រាំវង់ គឺប្រភេទ របាំខ្មែរ ដែលមានការនិយម ជាទូទៅនៅក្នុង ទូទាំងព្រះរាជាចក្រ កម្ពុជា ទោះនៅទីក្រុងក៏ដូចជានៅជនបទ នៅតំបន់ភ្នំក៏ដូចជានៅវាលទំនាប ឬក៏តំបន់មាត់ សមុទ្រ គឺទទួលការពេញនិយមទាំងអស់។ របាំប្រជាប្រិយខ្មែរនេះ ជាប្រភេទរបាំដែលងាយចាំ ងាយចេះ ហើយ ងាយក្នុងការរៀបចំសម្ដែងទៀតផង។ អាស្រ័យហេតុនេះហើយ ទើបគេសង្កេតឃើញជនជាតិខ្មែរ តាំងពីព្រះរាជា នាហ្មឺនសព្វមុខមន្ត្រីរហូតដល់ប្រជារាស្ត្រ ទាំងក្មេងទាំងចាស់ ប្រុសស្រីចេះរាំរបាំនេះស្ទើរតែគ្រប់ៗគ្នា។

ពាក្យថា «រាំវង់» គឺជាលក្ខណៈពិសេសមួយសម្រាប់សម្គាល់រូបភាពនៃរបាំនេះ ពោលគេរាំបន្តគ្នាជារង្វង់មូល។ ហើយជារបាំសម្រាប់រាំលេងកម្សាន្ត ឬក៏រាំដើម្បីបំបាត់ការនឿយហត់ ក្រោយពីការបំពេញពលកម្ម ឬប្រកប របរចិញ្ចឹម ជីវិត។

ប្រវត្តិសង្ខេប កែប្រែ

សិល្បៈរបាំរាំវង់នេះ មានអាយុច្រើនសតវត្សណាស់ មកហើយនៅលើទឹកដីនៃមាតុភូមិកម្ពុជា។ ព្រោះតាំងពីបុរាណ ដ៏យូរលង់ ទាំងជនជាតិខ្មែរ ទាំងជនជាតិឯទៀតៗដែលស្ថិតក្នុងអម្បូរជាមួយគ្នាដូចជា ព្នង គ្រឹង ទំពួន ព្រៅ ក៏មាន ទំនាក់ទំនងជាមួយសិល្បៈរាំវង់ ឬជារង្វង់មូលនេះដែរ។

រាំវង់ សម័យ អាណាចក្រខ្មែរ កែប្រែ

រាំវង់ មានដើមកំណើតក្នុងសម័យ អាណាចក្រខ្មែរ ដែលមានតឹកតាង បន្សល់ទុកមកដល់បច្ចុប្បន្ន តាមរយៈជនជាតិខ្មែរដើម ភាគតិច ក្រឹង និង ទំពួន ដែលឆ្លាក់ជាប់នៅ ប្រាសាទបាយ័ន ពណ៌នាអំពី ពិធី​កាប់​ក្របី​ថ្វាយ​អ្នក​តា​របស់​បង​ប្អូន​ជនជាតិ ព្នង គ្រឹង និង ទំ​ពួន ដែល​កសាង​ក្នុង​រជ្ជកាល​ព្រះ​បាទ ជ័យវរ្ម័នទី៧ ​(១១៨១-១២១៨ នៃគ.ស) ដែលបង្ហាញអំពីបងប្អូន​ខ្មែរជនជាតិដើមភាគតិចមាន​ទម្លាប់​រាំ​ជា​វង់ជុំវិញភ្នក់ភ្លើង ឫ​ រាំជា​រង្វង់​មូល​ជុំវិញឧទិនស្រាបិទអង្ករ ដោយមានឈ្មោះពេញនិយមថា ស្រាបុឺត ដែលពលរដ្ឋខ្មែរបច្ចុប្បន្ន សំគាល់ទីតាំងនោះថា ភូមជនជាតិ ដែលស្ថិតក្នុងភូមិកាចូនក្រោម មានទីតាំងស្ថិតនៅក្បែរដងទន្លេសេសានក្នុងទឹកដីឃុំ វ៉ឺនសៃ ស្រុកវ៉ឺនសៃ ខេត្តរតនគិរី[១][២] [៣]

