រឿងបុរសចេះថ្នាំពិសពស់
កweguio
ដំណើររឿង
កែប្រែមានថ្ងៃមួយ បុរសឈ្មោះសុខ ធ្វើដំណើរទៅកាប់ឧសក្នុងព្រៃ ។ លុះទៅដល់ព្រៃ ជាកន្លែងកាប់ឧសនោះហើយ ឃើញខ្លាធំមួយស្លាប់នៅជើងដំបូកក្បែរច្រកផ្លូវចូល ។ ចៅសុខពិនិត្យមើលហេតុសព្វគ្រប់ទៅឃើញថា ខ្លានេះស្លាប់ដោយពស់ចឹក ព្រោះនៅខាងក្រោមខ្លានោះមានរន្ធពស់មួយ ។ បុរសនោះមានចិត្តសប្បុរសចំពោះសាកសពសត្វនោះណាស់ ក៏ស្រាយថង់យាមយកថ្នាំមកដុះលាបស្រឡាបឲ្យ ។ លុះបានមួយស្របក់ខ្លាដឹងខ្លួនឡើងឃើញខ្លួនប្រឡាក់សុទ្ធតែថ្នាំ ដែលលាប ក៏មានសេចក្ដីទោមនស្សនឹងបុរសដែលលាបថ្នាំឲ្យ ហើយស្ដីឲ្យថាហេតុដូចម្ដេចបានជាអ្នកឯងហ៊ានយកអ្វីមកប្រឡាក់ ខ្លួនអញយ៉ាងនេះ ! ។ បុរសនោះឆ្លើយថាយើងដើរមក បានឃើញបងឯងស្លាប់ដោយពស់ចឹក ហើយយើងដុះថ្នាំស្រឡាបលាបឲ្យបងឯងរស់តើ ! ។ ខ្លាថាអញមានស្លាប់អី ពស់ចឹកអញកាលណា ! អញកំពុងដេកលក់ស្រួលទេតើ ! បើដូច្នោះ អញត្រូវប្រហារជីវិតឯងធ្វើជាអាហារ ។ ចៅសុខមានសេចក្ដីតក់ស្លុត នឹងសេចក្ដីស្លាប់ជាខ្លាំង ក៏អង្វរខ្លាថាបងអើយ ! អាណិតយើងផង កុំអាលពិឃាដយើងក្នុងគ្រានេះ ចាំយើងទៅរកអ្នកប្រាជ្ញណាឲ្យគេជំនុំជំរះឲ្យ បើរកទៅឃើញថាយើងខុស សឹមបងប្រហារជីវិតយើង បើយើងត្រូវត្រូវទុកជីវិតយើង ។ ខ្លាក៏ព្រមតាមសេចក្ដីអង្វររបស់ចៅសុខៗវិលមកវិញ ប្រទះសេះនឹងក្របីនៅក្បែរផ្លូវក៏និយាយថា បងទាំងពីរអាណិតជួយយកអាយុយើងផង ព្រោះខ្លាដែលពស់ចឹកបានរស់ឡើង ដែលយើងដាក់ថ្នាំឲ្យ តែវាប្រាថ្នាប្រហារជីវិតយើង ថាយើងធ្វើឲ្យវាភ្ញាក់ ហើយធ្វើឲ្យប្រឡាក់ខ្លួនវាអស់ ។ សត្វទាំងពីរដឹងសេចក្ដីសព្វគ្រប់ ក៏ពិចារណាទៅឃើញថា តាមពិតត្រូវតែទៅកាត់សេចក្ដីឲ្យបុរសនេះឈ្នះខ្លា ប៉ុន្តែបើអញឲ្យបុរសនេះឈ្នះទៅ មុខជាខ្លាគុំអញ ស៊ីអញជាអាហារពុំលែង ក៏ប្រាប់ទៅចៅសុខថា បងឯងខុសមែនហើយត្រូវឲ្យខ្លាស៊ីទៅ ។ ចៅសុខរឹតតែភ័យឡើងក៏លាសេះនិងក្របី ដើរយ៉ាងលឿនទៅទៀត លុះប្រទះនិងសុភាទន្សាយ ចៅសុខក៏ប្ដឹងតាមដំណើរ ។ សុភាទន្សាយដឹងរឿងសព្វគ្រប់ ក៏ប្រាប់សុខថាឲ្យទៅនិយាយអង្វរខ្លាទៀតទៅ សឹមយើងទៅជួប ។
គ្រាដែលបុរសនោះ កំពុងជជែកនឹងខ្លា សុភាទន្សាយទៅដល់ ក៏ធ្វើជាសួរថាបងឯងទាំងពីរនាក់ទាស់គ្នាពីរឿងអ្វី ! ។ ខ្លានិងចៅសុខ ក៏បានប្ដឹងតាមដំណើររៀងៗខ្លួន ។
សុភាទន្សាយ កាត់សេចក្ដីថា បើដូច្នេះត្រូវបងខ្លាឯងទៅដេកនៅត្រង់កន្លែងដដែល ឲ្យយូរដូចពីមុន បើដល់ពេលត្រូវភ្ញាក់ ហើយពុំស្លាប់ទេ សឹមបងឯងមកពិឃាដមនុស្សនេះធ្វើជាអាហារចុះ ។
ខ្លាទៅដេកតាមបង្គាប់, ពស់ក៏ចេញពីរន្ធមកចឹកខ្លានោះស្លាប់ទៅ ។ សុភាទន្សាយឃើញខ្លាស្លាប់ហើយក៏ប្រាប់ទៅបុរសនោះថា បងឯងកុំលាបថ្នាំឲ្យវាទៀតប្រាប់ហើយក៏លាចៅសុខទៅលំនៅវិញ ។
ឯកសារយោង
កែប្រែប្រជុំរឿងព្រេងខ្មែរភាគទី១
== តំនភ្ជាប់ក្រៅ ==៨ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត