រឿងមហាចោរនៅទល់ដែនវគ្គទី៥៖បណ្ដាំបង

មានន្ទបំផាយសេះយ៉ាងលឿនកន្ដាលទីងងឹតឆ្ពោះទៅកាន់គេហដ្ឋានព្រះកម្ពុត។ ទុក្ខដែលកើតអំពីមរណភាពវិសេសក្លាហាននៅញាំញីចិត្ដអ្នកពុំចេះចប់ពុំចេះហើយ។ មរណភាពតែមួយនេះ ធ្វើឲ្យអ្នកអាណិតអាសូរដល់បិតាក្មេកដែលចាកស្ថានទៅផង ឲ្យអ្នកអាណិតដល់នាងទេវីជាភរិយាសំនប់ដែលរស់នៅនោះផង។

ទុក្ខទាំងពីរប្រភេទសឹងមានទម្ងន់ស្មើគ្នា។
អ្នកអាណិតវិសេសក្លាហានដោយបុគ្គលនេះស្លាប់ទៅមានទឹកមុខញញឹមស្រស់ប៉ប្រិម ដូចភក្រ្ដព្រះពុទ្ធដែលចូលព្រះនិព្វាន។ អ្នកអាណិតនាងទេវីដោយស្រីឆើតឆាយបានបង្ហូរទឹកភ្នែកសស្រាក់ ទឹកភ្នែកនេះហាក់នៅសើមៗក្នុងដួងវិញ្ញាណរបស់អ្នក។ សេះបោលសម្រុកទៅមុខយ៉ាងលឿន កាត់ព្រៃ និង វាល ដូចព្រួញព្រហ្មរបស់ព្រះនរាយណ៍។ គេឮសូរស្លឹកឈើ និង មែកឈើដែលបាក់ប្រាវៗ។ មិនយូរប៉ុន្មានមានន្ទមើលឃើញកំពែងអាសនបិតាខ្លួន។ អ្នកបោះពួយតម្រង់ទៅមាត់ទ្វារ។ អ្នកយាមធ្វើសញ្ញាគោរពយ៉ាងស្វាហាប់។ លុះអ្នកជិះសេះនេះទៅដល់បន្ទាយហើយ ក៏លោតចុះពីលើខ្នងសេះដោយរួសរាន់បន្ទាន់ចិត្ដ។ សេនាម្នាក់ក៏ស្ទុះមកគោរពជាលើកទីពីរ។ មនន្ទស្គាល់ក្នុងទីងងឹតថាជាសេនារបស់ខ្លួន ក៏មានវាចាខ្សឹបៗថា៖

  • បងកោប បងឯងមានដឹងរឿងអ្វីប្លែកក្នុងផ្ទះខ្ញុំទេ ?

គឺមនុស្សម្នាក់រូបតូច ខ្នងខុបបាក់ជាពីរ ។ មនុស្សនេះឆ្លើយដោយនឹងនួនវិញថា៖

  • បាទទេ ! អត់មានរឿងអ្វីទេ ! តែមុននេះបន្ដិចមានឃើញទាហានម្នាក់ជិះសេះមកដល់ទីនេះ រួចចូលទៅក្នុងបន្ទប់ឪពុករបស់លោកគ្រូ ។ ខ្ញុំឃើញសេះ និង អ្នកជិះនោះបែកញើសដាបខ្លួន។ ប្រហែលជាមានការអ្វីប្លែកមកពីក្រៅហើយមើលទៅ។
  • ឪពុកខ្ញុំនៅទេ ?
  • នៅហ្នឹង!
  • ចុះបងកោប ឯងមានឮសូរមាត់គាត់និយាយអ្វីទេ ?
  • ទេ ! អត់ទេ !
  • តាំងពីល្ងាចមក គាត់សម្រាន្តហើយ រឺ នៅ?
  • នៅ ! ម៉េចក៏លោកគ្រូសួរដូច្នោះ ?
  • ការផ្ទាល់ខ្លួន !
  • ការអ្វី ?

