រឿងតាច័ន្ទរំលៀក
ដំណើររឿង
កែប្រែមានរឿងមួយ ដំណាលថា : កាលនោះ មានព្រៃមួយធំ មានខ្លាសាហាវ តែងខាំមនុស្សជាច្រើន នឹងចូលទៅរកបោចផ្ដៅវល្លិពុំបាន ។ គ្រាដែលតាចន្ទគាត់ចូលទៅបោចវល្លិក្នុងព្រៃនោះ ខ្លាវាលបចេញពីក្នុងព្រៃ ប៉ងនឹងខាំតាចន្ទ ដែលចូលទៅបោចវល្លិ ។ តាចន្ទ ឃើញវាមុន ហើយគាត់រកពុទ្ធោថា ៖
“ឱ ! ពុទ្ធោៗ អើយ ! ឆ្នាំនេះឆ្នាំខាល ទឹកបែកពាសវាល ស្លាប់ខ្លាដំរី ស្លាប់អស់បក្សា ម្រឹគាបក្សី ស្លាប់ខ្លាដំរី គ្មានគង់តូចមួយ ។ ផ្ដៅអញនេះ អាណាវែងៗ អញព្យួរកូនចៅ អាណាខ្លីៗ អញព្យួរត្បាល់អង្រែ ឱសត្វទាំងឡាយអើយ ! ក្នុងឆ្នាំខាលនេះ នឹងស្លាប់អស់ហើយ គ្មានគង់ទេ ។”
តាចន្ទ និយាយរកពុទ្ធោយ៉ាងនេះ ជាច្រើនដង ខ្លាស្ដាប់បានឮច្បាស់ គិតថា ៖ “ គួរអញសួរតានេះចង់ដឹងមើល” ។ ទើបខ្លា សួរទៅតាចន្ទវិញថា ៖ “ តាអើយតា ! ក្នុងឆ្នាំខាលនេះ ទឹកធំមែនឬ ?” ។ តាចន្ទ ធ្វើភ្ញាក់និយាយទៅនឹងខ្លាថា ៖ “ ឱ ! ចៅ ! ឆ្នាំនេះទឹកធំណាស់ បានជាតាភ័យនឹងកូនចៅ ទើបតារកផ្ដៅ ដើម្បីចងព្យួរកូនចៅឲ្យផុតពីទឹក” ។ ខ្លាក៏មានចិត្តភិតភ័យនឹងពាក្យតាចន្ទ, គិតខ្លាចស្លាប់ ក៏ចូលមកជិត ហើយនិយាយនឹងតាចន្ទថា ៖ “ តាអើយ អាណិតចងព្យួរខ្ញុំ ឲ្យផុតពីទឹកផងបានឬទេ ?” ។ តាចន្ទឆ្លើយថា ៖ “ បាន មិនអីទេចៅ ! អង្គុយមកចាំតានៅទីនេះសិនចុះ” ។ ខ្លាក៏ចូលមកអង្គុយចាំ ។ លុះតាចន្ទបោចវល្លិផ្ដៅបាន ក៏ត្រកួញធ្វើជារំងក ហើយចូលទៅចងចង្កេះខ្លា ។ តាចន្ទកាន់គល់ផ្ដៅឡើងទៅលើដើមឈើខ្ពស់ ហើយបង្គាប់ខ្លាឲ្យលោតឡើង ។ តាចន្ទក៏ស្រាវទាញឡើងឲ្យផុតជើងខ្លា ពីដី រួចគាត់ចុះមកវិញ ។ ខ្លាសួរថា ៖ “ តា! ប៉ុណ្ណេះផុតពីទឹកហើយឬអ្វី ?” ។ តាចន្ទឆ្លើយថា ៖ “ ផុតហើយចៅ ! ។ តាចន្ទក៏កាន់កាំបិតទៅកាប់ឈើជាដំបូង ។ ខ្លាឃើញសួថា ៖ “ តា ! តាកាប់ដំបងធ្វើអ្វី ?” ។ តាចន្ទថា ៖ “ កាប់យកទៅផ្ទះ ក្រែងប្រទះនឹងសត្វឯទៀត វាប្រមាទតា” ។ ខ្លាឆ្លើយថា ៖ “ គ្មានខ្លាឯណាទេតា ! មានតែខ្ញុំនេះឯង តែងតែខាំគេរាល់ថ្ងៃ” ។ តាចន្ទដឹងថា ៖ “ ឱ ! អានេះជាសត្វកាច បើដូច្នេះ អញនឹងវាយឲ្យអស់ចិត្ត ក្នុងគ្រានេះ” ។ ទើបតាចន្ទកាន់ដំបងចូលទៅដល់ខ្លាថា ៖ “ ចៅនៅឲ្យស្ងៀម តានឹងមើលចំណងឲ្យ ក្រែងវារបូតលង់ទឹកស្លាប់” ។ ខ្លាក៏នៅស្ងៀម ទើបតាចន្ទលើកដំបងវាយខ្លាៗ ក៏ប្រឹងរើបម្រះ ស្រែករោទ៍ រលាករលួតស្បែកហើមខ្លួនជាខ្លាំង មុខគួរវេទនា ហើយខ្លាក៏ប្រឹងរើបម្រះ ក្រឡះខាំខ្សែផ្ដៅដាច់ គេចរត់ទៅ ។ តាចន្ទ ក៏វិលទៅខ្ទមចាំស្រែវិញ ។
និយាយពីខ្លាដែលរត់រួចទៅនោះ បានទៅជួបនឹងដំរីមួយ ដំរីឃើញខ្លាបោល ក៏ស្រែកសួរថា ៖ “ បងខ្លាឯង ភ័យនឹងអ្វី ក៏បានជាបោលមិនមើលក្រោយសោះ” ។ ខ្លាប្រាប់ទៅដំរីវិញថា ៖ “ បងអើយ ! អាចន្ទរំលៀក បញ្ឆោតវាយខ្ញុំហើមខ្លួនអស់” ។ ដំរីសួរថា ៖ " អាចន្ទរំលៀកនោះ នៅឯណា?” ។ ខ្លាប្រាប់ថា ៖ “ វាធ្វើស្រែនៅមាត់បឹងឯនោះ ។ ដំរីថា ៖ “ អញនឹងព្រេចឲ្យវាល្អិត កុំឲ្យវាធ្វើបាបគេ” ។ ខ្លាបោលហួសទៅ, ដំរីក៏ដើររកតាចន្ទនឹងព្រេច ជួបនឹងតាចន្ទហើយ តែដំរីមិនស្គាល់សួរថា ៖ “ តាៗស្គាល់អាចន្ទរំលៀកដែរឬ ?” ។ តាចន្ទ សួរដំរីថា ៖ “ ចៅឯងសួររកគាត់ធ្វើអី ? ដំរីឆ្លើយថា “ ខ្ញុំខឹងណាស់ វាបញ្ឆោតវាយខ្លាហើមខ្លួនអស់” ។ តាចន្ទឆ្លើយថា ៖ “ តាចន្ទ គាត់នៅខ្ទមស្រែត្រើយខាងកើតមាត់បឹង, ហ្ន ! ខ្ទមគាត់សៗនុះឯង” ។ ដំរីថា ៖ “ តាអាណិតជូនខ្ញុំទៅ បើខ្ញុំព្រេចវាស្លាប់ បានរបស់អ្វីប៉ុន្មានខ្ញុំជូនតាទាំងអស់” ។ តាចន្ទឆ្លើយថា ៖ “ តាអរណាស់ ចៅអើយ ! ប៉ុន្តែទឹកបឹងនេះជ្រៅណាស់ តាទៅមិនរួចទេ” ។ ដំរីថា ៖ “ បើទឹកជ្រៅ តាជិះលើក្បាលខ្ញុំមក” ។ តាចន្ទ ឆ្លើយថា ៖ “អើ បើដូច្នោះ ទៅក៏ទៅ” ។ តាចន្ទក៏កាន់កាំបិតព្រាមួយទៅផង, លុះទៅបានចម្ងាយមួយស្រែតាចន្ទ ក៏កាប់ក្បាលដំរី ៣ - ៤ កាំបិត មុតចេញឈាម ។
