រឿងតាថេននិសិស្ស៣នាក់

គតិលោក > គតិលោក ភាគ​ ទី ១ > រឿងតាថេននិសិស្ស៣នាក់

រឿងតាថេន និង សិស្សបីនាក់

កែប្រែ


ឯរឿងចៅសននោះ ដើមឡើយមានសាមេណរ ១ អង្គ អ្នកស្រុកគេតែងហៅ លោកតាថេន លោកតាថេននោះជានេនខ្ជីខ្ជា លួចមាន់វត្ត ស្ងោរផឹកស្រាស៊ីបាយល្ងាចតែរឿយៗ មានមនុស្ស ៣ នាក់រួមចូលផឹកស៊ីជាមួយផង ។ លុះនៅយូរមកតាថេន រកប្រាក់ នឹង ទិញស្រាពុំបាន ហើយគិតកែ្រងនៅយូរទៅ អ្នកស្រុកគេដឹងថានេនផឹកស្រាគេនឹងបេណ្តញបំបរចាកអារាម ទើបនិយាយពិគ្រោះគ្នា នឹង មនុស្សទាំង៣ នាក់នោះថា យើងនៅក្នុងស្រុកធំនេះ អត្តខាត់ប្រាក់ចាយណាស់ ឧបាសកឧបាសិកា ញោមវត្តនេះ គេក៏ពុំមានសទ្ធាធ្វើបុណ្យធ្វើទាន នឹង យើងឡើយ ។ បើដូចេ្នះ គួរយើង ចេញទៅស្រុកក្រៅ ដើរកកែខៃកុហកបញ្ឆោតអ្នកស្រុកស្រែចំការ ដោយឧបាយកល ផ្សេងៗ គឺអញធ្វើជាលោកធុតង្គរុក្ខមូល ចៅឯង៣នាក់ ធ្វើជាកូនសិស្សឧបដ្ឋាកដើរ តាមក្រោយ ដើរនិយាយបញ្ចុះបញ្ចូលបបួលពួកអ្នកព្រៃអោយគេជឿថា អញវិសេស គេក៏និមន្តធ្វើបុណ្យទាន បានចតុប្បច្ច័យ ហើយសូមយើងកែខៃទិញបាយ ទិញស្រាផឹក ទៅតាមកាល ។

ឯមនុស្សទាំង៣នាក់នោះ ក៏យល់ព្រមតាមតាថេន ក៏រៀបរកឆ័ត្រមុងធុតង្គ នូវ គ្រឿងបរិក្ខារបានព្រមហើយ ទើបនាំមនុស្ស៣នាក់នោះ ចេញចាកស្រុកធំ ដើរទៅ កាន់ស្រុកលើ តាថេនក៏កែ្លងខ្លួនជាលោកសង្ឃធុតង្គដោយព្រៃ ដល់វេលាព្រឹកក៏ចូល ទៅបិណ្ឌបាតក្នុងស្រុកតាមលំដាប់ផ្លូវ ឯបណ្តាមហាជន អ្នកស្រុក ក្រៅកាលបើបាន ឃើញតាថេននោះហើយ ក៏នឹកស្មានថាជាលោកសង្ឃរុក្ខមូលដោយសុចរិត ទើបនាំ គ្នាដាក់បាតប្រគេនចតុប្បច្ច័យផ្សេងៗ អ្នកខ្លះនិមន្តឆាកមហាបង្សុកូល អ្នកខ្លះនិមន្តដារ ឆាន់ធ្វើបុណ្យផ្សេងៗ តាមសទ្ធា អ្នកកាន់ព្រះពុទ្ធសាសនា។ តាថេនបានលាភសក្ការៈ ហើយ ក៏ធ្វើជាសង្រួមអិន្រ្ទីយស្រគត់ស្រគំ ពុំសូវនិយាយស្តីអ្វីច្រើនឡើយ ។

