រឿងមហាភារតយុទ្ធ ភាគទី១១៖ប្រឹក្សាការស្ងប់សឹកត្រៀមច្បាំង
ទូតរបស់យុធិស្ឋិរ មកដល់ក្រុងហស្ថិនបុរ ក៏ត្រង់ចូលទៅគាល់ក្នុងព្រះទីនាំងគំនាល់ ក្រាបទូលមូលមតិទៅដូចនេះ ៖ ព្រះរាជារបស់ទូលបង្គំជាខ្ញុំ ត្រាស់ប្រើឲ្យទូលបង្គំមកក្រាបទូលព្រះអង្គថាដូចនេះ បាណ្ឌព និងគោរពជាបងប្អូនជីដូន ១ នឹងគ្នា ហេតុម្ដេចទើបឱរសធ្ឫតរាស្ត្រ បានរាជអាណាចក្រទាំងមូលគ្រប់គ្រង ឱរសបាណ្ឌុមិនបានអ្វីនឹងគេ សូម្បីតែធូលីមួយក្ដាប់ ទុរយោជន៍គិតព្យាបាទព្រះញាតិវង្សរាល់ទិវារាត្រី ធ្វើឧបាយកលឲ្យទៅអញ្ជើញគេមកលេងស្ការភ្នាល់ អ្នកស្ការសំខាន់របស់ទុរយោជន៍យកស្ការបង្កប់សំណរមកលេងដោយកលកោងនឹងព្យាបាទ យុធិស្ឋិរលេងទៅដោយជឿចិត្តថាបងប្អូនក៏ចាញ់រាល់ ៗ ក្ដារ តោងបង់ទ្រព្យស្រិង្គារបរិវាររបស់គេទៅឲ្យទុរយោជន៍រលីងអំពីខ្លួន ទុរយោជន៍ក៏ចេះតែកើបកោយច្រកទៅឥតមានញញើតដៃ ក្នុងទីបំផុតត្រូវនិរទេសខ្លួនទៅនៅក្នុងដែនព្រៃភ្នំក្រំថ្ម បានទទួលប្រតិបត្តិតាមខសន្យាយ៉ាងឧក្រិដ្ឋ ដែលកម្រមនុស្សទាំងពួងលើផែនដីនឹងធ្វើបាន ក៏ឥឡូវនេះ គេបានប្រតិបត្តិតាមខសន្យានោះ ធួនបរិបូណ៌សព្វគ្រប់ហើយ ហើយបានបំភ្លេចរឿងហេតុការណ៍ទាំងពួង ក្នុងអតីតភាព ដែលកន្លងទៅហើយ មិនឲ្យកើតកោសរូសសន្ដានចិត្ត បើប្រគល់រាជអាណាចក្ររបស់គេ ឲ្យគេវិញដោយស្រួល ក៏នឹងមិនកើតកាប់សម្លាប់គ្នា បើពាក្យពោលសុំនេះត្រឹមត្រូវតាមធម៌ ហើយត្រូវផាត់ចោល មិនទទួលសម្រេចដោយផ្លូវយុត្តិធម៌សោត ក៏នឹងតោងប្រកាសសង្គ្រាមគ្នាឲ្យពេញរយៈ ជឿទុកជាមុនថា ពួកកុរុគ្រានេះនឹងខ្ទេចជាភីស្មធូលី ដែនដីទាំងនោះពួកបាណ្ឌពនឹងរឹបយកទាំងមូល ។
រាជទូតក្រាបទូលប៉ុណ្ណោះ ហើយក៏ស្ងៀមនៅចាំស្ដាប់ព្រះរាជតម្រាស់តបសំដីរបស់យុធអិស្ឋិរ ដែលប្រើឲ្យរាជទូតទៅនិយាយជំនួសនោះស្ដាប់ទៅត្រូវចិត្តភីស្មច្រើន ដោយទ្រង់យល់ថាជាពាក្យត្រឹមត្រូវតាមយុត្តិធម៌ តែវាខុសក្នុងចិត្តទិរយោជន៍ឆ្ងាយកាយបានឮរាជទូតថ្លែងដូច្នេះ ហឫទ័យទុរយោជន៍ក៏បណ្ដាលខ្មួលខ្មាញ់ឡើង ត្រាស់ព្រះសូរសៀងឡើងថា អាកញ្ជះនេះបង្អាចចូលមកទទឹងមុខរាជសីហ៍ក្នុងគុហារ ចូលប្រាប់វាថាពាក្យគំរាមប៉ុណ្ណោះ មិនទម្ងន់ធួនល្មមនឹងឲ្យទុរយោជន៍ព្រឺ ជាជាងស្វាព្រាមដែលវាញេញធ្មេញឲ្យអញនោះទេ ក្លាមាត់មិនស្មើនឹងក្លដៃ ក្លាមាត់គ្រាន់តែរលាស់អណ្ដាតអួតពូកែផូងផាង សុទ្ធតែខ្យល់ទទេដែលនឹងឲ្យមែនដល់ទៅចាប់អាវុធចូលប្រឡងសឹកស៊ូគ្នាឃើញ មិត្តបានចូលប្រាប់យុធិស្ឋិរ និងប័ក្ខពួករបស់គេថា