រឿងគំនិតប្រសិទ្ធ

សុធីឃើញមិត្តដាំចង្ក្រាន

អណ្តាតភ្លើងថ្កានដល់ដំបូល

ផ្ទះស្បូវចង្អៀតឥតបើពោល

ប្រាប់មិត្តបណ្តូលគួរប្រយ័ត្ន។

មួយត្រូវច្រូតស្បូវកែកុនផ្ទះ

ពីរផ្លាស់ចង្ក្រានបង្ការកាត់

ដាំស្លក្រៅផ្ទះកុំអោយភ្លាត់​

ការពារភ្លើងវាត់ឆេះលំនៅ។

ណារិនជាមិត្តធ្វើតោះតើយ

មិត្តអើយការតូចកុំគិតជ្រៅ

ផ្ទះសុខយូរហើយមិនដែលត្រូវ

ភ្លើងឆេះរាលក្តៅស្លាប់ឯណា?

មួយខែកន្លងយ៉ាងរហ័ស

ហេតុការណ៍ប្តូរផ្លាស់យ៉ាងខ្លោចផ្សា

ណារិនស្ទុះស្ទារត់ឆ្លេឆ្លា

មិត្តអើយករុណាជួយខ្ញុំផង។

ភ្លើងឆេះផ្ទះខ្ញុំរាបដល់ដី

គ្រួខ្ញុំភិតភ័យយ៉ាកណាស់ហោង

សូមកម្លាំងមិត្តក្បែររបង​

ជួយសង់ខ្ទមផងជ្រកជាថ្មី។

ឮហើយមិត្តក្រោកពីគ្រប់ជ្រុង

ឬស្សីបំពង់ព្រមស្បូវព្រៃ

ស្វះស្វាត់សង់បានខ្ទមមួយថ្មី

ណារិនអរក្រៃហៅលៀងបាយ។

អរគុណដល់មិត្តចិត្តជ្រះថ្លា

ជួយដល់គ្រួសារខ្ញុំគ្រប់កាយ

ស្រាប់តែវិសាលងើបឡើងឆ្លើយ

មិត្តអើយភ្លេចហើយនាយសុធី?

ម្តេចមិនហៅគេមកជប់លៀង

មិត្តល្អឥតល្អៀងបានសំភី

រំលឹករូបអ្នកច្រើនអំពី

វិធីការពារភ្លើងកំណាច។

សិនបើកាលណោះស្តាប់សំដី

គំនិតប្រពៃពេញអំណាច

ម៉្លេះការពារផ្ទះផុតភ្លើងកាច

មិនបាច់រត់សាចស្លុតរន្ធត់។

ការពារប្រសើរជាងព្យាបាល

ជាថ្នាំវិសាលដ៏មរកដ

បើមិត្តស្គាល់គុណល្អបរិសុទ្ធ

គប្បីមិត្តស្កាត់ហៅសុធី។

សូមថ្លែងអំណរដល់មិត្តខ្លួន

មានគំនិតស្ងួនសែនសំភី

នេះសមហៅមិត្តល្អគ្មានពីរ

បានសុខគ្រប់ទីព្រោះការពារ។


អ្នកស្រី កែវ ច័ន្ទបូរណ៍