ដំរីក៏គេចបោលមកវិញ ដល់គោក រលាស់ទម្លាក់តាចន្ទ ហើយដំរីក៏បោលទៅជួបនឹងខ្លាឃ្មុំៗ ស្រែកសួរថា ៖ “ បងដំរីបោលអ្វីក៏គ្មានមើលក្រោយសោះ” ។ ដំរីប្រាប់ថា ៖ “ បងខ្លាឃ្មុំអើយ ! អាចន្ទរំលៀកបញ្ឆោតកាប់ក្បាលខ្ញុំឈាមអស់” ។ ឯខ្លាឃ្មុំ ក៏ជួយខឹងដំរី ហើយសួរទៅដំរីវិញថា ៖ “ អាចន្ទនោះ វានៅឯណា ?” ។ ដំរីប្រាប់ថា ៖ “ វានៅធ្វើស្រែនៅមាត់បឹងធំឯនោះ “ ។ ដំរីក៏បោលបាត់ ។ ខ្លាឃ្មុំ ក៏មានចិត្តខឹងគុំគួន ប្រមាថ នឹងខាំបំបែកក្បាលតាចន្ទឲ្យស្លាប់ ។ លុះថ្ងៃក្រោយ ខ្លាឃ្មុំដើរៗទៅ ឃើញតាចន្ទភ្ជួរស្រែពេលព្រឹក ។ ខ្លាឃ្មុំនឹកថា ៖ " នេះហើយ តើអាចន្ទរំលៀកនោះ ដូច្នេះអញពួនចាំនៅនេះចុះ ចាំវាមកជិត អញលោតទៅខាំវាឲ្យបាន” ។ ខ្លាឃ្មុំក៏ក្រាបចាំនៅសំយាបព្រៃ ។ តាចន្ទមិនដឹងខ្លួន ។ តាចន្ទភ្ជួរស្រែយូរ ក្រទៅ ខ្លាឃ្មុំក្រោកអើតមើលមក ។ តាចន្ទឃើញខ្លាឃ្មុំអើតដូច្នោះ គាត់គិតថា ៖ “ សត្វនេះ វាចង់មកប្រមាថធ្វើទុក្ខអញទៀតហើយ” ។ តាចន្ទប្រុងខ្លួន ហើយវាយដេញក្របីថា ៖ “ ហី ! អានាងខំទាញឡើង តាយកឃ្មុំឲ្យស៊ី ឃ្មុំតែពីរសម្បុក កំពុងពេញទឹកផ្អែម” ។ តាចន្ទ គាត់ថាយ៉ាងនេះជាច្រើនដង ។ ខ្លាឃ្មុំឮច្បាស់ ក៏មានចិត្តចង់ស៊ីឃ្មុំ ហើយឆ្លើយមកនឹងតាថា ៖ “ តាៗ ! ចែកខ្ញុំស៊ីផង” ។ តាចន្ទឆ្លើយប្រាប់ទៅខ្លាឃ្មុំវិញថា ៖ “ ចៅអើយ ឃ្មុំតាតែពីរសម្បុកទេ ទុកឲ្យក្របីវាស៊ីមួយម្នាក់ សោះញ័រខ្លួន បើចៅចង់ស៊ី ចូលមកនិយាយគ្នាសិន” ។ ខ្លាឃ្មុំ ក៏ចូលមកអង្គុយ ។ តាចន្ទថា ៖ “ បើចៅចូលចិត្តស៊ីដែរ នឹងឲ្យស៊ីទាំងអស់តែម្ដងទៅ ខ្លាចក្រែងក្របីវាខឹងព្រោះវាធ្លាប់ស៊ីដែរ តែតាគិតថា ចៅឯង ឲ្យតាទឹមភ្ជួរស្រែ បានមួយព្យាមចុះ តានឹងឲ្យចៅស៊ីទាំងពីរសម្បុកតែម្ដង ឯក្របីតា ឲ្យវាអត់សិនទៅចុះ សឹមរកទៀត” ។ ខ្លាឃ្មុំស្ដាប់ ត្រូវចិត្តនឹងចំណីនោះ ព្រោះត្រូវចំណង់របស់ខ្លួន ក៏អរណាស់ថា ៖ “ បើដូច្នេះ ឲ្យតាដោះក្របីចេញចុះ” ។ តាចន្ទ ក៏ដោះក្របីចេញមួយរំពេច ។ ខ្លាឃ្មុំ ក៏ចូលទៅឲ្យតាចន្ទទឹម ដាក់ខ្សែទាមចងរឹតរួចស្រេច ។ តាចន្ទគាត់ស្ទុះទៅកាន់កន្ទុយយាមនង្គ័ល ហើយដេញថា ៖ " ហី ! អានាងខំឡើងតាយកឃ្មុំឲ្យស៊ី ឃ្មុំតែពីរសម្បុក កំពុងពេញទឹក" ។ ខ្លាឃ្មុំ ខំប្រឹងទាញនង្គ័លពុំកក្រើកឡើយ ។ តាចន្ទគាត់ខឹង ក៏លែងកន្ទុយយាមនង្គ័លបែរទៅវាយឯខ្លាឃ្មុំៗក៏ខំប្រឹងរើបម្រះ ។ តាចន្ទវាយខ្លាំងណាស់ ដល់ទៅបែកហើមខ្លួនទាំងមូល ។
លុះខ្លាឃ្មុំរើរួច បោលទៅជួបនឹងចចកៗ សួរខ្លាឃ្មុំថា ៖ “បងខ្លាឃ្មុំ បោលអីគ្មានមើលក្រោយម្ល៉េះ ?” ។ ខ្លាឃ្មុំប្រាប់ទៅវិញថា ៖ “ បងចចកអើយ ! អាចន្ទរំលៀក វាបញ្ឆោតវាយខ្ញុំ ហើមខ្លួនអស់” ។ ហើយខ្លាឃ្មុំបោលទៅ ។ ចចកក៏អួតថា ៖ “ បើដូច្នោះ ទុកឲ្យអញទៅហែកលបតាចន្ទ យកត្រីចែកគ្នាស៊ី ឲ្យអស់ កុំទុកឲ្យវាឡើយ” ។ លុះព្រឹកឡើង តាចន្ទ គាត់កាន់កាំបិតព្រាមួយនិងច្រវាមួយ ទៅលើកលបគាត់ក្នុងបឹង ។
និយាយពីចចក មកដល់កណ្ដាលផ្លូវជួបនឹងខ្លាត្រីមួយ ។ ចចកក៏បបួលខ្លាត្រីថា ៖ “ បងខ្លាត្រី ទៅស៊ីត្រីនឹងអញ” ។ ខ្លាត្រីតបថា ៖ “ បងចចកឯង បានត្រីពីណា ?” ។ ចចកថា ៖ “ អញទៅហែកលបអាចន្ទរំលៀកចែកគ្នាស៊ី” ។ ខ្លាព្រមតាមចចក ក៏មកអង្គុយនៅមាត់បឹង យូរបន្តិច ឃើញតាចន្ទអុំទូកមក ចចកសួរថាបុរសចំណាស់ថា ៖ “ តាស្គាល់អាចន្ទរំលៀកដែរឬទេ ” ។ តាចន្ទតបថា ៖ “ ស្គាល់ដែរ តែអាចន្ទនោះ វានៅត្រើយបឹងខាងឯណោះទេ” ។ ចចកថា ៖ “ បើដូច្នេះអាណិតជូនខ្ញុំទៅ បើខ្ញុំហែកលបវាបានត្រី ខ្ញុំចែកតាពាក់កណ្ដាល” ។ តាចន្ទថា ៖ “ ទៅក៏ទៅ ត្បិតលបតា ក៏វាពុំត្រូវផង” ។ ថាហើយចចកក៏លោតទំក្បាលទូក ។ តាចន្ទថា ៖ “ ចៅកុំទៅអង្គុយក្បាលទូក វាលិចណា ! មកអង្គុយខ្ទង់មុខតាឯណេះ ទើបវាមិនលិច” ។ ចចកក៏មកអង្គុយនៅមុខតាចន្ទ ហើយហៅខ្លាត្រីថា ៖ “ មកបង ប្រញាប់នឹងអាលទៅ” ។ ខ្លាត្រីថា ៖ “ បងចចក អញមិនហ៊ានទៅទេ អញក្រែងតាចន្ទហើយនេះ” ។ ចចកបែរមើលក្រោយថា ៖ “ មិនមែនទេ” ។ តាចន្ទគាត់នៅស្ងៀម ។ ខ្លាត្រីក៏ឡើងមកអង្គុយទឹមគ្នានឹងចចក ។ តាចន្ទគាត់អុំទូកទៅប្រមាណ ១០ ព្យាមពីច្រាំង