ឯមនុស្ស៣នាក់នោះ តែទៅដល់ទីណាវាក៏នាំនិយាយសរសើរអួតគុណតាថេន ប្រាប់អ្នកស្រុកនោះថា លោកគ្រូយើងនេះ លោកវិសេស ខាងផ្លូវក្នុងពេកណាស់ ទាំងទឹកមន្តក៏ពូកែ ចេះទាំងយឹតមើលហួយ មើលប៉ោក៏ឆុតឆាប់ តែលោកជាអ្នកសន្ដោស មិនមានចិត្តលោភោ ទេ បើអ្នកណាត្រូវចិត្តលោក លោកក៏ប្រោសអោយទានបានសំរេចប្រយោជន៏គ្រប់ប្រការ ពួកយើង៣នាក់ ក៏ឧស្សាហ៏ដើរតាមលោកទាំងម្ល៉េះ នេះ ព្រោះឃើញសិល្បវិជ្ជា ការនោះមែនទែនណាស់ ។

ឯពួកមហាជនទាំងឡាយ កាលបើបានស្តាប់ពាក្យអ្នកទាំង៣នាក់ ស្រដីអួតតាថេនដូច្នោះហើយក៏ជឿតាម ទើបនាំគ្នានិមន្តតាថេនសូត្របូជា ព្រះគ្រោះ ខ្លះសូមទឹកមន្ត ខ្លះសូមខែ្សក ខែ្សចង្កេះខ្លះ តាថេនក៏បានលាភសក្ការៈបរិបូណ៌ដោយ ពួកអ្នកក្រៅរាប់អាន តែដល់ពេលយប់ស្ងាត់ ចៅ៣នាក់ វាទៅលួចទិញស្រាទិញបាយមកលៀងគ្នាក្នុងព្រៃតាមវិស័យកិរិយាពាល ។

ឯតាថេននិងអ្នក៣នាក់ វាប្រព្រឹត្តការកោងយ៉ាងនេះរៀងៗទៅតាមផ្លូវ។ លុះថ្ងៃ១ តាថេននាំគ្នាទាំង៣នាក់ដើរទៅដល់ភូមិគោក១ ទើបចូល ទៅកាន់ភូមិនោះ ហើយទៅអង្គុយក្រោមម្លប់ដើមស្វាយខាងជើងភូមិ។ ឯចៅ៣នាក់ វានាំគ្នាចូលទៅក្នុងភូមិនិយាយឃោសនាប្រាប់អ្នកស្រុក ថា លោកធុតង្គនិមន្តមកគង់នៅខាងជើងភូមិនោះឯង បើបងប្អូនត្រូវការប្រាថ្នាការអ្វីៗ ក៏អញ្ជើញយកទឹកតែ ស្ករស ស្លាបារីទៅប្រគេនលោក ចុះ លោកនិមន្តមកនេះ គឺមកចង់ប្រោសសត្វហើយ អ្នកណាចង់បានខែ្សក ខែ្សចង្កេះ ទឹកមន្តការពាររោគអាសន្ន កម្មផ្សេងៗ ក៏សូមអញ្ជើញ ទៅរកលោកអោយឆាប់ចុះ ។

ឯបណ្តាមហាជនប្រុសស្រី នៅទីភូមិនោះលុះលឺថា លោកធុតង្គរុក្ខមូលវិសេស មកដូច្នេះហើយ ខ្លះក៏បានស្លាបារី ខ្លះក៏បានទឹកក្ដៅ ទឹក ត្រជាក់នាំគ្នាទៅរកតាថេន ដល់ហើយក៏ថ្វាយបង្គំសួរទទួលបដិសណ្ឋារៈ ប្រគេនទឹកស្រង់ទឹក ឆាន់ ស្លាម្លូភេសជ្ជៈតាមសទ្ធា ហើយសំពះសួរ ថា ព្រះករុណាម្ចាស់និមន្តមកពីស្រុកណាព្រះករុណា។ តាថេនឆ្លើយថា ៖

- ចំរើនពរអាត្មាភាពនេះនៅក្នុងក្រុងចេញមកធុតង្គយូរខែហើយទើបតែថ្ងៃនេះ មានហេតុជាការមិនស្រួលនៅភូមិស្រុកញាតិញោមនេះ បានជាអាត្មាភាពខំឧស្សាហ៍ដើរមកនេះ ។

ឯពួកអ្នកស្រុកនោះលុះលឺតាថេនថា ដូច្នេះហើយ ក៏កើតសេចក្តីសង្ស័យឡើងគ្រប់គ្នា ទើបនាំគ្នាសួរតបថា ៖

ករុណាម្ចាស់,មានពុទ្ធដិកានេះយល់ប្លែកពេកណាស់ចុះលោកម្ចាស់ យល់ហេតុភូមិ យើងនេះមិនស្រួលយ៉ាងណា? តាថេនថា ៖

ញាតិញោមអើយ, អាត្មាអង្គុយធម៌យប់មិញនេះ ក៏ឃើញហេតុអន្តរាយ នឹង កើតមានដល់ញាតិញោម ក្នុងភូមិនេះទាំងអស់គ្នា គឺឃើញ ថា ភូមិនេះនៅតែ៧ថ្ងៃទៀត នឹងមានអសនីបាត គឺរន្ទះបាញ់មកត្រូវ ភូមិនេះដល់នូវសេចក្តីវិនាសសូន្យទាំងភូមិជាម្តង អាត្មាគិតអាណិតដល់ ញាតិញោមរាល់គ្នាណាស់ បានជាខំឧស្សាហ៍មកនេះ ប្រាថ្នា នឹង ប្រាប់សេចក្តីនោះអោយញាតិញោមបានដឹងខ្លួនជាមុន ថាបើញោមឯណា ចង់អោយរួចអំពីកាឡកិណីសេចក្តីវិនាសនោះមានតែរើផ្ទះសំបែងចេញអំពីទីចាស់ទៅតាំងនៅភូមិក្រៅជាថ្មីទៀត នោះទើបបានផុតភ័យអំពី អសនីបាតនោះបាន ។

ឯបណ្តាមហាជនទាំងឡាយនោះ លុះលឺតាថេនថាដូច្នេះហើយ ក៏កើតសេចក្តីភិតភ័យទាំងអស់គ្នា ទើបតបថា សូមទានករុណាម្ចាស់ បើដូច្នេះសេចក្តីភ័យនោះ នឹង មានដល់យើងខ្ញុំហើយ តែថាការដែលថារើផ្ទះសំបែងអំពីភូមិនេះចេញទៅនោះ យល់ថាជាការលំបាកណាស់ បើដូច្នេះករុណាម្ចាស់ នឹងមានឧបាយកលល្មមឧបទេស កែខៃសេចក្តីអន្តរាយអំពី រន្ទះនោះជាបានខ្លះឬទេ ឱ! ញាតិញោមចង់គិតកែខែឧប ទេសនោះ ចាំអាត្មាអង្គុយធម៌មើលសិន ថាហើយ តាថេនតាំងឧជទៀនធូប ហើយតាំងសមាធិអង្គុយធ្មេចភ្នែកបានតិច ក៏បើកភ្នែកហើយថា បានញោម តែត្រូវខាតទុនខ្លះទើបអាចធ្វើបាន។ ករុណាម្ចាស់មិនអីទេ ទោះបង់ខាតធនធានប៉ុន្មានៗ ក៏មិនថាដែរ ធ្វើមេ្តចឯងដល់នូវសេចក្តី វិនាសហើយ សូមនិមន្តលោកគ្រូម្ចាស់បង្គាប់ចុះ។ តាថេនក៏ធ្វើជាមាយាហើយប្រាប់ថា អោ! ញាតិញោមអើយ អាត្មានេះជាសង្ឃផង នឹង បង្គាប់បញ្ជាទៅក៏ដូចជាមិនគួរ នឹង ភេទឯងជាសមណៈនោះសោះ ត្បិតភ្លើងរន្ទះនោះតាមបាលីថា អសនី គឺថាអសុរាប្រែថាយក្ខខ្មោចនោះ វាគាប់ចិត្តតែនិងស្រា បាយសាច់ញាំភ្លាមាន់ស្ងោ ររៀបបូជាពលិការវា ហេតុនោះបានជាអាត្មាទាស់ណាស់ ព្រោះឯងជាលោកសង្ឃ ។ ករុណា ម្ចាស់ កុំព្រួយព្រះហរិទ័យឡើយនិមន្តបង្គាប់ចុះ យើងខ្ញុំនឹងធ្វើតាម ។

