រឿងព្រេងកំពង់ខ្សាច់ស

នៅក្នុងឃុំរាក់ជ័យ ស្រុកបាភ្នំ ខេត្ដព្រៃវែង មានភូមិមួយដែលនៅខាងលិចភូមិគោកសណែ្ដក ចម្ងាយប្រមាណ៣គ.ម គេហៅភូមិនេះថា “កំពង់ខ្សាច់ស”។ កាលពីដើមកំពង់ខ្សាច់ស ជាទីប្រជុំជននៃសាលាស្រុកបាភ្នំ។ ដោយទឹកជន់លិចជាញឹកញាប់ពេក រាជការក៏រើសាលាស្រុកអំពីកំពង់ខ្សាច់ស ទៅដាក់នៅសង្កាត់ឈើកាច់វិញ។ កំពង់ខ្សាច់សដែលស្ថិតនៅជាប់នឹងមាត់បឹងដ៏ធំមួយ ដែលមានទឹកខួបប្រាំងខួបវស្សា ព្រមទាំងសម្បូណ៌ដោយមច្ឆាជាតិផង។ នៅខែវស្សា បឹងខ្សាច់ស មានទឹកល្ហល្ហាចប្រៀបបាននឹងបឹងទន្លេសាបនារដូវប្រាំង ប៉ុនែ្ដនៅរដូវប្រាំងបឹងនេះរូមមកនៅតូចវិញ។ មុនឆ្នាំ១៩៥០ “កំពង់ខ្សាច់ស” ជាផ្សារមួយយ៉ាងធំមធ្យម ប្រកបដោយសេចក្ដីសប្បាយរុងរឿង ប៉ុនែ្ដដោយស្រុកមានអសន្ដិសុខក្នុងសម័យនោះ អ្នកផ្សារក៏នាំគ្នារត់ឡើងទៅនៅ ឯគោគសណែ្ដកខ្លះ ទៅនៅពាមរក៏អស់ខ្លះទៅ។ សព្វថ្ងៃកំពង់ខ្សាច់ស ក្លាយជាភូមិអ្នកស្រុកធម្មតា។ បានជាគេ ហៅថា “កំពង់ខ្សាច់ស” ដោយមានរឿងព្រេងដែលចាស់ៗនិទានតៗមកថាៈ ក្នុងអតីតកាលយូរអង្វែងណាស់មកហើយ ឮថាមានក្រពើឈ្មោលមួយនៅឯភ្នំជើងម៉ីដែង ក្នុងស្រុកកូសាំងស៊ីន មានមហិទ្ធិរិទ្ធខ្លាំងពូកែណាស់ អាចកាឡាខ្លួនជាមនុស្សក៏បាន ជាលោកសង្ឈក៏បាន។ ថ្ងៃមួយក្រពើនេះ បានកាត់មករកប្រខាំគ្នានឹងក្រពើមួយទៀតនៅទន្លេហោះហៀវ ក្នុងសង្កាត់កំពង់ភ្នំ ស្រុកលើដែក (កណ្ដាល) លុះមកដល់ពាម (បាណាម) ដែលមានទន្លេដែលបែកជាបី ក្រពើនោះរកទន្លេហោះហៀវមិនឃើញ។ ត្រង់នេះគេសន្មត់ហៅថា “ពាមរក៏” រហូតមកដល់សព្វថ្ងៃ។ ពេលនោះក្រពើក៏បានឃើញទូកតា និងយាយពីរនាក់ ដែលកំពង់អុំធ្វើដំណើរទៅកំពង់ភ្នំ ក្រពើក៏កាឡាខ្លួន ជាភេទលោកនេន សុំដោយសារទូកតានឹងយាយនោះទៅ។ ក្នុងពេលដែលតានឹងយាយកំពុងអុំទូក លោកនេន ក៏សួរតាថាត្រង់ណាគេហៅថាទន្លេហោះហៀវ? តាឆ្លើយថាបន្ដិចទៀតដល់ហើយ។ អើបើដល់ហើយ សូមតាប្រាប់អាត្មាផង។ មិនអីទេ ចាំករុណាទូលពុទ្ធដីកា។ លុះតានិងយាយ អុំទូកដល់ទន្លេហោះហៀវ ក៏ប្រាប់ថា ៖ ត្រង់នេះហើយហៅថា “ទន្លេហោះហៀវ លោកចៅ!”