រឿងតម្លង់៧សន្ដាន

ដំនើររឿង

កែប្រែ

កាល​ពី​ព្រេង​នាយ មាន​បុរស​ប្តី​ប្រពន្ធ នាំ​គ្នា​ទៅ​សួរ​បង​ប្អូន​នៅ​ភូមិ​ព្រៃ​សណ្តែក ​ដើរៗទៅ​ប្រទះ​នឹង​អាតម្លង់ ៧ សន្តាន កំពុង​តែ​ទឹម​គោ​ភ្ជួរ​ស្រែ ។ បុរស​ប្តី​ប្រពន្ធ​នោះ សួរ​ថា «អ្នក​អើយ​អ្នក! ផ្លូវ​ណា​កាត់​ត្រង់​ទៅ​លើ​ភូមិ​ព្រៃ​សណ្តែក ត្បិត​ខ្ញុំ​ខាន​មក​យូរ​ឆ្នាំ​ហើយ មិន​ដឹង​ជា​ផ្លូវ​ណាកាត់​ទៅ​ឲ្យ​ត្រង់ ?»។

<<កូន​ក្រោល​បង្គោល​ស្នឹង អាក្រហម​មួយ​នេះ ម្តាយ​ក្មេក​គាត់​ចែក ឯ​អា​ស្នែង​កន្ទែក​ឪ​អញ​គាត់​ឲ្យ អញ​មិន​លួច​គោ​របស់​អាណា​មក​ទឹម​ទេ» ។

ឯបុរស​ប្តី​ប្រពន្ធ​ដែល​សួរ​ផ្លូវ​នោះ ឮហើយ​និយាយ​គ្នា​ថា «អ្នក​នេះ យើង​សួរ​ផ្លូវ​គាត់ៗ​និយាយ​ពី​គោ ហើយ​ស្តី​គំរោះ​គំរើយ​ឲ្យ​យើង​ផង ណ្ហើយ​គេហ៍! យើង​កុំ​ខ្ចី​សួរ​វា យូរ​ឆាប់​គង់​តែ​នឹង​ទៅ​ដល់​ផ្ទះ​បង​ប្អូន​មិន​ខាន» ហើយ​ក៏​បណ្តើរ​គ្នា​ហួស​ទៅ ។

ឯអាតម្លង់​៧សន្តាន​នោះ ក៏​ខំ​ភ្ជួរ​ស្រែ​មិន​ឈប់ ដល់​ពេល​ថ្ងៃ​ជិត​ត្រង់ មេ​តម្លង់​ជាប្រពន្ធ​ក៏​ទូល​បាយ​ទៅ​ឲ្យ​ប្តី​បរិភោគ លុះ​ទៅ​ដល់​ក៏​ដាក់​ល្អី​បាយ​ក្រោមម្លប់​ឈើ នៅ​ភ្លឺ​ស្រែ ។ ប្តី​ឃើញ​ប្រពន្ធ​យក​បាយ​មក​ឲ្យ ក៏​ឈប់​ភ្ជួរ​ស្រែ បរិភោគ​បាយ និយាយ​ទាំង​ខឹង​ប្រាប់​ប្រពន្ធ​ថា ៖

«មាន​បុរស​ប្តី​ប្រពន្ធ​បណ្តើរ​គ្នា​មក​ពី​ណា​ចោទ​ប្រកាន់​ថា អញ​លួច​គោ​វា ឯគោ ១ នឹម​នេះ ប្រាកដ​ជា​ម៉ែ​ឪឯង​ចែក​មក» ។

ប្រពន្ធ​ឃើញ​មាត់​ប្តី​និយាយ​ម្ហបៗ នឹក​ស្មាន​ថា​ស្តី​ឲ្យ​ខ្លួន ស្រាប់​តែ​ខឹង ហើយ​ឆ្លើយ​តបទៅ​វិញ​ថា

