រឿងឃុនរ៉ាតចាញ់បោកចៅពាល

គតិលោក > គតិលោក ភាគ​ ទី ១ > រឿងឃុនរ៉ាតចាញ់បោកចៅពាល

រឿងឃុនរ៉ាតចាញ់បោកចៅពាល

កែប្រែ


មានកាលថ្ងៃ១ មានមនុស្សម្នាក់ វាយកខែ្សមាសមួយ ខែ្សឡើងទៅលើផ្ទះឃុនរ៉ាត ហើយវានិយាយថា “ខ្ញុំបាទទ័លចាយពេកណោស់ខ្ញុំយក ខែ្សនេះមកបញ្ចាំ នឹងលោក សូមបញ្ចាំទុកប្រាក់ ៣០រៀល ខ្ញុំបាទជូនការលោក១ខែ ៣កាក់ៗ រៀងទៅ សូមលោកមេត្តាជួយដោះធុរៈខ្ញុំបាទម្តង

នេះទៅ”។ ឃុនរ៉ាតថាៈ “ខែ្សឯងនេះមាសទំងន់ប៉ុន្មានដំឡឹងប្រាប់មក? ថាៈ “ខែ្សខ្ញុំបាទនេះធ្វើមកទំងន់៣តំឡឹង២ជី”ឃុនរ៉ាតថា “ខែ្សឯងនេះកែ្រង ក្រលៃទេដឹង យើងនៅសង្ស័យណាស់?

បាទខែ្សខ្ញុំបាទនេះ គឺមាសសុទ្ធពិតប្រាកដមែនបើលោកមិនជឿខ្ញុំបាទ សូម អញ្ជើញលោក យកទៅអោយជាងគេសាក ឬកាត់មើលចុះ បើទៅជា ក្រលៃដូចពាក្យលោកថានោះ ខ្ញុំបាទហ៊ានអោយលោកធ្វើទោសខ្ញុំបាទ ដោយប្រការផ្សេងៗ”។

ឃុនរ៉ាតក៏យកខែ្សនោះ ទៅអោយជាងទងគេមើល។ នាយជាងទង នោះបានកាត់មើលបន្តិចទៅ ក៏ឃើញជាមាសប្រាកដ ទើបជំរាបឃុនរ៉ាត ថា មាសមែនហើយលោក ចូរលោកទទួលយកទុកចុះ មិនខាតទេ ទើប ឃុនរ៉ាតវិលមកផ្ទះ ហើយនិយាយកត់ត្រាសញ្ញាឈ្មោះ នឹង ចៅនោះព្រម ចិត្តគ្នា ទើបយកប្រាក់៣០រៀលប្រគល់អោយទៅចៅនោះ ចៅពាលបាន ប្រាក់ហើយ ក៏លាឃុនរ៉ាតមកទីលំនៅអាត្មា។

លុះអស់ខែ១ ចៅពាលក៏យកប្រាក់ការមកជូនឃុនរ៉ាតនោះ តែដល់ ទេសកាលមានវិធីបុណ្យ ឬការមង្គល ប្រជុំមហាជនកាលណាក៏យក ខែ្សនោះពាក់ប្រដាប់អាត្មាទៅកាលនោះ លុះកន្លងខែ៣មក ចៅពាល ក៏យកប្រាក់៣០រៀលដើម និង ប្រាក់ការទៅលោះខែ្សពីឃុនរ៉ាត ឃុន រ៉ាក៏ទទួលប្រាក់ ហើយប្រគល់ខែ្សនោះទៅចៅពាលវិញ។

ចៅពាលក៏លាឃុន រ៉ាតមកកាន់ទីលំនៅខ្លួន លុះនៅយូរបន្តិចមក ចៅពាលយកខែ្សនោះទៅបញ្ចោំអោយឃុនរ៉ាតម្តងទៀត បញ្ចាំជាន់ ក្រោយនោះឡើងថ្លៃ៥០រៀល ឃុនរ៉ាតក៏ទទួល បញ្ចាំដូចជាន់មុនលុះនៅយូរបន្តិចមកចៅពាលយកប្រាក់ ៥០ រៀលនិងការប្រាក់ទៅលោះ យកខែ្សអំពីឃុនរ៉ាត។