។ កាលដែលបានដឹងថាទន្លេហោះហៀវហើយ លោកនេនក៏កាឡាខ្លួនជាក្រពើភ្លាម លោតចុះទៅក្នុងទឹកភ្លុងបានជួបនឹងក្រពើហោះហៀវនោះ ក៏ចាប់ប្រខាំគ្នា យ៉ាងសម្បើមអស្ចារ្យ ដល់ទីបំផុតក្រពើនៅជើងភ្នំម៉ីដែងត្រូវក្រពើហោះហៀវខាំដាច់កន្ទ្ទុយ និងខាំត្រូវកន្លែងឯ ទៀតយ៉ាងដំណំ។ ក្រពើត្រូវរបួសក៏ហែល លាក់ខ្លួនពួនអាត្មាក្នុងបឹងមួយនៅខាងកើតពាមរក៏។ លុះដល់មនុស្សគេឃើញក្រពើកំបុតកន្ទុយនៅក្នុងបឹងនោះ គេក៏សន្មត់នាមបឹងនោះហៅថា “បឹងក្រពើកំបុត” រហូតដល់សព្វថ្ងៃ។ លុះភៀសខ្លួនផុតពីអាសន្នធំហើយ ក្រពើនោះក៏វារលូនប្រាថ្នានឹងវិលទៅលំនៅខ្លួនឯជើងភ្នំម៉ីដែងវិញ ដើម្បីនឹងឱ្យ បានជួបប្រពន្ធកូន ប៉ុនែ្ដជាអកុសលលូនមកដល់វាលខាងកើតបឹងនោះ ដែលសព្វថ្ងៃហៅថា “ខ្សាច់ស” ក៏ដាច់ខ្យល់ស្លាប់ទៅ។ អ្នកស្រុកនាំគ្នាអារយកសាច់ហើយចម្រាញ់យកខ្លាញ់។ ដោយហេតុតែក្រពើនោះមានរិទ្ធីអំណាច អ្នកស្រុកមិនហ៊ានអាស្រ័យ ក៏យកទៅចាក់ចោលនៅវាលខ្សាច់។ សាច់ក្រពើនោះស ក៏សន្មត់ហៅទីនោះថា “សាច់ស” ដល់យូរៗទៅហៅក្លាយមកថា “ខ្សាច់ស”។ ខ្លាញ់ក្រពើដែលគេចម្រាញ់បាននោះ គេយកទៅចាក់ចោលនៅបឹងមួយធំក្នុងឃុំពាមរក៏ ស្រុកពាមរក៏ ហើយសន្មត់ហៅបឹងនោះថា “បឹងចាក់ខ្លាញ់” ទាំងភូមិ និងវត្ដ នៅក្បែរមាត់បឹងនោះក៏ហៅថា “ភូមិចាក់ខ្លាញ់ វត្ដចាក់ខ្លាញ់ដែរ” រហូតដល់សព្វថ្ងៃ។ ចំណែកក្រពើញី កាលបើបាត់ប្ដីយូរពេក មិនឃើញត្រឡប់ទៅវិញក៏លាកូនមកតាមប្ដី។ លុះមកដល់ពាក់កណ្ដាលផ្លូវ បានដឹងថាប្ដីស្លាប់ទៅហើយ ក៏ទ្រោមពួនស្លាប់ខ្លូននៅទីនោះទៅ ខ្មោចក្រពើញីនោះឯង ក៏ក្លាយជាថ្មដោយអំណាចឫទ្ធី។ កន្លែងនោះ អ្នកស្រុកសន្មត់ហៅថា ថ្មក្រពើទ្រោម រហូតដល់សព្វថ្ងៃ។ ឯកូនក្រពើទៀតសោត កាលបើបាត់មេបាយូរពេក មិនឃើញត្រឡប់មកវិញ ក៏តាមមកទៀត មកដល់ពាក់កណ្ដាលផ្លូវក៏បានដឹងថា មេ និង បាខ្លួនស្លាប់អស់ហើយ ក៏ក្រាំងខ្លួនស្លាប់នៅទីនោះទៀតទៅ ទីក្រាំងខ្លួននោះ ក៏ក្លាយទៅជាថ្មដោយអំណាចឫទ្ធិដែរ។ ត្រង់នោះអ្នកស្រុក ហៅថាភូមិថ្មក្រាំង ហៅក្លាយមកទៀតថា ភូមិថ្មទ្រាំង រហូតសព្វថ្ងៃនេះ។ ចម្ងាយពីថ្មក្រពើទ្រោមទៅភូមិថ្មទ្រាំង ប្រមាណ១គ.ម នៅ ខាងកើតឆៀងអាគ្នេយ៏ផ្សារគោកសណែ្ដក ក្នុងសង្កាត់រាក់ជ័យ ស្រុកបាភ្នំ ខេត្ដព្រៃវែង។

ដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរ