រូបសំណាកព្រះបាទនរោត្តមសីហនុ
ព្រះបរមរូបព្រះបរមរតនកោដ្ឋ ដែលមានទីតាំងនៅជិតវិមានឯករាជ្យនេះ ត្រូវបានសាងសង់ឡើងដោយក្រុមសិលា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានសិល្បករ វិចិត្រករស្មូនរូប និងអ្នកជំនាញខាងស្ថាបត្យកម្មសរុបចំនួន ១១៧រូប ចូលរួមសាងសង់ ដោយបានចំណាយពេលសាងសង់អស់រយៈពេលប្រមាណ ៨ខែ និងបានចំណាយថវិកាសរុបប្រមាណ ១,៨២០,២២៩ ដុល្លារសហរដ្ឋអាមេរិច។
ព្រះបរមរូប ព្រះបរមរតនកោដ្ឋ បានដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៣ ដោយព្រះមហាក្សត្រ នរោត្តម សីហមុនី, សម្តេចម៉ែ មុនីនាថ សីហនុ និងសម្តេចតេជោ ហ៊ុន សែន ព្រមទាំងមេដឹកនាំជាតិជាន់ខ្ពស់ និងមន្ត្រីការទូតបរទេសជាច្រើនរូបទៀត។ ព្រះបរមរូប ព្រះបរមរតនកោដ្ឋ ត្រូវបានរដ្ឋាភិបាលរៀបចំឲ្យមានប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ នៅថ្ងៃទី១៥ ខែតុលា ជារៀងរាល់ឆ្នាំ។
ហើយក៏មានលក្ខណៈពិសេសមួយដែលស្ថាបត្យករបានសាងសង់បុស្បុកព្រះបរមរូប ព្រះបរមរតនកោដ្ឋនេះ គឺខ្នាតទាំងអស់ត្រូវបានគិតយកលេខ៩ ជាគោល។ ចំណែកបង្គោលដែលបានដាក់តម្រាបតាមទីធ្លានៃបុស្បុកព្រះបរមរូប ត្រូវបានគេយកតាមលំនាំបង្គោលនៅផ្លូវឡើងនៃប្រាសាទព្រះវិហារផងដែរ។ បច្ចុប្បន្នទីតាំងនៃព្រះបរមរូបព្រះបរមរតនកោដ្ឋ ក៏បាននិងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនា និងសម្ដែងការគោរពចំពោះព្រះវិញ្ញាណក្ខន្ធរបស់ព្រះបាទនរោត្តម សីហនុ ព្រះមហាវីរក្សត្រនៃយើងផងដែរ។
សូមមើលផងដែរ
កែប្រែ• ស្បៃធំ