ័ពង៉ាក់ហ៊ុយជាការលំបាក”។

ឆ្នាំគ.ស ១១៤០ ក្នុងអាណាចក្រជីនកើតការប្រែប្រួលនយោបាយ ដោយមេទ័ពអ៊ូជូឡើងមកមានឥទ្ធិពលក្នុងរាជសំណាក់ជិន ធ្វើឲ្យពេលក្រោយមកកងទ័ពជិនលើកទ័ពមកលុកលុយអាណាចក្រសុងខាងត្បូងយ៉ាងពេញទី ដោយធ្វើការបែបចែកមុខព្រួញជាច្រើនផ្នែក។ ទោះយ៉ាងណាក៏ដោយការប្រយុទ្ធដ៏ស្វិតស្វាញរបស់ប្រជាជននិងទាហានសុងធ្វើឲ្យអាចទប់ស្កាត់កងទ័ពជិនបាន។ ក្រៅពីនេះ ដោយសារភាពក្លាហាននិងសមត្ថភាពរបស់មេទ័ពនៃរាជវង្សសុងជាច្រើននាក់ ដូចជា ហានស៊ឺចុង ចាងចុន រួមទាំងង៉ាក់ហ៊ុយ ធ្វើឲ្យក្រៅពីអាចការពារអាណាចក្របាន កងទ័ពសុងខាងត្បូងនៅអាចវាយដណ្ដើមយកដែនដីដែលបាត់បង់បានមកវិញយ៉ាងច្រើន ដោយកងទ័ពរបស់ង៉ាក់ហ៊ុយអាចវាយដណ្ដើមយកស្រុកឆៃចូវ (បច្ចុប្បន្ននៅក្នុងខេត្ដហឺណាន) អ៊ិងឆាង (បច្ចុប្បន្ននៅក្នុងខេតុហឺណាន) ចឺងចូវ និងលួយ៉ាង ពីកងទ័ពជិនបាន ដោយក្រោយមកទ័ពសេះរបស់ង៉ាក់ហ៊ុយអាចការពារយៀនឆឺង (បច្ចុ​ប្បន្ននៅក្នុងខេត្ដហឺណាន) និងវាយកងទ័ពសេះដ៏រឹងមាំរបស់អ៊ូជូឲ្យបែកខ្ចាត់ខ្ចាយទៀតផង។ ជ័យជម្នះលើកនេះទំព័រប្រវត្ដិសាស្ដ្រចិនដាក់ឈ្មោះថា “ជ័យជម្នះយៀនឆឺង”។

ក្នុងពេលនោះ ថ្វីបើស្ថានការណ៍កើតឡើងពុះកញ្ជ្រោលក្នុងស្ថារប្រទេសឡើងវិញរបស់រាជវង្សសុងខាងត្បូង តែហង់តេសុងកៅជុងដែលបានទទួលយោបល់ពីនាយករដ្ឋមន្ដ្រីឈ្មោះឈិនហ៊ុន បែរជាមាននយោបាយចចារសន្ដិភាពជាមួយអាណាចក្រជីន ដោយមើលឃើញថាង៉ាក់ហ៊ុយគឺជាឧបសគ្គក្នុងការចចារ ធ្វើឲ្យមានការបញ្ជូនសារមាសអជ្ញាសឹក ១២ ផ្ទាំងក្នុងថ្ងៃតែមួយ កោះហៅង៉ាក់ហ៊ុយឲ្យដកទ័ពថយចុះមកខាងត្បូង ទោះជាង៉ាក់ហ៊ុយខំជំទាស់រាជបញ្ជាយ៉ាងណាក៏ដោយក៏ពុំអាចធ្វើបាន ត្រូវបង្ខំចិត្ដដកទ័ពត្រឡប់មករាជធានី បណ្ដោយឲ្យកងទ័ពជិនដណ្ដើមដែនដីត្រឡប់ទៅវិញបាន។

Song

宋 ราชวงศ์ซ่ง
960–1279
 
ราชวงศ์ซ่งเหนือในปี 1111
ស្ថានភាព{{#if: | |จักรวรรดิ
ធានីเปียนจิง (汴京)
(960-1127)

หลินอัน (臨安)
(1127–1276)
ភាសាទូទៅ ภาษาจีน
សាសនា
ศาสนาพุทธ, ลัทธิเต๋า, ลัทธิขงจื๊อ, ศาสนาพื้นบ้าน
រដ្ឋាភិបាលราชาธิปไตย
จักรพรรดิ 
▪ 960-976
จักรพรรดิไท่จู่
▪ 976-997
จักรพรรดิไท่จง
▪ 997-1022
จักรพรรดิเจินจง
▪ 1022-1063
จักรพรรดิเหยินจง
▪ 1063-1067
จักรพรรดิอิงจง
▪ 1067-1085
จักรพรรดิเสินจง
▪ 1085-1100
จักรพรรดิเจ๋อจง
▪ 1100-1126
จักรพรรดิฮุ่ยจง
▪ 1126-1127
จักรพรรดิฉินจง
ប្រវត្តិសាស្រ្ត 
▪ เจ้า ควงอิ้น ขึ้นครองบัลลังก์แทนราชวงศ์โฮ่วโจว
960 960
▪ เหตุการณ์จิ้งคัง ทัพจินบุกถึงเมืองหลวงไคเฟิง ซ่งเหนือล่มสลายและก่อตั้งราชวงศ์ซ่งใต้
1127
▪ ยอมจำนน หลินอัน
1276
▪ สิ้นสุดราชวงศ์ซ่งใต้
1279 1279
ប្រជាជន
▪ 1041
100,000,000ទំព័រគំរូ:Cref
រូបិយវត្ថុเหรียญจีน
Preceded by
Succeeded by
  ราชวงศ์โฮ่วโจว
ราชวงศ์หยวน