រឿងព្រះគោព្រះកែវ
នេះជារឿងនិទានពី ព្រះគោ ព្រះកែវ ដែលនិយាយតៗគ្នាមក ។
នៅស្រុកលង្វែក មានគ្រួសារមួយរស់នៅពីរនាក់ប្ដីប្រពន្ធប្រកបរបរជាអ្នកធ្វើស្រែចម្ការ ។ នាងប្រពន្ធមានផ្ទៃពោះ លុះដល់យប់មួយបានយល់សប្ដិឃើញថានាងបានចិញ្ចៀនពេជ្របីវង់មកពាក់ ហើយក៏បាត់ទៅវិញ ។ នាងភ្ញាក់ឡើងភ័យផងអរផងក៏ឲ្យប្ដីទៅរកគ្រូទាយ ។ មាណពជាប្ដីបានទៅរកគ្រូទាយតាមដំណើរសប្ដិរបស់ប្រពន្ធ ។ គ្រូទាយក៏គន់គូរមើលតាមក្បួនតម្រាហើយក៏ប្រាប់ទៅមាណពថា “បើតាមសប្ដិនេះល្អណាស់! គឺមានអ្នកមានបុណ្យមកចាប់កំណើត តែត្រូវឲ្យនាងតមកុំបរិភោគផ្លែស្វាយខ្ចី បើមិនដូច្នោះនឹងមានគ្រោះថ្នាក់។ សូមក្មួយចាំសម្គាល់មើលដោយខ្លួនឯងចុះ” ។ មាណពត្រឡប់មកផ្ទះវិញក៏ប្រាប់ប្រពន្ធតាមពាក្យដែលគ្រូបានទាយ ព្រមទាំងហាមប្រពន្ធមិនឲ្យបរិភោគផ្លែស្វាយខ្ចី ។ លុះពរពោះបានគ្រប់ខែហើយ នាងចេះតែនឹកចង់ស្វាយខ្ចីយ៉ាងខ្លាំង។ ពេលមួយនាងដើររកមើលឃើញផ្លែស្វាយខ្ចីមួយក៏ប្រាប់ឲ្យប្ដីឡើងបេះ តែមាណពមិនព្រមឡើងបេះឲ្យ ដោយធ្វើជាទៅចម្ការបាត់ ។ ដោយនឹកចង់ស្វាយខ្ចីខ្លាំងពេករហូតដល់ទ្រាំលែងបាន ក៏ដើរទៅរកបេះដោយខ្លួនឯង ។ នាងខំប្រវេប្រវាឡើងដើមស្វាយម្នាក់ឯង ពេលទៅដល់លើនាងតោងចំមែកពុកមួយ ស្រាប់តែបាក់ធ្លាក់ចុះមកដល់ដី ស្លាប់មួយរំពេច ។ ពេលនោះធ្លាយពោះចេញកូនគោមួយនិងកូនប្រុសមួយពីផ្ទៃរបស់នាង ។ កូនគោចេញមកភ្លាមក៏ចេះដើរមួយរំពេច ឯកូនមួយទៀតនៅក្នុងស្រោមនៅឡើយ ។ កូនគោបានរត់ទៅរកឪពុកឲ្យមកជួយប្អូនដែលនៅក្រោមដើមស្វាយនោះ ។ មាណពឃើញកូនគោបានដើរតាមរហូតទៅឃើញប្រពន្ធដេកស្លាប់ក្រោមដើមស្វាយក៏យំសោកអាណិតប្រពន្ធជាពន់ពេក ។ ព្រះគោបានប្រាប់ឲ្យឪពុកលើកប្អូនចេញមក មាណពបានយកកូននោះទៅផ្ទះ ។
លុះព្រឹកឡើងមាណពបីកូនដើរសុំទឹកដោះពីអ្នកស្រុកឲ្យកូនបៅ អ្នកស្រុកបានសាកសួរមាណពថា៖
– នេះជាកូនអ្នកណាបានជាក្មួយដើររកទឹកដោះឲ្យបៅដូច្នេះ?
– នេះជាកូនរបស់ខ្ញុំ ។
– ចុះម្ដាយវាទៅណាបានជាមិនឲ្យវាបៅ?
– ប្រពន្ធខ្ញុំធ្លាក់ពីលើដើមស្វាយស្លាប់បាត់ហើយ ក្នុងពោះរបស់នាងមានកូនគោនិងកូនមួយនេះឯង ។
ឮដូច្នេះអ្នកស្រុកផ្អើលចោមរោមមើល ។ ពេលអ្នកស្រុកមកមើលឃើញមាណពបីកូនមួយមានទាំងកូនគោនៅក្បែរផង គេនាំគ្នាឆ្ងល់យ៉ាងខ្លាំង ហើយដឹងថាមានកូនកើតមកជាសត្វគោ ឯម្ដាយបែកពោះស្លាប់ខុសគេឯងដូច្នេះ អ្នកស្រុកយល់ថានឹងនាំឲ្យចង្រៃដល់ភូមិស្រុក ក៏នាំគ្នាជេរស្ដី តាមវាយបណ្ដេញមាណព និងកូនលែងឲ្យមកក្បែរភូមិ ។ មាណពនិងកូនទាំងពីររត់ទៅរស់នៅក្នុងព្រៃឆ្ងាយដាច់ពីគេឯង ដោយមិនហ៊ានសង់ផ្ទះសម្រាប់ជ្រកកោនអ្វីឡើយ ។ មាណពនាំកូនទៅជ្រកតែក្រោមដើមឈើធំៗ ហើយដើរបេះផ្លែឈើបរិភោគជាអាហារ ។
ក្រោយមក ព្រះគោ ព្រះកែវ រាងធំល្មមដឹងក្ដីខ្លះៗ ថ្ងៃមួយពីរនាក់បងប្អូនចេញមកវាលមួយបានឃើញពួកក្មេងឃ្វាលគោមួយហ្វូងកំពុងលេងយ៉ាងសប្បាយ ។ ព្រះកែវបានសុំបងទៅលេងជាមួយពួកគេដែរ ដោយបោចវល្លិធ្វើជាខ្សែចងព្រះគោដឹកចេញទៅ ។ លុះដល់ពេលបាយ ក្មេងៗទាំងនោះនាំគ្នាស៊ីបាយជុំគ្នា ឯព្រះកែវគ្មានបាយ ក៏ដើរទៅសុំគេ៖
– ខ្ញុំសុំស៊ីផង!
– ទេ! អញមិនឲ្យទេ ។ យី! អានេះមកពីណាបានជាមកសុំបាយគេស៊ី?
ពេលគេស៊ីបាយរូច ព្រះកែវឃើញគ្រាប់បាយនៅជាប់នឹងស្លឹកចេក ក៏សុំគេទៀត តែពួកក្មេងៗគង្វាលនោះបានយកស្លឹកខ្ចប់បាយនោះទៅញីចោល រួចដេញវាយជេរព្រះកែវចេញទៅ ។ ព្រះកែវបានរត់មកប្រាប់ព្រះគោដោយយំខ្សឹកខ្សួលនឹងពូកគេដែលវាយជេរមកលើខ្លួន ។ ព្រះគោបាននឹងអាណិតព្រះកែវជាប្អូនយ៉ាងខ្លាំង ។ ព្រះគោឃើញប្អូនឃ្លានបាយ ហើយត្រូវគេដេញវាយ ធ្វើបាបព្រមទាំងត្មះតេះដៀលដូច្នេះ ក៏តាំងរោទិ៍បីដងស្រាប់តែក្អែចេញជាម្ហូបអាហារទិព្វដែលមានចាន ពែង ថូ ស្លាបព្រា ។ល។ សុទ្ធតែគ្រឿងមាសប្រាក់ឲ្យប្អូនបរិភោគម្នាក់ឯង ។
– ហេតុអ្វីបានជាបងមិនក្អែអាហារនេះឲ្យពុកយើងផង?
– មិនបានទេ ! អាហារនេះគឺសម្រាប់តែប្អូនម្នាក់ឯងប៉ុណ្ណោះ ។
ពួកក្មេងឃ្វាលគោលបមើលព្រះគោក្អែចេញអាហារនិងរបស់របរប្រើប្រាស់សុទ្ធតែគ្រឿងមាសប្រាក់ដូច្នេះ ក៏លបចាំមើលដល់ព្រះគោលេបគ្រឿងមាសប្រាក់ទាំងអស់នោះចូលក្នុងពោះវិញ ។ ក្មេងៗបាននាំគ្នារត់ទៅប្រាប់ឪពុកម្ដាយរៀងៗខ្លួន ធ្វើឲ្យចាស់ៗក្នុងភូមិឆ្ងល់ពីហេតុការណ៍នេះ ។ អ្នកភូមិបាននាំគ្នាផ្អើលឆោឡោ កាន់ពូថៅ កាំបិត ដំបង ទៅព័ទ្ធចាប់ព្រះគោដើម្បីនឹងវះយកវត្ថុទិព្វទាំងនោះ ។ លុំចាប់បានព្រះគោហើយ គេក៏ដឹកយកមកចងជាប់នឹងដើមកណ្ដោលធំមួយ និងមានមនុស្សផ្អើលមកឈរមើលព្រះគោដោយសេចក្ដីងឿងឆ្ងល់ និងនឹកចង់បានទ្រព្យរបស់ដែលមាននៅក្នុងពោះព្រះគោ ។ ពេលអ្នកស្រុកចូលបម្រុងនឹងធ្វើបាបព្រះគោ ភ្លាមនោះព្រះគោបានឲ្យប្អូនតោងកន្ទុយឲ្យជាប់ ហើយក៏ហោះឡើងសណ្ដកដើមកណ្ដោលរលំបាក់លើពួកអ្នកស្រុកទាំងអស់នោះ ធ្វើឲ្យអ្នកខ្លះត្រូវបាក់ដៃ បាក់ជើង បែកក្បាលស្ទើរគ្រប់ៗគ្នា ហើយព្រះគោបានស្រែកប្រាប់ទៅអ្នកស្រុកដែលត្រូវរបួសថាឲ្យយកដើមកណ្ដោលទៅដាំផឹកនឹងជាវិញហើយ ។ ពេលឮដូច្នោះ អ្នកខ្លះបានកាប់យកឫសកណ្ដោលទៅដាំផឹកដើម្បីព្យាបាលរបួសខ្លួន ស្រាប់តែជាសះស្បើយយ៉ាងសក្ដិសិទ្ធិមែន ក៏នាំគ្នានឹកដល់ព្រះគោដែលមានឬទ្ធិបារមីខ្លាំងពូកែ និងលែងហ៊ានបៀតបៀនព្រះគោទៀត ។ ព្រះគោបានហោះទៅនៅក្នុងព្រៃដ៏ជ្រៅឆ្ងាយពីភូមិស្រុកនានា ហើយរស់នៅតែពីរនាក់បងប្អូនក្បែរស្រះទឹកមួយយ៉ាងល្អ ។
និយាយពីឪពុករបស់ព្រះគោ ព្រះកែវ បាត់កូនមិនឃើញត្រឡប់មកកន្លែងដើមវិញ ក៏ខំស្រែកហៅជុំវិញទីនោះមិនឃើញសោះ ។ មាណពនឹកកូនឥតឧបមា បានដើររកស្ទើរគ្រប់ទីកន្លែងមិនឃើញទៀត មាណពធ្វើដំណើរចេញពីទីនោះ ដើរស្វែងរកកូនដោយក្ដីវិលវល់បំផុត ។ មិនយូរប៉ុន្មាន ឪពុករបស់ព្រះគោព្រះកែវធ្លាក់ខ្លួនឈឺរហូតដល់ដួលស្លាប់ក្នុងព្រៃនោះទៅ ។
ថ្លែងពីបុត្រីប្រាំពីរអង្គរបស់ស្ដេច ។ នាងដែលជាបុត្រីពៅមានរូបឆោមស្អាតនិងមានចរិយាស្លូតបូតជាងគេ ។ ថ្ងៃមួយបុត្រីទាំងអស់គ្នាអផ្សុកនឹកចង់ទៅលេងព្រៃដែលនៅឆ្ងាយពីរាជវាំង ក៏បានទូលសុំអនុញ្ញាតពីព្រះបិតារួចចេញដំណើរទៅ ។ លុះទៅដល់ស្រះទឹកមួយកណ្ដាលព្រៃក្បែរកន្លែងព្រះគោព្រះកែវស្នាក់នៅ បុត្រីស្ដេចទាំងអស់ និងពួកហែហមទាំងឡាយនាំគ្នាឈប់សម្រាក និងងូតទឹកលេងសប្បាយក្នុងស្រះទឹកនោះ ។ ព្រះកែវឮសូរមាត់មនុស្សអ៊ូអរក៏ចេញមកលបមើល ឃើញបុត្រីស្ដេចទាំងប្រាំពីរអង្គ ព្រះកែវបានចាប់ចិត្តស្រឡាញ់នាងពៅ តែដោយខ្លួនគ្មានសម្លៀកបំពាក់ត្រឹមត្រូវ បានរត់មកនិយាយប្រាប់បង ។ ព្រះគោឮប្អូននិយាយប្រាប់ក៏ក្អែសម្លៀកបំពាក់ និងគ្រឿងអលង្ការទិព្វឲ្យព្រះកែវស្លៀកពាក់យ៉ាងស្អាតហើយចេញទៅ។ បុត្រីស្ដេចទាំងនោះឃើញព្រះកែវភ្លាម នាំគ្នាលួចស្រឡាញ់ ហើយហៅចុះទៅងូតទឹកលេងល្បែងដេញចាប់កូនកាសអណ្ដែតទឹក ។ ពេលព្រះកែវចាប់បាន ដេញជួសតែនាងពៅ ហើយពេលនាងពៅចាប់បានវិញ ក៏ដេញជួសតែព្រះកែវដែរ។ លុះលេងបានបានយូរបន្តិចទៅនាងពៅនិងព្រះកែវកាន់តែស្និទ្ទឡើងៗ ធ្វើឲ្យបងៗនាងពៅខឹងហើយនាំគ្នាត្រឡប់ទៅវាំងវិញ ព្រមទាំងនិយាយថានឹងយករឿងនេះទៅទូលព្រះបិតា។
ពេលត្រឡប់ទៅដល់វាំងវិញ បងៗរបស់នាងពៅចូលទៅគាល់ព្រះបិតាជាធម្មតា ។ ដោយពុំឃើញនាងពៅចូលគាល់ ស្ដេចក៏សួររក៖
– នាងពៅទៅណា បានជាមិនឃើញមកដូច្នេះ?
– ព្រះបិតា! នាងមិនហ៊ានចូលគាល់ព្រះអង្គទេ។
– តើមានរឿងហេតុអ្វីបានជាមិនហ៊ានចូលមក?
– ព្រះបិតា! ពេលទៅស្រង់ទឹកលេងនោះ នាងពៅបានប្រឡែងលេងជាមួយបុរសម្នាក់ដោយគ្មានខ្លាចក្រែងអ្វីឡើយ ។
ស្ដេចស្ដាប់កូនបងៗទូលដូច្នេះ ក៏ខ្ញាល់នឹងនាងពៅដែលហ៊ានធ្វើផ្ដេសផ្ដាសឥតខ្លាចក្រែងព្រះអង្គ ។ ព្រះអង្គបានបញ្ជាឲ្យនិរទេសនាងពៅចេញពីវាំងទៅរស់នៅក្នុងព្រៃ ។ នាងពៅបានធ្វើដំណើរក្នុងព្រៃដោយសោយតែផ្លែឈើរហូតដល់ជួបនឹងព្រះកែវ ។ ព្រះគោបានរៀបអភិសេកព្រះកែវនិងនាងពៅ រួចបានក្អែចេញប្រាសាទយ៉ាងល្អសម្រាប់ប្អូនរស់នៅទាំងអស់គ្នា ។
និយាយពីស្ដេចសៀមបានប្រើរាជទូតនាំសារមកទូលថ្វាយស្ដេចខ្មែរបបួលប្រជល់មាន់ដាក់ប្រជារាស្ដ្រ ពលទាហាននិងទ្រព្យសម្បត្តិ ។ ការជល់នេះស្ដេចសៀមជាអ្នកឈ្នះ តែស្ដេចខ្មែរបានសុំជល់ម្ដងទៀត ។ លើកក្រោយនេះ ស្ដេចខ្មែរមានការព្រួយព្រះទ័យយ៉ាងខ្លាំង ព្រោះមិនដឹងជារកមាន់ឯណាមកជល់ឈ្នះមាន់ស្ដេចសៀម។ ព្រះអង្គបានឲ្យពួកសេនាស្វែងរកមាន់ខ្លាំងពូកែគ្រប់កន្លែង ។ លុះពួកគេដើរៗទៅបានជួបនឹងនាងពៅ ហើយបាននិយាយតាមដំណើររឿងព្រមទាំងត្រឡប់មកវិញយកដំណឹងនេះទូលថ្វាយដល់ស្ដេច ។ ពេលនោះស្ដេចនិងបុត្រីទាំងអស់បានយល់ថាត្រូវឲ្យនាងពៅជាមួយព្រះកែវ ដោះស្រាយរឿងនេះ ។ ព្រះកែវយករឿងនេះទៅប្រាប់បង ពេលនោះព្រះគោសុខចិត្តប្រែកាឡាខ្លួនជាសត្វមាន់ដើម្បីជួយដល់នគរទាំងមូល ។ ពេលជល់លើកនេះមាន់ស្ដេចខ្មែរ ឈ្នះខាងស្ដេចសៀម ធ្វើឲ្យស្ដេចសៀមខឹងយ៉ាងខ្លាំងហើយឆ្ងល់ថា៖ “ហេតុអ្វីបានជាមាន់ស្ដេចខ្មែរមានមាឌតូចសោះអាចសម្លាប់មានគកដ៏ធំរបស់យើងដូច្នេះ? នេះប្រហែលមានឬទ្ធិបារមីអ្វីហើយមើលទៅ?” ។ ស្ដេចសៀមមិនអស់ចិត្ត ក៏បបួលប្រជល់ដំរីម្ដង ។ ពេលនេះព្រះគោត្រូវប្រែកាឡាជាដំរី ដើម្បីប្រជល់ម្ដងទៀត ។ លើកនេះដំរីខ្មែរឈ្នះដំរីសៀមដដែល ធ្វើឲ្យស្ដេចសៀមកាន់តែខឹងនិងចង់ដឹងថែមទៀត ។ លើកក្រោយសៀមបានរៀបចំគោយន្ដធ្វើពីដែកហើយមកបបួលស្ដេចខ្មែរប្រជល់ទៀត ។ លើកនេះព្រះគោដឹងច្បាស់ថាច្បាស់ជាចាញ់គេហើយក៏និយាយប្រាប់ប្អូនឲ្យប្រុងប្រយ័ត្ន នាំនាងពៅមកក្បែរទីលានប្រយុទ្ធ ហើយត្រៀមតោងកន្ទុយដើម្បីហោះរត់ចេញ ។ លុះដល់ពេលជល់ ព្រះគោបានព្យាយាមជល់ជាមួយគោយន្ដយ៉ាងខ្លាំង ព្រះគោបានបោលបុកគោយន្ដរបស់សៀមបីដង ដឹងថាមិនអាចយកឈ្នះបានក៏រត់មករកប្អូនភ្លាម ។ ព្រះកែវនាំនាងពៅតោងកន្ទុយបង ហើយព្រះគោហោះវឹងចេញទៅធ្វើឲ្យផ្អើលអស់ទាំងខ្មែរទាំងសៀមនឹកតាមមើល ហើយសៀមនឹកចង់បានព្រះគោយ៉ាងខ្លាំង ក៏នាំពលទាហានដេញតាមចាប់ ។ ចំណែកឯនាងពៅតោងកន្ទុយព្រះគោយូរៗទៅ ក៏ធ្លាក់ចុះមកដី ព្រះកែវឃើញដូច្នោះក៏លែងដៃចុះមកតាមនាងពៅ ។ ពេលធ្លាក់ចុះមកដល់ នាងពៅបានប្រាប់ព្រះកែវឲ្យរត់ចេញទៅព្រោះពួកសៀមតាមជាប់មកពីក្រោយ ហើយនាងក៏ដាច់ខ្យល់ស្លាប់មួយរំពេច ។ ព្រះកែវរត់ចេញទៅ ឯព្រះគោដឹងថាប្អូនធ្លាក់ចុះមក ក៏ចុះមកតាមប្អូនជួបនឹងព្រះកែវក៏នាំគ្នារត់គេចចេញពីពួកសៀមជានិច្ច ។
និយាយពីព្រះឥន្ទ្រក្ដៅក្រហាយនៅមិនបានក៏ប្រមើលមើលមកក្រោមឃើញនាងពៅដេកស្លាប់កណ្ដាលព្រៃដូច្នេះ ក៏យកទឹកកន្ទីរ មកស្រោចពីលើសពនាងឲ្យក្លាយជាថ្មនិងនាំព្រលឹងនាងទៅគង់នៅឋានសួគ៌ ។
ចំណែកព្រះគោចេះតែនាំប្អូនរត់គេចរហូតដល់កន្លែងមួយមានព្រៃច្រើនគ្រាន់បើក៏ពួននៅទីនោះ ។ ចាប់ពីព្រះគោទៅនៅត្រង់នោះមក ធ្វើឲ្យដើមឈើទាំងឡាយមានផ្លែផ្កាស្រសបំព្រង សត្វផងទាំងពួង ក៏ដូចអ្នកភូមិក្បែរៗនោះបានសម្បូណ៌សប្បាយប្លែកខុសពីធម្មតា ។ ដំណឹងនេះបានលេចឮទៅដល់ស្ដេចសៀម គេបានឲ្យហោរាទាយដឹងថា មានព្រះគោទៅនៅត្រង់នោះ ក៏នាំទាហានដេញតាមចាប់បន្តទៀត ។ ដោយចង់បានព្រះគោទៅនៅក្នុងស្រុករបស់គេខ្លាំងពេក ក៏ចេះតែតាមចាប់គ្រប់ពេលវេលា ។ ព្រះគោនាំប្អូនហោះគេចទៅដល់បន្ទាយលង្វែក មានព្រៃឫស្សីដុះយ៉ាងក្រាស់ព័ទ្ធជុំវិញ ក៏នាំគ្នាលាក់ខ្លួនពួននៅទីនោះ ។ ស្ដេចសៀមបានឲ្យហោរាទាយដឹងថាព្រះគោនៅទីនោះ ក៏លើកគ្នាមកតាមចាប់ តែចូលមិនរួចដោយមានព្រៃឫស្សីច្រើនពេក ក៏រកល្បិចបាញ់ប្រាក់ដួងមកច្រកក្នុងកាំភ្លើងបាញ់ចូលព្រៃឫស្សីនោះហើយត្រឡប់ទៅវិញ ។ ពេលក្មេងឃ្វាលគោមកដល់កន្លែងនេះរើសបានប្រាក់ដួងនៅតាមគុម្ពឫស្សី ក៏នាំគ្នាទៅប្រាប់ឪពុកម្ដាយ ធ្វើឲ្យអ្នកស្រុកនាំគ្នាមកកាប់ឆ្ការព្រៃឫស្សីដើម្បីយកប្រាក់នោះ ។ មិនយូរប៉ុន្មានឫស្សីទាំងនោះត្រូវខ្ទេចខ្ទីអស់ ។ សៀមបានលើកទ័ពមកម្ដងទៀត ពេលនោះព្រគោព្រះកែវប្រែកាឡាជាសត្វក្របី ហើយដើរចូលក្នុងហ្វូងក្របីដើម្បីបន្លំពួកសៀម ។ ស្ដេចសៀមបានយកព្រ័ត្រស្បែកក្របីព័ទ្ធជាសីមា ជុំវិញហ្វូងក្របីដើម្បីចាំមើល ។ ក្របីទាំងនោះលោតរំលងព្រ័ត្ររត់បាត់អស់នៅពេលពួកសៀមដេញវាយ តែព្រះគោ និង ព្រះកែវមិនព្រមលោតរំលងព្រ័ត្រក៏ឈរនៅស្ងៀមព្រោះខ្លាចសាបសិល្ប៍មន្ដវិជ្ជាផ្សេងៗ ។ ពួកសៀមចាប់ព្រះគោព្រះកែវហើយបានវាយជេរ ហើយយកទៅដាក់ឃុំទុកនៅស្រុកសៀមបាត់ទៅ។
វេលាយប់មួយ ព្រះគោព្រះកែវលួចរត់ចូលមកដល់ស្រុកខ្មែរវិញ ។ ពួកសៀមបានលើកទ័ពមកតាមចាប់ព្រះគោព្រះកែវស្ទើរគ្រប់ទីកន្លែង រហូតដល់ចាប់បានម្ដងទៀត លែងហ៊ានជេរវាយ តែបែរជាសង់ប្រាសាទយ៉ាងស្អាតឲ្យព្រះគោព្រះកែវគង់នៅ ហើយមានជញ្ជាំងខ័ណ្ឌប្រាំពីរជាន់ និង មានអ្នកយាមយ៉ាងត្រឹមត្រូវ ដោយខ្លាចព្រះគោលួចរត់ទៀត ។ ពួកសៀមយល់ថា កាលណាបានព្រះគោគង់នៅទីណា ទីនោះនឹងបានសុខក្សេមក្សាន្ដ ។ ដូច្នេះហើយបានជាពួកសៀមខំថែរក្សាព្រះគោព្រះកែវទុកយ៉ាងរឹងមាំ ហើយចាប់តាំងពីពេលនោះមក ព្រះគោព្រះកែវលែងបានវិលត្រឡប់មកស្រុកខ្មែរវិញរហូតដល់សព្វថ្ងៃ ៕