«អញ​គិត​ថា​ប្តី​មក​ភ្ជួរ​ស្រែ​ទាល់​ថ្ងៃ​ត្រង់ ខំ​ប្រញាប់​ប្រញាល់​ទូល​បាយ​មក​ឲ្យ​ស៊ី ឥឡូវ​ទៅ​ជា​ថា ឯង​មាន​សហាយ អញ​សហាយ​នឹង​ឈ្មោះ​អាណា គាត់​រក​មុខ​ឲ្យ​ឃើញ» ។

ឯប្តី​មិន​ទាល់​តែ​ពម​បាយ​អស់​មួយ​កូន​ល្អី ប្រពន្ធ​ថា​អ្វី​ក៏​មិន​ឮ​ផង ។ លុះ​ប្តី​បរិភោគ​រួច ប្រពន្ធ​កន្រ្តាក់​យក​ល្អី ។

ប្តី​សួរ​ថា «ឯង​មាន​ការ​អ្វី​ឯផ្ទះ បាន​ជា​ប្រញាប់​ម្ល៉េះ?»

ប្រពន្ធ​ថា «អញ​មុខ​ជា​ប្រាប់​ម៉ែ​ឪអញ​មិន​ខាន» ។

ហើយ​កណ្តៀត​ល្អី​ត្រឡប់​ទៅ​ដល់​ផ្ទះ ជួប​នឹង​ម្តាយ និយាយ​ទាំង​ខឹង​មុខ​ក្រហម​ប្រាប់​ម្តាយ​ថា «កូន​ប្រសា​ម៉ែ​ឯង​វា​ល្អ​ហើយ! ខ្ញុំ​ទូល​បាយ​ទៅ​ឲ្យ​ស៊ី ដាក់​ល្អី​ស្ទើរ​តែ​មិន​ទាន់ វា​ស្តី​ឲ្យ​ខ្ញុំ​ថា​មាន​សហាយ» ។

ចំណែក​ម្តាយ​នោះ ខឹង​ញ័រ​ឡើង​ថា «ហង​ឯង ដូច្នេះ​ទេ​តើ បាន​ជា​មុខ​ក្រហម អញ​ថា​កូន​ថា​ចៅ បាន​ជា​ចាំ​ផ្ទះ​ឲ្យ​វា ឥឡូវ​វា​ថា​ឯងលួច​ថ្នាំ​វា​យក​ទៅ​ដូរ​ដូង មេ​អន្តរធាន​ឯង​ក្រោយៗ កុំ​និយាយ​ដូច្នេះ មិន​ត្រូវ​ទេ សូម្បី​តែ​ថ្នាំ​១​ឆ្នុក ក៏​អញ​មិន​លួច​យក​ផង បើ​ទុក​ជា​អញ​យក​មែន ម្តាយ​នឹង​កូន​មិន​ត្រូវ​ហង​ឯង​ពោល​ឲ្យ​អញ​ខ្មាស​គេ​ទេ ចាំ​ឪហង​ឯង​មក អញ​ប្រាប់​ឲ្យ​ជេរ​វាយ​ប្រដៅ​ហង​ឯង​មិន​ខាន» ។

លុះ​យូរ​បន្តិច ប្តី​មក​ពី​កាប់​បង្គោល​ធ្វើ​របង​បង្ការ​មិនឲ្យ​គោ​ក្របី​ចូល​ស៊ី​សំណាប​សន្ទូង ប្រពន្ធ​និយាយ​ប្រាប់​ប្តី​ថា «កូន​ស្រីយើង​វា​យក​បាយ​ទៅ​ឲ្យប្តី ខ្ញុំ​ចាំ​ផ្ទះ​ឲ្យ​វា លុះ​មក​វិញ វា​ថា​ខ្ញុំ​ជា​ម្តាយ​លួច​ថ្នាំ​វា​ដូរ​ដូង ខ្ញុំ​ខឹង​ណាស់» ។

