រឿងបុរសជីកក្ដាម
ដំនើររឿង
កែប្រែមានបុរសប្ដីប្រពន្ធមានកូនប្រុសមួយ កូននោះអាយុបាន ១២ ឆ្នាំ មាតាស្លាប់នៅតែឳពុកពោះម៉ាយ ។ ឳពុកក៏ធ្វើរបរលក់ដូរតែពីរនាក់នឹងកូន លក់មិនដាច់រឹតតែក្រទៅ ក្រោយមកឳពុកអនិច្ចកម្មទៅទៀតកូននៅតែម្នាក់ឯងរក្សាផ្ទះសម្បែង ។ ឳពុកស្លាប់ទៅ ៥ ថ្ងៃក៏មកពន្យល់សប្ដិកូនថា "កូនឯង ក្រលំបាកណាស់ យើងជាឳពុកគ្មានរបរអ្វីនឹងឲ្យទេ ដូច្នេះឲ្យកូនទៅជីកក្ដាមនៅក្រោមខ្ទមអ្នកតា នាទិសឥសានផ្ទះយើងយកទៅ លក់ចិញ្ចឹមជីវិតរៀងរាល់ថ្ងៃចុះ វេលាព្រឹក ថ្ងៃរះឡើងកាលណា ឲ្យកូនទៅជីករាល់ថ្ងៃកុំខាន" ។
លុះភ្លឺឡើង កូននោះភ្ញាក់ឡើងចាំជាក់នូវនិមិត្តសព្វគ្រប់ក៏ចាប់យកចបដើរ តម្រង់ទៅខ្ទមអ្នកតាជីកទៅឃើញក្ដាមមួយប្រាកដមែន រួចយកក្ដាមនោះទៅលក់ឲ្យអ្នកផ្សារៗ ក៏ទិញយក ។ បុរសនោះបានប្រាក់ហើយត្រឡប់មកវិញ ។
ថ្ងៃក្រោយ វេលាព្រឹកទៅជីក្ដាមនៅទីកន្លែងដដែលនោះបានក្ដាមមួយយកទៅលក់ឲ្យ អ្នកផ្សារទៀត គេក៏ទិញយកអស់ ។ បុរសនោះត្រឡប់មកផ្ទះ ។
នៅ ទីនោះ មានមហាសេដ្ឋីម្នាក់មានកូនក្រមុំច្រើន កូនស្រីបងទាំងប៉ុន្មាន មហាសេដ្ឋីរៀបឲ្យមានប្ដីទាំងអស់ នៅតែកូនស្រីម្នាក់ឈ្មោះនាងពៅគឺកូនពៅប្រកែកមិនព្រមយកប្ដី មហាសេដ្ឋីជាឳពុកម្ដាយបង្ខំឲ្យមានប្ដីក៏មិនព្រមយក ។
រី ឯបុរសនោះថ្ងៃក្រោយទៅ ជីកក្ដាមនៅទីកន្លែងដដែលទៀតបានហើយកាន់យកទៅលក់ ។ នាងពៅកូនក្រមុំមហាសេដ្ឋីបានឃើញក៏ហៅមកសួរថា "អ្នកកម្លោះយួរក្ដាមទៅណា ?" បុរសនោះជម្រាបវា "ខ្ញុំយកទៅលក់" ។ នាងពៅក៏ទិញយកហើយនាងប្រាប់ថា "ពីថ្ងៃនេះតទៅ បើអ្នកបានក្ដាមកុំលក់ឲ្យអ្នកណា អ្នកយកលក់ឲ្យខ្ញុំរាល់ថ្ងៃកុំខាន" ដោយ នាងនោះមានចិត្តប្រតិព័ទ្ធនឹងបុរសនោះណាស់ តែអ្នកនោះមិនដឹងខ្លួន ។ បុរសនោះបានប្រាក់ហើយត្រឡប់មកផ្ទះវិញ ។ ថ្ងៃក្រោយបុរសនោះទៅជីកក្ដាមនៅទីកន្លែងដដែលបានទៀត រួចយកមកលក់ឲ្យតែនឹងនាងរាល់ថ្ងៃមិនដែលខាន ហើយនាងពៅមានចិត្តរឹតតែស្រលាញ់បុរសនោះខ្លាំងឡើង ក៏ធ្វើឬកពាករកិរិយាឲ្យបុរសនោះដឹង ។ បុរសនោះដឹងជាក់ "នាងនោះស្រលាញ់ខ្លួនប្រាកដ" តែដោយពិចារណាថា "ខ្លួនសព្វថ្ងៃក្រីក្រលំបាកណាស់ហើយកំព្រាផង" ក៏មិនហ៊ាននិយាយថាម្ដេចឡើយ ។
