ដំនើររឿង

កែប្រែ

មាន​បុរស​ម្នាក់​ អ្នក​ស្រុក​គេ​ហៅ​ថា << ចៅ​អាចម៍​សេះ >> ព្រោះ​នៅ​ខ្ញុំ​សេដ្ឋី​គេ​ឲ្យ​ឃ្វាល​សេះ​ ប្រហែល​ជា​៥០​ក្បាល​ គេ​ឲ្យ​ទៅ​សង់​ខ្ទម​នៅ​បៀត​មាត់​ទន្លេ ។ បុរស​នោះ​ព្យាយាម​រំឭក​គុណ​ព្រះ​ពុទ្ធ​ ទោះ​ឃ្វាល​សេះ​ក្ដី​ ធ្វើ​ការ​អ្វី​ក្ដី​ តែង​ទន្ទេញ​ជាប់ << អញ​ទៅ​ដេញ​សេះ​ សម្មា​សម្ពុទ្ធោ​ អញ​ទៅ​លើក​អាចម៍​សេះ​ សម្មា​សម្ពុទ្ធោ >> ធ្វើ​ការ​អ្វី​ៗ​ក៏​ទន្ទេញ​ថា​ សម្មា​សម្ពុទ្ធោ​ដូច្នេះ​ដរាប​ទៅ ។ ឯ​អាចម៍​សេះ​នោះ​ទៀត​បុរស​មិន​លើក​ចោល​ទេ​ តែង​កើប​ច្រក​ការុង​ទុក​ បាន​ជា​ច្រើន ។ថ្ងៃ​មួយ​មាន​សំពៅ​៥០០​ មក​ពី​ស្រុក​ចិន​ នាំ​ទំនិញ​មក​លក់ ។ បុរស​ស្រែក​ហៅ​ថា << ឲ្យ​ចូល​មក​នេះ​សិន >> ។ លុះ​សំពៅ​ចូល​មក​សួរ​ថា << អ្នក​រាល់​គ្នា​ បើក​សំពៅ​មក​ពី​ណា ? >> ។ នាយ​សំពៅ​ថា << មក​ពី​ស្រុក​ចិន>>។ បុរស​ថា << អ្នក​ស្គាល់​ស្ដេច​ក្រុង​ចិន​ទេ ? >> ។ នាយ​សំពៅ​ថា << ស្គាល់​ ព្រោះ​ខ្ញុំ​នៅ​ជិត​ព្រះ​រាជ​វាំង​ដែរ >> ។ បុរស​ថា << ស្ដេច​ក្រុង​ចិន​នោះ​ ជា​ក្លើអញ​ ហើយ​ជា​មិត្រ​សម្លាញ់​ថ្ងៃ​មុន​រៀង​មក​ បើ​អ្នក​ត្រឡប់​ទៅ​ស្រុក​ចិន​វិញ​ អញ​ផ្ញើរ​បស់​ទៅ​ក្លើ​អញ​ផង >> ។ នាយ​សំពៅ​នោះ​ឆ្លើយ​ថា​ បាទ ! ហើយ​នាំ​គ្នា​ចេញ​សំពៅ​ទៅ​លក់​ដូរ, មិន​យូរ​ប៉ុន្មាន​ នាយ​សំពៅ​ត្រឡប់​មក​វិញ​ ចូល​ទៅ​រក​បុរស​នោះ​ សួរ​ថា << អ្នក​ឯង​បាន​អ្វី​ផ្ញើទៅ? យក​មក​ខ្ញុំ​ទៅ​ឥឡូវ​ហើយ >> ។ បុរស​ថា​ខ្វះ​អ្វី​ ខ្ញុំ​រៀប​ដាក់​ក្នុង​ការុង​បម្រុង​ផ្ញើទៅ>>។ នាយ​សំពៅ​ក៏​ប្រើ​ជើង​ឈ្នួល​ឲ្យ​ជញ្ជូន​ដាក់​សំពៅ​ នូវ​របស់​ប្រហែល​៤០០​ការុង​ ដែល​សុទ្ធ​តែ​ការុង​ពេញ​ដោយ​អាចម៍​សេះ​ ហើយ​ក៏​លា​បុរស​នោះ​ ចេញ​សំពៅ​ទៅ​ស្រុក​ចិន, ដល់​ទៅ​ដំណាក់​ផែ​ស្ដេច​ក្រុង​ចិន​ ហើយ​ក៏​បោះ​យុថ្កា​ ឡើង​ទៅ​ក្រាប​ទូល​ថា << មាន​ក្លើ​ព្រះ​អង្គ​ ផ្ញើរ​បស់​ពី​ស្រុក​ខ្មែរ​មក​ថ្វាយ​ ដាក់​នឹង​ការុង​ច្រើន​ណាស់ >> ។ ស្ដេច​ក្រុង​ចិន​ឆ្ងល់​ថា << អញ​មិន​ដែល​ទៅ​ស្រុក​ខ្មែរ​ទេ​ អញ​មាន​ក្លើ​ឯ​ណា​នៅ​ស្រុក​ខ្មែរ ? >>ក៏​មាន​ព្រះ​បន្ទូល​ឲ្យ​ទៅ​ជញ្ជូន​ការុង​អាចម៍​សេះ​នោះ​ មក​ដាក់​គរ​នៅ​មុខ​ព្រះ​លាន​ ទ្រង់​ឲ្យ​ស្រាយ​មាត់​ការុង​ចាក់​មើល​ តើ​ជា​របស់​អ្វី​ខ្លះ >> ដល់​ស្រាយ​ទៅ​ ឃើញ​សុទ្ធ​តែ​ដុំ​មាស​គ្រប់​ការុង ។ ស្ដេច​មាន​ព្រះ​ទ័យ​ត្រេកអរ​រក​ទី​បំផុត​គ្មាន​ ក៏​ទ្រង់​គិត​ក្នុង​ព្រះ​ចិន្ដា​ថា<< នឹង​បាន​អ្វី​ផ្ញើទៅ​គេ​វិញ, មាន​តែ​ព្រះ​រាជ​បុត្រី​មួយ​ ព្រះ​ជន្ម​១៨​ឆ្នាំ​ ព្រះ​រូប​ ព្រះ​ឆោម​ល្អ​លើស​ស្រី​ទាំង​អស់​ គិត​ផ្ញើទៅ​ឲ្យ​គេ, ហើយ​ក៏​ទ្រង់​ចាត់​ឲ្យ​ជាង​ធ្វើ​ស្គរ​មួយ​យ៉ាង​ធំ​​ពាស​ស្បែក​សត្វ​ទាំង​សង​ ខាង​ តែ​ឲ្យ​មាន​កន្លែង​បើក​ចេញ​ចូល​ម្ខាង​បាន​ ហើយ​ក៏​ដាក់​ព្រះ​រាជ​បុត្រី​នោះ​ទៅ​ក្នុង​ស្គរ​ មាន​ទាំង​កន្សែង​បក់​បោយ​មួយ​ផង​ ហើយ​ចាត់​បម្រើ​ឲ្យ​បើក​សំពៅ​យក​ទៅ​ឲ្យ​ចៅ​អាចម៍​សេះ, បម្រើ​ទៅ​ដល់​ហើយ​ ក៏​ស្រែក​ហៅ​បុរស​នោះ​ថា << ស្ដេច​ក្រុង​ចិន​ជា​ក្លើ​ ផ្ញើស្គរ​មួយ​មក​ឲ្យ​អ្នក​ឯង​វាយ​លេង >> ។ បុរស​ឮ​ដូច្នោះ​ក៏​ត្រេកអរ​ណាស់ ។ អ្នក​បម្រើ​យក​ស្គរ​ទៅ​ចង​ ក្នុង​រោង​សេះ​នោះ ។ បុរស​នោះ​ក៏​ចេះ​តែ​វាយ​លេង​ទាំង​និយាយ​ផង​ថា << ក្លើ​អញ​ ស្រឡាញ់​អញ​ផ្ញើស្គរ​នេះ​មក​ឲ្យ​អញ​វាយ​លេង >> ។ ថ្ងៃ​មួយ​ បុរស​នោះ​វាយ​ស្គរ​ ហើយ​ចេញ​ទៅ​ឃ្វាល​សេះ ។ នាង​ដែល​នៅ​ក្នុង​ស្គរ​ចេញ​មក​ រៀប​បាយ​ទឹក​ទុក​បម្រុង​ឲ្យ​បុរស​នោះ​ ហើយ​ចូល​ទៅ​ក្នុង​ស្គរ​​វិញ ​ពេលបុរសនោះត្រលប់មក​វិញ​ឃើញ​បាយ​គិត​ថា << នរណា​អេះ​ មក​រៀប​បាយ​ឲ្យ​អញ​ៗ​ឃ្លាន​បាយ​ អញ​ស៊ី​ហើយ >> ។ ឯ​នាង​នោះ​​ធ្វើ​ដូច្នេះ​ជា​ច្រើន​ថ្ងៃ ។ បុរស​នោះ​សង្ស័យ​នឹក​ថា << នរណា​ យក​បាយ​ឲ្យ​អញ​ស៊ី​រាល់​ថ្ងៃ​ម្ល៉េះ ? >> ចាំ​លប​មើល​ ក៏​ឃើញ​នាង​ដ៏​មាន​រូប​ល្អ​ឯក​ ចេញ​ពី​ក្នុង​ស្គរ​មក​ ហើយ​បក់​បោយ​កន្សែង​ ឲ្យ​កើត​ជា​អាហារ​ឡើង​មួយ​រំពេច ។ បុរស​នោះ​ក៏​ភ័យ​ស្រែក​ថា << សម្មា​សម្ពុទ្ធោ​ មក​ពី​ណា​ល្អ​ម្ល៉េះ ? ហើយ​ក៏​រត់​ទៅ ។ នាង​នោះ​ចេញ​តាម​ បុរស​នោះ​ស្រែក​ថា << សម្មា​សម្ពុទ្ធោ​ កុំ​ចាប់​អញ​ អាណិត​អញ​ លែង​អញ​ទៅ >> ។ នាង​ថា << ខ្ញុំ​មិន​លែង​ទេ​ អ្នក​ឯង​ជា​ប្ដី​ខ្ញុំ​ហើយ​ ឪពុក​ខ្ញុំ​ ឲ្យ​ខ្ញុំ​មក​នៅ​ធ្វើ​ជា​ប្រពន្ធ​អ្នក​ឯង​ ព្រោះ​អ្នក​ឯង​បាន​ផ្ញើ​មាស​ប្រាក់​ ទៅ​ឲ្យ​ឪពុក​ខ្ញុំ​ច្រើន​ណាស់ >> ។ បុរស​ថា << ទេ ! ខ្ញុំ​មិន​យក​ទេ >> ។ នាង​នោះ​និយាយ​លួង​លោម​ច្រើន​ដង​ បុរស​ក៏​ស្ងៀម, នាង​ដឹក​ដៃ​បុរស​នោះ​មក​រោង​សេះ​វិញ ។ ក្នុង​វេលា​យប់​នោះ​ នាង​អធិដ្ឋាន​កន្សែង​បក់​បោយ​ ហើយ​បក់​ទៅ​ កើត​ជា​ប្រាសាទ​រាជ​វាំង​ មាន​មនុស្ស​គឹក​កង​រំពង​នៅ​ក្នុង​នោះ ។ ចៅ​អាចម៍​សេះ​ ហើយ​និង​នាង​នោះ​ ក៏​នៅ​លើ​ប្រាសាទ​ មាន​មនុស្ស​បម្រើ​ឆ្វេង​ស្ដាំ ។ អ្នក​ស្រុក​ទាំង​ពួង​ឃើញ​ហើយ​ ភ្ញាក់​ផ្អើល​គ្រប់​គ្នា​ ក៏​រត់​ទៅ​ប្រាប់​សេដ្ឋី​ជា​ចៅហ្វាយ​បុរស​នោះ​ថា << មាន​កើត​ប្រាសាទ​រាជ​វាំង​ ត្រង់​ខ្ទម​ចៅ​អាចម៍​សេះ​នោះ​ច្រើន​ណាស់ >> ។ សេដ្ឋី​សង្ស័យ​ រត់​ទៅ​មើល​ឃើញ​ហើយ​ក៏​ភិត​ភ័យ​ រត់​ទៅ​ទូល​ស្ដេច​តាម​រឿង ។