លុះកន្លង៥ខែមកចៅពាលធ្វើខែ្សក្រឡៃ១ មានរូបសណ្ឋានភាពនូវក្បាច់ ទាំងទំនងដែលជាងកាត់បន្តិចនោះក៏ដូចគ្នានឹងខែ្សជាន់មុនហើយ ចៅពាល យកទៅបញ្ចាំអោយឃុនរ៉ាតទៀត បញ្ចាំឡើងថ្លៃ៦០រៀល។ ឯឃុនរ៉ាតក៏ពុំបានត្រួតត្រាមើលអោយម៉ត់ចត់ព្រោះខែ្សនោះដូចគ្នា នឹងជាន់មុន ដែលចៅពាលយកទៅបញ្ចាំ ឃុនរ៉ាត ទុកចិត្តអិតសង្ស័យ ទើបទទួលបញ្ចាំខែ្សក្រលៃ នោះនឹងចៅពាល បានប្រគល់ប្រាក់៦០ រៀលអោយចៅពាល ចៅពាលទទួលយក ប្រាក់ហើយក៏លាឃុនរ៉ាតវិលទៅកាន់ទីលំនៅខ្លួនដូចដើម លុះនៅយូរបន្តិច ចៅពាលក៏យកប្រាក់ ៦០រៀល និង ការទៅលោះខែ្សក្រលៃអំពីឃុនរ៉ាត ឃុនរ៉ាតក៏ទទួលយកប្រាក់ ហើយទៅយកខែ្សនោះហុចអោយចៅពាលចៅពាលទទួល យកមក ក៏ធ្វើជាពិនិត្យមើលចុងដើមខែ្សនោះហើយកែ្លងនិយាយបព្ជាក់ថា “ខែ្សនេះមិនមែនជាខែ្សខ្ញុំបាទទេលោក ម្តេចក៏លោកយកខែ្ស ក្រឡៃតែផ្តាសពីណាមកអោយខ្ញុំបាទដូច្នោះវិញ ខែ្សខ្ញុំបាទនេះមាសពិតៗលោក” ឯឃុនរ៉ាតក៏ឆ្លើយថា “ខែ្សនោះឯងហើយជារបស់ឯង យើង នឹង មានខែ្សឯណាមកលាយឡំច្រឡំគ្នានោះក៏ទេ មានតែខែ្សចៅឯងមួយប៉ុណ្ណោះឯង ហេតុម្តេចក៏ថាពុំមែនវិញដូច្នោះ យើងទៅឆីឆ ចៅឯងឯណាបាន”

ចៅពាលក៏ថា មែនយ៉ាងរូបខ្ញុំបាទជាអ្នកទ័លក្រមកកោងឆីឆបោកកុហកអ្វីពីលោកអោយខូចផ្លូវមេត្រីនោះ តែខែ្សខ្ញុំបាទមាសពិតៗដូច លោក បានអោយជាងសាកមើលពីដើមហើយ ក៏ឯខែ្សនេះជាខែ្សកាលៃសោះខ្ញុំនឹងទទួលយកម្តេចបាន លោកយកខែ្សតែផ្តាសមកអោយ ខ្ញុំបាទយ៉ាងនេះ បើលោករកខែ្ស មាសនោះពុំបាន សូមអោយលោកសងថ្លៃខែ្សខ្ញុំបាទជាប្រាក់១៣៥រៀល។ ឃុតរ៉ាត លឺចៅពាលថាដូចច្នោះ ក៏កើតទោសោខ្លាំងហើយថា “ឯងមិនសុខចិត្តយកខែ្សនេះ ក៏តាមចិត្តចុះ ឬចង់ទៅប្តឹងសាលាណាក៏តាម ខ្មោចអាខ្មោច ខែ្សផង់ឯងហើយនៅ ថាមិនមែនទៀត ទៅអោយឆាប់ទៅកុំមកតឈ្លោះអ្វីនឹងអញ”។