ចំណែក បងស្រីប៉ុន្មាននាក់ បានឃើញនាងពៅជាប្អូនធ្វើឬកពារកិរិយាស្រលាញ់បុរសលក់ក្ដាមនោះពន់ ពេក ក៏នាំគ្នាទៅជម្រាបមហាសេដ្ឋីជាមាតាបិតាថា "នាង ពៅជាប្អូនធ្វើឬកពារស្រលាញ់បុរសជីកក្ដាមនោះក្រៃពេកហើយបុរសនោះបានយកក្ដាមមកលក់ឲ្យនាងពៅ នាងក៏ទទួលទិញរាល់តែថ្ងៃរួចធ្វើឬកកិរិយាស្រលាញបុរសរសនោះណាស់ ខ្ញុំទាំងអស់និយាយប្រាប់ដូចម្ដេចក៏មិនព្រមស្ដាប់តាម រឹតតែធ្វើខ្លាំងឡើងៗ" សេដ្ឋីជាមាតាបិតាឮដូច្នេះច្រឡោតខឹងឲ្យហៅនាងពៅមកជេរបន្ទោសត្មះតិះដៀលថា "ហង នេះជាមនុស្សរឹងទទឹងចិត្តមាតាបិតា អញឲ្យមានប្ដីទៅមនុស្សមានទ្រព្យសម្បត្តិហងឯងមិនព្រមយក ឥឡូវហងស្រលាញ់មនុស្សកំសត់លក់តែក្ដាមវិញ ហងឯងនេះអាក្រក់ណាស់ ចុះចេញពីផ្ទះអញឲ្យឆាប់ទៅយកអាកំសត់លក់ក្ដាមនោះចុះ តាំងពីថ្ងៃនេះទៅហងឯងកុំមកលើផ្ទះអញសូម្បីតែក្នុងភូមិក៏ ចូលមិនបានអញកាត់ចោលហើយ" ។ ចំណែកមាតាកាត់ចិត្តមិនដាច់នឹងកូនពៅក៏លបវេចរបស់ស្រាលៗដែលមាន តម្លៃ ឲ្យទៅដល់នាងពៅជាកូន ។ នាងពៅកូសំពះលាមាតាយកបង្វិចដែលមាតាឲ្យចុះចេញពីផ្ទះ សំដៅទៅ ផ្ទះបុរសលក់ក្ដាម និយាយប្រាប់រឿងពីមាតាខឹងបណ្ដេញសព្វគ្រប់ ។ បុរសនោះបានស្ដាប់ហើយឆ្លើយតបថា "ខ្លួនខ្ញុំនេះសព្វ ថ្ងៃក្រីក្រជាទីបំផុត ហើយកំព្រាតែម្ានក់ឯងផង នាងត្រឡប់ទៅវិញចុះ ខ្ញុំមិនហ៊ានទទួលយកនាងទេខ្ញុំខ្លាចមហាសេដ្ឋីជាបិតាចាប់ទោសយក ខ្ញុំទៅសម្លាប់" ។ នាងពៅតបថា "ខ្ញុំមិនទៅវិញទេ ស៊ូស្លាប់និងអ្នកហើយ" ។ បុរសនោះសួរថា "បើដូច្នេះយើងគិតដូចម្ដេច ?" នាងពៅឆ្លើយថា "បើអ្នកគិតឃើញយ៉ាងណាខ្ញុំទទួលតាម" ។
បុរស នោះនាំនាងពៅចេញចោលផ្ទះ ទៅនៅខែត្រក្រៅ ហើយធ្វើផ្ទះនៅជាមួយគ្នាលុះព្រឹកឡើងមកជីកក្ដាមនៅទីដដែលយកទៅ លក់ដូចថ្ងៃមុនទៀតបានប្រាក់ ហើយទិញវត្ថុផ្សេងៗមកផ្ញើរប្រពន្ធ ប្រព្រឹត្តយ៉ាងនេះជាច្រើនថ្ងៃ ។ នាងពៅនោះហេតុតែជាស្រីគ្រប់លក្ខណ៍ ក៏ប្រតិបត្តិប្ដីមិនឲ្យទាស់ចិត្ត វេលាយប់ចូលដំណេកនាងពៅនិយាយនឹងប្ដីថា "ខ្ញុំសូម ចិត្តប្ដីតាំងពីថ្ងៃនេះតទៅអ្នកកុំទៅ ជីកក្ដាមទៀតឡើយ ប្រាក់កាសយើងមានច្រើនណាស់បើអ្នកចង់ទិញរបស់អ្វីៗតាមចិត្តអ្នក ទិញចុះ" ។ ប្ដីមិនព្រមតាម ។
លុះ ព្រឹកឡើងប្ដីកាន់ចបទៅជីកក្ដាមទៀត ប្រពន្ធឃើញដូច្នោះក៏លបដើរតាមទៅមើលទីកន្លែងឲ្យបានច្បាស់មិន ឲ្យប្ដីដឹង លុះឃើញច្បាស់ហើយក៏ត្រឡប់មកផ្ទះវិញ ។ ចំណែកប្ដីជិកក្ដាមបានហើយយកទៅលក់ រួចទិញម្ហូបចំណីផ្ញើរប្រពន្ធ ។
ថ្ងៃក្រោយប្ដី ទៅ កាប់ឧសក្នុងព្រៃឆ្ងាយ ។ នាងពៅបានឃើញប្ដីទៅរកឧសក៏កាន់ចប់ទៅជីករំលីងនូវទីកន្លែងដែល ប្ដីជីកក្ដាមនោះអស់ រួចត្រឡប់មកវិញដាំបាយធ្វើម្ហូបចំណីទុកឲ្យប្ដីបរិភោគ ថ្ងៃល្ងាចត្រជាក់ប្ដីកមពីព្រៃក៏បរិភោគបានជាមួយគ្នា ។
លុះ ព្រឹកឡើងប្ដីទៅកាន់ចបជីកក្ដាមទៀត ឃើញទីកន្លែងដីនោះធ្លុះធ្លាយរលើងខ្ចាត់ខ្ចាយអស់ ហើយបានឃើញសំបកក្ដាមមួយធំចម្លែកប្លែកស្ងួតស្អាត ដូចជាហាលថ្ងៃយូរហើយ អ្នកនោះក៏កាន់សំបកក្ដាមយកមកទុកក្រោមផ្ទះ មិនបានប្រាប់ភរិយាឲ្យដឹង ។ ភរិយាក៏មិនបានសួរប្ដីដូចម្ដេចឡើយ ។ ដល់វេលាយប់ចុលដំណេកនាងពៅកាន់ប្រាក់របូរពីដៃមួយណែនទៅក្រោម ផ្ទះធ្លាក់ទៅលើសំបកក្ដាមធំនោះ នាងពៅក៏មិនឲ្យប្ដីដឹងហើយគិតថា "ចាំព្រឹកភ្លឺច្បាស់ឡើងសឹបចុះទៅយកប្រាក់មកទុកវិញ" ។ លុះព្រឹកឡើងនាងពៅចុះពីផ្ទះទៅយកប្រាក់មួយណែនដែលធ្លាក់ ស្រាប់តែឃើញប្រាក់ណែនពេញសំបកក្ដាម នាងអរណាស់ យកមកឲ្យប្ដីៗសួរថា "នាងបានប្រាក់ពីណាច្រើនម្ល៉េះ ?" ។ នាងពៅក៏ជម្រាបប្ដីតាមដំដើរសាច់រឿង ។ ប្ដីមានអំណរពន់ប្រមាណ ហើយនិយាយប្រាប់ប្រពន្ធថា ពីថ្ងៃនេះតទៅបងឈប់ទៅជីក្ដាមទៀតហើយ ។ ប្រពន្ធអរណាស់ ។ អ្នកទាំងពីរប្ដីប្រពន្ធ វេលាយប់កាលណានាំគ្នាទម្លាក់ប្រាក់ទៅចំសំបកក្ដាមធំ ព្រឹកឡើងចុះទៅមើលឃើញប្រាក់ពេញសំបកក្ដាមនោះក៏យកមកពុករៀងរាល់ ថ្ងៃ បើទម្លាក់អ្វីចូលក្នុងនោះព្រឹកឡើងនឹងឃើញពេញសំបុកក្តាមនោះ។ អ្នកទាំងពីរប្រព្រឹត្តយ៉ាងនេះចំនួនមួយឆ្នាំ ប្រាក់និងគ្រឿងប្រដាប់មានច្រើនណាស់រាប់មិនអស់ ទើបព្រឹក្សាគ្នាថា "ប្រាក់យើងមានច្រើនម៉្លេះយើងបានអ្វីទុកប្រាក់និងគ្រឿងប្រដាប់ទាំងនេះ" ហើយនាំគ្នាយកប្រាក់និងគ្រឿងប្រដាប់ទាំងអស់ទៅជីកដីកប់ទុកច្រើនអន្លើ ។