តាថេនបានឱកាសដូច្នេះហើយ ក៏អោយធ្វើរោងពិធី១ខ្នង នៅក្រៅភូមិហើយអោយធ្វើរាជវ័តិ ទង់ ឆ័ត្រ ស្លាធម៌ បាយសី ជមចារ គ្រឿង ចំអាប បង្អែមផ្សេងៗ យកទៅតាំងនៅរោងពិធី។ ឯមនុស្សទាំងឡាយ ក៏នាំគ្នាធ្វើតាមពាក្យតាថេននោះសព្វប្រការ ឯតាថេនក៏នាំគ្នា៣នាក់ ចូលទៅក្នុងរោង ហើយយកអំបោះចងព័ទ្ធសីមា៧ជាន់ ហើយប្រាប់អ្នកស្រុកថា ញាតិញោមទាំងអស់នេះ សុទ្ធសឹងជាមនុស្សមានគ្រោះធំ ត្រូវតែនៅក្រៅរោងពិធីនេះ តាថេនថាហើយទើបសរសេរសំបុត្របិទនៅមាត់ទ្វារនោះថា កុំអោយនរណាចូលក្នុងរោងពិធីនេះឡើយ ថាបើ នរណាកាត់អំបោះសីមាកន្លងចូលដល់ ក្នុងរោងហើយអ្នកនោះ នឹង ទៅជាឆ្កួតឈឺស្លាប់កើតវិបត្តផ្សេងៗ។ បណ្តាអ្នកស្រុកធ្វើតាមតាថេន ហាមទាំងអស់ នាំគ្នាហាមកូនចៅកេ្មងតូចធំ កុំអោយចូលទៅក្នុងរោងពិធីនោះ ។

ឯតាថេនបានអោកាសស្ងាត់ហើយ ក៏នាំគ្នាទាំង៣នាក់ ស៊ីបាយផឹកស្រាតាមអំពើពាល លុះស្រវឹងស្រាខ្លាំងក៏តាំងនិយាយកោកៗ ប្រកែកគ្នា ទៅវិញទៅមក គឹកកងក្នុងរោង លុះដល់នៅបានពីរបីថ្ងៃមានកេ្មងប្រុសម្នាក់អាយុ ១៤ ឬ១៥ឆ្នាំឈ្មោះចៅ សន កេ្មងនោះវាទៅឃ្វាលក្របីនៅ វាលស្រែ។ ដល់ពេលថ្ងៃល្ងាចត្រជាក់ ចៅសន វាដេញក្របីទៅផ្ទះបរទៅខាងរោងពិធីនោះ បានលឺសំលេងចៅពាលទាំង៤នាក់ផឹក ស៊ីប្រកែក គ្នាកោកកាកដូច្នេះហើយ ចៅសនគិតថាសំលេងយ៉ាងនេះ ទំនងជាមនុស្សស្រវឹងស្រា យ៉ាងលោកសង្ឃនោះផឹកស្រាទេដឹង បើដូចេ្នះគួរអញ លបទៅមើលអោយជាក់ច្បាស់ ទោះវាឆ្កួត ឬ ឈឺចាប់យ៉ាងណាក៏តាមចុះ អញប្រថុយលបមើល គិតហើយក៏ដើរលបចូលទៅដល់ប្រប ជញ្ជាំងរោង ហើយលួចបើកស្លឹកត្នោតដែលបាំងនោះគន់មើលទៅក្នុងរោង ក៏ឃើញចៅពាលទាំង៤នាក់ អង្គុយដំកងគ្នាស៊ីបាយ ផឹកស្រា ដោយអំពើពាល។ ចៅសនឃើញច្បាស់ហើយក៏នឹកថា យីអាដែងអស់នេះ ផឹកស្រាស៊ីបាយល្ងាចទេតើពុទ្ធោៗ ឱ ម៉ែឳអញទៅជឿអាពួកនេះ ឆ្កួតទទេ ទាំងអ្នកស្រុកក៏ជឿចុះចូលវា អោយវាបញ្ឆោតអស់ខ្លួនមែនហើយ បើដូច្នេះគួរអញ ទៅប្រាប់ម៉ែឳអោយគាត់បានដឹងផងចុះ គិត ហើយក៏ដើរថយចេញម្នីម្នារត់ត្រង់ទៅផ្ទះ បានឃើញម្តាយនៅលើផ្ទះ ចៅសនក៏ប្រាប់ម៉ែ ម៉ែ! ម៉ែឯងទៅជឿអីលោកសង្ឃធុតង្គនោះមិនពិត ជាលោកសង្ឃល្អទេ វាកែ្លងក្លាយទេម៉ែ ខ្ញុំបានឃើញវាផឹកស្រា ស៊ីបាយល្ងាចអំបាញ់មិញនេះឯង ។

ឯនាងជាម្តាយបានលឺពាក្យកូនប្រាប់ដូច្នេះហើយ ក៏ពុំមានសតិសម្បជញ្ជៈ នឹងត្រិះរិះអោយច្បាស់លាស់ដោយជឿពាក្យតាថេនថា នរណា កាត់សីមាចូលក្នុងរោងពិធីលោក អ្នកនោះនឹងឆ្កួតប្រាកដ ទើបកើតភិតភ័យតក្កមាហើយសួរថា “ចៅសន ឯងចូលទៅក្នុងរោងពិធីលោក ឬអី?” ចៅសនថា “បាទខ្ញុំបាទលួចលបចូលទៅឃើញ វាកំពុងតែផឹកស៊ីទាំង៤នាក់ណា៎ម៉ែ” ម្តាយថា “ឱ កូនអើយ លោកបានហាមទាំង អស់គ្នាថា កុំអោយនរណាចូលទៅក្នុងសីមារោងពិធីលោក ឥឡូវកូនឯងចូលទៅនោះ ត្រូវដូចលោកថា អ្នកណាចូលហើយអ្នកនោះនឹង ឆ្កួតមិនខាន ឥឡូវឯងឆ្កួតហើយ តើកូនគួរអីទៅថាលោកសង្ឃផឹកស្រានោះ លោកជាអ្នកដើរធុតង្គវិសេសណាស់ ។

ចៅសនប្រកែកថា “ម៉ែឯងមិនជឿខ្ញុំឬ? ខ្ញុំបានឃើញច្បាស់នឹងភ្នែកហើយ អាដែងទាំង៤នាក់នោះ វាមកកែ្លងបញ្ឆោតគេយកលាភទេ អ្នក ណាទៅជឿវាក៏គង់ នឹង ខូចខ្លួន។ ឯនាងម្ដាយមិនស្តាប់ ចេះតែថា អាឯងចូលក្នុងសីមាលោកវាឆ្កួតមែនហើយ។ ឯបណ្តាពួកញាតិនៅជិតខាង បានលឺចៅសននិងម្តាយប្រកែកគ្នាដូច្នេះហើយសឹងឆោឡោឡើងទៅសួរថា ម្តេចចៅសនវាចូលទៅក្នុងសីមាលោកនោះឬអី? នាងម្តាយក៏ ប្រាប់ទៅថា អើឯងអើយវាចូលទៅក្នុងសីមាលោក ឥវាឆ្កួត វរណាស់ទៅតាំងតែជេរលោកសង្ឃនោះផ្សេងៗ ។

