រឿងផ្កាស្រពោនវគ្គទី៤

ជួនជាថ្ងៃនេះជាថ្ងៃពេញបូណ៌មី។យាយនួនគាត់ទៅកាន់ឧបោសថឯវត្តពោធិ៍។នាងវិធាវីកាលបើម្ហូបរៀបចំដាក់ចានស្រាក់ឲ្យម៉ែផៃ គាត់លើកទៅជូនម្តាយនាងរួចស្រេចហើយ នាងក៏ម្នីម្នាបិទទ្វារផ្ទះ ហើយយកប្រលោមលោកសៀមមួយកាន់ចុះទៅគេងអានក្នុងអង្រឹងមួយចងក្រោមស្វាយមួយដើមដែលបែកមែកត្រសាយនៅកន្សៃផ្ទះនាង។
នេត្រនាងរំពៃតាមខ្សែបន្ទាត់អក្សរសៀវភៅ តែដួងចិត្តនាងរសាត់ដោយទៅតាមខ្យល់រំហើយ។គ្រលីគ្រលោងមួយគូដែលទំលើមែករុក្ខា យំឆ្លើយឆ្លងគ្នា ហើយជួនកាលមានកំប្រុកលោតពីលើធាងដូងមួយ ឮសូរក្រាកៗ នាងវិធាវីកំពុងតែស្រងូតចិត្ត គិតអាណិតខ្លួនពន់ពេកក្រៃ ស្រាប់តែស្រមៃឮសូរមនុស្សដើរលើស្លឹកឈើស្វាយទុំដែលជ្រុះរោយរាយលើពសុធា។នាងក៏ងាកមើលទៅ ហើយក៏ញញឹមព្រាង៖

  • បង! យ៉ីបង មកពីកាលណាហ្នឹង? បងគ្មាននឹកនាដល់អូនសោះតែម្តងហើយ។មកវ៉ាកងយូរណាស់ហើយ មិនហ៊ានមកលេងនឹងខ្ញុំសោះ។


ប៊ុន-ធឿនចូលទៅជិត ហើយគំនាប់នាងដោយញញឹមស្ងួត៖

  • អូនកុំនិយាយយ៉ាងនេះ នាំឲ្យបាបនឹងទេវតា។បងតែងនឹកនាងមិនមានណាយសោះ តែបងឥឡូវធ្លាក់យ៉ាកចុនហើយ រវល់តែខំជួយកម្លាំងឪពុក ម្តាយ។បងឆ្លៀតឱកាសបុណ្យ១៤ស៊ូយ៉េត ដើម្បីមកលេងនឹងមីងនួន ហើយនិងអូនឯង។
  • ម៉ែគាត់មិននៅទេ គាត់ទៅវត្តផុតទៅហើយ។


ដំណឹងនេះធ្វើឲ្យប៊ុន-ធឿនត្រេកអរឥតឧបមា តែខំទប់កិរិយាមិនឲ្យបញ្ចេញសេចក្តីសប្បាយឲ្យឃើញឡើយ។

  • ឱ! បងសែនស្តាយ ព្រោះបងបន្ទាន់វិលទៅផ្ទះ វិលនៅរសៀលម៉ោង៣នេះ។
  • បន្ទាន់អ្វីម៉្លេះ ម៉េចក៏មិនចាំមើលប្រណាំងទូកសិន ខ្ញុំឮគេនិយាយថា ទូកងលោកវត្តឈើខ្មៅឈ្មោះ “ពពកអណ្តែត” លឿនអស្ចារ្យ។
  • បងរង់ចាំមើលមិនបានទេ។បងសុំផ្ញើភ្នែកមួយឲ្យអូនមើលជួសបងផងបានឬទេ?
  • មិនបានទេ! ព្រោះពេលនេះខ្ញុំគ្មានត្រេកត្រអាលអ្វីនឹងបុណ្យ នឹងង៉ាននេះសោះ។ខ្ញុំរកតែទីស្ងាត់គិតសញ្ជឹងទើបស្រួលតាមលំនាំចិត្តរបស់ខ្ញុំ។


ថាហើយនាងងើបមុខមើលមុខប៊ុន-ធឿន ហើយឱនភ័ក្ត្រចុះមិនចេញស្តី។
ប៊ុន-ធឿនគិតស្មានដោយខុសថា នាងមានសេចក្តីជួយព្រួយនឹងការគ្រោះថ្នាក់នៃគ្រួសារខ្លួន ក៏និយាយទៅកាន់នាងថា៖

  • នែ៎អូន! បងសុំអរចិត្តអូនហើយដែលនាងជួយព្រួយបារម្ភនោះ នែ ចូរនាងបាត់ភ័យទៅ។ថ្វីបើខ្លួនបងធ្លាក់ក្រ បងនឹងខិតខំរៀនទ្វេមួយជាពីរ ជាបី។លុះបានសញ្ញាប័ត្របឋមសិក្សាជាន់ខ្ពស់កាលណា បងនឹងចេញធ្វើការហើយ...។


ត្រង់នេះ ប៊ុន-ធឿន សម្លឹងនេត្រនាងវិធាវី ដែលខ្មៅយង់ដូចត្បូងនិល ទើបចរចាទៅទៀត។

  • ហើយយើងនឹងបានសុខក្សេមក្សាន្តតទៅ។


នាងវិធាវីឮសម្ដីបងដូច្នោះហើយ ទឹកភ្នែកដែលនាងខំទប់បានកុំឲ្យជោរជលកាលពីមុននោះមក ក៏ហៀរហូរខ្ចាយធ្លាក់មក។ នាងប្រឹងយកកូនកន្សែងមកជូត។
ប៊ុន - ធឿន ឃើញដូច្នោះហើយ ក៏ធ្វើភ្នែកឡឹងឡង់៖

  • តើអូនមានទុក្ខយ៉ាងណា! ប្រាប់បងផង?


នាងវិធាវី ដោយអៀនខ្មាស ក៏មិនឆ្លើយតបចំពោះពាក្យសួរនេះទេ បែរជាស្ដីថា៖

  • បងអើយ មនុស្សយើងបើប្រាថ្នាអ្វីមួយ មិនដែលបានដូចបំណងរាល់ដងទេ ជួនបាន ជួនខាន។ យើងសម្លឹងទៅមុខមិនធ្លុះសោះ។ ស្មានជាបានស ទៅជួបឯខ្មៅ ឬផ្ទុយទៅវិញក៏មានដែរ។ អូនសូមលន់តួ កាត់សេចក្ដីខ្មាសជម្រាប់បងឲ្យជាក់ថា ចិត្តអូនមិនប្រែប្រួលពីសច្ចាដែលបានធ្វើមកនោះទេ។ ចិត្តអូនឥឡូវនេះមានសភាពយ៉ាងណា ទៅថ្ងៃក្រោយក៏នៅយ៉ាងនោះដែរ។ បើទៅអនាគត យើងនឹងមានអាសន្នក្រដូចម្ដេច យើងត្រូវនឹងរកគ្នាជានិច្ច។ ដូច្នេះ យើងត្រូវមានវត្ថុអ្វីកាន់ខ្ជាប់នៅខ្លួន ដើម្បីទុកជាទីនឹករឮករបស់ជនសម្លាញ់ដែលឃ្លាតឆ្ងាយទៅ។ ហេតុនេះ សូមបងទទួលរូបថតនេះទុកចុះ។


ប៊ុន - ធឿន ដែលស្មារតីអណ្ដែតទៅឆ្ងាយ លុះឮថារូបថតដូច្នោះ ក៏ភ្ញាក់ខ្លួនព្រើតដាក់ភ្នែកមក មើលឃើញនាងវិធាវីដកកូនរូបថតតូចមួយដាក់ក្នុងកញ្ចប់មូលក្រឡង់ ដែលមានសរសៃមាសវង់ព័ទ្ធជាក្របជុំវិញ។ ប៊ុន - ធឿន ក៏ទទួលយកមកគន់មើលដោយសេចក្ដីប្រតិព័ទ្ធយ៉ាងចំហុត។

  • អូន បងស្ដាប់អូនមិនទាន់បានទេ។ ម៉េចអូនថា ខ្លាចមានភ័យភិតថ្ងៃក្រោយ។ អូនឯងមានដឹងការអ្វីចម្លែក ចូរនាងប្រាប់បងផង។
  • ខ្ញុំមិនមានដឹងការអ្វីចម្លែកទេ។ អញ្ជើញបងទៅដោយក្សេមក្សាន្តចុះ។ ខ្ញុំមិនហ៊ាននៅនិយាយតែពីរនាក់នឹងបងយូរពេកទេ ខ្លាចមានពាក្យនិន្ទាទៅថ្ងៃក្រោយ។


ថាហើយ នាងក៏ក្រោកពីអង្រឹង ប៊ុន - ធឿន ក៏ឈានជើងដើរចេញទៅ មុខស្រងូត។
ភ្នែកនាងវិធាវី តាមមើលគូសង្សារ លុះត្រាតែ ប៊ុន - ធឿន ដើរផុតឆ្ងាយទៅកំបាំងនឹងរុក្ខជាតិ ទើបនាងដាក់មុខចុះ ហើយដកដង្ហើមធំ...
សែងព្រះអាទិត្យនៃវេលាល្ងាចស្លឹកល្មុត បណ្ដាលឲ្យមានរស្មីភ្លឺច្រាលដូចកម្ទេចសុវណ្ណ... នាងវិធាវី ដែលមានភក្ត្រស្ងប់ស្ងួត នាងអង្គុយមើលធម្មជាតិ និងពពួកមនុស្សដែលដើរហូរហែ មកពីមើលបុណ្យ១៤ ស៊ូយ៉េត។ នៅសញ្ជប់សញ្ជឹងយ៉ាងនេះយូរបន្តិច ស្រាប់តែយាយនួនស្លៀកពាក់ស យួរកញ្ច្រែងស្លាដើរចូលមក។ ឃើញកូនមុខក្រៀមក្រំដូច្នោះ គាត់ក៏សួរថា៖

  • អាវី ឯងចង់ទៅមើលបុណ្យនឹងគេហើយ។ យប់នេះគេថា មានរបាំនៅមុខផ្ទះលោកធំល្អមើលណាស់។ បើឯងចង់ទៅមើល ចាំអញរកគេជូន។


នាងវិធាវីឆ្លើយយ៉ាងតិចៗ ថា៖

  • ទេម៉ែ... កូនមិនចង់ទៅមើលអ្វីទេ។


យាយនួនគាត់សម្លឹងមើលមុខកូនគាត់មួយសន្ទុះ ទើបគាត់ដើរចូលទៅខាងក្នុង ទឹកមុខគាត់មានអាការប្រែប្រួលសម្ដែងឲ្យឃើញថា គាត់មានមនោគតិអ្វីៗមួយពុំខាន៕