ស្ដេច​ទ្រង់​ជ្រាប​ ទ្រង់​ចាត់​បម្រើ​ ឲ្យ​ទៅ​ពិនិត្យ​មើល​ ឃើញ​ពិត​ដូច្នោះ​មែន​ ក៏​មាន​ព្រះ​ទ័យ​ទោមនស្ស​ជា​ខ្លាំង​ថា << ឈ្មោះ​ណា​ ហ៊ាន​មក​សាង​ប្រាសាទ​រាជ​វាំង​ក្នុង​នគរ​អញ​ មាន​តែ​អញ​ទេ​ជា​ស្ដេច​ក្នុង​នគរ​នេះ >> ទើប​ទ្រង់​ប្រជុំ​នាហ្មឺន​សព្វ​មុខ​មន្រ្តី​ មាន​ព្រះ​បន្ទូល​ចាត់​ឲ្យ​រៀប​រេហ៍​ពល​ លើក​ទៅ​ចាប់​ទាំង​ព្រះ​អង្គ​ក៏​ស្ដេច​យាង​ជា​មួយ​ផង ។ វេលា​នោះ​មាន​បម្រើ​ទៅ​ប្រាប់​ចៅ​អាចម៍​សេះ​ហើយ​ នឹង​ប្រពន្ធ​ចៅ​អាចម៍​សេះ​បាន​ឮ​ ក៏​មាន​សេចក្ដី​ភិត​ភ័យ​ណាស់ ។ នាង​ប្រាប់​ប្ដី​ថា << កុំ​ឲ្យ​ភ័យ​ទុក​ងារ​ឲ្យ​ខ្ញុំ​ច្បាំង​នឹង​ស្ដេច​នេះ​វិញ​ នាង​ក៏​រៀប​ខ្លួន​ចេញ​ទៅ​ ហើយ​អធិដ្ឋាន​កន្សែង​បក់​ កន្សែង​បោយ​ឲ្យ​ស្ដេច​បរាជ័យ​ ព្រម​ទាំង​រេហ៍ពល ។

ចៅ​អាចម៍​សេះ​និង​នាង​នោះ​ បាន​សោយ​រាជ្យ​ជា​ស្ដេច​ ដោយ​អំណាច​ដឹង​គុណ​ព្រះ​ពុទ្ធ ។

«ការ​ខំ​ប្រឹង​ប្រែង​ តែង​មាន​ផល​ច្រើន » ​


ឯកសារយោង

កែប្រែ

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ​ទី​១​ ទំព័រ​ទី​ ១២១- ១២៣

តំនភ្ជាប់ក្រៅ

កែប្រែ

វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត

សូមមើលផងដែរ

កែប្រែ

ប្រជុំរឿងព្រេងខ្មែរ