ឯពួកញាតិក៏នាំគ្នាស្តីបន្ទោសចៅសន ហើយថាឆ្កួតមែនហើយ ធ្វើម្តេច នឹង រកគ្រូឯណានឹងមើលបាន។ ឯចៅសន លឺពួកញាតិបន្ទោស ដូច្នេះហើយ ក៏ខឹងណាស់ តាំងជេរដាសពាសទៅ ដល់ប្រកែកនឹងគេមិនឈ្នះ វាក៏យំផងព្រោះដោយសារកេ្មង ឯពួកញាតិក៏រិតតែជឿថា ចៅសនឆ្កួតមែន គឺពីដើមគ្រាន់តែថាលោកសង្ឃផឹកស្រា ឥឡូវ វរខ្លាំងតាំងយំជេរគេឯងតែផ្តាស មិនស្គាល់ចាស់កេ្មងផង ឯនាងម្តាយនោះ ក៏ភិតភ័យ ទើបរត់ទៅឯរោងពិធីតាថេន ដល់ហើយស្រែកហៅទៅថា “ឱ ករុណាម្ចាស់សូមេមត្តាប្រោសសត្វ សូមទាននិមន្តចេញមកខាង ក្រៅរោងសិន ត្បិតសត្វកើតវិបត្តិហើយ ព្រះគុណម្ចាស់” ។

ឯតាថេន លឺនាងសិកា និមន្តអោយចេញដូច្នេះ ក៏ស្ទុះម្នីម្នាជូតមាត់ជូតកស្អាតហើយតាំងគ្រងចីវរជាបរិមណ្ឌលពាក់ ផ្គាំកាន់ឈើច្រត់ដើរ លបៗចេញមកក្រៅហើយសួរ “កើតអីញោម បានជាភិតភ័យ រលះរលាំងយ៉ាងនេះ។ នាងសិកានោះ ក៏អង្គុយលុតជង្គង់ប្រណម្យដៃទូលថា “លោកម្ចាស់ឥឡូវនេះចៅសនកូនខ្ញុំករុណាវាចូលមកក្នុងសីមាលោកម្ចាស់ ឥឡូវកើតវរ ទៅជាឆ្កួតពុំដឹងអី ចេះតែសែ្រកយំជេរគេឯងពាស ទៅជេរត្រូវទាំងលោកម្ចាស់ផង”។ តាថេនឆ្លើយថា “ញោម អាចក្តី (អាចក្តី អ្នកដឹងសេចក្តីខុសត្រូវ ពាក្យបព្វជិតនិយាយជំនួសឈ្មោះ ខ្លួន និយាយទៅរកគ្រហស្ថ ដូចពាក្យអាត្មាដែរ ឥឡូវមិនឃើញមានប្រើពាក្យអាចក្តីនេះទេប្រើ អាត្មាវិញ) បានហាមហើយថា កុំអោយប្រហែស អោយហាមកូន ហាមចៅកុំអោយវាចូលក្នុងសីមាពិធីនេះ កែ្រងវាកើតហេតុឥឡូវមែនៗ ដូចពាក្យអាចក្តីថា ចុះឥឡូវនេះវានៅឯណាកូន ញោមនោះ។ ករុណាម្ចាស់វានៅឯផ្ទះខ្ញុំករុណាឯនោះ។ អើបើដូច្នេះ ញោមទៅនាំខ្លួនវាមកឯរោងពិធីនេះ អាចក្តី នឹងមើលរោគឆ្កួតនោះណា៎ ញោម នែញោម ពាក្យចាស់លោកថាបន្លាមុត តោងយកបន្លាជោះ ទឹកចូលត្រចៀកតោងយកទឹកចាក់ រោគឆ្កួតកើតមកពីរោងពិធី តោងមក មើលរក្សា ឯរោងពិធីទើបសះស្បើយបាន ។

ឯនាងសិកានោះក៏សំពះលាតាថេន វិលទៅពឹងបងប្អូនប្រុសៗ ៣-៤នាក់អោយជួយចាប់យកខ្លួនចៅសនមកប្រគល់អោយតាថេន។ ឯចៅ សននោះត្រូវគេចាប់ដឹកនាំទៅដូច្នោះ ក៏រិតតែខឹង នឹង ពួកញាតិតាំងបំរះននៀលជេរគេជេរឯង ហើយយំទៅតាមភាសាកេ្មង តែធន់ពុំបាននឹង កំលាំងមនុស្សចាស់គេក៏នាំគ្នាចាប់សែងពនាំទៅដល់រោងពិធីនោះ។ ឯតាថេនក៏បបួលគ្នាទាំង៣នាក់ចេញមកក្រៅរោងហើយទទួលយកចៅ សនចូលទៅក្នុងរោង តាថេនក៏ប្រាប់ទៅថា ញោមទាំងអស់គ្នាសុទ្ធតែជាអ្នកមានគ្រោះ នឹង នៅជិតរោងពិធីនេះពុំបាន កែ្រងខ្មោចព្រាយអសនី នោះវាចូលរូប អាត្មានឹងស្រោចទឹកមន្តចៅសន ហើយខ្មោចដែលនៅក្នុងរូបចៅសន វានឹងស្រែកជាខ្លាំងពុំខាន បើដូច្នេះ ចូរញាតិញោមទាំង អស់គ្នា ចៀសចេញទៅផ្ទះវិញអោយឆាប់ កុំនៅយូរកែ្រង ខ្មោចវាចូល ឯរូបចៅសននេះមិនអីទេ តែស្អែកខានស្អែកគង់ នឹង ជាមិនខាន ។