មានន្ទទះស្មាកោបមួយផូង សើច ធ្វើដោយមេត្រីភាព៖

  • ចាំថ្ងៃក្រោយខ្ញុំនិយាយប្រាប់។ ឥឡូវយកសេះខ្ញុំទៅទុកចុះ។ នាយកោបមិនអស់ចិត្ដ ចាប់បង្ហៀរសេះបណ្ដើរ សួរបណ្ដើរទៀតថា៖
  • ការធំ រឺ ការតូច ? ការចិត្ដ រឺ ការនគរ ? ការសប្បាយ រឺ ការច្បាំង ?
  • ការចិត្ដ តែឥឡូវនេះខ្ញុំប្រញាប់ណាស់ ប្រញាប់ទៅជួប នឹង ឪពុករបស់ខ្ញុំ។
  • បានជាខ្ញុំចង់ដឹង ពីព្រោះខ្ញុំចេះតែញាក់ភ្នែកឆ្វេងព្រើតៗ...!
  • ឆ្គួត !
  • បើមានរឿងអ្វី សូមលោកគ្រូអាណិតប្រាប់ខ្ញុំឲ្យឆាប់ផងណ៎ា !..
  • យល់ព្រម

មានន្ទក៏ស្ទុះឡើងកាំជន្ដើរទៅលើផ្ទះ។ នាយកោបក៏ដឹកសេះយកទៅទុក។ មានន្ទដើរយ៉ាងមាំមួនចូលទៅក្នុបន្ទប់ព្រះកម្ពុត។ គឺជាបន្ទប់មួយធំ ជញ្ជាំងលាបពណ៌បៃតងខ្ចីស្រស់។ នៅជញ្ជាំងនីមួយៗមានព្យួរផ្ទាំងគំនូរចាស់ៗ គូរដោយដៃសិប្បករយ៉ាងចំណាននៃសម័យព្រងនាយនោះ។ នៅលើក្ដារ គឺកម្រាលល្អឆើតឆាយរំលេចដោយរូបភាពសត្វផ្សេងៗ និងរុក្ខាលតាវល្លិប្លែកៗដោយពណ៌ស លឿង ក្រហម បីដូចពណ៌ធម្មជាតិមែនៗ។ ក្រៅពីនេះចក្ខុយើងចាប់ភ្លឹកស្ញប់ស្ញែងដល់តុ ទូ កែវកង ដែលរៀបចំយ៉ាងប្រពៃ។ វត្ថុទាំងអស់សុទ្ធសឹងតែលាងដុសខាត់ស្អាតរលោងរលើបស្ទើរឆ្លុះមុខបាន។ គ្រឿងលំអទាំងពួងមានកែវកងជាដើមសឹងធ្វើអំពីប្រាក់ និង មាសយ៉ាងរុងរឿង។ នៅខាងមុខបន្ទប់ដ៏ស្ដុកស្ដម្ភនេះ ព្រះកម្ពុតកំពុងធ្វើការ អង្គុយសរសេរនៅលើតុធំមួយ។ គឺជាមនុស្សម្នាក់ប្រមាណ ៥០ឆ្នាំ ភ្នែកលៀនសក់ស្កូវល្បាយអាចម៍ខ្លា ថ្ងាសខ្ពស់។ នៅពីក្រោយខ្នងស្ដេចសឹកនេះ គេសង្កេតឃើញអាវុធគ្រប់បែប គ្រប់យ៉ាងដែលព្យួរនៅជញ្ជាំង មានកាំបិតស្នៀត ដាវ ធ្នូ ព្រួញ ខែល ជាដើម។

មានន្ទដើរបោះជំហានវែងៗចូលទៅរកព្រះកម្ពុតជាបិតា។ ព្រះកម្ពុតឮសូរជើងមានន្ទស្គាល់ជាក់ថា ជាសូរជើងកូនរបស់ខ្លួន តែព្រះកម្ពុតធ្វើពុំឮ គិតតែសរសេរសំបុត្រតូចមួយដោយផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់។ មានន្ទមកដល់ លុតជង្គង់វន្ទាពីមុខព្រះកម្ពុតដោយគោរពមួយសន្ទុះក្រោយមក ព្រះកម្ពុតដាក់ស្លាបប៉ាកកាចុះ ទឹកមុខមាំមួនហូតខ្សៀមកញាត់ថ្នាំអុជជក់យ៉ាងព្រងើយ។ មានន្ទឃើញផ្សែងហុយទ្រលោមឡើងទៅលើ។ អ្នកប្រុងស្មារតីនឹកក្នុងចិត្ដរកមើល តើគ្រោះថ្នាក់ដែលអ្នកទទួលនោះយ៉ាងណា? ព្រះកម្ពុតសម្លក់កន្ទុយភ្នែកមើលទៅមានន្ទ ខាំធ្មេញរួចនៅស្ងៀម។ មានន្ទរិតតែឆ្ងល់អស្ចារ្យក្នុងចិត្ដ អំពីអាកប្បកិរិយាដ៏ប្លែករបស់លោកឪពុកអ្នក។ អ្នកនឹកច្នៃថា ប្រហែលជាលោកដឹងរឿងរ៉ាវទាំងអស់របស់អ្នកជាមួយអាពាហ៍ពិពាហ៍នាកណ្ដាលរាត្រីស្ងាត់នេះ។ តំនក់ញើសហូរពាសពេញខ្លួនអ្នក តែយុវជនប្ដេជ្ញាក្នុងចិត្ដថា បើឪពុកអ្នកជំទាស់នឹងរឿងនេះ អ្នកនឹងហ៊ានចេញមុខជំទាស់វិញយ៉ាងដាច់ខាត។ នាទីដ៏តឹងតែងនេះ ក៏ចេះតែហូរទៅ មានន្ទក៏រឹតតែថប់ដង្ហើមឡើងៗបុរសគិតរិះរកចំនុចផ្សេងៗ ដើម្បីបានដឹងឆាប់អំំពីគោលបំនងនៃការកោះហៅខ្លួនអ្នកមកនេះ ។ នឹងយករឿងនាងទេវីមកនិយាយដោះសាជម្រាបលោកតែម្ដងទៅជាការធ្វេសប្រហែសមួយយ៉ាងធំ។ នឹងរង់ចាំឲ្យឪពុកអ្នកបង្ហើបរឿងមុនឪពុកអ្នកពុំធ្វើសោះ។ មិនតែប៉ុណ្ណោះអាកប្បកិរិយារបស់ព្រះកម្ពុត បង្កើតបរិយាកាសកំហែងដល់មានន្ទយ៉ាងខ្លាំងក្រៃពេក។ មានន្ទលូកហោប៉ៅដើម្បីរកកូនកន្សែងមកជូតញើស ស្រាប់តែចុងម្រាមដៃអ្នកបះលើសំបុត្រដីកាកោះ។ រន្ទះនៃសេចក្ដីរីករាយមួយមកដាស់ចិត្តឲ្យចាកផុតអំពីរណ្ដៅចង្អៀតចង្អល់ ដែលអ្នកជួបប្រទះមកនេះ។ មានន្ទក៏ហុចសំបុត្រដីកានោះជូនព្រះកម្ពុតដោយគោរព។

ព្រះកម្ពុតយកសំបុត្រនោះបោះទៅលើតុ រួចសួរដោយសង្កត់សម្លេងយ៉ាងធ្ងន់ៗថា

  • ឯងទើបមកពីណា ?

មានន្ទបុកពោះភឹបៗ នឹកថា អីយ៉ា ! រករឿងទេតើ ! ក៏ប៉ុន្ដែមុននឹងចេញសម្ដីតវ៉ា អ្នកនឹកឃើញថា ត្រូវតែឆ្លើយទៅតាមលំអានរឿង។

  • លោកឪពុកមានការអ្វី ហៅខ្ញុំទាំងយប់ ?

ព្រះកម្ពុត សម្លក់មានន្ទចុងភ្នែកជាថ្មី។

  • អញមិនមែនឪពុកឯងទេ ?

មានន្ទភ្ញាក់ដូចគេកន្រ្ដាក់នឹងពាក្យនេះ ។ អ្នកបើកភ្នែកធំ បបូរមាត់ឡើងស្វាយ ជង្គង់ឡើងញ័រស្ទើរឈរពុំកើត។ បុរសនឹកថា ម្ដងនេះមុខជាដាច់អស់និស្ស័យហើយ។ អ្នកប្រឹងញញឹម រួចឆ្លើយដោយចំអកថា

  • បើលោកឪពុកមិនជាឪពុកខ្ញុំ តើជាអ្វីទៅវិញ ?

ព្រះកម្ពុតក្រោកឡើងគំហកវិញថា

  • អញហៅឯងមកសួរឯង មិនមែនហៅឯងមកសួរអញទេ។ តោងឆ្លើយតាមពាក្យអញសួរ។ អញសួរឯងថា តើឯងទៅណាបាត់តាំងពីល្ងាចម្លេះ ?

មានន្ទសើច៖

  • ការផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំពុំអាចប្រាប់លោកឪពុកបានទេ។ ខ្ញុំមកនេះ គឺមកឋានៈជាទាហាន ពីព្រោះដីកាកោះហៅតាមកិច្ចការទាហាន។ បើសិនជាមានការផ្ទាល់ខ្លួន ប្រាកដជាពុំមានដីកាដូច្នេះទេ។ បើដូច្នេះខ្ញុំអាចឆ្លើយជម្រាបលោកឪពុកបាន តែអំពីកិច្ចការខាងទាហានប៉ុណ្ណោះ ដោយសូមទោសលោកឪពុក ខ្ញុំមិនឆ្លើយពីការផ្ទាល់ខ្លួនជាដាច់ខាត។

ព្រះកម្ពុតពេបមាត់ តែងក់ក្បាល។ ឃើញដូច្នោះ មានន្ទបានធូរក្នុងចិត្ដបន្ដិច។ ព្រះកម្ពុតបឺតខ្សៀបង្ហុយផ្សែង រួចដោយនិយាយបន្ទន់សម្លេងថា៖

  • ឯងបំពេញការផ្ទាល់ខ្លួនរបស់ឯងស្រេចហើយរឺនៅ?

មានន្ទនឹកថា បញ្ហានាងទេវីនៅតែចោទដដែលក្នុងពេលដែលអ្នកស្មានថាបានធូរបន្ដិចទៅហើយ។ បញ្ហានេះគ្រាន់តែផ្លាស់បែបចោទប៉ុណ្ណោះ ។ យុវជនឆ្លើយតបវិញថា៖

  • ការផ្ទាល់ខ្លួនពុំអាចមាននរណាបំពេញចប់នោះទេ ។ តែលោកឪពុកសូមជ្រាបថា ការផ្ទាល់ខ្លួនជាការតូចតាចដែលគេអាចទុកចោលមួយកន្លែងបាន។ ឯការដែលធំហើយសំខាន់នោះ គឺការនគរ។

ព្រះកម្ពុតដើរចុះដើរឡើងស្ដាប់មានន្ទអធិប្បាយ។ លុះអធិប្បាយចប់ លោកក៏ដើរទៅជិតតុ ទាញយកសំបុត្រមួយមកហុចឲ្យមានន្ទ ។ វីរបុរសភិតភ័យឡើងសាជាថ្មី ដោយពុំដឹងសេចក្ដីសំបុត្រនោះយ៉ាងណាសោះ។ អ្នកទទួលសំបុត្រ រួចបត់ដាក់ទៅក្នុងហោប៉ៅយ៉ាងស្រួល។ ឃើញដូច្នោះ ព្រះកម្ពុតបែរមកមើលមុខមានន្ទស្ទុះមកចាប់ស្មាបុត្រា រួចពោលវាចាឡើងញ័រៗថា៖

  • កូនឯងអាចមើលសំបុត្រនេះឥឡូវ។

មានន្ទហូតសំបុត្រមកពីហោប៉ៅវិញ សម្លឹងមើលមុខឪពុកដោយប្រឹងរិះរកមើលរឿងដែលឪពុកចង់ប្រាប់ខ្លួននោះ ត្បិតទាំងកាយវិការ ទាំងវាចាអ្នកលែងយល់អ្វីឡើយ។ មានន្ទដាក់ភ្នែកចុះទៅលើសំបុត្រ រួចនិយាយយ៉ាងរហ័សថា

  • លោកឪពុកឲ្យខ្ញុំទៅច្បាំងឥឡូវ ?

ព្រះកម្ពុតញញឹម៖

  • មិនមែនឪពុកឲ្យកូនទៅទេ គឺនគរ។
  • ខ្ញុំបាទសូមមួយអាទិត្យទៀតបានរឺទេ ?

ព្រះកម្ពុតបើកភ្នែកធំៗ តបវិញថា

  • ឯងមកនេះគឺមកក្នុងឋានៈ ជាទាហាន ទាហានគ្មានប្រកែកទេ!
  • ខ្ញុំសុំដល់ថ្ងៃស្អែក ពីព្រោះ ... !
  • គ្មានពីព្រោះទេ ។ តោងឯងដឹងឲ្យច្បាស់ថា សព្វថ្ងៃឪពុកស្រលាញ់កូនលើសលុបរកអ្វីប្រៀបស្មើគ្មាន។ ឪពុកមិនចង់ឲ្យកូនលំបាកវេទនាសោះ។ ឪពុកចង់ឲ្យតែកូនបានសប្បាយរាល់ពេលវេលា។ កូនឯងទាំងរូបកាយ ទាំងចរិយា ទាំងចិត្ដក្លាហាន បានធ្វើឲ្យឪពុកពេញចិត្ដជាទីបំផុត ក៏ប៉ុន្ដែនៅពេលនេះ ប្រទេសមានអាសន្នធំ។ ចំនួនមួយខែមកហើយ កងទ័ពភូមាវាយចូលលុកតាមអានាខេត្ដឈៀងម៉ៃ ឆ្ពោះមកក្រុងអយុធ្យា (រាជធានី) កងទ័ពយើងបានចេញតស៊ូយ៉ាងម៉ឺងម៉ាត់ តែចាញ់ដៃខ្មាំងជានិច្ច។ ឥឡូវព្រះរាជាព្រះចៅយើងបានបញ្ជាមកឲ្យកងទ័ពយើងទៅជាប្រញាប់ ដើម្បីជួយក្រុងអយុធ្យាពីភយន្ដរាយ។ សរុបសេចក្ដីនគរត្រូវការឈាមយើងហើយ។ ក្នុងការរិះរកមេដឹកនាំកងទ័ពយើងទៅនេះ ឪពុកបានរិះរកមើលគុណសម្បត្ដិរបស់មេទ័ពទាំងអស់ ឪពុកឃើញមានតែឯងមួយទេ ដែលអាចបំពេញការងារនេះបាន។ ហេតុនេះចូរកូនប្រមូលទ័ពទៅទាំងយប់នេះ។

មានន្ទដាក់ទឹកមុខ រួចវន្ទាព្រះកម្ពុតថយខ្លួនចេញមក។ ព្រះកម្ពុតស្រែកហៅមានន្ទថា៖

  • មានន្ទ ! មកនេះសិន ។ ហេតុម្ដេចក៏ឯងមានទឹកមុខស្ងួតម៉្លេះ ? ឯងមិនចង់ទៅទេឬអ្វី ? តោងប្រាប់មកឲ្យឆាប់។ អញទុកចិត្ដលើឯង... ។
  • ខ្ញុំមានប្រកែកអ្វី ។ ដូចលោកឪពុកជ្រាបស្រាប់ហើយ ខ្ញុំចូលចិត្ដចម្បាំងណាស់។ ក៏ប៉ុន្ដែក្នុងពេលនេះខ្ញុំព្រួយ ព្រួយព្រោះការដែលខ្ញុំបំរុងនឹងធ្វើនោះធំក្រៃពេក។
  • បើដូច្នោះទៅចុះ ។ ទៅឲ្យសុខសប្បាយ។
  • សូមលោកពុកនៅឲ្យបានសុខសប្បាយ។

មានន្ទដើរយ៉ាងលឿនចេញទៅក្រៅ។ ស្គរទ័ពក៏លាន់ឮរំពងឡើងក្នុងកណ្ដាលរាត្រី។ សូរស្គរទូងៗហាក់វាយទៅលើទងបេះដូងរបស់បុរសយើង។ មិនយូរប៉ុន្មាន ពលរេហ៍មកដល់ណែនណាន់តាន់តាប់ ប្រដាប់ដោយគ្រឿងព្រួញស្នា លំពែងដូចៗគ្នា។ គេឮសូរមាត់មានន្ទដែលបញ្ជាឲ្យប្រមូលគ្នាជាជួរ គេឮសូរមាត់នាយកោបដែលតឿនកូនទាហានឲ្យប្រញាប់ គេឮសូរសេះដែលកញ្ជ្រោលស្រែកយ៉ាងក្លៀវក្លា។ សកម្មភាពនេះគួរឲ្យព្រឺក្បាលក្រៃពេកក្នុងក្ដីងងឹត គឺសញ្ញានៃស្រុកមានអាសន្ន។ មានន្ទចាត់ការយ៉ាងជ្រះស្រលះល្អណាស់។ ពលរេហ៍ឈរតំរៀបត្រៀបត្រាជាជួរ ក្រាស់មីរដេរដាស ឃើញតែចុងខែល និងលំពែងចំរុះច្រោងច្រាង។ ខាងទ័ពសេះ ក៏ត្រៀមស្រេចតាមសណ្ដាប់ធ្នាប់។ មានន្ទដើររាប់កងទាហានបែកញើសរហាម។ ក្នុងពេលនោះរដ្ឋបុរសក្រឡេកឃើញឪពុកអ្នកដែលឈរនៅមុខទ្វារ ទឹកមុខញញឹមពេញចិត្ដ នឹងពីធីត្រៀមទ័ពរៀបចេញដំនើរនេះ។ នៅជិតបិតានេះ អ្នកឃើញកាមាប្អូនប្រុសអ្នក។

មាណពនឹកឃើញនាងទេវីស្រីពុំងា ពុំដឹងផ្ដាំអ្នកណាទៅឲ្យនាងបានដឹងផងថា អ្នកខ្ចាត់ព្រាត់ពីនាងទេវីទៅហើយ។ ប្ដីធីតាបែររកមើលអ្នកឯទៀតដែលពុំទៅ ក្រែងជួបអ្នកណាដែលអ្នកផ្ញើពាក្យទៅដល់នាងផងពុំឃើញសោះ។ បុរសស្ទុះទៅខ្សឹបដាក់ត្រចៀកនាយកោបថា៖

  • ឯងទៅហៅកាមាប្អូនអញឲ្យមកជួបនឹងអញមួយភ្លែត។
  • បាទ

កាមាមកដល់។ មានន្ទចាប់ស្មាកាមាពាលពាក្យថា៖

  • កាមា ប្អូនឯងជាប្អូនរបស់បងមែនរឺទេ ?

កាមាដំបូងនឹកឆ្ងល់ដោយពុំដឹងរឿងអ្វី រួចធ្វើទាំងប្រថុយវិញថា៖

  • បាទ ខ្ញុំជាប្អូនបង្កើតរបស់បង។
  • ឈាមដែលហូរក្នុងសរសៃប្អូន ដូចឈាមដែលហូរក្នុងសរសៃបងទេ?
  • បាទដូចគ្នា។
  • ប្អូនស្រលាញ់បងទេ ?
  • មិនចាំបាច់សួរទេ ! ខ្ញុំសព្វថ្ងៃមានជីវិតមួយនឹងបង ?