ក្នុងពិធីលេងអារក្ខ និងពិធីឡើងអ្នកតា ជាជំនឿខ្មែរ ដែលមានតាំងពីយូរលង់ណាស់មកហើយ មុនសម័យដែល ព្រាហ្មណ៍សាសនា និងពុទ្ធសាសនាហូរចូលមកទឹកដីខ្មែរទៀត គឺតាំងពីមុន៣០៩ឆ្នាំមុនគ.ស.ទៅទៀត (ព្រះតេជគុណ ប៉ាង ខាត់)។ ជនជាតិខ្មែរ តែងនាំគ្នាសង់រោងតូចមួយដោយមានធ្វើ រាជវត្ត ព័ទ្ធជុំវិញ ហើយរូប មេមត់ (អ្នកចូលរូប) តែងតែរាំជារង្វង់មូលនៅជុំវិញរោងនោះក្នុងពេលប្រារព្ធពិធីលាងអារក្ខនេះ។

រាំវង់ របស់បងប្អូនជនជាតិដើមភាគតិច កែប្រែ

ឯពិធីកាប់ក្របីថ្វាយអ្នកតារបស់បងប្អូនជនជាតិដើមភាគតិច ព្នង គ្រឹង ទំពួន ដែលមានអាយុតាំងពីច្រើន ពាន់ឆ្នាំ មកហើយ ព្រមទាំងមានរូបចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន ហើយដែលបងប្អូនជនជាតិទាំងនោះ បានថែរក្សា ឲ្យនៅគង់វង្សរហូតដល់សព្វថ្ងែនេះ ក៏គេមានទម្លាប់រាំជារង្វង់មូលដែរ។

ពួកវានៅប្រកាន់ខ្ជាប់ទំនៀមទំលាប់ «រាំវង់ភូមិថ្មី» ដែលជាភាសាជនជាតិនិយាយថា «រាំវង់ស្រុកហាន់ទើម»។ របាំរាំវង់ភូមិថ្មី គេមានទម្លាប់ធ្វើនៅពេល ប្ដូរភូមិ ពីភូមិចាស់ទៅរស់នៅក្នុងភូមិថ្មី។ តាមធម្មតាក្នុងរយៈពេលពី ៣ ទៅ ៧ឆ្នាំ មុននឹងប្ដូរភូមិ ឬចាកចេញពី ភូមិចាស់ មេកន្រ្ទាញនិងចាស់ទុំក្នុងភូមិ តែងនាំគ្នាធ្វើពិធីផ្សងទៅតាមជំនឿរបស់ខ្លួន ដើម្បីរកកន្លែងថ្មី ដែលមាន លក្ខណៈភូមិសាស្ត្រល្អ មានទឹកគ្រប់គ្រាន់ និងជាកន្លែងដែលអាចការពារសន្តិសុខជូនញាតិមិត្តក្នុងស្រុកភូមិបាន។

ពេលផ្សងរើសកន្លែងថ្មីបានហើយ ទើបគេនាំគ្នាធ្វើពិធីកំណត់ឆ្នាំសម្រាប់ចូលទៅរស់នៅ គឺធ្វើឲ្យដឹងថា តើពួកគេ អាចរស់នៅបានប៉ុន្មានឆ្នាំនៅនឹងភូមិថ្មីនោះ ? ពិធីកំណត់ឆ្នាំសម្រាប់រស់នៅនោះ ប្រព្រឹត្តទៅដោយមេកន្រ្ទាញ និងចាស់ទុំក្នុងភូមិ ដោយយកប្រទាលមកចិតទម្លាក់មកលើដីចំនួនប្រាំពីរចំណិត។ បើប្រទាលនេះ ក្រឡាប់ប៉ុន្មាន ចំណិតនោះ គេជឿថា គេអាចរស់នៅក្នុងភូមិថ្មីនោះ បានប៉ុណ្ណឹងឆ្នាំដែរ ពោលគឺតាមចំនួនចំណិត ប្រទាលដែល ក្រឡាប់នោះ។ ឧទាហរណ៍ បើប្រទាលដែលចិតនោះក្រឡាប់បី ឬប្រាំចំណិតនោះ គេអាចរស់នៅទីនោះបានបី ឬ ប្រាំឆ្នាំដែរ។ ជំនឿនេះមានតាំងពីបុព្វេយូរលង់ណាស់មកហើយរហូតមកដល់សព្វថ្ងៃនេះ។ ពេលធ្វើពិធីផ្សង រកដីថ្មី បានហើយ មេកន្រ្ទាញក៏ប្រកាសឲ្យអ្នកស្រុកអ្នកភូមិរុះរើពីភូមិចាស់ទៅរៀបចំផ្ទះសម្បែងនៅភូមិថ្មី។ ពេលនាំគ្នាចូល ទៅភូមិថ្មីជាដំបូង គេនាំគ្នាប្រារព្ធពិធីសម្ដែងរបាំរាំវង់ភូមិថ្មីនេះមុនគេបង្អស់ ។ អ្នកស្រុកអ្នកភូមិមាន ស្រីមានប្រុស នាំគ្នារាំជាគូ (តាមប្រពៃណីដូនតា តៗគ្នារហូតដល់បច្ចុប្បន្ន ដែលមានជំនឿថា នឹងនាំឲ្យគេគ្រប់ៗគ្នា បានសេចក្ដី សុខ ចម្រើន)។

លុះចំណេរកាលក្រោយមក ទើបក្លាយទៅជារបាំប្រជាប្រិយដែលមាន ការនិយមចូលចិត្តពី គ្រប់មជ្ឈដ្ឋានក្នុងសង្គមជាតិកម្ពុជាទាំងមូល។

រាំវង់ សហសម័យ កែប្រែ

បើតាមឯកសារខ្លះៗដែលនៅសល់ និងតាមព័ត៌មាន ដែលយើងទទួលបានពីចាស់ទុំជាច្រើន បញ្ជាក់ថា នៅ ប្រទេសកម្ពុជា របាំប្រជាប្រិយរាំវង់ បានរីកចម្រើនយ៉ាងខ្លាំងនៅក្នុងសតវត្សទី២០ និង២១នេះ ពិសេស គឺតាំងពីពេលដែលចលនាខ្មែរឥស្សរៈកើតមាននៅគ្រប់តំបន់ក្នុងប្រទេស និងកងជីវពលនារីក្លាហាន ដែលបាន ក្រោកឡើងបណ្ដេញអាណានិគមនិយមបារាំង ដើម្បីទាមទារឯករាជ្យជូនជាតិមាតុភូមិរបស់ខ្លួនមក ហើយដែលគេ អាចឃើញមានសល់នូវបទចម្រៀងរាំវង់មួយចំនួនដែលអាចជាតឹកតាង ឬជាអនុស្សាវរីយ៍នៃសម័យកាលនោះផង។ ហើយក៏ប្រហែលនៅក្នុងពេលនោះដែរ ដែលឥទ្ធិពលនៃពាក្យបរទេស ដូចជាពាក្យថា រាំ «ឡាំថូន”» ឬ ឡក «ឡាំថូន» (ថូន=ស្គរ) ត្រូវខ្មែរយកមកប្រើ ព្រោះពេលនោះកងទ័ពខ្មែរឥស្សរៈ ដែលបោះទីតាំងក្នុងព្រៃជ្រៅៗ តំបន់ ភ្នំដងរែក តំបន់ឱរ៉ាល់ ភ្នំក្រវាញ តំបន់ភាគឦសាននៃប្រទេស (អាចចងសម្ព័ន្ធជាមួយ ឥស្សរៈលាវ) ឬតំបន់សមុទ្រ ក្ដីច្រើននាំគ្នាលេងរាំវង់ដោយ ប្រើតែស្គរដៃមួយប៉ុណ្ណោះ និងចម្រៀងដែលមានលក្ខណៈងាយស្រួល ក្នុងការកម្សាន្ត ទៅតាមកាលៈទេសៈនៃការតស៊ូ និងការរស់នៅដោយយកព្រៃជ្រៅជាមូលដ្ឋានបង្អែក។ សូមបញ្ជាក់ថា ស្គរដៃនេះ ជាស្គរនៃវង់ភ្លេងអារក្ខ វង់ភ្លេងប្រជាប្រិយ ឬភ្លេងការរបស់ជនជាតិខ្មែរ ដែលមានកំណើត ជាយូរណាស់មកហើយ។ តាំងពីពេលស្រុកខ្មែរបានឯករាជ្យមក (នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣) ក្រោមព្រះរាជកិច្ច ដឹកនាំនៃ ព្រះករុណាព្រះបាទ នរោត្ដម សីហនុ ប្រទេសជាតិ និងប្រជារាស្ត្រខ្មែរ មានសិទ្ធិសេរីភាពគ្រប់គ្រាន់ ធ្វើឲ្យ របាំប្រជាប្រិយ រាំវង់ និងរាំក្បាច់នេះ រីកចម្រើនយ៉ាងខ្លាំងក្លា ពោលគឺនៅកន្លែងខ្លះ គេរាំជាមួយស្គរដៃ ពេលខ្លះគេរាំ ជាមួយវង់ភ្លេងខ្មែរដែលមានឧបករណ៍ ស្គរ ទ្រ រនាត និងឧបករណ៍ជាច្រើនផ្សេងៗទៀត រហូតដល់ក្លាយជាវង់តន្ត្រី សម័យយ៉ាងទំនើប ដែលយើងឃើញសព្វថ្ងៃនេះស្រាប់។

របៀបសម្ដែងរបាំរាំវង់ កែប្រែ

ដូចបានជម្រាប ខាងលើមកហើយថា របាំរាំវង់ គឺជារបាំប្រជាប្រិយខ្មែរ មានលក្ខណៈងាយស្រួល ងាយចេះ ងាយចាំ ទាំងក្បាច់ក្បូរ ទាំងការប្រើដៃ ជើង ក និងចង្កេះ។ ឯចង្វាក់វិញ មិនយឺតពេក ហើយក៏មិនញាប់ពេកដែរ គឺបើស្ដាប់ សម្លេងស្គរដៃឮ «ប៉ាក់ ពើង ប៉ាក់ (ៗ)» ឬក៏ «តាក់ ទីង តាក់ (ៗ)» យ៉ាងនេះ។ ក្នុងពេលរាំ ទាំងស្រីទាំងប្រុសត្រូវ បោះជំហាន ឆ្វេងស្ដាំទៅមុខ ដោយស្រីរាំនៅខាងមុខ ប្រុសរាំនៅពីក្រោយបន្តគ្នាឬពេលខ្លះរាំកៀងគ្នា ឬខ្លះជំរុញ ឲ្យប្ដូរគូក៏មាន។ ឯដៃត្រូវ «ជីប» ពីក្រោមហើយលើកចំពីមុខ ទៅ «លា» ខាងលើ...បញ្ច្រាសគ្នា ឆ្វេងម្ដងស្ដាំម្ដង ហើយលៃដៃ និងជើងនោះ ក៏ឲ្យបញ្រ្ចាសគ្នាផងដែរ គឺបើឈានជើងស្ដាំទៅមុខ ត្រូវលើកដៃឆ្វេង ហើយបើឈាន ជើងឆ្វេងទៅមុខវិញត្រូវលើកដៃស្ដាំវិញ។ល។ ជួនកាលគេរាំធ្វើដំណើរទៅមុខបីជំហាន រួចគោះជើងមកខាងក្រោយ «មួយ» ក៏មាន ហើយចេះតែបន្តយ៉ាងនេះ ជារង្វង់មូលរហូតទៅ។ ចង្វាក់ភ្លេងរាំវង់ ជាទូទៅពេលចាប់ផ្ដើម ច្រើនតែ ស្ថិតនៅក្នុងចង្វាក់នឹង ឬស្មើធម្មតា លុះជិតចប់បទនីមួយៗក្រុមតន្ត្រីច្រើនតែប្រគំរន្ថើនឡើងៗ «ញាប់ឡើងៗ» រហូតដល់ចប់។