ប្តី​ស្តាប់​មិន​ឮ ខឹង​នឹង​ប្រពន្ធ​ក៏​ជេរ​ថា «មេ​ចោរ​គ្រហរ! ហង​ឯង​ប្រចណ្ឌ​អញ​អី​ម៉្លេះ! អញ​មាន​ស្លៀក​ពាក់​តែង​តួ​ដើរ​លេង​ចង់​ស្រី​ឯណា អញ​ទៅ​កាប់​ឈើ​ធ្វើ​បង្គោល​របង​ទេ​តើ! អញ​អត់​តែ​ម្តង​នេះ ក្រោយៗ​បើ​ហង​ឯង​នៅ​តែ​ស្តី​ប្រចណ្ឌ​អញ​ទៀត មុខ​ជា​អញ​ធាក់​ឲ្យ​ដួល​ទាំង​ជំហរ​មិន​ខាន» ។ ហាម​ប្រពន្ធ​ហើយ បរិភោគ​បាយ រួច​ទៅ​ចង​សន្ទូច បាន​ត្រីត្រឡប់​មក​ផ្ទះ​វិញ ។

វេលា​ថ្ងៃ​ល្ងាច ប្រពន្ធ​ក៏​ធ្វើ​ត្រី​ស្ល​អាំង​ឲ្យ​ប្តី​បរិភោគ​ខ្លះ រំ​លែក​ទុក​ព្រឹក​ខ្លះ ដើម្បី​នឹង​ធ្វើ​សម្រាប់​យក​ទៅ​ប្រគេន​លោក​កូន​ឯ​វត្ត និង​កូន​ប្រុស​តូច​ម្នាក់​ឲ្យ​នៅ​រៀន​អក្សរ​ជា​មួយ​នឹង​លោក​បង​នោះ ។

លុះ​ព្រឹក​ឡើង ម្តាយ​នោះ​ដាំ​បាយ​ដួស​ដាក់​ចាន មាន​ម្ហូប​ពី​ល្ងាច​ស្រាប់ ទូល​យក​ទៅ​ដល់​កុដិ​ប្រគេន​លោក​កូន ហើយ​និយាយ​ថា

« ខ្ញុំ​ព្រះ​ករុណា​រលឹក​លោក​កូន​ណាស់! មួយ​ទៀត​ប្អូន​តូច​វា​រៀន​អក្សរ​គ្រាន់​បើ​ទេ?» ។​

លោក​កូន​នោះ​ប្រាប់​ថា «ចម្រើន​ពរ​ញោម! អាត្មា​សព្វ​ថ្ងៃ​នេះ កំ​ពុង​ស្រឡាញ់​សីល​ផ្នួស​ណាស់, អាត្មា​មិន​សឹក​ទេ» ។

ម្តាយ​ក៏​ហៅ​កូន​តូច​ដែល​នៅ​បម្រើ​បង​នោះ​ថា «អានាង! លា​លោក​បង​ទៅ​ផ្ទះ​នឹង​ម្តាយ​បាន​មួយ​ថ្ងៃ​សិន ត្បិត​ឪពុក​ឯងរឭក​ណាស់» ។

កូន​តូច​ឆ្លើយ​ប្រាប់​ម្តាយ​ថា «ត្រី​ងៀត​លោក​បង នៅ​ពីរ​កន្ទុយ​ទុក​ក្នុង​កុដិ, ពេល​ល្ងាច ខ្ញុំ​យក​ពីរ​ចម្រៀក​ ដុត​ស៊ី​បាយ ដែល​សល់​ពី​លោក​ឆាន់​ពេល​ព្រឹក​នោះ» ។

ឯលោក​សង្ឃ ដែល​គង់​នៅ​ជិត​កុដិ​ទាំង​ប៉ុន្មាន បាន​ឮ​ម្តាយ​នឹង​កូន​និយាយ​តែ​ដោយ​ខ្លួន មិន​ទទួល​សម្រុង​គ្នា​ដូច្នេះ លោក​ទាំង​អស់​ទប់​ពុំ​បាន ក៏សើច​ទ្រហឹង​អឺង​អាប់ ។