ក្រោយពីថ្ងៃនោះមក អ្នកទាំងពីរប្ដីប្រពន្ធនាំគ្នាទៅសួរមហាសេដ្ឋីជាមាតាបិតា ទៅដល់បងស្រីទាំងអស់បានឃើញជេរថា "មេ ចោរចង្រៃឯងនាំប្ដីកំសត់លក់តែក្ដាមមករកអី ហងឯងបានឮឬទេ លោកឳពុកបណ្ដែញកាត់ចោលហើយ សូម្បីតែក្នុងភូមិក៏ចូលមិនបានដែរ មេចង្រៃចេញពីភូមិឲ្យឆាប់" ។ នាងពៅឆ្លើយថា "បង ទាំងអស់គ្នាកុំមើលងាយខ្ញុំៗមកនេះដើម្បីសួរមាតាបិតាព្រោះលោក មានគុណលើខ្ញុំៗមិនសុំទ្រព្យសម្បត្តិលោកទេសម្បត្តិបងឯងទាំង អស់ក៏ខ្ញុំមិនសុំ ខ្ញុំមើលទៅទ្រព្យសម្បត្តិបងទាំងអស់គ្នាមានប៉ុណ្ណេះ ខ្ញុំមិនកោតមិនព្រឺឡើយ សូម្បីតែរោមជើងខ្ញុំមិនព្រឺផង" ។
បងទាំងអស់គ្នាខឹងណាស់ ជេរប្រទេចថា "ហងឯងនេះអួរណាស់អញមិនជឿទេ" ។ នាងពៅថា "បើមិនជឿភ្នាល់គ្នាចុះ" ។ បងទាំងអស់គ្នាថា "ភ្នាល់គ្នាដូចម្ដេច ?" ។ ឲ្យបងទាំងអស់គ្នារាប់ប្រាក់ខ្ញុំមើលឲ្យអស់ក្នុងមួយថ្ងៃ បើរាប់អស់ខ្ញុំចែកឲ្យគ្រប់គ្នា បើរាប់មិនអស់ខ្ញុំមិនឲ្យទេ តែខ្ញុំយល់ថាកុំថាឡើយរាប់មួយថ្ងៃ ទុកជារាប់ពីរថ្ងៃ ឬ បីថ្ងៃក៏មិនអស់ដែរ" ។ បងទាំងអស់នោះឆ្លើយថា "អញព្រមទៅរាប់ តែបើហងឯងកុហកអញៗវាយហងឯងសម្លាប់" ។ នាងពៅថា "តាមចិត្ត" ។
បង ៗក៏នាំគ្នាទៅរាប់ប្រាក់នាងពៅ រាប់តាំងពីព្រឹកទល់ល្ងាចមិនអស់ក៏នាំគ្នាត្រឡបមកផ្ទះវិញជម្រាបសេដ្ឋីជាមាតាបិតាថា "នាង ពៅជាប្អូនវាអួតថាខ្លួនវាមានប្រាក់ច្រើន ខ្ញុំទាំងអស់គ្នាមិនជឿ ហើយវាថា បើមិនជឿទេឲ្យទៅមើលផ្ទះវាចុះ ខ្ញុំទាំងអស់គ្នាក៏ទៅមើលឃើញវាមានប្រាក់ច្រើនមែនក៏ភ្នាល់នឹង វាៗថា បើខ្ញុំទាំងអស់គ្នារាប់ប្រាក់វាក្នុងមួយថ្ងៃអស់ វាឲ្យខ្ញុំយកចែកគ្នាចុះ បើរាប់មិនអស់វាមិនឲ្យទេ នោះខ្ញុំទាំងអស់គ្នារាប់តាំងពីព្រឹកទល់ល្ងាចក៏មិនអស់ប្រាក់វា ត្រឡប់មកជម្រាបលោកមាតាបិតាសូមជ្រាប" ។ មហាសេដ្ឋីបានស្ដាប់ក៏ចាត់ក្រមការឲ្យទៅមើលប្រាក់នាងពៅឲ្យជាក់ ច្បាស់ ។ នាងពៅក៏នាំទៅមើលគ្រប់ទីកន្លែង ។ ក្រមការទាំងនោះបានឃើញប្រាក់នាងពៅច្រើនប្រាកដមែន ហើយត្រឡប់មកជម្រាបមហាសេដ្ឋីសព្វគ្រប់ ។ មហាសេដ្ឋីបានជ្រាបមានចិត្តត្រេកអរណាស់ ក៏ចាត់បម្រើឲ្យទៅហៅនាងពៅនិងកូនប្រសារមកប្រាប់ថា "កូនឯងមកនៅជាមួយមាតាបិតាវិញចុះ" ទើប មហាសេដ្ឋីបង្គាប់ក្រមការឲ្យកេណ្ឌរទេះក្របីគោជាច្រើន ទៅដឹកជញ្ជូនប្រាក់និងទ្រព្យសម្បត្តិនាងពៅយកមកទាំងអស់ ។ លុះមហាសេដ្ឋីជាបិតាទទួលមរណភាពទៅវេលាណា នោះប្ដីនាងពៅ និង ភរិយាបានធ្វើជាសេដ្ឋី ជំនួសបិតាតទៅ ។
ឯកសារយោង
កែប្រែប្រជុំរឿងព្រេងខ្មែរភាគ១