មានន្ទសើចយ៉ាងរីករាយ រួចបន្ដកិច្ចសន្ទនាទៅទៀតថា៖

  • បងពេញចិត្ដនឹងពាក្យឆ្លើយនេះណាស់ ។ ប៉ុន្ដែ តើបងអាចប្រគល់របស់អ្វីមួយឲ្យប្អូនជួយបីបាច់រក្សាឲ្យបងផងបានទេ។
  • មានអីបង របស់អ្វី ? ប្រាប់មក ! មិនអីទេ ខ្ញុំរក្សាទុកជូនបងមិនឲ្យខូចទេ។ បើខូចក្រែងតែជីវិតខ្ញុំស្លាប់។
  • ក្នុងជាតិនេះ បងមានរបស់មួយយ៉ាងថ្លៃថ្លា ដែលបងស្រលាញ់ខ្លាំងណាស់ ស្រលាញ់នឹងចិត្ដ ស្រលាញ់នឹងឈាម ស្រាលាញ់នឹងសាច់ ស្រលាញ់ស្មើជីវិត។
  • វត្ថុនេះជាអ្វីបង នៅឯណា?
  • ឥឡូវបងទៅច្បាំង។ បងពុំទាន់ទុកចិត្ដអ្នកណាក្រៅពីប្អូនឯងទេ បងសូមផ្ញើវត្ថុនេះទុកនឹងប្អូនសិន ទម្រាំបងវិលត្រលប់មកពីច្បាំងវិញ បងនឹងយកវិញ។
  • មិនអីទេបង ! ប្អូនរក្សាទុកជូនបងប្រាកដដូចមានព្រះអាទិត្យ ព្រះចន្ទដូច្នោះឯង។
  • វត្ថុនោះគឺមនុស្ស។
  • អី គឺមនុស្ស ?
  • អឺ ! គឺពិតជាមនុស្ស ហើយមនុស្សស្រីថែមទៀត !
  • យីមនុស្សស្រីនោះនៅឯណា?
  • នៅជិតៗនេះឯង ។ បងសូមប្រាប់រឿងប្អូនឲ្យអស់ទៅចុះ។ ពីរម៉ោងមុននេះ បងបានរៀបការហើយ!
  • នែ ! ការនឹងអ្នកណា ?
  • ការនឹងនាងទេវី កូនស្រីវិសេសក្លាហាន។
  • យី ! អីបងការហើយ ?
  • កុំឲ្យប្អូនឆ្ងល់ឲ្យសោះ នាងទេវី និង បង ស្រលាញ់គ្នាយូរណាស់មកហើយ ។ ឥឡូវបងសែនជាមួយនាងរួចជាស្រេច។
  • តែអភ័ព្វណាស់ គ្រាន់តែសែនរួច ឪពុកនាងក៏ស្លាប់ទៅ ... ។
  • អី វិសេសក្លាហានស្លាប់ហើយ ?
  • ប្រាកដដូចមានព្រះអាទិត្យ ព្រះចន្ទដូច្នោះមែន។ នាងកំព្រាម្នាក់ឯង ហើយម្យ៉ាងទៀតនាងមានទម្ងន់ផង។
  • អូ ! អីនាងមានទម្ងន់ផង ?
  • ពីរខែហើយ ។ កាមាប្អូន។
  • បាទ!
  • ការដែលប្អូនត្រូវធ្វើ គឺ៖
    • ជួយទុកដាក់ឪពុកក្មេកបងឲ្យស្រួលបួល
    • ជួយការពារនាងទេវី កុំឲ្យសត្រូវមើលងាយ
    • ជួយផ្ដល់ម្ហូបអាហារ អង្ករស្រូវ សំលៀកបំពាក់ លុយកាក់ដល់នាង។ តើប្អូនអាចទទួលបណ្ដាំទាំងបីយ៉ាងនេះបានទេ?
  • បាទ ! បាទ មានធ្ងន់ស្រាលអីបង។ បណ្ដាំបងងាយណាស់ មិនអីទេ ចូរបងកុំព្រួយឲ្យសោះ ប្អូនអាចជួយបងបាន។
  • ប្អូនហ៊ានស្បថឲ្យបងទេ ?

កាមាថយបីជំហានក្រាក លើកដៃទៅលើ។

  • ខ្ញុំសូមស្បថជូនបង បើខ្ញុំពុំធ្វើដូចបណ្ដាំបងទេ សូមឲ្យអារក្ខទេវតា និង អាកាសទេវតាបំផ្លាញខ្ញុំឲ្យរលាយដូចអំបិលត្រូវទឹក និងដូចក្រមួនត្រូវថ្ងៃ។
  • កាមាទៅចុះ។ បងសូមលាប្អូនមួយពេលសិនហើយ។ បងទៅនេះគឺទៅដោយរីករាយបំផុត ព្រោះបងសង្ឃឹមថា បានប្អូនស្នងក្នុងកិច្ចរក្សាការពារនាងទេវីជាទីស្នេហារបស់បង។

ថាហើយមានន្ទស្ទុះទៅឱបកាមា រួចបងប្អូនទាំងពីរក៏បែកគ្នាទៅ។ មានន្ទឈរនៅមុខកងទ័ពបញ្ជាឲ្យពលទាហានប្រុង រួចកងទ័ពដើរទៅមុខយ៉ាងសម្បើមកក្រើកភពផែនដី។

ជំនួយបន្ថែម

កែប្រែ