ឯពួកញាតិចៅសនលឺតាថេនថាដូច្នោះ ក៏នាំគ្នាសំពះលាលោកតាថេនវិលទៅផ្ទះទីទៃៗទៅ។ ឯតាថេនចូលទៅក្នុងរោងពិធី ហើយអោយគ្នា បីនាក់នោះចងចៅសនខ្ជាប់នឹងសសររោង តាំងកាន់រំពាត់ផ្តៅទាំង៤នាក់ ហើយកំហែងសួរចៅសនថាអើ អាសនអាឯងថា ឃើញអញផឹក ស្រាមែនឬដូចេម្តច? ចៅសនឆ្លើយថា អើមែនខ្ញុំឃើញលោកតាឯងផឹកស្រា ស៊ីបាយល្ងាចប្រាកដទាំង៤នាក់។ ពួកទាំងនោះក៏កើត ទោសោ ហើយវាយចៅសន៤-៥រំពាត់ ចៅសនក៏សែ្រកយំដោយសំលេងខ្លាំងៗ ទាំង៤នាក់ក៏សាកសួរទៀតថា ដូចម្តេចអាសនឯងថា ពួកយើងផឹកស្រា មែនឬដូចម្តេច? ចៅសនថា អើអាឯងផឹកស្រាមែន អញឃើញច្បាស់នឹងភ្នែកអញហើយ។ អា៤នាក់ក៏រឹតតែវាយខ្លាំងលើសមុន។ ចៅសន បាននូវសេចក្តីវេទនា ឈឺចាប់ពន់ពេកណាស់ ដល់ក្រោយទើបគិតថា ឱអញនេះជាមនុស្សកេ្មងម្នាក់ឯង គេឆ្កួតពេញស្រុកទៅហើយតែឯង មិនធ្វើឆ្កួតតាមគេនោះ អាដែងពួកពាលនេះវានឹងវាយអញដល់សេចក្តីស្លាប់មិនខានឡើយ។ ណ្ហើយចុះតោងធ្វើជាឆ្កួតតាមវាទៅចុះ ទើប រក្សាខ្លួនសុខបាន ចៅសនគិតដូច្នេះហើយ ទើបលើកដៃសំពះតាថេនហើយ សាសព្ទប្រាប់ទៅថា ករុណាម្ចាស់ ខ្ញុំករុណានេះឆ្កួតពិតមែនហើយ សូមទានប្រោសអត់ទោស ខ្ញុំឆ្កួតមិនដឹងខ្លួនមិនដឹងប្រាណទេព្រះគុណ បានជាថាព្រះគុណផឹកស្រា នោះគឺព្រះគុណពុំមែនឆាន់ស្រាទេ ខ្ញុំឆ្កួតមែន ហើយ ឥឡូវខ្ញុំដឹងខ្លួនជាសះស្បើយហើយ រាងចាលហើយ ពីនេះទៅទៀត ខ្ញុំមិនថាព្រះគុណផឹកស្រាទេទាន។ តាថេនថា អើបើឯងលែងថា អញផឹកស្រា រាងចាលហើយអញក៏លែងវាយឯងតែត្រឹមនេះ ។