គាត់កាប់ក្បាលចចកមួយកាំបិត ។ ចចកលោតធ្លាក់ទឹក ខ្លាត្រីក៏លោតធ្លាក់ទឹកទាំងអស់គ្នា ។ ខ្លាត្រីបន្ទោសចចកថា ៖ “ អញថាតាចន្ទហើយ ឯងថា មិនមែនតាចន្ទទេ” ។ ចចកថា ៖ “ កុំមាត់ ខំតែហែលទៅ” ។ សត្វទាំងពីរ ក៏ហែលដល់គោក ហើយបោលទៅ ។ តាចន្ទនៅធ្វើស្រែស្រូវរួចហើយក៏ទៅផ្ទះ បានសេចក្ដីសុខសប្បាយ ។
ក្រោយមកតាចន្ទ មានចិត្តសង្វេគថា “ ឱ ! សត្វទាំង៤ នេះនឹងចងវេរានឹងអញតទៅមុខពុំលែង ហើយវានឹងធ្វើបាបអញនេះមិនខាន ដូច្នេះគួរអញទិញដែកឲ្យច្រើន ធ្វើកាំបិតកោរដងដែកឲ្យបាន ៥០ ឬ ៦០ ទុកបំរុងការពារខ្លួនដែលស្លាប់ទៅ ។ តាចន្ទ ធ្វើកាំបិតបានស្រេចហើយ គាត់ក៏ហៅកូនចៅមកផ្ដាំថា “ បើអញស្លាប់ទៅហើយ យកអញទៅកប់ ឲ្យយកកាំបិតទាំងអស់នេះទៅដាក់លើផ្នូរកុំខាន ចូកដីលប់ឲ្យជិត លុះដល់៥ - ៦ ថ្ងៃ ឲ្យកូនចៅមើលផ្នូរអញកុំខាន “ ។ តាចន្ទ ផ្ដាំកូនចៅរួចហើយ គាត់ក៏មានជម្ងឺឈឺក្ស័យទៅ កូនចៅក៏យកខ្មោចតាចន្ទទៅកប់ ធ្វើដូចបណ្ដាំគាត់មិនហ៊ានខាន ។
និយាយពីសត្វទាំង ៤ ដែលមានវេរានឹងគ្នានោះ កាលតាចន្ទស្លាប់ទៅបាន ៣ ថ្ងៃ សត្វចចកស៊ើបដឹងថា តាចន្ទស្លាប់ ក៏ទៅប្រាប់ខ្លាឃ្មុំៗ ប្រាប់ដំរីៗ ប្រាប់ខ្លាធំ ភ្ជុំបបួលគ្នាចូលមកកាយខ្មោចតាចន្ទរំលៀកស៊ី ។ ចចកកាយចុងជើង ខ្លាឃ្មុំកាយក្បាល ខ្លាធំកាយកណ្ដាលខ្លួន ។ ឯដំរីឈរចាំមើល ឃើញសត្វទាំង ៣ មុតជើងពិការជាខ្លាំង ដួលដេកអស់ ។ ដំរីខឹងនឹងខ្មោចតាចន្ទថា “ ជើ ! អាចន្ទ កាចតាំងពីរស់ទាល់តែស្លាប់ មិនលែងកាចសោះ ទុកឲ្យអញឈូសតែម្ដងឲ្យប៉ើងខ្មោចមកនៅលើគោក” ។ ដំរីខឹងណាស់ លើកជើងឈូសជាខ្លាំង ត្រូវនឹងកាំបិតមុតពេញជើង ក៏ដេកដួលទាំងអស់គ្នា ។
ដល់កំណត់ថ្ងៃ ៧ កូនចៅតាចន្ទ នាំគ្នាទៅមើលខ្មោច ស្រាប់តែឃើញដំរី ខ្លា ចចក ស្លាប់ខាងផ្នូរ ក៏នាំគ្នាពន្លះយកសាច់ ស្បែក ឆ្អឹង ភ្លុក មកលក់យកប្រាក់ធ្វើបុណ្យ ឧទ្ទិសបញ្ជូនឲ្យខ្មោចតាចន្ទរំលៀកជាសូរេចហោង ។
ឯកសារយោង
កែប្រែប្រជុំរឿងព្រេងខ្មែរភាគទី១