ឯចៅពាលពុំទទួលយកខែ្ស ហើយក៏ចុះអំពីផ្ទះឃុនរ៉ាតទៅពឹងចៅស្មាក្តីម្នាក់អោយធ្វើរឿងរ៉ាវប្តឹងចោទយកតួឃុនរ៉ាតកោងឆខែ្ស តាម សេចក្តីគ្រប់ប្រការ ហើយចៅពាលក៏យកពាក្យនោះ ចូលប្តឹងដល់សាលាចៅក្រម ចៅក្រមសាលាកាលទទួលពាក្យបណ្តឹងនោះ ហើយទើប មានដិកាហៅរូបឃុនរ៉ាតមកសួរចំលើយ។

ឯឃុនរ៉ាតក៏ធ្វើពាក្យអោយការឡើងតាមដំណើរអំពីដើមដល់ចុងជូនដល់ចៅក្រម ចៅក្រមសាលាយកពាក្យចោទពាក្យចំលើយមកជំរះ ទៅ ក៏យល់សេចក្តីខាងពាក្យចោទពោលអាងនាយជាង ទងជាសាក្សីទើបហៅយកសាក្សីនោះមកអោយស្បថ ជាបន្ទាល់អោយការ ឯនាយ ជាងទងនោះ ក៏ឆ្លើយអោយការថា ខ្លួនបានកាត់ខែ្សមើលជាមាសមែន ឯត្រង់ចៅពាលផ្លាស់ប្តូរលោះទៅហើយយកមកបញ្ចាំ ២-៣ដងទៀត នោះជាងទងសាក្សី ពុំដឹង ទើបឆ្លើយថាខែ្សនោះ ជាមាសពិតមែនដូចពាក្យចោទ ទើបចៅក្រមកាត់ក្តីនោះអោយឃុនរ៉ាតចាញ់ចៅពាល ឃុន រ៉ាតត្រូវសងថ្លៃខែ្សមាសជាប្រាក់១៣៥រៀលផង ត្រូវបង់ប្រដាប់ក្តីជួសចៅពាលផង សងសោហ៊ុយទាំងអស់ផង។

រឿងឃុនរ៉ាតចាញ់ក្តីចៅពាលនេះ ឯងស្តាប់មើលចុះជាតិមនុស្សពាលវាចេះអុបាយកល ធ្វើអោយឃុនរ៉ាតដល់នូវសេចក្តីវិនាស ហេតុ នោះ ទើបថា មនុស្សពាល មានលក្ខណៈសណ្ឋានយ៉ាងនេះយ៉ាងនោះទៅបាន។ ឯមនុស្សស្រុកយើងសព្វថ្ងៃនេះ ដឹងតែថាអ្នកណាផឹកស្រាជក់ អាភៀន ស្លៀកពាក់សើយលាត់ ឬដើរក្រលែក្រលបង្កពាក្យជំលោះប្រកែកទៅផ្សេងៗ នោះទើបដឹងថា អ្នកនោះជាមនុស្សពាលមែន ឯត្រង់ ពាលវាកែ្លងធ្វើកិរិយាប្រើអាការស្លៀកពាក់រៀបរយសំដែងកិរិយាសុភាពរាបសានោះ មិនស្គាល់ឡើយបណ្តាអ្នកនគរ ដែលរាប់អានព្រះពុទ្ធ សាសនានេះ តែឃើញមនុស្សកោរក្បាល ស្លៀកស្បង់ពាក់ចីពរហើយក៏តាំងសំគាល់ថា ជាមនុស្សត្រឹមត្រូវបរិសុទ្ធទុកចិត្តជឿរាប់អាន ដល់មនុស្សពាលវាយល់ភេទនោះហើយទើបវាកែ្លងលួចភេទនោះ មកធ្វើជាភិក្ខុ ឬសាមេណរ ដើរកុហកបញ្ឆោតអ្នកនគរអោយខូចផល ប្រយោជន៏ទៅផ្សេងៗក៏មានដូចនិទានពីមនុស្សម្នាក់គេហៅថា ចៅពាលត្បាល់ក្ដឿងមានរឿងមកថា៖