ឧបាសិកា​នោះ ក៏​សំពះ​លា​លោក​កូន​ត្រឡប់​មក​ដល់ផ្ទះ​វិញ ហើយ​លុត​ជង្គង់​ជូន​បុណ្យ​ប្តី​ថា «ខ្ញុំ​ជូន​បុណ្យអ្នក​ផង» ។

ប្តី​ឆ្លើយ​ថា «អើ! អញ​ឃើញ​បាយ​សម្ល​ខ​អាំង ព្យួរ​ទុក​នៅ​សង្រែក អញ​ស៊ី​អស់​ទៅ​ហើយ» ។

ប្រពន្ធ​ក៏​មើល​មុខ​ប្តីៗ មើល​មុខ​ប្រពន្ធ ប៉ប្រិច​ភ្នែក​ម៉ក់ៗ ធ្វើ​វា​ហឺ​តែ​ដោយ​ខ្លួន ។

លុះ​យូរ​បន្តិច ស្រាប់​តែ​ប្អូន​ស្រី​បង្កើត​ខាង​ប្តី នៅ​ភូមិ​ដទៃ​ឆ្ងាយ​មក​ដល់ បាន​ផ្លែ​ពង្រ​មួយ​ផ្តិល​និង​ស្លឹក​ប្រស់​ស្វា​មួយ​សំណុំ​មក​ផ្ញើ​បង និយាយ​សួរ​បង​ថា «បង​បាន​ភ្ជួរ​រាស់​ដក​ស្ទូងបាន​ស្រែ​ប៉ុន្មាន​ហើយ?» ។

បង​ទាំង​ប្តី​ប្រពន្ធ​ឆ្លើយ​ប្រាប់​ទៅ​ប្អូន​ស្រី​វិញថា «អើ​ហង! ល្មម​ទុក​ដាក់​ឲ្យ​វា​មាន​ប្តី​ទៅ​ចុះ តែ​ហង​មើល​កុំ​ឲ្យ​តែ​ចេះ​លេង​បៀ​ផឹក​ស្រា​ជក់​អាភៀន» ។

ប្អូន​ស្រី​ស្ដាប់​មិន​ឮ​ទៀត ក៏​ប្រាប់​ទៅ​បង​ទាំង​ពីរ​នាក់​ថា «ខ្ញុំ​ស្តាយ​ត្រឡាច​ខ្ញុំ​មួយ​ទ្រើង​ណាស់ កំពុង​តែ​ផ្កា​ក្តិប​តូចៗ ស្រាប់​តែ​មេ​ជ្រូក​វា​ទៅ​ឈ្មុស​គល់​ដាច់​ងាប់​អស់» ។

បង​ទាំង​ពីរ​នាក់​ថា «អើ​ហង! ល្មម​ទៅ​ផ្ទះ​ក៏​ទៅ​ចុះ ល្ងាច​ណាស់​ហើយ ក្រែង​កូន​វា​យំ​រក» ។

ប្អូន​ស្រី​នោះ ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ព្រោះ​អ្នក​ទាំង ៧ នាក់ គឺ​បុរស-ស្រី្ត ប្តី​ប្រពន្ធ, ម្តាយ​ឪពុក, លោក​ភិក្ខុ-កុមារ​ជា​កូន​និង​ប្អូន​ស្រី សុទ្ធ​តែ​ថ្លង់​និយាយ​មិន​ចុះ​សម្រុង​គ្នា បាន​ជា​រឿង​នេះ​គេ​ហៅ​ថា រឿង​តម្លង់​៧​សន្តាន ។


ស្តាប់​មិន​ជាក់ កុំ​អាល​ញាក់​ចិញ្ចើម

ឯកសារយោង

កែប្រែ

ប្រជុំរឿងព្រេងខ្មែរភាគទី២

តំនភ្ជាប់ក្រៅ

កែប្រែ

វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត

សូមមើលផងដែរ

កែប្រែ

ប្រជុំរឿងព្រេងខ្មែរ