ពាក្យគម្រោះគម្រាមជាខ្យល់ ៗ ប៉ុណ្ណឹង មិនធ្វើឲ្យទុរយោជន៍ព្រឺរោម ដល់ទៅលើករបស់ដែលបានក្នុងកណ្ដាប់ដៃដោយជ័យជម្នះឲ្យទៅវិញទេ ចូរប្រាប់ពួកបាណ្ឌពឲ្យបែរមុខទៅកាន់ព្រៃម្ដងទៀត ហើយសឹមមកថ្វាយដីកាប្រឹក្សាសុំទោសនឹងព្រះរាជាទុរយោជន៍ ស្រេចតែព្រះអង្គនឹងទ្រង់មេត្តាប្រោសដូចម្ដេច ។ ព្រះបាទធ្ឫតរាស្ត្រទ្រង់ហាមប្រាមព្រះរាជឱរស និងត្រាស់មធុរកថា និងសូត្រថា ពាក្យលើសលែងស្លែងសោតដែលទុរយោជន៍ពោលហើយ ចូរអ្នកកុំប្រកាន់កាន់យកជាអារម្មណ៍ឡើយ សម្ដីទុរយោជន៍ច្រើនតែឲ្យទោសច្រើនជាងគុណ យើងមានរាជសាសន៍ទៅដល់យុធិស្ឋិរថា យើងនឹងបញ្ជូនទូតរបស់យើងទៅជាប្រញាប់ ដើម្បីនឹងចាត់ការសំរួបសំរួមទាំងសងខាង ឲ្យព្រមព្រៀងគ្នាដោយស្រួល ។ តាមសេក្ដីបដិញ្ញាណនេះ ធ្ឫតរាស្ត្របានបញ្ជូនសេនាបតី និងនាយសារថី សញ្ជ័យឲ្យទៅគាល់បាណ្ឌវក្សត្រិយ៍ឲ្យទូលថា ដូចនេះ បើទ្រង់ប្រាថ្នារកសេចក្ដីស្ងប់សឹក សាន្តត្រាណនិរាសផងគ្នា ក៏អញ្ជើញទ្រង់មករកខ្ញុំ ខ្ញុំនឹងបានប្រកាសកាត់សេចក្ដីឲ្យយុត្តិធម៌ ។ កាលសញ្ជ័យមកដល់ក្រុងវិរាដក៏មានសេចក្ដីឆ្ងល់ ដែលបានឃើញបាណ្ឌពក្សត្រិយ៍ប្រជុំពលត្រៀបត្រាមុខគួរស្ញែង ទោះបីដូចនោះក្ដី គេក៏មិនបានធ្វើទុកក្នុងចិត្ត ព្រោះគេមិនបានមកក្នុងឋានៈជាចារបុរស គេមកក្នុងឋានៈជាទូត ហេតុដូចនោះទើបមិនធ្វើឲ្យគេរវល់ក្នុងរឿងត្រួតត្រាកងទ័ពបាណ្ឌវក្សត្រិយ៍ គេក៏ដើរត្រង់ចូលទៅក្នុងរោងគំនាល់ លុះស្រេចការបដិសណ្ឋារហើយ ក៏ក្រាបទូលរាជសាសន៍ដល់យុធិស្ឋិរ ។ យុធិស្ឋិរ មិនសូវពេញព្រះហឫទ័យក្នុងរាជសាសន៍នោះ ដែលពោលសេចក្ដីខ្លីពេក ទើបត្រាស់ថា យើងគោរពព្រះបាទធ្ឫតរាស្ត្រណាស់ តែក្រែងថា ទ្រង់នឹងវង្វែងជឿពាក្យឧបាយកលរបស់ឱរសទៀត សព្វថ្ងៃនេះ ទុរយោជន័គិតតែនឹងក្រញិបក្រញីយើងឲ្យខ្ទេចទៅប៉ុណ្ណោះ មហារាជម្ចាស់ ទ្រង់មេត្តាប្រោសព្រះរាជទានសេចក្ដីការពាររក្សាយើង ស្មើមាតាបិតារក្សាបុត្រ តែមិនព្រះរាជទានឲ្យតាមពាក្យរបស់យើងស្រែកសុំ ដ៏ត្រឹមត្រូវតាមច្បាប់ខត្តិយប្រវេណី ។ ទ្រង់រំពឹងមួយស្របក់ហើយក៏ត្រាស់ទៅនឹងទូតខ្លះ ត្រាស់ឯងអើឯងខ្លះ យ៉ាងម្ដេចក៏តោងកើតសង្គ្រាម មិនមានផ្លូវនឹងវេះវាងឡើយ យុត្តិធម៌ក៏ល្មមស៊ូគ្នានឹងយុត្តិធម៌បាន តែដែលនឹងស៊ូអយុត្តិធម៌តោងបែរទៅអាស្រ័យកម្លាំងវត្តកំណាច យកមកតស៊ូ អនិច្ចា មុខគួរសង្វែគដែលពួកញាតិវង្ស តោងកាប់សម្លាប់គ្នា ស្លាប់ដូចគេហាល ឮតែសំឡេងស្រីមេម៉ាយយំទួញ និងសំឡេងក្មេងកំព្រាឥតផ្ទះសំណាក់អាស្រ័យ មុខគួរស្ដាយរបស់គួរចម្រើន ដែលលំអក្នុងព្រះនគរ នឹងវិនាសខ្ទេចខ្ទីទៅក្នុងមួយរំពេចបុព្វបុរសយើង លោកបានព្យាយាមកសាងឡើង បាននូវសេចក្ដីនឿយលំបាកច្រើនលំដាប់បុគ្គលមកហើយ វេលានេះហើយនិងសាបសូន្យស្នាដៃរបស់លោក មុខគួរស្ដាយសេចក្ដីសង្ឃឹមរបស់និកររាស្ត្រ ដែលនឹកសង្ឃឹមលើយើងយប់ព្រឹកថា នឹងត្រឡប់ចូលព្រះនគរវិញដោយរៀបរយ ឥឡូវនេះគេនឹងឃើញតែយុទ្ធកម៌មុខគួរស្ញែង ដើរព្រិប ៗ ឆ្លងដែនចូលទៅធ្វើសេចក្ដីវិនាសឲ្យដល់អ្នកធ្វើការសង្កត់សង្កិននឹងគ្រប់គ្រងមិនត្រូវគន្លងធម៌ ឲ្យលុះទៅ កក្កឡធម៌ទាំងពីរយ៉ាងនេះ បានកើតឡើងដែលយើងចេញចាករដ្ឋសីមា តែវេលានេះ យើងនឹងក្រិស្ណជាអ្នកតំណាងទៅក្រុងហស្តិនបុរ ដើម្បីប្រឹក្សាការរាជការស្រុកទេសឲ្យរួបរួមផង ឲ្យជាសុខសាន្តត្រាណតទៅ ចំណែកឯយើងនៅខាងនេះ ក៏នឹងព្យាយាមឲ្យដល់ការ ដើម្បីចៀសចាកការសង្គ្រាម សូមផលសម្រេចចូរមានក្នុងកណ្ដាប់ដៃនៃលោកជាម្ចាស់ទឹកដី អ្នកជាប្រធានក្នុងការស្ងប់សឹក និងការច្បាំង ។ សញ្ជ័យថ្វាយបង្គំលា ត្រឡប់ទៅដល់ក្នុងហស្តិនបុរ ចូលគាល់ព្រះចៅធ្ឫតរាស្ត្រ ទូលថ្លែងក្រសែព្រះរាជតម្រាស់របស់យុធិស្ឋិរថា ដូចនេះ មហារាជដ៏ចម្រើន ការដែលត្រាស់ប្រើទូលបង្គំជាខ្ញុំឲ្យទៅក្រុងវិរាដបានសេចក្ដីដូចនេះ មើលទៅមានអន្លង់នៃសេចក្ដីបែកសាមគ្គីរវាងគោរពនឹងបាណ្ឌព អន្លង់នេះនឹងសង់ស្ពានឆ្លង ដោយសេចក្ដីសំរួបរំរួលឲ្យស្ងប់សង្គ្រាមឲ្យរហូតទៅដល់ត្រើយមិនបាន ម្ដងនេះនឹងផ្សារឃើញជាមិនជិតហើយ ចិត្តយុធិស្ឋិរបំណងចង់បានតែអាណាចក្រពាក់កណ្ដាល សម្រាប់ខ្លួនគេដូចអំពីដើម ថាបើយើងមិនព្រមឲ្យគេ ក៏តោងកើតសង្គ្រាមកាប់សម្លាប់គ្នា ជាគ្រឿងវិនិច្ឆ័យក្នុងរឿងនេះ រកផ្លូវនឹងចៀសវាងមិនបាន ទូលព្រះបង្គំជាខ្ញុំបានឃើញកងទាហានខ្នាប់ដែលពុកបាណ្ឌវត្រៀមទុក ព្រោះហេតុនោះ ដែលគេឲ្យមកគម្រាមយើង មិនមែនគម្រាមទទេ ៗ ជាពាក្យស្រែករបស់គេមួយយ៉ាង ជាខុសឬត្រូវដូចម្ដេចក៏តាមតែការ ស្រេចគ្នាយកត្រង់កងទ័ពដ៏មានកម្លាំងនឹងវិនិច្ឆ័យ ឲ្យដាច់ស្រេចទៅ កាលបើដូចនោះ សេចក្ដីឃើញយ៉ាងជាន់ទាប ៗ របស់ទូលបង្គំជាខ្ញុំថា គួរនឹងចៀសវាងការសង្គ្រាម កុំបីឲ្យកើតរឿងកាប់សម្លាប់គ្នានេះឡើយ ។ ព្រះចៅធ្ឫតរាស្ត្រត្រាស់ថា អ្នកពោលគាប់គួរហើយ យើងក៏មិនចូលចិត្តកាត់សេចក្ដីយ៉ាងព្រៃ ៗ យកកំហែងទល់នឹងកំហល់ យើងនឹងព្យាយាមឲ្យពេញកម្លាំង ដើម្បីរក្សាសេចក្ដីស្ងប់សាន្តត្រាណក្នុងប្រទេស ។ តាមបដិញ្ញាដែលយុធិស្ឋិរធ្វើទុក និងសញ្ជ័យអំពីថ្ងៃមុន ទ្រង់ក៏បញ្ជូនក្រិស្ណ ទៅកាន់ក្រុងហស្តិនបុរ ដើម្បីសំរួបសំរួមសេចក្ដីវិវាទ នៃព្រះញាតិវង្សទាំងសងខាង កាលមកដល់ក្រុងហស្តិនបុរ ព្រះចៅធ្ឫតរាស្ត្របានបដិសណ្ឋារ ទទាក់ទទួលយ៉ាងពេញកិត្តិយស មានសេចក្ដីគារវៈ និងស្នេហាមេត្រី ប្រាស្រ័យទៅរកគ្នាដោយស្រួល ព្រោះក្រិណ្ណ មិនគ្រាន់តែជាក្សត្រិយ៍ ទ្រង់នូវមហិទ្ធិឫទ្ធិមួយយ់ាងប៉ុណ្ណោះទាំងជាប់ខ្សែស្រឡាយជាញាតិវង្ស ១ អង្គផង ទ្រង់ប្រាស្រ័យនិងក្រិស្ណថា ជាកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលទ្រង់បានស្ដេចយាងមកថ្កានសំណាក់ទូលបង្គំ ហើយទូលបង្គំមានសេចក្ដីត្រេកអរពេញហឫទ័យ ដើម្បីទទួលស្គាល់ទ្រង់ជាពិតប្រាកដ ទូលបង្គំមិនដឹងបើនឹងយកពាក្យអ្វីមកសម្ដែងអំពីបីតិរបស់ទូលបង្គំបាន ។ ក្រិស្ណតបថា ខ្ញុំមកអំពីក្រុងវិរាដ ដើម្បីកិច្ចការរបស់បាណ្ឌវ ធ្ឫតរាស្ត្រទូលថា ដើម្បីក៏តាមការ សូមឲ្យត្រាស់ចេញមកចុះ ទ្រង់រមែងនាំសេចក្ដីបីតិប្រាមោជ្ជមកកាន់ក្រុងហស្តិនបុរជានិច្ច ទូលបង្គំមានអំណរនឹងចាំស្ដាប់មធុរកថារបស់ទ្រង់ តែសញ្ជ័យទូតរបស់ទូលបង្គំ ទើបនឹងត្រឡប់អំពីរាជសំណាក់វិរាដ ទូលបង្គំតោងពោលថា មិនសមប្រាថ្នាក្នុងផ្លូវរាជការដែលគេទៅ គេទៅនិយាយបញ្ចុះបញ្ចូលផ្សះផ្សារការបែកបាក់គ្នា រវាងសាខានៃព្រះញាតិវង្សម្ដង ហើយមិនបានរួបរួមគ្នាជាស្រួល ទូលបង្គំពោលនេះតាមសេចក្ដីរាយការរបស់ទូត ដែលមកថ្លែងដល់ទូលបង្គំ កាលបើយុធិស្ឋិរមានចំណង់ចេតនានឹងធ្វើសង្គ្រាម គ្មានខាងណាលោះលាត្រាប្រណី ក៏មុខជានឹងទង្គិចគ្នាម្ដងយ៉ាងខ្លាំង ទូលបង្គំយល់ជាប្រាកដថា កាលមានចិត្តក្រហល់ក្រហាយ ចង់តែស៊ីសាច់ច្របាច់ឈាមគ្នា មាននៅដរាបណាការប្រឹក្សា ដើម្បីស្ងប់សឹករមែងធ្លាក់សូន្យទទេដរាមនោះ ដូចគ្រាប់ភ្លៀងដែលធ្លាក់លើផែនថ្មដ៏ក្ដៅ ។ ក្រិស្ណតបថា ខ្ញុំនឹកសន្ធិះ ពាក្យដែលទ្រង់ពោលមកនេះ ឃើញធ្លាយអំពីសេចក្ដីដែលពិត ខ្ញុំដឹងជាការពិតថា យុធិស្ឋិរបានព្យាយាមគ្រប់ផ្លូវ ដើម្បីចៀសចាកការសង្គ្រាម ឱរសរបស់ទ្រង់ទេតើ ជាអ្នកព្យាយាមស្វែងរកសឹកសាប់កប់គ្នាដោយចិត្តពាលយង់ឃ្នង ការដែលយកសេចក្ដីកំបិទកំបាំងក្នុងចិត្ត ទៅប្រហារអ្នកដទៃជារាជការវៀច មិនធ្លាប់ប្រាកដក្នុងចិត្តដ៏ត្រង់របស់យុធិស្ឋិរឡើយ ខ្ញុំមិនចង់នាំរឿងគំនិតខូចដែលធ្វើឲ្យអានាថបាណ្ឌព បានទទួលទណ្ឌកម្មមកហើយ ដោយតុណ្ណីភាពនោះទេ រឿងលេងស្ការភ្នាល់គ្នាដោយឧបាយកលកោង រឿងគិតនឹងផ្ដាច់យកជីវិតគ្នា