ករុណា ខ្ញុំព្រះករុណាលែងថាព្រះគុណឆាន់ស្រាហើយអំពីថ្ងៃនេះតទៅ ករុណាម្ចាស់។ អើបើមែនដូច្នេះអញក៏លែងវាយឯង បើឯងនៅតែ ថាអញៗ ក៏វាយឯងទាល់តែស្លាប់។ ថាហើយតាថេនក៏អោយស្រាយចំណងចៅសន ឃាត់ឃាំងចៅ សនមិនអោយចេញទៅក្រៅរោង។ ឯចៅសនសោតទល់ចំណេះ ក៏នៅបំរើអា៤នាក់នោះទៅតាមអធ្យាស្រ័យ លុះថ្ងៃគំរប់៧ ជាពេលយប់ស្ងាត់ចៅសនក៏ដេកលក់ទៅ។ ឯចៅ ពាល៤នាក់នោះតាំងរើគ្រឿងកំណល់ពិធីយកប្រាក់ យកសំពត់ ផ្តិល ជើងពាន វេចសំពាយហើយ ក៏នាំគ្នាលបរត់ចេញចាកស្រុកនោះទៅ កាន់ស្រុកដទៃទៅ ។

លុះវេលាព្រឹកចៅសនភ្ញាក់ឡើង ស្រាប់តែស្ងាត់ឈឹងទាំងរោង មើលទៅគ្រឿងតាំងពិធីនោះ ក៏បាត់អស់រលីងគ្មានសល់ដល់តិចឡើយ ចៅសន ក៏ដឹងថាតាថេនលួចរបស់ទ្រព្យរត់ទៅអស់ហើយ ទើបចៅសនដើរចេញចាករោងចូលទៅផ្ទះអាត្មា ។

ឯបណ្តាញាតិមិត្តឃើញចៅសនដើរមកដូច្នាះហើយ សួរថា ដូចម្តេចទៅ ជីសនអើយរោគនោះបានស្រាកស្រានធូរខ្លួនប្រាណខ្លះហើយ ឬដូចម្តេចទៅ? ចៅសនក៏តបថា នៅឡើយ តែថា ឥឡូវនេះអំពើចំកួតនោះ វានៅលើអ្នកស្រុកទាំងអស់គ្នា អើឯងជាៗសោះ គេឆ្កួតពេញ ទាំងស្រុក ក៏ត្រលប់ថាឯងឆ្កួតវិញ អើមីងមា យាយតាទាំងអស់គ្នាទៅជឿអាមនុស្សពាលនោះទុកជាគ្រូ ថាលោកធុតង្គរុក្ខមូលវិសេសណាស់ ឥឡូវគ្រឿងប្រដាប់ដែលតាំងពិធីពលីការនោះ លោកធុតង្គទោះបន្លុង ឆាកយកទៅអស់ហើយអោយអញ្ជើញទៅមើលចុះ។ ថាហើយចៅ សនក៏ដើរត្រង់ទៅផ្ទះ ឯបណ្តាអ្នកស្រុកបានលឺចៅសនថាដូច្នេះហើយ ខ្លះក៏សង្ស័យថា កែ្រងពិតដូចពាក្យចៅសនថាឬ ទើបនាំគ្នាទៅឯរោង ពិធី ស្រាប់តែឃើញស្ងាត់ឈឹងសូន្យ ក៏ចូលទៅក្នុងរោង យល់របស់ទ្រព្យខ្លួននោះវិនាសអស់ទៅ ដោយដៃមនុស្សពាលទាំង៤នាក់នោះឯង ហើយទើបនាំគ្នាមកផ្ទះទីទៃៗកើតសេចក្តីវិប្បដិសារីរលឹកទោស អាត្មា ឃើញថាជាមនុស្សឥតបញ្ញា ទៅជឿពាលអោយវាបញ្ឆោតបាន គឺ ខ្លួនឆ្កួតប្រាកដ ចៅសនគ្នាជាសោះក៏នាំគ្នាជឿថាឆ្កួតវិញ ។

ចប់និទានតាថេនតែប៉ុណ្ណេះ

ចប់គតិលោកភាគ ១ ដោយបរិបូណ៌