អត្ថន័យរបាំរាំវង់ កែប្រែ

រីឯទស្សនៈយល់ដឹងអំពីសិល្បៈប្រជាប្រិយខ្មែរ ដែលរាំជារង្វង់មូល ហើយប្រើកាយវិការ និងក្បាច់ដៃ «ជីប» ពីក្រោម ហើយលើកឡើង «លា» នោះវិញ មានមតិភាគច្រើនយល់ថា នោះគឺជាការបង្កើតសាមគ្គីភាព រវាងគ្នា និងគ្នាផង ការបង្ហាញសុភមង្គលក្នុងជីវិតខ្មែរផង និងជានិមិត្តរូបរង្វង់នៃជីវិត ដែលត្រូវតែមានពលកម្មដាំដុះផល ដំណាំសារ ចុះសារឡើង បន្តជានិច្ចនិរន្តរ៍ មិនចេះចប់ ដើម្បីទ្រទ្រង់ជីវិត និងការចាំបាច់នៃការបន្តពូជពង្សវង្សត្រកូល (បន្តវេន) នៃធម្មជាតិនិងមនុស្ស ពិសេស គឺពូជពង្សត្រកូលខ្មែរតែម្ដង។ តាមឯកសារស្រាវជ្រាវរបស់លោក ពេជ្រ ទុំក្រវិល. យើងអាចនិយាយជារួមឡើងវិញថា យើងពុំអាចមានមន្ទិល សង្ស័យទៅលើប្រការនេះបានឡើយ នោះគឺអត្ថន័យស៊ីជម្រៅនៃចំណុចស្នូលកណ្តាល វង់ ឬរង្វង់មូល ដែលមនុស្ស ខ្មែរបុរាណជឿជាក់ថា ជាការចាប់ផ្តើមឡើងនូវអ្វីៗទាំងអស់ ពីព្រោះរាល់សកម្មភាព ឬថាមពលទាំងអស់ជុំវិញនៃ ពិភពលោក គឺសុទ្ធតែផ្តើមឡើងពីចំណុចកណ្តាលនេះឯង ហើយបន្ទាប់មកក៏បានរីករាលដាលធំទៅៗ ដោយមាន សណ្ឋានជាក្បាច់គូថខ្យង ហើយនៅទីបញ្ចប់ក៏គ្របដណ្តប់ទូទាំងចក្រវាឡយ៉ាងឆាប់រហ័ស។ គឺក្នុងករណីនេះ ការ រាំជាវង់ៗ ឬរង្វង់មូល ត្រូវបានគេចាត់ទុកថា ជាដើមហេតុនៃឥទ្ធិពល ប្រកបដោយលក្ខណៈពិសិដ្ឋអស្ចារ្យ មិនមាន លក្ខណៈខុសប្លែកពីអ្វី ដែលគេធ្លាប់មានក្នុងផ្នត់គំនិត គឺដំណើរនៃវិញ្ញាណដែរ។ តាមពិតទៅ តាមកាយវិការនេះ គេចង់បង្ហាញពីគោលបំណងរបស់គេ ហើយនេះក៏ជាជំហានទីមួយនាំទៅកាន់ សេចក្តីសុខសប្បាយ ឬសិរីមង្គល។ មូលហេតុដែលខ្មែររាំវង់ គឺពិតជាផ្តើមចេញពីទស្សនៈខាងលើនេះ ហើយវាក៏មិនមែនជារឿងចៃដន្យឡើយ គឺដោយ សារតែជំនឿសាសនាយ៉ាងប្រាកដ។ តែសំខាន់បំផុត ដែលយើងត្រូវកត់ត្រា របាំរាំវង់ដែលជាទម្លាប់បានក្លាយទៅជា ទស្សនៈទម្លាប់ប្រពៃណីប្រជាជាតិខ្មែរ ហើយត្រូវបានប្រារព្ធរហូតដល់សព្វថ្ងៃ៕

មើលផងដែរ កែប្រែ

ឯកសារយោង កែប្រែ

  1. ដក​ស្រង់​ពី​សៀវភៅទស្សនីយភាព​ខ្មែរឆ្នាំ 2003
  2. គណៈកម្មាធិកាស្រាវជ្រាវសិល្បៈវប្បធម៌ខ្មែរដោយលោក ពេជ្រ ទុំក្រវុិល
  3. ""ប្រវត្តិ​សង្ខេប​របាំ​ប្រជា​ប្រិយ​ខ្មែរ រាំ​វង់"". Welcambodia. 15 March 2007. {{cite web}}: zero width space character in |title= at position 10 (help)[តំណភ្ជាប់ខូច]