នឹងរឹបរាជសម្បត្តិយកជាប្រយោជន៍ខ្លួន រឿងប្រមាទមើលងាយគ្នាក្នុងទីប្រជុំជន នឹងរឿងទុរាចារដែលបានធ្វើដល់ទ្រៅបទី ដោយគ្មានអារ្យសម្បត្តិសេចក្ដីលាមកអំបាលនេះ ជាខដំនៀលស្ថិតនៅរហូតទៅ ធ្វើកេឈ្មោះរនស់កុរុវង្សស្អុយរកទីបំផុតគ្មាន ត្រង់នេះតោងបែរទៅអាស្រ័យកម្លាំងទាហាន ព្រោះគ្មានផ្លូវនឹងត្រឡប់ជាគ្នា គ្មានផ្លូវកែខៃ គ្មានផ្លូវផ្សះផ្សារឲ្យជាមេត្រីភាព គ្មានអ្វីនឹងយកមកលុបលាង អសត្យរបស់បងប្អូនឯងនេះបាន ទ្រព្យសម្បត្តិដែលបាត់ទៅអាចនឹងឃើញមកវិញបាន កេរ្តិ៍ឈ្មោះដែលខូច គឺខូចឈ្មោះថាខូចរហូតនិរន្តកាល ពួកបាណ្ឌពបានទទួលទណ្ឌកម្ម ត្រាំត្រែងអាការបៀតបៀន អំបាលនេះ ដោយខន្តី ដោយសេចក្ដីព្យាយាមក្លា នឹងមានមកអស់ការជាយូរហើយ ឥឡូវគេស្រែកសុំដោយសម្លូត មិនមែនជាការសងសឹកយ៉ាងជ្រោកជ្រាក សុំទទួលសិទ្ធមរតក ដ៏ជាភាគរបស់គេ ដោយត្រូវតាមច្បាប់ប៉ុណ្ណោះ មិនចង់បានរាជ្យសម្បត្តិរបស់ទ្រង់ទេ គឺសុំតែដែនដីរបស់គេ ល្មមតែតាំងខ្លួនជាឥស្សរបាន ល្មមសមដល់ឋានៈជាក្សត្រិយ៍ ល្មមសមដល់ឋានៈជាមនុស្ស គេនឹងអាស្រ័យភុក្ខហារចិញ្ចឹមជីវិត យ៉ាងវណ្ណិពួកព្រាហ្មណ៍ទាំងឡាយមិនបាន ក្នុងនាមនៃមនុស្សជាតិ បាណ្ឌពខ្ញុំសុំក្រោកឈរឡើង សុំសេចក្ដីស្ងប់ម្ដងទៀត នឹងស្រែកសុំយល់ទាស់ក្នុងរឿងច្បាំងកាប់សម្លាប់គ្នា ។ លំដាប់នោះក្រិស្ណ ក៏ស្ដេចទៅតំណាក់ទុរយោជន៍ ដោយបំណងនឹងសំរួបសំរួមគ្នា ឲ្យគេយល់ផងតាមសេចក្ដីឃើញរបស់ទ្រង់ដែលបំណងតែផ្លូវស្ងប់ ទ្រង់ជ្រាបថា ទុរយោជន៍គ្របលើមនុស្សទាំងឡាយក្នុងរាជត្រកូលនោះទ្រង់ជ្រាបធ្ឫតរាស្ត្រ គ្មានសម្ដីធំអ្វីនឹងគេក្នុងរាជការស្រុកទេស ទ្រង់ជ្រាបថា ភីស្មក្សត្រិយ៍ចាស់ សូម្បីមានព្រះហឫទ័យបង្អោនទៅរកផ្លូវស្ងាត់ស្ងប់ ក៏មិនអាចតបតនឹងទុរយោជន៍បាន ទ្រង់ជ្រាបថា ទោណ កណ៌ នឹងគោរពទីប្រឹក្សាឯទៀត ក៏សុទ្ធតែជាខ្ញុំនៅក្នុងបង្គាប់ទុរយោជន៍ទាំងអស់ ទ្រង់មក ទ្រង់ព្រះចិន្ដាឃើញថា បើទ្រង់និយាយបង្អោនចិត្ត ទុរយោជន៍មិនឲ្យច្បាំងបាន ការលំបាលរញិករញុកទាំងពួងក៏ឈ្មោះថា បានសម្រេចស្រេចអស់តែពាក្យប្រឹក្សាសើរើរបស់ក្រិស្ណ មុខគួរនឹងបំពេញចិត្តទុរយោជន៍ឲ្យត្រជាក់ទន់ទៅរកផ្លូវស្ងប់ ត្រឡប់ទៅជារឿងបង្អៅទុរយោជន៍ឲ្យកើតមានរបឹងរឹងរូស អួតពូកែឡើងជាងមុន ទុរយោជន៍បែរព្រះភក្ដ្រមកខាងក្រិស្ណហើយត្រាស់ថា ម្ដេចទ្រង់សម្ដែងអាការជិនឆ្អន់នឿយណាយនឹងខ្ញុំ ។ ក្រិស្ណតប ខ្ញុំជាមិត្រនឹងទ្រង់មិនខានដរាប ទ្រង់នឹងត្រឡប់ចិត្តប្រព្រឹត្តប្រពៃ ក្នុងរវាងបាណ្ឌពជាគណៈញាតិរបស់ទ្រង់ ។ បញ្ចុះបញ្ចូលឲ្យទុរយោជន៍ត្រឡប់ចិត្តមកសម្រេច ក្រិស្ណក៏ស្ដេចទៅរកអ្នកដទៃ ៗ តទៅទៀត ដែលធ្វើដូចនេះ បំណងនឹងរកឲ្យច្រើន ៗ ជួយទំរុតទំរោមសេចក្ដីយល់ឃើញរបស់ទុរយោជន៍ឲ្យរសាយទៅ បានស្ដេចទៅរកវិទូរថ្លែងរឿងនោះតាមការ គេក៏មានសេចក្ដីស្ដាប់ក្នុងរឿងប្រឹក្សាការស្ងប់សឹកនោះដែរ ដោយឃើញស្រួលគ្រប់ផ្លូវត្រូវធម៌ គេទូលទ្រង់ថា ទុរយោជន័ធ្វើស្បិតបិទត្រចៀកធ្វើមិនឮក្នុងរឿងស្រែកសុំ ដ៏ត្រឹមត្រូវតាលផ្លូវយុត្តិធម៌ ព្រោះចិត្តរបស់គេ គិតប៉ងតែនឹងស៊ីសាច់ច្របាច់ឈាមឲ្យទាល់តែបាន បើទ្រង់កុំយាងមកកាន់ទីនេះសោះតែម្ដងល្អជាជាង ទុរយោជន៍មុខជានឹងមិនជឿស្ដាប់ពាក្យមនុស្សឯណានិមួយ មកនិយាយឲ្យតែខាតវេលាទទេ ហាក់ដូចជានិយាយចោល កាលគេនិយាយសម្ដីអ្វីឡើង គេត្រូវការតែឲ្យមនុស្សក្នុងសកលលោកយល់តាមគេទាំងអស់ ។ ក្រិស្ណតប សេចក្ដីបំណងដោយចំពោះរបស់យើង គឺនឹងការពារមិនឲ្យកើតសឹកសង្គ្រាមប៉ុណ្ណោះ ដែលយើងខំមកកាន់ក្រុហហស្តិនបុរទាំងនេះ ដើម្បីនឹងជួយពួកកុរុឲ្យរួចអំពីសេចក្ដីវិនាស ដែលគេស្វែងរកមកដាក់ខ្លួនគេ បើគេជឿស្ដាប់យើង គេរាល់គ្នានឹងនៅជាសុខនិរាសភ័យ បើគេមើលងាយពាក្យណែនាំរបស់យើង គេនឹងបានសេចក្ដីវិនាសជារង្វាន់ ។ ថ្ងៃព្រឹកឡើង មានកាលប្រជុំរដ្ឋមន្ត្រីជាមហាសមាគមដោយឱកាសនោះ ក្រិស្ណបានចូលទៅនិយាយសំរួបសំរួមការស្ងប់សឹកម្ដងទៀត ក្នុងទីមហាសមាគម ត្រាស់នឹងព្រះចៅធ្ឫតរាស្ត្រថា ខ្ញុំមកនេះមិនមែនជាមកស្វែងរកសង្គ្រាម មកដើម្បីទំរុតទំរោមរឿងសឹកសង្គ្រាម ឲ្យត្រឡប់មានមេត្តាស្នេហាគ្នាទៅវិញ មហារាជចូលទ្រង់កុំគាប់ចិត្តក្នុងអំពើអកុសលធម៌ ដ៏ជាគ្រឿងសៅហ្មងចិត្តនេះឡើយ ចូលលើកព្រះហស្ថឡើងឲ្យពរជ័យសិរីសួស្ដីដល់ប្រទេស បំបាត់ឧបទ្រពភ័យដ៏មានកម្លាំង ដែលនឹងមកញាំញីយាយីរាជធានី និងព្រះរាជវង្សានុវង្សរបស់ទ្រង់ ចូរព្រមព្រៀងលើកផែនដីក្រុងឥន្ទ្របថឲ្យបាណ្ឌវក្សត្រិយ៍ តែដោយស្រួលទៅ តាមពាក្យសម្រែកស្រែកសុំដ៏ត្រូវតាមគន្លងធម៌ កុំធ្វើវររករឿងនឹងគេឡើយ បើធ្វើបានដូចនេះសោត ប្រទេសរបស់ទ្រង់នឹងរុងរឿងកិត្តិយសខ្ពស់មុខប្រាសចាកសព្វភ័យ ល្បីនាមទួទៅ សុំឲ្យទ្រង់គិតមើល ប្រសិបបើជាច្បាំងគ្នាទៅហើយ បាណ្ឌវក្សត្រិយ៍ចាញ់ស្លាប់អស់ក្នុងទីយុទ្ធភូមិសោត តើទ្រង់នឹងបានអ្វីអំពីគេ ១ ទៀត ការស្លាប់ដោយថ្វីដៃរបស់ទ្រង់ដូចនោះ នឹងធ្វើឲ្យទ្រង់រីករាយសប្បាយព្រះហឫទ័យបានឬ តែខ្ញុំសុំថ្លែងក្នុងទីប្រជុំដ៏សង្ហានេះ សូមឲ្យជ្រាបថា ពួកបាណ្ឌវត្រៀមទុកព្រមស្រេច ដើម្បីនឹងច្បាំង ហើយនឹងត្រៀមដើម្បីស្ងប់សឹកស្មើគ្នា ទ្រង់នឹងសព្វព្រះហឫទ័យយកខាងច្បាំង ឬខាងស្ងប់ឈប់សឹកបានមួយរំពេច តែបើប្រសិនជាកើតច្បាំងគ្នាឡើង ពួកចិន្តក្រវីនឹងចារឹកឡើងរឿងចម្បាំងនោះទុកក្នុងពង្សាវតារ ពណ៌នាតាមលំអានរឿងពេញទៅដោយសេចក្ដីគ្មានសច្ចៈ ដឹងឬទេថា ការសង្គ្រាមដូចនេះ ព្រះជាម្ចាស់លើឋានសួគ៌លោកហាម បើកាលយាងចុះកាន់សង្គ្រាមហើយ អ្នកណានឹងទំនាយបានថា នឹងចប់ចុះត្រឹមមរណនៃបាណ្ឌវក្សត្រិយ៍ ឬត្រឹមអស់ពូជពង្សកុរុ ការស្ដាប់ពាក្យសំរួបសំរួមនៃក្រិស្ណសព្វ ៗ ទៅ ធ្ឫតរាស្ត្រទ្រង់ជាទុក្ខព្រួយព្រះហឫទ័យ ដោយធម្មជាតិទ្រង់ជាអ្នកមានធាតុទន់ តែត្រាស់កែខ្លួនថា មិនដឹងបើនឹងឆ្លាក់ឆ្លៀតកែខៃ និស្ស័យកំណាចរបស់ឱរសយ៉ាងម្ដេចបានទេ អស់ផ្លូវនឹងជួយជ្រោមជ្រែងហាមឃាត់បានហើយ ។ លំដាប់នោះភីស្មក្រោកឈរឡើង ថ្លែងសន្ទុរកថាដាស់តឿនទុរយោជន៍តាមពាក្យណែនាំដ៏ប្រសើររបស់ក្រិស្ណ តែទុរយោជន៍ស្ដាប់ហើយ ៗ ក៏ស្ងៀមព្រងើយ ធ្វើហាក់ដូចជាមិនឮ តែក្នុងព្រះហឫទ័យក្ដៅក្មួលស្ទើរស្រក់ព្រះលោហិត ។ ទោណ វិទូរ នារទ និងអ្នកដទៃក្រៅអំពីនេះ មានសេចក្ដីឃើញយ៉ាងភីស្មៈ ក៏ដំណើរតាមភីស្មៈចូលមកអង្វរទុរយោជន៍ កុំឲ្យប្រកាន់អំណាចរាជសក្ដិខ្លាំងពេក ចេះតែផ្លាស់មុខគ្នាចូលមកអង្វរត ៗ គ្នាជាច្រើននាក់ ទុរយោជន័នឹងទ្រាំអង្គុយឲ្យគេលោកតទៅទៀតពុំបាន ទើបក្រោកឈរឡើងដំឡើងព្រះនេត្រក្រឡាតចិញ្ចើមក្រញូវត្រាស់ថា ក្រិស្ណស្អប់មុខយើង ស្រឡាញ់ពួកបាណ្ឌព ភីស្មៈធ្វើព្រះភក្ដ្រតឹងខឹងនឹងយើង វិទូរ និងទោណដាក់មុខធ្មឹងសំឡឹងសំឡក់យើងដោយសំអប់ ព្រះរាជបិតាយើងសោត ក៏ទ្រង់ព្រះកន្សែងថ្លែងទុក្ខ រឿងបាបកម្មរបស់យើង នឹងត្អូញត្អែរ ដើម្បីឲ្យស្អប់សឹកដែរ ដូច្នោះតើឃើញយើងធ្វើល្មើសអ្វីទៅហើយ ១ ទៀត បើចេះតែដូច្នេះ យើងជាក្សត្រិយ៍ទ្រង់នូវឥស្សរភាពនឹងលូកដៃទៅធ្វើអ្វីបាន លោកអ្នកធំទាំងឡាយអើយ សុំឲ្យលោកគិតមើលមួយរំពេចសិន បើយុធិស្ឋិរចូលចិត្តលឹងល្បែងភ្នាល់ ហើយបានលេងស្ការភ្នាល់ទាល់តែខ្មុក ខូចរាជសម្បត្តិ និងឥស្សរភាពដោយគំនិតខ្លួន ម្ដេចក៏មកពាលោរករឿងយើងថាខូច កាលគេលេងភ្នាល់លើកទីពីរចាញ់ហើយ ព្រមទទួលទោសនិរទេសដោយខ្លួនឯង ម្ដេចគេមកហៅយើងថាចោរជតារាសីរបស់បាណ្ឌវវេលានេះ ធ្លាក់ត្រណាត់ត្រណែងទៅតាមយថាកម្មរបស់គេ ប័ក្សពួករបស់គេក៏មិនមានប៉ុន្មាននាក់ កម្លាំងរេហ៍ពលក៏មិនសូវមាំមួនមិនធួននឹងការប្រឡងជ័យ ខ្លួនយើងមិនធ្លាប់ក្រែងព្រះលើឋានសួគ៌ ហើយនឹងញញើតសម្ដីគម្រាមរបស់មនុស្សរប៉ិចសប៉ីកំទេចកំទីនេះឬ ក្សត្រិយ៍អាចនឹងស្លាប់ក្នុងទីប្រឡងសឹកក៏បាន តែមិនព្រមឱនលំទោនចុះចាញ់អ្នកណា អ្នកប្រាជ្ញលោកពោលទុកដូចនេះ ក៏ឥឡូវនេះអញ្ជើញលោកព្រះញាតិទាំងឡាយចូលស្ដាប់ពាក្យខ្ញុំថ្លែងខ្លះវិញ ព្រះរាជបិតារបស់យើងបានលើកអាណាចក្រឥន្ទ្របថឲ្យទៅបាណ្ឌវ ក្នុងវេលាដែលទ្រង់កំពុងវង្វេងស្រឡាញ់កូនក្មួយ ឬមិនដូច្នោះ ក៏ព្រោះទ្រង់ធ្លោយមិនខានជាគិតឲ្យសព្វគ្រប់ ក្នុងផ្លូវរាជការសម្រាប់ស្រុកទេស ជីវិតរបស់យើងមាននៅដរាបណាពួកបាណ្ឌវ ក៏មិនគង់មិនបានជាម្ចាស់ខែត្រខណ្ឌសីមាឥន្ទ្របថទៀតជាដាច់ខាត ដរាមនោះ រាជអាណាចក្រកួរនឹងមិនញែកជាពីរភាគ បានមករួមក្នុងផែនទីជាមួយគ្នាឡើយ គង់រួមនៅដូចនេះរហូតនិរន្តរកាលទៅ ពាក្យរបស់ខ្ញុំដែលពោលទៅនេះ ច្បាស់ណាស់ជាពាក្យមាំ គ្មានច្រឡំត្រង់ណា មិនត្រឡប់ប្រែប្រួលជាពាក្យពីរទៅបាន ។ ក្រិស្ណក៏ជ្រាបហើយថា គ្មានប្រយោជន៍ក្នុងរឿងនេះ បើទុកជាលើកយកយុត្តិធម៌មកសំដិលសម្ដែងយ៉ាងម្ដេច ទុរយោជន័ក៏គង់មិនយល់តាម ព្រោះមាននិស្ស័យរបឹងត្រាំនៅក្នុងសន្ដាន តែដរាបណានៅមានឱកាសល្មមនិយាយ ក៏អន់និយាយមិនបាន គ្រានេះក៏ទៀត ក្រិស្ណត្រាស់ថា ទុរយោជន៍អើយ ម្ដេចទ្រង់មិននិយាយដូចនេះបាន ម្ដេចទ្រង់ភ្លេចបង់ត្រង់ដែលថា ទ្រង់នឹងមិនល្មើសទ្រើសកន្លងលើបងប្អូន ។ ទុហសាសន៍បែរទៅខ្សឹបទូលទុរយោជន៍ពីរបីម៉ាត់ជាប្រញាប់ ដាស់តឿនរំឭកឲ្យដឹងខ្លួនថា ក្រែងកើតហេតុធំទៅបាន ដែលមករឹងទទឹងអ្នកធំ អ្នកប្រាជ្ញជាច្រើនគ្រាក្នុងទីមហាសមាគមទុរយោជន៍ បានស្ដាប់ពាក្យអនុជទូលតឿន មិនទាន់បានតបឆ្លើយឆ្លងសម្ដី ក្រិស្ណក៏ក្រោកដើរចេញអំពីទីប្រជុំរដ្ឋមន្ត្រី ព្រះភក្ដ្រឡើងច្រាលបណ្ដាលឲ្យទោស ។ ព្រះរាជាធ្ឫតរាស្ត្រ បានពន្យល់ហេតុផលផ្សេង ៗ ឲ្យឱរសមុខរឹងស្ដាប់ម្ដងទៀត ព្រះនាងគន្ធារីជននីជាទុរយោជន៍ ក៏យល់ឃើញតាមសម្ដីមហារាជនោះដែរ តែទោះបីដូច្នោះទុរយោជន៍ ក៏មិនផ្លាស់គំនិតក្រែងអ្នកណា ។ ក្រិស្ណឃើញថា សេចក្ដីព្យាយាមរបស់ព្រះអង្គក្នុងទីផុតនេះរលំរលាយបង់ មិនសម្រេចប្រយោជន៍ដូចបំណង ក៏ស្ដេចចេញចាកក្រុងហស្ថិនបុរ ទៅដល់ក្រុងវិរាដ សារសព្ទហេតុការណ៍ទាំងពួង ដែលប្រព្រឹត្តទៅក្នុងរាជសំណាក់កុរុ ឲ្យយុធិស្ឋិរស្ដាប់តាមដំណើរគ្រប់ប្រការ ។
ឯកសារយោង
កែប្រែសៀវភៅរឿងមហាភារតយុទ្ធ ចងក្រងនិងរៀបរៀងដោយ ព្រះស្នេហាសារ ទេព ក្រសេម