រឿងបុរសចាក់ស្មុគ

ដំណើរ​រឿង

កែប្រែ

កាល​​ពី​ដើម មាន​បុរស​ម្នាក់​ចេះ​ចាក់​ស្មុគ ។ បុរស​នោះ ចង់​បាន​ខ្ញុំ​ប្រើ ក៏​ឡើង​ទៅ​ចាក់​ស្មុគលើ​ចុង​ត្នោត ហើយ​គិត​តែ​ម្នាក់​ឯង​ថា "បើ​អញ​ចាក់​ស្មុគបាន ១ លក់​បាន ១០ សេន, បើ​ចាក់​ស្មុគ​បាន ១០០០ នឹង​លក់​ទៅ​បាន ១០០ រៀល រួច​អញ​លោះ​មនុស្ស​ប្រើ, បើ​ប្រើ​មិន​បាន​ដូច​ចិត្ត អញ​នឹង​ធាក់​វាយ​វា" ។ បុរស​នោះ​មិន​គ្រាន់​តែ​គិតក្នុង​ចិត្ត ក៏​ងារ​ដៃ​លើក​ទាំង​ចើង ធាក់​ធាង​ត្នោត ក៏​របូត​ខ្លួន​ធ្លាក់​ពី​លើ​ចុង​ត្នោត តែ​បាន​ដៃ​ប្រវា​ចាប់​ស្លឹក​ត្នោត​ជាប់​តាន់​ ក៏​នៅ​តែ​កតោកៗ ដូច​ជា​គេ​ព្យួរ ។ គ្រា​នោះ មាន​ទ្រមាក់​ដំរី​ម្នាក់ ជិះ​ដំរី​មក​ជិត​នោះ ។ បុរស​នោះ​ស្រែក​ថា "បើ​អ្នក​ណា​ជួយ​ដាក់​ខ្ញុំ​ពី​ចុង​ត្នោត​បាន ខ្ញុំ​សុខ​ចិត្ត​ចូល​ទៅ​បម្រើ​លោក​អស់ ១ ជីវិត" ។ ទ្រមាក់​ដំរី​ឮ​ហើយ មាន​ចិត្ត​ត្រេក​អរ បរ​ដំរី​ចូល​ទៅ​ដល់​ក្រោម​ដើម​ត្នោត ឈរ​លើ​ខ្នង​ដំរី​ ដៃ​តោង​ជើង​បុរស​នោះ​ជាប់ ដូច​ជា​អង្រួន​ខ្នង​ដំរី​នោះ ដំរី​ក៏​ដើរ​ទៅ ។ ទ្រមាក់​ដំរី​ក៏​ព្យួរ​ជា​មួយ​នឹង​បុរស​នោះ ។ គ្រា​នោះ​ មាន​មនុស្ស​ទំពែក​ ៤ នាក់ ដើរ​ស្វែង​រក​មនុស្ស​ទៅ​បម្រើ​ប្រពន្ធ​គ្រប់​គ្នា លុះ​ដើរ​ទៅ​ដល់​ក្រោម​ដើម​ត្នោត​នោះ ទ្រមាក់​ដំរី​និង​បុរស​ចាក់​ស្មុគ្រ​ស្រែក​ថា "បើ​លោក​អ្នក​ណា​ជួយ​ខ្ញុំ​ឲ្យ​បាន​រួច​ពី​ចុង​ត្នោត​នេះ ខ្ញុំ​ទាំង​ពីរ​នាក់ សុខ​ចិត្ត​ទៅ​នៅ​បម្រើ​លោក​អស់​ ១ ​​ជីវិត" ។ ទំពែក​ទាំង ៤ នាក់​នោះ​ឮ​ហើយ ត្រេក​អរ​ណាស់ គិត​ថា បាន​ដូច​សេចក្តី​ប្រាថ្នា ក៏​ស្រែក​ថា "យើង​ទាំង​ ៤ នាក់​នឹង​ជួយ​អ្នក​ឲ្យ​រួច" ។ ទំពែក​ទាំង ៤ ឈរ​ក្រោម​ដើម​ត្នោត យក​សំពត់​ចង​ក​ខ្វែង​ទល់​មុខ​គ្នា​ជា ៤ ជ្រុង ហើយ​ស្រែក​ប្រាប់​ទៅ​បុរស​ចាក់​ស្មុគ និង​ទ្រមាក់​ដំរី​ថា "ចូរ​អ្នក​ទាំង​ពីរ​នាក់​ទម្លាក់​ខ្លួន​ពី​លើ​ចុង​ត្នោត​នោះ​មក​ចុះ !" ។ បុរស​ចាក់​ស្មុគ​និង​ទ្រមាក់​ដំរី​ ទម្លាក់​ខ្លួន​ទាំង​ពីរ​នាក់ មក​លើ​សំពត់​ដែល​បុរស​ទំពែក​ទាំង ៤ នាក់​ចង​នោះ ដូច​ជា​គេ​ទាញ​សំពត់​ជាប់​នឹង​ក​ទំពែក​ទាំង ៤ ជល់​ក្បាល​គ្នា​ស្លាប់​ទាំង​បួន​នាក់​ទៅ ។ ឯទ្រមាក់​ដំរី​និង​បុរស​ចាក់​ស្មុគ ឃើញ​ទំពែក​ទាំង ៤ នាក់​ស្លាប់​ដូច្នោះ ភ័យ​ណាស់ ទៅ​និយាយ​នឹង​យាយ​ចាស់​ម្នាក់​ថា "បើ​និយាយ​គិត​ដូច​ម្តេច​ឲ្យ​បាន​សុខ យើង​ទាំង​ពីរ​នាក់​នឹង​នៅ​បម្រើ​យាយ ទាល់​អស់​ជីវិត" ។ យាយ​ចាស់ មាន​ចិត្ត​ត្រេក​អរ ដោយ​ប្តី​ខ្លួន​ទៅ​កាប់​ចម្ការ​ឯព្រៃ ហើយ​និយាយ​ថា "បើ​ដូច្នោះ អ្នក​ទៅ​យក​ខ្មោច​ទាំង ៤ នោះ​មក​ដាក់​ក្នុង​ផ្ទះ ចង​រុំ​ឲ្យ​ស្រេច " រួច​យាយ​ចាស់​ឲ្យ​យក​ខ្មោច ១ ចេញ​ពី​ផ្ទះ​មក គាត់​ស្រែក​យំ ។ អ្នក​ស្រុក​សួរ, គាត់​ប្រាប់​ថា "ប្តី​គាត់​ស្លាប់" អ្នក​ស្រុក​ក៏​ជួយ​យក​ខ្មោច​នោះ​ទៅ​ដុត, យាយ​ចាស់​ប្រាប់​ថា "សូម​អ្នក​ទាំង​អស់​ដុត​ធ្វើ​ឲ្យ​ល្អ ត្បិត​ប្តី​ខ្ញុំ ​គាត់​ស្រឡាញ់​ខ្ញុំ​ណាស់ កាល​ដែល​គាត់​នៅ​រស់" ។ លុះ​គេ​យក​ខ្មោច ១ ទៅ​ដុត​ហើយ​ យាយ​ចាស់​ស្រែក​ថា "ប្តី​គាត់​ទៅ​ផ្ទះ​ទៀត​ហើយ" ។ អ្នក​ស្រុក ក៏​ទៅ​យក​មក​ដុត​ទៀត ។ លុះ​ដុត​ទៅ​គម្រប់ ៤ លើក ទើប​ឃើញ​តា​ចាស់​ប្តី​យាយ​នោះ​ ចេញ​មក​ពី​ព្រៃ​ចម្ការ មាន​ខ្លួន​នោះ​ប្រឡាក់​សុទ្ធ​តែ​ធ្យូង ពួក​អ្នក​ស្រុក​ឃើញ ក៏​នាំ​គ្នា​ដេញ​ចាប់​តា​ចាស់​នោះ យក​ទៅ​ដុត​ទាំង​រស់​ឲ្យ​ស្លាប់​ទៅ ។

ឯកសារយោង

កែប្រែ

ប្រជុំរឿងព្រេងខ្មែរភាគទី២

តំណ​ភ្ជាប់​ក្រៅ

កែប្រែ

វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ

សូមមើលផងដែរ

កែប្រែ

ប្រជុំរឿងព្រេងខ្មែរ